បច្ចេកពុទ្ធសំយុត្តកថា

ខទិរង្គារជាតក

ព្រះសាស្ដា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធទានរបស់អនាថបិណ្ឌិកសេដ្ឋី ទើបត្រាស់ព្រះធម្មទេសនានេះថា

សេចក្ដីពិស្ដារថា អនាថបិណ្ឌិកសេដ្ឋីប្រារព្ធចំពោះវិហារប៉ុណ្ណោះ ចំណាយទ្រព្យ ៥៤ កោដិ ក្នុងព្រះពុទ្ធសាសនា មិនបានធ្វើសេចក្ដីសម្គាល់ក្នុងវត្ថុដទៃ ថាជារតនៈ ក្រៅអំពីរតនៈទាំង ៣ ឲ្យកើតឡើយ។ កាលព្រះសាស្ដាគង់នៅក្នុងវត្តជេតពន រមែងទៅកាន់ទីបម្រើធំ ៣ ដង រាល់ថ្ងៃ គឺពេលព្រឹកទៅម្ដង ទទួលទានអាហារព្រឹកហើយទៅម្ដង ពេលល្ងាចទៅម្ដង។ ការបម្រើក្នុងចន្លោះៗ (វេលា) ដទៃ ក៏មានដូចគ្នា។ កាលនឹងទៅ ក៏មិនធ្លាប់មានដៃទទេទៅ ដោយគិតថា សាមណេរឬភិក្ខុកំលោះទាំងឡាយ គប្បីសម្លឹងមើលដៃរបស់អាត្មាអញ  ដោយគិតថា លោកសេដ្ឋីកាន់អ្វីមកហ្ន៎។ កាលទៅពេលព្រឹក បានឲ្យមនុស្សកាន់យាគូទៅ ទទួលទានអាហារព្រឹកហើយ កាលនឹងទៅ ឲ្យមនុស្សកាន់សប្បិ នវនីត ទឹកឃ្មុំ និងស្ករអំពៅជាដើម ទៅ កាលទៅក្នុងពេលល្ងាច កាន់យកគ្រឿងក្រអូប ផ្កាកម្រង និងសំពត់ទៅ កាលលោកសេដ្ឋីនោះ បរិច្ចាគយ៉ាងនេះ រាល់ៗ ថ្ងៃ ប្រមាណក្នុងការបរិច្ចាគ រមែងមិនមាន។

ឯអ្នកអាស្រ័យការលក់ដូរចិញ្ចឹមជីវិតជាច្រើន ធ្វើបញ្ជីទុកក្នុងដៃរបស់លោកសេដ្ឋី ខ្ចីទ្រព្យទៅប្រមាណ ១៨ កោដិ លោកសេដ្ឋីក៏មិនបានទារយកទ្រព្យអំពីបុគ្គលទាំងនោះមក។  ម្យ៉ាងទៀត ទ្រព្យ ១៨ កោដិ​ដទៃ​ទៀត ជាទ្រព្យប្រចាំត្រកូលរបស់សេដ្ឋីនោះ កប់ទុកត្រង់ច្រាំងស្ទឹង កាលច្រាំងត្រូវទឹកស្ទឹងអចិរវតីច្រោះ​ទម្លាយ ទឹកក៏ហូរនាំទៅកាន់មហាសមុទ្ទ។ ក្អមលោហៈដែលបិទនិងប្រថាប់ត្រានោះ ក៏រមៀលទៅក្នុងមហាសមុទ្ទ។ ក្នុងផ្ទះរបស់សេដ្ឋីនោះ មាននិច្ចភត្តជាប្រចាំសម្រាប់ភិក្ខុ ៥០០ រូប ពិតហើយ ផ្ទះរបស់សេដ្ឋីដូចគ្នានឹងស្រះបោក្ខរណីដែលជីកក្នុងផ្លូវធំ មានមុម ៤ សម្រាប់ភិក្ខុសង្ឃ តាំងនៅក្នុងឋានៈជាមាតាបិតានៃភិក្ខុទាំងពួង ព្រោះហេតុនោះ ព្រះសម្មាសម្ពុទ្ធ ក៏ទ្រង់យាងទៅកាន់ផ្ទះរបស់សេដ្ឋីនោះ ចំណែកព្រះមហាថេរ ៨០ អង្គ ក៏និមន្តទៅដូចគ្នា។ ឯភិក្ខុទាំងឡាយដ៏សេស ទៅមកៗ ប្រមាណមិនបាន។

ផ្ទះនោះមាន ៧ ជាន់ ប្រដាប់ដោយខ្លោងទ្វារ ៧ មានទេវតាជាមិច្ឆាទិដ្ឋិមួយអង្គ អាស្រ័យត្រង់ខ្លោងទ្វារទី ៤ នៃផ្ទះនោះ ទេវតានោះ កាលព្រះសម្មាសម្ពុទ្ធទ្រង់ចូលកាន់ផ្ទះ និងយាងចេញ មិនអាចនៅក្នុងវិមានរបស់ខ្លួនបាន ពទារកចុះមកឈរលើផែនដី កាលព្រះមហាថេរ ៨០ អង្គចូលទៅនិងចេញមក ក៏ធ្វើយ៉ាងនោះដូចគ្នា។ ទេវតានោះគិតថា កាលព្រះសមណគោតម  និងពួកសាវ័ករបស់ព្រះសមណគោតមនោះ នៅចេញចូលផ្ទះនេះ ឈ្មោះថា សេចក្ដីសុខរបស់អញ មិនមាន អញមិនអាចចុះមកឈរលើផែនដីអស់កាលជានិច្ចបាន អញនឹងធ្វើឲ្យសមណៈទាំងនេះ ចូលមកក្នុងផ្ទះនេះ មិនបាន  ទើបគួរ។

ថ្ងៃមួយ ទេវតានោះ ក៏ទៅកាន់សម្នាក់របស់បុគ្គលដែលជាមហាកម្មន្តិកៈ (អ្នកជំនួយការ) ដែលកំពុងដេក  ហើយបានឈរផ្សាយឱភាស។ កាលមហាកម្មន្តិកៈសួរថា អ្នកណានេះ ទើបឆ្លើយថា ខ្ញុំជាទេវតាដែលកើតត្រង់ខ្លោងទ្វារទី ៤។

មហាកម្មន្តិកៈសួរថា នាងមកព្រោះហេតុអ្វី។ ទេវតាពោលថា លោកមិនឃើញការធ្វើរបស់លោកសេដ្ឋីទេឬ លោកសេដ្ឋីមិនសម្លឹងមើលកាលខាងក្រោយរបស់ខ្លួន នាំទ្រព្យចេញ បំពេញចំពោះព្រះសមណគោតមប៉ុណ្ណោះ ឲ្យពេញបរិបូណ៌ មិនប្រកបការជួញដូរ មិនផ្ដើមធ្វើការងារ ចូរអ្នកឲ្យឱវាទដល់លោកសេដ្ឋី ចូរអ្នកធ្វើដោយប្រការដែលលោកសេដ្ឋីធ្វើការងាររបស់ខ្លួន និងកុំឲ្យព្រះសមណគោតមព្រមទាំងសាវ័ក ចូលមកកាន់ផ្ទះនេះ។

លំដាប់នោះ មហាកម្មន្តិកៈបានពោលនឹងទេវតានោះថា នែទេវតាពាល លោកសេដ្ឋី កាលលះទ្រព្យ ក៏លះក្នុងព្រះពុទ្ធសាសនាដែលជាគ្រឿងនាំចេញចាកទុក្ខ លោកសេដ្ឋីនោះ បើនឹងចាប់ខ្ញុំត្រង់ផ្នួងសក់យកទៅលក់  ក៏ខ្ញុំមិនពោលពាក្យណាឡើយ ចូរនាងទៅចុះ។

ថ្ងៃមួយ ទេវតានោះ ចូលទៅរកបុត្តច្បងរបស់លោកសេដ្ឋី ហើយពោលប្រៀនប្រដៅយ៉ាងនោះ ឯបុត្តសេដ្ឋីក៏គំរាមទេវតានោះ ដោយន័យមុននោះឯង។ តែទេវតានោះ មិនអាចពោលនឹងលោកសេដ្ឋីបាន​ឡើយ។

ចំណែកលោកសេដ្ឋីបានឲ្យទានមិនដាច់ មិនធ្វើជំនួញ កាលទ្រព្យសម្បត្តិមានតិច ទ្រព្យក៏ដល់នូវការអស់ទៅ ។ កាលសេដ្ឋីនោះ ធ្លាក់ខ្លួនក្រដោយលំដាប់ សំពត់សាដក ទីដេក និងភោជន ដែលជាគ្រឿងបរិភោគប្រើប្រាស់ មិនដូចអំពីមុន ។ តែទោះជាយ៉ាងនេះ លោកសេដ្ឋីក៏នៅតែឲ្យទានដល់ភិក្ខុសង្ឃ តែមិនអាចធ្វើឲ្យប្រណីតហើយឲ្យ។ ថ្ងៃមួយ ព្រះសាស្ដាត្រាស់សួរសេដ្ឋីនោះ ដែលថ្វាយបង្គំហើយអង្គុយថា នែ​គហបតី ទានក្នុងត្រកូល អ្នកនៅតែឲ្យឬ។

សេដ្ឋីនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន នៅតែឲ្យ តែទាននោះ សៅហ្មង ជាបាយចុងអង្ករ មានទឹកជ្រក់ជាគម្រប់ ២។

លំដាប់នោះ ព្រះសាស្ដាត្រាស់នឹងសេដ្ឋីនោះថា ម្នាលគហបតី អ្នកកុំធ្វើចិត្តឲ្យលំបាកថា អញឲ្យទានសៅហ្មងឡើយ ព្រោះថា កាលចិត្តប្រណីត ទានដែលថ្វាយដល់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវ័កទាំងឡាយ រមែងមិនឈ្មោះថា សៅហ្មងឡើយ។

សួរថា ព្រោះហេតុអ្វី។

ឆ្លើយថា ព្រោះទាននោះ មានផលច្រើន។ ក្នុងសេចក្ដីនេះ គួរជ្រាបយ៉ាងនេះ កាលអាចធ្វើចិត្តឲ្យប្រណីត ទានឈ្មោះថា សៅហ្មងមិនមានឡើយ។ សមដូចព្រះតម្រាស់ដែលត្រាស់ទុកថា

នត្ថិ ចិត្តេ បសន្នម្ហិ អប្បកា នាម ទក្ខិណា

តថាគតេ វា សម្ពុទ្ធេ អថ វា តស្ស សាវកេ។

កាលបើចិត្តជ្រះថ្លា ចំពោះព្រះតថាគតជាសម្ពុទ្ធ ឬសាវ័ក របស់ព្រះតថាគតហើយ ទក្ខិណាទាន ឈ្មោះថា មានផលតិច មិនមែនឡើយ [បិ.៥៥ ទំ.១០០ ឃ.៤៧។]។

 និងដូចព្រះតម្រាស់មួយកន្លែងទៀតថា

 ន កិរត្ថិ អនោមទស្សីសុ

 បារិចរិយា ពុទ្ធេសុ អប្បកា

 សុក្ខាយ អលោណិកាយ ច

 បស្ស ផលំ កុម្មាសបិណ្ឌិយា។

បានឮថា ការបម្រើព្រះបច្ចេកពុទ្ធទាំងឡាយ ដែលលោកមានពោធិញ្ញាណ មិនថោកថយ មិនមែនមានផលានិសង្សតិចតួចឡើយ អ្នកចូរមើលផលនៃដុំនំកុម្មាសៈដែលសោះកក្រោះ  ឥតរសប្រៃ [បិ.៥៩ ទំ.១០៧ ឃ.៤០៥។] ដូច្នេះ។

ម្យ៉ាងទៀត ព្រះសាស្ដាត្រាស់ថា ម្នាលគហបតី អ្នកកាលឲ្យទានសៅហ្មង គង់ឲ្យដល់ព្រះអរិយបុគ្គល ៨ពួក តថាគតកាលនៅជាវេលាមព្រាហ្មណ៍ ឲ្យរតនៈទាំង ៧ ប្រការ ធ្វើជម្ពូទ្វីបទាំងមូល ឲ្យមាននង្គ័លលើកឡើងហើយ ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅដូចស្ទឹងធំ ៥ ខ្សែ ធ្វើអន្លង់តែមួយឲ្យពេញ  មិនបានបុគ្គលណាម្នាក់ ដែលដល់សរណៈ ៣ ឬរក្សាសីល ៥ បុគ្គលដែលគួរដល់ទក្ខិណា រកបានដោយក្រយ៉ាងនេះ ព្រោះហេតុនោះ អ្នកកុំធ្វើចិត្តឲ្យលំបាកថា ទានរបស់អញសៅហ្មង។  ព្រះមានព្រះភាគ កាលត្រាស់យ៉ាងនេះហើយ ទើបត្រាស់វេលាមសូត្រ។

កាលមុនទេវតានោះ មិនអាចពោលជាមួយលោកសេដ្ឋី ក្នុងកាលដែលលោកសេដ្ឋីនៅមានភាពជាធំ សម្គាល់ថា ឥឡូវនេះ សេដ្ឋីនោះ នឹងជឿពាក្យរបស់អញ ព្រោះជាបុគ្គលធ្លាក់ខ្លួនក្រ។ ក្នុងពេលកណ្ដាលអធ្រាត្រ ទើបចូលទៅកាន់បន្ទប់ដ៏មានសិរី បានផ្សាយពន្លឺ ឈរនៅក្នុងអាកាស សេដ្ឋីឃើញដូច្នោះ ទើបសួរថា នុ៎ះជានរណា។

ទេវតាឆ្លើយថា លោកសេដ្ឋី ខ្ញុំជាទេវតាស្ថិតនៅត្រង់ខ្លោងទា្វរទី ៤។ សេដ្ឋីសួរថា អ្នកមកដើម្បីអ្វី។

ទេវតាឆ្លើយថា ខ្ញុំបំណងទូន្មានលោក ទើបមក។ សេដ្ឋីពោលថា បើដូច្នោះ ចូរពោលមកចុះ។

ទេវតាពោលថា មហាសេដ្ឋី លោកមិនគិតនូវកាលក្រោយ មិនមើលនូវបុត្តធីតា បាចទ្រព្យជាច្រើនក្នុងសាសនារបស់ព្រះសមណគោតមលោកក្លាយជាជនក្រីក្រព្រោះអាស្រ័យព្រះសមណគោតម ដោយលះបង់ទ្រព្យហួសព្រំដែនផង  ដោយការមិនធ្វើការងារ មានជួញដូរជាដើមផង ទោះបីលោកក្លាយជាជនក្រីក្រយ៉ាងនេះ ក៏មិនលះបង់ព្រះសមណគោតម សូម្បីរាល់ថ្ងៃនេះ សមណៈទាំងនោះ ក៏នៅតែចូលមកកាន់ផ្ទះដដែល ទ្រព្យដែលពួកសមណៈទាំងនោះនាំចេញទៅហើយ បុគ្គលណាម្នាក់ មិនអាចនាំត្រឡប់មកបានដោយការកាន់យកឡើយ។ តាំងអំពីនេះទៅ ខ្លួនលោកកុំទៅកាន់សម្នាក់របស់ព្រះសមណគោតម កុំឲ្យសាវ័កទាំងឡាយរបស់ព្រះគោតមនោះ ចូលមកកាន់ផ្ទះនេះ។ លោក កាលឲ្យព្រះសមណគោតមត្រឡប់ទៅហើយ កុំក្រឡេកមើល ចូរធ្វើនូវការទារបំណុលនិងការជួញដូររបស់ខ្លួន ហើយប្រមូលនូវទ្រព្យសម្បត្តិចុះ។

លំដាប់នោះ សេដ្ឋីពោលនឹងទេវតានោះ យ៉ាងនេះថា នេះឬជាឱវាទដែលនាងឲ្យខ្ញុំ។ ទេវតានោះពោលថា ចាស លោកម្ចាស់។

លោកសេដ្ឋីពោលថា ខ្ញុំដែលព្រះទសពលធ្វើឲ្យជាបុគ្គលដែលពួកទេវតាដូចអ្នក រាប់រយ រាប់ពាន់ រាប់សែន ធ្វើឲ្យញាប់ញ័រមិនបាន សទ្ធារបស់ខ្ញុំមិនញាប់ញ័រ តាំងមាំល្អហើយ ដូចស្ដេចភ្នំសិនេរុ ខ្ញុំលះបង់ទ្រព្យក្នុងរតនសាសនាដែលជាគ្រឿងនាំចេញចាកទុក្ខ នាងពោលពាក្យមិនគួរ នាងមិនមានអាចារៈ  ជាបុគ្គលទ្រុស្តសីល ជាកាឡកណ្ណីបែបនេះ ឲ្យនូវការប្រហារព្រះពុទ្ធសាសនា ខ្ញុំមិនមានកិច្ច  គឺការនៅរួមក្នុងផ្ទះ ជាមួយគ្នានឹងនាងទេ ចូរប្រញាប់ចេញអំពីផ្ទះរបស់ខ្ញុំ ទៅកាន់ទីដទៃចុះ។

ទេវតានោះ បានស្ដាប់ពាក្យរបស់ព្រះអរិយសាវ័ក ដែលជាព្រះសោតាបន្នបុគ្គល មិនអាចតាំងនៅបាន ទើបទៅកាន់លំនៅរបស់ខ្លួន ហើយយកដៃចាប់ទារកចេញទៅ។ កាលចេញទៅហើយ មិនបានលំនៅក្នុងទីដទៃ គិតថា នឹងឲ្យសេដ្ឋីអត់ទោស ហើយនៅត្រង់ខ្លោងទ្វារនោះដដែល ទើបទៅកាន់សម្នាក់របស់ទេវបុត្តដែលរក្សានគរ ថ្វាយបង្គំទេវបុត្តនោះ ហើយឈរ។ កាលទេវបុត្តរក្សានគរសួរថា  នាងមកមានការអ្វី ទើបឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំល្ងង់ខ្លៅ មិនបានពិចារណា និយាយនឹងលោកអនាថបិណ្ឌិកសេដ្ឋី សេដ្ឋីនោះ ក្រោធនឹងខ្ញុំ បណ្ដេញខ្ញុំចេញអំពីលំនៅ សូមលោកនាំខ្ញុំទៅកាន់សម្នាក់របស់លោកសេដ្ឋី ឲ្យលោកសេដ្ឋីអត់ទោស ហើយឲ្យលំនៅដល់ខ្ញុំ។

ទេវបុត្តនោះសួរថា នាងនិយាយជាមួយលោកសេដ្ឋីដូចម្ដេច។ ទេវតានោះប្រាប់ថា ខ្ញុំពោលនឹងលោកសេដ្ឋីយ៉ាងនេះថា លោកសេដ្ឋី តាំងអំពីនេះទៅ លោកកុំឧបដ្ឋាកព្រះពុទ្ធនិងព្រះសង្ឃ លោកកុំឲ្យព្រះសមណគោតមចូលក្នុងផ្ទះ។

ទេវបុត្តរក្សានគរពោលថា អើ នាងពោលពាក្យដែលមិនសមគួរ នាងឲ្យនូវការប្រហារក្នុងព្រះសាសនា ខ្ញុំមិនអាចនាំនាងទៅកាន់សម្នាក់របស់លោកសេដ្ឋីបានឡើយ។ ទេវតានោះ មិនបាននូវការជួយសង្គ្រោះអំពីសម្នាក់របស់ទេវបុត្តនោះ ទើបទៅកាន់សម្នាក់របស់មហារាជទាំងបួន។

សូម្បីមហារាជទាំងបួន ក៏បដិសេធយ៉ាងនោះ ទើបចូលទៅគាល់សក្កទេវរាជក្រាបទូលរឿងនោះ ហើយអង្វរថា បពិត្រទេវរាជ ខ្ញុំមិនមានលំនៅ ដឹកដៃទារក ជាបុគ្គលអនាថា ត្រាច់ទៅ សូមទ្រង់ធ្វើឲ្យសេដ្ឋីផ្ដល់លំនៅដល់ខ្ញុំ ដោយសិរីរបស់ទ្រង់។

សក្កទេវរាជត្រាស់ថា នាងធ្វើកម្មមិនសមគួរ នាងឲ្យនូវការប្រហារក្នុងសាសនារបស់ព្រះជិនស្រី យើងក៏មិនអាចពោលនឹងលោកសេដ្ឋីព្រោះអាស្រ័យនាង តែយើងប្រាប់ឧបាយមួយ ឲ្យសេដ្ឋីនោះ អត់ទោសដល់នាង។ ទេវតានោះ ពោលថា សាធុ  សូមព្រះអង្គប្រាប់ឧបាយមកចុះ។

សក្កទេវរាជត្រាស់ថា មនុស្សទាំងឡាយធ្វើបញ្ជីទុកក្នុងដៃរបស់មហាសេដ្ឋី កាន់យកទ្រព្យ  ១៨ កោដិ នាង​ចូរកាឡាខ្លួនជាមនុស្សអ្នកកាន់បញ្ជីរបស់លោកសេដ្ឋីនោះ កុំឲ្យបុគ្គលណាម្នាក់ស្គាល់ កាន់យកបញ្ជីទាំងនោះ មានពួកយក្ខកំលោះ ៗ ពីរបីរូប ចោមរោម ដៃមួយកាន់បញ្ជី ដៃមួយកាន់ដែកចារ ទៅកាន់ផ្ទះរបស់មនុស្សទាំងនោះ ឈរកណ្ដាលផ្ទះ ធ្វើឲ្យមនុស្សទាំងនោះ ខ្លាច ដោយអានុភាពនៃយក្ខរបស់ខ្លួន ហើយពោលថា ពួកអ្នក ចូរមើលបញ្ជីទ្រព្យដែលខ្ចីសេដ្ឋីរបស់ពួកយើង លោកសេដ្ឋីមិនពោលពាក្យណាមួយនឹងពួកអ្នក ក្នុងកាលដែលខ្លួនជាធំ ឥឡូវនេះ សេដ្ឋីធ្លាក់ខ្លួនក្រ ពួកអ្នក ចូរឲ្យកហាបណៈដែលពួកអ្នកចំពាក់ រួចសម្ដែងអានុភាពនៃយក្ខរបស់ខ្លួន ហើយទារប្រាក់ ១៨ កោដិ ធ្វើឃ្លាំងទទេរបស់មហាសេដ្ឋីឲ្យពេញ ទ្រព្យដែលកប់ត្រង់ច្រាំងស្ទឹងអចិរវតី កាលច្រាំងបាក់ ទឹកក៏នាំទៅកាន់សមុទ្ទ ចូរនាំទ្រព្យនោះមក ដោយអានុភាពរបស់ខ្លួន ហើយធ្វើឃ្លាំងទទេឲ្យពេញ ទ្រព្យមួយកន្លែងទៀត ១៨ កោដិ មិនមានម្ចាស់ ក្នុងទីឈ្មោះនោះ ចូរនាំទ្រព្យនោះមក ធ្វើឃ្លាំងទទេឲ្យ ពេញ ចូរនាងធ្វើឃ្លាំងទទេ ឲ្យពេញដោយទ្រព្យ ៥៤ កោដិនេះ ឲ្យជាទណ្ឌកម្ម ហើយឲ្យមហាសេដ្ឋីអត់ទោស។

ទេវតានោះ ទទួលពាក្យរបស់សក្កទេវរាជថា សាធុ ព្រះអង្គ ហើយនាំទ្រព្យមកទាំងអស់ ដោយន័យដូចពោលហើយនុ៎ះឯង។ ក្នុងវេលាកណ្ដាលយប់ ទើបចូលទៅកាន់បន្ទប់ដ៏មានសិរីរបស់សេដ្ឋី បញ្ចេញពន្លឺឈរក្នុងអាកាស លុះសេដ្ឋីសួរថា នុ៎ះជានរណា ទើបពោលថា មហាសេដ្ឋី ខ្ញុំជាទេវតាអាស្រ័យនៅត្រង់ខ្លោងទ្វារទី ៤ របស់លោក ខ្ញុំជាអ្នកវង្វេង ព្រោះមោហៈធំ មិនស្គាល់គុណព្រះពុទ្ធទាំងឡាយ បានពោលពាក្យណាមួយជាមួយនឹងលោកក្នុងកាលមុន សូមលោកអត់ទោសនោះដល់ខ្ញុំ។ ខ្ញុំនាំទ្រព្យ ៥៤ កោដិ តាមព្រះតម្រាស់របស់សក្កទេវរាជ គឺទ្រព្យ ១៨ កោដិដោយការទារបំណុល ទ្រព្យ ១៨ កោដិដែលហូរទៅកាន់សមុទ្ទ និងទ្រព្យ ១៨ កោដិដែលមិនមានម្ចាស់ក្នុងទីនោះ ៗ ធ្វើទណ្ឌកម្ម  ដោយធ្វើឃ្លាំងទទេឲ្យពេញ ទ្រព្យដែលដល់នូវការអស់ទៅ ព្រោះប្រារព្ធការសាងព្រះវិហារ ខ្ញុំបានប្រមូលមកទាំងអស់ ខ្ញុំ កាលមិនបានលំនៅ រមែងលំបាក បពិត្រលោកសេដ្ឋី លោកកុំដាក់ចិត្តនឹងពាក្យដែលខ្ញុំពោលព្រោះការមិនដឹង សូមអត់ទោស (ដល់ខ្ញុំ) ចុះ។

អនាថបិណ្ឌិកសេដ្ឋីបានស្ដាប់ពាក្យរបស់ទេវតានោះហើយ គិតថា ទេវតានេះ បានពោលថា ខ្ញុំបានធ្វើទណ្ឌកម្មហើយ និងប្ដេជ្ញាព្រមទទួលទោសរបស់ខ្លួន ព្រះសាស្ដាទ្រង់នឹងទូន្មានទេវតានេះ ឲ្យស្គាល់គុណរបស់ ទ្រង់ អញនឹងបង្ហាញទេវតានេះ ដល់ព្រះសម្មាសម្ពុទ្ធ។ លំដាប់នោះ ទើបមហាសេដ្ឋីពោលនឹងទេវតានោះថា នែទេវតា បើនាងឲ្យខ្ញុំអត់ទោស ចូរឲ្យអត់ទោសក្នុងសម្នាក់ព្រះសាស្ដា។

ទេវតានោះពោលថា សាធុ ខ្ញុំនឹងធ្វើយ៉ាងនោះ  ចូរលោកនាំខ្ញុំទៅកាន់សម្នាក់របស់ព្រះសាស្ដាចុះ។

មហាសេដ្ឋីពោលថា សាធុ។ លុះរាត្រីអស់ហើយ ទើបនាំទេវតានោះ ទៅកាន់សម្នាក់របស់ព្រះសាស្ដាអំពីព្រលឹម ហើយក្រាបបង្គំទូលកម្មដែលទេវតានោះធ្វើទាំងអស់ ចំពោះព្រះតថាគត។ ព្រះសាស្ដាទ្រង់ស្ដាប់ពាក្យរបស់មហាសេដ្ឋីនោះហើយ ទើបត្រាស់ថា ម្នាលគហបតី បុគ្គលបាបក្នុងលោក រមែងឃើញបាបថា ល្អ ដរាបណាដែលបាបមិនទាន់ឲ្យផល កាលណាបាបឲ្យផល កាលនោះ បុគ្គលបាបនោះ រមែងឃើញបាបថា អាក្រក់មែន ឯបុគ្គលល្អ រមែងឃើញកម្មល្អទាំងឡាយថា អាក្រក់ ដរាបណាកម្មល្អមិនទាន់ឲ្យផល ក្នុងកាលណា កម្មល្អឲ្យផល ក្នុងកាលនោះ បុគ្គលល្អនោះ រមែងឃើញកម្មល្អ ថាល្អពិតមែន ហើយបានត្រាស់ ២ គាថា ក្នុងធម្មបទដូច្នេះថា

បាបោបិ បស្សតី ភទ្រំ យាវ បាបំ ន បច្ចតិ

យទា ច បច្ចតី បាបំ អថ (បាបោ) បាបានិ បស្សតិ។

បាបមិនទាន់ឲ្យផលត្រឹមណា មនុស្សបាប ក៏នៅឃើញតែសេចក្ដីចម្រើនត្រឹមណោះ លុះកាលណា បាបឲ្យផល មនុស្សបាប ទើបឃើញបាប ក្នុងកាលនោះ។

ភទ្រោបិ បស្សតី បាបំ យាវ ភទ្រំ ន បច្ចតិ

យទា ច បច្ចតី ភទ្រំ អថ (ភទ្រោ) ភទ្រានិ បស្សតិ។

អំពើល្អ មិនទាន់ឲ្យផលត្រឹមណា មនុស្សល្អ នៅឃើញតែបាបត្រឹមណោះ លុះកាលណា អំពើល្អឲ្យផល មនុស្សល្អ ទើបឃើញល្អក្នុងកាលនោះ [បិ.៥២ ទំ.៤៧ ឃ.១៩។]។

ក្នុងកាលចប់គាថាទាំងនេះ ទេវតានោះ តាំងនៅហើយក្នុងសោតាបត្តិផល ទេវតានោះ ក្រាបចុះត្រង់ព្រះបាទទាំងគូរបស់ព្រះសាស្ដាដែល រំលេចដោយចក្ក ឲ្យព្រះសាស្ដាអត់ទោសថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំម្ចាស់ដែលរាគៈជ្រលក់ហើយ ដែលទោសៈប្រទូស្តហើយ វង្វេងហើយ ដោយមោហៈ ងងឹតព្រោះអវិជ្ជា មិនដឹងគុណទាំងឡាយរបស់ព្រះអង្គបានពោលពាក្យដ៏លាមក សូមទ្រង់អត់នូវទោសក្នុងពាក្យដែលជាទោសនោះ ដល់ខ្ញុំម្ចាស់ ហើយញ៉ាំងមហាសេដ្ឋីឲ្យអត់ទោស។

សម័យនោះ អនាថបិណ្ឌិកសេដ្ឋីពោលគុណរបស់ខ្លួនក្នុងទីចំពោះព្រះភក្រ្ដព្រះសាស្ដាថា បពិត្រព្រះអង្គដ៏ចម្រើន សូម្បីទេវតានេះ ឃាត់ថា ចូរកុំធ្វើការឧបដ្ឋាកព្រះពុទ្ធជាដើម ក៏មិនអាចហាមខ្ញុំព្រះអង្គបាន ខ្ញុំព្រះអង្គត្រូវទេវតានេះ ហាមថា មិនគួរឲ្យទាន ក៏នៅតែឲ្យ បពិត្រព្រះអង្គដ៏ចម្រើន នេះជាគុណរបស់ខ្ញុំព្រះអង្គ មិនមែនឬ។

ព្រះសាស្ដាត្រាស់ថា ម្នាលគហបតី អ្នកជាអរិយសាវ័ក ជាសោតាបន្នបុគ្គល មានសទ្ធាមិនញាប់ញ័រ មានទស្សនៈបរិសុទ្ធ ការដែលអ្នកត្រូវទេវតាដែលមានសក្ដិតូចនេះ ហាមឃាត់ ក៏ឃាត់មិនបាន មិនជាអស្ចារ្យ ទេ បណ្ឌិតទាំងឡាយក្នុងកាលមុន កាលព្រះពុទ្ធមិនទាន់កើតឡើង តាំងនៅក្នុងញាណដែលមិនទាន់ចាស់ក្លា ត្រូវមារដែលជាធំក្នុងកាមាវចរភព ឈរនៅក្នុងអាកាស សម្ដែងរណ្ដៅរងើកភ្លើងជម្រៅ ៨០ ហត្ថ ដោយពោលថា បើអ្នកនៅតែឲ្យទានសោត អ្នកនឹងឆេះក្នុងរណ្ដៅនេះ ហើយឃាត់ថា អ្នកកុំឲ្យទាន ក៏បានឈរកណ្ដាលផ្កាឈូកឲ្យទាន នេះទើបអស្ចារ្យ កាលអនាថបិណ្ឌិកសេដ្ឋីក្រាបបង្គំទូលអារាធនា  ទើបទ្រង់នាំអតីតនិទានមកសម្ដែងដូចតទៅនេះថា

ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលសេដ្ឋីក្នុងនគរពារាណសី ដែលញាតិទាំងឡាយឲ្យចម្រើនព្រមដោយគ្រឿងឧបករណ៍ទាំងពួង មានប្រការផ្សេងៗ ដូចទេវកុមារ ដល់នូវភាពដឹងក្ដីដោយលំដាប់ ក្នុងកាលមានអាយុ ១៦ ឆ្នាំប៉ុណ្ណោះ ក៏ដល់នូវការសម្រេចក្នុងសិប្បៈទាំងពួង។ អំណឹះឥតពីបិតាហើយ ព្រះពោធិសត្វតាំងនៅក្នុងតំណែងសេដ្ឋី បានឲ្យសាងរោងទាន ៦ កន្លែង គឺត្រង់ទ្វារនគរ ៤ កណ្ដាលនគរ ១ ត្រង់ទ្វារនិវេសន៍របស់ខ្លួន ១ ហើយឲ្យមហាទាន រក្សាសីល ធ្វើឧបោសថកម្ម។

សម័យថ្ងៃមួយ ក្នុងវេលាអាហារព្រឹក កាលអ្នកបម្រើនាំយកភោជនដែលជាទីគាប់ចិត្ត មានរសដ៏ប្រសើរផ្សេងៗ ចូលទៅឲ្យព្រះពោធិសត្វ ព្រះបច្ចេកពុទ្ធ មួយអង្គ កាលកន្លងទៅ ៧ ថ្ងៃ បានចេញអំពីនិរោធសមាបត្តិ កំណត់ពេលភិក្ខាចារហើយ គិតថា ថ្ងៃនេះ អាត្មាអញគួរទៅកាន់ទ្វារផ្ទះរបស់សេដ្ឋីពារាណសី ដូច្នេះហើយ ទំពាឈើស្ទន់ឈ្មោះនាគលតា លុបមុខត្រង់អនោតត្តស្រះ ឈរលើផ្ទាំងមនោសិលា ស្លៀកស្បង់ ចងវត្ថពន្ធចង្កេះ ឃ្លុំចីវរ កាន់បាត្រដីដែលសម្រេចដោយឫទ្ធិ មកតាមអាកាស។ លុះអ្នកបម្រើនាំភត្តចូលទៅឲ្យព្រះពោធិសត្វ ក៏បានឈរត្រង់ទ្វារផ្ទះ ព្រះពោធិសត្វឃើញដូច្នោះ ក៏ក្រោកចាកអាសនៈ សម្ដែងអាការឱលំទោន ហើយសម្លឹងមើលបុរសដែលធ្វើការងារ កាលបុរសធ្វើការងារសួរថា កឹ ករោមិ សាមិ ខ្ញុំនឹងធ្វើអ្វី លោកម្ចាស់ ទើបពោលថា អយ្យស្ស បត្តំ អាហរថ ចូរនាំបាត្រលោកម្ចាស់មក។

រំពេចនោះ មារមានចិត្តបាប ញាប់ញ័រ ក្រោកឡើងហើយគិតថា ព្រះបច្ចេកពុទ្ធនេះ មិនបានអាហារមក ៧ ថ្ងៃហើយ  រាប់អំពីថ្ងៃនេះ ក្នុងថ្ងៃនេះ បើមិនបាន (អាហារ) នឹងវិនាស អញនឹងធ្វើព្រះបច្ចេកពុទ្ធនេះ ឲ្យវិនាស ហើយនឹងធ្វើអន្តរាយដល់ទានរបស់សេដ្ឋី ដូច្នេះហើយ ក៏មកក្នុងខណៈនោះឯង និមិ្មតរណ្ដៅរងើកភ្លើងជម្រៅ ៨០ ហត្ថ ត្រង់ចន្លោះ។ រណ្ដៅរងើកភ្លើងនោះ ពេញដោយរងើកភ្លើងដើមគគីរ ភ្លើង ឆេះ មានពន្លឺច្រាលឆ្អៅ ប្រាកដដូចអវិចីមហានរក។ មារនោះ កាលនិម្មិតរណ្ដៅរងើកភ្លើងនោះហើយ ក៏ឈរក្នុងអាកាស។ បុរសដែលមកដើម្បីទទួលបាត្រឃើញដូច្នោះ ដល់នូវការខ្លាចក្រៃលែង ទើបត្រឡប់ទៅ ។ ព្រះពោធិសត្វសួរថា នែបា អ្នកនាំបាត្រត្រឡប់មកហើយឬ។ បុរសនោះឆ្លើយថា បពិត្រលោកម្ចាស់ រណ្ដៅរងើកភ្លើងធំនេះ មានពន្លឺច្រាលឆ្អៅ នៅត្រង់ចន្លោះ កាលបើដូច្នោះ មនុស្សដទៃៗទៅក្ដី មកក្ដី ដល់នូវការខ្លាច ប្រញាប់គេចទៅដោយរហ័ស។

ព្រះពោធិសត្វគិតថា ថ្ងៃនេះ វសវត្តីមារ ជាអ្នកខ្វល់ខ្វាយ ប៉ងនឹងធ្វើអន្តរាយដល់ទានរបស់អញ តែវសវត្តីមារនោះ មិនដឹងថា អញដែលបុគ្គលដូចមារ ១ រយក្ដី ១ ពាន់ក្ដី ១ សែនក្ដី ធ្វើឲ្យញាប់ញ័រមិនបាន ថ្ងៃនេះ អញនឹងដឹងថា អញនិងមារ មួយណាមានកម្លាំងជាង មានអានុភាពជាង។ លុះគិតដូច្នេះហើយ ទើបកាន់យកថាសភត្តដែលគេត្រៀមទុកដើម្បីខ្លួន ចេញអំពីផ្ទះ ទៅឈរត្រង់មាត់រណ្ដៅរងើកភ្លើង សម្លឹងមើលអាកាស ឃើញមារ ទើបសួរថា អ្នកជានរណា។ មារពោលថា យើងជាមារ។

ព្រះពោធិសត្វសួរថា រណ្ដៅរងើកភ្លើងនេះ អ្នកនិម្មិតឬ។ មារពោលថា អើ យើងនិម្មិត។

ព្រះពោធិសត្វសួរថា និម្មិតដើម្បីអ្វី។ មារពោលថា ដើម្បីធ្វើអន្តរាយដល់ទានរបស់អ្នក និងដើម្បីឲ្យជីវិតរបស់ព្រះបច្ចេកពុទ្ធវិនាស។

ព្រះពោធិសត្វពោលថា ខ្ញុំមិនឲ្យអ្នកធ្វើអន្តរាយដល់ទានរបស់ខ្ញុំ និងមិនឲ្យធ្វើអន្តរាយដល់ជីវិតរបស់ព្រះបច្ចេកពុទ្ធ ថ្ងៃនេះ នឹងដឹងថា ខ្ញុំឬអ្នក (បុគ្គលណា) មានកម្លាំងជាង មានអានុភាពជាង ទើបឈរត្រង់មាត់រណ្ដៅ ពោលថា បពិត្រព្រះបច្ចេកពុទ្ធដ៏ចម្រើន  ទោះបីខ្ញុំមានក្បាលចុះក្រោម ធ្លាក់ក្នុងរណ្ដៅរងើកភ្លើងនេះ ក៏មិនត្រឡប់ក្រោយ សូមលោកម្ចាស់ទទួលភោជនដែលខ្ញុំប្រគេនតែម្យ៉ាង ហើយពោលគាថានេះថា

កាមំ បតាមិ និរយំ ឧទ្ធបាទោ អវំសិរោ

នានរិយំ ករិស្សាមិ ហន្ទ បិណ្ឌំ បដិគ្គហ។

តាមពិត ខ្ញុំព្រះអង្គ ស៊ូមានជើងឡើងលើ  មានក្បាលចុះក្រោម ហើយធ្លាក់ទៅកាន់នរក ខ្ញុំនឹងពុំធ្វើអំពើមិនប្រសើរទេ បើដូច្នោះ សូមព្រះអង្គទទួលនូវចង្ហាន់បិណ្ឌបាតចុះ។

ក្នុងគាថានោះ មានសេចក្ដីដូចតទៅនេះថា បពិត្រព្រះបច្ចេកពុទ្ធដ៏ប្រសើរ បើខ្ញុំប្រគេនបិណ្ឌបាតដល់លោកម្ចាស់ហើយ ទោះបីជាមានក្បាលចុះក្រោម មានជើងឡើងលើ ធ្លាក់ចុះទៅក្នុងរណ្ដៅក៏ដោយ បើទុកជាដូច្នេះ ការមិនឲ្យទាន និងការមិនរក្សាសីលឯណា ដែលបណ្ឌិតហៅថា អនរិយៈ ព្រោះអំពើនោះ ដែលពួកជនប្រសើរមិនធ្វើផង ពួកជនមិនប្រសើរធ្វើផង ខ្ញុំនឹងមិនធ្វើនូវការមិនឲ្យទាន និងការមិនរក្សាសីល ដែលហៅថា អនរិយៈនោះឡើយ បើដូច្នោះ សូមនិមន្តលោកម្ចាស់ទទួលដុំបាយដែលខ្ញុំប្រគេននេះចុះ។

ព្រះពោធិសត្វ លុះពោលយ៉ាងនេះហើយ មានការសមាទានយ៉ាងមាំទាំ កាន់ថាសភត្តដើរលើរណ្ដៅរងើកភ្លើង រំពេចនោះឯង ផ្កាឈូកធំមួយ រីកស្គុសស្គាយ ផុសឡើងជាជាន់ ៗ ចេញអំពីរណ្ដៅរងើកភ្លើង ជម្រៅ ៨០ ហត្ថ ទទួលជើងទាំងពីររបស់ព្រះពោធិសត្វ បន្ទាប់អំពីនោះ កេសរមួយនាឡិផ្សាយឡើង តាំងនៅលើសីសៈរបស់ព្រះមហាសត្វ ហើយជ្រុះចុះមក ធ្វើសរីរៈទាំងមូលដូចរោយដោយលម្អងមាស ព្រះពោធិសត្វឈរលើផ្កាឈូក ញ៉ាំងភោជនមានរសប្រសើរផ្សេង ៗ ឲ្យប្រតិស្ឋានក្នុងបាត្ររបស់ព្រះបច្ចេកពុទ្ធ។ ព្រះបច្ចេកពុទ្ធទទួលភោជននោះហើយ ធ្វើអនុមោទនា បោះបាត្រទៅក្នុងអាកាស។ កាលមហាជនកំពុងឃើញនុ៎ះឯង ក៏ហោះឡើងកាន់អាកាស ដូចជាន់ពពក មានប្រការផ្សេង ៗ ទៅកាន់ព្រៃហិមពាន្តនុ៎ះឯង។ ចំណែកមារចាញ់ហើយ ក៏ដល់នូវទោមនស្ស ទៅកាន់លំនៅរបស់ខ្លួននុ៎ះឯង។ ព្រះពោធិសត្វឈរលើផ្កាឈូក សម្ដែងធម៌ដល់មហាជន ដោយពណ៌នាដល់ទាននិងសីល ដែលមហាជនចោមរោម ចូលទៅកាន់និវេសន៍របស់ខ្លួន ធ្វើបុណ្យទាំងឡាយ មានទានជាដើម ដរាបដល់អស់ជីវិត ហើយទៅតាមយថាកម្ម។

ព្រះសាស្ដាត្រាស់ថា ម្នាលគហបតី ការដែលអ្នកសម្បូរដោយទស្សនៈយ៉ាងនេះ ដែលទេវតាឲ្យញាប់ញ័រមិនបាន ក្នុងកាលឥឡូវនេះ មិនជាអស្ចារ្យទេ វត្ថុដែលបណ្ឌិតទាំងឡាយបានធ្វើក្នុងកាលមុនប៉ុណ្ណោះ ទើបអស្ចារ្យ។

ព្រះសាស្ដា កាលទ្រង់នាំយកព្រះធម្មទេសនានេះ មកសម្ដែងហើយ ទើបទ្រង់បន្តអនុសន្ធិ ប្រជុំជាតកថា ព្រះបច្ចេកពុទ្ធក្នុងកាលនោះ បរិនិព្វានហើយក្នុងទីនោះឯង ចំណែកពារាណសីសេដ្ឋីធ្វើមារឲ្យចាញ់ ឈរលើផ្កាឈូក ហើយថ្វាយបិណ្ឌបាតដល់ព្រះបច្ចេកពុទ្ធ ក្នុងកាលនោះ គឺតថាគតនេះឯង។

ខទិរង្គារជាតក ចប់។

[ស្រង់ចាកអដ្ឋកថា ជាតក ឯកនិបាត បិ.៥៨ ទំ.១៨ ឃ.៤០។]។

សូមអនុមោទនា !!!

Oben-pfeil