ឃោសកសេដ្ឋី
កាលទុព្ភិក្ខភ័យកើតហើយក្នុងដែនអល្លកប្បៈ បុរសម្នាក់ ឈ្មោះកោតុហលិកៈ មិនអាចរស់នៅបាន ទើបនាំភរិយាឈ្មោះកាឡី ដែលមានកូនខ្ចី រៀបចំស្បៀងចេញទៅហើយ ដោយបំណងថា អាត្មាអញនឹងទៅរស់នៅក្នុងក្រុងកោសម្ពី ។ អាចារ្យពួកខ្លះពោលថា ប្តីប្រពន្ធនោះចេញទៅហើយ ក្នុងកាលមហាជនកំពុងស្លាប់ដោយអហិវាតករោគ ក៏មាន។ ប្ដីប្រពន្ធពីរនាក់នោះ ធ្វើដំណើរទៅ កាលស្បៀងអស់ហើយ ត្រូវសេចក្ដីឃ្លានគ្របសង្កត់ មិនអាចនាំកូនទៅបាន។ លំដាប់នោះ ស្វាមីពោលនឹងភរិយាថា នែនាង បើយើងនៅមានជីវិត ក៏នឹងបានកូនទៀត យើងចោលកូន ហើយនឹងទៅ។ ធម្មតាទឹកចិត្តរបស់មាតា ទន់ ព្រោះហេតុនោះ ទើបនាងពោលថា ខ្ញុំមិនអាចចោលកូនទាំងដែលនៅមានជីវិតបានទេ។ ស្វាមីពោលថា បើដូច្នោះ យើងធ្វើដូចម្ដេច។
ភរិយាពោលថា យើងប្ដូរវារៈគ្នា នាំទៅ។ មាតាលើកកូនឡើងដូចលើកកម្រងផ្កា ក្នុងវារៈរបស់ខ្លួន ឲ្យដេកត្រង់ទ្រូង ពត្រង់ចង្កេះ ធ្វើដំណើរទៅ ហើយក៏ឲ្យដល់ឪពុក។ ក្នុងពេលដែលបុរសជាប្ដីទទួលកូននោះព កាលដើរទៅ ឃ្លានខ្លាំងផង លំបាកខ្លាំងផង ក៏ពោលនឹងភរិយានោះ រឿយៗ ថា នាងដ៏ចម្រើន បើពួកយើងនៅមានជីវិត នឹងបានកូនទៀត ពួកយើងចោលកូននេះចុះ។ ភរិយាក៏ឃាត់រឿយៗ ហើយក៏នៅស្ងៀម។ ទារកត្រូវផ្លាស់ប្ដូរតាមវេន នឿយហត់ ទន់ខ្សោយ ក៏ដេកលក់ក្នុងដៃរបស់ឪពុក។ បុរសនោះដឹងថា កូនប្រុសដេកលក់ហើយ ទើបបណ្ដោយឲ្យម្ដាយដើរទៅមុន ហើយយកកូននោះ ផ្ដេកទុកលើកម្រាលស្លឹកឈើ ក្រោមដើមឈើមួយ ហើយដើរទៅ។ នាងបែរមក ក្រឡេកមើលមិនឃើញកូន ទើបសួរថា នែអ្នក កូនយើងនៅឯណា។
ប្ដីពោលថា ខ្ញុំឲ្យវាដេកក្រោមគុម្ពឈើមួយគុម្ព។ ភរិយាពោលថា អ្នកកុំញ៉ាំងខ្ញុំឲ្យវិនាសឡើយ ខ្ញុំវៀរកូនហើយ មិនអាចរស់នៅបានទេ សូមអ្នកនាំកូនមកឲ្យខ្ញុំ គក់ទ្រូង យំរៀបរាប់ហើយ។ គ្រានោះ ទើបបុរសជាប្ដីត្រឡប់ទៅយកទារកនោះមក។ កូននោះ ក៏ស្លាប់ហើយក្នុងរវាងផ្លូវ។ នាយកោតុហលិកៈចោលកូនក្នុងឋានៈមានប្រមាណប៉ុណ្ណេះ ទើបត្រូវគេបោះចោលអស់ ៧ដង ក្នុងភពដទៃ ដោយផលនៃកម្មនោះ ដោយប្រការដូច្នេះ។ ឈ្មោះថា បាបកម្ម បុគ្គលមិនគួរមើលងាយថា មានប្រមាណតិចឡើយ។
ជនទាំងពីរនោះ ធ្វើដំណើរទៅដល់ត្រកូលអ្នកចិញ្ចឹមគោមួយកន្លែងហើយ។ ក្នុងថ្ងៃនោះ មានការធ្វើពិធីមង្គលដល់មេគោទឹកដោះរបស់នាយគោបាល។ ក្នុងផ្ទះរបស់នាយគោបាលនោះ ព្រះបច្ចេកពុទ្ធ មួយអង្គ ឆាន់ជានិច្ច។ នាយគោបាលនោះ និមន្ដព្រះបច្ចេកពុទ្ធឆាន់ស្រេចហើយ ទើបបានធ្វើពិធីមង្គល។ បាយាសគេរៀបចំទុកជាច្រើន។ នាយគោបាលឃើញប្ដីប្រពន្ធទាំងពីរនាក់នោះមក ទើបសួរថា ពួកអ្នកមកអំពីណា ដឹងរឿងនោះហើយ ជាអ្នកមានចិត្តទន់ ទើបធ្វើសេចក្ដីសង្គ្រោះក្នុងជនទាំងពីរនោះ ឲ្យបាយាសនិងសប្បិជាច្រើន។ ភរិយាពោលថា នែអ្នក បើអ្នកមានជីវិត ខ្ញុំក៏មានជីវិតដែរ អ្នកអត់អាហារមកអស់កាលយូរហើយ សូមបរិភោគតាមសេចក្ដីត្រូវការចុះ ហើយដាក់បាយាសខាងមុខ មួយអន្លើដោយសប្បិ ខ្លួនឯងបរិភោគសប្បិរាវតែបន្តិចប៉ុណ្ណោះ។ នាយកោតុហលិកៈនោះ បរិភោគច្រើនពេក មិនអាចកាត់ចំណង់ក្នុងអាហារបាន ព្រោះស្រេកឃ្លានមក ៧-៨ ថ្ងៃហើយ។ នាយគោបាលឲ្យបាយាសដល់ប្ដីប្រពន្ធពីរនាក់នោះហើយ ទើបផ្ដើមបរិភោគខ្លួនឯង។ នាយកោតុហលិកៈអង្គុយមើលបុរសនោះហើយ ឃើញដុំបាយាសដែលនាយគោបាលពូតឲ្យដល់សុនខី ដែលដេកក្រោមតាំង គិតថា សុនខីនេះ មានបុណ្យ ទើបបានភោជនបែបនេះជានិច្ច។ លុះដល់កណ្ដាលយប់ នាយកោតុហលិកៈមិនអាចញ៉ាំងបាយាសនោះ ឲ្យរលួយបាន ទើបធ្វើកាលកិរិយាទៅកើតក្នុងផ្ទៃរបស់សុនខីនោះ។
លំដាប់នោះ ភរិយារបស់គាត់ធ្វើសរីរកិច្ចហើយ ក៏ធ្វើការស៊ីឈ្នួលក្នុងផ្ទះនោះឯង បានអង្ករមួយនាឡិ ចម្អិនហើយដាក់បាត្រព្រះបច្ចេកពុទ្ធ ពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមកុសលនេះ សម្រេចដល់ទាសៈរបស់លោកម្ចាស់ចុះ ហើយគិតថា អាត្មាអញគួរនៅក្នុងទីនេះឯង លោកម្ចាស់តែងនិមន្តមកក្នុងទីនេះជានិច្ច ទេយ្យធម៌ ទោះមានក្ដី មិនមានក្ដី អញនឹងថ្វាយបង្គំ ធ្វើនូវសេចក្ដីខ្វល់ខ្វាយ ញ៉ាំងចិត្តឲ្យជ្រះថ្លារាល់ថ្ងៃ នឹងបាននូវបុណ្យច្រើន គិតដូច្នេះហើយ ទើបនាងធ្វើការស៊ីឈ្នួលនៅក្នុងផ្ទះនុ៎ះឯង។ ក្នុងខែទី ៦ ឬទី ៧ សុនខីនោះ ក៏កើតកូនតែមួយ ទើបនាយគោបាលឲ្យនាំយកទឹកដោះរបស់មេគោមួយ ឲ្យដល់កូនសុនខនោះ។ មិនយូរប៉ុន្មាន កូនសុនខនោះ ក៏ធំធាត់។ គ្រានោះ ព្រះបច្ចេកពុទ្ធ កាលឆាន់ តែងឲ្យដុំបាយដល់កូនសុនខនោះ មួយដុំជានិច្ច អាស្រ័យដុំបាយ ទើបកូនសុនខនោះ មានសេចក្ដីស្រឡាញ់ក្នុងព្រះបច្ចេកពុទ្ធ។ នាយគោបាលតែងទៅកាន់ទីបម្រើព្រះបច្ចេកពុទ្ធ ២ ដងជានិច្ច។ នាយគោបាលនោះ កាលដើរទៅ ក៏យកដំបងវាយគុម្ពឈើនិងដី ក្នុងទីដែលមានសត្វកាច ត្រង់រវាងផ្លូវ ហើយបន្លឺសំឡេងថា សុសុ ៣ដង ញ៉ាំងសត្វសាហាវឲ្យគេចទៅហើយ ឯកូនសុនខ ក៏ទៅជាមួយនាយគោបាលនោះ។
ថ្ងៃមួយ នាយគោបាលនោះ ទូលព្រះបច្ចេកពុទ្ធថា បពិត្រលោកម្ចាស់ដ៏ចម្រើន កាលណា ខ្ញុំមិនមានឱកាសទំនេរ កាលនោះ ខ្ញុំនឹងបញ្ជូនសុនខនេះទៅ សូមលោកម្ចាស់និមន្តមកដោយសញ្ញានៃសុនខនេះ ដែលខ្ញុំបញ្ជូនទៅហើយ។ តាំងអំពីនោះមក ក្នុងថ្ងៃដែលមិនមានឱកាស នាយគោបាលនោះ ក៏បញ្ជូនសុនខទៅដោយពាក្យថា នែបា ឯងចូរទៅ ចូរនាំលោកម្ចាស់មក ដោយពាក្យប្រើត្រឹមតែមួយម៉ាត់ប៉ុណ្ណោះ សុនខនោះ ក៏រត់ទៅ ដល់ទីដែលម្ចាស់វាយគុម្ពឈើនិងផែនដី ព្រុសបីដង ដឹងថា សត្វកាចគេចទៅហើយដោយសំឡេងនោះ ទើបរត់ទៅកាន់លំនៅរបស់ព្រះបច្ចេកពុទ្ធដែលធ្វើសរីរកិច្ចអំពីព្រលឹម ចូលក្នុងបណ្ណសាលាគង់ហើយ។ សុនខនោះ ទៅដល់ទ្វារបណ្ណសាលា ក៏ព្រុស ៣ដង ឲ្យព្រះបច្ចេកពុទ្ធដឹងថា ខ្លួនមកហើយ ទើបដេកក្រាបនៅត្រង់ចំណែកម្ខាង កាលព្រះបច្ចេកពុទ្ធកំណត់កាលចេញទៅហើយ សុនខនោះ ក៏ព្រុសរត់ទៅខាងមុខនុ៎ះឯង។ ព្រះបច្ចេកពុទ្ធ កាលសាកល្បងសុនខនោះ ទើបទៅកាន់ផ្លូវដទៃ ត្រង់ចន្លោះ ៗ លំដាប់នោះ សុនខនោះ ឈរព្រុសរាំងខាងមុខព្រះបច្ចេកពុទ្ធ ហើយនាំលោកត្រឡប់មកកាន់ផ្លូវវិញ។ សម័យថ្ងៃមួយ ព្រះបច្ចេកពុទ្ធ កាលសាកល្បងសុនខនោះ ទើបទៅកាន់ផ្លូវដទៃ សុនខនោះ ក៏ឈររារាំងនៅខាងមុខ មិនត្រឡប់ ព្រះបច្ចេកពុទ្ធយកជើងឆ្កឹះសុនខនោះ ហើយក៏ទៅ សុនខដឹងថា ព្រះបច្ចេកពុទ្ធមិនត្រឡប់ ក៏ខាំជាយស្បង់ទាញមក នាំលោកមកកាន់ផ្លូវវិញ។ កូនសុនខនោះ បានញ៉ាំងសេចក្ដីស្រឡាញ់ដ៏មានកម្លាំង ឲ្យកើតឡើងហើយ ក្នុងព្រះបច្ចេកពុទ្ធនោះ ដោយប្រការដូច្នេះ។
តមកក្នុងកាលដទៃ ចីវររបស់ព្រះបច្ចេកពុទ្ធចាស់ហើយ។ លំដាប់នោះ នាយគោបាលប្រគេនសំពត់សម្រាប់ធ្វើចីវរដល់ព្រះបច្ចេកពុទ្ធ។ ព្រះបច្ចេកពុទ្ធពោលនឹងនាយគោលបាលនោះថា អាវុសោ ឈ្មោះថាការធ្វើចីវរ បុគ្គលម្នាក់ឯងធ្វើបានលំបាក អាត្មាទៅកាន់ទីដែលសប្បាយ ហើយនឹងធ្វើ។
នាយគោបាលពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ធ្វើទីនេះចុះ។ ព្រះបច្ចេកពុទ្ធពោលថា អាវុសោ អាត្មាមិនអាចធ្វើក្នុងទីនេះបានទេ។
នាយគោបាលពោលថា បពិត្រលោកម្ចាស់ បើដូច្នោះ សូមលោកម្ចាស់កុំទៅខាងក្រៅយូរពេក។ សុនខបានឈរស្ដាប់ពាក្យរបស់ព្រះបច្ចេកពុទ្ធ និងនាយគោបាលហើយ។ ព្រះបច្ចេកពុទ្ធពោលនឹងនាយគោបាលនោះថា ចូរឈប់ទីនេះចុះ ឧបាសក ឲ្យនាយគោបាលត្រឡប់ហើយ ហោះឡើងទៅកាន់អាកាស មានមុខឆ្ពោះទៅកាន់ភ្នំគន្ធមាទន៍។ សុនខសម្លឹងមើលព្រះបច្ចេកពុទ្ធដែលអណ្ដែតទៅក្នុងអាកាស ឈរព្រុសហើយ កាលព្រះបច្ចេកពុទ្ធនោះ ផុតអំពីគន្លងចក្ខុ ហឫទ័យក៏បែកស្លាប់ទៅ។ ឈ្មោះថា សត្វតិរច្ឆានទាំងឡាយ ជាសត្វមានជាតិស្មោះត្រង់ មិនវៀចវេរ ចំណែកមនុស្សចិត្តគិតផ្សេង មាត់និយាយផ្សេង ព្រោះហេតុនោះឯង ទើបនាយបេស្សៈជាកូនរបស់ហ្មដំរីពោលថា
គហនញ្ហេតំ ភន្តេ យទិទំ មនុស្សា ឧត្តានកញ្ហេតំ ភន្តេ យទិទំ បសវោ
បពិត្រព្រះអង្គដ៏ចម្រើន ពួកមនុស្សមានចិត្តសាំញ៉ាំបពិត្រព្រះអង្គដ៏ចម្រើន ពួកសត្វចិញ្ចឹម មានចិត្តងាយយល់ [បិ.២៣ ទំ.៧ ឃ.៣។]។
សុនខនោះ ធ្វើកាលកិរិយាហើយ ទៅកើតក្នុងឋានតាវត្តិង្ស ព្រោះជាសត្វស្មោះត្រង់ មិនវៀចវេរ មានស្រីទេពអប្សរ ១ពាន់ ចោមរោម បានសោយនូវមហាសម្បត្តិ ដោយប្រការដូច្នេះ។ កាលទេវបុត្តនោះ ខ្សឹបត្រង់ត្រចៀករបស់បុគ្គលណាមួយ សំឡេងរមែងលាន់ឮទៅឆ្ងាយរហូត ១៦យោជន៍ ចំណែកសំឡេងពោលដោយប្រក្រតី រមែងឮពេញទេវនគរទាំងមូល ដែលមានប្រមាណមួយម៉ឺនយោជន៍ ព្រោះហេតុនោះឯង ទើបទេវបុត្តនោះ មានឈ្មោះថា ឃោសកទេវបុត្ត។
សួរថា នេះជាផលនៃកម្មអ្វី ។
ឆ្លើយថា ជាផលនៃការព្រុស ដោយសេចក្ដីស្រឡាញ់ក្នុងព្រះបច្ចេកពុទ្ធ។
ឃោសកទេវបុត្តនោះ តាំងនៅក្នុងទេវនគរនោះ មិនយូរប៉ុន្មាន ក៏ចុតិហើយ។ មែនពិត ទេវបុត្តទាំងឡាយ រមែងឃ្លាតចាកទេវលោកដោយហេតុ ៤យ៉ាង គឺដោយអស់អាយុ ១ ដោយអស់បុណ្យ ១ ដោយការភ្លេចបរិភោគអាហារ ១ ដោយសេចក្ដីក្រោធ ១។
ក្នុងហេតុ ៤យ៉ាងនោះ ទេវបុត្តអង្គណា ធ្វើបុញ្ញកម្មទុកច្រើន ទេវបុត្តអង្គនោះ កើតក្នុងទេវលោក នៅដរាបអស់អាយុហើយ ក៏កើតក្នុងទេវលោកជាន់ខ្ពស់បន្ត ៗ ទៅ យ៉ាងនេះឈ្មោះថា ចុតិដោយការអស់អាយុ។
ទេវបុត្តអង្គណាធ្វើបុណ្យតិច បុណ្យរបស់ទេវបុត្តអង្គនោះ អស់ទៅក្នុងចន្លោះ ដូចធញ្ញជាតិដែលបុគ្គលទុកក្នុងជង្រុកធំ ត្រឹមតែ ៤-៥ នាឡិដូច្នោះ។ ទេវបុត្តនោះ រមែងធ្វើកាលកិរិយាក្នុងរវាងនោះឯង យ៉ាងនេះឈ្មោះថា ចុតិដោយការអស់បុណ្យ។
ទេវបុត្តអង្គខ្លះ ច្រើនដោយការបរិភោគកាមគុណ មិនបរិភោគអាហារព្រោះភ្លេចស្មារតី មានកាយទន់ខ្សោយ ក៏ធ្វើកាលកិរិយា យ៉ាងនេះឈ្មោះថា ចុតិដោយការភ្លេចបរិភោគអាហារ។
ទេវបុត្តអង្គខ្លះ មិនអត់ធន់ក្នុងសម្បត្តិអ្នកដទៃ ខឹងក្រោធហើយ ទើបធ្វើកាលកិរិយា យ៉ាងនេះឈ្មោះថា ចុតិដោយសេចក្ដីក្រោធ។
ឃោសកទេវបុត្តនេះ ច្រើនដោយការបរិភោគកាមគុណ ភ្លេចស្មារតី ទើបចុតិដោយការភ្លេចបរិភោគអាហារ។ កាលចុតិហើយ បដិសន្ធិក្នុងផ្ទៃនៃស្រីនគរសោភិនី ក្នុងក្រុងកោសម្ពី។ ក្នុងថ្ងៃប្រសូតនាងសួរទាសីថា កូនរបស់យើង ប្រុសឬស្រី។ កាលទាសីឆ្លើយថា កូនប្រុស អ្នកនាងម្ចាស់ ទើបប្រាប់ឲ្យទាសីយកទៅចោលដោយពាក្យថា បើដូច្នោះ ចូរនាងយកទារកនេះ ដាក់ក្នុងចង្អេរ ហើយយកទៅចោលត្រង់ទីចាក់សំរាមចុះ។ មែនពិត ស្រីនគរសោភិនីទាំងឡាយ រមែងចិញ្ចឹមតែកូនស្រី មិនចិញ្ចឹមកូនប្រុស ព្រោះពូជពង្សរបស់ពួកនាងបន្តទៅបាន ក៏ដោយសារកូនស្រី។ ក្អែកខ្លះ ឆ្កែខ្លះ នាំគ្នាចោមរោមកុមារនោះ។ ដោយផលនៃការព្រុសដែលកើតអំពីសេចក្ដីស្រឡាញ់ក្នុងព្រះបច្ចេកពុទ្ធ សត្វសូម្បីតែមួយ ក៏មិនអាចចូលជិតបាន។ ក្នុងខណៈនោះ បុរសម្នាក់ចេញទៅខាងក្រៅស្រុក ឃើញការចោមរោមរបស់ក្អែកនិងឆ្កែនោះ គិតថា មានហេតុអ្វីហ្ន៎ ទើបដើរទៅកាន់ទីនោះ ឃើញទារក ក៏កើតសេចក្ដីស្រឡាញ់ដូចកូន នាំទៅកាន់ផ្ទះដោយត្រេកអរថា អញបានបុត្តហើយ។ ក្នុងកាលនោះ សេដ្ឋីអ្នកក្រុងកោសម្ពីទៅកាន់រាជត្រកូល ចួបបុរោហិតដើរមកអំពីព្រះរាជវាំង ទើបសួរថា លោកអាចារ្យ ថ្ងៃនេះ លោកបានពិនិត្យមើលការប្រកបរបស់ផ្កាយនក្ខត្តឫក្ស ដែលជាគ្រោះល្អ គ្រោះអាក្រក់ហើយឬ។
បុរោហិតពោលថា អើ មហាសេដ្ឋី កិច្ចដទៃរបស់យើងមានឬ។ សេដ្ឋីសួរថា នឹងមានអ្វីកើតឡើងដល់ជនបទឬ។
បុរោហិតពោលថា ហេតុដទៃ មិនមាន តែទារកដែលកើតក្នុងថ្ងៃនេះ នឹងបានជាសេដ្ឋីធំក្នុងនគរនេះ។ គ្រានោះ ភរិយារបស់សេដ្ឋីមានគភ៌ចាស់ ព្រោះហេតុនោះ ទើបសេដ្ឋីនោះ បញ្ជូនអ្នកបម្រើទៅកាន់ផ្ទះយ៉ាងរហ័ស ដោយពាក្យថា នែនាយ ឯងចូរទៅ ហើយចូរដឹងថា ភរិយារបស់ខ្ញុំ ប្រសូតបុត្តហើយឬនៅ លុះដឹងថា មិនទាន់ប្រសូត ចូលគាល់ព្រះរាជាស្រេចហើយ ប្រញាប់ត្រឡប់ទៅកាន់ផ្ទះ ហៅស្រីបម្រើឈ្មោះកាឡីមក ហើយឲ្យទ្រព្យ ១ពាន់ ពោលថា នាងចូរទៅពិនិត្យមើលក្នុងនគរនេះ ហើយឲ្យទ្រព្យ ១ពាន់ នាំទារកដែលកើតក្នុងថ្ងៃនេះមក។
នាងកាឡីនោះ កាលពិនិត្យមើល បានទៅដល់ផ្ទះនោះ ឃើញទារកហើយ ទើបសួរស្រីមេផ្ទះថា អយំ ទារកោ កទា ជាតោ ទារកនេះ កើតក្នុងកាលណា។ កាលស្រីនោះ ឆ្លើយថា អជ្ជ ជាតោ កើតក្នុងថ្ងៃនេះឯង ទើបពោលថា ឥមំ មយ្ហំ ទេហិ ចូរឲ្យទារកនេះដល់ខ្ញុំ ទើបឲ្យថ្លៃតាំងពីមួយកហាបណៈជាដើម រហូតដល់ឲ្យទ្រព្យមួយពាន់ ហើយនាំទារកនោះទៅឲ្យសេដ្ឋី។ សេដ្ឋីគិតថា បើកូនរបស់អញកើតមកជាស្រី អញនឹងឲ្យទារកនេះ នៅរួមជាមួយកូនស្រីរបស់អញនោះ ហើយធ្វើទារកនេះ ឲ្យជាម្ចាស់នៃតំណែងសេដ្ឋី បើកូនរបស់អញកើតមកជាកូនប្រុស អញនឹងសម្លាប់វាចោល ដូច្នេះហើយ ទើបទទួលទារកនោះ ទុកក្នុងផ្ទះ។
ក្នុងកាលតមក ភរិយារបស់សេដ្ឋីនោះ ប្រសូតកូនប្រុស ដោយកន្លងទៅពីរបីថ្ងៃ។ សេដ្ឋីគិតថា បើមិនមានក្មេងនេះ កូនប្រុសរបស់អញ ក៏នឹងបានតំណែងសេដ្ឋី ឥឡូវនេះ អញគួរតែសម្លាប់វាចោល ដូច្នេះហើយ ទើបហៅនាងកាឡីមកប្រាប់ថា ចូរនាងទៅ ក្នុងកាលដែលពួកគោចេញអំពីក្រោល ចូរដាក់ក្មេងនេះ ឲ្យដេកទទឹងត្រង់កណ្ដាលទ្វារក្រោល មេគោទាំងឡាយនឹងជាន់វាស្លាប់ តែចូរដឹងថា មេគោជាន់ឬមិនជាន់ ហើយសឹមមក។ នាងកាឡីនោះទៅហើយ លុះនាយគោបាលបើកទ្វារក្រោលប៉ុណ្ណោះ ក៏ដាក់ក្មេងនោះឲ្យដេក តាមពាក្យសេដ្ឋីបង្គាប់។ គោឧសភៈចេញខាងក្រោយគោទាំងពួងក្នុងកាលដទៃ តែក្នុងថ្ងៃនោះ ចេញមកមុនគោដទៃទាំងអស់ បានឈរក្រុងទារកក្នុងរវាងជើងទាំងបួន។ មេគោច្រើនរយ ក៏នាំគ្នាប្រជ្រៀតសងខាងគោឧសភៈចេញទៅ។ សូម្បីនាយគោបាលក៏គិតថា គោឧសភៈនេះ កាលមុន ចេញក្រោយគោទាំងអស់ តែថ្ងៃនេះ ចេញមកមុនគេ ហើយឈរស្ងៀមត្រង់កណ្ដាលទ្វារក្រោល តើមានហេតុអ្វីហ្ន៎ ទើបដើរទៅ កាលឃើញទារកដេកនៅក្រោមពោះគោនោះ ក៏បាននូវសេចក្ដីស្រឡាញ់ដូចបុត្ត នាំទៅផ្ទះ ដោយគិតថា អញបានកូនប្រុសហើយ។
នាងកាឡីទៅហើយ ត្រូវសេដ្ឋីសួរ ទើបប្រាប់រឿងនោះ សេដ្ឋីពោលថា ចូរនាងទៅ ឲ្យទ្រព្យមួយពាន់ទៅនាយគោបាលនោះហើយ នាំក្មេងនោះមក នាងកាឡីទៅហើយ ឲ្យទ្រព្យមួយពាន់ បាននាំទារកនោះ ត្រឡប់មកទៀត។ គ្រានោះ សេដ្ឋីពោលនឹងនាងកាឡីថា នែកាឡី ក្នុងក្រុងនេះ មានពួករទេះ ៥០០ តែងក្រោកឡើងអំពីព្រលឹម ទៅលក់ដូរ ចូរនាងយកក្មេងនេះ ទៅឲ្យដេកត្រង់ផ្លូវរទេះ ពួកគោនឹងជាន់ ឬរទេះនឹងកិន នាងដឹងរឿងនេះហើយ សឹមត្រឡប់មក។ នាងកាឡីនាំក្មេងនោះទៅហើយ ដាក់ឲ្យដេកត្រង់ផ្លូវរទេះ។ ក្នុងកាលនោះ ប្រធានក្រុមរទេះបានទៅខាងមុខ។ គ្រានោះ គោទាំងពីររបស់គាត់ដល់ទីនោះហើយ នាំគ្នាទម្លាក់នឹមចោល សូម្បីគាត់លើកនឹមឡើង ហើយដេញទៅច្រើនដង ក៏មិនដើរទៅខាងមុខ។ កាលគាត់ព្យាយាមជាមួយគោទាំងពីរនោះយ៉ាងនេះឯង អរុណក៏រះឡើង ទើបគាត់គិតថា គោទាំងពីរធ្វើហេតុនេះ ព្រោះអ្វីហ្ន៎ ទើបពិនិត្យមើលផ្លូវ ឃើញទារកហើយ គិតថា កម្មរបស់អញធ្ងន់ហ្ន៎ មានចិត្តត្រេកអរថា អញបានកូនប្រុសហើយ ទើបនាំក្មេងនោះទៅកាន់ផ្ទះ។
នាងកាឡីទៅហើយ កាលសេដ្ឋីសួរ ទើបប្រាប់ការប្រព្រឹត្តទៅនោះ សេដ្ឋីក៏ប្រាប់ថា ចូរនាងទៅ ចូរឲ្យទ្រព្យមួយពាន់ដល់បុរសនោះ ហើយនាំក្មេងនោះត្រឡប់មក នាងក៏ធ្វើតាមនោះ។ លំដាប់នោះ សេដ្ឋីពោលនឹងនាងកាឡីនោះថា ឥឡូវនេះ ចូរនាងនាំវាទៅកាន់ព្រៃខ្មោច ហើយឲ្យដេកក្នុងចន្លោះគុម្ពឈើ វានឹងត្រូវសត្វ មានឆ្កែជាដើមខាំ ឬត្រូវអមនុស្សប្រហារឲ្យស្លាប់ក្នុងទីនោះ នាងដឹងថា វាស្លាប់ហើយ ឬមិនស្លាប់ សឹមត្រឡប់មក។ នាងកាឡីនោះ នាំក្មេងនោះ ទៅឲ្យដេកក្នុងព្រៃខ្មោចហើយ បានឈរក្នុងទីមួយកន្លែង។ ឆ្កែក្ដី ក្អែកក្ដី អមនុស្សក្ដី មិនអាចចូលជិតក្មេងនោះបាន។
មានពាក្យសួរថា ឪពុកម្ដាយ និងបងប្អូនប្រុសស្រីជាដើម បុគ្គលណាមួយ ឈ្មោះថា រក្សាក្មេងនោះ មិនមាន មិនមែនឬ អ្នកណារក្សាក្មេងនោះ។
ឆ្លើយថា កម្មត្រឹមតែការព្រុសប៉ុណ្ណោះ ដែលក្មេងឲ្យប្រព្រឹត្តទៅហើយដោយការស្រឡាញ់ក្នុងព្រះបច្ចេកពុទ្ធ ក្នុងកាលកើតជាសុនខ ជាអ្នករក្សាក្មេងនោះទុក។ គ្រានោះ នាយអជបាលម្នាក់ កៀងមេពពែជាច្រើនពាន់ក្បាលទៅឲ្យរកស៊ី ដើរទៅក្បែរព្រៃខ្មោចនោះ។ មេពពែមួយស៊ីស្លឹកឈើជាដើម ចូលទៅកាន់គុម្ពឈើឃើញទារកហើយ ទើបលុតជង្គង់ឲ្យទឹកដោះដល់ទារក។ សូម្បីនាយអជបាលធ្វើសំឡេង ហេ ហេ ក៏មិនចេញទៅឡើយ។ បុរសនោះគិតថា នឹងយករំពាត់វាយឲ្យចេញ ទើបចូលទៅកាន់គុម្ពឈើ ឃើញមេពពែលុតជង្គង់ឲ្យទារកតូចបៅដោះ ក៏បាននូវសេចក្ដីស្រឡាញ់ក្នុងទារកដូចបុត្ត ទើបនាំទារកនោះទៅ ដោយគិតថា អញបានកូនប្រុសហើយ។
នាងកាឡីឃើញហេតុនោះហើយ ទើបទៅ ត្រូវសេដ្ឋីសួរហើយ ក៏ប្រាប់ការប្រព្រឹត្តទៅនោះ។ លំដាប់នោះ សេដ្ឋីពោលថា ចូរនាងទៅ ឲ្យទ្រព្យ ១ពាន់ ហើយនាំក្មេងនោះត្រឡប់មក នាងកាឡីបានធ្វើតាមនោះហើយ។ លំដាប់នោះ សេដ្ឋីពោលនឹងទាសីនោះថា នែកាឡី ចូរនាងយកក្មេងនេះ ទៅឡើងភ្នំដែលជាទីទម្លាក់ចោរ ចូរបោះវាទៅក្នុងជ្រោះ ក្មេងនេះប៉ះនឹងថ្មភ្នំ នឹងដាច់ជាកំណាត់តូចធំ ធ្លាក់ចុះត្រង់ផែនដី នាងដឹងថា វាស្លាប់ហើយ ឬមិនទាន់ស្លាប់ សឹមត្រឡប់មក។ នាងកាឡីនាំក្មេងនោះទៅក្នុងទីនោះ ឈរនៅលើកំពូលភ្នំ បោះទម្លាក់ទៅហើយ។ គុម្ពឫស្សីធំអាស្រ័យបាតជ្រោះនោះ លូតលាស់ឡើងតាមលំអានបាតភ្នំនុ៎ះឯង វល្លិទំពាំងបាយជូរមានស្លឹកក្រាស់ បានចាក់ស្រែះលើគុម្ពឫស្សីនោះ ទារកកាលធ្លាក់ ក៏ធ្លាក់លើវល្លិនោះ ដូចគេដាក់លើសំពត់រោមសត្វ។ ក្នុងថ្ងៃនោះ មេជាងផែងមានសេចក្ដីត្រូវការដោយឫស្សី គាត់ទៅជាមួយកូនប្រុស ផ្ដើមកាប់គុម្ពឫស្សីនោះ កាលដើមឫស្សីរង្គើ ទារកក៏យំឡើង គាត់ពោលថា ដូចសំឡេងក្មេង ហើយឡើងទៅតាមផ្លូវមួយ ឃើញទារក មានចិត្តត្រេកអរ ទើបនាំទៅ ដោយគិតថា អញបានកូនប្រុសហើយ។
នាងកាឡីទៅកាន់សម្នាក់សេដ្ឋី ត្រូវសេដ្ឋីនោះសួរហើយ ទើបប្រាប់រឿងនោះ កាលសេដ្ឋីពោលថា ចូរនាងទៅ ឲ្យទ្រព្យបុរសនោះ ១ពាន់ ហើយនាំក្មេងនោះមក នាងបានធ្វើយ៉ាងនោះហើយ។ កាលសេដ្ឋីធ្វើកម្មនោះៗ ទារកចម្រើនធំធាត់ហើយ។ ទារកនោះ មានឈ្មោះថា ឃោសកៈ។ ឃោសកកុមារនោះ ប្រាកដដល់សេដ្ឋីដូចបន្លាក្នុងភ្នែក សេដ្ឋីមិនអាចសម្លឹងមើលដោយត្រង់ៗបាន។ លំដាប់នោះ សេដ្ឋី កាលត្រិះរិះរកឧបាយសម្លាប់ឃោសកៈនោះ ទើបទៅកាន់សម្នាក់នាយស្មូនឆ្នាំងដែលជាសម្លាញ់របស់ខ្លួន ហើយសួរថា ក្នុងកាលណា ទើបអ្នកដុតឡ។ បុរសនោះឆ្លើយថា ស្អែកនេះ។
សេដ្ឋីពោលថា បើដូច្នោះ ចូរកាន់យកទ្រព្យមួយពាន់នេះ ហើយចូរធ្វើការឲ្យខ្ញុំមួយ។ នាយស្មូនឆ្នាំងសួរថា ការងារអ្វី លោកម្ចាស់។
សេដ្ឋីពោលថា ខ្ញុំមានកូនជាតិអាក្រក់ម្នាក់ ខ្ញុំនឹងបញ្ជូនវាមកកាន់សម្នាក់របស់អ្នក ពេលនោះ ចូរអ្នកឲ្យវាចូលកាន់បន្ទប់ យកកាំបិតដែលមុត កាត់ឲ្យជាកំណាត់តូចធំ ដាក់ក្នុងថ្លាង ហើយដុតក្នុងឡ ទ្រព្យមួយពាន់នេះ ជារង្វាន់សម្រាប់អ្នក ពេលដែលកិច្ចការនេះ សម្រេច ខ្ញុំនឹងធ្វើវត្ថុដែលគួរធ្វើដល់អ្នកឲ្យក្រៃលែងឡើង។ ស្មូនឆ្នាំងទទួលថា សាធុ។
ស្អែកឡើង សេដ្ឋីហៅឃោសកៈមក ហើយពោលថា ម្សិលមិញនេះ អញប្រាប់ការងារមួយដល់នាយស្មូនឆ្នាំង ឯងចូរមក ចូរទៅកាន់សម្នាក់របស់គាត់ ហើយពោលយ៉ាងនេះថា បានឮថា ម្សិលមិញនេះ ឪពុកខ្ញុំពឹងលោកអ៊ំឲ្យជួយធ្វើការងារមួយ សូមលោកអ៊ំញ៉ាំងការងារនោះឲ្យសម្រេចចុះ។ ឃោសកៈនោះទទួលថា សាធុ ហើយក៏ទៅ។
ចំណែកកូនប្រុសរបស់សេដ្ឋី កំពុងលេងអង្គញ់ជាមួយពួកក្មេងកាលឃោសកកុមារដើរទៅក្នុងទីនោះ ក៏ហៅឃោសកៈនោះ ហើយសួរថា បងប្រុសទៅណា។
នាយឃោសកៈពោលថា បងយកដំណឹងរបស់លោកឪពុក ទៅកាន់ផ្ទះនាយស្មូនឆ្នាំង។
កូនប្រុសរបស់សេដ្ឋីពោលថា ខ្ញុំនឹងទៅក្នុងទីនោះ ក្មេងទាំងនេះឈ្នះខ្ញុំច្រើនខ្នាច់ហើយ សូមបងយកឈ្នះខ្នាច់សងឲ្យខ្ញុំវិញ។
ឃោសកៈ ពោលថា បងខ្លាចលោកឪពុក។
កូនប្រុសរបស់សេដ្ឋីពោលថា សូមបងកុំខ្លាច ខ្ញុំនឹងនាំដំណឹងនោះទៅដោយខ្លួនឯង ពួកក្មេងច្រើននាក់ ឈ្នះខ្ញុំហើយ សូមបងយកឈ្នះខ្នាច់ឲ្យខ្ញុំ ទម្រាំខ្ញុំត្រឡប់មក។
បានឮថា នាយឃោសកៈជាអ្នកឈ្លាសក្នុងការលេងអង្គញ់ ព្រោះហេតុនោះ ទើបកូនប្រុសរបស់សេដ្ឋីទាក់ទាញនាយឃោសកៈនោះទុកយ៉ាងនេះ។ ឯឃោសកៈនោះ ពោលនឹងកូនសេដ្ឋីនោះថា បើដូច្នោះ ចូរឯងទៅប្រាប់នាយស្មូនឆ្នាំងនោះថា បានឮថា កាលពីម្សិលមិញ ឪពុករបស់ខ្ញុំប្រាប់ឲ្យលោកធ្វើការងារមួយ សូមលោកញ៉ាំងការងារនោះ ឲ្យសម្រេចចុះ ហើយក៏បញ្ជូនកូនសេដ្ឋីនោះទៅ។ កូនប្រុសរបស់សេដ្ឋីទៅកាន់សម្នាក់របស់នាយស្មូនឆ្នាំងនោះ បានពោលតាមពាក្យនោះ។ លំដាប់នោះ នាយស្មូនឆ្នាំងបានសម្លាប់កូនប្រុសរបស់សេដ្ឋី តាមពាក្យសេដ្ឋីប្រាប់នោះឯង ហើយបោះទៅក្នុងឡ។ ចំណែកឃោសកកុមារលេងអស់ចំណែកនៃថ្ងៃ លុះល្ងាច ក៏ត្រឡប់ទៅផ្ទះ សេដ្ឋីឃើញហើយសួរថា នែបា ឯងមិនបានទៅទេឬ។ ឃោសកកុមារក៏ប្រាប់ដល់ហេតុដែលខ្លួនមិនបានទៅ និងហេតុដែលប្អូនប្រុសទៅ ដល់សេដ្ឋី។ សេដ្ឋីស្ដាប់ពាក្យនោះហើយ ទើបស្រែកដោយសំឡេងខ្លាំងថា អញគួរឲ្យតិះដៀលណាស់ ហាក់បីដូចមានឈាមពុះកញ្ជ្រោលក្នុងសរីរៈទាំងមូល ផ្គងដើមដៃកន្ទក់កន្ទេញថា ស្មូនឆ្នាំងដ៏ចម្រើន កុំឲ្យខ្ញុំវិនាសឡើយ កុំឲ្យខ្ញុំវិនាសឡើយ ដូច្នេះហើយ បានទៅកាន់សម្នាក់នាយស្មូនឆ្នាំងនោះ។
នាយស្មូនឆ្នាំងឃើញសេដ្ឋីមកដោយអាការយ៉ាងនោះ ទើបពោលថា បពិត្រលោកម្ចាស់ សូមកុំធ្វើសំឡេងខ្លាំងឡើយ ការងាររបស់លោក សម្រេចហើយ។ សេដ្ឋីនោះ ត្រូវសេចក្ដីសោកប្រៀបដូចភ្នំធំសង្កត់ហើយ សោយទោមនស្សមានប្រមាណមិនមែនតិច ដូចបុគ្គលប្រទូស្តចំពោះបុគ្គលដែលមិនប្រទូស្តដូច្នោះ។ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា
យោ ទណ្ឌេន អទណ្ឌេសុ អប្បទុដ្ឋេសុ ទុស្សតិ
ទសន្នមញ្ញតរំ ឋានំ ខិប្បមេវ និគច្ឆតិ
វេទនំ ផរុសំ ជានឹ សរីរស្ស វ ភេទនំ
គរុកំ វាបិ អាពាធំ ចិត្តក្ខេបំ វ បាបុណេ
រាជតោ វា ឧបសគ្គំ អព្ភក្ខានំ វ ទារុណំ
បរិក្ខយំ វ ញាតីនំ ភោគានំ វ បភង្គុណំ
អថវស្ស អគារានិ អគ្គិ ឌហតិ បាវកោ
កាយស្ស ភេទា ទុប្បញ្ញោ និរយំ សោ ឧបបជ្ជតិ។
បុគ្គលណា ប្រទូស្តដោយអាជ្ញា ចំពោះបុគ្គលទាំងឡាយ ដែលមិនមានអាជ្ញា មិនប្រទូស្ត បុគ្គលនោះ រមែងដល់នូវហេតុនៃសេចក្ដីទុក្ខណាមួយ ក្នុងហេតុ ១០ យ៉ាង ដោយទាន់ហន់ គឺគប្បីដល់នូវវេទនាដ៏អាក្រក់ ១ សេចក្ដីវិនាសទ្រព្យ ១ បែកធ្លាយសរីរៈ ១ អាពាធជាទម្ងន់ ១ ក្រឡកចិត្ត (ឆ្កួត) ១ រឹបជាន់អំពីស្ដេច ១ ពោលពាក្យបង្កាច់ដ៏អាក្រក់ ១ អស់ពួកញាតិរលីង ១ ពុកផុយភោគសម្បត្តិទាំងឡាយ ១ ទាំងភ្លើងនឹងឆេះបំផ្លាញនូវផ្ទះរបស់បុគ្គលនោះ ១ បុគ្គលមិនមានប្រាជ្ញានោះ លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងនរក [បិ.៥២ ទំ.៥១ ឃ.២០។]។
ព្រោះហេតុនោះ សេដ្ឋីក៏មិនអាចសម្លឹងមើលនាយឃោសកៈនោះត្រង់ៗ បាន ត្រិះរិះរកឧបាយថា ធ្វើដូចម្ដេចហ្ន៎ ទើបសម្លាប់វាបាន ក៏ឃើញឧបាយថា អញនឹងបញ្ជូនវាទៅកាន់សម្នាក់របស់អ្នកប្រមូលសួយ ក្នុងស្រុក ១០០ របស់អញ ឲ្យសម្លាប់វាឲ្យស្លាប់ ដូច្នេះហើយ ទើបសរសេរសំបុត្រទៅឲ្យអ្នកប្រមូលសួយនោះថា ជននេះ ជាកូនដែលមានជាតិអាក្រក់របស់ខ្ញុំ សូមមាតុលៈ [បងប្រុស ឬប្អូនប្រុស របស់ម្ដាយ ហៅថា មាតុលៈ (ពូ ឬអ៊ំប្រុស ខាងម្ដាយ)។] សម្លាប់វា ហើយបោះទៅក្នុងរណ្ដៅលាមក កាលធ្វើការងារនេះ សម្រេចហើយ ខ្ញុំនឹងដឹងវត្ថុដែលតបស្នងដល់មាតុលៈក្នុងកាលជាខាងក្រោយ ដូច្នេះហើយ ទើបពោលថា នែបាឃោសកៈ អ្នកហូតពន្ធរបស់ពុក មាននៅត្រង់ស្រុកសួយ ១០០ស្រុក ឯងចូរនាំសំបុត្រនេះទៅឲ្យជននោះ ដូច្នេះហើយ យកសំបុត្រចងត្រង់ជាយសំពត់ឃោសកកុមារ។
នាយឃោសកៈនោះ មិនចេះអក្ខរសម័យឡើយ ព្រោះតាំងអំពីនៅជាកុមារ សេដ្ឋីគិតសម្លាប់រហូត តែមិនអាចសម្លាប់បាន តើនឹងឲ្យគេសិក្សាអក្សរបានដូចម្ដេច។ នាយឃោសកៈនោះ ចងសំបុត្រសម្លាប់ខ្លួនឯង ទុកត្រង់ជាយសំពត់ដោយប្រការដូច្នេះ កាលនឹងចេញដំណើរ ទើបពោលថា បពិត្រលោកឪពុក ខ្ញុំមិនមានស្បៀងសម្រាប់ដើរផ្លូវ។
សេដ្ឋីពោលថា ឯងមិនចាំបាច់មានកិច្ចកង្វល់ដោយស្បៀងដើរផ្លូវឡើយ ក្នុងស្រុកឈ្មោះនោះ ក្នុងរវាងផ្លូវ សេដ្ឋីជាសម្លាញ់របស់អញមាន ឯងចូរទៅបរិភោគអាហារព្រឹកក្នុងផ្ទះរបស់គេ ហើយសឹមចេញដំណើរទៅ។ នាយឃោសកៈទទួលថា សាធុ ថ្វាយបង្គំបិតាហើយ ចេញដំណើរទៅដល់ស្រុកនោះ សួររកផ្ទះសេដ្ឋី ចួបនឹងភរិយារបស់សេដ្ឋី។
ភរិយារបស់សេដ្ឋីសួរថា ឯងមកអំពីណា។
នាយឃោសកៈឆ្លើយថា ខ្ញុំមកពីក្នុងក្រុង។ ភរិយារបស់សេដ្ឋីសួរថា ឯងជាកូនរបស់អ្នកណា។
នាយឃោសកៈឆ្លើយថា ខ្ញុំជាកូនរបស់សេដ្ឋី ដែលជាសម្លាញ់របស់អ្នកម៉ែ។ ភរិយារបស់សេដ្ឋីសួរថា ឯងឈ្មោះឃោសកៈឬ។
នាយឃោសកៈឆ្លើយថា បាទអ្នកម៉ែ។ ដំណាលគ្នានឹងបានឃើញនោះឯង សេចក្ដីស្រឡាញ់ដូចកូនក្នុងនាយឃោសកៈនោះ កើតឡើងដល់នាងហើយ។ សេដ្ឋីមានកូនក្រមុំម្នាក់ អាយុ ១៥-១៦ ឆ្នាំ រូបស្រស់ប៉ប្រៃគួរឲ្យជ្រះថ្លា សេដ្ឋីឲ្យស្រីបម្រើម្នាក់ ដើម្បីរក្សានាង ឲ្យនៅក្នុងបន្ទប់ដ៏មានសិរី ត្រង់ជាន់ខាងលើនៃប្រាសាទ ៧ ជាន់។ ក្នុងខណៈនោះ កូនក្រមុំសេដ្ឋីបានប្រើឲ្យស្រីបម្រើទៅផ្សារ។ គ្រានោះ ភរិយាសេដ្ឋីឃើញទាសីនោះហើយ សួរថា នាងទៅណា។
នាងឆ្លើយថា ខ្ញុំទៅដោយកិច្ចរបស់ធីតានៃអ្នកស្រី។ ភរិយារបស់សេដ្ឋីពោលថា ចូរនាងមកខាងណេះសិន វៀរការបម្រើនោះទុក ចូររៀបគ្រែ លាងជើង លាបប្រេង ក្រាលទីដេកឲ្យកូនរបស់អញសិន សឹមធ្វើការបម្រើឯក្រោយ។ នាងបានធ្វើតាមពាក្យប្រាប់ហើយ។
លំដាប់នោះ កូនស្រីរបស់សេដ្ឋីបានរករឿងស្រីបម្រើនោះ ដែលមកយឺត ទើបស្រីបម្រើនោះពោលថា អ្នកនាង កុំខឹងនឹងខ្ញុំឡើយ កូនសេដ្ឋីឈ្មោះឃោសកៈមកហើយ ខ្ញុំធ្វើវត្ថុនេះ វត្ថុនេះ ដល់គាត់ហើយ ទើបទៅ (ផ្សារ) ហើយមក។ គ្រាន់តែបានឮឈ្មោះថា ឃោសកៈជាកូនសេដ្ឋីដូច្នេះ សេចក្ដីស្រឡាញ់ជ្រាបចូលតាំងអំពីស្បែក រហូតដល់ខួរក្នុងឆ្អឹង តាំងឡើងដល់កូនស្រីសេដ្ឋីហើយ។ មែនពិត កូនស្រីសេដ្ឋីនោះ ជាភរិយារបស់នាយឃោសកៈនោះ ក្នុងកាលនៅជានាយកោតុហលិកៈ បានប្រគេនបាយ ១ នាឡិ ដល់ព្រះបច្ចេកពុទ្ធ ដោយអានុភាពនៃផលទាននោះ ទើបនាងមកកើតក្នុងត្រកូលសេដ្ឋីនោះ។ សេចក្ដីស្រឡាញ់ក្នុងកាលមុន បានលិចលង់គ្របដណ្ដប់កូនស្រីសេដ្ឋីនោះ ទុកដោយប្រការដូច្នេះ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា
បុព្វេវ សន្និវាសេន បច្ចុប្បន្នហិតេន វា
ឯវន្តំ ជាយតេ បេមំ ឧបលំវ យថោទកេតិ។
សេចក្ដីស្រឡាញ់នោះ រមែងកើតដោយហេតុពីរយ៉ាង គឺដោយធ្លាប់នៅរួមគ្នា ក្នុងកាលមុន ១ ដោយការទំនុកបម្រុងគ្នា ក្នុងបច្ចុប្បន្ននេះ ១ ដូចជាឧប្បលដែលដុះក្នុងទឹក ដោយហេតុពីរយ៉ាង គឺទឹក ១ ភក់ ១ [បិ.៥៨ ទំ.១២៧ ឃ.៣២៤។]។
លំដាប់នោះ នាងសួរស្រីបម្រើថា នែនាង បុរសនោះនៅឯណា។
ស្រីបម្រើឆ្លើយថា បុរសនោះ ដេកលក់លើទីដេក។
សេដ្ឋីធីតាសួរថា ក្នុងដៃរបស់បុរសនោះ មានអ្វីខ្លះ។
ស្រីបម្រើឆ្លើយថា មានសំបុត្រត្រង់ជាយសំពត់។
សេដ្ឋីធីតា គិតថា នុ៎ះជាសំបុត្រអ្វីហ្ន៎។ កាលនាយឃោសកៈកំពុងដេកលក់ កាលមាតាបិតាមិនឃើញ ព្រោះរវល់បញ្ជូនចិត្តទៅក្នុងរឿងដទៃ ក៏ចុះទៅកាន់សម្នាក់នាយឃោសកៈ ហើយស្រាយយកសំបុត្រនោះ ទៅកាន់បន្ទប់របស់ខ្លួន បិទទ្វារ បើកបង្អួច អានសំបុត្រ ព្រោះនាងឈ្លាសក្នុងអក្ខរសម័យ (កាលដឹងសេចក្ដីហើយ) គិតថា ឱ ! មនុស្សល្ងង់ខ្លៅ ចងសំបុត្រសម្រាប់សម្លាប់ខ្លួនឯង ត្រង់ជាយសំពត់ ហើយត្រាច់ទៅ បើអញមិនបានឃើញសំបុត្រនេះ គង់មិនមានជីវិត ដូច្នេះហើយ ហែកសំបុត្រនោះចោល សរសេរសំបុត្រមួយច្បាប់ទៀត តាមពាក្យរបស់សេដ្ឋីថា កូនប្រុសរបស់ខ្ញុំនេះ ឈ្មោះឃោសកៈ សូមអ៊ំនាំបណ្ណាការមកអំពីស្រុកទាំង ១០០ ធ្វើមង្គលជាមួយកូនស្រីសេដ្ឋីក្នុងជនបទនេះ ហើយធ្វើផ្ទះ ២ជាន់ ត្រង់កណ្ដាលស្រុក ជាលំនៅរបស់ខ្លួន ធ្វើការរក្សាឲ្យរឹងមាំ ដោយរបងគឺកំពែង និងការគ្រប់គ្រងរបស់បុរស ហើយចូរបញ្ជូនដំណឹងមកឲ្យខ្ញុំថា ការងារនេះ ការងារនេះ ខ្ញុំធ្វើស្រេចហើយ កាលកម្មយ៉ាងនេះ អ៊ំធ្វើស្រេចហើយ ខ្ញុំនឹងដឹងវត្ថុដែលគួរធ្វើដល់អ៊ំ ក្នុងកាលជាខាងក្រោយ។ កាលសរសេរស្រេចហើយ ទើបបត់សំបុត្រ ចុះទៅចងទុកត្រង់ជាយសំពត់របស់នាយឃោសកៈនោះវិញ។
នាយឃោសកៈនោះ ដេកលក់ពេញមួយថ្ងៃ ក្រោកឡើងបរិភោគហើយ ក៏ចៀសចេញទៅ។ ស្អែកឡើង ចូលទៅកាន់ស្រុកនោះ អំពីព្រលឹម ក្រឡេកឃើញអ្នកហូតពន្ធធ្វើកិច្ចក្នុងស្រុកនោះឯង។ អ្នកហូតពន្ធដារនោះ ឃើញនាយឃោសកៈនោះហើយ សួរថា មានការអ្វីបា។ នាយឃោសកៈឆ្លើយថា លោកឪពុកខ្ញុំបញ្ជូនសំបុត្រមកជូនលោក។
អ្នកហូតពន្ធនោះ ពោលថា សំបុត្រដើម្បីកិច្ចការអ្វី ចូរបានាំមកចុះ ទទួលសំបុត្រ អានហើយ ក៏មានការពេញចិត្ត ទើបពោលនឹងគហបតីទាំងឡាយថា នែអ្នកទាំងឡាយ សូមមើលការស្រឡាញ់ក្នុងខ្ញុំរបស់លោកម្ចាស់យើងចុះ លោកសេដ្ឋីបញ្ជូនកូនប្រុសមកកាន់សម្នាក់ខ្ញុំ ដោយប្រាប់ថា ចូរធ្វើមង្គលដល់កូនប្រុសច្បងរបស់ខ្ញុំ ពួកអ្នក ចូរប្រញាប់យកឈើជាដើម មកឲ្យរហ័ស ដូច្នេះហើយ ឲ្យសង់ផ្ទះដូចពោលហើយ ត្រង់កណ្ដាលស្រុក ឲ្យនាំបណ្ណាការមកអំពីស្រុក ១០០ នាំកូនស្រីរបស់សេដ្ឋីក្នុងជនបទ មកធ្វើមង្គលស្រេចហើយ ទើបបញ្ជូនដំណឹងទៅប្រាប់សេដ្ឋីថា ការងារនេះ ការងារនេះ ខ្ញុំធ្វើស្រេចហើយ។
ព្រោះបានស្ដាប់ដំណឹងនោះ ទោមនស្សដ៏ធំកើតឡើងដល់សេដ្ឋីហើយថា អញឲ្យធ្វើវត្ថុណា វត្ថុនោះមិនសម្រេច វត្ថុណាមិនឲ្យធ្វើ វត្ថុនោះ ក៏បែរជាសម្រេច ការសោយសោកនោះ ផ្សំគ្នានឹងការសោយសោកដល់បុត្ត រួមចូលគ្នាតែមួយ ញ៉ាំងការក្ដៅក្នុងផ្ទៃឲ្យកើតឡើង ឲ្យកើតរោគអតិសារៈ (រោគចុះឈាម) ហើយ ។ ចំណែកសេដ្ឋីធីតាប្រាប់ពួកមនុស្សថា បើបុគ្គលណាមួយមកអំពីសម្នាក់របស់សេដ្ឋី កាលមិនទាន់បានប្រាប់ខ្ញុំ កុំប្រាប់ដល់សេដ្ឋីបុត្តមុនឡើយ។ សូម្បីសេដ្ឋីសោត ក៏គិតថា ឥឡូវនេះ អញមិនធ្វើបុត្តអាក្រក់ជួជាតិនោះ ឲ្យជាម្ចាស់ទ្រព្យសម្បត្តិរបស់អញឡើយ ហើយប្រាប់នាយស្មៀនម្នាក់ថា នែអ៊ំ ខ្ញុំប្រាថ្នានឹងចួបកូនរបស់ខ្ញុំ ចូរអ៊ំបញ្ជូនអ្នកបម្រើម្នាក់ ឲ្យហៅកូនរបស់ខ្ញុំមក។
បុរសនោះទទួលថា បាទ លោកម្ចាស់ ឲ្យសំបុត្រហើយ បញ្ជូនមនុស្សម្នាក់ទៅ។ ចំណែកកូនស្រីរបស់សេដ្ឋីដឹងថា បុរសនោះ មកឈរត្រង់ទ្វារ ឲ្យហៅមក ហើយសួរថា នែអ្នក តើអ្នកមកមានការអ្វី។
អ្នកបម្រើនោះពោលថា បពិត្រអ្នកនាងម្ចាស់ លោកសេដ្ឋីមានជំងឺ ត្រូវការចួបកូនប្រុស ទើបឲ្យហៅ។ សេដ្ឋីធីតាសួរថា នែអ្នក លោកសេដ្ឋីនោះ នៅមានកម្លាំង ឬថមថយកម្លាំងហើយ។
អ្នកបម្រើនោះពោលថា បពិត្រអ្នកនាងម្ចាស់ នៅមានកម្លាំងនៅឡើយ នៅបរិភោគអាហារបាន។ សេដ្ឋីធីតាមិនឲ្យសេដ្ឋីបុត្តនោះដឹងឡើយ ឲ្យលំនៅនិងអាហារដល់បុរសនោះ ហើយពោលថា គាត់នឹងទៅបាន ក្នុងកាលដែលខ្ញុំបញ្ជូនទៅ សូមអ្នកស្នាក់នៅសិនចុះ។
សេដ្ឋីសួរស្មៀននោះទៀតថា នែអ៊ំ អ៊ំមិនទាន់បានបញ្ជូនសំបុត្រ ទៅកាន់សម្នាក់កូនរបស់ខ្ញុំទេឬ។ នាយស្មៀនឆ្លើយថា ខ្ញុំបញ្ជូនទៅហើយ លោកម្ចាស់ តែបុរសនោះ មិនទាន់មក។
សេដ្ឋីពោលថា បើដូច្នោះ ចូរអ៊ំបញ្ជូនមនុស្សដទៃទៅទៀត។ នាយស្មៀននោះ បញ្ជូនមនុស្សទៅហើយ។ កូនស្រីរបស់សេដ្ឋីនោះ បដិបត្តិក្នុងបុរសនោះយ៉ាងនោះ ដូចគ្នា។ ក្នុងកាលនោះ រោគរបស់សេដ្ឋីធ្ងន់ហើយ ភាជនៈមួយចូល ភាជនៈមួយចេញ។ សេដ្ឋីសួរនាយស្មៀនទៀតថា នែអ៊ំ អ៊ំមិនទាន់បានបញ្ជូនសំបុត្រទៅកាន់សម្នាក់កូនរបស់ខ្ញុំទេឬ។
នាយស្មៀនឆ្លើយថា ខ្ញុំបញ្ជូនសំបុត្រទៅហើយ លោកម្ចាស់ តែបុរសដែលទៅមិនទាន់ត្រឡប់មក។ សេដ្ឋីពោលថា បើដូច្នោះ ចូរអ៊ំបញ្ជូនមនុស្សទៅទៀត។ នាយស្មៀននោះ បញ្ជូនមនុស្សទៅហើយ។
សេដ្ឋីធីតាសួរអំពីដំណើររឿងនោះ អំពីបុរសដែលមកក្នុងវារៈទី៣។ បុរសនោះប្រាប់ថា បពិត្រអ្នកនាង សេដ្ឋីឈឺធ្ងន់ ដាច់អាហារហើយ មានការស្លាប់ជាទីទៅខាងមុខ ភាជនៈមួយចេញ ភាជនៈមួយចូល។ សេដ្ឋីធីតាគិតថា ឥឡូវនេះ ជាកាលដែលសេដ្ឋីបុត្តគួរទៅបាន ទើបប្រាប់ដល់សេដ្ឋីបុត្តថា បានឮថា ឪពុករបស់លោកមានជំងឺ។
សេដ្ឋីបុត្តសួរថា នែនាងដ៏ចម្រើន នាងនិយាយអ្វី។ សេដ្ឋីធីតាពោលថា ឪពុករបស់លោក ឈឺធ្ងន់ណាស់។
នាយឃោសកៈសួរថា ឥឡូវនេះ ខ្ញុំគួរធ្វើដូចម្ដេច។ សេដ្ឋីធីតាពោលថា អ្នកជាម្ចាស់ យើងនឹងកាន់គ្រឿងបណ្ណាការដែលកើតអំពីស្រុកសួយ ១០០ ស្រុក ទៅសួរសុខទុក្ខលោក។ នាយឃោសកៈទទួលថា សាធុ ទើបឲ្យមនុស្សនាំគ្រឿងបណ្ណាការមក យករទេះដឹកចេញដំណើរទៅ។
គ្រានោះ សេដ្ឋីធីតាពោលថា ឪពុករបស់លោកថមថយកម្លាំង បើយើងកាន់គ្រឿងបណ្ណាការមានប្រមាណប៉ុណ្ណេះទៅ នឹងធ្វើឲ្យយឺតយូរ សូមលោកឲ្យបញ្ជូនបណ្ណាការនេះត្រឡប់ចុះ ដូច្នេះហើយ ទើបបញ្ជូនបណ្ណាការទាំងនោះ ទៅកាន់ផ្ទះនៃត្រកូលរបស់ខ្លួន ហើយពោលទៀតថា នែលោក លោកគប្បីឈរខាងចុងជើងបិតារបស់លោក ខ្ញុំនឹងឈរខាងក្បាលដំណេក។ កាលចូលទៅដល់ផ្ទះនោះហើយ នាងក៏បង្គាប់ពួកមនុស្សរបស់ខ្លួន ឲ្យកាន់យកនូវការរក្សាទាំងខាងមុខផ្ទះ និងខាងក្រោយផ្ទះ។ ក្នុងកាលដែលជនទាំងពីរចូលទៅ សេដ្ឋីបុត្តបានឈរខាងចុងជើងបិតា ចំណែកភរិយាបានឈរខាងក្បាលដំណេក។
ក្នុងខណៈនោះ សេដ្ឋីដេកផ្ងារហើយ ចំណែកនាយស្មៀនច្របាច់ជើងរបស់សេដ្ឋីនោះ ពោលថា បពិត្រលោកម្ចាស់ កូនរបស់លោកមកហើយ។ សេដ្ឋីសួរថា គេនៅឯណា។
នាយស្មៀនប្រាប់ថា គេឈរត្រង់ចុងជើង។ លំដាប់នោះ សេដ្ឋីឃើញកូនប្រុសនោះហើយ ទើបហៅនាយស្មៀនមកសួរថា ក្នុងផ្ទះរបស់ខ្ញុំ មានទ្រព្យប៉ុន្មាន។
នាយស្មៀនប្រាប់ថា បពិត្រលោកម្ចាស់ ទ្រព្យមាន ៤០ កោដិប៉ុណ្ណោះ តែគ្រឿងឧបភោគបរិភោគ ស្រុក ស្រែ សត្វជើង២ ជើង៤ យាន ពាហនៈ មានចំនួនប៉ុណ្ណេះៗ។ លោកសេដ្ឋីនោះ ប្រាថ្នានឹងពោលថា ខ្ញុំមិនឲ្យទ្រព្យមានប្រមាណប៉ុណ្ណេះ ដល់ឃោសកៈជាកូនរបស់ខ្ញុំឡើយ បែរជាពោលថា ខ្ញុំឲ្យ។ សេដ្ឋីធីតាស្ដាប់ពាក្យនោះហើយ គិតថា សេដ្ឋីនេះ កាលពោលម្ដងទៀត គប្បីពោលពាក្យដទៃ ដូច្នេះហើយ ធ្វើហាក់ដូចក្ដៅក្រហាយដោយសេចក្ដីសោក រំសាយសក់ ទ្រហោយំ ហើយពោលថា លោកឪពុកពោលអ្វីហ្នឹង ពួកខ្ញុំស្ដាប់ពាក្យរបស់លោកយ៉ាងនេះ ពួកខ្ញុំមិនមានបុណ្យពិត ហើយក៏យកក្បាលប្រហារសេដ្ឋីនោះ ត្រង់កណ្ដាលទ្រូង យកក្បាលទង្គិចត្រង់ទ្រូង សម្ដែងអាការយំសោក ដោយប្រការដែលលោកសេដ្ឋីមិនអាចពោលបានម្ដងទៀត។ សេដ្ឋីក៏ធ្វើមរណកាលក្នុងខណៈនោះឯង។
ជនទាំងឡាយបានឮថា សេដ្ឋីធ្វើមរណកាលហើយ ទើបទៅក្រាបទូលព្រះបាទឧទេន។ ព្រះបាទឧទេនទ្រង់ឲ្យធ្វើឈាបនកិច្ចសរីរៈរបស់សេដ្ឋីនោះ ហើយត្រាស់សួរថា កូនប្រុស ឬកូនស្រីរបស់សេដ្ឋីនោះ មានដែរឬទេ។
ជនទាំងឡាយក្រាបទូលថា បពិត្រព្រះសម្មតិទេព មាន កូនប្រុសរបស់សេដ្ឋីនោះ ឈ្មោះឃោសកៈ សេដ្ឋីនោះ ប្រគល់ទ្រព្យសម្បត្តិទាំងអស់ ឲ្យដល់ឃោសកៈនោះហើយ ទើបធ្វើមរណកាលទៅ។
ក្នុងកាលខាងក្រោយមក ព្រះរាជាឲ្យហៅបុត្តសេដ្ឋីមកហើយ។ ក្នុងថ្ងៃនោះ មានភ្លៀងធ្លាក់ ត្រង់លានព្រះរាជវាំងមានទឹកដក់ក្នុងទីនោះៗ សេដ្ឋីបុត្តទៅហើយដោយបំណងថា នឹងគាល់ព្រះរាជា។ ព្រះរាជាទ្រង់ បើកបង្អួចទតមើលនាយឃោសកៈនោះ ទ្រង់ឃើញនាយឃោសកៈលោតរំលងទីដែលមានទឹកដក់ត្រង់លានព្រះរាជវាំង ដើរមក ទើបត្រាស់សួរនាយឃោសកៈដែលមកថ្វាយបង្គំ ហើយឈរថា ត្វំ ឃោសកោ នាម តាត នែបា ឯងឈ្មោះឃោសកៈឬ។
នាយឃោសកៈក្រាបទូលថា ព្រះករុណាថ្លៃវិសេស។
ព្រះរាជាទ្រង់លួងលោមឃោសកៈថា បាកុំទោមនស្សឡើយថាបិតារបស់អញទទួលអនិច្ចកម្មហើយ យើងនឹងឲ្យតំណែងសេដ្ឋីដែលជារបស់ឪពុក ដល់បាប៉ុណ្ណោះ ហើយទើបទ្រង់បញ្ជូនឃោសកៈទៅថា ចូរបាទៅចុះ។ ព្រះរាជាបានប្រថាប់ឈរមើលឃោសកៈកំពុងទៅនុ៎ះឯង នាយឃោសកៈនោះ មិនលោតរំលងទឹក ដូចលោតក្នុងកាលមក បានដើរទៅសន្សឹមៗ។
លំដាប់នោះ ព្រះរាជាត្រាស់ឲ្យហៅឃោសកៈនោះ មកអំពីទីនោះឯង ហើយត្រាស់សួរថា នែបា ព្រោះហេតុអ្វី កាលបាមកកាន់សម្នាក់យើង លោតរំលងទឹកមក កាលទៅ ក៏ដើរទៅសន្សឹមៗ។
នាយឃោសកៈក្រាបទូលថា យ៉ាងនោះឯងព្រះអង្គ ក្នុងកាលនោះ ទូលព្រះបង្គំនៅជាកុមារ នេះឈ្មោះថា ជាកាលដែលត្រូវលេង ក្នុងពេលនេះ ទូលព្រះបង្គំបានទទួលតំណែងអំពីព្រះអង្គហើយ ព្រោះហេតុនោះ ទូលព្រះបង្គំមិនទៅដូចកាលមុន ក្នុងកាលឥឡូវនេះ ដើរសន្សឹមៗ ទៅ ទើបគួរ។
ព្រះរាជាស្ដាប់ពាក្យនោះហើយ ទ្រង់ព្រះតម្រិះថា បុរសនេះ មានបញ្ញា អញនឹងឲ្យតំណែងសេដ្ឋីដល់គេក្នុងកាលឥឡូវនេះចុះ ដូច្នេះហើយ ព្រះរាជទានភោគៈដែលបិតាបរិភោគហើយ បានប្រទានតំណែងសេដ្ឋី មួយអន្លើដោយវត្ថុមួយមុខមួយរយៗ។
ឃោសកៈនោះឈរនៅលើរថ បានធ្វើប្រទក្សិណព្រះនគរហើយ ទីដែលឃោសកៈនោះ សម្លឹងមើលហើយ រមែងញាប់ញ័រ។ សេដ្ឋីធីតាអង្គុយប្រឹក្សាជាមួយនាងកាឡីស្រីបម្រើថា អ្នកម៉ែកាឡី សម្បត្តិមានប្រមាណប៉ុណ្ណេះ សម្រេចដល់សេដ្ឋីបុត្តរបស់ម៉ែ ក៏ព្រោះអាស្រ័យខ្ញុំ។
នាងកាឡីសួរថា ព្រោះហេតុអ្វី កូនស្រី។ សេដ្ឋីធីតាឆ្លើយថាសេដ្ឋីនេះ ចងសំបុត្រសម្លាប់ខ្លួនទុកត្រង់ជាយសំពត់ មកកាន់ផ្ទះរបស់ខ្ញុំ កាលនោះ ខ្ញុំហែកសំបុត្រនោះចោល សរសេរសំបុត្រដទៃ ដើម្បីធ្វើមង្គលជាមួយខ្ញុំ ខ្ញុំរក្សាគាត់អស់កាលមានប្រមាណប៉ុណ្ណេះ។
នាងកាឡីពោលថា អ្នកនាងដឹងត្រឹមតែប៉ុណ្ណេះ តែសេដ្ឋីមានបំណងសម្លាប់សេដ្ឋីបុត្ត តាំងអំពីនៅជាកុមារ តែមិនអាចសម្លាប់បានអាស្រ័យលោកម្ចាស់ឃោសកៈនេះ អស់ទ្រព្យសន្ធឹកសន្ធាប់។
សេដ្ឋីធីតាពោលថា អ្នកម៉ែ លោកសេដ្ឋីធ្វើកម្មធ្ងន់ហ្ន៎។ សេដ្ឋីធីតាឃើញនាយឃោសកៈនោះ ធ្វើប្រទក្សិណនគរ ហើយចូលមកកាន់ផ្ទះ អស់សំណើចដោយគិតថា សម្បត្តិមានប្រមាណប៉ុណ្ណេះ សម្រេចហើយ ព្រោះអាស្រ័យអញ។ គ្រានោះ សេដ្ឋីបុត្តឃើញអាការនោះ ទើបសួរថា នាងសើចអ្វី។ សេដ្ឋីធីតាពោលថា ព្រោះអាស្រ័យហេតុមួយ។
ឃោសកសេដ្ឋីពោលថា ចូរប្រាប់ហេតុនោះ។ សេដ្ឋីធីតាពោលថា ខ្ញុំមិនប្រាប់ទេ។
ឃោសកសេដ្ឋីសម្លុតថា បើនាងមិនប្រាប់ ខ្ញុំនឹងកាប់ជាពីរកំណាត់ដូច្នេះ ដកដាវចេញហើយ។ សេដ្ឋីធីតានោះប្រាប់ថា ខ្ញុំសើច ព្រោះគិតថា សម្បត្តិមានប្រមាណប៉ុណ្ណេះ លោកបានហើយព្រោះអាស្រ័យខ្ញុំ។
ឃោសកសេដ្ឋីពោលថា ឪពុករបស់ខ្ញុំប្រគល់មរតករបស់ខ្លួនឲ្យ ដល់ខ្ញុំហើយ នាងទាក់ទិនអ្វីក្នុងទ្រព្យនេះ។ បានឮថា ឃោសកសេដ្ឋីមិនដឹងរឿងអ្វីសោះ អស់កាលមានប្រមាណប៉ុណ្ណេះ ព្រោះហេតុនោះ ទើបមិនជឿពាក្យរបស់សេដ្ឋីធីតានោះ។ លំដាប់នោះ សេដ្ឋីធីតាបាននិទានរឿងទាំងអស់នោះ ដល់សេដ្ឋីបុត្តថា បិតារបស់លោកឲ្យសំបុត្រសម្លាប់ បញ្ជូនលោកមកហើយ ខ្ញុំធ្វើកម្មយ៉ាងនេះ ៗ រក្សាលោកទុកហើយ។
ឃោសកសេដ្ឋីពោលថា នាងនិយាយមិនពិត ហើយគិតថា អញនឹងសួរម៉ែកាឡី ដូច្នេះហើយ ទើបពោលថា បានឮថា សេចក្ដីនោះ យ៉ាងនេះឬ អ្នកម៉ែ។
នាងកាឡីពោលថា នែបា កាលបានៅកុមារ សេដ្ឋីមានបំណងសម្លាប់បា តែមិនអាចសម្លាប់បាន អាស្រ័យបា លោកម្ចាស់អស់ទ្រព្យសន្ធឹកសន្ធាប់ បារួចផុតហើយអំពីសេចក្ដីស្លាប់ក្នុងទី ៧កន្លែង ឥឡូវនេះ មកហើយអំពីស្រុកសួយ បានតំណែងសេដ្ឋីនេះ មួយអន្លើដោយវត្ថុសព្វយ៉ាង មួយមុខមួយរយៗ។ សេដ្ឋីស្ដាប់ពាក្យនោះហើយ គិតថា (វិបាក) កម្មរបស់អញធ្ងន់ហ្ន៎ អញផុតហើយអំពីសេចក្ដីស្លាប់បែបនេះ ហើយរស់នៅដោយសេចក្ដីប្រមាទ មិនសមគួរឡើយ អញនឹងមិនប្រមាទ ដូច្នេះហើយ លះទ្រព្យមួយថ្ងៃមួយពាន់ ផ្ដើមតាំងទានទុក ដើម្បីអ្នកដើរផ្លូវឆ្ងាយ និងមនុស្សកំព្រាជាដើម កុដុម្ពិកៈឈ្មោះថា មិត្តៈ បានជាអ្នកខ្វល់ខ្វាយក្នុងទានរបស់សេដ្ឋីនោះឯង។
ក្នុងកាលនោះ សេដ្ឋីឈ្មោះភទ្ទវតិយៈ ក្នុងភទ្ទវតីនគរ បានជាអទិដ្ឋបុព្វសហាយៈ គឺសម្លាញ់ដែលមិនធ្លាប់ឃើញគ្នារបស់ឃោសកសេដ្ឋីនោះ។ ឃោសកសេដ្ឋីបានស្ដាប់អំពីសម្បត្តិ វ័យ និងប្រទេស របស់ភទ្ទវតិយសេដ្ឋី ក្នុងសម្នាក់របស់ពួកឈ្មួញដែលមកអំពីភទ្ទវតីនគរ ប្រាថ្នានូវភាពជាសម្លាញ់ជាមួយសេដ្ឋីនោះ ទើបបញ្ជូនបណ្ណាការទៅ។ ភទ្ទវតិយសេដ្ឋីបានស្ដាប់អំពីសម្បត្តិ វ័យ និងប្រទេស របស់ឃោសកសេដ្ឋីក្នុងសម្នាក់របស់ពួកឈ្មួញដែលមកអំពីនគរកោសម្ពី ប្រាថ្នានូវភាពជាសម្លាញ់ជាមួយសេដ្ឋីនោះ ទើបបញ្ជូនបណ្ណាការទៅ សេដ្ឋីទាំងពីរនោះ បានជាអទិដ្ឋបុព្វសហាយៈនៃគ្នានឹងគ្នាហើយ ដោយប្រការយ៉ាងនេះ។
ក្រោយមក អហិវាតករោគធ្លាក់ចុះហើយ ក្នុងផ្ទះរបស់ភទ្ទវតិយសេដ្ឋី។ កាលអហិវាតករោគនោះធ្លាក់ចុះហើយ រុយរមែងងាប់មុន បន្ទាប់អំពីនោះ កន្លាត កណ្ដុរ មាន់ ជ្រូក គោ អ្នកបម្រើស្រី អ្នកបម្រើប្រុស ស្លាប់ទៅដោយលំដាប់នោះឯង មនុស្សជាម្ចាស់ផ្ទះ រមែងស្លាប់ក្រោយគេ។ ក្នុងជនទាំងនោះ ពួកជនណាទម្លាយជញ្ជាំងផ្ទះគេចទៅ ពួកជននោះ រមែងបានរួចជីវិត។ ក្នុងកាលនោះ សេដ្ឋី ភរិយានិងកូនស្រី ក៏គេចទៅដោយវិធីនោះ ប្រាថ្នានឹងឃើញឃោសកសេដ្ឋី ទើបធ្វើដំណើរទៅកាន់នគរកោសម្ពី។ ជនទាំង ៣នាក់នោះ អស់ស្បៀងក្នុងរវាងផ្លូវ មានសរីរៈទន់ខ្សោយដោយខ្យល់និងកម្ដៅថ្ងៃ និងដោយការស្រេកឃ្លាន ដល់នគរកោសម្ពីយ៉ាងលំបាក ងូតទឹកក្នុងទីដែលសម្បូរដោយទឹកហើយ ក៏ចូលទៅកាន់សាលាមួយត្រង់ទ្វារក្រុង។
ក្នុងកាលនោះ សេដ្ឋីពោលនឹងភរិយាថា នែនាងដ៏ចម្រើន បុគ្គលដែលមកទាំងសភាពបែបនេះ រមែងមិនជាទីពេញចិត្ត សូម្បីម្ដាយបង្កើត បានឮថា សម្លាញ់របស់យើងលះទ្រព្យមួយថ្ងៃមួយពាន់ ឲ្យទានដល់អ្នកដំណើរ មនុស្សកំព្រាជាដើម យើងបញ្ជូនកូនស្រីទៅក្នុងទីនោះ ឲ្យនាំអាហារមកទំនុកបម្រុងសរីរៈក្នុងទីនេះឯង មួយថ្ងៃពីរថ្ងៃហើយ សឹមទៅសួរសុខទុក្ខសម្លាញ់។
នាងទទួលថា សាធុ អ្នកជាម្ចាស់។ ជនទាំងនោះ នាំគ្នាស្នាក់នៅក្នុងសាលានោះឯង។ ស្អែកឡើង កាលមហាជនប្រាប់កាលហើយ មនុស្សកំព្រា អ្នកដើរផ្លូវជាដើម នាំគ្នាទៅដើម្បីអាហារ មាតានិងបិតាក៏បញ្ជូនកូនស្រីទៅដោយពាក្យថា នែនាង នាងចូរទៅនាំអាហារមក ដើម្បីពួកយើង។ ធីតារបស់ត្រកូលដែលមានភោគៈច្រើន កាត់សេចក្ដីខ្មាសអៀន កាន់ថាសទៅជាមួយមនុស្សអនាថាដើម្បីអាហារ កាលមិត្តកុដុម្ពិកៈសួរថា នែនាង នាងទទួលប៉ុន្មានចំណែក ក៏ប្រាប់ថា បីចំណែក។ លំដាប់នោះ មិត្តកុដុម្ពិកៈឲ្យអាហារ ៣ ចំណែកដល់នាង។ កាលនាំភត្តមកហើយ ជនទាំងបីក៏អង្គុយដើម្បីបរិភោគរួមគ្នា។
លំដាប់នោះ មាតានិងកូនស្រីក៏ពោលនឹងសេដ្ឋីថា បពិត្រលោកម្ចាស់ បពិត្រលោកឪពុក វិបត្តិរមែងកើតឡើង សូម្បីក្នុងត្រកូលធំ កុំគិតពួកខ្ញុំឡើយ សូមបរិភោគចុះ អង្វរដោយប្រការផ្សេងៗ ញ៉ាំងសេដ្ឋីឲ្យបរិភោគហើយដោយប្រការដូច្នេះ។ សេដ្ឋីនោះបរិភោគហើយ មិនអាចឲ្យអាហាររលាយបាន កាលអរុណរះឡើង ក៏ធ្វើកាលកិរិយា ភរិយានិងកូនស្រីយំសោកដោយប្រការផ្សេងៗ។ ក្នុងថ្ងៃស្អែកឡើង កុមារិកាដើរយំទៅដើម្បីអាហារ។ មិត្តកុដុម្ពិកៈនោះឃើញហើយសួរថា នាងទទួលប៉ុន្មានចំណែក។
នាងប្រាប់ថា ២ចំណែក។ នាងនាំអាហារមកហើយ អង្វរឲ្យមាតាបរិភោគ មាតានោះ កាលធីតារបស់ខ្លួនអង្វរហើយ ក៏បរិភោគ មិន អាចឲ្យអាហាររលាយបានក្នុងថ្ងៃនោះ ក៏ធ្វើកាលកិរិយាទៅ។ កុមារិកាម្នាក់ឯងប៉ុណ្ណោះ យំរៀបរាប់ ជាអ្នកមានសេចក្ដីទុក្ខព្រោះបាត់បង់មាតាបិតា និងព្រោះសេចក្ដីឃ្លានដែលកើតឡើងហើយដ៏ខ្លាំងក្លា។ ថ្ងៃស្អែកឡើង ក៏យំដើរទៅជាមួយពួកយាចកដើម្បីអាហារ។ មិត្តកុដុម្ពិកៈសួរថា នាងទទួលប៉ុន្មានចំណែក។
នាងឆ្លើយថា មួយចំណែក។ មិត្តកុដុម្ពិកៈចាំនាងដែលទទួលភត្តបានទាំង ៣ ថ្ងៃ ព្រោះហេតុនោះ ទើបពោលថា ចូរវិនាសចុះ ស្រីថោកទាប ថ្ងៃនេះ នាងស្គាល់ប្រមាណក្នុងពោះរបស់នាងហើយឬ។
ធីតាមានត្រកូល សម្បូរដោយហិរិឱត្តប្បៈ ដូចត្រូវប្រហារដោយលំពែង ត្រង់ទ្រូង និងដូចស្រោចដោយទឹកក្បុងត្រង់ដំបៅ សួរថា តើលោកម្ចាស់និយាយអ្វី។ មិត្តកុដុម្ពិកៈពោលថា ថ្ងៃមុន នាងទទួលយកទៅបីចំណែក ម្សិលមិញ ពីរចំណែក ថ្ងៃនេះ ទទួលមួយចំណែក ថ្ងៃនេះ នាងដឹងប្រមាណក្នុងពោះរបស់នាងហើយឬ។
កុលធីតាពោលថា សូមលោកម្ចាស់កុំសម្គាល់ថា ខ្ញុំទទួលទៅដើម្បីបរិភោគម្នាក់ឯងឡើយ។ មិត្តកុដុម្ពិកៈសួរថា បើដូច្នោះ ថ្ងៃនេះ ហេតុអ្វី ទើបទទួលតែមួយចំណែក។
កុលធីតាពោលថា ថ្ងៃមុន ពួកខ្ញុំមានគ្នាបីនាក់ ម្សិលមិញ មានពីរ នាក់ ថ្ងៃនេះ មានតែខ្ញុំម្នាក់ឯងប៉ុណ្ណោះ។ មិត្តកុដុម្ពិកៈសួរថា សេចក្ដីនេះ ដូចម្ដេច។ បានស្ដាប់រឿងទាំងអស់ដែលនាងប្រាប់ហើយ តាំងអំពីដើម មិនអាចទប់ទឹកភ្នែកបាន ដល់នូវទោមនស្សដ៏ខ្លាំងក្លា ទើបប្រាប់នាងថា នែកូនស្រី បើមានហេតុយ៉ាងនេះ កុំគិតថ្វីឡើយ នាងជាធីតារបស់ភទ្ទវតិយសេដ្ឋី ចាប់អំពីថ្ងៃនេះទៅ នាងចូរជាធីតារបស់ខ្ញុំចុះ ហើយថើបត្រង់ក្បាល នាំទៅកាន់ផ្ទះ តាំងទុកក្នុងតំណែងកូនស្រីច្បងរបស់ខ្លួន។
សេដ្ឋីធីតានោះ ឮសំឡេងខ្ញៀវខ្ញារក្នុងរោងទាន ទើបសួរថា បពិត្រលោកឪពុក ហេតុអ្វីទើបមិនធ្វើជនទាំងនេះ ឲ្យស្ងាត់ស្ងៀម ហើយឲ្យ ទាន។ មិត្តកុដុម្ពិកៈពោលថា ម្នាលកូនស្រី យើងមិនអាចធ្វើបាន។
សេដ្ឋីធីតាពោលថា ខ្ញុំអាចធ្វើបាន លោកឪពុក។ មិត្តកុដុម្ពិកៈសួរថា តើនាងអាចធ្វើដូចម្ដេច កូនស្រី។
សេដ្ឋីធីតាពោលថា បពិត្រលោកឪពុក សូមលោកឪពុកព័ទ្ធរោងទាន ទុកទ្វារពីរកន្លែង ល្មមប្រមាណបុគ្គលម្នាក់ចូលទៅបាន ហើយ ប្រាប់ថា ពួកអ្នក ចូរចូលតាមទ្វារមួយ ចេញតាមទ្វារមួយ ដោយអាការយ៉ាងនេះ ជនទាំងឡាយក៏ស្ងាត់ស្ងៀម ហើយទទួលយកនូវទាន។
មិត្តកុដុម្ពិកៈស្ដាប់ហើយពោលថា ឧបាយនេះល្អ កូនស្រី ដូច្នេះហើយ ទើបឲ្យធ្វើយ៉ាងនោះ។ សេដ្ឋីធីតានោះ ក្នុងកាលមុនឈ្មោះថា សាមា កាលនាងឲ្យធ្វើរបង ទើបបានឈ្មោះថា សាមាវតី។ តាំងអំពីកាលនោះមក កោលាហលក្នុងរោងទានក៏បាត់ទៅ។ ឃោសកសេដ្ឋីបានឮសំឡេងនោះ ក្នុងកាលមុន ក៏ពេញចិត្តថា នេះជាសំឡេងក្នុងរោង ទានរបស់អញ តែកាលមិនបានឮសំឡេងពីរបីថ្ងៃ ទើបសួរមិត្តកុដុម្ពិកៈដែលមកកាន់កន្លែងខ្លួនថា នែអ្នក ទានដើម្បីមនុស្សកំព្រា និងជនអ្នកធ្វើដំណើរឆ្ងាយជាដើម អ្នកនៅតែឲ្យឬ។
មិត្តកុដុម្ពិកៈឆ្លើយថា បាទលោកម្ចាស់។ ឃោសកសេដ្ឋីសួរថា បើដូច្នោះ ហេតុអ្វី ទើបមិនឮសំឡេងអស់ពីរបីថ្ងៃហើយ។
មិត្តកុដុម្ពិកៈឆ្លើយថា ខ្ញុំធ្វើឧបាយដោយអាការដែលពួកគេមិនមានសំឡេង ហើយទទួល។ ឃោសកសេដ្ឋីសួរថា បើដូច្នោះ ហេតុអ្វី ទើបអ្នកមិនធ្វើក្នុងកាលមុន។
មិត្តកុដុម្ពិកៈឆ្លើយថា ព្រោះខ្ញុំមិនដឹងលោកម្ចាស់។ ឃោសកសេដ្ឋីសួរថា ចុះឥឡូវនេះ អ្នកដឹងបានដូចម្ដេច។
មិត្តកុដុម្ពិកៈឆ្លើយថា កូនស្រីរបស់ខ្ញុំជាអ្នកប្រាប់។ ឃោសកសេដ្ឋីសួរថា កូនស្រីរបស់អ្នកដែលខ្ញុំមិនស្គាល់ មានឬ។ មិត្តកុដុម្ពិកៈនោះ និទានរឿងរបស់ភទ្ទវតិយសេដ្ឋីទាំងអស់ តាំងអំពីកើតអហិវាតករោគ ហើយប្រាប់អំពីភាពដែលខ្លួនតាំងធីតារបស់សេដ្ឋីនោះ ទុកក្នុងតំណែងកូនស្រីច្បងរបស់ខ្លួន។ គ្រានោះ ឃោសកសេដ្ឋីពោលថា កាលបើដូច្នោះ ព្រោះហេតុអ្វី ទើបអ្នកមិនប្រាប់ដល់ខ្ញុំ ធីតារបស់សម្លាញ់ខ្ញុំ ក៏ឈ្មោះថា ជាធីតារបស់ខ្ញុំដែរ ដូច្នេះហើយ ឲ្យហៅនាងសាមាវតីនោះ មក សួរថា នែនាង នាងជាកូនស្រីរបស់សេដ្ឋីឬ។
នាងសាមាវតីឆ្លើយថា ចាស លោកឪពុក។ ឃោសកសេដ្ឋីពោលថា បើដូច្នោះ នាងកុំគិតថ្វីឡើយ នាងជាធីតារបស់ខ្ញុំ ថើបនាងត្រង់ក្បាល ឲ្យស្រី ៥០០ នាក់ដល់នាង ដើម្បីប្រយោជន៍ដល់ភាពជាបរិវារ តាំងនាងទុកក្នុងតំណែងកូនស្រីច្បងរបស់ខ្លួនហើយ។
សម័យថ្ងៃមួយ ក្នុងនគរនោះ មានការប្រកាសនក្ខត្តឫក្សហើយ ក្នុងបុណ្យនក្ខត្តឫក្សនោះ កុលធីតាទាំងឡាយដែលមិនបានចេញទៅខាងក្រៅ ក៏នាំគ្នាដើរទៅកាន់ស្ទឹង ងូតទឹកជាមួយបរិវាររៀងៗខ្លួន។ ព្រោះហេតុនោះ ក្នុងថ្ងៃនោះ នាងសាមាវតី មានស្រីទាំង ៥០០ ចោមរោមហើយ ក៏បានទៅងូតទឹក កាត់តាមលានព្រះរាជវាំងដូចគ្នា។ ចំណែកព្រះបាទឧទេនប្រថាប់ឈរត្រង់សីហបញ្ជរ ទតឃើញនាងសាមាវតីនោះទើបត្រាស់សួរថា ស្រីទាំងនេះ ជាស្រីរបាំរបស់អ្នកណា។
រាជបុរសក្រាបទូលថា បពិត្រព្រះសម្មតិទេព មិនមែនជាស្រីរបាំរបស់អ្នកណាឡើយ។ ព្រះបាទឧទេនត្រាស់សួរថា បើដូច្នោះ នាងជាកូនស្រីរបស់អ្នកណា។
រាជបុរសក្រាបទូលថា បពិត្រព្រះសម្មតិទេព នាងជាកូនស្រីរបស់ ឃោសកសេដ្ឋី ឈ្មោះនាងសាមាវតី។
ព្រះបាទឧទេនទតឃើញ ទ្រង់កើតសេចក្ដីស្នេហា ទើបត្រាស់ឲ្យបញ្ជូនរាជសាសន៍ទៅឲ្យសេដ្ឋីថា សូមលោកសេដ្ឋីបញ្ជូនធីតាមកឲ្យយើង។
សេដ្ឋីក្រាបទូលថា បពិត្រព្រះសម្មតិទេព បញ្ជូនមិនបានទេ។
ព្រះបាទឧទេនត្រាស់ថា សូមលោកសេដ្ឋីកុំធ្វើយ៉ាងនេះឡើយ ចូរបញ្ជូនមកចុះ។
ឃោសកសេដ្ឋីពោលថា បពិត្រព្រះសម្មតិទេព ពួកទូលព្រះបង្គំជាគហបតី ឲ្យមិនបាន ព្រោះភ័យខ្លាចការវាយដំ រុញច្រានកុមារិការបស់ទូលព្រះបង្គំ។ ព្រះរាជាទ្រង់ពិរោធ ទើបត្រាស់ឲ្យវាយត្រាផ្ទះ ចាប់សេដ្ឋីនិងភរិយារបស់សេដ្ឋីទុកខាងក្រៅ នាងសាមាវតីងូតទឹកហើយ ត្រឡប់មក មិនបានឱកាសចូលក្នុងផ្ទះ ទើបសួរថា បពិត្រលោកឪពុក តើមានរឿងអ្វី។
សេដ្ឋីឆ្លើយថា ម្នាលកូនស្រី ព្រះរាជាបញ្ជូនព្រះរាជសាសន៍មក ព្រោះហេតុតែនាង កាលពួកយើងពោលថា មិនឲ្យ ទើបទ្រង់បញ្ជាឲ្យវាយត្រាផ្ទះ ហើយធ្វើពួកយើងទុកខាងក្រៅ។
នាងសាមាវតីពោលថា បពិត្រលោកឪពុក លោកឪពុកធ្វើកម្មធ្ងន់ហើយ ធម្មតាព្រះរាជា កាលបញ្ជូនរាជសាសន៍មកហើយ មិនគួរទូលថា មិនឲ្យ គួរទូលថា បើព្រះអង្គទ្រង់ទទួលធីតារបស់ទូលព្រះបង្គំព្រមទាំងបរិវារ ក៏នឹងថ្វាយ។
សេដ្ឋីពោលថា ប្រពៃហើយ បើនាងពេញចិត្ត ឪពុកនឹងធ្វើយ៉ាងនេះ ដូច្នេះហើយ ទើបបញ្ជូនដំណឹងទៅថ្វាយព្រះរាជាតាមនោះ។ ព្រះរាជាទទួលថា សាធុ ទ្រង់នាំនាងសាមាវតីនោះមក មួយអន្លើដោយបរិវារ ទ្រង់អភិសេក តាំងទុកក្នុងតំណែងអគ្គមហេសីហើយ។ ស្រីដ៏សេស ក៏បានជាបរិវាររបស់នាងដូចដែល។
ព្រះបាទឧទេននោះ មានព្រះទេវីមួយអង្គទៀត ព្រះនាមថា ព្រះនាងវាសុលទត្តា ជាព្រះរាជធីតារបស់ព្រះបាទចណ្ឌប្បជ្ជោត។ សេចក្ដីពិស្ដារថា ក្នុងក្រុងឧជ្ជេនី មានព្រះរាជាទ្រង់ព្រះនាមថា ចណ្ឌប្បជោត។ ថ្ងៃមួយ ទ្រង់មកអំពីព្រះរាជឧទ្យាន ទតមើលសម្បត្តិរបស់ព្រះអង្គហើយត្រាស់ថា សម្បត្តិបែបនេះ បុគ្គលដទៃណាមួយ មានដែរឬ។ កាលអាមាត្យទាំងឡាយក្រាបទូលថា ឈ្មោះថា សម្បត្តិ (របស់ព្រះអង្គ) នឹងមានដូចម្ដេច សម្បត្តិរបស់ព្រះបាទឧទេនក្នុងក្រុងកោសម្ពី ច្រើនពេកណាស់ ទើបត្រាស់ថា បើដូច្នោះ យើងនឹងចាប់សេ្ដចឧទេននោះ។
អាមាត្យទាំងឡាយពោលថា បុគ្គលណាមួយ ក៏មិនអាចចាប់ទ្រង់បានឡើយ។ ព្រះរាជាត្រាស់ថា យើងនឹងធ្វើឧបាយណាមួយ ចាប់ឲ្យបាន។
ពួកអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព មិនអាចទេ។ ព្រះរាជាត្រាស់សួរថា ព្រោះហេតុអ្វី។
អាមាត្យទាំងនោះពោលថា ព្រោះព្រះបាទឧទេននោះ ចេះសិប្បៈឈ្មោះហត្ថិកន្តៈ ទ្រង់រាយមន្តហើយ ដេញពិណហត្ថិកន្ដៈ នឹងឲ្យដំរីគេចទៅក៏បាន នឹងចាប់យកក៏បាន បុគ្គលដែលដល់ព្រមដោយពាហនៈ គឺដំរី ស្មើនឹងទ្រង់ មិនមានឡើយ។ ព្រះរាជាត្រាស់សួរពួកអាមាត្យថា យើងមិនអាចចាប់ស្ដេចអង្គនេះ បានទេឬ។
អាមាត្យទាំងនោះក្រាបទូលថា បពិត្រព្រះសម្មតិទេព បើទ្រង់សម្រេចព្រះហឫទ័យបែបនេះ ដោយចំណែកមួយហើយ បើដូច្នោះ សូមទ្រង់បញ្ជាឲ្យជាងធ្វើដំរីឈើ ហើយបញ្ជូនទៅកាន់លំនៅរបស់ព្រះបាទឧទេននោះ។ ព្រះបាទឧទេននោះ កាលទ្រង់បានឮដំណឹងអំពីពាហនៈដំរី ឬពាហនៈសេះហើយ នឹងយាងទៅ សូម្បីនៅក្នុងទីឆ្ងាយ យើងនឹងអាចចាប់ទ្រង់ ដែលយាងមកក្នុងទីនោះបាន។
ព្រះរាជាត្រាស់ថា ឧបាយនេះ ប្រើការបាន ដូច្នេះហើយ ទើបប្រាប់ឲ្យជាងឈើធ្វើដំរីយន្ត សម្រេចដោយឈើ យកសំពត់ចាស់ស្រោបខាងក្រៅ ធ្វើឲ្យស្អាត ឲ្យលែងទៅត្រង់មាត់ស្រះមួយកន្លែង ក្នុងទីជិតដែនរបស់ព្រះបាទឧទេននោះ។ បុរស ៦០ នាក់ ដើរទៅមកក្នុងពោះដំរី បុរសទាំងនោះ នាំមូលដំរីមកបោះក្នុងទីនោះ ៗ។ ព្រានព្រៃម្នាក់ឃើញដំរីហើយ គិតថា ដំរីនេះ គួរដល់ស្ដេចផែនដីរបស់យើង ដូច្នេះហើយ ទើបទៅក្រាបទូលព្រះបាទឧទេនថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំបានឃើញដំរីដ៏ប្រសើរ មានពណ៌សសុទ្ធ មានចំណែកប្រៀបដោយកំពូលភ្នំកៃលាស គួរដល់ព្រះអង្គប៉ុណ្ណោះ។ ព្រះបាទឧទេនឲ្យនាយព្រាននោះឯង នាំផ្លូវ ទ្រង់ឡើងលើដំរីព្រមទាំងបរិវារ ចេញទៅហើយ។ ពួកចារបុរសដឹងការយាងមករបស់ទ្រង់ ទើបទៅក្រាបទូលដល់ព្រះបាទចណ្ឌប្បជ្ជោត។ ព្រះបាទចណ្ឌប្បជ្ជោតនោះ យាងមកហើយ បង្កប់ពលនិកាយទុកសងខាងផ្លូវ បើកផ្លូវទុកត្រង់កណ្ដាល។ ព្រះបាទឧទេនមិនបានជ្រាបដល់ការយាងមករបស់ព្រះបាទចណ្ឌប្បជ្ជោត ទើបដេញតាមដំរីទៅ។ ពួកមនុស្សដែលនៅខាងក្នុង ប្រញាប់បញ្ជាដំរីឈើគេចទៅដោយរហ័ស កាលព្រះរាជាទ្រង់រាយមន្ដ ដេញពិណ ដំរីឈើធ្វើហាក់ដូចជាមិនបានឮសំឡេងខ្សែពិណ គេចទៅតែម្យ៉ាង។ ព្រះរាជាមិនអាចដេញទាន់ដំរី ទើបទ្រង់ផែលឡើងជិះសេះ ដេញតាមទៅ។ កាលទ្រង់ប្រញាប់តាមទៅដោយរហ័ស ពលនិកាយក៏នៅខាងក្រោយ ព្រះរាជាទ្រង់ដាច់ឆ្ងាយអំពីពលនិកាយមួយអង្គឯងប៉ុណ្ណោះ។ លំដាប់នោះ ពួកបុរសរបស់ព្រះបាទចណ្ឌប្បជ្ជោត ដែលបង្កប់ខ្លួនសងខាងផ្លូវ ក៏ចាប់ព្រះបាទឧទេនថ្វាយស្ដេចផែនដីរបស់ខ្លួន។ លុះពលនិកាយរបស់ទ្រង់បានដឹងថា ព្រះរាជារបស់ខ្លួនធ្លាក់ក្នុងអំណាចរបស់សត្រូវហើយ ក៏បោះបន្ទាយរង់ចាំនៅខាងក្រៅនគរ។
ចំណែកព្រះបាទចណ្ឌប្បជ្ជោត ទ្រង់បញ្ជាឲ្យចាប់ព្រះបាទឧទេនបានទាំងរស់ហើយ ឃុំទុកក្នុងគុកសម្រាប់ដាក់ចោរមួយកន្លែង ឲ្យបិទទ្វារ ទ្រង់សោយទឹកជ័យបានអស់បីថ្ងៃ។ ក្នុងថ្ងៃទី៣ ព្រះបាទឧទេនសួរអ្នកយាមថា នែបា ព្រះរាជារបស់ពួកអ្នក នៅឯណា។
ពួកអ្នកយាមទូលថា ព្រះរាជាទ្រង់សោយទឹកជ័យបាន ( ទ្រង់ត្រេកអរថា) យើងចាប់បច្ចាមិត្តបានហើយ។
ព្រះបាទឧទេនត្រាស់ថា ព្រះរាជារបស់ពួកអ្នក មានកិរិយាដូចមនុស្សស្រី កាលចាប់ព្រះរាជាដែលជាសត្រូវបានហើយ បើមិនដោះលែង ក៏គួរតែសម្លាប់ មិនមែនឬ តែនេះបែរជាយកយើងមកឲ្យរងទុក្ខ ហើយទៅអង្គុយផឹកទឹកជ័យបាន។ អ្នកយាមទាំងនោះ ក៏នាំគ្នាក្រាបទូលសេចក្ដីនោះ ដល់ព្រះរាជា។
ព្រះបាទចណ្ឌប្បជ្ជោតយាងទៅ ត្រាស់សួរថា បានឮថា ទ្រង់ពោលយ៉ាងនេះមែនឬ ។ ព្រះបាទឧទេនពោលថា មែនហើយ មហារាជ។
ព្រះបាទចណ្ឌប្បជ្ជោតពោលថា សាធុ ខ្ញុំនឹងដោះលែងទ្រង់ តែបានឮថា ទ្រង់មានមន្ដបែបនេះ ដូច្នេះ សូមទ្រង់ឲ្យមន្ដនោះដល់ខ្ញុំ។ ព្រះបាទឧទេនពោលថា ប្រពៃហើយ ខ្ញុំនឹងថ្វាយ តែក្នុងពេលរៀន ត្រូវថ្វាយបង្គំខ្ញុំ ហើយរៀនមន្ដនោះ តើទ្រង់ថ្វាយបង្គំខ្ញុំដែរឬទេ។
ព្រះបាទចណ្ឌប្បជ្ជោតពោលថា ខ្ញុំថ្វាយបង្គំទ្រង់ឬ ខ្ញុំមិនថ្វាយបង្គំទេ។ ព្រះបាទឧទេនពោលថា បើទ្រង់មិនថ្វាយបង្គំ ខ្ញុំមិនឲ្យទេ។
ព្រះបាទចណ្ឌប្បជ្ជោតពោលថា ខ្ញុំមិនថ្វាយបង្គំឡើយ។ ព្រះបាទឧទេនពោលថា បើដូច្នោះ ខ្ញុំមិនឲ្យ។
ព្រះបាទចណ្ឌប្បជ្ជោតពោលថា បើដូច្នោះ ខ្ញុំនឹងដាក់រាជអាជ្ញាដល់ទ្រង់។ ព្រះបាទឧទេនពោលថា សូមធ្វើចុះ ទ្រង់ជាឥស្សរៈលើរាងកាយរបស់ខ្ញុំ តែមិនជាឥស្សរៈលើចិត្តខ្ញុំឡើយ។
ព្រះរាជា ទ្រង់ស្ដាប់ពាក្យដ៏អង់អាចរបស់ព្រះបាទឧទេនហើយ ទ្រង់ព្រះតម្រិះថា អញនឹងរៀនមន្តរបស់ស្ដេចឧទេននេះ បានដូចម្ដេចហ្ន៎ ទ្រង់គិតឃើញថា អញមិនអាចឲ្យអ្នកដទៃចេះមន្តនេះទេ អញនឹងឲ្យធីតារបស់អញរៀនក្នុងសម្នាក់ព្រះបាទឧទេននេះ ហើយសឹមរៀនបន្ដក្នុងសម្នាក់របស់នាង។ លំដាប់នោះ ព្រះបាទចណ្ឌប្បជ្ជោតត្រាស់សួរព្រះបាទឧទេនថា តើទ្រង់ឲ្យដល់បុគ្គលដទៃ ដែលថ្វាយបង្គំហើយរៀនដែរឬទេ។
ព្រះបាទឧទេនត្រាស់ថា បើដូច្នោះ បាន មហារាជ។ ព្រះបាទចណ្ឌប្បជ្ជោតពោលថា បើដូច្នោះ ក្នុងវាំងរបស់ខ្ញុំមានស្រីគមម្នាក់ ទ្រង់ឈរខាងក្រៅវាំងនន ចូរប្រាប់មន្ដដល់ស្រីនោះ ដែលថ្វាយបង្គំហើយអង្គុយខាងក្នុងវាំងននចុះ។
ព្រះបាទឧទេនពោលថា ប្រពៃហើយ មហារាជ ទោះនាងជាស្រីគមក្ដី ខ្វិនក្ដី កាលនាងថ្វាយបង្គំ ខ្ញុំនឹងឲ្យ។ លំដាប់នោះ ព្រះរាជាក៏យាងទៅត្រាស់ប្រាប់ព្រះនាងវាសុលទត្តាជាព្រះរាជធីតាថា នែកូនស្រី បុរសកើតរោគឃ្លង់ល្ពៅម្នាក់ ចេះមន្ដមានតម្លៃកាត់ថ្លៃមិនបាន បិតាមិនអាចឲ្យអ្នកដទៃចេះមន្ដនោះបានទេ ចូរនាងអង្គុយខាងក្នុងវាំងនន ថ្វាយបង្គំបុរសនោះ ហើយរៀនមន្ដអំពីបុរសនោះ បុរសនោះឈរខាងក្រៅវាំងនននឹងប្រាប់ដល់នាង បិតានឹងរៀនអំពីសម្នាក់របស់នាង។
ព្រះបាទចណ្ឌប្បជ្ជោតនោះ ត្រាស់ធ្វើព្រះរាជធីតាឲ្យជាស្រីគម ធ្វើព្រះបាទឧទេនឲ្យជាបុរសឃ្លង់ល្ពៅយ៉ាងនេះ ព្រោះទ្រង់ខ្លាចជនទាំងពីរនោះប្រព្រឹត្តខុស។ ព្រះបាទឧទេននោះ ប្រថាប់ឈរខាងក្រៅវាំងនន ហើយបានប្រាប់មន្ដដល់ព្រះនាង ដែលថ្វាយបង្គំហើយ អង្គុយខាងក្នុងវាំងនន។
សម័យតមក សូម្បីទ្រង់ត្រាស់ប្រាប់រឿយៗ ក៏ព្រះនាងមិនអាចពោលបទនៃមន្ដបាន ទើបព្រះបាទឧទេនត្រាស់ថា វ៉ឺយស្រីគមចង្រៃ បបូរមាត់របស់នាងក្រាស់ម្ល៉េះ នាងចូរថាយ៉ាងនេះ។ ព្រះនាងពិរោធ ទើបពោលថា វ៉ឺយអាឃ្លង់ ឯងនិយាយអ្វី មនុស្សដូចអញនេះឬ ជាស្រីគម ហើយព្រះនាងបើកជាយវាំងននឡើង។
កាលព្រះបាទឧទេនសួរថា នាងជានរណា ទើបប្រាប់ថា យើងឈ្មោះវាសុលទត្តា ជាធីតារបស់ព្រះរាជា។ ព្រះបាទឧទេនពោលថា បិតារបស់នាងប្រាប់យើងថា នាងជាស្រីគម។
នាងវាសុលទត្តាពោលថា កាលត្រាស់ប្រាប់ដល់ខ្ញុំ ព្រះបិតាក៏ពោលថា អ្នកជាមនុស្សឃ្លង់។ ជនទាំងពីរនោះត្រិះរិះថា ពាក្យនោះ ព្រះរាជាត្រាស់ដោយខ្លាចក្រែងយើងធ្វើសន្ថវៈ ជនទាំងពីរ ក៏សេពសន្ថវៈក្នុងវាំងនននោះឯង។
ចាប់តាំងអំពីនោះ ទើបការរៀនមន្ត ឬការរៀនសិល្ប៍វិជ្ជា មិនមាន។ ព្រះរាជាទ្រង់សួរព្រះរាជធីតាជានិច្ចថា នាងរៀនសិល្ប៍វិជ្ជាឬ។ ព្រះនាងក្រាបទូលថា បពិត្រព្រះបិតា ខ្ញុំម្ចាស់នៅរៀន។
បន្ទាប់មក ថ្ងៃមួយ ព្រះបាទឧទេនត្រាស់នឹងព្រះនាងថា នែនាងដ៏ចម្រើន ឈ្មោះថា កិច្ចដែលស្វាមីគប្បីធ្វើបាន តែមាតាបិតា បងប្អូនប្រុសនិងបងប្អូនស្រី មិនអាចធ្វើបានឡើយ បើនាងឲ្យជីវិតដល់យើង យើងនឹងឲ្យស្រី ៥០០ ជាបរិវារ ហើយឲ្យតំណែងអគ្គមហេសីដល់នាង។ ព្រះនាងពោលថា បើទ្រង់អាចតាំងនៅក្នុងព្រះតម្រាស់នេះ ខ្ញុំម្ចាស់នឹងថ្វាយជីវិតដល់ទ្រង់។
ព្រះបាទឧទេនត្រាស់ថា ម្នាលនាងដ៏ចម្រើន យើងអាច។ ព្រះនាងទទួលព្រះតម្រាស់ថា ប្រពៃហើយព្រះស្វាមី ហើយយាងទៅកាន់សម្នាក់ព្រះបិតា ថ្វាយបង្គំហើយ បានឈរក្នុងចំណែកម្ខាង។
លំដាប់នោះ ព្រះរាជាត្រាស់សួរថា ម្នាលបុត្រី សិប្បៈសម្រេចហើយឬ។ ព្រះនាងវាសុលទត្តាក្រាបទូលថា បពិត្រព្រះបិតា សិប្បៈមិនទាន់សម្រេចទេ។
លំដាប់នោះ ព្រះបាទចណ្ឌប្បជ្ជោតត្រាស់សួរព្រះនាងថា នែបុត្រី ព្រោះហេតុអ្វី ទើបមិនសម្រេច។ ព្រះនាងក្រាបទូលថា បពិត្រព្រះបិតា ខ្ញុំម្ចាស់គួរបានទ្វារមួយ និងពាហនៈមួយ។
ព្រះបាទចណ្ឌប្បជ្ជោតសួរថា នែកូន ហេតុអ្វី ក៏ដូច្នេះទៅវិញ។ ព្រះនាងវាសុលទត្តាក្រាបទូលថា បពិត្រព្រះបិតា បានឮថា មានឱសថមួយប្រភេទត្រូវយកក្នុងពេលយប់ ដោយសញ្ញាផ្កាយ ដើម្បីប្រយោជន៍ជាឧបចារៈនៃមន្ដ ព្រោះហេតុនោះ ក្នុងកាលដែលខ្ញុំម្ចាស់ចេញទៅ ក្នុងកាល ឬមិនមែនកាល ទើបគួរបានទ្វារមួយ និងពាហនៈមួយ។
ព្រះរាជាទ្រង់ទទួលថា សាធុ។
ព្រះបាទឧទេននិងព្រះនាងវាសុលទត្តានោះ បានទ្វារមួយដែលខ្លួនពេញចិត្តក្នុងកណ្ដាប់ដៃហើយ។ ព្រះរាជាមានពាហនៈ ៥ គឺដំរីញីឈ្មោះភទ្ទវតី ដើរមួយថ្ងៃបានចម្ងាយ ៥០យោជន៍ ទាសៈឈ្មោះកាកៈដើរមួយថ្ងៃបាន ៦០ យោជន៍ សេះពីរ គឺសេះឈ្មោះចេលកដ្ឋិ និងសេះឈ្មោះមុញ្ចកេសី ទៅមួយថ្ងៃបាន ១០០ យោជន៍ និងដំរីនាឡាគិរី ទៅមួយថ្ងៃបាន ១២០ យោជន៍ ។
បានឮមកថា ព្រះរាជាអង្គនោះ ក្នុងកាលព្រះពុទ្ធមិនទាន់កើតឡើង ជាអ្នកបម្រើរបស់ឥស្សរជនម្នាក់។ ក្នុងសម័យថ្ងៃមួយ កាលឥស្សរជននោះ ទៅក្រៅនគរ ងូតទឹកហើយមក ព្រះបច្ចេកពុទ្ធមួយអង្គ ចូលកាន់នគរដើម្បីបិណ្ឌបាត មិនបានភិក្ខាសូម្បីមួយវែក ព្រោះអ្នកក្រុងទាំងមូលត្រូវមារបណ្ដាលចិត្ត មានបាត្រដែលលាងហើយ គឺបាតទទេនិមន្តចេញទៅ។ លំដាប់នោះ មារចូលទៅរកព្រះបច្ចេកពុទ្ធនោះ ដោយភេទដែលមិនមានអ្នកណាស្គាល់ ហើយសួរក្នុងខណៈដែលលោកនិមន្ដដល់ទ្វារនគរថា បពិត្រលោកម្ចាស់ លោកម្ចាស់បានអ្វីខ្លះឬ។
ព្រះបច្ចេកពុទ្ធសួរថា អ្នកជាបុគ្គលធ្វើឲ្យអាត្មាមិនបានអ្វីសោះឬ។ មារពោលថា បើដូច្នោះ សូមលោកម្ចាស់ត្រឡប់ទៅវិញ ឥឡូវនេះ ខ្ញុំនឹងមិនធ្វើ (ដូចមុនទៀត)។
ព្រះបច្ចេកពុទ្ធពោលថា អាត្មាមិនត្រឡប់ឡើយ បើព្រះបច្ចេកពុទ្ធគប្បីត្រឡប់សោត មារនោះ គប្បីចូលសណ្ឌិតក្នុងសរីរៈរបស់អ្នកនគរទាំងមូល ហើយទះដៃ ធ្វើការសើចចំអកទៀត កាលព្រះបច្ចេកពុទ្ធមិនត្រឡប់ មារក៏អន្ដរធានទៅ ក្នុងទីនោះឯង។ ខណៈនោះ ឥស្សរជននោះ ឃើញព្រះបច្ចេកពុទ្ធនិមន្ដមកដោយបាត្រដែលលាងហើយ ទើបថ្វាយបង្គំ ហើយសួរថា បពិត្រលោកម្ចាស់ លោកម្ចាស់បានអ្វីខ្លះឬ។
ព្រះបច្ចេកពុទ្ធត្រាស់ថា អ្នកមានអាយុ អាត្មាចូលទៅ ចេញមកវិញហើយ។ បុរសនោះ គិតថា លោកម្ចាស់មិនឆ្លើយពាក្យដែលអញសួរ បែរជាពោលពាក្យដទៃ គង់មិនបានអ្វីឡើយ។ ក្នុងរំពេចនោះ គាត់ក្រឡេកមើលបាត្ររបស់លោក ឃើញបាត្រទទេ ក៏ជាអ្នកក្លៀវក្លា តែមិនអាចទទួលបាត្រ ព្រោះមិនដឹងថា ភត្តក្នុងផ្ទះរបស់ខ្លួនសម្រេចហើយ ឬមិនទាន់សម្រេច ទើបពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់បង្អង់បន្ដិចសិន ដូច្នេះហើយ ក៏ទៅកាន់ផ្ទះដោយរហ័ស សួរថា ភត្តសម្រាប់ខ្ញុំ សម្រេចហើយឬ។
អ្នកបម្រើឆ្លើយថា ស្រេចហើយ។ បុរសនោះពោលថា នែបា អ្នកដទៃដែលសម្បូរដោយសន្ទុះជើងរហ័សជាងអ្នក មិនមាន អ្នកចូរទៅ កាលចួបលោកម្ចាស់អង្គនោះហើយ គប្បីពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ឲ្យបាត្រមកចុះ ហើយទទួលបាត្រមកដោយរហ័ស។ បុរសនោះ រត់ទៅដោយពាក្យប្រើត្រឹមតែមួយម៉ាត់ប៉ុណ្ណោះ ទទួលបាត្រ នាំមកហើយ ឥស្សរជននោះ ធ្វើបាត្រឲ្យពេញដោយភោជនរបស់ខ្លួន ហើយពោលថា ឯងចូរប្រញាប់ទៅ ប្រគេនបាត្រនេះ ដល់លោកម្ចាស់ ខ្ញុំនឹងឲ្យចំណែកបុណ្យដែលសម្រេចអំពីទាននេះដល់ឯង។ បុរសនោះ ទទួលបាត្រ ហើយរត់ទៅដោយកម្លាំងជើងដ៏រហ័ស ប្រគេនបាត្រដល់ព្រះបច្ចេកពុទ្ធ ថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន ហើយពោលថា បពិត្រ លោកម្ចាស់ កាលជិតហួសហើយ ខ្ញុំទៅនិងមកដោយសន្ទុះជើងដ៏រហ័សក្រៃលែង ដោយផលនៃសន្ទុះរបស់ខ្ញុំនេះ សូមពាហនៈទាំងឡាយ៥ ដែលអាចទៅបាន មួយថ្ងៃ៥០យោជន៍ ៦០យោជន៍ ១០០យោជន៍ ១២០យោជន៍ កើតឡើងដល់ខ្ញុំ ម្យ៉ាងទៀត សរីរៈរបស់ខ្ញុំមកនិងទៅ ត្រូវកម្ដៅព្រះអាទិត្យដុតរោលហើយ ដោយផលនៃរាងកាយត្រូវកម្ដៅព្រះអាទិត្យនោះ សូមអាជ្ញារបស់ខ្ញុំផ្សាយទៅដូចពន្លឺនៃព្រះអាទិត្យ ក្នុងទីដែលខ្ញុំកើតហើយៗ រីឯចំណែកបុណ្យក្នុងបិណ្ឌបាតនេះ ដែលចៅហ្វាយឲ្យហើយដល់ខ្ញុំ ដោយអានិសង្សនៃបុណ្យនោះ សូមឲ្យខ្ញុំជាអ្នកមានចំណែកនៃធម៌ដែលលោកម្ចាស់ឃើញហើយ។
ព្រះបច្ចេកពុទ្ធត្រាស់ថា ឯវំ ហោតុ សេចក្ដីប្រាថ្នាដែលអ្នកតម្កល់ទុកនេះ ចូរសម្រេចចុះ ហើយបានធ្វើអនុមោទនាថា
ឥច្ឆិតំ បត្ថិតំ តុយ្ហំ ខិប្បមេវ សមិជ្ឈតុ
សព្វេ បូរេន្តុ សង្កប្បា ចន្ទោ បន្នរសោ យថា។
សូមឥដ្ឋផល គឺផលជាទីគាប់ចិត្ត ដែលអ្នកប្រាថ្នាហើយតាំងចិត្តហើយ ចូរសម្រេចដល់អ្នក ឲ្យបានឆាប់រួសរាន់ទាន់ចិត្ត សូមតម្រិះត្រូវទាំងពួងចូរពេញដល់អ្នក ដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត។
ឥច្ឆិតំ បត្ថិតំ តុយ្ហំ ខិប្បមេវ សមិជ្ឈតុ
សព្វេ បូរេន្តុ សង្កប្បា មណិជោតិរសោ យថា។
សូមឥដ្ឋផល គឺផលជាទីគាប់ចិត្ត ដែលអ្នកប្រាថ្នាហើយ តាំងចិត្តហើយ ចូរសម្រេចដល់អ្នក ឲ្យបានឆាប់រួសរាន់ទាន់ចិត្ត សូមតម្រិះត្រូវទាំងពួង ចូរពេញដល់អ្នក ដូចកែវមណី មានរស្មីដ៏រុងរឿង ជាកែវវិសេស អាចញ៉ាំងសេចក្ដីប្រាថ្នាទាំងពួង ឲ្យសម្រេចបាន។
បានឮថា គាថាពីរនេះឯង ឈ្មោះថា គាថាអនុមោទនារបស់ព្រះបច្ចេកពុទ្ធទាំងឡាយ។ រតនៈ គឺកែវមណីដែលឲ្យបំណងប្រាថ្នាទាំងពួង សម្រេច ហៅថា មណិជោតិរស ក្នុងគាថានេះ។ នេះជាបុព្វចរិយារបស់អ្នកបម្រើនោះ។ អ្នកបម្រើនោះ បានមកជាព្រះបាទ ចណ្ឌប្បជ្ជោតក្នុងកាលឥឡូវនេះ និងដោយផលដែលហូរចេញអំពីកម្មនោះ ទើបពាហនៈទាំង ៥ នេះ កើតឡើង។
ថ្ងៃមួយ ព្រះរាជាយាងចេញដើម្បីក្រសាលក្នុងព្រះរាជឧទ្យាន។ ព្រះបាទឧទេនទ្រង់ព្រះតម្រិះថា អញគួរគេចទៅក្នុងថ្ងៃនេះ ទើបទ្រង់ដាក់ថង់ស្បែកធំៗ ឲ្យពេញដោយមាសប្រាក់លើខ្នងដំរីញី ហើយនាំព្រះនាងវាសុលទត្តា ភៀសខ្លួនទៅ។ ទាហានរក្សាវាំងទាំងឡាយឃើញព្រះបាទឧទេនកំពុងគេចទៅ ទើបក្រាបទូលដល់ព្រះរាជា។ ព្រះរាជាទ្រង់បញ្ជូនពលទៅ ដោយព្រះតម្រាស់ថា ចូរដេញតាមឲ្យរហ័ស។ ព្រះបាទឧទេនទ្រង់ជ្រាបថា ពលនិកាយដេញតាម ទើបទ្រង់ស្រាយថង់កហាបណៈ ធ្វើកហាបណៈឲ្យធ្លាក់ចុះ។ ពួកមនុស្សរើសកហាបណៈហើយដេញតាមទៀត។ ព្រះបាទឧទេនទ្រង់ស្រាយថង់មាស ហើយធ្វើឲ្យធ្លាក់ចុះ ពួកមនុស្សទាំងនោះ រវល់តែយឺតយូរព្រោះចង់បានមាស ទ្រង់ក៏យាងដល់បន្ទាយរបស់ព្រះអង្គ ដែលតាំងនៅខាងក្រៅនគរ។ ខណៈនោះ ពលនិកាយគ្រាន់តែឃើញទ្រង់យាងមក ក៏ចោមរោមដង្ហែចូលកាន់ព្រះនគរ។ ព្រះរាជា កាលយាងទៅដល់ហើយ ក៏អភិសេកព្រះនាងវាសុលទត្តាតាំងទុកក្នុងតំណែងអគ្គមហេសី។
ស្រីម្នាក់ទៀត ឈ្មោះមាគណ្ឌិយា ក៏បានតំណែងជាអគ្គមហេសីរបស់ព្រះរាជាដែរ។ បានឮថា នាងជាកូនស្រីរបស់ព្រាហ្មណ៍ឈ្មោះមាគណ្ឌិយៈ ក្នុងដែនកុរុ។ មាតារបស់នាង ក៏ឈ្មោះមាគណ្ឌិយាដូចគ្នា។ សូម្បីឪពុកមារបស់នាង ក៏ឈ្មោះមាគណ្ឌិយៈដែរ។ នាងជាស្រីមានរូបស្អាតប្រៀបដូចទេពអប្សរ។ ឪពុករបស់នាង កាលមិនបានប្ដីដែលសមគួរដល់នាង សូម្បីត្រូវត្រកូលធំៗ អង្វរ ក៏និយាយទ្រគោះបោះបោកថា ពួកអ្នកមិនសមនឹងកូនស្រីរបស់ខ្ញុំ ហើយដេញចេញទៅ។ សម័យថ្ងៃមួយ ព្រះសាស្ដាទ្រង់ប្រមើលមើលសត្វលោកក្នុងពេលទៀបភ្លឺ ទ្រង់ឃើញឧបនិស្ស័យនៃអនាគាមិផល របស់មាគណ្ឌិយព្រាហ្មណ៍ មួយអន្លើដោយបជាបតី គឺប្រពន្ធរបស់គាត់ ទ្រង់កាន់បាត្រនិងចីវរ ហើយបានយាងទៅកាន់ទីបម្រើភ្លើងរបស់ព្រាហ្មណ៍នោះ ខាងក្រៅនិគម។ ព្រាហ្មណ៍នោះ ក្រឡេកឃើញអត្តភាពដែលលម្អដោយសិរី នៃព្រះរូបរបស់ព្រះតថាគតហើយ ក៏គិតថា បុរសដទៃ ស្មើបុរសនេះ រមែងមិនមានក្នុងលោកនេះ បុរសនេះ សមគួរដល់ធីតារបស់អញ អញនឹងឲ្យធីតារបស់អញដល់បុរសនេះ ដើម្បីប្រយោជន៍ឲ្យបុរសនេះចិញ្ចឹម ដូច្នេះហើយ ទើបពោលថា បពិត្រសមណៈ ខ្ញុំមានកូនស្រីម្នាក់ ខ្ញុំមិនទាន់ឃើញបុរសដែលសមនឹងនាង អស់កាលមានប្រមាណប៉ុណ្ណេះ លោកជាបុគ្គលសមនឹងនាង ហើយនាងក៏ជាបុគ្គលសមនឹងលោកពិត លោកគួរបាននាងទុកជាបាទបរិចារិកា នាងក៏គួរបានលោកទុកជាភស្ដា ខ្ញុំនឹងឲ្យនាងដល់លោក ចូរលោកឈរក្នុងទីនេះឯង ទម្រាំខ្ញុំទៅហើយត្រឡប់មក។
ព្រះសាស្ដាទ្រង់មិនត្រាស់ពាក្យណាមួយ ទ្រង់ព្រះតុណ្ហីភាព។ ព្រាហ្មណ៍ទៅកាន់ផ្ទះដោយរហ័ស ពោលនឹងព្រាហ្មណីថា នែនាងដ៏ចម្រើន ខ្ញុំឃើញបុរសដែលសមនឹងកូនស្រីរបស់យើងហើយ ចូរនាងតាក់តែងខ្លួនកូនឲ្យរហ័ស ឲ្យតែងខ្លួនធីតាហើយ នាំទៅមួយអន្លើដោយព្រាហ្មណី បានទៅកាន់សម្នាក់របស់ព្រះសាសា្ដ។ ពួកអ្នកនគរភ្ញាក់ផ្អើលថា ព្រាហ្មណ៍នេះ មិនឲ្យកូនស្រីដល់បុគ្គលណាមួយ ដោយអាងថា មិនមានបុរសដែលសមនឹងកូនស្រីរបស់ខ្លួន អស់កាលមានប្រមាណប៉ុណ្ណេះ។ បានឮថា ថ្ងៃនេះ គាត់ឃើញបុរសសមនឹងកូនស្រីរបស់គាត់ហើយ បុរសនោះ ជាអ្នកណាហ្ន៎ ពួកយើងនឹងទៅមើលបុរសនោះ ទើបមហាជនចេញទៅជាមួយព្រាហ្មណ៍នោះឯង។
កាលព្រាហ្មណ៍នាំធីតាមក ព្រះសាស្ដាមិនបានប្រថាប់ឈរក្នុងទីដែលព្រាហ្មណ៍នោះពោលទុក ទ្រង់បង្ហាញចេតិយ គឺស្នាមព្រះបាទទុកក្នុងទីនោះហើយ យាងទៅប្រថាប់ឈរក្នុងទីដទៃ។ មែនពិត ចេតិយគឺស្នាមព្រះបាទរបស់ព្រះពុទ្ធទាំងឡាយ រមែងប្រាកដក្នុងទីដែលទ្រង់អធិដ្ឋានហើយជាន់ទុកប៉ុណ្ណោះ រមែងមិនប្រាកដក្នុងទីដទៃ ម្យ៉ាងទៀត ចេតិយ គឺស្នាមព្រះបាទជាវត្ថុដែលទ្រង់អធិដ្ឋានទុក ដើម្បីបំណងដល់បុគ្គលណា បុគ្គលពួកនោះប៉ុណ្ណោះ រមែងឃើញចេតិយគឺស្នាមព្រះបាទនោះ។ ឯសត្វទាំងឡាយ មានដំរីជាដើម ដើរជាន់ក្ដី មហាមេឃគឺភ្លៀងធំបង្អុរចុះមកក្ដី ខ្យល់កំបុតត្បូងបក់បោកក្ដី ដើម្បីមិនឲ្យបុគ្គលទាំងនោះឃើញ បុគ្គលណាមួយក៏មិនអាចលុបចេតិយ គឺស្នាមព្រះបាទនោះបានឡើយ។ លំដាប់នោះ ព្រាហ្មណីសួរព្រាហ្មណ៍នោះថា បុរសនោះ នៅឯណា។
ព្រាហ្មណ៍គិតថា ខ្ញុំនិយាយនឹងគាត់ថា លោកចូរឈរក្នុងទីនេះគាត់ទៅក្នុងទីណាហ្ន៎ ក្រឡេកមើល ក៏ឃើញចេតិយ គឺស្នាមព្រះបាទទើបពោលថា នេះជាស្នាមជើងរបស់បុរសនោះ។ ព្រាហ្មណីសូធ្យលក្ខណមន្ត ហើយពិនិត្យមើលលក្ខណៈនៃស្នាមព្រះបាទ ព្រោះភាពជាអ្នកជំនាញក្នុងវេទទាំង ៣ ព្រមទាំងមន្តសម្រាប់ទាយលក្ខណៈ ពោលថា បពិត្រព្រាហ្មណ៍ នេះមិនមែនស្នាមជើងអ្នកសេពកាមគុណ ៥ ទេ ហើយពោលគាថាថា
រត្តស្ស ហិ ឧក្កុដិកំ [ឧក្កុដិកសព្ទនេះ បើបាតជើង ក៏គួរប្រែថា ផត ឬខូងត្រង់កណ្ដាល ធម្មតាបុគ្គលដែលមានបាតជើងផតឬខូង បើជាន់ដីទន់ ស្នាមជើង រមែងកំពុងឡើង បើជាន់ដីរឹង ក៏បាត់ទៅត្រង់កណ្ដាល ទើបក្នុងទីនេះ យើងប្រែថា មានស្នាមជើងកំពុងឡើង។ បណ្ឌិតគប្បីកាន់យកតាមការគួរ។] បទំ ភវេ
ទុដ្ឋស្ស ហោតិ សហសានុបីឡិតំ
មូឡ្ហស្ស ហោតិ អវកឌ្ឍិតំ បទំ
វិវដ្ដច្ឆទស្ស ឥទមីទិសំ បទំ។
បុគ្គលជារាគចរិត មានស្នាមជើងកំពុងកណ្ដាល បុគ្គលជាទោសចរិត មានស្នាមជើងធ្ងន់មុខ ចុចចុងម្រាម បុគ្គលជាមោហចរិត មានស្នាមជើងធ្ងន់កែង បុគ្គលដែលមានកិលេសជាគ្រឿងប្រក់បើកហើយ មានស្នាមជើងប្រាកដយ៉ាងនេះ។
លំដាប់នោះ ព្រាហ្មណ៍ពោលថា នែនាងដ៏ចម្រើន នាងជាអ្នកមានប្រក្រតីឃើញមន្តដូចឃើញក្រពើក្នុងពាងទឹក ដូចឃើញចោរនៅក្នុងកណ្ដាលផ្ទះ ចូរស្ងៀមចុះ។
នាងព្រាហ្មណីពោលថា បពិត្រព្រាហ្មណ៍ លោកចង់ពោលពាក្យណា សូមពោលពាក្យនោះចុះ តែថាស្នាមជើងបែបនេះ មិនមែនស្នាមជើងរបស់អ្នកសេពកាមគុណ ៥ ទេ។
ព្រាហ្មណ៍ក្រឡេកមើលឆ្វេងស្ដាំ ឃើញព្រះសាស្ដាហើយពោលថា នេះ គឺបុរសនោះ ទើបចូលទៅពោលថា សមណៈ ខ្ញុំនឹងឲ្យធីតាដល់លោក ដើម្បីឲ្យលោកចិញ្ចឹម។
ព្រះសាស្ដាមិនត្រាស់ថា តថាគតត្រូវការធីតារបស់អ្នក ឬមិនត្រូវការ តែត្រាស់ថា ម្នាលព្រាហ្មណ៍ តថាគតពោលហេតុមួយដល់អ្នក។
ព្រាហ្មណ៍ពោលថា ព្រះសមណៈ សូមពោលមកចុះ។
ព្រះសាស្ដាត្រាស់ប្រាប់ការដែលព្រះអង្គត្រូវមារជាប់តាម តាំងអំពីចេញបួសរហូតដល់គល់អជបាលនិគ្រោធ និងការដែលមារធីតាទាំងឡាយមកប្រលោម ដើម្បីរម្ងាប់សេចក្ដីសោករបស់មារនោះ ដែលសោកសៅថា ឥឡូវនេះ ព្រះសមណគោតមនេះ កន្លងបង់នូវវិស័យរបស់អញហើយ។ មារធីតានោះ និម្មិតភេទជាកុមារិកាជាដើម ត្រង់គល់អជបាលនិគ្រោធហើយ សូម្បីក្នុងកាលនោះ ឆន្ទរាគៈក៏មិនមានដល់តថាគតដែរ ដូច្នេះហើយ ទើបត្រាស់ព្រះគាថានេះថា
ទិស្វាន តណ្ហំ អរតិញ្ច រាគំ
នាហោសិ ឆន្ទោ អបិ មេថុនស្មឹ
កិមេវិទំ មុត្តករីសបុណ្ណំ
បាទាបិ នំ សម្ផុសិតុំ ន ឥច្ឆេ។
អើក៏សេចក្តីប្រាថ្នាក្នុងមេថុនមិនមាន (ដល់តថាគត) ព្រោះឃើញនាងតណ្ហា នាងអរតី និងនាងរាគា (ដែលជាធីតានៃមារ) សោះទៅហើយ ធ្វើម្តេចឡើយ តថាគតនឹងមានសេចក្តីប្រាថ្នាក្នុងមេថុន ព្រោះឃើញរូបរបស់ទារិកា ដែលពោរពេញដោយមូត្រនិងករីសៈនេះ តថាគតមិនគួរត្រូវការដើម្បីប៉ះពាល់នូវធីតារបស់អ្នកនោះ សូម្បីតែដោយជើងឡើយ [បិ.៥៤ ទំ.២៨២ ឃ.១០៣។]។
ក្នុងទីបំផុតនៃគាថា ព្រាហ្មណ៍និងព្រាហ្មណីតាំងនៅក្នុងអនាគាមិផល ចំណែកនាងមាគណ្ឌិយាជាធីតាចងអាឃាតក្នុងព្រះសាស្ដាថា បើសមណៈនេះ មិនមានសេចក្ដីត្រូវការអញទេ ក៏គួរពោលដល់ភាពដែលខ្លួនមិនមានសេចក្ដីត្រូវការ តែសមណៈនេះ បែរជាធ្វើអញឲ្យពេញដោយមូត្រនិងករីសៈទៅវិញ ហើយមិនប្រាថ្នាប៉ះ សូម្បីដោយជើង ណ្ហើយចុះ អញអាស្រ័យការដល់ព្រមដោយជាតិ ត្រកូល ប្រទេស ភោគៈ យសនិងវ័យរបស់ខ្លួន បានភស្ដាបែបនោះហើយ អញនឹងដឹងកម្មដែលគួរធ្វើដល់ព្រះសមណគោតម។
សួរថា តើព្រះសាស្ដា ទ្រង់ជ្រាបការកើតឡើងនៃអាឃាតក្នុងព្រះអង្គរបស់នាង ឬមិនជ្រាប។
ឆ្លើយថា ទ្រង់ជ្រាបនោះឯង។
សួរថា កាលទ្រង់ជ្រាប ហេតុអ្វីទើបត្រាស់ព្រះគាថានេះ។
ឆ្លើយថា ទ្រង់ត្រាស់គាថានេះ ដោយអនុគ្រោះជនទាំងពីរ គឺព្រាហ្មណ៍ និងព្រាហ្មណី ពិតហើយ ព្រះពុទ្ធទាំងឡាយ ទ្រង់មិនអើពើដល់ការចងអាឃាត ទ្រង់សម្ដែងធម៌ដោយអំណាចនៃបុគ្គលដែលគួរសម្រេចមគ្គផលប៉ុណ្ណោះ។ មាតាបិតានាំនាងមាគណ្ឌិយានោះ ទៅផ្ញើនឹងនាយចូឡមាគណ្ឌិយៈដែលជាប្អូនប្រុស ហើយទៅកាន់សម្នាក់ព្រះសាស្ដា ជនទាំងពីរបួសហើយ ក៏បានសម្រេចអរហត្ត។ ចំណែកនាយចូឡមាគណ្ឌិយៈគិតថា កូនស្រីរបស់អញមិនគួរដល់សត្វថោកទាប គួរដល់ព្រះរាជាតែម្យ៉ាង ទើបនាំនាងទៅកាន់នគរកោសម្ពី តាក់តែងនាងដោយគ្រឿងអលង្ការទាំងពួង បានថ្វាយដល់ព្រះបាទឧទេនដោយពាក្យថា ឥត្ថីរតនៈនេះ សមគួរដល់ព្រះសម្មតិទេព។ ព្រះបាទឧទេនគ្រាន់តែទតឃើញ ក៏កើតស្នេហាដ៏ខ្លាំងក្លា ទើបធ្វើការអភិសេក ឲ្យនូវមាតុគ្រាម៥០០ ជាបរិវាររបស់នាង តាំងទុកក្នុងតំណែងអគ្គមហេសីហើយ។
ព្រះបាទឧទេននោះ មានអគ្គមហេសី ៣ មានស្រីស្នំ ១៥០០ ជាបរិវារ ដោយប្រការដូច្នេះ។
ក្នុងសម័យនោះ ក្នុងក្រុងកោសម្ពី មានសេដ្ឋី ៣នាក់ គឺឃោសកសេដ្ឋី ១ កុក្កុដសេដ្ឋី ១ បាវារិកសេដ្ឋី ១។ សេដ្ឋីទាំងនោះ កាលថ្ងៃចូលវស្សាជិតចូលមកដល់ហើយ ឃើញតាបស ៥០០ មកអំពីហិមវន្តប្បទេស កំពុងត្រាច់បិណ្ឌបាតក្នុងព្រះនគរ ក៏ជ្រះថ្លា ទើបនិមន្តឲ្យគង់ ឲ្យឆាន់ហើយ ទទួលប្ដេជ្ញាឲ្យនៅក្នុងសម្នាក់របស់ខ្លួនអស់កាល ៤ ខែ ឲ្យប្ដេជ្ញាដើម្បីត្រឡប់មកទៀត ក្នុងសម័យដែលជោកជាំដោយភ្លៀង ហើយបញ្ជូនទៅ។ ចាប់តាំងអំពីនោះមក តាបសទាំងឡាយនៅក្នុងហិមវន្តប្បទេស អស់ ៨ ខែហើយ ទើបមកនៅក្នុងសម្នាក់របស់សេដ្ឋីទាំងនោះ អស់កាល ៤ ខែ។ តាបសទាំងនោះ កាលមកអំពីហិមវន្តប្បទេសក្នុងកាលដទៃ ឃើញដើមជ្រៃធំមួយដើមក្នុងព្រៃ ទើបអង្គុយត្រង់គល់ជ្រៃនោះ។ បណ្ដាតាបសទាំងនោះ តាបសដែលជាប្រធានគិតថា ទេវតាដែលអាស្រ័យដើមឈើនេះ នឹងមិនមែនជាទេវតាថោកថយឡើយ ទេវរាជសក្ដិធំនោះឯង គប្បីនៅត្រង់ដើមជ្រៃនេះ ជាការល្អហ្ន៎ បើទេវតានេះ គប្បីឲ្យទឹកដែលគួរផឹកដល់ពួកឥសី។ ទេវតានោះ បានប្រគេនទឹកផឹកហើយ។ តាបសគិតដល់ទឹកងូត ទេវតាក៏បានប្រគេនទឹកងូតនោះ។ បន្ទាប់អំពីនោះ តាបសដែលជាប្រធាន ក៏គិតដល់ភោជន ទេវតាក៏ប្រគេនភោជននោះ។ លំដាប់នោះ តាបសក៏មានបរិវិតក្កៈថា ទេវរាជនេះ ឲ្យវត្ថុសព្វយ៉ាងដែលអញគិតហើយៗ អើហ្ន៎ អញគប្បីឃើញទេវរាជនេះ។ ទេវរាជនោះ ជ្រែកដើមជ្រៃបង្ហាញខ្លួនហើយ។ លំដាប់នោះ តាបសទាំងនោះ សួរទេវរាជនោះថា នែទេវរាជ អ្នកមានសម្បត្តិច្រើន សម្បត្តិនេះ អ្នកបានហើយ ព្រោះធ្វើកម្មអ្វីហ្ន៎។ ទេវតាពោលថា សូមលោកម្ចាស់ទាំងឡាយ កុំសួរឡើយ។
តាបសពោលថា នែទេវរាជ ចូរប្រាប់មកចុះ។ ទេវរាជនោះខ្មាសអៀន ព្រោះកម្មដែលខ្លួនធ្វើទុក ជាកម្មតិចតួច ទើបមិនហ៊ានប្រាប់ តែកាលតាបសនោះ អង្វររឿយៗ ក៏ពោលថា បើដូច្នោះ សូមលោកម្ចាស់ទាំងឡាយចាំស្ដាប់ចុះ ដូច្នេះហើយ ទើបពោល។
បានឮថា ទេវតានោះ ជាអ្នកក្រីក្រម្នាក់ ស្វែងរកការងារស៊ីឈ្នួល បានការងារក្នុងសម្នាក់អនាថបិណ្ឌិកសេដ្ឋី ហើយក៏អាស្រ័យការងារនោះ ចិញ្ចឹមជីវិត។ សម័យតមក កាលដល់ថ្ងៃឧបោសថ អនាថបិណ្ឌិកសេដ្ឋី មកអំពីវិហារហើយ សួរថា ក្នុងថ្ងៃនេះ បុគ្គលណាបានប្រាប់ភាពជាថ្ងៃឧបោសថ ដល់បុរសស៊ីឈ្នួលនោះហើយឬ។ មនុស្សក្នុងផ្ទះឆ្លើយថាបពិត្រលោកម្ចាស់ មិនបានប្រាប់ទេ។
អនាថបិណ្ឌិកសេដ្ឋីពោលថា បើដូច្នោះ ពួកអ្នក ចូរចម្អិនអាហារល្ងាចសម្រាប់បុរសនោះផង។ គ្រានោះ មនុស្សទាំងនោះ ក៏ចម្អិនបាយនៃអង្ករមួយកម្បង់ទុកដើម្បីបុរសនោះ។ បុរសនោះ ធ្វើការងារក្នុងព្រៃពេញមួយថ្ងៃ មកក្នុងវេលាល្ងាច កាលគេដួសបាយឲ្យ ក៏មិនប្រញាប់បរិភោគ ដោយគិតថា អញជាអ្នកឃ្លានហើយ ក្នុងថ្ងៃទាំងឡាយដទៃ កោលាហលធំ រមែងមានក្នុងផ្ទះនេះថា ចូរអ្នកឲ្យបាយ ចូរឲ្យសម្លទឹក ចូរឲ្យសម្លគោក ក្នុងថ្ងៃនេះ មនុស្សគ្រប់គ្នាជាអ្នកស្ងប់ស្ងៀម ដេកហើយ នាំគ្នាដួសអាហារទុកដើម្បីអញតែម្នាក់ប៉ុណ្ណោះ សេចក្ដីនេះ ដូចម្ដេចហ្ន៎ ទើបសួរថា មនុស្សដ៏សេសបរិភោគហើយ ឬមិនទាន់បរិភោគទេ។
មនុស្សទាំងនោះឆ្លើយថា មិនបរិភោគទេ អ្នក។ បុរសស៊ីឈ្នួលសួរថា ព្រោះហេតុអ្វីហ្ន៎។
មនុស្សទាំងនោះឆ្លើយថា ក្នុងផ្ទះនេះ គេមិនចម្អិនអាហារពេលល្ងាចក្នុងថ្ងៃឧបោសថឡើយ មនុស្សគ្រប់គ្នារមែងជាអ្នករក្សាឧបោសថ។ ដោយហោចទៅ សូម្បីទារកដែលនៅបៅដោះ ក៏មហាសេដ្ឋីឲ្យខ្ពុរមាត់ ឲ្យដាក់របស់មានមធុរស ៤ យ៉ាងចូលក្នុងមាត់ ធ្វើឲ្យជាអ្នករក្សាឧបោសថហើយ។ កាលប្រទីបដែលលាយដោយប្រេងក្រអូបកំពុងភ្លឺ កុមារតូចធំទាំងឡាយទៅកាន់ទីដេកហើយ រមែងស្វាធ្យាយអាការ ៣២ តែពួកយើងមិនបានធ្វើសតិទុក ដើម្បីប្រាប់ភាពដែលថ្ងៃនេះ ជាថ្ងៃឧបោសថដល់អ្នក ព្រោះហេតុនោះ ទើបពួកយើងចម្អិនបាយទុកសម្រាប់អ្នកម្នាក់ឯង ចូរអ្នកបរិភោគអាហារនោះចុះ។
បុរសស៊ីឈ្នួលពោលថា បើការដែលខ្ញុំជាអ្នករក្សាឧបោសថក្នុងកាលឥឡូវនេះ រមែងគួរសោត ខ្ញុំក៏គប្បីជាអ្នករក្សាដែរ។ មនុស្សទាំងនោះ ពោលថា លោកសេដ្ឋីរមែងដឹងរឿងនេះ។
បុរសនោះពោលថា បើដូច្នោះ សូមពួកអ្នកសួរលោកសេដ្ឋីនោះ។ មនុស្សទាំងនោះ ទៅសួរសេដ្ឋីហើយ។ សេដ្ឋីពោលយ៉ាងនេះថា បើបុរសនោះ មិនបរិភោគក្នុងកាលឥឡូវនេះ ខ្ពុរមាត់ ហើយអធិដ្ឋានអង្គឧបោសថទាំងឡាយ នឹងបានឧបោសថកម្មពាក់កណ្ដាល។ បុរសស៊ីឈ្នួលស្ដាប់ពាក្យនោះ បានធ្វើតាមនោះហើយ។
បុរសនោះស្រេកឃ្លានហើយ ព្រោះធ្វើការងារពេញមួយថ្ងៃ ខ្យល់កម្រើកហើយក្នុងសរីរៈរបស់គាត់ គាត់យកខ្សែចងពោះ ចាប់ត្រង់ចុងខ្សែហើយបម្រះននៀល សេដ្ឋីស្ដាប់ព្រឹត្តិការណ៍នោះហើយ មានមនុស្សកាន់គប់ភ្លើង ហើយឲ្យមនុស្សកាន់យកមធុរស ៤ ប្រភេទ មកកាន់សម្នាក់បុរសនោះ សួរថា នែបា ឯងកើតអ្វី។ បុរសនោះប្រាប់ថា បពិត្រលោកម្ចាស់ ខ្យល់កម្រើកកើតដល់ខ្ញុំ។
សេដ្ឋីពោលថា បើដូច្នោះ ចូរក្រោកឡើងទំពាស៊ីភេសជ្ជៈនេះ។ បុរសនោះសួរថា បពិត្រលោកម្ចាស់ សូម្បីអ្នកទាំងឡាយ ក៏ទទួលទានដែរឬ។
សេដ្ឋីពោលថា ជំងឺរបស់ពួកយើងមិនមានទេ អ្នកទំពាស៊ីចុះ។ បុរសនោះពោលថា បពិត្រលោកម្ចាស់ ខ្ញុំកាលធ្វើឧបោសថកម្ម មិនអាចធ្វើឧបោសថកម្មទាំងមូលបាន សូម្បីក្នុងឧបោសថកម្មពាក់កណ្ដាលរបស់ខ្ញុំ កុំបីជារបស់ខ្វះខាតឡើយ ដូច្នេះហើយ ក៏មិនប្រាថ្នានឹងទំពាស៊ី។
បុរសនោះ សូម្បីសេដ្ឋីពោលថា អ្នកកុំធ្វើយ៉ាងនេះ ក៏មិនប្រាថ្នាហើយ កាលអរុណរះ ធ្វើកាលកិរិយាហើយដូចផ្កាដែលស្រពោនដូច្នោះ កើតជាទេវតាត្រង់ដើមជ្រៃនោះ ព្រោះហេតុនោះ ទេវតានោះ កាលពោលសេចក្ដីនេះហើយ ទើបពោលថា លោកសេដ្ឋីនោះ ជាអ្នករាប់អានព្រះពុទ្ធ រាប់អានព្រះធម៌ រាប់អានព្រះសង្ឃ សម្បត្តិនេះ ខ្ញុំបានហើយ ដោយអានិសង្សនៃឧបោសថកម្មពាក់កណ្ដាល ដែលអាស្រ័យសេដ្ឋីនោះ ធ្វើហើយ។
តាបស ៥០០ គ្រាន់តែស្ដាប់ពាក្យថា ពុទ្ធោ ក៏ក្រោកឡើងផ្គងអញ្ជលីចំពោះទេវតា ពោលថា ពុទ្ធោតិ វទេសិ ពុទ្ធោតិ វទេសិ អ្នកពោលថា ព្រះពុទ្ធឬ អ្នកពោលថា ព្រះពុទ្ធឬ ហើយឲ្យទេវតានោះ ប្ដេជ្ញាបីដងថា ពុទ្ធោតិ វទាមិ ពុទ្ធោតិ វទាមិ ខ្ញុំពោលថា ព្រះពុទ្ធ ខ្ញុំពោលថា ព្រះពុទ្ធ។
តាបសបន្លឺឧទានថា ឃោសៈ (សំឡេងប្រកាស) នេះឯង រកបានក្រក្នុងលោក ហើយពោលថា នែទេវតា ពួកអាត្មាដែលអ្នកឲ្យស្ដាប់សំឡេងដែលមិនធ្លាប់ស្ដាប់ហើយ អស់សែនកប្បជាអនេក។ លំដាប់នោះ ពួកតាបសដែលជាអន្តេវាសិកបានពោលទៅកាន់អាចារ្យថា បើដូច្នោះ ពួកយើងនឹងនាំគ្នាទៅកាន់សម្នាក់របស់ព្រះសាស្ដា។
អាចារ្យពោលថា នែលោកទាំងឡាយ សេដ្ឋី ៣នាក់ ជាអ្នកមានឧបការៈច្រើនដល់ពួកយើង ស្អែកនេះ ពួកយើងទទួលភិក្ខាក្នុងលំនៅរបស់សេដ្ឋីទាំងនោះ ប្រាប់ដល់សេដ្ឋីទាំងនោះហើយ សឹមទៅ ចូរពួកលោកឈប់បង្អង់សិន។ តាបសទាំងនោះ ឈប់បង្អង់ហើយ។ ស្អែកឡើង សេដ្ឋីទាំងនោះត្រៀមបបរនិងភត្ត ហើយក្រាលអាសនៈទុក ដឹងថា ថ្ងៃនេះ ជាថ្ងៃមករបស់លោកម្ចាស់នៃយើងទាំងឡាយ ធ្វើការទទួលហើយ នាំតាបសទាំងនោះទៅកាន់លំនៅ និមន្តឲ្យគង់ បានប្រគេនភិក្ខាហើយ។ តាបសទាំងនោះ ធ្វើភត្តកិច្ចស្រេចហើយ ពោលនឹងមហាសេដ្ឋីទាំងឡាយថា ពួកអាត្មានឹងទៅ។
សេដ្ឋីទាំងឡាយពោលថា លោកម្ចាស់ទាំងឡាយទទួលប្ដេជ្ញារបស់ពួកយើងអស់ ៤ខែ ក្នុងរដូវវស្សា មិនមែនឬ ឥឡូវនេះ លោកម្ចាស់ទាំងឡាយនឹងនិមន្តទៅណា។ តាបសពោលថា បានឮថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក ព្រះធម៌កើតឡើងហើយក្នុងលោក ព្រះសង្ឃកើតឡើងហើយក្នុងលោក ព្រោះហេតុនោះ ពួកអាត្មានឹងទៅកាន់សម្នាក់របស់ព្រះសាស្ដា។
សេដ្ឋីពោលថា ការទៅក្នុងសម្នាក់ព្រះសាស្ដាអង្គនោះ គួរដល់លោកម្ចាស់ទាំងឡាយប៉ុណ្ណោះឬ។ តាបសឆ្លើយថា សូម្បីជនដទៃ ក៏គួរ មិនហាមឃាត់ឡើយ អាវុសោ។
សេដ្ឋីពោលថា បពិត្រលោកម្ចាស់ បើដូច្នោះ សូមលោកម្ចាស់ទាំងឡាយបង្អង់សិន ពួកខ្ញុំនឹងធ្វើការប្រុងប្រៀបហើយក៏ទៅ។ តាបសទាំងនោះពោលថា បើអ្នកទាំងឡាយធ្វើការប្រុងប្រៀប ការយឺតយូររមែងមានដល់ពួកយើង ពួកយើងនឹងទៅមុន អ្នកទាំងឡាយគប្បីមកក្នុងកាលឯក្រោយ ដូច្នេះហើយ ក៏ទៅមុន គាល់ព្រះសម្មាសម្ពុទ្ធ ក្រាបថ្វាយបង្គំសរសើរហើយ អង្គុយក្នុងចំណែកម្ខាង។
លំដាប់នោះ ព្រះសាសា្ដទ្រង់ត្រាស់អនុបុព្វីកថា សម្ដែងធម៌ដល់តាបសទាំងនោះ។ ក្នុងទីបំផុតនៃទេសនា តាបសទាំងនោះ សម្រេចអរហត្ត មួយអន្លើដោយបដិសម្ភិទាទាំងឡាយ ហើយក្រាបបង្គំទូលសូមបព្វជ្ជា បានជាបុគ្គលទ្រទ្រង់នូវបាត្រនិងចីវរ សម្រេចដោយឫទ្ធិ ដូចព្រះថេរៈមានវស្សា ១០០ ក្នុងលំដាប់នៃព្រះតម្រាស់ថា ឯថ ភិក្ខវោ អ្នកទាំងឡាយ ចូរមកជាភិក្ខុចុះ។
ចំណែកសេដ្ឋីទាំង៣នោះ រៀបចំរទេះម្នាក់៥០០ ផ្ទុកគ្រឿងឧបករណ៍ដើម្បីទាន មានគ្រឿងបរិភោគ សំពត់ គ្រឿងស្លៀកដណ្ដប់សប្បិ ទឹកឃ្មុំ និងស្ករអំពៅជាដើម ទៅដល់ក្រុងសាវត្ថី ចូលកាន់វត្តជេតពន ថ្វាយបង្គំព្រះសាស្ដា ស្ដាប់ធម្មកថាហើយ ក្នុងទីបំផុតនៃកថា ក៏តាំងនៅក្នុងសោតាបត្តិផល ថ្វាយទានក្នុងសម្នាក់របស់ព្រះសាស្ដាប្រមាណកន្លះខែហើយ អារាធនាព្រះសាសា្ដ ដើម្បីប្រយោជន៍យាងទៅកាន់នគរកោសម្ពី។ កាលព្រះសាស្ដាទ្រង់ប្រទានប្ដេជ្ញាដោយត្រាស់ថា ម្នាលគហបតីទាំងឡាយ ព្រះតថាគតទាំងឡាយ រមែងត្រេកអរក្នុងផ្ទះស្ងាត់ ទើបសេដ្ឋីទាំងនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន សេចក្ដីនោះ ខ្ញុំព្រះអង្គទាំងឡាយដឹងហើយ ការដែលព្រះអង្គយាងទៅ ដោយដំណឹងដែលពួកខ្ញុំព្រះអង្គបញ្ជូនមក រមែងគួរ ដូច្នេះហើយ ទៅកាន់នគរកោសម្ពី ឲ្យសាងវិហារ ៣ គឺឃោសកសេដ្ឋី សាងឃោសិតារាម កុក្កុដសេដ្ឋី សាងកុក្កុដារាម បាវារិកសេដ្ឋី សាងបាវារិការាម ហើយបញ្ជូនដំណឹងទៅ ដើម្បីប្រយោជន៍ដល់ការយាងមករបស់ព្រះសាស្ដា។ ព្រះសាស្ដាទ្រង់ព្រះសណ្ដាប់ដំណឹងរបស់សេដ្ឋីទាំងនោះ ក៏យាងទៅក្នុងទីនោះ។ សេដ្ឋីទាំងនោះទទួល និងក្រាបបង្គំទូលសូមឲ្យព្រះសាស្ដា ទ្រង់យាងចូលទៅក្នុងវិហារ បដិបត្តិតាមវារៈៗ (តាមវេនម្នាក់ម្ដង)។ ព្រះសាស្ដាទ្រង់គង់នៅក្នុងវិហារនីមួយៗ រាល់ៗថ្ងៃ គង់នៅក្នុងវិហាររបស់សេដ្ឋីណា ទ្រង់ក៏យាងទៅបិណ្ឌបាតត្រង់ទ្វារផ្ទះរបស់សេដ្ឋីនោះ។ សេដ្ឋីទាំង ៣ នាក់នោះ មាននាយមាលាការឈ្មោះសុមនៈ ជាអ្នកឧបដ្ឋាក។ នាយសុមនមាលាការនោះ ពោលនឹងសេដ្ឋីទាំងនោះដូច្នេះថា ខ្ញុំជាឧបដ្ឋាករបស់លោកទាំងឡាយ អស់កាលដ៏យូរមកហើយខ្ញុំជាអ្នកប្រាថ្នាដើម្បីញ៉ាំងឲ្យព្រះសាស្ដាទ្រង់សោយ សូមលោកទាំងឡាយឲ្យព្រះសាស្ដាដល់ខ្ញុំមួយថ្ងៃ។ សេដ្ឋីទាំង ៣ នោះ ពោលថា បើដូច្នោះ សូមអ្នកនិមន្តព្រះសាស្ដាសោយ ក្នុងថ្ងៃស្អែកចុះ។ នាយសុមនៈនោះទទួលថា ប្រពៃហើយលោកម្ចាស់ ដូច្នេះ ទើបនិមន្តព្រះសាស្ដា ហើយចាត់ចែងគ្រឿងសក្ការៈ។
ក្នុងកាលនោះ ព្រះរាជាប្រទានកហាបណៈ៨ ឲ្យជាតម្លៃផ្កាដល់នាងសាមាវតីរាល់ៗថ្ងៃ។ ទាសីរបស់នាងសាមាវតីនោះ ឈ្មោះនាងខុជ្ជុត្តរា ទៅកាន់សម្នាក់របស់នាយសុមនមាលាការ ទទួលផ្កាទាំងឡាយជានិច្ច។ លំដាប់នោះ នាយសុមនមាលាការពោលទៅកាន់នាងខុជ្ជុត្តរានោះ ដែលមកក្នុងថ្ងៃនោះថា ខ្ញុំនិមន្តព្រះសាសា្ដទុកហើយ ថ្ងៃនេះ ខ្ញុំនឹងបូជាព្រះសាស្ដាដោយផ្កាទាំងឡាយ ចូរនាងបង្អង់ជួយក្នុងការអង្គាសភិក្ខុសង្ឃ ស្ដាប់ធម៌សិន ហើយសឹមទទួលផ្កាដ៏សេសទៅ។
នាងទទួលថា សាធុ។ នាយសុមនៈនោះ អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានហើយ បានទទួលបាត្រ ដើម្បីប្រយោជន៍ដល់ការធ្វើអនុមោទនា។ ព្រះសាស្ដាទ្រង់ប្រារព្ធព្រះធម្មទេសនា អនុមោទនាហើយ ចំណែកនាងខុជ្ជុត្តរាស្ដាប់ធម្មកថារបស់ព្រះសាស្ដានោះឯង តាំងនៅក្នុងសោតាបត្តិផលហើយ។ ក្នុងថ្ងៃទាំងឡាយដទៃ នាងកាន់យកកហាបណៈ ៤ ទុកសម្រាប់ខ្លួន ទិញផ្កាដោយកហាបណៈ ៤ ហើយទៅ។ ក្នុងថ្ងៃនោះ នាងទទួលផ្កាដោយកហាបណៈ៨ ហើយទៅ។
លំដាប់នោះ នាងសាមាវតីសួរនាងខុជ្ជុត្តរានោះថា នែនាង ព្រះរាជាប្រទានតម្លៃផ្កាដល់ខ្ញុំបន្ថែមឡើងពីរដងឬ។ នាងខុជ្ជុត្តរាពោលថា មិនមែនដូច្នោះឡើយ ព្រះនាង។
នាងសាមាវតីសួរថា បើដូច្នោះ ហេតុអ្វី ទើបផ្កាច្រើន។ នាងខុជ្ជុត្តរាឆ្លើយថា ក្នុងថ្ងៃទាំងឡាយដទៃ ខ្ញុំម្ចាស់កាន់យកកហាបណៈ ៤ ទុកសម្រាប់ខ្លួនឯង នាំផ្កាមកដោយកហាបណៈ ៤។
នាងសាមាវតីសួរថា ថ្ងៃនេះ ព្រោះហេតុអ្វី ទើបមិនកាន់យក។ នាងខុជ្ជុត្តរាពោលថា ព្រោះខ្ញុំម្ចាស់ស្ដាប់ធម្មកថារបស់ព្រះសម្មាសម្ពុទ្ធ ហើយសម្រេចធម៌។
លំដាប់នោះ នាងសាមាវតីមិនបានគំរាមនាងខុជ្ជុត្តរានោះ ដោយពាក្យថា វ៉ឺយទាសីអាក្រក់ នាងចូរឲ្យកហាបណៈដែលកាន់យកហើយ អស់កាលមានប្រមាណប៉ុណ្ណេះដល់យើង បែរជាពោលថា នែនាង នាងចូរឲ្យយើងទាំងឡាយផឹកអមតរស ដែលនាងផឹកហើយ។ កាលនាងពោលថា បើដូច្នោះ សូមព្រះនាងឲ្យខ្ញុំងូតទឹក ទើបឲ្យនាងងូតទឹកក្រអូបដោយក្អមទាំងឡាយ ១៦ ហើយប្រទានសាដកសាច់ល្អ ២ផ្ទាំង។ នាងខុជ្ជុត្តរានោះ ស្លៀកមួយផ្ទាំង ដណ្ដប់មួយផ្ទាំង ឲ្យក្រាលអាសនៈហើយ ឲ្យនាំផ្លិតមួយមក អង្គុយលើអាសនៈ ចាប់ផ្លិតដ៏វិចិត្រ ហៅមាតុគ្រាម ៥០០ មក ហើយសម្ដែងធម៌ដល់ស្រីទាំងនោះ ដោយទំនងដែលព្រះសាស្ដាទ្រង់សម្ដែងហើយនោះឯង។ ស្រីទាំងឡាយនោះ ស្ដាប់ធម្មកថារបស់នាងហើយ ក៏តាំងនៅក្នុងសោតាបត្តិផល។
ស្រីទាំងឡាយនោះ ថ្វាយបង្គំនាងខុជ្ជុត្តរា ហើយពោលថា បពិត្រអ្នកម៉ែ តាំងអំពីថ្ងៃនេះទៅ អ្នកម៉ែកុំធ្វើការងារដែលសៅហ្មង ចូរតាំងនៅក្នុងឋានៈជាមាតា និងឋានៈជាអាចារ្យរបស់ពួកខ្ញុំ ទៅកាន់សម្នាក់របស់ព្រះសាស្ដា ស្ដាប់ធម៌ដែលព្រះសាស្ដាទ្រង់សម្ដែងហើយ ចូរមកសម្ដែងដល់ពួកខ្ញុំ។ នាងខុជ្ជុត្តរាក៏ធ្វើយ៉ាងនោះ។ ក្នុងកាលតមក ក៏បានជាអ្នកទ្រទ្រង់ព្រះត្រៃបិដក។ លំដាប់នោះ ព្រះសាស្ដាទ្រង់តាំងនាងខុជ្ជុត្តរានោះ ទុកក្នុងតំណែងឯតទគ្គៈថា
ឯតទគ្គំ ភិក្ខវេ មម សាវិកានំ ឧបាសិកានំ ពហុស្សុតានំ យទិទំ ខុជ្ជុត្តរា។
ម្នាលភិក្ខុទាំងឡាយ បណ្ដាពួកឧបាសិកាអ្នកចេះដឹងច្រើន ដែលជាសាវិការបស់តថាគត ស្រេចនឹងនាងខុជ្ជុត្តរា ប្រសើរជាងគេ [បិ.៤០ ទំ.៥៧ ឃ.១៥២។]។
ស្រី ៥០០ នោះ ពោលនឹងនាងខុជ្ជត្តរាយ៉ាងនេះថា បពិត្រអ្នកម៉ែ ពួកខ្ញុំប្រាថ្នាដើម្បីគាល់ព្រះសាស្ដា សូមអ្នកម៉ែបង្ហាញព្រះសាស្ដាដល់យើងខ្ញុំទាំងឡាយ ពួកខ្ញុំនឹងបូជាព្រះអង្គដោយគ្រឿងក្រអូប និងផ្កាកម្រងជាដើម។
នាងខុជ្ជត្តរាពោលថា ព្រះនាងទាំងឡាយ ឈ្មោះថា រាជត្រកូលជាភារៈធ្ងន់ ខ្ញុំមិនអាចនាំព្រះនាងទាំងឡាយទៅខាងក្រៅបានទេ។ ស្រីទាំងនោះពោលថា បពិត្រអ្នកម៉ែ អ្នកម៉ែកុំឲ្យពួកខ្ញុំវិនាសឡើយ សូមអ្នកម៉ែបង្ហាញព្រះសាស្ដាដល់ពួកខ្ញុំចុះ។
នាងខុជ្ជុត្តរាពោលថា បើយ៉ាងនោះ ការសម្លឹងមើល ជាការដែលព្រះនាងទាំងឡាយអាចធ្វើបាន តាមប្រហោងមានប្រមាណប៉ុនណា ចូរចោះប្រហោងមានប្រមាណប៉ុណ្ណោះ ត្រង់ជញ្ជាំងបន្ទប់ដែលជាលំនៅរបស់ពួកព្រះនាង ឲ្យនាំគ្រឿងក្រអូបនិងផ្កាកម្រងជាដើមមក ហើយឈរខាងក្នុងទីនោះៗ ចូរសម្លឹងមើល ចូរលាព្រះហស្តទាំងពីរចេញថ្វាយបង្គំ និងចូរបូជាព្រះសាស្ដា ដែលទ្រង់យាងទៅកាន់ផ្ទះរបស់សេដ្ឋីទាំងបី។ ស្រីទាំងនោះ ធ្វើយ៉ាងនោះហើយ សម្លឹងមើលព្រះសាស្ដាដែលយាងទៅនិងយាងមក ថ្វាយបង្គំនិងបូជាហើយ។
សម័យថ្ងៃមួយ ព្រះនាងមាគណ្ឌិយាចេញអំពីប្រាសាទរបស់ខ្លួនទៅកាន់លំនៅរបស់ស្រីទាំងនោះ ឃើញប្រហោងក្នុងបន្ទប់ទាំងឡាយហើយ សួរថា នេះជាប្រហោងអ្វី។ កាលស្រីទាំងនោះ មិនដឹងនូវអាឃាតដែលនាងចងទុកក្នុងព្រះសាស្ដា ទើបឆ្លើយថា ព្រះសាស្ដាយាងមកនគរយើងនេះ ពួកខ្ញុំឈរក្នុងទីនេះ ថ្វាយបង្គំព្រះសាស្ដាផង បូជាព្រះសាស្ដាផង។ នាងមាគណ្ឌិយាគិតថា ព្រះសមណគោតមមកកាន់នគរនេះហើយ ឥឡូវនេះ អញនឹងដឹងកម្មដែលគួរធ្វើដល់ព្រះសមណគោតមនោះ សូម្បីស្រីទាំងនេះ ក៏ជាឧបដ្ឋាយិការបស់ព្រះសមណគោតមនោះ អញនឹងដឹងកម្មដែលគួរធ្វើដល់ស្រីទាំងនេះ ទើបទៅក្រាបទូលដល់ព្រះរាជាថា បពិត្រមហារាជ ស្រី ៥០០ មួយអន្លើដោយនាងសាមាវតី មានការប្រាថ្នាខាងក្រៅ ទ្រង់នឹងមិនមានព្រះជន្មក្នុងរយៈពេលពីរបីថ្ងៃ ដោយពិត។ ព្រះរាជាទ្រង់មិនជឿ ដោយទ្រង់ព្រះតម្រិះថា ស្រីទាំងនេះ នឹង មិនធ្វើកម្មបែបនេះ។ កាលនាងមាគណ្ឌិយាក្រាបទូលទៀត ក៏ទ្រង់នៅតែមិនជឿ។ លំដាប់នោះ នាងមាគណ្ឌិយាក៏ក្រាបទូលព្រះរាជានោះទៀត កាលក្រាបទូលយ៉ាងនេះអស់វារៈ ៣ ដង ក៏ព្រះរាជានៅតែមិនជឿ ទើបពោលថា បពិត្រមហារាជ បើទ្រង់មិនជឿខ្ញុំម្ចាស់សោត សូមទ្រង់យាងទៅកាន់លំនៅរបស់ស្រីទាំងនោះ ហើយពិនិត្យមើលចុះ។
ព្រះរាជាយាងទៅទតឃើញប្រហោងក្នុងបន្ទប់ទាំងឡាយ ទើបត្រាស់សួរថា ឥទំ កឹ នេះប្រហោងអ្វី។ កាលស្រីទាំងនោះ ក្រាបទូលសេចក្ដីនោះហើយ ទ្រង់មិនពិរោធចំពោះស្រីទាំងនោះ មិនត្រាស់ពាក្យណាមួយឡើយ បញ្ជាឲ្យបិទប្រហោងទាំងឡាយ ហើយឲ្យធ្វើបង្អួចមានប្រហោងតូច ក្នុងបន្ទប់ទាំងពួង។ បានឮថា បង្អួចមានប្រហោងតូចទាំងឡាយ កើតឡើងហើយក្នុងកាលនោះ។
នាងមាគណ្ឌិយាមិនអាចធ្វើអ្វីដល់ស្រីទាំងនោះបាន ក៏ត្រិះរិះថាអញនឹងធ្វើកម្មដែលគួរធ្វើដល់ព្រះសមណគោតមឲ្យបាន ទើបឲ្យឈ្នួលដល់អ្នកស្រុក ហើយពោលថា ពួកអ្នកមួយអន្លើដោយពួកបុរសដែលជាទាសៈនិងបុរសដែលជាកម្មករ ចូរជេរបរិភាសព្រះសមណគោតមដែលចូលទៅខាងក្នុងព្រះនគរឲ្យគេចទៅ។ ពួកមិច្ឆាទិដ្ឋិមិនជ្រះថ្លាក្នុងរតនៈ៣ ក៏ជាប់តាមព្រះសាស្ដាដែលយាងទៅខាងក្នុងនគរ ហើយជេរបរិភាស ដោយអកោសវត្ថុ ១០ យ៉ាងថា អ្នកជាចោរ ១ អ្នកជាបុគ្គលពាល ១ អ្នកជាមនុស្សឆ្កួត ១ អ្នកជាសត្វអូដ្ឋ ១ អ្នកជាសត្វគោ ១ អ្នកជាសត្វលា ១ អ្នកជាសត្វនរក ១ អ្នកជាសត្វតិរច្ឆាន ១ សុគតិរបស់អ្នកមិនមាន ១ អ្នកមានតែទុគ្គតិដោយពិត ១។
ព្រះអានន្ទបានស្ដាប់ពាក្យនោះហើយ ក្រាបបង្គំទូលព្រះសាស្ដាយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្នកនគរទាំងនេះ តែងជេរបរិភាសពួកយើង ពួកយើងនឹងចេញអំពីទីនេះ ទៅក្នុងទីដទៃ។
ព្រះសាស្ដាត្រាស់សួរថា ម្នាលអានន្ទ យើងនឹងទៅកាន់ទីណា។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទៅកាន់នគរដទៃ។ ព្រះសាស្ដាត្រាស់សួរថា ម្នាលអានន្ទ កាលពួកមនុស្សក្នុងនគរនោះ ជេរទៀត យើងនឹងទៅកាន់ទីណា។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទៅកាន់នគរដទៃអំពីនគរនោះទៀត។
ព្រះសាស្ដាត្រាស់សួរថា បើមនុស្សក្នុងនគរនោះ ជេរទៀត យើងនឹងទៅកាន់ទីណាទៀត។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទៅកាន់នគរដទៃអំពីនគរនោះទៀត។
ព្រះសាស្ដាទ្រង់ត្រាស់ថា ម្នាលអានន្ទ ការធ្វើយ៉ាងនេះ មិនគួរ អធិករណ៍កើតឡើងក្នុងទីណា កាលអធិករណ៍នោះ រម្ងាប់ហើយក្នុងទីនោះឯង ទើបគួរទៅកាន់ទីដទៃ។ ម្នាលអានន្ទ ពួកជនអ្នកជេរនោះ ជានរណា។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ជនទាំងពួង រាប់យកទាំងទាសៈនិងកម្មករ កំពុងជេរ។
ព្រះសាស្ដាទ្រង់ត្រាស់ថា ម្នាលអានន្ទ តថាគតដូចស្ដេចដំរីចុះកាន់សង្គ្រាម ការអត់ធន់នឹងព្រួញដែលមកអំពីទិសទាំង៤ រមែងជាភារៈរបស់ដំរីដែលចុះកាន់សង្គ្រាមយ៉ាងណា ឈ្មោះថា ការអត់ធន់ចំពោះពាក្យសម្ដីដែលបុគ្គលទ្រុស្ដសីលជាច្រើន ពោលហើយ ជាភារៈរបស់តថាគត ក៏យ៉ាងនោះដែរ ដូច្នេះហើយ កាលទ្រង់ប្រារព្ធព្រះអង្គឯង ទើបសម្ដែងធម៌ក្នុងនាគវគ្គទាំងបីគាថានេះថា
អហំ នាគោវ សង្គាមេ ចាបាតោ បតិតំ សរំ
អតិវាក្យន្តិតិក្ខិស្សំ ទុស្សីលោ ហិ ពហុជ្ជនោ។
តថាគតនឹងអត់ទ្រាំពាក្យល្មើស ដូចដំរី កាលអត់ទ្រាំចំពោះព្រួញដែលរបូតចេញអំពីធ្នូ ក្នុងសង្គ្រាមដូច្នោះ ព្រោះថា ជនទ្រុស្តសីលមានច្រើននាក់។
ទន្តំ នយន្តិ សមិតឹ ទន្តំ រាជាភិរូហតិ
ទន្តោ សេដ្ឋោ មនុស្សេសុ យោតិវាក្យន្តិតិក្ខតិ។
ពួកជនតែងនាំវាហនៈ ដែលទូន្មានហើយទៅកាន់ទីប្រជុំ ព្រះរាជាតែងស្ដេចឡើងកាន់វាហនៈ ដែលទូន្មានហើយ បណ្ដាមនុស្សទាំងឡាយ មនុស្សណាអត់សង្កត់នឹងពាក្យល្មើសបាន មនុស្សនោះ ជាអ្នកមានខ្លួនទូន្មានហើយ ឈ្មោះថា បុគ្គលប្រសើរបំផុត។
វរមស្សតរា ទន្តា អាជានីយា វ សិន្ធវា
កុញ្ជរា វ មហានាគា អត្តទន្តោ តតោ វរំ។
ពួកសេះអស្សតរក្ដី សេះអាជានេយ្យក្ដី សេះសិន្ធពក្ដី ដំរីកុញ្ជរដ៏ប្រសើរក្ដី ដែលបុគ្គលប្រៀនប្រដៅបានបទហើយ រាប់ថាជាសត្វប្រសើរ បុគ្គលដែលមានខ្លួនទូន្មានបានបទហើយ ប្រសើរជាងសត្វទាំងអស់នោះ [បិ.៥២ ទំ.៨៨ ឃ.៣៣។]។
ធម្មកថា បានជាប្រយោជន៍ដល់មហាជនដែលដល់ព្រម គឺប្រជុំគ្នាហើយ។ ព្រះមានព្រះភាគ កាលទ្រង់សម្ដែងព្រះធម្មទេសនាយ៉ាងនេះហើយ ត្រាស់ថា ម្នាលអានន្ទ អ្នកកុំគិតឡើយ ជនទាំងនោះនឹងជេរបានត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ ក្នុងថ្ងៃទី ៨ នឹងជាអ្នកស្ងៀម ព្រោះថា អធិករណ៍ដែលកើតឡើងដល់ព្រះពុទ្ធទាំងឡាយ រមែងមិនលើស ៧ ថ្ងៃទេ។
នាងមាគណ្ឌិយានោះ ឲ្យមនុស្សជេរព្រះសាស្ដាហើយ តែមិនអាចឲ្យទ្រង់គេចទៅបាន ទើបគិតថា អញនឹងធ្វើដូចម្ដេចហ្ន៎ ដូច្នេះហើយគិតថា ស្រីទាំងនេះ ជាអ្នកឧបត្ថម្ភព្រះសមណគោតមនោះ អញនឹងធ្វើសេចក្ដីវិនាសឲ្យដល់ស្រីទាំងនោះ។ ថ្ងៃមួយ កាលធ្វើនូវការបម្រើក្នុងទីសោយទឹកច័ណ្ឌរបស់ព្រះរាជា បញ្ជូនដំណឹងទៅឲ្យឪពុកមាថា សូមលោកមាជ្រាបថា ខ្ញុំត្រូវការមាន់ទាំងឡាយ សូមលោកមានាំយកមាន់ងាប់ ៨ មាន់រស់ ៨ កាលមកហើយ ចូរឈរត្រង់ក្បាលជណ្ដើរ ប្រាប់ភាពដែលខ្លួនមកហើយ កាលមានមនុស្សប្រាប់ថា ចូរចូលមក ក៏កុំចូលមកឡើយ ចូរបញ្ជូនមាន់រស់ ៨ ទៅមុន បញ្ជូនមាន់ងាប់ ៨ ទៅឯក្រោយ។ នាងមាគណ្ឌិយានោះ បានឲ្យសំណូកដល់អ្នកបម្រើ ដោយប្រាប់ថា អ្នកគប្បីធ្វើតាមពាក្យរបស់យើង។ នាយមាគណ្ឌិយៈមកហើយ ឲ្យក្រាបទូលដល់ព្រះរាជាឲ្យទ្រង់ជ្រាប កាលមនុស្សប្រាប់ថា ចូរចូលមក ក៏ពោលថា ខ្ញុំនឹងមិនចូលទៅកាន់ទីសោយទឹកច័ណ្ឌរបស់ព្រះរាជាទេ។ ចំណែកនាងមាគណ្ឌិយាបញ្ជូនអ្នកបម្រើទៅដោយពាក្យថា នែបា ចូរបាទៅកាន់សម្នាក់ឪពុកមារបស់យើង។ អ្នកបម្រើនោះទៅហើយ នាំមាន់រស់ ៨ ដែលនាយមាគណ្ឌិយៈនោះឲ្យហើយ មកក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរោហិតបញ្ជូនគ្រឿងបណ្ណាការមកហើយ។
ព្រះរាជាត្រាស់ថា ល្អហើយ សម្លឧត្តរិភង្គកើតឡើងដល់ពួកយើងអ្នកណាហ្ន៎ គួរចម្អិន។ នាងមាគណ្ឌិយាក្រាបទូលថា បពិត្រមហារាជ ស្រី ៥០០ មានព្រះនាងសាមាវតីជាប្រធាន ជាអ្នកមិនមានការងារ ដើរចុះឡើង សូមទ្រង់បញ្ជូនទៅឲ្យស្រីទាំងនោះ ស្រីទាំងនោះ ស្លហើយនឹងនាំមក។
ព្រះរាជាទ្រង់បញ្ជូនទៅដោយព្រះតម្រាស់ថា អ្នកចូរទៅ ហើយឲ្យដល់ស្រីទាំងនោះ ស្រីទាំងនោះ ចូរកុំប្រគល់ឲ្យអ្នកដទៃ ចូរសម្លាប់មាន់ ហើយចម្អិនដោយខ្លួនឯង។ អ្នកបម្រើនោះ ទទួលព្រះតម្រាស់ថា ប្រពៃហើយ ព្រះសម្មតិទេព ហើយទៅប្រាប់យ៉ាងនោះ។
ស្រីទាំងនោះជំទាស់ថា ពួកខ្ញុំមិនធ្វើបាណាតិបាត។ អ្នកបម្រើនោះ ត្រឡប់មកក្រាបទូលសេចក្ដីនោះដល់ព្រះរាជា។ នាងមាគណ្ឌិយាក្រាបទូលព្រះរាជាថា បពិត្រមហារាជ ទ្រង់ឃើញទេ ឥឡូវនេះ ទ្រង់នឹងជ្រាប ការធ្វើ ឬមិនធ្វើបាណាតិបាតនៃស្រីទាំងនោះ សូមទ្រង់ត្រាស់ថា ពួកនាង ចូរស្ល ហើយបញ្ជូនទៅថ្វាយដល់ព្រះសមណគោតមដូច្នេះចុះ។ ព្រះរាជាក៏ត្រាស់យ៉ាងនោះ ហើយបញ្ជូនទៅ។ អ្នកបម្រើនោះ កាន់មាន់ធ្វើជាដើរចេញទៅ ហើយឲ្យមាន់ទាំងនោះដល់បុរោហិត ទទួលមាន់ងាប់ទៅកាន់សម្នាក់របស់ស្រីទាំងនោះ ពោលថា ព្រះនាងទាំងឡាយចូរស្លមាន់ទាំងនេះ ហើយបញ្ជូនទៅកាន់សម្នាក់ព្រះសាស្ដា។
ស្រីទាំងនោះក្រោកទទួលថា សូមលោកនាំមកចុះ ឈ្មោះថា ការស្ល (មាន់ងាប់) នេះជាកិច្ចរបស់ពួកយើង ហើយក៏ទទួល។ អ្នកបម្រើនោះ មកកាន់សម្នាក់របស់ព្រះរាជា។ កាលព្រះរាជាសួរថា នែបា សេចក្ដីនោះដូចម្ដេច ទើបក្រាបទូលថា ទូលព្រះបង្គំគ្រាន់តែពោលថា សូមព្រះនាងទាំងឡាយស្ល ហើយបញ្ជូនទៅថ្វាយព្រះសមណគោតមប៉ុណ្ណោះ ស្រីទាំងនោះ ក៏ស្ទុះមកទទួលយកទៅ។
នាងមាគណ្ឌិយាក្រាបទូលថា បពិត្រមហារាជ សូមទ្រង់ទតចុះ ស្រីទាំងនោះ មិនធ្វើដល់បុគ្គលដូចព្រះអង្គឡើយ កាលខ្ញុំម្ចាស់ទូលថា ស្រីទាំងនោះ មានសេចក្ដីប្រាថ្នាខាងក្រៅ ទ្រង់មិនជឿ។ ព្រះរាជាទ្រង់ស្ដាប់ពាក្យនោះ ទ្រង់ក៏អត់សង្កត់នៅស្ងៀមដូចមុន។ នាងមាគណ្ឌិយាគិតថា យើងនឹងធ្វើដូចម្ដេចហ្ន៎។
កាលនោះ ព្រះរាជាទ្រង់គង់ប្រាំពីរថ្ងៃៗ តាមវារៈក្នុងប្រាសាទនៃស្រីទាំង ៣នោះ គឺព្រះនាងសាមាវតី ព្រះនាងវាសុលទត្តា និងព្រះនាងមាគណ្ឌិយា។ គ្រានោះ នាងមាគណ្ឌិយាដឹងថា ស្អែកនេះ ឬខានស្អែក ព្រះរាជាទ្រង់នឹងយាងទៅកាន់ប្រាសាទរបស់ព្រះនាងសាមាវតី ទើបបញ្ជូនដំណឹងទៅកាន់ឪពុកមាថា សូមលោកមាជ្រាបថា ខ្ញុំមានសេចក្ដីត្រូវការដោយពស់ពិស សូមមាដកចង្កូមទាំងឡាយ ហើយបញ្ជូនពស់មួយក្បាលមក។ នាយមាគណ្ឌិយៈធ្វើយ៉ាងនោះ ហើយបញ្ជូនទៅ។ ព្រះរាជាទ្រង់កាន់យកពិណហត្ថិកន្តៈ យាងទៅកាន់ទីដែលទ្រង់យាងទៅ ស្នូកពិណនោះ មានប្រហោងមួយ នាងមាគណ្ឌិយាលែងពស់ចូលក្នុងប្រហោងនោះ ហើយបិទប្រហោងនោះ ដោយសំណុំផ្កា។ ពស់បាននៅក្នុងពិណនោះឯង ពីរបីថ្ងៃ។ ក្នុងថ្ងៃយាងទៅនៃព្រះរាជា នាងមាគណ្ឌិយានោះ ទូលសួរថា បពិត្រព្រះសម្មតិទេព ថ្ងៃនេះ ទ្រង់យាងទៅប្រាសាទរបស់មហេសីអង្គណា។
ព្រះរាជាត្រាស់ថា ទៅប្រាសាទរបស់នាងសាមាវតី។ ព្រះនាងមាគណ្ឌិយាក្រាបទូលថា បពិត្រមហារាជ ថ្ងៃនេះ ខ្ញុំម្ចាស់សុបិនឃើញហេតុមិនជាទីពេញចិត្ត បពិត្រព្រះសម្មតិទេព ទ្រង់មិនអាចយាងទៅក្នុងទីនោះបានទេ។
ព្រះរាជាត្រាស់ថា យើងនឹងទៅនោះឯង។ ព្រះនាងឃាត់អស់វារៈ ៣ ដង ហើយទូលថា បពិត្រព្រះសម្មតិទេព បើដូច្នោះ ខ្ញុំម្ចាស់នឹងទៅជាមួយទ្រង់ដែរ។ ព្រះរាជាឲ្យត្រឡប់ក៏មិនត្រឡប់ ក្រាបទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់មិនដឹងថា នឹងមានហេតុអ្វីកើតឡើងទេដូច្នេះហើយ ក៏បានទៅជាមួយព្រះរាជានោះឯង។
ព្រះរាជាទ្រទ្រង់នូវសំពត់ ផ្កា គ្រឿងក្រអូប និងគ្រឿងអាភរណៈទាំងឡាយ ដែលពួកស្រីទាំងនោះ មានព្រះនាងសាមាវតីជាដើម ថ្វាយហើយ សោយហើយនូវព្រះក្រយាដ៏ល្អ ដាក់ពិណទុកត្រង់ក្បាលដំណេក ហើយផ្ទំលើទីបន្ទំ។ នាងមាគណ្ឌិយាធ្វើជាដើរទៅមក បានយកសំណុំផ្កាចេញអំពីប្រហោងពិណ។ ពស់ដែលអត់អាហារពីរបីថ្ងៃ លូនចេញអំពីប្រហោងនោះ បើកពពារ ដេកលើទីបន្ទំហើយ។ នាងឃើញពស់នោះ ក៏ស្រែកឡើងថា ថ្វឺយ ថ្វឺយ ព្រះសម្មតិទេព ពស់។ កាលជេរព្រះរាជានិងស្រីទាំងនោះ ទើបពោលថា ស្ដេចល្ងង់នេះ មិនមានបុណ្យ មិនស្ដាប់ពាក្យរបស់ខ្ញុំម្ចាស់សោះ សូម្បីស្រីទាំងនេះ ក៏ជាមនុស្សមិនមានសិរី ក្បាលរឹង ពួកនាងមិនបានអ្វីអំពីសម្នាក់របស់ព្រះរាជាឬ ពួកនាង កាលព្រះរាជាអង្គនេះ សោយទិវង្គតហើយ នឹងជាអ្នករស់នៅស្រួលឬ កាលព្រះរាជានៅមានព្រះជន្ម ពួកនាងរស់នៅលំបាកឬ ថ្ងៃនេះ យើងឃើញសុបិនអាក្រក់ហើយ បពិត្រព្រះសម្មតិទេព ព្រះអង្គមិនស្ដាប់ពាក្យរបស់ខ្ញុំម្ចាស់ ដែលអង្វរថា ទ្រង់មិនគួរយាងទៅកាន់ប្រាសាទរបស់ព្រះនាងសាមាវតីទេ។
ព្រះរាជាទតឃើញពស់ ក៏ទ្រង់ស្លុតព្រះហឫទ័យ ខ្លាចចំពោះមរណៈ ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ដូចភ្លើងឆេះសន្ធោសន្ធៅ មានព្រះរាជឱង្ការថា យីអើ ! ពួកស្រីថោកទាប ! ពួកស្រីនេះ ធ្វើកម្មមានសភាពបែបនេះ អញមិនជឿពាក្យរបស់នាងមាគណ្ឌិយា ដែលប្រាប់នូវភាពនៃស្រីទាំងនេះ ជាមនុស្សលាមក ក្នុងកាលមុន វាចោះប្រហោងក្នុងបន្ទប់ទាំងឡាយរបស់ខ្លួនអង្គុយហើយ កាលអញបញ្ជូនមាន់ទៅឲ្យ ក៏បញ្ជូនត្រឡប់មកវិញ ថ្ងៃនេះ លែងពស់ទុកលើទីដេក។
ចំណែកនាងសាមាវតី ក៏បានឲ្យឱវាទដល់ស្រី ៥០០ ថា នែនាងទាំងឡាយ ទីពឹងដទៃរបស់ពួកយើង មិនមាន ចូរនាងញ៉ាំងមេត្តាចិត្តឲ្យស្មើ ឲ្យប្រព្រឹត្តទៅក្នុងព្រះរាជាដែលជាកំពូលនៃនរជន ក្នុងព្រះនាងមាគណ្ឌិយាទេវី និងក្នុងខ្លួននាងទាំងឡាយ កុំធ្វើសេចក្ដីក្រោធចំពោះបុគ្គលណាមួយឡើយ។ ព្រះរាជាទ្រង់កាន់ធ្នូស្នែង ដែលលើកដោយកម្លាំងរបស់បុរស ១ ពាន់នាក់ ទ្រង់ទាញខ្សែហើយ ផ្ទាប់ព្រួញដែលលាបដោយថ្នាំពិស ធ្វើព្រះនាងសាមាវតីឲ្យនៅខាងមុខ ឲ្យស្រីទាំងនោះ ឈរតាមលំដាប់គ្នាហើយ ទើបលែងព្រួញទៅ តម្រង់ដើមទ្រូងរបស់ព្រះនាងសាមាវតី។ ព្រួញនោះ បែរមុខមករកព្រះរាជាហើយ ហាក់ដូចចូលមកកាន់ហទយៈរបស់ព្រះរាជា បានតាំងនៅហើយដោយមេត្តានុភាពរបស់ព្រះនាងសាមាវតីនោះ។ ព្រះរាជាទ្រង់ព្រះតម្រិះថា ព្រួញដែលអញបាញ់ទៅ អាចទម្លុះសូម្បីថ្ម ទីដែលប៉ះខ្ទប់ក្នុងអាកាស ក៏មិនមានសោះ តែថាព្រួញនេះ ត្រឡប់បែរមុខមករកបេះដូងរបស់អញវិញ មែនពិត ព្រួញនេះ មិនមែនសត្វ មិនមានជីវិត គង់ដឹងគុណរបស់នាងសាមាវតី ចំណែកអញជាមនុស្សឲ្យត្រឡាំង ហេតុអ្វី ក៏មិនដឹងគុណរបស់នាង។ ព្រះរាជាបោះធ្នូចោល អង្គុយច្រហោង ផ្គងអញ្ជលីទៀបបាទារបស់ព្រះនាងសាមាវតី ត្រាស់គាថានេះថា
សម្មុយ្ហាមិ បមុយ្ហាមិ សព្វា មុយ្ហន្តិ មេ ទិសា
សាមាវតិ មំ តាយស្សុ ត្វញ្ច មេ សរណំ ភវ។
ខ្ញុំញាប់ញ័រ ភាន់ភាំង វង្វេង ទិសទាំងពួងងងឹតដល់ខ្ញុំ នែនាងសាមាវតី សូមនាងការពារនូវខ្ញុំ សូមនាងជាទីពឹងរបស់ខ្ញុំ។
ព្រះនាងសាមាវតីស្ដាប់ព្រះតម្រាស់របស់ព្រះរាជាហើយ ក៏មិនបានក្រាបទូលថា ប្រពៃហើយ ព្រះសម្មតិទេព ទ្រង់ដល់នូវខ្ញុំម្ចាស់ជាទីពឹងចុះ តែក្រាបទូលថា បពិត្រមហារាជ ខ្ញុំម្ចាស់ដល់បុគ្គលណាជាទីពឹង សូមព្រះអង្គដល់នូវបុគ្គលនោះឯង ជាទីពឹងចុះ។ ព្រះនាងសាមាវតី ដែលជាសាវិការបស់ព្រះសម្មាសម្ពុទ្ធ កាលពោលពាក្យនេះហើយ ទើបពោលថា
មា មំ ត្វំ សរណំ គច្ឆ យមហំ សរណំ គតា
ឯស ពុទ្ធោ មហារាជ ឯស ពុទ្ធោ អនុត្តរោ
សរណំ គច្ឆ តំ ពុទ្ធំ ត្វញ្ច មេ សរណំ ភវ។
សូមទ្រង់កុំដល់ខ្ញុំម្ចាស់ជាទីពឹងឡើយ ខ្ញុំម្ចាស់ដល់បុគ្គលណាជាទីពឹង បពិត្រមហារាជ បុគ្គលនោះគឺព្រះពុទ្ធ ព្រះពុទ្ធអង្គនោះ ប្រសើរលើសលុប សូមទ្រង់ដល់នូវព្រះពុទ្ធអង្គនោះ ជាទីពឹងផង ទ្រង់ជាទីពឹងរបស់ខ្ញុំម្ចាស់ផង។
ព្រះរាជាទ្រង់ស្ដាប់ពាក្យរបស់នាងសាមាវតីនោះហើយ ទើបត្រាស់ថា ឥឡូវនេះ យើងរឹងរឹតតែខ្លាចខ្លាំងឡើង ហើយត្រាស់គាថានេះថា
ឯស ភិយ្យោ បមុយ្ហាមិ សព្វា មុយ្ហន្តិ មេ ទិសា
សាមាវតិ មំ តាយស្សុ ត្វញ្ច មេ សរណំ ភវ។
ខ្ញុំរឹងរឹតតែវង្វេងខ្លាំងឡើង ទិសទាំងពួងងងឹតដល់ខ្ញុំ នាងសាមាវតី សូមនាងការពារនូវខ្ញុំ សូមនាងជាទីពឹងរបស់ខ្ញុំ។
លំដាប់នោះ ព្រះនាងសាមាវតីក៏ទូលទាស់ព្រះរាជាទៀតដោយន័យមុននោះឯង។ កាលព្រះរាជាត្រាស់ថា បើដូច្នោះ ខ្ញុំសូមដល់នាងជាទីពឹងផង ខ្ញុំសូមដល់ព្រះសាស្ដាជាទីពឹងផង ហើយខ្ញុំនឹងឲ្យពរដល់នាង ទើបព្រះនាងក្រាបទូលថា បពិត្រមហារាជ ពរចូរជារបស់ដែលខ្ញុំម្ចាស់បានទទួលចុះ។
ព្រះរាជាយាងទៅគាល់ព្រះសាស្ដា ទ្រង់ដល់ព្រះពុទ្ធជាសរណៈហើយ ទ្រង់និមន្តព្រះសាស្ដា ថ្វាយមហាទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានអស់ ៧ ថ្ងៃ ទ្រង់ហៅព្រះនាងសាមាវតីមក ត្រាស់ថា ឧដ្ឋេហិ វរំ គណ្ហ ចូរនាងក្រោកឡើង ទទួលពរ។
ព្រះនាងសាមាវតីក្រាបទូលថា បពិត្រមហារាជ ខ្ញុំម្ចាស់មិនមានសេចក្ដីត្រូវការដោយវត្ថុទាំងឡាយ មានប្រាក់ជាដើមឡើយ តែសូមទ្រង់ព្រះរាជទានពរនេះ ដល់ខ្ញុំម្ចាស់ គឺព្រះសាស្ដាមួយអន្លើដោយភិក្ខុ ៥០០ រូប នឹងយាងមកក្នុងទីនេះជានិច្ច បានដោយប្រការណា សូមទ្រង់ធ្វើដោយប្រការនោះចុះ ខ្ញុំម្ចាស់នឹងស្ដាប់ធម៌។
ព្រះរាជាថ្វាយបង្គំព្រះសាស្ដា ហើយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់យាងមកក្នុងទីនេះជានិច្ច ព្រមទាំងភិក្ខុ ៥០០ រូប ដ្បិតពួកស្រីដែលរួមទាំងព្រះនាងសាមាវតីផង ពោលថា ខ្ញុំម្ចាស់នឹងស្ដាប់ធម៌។
ព្រះសាស្ដាត្រាស់ថា មហាបពិត្រ ធម្មតាការទៅក្នុងទីមួយជានិច្ច មិនគួរដល់ព្រះពុទ្ធទាំងឡាយ ព្រោះមហាជនទន្ទឹងការមករបស់ព្រះសាស្ដា។ ព្រះរាជាក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន បើយ៉ាងនោះ សូមទ្រង់ឲ្យភិក្ខុមួយរូបចុះ។
ព្រះសាស្ដាទ្រង់ប្រគល់នាទីដល់ព្រះអានន្ទត្ថេរហើយ។ ចាប់តាំងអំពីកាលនោះ ព្រះអានន្ទត្ថេរក៏នាំភិក្ខុ ៥០០ ទៅកាន់រាជត្រកូលជានិច្ច ព្រះទេវីទាំងនោះ អង្គាសព្រះថេរៈមួយអន្លើដោយបរិវារ ស្ដាប់ធម៌ ជានិច្ចកាល។ ថ្ងៃមួយ ស្រីទាំងនោះ ស្ដាប់ធម្មកថារបស់ព្រះអានន្ទត្ថេរហើយជ្រះថ្លា បានបូជាព្រះធម៌ដោយសំពត់ឧត្តរាសង្គៈ ៥០០ ផ្ទាំង។ ឧត្តរាសង្គៈនីមួយៗ មានតម្លៃ ៥០០។
ព្រះរាជាទ្រង់មិនឃើញសំពត់ សូម្បីមួយផ្ទាំងរបស់ស្រីទាំងនោះទើបត្រាស់សួរថា សំពត់ឧត្តរាសង្គៈនៅឯណា។ ស្រីទាំងនោះ ក្រាបទូលថា ខ្ញុំម្ចាស់ប្រគេនដល់លោកម្ចាស់របស់យើងហើយ។
ព្រះរាជាត្រាស់សួរថា លោកម្ចាស់អង្គនោះ ទទួលទាំងអស់ឬ។ ស្រីទាំងនោះក្រាបទូលថា អាម គហិតា បពិត្រព្រះអង្គ លោកទទួលទាំងអស់។
ព្រះរាជាយាងចូលទៅរកព្រះអានន្ទត្ថេរ ថ្វាយបង្គំហើយ ត្រាស់សួរភាពដែលស្រីទាំងនោះ ប្រគេនសំពត់ឧត្តរាសង្គៈ ទ្រង់ស្ដាប់ភាពនៃសំពត់ដែលស្រីទាំងនោះ ប្រគេនហើយ និងភាពដែលព្រះថេរៈទទួលហើយ ទើបត្រាស់សួរថា បពិត្រលោកម្ចាស់ដ៏ចម្រើន សំពត់ទាំងឡាយច្រើនពេក មិនមែនឬ លោកម្ចាស់នឹងធ្វើអ្វី ដោយសំពត់មានប្រមាណប៉ុណ្ណេះ។
ព្រះអានន្ទត្ថេរពោលតបថា បពិត្រមហារាជ អាត្មាភាពទទួលសំពត់ល្មមសមគួរហើយ នឹងប្រគេនសំពត់ដ៏សេសដល់ភិក្ខុទាំងឡាយ ដែលមានចីវរចាស់។ ព្រះរាជាត្រាស់សួរថា ភិក្ខុទាំងឡាយនឹងធ្វើចីវរចាស់របស់ខ្លួនឲ្យជាអ្វី។
ព្រះអានន្ទពោលតបថា នឹងឲ្យដល់ភិក្ខុទាំងឡាយ ដែលមានចីវរចាស់ជាង។ ព្រះរាជាត្រាស់សួរថា ភិក្ខុទាំងនោះ នឹងធ្វើចីវរចាស់របស់ខ្លួន ឲ្យជាអ្វី។
ព្រះអានន្ទពោលតបថា លោកនឹងធ្វើឲ្យជាសំពត់ក្រាលដេក។ព្រះរាជាត្រាស់សួរថា លោកនឹងធ្វើសំពត់ក្រាលដេកចាស់ឲ្យជាអ្វី។
ព្រះថេរៈពោលតបថា លោកនឹងធ្វើជាសំពត់កម្រាលផ្ទៃ (ដី)។
ព្រះរាជាត្រាស់សួរថា លោកនឹងធ្វើសំពត់កម្រាលផ្ទៃចាស់ឲ្យជាអ្វី។
ព្រះថេរៈពោលតបថា សូមថ្វាយព្រះពរមហារាជ លោកនឹងធ្វើឲ្យ ជាសំពត់ជូតជើង។ ព្រះរាជាត្រាស់សួរថា លោកនឹងធ្វើសំពត់ជូតជើងចាស់ឲ្យជាអ្វី។
ព្រះថេរៈតបថា លោកនឹងជាន់ឲ្យល្អិត ហើយផ្សំជាមួយដីឥដ្ឋបូកជញ្ជាំង។ ព្រះរាជាត្រាស់សួរថា បពិត្រលោកម្ចាស់ សំពត់ទាំងឡាយដែលប្រគេនដល់លោកម្ចាស់ នឹងមិនវិនាស ព្រោះធ្វើកម្មមានប្រមាណប៉ុណ្ណេះឬ។
ព្រះថេរៈតបថា យ៉ាងនោះឯង មហាបពិត្រ។
ព្រះរាជាទ្រង់ជ្រះថ្លាហើយ ត្រាស់ឲ្យនាំសំពត់ ៥០០ ដទៃទៀត ឲ្យតាំងទុកទៀបបាទមូលរបស់ព្រះថេរៈហើយ។ បានឮថា ព្រះថេរៈបានសំពត់មានតម្លៃ ៥០០ ដែលគេតម្កល់ទុកទៀបបាទមូល ហើយប្រគេនដោយចំណែក ៥០០ ដល់ទៅ ៥០០ ដង បានសំពត់មានតម្លៃមួយពាន់ ដែលគេតម្កល់ទុកទៀបបាទមូល ប្រគេនដោយចំណែកមួយពាន់ ដល់ទៅមួយពាន់ដង បានសំពត់មានតម្លៃមួយសែន ដែលគេតម្កល់ទុកទៀបបាទមូល ប្រគេនដោយចំណែកមួយសែន ដល់ទៅមួយសែនដង។ ឈ្មោះថា ការរាប់សំពត់ដែលព្រះអានន្ទបានហើយ ដោយន័យជាដើមថា ១ ២ ៣ ៤ ៥ ១០ ដូច្នេះ មិនមានឡើយ។ បានឮថា កាលព្រះតថាគតបរិនិព្វានហើយ ព្រះថេរៈត្រាច់ទៅពេញជម្ពូទ្វីប បានប្រគេនបាត្រ និងចីវរទាំងឡាយដែលជារបស់ខ្លួនប៉ុណ្ណោះ ដល់ពួកភិក្ខុក្នុងវត្តទាំងអស់។
នាងមាគណ្ឌិយាគិតថា អញធ្វើវត្ថុណា វត្ថុនោះ មិនបានយ៉ាងនេះ បែរជាបានរបស់ដទៃទៅវិញ ឥឡូវនេះ អញនឹងធ្វើដូចម្ដេចហ្ន៎ ដូច្នេះហើយ គិតថា ឧបាយនេះ ប្រើការបាន។ កាលព្រះរាជាយាងទៅក្រសាលក្នុងព្រះរាជឧទ្យាន បញ្ជូនដំណឹងទៅកាន់ឪពុកមាថា សូមមាទៅកាន់ប្រាសាទរបស់នាងសាមាវតី បើកឃ្លាំងសំពត់ និងឃ្លាំងប្រេង ជ្រលក់សំពត់ក្នុងពាងប្រេង ហើយរុំសសរ ធ្វើស្រីទាំងនោះទុកជាមួយគ្នា បិទទ្វារដាក់គន្លឹះខាងក្រៅ យកគប់ភ្លើងមានដងដុតដំណាក់ហើយ ចូរទៅចុះ។ នាយមាគណ្ឌិយៈនោះ ឡើងកាន់ប្រាសាទ ឲ្យបើកឃ្លាំងទាំងឡាយ ជ្រលក់សំពត់ក្នុងពាងប្រេង ហើយរុំសសរ។ លំដាប់នោះ ស្រីទាំងឡាយ មានព្រះនាងសាមាវតីជាប្រធានចូលទៅរក ហើយសួរនាយមាគណ្ឌិយៈថា លោកមាធ្វើអ្វី។
នាយមាគណ្ឌិយៈពោលយ៉ាងនេះថា ព្រះនាងទាំងឡាយ ព្រះរាជាប្រាប់ឲ្យរុំសសរទាំងនេះ ដោយសំពត់ជ្រលក់ប្រេង ដើម្បីធ្វើឲ្យរឹងមាំ ធម្មតាក្នុងព្រះរាជវាំង កម្មដែលប្រកបល្អនិងអាក្រក់ ជារបស់ដឹងបានដោយក្រ ព្រះនាងទាំងឡាយ កុំនៅក្នុងទីជិតខ្ញុំឡើយ ដូច្នេះហើយ ឲ្យស្រីទាំងនោះចូលទៅខាងក្នុងបន្ទប់ បិទទ្វារហើយដាក់គន្លឹះខាងក្រៅ ដុតភ្លើងតាំងអំពីដំណាក់ខាងដើម ហើយចុះមក។
ព្រះនាងសាមាវតីបានឲ្យឱវាទដល់ស្រីទាំងនោះថា ការកំណត់អត្តភាពដែលត្រូវភ្លើងឆេះយ៉ាងនេះ របស់ពួកយើង ដែលអន្ទោលទៅក្នុងសង្សារ មិនមានទីបំផុតខាងដើម សូម្បីពុទ្ធញ្ញាណ ក៏មិនធ្វើបានដោយងាយ នាងទាំងឡាយ ចូរជាអ្នកមិនប្រមាទចុះ។ ស្រីទាំងនោះ កាលដំណាក់ត្រូវភ្លើងឆេះ មនសិការដល់វេទនាបរិគ្គហកម្មដ្ឋាន ស្ត្រីពួកខ្លះ សម្រេចផលទី ២ ស្ត្រីពួកខ្លះ សម្រេចផលទី៣។
ព្រោះហេតុនោះ ទើបព្រះធម្មសង្គាហកាចារ្យពោលថា គ្រានោះឯង ភិក្ខុជាច្រើនត្រឡប់អំពីបិណ្ឌបាតខាងក្រោយភត្ត ព្រះមានព្រះភាគគង់នៅក្នុងទីណា ក៏ចូលទៅគាល់ក្នុងទីនោះ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ កាលព្រះបាទឧទេន ទ្រង់ស្ដេចទៅកាន់ឧទ្យាន មានភ្លើងឆេះខាងក្នុងព្រះរាជវាំង ពួកស្ត្រីទាំង ៥០០ នាក់ មាននាងសាមាវតីជាប្រធាន ធ្វើមរណកាលទាំងអស់ បពិត្រព្រះអង្គដ៏ចម្រើន គតិរបស់ឧបាសិកាទាំងនោះ តើដូចម្ដេច លោកខាងមុខ តើដូចម្ដេច។
ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បណ្ដាឧបាសិកាទាំងនុ៎ះ ឧបាសិកាដែលជាសោតាបន្នា ក៏មាន ជាសកទាគាមិនី ក៏មាន ជាអនាគាមិនី ក៏មាន ម្នាលភិក្ខុទាំងឡាយ ឧបាសិកាទាំងអស់នោះ ដែលធ្វើកាលកិរិយា មិនមែនឥតផលទេ។
លុះព្រះមានព្រះភាគទ្រង់ជ្រាបច្បាស់សេចក្ដីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
មោហសម្ពន្ធនោ លោកោ ភព្វរូបោវ ទិស្សតិ
ឧបធិពន្ធនោ ពាលោ តមសា បរិវារិតោ
សស្សតោរិវ ខាយតិ បស្សតោ នត្ថិ កិញ្ចនំ។
សត្វលោកមានមោហៈជាចំណង ប្រាកដដូចជាមានរូបចម្រើន បុគ្គលពាល មានឧបធិក្កិលេសជាចំណង ត្រូវងងឹត គឺអវិជ្ជាចោមរោមហើយ ប្រាកដដូចជាទៀងទាត់ សេចក្ដីកង្វល់ មានរាគៈជាដើម របស់បុគ្គលអ្នកពិចារណាឃើញច្បាស់ មិនមានទេ [បិ.៥២ ទំ.៣១៨ ឃ.១៥៧។]។
ព្រះសាស្ដា កាលទ្រង់ត្រាស់យ៉ាងនេះហើយ ទ្រង់សម្ដែងធម៌ថា ម្នាលភិក្ខុទាំងឡាយ ធម្មតាសត្វទាំងឡាយ អន្ទោលទៅក្នុងវដ្ដៈ ជាអ្នកមិនប្រមាទអស់កាលជានិច្ច ធ្វើបុញ្ញកម្មតែម្យ៉ាង ក៏ទេ ជាបុគ្គលមានសេចក្ដីប្រមាទ ធ្វើបាបកម្ម ក៏មាន ព្រោះហេតុនោះ សត្វដែលត្រាច់ទៅក្នុងវដ្ដៈ ទើបសោយសុខខ្លះ ទុក្ខខ្លះ។
ព្រះរាជាទ្រង់ព្រះសណ្ដាប់ថា ដំណាក់របស់ព្រះនាងសាមាវតីត្រូវភ្លើងឆេះ ទ្រង់ប្រញាប់យាងមក ក៏មិនអាចទាន់ដំណាក់ដែលភ្លើងមិនទាន់ឆេះបាន កាលយាងមកដល់ហើយ ទ្រង់ញ៉ាំងដំណាក់ឲ្យរលត់ហើយ ទ្រង់កើតទោមនស្សដ៏មានកម្លាំង ចោមរោមដោយពួកអាមាត្យ គង់រឭករឿយៗនូវគុណរបស់ព្រះនាងសាមាវតី ទ្រង់ព្រះតម្រិះថា នេះ ជាការធ្វើរបស់អ្នកណាហ្ន៎ ដូច្នេះហើយ ទ្រង់ជ្រាបថា កម្មនេះ គឺជាកម្មដែលនាងមាគណ្ឌិយាឲ្យធ្វើហើយ ទ្រង់ព្រះតម្រិះថា នាងមាគណ្ឌិយានេះ បើអញធ្វើឲ្យភ័យខ្លាចហើយសួរ គង់មិនប្រាប់ អញនឹងសួរដោយឧបាយសន្សឹមៗ ទើបត្រាស់នឹងអាមាត្យទាំងឡាយថា នែអ្នកដ៏ចម្រើនទាំងឡាយ ក្នុងកាលមុន យើងក្រោកឡើងហើយ ជាអ្នកសង្ស័យដោយជុំវិញតែម្យ៉ាង នាងសាមាវតីស្វែងរកទោសយើងជានិច្ច ឥឡូវនេះ នាងក៏ស្លាប់ទៅហើយ យើងនឹងត្រជាក់ចិត្តបាន យើងនឹងបាននៅដោយសេចក្ដីសុខ។
អាមាត្យទាំងឡាយក្រាបទូលសួរថា បពិត្រព្រះសម្មតិទេព កម្មនេះ អ្នកណាហ្ន៎ ធ្វើហើយ ។ ព្រះរាជាត្រាស់តបថា គឺបុគ្គលណាមួយធ្វើហើយដោយសេចក្ដីស្រឡាញ់ក្នុងយើង។
ព្រះនាងមាគណ្ឌិយាឈរគាល់ក្នុងទីជិត ស្ដាប់ព្រះតម្រាស់នោះហើយ ទើបក្រាបទូលថា បពិត្រព្រះសម្មតិទេព អ្នកដទៃមិនអាចធ្វើបាន កម្មនេះ ខ្ញុំម្ចាស់ធ្វើហើយ ខ្ញុំម្ចាស់ប្រើឪពុកមាឲ្យធ្វើ។
ព្រះរាជាត្រាស់តបថា ឈ្មោះថា សត្វមានសេចក្ដីស្រឡាញ់ក្នុងយើងដទៃ លើកទុកចុះ ក្រៅអំពីនាង រមែងមិនមាន យើងពេញចិត្ត នែទេវី យើងនឹងឲ្យពរដល់នាង នាងចូរឲ្យគេហៅពួកញាតិរបស់ខ្លួនមក។
នាងមាគណ្ឌិយាបញ្ជូនដំណឹងទៅប្រាប់ពួកញាតិថា ព្រះរាជាទ្រង់សព្វព្រះហឫទ័យនឹងព្រះរាជទានពរដល់ខ្ញុំ ចូរប្រញាប់មក។ ព្រះរាជាបញ្ជាឲ្យធ្វើសក្ការៈធំ ដល់ញាតិទាំងឡាយរបស់នាងមាគណ្ឌិយា ដែលមកហើយ សូម្បីពួកជនដែលមិនមែនញាតិរបស់នាងមាគណ្ឌិយា ឃើញសក្ការៈនោះហើយ ក៏ឲ្យសំណូកពោលថា ពួកខ្ញុំជាញាតិរបស់ព្រះនាងមាគណ្ឌិយា នាំគ្នាមកហើយ។ ព្រះរាជាបញ្ជាឲ្យចាប់មនុស្សទាំងនោះទុក ហើយឲ្យជីករណ្ដៅទាំងឡាយប្រមាណត្រឹមផ្ចិត ត្រង់លានព្រះរាជវាំង ហើយឲ្យមនុស្សទាំងនោះអង្គុយចុះ ក្នុងរណ្ដៅទាំងនោះ យកដីលុប ឲ្យដាក់ចំបើងអំពីខាងលើ ហើយដុតភ្លើង ក្នុងពេលដែលស្បែកត្រូវភ្លើងឆេះហើយ បញ្ជាឲ្យភ្ជួរដោយនង្គ័លដែកទាំងឡាយ ធ្វើឲ្យជាកំណាត់តូចនិងកំណាត់ធំ ឲ្យជាចម្រៀកតូចនិងចម្រៀកធំ។ ព្រះរាជាទ្រង់បញ្ជាឲ្យ ចៀរសាច់អំពីសរីរៈរបស់នាងមាគណ្ឌិយា ត្រង់ទីដែលមានសាច់ ដោយកាំបិតដ៏មុត ហើយឲ្យលើកឡើងកាន់ជើងក្រាន ដែលមានឆ្នាំងក្ដៅដោយខ្លាញ់ ឲ្យចៀនដូចនំ ហើយឲ្យនាងមាគណ្ឌិយាទំពាស៊ីសាច់ខ្លួនឯងនោះវិញ។
តមក ថ្ងៃមួយ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ ការស្លាប់ដូច្នេះ របស់ឧបាសិកាដែលដល់ព្រមដោយសទ្ធាបែបនេះ មិនសមគួរសោះហ្ន៎ ។ ព្រះសាស្ដាស្ដេចយាងមក ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយកថាអ្វីហ្ន៎។ កាលពួកភិក្ខុទាំងនោះ ក្រាបបង្គំទូលថា ដោយកថាឈ្មោះនេះ ព្រះអង្គ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការស្លាប់របស់ស្រីទាំងឡាយនោះ មាននាងសាមាវតីជាប្រធាន មិនគួរហើយក្នុងអត្តភាពនេះ តែការស្លាប់របស់ស្រីទាំងនោះ សមគួរដល់កម្មដែលនាងធ្វើទុកក្នុងកាលមុន កាលភិក្ខុទាំងនោះ ក្រាបបង្គំទូលអារាធនាថា បពិត្រព្រះអង្គដ៏ចម្រើន កម្មអ្វីដែលស្រីទាំងនោះ ធ្វើទុកក្នុងកាលមុន សូមទ្រង់ត្រាស់ប្រាប់ដល់ខ្ញុំព្រះអង្គទាំងឡាយ ទើបទ្រង់នាំអតីតនិទានមកថា
ក្នុងអតីតកាល ស្ដេចព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងនគរពារាណសី ព្រះបច្ចេកពុទ្ធ ៨ អង្គ ឆាន់ក្នុងព្រះរាជវាំងជានិច្ច ស្រី ៥០០ នាក់ ទំនុកបម្រុងព្រះបច្ចេកពុទ្ធទាំងនោះ។ បណ្ដាព្រះបច្ចេកពុទ្ធទាំងនោះ ព្រះបច្ចេកពុទ្ធ ៧អង្គ ទៅកាន់ហិមវន្តប្បទេស មួយអង្គទៀត អង្គុយចូលឈានត្រង់ទីស៊ុមទ្រុមដោយស្មៅមួយកន្លែង ក្បែរមាត់ស្ទឹង។ សម័យថ្ងៃមួយ កាលព្រះបច្ចេកពុទ្ធទាំងឡាយទៅហើយ ព្រះរាជានាំស្រីទាំងនោះទៅ ដើម្បីលេងទឹកក្នុងស្ទឹង។ ក្នុងទីនោះ ស្រីទាំងនោះលេងទឹករហូតអស់ចំណែកនៃថ្ងៃ ឡើងមកហើយ ត្រូវរងាបៀតបៀន ប្រាថ្នានឹងអាំងភ្លើង ពោលថា អ្នកទាំងឡាយ គប្បីរកទីសម្រាប់បង្កាត់ភ្លើងរបស់ពួកយើង ដើរទៅមកៗ ឃើញទីស៊ុមទ្រុមដោយស្មៅនោះ ទើបឈរជុំវិញ បង្កាត់ភ្លើងហើយដោយសម្គាល់ថា ជាគំនរស្មៅ។ កាលស្មៅទាំងឡាយឆេះហើយ ក៏រលត់ ស្រីទាំងនោះឃើញព្រះបច្ចេកពុទ្ធ ទើបពោលថា ពួកយើងវិនាសហើយ ព្រះបច្ចេកពុទ្ធរបស់ព្រះរាជាត្រូវភ្លើងឆាបឆេះ កាលព្រះរាជាទ្រង់ជ្រាប នឹងធ្វើពួកយើងឲ្យវិនាស យើងនឹងដុតលោកឲ្យឆេះទាំងអស់។ ជនទាំងនោះ នាំឧសមកអំពីទិសផ្សេងៗ ធ្វើឲ្យជាគំនរខាងលើនៃព្រះបច្ចេកពុទ្ធនោះ គំនរឧសធំ បានកើតមានហើយ។ លំដាប់នោះ ស្រីទាំងនោះ ដុតគំនរឧសហើយចៀសចេញទៅ ដោយសម្គាល់ថា នឹងឆេះអស់ឥឡូវនេះ។ មុនដំបូង ស្រីទាំងនោះ ជាអ្នកមិនមានចេតនា ទើបមិនត្រូវចំណងកម្ម តែក្រោយមក ត្រូវចំណងកម្ម ព្រោះមានចេតនាហើយ។ មនុស្សទាំងឡាយនាំឧសមួយពាន់រទេះមកដុត ក៏មិនអាចធ្វើព្រះបច្ចេកពុទ្ធដែលនៅក្នុងសមាបត្តិ ឲ្យមានអាការៈ ត្រឹមតែក្ដៅបាន។ ព្រោះហេតុនោះ ព្រះបច្ចេកពុទ្ធនោះ ក្នុងថ្ងៃទី៧ ក៏ក្រោកឡើងទៅតាមសប្បាយហើយ។ ស្រីទាំងនោះ ឆេះក្នុងនរកអស់ច្រើនសែនឆ្នាំ ព្រោះកម្មដែលធ្វើទុកហើយ ឆេះហើយក្នុងផ្ទះដែលត្រូវភ្លើងឆេះ ដោយទំនងនេះ អស់មួយរយអត្តភាព ដោយវិបាកដ៏សេសនៃកម្មនោះឯង។ នេះជាបុព្វកម្មរបស់ស្រីទាំងនោះ ដោយប្រការដូច្នេះ។
កាលព្រះសាស្ដាត្រាស់យ៉ាងនោះហើយ ភិក្ខុទាំងឡាយក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ចំណែកនាងខុជ្ជុត្តរានោះ តើព្រោះកម្មដូចម្ដេច ទើបកើតជាស្រីគម ព្រោះកម្មដូចម្ដេច ទើបមានបញ្ញាច្រើន ព្រោះកម្មដូចម្ដេច ទើបសម្រេចសោតាបត្តិផល ព្រោះកម្មដូចម្ដេច ទើបកើតជាអ្នកបម្រើរបស់អ្នកដទៃ។
ព្រះសាស្ដាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលដែលព្រះរាជាអង្គនោះឯង សោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះបច្ចេកពុទ្ធអង្គនោះឯង បានជាបុគ្គលមានធាតុនៃមនុស្សគមបន្តិច។ លំដាប់នោះ ស្រីឧបដ្ឋាកយិកាម្នាក់ ដណ្ដប់សំពត់កម្ពល កាន់ផ្តិលមាស ធ្វើជាមនុស្សគម សម្ដែងអាកប្បកិរិយាត្រាច់ទៅនៃព្រះបច្ចេកពុទ្ធអង្គនោះ ដោយពោលថា ព្រះបច្ចេកពុទ្ធរបស់ពួកយើង រមែងត្រាច់ទៅយ៉ាងនេះ យ៉ាងនេះ។ ព្រោះផលដែលហូរចេញអំពីកម្មនោះ ទើបនាងជាស្រីគម។
ម្យ៉ាងទៀត ក្នុងថ្ងៃដំបូង ព្រះរាជាទ្រង់និមន្តព្រះបច្ចេកពុទ្ធទាំងនោះ ឲ្យគង់ក្នុងព្រះរាជនិវេសន៍ ឲ្យរាជបុរសទទួលបាត្រ ដាក់បាត្រឲ្យ ពេញដោយបាយាស ហើយប្រគេន។ ព្រះបច្ចេកពុទ្ធទាំងឡាយ កាន់បាត្រដែលពេញដោយបាយាសក្ដៅ ត្រូវផ្លាស់ប្ដូរដៃរឿយៗ ស្រីនោះ ឃើញលោកធ្វើយ៉ាងនេះ ក៏ប្រគេនកងដៃភ្លុក ៨ ដែលជារបស់ផ្ទាល់ខ្លួន ដោយពោលថា សូមលោកម្ចាស់ដាក់ (បាត្រ) លើកងដៃនេះ ហើយកាន់យក។ ព្រះបច្ចេកពុទ្ធទាំងនោះ ធ្វើយ៉ាងនេះ ហើយសម្លឹងមើលស្រីនោះ។ នាងដឹងបំណងរបស់ព្រះបច្ចេកពុទ្ធទាំងឡាយ ទើបពោលថា បពិត្រលោកម្ចាស់ ខ្ញុំមិនមានសេចក្ដីត្រូវការកងទាំងនេះឡើយ ខ្ញុំបរិច្ចាគកងទាំងនេះ ដល់លោកម្ចាស់ទាំងឡាយហើយ សូមលោកម្ចាស់ទទួលចុះ។ ព្រះបច្ចេកពុទ្ធទាំងនោះទទួលហើយ បានទៅកាន់ញកភ្នំ នន្ទមូលកៈ។ សូម្បីសព្វថ្ងៃនេះ កងទាំងនោះ ក៏នៅតែល្អនោះឯង។ ព្រោះផលដែលហូរចេញអំពីកម្មនោះ ក្នុងកាលឥឡូវនេះ ទើបនាងជាអ្នកទ្រទ្រង់ព្រះត្រៃបិដក មានបញ្ញាច្រើន ព្រោះផលដែលហូរចេញអំពីការបម្រើ ដែលនាងធ្វើចំពោះព្រះបច្ចេកពុទ្ធទាំងឡាយ ទើបនាងសម្រេចសោតាបត្តិផល។ នេះជាបុព្វកម្មក្នុងពុទ្ធន្តរ (ចន្លោះព្រះពុទ្ធ) របស់នាង។
ចំណែកក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកស្សបៈ កូនស្រីរបស់សេដ្ឋីក្រុងពារាណសីម្នាក់ ចាប់កញ្ចក់ អង្គុយតែងខ្លួនក្នុងកាលមានស្រមោលចម្រើន គឺពេលរសៀល។ លំដាប់នោះ ភិក្ខុនីជាព្រះខីណាស្រពមួយរូប ជាអ្នកស្និទ្ធស្នាលរបស់នាង បានទៅដើម្បីសួរសុខទុក្ខ។ មែនពិតភិក្ខុនី សូម្បីជាព្រះខីណាស្រព ក៏ជាអ្នកប្រាថ្នាដើម្បីឃើញត្រកូលឧបដ្ឋាកក្នុងពេលល្ងាច។ ក្នុងខណៈនោះ ស្រីបម្រើណាមួយក្នុងសម្នាក់របស់សេដ្ឋីធីតានោះ មិនមានឡើយ ទើបនាងពោលថា ខ្ញុំសូមថ្វាយបង្គំអ្នកនាងម្ចាស់ សូមហុចកំប្រោងគ្រឿងប្រដាប់នោះ ឲ្យដល់ខ្ញុំបន្តិច។
ព្រះថេរីគិតថា បើអញមិនហុចកំប្រោងនេះ ឲ្យដល់នាងសោត នាងនឹងធ្វើអាឃាតក្នុងអាត្មាអញ ហើយកើតក្នុងនរក តែបើអញហុចឲ្យនាង នាងក៏នឹងកើតជាស្រីបម្រើរបស់អ្នកដទៃ តែការកើតជាអ្នកបម្រើរបស់អ្នកដទៃ គង់ប្រសើរជាងការក្ដៅក្រហាយក្នុងនរក។ ព្រះថេរីនោះ អាស្រ័យករុណា ទើបហុចកំប្រោងគ្រឿងប្រដាប់នោះ ឲ្យដល់នាង។ ព្រោះផលនៃកម្មនោះ ទើបនាងបានជាអ្នកបម្រើរបស់អ្នកដទៃ។
ស្អែកឡើង ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងធម្មសភាថា ស្រី ៥០០ មានព្រះនាងសាមាវតីជាប្រធាន ត្រូវភ្លើងឆេះហើយ ក្នុងព្រះរាជដំណាក់ ពួកញាតិរបស់នាងមាគណ្ឌិយា ត្រូវដុតដោយចំបើង ដែលគ្របខាងលើ ហើយទម្លាយដោយនង័្គលដែក នាងមាគណ្ឌិយាត្រូវចៀនដោយខ្លាញ់ដ៏ក្ដៅ បណ្ដាមនុស្សទាំងនោះ អ្នកណាហ្ន៎ ឈ្មោះថា រស់នៅ អ្នកណាហ្ន៎ ឈ្មោះថា ស្លាប់ហើយ។
ព្រះសាស្ដាស្ដេចយាងមក ហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយកថាអ្វីហ្ន៎។ កាលពួកភិក្ខុទាំងនោះក្រាបបង្គំទូលថា ដោយកថាឈ្មោះនេះ ព្រះអង្គ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយប្រមាទហើយ បុគ្គលនោះ សូម្បីរស់នៅមួយរយឆ្នាំ ក៏ឈ្មោះថា ស្លាប់ហើយដោយពិត បុគ្គលណា មិនប្រមាទ បុគ្គលនោះ ទោះបីស្លាប់ហើយ ក៏ឈ្មោះថា រស់នៅ ព្រោះហេតុនោះ នាងមាគណ្ឌិយា សូម្បីរស់នៅ ក៏ឈ្មោះថា ស្លាប់ហើយមែនពិត ស្រី ៥០០ មាននាងសាមាវតីជាប្រធាន សូម្បីស្លាប់ហើយ ក៏ឈ្មោះថា រស់នៅមែនពិត ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលមិនប្រមាទ ឈ្មោះថា មិនស្លាប់ ដូច្នេះហើយ ទ្រង់ត្រាស់ព្រះគាថាទាំងឡាយនេះថា
អប្បមាទោ អមតំបទំ បមាទោ មច្ចុនោ បទំ
អប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា។
សេចក្ដីមិនប្រមាទ ជាផ្លូវនៃសេចក្ដីមិនស្លាប់ សេចក្ដីប្រមាទជាផ្លូវនៃសេចក្ដីស្លាប់ ជនទាំងឡាយដែលមិនប្រមាទហើយឈ្មោះថា មិនស្លាប់ ជនទាំងឡាយដែលប្រមាទហើយ ទុកដូចជាមនុស្សស្លាប់ទៅហើយ។
ឯតំ វិសេសតោ ញត្វា អប្បមាទម្ហិ បណ្ឌិតា
អប្បមាទេ បមោទន្តិ អរិយានំ គោចរេ រតា។
ពួកបណ្ឌិតបានជ្រាបនូវដំណើរនេះ ដោយប្លែកគ្នា (ទើបឋិតនៅ) ក្នុងសេចក្ដីមិនប្រមាទ រីករាយក្នុងសេចក្ដីមិនប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរក្នុងធម៌ជាគោចរ នៃអរិយបុគ្គលទាំងឡាយ ។
តេ ឈាយិនោ សាតតិកា និច្ចំ ទឡ្ហបរក្កមា
ផុសន្តិ ធីរា និព្វានំ យោគក្ខេមំ អនុត្តរំ។
មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្ដីប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមានប្រាជ្ញា តែងប៉ះពាល់នូវព្រះនិព្វានជាទីក្សេមក្សាន្តចាកយោគៈ ជាគុណជាតដ៏ប្រសើរបំផុត [បិ.៥២ ទំ.២៥ ឃ.១២។]។
ឃោសកសេដ្ឋី ចប់។
[ស្រង់ចាកអដ្ឋកថា ធម្មបទ សាមាវតីវត្ថុ។]។
សូមអនុមោទនា !!!
