ទុតិយភាគ
ភាគទី៥៣
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ។
ឯកនិបាត បឋមវគ្គ ទី១
លោភសូត្រ ទី១
[១] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូលលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺ លោភៈ តថាគតជាអ្នកធានាដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះក្នុងសូត្រនោះថា
សត្វទាំងឡាយល្មោភហើយព្រោះលោភៈណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយអ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់លោភៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀតក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។សូត្រទី ១។
ទោសសូត្រ ទី២
[២] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺទោសៈ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយជាអនាគាមី។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ ប្រទូស្តហើយព្រោះទោសៈណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយអ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់ទោសៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី២។
មោហសូត្រ ទី៣
[៣] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺ មោហៈ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយជាអនាគាមី។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ វង្វេងហើយ ព្រោះមោហៈណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់មោហៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៣។
កោធសូត្រ ទី៤
[៤] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺសេចក្ដីក្រោធ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយជាអនាគាមី។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ ក្រោធហើយ ព្រោះសេចក្ដីក្រោធណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់សេចក្ដីក្រោធនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៤។
មក្ខសូត្រ ទី៥
[៥] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺសេចក្ដីលុបគុណ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយជាអនាគាមី។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ លុបគុណហើយ ព្រោះសេចក្ដីលុបគុណណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់សេចក្ដីលុបគុណនោះបាន លុះលះបង់បានហើយ រមែងមិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៥។
មានសូត្រ ទី៦
[៦] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺ មានះ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយជាអនាគាមី។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ ប្រកាន់ហើយ ព្រោះមានះណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់មានះនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៦។
សព្វបរិញ្ញាសូត្រ ទី៧
[៧] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹង នូវហេតុទាំងពួង មិនញុំាងចិត្តឲ្យនឿយណាយ មិនលះបង់ នូវហេតុទាំងនោះ មិនគួរដើម្បីអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវហេតុទាំងពួង ញុំាងចិត្តឲ្យនឿយណាយ លះបង់នូវហេតុទាំងនោះបាន ទើបគួរដើម្បីអស់ទុក្ខ។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលណា ដឹងហេតុទាំងពួង ដោយអាការទាំងពួង មិនត្រេកអរក្នុងផល (សកលកាយ) ទាំងពួង បុគ្គលនោះឯង កំណត់ដឹងហេតុទាំងពួង បុគ្គលនោះ ទើបកន្លងទុក្ខទាំងពួងបានដោយពិត។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៧។
មានបរិញ្ញាសូត្រ ទី៨
[៨] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹងនូវមានះ មិនញុំាងចិត្តឲ្យនឿយណាយ មិនលះបង់នូវមានះនោះ មិនគួរដើម្បីអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវមានះ ញុំាងចិត្តឲ្យនឿយណាយ លះបង់នូវមានះនោះបាន ទើបគួរដើម្បីអស់ទុក្ខ។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ពួកសត្វនេះ ជាអ្នកប្រកបដោយមានះ ត្រូវមានះចាក់ស្រែះហើយ ត្រេកអរក្នុងភព កាលមិនកំណត់ដឹងមានះ តែងមកកាន់ភពថ្មីទៀត ចំណែកពួកសត្វណា លះបង់មានះបានហើយ ផុតស្រឡះហើយ ព្រោះអស់មានះ សត្វទាំងនោះ គ្របសង្កត់នូវគ្រឿងចាក់ស្រែះ គឺ មានះបានហើយ កន្លងបង់នូវគ្រឿងចាក់ស្រែះទាំងពួងបាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនុ៎ះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៨។
លោភបរិញ្ញាសូត្រ ទី៩
[៩] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹងនូវលោភៈ មិនញុំាងចិត្តឲ្យនឿយណាយ មិនលះបង់នូវលោភៈនោះ មិនគួរដើម្បីអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវលោភៈ ញុំាងចិត្តឲ្យនឿយណាយ លះបង់នូវលោភៈនោះបាន ទើបគួរដើម្បីអស់ទុក្ខ។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ ជាប់ហើយព្រោះលោភៈណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់លោភៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៩។
ទោសបរិញ្ញាសូត្រ ទី១០
[១០] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹងនូវទោសៈ មិនញុំាងចិត្តឲ្យនឿយណាយ មិនលះបង់នូវទោសៈនោះ មិនគួរដើម្បីនឹងអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវទោសៈ ញុំាងចិត្តឲ្យនឿយណាយ លះបង់នូវទោសៈនោះបាន ទើបគួរដើម្បីអស់ទុក្ខ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ ប្រទូស្ដហើយ ព្រោះទោសៈណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់ទោសៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១០។
ចប់ បាដិភោគវគ្គ ទី១។
ឧទា្ទននៃបាដិភោគវគ្គនោះគឺ
និយាយអំពីរាគៈ ១ ទោសៈ ១ មោហៈ ១ សេចក្ដីក្រោធ ១ សេចក្ដីលុបគុណ ១ មានះ ១ ហេតុទាំងពួង ១ មានះ ១ រាគៈ ទោសៈ ២ ទៀត អ្នកប្រាជ្ញទាំងឡាយ ពោលថាជាបឋមវគ្គ។
ឥតិវុត្តកៈ ឯកនិបាត ទុតិយវគ្គ
មោហបរិញ្ញាសូត្រ ទី១
[១១] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹងនូវមោហៈ មិនញុំាងចិត្តឲ្យនឿយណាយ មិនលះបង់នូវមោហៈនោះ មិនគួរដើម្បីនឹងអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវមោហៈ ញុំាងចិត្តឲ្យនឿយណាយ លះបង់នូវមោហៈនោះបាន ទើបគួរនឹងអស់ទុក្ខ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ វង្វេងហើយ ព្រោះមោហៈណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់មោហៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១។
កោធបរិញ្ញាសូត្រ ទី២
[១២] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹងនូវសេចក្ដីក្រោធ មិនញុំាងចិត្តឲ្យនឿយណាយ មិនលះបង់នូវសេចក្ដីក្រោធនោះ មិនគួរដើម្បីនឹងអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវសេចក្ដីក្រោធ ញុំាងចិត្តឲ្យនឿយណាយ លះបង់នូវសេចក្ដីក្រោធនោះបាន ទើបគួរដើម្បីនឹងអស់ទុក្ខ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ ក្រោធហើយ ព្រោះសេចក្ដីក្រោធណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ លះបង់សេចក្ដីក្រោធនោះ លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី២។
មក្ខបរិញ្ញាសូត្រ ទី៣
[១៣] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹងនូវសេចក្ដីលុបគុណ មិនញុំាងចិត្តឲ្យនឿយណាយ មិនលះបង់នូវសេចក្ដីលុបគុណនោះ មិនគួរដើម្បីនឹងអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវសេចក្ដីលុបគុណ ទាំងញុំាងចិត្តឲ្យនឿយណាយ លះបង់សេចក្ដីលុបគុណនោះបាន ទើបគួរដើម្បីនឹងអស់ទុក្ខ។ លុះព្រះមានព្រះភាគ សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ លុបគុណហើយ ព្រោះសេចក្ដីលុបគុណណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់សេចក្ដីលុបគុណនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៣។
អវិជ្ជានីវរណសូត្រ ទី៤
[១៤] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វត្រូវនីវរណៈណា រួបរឹតហើយ តែងអន្ទោលទៅ តែងត្រាច់ទៅ អស់រាត្រីវែង ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនីវរណៈដទៃនោះ សូម្បីតែនីវរណៈមួយ ដូចអវិជ្ជានីវរណៈនេះឡើយ ម្នាលភិក្ខុទាំងឡាយ ហេតុតែពួកសត្វត្រូវអវិជ្ជានីវរណៈរួបរឹតហើយ ទើបបានអន្ទោលទៅ ត្រាច់ទៅ អស់រាត្រីវែង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ពួកសត្វ ត្រូវមោហៈដែលជាធម៌ឯក មិនមានធម៌ដទៃដូច រួបរឹតបិទបាំងយ៉ាងនេះហើយ តែងអន្ទោលទៅអស់ថ្ងៃ និងយប់ដ៏វែង ចំណែកសត្វទាំងឡាយណា លះបង់មោហៈ ទំលាយគំនរនៃងងឹតហើយ សត្វទាំងឡាយនោះ នឹងមិនអន្ទោលទៅទៀត ព្រោះហេតុរបស់សត្វទាំងនោះមិនមាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៤។
តណ្ហាសំយោជនសូត្រ ទី៥
[១៥] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ សត្វដែលប្រកបដោយសំយោជនៈណាហើយ តែងអន្ទោលទៅ ត្រាច់ទៅ អស់រាត្រីដ៏វែង ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញសំយោជនៈដទៃនោះ សូម្បីតែសំយោជនៈមួយ ដូចជាតណ្ហាសំយោជនៈនេះឡើយ ម្នាលភិក្ខុទាំងឡាយ ហេតុតែសត្វទាំងឡាយ ដែលប្រកបដោយតណ្ហាសំយោជនៈហើយ ទើបបានអន្ទោលទៅ ត្រាច់ទៅ អស់រាត្រីវែង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុរសមានតណ្ហាជាគំរប់ពីរ កាលអន្ទោលទៅកាន់សង្សារអស់កាលដ៏វែង រមែងមិនកន្លងនូវសង្សារវដ្ដ ដែលមានសភាពយ៉ាងនេះ និងយ៉ាងដទៃបានឡើយ ភិក្ខុដឹងនូវតណ្ហានេះ ថាជាទោស ជាដែនកើតនៃទុក្ខហើយ ជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្ដីប្រកាន់ ជាអ្នកមានសតិ គប្បីវៀរបង់ចោលចេញ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៥។
បឋមសេខសូត្រ ទី៦
[១៦] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុជាសេក្ខៈ មិនទាន់សម្រេចអរហត្តផលនៅឡើយ ហើយប្រាថ្នាធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើបច្ច័យខាងក្នុង ឲ្យជាហេតុ ហើយមិនឃើញហេតុដទៃ សូម្បីតែហេតុមួយ ដែលមានឧបការៈច្រើនយ៉ាងនេះ ដូចជាយោនិសោមនសិការៈឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលធ្វើទុកក្នុងចិត្ត ដោយឧបាយហើយ ទើបលះបង់អកុសល ចំរើនកុសលបាន។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
យោនិសោមនសិការៈ ជាធម៌របស់ភិក្ខុជាសេក្ខៈ ធម៌ដទៃ ដែលមានឧបការៈច្រើន ដើម្បីសម្រេចប្រយោជន៍ដ៏ឧត្តមដូច្នោះ មិនមានឡើយ កាលភិក្ខុផ្គងចិត្ត ដោយឧបាយ ទើបដល់នូវការអស់ទុក្ខបាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៦។
ទុតិយសេខសូត្រ ទី៧
[១៧] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុជាសេក្ខៈ មិនទាន់សម្រេចអរហត្តផលនៅឡើយ ហើយប្រាថ្នាធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើបច្ច័យខាងក្រៅ ឲ្យជាហេតុ ហើយមិនឃើញហេតុដទៃ សូម្បីតែហេតុមួយ ដែលមានឧបការៈច្រើនយ៉ាងនេះ ឲ្យដូចជាភាពនៃបុគ្គលមានកល្យាណមិត្តនេះឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកល្យាណមិត្ត ទើបលះបង់អកុសល ចំរើនកុសលបាន។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ភិក្ខុណា មានកល្យាណមិត្ត មានសេចក្ដីកោតក្រែង ប្រកបដោយសេចក្ដីគោរព ធ្វើតាមពាក្យរបស់កល្យាណមិត្ត ជាអ្នកមានសេចក្ដីដឹងខ្លួន មានស្មារតី ភិក្ខុនោះ ទើបគួរដល់នូវកិរិយាអស់សំយោជនៈទាំងពួង ដោយលំដាប់បាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៧។
សង្ឃភេទសូត្រ ទី៨
[១៨] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ កាលកើតឡើងក្នុងលោក តែងកើតឡើង ដើម្បីមិនជាប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីមិនចំរើនដល់ជនច្រើន ដើម្បីជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ ១ តើដូចម្ដេច។ គឺសង្ឃភេទ (ការបំបែកសង្ឃ) ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃបែកគ្នាហើយ ការឈ្លោះប្រកែកគ្នានឹងគ្នា ក៏កើតមាន ការប្រទេចផ្ដាសាគ្នានឹងគ្នា ក៏កើតមាន ការបោកបោះពាក្យសំដីដល់គ្នានឹងគ្នា ក៏កើតមាន ការលះបង់គ្នានឹងគ្នា ក៏កើតមាន ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាក្នុងសង្ឃនោះ ក៏មិនជ្រះថ្លា ជនពួកខ្លះ ដែលជ្រះថ្លាស្រាប់ហើយ ក៏ងាកទៅជាយ៉ាងដទៃវិញ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលជាអ្នកបំបែកសង្ឃ ត្រេកអរក្នុងពួក មិនឋិតក្នុងធម៌ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក តាំងនៅអស់មួយកប្ប រមែងសាបសូន្យចាកធម៌ជាទីក្សេមចាកយោគៈ បុគ្គលបំបែកសង្ឃដែលព្រមព្រៀងគ្នាហើយ តែងឆេះក្នុងនរកអស់មួយកប្ប។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៨។
សង្ឃសាមគ្គីសូត្រ ទី៩
[១៩] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ កាលកើតឡើងក្នុងលោក តែងកើតឡើង ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីជាសុខដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីចំរើនដល់ជនច្រើន ដើម្បីជាសុខដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ ១ តើដូចម្ដេច។ គឺសេចក្ដីព្រមព្រៀងរបស់សង្ឃ។ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃព្រមព្រៀងគ្នាហើយ ការឈ្លោះប្រកែកគ្នានឹងគ្នា ក៏មិនកើតមាន ការប្រទេចផ្ដាសាគ្នានឹងគ្នា ក៏មិនកើតមាន ការបោកបោះពាក្យសំដីដល់គ្នានឹងគ្នា ក៏មិនកើតមាន ការលះបង់គ្នានឹងគ្នា ក៏មិនកើតមាន ជនទាំងឡាយ ដែលមិនជ្រះថ្លាក្នុងសង្ឃនោះ ក៏រមែងជ្រះថ្លា ពួកជនដែលជ្រះថ្លាស្រាប់ហើយ ក៏រឹងរឹតតែជ្រះថ្លាឡើង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សេចក្ដីព្រមព្រៀងនៃសង្ឃ ជាហេតុនាំសេចក្ដីសុខមកឲ្យ ការអនុគ្រោះបុគ្គលទាំងឡាយ ដែលមានសេចក្ដីព្រមព្រៀងគ្នា (ជាហេតុនាំសេចក្ដីសុខមកឲ្យ) បុគ្គលត្រេកអរ ក្នុងជនដែលព្រមព្រៀងគ្នា តាំងនៅក្នុងធម៌ រមែងមិនសាបសូន្យ ចាកធម៌ជាទីក្សេមចាកយោគៈ បុគ្គលធ្វើសង្ឃ ឲ្យព្រមព្រៀងគ្នា រមែងរីករាយ ក្នុងឋានសួគ៌ អស់ ១ កប្ប។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ត្រាស់ទុកហើយ។ សូត្រ ទី៩។
បទុដ្ឋចិត្តសូត្រ ទី១០
[២០] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត កំណត់ចិត្តដោយចិត្តហើយ ដឹងច្បាស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលមានចិត្តប្រទូស្ដយ៉ាងនេះថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ មុខជាទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ រឿងនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលនោះ មានចិត្តប្រទូស្ដ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែមានចិត្តប្រទូស្ដ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត និងនរក។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ព្រះពុទ្ធ ទ្រង់ជ្រាបបុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលមានចិត្តប្រទូស្ដ ទើបទ្រង់ព្យាករសេចក្ដីនុ៎ះ ក្នុងសំណាក់ភិក្ខុទាំងឡាយថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ មុខជាទៅកើតក្នុងនរក ព្រោះតែបុគ្គលនោះ មានចិត្តប្រទូស្ដ បុគ្គលបែបនោះ ដូចជាគេនាំយកទៅទំលាក់យ៉ាងនេះឯង សត្វទាំងឡាយ រមែងទៅកាន់ទុគ្គតិ ព្រោះហេតុតែមានចិត្តប្រទូស។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១០។
ចប់ ទុតិយវគ្គ។
ឧទ្ទាននៃទុតិយវគ្គនោះគឺ
និយាយអំពីមោហៈ ១ សេចក្ដីក្រោធ ១ សេចក្ដីលុបគុណគេ ១ សេចក្ដីវង្វេង ១ កាម ១ សេក្ខៈមាន ២ លើក ការបំបែក ១ សេចក្ដីត្រេកអរ ១ បុគ្គល ១ លោកពោលថាជាវគ្គ ទី២។
ឥតិវុត្តកៈ ឯកនិបាត តតិយវគ្គ
បសន្នចិត្តសូត្រ ទី១
[២១] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត កំណត់ដឹងចិត្តដោយចិត្ត ដឹងច្បាស់ បុគ្គលពួកខ្លះក្នុងលោកនេះ ដែលមានចិត្តជ្រះថ្លាហើយ យ៉ាងនេះថា បើបុគ្គលនេះ ធ្វើមរណកាលទៅក្នុងសម័យនេះ នឹងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅតម្កល់ទុក។ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលនោះ មានចិត្តជ្រះថ្លា។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែមានចិត្តជ្រះថ្លាយ៉ាងនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតឯសុគតិសួគ៌ទេវលោក។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ព្រះពុទ្ធទ្រង់ជ្រាបបុគ្គលពួកខ្លះ ដែលមានចិត្តជ្រះថ្លា ក្នុងលោកនេះ ទើបទ្រង់ព្យាករសេចក្ដីនុ៎ះ ក្នុងសំណាក់ភិក្ខុទាំងឡាយថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ នឹងទៅកើតក្នុងសុគតិ ព្រោះបុគ្គលនោះ មានចិត្តជ្រះថ្លា បុគ្គលបែបនោះ ដូចជាគេនាំយកទៅតម្កល់ទុក (ក្នុងសួគ៌) យ៉ាងនេះឯង សត្វទាំងឡាយ រមែងទៅកាន់សុគតិ ព្រោះហេតុតែមានចិត្តជ្រះថ្លា។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១។
មេត្តសូត្រ ទី២
[២២] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំខ្លាចបុណ្យឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះពាក្យថា បុណ្យនេះ ជាឈ្មោះនៃសេចក្ដីសុខដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីស្រឡាញ់ ជាទីពេញចិត្ត។ ម្នាលភិក្ខុទាំងឡាយ តថាគតស្គាល់ច្បាស់ ផលនៃបុណ្យ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីស្រឡាញ់ ជាទីពេញចិត្ត ដែលតថាគតបានហើយ អស់កាលជាអង្វែង ដែលតថាគតធ្វើហើយ អស់កាលជាអង្វែង។ តថាគតបានចំរើនមេតាចិត្ត អស់ ៧ ឆ្នាំ មិនបានមកកាន់លោកនេះទៀត អស់ ៧ សំវដ្ដវិវដ្ដកប្ប ម្នាលភិក្ខុទាំងឡាយ ដំណើរថា កាលកប្បវិនាស តថាគតបានទៅកើតក្នុងអាភស្សរព្រហ្ម កាលកប្បចំរើន តថាគតបានចូលទៅកាន់ព្រហ្មវិមាន ដែលសូន្យទទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងទីនោះ តថាគតជាព្រហ្ម ជាមហាព្រហ្ម គ្របសង្កត់សត្វដទៃបាន សត្វដទៃមិនអាចគ្របសង្កត់តថាគតបានទេ តថាគតឃើញហេតុសព្វគ្រប់ អាចញុំាងអំណាច ឲ្យប្រព្រឹត្តទៅបាន ដោយពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតបានកើតជាព្រះឥន្ទ្រ ជាធំជាងទេវតាទាំងឡាយ ៣៦ ដង បានជាស្ដេចចក្រពត្តិ ធម្មិកធម្មរាជ ជាឥស្សរៈលើផែនដី ដែលមានសមុទ្រទាំង ៤ ជាទីបំផុត ជាស្ដេចឈ្នះសង្គ្រាម មានជនបទ ដល់នូវការមាំមួន បរិបូណ៌ដោយរតនៈទាំង ៧ ប្រការ អស់ច្រើនរយដង នឹងបាច់ពោលទៅថ្វី ដល់ប្រទេសរាជ្យ។
ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្ដីត្រិះរិះថា នេះជាផលកម្មរបស់អាត្មាអញដូចម្ដេចហ្ន៎ នេះជាវិបាកនៃកម្មដូចម្ដេច ដែលនាំឲ្យអាត្មាអញមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ក្នុងកាលឥឡូវនេះ។
ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្ដីត្រិះរិះថា នេះជាផលកម្មទាំងឡាយ ៣ យ៉ាង របស់អាត្មាអញ នេះជាវិបាកនៃកម្មទាំងឡាយ ៣ យ៉ាង ដែលនាំឲ្យអាត្មាអញមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ក្នុងកាលឥឡូវនេះ គឺផលទាន ១ ការទូន្មានឥន្ទ្រិយ ១ ការសង្រួម ១។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
កុលបុត្រអ្នកប្រាថ្នាប្រយោជន៍ គួរសិក្សា គឺថា គប្បីសេពនូវបុណ្យដែលមានផលបរិបូណ៌ មានវិបាកជាសុខ គួរចំរើនទាន ១ ការប្រព្រឹត្តិស្មើ គឺសីល ១ មេត្តាចិត្ត ១ លុះចំរើនធម៌ទាំង ៣ នេះ ដែលមានអានិសង្សជាសុខហើយ រមែងចូលទៅកាន់លោកជាសុខ [សុខក្នុងទីនេះ បានដល់សុខដែលកើតអំពីឈានសមាបត្តិ។] ឥតមានទុក្ខ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះ ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី២។
ឧភយត្ថសូត្រ ទី៣
[២៣]ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ ដែលបុគ្គលចំរើនហើយ ធើ្វឲ្យរឿយៗហើយ រមែងបានប្រយោជន៍ទាំង២គឺ ប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១។ ធម៌ ១ តើដូចម្ដេច។ គឺសេចក្ដីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ១ ដែលបុគ្គលចំរើនហើយ ធើ្វឲ្យរឿយ ៗ ហើយ រមែងបានប្រយោជន៍ទាំង២ គឺ ប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះក្នុងសូត្រនោះថា
បណ្ឌិតទាំងឡាយ តែងសរសើរសេចក្ដីមិនប្រមាទក្នុងបុញ្ញកិរិយាវត្ថុទាំងឡាយ បណ្ឌិតមិនប្រមាទហើយ រមែងបានប្រយោជន៍ទាំង ២ គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក១ អ្នកមានប្រាជ្ញា ព្រោះបានប្រយោជន៍ទាំង២ ទើបហៅថាជាបណ្ឌិត។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៣។
អដ្ឋិបុញ្ជសូត្រ ទី៤
[២៤] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលម្នាក់ស្ទុះទៅ អន្ទោលទៅ អស់កប្ប បំណែកឆ្អឹង ពំនូកឆ្អឹង គំនរឆ្អឹងជាច្រើន បើបុគ្គលប្រមូលនាំមកដំកល់ទុក (១កន្លែង) ហើយរក្សាទុក មិនឲ្យវិនាសខ្ចាត់ខ្ចាយទៅ ឆ្អឹងនឹងដូចជាភ្នំវេបុល្លនេះដូច្នោះឯង។ លុះព្រះមានព្រះភាគ សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ព្រះសម្មាសម្ពុទ្ធ ព្រះអង្គស្វែងរកគុណដ៏ធំ ទ្រង់ត្រាស់ដូច្នេះថា គំនរឆ្អឹងបុគ្គលម្នាក់ៗ ក្នុងមួយកប្ប ជាគំនរប៉ុនភ្នំ ឯភ្នំនោះឯង ដែលព្រះសម្មាសម្ពុទ្ធត្រាស់ថា ភ្នំវេបុល្ល ជាភ្នំធំ ជាភ្នំខ្ពស់ជាងភ្នំគិជ្ឈកូដ ក្បែក្រុងគិរិព្វជះ គឺរាជគ្រឹះរបស់ពួកជនអ្នកស្រុកមគធៈ កាលណាបើបុគ្គលឃើញអរិយសច្ចទាំងឡាយដោយបញ្ញាដ៏ប្រពៃ គឺទុក្ខ ១ ហេតុដែលនាំឲ្យកើតទុក្ខ ១ ការកន្លងបង់ទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដែលជាទីញុំាងសត្វឲ្យទៅកាន់ទីរលត់ទុក្ខ ១ លុះបុគ្គលនោះ អន្ទោលទៅអស់ ៧ជាតិ ជាយ៉ាងក្រៃលែង នឹងធ្វើនូវទីបំផុតនៃទុក្ខបាន ព្រោះអស់សំយោជនៈទាំងពួង។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៤។
មុសាវាទសូត្រ ទី៥
[២៥] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលដែលកន្លងធម៌ ១ ហើយ គថាគតមិនដែលពោលថា បុរសបុគ្គលនោះ មិនគប្បីធើ្វបាបកម្មបន្តិចបន្តួច ដូច្នេះឡើយ។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ នេះ គឺសម្បជានមុសាវាទ (ការពោលពាក្យកុហកទាំងដឹងខ្លួន)។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះក្នុងសូត្រនោះថា
សត្វដែលកន្លងធម៌ ១ គឺអ្នកពោលពាក្យកុហក មានបរលោកកន្លងបង់ហើយ មិនគប្បីធ្វើអំពើបាប មិនមានឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៥។
ទានសូត្រ ទី៦
[២៦] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វដឹងផលនៃការចែកទាន ដូចជាតថាគតដឹងដូច្នោះ បើមិនទាន់ឲ្យទានទេ ក៏មិនហ៊ានបរិភោគឡើយ មួយទៀត មន្ទិល គឺសេចក្ដីកំណាញ់របស់សត្វទាំងនោះ ក៏មិនគ្របសង្កត់ចិត្តបានឡើយ។ ទោះបីពំនូកបាយជាដម្បូង ដុំបាយជាដម្បូងឯណា របស់សត្វទាំងឡាយនោះ សត្វទាំងឡាយ មិនបានរំលែកអំពីពំនូតបាយនោះ ក៏មិនបរិភោគឡើយ បើសត្វទាំងនោះ មានបដិគ្គាហកបុគ្គល។ ម្នាលភិក្ខុទាំងឡាយ គថាគតដឹងផលនៃការឲ្យ និងការចែករលែកយ៉ាងណា សត្វទាំងឡាយ មិនដឹងយ៉ាងនោះទេ ព្រោះហេតុណា ហេតុនោះ សត្វទាំងឡាយ មិនបានឲ្យទានហើយ ទើបហ៊ានបរិភោគ មួយទៀត មន្ទិល គឺសេចក្ដីកំណាញ់ ក៏តែងគ្របសង្កត់ចិត្តសត្វទាំងឡាយនោះ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បើសត្វទាំងឡាយ គប្បីដឹងផល នៃការចែករលែក ថាមានផលច្រើន ដូចព្រះពុទ្ធទ្រង់ស្វែងរកគុណដ៏ធំ ត្រាស់ទុកហើយយ៉ាងនេះ សត្វទាំងឡាយ មានចិត្តជ្រះថ្លា គប្បីបន្ទោបង់មន្ទិល គឺសេចក្ដីកំណាញ់ចេញ ទានដែលគេឲ្យហើយ ដល់ព្រះអរិយៈទាំងឡាយណា រមែងមានផលច្រើន បុគ្គលទាំងឡាយ គួរឲ្យទានដល់ព្រះអរិយៈទាំងនោះ ក្នុងកាលដ៏គួរ មួយទៀត ជនច្រើននាក់ ឲ្យបាយជាទក្ខិណាទាន ដល់ទក្ខិណេយ្យបុគ្គលទាំងឡាយ ទាយកទាំងឡាយ លុះច្យុតអំពីអត្តភាពជាមនុស្សនេះហើយ រមែងទៅកាន់ឋានសួគ៌ ទាយកទាំងនោះ លុះទៅកាន់ឋានសួគ៌ ជាអ្នកមានចំណង់ក្នុងកាម រមែងរីករាយ ក្នុងស្ថានសួគ៌នោះ សត្វទាំងឡាយ មិនកំណាញ់ រមែងសោយផល នៃការចែករលែក។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៦។
មេត្តាភាវនាសូត្រ ទី៧
[២៧] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែលឲ្យផលក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិនដល់មួយចំណិតនៃមេត្តាចេតោវិមុត្តិ ដែលបុគ្គលចែកឲ្យជាចំណែក ១៦ ៗ ដងឡើយ មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាងរុងរឿង។ ម្នាលភិក្ខុទាំងឡាយ ដូចពន្លឺពួកផ្កាយឯណានីមួយ ពន្លឺពួកផ្កាយទាំងអស់នោះ មិនដល់មួយចំណិតពន្លឺព្រះចន្រ្ទ ដែលបុគ្គលចែកជាចំណែក ១៦ ៗ ដងឡើយ ពន្លឺព្រះចន្រ្ទ តែងគ្របសង្កត់ពន្លឺផ្កាយទាំងអម្បាលនោះ ភ្លឺស្វាងរុងរឿង ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែលឲ្យផលក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិនដល់មួយចំណិតនៃមេត្តាចេតោវិមុត្តិ ដែលចែកឲ្យជាចំណែក ១៦ ៗ ដង មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាងរុងរឿង ក៏ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ដូចមេឃដែលស្រឡះ ប្រាសចាកពពក ក្នុងសរទសម័យ ក្នុងខែជាខាងចុងនៃរដូវភ្លៀង ព្រះអាទិត្យ ក៏រះត្រដួចត្រដឹមក្នុងពពក កំចាត់បង់ងងឹតឰដ៏អាកាសទាំងអស់ ភ្លឺស្វាងរុងរឿង ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្តុទាំងឡាយ ដែលឲ្យផលក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិនដល់មួយចំណិត នៃមេត្តាចេតោវិមុត្តិ ដែលបុគ្គលចែកឲ្យជាចំណែក ១៦ ៗ ដងឡើយ មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្តុទាំងនោះ ភ្លឺស្វាងរុងរឿង ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ដូចផ្កាយព្រឹក ភ្លឺស្វាងរុងរឿង ក្នុងបច្ចូសសម័យនៃរាត្រី ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែលឲ្យផល ក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិនដល់មួយចំណិតនៃមេត្តាចេតោវិមុត្តិ ដែលចែកឲ្យជាចំណែក ១៦ ៗ ដងឡើយ មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាងរុងរឿង ដូច្នោះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្តីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលណា មានស្មារតី ចំរើនមេត្តា មិនមានប្រមាណ បដិឃសំយោជនៈទាំងឡាយ របស់បុគ្គលនោះ អ្នកឃើញកិរិយាអស់ទៅនៃកិលេស រមែងស្ដួចស្ដើង បើបុគ្គលមានចិត្តមិនប្រទូស្ដសត្វ សូម្បីតែសត្វមួយ ចំរើនមេត្តា ជាបុគ្គលឈ្លាសវៃដោយមេត្តានោះ មួយទៀត ព្រះអរិយៈ កាលអនុគ្រោះសត្វទាំងអស់ដោយចិត្តហើយ ឈ្មោះថា ធ្វើបុណ្យច្រើន ជនទាំងឡាយណា ឈ្នះផែនដីដ៏ដេរដាសទៅដោយសត្វ ជនទាំងឡាយនោះ ជាធម្មិករាជ ប្រហែលដោយឥសី ហើយញុំាងការបូជាឲ្យប្រព្រឹត្តទៅ (គឺទ្រង់ឈ្លាសវៃក្នុងការទំនុកបម្រុងធញ្ញាហារ គឺស្រែស្រូវ ឲ្យសម្បូណ៌ក្នុងព្រះរាជអាណាចក្រ ១ ទ្រង់ឈ្លាសវៃក្នុងការសង្គ្រោះរាជបុរស ១ ទ្រង់ប្រកបឧបាយចងចិត្តមនុស្សឲ្យចូលចិត្ត ១ ទ្រង់មានព្រះបន្ទូលផ្អែមល្ហែម ១ ជាហេតុឲ្យស្រុកទេសរាបទាបសាន្ដត្រាណ គ្មានចោរ ទាល់តែមិនបាច់ដាក់គន្លឹះ ចាក់សោទ្វារផ្ទះ ១) កាបូជាទាំងឡាយនោះ មិនដល់មួយចំណិត នៃបុគ្គលអ្នកចំរើនមេត្តាចិត្ត ដែលចែកឲ្យជាចំណែក ១៦ ៗ ដងឡើយ (ដូចពួកផ្កាយទាំងអស់ មិនដល់មួយចំណិតនៃពន្លឺព្រះចន្ទ្រ) បុគ្គលណា មិនសម្លាប់សត្វដោយខ្លួនឯង មិនប្រើគេឲ្យសម្លាប់ មិនផ្ចាញ់ផ្ចាលដោយខ្លួនឯង មិនប្រើគេឲ្យផ្ចាញ់ផ្ចាល ជាអ្នកមានចំណែកនៃមេត្តា ក្នុងសត្វទាំងឡាយទាំងពួង ពៀរមិនមានដល់បុគ្គលនោះ ដោយហេតុណានីមួយឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៧។
ចប់ តតិយវគ្គ។
ឧទា្ទននៃតតិយវគ្គនោះគឺ
និយាយអំពីចិត្ត ១ ចំរើនឈាន ១ ប្រយោជន៍ទាំងពីរ ១ គំនរឆ្អឹងដូចជាភ្នំវេបុល្ល ១ សម្បជានមុសាវាទ ១ ទាន ១ ការចំរើនមេត្តា ១ ព្រះសូត្រទាំងឡាយ ក្នុងធម៌មួយ ៗ គឺ ព្រះសូត្រ (ខាងចុង) ៧ សូត្រ ព្រះសូត្រខាងដើម ២០ សូត្រ សង្គ្រោះជាសូត្រ ២៧ សូត្រ។
ចប់ ឯកនិបាត។
ឥតិវុត្តកៈ ទុកនិបាត បឋមវគ្គ
ទុក្ខវិហារសូត្រ ទី១
[២៨] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ រមែងនៅជាទុក្ខ ប្រកបដោយសេចក្ដីថ្នាំងថ្នាក់ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ ប្រកបដោយសេចក្ដីក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ប្រាកដជាទៅកាន់ទុគ្គតិ។ ភិក្ខុប្រកបដោយធម៌ ២ តើដូចម្ដេច។ គឺភាពជាអ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ១ ភាពជាអ្នកមិនដឹងប្រមាណក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ នេះឯង រមែងនៅជាទុក្ខ ប្រកបដោយសេចក្ដីថ្នាំងថ្នាក់ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ ប្រកបដោយសេចក្ដីក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ប្រាកដជាទៅកាន់ទុគ្គតិ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ភិក្ខុណា ក្នុងសាសនានេះ មិនបានគ្រប់គ្រងទ្វារអម្បាលនេះ គឺ ចក្ខុ១ សោតៈ១ ឃានៈ១ ជិវ្ហា១ កាយ១ មនៈ១ ជាអ្នកមិងដឹងប្រមាណ ក្នុងភោជន មិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ ភិក្ខុនោះ តែងបាននូវសេចក្ដីទុក្ខ គឺទុក្ខក្នុងកាយផង ទុក្ខក្នុងចិត្តផង ភិក្ខុបែបនោះ មានកាយក្តៅក្រហាយ មានចិត្តក្តៅក្រហាយ តែងនៅជាទុក្ខទាំងថ្ងៃទាំងយប់។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១។
សុខវិហារសូត្រ ទី២
[២៩] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ រមែងនៅជាសុខ មិនថ្នាំងថ្នាក់ មិនចង្អៀតចង្អល់ មិនក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ប្រាកដជាទៅកាន់សុគតិ។ ភិក្ខុប្រកបដោយធម៌ ២ តើដូចម្ដេច។ គឺភាពជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ១ ភាពជាអ្នកដឹងប្រមាណក្នុងភោជន១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ នេះឯង រមែងនៅជាសុខ មិនថ្នាំងថ្នាក់ មិនចង្អៀតចង្អល់ មិនក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ប្រាកដជាទៅកាន់សុគតិ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ភិក្ខុណា ក្នុងសាសនានេះ បានគ្រប់គ្រងទ្វារទាំងឡាយនេះគឺ ចក្ខុ១ សោតៈ១ ឃានៈ១ ជិវ្ហា១ កាយ១ មនៈ១ ល្អហើយ ជាអ្នកដឹងប្រមាណក្នុងភោជន សង្រួមក្នុងឥន្ទ្រិយទាំងឡាយ ភិក្ខុនោះ តែងបានសេចក្ដីសុខ គឺសុខក្នុងកាយផង សុខក្នុងចិត្តផង ភិក្ខុបែបនោះ មានកាយមិនក្តៅក្រហាយ មានចិត្តមិនក្តៅក្រហាយ រមែងនៅជាសុខទាំងថ្ងៃទាំងយប់។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី២។
តបនីយសូត្រ ទី៣
[៣០] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌នាំឲ្យក្ដៅនេះ មាន ២។ ធម៌នាំឲ្យក្ដៅ ២ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានធ្វើសេចក្ដីល្អ មិនបានធ្វើកុសល មិនបានធ្វើទីពឹងអាស្រ័យ ធ្វើតែអំពើបាប ធ្វើតែអំពើរឹងរូស ធ្វើតែអំពើអាក្រក់ បុគ្គលនោះ តែងក្ដៅក្រហាយដោយគិតថា អាត្មាអញ មិនបានធ្វើអំពើល្អផង តែងក្ដៅក្រហាយដោយគិតថា អាត្មាអញធ្វើតែអំពើអាក្រក់ផង។ ម្នាលភិក្ខុទាំងឡាយ ធម៌នាំឲ្យក្ដៅ មាន ២ នេះឯង។ លុះព្រះមានព្រះភាគ សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលណា ធ្វើកាយទុច្ចរិត វចីទុច្ចរិត ឬធ្វើមនោទុច្ចរិត ឬក៏អំពើណាមួយដទៃទៀត ដែលប្រកបដោយទោស មិនបានធ្វើកុសលកម្ម ធ្វើតែអកុសលជាច្រើន បុគ្គលអ្នកឥតបញ្ញានោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងចូលទៅកាន់នរក។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៣។
អតបនីយសូត្រ ទី៤
[៣១] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌នាំមិនឲ្យក្ដៅក្រហាយនេះ មាន ២។ ធម៌នាំមិនឲ្យក្ដៅក្រហាយ ២ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើសេចក្ដីល្អទុកហើយ បានធ្វើកុសលទុកហើយ បានធ្វើសេចក្ដីពឹងពាក់ទុកហើយ មិនបានធ្វើបាប មិនបានធ្វើសេចក្ដីរឹងរូស មិនបានធ្វើសេចក្ដីអាក្រក់ បុគ្គលនោះ តែងមិនក្ដៅក្រហាយ ដោយគិតថា អាត្មាអញ បានធ្វើសេចក្ដីល្អទុកហើយផង តែងមិនក្ដៅក្រហាយ ដោយគិតថា អាត្មាអញ មិនបានធ្វើសេចក្ដីអាក្រក់ទុកហើយផង។ ម្នាលភិក្ខុទាំងឡាយ ធម៌នាំមិនឲ្យក្ដៅក្រហាយ មាន ២ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលណា លះបង់កាយទុច្ចរិត វចីទុច្ចរិត ឬលះបង់មនោទុច្ចរិត ឬអំពើណាមួយដទៃទៀត ដែលប្រកបដោយទោស មិនធ្វើអកុសលកម្ម ធ្វើតែកុសលកម្មជាច្រើន បុគ្គលនោះ ជាអ្នកប្រកបដោយបញ្ញា លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងចូលទៅកាន់ស្ថានសួគ៌។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៤។
បឋមសីលសូត្រ ទី៥
[៣២] ខ្ញុំបានស្ដាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២ រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ២ តើដូចម្ដេច។ គឺប្រកបដោយសីលលាមក ១ ប្រកបដោយទិដ្ឋិលាមក ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២ នេះឯង រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ជនណា ប្រកបដោយធម៌ ២ យ៉ាងនេះ គឺដោយសីលលាមក ១ ដោយទិដ្ឋិលាមក ១ ជនអ្នកឥតបញ្ញានោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងចូលទៅកាន់នរក។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៥។
ទុតិយសីលសូត្រ ទី៦
[៣៣] ខ្ញុំបានស្ដាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២ រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដំកល់ទុក។ ប្រកបដោយធម៌ ២ តើដូចម្ដេច។ គឺប្រកបដោយសីលចំរើន ១ ប្រកបដោយទិដ្ឋិចំរើន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២ នេះឯង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដំកល់ទុក។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ជនណា ប្រកបដោយធម៌ ២ នេះ គឺដោយសីលល្អ ១ ដោយទិដ្ឋិល្អ ១ ជនអ្នកប្រកបដោយបញ្ញានោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងចូលទៅកាន់ស្ថានសួគ៌។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៦។
អាតាបីសូត្រ ទី៧
[៣៤] ខ្ញុំបានស្ដាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មិនមានសេចក្ដីខ្លាចបាប មិនគួរដើម្បីត្រាស់ដឹង មិនគួរដើម្បីរំលត់ មិនគួរដើម្បីបាននូវធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្ដីខ្លាចបាប ទើបគួរដើម្បីត្រាស់ដឹង គួរដើម្បីរំលត់ គួរដើម្បីបាននូវធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ភិក្ខុណា មិនមានព្យាយាមដុតកំដៅកិលេស មិនមានសេចក្ដីខ្លាចបាប ជាអ្នកខ្ជិលច្រអូស មានព្យាយាមថោកថយ ច្រើនដោយថីនមិទ្ធៈ មិនមានសេចក្ដីអៀនខ្មាស មិនមានសេចក្ដីអើពើ ភិក្ខុនោះ មិនគួរដើម្បីបាននូវសេចក្ដីត្រាស់ដឹងដ៏ឧត្តមឡើយ ភិក្ខុណា ជាអ្នកមានស្មារតី មានបញ្ញាជាគ្រឿងរក្សាខ្លួន មានឈាន មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្ដីខ្លាចបាប មិនប្រមាទ ផ្ដាច់បង់នូវគ្រឿងប្រកបនៃជាតិជរាបាន ភិក្ខុនោះ ទើបគួរដើម្បីបាននូវសេចក្ដីត្រាស់ដឹងដ៏ឧត្តម ក្នុងលោកនេះ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៧។
បឋមនកុហនសូត្រ ទី៨
[៣៥] ខ្ញុំបានស្ដាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈនេះ មិនមែនដើម្បីកុហកនូវជន មិនមែនដើម្បីរួសរាយចំពោះជន មិនមែនដើម្បីអានិសង្ស គឺលាភសក្ការៈ និងសេចក្ដីសរសើរទេ មិនប្រព្រឹត្តព្រហ្មចរិយៈ ដោយគិតថា មហាជនចូរស្គាល់នូវអាត្មាអញដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ តាមពិតនោះ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈនេះ ដើម្បីសង្រួមផង ដើម្បីលះបង់ផង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់បានសំដែងនូវព្រហ្មចរិយៈដែលមិនអាងតាមពាក្យគេថា ទីប្រព្រឹត្តទៅ ដើម្បីចុះស៊ប់ កាន់ព្រះនិព្វាន ដើម្បីសង្រួម ដើម្បីលះបង់ នេះជាផ្លូវដែលព្រះសម្មាសម្ពុទ្ធទាំងឡាយ ទ្រង់មានព្រះអធ្យាស្រ័យដ៏ធំ ស្វែងរកនូវគុណដ៏ធំ ទ្រង់ប្រតិបត្តិមកហើយ ជនទាំងឡាយណា ដើរតាមផ្លូវដែលព្រះពុទ្ធបានសំដែងហើយនោះ ឈ្មោះថា ធ្វើតាមពាក្យប្រដៅនៃព្រះសាស្ដា និងធ្វើនូវទីបំផុតនៃទុក្ខបាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៨។
ទុតិយនកុហនសូត្រ ទី៩
[៣៦] ខ្ញុំបានស្ដាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈនេះ មិនមែនដើម្បីកុហកនូវជន មិនមែនដើម្បីរួសរាយចំពោះជន មិនមែនដើម្បីអានិសង្ស គឺលាភសក្ការៈ និងសេចក្ដីសរសើរទេ មិនប្រព្រឹត្តព្រហ្មចរិយៈ ដោយគិតថា មហាជនចូរស្គាល់នូវអាត្មាអញដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ តាមពិតនោះ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈនេះ ដើម្បីដឹងផង ដើម្បីកំណត់ដឹងផង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ព្រះមានព្រះភាគអង្គនោះ ទ្រង់បានសំដែងព្រហ្មចរិយៈ ដែលមិនអាងតាមពាក្យគេថា ទីប្រព្រឹត្តទៅដើម្បីចុះស៊ប់កាន់ព្រះនិព្វាន ដើម្បីដឹង ដើម្បីកំណត់ដឹង នេះជាផ្លូវដែលព្រះសម្មាសម្ពុទ្ធទាំងឡាយ ទ្រង់មានព្រះអធ្យាស្រ័យធំ ស្វែងរកនូវគុណដ៏ធំ ទ្រង់ប្រតិបត្តិមកហើយ ជនទាំងឡាយណា ដើរតាមផ្លូវដែលព្រះពុទ្ធ ទ្រង់សំដែងហើយនោះ ឈ្មោះថា ធ្វើតាមពាក្យប្រដៅនៃព្រះសាស្ដា និងធ្វើនូវទីបំផុតនៃទុក្ខបាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៩។
សោមនស្សសូត្រ ទី១០
[៣៧] ខ្ញុំបានស្ដាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ រមែងច្រើនដោយសេចក្ដីសុខ និងសោមនស្ស ជាអ្នកប្រារព្ធ ដើម្បីអស់អាសវៈទាំងឡាយ ដោយឧបាយនៃបញ្ញាក្នុងបច្ចុប្បន្ន។ ប្រកបដោយធម៌ ២ តើដូចម្ដេច។ គឺប្រកបដោយសេចក្ដីសំវេគ ក្នុងទីទាំងឡាយ ដែលជាទីតាំងនៃសេចក្ដីសំវេគ ១ ប្រកបដោយសេចក្ដីព្យាយាម ដោយឧបាយនៃសេចក្ដីសំវេគ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ នេះឯង រមែងច្រើនដោយសេចក្ដីសុខ និងសោមនស្ស ជាអ្នកប្រារព្ធ ដើម្បីអស់អាសវៈទាំងឡាយ ដោយឧបាយនៃបញ្ញាក្នុងបច្ចុប្បន្ន។ លុះព្រះមានព្រះភាគ សំដែងសេចក្ដីនេះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ភិក្ខុជាបណ្ឌិត មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានបញ្ញាជាគ្រឿងរក្សាខ្លួន គប្បីសំវេគក្នុងទីជាទីតាំងនៃសេចក្ដីសំវេគទាំងឡាយ គប្បីពិចារណាដោយបញ្ញា ភិក្ខុមានធម៌ជាគ្រឿងនៅយ៉ាងនេះ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ប្រព្រឹត្តស្ងប់ មិនរាយមាយ ប្រកបរឿយៗ នូវចេតោសមថៈហើយ គប្បីដល់នូវកិរិយាអស់ទៅនៃទុក្ខបាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១០។
ចប់ បឋមវគ្គ។
ឧទ្ទាននៃបឋមវគ្គនោះគឺ
និយាយអំពីភិក្ខុប្រកបដោយធម៌ ២ មាន ២ លើក ធម៌ដុតកំដៅ ១ ធម៌មិនបានដុតកំដៅ ១ ប្រយោជន៍ក្នុងបរលោក មាន ២ លើក ភិក្ខុមានព្យាយាមជាគ្រឿងដុតកំដៅកិសេល ១ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ មិនមែនដើម្បីកុហក មាន ២ លើក ភិក្ខុប្រកបដោយធម៌ ២ យ៉ាង រមែងមានសេចក្ដីសុខ និងសោមនស្ស ១ ទាំងអម្បាលនោះ ត្រូវជា ១០។
ឥតិវុត្តកៈ ទុកនិបាត ទុតិយវគ្គ
វិតក្កសូត្រ ទី១
[៣៨] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ វិតក្កៈមាន ២ យ៉ាងគឺ ខេមវិតក្កៈ (វិតក្កៈប្រកបដោយករុណាជាដើម) ១ វិវេកវិតក្កៈ (វិតក្កៈប្រកបដោយវិវេក) ១ តែងផុសផុលឡើងជាច្រើន ចំពោះព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអ្នករីករាយក្នុងសេចក្ដីមិនព្យាបាទ ត្រេកអរហើយក្នុងសេចក្ដីមិនព្យាបាទ ម្នាលភិក្ខុទាំងឡាយ វិតក្កៈនេះឯង តែងផុសផុលឡើងជាច្រើន ចំពោះព្រះតថាគតនោះ ដែលជាអ្នករីករាយ ក្នុងសេចក្ដីមិនព្យាបាទ ត្រេកអរក្នុងសេចក្ដីមិនព្យាបាទថា តថាគតមិនបានបៀតបៀនសត្វណាមួយ ដែលនៅតក់ស្លុត ឬដែលនឹងធឹង ដោយសេចក្ដីប្រព្រឹត្តិ (កាយប្រយោគ ឬវចីប្រយោគ) នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត ជាអ្នករីករាយក្នុងវិវេក ត្រេកអរក្នុងវិវេក ម្នាលភិក្ខុទាំងឡាយ វិតក្កៈនេះឯង តែងផុសផុលឡើងជាច្រើន ចំពោះព្រះតថាគតនោះ ដែលជាអ្នករីករាយ ក្នុងវិវេក ត្រេកអរក្នុងវិវេកថា អកុសលនោះ តថាគតបានលះអស់ហើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គួររីករាយក្នុងសេចក្ដីមិនព្យាបាទ ត្រេកអរក្នុងសេចក្ដីមិនព្យាបាទចុះ ម្នាលភិក្ខុទាំងឡាយ វិតក្កៈនេះឯង នឹងផុសផុលឡើងជាច្រើន ចំពោះអ្នកទាំងឡាយនោះ ដែលរីករាយក្នុងសេចក្ដីមិនព្យាបាទ ត្រេកអរក្នុងសេចក្ដីមិនព្យាបាទថា យើងទាំងឡាយ មិនបៀតបៀនសត្វណាមួយ ដែលតក់ស្លុត ឬដែលនឹងធឹងដោយសេចក្ដីប្រព្រឹត្តិនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររីករាយក្នុងវិវេក ចូរត្រេកអរក្នុងវិវេកចុះ ម្នាលភិក្ខុទាំងឡាយ វិតក្កៈនេះឯង នឹងផុសផុលឡើងជាច្រើន ចំពោះអ្នកទាំងឡាយនោះ ដែលរីករាយក្នុងវិវេក ត្រេកអរក្នុងវិវេកថា អ្វីជាអកុសល អ្វីដែលយើងមិនទាន់លះបង់ យើងលះបង់អ្វី។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
វិតក្កៈ ២ យ៉ាង គឺ ខេមវិតក្កៈទី ១ ដែលព្រះអង្គទ្រង់សំដែងហើយ តអំពីនោះ វិវេកវិតក្កៈទី ២ ដែលព្រះអង្គទ្រង់ប្រកាសហើយ តែងផុសផុលឡើង ចំពោះព្រះតថាគត ជាព្រះពុទ្ធ ដែលបុគ្គលដទៃគ្របសង្កត់មិនបាន។ តថាគត ហៅបុគ្គលអ្នកបន្ទោបង់នូវងងឹត ដល់នូវត្រើយ ស្វែងរកនូវគុណដ៏ធំ ដល់នូវសេចក្ដីត្រាស់ដឹង ស្ទាត់ (ក្នុងឈាន) មិនមានអាសវៈ ឆ្លងនូវពិស គឺកិលេស រួចស្រឡះហើយ ព្រោះការអស់តណ្ហានោះឯង ថាជាអ្នកប្រាជ្ញ ទ្រទ្រង់នូវកាយជាទីបំផុត កំចាត់បង់នូវមារ ដល់នូវត្រើយនៃជរា។ បុគ្គលឈរលើកំពូលភ្នំ ជាវិការៈនៃថ្មសុទ្ធ គប្បីឃើញនូវប្រជុំជនដោយជុំវិញ មានឧបមាដូចម្ដេចមិញ លោកអ្នកមានបញ្ញាល្អ មានចក្ខុជុំវិញ មានសេចក្ដីសោកទៅប្រាសហើយ គប្បីឡើងកាន់ប្រាសាទ ជាវិការៈនៃធម៌ រមែងឃើញនូវប្រជុំជន ដែលមានសេចក្ដីសោកមិនទាន់ឆ្លងហើយ មានជាតិ និងជរាគ្របសង្កត់ហើយ ក៏មានឧបមេយ្យដូច្នោះដែរ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១។
ទេសនាសូត្រ ទី២
[៣៩] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ព្រះធម៌ទេសនា របស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ មាន ២ យ៉ាង ដោយបរិយាយ។ ធម៌ ទេសនា ២ យ៉ាង តើដូចម្ដេច។ គឺអ្នកទាំងឡាយ ចូរឃើញនូវបាប ថាជាបាប នេះជាធម៌ទេសនាទី ១ លុះអ្នកទាំងឡាយ ឃើញនូវបាប ថាជាបាបហើយ ចូរនឿយណាយ ចូរជិនឆ្អន់ ចូរផុតស្រឡះចាកបាបនោះ នេះឯងជាធម៌ទេសនាទី ២។ ម្នាលភិក្ខុទាំងឡាយ ធម៌ទេសនារបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ មាន ២ យ៉ាងនេះឯង ដោយបរិយាយ។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
អ្នកចូរឃើញនូវព្រះវាចា ដោយបរិយាយនៃព្រះតថាគត ជាព្រះពុទ្ធ ដែលទ្រង់មានសេចក្ដីអនុគ្រោះ ដល់សព្វសត្វផង នូវធម៌ទេសនា ២ យ៉ាង ដែលព្រះតថាគត ប្រកាសហើយផង អ្នកទាំងឡាយ ជាអ្នកឈ្លាស ចូរឃើញនូវអំពើបាប អ្នកទាំងឡាយ ចូរលះបង់នូវបាបក្នុងបាបនោះ តអំពីនោះទៅ ចូរអ្នកទាំងឡាយ មានចិត្តប្រាសចាកសេចក្ដីត្រេកអរហើយ និងធ្វើនូវទីបំផុតនៃទុក្ខបាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី២។
វិជ្ជាសូត្រ ទី៣
[៤០] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អវិជ្ជា ជាប្រធាន ដើម្បីជួបប្រទះនូវអកុសលធម៌ទាំងឡាយ អហិរិកៈ និងអនោត្តប្បៈ កើតតាមក្រោយ។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯវិជ្ជា ជាប្រធាន ដើម្បីជួបប្រទះនូវកុសលធម៌ទាំងឡាយ ហិរិ និងឱត្តប្បៈ កើតតាមក្រោយ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ទុគ្គតិទាំងឡាយណានីមួយ ទាំងក្នុងលោកនេះ ទាំងក្នុងបរលោក ទុគ្គតិទាំងអស់នោះ មានអវិជ្ជាជាឫស មានសេចក្ដីប្រាថ្នា និងសេចក្ដីលោភ ជាគ្រឿងដុះដាលឡើង បុគ្គលមានសេចក្ដីប្រាថ្នាលាមក មានសេចក្ដីមិនខ្មាសបាប ទាំងមានសេចក្ដីមិនអើពើ ក្នុងកាលណាហើយ តែងទទួលនូវផលបាប ទៅកាន់អបាយ ព្រោះបាបនោះ ក្នុងកាលនោះ។ ព្រោះហេតុនោះ ភិក្ខុគប្បីញុំាងឆន្ទៈ លោភៈ និងអវិជ្ជា ឲ្យវិនាសទៅផង ញុំាងវិជ្ជាឲ្យកើតឡើងផង ទើបលះបង់នូវទុគ្គតិទាំងពួងបាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៣។
បញ្ញាបរិហីនសូត្រ ទី៤
[៤១] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយណា សាបសូន្យចាកបញ្ញាដ៏ប្រសើរហើយ សត្វទាំងឡាយនោះ ឈ្មោះថា សាបសូន្យអស់រលីង សត្វទាំងឡាយនោះ រមែងនៅជាទុក្ខ ប្រកបដោយសេចក្ដីថ្នាំងថ្នាក់ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ ប្រកបដោយសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ប្រាកដជាទៅកាន់ទុគ្គតិ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយណា មិនសាបសូន្យចាកបញ្ញាដ៏ប្រសើរហើយ សត្វទាំងឡាយនោះ ឈ្មោះថាមិនសាបសូន្យ សត្វទាំងឡាយនោះ តែងនៅជាសុខ មិនប្រកបដោយសេចក្ដីថ្នាំងថ្នាក់ មិនប្រកបដោយសេចក្ដីចង្អៀតចង្អល់ មិនប្រកបដោយសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ប្រាកដជាទៅកាន់សុគតិ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
អ្នកចូរមើលនូវសត្វលោក ព្រមទាំងទេវលោក ដែលជាប់នៅក្នុងនាម និងរូប រមែងសំគាល់ថា នេះជារបស់ពិត ព្រោះសាបសូន្យចាកបញ្ញាដ៏ប្រសើរ។ បញ្ញាជាគ្រឿងប្រព្រឹត្តទៅដើម្បីចាក់ធ្លុះនេះឯង ប្រសើរបំផុតក្នុងលោក ព្រោះបញ្ញានោះ ដឹងច្បាស់នូវកិរិយាអស់ជាតិ និងភព ដោយប្រពៃ ទេវតា និងមនុស្សទាំងឡាយ តែងស្រឡាញ់នូវព្រះសម្ពុទ្ធទាំងឡាយនោះ ដែលមានស្មារតី មានបញ្ញាជាគ្រឿងរីករាយ ទ្រទ្រង់នូវរាងកាយជាទីបំផុត។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៤។
សុក្កធម្មសូត្រ ទី៥
[៤២] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ស ២ នេះ តែងរក្សានូវលោក។ ធម៌ស ២ តើដូចម្ដេច។ គឺហិរិ ១ ឱត្តប្បៈ ១។ ម្នាលភិក្ខុទាំងឡាយ បើធម៌ស ២ នេះ មិនគប្បីរក្សានូវលោកទេ ពាក្យថា មាតាក្ដី ម្ដាយមីងក្ដី ម្ដាយធំក្ដី ប្រពន្ធរបស់អាចារ្យក្ដី ប្រពន្ធរបស់គ្រូក្ដី មិនប្រាកដ ក្នុងលោកនេះបានឡើយ លោកនឹងដល់នូវការច្របូកច្របល់គ្នា ដូចជាសត្វពពែ កែះ មាន់ ជ្រូក ឆ្កែ និងចចកដូច្នោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែធម៌ស ២ នេះ តែងរក្សានូវលោក បានជាពាក្យថា មាតាក្ដី ម្ដាយមីងក្ដី ម្ដាយធំក្ដី ប្រពន្ធរបស់អាចារ្យក្ដី ប្រពន្ធរបស់គ្រូក្ដី ទើបប្រាកដបាន។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បើហិរិ និងឱត្តប្បៈ មិនមានដល់សត្វទាំងឡាយណាសព្វកាលទេ សត្វទាំងឡាយនោះ ជាអ្នកឃ្លាតចាកឫសគល់នៃធម៌ស មានដំណើរទៅកាន់ជាតិ និងមរណៈ។ ចំណែកសត្វទាំងឡាយណា ដំកល់ទុកនូវហិរិ និងឱត្តប្បៈដោយប្រពៃសព្វកាល សត្វទាំងឡាយនោះ ជាអ្នកមានព្រហ្មចរិយៈចំរើនហើយ ជាអ្នកស្ងប់ អស់ភពតទៅទៀតហើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៥។
អជាតសូត្រ ទី៦
[៤៣] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតិដែលមិនកើត មិនមាន មិនបានធ្វើ ដែលបច្ច័យមិនតាក់តែងហើយ តែងមាន ម្នាលភិក្ខុទាំងឡាយ បើធម្មជាតដែលមិនកើត មិនមាន មិនធ្វើ ដែលបច្ច័យមិនតាក់តែង នឹងមិនបានមានហើយ ការរលាស់ចេញចាកធម្មជាត ដែលកើត ដែលមាន ដែលបានធ្វើ ដែលបច្ច័យតាក់តែង ក៏រមែងមិនប្រាកដក្នុងលោកនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែធម្មជាត ដែលមិនកើត មិនមាន មិនបានធ្វើ ដែលបច្ច័យមិនតាក់តែងហើយ តែងមាន បានជាការរលាស់ចេញចាកធម្មជាត ដែលកើត ដែលមាន ដែលបានធ្វើ ដែលបច្ច័យតាក់តែងហើយ ទើបប្រាកដឡើងបាន។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលមិនគួរត្រេកអរនឹងកាយនោះ ដែលកើត ដែលមាន ដែលកើតព្រម ដែលបានធ្វើ ដែលបច្ច័យតាក់តែងហើយ ជារបស់មិនទៀង ជារបស់ដែលជរា និងមរណៈតាក់តែងហើយ ជាទីនៅនៃរោគ ជារបស់ពុករលួយ មានអាហារ និងតណ្ហាជាប្រភព (ជាដែនកើត) ឯព្រះនិព្វាន ជាគ្រឿងរលាស់ចេញនូវកាយនោះ ទើបជារបស់ស្ងប់ មិនជារបស់ប្រព្រឹត្តទៅតាមសេចក្ដីត្រិះរិះ ជារបស់ទៀង ជារបស់មិនកើត មិនកើតព្រម មិនមានសោក ប្រាសចាកសេចក្ដីត្រេកអរ ការរលត់នូវហេតុនៃទុក្ខទាំងឡាយ ការរម្ងាប់នូវសង្ខារ ជាគុណនាំមកនូវសេចក្ដីសុខ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៦។
និព្វានធាតុសូត្រ ទី៧
[៤៤] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ និព្វានធាតុនេះ មាន ២។ និព្វានធាតុ ២ តើដូចម្ដេច។ គឺសឧបាទិសេសនិព្វានធាតុ ១ អនុបាទិសេសនិព្វានធាតុ ១។ ម្នាលភិក្ខុទាំងឡាយ ចុះសឧបាទិសេសនិព្វានធាតុ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអរហន្តខីណាស្រព មានព្រហ្មចរិយៈប្រព្រឹត្តរួចហើយ មានសោឡសកិច្ច បានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ ដោយលំដាប់ មានសំយោជនៈ ក្នុងភពអស់ហើយ ផុតស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ ប៉ុន្តែឥន្រ្ទិយទាំង ៥ របស់អរហន្តខីណាស្រពនោះ តាំងនៅដដែល អរហន្តខីណាស្រពនោះ នៅសោយអារម្មណ៍ ដែលពេញចិត្ត និងមិនពេញចិត្ត សោយសុខ និងទុក្ខ ព្រោះឥន្រ្ទិយទាំង ៥ នោះ មិនមានសេចក្ដីថ្នាំងថ្នាក់ទេ។ ការអស់រាគៈ អស់ទោសៈ អស់មោហៈណា របស់ព្រះអរហន្តនោះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សឧបាទិសេសនិព្វានធាតុ។ ម្នាលភិក្ខុទាំងឡាយ អនុបាទិសេសនិព្វានធាតុ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអរហន្តខីណាស្រព មានព្រហ្មចរិយៈប្រព្រឹត្តរួចហើយ មានសោឡសកិច្ច ធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយដោយលំដាប់ មានសំយោជនៈក្នុងភពអស់ហើយ ផុតស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ការសោយនូវអារម្មណ៍ទាំងពួង មានសុខវេទនាជាដើម ការមិនត្រេកអរ ដោយកិលេស មានតណ្ហាជាដើម របស់ព្រះអរហន្តនោះ និងស្ងប់រម្ងាប់ ឥតកម្រើក ក្នុងអត្តភាពនេះឯង ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនុបាទិសេសនិព្វានធាតុ។ ម្នាលភិក្ខុទាំងឡាយ និព្វានធាតុមាន ២ នេះឯង លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
និព្វានធាតុ ២ នេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់មានចក្ខុ ព្រះអង្គមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) មិនញាប់ញ័រ (ដោយលោកធម៌) ទ្រង់ប្រកាសហើយថា ធាតុមួយ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្ននេះ ជាទីអស់ទៅនៃតណ្ហាក្នុងភព ជាសឧបាទិសេសៈ ចំណែកធាតុ ដែលប្រព្រឹត្តទៅក្នុងបរលោក រលត់ភពទាំងឡាយដោយសព្វគ្រប់ ជាអនុបាទិសេសៈ។ អរហន្តទាំងឡាយណា មានចិត្តផុតស្រឡះហើយ អស់តណ្ហាក្នុងភពហើយ ព្រោះដឹងព្រះនិព្វាននេះ ដែលបច្ច័យមិនតាក់តែងហើយ អរហន្តទាំងនោះ ត្រេកអរក្នុងការអស់ទៅ ព្រោះបានធម៌មានខ្លឹម អរហន្តទាំងនោះ មិនបានញាប់ញ័រ ដោយលោកធម៌ បានលះបង់នូវភពទាំងអស់ហើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៧។
បដិសល្លានសូត្រ ទី៨
[៤៥] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររីករាយក្នុងទីស្ងាត់ ត្រេកអរក្នុងទីស្ងាត់ ប្រកបរឿយៗនូវចេតោសមថៈក្នុងខាងក្នុង កុំសាបសូន្យចាកឈាន ប្រកបព្រមដោយវិបស្សនា ចំរើនសុញ្ញាគារស្ថាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ រីករាយក្នុងទីស្ងាត់ ត្រេកអរក្នុងទីស្ងាត់ ប្រកបរឿយៗនូវចេតោសមថៈក្នុងខាងក្នុង មិនសាបសូន្យចាកឈាន ប្រកបដោយវិបស្សនា ចំរើនសុញ្ញាគារស្ថានហើយ បណ្ដាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបានប្រាកដ គឺបានសម្រេចអរហត្ត ក្នុងបច្ចុប្បន្ន ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់បានសម្រេចភាពជាអនាគាមី។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ជនទាំងឡាយណា ជាអ្នកមានចិត្តស្ងប់ មានបញ្ញា មានស្មារតី មានឈាន ពិចារណាឃើញធម៌ដោយប្រពៃ មិនមានសេចក្ដីអាល័យក្នុងកាមទាំងឡាយ ត្រេកអរក្នុងសេចក្ដីមិនប្រមាទ ជាអ្នកស្ងប់រម្ងាប់ ឃើញភ័យក្នុងសេចក្ដីប្រមាទ ជនទាំងឡាយនោះ មិនគួរដើម្បីនឹងសាបសូន្យ (ឋិតនៅ) ក្នុងទីជិតនៃព្រះនិព្វាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៨។
សិក្ខានិសំសសូត្រ ទី៩
[៤៦] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាបុគ្គលមានសិក្ខាជាអានិសង្ស មានបញ្ញាជាកំពូល មានវិមុត្តិជាខ្លឹម មានសតិជាអធិបតី។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ មានសិក្ខាជាអានិសង្ស មានបញ្ញាជាកំពូល មានវិមុត្តិជាខ្លឹម មានសតិ ជាអធិបតីហើយ បណ្ដាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបានប្រាកដ គឺបានសម្រេចអរហត្តក្នុងបច្ចុប្បន្ន ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់បានសម្រេចភាពជាអនាគាមី។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
តថាគតហៅនូវបុគ្គល ដែលមានការសិក្សាបរិបូណ៌ មានធម៌មិនបានលះបង់ មានបញ្ញាដ៏ឧត្តម បានឃើញព្រះនិព្វាន ជាទីអស់ទៅនៃជាតិនោះឯង ថាជាមុនី ទ្រទ្រង់នូវរាងកាយ ជាទីបំផុត កំចាត់បង់មារ (មានកិលេសមារជាដើម) បានដល់ត្រើយនៃជរា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរត្រេកអរក្នុងឈាន មានចិត្តដំកល់មាំ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ឃើញព្រះនិព្វានជាទីអស់ទៅនៃជាតិ គ្របសង្កត់នូវមារ ព្រមទាំងសេនាសព្វកាល ដល់ត្រើយនៃជាតិ និងមរណៈ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៩។
ជាគរិយសូត្រ ទី១០
[៤៧] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីជាអ្នកភ្ញាក់រឭក មានសតិ មានសម្បជញ្ញៈ មានចិត្តដំកល់មាំ មានចិត្តទន់ មានសេចក្ដីជ្រះថ្លា មានការឃើញក្នុងកាលគួរ ក្នុងកុសលធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុជាអ្នកភ្ញាក់រឭក មានសតិ មានសម្បជញ្ញៈ មានចិត្តដំកល់មាំ មានចិត្តទន់ មានសេចក្ដីជ្រះថ្លា មានការឃើញក្នុងកាលគួរ ក្នុងកុសលធម៌ទាំងនោះហើយ បណ្ដាផលទាំងឡាយពីរ ផលណាមួយ គង់បានប្រាកដគឺ បានសម្រេចអរហត្តក្នុងបច្ចុប្បន្ន ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់បានសម្រេចភាពជាអនាគាមី។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
អ្នកទាំងឡាយ ចូរភ្ញាក់រឭកឡើង ចាំស្ដាប់ពាក្យនុ៎ះ ជនទាំងឡាយណា ជាអ្នកដេកលក់ហើយ ជនទាំងឡាយនោះ ចូរភ្ញាក់ឡើង កិរិយាភ្ញាក់ចាកការលក់ ជាការប្រសើរ ព្រោះភ័យមិនមានដល់បុគ្គលអ្នកភ្ញាក់ឡើយ។ បុគ្គលណា ជាអ្នកភ្ញាក់រឭក មានសតិ មានសម្បជញ្ញៈ មានចិត្តដំកល់មាំ មានចិត្តទន់ មានចិត្តជ្រះថ្លា បុគ្គលនោះ កាលពិចារណាឃើញធម៌ដ៏ប្រពៃ តាមកាលគួរហើយ បុគ្គលនោះ ជាបុគ្គលប្រសើរឯក កំចាត់បង់នូវងងឹត គឺអវិជ្ជាបាន។ ព្រោះហេតុនោះ អ្នកទាំងឡាយ គួរសេពគប់នូវជាគរិយធម៌ ភិក្ខុអ្នកមានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានបញ្ញា បានឈាន ផ្ដាច់បង់នូវសំយោជនៈនៃជាតិ និងជរាហើយ រមែងបានសម្ពោធិញ្ញាណដ៏ប្រសើក្នុងលោកនេះឯង។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១០។
អាបាយិកសូត្រ ទី១១
[៤៨] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ បើមិនទាន់លះបង់ នូវបាបសមាចារៈនេះទេ មុខជានឹងទៅកើតក្នុងអបាយ កើតក្នុងនរកមិនខាន។ បុគ្គល ២ ពួក តើដូចម្ដេច។ គឺបុគ្គលដែលមិនមែនជាព្រហ្មចារី ហើយប្ដេជ្ញាខ្លួនជាព្រហ្មចារី ១ បុគ្គលដែលកំចាត់បង់អ្នកប្រព្រឹត្តព្រហ្មចរិយៈដ៏បរិសុទ្ធបរិបូណ៌ ដោយអព្រហ្មចរិយធម៌ មិនមានមូល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះឯង បើមិនលះបង់នូវបាបសមាចារៈនេះទេ មុខជានឹងទៅកើតក្នុងអបាយ កើតក្នុងនរកមិនខាន។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលអ្នកនិយាយកុហក និងបុគ្គលដែលធ្វើបាប ហើយពោលថាខ្ញុំមិនធ្វើទេ រមែងទៅកើតក្នុងនរក បុគ្គលទាំង ២ ពួកនោះ ជាសត្វមានកម្មលាមក លះលោកនេះហើយ រមែងមានទោសស្មើគ្នាក្នុងបរលោក។ បុគ្គលទាំងឡាយច្រើននាក់ មានកព័ន្ធព័ទ្ធដោយសំពត់កាសាវៈ ប៉ុន្តែជាបុគ្គលមានធម៌លាមក មិនសង្រួម បុគ្គលបាបទាំងនោះ នឹងទៅកើតក្នុងនរក ដោយកម្មទាំងឡាយលាមក បុគ្គលបរិភោគដុំដែកក្ដៅ មានរងើកភ្លើងជាឧបមា ប្រសើរជាង បុគ្គលទ្រុស្ដសីល មិនសង្រួម បរិភោគដុំបាយរបស់អ្នកដែន មិនប្រសើរឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១១។
ទិដ្ឋិគតសូត្រ ទី១២
[៤៩] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ ត្រូវទិដ្ឋិទាំង ២ រួបរឹតហើយ ពួក ១ រមែងជាប់នៅ ពួក ១ រមែងស្ទុះទៅ ចំណែកឯពួកបុគ្គលមានចក្ខុ រមែងឃើញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ១ រមែងជាប់នៅ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ ជាអ្នករីករាយក្នុងភព ត្រេកអរក្នុងភព ស្រើបស្រាលក្នុងភព កាលតថាគតសំដែងធម៌ ដើម្បីរំលត់ភព ចិត្តរបស់ទេវតា និងមនុស្សទាំងឡាយនោះ ក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយពួក ១ រមែងជាប់នៅយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយពួក ១ រមែងស្ទុះទៅ តើដូចម្ដេច។ ទេវតា និងមនុស្សទាំងឡាយពួក ១ កាលជិនឆ្អន់ នឿយណាយ ស្អប់ខ្ពើមភព រមែងត្រេកអរចំពោះការប្រាសចាកភពថា ម្នាលអ្នកដ៏ចំរើន បានឮថា អត្តភាពនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងដាច់សូន្យ វិនាសទៅ មិនកើតទៅក្នុងខាងមុខទៀត ព្រោះហេតុណា នេះជាធម្មជាត ស្ងប់រម្ងាប់ នេះជាធម្មជាតដ៏ឧត្តម នេះជាធម្មជាតដ៏ពិត ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយពួក ១ រមែងស្ទុះទៅយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះចំណែកបុគ្គលអ្នកមានចក្ខុ រមែងឃើញ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ឃើញនូវខន្ធបញ្ចកៈ ដោយសភាវៈពិត លុះឃើញនូវខន្ធបញ្ចកៈ ដោយសភាវៈពិតហើយ ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់នូវខន្ធបញ្ចកៈ ម្នាលភិក្ខុទាំងឡាយ ចំណែកបុគ្គលមានចក្ខុ រមែងឃើញយ៉ាងនេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
អរិយសាវ័កណា ឃើញនូវខន្ធបញ្ចកៈ ដោយសភាវៈពិតផង នូវការប្រព្រឹត្តិកន្លងខន្ធបញ្ចកៈផង រមែងចុះចិត្តស៊ប់ ក្នុងព្រះនិពា្វន ដោយសភាវៈពិត ព្រោះអស់តណ្ហាក្នុងភព ប្រសិនបើអរិយសាវ័កនោះ កំណត់ដឹងនូវខន្ធបញ្ចកៈ ប្រាសចាកតណ្ហា ក្នុងភពតូចភពធំហើយ ភិក្ខុទាំងឡាយ សូន្យចាកខន្ធបញ្ចកៈហើយ រមែងមិនបានមកកាន់ភពថ្មីទៀត។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១២។
ចប់ ទុតិយវគ្គ។
ឧទ្ទាននៃទុតិយវគ្គនោះ គឺ
និយាយអំពីឥន្ទ្រិយ មានពីរលើក តបនិយធម៌ មានពីរលើក សីល និងរឿងដទៃទៀត មានពីរលើក អំពីមិនមានឱត្តប្បៈ ១ រឿងកុហក មានពីរលើក សំវេជនីយ ១ ត្រូវជា ១០ អំពីវិតក្កៈ ១ ទេសនា ១ វិជ្ជា ១ បញ្ញា ១ និងធម៌ ១ ត្រូវជា ៥ អំពីអជាតធម៌ ១ ធាតុ ១ ទីសម្ងំ ១ សិក្ខា ១ ជាគរិយធម៌ ១ អបាយ ១ ទិដ្ឋិ ១ ត្រូវជា ២២ ដែលលោកបានប្រកាសទុកហើយ។
ចប់ ទុកនិបាត។
ឥតិវុត្តកៈ តិកនិបាត បឋមវគ្គ
មូលសូត្រ ទី១
[៥០] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អកុសលមូលនេះ មាន ៣។ អកុសលមូល ៣ តើដូចម្ដេច។ គឺលោភៈ ជាអកុសលមូល ១ ទោសៈ ជាអកុសលមូល ១។ ម្នាលភិក្ខុទាំងឡាយ អកុសលមូលមាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
លោភៈ ទោសៈ មោហៈ ដែលកើតអំពីខ្លួន តែងបៀតបៀននូវបុរសមានចិត្តលាមក ដូចជាផ្លែឫស្សី តែងបៀតបៀននូវដើមរបស់វា។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១។
ធាតុសូត្រ ទី២
[៥១] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធាតុនេះ មាន ៣។ ធាតុ ៣ តើដូចម្ដេច។ គឺ រូបធាតុ ១ អរូបធាតុ ១ និរោធធាតុ ១។ ម្នាលភិក្ខុទាំងឡាយ ធាតុមាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ជនទាំងឡាយណា កំណត់ដឹងក្នុងរូបធាតុ មិនតាំងនៅក្នុងអរូបធាតុ ចុះចិត្តស៊ប់ក្នុងនិរោធ ជនទាំងនោះ ឈ្មោះថា ញុំាងមច្ចុឲ្យសាបសូន្យ។ ព្រះសម្មាសម្ពុទ្ធ ដែលមិនមានអាសវៈ បានពាល់ត្រូវនូវអមតធាតុ ដែលមិនមានឧបធិ ដោយនាមកាយ ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ដែលជាទីលះបង់ឧបធិ ទ្រង់សំដែងព្រះនិព្វាន ដែលមិនមានសោក មិនមានតម្រេក។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី២។
បឋមវេទនាសូត្រ ទី៣
[៥២] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣។ វេទនា ៣ តើដូចម្ដេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ វេទនាមាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សាវ័កនៃព្រះពុទ្ធ មានចិត្តដំកល់មាំ មានសម្បជញ្ញៈ មានសតិដឹងច្បាស់នូវវេទនាទាំងឡាយផង នូវទីកើតនៃវេទនាទាំងឡាយផង វេទនាទាំងនោះ រលត់ទៅក្នុងទីណា ក៏ដឹងច្បាស់នូវទីនោះផង នូវមគ្គជាដំណើរទៅកាន់ទីអស់ទៅនៃវេទនាផង ភិក្ខុអស់តណ្ហា តែងបរិនិព្វាន ព្រោះអស់វេទនាទាំងឡាយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៣។
ទុតិយវេទនាសូត្រ ទី៤
[៥៣] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣។ វេទនា ៣ តើដូចម្ដេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលគប្បីឃើញនូវសុខៈវេទនា ថាជាទុក្ខ គប្បីឃើញនូវទុក្ខវេទនា ថាជាប្រួញ គប្បីឃើញនូវអទុក្ខមសុខវេទនា ថាជារបស់មិនទៀង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុឃើញសុខវេទនា ថាជាទុក្ខ ឃើញទុក្ខវេទនា ថាជាប្រួញ ឃើញអទុក្ខមសុខវេទនា ថាជារបស់មិនទៀងហើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុប្រសើរ ឃើញត្រូវ ផ្ដាច់បង់តណ្ហា ដោះស្រាយសំយោជនៈ ធ្វើនូវទីបំផុតនៃទុក្ខបាន ព្រោះយល់ច្បាស់នូវមានះដោយប្រពៃ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ភិក្ខុណា បានឃើញសុខវេទនា ថាជាទុក្ខ បានឃើញទុក្ខវេទនា ថាជាប្រួញ បានឃើញអទុក្ខមសុខវេទនា ជាទីស្ងប់នោះ ថាជារបស់មិនទៀង ភិក្ខុនោះឯង ឃើញ (វេទនាទាំង ៣) ដោយប្រពៃ រមែងរួចស្រឡះក្នុងទេវនា ដោយការសង្រួមកាយ វាចា ចិត្ត ភិក្ខុនោះឯង មានព្រហ្មចរិយៈប្រព្រឹត្តរួចហើយ ព្រោះត្រាស់ដឹង ជាអ្នកស្ងប់រម្ងាប់ ជាមុនី កន្លងផុតនូវយោគៈ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៤។
បឋមឯសនាសូត្រ ទី៥
[៥៤] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន ៣។ ការស្វែងរក ៣ តើដូចម្ដេច។ គឺការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយៈ ១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សាវកនៃព្រះពុទ្ធ មានចិត្តដំកល់មាំ មានសម្បជញ្ញៈ មានសតិ ដឹងច្បាស់នូវការស្វែងរកទាំងឡាយផង នូវទីកើតនៃការស្វែងរកទាំងឡាយផង ការស្វែងរកទាំងនុ៎ះ រលត់ទៅក្នុងទីណា ក៏ដឹងច្បាស់នូវទីនោះផង នូវមគ្គជាដំណើរទៅកាន់ទីអស់ទៅនៃការស្វែងរកផង ភិក្ខុអស់ទៅនៃតណ្ហា តែងបរិនិព្វាន ព្រោះអស់ទៅនៃការស្វែងរកទាំងឡាយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៥។
ទុតិយឯសនាសូត្រ ទី៦
[៥៥] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន ៣។ ការស្វែងរក ៣ តើដូចម្ដេច។ គឺការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយៈ ១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកមាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ការស្វែងរកកាម ការស្វែងរកភព និងការស្វែងរកព្រហ្មចរិយៈ ដែលជាទីស្ទាបអង្អែល ថាជារបស់ពិត ជាទីតាំងនៃទិដ្ឋិ ជាទីដុះដាលនៃកិលេស ការស្វែងរករបស់ភិក្ខុអ្នកប្រាសចាកសេចក្ដីត្រេកអរទាំងពួង ផុតស្រឡះ ព្រោះអស់តណ្ហា បានលះបង់ហើយ ទាំងហេតុជាទីតាំងនៃទិដ្ឋិ ក៏បានដកចោលហើយ ភិក្ខុមិនមានសេចក្ដីប្រាថ្នា មិនមានសេចក្ដីងឿងឆ្ងល់ ព្រោះអស់ទៅនៃការស្វែងរកទាំងឡាយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៦។
បឋមអាសវសូត្រ ទី៧
[៥៦] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន ៣។ អាសវៈ ៣ តើដូចម្ដេច។ គឺកាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ ម្នាលភិក្ខុទាំងឡាយ អាសវៈ មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនេះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សាវ័កនៃព្រះពុទ្ធ មានចិត្តដំកល់មាំ មានសម្បជញ្ញៈ មានសតិដឹងច្បាស់នូវអាសវៈទាំងឡាយផង នូវទីកើតនៃអាសវៈទាំងឡាយផង អាសវៈទាំងនោះ រលត់ទៅក្នុងទីណា ក៏ដឹងច្បាស់នូវទីនោះផង នូវមគ្គជាដំណើរទៅកាន់ទីអស់ទៅនៃអាសវៈផង ភិក្ខុមិនមានសេចក្ដីប្រាថ្នា តែងបរិនិព្វាន ព្រោះអស់អាសវៈទាំងឡាយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៧។
ទុតិយអាសវសូត្រ ទី៨
[៥៧] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន ៣។ អាសវៈ ៣ តើដូចម្ដេច។ គឺកាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ ម្នាលភិក្ខុទាំងឡាយ អាសវៈ មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលណា មានកាមាសវៈអស់ហើយ មានអវិជ្ជាសវៈអស់ហើយ មានភវាសវៈអស់ហើយ មានចិត្តផុតស្រឡះហើយ មិនមានឧបធិ បុគ្គលនោះ ឈ្នះមារ ព្រមទាំងវាហនៈ ទ្រទ្រង់នូវរាងកាយជាទីបំផុត។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៨។
តណ្ហាសូត្រ ទី៩
[៥៨] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ តណ្ហានេះ មាន ៣។ តណ្ហា ៣ តើដូចម្ដេច។ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ ម្នាលភិក្ខុទាំងឡាយ តណ្ហាមាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ជនទាំងឡាយ ប្រកបហើយ ព្រោះប្រកបដោយតណ្ហា មានចិត្តត្រេកអរ ក្នុងភពតូច និងភពធំ ជនទាំងនោះ ឈ្មោះថា ប្រកបដោយយោគៈ ពោលគឺ អន្ទាក់នៃមារ មិនក្សេមចាកយោគៈ សត្វទាំងឡាយ នៅមានដំណើរទៅកាន់ជាតិ និងមរណៈ តែងទៅកាន់សង្សារ ចំណែកពួកសត្វណា លះបង់តណ្ហាបានហើយ សត្វទាំងនោះ ឈ្មោះថា ប្រាសចាកតណ្ហា ក្នុងភពតូច និងភពធំ ពួកសត្វណា បានដល់នូវការអស់អាសវៈក្នុងលោក សត្វទាំងនោះឯង ឈ្មោះថា បានដល់នូវត្រើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៩។
មារធេយ្យសូត្រ ទី១០
[៥៩] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ រមែងកន្លងនូវវិស័យនៃមារ រុងរឿងដូចព្រះអាទិត្យ។ ប្រកបដោយធម៌ ៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសីលក្ខន្ធ ជាអសេក្ខៈ១ ប្រកបដោយសមាធិក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយបញ្ញាខន្ធ ជាអសេក្ខៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ នេះឯង រមែងកន្លងនូវវិស័យនៃមារ រុងរឿងដូចព្រះអាទិត្យ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សីល សមាធិ និងបញ្ញា ទាំងអម្បាលនុ៎ះ ដែលបុគ្គលណា បានអប់រំល្អហើយ បុគ្គលនោះ រមែងកន្លងនូវវិស័យនៃមារ រុងរឿងដូចព្រះអាទិត្យ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១០។
ចប់ បឋមវគ្គ។
ឧទ្ទាននៃបឋមវគ្គនោះគឺ
និយាយអំពីមូល ១ ធាតុ ១ វេទនាពីរលើក ការស្វែងរក ពីរលើក អាសវៈ ពីរលើក តណ្ហា ១ វិស័យនៃមារ ១ លោកពោលថា បឋមវគ្គ ជាវគ្គដ៏ឧត្តម។
ឥតិវុត្តកៈ តិកនិបាត ទុតិយវគ្គ
បុញ្ញកិរិយវត្ថុសូត្រ ទី១
[៦០] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុនេះ មាន ៣។ បុញ្ញកិរិយាវត្ថុ ៣ តើដូចម្ដេច។ គឺទានមយបុញ្ញកិរិយាវត្ថុ ១ សីលមយបុញ្ញកិរិយាវត្ថុ ១ ភាវនាមយបុញ្ញកិរិយាវត្ថុ ១។ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុ មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
កុលបុត្រអ្នកប្រាថ្នាប្រយោជន៍ គួរសិក្សានូវបុណ្យ ដែលមានផលបរិបូណ៌ មានវិបាកជាសុខ គឺគួរចំរើនទានផង ការប្រព្រឹត្តិស្មើ គឺសីលផង មេត្តាចិត្តផង លុះចំរើនធម៌ទាំង ៣ នេះ ដែលមានអានិសង្សជាសុខហើយ រមែងចូលទៅកាន់លោក ដែលជាសុខ ឥតមានការបៀតបៀន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១។
ចក្ខុសូត្រ ទី២
[៦១] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុនេះ មាន ៣។ ចក្ខុ ៣ តើដូចម្ដេច។ គឺមំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុ ១។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុរសឧត្តម បានពោលនូវចក្ខុ ៣ នេះ គឺមំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុដ៏ប្រសើរបំផុត ១ ការកើតឡើងនៃមំសចក្ខុ ជាឧបាយនៃទិព្វចក្ខុ កាលដែលញាណ គឺបញ្ញាចក្ខុដ៏ឧត្តម កើតឡើងហើយ បុគ្គលរមែងរួចស្រឡះចាកទុក្ខទាំងពួង ព្រោះបាននូវចក្ខុនោះ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី២។
ឥន្ទ្រិយសូត្រ ទី៣
[៦២] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយនេះ មាន ៣។ ឥន្រ្ទិយ ៣ តើដូចម្ដេច។ គឺអនញ្ញតញ្ញស្សាមីតិន្រ្ទិយ [ឥន្ទ្រិយដែលកើតឡើង ដល់អ្នកប្រតិបត្តិថា អាត្មាអញ នឹងដឹងនូវចតុស្សច្ចធម៌ ដែលអាត្មាអញមិនទាន់ដឹង មិនទាន់សម្រេចក្នុងសំសារវដ្ត បានដល់សោតាបត្តិមគ្គប្បញ្ញា។] ១ អញ្ញិន្រ្ទិយ [ឥន្ទ្រិយរបស់អរិយបុគ្គល តាំងអំពីសោតាបត្តិផល ដល់អរហត្តមគ្គ។] ១ អញ្ញាតាវិន្រ្ទិយ [ឥន្ទ្រិយរបស់ព្រះខីណាស្រព ដែលមានញាណកិច្ចសម្រេចហើយក្នុងសច្ចៈទាំង៤។] ១។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ញាណជាបឋម ក្នុងកិរិយាអស់ទៅ កើតឡើងដល់សេក្ខបុគ្គល អ្នកកំពុងសិក្សា អ្នករលឹករឿយៗ នូវផ្លូវដ៏ត្រង់ លំដាប់ពីនោះមក អរហត្ត ក៏កើតឡើង លំដាប់អំពីអរហត្តផលនោះមក បច្ចវេក្ខណញ្ញាណ ក៏កើតឡើង ដល់ព្រះខីណាស្រព ដែលដល់នូវតាទិលក្ខណៈ រួចស្រឡះហើយ ព្រោះអស់ទៅនៃភវសំយោជនៈ ថា វិមុត្តិរបស់អាត្មាអញ មិនកំរើក បើបុគ្គលប្រកបដោយឥន្រ្ទិយ ជាអ្នកស្ងប់រម្ងាប់ ត្រេកអរក្នុងព្រះនិព្វាន ជាទីស្ងប់ ឈ្នះនូវមារ ព្រមទាំងវាហនៈហើយ រមែងទ្រទ្រង់នូវរាងកាយជាទីបំផុត។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៣។
អទ្ធាសូត្រ ទី៤
[៦៣] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ កាលនេះ មាន ៣។ កាល ៣ តើដូចម្ដេច។ គឺអតីតកាល ១ អនាគតកាល ១ បច្ចុប្បន្នកាល ១ ម្នាលភិក្ខុទាំងឡាយ កាល មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ មានសេចក្ដីសំគាល់ក្នុងកិរិយាពោលថាសត្វ ថាបុគ្គលជាដើម តាំងនៅក្នុងកិរិយាពោលដោយអំណាចនៃតណ្ហា និងទិដ្ឋ លុះមិនកំណត់ដឹងនូវកិរិយាពោល ដោយបរិញ្ញាទាំង ៣ យ៉ាង ក្នុងធម៌ដែលប្រកបដោយភូមិ ៣ ហើយ រមែងមកកាន់ទីប្រកបនៃមរណៈ ព្រះខីណាស្រព រមែងមិនសំគាល់ គឺមិនជឿនូវបុគ្គលអ្នកប្រាប់ ព្រោះកំណត់ដឹងនូវពាក្យពោល វិមោក្ខ គឺ ព្រះនិព្វានជាទីរម្ងាប់ដ៏ប្រសើរ ឈ្មោះថា លោកបានសម្រេចហើយដោយចិត្ត ព្រះខីណាស្រពនោះឯង ដល់ព្រមដោយការពោល ជាអ្នកស្ងប់រម្ងាប់ ត្រេកអរក្នុងព្រះនិព្វាន ជាទីស្ងប់ ពិចារណាហើយទើបសេព តាំងនៅក្នុងនិព្វានធម៌ ដល់នូវវេទ រមែងមិនដល់នូវការរាប់ថា (ជាមនុស្ស ឬទេវតា)។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៤។
ទុច្ចរិតសូត្រ ទី៥
[៦៤] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ទុច្ចរិតនេះ មាន ៣។ ទុច្ចរិត ៣ តើដូចម្ដេច។ គឺកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១។ ម្នាលភិក្ខុទាំងឡាយ ទុច្ចរិត មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលធ្វើកាយទុច្ចរិតផង វចីទុច្ចរិតផង ធ្វើមនោទុច្ចរិតផង នូវអំពើណាមួយដែលប្រកបដោយទោសផង មិនធ្វើនូវអំពើជាកុសល ធ្វើតែអំពើជាអកុសលដ៏ច្រើន បុគ្គលឥតប្រាជ្ញានោះ លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងនរក។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៥។
សុចរិតសូត្រ ទី៦
[៦៥] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ សុចរិតនេះ មាន ៣។ សុចរិត ៣ តើអ្វីខ្លះ។ គឺកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១។ ម្នាលភិក្ខុទាំងឡាយ សុចរិត មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលណា លះនូវកាយទុច្ចរិតផង នូវវចីទុច្ចរិតផង លះនូវមនោទុច្ចរិតផង នូវអំពើណាមួយ ដែលប្រកបដោយទោសផង មិនធ្វើអកុសលកម្ម ធ្វើតែកុសលកម្មដ៏ច្រើន បុគ្គលប្រកបដោយប្រាជ្ញានោះ លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងស្ថានសួគ៌។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី៦។
សោចេយ្យសូត្រ ទី៧
[៦៦] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ សោចេយ្យៈ (សេចក្ដីស្អាត) នេះ មាន ៣។ សោចេយ្យៈ ៣ តើអ្វីខ្លះ។ គឺ កាយសោចេយ្យៈ ១ វចីសោចេយ្យៈ ១ មនោសោចេយ្យៈ ១។ ម្នាលភិក្ខុទាំងឡាយ សោចេយ្យៈ មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
(ពួកព្រះអរិយៈ មានព្រះពុទ្ធជាដើម) តែងហៅនូវបុគ្គលអ្នកស្អាតកាយ ស្អាតវាចា ស្អាតចិត្ត មិនមានអាសវៈ លះបង់នូវទុច្ចរិតទាំងពួង ថាជាអ្នកស្អាត បរិបូណ៌ដោយសេចក្ដីស្អាត។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី៧។
មោនេយ្យសូត្រ ទី៨
[៦៧] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ មោនេយ្យៈ (ការស្ងប់ស្ងៀម) នេះ មាន ៣។ មោនេយ្យៈ ៣ តើអ្វីខ្លះ។ គឺកាយមោនេយ្យៈ [ការលះនូវកាយទុច្ចរិត ៣ ហៅថា កាយមោនេយ្យៈ កាយសុចរិត ៣ យ៉ាង ក៏ហៅថា កាយមោនេយ្យៈ ការដឹងអារម្មណ៍ដោយកាយ ហៅថា កាយមោនេយ្យៈ ការកំណត់ដឹងដោយកាយ ហៅថា កាយមោនេយ្យៈ មគ្គប្រកបដោយការកំណត់ដឹងដោយកាយ ហៅថា កាយមោនេយ្យៈ ការលះនូវឆន្ទរាគក្នុងកាយ ហៅថា កាយមោនេយ្យៈ ចតុត្ថជ្ឈានសមាបត្តិ ដែលរលត់កាយសង្ខារ ហៅថា កាយមោនេយ្យៈ។] ១ វចីមោនេយ្យៈ [វចីមោនេយ្យៈ សេចក្តីដូចគ្នានឹងកាយមោនេយ្យៈ។] ១ មនោមោនេយ្យៈ [មនោមោនេយ្យៈ សេចក្តីដូចគ្នានឹងកាយមោនេយ្យៈ។ អដ្ឋកថា។] ១ ម្នាលភិក្ខុទាំងឡាយ មោនេយ្យៈ មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
(ពួកព្រះអរិយៈ មានព្រះពុទ្ធជាដើម) តែងហៅនូវបុគ្គលអ្នកស្ងប់ស្ងៀមកាយ ស្ងប់ស្ងៀមវាចា ស្ងប់ស្ងៀមចិត្ត មិនមានអាសវៈ អ្នកលាងមន្ទិលដ៏លាមកចោលហើយថា ជាអ្នកស្ងប់ស្ងៀម បរិបូណ៌ដោយការស្ងប់ស្ងៀម។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី៨។
បឋមរាគសូត្រ ទី៩
[៦៨] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ មិនបានលះរាគៈ មិនបានលះទោសៈ មិនបានលះមោហៈទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា ជាអ្នកត្រូវមារចងបានផង ត្រូវអន្ទាក់មារបញ្ចូលហើយផង ជាអ្នកត្រូវមារមានចិត្តបាបធ្វើបានតាមប្រាថ្នាផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ បានលះរាគៈ លះទោសៈ លះមោហៈហើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា ជាអ្នកមិនត្រូវមារចងបានផង អន្ទាក់របស់មារក៏ថ្លោះចេញផង មារមានចិត្តបាបធ្វើមិនបានតាមប្រាថ្នាផង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលណា ឃ្លាតចេញចាករាគៈផង ទោសៈផង អវិជ្ជាផង ព្រះអរិយទាំងឡាយ មានព្រះពុទ្ធជាដើម តែងហៅនូវបុគ្គលអ្នកមានខ្លួនចំរើនហើយ លះបង់នូវកិលេសទាំងពួងនោះថា ជាអរហន្ត ជាព្រហ្ម ជាព្រះតថាគត ជាព្រះពុទ្ធ អ្នកកន្លងបង់នូវពៀរ និងភ័យ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី៩។
ទុតិយរាគសូត្រ ទី១០
[៦៩] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះជាភិក្ខុក្ដី ភិក្ខុនីក្តី មិនបានលះរាគៈ មិនបានលះទោសៈ មិនបានលះមោហៈទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា មិនបានឆ្លងនូវសមុទ្រ (គឺសំសារ) ដែលប្រកបដោយរលកធំ ប្រកបដោយរលកតូច (គឺសេចក្ដីក្រោធ និងឧបាយាសៈ) ប្រកបដោយអាវដ្ដៈ (គឺកាមគុណ ៥) ប្រកបដោយការចាប់ ទាំងប្រកបដោយអារក្ខទឹក (គឺវិសភាគបុគ្គល ដែលប្រាកដស្មើដោយមករកាច និងត្រីកាច)។ ម្នាលភិក្ខុទាំងឡាយ បុគ្គណាមួយ ទោះជាភិក្ខុក្ដី ភិក្ខុនីក្ដី បានលះរាគៈ លះទោសៈ លះមោហៈហើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា បានឆ្លងសមុទ្រ ដែលប្រកបដោយរលកធំ ប្រកបដោយរលកតូច ប្រកបដោយអាវដ្ដៈ ប្រកបដោយការចាប់ ទាំងប្រកបដោយអារក្ខទឹក បានឈ្មោះថា ខីណាសវព្រាហ្មណ៍ បានឆ្លងទៅកាន់ត្រើយខាងនាយ ហើយឋិតនៅលើគោក (គឺព្រះនិព្វាន)។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលណា ឃ្លាតចាករាគៈផង ទោសៈផង អវិជ្ជាផង បុគ្គលនោះ ឈ្មោះថា បានឆ្លងនូវសមុទ្រនេះ ដែលប្រកបដោយការចាប់ ប្រកបដោយអារក្ខទឹក ទាំងប្រកបដោយរលកធំគួរខ្លាច ដែលឆ្លងបានដោយកម្រ ជាអ្នកកន្លងនូវកិលេសជាគ្រឿងជាប់ចំពាក់ លះបង់មច្ចុ មិនមានឧបធិ បានលះបង់ទុក្ខ ដើម្បីមិនទៅកើតក្នុងភពថ្មីទៀត បុគ្គលនោះ ឈ្មោះថា សម្រេចប្រយោជន៍ គឺព្រះនិព្វាន រមែងមិនដល់នូវការរាប់ដោយ (នាម និងគោត្ត) ឡើយ តថាគតពោលថា បុគ្គលនោះ បានញុំាងមច្ចុរាជឲ្យវង្វេង។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី១០។
ចប់ វគ្គទី ២។
ឧទ្ទាននៃទុតិយវគ្គនោះគឺ
និយាយអំពីបុញ្ញកិរិយាវត្ថុ ១ ចក្ខុ ១ ឥន្ទ្រិយ ១ កាល ១ ចរិត ២ លើក សេចក្ដីស្អាត ១ ការស្ងប់ស្ងៀម ១ រាគៈ ២ លើក លោកពោលនូវវគ្គទីពីរ ថាជាវគ្គដ៏ឧត្តម។
ឥតិវុត្តកៈ តិកនិបាត តតិយវគ្គ
មិច្ឆាទិដ្ឋិកសូត្រ ទី១
[៧០] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វ ដែលប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ សមាទាននូវអំពើជាមិច្ឆាទិដ្ឋ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ តថាគត មិនមែនឮសេចក្ដីនោះ (អំពីសំណាក់) នៃសមណៈ ឬព្រាហ្មណ៍ដទៃ ហើយពោលទេ ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វដែលប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ សមាទាននូវអំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ លុះតែហេតុណា ដែលតថាគត ដឹងដោយខ្លួនឯង ឃើញដោយខ្លួនឯង ជ្រាបច្បាស់ដោយខ្លួនឯង ទើបតថាគតពោលនូវហេតុនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញពួកសត្វ ដែលប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ សមាទាននូវអំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកឆ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលក្នុងលោកនេះ ជាអ្នកស្ដាប់តិច មិនបានធ្វើបុណ្យ ដំកល់ចិត្តខុស ពោលវាចាខុស ធ្វើការងារខុសដោយកាយ បុគ្គលនោះ ជាអ្នកឥតប្រាជ្ញា លុះបែកធ្លាយរាងកាយស្លាប់ទៅ ព្រោះជីវិតក្នុងមនុស្សលោកនេះតិចណាស់ រមែងកើតក្នុងនរក។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី១។
សម្មាទិដ្ឋិកសូត្រ ទី២
[៧១] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វ ដែលប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលពួកព្រះអរិយៈ ជាសមា្មទិដ្ឋិ សមាទាននូវអំពើជាសម្មាទិដ្ឋ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិ សួគ៌ ទេវលោក ម្នាលភិក្ខុទាំងឡាយ តថាគត មិនមែនឮសេចក្ដីនោះ (អំពីសំណាក់) នៃសមណៈ ឬព្រាហ្មណ៍ដទៃ ហើយពោលទេ ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វដែលប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ សមាទាននូវអំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិ សួគ៌ ទេវលោក ម្នាលភិក្ខុទាំងឡាយ លុះតែហេតុណា ដែលតថាគត បានដឹងដោយខ្លួនឯង បានឃើញដោយខ្លួនឯង ជ្រាបច្បាស់ដោយខ្លួនឯងពិតមែន ទើបតថាគត ពោលនូវហេតុនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វ ដែលប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ សមាទាននូវអំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកឆ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិ សួគ៌ ទេវលោក។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលក្នុងលោកនេះ ជាពហុស្សូត បានធ្វើបុណ្យ តំកល់ចិត្តត្រូវ ពោលវាចាត្រូវ ធ្វើការងារត្រូវដោយកាយ បុគ្គលនោះ ប្រកបដោយបញ្ញា លុះបែកធ្លាយរាងកាយស្លាប់ទៅ ព្រោះជីវិត ក្នុងមនុស្សលោកនេះតិចណាស់ រមែងទៅកើតក្នុងស្ថានសួគ៌។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី២។
និស្សរណិយសូត្រ ទី៣
[៧២] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធាតុជាគ្រឿងរលាស់ចេញនេះ មាន ៣។ ធាតុ ជាគ្រឿងរលាស់ចេញ ៣ តើអ្វីខ្លះ។ ការរលាស់ចេញចាកកាមទាំងឡាយនេះ បានដល់នេក្ខម្មៈ គឺបឋមជ្ឈាន ១ ការរលាស់ចេញចាករូបធម៌ទាំងឡាយនេះ បានដល់អរូបជ្ឈាន ១ ធម្មជាតណាមួយ ដែលកើតហើយ ដែលបច្ច័យតាក់តែងហើយ ដែលកើតឡើងព្រោះអាស្រ័យហេតុ ការរលត់ គឺព្រះនិព្វាន ជាគ្រឿងរលាស់ចេញចាកធម្មជាតនោះ ១។ ម្នាលភិក្ខុទាំងឡាយ ធាតុជាគ្រឿងរលាស់ចេញ មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
(ភិក្ខុណា) ដឹងនូវការរលាស់ចេញចាកកាមផង ដឹងនូវឧបាយជាគ្រឿងកន្លងរូបធម៌ទាំងឡាយផង កាលពាល់ត្រូវព្រះនិព្វាន ជាទីរម្ងាប់នូវសង្ខារទាំងពួង ជាអ្នកមានព្យាយាម ជាគ្រឿងដុតកំដៅកិលេសសព្វ ៗ កាល ភិក្ខុនោះ ឈ្មោះថា ជាអ្នកឃើញដោយប្រពៃ ជាអ្នកសង្រួម រមែងចុះចិត្តស៊ប់ ក្នុងព្រះនិព្វាន ជាទីរម្ងាប់នូវសង្ខារទាំងពួងនោះ ភិក្ខុនោះ ជាអ្នកមានព្រហ្មចរិយធម៌នៅរួចហើយ ជាអ្នកស្ងប់រម្ងាប់ ព្រោះដឹងច្បាស់ ឈ្មោះថា អ្នកប្រាជ្ញ អ្នកប្រព្រឹត្តកន្លងនូវយោគៈ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី៣។
សន្តតរសូត្រ ទី៤
[៧៣] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អរូបជ្ឈាន ជាធម្មជាតល្អិតជាងរូបជ្ឈានទាំងឡាយ និរោធ ជាសភាពល្អិតលើសជាងអរូបជ្ឈានទាំងឡាយ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ពួកសត្វណា ដែលទៅកាន់រូបភពក្ដី ពួកសត្វណា ដែលតាំងនៅក្នុងអរូបភពក្ដី (សត្វទាំងនោះ) មិនដឹងច្បាស់នូវនិរោធ ជាអ្នកមកកាន់ភពថ្មីទៀត។ ពួកជនណា កំណត់ដឹងនូវរូបភពទាំងឡាយក្ដី មិនតាំងនៅក្នុងអរូបភពទាំងឡាយក្ដី ហើយចុះចិត្តស៊ប់ ក្នុងនិរោធ ពួកជននោះ ឈ្មោះថា អ្នកមានមច្ចុសាបសូន្យហើយ។ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គបាននូវអមតធាតុ ដោយនាមកាយ ព្រះអង្គមិនមានឧបធិ បានធ្វើឲ្យជាក់ច្បាស់នូវធម៌ ជាគ្រឿងរលាស់ចេញចាកឧបធិ ព្រះអង្គមិនមានអាសវៈ ទ្រង់សំដែងនូវបទ ដែលមិនមានសោក មិនមានធូលី។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៤។
បុត្តសូត្រ ទី៥
[៧៤] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុត្ត ៣ នេះ រមែងមានប្រាកដក្នុងលោក។ បុត្ត ៣ តើអ្វីខ្លះ។ គឺអតិជាតបុត្ត ១ អនុជាតបុត្ត ១ អវជាតបុត្ត ១។ ម្នាលភិក្ខុទាំងឡាយ អតិជាតបុត្ត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតាបិតារបស់បុត្តក្នុងលោកនេះ ជាអ្នកមិនដល់ព្រះពុទ្ធជាទីរឭក មិនដល់ព្រះធម៌ជាទីរឭក មិនដល់ព្រះសង្ឃជាទីរឭក មិនវៀរចាកបាណាតិបាត មិនវៀរចាកអទិន្នាទាន មិនវៀរចាកកាមេសុមិច្ឆាចារ មិនវៀរចាកមុសាវាទ មិនវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ជាបុគ្គលទ្រុស្ដសីល ជាអ្នកមានធម៌ដ៏លាមក ទើបឯកូនរបស់មាតាបិតាទាំងនោះ ជាអ្នកដល់ព្រះពុទ្ធជាទីរឭក ដល់ព្រះធម៌ជាទីរឭក ដល់ព្រះសង្ឃជាទីរឭក វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ជាអ្នកមានសីល មានកល្យាណធម៌ ម្នាលភិក្ខុទាំងឡាយ កូនយ៉ាងនេះឯង ឈ្នោះថា អតិជាតបុត្ត។ ម្នាលភិក្ខុទាំងឡាយ អនុជាតបុត្ត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតាបិតារបស់បុត្តក្នុងលោកនេះ ដល់ព្រះពុទ្ធជាទីរឭក ដល់ព្រះធម៌ជាទីរឭក ដល់ព្រះសង្ឃជាទីរឭក វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ជាអ្នកមានសីល មានកល្យាណធម៌ ទើបឯកូនរបស់មាតាបិតាទាំងនោះ ដល់ព្រះពុទ្ធជាទីរឭក ដល់ព្រះធម៌ជាទីរឭក ដល់ព្រះសង្ឃជាទីរឭក វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ជាអ្នកមានសីល មានកល្យាណធម៌ដែរ ម្នាលភិក្ខុទាំងឡាយ កូនយ៉ាងនេះឯង ឈ្នោះថា អនុជាតបុត្ត។ ម្នាលភិក្ខុទាំងឡាយ អវជាតបុត្ត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតាបិតារបស់បុត្ត ក្នុងលោកនេះ ដល់ព្រះពុទ្ធជាទីរឭក ដល់ព្រះធម៌ជាទីរឭក ដល់ព្រះសង្ឃជាទីរឭក វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ជាអ្នកមានសីល មានកល្យាណធម៌ ទើបកូនរបស់មាតាបិតាទាំងនោះ មិនដល់ព្រះពុទ្ធជាទីរឭក មិនដល់ព្រះធម៌ជាទីរឭក មិនដល់ព្រះសង្ឃជាទីរឭក មិនវៀរចាកបាណាតិបាត មិនវៀរចាកអទិន្នាទាន មិនវៀរចាកកាមេសុមិច្ឆាចារ មិនវៀរចាកមុសាវាទ មិនវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ជាអ្នកទ្រុស្ដសីល មានធម៌ដ៏លាមក ម្នាលភិក្ខុទាំងឡាយ កូនយ៉ាងនេះឯង ឈ្មោះថា អវជាតបុត្ត ម្នាលភិក្ខុទាំងឡាយ កូន ៣ នេះ រមែងមានប្រាកដក្នុងលោក។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បណ្ឌិតទាំងឡាយ តែងប្រាថ្នាអតិជាតបុត្ត និងអនុជាតបុត្ត មិនប្រាថ្នាអវជាតបុត្ត ដែលជាកូនផ្ដាច់បង់ត្រកូលឡើយ។ កូនទាំងនេះឯង តែងមានក្នុងលោក ម្យ៉ាងទៀត កូនទាំងឡាយណា ជាឧបាសក (កូនទាំងនោះ) ឈ្មោះថាជាអ្នកបរិបូណ៌ដោយសទ្ធា និងសីល ជាអ្នកដឹងពាក្យពេចន៍ ជាអ្នកប្រាសចាកសេចក្ដីកំណាញ់ រមែងរុងរឿងក្នុងពួកបរិស័ទ ដូចជាព្រះចន្ទ្រ ដែលផុតស្រឡះហើយ ចាកដុំនៃពពកដូច្នោះ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៥។
អវុដ្ឋិកសូត្រ ទី៦
[៧៥] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៣ ពួក តើដូចម្ដេចខ្លះ។ គឺបុគ្គលស្មើដោយមេឃមិនបង្អុរភ្លៀងចុះ ១ បុគ្គលស្មើដោយមេឃដែលបង្អុរភ្លៀងចុះត្រង់ប្រទេសមួយ ៗ ១ បុគ្គលស្មើដោយមេឃដែលបង្អុរភ្លៀងចុះសព្វប្រទេស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃមិនបង្អុរភ្លៀងចុះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកមិនដែលឲ្យបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងសម្រាប់ប្រទីប ដល់ពួកសមណៈ ព្រាហ្មណ៍ អ្នកកំព្រា អ្នកដំណើរ និងអ្នកពណ៌នាហើយសូម និងយាចកទាំងពួង ដល់ម្ដងឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃមិនបង្អុរភ្លៀងចុះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃបង្អុរភ្លៀងចុះ ត្រង់ប្រទេសមួយ ៗ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកឲ្យបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងសម្រាប់ប្រទីប ដល់ពួកសមណៈ ព្រាហ្មណ៍ អ្នកកំព្រា អ្នកដំណើរ អ្នកពណ៌នាហើយសូម និងយាចកពួកខ្លះ មិនឲ្យទានដល់សមណៈ ព្រាហ្មណ៍ពួកខ្លះ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃបង្អុរភ្លៀងចុះត្រង់ប្រទេសមួយ ៗ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃបង្អុលភ្លៀងចុះសព្វប្រទេស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ តែងឲ្យបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងសម្រាប់ប្រទីប ដល់សមណៈ ព្រាហ្មណ៍ អ្នកកំព្រា អ្នកដំណើរ អ្នកពណ៌នាហើយសូម និងយាចកទាំងពួង ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃបង្អុរភ្លៀងចុះសព្វប្រទេស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះឯង តែងមានប្រាកដក្នុងលោក។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលណា បាននូវសមណៈ បាននូវព្រាហ្មណ៍ បាននូវអ្នកកំព្រា អ្នកដំណើរ ទាំងបាននូវជនអ្នកពណ៌នាហើយសូមទាំងឡាយ ហើយមិនចាត់ចែងនូវបាយ ទឹក ភោជន បណ្ឌិតទាំងឡាយ តែងហៅនូវបុគ្គលដ៏លាមកនោះឯងថា ដូចជាមេឃ ដែលមិនបង្អុរភ្លៀងចុះ ដូច្នោះ។ បុគ្គលណា មិនឲ្យទាន ដល់សមណៈពួកខ្លះ ឲ្យទានដល់សមណៈពួកខ្លះ ពួកជនអ្នកមានប្រាជ្ញា តែងហៅបុគ្គលនោះឯងថា ដូចជាមេឃដែលបង្អុរភ្លៀងចុះ ក្នុងប្រទេសមួយ ៗ ដូច្នោះ។ បុរស មានវាចានាំឲ្យបានបាយដោយងាយ មានសេចក្ដីអនុគ្រោះសព្វសត្វ មានចិត្តរីករាយ តែងចាត់ចែង (ទេយ្យធម៌) ពោលថា អ្នកទាំងឡាយ ចូរឲ្យ អ្នកទាំងឡាយ ចូរឲ្យ ប្រៀបដូចមហាមេឃគ្រហឹមគម្រាម ហើយបង្អុរភ្លៀងចុះ ធ្វើទីទួល និងទីទាប បង្ហូរឲ្យពេញដោយទឹក យ៉ាងណាមិញ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកមានសភាពដូច្នោះ បានប្រមូលមកនូវទ្រព្យ ដែលកើតដោយសេចក្ដីព្យាយាមតាមផ្លូវធម៌ ក៏ជប់លៀង ពួកជនអ្នកពណ៌នាហើយសូម ដែលមកដល់ដោយល្អ ដោយបាយ ទឹក ក៏យ៉ាងនោះដែរ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី៦។
សុខបត្ថនាសូត្រ ទី៧
[៧៦] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតកាលប្រាថ្នាសេចក្ដីសុខ ៣ យ៉ាងនេះ គួរតែរក្សាសីល។ សេចក្ដីសុខ ៣ យ៉ាង តើដូចម្ដេចខ្លះ។ គឺ បណ្ឌិតគប្បីរក្សាសីល ដោយបំណងថា សូមឲ្យសេចក្ដីសរសើរ មកដល់អាត្មាអញ ១ បណ្ឌិតគប្បីរក្សាសីល ដោយបំណងថា សូមឲ្យភោគៈទាំងឡាយ កើតឡើងដល់អាត្មាអញ ១ បណ្ឌិតគប្បីរក្សាសីល ដោយបំណងថា អាត្មាអញ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតឯសុគតិ សួគ៌ ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតកាលប្រាថ្នាសេចក្ដីសុខ ៣ យ៉ាងនេះឯង គួរតែរក្សាសីល។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បណ្ឌិតកាលប្រាថ្នានូវសេចក្ដីសុខ ៣ យ៉ាង គឺសេចក្ដីសរសើរ ១ ការបានទ្រព្យ ១ ការលះលោកនេះ ហើយរីករាយក្នុងស្ថានសួគ៌ ១ គួរតែរក្សាសីល។ កាលបើបុគ្គលមិនធ្វើបាបទេ តែទៅសេពគប់នឹងបុគ្គលធ្វើបាប បុគ្គលនោះ ត្រូវអ្នកផងរង្កៀសព្រោះអំពើអាក្រក់ផង តំណិះដំនៀល រមែងចំរើនឡើងដល់បុគ្គលនោះផង។ បុគ្គលយកបុគ្គលបែបណាជាមិត្រផង សេពគប់នូវមិត្តបែបណាផង បុគ្គលនោះឯង នឹងប្រាកដស្មើដោយមិត្រនោះ ៗ ព្រោះការនៅរួម នឹងក្លាយទៅជាបែបគ្នានោះពិត។ បុគ្គលបាប កាលបើបុគ្គលស្អាតដទៃ មកសេពគប់ហើយ បុគ្គលបាប ត្រូវបុគ្គលស្អាត (នោះ) មកភប់ប្រសព្វហើយ រមែងប្រឡាក់ នូវបុគ្គលអ្នកមកភប់ប្រសព្វ (នោះ) ដែលគេមិនបានប្រឡាក់ (ដោយបាបធម៌) ផង ដូចព្រួញ ដែលគេលាបថ្នាំពិស កាលប្រឡាក់នូវបំពង់ព្រួញដូច្នោះឯង។ អ្នកប្រាជ្ញ ព្រោះខ្លាចការប្រឡាក់ (ដោយបាប) ទើបមិនយកបុគ្គលបាបជាសំឡាញ់ឡើយ។ នរជនណា ខ្ចប់ត្រីស្អុយ ដោយចុងស្បូវ ស្បូវក៏មានក្លិនស្អុយ ផ្យាយចេញទៅ យ៉ាងណាមិញ ការសេពគប់នឹងបុគ្គលពាល ក៏យ៉ាងនោះដែរ នរជនណា ខ្ចប់ខ្លឹមក្រស្នា ដោយ ស្លឹកឈើ ស្លឹកឈើ ក៏មានក្លិនក្រអូបផ្សាយទៅ យ៉ាងណាមិញ ការសេពនឹងអ្នកប្រាជ្ញ ក៏យ៉ាងនោះដែរ។ ហេតុនោះ បណ្ឌិត ដឹងនូវការសម្រេចនៃផលរបស់ខ្លួន ដូចជាកញ្ចប់នៃស្លឹកឈើ ហើយមិនគប្បីសេពគប់ នឹងពួកអសប្បុរសឡើយ គួរសេពគប់តែនឹងពួកសប្បុរស។ (ព្រោះ) ពួកអសប្បុរស តែងនាំទៅកាន់នរក ពួកសប្បុរស តែងញុំាងសត្វឲ្យទៅកាន់ស្ថានសួគ៌។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី៧។
ភិទុរសូត្រ ទី៨
[៧៧] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ រូបកាយនេះ មានសេចក្ដីបែកធ្លាយជាធម្មតា វិញ្ញាណមានការទៅប្រាសជាធម្មតា ឧបធិទាំងពួងជារបស់មិនទៀង ជាទុក្ខ មានសេចក្ដីប្រែប្រួលជាធម្មតា។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
អ្នកប្រាជ្ញមានខ្លួនអប់រំហើយ ដឹងច្បាស់នូវកាយដែលបែកធ្លាយផង ដឹងច្បាស់នូវវិញ្ញាណដែលពុកផុយផង ឃើញភ័យក្នុងឧបធិទាំងឡាយផង ហើយកន្លងជាតិ និងមរណៈ បានដល់និព្វានជាទីរម្ងាប់សង្ខារទាំងពួងដ៏ឧត្តម រមែងទន្ទឹងរង់ចាំតែកាល (បរិនិព្វាននៃខន្ធ)។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី៨។
ធាតុសោសំសន្ទនសូត្រ ទី៩
[៧៨] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ រមែងប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វ ដោយធាតុដូចគ្នា គឺសត្វដែលមានអធ្យាស្រ័យថោកទាប រមែងប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាប សត្វដែលមានអធ្យាស្រ័យល្អ រមែងប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វដែលមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វ ដោយធាតុដូចគ្នា ក្នុងអតីតកាល គឺពួកសត្វ ដែលមានអធ្យាស្រ័យថោកទាប ប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វ ដែលមានអធ្យាស្រ័យថោកទាប សត្វទាំងឡាយ ដែលមានអធ្យាស្រ័យល្អ ប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វដែលមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ គង់នឹងប្រហែលគ្នា នឹងស្មើគ្នា ជាមួយនឹងពួកសត្វ ដោយធាតុដូចគ្នា ក្នុងអនាគតកាល គឺពួកសត្វដែលមានអធ្យាស្រ័យថោកទាប នឹងប្រហែលគ្នា នឹងស្មើគ្នា ជាមួយនឹងពួកសត្វ ដែលមានអធ្យាស្រ័យថោកទាប ពួកសត្វដែលមានអធ្យាស្រ័យល្អ នឹងប្រហែលគ្នា នឹងស្មើគ្នា ជាមួយនឹងពួកសត្វដែលមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ សត្វទាំងឡាយ រមែងប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វ ដោយធាតុដូចគ្នា ក្នុងបច្ចុប្បន្នកាល គឺពួកសត្វ ដែលមានអធ្យាស្រ័យថោកទាប រមែងប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាប ពួកសត្វដែលមានអធ្យាស្រ័យល្អ រមែងប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វ ដែលមានអធ្យាស្រ័យល្អ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ព្រៃ គឺកិលេស កើតឡើងហើយ ព្រោះតែការជាប់ចំពាក់ ដែលបុគ្គលនឹងកាត់ផ្ដាច់បាន ដោយការមិនជាប់ចំពាក់ បុគ្គលអ្នកមានប្រាថ្នានឹងឆ្លងមហាសមុទ្រ ហើយលិចទៅក្នុងមហាសមុទ្រវិញ ព្រោះតែឡើងកាន់ក្បូនឈើដ៏តូច យ៉ាងណាមិញ ឯបុគ្គលអ្នកចិញ្ចឹមជីវិតដោយប្រពៃ រមែងលិចចុះ ក្នុងមហាសមុទ្រ គឺសង្សារ ព្រោះតែអាស្រ័យនឹងបុគ្គលខ្ជិលច្រអូស យ៉ាងនោះដែរ។ ព្រោះហេតុនោះ បុគ្គលគួរវៀរនូវបុគ្គលខ្ជិលនោះ ដែលមានព្យាយាមថោកទាប ហើយគួរនៅរួមដោយបណ្ឌិតទាំងឡាយ ដែលជាអ្នកឆ្ងាយចាកកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ជាអ្នកមានឈាន អ្នកប្រារព្ធព្យាយាមជានិច្ច។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៩។
បរិហានសូត្រ ទី១០
[៧៩] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ នេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីសាបសូន្យដល់សេក្ខភិក្ខុ។ ធម៌ ៣ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេក្ខភិក្ខុ ក្នុងសាសនានេះ ជាអ្នកមានការងារ [សំដៅយកការវាស់ ដេរចីវរ ស្លោកបាត្រជាដើម។ អដ្ឋកថា។] ជាទីត្រេកអរត្រេកអរក្នុងការងារ ប្រកបរឿយៗ នូវការងារជាទីត្រេកអរ ១ ជាអ្នកមានតិរច្ឆានកថាជាទីត្រេកអរ ត្រេកអរក្នុងតិរច្ឆានកថា ប្រកបរឿយៗ នូវតិរច្ឆានកថាជាទីត្រេកអរ ១ ជាអ្នកមានការដេកលក់ជាទីត្រេកអរ ត្រេកអរក្នុងការដេកលក់ ប្រកបរឿយៗ នូវការដេកលក់ជាទីត្រេកអរ ១ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ នេះឯង រមែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីសាបសូន្យ ដល់សេក្ខភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ នេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់សេក្ខភិក្ខុ។ ធម៌ ៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ សេក្ខភិក្ខុ ក្នុងសាសនានេះ ជាអ្នកមិនមានការងារ ជាទីត្រេកអរ មិនត្រេកអរក្នុងការងារ មិនប្រកបរឿយៗ នូវការងារជាទីត្រេកអរ ១ ជាអ្នកមិនមានតិរច្ឆានកថាជាទីត្រេកអរ មិនត្រេកអរក្នុងតិរច្ឆានកថា មិនប្រកបរឿយៗ នូវតិរច្ឆានកថាជាទីត្រេកអរ ១ ជាអ្នកមិនមានការដេកលក់ជាទីត្រេកអរ មិនត្រេកអរក្នុងការដេកលក់ មិនប្រកបរឿយៗ នូវការដេកលក់ជាទីត្រេកអរ ១ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៣ នេះឯង រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់សេក្ខភិក្ខុ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ភិក្ខុអ្នកមានការងារជាទីត្រេកអរផង ត្រេកអរក្នុងតិរច្ឆានកថាផង មានការដេកលក់ជាទីត្រេកអរផង មានចិត្តរវើរវាយប្រាកដដូច្នោះ មិនគួរដើម្បីបានសម្ពោធិដ៏ប្រសើរឡើយ។ ព្រោះហេតុនោះ ភិក្ខុនោះ គួរជាអ្នកមានកិច្ចការតិច មានការដេកលក់តិច មានចិត្តមិនរវើររវាយប្រាកដដូច្នោះ ទើបគួរនឹងបានសម្ពោធិដ៏ប្រសើរ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី១០។
ចប់ តតិយវគ្គ។
ឧទ្ទាននៃតតិយវគ្គនោះគឺ
និយាយអំពីទិដ្ឋិ ២លើក និស្សរណីយធាតុ ១ រូបជ្ឈាន និងអរូបជ្ឈាន ១ បុត្ត ១ បុគ្គលប្រៀបដោយមេឃមិនបង្អុរភ្លៀង ១ សេចក្ដីសុខ ១ ការបែកធ្លាយ ១ ធាតុ ១ សេចក្ដីសាបសូន្យ ១ រួមទាំងអស់ ត្រូវជា ១០។
ឥតិវុត្តកៈ តិកនិបាត ចតុត្ថវគ្គ
វិតក្កសូត្រ ទី១
[៨០] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អកុសលវិតក្កៈ នេះមាន ៣។ អកុសលវិតក្កៈ ៣ តើដូចម្ដេចខ្លះ។ គឺវិតក្កៈដែលប្រកបដោយសេចក្ដីប្រាថ្នា មិនឲ្យអ្នកដទៃមើលងាយខ្លួន ១ វិតក្កៈដែលប្រកបដោយលាភសក្ការៈ និងសេចក្ដីសរសើរ ១ វិតក្កៈដែលប្រកបដោយសេចក្ដីអាណិតបុគ្គលដទៃ ១។ ម្នាលភិក្ខុទាំងឡាយ អកុសលវិតក្កៈ មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះ ថា
បុគ្គលណាមួយ ប្រកបដោយសេចក្ដីប្រាថ្នា មិនឲ្យអ្នកដទៃមើលងាយខ្លួន ជាអ្នកធ្ងន់ក្នុងលាភ និងសក្ការៈ មានសេចក្ដីរីករាយ ជាមួយនឹងពួកអាមាត្យ បុគ្គលនោះ ឈ្មោះថា ឆ្ងាយអំពីការអស់ទៅនៃសំយោជនៈ។ បុគ្គលណាមួយ ក្នុងលោកនេះ លះបង់បុត្ត និងភរិយាផង លះបង់សត្វចិញ្ចឹមផង លះបង់សេចក្ដីសង្រ្គោះ ក្នុងវិវាហៈផង ភិក្ខុប្រាកដដូច្នោះនោះ គួរដើម្បីបាននូវសម្ពោធិដ៏ឧត្តម។ សូត្រ ទី១។
សក្ការសូត្រ ទី២
[៨១] ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញពួកសត្វដែលត្រូវសក្ការៈ គ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញពួកសត្វ ដែលអសក្ការៈគ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយ ស្លាប់ទៅ បានទៅកើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញពួកសត្វដែលសក្ការៈ និងអសក្ការៈទាំងពីរយ៉ាងនោះ គ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយ ស្លាប់ទៅ បានទៅកើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនមែនឮសេចក្ដីនោះ (អំពីសំណាក់) នៃសមណៈ ឬព្រាហ្មណ៍ដទៃ ហើយពោលទេ ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញពួកសត្វ ដែលសក្ការៈគ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញពួកសត្វ ដែលអសក្ការៈគ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វ ដែលសក្ការៈ និងអសក្ការៈទាំងពីរយ៉ាងនោះ គ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ លុះតែហេតុណា ដែលតថាគតដឹងខ្លួនឯង ឃើញខ្លួនឯង ជ្រាបច្បាស់ខ្លួនឯងពិតមែន ទើបតថាគតពោលនូវហេតុនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញពួកសត្វ ដែលសក្ការៈគ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើត ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញពួកសត្វ ដែលអសក្ការៈ គ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញពួកសត្វដែលសក្ការៈ និងអសក្ការៈទាំងពីរនោះ គ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។
បុគ្គលណា ដែលគេធ្វើសក្ការៈ និងអសក្ការៈទាំងពីរយ៉ាង ជាអ្នកនៅដោយសេចក្ដីមិនប្រមាទ មានសមាធិ មិនញាប់ញ័រ អ្នកប្រាជ្ញ តែងហៅបុគ្គល អ្នកមានឈាន មានព្យាយាមជាប់មិនដាច់ បានឃើញច្បាស់ ដោយទិដ្ឋិដ៏ល្អិត មានសេចក្ដីត្រេកអរក្នុងការអស់ទៅនៃឧបាទាននោះ ថាជាសប្បុរស។ សូត្រ ទី២។
ទេវសទ្ទសូត្រ ទី៣
[៨២] ម្នាលភិក្ខុទាំងឡាយ សំឡេងទេវតា [សំឡេងស្រែកហៅដោយសេចក្ដីត្រេកអរនៃពួកទេវតា។] ៣ យ៉ាងនេះ តែងលាន់ឮ ក្នុងទេវលោក [ក្នុងឧបបត្តិទេពទាំងពួង វៀរលែងតែអរូបាវចរទេវតា និងអសញ្ញីទេវតា។ អដ្ឋកថា។] ព្រោះអាស្រ័យសម័យនោះៗ។ សំឡេង ៣ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវ័ក គិតដើម្បីកោរសក់ ពុកចង្កា ស្លៀកសំពត់កាសាយៈទាំងឡាយ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ម្នាលភិក្ខុទាំងឡាយ សម័យនោះ សំឡេងទេវតាក្នុងទេវលោកទាំងឡាយ តែងលាន់ឮឡើងថា អរិយសាវ័កនុ៎ះ គិតដើម្បីច្បាំងនឹងកិលេសមារ។ ម្នាលភិក្ខុទាំងឡាយ នេះជាសំឡេងទេវតាទី ១ ក្នុងទេវលោកទាំងឡាយ តែងលាន់ឮឡើង ព្រោះអាស្រ័យសម័យនោះៗ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សម័យណា អរិយសាវ័ក ប្រកបរឿយៗ នូវព្យាយាម ដើម្បីចំរើននូវពោធិបក្ខិយធម៌ ៧ ពួក ម្នាលភិក្ខុទាំងឡាយ សម័យនោះ សំឡេងទេវតាក្នុងទេវលោកទាំងឡាយ តែងលាន់ឮឡើងថា អរិយសាវ័កនុ៎ះ កំពុងច្បាំងនឹងកិលេសមារ។ ម្នាលភិក្ខុទាំងឡាយ នេះជាសំឡេងទេវតាទី ២ ក្នុងទេវលោកទាំងឡាយ តែងលាន់ឮឡើង ព្រោះអាស្រ័យសម័យនោះៗ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សម័យណា អរិយសាវ័ក ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ម្នាលភិក្ខុទាំងឡាយ សម័យនោះ សំឡេងទេវតាក្នុងទេវលោកទាំងឡាយ តែងលាន់ឮឡើងថា អរិយសាវ័កនុ៎ះ ឈ្នះសង្រ្គាមហើយ ឈ្នះរាប គ្របសង្កត់នូវកំពូលនៃសង្រ្គាមនោះឯង ម្នាលភិក្ខុទាំងឡាយ នេះជាសំឡេងទេវតាទី ៣ ក្នុងទេវលោកទាំងឡាយ តែងលាន់ឮឡើង ព្រោះអាស្រ័យសម័យនោះៗ។ ម្នាលភិក្ខុទាំងឡាយ សំឡេងនៃទេវតាក្នុងទេវលោកទាំងឡាយ មាន ៣ យ៉ាងនេះឯង តែងលាន់ឮឡើង ព្រោះអាស្រ័យសម័យនោះៗ។
ពួកទេវតា បានឃើញសាវ័កនៃព្រះសម្មាសម្ពុទ្ធ ដែលឈ្នះសង្រ្គាមហើយ លោកមានគុណដ៏ធំ ប្រាសចាកសេចក្ដីកោតញញើត ទើបនមស្ការថា បពិត្របុរសអជានេយ្យ អ្នកណា បានបង្រ្កាបសង្គ្រាម ដែលគេឈ្នះបានដោយកម្រ បានឈ្នះសេនានៃមច្ចុ ដែលបុគ្គលដទៃមិនអាចឃាត់ខាំងបាន ដោយវិមោក្ខ ខ្ញុំសូមនមស្ការអ្នកនោះ ព្រោះហេតុនោះ ពួកទេវតា តែងនមស្ការនូវសាវ័កនៃព្រះសម្មាសម្ពុទ្ធនុ៎ះ ដែលមានសេចក្ដីប្រាថ្នា សម្រេចហើយ សាវ័កនៃព្រះសម្មាសម្ពុទ្ធ គប្បីដល់នូវអំណាចនៃមច្ចុទៀត ដោយហេតុណា ពួកទេវតា មិនឃើញហេតុនោះ របស់សាវ័កនៃព្រះសម្មាសម្ពុទ្ធនោះឡើយ។ សូត្រ ទី៣។
បញ្ចបុព្វនិមិត្តសូត្រ ទី៤
[៨៣] ម្នាលភិក្ខុទាំងឡាយ ទេវតាមានការច្យុតិជាធម្មតា ចាកពួកទេវតា ក្នុងកាលណា បុព្វនិមិត្ត ៥ យ៉ាង តែងកើតឡើងប្រាកដ ដល់ទេវតានោះ (ក្នុងកាលនោះ) គឺកម្រងផ្កាទាំងឡាយ ស្វិតស្រពោន ១ សំពត់ទាំងឡាយសៅហ្មង ១ ញើសទាំងឡាយ តែងហូរចេញអំពីក្លៀក ១ សម្បុរមិនល្អ តាំងឡើងក្នុងកាយ ១ ទេវតាមិនត្រេកអរក្នុងទេវាសនៈរបស់ខ្លួន ១។ ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយ តែងដឹងនូវបុព្វនិមិត្តនោះថា ទេវបុត្តនេះ មានការច្យុតិជាធម្មតា ហើយក៏អនុមោទនាដោយវាចា ៣ បទថា ម្នាលអ្នកដ៏ចំរើន សូមអ្នកច្យុតអំពីទេវលោកនេះ ទៅកាន់សុគតិចុះ លុះអ្នកទៅកាន់សុគតិហើយ សូមឲ្យមានលាភ ដែលបានដោយងាយចុះ លុះមានលាភដែលបានដោយងាយហើយ សូមតាំងនៅដោយប្រពៃចុះ។
[៨៤] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុ ១ រូប ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះអ្វីហៅថា ដំណើរទៅកាន់សុគតិរបស់ទេវតាទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន អ្វីហៅថាលាភ ដែលបានដោយងាយរបស់ទេវតាទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន អ្វីហៅថា ការតាំងនៅដោយប្រពៃនៃទេវតាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភាពនៃមនុស្ស (នេះ) ឯង ដែលហៅថា ដំណើរទៅកាន់សុគតិ របស់ទេវតាទាំងឡាយ លុះបានកើតជាមនុស្សហើយ បានចំពោះនូវសទ្ធា ក្នុងធម្មវិន័យណា ដែលព្រះតថាគតសំដែងហើយ ម្នាលភិក្ខុទាំងឡាយ ការបាននូវសទ្ធានេះឯង ហៅថា លាភដែលបានដោយងាយរបស់ទេវតាទាំងឡាយ ឯសទ្ធារបស់គេនោះ ជាសទ្ធាខ្ជាប់ខ្ជួន កើតជាឫសគល់តាំងនៅមាំមួន ដែលបុគ្គលណាមួយ ទោះជាសមណៈ ឬព្រាហ្មណ៍ ឬទេវតា ឬមារ ឬព្រហ្ម ក្នុងលោក មិនអាចនឹងនាំយកទៅបាន ម្នាលភិក្ខុទាំងឡាយ ការតាំងនៅមាំ នៃសទ្ធានេះឯង ហៅថា ការតាំងនៅដោយប្រពៃ របស់ទេវតាទាំងឡាយ។
ទេវតាច្យុតចាកពួកទេវតា ព្រោះអស់ទៅនៃអាយុ ក្នុងកាលណា សំឡេង ៣ យ៉ាង របស់ពួកទេវតា កាលអនុមោទនា តែងលាន់ឮឡើង (ក្នុងកាលនោះ) ថា ម្នាលអ្នកដ៏ចំរើន សូមអ្នកច្យុតអំពីទេវលោកនេះ ទៅកាន់សុគតិ ជាមួយនឹងពួកមនុស្សចុះ លុះអ្នកបានកើតជាមនុស្សហើយ សូមឲ្យបាននូវសទ្ធាដ៏ប្រសើរ ក្នុងព្រះសទ្ធម្មចុះ ក៏សទ្ធារបស់អ្នកនោះ ជាសទ្ធាខ្ជាប់ខ្ជួន ដែលបានជាឫសគល់ តាំងនៅមាំមួន ក្នុងព្រះសទ្ធម្ម ដែលព្រះតថាគតសំដែងហើយដោយប្រពៃ ដែលបុគ្គលណាមួយ មិនអាចនាំយកទៅបាន ដរាបអស់ជីវិត។ អ្នកត្រូវលះកាយទុច្ចរិតផង លះវចីទុច្ចរិតផង លះមនោទុច្ចរិតផង លះអំពើដទៃ ដែលប្រកបដោយទោសផង ធ្វើកុសលដោយកាយ ធ្វើកុសលដោយវាចា ធ្វើកុសលដោយចិត្តឲ្យច្រើន ប្រមាណមិនបាន បរិសុទ្ធ មិនមានគ្រឿងសៅហ្មង។ លំដាប់នោះ អ្នកប្រាជ្ញត្រូវធ្វើបុណ្យ ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្ននោះ ឲ្យច្រើនដោយទាន ហើយញុំាងពួកសត្វដទៃ ឲ្យតាំងនៅក្នុងព្រះសទ្ធម្ម ដែលជាព្រហ្មចរិយៈ ទេវតាទាំងឡាយ ដឹងច្បាស់នូវទេវតាកាលច្យុត ក្នុងកាលណា ក៏អនុមោទនា (ក្នុងកាលនោះ) ដោយសេចក្ដីអនុគ្រោះនេះថា ម្នាលទេវតា ចូរអ្នកមកឲ្យរឿយៗ។ សូត្រ ទី ៤។
ពហុជនហិតសូត្រ ទី៥
[៨៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ កាលកើតឡើងក្នុងលោក តែងកើតឡើង ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ បុគ្គល ៣ ពួក តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ជានាយសារថី ទូន្មាននូវបុរស ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ចធម៌ ទ្រង់ខ្ជាក់ចោលនូវត្រៃភព ព្រះអង្គបានត្រាស់ឡើងក្នុងលោកនេះ ទ្រង់សំដែងធម៌ មានលំអបទដើម លំអបទកណ្ដាល លំអបទចុង ប្រកបដោយអត្ថ និងព្យញ្ជនៈ ទ្រង់ប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ម្នាលភិក្ខុទាំងឡាយ នេះជាបុគ្គលទី ១ កាលកើតឡើងក្នុងលោក តែងកើតឡើង ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សាវ័ករបស់ព្រះសាស្តានោះ ជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ប្រព្រឹត្តរួចហើយ មានសោឡសកិច្ច ធ្វើស្រេចហើយ មានភារៈ គឺខន្ធ ៥ ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានកិលេសជាគ្រឿងប្រកបសត្វទុកក្នុងភពអស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ សាវ័កនោះ តែងសំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ប្រកបដោយអត្ថ និងព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយធម៌បរិសុទ្ធ បរិបូណ៌ទាំងអស់ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី ២ កាលកើតឡើងក្នុងលោក តែងកើតឡើងដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សាវ័ករបស់ព្រះសាស្តានោះ ជាសេក្ខបុគ្គល កំពុងប្រតិបត្តិ ជាពហុស្សូត បរិបូណ៌ដោយសីល និងវត្ត សាវ័កនោះ តែងសំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ប្រកបដោយអត្ថ និងព្យញ្ជនៈ ប្រកាសព្រហ្មចរិធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី ៣ កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះឯង កាលកើតឡើងក្នុងលោក តែងកើតឡើង ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
ព្រះសាស្តា ព្រះអង្គស្វែងរកគុណដ៏ធំ ជាបុគ្គលទី ១ ក្នុងលោក សាវ័កអ្នកប្រព្រឹត្តតាមព្រះសាស្តានោះ មានខ្លួនអប់រំហើយ (ជាបុគ្គលទី ២) មួយទៀត សាវ័កដទៃ ជាសេក្ខបុគ្គល កំពុងប្រតិបត្តិ ជាពហុស្សូត បរិបូណ៌ដោយសីល និងវត្ត (ជាបុគ្គលទី ៣)។ បុគ្គល ៣ ពួកនេះ ប្រសើរជាងទេវតា និងមនុស្ស លោកជាអ្នកធ្វើពន្លឺ គឺធម៌ សំដែងឡើងនូវធម៌ គឺចតុរារិយសច្ច បានបើកទ្វារនៃព្រះអមតនិព្វាន លោកទាំងនោះ តែងញុំាងជនច្រើននាក់ឲ្យរួចចាកយោគៈបាន។ ពួកជនណា ឈានឡើងកាន់អរិយមគ្គ ដែលព្រះមានព្រះភាគ ដូចជានាយឈ្មួញដ៏ប្រសើរដោយសីលាទិគុណ ទ្រង់សំដែងហើយដោយប្រពៃ ពួកជនណា មិនប្រមាទក្នុងសាសនារបស់ព្រះសុគត ពួកជននោះ ៗ តែងធ្វើនូវទីបំផុតទុក្ខ ក្នុងអត្តភាពនេះបាន។ សូត្រ ទី៥។
អសុភានុបស្សីសូត្រ ទី៦
[៨៦] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរពិចារណាឃើញរឿយ ៗ នូវអាការមិនស្អាតក្នុងកាយ ឯអានាបានស្សតិកម្មដ្ឋាន ក៏អ្នកទាំងឡាយ ចូរតាំងឡើងប្រាកដ ឲ្យមានមុខឆ្ពោះទៅកាន់អារម្មណ៍ខាងក្នុង អ្នកទាំងឡាយ ចូរពិចារណាឃើញរឿយ ៗ ក្នុងសង្ខារទាំងពួងថាមិនទៀង។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ពិចារណាឃើញរឿយ ៗ នូវអាការមិនស្អាតក្នុងកាយហើយ រាគានុស័្សយណា គួរដល់កិរិយាកើតឡើងក្នុងសុភធាតុ (កាន់យកនូវអារម្មណ៍ថាស្អាត) រាគានុស្ស័យនោះ អ្នកទាំងឡាយ រមែងលះបង់បាន។ កាលអានាបានស្សតិកម្មដ្ឋាន តាំងឡើងប្រាកដ មានមុខឆ្ពោះទៅកាន់អារម្មណ៍ខាងក្នុងហើយ អាសយវិតក្កៈទាំងឡាយណាជាខាងក្រៅ ដែលជាចំណែកនៃសេចក្តីចង្អៀតចង្អល់ អាសយវិតក្កៈទាំងឡាយនោះ មិនមានតទៅទៀតឡើយ។ កាលបើអ្នកទាំងឡាយ ពិចារណាឃើញរឿយ ៗ ក្នុងសង្ខារទាំងពួងថាមិនទៀងហើយ អវិជ្ជា អ្នកទាំងឡាយ ក៏រមែងលះបង់បាន វិជ្ជាសោត ក៏រមែងកើតឡើង។ ភិក្ខុជាអ្នកពិចារណាឃើញរឿយ ៗ ក្នុងកាយមិនស្អាត មានសតិដំកល់ខ្ជាប់ក្នុងអានាបានស្សតិកម្មដ្ឋាន ពិចារណាឃើញព្រះនិព្វាន ជាទីរម្ងាប់សង្ខារទាំងពួងហើយ ជាអ្នកមានព្យាយាម ជាគ្រឿងដុតកំដៅកិលេសសព្វ ៗ កាល។ ភិក្ខុនោះឯង ឈ្មោះថា ឃើញដោយប្រពៃ ជាអ្នកសង្រួម រមែងចុះចិត្តស៊ប់ក្នុងព្រះនិព្វាន ជាទីរម្ងាប់សង្ខារទាំងពួងនោះ ភិក្ខុនោះឯង ជាអ្នកមានព្រហ្មចរិយធម៌ ប្រព្រឹត្តរួចហើយ ជាអ្នកស្ងប់ ព្រោះដឹងច្បាស់ ឈ្មោះថា អ្នកប្រាជ្ញប្រព្រឹត្តកន្លងយោគៈ។ សូត្រ ទី ៦។
ធម្មានុធម្មបដិបន្នសូត្រ ទី៧
[៨៧] កាលបុគ្គលនិយាយថា ភិក្ខុអ្នកប្រតិបត្តិនូវធម៌សមគួរដល់ធម៌ដោយសភាពដ៏សមគួរណា សភាពដ៏សមគួរនេះ ជារបស់ភិក្ខុអ្នកប្រតិបត្តិធម៌សមគួរដល់ធម៌ ដោយសេចក្តីអធិប្បាយ ដូច្នេះ ឈ្មោះថា និយាយធម៌មែនពិត មិនឈ្មោះថា និយាយអធម៌ ឬឈ្មោះថា ត្រិះរិះធម៌មែនពិត មិនឈ្មោះថា ត្រិះរិះអធម៌ឡើយ លុះវៀរទាំងពីរនោះចេញ ទើបជាអ្នកព្រងើយ មានសតិសម្បជញ្ញៈ។
ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ ត្រិះរិះរឿយ ៗនូវធម៌ រឭករឿយ ៗ នូវធម៌ រមែងមិនសាបសូន្យចាកព្រះសទ្ធម្មឡើយ។ (ភិក្ខុនោះ) ទោះបីដើរ ឬឈរ ឬអង្គុយ ឬដេក ក៏រម្ងាប់ចិត្ត (របស់ខ្លួន) ក្នុងកម្មដ្ឋានខាងក្នុង រមែងបានដល់ព្រះនិព្វានជាទីស្ងប់រម្ងាប់ពុំខានឡើយ។ សូត្រ ទី៧។
អន្ធករណសូត្រ ទី៨
[៨៨] ម្នាលភិក្ខុទាំងឡាយ អកុសលវិតក្កៈ ៣ យ៉ាងនេះ ធ្វើឲ្យងងឹត ធ្វើមិនឲ្យមានបញ្ញាចក្ខុ ធ្វើមិនឲ្យមានញាណ ធ្វើបញ្ញាឲ្យរលត់ ជាចំណែកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានឡើយ។ អកុសលវិតក្កៈ ៣ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ គឺកាមវិតក្កៈ (សេចក្តីត្រិះរិះប្រកបដោយកាម) ធ្វើឲ្យងងឹត ធ្វើមិនឲ្យមានបញ្ញាចក្ខុ ធ្វើមិនឲ្យមានញាណ ធ្វើបញ្ញាឲ្យរលត់ ជាចំណែកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ១។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទវិតក្កៈ (សេចក្តីត្រិះរិះប្រកបដោយព្យាបាទ) ធ្វើឲ្យងងឹត ធ្វើមិនឲ្យមានបញ្ញាចក្ខុ ធ្វើមិនឲ្យមានញាណ ធ្វើបញ្ញាឲ្យរលត់ ជាចំណែកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ១។ ម្នាលភិក្ខុទាំងឡាយ វិហឹសាវិតក្កៈ (សេចក្តីត្រិះរិះប្រកបដោយការបៀតបៀន) ធ្វើឲ្យងងឹត ធ្វើមិនឲ្យមានបញ្ញាចក្ខុ ធ្វើមិនឲ្យមានញាណ ធ្វើបញ្ញាឲ្យរលត់ ជាចំណែកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ១។ ម្នាលភិក្ខុទាំងឡាយ អកុសលវិតក្កៈ ៣ យ៉ាងនេះឯង ធ្វើឲ្យងងឹត ធ្វើមិនឲ្យមានបញ្ញាចក្ខុ ធ្វើមិនឲ្យមានញាណ ធ្វើបញ្ញាឲ្យរលត់ ជាចំណែកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានឡើយ។
[៨៩] ម្នាលភិក្ខុទាំងឡាយ កុសលវិតក្កៈ ៣ យ៉ាងនេះ មិនធ្វើឲ្យងងឹត ធ្វើឲ្យមានបញ្ញាចក្ខុ ធ្វើឲ្យមានញាណ ធ្វើបញ្ញាឲ្យចំរើន មិនមែនជាចំណែកនៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។ កុសលវិតក្កៈ ៣ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ គឺ នេក្ខម្មវិតក្កៈ (សេចក្តីត្រិះរិះប្រកបដោយការចេញចាកកាម) មិនធ្វើឲ្យងងឹត ធ្វើឲ្យមានបញ្ញាចក្ខុ ធ្វើឲ្យមានញាណ ធ្វើបញ្ញាឲ្យចំរើន មិនមែនជាចំណែកនៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ១។ ម្នាលភិក្ខុទាំងឡាយ អព្យាបាទវិតក្កៈ (សេចក្តីត្រិះរិះមិនប្រកបដោយព្យាបាទ) មិនធ្វើឲ្យងងឹត ធ្វើឲ្យមានបញ្ញាចក្ខុ ធ្វើឲ្យមានញាណ ធ្វើបញ្ញាឲ្យចំរើន មិនមែនជាចំណែកនៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ១។ ម្នាលភិក្ខុទាំងឡាយ អវិហឹសាវិតក្កៈ (សេចក្តីត្រិះរិះមិនប្រកបដោយការបៀតបៀន) មិនធ្វើឲ្យងងឹត ធ្វើឲ្យមានបញ្ញាចក្ខុ ធ្វើឲ្យមានញាណ ធ្វើបញ្ញាឲ្យចំរើន មិនមែនជាចំណែកនៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ១។ ម្នាលភិក្ខុទាំងឡាយ កុសលវិតក្កៈ ៣ យ៉ាងនេះឯង មិនធ្វើឲ្យងងឹត ធ្វើឲ្យមានបញ្ញាចក្ខុ ធ្វើឲ្យមានញាណ ធ្វើបញ្ញាឲ្យចំរើន មិនមែនជាចំណែកនៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។
បុគ្គលគប្បីត្រិះរិះនូវកុសលវិតក្កៈទាំង ៣ ម្យ៉ាងទៀត គប្បីលះបង់នូវអកុសលវិតក្កៈទាំង ៣ ចេញ បុគ្គលនោះឈ្មោះថា រម្ងាប់ នូវវិតក្កៈ និងវិចារៈបាន ដូចទឹកភ្លៀង កាលរម្ងាប់ធូលី ដែលតាំងឡើងដូច្នោះដែរ បុគ្គលនោះ មានចិត្តជាគ្រឿងរម្ងាប់វិតក្កៈ ឈ្មោះថា បានដល់ដោយប្រពៃនូវសន្តិបទ គឺព្រះនិព្វាន ក្នុងបច្ចុប្បន្ននេះឯង។ សូត្រ ទី៨។
អន្តរាមលសូត្រ ទី៩
[៩០] ម្នាលភិក្ខុទាំងឡាយ ធម៌ជាមន្ទិលខាងក្នុង មិនមែនជាមិត្តខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាសឹកសត្រូវខាងក្នុង នេះមាន ៣ យ៉ាង។ ធម៌ ៣ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ លោភៈ ជាមន្ទិលខាងក្នុង មិនមែនជាមិត្តខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាសឹកសត្រូវខាងក្នុង ១។ ម្នាលភិក្ខុទាំងឡាយ ទោសៈ ជាមន្ទិលខាងក្នុង មិនមែនជាមិត្តខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាសឹកសត្រូវខាងក្នុង ១។ ម្នាលភិក្ខុទាំងឡាយ មោហៈ ជាមន្ទិលខាងក្នុង មិនមែនជាមិត្តខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាសឹកសត្រូវខាងក្នុង ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាមន្ទិលខាងក្នុង មិនមែនជាមិត្តខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាសឹកសត្រូវខាងក្នុង មាន ៣ យ៉ាងនេះឯង។ លោភៈ ជាធម៌ញុំាងសេចក្តីវិនាសឲ្យកើត លោភៈជាធម៌ញុំាងចិត្តឲ្យកម្រើក ភ័យកើតហើយក្នុងចិត្ត ជនមិនដឹងនូវភ័យនោះឡើយ។ បុគ្គលអ្នកលោភ រមែងមិនស្គាល់ប្រយោជន៍ បុគ្គលអ្នកលោភ រមែងមិនឃើញធម៌ សេចក្តីលោភគ្របសង្កត់នរជន ក្នុងកាលណា សេចក្តីងងឹតដ៏មានកំឡាំង ក៏កើតឡើងក្នុងកាលនោះ។ លុះតែបុគ្គលណា បានលះបង់សេចក្តីលោភហើយ ទើបមិនជាប់ចិត្ត ក្នុងអារម្មណ៍ ដែលគួរជាប់ចិត្ត សេចក្តីលោភ ដែលអរិយមគ្គកំចាត់បង់ចាកបុគ្គលនោះ ដូចដំណក់ទឹកដែលរមៀលចេញអំពីស្លឹកឈូក ដូច្នោះឯង។ ទោសៈ ជាធម៌ញុំាងសេចក្តីវិនាសឲ្យកើត ទោសៈជាធម៌ញុំាងចិត្តឲ្យកម្រើក ភ័យកើតហើយក្នុងចិត្ត ជនមិនដឹងនូវភ័យនោះ។ ជនអ្នកប្រទូស្ត រមែងមិនស្គាល់ប្រយោជន៍ ជនអ្នកប្រទូស្ត រមែងមិនឃើញធម៌ ទោសៈគ្របសង្កត់នរជន ក្នុងកាលណា សេចក្តីងងឹតដ៏មានកំឡាំង ក៏កើតឡើងក្នុងកាលនោះ។ លុះតែបុគ្គលណា បានលះបង់ទោសៈហើយ ទើបមិនប្រទូស្តក្នុងអារម្មណ៍ ដែលគួរប្រទូស្ត ទោសៈដែលអរិយមគ្គកំចាត់បង់ហើយ ចាកបុគ្គលនោះ ដូចជាផ្លែត្នោតទុំ ដែលជ្រុះចាកទង ដូច្នោះឯង។ មោហៈ ជាធម៌ញុំាងសេចក្តីវិនាសឲ្យកើត មោហៈជាធម៌ញុំាងចិត្តឲ្យកម្រើក ភ័យកើតហើយខាងក្នុងចិត្ត ជនមិនដឹងនូវភ័យនោះ។ ជនអ្នកវង្វេង រមែងមិនស្គាល់ប្រយោជន៍ ជនអ្នកវង្វេង រមែងមិនឃើញធម៌ មោហៈគ្របសង្កត់នរជន ក្នុងកាលណា សេចក្តីងងឹតដ៏មានកំឡាំង ក៏កើតឡើងក្នុងកាលនោះ។ លុះតែបុគ្គលណា បានលះបង់មោហៈហើយ ទើបមិនវង្វេងក្នុងអារម្មណ៍ ដែលគួរវង្វេង បុគ្គលនោះ រមែងកំចាត់បង់នូវមោហៈទាំងពួង (ដោយមគ្គទី ៤) ដូចជាព្រះអាទិត្យ កាលរះឡើង កំចាត់បង់ងងឹត ដូច្នោះឯង។ សូត្រ ទី៩។
ទេវទត្តសូត្រ ទី១០
[៩១] ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវអសទ្ធម្ម ៣ យ៉ាង គ្របសង្កត់ រួបរឹតចិត្តហើយ ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់ ១ កប្ប លែងកែបាន។ អសទ្ធម្ម ៣ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវសេចក្តីប្រាថ្នាដ៏លាមក គ្របសង្កត់រួបរឹតចិត្តហើយ ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់ ១ កប្ប លែងកែបាន ១។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវភាពនៃបាបមិត្តគ្របសង្កត់ រួបរឹតចិត្តហើយ ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់ ១ កប្ប លែងកែបាន ១។ មួយវិញទៀត កិច្ចដែលគួរធ្វើតទៅទៀតនៅមាន (ប៉ុន្តែ) ទេវទត្តដល់នូវសេចក្តីវិនាសក្នុងពាក់កណ្តាល ចាកឈាន និងអភិញ្ញាជាន់ទាបផង ចាកការត្រាស់ដឹងនូវគុណវិសេសជាន់ខ្ពស់ផង ១។ ម្នាលភិក្ខុទាំងឡាយ ទេវទត្តដែលត្រូវអសទ្ធម្ម ៣ នេះឯង គ្របសង្កត់ រួបរឹតចិត្តហើយ ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់ ១ កប្ប លែងកែបាន។
បុគ្គលនីមួយក្នុងលោក កុំមានសេចក្តីប្រាថ្នាដ៏លាមកដោយដាច់ខាត គតិរបស់បុគ្គលទាំងឡាយ ដែលមានសេចក្តីប្រាថ្នាដ៏លាមក យ៉ាងណាមិញ អ្នកទាំងឡាយ ត្រូវដឹងនូវទេវទត្តនោះ ដោយហេតុនេះ យ៉ាងនោះចុះ។ តថាគត ឮថាទេវទត្តនេះ គេដឹងថាជាបណ្ឌិត គេសរសើថាជាអ្នកមានខ្លួនអប់រំហើយ ហាក់ដូចជារុងរឿង ដោយយសបរិវារ ហើយឋិតនៅ ទេវទត្តនោះ ជាអ្នកសន្សំរឿយ ៗ នូវសេចក្តីប្រមាទ បៀតបៀនតថាគតនោះ ហើយដល់នូវអវិចិនរក មានទ្វារ ៤ ជាទីគួរខ្លាច។ បុគ្គលណា ប្រទូស្តចំពោះបុគ្គល ដែលមិនប្រទូស្ត អ្នកមិនធ្វើបាបកម្ម ផលបាប រមែងប៉ះពាល់ត្រូវបុគ្គលអ្នកមានចិត្តប្រទូស្ត មិនអើពើនោះឯង។ បុគ្គលណា សំគាល់ដើម្បីនឹងប្រទូស្តនូវសមុទ្រ ដោយឆ្នាំងដ៏ពេញដោយថ្នាំពិស បុគ្គលនោះ មិនគប្បីប្រទូស្តដោយឆ្នាំងដ៏ពេញ ដោយថ្នាំពិសនោះបាន ព្រោះថា សមុទ្រ ជាសភាពធំមហិមា យ៉ាងណាមិញ។ បុគ្គលណា បៀតបៀនតថាគតនុ៎ះ ដែលកំពុងប្រតិបត្តិដោយប្រពៃ មានព្រះហ្ឫទ័យស្ងប់រម្ងាប់ ដោយវាទៈជាទោស វាទៈ (របស់បុគ្គលនោះ) ក៏មិនដុះឡើងក្នុងព្រះតថាគតនោះ ក៏យ៉ាងនោះដែរ។ ភិក្ខុជាអ្នកប្រព្រឹត្តទៅតាមផ្លូវនៃបុគ្គលណា ហើយបានដល់ នូវការអស់ទៅនៃសេចក្តីទុក្ខ បណ្ឌិត គប្បីធ្វើបុគ្គលមានសភាពដូច្នោះ ឲ្យជាមិត្តផង គប្បីសេពគប់ ចំពោះបុគ្គលនោះផង។
ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី១០។
ចប់ ចតុត្ថវគ្គ។
ឧទ្ទាននៃចតុត្ថវគ្គ នោះគឺ
និយាយអំពីវិតក្កៈ ១ សក្ការៈ ១ សំឡេង១ ទេពច្យុត ១ បុគ្គលក្នុងលោក ១ អសុភ ១ ធម៌ ១ ងងឹត ១ មន្ទិល ១ ទេវទត្ត ១ ត្រូវជា ១០។
ឥតិវុត្តកៈ តិកនិបាត បញ្ចមវគ្គ
អគ្គប្បសាទសូត្រ ទី១
[៩២] ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីជ្រះថ្លាចំពោះវត្ថុដ៏ប្រសើរនេះ មាន ៣។ សេចក្តីជ្រះថ្លាចំពោះវត្ថុដ៏ប្រសើរ ៣ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ដែលជាសត្វមិនមានជើងក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី មិនមានរូបក្តី មានសញ្ញាក្តី មិនមានសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន គឺមានសញ្ញាយ៉ាងល្អិតក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងព្រះពុទ្ធ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លាក្នុងវត្ថុដ៏ប្រសើរ កាលបើពួកសត្វជ្រះថ្លា ក្នុងវត្ថុដ៏ប្រសើរហើយ មានផលក៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងប៉ុន្មាន ដែលជាសង្ខតធម៌ (ធម៌ដែលមានបច្ច័យប្រជុំតាក់តែង) ក្តី ជាអសង្ខតធម៌ (ធម៌ដែលមិនមានបច្ច័យប្រជុំតាក់តែង) ក្តី វិរាគៈ (ការប្រាសចាកតម្រេក) ដែលជាគ្រឿងញាំញីនូវសេចក្តីស្រវឹង នាំចេញនូវសេចក្តីស្រេកឃ្លាន ដកឡើងនូវសេចក្តីអាល័យ កាត់ផ្តាច់នូវវដ្តៈ អស់តណ្ហា ប្រាសចាកតម្រេក រលត់មិនសេសសល់ មិនមានតណ្ហានេះ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ។
ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងវិរាគធម៌ហើយ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លាក្នុងវត្ថុដ៏ប្រសើរ កាលបើពួកសត្វជ្រះថ្លាក្នុងវត្ថុដ៏ប្រសើរហើយ មានផលក៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងប៉ុន្មាន ដែលជាសង្ខតធម៌ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏ការឃើញត្រូវ ១ ការត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ព្យាយាមត្រូវ ១ រលឹកត្រូវ ១ តាំងចិត្តមាំត្រូវ ១ នេះប្រាកដជាប្រសើរជាងធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងធម៌ គឺមគ្គដ៏ប្រសើរហើយ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លា ក្នុងវត្ថុដ៏ប្រសើរ កាលបើពួកសត្វជ្រះថ្លាក្នុងវត្ថុដ៏ប្រសើរហើយ មានផលក៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ សង្ឃក្តី គណៈក្តីទាំងប៉ុន្មាន សង្ឃជាសាវ័ករបស់ព្រះតថាគត ដែលចាត់ជាគូនៃបុរស មាន ៤ គូ ចាត់ជាបុរសបុគ្គល (រៀងគ្នា) មានប្រាំបីនេះ ប្រាកដជាប្រសើរជាងសង្ឃ និងគណៈទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងសង្ឃហើយ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លាក្នុងវត្ថុដ៏ប្រសើរ កាលបើពួកសត្វជ្រះថ្លា ក្នុងវត្ថុដ៏ប្រសើរហើយ មានផលក៏ប្រសើរ។ មា្នលភិក្ខុទាំងឡាយ សេចក្តីជ្រះថ្លាក្នុងវត្ថុដ៏ប្រសើរ មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្តីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
កាលបើពួកសត្វជ្រះថ្លាក្នុង (ព្រះរត្នត្រ័យ) ថាជារបស់ប្រសើរ ដឹងច្បាស់ថាជាសភាវៈប្រសើរ គឺថាជ្រះថ្លាក្នុងព្រះពុទ្ធដ៏ប្រសើរ ជាទក្ខិណេយ្យបុគ្គលដ៏ឧត្តម ជ្រះថ្លាក្នុងព្រះធម៌ដ៏ប្រសើរ ជាគ្រឿងប្រាសចាកតម្រេក ស្ងប់រម្ងាប់ (កិលេស) នាំមកនូវសេចក្តីសុខ ជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរ ជាបុញ្ញក្ខេត្តយ៉ាងខ្ពង់ខ្ពស់ ឲ្យនូវទានក្នុងវត្ថុដ៏ប្រសើរ បុណ្យដ៏ប្រសើរ ក៏រមែងចំរើន ទាំងអាយុ ពណ៌ យស កេរ្តិ៍ឈ្មោះ សេចក្តីសុខ និងកំឡាំងដ៏ប្រសើរ ក៏រមែងចំរើន អ្នកប្រាជ្ញជាអ្នកឲ្យ (នូវទេយ្យធម៌) ចំពោះវត្ថុដ៏ប្រសើរ ហើយជាអ្នកមានចិត្តតាំងមាំ ក្នុងធម៌ដ៏ប្រសើរ លុះកើតជាទេវតា ឬកើតជាមនុស្ស សម្រេចនូវសម្បត្តិដ៏ប្រសើរ រមែងរីករាយ។
ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី១។
ជីវិកសូត្រ ទី២
[៩៣] ម្នាលភិក្ខុទាំងឡាយ ការចិញ្ចឹមជីវិតដោយកិរិយាត្រាច់ទៅ ដើម្បីបិណ្ឌបាតនេះ លាមកជាងការចិញ្ចឹមជីវិតទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ក្នុងលោក រមែងមានពាក្យផ្តាសាដូច្នេះថា អ្នកជាបុគ្គលប្រព្រឹត្តត្រាច់ទៅដើម្បីបិណ្ឌបាត មានតែបាត្រក្នុងដៃ។ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកកុលបុត្រ ដែលចូលចិត្តចិញ្ចឹមជីវិតដោយកិរិយាត្រាច់ទៅ ដើម្បីបិណ្ឌបាតនោះ សុទ្ធតែជាអ្នកប្រព្រឹត្តទៅ ក្នុងអំណាចនៃប្រយោជន៍ ព្រោះអាស្រ័យប្រយោជន៍ មិនមែនព្រោះព្រះរាជាបៀតបៀន មិនមែនព្រោះចោរបៀតបៀន មិនមែនព្រោះចំពាក់បំណុល មិនមែនព្រោះភ័យគ្របសង្កត់ មិនមែនព្រោះដុនដាបដោយការចិញ្ចឹមជីវិតទេ ពិតជាព្រោះការត្រិះរិះថា ពួកយើងត្រូវជាតិ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតចង្អល់ចិត្ត គ្របសង្កត់ហើយ ជាអ្នកត្រូវទុក្ខរឹបជាន់ ត្រូវទុក្ខគ្របសង្កត់ហើយ ធ្វើដូចម្តេចហ្ន៎ ការធ្វើនូវទីបំផុតនៃគំនរទុក្ខទាំងអស់នេះឲ្យប្រាកដបាន។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ បានបួសយ៉ាងនេះហើយ ក៏ជាអ្នកច្រើនដោយអភិជ្ឈា មានតម្រេកដ៏ក្លៀវក្លាក្នុងកាម មានចិត្តព្យាបាទ មានការត្រិះរិះក្នុងចិត្តដ៏អាក្រក់ ភ្លេចស្មារតី មិនដឹងខ្លួន មានចិត្តមិនមាំមួន មានចិត្តភ្ញាក់ផ្អើល មានឥន្ទ្រិយជាប្រក្រតី គឺមិនសង្រួម។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាអង្កត់ឧសសម្រាប់ដុតខ្មោច មានភ្លើងឆេះទាំងសងខាង ប្រឡាក់លាមកត្រង់កណ្តាល រមែងមិនផ្សព្វផ្សាយទៅដើម្បីជាឧសក្នុងស្រុក ក្នុងព្រៃបានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបុគ្គលនេះថា សាបសូន្យចាកភោគៈរបស់គ្រហស្ថផង មិនបានញុំាងប្រយោជន៍ជារបស់សមណៈឲ្យបរិបូណ៌ផង ក៏យ៉ាងនោះដែរ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្តីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
(បុគ្គលទ្រុស្តសីល) រមែងសាបសូន្យចាកភោគៈរបស់គ្រហស្ថផង ចាកប្រយោជន៍របស់សមណៈផង ជាបុគ្គលមានចំណែកអាក្រក់ តែងខ្ចាត់ខ្ចាយ រោយរាយ វិនាសទៅ ដូចជាឧសដុតខ្មោច។ បុគ្គល បរិភោគដុំដែកក្តៅ ដូចជាអណ្តាតភ្លើង ប្រសើរជាង បុគ្គលទ្រុស្តសីល មិនសង្រួមហើយ បរិភោគនូវបិណ្ឌបាតរបស់អ្នកដែន មិនប្រសើរសោះឡើយ។ សូត្រ ទី២។
សង្ឃាដិកណ្ណសូត្រ ទី៣
[៩៤] ម្នាលភិក្ខុទាំងឡាយ បើទុកជាភិក្ខុ ចាប់ជាយសង្ឃាដិ (នៃតថាគត) ហើយដើរតាមអំពីខាងក្រោយ ៗ ដាក់ជើង (ខ្លួន) ត្រង់កន្លែងជើង (នៃតថាគត) តែថាភិក្ខុនោះ ជាអ្នកច្រើនដោយអភិជ្ឈា មានតម្រេកដ៏ក្លៀវកា្លក្នុងកាម មានចិត្តព្យាបាទ មានសេចក្តីត្រិះរិះក្នុងចិត្តដ៏អាក្រក់ ភ្លេចសា្មរតី មិនដឹងខ្លួន មានចិត្តមិនមាំមួន មានចិត្តភ្ញាក់ផ្អើល មានឥន្រ្ទិយជាប្រក្រតី ភិក្ខុនោះ ឈ្មោះថា នៅឆ្ងាយអំពីតថាគតដោយពិត ឯតថាគត ក៏ឈ្មោះថា នៅឆ្ងាយអំពីភិក្ខុនោះដែរ។ ដំណើរនោះ ព្រោះហេតុអី្វ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះ មិនឃើញធម៌ កាលបើមិនឃើញធម៌ហើយ ឈ្មោះថា មិនឃើញតថាគត។ ម្នាលភិក្ខុទាំងឡាយ បើទុកជាភិក្ខុនោះ នៅក្នុងទីមួយ ចំនួនរយយោជន៍ តែភិក្ខុនោះ មិនជាអ្នកច្រើនដោយអភិជ្ឈា មិនមានតម្រេកក៏ក្លៀវក្លាក្នុងកាម មិនមានចិត្តព្យាបាទ មិនមានសេចក្តីត្រិះរិះក្នុងចិត្តដ៏អាក្រក់ ប្រុងស្មារតី ដឹងខ្លួន មានចិត្តមាំមួន មានចិត្តមូលនឹងធឹងក្នុងអារម្មណ៍តែមួយ សង្រួមឥន្រ្ទិយ ភិក្ខុនោះ ឈ្មោះថា នៅជិតតថាគតដោយពិត ទាំងតថាគត ក៏ឈ្មោះថា នៅជិតភិក្ខុនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះ ឃើញធម៌ កាលបើឃើញធម៌ហើយ ឈ្មោះថា ឃើញតថាគត។
អ្នកចូរមើលចុះ ភិក្ខុណា ដែលជាអ្នកប្រាថ្នាធំ បៀតបៀនគេ លុះអំណាចតណ្ហាជាគ្រឿងញាប់ញ័រ មានចិត្តមិនត្រជាក់ ចំពាក់នៅ (ក្នុងកាម) បើទុកជាភិក្ខុនោះ ជាប់កៀកនឹងព្រះពុទ្ធ ដែលមិនមានតណ្ហាជាគ្រឿងញាប់ញ័រ មានចិត្តត្រជាក់ ឥតជាប់ចំពាក់ ក៏ឈ្មោះថា នៅឆ្ងាយជាដរាប។ លុះតែភិក្ខុណា ជាបណ្ឌិត បានដឹងច្បាស់នូវធម៌ (ដោយញាតបរិញ្ញា និងតីរណបរិញ្ញា) ដឹងច្បាស់នូវចតុសច្ចធម៌ (ដោយមគ្គញ្ញាណ) មិនមានតណ្ហាជាគ្រឿងញាប់ញ័រ ស្ងប់រម្ងាប់ ដូចជាអន្លង់ទឹក ប្រាសចាកខ្យល់ មិនកំរើកមានចិត្តត្រជាក់ មិនជាប់ចំពាក់ អ្នកចូរមើលចុះ ភិក្ខុនោះ ឈ្មោះថា នៅជិតព្រះពុទ្ធ ដែលមិនមានតណ្ហាជាគ្រឿងញាប់ញ័រ មានចិត្តត្រជាក់ មិនជាប់ចំពាក់ក្នុងកាមជាដរាប។ សូត្រ ទី៣។
អគ្គិសូត្រ ទី៤
[៩៥] ម្នាលភិក្ខុទាំងឡាយ ភ្លើងនេះ មាន ៣ យ៉ាង។ ភ្លើង ៣ យ៉ាង តើដូចម្តេច។ ភ្លើង គឺរាគៈ ១ ភ្លើង គឺទោសៈ ១ ភ្លើង គឺមោហៈ ១។ ម្នាលភិក្ខុទាំងឡាយ ភ្លើងមាន ៣ យ៉ាងនេះឯង។
ភ្លើង គឺរាគៈ រមែងដុតពួកសត្វ ដែលត្រេកត្រអាលជ្រប់នៅក្នុងកាម ចំណែកភ្លើង គឺទោសៈ រមែងដុតពួកជន ដែលមានចិត្តព្យាបាទ ជាអ្នកសម្លាប់សត្វ ឯភ្លើង គឺមោហៈ រមែតដុតពួកសត្វដែលវង្វេង មិនឈ្លាសវៃក្នុងអរិយធម៌។ ពួកសត្វដែលមិនស្គាល់ភ្លើងទាំងនេះ ជាអ្នកត្រេកត្រអាលក្នុងសក្កាយ (ឧបាទានក្ខន្ធ ៥) រមែងញ៉ាំងភ្លើងទាំងនោះឲ្យចំរើន ទាំងញ៉ាំងនរក តិរច្ឆានកំណើត អសុរកាយ និងបិត្តិវិស័យឲ្យចំរើន មិនផុតចាក ចំណងមារបានឡើយ។ លុះតែបុគ្គលទាំងឡាយណា ប្រកប (ដោយភាវនា) ក្នុងសាសនាព្រះសម្មាសម្ពុទ្ធ ទាំងយប់ទាំងថ្ងៃ បុគ្គលទាំងនោះ មានសេចក្ដីសំគាល់ថា មិនស្អាតជានិច្ច ទើបញ៉ាំងភ្លើង គឺរាគៈ ឲ្យរលត់បាន ជាសត្វខ្ពង់ខ្ពស់ជាងជន ទើបញ៉ាំងភ្លើង គឺទោសៈឲ្យរលត់ ដោយមេត្តាភាវនាបាន ទាំងញ៉ាំងភ្លើង គឺមោហៈ ឲ្យរលត់ ដោយប្រាជ្ញាជាគ្រឿងទំលុះទំលាយកិលេស។ លុះភិក្ខុទាំងនោះ មានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មិនខ្ជិលច្រអូស ទាំងយប់ទាំងថ្ងៃ រំលត់ភ្លើងកិលេសបានហើយ រមែងរលត់ទាំងខន្ធ មិនមានសេសសល់ កន្លងផុតនូវទុក្ខ មិនមានសេសសល់។ អ្នកប្រាជ្ញទាំងឡាយ ជាអ្នកឃើញនូវអរិយធម៌ (និព្វាន និងសច្ចៈ ៤) ដល់នូវវេទ ព្រោះដឹងដោយប្រពៃ ដឹងច្បាស់នូវធម៌ ជាគ្រឿងអស់ជាតិ រមែងមិនវិលមកកាន់ភពទៀតឡើយ។ សូត្រ ទី៤។
ឧបបរិក្ខសូត្រ ទី៥
[៩៦] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុពិចារណាយ៉ាងណាៗ ហើយ វិញ្ញាណ មិនរាយមាយ មិនរវើរវាយទៅខាងក្រៅ ទាំងមិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ភិក្ខុគួរពិចារណាយ៉ាងនោះៗ ទើបហេតុជាគ្រឿងបង្កឲ្យកើតនៃជាតិទុក្ខ ជរាទុក្ខ និងមរណទុក្ខ មិនមានតទៅ។
ភិក្ខុដែលបានលះបង់នូវគ្រឿងជាប់ចំពាក់ ៧ យ៉ាង កាត់ផ្ដាច់នូវតណ្ហា សម្រាប់នាំទៅកាន់ភព រមែងអស់ការត្រាច់រង្គាត់ទៅកាន់ជាតិ ភពថ្មីរបស់ភិក្ខុនោះ មិនមានទៀតឡើយ។ សូត្រ ទី៥។
កាមូបបត្តិសូត្រ ទី៦
[៩៧] ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃកាមនេះ មាន ៣។ ការកើតឡើងនៃកាម ៣ តើដូចម្ដេច។ គឺពួកសត្វដែលមានកាមតាំងឡើងចំពោះ ១ ពួកសត្វដែលកើតក្នុងឋាននិម្មានរតី (ត្រេកអរចំពោះកាមដែលនិម្មិតដោយខ្លួនឯង) ១ ពួកសត្វដែលកើតក្នុងឋានបរនិម្មិតវសវត្តិ (ប្រព្រឹត្តទៅក្នុងអំណាចនៃកាមដែលអ្នកដទៃនិម្មិតឲ្យ) ១។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃកាម មាន ៣ នេះឯង។
ពួកសត្វដែលមានកាមតាំងឡើងចំពោះក្ដី ពួកទេវតាណា ដែលកើតក្នុងឋានបរនិម្មិតវសវត្តិក្ដី ពួកទេវតាណា ដែលកើតក្នុងឋាននិម្មានរតីក្តី និងពួកសត្វណាដទៃក្រៅអំពីនេះ ដែលជាអ្នកបរិភោគនូវកាមក្ដី (ពួកសត្វទាំងអស់នោះ) មិនឆ្លងនូវការបានបែបនេះ ហើយប្រែទៅជាដទៃ ព្រោះការបរិភោគកាមបានឡើយ (ព្រោះហេតុនោះ) កាមទាំងឡាយណា ជារបស់ទិព្វក្ដី កាមទាំងឡាយណា ជារបស់មនុស្សក្ដី អ្នកប្រាជ្ញលះបង់នូវកាមទាំងអស់នោះ កាត់ផ្ដាច់នូវខ្សែ គឺតណ្ហា ជាគ្រឿងជាប់ចំពាក់ ដោយសេចក្ដីរីករាយ ក្នុងរូបជាទីស្រឡាញ់ ដែលពួកសត្វឆ្លងបានដោយក្រ ហើយរលត់មិនមានសេសសល់ កន្លងនូវទុក្ខ មិនមានសេសសល់ ពួកអ្នកប្រាជ្ញ ជាអ្នកឃើញនូវអរិយធម៌ ដល់នូវវេទ ព្រោះដឹងដោយប្រពៃ ដឹងច្បាស់នូវធម៌ជាគ្រឿងអស់ជាតិ រមែងមិនវិលមកកាន់ភពថ្មីទៀតឡើយ។ សូត្រ ទី៦។
កាមយោគសូត្រ ទី៧
[៩៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយកាមយោគៈ (កិលេសជាគ្រឿងប្រកប គឺតម្រេកក្នុងបញ្ចកាមគុណ) ប្រកបដោយភវយោគៈ (កិលេសជាគ្រឿងប្រកប គឺតម្រេកក្នុងរូបភព និងអរូបភព) ឈ្មោះថា អាគាមិបុគ្គល ព្រោះមកកាន់អត្តភាពជាមនុស្សនេះវិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រាសចាកកាមយោគៈ តែប្រកបដោយភវយោគៈ ឈ្មោះថា អនាគាមិបុគ្គល ព្រោះមិនមកកាន់អត្តភាពជាមនុស្សទៀត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រាសចាកកាមយោគៈ ប្រាសចាកភវយោគៈ ឈ្មោះថា អរហន្ត អស់អាសវៈហើយ។
ពួកសត្វ ដែលប្រកបដោយកាមយោគៈ និងភវយោគៈទាំងពីរ ជាសត្វប្រព្រឹត្តទៅដើម្បីជាតិ និងមរណៈ រមែងអន្ទោលទៅកាន់សង្សារ។ ចំណែកពួកសត្វណា បានលះបង់នូវកាមទាំងឡាយ តែមិនទាន់ដល់នូវការអស់ទៅនៃអាសវៈ នៅប្រកបដោយភវយោគៈនៅឡើយ ពួកសត្វនោះ ហៅថា អនាគាមិបុគ្គល។ លុះតែពួកសត្វណា បានកាត់នូវសេចក្ដីសង្ស័យ អស់សេចក្ដីប្រកាន់ក្នុងភពថ្មីហើយ ឬពួកសត្វណា ដែលបានដល់នូវការអស់ទៅនៃអាសវៈក្នុងលោក ពួកសត្វនោះឯង ឈ្មោះថា បានដល់នូវត្រើយ គឺព្រះនិព្វាន។ សូត្រ ទី៧។
កល្យាណសីលសូត្រ ទី៨
[៩៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសីលល្អ មានធម៌ល្អ មានប្រាជ្ញាល្អ បានប្រព្រឹត្តមគ្គព្រហ្មចរិយៈចប់សព្វគ្រប់ហើយ ហៅថាជាបុរសដ៏ខ្ពង់ខ្ពស់ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសីលល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល បានសង្រួមដោយការសង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារ និងគោចរៈ ឃើញភ័យក្នុងទោសបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសីលល្អ យ៉ាងនេះឯង។ ដូច្នេះ ហៅថា ភិក្ខុមានសីលល្អ។ ភិក្ខុមានធម៌ល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រកបរឿយៗ នូវការចំរើននូវពោធិបក្ខិយធម៌ ៣៧ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានធម៌ល្អ យ៉ាងនេះឯង។ ដូច្នេះ ហៅថា ភិក្ខុមានសីលល្អ មានធម៌ល្អ។ ភិក្ខុមានប្រាជ្ញាល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានប្រាជ្ញាល្អ យ៉ាងនេះឯង។ ភិក្ខុដែលមានសីលល្អ មានធម៌ល្អ មានប្រាជ្ញាល្អ បានប្រព្រឹត្តមគ្គព្រហ្មចរិយៈចប់សព្វគ្រប់ហើយ ហៅថា ឧត្តមបុរស ក្នុងធម្មវិន័យនេះ ដូច្នេះ។
ភិក្ខុណា មិនមានអំពើអាក្រក់ ដោយកាយ ដោយវាចា ដោយចិត្ត អ្នកប្រាជ្ញហៅភិក្ខុនោះ ដែលមានសេចក្ដីខ្មាសបាប ថាជាអ្នកមានសីលល្អ ដោយពិត។ ធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីសម្រេចសម្ពោធិញ្ញាណ ដែលភិក្ខុណាបានចំរើនដោយល្អហើយ អ្នកប្រាជ្ញហៅភិក្ខុនោះ ដែលមិនមានកិលេសក្រាស់ ថាជាអ្នកមានធម៌ល្អដោយពិត។ ភិក្ខុណា ដឹងច្បាស់នូវធម៌ជាគ្រឿងអស់ទៅនៃទុក្ខរបស់ខ្លួន ក្នុងលោកនេះ អ្នកប្រាជ្ញហៅភិក្ខុនោះ ដែលមិនមានអាសវៈ ថាជាអ្នកមានប្រាជ្ញាល្អដោយពិត អ្នកប្រាជ្ញពោលនូវភិក្ខុដែលបរិបូណ៌ដោយធម៌ទាំងឡាយនោះ ជាអ្នកមិនមានទុក្ខ អស់សេចក្ដីសង្ស័យ លះបង់នូវកិលេសទាំងពួង ថាជាអ្នកមិនអាស្រ័យដោយតណ្ហា និងទិដ្ឋិ ក្នុងលោកទាំងពួង។ សូត្រ ទី៨។
ទានសូត្រ ទី៩
[១០០] ម្នាលភិក្ខុទាំងឡាយ ទាននេះ មាន ២ យ៉ាង គឺ អាមិសទាន ១ ធម្មទាន ១ ម្នាលភិក្ខុទាំងឡាយ បណ្ដាទានទាំង ២ យ៉ាងនេះ ធម្មទាន ប្រសើរជាង។ ម្នាលភិក្ខុទាំងឡាយ ការចែកនេះ មាន ២ យ៉ាង គឺការចែកអាមិសៈ ១ ការចែកធម៌ ១ ម្នាលភិក្ខុទាំងឡាយ បណ្ដាការចែកទាំង ២ នេះ ការចែកធម៌ ប្រសើរជាង។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីអនុគ្រោះនេះ មាន ២ យ៉ាង គឺ សេចក្ដីអនុគ្រោះដោយអាមិសៈ ១ សេចក្ដីអនុគ្រោះដោយធម៌ ១ ម្នាលភិក្ខុទាំងឡាយ បណ្ដាសេចក្ដីអនុគ្រោះទាំង ២ យ៉ាងនេះ សេចក្ដីអនុគ្រោះដោយធម៌ ប្រសើរជាង។
ព្រះមានព្រះភាគ ពោលសរសើរនូវទានណា ថាជាទានឧត្តម ប្រសើរលើស ត្រាស់សរសើរនូវការចែកណា (ថាជារបស់ឧត្តម ប្រសើរលើស) អ្នកប្រាជ្ញ មានចិត្តជ្រះថ្លា ចំពោះបុញ្ញក្ខេត្តដ៏ប្រសើរ កាលបើដឹងច្បាស់ហើយ នរណា នឹងមិនបូជា ក្នុងកាលដែលគួរ។ ពួកសត្វណា សំដែងផង ស្ដាប់ផង ទាំងពីរពួក មានចិត្តជ្រះថ្លា ក្នុងសាសនាព្រះសុគត (មួយទៀត) ពួកសត្វណា មិនធ្វេសប្រហែសក្នុងសាសនាព្រះសុគត ប្រយោជន៍ដ៏សំខាន់នោះ របស់ពួកទាំងនោះ រមែងបរិសុទ្ធ។ សូត្រ ទី៩។
តេវិជ្ជសូត្រ ទី១០
[១០១] ម្នាលភិក្ខុទាំងឡាយ តថាគតបញ្ញត្តនូវបុគ្គលអ្នកបានត្រៃវិជ្ជាដោយធម៌ ថាជាព្រាហ្មណ៍ មិនបញ្ញត្តនូវបុគ្គលដទៃថាជាព្រាហ្មណ៍ ដោយគ្រាន់តែពាក្យពោល និងបង្ហាញនូវមន្តប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតបញ្ញត្តនូវបុគ្គលអ្នកបានត្រៃវិជ្ជា ដោយធម៌ ថាជាព្រាហ្មណ៍ មិនបញ្ញត្តនូវបុគ្គលដទៃ ថាជាព្រាហ្មណ៍ ដោយគ្រាន់តែពាក្យពោល និងបង្ហាញនូវមន្តប៉ុណ្ណោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រលឹកជាតិដែលបានអាស្រ័យនៅក្នុងកាលមុនជាច្រើនប្រការ គឺរលឹកបាន ១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិខ្លះ ១សែនជាតិខ្លះ រលឹកបានច្រើនសំវដ្ដកប្បខ្លះ ច្រើនវិវដ្ដកប្បខ្លះ ច្រើនសំវដ្ដវិវដ្ដកប្បខ្លះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះ យ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើតក្នុងភពនេះ ភិក្ខុនោះ រលឹកតាមនូវជាតិដែលអាស្រ័យនៅក្នុងកាលមុនបានជាច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសយ៉ាងនេះ។ នេះជាវិជ្ជាទី ១ ដែលភិក្ខុនោះបានហើយ អវិជ្ជា ខ្ចាត់បាត់ទៅ វិជ្ជា ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់ភិក្ខុនោះ ដែលមិនធ្វេសប្រហែស ខំព្យាយាមដុតកំដៅកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនាដល់កាយ និងជីវិតឡើយ)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមានចក្ខុទិព្វបរិសុទ្ធ កន្លងបង់ចក្ខុជារបស់មនុស្ស ពិចារណាឃើញនូវសត្វទាំងឡាយ ដែលកំពុងច្យុត កំពុងកើត ទាបថោក និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ៎្ន សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំនូវកម្មជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក អើហ៎្ន ចំណែកសត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់មាំនូវកម្មជាសម្មាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតឯសុគតិ សួគ៌ ទេវលោក ភិក្ខុនោះ មានចក្ខុទិព្វបរិសុទ្ធ កន្លងបង់ចក្ខុជារបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយបការៈដូច្នេះ។ នេះជាវិជ្ជាទី ២ ដែលភិក្ខុនោះបានហើយ អវិជ្ជា ខ្ចាត់បាត់ទៅ វិជ្ជា ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើងដល់ភិក្ខុនោះ ដែលមិនប្រហែសធ្វេស ខំព្យាយាមដុតកំដៅកិលេស មានចិត្តមូលស្លុង។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ សម្រចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ នេះជាវិជ្ជាទី ៣ ដែលភិក្ខុនោះបានហើយ អវិជ្ជាខ្ចាត់បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺ ក៏កើតឡើង ដល់ភិក្ខុនោះ ដែលមិនប្រហែសធ្វេស ខំព្យាយាមដុតកំដៅកិលេស មានចិត្តមូលស្លុង។ ម្នាលភិក្ខុទាំងឡាយ តថាគត បញ្ញត្តនូវបុគ្គលអ្នកបានត្រៃវិជ្ជាដោយធម៌ ថាជាព្រាហ្មណ៍ មិនបញ្ញត្តនូវបុគ្គលដទៃថាជាព្រាហ្មណ៍ ដោយគ្រាន់តែពាក្យពោល និងបង្ហាញនូវមន្តប៉ុណ្ណោះទេ យ៉ាងនេះឯង។
បុគ្គលណា បានដឹងនូវខន្ធសន្តាន ដែលអាស្រ័យនៅក្នុងកាលមុន ទាំងឃើញនូវឋានសួគ៌ និងអបាយ ទាំងបានដល់នូវការអស់ទៅនៃជាតិ ជាខាងក្រោយ បុគ្គលនោះ ឈ្មោះថា អ្នកប្រាជ្ញ បានញ៉ាំងកិច្ចឲ្យសម្រេច ព្រោះដឹងច្បាស់នូវចតុសច្ចធម៌។ ព្រាហ្មណ៍ (ណា) ជាអ្នកបានត្រៃវិជ្ជា ដោយវិជ្ជា ៣ នុ៎ះ តថាគតហៅនូវព្រាហ្មណ៍ អ្នកបានត្រៃវិជ្ជានោះ ថាជាព្រាហ្មណ៍ មិនហៅនូវបុគ្គលដទៃ ដែលជាអ្នកពោល និងបង្ហាញនូវមន្ត ថាជាព្រាហ្មណ៍ឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី១០។
ចប់ បញ្ចមវគ្គ។
ឧទ្ទាននៃបញ្ចមវគ្គនោះគឺ
និយាយអំពីសេចក្ដីជ្រះថ្លា ១ ការចិញ្ចឹមជីវិត ១ សង្ឃាដី ១ ភ្លើង ១ ការពិចារណា ១ ការកើតឡើងនៃកាម ១ កាមយោគៈ ១ សីលល្អ ១ ទាន ១ ព្រាហ្មណ៍ដោយធម៌ ១ ត្រូវជា ១០។
ចប់ តិកនិបាត។
ឥតិវុត្តកៈ ចតុក្កនិបាត
ព្រាហ្មណធម្មយាគសូត្រ ទី១
[១០២] ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតជាព្រាហ្មណ៍ គួរគេសូមបាន មានដៃលាងស្អាតគ្រប់កាល ទ្រទ្រង់នូវអត្តភាពជាទីបំផុត ជាពេទ្យវះកាត់យ៉ាងប្រសើរ អ្នកទាំងឡាយ ជាបុត្ត ជាឱរស កើតអំពីមាត់តថាគត កើតអំពីធម៌ មានធម៌តាក់តែងហើយ មានធម៌ជាមត៌ក មិនមានអាមិសៈជាមត៌កឡើយ។ ម្នាលភិក្ខុទាំងឡាយ ទាននេះមាន ២ គឺ អាមិសទាន ១ ធម្មទាន ១ ម្នាលភិក្ខុទាំងឡាយ បណ្តាទានទាំង ២ នេះ ធម្មទានប្រសើរជាង។ ម្នាលភិក្ខុទាំងឡាយ ការចែកនេះមាន ២ គឺការចែកអាមិសៈ ១ ការចែកធម៌ ១ ម្នាលភិក្ខុទាំងឡាយ បណ្តាការចែកទាំង ២ នេះ ការចែកធម៌ប្រសើរជាង។ ម្នាលភិក្ខុទាំងឡាយ ការអនុគ្រោះនេះ មាន ២ គឺការអនុគ្រោះដោយអាមិសៈ ១ ការអនុគ្រោះដោយធម៌ ១ ម្នាលភិក្ខុទាំងឡាយ បណ្តាការអនុគ្រោះ ទាំង ២ នេះ ការអនុគ្រោះដោយធម៌ ប្រសើរជាង។ ម្នាលភិក្ខុទាំងឡាយ ការបូជានេះ មាន ២ គឺការបូជាដោយអាមិស ១ ការបូជាដោយធម៌ ១ ម្នាលភិក្ខុទាំងឡាយ បណ្តាការបូជាទាំង ២ នេះ ការបូជាដោយធម៌ ប្រសើរជាង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្តីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ព្រះតថាគតអង្គណា មិនមានព្រះទ័យកំណាញ់ មានការអនុគ្រោះដល់សព្វសត្វ បានប្រោសប្រទានធម៌ សត្វទាំងឡាយ តែងនមស្ការព្រះតថាគតនោះ ប្រាកដដូច្នោះ ព្រះអង្គប្រសើរជាងទេវតា និងមនុស្ស ទ្រង់ដល់នូវត្រើយនៃភព។
ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី១។
សុលភសូត្រ ទី២
[១០៣] ម្នាលភិក្ខុទាំងឡាយ វត្ថុដែលតិចតួចផង ងាយបានផង វត្ថុទាំងនោះ មិនមានទោសផងនេះ មាន ៤។ វត្ថុទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បណ្តាចីវរទាំងឡាយ បំសុកូលចីវរ ជារបស់តិចតួចផង ងាយបានផង ចីវរនោះ ជារបស់មិនមានទោសផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាភោជនទាំងឡាយ បិណ្ឌិយាលោបភោជន [ភោជនដែលបានដោយកំលាំងនៃស្មង។] ជារបស់តិចតួចផង ងាយបានផង ភោជននោះ ជារបស់មិនមានទោសផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេនាសនៈទាំងឡាយ រុក្ខមូលសេនាសនៈ ជារបស់តិចតួចផង ងាយបានផង សេនាសនៈនោះ ជារបស់មិនមានទោសផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាភេសជ្ជៈទាំងឡាយ ទឹកមូត្រស្អុយ ជារបស់តិចតួចផង ងាយបានផង ទឹកមូត្រនោះ ជារបស់មិនមានទោសផង។ ម្នាលភិក្ខុទាំងឡាយ វត្ថុ ៤ នេះឯង ជារបស់តិចតួចផង ងាយបានផង វត្ថុទាំងនោះ ជារបស់មិនមានទោសផង។ ម្នាលភិក្ខុទាំងឡាយ វេលាណា ភិក្ខុត្រេកអរដោយរបស់តិចតួចផង ងាយបានផង មិនមានទោសផង តថាគត ពោលនូវគុណណាមួយ របស់ភិក្ខុនេះ ថាជាអង្គនៃសមណភាព។
កាលបើភិក្ខុត្រេកអរដោយវត្ថុមិនមានទោស ជារបស់តិចតួច ជារបស់ងាយបានហើយ រមែងមានចិត្តមិនចង្អៀតចង្អល់ ព្រោះប្រារព្ធនូវសេនាសនៈ ចីវរ ទឹក និងភោជនឡើយ ភិក្ខុនោះ មិនទើសទាល់ក្នុងទិសទាំងឡាយឡើយ។ ធម៌ទាំងឡាយណា ដែលតថាគតពោលទុកហើយ ថាជាធម៌សមគួរដល់សមណភាព ធម៌ទាំងនោះ ភិក្ខុអ្នកសន្តោស មិនប្រហែសធ្វេស បានហើយ។ សូត្រ ទី២។
អាសវក្ខយសូត្រ ទី៣
[១០៤] ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈទាំងឡាយថា មានដល់ភិក្ខុអ្នកដឹង អ្នកឃើញ មិនពោលថា មានដល់ភិក្ខុអ្នកមិនដឹង មិនឃើញឡើយ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុអ្នកដឹង តើដូចម្តេច អ្នកឃើញ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុអ្នកដឹង អ្នកឃើញថា នេះជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុអ្នកដឹង អ្នកឃើញថា នេះជាហេតុនាំឲ្យកើតទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុអ្នកដឹង អ្នកឃើញថា នេះជាការរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុអ្នកដឹង អ្នកឃើញថា នេះជាបដិបទា ប្រព្រឹត្តទៅកាន់ទីរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុ អ្នកដឹងយ៉ាងនេះ អ្នកឃើញយ៉ាងនេះឯង។
កាលបើសេក្ខបុគ្គល កំពុងសិក្សា ត្រាច់ទៅតាមផ្លូវដ៏ត្រង់ ញាណទី ១ ក្នុងការអស់ទៅនៃអាសវៈ (ក៏កើតមាន) តអំពីនោះទៅ អរហត្តមគ្គញ្ញាណដ៏ប្រសើរ (ក៏កើតឡើង)។ កាលភិក្ខុមានចិត្តផុតស្រឡះ ចាកអាសវៈ ដោយសារអរហត្តមគ្គញ្ញាណនោះហើយ វិមុត្តិញ្ញាណដ៏ឧត្តម ក៏កើតឡើង សេចក្តីដឹងក្នុងការអស់ទៅថា សំយោជនៈទាំងឡាយ អស់ហើយដូច្នេះ ឯព្រះនិព្វាន ជាគ្រឿងដោះចាកគ្រឿងចំពាក់ទាំងពួងនេះ បុគ្គលខ្ជិល ល្ងង់ មិនដឹងច្បាស់ មិនគប្បីបានឡើយ។ សូត្រ ទី៣។
សមណព្រាហ្មណសូត្រ ទី៤
[១០៥] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់តាមពិតថា នេះជាទុក្ខ មិនដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ មិនដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ មិនដឹងច្បាស់តាមពិតថា នេះជាបដិបទា ប្រព្រឹត្តទៅកាន់ទីរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគតមិនសន្មតថា ជាសមណៈ ក្នុងពួកសមណៈ មិនសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ឡើយ មួយទៀត លោកដ៏មានអាយុទាំងនោះ រមែងមិនធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវសាមញ្ញប្រយោជន៍ គឺអរិយមគ្គ ៤ និងព្រហ្មញ្ញប្រយោជន៍ គឺអរិយផល ៤ បានឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ប្រព្រឹត្តទៅកាន់ទីរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ទើបតថាគតសន្មតថាជាសមណៈ ក្នុងពួកសមណៈ សន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍បាន មួយវិញទៀត លោកដ៏មានអាយុទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវសាមញ្ញប្រយោជន៍ និងព្រហ្មញ្ញប្រយោជន៍បាន។
ពួកបុគ្គលណា មិនដឹងច្បាស់នូវទុក្ខផង នូវហេតុនាំឲ្យកើតទុក្ខផង នូវទីរលត់ទុក្ខ សព្វគ្រប់ ឥតមានសេសសល់ផង មិនដឹងច្បាស់នូវផ្លូវប្រព្រឹត្តទៅកាន់ទីស្ងប់រម្ងាប់ទុក្ខនោះផង ពួកបុគ្គលនោះ រមែងសាបសូន្យ ចាកចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ពួកបុគ្គលនោះ មិនគួរធ្វើនូវទីបំផុតនៃទុក្ខបានឡើយ ពួកបុគ្គលនោះ ចូលទៅកាន់ជាតិ និងជរាដោយពិត។ លុះតែពួកបុគ្គលណា ដឹងច្បាស់នូវទុក្ខផង នូវហេតុនាំឲ្យកើតទុក្ខផង នូវទីរលត់ទុក្ខសព្វគ្រប់ ឥតមានសេសសល់ផង ដឹងច្បាស់នូវផ្លូវប្រព្រឹត្តទៅកាន់ទីស្ងប់រម្ងាប់ទុក្ខនោះផង ទើបបរិបូណ៌ដោយចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ពួកបុគ្គលនោះ គួរធ្វើនូវទីបំផុតនៃទុក្ខបាន ពួកបុគ្គលនោះ មិនចូលទៅកាន់ជាតិ និងជរាឡើយ។ សូត្រ ទី៤។
សីលសម្បន្នសូត្រ ទី៥
[១០៦] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា បរិបូណ៌ដោយសីល បរិបូណ៌ដោយសមាធិ បរិបូណ៌ដោយបញ្ញា បរិបូណ៌ដោយវិមុត្តិ បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ជាអ្នកទូន្មាន ពន្យល់ឲ្យដឹង សំដែងបញ្ជាក់ឲ្យឃើញងាយ ណែនាំ ធ្វើឲ្យអង់អាច ធ្វើឲ្យរីករាយ (ក្នុងកុសលធម៌) អាចសំដែងនូវព្រះសទ្ធម្មបាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការជួបប្រទះនូវភិក្ខុទាំងនោះថា មានឧបការៈច្រើនផង ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការស្តាប់ នូវភិក្ខុទាំងនោះថា មានឧបការៈច្រើនផង ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការចូលទៅរកភិក្ខុទាំងនោះថា មានឧបការៈច្រើនផង ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការចូលទៅអង្គុយជិតភិក្ខុទាំងនោះ ថាមានឧបការៈច្រើនផង ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការរលឹកនូវភិក្ខុទាំងនោះថា មានឧបការៈច្រើនផង ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការបួសតាមភិក្ខុទាំងនោះ ថាមានឧបការៈច្រើនផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលសេពគប់ ចូលទៅអង្គុយជិតពួកភិក្ខុបែបនោះហើយ សីលក្ខន្ធដែលមិនទាន់បរិបូណ៌ រមែងដល់នូវការបរិបូណ៌ដោយភាវនាផង សមាធិក្ខន្ធ ដែលមិនទាន់បរិបូណ៌ រមែងដល់នូវការបរិបូណ៌ដោយភាវនាផង បញ្ញាខន្ធ ដែលមិនទាន់បរិបូណ៌ រមែងដល់នូវការបរិបូណ៌ដោយភាវនាផង វិមុត្តិក្ខន្ធ ដែលមិនទាន់បរិបូណ៌ រមែងដល់នូវការបរិបូណ៌ដោយភាវនាផង វិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលមិនទាន់បរិបូណ៌ រមែងដល់នូវការបរិបូណ៌ដោយភាវនាផង។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុបែបនោះ ហៅថា សាស្តាក៏បាន ហៅថា អ្នកនាំទៅនូវពួកក៏បាន ហៅថា អ្នកលះបង់សត្រូវ ក៏បាន ហៅថា អ្នកបន្ទោបង់ងងឹតក៏បាន ហៅថា អ្នកធ្វើពន្លឺក៏បាន ហៅថា អ្នកធ្វើឲ្យភ្លឺស្វាងក៏បាន ហៅថា អ្នកធ្វើប្រទីបក៏បាន ហៅថា អ្នកធ្វើរស្មីក៏បាន ហៅថា អ្នកទ្រោលបំភ្លឺដោយគប់ភ្លើងក៏បាន ហៅថា អរិយៈក៏បាន ហៅថា អ្នកមានចក្ខុក៏បាន។
ការដែលបានជួបប្រទះជាដើម នូវពួកអរិយៈ ជាអ្នកដឹងច្បាស់ បានចំរើនចិត្ត ចិញ្ចឹមជីវិតតាមធម៌នុ៎ះឯង ជាហេតុធ្វើឲ្យមានបាមោជ្ជៈ។ ពួកអរិយៈនោះ តែងបំភ្លឺ សំដែងនូវព្រះសទ្ធម្ម អ្នកធ្វើរស្មី ធ្វើពន្លឺ អ្នកមានប្រាជ្ញា មានចក្ខុ លះបង់នូវសឹកសត្រូវ គឺកិលេស។ ពួកអ្នកប្រាជ្ញ បានស្តាប់នូវពាក្យប្រដៅរបស់ពួកអរិយៈទាំងនោះហើយ រមែងដឹងច្បាស់ដោយប្រពៃ ស្គាល់ច្បាស់នូវធម៌ជាគ្រឿងអស់ទៅនៃជាតិ ហើយមិនត្រឡប់មកកាន់ភពថ្មីទៀតឡើយ។ សូត្រ ទី៥។
តណ្ហុប្បាទសូត្រ ទី៦
[១០៧] ម្នាលភិក្ខុទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះវត្ថុជាទីកើតនៃតណ្ហានេះ មាន ៤។ វត្ថុជាទីកើតនៃតណ្ហា ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុចីវរ ១ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុបិណ្ឌបាត ១ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះសេនាសនៈ ១ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះសេចក្តីចំរើន និងវិនាស ១។ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះវត្ថុជាទីកើតនៃតណ្ហា ៤ នេះឯង។
បុរសដែលមានតណ្ហាជាគ្នា តែងរង្គាត់ទៅ អស់កាលជាយូរអង្វែង មិនប្រព្រឹត្តកន្លងនូវសង្សារ ដែលមានការប្រែប្រួលឥតឈប់បាន។ ភិក្ខុបានដឹងច្បាស់ នូវតណ្ហា ថាជាហេតុនាំឲ្យកើតទុក្ខ ថាមានទោសយ៉ាងនេះហើយ គួរជាអ្នកមិនមានតណ្ហា មិនមានការប្រកាន់ស្អិត មានស្មារតី ហើយគេចចេញ (ចាកខន្ធ)។ សូត្រ ទី៦។
សព្រហ្មកសូត្រ ទី៧
[១០៨] ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹងព្រហ្ម។ ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹងបុព្វទេវតា (ទេវតាដើម)។ ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹងបុព្វាចារ្យ (អាចារ្យដើម)។ ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹងអាហុនេយ្យបុគ្គល (បុគ្គលគួរបូជា)។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រហ្មនុ៎ះ ជាឈ្មោះរបស់មាតាបិតា។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុព្វទេវតានុ៎ះ ជាឈ្មោះរបស់មាតាបិតា។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុពា្វចារ្យនុ៎ះ ជាឈ្មោះរបស់មាតាបិតា។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អាហុនេយ្យៈនុ៎ះ ជាឈ្មោះរបស់មាតាបិតា។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ (ព្រោះ) មាតាបិតា មានឧបការៈច្រើន ជាអ្នកបីបាច់ (ឲ្យគង់ជីវិត) ជាអ្នកចិញ្ចឹម (ឲ្យបៅទឹកដោះ) ទាំងជាអ្នកបង្ហាញនូវលោកនេះ ដល់កូនទាំងឡាយ។
មាតាបិតាទាំងឡាយ ដែលហៅថា ព្រហ្មក្តី បុព្វាចារ្យក្តី អាហុនេយ្យៈក្តី (សុទ្ធតែ) ជាអ្នកអនុគ្រោះដល់ពួកសត្វ គឺកូន។ ព្រោះហេតុនោះឯង អ្នកប្រាជ្ញ គួរនមស្ការ គួរធ្វើសក្ការៈដល់មាតាបិតាទាំងនោះ ដោយបាយ ទឹក សំពត់ គ្រឿងដេក គ្រឿងអប់ គ្រឿងផ្ងូតទឹក និងទឹកសម្រាប់លាងជើង។ ព្រោះការដែលបានទំនុកបំរុងមាតាបិតានោះហើយ បានជាអ្នកប្រាជ្ញទាំងឡាយ សរសើរនូវបុគ្គលនោះ ក្នុងលោកនេះឯង បុគ្គលនោះ លុះលះលោកនេះទៅហើយ រមែងរីករាយក្នុងឋានសួគ៌។ សូត្រ ទី៧។
ពហុការសូត្រ ទី៨
[១០៩] ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ និងគហបតីណា បានទំនុកបំរុងអ្នកទាំងឡាយ ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ព្រាហ្មណ៍ និងគហបតីទាំងនោះ ឈ្មោះថា មានឧបការៈច្រើន ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឯអ្នកទាំងឡាយ ក៏ឈ្មោះថាមានឧបការៈច្រើន ដល់ពួកព្រាហ្មណ៍ និងគហបតីដែរ ព្រោះអ្នកទាំងឡាយ សំដែងធម៌ មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យព្ជានៈដ៏បរិបូណ៌ បរិសុទ្ធទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយធម៌នេះ ដែលបុគ្គលប្រព្រឹត្ត ដើម្បីប្រយោជន៍រើចេញចាកឱឃៈ និងធ្វើឲ្យផុតទុក្ខដោយប្រពៃបាន ក៏ព្រោះតែអាស្រ័យគ្នាទៅវិញទៅមក យ៉ាងនេះឯង។
ពួកគ្រហស្ថ និងបព្វជិតទាំងពីរពួក អាស្រ័យគ្នាទៅវិញទៅមក ទើបញុំាងព្រះសទ្ធម្ម ដែលជាទីក្សេមចាកយោគៈដ៏ប្រសើរ ឲ្យសម្រេចបាន ឯពួកបព្វជិត តែងទទួលចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងភេសជ្ជប្បច្ច័យ ជាគ្រឿងបន្ទោបង់សេចក្តីអន្តរាយ អំពីពួកគ្រហស្ថ។ ឯពួកគ្រហស្ថ អ្នកស្វែងរកប្រយោជន៍ក្នុងផ្ទះ បានអាស្រ័យសង្ឃជាសាវ័កនៃព្រះសុគតហើយ ជឿ (សេចក្តីប្រតិបត្តិ និងពាក្យ) របស់ព្រះអរហន្តទាំងឡាយ ដោយប្រាជ្ញាដ៏ប្រសើរ ជាអ្នកពិនិត្យ បានប្រព្រឹត្តធម៌ ក្នុងសាសនានេះ ដែលជាផ្លូវប្រព្រឹត្តទៅកាន់សុគតិ រមែងជាអ្នកមានអំណរ រីករាយក្នុងទេវលោក បានសម្រេចតាមសេចក្តីប្រាថ្នា។ សូត្រ ទី៨។
កុហសូត្រ ទី៩
[១១០] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ជាអ្នកញុំាងគេឲ្យស្ងើច រឹងរូស រាក់ទាក់ មានវាចាដូចស្នែង លើកកំពស់ មានចិត្តមិននឹងនួន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា មិនរាប់អានតថាគតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រាសចាកធម៌វិន័យនេះផង ភិក្ខុទាំងនោះ មិនដល់នូវសេចក្តីចំរើន លូតលាស់ទូលំទូលាយ ក្នុងធម៌វិន័យនេះផង។ ម្នាលភិក្ខុទាំងឡាយ លុះតែពួកភិក្ខុណា មិនជាអ្នកញុំាងគេឲ្យស្ងើច មិនរាក់ទាក់ មានប្រាជ្ញា មិនរឹងរូស មានចិត្តនឹងនួនល្អ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះឯង ទើបឈ្មោះថា ជាអ្នករាប់អានតថាគតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា មិនបា្រសចាកធម៌វិន័យនេះផង ភិក្ខុទាំងនោះ រមែងដល់នូវសេចក្តីចំរើនលូតលាស់ ទូលំទូលាយ ក្នុងធម៌វិន័យនេះផង។
ពួកភិក្ខុណា ដែលជាអ្នកញុំាងគេឲ្យស្ងើច រឹងរូស រាក់ទាក់ មានវាចាដូចស្នែង លើកកំពស់ មានចិត្តមិននឹងនួន ភិក្ខុទាំងនោះ មិនលូតលាស់ក្នុងធម៌ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងឡើយ។ លុះតែពួកភិក្ខុណា មិនជាអ្នកញុំាងគេឲ្យស្ងើច មិនរាក់ទាក់ មានប្រាជ្ញា មិនរឹងរូស មានចិត្តនឹងនួន ភិក្ខុទាំងនោះ ទើបលូតលាស់ ក្នុងធម៌ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងបាន។ សូត្រ ទី៩។
នទីសោតសូត្រ ទី១០
[១១១] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសត្រូវខ្សែទឹកស្ទឹង បន្សាត់ទៅដោយទាំងវត្ថុជាទីស្រឡាញ់ និងវត្ថុជាទីត្រេកអរ [វត្ថុផ្សេងៗ មាន មាសប្រាក់ជាដើម ដែលជាទីស្រឡាញ់ ត្រេកអររបស់ជន ហៅថា បិយរូប សាតរូប។] បុរសមានចក្ខុ ឈរនៅទៀបឆ្នេរ បានឃើញបុរសនោះហើយ ក៏និយាយយ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកត្រូវខ្សែទឹកស្ទឹងបន្សាត់ទៅ ដោយទាំងវត្ថុជាទីស្រឡាញ់ និងវត្ថុជាទីត្រេកអរ ក៏ពិតមែនហើយ តែថា ក្នុងស្ទឹងនេះ មានអន្លង់នៅខាងក្រោមដ៏ប្រកបដោយរលក និងទឹកកួចវឹល មានសត្វសាហាវ និងអារក្សទឹក (នៅចាំ) នែបុរសដ៏ចំរើន លុះអ្នកអណ្ដែតដល់អន្លង់នោះហើយ មុខជាដល់នូវសេចក្ដីស្លាប់ ឬនូវទុក្ខស្ទើរស្លាប់មិនខាន។ ម្នាលភិក្ខុទាំងឡាយ លុះបុរសនោះ បានឮសំឡេងបុរសនោះហើយ ក៏ព្យាយាមហែលដោយដៃ ដោយជើង ច្រាសទឹកមកវិញ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីឧបមានេះឯង តថាគតធ្វើ ដើម្បីឲ្យអ្នកទាំងឡាយ ដឹងច្បាស់នូវសេចក្ដី។ សេចក្ដីអធិប្បាយនេះ ក្នុងពាក្យឧបមានុ៎ះថា ម្នាលភិក្ខុទាំងឡាយ ពាក្យថា ខ្សែទឹកស្ទឹងនេះ ជាឈ្មោះនៃតណ្ហា ម្នាលភិក្ខុទាំងឡាយ ពាក្យថា វត្ថុជាទីស្រឡាញ់ និងវត្ថុជាទីត្រេកអរនេះ ជាឈ្មោះនៃអាយតនៈខាងក្នុង ៦ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អន្លង់នៅខាងក្រោមនេះ ជាឈ្មោះនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ប្រកបដោយរលកនេះ ជាឈ្មោះនៃសេចក្ដីក្រោធ និងសេចក្ដីចង្អៀតចង្អល់ចិត្ត ម្នាលភិក្ខុទាំងឡាយ ពាក្យថា ប្រកបដោយទឹកកួចវឹលនេះ ជាឈ្មោះនៃកាមគុណ ៥ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ប្រកបដោយសត្វសាហាវ និងអារក្សទឹកនេះ ជាឈ្មោះ នៃមាតុគ្រាម ម្នាលភិក្ខុទាំងឡាយ ពាក្យថា ហែលច្រាសទឹកនេះ ជាឈ្មោះនៃនេក្ខម្មៈ [ចិត្តដែលថយចេញចាកកាម ដោយសេចក្តីនឿយណាយ ឬការលះឃរាវាសសម្បត្តិ ចេញបួស ហៅថា នេក្ខម្មៈ។] ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្យយាមហែលដោយដៃ ដោយជើងនេះ ជាឈ្មោះនៃការប្រារព្ធព្យាយាម ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុរសមានចក្ខុ ឈរនៅទៀបឆ្នេរនេះ ជាឈ្មោះនៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។
បុគ្គលណា កាលប្រាថ្នានូវការក្សេមចាកយោគៈ ទៅខាងមុខ ត្រូវលះបង់នូវកាមទាំងឡាយ ព្រមទាំងសេចក្ដីទុក្ខ ជាអ្នកមានសេចក្តីដឹងខ្លួន មានចិត្តផុតស្រឡះ ដោយប្រពៃហើយ បាននូវវិមុត្តិ ក្នុងអារម្មណ៍នោះៗ បុគ្គលនោះ តថាគតហៅថា អ្នកដល់នូវវេទ គឺមគ្គញ្ញាណ ហៅថា អ្នកមានព្រហ្មចរិយធម៌ប្រព្រឹត្តរួចហើយ ហៅថា អ្នកដល់នូវទីបំផុតនៃលោក ហៅថា អ្នកដល់នូវត្រើយ គឺព្រះនិពា្វន។ សូត្រ ទី១០។
ចរសូត្រ ទី១១
[១១២] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុកំពុងដើរទៅ បើមានកាមវិតក្កៈក្ដី ព្យាបាទវិតក្កៈក្ដី វិហឹសាវិតក្កៈក្ដី កើតឡើង បើភិក្ខុទទួលនូវវិតក្កៈនោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនធ្វើឲ្យដល់នូវការសាបសូន្យទេ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុកំពុងដើរក៏ដោយ តែមានសភាពយ៉ាងនេះហើយ ហៅថា ជាអ្នកមិនមានព្យាយាមដុតកំដៅកិលេស មិនជាអ្នកក្ដៅនឹងបាប ជាអ្នកខ្ជិលច្រអូសជានិច្ចកាល មិនមានព្យាយាម។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងឈរ បើមានកាមវិតក្កៈក្ដី ព្យាបាទវិតក្កៈក្ដី វិហឹសាវិតក្កៈក្ដី កើតឡើង បើភិក្ខុទទួលនូវវិតក្កៈនោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនធ្វើឲ្យដល់នូវការសាបសូន្យទេ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុកំពុងឈរក៏ដោយ តែមានសភាពយ៉ាងនេះហើយ ហៅថា ជាអ្នកមិនមានព្យាយាមដុតកំដៅកិលេស មិនជាអ្នកក្ដៅនឹងបាប ជាអ្នកខ្ជិលច្រអូសជានិច្ចកាល មិនមានព្យាយាម។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងអង្គុយ បើមានកាមវិតក្កៈក្ដី ព្យាបាទវិតក្កៈក្ដី វិហឹសាវិតក្កៈក្ដី កើតឡើង បើភិក្ខុទទួលនូវវិតក្កៈនោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនធ្វើឲ្យដល់នូវការសាបសូន្យទេ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុកំពុងអង្គុយក៏ដោយ តែមានសភាពយ៉ាងនេះហើយ ហៅថា ជាអ្នកមិនមានព្យាយាមដុតកំដៅកិលេស មិនជាអ្នកក្ដៅនឹងបាប ជាអ្នកខ្ជិលច្រអូសជានិច្ចកាល មិនមានព្យាយាម។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងដេក កំពុងភ្ញាក់ (ដឹងខ្លួន) បើមានកាមវិតក្កៈក្ដី ព្យាបាទវិតក្កៈក្ដី វិហឹសាវិតក្កៈក្ដី កើតឡើង បើភិក្ខុទទួលនូវវិតក្កៈនោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនធ្វើឲ្យដល់នូវការសាបសូន្យទេ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុកំពុងដេក ភ្ញាក់ ក៏ដោយ តែមានសភាពយ៉ាងនេះហើយ ហៅថា ជាអ្នកមិនមានព្យាយាមដុតកំដៅកិលេស មិនជាអ្នកក្ដៅនឹងបាប ជាអ្នកខ្ជិលច្រអូសជានិច្ចកាល មិនមានព្យាយាម។
[១១៣] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងដើរទៅ បើមានកាមវិតក្កៈក្ដី ព្យាបាទវិតក្កៈក្ដី វិហឹសាវិតក្កៈក្ដី កើតឡើងហើយ បើភិក្ខុមិនទទួលនូវវិតក្កៈនោះទេ បានលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យដល់នូវការសាបសូន្យហើយ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុកំពុងដើរទៅក៏ដោយ តែមានសភាពយ៉ាងនេះហើយ ហៅថា ជាអ្នកមានព្យាយាមដុតកំដៅកិលេស ជាអ្នកក្ដៅនឹងបាប ជាអ្នកប្រារព្ធព្យាយាមជានិច្ចកាល មានចិត្តស្លុងទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងឈរ បើមានកាមវិតក្កៈក្ដី ព្យាបាទវិតក្កៈក្ដី វិហឹសាវិតក្កៈក្ដី កើតឡើងហើយ បើភិក្ខុមិនទទួលនូវវិតក្កៈនោះទេ បានលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យដល់នូវការសាបសូន្យហើយ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុកំពុងឈរក៏ដោយ តែមានសភាពយ៉ាងនេះហើយ ហៅថា ជាអ្នកមានព្យាយាមដុតកំដៅកិលេស ជាអ្នកក្ដៅនឹងបាប ជាអ្នកប្រារព្ធព្យាយាមជានិច្ចកាល មានចិត្តស្លុងទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងអង្គុយ បើមានកាមវិតក្កៈក្ដី ព្យាបាទវិតក្កៈក្ដី វិហឹសាវិតក្កៈក្ដី កើតឡើង ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនទទួលនូវវិតក្កៈនោះទេ បានលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យដល់នូវការសាបសូន្យហើយ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុកំពុងអង្គុយក៏ដោយ តែមានសភាពយ៉ាងនេះហើយ ហៅថា ជាអ្នកមានព្យាយាមដុតកំដៅកិលេស ជាអ្នកក្ដៅនឹងបាប ជាអ្នកប្រារព្ធព្យាយាមជានិច្ចកាល មានចិត្តស្លុងទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងដេក ភ្ញាក់ បើមានកាមវិតក្កៈក្ដី ព្យាបាទវិតក្កៈក្ដី វិហឹសាវិតក្កៈក្ដី កើតឡើងហើយ បើភិក្ខុមិនទទួលនូវវិតក្កៈនោះទេ បានលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យដល់នូវការសាបសូន្យហើយ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុកំពុងដេក កំពុងភ្ញាក់ក៏ដោយ តែមានសភាពយ៉ាងនេះហើយ ហៅថា ជាអ្នកមានព្យាយាមដុតកំដៅកិលេស ជាអ្នកក្ដៅនឹងបាប ជាអ្នកប្រារព្ធព្យាយាមជានិច្ចកាល មានចិត្តស្លុងទៅកាន់ព្រះនិព្វាន។
ភិក្ខុណា កំពុងដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី ត្រិះរិះនូវវិតក្កៈដ៏លាមក ដែលអាស្រ័យនូវផ្ទះ គឺតណ្ហា ភិក្ខុបែបនោះឯងហៅថា ដើរទៅរកផ្លូវខុស ជ្រប់នៅក្នុង (អារម្មណ៍ មានរូបជាដើម) ជាទីតាំងនៃសេចក្តីប្រព្រឹត្តទៅនៃមោហៈ មិនគួរបាននូវសម្ពោធិញ្ញាណដ៏ឧត្តមឡើយ។ ភិក្ខុណា កំពុងដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី បានញុំាងអកុសលវិតក្កៈឲ្យស្ងប់រម្ងាប់ ត្រេកអរក្នុងកិរិយារម្ងាប់នូវវិតក្កៈ ភិក្ខុបែបនោះឯង គួរបាននូវសម្ពោធិញ្ញាណដ៏ឧត្តម។ សូត្រ ទី១១។
សម្បន្នសីលសូត្រ ទី១២
[១១៤] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាបុគ្គលបរិបូណ៌ដោយសីល បរិបូណ៌ដោយបាតិមោក្ខ សង្រួមដោយការសង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្ទួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ជាបុគ្គលបរិបូណ៌ដោយសីល បរិបូណ៌ដោយបាតិមោក្ខ សង្រួមដោយការសង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្ទួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរធ្វើដូចម្តេចតទៅទៀត ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងដើរទៅក្តី បើប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ ប្រាសចាកថីនមិទ្ធៈ ប្រាសចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ប្រារព្ធព្យាយាមមិនធូរថយ ប្រុងស្មារតីមិនភ្លេចភ្លាំង មានកាយស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ មានចិត្តតាំងមាំ មូលនឹងនួនក្នុងអារម្មណ៍តែ ១ ហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបើទុកជាកំពុងដើរទៅ តែមានសភាពយ៉ាងនេះហើយ ហៅថា ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ក្តៅនឹងបាប ប្រារព្ធព្យាយាមជានិច្ចកាល មានចិត្តស្លុងទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងឈរក្តី បើប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ ប្រាសចាកថីនមិទ្ធៈ ប្រាសចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ប្រារព្ធព្យាយាមមិនធូរថយ ប្រុងស្មារតីមិនភ្លេចភ្លាំង មានកាយស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ មានចិត្តតាំងមាំ មូលនឹងនួនក្នុងអារម្មណ៍តែ ១ ហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទុកជាកំពុងឈរ តែមានសភាពយ៉ាងនេះហើយ ហៅថាជាអ្នកមានព្យាយាមដុតកំដៅកិលេស ក្តៅនឹងបាប ប្រារព្ធព្យាយាមជានិច្ចកាល មានចិត្តស្លុងទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងអង្គុយក្តី បើប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ ប្រាសចាកថីនមិទ្ធៈ ប្រាសចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ប្រារព្ធព្យាយាមមិនធូរថយ ប្រុងស្មារតីមិនភ្លេចភ្លាំង មានកាយស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ មានចិត្តតាំងមាំមួន នឹងនួនក្នុងអារម្មណ៍តែមួយហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទុកជាកំពុងអង្គុយ តែមានសភាពយ៉ាងនេះហើយ ហៅថាជាអ្នកមានព្យាយាមដុតកំដៅកិលេស ក្តៅនឹងបាប ប្រារព្ធព្យាយាមជានិច្ចកាល មានចិត្តស្លុងទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងដេកក្តី កំពុងភ្ញាក់ក្តី បើប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ ប្រាសចាកថីនមិទ្ធៈ ប្រាសចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ប្រារព្ធព្យាយាមមិនធូរថយ ប្រុងស្មារតីមិនភ្លេចភ្លាំង មានកាយស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ មានចិត្តតាំងមាំ មូលនឹងនួន ក្នុងអារម្មណ៍តែមួយហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទុកជាកំពុងដេក កំពុងភ្ញាក់ តែមានសភាពយ៉ាងនេះហើយ ហៅថាជាអ្នកមានព្យាយាម ដុតកំដៅកិលេស ក្តៅនឹងបាប ប្រារព្ធព្យាយាមជានិច្ចកាល មានចិត្តស្លុងទៅកាន់ព្រះនិព្វាន។
ភិក្ខុ គួរដើរទៅឲ្យមានព្យាយាម (រារាំងបាប) គួរឈរឲ្យមានព្យាយាម គួរអង្គុយឲ្យមានព្យាយាម គួរដេកឲ្យមានព្យាយាម គួរបត់ចូល (នូវអវយវៈ) ឲ្យមានព្យាយាម គួរលាចេញ (នូវអវយវៈ) ឲ្យមានព្យាយាម ការប្រព្រឹត្តិទៅនៃលោក ក្នុងខាងលើ ក្នុងទីជុំវិញ ក្នុងទិសខាងក្រោមត្រឹមណា ភិក្ខុគួរជាអ្នកពិចារណានូវការកើត និងការរលត់នៃខន្ធទាំងឡាយ ដែលមានការសាបសូន្យជាធម្មតា ត្រឹមណោះ អ្នកប្រាជ្ញទាំងឡាយ បានសរសើរ នូវភិក្ខុអ្នកសម្រេចសម្រាន្តនៅយ៉ាងនេះ មានព្យាយាមដុតកំដៅកិលេស មានការប្រព្រឹត្តិស្ងប់រម្ងាប់ មានចិត្តមិនរាយមាយ សិក្សាឲ្យសមគួរដល់ធម៌ជាគ្រឿងស្ងប់ចិត្ត មានស្មារតីគ្រប់កាលបែបនោះ ថាជាបុគ្គលមានចិត្តស្លុងទៅកាន់ព្រះនិព្វាន។ សូត្រ ទី១២។
លោកសូត្រ ទី១៣
[១១៥] ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ លោក (ទាំងមូល) តថាគត បានត្រាស់ដឹងច្បាស់ហើយ តថាគត ជាបុគ្គលប្រាសចាកលោក ម្នាលភិក្ខុទាំងឡាយ ធម៌ជាគ្រឿងបណ្តាលឲ្យកើតលោក តថាគត បានត្រាស់ដឹងច្បាស់ហើយ ធម៌ជាគ្រឿងបណ្តាលឲ្យកើតលោក តថាគត បានលះបង់ហើយ ម្នាលភិក្ខុទាំងឡាយ ធម៌ជាគ្រឿងរលត់ទៅនៃលោក តថាគត បានត្រាស់ដឹងច្បាស់ហើយ ធម៌ជាគ្រឿងរលត់ទៅនៃលោក តថាគត បានធ្វើឲ្យជាក់ច្បាស់ហើយ ម្នាលភិក្ខុទាំងឡាយ បដិទា ប្រព្រឹត្តទៅកាន់ទីរលត់ទៅនៃលោក តថាគត បានត្រាស់ដឹងច្បាស់ហើយ បដិទា ប្រព្រឹត្តទៅកាន់ទីរលត់ទៅនៃលោក តថាគត បានអប់រំហើយ។ ម្នាលភិក្ខុទាំងឡាយ របស់ណា ដែលលោក ព្រមទាំងទេវតា មារ និងព្រហ្ម ពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស បានឃើញ បានឮ បានប៉ះពាល់ បានដឹង បានដល់ បានស្វះស្វែងរក បានរាវរក ដោយចិត្តហើយ របស់នោះ តថាគត បានត្រាស់ដឹងច្បាស់ហើយ ព្រោះហេតុណា ហេតុនោះ បានជាហៅថា ព្រះតថាគត។ ម្នាលភិក្ខុទាំងឡាយ តថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងរាត្រីណាផង បរិនិព្វានទៅដោយអនុបាទិសេសនិព្វានធាតុ ក្នុងរាត្រីណាផង សំដែងចរចាពន្យល់នូវសត្ថុសាសនាណា ក្នុងចន្លោះរាត្រីទាំងពីរនុ៎ះ សត្ថុសាសនាទាំងអស់នោះ ក៏នៅជាយ៉ាងនោះដដែល មិនប្រែទៅជាយ៉ាងដទៃឡើយ ព្រោះហេតុនោះ បានជាហៅថា ព្រះតថាគត។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ពោលយ៉ាងនោះឯង ព្រោះហេតុនោះ បានជាហៅថា ព្រះតថាគត។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត ជាអ្នកគ្របសង្កត់លើសត្វឯទៀត (ដោយគុណ) សត្វឯទៀតគ្របសង្កត់ (តថាគតវិញ) មិនបាន ជាអ្នកឃើញហេតុសព្វគ្រប់ ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ព្រោះហេតុនោះ បានជាហៅថា ព្រះតថាគត។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្តីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
អ្នកប្រាជ្ញ បានដឹងច្បាស់ នូវលោកទាំងពួង ក្នុងលោកទាំងពួងដោយពិត ជាអ្នកប្រាសចាកលោកទាំងពួង ក្នុងលោកទាំងពួង មិនមាននរណា [ក្នុងអដ្ឋកថាថា មិនមានគឺនរ គឺតណ្ហា និងទិដ្ឋិ (អនូសយោ)។] ប្រៀបបាន ជាអ្នកគ្របសង្កត់លោកទាំងអស់ (ដោយគុណ) ជាអ្នកញុំាងលោកទាំងអស់ ឲ្យផុតចាកគ្រឿងចំពាក់ទាំងពួង ព្រះនិព្វាន ជាទីស្ងប់រម្ងាប់យ៉ាងក្រៃលែង មិនមានភ័យអំពីទីណា ៗ ដល់អ្នកប្រាជ្ញដែលបានហើយ អ្នកប្រាជ្ញនុ៎ះ ជាព្រះខីណាស្រព ត្រាស់ដឹងនូវសច្ចៈ ៤ ជាបុគ្គលមិនមានទុក្ខ បានកាត់ផ្តាច់នូវសេចក្តីសង្ស័យ ដល់នូវការអស់ទៅនៃកម្មទាំងពួង មានចិត្តផុតស្រឡះ ក្នុងធម៌ជាគ្រឿងអស់ទៅនៃកិលេស អ្នកប្រាជ្ញនុ៎ះ ជាព្រះពុទ្ធ លែងវិលមកកាន់ភពថ្មីទៀត អ្នកប្រាជ្ញនុ៎ះ ជាសីហៈ (អ្នកកំចាត់នូវកិលេស) ដ៏ប្រសើរ ញុំាងចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅដល់លោក ព្រមទាំងទេវលោក។ ពួកទេវតា និងមនុស្សណា បានដល់ព្រះពុទ្ធជាទីរលឹក ទេវតា និងមនុស្សទាំងនោះ ក៏មកប្រជុំនមស្ការចំពោះព្រះពុទ្ធ ដែលមានព្រះទ័យក្លៀវក្លាដ៏ប្រសើរនោះ។ ព្រះពុទ្ធ ព្រះអង្គទូន្មានខ្លួនដ៏ប្រសើរ ជាងពួកជនអ្នកទូន្មានខ្លួន ព្រះអង្គស្ងប់រម្ងាប់ដ៏ប្រសើរ ជាងពួកជនអ្នកស្ងប់រម្ងាប់ ព្រះអង្គស្វែងរកនូវគុណ មានសីលគុណជាដើម ព្រះអង្គមានចិត្តរួចស្រឡះដ៏ប្រសើរ ជាងពួកជនអ្នកមានចិត្តរួចស្រឡះ ព្រះអង្គឆ្លងផុតដ៏ប្រសើរជាងជនអ្នកឆ្លងទាំងឡាយ។ ព្រោះហេតុនោះឯង ទើបពួកទេវតា និងមនុស្ស តែងនមស្ការចំពោះព្រះពុទ្ធ ដែលមានព្រះទ័យក្លៀវក្លាដ៏ប្រសើរអង្គនុ៎ះ។ ក្នុងលោក ព្រមទាំងទេវលោក ឥតមានបុគ្គលណា ប្រៀបផ្ទឹមនឹងព្រះអង្គបានឡើយ។
ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១៣។
ចប់ ចតុក្កនិបាត។
ឧទ្ទាននៃចតុក្កនិបាតនោះគឺ
និយាយអំពីព្រះមានព្រះភាគជាព្រាហ្មណ៍ ១ វត្ថុងាយបាន ៤ យ៉ាង ១ ការអស់ទៅនៃអាសវៈ របស់បុគ្គលអ្នកដឹង ១ ពួកសមណព្រាហ្មណ៍ ១ ពួកភិក្ខុមានសីល ១ តណ្ហា ១ ត្រកូលដែលនៅរួមនឹងព្រហ្មជាដើម ១ ពួកព្រាហ្មណ៍ និងគហបតីមានឧបការៈច្រើន ១ ពួកភិក្ខុអ្នកធ្វើឲ្យគេស្ញើបជាដើម ១ បុរសត្រូវទឹកស្ទឹងកួច ១ អកុសលវិតក្កៈកើតដល់ភិក្ខុកំពុងដើរទៅជាដើម ១ ភិក្ខុមានសីលបរិបូណ៌ជាដើម ១ ព្រះតថាគតត្រាស់ដឹងនូវលោក ១ រួមជា ១៣ រឿង។
ក្នុងឥតិវុត្តកៈ មានសូត្រ ១១២។
ចប់ ភាគ៥៣។
សូមអនុមោទនា !!!