ហត្ថាចារ្យពោធិសត្វ
បានឮថា ក្នុងអតីតកាល ព្រះពោធិសត្វកើតជាអ្នកចិញ្ចឹមដំរី ជិះដំរីត្រាច់ទៅ ឃើញ ព្រះបច្ចេកពុទ្ធ ក្នុងផ្លូវធំ គិតថា សមណៈត្រងោលនេះ មកអំពីណា។ ជាអ្នកមានចិត្តចង្អៀតចង្អល់ ដូចជាចម្រឹងដោតក្នុងចិត្ត បានធ្វើដំរីឲ្យអាក់អន់ ហើយពន្យុះដំរីឲ្យដេញជាន់។ ដោយកម្មនោះ ព្រះពោធិសត្វបានសោយទុក្ខក្នុងអបាយ ច្រើនពាន់ឆ្នាំ ក្នុងអត្តភាពចុងក្រោយ បានត្រាស់ដឹងជាព្រះពុទ្ធ ទេវទត្តធ្វើព្រះបាទអជាតសត្តុឲ្យជាសម្លាញ់ហើយ ធ្វើកតិកាគ្នាថា បពិត្រមហារាជ ទ្រង់ផ្ដាច់ព្រះជន្មព្រះបិតាហើយ ចូរជាព្រះរាជា អាត្មាសម្លាប់ព្រះពុទ្ធហើយ នឹងធ្វើជាព្រះពុទ្ធ ដូច្នេះ។ ថ្ងៃមួយ ទៅកាន់រោងដំរីតាមដែលព្រះរាជាទ្រង់អនុញ្ញាត បង្គាប់ហ្មដំរីថា ស្អែកនេះ អ្នកចូរឲ្យដំរីនាឡាគិរីផឹកស្រា ១៦ក្អម ហើយចូរលែងទៅ ក្នុងកាលដែលព្រះមានព្រះភាគត្រាច់បិណ្ឌបាត។ នគរទាំងមូលកើតកោលាហលធំ ជនទាំងឡាយនិយាយគ្នាថា យើងនឹងមើលចម្បាំងរបស់ដំរីដ៏ប្រសើរ ជាមួយនឹងព្រះពុទ្ធដ៏ប្រសើរ នាំគ្នាចងគ្រែត្រួតលើគ្រែ ក្នុងផ្លូវធំទាំងសងខាង ហើយរង់ចាំមើលអំពីព្រលឹម។
ចំណែកព្រះមានព្រះភាគទ្រង់ធ្វើការជម្រះព្រះសរីរៈហើយ មានភិក្ខុសង្ឃចោមរោម ទ្រង់យាងចូលទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ។ ក្នុងខណៈនោះ ពួកអ្នកចិញ្ចឹមដំរី លែងដំរីនាឡាគិរីដោយទំនងដែលពោលហើយនោះឯង។ ដំរីនាឡាគិរីដើរឆ្លងកាត់ផ្លូវបែកជា ៤ ជាដើមមក។ ក្នុងកាលនោះ ស្រីម្នាក់ពទារកដើរឆ្លងថ្នល់ ដំរីឃើញស្រីនោះ ក៏ដេញតាម។ ព្រះមានព្រះភាគត្រាស់ថា ម្នាលនាឡាគិរី គេមិនបានបញ្ជូនអ្នកមក ដើម្បីសម្លាប់ស្រីនោះទេ ចូរមកផ្លូវនេះ។ ដំរីនាឡាគិរីបានស្ដាប់សំឡេងនោះហើយ ក៏រត់បែរមុខទៅរកព្រះមានព្រះភាគ។ ព្រះមានព្រះភាគទ្រង់ផ្សាយមេត្តា ដែលគួរផ្សាយទៅក្នុងសត្វដែលមិនមានទីបំផុត ក្នុងចក្កវាឡដែលប្រមាណមិនបាន ដាក់ក្នុងដំរីនាឡាគិរីមួយប៉ុណ្ណោះ។ ដំរីនាឡាគិរីនោះ ដែលព្រះមេត្តារបស់ព្រះមានព្រះភាគពាល់ត្រូវហើយ ក្លាយជាដំរីដែលមិនមានភ័យ ក្រាបចុះទៀបបាទមូលរបស់ព្រះមានព្រះភាគ។ ព្រះមានព្រះភាគទ្រង់ដាក់ព្រះហស្តលើក្បាលរបស់ដំរីនាឡាគិរីនោះ។ ក្នុងកាលនោះ ទេវតានិងព្រហ្មជាដើម កើតអស្ចារ្យក្នុងចិត្តដែលមិនធ្លាប់មាន នាំគ្នាបូជាដោយផ្កានិងកេសរផ្កាជាដើម ក្នុងនគរទាំងមូល មានគំនរទ្រព្យប្រមាណត្រឹមជង្គង់។
ព្រះរាជាត្រាស់បង្គាប់ឲ្យត្រាច់វាយស្គរប្រកាសថា ទ្រព្យត្រង់ទ្វារទិសខាងលិច ចូរជារបស់អ្នកនគរ ទ្រព្យត្រង់ទ្វារទិសខាងកើត ចូរនាំចូលរាជឃ្លាំង។ មនុស្សទាំងពួង បានធ្វើយ៉ាងនោះ។ ក្នុងកាលនោះ ដំរីនាឡាគិរីនោះ ក៏បានឈ្មោះថា ដំរីធនបាល។ ព្រះមានព្រះភាគបានយាងទៅកាន់វេឡុវនារាម។ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ទុកថា
ហត្ថារោហោ បុរេ អាសឹ បច្ចេកមុនិមុត្តមំ
បិណ្ឌាយ វិចរន្តំបិ អាសាទេសឹ គជេនហំ។
កាលពីជាតិមុន តថាគតកើតជាហ្មដំរី បានបរដំរីបំព្រេចព្រះបច្ចេកមុនីដ៏ឧត្តម ព្រះអង្គកំពុងត្រាច់ទៅ ដើម្បីបិណ្ឌបាត។
តេន កម្មវិបាកេន ភន្តោ នាឡាគិរី គជោ
គិរិព្វជេ បុរវរេ ទារុណោ សមុបាគមិ។
ដោយវិបាកនៃកម្មនោះ ដំរីនាឡាគិរីចុះប្រេងកាច ចូលមកព្រេចតថាគត ក្នុងគិរិព្វជបុរីដ៏ប្រសើរ (រាជគហៈ) ។
ហត្ថាចារ្យពោធិសត្វ ចប់។
[ស្រង់ចាកអដ្ឋកថា អបទាន បិ.៧៤ ទំ.១២៧ ឃ.៩០។]។
សូមអនុមោទនា !!!
