ខុទ្ទកនិកាយ សុត្តនិបាត

តតិយភាគ
ភាគទី៥៤

សូមនមស្ការ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ។

ឧរគវគ្គទី

ឧរគសូត្រទី ១

[១] ភិក្ខុណា បន្ទោបង់សេចក្តីក្រោធ ដែលឆួលឡើងហើយ ដូចបុគ្គល​បន្សាប​ពិស​ពស់ ដែលជ្រាប​ទៅ​ដោយ​ឱសថ​ទាំងឡាយ ភិក្ខុនោះ ឈ្មោះថា លះបង់​ត្រើយ​ខាងអាយ [ពាក្យថា ត្រើយខាងអាយ បានដល់​សំយោជនៈ ៥ យ៉ាង ជា​ចំណែក​ខាងក្រោម ព្រោះថា សំយោជនៈ​ទាំងនេះ ជាហេតុ​នាំសត្វឲ្យ​ខកនៅក្នុង​សង្សារវដ្ត។ អដ្ឋកថា។] ដូចពស់​សកសំណក​ចាស់ គ្រាំគ្រាចេញ។​ ភិក្ខុណា ផា្តច់បង់រាគៈ មិនមាន​សេសសល់ ដូចគេកាត់​ផ្កាឈូក ដែលដុះ​ក្នុងស្រះ ភិក្ខុនោះ ឈ្មោះថា លះបង់​ត្រើយ​ខាងអាយ ដូច​ពស់សកសំណក​ចាស់ គ្រំាគ្រាចេញ។​ ភិក្ខុណា បាន​ផ្តាច់បង់​តណ្ហា មិនមាន​សេសសល់ ញុំាង​តណ្ហា ដែលជា​កិលេសជាតិ ត្រាច់ទៅ អន្ទោលទៅ​ដោយ​រហ័ស ឲ្យរីងស្ងួត ភិក្ខុនោះ ឈ្មោះថា លះបង់​ត្រើយខាង​អាយ ដូចពស់​សក​សំណកចាស់ គ្រាំគ្រា​ចេញ។ ភិក្ខុណា កំចាត់មានះ មិនមាន​សេសសល់ ដូចជំនន់ធំ កំចាត់បង់​នូវស្ពាន​បបុស ដែល​ទុព្វលភាព​កៃ្រលែង ភិក្ខុនោះ ឈ្មោះថា លះបង់​ត្រើយ​ខាងអាយ ដូចពស់​សកសំណក​ចាស់​ គ្រាំគ្រា​ចេញ​។ ភិក្ខុណា កាលសែ្វង​រកមិនបាន​នូវសារៈ ក្នុងភព​ទាំងឡាយ ដូចបុគ្គល​សែ្វងរក​នូវផ្កា​ឰដ៏​ដើមល្វាទាំងឡាយ ភិក្ខុនោះ ឈ្មោះថា លះបង់​ត្រើយ​ខាងអាយ ដូចពស់សក​សំណកចាស់​ គ្រំាគ្រា​ចេញ។ សេចក្តីក្រោធ មិនមាន​ក្នុងសន្តាន​នៃភិក្ខុ​ណា មួយ​ទៀត ភិក្ខុណា ប្រព្រឹត្តកន្លង​នូវបុណ្យ និងបាប ភិក្ខុនោះ ឈ្មោះថា បានលះបង់​ត្រើយខាង​អាយ ដូចពស់​សកសំណក​ចាស់ គ្រំាគ្រា​ចេញ។ ភិក្ខុ​ណា កំចាត់​បង់ ផ្តាច់បង់ ឲ្យជ្រះស្រឡះ នូវវិតក្កៈ​ទំាងឡាយ ខាងក្នុង​សន្តាន មិនមាន​សេសសល់ ភិក្ខុនោះ ឈ្មោះថា លះបង់​ត្រើយខាង​អាយ ដូចពស់​សកសំណក​ចាស់ គ្រំាគ្រា​ចេញ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ប្រព្រឹត្ត​កន្លងនូវ​បបញ្ចធម៌ [ធម៌នេះ មាន ៣ គឺ តណ្ហា១ មានះ១ ទិដ្ឋិ១ ជាធម៌​ញុំាងសត្វ​ឲ្យ​មានដំណើរ​យឺតយូរ ក្នុង​សង្សារវដ្ត។] ទំាងអស់​នេះបាន ភិក្ខុនោះ ឈ្មោះថា លះបង់​ត្រើយខាងអាយ ដូចពស់​សកសំណក​ចាស់​គ្រាំគ្រា​ចេញ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញ​នៅ ព្រោះដឹង​ច្បាស់ថា ធម្មជាត មានខន្ធ​ជាដើម​ទំាងអស់នេះ មិនទៀងទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់​ត្រើយខាង​អាយ ដូចពស់​សក​សំណកចាស់​គ្រំាគ្រាចេញ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញ​នៅ ជាអ្នក​ប្រាសចាក​លោភៈ ដោយគិតថា ធម្មជាត មានខន្ធ​ជាដើម​ទាំងអស់​នេះ​ មិនទៀងទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់​ត្រើយខាង​អាយ ដូចពស់​សក​សំណក​ចាស់​គ្រាំគ្រាចេញ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នក​ប្រាសចាក​រាគៈ ដោយ​គិតថា ធម្មជាត មានខន្ធ​ជាដើម ទាំងអស់នេះ​ មិនទៀង​ទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់​ត្រើយ​ខាង​អាយ ដូចពស់​សកសំណក​ចាស់ គ្រាំគ្រាចេញ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នក​ប្រាសចាកទោសៈ ដោយគិតថា ធម្មជាត មានខន្ធជាដើម​ទាំងអស់​នេះ មិន​ទៀងទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់​ត្រើយខាង​អាយ ដូច​ពស់សក​សំណក​ចាស់​គ្រាំគ្រាចេញ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នក​ប្រាសចាក​មោហៈ ដោយ​គិតថា ធម្មជាត មានខន្ធ​ជាដើម​ទាំងអស់​នេះ មិនទៀងទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់​ត្រើយ​ខាងអាយ​ ដូចពស់​សកសំណក​ចាស់​គ្រាំគ្រាចេញ។ អនុស្សយក្កិលេសណា​មួយ មិនមាន​ដល់ភិក្ខុ​ណា ឬ​អកុសលមូល ដែលភិក្ខុ​ដកចេញ​ហើយ ភិក្ខុនោះ ឈ្មោះថា លះបង់​ត្រើយខាង​អាយ ដូចពស់​សកសំណក​ចាស់​គ្រាំគ្រាចេញ។ អនុស្សយក្កិលេស​ណាមួយ ដែល​កើតអំពី​សេចក្តី​ក្រវល់ក្រវាយ មិនមាន​ដល់ភិក្ខុណា ឬ​បច្ច័យ​ដើម្បី​ដើរមក​កាន់​ត្រើយ​ខាងអាយ មិនមាន ភិក្ខុនោះ ឈ្មោះថា លះបង់​ត្រើយខាង​អាយ ដូចពស់​សក​សំណក​ចាស់​គ្រាំគ្រាចេញ។ អនុស្សយក្កិលេស​ណាមួយ ដែល​កើតអំពី​ព្រៃតូច គឺ​តណ្ហា មិនមាន​ដល់ភិក្ខុណា សេចក្តី​សម្រេច​ដោយហេតុ (តណ្ហា) ដើម្បី​ភពដែល​ជាប់ជំពាក់​ហើយ មិនមាន ភិក្ខុនោះ ឈ្មោះថា លះបង់​ត្រើយខាង​អាយ ដូចពស់​សកសំណក​ចាស់​គ្រាំគ្រា​ចេញ។ ភិក្ខុណា លះបង់​នីវរណៈ ៥ ប្រការ ជាអ្នក​មិនតានតឹង ឆ្លង​សេចក្តី​ងឿងឆ្ងល់ ប្រាសចាក​សរ គឺកិលេស ភិក្ខុនោះ ឈ្មោះថា លះបង់​ត្រើយ​ខាងអាយ ដូចពស់​សកសំណក​ចាស់​គ្រាំគ្រាចេញ។

ចប់ ឧរគសូត្រ ទី១។

ធនិយសូត្រ ទី២

[២] (សេដ្ឋិបុត្ត ឈ្មោះ​ធនិយគោបៈ ពោលថា) យើងមាន​បាយចំអិន​ហើយ មាន​ទឹកដោះ​រូតហើយ ជាអ្នកនៅ​ជាមយ​ជនបរិស័ទ ទៀប​ឆេ្នរទនេ្លមហី ខ្ទម យើង​បាន​ប្រក់​ហើយ ភើ្លង​ក៏បង្កាត់​ហើយ ម្នាល​ភ្លៀង ឥឡូវនេះ បើអ្នក​ចង់បង្អុរ ចូរបង្អុរ​មកចុះ។

(ព្រះមានព្រះភាគត្រាស់ថា) តថាគត មិន​មានសេចក្តីក្រោធ បា្រសចាក​សេចក្តី​រឹងតឹ្អង​ហើយ នៅអស់​រាត្រីមួយ ក្បែរឆ្នេរទន្លេ​មហី ខ្ទម គឺអត្តភាព មាន​ដំបូល​បើកចេញ​ហើយ ភ្លើង [បានដល់​ភ្លើង​ទាំង ១១ កង មានភ្លើង គឺរាគៈជាដើម។ អដ្ឋកថា។]​រលត់​ហើយ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់​បង្អុរ ចូរបង្អុរ​មកចុះ។

(ធនិយគោបៈ ពោលថា) របោម ក៏មិនមាន គោទាំងឡាយ ក៏ដើរ​ទៅក្នុងច្រក ​ ដែលមាន​ស្មៅលូតលាស់​ល្អ គោទាំងឡាយ ក៏អត់ធន់​នឹងភ្លៀង​ដែលបង្អុរ​មក ម្នាលភ្លៀង ឥឡូវនេះ បើអ្នក​ចង់បង្អុរ ចូរបង្អុរ​មកចុះ។

(ព្រះមានព្រះភាគត្រាស់ថា) ក្បូន តថាគតបានចង ចាត់ចែង​ស្រេចហើយ តថាគត បានឆ្លង​ដល់ត្រើយ កំចាត់​បង់​នូវឱឃៈ​បាន សេច​ក្តីត្រូវការ​ដោយក្បូន មិន​មានទៀតទេ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់​បង្អុរ ចូរបង្អុរ​មកចុះ។

(ធនិយគោបៈ ពោលថា) ប្រពន្ធរបស់យើង ជាអ្នក​សា្តប់បង្គាប់ ជាស្ត្រី​មិន​ឡេះឡោះ ជាទី​ពេញចិត្ត គួរនៅ​រួម​អស់​កាលដ៏វែង យើងមិន​ដែលឮសំដី​ដ៏អាក្រក់​តិចតួច របស់​ប្រពន្ធនោះ​ឡើយ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់​បង្អុរ ចូរបង្អុរ​មកចុះ។

(ព្រះមានព្រះភាគ ត្រាស់ថា) ចិត្តរបស់​តថាគត ជាធម្មជាត​ស្តាប់​បង្គាប់ ជាចិត្ត​រួចស្រឡះ​ហើយ តថាគត បានអប់រំ​ហើយ ទូន្មានល្អ​ហើយ អស់កាល​ដ៏វែង ចំណែក​បាប មិនមាន​ដល់​តថាគត​ទៀតទេ ម្នាលភ្លៀង ឥឡូវនេះ បើអ្នក​ចង់បង្អុរ ចូរបង្អុរ​មកចុះ។

(ធនិយគោបៈ ពោលថា) យើងជាអ្នកចិញ្ចឹមជីវិត​ដោយថ្លៃឈ្នួល​ចំពោះខ្លួនឯង ចំណែក​ខាងកូន​ទាំងឡាយ​របស់យើង មានសេចក្តី​មូលមិត្ត ឥតមាន​រោគទេ យើងមិន​ដែលឮ​ហេតុអាក្រក់​តិចតួច របស់កូន​នោះឡើយ ម្នាលភ្លៀង ឥឡូវនេះ បើអ្នក​ចង់បង្អុរ ចូរបង្អុរ​មកចុះ។

(ព្រះមានព្រះភាគ ត្រាស់ថា) តថាគត មិនមែន​ជាអ្នកស៊ីឈ្នួល​អ្នកណាមួយ​ទេ តថាគត ត្រាច់ទៅ​ដោយឥតមាន​ជាប់ចំពាក់​ក្នុងលោក​ទាំងមូល សេចក្តី​ត្រូវការ​ដោយ​ថ្លៃឈ្នួល មិនមានទេ ម្នាលភ្លៀង ឥឡូវនេះ បើអ្នក​ចង់បង្អុរ ចូរបង្អុរ​មកចុះ។

(ធនិយគោបៈ ពោលថា) គោជំទង់​ក៏មាន កូនគោ​កំពុងបៅ​ដោះក៏មាន មេគោ​មានគភ៌ និង​មេគោកំពុង​ដោយឈ្មោល ក៏មាន គោឈ្មោល​ជាគោបា​របស់យើង​ក៏មាន ម្នាលភ្លៀង ឥឡូវនេះ បើអ្នក​ចង់បង្អុរ ចូរបង្អុរ​មកចុះ។

(ព្រះមានព្រះភាគ ត្រាស់ថា) គោជំទង់​ក៏មិនមាន កូនគោ​កំពុងបៅដោះ ក៏មិនមាន មេគោ​មានគភ៌ និងមេគោ​កំពុងដោយ​ឈ្មោល ក៏មិនមាន គោឈ្មោល​ជាគោបា របស់​តថាគត ក៏មិនមាន ម្នាលភ្លៀង ឥឡូវនេះ ​បើអ្នក​ចង់បង្អុរ ចូរបង្អុរ​មកចុះ។

(ធនិយគោបៈ ពោលថា) បង្គោលស្នឹង (សម្រាប់​ចងគោ) យើងបាន​បោះមិន​រង្កៀក​ទេ ខ្សែពួរ​ទាំងឡាយ ដែលវេញ​អំពីស្មៅ​យ៉ាប្លង ក៏នៅថ្មី មាន​សណ្ឋាន​នៅល្អ កូនគោ​កំពុង​បៅដោះ មិនអាច​ទាញផ្តាច់​បានទេ ម្នាលភ្លៀង ឥឡូវនេះ បើអ្នក​ចង់បង្អុរ ចូរបង្អុរ​មកចុះ។

(ព្រះមានព្រះភាគ ត្រាស់ថា) តថាគត ផ្តាច់ចំណង គឺសំយោជនៈ ចំណែក​ខាងលើ​ប្រាំ ដូចគោ​ឧសភៈ ផា្តច់នូវចំណង ទំលាយ​ចំណង គឺ​សំយោជនៈប្រាំ ខាងក្រោម ដូចដំរី​ទំលាយ​វល្លិ៍ផោម​ មិនបាន​ចូលទៅកាន់​ដំណេក​ក្នុងគភ៌ទៀត​ទេ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់​បង្អុរ ចូរបង្អុរ​មកចុះ។

ខណៈនោះឯង មហាមេឃ បង្អុរភ្លៀងឲ្យពេញ​នូវទីទាប និងទីទួល ធនិយគោបៈ បានឮ​សូរភ្លៀង​បង្អុរ ក៏ពោល​នូវសេចក្តី​នេះថា ឱលាភ​របស់យើង​មិនមែនតិចទេ ព្រោះយើង​បានឃើញ​នូវ​ព្រះមានព្រះភាគ បពិត្រ​ព្រះអង្គមាន​ចក្ខុ យើងសូម​ដល់​ព្រះអង្គ​ជាទីពឹង សូម​ព្រះមហា​មុនី ជាសាស្តា​ចារ្យ​នៃយើង។ យើងទាំងឡាយ គឺប្រពន្ធ និងខ្ញុំ​ព្រះអង្គ ជាអ្នក​ស្តាប់បង្គាប់ សូមប្រព្រឹត្ត​នូវ​ព្រហ្មចរិយធម៌ ក្នុង​សំណាក់​នៃ​ព្រះសុគត សូមជា​អ្នកបាន​ដល់ត្រើយ​នៃជាតិ និងមរណៈ ធ្វើទីបំផុត​នៃទុក្ខ។

(មារមានចិត្តបាប និយាយថា) បុគ្គលមានបុត្ត រមែងត្រេកអរ​នឹងបុត្តទាំងឡាយ បុគ្គល​មានគោ រមែង​ត្រេកអរ​នឹងគោ​ទាំងឡាយ ដូច្នោះដែរ ការត្រេកអរ​របស់នរជន រមែង​មាន ព្រោះតែ​ឧបធិ​ទាំងឡាយ (គ្រឿងជាប់​ជំពាក់) បុគ្គលណា មិនមាន​ឧបធិ បុគ្គល​នោះ ទើបមិន​ត្រេកអរ។

(ព្រះមានព្រះភាគ ត្រាស់ថា) បុគ្គលមាន​បុត្ត រមែងសោក​នឹងបុត្ត​ទាំងឡាយ បុគ្គល​មានគោ រមែងសោក​នឹងគោ​ទាំងឡាយ ដូច្នោះដែរ ការសោក​របស់នរជន រមែង​មាន​ព្រោះតែ​ឧបធិទាំងឡាយ​ លុះតែ​បុគ្គលណា មិនមាន​ឧបធិ បុគ្គលនោះ ទើបមិន​សោក។

ចប់ ធនិយសូត្រ ទី២។

ខគ្គវិសាណសូត្រ ទី៣

[៣] បុគ្គលដាក់អាជ្ញាចោលចេញ ចំពោះពួកសត្វ​ទាំងអស់ មិនបាន​បៀតបៀន​នូវសត្វ​ទាំងនោះ សូម្បីសត្វ​ណាមួយ មិនគប្បី​ប្រាថ្នា​នូវបុត្ត តើគប្បី​ត្រូវការសំឡាញ់​អំពីណា គប្បីត្រាច់​ទៅតែ​ម្នាក់ឯង ដូច​កុយរមាស។

សេចក្តីស្រឡាញ់ រមែងមានដល់បុគ្គល ដែលច្រឡូក​ច្រឡំ ទុក្ខដែល​ជាប់តាម​ចំពោះ​សេចក្តី​ស្រឡាញ់នេះ ក៏រមែង​កើតឡើង បុគ្គលឃើញ​ទោស ដែល​កើតអំពី​សេចក្តី​ស្រឡាញ់​ហើយ គប្បីត្រាច់​ទៅតែ​ម្នាក់ឯង ដូច​កុយរមាស។

បុគ្គលអ្នកមានចិត្តប្រតិព័ទ្ធ កាល​អនុគ្រោះ​នូវពួកមិត្ត ដែល​មានចិត្តល្អ រមែងញុំាង​ប្រយោជន៍ ឲ្យ​សាបសូន្យ បុគ្គលកាល​ឃើញនូវភ័យ ក្នុងការ​មូលមិត្ត​គ្នានុ៎ះ​ហើយ គប្បី​ត្រាច់ទៅ​តែម្នាក់ឯង ដូច​កុយរមាស។ សេចក្តី​ស្រឡាញ់​ចំពោះកូន និងប្រពន្ធ ដូច​ឫស្សី ដែលបែក​គុម្ព ចាក់កណ្តាញ់ បុគ្គល កាលមិន​ជាប់ជំពាក់ ដូចជា​ទំពាំងឫស្សី គប្បីត្រាច់​ទៅតែ​ម្នាក់ឯង ដូច​កុយរមាស។

ម្រឹគក្នុងព្រៃ ជាសត្វមិនជាប់បំណង ទៅរកចំណី​តាមចំណង់​ចិត្តបាន យ៉ាងណា វិញ្ញូជន កាលបើឃើញ​សេរីភាព [ការប្រព្រឹត្តិ​តាមចំណង់​ចិត្តខ្លួន គឺធ្វើ​បានតាម​ឥស្សរចិត្ត ឬមិនជាប់ក្នុង​អំណាច​អ្នកដទៃ។ អដ្ឋកថា។] (យ៉ាងនោះ) គប្បីត្រាច់​ទៅតែម្នាក់ឯង ដូច​កុយរមាស។

ការហៅរក រមែងមានដល់ជនស្ថិតនៅ​ក្នុងកណ្តាល​នៃ​សំឡាញ់ គឺការនៅ ការឈរ និងការ​ត្រាច់ចារិក បុគ្គលកាល​បើឃើញ​សេរីភាព ​ដែល (ពួកជនពាល) មិនប្រាថ្នា គប្បីត្រាច់​ទៅតែម្នាក់​ឯង ដូចកុយរមាស។

ការលេង ការត្រេកអរក្នុង (កាមគុណ) រមែងមានដល់​ជនស្ថិតនៅ​ក្នុងកណ្តាល​នៃសំឡាញ់ មួយទៀត សេចក្តី​ស្រឡាញ់​ដ៏ធំទូលាយ រមែងមាន​ក្នុងបុត្ត​ទាំងឡាយ បុគ្គល​កាលបើ​ធុញទ្រាន់​នឹងការ​ព្រាត់ប្រាស ចាកសត្វ និងសង្ខារ​ជាទីស្រឡាញ់​ហើយ គប្បី​ត្រាច់ទៅ​តែម្នាក់ឯង ដូច​កុយរមាស។

បុគ្គល ជាអ្នកនៅជាសុខ ក្នុងទិសទាំង ៤ មិនលំបាក ត្រេកអរ​ដោយបរិក្ខារ តាមមាន​តាមបាន ជាអ្នក​អត់ធន់ ចំពោះ​អន្តរាយ​ទាំងឡាយ ទាំងជា​អ្នកមិនតក់ស្លុត គប្បីត្រាច់​ទៅតែម្នាក់​ឯង ដូច​កុយរមាស។​

បព្វជិតពួកខ្លះ ឬគ្រហស្ថអ្នកគ្រប់គ្រងផ្ទះ គេសង្រ្គោះ​បានដោយកម្រ បុគ្គល​មិនមាន​សេចក្តី​ខ្វល់ខ្វាយ ចំពោះបុត្ត​នៃបុគ្គលដទៃ គប្បីត្រាច់​ទៅតែ​ម្នាក់ឯង ដូច​កុយរមាស។

ធីរបុរស លះបង់នូវវត្ថុទាំងឡាយ ជាគ្រឿង​ប្រាកដ​នូវភាពជា​គ្រហស្ថ កាត់ចំណង​របស់​គ្រហស្ថ​ទាំងឡាយ ដូចជា​រលួសផ្អុង​ជំរុះស្លឹក គប្បីត្រាច់​ទៅតែម្នាក់ឯង ដូច​កុយរមាស។

បើបុគ្គលបានអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅ​ដោយប្រពៃ ជាសំឡាញ់ មានប្រាជ្ញា​ខ្ជាប់ខ្ជួន ត្រាច់ទៅ​ជាមួយគ្នា គ្របសង្កត់​នូវសេចក្តី​អន្តរាយ​ទាំងពួងបាន គប្បីមាន​ចិត្តត្រេកអរ មានស្មារតី ត្រាច់ទៅ​ជាមួយ​សំឡាញ់នោះ​ទៅចុះ។

បើបុគ្គល រកអ្នកប្រាជ្ញ មានធម៌ជា​គ្រឿងនៅដោយប្រពៃ ជាសំឡាញ់ មានប្រាជ្ញា​ខ្ជាប់ខ្ជួន ត្រាច់ទៅ​ជាមួយគ្នា​ពុំបានទេ គប្បីត្រាច់​ទៅតែម្នាក់​ឯង ដូច​ព្រះរាជា​លះបង់​នូវដែន ដែលព្រះអង្គ​ឈ្នះហើយ ឬដូច​ដំរីឈ្មោះ​មាតង្គៈ លះបង់ហ្វូង ត្រាច់ទៅ​ក្នុងព្រៃ។

តាមពិត យើងសសើរនូវការបរិបូណ៌​ដោយសំឡាញ់​ហើយ តែសំឡាញ់​មានគុណ​ប្រសើរ​ជាង និងសំឡាញ់​មានគុណ​ស្មើ បុគ្គល​គួរសេពគប់ រាប់រក បើ (កុលបុត្រ​ចង់បាន​ប្រយោជន៍) រកសំឡាញ់​ទាំងនុ៎ះ​ពុំបានទេ គប្បីជា​អ្នកបរិភោគ​ភោជន​ដែល​មិន​មានទោស ហើយត្រាច់​ទៅតែ​ម្នាក់​ឯង ដូចកុយរមាស។

បុគ្គលឃើញនូវកងមាសទាំងពីរ​ដ៏ភ្លឺផ្លេក ដែលជាង​មាស​ធ្វើសម្រេច​ហើយ​ដោយ​ល្អ រណ្តំគ្នា ឰដ៏ដៃ គប្បីត្រាច់​ទៅតែម្នាក់​ឯង ដូចកុយរមាស។

ការចរចាដោយវាចាក្តី ការជាប់ចំពាក់​ក្តី ជាមួយ​នឹងកុមារ​ជា​គំរប់ពីរ មានដល់​អញ យ៉ាងនេះ បុគ្គលកាល​បើឃើញ​នូវភ័យនុ៎ះ តទៅខាង​មុខហើយ គប្បី​ត្រាច់ទៅ​តែម្នាក់​ឯង ដូច​កុយរមាស។

ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មានរសផ្អែម ជាទីរីក​រាយនៃចិត្ត តែង​ញំាញីនូវ​ចិត្ត ដោយ​សភាពដ៏ប្លែក ៗ បុគ្គលឃើញ​ទោស ក្នុងកាម​គុណទាំងឡាយ​ហើយ គប្បី​ត្រាច់ទៅ​តែម្នាក់ឯង ដូច​កុយរមាស។

ចង្រៃ បូស ឧបទ្រព រោគ កិលេស ដូចសរ និងភ័យ​ទាំងនុ៎ះ រមែង​មានដល់​យើង (ព្រោះកាម) បុគ្គល​កាលបើ​ឃើញភ័យ​នុ៎ះ ក្នុងកាមគុណ​ទាំងឡាយហើយ ​គប្បី​ត្រាច់ទៅ​តែម្នាក់​ឯង ដូចកុយរមាស។

បុគ្គលគ្របសង្កត់នូវសត្រូវទាំងអស់នុ៎ះ គឺត្រជាក់ ក្តៅ គម្លាន សម្រេក ខ្យល់ និងកំដៅថ្ងែ របោម និងពស់ហើយ គប្បីត្រាច់​ទៅតែម្នាក់​ឯង ដូច​កុយរមាស។

ដំរី មានខ្លួនសមរម្យ មាំមួន មានសម្បុរ​ដូចផ្កាឈូក កាលលះបង់​នូវហ្វូង ហើយ​នៅក្នុង​ព្រៃ គួរដល់​អធ្យាស្រ័យ យ៉ាងណា បុគ្គលគប្បី​ត្រាច់ទៅតែ​ម្នាក់ឯង ដូច​កុយរមាស (យ៉ាងនោះ)។

បុគ្គលបាននូវវិមុត្តិ ប្រព្រឹត្តទៅ ក្នុងសម័យ គឺលោកិយសមាបត្តិ ដោយ​ហេតុណា ហេតុនោះ មិនមែន​ជាទីតាំង​នៃបុគ្គលអ្នក​ត្រេកអរ​ក្នុងពួកទេ បុគ្គល​ពិចារណា​ពាក្យ របស់​ព្រះពុទ្ធ ជាព្រះអាទិច្ចពន្ធុហើយ គប្បីត្រាច់​ទៅ​តែម្នាក់ឯង ដូចកុយរមាស។

បុគ្គលកន្លងនូវទិដ្ឋិអាក្រក់ ដល់នូវធម៌ទៀង មានមគ្គ​បានហើយ​ មិនបាច់​មានអ្នក​ដទៃដឹក​នាំ ព្រោះដឹងថា អាត្មាអញ មានញាណ​កើតហើយ គប្បីត្រាច់​ទៅតែ​ម្នាក់ឯង ដូច​កុយរមាស។

បុគ្គល មិនជាប់ចិត្តក្នុងអាហារ មិនកុហក មិនមាន​សេចក្តី​ស្រេកឃ្លាន ជាអ្នក​មិន​លុបគុណ​គេ កំចាត់បង់​មោហៈ ដូចជា​ទឹកចត់​ចេញបាន មិនមាន​ទីអាស្រ័យ (គឺកិលេស) ក្នុងលោក​ទាំងមូល គប្បីត្រាច់​ទៅតែម្នាក់​ឯង ដូច​កុយរមាស។​

បុគ្គលគប្បីវៀរនូវសំឡាញ់ដ៏អាក្រក់ ដែលបង្ហាញ​នូវអំពើ​មិនជា​ប្រយោជន៍ អាស្រ័យ​នៅក្នុង​កម្មមិនស្មើ (គឺទុច្ចរិត) មិនគប្បី​សេពគប់នូវ​សំឡាញ់​ដែលជាប់​ចំពាក់ ដែល​ស្រវឹង (ក្នុងកាមគុណ) ដោយខ្លួនឯង គប្បីត្រាច់​ទៅតែ​ម្នាក់ឯង ដូច​កុយរមាស។

បុគ្គលគប្បីគប់រកនូវមិត្តជាពហុស្សូត ទ្រទ្រង់នូវធម៌ ប្រកប​ដោយ​កម្ម​ដ៏ថ្លៃថ្នូរ មាន​ប្រាជ្ញាវាងវៃ លុះដឹងច្បាស់​នូវប្រយោជន៍​ទាំងឡាយ​ហើយ គប្បី​បន្ទោបង់ នូវ​សេចក្តី​សង្ស័យ​ចេញ ត្រាច់ទៅ​តែម្នាក់ឯង ដូច​កុយរមាស។

បុគ្គល មិនតាក់តែងនូវការលេងផង ការត្រេកអរ​ផង កាមសុខផង ក្នុងលោក មិន​អាឡោះអាល័យ វៀរចាក​ទីជាទីស្អិតស្អាង អ្នកពោល​ពាក្យពិត គប្បីត្រាច់​ទៅតែម្នាក់​ឯង ដូច​កុយរមាស។

បុគ្គលលះបង់កូនផង ប្រពន្ធផង បិតាផង មាតាផង ទ្រព្យទាំងឡាយ​ផង ស្រូវ​ទាំងឡាយ​ផង ផៅពង្ស​ទាំងឡាយ​ផង កាមទាំងឡាយ តាមចំណែក​រៀងខ្លួនផង គប្បីត្រាច់​ទៅតែម្នាក់​ឯង ដូច​កុយរមាស។

កាមគុណនេះ ជាគ្រឿងជាប់ចំពាក់ សុខក្នុង​កាមគុណនេះ មាន​ប្រមាណតិច កាមគុណ ​មានសេចក្តី​ត្រេកអរ​តិច ទុក្ខក្នុង​កាមគុណ​នេះ ច្រើនក្រៃលែង បុគ្គល​អ្នកមាន​បញ្ញា ដឹងច្បាស់​ថា ការជាប់ចំពាក់​ក្នុងកាមគុណ​នុ៎ះ ដូចជាបូស គប្បីត្រាច់​ទៅតែ​ម្នាក់ឯង ដូច​កុយរមាស។

បុគ្គលទំលាយនូវសំយោជនៈ ដូចត្រីក្នុងទឹក ទំលាយ​បង់នូវបណ្តាញ មិន​ត្រឡប់មក (រកសំយោជនៈ) វិញ ដូចជា​ភ្លើងឆេះ (មិនត្រឡប់​វិលវិញ) គប្បី​ត្រាច់ទៅ​តែម្នាក់ឯង ដូច​កុយរមាស។

បុគ្គលមានចក្ខុដាក់ចុះ មានជើងមិនរពឹស [សំដៅយក​ការមិនដើរលេង។ អដ្ឋកថា។] មានឥន្ទ្រិយ​គ្រប់គ្រងល្អ មានចិត្ត​រក្សាទុក មិន​ជោកជាំ មិនរោលរាល (ដោយ​កិលេស) គប្បីត្រាច់​ទៅតែ​ម្នាក់ឯង ដូច​កុយរមាស។

បុគ្គលលះបង់នូវវត្ថុជាគ្រឿងប្រាកដ នូវភាព​ជាគ្រហស្ថ ដូចដើម​បារិច្ឆត្តព្រឹក្ស មានស្លឹក​ជំរុះ​ហើយ គប្បីជាអ្នក​មានសំពត់​កាសាយៈ ចេញបួស ត្រាច់ទៅ​តែម្នាក់ឯង ដូច​កុយរមាស។

បុគ្គលមិនធ្វើសេចក្តីប្រាថ្នា ក្នុងរស​ទាំងឡាយ ជាអ្នក​មិនល្មោភ (ក្នុងអាហារ) មិន​ចិញ្ចឹមអ្នក​ដទៃ ជាអ្នក​ត្រាច់ទៅ​តាមច្រក មិនមាន​ចិត្តជាប់​ចំពាក់​ក្នុងត្រកូល​ផ្សេង ៗ គប្បីត្រាច់​ទៅតែម្នាក់​ឯង ដូច​កុយរមាស។

បុគ្គលលះបង់នូវនីវរណៈទាំង ៥ បន្ទោបង់​នូវ​ឧបក្កិលេស​នៃចិត្ត​ទាំងអស់​ចេញ​បាន ជាអ្នក​មិន​អាស្រ័យ (ដោយតណ្ហា) កាត់បង់​នូវទោស ដែលកើត​អំពីសេចក្តី​ស្រឡាញ់​ហើយ គប្បីត្រាច់ទៅ​តែម្នាក់ឯង ដូច​កុយរមាស។

បុគ្គលបានធ្វើនូវសុខទុក្ខ និងសោមនស្ស ទោមនស្ស ក្នុងកាលមុន​ ឲ្យនៅ​ពីក្រោយ​ខ្នងហើយ បាន​នូវ​ឧបេក្ខាសមថៈ (ក្នុងចតុត្ថជ្ឈាន) ដ៏បរិសុទ្ធហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូច​កុយរមាស។

បុគ្គល មានសេចក្តីព្យាយាម ប្រារព្ធដើម្បីដល់នូវ​ព្រះនិព្វាន មាន​ចិត្តមិនរួញរា អ្នកប្រព្រឹត្ត​មិនខ្ជិល​ច្រអូស មាន​សេចក្តី​ប្រឹងប្រែង​ដ៏មាំ ប្រកប​ដោយកម្លាំង​ប្រាជ្ញាហើយ គប្បី​ត្រាច់ទៅ​តែម្នាក់ឯង ដូច​កុយរមាស។

បុគ្គលមិនលះបង់នូវឈាន ជាធម្មជាត​ស្ងប់ស្ងាត់ (ចាកសត្វ និងសង្ខារ) ជាអ្នក​ប្រព្រឹត្ត​ធម៌ដ៏សមគួរ​ ក្នុងធម៌​ទាំងឡាយ អស់​កាល​ជានិច្ច ពិចារណា​ឃើញទោស ក្នុងភព​ទាំងឡាយ​ហើយ ​គប្បីត្រាច់​ទៅតែ​ម្នាក់ឯង ដូច​កុយរមាស។

បុគ្គលកាលប្រាថ្នា​នូវការអស់​តណ្ហា ជាអ្នក​មិនប្រហែស មិនឆ្កួត មិនគ ជាអ្នក​មានការ​ចេះដឹង មានស្មារតី មានធម៌​ពិចារណា​ហើយ ជាបុគ្គលទៀង មាន​សេចក្តី​ព្យាយាម គប្បីត្រាច់​ទៅតែ​ម្នាក់ឯង ដូច​កុយរមាស។

បុគ្គលមិនតក់ស្លុត (ក្នុងលក្ខណៈ មានមិនទៀង​ជាដើម) ដូចសីហៈ មិនតក់ស្លុត​នឹង​សំឡេង​ទាំងឡាយ មិនបាន​ជាប់ជំពាក់ (ក្នុងធម៌​ទាំងឡាយ មាន​ខន្ធជាដើម) ដូចខ្យល់ មិនជាប់​នឹងសំណាញ់ មិនជាប់ (ដោយតណ្ហា និងលោភៈ) ដូចឈូក​មិនទទឹក​ដោយទឹក គប្បីត្រាច់​ទៅតែម្នាក់​ឯង ដូច​កុយរមាស។

បុគ្គលគប្បីអាស្រ័យនូវសេនាសនៈដ៏ស្ងាត់ ដូចជាសីហៈ ជាសេ្តចសត្វ មាន​កំលាំង​ចង្កូម ត្រាច់គ្រប​សង្កត់ កំហែង​នូវពួកម្រឹគ​ គប្បីត្រាច់ទៅ​តែម្នាក់ឯង ដូចកុយរមាស។

បុគ្គលកាលចំរើនមេត្តាផង ឧបេក្ខាផង ករុណាផង មុទិតាផង ដែល​ជាហេតុ​រួចស្រឡះ (ចាកកិលេស) ក្នុងកាលគួរ មិនថ្នាំងថ្នាក់​ចំពោះ​សត្វលោក​ទាំងអស់​ហើយ គប្បី​ត្រាច់ទៅ​តែម្នាក់ឯង ដូច​កុយរមាស។

បុគ្គលលះបង់រាគៈផង ទោសៈផង មោហៈផង ទំលាយ​នូវសំយោជនៈ​ទាំងឡាយ មិន​តក់ស្លុត​ក្នុងការ​ក្ស័យជីវិត គប្បីត្រាច់ទៅ​តែម្នាក់ឯង ដូច​កុយរមាស។

ពួកមនុស្ស មានប្រយោជន៍ជាហេតុ ទើបគប់​រកផង បំរើផង ពួកមិត្ត​សំឡាញ់​ទាំងឡាយ ដែលឥតហេតុ រកបាន​ដោយក្រ ក្នុងថ្ងៃនេះ ពួកមនុស្ស (ច្រើនតែ) មានប្រាជ្ញា​ចំពោះ​ប្រយោជន៍​របស់ខ្លួន ជាអ្នក​ប្រកប​ដោយ​អំពើមិនស្អាត បុគ្គល​គប្បីត្រាច់​ទៅ​តែម្នាក់ឯង ដូច​កុយរមាស។

ចប់ ខគ្គវិសាណសូត្រ ទី៣។

កសិភារទ្វាជសូត្រ ទី៤

[៤] ខ្ញុំបានសា្តប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​ទក្ខិណាគិរិ​មហាវិហារ (អាស្រ័យ) ក្នុងស្រុក​ព្រាហ្មណ៍​ឈ្មោះ​ឯកនាឡា ក្នុងដែន​មគធៈ។ សម័យនោះ​ឯង កសិភារទ្វាជព្រាហ្មណ៍ មាន​នង្គ័លចំនួន ៥០០ ប្រកប​ក្នុង​កាល​សាបព្រោះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់​បាត្រ និង​ចីវរ ក្នុង​បុព្វណ្ហសម័យ ទ្រង់យាង​សំដៅទៅ​ត្រង់​កន្លែង​ការងារ របស់​កសិភារទ្វាជព្រាហ្មណ៍។ សម័យ​នោះឯង ការអង្គាស​បាយ របស់​កសិភារទ្វាជ​ព្រាហ្មណ៍ ក៏កំពុង​ប្រពឹត្ត​ទៅ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ឆៀង​ចូលទៅ​កាន់​ទីអង្គាស​បាយ (របស់​កសិភារទ្វាជ​ព្រាហ្មណ៍) លុះចូល​ទៅដល់​ហើយ ក៏ទ្រង់​ឈរ​នៅក្នុងទីដ៏សមគួរ។ កសិភារទ្វាជ​ព្រាហ្មណ៍ បានឃើញ​ព្រះមានព្រះភាគ កំពុងទ្រង់​ឈរនៅ ដើម្បី​បិណ្ឌបាត​ហើយ ក៏ក្រាប​បង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះសមណៈ ខ្ញុំព្រះអង្គ ភ្ជួររាស់ផង សាបព្រោះ​ផង លុះភ្ជួររាស់ សាបព្រោះ​ហើយ ទើប​បរិភោគ។ បពិត្រ​ព្រះសមណៈ ចំណែក​ព្រះអង្គ ចូរភ្ជួររាស់​សាបព្រោះ លុះព្រះអង្គ​ភ្ជួររាស់ សាបព្រោះ​ហើយ ចូរ​បរិភោគចុះ។

ម្នាលព្រាហ្មណ៍ តថាគតក៏ភ្ជួររាស់ផង សាបព្រោះផង លុះ​តថាគត​ភ្ជួររាស់ ​សាបព្រោះ​ហើយ ទើប​បរិភោគ​ដែរ។ បពិត្រ​ព្រះសមណៈ យើងខ្ញុំ​មិនបាន​ឃើញនឹមក្តី នង្គ័លក្តី្ត ផាលក្តី ជន្លួញក្តី សត្វបំរើ​ក្តី របស់​ព្រះគោតម​ដ៏ចំរើន​សោះ ប៉ុន្តែ​ហេតុអ្វី​បានជា​ព្រះគោតម​ដ៏ចំរើន​និយាយ​យ៉ាងនេះថា ម្នាល​ព្រាហ្មណ៍ តថាគត​ភ្ជួររាស់​ផង សាបព្រោះ​ផង លុះភ្ជួររាស់ ​សាបព្រោះ​ហើយ ទើប​បរិភោគ​ដែរ។

លំដាប់នោះ កសិភារទ្វាជព្រាហ្មណ៍ បានពោល​ចំពោះ​ព្រះមានព្រះភាគ ដោយ​គាថា ដូច្នេះថា

[៥] ព្រះអង្គប្តេជ្ញាថាជាអ្នកភ្ជួររាស់ ប៉ុន្តែយើង​មិនឃើញ​នូវការ​ភ្ជួររាស់​របស់​ព្រះអង្គ​សោះ យើងសួរ​នូវការ​ភ្ជួររាស់ សូមព្រះអង្គ​បា្រប់ឲ្យ​យើងដឹង​នូវការ​ភ្ជួររាស់​របស់​ព្រះអង្គ។

(ព្រះអង្គត្រាស់ថា) តថាគត មានសទ្ធាជាពូជ មានតបធម៌ [ពាក្យថា តបធម៌ ក្នុងទីនេះ សំដៅយក​សេចក្តី​ព្យាយាម​យ៉ាងឧក្រិដ្ឋ ដោយការ​សង្រួម​ឥន្ទ្រិយ និងការ​កាន់ធុតង្គវត្ត។ អដ្ឋកថា។] ជាភ្លៀង មានប្រាជ្ញា​ជានឹម និង​នង្គ័ល តថាគត មានហិរិ​ជាចន្ទោល មានចិត្ត​ជាខ្សែ មានសតិ​ជាផាល និង​ជន្លួញ។ តថាគត គ្រប់គ្រងកាយ គ្រប់គ្រង​វាចា សង្រួមនូវ​អាហារ​ក្នុងផ្ទៃ ធ្វើនូវ​ការជម្រះ (នូវស្មៅ គឺកិលេស) ដោយសច្ចៈ តថាគត​ មានការ​ស្ងប់ស្ងៀម​ជាគ្រឿង​ឈប់សម្រាក។ វីរិយៈរបស់​តថាគត ជាគ្រឿង​នាំទៅ​នូវធុរៈ ជាហេតុនាំ​ឲ្យបាននូវ​ព្រះនិព្វាន​ដ៏ក្សេម​ចាកយោគៈ ទៅ​កាន់ទី​ដែលគេទៅ មិន​សោកសៅ ជាទីដែល​គេមិន​ត្រឡប់វិញ។ ការ​ភ្ជួររាស់​ដែល​តថាគត​ភ្ជួររាស់​ហើយ​យ៉ាងនេះ ជាគុណជាតិ​មានផល​មិនចេះ​ស្លាប់ទេ បុគ្គលធ្វើ​នូវ​ការ​ភ្ជួររាស់​បែបនុ៎ះ ទើបរួច​ចាកទុក្ខ​ទាំងពួង។

[៦] គ្រានោះឯង កសិភារទ្វាជព្រាហ្មណ៍ ក៏ដោះបាយ​ដាក់​ក្នុង​​ភាជន៍សំរិត [ភាជន៍​មានតម្លៃ ១ សែន​កហាបណៈ។ អដ្ឋកថា។] ដ៏ធំ បង្អោន​ចូលទៅ​ថ្វាយ​ព្រះមានព្រះភាគ​ថា សូមព្រះគោតម​ដ៏ចំរើន សោយ​បាយាស​ចុះ ព្រះគោតម​ដ៏ចំរើន ក៏ជាអ្នក​ភ្ជួររាស់ ព្រោះថា ព្រះគោតម​ដ៏ចំរើន រមែង​ភ្ជួររាស់ ចំពោះ​ការភ្ជួររាស់ ដែលមាន​ផលមិន​ចេះស្លាប់។

ភោជនដែលតថាគតពោលហើយ​ដោយគាថា ជាវត្ថុ​មិនគួរ​ដល់ការ​បរិភោគ​ទេ ម្នាល​ព្រាហ្មណ៍ នេះមិនមែន​ជាទំនៀម​របស់ពួក​ជនអ្នក​ឃើញច្បាស់ (នូវ​អាជីវបារិសុទ្ធិ) ទេ ព្រះពុទ្ធ​ទាំង​ឡាយ​ តែង​បន្ទោ​បង់នូវភោជន ដែលពោល​ហើយ​ដោយគាថា ម្នាល​ព្រាហ្មណ៍ កាលបើ​ធម៌មាននៅ ការស្វែង​រកនេះ ជាការប្រព្រឹត្តិ​ចិញ្ចឹម​ជីវិត។ អ្នក​ចូរផ្គត់ផ្គង់ ចំពោះលោក​អ្នក​ស្វែងនូវ​គុណធំ បរិបូណ៌​ដោយ​គុណសព្វ​គ្រប់ មាន​អាសវៈ​អស់ហើយ ស្ងប់រម្ងាប់​ចាកកុក្កុច្ចៈ ដោយ​វត្ថុដទៃ និងបាយ​ទឹកផងចុះ ព្រោះថា ការផ្គត់ផ្គង់​នោះ ជាបុញ្ញក្ខេត្ត​របស់បុគ្គល​អ្នកប្រាថា្ន​បុណ្យ។

[៧] បពិត្រព្រះគោតមដ៏ចំរើន បើដូច្នេះ តើខ្ញុំព្រះអង្គ​ឲ្យនូវ​បាយាសនេះ​ដល់​បុគ្គល​ណាវិញ។ ម្នាលព្រាហ្មណ៍ តថាគត មិនឃើញបុគ្គល​ដែល​បរិភោគ​បាយាស​ ដល់នូវ​ការសុះ​រលាយល្អ ក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្ម​លោក ក្នុងពពួក​សត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្ស​ដ៏សេស​ទេ វៀរលែង​តែតថាគត ឬសាវ័ក​នៃតថាគត​ចេញ ម្នាល​ព្រាហ្មណ៍ បើដូច្នោះ អ្នកចូរចាក់​បាយាសនោះ ក្នុងទី​ដែលគ្មាន​វត្ថុស្រស់ ឬទម្លាក់​ទៅក្នុងទឹក ដែលគ្មាន​សត្វទៅចុះ។ គ្រានោះឯង កសិភារទ្វាជ​ព្រាហ្មណ៍​ក៏ទម្លាក់​បាយាសនោះ ទៅក្នុងទឹក​ដែលគ្មានសត្វ។ លំដាប់នោះ បាយាសនោះ ដែលព្រាហ្មណ៍​ទម្លាក់ចុះទៅ​ក្នុងទឹកហើយ​ ក៏ឮសំឡេង​ឆុរ ៗ ឮសំឡេង​ឆាវ ៗ ហុយផ្សែង​ទ្រុប ហុយផ្សែង​ទ្រលោម។ ដុំដែក​ដែលឆេះក្តៅ​អស់មួយថ្ងៃ ដែលគេ​ដាក់ចុះ​ក្នុងទឹក រមែងឮ​សំឡេងឆុរ ៗ ឮ​សំឡេងឆាវ ៗ ហុយផ្សែង​ទ្រុប ហុយ​ផ្សែង​ទ្រលោម យ៉ាងណាមិញ បាយាស​ដែលព្រាហ្មណ៍​ទម្លាក់ទៅ​ក្នុងទឹក ក៏​ឮសំឡេងឆុរ ៗ ឮសំឡេងឆាវ ៗ ហុយផ្សែង​ទ្រុប ហុយផ្សែង​ទ្រលោម ក៏យ៉ាង​នោះដែរ។

[៨] គ្រានោះឯង កសិភារទ្វាជព្រាហ្មណ៍ មានចិត្តតក់ស្លុត ព្រឺរោម ចូល​ទៅ​រក​ព្រះមានព្រះភាគ​ លុះចូលទៅ​ដល់ហើយ ក៏ក្រាបសិរ្ស: ទៀបព្រះបាទ​ព្រះមានព្រះភាគ​ សរសើរ​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ភ្លឺច្បាស់​ណាស់ ​បពិត្រ​ព្រះគោតម​ដ៏ចំរើន ភ្លឺច្បាស់​ណាស់។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ធម៌ដែល​ព្រះគោតម​ដ៏ចំរើន ទ្រង់​ប្រកាស​ដោយ​អនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចមនុស្ស​ផ្ងាររបស់​ដែលផ្កាប់ ឬដូចគេ​បើកបង្ហាញ​របស់ដែល​បិទបាំង ឬក៏ដូច​គេប្រាប់​នូវផ្លូវ ដល់អ្នក​វង្វេងទិស ពុំនោះសោត ដូចគេ​ទ្រោលប្រទីប​ក្នុងទីងងឹត ដោយគិតថា មនុស្ស​អ្នកមាន​ចក្ខុទាំងឡាយ ឃើញនូវ​រូបទាំងឡាយ​បាន។ ខ្ញុំព្រះអង្គនុ៎ះ សូមដល់​ព្រះគោតម​មានព្រះភាគ​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃ​ផង ជាសរណៈ សូម​ព្រះគោតម​ដ៏ចំរើន ជ្រាបនូវខ្ញុំ​ព្រះអង្គ ថាជាឧបាសក ដល់នូវ​សរណៈ​ស្មើដោយ​ជីវិត តាំងអំពី​ថ្ងៃនេះ​ជាដើម​ទៅ។ ខ្ញុំព្រះអង្គ គប្បីបាន​នូវបព្វជ្ជា គប្បីបាន​នូវឧបសម្បទា ក្នុងសំណាក់​នៃព្រះគោតមដ៏​ចំរើន។ កសិភារទ្វាជ​ព្រាហ្មណ៍ ក៏បាននូវ​បព្វជ្ជា បាននូវ​ឧបសម្បទា ក្នុងសំណាក់​នៃ​ព្រះមានព្រះភាគ។ លុះ​ព្រះភារទ្វាជៈ​ដ៏មានអាយុ បាន​ឧបសម្បទា​មិនយូរប៉ុន្មាន ក៏ចៀសចេញ​ទៅតែម្នាក់​ឯង មិន​ធ្វេសប្រហែស មានសេចក្តី​ព្យាយាម មានចិត្ត​ស្លុងទៅ​កាន់​ព្រះនិព្វាន ពួកកុលបុត្ត​ចេញចាក​ផ្ទះ ចូលទៅកាន់​ផ្នួសដោយ​ប្រពៃ ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា មិនយូរប៉ុន្មាន ក៏ធ្វើ​ឲ្យជាក់ច្បាស់ សម្រេចនូវ​អនុត្តរធម៌​នោះ ដ៏ជាទី​បំផុត​នៃព្រហ្មចរិយៈ ដោយប្រាជា្ញ​ដ៏ឧត្តម​របស់ខ្លួន​ឯង ក្នុង​អត្តភាពនេះ បានដឹង​ច្បាស់ថា ជាតិអស់​ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ​បានប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ សោឡសកិច្ច អាត្មាអញ​បានធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមាន​ឡើយ។ បណ្តា​ព្រះអរហន្ត​ទាំងឡាយ ព្រះភារទ្វាជៈ​ដ៏មាន​អាយុ រាប់ថា ជាព្រះអរហន្ត​មួយអង្គដែរ។

ចប់ កសិភារទ្វាជសូត្រ ទី៤។

ចុន្ទសូត្រ ទី៥

[៩] (ចុន្ទកម្មារបុត្ត ក្រាបទូលសួរព្រះមានព្រះភាគថា) ខ្ញុំព្រះអង្គ សូមទូល​សួរព្រះអង្គ ជាអ្នកប្រាជ្ញ មានបញ្ញាច្រើន ជាព្រះពុទ្ធ ជាម្ចាស់​នៃធម៌ ប្រាសចាក​តណ្ហា​ដ៏ឧត្តម ជាងសត្វ​ជើងពីរ ប្រសើរ​ជាងសារថី​ទាំងឡាយ តើពួក​សមណៈ​ក្នុងលោកនេះ មានប៉ុន្មាន សូមព្រះអង្គ​សំដែង​ប្រាប់​នូវពួកសមណៈ​នោះ​ឲ្យទាន។

(ព្រះមានព្រះភាគត្រាស់ថា ម្នាលចុន្ទ) សមណៈ​មានត្រឹមតែ ៤ ពួក មិនមាន​ដល់​គំរប់ ៥ ទេ កាលបើអ្នក​សួរបញ្ជាក់​ហើយ តថាគត​នឹងប្រាប់​នូវសមណៈ​ទាំងនោះ​ដល់អ្នក គឺសមណៈ​ឈ្នះកិលេស​ដោយមគ្គ ១ សមណៈ​សំដែងប្រាប់​នូវមគ្គ ១ សមណៈ​រស់នៅក្នុងមគ្គ ១ សមណៈ​ប្រទូស្ត​នូវមគ្គ ១។

(ចុន្ទកម្មារបុត្ត ទូលសួរថា) ព្រះពុទ្ធទាំងឡាយ តែងសំដែង​នូវសមណៈ​ណាថា ជាសមណៈ​ឈ្នះកិលេស​ដោយមគ្គ សមណៈ​ដុតបំផ្លាញ​នូវកិលេស​ដោយមគ្គ ជាបុគ្គល​ថ្លឹង​មិនបាន រស់នៅ​ក្នុងមគ្គ ខ្ញុំសួរហើយ សូមព្រះអង្គ​សំដែងប្រាប់​ឲ្យ​ទាន មួយទៀត សូមព្រះអង្គ​ប្រាប់​នូវសមណៈ​អ្នកប្រទូស្ត​នូវមគ្គ ដល់​ខ្ញុំព្រះអង្គ។

(ព្រះមានព្រះភាគ ត្រាស់ថា) សមណៈណា កន្លង​ផុតនូវ​សេចក្តីសង្ស័យ ​ប្រាសចាក​សរ គឺ​កិលេស ត្រេកអរ​ក្នុង​ព្រះនិព្វាន មិន​ជាប់​ចំពាក់​ដោយតណ្ហា​ ជា​អ្នក​ណែនាំ​សត្វ​លោក ព្រមទាំង​ទេវលោក ព្រះពុទ្ធ​ទាំងឡាយ សំដែង​នូវសមណៈ​បែបនោះ ថា​ជាអ្នក​ឈ្នះកិលេស​ដោយមគ្គ។សមណៈ​ណា ក្នុងសាសនា​នេះ ដឹង​នូវ​ព្រះនិព្វាន ថា​ជា​គុណជាត​ឧត្តម​ក្រៃលែង ហើយសំដែង​ចែក​នូវ​និព្វានធម៌ ក្នុងលោកនេះ អ្នកប្រាជ្ញ​ទាំងឡាយ ហៅ​សមណៈ ដែលជាអ្នក​កាត់បង់​នូវសេចក្តី​សង្ស័យ ជាអ្នកប្រាជ្ញ មិនមាន​សេចក្តី​ញាប់ញ័រ​នោះថា ជាអ្នកសំដែង​ប្រាប់មគ្គ ជាសមណៈ ទី ២ នៃភិក្ខុ​ទាំងឡាយ។ សមណៈ​ណា មាន​ស្មារតី​សង្រួមហើយ ​សេពនូវ​គន្លង មិនមានទោស​ រស់នៅ​ក្នុងមគ្គ ជា​ផ្លូវនៃ​ធម៌ គឺព្រះនិព្វាន ដែលព្រះពុទ្ធ​សំដែងប្រពៃ​ហើយ ​អ្នកប្រាជ្ញ​ទាំងទ្បាយ ហៅ​សមណៈ​នោះ ថាជាអ្នក​រស់នៅក្នុង​មគ្គ ជាសមណៈ​ទី ៣ នៃភិក្ខុ​ទាំងទ្បាយ។ សមណៈ​ណា ធ្វើនូវ​ភេទរបស់​ពួកអ្នក​មានវត្ត​ល្អ ឲ្យជា​គ្រឿង​បិទបាំង ជាអ្នក​ស្ទុះស្ទា អ្នកទ្រុស្ត​ត្រកូល​មានឫកពា​ឃ្នើសឃ្នង មានកលមាយា​​ មិនសង្រួម ពោលពាក្យ [បលាបោ ប្រែថា ជាអ្នកប្រហែល​នឹងសំដីស្រូវ ព្រោះគ្មាន​សារៈខាងក្នុង។ អដ្ឋកថា។]​ឡេះឡោះ ប្រព្រឹត្តបន្លំ សមណៈ​នោះ ឈ្មោះថា ជាអ្នក​ទ្រុស្តនូវមគ្គ។ គ្រហស្ថ​ណា ជាអ្នក​ចេះដឹង ជា​អរិយសាវ័ក ប្រកប​ដោយ​ប្រាជ្ញា ស្គាស់ច្បាស់​នូវ​សមណៈ​ទាំងនុ៎ះ សទ្ធារបស់​គ្រហស្ថនោះ រមែងមិន​សាបសូន្យ​ទេ ព្រោះដឹងថា ពួកសមណៈ​ទាំងអស់ មិនដូច្នោះទេ ព្រោះឃើញ​ដូច្នេះ គប្បី​ប្រៀបនូវ​សមណៈ​មិនអាក្រក់ ឲ្យស្មើដោយ​សមណៈ​អាក្រក់ ឬគប្បី​ប្រៀប​នូវសមណៈ​បរិសុទ្ធ ឲ្យស្មើ​ដោយ​សមណៈ​មិនបរិសុទ្ធ ដូចម្តេច​កើត។

ចប់ ចុន្ទសូត្រ ទី៥។

បរាភវសូត្រ ទី៦

[១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ទេវតា ១ អង្គ កាល​ដែលរាត្រី​បឋមយាម​កន្លងទៅហើយ មានរស្មី​ដ៏រុងរឿង ញុំាងវត្ត​ជេតពន​ជុំវិញទាំងអស់ ឲ្យភ្លឺ​ស្វាងហើយ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយស្ថិត​ក្នុងទីសមគួរ។ លុះ​ទេវតានោះ ស្ថិតនៅ​ក្នុងទីសម​គួរហើយ ទើបក្រាប​បង្គំទូល​ព្រះមានព្រះភាគ ដោយគាថា​ដូច្នេះថា។

[១១] យើងទាំងទ្បាយ មកដើម្បីសួរព្រះគោតមដ៏ចំរើន (ដោយគិតថា)​ យើង​ទាំងទ្បាយ សូមសួរ​អំពីបុរស​បុគ្គល ដែលមាន​សេចក្តីវិនាស​ ចុះអ្វីជា​ប្រធាន​នៃសេចក្តី​វិនាស។

(ព្រះមានព្រះភាគ ត្រាស់ថា) បុរសដែលចំរើន ជាបុគ្គល គឺបណ្ឌិត​ដឹងបាន​ដោយងាយ​ បុរស​ដែលវិនាស ជាបុគ្គល គឺបណ្ឌិត​ដឹងបាន​ដោយងាយដែរ​ បុគ្គលអ្នក​ប្រាថ្នាធម៌ រមែងចំរើន អ្នកស្អប់ធម៌ រមែងវិនាស។

យើងទាំងទ្បាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តីវិនាសទី ១ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ២ អ្វីជា​ប្រធាននៃ​សេចក្តីវិនាស។

បុគ្គលមានពួកអសប្បុរសជាទីស្រឡាញ់ មិនធ្វើសេចក្តី​ស្រឡាញ់​ចំពោះ​ពួក​សប្បុរស ពេញចិត្ត​ចំពោះធម៌​របស់ពួក​អសប្បុរស នោះជា​ប្រធាន​នៃសេចក្តី​វិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី​ ២ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ៣ អ្វីជាប្រធាននៃសេចក្តីវិនាស។

ជនអ្នកដេកលក់ច្រើនក្តី និយាយច្រើនក្តី មិនខ្មីឃ្មាតក្តី ខិ្ជលច្រអូសក្តី ប្រាកដ​តែខាង​ក្រោធក្តី នោះជា​ប្រធាន​នៃសេចក្តីវិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តី​វិនាសទី ៣ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៤ អ្វីជាប្រធាន​នៃសេចក្តីវិនាស។

បុគ្គលជាអ្នកស្តុកស្តម្ភ តែមិនចិញ្ចឹមមាតាក្តី បិតាក្តី ដែលចាស់ មានវ័យកន្លង​ហើយ នោះ​ជាប្រធាន​នៃសេចក្តីវិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៤ បពិត្រ​ព្រះមាន​ព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ៥ អ្វីជា​ប្រធាននៃ​សេចក្តីវិនាស។

បុគ្គលបញ្ឆោតព្រាហ្មណ៍ក្តី សមណៈក្តី ឬអ្នកសូម​ដទៃក្តី ដោយពាក្យ​កុហក នោះជា​ប្រធាន​នៃសេចក្តី​វិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៥ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៦ អ្វីជាប្រធាន​នៃសេចក្តី​វិនាស។

បុរសបុគ្គល មានទ្រព្យជាគ្រឿងត្រេកអរ​ច្រើន មានប្រាក់ សម្បូណ៌​ភោជន​ បរិភោគ​នូវភោជន​មានរសឆ្ងាញ់​តែម្នាក់ឯង នោះជា​ប្រធាននៃ​សេចក្តីវិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៦ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ៧ អ្វី​ជាប្រធាន​នៃសេចក្តី​វិនាស។

ជនដែលរឹងត្អឹងដោយអាងជាតិក្តី រឹងត្អឹងដោយអាង​ទ្រព្យ​ក្តី រឹងត្អឹង​ដោយអាង​គោត្រកូល​ក្តី ហើយ​មើលងាយ​ញាតិរបស់​ខ្លួន នោះ​ជា​ប្រធាននៃ​សេចក្តី​វិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាស ទី ៧ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៨ អ្វី​ជាប្រធាន​នៃសេចក្តី​វិនាស។

ជនជាអ្នកលេងស្រីក្តី លេងសុរាក្តី លេងល្បែងភ្នាល់​ក្តី រមែងញុំាង​ទ្រព្យ ដែលខ្លួន​បានហើយ បានហើយ ឲ្យវិនាសទៅ នោះជា​ប្រធាន​នៃសេចក្តី​វិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៨ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៩ អ្វីជា​ប្រធាននៃ​សេចក្តី​វិនាស។

ជនមិនត្រេកអរនឹងប្រពន្ធរបស់ខ្លួន ទៅខូច​ចំពោះពួក​ស្រីពេស្យា ឬខូចចំពោះ​ប្រពន្ធនៃ​បុគ្គល​ដទៃ នោះជា​ប្រធាន​នៃសេចក្តី​វិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៩ បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ​សំដែង​នូវហេតុទី ១០ អ្វីជាប្រធាន​នៃសេចក្តីវិនាស។

បុរសមានវ័យកន្លងហើយ នាំយកស្រ្តី (ក្មេង) ដែលមាន​ដោះក្បំ ដូចជាផ្លែទន្លាប់ រមែង​ដេកមិនលក់ ព្រោះ​សេចក្តី​ប្រច័ណ្ឌ​ចំពោះ​ស្រ្តីនោះ នោះជា​ប្រធាន​នៃសេចក្តី​វិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ១០ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ១១ អ្វីជា​ប្រធាន​នៃសេចក្តី​វិនាស។

បុរសបុគ្គល តាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬបុរស​បែបនោះ​ដែរ ក្នុងឋានៈ​ជាធំ នោះជា​ប្រធាន​នៃសេចក្តី​វិនាស​។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ១១ បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ​សំដែង​នូវហេតុទី ១២ អ្វីជាប្រធាន​នៃសេចក្តី​វិនាស។

បុគ្គលដែលកើតក្នុងខតិ្តយត្រកូល មានភោគៈ​តិច តែមាន​សេចក្តី​ប្រាថ្នាធំ ទៅប្រាថ្នា​រជ្ជសម្បត្តិ នោះជា​ប្រធាន​នៃសេចក្តី​វិនាស។

បុគ្គលជាបណ្ឌិត បរិបូណ៌ដោយការឃើញ​ដ៏ប្រសើរ ពិចារណា​ឃើញច្បាស់ នូវសេចក្តី​វិនាស​ទាំងនុ៎ះ​ក្នុងលោក បណ្ឌិត​នោះ រមែងគប់​រកនូវ​លោក ដែលមាន​សេចក្តី​សុខដ៏ក្សេម​ក្សាន្ត [បាលីថា សិវំ ក្នុងទីឯទៀតៗ បានដល់​ព្រះនិព្វាន តែក្នុង​ទីនេះ អដ្ឋកថា​ប្រាប់ថា បានដល់​សេចក្តី​សុខ​ក្សេមក្សាន្ត ក្នុងមនុស្ស និងទេវតា។]។

ចប់ បរាភវសូត្រ ទី៦។

វសលសូត្រ ទី

[១២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ​ ទ្រង់គង់នៅក្នុង​វត្តជេតពន ​របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់​ស្បង់ ប្រដាប់​បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ យាងទៅកាន់​ក្រុងសាវត្ថី ដើម្បី​បិណ្ឌបាត។ សម័យ​នោះឯង អគ្គិកភារទ្វាជ​ព្រាហ្មណ៍ (ព្រាហ្មណ៍​ឈ្មោះ​ភារទ្វាជៈ អ្នកបង្កាត់​ភ្លើង) កំពុង​បង្កាត់ភ្លើង ផ្គូផ្គង​គ្រឿងបូជា​ក្នុងលំនៅ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាច់ទៅកាន់​លំដាប់ច្រក (ផ្ទះ) ដើម្បីបិណ្ឌបាត ឆៀងចូល​ទៅត្រង់​លំនៅ​របស់​អគិ្គកភារទ្វាជព្រាហ្មណ៍។ អគ្គិកភារទ្វាជ​ព្រាហ្មណ៍ បានឃើញ​ព្រះមានព្រះភាគ យាង​មកអំពី​ចម្ងាយ លុះឃើញ​ហើយ ក៏ពោលទ្រគោះ​ទៅរក​ព្រះមានព្រះភាគ​ថា នែ​ស្រមណ៍កំណោរ អ្នកចូរឈប់​ក្នុងទីនេះ​សិន។ នែ​សមណៈ អ្នកចូរ​ឈប់ក្នុងទី​នេះសិន នែអ្នក​ថោកទាប អ្នកចូរឈប់​ក្នុងទីនេះ​សិន។

កាលដែលអគ្គិកភារទ្វាជព្រាហ្មណ៍ និយាយយ៉ាងនេះហើយ ព្រះមានព្រះភាគ ត្រាស់​តបនឹងអគ្គិកភារទ្វាជព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍​ អ្នកស្គាល់​បុគ្គល​ថោកទាប​ ឬធម៌ដែល​ធ្វើឲ្យថោកទាប​ដែរឬ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំមិនទាន់​ស្គាល់បុគ្គល​ថោកទាប ឬធម៌​ដែល​ធ្វើឲ្យ​ថោកទាបទេ សូម​ព្រះគោតម​ដ៏ចំរើន សំដែងធម៌​ដែលជា​ហេតុឲ្យខ្ញុំ​ស្គាល់បុគ្គល​ថោកទាប ឬធម៌ដែល​ធ្វើឲ្យថោក​ទាបផង។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត​ដោយល្អចុះ តថាគត​នឹងសំដែង​ប្រាប់។ អគិ្គកភារទ្វាជ​ព្រាហ្មណ៍ ទទួលស្តាប់​ព្រះមានព្រះភាគ​ថា ព្រះករុណា ​ព្រះអង្គ។ ព្រះមានព្រះភាគ សំដែងសេចក្តីនុ៎ះថា

[១៣] បុគ្គលណា មានសេចក្តីក្រោធ ចងសេចក្តី​ក្រោធទុក (គំនុំ) ជាបុគ្គល​បាប លុបគុណ​គេ ប្រាសចាក​សម្មាទិដ្ឋិ មានមាយា អ្នកចូរដឹង​បុគ្គលនោះ​ថា ជាបុគ្គល​ថោកទាប។ បុគ្គលណា ក្នុងលោកនេះ បៀតបៀន​នូវសត្វ ដែលមាន​កំណើតម្តង ឬមាន​កំណើត​ពីរដង [សត្វមាន​កំណើត​ម្តងនោះ គឺសត្វដែល​កើត​អំពី​ញើសក្អែល អំពី​ទឹក​សុក្កសម្ភៈ និងឧបបាតិកៈ។ សត្វមាន​កំណើត​ពីរដងនោះ គឺសត្វ​ដែលកើត​អំពី​ពង មានមាន់ និងទាជាដើម ហៅថា អណ្ឌជៈ។ អដ្ឋកថា។] ឬបុគ្គល​ណា មិនមាន​សេចក្តីអាណិត​ចំពោះសត្វ អ្នកចូរ​ដឹងបុគ្គល​នោះ ថាជាបុគ្គល​ថោកទាប។

បុគ្គលណា សម្លាប់ ឬឡោមរឹបជាន់​នូវអ្នកស្រុក ឬអ្នកនិគម ដែល​អ្នកផង​ដឹង​ច្បាស់ ជាអ្នក​សង្កត់សង្កិន​គេ អ្នកចូរដឹង​បុគ្គលនោះ ថាជា​បុគ្គល​ថោកទាប។

បុគ្គលណា កាន់យកទ្រព្យក្នុងស្រុក ឬក្នុងព្រៃ​ដែលបុគ្គល​ប្រកាន់​ថាជា​របស់​អញ ជាទ្រព្យ​ដែលគេ​មិនឲ្យ ដោយ​អាការ​លួច អ្នកចូរ​ដឹងបុគ្គល​នោះ ថាជា​បុគ្គល​ថោកទាប។

បុគ្គលណា បុលទ្រព្យគេ យកមកប្រើប្រាស់ ហើយ​គេចកែ​ថា (អញ) មិនចំពាក់​បំណុល​អ្នកទេ អ្នកចូរ​ដឹងបុគ្គល​នោះ ថាជា​​បុគ្គលថោកទាប។

បុគ្គលណា សម្លាប់អ្នកផង ដែលដើរក្នុងផ្លូវ ដោយប្រាថ្នា​ទ្រព្យរបស់​ណាមួយ ដណើ្តម​យកទ្រព្យ​របស់ណាមួយ អ្នកចូរ​ដឹងបុគ្គល​នោះ ថាជាបុគ្គល​ថោកទាប។

បុគ្គលណា គេសួរជាបន្ទាល់ និយាយកុហក ព្រោះហេតុ​នៃខ្លួនក្តី ព្រោះហេតុ​នៃបុគ្គល​ដទៃក្តី ព្រោះហេតុ​នៃទ្រព្យក្តី អ្នកចូរ​ដឹងបុគ្គល​នោះ ថាជា​បុគ្គល​ថោកទាប។

បុគ្គលណា​ ប្រព្រឹត្តខូចចំពោះប្រពន្ធ របស់ពួក​ញាតិ​ ឬសម្លាញ់ ដោយការ​កំហែង ឬដោយ​ការស្រឡាញ់​ស្ម័គ្រចិត្ត អ្នកចូរ​ដឹងបុគ្គល​នោះ ថាជាបុគ្គល​ថោកទាប។

បុគ្គលណា ជាអ្នកស្តុកស្តម តែមិនចិញ្ចឹម​មាតា ឬបិតា​ដែលចាស់​ជរា មាន​វ័យកន្លង​ហើយ អ្នកចូរ​ដឹងបុគ្គល​នោះ ថាជា​បុគ្គល​ថោកទាប។

បុគ្គលណា ប្រហារមាតា ឬបិតា បងប្អូនប្រុស បងប្អូនស្រី ឬម្តាយក្មេក ឬក៏ជេរ​ប្រទេច​ដោយ​វាចា អ្នកចូរដឹង​បុគ្គលនោះ ថាជា​បុគ្គលថោកទាប។

បុគ្គលណា កាលដែលគេសួរចំពោះហេតុមានប្រយោជន៍ ​ហើយ​ពន្យល់​ប្រាប់​ហេតុ​​ដែលគ្មាន​ប្រយោជន៍ បង្ហាញ​ដោយពាក្យ​បិទបាំង អ្នកចូរ​ដឹងបុគ្គល​នោះ ថាជាបុគ្គល​ថោកទាប។

បុគ្គលណា បានធ្វើបាបកម្ម ហើយប្រាថ្នាថា អ្នកផង​កុំគប្បី​ដឹងនូវអញ បុគ្គលណា មាន​ការងារ​បិទបាំង អ្នកចូរដឹង​បុគ្គលនោះ ថាជាបុគ្គល​ថោកទាប។

បុគ្គលណា ទៅកាន់ត្រកូលញាតិមិត្តដទៃ ទាំងបាន​បរិភោគ​ភោជនដ៏ស្អាត ហើយមិន​បានបូជាគេ ដែលមក​កាន់ផ្ទះ​របស់ខ្លួន​វិញ អ្នកចូរដឹង​បុគ្គលនោះ ថាជាបុគ្គល​ថោកទាប។

បុគ្គលណា បញ្ឆោតព្រាហ្មណ៏ក្តី សមណៈក្តី ឬអ្នកសូម​ឯទៀតក្តី ដោយពាក្យ​កុហក អ្នកចូរដឹង​បុគ្គលនោះ ថាជាបុគ្គលថោកទាប។

បុគ្គលណា ជេរសមណៈ ឬព្រាហ្មណ៍​ដោយវាចាក្តី មិនឲ្យ​ភោជន ក្នុងវេលា​ភត្តកាល ​ដែលគួរទំនុក​បម្រុងក្តី អ្នកចូរ​ដឹងបុគ្គលនោះ ថាជា​បុគ្គលថោកទាប។

បុគ្គលណា ក្នុងលោកនេះ ត្រូវមោហៈរួបរឹតហើយ កាលស្វែងរក​ចំពោះទ្រព្យ​ណាមួយ ក៏និយាយ​បោកប្រាស់ ដោយពាក្យ​មិនពិត (នឹងស្រ្តី) អ្នកចូរដឹង​បុគ្គលនោះ ថាជាបុគ្គល​ថោកទាប។

បុគ្គលណា លើកតំកើងខ្លួនឯង ឬបន្តុះបង្អាប់​ពួកជន​ដទៃ តែខ្លួនជា​អ្នក​សាបសូន្យ (ចាកគុណវុឌ្ឍិ) ព្រោះការតំកើង និងការ​បន្តុះបង្អាប់​របស់ខ្លួន អ្នកចូរដឹង​បុគ្គលនោះ ថាជាបុគ្គល​ថោកទាប។

បុគ្គលណា កោងកាចក្តី ស្មូរកន្ទ្រឹសក្តី មានសេចក្តីប្រាថ្នា​អាក្រក់ក្តី កំណាញ់ក្តី អំនួតក្តី មិនអៀនខ្មាស​ក្តី មិនខ្លាច​បាបក្តី អ្នកចូរដឹង​បុគ្គលនោះ ថាជា​បុគ្គលថោទាប។

បុគ្គលណា ជេរប្រទេចព្រះពុទ្ធ ឬសាវ័ករបស់​ព្រះពុទ្ធ ឬបរិពា្វជក ឬក៏គ្រហស្ថ អ្នកចូរដឹង​បុគ្គលនោះ ថាជាបុគ្គល​ថោកទាប។

បុគ្គលណា មិនមែនជាអរហន្ត​ទេ តែប្តេជា្ញ (ខ្លួន) ថាជា​អរហន្ត បុគ្គលនោះ ជាចោរ​ក្នុងលោក ព្រមទាំង​ព្រហ្មលោក នេះឯង​ជាបុគ្គល​ថោកទាបបំផុត។

បុគ្គលថោកទាប​ទាំងនេះឯង តថាគត​បានប្រកាស​ហើយ បុគ្គលមិន​មែនថោក​ទាប ព្រោះជាតិ មិនមែន​ជាព្រាហ្មណ៍​ព្រោះជាតិទេ បុគ្គល​ថោកទាប ព្រោះកម្ម ជា​ព្រាហ្មណ៍ ក៏ព្រោះកម្ម។

អ្នកទាំងឡាយ ចូរដឹងនូវសេចក្តីនោះ ដោយពាក្យនេះចុះ ដូច​ឧទាហរណ៍​នេះឯង កូនរបស់​មនុស្សចណ្ឌាល មានឈ្មោះ​បា្រកដថា សោបាកមាតង្គៈ មាតង្គកុមារ​នោះ បាននូវ​យស​ដ៏ប្រសើរ ដែលគេ​បានដោយ​ក្រក្រៃលែង ពួកក្សត្រ ព្រាហ្មណ៍ជាច្រើន តែងមកកាន់​ទីបំរើ​របស់កុមារ​នោះ។

មាតង្គកុមារនោះ​ ឡើងកាន់យាន គឺសមាបត្តិ ៨ អាចឲ្យ​ទៅកាន់​ទេវលោក បា្រស​ចាក​ធូលី គឺកិលេស ជាផ្លូវធំ នឿយណាយ​​នឹងកាមរាគហើយ ទៅកើតក្នុង​ព្រហ្មលោក។

ជាតិ មិនមែនឃាត់មាតង្គៈនោះ ចាកការកើត​ក្នុងព្រហ្មលោក​ទេ។ ពួក​ព្រាហ្មណ៍ ជាផៅពង្ស​ព្រោះមន្ត កើតក្នុង​ត្រកូលអ្នក​រៀនមន្ត ពួកព្រាហ្មណ៍​ទាំងនោះ រមែងប្រាកដ​ក្នុងបាបកម្ម​ទាំងទ្បាយ​រឿយ ៗទុគ្គតិ​ដែលអ្នកផង​គួរតិះដៀល ក្នុងបច្ចុប្បន្ន​ក៏មាន ក្នុងបរលោក​ក៏មាន (ព្រោះបាបកម្ម​ជាបច្ច័យ)។

ជាតិ មិនមែនឃាត់ពួកព្រាហ្មណ៍ទាំងនោះ ចាកទុគ្គតិ ឬចាក​ការតិះដៀលទេ។ បុគ្គលមិនមែន​ថោកទាប ព្រោះជាតិ មិនមែន​ជាព្រាហ្មណ៍ ព្រោះជាតិទេ បុគ្គល​ថោកទាប ព្រោះកម្ម ជាព្រាហ្មណ៍ ក៏ព្រោះកម្មដែរ។

[១៤] ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ អគ្គិកភារទ្វាជព្រាហ្មណ៍ ក៏ក្រាប​បង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រ​ព្រះគោតម​​ដ៏ចំរើន ភ្លឺច្បាស់ណាស់ ធម៌ដែល​ព្រះគោតម​ដ៏ចំរើន ទ្រង់សំដែង​ហើយ ដោយអនេក​បរិយាយ​​យ៉ាងនេះ ​ដូចគេផ្ងារ​នូវរបស់ដែរផ្កាប់ ឬដូចគេបើក​បង្ហាញ​របស់ដែល​កំបាំង ពុំនោះ​ ដូចគេ​ប្រាប់ផ្លូវ​ដល់អ្នក​វង្វេងផ្លូវ ពុំនោះសោត ដូចគេបំភ្លឺ​ប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា មនុស្ស​អ្នក​មានចក្ខុ មើលឃើញ​រូបទាំងឡាយ​បាន ខ្ញុំព្រះអង្គនេះ សូមដល់​នូវព្រះគោតម​ដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុ​សង្ឃផង ជាសរណៈ សូមព្រះគោតម​ដ៏ចំរើន ជ្រាបនូវ​ខ្ញុំព្រះអង្គ ថាជា​ឧបាសក អ្នកដល់​នូវ​សរណគមន៍ ស្មើដោយ​ជីវិត ចាប់ដើមអំពី​ថ្ងៃនេះទៅ។

ចប់ វសលសូត្រ ទី៧។

មេត្តសូត្រ ទី៨

[១៥] កិច្ចណា ដែលអរិយបុគ្គល បានត្រាស់ដឹង​នូវចំណែក​នៃ​ធម៌​ដ៏ស្ងប់រម្ងាប់ គឺ​ព្រះនិព្វាន (បានធ្វើ​ហើយ) កិច្ចនោះ កុលបុត្រ​​អ្នកឈ្លាស​ក្នុងប្រយោជន៍ គួរធ្វើ (កុលបុត្រ​នោះ) គួរជាអ្នក​អាចហ៊ានផង មានកាយវាចា​ត្រង់ផង មានចិត្ត​ត្រង់ល្អផង ជាបុគ្គល​ប្រដៅ​ងាយផង មានសភាព​ទន់ភ្លន់ផង មិនមាន​មានះដ៏ក្រៃ​លែងផង។ ជាអ្នក​សន្ដោស​ផង គេចិញ្ចឹម​ងាយផង មិនមាន​កិច្ចកង្វល់ផង​ ប្រព្រឹត្ត​ស្រាលព្រមផង មានឥន្រ្ទិយ​ស្ងប់ផង មានប្រាជ្ញា​ចាស់ផង មិនឆ្គាំឆ្គងផង មិនជាប់​ចំពាក់​ក្នុងត្រកូល​ទាំងឡាយ​ផង។ វិញ្ញូជន​ទាំងឡាយ គប្បីតិះដៀល​នូវជន​ទាំងឡាយ​ដទៃ ដោយកម្មណា មិនគួរ​ប្រព្រឹត្ត​ធ្វើនូវកម្ម​នោះ ដែលជា​កម្មលាមក សូម្បីតិចតួច (​ ហើយគប្បី​ផ្សាយមេត្តាចិត្ត ចំពោះពួក​សត្វ​ថា) សូមឲ្យពួកសត្វ​ទាំងពួង មានសេចក្ដីសុខ មានសេចក្ដី​កេ្សមក្សាន្ត មានខ្លួន​ដល់នូវ​សេចក្ដីសុខ​ចុះ ពួកសត្វ​ដែលមាន​ជីវិត​ ឥតមាន​សេសសល់ ទោះសត្វ​ជាអ្នកមាន​សេចក្តីតក់ស្លុត គឺនៅ​មានតណ្ហាក្តី ជាអ្នកមាំមួន គឺឥតមាន​តណា្ហក្តី ពួកសត្វ​ដែលមាន​កាយ​វែងក្តី ធំក្តី មានកាយ​យ៉ាងកណ្តាលក្តី ខ្លីក្តី ស្គមក្តី ធាត់ក្តី ពួកសត្វ​ដែលយើង​ឃើញ​ក្តី មិនឃើញ​ក្តី ពួកសត្វដែល​នៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី​ កើតរួច​ហើយក្តី កំពុងស្វែង​រកកំណើត​ក្តី សូមឲ្យសត្វ​ទាំងអស់ (នោះ) មានខ្លួន​ដល់នូវសេចក្តី​សុខចុះ​។ សត្វដទៃ មិនគួរ​កំហែង​​បៀតបៀន​សត្វដទៃឡើយ មិនគួរមើលងាយ​គេតិចតួច ក្នុងទីណា​មួយឡើយ មិនគួរប្រាថា្ន​នូវសេចក្តី​ទុក្ខ ដល់គ្នានឹងគ្នា ដោយសេចក្តី​ក្រេវក្រោធ ដោយសេចក្តី​ចង្អៀតចង្អល់​ចិត្តឡើយ។ មាតាថ្នមរក្សាបុត្ត ដែលកើត​អំពីខ្លួន ជាបុត្ត​តែមួយ ដោយអាយុ គឺថា សូម្បីជីវិត​ក៏ហ៊ានលះបង់ ក្នុងការ​រក្សានូវបុត្តបាន យ៉ាងណាមិញ បុគ្គលគួរ​ចំរើនមេត្តាចិត្ត មិនមាន​ប្រមាណ ចំពោះពួក​សត្វទាំងពួង ក៏យ៉ាងនោះ​ឯង បុគ្គលគួរ​ចំរើនមេត្តាចិត្ត មិនមាន​ប្រមាណ ជាធម៌​មិនចង្អៀត មិនមាន​ពៀរ មិនមាន​សត្រូវ ទៅក្នុងលោក​ទាំងអស់ ទាំងខាង​លើ ខាងក្រោម ទាំងទទឹង គឺត្រង់​កណ្តាលផង (បុគ្គលអ្នក​ចំរើនមេត្តាចិត្ត​នោះ) ទោះឈរក្តី ដើរក្តី អង្គុយក្តី ដេកក្តី ជាអ្នក​មានសេចក្តី​ងោកងក់​ទៅប្រាសហើយ​ គឺជាអ្នក​មិនដេកលក់ អស់កាល​ត្រឹមណា គួរ​ដំកល់នូវ​មេតា្តនុស្សតិនុ៎ះ (អស់កាល​ត្រឹមណោះ)។ បណ្ឌិត​ទាំងឡាយ ពោល​នូវដំណើរ​នុ៎ះ ថាជា​ព្រហ្មវិហារ ក្នុង​សាសនានេះ។ (បុគ្គល​ដែលមាន​មេត្តាព្រហ្មវិហារ) មិនអាស្រ័យ​នូវទិដ្ឋិ ជាអ្នក​មានសីល ប្រកប​ដោយ​ទស្សនសម្បិត្ត គឺ​សោតាបត្តិមគ្គ បន្ទោបង់​នូវសេចក្តី​ត្រេកអរ​ក្នុងកាមទាំងឡាយ ដោយ​សកទាគាមិមគ្គ និងអនាគាមិមគ្គ រមែងមិនមក​កាន់​គព្ភសេយ្យាសន៍ គឺថា មិនមក​កើតក្នុង​គភ៌ទៀត​ឡើយ។

ចប់ មេត្តសូត្រ ទី៨។

ហេមវតសូត្រ ទី៩

[១៦] (សាតាគិរយក្ស ពោលថា) ថ្ងៃនេះ ជាថ្ងៃឧបោសថទី ១៥ រាត្រីទិព្វ​ប្រាកដ​ហើយ ណ្ហើយចុះ យើងទាំងឡាយ នឹងទៅគាល់​ព្រះគោតម ជាសាស្តា មានព្រះនាម​មិនថោកថយ។

(ហេមវតយក្ស សួរថា) ព្រះហឫទ័យ (របស់ព្រះគោតម) តាំងនៅល្អ នឹងធឹង ក្នុងសត្វ​ទាំងអស់​ទេឬ តម្រិះ​របស់ព្រះអង្គ បានធ្វើ​ឲ្យស្ទាត់​ជំនាញ ក្នុង​ឥដ្ឋារម្មណ៍  និង​អនិដ្ឋារម្មណ៍​​ហើយឬ។

(សាតាគិរយក្ស ពោលថា) ព្រះហឫទ័យ របស់​ព្រះគោតមនោះ តាំងនៅល្អ នឹងធឹង ក្នុងពួកសត្វ​ទាំងអស់ មួយទៀត តម្រិះ​ព្រះអង្គ បានធ្វើ​ឲ្យស្ទាត់​ជំនាញ ក្នុង​ឥដ្ឋារម្មណ៍ និង​អនិដ្ឋារម្មណ៍​​ហើយ។

(ហេមវតយក្ស សួរថា) ព្រះគោតម មិនកាន់យកវត្ថុ ដែលគេ​មិនបាន​ឲ្យទេឬ ព្រះអង្គ​សង្រួមក្នុង​ពួកសត្វ ឬឆ្ងាយចាក​​សេចក្តីប្រមាទឬ មិនបោះបង់​ចោលឈាន​ទេឬ។

(សាតាគិរយក្ស ពោលថា) ព្រះគោតមនោះ មិនកាន់​យកវត្ថុ​ដែលគេ​មិន​បាន​ឲ្យទេ មួយទៀត ព្រះអង្គ​សង្រួមក្នុង​ពួកសត្វ ទាំងឆ្ងាយចាក​សេចក្តី​ប្រមាទហើយ ជាព្រះពុទ្ធ មិនបោះបង់​​ឈានចោលឡើយ។

(ហេមវតយក្ស សួរថា) ព្រះសមណគោតម មិនពោលពាក្យ​កុហកទេឬ មានគន្លង​នៃពាក្យ​មិនអស់ទេឬ (មិនពោល​​ផរុសវាចា) មិនពោលពាក្យ​ញុះញុង់ទេឬ មិនពោលពាក្យ​​ឥតប្រយោជន៍ទេឬ។

(សាតាគិរយក្ស ពោលថា) ព្រះសមណគោតមនោះ មិនពោល​ពាក្យកុហកទេ មួយទៀត មានគន្លង​នៃពាក្យ​មិន​ចេះអស់ ទាំងមិនចេះ​ពោលពាក្យ​ញុះញង់ទេ តែងពោល​ពាក្យមាន​ប្រយោជន៍ ដោយបញ្ញា។

(ហេមវតយក្ស សួរថា) ព្រះពុទ្ធមិនត្រេកអរ​ក្នុងកាមទេឬ ព្រះហឫទ័យ​មិនល្អក់ទេឬ ព្រះអង្គកន្លង​បង់នូវមោហៈហើយឬ មានបញ្ញាចក្ខុ ក្នុងធម៌​ទាំងឡាយឬ។

(សាតាគិរយក្ស ពោលថា) ព្រះពុទ្ធនោះ មិនត្រេកអរ​ក្នុងកាមទាំងឡាយ​ទេ ទាំងព្រះហឫទ័យ​សោត ក៏មិនល្អក់ ព្រះអង្គកន្លង​បង់នូវមោហៈ​ទាំងអស់ ជាព្រះពុទ្ធ មាន​បញ្ញាចក្ខុ ក្នុងធម៌ទាំងឡាយ។

(ហេមវតយក្ស សួរថា) ព្រះពុទ្ធ បរិបូណ៌​ដោយវិជ្ជា​ឬ មានចរណៈដ៏បរិសុទ្ធ ប្រពៃឬ អាសវៈ​ទាំងឡាយ របស់ព្រះអង្គ​អស់ហើយឬ ការកើត​ក្នុងភពថ្មីទៀត មិនមានទេឬ។

(សាតាគិយក្ស ពោលថា) ព្រះគោតមបរិបូណ៌​ដោយវិជា្ជ​ទាំងមាន​ចរណៈ​ដ៏បរិសុទ្ធ​ប្រពៃ អាសវៈ​ទាំងអស់ របស់​ព្រះអង្គ​អស់ហើយ ភពថ្មី​របស់ព្រះអង្គ មិនមាន​ទៀតឡើយ។ ព្រះហឫទ័យ របស់ព្រះមុនី បរិបូណ៌​ដោយកម្មផង ដោយ​គន្លង​នៃ​ពាក្យផង ណ្ហើយចុះ យើងនឹងទៅ​គាល់ព្រះគោតម ដែល​​បរិបូណ៌​ដោយវិជា្ជ និង​ចរណៈ។

អ្នកចូរមក យើងនឹងទៅគាល់ព្រះគោតម ដែល​មាន​ព្រះជង្ឃា ដូចជា​ស្មងនៃ​សត្វរមាំង មាន​ព្រះកាយ​ស្គម ជាអ្នក​ប្រាជ្ញ មាន​អាហារតិច​ មិន​ឡេះឡោះ [មិនលោភ​ក្នុង​អាហារ​ដោយឆន្ទរាគៈ។] ជាអ្នក​ស្ងប់ស្ងៀម ដុត​កំដៅកិលេស​ក្នុងព្រៃ។

យើងនឹងចូរទៅគាល់ ហើយសួរនូវ​ការរួចចាក​អន្ទាក់នៃ​មច្ចុ ចំពោះ​​ព្រះអង្គ ជាអ្នក​ប្រសើរ ត្រាច់ទៅ​តែម្នាក់ឯង ដូចជា​សត្វសីហៈ មិនអាឡោះ​អាល័យ​ក្នុងកាម​ទាំងឡាយ។ យើងនឹង​សួរនូវ​​ព្រះគោតម ជាអ្នកប្រាប់​ចង្អុលបង្ហាញ ជាអ្នកដល់​នូវត្រើយ​នៃធម៌​ទាំងពួង ជាព្រះពុទ្ធ កន្លងបង់​នូវពៀរ និងភ័យ។

(ហេមវតយក្ស សួរថា) សត្វលោកកើតឡើងព្រោះអ្វី ធ្វើសេចក្តីស្និទ្ធស្នាលព្រោះអ្វី សត្វលោក​ប្រកាន់នូវអ្វី​​​​ សត្វលោក​​លំបាកព្រោះអ្វី។

(ព្រះមានព្រះភាគ ត្រាស់ថា ម្នាលហេមវតៈ) សត្វលោក​កើត​ឡើង​ព្រោះវត្ថុ ៦ ធ្វើសេចក្តី​ស្និទ្ធស្នាល​ព្រោះវត្ថុ ៦ សត្វលោក​​ប្រកាន់​មាំនូវវត្ថុ ៦ សត្វលោក​លំបាក​ព្រោះវត្ថុ ៦។

ខ្ញុំព្រះអង្គនឹងសួរ​នូវផ្លូវជាទីនាំទៅ សូមព្រះអង្គ​ប្រាប់ ការប្រកាន់មាំ ដែលនំា​ឲ្យសត្វ​លោកលំបាក តើដូចម្តេច សត្វលោក តែងរួចស្រឡះ​ចាកទុក្ខ ដោយប្រការ​ដូចម្តេច។

កាមគុណ ៥ មានមនោជាគំរប់ ៦ ក្នុងលោក ដែលតថាគត​សំដែងហើយ សត្វលោក​​កំចាត់​បង់ហើយ នូវឆន្ទៈក្នុង​​កាមគុណនុ៎ះ តែងរួច​ស្រឡះ​ចាកទុក្ខ យ៉ាងនេះ​ឯង។ ផ្លូវជា​ទីនាំទៅនូវ​សត្វលោក​នុ៎ះ តថាគត​បានប្រាប់​ហើយ ដល់​អ្នក​ទាំងឡាយ តាមពិត តថាគត​នឹងប្រាប់នូវ​ផ្លូវនុ៎ះ ដល់អ្នក​ទាំងឡាយ​ សត្វលោក​តែងរួច​ស្រឡះចាក​ទុក្ខយ៉ាងនេះ។

ក្នុងលោកនេះ នរណាហ្ន៎ ឆ្លងអន្លង់​បួនបាន ក្នុងលោក​នេះ នរណាហ្ន៎ ឆ្លងនូវ​សមុទ្រ គឺសង្សារ​បាន នរណាហ្ន៎ មិនលិច​ចុះក្នុង​ជំរៅ គឺសង្សារ ដែលមិន​មានទីពឹង មិនមាន​ទីតោង។

បុគ្គលបរិបូណ៌ដោយសីល មានបញ្ញា មានចិត្ត​ជាសមាធិ ជាអ្នក​សំគាល់​នូវត្រៃ​សិក្ខា ក្នុងសន្តាន មានស្មារតី​សព្វកាល​ រមែង​ឆ្លង​អន្លង់ ដែលឆ្លង​បានដោយក្រ (បុគ្គលណា) វៀរចាក​កាមសញ្ញា កន្លងផុត​សំយោជនៈ​ទាំងអស់​ មានសេចក្តី​ត្រេកអរ ក្នុងភព​អស់ហើយ បុគ្គលនោះ មិនលិចចុះ​ក្នុងទីជ្រៅ គឺសង្សារ។ អ្នក​ទាំងឡាយ ចូរមើល​បុគ្គល​នោះ មានប្រាជ្ញា​ជ្រាលជ្រៅ ឃើញនូវ​ប្រយោជន៍​ដ៏ល្អិត មិនមាន​កង្វល់ មិនជាប់​ចំពាក់ ក្នុងកាមភព ផុតស្រឡះ​​ចាក​កិលេស​ទាំងពួង អ្នកស្វែង​រកប្រយោជន៍​ដ៏ធំ ចំពោះ​កុសលកម្ម​ទាំងឡាយ ក្នុងផ្លូវ​ដ៏ជាទិព្វ អ្នកទាំងឡាយ ចូរមើល​បុគ្គលនោះ ជាអ្នក​មានឈ្មោះ​មិនថយថោក ឃើញនូវ​ប្រយោជន៍ដ៏ល្អិត ឲ្យនូវ​ប្រាជ្ញា មិនជាប់​ក្នុងសេចក្តី​អាឡោះអាល័យ​ក្នុងកាម ជាអ្នកប្រាជ្ញ ដឹងហេតុ​សព្វគ្រប់ ស្វែងរក​ប្រយោជន៍ដ៏ធំ ចំពោះ​កុសលកម្ម​ទាំងឡាយ ក្នុងផ្លូវ​ដ៏ប្រសើរ។

ឱហ្ន៎ ថ្ងៃនេះ យើងបានឃើញល្អ ជាពេលភ្លឺស្វាងល្អ ជាពេល​នៃអរុណល្អ ពួកយើង​បានឃើញ​ព្រះសម្ពុទ្ធ ដែលព្រះអង្គ​ឆ្លងអន្លង់​បានហើយ មិនមាន​អាសវៈ។ ពួកយក្ស​ទាំងមួយពាន់​នាក់នេះ ជាអ្នក​មានឫទ្ធិ មានយស​ទាំងអស់គ្នា បានដល់​នូវ​ព្រះសម្ពុទ្ធនោះ​ ជាសរណៈ ព្រះអង្គ​ជាសាស្តាដ៏ប្រសើរ របស់យើង​ខ្ញុំទាំងឡាយ។ យើងខ្ញុំ​ទាំងនោះ នឹងត្រាច់​ទៅកាន់​ស្រុកតូច [ទេវគ្រាម ទេវបព៌ត។ អដ្ឋកថា។] ស្រុកធំ ភ្នំតូច ភ្នំធំ ក្រាបថ្វាយ​បង្គំព្រះសម្ពុទ្ធ​ផង នូវសភាព​ដ៏ល្អរបស់​ព្រះធម៌ផង។

ចប់ ហេមវតសូត្រ ទី៩។

អាឡវកសូត្រ ទី១០

[១៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​លំនៅ​​របស់អាឡវកយក្ស ក្បែរក្រុង​អាឡវី។ គ្រានោះឯង អាឡវកយក្ស ចូលទៅរក​ព្រះមានព្រះភាគ​ លុះចូល​ទៅដល់ ក៏ពោល​នឹងព្រះមានព្រះភាគ​ដូច្នេះថា នែសមណៈ ចូរចេញ​ទៅ​។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ប្រពៃ​ហើយ អាវុសោ ហើយក៏​ស្តេច​ចេញទៅ។ អាឡវកយក្ស ពោលថា នែសមណៈ ចូរចូល​មកវិញ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ថា ​ប្រពៃហើយ អាវុសោ ហើយ​ក៏សេ្តច​ចូលមក។ អាឡវកយក្ស ពោលនឹង​ព្រះមានព្រះភាគ​ដូច្នេះទៀត ជាគំរប់ ២ ដងថា នែសមណៈ ​ចូរចេញទៅ។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ​ រួចក៏ស្តេច​ចេញទៅ។ អាឡវកយក្ស​ ពោលថា នែសមណៈ ចូរចូល​មកវិញ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ប្រពៃហើយ អាវុសោ​ ហើយក៏​ស្តេចចូល​មក។ អាឡវកយក្សនោះ ពោលនឹង​​ព្រះមានព្រះភាគ ដូច្នេះ​ទៀត ជាគំរប់ ៣ ដងថា នែសមណៈ ចូរចេញទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏ស្តេច​ចេញទៅ។ អាឡវកយក្ស ពោលថា នែសមណៈ ចូរចូល​មកវិញ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ថា ​ប្រពៃហើយ អាវុសោ ហើយក៏សេ្តច​ចូលមកវិញ។ អាឡវកយក្ស ពោលនឹង​ព្រះមានព្រះភាគ ដូច្នេះទៀត ជាគំរប់ ៤ ដងថា នែសមណៈ​ ចូរចេញទៅ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាល​អាវុសោ តថាគត​នឹងមិន​ចេញទៅ​ទេ អំពើណា​ដែលអ្នកត្រូវធ្វើ ចូរអ្នកធ្វើ​អំពើនោះចុះ។ នែសមណៈ​ខ្ញុំនឹងសួរ​ប្រស្នា​ចំពោះលោក បើលោក​មិនដោះស្រាយ​ឲ្យយើងទេ យើងនឹង​ធ្វើចិត្តលោកឲ្យ
រវើរវាយ ឬហែក​ហ្ឫទ័យ​របស់លោក ឬក៏ចាប់​ជើងគ្រវែង​ចោលទៅ​ត្រើយម្ខាង​ទន្លេគង្គា។ ម្នាល​​អាវុសោ តថាគត​មិនឃើញអ្នកណា ដែលធ្វើចិត្ត​នៃតថាគត​ឲ្យរវើរវាយ​បាន​ ឬហែក​ហ្ឫទ័យ ឬក៏ចាប់​ជើងគ្រវែងចោល​ទៅត្រើយ​ម្ខាងទន្លេគង្គា ក្នុងមនុស្ស​លោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និង​មនុស្ស​ដ៏សេស​ឡើយ ម្នាល​អាវុសោ អ្នកប្រាថា្ន​នឹងសួរ​យ៉ាងណា ចូរសួរ​មកចុះ។ គ្រានោះ​ឯង អាឡវកយក្ស បានពោល​នឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

[១៨] ក្នុងលោកនេះ អ្វីជាទ្រព្យដ៏ប្រសើរ របស់បុរស អ្វី​ដែលគេ​ប្រព្រឹត្តល្អហើយ ​តែងនាំ​សេចក្តីសុខ​មកឲ្យ អ្វីមានរសឆ្ងាញ់​ពិសាជាង​រសទាំងឡាយ បណ្ឌិត​ហៅជីវិត​នៃអ្នក​រស់នៅ​បែបណា ថាជា​ជីវិតប្រសើរ។

(ព្រះមានព្រះភាគ ត្រាស់ថា) ក្នុងលោកនេះ សទ្ធា ជាទ្រព្យដ៏ប្រសើរ​របស់បុរស ធម៌ដែល​គេប្រព្រឹត្ត​ល្អហើយ តែងនាំ​សេចក្តីសុខ​មកឲ្យ ពាក្យ​សត្យមានរស​ឆ្ងាញ់ពិសា​ជាងរស​ទាំងឡាយ​ បណ្ឌិតហៅ​ជីវិតនៃ​អ្នករស់នៅ​ដោយបញ្ញា ថាជា​ជីវិតប្រសើរ​។

បុគ្គលឆ្លងអន្លង់បានដោយអ្វី ឆ្លង​មហាសមុទ្រ​បានដោយ​អ្វី កន្លង​សេចក្តីទុក្ខ​បាន​ដោយអ្វី បរិសុទ្ធ​បានដោយអ្វី​។

បុគ្គលឆ្លងអន្លង់បានដោយសទ្ធា ឆ្លងមហាសមុទ្រ​បាន​ដោយ​សេចក្តី​មិនប្រមាទ កន្លងសេចក្តី​ទុក្ខបាន​ដោយព្យាយាម បរិសុទ្ធ​​បានដោយប្រាជា្ញ។

បុគ្គលបាននូវប្រាជា្ញដោយអ្វី បាននូវទ្រព្យ​ដោយអ្វី ដល់នូវ​សេចក្តី​សរសើរ​ដោយអ្វី ចងនូវមិត្ត​ទាំងឡាយ​បាន​ដោយអ្វី​ បុគ្គលចេញ​​ចាកលោកនេះ ទៅកាន់​លោកខាងមុខ ​ហើយមិន​សោយសោក​​ក្នុងលោកខាង​មុខ​ដោយអ្វី។

បុគ្គលជឿធម៌របស់ព្រះអរហន្ត ស្តាប់ដោយគោរព​ ជាអ្នក​មិន​ប្រមាទ មាន​បញ្ញា​ពិចារណា រមែង​បាននូវប្រាជ្ញ [ហេតុឲ្យបាន​បញ្ញា ៤ យ៉ាងគឺ ១. សទ្ធា, ២. ស្តាប់​ដោយគោរព, ៣. អប្បមាទ, ៤. វិចក្ខណៈ ការពិចារណា។] ដើម្បីដល់​ព្រះនិព្វាន បុគ្គល​មានការងារ​ដ៏សមគួរ មានធុរៈ [ព្យាយាម​ផ្លូវចិត្ត។]​ មានព្យាយាម​ប្រឹងប្រែង [ព្យាយាម​ផ្លូវកាយ។ អដ្ឋកថា។] រមែង​បាន​នូវទ្រព្យ​ បុគ្គលដល់​នូវសេចក្តី​សរសើរ ដោយសច្ចៈ បុគ្គល​កាលឲ្យ រមែងចង​នូវមិត្តទាំងឡាយ​បាន។​

ធម៌ទាំង ៤ នេះ គឺសច្ចៈ ១ ធម្មៈ (បញ្ញា) ១​ ធីតិ​ (ព្យាយាម) ១ ចាគៈ (ការបរិច្ចាគ) ១ ​របស់​បុគ្គលណា​មានសទ្ធា​ នៅគ្រប់គ្រងផ្ទះ​ ​បុគ្គល​នោះឯង រមែង​មិនសោយ​សោក​ ក្នុងលោក​ខាងមុខ។

អញ្ជើញអ្នកទៅសួរពួកសមណព្រាហ្មណ៍​ជាច្រើន​ដទៃ​ទៀតចុះ​ បើមាន​ធម៌ដទៃ​ទៀត ក្នុងលោកនេះ​ ឲ្យក្រៃលែង​ជាងសច្ចៈ ទមៈ ចាគៈ ខន្តិ  ទៅទៀត។

ឥឡូវនេះ ខ្ញុំចាំបាច់សួរពួកសមណព្រាហ្មណ៍​ជាច្រើនធ្វើ​អ្វីទៀត (ព្រោះ) ក្នុង​ថ្ងៃនេះ ខ្ញុំដឹង​ប្រយោជន៍ ដែលប្រព្រឹត្ត​ទៅក្នុងលោក​​ខាងមុខ​ច្បាស់ហើយ ព្រះពុទ្ធ ទ្រង់​ស្តេចមកកាន់​ដែនអាឡវី ដើម្បីគង់​នៅជា​ប្រយោជន៍​ដល់ខ្ញុំ​ព្រះអង្គហើយ​ ក្នុងថ្ងៃនេះ ខ្ញុំ​ព្រះអង្គ​​ដឹងច្បាស់​ហើយថា​ ទានដែល​បុគ្គលឲ្យហើយ ចំពោះ​ព្រះសម្ពុទ្ធណា ​​​ថាជា​ទានមាន​ផលច្រើន ខ្ញុំព្រះអង្គ​នឹងត្រាច់​ទៅអំពីស្រុក ទៅកាន់​ស្រុក​ អំពីបុរី​ទៅកាន់បុរី ​សូមថ្វាយបង្គំ​នូវព្រះសម្ពុទ្ធ (នោះ) ផង នូវសភាព​ដ៏ល្អរបស់​ព្រះធម៌​ផង។

ចប់ អាឡវកសូត្រ ទី១០។

វិជយសូត្រ ទី១១

[១៩] ថាបើបុគ្គល​ដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី រមែង​បត់ចូល លាចេញ នេះជា​ការកំរើកកាយ។

កាយប្រកប​ដោយឆ្អឹង ​និង​សរសៃទាំងឡាយ​ គ្រប​ដណ្តប់​ដោយស្បែក និងសាច់ បិទបាំង​ដោយ​សម្បុរថ្ងៃ មិនប្រាកដ​តាមពិត។

កាយពេញដោយពោះវៀនផង ពេញដោយ​អាហារថ្មី​ផង ដោយដុំ​ថ្លើមផង ដោយ​ក្រពះនោម​ផង ដោយ​បេះដូងផង ដោយ​សួតផង ដោយ​ទាចផង​ ដោយ​ក្រពះបាយ​ផង ដោយ​ទឹកសំបោរ​ផង ដោយ​ទឹកមាត់​ផង ដោយ​ញើសផង ដោយ​ខ្លាញ់ខាប់​ផង ដោយ​ឈាមផង ដោយ​ទឹករំអិល​ផង ដោយ​ទឹកប្រមាត់ផង​ ដោយ​ខ្លាញ់រាវ​ផង។

មួយទៀត វត្ថុមិនស្អាត រមែងហូរចេញ​តាមរន្ធ​ទាំង ៩ របស់​កាយនោះ​សព្វកាល គឺ​ព្រៀកភ្នែក ហូរចេញ​អំពីភ្នែក មូលត្រចៀក​ហូរចេញ​អំពីត្រចៀក ទឹកសំបោរ​ហូរចេញ​អំពី​ច្រមុះ ជួនណា​ ចេញតាមមាត់ ប្រមាត់ និងស្លេស្ម ក៏ខ្ពុរចេញ​តាមមាត់​ដែរ ញើស និង​ក្អែល​ហូរចេញ​អំពីកាយ។

មួយទៀត កាយនោះ មានក្បាលប្រហោង​ ពេញដោយ​ខួរក្នុងក្បាល ជនពាល​ត្រូវអវិជ្ជា​រួបរឹត​ហើយ រមែង​សំគាល់​កាយនោះថា​ល្អ​ កាលណា​កាយនោះ​ស្លាប់ទៅ ដេកនៅ​ហើមប៉ោង​ មានពណ៌ខៀវ ត្រូវគេបោះ​ចោលទៅ​ក្នុងព្រៃស្មសាន​ហើយ កាល​ណោះ ជន​ទាំងឡាយ​ជាញាតិ ក៏លែង​រមិល​ ស្វាន ចចក ឆ្កែ ដង្កូវ ជញ្ជែង​ស៊ីកាយ​ស្លាប់​នោះ ចំណែក​ពួកសត្វ​ដទៃ មានក្អែកត្មាត​ជាដើម ក៏ចឹកស៊ី​នូវកាយស្លាប់​នោះដែរ។

ភិក្ខុណាក្នុងសាសនានេះ ជាអ្នកមានបញ្ញា បានស្តាប់នូវពុទ្ធវចនៈ​ហើយ ភិក្ខុនោះ រមែង​កំណត់ដឹង​នូវកាយនោះ ព្រោះឃើញ​ច្បាស់​តាមពិត។ សរីរៈរស់នេះ យ៉ាងណា សរីរៈ​ស្លាប់នុ៎ះ ក៏យ៉ាងនោះ សរីរៈស្លាប់​នុ៎ះ យ៉ាងណា សរីរៈរស់​នេះ ក៏យ៉ាងនោះ ភិក្ខុគប្បី​រំសាយ​នូវ​សេចក្តី​ប្រាថ្នា​ក្នុងកាយ​ ទាំងខាងក្នុង ទាំងខាងក្រៅ ក្នុង​សាសនានេះ​ ភិក្ខុនោះ មានបញ្ញា​ប្រាសចាក​ឆន្ទរាគ ដល់នូវ​បទ គឺ​ព្រះនិព្វាន ជាធម្មជាត​មិនស្លាប់ ចេញ​ចាក​វានៈ គឺតណ្ហា ជា​ធម្មជាត​ស្ងប់ មិនច្យុត។ កាយ មានជើងពីរ​នេះ មិនស្អាត​ មានក្លិន​អសោចិ៍ ពេញដោយ​សាកសព​ផ្សេង ៗ ហូរចេញ​អំពីរន្ធ​នោះ ៗ។

បុគ្គលណា មានកាយមានសភាពដូច្នេះ ហើយលើកដំកើង​ខ្លួនឯង មើលងាយ​បុគ្គល​ដទៃ (បុគ្គលនោះ) គ្មាន​ធម្មជាតិអ្វី ក្រៅអំពីការ​មិនឃើញ (នូវ​អរិយសច្ចៈ​ទេ)។

ចប់ វិជយសូត្រ ទី១១។

មុនិសូត្រ ទី១២

[២០] ភ័យកើតអំពីសេចក្តីស្និទ្ធស្នាល ធូលី គឺរាគៈ​ជាដើម កើតអំពី​លំនៅ គឺ​រូបនិមិត្ត​ជាដើម ការមិន​មានលំនៅ និងការមិនមាន​សេចក្តីស្និទ្ធស្នាល​នុ៎ះឯង ជាការ​ឃើញ​របស់​មុនី (អ្នកប្រាជ្ញ)។

បុគ្គលណា បានផ្តាច់បង់នូវកិលេស​ដែលកើតហើយ មិនបណ្តុះ​ កិលេស​ដែលកំពុង​កើត មិនប្រមូល​មក (នូវបច្ច័យ) នៃកិលេស​នោះ អ្នកប្រាជ្ញ ហៅបុគ្គលនោះ ថាជាបុគ្គល​មានប្រយោជន៍​ប្រសើរ​ក្នុងចំណោម​អ្នកប្រាជ្ញ​ទាំងឡាយ កំពុង​ប្រព្រឹត្ត បុគ្គលនោះ​ ស្វែង​រក (នូវខន្ធ មាន​សីលក្ខន្ធ​ជាដើម) បានឃើញ​ហើយ​នូវចំណែក​នៃ​សន្តិភាព។

បុគ្គលណា ពិចារណាឃើញទីកើត​ (នៃកិលេស) ទាំងឡាយ​ ហើយលះបង់​ពូជ មិនប្រមូល​មកនូវជ័រ គឺតណ្ហា និងទិដ្ឋិ បុគ្គល​នោះឯង ជាមុនី ឃើញនូវ​ទីបំផុត​នៃការ​អស់ជាតិ លះបង់​នូវ​អកុសលវិតក្កៈ មិនដល់នូវ​កិរិយារាប់ (ថាជា​អ្នកត្រេកអរ ឬ​ប្រទូស្ត​ឡើយ)។

បុគ្គលណា ដឹងច្បាស់នូវលំនៅ គឺភព​ទាំងអស់ មិនប្រាថ្នាលំនៅ​ទាំងនោះទៀត​ សូម្បីលំនៅ​ណាមួយ បុគ្គលនោះ ជាមុនី មានសេចក្តី​ប្រាថ្នាទៅ​ប្រាសហើយ ជាអ្នក​លែងប្រាថ្នា មិន​ប្រមូល​មក (នូវកម្មជា​កុសល ឬអកុសល) ព្រោះជា​អ្នកដល់​នូវត្រើយ​គឺព្រះ​និព្វាន។

អ្នកប្រាជ្ញទាំងឡាយ​ ដឹងច្បាស់នូវ​បុគ្គលនោះ អ្នកគ្រប​សង្កត់​នូវធម៌ទាំងពួង ដឹងច្បាស់​នូវធម៌​ទាំងពួង មាន​បញ្ញាល្អ មិនជាប់​ក្នុងពួកធម៌​ទាំងពួង លះបង់​នូវធម៌​ទាំងពួង រួចស្រឡះ ព្រោះ​អស់ទៅ​នៃតណ្ហា ថាជាមុនី។

អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ អ្នកមាន​កំឡាំង គឺប្រាជ្ញា ប្រកប​ដោយ​សីលវ័ត មានចិត្តដំកល់​មាំ ត្រេកអរ​ក្នុងឈាន មានស្មារតី រួចចាក​ធម៌ជាគ្រឿង​ជាប់ មិន​រឹងរូស មិនមាន​អាសវៈ ថាជាមុនី។

អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ ជាបុគ្គលឯក ត្រាច់ទៅ ជាអ្នកស្ងៀម [ព្រោះ​ប្រកប​មោនេយ្យធម៌។] មិនប្រមាទ មិនញាប់ញ័រ ក្នុងសេចក្តី​និន្ទា និងសរសើរ ដូចជា​សត្វ​សីហៈ មិនតក់ស្លុត​ព្រោះសំឡេង មិនជាប់​ក្នុងសំណាញ់ គឺតណ្ហា និងទិដ្ឋិ ដូចជា​ខ្យល់មិនជាប់​ក្នុងសំណាញ់ មិនប្រឡាក់​ដោយលោក ព្រោះគ្រឿង​ប្រឡាក់ គឺតណ្ហា និងទិដ្ឋិ ដូច​ផ្កាឈូក​មិនប្រឡាក់​ដោយទឹក ជាអ្នកដឹក​នាំគេ មនុស្សដទៃ​មិនគប្បីនាំ​ទៅបាន ថាជាមុនី។

ជនទាំងឡាយដទៃ តែងពោលនូវវាចាមាន​ទីបំផុត​ដោយ​ជុំវិញ ចំពោះវត្ថុណា បុគ្គលណា (មិនដល់​នូវសេចក្តី​ត្រេកអរ ឬ តូចចិត្ត ក្នុងវត្ថុនោះ) ដូច​ជាសសរ ដែលបុគ្គល​ដាំចុះក្នុង​កំពង់​សម្រាប់ងូត អ្នកប្រាជ្ញ​ទាំងឡាយ ដឹងច្បាស់នូវ​បុគ្គលនោះ អ្នក​មានរាគៈ​ទៅប្រាស​ហើយ មានឥន្ទ្រិយ​តម្កល់​មាំល្អហើយ​ ថា​ជាមុនី។

បុគ្គលណា មានខ្លួនស្ថិតនៅត្រង់​ដូចជា​ខ្នារ កាល​ពិចារណា​ឃើញ​ការពុំរាបសា និង​ការរាបសា តែង​ខ្ពើមកម្ម​ទាំងឡាយ​ដ៏លាមក អ្នកប្រាជ្ញ​ទាំងឡាយ ដឹងបុគ្គល​នោះ ថាជាមុនី។

បុគ្គលណា មានខ្លួនសង្រួមហើយ មិនធ្វើបាប ទោះនៅក្មេង​ក្តី កណ្តាលក្តី ជាមុនី មានខ្លួនវៀរ​ចាកបាប​ហើយ ជាបុគ្គល​មិន​មានការ​បៀតបៀន មិនប្រទូស្ត​នូវបុគ្គល​ណាមួយ អ្នកប្រាជ្ញ​ទាំងឡាយ រមែង​ដឹងច្បាស់​នូវបុគ្គល​នោះ ថាជាមុនី។

បុគ្គលណា ចិញ្ចឹមជីវិតដោយបុគ្គលដទៃឲ្យ បាននូវដុំបាយ​ណា ទោះថ្មោងក្តី កណ្តាលក្តី សេសសល់​ក្តី មិនសរសើរ មិនបន្តុះ​បង្អាប់ អ្នកប្រាជ្ញ​ទាំងឡាយ ដឹងច្បាស់​នូវបុគ្គល​នោះ ថាជាមុនី។

បុគ្គលណា មិនជាប់នៅក្នុងវ័យណាមួយ អ្នកប្រាជ្ញ​ទាំងឡាយ ដឹងច្បាស់​នូវបុគ្គល​នោះ ដែលជា​អ្នកស្ងៀម ប្រព្រឹត្ត​វៀរមេថុនធម្ម វៀរស្រឡះ​ចាកសេចក្តី​ស្រវឹង និង​សេចក្តី​ប្រមាទ របូតចាក​ចំណង គឺកិលេស ថាជាមុនី។

អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ អ្នកឃើញ​នូវ​បរមត្ថ ព្រោះដឹងច្បាស់​នូវលោក ប្រព្រឹត្ត​កន្លងនូវ​អន្លង់ និង​សមុទ្រ មិន​ញាប់ញ័រ កាត់ផ្តាច់​នូវគ្រឿង​ចាកស្រែះ មិនស្រ័យ​នូវតណ្ហា និងទិដ្ឋិ មិនមាន​អាសវៈ ថាជាមុនី។

ជនទាំងពីរនាក់ មានការនៅ និងការ​ចិញ្ចឹមជីវិត​ឆ្ងាយគ្នា មិន​ស្មើគា្នទេ គឺ​គ្រហស្ថ​ជាអ្នក​ចិញ្ចឹម​ប្រពន្ធ ១ អ្នកបួស​មិន​ប្រកាន់​ខ្លួន ជាអ្នក​មានវត្ត​ល្អ ១ គ្រហស្ថ​មិនបាន​សង្រួម​ក្នុង​ការបៀតបៀន​ជីវិត​សត្វដទៃ មុនី​សង្រួមរក្សា​នូវពួក​សត្វអស់​កាលជានិច្ច។ ដូចជា​សត្វក្ងោក មានកខៀវ ហើរតាម​អាកាស មិនដល់នូវ​សន្ទុះរបស់​ហង្ស ក្នុង​កាលណា ៗ ឡើយ គ្រហស្ថ ក៏យ៉ាង​នោះដែរ នឹងធ្វើតាម​ភិក្ខុជា​មុនី អ្នកស្ងប់ស្ងាត់ អ្នកចំរើន​ឈាន​ក្នុងព្រៃ​មិនបាន។

ចប់ មុនិសូត្រ ទី១២។

ចប់ ឧរគវគ្គ ទី១។

ឧទ្ទាននៃឧរគវគ្គនោះ គឺ

និយាយអំពីការប្រៀបដោយសត្វពស់ ១ ធនិយគោបាល ១ បុគ្គល​ប្រៀបដោយ​កុយរមាស ១ កសិភារទ្វាជព្រាហ្មណ៍ ១ ចុន្ទ ១ សេចក្តីវិនាស​ ១ បុគ្គលថោកទាប ១ មេត្តា ១ ហេមវតយក្ស ១ អាឡវកយក្ស ១ អំពីការលះ ១ មុនី ១ រួមជា ១២ ហៅថា ឧរគវគ្គ។

ចូឡវគ្គ ទី២

រតនសូត្រ ទី១

[២១] ពួកភូត [ចូរមើល​តាម​នយលក្ខណៈ ត្រង់​សម្មាទិដ្ឋិសូត្រ មជ្ឈិមនិកាយ មូលបណ្ណាសក បឋមភាគ ២០។] ណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏​អាកាសក្តី ដែលមក​ប្រជុំក្នុងទីនេះ សូមពួកសត្វ​ទាំងអស់នោះ មានចិត្ត​ល្អ មួយទៀត ចូរស្តាប់​នូវភាសិត​ដោយគោរព។ ព្រោះ​ហេតុនោះ អ្នកទាំងឡាយ ជាភូត​ទាំងអស់ ចូរស្តាប់ ចូរធ្វើនូវ​មេត្តាចិត្ត ក្នុងពពួក​សត្វ ជាមនុស្ស​ជាតិ ពួកមនុស្ស​ណា នាំនូវ​ពលិកម្ម ក្នុង​វេលាថ្ងៃ ឬវេលាយប់ ព្រោះហេតុនោះ សូមអ្នកទាំងឡាយ កុំប្រហែស ចូររក្សា​នូវមនុស្ស​ទាំងនោះ។ ទ្រព្យ​ជា​ទីគាប់ចិត្ត​ណាមួយ ក្នុងលោកនេះ ឬក្នុងលោកដទៃ រតនវត្ថុ​ដ៏ឧត្តម​ណា ក្នុងស្ថានសួគ៌​ក្តី (ទ្រព្យ និងរតនវត្ថុ​ទាំងនោះ) សើ្មដោយ​ព្រះតថាគត មិនមាន​ឡើយ រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈ​ដ៏ឧត្តម។ ដោយពាក្យ​សច្ចៈនេះ សូមសួស្តី​កើតមាន។

ព្រះសក្យមុនី មានព្រះហ្ឫទ័យដម្កល់មាំ បានត្រាស់ដឹង​ហើយ​​ នូវព្រះធម៌​ណា ជាគ្រឿង​ក្ស័យកិលេស ប្រាសចាក​រាគៈ ជាធម៌​មិនស្លាប់ ជាធម៌ឧត្តម របស់អ្វី​មួយស្មើ​ដោយ​ព្រះធម៌នោះ​ មិនមាន​ឡើយ រតនៈ គឺព្រះធម៌​នេះឯង ជារតនៈ​ដ៏ឧត្តម។ ដោយពាក្យ​សច្ចៈ​នេះ សូមសួស្តី​កើតមាន។

ព្រះពុទ្ធដ៏ប្រសើរ ទ្រង់សរសើរនូវសមាធិ​ណា ថាជា​សមាធិ​ស្អាត បណ្ឌិត​ទាំងឡាយ ពោល​នូវ​សមាធិណា ថាជាធម៌​ឲ្យនូវ​ផលដោយ​លំដាប់ សមាធិដទៃ ស្មើដោយ​សមាធិ​នោះ ​មិនមាន​ឡើយ រតនៈ គឺព្រះធម៌​នេះឯង ជារតនៈ​ដ៏ឧត្តម។ ដោយ​ពាក្យសច្ចៈ​នេះ សូមសួស្តី​កើតមាន។

បុគ្គលទាំងឡាយណា ៨ ពួក ដែលសប្បុរស​ទាំងឡាយ​សរសើរ​ហើយ បើរាប់​ជាគូ បាន ៤ គូ បុគ្គល​ទាំងឡាយ​នោះ ជាសាវ័ក​របស់​ព្រះសុគត លោកគួរ​ដល់​ទក្ខិណាទាន ទាន​ទាំងឡាយ ដែលបុគ្គល​ឲ្យហើយ ចំពោះ​បុគ្គល​ទាំងនោះ ជាទាន​មានផលច្រើន រតនៈ គឺព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម។ ដោយ​ពាក្យសច្ចៈ​នេះ សូមសួស្តី​កើតមាន។

អរិយបុគ្គលទាំងឡាយណា ក្នុងសាសនានៃ​ព្រះគោតម ​ប្រកប​ត្រូវល្អហើយ មានចិត្ត​ខ្ជាប់ខ្ជួន មិនមាន​សេចក្តី​ប្រាថ្នា អរិយបុគ្គល​ទាំងឡាយ​នោះ ដល់ហើយនូវ​ព្រះអរហត្តផល ហើយចូល​ទៅកាន់​ព្រះនិព្វាន បាននូវ​ការរលត់​កិលេស​ដោយទទេ គឺឥតមាន​ទិញដូរ​ឡើយ ហើយសោយ (នូវផល) រតនៈ គឺព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម។ ដោយ​ពាក្យ​សច្ចៈ​នេះ សូមសួស្តី​កើតមាន។

សសរខឿន ដែលគេបោះភ្ជាប់នឹងផែនដី ជារបស់​មិនកម្រើក​ដោយ​ខ្យល់ព្យុះ ដែលបក់​មកអំពី​ទិសទាំង ៤ យ៉ាង​ណាមិញ បុគ្គលណា​ ពិចារណា​ឃើញជាក់​នូវ​អរិយសច្ចៈ​ទាំងឡាយ តថាគត​ហៅអ្នក​នោះ ថាជា​សប្បុរស (មិនញាប់ញ័រ) ក៏យ៉ាងនោះ​ដែរ រតនៈ គឺព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម។ ដោយពាក្យ​សច្ចៈនេះ សូម​សួស្តី​កើតមាន។

អរិយបុគ្គលទាំងឡាយណា ធ្វើឲ្យជាក់ច្បាស់​នូវ​អរិយសច្ច ដែល​ព្រះតថាគត​មានប្រាជ្ញា​ដ៏ជ្រៅ សំដែង​ល្អហើយ អរិយបុគ្គល​ទាំងនោះ ទុកជា​ប្រមាទ​ដ៏លើសលន់​ក៏ដោយ អរិយបុគ្គល​ទាំងនោះ នឹងមិនកាន់​យកនូវភព ជាគំរប់ ៨ (គឺមិន​កើតទៀត​ហួសពី ៧ ជាតិ​ឡើយ) រតនៈ គឺព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម។ ដោយពាក្យ​សច្ចៈ​នេះ សូមសួស្តី​កើតមាន។

ធម៌ ៣ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាស ឬការ​ប្រព្រឹត្តិតាម​ណាមួយ ដែល​សោតាបន្ន​បុគ្គលនោះ​ បានលះបង់​ហើយ ជាមួយ​នឹង​ទស្សនសម្បត្តិ គឺ​សោតាបត្តិមគ្គ មួយវិញទៀត​សោតាបន្នបុគ្គល បានរួច​ស្រឡះចាក​អបាយទាំង ៤ ហើយ មិនគួរធ្វើ​នូវអភិឋាន ៦ គឺ​អនន្តរិយកម្ម ៥ និងការងាកចិត្ត​ទៅកាន់​សាសនា​ដទៃឡើយ រតនៈ គឺព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម។ ដោយ​ពាក្យសច្ចៈ​នេះ សូមសួស្តី​កើតមាន។

ទុកជាសោតាបន្នបុគ្គលនោះ ធ្វើនូវបាបកម្ម ដោយកាយ​វាចា​ ឬក៏​ដោយចិត្ត (ព្រោះ​សេចក្តី​ភ្លាំងភ្លាត់) សោតាបន្ន​បុគ្គលនោះ មិនគួរ​បិទបាំងនូវ​បាបកម្ម​នោះឡើយ ព្រោះភាព​នៃ​បុគ្គល​ដែលឃើញ​នូវព្រះនិព្វាន​ហើយ ជាបុគ្គល​មិនគួរ​បិទបាំងនូវ​បាបកម្ម ដែលព្រះពុទ្ធ​ទាំងឡាយ​សំដែង​ហើយ រតនៈ​ គឺព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម។ ដោយពាក្យ​សច្ចៈនេះ សូមសួស្តី​កើត​មាន។

គុម្ពឈើក្នុងព្រៃ មានត្រួយលូតលាស់ ក្នុងខាងដើម​គិម្ហរដូវ​ គឺខែក្តៅ យ៉ាងណា​មិញ ព្រះពុទ្ធ​បានសំដែង​ហើយ នូវធម៌​ដ៏ប្រសើរ ជាធម៌​អាចញុំាង​សត្វទាំងឡាយ ឲ្យដល់​នូវ​ព្រះនិព្វាន ដើម្បី​ប្រយោជន៍​ដ៏ឧត្តម ក៏យ៉ាង​នោះឯង រតនៈ គឺព្រះពុទ្ធ​នេះឯង ជារតនៈ​ដ៏ឧត្តម។ ដោយពាក្យ​សច្ចៈនេះ សូមសួស្តី​កើតមាន។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរ ទ្រង់ជ្រាប់​នូវធម៌ដ៏​ប្រសើរ ទ្រង់ប្រទាន​នូវធម៌ដ៏​ប្រសើរ ទ្រង់នាំ​មកនូវធម៌​ដ៏ប្រសើរ ព្រះអង្គ​ប្រសើរ មិនមានអ្នក​ណាជាង ទ្រង់សំដែង​នូវធម៌ដ៏​ប្រសើរ រតនៈ​គឺព្រះពុទ្ធ​នេះឯង ជារតនៈ​ដ៏ឧត្តម។ ដោយពាក្យ​សច្ចៈនេះ សូមសួស្តី​កើតមាន។

កម្មចាស់អស់ហើយ កម្មថ្មី រមែងមិនកើត​ប្រាកដ អរិយបុគ្គល​ទាំងឡាយ​ណា មានចិត្ត​នឿយណាយ​ក្នុងភព​តទៅ អរិយបុគ្គល​ទាំងនោះ មានពូជ​អស់ហើយ មានឆន្ទៈ គឺសេចក្តី​ប៉ុនប៉ង​ក្នុងចិត្ត មិនដុះ​ឡើងឡើយ ជាអ្នក​មានប្រាជ្ញា តែងរលត់​ទៅ ដូចជា​ប្រទីប (ដែលរលត់​) រតនៈ គឺព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម។ ដោយពាក្យ​សច្ចៈនេះ សូមសួស្តី​កើតមាន។

ពួកភូតណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏​អាកាសក្តី ដែលមក​ប្រជុំគ្នា​ក្នុងទីនេះ យើងទាំងឡាយ​សូមនមស្ការ​នូវព្រះពុទ្ធ ទ្រង់បាន​ត្រាស់មក​ហើយ​ដូចគ្នា ដែល​ទេវតា និងមនុស្ស​បូជាហើយ សូមសួស្តី​កើតមាន។

ពួកភូតណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏​អាកាសក្តី ដែលមក​ប្រជុំគ្នា​ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការ​នូវព្រះធម៌ ដែលមាន​មកហើយ​ដូចគ្នា ដែល​ទេវតា និងមនុស្ស​បូជា​ហើយ សូមសួស្តី​កើតមាន។

ពួកភូតណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅ​ឰដ៏​អាកាសក្តី ដែលមក​ប្រជុំគ្នា​ក្នុងទីនេះ យើងទាំងឡាយ សូម​នមស្ការ​នូវព្រះសង្ឃ ដែលមាន​មកហើយ​ដូចគ្នា​ ដែល​ទេវតា ​និងមនុស្ស​បូជាហើយ សូមសួស្តី​កើតមាន។

ចប់ រតនសូត្រ ទី១។

អាមគន្ធសូត្រ ទី២

[២២] សប្បុរស កាលបរិភោគនូវស្រូវស្រងែ ស្រូវកន្ទុយដំរី និង​សណ្តែកព្រៃ បត្តប្ផល [សំដៅយក​ផ្លែឈើខ្ចី។] មូលប្ផល [សំដៅយក​មើម និងផ្លែឈើវល្លិ។] និងគវិប្ផល [សំដៅយក​ផ្លែឈើដែល​ដុះក្នុងទឹក មានក្រចាប់​ជាដើម។ (អដ្ឋកថា)។] ដែល​បានមក​ដោយ​ធម៌ មិនពោល​ពាក្យកុហក ព្រោះសេចក្តី​ប្រាថ្នា​នូវកាមទេ។

បពិត្រកស្សបៈ លោកនោះ កាលបរិភោគ​នូវសាច់​ណាមួយ ដែល​បុគ្គលធ្វើ​ហើយ​ដោយ​ល្អ សម្រេច​ហើយ​ដោយល្អ តាក់តែង​ហើយ​ដ៏ឧត្តម ដែលជន​ទាំងឡាយ​ដទៃឲ្យ​ហើយ កាល​បរិភោគ​នូវបាយ​ស្រូវសាលី ឈ្មោះថា បរិភោគ​នូវវត្ថុ​មាន​ក្លិនឆ្អាប។

ម្នាលព្រហ្មពន្ធុ លោកកាល​បរិភោគនូវ​បាយនៃ​ស្រូវសាលី​ទាំងឡាយ ដោយ​សាច់នៃ​សត្វស្លាប ដែល​បុគ្គល​តាក់តែងល្អ​ហើយ ពោល​យ៉ាងនេះថា វត្ថុមាន​ក្លិនឆ្អាប មិនគួរ​ដល់​អាត្មាអញ។

បពិត្រព្រះកស្សប ខ្ញុំនឹងសួរនូវសេចក្តីនុ៎ះ​នឹងលោក វត្ថុ​មានក្លិនឆ្អាប​របស់លោក មានប្រការ​ដូចម្តេច។ ការ​សម្លាប់សត្វ វាយ កាត់ ចង លួច ពោល​ពាក្យកុហក បោកប្រាស ​បញ្ឆោត រៀនក្បួន​ឥតប្រយោជន៍ សេព​ភរិយា​របស់បុគ្គល​ដទៃ នេះហៅថា វត្ថុមាន​ក្លិនឆ្អាប មិនសំដៅ​យកការ​បរិភោគ​សាច់ទេ។ ជន​ទាំងឡាយ​ណា ក្នុងលោកនេះ​ មិនសង្រួម​ក្នុងកាម​ទាំងឡាយ ជាអ្នកប្រាថ្នា ញ៉ាមជ្រប់​ក្នុងរស​ច្របូកច្របល់ ដោយ​ភាពមិន​ស្អាត គឺ​មិច្ឆាជីវៈ ជានត្ថិកទិដ្ឋិ មាន​កាយកម្ម​ជាដើម​ មិន​រាបសា ឲ្យដឹង​បានដោយ​ក្រ នេះហៅថា វត្ថុមាន​ក្លិនឆ្អាប មិនសំដៅ​យកការ​បរិភោគ​សាច់ទេ។ ជនទាំង​ឡាយណា ជាអ្នកប្រាថ្នា​ចំពោះវត្តដ៏​សៅហ្មង ជាអ្នករឹងរូស ស៊ីសាច់ខ្នង [ចំពោះ​មុខ ល្អ កំបាំងមុខ អាក្រក់។] ទ្រុស្តមិត្ត មិនមាន​អាណិត ប្រកាន់ខ្លួន មិនឲ្យ​ទាន​ជាប្រក្រតី មួយទៀត មិនដែល​ឲ្យវត្ថុអ្វី​ដល់អ្នកណា​មួយ នេះហៅថា វត្ថុមាន​ក្លិនឆ្អាប មិន​សំដៅយក​ការបរិភោគ​សាច់ទេ។

សេចក្តីក្រោធ ស្រវឹង រឹងត្អឹង បង្កហេតុ បិទបាំងទោស ច្រណែន លើកខ្លួន ប្រកាន់​ខ្លួន មើលងាយ​គេ ស្និទ្ធស្នាល​ដោយ​ពួកអសប្បុរស នេះហៅថា វត្ថុមាន​ក្លិនឆ្អាប មិនសំដៅ​យកការ​បរិភោគ​សាច់ទេ។ ពួកជនណា មានបាប​ជាប្រក្រតី ចំពាក់​បំណុល​គេ និយាយ​ចាក់ដោត​គេ កោងដោយ​វោហារ ទ្រុស្តសីល ក្នុង​សាសនានេះ ជាជន​អាក្រក់ ជនណា​ធ្វើអំពើ​អាក្រក់​ក្នុងលោក​នេះ នេះហៅថា វត្ថុមាន​ក្លិនឆ្អាប មិនសំដៅ​យកការ​បរិភោគ​សាច់ទេ។ ពួកជនណា ក្នុងលោកនេះ ជាអ្នក​មិនសង្រួម​ក្នុង​សត្វ​ទាំងឡាយ កាន់យក​ទ្រព្យនៃ​បុគ្គលដទៃ ប្រកប​ខាងការ​បៀតបៀន ជាអ្នក​ទ្រុស្តសីល ជាព្រាន​សំដី​អាក្រក់​ មិនអើពើ នេះហៅថា​ វត្ថុមាន​ក្លិនឆ្អាប មិនសំដៅ​យកការ​បរិភោគ​សាច់ទេ។ សត្វទាំង​ឡាយណា ជាប់ចំពាក់​ក្នុង​ពួកសត្វ​ទាំងនេះ ជាអ្នកខឹង អ្នកសម្លាប់ ប្រកប​ក្នុង​អកុសល​ជានិច្ច លះលោក​នេះ នឹងទៅកាន់​លោកងងឹត មានក្បាល​សំយុងចុះ​ទៅនរក នេះហៅថា វត្ថុមាន​ក្លិនឆ្អាប មិនសំដៅ​យកការ​បរិភោគ​សាច់ទេ។

ការមិនស៊ីត្រី និងសាច់ មិនស៊ីបាយ អាក្រាត (កោរសក់ បួងសក់ លាបដោយភក់ ស្លៀក​ស្បែកខ្លាឃ្មុំ) សេព​ខាងការបំរើ​ភ្លើង មួយទៀត អមរតបៈ​ទាំងឡាយ​ដ៏ច្រើន [ការ​ប្រព្រឹត្ត​កំដៅសរីរៈ​ដ៏ច្រើន​ប្រភេទ មានព្យាយាម​អង្គុយ​ច្រហោង​ជាដើម ដែលនាំ​ឲ្យលំបាកកាយ​ទទេ ប្រព្រឹត្ត​ទៅព្រោះ​ប្រាថ្នានូវ​ភាពជា​ទេវតា។ អដ្ឋកថា។] ដែលមាន​ក្នុងលោក​ វេទមន្ត ការបូជាភ្លើង បូជាយញ្ញ (មាន​អស្សមេធៈ) ជាដើម និង​ការសេព (នូវទីក្តៅ ក្នុងគិម្ហ) រដូវ​ជាដើម ទាំងនេះ​ ញ៉ាំងសត្វ​ដែលមិនទាន់​ឆ្លងផុត​សេចក្តី​សង្ស័យ ឲ្យស្អាត​មិនបាន​ទេ។ បុគ្គល​ណា គ្រប់គ្រង​ក្នុងឥន្រ្ទិយទាំង ៦ នោះ ដឹងច្បាស់​ឥន្រ្ទិយទាំង ៦ ហើយ​គប្បីប្រព្រឹត្ត​តាំងនៅ​ក្នុងធម៌ ត្រេកអរ​ក្នុងការ​ទៀងត្រង់ និងសេចក្តី​ទន់ភ្លន់ កន្លងផុត​គ្រឿងចំពាក់ លះបង់ទុក្ខ​ទាំងអស់ មានប្រាជា្ញ មិនជាប់​នៅ ក្នុងអារម្មណ៍​ដែលខ្លួន​ឃើញ ដែលឮ។ ព្រះមានព្រះភាគ បានត្រាស់​សេចក្តី​នេះរឿយ ៗ ដូច្នេះ​ហើយ តិស្សព្រាហ្មណ៍ អ្នកដល់នូវ​ត្រើយនៃ​មន្ត ក៏ដឹងនូវ​សេចក្តី​នោះ ព្រះមុនី ជាអ្នក​មិនមាន​ក្លិនឆ្អាប គឺកិលេស មិនអាស្រ័យ​តណ្ហា និងទិដ្ឋិ ឥតអ្នក​ណាមួយ​ដឹកនាំ​ឲ្យអាក្រក់​បាន ទ្រង់ប្រកាស​ដោយ​គាថា​ទាំងឡាយ​ដ៏វិចិត្រ។ ព្រាហ្មណ៍​បានស្តាប់​បទសុភាសិត ដែលមិន​មានក្លិនឆ្អាប ជាគ្រឿង​បន្ទោបង់​នូវទុក្ខ​ទាំងពួង របស់​ព្រះពុទ្ធហើយ ក៏មាន​ចិត្តឱន​លំទោន ថ្វាយបង្គំ​ព្រះតថាគត សូម​បព្វជ្ជា ក្នុងទី​នេះឯង។

ចប់ អាមគន្ធសូត្រ ទី២។

ហិរិសូត្រ ទី៣

[២៣] បណ្ឌិតបុរស គប្បីដឹងនូវបុគ្គលនោះ ដែល​មិនមាន​សេចក្តី​អៀនខ្មាស មិនមាន​សេចក្តី​ខ្ពើមរអើម និយាយ​ថា ខ្ញុំជា​សម្លាញ់ (របស់អ្នក) មិនអើពើ​នឹងការងារ​ទាំងឡាយ (របស់​សំឡាញ់) ដែលខ្លួន​អាចធ្វើ​បានថា បុគ្គលនោះ មិនមែន​ជាមិត្ត​របស់​អញទេ។

បុគ្គលណា ពោលវាចាជាទីស្រឡាញ់ ដែលខ្លួន​មិនប្រព្រឹត្ត​តាមចំពោះ​មិត្ត បណ្ឌិត​ទាំងឡាយ កំណត់ដឹង (នូវបុគ្គល​នោះ) ថា គ្រាន់តែជា​អ្នកនិយាយ តែមិនធ្វើ។

បុគ្គលណា មិនប្រមាទ​សព្វកាល មានសេចក្តី​រង្កៀស​ក្នុងការ​បែកបាក់គ្នា ជាអ្នក​ឃើញរឿយ ៗ នូវទោស បុគ្គលនោះ មិនហៅថា​មិត្តទេ លុះតែ​បុគ្គលណា ដែលបុគ្គល​ដទៃ បំបែក​មិនបាន ដេកនៅ (ឥតរង្កៀស) ក្នុងមិត្តណា បុគ្គល​នោះឯង ទើបហៅថា​ជា​មិត្ត។

បុគ្គលជាអ្នកប្រាថ្នានូវផល កាលនាំមកនូវធុរៈ ជារបស់​បុរស រមែងញ៉ាំង​ឋានៈ គឺ​ព្យាយាម ជាទីធ្វើ​ឲ្យកើត​បាមោជ្ជៈ នាំមកនូវ​សេចក្តី​សរសើរ ជាសុខ ឲ្យចំរើន បុគ្គល​ក្រេបផឹក​នូវរស​នៃសេចក្តី​ស្ងប់រម្ងាប់​ផង នូវរសនៃ​ព្រះនិព្វាន ជាទីចូល​ទៅរម្ងាប់​ផង ផឹកនូវ​រសនៃ​បីតិ ដែលកើត​អំពីអរិយធម៌​ហើយ រមែងជា​អ្នកមិន​មានសេចក្តី​ក្រវល់ក្រវាយ មិនមាន​បាប។

ចប់ ហិរិសូត្រ ទី៣។

មង្គលសូត្រ ទី៤

[២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ​ ទ្រង់គង់នៅ​ក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។

គា្រនោះឯង ទេវតាអង្គ ១ កាលវេលារាត្រី​បឋមយាម កន្លង​ទៅហើយ មានរស្មី​ដ៏រុងរឿង ញ៉ាំងវត្ត​ជេតពន​ជុំវិញ​ទាំងអស់ ឲ្យភ្លឺស្វាង ហើយចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឈរ​នៅក្នុង​ទីសមគួរ។ លុះ​ទេវតានោះ ឈរក្នុងទី​សមគួរហើយ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដោយ​គាថាដូច្នេះ​ថា

[២៥] ទេវតា និងមនុស្សទាំងឡាយជាច្រើន ប្រាថ្នានូវសួស្តី បានគិត​រកនូវមង្គល​ទាំងឡាយ សូមព្រះអង្គ​ទ្រង់សំដែ​ងនូវមង្គល​ដ៏ឧត្តម។

(ព្រះមានព្រះភាគ ទ្រង់សំដែងថា) ការមិនសេព​គប់បុគ្គលពាល​ទាំងឡាយ ១ ការសេពគប់​បណ្ឌិត​ទាំងឡាយ ១ ការបូជា​ដល់បុគ្គល​ដែលគួរបូជា​ទាំងឡាយ ១ (ទាំង ៣) នេះ ជាមង្គល​ដ៏ឧត្តម។

ការនៅក្នុងប្រទេសដ៏សមគួរ ១ ភាពនៃបុគ្គល​បានធ្វើ​បុណ្យ​ទុកក្នុង​កាលមុន ១ ការដំកល់​ខ្លួនដោយ​ប្រពៃ ១ (ទាំង ៣) នេះ ជាមង្គល​ដ៏ឧត្តម។

ពាហុសច្ចៈ ១ សិល្បសាស្រ្ត ១ វិន័យដែល​សិក្សាដោយ​ប្រពៃ ១ វាចា​ដែលពោល​ត្រឹមត្រូវ ១ (ទាំង ៤) នេះ ជាមង្គល​ដ៏ឧត្តម។

ការបំរើមាតាបិតា ១ សេចក្តីសង្រ្គោះបុត្រ​ និង​ភរិយា ១ ​ការងារ​ទាំងឡាយ​មិន​ច្របូកច្របល់ ១ (ទាំង៣) នេះ ជាមង្គល​ដ៏ឧត្តម។

ទាន ១ ការប្រព្រឹត្តិធម៌ ១ ការសង្រ្គោះពួកញាតិ ១ ការងារ​មិនមាន​ទោស ១ (ទាំង ៤) នេះ ជាមង្គល​ដ៏ឧត្តម។

ការមិនត្រេកអរក្នុងបាប និង​កិរិយាវៀរចាក​បាប ១ សេចក្តី​សង្រួម​ចាក​កិរិយា​ផឹកទឹក​ស្រវឹង ១ សេចក្តីមិន​ប្រមាទក្នុង​ធម៌​ទាំងឡាយ ១ (ទាំង ៣) នេះ ជាមង្គល​ដ៏ឧត្តម។

សេចក្តីគោរពចំពោះបុគ្គលដែលគួរគោរព​ ១ ការប្រព្រឹត្តិ​បន្ទាបខ្លួន ១ សេចក្តី​ត្រេកអរ​ចំពោះ​របស់ដែល​មាន ១​ ភាពនៃ​បុគ្គលអ្នក​ដឹងឧបការគុណ​ដែល​អ្នកដទៃ​ធ្វើដល់​ខ្លួន ១ ការស្តាប់ធម៌​តាមកាល ​១ (ទាំង ៥) នេះ ជាមង្គល​ដ៏ឧត្តម។

សេចក្តីអត់ធន់ ១ ភាពនៃបុគ្គលដែលប្រដៅងាយ ១ ការបាន​ឃើញ បានចួប​សមណៈ​ទាំងឡាយ ១ ធម្មសាកច្ឆា​តាមកាល ១ (ទាំង ៤) នេះ ជាមង្គល​ដ៏ឧត្តម។

សេចក្តីព្យាយាមដុតបាបធម៌ ១ ការប្រព្រឹត្តិនូវធម៌​ដ៏ប្រសើរ ១ ការឃើញ​នូវ​អរិយសច្ច​ទាំងឡាយ ១ ការធ្វើ​ឲ្យជាក់ច្បាស់​នូវ​ព្រះនិព្វាន ១ (ទាំង ៤) នេះ ជាមង្គល​ដ៏ឧត្តម។

ចិត្តនៃបុគ្គលណា ដែល​លោកធម៌​ពាល់ត្រូវហើយ មិនរំភើប​ញាប់ញ័រ ១ មិនមាន​សេចក្តី​សោក ១ មានធូលី គឺរាគៈ ទៅ​ប្រាស​ហើយ ១ ចិត្តក្សេមក្សាន្ត ១ (ទាំង ៤) នេះ ជាមង្គល​ដ៏ឧត្តម។

ទេវតា និងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយ ប្រាកដ​ដូច្នេះហើយ ជាអ្នក​មិនចាល​ចាញ់ ក្នុងទីទាំង​ពួង តែងដល់​នូវសួស្តី​ក្នុងទី​ទាំងពួង (ម្នាល​ទេវតា អ្នកចូរ​ប្រកាន់​ជឿថា) មង្គលទាំង​ ៣៨ ប្រការ មានការ​មិនសេពគប់​នូវបុគ្គល​ពាល​ជាដើម​នោះ របស់​ទេវតា និង​មនុស្ស​ទាំងអម្បាលណោះ ជាមង្គល​ដ៏ឧត្តម។

ចប់ មង្គលសូត្រ ទី៤។

សូចិលោមសូត្រ ទី៥

[២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើ​គ្រែថ្ម ជាលំនៅ​នៃ​សូចិលោមយក្ស ទៀប​គយាគ្រាម។ សម័យនោះ​ឯង ខរយក្ស និង​សូចិលោមយក្ស នាំគ្នាដើរ​ទៅជិត​ព្រះមានព្រះភាគ។ លំដាប់នោះ ខរយក្ស​បាននិយាយ​នឹង​សូចិលោមយក្ស​ថា នុ៎ះព្រះសមណៈ។ សូចិលោមយក្ស ឆ្លើយថា នុ៎ះមិនមែន​ព្រះសមណៈ​ទេ ​នុ៎ះគ្រាន់​តែប្រហែល​នឹង​ព្រះសមណៈ ចាំខ្ញុំសង្កេត​ឲ្យដឹងថា ជា​ព្រះសមណៈ ឬប្រហែល​នឹង​ព្រះសមណៈ​សិន។ វេលា​នោះ សូចិលោមយក្ស ក៏ចូលទៅជិត​ព្រះមានព្រះភាគ​ លុះចូលទៅ​ដល់ហើយ បន្ទន់កាយ ទៅរក​ព្រះមានព្រះភាគ។ ចំណែក​ព្រះមានព្រះភាគ ងាកព្រះកាយ​ចេញ។ លំដាប់នោះ​សូចិលោមយក្ស ទូលសួរ​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះសមណៈ ខ្លាចខ្ញុំឬ។ ម្នាល​អាវុសោ តថាគត​មិនខ្លាច​អ្នកទេ តែ​សម្ផស្ស​របស់អ្នកឯង​អាក្រក់។

ព្រះសមណៈ យើងនឹង​សួរប្រស្នា​ចំពោះលោក បើលោក​មិនឆ្លើយ​ប្រាប់យើង យើងនឹង​ធ្វើចិត្ត​របស់លោក​ឲ្យរវើរវាយ ឬនឹង​ហែកហ្ឫទ័យ​លោក ឬក៏នឹង​ចាប់ជើង​បោះទៅត្រើយ​ម្ខាងទន្លេគង្គា។ ម្នាល​អាវុសោ បុគ្គលណា​ គប្បីញ៉ាំង​ចិត្តតថាគត​ឲ្យរាយមាយ​ក្តី ហែកហ្ឫទ័យ​តថាគតក្តី គប្បីចាប់​ជើងតថាគត គ្រវីបោះ​ទៅត្រើយ​ម្ខាងទន្លេ​គង្គាក្តី តថាគត​មិនឃើញ​បុគ្គលនោះ ទោះបី​ក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួក​សត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និង​មនុស្សដ៏សេស​ឡើយ ម្នាល​អាវុសោ មួយទៀត អ្នកប្រាថ្នា (នឹងសួរ) ប្រស្នា​ណា ចូរសួរ​ប្រស្នានោះ​មកចុះ។ លំដាប់នោះ សូចិលោមយក្ស បានពោល​ទៅនឹង​ព្រះមានព្រះភាគ​ ដោយគាថា​ដូច្នេះថា

[២៧] រាគៈ និងទោសៈ មានអ្វីជាហេតុ សេចក្តី​មិនត្រេកអរ សេចកី្ត​ត្រេកអរ និង​ការ​ព្រឺរោម កើតមក​អំពីអ្វី មនោវិតក្កៈ កើតមកអំពីអ្វី ដែលគួរ​លះបង់ចោល ដូចជា​ពួកក្មេង​លែងក្អែក​ចោល។

រាគៈ ទោសៈ មានអត្តភាពនេះ​ជាហេតុ សេចក្តី​មិនត្រេកអរ សេចក្តីត្រេកអរ និង​ការព្រឺរោម​ កើតមកអំពី​អត្តភាពនេះ មនោវិតក្កៈ កើតមកអំពី​អត្តភាពនេះ ដែលគេ​លះបង់​ចោល ដូចជាពួក​ក្មេងលែងក្អែក​ចោល [រាគៈក្តី ទោសៈ​ក្តី អកុសលវិតក្កៈ មាន​កាមវិតក្កៈ​ជាដើមក្តី កើតមក​អំពីអត្តភាព​ទាំងអស់ កាលបើធម៌​ទាំងនោះ​កើតឡើង​ហើយ ក៏លះបង់​នូវ​កុសលចិត្ត​ស្រឡះ ដូចជាពួក​ក្មេងអ្នក​ស្រុក យកខ្សែចង​ជើងក្អែក ហើយ​គ្រវែងចោលទៅ។ អដ្ឋកថា។]។

កិលេសទាំងឡាយ កើតមកអំពី​សេចក្តី​ស្នេហា​ គឺតណ្ហា​ ក៏កើតអំពី​ខ្លួន ដូចជា​ពួរជ្រៃ ដែលកើត​អំពីដើមជ្រៃ កិលេសដ៏ច្រើន ជាប់ចំពាក់​ក្នុង​វត្ថុកាម​ទាំងឡាយ ដូចជា​ពួរឈើ​ចាក់ស្រែះ​ក្នុងព្រៃ។

ពួកជនណា ដឹងនូវកិលេសនោះ ថាកើត​អំពីហេតុ​ណា ពួកជននោះ តែង​បន្ទោបង់​នូវហេតុ​នោះចេញ ម្នាល​យក្ស ចូរអ្នកស្តាប់ចុះ ពួកជន​ទាំងនោះ តែងឆ្លង​នូវអន្លង់​នេះ ដែលគេ​ឆ្លងបាន​ដោយក្រ ដែលខ្លួន​មិនធ្លាប់ឆ្លង ដើម្បី​ដល់​ព្រះនិព្វាន ដែលជា​ទីមិនកើត​ទៀត។

ចប់ សូចិលោមសូត្រ ទី៥។

ធម្មចរិយសូត្រ ទី៦

[២៨] ព្រះអរិយៈទាំងឡាយ តែងពោលនូវ​ធម្មចរិយៈ [បានដល់​កាយសុចរិត​ជាដើម។] និង​ព្រហ្មចរិយៈ [បានដល់​មគ្គព្រហ្មចារ្យ គឺអដ្ឋង្គិកមគ្គ។] នេះ ថាជា​រតនៈ​ដ៏ឧត្តម ប្រសិនបើ​បុគ្គលចេញ​ចាកផ្ទះ ទៅបួស​ក្នុង​ធម្មវិន័យ។

បើបុគ្គលនោះ ជាអ្នកមានមាត់រឹង ត្រេកអរ​ក្នុងការ​បៀតបៀន ដូច​ជា​សត្វម្រឹគ ជីវិត​របស់​បុគ្គលនោះ ជាជីវិត​អាក្រក់​ក្រៃលែង បុគ្គលនោះ តែងញ៉ាំង​ធូលី គឺកិលេស ឲ្យចំរើន​ឡើងដល់​ខ្លួន។

ភិក្ខុអ្នកត្រេកអរក្នុងជម្លោះ ត្រូវមោហធម៌​ចាក់ស្រែះ​ហើយ ក៏លែង​ដឹងធម៌​ដែលពួក​ភិក្ខុបាន​ប្រាប់ហើយ​ផង ដែល​ព្រះពុទ្ធ​ទ្រង់សំដែង​ផង ភិក្ខុអ្នក​ត្រូវអវិជា្ជ​រួបរឹត ហើយ​បៀតបៀន​នូវ​ព្រះខីណាស្រព​ទាំងឡាយ ដែលជា​អ្នកមានខ្លួន​អប់រំហើយ រមែង​មិនស្គាល់​នូវសេចក្តី​សៅហ្មង ជាផ្លូវ​ទៅកាន់​នរក ហើយចូល​ទៅកាន់​អបាយ ៤ ចេញចាក​គភ៌ទៅកាន់​គភ៌ ចេញចាក​អសុរកាយ ទៅកាន់​អសុរកាយ ភិក្ខុនោះ រមែងដល់​នូវសេចក្តី​ទុក្ខ​ក្នុងបរលោក។ មួយទៀត បុគ្គល​ដែលមាន​សភាព​យ៉ាងនេះ ជាអ្នក​ប្រកប​ដោយ​កិលេស ដូចទីទួល លាងជំរះ​បានដោយ​កម្រ ដូចជា​រណ្តៅលាមក ពេញប្រៀប​អួអាប់​រាប់ឆ្នាំ (ដែលគេលាង​សម្អាត​បានដោយ​កម្រ)។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរដឹង​នូវបុគ្គល ដែលអាស្រ័យ​នូវផ្ទះ គឺ​កាមគុណ ជាអ្នក​មានសេចក្តី​ប្រាថ្នាលាមក មាន​សេចក្តី​ត្រិះរិះ​អាក្រក់ មានអាចារៈ និងគោចរៈ​អាក្រក់​បែបនេះ។ អ្នករាល់​គ្នា គប្បី​ជាអ្នក​ព្រមព្រៀង​គ្នា ចៀសវាង​នូវបុគ្គល​នោះចេញ ចូរបោះបង់​ចោល​ដូចជា​គេបោស​សំរាម​ចោល ចូរទាញ​ចេញនូវ​បុគ្គលអ្នក​ប្រព្រឹត្ត​ក្រខ្វក់ តពីនោះ​ទៅ គប្បី​បណ្តេញ​នូវពួកបុគ្គល​ដែលដូច​ជា​សំដីស្រូវ មិនមែន​ជាសមណៈ ប្រកាន់ថា ខ្លួនជា​សមណៈ​ចេញ។ លុះអ្នក​ទាំងឡាយ បណ្តេញ​បុគ្គលអ្នក​ប្រាថ្នា​អាក្រក់ មានអាចារៈ និង​គោចរៈ​អាក្រក់​បានហើយ ជាអ្នក​បរិសុទ្ធ​សម្រេចការ​នៅជាមួយ​នឹងបុគ្គល​បរិសុទ្ធ អ្នកមាន​សេចក្តី​គោរព​កោតក្រែង​គ្នា តទៅ​នឹងជា​អ្នកព្រម​ព្រៀងគ្នា​ មានប្រាជ្ញា​ចាស់ក្លា ធ្វើនូវ​ទីបំផុត​នៃទុក្ខបាន។

ចប់ ធម្មចរិយសូត្រ ទី៦។

ព្រាហ្មណធម្មិកសូត្រ ទី៧

[២៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះ ពួក​ព្រាហ្មណមហាសាល ជា​ច្រើននាក់ នៅក្នុង​ដែនកោសល ជាមនុស្ស​ចាស់គ្រាំគ្រា ជាព្រឹទ្ធាចា្យ មាន​អាយុច្រើន រស់នៅ​បានយូរ​ឆ្នាំ​មកហើយ មានអាយុ​ក៏ជ្រុលចូល​មកក្នុង​បច្ឆិមវ័យ​ហើយ បាននាំ​គ្នាចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏រីករាយ​ជាមួយ​នឹង​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែល​គួររីករាយ​ និងពាក្យ​ដែលគួរ​រលឹក​ហើយ ក៏អង្គុយ​ក្នុងទី​សមគួរ។ លុះ​ព្រាហ្មណ​មហាសាល​ទាំងនោះ អង្គុយ​ក្នុងទីសម​គួរហើយ បានក្រាប​បង្គំទូល​សួរ​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ឥឡូវ​នេះ ​ពួក​ព្រាហ្មណ៍​ប្រាកដ​ក្នុង​ព្រាហ្មណធម៌ របស់ពួក​ព្រាហ្មណ៍​ជាន់ចាស់​ដែរឬ។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលព្រាហ្មណ៍​ទាំងឡាយ ឥឡូវនេះ ពួកព្រាហ្មណ៍ មិន​ប្រាកដ​​ក្នុង​ព្រាហ្មណធម៌​ របស់​ពួកព្រាហ្មណ៍​ជាន់ចាស់​ទេ។ បើ​ព្រះគោតម​ដ៏ចំរើន​មិនធ្ងន់​ព្រះទ័យ​ទេ សូម​ព្រះគោតម​ដ៏​ចំរើន សំដែង​ព្រាហ្មណធម៌ របស់​ពួកព្រាហ្មណ៍​ជាន់ចាស់​ដល់ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ចុះ។ ម្នាល​ព្រាហ្មណ៍​ទាំងឡាយ បើដូច្នោះ អ្នក​ទាំង​ឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយ​ប្រពៃចុះ តថាគត​នឹងសំដែង។ ព្រាហ្មណ​មហាសាល​ទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា

[៣០] ពួកឥសីជាន់មុន ជាអ្នកមានចិត្តសង្រួម​ហើយ មានតបៈ គឺ​ឥន្រ្ទិយសំវរៈ លះបង់​កាមគុណ​ទាំង ៥ ធ្វើប្រយោជន៍​បម្រុង​ខ្លួន។

ពួកព្រាហ្មណ៍ មិនមានសត្វចិញ្ចឹម មិនមានប្រាក់ មិនមាន​ស្រូវសន្សំទុក មានតែ​ទ្រព្យ និងស្រូវ គឺការ​ស្វាធ្យាយ រក្សាតែ​ព្រហ្មវិហារ ជាកំណប់​ទ្រព្យ។

ពួកទាយក តាក់តែងភត្តណា ដំកល់​ទៀបទ្វារផ្ទះ ដើម្បីពួក​ព្រាហ្មណ៍​ទាំងនោះ ពួកទាយក​បានសំគាល់​នូវភត្ត​នោះ ដើម្បីឲ្យ​ដល់ពួក​ព្រាហ្មណ៍ កាលស្វែង​រកនូវភត្ត ដែល​គេចាត់ចែង​ដោយ​សទ្ធា។

ពួកអ្នកជនបទ និងអ្នកដែន ជាមនុស្ស​សម្បូរដោយ​សំពត់​ជ្រលក់​ដោយពណ៌​ផ្សេង ៗ ដោយ​ទីដេក និងទីនៅ​អាស្រ័យ​ទាំងឡាយ តែងថ្វាយ​បង្គំ​ពួក​ព្រាហ្មណ៍​ទាំងនោះ។

ពួកព្រាហ្មណ៍ជាអ្នកមិនត្រូវគេបៀតបៀន មិនត្រូវគេ​សង្កត់​សង្កិន ព្រោះធម៌​រក្សា ជននីមួយ មិនហាមឃាត់​ពួកព្រាហ្មណ៍​ទាំងនោះ ក្នុងទ្វារ​ផ្ទះនៃ​ត្រកូល ដោយប្រការ​ទាំងពួង​ឡើយ។

ព្រាហ្មណ៍ទាំងនោះ បានប្រព្រឹត្តព្រហ្មចរិយៈ (តាំងអំពី​ក្មេង) អស់ ៤៨ ឆ្នាំ ពួកព្រាហ្មណ៍​បានប្រព្រឹត្ត​នូវការស្វែង​រកវិជ្ជា និង​ចរណៈ​មុន។

ព្រាហ្មណ៍ទាំងនោះ មិនបាន​ទៅកាន់ផ្ទះនៃ​បុគ្គល​ដទៃ និង​មិនទិញ​ភរិយា​យកមកនៅ​រួមសង្វាស​គ្នា ដោយសេចក្តី​ស្រឡាញ់ទេ។

ពួកព្រាហ្មណ៍ មិនប្រព្រឹត្តមេថុនធម្ម ក្នុងចន្លោះ​ដែលដល់​នូវការ​វៀរចាក​រដូវ វៀរលែង​តែសម័យ​គួរនោះ។

ពួកព្រាហ្មណ៍តែងសរសើរព្រហ្មចរិយៈ [មេថុនវិរតិ។] សីល សេចក្តី​ទៀងត្រង់ សេចក្តី​ទន់ភ្លន់ តបៈ គឺឥន្រ្ទិយសំវរៈ សេចក្តី​ស្លូតបូត សេចក្តី​មិនបៀតបៀន និង​សេចក្តី​អត់ធន់។

ព្រាហ្មណ៍ស្មើដោយព្រហ្ម ជាអ្នកមានព្យាយាម​មាំមួន ខ្ពង់ខ្ពស់​ជាង​ពួកព្រាហ្មណ៍​ទាំងនោះ ព្រាហ្មណ៍​ស្មើដោយ​ព្រហ្មនោះ សូម្បីតែ​យល់សប្តិ​ឃើញ​សេពមេថុនធម្ម ក៏មិន​ដែល​មាន។

មនុស្សមួយពួកក្នុងលោកនេះ ជាអ្នក​ចេះដឹង​ កាលសិក្សា​តាមវត្ត​របស់​ព្រាហ្មណ៍​ស្មើ​ដោយ​ព្រហ្មនោះ បានសរសើរ​ព្រហ្មចរិយៈ សីល និង​ខន្តិធម៌។

ព្រាហ្មណ៍ទាំងនោះ សូមអង្ករ ទីដេក សំពត់ ទឹកដោះថ្លា និងប្រេង​ តាមធម៌ ប្រមូល​មកសម្រេចនូវ​យញ្ញៈ​អំពីវត្ថុ​នោះ កាលបើ​យញ្ញៈប្រាកដ​ឡើងហើយ ក៏មិនបាន​សម្លាប់គោ​ទាំងឡាយ​ឡើយ។

ឱសថ គឺ​បញ្ចគោរស កើតក្នុងគោ​ទាំងឡាយ​ណា គោទាំង​នោះ ជាមិត្ត​ដ៏ប្រសើរ​របស់​ពួកយើង ដូចជា​មាតាបិតា បងប្អូន និង​ពួកញាតិ​ដទៃ ៗ។

គោទាំងនោះ ជាអ្នកឲ្យបាយ ឲ្យកំឡាំង ឲ្យពណ៌សម្បុរ ឲ្យសេចក្តី​សុខ​ដូច្នោះ ព្រាហ្មណ៍​ទាំងនោះ លុះបានដឹង​នូវអំណាច​នៃ​ប្រយោជន៍​នុ៎ះហើយ ក៏មិនដែល​សម្លាប់​គោទាំងឡាយ​ឡើយ។

ពួកព្រាហ្មណ៍ជាអ្នកមានអវយវៈទន់ភ្លន់ មាន​កាយ​ប្រសើរ មានសម្បុរ​ល្អ មានយស ជាអ្នក​ខ្វល់ខ្វាយ​ក្នុងកិច្ច​តូចធំ តាមធម៌​របស់ខ្លួន បាន​ប្រព្រឹត្តក្នុង​លោក​ត្រឹមណា ពួកសត្វ​នេះ ក៏បាន​សេចក្តីសុខ (ត្រឹម​ណោះ)។

ព្រាហ្មណ៍ទាំងនោះ មានសេចក្តីវិបលា្លស ព្រោះឃើញ​កាមសុខ​មាន​ប្រមាណតិច ដែលកើត​អំពី​កាមគុណ​មានប្រមាណ​តិច​ផង នូវសម្បត្តិ​របស់សេ្តច​ផង នូវនារី​ទាំងឡាយ តាក់តែង​គ្រឿងប្រដាប់​ផង នូវរថ​ដែលទឹម​ដោយសេះ​អាជានេយ្យ ដែល​ធ្វើល្អ ពាស​ដោយស្បែក​ដ៏វិចិត្រផង នូវទីផ្ទះ និងផ្ទះ​ដែលគេ​ចែករាប់​ជាចំណែក ៗ ផង ពួកព្រាហ្មណ៍​តែងចង់បាន​នូវសម្បត្តិ ជារបស់​មនុស្ស​ដ៏លើសលុប ដេរដាស​ដោយ​ហ្វូងគោ និង​ប្រកប​ដោយពួក​នារីដ៏ប្រសើរ។

ព្រាហ្មណ៍ទាំងនោះ តែងមន្ត ព្រោះចង់បាន​ទ្រព្យនោះ បានចូល​ទៅរកព្រះបាទ​ឱកា្កកៈ ក្នុងវេលា​នោះថា (ព្រះអង្គ​ចូរបូជា​នូវទ្រព្យ​ដ៏វិចិត្រ​ជាច្រើន​របស់ព្រះអង្គ) សូមព្រះអង្គ​បូជានូវ​ធនសម្បត្តិ​ជាច្រើន​របស់ព្រះអង្គ នឹងបាន​នូវទ្រព្យ និងស្រូវ​ជាច្រើន។

គ្រានោះ ពួកព្រាហ្មណ៍បានពន្យល់ព្រះរាជា អ្នក​មិនញាប់ញ័រ ដូច​គោឧសភៈ​ក្នុងរថ (ឲ្យ​ធ្វើយញ្ញៈ ៥ យ៉ាង) គឺ​អស្សមេធៈ (យញ្ញៈ​ជាទីបៀតបៀន​សេះ) ១ បុរិសមេធៈ (យញ្ញៈ​ជាទី​បៀតបៀន​បុរស) ១ សមា្មបាសៈ (យញ្ញៈ​ជាទីបោះ​ទៅនូវ​កាំនឹម) ១ វាជបេយ្យៈ (យញ្ញៈ​ជាទីផឹក​នូវទឹក​ដោះថ្លា និង​ទឹកឃ្មុំ ដែល​គេតាក់តែង​ឲ្យជាជើង​នៃមន្ត) ១ និរគ្គឡៈ (យញ្ញៈ​មិនមាន​សន្ទះទ្វារ) ១។

លុះព្រាហ្មណ៍ទាំងនោះ បានបូជានូវ​ការបូជា​ទាំងនោះ​រួចហើយ ក៏បាន​ឲ្យទ្រព្យ​ដល់ពួក​ព្រាហ្មណ៍ ឲ្យគោ ទីដេក សំពត់ និងនារី​ដែលមាន​គ្រឿងប្រដាប់​តាក់តែង រថទឹម​ដោយ​សេះអាជានេយ្យ​ដែលធ្វើល្អ ពាសដោយ​ស្បែកដ៏វិចិត្រ លំនៅ​ជាទី​ត្រេកអរ ដែល​គេចាត់ចែង​ដោយសព្វ​គ្រប់ ផ្ទុកទ្រព្យ​ផ្សេង ៗ ពេញហើយ​ឲ្យទ្រព្យ​ដល់ពួក​ព្រាហ្មណ៍។

លុះព្រាហ្មណ៍ទាំងនោះ បានទ្រព្យក្នុងទីនោះ​ហើយ ក៏សន្សំ​គរទុក ព្រាហ្មណ៍​ទាំង​នោះ ត្រូវសេចក្តី​បា្រថ្នាគ្រប​សង្កត់ហើយ តណ្ហា​ក៏ចំរើន​ឡើង​ក្រៃលែង ព្រាហ្មណ៍​ទាំងនោះ តែង​មន្តក្នុង​ទីនោះ ហើយចូល​ទៅគាល់​ព្រះបាទ​ឱក្កាកៈ​ទៀត។

ទឹក ដី ប្រាក់ ទ្រព្យ និងស្រូវ យ៉ាងណា គោទាំងឡាយ សម្រាប់​ប្រកប​កិច្ចការ​របស់​មនុស្ស ក៏យ៉ាង​នោះដែរ ព្រោះថា វត្ថុ មានទឹកជា​ដើមនោះ ជាបរិក្ខារ​របស់​ពួកសត្វ​មានជីវិត សូមព្រះអង្គ​បូជានូវ​ទ្រព្យ​ដ៏វិចិត្រ​ជាច្រើន​របស់​ព្រះអង្គ សូម​ព្រះអង្គ​បូជានូវ​ធនសម្បត្តិ​ដ៏ច្រើន​របស់​ព្រះអង្គ។

លំដាប់នោះ ព្រះរាជា ដូចជា​គោឧសភៈក្នុងរថ ត្រូវពួក​ព្រាហ្មណ៍​ពន្យល់ហើយ ក៏បាន​សម្លាប់គោ​រាប់សែន​ជាច្រើន ក្នុងការ​បូជាយញ្ញៈ។

គោស្មើគ្នានឹងចៀម ជាសត្វស្លូត រួតទឹកដោះ​ដាក់ឆ្នាំងបាន មិនចេះ​បៀតបៀន​គេដោយ​ជើង​ មិនចេះ​បៀតបៀន​គេដោយ​ស្នែង និងដោយ​អវយវៈណា​មួយឡើយ ព្រះរាជា​ទ្រង់ចាប់គោ​ទាំងនោះ​ត្រង់ស្នែង ហើយ​សម្លាប់ដោយ​គ្រឿងសស្រា្ត។

លំដាប់នោះ ពួកទេវតាក្តី ពួកព្រហ្មជាបិតា​ក្តី ព្រះឥន្ទក្តី អសុរ និង​អារ័ក្ខទឹកក្តី ក៏កន្ទក់​កន្ទេញ​ថា ស្តេចគ្មាន​ធម៌​ដូច្នេះ ព្រោះ​ព្រះរាជា​សម្លាប់គោ ដោយគ្រឿង​សស្រ្តា។

ក្នុងបុរី មានរោគ ៣ យ៉ាង គឺសេចក្តី​ប្រាថ្នា ១ ការគ្មានស៊ី ១ សេចក្តី​គ្រាំគ្រា ១ ចំរើន​ឡើងដល់ ៩៨ (មាន​រោគភ្នែក​ជាដើម) ព្រោះសម្លាប់​នូវសត្វ​ចិញ្ចឹម។

នេះជាអធម៌​នៃពួកទណ្ឌៈ ប្រព្រឹត្តយូរ​ហើយ អ្នកបូជា​ទាំងឡាយ តែង​បៀតបៀន​នូវគោ​ទាំងឡាយ ជាសត្វ​មិនប្រទូស្ត រមែង​សាបសូន្យ​ចាកធម៌។

នេះឯងជាធម៌ថោកទាប មានមក​តាំងពី​កាលមុន ដែលអ្នក​ប្រាជ្ញ​តិះដៀល​ហើយ​យ៉ាងនេះ វិញ្ញូជន​ឃើញនូវ​អំពើដូច្នេះ ក្នុងបុគ្គល​អ្នកបូជា​ណា តែង​តិះដៀល​នូវបុគ្គល​អ្នកបូជា​នោះ។

កាលបើព្រាហ្មណធម៌វិនាសយ៉ាងនេះ​ហើយ ពួកសុទ្ទៈ និងវេស្សៈក៏បែកគ្នា ពួក​ខត្តិយៈ​ជាច្រើន​ក៏បែកគ្នា ទាំង​ភរិយា​ក៏មើលងាយ​ប្តី។

ពួកក្សត្រក្តី ពួកជនជាផៅពង្សនៃព្រហ្ម​ក្តី និង​ពួកជន​ដទៃ អ្នកដែល​គោត្ររក្សា​ក្តី ក៏លែង​ប្រកាន់ពាក្យ​ពោលអំពី​ជាតិ លុះក្នុង​អំណាច​នៃកាម​ទាំងឡាយ។

[៣១] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះ​ហើយ ពួកព្រាហ្មណ​មហាសាល​ទាំងនោះ ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់ពេក​ណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់​ពេកណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ធម៌ដែល​ព្រះអង្គ​សំដែង​ហើយ ដោយ​អនេកបរិយាយ​យ៉ាងនេះ ដូចគេផ្ងារ​នូវរបស់​ដែលផ្កាប់ ឬបើក​បង្ហាញ​របស់ដែល​កំបាំង ពុំនោះ ដូចគេ​ប្រាប់ផ្លូវ​ដល់អ្នក​វង្វេងទិស ឬដូចគេ​ទ្រោលប្រទីប​ប្រេង ក្នុងទី​ងងឹត​ដោយគិតថា បុរសអ្នក​មានចក្ខុ ឃើញនូវ​រូបទាំងឡាយ​បាន ខ្ញុំព្រះអង្គ​ទាំងនេះ សូមដល់​នូវ​ព្រះគោតម​ដ៏ចំរើន​ផង ព្រះធម៌ផង ព្រះភិក្ខុ​សង្ឃផង ជាទីរឭក សូមព្រះគោតម​ដ៏ចំរើន​ ជា្របនូវ​ខ្ញុំព្រះអង្គ​ទាំងឡាយ​ថា ជាឧបាសក​អ្នកដល់នូវ​សរណគមន៍​ស្មើដោយ​ជីវិត ចាប់ដើម​អំពីថ្ងៃ​នេះតទៅ។

ចប់ ព្រាហ្មណធម្មិកសូត្រ ទី៧។

នាវាសូត្រ ទី៨

[៣២] បុរសបានដឹងធម៌ អំពីសំណាក់អាចារ្យណា​ គប្បីបូជា​អាចារ្យ​នោះ ដូចជា​ទេវតា​បូជាព្រះឥន្ទ អាចារ្យ​អ្នកចេះ​ដឹងច្រើន ដែលមាន​សិស្សបាន​បូជាហើយ​នោះ ជាអ្នក​មានចិត្ត​ជ្រះថ្លា​ក្នុងសិស្ស​នោះ រមែង​ធ្វើធម៌​ឲ្យជាក់ច្បាស់។ សិស្ស​នោះ កាលបើ​បានធ្វើ​ធម៌នោះ ឲ្យតាំង​នៅហើយ បាន​ពិចារណា ជាធីរជន ប្រតិបត្តិ​ធម៌​សមគួរ​តាមធម៌ រមែង​ជាអ្នកដឹង ជាអ្នក​ធ្វើឲ្យជាក់​ច្បាស់ ទាំងជា​អ្នកមាន​បញ្ញាល្អិត បុគ្គល​ដែលមិន​ប្រមាទ រមែង​សេពគប់​អ្នកប្រាជ្ញ​បែបនោះ។ សិស្សកាល​បើសេពគប់​នឹងអាចារ្យ ជាអ្នក​ទន់ទាប ល្ងង់ខ្លៅ មាន​ប្រយោជន៍​មិនទាន់សម្រេច មានតែសេចក្តី​ច្រណែន​គេ រមែងមិន​បានធ្វើឲ្យ​ជាក់ច្បាស់​នូវធម៌​ក្នុងសាសនា​នេះ មិនបាន​ឆ្លងផុត​សេចក្តី​សង្ស័យ​ ដល់នូវ​មរណៈ។ ជនចុះ​កាន់ទន្លេ មានទឹកច្រើន លំហាច​ហូរខ្លាំង ជននោះ កាល​រសាត់​អណ្តែត​ទៅតាម​ខ្សែទឹក ធ្វើម្តេច​នឹងអាច​ចម្លងពួក​ជនឯទៀត​បាន យ៉ាង​ណាមិញ។ បុគ្គលណា មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវធម៌ មិនបាន​ស្តាប់សេចក្តី (ក្នុង​សំណាក់) នៃពួក​ពហុស្សូត មិនទាន់​យល់ដោយ​ខ្លួនឯង ជាអ្នក​មិនទាន់​អស់សេចក្តី​សង្ស័យ ធ្វើម្តេច​នឹងអាច​ញ៉ាំងជន​ឯទៀត​ឲ្យយល់បាន ក៏យ៉ាង​នោះដែរ។ បុគ្គលឡើង​ជិះទូក​ដ៏មាំ បរិបូណ៌​ដោយ​ចែវ និងថ្នោល ជាអ្នកដឹង​ឧបាយ​ក្នុងការទូក​នោះ ជាអ្នក​ឈ្លាស​វៃ មានគំនិត គប្បីចម្លង​ពួកជន​ដទៃជា​ច្រើន ក្នុងទូកនោះ​បាន​យ៉ាងណាមិញ ចំណែក​បុគ្គលណា ជាអ្នក​ដល់នូវវេទ មានចិត្ត​បានអប់រំ​ហើយ ជា​ពហុស្សូត មិន​ញាប់ញ័រ (ក្នុង​លោកធម៌) បុគ្គល​នោះឯង ជាអ្នក​ចេះដឹង ញ៉ាំងពួក​ជនដទៃ ដែល​ជាអ្នក​បរិបូណ៌​ដោយការ​ត្រងត្រាប់ និង​ឧបនិស្ស័យ​ឲ្យចេះ​ដឹងបាន ក៏យ៉ាង​នោះឯង។

ព្រោះហេតុនោះ បុគ្គលគួរសេពគប់​សប្បុរស ជាអ្នក​មានប្រាជ្ញ​ ទាំងជា​ពហុស្សូត បុគ្គលនោះ កាលដឹង​សេចក្តី​ហើយ ប្រតិបត្តិតាម ជាអ្នកដឹង​ធម៌ច្បាស់ រមែង​បាននូវ​សេចក្តី​សុខ។

ចប់ នាវាសូត្រ ទី៨។

កឹសីលសូត្រ ទី៩

[៣៣] (ព្រះសារីបុត្តដ៏មានអាយុ ក្រាបទូលសួរថា) នរជន​មានសីល​ដូចម្តេច មាន​មារយាទ​ដូចម្តេច ចំរើន​នូវអំពើ​ទាំងឡាយ​ដូចម្តេច គប្បីជា​បុគ្គល​ប្រតិស្ឋាន​មាំល្អ (ក្នុងសាសនា) ផង ដល់នូវ​ប្រយោជន៍​ខ្ពង់ខ្ពស់ គឺ​អរហត្តផល​ផង។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុគ្គលត្រូវប្រព្រឹត្ត​កោតក្រែង​ចំពោះ​បុគ្គល​ដែល​ចំរើន ជាអ្នក​មិនមាន​សេចក្តី​ច្រណែន ស្គាល់កាល​គួរចួបនឹងគ្រូ ស្គាល់ខណៈ​ស្តាប់​ធម្មីកថា ដែល​លោកពោល គប្បីស្តាប់​សុភាសិត​ឯទៀត​ដោយគោរព។

បុគ្គលគួរធ្វើការរឹងត្អឹង ឲ្យជ្រះស្រឡះ ប្រព្រឹត្ត​បន្ទាបខ្លួន ហើយ​ចូលទៅ​កាន់សំណាក់គ្រូ តាមកាលគួរ គប្បីរលឹក​រឿយ ៗ ទាំងប្រព្រឹត្ត​ដោយ​ប្រពៃនូវ​អត្ថនៃ (ភាសិត) ធម៌ សីល និងព្រហ្មចារ្យ (ដ៏សេស​ ដែលគ្រូសំដែង​ហើយ)។

បុគ្គលគួរជាអ្នកមានធម៌ជាទីត្រេកអរ ត្រេកអរ​ក្នុងធម៌ ឋិតនៅ​ក្នុងធម៌ ចេះ​វិនិច្ឆ័យ​នូវធម៌ មិនគួរ​ប្រព្រឹត្តនូវ​ពាក្យ ដែល​ប្រទូស្តចំពោះ​ធម៌ គប្បីញុំាង​កាលឲ្យ​អស់ទៅ ដោយ​សុភាសិត​ទាំងឡាយ​ដែលពិត ៗ។

បុគ្គលគួរលះបង់នូវការសើច រីករាយ ការចរចា​ឥត​ប្រយោជន៍ ការ​ខ្សឹកខ្សួល ការ​ប្រទុស្ត ការធ្វើ​នូវមាយា ការកុហក ការជាប់​ចិត្ត ការប្រកាន់ ការប្រណាំង​ប្រជែង សំដី​អាក្រក់ ទឹកអម្ចត់ គឺ​រាគាទិក្កិលេស និងការជ្រប់​នៅដោយ​តណ្ហា គប្បីជា​បុគ្គល​បា្រសចាក​សេចក្តី​ស្រវឹង មានចិត្ត​ឋិតនៅ​មាំ។

សុភាសិតទាំងឡាយ (ដែលប្រកប​ដោយ​សមថវិបស្សនា) គឺអ្នកបា្រជ្ញ​ដឹងច្បាស់ ថាមាន​សារៈ ឯញាណ​សំរេចអំពីសុតៈ គឺអ្នកបា្រជ្ញ​ដឹងច្បាស់​ថា មាន​សមាធិជា​សារៈ បញ្ញា និងសុតៈ រមែងមិន​ចំរើនដល់​នរជន ដែលជា​អ្នកមាន​ចិត្តរហ័ស ជាអ្នក​ធ្វេស​ប្រហែស។

មួយទៀត ជនពួកណា ត្រេកអរក្នុងធម៌ ដែលអរិយបុគ្គល​សំដែង​ហើយ ជនពួកនោះ រមែង​ប្រសើរ​ដោយ​វចីកម្ម មនោកម្ម និង​កាយកម្ម ជនពួក​នោះ រមែង​ឋិតនៅ​ក្នុងសេចក្តី​ស្ងប់ស្ងាត់ ស្ងប់ស្ងៀម និង​សមាធិ ហើយបាន​ដល់នូវខ្លឹម​នៃការ​ស្តាប់ផង នៃប្រាជ្ញា​ផង។

ចប់ កឹសីលសូត្រ ទី៩។

ឧដ្ឋានសូត្រ ទី១០

[៣៤] (ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុ​យ៉ាងនេះថា) អ្នកទាំងឡាយ ចូរក្រោក (ចូរអង្គុយ​ចំរើន​កម្មដ្ឋាន) ប្រយោជន៍អ្វី ដោយការ​ដេកលក់​របស់អ្នក​ទាំងឡាយ ព្រោះថា អ្នកទាំងឡាយ ឈឺជានិច្ច ត្រូវសរ គឺ​រាគាទិក្កិលេស​ចាក់ដោតហើយ កំពុង​តែលំបាក ម្តេចក៏នៅ​ដេកលក់។

អ្នកទាំងឡាយ ចូរក្រោកអង្គុយ ចូរសិក្សា​ឲ្យមាំមួន ដើម្បី​សេចក្តី​ស្ងប់ កុំឲ្យមច្ចុរាជ​បានដឹង​នូវអ្នក​ទាំងឡាយ ថាជា​អ្នកប្រមាទ ហើយ​ធ្វើឲ្យវង្វេង លុះក្នុង​អំណាច​នៃខ្លួន​ឡើយ។ ពួកទេវតា និងមនុស្ស ត្រូវការ​នឹងអារម្មណ៍​ជាដើម​ អាស្រ័យ​ជាប់នៅ (ក្នុងអារម្មណ៍​នោះ) ព្រោះ​តណ្ហាណា អ្នកទាំងឡាយ ចូរឆ្លង​នូវតណ្ហា​ជាគ្រឿង​ផ្សាយនុ៎ះ កុំឲ្យ​ខណៈ​កន្លងផុត​នូវអ្នកទាំងឡាយ​ឡើយ ព្រោះថា ពួកជន​ដែលខណៈ​កន្លងហើយ រមែង​សោកណែន​ណាន់​ក្នុងនរក។

សេចក្តីប្រមាទ ជាធូលី ធូលីធ្លាក់ចុះ​តាមសេចក្តី​ប្រមាទ ព្រោះតែ​សេចក្តីប្រមាទ ​កុលបុត្រ​ដកចោល​នូវសរ គឺ​រាគាទិក្កិលេស​របស់ខ្លួន​បាន​ដោយវិជ្ជា គឺ​អាសវក្ខយញ្ញាណ ព្រោះតែ​សេចក្តី​មិនប្រមាទ។

ចប់ ឧដ្ឋានសូត្រ ទី១០។

រាហុលសូត្រ ទី១១

[៣៥] (ព្រះមានព្រះភាគ ត្រាស់សួរថា) អ្នកមិន​មើលងាយ​អ្នកបា្រជ្ញ​ព្រោះតែ​នៅរួមគ្នា​រឿយ ៗ ទេឬ បុគ្គល​អ្នកទ្រោល​គប់ភ្លើង​បំភ្លឺដល់​ពួកមនុស្ស អ្នក​កោតក្រែង​ដែរឬ។

(ព្រះរាហុលដ៏មានអាយុ ក្រាបទូលថា) ខ្ញុំព្រះអង្គ មិនមើល​ងាយអ្នក​បា្រជ្ញ ព្រោះតែ​នៅរួម​គ្នារឿយ ៗ ទេ បុគ្គល​អ្នកទ្រោល​គប់ភ្លើង​បំភ្លឺដល់​ពួកមនុស្ស ខ្ញុំព្រះអង្គ​កោតក្រែង​ជានិច្ច។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) អ្នកចូរ​លះនូវ​កាមគុណ ៥ មានសភាព​ជាទី​ស្រឡាញ់ ជាទី​ត្រេកអរ​នៃចិត្ត ចេញចាក​ផ្ទះមកបួស​ដោយសទ្ធា ហើយ​ធ្វើនូវ​ទីបំផុត​ទុក្ខចុះ។

អ្នកចូរគប់រក​នូវកល្យាណមិត្ត និងទីដេក ទីអង្គុយដ៏ឆ្ងាយ ស្ងប់ស្ងាត់ មិន​មានសំឡេង​គឹកកង ចូរជាអ្នក​ស្គាល់ប្រមាណ​ក្នុងភោជន។

អ្នកកុំធ្វើបំណង ក្នុងបច្ច័យទាំងនេះ គឺ​ចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និង​គិលានប្បច្ច័យ​ឡើយ កុំត្រឡប់​មកកាន់​លោកទៀត​ឡើយ។

អ្នកចូរសង្រួមក្នុងបាតិមោក្ខផង ក្នុង​ឥន្ទ្រិយ​ទាំង ៥ ផង ចូរមាន​ស្មារតី ប្រព្រឹត្តទៅ​ក្នុងកាយ ចូរជា​បុគ្គលច្រើន​ដោយ​សេចក្តី​នឿយណាយ។

អ្នកចូរលះនូវសុភនិមិត្ត ដែល​ប្រកប​ដោយរាគៈ ចូរចំរើន​ចិត្តដោយ​អសុភ ឲ្យជា​ចិត្តមូល​តែមួយ តាំងមាំ​ដោយប្រពៃ ​មួយទៀត ចូរចំរើន​នូវ​អនិមិត្តវិបស្សនា ចូរលះ​នូវអនុស័យ គឺមានះ លំដាប់ត​អំពីនោះ អ្នកនឹង​ប្រព្រឹត្ត​ស្ងប់រម្ងាប់ ព្រោះលះ​បង់មានះ។

ព្រះមានព្រះភាគ ទ្រង់ទូន្មាន​ព្រះរាហុលដ៏​មានអាយុ​ជារឿយ ៗ ដោយ​គាថាទាំង​នេះ ដោយប្រការ​យ៉ាងនេះ​ឯង។

ចប់ រាហុសូត្រ ទី១១។

វង្គីសសូត្រ ទី១២

[៣៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​អគ្គាឡវចេតិយវិហារ ជិតក្រុង​អាឡវី។ សម័យ​នោះឯង ព្រះថេរៈ​ឈ្មោះ​និគ្រោធកប្បៈ ជា​ឧបជ្ឈាយ៍​របស់​ព្រះវង្គីសៈ​មានអាយុ ទើបតែ​បរិនិព្វាន​ថ្មី ៗ ក្នុង​អគ្គាឡវចេតិយវិហារ។ គ្រានោះ​ ព្រះវង្គីសៈដ៏មាន​អាយុ ទៅក្នុង​ទីស្ងាត់ គេចចេញ​ចាកអារម្មណ៍ សម្ងំនៅ កើតមាន​សេចក្តី​ត្រិះរិះក្នុង​ចិត្តយ៉ាង​នេះថា ព្រះឧបជ្ឈាយ៍​របស់​អាត្មាអញ បរិនិព្វាន​ហើយ ឬមិនទាន់​បរិនិព្វាន​ទេ។ លំដាប់នោះ ព្រះវង្គីសៈ​ដ៏មានអាយុ ចេញ​ចាកទី​សម្ងំ ក្នុង​សាយណ្ហ​សម័យ ហើយចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុង​ទីសមគួរ។ ព្រះវង្គីសៈ​ដ៏មានអាយុ លុះអង្គុយ​ក្នុងទី​សមគួរ​ហើយ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលដែល​ខ្ញុំព្រះអង្គ ទៅក្នុង​ទីស្ងាត់ ពួន​សម្ងំនៅ​ក្នុង​អគ្គាឡវចេតិយវិហារ​នេះ កើតមាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត យ៉ាង​នេះថា ព្រះឧបជ្ឈាយ៍​របស់​អាត្មាអញ បរិនិព្វាន​ហើយ ឬ​មិនទាន់​បរិនិព្វាន​ទេ។

លំដាប់នោះ ព្រះវង្គីសៈដ៏មាន​អាយុ ក្រោក​ចាកអាសនៈ ធ្វើចីវរ​ឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី ចំពោះ​ព្រះមានព្រះភាគ ហើយ​ក្រាបបង្គំ​ទូលសួរ​ចំពោះ​ព្រះមានព្រះភាគ ដោយ​គាថាថា

[៣៧] ពួកខ្ញុំព្រះអង្គ សូមសួរ​ព្រះសាស្តា ព្រះអង្គ​មានបញ្ញា​មិនខ្សោយ​ខ្សោក​ថោកទាប ភិក្ខុណា ជាអ្នក​កាត់ផ្តាច់​នូវសេចក្តី​សង្ស័យ​ក្នុងបច្ចុប្បន្ន មាន​កេរ្តិ៍ឈ្មោះ មានយស មានចិត្ត​ត្រជាក់ បានធ្វើ​មរណកាល​ក្នុង​អគ្គាឡវចេតិយវិហារ។ បពិត្រ​ព្រះមានព្រះភាគ ឈ្មោះ​របស់ភិក្ខុ​ជាព្រាហ្មណ៍​នោះ ព្រះអង្គ​ទ្រង់ប្រោស​ប្រទាន​ហើយថា និគ្រោធកប្ប​ ភិក្ខុ​នោះ កាល​នមស្ការ​នូវព្រះអង្គ ជាអ្នក​បា្រថ្នានូវ​ការផុត​ស្រឡះ (ចាក​កិលេស) បាន​ប្រារព្ធ​ព្យាយាម ឃើញនូវ​ធម៌ដ៏មាំ។ បពិត្រ​ព្រះសក្យៈ មានចក្ខុ​ជុំវិញ គឺ​សព្វញ្ញុតញ្ញាណ ពួកខ្ញុំ​ព្រះអង្គ​ទាំងអស់គ្នា ចង់ដឹង​នូវសាវ័ក​នោះ ពួកខ្ញុំ​ព្រះអង្គ​បានប្រុង​ត្រចៀក​នឹងស្តាប់​ជាស្រេច​ហើយ ព្រះអង្គ​ជាគ្រូ​របស់ពួក​ខ្ញុំព្រះអង្គ ព្រះអង្គ​ជាបុគ្គល​ប្រសើរ​លើស។ បពិត្រ​ព្រះអង្គ អ្នកមាន​បា្រជ្ញា​ក្រាស់​ដូចជា​ផែនដី សូម​ព្រះអង្គ​កាត់បង់​នូវសេចក្តី​សង្ស័យ របស់ពួក​ខ្ញុំព្រះអង្គ សូមទ្រង់​សំដែង​នូវសេចក្តី​នុ៎ះ ដល់ខ្ញុំ​ព្រះអង្គ សូមទ្រង់​ត្រាស់ប្រាប់នូវ​ភិក្ខុដែល​បរិនិព្វាន​ហើយ។ បពិត្រ​ព្រះអង្គ​អ្នកមាន​ចក្ខុជុំវិញ សូម​ព្រះអង្គ​ទ្រង់ប្រកាស​ក្នុងកណ្តាល​ពួកខ្ញុំ​ព្រះអង្គ ដូចជា​ព្រះឥន្ទ ជា​សហស្សនេត្រ (ទ្រង់ប្រកាស​ក្នុងកណ្តាល) ពួក​ទេវតា។ គន្ថក្កិលេស​ណាមួយ ដែលជា​ផ្លូវនៃ​មោហៈ ជាពួក​នៃកិរិយា​មិនដឹង ជាទី​តាំងនៃ​សេចក្តី​សង្ស័យ ក្នុងលោក​នេះ គន្ថក្កិលេស​ទាំងនោះ មានដល់​នូវព្រះតថាគត រមែង​មិនមាន ព្រោះ​ព្រះអង្គ​មានភ្នែក​ដ៏ឧត្តម ជាង​នរជន​ទាំងឡាយ។ ក៏ប្រសិន​បើ ព្រះមានព្រះភាគ ជាវិញ្ញុបុរស មិនកំចាត់​បង់កិលេស ដូចជា​ខ្យល់កំចាត់​នូវពពក​ទេ លោក​ទាំងអស់ ដែលមោហៈ​រួបរឹតហើយ ក៏ទៅ​ជាងងឹត​សូន្យ សូម្បី​ពួកនរជន​ដែលមាន​ពន្លឺ ក៏មិន​គប្បីភ្លឺ​ច្បាស់បាន។ មួយទៀត ពួកអ្នក​បា្រជ្ញ ជាអ្នក​ធ្វើនូវ​ពន្លឺរុងរឿង គឺបញ្ញា បពិត្រ​ព្រះអង្គ ជាអ្នកបា្រជ្ញ ព្រោះហេតុ​នោះ បានជា​ខ្ញុំព្រះអង្គ សំគាល់នូវ​ព្រះអង្គ​ថា​ជាយ៉ាងនោះ​ឯង ពួកខ្ញុំ​ព្រះអង្គ​ដឹងថា ព្រះអង្គ​ជាអ្នកឃើញ​តាមពិត ទើបនាំ​គ្នាចូលមក​គាល់ព្រះអង្គ សូមព្រះអង្គ​ទ្រង់សំដែង​ឲ្យប្រាកដ នូវ​និគ្រោធកប្បត្ថេរ ចំពោះ​ពួកខ្ញុំព្រះអង្គ ក្នុងពួក​បរិស័ទ បពិត្រ​ព្រះអង្គ​មានព្រះសូរសៀង​ដ៏ពីរោះ សូមព្រះអង្គ​ទ្រង់ត្រាស់​នូវព្រះវាចា​ជាទីគាប់ចិត្ត​ជាឆាប់ សូម​ព្រះអង្គ​ទ្រង់បញ្ចេញ​ព្រះសូរសៀង​សន្សឹម ៗ ដោយ​ព្រះសូរសៀង​មូលពីរោះ ដែល​សង្ខារ​តាក់តែង​ទុកដោយ​ល្អ ដូចហង្ស ផ្គងស្រែក​សម្រែក​បន្តិច ៗ ខ្ញុំព្រះអង្គ​ទាំងអស់គ្នា តាំងចិត្ត​ត្រង់នឹង​ប្រុងស្តាប់​ព្រះអង្គ។ ខ្ញុំព្រះអង្គ នឹងសូម​ទទូច​អារាធនា​ព្រះអង្គ អ្នកមាន​ជាតិ និងមរណៈ លះបង់ហើយ​មិនសេសសល់ កំចាត់បង់ (នូវបាប​ទាំងពួង) ឲ្យទ្រង់​សំដែង​នូវធម៌ ព្រោះថា ការធ្វើ​បានតាម​ប្រាថ្នា មិនមាន​ដល់​បុថុជ្ជនឡើយ ចំណែក​ខាងការ​ពិចារណា ហើយធ្វើ​បានតាម​ប្រាថ្នា រមែង​មានដល់​ព្រះតថាគត​ទាំងឡាយ។

សម្បន្នវេយ្យាករណ៍ (ការព្យាករណ៍ដ៏ត្រឹមត្រូវ) នេះ គឺព្រះអង្គ​មានបញ្ញា​រុងរឿង បានត្រាស់​ប្រពៃ​ហើយ អញ្ជលី​ជាទីបំផុត​នេះ ខ្ញុំព្រះអង្គ​បានប្រណម្យ​ហើយ ដោយប្រពៃ បពិត្រ​ព្រះអង្គ​មានប្រាជ្ញា​មិនទន់ទាប កាល​ព្រះអង្គ​ទ្រង់ជ្រាប (នូវគតិ​នៃ​ព្រះនិគ្រោធកប្បៈ) កុំឲ្យ​ខ្ញុំព្រះអង្គ​វង្វេងឡើយ។ បពិត្រ​ព្រះអង្គ មានព្យាយាម​មិនទន់ទាប ព្រះអង្គ​បានជ្រាប​ច្បាស់នូវ​អរិយសច្ចធម៌​ដ៏ប្រសើរ​ក្រៃលែង កាល​ព្រះអង្គ​ទ្រង់ជា្រប​នូវញេយ្យធម៌​ទាំងពួង កុំឲ្យ​ខ្ញុំព្រះអង្គ​វង្វេងឡើយ ខ្ញុំព្រះអង្គ ប្រាថ្នានូវ​ព្រះវាចា (របស់​ព្រះអង្គ) ដូចជា​បុគ្គលក្តៅ ដោយ​កំដៅថ្ងៃ​ក្នុងរដូវក្តៅ ប្រាថ្នា​រកទឹក សូម​ព្រះអង្គ​បង្អុរនូវ​ព្រះសូរសៀង។ និគ្រោធកប្បភិក្ខុ បាន​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ដ៏មាន​ប្រយោជន៍​ណា ព្រហ្មចរិយធម៌​នោះ​របស់លោក មិនឥត​ប្រយោជន៍​តិចតួចឡើយ លោកនោះ បាននិព្វាន ដូចជា​អសេក្ខបុគ្គល ដែលមាន​ចិត្តផុតហើយ ឬជា​សឧបាទិសេសៈ (ដូចជា​សេក្ខបុគ្គល) ពួកខ្ញុំ​ព្រះអង្គ ប្រុងស្តាប់​នូវព្រះបន្ទូល​របស់ព្រះអង្គ​នោះ។

(ព្រះមានព្រះភាគ ទ្រង់ព្យាករថា) និគ្រោធកប្បភិក្ខុ បានកាត់ផ្តាច់​នូវតណ្ហា​ក្នុងនាម និងរូបនេះ ជាខ្សែ​ធម៌ខ្មៅ គឺកិលេសមារ​ដែល​ដេកត្រាំ​អស់រាត្រី​ជាអង្វែង បានឆ្លង​ផុតការ​កើត និងការស្លាប់ មិនមាន​សេសសល់ ព្រះមានព្រះភាគ​ប្រសើរ​ជាង​បញ្ចវគ្គិយភិក្ខុ បាន​ត្រាស់​ព្យាករ​ដោយប្រការ​ដូច្នេះ។ បពិត្រ​ព្រះអង្គ​ជាឥសីគំរប់ ៧ [យក​ឥសី ៦ គឺវិបស្សី សិខី វេស្សភូ កកុសន្ធៈ កោនាគមនៈ កស្សបៈ រួមនឹង​ព្រះអង្គ ត្រូវជា ឥសី ៧ គឺព្រះអង្គ​ជាឥសីទី​៧។ អដ្ឋកថា។] ខ្ញុំព្រះអង្គនោះ បានស្តាប់​ព្រះបន្ទូល​ព្រះអង្គ​ហើយ​ជ្រះថ្លា ព្រោះប្រស្នា​ដែលខ្ញុំ​ព្រះអង្គ​ក្រាបទូលសួរ មិនឥត​អំពើឡើយ ព្រះអង្គ​ជាព្រាហ្មណ៍ ​មិនបាន​បញ្ឆោតខ្ញុំ​ព្រះអង្គ​ឡើយ។ សាវ័ក​របស់ព្រះពុទ្ធ និយាយ​យ៉ាងណា ធ្វើ​យ៉ាងនោះ បានកាត់​ផ្តាច់នូវ​បណ្តាញ គឺតណ្ហា​ដ៏មាំរបស់​មច្ចុមារ ដែល​មាន​មាយា​ច្រើន ដែលផ្សាយ​ទៅ (ក្នុងតេភូមិកវដ្តៈ) នោះ។ បពិត្រ​ព្រះមានព្រះភាគ និគ្រោធកប្ប​ភិក្ខុ បានឃើញ​ហេតុជា​ខាងដើម​នៃ​ឧបាទាន ឱហ្ន៎ និគ្រោធកប្បភិក្ខុ បានប្រព្រឹត្ត​កន្លងនូវ (តេភូមិកវដ្តៈ) ជាទី​ទ្រទ្រង់នៅ​នៃមច្ចុមារ ដែលគេ​ឆ្លងបាន​ដោយកម្រ​ក្រៃពេក។

ចប់ វង្គីសសូត្រ ទី១២។

សម្មាបរិព្វាជនិយសូត្រ ទី១៣

[៣៨] (ព្រះពុទ្ធនិមិ្មត ទ្រង់សួរថា) ខ្ញុំសូមសួរ​នូវព្រះមុនី ដែលមាន​បា្រជ្ញាច្រើន បានឆ្លង​ចាកឱឃៈ (ដល់នូវ​ត្រើយ គឺ​ព្រះនិព្វាន) បានរំលត់​ហើយ មាន​ព្រះទ័យ​តាំងនៅ​មាំ ភិក្ខុបន្ទោបង់​នូវកាម​ទាំងឡាយ ហើយចេញ​ចាកផ្ទះ ភិក្ខុនោះ ឈ្មោះថា​វៀរដោយ​ប្រពៃ​ក្នុងលោក តើដោយ​ប្រការ​ដូចម្តេច។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ភិក្ខុណា បានគាស់​រំលើង​នូវមង្គល​ផង នូវការ​ប្រកាន់​ឧប្បាត [ការបណ្តាល​ធម្មជាតិ ដូចជា​ដុំភ្លើង​ហោះ រន្ទះបាញ់។] (មាន​រន្ទះបាញ់​ជាដើម) ផង នូវការ​ប្រកាន់​យល់សប្តិ​ផង នូវការ​ប្រកាន់​លក្ខណៈ​ផង ភិក្ខុនោះ ឈ្មោះថា បាន​លះបង់​ស្រឡះ​នូវមង្គល​ជាទោស ភិក្ខុនោះ ឈ្មោះថា វៀរដោយ​ប្រពៃ​ក្នុងលោក។

ភិក្ខុបន្ទោបង់នូវតម្រេកក្នុងកាមទាំងឡាយ ជា​របស់​មនុស្ស​ផង របស់​ទេវតាផង កន្លង​នូវភព បានត្រាស់​ដឹងនូវ​ធម៌ ភិក្ខុនោះ ឈ្មោះថា វៀរដោយ​ប្រពៃ​ក្នុងលោក។

ភិក្ខុធ្វើចិត្តមិនឲ្យត្រេកអរ លះនូវពាក្យញុះញង់​ទាំងឡាយ នូវសេចក្តី​ក្រោធ និង​សេចក្តី​កំណាញ់ លះនូវរាគៈ និងទោសៈ ភិក្ខុនោះ ឈ្មោះថា​វៀរដោយ​ប្រពៃក្នុង​លោក។

ភិក្ខុលះបង់នូវសេចក្តីស្រឡាញ់ និងស្អប់ មិនប្រកាន់មាំ មិនអាស្រ័យ​ក្នុងសភាវៈ​តិចតួច (ដោយ​តណ្ហា និងទិដ្ឋិ) ឡើយ មានចិត្ត​ផុតស្រឡះ​ហើយ​ ចាក​សំយោជនិយធម៌​ទាំង​ឡាយ (ធម៌ជា​អារម្មណ៍​នៃ​សំយោជនៈ) ភិក្ខុនោះ ឈ្មោះថា វៀរដោយ​ប្រពៃ​ក្នុងលោក។

ភិក្ខុនោះ បន្ទោបង់នូវឆន្ទរាគ ក្នុងខន្ធជា​គ្រឿង​ប្រកាន់ មិន​ដល់ (នូវការ​ឃើញ) ថាមាន​ខ្លឹមក្នុង​ឧបធិ គឺខន្ធទាំង​ឡាយនោះ ជាបុគ្គល​មិន​អាស្រ័យ (ដោយឆន្ទៈ និងរាគៈ) មិនបាច់​មានបុគ្គល​ដទៃណែនាំ​ឡើយ ភិក្ខុនោះ​ឈ្មោះថា វៀរដោយ​ប្រពៃ​ក្នុងលោក។

ភិក្ខុមិនភ្លាត់ខុសដោយកាយ វាចា និងចិត្ត​ ដឹងច្បាស់​នូវធម៌​ដោយប្រពៃ ប្រាថ្នា​យកនូវ​បទ គឺ​ព្រះនិព្វាន ភិក្ខុនោះ ឈ្មោះថា វៀរដោយ​ប្រពៃ​ក្នុងលោក។

ភិក្ខុណា មិនក្រអឺតក្រឱង ដោយគិតថា គេថ្វាយ​បង្គំអញ សូម្បី​គេជេរ​ក៏មិនតបត បាននូវ​ភោជន​របស់អ្នក​ដទៃឲ្យ ក៏មិន​ស្រវឹង ភិក្ខុនោះ ឈ្មោះថា វៀរដោយ​ប្រពៃក្នុង​លោក។

ភិក្ខុលះបង់សេចក្តីលោភ និងភព វៀរចាក​ការកាប់កាត់ និងការចង (សត្វដទៃ) ភិក្ខុនោះ ជាអ្នកឆ្លង​ផុតចាកសេចក្តី​ងឿងឆ្ងល់ ប្រាសចាកសរ គឺសេចក្តី​សោក ភិក្ខុនោះ ឈ្មោះថា វៀរដោយ​ប្រពៃក្នុង​លោក។

ភិក្ខុណា បានដឹងច្បាស់​នូវសេចក្តី​ប្រព្រឹត្ត​ដ៏សមគួរ​របស់ខ្លួន​ផង មិនបៀតបៀន​ជនដទៃ​ណាមួយ​ក្នុងលោកផង ដឹងច្បាស់​នូវធម៌តាម​សេចក្តីពិត ភិក្ខុនោះ ឈ្មោះថា​វៀរដោយ​ប្រពៃ​ក្នុងលោក។

អនុស័យទាំងឡាយណាមួយ មិនមាន​ដល់​ភិក្ខុណា អកុសលមូល​ទាំងឡាយ ភិក្ខុណា បានដក​ចោលហើយ ភិក្ខុនោះ ជាអ្នក​មិនមាន​សេចក្តី​ប្រាថ្នា មិនមាន​សេចក្តី​អាឡោះអាល័យ ភិក្ខុនោះ ​ឈ្មោះថា​វៀរដោយ​ប្រពៃក្នុង​លោក។

ភិក្ខុអ្នកអស់អាសវៈហើយ លះបង់នូវមានះ កន្លងផុត​នូវធម៌ ជាគន្លង​នៃរាគៈ​ទាំងអស់ ទូន្មានខ្លួន សម្រេចនូវ​ព្រះនិព្វាន មានចិត្ត​តាំងនៅ​មាំ ភិក្ខុនោះ ឈ្មោះថា វៀរដោយ​ប្រពៃក្នុង​លោក។

ភិក្ខុអ្នកមានសទ្ធា ប្រកបដោយសុតៈ ប្រព្រឹត្តទៅ​ក្នុង​បរមត្ថ បានឃើញ​សម្មត្តនិយាម គឺមគ្គ កាលពួក​សត្វប្រព្រឹត្ត​ទៅដោយ​ទិដ្ឋិ ៦២ ក៏មិន​ប្រព្រឹត្តទៅ​ដោយពួក ជាអ្នក​ប្រាជ្ញា អាច​បន្ទោបង់​នូវលោភៈ ទោសៈ និងសេចក្តី​ថ្នាំងថ្នាក់ ភិក្ខុនោះ ឈ្មោះថា វៀរដោយ​ប្រពៃក្នុង​លោក។

ភិក្ខុបានឈ្នះកិលេស ដោយអរហត្តមគ្គ​ដ៏បរិសុទ្ធ បើក​ចេញនូវ​កិលេស​ជាគ្រឿង​ប្រក់ ជាអ្នកស្ទាត់​ក្នុង​ចតុស្សច្ចធម៌ ដល់នូវ​ត្រើយ គឺព្រះនិព្វាន មានសន្តាន​មិនរំភើប​ដោយ​តណ្ហា ជាអ្នក​ឈ្លាសវៃ​ក្នុងអរិយមគ្គ គ្រឿងដឹង​នូវធម៌ជា​ទីរលត់​នៃសង្ខារ ភិក្ខុនោះ ឈ្មោះថា​វៀរដោយ​ប្រពៃក្នុង​លោក។

ភិក្ខុកន្លងនូវកប្បៈ [ការប្រកាន់​ផ្តាច់ថា អញ របស់អញ ក៏បាន។] គឺតណ្ហា និងទិដ្ឋិ ក្នុងខន្ធ​ទាំងឡាយ ដែល​ជាអតីត និងអនាគត ជាអ្នក​មានប្រាជ្ញា​ដ៏បរិសុទ្ធ ព្រោះកន្លង​ផុត (នូវអទ្ធា ៣ [អទ្ធា ៣ គឺ អតីតទ្ធា បានដល់​អវិជ្ជាសង្ខារ, អនាគតទ្ធា បានដល់ ជាតិ ជរា មរណៈ, បច្ចុប្បន្នទ្ធា បានដល់ វិញ្ញាណ ជាខាងដើម ភវៈ ជាទីបំផុត។ អដ្ឋកថា។]) មានចិត្ត​ផុតស្រឡះ​ចាក​អាយតនៈ​ទាំងពួង ភិក្ខុនោះ ឈ្មោះថា វៀរដោយ​ប្រពៃក្នុង​លោក។

ភិក្ខុកំណត់ដឹងនូវបទ គឺសច្ចៈមួយ ៗ ហើយត្រាស់ដឹង​នូវសច្ចៈ​ធម៌ ឃើញនូវ​ព្រះនិព្វាន មិនមាន​គ្រឿងដោត​ក្រង ជាទីលះបង់​នូវអាសវៈ​ទាំងឡាយ ព្រោះអស់​ទៅនៃ​ឧបធិក្កិលេស​ទាំងពួង ភិក្ខុនោះ ឈ្មោះថា​វៀរដោយ​ប្រពៃ​ក្នុងលោក។

(ព្រះនិម្មិតពុទ្ធ ពោលសរសើរថា) សេចក្តីពិតថា ព្រះមានព្រះភាគ ទ្រង់ត្រាស់​ព្រះពុទ្ធដីកា​យ៉ាងនេះ មានសេចក្តី​បែបនោះ​ដដែលថា ភិក្ខុណា មានការ​នៅយ៉ាងនេះ ជាអ្នក​ទូន្មានខ្លួន ប្រព្រឹត្តកន្លង​នូវសំយោជនធម៌​ទាំងពួង ភិក្ខុនោះ ឈ្មោះថា វៀរដោយ​ប្រពៃក្នុង​លោក។

ចប់ សម្មាបរិព្វាជនិយសូត្រ ទី១៣។

ធម្មិកសូត្រ ទី១៤

[៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះ ធម្មិកឧបាសក បានចូល​ទៅ​គាល់​ព្រះមានព្រះភាគ ជាមួយ​នឹងពួក​ឧបាសក ប្រមាណ ៥០០ នាក់ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ ធម្មិកឧបាសក លុះអង្គុយ​ក្នុង​ទី​សមគួរ​ហើយ ក៏ក្រាប​បង្គំទូល​សួរ​ព្រះមានព្រះភាគ ដោយគាថា​ដូច្នេះថា

[៤០] បពិត្រព្រះគោតម ទ្រង់មានព្រះបញ្ញា​ដូច​ផែនដី ខ្ញុំសូម​ក្រាបទូល​សួរព្រះអង្គ បុគ្គល​ដែលចេញ​ចាកផ្ទះ ចូលមក​កាន់ផ្នួស​ក្តី ឬក៏ពួក​ឧបាសក​មានផ្ទះក្តី ប្រតិបត្តិ​ដូចម្តេច ទើបហៅ​ថាសាវ័ក​ល្អ។

ព្រោះព្រះអង្គជ្រាបច្បាស់នូវគតិផង នូវដំណើរ​ទៅខាង​នាយ (ចាកគតិ) ផង​ របស់​សត្វលោក ព្រមទាំង​ទេវលោក បុគ្គល​ជាអ្នក​ឃើញ​សេចក្តីល្អិត ស្មើដោយ​ព្រះអង្គ មិនមាន​ឡើយ​ អ្នកប្រាជ្ញ​ទាំងឡាយ តែង​ពោលសរសើរ​ព្រះអង្គ ថាជា​ព្រះពុទ្ធ​ដ៏ប្រសើរ។

ព្រះអង្គបានត្រាស់ដឹងហើយ ទ្រង់អនុគ្រោះពួកសត្វ ទ្រង់ប្រកាស​ញាណ និងធម៌​ទាំងពួង បពិត្រ​ព្រះអង្គ​ទ្រង់មានចក្ខុ គឺប្រាជ្ញា​ជុំវិញ ព្រះអង្គ​ជាបុគ្គល​មានកិលេស​គ្រឿង​ប្រក់បើក​ចេញ​ហើយ មិនមាន​មន្ទិល រុងរឿង​ក្នុងលោក​ទាំងពួង។

សេ្តចដំរីឈ្មោះ​ឯរាវ័ណ បានឮថា ព្រះមានព្រះភាគ ទ្រង់ឈ្នះនូវ​បាបធម៌​ហើយ ក៏ទៅ​ក្នុងសំណាក់​នៃព្រះអង្គ ស្តេចដំរី​នោះ ប្រឹក្សា​នឹងព្រះអង្គ ហើយបាន​សម្រេច​មគ្គផល បានស្តាប់​ធម៌ មានចិត្ត​ត្រេកអរ (អនុមោទនា) ថា សាធុ។

សូម្បីស្តេចឈ្មោះ​វេស្សវណកុវេរៈ ចូលទៅរក​ព្រះអង្គ ក៏សាក​សួរនូវធម៌ លុះស្តេច​នោះ​សួរហើយ ព្រះអង្គ​ក៏បាន​ព្យាករ​ ស្តេចនោះ លុះបាន​ស្តាប់ ក៏មាន​ចិត្តត្រេកអរ។ ពួក​តិរិ្ថយ​ណាមួយ ទោះបី​ជាអាជីវក ឬនិគ្រន្ថ មាន​ការពោល (អួត) ជាប្រក្រតី ពួកតិរិ្ថយ​ទាំងអស់​នោះ ក៏មិនកន្លង​ព្រះអង្គ ដោយ​ប្រាជ្ញាបាន ដូចជា​បុគ្គលឈរ មិនអាច​នឹងកន្លង​នូវបុរស​ដែលកំពុង​ស្ទុះទៅ​យ៉ាងរហ័ស​បាន​ដូច្នោះដែរ។ ពួកព្រាហ្មណ៍​ណាមួយ ដែល​មានការ (អួត) ជា​ប្រក្រតី ឬពួក​ព្រាហ្មណ៍​ណាមួយ ទោះបី​ជា​ព្រឹទ្ធាចារ្យ ពុំនោះសោត​ ពួកជន​ដទៃណា ដែលមាន​សេចក្តី​សំគាល់ថា ពួកយើង​ក៏ជាអ្នក​មានវាទៈដែរ ពួក​ព្រាហ្មណ៍​ជាដើម​ទាំងអស់​នោះ សុទ្ធតែ​ជាអ្នកជាប់​ជំពាក់ដោយ​សេចក្តី ចំពោះព្រះអង្គ គឺប្រាថ្នា​ឲ្យព្រះអង្គ​កាត់សេចក្តី​ឲ្យ។

បពិត្រព្រះមានព្រះភាគ ធម៌ណា​ដែលព្រះអង្គ​សំដែង​ដោយ​ប្រពៃហើយ ធម៌នេះ​ឯង ជាធម៌​ដ៏ល្អិតផង ជាធម៌​នាំមកនូវ​សេចក្តី​សុខផង ពួកខ្ញុំ​ព្រះអង្គ​ទាំងអស់គ្នា ចង់ស្តាប់​នូវធម៌នោះ​ឯង បពិត្រ​ព្រះអង្គ​ជាព្រះពុទ្ធ​ដ៏ប្រសើរ កាលបើ​ពួកខ្ញុំព្រះអង្គ ទូល​សួរហើយ សូមព្រះអង្គ​សំដែង​នូវធម៌​នោះ ឲ្យទាន។

ពួកភិក្ខុ និងពួកឧបាសក​ទាំងអស់​នេះ ក៏បាន​អង្គុយប្រជុំគ្នា ដើម្បីបានស្តាប់​ក្នុងទីនោះ​ដែរ បានស្តាប់នូវ​ធម៌ដែល​ព្រះពុទ្ធ​មិនមាន​មន្ទិល ត្រាស់ដឹង​ហើយ ដូចជា​ពួកទេវតា (អង្គុយ​ប្រជុំគ្នា​ដើម្បីស្តាប់) នូវ​សុភាសិត​របស់​ព្រះឥន្ទ។

(ព្រះមានព្រះភាគ ត្រាស់ថា) ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់​ពាក្យ​តថាគត​ចុះ តថាគត​នឹងញ៉ាំង​អ្នក​ទាំងឡាយ ឲ្យស្តាប់​នូវធម៌​ជាគ្រឿង​កំចាត់បង់​នូវកិលេស អ្នកទាំង​អស់គ្នា ចូរ​ប្រព្រឹត្ត​ធម៌​ជាគ្រឿង​កំចាត់បង់​នូវកិលេស​នោះ​ បុគ្គល​អ្នកមាន​ប្រាជ្ញា ឃើញនូវ​ប្រយោជន៍ គប្បីសេពគប់​នូវឥរិយាបថ ដ៏សម​គួរដល់​ឋានៈ​បព្វជិតនោះ។

ភិក្ខុមិនគប្បីត្រាច់ទៅក្នុងកាលខុស ត្រូវតែ​ត្រាច់ទៅ​បិណ្ឌបាត​ក្នុង​ស្រុក ក្នុងកាល​គួរ គឺពេល​ព្រឹកទល់​ថ្ងៃត្រង់ ព្រោះថា កិលេស​ជាគ្រឿង​ជាប់ចំពាក់​ទាំងឡាយ រមែង​ជាប់នូវ​បុគ្គល​អ្នកត្រាច់​ទៅ ក្នុងកាលមិន​គួរ ព្រោះហេតុ​នោះ ព្រះពុទ្ធ​ទាំងឡាយ មិនទៅក្នុង​កាលខុស​ឡើយ។

ធម៌ទាំងឡាយណា គឺរូប សំឡេង ក្លិន រស ផ្សព្វ តែងញ៉ាំង​ពួកសត្វ​ឲ្យស្រវឹង ភិក្ខុនោះ បន្ទោបង់​នូវសេចក្តី​ពេញចិត្ត ក្នុងធម៌​ទាំងឡាយ​នុ៎ះហើយ គប្បីចូល​ទៅ​បិណ្ឌបាត​ក្នុងកាលគួរ លុះបាន​បិណ្ឌបាត​ក្នុង​កាលគួរ​ហើយ ត្រូវចៀស​ចេញទៅ​តែម្នាក់​ឯង អង្គុយសម្ងំ​ក្នុងទីស្ងាត់ គិតនូវ​ខន្ធសន្តាន​ខាងក្នុង គ្រប់គ្រង​ចិត្តបាន​ល្អហើយ មិនគប្បី​នាំចិត្ត​ចេញទៅ​ខាងក្រៅ​​ឡើយ។ បើភិក្ខុនោះ ចរចា​ជាមួយនឹង​សាវ័ក​ក្តី អន្យតិរិ្ថយ​ណាមួយ​ក្តី ភិក្ខុក្តី គួរពោល​ឡើងនូវ​ធម៌ដ៏ឧត្តម​នោះ មិនគួរ​ពោលពាក្យ​ញុះញង់ផង មិនគួរ​ពោលពាក្យ​តិះដៀល​អ្នកដទៃ​ផង។

ព្រោះមោឃបុរសពួកមួយ តែងពោល​ភ្លាត់នូវ​ការនិយាយ (ប្រណាំង​ប្រជែង) តថាគត​មិនសរសើរ​នូវពួក​ជន ដែលមាន​ប្រាជ្ញាតិច​ទាំងនោះ​ឡើយ ការជាប់​ចំពាក់ (ដោយ​វិវាទ តាំងឡើង) អំពី​គន្លងនៃ​ពាក្យនោះ ៗ តែងជាប់​ចំពាក់​នឹងជន​ទាំងនោះ ដ្បិត​ជនទាំង​នោះ រមែង​ញ៉ាំងចិត្ត​ឲ្យប្រព្រឹត្ត​ទៅក្នុងការ​និយាយ​នោះ​ដ៏ឆ្ងាយ (អំពីសមថៈ និង​វិបស្សនា)។ សាវ័កអ្នក​មានប្រាជ្ញា​ដ៏ប្រសើរ ស្តាប់ធម៌​ដែល​ព្រះសុគត​ទ្រង់សំដែង​ហើយ គប្បី​ពិចារណា​ហើយ​សឹមសេព​នូវ​បិណ្ឌបាត​ផង វិហារផង ទីដេក ទីអង្គុយ​ផង ទឹក​សម្រាប់​លាងធូលី​ជាប់នឹង​សង្ឃាដិ​ផង។ ព្រោះ​ហេតុនោះ ភិក្ខុមិន​ជាប់ចិត្ត​ក្នុងធម៌​ទាំងនុ៎ះ គឺ​បិណ្ឌបាត សេនាសនៈ និងទឹក​សម្រាប់​លាងធូលី​ជាប់​នឹងសង្ឃាដិ ដូច​តំណក់​ទឹកមិន​ជាប់លើ​ស្លឹកឈូក។ ម្យ៉ាងទៀត តថាគត​សំដែង​នូវវត្ត​របស់គ្រហស្ថ ដល់អ្នក​ទាំងឡាយ សាវ័ក​អ្នកធ្វើ​យ៉ាងណា ទើបឈ្មោះ​ថា ជាអ្នកល្អ ព្រោះថា ធម៌របស់​ភិក្ខុទាំង​អស់ណា (ដែល​តថាគត​ពោលក្នុង​កាលមុន) ធម៌នុ៎ះ គឺបុគ្គល​ប្រកប​ដោយសេចក្តី​ហួងហែង​មិនបាន​សម្រេច​ឡើយ។ បុគ្គលមិន​គប្បីសម្លាប់​សត្វដោយ​ខ្លួនឯង មិនគប្បី​ប្រើអ្នកដទៃ​ឲ្យសម្លាប់ មិនគប្បី​ពេញចិត្ត​នឹងពួក​ជនដទៃ​ដែល​សម្លាប់ ពួកសត្វណា មានសន្តាន​ចិត្តខ្ជាប់​ខ្ជួនក្តី ពួកសត្វណា មានចិត្ត​តក់ស្លុតក្តី តែងមាន​នៅក្នុង​លោក បុគ្គល​គប្បីដាក់​ចុះនូវអាជ្ញា​ក្នុងសត្វ​ទាំងអស់​នោះ។ លំដាប់​ពីនោះ សាវ័ក​កាលដឹង គប្បីវៀរ​បង់នូវទ្រព្យ ដែលគេ​មិនបានឲ្យ មិនគប្បី​លួចយក​ទ្រព្យតិចតួច ក្នុងទី​ណាមួយ​ឡើយ មិនគប្បី​ពេញចិត្ត​នឹងពួក​ជន ដែលលួច​ទ្រព្យគេ​ឡើយ គប្បីវៀរបង់​នូវទ្រព្យ​ទាំងពួង ដែលគេ​មិនបាន​ឲ្យ។ វិញ្ញូជន គួរវៀរបង់​នូវ​អព្រហ្មចរិយៈ ដូចជា​បុគ្គលវៀរ​រណ្តៅរងើក​ភ្លើងកំពុង​ឆេះរន្ទាល កាលបើ​មិនអាច​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ទេ ក៏កុំគប្បី​ប្រព្រឹត្ត​កន្លងនូវ​ប្រពន្ធ​របស់ជន​ដទៃ។ បុគ្គលណា​មួយ ចូល​ទៅក្នុង​រោងប្រជុំក្តី ចូលទៅ​ក្នុងកណ្តាល​បរិស័ទក្តី មិនគប្បី​ពោលពាក្យ​កុហក​ចំពោះជន​ណាមួយ មិនគប្បី​ឲ្យអ្នកដទៃ​និយាយ​កុហក មិនគប្បី​ពេញចិត្ត​នឹងពួកជន​ដែលនិយាយ​កុហកឡើយ គប្បីវៀរ​នូវពាក្យ​មិនពិត​ទាំងពួង។ បុគ្គល​មិនគប្បី​ប្រព្រឹត្ត​ផឹកនូវ​ទឹកស្រវឹង គប្បីពេញ​ចិត្តនឹងធម៌​ គឺកិរិយា​វៀរចាក​ការផឹក​នោះ គ្រហស្ថ​ណា បានដឹង​នូវកិរិយា​ផឹកនោះ ថាមាន​ភាពឆ្កួត​ជាបំផុត​ គ្រហស្ថ​នោះ មិន​គប្បីផឹក មិនគប្បី​ពេញចិត្ត​នឹងបុគ្គល​ដែលផឹក​ឡើយ។ បុគ្គលពាល​ទាំងឡាយ ធ្វើនូវ​អំពើបាប​ដោយខ្លួន​ឯងក្តី ឲ្យជន​ដែលមាន​សេចក្តី​ប្រមាទ​ឯទៀត​ធ្វើក្តី ក៏ព្រោះ​តែសេចក្តី​ស្រវឹង (ហេតុនោះ) បុគ្គល​គួរលះនូវ​ការផឹកនូវ​ទឹកស្រវឹង ជា​គ្រឿង​បណ្តាល​ឲ្យកើត​បាប នាំឲ្យឆ្កួត នាំឲ្យវង្វេង ទាំងនាំ​ឲ្យល្ងង់​នុ៎ះចេញ។ បុគ្គល​មិនគប្បី​សម្លាប់សត្វ​ផង មិនគប្បី​កាន់យក​ទ្រព្យ ដែលគេ​មិនបាន​ឲ្យផង មិនគប្បី​និយាយពាក្យ​កុហកផង មិនគប្បី​ផឹកនូវទឹក​ស្រវឹងផង គប្បី​វៀរចាកការ​ប្រព្រឹត្តិ​មិនប្រសើរ គឺសេព​មេថុនធម្ម​ផង មិន​គប្បីបរិភោគ​ភោជន ក្នុងវេលា​យប់ មិនគប្បី​បរិភោគ​ភោជន ក្នុងកាល​ខុស គឺថ្ងៃរសៀល​ផង មិនគប្បី​ទ្រទ្រង់​នូវកម្រង​ផ្កាផង មិនគប្បី​លាបនូវ​គ្រឿង​ក្រអូបផង។ គប្បីដេក​លើគ្រែ​ដ៏គួរ ឬកម្រាល​ដែលក្រាល​លើផែនដី​ផង ព្រោះអ្នក​ប្រាជ្ញបាន​ពោលនូវ​ឧបោសថ​ប្រកប​ដោយអង្គ​ប្រាំបី​នុ៎ះ ថាជា​ឧបោសថ ដែល​ព្រះពុទ្ធ ព្រះអង្គ​ទ្រង់ដល់​នូវទីបំផុត​នៃទុក្ខ ប្រកាស​ហើយ។ ព្រោះ​ហេតុនោះ ជនអ្នក​មានចិត្ត​ជ្រះថ្លា រក្សាហើយ នូវ​ឧបោសថ ដែល​ប្រកប​ដោយអង្គ​ប្រាំបី ឲ្យមាន​សភាព​ពេញលេញល្អ​ អស់ថ្ងៃ​ទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃបក្ខ​ផង អស់​បាដិហារិកបក្ខផង [រវាង​៥ខែ គឺតាំង​ពីខែ​អាសាធ ដល់ខែ​កត្តិក ហៅថា បាដិហារិកបក្ខ។ អដ្ឋកថា។]។

ន័យមួយទៀត វិញ្ញូជនដែល​បានរក្សា​ឧបោសថ អំពី​ព្រឹកហើយ​ គួរមាន​ចិត្តជ្រះថ្លា​រីករាយ អង្គាស​ភិក្ខុសង្ឃ​ដោយបាយ និងទឹក​តាមសមគួរ។

វិញ្ញូជននោះ គួរចិញ្ចឹមមាតាបិតាដោយ​ធម៌​ គួរប្រកប​ជំនួញ​ដែលប្រកប​ដោយធម៌ គ្រហស្ថ​អ្នកមិន​ប្រមាទ ប្រព្រឹត្ត​វត្តបែប​នេះ រមែង​ទៅកើត ក្នុងពួក​ទេវតា​ ឈ្មោះថា​សយម្បភា (ទេវតា​មានពន្លឺ​ផ្សាយចេញ​អំពីខ្លួន)។

ចប់ ធម្មិកសូត្រ ទី១៤។

ចប់ ចូឡវគ្គ ទី២។

ឧទ្ទាននៃចូឡវគ្គនោះគឺ

រតនសូត្រ ១ អាមគន្ធសូត្រ ១ ហិរិសូត្រ ១ មង្គលសូត្រ ១ សូចិលោមសូត្រ ១ កបិលសូត្រ ឬ​ធម្មចរិយសូត្រ ១ ព្រាហ្មណធម្មិកសូត្រ ១ នាវាសូត្រ ១ កឹសីលសូត្រ ១ ឧដ្ឋានសូត្រ ១ រាហុលសូត្រ ១ វង្គីសសូត្រ ១ សម្មាបរិព្វាជនិយសូត្រ ១ ធម្មិកសូត្រ ១ អ្នកប្រាជ្ញ​ទាំងឡាយ បានពោល​នូវ​ចូឡវគ្គ​ថា មានសូត្រ ១៤ ដូច្នេះឯង។

សុត្តនិបាត មហាវគ្គ ទី៣

បព្វជ្ជាសូត្រ ទី១

[៤១] (ព្រះអានន្ទដ៏មានអាយុ ពោលថា) ខ្ញុំនឹង​សំដែង​នូវបព្វជា្ជ​ដែលព្រះពុទ្ធ​មានចក្ខុ​នោះ បានទ្រង់​ព្រះ​ផ្នួសហើយ ដោយប្រការ​យ៉ាងណា ទ្រង់​ពិចារណា​ឃើញ​យ៉ាងណា ទើបទ្រង់​ពេញ​ព្រះហ្ឫទ័យ​នឹងបព្វជ្ជា។ ព្រះអង្គ​ទ្រង់ឃើញ​ថា ឃរាវាស​នេះ ចង្អៀត​ចង្អល់ ជាទីកើត​នៃធូលី គឺកិលេស មួយទៀត ទ្រង់ឃើញ​ថា បព្វជ្ជា​មានឱកាស​ទូលាយ ទើបទ្រង់​ព្រះផ្នួស។ លុះព្រះអង្គ​ទ្រង់ព្រះផ្នួស​ហើយ វៀរចាក​បាបកម្ម​ដោយកាយ លះបង់​ការប្រព្រឹត្តិអាក្រក់​ដោយវាចា ជំរះអាជីវៈ​ឲ្យបរិសុទ្ធ។ ព្រះពុទ្ធ​មាន​ព្រះលក្ខណៈ​ដ៏ប្រសើរ​បរិបូណ៌ ទ្រង់យាង​ទៅកាន់​ក្រុង​រាជគ្រឹះ មានភ្នំ​ព័ទ្ធជុំវិញ ដូចជា​ក្រោល​របស់ពួក​អ្នកមគធៈ ទ្រង់យាង​បិណ្ឌបាត។ ព្រះរាជា​ពិម្ពិសារ ទ្រង់ឋិត​លើប្រាសាទ បានទត​ឃើញនូវ​ព្រះពុទ្ធ​នោះ លុះទ្រង់​ឃើញ​ព្រះពុទ្ធ​បរិបូណ៌​ដោយលក្ខណៈ​ហើយ ទើបត្រាស់​សេចក្តីនេះ (ចំពោះ​អាមាត្យ​ទាំងឡាយ) ថា នែអ្នក​ទាំងឡាយ​ដ៏ចំរើន អ្នក​ទាំងឡាយ ចូរមើល​សមណៈ​នេះ (សមណៈ​នេះ) មានរូប​ល្អបរិបូណ៌​ដោយកំពស់ និង​ទំហំ មាន​សម្បុរស្អាត ទាំង​បរិបូណ៌​ដោយដំណើរ​ដ៏សមរម្យ ក្រឡេក​មៀងមើល​ត្រឹមមួយ​ជួរនឹម មានចក្ខុ​ក្រឡេក​ចុះក្រោម មាន​ស្មារតី សមណៈ​នេះ ដូចជា​មិនមែន​ចេញចាក​ត្រកូល​ថោកទាប​មក (បួស) ទេ ពួករាជទូត ចូរស្ទុះតាម​ទៅ (ឲ្យដឹងថា) ភិក្ខុ (នេះ) នឹងទៅ​ក្នុងទីណា។ រាជទូត​ទាំងនោះ ដែលព្រះរាជា​ទ្រង់បញ្ជូន​ទៅហើយ ក៏ដើរ​ប្រកិត​ទៅតាម​ក្រោយ (ដើម្បី​ឲ្យដឹងថា) ភិក្ខុ (នេះ) នឹងទៅក្នុង​ទីណា ការនៅ នឹងមាន​ក្នុង​ទីណា។ (ព្រះពោធិសត្វ) ទ្រង់ត្រាច់​ទៅកាន់​ទីសព្វច្រក ទ្រង់គ្រប់​គ្រងទ្វារ សង្រួមល្អ ព្រះអង្គ​មាន​សម្បជញ្ញៈ មានសា្មរតី បានញ៉ាំង​បាត្រ​ឲ្យពេញ​ជាឆាប់ គឺទ្រង់​ទទួល​តែល្មម។ ព្រះពោធិសត្វ ជាអ្នក​ប្រាជ្ញនោះ លុះទ្រង់​ត្រាច់បិណ្ឌបាត​ហើយ ក៏ស្តេច​ចេញអំពី​នគរ យាងឡើង​កាន់ភ្នំ​បណ្ឌវៈ ដោយគិតថា​ ការនៅ នឹងមាន​ក្នុងទីនុ៎ះ។

ពួកទូត ៣ នាក់ លុះបានឃើញហើយ ក៏ចូលទៅរក​ព្រះអង្គ​ដែលទៅ​គង់ក្នុង​ទីនោះ ចំណែក​ទូតម្នាក់ បានមក​ក្រាបទូល​ស្តេចថា បពិត្រ​មហារាជ​ ភិក្ខុនោះ អង្គុយ​ក្នុងញកភ្នំ​បណ្ឌវៈ បែរមុខ​ទៅខាងកើត (ឥតរន្ធត់) ដូចខ្លាធំ គោឧសភៈ និងសីហៈ។ លុះ​ព្រះមហាក្សត្រិយ៍ ទ្រង់​ព្រះសណ្តាប់​ពាក្យរាជទូត​ហើយ ទ្រង់ប្រញាប់​រួសរាន់ យាងចេញ​ទៅកាន់​ភ្នំបណ្ឌវៈ​ដោយ​ព្រះរាជយាន​ដ៏ប្រសើរ។ ព្រះមហាក្សត្រិយ៍​នោះ លុះទ្រង់​យាង​ផុតទី​ដែលទៅ​ដោយយាន​ហើយ ក៏ចុះ​ចាកយាន ស្តេចចូល​ទៅដោយ​ព្រះបាទ បានដល់​ហើយ ក៏ចូល​ទៅរក​ព្រះពោធិសត្វ។ ព្រះរាជា ទ្រង់គង់​ហើយ ទ្រង់ថ្លែង​សំណេះសំណាល ដោយព្រះបន្ទូល​គួររឭក លុះទ្រង់​បញ្ចប់​ព្រះបន្ទូល​នោះហើយ ត្រាស់សេចក្តី​នេះថា ខ្លួនលោក​នៅកំពុង​ពេញវ័យ នៅក្មេង កំលោះជំទង់ ទើបកើត​ឡើងបាន​ត្រឹមតែ​បឋមវ័យ នៅជំទង់​បរិបូណ៌​ដោយសម្បុរ និងកំពស់ ដូចជា​មានជាតិ​ជាក្សត្រិយ៍ លោកចូរញ៉ាំង​ជនជា​ប្រធាន​នៃសេនា (មេទាហាន) ឲ្យរុងរឿង ហើយ​ចូរជា​បុគ្គល​មានពួក​ជន អ្នកមិនធ្វើ​អំពើអាក្រក់​ជាបរិវារ ចូរបរិភោគ​នូវភោគៈ​ទាំងឡាយ​ចុះ ខ្ញុំឲ្យ​ដល់លោក កាលបើ​ខ្ញុំសួរហើយ លោកចូរ​ប្រាប់ជាតិ​ដល់ខ្ញុំ។

(ព្រះពោធិសត្វត្រាស់ថា) បពិត្រមហារាជ ត្រង់ទៅ​មានជនបទ​មួយ នៅប្របភ្នំ​ហិមវន្ត ជា​ជនបទ បរិបូណ៌​ដោយទ្រព្យ និងជន​អ្នក​មានព្យាយាម​ អាស្រ័យ​នៅ​នឹងដែន​កោសល (មានជន​មួយពួក) មានគោត្រ​ជា​អាទិច្ចគោត្រ មានជាតិ​ជាសាកិយៈ អាត្មាភាព បានចេញ​ចាកត្រកូល​នោះ មកបួស អាត្មាភាព​មិនត្រូវ​ការដោយ​កាមទាំងឡាយ​ឡើយ អាត្មាភាព​បានឃើញ​ទោសក្នុង​កាមទាំង​ឡាយ បានឃើញ​នូវការ​ចេញ​ចាកកាម ថាជា​គ្រឿង​ក្សេម នឹងទៅ​ប្រឹងប្រកប​ព្យាយាម ចិត្តរបស់​អាត្មាភាព ត្រេកអរ​ក្នុងព្យាយាម​នុ៎ះ។

ចប់ បព្វជ្ជាសូត្រ ទី១។

បធានសូត្រ ទី២

[៤២] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) មារ កាលពោល​នូវវាចា​ប្រកប​ដោយ​សេចក្តី​អាណិត ចូលទៅ​ជិត​តថាគត​នោះ ដែលមាន​ចិត្តស្លុង​ទៅរក​ព្យាយាម បានទៅ​ដល់ស្ទឹង​នេរញ្ជរា កំពុងតែ​សង្វាត​ដុតបំផ្លាញ​កិលេស ដើម្បី​សម្រេចនូវ​ធម៌ជាទី​ក្សេមចាក​យោគៈ​ថា អ្នកស្គាំងស្គម ហើយមាន​សម្បុរអាក្រក់ សេចក្តីស្លាប់​កាន់តែជិត​អ្នកហើយ​។

អ្នកមាន​សេចក្តី​ស្លាប់មួយ​ពាន់ភាគ​ហើយ នៅរស់​តែមួយ​ភាគទេ បើអ្នក​មានជីវិត​រស់នៅ ប្រសើរជាង ព្រោះកាល​អ្នករស់នៅ គង់នឹង​បានធ្វើ​បុណ្យ​ទាំងឡាយ។​

កាលអ្នក​ប្រព្រឹត្ត​ព្រហ្មចារ្យ និង​បូជាភ្លើង គង់សន្សំ​បុណ្យបាន​ច្រើន អ្នកនឹងធ្វើ​អ្វីកើត ដោយការ​ព្យាយាម។

ផ្លូវទៅរកព្យាយាម ជាផ្លូវទៅបាន​ដោយក្រ ធ្វើបាន​ក៏ដោយក្រ ឲ្យសម្រេច​បានដោយ​ក្រ មារ បានឈរ​ពោលគាថា​ទាំងឡាយ​នេះ ក្នុងសំណាក់​នៃព្រះពុទ្ធ។

ព្រះមានព្រះភាគ បានត្រាស់នឹងមារនោះ ដែលមក​និយាយ​ដូច្នោះ​យ៉ាងនេះថា ម្នាលមារ​មានចិត្តបាប អ្នកមាន​សេចក្តីប្រមាទ​ជាផៅពង្ស តថាគត​មកក្នុង​ទីនេះ ព្រោះសេចក្តី​ត្រូវការ (ដោយ​បុណ្យ) ណា សេចក្តីត្រូវ​ការដោយ​បុណ្យនោះ សូម្បី​បន្តិចបន្តួច មិនមាន​ដល់តថាគត​ឡើយ បើពួក​ជនណា ត្រូវការ​ដោយបុណ្យ ទើបមារ​គួរ​និយាយ (យ៉ាងនេះ) នឹងពួក​ជននោះចុះ។

សទ្ធាផង តបៈផង វីរិយៈផង បញ្ញាផង រមែងមាន​ដល់​តថាគត កាលបើ​យ៉ាងនេះ ហេតុអ្វី​ក៏អ្នកមក​សួរនូវការ​រស់នៅ​នឹងតថាគត ដែលមាន​ចិត្តស្លុង​ទៅកាន់​ព្រះនិព្វាន។

សូម្បីខ្យល់នេះ ដែលអាចញ៉ាំង​ខ្សែទឹក​ស្ទឹង​ទាំងឡាយ ឲ្យរីងស្ងួត​បាន​ ក៏មិន​អាចញ៉ាំង​ឈាម​របស់តថាគត ដែលមាន​ចិត្តស្លុង​ទៅកាន់​ព្រះនិព្វាន ឲ្យរីងស្ងួត​បានតិចតួច​ឡើយ។

កាលបើឈាមរីងស្ងួតហើយ ប្រមាត់ និងស្លេស្ម​ក៏រីងស្ងួត កាល​បើសាច់​អស់ហើយ ចិត្តតថាគត​រឹងរឹត​តែជ្រះថ្លា សតិផង បញ្ញាផង សមាធិផង របស់​តថាគត រឹងរឹត​តែតាំង​នៅមាំ។ ចិត្តរបស់​តថាគតនោះ កាលសម្រាក​សម្រាន្ត​នៅយ៉ាងនេះ ដល់នូវទុក្ខ​វេទនា​ដ៏ក្លៀវក្លា ក៏មិននឹកនា​នូវកាម​ទាំងឡាយ​ឡើយ អ្នកចូរ​មើលសេចក្តី​បរិសុទ្ធ​របស់​សត្វចុះ។

កាមទាំងឡាយ ជាសេនាទី ១ របស់អ្នក សេចក្តីអផ្សុក ជាសេនាទី ២ សេចក្តីឃ្លាន និងស្រេក ជាសេនាទី ៣ របស់អ្នក តណ្ហា ជាសេនាទី ៤ ថីនមិទ្ធៈ ជាសេនាទី ៥ សេចក្តី​តក់ស្លុត់ ជាសេនា​ទី ៦ សេចក្តី​សង្ស័យ ជាសេនាទី ៧ របស់អ្នក ការរមិលគុណ និង​សេចក្តី​រឹងត្អឹង ជាសេនាទី ៨ របស់អ្នក លាភ សេចក្តី​សរសើរ សក្ការៈ និងយស ដែលបាន​ដោយអំពើ​ខុស បុគ្គលណា លើកដំកើង​ខ្លួនឯងផង បង្អាប់បង្អោន​ពួកជនដទៃ​ផង ម្នាលមារ នេះជា​សេនារបស់​អ្នក ជាសេនា​សម្រាប់ប្រហារ​របស់មារ បុគ្គល​មិនក្លៀវក្លា មិនឈ្នះ​នូវសេនា​នោះទេ លុះតែឈ្នះ​សេនានោះ ទើបបាន​នូវសេចក្តី​សុខ។

តថាគតនុ៎ះ គួររក្សា​ទុកនូវ​ស្មៅយ៉ាប្លង (ដូចទង់ជ័យ) តថាគត​ខ្ពើមជីវិត​របស់​តថាគត (ដែលចាញ់​សេនាមារ) ការស្លាប់​របស់​តថាគត ក្នុងសង្រ្គាម​ប្រសើរជាង តថាគត​ចាញ់​សេនាមារ ហើយរស់​នៅមិន​ប្រសើរ​សោះឡើយ។

សមណព្រាហ្មណ៍ពួកមួយ ដែលលិចលង់​ក្នុងកាម​ទាំងនុ៎ះ រមែង​មិន​ប្រាកដ​ដោយ (សីលាទិគុណ) ឡើយ ពួកជន​អ្នកមាន​វត្តល្អ រមែងទៅ (កាន់​ព្រះនិព្វាន) តាមផ្លូវ​ណា មារក៏​មិនដឹង​នូវផ្លូវនោះ​ទេ។

តថាគតបានឃើញនូវសេនាព័ទ្ធជុំវិញ ហើយ​ក៏បែរ​មុខឆ្ពោះទៅ​ដើម្បី​តយុទ្ធ​នឹងមារ ដែល​លើក​ចូលមក ព្រមទាំង​វាហនៈ ដោយ​វាចាថា អ្នកកុំញ៉ាំង​តថាគត ឲ្យឃ្លាត​ចាកទី​ឡើយ លោក ព្រម​ទាំងទេវលោក មិនអាច​គ្របសង្កត់​នូវសេនា​របស់អ្នក​ណា តថាគត អាចគ្រប​សង្កត់នូវ​សេនារបស់​អ្នកនោះ ដោយប្រាជ្ញា ដូចជា​យកថ្មមក​សង្កត់នូវ​ភាជន៍ដី​ឆ្អិនបាន។

តថាគត នឹងធ្វើនូវសម្មាសង្កប្បៈ ឲ្យស្ទាត់ផង ធ្វើស្មារតីឲ្យតាំង​នៅ​មាំផង និងទូន្មាន​ពួកសាវ័ក​ជាច្រើន ចេញ​អំពីដែន​មួយ ទៅកាន់​ដែនមួយ។

ពួកសាវ័កនោះ មិនប្រមាទ មានចិត្តស្លុង​ទៅកាន់​ព្រះនិព្វាន ជាអ្នក​ធ្វើតាម​ពាក្យប្រដៅ​តថាគត អ្នកមិន​ប្រាថ្នា (នូវកាម) ពួក​សាវ័កនោះ នឹងទៅ​ក្នុងទីណា​ហើយ​មិនសោក ក៏ទៅ​ក្នុងទីនោះ។

(មារ បាន​បន្លឺឧទានថា) អាត្មាអញ បានជាប់ប្រកិតតាម​ព្រះមានព្រះភាគ​ អស់ ៧ ឆ្នាំហើយ មិនបាន​នូវចន្លោះ គឺទោស​របស់​ព្រះសម្ពុទ្ធ​អ្នកមាន​សិរីសោះ។

ដូចសត្វក្អែក បានហើរចឹកជុំវិញថ្ម ដែលមានពណ៌​ដូចខ្លាញ់​ខាប់ ដោយគិតថា អត្មាអញ គង់បាន​របស់ទន់​ក្នុងកន្លែង​នុ៎ះខ្លះ គ្រឿងឆ្ងាញ់​ពិសា គង់មាន​ក្នុងកន្លែង​នុ៎ះខ្លះ មិនលែង។

អាត្មាអញ តាមយាយីព្រះសមណគោតម ដូចគ្នា​នឹងក្អែក (ដែល​ប្រឹងចឹក) ថ្មភ្នំ ហើយមិន​បានវត្ថុឆ្ងាញ់​ពិសា ក៏ហើរ​ចេញទៅ។

កាលមារនោះ ត្រូវសេចក្តីសោកគ្របសង្កត់​ហើយ ពិណក៏​របូត​ចេញចាក​ក្លៀក តពីនោះ​មក មារនោះ មានចិត្ត​អាក់អន់​ ហើយ​ក៏​បាត់ទៅចាក​ទីនោះឯង។

ចប់ បធានសូត្រ ទី២។

សុភាសិតសូត្រ ទី៣

[៤៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅពួក​ភិក្ខុថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ វាចា​ដែលប្រកប​ដោយអង្គ ៤ ឈ្មោះថា ជាសុភាសិត មិនមែន​ជា​ទុព្ភាសិត​ឡើយ ជាវាចា​មិនមាន​ទោសផង ដែលពួក​វិញ្ញូជន​មិនគប្បី​តិះដៀល​ផង។ ប្រកប​ដោយអង្គ ៤ តើដូចម្តេច។ គឺបុគ្គល​ក្នុងលោក​នេះ និយាយ​តែវាចា​ជា​សុភាសិត មិននិយាយ​វាចាជា​ទុព្ភាសិត ១ និយាយ​វាចាជាធម៌​តែម្យ៉ាង មិននិយាយ​វាចា​មិនមែន​ជាធម៌ ១ និយាយ​តែវាចា​គួរស្រឡាញ់ មិននិយាយ​វាចាដែល​មិនគួរ​ស្រឡាញ់ ១ និយាយ​តែវាចាពិត មិននិយាយ​វាចាឡេះឡោះ១។ ម្នាលភិក្ខុ​ទាំងឡាយ វាចា​ប្រកប​ដោយអង្គ ៤ នេះឯង ឈ្មោះថា​ជា​សុភាសិត មិនមែនជា​ទុព្ភាសិត​ឡើយ ជាវាចា​មិន​មាន​ទោសផង ដែលពួក​វិញ្ញូជន​មិនគប្បី​តិះដៀល​ផង។

ព្រះមានព្រះភាគ បានត្រាស់នូវសូត្រនេះ លុះព្រះសុគត​ជាសាស្តា ទ្រង់ត្រាស់​នូវសូត្រ​នេះហើយ ទ្រង់ត្រាស់​នូវគាថាព័ន្ធ​នេះ ក្នុងលំដាប់​តទៅថា

ពួកសប្បុរសបានពោលនូវវាចាជាសុភាសិត​ដ៏ឧត្តម (នោះជាទី ១) ពោលនូវ​វាចា​ជាធម៌ មិនពោល​នូវវាចា​មិនមែន​ជាធម៌ នោះជា​ទី ២ ពោលវាចា​គួរស្រឡាញ់ មិនពោល​វាចាដែល​មិនគួរ​ស្រឡាញ់ នោះជា​ទី ៣ ពោលពាក្យ​ពិត មិនពោល​ពាក្យឡេះឡោះ នោះជា​ទី ៤។

[៤៤] លំដាប់នោះឯង ព្រះវង្គីសៈដ៏មានអាយុ ក្រោក​ចាក​អាសនៈ ព័ទ្ធចីវរ​ឆៀងស្មា​ម្ខាង ហើយ​ប្រណម្យ​អញ្ជលី ចំពោះ​ព្រះមានព្រះភាគ រួចក្រាប​បង្គំទូល​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​សូមសំដែង​ធម៌ បពិត្រ​ព្រះសុគត ខ្ញុំព្រះអង្គ​សូមសំដែង​ធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​វង្គីសៈ អ្នកចូរ​សំដែង​ធម៌ចុះ។ លំដាប់នោះ ព្រះវង្គីសៈ​ដ៏មានអាយុ បានសរសើរ​ដោយគាថា​ទាំងឡាយ​​ដ៏​សមគួរ​ ក្នុងទី​ចំពោះ​ព្រះភក្រ្ត​ថា

បុគ្គលមិនញ៉ាំងខ្លួនឲ្យក្តៅក្រហាយ មិនបៀតបៀន​ពួកជន​ដទៃ ដោយ​វាចាណា បុគ្គល​គួរពោល​វាចានោះ​ឯង វាចានោះ ឈ្មោះថា​ជា​សុភាសិត។ វាចាណា ដែលគួរ​ត្រេកត្រអាល (ឬ) បុគ្គល​មិនប្រកាន់​នូវពាក្យ​អាក្រក់ ហើយពោល​វាចាណា​ ជា​ទីស្រឡាញ់​នៃពួក​ជនដទៃ បុគ្គល​គួរពោល​វាចា​ជាទីស្រឡាញ់​នោះឯង។ វាចាពិត ជាវាចា​មិនស្លាប់ នេះជាធម៌​មានមកយូរ​ហើយ ពួកសប្បុរស​បានតាំង​នៅក្នុង​អត្ថផង ក្នុង​ធម៌ផង ព្រោះសច្ចៈ។ ព្រះពុទ្ធ ទ្រង់ត្រាស់​នូវព្រះវាចា​ណា ជាគ្រឿងក្សេម​ដើម្បី​ដល់នូវ​ព្រះនិព្វាន ដើម្បី​ធ្វើនូវទី​បំផុតនៃទុក្ខ វាចា​នោះឯងឈ្មោះថា ជាវាចា​ដ៏ឧត្តម។

ចប់ សុភាសិតសូត្រ ទី៣។

សុន្ទរិកសូត្រ ទី៤

[៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ប្របឆ្នេរ​ស្ទឹង​ឈ្មោះ​សុន្ទរិកា ក្នុង​កោសល​ជនបទ។ សម័យ​នោះឯង សុន្ទរិកភារទ្វាជ​ព្រាហ្មណ៍ បូជាភ្លើង បំរើការ​បូជា​ភ្លើង ប្របឆ្នេរស្ទឹង​សុន្ទរិកា។ សុន្ទរិកភារទ្វាជ​ព្រាហ្មណ៍ លុះបូជា​ភ្លើង បំរើ​ការបូជា​ភ្លើងរួចហើយ ក៏ក្រោក​ចាកអាសនៈ ក្រឡេក​មើល​សព្វទិស​ទាំង ៤ ជុំវិញ ដោយ​គិតថា អ្នកណា​ហ្ន៎ គួរបរិភោគ​របស់ជា​សំណល់ ​អំពី​យញ្ញនេះ។ សុន្ទរិកភារទ្វាជ​ព្រាហ្មណ៍ បានឃើញ​ព្រះមានព្រះភាគ គង់ដណ្តប់​ព្រះកាយ ​​ព្រមទាំង​ព្រះសិរ្ស ប្របគល់​ឈើមួយ​ដើម​ក្នុង​ទីជិត លុះឃើញ​ហើយ ក៏កាន់​យករបស់​ជា​សំណល់​អំពីយ័ញ្ញ ដោយដៃ​ឆ្វេង កាន់យក​ល័ក្កចាន់​ដោយដៃ​ស្តាំ ចូលទៅរក​ព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់បើក​ព្រះសិរ្ស ដោយ (ឮ) សូរជើង​នៃ​សុន្ទរិកភារទ្វាជ​ព្រាហ្មណ៍។ លំដាប់នោះ សុន្ទរិកភារទ្វាជ​ព្រាហ្មណ៍ មាន​ប្រាថ្នា​ត្រឡប់អំពី​ទីនោះ​មកវិញ ដោយ​គិតថា យីអើ អ្នកដ៏​ចំរើននេះ ជាអ្នក​កំណោរ​ទេតើ យីអើ អ្នក​ដ៏ចំរើននេះ ជាអ្នក​កំណោរ​ទេតើ។ លំដាប់​នោះ សុន្ទរិក​ភារទ្វាជ​ព្រាហ្មណ៍ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា ព្រាហ្មណ៍​ពួកខ្លះ ក្នុង​លោកនេះ សូម្បី​ជាអ្នក​កំណោរ ក៏មាន បើដូច្នោះ ​មានតែ​អាត្មាអញ ចូលទៅ​សួរនូវ​ជាតិចុះ។ លំដាប់នោះ សុន្ទរិកភារទ្វាជ​ព្រាហ្មណ៍ បានចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ក្រាបបង្គំ​ទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា អ្នក​ដ៏ចំរើន មានជាតិ​ជាអ្វី។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹង​សុន្ទរិក​ភារទ្វាជ​​ព្រាហ្មណ៍ ដោយគាថា​ដូច្នេះថា

[៤៦] តថាគតមិនមែនជាព្រាហ្មណ៍ មិនមែនជា​រាជបុត្ត មិនមែន​ជា​វេស្សៈ ឬជា​វណ្ណៈ​ណាមួយ ក៏មិនមែន តថាគត​បានកំណត់​ដឹងនូវ​គោត្រ​របស់ពួក​បុថុជ្ជន​ ហើយជា​អ្នកមិន​មានកង្វល់ ប្រព្រឹត្ត​ទៅដោយ​ប្រាជ្ញាក្នុង​លោក តថាគត ជាអ្នក​អាស្រ័យ​នៅនឹង​សង្ឃាដិ មិនមាន​សេចក្តី​ប្រកាន់ ប្រាសចាក​សក់ មានចិត្ត​ត្រជាក់ មិនជាប់​ចំពាក់​នឹងពួក​មនុស្ស​ក្នុងលោក (ម្នាល​ព្រាហ្មណ៍ ថ្វីក៏) អ្នកមក​សាកសួរ​ប្រស្នា​ចំពោះគោត្រ ដ៏មិនសម​គួរនឹង​តថាគត។

(ព្រាហ្មណ៍ក្រាបទូលថា) បពិត្រអ្នកដ៏ចំរើន ពួកព្រាហ្មណ៍​តែងសាក​សួរជាមួយ​នឹងពួកព្រាហ្មណ៍​ថា អ្នកដ៏ចំរើន ជាព្រាហ្មណ៍ ឬមិនមែន​ទេ។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បើអ្នក​និយាយថា ខ្លួនអ្នកជា​ព្រាហ្មណ៍ ហើយ​និយាយ​ថា តថាគត មិនមែន​ជាព្រាហ្មណ៍​ទេ។ ព្រោះហេតុ​នោះ តថាគត សូមសួរ​នូវ​សាវិត្តិសាស្រ្ត​ ដែលមាន​បទ ៣ មាន​អក្ខរៈ ២៤ នឹងអ្នក។

(ព្រាហ្មណ៍ក្រាបទូលសួរថា) ពួកឥសី មនុស្ស ក្សត្រិយ៍ និងព្រាហ្មណ៍​ជាច្រើន ក្នុងលោក​នេះ អាស្រ័យ​ហេតុ​ដូចម្តេច ទើបតាក់​តែងនូវ​គ្រឿងយ័ញ្ញ ចំពោះ​ពួកទេវតា។

(ព្រះមានព្រះភាគ ត្រាស់ថា) តថាគត​ពោលថា បុគ្គលណា ដល់នូវ​ទីបំផុត​នៃវដ្តទុក្ខ ដល់​នូវវេទ (បុគ្គលនោះ) គប្បីបាន​នូវ​គ្រឿងបូជា​របស់ជន​ណា ក្នុងកាល​ជាទីបូជា គ្រឿងបូជា​របស់ជន​នោះ រមែង​សម្រេច គឺមានផល​ច្រើន។

(ព្រាហ្មណ៍ ក្រាបទូលថា) ខ្ញុំព្រះអង្គ ​បើឃើញ​បុគ្គលណា​មួយ ជាអ្នកដល់​នូវវេទ ប្រហែល​នឹងព្រះអង្គ គ្រឿងបូជា​របស់ខ្ញុំព្រះអង្គ​នោះ គង់សម្រេច​ដោយពិត ព្រោះមក​ពីខ្ញុំព្រះអង្គ មិនបាន​ជួបប្រទះ​នឹងពួកជន​ប្រហែល​នឹងព្រះអង្គ ទើបជន​ឯទៀត បរិភោគ​នូវនំ​ឈ្មោះ​បូរឡាសៈ​របស់ខ្ញុំ​ព្រះអង្គ។

(ព្រះមានព្រះភាគត្រាស់ថា) ម្នាលព្រាហ្មណ៍ ព្រោះហេតុ​នោះឯង អ្នកត្រូវការ​ដោយ​ប្រយោជន៍ គួរអ្នក​ចូលទៅ​សួរនូវ​បុគ្គលអ្នក​ស្ងប់រម្ងាប់ ប្រាសចាក​ផ្សែង គឺសេចក្តី​ក្រោធ មិនមានទុក្ខ មិន​មាន​សេចក្តីប្រាថ្នា អ្នកមុខ​ជានឹងបាន​លោកអ្នក​មានប្រាជ្ញាល្អ​ក្នុងសាសនា​នេះ​មិនខាន។

(ព្រាហ្មណ៍ ក្រាបទូលថា) បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំព្រះអង្គ​ត្រេកអរ​នឹងគ្រឿង​យ័ញ្ញ ចង់បូជា​គ្រឿងយ័ញ្ញ ខ្ញុំព្រះអង្គ​មិនដឹង សូមព្រះអង្គ​ដ៏ចំរើន ប្រៀន​ប្រដៅខ្ញុំ ការបូជា​ចំពោះ​បុគ្គលណា​ មានផល​ច្រើន សូមព្រះអង្គ​ប្រាប់បុគ្គល​នុ៎ះ​ ដល់ខ្ញុំ​ព្រះអង្គ។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរ​ប្រុង​សោតប្បសាទ តថាគត​នឹងសំដែង​ធម៌ដល់​អ្នក អ្នកកុំសួរ​ជាតិ សួរតែ​ក្រិត្យ​គ្រឿង​ប្រព្រឹត្តចុះ ភ្លើងតែង​កើតអំពី​អុស ព្រះខីណា​សវមុនិ សូម្បីជា​អ្នកមាន​ត្រកូល​ថោកទាប រមែង​ជាអ្នក​ទ្រទ្រង់​គុណជា​អាជានិយៈ ហាមឃាត់​ទោស ដោយ​ហិរិបាន​ដែរ។ (បុគ្គលណា) បានទូន្មានខ្លួន ដោយ​បរមត្ថសច្ចៈ ប្រកប​ដោយការ​ទូន្មានឥន្រ្ទិយ ជាអ្នក​ដល់នូវ​មគ្គញ្ញាណទី ៤ ជាទីបំផុត​នៃ​វេទ បានប្រព្រឹត្ត​មគ្គព្រហ្មចរិយៈ​ចប់ហើយ ព្រាហ្មណ៍​ណា ប្រាថ្នាបុណ្យ ហើយបូជា (ព្រាហ្មណ៍នោះ) គួរឲ្យ​ទេយ្យធម៌ ចំពោះបុគ្គល​នោះ​ តាមកាលគួរ។ ពួកជនណា បានលះបង់​កាមទាំងឡាយ មិនមាន​សេចក្តី​ប្រកាន់ មានចិត្ត​សង្រួម​ត្រង់ល្អ​ដូចខ្នារ ព្រាហ្មណ៍​ណា ប្រាថ្នាបុណ្យ ហើយបូជា គួរឲ្យ​ទក្ខិណាទាន ចំពោះ​ពួកជន​នោះ ក្នុងកាលគួរ។ ពួកជនណា ប្រាសចាក​តម្រេក មានឥន្រ្ទិយ​តាំងមាំ​ល្អ ដូចជាព្រះចន្រ្ទ ផុតចាក​រាហុគ្រាះ ព្រាហ្មណ៍​គួរឲ្យ​ទក្ខិណាទាន ចំពោះពួក​ជននោះ ក្នុងកាល​គួរ។ ពួកជនណា មិនជាប់​ចំពាក់ ត្រាច់ទៅ​ក្នុងលោក មានស្មារតី​សព្វកាល លះបង់​នូវសេចក្តី​ប្រកាន់ ព្រាហ្មណ៍​គួរឲ្យ​ទក្ខិណាទាន ចំពោះ​ពួកជន​នោះ ក្នុងកាល​គួរ។ ព្រះតថាគត​ណា បានលះបង់​នូវ​កិលេសកាម ជាអ្នក​ប្រព្រឹត្ត​គ្របសង្កត់​នូវវត្ថុកាម ឬក៏​ព្រះតថាគត​ណា ដឹងច្បាស់​នូវទីបំផុត​នៃជាតិ មរណៈ បាន​បរិនិព្វាន មានចិត្ត​ត្រជាក់ដូច​អន្លង់ទឹក ព្រះតថាគត​នោះ ទើបគួរ​ទទួល​គ្រឿងបូជា ឈ្មោះ​បូរឡាសៈ។ ព្រះតថាគត ស្មើដោយ​ព្រះសម្ពុទ្ធ​ទាំងឡាយ ដែល​មានគុណ​ស្មើគ្នា ឆ្ងាយអំពី​ពួកជន ដែលមាន​គុណមិនស្មើ ទ្រង់មាន​ប្រាជ្ញា​មិនមាន​ទីបំផុត មានព្រះទ័យ​មិនជាប់ចំពាក់​ក្នុងលោកនេះ និងលោក​ខាងមុខ ព្រះតថាគត ទើបគួរ​ទទួលគ្រឿង​បូជាឈ្មោះ​បូរឡាសៈ។ មាយា និងមានះ មិនមាន​នៅក្នុង​ព្រះតថាគត​ណា ព្រះតថាគត​ណា ប្រាសចាក​សេចក្តីលោភ មិនមាន​សេចក្តីប្រកាន់ មិនមាន​សេចក្តី​ប្រាថ្នា បានបន្ទោបង់​នូវសេចក្តី​ក្រោធ មានចិត្ត​ត្រជាក់ ឬថា​ព្រះតថាគត​ណា ជាអ្នក​បណ្តែត​ចោលនូវ​បាប បានលះបង់​មន្ទិល គឺសេចក្តី​សោក ព្រះតថាគត​នោះ ទើបគួរ​ទទួលនូវ​គ្រឿងបូជា ឈ្មោះ​បូរឡាសៈ។ ព្រះតថាគតណា បានលះបង់​នូវកិលេស ជាគ្រឿង​អាស្រ័យ​នៅនៃចិត្ត គឺតណ្ហា និងទិដ្ឋិ ឬថា​សេចក្តី​ប្រកាន់​ណាមួយ ក៏មិន​មានដល់​ព្រះតថាគត​ណា ព្រះតថាគត​នោះ ជាអ្នក​មិនមាន​សេចក្តី​ប្រកាន់ក្នុង​លោកនេះ និងលោក​ខាងមុខ ទើបគួរ​ទទួលគ្រឿង​បូជា ឈ្មោះ​បូរឡាសៈ។ ព្រះតថាគត​ណា ជាអ្នក​មានចិត្ត​តាំងមាំ បានឆ្លងឱឃៈ បានដឹងធម៌​ដោយ​ទិដ្ឋិដ៏ឧត្តម ជាអ្នក​អស់អាសវៈ ទ្រទ្រង់​រាងកាយ​ជាទី​បំផុត ព្រះតថាគត​នោះ ទើបគួរ​ទទួល​គ្រឿងបូជា ឈ្មោះ​​បូរឡាសៈ។ ភវាសវៈ​​ទាំងឡាយ​ផង វាចា​អាក្រក់ផង ដែល​ព្រះតថាគត​ណា កំចាត់បង់​ហើយ ដល់នូវ​ការតាំង​នៅមិនបាន គឺថា​ មិនមាន​ព្រះតថាគត​នោះ ជាអ្នក​បាននូវវេទ មានចិត្ត​ផុតចាក​ធម៌ មានខន្ធ​ជាដើម​ទាំងអស់ ទើបគួរ​ទទួល​គ្រឿងបូជា ឈ្មោះ​បូរឡាសៈ។ កិលេស​ជា​គ្រឿងជាប់​ចំពាក់ទាំងឡាយ មិនមាន​ដល់​ព្រះតថាគត​ណា ព្រះតថាគត​ណា កន្លង​ផុតនូវ​កិលេស​ជាគ្រឿង​ជាប់ចំពាក់ កាលពួក​សត្វជាប់​ដោយមានះ ព្រះអង្គ​ក៏មិនជាប់​ដោយមានះ បានកំណត់​ដឹងនូវទុក្ខ ព្រមទាំង​ខេត្តវត្ថុ គឺហេតុ និងបច្ច័យ ព្រះតថាគត​នោះ ទើបគួរ​ទទួល​គ្រឿងបូជា ឈ្មោះ​បូរឡាសៈ។ ព្រះតថាគត​ណា មិនអាស្រ័យ​នូវ​សេចក្តី​ប្រាថ្នា ឃើញនូវ​ព្រះនិព្វាន ជាធម៌​ស្ងប់ស្ងាត់ ប្រព្រឹត្ត​កន្លង​នូវមិច្ឆាទិដ្ឋិ ដែលជន​ឯទៀត​គប្បីឲ្យដឹង ធម៌ទាំងឡាយ​ណាមួយ ជាអារម្មណ៍ គឺជាបច្ច័យ មិនមាន​ដល់​ព្រះតថាគត​ណា ព្រះតថាគត​នោះ ទើបគួរ​ទទួលគ្រឿង​បូជាឈ្មោះ បូរឡាសៈ។ ធម៌​ទាំងឡាយ ទាំងខាង​ក្នុង និងខាង​ក្រៅមិនមាន ដែល​ព្រះតថាគត​ណា បានត្រាស់ដឹង កំចាត់​បង់ហើយ ជាធម៌​ដល់នូវ​កិរិយាតាំង​នៅមិនបាន គឺថា​មិនមាន​ ព្រះតថាគត​នោះ ជាអ្នក​មាន​ចិត្តស្ងប់ មានចិត្ត​ផុតស្រឡះ ព្រោះអស់​ទៅនៃ​ឧបាទាន ទើបគួរ​ទទួល​គ្រឿង​បូជា ឈ្មោះ​បូរឡាសៈ។ ព្រះតថាគត​ណា បានឃើញ​នូវធម៌​ជាទីអស់​ទៅនៃ​សំយោជនៈ​ផង ឃើញនូវ​ធម៌ជាទីអស់​ទៅនៃជាតិ​ផង បាន​បន្ទោបង់​នូវគន្លង​នៃរាគៈ មិនមាន​សេសសល់ ជាអ្នក​បរិសុទ្ធ មិនមាន​ទោស ប្រាសចាក​មន្ទិល ទាំងមិន​មានសេចក្តី​ប្រាថ្នា ព្រះតថាគត​នោះ ទើបគួរ​ទទួល​គ្រឿងបូជា ឈ្មោះ​បូរឡាសៈ។ ព្រះតថាគត​ណា មិន​ឃើញខ្លួន [ឃើញតែ​ត្រឹមខន្ធ​តែប៉ុណ្ណេះ។] ដោយ​ខ្លួនឯង ជាអ្នក​មានចិត្ត​តាំងមាំ មានចិត្ត​ប្រព្រឹត្តទៅ​ត្រង់ មានចិត្ត​នឹងធឹង ព្រះតថាគត​នោះ មានព្រះទ័យ​មិនរំភើប មិន​រឹងរូស មិន​សង្ស័យ ទើប​គួរទទួល​គ្រឿងបូជា​ឈ្មោះ បូរឡាសៈ។ សភាវធម៌ទាំងឡាយ ដែល​មានមោហៈ ជាហេតុ​ណាមួយ មិនមាន​ដល់ព្រះតថាគត​ណា ព្រះតថាគត​ណា បានឃើញ​ដោយប្រាជ្ញា ក្នុងធម៌​ទាំងឡាយ​ទាំងពួង ហើយ​ទ្រទ្រង់​នូវសរីរៈ​ជាទីបំផុត ទាំង​សម្រេច​នូវ​សម្ពោធិញ្ញាណ ជាគ្រឿង​ក្សេមយ៉ាង​ប្រសើរ ព្រះអង្គ​មាន​សេចក្តី​បរិសុទ្ធិ​យ៉ាងអស់​ជើង ត្រឹមប៉ុណ្ណេះ (ព្រះតថាគតនោះ ទើបគួរ​ទទួលនូវ​គ្រឿងបូជា ឈ្មោះ​បូរឡាសៈ)។

(ព្រាហ្មណ៍ក្រាបទូលថា) ការបូជារបស់​ខ្ញុំព្រះអង្គ ជាការ​បូជាមាន​ផលពិត ៗ ព្រោះខ្ញុំ​ព្រះអង្គ​បានបុគ្គល​អ្នកដល់​នូវវេទ ប្រហែល​នឹងព្រះអង្គ ហេតុនេះ សូម​ព្រះមានព្រះភាគ ជាបន្ទាល់​ដ៏ប្រសើរ ទទួលគ្រឿង​បូជារបស់​ខ្ញុំព្រះអង្គ សូម​ព្រះមានព្រះភាគ សោយ​គ្រឿង​បូជា ឈ្មោះ​បូរឡាសៈ​របស់ខ្ញុំ​ព្រះអង្គ។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) តថាគត មិនគួរបរិភោគ​ភោជន ដែលបាន​មកអំពី​ការពោល​គាថាទេ ម្នាល​ព្រាហ្មណ៍ នេះមិនមែន​ជាធម្មតា របស់​ពួកបុគ្គល​អ្នក​ឃើញ (ធម៌) ទេ ព្រះពុទ្ធ​ទាំងឡាយ តែង​បន្ទោបង់​នូវអាហារ ដែលពោល​គាថា ម្នាលព្រាហ្មណ៍ កាលបើ​ធម៌មាន​ហើយ នេះឯង ជាគ្រឿង​ចិញ្ចឹមជីវិត។ អ្នកចូរ​ទំនុកបំរុង បុគ្គល​ជា​ខីណាស្រព មានគុណ​ដ៏បរិបូណ៌ អ្នកស្វែង​រកនូវ​គុណដ៏ធំ អ្នករម្ងាប់​សេចក្តី​រពឹស​ដោយបាយ និងទឹក​ដទៃ ព្រោះថា​ នោះជា​ខេត្តរបស់​បុគ្គលអ្នក​ប្រាថ្នាបុណ្យ។

(ព្រាហ្មណ៍ក្រាបទូលថា) បពិត្រ​ព្រះមានព្រះភាគ សូមទ្រង់​ព្រះមេត្តា​ប្រោស ទក្ខិណេយ្យ​បុគ្គលណា គួរបរិភោគ​ទក្ខិណាទាន​របស់បុគ្គល​ដូចជា​ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ​បានដល់​នូវសាសនា​នៃព្រះអង្គ ស្វែងរក​ទក្ខិណេយ្យ​បុគ្គលណា និងទំនុក​បម្រុង​ក្នុងកាល​​ដែលបូជា ​ខ្ញុំព្រះអង្គ​ដឹងច្បាស់ (នូវ​ទក្ខិណេយ្យ​បុគ្គលនោះ) ដោយ​ប្រការដូច្នោះ។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) សេចក្តី​ប្រណាំង​ប្រជែង របស់បុគ្គល​ណា ទៅប្រាស​ហើយផង ឬចិត្ត​របស់​បុគ្គលណា មិនល្អក់ផង បុគ្គលណា ផុតស្រឡះ​ចាកកាម​ទាំងឡាយ​ផង សេចក្តី​ងោកងក់ ​ដែល​បុគ្គល​ណា បន្ទោបង់​ហើយ​ផង អ្នកទាំងឡាយ ចូរបំបាត់​នូវការក្រញូវ​មុខ ហើយផ្គង​អញ្ជលីនមស្ការ បូជា​បុគ្គល អ្នកទូន្មាន​នូវពួក​បុថុជ្ជន និង​សេក្ខបុគ្គល អ្នកដឹងច្បាស់​នូវជាតិ និងមរណៈ ជាអ្នក​ប្រាជ្ញ បរិបូណ៌​ដោយ​ប្រាជ្ញា ប្រាកដ​ដូច្នោះ មកកាន់​ទីជាទី​បូជានោះ ដោយម្ហូប​ចំណី និងទឹក កាលបើ​យ៉ាងនេះ ទក្ខិណាទាន​ទាំងឡាយ រមែង​សម្រេច។

(ព្រាហ្មណ៍ក្រាបទូលថា) ព្រះពុទ្ធដ៏ចំរើន ព្រះអង្គ​ជាបុញ្ញក្ខេត្ត​ដ៏ប្រសើរ គួរទទួល​គ្រឿងបូជា ឈ្មោះ​បូរឡាសៈ ជាការ​បូជា​ក្នុង​លោក​ទាំងអស់ ទានដែល​បុគ្គលឲ្យ​ហើយ ចំពោះ​ព្រះពុទ្ធ​ដ៏ចំរើន មានផល​ច្រើន។

[៤៧] លំដាប់នោះ សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានក្រាប​ទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់​ពេកណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់​ពេកណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ធម៌ដែល​ព្រះគោតម​ដ៏ចំរើន សំដែង​ហើយ ដោយ​អនេកបរិយាយ ដូចជា​គេផ្ងារ​នូវរបស់​ដែលផ្កាប់ ឬបើក​បង្ហាញនូវ​របស់​ដែលកំបាំង ពុំនោះ​សោត ដូចគេ​ប្រាប់ផ្លូវ​ដល់មនុស្ស​វង្វេងផ្លូវ ឬដូច​ជាគេ​ទ្រោលប្រទីប​ប្រេង​បំភ្លឺក្នុង​ទីងងឹត ដោយ​គិតថា ឲ្យពួក​មនុស្សមាន​ភ្នែកមើល​ឃើញរូប​ទាំងឡាយ​បាន ខ្ញុំព្រះអង្គ​នោះ សូមដល់​ព្រះគោតម​ដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុ​សង្ឃផង ជា​សរណៈ​ ខ្ញុំព្រះអង្គ​គួរបាន​នូវបព្វជ្ជា គួរបាន​នូវ​ឧបសម្បទា ក្នុងសំណាក់​ព្រះគោតម​ដ៏​ចំរើន។ សុន្ទរិកភារទ្វាជ​ព្រាហ្មណ៍ បានបព្វជ្ជា បាន​ឧបសម្បទា​ក្នុងសំណាក់​ព្រះមាន​ព្រះភាគ។បេ។ បណ្តា​ព្រះអរហន្ត​ទាំងឡាយ ព្រះសុន្ទរិកភារទ្វាជៈ​ដ៏មាន​អាយុ ក៏ជា​ព្រះអរហន្ត​មួយដែរ។

ចប់ សុន្ទរិកភារទ្វាជសូត្រ ទី៤។

មាឃសូត្រ ទី៥

[៤៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​នា​ភ្នំគិជ្ឈកូដ ជិតក្រុង​រាជគ្រឹះ។ គ្រានោះ មាឃមាណព បានចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបបង្គំ​ទូល​សំណេះ​សំណាល ជាមួយ​នឹង​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យគួរ​រីករាយ គួររលឹក​ហើយ ក៏អង្គុយ​ក្នុងទី​សមគួរ។ មាឃមាណព លុះ​អង្គុយ​ក្នុងទី​សមគួរ​ហើយ បានក្រាប​បង្គំទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះគោតម​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ជាទាយក ជា​ទានបតី អ្នកដឹង​នូវ​ពាក្យពេចន៍ (របស់ស្មូម) អ្នក​គួរគេ​សូមបាន ស្វែងរក​នូវភោគៈ​ទាំងឡាយ តាមធម៌ លុះខ្ញុំ​ព្រះអង្គ​ស្វែងរកភោគៈ​ទាំងឡាយ តាមធម៌​បានហើយ (ក៏យក) នូវភោគៈ​ទាំងឡាយ ដែលបាន​មកតាមធម៌ សម្រេច​មកតាម​ធម៌នោះ ឲ្យដល់​បុគ្គល​ម្នាក់ខ្លះ ឲ្យដល់​បុគ្គល​ពីរនាក់ខ្លះ ឲ្យដល់​បុគ្គល ​៣ នាក់ខ្លះ ឲ្យដល់​បុគ្គល ៤ នាក់ខ្លះ ឲ្យដល់​បុគ្គល ៥ នាក់ខ្លះ ឲ្យដល់​បុគ្គល ៦ នាក់ខ្លះ ឲ្យដល់​បុគ្គល ៧ នាក់ខ្លះ ឲ្យដល់​បុគ្គល ៨ នាក់ខ្លះ ឲ្យដល់​បុគ្គល ៩ នាក់ខ្លះ ឲ្យដល់​បុគ្គល ១០ នាក់ខ្លះ ឲ្យដល់​បុគ្គល ២០ នាក់ខ្លះ ឲ្យដល់​បុគ្គល ៣០ នាក់ខ្លះ ឲ្យដល់​បុគ្គល ៤០ នាក់ខ្លះ ឲ្យដល់បុគ្គល ៥០ នាក់ខ្លះ ឲ្យដល់​បុគ្គល​មួយរយ​នាក់ខ្លះ ឲ្យដល់បុគ្គល​ច្រើនជាង​នោះខ្លះ បពិត្រ​ព្រះគោតម​ដ៏ចំរើន កាលខ្ញុំព្រះអង្គ​ឲ្យយ៉ាងនេះ បូជាយ៉ាងនេះ តើបាន​បុណ្យ​ច្រើន​ដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើមាណព កាល​បើអ្នក​ឲ្យ​យ៉ាងនេះ បូជា​យ៉ាងនេះ រមែងបាន​បុណ្យច្រើន។ ម្នាល​មាណព បើទាយក ទានបតី អ្នកដឹង​នូវពាក្យ​ពេចន៍ (របស់ស្មូម) អ្នកគួរ​គេសូម​បាន ដែលស្វែងរក​ភោគៈ​ទាំងឡាយ​តាមធម៌ លុះស្វែង​រកភោគៈ​ទាំងឡាយ តាមធម៌​ហើយ (ក៏យក) ភោគៈ​ទាំងឡាយ​តាមធម៌ សម្រេច​មកតាម​ធម៌នោះ ឲ្យដល់​បុគ្គលម្នាក់​ខ្លះ។បេ។ ឲ្យដល់បុគ្គល​មួយរយ​នាក់ខ្លះ ឲ្យដល់​បុគ្គល​ច្រើនជាង​នោះខ្លះ ទាយកនោះ រមែង​បានបុណ្យ​ច្រើន។ លំដាប់នោះ មាឃមាណព បានក្រាប​បង្គំទូល​ព្រះមានព្រះភាគ ដោយគាថា​ដូច្នេះថា

[៤៩] ខ្ញុំសូមទូលសួរព្រះគោតម ព្រះអង្គ​ទ្រង់ជ្រាប​នូវពាក្យ​ពេចន៍​ ទ្រង់អាស្រ័យ​នៅដោយ​សំពត់​កាសាយៈ មិនមាន​ផ្ទះ ត្រាច់ទៅ​ផ្សេង ៗ គ្រហស្ថណា ជាម្ចាស់ទាន គួរគេ​សូមបាន ជាអ្នក​ត្រូវការ​ដោយបុណ្យ ប្រាថ្នា​បុណ្យ កាលឲ្យ​នូវបាយទឹក បូជាដល់​ពួកជនដទៃ​ក្នុងលោក​នេះ ការបូជា​របស់បុគ្គល​ដែលបូជា​នោះ តើបរិសុទ្ធ​ដូចម្តេច។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ម្នាល​មាណព គ្រហស្ថ (ណា) ជាម្ចាស់ទាន គួរគេ​សូមបាន ជាអ្នក​ត្រូវការ​ដោយបុណ្យ ប្រាថ្នា​បុណ្យ កាលឲ្យ​នូវបាយ និងទឹក បូជាដល់​ពួកជន​ដទៃ​ក្នុង​លោកនេះ គ្រហស្ថ​ប្រាកដ​ដូច្នោះ គប្បីញុំាង​ទក្ខិណេយ្យបុគ្គល​ទាំងឡាយ​ឲ្យត្រេកអរ​បាន។

(មាឃមាណព ក្រាបទូលថា) គ្រហស្ថ (ណា) ជាម្ចាស់ទាន គួរគេ​សូមបាន ជាអ្នក​ត្រូវការ​ដោយបុណ្យ ប្រាថ្នាបុណ្យ កាលឲ្យ​នូវបាយ និងទឹក បូជា​ដល់ពួក​ជនដទៃ ក្នុងលោក​នេះ បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ​ប្រាប់នូវ​ទក្ខិណេយ្យបុគ្គល​ទាំងឡាយ (របស់​គ្រហស្ថនោះ) ចំពោះ​ខ្ញុំព្រះអង្គ។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ពួកជនណា មិនមាន​ចិត្តជាប់ចំពាក់​ក្នុងលោក មិនមាន​កង្វល់ មានកិច្ច​សម្រេច​ហើយ ជាអ្នក​គ្រប់គ្រងចិត្ត ព្រាហ្មណ៍ណា ប្រាថ្នាបុណ្យ ហើយបូជា​ ព្រាហ្មណ៍នោះ គួរបរិច្ចាគ​ទក្ខិណាទាន ចំពោះ​ពួកជននោះ តាម​កាលគួរ។

ពួកជនណា បានផ្តាច់ចំណង គឺសំយោជនៈ​ទាំងពួង ជាអ្នក​បានទូន្មាន​នូវឥន្ទ្រិយ មានចិត្ត​ផុតស្រឡះ មិនមាន​ទុក្ខ មិនមាន​សេចក្តីប្រាថ្នា ព្រាហ្មណ៍​ណា ប្រាថ្នា​នូវបុណ្យ ហើយ​បូជា​ ព្រាហ្មណ៍នោះ គប្បីបរិច្ចាគ​ទក្ខិណាទាន ចំពោះ​ពួកជននោះ តាមកាល​គួរ។

 ពួកជន​ណា ផុតស្រឡះ​ចាកសំយោជនៈ​ទាំងពួង ជាអ្នក​ទូន្មាននូវ​ឥន្រ្ទិយ មាន​ចិត្ត​ផុតស្រឡះ មិនមាន​ទុក្ខ មិនមាន​សេចក្តី​ប្រាថ្នា ព្រាហ្មណ៍គួរ​បរិច្ចាគ​ទក្ខិណាទាន ចំពោះ​ពួកជន​នោះ តាមកាលគួរ។ (ពួកជនណា) បានលះបង់​រាគៈផង ទោសៈផង មោហៈផង មានអាសវៈ​អស់ហើយ មានមគ្គ​ព្រហ្មចារ្យ​ប្រព្រឹត្តរួច​ហើយ ព្រាហ្មណ៍ គួរបរិច្ចាគ​ទក្ខិណាទាន ចំពោះពួក​ជននោះ តាមកាលគួរ។

ការបិទបាំងទោសខ្លួន និងការប្រកាន់​ មិនមាន​នៅក្នុង​ពួកជនណា​ដែល​មានអាសវៈ​អស់​ហើយ មានមគ្គ​ព្រហ្មចារ្យ​ប្រព្រឹត្តរួច​ហើយ ព្រាហ្មណ៍​គួរបរិច្ចាគ​ទក្ខិណាទាន ចំពោះពួក​ជននោះ​តាមកាល​គួរ។

ពួកជនណា ប្រាសចាកសេចក្តីលោភ មិនប្រកាន់ មិនមាន​សេចក្តីប្រាថ្នា មានអាសវៈ​អស់ហើយ មានមគ្គ​ព្រហ្មចារ្យ​ប្រព្រឹត្ត​រួចហើយ ព្រាហ្មណ៍​គួរបរិច្ចាគ​ទក្ខិណាទាន ចំពោះ​ពួកជន​នោះ តាមកាលគួរ។

ពួកជនណា មិនដល់នូវការធ្លាក់ចុះ ក្នុងតណ្ហា​ទាំងឡាយ មិនប្រកាន់​ ហើយ​ឆ្លង​អន្លង់បាន ព្រាហ្មណ៍​គួរបរិច្ចាគ​ទក្ខិណាទាន ចំពោះ​ពួកជន​នោះ តាមកាលគួរ។

តណ្ហា​របស់ពួក​ជនណា ដើម្បី​កើតមានទៅ​ទៀត​ក្នុងលោកនេះ ឬលោក​ខាងមុខ​ណាមួយ មិនមាន​ទេ ព្រាហ្មណ៍​គួរបរិច្ចាគ​ទក្ខិណាទាន ចំពោះ​ពួកជននោះ តាម​កាលគួរ។

ពួកជនណា បានលះបង់កាមទាំងឡាយ ជាអ្នក​មិនមាន​សេចក្តី​ប្រកាន់​ សង្រួម​ចិត្ត​ត្រង់​ល្អ​ដូចខ្នារ ព្រាហ្មណ៍​គួរបរិច្ចាគ​ទក្ខិណាទាន​ ចំពោះ​ពួកជននោះ តាមកាលគួរ។

ពួក​ជនណា ប្រាសចាករាគៈ មានឥន្រ្ទិយ​តម្កល់​មាំល្អ ដូច​ព្រះចន្រ្ទ​ដែលផុត​ស្រឡះ​ចាក​រាហុគ្រាះ ព្រាហ្មណ៍​គួរបរិច្ចាគ​ទក្ខិណាទាន ចំពោះ​ពួកជននោះ តាម​កាលគួរ។

ពួកជនណា ជាអ្នកស្ងប់ចាកកិលេស ប្រាសចាករាគៈ មិនមាន​សេចក្តីក្រោធ គតិរបស់​ជនណា មិនមាន ព្រោះលះបង់ (នូវខន្ធ) ក្នុង​លោកនេះ ព្រាហ្មណ៍​គួរបរិច្ចាគ​ទក្ខិណាទាន ចំពោះ​ជននោះ តាមកាលគួរ។

ពួកជនណា លះបង់ជាតិ និងមរណៈមិនមាន​សេសសល់ ឆ្លងផុត​សេចក្តីងឿង​ឆ្ងល់គ្រប់​យ៉ាង ព្រាហ្មណ៍​គួរបរិច្ចាគ​ទក្ខិណាទាន​ចំពោះពួក​ជននោះ តាមកាលគួរ។

ពួកជនណា មានខ្លួនជាទីពឹង ត្រាច់ទៅ​ក្នុងលោក មិនមាន​កង្វល់ ផុត​ស្រឡះ​ចាក​សភាវធម៌​ទាំងពួង ព្រាហ្មណ៍​គួរបរិច្ចាគ​ទក្ខិណាទាន​ ចំពោះ​ពួកជននោះ តាមកាលគួរ។

ពួកជនណា ដឹងក្នុងសភាវធម៌នុ៎ះ តាមសេចក្តី​ពិតថា ជាតិនេះ​ជា​ជាតិ​បំផុតហើយ ភពថ្មី​មិនមាន​តទៅទៀត​ឡើយ ព្រាហ្មណ៍​គួរបរិចា្ចគ​ទក្ខិណាទាន ចំពោះ​ពួកជននោះ តាមកាល​គួរ។

ជនណាបានដល់នូវវេទ ត្រេកអរ​ក្នុងឈាន ជាអ្នក​មានស្មារតី បាន​សម្រេច​នូវ​សម្ពោធិញាណ ជាទីពឹង​របស់ជន​ច្រើន ព្រាហ្មណ៍ណា​ ជាអ្នក​ប្រាថ្នានូវ​បុណ្យហើយ​បូជា ព្រាហ្មណ៍​នោះ គួរបរិចា្ចគ​ទក្ខិណាទាន ចំពោះ​ពួកជន​នោះ តាមកាលគួរ។

(មាឃមាណព ក្រាបបង្គំទូលថា) បពិត្រ​ព្រះមានព្រះភាគ ការ​ក្រាបទូល​សួររបស់​ខ្ញុំព្រះអង្គ មិនមែន​ជាការឥត​អំពើ ដោយ​ពិត ព្រះអង្គ​បានសំដែង​ប្រាប់​ទក្ខិណេយ្យបុគ្គល​ទាំងឡាយ ចំពោះ​ខ្ញុំព្រះអង្គ ទើបខ្ញុំព្រះអង្គ បានដឹង​សេចក្តីនុ៎ះ តាមពិត ធម៌ ព្រះអង្គ ទ្រង់​ជ្រាបពិត យ៉ាងនោះ​ហើយ។

(មាឃមាណព ក្រាបទូលថា) គ្រហស្ថ (ណា) ជាម្ចាស់ទាន អ្នកគួរ​គេសូមបាន ជាអ្នកត្រូវ​ការដោយ​បុណ្យ ប្រាថ្នា​នូវបុណ្យ កាល​ឲ្យបាយ និងទឹក បូជាដល់​ពួកជនដទៃ ក្នុងលោកនេះ បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ ទ្រង់សំដែង​ប្រាប់នូវ​យញ្ញសម្បទា (របស់​គ្រហស្ថនោះ) ដល់ខ្ញុំ​ព្រះអង្គ។

ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាឃៈ អ្នកចូរបូជា​ចុះ កាលដែល​អ្នកបូជា ចូរញ៉ាំង​ចិត្តឲ្យ​ជ្រះថ្លា ក្នុងកាល​ទាំងពួង (ព្រោះ) គ្រឿងយ័ញ្ញ ជាអារម្មណ៍​របស់អ្នកបូជា បុគ្គល​ដែលបាន​ប្រតិស្ឋាន ក្នុងគ្រឿង​យ័ញ្ញនុ៎ះ​ហើយ រមែង​លះបង់​នូវទោសបាន លុះបុគ្គល​នោះ ប្រាសចាក​រាគៈ បន្ទោបង់​នូវទោសៈ​ហើយ រមែងចំរើន​នូវមេត្តាចិត្ត មិនមាន​ប្រមាណ ជាបុគ្គល​មិនធ្វេស​ប្រហែស​ជានិច្ច អស់យប់ និងថ្ងៃ ផ្សាយនូវ​មេត្តាចិត្ត មិនមាន​ប្រមាណ ក្នុងទិស​ទាំងពួង។

(មាឃមាណព ក្រាបទូលថា) បុគ្គលដូចម្តេច បរិសុទ្ធ បុគ្គល​ដូចម្តេច រួច បុគ្គល​ដូចម្តេច ជាប់នៅ បុគ្គល​ទៅកាន់​ព្រហ្មលោក​បាន ដោយហេតុ​ដូចម្តេច បពិត្រ​ព្រះអង្គ​ជាអ្នក​ប្រាជ្ញ កាលបើ​ខ្ញុំព្រះអង្គ​ជាអ្នក​មិនដឹង ក្រាបទូល​សួរហើយ សូម​ព្រះអង្គ​ទ្រង់​សំដែង បពិត្រ​ព្រះអង្គ​ជាព្រហ្ម ដ្បិតក្នុង​ថ្ងៃនេះ ខ្ញុំព្រះអង្គ បានឃើញ​ព្រះអង្គ​ជាបន្ទាល់​ហើយ ព្រោះ​ព្រះអង្គ​ពិតជា​ស្មើគ្នា​នឹងព្រហ្ម​របស់​ខ្ញុំព្រះអង្គ បពិត្រ​ព្រះអង្គ ទ្រង់មាន​សេចក្តី​រុងរឿង បុគ្គល​ទៅកាន់​ព្រហ្មលោក​បាន ដោយ​ប្រការ​ដូចម្តេច។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាឃៈ) តថាគត​ពោលថា បុគ្គលណា បូជានូវ​យញ្ញសម្បទា ៣ ប្រការ បុគ្គលបែប​នោះ ញ៉ាំ​ង​ពួក​ទក្ខិណេយ្យ​បុគ្គល ឲ្យត្រេកអរ​បាន លុះបូជា​យ៉ាងនេះហើយ​ ជា​អ្នកគួរ​គេសូមបាន ដោយប្រពៃ រមែងចូល​ទៅកាន់​ព្រហ្មលោក។

[៥០] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះហើយ មាឃមាណព​ក៏បាន​ក្រាបបង្គំ​ទូល ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់​ពេក​ណាស់។បេ។ ថាជា​អ្នកដល់​នូវ​ព្រះគោតម​ដ៏ចំរើន ជាសរណៈ​ស្មើដោយ​ជីវិត ចាប់​ដើម​អំពីថ្ងៃ​នេះតទៅ។

ចប់ មាឃសូត្រ ទី៥។

សភិយសូត្រ ទី៦

[៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ​ទ្រង់គង់​នៅ​ក្នុង​វត្តវេឡុវន ជា​កលន្ទកនិវាបស្ថាន ជិត​ក្រុង​រាជគ្រឹះ។ សម័យនោះ​ឯង ទេវតា​ជា​សាលោហិត​ពីដើម របស់​បរិព្វាជក ឈ្មោះ​សភិយៈ បាន​សំដែងឡើង​​នូវប្រស្នា​ទាំងឡាយ​ថា ម្នាល​សភិយៈ សមណៈ ឬព្រាហ្មណ៍​ណា ដែលអ្នក​សួរប្រស្នា​ទាំងនេះ​ហើយ ឆ្លើយរួច អ្នកត្រូវ​ប្រព្រឹត្ត​ព្រហ្មចារ្យ ក្នុងសំណាក់​នៃសមណៈ ឬព្រាហ្មណ៍​នោះចុះ។ គ្រានោះ សភិយ​បរិព្វាជក រៀន​ប្រស្នាទាំង​ឡាយ ក្នុងសំណាក់​ទេវតានោះ ទើប​ចូលទៅរក​ពួកសមណ​ព្រាហ្មណ៍ ជាអ្នក​មានពួក មានក្រុម (ប្តេជ្ញា​ខ្លួនថា ជា​សព្វញ្ញុសាស្តា) ជា​គណាចារ្យ [ជាអាចារ្យនៃ​ពួកបរិព្វាជក និងគ្រហស្ថ ដោយអំណាច​នៃឧទ្ទេស និងបរិបុច្ឆា។] ដែលអ្នក​ផងធ្លាប់​ស្គាល់ ជាអ្នក​មានយស [បរិបូណ៌​ដោយលាភ និងបរិវារ។ អដ្ឋកថា។] ធ្វើនូវ​កំពង់ គឺទិដ្ឋិ ដែលជន​ច្រើនគ្នា​សន្មតថា ជា​សប្បុរស គឺគ្រូឈ្មោះ​បូរណកស្សប ឈ្មោះ​មក្ខលិគោសាល ឈ្មោះ​អជិតកេសកម្ពល ឈ្មោះ​បកុទ្ធកច្ចាយនៈ ឈ្មោះ​សញ្ជយវេឡដ្ឋបុត្ត ឈ្មោះ​និគន្ថនាដបុត្ត ហើយសួរ​ប្រស្នា​ទាំងនោះ។ គ្រូទាំង​នោះ លុះត្រូវ​សភិយ​បរិព្វាជក សួរប្រស្នា​ទាំងឡាយ ក៏ឆ្លើយ​មិនរួច កាលបើ​ឆ្លើយមិនរួច ក៏ធ្វើ​នូវសេចក្តី​ក្រោធ ប្រទូស្ត អាក់អន់ចិត្ត​ឲ្យ​ប្រាកដ​ឡើង រួចក៏​សួរត្រឡប់​ទៅរក​សភិយ​បរិព្វាជក​វិញ។ គ្រានោះ សភិយបរិព្វាជក​ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា សមណ​ព្រាហ្មណ៍​​ទាំងឡាយ​ដ៏ចំរើនណា ជាអ្នក​មានពួក មានក្រុម ជា​គណាចារ្យ ដែលអ្នក​ផងធ្លាប់​ស្គាល់​ជាអ្នក​មានយស ធ្វើនូវ​កំពង់ គឺទិដ្ឋិ ដែលជន​ច្រើនគ្នា​សន្មតថា ជា​សប្បុរស គឺគ្រូឈ្មោះ​បូរណកស្សប។បេ។ ឈ្មោះ​និគន្ថនាដបុត្ត សមណ​ព្រាហ្មណ៍​ទាំងនោះ លុះត្រូវ​អញសួរ​ប្រស្នា​ទាំងឡាយ​ហើយ ក៏​ឆ្លើយ​មិនរួច កាលបើ​ឆ្លើយមិនរួច ក៏ធ្វើនូវ​សេចក្តី​ក្រោធ ប្រទូស្ត អាក់អន់ចិត្ត ឲ្យ​ប្រាកដ​ឡើង រួចក៏​សួរត្រឡប់​មករកអញ​ក្នុងប្រស្នា​ទាំងនុ៎ះវិញ បើដូច្នោះ គួរតែ​អាត្មាអញ ត្រឡប់​មកកាន់​ភេទថោកទាប គឺភេទ​គ្រហស្ថ បរិភោគ​កាមវិញចុះ។ លំដាប់នោះ សភិយបរិពា្វជក មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា ព្រះសមណ​គោតម​នេះឯង ក៏ជា​អ្នក​មានពួក មានក្រុម ជាគណាចារ្យ ដែលអ្នក​ផងធ្លាប់​ស្គាល់ ជាអ្នក​មានយស ធ្វើនូវ​កំពង់ គឺទិដ្ឋិ ដែលជន​ច្រើនគ្នា​សន្មតថា ជាសប្បុរស​ដែរ បើដូច្នោះ គួរតែ​អាត្មាអញ ចូល​ទៅរក​ព្រះសមណគោតម ហើយសួរ​ប្រស្នាទាំង​នេះ។ លំដាប់នោះ សភិយបរិព្វាជក មានសេចក្តី​ត្រិះរិះ​យ៉ាងនេះ​ទៀតថា សមណ​ព្រាហ្មណ៍​ទាំងឡាយ​ដ៏ចំរើន​ណា ដែល​ចាស់​គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុ​ច្រើន រស់នៅ​យូរឆ្នាំ​មក​ហើយ មានអាយុ​ក៏ជ្រុល​ចូលមក​ក្នុង​បច្ឆិមវ័យ​ហើយ ជាអ្នក​ខ្ជាប់ខ្ជួន (ក្នុង​សមណធម៌) ស្គាល់​រាត្រីច្រើន បួសយូរយារ​ហើយ ជាអ្នកមាន​ពួក មានក្រុម ជា​គណាចារ្យ ដែលអ្នក​ផងធ្លាប់​ស្គាល់ ជាអ្នក​មានយស ធ្វើនូវ​កំពង់ គឺទិដ្ឋិ ដែលជន​ច្រើនគ្នា​សន្មតថា ជា​សប្បុរស គឺគ្រូ​ឈ្មោះ​បូរណកស្សប។បេ។ ឈ្មោះ​និគន្ថនាដបុត្ត សមណ​ព្រាហ្មណ៍​ទាំងនោះ​សោត លុះ​ត្រូវអញ​សួរប្រស្នា​ទាំងឡាយ​ហើយ ក៏ឆ្លើយ​មិនរួច កាល​បើ​ឆ្លើយមិនរួច ក៏ធ្វើនូវ​សេចក្តី​ក្រោធ ប្រទូស្ត​ អាក់អន់ចិត្ត​ឲ្យប្រាកដឡើង រួចក៏សួរ​ត្រឡប់មក​អញ ក្នុងប្រស្នា​ទាំងនុ៎ះ​វិញ។ ចុះ​ព្រះសមណ​គោតម កាលបើ​ត្រូវអញ​សួរប្រស្នា​​ទាំងនេះ​ហើយ តើនឹងឆ្លើយ​យ៉ាងណា​ទៅអេះ។ ព្រោះថា ព្រះសមណគោតម ក្មេងដោយ​ជាតិផង ថ្មីដោយ​ផ្នួស​ផង។ លំដាប់នោះ សភិយបរិព្វាជក មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា ព្រះសមណ​គោតម អញមិនត្រូវ​មើលងាយ មិនត្រូវ​ពេបជ្រាយ​ថា​ក្មេងទេ ទោះបី​ព្រះអង្គ​ជាសមណៈ​ក្មេងក៏​ពិត ប៉ុន្តែ​ព្រះអង្គ​ជាអ្នក​មានឫទិ្ធច្រើន មានអានុភាព​ច្រើន។ បើដូច្នោះ គួរតែអញ​ចូលទៅ​រកព្រះ​សមណ​គោតម ហើយសួរ​ប្រស្នាទាំងនេះ។ គ្រានោះ សភិយ​បរិព្វាជក ក៏ចៀស​ចេញទៅ​កាន់ចារិក សំដៅ​ទៅក្រុង​រាជគ្រឹះ កាលដើរ​ទៅកាន់​ចារិក​តាមលំដាប់​ ក៏​បានចូល​ទៅរក​ព្រះមានព្រះភាគ ឯ​វត្តវេឡុវន ជា​កលន្ទកនិវាបស្ថាន ក្នុងក្រុង​រាជគ្រឹះ លុះចូលទៅ​ដល់ហើយ ក៏ពោលពាក្យ​រីករាយ​ស្មោះសរ ជាមួយ​នឹងព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែល​គួររីករាយ គួរឲ្យ​រលឹក​ហើយ ក៏អង្គុយ​ក្នុងទីដ៏​សមគួរ។ សភិយ​បរិព្វាជក លុះអង្គុយ​ក្នុងទីដ៏​សមគួរហើយ បានពោល​ចំពោះ​ព្រះមានព្រះភាគ ដោយ​គាថា

[៥២] (សភិយបរិព្វាជក ពោលថា) ខ្ញុំព្រះអង្គ​មានសេចក្តី​ងឿង​​ឆ្ងល់ សង្ស័យ ទើបមក​ប៉ុនប៉ង​នឹងសួរប្រស្នា​ទាំងឡាយ (ហេតុនេះ) ព្រះអង្គ​ កាលបើ​ខ្ញុំព្រះអង្គ​សួរប្រស្នា​ទាំងឡាយ​ហើយ សូមធ្វើ​នូវទីបំផុត​នៃប្រស្នា​ទាំងនោះ សូមព្រះអង្គ​សំដែង​ធម៌តាមសម​គួរដល់​សេចក្តី ជាលំដាប់​លំដោយ ដល់ខ្ញុំ​ព្រះអង្គ​ឲ្យទាន។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) អ្នកមក​អំពីចម្ងាយ ប៉ុនប៉ង​នឹង​សួរប្រស្នា​ទាំងឡាយ តថាគត កាលបើអ្នក​សួរប្រស្នា​ទាំងឡាយ​ហើយ នឹងធ្វើនូវ​ទីបំផុត​នៃប្រស្នា​ទាំងនោះ តថាគត​នឹងដោះ​ស្រាយនូវ​ធម៌ដ៏សម​គួរដល់​សេចក្តី ជាលំដាប់​លំដោយ​ដល់អ្នក។ ម្នាល​សភិយៈ​ អ្នកប៉ង​ក្នុងចិត្ត​ចំពោះ​ប្រស្នាណាមួយ ចូរសួរ​ប្រស្នា​នោះ មក​តថាគត​ចុះ តថាគត​នឹងធ្វើនូវ​ទីបំផុតនៃ​ប្រស្នានោះ ៗ ដល់អ្នក។

[៥៣] គ្រានោះ សភិយបរិព្វាជក នឹកយ៉ាងនេះថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែក​​ណាស់ អញមិន​ដែលបាន​សូម្បីត្រឹម​តែកម្ម គឺឱកាស ក្នុងសំណាក់​នៃសមណ​ព្រាហ្មណ៍​ទាំងឡាយដទៃ ដោយ​ហេតុណា ហេតុនោះ ព្រះសមណ​គោតម បានធ្វើកម្ម​គឺ​ឱកាស​នោះ ដល់អញ​ហើយ ៗ ក៏ត្រេកអរ រីករាយ មានចិត្ត​អណ្តែតឡើង កើតបីតិ​សោមនស្ស​​ ហើយសួរ​ប្រស្នានឹង​ព្រះមានព្រះភាគ

(សភិយបរិពា្វជក សួរថា) បណ្ឌិត​ទាំងឡាយ ហៅបុគ្គល​អ្នក​បាន​គុណវិសេស​ដូចម្ដេច ថាជាភិក្ខុ បណ្ឌិត​ទាំងឡាយ ហៅ​បុគ្គលអ្នក​ស្ងប់រម្ងាប់ ដោយ​ធម៌ល្អ ដោយ​ហេតុ​ដូចម្តេច បុគ្គល​ដែលមាន​ខ្លួនទូន្មាន​ហើយ ដោយប្រការ​ដូចម្តេច អ្នកផង​តែងហៅថា ព្រះពុទ្ធ តើដោយ​ប្រការ​ដូចម្តេច បពិត្រ​ព្រះមានព្រះភាគ​ ព្រះអង្គ​ កាលបើខ្ញុំ​ព្រះអង្គ​សួរហើយ សូមឆ្លើយ​ឲ្យទាន។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​សភិយៈ) បុគ្គលណា បានដល់​នូវការ​រំលត់ទុក្ខ ដោយមគ្គ​ដែលខ្លួន​បានចំរើន​ហើយ ឆ្លងផុត​សេចក្តី​សង្ស័យ ហើយ​លះបង់​នូវ​សេចក្តី​វិនាស និងសេចក្តី​ចំរើន មានមគ្គ​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ មានភពថ្មី​អស់ហើយ បុគ្គល​នោះ ឈ្មោះថា ជាភិក្ខុ។ បុគ្គលណា ជាអ្នក​ព្រងើយ​កន្តើយ ក្នុង​អារម្មណ៍​ទាំងពួង មាន​ស្មារតី បុគ្គលនោះ ​មិនបៀតបៀន (សត្វណាមួយ) ក្នុងលោក​ទាំងពួង ជាអ្នក​ឆ្លង​អន្លង់​រួចហើយ ជាអ្នក​រម្ងាប់បាប មានចិត្ត​មិនល្អក់​ ចំហាយ គឺ​កិលេស មិនមាន​ដល់បុគ្គល​ណា បុគ្គលនោះ ឈ្មោះថា អ្នកស្ងប់​រម្ងាប់ដោយ​ល្អ បុគ្គលណា បានចំរើន​នូវឥន្ទ្រិយ​ទាំង​ឡាយ ទាំងខាង​ក្នុង និងខាង​ក្រៅ ក្នុងលោក​ទាំងអស់ ដឹង​ច្បាស់នូវ​លោកនេះ និងលោក​ដទៃ ទន្ទឹង​តែមរណកាល បុគ្គលនោះ ​មានឥន្រ្ទិយ​អប់រំហើយ (យ៉ាងនេះ) ឈ្មោះថា មានខ្លួន​ទូន្មានហើយ។ បុគ្គលណា ពិចារណា​នូវកប្បៈ [តណ្ហា និងទិដ្ឋិ ហៅថា កប្បៈ ព្រោះ​សម្រេច​ដូច្នោះ ៗ បាន។ អដ្ឋកថា។] ទាំងអស់ និង​សង្សារ [លំដាប់ខន្ធ ធាតុ អាយតនៈ។ ន័យមួយ​ទៀតថា ពិចារណាកប្ប គឺ​សំវដ្តកប្ប វិវដ្តកប្ប​នេះ ជាបុព្វេនិវាសានុស្សតិញ្ញាណ សំសារ គឺចុតិ បដិសន្ធិសត្វ នេះជា​ចុតូបបាតញ្ញាណ អស់​ធូលី គឺទីទួល អស់ជាតិ នេះជា​អាសវក្ខយញ្ញាណ។] ចុតិ និង​បដិសន្ធិ​ទាំងពីរ បណ្ឌិត​ទាំងឡាយ ហៅបុគ្គល​ដែលមាន​ធូលី គឺកិលេស​ទៅប្រាស​ហើយ អ្នកមិន​មានទីទួល គឺ​កិលេស ស្អាត​ដោយ​វិសេស ដល់នូវ​ព្រះនិព្វាន ជាគ្រឿង​ក្ស័យនៃ​ជាតិនោះ ថាជា​ព្រះពុទ្ធ។

[៥៤] គ្រានោះ សភិយបរិព្វាជក មានចិត្ត​ត្រេកអរ​ខ្ពស់ឡើង កើតបីតិ​សោមនស្ស ត្រេកអរ រីករាយ ចំពោះ​ភាសិត​ព្រះមានព្រះភាគ ហើយ​សួរប្រស្នា​នឹង​ព្រះមានព្រះភាគ​តទៅ

(សភិយបរិព្វាជក សួរថា) បណ្ឌិត​ទាំងឡាយ​ ហៅបុគ្គល​អ្នកបាន​គុណវិសេស​ដូចម្តេច ថាជា​ព្រាហ្មណ៍ ថាជា​សមណៈ ដោយហេតុ​ដូចម្តេច អ្នកផង​តែងហៅថា ជាអ្នក​ងូតលាង (កិលេស) ដោយ​ប្រការ​ដូចម្តេច ហៅថា ​នាគ តើដោយ​ប្រការ​ដូចម្តេច បពិត្រ​ព្រះមានព្រះភាគ ព្រះអង្គ កាលបើខ្ញុំ​ព្រះអង្គ​សួរហើយ សូមឆ្លើយ​ឲ្យទាន។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​សភិយៈ) បុគ្គលណា​ បន្សាត់បង់​នូវបាប​ទាំងពួង ប្រាសចាក​មន្ទិល មានចិត្តតាំង​នៅល្អ មានចិត្ត​ខ្ជាប់ខ្ជួន កន្លង​ផុតនូវសង្សា មាន​កិច្ច​សម្រេចហើយ បុគ្គលនោះ ជាអ្នក​មិនអាស្រ័យ (ដោយ​តណ្ហា និងទិដ្ឋិ) ជាអ្នក​នឹងធឹង បុគ្គលនោះ តថាគត​ហៅថា ព្រាហ្មណ៍។ បុគ្គលណា រម្ងាប់ (កិលេស ដោយ​អរិយមគ្គ) លះបុណ្យ និងបាប ប្រាសចាក​ធូលី គឺកិលេស ដឹងច្បាស់​នូវលោកនេះ និងលោក​ខាងមុខ ប្រព្រឹត្ត​កន្លង​នូវជាតិ និងមរណៈ បុគ្គល​នោះ ជាអ្នក​នឹងធឹង មានសភាព​ដូច្នោះ តថាគត ហៅថា​សមណៈ។ បុគ្គលណា លាងបាប​ទាំងពួង ទាំងខាង​ក្នុង និងខាង​ក្រៅ ក្នុងលោក​ទាំងមូល មិនដល់​នូវកប្បៈ គឺតណ្ហា និងទិដ្ឋិ ក្នុងពួក​ទេវតា និងមនុស្ស ​ដែលគួរ​ដល់កប្បៈ បណ្ឌិតទាំងឡាយ ហៅបុគ្គល​នោះ​ថា ជាអ្នក​ងូតលាង​នូវកិលេស។

បុគ្គលណា មិនបានធ្វើបាបណាមួយ​ក្នុងលោក លះបង់​នូវគ្រឿង​ប្រកប​សត្វទុក​ទាំងពួង នូវកិលេស​ជាគ្រឿង​ចង មិនជាប់​ក្នុងគ្រឿង​ជាប់​ទាំងពួង (មានខន្ធ​ជាដើម) ជា​អ្នករួច​ស្រឡះ បុគ្គល​ជាអ្នក​នឹងធឹង មានសភាព​ដូច្នោះនោះ តថាគត​ហៅថា ​នាគ។

[៥៥] គ្រានោះ សភិយបរិព្វាជក។បេ។ សួរនូវប្រស្នា​នឹងព្រះមានព្រះភាគ​តទៅ

(សភិយបរិព្វាជក សួរថា) ព្រះពុទ្ធទាំងឡាយ ​ហៅបុគ្គលណាថា ជាអ្នកឈ្នះ​នូវខេត្ត គឺអាយតនៈ ហៅបុគ្គល​អ្នកច្រូតកាត់​នូវ​ស្រោម គឺកម្ម ដោយ​ហេតុដូចម្តេច ហៅថា បណ្ឌិត​ តើដោយ​​ហេតុដូចម្តេច ហៅថា​មុនី តើដោយ​ហេតុដូចម្តេច បពិត្រ​ព្រះមាន​ព្រះភាគ ព្រះអង្គ​ កាលបើខ្ញុំ​ព្រះអង្គសួរ​ហើយ សូមឆ្លើយ​ឲ្យទាន។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណា ពិចារណា​នូវខេត្ត គឺអាយតនៈទាំងអស់ គឺខេត្តជាទិព្វ ខេត្តជា​របស់មនុស្ស ខេត្តជា​របស់ព្រហ្ម រួចស្រឡះ​ចាកចំណង (គឺអវិជ្ជា ភវតណ្ហា​ជាដើម) ជាឫស​គល់នៃខេត្ត (ទាំងអស់) បុគ្គលនឹងធឹង មានសភាព​ដូច្នោះ​នោះ ឈ្មោះថា អ្នកឈ្នះ​នូវខេត្ត គឺអាយតនៈ ព្រោះមាន​ចិត្តទៀង​ទាត់។ បុគ្គលណា ពិចារណា​ឃើញនូវ​ស្រោម គឺកម្មទាំង​អស់ គឺស្រោម​ជាទិព្វ ជារបស់​មនុស្ស និងស្រោម​ជារបស់​ព្រហ្ម រួចស្រឡះ​ចាកចំណង (គឺអវិជ្ជា​ ភវតណ្ហា ជាដើម) ជាឫស​គល់នៃស្រោម​ទាំងអស់ បុគ្គលនឹងធឹង មានសភាព​ដូច្នោះនោះ ឈ្មោះថា ជាអ្នកច្រូត​កាត់នូវ​ស្រោម គឺកម្ម។ បុគ្គលណា មាន​បញ្ញាស្អាត ពិចារណា​ឃើញ នូវធម្មជាតិ​ស្អាត គឺអាយតៈ​ទាំងពីរ ទាំងខាងក្នុង​ខាងក្រៅ កន្លង​នូវធម៌ខ្មៅ និងធម៌ស គឺបាប និងបុណ្យ បុគ្គល​នឹងធឹង​មានសភាព​ដូច្នោះនោះ ឈ្មោះថា ជាបណ្ឌិត។ បុគ្គលណា ដឹងច្បាស់​ធម៌របស់ពួក​អសប្បុរស និងសប្បុរស ក្នុងលោក​ទាំងមូល ទាំងខាង​ក្នុងទាំងខាង​ក្រៅ កន្លងបង់​នូវគ្រឿង​ជាប់ចំពាក់​ដោយបណ្តាញ បុគ្គលនោះ គួរទេវតា និងមនុស្ស​បូជា បុគ្គលនោះ ឈ្មោះថា មុនី។

[៥៦] គ្រានោះ សភិយបរិព្វាជក។បេ។ បានសួរប្រស្នា​នឹង​ព្រះមានព្រះភាគ តទៅ

(សភិយបរិព្វាជក សួរថា) បណ្ឌិតទាំងឡាយ ហៅបុគ្គល អ្នក​បានគុណ​វិសេស​ដូចម្តេច ថាជា​អ្នកដល់​នូវេទ ហៅថា​អ្នកត្រាស់​ដឹងតាម តើដោយ​ហេតុដូចម្តេច ហៅថា អ្នកមាន​ព្យាយាម តើដោយ​ប្រការ​ដូចម្តេច ហៅថា​អាជានេយ្យ តើព្រោះ​ហេតុដូចម្តេច បពិត្រ​ព្រះមានភាគ ព្រះអង្គ កាល​បើខ្ញុំព្រះអង្គ​សួរហើយ សូមឆ្លើយ​ឲ្យទាន។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ)​ បុគ្គលណា ​ពិចារណា​ឃើញនូវវេទ​ទាំងអស់ ដែលជា​វេទរបស់ពួក​សមណព្រាហ្មណ៍ ប្រាស​ចាកតម្រេក ក្នុងវេទនា​ទាំងពួង កន្លងបង់​នូវវេទ​ទាំងអស់ បុគ្គលនោះ ឈ្មោះថា ដល់នូវវេទ។

បុគ្គលណា ពិចារណារឿយ ៗ នូវ​បបញ្ចធម៌ និងនាមរូប ជាឫសគល់​នៃរោគ ទាំង​ខាង​ក្នុង ទាំងខាង​ក្រៅ រួចស្រឡះ​ចាកចំណង គឺអវិជ្ជា ភវតណ្ហា​ជាដើម ជាឫសគល់​នៃរោគ​ទាំងអស់ បុគ្គល​អ្នកនឹងធឹង​មានសភាព​ដូច្នោះ​នោះហៅថា អ្នកត្រាស់​ដឹងតាម។

បុគ្គលណា វៀរចាកបាប​ទាំងពួង កន្លងបង់​និរយទុក្ខ បុគ្គលនោះ ឈ្មោះថា អ្នកមាន​ព្យាយាម បុគ្គលអ្នក​មានព្យាយាម​មាំ ជាធីរជន (អាចកំចាត់បង់​កិលេស ជាដើម) ជាអ្នកនឹងធឹង មានសភាព​ដូច្នោះនោះ ហៅថា អ្នកមាន​ព្យាយាម។

បុគ្គលណា ច្រូតកាត់នូវចំណង (គឺសំយោជនៈ) និងឫសគល់​ នៃគ្រឿង​ជាប់ចំពាក់ ទាំងខាង​ក្នុង ទាំងខាងក្រៅ​ ជាអ្នករួច​ស្រឡះ​ចាកឫសគល់​នៃគ្រឿង​ជាប់ចំពាក់​ដោយ​ចំណង (គឺសំយោជនៈ) ទាំងអស់ បុគ្គលអ្នក​នឹងធឹង ​មានសភាព​ដូច្នោះនោះ ហៅថា​អាជានេយ្យបុរស។

[៥៧] គ្រានោះ សភិយបរិព្វាជក។បេ។ បានសួរប្រស្នា​នឹងព្រះមានព្រះភាគ​តទៅ

(សភិយបរិព្វាជក សួរថា) បណ្ឌិត​ទាំងឡាយ ហៅបុគ្គល​អ្នកបាន​នូវគុណវិសេស​ដូចម្តេច ថាជា​សោត្ថិយបុគ្គល ហៅថា អរិយៈ ដោយហេតុ​ដូចម្តេច ហៅថា ​អ្នកមាន​ចរណៈ ដោយប្រការ​ដូចម្តេច ហៅថា ​បរិព្វាជក ព្រោះហេតុ​ដូចម្តេច បពិត្រ​ព្រះមានព្រះភាគ ព្រះអង្គ ​កាលបើខ្ញុំ​ព្រះអង្គ​សួរហើយ សូមឆ្លើយ​ឲ្យទាន។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណា បានស្តាប់ ហើយដឹង​ច្បាស់នូវធម៌​ទាំងពួង នូវអំពើ​មានទោស និងមិនមាន​ទោស​ណាមួយ ក្នុងលោក បណ្ឌិត​ទាំងឡាយ​ ហៅបុគ្គល​អ្នកគ្របសង្កត់ (ធម៌ជា​ទីតាំងនៃ​កិលេស) មិនមាន​សេចក្តី​ងឿងឆ្ងល់ រួចស្រឡះ (ចាកចំណង គឺកិលេស) មិនមាន​សេចក្តី​ចង្អៀតចង្អល់ ក្នុងធម៌​ទាំងពួងនោះ ថា​ជា​​សោត្ថិយបុគ្គល។

បុគ្គលណា កាត់បង់នូវអាល័យ និងអាសវៈ ជាអ្នកប្រាជ្ញ បុគ្គលនោះ មិនចូល​ទៅកាន់​ដំណេក​ក្នុងគភ៌ បុគ្គលណា បន្ទោបង់​នូវសញ្ញា ៣ ប្រការ [កាមសញ្ញា ១ អាហារសញ្ញា ១ ជីវិតសញ្ញា ១។ អដ្ឋកថា។] និងភក់ (គឺកាម) មិនដល់នូវ​កប្បៈ គឺតណ្ហា និងទិដ្ឋិ បណ្ឌិត​ទាំងឡាយ ហៅបុគ្គល​នោះថា អរិយៈ។

បុគ្គលណា ក្នុងសាសនានេះ បានដល់នូវ​អរហត្ត ដែល​គេគប្បី​ដល់ ព្រោះ​ចរណធម៌​ទាំងឡាយ បុគ្គលនោះ ជាអ្នក​ឈ្លាសវៃ បានដឹង​ធម៌គ្រប់​កាលទាំង​ពួង មិនជាប់​នៅក្នុងធម៌​ទាំងពួង មានចិត្តរួច​ស្រឡះហើយ បុគ្គល​ណា មិន​មាន​សេចក្តី​ថ្នាំងថ្នាក់​ចិត្ត បុគ្គលនោះ ឈ្មោះថា មាន​ចរណធម៌។

បុគ្គលណា​ កំចាត់បង់នូវកម្ម ដែលឲ្យផល​ជាទុក្ខ ទាំងអតីត ទាំងអនាគត ទាំង​បច្ចុប្បន្ន ទាំងកម្ម​ជាចន្លោះ​កណ្តាល​នៃកាល ជាអ្នក​ប្រព្រឹត្ត​ដោយប្រាជ្ញា មួយទៀត គេបាន (លះបង់) មាយា មានះ លោភៈ កោធៈ និងធ្វើ​នាមរូប ឲ្យមាន​ទីបំផុត បណ្ឌិត​ទាំងឡាយ ហៅបុគ្គល​អ្នកដល់នូវ​គុណសម្បិត្ត ដែលគេ​គប្បីដល់​នោះថា ជាបរិព្វាជក។

[៥៨] គ្រានោះ សភិយបរិព្វាជក ត្រេកអររីករាយ​ចំពោះ​ភាសិត​ របស់​ព្រះមាន​ព្រះភាគ ជាអ្នក​មានចិត្ត​ត្រេកអរ មានចិត្ត​អណ្តែតឡើង រីករាយ កើតបីតិ ​និង​សោមនស្ស ហើយក្រោក​ចាកអាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀង​ស្មាម្ខាង ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះមានព្រះភាគ សរសើរ​ព្រះមានព្រះភាគ ចំពោះ​ព្រះភក្រ្ត​ ដោយគាថា​ទាំង​ឡាយ​ដ៏សមគួរ​ថា

បពិត្រព្រះអង្គ ជាបុគ្គលមានប្រាជ្ញា​ស្មើដោយ​ផែនដី ទិដ្ឋិទាំងឡាយ ៣ ណា និង​ទិដ្ឋិ​ទាំងឡាយ ៦០ ណា ដែល​អាស្រ័យ​នៅដោយ​វាទសាស្រ្ត​របស់​សមណៈ (ជាអន្យតិរិ្ថយ) អាស្រ័យ​នៅនឹង​ពាក្យ (ថាស្រ្តី – បុរស) និង​សញ្ញា (ខុសរបស់​មនុស្សពាល) ជា​កំពង់ ជាទីចុះ​របស់សត្វ ព្រះមានព្រះភាគ បានកំចាត់​ចោល (នូវទិដ្ឋិ​ទាំងនោះ) បាន​កន្លង​ផុត​នូវ​ងងឹត គឺឱឃៈ។ ព្រះអង្គ​ជាអ្នកដល់​នូវទីបំផុត ជាអ្នក​​ដល់នូវ​ត្រើយនៃទុក្ខ គឺ​ព្រះនិព្វាន ព្រះអង្គ​ជាអរហន្ត (សម្មាសម្ពុទ្ធ) ខ្ញុំព្រះអង្គ​សំគាល់​ព្រះអង្គថា ជា​ព្រះខីណាស្រព ព្រះអង្គ​មានសេចក្តី​រុងរឿង មាន​យោបល់ មាន​ប្រាជ្ញាច្រើន ធ្វើនូវ​ទីបំផុត​​នៃទុក្ខ បាន​ចំឡងខ្ញុំ​ព្រះអង្គ (ចាកសេចក្តី​សង្ស័យ)។

ព្រះអង្គជ្រាបនូវសេចក្តីសង្ស័យណា ដែលខ្ញុំ​ព្រះអង្គ​សង្ស័យ​ហើយ បាន​ចំឡង​ខ្ញុំព្រះអង្គ ឲ្យរួច​ចាកសង្ស័យ (នោះ) (បពិត្រ​ព្រះអង្គ ជាអ្នកប្រាជ្ញ) ខ្ញុំសូម​ថ្វាយបង្គំ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ ជាអ្នកដល់​នូវគុណ​សម្បិត្ត ដែល​គួរដល់ ដោយ​គន្លងនៃ​អ្នកប្រាជ្ញ​ទាំងឡាយ ព្រះអង្គ​ជាអាទិច្ចពង្ស មិន​រឹងត្អឹង ជាអ្នក​ស្លូតបូត។ សេចក្តី​សង្ស័យណា របស់ខ្ញុំ មានមក​ក្នុងកាល​មុន ព្រះអង្គ​ជាអ្នក​មានចក្ខុ បានដោះ​ស្រាយហើយ នូវសេចក្តី​សង្ស័យ​របស់​ខ្ញុំព្រះអង្គ​នោះ ព្រះអង្គ​ជាអ្នកប្រាជ្ញ ត្រាស់ដឹង​ហើយ​ដោយពិត ព្រះអង្គ​មិនមាន​នីវរណៈ​ទាំងឡាយ​ឡើយ។

សេចក្តីចង្អៀតចង្អល់ទាំងអស់ ដែលព្រះអង្គ​កំចាត់បង់​ហើយ បានធ្វើ​ឲ្យជ្រះ​ស្រឡះ​ហើយ ព្រះអង្គ​ជាបុគ្គល​ត្រជាក់ ​ដល់នូ​វការទូន្មាន​ឥន្រ្ទិយ មានប្រាជ្ញា មាន​ព្យាយាម ដោយទៀង​ទាត់។

កាលព្រះអង្គ ជាមហាវីរបុរសដ៏ប្រសើរក្រៃលែង​នោះ កំពុង​សំដែង ពួក​ទេវតា​ទាំងពួង រមែង​អនុមោទនា ទាំង​ទេវតា​ពីរពួក គឺនារទៈ​ និងបព្វតៈ ក៏អនុមោទនា។

បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គ សូម​នមស្ការ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជាបុរស​ឧត្តម ខ្ញុំព្រះអង្គ សូម​នមស្ការ​ព្រះអង្គ ព្រះអង្គ​មិនមាន​បុគ្គល​ប្រៀបផ្ទឹម​ក្នុង​លោក ព្រមទាំង​ទេវលោក។

ព្រះអង្គជាអ្នកត្រាស់ដឹង ព្រះអង្គជា​សាស្តាចារ្យ ព្រះអង្គ​ជាអ្នក​ប្រាជ្ញ គ្របសង្កត់​នូវមារ (ទាំងបួន) ព្រះអង្គ​កាត់បង់​នូវ​អនុសយក្កិលេស ឆ្លងបាន​ហើយ ទើប​ចំឡង​ពពួក​សត្វទាំង​នេះ។

ព្រះអង្គបានកន្លងឧបធិហើយ ព្រះអង្គបាន​ទំលាយ​អាសវៈ​ហើយ ព្រះអង្គ​ជា​បុគ្គល​ដូចសីហៈ មិនមាន​ឧបាទាន បាន​លះភ័យ និង​សេចក្តី​ស្ញប់ស្ញែង​ហើយ។

ផ្កាឈូកសដ៏ល្អ មិនជាប់ក្នុងទឹក យ៉ាងណា​មិញ ព្រះអង្គ​មិន​ជាប់​ក្នុងអំពើ​ទាំងពីរ គឺ​បុណ្យ និងបាប ក៏យ៉ាង​នោះដែរ បពិត្រ​ព្រះអង្គ​ជាវីរបុរស សូម​ព្រះអង្គ​សណ្តូក​ព្រះបាទ សភិយបរិព្វាជក ថ្វាយបង្គំ (ព្រះបាទ) ព្រះសាស្តា។

[៥៩] គ្រានោះ សភិយបរិព្វាជក ឱនសិរ្សៈ ទៀបព្រះបាទ​ទាំងគូ របស់​ព្រះមាន​ព្រះភាគ ហើយ​សរសើរ​ព្រះមានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ច្បាស់​ណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ច្បាស់​ណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ដែល​ព្រះមានព្រះភាគ​សំដែង​ហើយ ដោយ​អនេក​បរិយាយ យ៉ាងនេះ (ភ្លឺច្បាស់​ណាស់) ដូចជា​គេផ្ងារ​របស់ដែល​ផ្កាប់ចុះ ពុំនោះ ដូចជា​គេបើក​បង្ហាញ របស់ដែល​កំបាំង ពុំនោះ​សោត ដូចជា​គេប្រាប់​ផ្លូវដល់អ្នក​វង្វេងទិស ឬក៏ដូច​ជាគេទ្រោល​ប្រទីបប្រេង បំភ្លឺក្នុង​ទី​ងងឹត ឲ្យមនុស្ស​មានចក្ខុ មើលឃើញ​នូវរូប​ទាំងឡាយ​បាន ខ្ញុំព្រះអង្គនុ៎ះ សូមដល់នូវ​ព្រះមានព្រះភាគ​ផង ព្រះធម៌​ផង ព្រះភិក្ខុ​សង្ឃផង ជាសរណៈ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ គួរបាន​បព្វជ្ជា គួរបាន​ឧបសម្បទា ក្នុង​សំណាក់​ព្រះមានព្រះភាគ។ ម្នាល​សភិយៈ អ្នកណា ធ្លាប់ជា​អន្យតិរិ្ថយ ប្រាថ្នា​បព្វជ្ជា ប្រាថ្នា​ឧបសម្បទា ក្នុងធម្មវិន័យ​នេះ អ្នកនោះ​នៅបរិវាស​អស់ ៤ ខែសិន លុះអំណើះ ៤ ខែ ហើយ ភិក្ខុ​ទាំងឡាយ អ្នកមានចិត្ត​ប្រោស​ប្រាណ ទើបញ៉ាំង​បុគ្គលអ្នក​នៅបរិវាស​ហើយ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ​ដើម្បី​ឲ្យ​បាន​ជាភិក្ខុ តែថា​សេចក្តីផ្សេង​នៃបុគ្គល​ក្នុងកិច្ច​បរិវាស​នោះ តថាគត​ដឹងច្បាស់​ហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បើពួកជន​ដែលធ្លាប់​ជា​អន្យតិរិ្ថយ ប្រាថ្នាបព្វជ្ជា ​ប្រាថ្នា​ឧបសម្បទា ក្នុង​ធម្មវិន័យ​នេះ នៅ​បរិវាសអស់ ៤ ខែសិន លុះអំណើះ ៤ ខែហើយ​ ភិក្ខុទាំងឡាយ អ្នកមាន​ចិត្តប្រោស​ប្រាណ ញ៉ាំងពួក​កុលបុត្ត​អ្នកនៅ​បរិវាស​រួចហើយ ​ឲ្យបព្វជ្ជា ឲ្យ​ឧបសម្បទា ដើម្បី​ឲ្យបាន​ជាភិក្ខុ។ ខ្ញុំព្រះអង្គ សូមនៅ​បរិវាសអស់ ៤ ឆ្នាំ លុះកន្លង ៤ ឆ្នាំ​ហើយ សូមឲ្យ​ភិក្ខុទាំង​ឡាយ អ្នកមាន​ចិត្តប្រោស​ប្រាណ ញ៉ាំងខ្ញុំព្រះអង្គ​អ្នកនៅ​បរិវាស​រួចហើយ ឲ្យ​បព្វជ្ជា ឲ្យ​ឧបសម្បទា ដើម្បីឲ្យ​បានជាភិក្ខុ។ សភិយ​បរិព្វាជក ក៏បានបព្វជ្ជា បាន​ឧបសម្បទា ក្នុងសំណាក់​ព្រះមានព្រះភាគ។ ព្រះសភិយៈ​ដ៏មានអាយុ បាន​ឧបសម្បទា មិនយូរ​ប៉ុន្មាន ក៏ចៀស​ចេញទៅ​តែម្នាក់ឯង មិនធ្វេស​ប្រហែស មានព្យាយាម​ដុតកំដៅ​កិលេស មានចិត្ត​ស្លុងទៅ (កាន់ព្រះនិព្វាន) កុលបុត្រ​ទាំងឡាយ ចេញចាកផ្ទះ​ ចូល​កាន់ផ្នួស ដោយ​ត្រឹមត្រូវ ដើម្បី​ប្រយោជន៍​ដល់អនុត្តរធម៌​ណា មិនយូរ​ប៉ុន្មាន (លោក) ក៏បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេច​នូវអនុត្តរធម៌​នោះ មាន​ព្រហ្មចរិយធម៌​ជាទីបំផុត ដោយ​ប្រាជ្ញាដ៏ប្រសើរ​របស់ខ្លួនឯង ក្នុង​បច្ចុប្បន្ន បាន​ដឹងថា ជាតិ​អស់ហើយ ព្រហ្មចរិយ​ធម៌ អាត្មាអញ ប្រព្រឹត្ត​ចប់ហើយ កិច្ចដែល​គួរធ្វើ បានធ្វើ​រួចហើយ មគ្គភាវនាកិច្ច​ដទៃ​ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមាន​ឡើយ​។​ បណ្តា​ព្រះ​អរហន្តទាំងឡាយ សភិយៈ​ដ៏មានអាយុ​ បានជា​ព្រះអរហន្ត ១ អង្គ​ដែរ។

ចប់ សភិយសូត្រ ទី៦។

សេលសូត្រ ទី៧

[៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធ​ដំណើរ​ទៅកាន់​ចារិក ក្នុង​អង្គុត្តរាបជនបទ ជាមួយនឹងភិក្ខុសង្ឃ​ច្រើនរូប គឺភិក្ខុ​មួយពាន់ពីរ​រយហាសិប (១២៥០) យាងសំដៅ​ទៅនិគម​ឈ្មោះ​អាបណៈ របស់ពួក​អ្នក​អង្គុត្តរាប​ជនបទ។ កេណិយជដិល បានឮ​ដំណឹងថា ព្រះសមណ​គោតម ជាសក្យបុត្រ ចេញចាក​សក្យត្រកូល ទ្រង់​ព្រះផ្នួស កំពុងធ្វើ​ពុទ្ធដំណើរ​មកកាន់​ចារិក ក្នុង​អង្គុត្តរាប​ជនបទ ជាមួយ​នឹង​ភិក្ខុសង្ឃ​ច្រើនរូប គឺភិក្ខុ​មួយពាន់​ពីររយហាសិប មកដល់​និគមឈ្មោះ​អាបណៈ​ហើយ។ កិតិ្តសព្ទ​ដ៏ពីរោះ របស់​ព្រះគោតម​ដ៏ចំរើននោះ ឮខ្ចរខ្ចាយ​សុះសាយ​យ៉ាង​នេះថា ព្រះមានព្រះភាគ​នោះ ព្រះអង្គ​ឆ្ងាយចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង ព្រះអង្គ​ត្រាស់ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ដោយប្រពៃ ចំពោះ​ព្រះអង្គ ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា ​និងចរណៈ គឺសេចក្តី​ចេះដឹង និង​ក្រិត្យ ដែលបុគ្គល​គប្បីប្រព្រឹត្ត ព្រះអង្គមាន​ដំណើរ​ល្អ​ទៅកាន់​ព្រះនិព្វាន ព្រះអង្គ​ជ្រាបច្បាស់​នូវត្រៃលោក ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ រកបុគ្គល​ណាមួយ​ស្មើគ្មាន ព្រះអង្គ​ជាអ្នក​ទូន្មាន​នូវបុរស ដែលគួរ​ទូន្មាន​បាន ព្រះអង្គជា​គ្រូ​នៃទេវតា​ និងមនុស្ស​ទាំងឡាយ ព្រះអង្គ​បានត្រាស់​ដឹងនូវ​សច្ចធម៌ ព្រះអង្គ​លែងវិល​ត្រឡប់​មកកាន់​ភពថ្មីទៀត ព្រះមានព្រះភាគ​នោះ ព្រះអង្គ បានធ្វើ​ឲ្យជាក់​ច្បាស់ ដោយ​ប្រាជ្ញា​ដ៏ឧត្តម ដោយ​ព្រះអង្គ ហើយញ៉ាំង​លោកនេះ ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ញ៉ាំង​ពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និងមនុស្ស​ដ៏សេស ឲ្យត្រាស់​ដឹងផង ព្រះអង្គ​ទ្រង់សំដែង​ធម៌ ពីរោះ​បទដើម បទកណ្តាល និងបទចុង ព្រះអង្គ​ប្រកាស​នូវ​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និង​ព្យព្ជានៈ ពេញបរិបូណ៌​ បរិសុទ្ធ​ទាំងអស់ ក៏ដំណើរ​បានឃើញ បានជួប​នឹងព្រះអរហន្ត​ទាំង​ឡាយ មានសភាព​យ៉ាងនោះ ជាការ​ប្រពៃពេក។ គ្រានោះ កេណិយជដិល ចូល​សំដៅ​ទៅត្រង់​ទីដែល​ព្រះមានព្រះភាគ​គង់ លុះចូល​ទៅដល់​ហើយ ក៏ធ្វើ​សេចក្តីរីក​រាយ​ជាមួយ​នឹង​ព្រះមាន​ព្រះភាគ លុះបញ្ចប់​ពាក្យដែល​គួររីករាយ និងពាក្យ​ដែល​គួរ​រលឹក​ហើយ ក៏អង្គុយ​ក្នុងទី​សមគួរ។ លុះ​កេណិយជដិល អង្គុយក្នុង​ទីសមគួរ​ហើយ ព្រះមានព្រះភាគ ទ្រង់​សំដែង​ពន្យល់​ណែនាំ ធ្វើឲ្យ​អាចហាន ឲ្យរីករាយ​ដោយធម្មីកថា​។ លំដាប់​នោះ កេណិយជដិល ដែល​ព្រះមានព្រះភាគ ពន្យល់​ណែនាំ ធ្វើឲ្យ​អាចហាន ឲ្យរីករាយ​ដោយធម្មីកថា​ហើយ ក៏ក្រាប​ទូលនិមន្ត​ព្រះមានព្រះភាគ​យ៉ាងនេះថា សូម​ព្រះគោតម​ដ៏ចំរើន ព្រមទាំង​ភិក្ខុសង្ឃ ទទួល​ចង្ហាន់របស់​ខ្ញុំព្រះអង្គ​ក្នុងថ្ងៃ​ស្អែក ឲ្យទាន។

[៦១] កាលដែលកេណិយជដិល ក្រាបទូលយ៉ាងនេះ​ហើយ ព្រះអង្គ​ទ្រង់ត្រាស់​នឹង​​កេណិយជដិល​ដូច្នេះថា ម្នាល​កេណិយៈ ភិក្ខុសង្ឃ​ច្រើនណាស់​ គឺភិក្ខុ​មួយពាន់ពីរ​រយហាសិប អ្នកសោត ក៏ធ្លាប់​ជ្រះថ្លាក្នុង​ពួកព្រាហ្មណ៍​​ហើយ។ កេណិយជដិល ទូល​ព្រះមានព្រះភាគ អស់វារៈ​ពីរដង យ៉ាងនេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ភិក្ខុសង្ឃ​ច្រើនរូប​ គឺភិក្ខុ​មួយពាន់ពីរ​រយហាសិប ខ្ញុំព្រះអង្គ​សោត ជាអ្នកធ្លាប់​ជ្រះថ្លា​ក្នុងពពួក​ព្រាហ្មណ៍​ក៏ពិតមែន តែថា សូម​ព្រះគោតម​ដ៏ចំរើន ព្រមទាំង​ភិក្ខុសង្ឃ ទទួលចង្ហាន់​របស់ខ្ញុំ​ព្រះអង្គ​ក្នុងថ្ងៃ​ស្អែក​ឲ្យទាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹង​កេណិយជដិល​អស់​វារៈពីរ​ដង​យ៉ាងនេះថា ម្នាល​កេណិយៈ ភិក្ខុសង្ឃច្រើន គឺភិក្ខុ​មួយពាន់ពីរ​រយ​ហាសិប អ្នកសោត អ្នកជាធ្លាប់​ជ្រះថ្លា​ក្នុង​ពួកព្រាហ្មណ៍​ហើយ។ កេណិយជដិល ទូល​ព្រះមានព្រះភាគ​អស់វារៈ ៣ ដង​យ៉ាងនេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ភិក្ខុសង្ឃ​ច្រើន​រូប គឺភិក្ខុ​មួយពាន់ពីររយហាសិប ខ្ញុំព្រះអង្គ​សោត ជាអ្នក​ធ្លាប់ជ្រះថ្លា​ក្នុងពួក​ព្រាហ្មណ៍​ក៏ពិត​មែន តែថា សូម​ព្រះគោតម​ដ៏ចំរើន ព្រមទាំង​ភិក្ខុសង្ឃ ទទួល​ចង្ហាន់​របស់ខ្ញុំព្រះអង្គ​ក្នុងថ្ងៃ​ស្អែកឲ្យទាន។ ព្រះមានព្រះភាគ ទ្រង់ទទួល​និមន្តដោយ​តុណ្ហីភាព។ លំដាប់នោះ កេណិយជដិល ដឹងច្បាស់​នូវការទទួល​និមន្តន៍ របស់​ព្រះមានព្រះភាគ​ហើយ ក៏ក្រោក​ចាក​អាសនៈ ចូលសំដៅ​ទៅត្រង់​អាស្រម​របស់ខ្លួន លុះចូល​ទៅដល់​ហើយ ក៏ប្រាប់​ពួកមិត្រ​អមាត្យ និងញាតិ​សាលោហិត​ថា ពួក​មិត្រ​អមាត្យ និង​ញាតិសា​លោហិត​ដ៏ចំរើន ចូរស្តាប់​ពាក្យខ្ញុំ ព្រោះខ្ញុំ​បាននិមន្ត​ព្រះសមណ​គោតម ព្រមទាំងភិក្ខុសង្ឃ ដើម្បី​ចង្ហាន់​ក្នុង​​ថ្ងៃស្អែក អ្នក​ទាំងឡាយ ត្រូវ​ជួយ​ធ្វើការខ្វល់​ខ្វាយ​ដោយកាយ​ដល់ខ្ញុំ។ ពួក​មិត្រអមាត្យ និងញាតិ​សាលោហិត​របស់​កេណិយជដិល ក៏ទទួល​ស្តាប់ពាក្យ​កេណិយជដិល​ថា អើ​លោក ពួកខ្លះ​ជីកចង្ក្រាន ​ជីកគុក ពួកខ្លះពុះ​ឧស ពួកខ្លះ​លាងភាជន៍ ពួកខ្លះដម្កល់​ពាងទឹក ពួកខ្លះ​ក្រាល​អាសនៈ ឯ​កេណិយជដិល ក៏​ចាត់ចែង​បារាំ ដោយខ្លួន​ឯង។

[៦២] សម័យនោះឯង សេលព្រាហ្មណ៍ នៅអាស្រ័យ​ក្នុងនិគម​ឈ្មោះ​អាបណៈ ជា​អ្នក​ដល់នូវត្រើយ​នៃវេទ ៣ ព្រមទាំង​គម្ពីរឈ្មោះ​និឃណ្ឌុ និង​គម្ពីរឈ្មោះ​កេដុភៈ និង​អក្ខរប្បភេទ មានគម្ពីរ​ឈ្មោះ​ឥតិហាស ជាគំរប់ ៥ ជាអ្នក​រៀននូវបទ ចេះ​ព្យាករណ៍ មិនទើស​ទាល់ ក្នុង​លោកាយតសាស្រ្ត និង​​មហាបុរិសលក្ខណសាស្ត្រ​ បង្រៀន​មន្ត​ទាំង​ឡាយ ដល់​មាណព​បីរយនាក់។ សម័យនោះឯង កេណិយជដិល ក៏ជាអ្នក​ធ្លាប់ជ្រះថ្លា ក្នុង​សេលព្រាហ្មណ៍​ដែរ។ គ្រានោះឯង សេលព្រាហ្មណ៍ មាន​មាណព​បីរយចោមរោម ត្រាច់ដើរ​ទៅមក​សម្រាក​ស្មង រួចក៏ចូល​សំដៅទៅ​ត្រង់​អាស្រម​កេណិយជដិល។ សេលព្រាហ្មណ៍ បាន​ឃើញ​មនុស្សពួក​ខ្លះ កំពុង​ជីកចង្រ្កាន ជីកគុក ទៀបអាស្រម​កេណិយជដិល។បេ។ មនុស្ស​ពួកខ្លះ កំពុង​ក្រាលអាសនៈ ទាំង​កេណិយជដិល ក៏​កំពុង​ចាត់ចែង​បារាំ​ដោយ​ខ្លួនឯង លុះឃើញ​ហើយ ក៏សួរ​កេណិយជដិល​យ៉ាងនេះថា កេណិយៈ​​ដ៏ចំរើន នឹងមាន​កិច្ច​អាវាហៈ ឬវិវាហៈ ឬរៀបចំ​មហាយ័ញ្ញ ឬក៏អញ្ជើញ​ព្រះបាទ​​ពិម្ពិសារ មាគធសេនិយ ព្រមទាំង​ពួកពល ដើម្បីជប់​លៀង​ក្នុងថ្ងៃ​ស្អែកឬហ្ន៎។ បពិត្រ​សេលព្រាហ្មណ៍​ដ៏ចំរើន អាត្មា​មិនមាន​កិច្ចអាវាហៈ មិនមាន​កិច្ចវិវាហៈទេ ទាំងមិន​បាន​អញ្ជើញ​ព្រះបាទពិម្ពិសារ​ មាគធសេនិយៈ ព្រមទាំង​ពួកពល ដើម្បី​ជប់លៀង​ក្នុងថ្ងៃ​ស្អែក​ទេ។ ប៉ុន្តែ​អាត្មាមាន​ការរៀបចំ​មហាយ័ញ្ញ ព្រះសមណ​គោតម ជា​សក្យបុត្រ ចេញ​ចាក​​សក្យត្រកូល ទ្រង់​ព្រះផ្នួស ធ្វើពុទ្ធ​ដំណើរ​មកកាន់​ចារិក​ក្នុង​អង្គុត្តរាបជនបទ ជាមួយ​នឹង​ភិក្ខុសង្ឃ​ជាច្រើនរូប គឺភិក្ខុ​មួយពាន់ពីររយហាសិប យាងមក​ដល់​​អាបណនិគម​ហើយ កិត្តិសព្ទ​ដ៏ពីរោះ របស់​ព្រះគោតម​ដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុះសាយ​យ៉ាងនេះថា ព្រះមាន​ព្រះភាគ​នោះ។បេ។ ព្រះអង្គ​បានត្រាស់​ដឹងនូវ​សច្ចធម៌ ព្រះអង្គ​លែងវិល​ត្រឡប់​មកកាន់​ភពថ្មីទៀត។ អាត្មាបាន​និមន្ត​ព្រះសមណ​គោតមនោះ ព្រមទាំង​ភិក្ខុសង្ឃ ដើម្បចង្ហាន់​ក្នុងថ្ងៃស្អែក។ បពិត្រ​កេណិយៈ​ដ៏ចំរើន លោក​និយាយ​ថា ព្រះពុទ្ធឬ។ ម្នាល​សេលព្រាហ្មណ៍​ដ៏ចំរើន អាត្មា​និយាយថា ព្រះពុទ្ធ។ បពិត្រ​កេណិយៈ​ដ៏ចំរើន លោក​និយាយ​ថា ព្រះពុទ្ធឬ។ ម្នាល​សេលព្រាហ្មណ៍​ដ៏ចំរើន អាត្មា​និយាយ​ថា ព្រះពុទ្ធ។ គ្រានោះ សេលព្រាហ្មណ៍ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា សំឡេង​គឹកកង​ថា ពុទ្ធៈនេះ គេរក​បាន​ដោយក្រ​ក្នុងលោក។ មហាបុរិសលក្ខណៈ ៣២ ប្រការ មានមក​ហើយ ក្នុងមន្ត​ទាំងឡាយ​របស់យើង មហាបុរស ដែល​ប្រកប​ដោយ​មហាបុរិស​លក្ខណៈ​​ទាំងនោះ​ រមែង​មានគតិ​ពីរយ៉ាង មិនប្លែក​អំពីនេះទេ គឺនៅគ្រប់​គ្រងផ្ទះ នឹង​បានជា​ស្តេចចក្រពត្តិ ព្រះអង្គ​ជាធម្មិកធម្មរាជ ជាឥស្សរៈ​លើផែនដី ប្រដាប់​ដោយទ្វីប ៤ មាន​សមុទ្រទាំង ៤ ជាទី​បំផុត ទ្រង់មាន​ជ័យជំនះ​ខាងក្នុង និងខាង​ក្រៅ ដល់នូវភាព​មាំមួន​ក្នុង​ជនបទ ទ្រង់​បរិបូណ៌​ដោយ​រតនៈ ៧ ប្រការ ឯរតនៈ ៧ ប្រការ​របស់​ស្តេច​ចក្រពត្តិ​នោះ គឺ​ចក្ករតនៈ ១ ហត្ថិរតនៈ ១ អស្សរតនៈ ១ មណិរតនៈ ១ ឥត្ថីរតនៈ ១ គហបតិរតនៈ ១ បរិនាយករតនៈ ១ រួមត្រូវ​ជា ៧ ប្រការ​ ឯស្តេច​ចក្រពត្តិ​នោះ មាន​ព្រះរាជបុត្រ​ច្រើន​ពាន់ ប្រកប​ដោយជាតិ​ដ៏ថ្លៃថ្លា សុទ្ធសឹង​តែក្លៀវក្លា មាន​រូបឆោម​ល្អ អាចសង្កត់​សង្កិន​នូវសេនា​របស់​ស្តេច​ដទៃបាន។ ស្តេច​ចក្រពត្តិនោះ ទ្រង់ត្រួត​ត្រាគ្រប់​គ្រងផែនដី​នេះ មានសាគរ​ជាព្រំ​ប្រទល់​ដោយធម៌ មិនបាច់​ប្រើអាជ្ញា មិនបាច់​ប្រើគ្រឿង​សស្ត្រាវុធ (នេះ ១)។ ប្រសិនបើ​ចេញ​ចាក​រាជដំណាក់ ទៅទ្រង់​ព្រះផ្នួស នឹងបានជា​អរហន្តសម្មាសម្ពុទ្ធ​ក្នុង​លោក មានដម្បូល​ផ្ទះ គឺកិលេស​បើកហើយ (១)។ សេលព្រាហ្មណ៍​បានសួរថា ម្នាល​កេណិយៈ​ដ៏ចំរើន ចុះឥឡូវ​នេះ ព្រះគោតម​ដ៏ចំរើន ជាអរហន្ត​សម្មាសម្ពុទ្ធ​នោះ ព្រះអង្គ​គង់នៅ​ក្នុងទីណា។

[៦៣] កាលសេលព្រាហ្មណ៍ និយាយយ៉ាងនេះ កេណិយជដិល ក៏ផ្គង​ដៃខាងស្តាំ​និយាយ​នឹង​សេលព្រាហ្មណ៍​យ៉ាងនេះថា ម្នាល​សេលព្រាហ្មណ៍​ដ៏ចំរើន ជួរនៃ​ព្រៃខៀវ ៗ នុ៎ះ មានក្នុង​ចំណែក​ទិសណា (ព្រះអង្គ​គង់ក្នុង​ចំណែក​ទិសនោះ)។ លំដាប់នោះ សេលព្រាហ្មណ៍ ព្រមទាំង​មាណព ៣០០ នាក់ ចូលសំដៅ​ទៅត្រង់កន្លែង​ដែល​ព្រះមានព្រះភាគ​គង់។ លំដាប់នោះ សេលព្រាហ្មណ៍ ប្រាប់ពួក​មាណព​ទាំងនោះថា អ្នកដ៏ចំរើន​ទាំងឡាយ ចូរនិយាយ​គ្នាតិច ៗ ចូរដើរ​ដាក់ជើង​ជិតជើង (ដើរសន្សឹម) ព្រោះ​លោក​ដ៏ចំរើន​ទាំងនោះ មកអំពី​ចម្ងាយ ដើរតែ​ម្នាក់ឯង ដូចសីហៈ ម្នាល​អ្នកដ៏ចំរើន​ទាំង​ឡាយ ទម្រាំអញ​ប្រឹក្សានឹង​ព្រះសមណ​គោតម​សិន ម្នាលអ្នក​ដ៏ចំរើន​ទាំងឡាយ អ្នក​ទាំងឡាយ កុំស្កាត់​សំដីអញ​ត្រង់​ចន្លោះ ៗ ឡើយ អ្នកដ៏ចំរើន​ទាំងឡាយ ចូររង់​ចាំនូវ​ទី​បំផុតនៃ​ពាក្យអញ​សិន។ លំដាប់នោះ សេលព្រាហ្មណ៍ ចូលសំដៅ​ទៅត្រង់​កន្លែង​ដែល​ព្រះមានព្រះភាគ​គង់ លុះចូល​ទៅដល់ហើយ ក៏ធ្វើ​សេចក្តី​រីករាយ​ជាមួយ​នឹង​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែល​គួររីករាយ និងពាក្យ​ដែលគួរ​រលឹកហើយ ក៏​អង្គុយក្នុង​ទីសមគួរ។ សេលព្រាហ្មណ៍ លុះអង្គុយ​ក្នុងទីសម​គួរហើយ ក៏ពិនិត្យមើល​មហាបុរិសលក្ខណៈ ៣២ ប្រការ ក្នុងព្រះកាយ​របស់​ព្រះមានព្រះភាគ។ សេលព្រាហ្មណ៍ បានឃើញ​នូវ​មហាបុរិសលក្ខណៈ ៣២ ប្រការ ក្នុង​ព្រះកាយ​របស់​ព្រះមានព្រះភាគ ដោយ​ច្រើន លើកលែង​តែ​មហាបុរិសលក្ខណៈ​ពីរប្រការ ក៏សង្ស័យ​ងឿងឆ្ងល់ មិនចុះ​ចិត្តស៊ប់ មិនយល់​ច្បាស់ ក្នុង​មហាបុរិសលក្ខណៈ ២ ប្រការ គឺ​វត្ថគុយ្ហប្រទេស ដែល​ស្រោប​​ដោយ​ស្រោម ១ ព្រះជិវ្ហាល្វន់ល្វៃ ១។ គ្រានោះ ព្រះមានព្រះភាគ មាន​ព្រះតម្រិះ​យ៉ាងនេះថា សេលព្រាហ្មណ៍ ឃើញតែ​មហាបុរិសលក្ខណៈ ៣២ ប្រការ របស់​តថាគត ដោយ​ច្រើន លើកលែង​តែ​មហាបុរិសលក្ខណៈ ២ ប្រការ ក៏សង្ស័យ​ងឿងឆ្ងល់ មិនចុះ​ចិត្តស៊ប់ មិន​យល់ច្បាស់ ក្នុង​មហាបុរិសលក្ខណៈ ២ ប្រការ គឺ​វត្ថគុយ្ហប្រទេស ដែល​ស្រោប​ដោយ​ស្រោម ១ ព្រះជិវ្ហា​ល្វន់ល្វៃ ១។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់​និម្មិតរូប ដែល​តាក់តែង​ដោយឫទ្ធិ មានទំនង​ល្មម​ឲ្យ​សេលព្រាហ្មណ៍​ឃើញបាន​នូវ​គុយ្ហប្រទេស ដែលស្រោប​ដោយស្រោម​របស់ព្រះអង្គ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់លៀន​ព្រះ​ជិវ្ហា ហើយ​មូរស៊ក​តាមរន្ធ​នៃព្រះកាណ៌​ទាំងពីរ​ផង មូរស៊ក​តាមរន្ធនៃ​ព្រះនាសិក​ទាំង​ពីរ​ផង បិទបាំង​នូវមណ្ឌល នៃ​នលាដ​ទាំងអស់​ដោយ​ព្រះជិវ្ហាផង។ លំដាប់នោះ សេលព្រាហ្មណ៍ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា ព្រះសមណ​គោតម ប្រកប​ដោយ​មហា​បុរិសលក្ខណៈ ៣២ ប្រការ គ្រប់គ្រាន់ មិនមែន​មិនគ្រប់គ្រាន់​ទេ ប៉ុន្តែ អញមិន​ទាន់ស្គាល់ នូវលោកថា ជាព្រះពុទ្ធ ឬមិនមែន​ព្រះពុទ្ធ។ ប៉ុន្តែ​អញ​បានឮ​ពាក្យរបស់​ព្រាហ្មណ៍​ចាស់ទុំ មាន​អាយុ​ច្រើន ជាអាចារ្យ ប្រធាន​លើអាចារ្យ និយាយថា ពួកជនណា ជាអរហន្ត​សម្មាសម្ពុទ្ធ​ដ៏មានព្រះភាគ ពួកជន​នោះ កាលបើ​ត្រូវគេថ្លែង​គុណជា​របស់ខ្លួន រមែង​សំដែងខ្លួន​ឲ្យប្រាកដ បើដូច្នោះ គួរតែអញ​សរសើរ​ព្រះសមណ​គោតម ក្នុងទីចំពោះ​ព្រះភក្រ្ត ដោយ​សារុប្បគាថា​ចុះ។ លំដាប់នោះ សេលព្រាហ្មណ៍ សរសើរ​ព្រះមាន​ព្រះភាគ​ ក្នុងទី​ចំពោះ​ព្រះភក្រ្ត ដោយ​សារុប្បគាថា ដូច្នេះថា

ព្រះអង្គជាបុគ្គលមានព្រះកាយបរិបូណ៌ មានពន្លឺសរីរៈល្អ មាន​ព្រះជាតិល្អ [កើត​មកល្អស្រាប់ ដោយការដល់​ព្រមដោយ​កំពស់ ទំហំ និងសណ្ឋាន។] មាន​ការមៀង​មើលល្អ [អាចារ្យ​ខ្លះថា ព្រះអង្គ​មានព្រះនេត្រល្អ។ អដ្ឋកថា។] ព្រះមានព្រះភាគ មាន​សម្បុរ​ដូចជាមាស មាន​ព្រះទាឋា សសុទ្ធ មានព្យាយាម ព្រោះថា​មហា​បុរិសលក្ខណៈ​ទាំងអស់​នោះ មានប្រាកដ​ក្នុងព្រះកាយ​របស់ព្រះអង្គ ដែល​ជាជន​មានកំណើត​ល្អ។ ព្រះអង្គ​មាន​ព្រះនេត្រថ្លា មាន​ព្រះភក្រ្តល្អ មានព្រះកាយ​សមរម្យ (ទាំងកម្ពស់ និងទំហំ) មាន​ព្រះកាយត្រង់ មានរស្មី​រុងរឿង ក្នុងកណ្តាល​នៃពួក​សមណៈ​ដូចព្រះអាទិត្យ។ ព្រះអង្គ ជាភិក្ខុ​អ្នកមៀងមើល​ល្អ មានព្រះតចោ​ភ្លឺថ្លាដូចមាស ប្រយោជន៍​អ្វី​ដោយភាព​ជាសមណៈ​ដល់ព្រះអង្គ ​ដែល​មានសម្បុរ​ដ៏ឧត្តមយ៉ាងនេះ។ ព្រះអង្គ​គួរជាស្តេច​ចក្រពត្តិ​ដូចជា​ឧសភ​ក្នុងរថ ជាឥស្សរៈ​លើផែនដី ប្រដាប់​ដោយទ្វីប​ ៤ មាន​សមុទ្រទាំង ៤ ជាទី​បំផុត មានជ័យជំនះ ទាំងខាងក្នុង និងខាងក្រៅ ជាឥស្សរៈ​របស់​ជម្ពូទ្វីប ក្សត្រ​ទាំងឡាយ ជាស្តេច​បំរើចុះចូល​ព្រះអង្គ បពិត្រ​ព្រះគោតម ព្រះអង្គ​ជាស្តេច​ដែលពួកស្តេច​គោរពបូជា ជាធំ​ជាងពួក​មនុស្ស សូមសោយរាជ្យ​ទៅវិញ។

[៦៤] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ម្នាល​សេលៈ តថាគត​ជាស្តេចធម្មរាជ ជាបុគ្គល​ប្រសើរ ញ៉ាំងចក្រ​ឲ្យប្រព្រឹត្តទៅ​ដោយធម៌ ជាចក្រ​ដែលអ្នកណា​មួយឲ្យ​ប្រព្រឹត្ត​ទៅ​មិនបាន។

(សេលព្រាហ្មណ៍ និយាយថា) ព្រះអង្គប្តេជ្ញា​ជាព្រះសម្ពុទ្ធ ជា​ធម្មរាជ ជាបុគ្គល​ប្រសើរ បពិត្រ​ព្រះគោតម​ដ៏ចំរើន ព្រះអង្គ​ត្រាស់ថា តថាគត​ញ៉ាំងចក្រ​ឲ្យប្រព្រឹត្តទៅ ដោយធម៌​ចុះ សាវ័ក​ណា ជាសេនាបតី ជាអ្នក​ប្រព្រឹត្តតាម​ព្រះសាស្តា​ដ៏ចំរើន សាវ័កណា ញ៉ាំង​ធម្មចក្រ​ជាកេរ្តិ៍ដំណែល​របស់ព្រះអង្គ​នេះ ឲ្យប្រព្រឹត្ត​ទៅបាន។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសេលៈ) សារីបុត្ត ជាអនុជាត ញ៉ាំង​ធម្មចក្រ ជាចក្រ​ដ៏ប្រសើរ ដែលតថាគត​ឲ្យប្រព្រឹត្ត​ទៅហើយ (នោះ) ឲ្យប្រព្រឹត្ត​តាម​តថាគត។ វិជ្ជា និងវិមុត្តិ​ដែលគប្បី​ដឹងច្បាស់ តថាគត​ដឹងច្បាស់​ហើយ មគ្គសច្ច​ដែលគប្បី​ចំរើន តថាគតបាន​ចំរើនហើយ សមុទយសច្ច​ដែល​គប្បីលះ តថាគត​លះបង់​ហើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ ទើបតថាគត ឈ្មោះ​​ថាពុទ្ធៈ ម្នាលព្រាហ្មណ៍ អ្នកចូរ​កំចាត់​សេចក្តី​សង្ស័យ ចូរជឿស៊ប់​​ចំពោះ​តថាគតចុះ ការបាន​​ជួបប្រទះ​នឹងព្រះសម្ពុទ្ធ​ទាំង​ឡាយ​រឿយ ៗ ជាការបាន​ដោយក្រ។

ការកើតឡើងនៃព្រះសម្ពុទ្ធ​ក្នុងលោករឿយ ៗ ជាការ​បាន​ដោយក្រ ម្នាល​ព្រាហ្មណ៍ តថាគតនោះ ជាអ្នក​ត្រាស់ដឹង ជាអ្នកកាត់​នូវសរ គឺ​រាគាទិក្កិលេស ជាបុគ្គល​ប្រសើរ។

តថាគត ជាបុគ្គលប្រសើរ កន្លងនូវសេចក្តី​ប្រៀបផ្ទឹម ញាំញីនូវ​មារសេនា ឥតមាន​ភ័យអំពី​ទីណា​ឡើយ រមែង​រីករាយ ព្រោះបាន​ធ្វើសត្រូវ​ទាំងអស់ ឲ្យលុះ​ក្នុងអំណាច។

(សេលព្រាហ្មណ៍ និយាយថា) ម្នាលអ្នក​ដ៏ចំរើន​ទាំងឡាយ ព្រះពុទ្ធអ្នក​មានចក្ខុ ទ្រង់កាត់​នូវសរ គឺ​រាគាទិក្កិលេស ជា​មហាវីរបុរស ដូចជា​សីហៈ​បន្លឺក្នុងព្រៃ សំដែង​យ៉ាងណា អ្នកទាំងឡាយ​ ចូរស្តាប់​នូវពាក្យនេះ យ៉ាងនោះចុះ។

បុគ្គលណា ឃើញព្រះសម្ពុទ្ធ ជាបុគ្គលប្រសើរ កន្លងនូវ​សេចក្តី​ប្រៀបផ្ទឹម ញាំញី​នូវ​មារសេនា ហើយ​មិនគប្បី​ជ្រះថ្លា សូម្បី​កណ្ហាភិជាតិកជន (ជនកើត​ក្នុងត្រកូល​ថោកទាប មានត្រកូល​ចណ្ឌាល​ជាដើម ក៏ជ្រះថ្លាដែរ)។

អ្នកណាចង់ (បួស) ចូរមកតាមខ្ញុំ អ្នកណា​មិនចង់ ចូរទៅវិញចុះ ខ្ញុំនឹងបួស​ក្នុងសំណាក់​ព្រះពុទ្ធ មានប្រាជ្ញា​ដ៏ប្រសើរ ក្នុងទីនេះ។

(ពួកមាណព និយាយថា) បើលោកដ៏ចំរើន​គាប់ចិត្ត​នឹងសាសនា របស់​ព្រះសម្មាសម្ពុទ្ធ​យ៉ាងនេះ ពួកយើង​ក៏នឹងបួស​ក្នុង​សំណាក់ព្រះពុទ្ធ មានប្រាជ្ញា​ដ៏ប្រសើរ​ដែរ។

(សេលព្រាហ្មណ៍ និយាយថា) ពួកព្រាហ្មណ៍​ទាំង ៣ រយនាក់​ទាំងនេះ ប្រណម្យ​អព្ជាលី សូម (ផ្នួស) បពិត្រ​ព្រះមានព្រះភាគ ពួកយើង​នឹងប្រពឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​ព្រះអង្គ។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសេលៈ) បព្វជ្ជា​របស់កុលបុត្ត អ្នកមិនធ្វេស​ប្រហែស កាលសិក្សា​ជាគុណជាតិ មិនឥតអំពើ​ក្នុង​ព្រហ្មចរិយធម៌​ណា ព្រហ្មចរិយធម៌​នោះ តថាគត សំដែងទុក​ល្អហើយ ជាគុណ​ឲ្យផល​ជាក់ច្បាស់ មិនកំណត់​កាល។

[៦៥] សេលព្រាហ្មណ៍ ព្រមទាំងបរិស័ទ ក៏បាន​បព្វជ្ជា បានឧបសម្បទា ក្នុង​សំណាក់​នៃព្រះមានព្រះភាគ។ លំដាប់នោះ លុះកន្លង​រាត្រីនោះហើយ កេណិយជដិល ក៏ឲ្យតាក់​តែង​ខាទនីយ​ភោជនីយាហារ​ដ៏ផ្ចិតផ្ចង់ ក្នុងអាស្រម​របស់ខ្លួន ហើយឲ្យ​ក្រាប​ទូល​ភត្តកាល​ដល់​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះគោតម​ដ៏ចំរើន កាលគួរ​ហើយ ភត្ត​សម្រេច​ហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហ​សម័យ ហើយ​ទ្រង់​យាងសំដៅ​ចូលទៅឯ​អាស្រម​កេណិយជដិល លុះចូល​ទៅដល់​ហើយ​ ក៏គង់​លើ​អាសនៈ​ដែលគេ​ក្រាលថ្វាយ ព្រមទាំង​ភិក្ខុសង្ឃ។ គ្រានោះ កេណិយ​ជដិល បាន​អង្គាស​ភិក្ខុសង្ឃ មាន​ព្រះពុទ្ធ​ជាប្រធាន ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏​ផ្ចិត​ផ្ចង់​​ ដោយដៃ​ខ្លួនឯង ឲ្យឆ្អែត​ស្កប់ស្កល់ ទាល់តែ​ហាមឃាត់។ លំដាប់នោះ កេណិយ​ជដិល (បានចូល​ទៅគាល់) ព្រះមានព្រះភាគ ដែលទ្រង់​សោយភត្ត​រួចហើយ មាន​ព្រះហស្ត ដាក់ចេញ​ពីបាត្រ​ហើយ រួចក៏កាន់​យកអាសនៈ ១ ដ៏ទាប អង្គុយ​ក្នុង​ទី​សមគួរ។ កាលដែល​កេណិយជដិល អង្គុយស៊ប់​ក្នុងទីសម​គួរហើយ ព្រះមានព្រះភាគ ​ទ្រង់​អនុមោទនា​ដោយគាថា​ទាំងនេះថា

ការបូជាទាំងឡាយ មានការបូជាភ្លើង​ជាប្រធាន គម្ពីរ​សាវិត្តិសាស្រ្ត​ជាប្រធាន នៃគម្ពីរ​ឆន្ទសាស្រ្ត ព្រះរាជា​ជាប្រធាន​នៃមនុស្ស​ទាំងឡាយ សាគរ​ជាប្រធាន​នៃទន្លេ​ទាំងឡាយ។ ព្រះចន្រ្ទ​ជាប្រធាន​នៃផ្កាយទាំងឡា​យ ព្រះអាទិត្យ​ជាប្រធាន​នៃកំដៅ​ទាំងឡាយ (យ៉ាងណា​មិញ) ព្រះសង្ឃ​ជាប្រធាន​នៃជន​ទាំងឡាយ កាលបូជា​ប្រាថ្នានូវ​បុណ្យ ក៏យ៉ាងនោះ​ដែរ។

[៦៦] គ្រានោះ ព្រះមានព្រះភាគ លុះទ្រង់​អនុមោទនា​ចំពោះ​កេណិយជដិល​ដោយ​គាថា​យ៉ាងនេះ​ហើយ ទ្រង់ក្រោក​ចាកអាសនៈ យាងចៀស​ចេញទៅ។ លំដាប់​នោះ ​ព្រះសេលៈ​ដ៏មានអាយុ ព្រមទាំង​បរិស័ទ គេចចេញ​ទៅ (ចាកពួក) តែម្នាក់ឯង ៗ ជាអ្នកមិន​ប្រមាទ មានព្យាយាម មានចិត្ត​ស្លុងទៅ (កាន់ព្រះនិព្វាន) កុលបុត្រ​ទាំងឡាយ ចេញចាក​ផ្ទះ ចូលកាន់ផ្នួស​ដោយប្រពៃ ដើម្បីប្រយោជន៍​ដល់​អនុត្តរធម៌​ណា មិនយូរ​យារ​ប៉ុន្មាន ក៏បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេច​នូវអនុត្តរ​ធម៌នោះ ជាទីបំផុត​នៃព្រហ្មចរិយៈ ដោយប្រាជ្ញា​ដ៏ប្រសើរ​ដោយខ្លួន​ឯង ក្នុង​បច្ចុប្បន្ន ដឹងច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយៈ ​អាត្មាអញ​ប្រព្រឹត្ត​ចប់ហើយ សោឡសកិច្ច ដែលគួរធ្វើ អាត្មាអញ​បានធ្វើ​ស្រេច​ហើយ មគ្គភាវនា​កិច្ចដទៃ ប្រព្រឹត្ត​ទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមាន​ឡើយ។ បណ្តា​ព្រះអរហន្ត​ទាំងឡាយ ព្រះសេលៈ​ដ៏មានអាយុ ព្រមទាំង​បរិស័ទ ក៏រាប់ថា ជា​​ព្រះអរហន្ត​មួយរូប​ដែរ។ គ្រានោះ ព្រះសេលៈ​ដ៏មានអាយុ ព្រមទាំង​បរិស័ទ ចូលសំដៅ​ទៅត្រង់ទី​ដែល​ព្រះមានព្រះភាគ​គង់ លុះចូល​ទៅដល់ហើយ ធ្វើចីវរ​ឆៀងស្មា​ម្ខាង រួច​ប្រណម្យ​អញ្ជលី​ទៅត្រង់ទី​ដែល​ព្រះមានព្រះភាគ​គង់ ហើយបាន​ទូល​ព្រះមានព្រះភាគ​ដោយគាថា​ដូច្នេះថា

បពិត្រព្រះមានព្រះភាគ ទ្រង់មានចក្ខុ ពួកយើងបាន​ដល់នូវ​ព្រះអង្គ​ជាទីពឹង ក្នុង​ថ្ងៃទី ៨ អំពីថ្ងៃនេះ ជាបុគ្គល​រៀបរយ​ហើយ​ក្នុងសាសនា​របស់ព្រះអង្គ ដោយកាល​ត្រឹម​តែ ៧ រាត្រី។ ព្រះអង្គ​ជាអ្នក​ត្រាស់ដឹង ព្រះអង្គ​ជាសាស្តាចារ្យ ព្រះអង្គ​ជាអ្នកគ្រប​សង្កត់​នូវ​មារ ជាអ្នកប្រាជ្ញ ព្រះអង្គ​កាត់បង់​អនុសយក្កិលេស ឆ្លងចាក​កិលេស​បានហើយ ចំឡង​ពួកសត្វនេះ ព្រះអង្គ​បានកន្លង​ផុតឧបធិ​ហើយ ព្រះអង្គ​បានទំលាយ​អាសវៈហើយ ព្រះអង្គ​ជាបុគ្គល​ដូចសីហៈ មិនមាន​ឧបាទាន បានលះបង់​ភ័យ និងសេចក្តី​ស្ញប់ស្ញែង​ហើយ បពិត្រ​ព្រះអង្គ​ជាវីរបុរស ពួកភិក្ខុ​ទាំង ៣០០ រូបនេះ ធ្វើ​អញ្ជលី (ចំពោះ​ព្រះអង្គ) សូមព្រះអង្គ​សណ្តូក​ព្រះបាទ​ទាំងគូ ពួកភិក្ខុដ៏​ប្រសើរ សូមថ្វាយ​បង្គំព្រះបាទ​ទាំងគូ របស់​ព្រះសាស្តា។

ចប់ សេលសូត្រ ទី៧។

សល្លសូត្រ ទី៨

[៦៧] (សេចក្តីថា ព្រះមានព្រះភាគ ទ្រង់សំដែង​សល្លសូត្រ​នេះ) ថា ជីវិត​របស់សត្វ​ទាំងឡាយ ក្នុងលោកនេះ មិនមាន​កំណត់ មិនមាន​អ្នកណា​មួយអាច​ដឹងបាន ជីវិតនោះ ជារបស់​ក្រផង តិចផង ប្រកប​ដោយសេចក្តី​ទុក្ខផង។ ពួកសត្វ​ដែលកើត​ហើយ រមែង​មិនស្លាប់ ដោយ​សេចក្តី​ព្យាយាម​ណា សេចក្តី​ព្យាយាម​នោះ មិនមានឡើយ កាលដល់​នូវសេចក្តី​គ្រាំគ្រា​​ហើយស្លាប់ តែងមាន ព្រោះពួកសត្វ​ទាំងឡាយ មាន​យ៉ាងនេះ ជាធម្មតា។ ផ្លែឈើ​ទាំងឡាយ​ដែលទុំ​ហើយ តែង​មានភ័យ​អំពីការជ្រុះ ក្នុង​ពេលព្រឹក យ៉ាង​ណា​មិញ សត្វ​ទាំងឡាយ​ដែលកើត​ហើយ តែងមាន​សេចក្តីភ័យ​អំពីសេចក្តីស្លាប់ អស់កាល​ជានិច្ច យ៉ាងនោះដែរ។ ភាជន៍ដី​ទាំងឡាយ ​ដែលស្មូនឆ្នាំង​ធ្វើហើយ ភាជន៍​ទាំងអស់​នោះ សុទ្ធតែ​មានកិរិយា​បែកជា​ទីបំផុត យ៉ាង​ណាមិញ ជីវិតរបស់​សត្វទាំង​ឡាយ ក៏យ៉ាង​នោះដែរ។ ពួកជនណា ក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី ពួកជន​ទាំងអស់​នោះ តែងលុះ​ក្នុងអំណាច​នៃ​មច្ចុ ពួកជន​ទាំងអស់ មាន​មច្ចុនៅ​ស្ទាក់​ខាងមុខ។ កាលពួក​ជនទាំងនោះ ត្រូវមច្ចុគ្រប​សង្កត់ហើយ កាលទៅ​ក្នុងបរលោក បិតាការពារ​បុត្រមិនបាន ឬពួកញាតិ ក៏ការពារ​ញាតិ​មិនបាន។ អ្នក​ចូរមើល​នូវការរៀប​រាប់ជាច្រើន របស់​ពួកញាតិ​ដែលកំពុង​អាឡោះអាល័យ បណ្តាសត្វ​ទាំងឡាយ សត្វតែម្នាក់ ៗ ដែលត្រូវ​មច្ចុនាំទៅ ដូចជាគោ ត្រូវគេ​សម្លាប់ សត្វ​លោក​ ត្រូវមច្ចុ និងជរា​គ្របសង្កត់​ហើយ​យ៉ាងនេះ ព្រោះហេតុ​នោះ អ្នកប្រាជ្ញា​ទាំងឡាយ រមែង​មិនសោក​ស្តាយឡើយ ព្រោះដឹងច្បាស់​នូវបរិយាយ​នៃសត្វលោក។ អ្នកមិន​ស្គាល់ផ្លូវ​របស់សត្វ​ណា ដែលមក ឬទៅ មិនឃើញ​ជាក់លាក់​នូវចំណែក​ទាំងពីរ របស់សត្វ​នោះ អ្នកខ្សឹក​ខ្សួលឥត​អំពើរទេ បើបុគ្គល​វង្វេង​វង្វាន់ ខ្សឹកខ្សួល ផ្តួលខ្លួន​ហើយ បាននូវ​ប្រយោជន៍​តិចតួច ម្ល៉េះសម​អ្នកប្រាជ្ញ​ឈ្លាសវៃ គប្បីធ្វើ​នូវសេចក្តី​ខ្សឹកខ្សួល​នោះដែរ។ បុគ្គលមិនមែន​ដល់នូវការ​ស្ងប់រម្ងាប់ចិត្ត ព្រោះការយំ ការសោកទេ ទុក្ខកើតឡើង​ដោយ​ក្រៃងលែង ដល់បុគ្គល​កាលយំ​សោកនោះ ទាំងសរីរៈ​ក៏លំបាក។ បុគ្គល​ដែលផ្តួលខ្លួន​ដោយខ្លួនឯង តែងជាអ្នក​ស្គម អាប់សម្បុរ អ្នកចែក​ឋានទាំងឡាយ រមែង​មិនរស់​វិញបាន ដោយការ​ខ្សឹកខ្សួល​នោះទេ ការខ្សឹកខ្សួល​ជាការ​ឥតអំពើ។ សត្វកាលថ្ងូរ​ស្តាយបុគ្គល ដែលធ្វើ​មរណកាល លុះអំណាច​សេចក្តី​សោក មិនលះបង់​សេចក្តី​សោកចេញ​ទេ រមែងដល់​នូវទុក្ខ​ជាយ៉ាង​ក្រៃលែង។ អ្នកចូរ​មើលសត្វ​ទាំងឡាយ មានជីវិត​ឯទៀត ក្នុងលោកនេះ ដែលអន្ទោល​ទៅតាមកម្ម ហៀប​នឹងទៅ (កាន់បរលោក) បម្រះននៀល ព្រោះលុះ​អំណាច​នៃមច្ចុ។ ពួកសត្វ​តែងសំគាល់ (ថា នឹងមាន​អាយុវែង) ដោយ​អាការណា​ៗ ការសំគាល់​នោះ រមែងផ្សេង​អំពីអាការ​នោះ ៗ ការព្រាត់​និរាសប្រាកដ​ដូច្នោះ អ្នក​ចូរមើល​បរិយាយ របស់សត្វ​លោកចុះ។ ទោះបី​សត្វដែល​រស់នៅអស់​មួយរយឆ្នាំ ឬលើសជាង សេចក្តីព្រាត់​ប្រាសចាក​ពួកញាតិ រមែងមាន (ព្រោះថា) សត្វក្នុង​លោកនេះ រមែងលះ​ចោលជីវិត។ ព្រោះហេតុ​នោះ បុគ្គល​បានស្តាប់ (ធម្មទេសនា) របស់​ព្រះអរហន្ត​ហើយ ឃើញ​អ្នកដែល​ចែកឋាន ធ្វើ​មរណកាល​ទៅហើយ គប្បី​បន្ទោបង់​សេចក្តី​ខ្សឹកខ្សួលថា អ្នកចែក​ឋានទៅនុ៎ះ អាត្មាអញ​ឃាត់មិន​បានទេ។ បុគ្គល​គប្បីលត់ផ្ទះ ដែល​ភ្លើងឆេះ​ដោយទឹក យ៉ាងណា​មិញ នរជន​ជាអ្នកប្រាជ្ញ ប្រកប​ដោយប្រាជ្ញ ជាបណ្ឌិត​ឆ្លៀវឆ្លាស គប្បី​កំចាត់បង់ ឲ្យឆាប់​រហ័សនូវ​សេចក្តីសោក​ដែល​កើតឡើង ​ដូចខ្យល់​បំប៉ើងប៉ុយគរ ក៏យ៉ាង​នោះដែរ។ បុគ្គលកាល​ស្វែងរក​សេចក្តី​សុខបម្រុង​ខ្លួន គប្បីដក​ចេញនូវសរ គឺសេចក្តី​ខ្សឹកខ្សួល​របស់ខ្លួន ទាំង​តណ្ហា និងទោមនស្ស​របស់​ខ្លួនចេញ បុគ្គល​មានសរ​ដកហើយ មិន​អាស្រ័យ (ដោយ​តណ្ហា និងទិដ្ឋិ) គប្បីដល់​នូវសេចក្តី​ស្ងប់នៃចិត្ត កន្លងផុត​សេចក្តី​សោកទាំង​អស់ ហើយជា​អ្នកមិន​មានសោក ជាអ្នក​រលត់ទុក្ខ។

ចប់ សល្លសូត្រ ទី៨។

វាសេដ្ឋសូត្រ ទី៩

[៦៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​ដងព្រៃ ឈ្មោះ​ឥច្ឆានង្គលៈ ជិតស្រុក​ឈ្មោះ​ឥច្ឆានង្គលៈ។ សម័យ​នោះឯង ពួក​ព្រាហ្មណ​មហាសាល​ជាច្រើន មានឈ្មោះ​ល្បីល្បាញ អាស្រ័យ​នៅក្នុង​ស្រុក ឈ្មោះ​ឥច្ឆានង្គលៈ គឺ​ចង្កីព្រាហ្មណ៍ តារុក្ខព្រាហ្មណ៍ បោក្ខរសាតិព្រាហ្មណ៍ ជាណុស្សោណិ​ព្រាហ្មណ៍ តោទេយ្យព្រាហ្មណ៍ និង​ពួក​ព្រាហ្មណ​មហាសាល​ឯទៀត ដែលមាន​ឈ្មោះ​ល្បីល្បាញ។ គ្រានោះ វាសេដ្ឋមាណព និងភារទ្វាជមាណព កំពុង​ដើរទៅ​ដើរមក​សម្រាកស្មង ក៏កើត​អន្តរា​កថានេះ​ឡើងថា ម្នាលគ្នាយើង បុគ្គលឈ្មោះ​ថាជាព្រាហ្មណ៍ តើដោយ​ប្រការ​ដូចម្តេច។ ភារទ្វាជមាណព និយាយ​យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បុគ្គលដែល​មានកំណើត​ល្អ​ទាំងពីរ​ចំណែក គឺខាង​មាតា និងខាងបិតា ជាអ្នកកើត​ក្នុងផ្ទៃ​របស់​ព្រាហ្មណី​ដែលបរិសុទ្ធ ដរាបអំពី​គូនៃជីដូន​ជីតា ៧ តំណមក មិនមាន​អ្នកណា​ពោលទោស​តិះដៀល ដោយការ​ពោលអំពី​ជាតិបាន ម្នាលអ្នក​ដ៏ចំរើន បុគ្គលបាន​ឈ្មោះថា​ព្រាហ្មណ៍ ដោយហេតុ​ប៉ុណ្ណេះឯង។ វាសេដ្ឋមាណព និយាយ​យ៉ាងនេះថា ម្នាលអ្នក​ដ៏ចំរើន លុះតែបុគ្គល​មានសីលផង បរិបូណ៌​ដោយវត្តផង ម្នាលអ្នក​ដ៏ចំរើន បុគ្គលនោះ ទើបហៅថា​ព្រាហ្មណ៍ ដោយហេតុ​ប៉ុណ្ណេះឯង។ ភារទ្វាជមាណព មិន​អាច​ញ៉ាំង​វាសេដ្ឋមាណព ឲ្យយល់ឃើញ​បាន ទាំងវាសេដ្ឋមាណព​ ក៏មិនអាច​ញ៉ាំង​ភារទ្វាជ​មាណព​​ឲ្យយល់​ឃើញបាន។ គ្រានោះ វាសេដ្ឋមាណព ហៅភារទ្វាជ​មាណព​ថា ម្នាលភារទ្វាជៈ​ដ៏ចំរើន ព្រះសមណ​គោតមនេះ ជាសក្យបុត្រ ចេញចាក​សក្យ​ត្រកូល ទ្រង់ព្រះផ្នួស (ឥឡូវនេះ) គង់នៅក្នុង​ដងព្រៃ​ឥច្ឆានង្គលៈ ជិតស្រុក​ឈ្មោះ​ឥច្ឆានង្គលៈ កិតិ្តស័ព្ទ​ដ៏ពីរោះ​របស់ព្រះគោតម​ដ៏ចំរើននោះ ខ្ចរខ្ចាយ​សុះសាយទៅ​ យ៉ាង​នេះ​ថា ព្រះមាន​ព្រះភាគ​អង្គនោះ។បេ។ ព្រះអង្គត្រាស់​ដឹង​ចតុរារិយសច្ច ព្រះអង្គលែង​ត្រឡប់​មកកើត​ក្នុងភពថ្មី​ទៀត ម្នាលភារទ្វាជៈ មកទៅ យើងនឹងចូល​សំដៅទៅ​ត្រង់ទី​ដែល​ព្រះសមណគោតម​គង់ លុះចូល​ទៅដល់ហើយ នឹងសួរ​សេចក្តីនេះ ព្រះសមណ​គោតម នឹងដោះ​ស្រាយឲ្យ​យើងយ៉ាងណា យើងនឹងចាំទុក​នូវសេចក្តីនោះ​យ៉ាងនោះ។ ភារទ្វាជមាណព ទទួលស្តាប់​ពាក្យ​របស់​វាសេដ្ឋមាណព​ថា អើអ្នក។ គ្រានោះ វាសេដ្ឋមាណព និង​ភារទ្វាជមាណព ចូលសំដៅ​ទៅត្រង់​កន្លែង​ដែល​ព្រះមានព្រះភាគ​គង់ លុះចូល​ទៅដល់​ហើយ ក៏ធ្វើ​សេចក្តី​រីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែល​គួររីករាយ និងពាក្យ​ដែលគួរឲ្យ​រលឹកហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ វាសេដ្ឋ​មាណព លុះអង្គុយ​ក្នុងទីសមគួរ​ហើយ ក្រាបទូល​ព្រះមានព្រះភាគ ដោយគាថា​ទាំង​ឡាយថា

[៦៩] បពិត្រព្រះអង្គដ៏ចំរើន យើងជាអ្នកមានត្រៃវិជ្ជា ដែលអាចារ្យ​អនុញ្ញាត និង​ប្តេជ្ញា​ហើយ​ដោយពិត ខ្ញុំព្រះអង្គជា​សិស្ស​បោក្ខរសាតិព្រាហ្មណ៍ មាណពនេះ ជាសិស្ស​របស់​តារុក្ខព្រាហ្មណ៍។ ពាក្យណា របស់អ្នកមាន​ត្រៃវិជ្ជា​ទាំងឡាយ ដែល​អាចារ្យ​បាន​ប្រាប់​​ហើយ ពួកយើងជា​អ្នកសម្រេច​ក្នុងពាក្យ​នោះហើយ យើងទាំង​ឡាយ ជាអ្នក​ចេះ​បទ ចេះ​វេយ្យាករណ៍​ក្នុងវេទ​ប្រហែល​នឹងអាចារ្យ។ បពិត្រ​ព្រះគោតម ពួកយើងនោះ មាន​ការ​ជជែកគ្នា ក្នុងការពោល​អំពីជាតិ ភារទ្វាជមាណព​និយាយថា បុគ្គល​ជា​ព្រាហ្មណ៍ ព្រោះជាតិ។ ឯខ្ញុំព្រះអង្គ​និយាយថា បុគ្គលដែល​ឈ្មោះ​ថាព្រាហ្មណ៍ ព្រោះកម្ម បពិត្រ​ព្រះអង្គ ជាបុគ្គល​មានចក្ខុ សូមព្រះអង្គ​ជ្រាបយ៉ាងនេះ។ យើងទាំង​ពីរនាក់នោះ មិនអាច​ញ៉ាំងគ្នា​នឹងគ្នា ឲ្យយល់​ឃើញបានទេ (ព្រោះ​ហេតុនោះ) ទើបយើង​ទាំងឡាយ​មក ដើម្បីសួរ​ព្រះអង្គ​ដ៏ចំរើន ដែលល្បី​ល្បាញថា ជាអ្នកត្រាស់​ដឹងឯង បពិត្រ​ព្រះគោតម ពួកជន​ផ្គងអញ្ជលី​ចូលទៅ​ កាលថ្វាយ​បង្គំ ក៏ថ្វាយបង្គំ​ព្រះចន្រ្ទ ដែលកន្លង​នូវការ​អស់ទៅ​នៃងងឹត (ព្រះចន្ទ​ពេញវង់) យ៉ាងណាមិញ ពួកជន​ក្នុងលោក (ក៏ថ្វាយបង្គំ​ព្រះអង្គ) យ៉ាងនោះ​ដែរ។

ពួកយើង សូមសួរព្រះគោតម ដែលមានចក្ខុ​កើតហើយ​ក្នុង​លោក បុគ្គល​ឈ្មោះថា​ព្រាហ្មណ៍ ព្រោះជាតិ ឬព្រោះកម្ម សូមព្រះអង្គ​សំដែង​ប្រាប់ពួកយើង ដែលជា​អ្នក​មិនទាន់​ស្គាល់ ឲ្យទាល់តែ​ពួកយើង​ស្គាល់។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋៈ) បើដូច្នោះ ​តថាគត​នឹងសំដែង​ឲ្យ​ពិស្តារ​អំពីជាតិ​របស់សត្វ​ទាំងឡាយ​តាមពិត ដោយលំដាប់ ដល់អ្នក​ទាំងឡាយនោះ ធម្មតា​សត្វទាំងឡាយ រមែងមាន​ជាតិផ្សេង ៗ គ្នា។ អ្នកទាំងឡាយ ​ស្គាល់ស្មៅ និងឈើ (ឬទេ) ឬក៏មិន​ដែលប្តេជ្ញា​ថា ស្មៅ និងឈើទេ លិង្គ គឺភេទ​របស់ស្មៅ និងឈើ​ទាំងនោះ តែងសម្រេច​អំពី​ជាតិ ព្រោះថា សត្វទាំងឡាយ មានជាតិ​ផ្សេង ៗ គ្នា។ លិង្គ គឺភេទ​តាំង​អំពី​កណ្តូប និងមមង់ រហូតដល់​ស្រមោចខ្មៅ និង​ស្រមោចក្រហម​ទាំងនោះ តែងសម្រេច​អំពីជាតិ ព្រោះថា សត្វទាំងឡាយ មានជាតិផ្សេង ៗ គ្នា។ អ្នកទាំងឡាយ ស្គាល់ពួក​សត្វ​មាន​ជើងបួន ទាំងតូច ទាំងធំ (ឬទេ) លិង្គ គឺភេទ​របស់សត្វ​ទាំងនោះ តែងសម្រេច​អំពីជាតិ ព្រោះថា សត្វទាំងឡាយ មានជាតិ​ផ្សេង ៗ គ្នា។

អ្នកទាំងឡាយ ស្គាល់ពស់ មានទ្រូងជាជើង មានខ្នងវែង (ឬទេ) លិង្គ គឺភេទ​របស់ពស់​ទាំងនោះ តែងសម្រេច​អំពីជាតិ ព្រោះថា សត្វទាំងឡាយ មានជាតិ​ផ្សេង ៗ គ្នា។

លំដាប់អំពីនោះ អ្នកទាំងឡាយ ស្គាល់ពួកត្រីក្នុងទឹក មានទឹក​ ជាគោចរ (ឬទេ) លិង្គ គឺភេទរបស់​ត្រីទាំងនោះ តែងសម្រេច​អំពីជាតិ ព្រោះថា សត្វទាំងឡាយ មានជាតិ​ផ្សេងៗ គ្នា។

លំដាប់អំពីនោះ អ្នកទាំងឡាយ ស្គាល់ពួក​សត្វស្លាប មានស្លាបជាយាន ដែលហើរ​ឯអាកាស (ឬទេ) លិង្គ គឺភេទរបស់​សត្វស្លាបទាំង​នោះ តែងសម្រេច​អំពីជាតិ ព្រោះថា សត្វទាំង​ឡាយ មានជាតិ​ផ្សេង ៗ គ្នា។

លិង្គ គឺភេទ ក្នុងជាតិទាំងឡាយនោះ សម្រេចអំពី​ជាតិជាច្រើន ​យ៉ាងណាមិញ លិង្គ គឺភេទ​ ក្នុងមនុស្ស​ទាំងឡាយ សម្រេច​អំពីជាតិ មិនច្រើន​យ៉ាងនោះទេ។ លិង្គ គឺភេទ មិនហៅ​ព្រោះសក់​ទាំងឡាយ មិនហៅ​ព្រោះក្បាល​ទាំងឡាយ មិនហៅ​ព្រោះត្រចៀក​ទាំង​ឡាយ មិនហៅ​ព្រោះភ្នែក​ទាំងឡាយ មិនហៅ​ព្រោះប្រមាត់ មិនហៅ​ព្រោះច្រមុះ មិនហៅ​ព្រោះបបូរមាត់​ទាំងឡាយ មិនហៅ ព្រោះចិញ្ចើម​ទាំងឡាយ មិនហៅ​ព្រោះក មិនហៅ​ព្រោះស្មា​ទាំងឡាយ មិនហៅ​ព្រោះ​ពោះ មិន​ហៅ ព្រោះខ្នង មិនហៅ​ព្រោះ​ត្រគាក មិនហៅ​ព្រោះទ្រូង មិនហៅ​ព្រោះទីចង្អៀត មិនហៅ​ព្រោះមេថុន មិនហៅ​ព្រោះដៃទាំង​ឡាយ មិនហៅ ព្រោះជើង​ទាំងឡាយ មិនហៅ​ព្រោះស្រោម​ទាំងឡាយ មិនហៅ ព្រោះក្រចក​ទាំងឡាយ មិនហៅ​ព្រោះស្មង​ទាំងឡាយ មិនហៅ ព្រោះភ្លៅ​ទាំង​ឡាយ មិនហៅ ព្រោះពណ៌​ មិនហៅ ព្រោះសំឡេងទេ ​លិង្គ គឺភេទ​របស់មនុស្ស សម្រេច​អំពីជាតិ មិនដូចជា​ភេទក្នុងជាតិ​ទាំងឡាយ​ឯទៀត ៗ ទេ។​ លិង្គ គឺភេទ ផ្សេងដោយ​សណ្ឋាន មានសក់​ជាដើម ដូចជាលិង្គ គឺភេទតិរច្ឆាន​នុ៎ះ មិនមាន​ប្រាកដក្នុង​សរីរៈ​របស់​ខ្លួន​ទាំងឡាយ ក្នុងពួក​មនុស្សទេ ពាក្យសម្រាប់​ហៅ (ថាព្រាហ្មណ៍​ជាដើម)គេតែង​ហៅតាម​ឈ្មោះ ក្នុងមនុស្ស​ទាំងឡាយ​។ បណ្តា​មនុស្ស​ទាំងឡាយ នរណាមួយ​ចិញ្ចឹមជីវិត ដោយការ​រក្សា​ស្រែចម្ការ ម្នាល​វាសេដ្ឋៈ អ្នកចូរ​ដឹងយ៉ាង​នេះចុះ អ្នកនោះ ជាអ្នក​ភ្ជួររាស់ មិនមែន​ព្រាហ្មណ៍ទេ។ បណ្តាមនុស្ស​ទាំងឡាយ នរណា​មួយចិញ្ចឹម​ជីវិត​ដោយសិល្បៈ​ច្រើនយ៉ាង ម្នាល​វាសេដ្ឋៈ អ្នកចូរ​ដឹងយ៉ាង​នេះចុះ អ្នកនោះ ជាអ្នកចិញ្ចឹម​ជីវិតដោយ​សិល្បៈ មិនមែន​ព្រាហ្មណ៍ទេ។ បណ្តា​មនុស្ស​ទាំងឡាយ នរណាមួយ​ចិញ្ចឹមជីវិត​ដោយ​ការ​ជួញប្រែ ម្នាលវាសេដ្ឋៈ អ្នកចូរ​ដឹងយ៉ាង​នេះចុះ អ្នកនោះ ជាពាណិជ មិនមែន​ព្រាហ្មណ៍​ទេ។ បណ្តា​មនុស្ស​ទាំងឡាយ នរណា​មួយចិញ្ចឹម​ជីវិតដោយ​ការបំរើ​អ្នកដទៃ ម្នាល​វាសេដ្ឋៈ អ្នកចូរដឹង​យ៉ាងនេះចុះ អ្នកនោះ ជាអ្នកបំរើ មិនមែន​ព្រាហ្មណ៍ទេ។ បណ្តា​មនុស្ស​ទាំងឡាយ នរណាមួយ ចិញ្ចឹម​ជីវិត​ដោយការ​លួចទ្រព្យគេ ម្នាល​វាសេដ្ឋៈ អ្នកចូរ​ដឹង​យ៉ាងនេះចុះ អ្នកនោះ ជាចោរ មិនមែន​ព្រាហ្មណ៍ទេ។ បណ្តា​មនុស្ស​ទាំងឡាយ នរណាមួយ ចិញ្ចឹមជីវិត​ដោយភាព​ជាអ្នកកាន់​អាវុធ (ទាហាន) ម្នាលវាសេដ្ឋៈ អ្នកចូរដឹង​យ៉ាងនេះចុះ អ្នកនោះ ជាអ្នក​ចិញ្ចឹមជីវិត​ដោយភាព​ជាទាហាន មិនមែន​ព្រាហ្មណ៍ទេ។ បណ្តា​មនុស្ស​ទាំងឡាយ នរណាមួយ ចិញ្ចឹមជីវិត​ដោយភាពជា​បុរោហិត ម្នាល​វាសេដ្ឋៈ អ្នកចូរដឹង​យ៉ាងនេះចុះ អ្នកនោះ ជាអ្នក​បូជា មិនមែន​ព្រាហ្មណ៍ទេ។ បណ្តា​មនុស្ស​ទាំងឡាយ នរណាមួយ បរិភោគ​នូវធរណីផល ដែលកើត​អំពីស្រុក ឬដែន (ស្តេច) ប្រើប្រាស់ ម្នាល​វាសេដ្ឋៈ អ្នកចូរ​ដឹងយ៉ាង​នេះចុះ អ្នកនោះ ជាស្តេច មិនមែន​ព្រាហ្មណ៍​ទេ។ តថាគត មិនហៅ​បុគ្គលដែល​មានកំណើត​កើតអំពីមាតា ថាជា​ព្រាហ្មណ៍ទេ បុគ្គលនោះ ឈ្មោះថា ភោវាទី​ បុគ្គលនោះ ប្រកបដោយ​គ្រឿងកង្វល់ តថាគត​ហៅបុគ្គល​ដែលមិន​មានគ្រឿង​កង្វល់ មិនមាន​កំណាន់​នោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា កាត់សំយោជនៈទាំងអស់ហើយ មិនតក់ស្លុត់ តថាគត ហៅបុគ្គល​អ្នកកន្លង​​សង្គហធម៌ ប្រាសចាក​យោគៈ ទាំង ៤ នោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា កាត់ខ្សែជ្រាម គឺសេចក្តីក្រោធផង ព្រ័ត្រ​ គឺ​តណ្ហាផង ទីត គឺមិច្ឆាទិដ្ឋិ ព្រមទាំង​អនុសយក្កិលេស​ផង ជាអ្នកបាន​ដករនុក គឺអវិជ្ជា ត្រាស់ដឹង​សច្ចធម៌ ៤ តថាគត ហៅបុគ្គល​នោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា មិនប្រទូស្ត ចេះអត់ធ្មត់ ចំពោះពាក្យជេរផង ការ​វាយ និងការ​ចងផង តថាគត ហៅបុគ្គល​អ្នកមាន​ខន្តិធម៌​ជាកំឡាំង មានខន្តិធម៌​ជារេហ៍ពល​នោះ ថាជា​ព្រាហ្មណ៍។

តថាគត ហៅបុគ្គលមិនខឹង ជាអ្នកមានវត្ត មានសីលធម៌​ មិនមាន​ចំហាយ គឺតណ្ហា មានឥន្រ្ទិយ​បានទូន្មាន មានសរីរៈកើត​ក្នុងទីបំផុត​នោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា មិនជាប់ក្នុងកាមទាំងឡាយ ដូចទឹកលើ​ស្លឹកឈូក ឬដូចគ្រាប់ស្ពៃ​លើចុងនៃ​ដែកស្រួច តថាគត ហៅបុគ្គល​នោះ ថាជាព្រាហ្មណ៍។

បុគ្គលណា ដឹងច្បាស់នូវការអស់ទៅនៃសេចក្តី​ទុក្ខរបស់​ខ្លួន​ក្នុងលោកនេះ តថាគត ហៅបុគ្គល​អ្នកដាក់ភារៈ​ចុះហើយ ប្រាសចាក​យោគៈនោះ ថាជា​ព្រាហ្មណ៍។

តថាគត ហៅបុគ្គល មានប្រាជ្ញា​ជ្រាលជ្រៅ មានប្រាជ្ញា​ធ្លុះធ្លាយ ឆ្លៀវឆ្លាស​ក្នុងមគ្គ និងមិន​មែនមគ្គ បានសម្រេច​ប្រយោជន៍ខ្ពង់​ខ្ពស់នោះ ថាជា​ព្រាហ្មណ៍។

តថាគត ហៅបុគ្គល​អ្នកមិនច្រឡូក​ច្រឡំ ដោយបុគ្គល​ពីរពួក គឺ​គ្រហស្ថ ១ បព្វជិត ១ ដែលត្រាច់​ទៅដោយ​មិនប្រកាន់​លំនៅ មិនមាន​សេចក្តី​ប្រាថ្នានោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា ដាក់ចេញនូវអាជ្ញា​ក្នុងពួកសត្វ អ្នកតក់ស្លុត​ និងពួក​សត្វ​នឹងនួន មិន​សម្លាប់ មិនបៀតបៀន​សត្វ តថាគតហៅ​បុគ្គលនោះ ថាជាព្រាហ្មណ៍។

តថាគត ហៅបុគ្គលអ្នកមិនមានគំនុំ ក្នុងពួកជន​ដែលមាន​គំនុំ អ្នកមាន​ចិត្តត្រជាក់ ចំពោះ​អាជ្ញារបស់​ខ្លួន ជាអ្នក​មិនប្រកាន់​ក្នុងពួកជន ដែលប្រកប​ដោយអំពើ​គួរប្រកាន់​នោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា បានទំលាក់ចោលចេញនូវរាគៈ ទោសៈ មានះ និងមក្ខៈ ដូចគ្រាប់ស្ពៃ ដែលធ្លាក់​អំពីចុង​ដែកស្រួច តថាគត​ហៅបុគ្គលនោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា ពោលវាចាមិនទ្រគោះ វាចាញ៉ាំង​គេឲ្យស្គាល់​ច្បាស់នូវ​ប្រយោជន៍ ជា​សំដីពិត ដែលមិន​ញ៉ាំងគេឲ្យ​ចំពាក់ចិត្ត​តិចតួច (ដោយអំណាច​ញ៉ាំងគេឲ្យខឹង) តថាគត ហៅបុគ្គល​នោះ ថាជាព្រាហ្មណ៍។

បុគ្គលណា មិនកាន់យកទ្រព្យ​ដែលគេមិន​បានឲ្យ ទោះជា​ទ្រព្យវែងក្តី ខ្លីក្តី តូចក្តី ធំក្តី ល្អ និងមិនល្អក្តី ក្នុងលោក​ តថាគត ហៅបុគ្គល​នោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា មិនមានសេចក្តីប៉ុនប៉ង​ក្នុងលោកនេះក្តី ក្នុងលោក​ខាងមុខក្តី តថាគត ហៅបុគ្គល អ្នកមិនមាន​សេចក្តី​ប៉ុនប៉ង ប្រាសចាក​កិលេសនោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា មិនមានសេចក្តីអាល័យ មិនមាន​ការងឿងឆ្ងល់ ព្រោះដឹង​ច្បាស់ តថាគត ហៅបុគ្គល អ្នកដល់​នូវធម៌ជា​គ្រឿងឈម​ទៅរក​ព្រះនិព្វាន ឈ្មោះអមតៈនោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា (កាត់បង់) អំពើទាំងពីរ គឺបុណ្យ ១ បាប ១ កន្លងផុត​នូវសង្គធម៌ តថាគត ហៅបុគ្គល អ្នកមិនមាន​សេចក្តីសោក ប្រាសចាក​ធូលី គឺរាគៈ​ជាដើម ជាបុគ្គល​បរិសុទ្ធ​នោះ ថាជា​ព្រាហ្មណ៍។

តថាគត ហៅអ្នកស្អាតដូចព្រះចន្ទ្រ ប្រាសចាក​មន្ទិល មានចិត្តថ្លា មិនល្អក់​ដោយ​កិលេស មានតណ្ហា​ក្នុងភព​អស់ហើយ​នោះ ថាជាព្រាហ្មណ៍។

បុគ្គលណា កន្លងនូវផ្លូវវាង គឺរាគៈ នូវផ្លូវទុគ៌ម គឺកិលេស ​នូវសង្សារវដ្ត នូវមោហៈ​ជាអ្នកឆ្លង (នូវឱឃៈ​ទាំង ៤) បានដល់​ត្រើយ គឺព្រះនិព្វាន ជាអ្នក​មានឈាន មិនមាន​សេចក្តី​​ញាប់ញ័រ មិនមាន​សេចក្តី​សង្ស័យ មិនប្រកាន់មាំ  ជាអ្នក​រលត់កិលេស តថាគត ហៅបុគ្គល​នោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា លះកាមទាំងឡាយ​ក្នុងលោកនេះ ជាអ្នក​មិនមាន​ផ្ទះ បួស តថាគត ហៅបុគ្គល​អ្នកមាន​កាមរាគៈ​អស់ហើយ​នោះ ថាជាព្រាហ្មណ៍។

បុគ្គលណា បានលះតណ្ហា​ក្នុងលោកនេះ ជាអ្នកមិន​មានផ្ទះ តថាគត ហៅបុគ្គល​ដែលមាន​តណ្ហា និងភព​អស់ហើយ​នោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា លះយោគៈ [អាយុ និងកាមគុណប្រាំ។ អដ្ឋកថា។] ជារបស់​មនុស្ស កន្លងផុត​នូវយោគៈ [អាយុ និងកាមគុណប្រាំ។ អដ្ឋកថា។] របស់ទិព្វ តថាគត ហៅបុគ្គល​ដែលប្រាស​ចាកយោគៈ​ទាំងអស់នោះ ថាជា​ព្រាហ្មណ៍។

តថាគត ហៅបុគ្គល​អ្នកលះសេចក្តី​ត្រេកអរ (ក្នុងកាមគុណ) និង​សេចក្តីអផ្សុក មានចិត្ត​ត្រជាក់ មិនមាន​ឧបធិ គ្របសង្កត់​នូវលោក​ទាំងអស់ ជាអ្នក​មានព្យាយាម​នោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា បានដឹងច្បាស់នូវចុតិ និងបដិសន្ធិ​របស់សត្វ​ទាំងឡាយ ដោយ​សព្វគ្រប់ តថាគត​ហៅបុគ្គល​អ្នកមិនជាប់​ចំពាក់ មានដំណើរ​ល្អ ត្រាស់​ដឹងសច្ចៈធម៌​នោះ ថាជា​ព្រាហ្មណ៍។

ទេវតា គន្ធព និងមនុស្សទាំងឡាយ មិនដឹងគតិ​របស់​បុគ្គលណា តថាគត ហៅបុគ្គល​ដែលអស់​អាសវៈហើយ ឆ្ងាយចាក​កិលេសនោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា មិនមានសេចក្តីកង្វល់ គឺកិលេស មានរាគៈ​ជាដើម ក្នុង​អតីតក្ខន្ធ អនាគតក្ខន្ធ និង​បច្ចុប្បន្នក្ខន្ធ តថាគត ហៅបុគ្គល ដែលមិន​មានគ្រឿង​កង្វល់ មិនមាន​ការប្រកាន់​ស្អិតនោះ ថាជា​ព្រាហ្មណ៍។

តថាគត ហៅបុគ្គលអ្នកអង់អាច ដូចគោឧសភ អ្នក​ប្រសើរ មានប្រាជ្ញា ស្វែងរក​គុណដ៏ធំ មានជ័យ​ជំនះមិនមាន​សេចក្តី​ញាប់ញ័រ ងូតលាង (នូវកិលេស) ត្រាស់ដឹង​សច្ចៈធម៌​នោះ ថាជាព្រាហ្មណ៍។

បុគ្គលណា ដឹងច្បាស់នូវបុព្វេនិវាសផង ឃើញឋានសួគ៌ និងអបាយផង ទាំងដល់​នូវធម៌​ជាទីក្ស័យ​នៃជាតិ តថាគត​ហៅបុគ្គល​នោះ ថាជា​ព្រាហ្មណ៍។

នាម និងគោត្រណា ដែលគេបាន​កំណត់ទុកហើយ (ថាព្រាហ្មណ៍ ក្សត្រិយ៍) នេះគ្រាន់​តែជាឈ្មោះ (ជាបញ្ញត្តិវោហារ) ក្នុងលោក (ព្រោះនាម និងគោត្រនោះ) គឺពួកញាតិ​សាលោហិត​ បានផ្សំផ្គុំ​កំណត់​ទុកហើយ ក្នុងកាល​ដែលកើត​មកនោះ ៗ។

ទិដ្ឋិរបស់ពួកជនដែលមិនដឹង តែងដេកត្រាំ​អស់កាល​អង្វែង ពួកជន​ដែលមិន​ដឹងហឹ្នង​ឯង តែងនាំ​គ្នានិយាយ​ថា បុគ្គលឈ្មោះ​ថាព្រាហ្មណ៍ ព្រោះជាតិ។ បុគ្គល​មិនមែន​ឈ្មោះថា​ព្រាហ្មណ៍​ព្រោះជាតិទេ បុគ្គល​មិនមែន​ព្រាហ្មណ៍ ក៏មិនមែន​ព្រោះជាតិដែរ បុគ្គលឈ្មោះ​ថាព្រាហ្មណ៍ ព្រោះកម្ម (ការងារ) ឈ្មោះថា មិនមែន​ព្រាហ្មណ៍ ក៏ព្រោះ​កម្ម។

បុគ្គលឈ្មោះថា អ្នកភ្ជួររាស់ ព្រោះកម្ម ឈ្មោះថា អ្នកមាន​សិល្បសាស្រ្ត ក៏​ព្រោះកម្ម ឈ្មោះថា អ្នកជំនួញ ក៏ព្រោះកម្ម ឈ្មោះថា អ្នកបំរើ ក៏ព្រោះកម្ម។

បុគ្គលឈ្មោះថាចោរ ព្រោះកម្ម ឈ្មោះថា​យោធាជីវៈ ក៏ព្រោះកម្ម ឈ្មោះថា​យាជកៈ (អ្នកបូជា) ក៏ព្រោះ​កម្ម ឈ្មោះថា​ស្តេច ក៏ព្រោះកម្ម។

បណ្ឌិតទាំងឡាយ អ្នកឃើញ​បដិច្ចសមុប្បាទ (ថាវត្ថុ​យ៉ាងនេះ កើតឡើង​ដោយ​បច្ច័យ​នេះ) ឈ្លាសវៃ​ក្នុងកម្ម និងវិបាក រមែងឃើញ​កម្មនុ៎ះ តាមសេចក្តី​ពិតយ៉ាងនេះ។

លោករមែងប្រព្រឹត្តទៅ​ព្រោះកម្ម ប្រជាជន ក៏ប្រព្រឹត្តទៅ ព្រោះកម្ម ពួកសត្វ​ជាប់ចំពាក់​ដោយកម្ម (ទើបប្រព្រឹត្ត​ទៅបាន) ដូចភ្លៅ​នៃរថ​ដែលវិលទៅ។

បុគ្គលឈ្មោះថាព្រាហ្មណ៍បាន ដោយកម្ម​នេះ គឺតបធម៌ (ការសង្រួម​ឥន្រ្ទិយ) ១ ព្រហ្មចរិយៈ (ការប្រព្រឹត្តិ​ប្រសើរ) ១ សញ្ញមៈ (ការសង្រួម​ក្នុងសីល) ១ ទមៈ (ការទូន្មាន) ១ កម្មដ៏ឧត្តម​នេះឯង ដែលធ្វើ​ឲ្យទៅជា​ព្រាហ្មណ៍ បុគ្គល​អ្នកបរិបូណ៌​ដោយវិជ្ជា ៣ ប្រការ ជាអ្នកស្ងប់ មានភពថ្មី​អស់ហើយ ទើបឈ្មោះ​ថាព្រះព្រហ្ម ឈ្មោះថា​ព្រះឥន្ទ របស់​អ្នកប្រាជ្ញ​ទាំងឡាយ ម្នាល​វាសេដ្ឋៈ អ្នកចូរ​ដឹងយ៉ាង​នេះចុះ។

[៧០] កាលដែលព្រះមានព្រះភាគ សំដែងយ៉ាង​នេះហើយ វាសេដ្ឋមាណព និង​ភារទ្វាជមាណព ក៏​សរសើរ​ព្រះមានព្រះភាគ​យ៉ាងនេះថា​ បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់​ណាស់។បេ។ សូមព្រះ​គោតមដ៏​ចំរើន ចំណាំនូវ​ពួកយើង ថាជាឧ​បាសក អ្នកដល់​សរណគមន៍​សើ្មដោយ​ជីវិត ក្នុងកាល​តាំងអំពី​ថ្ងៃនេះ ជា​ដើមតរៀង​ទៅ។

ចប់ វាសេដ្ឋសូត្រ ទី៩។

កោកាលិកសូត្រ ទី១០

[៧១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះ កោកាលិកភិក្ខុ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយ​ក្នុង​ទីសមគួរ។ កោកាលិកភិក្ខុ លុះអង្គុយ​ក្នុងទីសម​គួរហើយ ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សារីបុត្ត និង​មោគ្គល្លាន ជាអ្នក​មាន​សេចក្តី​ប្រាថ្នាលាមក លុះក្នុង​អំណាច​នៃសេចក្តី​ប្រាថ្នាលាមក។

[៧២] លុះកោកាលិកភិក្ខុ ក្រាបបង្គំទូលយ៉ាង​នេះ​ហើយ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹងកោកាលិកភិក្ខុ​ដូច្នេះថា នែ​កោកាលិក អ្នកកុំពោល​យ៉ាងនេះឡើយ នែ​កោកាលិក អ្នកកុំពោល​យ៉ាងនេះ​ឡើយ នែ​កោកាលិក អ្នកចូរធ្វើ​ចិត្តឲ្យ​ជ្រះថា្ល ក្នុង​សារីបុត្ត និង​មោគ្គល្លាន​ចុះ ដ្បិតសារីបុត្ត និង​មោគ្គល្លាន មានសីល​ជាទី​ស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ជាគំរប់ពីរ​ដងទៀត ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ គួរខ្ញុំ​ព្រះអង្គជឿ គួរខ្ញុំ​ព្រះអង្គ​ចូលចិត្ត ពិតមែន តែថា សារីបុត្ត និងមោគ្គល្លាន ជា​អ្នកមាន​សេចក្តី​ប្រាថ្នាលាមក លុះអំណាច​នៃសេចក្តី​ប្រាថ្នា​លាមក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹងកោ​កាលិកភិក្ខុ ជាគំរប់ពីរ​ដងទៀត ដូច្នេះថា នែ​កោកាលិក អ្នកកុំ​ពោលយ៉ាង​នេះឡើយ នែ​កោកាលិក អ្នកកុំ​ពោលយ៉ាង​នេះឡើយ នែ​កោកាលិក អ្នកចូរធ្វើ​ចិត្តឲ្យជ្រះថ្លា ក្នុង​សារីបុត្ត និងមោគ្គល្លាន​ចុះ ដ្បិតសារីបុត្ត ​និង​មោគ្គល្លាន មានសីល​ជាទី​ស្រឡាញ់។ កោកាលិក​ភិក្ខុ ក្រាបបង្គំទូល​ព្រះមានព្រះភាគ ជាគំរប់​បីដង​ទៀត ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ គួរខ្ញុំព្រះអង្គ​ជឿ គួរខ្ញុំ​ព្រះអង្គ​ចូលចិត្ត ពិតមែន តែថា​សារីបុត្ត និងមោគ្គល្លាន ជា​អ្នកមាន​សេចក្តី​ប្រាថ្នាលាមក លុះអំណាច​នៃសេចក្តី​ប្រាថ្នាលាមក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹងកោកាលិក​ភិក្ខុ ជាគំរប់​បីដងទៀត ដូច្នេះថា នែ​កោកាលិក អ្នកកុំពោល​យ៉ាងនេះ​ឡើយ នែកោកាលិក អ្នកកុំពោល​យ៉ាងនេះ​ឡើយ នែ​កោកាលិក ចូរអ្នកធ្វើ​ចិត្ត​ឲ្យជ្រះថ្លា​ក្នុង​សារីបុត្ត​ និងមោគ្គល្លាន​ចុះ ដ្បិតសារីបុត្ត​ និង​មោគ្គល្លាន មានសីល​ជា​ទីស្រឡាញ់​។ គ្រានោះ កោកាលិកភិក្ខុ ក្រោក​ចាកអាសនៈ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចៀស​ចេញទៅ។ កាល​កោកាលិក​ភិក្ខុ ចៀសចេញ​ទៅមិន​យូរប៉ុន្មាន ស្រាប់តែ​រាងកាយ​ទាំងមូល មានពក​ប្រមាណប៉ុន​គ្រាប់ស្ពៃ ដុះ​ដោរឡើង។ ពកប្រមាណ​ប៉ុន​គ្រាប់ស្ពៃ ក៏ធំឡើង​ប៉ុនគ្រាប់​សណ្តែកបាយ។ ពក​ប្រមាណ​​ប៉ុនគ្រាប់​សណ្តែកបាយ ក៏ធំឡើង​ប៉ុនគ្រាប់​សណ្តែកខ្មៅ។ ពក​ប្រមាណប៉ុន​គ្រាប់​សណ្តែកខ្មៅ ក៏ធំឡើង​ប៉ុនគ្រាប់​ផ្លែពុទ្រា។ ពក​ប្រមាណ​ប៉ុនគ្រាប់​ផ្លែពុទ្រា ក៏ធំ​ឡើង​ប៉ុនផ្លែពុទ្រា។ ពក​ប្រមាណ​ប៉ុនផ្លែពុទ្រា ក៏ធំឡើង​ប៉ុនផ្លែសម៉។ ពកប្រមាណ​ប៉ុនផ្លែសម៉ ក៏ធំឡើង​ប៉ុនក្តឹបព្នៅ។ ពកប្រមាណ​ប៉ុនក្តឹបព្នៅ ក៏ធំឡើង​ប៉ុនផ្លែព្នៅ។​ ពកប្រមាណ​ប៉ុនផ្លែព្នៅ ក៏បែក (ពេញ​ទាំងសរីរៈ)។ ខ្ទុះ និងឈាម ក៏ហូរហៀរ​ចេញ។ លំដាប់នោះ កោកាលិកភិក្ខុ ​ក៏ធ្វើមរណៈ​ដោយ​អាពាធ​នោះឯង។ កោកាលិកភិក្ខុ លុះធ្វើ​មរណកាល​ហើយ ក៏ទៅកើត​ក្នុង​បទុមនរក ព្រោះចង​ចិត្តអាឃាត​ក្នុង​ព្រះសារីបុត្ត​ និងព្រះមោគ្គល្លាន។ គ្រានោះ រាត្រី​បឋមយាម​កន្លងទៅ សហម្បតីព្រហ្ម មានរស្មី​រុងរឿង បណ្តាល​វត្តជេតពន​ជុំវិញទាំងអស់ ឲ្យភ្លឺច្រាល ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយ​ឋិតនៅ​ក្នុងទីសមគួរ។ សហម្បតីព្រហ្ម លុះឋិត​នៅក្នុងទី​សមគួរហើយ ក្រាបបង្គំ​ទូល​ព្រះ​មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន កោកាលិកភិក្ខុ ធ្វើ​មរណកាល​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កោកាលិកភិក្ខុ លុះធ្វើ​មរណកាល​ហើយ​ ក៏ទៅកើត​ក្នុង​បទុមនរក ព្រោះចង​ចិត្តអាឃាត ក្នុង​ព្រះសារីបុត្ត និង​ព្រះមោគ្គល្លាន។ សហម្បតីព្រហ្ម ក្រាបបង្គំ​ទូលសេចក្តី​នេះរួចហើយ លុះពោល​ពាក្យ​នេះហើយ ធ្វើ​ប្រទក្សិណ រួចក៏បាត់​ទៅក្នុងទី​នោះឯង។ គ្រានោះ លុះកន្លង​រាត្រីនោះទៅ ព្រះមាន​ព្រះភាគ​ ទ្រង់ត្រាស់​ហៅ​ពួកភិក្ខុថា ម្នាលភិក្ខុ​ទាំងឡាយ យប់មិញនេះ នារាត្រី​បឋមយាម​កន្លងទៅ​ហើយ សហម្បតីព្រហ្ម។បេ។ ម្នាលភិក្ខុ​ទាំងឡាយ សហម្បតីព្រហ្ម បានពោល​ពាក្យ​នេះ លុះ​ពោលពាក្យ​នេះហើយ ធ្វើ​ប្រទក្សិណ រួចក៏បាត់​ទៅក្នុង​ទីនោះឯង។

[៧៣] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ភិក្ខុ ១ រូប ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ប្រមាណ​នៃអាយុ​ក្នុងបទុមនរក តើយូរ​អង្វែងយ៉ាង​ណាទៅ។ ម្នាលភិក្ខុ ប្រមាណ​នៃអាយុ​ក្នុង​បទុមនរក យូរអង្វែង​ណាស់ ប្រមាណ​នោះ បុគ្គល​មិនងាយ​នឹងរាប់បានថា ប៉ុណ្ណេះឆ្នាំ ឬប៉ុណ្ណោះ​រយឆ្នាំ ប៉ុណ្ណេះ​ពាន់ឆ្នាំ ឬប៉ុណ្ណេះ​សែនឆ្នាំ​ឡើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះអង្គ​អាចនឹងធ្វើ​សេចក្តី​ឧបមា​បានដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ តថាគត​អាចនឹងធ្វើ​បាន ម្នាលភិក្ខុ ដូចរទេះ​សម្រាប់ផ្ទុក​គ្រាប់ល្ង​របស់អ្នក​ដែនកោសល មាន​ចំណុះ ២០ ខារី [រាប់​តាមលំដាប់​យ៉ាងនេះ ៤ នាឡិអ្នកស្រុក​មគធៈ ជា ១នាឡិ​នៃ​អ្នកស្រុក​កោសល, ៤នាឡិ​អ្នកស្រុក​កោសល ជា ១អាឡ្ហក, ៤អាឡ្ហក គឺ១៦នាឡិ ជា១ទោណ, ៤ទោណ គឺ៦៤នាឡិ ជា១មានិកា, ៤មានិកា គឺ២៥៦នាឡិ ជា១ខារី ១អម្រែក, ២០ខារី គឺ ៥១២០នាឡិ ជា១តិសវាហៈ(១រទេះ)។] មានបុរសម្នាក់ លុះកន្លងទៅ​ ១ រយឆ្នាំ ១ ពាន់ឆ្នាំ ១ សែនឆ្នាំ ទើបរើស​គ្រាប់ល្ង ម្តង​មួយគ្រាប់ ៗ អំពីរទេះ​នោះ ម្នាលភិក្ខុ រទេះសម្រាប់​ផ្ទុកគ្រាប់ល្ង របស់​អ្នកដែន​កោសល ចំណុះ ២០ ខារីនោះ ដល់នូវ​ការអស់ទៅ​ដោយ​ព្យាយាមនេះ ឆាប់ជាង​ ឯកាលយូរ​អង្វែងរបស់​អព្វុទនរកមួយ [ជាឈ្មោះរបស់​នរក​១រណ្តៅ ដែលសត្វ​ត្រូវ​រងទុក្ខយូរអង្វែង​ រាប់ដោយ​រយសែន​ពិន្ទុ (ឆ្នាំ) បើរាប់តាម​សំខ្យា មានចំនួន ៥៦ពិន្ទុ ទើបជាអព្វុទៈ១ (ប្រហែល ៨កោដិឆ្នាំ)។ អដ្ឋកថា អភិធាន កច្ចាយនូបត្ថម្ភកៈ (តទ្ធិត)។] មិនងាយនឹង​ដល់នូវការ​អស់បានឡើយ ម្នាលភិក្ខុ អព្វុទនរក [តាំងអំពី​ត្រឹមអព្វុទៈ​រៀងទៅ យក២០គុណ ដរាបដល់​នរកឈ្មោះ​បទុមនោះ។ (បាលីទាំង​អដ្ឋកថា កច្ចាយនូបត្ថម្ភកៈ)។] ២០ ដង (យូរ) យ៉ាងណា និរព្វុទនរក​តែមួយ ក៏យ៉ាងនោះដែរ​ ម្នាលភិក្ខុ ​និរព្វុទនរក ២០ ដង យូរ​យ៉ាងណា អពពនរក​តែមួយ ក៏យ៉ាងនោះ​ដែរ ម្នាល​ភិក្ខុ អពពនរក ២០ ដង យូរយ៉ាងណា អហហនរក​តែមួយ ក៏យូរ​យ៉ាងនោះដែរ ម្នាលភិក្ខុ អហហនរក ២០ ដង (យូរ) យ៉ាងណា អដដនរក​តែមួយ ក៏យូរយ៉ាងនោះ​ដែរ ម្នាលភិក្ខុ អដដនរក ២០ ដង (យូរ) យ៉ាងណា កុមុទនរក​តែមួយ ក៏យូរយ៉ាង​នោះដែរ ម្នាលភិក្ខុ កុមុទនរក ២០ ដង (យូរ) យ៉ាងណា សោគន្ធិកនរក​តែមួយ ក៏យូរ​យ៉ាងនោះដែរ ម្នាល​ភិក្ខុ សោគន្ធិកនរក ២០ ដង (យូរ) យ៉ា់ងណា ឧប្បលនរក​តែមួយ ក៏យូរ​យ៉ាងនោះដែរ ម្នាលភិក្ខុ ឧប្បលនរក ២០ ដង (យូរ) យ៉ាងណា បុណ្ឌរីកនរក​តែមួយ ក៏យូរ​យ៉ាងនោះ​ដែរ ម្នាលភិក្ខុ បុណ្ឌរីកនរក ២០ ដង (យូរ) យ៉ាងណា បទុមនរក​តែមួយ ក៏យូរ​យ៉ាង​នោះដែរ ម្នាលភិក្ខុ ឯកោកាលិកភិក្ខុ ចូលទៅ​កើតក្នុង​បទុមនរក (នោះ) ព្រោះចង​ចិត្តអាឃាត​ ក្នុង​សារីបុត្ត និង​មោគ្គលា្លន។

ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះពុទ្ធដីការនេះ ព្រះសុគត​ជាសាស្តា លុះទ្រង់​ត្រាស់​ព្រះពុទ្ធដីកា​នេះរួចហើយ ទើបទ្រង់​ត្រាស់​គាថាព័ន្ធ តទៅទៀតថា

[៧៤] បុគ្គលពាល ពោលពាក្យទុព្ភាសិត រមែងកាត់​នូវឫសគល់​នៃខ្លួន (កុសលមូល) ដោយ​ផរុស​វាចាណា វាចា (នោះ) ដូចជា​ដឹងចាំង កើតក្នុង​មាត់នៃបុរស (នោះ)។ បុគ្គលណា សរសើរនូវ​បុគ្គលដែល​គួរនិន្ទា ឬនិន្ទា​នូវបុគ្គល​ដែលគួរ​សរសើរវិញ បុគ្គលនោះ ឈ្មោះថា​សន្សំនូវទោស​កំហុស​ដោយមាត់ មិនបាន​នូវសេចក្តីសុខ ដោយទោស​កំហុស​នោះទេ។​ កិរិយា​ចាញ់ដោយ​ទ្រព្យទាំងអស់ ឬជាមួយ​នឹងខ្លួនផង ព្រោះល្បែង​ភ្នាល់ទាំងឡាយ​ណា ការចាញ់នេះ ជាទោស​កំហុស មាន​ប្រមាណតិចទេ បុគ្គលណា ធ្វើចិត្ត​ប្រទូស្តក្នុង​ព្រះសុគត គឺ​ព្រះសម្មាសម្ពុទ្ធ បច្ចេកពុទ្ធ ពុទ្ធសាវ័ក ការ​ប្រទូស្តនេះ​ឯង ជាទោស​កំហុសធំជាង។

បុគ្គលតិះដៀលព្រះអរិយៈ ដំកល់​វាចាចិត្ត​លាមក រមែង​ចូលទៅកាន់​បទុមនរក អស់កាល​ណា កាលនោះ កំណត់ ១ សែននិរព្វុទៈ​ ៣៦ និង ៥ អព្វុទនរកទៀត។

បុគ្គលណា ពោលពាក្យមិនពិត ឬបុគ្គលណា​ធ្វើហើយ និយាយថា អាត្មាអញ​មិនធ្វើវិញ រមែងទៅ​នរក បុគ្គលទាំងពីរ​ពួកនោះ ជាមនុស្ស​មានកម្មដ៏​ថោកទាប លុះលះ​អត្តភាពនេះ​ទៅ រមែងស្មើគ្នា ក្នុងលោក​ខាងមុខ។

បុគ្គលណា ប្រទូស្តចំពោះជន​ដែលមិន​ប្រទូស្ត ជាបុរស​បរិសុទ្ធ មិនមាន​កិលេស បាប​រមែងត្រឡប់​ត្រូវបុគ្គល​ពាលនោះវិញ ដូចជាធូលី​ដ៏ល្អិត ដែលបុគ្គល​បាចទៅកាន់​ទីច្រាសខ្យល់។

បុគ្គលណា ប្រកបរឿយ ៗ ក្នុងលោភគុណ (តណ្ហា) បុគ្គលនោះ មិនមានសទ្ធា មានតែ​សេចក្តីកំណាញ់​ស្វិតស្វាញ មិនស្គាល់​ពាក្យឱវាទ ជាអ្នក​កំណាញ់ ប្រកបរឿយ ៗ ក្នុង​បិសុណាវាចា រមែងតិះ​ដៀលនូវ​បុគ្គល​ដទៃដោយ​ពាក្យ។

ម្នាលអ្នកមានមាត់អាក្រក់ ពោលពាក្យ​គ្មានពិត មិនប្រសើរ​ បំផ្លាញ​នូវសេចក្តី​ចំរើន ជាមនុស្ស​លាមក ធ្វើអំពើ​អាក្រក់ ជាបុរស​ថោកទាប បុរស​ឥតបុណ្យ មាន​កំណើត​ថោកទាប អ្នកឯង​ដូច​ជាសត្វនរក អ្នកកុំនិយាយ​ច្រើនក្នុងទី​នេះឡើយ។ អ្នករោយ​ចុះនូវធូលី​លើខ្លួន ដើម្បីមិន​ជាប្រយោជន៍ អ្នក​តិះដៀល​ពួកសប្បុរស​ ធ្វើអំពើអាក្រក់ ប្រព្រឹត្ត​ទុច្ចរិតច្រើន​ប្រការ អ្នកនឹងទៅ​កាន់នរក អស់កាល​យូរអង្វែង។ កម្ម​របស់សត្វ​នីមួយ ៗ មិន​វិនាសទេ សត្វជាម្ចាស់ រមែងបាន​នូវកម្មនោះ សត្វល្ងង់ខ្លៅ អ្នកធ្វើ​កម្ម​អាក្រក់ ឃើញនូវ​ទុក្ខចំពោះ​ខ្លួន​ក្នុងលោក​ខាងមុខ។ ​អ្នកធ្វើអំពើ​អាក្រក់ តែងចូល​ទៅកាន់​ចម្រូង​ដែកដ៏មុត ជាទីដែល​នាយនិរយបាល ចាក់នឹង​ដែកស្រួច ទាំងដុំដែក​មាន​សណ្ឋាន​ប្រហែល​ផ្លែព្នៅដ៏ក្តៅ សមគួរ​ដល់កម្មនោះ ជាភោជន (របស់​សត្វទាំងនោះ)។ ពួក​នាយ​និរយបាល កាលនឹង​ពោល មិនពោល​ពាក្យពីរោះឡើយ មិនស្ទុះ​ទៅដោយ​មុខរីករាយ មិនមែន​ចូលទៅឲ្យ​ជាទីពឹងបាន​ទេ ឲ្យដេកលើ​កម្រាល​រងើកភ្លើង បញ្ចូល​ទៅកាន់​អណ្តាត​ភ្លើង ដែលឆេះ​សន្ធោសន្ធៅ។ ពួកនាយ​និរយបាល ព័ទ្ធដោយ​សំណាញ់ វាយដោយ​ញញួរដែក ក្នុងទីនោះ សត្វនរក ដើរទៅ​កាន់នរក (ឈ្មោះ​ធូមរោរុព) ងងឹត​ឈ្លប់ ដែលធ្វើឲ្យ​ខ្វាក់ នរកនោះ ធំទូលាយ​ដូចជាផ្ទៃ​ផែនដី។ មួយវិញទៀត សត្វនរក ចូលទៅកាន់​លោហកុម្ភីនរក ដែល​មានអណ្តាត​ភ្លើងឆេះសន្ធោសន្ធៅ ជាសត្វ​លិច​អណ្តែត ៗ ឆេះនៅ​ក្នុង​លោហកុម្ភី​នោះ ដែលមាន​ភ្លើងឆេះ​ជុំវិញ អស់កាល​យូរអង្វែង។ បុគ្គល​ធ្វើកម្មអាក្រក់ តែងឆេះ​នៅក្នុង​លោហកុម្ភីនរក​នោះ ច្រឡំ​ដោយខ្ទុះ​ និងឈាម តើដូចម្តេច សត្វនរក​ទៅកាន់​ទិសណាៗ សឹងប៉ះពាល់​ដោយខ្ទុះ និងឈាម ប្រឡូក​ប្រឡាក់ ក្នុង​ទិសនោះ ៗ។ បុគ្គលធ្វើ​កម្មអាក្រក់ តែងរង​ផលកម្ម ក្នុងទឹក (ទង់ដែង) ជាទី​នៅ​របស់ដង្កូវ ក្នុង​គូថនរក​នោះ តើដូចម្តេច ទី​ជម្រាល គឺច្រាំង អាចនឹងឡើង​ចុះបាន ពុំមាន​ឡើយ ព្រោះថា រណ្តៅនរក (នោះ) មាន​អំបែង​ចោតស្មើជុំវិញ​ទាំងអស់។ មួយ​វិញទៀត សត្វនរក ចូលទៅកាន់​ព្រៃឈើ មានស្លឹក​ជាដាវដ៏មុត មាន​ខ្លួន​មុតជាប់​សព្វ​អន្លើ​ដោយ​ដាវនោះ នាយ​និរយបាល ក៏ថ្ពក់ទាញ​អណ្តាតដោយ​ផ្លែសន្ទូច ហើយកាប់​សំឡាប់​ហើយ សំឡាប់ទៀត។ តពីនោះ សត្វនរក​ស្ទុះចូលទៅ​កាន់ស្ទឹងទឹកផ្សា (ទឹកក្រុត) ដែលសត្វ​ហែលទៅបាន​ដោយកម្រ ឬស្ទុះ​ចូលទៅកាន់​មុខកាំបិតកោរ មានមុខដ៏មុត សត្វ​ល្ងង់ខ្លៅ ជាអ្នកធ្វើ​អំពើលាមក លុះធ្វើអំពើ​លាមក​ទាំងឡាយហើយ រមែងធ្លាក់​ទៅក្នុង​នរកនោះ។​ ហ្វូងក្អែកខ្មៅ ហ្វូងឆ្កែ​សម្បុរលឿង សម្បុរ​ពព្រុះ ហ្វូងចចក ហ្វូងត្មាត ហ្វូងតាដក់ ហ្វូងក្អែកស តែងចឹក​ជញ្ជែងស៊ីរូង (នូវសត្វនរក) ដែលកំពុង​ស្រែកយំ ក្នុង​នរកនោះ។ ជនអ្នកធ្វើ​នូវកម្មអាក្រក់ ឃើញនូវ​សេចក្តី​ប្រព្រឹត្តណា សេចក្តី​ប្រព្រឹត្ត​ក្នុងនរក​នេះ ជាការ​លំបាកមែន ព្រោះហេតុនោះ កាលបើមាន​ជីវិតរស់នៅ​ក្នុងលោក​នេះ នរជន គប្បី​​ធ្វើកិច្ច​កុំប្រមាទ​ឡើយ។ ពួកសត្វណា ចូលទៅកើត​ក្នុង​បទុមនរក អស់ ១ នហុត (មួយ​រយសែន​កោដិប្បកោដិ) និង ៥ កោដិឆ្នាំ​ទៀត ឬអស់ ១២ រយកោដិ​ដទៃទៀត ពួកសត្វ​នរកទាំងនោះ អ្នកប្រាជ្ញ​ទាំងឡាយ រាប់ហើយ​ដោយរទេះល្ង។ សេចក្តី​ទុក្ខក្នុង​នរក ដែលលោក​ពោលហើយ​ក្នុងទីនេះ យូរត្រឹមណា កោកាលិកភិក្ខុ គប្បីនៅក្នុង​នរកនោះ អស់កាល​យូរត្រឹមនោះ ព្រោះហេតុនោះ បុគ្គលគប្បីរក្សា​វាចា​ចិត្តឲ្យល្អ​ជា​ប្រក្រតី ក្នុងគុណ​ដ៏ប្រពៃ គឺសេចក្តីស្អាត និងសីល​ជាទី​ស្រឡាញ់ចុះ។

ចប់ កោកាលិកសូត្រ ទី១០។

នាឡកសូត្រ ទី១១

[៧៥] អសិតឥសី សម្រាកនៅក្នុង​ទិវាវិហារ បានឃើញ​នូវពួក​ទេវតា​ជាន់​តាវត្តិង្ស មានសេចក្តី​សោមនស្ស​រីករាយ​ផង នូវ​សក្កទេវរាជ ជាធំជាង​ទេវតាផង នូវពួក​ទេវតា​ដែលស្លៀក​សំពត់​ស្អាតផង កាន់នូវ​សំពត់ ហើយ​សរសើរ​ក្រៃពេក។ លុះ​ឃើញ​ទេវតា (ទាំងនោះ) មានចិត្ត​រីករាយ មានចិត្ត​ខ្ពស់ឡើង ក៏ធ្វើ​នូវសេចក្តី​អើពើ សួរដូច្នេះ​ថា ពួកទេវតា​ក្នុងជាន់​តាវត្តិង្ស​នោះ មានសភាព​រីករាយ​ក្រៃពេក ព្រោះ​ហេតុអ្វី អ្នកទាំងឡាយ កាន់​សំពត់ ​ត្រេកអរ ព្រោះអាស្រ័យ​ហេតុអ្វី។ (អសិតឥសី ដឹងថា) ក្នុង​វេលា​ណា មាន​សង្គ្រាម​ជាមួយពួក​អសុរ ជ័យ​ជំនះមាន​ដល់ពួកទេវតា ពួក​អសុរចាញ់ ក្នុង​វេលានោះ ពួកទេវតា​ក៏មិន​មានការ​ព្រឺរោម​ប្រាកដ​ដូច្នោះឡើយ ពួកទេវតា​ត្រេកអរ​រីករាយ ព្រោះឃើញ​នូវហេតុ​ចំឡែក​ដូចម្តេច។ ពួកទេវតា​ហួចផង ច្រៀងផង ប្រគំផង ទះដៃ​ទាំងសង​ខាងផង រាំផង ថា នែទេវតា​ទាំងឡាយ ជាបុគ្គល​និរទុក្ខ ខ្ញុំសួរ​អ្នក​ទាំងឡាយ​ដែលនៅ​លើកំពូល​ភ្នំមេរុ គឺជាន់​តាវត្តិង្ស (នេះ) សូមអ្នក​ទាំងឡាយ បន្ទោបង់​សេចក្តី​សង្ស័យ​របស់ខ្ញុំ​ដោយឆាប់។ (ពួកទេវតា តបថា) ពោធិសត្វ​នោះ ដូចជា​កែវដ៏​ប្រសើរ ឥតមានអ្វី​នឹងផ្ទឹមបាន ទ្រង់កើត​ក្នុងព្រៃ​លុម្ពិនីវ័ន ក្នុងជនបទ ជាស្រុក​របស់​ពួកសក្យៈ ក្នុងមនុស្ស​លោក ដើម្បីជា​ប្រយោជន៍ និង​សេចក្តីសុខ ព្រោះហេតុ​នោះ បានជា​យើងខ្ញុំ​មានសេចក្តី​ត្រេកអរ មានសភាព​រីករាយ​ក្រៃពេក។ ពោធិសត្វនោះ ប្រសើរ​ជាង​សព្វសត្វ (ទេវតា និងមនុស្ស) ជា​អគ្គបុគ្គល ជានរៈ​អង់អាច ឧត្តម​ជាងពួកសត្វ​ទាំងអស់ អាចញុំាង​ចក្រឲ្យប្រព្រឹត្ត​ទៅ ក្នុងព្រៃ​ឥសិបតនមិគទាយវ័ន ដូចសត្វ​សីហៈ ជាសត្វ​មាន​កំឡាំង គ្របសង្កត់​នូវពួកម្រឹគ បន្លឺ​សីហនាទ​ដែរ។ អសិតឥសីនោះ លុះឮ​សំឡេង​នោះហើយ ទើបចុះ​មកដោយ​រួសរាន់ ចូលសំដៅ​ទៅកាន់​ព្រះដំណាក់​របស់​ព្រះបាទ​សុទ្ធោទនៈ ក្នុងកាល​ណោះ លុះអង្គុយ​នៅក្នុង​ព្រះដំណាក់​ហើយ ក៏សួរ​ពួកសក្យៈ​ដូច្នេះ​ថា ព្រះរាជកុមារ​នៅឯណា អាត្មាភាព ត្រូវការចង់​ឃើញ។ គ្រានោះ ពួកសក្យៈ​បង្ហាញ​ព្រះរាជ​កុមារ ជា​រាជឱរស មានសម្បុរ​រុងរឿង​ដូចមាស ត្រង់មុខ​បាវដែល​ជាង​មាស​អ្នក​ឈ្លាសវៃ ឲ្យដី​ហើយថ្មី ៗ មានសម្បុរ​ស ដ៏រុងរឿង​ដោយសិរី មានសម្បុរ​មិនឱនថយ ដល់​អសិតឥសី។ អសិតឥសី លុះឃើញ​ព្រះរាជកុមារ​មានសម្បុរ​រុងរឿង​ដូចអណ្តាត​ភ្លើង ដូច​ព្រះចន្ទ្រ​ដ៏រុងរឿង​ក្នុងកណ្តាល​ហ្វូងផ្កាយ ឋិតនៅ​ឰដ៏​អាកាស បរិសុទ្ធ​ដូចព្រះអាទិត្យ ផុត​អំពី​ពពក រុងរឿង​ក្នុង​សរទរដូវ មានសេចក្តី​រីករាយ បាននូវ​បីតិធំ​ទូលាយ។ ពួកទេវតា​បាំងឆ័ត្រ​ស មានឆ្អឹង​ច្រើន មានមណ្ឌល​មួយពាន់ (សំរេច​អំពី​មាសឆ្អិន) នា​កណ្តាល​អាកាស ចាមរ​ទាំងឡាយ មានដង​ជាវិការៈ​នៃមាស សំយុងចុះ ពួកទេវតា​អ្នកកាន់​ចាមរ និង​ឆ័ត្រ​ក៏មិនបា្រកដ​ឡើយ។ ជដិល​ជាឥសី​ឈ្មោះ​កណ្ហសិរី លុះឃើញ​ព្រះរាជកុមារ​មានរស្មី​រុងរឿង​ដូចដុំមាស​លើកម្រាល​សំពត់​បណ្ឌុកម្ពល ដែលពួក​ទេវតា​បាំង​ស្វេតឆ័ត្រ​លើ​ព្រះសិរ្ស​ហើយ ក៏មាន​ចិត្តអណ្តែត​ខ្ពស់ឡើង មានចិត្ត​រីករាយ ហើយ​ទទួលយក (ព្រះរាជកុមារនោះ)។ តាបស​នោះ ជាអ្នកត្រិះរិះ រំពឹង​នូវកាល​ជាអនាគត ជាអ្នក​ចេះចប់​នូវ​មន្ត​សម្រាប់​ស្គាល់នូវ​លក្ខណៈ លុះ​ទទួល​ព្រះរាជកុមារ​ដ៏ប្រសើរ របស់​ពួក​សក្យៈ​ហើយ មានចិត្ត​រីករាយ បញ្ចេញ​សំណើច​ថា ព្រះរាជកុមារ​នេះ ប្រសើរ​ឧត្តមជាង​ពួកសត្វ​មាន​ជើងពីរ គឺ​ទេវតា និង​មនុស្ស។ លំដាប់នោះ កណ្ហសិរី រឭក​ឃើញដំណើរ​របស់ខ្លួន ក៏មាន​សភាព​មិនរីករាយ ទើបយំ​សម្រក់​ទឹកភ្នែក​វិញ ពួកសក្យៈ​ឃើញ​ហើយ ក៏សួរ​ឥសី ដែល​កំពុង​យំថា សេចក្តី​អន្តរាយ នឹងមាន​ដល់​ព្រះរាជកុមារ​នៃយើង​ឬ។ ឥសី លុះឃើញ​ពួកសក្យៈ​មិន​រីករាយ​ហើយ ទើប​ពោលថា អាត្មាមិនបាន​រឭក​នូវ​អំពើ​មិនមែន​ជាប្រយោជន៍​ចំពោះ​ព្រះរាជកុមារ​ឡើយ មួយទៀត សេចក្តី​អន្តរាយ នឹងមិន​មានដល់​ព្រះរាជ​កុមារទេ ព្រះរាជ​កុមារនេះ មិនថោក​ថយឡើយ សូមអ្នក​ទាំងឡាយ មានចិត្ត​រីករាយ​ចុះ។ ព្រះរាជ​កុមារនេះ នឹងបាន​ត្រាស់ដឹង​នូវ​សម្ពោធិញ្ញាណ​ដ៏ប្រសើរ ព្រះរាជ​កុមារនេះ ជាអ្នក​ឃើញនូវ​ព្រះនិព្វាន​ដ៏បរិសុទ្ធ​ក្រៃលែង ព្រះរាជ​កុមារនេះ ជាអ្នក​អនុគ្រោះ​នូវ​ប្រយោជន៍​ដល់ជន​ច្រើន នឹងញុំាង​ព្រះធម្មចក្រ ឲ្យប្រព្រឹត្តទៅ ព្រហ្មចរិយៈ គឺ​សាសនា​របស់​ព្រះរាជកុមារ​នេះ នឹងសាយ​ភាយទៅ។ ឯអាយុ​របស់​អាត្មា មិនបាន​តាំងនៅ​យូរ ក្នុងមនុស្ស​នេះទេ កាល​កិរិយា​របស់អាត្មា នឹងមាន​ក្នុងរវាង (នេះ) ឯង អាត្មា​នឹងមិន​បាន​ស្តាប់ធម៌​របស់​ព្រះរាជកុមារ​អ្នកមាន​ព្យាយាម មិនមាន​អ្នកណា​ស្មើឡើយ ព្រោះ​ហេតុនោះ បានជា​អាត្មាស្តាយ​ក្រោយ ព្រួយចិត្ត​កើតទុក្ខ។ តាបស​អ្នកមាន​ព្រហ្មចរិយ​ធម៌នោះ ញុំាង​បីតិដ៏​ធំទូលាយ ឲ្យកើតឡើង​ដល់ពួក​សក្យៈ ហើយ​ក៏ចៀស​ចេញ អំពី​បរមរាជ​វាំងទៅ តាបស​នោះ មានសេចក្តី​អនុគ្រោះ​ចំពោះ​ក្មួយរបស់​ខ្លួន ក៏បបួល​ឲ្យកាន់យក​ធម៌​របស់​មហាបុរស អ្នកមាន​ព្យាយាម មិនមាន​អ្នកណាស្មើ ថាបើ​អ្នក​បានឮ​សំឡេងថា ពុទ្ធោ អំពី​សំណាក់​បុគ្គលដទៃ​ហើយ (ត្រូវដឹងថា) មហាបុរស ដល់​នូវការ​ត្រាស់ដឹង​ហើយ បើកផ្លូវ​ទៅកាន់​ព្រះនិព្វាន​ហើយ អ្នកគប្បី​ចូលទៅសាក​សួរលទ្ធិ ក្នុង​សំណាក់​នៃមហា​បុរសនោះ ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុង​សំណាក់​ព្រះមានព្រះភាគ​នោះចុះ។ នាឡកកុមារ​នោះ ជាបុគ្គល​មាន​បុណ្យ​សន្សំទុក​ហើយ ដែល​ឥសីនោះ មានចិត្ត​ប្រកប​ដោយ​ប្រយោជន៍ មិនញាប់ញ័រ ឃើញថា ព្រះនិព្វាន​បរិសុទ្ធ​ក្រៃលែង ក្នុង​អនាគត ប្រៀនប្រដៅ​ហើយ ក៏នៅ​រង់ចាំ​ព្រះជិនស្រី រក្សា​សោតិន្ទ្រិយ បួស​ដោយភេទ​នៃខ្លួន​ជាតាបស។ នាឡកតាបស លុះឮ​សំឡេង​គឹកកង (ដែល​ទេវតា​ទាំងឡាយ ធ្វើហើយ) ក្នុងកាល​ដែល​ព្រះជិនស្រី ញុំាងចក្រ​ដ៏ប្រសើរ ឲ្យប្រព្រឹត្ត​ទៅ ក៏ទៅ (កាន់​ទីនោះ) លុះទៅ​ដល់ហើយ ឃើញ​ព្រះមានព្រះភាគ ដូចឥសី ក៏មាន​ចិត្តជ្រះថ្លា បានសាក​សួរនូវ​មោនេយ្យវត្ត គឺ​មគ្គញាណ​ដ៏ប្រសើរ នឹង​ព្រះពុទ្ធ​ជាមុនី​វិសេស តាម​ពាក្យប្រៀន​ប្រដៅ​របស់​អសិតឥសី​ទូន្មាន​ហើយ។

ចប់ វត្ថុកថា។

[៧៦] នាឡកតាបស សួរថា បពិត្រព្រះគោតម នេះ​ជាពាក្យ​ពិត​របស់​អសិត​តាបស ដែលខ្ញុំ​ព្រះអង្គ​ដឹងហើយ ព្រោះហេតុ​នោះ ខ្ញុំព្រះអង្គ​សូមសួរ​ព្រះអង្គ អ្នកដល់​ត្រើយនៃ​ធម៌ទាំង​ពួង កាលបើ​ខ្ញុំព្រះអង្គ​សួរហើយ សូម​ព្រះអង្គ​សំដែង​បា្រប់នូវ​មោនេយ្យប្បដិបទា ជាវត្ត​ដ៏ឧត្តម​របស់​អ្នកបា្រជ្ញ (ដើម្បីជាវត្ត) របស់​អ្នកបួស​ស្វែងរក​ភិក្ខាចារ (ដល់ខ្ញុំ​ព្រះអង្គ)។

(ព្រះមានព្រះភាគ) ទ្រង់ត្រាស់ថា តថាគត​នឹងបញ្ញត្ត​មោនេយ្យប្បដិបទា ដែល​ជាវត្ត​ធ្វើបាន​ដោយ​កម្រ អត់​ធន់បាន​ដោយកម្រ​ដល់អ្នក បើដូច្នោះ តថាគត​នឹង​សំដែង​មោនេយ្យប្បដិបទា​នោះ​ដល់អ្នក ត្រូវអ្នក​ផ្គងព្យាយាម​ឲ្យមាំមួន​ចុះ។ បុគ្គល​ត្រូវធ្វើខ្លួន​ឲ្យមាន​ភាពស្មើ ចំពោះបុគ្គល​អ្នកជេរ និងអ្នក​ថ្វាយបង្គំ ក្នុង​ស្រុក បុគ្គល (បើគេជេរ) ត្រូវរក្សា​សេចក្តី​ប្រទូស្ត​ក្នុងចិត្ត (បើគេ​ថ្វាយបង្គំ) ត្រូវស្ងប់ កុំប៉ោង​តាម​អារម្មណ៍។ អារម្មណ៍​ខ្ពស់ និងទាប​ទាំងឡាយ (អារម្មណ៍ល្អ និងអាក្រក់) តែងផ្សាយ​ចេញមក (កាន់វង់​ចក្ខុជា​ដើម) ឧបមា​ដូចអណ្តាត​ភ្លើង​ដែលឆេះ​ក្នុងព្រៃ នារី​ទាំងឡាយ តែង​ប្រលោម​នូវអ្នក​បា្រជ្ញ នារី​ទាំងឡាយ​នោះ កុំគប្បី​ប្រលោម​អ្នកបាន​ឡើយ។ បុគ្គល​វៀរហើយ​ចាក​មេថុនធម្ម លះកាម​ដែលល្អ និងអាក្រក់​ទាំងឡាយ កុំ​ទោមនស្ស កុំត្រេកអរ ចំពោះសត្វ​ដែលតក់​ស្លុត និងសត្វ​ដែលមាំមួន (មិនតក់ស្លុត) ក្នុង​សត្វទាំង​ឡាយ។ គប្បីប្រៀប​ខ្លួនឯងថា អាត្មាអញ​យ៉ាងណា សត្វទាំង​ឡាយនុ៎ះ ក៏យ៉ាង​នោះដែរ សត្វ​ទាំងឡាយ​នុ៎ះ យ៉ាងណា អាត្មាអញ ក៏យ៉ាង​នោះដែរ ហើយ​មិនត្រូវ​សំឡាប់ មិន​ត្រូវប្រើ​គេឲ្យ​សំឡាប់​ឡើយ។ បុថុជ្ជន ជាប់ចំពាក់​ក្នុង​បច្ច័យណា បុរស​អ្នក​មាន​បញ្ញាចក្ខុ ត្រូវតែ​លះចោល​នូវសេចក្តី​ប្រាថ្នាផង នូវ​សេចក្តី​លោភផង (ក្នុង​បច្ច័យនោះ) ហើយ​ប្រតិបត្តិ​នូវ​មោនេយ្យប្បដិបទា ត្រូវតែ​ប្រឆាំងនូវ​តណ្ហា ដែល​បំពេញ​បានដោយ​កម្រនេះ។ បុគ្គល​គួរមាន​ពោះធូរ មានអាហារ​កំណត់ មានប្រាថ្នា​តិច មិន​ល្មោភ បុគ្គល​មិនឃ្លាន​ដោយ​សេចក្តី​ប្រាថ្នា​សព្វ ៗ កាល ជាអ្នក​មិនមាន​សេចក្តីប្រាថ្នា រមែង​រលត់​សេចក្តី​ក្តៅក្រហាយ ព្រោះ​កិលេស (ដោយ​មិនមាន​សេចក្តីប្រាថ្នា)។ ភិក្ខុ​អ្នកប្រតិបត្តិ​មោនេយ្យប្បដិបទា​នោះ ប្រព្រឹត្ត​នូវ​បិណ្ឌបាត​ចារិកវត្ត​រួចហើយ គប្បី​ប្រញាប់​ចូលទៅ​កាន់ព្រៃ​ហើយ ចូរឋិត​នៅក្រោម​ម្លប់ឈើ រួចចូល​ទៅកាន់​អាសនៈ។ អ្នកប្រាជ្ញ​នោះ គួរខ្វល់​ខ្វាយក្នុង​ឈាន គួរត្រេកអរ​ក្នុងព្រៃ គួរត្រេកអរ​នឹងខ្លួន​ឯង ហើយគប្បី​ចំរើនឈាន ក្រោម​ម្លប់ឈើ។ តអំពីនោះ លុះកន្លង​រាត្រីទៅ គប្បីចូល​ទៅកាន់ស្រុក មិន​គួរត្រេកអរ​នឹងការ​និមន្តន៍ផង មិនគួរ​ទទួលនូវ​ភោជន​ដែលគេនាំ​ចេញអំពី​ស្រុកផង។ មុនីចូល​ទៅកាន់​ស្រុក មិនគួរ​ត្រាច់ទៅ​ដោយការ​រួសរាន់ ក្នុងត្រកូល​ទាំងឡាយ​ឡើយ គួរជាអ្នក​កាត់បង់​នូវកថា (ពាក្យ​ពោល) មិនគួរ​ពោលពាក្យ​ផ្សែផ្សំ ស្វែងរក​ស៊ីឡើយ។ មុនីនោះ ជា​តាទិបុគ្គល ដោយ​ហេតុទាំងពីរ​ប្រការ​ គឺអាត្មាអញ​បាននេះ ជាការ​ប្រពៃ អាត្មាអញ​មិនបាន ក៏ជា​ការល្អ ​ហើយក៏ចូល​ទៅកាន់​ត្រកូល ដូចអ្នក​រកផ្លែឈើ ចូលទៅ​កាន់ឈើ។ មុនី មានបាត្រ​ក្នុងដៃ​ត្រាច់ទៅ​ មិនគ សន្មតថា ដូចគ មិនគួរ​ពេបជ្រាយ​នឹងទាន​ដែលមាន​ប្រមាណតិច មិនគួរ​មើលងាយ​នូវបុគ្គល​អ្នកឲ្យទាន។ ឯបដិបទា​ដែលខ្ពស់ និងទាប សមណៈ​បាន​ប្រកាស​ហើយ ធម្មតា ព្រះអរិយបុគ្គល មិនដែល​ទៅកាន់ត្រើយ​ខាងនាយ គឺ​ព្រះនិព្វាន​ដល់ពីរ​ដងឡើយ ព្រះនិព្វាន​នេះ មិនគួរ​បានដោយ​គុណតែមួយ​ទេ។ ភិក្ខុណា មិនមាន​តណ្ហា សេចក្តី​ក្រហល់​ក្រហាយ នឹងមិន​មាន​ដល់ភិក្ខុនោះ ជាអ្នក​មានខ្សែ​កិលេស​កាត់​ហើយ អ្នក​លះចោល​នូវកិច្ច​តូច និងកិច្ច​ធំហើយ។

(ព្រះមានព្រះភាគ) ទ្រង់ត្រាស់ថា តថាគត​នឹងបញ្ញត្ត​នូវ​មោនេយ្យប្បដិបទា​ដល់អ្នក ភិក្ខុអ្នក​ប្រព្រឹត្ត​នូវ​មោនេយ្យប្បដិបទា គប្បី​ប្រៀបធៀប​ខ្លួនដូច​មុខកាំបិត​កោរ គប្បី​ទល់ពិតាន​ដោយអណ្តាត ហើយ​សង្រួម​ផ្ទៃ (ដោយការ​មិនសេព​បច្ច័យ​ដែលកើត​ឡើង​ដោយ​ផ្លូវសៅហ្មង)។ ភិក្ខុនោះ មិនមាន​ចិត្តខ្ជិលផង កុំគិត​ច្រើនផង ជាអ្នក​មិនមាន​កិលេស​ផង មិនអាស្រ័យ​តណ្ហាផង មាន​សាសន​ព្រហ្មចរិយៈ​ជាខាង​មុខផង គួរ​សិក្សា​បម្រុង​នឹង​សេព​នូវអាសនៈ​ស្ងាត់ម្នាក់​ឯងផង បម្រុង​សេពអារម្មណ៍ ដែល​សមណៈ​គប្បី​ចូល​ទៅជិត​ផង អ្នកជា​បុគ្គល​ម្នាក់ឯង ទាំងត្រេកអរ​នូវ​មោនេយ្យប្បដិបទា ជាចំណែក​មួយ ដែល​តថាគត​សំដែង​ហើយ​ដោយពិត។ (អ្នកនឹង​ល្បីឮខ្ចរខ្ចាយ​ទៅក្នុង​ទិសទាំង ១០ ក្នុងកាល​ជាខាង​ក្រោយ) អ្នកឮ​សំឡេងល្បី (អំពី​សំណាក់) អ្នកប្រាជ្ញ​ទាំងឡាយ ជាអ្នក​មានឈាន លះបង់កាម គប្បីធ្វើ​ដោយក្រៃលែង​នូវ​ហិរិផង នូវ​សទ្ធាផង ក្នុង​កាលនោះ ទើបឈ្មោះ​ថាជា​សាវ័ក​របស់តថាគត។ អ្នកត្រូវ​ដឹងបរិយាយ​នោះ ដោយ​សេចក្តី​ឧបមា ដោយ​ទន្លេ​ទាំងឡាយ (ត្រូវដឹង​បរិយាយ​ផ្សេងទៀត) ចំពោះ​បឹង និងស្ទឹង​ទាំងឡាយថា ស្ទឹងតូច​ទាំង​ឡាយ តែងធ្វើ​សំឡេង​ហូរទៅ​ ឯស្ទឹងធំ តែងហូរ​ទៅស្ងៀម ៗ។ ទឹកណា ដែល​កន្លះ ទឹកនោះ តែងឮសូរ ទឹកណា ដែល​ពេញ ទឹកនោះ​តែងស្ងប់ ជនពាល​មានឧបមា​ដូចទឹក​កន្លះក្អម ជនបណ្ឌិត មាន​ឧបមាដូច​អន្លង់​ទឹកដ៏ពេញ។ សមណៈ គឺព្រះពុទ្ធ តែង​សំដែង​នូវធម៌​ដែលប្រកប​ដោយប្រយោជន៍​ដ៏ច្រើន សមណៈ​នោះ ជ្រាបប្រាកដ ទើប​សំដែង​នូវធម៌ សមណៈ​នោះ ជ្រាបប្រាកដ ទើបសំដែង​ដោយច្រើន។ មួយទៀត មុនីណា ជ្រាបប្រាកដ​នូវធម៌ មានចិត្ត​សង្រួម​ហើយ ជ្រាបប្រាកដ​នូវធម៌ មិននិយាយ​ច្រើន មុនី​នោះ គួរដល់​មោនេយ្យប្បដិបទា មុនីនោះ បានដល់​នូវ​អរហត្តមគ្គញ្ញាណ។

ចប់ នាឡកសូត្រ ទី១១។

ទ្វយតានុបស្សនាសូត្រ ទី១២

[៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​បុព្វារាម មិគារមាតុ​ប្រាសាទ ជិតក្រុង​សាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ មាន​ភិក្ខុសង្ឃ​ចោមរោម គង់ក្នុង​ទីវាល​ នារាត្រី​ពេញបូណ៌មី ក្នុងថ្ងៃ​ឧបោសថទី ១៥ នោះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ឈ្មៀង​មើលនូវភិក្ខុ​សង្ឃ ដែល​ស្ងៀមស្ងាត់ ហើយ​ទ្រង់​ហៅ​ពួកភិក្ខុថា ម្នាលភិក្ខុ​ទាំងឡាយ កុសលធម៌​ទាំងឡាយ​ណា ជា​អរិយធម៌ ជា​និយ្យានិកធម៌ ជាធម៌​ប្រព្រឹត្តទៅ​ដើម្បី​សម្ពោធិញ្ញាណ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ មានគេ​សួរអ្នក​ទាំងឡាយ​ថា ប្រយោជន៍អ្វី​ដល់អ្នក​ទាំងឡាយ ក្នុង​កិរិយា​ស្តាប់នូវ​កុសលធម៌​ទាំងឡាយ​នោះ ដែលជា​អរិយធម៌ ជា​និយ្យានិកធម៌ ជាធម៌​ប្រព្រឹត្ត​ទៅដើម្បី​សម្ពោធិញ្ញាណ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​រាល់គ្នា គួរពោល​យ៉ាងនេះ ​ទៅ​នឹងជន​ទាំងនោះ​វិញថា ប្រយោជន៍​ដើម្បី​ដឹងតាមពិត​នូវសភាព​នៃធម៌​ជាគូនឹងគ្នា ជាកំណត់ អ្នករាល់​គ្នា​ពោលនូវ​សភាព​នៃធម៌​ដែលគូនឹងគ្នា​ តើដូចម្តេច (គប្បីពោល) ថា នេះជាទុក្ខ នេះជា​ហេតុនាំ​ឲ្យកើតទុក្ខ នេះជា​អនុបស្សនា ទី ១ នេះជា​ទីរំលត់​ទុក្ខ នេះជា​បដិបទា​ទៅកាន់​ទី​រំលត់​ទុក្ខ នេះជា​អនុបស្សនា ទី ២ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុពិចារណា​ឃើញ​រឿយ ៗ នូវសភាព​នៃ​ធម៌ជា​គូនឹងគ្នា ដោយប្រពៃ​យ៉ាងនេះ​ហើយ ជាអ្នក​មិនប្រមាទ មាន​ព្យាយាម​ជាគ្រឿងដុត​កំដៅ​កិលេស មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន បណ្តាផល​ទាំងពីរ​ប្រការ ផលណា​មួយនឹង​ប្រាកដ គឺនឹង​បាននូវ​អរហត្ត​ផល ក្នុងបច្ចុប្បន្ន ឬមួយបើ​ខន្ធដ៏​សេស ដែលគប្បី​កើតតទៅ​ទៀតនៅ​មាន នឹងបាន​ដល់នូវ​អនាគាមិផល។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់​ពាក្យនេះ លុះ​ព្រះសុគត ជាសាស្តា ទ្រង់ត្រាស់​ពាក្យនេះ​ហើយ ទើបទ្រង់​ត្រាស់​គាថាព័ន្ធ តទៅ​ទៀតថា

[៧៨] ពួកជនណា មិនដឹងច្បាស់នូវទុក្ខ ទាំងនូវហេតុ​នាំឲ្យកើត​ទុក្ខ នូវ​ព្រះ​និព្វាន​ជា​ទីរំលត់ទុក្ខ មិនសេសសល់​ដោយសព្វ​គ្រប់ ទាំងមិន​ដឹងនូវផ្លូវ​ទៅកាន់ទី​រម្ងាប់ទុក្ខនោះ ពួកជននោះ សាបសូន្យ​ហើយ ចាក​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ពួកជន​នោះ​ មិនគួរ​ដើម្បី​នឹង​ធ្វើនូវ​ព្រះនិព្វាន ជាទីបំផុត​នៃវដ្តទុក្ខ​បាន ពួកជន​នោះ ចូលទៅ​កាន់ជាតិ និងជរា​តែម្យ៉ាង។ ពួកជនណា ដឹងច្បាស់​នូវទុក្ខ នូវហេតុ​នាំឲ្យ​កើតទុក្ខ នូវព្រះនិព្វាន ជាទី​រំលត់ទុក្ខ ឥត​សេសសល់ ដោយសព្វ​គ្រប់ ទាំងដឹងច្បាស់​នូវផ្លូវដែល​ទៅកាន់​ទី​រម្ងាប់ទុក្ខ​​នោះ ពួកជននោះ បរិបូណ៌​ដោយ​ចេតាវិមុត្តិ និងបញ្ញាវិមុត្តិ​ ពួកជន​នោះ ទើបគួរ​នឹង​ធ្វើនូវ​ព្រះនិព្វាន ជាទីបំផុត​នៃវដ្តទុក្ខ​បាន ពួកជននោះ មិន​ចូលទៅ​កាន់ជាតិ និងជរា​ឡើយ។

[៧៩] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើគេសួរថា​ ការពិចារណា​នូវសភាព​នៃធម៌​ដែល​ជាគូនឹង​គ្នាដោយ​ប្រពៃ ដោយបរិយាយ​ដទៃទៀត មានដែរ​ឬ អ្នករាល់គ្នា​គួរប្រាប់ថា​ មាន​ តើមាន​ដូចម្តេច (ត្រូវប្រាប់ថា) ទុក្ខនីមួយ​ទាំងអស់ តែងកើតឡើង ព្រោះ​ឧបធិ​ជា​បច្ច័យ នេះជា​អនុបស្សនាទី ១ មួយទៀត ការកើត​ឡើងនៃ​ទុក្ខមិនមាន ព្រោះរលត់​ដោយ​ប្រាសចាក​តម្រេក មិនសេសសល់​នៃពួក​ឧបធិធម៌ គឺកម្ម នេះជា​អនុបស្សនា ទី ២ ភិក្ខុអ្នក​ពិចារណា​ឃើញនូវ​សភាព​នៃធម៌ ដែលជា​គូនឹងគ្នា ដោយប្រពៃ​យ៉ាងនេះ។បេ។ ព្រះសាស្តា ​ទ្រង់ត្រាស់​គាថាព័ន្ធដទៃ តទៅទៀតថា

ទុក្ខទាំងឡាយ រមែងកើតឡើង ព្រោះមាន​ឧបធិ (កម្ម) ជាបច្ច័យ ពួកសត្វ​ណានី​មួយ​ក្នុងលោក មានរូប​ច្រើនប្រការ (រមែង​ទទួលនូវ​ទុក្ខនោះ) បុគ្គល​ពាលណា មិនស្គាល់​ច្បាស់ ហើយ​ធ្វើនូវ​ឧបធិ បុគ្គលពាល (នោះ) តែងបាន​នូវទុក្ខរឿយ ៗ ព្រោះ​ហេតុនោះ អ្នកប្រាជ្ញ​ពិចារណា​ឃើញនូវ​ឧបធិ ជាហេតុ​ឲ្យកើតទុក្ខ កាលស្គាល់​ច្បាស់ មិនគប្បី​ធ្វើនូវ​ឧបធិឡើយ។

[៨០] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើមានគេសួរថា ការពិចារណា​នូវសភាព​នៃធម៌ ដែលជា​គូនឹងគ្នា​ដោយប្រពៃ ដោយបរិយាយ​ដទៃទៀត មានដែរ​ឬ អ្នករាល់​គ្នា គប្បី​តបថា មាន តើមាន​ដូចម្តេច (ត្រូវប្រាប់​ថា) ទុក្ខនីមួយ​ទាំងអស់ តែងកើត​ឡើង ព្រោះ​អវិជ្ជា​ជាបច្ច័យ នេះជា​អនុបស្សនាទី ១ មួយទៀត ការកើត​ឡើងនៃទុក្ខ​មិនមាន ព្រោះ​រលត់​ដោយ​ប្រាសចាក​តម្រេក មិនមាន​សេសសល់​នៃអវិជ្ជា នេះជា​អនុបស្សនាទី ២ ភិក្ខុ​ពិចារណា​ឃើញនូវ​សភាពនៃ​ធម៌ ដែលជា​គូនឹងគ្នាដោយ​ប្រពៃយ៉ាងនេះ។បេ។​ព្រះសាស្តា ទ្រង់ត្រាស់​គាថាព័ន្ធដទៃ តទៅទៀត​ថា

ពួកសត្វ រមែងទៅកាន់ជាតិមរណៈ​ និងការអន្ទោល​ទៅក្នុងភព​ថ្មីរឿយ ៗ (ដោយ​អវិជ្ជាគតិ​ណា) អវិជ្ជាគតិនោះ មិនដឹង​នូវសភាព​ជាមនុស្ស​នេះផង និងភាព​នៃ​និកាយ​ដទៃផង។​ ការអន្ទោលទៅ (ក្នុងភព) អស់កាល​ដ៏វែងនេះ ក៏ព្រោះ​តែអវិជ្ជា គឺ​មោហៈ​ធំនេះឯង ពួកសត្វណា ដែលមាន​វិជ្ជាគតិ ពួកសត្វនោះ រមែង​មិនទៅ​កាន់ភព​ថ្មី​ទៀត​ឡើយ។

[៨១] ដោយបរិយាយ ដទៃទៀត មានដែរឬ។បេ។ តើមាន​ដូចម្តេច (ត្រូវប្រាប់ថា) ទុក្ខនីមួយ​ទាំង​អស់ តែងកើត​ឡើង ព្រោះសង្ខារ​ជាបច្ច័យ នេះជា​អនុបស្សនា ទី ១ ការ​កើតឡើង​នៃទុក្ខ​មិនមាន ព្រោះរលត់​ដោយ​ប្រាសចាក​តម្រេក មិនមាន​សេសសល់​នៃសង្ខារ នេះជា​អនុបស្សនាទី ២ ភិក្ខុអ្នក​ពិចារណា​ឃើញនូវ​សភាព​នៃធម៌​ដែលជាគូ​នឹងគ្នា​ដោយ​ប្រពៃយ៉ាង​នេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់​គាថាព័ន្ធ​ដទៃ តទៅ​ទៀតថា

ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះសង្ខារ​ជាបច្ច័យ ការកើត​ឡើងនៃ​ទុក្ខ​មិនមាន ព្រោះរលត់​ទៅនៃសង្ខារ​ទាំងឡាយ។ អ្នកប្រាជ្ញ ជ្រាបនូវ​ទោសនុ៎ះថា​ ទុក្ខកើត​ឡើង​ព្រោះសង្ខារ​ជាបច្ច័យ ព្រោះរម្ងាប់​នូវសង្ខារ​ទាំងពួង ព្រោះរំលត់​ទៅនៃ​កាមសញ្ញា​ជាដើម​បាន ព្រោះជ្រាប​នូវកងទុក្ខ​នុ៎ះ តាមពិត។ បណ្ឌិត​ទាំងឡាយ អ្នកដល់​នូវវេទ ឃើញ​ដោយប្រពៃ ជ្រាបដោយ​ប្រពៃ គ្របសង្កត់​នូវ​មារសំយោគ គឺវដ្តៈ​ក្នុងភូមិ​ទាំង ៣ ហើយ រមែងមិន​ត្រឡប់មក​កាន់ភពថ្មី​ទៀតឡើយ។

[៨២] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមាន​ដូចម្តេច (ត្រូវ​ប្រាប់ថា​) ទុក្ខនី​មួយទាំង​អស់ តែងកើតឡើង​ព្រោះ​វិញ្ញាណ​ជាបច្ច័យ​ នេះជា​អនុបស្សនា ទី ១ ការកើតឡើង​នៃទុក្ខ​មិនមាន ព្រោះ​រលត់ ដោយ​ប្រាសចាកតម្រេក មិនមាន​សេសសល់​នៃ​វិញ្ញាណ នេះជា​អនុបស្សនាទី ២ ភិក្ខុអ្នក​ពិចារណា​ឃើញរឿយ ៗ នូវសភាព​នៃធម៌ ដែល​ជាគូនឹងគ្នា ដោយប្រពៃ​យ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់​គាថាព័ន្ធ​ដទៃ តទៅ​ទៀតថា

ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះវិញ្ញាណ​ជាបច្ច័យ ការកើត​ឡើងនៃ​ទុក្ខ​មិនមាន ព្រោះ​រលត់វិញ្ញាណ។ អ្នកប្រាជ្ញ​ដឹងនូវទោស​នេះថា ទុក្ខ (កើតឡើង) ព្រោះ​វិញ្ញាណ​ជាបច្ច័យ ភិក្ខុមិន​មានតណ្ហា បាន​បរិនិព្វាន ​ព្រោះរម្ងាប់​បង់នូវ​វិញ្ញាណ។

[៨៣] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមាន​ដូចម្តេច (ត្រូវបា្រប់ថា) ទុក្ខនីមួយ​ទាំង​អស់ តែងកើត​ឡើង ព្រោះផស្សៈ​ជាបច្ច័យ នេះជា​អនុបស្សនាទី ១ ការ​កើតឡើង​នៃទុក្ខ​មិនមាន ព្រោះរលត់​ដោយ​ប្រាសចាក​តម្រេក មិនមាន​សេសសល់​នៃផស្សៈ នេះជា​អនុបស្សនា​ទី ២ ភិក្ខុអ្នក​ពិចារណា​ឃើញ​រឿយ ៗ នូវសភាព​ធម៌ដែល​ជាគូ​នឹងគ្នា​យ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថា​ព័ន្ធដទៃ តទៅ​ទៀតថា

ការអស់សំយោជនៈ ជាធម៌ឃ្វាង​របស់ពួក​ជនទាំងនោះ​ដែល​មាន​ផស្សៈ​គ្របសង្កត់​ហើយ ប្រព្រឹត្ត​តាមខ្សែ​តណ្ហាក្នុង​ភព ជាអ្នក​ប្រតិបត្តិ​តាមផ្លូវខុស។ ពួក​ជនណា កំណត់ដឹង​នូវផស្សៈ ត្រេកអរ​ក្នុង​ព្រះនិព្វាន ជាទី​រម្ងាប់ (សង្ខារ​ទាំងពួង) ដោយ​បញ្ញា ពួកជននោះ មិនមាន​តណ្ហា រមែង​បរិនិព្វាន ព្រោះរំលត់​បង់នូវផស្សៈ។

[៨៤] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមាន​ដូចម្តេច (ត្រូវបា្រប់ថា) ទុក្ខនី​មួយទាំង​អស់ តែងកើតឡើង​ព្រោះវេទនា​ជាបច្ច័យ នេះជា​អនុបស្សនា​ទី ១ ការ​កើត​ឡើង​នៃទុក្ខ​មិនមាន ព្រោះរលត់​ដោយប្រាសចាក​តម្រេក មិនមាន​សេសសល់​នៃវេទនា នេះជា​អនុបស្សនា​ទី ២ ភិក្ខុអ្នក​ពិចារណា​ឃើញរឿយ ៗ​ នូវសភាពធម៌​ដែល​ជាគូ​នឹងគ្នា ដោយ​ប្រពៃយ៉ាង​នេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់​គាថាព័ន្ធដទៃ តទៅ​ទៀតថា

អ្នកប្រាជ្ញជា្របថា ធម្មជាតនីមួយ ទោះបី​ជាសុខ ឬជាទុក្ខ ព្រមទាំង​មិនទុក្ខ​មិនសុខ ដែល​មានខាង​ក្នុងក្តី ខាងក្រៅក្តី ដែលសត្វ​ទទួលហើយ ធម្មជាតនុ៎ះ សុទ្ធតែ​ជាទុក្ខ បានពាល់​ត្រូវ សម្រេចនូវធម៌​សម្រាប់វិនាស និងធម៌​សម្រាប់​ទ្រុឌទ្រោម​ (ដោយ​ឧទយពយញ្ញាណ) ឃើញនូវ​ការសូន្យទៅ ដឹងច្បាស់​វេទនានោះ ដោយ​ប្រការដូច្នេះ។ ​ការកើត​ឡើងនៃទុក្ខ​មិនមាន ព្រោះអស់ទៅ​នៃវេទនា​ទាំងឡាយ។

[៨៥] ដោយបរិយាយ ដទៃទៀត មានដែរឬ។បេ។ តើមាន​ដូចម្តេច (ត្រូ​វ​ប្រាប់​ថា) ទុក្ខនីមួយទាំង​អស់ តែងកើត​ឡើង ព្រោះតណ្ហា​ជាបច្ច័យ នេះជា​អនុបស្សនា​ទី ១ ការកើត​ឡើងនៃទុក្ខ មិនមាន ព្រោះរលត់​ដោយប្រាស​ចាកតម្រេក មិនមាន​សេស​សល់​នៃតណ្ហា នេះជា​អនុបស្សនា ទី ២ ភិក្ខុអ្នក​ពិចារណា​ឃើញរឿយ ៗ នូវសភាព​ធម៌ ដែល​ជា​គូនឹងគ្នា ដោយប្រពៃ​យ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់​គាថាព័ន្ធដទៃ តទៅ​ទៀតថា

បុរសដែលមានតណ្ហាជាគំរប់ពីរ (នឹងខ្លួន) រមែងអន្ទោល​ទៅកាន់​អត្តភាព​នេះ និងអត្តភាព​ដទៃ អស់កាល​យូរអង្វែង មិន​ងាយនឹង​ប្រព្រឹត្ត​កន្លងសង្សារ​បានឡើយ។ ភិក្ខុលុះ​ដឹងទោស​នៃតណ្ហានុ៎ះ​ដ៏ជា​ហេតុឲ្យ​កើតទុក្ខ គប្បីជា​អ្នកប្រាស​ចាកតណ្ហា មិនមាន​សេចក្តី​ប្រកាន់ មានសតិ​វៀរចេញ (ចាកតណ្ហា ឧបាទាន)។

[៨៦] ដោយបរិយាយ​ដទៃទៀត មានដែរឬ។បេ។ តើមាន​ដូចម្តេច (ត្រូវ​ប្រាប់​ថា) ទុក្ខនីមួយ​ទាំងអស់ តែងកើតឡើង ព្រោះឧបាទាន​ជាបច្ច័យ នេះជា​អនុបស្សនា​ទី ១ ការកើត​ឡើតនៃ​ទុក្ខ មិនមាន ព្រោះរលត់​ដោយប្រាស​ចាកតម្រេក មិន​សេសសល់​នៃឧបាទាន នេះជា​អនុបស្សនា​ទី ២ ភិក្ខុអ្នកពិចារណា​ឃើញរឿយ ៗ នូវសភាពធម៌ ដែល​ជាគូនឹងគ្នា ដោយប្រពៃ​យ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់​គាថាព័ន្ធដទៃ តទៅ​ទៀតថា

ភពកើតឡើង ព្រោះឧបាទាន​ជាបច្ច័យ សត្វដែល​កើតហើយ រមែង​បាននូវទុក្ខ មរណៈ​ក៏កើត​មានដល់សត្វ​ដែលកើត​ហើយដែរ នេះជា​សភាវៈ កើតឡើង​ព្រមនៃទុក្ខ។ ព្រោះហេតុ​នោះ អ្នកប្រាជ្ញ​ទាំងឡាយ មិនត្រឡប់​មកកាន់​ភពថ្មីវិញ​ទៀត ព្រោះអស់​ឧបាទាន ព្រោះ​ដឹងត្រូវ ព្រោះជា្រប​ច្បាស់នូវ​ព្រះនិពា្វន ជាទីអស់​ទៅនៃជាតិ។

[៨៧] ដោយបរិយាយ​ដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច (ត្រូវប្រាប់​ថា) ទុក្ខនីមួយ​ទាំង​អស់ តែងកើតឡើង​ព្រោះព្យាយាម (ដ៏​សម្បយុត្ត​ដោយកម្ម) ជា​បច្ច័យ នេះជា​អនុបស្សនា​ទី ១ ការកើតឡើង​នៃទុក្ខ​មិនមាន ព្រោះរលត់​ដោយ​ប្រាសចាក​តម្រេក មិនមាន​សេសសល់​នៃព្យាយាម នេះជា​អនុបស្សនា​ទី ២ ​ភិក្ខុអ្នក​ពិចារណា​ឃើញរឿយ ៗ នូវសភាពធម៌​ដែលជា​គូនឹងគ្នា ដោយប្រពៃ​យ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់​គាថាព័ន្ធដទៃ តទៅ​ទៀតថា

ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះព្យាយាម​ជាបច្ច័យ ​ការមិន​កើតឡើង​នៃទុក្ខ ព្រោះរលត់​នូវព្យាយាម។ អ្នកប្រាជ្ញ​ជ្រាប​នូវទោស​នុ៎ះថា ទុក្ខ​កើតឡើង ព្រោះព្យាយាម​ជាបច្ច័យ ហើយក៏លះ​ចោលនូវ​ព្យាយាម​ទាំងពួង​ចេញ កាលភិក្ខុ​ជឿស៊ប់​ក្នុង​ព្រះនិព្វាន ជាដែន​មិនមាន​ព្យាយាម បានផ្តាច់ផ្តិល​នូវតណ្ហា​ក្នុងភព មានចិត្ត​ស្ងប់រម្ងាប់​ហើយ ការអន្ទោល​ទៅ​កាន់ជាតិ​ក៏អស់​រលីង ភិក្ខុនោះ មិនមាន​ភពថ្មី​ទៀតឡើយ។

[៨៨] ដោយបរិយាយដទៃទៀត មានដែរឬ។​បេ។ តើមាន​ដូចម្តេច (ត្រូវ​បា្រប់​ថា) ទុក្ខនីមួយ​ទាំងអស់ តែងកើតឡើង​ព្រោះអាហារ​ជាបច្ច័យ នេះជា​អនុបស្សនា ទី ១ ការ​កើតឡើង​នៃទុក្ខ​មិនមាន ព្រោះ​រលត់ដោយ​ប្រាសចាក​តម្រេក មិនមាន​សេសសល់​នៃ​អាហារ នេះជា​អនុបស្សនា ទី ២ ភិក្ខុអ្នក​ពិចារណា​ឃើញរឿយ ៗ នូវសភាពធម៌​ដែល​ជាគូនឹងគ្នា ដោយប្រពៃ​យ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់​គាថាព័ន្ធដទៃ តទៅ​ទៀតថា

ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះអាហារ​ជាបច្ច័យ ការកើតឡើង​នៃទុក្ខ​មិនមាន ព្រោះ​រលត់​អាហារ។ អ្នកប្រាជ្ញ​លុះជា្របនូវ​ទោសនុ៎ះថា ទុក្ខ (កើតឡើង) ព្រោះអាហារ​ជាបច្ច័យ​ ហើយ​មិនអាស្រ័យ​នូវអាហារ​ទាំងពួង ព្រោះ​កំណត់ដឹង​នូវអាហារ​ទាំងពួង ជាអ្នក​ពិចារណា​ហើយ ទើបសេព (បច្ច័យ ៤) តាំងនៅ​ក្នុងសច្ចធម៌ មិនដល់​នូវការរាប់ (ថាជា​មនុស្ស ឬទេវតា) ព្រោះជ្រាប​ច្បាស់ដោយ​ប្រពៃ​​នូវព្រះនិព្វាន ជាដែន​មិនមាន​រោគ ព្រោះអស់​នៃអាសវៈ​ទាំងឡាយ។

[៨៩] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមាន​ដូចម្តេច (ត្រូវប្រាប់ថា) ទុក្ខនីមួយទាំង​អស់ តែងកើតឡើង ព្រោះធម៌​ជាគ្រឿង​ញាប់ញ័រ​ជាបច្ច័យ នេះជា​អនុបស្សនា​ ទី ១ ការកើត​ឡើងនៃទុក្ខមិន​មាន ព្រោះរលត់​ដោយប្រាស​ចាកតម្រេក មិនមាន​សេសសល់​នៃធម៌​ជាគ្រឿង​ញាប់ញ័រ នេះជា​អនុបស្សនា​ទី ២ ភិក្ខុអ្នក​ពិចារណា​ឃើញរឿយ ៗ នូវសភាពធម៌​ដែលជាគូ​នឹងគ្នា ដោយប្រពៃ​យ៉ាងនេះឯង។បេ។ ព្រះសាស្តា ​​ទ្រង់ត្រាស់​គាថាព័ន្ធ​ដទៃ តទៅទៀតថា

ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះសេចក្តី​ញាប់ញ័រ​ជាបច្ច័យ ការកើត​ឡើង​នៃ​ទុក្ខមិនមាន ព្រោះរលត់​នៃសេចក្តី​ញាប់ញ័រ។ ភិក្ខុដឹង​នូវទោស​នុ៎ះថា ទុក្ខ (កើតឡើង) ព្រោះសេចក្តី​ញាប់ញ័រ​ជាបច្ច័យ ព្រោះហេតុ​នោះ ភិក្ខុគប្បី​លះបង់តណ្ហា រំលត់សង្ខារ​ទាំងឡាយ ជាអ្នក​មិនមាន​តណ្ហា មិនមាន​ឧបាទាន វៀរស្រឡះ​ចាកសេចក្តី​ញាប់ញ័រនោះ។

[៩០] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។​ តើមានដូចម្តេច (ត្រូវប្រាប់ថា) សភាព​ញ័ររន្ធត់ តែងមានដល់​បុគ្គលដែល​អាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) នេះជា​អនុបស្សនា ទី ១ បុគ្គលដែល​មិនអាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) រមែង​មិនរន្ធត់ឡើយ នេះជា​អនុបស្សនា​ទី ២ ភិក្ខុអ្នក​ពិចារណា​ឃើញរឿយ ៗ នូវសភាព​ធម៌ដែល​ជាគូនឹងគ្នា​ដោយ​ប្រពៃ​យ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់​គាថាព័ន្ធដទៃ តទៅ​ទៀតថា

បុគ្គលមិនអាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) រមែង​មិនរន្ធត់ បុគ្គល​អ្នកអាស្រ័យ​នូវការ​ប្រកាន់ រមែងមិន​ប្រព្រឹត្ត​កន្លង​នូវការ​អន្ទោល​ទៅកាន់​អត្តភាពនេះ និងអត្តភាព​ដទៃ។ ភិក្ខុដឹង​នូវទោស​នុ៎ះថា ជាភ័យធំ ព្រោះការ​អាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) គប្បីជា​បុគ្គលមិន​អាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) មិនមាន​ឧបាទាន មានសតិ​វៀរស្រឡះ។

[៩១] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច ម្នាល​ភិក្ខុ​ទាំងឡាយ ពួកអរូប​ល្អិត​ជាងពួករូប នេះជា​អនុបស្សនា ទី ១ ព្រះនិព្វាន​ជាធម៌ល្អិតជាង​ពួកអរូប នេះជា​អនុបស្សនា ទី ២ ភិក្ខុអ្នក​ពិចារណា​ឃើញរឿយ ៗ នូវសភាព​ធម៌ ដែល​ជាគូនឹងគ្នា ដោយប្រពៃ​យ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់​គាថាព័ន្ធដទៃ តទៅ​ទៀតថា

ពួកសត្វណា តាំងនៅក្នុងរូបភពក្តី ពួកសត្វណា តាំងនៅ​ក្នុងអរូបភព​ក្តី ពួកសត្វ​ទាំងនោះ មិនស្គាល់​ច្បាស់នូវ​ព្រះនិព្វាន ជាអ្នកត្រឡប់​មកកាន់​ភពថ្មីទៀត មួយទៀត ពួកជនណា កំណត់ដឹង​ក្នុងរូប ឋិតនៅ​ក្នុងអរូប មានចិត្ត​ជឿស៊ប់​ក្នុង​ព្រះនិព្វាន ជន​ទាំងនោះ ឈ្មោះថា មាន​មច្ចុសាបសូន្យ​ហើយ។

[៩២] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមាន​ដូចម្តេច ម្នាលភិក្ខុ​ទាំងឡាយ នាម និងរូបណា ដែលលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ពពួក​សត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្សជា​សម្មតិទេព និងមនុស្ស​ដ៏សេស ពិនិត្យ​ឃើញថា នេះជា​របស់ពិត តែនាម និងរូបនោះ ព្រះអរិយៈ​ទាំងឡាយ ឃើញច្បាស់​ដោយបញ្ញា​ដ៏ប្រពៃ តាមពិតថា នេះជារបស់​មិនពិត នេះជា​អនុបស្សនា​ទី ១ ម្នាលភិក្ខុ​ទាំងឡាយ ព្រះនិព្វាន​ណា ដែលលោក ព្រមទាំង​ទេវលោក។បេ។ ទាំងមនុស្ស​ជា​សម្មតិទេព និងមនុស្ស​ដ៏សេស ពិនិត្យ​ឃើញថា នេះជារបស់​មិនពិត តែព្រះនិព្វាននោះ ព្រះអរិយៈ​ទាំងឡាយ ឃើ់ញច្បាស់​ដោយចក្ខុ​ដ៏ប្រពៃ តាមពិតថា នុ៎ះជា​របស់ពិត ​នេះ​ជា​អនុបស្សនា ទី ២ ភិក្ខុ​អ្នកពិចារណា​ឃើញរឿយ ៗ នូវសភាពធម៌​ដែល​ជាគូនឹងគ្នា ដោយប្រពៃ​យ៉ាងនេះឯង។បេ។ ព្រះសាស្តា​ ទ្រង់ត្រាស់​គាថាព័ន្ធ​តទៅ​ទៀតថា

អ្នកចូរមើលនូវលោក ព្រមទាំងទេវលោក ដែលតាំង​នៅក្នុងនាម និងរូប បុគ្គល​មានសេចក្តី​សំគាល់ថា ខ្លួនក្នុង​របស់​ដែលមិនមែន​ខ្លួន តែង​សំគាល់ថា នេះទៀង។ ពួកសត្វ​តែងសំគាល់​ដោយរូប​ជាដើម​ណា ៗ ថា (រូបរបស់​អញ វេទនា​របស់អញ) នាម និងរូប​នោះ ទៅជា​របស់ដទៃ​អំពីការ​សំគាល់នោះ ព្រោះនាម និងរូបនោះ របស់​សត្វនោះ ជារបស់​មិនពិត ជាធម៌​សោះសូន្យ​ទទេ។ ព្រះអរិយៈ​ទាំងឡាយ ដឹង​ច្បាស់នូវ​ព្រះនិព្វាន​នោះ ដែលជាធម៌​មិនសោះសូន្យ​ដោយពិត ទើបព្រះអរិយៈ​ទាំងនោះ មិនមាន​តណ្ហា បានដល់​ព្រះនិព្វាន ព្រោះបាន​ត្រាស់ដឹង​នូវសច្ចធម៌។

[៩៣] ម្នាល​ភិក្ខុទាំងឡាយ ប្រសិនបើគេសួរថា ការពិចារណា​ឃើញរឿយ ៗ នូវសភាពធម៌ ដែល​ជាគូនឹងគ្នា ដោយប្រពៃ​ដទៃទៀត មានដែរឬ ត្រូវបា្រប់ថា មាន តើមាន​ដូចម្តេច ម្នាលភិក្ខុ​ទាំងឡាយ អារម្មណ៍​ទាំង ៦ ប្រការ មានរូបារម្មណ៍​ជាដើមណា ដែលលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្ស​ដ៏សេស ពិនិត្យ​ឃើញថា នេះជាសុខ ឯអារម្មណ៍​នោះ ព្រះអរិយៈ​ទាំងឡាយ ឃើញច្បាស់​ដោយបញ្ញា​ដ៏ប្រពៃតាមពិត​ថា នេះជា​ទុក្ខ​វិញ​ នេះជា​អនុបស្សនា​ទី ១ ម្នាលភិក្ខុ​ទាំងឡាយ ព្រះនិព្វានណា ដែលលោក ព្រមទាំង​ទេវលោក។បេ។ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្ស​ដ៏សេស ពិនិត្យ​ឃើញថា នេះជាទុក្ខ ឯព្រះនិព្វាន​នោះ ព្រះអរិយៈ​ទាំងឡាយ ឃើញច្បាស់​ដោយបញ្ញា​ដ៏ប្រពៃ​តាម​ពិតថា នេះជាសុខវិញ នេះជា​អនុបស្សនា ទី ២ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអ្នក​ពិចារណា​ឃើញរឿយ ៗ នូវសភាពធម៌​ដែលជាគូគ្នា ដោយ​ប្រពៃយ៉ាង​នេះហើយ ជាអ្នកមិន​ប្រមាទ មានព្យាយាម​ជាគ្រឿង​ដុតកិលេស មានចិត្ត​បញ្ជូនទៅ​កាន់ព្រះ​និព្វាន បណ្តា​ផលទាំងពីរ ផលណា​មួយ នឹង​កើតប្រាកដ គឺនឹង​បាននូវ​អរហត្តផល ក្នុងបច្ចុប្បន្ន ឬមួយ​បើខន្ធ​ដ៏សេស​ដែលគប្បី​កើតតទៅ​ទៀត​នៅមាន នឹងបាន​ដល់នូវ​អនាគាមិផល។​ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់​ពាក្យនេះ លុះ​ព្រះសុគត​ជាសាស្តា ទ្រង់ត្រាស់​ពាក្យនេះ​ហើយ ទើបទ្រង់​ត្រាស់គាថា​ព័ន្ធ តទៅទៀតថា

រូប សំឡេង ក្លិន រស ផស្សៈ ធម្មារម្មណ៍​ទាំងអស់ ជាទីប្រាថ្នា ជាទីស្រឡាញ់ និងជា​ទីពេញចិត្ត លោក​ពោលថា មាននៅ​ដរាប​ណា អារម្មណ៍​ទាំងនុ៎ះ សត្វលោក​ ព្រមទាំង​ទេវលោក សន្មតថា ជាសុខ (ដរាបនោះ) អារម្មណ៍​ទាំងនោះ តែង​រលត់ទៅ​ក្នុង​ព្រះនិព្វាន​ណា ព្រះនិព្វាន​នោះ ពួកសត្វ​លោកទាំងនោះ សន្មតថា ជាទុក្ខវិញ។ ការរលត់​នូវ​សក្កាយ គឺខន្ធ​ទាំង ៥ ព្រះអរិយៈ​ទាំងឡាយ ឃើញថា ជាសុខពិត ការឃើញ (របស់ព្រះអរិយៈ) អ្នកយល់​នេះ ជាទំនាស់​នឹងសត្វលោក​ទាំងពួង។ ពួកជន​ពាលដទៃ ពោលនូវ​វត្ថុកាម​ណាថា​ជាសុខ ព្រះអរិយៈ​ទាំងឡាយ ពោល​នូវវត្ថុកាម​នោះ ថាជាទុក្ខ ពួកជន​ពាលដទៃ ពោលនូវ​ព្រះនិព្វាន​ណា ថាទុក្ខ ព្រះអរិយៈ​ទាំងឡាយ ដឹងច្បាស់​នូវព្រះ​និព្វាននោះ​​ ថាជាសុខ អ្នកចូរ​ឃើញនូវ​និព្វានធម៌ ដែលដឹង​បានដោយក្រ ពួកអ្នក​មិនដឹង​ វង្វេងហើយ​ក្នុងធម៌នុ៎ះ។ សេចក្តី​ងងឹត​ធ្វើនូវ​ភាពខ្វាក់ តែងប្រាកដ​ដល់ពួក​ជនពាល ដែល​អវិជ្ជាបិទបាំង មិនឃើញ​នូវព្រះនិពា្វន ឯព្រះនិព្វាន​ដូចជា​ពន្លឺ រមែង​បើកបង្ហាញ​ដល់ពួក​សប្បុរស​អ្នកឃើញ ពួកជន​អ្នកមិន​ឈ្លាសវៃ​នូវធម៌ គឺព្រះនិព្វាន រមែងមិន​ដឹងច្បាស់ (នូវ​ព្រះនិព្វាន សូម្បីមាន) ក្នុងទី​ជិតឡើយ។ ព្រះនិព្វាន​នេះ ពួកជនពាល​ដែលមាន​ភវរាគៈ​គ្របសង្កត់​ហើយ កំពុង​អន្ទោលទៅ​តាមខ្សែក្នុង​ភព កើតហើយ​ក្នុងកន្លែង​របស់មារ មិនងាយ​នឹងត្រាស់​ដឹងបាន​ឡើយ។ នរណាហ្ន៎ វៀរលែងតែ​ព្រះអរិយៈ​ចេញ គួរនឹងត្រាស់​ដឹងនូវព្រះនិព្វាន​បាន ព្រះអរហន្ត​ទាំងឡាយ មិនមាន​អាសវធម៌ បរិនិព្វាន​ហើយ ព្រោះ​បានត្រាស់ដឹង​ដោយប្រពៃ​នូវព្រះនិព្វាន។

[៩៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រ​នេះរួចហើយ។ ភិក្ខុ​ទាំងនោះ ក៏មានចិត្ត​ត្រេកអរ រីករាយ​នឹងភាសិត​របស់​ព្រះមានព្រះភាគ។ កាលដែល​ព្រះមានព្រះភាគ​ទ្រង់ពោល​វេយ្យាករណ៍​នេះ ពួកភិក្ខុ​ប្រមាណ ៦០ រូប មានចិត្តរួច​ស្រឡះចាក​អាសវធម៌ ព្រោះមិនមាន​ឧបាទាន។

ចប់ ទ្វយតានុបស្សនាសូត្រទី ១២។

ឧទ្ទានក្នុងទ្វយតានុបស្សនាសូត្រនោះគឺ

និយាយអំពីចតុរារិយសច្ច ១ ឧបធិ ១ អវិជ្ជា ១ សង្ខារ ១ វិញ្ញាណ ១ ជាគំរប់ប្រាំ ផស្សៈ ១ វេទនា ១ តណ្ហា ១ ឧបាទាន ១ អារម្ភៈ (ព្យាយាម) ១ អាហារ ១ សេចក្តី​ញាប់ញ័រ ១ ការរន្ធត់ ១ រូប ១ សច្ច ១ ទុក្ខ ១ ជា ១៦។

ចប់ មហាវគ្គ ទី៣។

ឧទ្ទាននៃមហាវគ្គនោះគឺ

និយាយអំពីបព្វជ្ជាសូត្រ ១ បធានសូត្រ ១ សុភាសិតសូត្រ ១ សុន្ទរិកភារទ្វាជសូត្រ ១ មាឃសូត្រ ១ សភិយសូត្រ ១ សេលសូត្រ ១ សល្លសូត្រ ១ សេដ្ឋសូត្រ ១ កោកាលិកសូត្រ ១ នាឡកសូត្រ ១ ទ្វយតានុបស្សនាសូត្រ ១ សូត្រទាំង ១២ នុ៎ះ ហៅថា មហាវគ្គ។

កាមសូត្រ ទី១

[៩៥] កាលសត្វប្រាថ្នាកាមណា បើកាមនោះសម្រេច​ដល់​សត្វនោះ លុះសត្វ (នោះ) បានតាម​ប្រាថ្នា​ហើយ រមែងមាន​ចិត្តប្រកប​ដោយបីតិ​ដោយពិត។ កាលបើ​សត្វនោះ​ប្រាថ្នា​ មានឆន្ទៈ​កើតហើយ កាមនោះ សាបសូន្យទៅ សត្វក៏​សុបសៅទៅ ដូចជា​មុតដោយ​សរ។ សត្វណា​វៀរស្រឡះ​ចាកកាម​ទាំងឡាយ ដូចជា​បុរស​គេចនឹង​ក្បាលពស់ ដោយជើង​របស់ខ្លួន សត្វនោះ ជាអ្នក​មានសតិ ប្រព្រឹត្ត​កន្លងនូវ​តណ្ហា​ជាគ្រឿង​ផ្សាយទៅ​នេះ ក្នុងលោក​បាន។ មួយទៀត ជន​ណា ជាប់ចំពាក់​នឹងស្រែ ចំការ កន្លែង ប្រាក់ គោ សេះ និង​បុរស​ជាខ្ញុំ ពួកស្រ្តី ពួកផៅពង្ស និងកាមដ៏​ច្រើន ពួកកិលេស​យ៉ាងខ្សោយ រមែង​គ្របសង្កត់​ជននោះ អន្តរាយ​ទាំងឡាយ ញាំញី​ជននោះ តពីនេះទៅ ទុក្ខនឹង​ជាប់ជន​នោះ ដូចជា​ទឹកហូរចូល​ទូកដែល​បែកធ្លាយ។ ព្រោះ​ហេតុនោះ សត្វអ្នក​មានសតិ​សព្វ​កាល គួរវៀរ​ចាកកាម​ទាំងឡាយ លុះលះ​កាមទាំង​នោះហើយ ទើបឆ្លង​អន្លង់បាន ដូចជា​បុរស​ស្តារទូក ហើយទៅ​ដល់ត្រើយ​ខាងនាយ។

ចប់ កាមសូត្រ ទី១។

គុហដ្ឋកសូត្រ ទី២

[៩៦] ជនជាប់ចំពាក់ក្នុងគុហា គឺរាងកាយ ស្រោបដោយ​កិលេស​ច្រើនប្រការ ធ្លាក់ចុះ​ក្នុងមោហៈ គឺកាមគុណ​ ហើយឋិតនៅ ជនមាន​សភាព​ដូច្នោះ ឈ្មោះថា ឆ្ងាយ​អំពីវិវេក ព្រោះថា កាមទាំងឡាយ​ក្នុងលោក បុគ្គល​មិនងាយ​នឹងលះ​បានឡើយ។ សត្វ​ទាំងនោះ ជាប់ចំពាក់​ដោយរស​ឆ្ងាញ់ក្នុងភព ព្រោះសេចក្តី​ប្រាថ្នា​ជាហេតុ​អាឡោះ​អាល័យ​នូវកាម​ទាំងឡាយ ក្នុង​អនាគតផង ក្នុង​អតីតផង ប្រាថ្នា​​នូវកាម​ទាំងឡាយ​ ជា​បច្ចុប្បន្ន​នេះ និងអតីត អនាគត ជា​សត្វ​រួចបាន​ដោយក្រ មិនរួច​ដោយហេតុ​ដទៃបាន។ សត្វទាំងនោះ ជាប់​ចំពាក់​ ខ្វល់ខ្វាយ​វង្វេង​ក្នុងកាម​ទាំងឡាយ មិនកាន់​យក​ពុទ្ធវចនៈ​តាំងនៅមាំ​ក្នុងធម៌​មិនសើ្ម គឺ​កាយទុច្ចរិត​ ដល់នូវ​សេចក្តីទុក្ខ តែង​ខ្សឹកខ្សួលថា​ ឱហ្ន៎ អាត្មាអញ​ច្យុតអំពី​អត្តភាពនេះ នឹងទៅកើត​ក្នុងទីណាអេះ។ ព្រោះហេតុ​នោះ សត្វគប្បី​សិក្សាក្នុង​សាសនានេះ អ្នកប្រាជ្ញ​គប្បីដឹង​នូវកម្មនីមួយ ថាជា​កម្មមិនរាប​ទាបក្នុង​លោក មិនគប្បី​ប្រព្រឹត្ត​ធម៌មិន​រាបទាប ព្រោះហេតុ​នៃកម្មនោះ អ្នកប្រាជ្ញ​ទាំងឡាយ​ តែងពោល​នូវជីវិតនោះ ថាជា​របស់មាន​ប្រមាណ​តិច។ តថាគត​ឃើញនូវ​ពពួក​សត្វនេះ ដែលកំពុង​អន្ទះអន្ទែង​ក្នុងលោក លុះក្នុង​អំណាច​តណ្ហា​ក្នុងភព​ទាំងឡាយ ពួកជន​អ្នកថោកថយ មិនប្រាស​ចាកតណ្ហា ក្នុងភព​តូចភពធំ​ទាំងឡាយ រមែង​ខ្សឹកខ្សួល​ក្នុងមាត់​នៃមច្ចុ។ អ្នកទាំងឡាយ ចូរមើល​ពួកសត្វ​កំពុង​អន្ទះអន្ទែង ក្នុងវត្ថុ​ជាកំណាន់ ដូច​ជាមច្ឆាជាតិ​ដែលកំពុង​អន្ទះអន្ទែង ក្នុងទី​មានទឹកតិច​ មានខ្សែ​ទឹករីង​អស់ហើយ អ្នកប្រាជ្ញ​មិនមាន​សេចក្តី​ប្រកាន់ លុះឃើញ​ទោសនុ៎ះ​ហើយ មិនគប្បី​សន្សំនូវ​តណ្ហា​គ្រឿងជាប់​ចំពាក់​ក្នុងភព ហើយត្រាច់​ទៅ។ អ្នកប្រាជ្ញ​កំណត់​ដឹងនូវផស្សៈ ហើយ​លះបង់​នូវឆន្ទរាគៈ​ក្នុងផស្សៈ​ទាំងពីរប្រការ​ គឺផស្សៈ​ដែលកើត​ហើយ និង​ហេតុដែល​នាំឲ្យកើតផស្សៈ​ដ៏លាមក មិនជាប់​ចំពាក់ (ក្នុងផស្សៈ​ទាំងនោះ) អ្នកប្រាជ្ញ​មិនតិះដៀល​អាត្មា​ឯង ដោយ​កម្មណា មិនធ្វើ​នូវកម្មនោះ មិនជាប់​នៅក្នុងអារម្មណ៍​ដែលបាន​ឃើញ​បានឮ។ អ្នកប្រាជ្ញ​កំណត់ដឹង​នូវកាមសញ្ញា ហើយឆ្លង​ចាកអន្លង់ មានចិត្ត​មិនជាប់​ចំពាក់ ក្នុង​បរិគ្គហធម៌ គឺតណ្ហា និងទិដ្ឋិ​ទាំងឡាយ​ឡើយ​ ដកចោល​នូវសរ គឺ​រាគាទិក្កិលេស មិនមាន​សេចក្តី​ប្រមាទ ត្រាច់ទៅ​ទាំងមិនមាន​សេចក្តី​ប្រាថ្នាក្នុង​លោកនេះ និងលោក​ខាងមុខ។

ចប់ គុហដ្ឋកសូត្រ ទី២។

ទុដ្ឋដ្ឋកសូត្រ ទី៣

[៩៧] តិរ្ថិយ ១ ពួក មានចិត្តប្រទូស្ត ពោលតិះដៀល (ព្រះមានព្រះភាគ និង​ភិក្ខុសង្ឃ) មិនតែ​ប៉ុណ្ណោះ ​តិរិ្ថយដទៃ​ទៀត ដែលមាន​សេចក្តី​សំគាល់​ថាមែន ក៏ពោល​តិះដៀល​ដែរ ឯ​អក្កោសវាទ ដែលកើត​ហើយ មិន​ចូលទៅដល់​ព្រះមុនី ព្រោះហេតុនោះ ត្រូវដឹងថា ព្រះមុនី​មិនមាន​សសរខឿន គឺ​រាគាទិក្កិលេស ក្នុងសន្តាន​តិចតួច​សោះឡើយ។ បុគ្គល​កន្លងនូវ​ទិដ្ឋិរបស់​ខ្លួន​ដូចម្តេចបាន បុគ្គល​ត្រូវឆន្ទៈ​ដឹកនាំ​ហើយ តាំងនៅ​មាំហើយ តាម​គាប់ចិត្ត ធ្វើនូវ​ទិដ្ឋិឲ្យពេញ​ដោយ​ខ្លួនឯង ដឹងយ៉ាង​ណា ពោលយ៉ាងនោះ។ សត្វណា គេមិនទាន់​សាកសួរ ស្រាប់តែ​សំដែង​ប្រាប់នូវសីល និងវត្ត​របស់ខ្លួន ដល់ជន​ដទៃ សត្វណា ពោលសរសើរ​ខ្លួនដោយ​ខ្លួនឯង អ្នកឈ្លាស​វៃ​ទាំងឡាយ ពោល​នូវវាទៈ​របស់​សត្វនោះ ថាជា​ធម៌មិន​ប្រសើរឡើយ។ មួយទៀត ភិក្ខុ​អ្នកស្ងប់​រម្ងាប់ហើយ មានខ្លួន​រលត់ហើយ មិនពោល​អួតព្រោះ​សីល (ទប់ខ្លួន) ថា អាត្មាអញ​មានសីល​ដូច្នេះ ៗ ឬ​មួយធម៌​ជាចំហាយ គឺ​​រាគាទិក្កិលេស​ក្នុងលោក​នីមួយ មិនមាន​ដល់ភិក្ខុណា អ្នកឈ្លាសវៃ​ទាំងឡាយ ពោលនូវ​ការមិន​ពោលអួត​របស់ភិក្ខុ​នោះ ថាជាធម៌​ដ៏ប្រសើរ។ ធម៌ គឺទិដ្ឋិ ៦២ ដែលបច្ច័យ​កំណត់​តាក់តែង​ធ្វើខាងមុខ មិន​ផូរផង់ មានដល់​សត្វណាមួយ (ជា​ទិដ្ឋិគតិកៈ) បុគ្គលនោះ ឃើញ​អានិសង្ស​ណា​ក្នុងខ្លួន ក៏អាស្រ័យ​អានិសង្ស​នោះ និង​កុប្បបដិច្ចសន្តិទិដ្ឋិ [ទិដ្ឋិ បានដល់​កិរិយា​កំរើក ការអាស្រ័យ​ហើយកើតឡើង កិរិយា​ស្ងប់ដោយ​ការសន្មតិ។ អដ្ឋកថា។]។ សេចក្តី​ប្រកាន់ទិដ្ឋិ គឺសត្វ​មិនងាយ​ប្រព្រឹត្ត​កន្លងបាន ព្រោះ​ចូលចិត្តនូវ​ទិដ្ឋិដែល​ខ្លួនប្រកាន់​ហើយ ក្នុង​ទិដ្ឋិធម៌ ៦២ ព្រោះ​ហេតុនោះ ជនរលាស់​ចោលខ្លះ កាន់យក​ខ្លះ​នូវធម៌ គឺទិដ្ឋិ ក្នុងការ​ប្រកាន់យក​នូវទិដ្ឋិ​ទាំងនោះ។ ព្រះអរហន្ត​ក្នុងលោក មិនមាន​ទិដ្ឋិ​ដែល​បុគ្គល​កំណត់ ក្នុងភព​តូចភពធំ ក្នុងលោក​តិចតួចឡើយ ព្រះអរហន្ត​នោះ លះបង់​មាយាផង មានះផង គប្បី​ទៅដោយ​គតិវិសេស​ដូចម្តេច ព្រះអរហន្ត​នោះ មិនផ្តេកផ្តិត​នូវតណ្ហា និង​ទិដ្ឋិទៀត​ទេ។ ព្រោះ​បុគ្គលអ្នក​ផ្តេកផ្តិត​នូវតណ្ហា និងទិដ្ឋិ តែងចូល​ទៅជិត​កាន់វាទៈ ក្នុងទិដ្ឋិធម៌​ទាំងឡាយ បុគ្គល​គប្បីពោល​ទោស ចំពោះ​បុគ្គល​អ្នកមិន​ផ្តេកផ្តិត​នូវតណ្ហា និងទិដ្ឋិ ដោយ​រាគាទិទោស ដូចម្តេច​បាន ឯ​អត្តទិដ្ឋិ និង​ឧច្ឆេទទិដ្ឋិ របស់​ព្រះអរហន្ត​នោះ មិនមាន​ឡើយ ព្រះអរហន្ត​នោះ កំចាត់​បង់ហើយ​នូវទិដ្ឋិ​ទាំងអស់​ក្នុងលោក។

ចប់ ទុដ្ឋដ្ឋកសូត្រ ទី៣។

សុទ្ធដ្ឋកសូត្រ ទី៤

[៩៨] ជនពាលតែងដឹងថា អាត្មាអញ​ឃើញ (នូវរូប) ស្អាតប្រសើរ មិនមានរោគ ការស្អាត​ តែងមាន​ដល់សត្វ ដោយរូប​ដែលឃើញ​ហើយ ការ​ដឹង​យ៉ាងនេះថា ប្រសើរ​ដូច្នេះ ហើយជា​អ្នកពិចារណា​ឃើញ​រឿយ ៗ ថា ស្អាត រមែងជឿថា​ជាញាណ​។ ប្រសិន​បើការ​ស្អាត មានដល់​សត្វ​ព្រោះរូប​ដែល​ឃើញហើយ​មែន សត្វនោះ គង់នឹង​លះបង់​នូវកងទុក្ខ ដោយ​ញាណបាន ឬសត្វ​ដែលប្រកប​ដោយ​ឧបធិនោះ គង់នឹង​ស្អាត​ដោយមគ្គ មិនស្អាត​ដោយគុណ​ដទៃ ព្រោះទិដ្ឋិ រមែង​ប្រាប់បុគ្គល​អ្នកមាន​ទិដ្ឋិនោះ កាលពោល​យ៉ាងនោះ។ ខីណាសវ​ព្រាហ្មណ៍ មិនពោល​សរសើរ​នូវការស្អាត ត្រង់​អារម្មណ៍ ដែលបាន​ឃើញ បាន​ឮ បានប៉ះពាល់ ឬ​ត្រង់សីល និងវ័ត ជា​អរិយមគ្គញ្ញាណ​ទេ (លោក) មិនប្រឡាក់​នឹងបុណ្យ​បាប លះបង់​នូវសេចក្តី​យល់ថា ខ្លួនមានធ្វើ​នូវ​កម្មក្នុង​លោក​នេះ។ ពួកអ្នក​សុទ្ធិវាទៈ អ្នកលុះ​ក្នុងអំណាច​តណ្ហា លះបង់​នូវលទ្ធិ​មុនហើយ អាស្រ័យ​នូវលទ្ធិ​ខាងក្រោយ​ទៀត ពួក​សុទ្ធិវាទៈនោះ រមែងឆ្លង​នូវកិលេស គ្រឿងជាប់​មិនរួច​ឡើយ សុទ្ធិវាទៈ​ទាំងនោះ តែងកាន់​យកខ្លះ លះចោល​វិញខ្លះ ដូចពានរ ចាប់យក​មែកឈើ ដែលនៅ​ចំពោះមុខ។ សត្វកាន់​យកនូវវ័ត​ទាំងឡាយ ដោយខ្លួនឯង ជាសត្វ​ជាប់ល្អិត​ក្នុងកាមសញ្ញា​ហើយ តែងទៅ​គប់រក​គ្រូខ្ពស់ និង​ទាប អ្នកប្រាជ្ញ មានបញ្ញា​ក្រាស់ដូច​ផែនដី ត្រាស់ដឹង​នូវសច្ចធម៌​ដោយវេទ គឺ​មគ្គញ្ញាណ​ទាំង ៤ មិនបាន​ទៅ​គប់រក​គ្រូខ្ពស់ និង​ទាបឡើយ។ អ្នកប្រាជ្ញ​នោះ កំចាត់បង់​មារសេនា​ហើយ ឋិតនៅ​នឹងនួន ក្នុង​អារម្មណ៍​ទាំងពួង ទោះអារម្មណ៍​ដែលឃើញ ដែលឮ ដែលប៉ះពាល់​ណាមួយក្តី (អ្នក​ណាមួយ) គប្បី​កំណត់នូវ​អ្នក​ប្រាជ្ញ អ្នកឃើញ (ដ៏បរិសុទ្ធ) មានគ្រឿង​ប្រក់ គឺកិលេស​បើកហើយ​នោះឯង ដោយគ្រឿង​កំណត់​ណា ក្នុងលោក​បាន។ អ្នកប្រាជ្ញ​ទាំងឡាយ​បែបនោះ មិន​កំណត់ មិនធ្វើ​តណ្ហា និង​ទិដ្ឋិ ឲ្យជា​ប្រធាន ទាំងមិនពោល​សរសើរ​នូវទិដ្ឋិ ថាជា​របស់ស្អាត​ម៉ត់ចត់​ទេ តែងផ្តាច់​ចោលនូវ​ចំណង គឺ​សេចក្តី​ប្រកាន់ ដែល​ចងក្នុងចិត្ត​សន្តាន​របស់ខ្លួន តែងមិន​ធ្វើសេចក្តី​ប្រាថ្នា ក្នុង​​សន្តាន​ឯណានីមួយ ក្នុង​លោកទេ។ (អ្នកប្រាជ្ញនោះ) ប្រព្រឹត្ត​កន្លងនូវ​ខេត្រដែន (កិលេស) បន្សាត់​បង់បាប លោកមិន​មានសេចក្តី​ប្រកាន់ ព្រោះជ្រាប ព្រោះឃើញទេ លោកមិន​ត្រេកអរ​ក្នុងកាមរាគៈ មិនរីករាយ​ក្នុងរូបភព និង​អរូបភព អ្នកប្រាជ្ញ​នោះ មិនមាន​សេចក្តី​ប្រកាន់ថា នេះជា​របស់ប្រសើរ​ក្នុងលោក​នេះឡើយ។

ចប់ សុទ្ធដ្ឋកសូត្រ ទី៤។

បរមដ្ឋសូត្រ ទី៥

[៩៩] សត្វនៅត្រាំក្នុងទិដ្ឋិទាំងឡាយថា​ នេះប្រសើរ តែងលើក (គោរព) គ្រូណាថា វិសេស​ផុតក្នុង​លោក បានពោល​បង្អាប់​ពួកគ្រូ​ទាំងអស់​ដទៃអំពី​គ្រូខ្លួននោះ​ថា ថោកទាប ព្រោះ​ហេតុនោះ បានជា​សត្វប្រព្រឹត្ត​កន្លង​នូវវិវាទ​ទាំងឡាយ​មិនរួច។ សត្វ​ឃើញនូវ​អានិសង្ស​ណា​ក្នុងខ្លួន ត្រង់អារម្មណ៍​ដែល​បានឃើញ បានឮ បានប៉ះពាល់ ឬត្រង់សីល និងវ័ត សត្វនោះ ប្រកាន់​ភ្ជាប់​នូវអានិសង្ស​នោះ ក្នុង​សក្កាយទិដ្ឋិនោះ ហើយឃើញ​នូវគ្រូ​ដទៃ​ទាំងអស់​ថា ថោកថយ។ សត្វអាស្រ័យ​គ្រូរបស់ខ្លួន ហើយ​ឃើញ​គ្រូដទៃថា ថោកថយ អ្នកប្រាជ្ញ​ទាំងឡាយ ពោលនូវ​ការឃើញ​នោះ ថាជា​ចំណងពិត ព្រោះ​ហេតុ​នោះ ភិក្ខុមិន​គប្បីអាស្រ័យ​អារម្មណ៍ ដែលបាន​ឃើញ បានឮ បាន​ប៉ះពាល់ ឬសីល និង​វ័ត​ឡើយ។ ភិក្ខុ​មិនគប្បី​ធ្វើទិដ្ឋិឲ្យ​កើតឡើង​ក្នុងលោក ដោយ​ញាណ ឬដោយ​សីល និង​វ័តទេ មិនគប្បី​ប្រៀបធៀប​ខ្លួនថា អាត្មាអញ ជា​អ្នកស្មើ (នឹងគេ) ទេ មិនគប្បី​សំគាល់​ខ្លួនថា អាត្មាអញ​ជាអ្នក​ថោកថយ​ទេ ឬថា​អាត្មាអញ​ជាអ្នកវិសេស​ជាង​គេទេ។ កាល​ភិក្ខុនោះ លះបង់​នូវ​អត្តទិដ្ឋិ​ហើយ មិន​ប្រកាន់មាំ ទាំង​មិនសន្សំ​នូវនិស្ស័យ​ក្នុងញាណ កាលបើ​សត្វបែក​ផ្សេងគ្នា ភិក្ខុនោះ ក៏មិន​ប្រព្រឹត្ត​ជាពួក ភិក្ខុនោះ មិនត្រឡប់​មកកាន់​ទិដ្ឋិនីមួយ​ទេ។ ​ព្រះខីណាស្រព​ណា មិនមាន​តណ្ហា ដើម្បីនឹង​កើតរឿយ ៗ ក្នុងលោក​នេះ ឬលោក​ខាងមុខ ត្រង់ទីបំផុត​ទាំងពីរ [ទីបំផុត​ខាងដើម​តណ្ហា មានផស្សៈ​ជាដើម ទីបំផុត​ខាងចុង​តណ្ហា គឺឧបាទាន។ អដ្ឋកថា។] ទៀតទេ ព្រះខីណាស្រព​ណា មិន​មានទី​អាស្រ័យ​នៅនី​មួយ​ឡើយ ព្រះខីណាស្រព​នោះ (មិនមាន) សេចក្តី​ប្រកាន់ ព្រោះពិចារណា​ឃើញ​ក្នុងពួក​ទិដ្ឋិធម៌​ទាំងឡាយ សូម្បី​សញ្ញា​តិចតួច ដែល​កំណត់ក្នុង​អារម្មណ៍ បាន​ឃើញ បានឮ បាន​ប៉ះពាល់ ក្នុង​លោកនេះ របស់​ព្រះខីណាស្រព​នោះ ក៏មិន​មានឡើយ​ បុគ្គល​ណា គប្បី​កំណត់​នូវ​ខីណាសវ​ព្រាហ្មណ៍នោះ អ្នកមិន​ប្រកាន់​នូវទិដ្ឋិ​ដោយសេចក្តី​កំណត់​ដូចម្តេច ក្នុង​លោកនេះ​បាន។ ព្រះខីណាស្រព​ទាំងឡាយ មិន​កំណត់ មិនធ្វើ​តណ្ហា និង​ទិដ្ឋិ ឲ្យជា​ប្រធានទេ ធម៌ទាំង​ឡាយ គឺទិដ្ឋិ​មិនបិទបាំង (បញ្ញា) របស់​ព្រះខីណាស្រព​ទាំងអម្បាល​នោះ​បាន​ឡើយ ព្រះខីណាសវ​ព្រាហ្មណ៍ មិន​ប្រព្រឹត្ត​ទៅតាម​សីល និងវ័ត (ដទៃ) ទេ បានដល់​ត្រើយ គឺព្រះនិព្វាន មាន​សភាព​ជា​តាទិបុគ្គល មិនត្រឡប់​មកកាន់​ភព (ថ្មី) ទៀត​ឡើយ។

ចប់ បរមដ្ឋកសូត្រ ទី៥។

ជរាសូត្រ ទី៦

[១០០] ជីវិតនេះ មានប្រមាណតិចហ្ន៎ សត្វតែង​ស្លាប់ថយ​អំពី ១០០ ឆ្នាំ ប្រសិន​បើរស់​ហួសពី ១០០ ឆ្នាំ សត្វនោះ នឹងស្លាប់​ដោយ​ជរា​ជាប្រាកដ។ ជន​ទាំងឡាយ​តែងសោក ព្រោះវត្ថុ​ដែលប្រកាន់​ថា របស់យើង សេចក្តី​ប្រកាន់ជា​របស់​ទៀងទាត់​មិនមាន​ឡើយ ជីវិតនេះ មានការ​ព្រាត់ប្រាស​ចាករបស់​ដែល​មាន​ជាធម្មតា អ្នកប្រាជ្ញ​លុះឃើញ​ដូច្នេះ​ហើយ រមែង​មិននៅ​គ្រប់គ្រងផ្ទះ​ឡើយ។ បុរស​សំគាល់​របស់ណាថា នេះជា​របស់​អញ រមែង​លះរបស់​នោះ​ដោយមរណៈ ឯអ្នក​ប្រាជ្ញរាប់​អាន​ព្រះរតនត្រ័យ ជ្រាបច្បាស់​នូវទោស​នុ៎ះ ហើយមិន​បង្អោន (ចិត្ត) ទៅ​ដើម្បីសេចក្តី​ប្រកាន់ថា របស់​យើង​ឡើយ។ បុរស​អ្នកភ្ញាក់ (ពីដេក) រមែង​មិនឃើញ​រូបារម្មណ៍​ជាដើម ដែល​មកជួប​ប្រទះ ដោយ​យល់សប្តិ យ៉ាង​ណាមិញ បុគ្គល​មិនឃើញ​ជន​ជាទីស្រឡាញ់ ដែលធ្វើ​កាល​កិរិយា​ទៅកាន់​លោកខាង​មុខ ក៏យ៉ាង​នោះដែរ។ ជនទាំងនោះ ដែល​គេឃើញ​ហើយ ឮហើយ គេតែង​ហៅឈ្មោះ កាលលះ​លោកនេះ​ទៅ នៅ​សល់តែឈ្មោះ​សម្រាប់​ហៅប៉ុណ្ណោះ។ ពួកសត្វ​មានសេចក្តី​លោភ តែង​មិនលះបង់​នូវសេចក្តី​សោកខ្សឹកខ្សួល និងសេចក្តី​កំណាញ់ ក្នុងវត្ថុដែល​ជាទីរាប់​អានបានឡើយ ព្រោះ​ហេតុនោះ អ្នកប្រាជ្ញ​ទាំងឡាយ​ ដែលឃើញ​ព្រះនិព្វាន ​ថាជាទី​ក្សេមហើយ រមែងលះបង់​សេចក្តី​ប្រកាន់បាន។ ភិក្ខុណា​មិនសំដែង​ខ្លួនក្នុងភព (ថ្មីទៀត) អ្នកប្រាជ្ញ​ទាំងឡាយ ហៅ​អំពើនោះ របស់​ភិក្ខុនោះ អ្នកប្រព្រឹត្ត​រួញរា អ្នកភប់​ប្រសព្វ​អាសនៈ​ស្ងាត់ ថាជា​សភាព​សមរម្យ​ហើយ។ អ្នកប្រាជ្ញ​មិនបាន​អាស្រ័យ​ក្នុងអាយតនៈ​ទាំងអស់​ឡើយ មិនធ្វើសត្វ និងសង្ខារ​ឲ្យជាទីស្រឡាញ់ ទាំងមិន​ធ្វើសត្វ និងសង្ខារ​ឲ្យមិនជា​ទីស្រឡាញ់ សេចក្តី​ខ្សឹកខ្សួល និង​សេចក្តី​កំណាញ់ មិនជាប់​ក្នុងសន្តាន​របស់​ព្រះខីណាស្រព​នោះ ដូចទឹក​មិនប្រឡាក់​លើស្លឹកឈូក​ដូច្នោះ​ដែរ។ តំណក់​ទឹកមិនដក់​នៅលើ​ស្លឹកឈូក ដូចម្តេចក្តី ទឹកមិនទទឹក​នាផ្កាឈូក​ដូចម្តេចក្តី អ្នកប្រាជ្ញ​មិនជាប់នៅ​ក្នុងអារម្មណ៍​នីមួយ សូម្បី​អារម្មណ៍​បានឃើញ បានប៉ះ​ពាល់ ក៏ដូច្នោះ​ដែរ។ មួយទៀត ព្រះអរហន្ត មិនសំគាល់​ក្នុងអារម្មណ៍​នីមួយ សូម្បី​អារម្មណ៍​ដែលឃើញ ដែលឮ ដែលប៉ះ​ពាល់​ដោយវត្ថុនោះ ៗ ឡើយ ទាំង​មិនប្រាថ្នា​ការស្អាត​ដោយវត្ថុ​ដទៃទេ ព្រោះ​ព្រះអរហន្ត​នោះ​ មិនត្រេក​ត្រអាល មិន​ប្រាសតម្រេក (ដូច​កល្យាណបុថុជ្ជន និងសេក្ខៈ)។

ចប់ ជរាសូត្រ ទី៦។

តិស្សមេត្តេយ្យសូត្រ ទី៧

[១០១] ព្រះតិស្សមេត្តេយ្យ​ដ៏មានអាយុ (អារាធនាថា) បពិត្រ​ព្រះអង្គ​និរទុក្ខ សូម​ព្រះអង្គ សំដែង​សេចក្តី​ចង្អៀតចង្អល់ របស់​បុគ្គលអ្នក​ប្រកប​មេថុនធម្ម​រឿយ ៗ យើងខ្ញុំ​បានស្តាប់​ពាក្យប្រដៅ​ព្រះអង្គ​ហើយ នឹង​សិក្សានូវ​វិវេក​ទាំងឡាយ។

(ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមេត្តេយ្យ) បុគ្គល​អ្នកប្រកប​មេថុន​រឿយ ៗ រមែងភ្លេច​ពាក្យប្រដៅ​ផង ប្រតិបត្តិ​ខុសផង ការប្រព្រឹត្តិ​ខុសនុ៎ះ ជា​អំពើ​មិនប្រសើរ ចំពោះ​បុគ្គល​នោះទេ។ បុគ្គលណា ប្រព្រឹត្ត​ម្នាក់ឯង គឺទ្រង់​ភេទបព្វជិត​ក្នុងកាល​ពីមុន (លុះខាង​ក្រោយ) ត្រឡប់​សេពមេថុនធម្ម​វិញ អ្នក​ប្រាជ្ញហៅ​បុគ្គល​នោះថា ជា​បុថុជ្ជន អ្នកថោកថយ​ក្នុងលោក ដូចជា​យាន​លឿនទៅ​ដូច្នោះឯង។ យស និង​សេចក្តី​សរសើរ​ណាក្នុង​កាលពីមុន យស និង​សេចក្តី​សរសើរនោះ របស់បុគ្គល​នោះ រមែងសាប​សូន្យទៅ បុគ្គល​ឃើញ​ការចំរើន និងការ​សាបសូន្យ​យស សរសើរ​នុ៎ះហើយ គប្បី​សិក្សាដើម្បី​លះបង់​នូវ​មេថុនធម្ម​ចេញ។ បុគ្គលនោះ ត្រូវសង្កប្បៈ​ទាំងឡាយ គ្រប​សង្កត់​ហើយ រមែង​ជ្រប់នៅ ដូចមនុស្ស​កំព្រា បុគ្គល​បែបនោះ ឮពាក្យ​ជនដទៃ​ហើយ រមែង​អៀនខ្មាស។ មួយទៀត បុគ្គលនោះ ត្រូវវាទៈ​អ្នកដទៃ​ដាស់តឿន​ហើយ រមែងធ្វើ​គ្រឿងសស្រ្តា គឺ​មុសាវាទ សេចក្តី​សាំញុំា​ធំនោះឯង របស់​បុគ្គល​នោះ រមែង​ធ្លាក់ចុះ​កាន់​មុសាវាទ។ បុគ្គល​ដែលគេដឹង​សុះសាយ​ថា ជាបណ្ឌិត តាំងផ្តើម​ការប្រព្រឹត្តិ​ម្នាក់ឯង លុះកាល​ខាងក្រោយ​មក បែរទៅ​ជាប្រកប​ក្នុង​មេថុនធម្ម​វិញ បណ្ឌិត​នោះ នឹងសៅហ្មង​ដូចជន​ពាលដែរ។ អ្នកប្រាជ្ញ លុះ​ជ្រាបទោស​នុ៎ះហើយ គួរធ្វើនូវ​ការប្រព្រឹត្តិម្នាក់ឯង ឲ្យមាំ ក្នុង​សាសនានេះ ទាំងមុន​ទាំងក្រោយ កុំគប្បី​សេព​នូវ​មេថុនឡើយ។ បុគ្គល​គប្បីសិក្សា​នូវ​វិវេក​តែម្យ៉ាង ព្រោះ​វិវេកនុ៎ះ ប្រសើរផុត​របស់ព្រះអរិយៈ​ទាំង​ឡាយ ប៉ុន្តែបុគ្គល​មិនគប្បី​សំគាល់ថា អាត្មាអញ​ប្រសើរដោយ​វិវេក​នោះទេ បុគ្គល​នោះឯង ឈ្មោះថា ប្រតិស្ឋាន​នៅក្នុង​ទីជិតនៃ​ព្រះនិព្វាន។ ពួកសត្វអ្នក​ជាប់នៅ​ក្នុង​កាម​ទាំងឡាយ តែងស្រឡាញ់​អ្នកប្រាជ្ញ​ ដែលមាន​សេចក្តី​ស្ងប់ស្ងាត់ មិន​អាឡោះ​អាល័យ​ក្នុងកាម​ទាំងឡាយ ឆ្លងនូវ​អន្លង់បាន។

ចប់ តិស្សមេត្តេយ្យសូត្រ ទី៧។

បសូរសូត្រ ទី៨

[១០២] ពួកសមណព្រាហ្មណ៍ដទៃក្នុងលោកនេះ តែង​ពោល​សរសើរថា បរិសុទ្ធិ (សំដៅ​ទិដ្ឋិរបស់​ខ្លួន) តែមិន​ពោលថា បរិសុទ្ធិ​ចំពោះ​លទ្ធិដទៃ (ក្រៅ​អំពីគ្រូ​របស់ខ្លួន) សមណព្រាហ្មណ៍​ជាច្រើន អាស្រ័យ​នឹងលទ្ធិណា តែង​សរសើរ​ថា ល្អក្នុង​លទ្ធិនោះ តាំងនៅ​ក្នុង​បច្ចេកសច្ចៈ (សេចក្តីពិត​ដោយ​ឡែក)។ សមណព្រាហ្មណ៍​ទាំងនោះ ប្រាថ្នា​នូវវាទៈ ចូលទៅ​កាន់​បរិស័ទ​ហើយ ទាំង ២ នាក់ ឃើញគ្នា​នឹងគ្នាថា ជា​ពាល​ទាំងអស់ សមណព្រាហ្មណ៍​ទាំងនោះ​ អាស្រ័យ​នឹងគ្រូដទៃ ក៏ពោល​ជម្លោះ ប្រាថ្នានូវ​ការសរសើរ​ ក៏​សំគាល់ថា យើងវាង​វៃក្នុងវាទៈ។ បុគ្គល​អ្នកខ្វល់ខ្វាយ ក្នុង​ការនិយាយ​ជជែក ប្រាថ្នា​នូវការ​សរសើរ ក្នុង​កណ្តាល​បរិស័ទ រមែង​ទញ់តុះ និងជា​បុគ្គល​​អៀនខ្មាស​ក្នុងវាទៈ (របស់ខ្លួន) ដែលគេ​ផាត់ចោល បុគ្គល​ស្វែង​រក​ទោស​នោះ រមែងខឹង ព្រោះ​ពាក្យនិន្ទា។ អ្នក​ពិចារណា​នូវបញ្ហា​ទាំងឡាយ ពោលនូវ​វាទៈ​របស់​បុគ្គលនោះ ថាជាវាទៈ​ថោកទាប ថាគេផាត់​ចោលហើយ បុគ្គល​អ្នកមានវាទៈ​ថោកទាប តែងខ្សឹក​ខ្សួល សោក ថ្ងូរថា អ្នកនោះ កន្លង​អាត្មាអញ (ដោយវាទៈ)។ វិវេក​ទាំងនុ៎ះ កើតឡើង​ក្នុងពួក​សមណៈ សភាព​ត្រេកអរនឹង​ការអាក់​អន់ចិត្ត រមែងកើត​ឡើង ព្រោះវាទៈ​ទាំងនុ៎ះ អ្នកប្រាជ្ញ​ឃើញទោសនុ៎ះ​ហើយ គប្បីចៀស​វាងនូវការ​ជម្លោះចេញ ប្រយោជន៍​ជនដទៃ អំពីការ​សរសើរ និងលាភ​មិនមាន​ឡើយ។ មួយទៀត បុគ្គល​ដែលគេ​សរសើរ​​ក្នុងរឿងនោះ​ហើយ ក៏ពោលនូវវាទៈ (របស់ខ្លួន) ក្នុងកណ្តាល​បរិស័ទ បុគ្គលនោះ​ រីករាយផង ឡើង​ជោរផង ព្រោះ​សម្រេច​ប្រយោជន៍ គឺ​ជ័យជំនះ​ដូចចិត្ត។ ការឡើងជោរ ជា​ហេតុនៃសេចក្តី​ចង្អៀតចង្អល់ ​របស់​បុគ្គល បុគ្គល​នុ៎ះ តែង​ពោល​នូវមានះ និង​អតិមានះ បុគ្គលឃើញ​ទោសនេះ​ហើយ គប្បី​ចៀសវាង​ការជម្លោះ អ្នកឈ្លាសវៃ​ទាំងឡាយ មិនពោល​សរសើរ​ថា បរិសុទ្ធ​ដោយ​ជម្លោះ​នោះ​ឡើយ។ ប្រៀបដូច​បុគ្គលអ្នក​អង់អាច​ដែល​ស្តេចចិញ្ចឹម​ហើយ​ដោយរាជ​រង្វាន់ កាលប្រាថ្នា​គំរាមទៅ​រក​បុគ្គលអ្នក​អង់​អាចតប អ្នកអង់​អាចតបនោះ មានក្នុង​ទីណា នែអ្នកអង់​អាច អ្នកចូរ​ទៅ​ក្នុងទីនោះ​ចុះ កិលេស​គប្បីមាន​ដោយចម្បាំង មិនមាន​តាំងពី​មុនមក។ ជន​ទាំងឡាយ ​ដែល​ប្រកាន់ទិដ្ឋិ ហើយពោល​ជជែកផង ពោលថា នេះឯងជា​របស់ពិត​ផង អ្នកចូរ​ជជែកនឹង​ជនទាំង​នោះចុះ ជនអ្នក​ធ្វើទំនាស់ ក្នុងវាទៈ​ដែល​កើត​ហើយ​ក្នុងទីនេះ មិនមាន​ដល់អ្នកទេ។ បុគ្គល​ទាំងឡាយណា​ ធ្វើ​សេនារបស់​កិលេស​ឲ្យវិនាស មិនថ្នាំង​ថ្នាក់​នឹងទិដ្ឋិ ដោយ​ទិដ្ឋិទាំងឡាយ​ឡើយ ការប្រកាន់​ទិដ្ឋិ​ដ៏ក្រៃលែង ​មិនមាន​ក្នុងបុគ្គល​ណា ក្នុងលោក​នេះ ម្នាល​បសូរៈ អ្នកគប្បី​បាននូវ​ការតប​តដូចម្តេច ក្នុងបុគ្គល​ទាំងនោះ។ មួយ​ទៀត ​អ្នកកាល​ត្រិះរិះគិត​នូវ​ទិដ្ឋិទាំងឡាយ ដោយចិត្ត ហើយ​មក​ប្រណាំង​ប្រជែង (នឹង​​ព្រះសម្មាសម្ពុទ្ធ) ដែល​មាន​កិលេស​លាង​ហើយ អ្នកមិន​អាច​នឹង​​ជជែកបាន​ឡើយ។

ចប់ បសូរសូត្រ ទី៨។

មាគន្ទិយសូត្រ ទី៩

[១០៣] (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់នឹង​មាគន្ទិយព្រាហ្មណ៍​ថា) អើ ក៏សេចក្តី​ប្រាថ្នា​ក្នុង​មេថុន​ មិនមាន (ដល់តថាគត) ព្រោះឃើញ​នាងតណ្ហា នាងអរតី និង​នាងរាគា (ដែលជា​ធីតា​នៃ​មារ) សោះ​ទៅហើយ ​ធ្វើម្តេច​ឡើយ តថាគត​នឹងមាន​សេចក្តី​ប្រាថ្នាក្នុង​មេថុន ព្រោះ​ឃើញ​រូបរបស់​ទារិកា ដែល​ពោរពេញ​ដោយមូត្រ និង​ករីស​នេះ តថាគត មិនគួរ​ត្រូវ​ការ​ដើម្បីប៉ះ​ពាល់នូវ​ធីតារបស់​អ្នក​នោះ សូម្បី​តែដោយ​ជើង​ឡើយ។

(មាគន្ទិយព្រាហ្មណ៍ ទូលតបថា) បើព្រះអង្គ​មិនត្រូវ​ការនារីរតន៍​បែបនេះ ដែល​ពួក​ក្សត្រធំ​ជាងនរៈ​ច្រើនគ្នា​ប្រាថ្នា​ទេ តើព្រះអង្គ​នឹងពោល​នូវទិដ្ឋិផង សីល​ផង វ័តផង ជីវិតផង ការកើតឡើង​ក្នុងភព (របស់​ព្រះអង្គ) ផង ថាដូចម្តេច។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​មាគន្ទិយៈ) តថាគត​នោះ មិន​ប្រកាន់​​ថា តថាគត​វិនិច្ឆ័យ​ក្នុង​ធម៌ទាំងឡាយ គឺ​ទិដ្ឋិ ៦២ ហើយ​នឹងសំដែង​នូវពាក្យនេះ​ដូច្នេះ​ទេ ព្រោះតថាគត​ឃើញ (ទោស) ក្នុង​ទិដ្ឋិទាំង​ឡាយផង មិន​ប្រកាន់មាំ (នូវទិដ្ឋិ​ណាមួយ) ផង ពិចារណា (នូវសច្ចៈ​ទាំងឡាយ) ផង ក៏បាន​ឃើញនូវ​សេចក្តី​ស្ងប់ក្នុង​សន្តាន គឺ​ព្រះនិព្វាន។

(មាគន្ទិយព្រាហ្មណ៍ ទូលសួរថា) បពិត្រ​ព្រះមុនី ទិដ្ឋិ​ទាំងឡាយណា ដែលសត្វ​បាន​វិនិច្ឆ័យ កំណត់​ទុកហើយ ព្រះអង្គ​មិនប្រកាន់​មាំ​នូវទិដ្ឋិ​ទាំងនោះ សំដែង​នូវ​បរមត្ថធម៌​ណា មានសេចក្តី​ស្ងប់​ក្នុងសន្តាន​ដូច្នេះ បរមត្ថធម៌​នោះ តើអ្នកប្រាជ្ញ​ទាំងឡាយ សំដែង​ដោយប្រការ​ដូចម្តេច។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាល​មាគន្ទិយៈ) អ្នកប្រាជ្ញ មិន​ពោល​ថា សេចក្តី​បរិសុទ្ធិ ព្រោះ​ការយល់​ឃើញ ព្រោះការ​ស្តាប់ឮ ព្រោះការ​ដឹង​ច្បាស់ ព្រោះសីល និងវ័តទេ ទាំងមិន​ពោលថា សេចក្តី​បរិសុទ្ធិ ព្រោះ​មិនមាន​ការយល់​ឃើញ ព្រោះមិន​មាន​ការស្តាប់​ឮ ព្រោះមិន​មានការ​ដឹង​ច្បាស់ ព្រោះ​មិនមានសីល ព្រោះមិនមាន​វ័តទាំង​នោះទេ ចំណែក​បុគ្គលជា​សប្បុរស តែង​លះនូវធម៌ មានទិដ្ឋិជា​ដើមនុ៎ះ ហើយមិន​ប្រកាន់ មិន​អាស្រ័យ (នូវធម៌​ណាមួយ) រមែងមិន​ប្រាថ្នាទៅកើត​ក្នុងភព​ទៀតឡើយ។

(មាគន្ទិយព្រាហ្មណ៍ កា្របទូលថា) បើអ្នកប្រាជ្ញ​មិនពោលថា សេចក្តី​បរិសុទ្ធិ ព្រោះការ​យល់ឃើញ ​ព្រោះការ​ស្តាប់ឮ ព្រោះការដឹង​ច្បាស់ ព្រោះ​សីល​ និងវ័តទេ ទាំងមិន​ពោលថា សេចក្តី​បរិសុទ្ធិ ព្រោះមិនមាន​ការ​យល់​ឃើញ ព្រោះមិន​មានការ​ស្តាប់ឮ ព្រោះមិនមាន​ការដឹងច្បាស់ ព្រោះមិន​មានសីល ព្រោះមិនមាន​វ័តទាំងនោះទេ ខ្ញុំព្រះអង្គ​សំគាល់​នូវធម៌ នាំសត្វឲ្យ​វង្វេង​ក្រៃពេក មាន​សមណព្រាហ្មណ៍​ពួកខ្លះ ដឹងនូវ​សេចក្តី​បរិសុទ្ធិ ព្រោះ​ការយល់​ឃើញដែរ។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​មាគន្ទិយៈ) អ្នកអាស្រ័យ​នូវទិដ្ឋិ​ បានជា​ខំ​ជជីកសួរ (តថាគត) អ្នកដល់​នូវសេចក្តី​ភាន់ច្រឡំ​ ក្នុង​ទិដ្ឋិ​ទាំង​ឡាយ​ ដែលអ្នក​ប្រកាន់មាំ​ហើយ ហើយមិន​បានឃើញ​នូវសេចក្តី​សំគាល់​សូម្បី​បន្តិច​បន្តួច អំពី​ធម្មទេសនា ដែល​តថាគត​សំដែងនេះ​ឡើយ ព្រោះ​ហេតុនោះ អ្នក​ទើបយល់​ឃើញនូវ​ធម៌នេះ ថាជាធម៌​នាំ​សត្វឲ្យ​វង្វេងក្រៃពេក បុគ្គលណា​សំគាល់ខ្លួនថា ជាបុគ្គល​ស្មើនឹង​គេ ជាបុគ្គល​វិសេស​ជាង​គេ ឬជា​បុគ្គលថោក​ទាបជាង​គេ បុគ្គលនោះ នឹងនិយាយ​ទទឹងទាស់ ដោយ​សេចក្តី​​សំគាល់​​នោះ (បើ​បុគ្គលណា) មិនញាប់​ញ័រក្នុងមានះ ៣ ទេ សេចក្តី​សំគាល់​ខ្លួនថា អញ​ជា​បុគ្គលស្មើ​នឹងគេ អញជា​បុគ្គលវិសេស​ជាងគេ (ឬ​ថា អញជា​បុគ្គល​ថោក​ទាប​ជាងគេ) មិន​មាន​ដល់បុគ្គល​នោះឡើយ។ បុគ្គល​ដែល​មានបាប​ គឺមានះ និងទិដ្ឋិ លះបង់​ហើយ​នោះ នឹងនិយាយ​ថា សេចក្តី​យល់​នោះឯង ជា​សេចក្តី​យល់ត្រូវពិត ដូចម្តេចកើត ឬបុគ្គលនោះ នឹង​និយាយ​ទទឹងទាស់ថា (ពាក្យខ្ញុំពិត ពាក្យអ្នកឯង​មិនពិត ដូច្នេះ ជា​មួយនឹង​បុគ្គលណា​បាន មួយទៀត សេចក្តី​សំគាល់ថា ស្មើ ឬមិនស្មើ មិនមាន​ក្នុង​បុគ្គល​ណា បុគ្គលនោះ នឹងផ្សាយវាទៈ​ជាមួយ​អ្នកណា​បាន។ អ្នកប្រាជ្ញបាន​លះបង់​ឱកៈ [ឱកៈ សព្ទនេះ សំដៅយក​រូប និងវត្ថុ​ជាដើម ដែលជាកន្លែង​សម្រាប់​វិញ្ញាណជ្រក។ អដ្ឋកថា។] ហើយ ជាអ្នក​មិនរឭក​នូវអារម្មណ៍​ជាគ្រឿង​កំណត់ មិនធ្វើ​សេចក្តី​ស្និទ្ធស្នាល (នឹង​គ្រហស្ថ) ក្នុងស្រុក ជាអ្នកវៀរ​ចាកកាម​ទាំងឡាយ មិនធ្វើ​អត្តភាព​ឲ្យ​កើត​តទៅទៀត អ្នក​ប្រាជ្ញ​នោះ មិនគប្បី​ធ្វើពាក្យ​ពោល​ជំទាស់​នឹងជន (ណា) ឡើយ។ បុគ្គលប្រសើរ ជាអ្នក​ស្ងប់​ស្ងាត់ចាក​បាបធម៌ (មានការយល់​ខុសជាដើម) ណា ហើយត្រាច់​ទៅក្នុងលោក មិន​គប្បី​​លើកឡើង​នូវ​បាបធម៌​ទាំងនោះ​មក ហើយ​និយាយ​ជជែកទេ ផ្កាឈូក​ដុះ​នៅក្នុងទឹក មិន​ប្រឡាក់ដោយ​ទឹកផង ដោយភក់ផង យ៉ាងណាមិញ អ្នក​ប្រាជ្ញជា​អ្នកពោល​នូវសេចក្តី​ស្ងប់ មានសន្តាន​មិនជាប់ចំពាក់ រមែងជាអ្នក​មិនជក់ជាប់​នៅក្នុង​កាមផង ក្នុងលោក​ផង យ៉ាងនោះឯង។ បុគ្គល​អ្នកដល់​នូវវេទ គឺមគ្គ ៤ តែងមិន​ប្រព្រឹត្តទៅ​តាមទិដ្ឋិទេ បុគ្គល​នោះ​ មិនត្រឡប់​មក​កាន់​មានះ ដោយ​ការប៉ះ​ពាល់ទេ បុគ្គលនោះ មិនប្រព្រឹត្ត​ទៅតាម​អំណាចនៃ​តណ្ហា ទិដ្ឋិនោះទេ បុគ្គលនោះ មិនងាយ​អ្នកណា​ដឹកនាំដោយ​កម្ម ឬដោយ​អារម្មណ៍​ដែលឮ​បាន​ឡើយ បុគ្គលនោះ មិនចូលទៅ​នៅអាស្រ័យ​ក្នុង​និវេសនៈ ​គឺ​តណ្ហា និងទិដ្ឋិទេ។ កិលេស​គ្រឿងរួបរឹត​ទាំងឡាយ តែងមិន​មាន​ដល់បុគ្គលអ្នក​ប្រាសចាក​កាម​សញ្ញា (ជាដើម) មោហៈ (សេចក្តីភាន់​ច្រឡំ) តែងមិន​មានដល់​បុគ្គលអ្នក​ផុតស្រឡះ (ចាក​កិលេស​ទាំងពួង) ព្រោះ​វិបស្សនាបញ្ញា បុគ្គល​ទាំងឡាយ​ណា ប្រកាន់មាំ​នូវ​កាមសញ្ញា​​ជាដើមក្តី ប្រកាន់មាំ​នូវទិដ្ឋិក្តី បុគ្គលពួក​នោះ រមែង​ព្យាយាម​ប្រព្រឹត្តនូវ​កាមាធិករណ៍ ឬធម្មាធិករណ៍ នូវគ្នា​នឹងគ្នា​ក្នុងលោក។

ចប់ មាគន្ទិយសូត្រ ទី៩។

បុរាភេទសូត្រ ទី១០

[១០៤] (ព្រះពុទ្ធនិម្មិត ត្រាស់សួរព្រះសម្ពុទ្ធថា) បុគ្គលអ្នក​មានទស្សនៈ​ដូចម្តេច មានសីល​ដូចម្តេច ដែលព្រះអង្គ​ត្រាស់ហៅថា អ្នកស្ងប់រម្ងាប់ បពិត្រ​ព្រះគោតម ព្រះអង្គ ដែលខ្ញុំ​សួរហើយ សូមបា្រប់​នូវឧត្តម​ជននោះ។

(ព្រះមានព្រះភាគ ត្រាស់ថា) មុននឹងបែកធ្លាយ​រាងកាយទៅ បុគ្គលណា បា្រស​ចាក​តណ្ហា មិន​អាស្រ័យ​នូវកាល​ខាងដើម និង​ទី​បំផុត គឺ​កាលជា​អតីត និង​អនាគត ជា​បុគ្គល​ដែលអ្នក​ប្រាជ្ញ មិន​គប្បី​ពោលថា ជាអ្នក​​ត្រេកអរ​ក្នុងបច្ចុប្បន្ន ការ​ធ្វើ​នូវតណ្ហា និង​ទិដ្ឋិ​ឲ្យជាប្រធាន​នៃ​បុគ្គល​នោះ មិនមាន​ឡើយ។ បុគ្គល​នោះឯង មិនក្រោធ មិនតក់ស្លុត មិន​ពោលអួត មិនរពឹស ជា​អ្នក​ពោល​ដោយបញ្ញា មិន​រាយមាយ សង្រួមដោយ​វាចា ជា​អ្នកប្រាជ្ញ។ បុគ្គល​មិនមាន​តណ្ហាក្នុង​អារម្មណ៍​ជាអនាគត មិន​សោក​ស្តាយនូវ​អារម្មណ៍​អតីត ជា​អ្នកឃើញ​សេចក្តី​ស្ងប់ស្ងាត់ ក្នុង​ផស្សៈ​ទាំងឡាយ មិន​បង្អោនចិត្ត​ទៅ​ក្នុង​មិច្ឆាទិដ្ឋិ​ទាំងឡាយ ជា​អ្នក​ពួនសម្ងំ មិនបំភាន់​គេ មិន​មាន​សេចក្តី​ប្រាថ្នា​ជា​ប្រក្រតី មិនមាន​សេចក្តី​កំណាញ់ មិន​ឃ្នើសឃ្នង ជាបុគ្គលដែល​គេមិន​ស្អប់ខ្ពើម ជា​អ្នកមិន​ប្រកប​ក្នុងការ​ញុះ​ញង់ មិននឹកនា​ទៅរកវត្ថុ​ជាទី​ត្រេកអរ មិន​ប្រកប​ក្នុងការ​មើលងាយ​​គេ ជាអ្នកមាន​ការងារ​ល្អិតល្អ មាន​​បដិភាណ មិនជឿ​អ្នកដទៃ មិន​​ត្រេកអរ មិនសិក្សា ព្រោះ​​ប្រាថ្នាលាភ មិន​ក្រេវ​ក្រោធ ព្រោះមិន​មានលាភ ជាអ្នក​មិនខឹង មិន​ជាប់​ចិត្តក្នុង​រស ព្រោះតណ្ហា ជាបុគ្គល​មាន​ឧបេក្ខា មាន​ស្មារតី​សព្វពេល មិន​សំគាល់ថា ស្មើនឹង​គេក្នុងលោក មិនលើក​ខ្លួនថា វិសេស​​ជាងគេ មិន​ដាក់​ខ្លួនថា​ថោកទាប​ជាង​គេ កិលេស​គ្រឿង​ពុះពោរ មិនមាន​ដល់​បុគ្គល​នោះឡើយ។ បុគ្គលណា មិន​មាន​និស្សយ​ធម៌ គឺតណ្ហា និងទិដ្ឋិក្តី បុគ្គលណា ដឹង​នូវធម៌ ហើយ​មិន​អាស្រ័យ​នូវតណ្ហា និងទិដ្ឋិក្តី បុគ្គល​​មិនមាន​តណ្ហាក្នុង​សេចក្តី​​ចំរើន និង​សេចក្តី​វិនាស [សស្សតៈ ប្រព្រឹត្តទៅ​ក្នុងរូបភព, ឧច្ឆេទ ប្រព្រឹត្តទៅក្នុង​អរូបភព។ អដ្ឋកថា។] តថាគត​ហៅបុគ្គល​អ្នកមិនអាឡោះ​អាល័យ​ក្នុងកាមទាំង​ឡាយ​នោះ ថាជា​អ្នក​ស្ងប់រម្ងាប់ កិលេស​គ្រឿងចាក់ស្រែះ​របស់​បុគ្គលនោះ មិនមាន បុគ្គលនោះ​ បាន​ឆ្លងនូវតណ្ហា​​ដែលផ្សាយ​ទៅ​ហើយ។ កូន​ទាំងឡាយ សត្វចិញ្ចឹមទាំង​ឡាយ និង​ស្រែចម្ការ ទីលំនៅ​របស់​បុគ្គលនោះ មិន​មានឡើយ សេចក្តី​ប្រកាន់​ថា ​ជារបស់ខ្លួន គឺ​​សស្សតទិដ្ឋិ​ក្តី សេចក្តី​ប្រកាន់ថា មិនមែន​ជារបស់ខ្លួន ​គឺ​​ឧច្ឆេទទិដ្ឋិក្តី មិនមាន​​ក្នុងបុគ្គល​នោះ​ទេ។ ពួកទេវតា និងមនុស្ស ជាបុថុជ្ជន ឬ​ពួកសមណ​ព្រាហ្មណ៍ គប្បីពោល​ទោសចំពោះ​បុគ្គល​នោះ ដោយកិលេស ​មាន​រាគៈជា​ដើមណា កិលេស ​មាន​រាគៈជាដើម​នោះ បុគ្គលនោះ មិនធ្វើឲ្យជា​ប្រធាន​ឡើយ ព្រោះហេតុនោះ​ បុគ្គលមិន​ញាប់ញ័រ ព្រោះពាក្យពោល​ទាំង​ឡាយ​​ឡើយ។ អ្នកប្រាជ្ញ​ប្រាស​ចាក​សេចក្តីជាប់​ចំពាក់ (ក្នុងរូប​ជាដើម) មិនមាន​សេចក្តី​កំណាញ់ មិន​​និយាយ​លើកខ្លួន ក្នុង​គុណ​ដ៏ខ្ពង់ខ្ពស់ មិន​និយាយ​ប្រកបខ្លួន ក្នុងគុណ​ដ៏ស្មើ ៗ មិន​និយាយ​បន្ទាបខ្លួន ក្នុង​គុណ​ដ៏ថោកទាប មិន​ដល់​នូវកប្បៈ គឺ​មិនមាន​តណ្ហា និង​ទិដ្ឋិ ព្រោះជា​​បុគ្គល​មិនមាន​កប្បៈ។ បុគ្គល​ណា មិន​មាន​សេចក្តី​ប្រកាន់ថា របស់ខ្លួន​ក្នុង​លោក បុគ្គលនោះ​ មិន​​សោកព្រោះ​របស់ដែល​មិន​មាន មិនលុះ​ក្នុងអគតិធម៌​ទាំង​ឡាយ បុគ្គលនោះ​ឯង​ ហៅថា អ្នក​ស្ងប់រម្ងាប់។

ចប់ បុរាភេទសូត្រ ទី១០។

កលហវិវាទសូត្រ ទី១១

[១០៥] (ព្រះពុទ្ធនិម្មិត ត្រាស់សួរ​ព្រះសម្ពុទ្ធ​ថា បពិត្រព្រះអង្គ) ការឈ្លោះ ការ​ទាស់​​ទែងគ្នា ការខ្សឹកខ្សួល ការសោកស្តាយ និង​សេចក្តី​កំណាញ់ ការ​​ប្រកាន់ ការមើល​ងាយ និង​ការញុះញង់ កើតមក​អំពីណា កិលេសធម៌​ទាំងនោះ បណ្តាល​​មក​អំពីណា សូម​ព្រះអង្គ​សំដែង​សេចក្តីនោះ ឲ្យទាន។ (ព្រះសម្ពុទ្ធ ​ទ្រង់ត្រាស់ថា) ការឈ្លោះ ការទាស់​ទែង​គ្នា ការខ្សឹកខ្សួល ការ​​សោកស្តាយ និង​សេចក្តី​កំណាញ់ ការប្រកាន់ ការមើល​ងាយ និង​ការ​ញុះញង់ កើត​មក​អំពីរបស់​ជាទីស្រឡាញ់ ឯ​​កិលេសធម៌ មាន​​ការឈ្លោះ ​និងការ​ជជែក​គ្នា (ជាដើម) ប្រកប​​ក្នុងសេចក្តី​កំណាញ់ កាលបើ​សេចក្តី​ទាស់​ទែងគ្នា​កើតឡើង​ហើយ ពាក្យ​ញុះ​ញង់ក៏កើត​ឡើងដែរ។ (ព្រះពុទ្ធ​និម្មិត សួរថា) សេចក្តី​​ស្រឡាញ់​ក្នុង​លោក ឬលោភៈ​របស់ពួកសត្វ​ដែលត្រូវ​លោភៈ​គ្របសង្កត់ រង្គាត់​​ទៅក្នុង​លោក កើតមក​អំពីអ្វី សេចក្តី​ប៉ុនប៉ង និង​ការសម្រេច (នៃ​សេចក្តី​ប៉ុនប៉ង) និង​ធម៌​ដែលមាន​ក្នុងបរលោក​របស់​សត្វ កើតមក​អំពីអ្វី។ (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា) សេចក្តី​​ស្រឡាញ់​ក្នុងលោក​ ឬ​លោភៈ​របស់​ពួកសត្វ​ដែល​ត្រូវលោភៈ​គ្របសង្កត់ កើតមក​អំពី​ឆន្ទៈ សេចក្តី​ប៉ុនប៉ង និង​ការ​សម្រេច (នៃសេចក្តី​ប៉ុនប៉ង) និង​ធម៌​ដែលមាន​ក្នុង​បរលោក​​របស់ពួកសត្វ ក៏កើត​អំពី​ឆន្ទៈ​នេះដែរ។ (ព្រះពុទ្ធនិមិ្មត សួរថា) ​ឆន្ទៈក្នុង​លោក កើត​មក​អំពីអ្វី មួយទៀត វិនិច្ឆ័យ (ការ​ចូលចិត្ត​ក្នុងតណ្ហា និងទិដ្ឋិ) កើត​មក​អំពីអ្វី ការ​​ក្រេវក្រោធ ការ​និយាយ​មោសា និង​សេចក្តី​សង្ស័យ ឬ​​អកុសលធម៌​ទាំងឡាយ ដែល ​(ប្រកប​ដោយ​ការក្រេវក្រោធ​​ជាដើម) តើ​ព្រះសមណៈ​សំដែង​ហើយថា កើត​អំពីអ្វី។ (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា) អ្នក​ប្រាជ្ញ​ទាំង​ឡាយ ក្នុងលោក បានសំដែង​ហើយនូវ​អារម្មណ៍​ណាថា ជា​ទី​ត្រេកអរ [បានដល់​សុខវេទនា និងវត្ថុដែល​គួរប្រាថ្នា។] និងមិន​ជាទីត្រេកអរ [បានដល់​ទុក្ខវេទនា និងវត្ថុដែល​មិនគួរ​ប្រាថ្នា។ អដ្ឋកថា។] ឆន្ទៈ​តែងកើតឡើង ព្រោះ​អាស្រ័យ​អារម្មណ៍​នោះ សត្វក្នុង​លោក ឃើញ​សេចក្តី​វិនាស និង​សេចក្តី​ចំរើន ក្នុងរូប​ទាំង​ឡាយ ទើបធ្វើ​នូវវិនិច្ឆ័យ (ក្នុង​តណ្ហា និងទិដ្ឋិ)។ ការក្រេវក្រោធ ការ​ពោលពាក្យ​មោសា សេចក្តីសង្ស័យ ធម៌ទាំង ៣ នេះឯង កាលបើ​អារម្មណ៍​ជាទី​ត្រេកអរ និងមិនជាទី​ត្រេកអរ​ទាំង ២ ប្រការ​នោះ​ នៅមាន ទើបកើត​មានឡើង​បាន បុគ្គលអ្នកមាន​សេចក្តីសង្ស័យ គប្បីសិក្សា​ក្នុងគន្លង​នៃការដឹង ឯ​ធម៌​ទាំងឡាយ ព្រះសមណៈ​សំដែងហើយ ព្រោះដឹង។  (ព្រះពុទ្ធនិមិ្មត​សួរថា) អារម្មណ៍​ជាទីត្រេកអរ និង​មិនជា​ទីត្រេកអរ កើត​មក​អំពីអ្វី កាល​បើអ្វីមិន​មាន ទើបអារម្មណ៍​ទាំង​នុ៎ះ​​ មិនមាន​ដែរ អត្ថ គឺសេចក្តីវិនាស និង​​សេចក្តីចំរើន (នៃ​អារម្មណ៍ជា​ទីត្រេកអរ និង​មិនជា​ទីត្រេកអរ) ណា អត្ថនោះ តើកើត​មកអំពី​ធម៌ណា សូម​​ព្រះអង្គ​សំដែង​ប្រាប់ដល់ខ្ញុំ​ឲ្យទាន។ (ព្រះសម្ពុទ្ធ ត្រាស់តបថា) អារម្មណ៍​ជាទី​ត្រេកអរ​ និងមិនជាទី​ត្រេកអរ កើតមក​អំពី​ផស្សៈ កាលបើផស្សៈ​មិនមាន ទើបអារម្មណ៍​ទាំងនុ៎ះ មិនមាន អត្ថ គឺសេចក្តីវិនាស និង​សេចក្តី​ចំរើន (នៃ​អារម្មណ៍​ជាទីត្រេកអរ និង​​មិនជា​ទីត្រេកអរ) ណា អត្ថនោះ កើត​មកអំពី​ផស្សៈ​នេះ តថាគត​សំដែងប្រាប់​ដល់​អ្នក (ដូច្នេះ)។ (ព្រះពុទ្ធនិម្មិត សួរថា) ចុះ​ផស្សៈ​ក្នុង​លោក កើតមក​អំពីអ្វី មួយ​ទៀត សេចក្តី​ហួងហែង​ កើតមក​អំពីអ្វី កាលបើអ្វី​មិន​មាន សេចក្តី​ប្រកាន់ថា របស់អញ ៗ ទើបមិនមាន កាល​​បើ​អ្វីមិន​មាន ​ផស្សៈ​ទាំងឡាយ ទើប​មិន​ពាល់ត្រូវ។ (ព្រះសម្ពុទ្ធ ត្រាស់តបថា) ផស្សៈ (កើតឡើង) ព្រោះ​អាស្រ័យនាម និងរូប សេចក្តី​ហួងហែង កើតមក​អំពីឥច្ឆា កាលបើឥច្ឆា មិនមាន សេចក្តីប្រកាន់​ថា របស់​អញ ៗ ក៏មិនមាន កាលបើរូប​មិនមាន ផស្សៈទាំងឡាយ ក៏មិនពាល់ត្រូវ​។ (ព្រះពុទ្ធនិមិ្មត សួរថា) កាលបុគ្គល​ប្រតិបត្តិដូចម្តេច ទើបរូប​វិនាសទៅ មួយទៀត រូបជា​សុខ (រូបគួរ​ប្រាថ្នា) និងរូប​ជាទុក្ខ (រូបដែល​មិនជាទី​ប្រាថ្នា) វិនាស​ទៅវិញ ដោយប្រការ​ដូចម្តេច សូមព្រះអង្គ​សំដែងនូវ​រូបដែល​ជាសុខ និង​ជាទុក្ខនោះ​ដល់ខ្ញុំ រូបដែល​ជា​សុខ និងជាទុក្ខ​វិនាស​ទៅ​ដោយ​ហេតុណា ខ្ញុំ​ដឹងនូវ​ហេតុនោះ ខ្ញុំ​មានចិត្ត​ត្រិះរិះ​​ដូច្នេះ។ (ព្រះសម្ពុទ្ធ ត្រាស់តបថា) បុគ្គល​​មិនមែនជា​សញ្ញាសញ្ញី [បុគ្គល​មានសញ្ញា​ដោយសញ្ញាជា​ប្រក្រតី គឺបុគ្គល​មានសញ្ញាជា​ធម្មតា ហៅថា សញ្ញាសញ្ញីបុគ្គល។] បុគ្គល​មិនមែន ជា​វិសញ្ញាសញ្ញី [បុគ្គល​មានសញ្ញាដោយ​ខុសសញ្ញា គឺបុគ្គលឆ្កួត ឬមានចិត្ត​រាយមាយ ហៅថា វិសញ្ញាសញ្ញីបុគ្គល។] បុគ្គល​មិនមែន​ជាអសញ្ញី [បុគ្គល​មិនមែន​ជាមិនមានសញ្ញា គឺបុគ្គល​ដែលចូល​និរោធសមាបត្តិ ឬអសញ្ញីសត្វ ហៅថា អសញ្ញីបុគ្គល។] បុគ្គល​មិនមែនជា​វិភូតសញ្ញី [បុគ្គល​ដែលមាន​សញ្ញាក្នុងរូប​ដែលសូន្យ គឺបុគ្គល​ដែលមាន​អរូបជ្ឈាន ហៅថា វិភូតសញ្ញីបុគ្គល។ អដ្ឋកថា។] កាលបុគ្គល​ប្រតិបត្តិ​យ៉ាងនេះ រូបទើប​វិនាសបាន ព្រោះធម៌ជា​ចំណែកនៃ​សេចក្តីយឺត​យូរទាំងឡាយ មានសញ្ញា​ជាហេតុ។ (ព្រះពុទ្ធនិម្មិត ​ពោលថា) ខ្ញុំបាន​សួរនូវ​ធម៌ណា ព្រះអង្គ​ក៏បានសំដែង​ធម៌នោះ ដល់ខ្ញុំ​រួចហើយ ខ្ញុំ​សូម​សួរធម៌​ផ្សេងទៀត សូមព្រះអង្គ​សំដែង​ធម៌នោះ​ដល់ខ្ញុំ ឲ្យទាន (បពិត្រ​ព្រះអង្គ) ចុះ​សមណ​ព្រាហ្មណ៍ ជាបណ្ឌិត​ពួកខ្លះ ក្នុង​លោក​នេះ សំដែង​នូវ​សេចក្តី​បរិសុទ្ធិ​ដ៏ប្រសើរ របស់សត្វថា បំផុត​ត្រឹម​ប៉ុណ្ណោះឬ ឬក៏សំដែង​នូវ​សេចក្តី​បរិសុទ្ធិ​ដទៃ ជាង​អរូប​សមាបត្តិ​នេះទៅទៀត។ (ព្រះសម្ពុទ្ធ ​ត្រាស់​តបថា) ពួកសមណ​ព្រាហ្មណ៍​ជាបណ្ឌិត​ពួកខ្លះ សំដែងនូវ​អរូបសមាបត្តិ​ទាំង​ឡាយ​​នោះ ថា​ជាធម៌​ដ៏បរិសុទ្ធិ​ប្រសើរ របស់សត្វ​តែ​ប៉ុណ្ណោះ បណ្តា​​សមណ​ព្រាហ្មណ៍​ទាំងនោះ សមណព្រាហ្មណ៍​ពួកខ្លះទៀត (ជាឧច្ឆេទវាទ) ជា​អ្នក​ពោលលើក​ខ្លួនថា ឆ្លៀវឆ្លាស​ក្នុង​អនុបាទិសេស​និព្វាន តែងប្រកាន់​ពោល​នូវលទ្ធិ គឺ​សេចក្តី​ដាច់សូន្យថា (ជាធម៌​ដ៏​បរិសុទ្ធប្រសើរ​របស់​សត្វ)។ ព្រះ​ពុទ្ធ​ជាវីមំសីបណ្ឌិត ទ្រង់​ជ្រាប​នូវពួកសមណ​ព្រាហ្មណ៍​​ទាំងនោះ​ថា ជា​​អ្នក​អាស្រ័យនូវ​សស្សតទិដ្ឋិ និង​​ឧច្ឆេទទិដ្ឋិ​ផង ទ្រង់​ជ្រាប​នូវធម៌គ្រឿង​អាស្រ័យ​​នៅ (របស់ពួក​សមណ​ព្រាហ្មណ៍​ទាំងនោះ) ផង ជ្រាប (នូវ​ធម៌​ទាំងឡាយ ថា​ជាទុក្ខ​ មិនទៀង​ជាដើម) ហើយ​បាន​​រួចស្រឡះ​ផង ទើប​មិន​ដល់​នូវ​ការ​ទាស់​ទែង អ្នក​ប្រាជ្ញតែង​មិនមក ដើម្បី​កើតរឿយ ៗ ឡើយ។

ចប់ កលហវិវាទសូត្រ ទី១១។

ចូឡវិយូហសូត្រ ទី១២

[១០៦] (ព្រះពុទ្ធនិម្មិត ត្រាស់សួរព្រះសម្ពុទ្ធថា) សមណព្រាហ្មណ៍​ទាំងឡាយ កាលដំអក់​នៅក្នុងទិដ្ឋិ (សេចក្តី​យល់ឃើញ) របស់ខ្លួន ៗ រមែង​ប្រកាន់មាំ ប្តេជ្ញាថា ខ្លួនជាអ្នក​ឆ្លៀវឆ្លាស (ក្នុងទិដ្ឋិនោះ) ហើយ​និយាយ​ផ្សេង ៗ​ គ្នា បុគ្គលណា ​ដឹងយ៉ាងនេះ បុគ្គលនោះ​ឈ្មោះថា ដឹងនូវ​ធម៌ពិត បុគ្គលណា បដិសេធ​ធម៌នេះ បុគ្គលនោះ ឈ្មោះថា មិនមាន​គុណបរិបូណ៌​ឡើយ។ លុះ​សមណ​ព្រាហ្មណ៍​ទាំង​ឡាយ ប្រកាន់មាំ​យ៉ាងនេះ​ហើយ តែង​ទាស់ទែងគ្នា ទាំងពោល​តិះដៀលថា បុគ្គលដទៃ ៗ ជាបុគ្គល​ពាល ជាបុគ្គល មិន​ឈ្លាសវៃ វាទៈរបស់​សមណព្រាហ្មណ៍​ទាំងឡាយនេះ​បែបណា ​ជាវាទៈពិត ព្រោះ​សមណ​ព្រាហ្មណ៍​ទាំងនេះ ជាអ្នក​ពោលលើក​ខ្លួនថា ឆ្លៀវឆ្លាស។ (ព្រះសម្ពុទ្ធ ​ត្រាស់​ថា​) សមណព្រាហ្មណ៍ កាលបើមិន​យល់ឃើញ​នូវធម៌​របស់ជន​ដទៃ ឈ្មោះថា ជាបុគ្គលពាល ជាបុគ្គល​ថោកទាប មានប្រាជ្ញា​ទន់​ទាប សមណព្រាហ្មណ៍​ទាំងអស់ សុទ្ធតែជា​បុគ្គល​ពាល មានប្រាជ្ញា​ថោកទាប ឈ្មោះថា សមណ​ព្រាហ្មណ៍​ទាំងនេះ ជាអ្នក​​ដំអក់នៅ​ក្នុង​ទិដ្ឋិ។ មួយទៀត បើ​សមណ​ព្រាហ្មណ៍​ទាំងឡាយ ជាអ្នកផូរផង់ក្នុងទិដ្ឋិ​របស់ខ្លួន ជា​អ្នក​មាន​​បា្រជ្ញាដ៏​បរិសុទ្ធ ជា​អ្នកឈ្លាសវៃ ជាអ្នក​មាន​បា្រជ្ញា បណ្តា​សមណ​ព្រាហ្មណ៍​ទាំង​នោះ រកអ្នក​ណាមួយ មានបា្រជ្ញា​ថោកទាប​ គ្មានទេ ព្រោះថា​ សមណព្រាហ្មណ៍​ទាំង​នោះ មានទិដ្ឋិស្មើ ៗ គ្នា។ ជន​ទាំងឡាយ (អ្នកធ្វើនូវជំលោះ) ផ្ទឹមគ្នា​ជាគូ ៗ បានពោល​សង្កត់សង្កិន​នូវគ្នានឹងគ្នា​ដោយពាក្យ​ណា​ថា អ្នក​នេះ ជាបុគ្គល​ពាល ដូច្នេះ តថាគត មិន​បាន​ពោលនូវ​ពាក្យនុ៎ះ​ថា ​ជាពាក្យ​ពិតឡើយ ព្រោះថា ជនទាំងនោះ បានធ្វើនូវ​សេចក្តី​យល់ឃើញ​របស់​ខ្លួន ៗ ថាជា​របស់​ពិត ព្រោះហេតុនោះ បានជាជន​ទាំងនោះ ដុតកំដៅ​បុគ្គល​ដទៃដោយ​ពាក្យថា បុគ្គលពាល។ (ព្រះពុទ្ធនិមិ្មត សួរថា) សមណ​ព្រាហ្មណ៍​ពួកខ្លះ បាន​សរសើរ​ទិដ្ឋិណា ថាជា​របស់ពិត​ទៀងទាត់ ចំណែក​សមណ​ព្រាហ្មណ៍​ពួកដទៃ តិះ​ដៀល​ទិដ្ឋិនោះ ថាជារបស់​ទទេ កុហកវិញ លុះសមណ​ព្រាហ្មណ៍​ទាំងនោះ ប្រកាន់ផ្សេង ៗ យ៉ាងនេះ​ហើយ ក៏ទាស់ទែងគ្នា ចុះ​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ មិននិយាយ​មូល​មាត់​គ្នា​តែបែបមួយ តើព្រោះ​ហេតុអ្វី។ (ព្រះសម្ពុទ្ធ ​ត្រាស់ថា) ព្រោះថា បុគ្គលកាល​ដឹងច្បាស់​ក្នុងសច្ចៈ​ណា ទើបមិន​ទាស់ទែងគ្នា ឯសច្ចៈនោះ មានតែមួយ មិនមែនមាន​ពីរឡើយ ប៉ុន្តែ​ជន​ទាំងឡាយ តែង​សរសើរ​សច្ចៈរបស់​ខ្លួនផ្សេង ៗ គ្នា ហេតុនោះ បានជា​ពួក​សមណ​ព្រាហ្មណ៍ មិន​និយាយ​មូលមាត់គ្នា​តែបែបមួយ។ (ព្រះពុទ្ធ​និមិ្មត​សួរថា) ព្រោះ​ហេតុអ្វីហ្ន៎ បាន​ជា​សមណព្រាហ្មណ៍​ទាំងឡាយ ដែល​ពោល​លើកខ្លួនថា ជាអ្នក​ឆ្លៀវ​ឆ្លាស ជាអ្នកពោល​តាមបំណង​របស់ខ្លួន តែង​ពោល​សច្ចៈផ្សេង ៗ គ្នា ចុះសមណ​ព្រាហ្មណ៍​​ទាំងនោះ បានឮមកថា សច្ចៈ​មាន​ច្រើនផ្សេង ៗ គ្នាឬ ឬក៏សមណ​ព្រាហ្មណ៍​ទាំងនោះ នឹក​រកដោយ​សេចក្តី​ត្រិះរិះ​របស់​​ខ្លួនទេ។ (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា) សច្ចៈ​ទាំង​ឡាយ​ច្រើន​ផ្សេង ៗ គ្នា​ក្នុងលោក​ មិនមានទេ លើកលែង​តែសេចក្តី​ប្រកាន់ថា ទៀង​ដោយ​​សញ្ញា​ចេញ គឺមានតែ​បរមត្ថសច្ចៈ​មួយប៉ុណ្ណោះ មួយទៀត សមណ​ព្រាហ្មណ៍​ទាំងឡាយ កំណត់ទុក​នូវសេចក្តី​ត្រិះរិះ ឲ្យប្រជុំចុះ​ក្នុងទិដ្ឋិ​ទាំងឡាយ ហើយ​និយាយ​នូវ​ហេតុ​មួយគូជា​ធម្មតា គឺ​សេចក្តីពិត ១ មុសា ១។ បុគ្គល​ពួកមួយ អាស្រ័យនូវទិដ្ឋិធម៌​ទាំង​នេះ គឺ​អារម្មណ៍​ដែលខ្លួន​ឃើញហើយ ឬ​ឮហើយ ​ដែលខ្លួន​ពាល់ត្រូវហើយ ឬសីលវ័ត ជា​អ្នក​ឃើញនូវសេចក្តី​ប្រកាន់ធំ គឺ​​សន្តិភាព លុះឋិតនៅក្នុង​វិនិច្ឆ័យធម៌ គឺ​ទិដ្ឋិ ៦២ ហើយ​រីករាយ​ក៏​ពោល​តិះដៀលថា បុគ្គល​ដទៃជាបុគ្គល​ពោលមិន​ឆ្លៀវឆ្លាស។ មួយទៀត​ បុគ្គល​នោះ តែងដុត​កំដៅ​បុគ្គល​ដទៃថា ជាបុគ្គលពាល ៗ ដូច្នេះ ដោយ​ហេតុ​ណា ក៏​បាន​ពោលលើក​ខ្លួនឯង ថាជាអ្នក​ឆ្លៀវឆ្លាស ដោយហេតុនោះ​ បុគ្គលនោះ ពោលលើក​ខ្លួនឯងថា ជាអ្នក​ឆ្លៀវឆ្លាស ចំពោះខ្លួន​ដោយខ្លួន​ឯង រមែងតិះ​ដៀលបុគ្គល​ដទៃ ហើយ​ពោល​​ប្រកាន់ទិដ្ឋិនោះ។ បុគ្គល​នោះ ​បរិបូណ៌​​ហើយ​ដោយទិដ្ឋិ គឺ​ការយល់​ឃើញថា មាន​ខ្លឹមសារ​ក្រៃពេក និង​ដោយ​មានះ មានមានះដ៏បរិបូណ៌ ប្រស់ព្រំ​សន្តានខ្លួន​ដោយមានះ គឺ​​ប្រកាន់ថា​ ខ្លួន​ជាបណ្ឌិត​ ទិដ្ឋិនោះ របស់បុគ្គលនោះ បរិបូណ៌​ហើយដោយ​ប្រការ​ដូច្នោះ។ ប្រសិនបើ​មានបុគ្គល​អ្នកថោកទាប ដោយសារ​វាចាពាក្យ​តិះដៀល​របស់​បុគ្គលដទៃ បុគ្គលដែល​តិះដៀល​គេនោះ នឹងទៅ​ជាបុគ្គល​មាន​បា្រជ្ញា​ថោកទាប ស្មើនឹង​បុគ្គល​ថោកទាបនោះ មួយទៀត បើបុគ្គលនោះ ជាអ្នកដល់​នូវវេទ ជាអ្នក​បា្រជ្ញ មាន​ប្រាជ្ញា​​ខ្ជាប់ខ្ជួន​ចំពោះខ្លួន​​ឯង ក៏រកបុគ្គល​ណាមួយ ជា​មនុស្ស​ល្ងង់ ក្នុង​ពួកសមណៈ ​មិន​មាន។ ពួកបុគ្គលណា សរសើធម៌ គឺ​ទិដ្ឋិដទៃ​ក្រៅ​ពីនេះ​ ពួកបុគ្គលនោះ ជាអ្នកមានគុណ​មិន​បរិបូណ៌ ឈ្មោះថា ប្រទូស្តចំពោះ​ផ្លូវ​ដ៏​បរិសុទ្ធ ពួក​តិរិ្ថយតែង​និយាយ​តិះដៀល​គ្នា ដោយ​ច្រើន​យ៉ាងនេះឯង ព្រោះ​​ថា តិរ្ថិយទាំងនោះ ត្រេកអរ​ស៊ប់​ហើយដោយ​តម្រេក ក្នុង​ទិដ្ឋិ​របស់ខ្លួន។ លុះពួកតិរិ្ថយ (ត្រេកអរ​យ៉ាងនេះហើយ) ទើបនាំគ្នា​និយាយសរសើរ​សេចក្តី​​បរិសុទ្ធិ ក្នុងធម៌ (របស់ខ្លួន) នេះតែម្យ៉ាង មិននិយាយ​សរសើរ​សេចក្តីបរិសុទ្ធិ ក្នុង​ធម៌​ទាំងឡាយ​ដទៃឡើយ ពួកតិរិ្ថយ​ តែងចូលចិត្ត​ដោយច្រើន​យ៉ាងនេះ ហើយ​ពោល​ប្រកាន់​មាំ ក្នុងផ្លូវនៃ​ទិដ្ឋិរបស់ខ្លួន​នោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឡើយ ពួក​តិរិ្ថយ​ទាំងនោះ សូម្បី​តែ​មួយនាក់ កាលពោល​ប្រកាន់មាំ ក្នុងផ្លូវនៃ​ទិដ្ឋិរបស់​ខ្លួនហើយ មុខជាដុតកំដៅ​បុគ្គល​ដទៃ ថា​ជាមនុស្ស​ពាល ព្រោះទិដ្ឋិរបស់​ខ្លួនដូច្នេះ លុះតិរិ្ថយ​ពោលនូវ​បុគ្គលដទៃថា ជាមនុស្ស​ពាល ថាជាអ្នក​មានធម៌​​មិនបរិសុទ្ធិហើយ គប្បីនាំ​មកនូវជម្លោះ​ចំពោះខ្លួនឯង។ តិរិ្ថយនោះ តាំងនៅក្នុង​វិនិច្ឆយធម៌ (ដោយតណ្ហា និងទិដ្ឋិ)​ តាំងលទ្ធិ​ដោយខ្លួនឯង​ហើយ រមែងដល់​នូវការទាស់​ទែងគ្នា ដ៏ក្រៃលែង​លើសលុប​ក្នុងលោក ចំណែក​សត្វ ដែល​លះបង់​​នូវវិនិច្ឆយធម៌​ទាំងអស់ (ដោយ​អរិយមគ្គ) រមែង​មិនធ្វើនូវ​ជម្លោះ​ក្នុងលោក​ឡើយ។

ចប់ ចូឡវិយូហសូត្រ ទី១២។

មហាវិយូហសូត្រ ទី១៣

[១០៧] (ព្រះពុទ្ធនិមិ្មត សួរថា) សមណព្រាហ្មណ៍ណាមួយ ត្រាំនៅក្នុង​ទិដ្ឋិ (របស់​ខ្លួន) តែង​ជជែកគ្នាថា នេះ​ឯង​ជារបស់ពិត តើ​ពួក​សមណព្រាហ្មណ៍​​ទាំងអស់​នោះ នឹងនាំ​មក​រឿយ ៗ នូវពាក្យនិន្ទា ឬ​បាននូវពាក្យ​សរសើរ ព្រោះ​​ទិដ្ឋិរបស់​ខ្លួននោះ ដែរឬ។ (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ផលនៃវាទៈ គឺសេចក្តី​សរសើរនុ៎ះ មាន​បន្តិច​បន្តួចទេ មិន​គួរដើម្បី​សេចក្តី​ស្ងប់រម្ងាប់ (រាគៈជាដើម) បានឡើយ តថាគត​ពោលនូវ​ផលនៃ​ការ​ជជែក​គ្នា ព្រោះទិដ្ឋិ​មានពីរប្រការ គឺនិន្ទា និងសរសើរ ចំណែក​ជនជាបណ្ឌិត​ ឃើញ​ទោស​ក្នុង​ការជជែកគ្នានុ៎ះ ហើយឃើញ​ច្បាស់នូវ​ព្រះនិពា្វន ជាភូមិ​មិនទាស់​ទែងគ្នា ថាជាទី​ដ៏ក្សេមក្សាន្ត ទើបមិនទាស់​ទែងគ្នា។ ទិដ្ឋិទាំងឡាយ​ឯណា​មួយ​ ដែលកើតច្រើន អ្នក​បា្រជ្ញ​រមែងមិន​ប្រកាន់នូវ​ទិដ្ឋិទាំងនុ៎ះ បើលោក​មិនមាន​សេចក្តីប្រកាន់ (នូវទិដ្ឋិ) មិន​ធ្វើសេចក្តី​ស្រឡាញ់ អារម្មណ៍ដែល​ឃើញហើយ ឮហើយ ធ្វើម្តេចឡើយ​នឹងប្រកាន់​នូវ​អារម្មណ៍​ដែលគួរ​ប្រកាន់។ សមណ​ពា្រហ្មណ៍​ពួកមួយ ​ប្រកាន់​ពោលថា សីលជា​គុណដ៏​ខ្ពង់ខ្ពស់ ហើយសំដែង​នូវសេចក្តី​បរិសុទ្ធិ ដោយ​គុណត្រឹម​តែការសង្រួម ជនទាំង​ឡាយ​នោះ សមាទាន​នូវវត្តហើយ ប្រកាន់មាំ (ក្នុងវត្ត​ដែលខ្លួន​សមាទាន​នោះ) ដោយគិត​ឃើញ​ថា យើងទាំង​ឡាយ នឹង​សិក្សា​នូវសេចក្តី​បរិសុទ្ធិរបស់​វត្ត​នោះ ក្នុងទិដ្ឋិរបស់​ខ្លួននេះ តែម្យ៉ាង ព្រោះ​ជន​ទាំងឡាយនោះ​ មានភព គឺកម្មនាំ​ចូលទៅ​ជិតហើយ តែងពោល​នូវ​ខ្លួនថា ជា​អ្នកឈ្លាស។ បើបុគ្គលណា ឃ្លាតចាក​សីល និងវ័តហើយ បុគ្គលនោះ រមែង​ញាប់ញ័រ​ព្រោះខុស​ចាកកម្ម បុគ្គលនោះឯង តែងចង់​បានផង បា្រថ្នាផង នូវ​សេចក្តី​បរិសុទ្ធិ ដូចបុគ្គល​កាលព្រាត់បា្រស​ចាកផ្ទះ ហើយ​​សាបសូន្យ​ចាក​ពួក។ មួយទៀត អរិយសាវ័ក លះបង់​សីល និងវ័ត (ដ៏បរិសុទ្ធិ) ទាំងអស់ផង កម្ម​មានទោសផង មិនមាន​ទោសនុ៎ះ​ផង​ចេញហើយ មិនបា្រថ្នា​នូវសេចក្តី​បរិសុទ្ធិ និងសេចក្តី​មិនបរិសុទ្ធិផង ឈ្មោះថា ជាអ្នកវៀរ​ស្រឡះ ព្រោះមិន​ប្រកាន់​នូវ​​ទិដ្ឋិ។ មានសមណ​ព្រាហ្មណ៍ពួកមួយ តែងអាស្រ័យ​ទិដ្ឋិនោះ ​ដែលគួរខ្ពើម មួយទៀត តែង​អាស្រ័យទិដ្ឋិ (សេចក្តី​យល់ឃើញ) ថា បរិសុទ្ធិ​ព្រោះឃើញ បរិសុទ្ធិ​ព្រោះស្តាប់ បរិសុទ្ធិ​ព្រោះពាល់​ត្រូវ ជា​ឧទ្ធំស​រវាទ ជាអ្នក​មានតណ្ហា​ក្នុងភពតូច​ភពធំ មិនទាន់​ទៅប្រាស រមែងពោល​នូវសេចក្តី​បរិសុទ្ធិ។ ជប្បនៈ គឺតណ្ហា​ទាំងឡាយ ក៏កើតឡើង​ដល់បុគ្គល​អ្នកបា្រថ្នា ឬសេចក្តី​រន្ធត់ញាប់ញ័រ ក៏កើត​ឡើង​ក្នុងធម៌​ទាំងឡាយ ដែល​ខ្លួន​កំណត់ហើយ ការច្យុតិ និង​ការ​កើតឡើង របស់បុគ្គល​ណា មិនមាន​ក្នុងលោក​នេះ បុគ្គល​នោះ គប្បីញាប់ញ័រ​ដោយហេតុអ្វី គប្បីបា្រថ្នា​ក្នុង​អ្វីទៀត។ (ព្រះពុទ្ធនិមិ្មត​សួរថា) សមណ​ព្រាហ្មណ៍ពួកមួយ បាននិយាយ​ធម៌ណា ថាជា​ធម៌ដ៏ឧត្តម សមណព្រាហ្មណ៍​ពួកឯទៀត បាននិយាយ​ធម៌នោះ ថាជាធម៌​ថោកទាបវិញ ចុះ​ពាក្យ​របស់សមណ​ព្រាហ្មណ៍ទាំង​ពីរពួក តើ​ពាក្យណា​ ជាពាក្យ​ពិតត្រង់ ព្រោះ​សមណ​​ព្រាហ្មណ៍ទាំង​អស់នេះ តែង​ពោល​លើកខ្លួនថា ជាអ្នកឈ្លាស។ (ព្រះសម្ពុទ្ធ ត្រាស់ថា)​ សមណព្រាហ្មណ៍​ពួកមួយ បានពោល​ធម៌របស់ខ្លួន​ថា ជាធម៌​បរិបូណ៌ (ល្អ​ពេញទី) ពោលធម៌​របស់ជន​ដទៃ ថាជា​ធម៌​ថោកទាប សមណ​ព្រាហ្មណ៍​ទាំងឡាយ ប្រកាន់​​យ៉ាងនេះ រមែង​​បង្កជម្លោះ ឲ្យ​កើតឡើង បាន​សរសើរ​ទិដ្ឋិរបស់ខ្លួន ៗ ថា ជា​ធម៌ពិត។ បើ​បុគ្គល​នោះ នឹងទៅជាអ្នក​ថោក​ទាប ព្រោះ​ដំនៀល​របស់បុគ្គល​​ដទៃ មិនមាន​អ្នក​ណា​មួយ ដែល​វិសេស​ក្នុង​ធម៌​ទាំងឡាយ​បាន​ទេ ព្រោះថា បុគ្គល​ច្រើននាក់ ជាអ្នក​ប្រកាន់​មាំ​ក្នុង​ធម៌​របស់​ខ្លួន តែង​តិះដៀល​ធម៌​របស់ជន​ដទៃ ថាជា​ធម៌ថោកទាប។ ជន​ទាំងឡាយ តែង​សរសើរ​នូវផ្លូវជា​គ្រឿងប្រព្រឹត្ត​ទៅ​នៃ​សេចក្តី​ប្រតិបត្តិ​ គឺ​ធម៌របស់ខ្លួន យ៉ាង​ណា ការ​បូជា​ធម៌របស់ខ្លួន ក៏យ៉ាងនោះ (កាលបើ​យ៉ាងនេះ) ពាក្យ​​ទាំង​ពួង គប្បី​ជារបស់​ពិតមែន សេចក្តី​​បរិសុទ្ធិ នឹងមាន​ចំពោះខ្លួននៃ​សមណ​ព្រាហ្មណ៍​ទាំងនោះ​ពិត។ ញាណ​​ដែលបុគ្គល​ដទៃ​គប្បី​ដឹកនាំ និងសេចក្តី​ប្រកាន់​ព្រោះ​​វិនិច្ឆ័យក្នុង​ទិដ្ឋិធម៌​ទាំង​ឡាយ មិនមានដល់​ខីណាសវ​ពា្រហ្មណ៍ ព្រោះហេតុនោះ ខីណាសវ​ព្រាហ្មណ៍​នោះ ទើបឆ្លង​ពាក្យវិវាទ​ទាំងឡាយ​បាន ទាំងមិន​យល់ឃើញ​ធម៌ដទៃថា ប្រសើរទេ។ សមណ​ព្រាហ្មណ៍​ពួកមួយ ​ពោល​អាង​បរិសុទ្ធិ ដោយទិដ្ឋិ​ ថាខ្ញុំដឹង ខ្ញុំឃើញ របស់នុ៎ះ​ពិតមែន បើទុក​ជា​មាន​សមណ​ព្រាហ្មណ៍ខ្លះ បានឃើញដោយ​បរចិត្តញ្ញាណ​​ជាដើម នឹងមាន​ប្រយោជន៍​អ្វី ដោយ​ការ​ឃើញរបស់​សមណព្រាហ្មណ៍​នោះ (បានជា) ពួកសមណ​ព្រាហ្មណ៍​ខ្លះ កន្លង (នូវ​អរិយមគ្គ) ហើយ​សំដែង​នូវសេចក្តី​បរិសុទ្ធិ ដោយ​ឧបាយ​ដទៃ​វិញ។ នរជន កាលឃើញ រមែងឃើញ​តែនាមរូប លុះឃើញហើយ រមែង​ដឹង​នូវនាមរូប​នោះ​ប៉ុណ្ណោះ កាលបើឃើញ​ដោយ​វិបល្លាសសញ្ញា​​យ៉ាងនេះ ចង់ឃើញ​ច្រើន ឬតិច​ក៏​ដោយ អ្នកបា្រជ្ញ​ទាំងឡាយ មិន​ពោល​នូវសេចក្តី​បរិសុទ្ធិ ដោយការ​ឃើញ​ត្រឹម​ប៉ុណ្ណោះ​ទេ។ បុគ្គលអ្នកពោល​ប្រកាន់មាំ មិនងាយ​គេប្រដៅ​បានទេ បុគ្គលអ្នក​ធ្វើទិដ្ឋិដែល​ខ្លួន​កំណត់​ហើយ ឲ្យជាប្រធាន អាស្រ័យនូវ​សាស្តា​ណា រមែង​ជា​អ្នកពោល​សរសើរថា ល្អ​ក្នុងសាស្តានោះ បុគ្គលនោះ ជាអ្នក​ពោល​នូវ​សេចក្តីបរិសុទ្ធិ បាន​ឃើញថា ជា​ធម៌ពិត ក្នុង​វាទៈរបស់សាស្តា​​នោះ។ ខីណាសវព្រាហ្មណ៍ ដឹង​ច្បាស់ (នូវ​សង្ខារធម៌​ទាំងពួង) រមែងមិន​ប្រកាន់នូវការ​កំណត់ ដោយតណ្ហា​ និងទិដ្ឋិ ជាអ្នកមិន​ប្រព្រឹត្តទៅ​ក្នុង​ទិដ្ឋិ ទាំងមិនមាន​ផៅពង្ស គឺ​តណ្ហា និងទិដ្ឋិ ដោយ​​មិច្ឆាញាណទេ មួយទៀត ខីណាសវ​ព្រាហ្មណ៍​នោះ បាន​ដឹង​ហើយនូវ​ទិដ្ឋិ​ទាំងឡាយ ដែលកើត​ហើយ​អំពីជន​ច្រើននាក់ ក៏ព្រងើយ​កន្តើយ គឺ​មិន​ប្រកាន់មាំ​ដោយអំណាច​តណ្ហា និងទិដ្ឋិ ចំណែក​ជនទាំងឡាយ​ដទៃ រមែង​ប្រកាន់​ស្អិត។ អ្នកបា្រជ្ញក្នុង​លោក​នេះ លះបង់នូវកិលេស​គ្រឿងចងក្រង កាលជន​ទាំងឡាយ មានការ​ទាស់​ទែងកើតហើយ លោកជាអ្នក​មិនប្រព្រឹត្ត​ជាពួក កាលជន​ទាំងឡាយ មិនស្ងប់ លោកជា​អ្នកស្ងប់ លោកជា​អ្នកប្រងើយ​កន្តើយ ​មិនប្រកាន់ ចំណែកជន​ទាំង​ឡាយ​ដទៃ រមែងប្រកាន់ស្អិត។ ខីណាសវ​ព្រាហ្មណ៍ លះបង់នូវ​អាសវៈមុន មិន​ធ្វើអាសវៈថ្មី ជាអ្នកមិនលុះក្នុង​ឆន្ទាគតិ (ជាដើម) ទាំងមិន​ចរចាតាម​សេចក្តី​ប្រកាន់ស្អិត ខីណាសវ​ព្រាហ្មណ៍​នោះ ជាអ្នកប្រាជ្ញ រួច​ស្រឡះ​ចាកទិដ្ឋិ​ទាំងឡាយ ជាអ្នកមិនតិះ​ដៀល​ខ្លួនឯង មិន​ជាប់​នៅក្នុង​លោក។ ខីណាសវ​ព្រាហ្មណ៍នោះ លោក​ជា​អ្នកមិនមាន​មារសេនា ក្នុងធម៌​ទាំងពួង មិនមាន​មារសេនា ក្នុង​អារម្មណ៍​ណាមួយ ដែលឃើញ​ហើយ ឮហើយ ប៉ះពាល់ហើយ ខីណាសវ​ព្រាហ្មណ៍នោះ ជាអ្នកប្រាជ្ញ មានភារៈ​ដាក់ចុះហើយ រួច​ស្រឡះ​ចាក​រាគាទិក្កិលេស​ មិនមាន​គ្រឿងកំណត់​ដោយ​តណ្ហា និងទិដ្ឋិ មិនត្រេកអរ មិន​មាន​កិលេសជាតិ​គ្រឿងប្រាថ្នា​ឡើយ។

ចប់ មហាវិយូហសូត្រ ទី១៣។

តុវដកសូត្រ ទី១៤

[១០៨] (ព្រះពុទ្ធនិមិ្មត សួរថា) ខ្ញុំសូមសួរ​នូវសេចក្តី​ស្ងាត់ផង នូវចំណែក​នៃសេចក្តី​ស្ងប់ផង នឹង​ព្រះអង្គ ជាផៅពង្ស​នៃ​ព្រះអាទិត្យ អ្នកស្វែង​រកគុណ​ដ៏ធំ ចុះភិក្ខុ​ឃើញ​ដោយ​ប្រការ​ដូចម្តេច មិនប្រកាន់​មាំនូវអ្វី​មួយក្នុង​លោក ទើបរំលត់​កិលេសបាន។ (ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា) ភិក្ខុគប្បី​បិទនូវ​ឫសនៃ​បបញ្ចសង្ខារ (ធម៌ជាគ្រឿង​ធ្វើ​សត្វឲ្យ​យឺតយូរ គឺតណ្ហាទិដ្ឋិ) ផង នូវ​អស្មិមានះ​ទាំងពួងផង ដោយបា្រជ្ញា តណ្ហា​ទាំងឡាយ​ណាមួយ មានខាងក្នុង​សន្តានសត្វ ភិក្ខុជាអ្នក​មានស្មារតី​គ្រប់ពេល គប្បី​សិក្សា​ដើម្បី​កំចាត់បង់​តណ្ហា​ទាំងនោះ​​ចេញ។ ភិក្ខុគប្បី​ដឹងនូវគុណធម៌​ណាមួយ ជាខាងក្នុង ឬ​ខាង​ក្រៅ មិនគប្បី​ធ្វើនូវកម្លាំង (ការលើកដំកើង) ដោយ​គុណធម៌នោះ ព្រោះការ​រំលត់នោះ សប្បុរស​ទាំងឡាយ មិន​បាន​ប្រកាសឡើយ។ ភិក្ខុ​មិន​គប្បី​សំគាល់ថា អញ​ជាបុគ្គល​ប្រសើរជាង​​គេ អញជាបុគ្គល​ថោកទាប​ជាង​គេ ឬថា​​ជា​បុគ្គលស្មើ ៗ នឹងគេ ដោយ​សារ​គុណធម៌​នោះឡើយ ភិក្ខុ​ប្រកប​ដោយ​គុណធម៌ មាន​សភាព​ច្រើនយ៉ាង មិន​គប្បី​តាំងខ្លួន ដំកើង​ខ្លួន​ទេ។ ភិក្ខុ​​គប្បី​រម្ងាប់ (រាគាទិកិ្កលេស) ក្នុងសន្តាន ភិក្ខុមិនគប្បី​ស្វែង​រក​សេចក្តីស្ងប់ ដោយ​​ឧបាយ​ដទៃទេ កាល​បើ​លោករម្ងាប់​នូវរាគាទិកិ្កលេស ក្នុង​សន្តាន​ហើយ សេចក្តីយល់​ឃើញថា ខ្លួន​គឺ​សស្សតទិដ្ឋិ រមែង​មិនមាន សេចក្តី​យល់​ឃើញថា មិនមែន​​ខ្លួន គឺ​ឧច្ឆេទទិដ្ឋិ នឹងមាន​មកអំពីណា។ រលក​​រមែងមិនកើត​ឡើងត្រង់​ជំរៅពាក់​កណ្តាល​សមុទ្ទ ទឹក​ត្រង់ក​ណ្តាលនោះ រមែង​តាំង​នៅនឹង មាន​ឧបមា​យ៉ាងណា​មិញ មាន​ឧបមេយ្យ ដូច​ភិក្ខុ​អ្នកតាំង​នៅនឹងនួន ជា​អ្នកមិនមាន​តណ្ហា​ជា​គ្រឿងញាប់​ញ័រ​ដូច្នោះ​ឯង មិនគប្បី​​ធ្វើកិលេស​ឲ្យ​ពុះពោរក្នុង​ទីណា​មួយ។ (ព្រះពុទ្ធនិមិ្មត សួរថា) ព្រះអង្គ​មានចក្ខុ​បើក​ហើយ បានសំដែង​ធម៌ ចំពោះ​ភ្នែក គឺធម៌ ដែល​ព្រះអង្គ​ឃើញច្បាស់​ហើយ ដោយ​ព្រះអង្គ​ឯង ជា​ធម៌​កំចាត់នូវ​សេចក្តី​អន្តរាយ បពិត្រ​​ព្រះអង្គ​ដ៏ចំរើន សូម​​ព្រះអង្គ​សំដែង​នូវ​បដិបទា​ផង នូវ​​បាតិមោក្ខសីល​ផង នូវ​​សមាធិចិត្តផង។ (ព្រះមានព្រះភាគ ត្រាស់ថា) ភិក្ខុ​គប្បីជា​អ្នកមិន​រឡេមរឡាម​​ដោយចក្ខុ​ទាំង​ឡាយផង គប្បី​បិទ​ខ្ទប់នូវត្រចៀក ក្នុង​ពាក្យ​នៃ​អ្នកស្រុក​ផង មិន​គប្បី​ជាប់នៅ​ក្នុងរស​ផង មិនគប្បី​ប្រកាន់នូវ​របស់ណា​មួយក្នុង​លោកផង។ កាលណាភិក្ខុ​ត្រូវផស្សៈ​ប៉ះពាល់ហើយ ភិក្ខុ​មិន​គប្បីធ្វើនូវ​សេចក្តី​​ខ្សឹកខ្សួល​ផង មិន​គប្បី​បា្រថ្នា​នូវ​ភពណា​មួយ​ផង មិន​គប្បី​ញាប់ញ័រ​​ក្នុងសត្វ​សាហាវ ដែលគួរ​ស្ញប់ស្ញែង​ផង។ មួយទៀត ភិក្ខុ​បើបាន​នូវបាយ ទឹក ខាទនីយៈ ឬសំពត់​ទាំង​ឡាយ​ហើយ មិន​គប្បីធ្វើ​នូវសន្និធិ (ការសន្សំទុក) ឡើយ កាល​បើមិនបាន​វត្ថុទាំង​នោះ​ទេ ក៏មិនគប្បី​អន្ទះសារ។ ភិក្ខុ​គប្បី​ជាអ្នក​អភិរម្យ​ក្នុងឈាន គប្បី​​ជាអ្នក​មិនរពឹស​ជើង គប្បីវៀរចាក​សេចក្តី​រពឹស (មានរពឹស​ដៃជាដើម) មិន​​គប្បីធ្វេស​ប្រហែស មួយទៀត គប្បីនៅក្នុង​ទី​អង្គុយ ទីដេក ដែល​មាន​សំឡេង​តិច។ ភិក្ខុ​មាន​សេចក្តីព្យាយាម មិន​គប្បី​ធ្វើការ​ដេកលក់​ឲ្យ​ច្រើន​ទេ គប្បី​​គប់រកនូវ​សេចក្តី​ភ្ញាក់​រឭក គប្បី​លះបង់​សេចក្តីខ្ជិល​ច្រអូស មាយា ល្បែង​សើច ល្បែងលេង​មេថុន ព្រមទាំង​ការស្អិតស្អាង​ខ្លួន​ចេញ។ ភិក្ខុអ្នករាប់អាន​ព្រះ​រតនត្រ័យ មិន​គប្បី​ប្រកប​​អាថព្វណមន្ត (មន្ត​​សម្រាប់ឲ្យ​ឧបទ្ទវៈ​កើតឡើង ក្នុងបច្ចាមិត្ត) មន្ត​សម្រាប់​ទាយសុបិន មន្តសម្រាប់​ទាយ​លក្ខណៈ មន្ត​​សម្រាប់សំដែង​ឫក្សមង្គល មិន​គប្បី​សេពគប់​​មន្តសម្រាប់​ទាយសម្រែក​សត្វផង ថ្នាំ​សម្រាប់​ធ្វើគភ៌ឲ្យតាំង​នៅផង ការរក្សា​រោគ​ផង។ ភិក្ខុមិន​គប្បីញាប់ញ័រ​នឹងពាក្យនិន្ទា បើ​មាន​គេសរសើរ ក៏មិន​គប្បី​ឡើងជោរ​ផង គប្បី​បន្ទោ​បង់លោភៈ មច្ឆរិយៈ សេចក្តី​ក្រេវក្រោធ និងពាក្យ​ញុះញង់។ ភិក្ខុមិន​គប្បី​តាំងនៅ​ក្នុងការលក់​ចេញ ទិញចូល មិនគប្បីធ្វើ​ការពោលតិះ​ដៀល​ក្នុងទីណាមួយ មិនគប្បីជាប់​ចិត្តក្នុង​ស្រុក មិន​គប្បី​ចរចានឹង​ជន ព្រោះ​​បា្រថ្នា​លាភ។ មួយទៀត ភិក្ខុមិន​គប្បី​ពោលវាចា​លើកខ្លួន មិន​គប្បី​ពោល​វាចា​ផ្សែផ្សំ មិនគប្បី​​សិក្សានូវ​សេចក្តី​ឃ្នើសឃ្នង កាយ វាចា ចិត្ត មិន​គប្បី​ពោលពាក្យ​ប្រណាំប្រជែង។ ភិក្ខុ​មិនគប្បី​ដឹកនាំ ក្នុងពាក្យ​មុសាវាទ មិន​គប្បី​ធ្វើការ​អួតអាង​ទាំងដឹង​ខ្លួន មួយទៀត មិន​គប្បី​មើលងាយ​អ្នក​ដទៃ ដោយ​​អាជីវៈ (ការចិញ្ចឹម​ជីវិត) និង​បញ្ញា និងសីលវ័ត។ ភិក្ខុ​កាល​បើបាន​ឮពាក្យ (មិន​ជាទី​គាប់ចិត្ត) ដ៏ច្រើន របស់​​សមណៈ​ទាំងឡាយ ឬ​របស់​បុថុជ្ជនទាំង​ឡាយ មិន​គប្បី​ប្រទូស្ត​ទៅរក មិន​គប្បី​ពោលតប ដោយ​​ពាក្យអាក្រក់ ព្រោះថា លោក​អ្នក​ស្ងប់រម្ងាប់​ទាំងឡាយ រមែង​​មិនធ្វើការ​ឈ្លោះតប​ត​ឡើយ។ ភិក្ខុ កាល​បានដឹង បានពិចារណា​ធម៌នុ៎ះ គប្បី​ជាអ្នក​រឭកសិក្សា​សព្វកាល បើ​​បាន​ដឹងសេចក្តី​រំលត់​​រាគាទិកិ្កលេស ថា​ជាសេចក្តី​ស្ងប់ហើយ មិន​គប្បី​ប្រហែស​ធ្វេស ក្នុង​សាសនា​នៃព្រះគោតម​​ឡើយ។ ភិក្ខុនោះ ជា​អ្នកគ្រប​សង្កត់​រូប​ជា​ដើម ជាអ្នក​​ដែលរូប​ជាដើម គ្របសង្កត់​មិន​បាន ជាអ្នក​ឃើញ​ធម៌ ចំពោះ​ភ្នែកឯង មិន​អាង​គេថា ដូច្នេះ ៗ ព្រោះ​ហេតុ​នោះ ភិក្ខុ​គប្បីជាអ្នក​មិនប្រហែស គប្បី​នមស្ការសិក្សា​ក្នុងសាសនា​នៃព្រះមានព្រះភាគ​​នោះ សព្វ ៗ កាល។

ចប់ តុវដកសូត្រ ទី១៤។

អត្តទណ្ឌសូត្រ ទី១៥

[១០៩] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ភ័យកើតមកពី​អាជ្ញារបស់ខ្លួន (សេចក្តី​ប្រព្រឹត្តិ​កាចអាក្រក់​របស់ខ្លួន) អ្នកទាំងឡាយ ចូរមើលជន​អ្នកទាស់​ទែង​គ្នា តថាគត (កាល​នៅ​ជាពោធិសត្វ) បាន​តក់​ស្លុតហើយ យ៉ាងណា តថាគត​នឹងសំដែង​នូវសេចក្តី​តក់ស្លុត យ៉ាងនោះ (ដល់អ្នក​ទាំងឡាយ)។ ភ័យ​​មកកាន់​តថាគត ព្រោះ​ឃើញ​នូវពួកសត្វ កំពុង​ញាប់ញ័រ (ដោយ​​តណ្ហា​ជាដើម) ដូចពួក​មច្ឆជាតិ ក្នុង​ទីមាន​ទឹកតិច ព្រោះឃើញ​សត្វ​លោក​បៀត​បៀនគ្នានឹងគ្នា។ លោកមិនមាន​ខ្លឹមសារ​ដោយជុំវិញ ទិសទាំងពួង រមែង​ញាប់ញ័រ តថាគត​កាលបា្រថ្នា​នូវភព (ជាទីពឹង) របស់ខ្លួន ក៏មិនបាន​ឃើញ​ភព​ណាមួយ ដែល​​ជរាធម៌​ជាដើម ជិះជាន់​មិនបាន សេចក្តី​មិនរីករាយ បានកើត​មានដល់​តថាគត​ហើយ ព្រោះបានឃើញ​សត្វទាំងឡាយ ត្រូវ​ជរាធម៌​ជាដើម បៀតបៀន​ហើយ ក្នុងកាល​ជាទីបំផុត តពីនោះ​មក តថាគត​បានឃើញ​សរ ដែលគេ​ឃើញបាន​ដោយកម្រ អាស្រ័យ​នៅក្នុង​ហ្ឫទ័យ ក្នុង​សត្វ​ទាំងឡាយ​នោះ។ សត្វលោក​ដែលសរ​ដោតជាប់​ហើយ រមែងស្ទុះ​ទៅ​កាន់​ទិសផ្សេង ៗ បុគ្គលជា​បណ្ឌិត ដកសរ​នោះបាន ទើបមិនស្ទុះ​ទៅ មិនលិចចុះ។ (អារម្មណ៍​ជាទីស្រឡាញ់ គឺ​​បញ្ចកាមគុណ​ណា មាន​ក្នុងលោក) ប្រជុំជន តែងសំដែង​នូវ​ភាសិត ជាគ្រឿង​សិក្សា​ (មានការសិក្សា​ដំរីជាដើម) ដើម្បី​​ឲ្យ​បានអារម្មណ៍​ជាទីស្រឡាញ់​នោះ បណ្ឌិត​​មិនគួរ​ខ្វល់ខ្វាយ ក្នុង​​បញ្ចកាមគុណ ឬ​ក្នុងកិច្ច​សិក្សា​នោះឡើយ គប្បី​នឿយ​ណាយ​ក្នុង​កាមារម្មណ៍ ដោយ​ប្រការ​ទាំងពួង គប្បីសិក្សា​នូវព្រះនិព្វាន​បម្រុង​ខ្លួន។ បុគ្គល​ជា​អ្នកប្រាជ្ញ គប្បីជាអ្នក​មាន​សច្ចៈ [សច្ចៈ ៣យ៉ាងគឺ វាចាសច្ចៈ ញាណសច្ចៈ មគ្គសច្ចៈ។ អដ្ឋកថា។] ជាបុគ្គល​មិនឃ្នើសឃ្នង មិនមាន​មាយា លះបង់​ពាក្យញុះញង់ មិន​ក្រេវក្រោធ ឆ្លងឲ្យរួច​នូវលោភៈ​ដ៏លាមក និង​​មច្ឆរិយ។ នរជន មានចិត្តឱន​ទៅ​រកព្រះនិព្វាន គប្បី​គ្រប​សង្កត់​នូវការ​ដេកលក់ សេចក្តីខ្ជិល​ច្រអូស ការ​រួញរា មិនគប្បី​ដំអក់នៅ​ដោយសេចក្តី​ប្រហែស​ធ្វេស មិន​គប្បី​តាំងខ្លួនក្នុង​មានះ​ដ៏ក្រៃលែង។ បុគ្គលអ្នក​បង្អោនចិត្ត​ទៅរក​ព្រះនិព្វាន មិនគប្បី​ដឹកនាំ ក្នុងពាក្យ​មុសាវាទ មិនគប្បី​ធ្វើសេចក្តី​ស្នេហាក្នុង​រូប ត្រូវ​កំណត់​​ដឹងនូវមានះ ​ហើយគប្បី​វៀរ​ចេញចាក​អំពើដ៏​រួសរាន់។ មិនគប្បី​ស្រើបស្រាល​ទៅ​រក​បញ្ចក្ខន្ធ ដែល​ជា​របស់ចាស់ គឺ​​ជាអតីត មិន​គប្បី​ធ្វើសេចក្តី​ពេញចិត្តនឹង​បញ្ចក្ខន្ធ ដែល​ជា​របស់​ថ្មី ​គឺ​​ជាបច្ចុប្បន្ន មិនត្រូវ​សោកស្តាយ​នឹងបញ្ចក្ខន្ធ ដែល​សាប​រលាប​ទៅហើយ មិន​ត្រូវជាប់​ស្អិតនៅក្នុង​តណ្ហា។ តថាគត​ពោល​នូវសេចក្តី​ជាប់ចិត្ត គឺតណ្ហា​ ថាជា​អន្លង់ធំ តថាគត​ពោលនូវ​សេចក្តី​ជក់ចិត្ត គឺតណ្ហា ថាជា​គ្រឿងលឿន​ទៅនៃចិត្ត ថាជាគ្រឿង​ជាប់​ញ៉ាម​នៅនៃចិត្ត ថា​ជាអារម្មណ៍​នៃចិត្ត ថាជាគ្រឿង​ត្រិះរិះ (ព្រោះ) កាមតណ្ហា ដូចជា​ភក់ សត្វ​ទាំង​ឡាយ អាចឆ្លង​បានដោយ​លំបាក។ អ្នកបា្រជ្ញ​ ជាព្រាហ្មណ៍​ មិនគេច​ចេញ​ចាក​សច្ចៈ រមែង​តាំងនៅ​លើ​ទីទួល​ គឺព្រះនិព្វាន តថាគត​ហៅបុគ្គល​នោះថា ជាអ្នកស្ងប់ ព្រោះ​លះអាយតនៈ​ទាំងអស់។ បុគ្គលនោះ ជាអ្នក​បា្រជ្ញ បុគ្គលនោះ ជាអ្នកដល់​នូវវេទ ជា​បុគ្គល​ដែលតណ្ហា និងទិដ្ឋិ មិន​អាស្រ័យនៅ​ហើយ ព្រោះឃើញ​សង្ខារធម៌ (ថាជា​របស់​​មិនទៀង ជាទុក្ខ មិនមែនខ្លួន) បុគ្គលនោះ រមែងប្រព្រឹត្ត​នៅក្នុងលោក​ដោយប្រពៃ មិន​ជាប់ចិត្ត​នឹងបុគ្គល​ណា​មួយឡើយ។ បុគ្គលណា បានឆ្លង​ផុតនូវកាមផង នូវកិលេស​គ្រឿង​ជាប់ ដែលឆ្លង​បានដោយ​កម្រ ក្នុងលោក​ផង បុគ្គលនោះ ឈ្មោះថា កាត់ខ្សែតណ្ហា មិន​មាន​ចំណង រមែងមិន​សោក មិនសុបសៅ។ កិលេស​ជាតណា កើត​ឡើង (ព្រោះ​ប្រារព្ធ) សង្ខារ​ជា​អតីត អ្នកចូរ​ធ្វើកិលេស​នោះ ឲ្យរីងស្ងួតទៅ ​កិលេស​គ្រឿងកង្វល់ (មាន​រាគៈជា​ដើម កើតឡើង​​ព្រោះប្រារព្ធ) សង្ខារ​​ដែល​នឹងមានទៅ​ខាងក្រោយ ចូរកុំមាន​ដល់​អ្នកឡើយ បើអ្នកមិន​ប្រកាន់​ក្នុងធម៌ជា​កណ្តាល (មាន​រូប​ជាដើម ​ដែល​​ជាបច្ចុប្បន្ន) អ្នក​នឹង​ទៅ​ជាបុគ្គល​ស្ងប់។ បុគ្គលណា មិនមាន​សេចក្តីប្រកាន់​ក្នុងនាម និងរូប ថាជារបស់​អញ សព្វ​កន្លែងទេ បុគ្គលនោះ​ឯង រមែងមិនសោក ព្រោះនាមរូប​ដែលមិន​មានផង មិន​ទ្រុឌ​ទ្រោមទៅក្នុង​លោកផង។ កង្វល់ថា នេះរបស់​អញ នុ៎ះ​ជារបស់​ជន​ដទៃ មិនមានដល់​បុគ្គលណា បុគ្គលនោះ កាលមិនបាន​នូវវត្ថុដែល​ប្រកាន់ថា របស់អញ រមែងមិនសោកថា អញគ្មាន​ដូច្នេះ​ឡើយ។ បុគ្គលដែល​មិនមាន​ឫស្យា មិន​មាន​សេចក្តី​ត្រេកអរ ជាអ្នក​មិន​ញាប់ញ័រ ជាអ្នក​ស្ងប់រម្ងាប់ ក្នុង​​អាយតនៈខាងក្នុង ខាង​ក្រៅទាំងអស់ តថាគត កាល​បើ​មាន​បុគ្គលចូល​មក​សួរអានិសង្ស របស់បុគ្គល​អ្នកមិន​ញាប់​ញ័រ​នោះ ក៏នឹងសំដែង (អានិសង្ស​​ទាំង ៤ មានមិន​ឫស្យា​ជាដើមនោះ)។ បណ្តា​​សង្ខារទាំង ៣ មាន​​បុញ្ញាភិសង្ខារ​ជាដើម) សង្ខារ​​ណាមួយ មិនមានដល់​បុគ្គល​អ្នកមិនញាប់ញ័រ អ្នកដឹង​ច្បាស់ (នូវ​ត្រៃលក្ខណ៍) បុគ្គលនោះ វៀរស្រឡះ​ចាកសង្ខារ​ទាំង ៣ នោះ រមែងឃើញ​សេចក្តីក្សេម​ក្នុងទី​ទាំង​ពួង។ អ្នកបា្រជ្ញ រមែង​មិន​និយាយអួតខ្លួន (ដោយ​មានះថា អញជា​បុគ្គល​ស្មើគ្នា) ក្នុង​ពួកបុគ្គល​ស្មើគ្នា (ថាអញ​ជា​បុគ្គល​​ថោកទាប) ក្នុង​ពួកបុគ្គល​ដែលថោក​ទាប (ថាអញ​ជា​បុគ្គលប្រសើរ) ក្នុងពួក​បុគ្គល​ដែលប្រសើរ បុគ្គលនោះ ជាអ្នក​​ស្ងប់បា្រស​ចាក​សេចក្តី​​កំណាញ់ រមែង​មិន​ប្រកាន់ មិន​អន្ទះសារ។

ចប់ អត្តទណ្ឌសូត្រ ទី១៥។

សារីបុត្តសូត្រ ទី១៦

[១១០] (ព្រះសារីបុត្តដ៏មានអាយុ បានពោលថា) ព្រះមានព្រះភាគ ជា​សាស្តាចារ្យ ព្រះអង្គ​ចុះចាកតុសិត មកជា​គណាចារ្យ ព្រះអង្គ​មានព្រះវាចា​ពីរោះយ៉ាង​នេះ ខ្ញុំព្រះអង្គ មិនដែល​ឃើញ មិនដែលឮ អំពីសំណាក់​អ្នកណា​មួយ ក្នុងកាលមុន​អំពីកាល​ដែល​ព្រះអង្គ​​ស្តេចចុះមក​កាន់ក្រុង​សង្កស្សៈ​សោះ​​ឡើយ។ ព្រះសាស្តា ព្រះអង្គមានចក្ខុ (ដ៏​ឧត្តម) រមែងបា្រកដ​ដល់​មនុស្ស​​លោក ព្រម​ទាំង​ទេវលោក ព្រះអង្គ​​ជាបុគ្គលឯក បាន​បន្ទោបង់​នូវងងឹត​ទាំង​អស់​​ហើយ បានលុះ​ធម៌ដ៏វិសេស ដែល​ជា​ទីត្រេកអរ។ ខ្ញុំព្រះអង្គ មាន​សេចក្តី​ត្រូវការនឹង​សួរ​ប្រស្នា ដើម្បី​សាវ័ក​ទាំងឡាយ​ច្រើន​នាក់ ទើប​មក​គាល់​​ព្រះអង្គ​ជា​ព្រះពុទ្ធ មាន​សន្តាន​បរិសុទ្ធ បា្រសចាក​​តណ្ហានិស្ស័យ និង​​ទិដ្ឋិនិស្ស័យ ព្រះអង្គ​ជា​បុគ្គល​​មិនញាប់ញ័រ ជាបុគ្គល​មិនកុហក ជា​គណាចារ្យ ស្តេច​មក​ក្នុងក្រុង​សង្កស្សៈនេះ កាល​បើ​ភិក្ខុខ្ពើម (អំពីជាតិ​ជាដើម) ជា​អ្នក​គប់រកនូវ​សេនាសនៈ​ស្ងាត់​ក្តី នៅទីជិត​នៃ​ដើមឈើ​ក្តី នូវ​ព្រៃស្មសាន​ក្តី ឬ​ជាអ្នកនៅអាស្រ័យ​ក្នុងល្អាងភ្នំ​ទាំងឡាយក្តី ភិក្ខុ​កាល​នៅ​ក្នុង​សេនាសនៈ​ស្ងាត់ បា្រសចាក​សំឡេង​គឹកកង មិន​គប្បី​ញាប់ញ័រ ដោយហេតុ​គួរឲ្យភ័យ​ណា ហេតុ​គួរឲ្យ​ភ័យក្នុង​សេនាសនៈ​ថោកទាប និង​ឧត្តមនោះ មានប៉ុន្មាន ភិក្ខុនៅក្នុង​សេនាសនៈស្ងាត់ គប្បីគ្រប​សង្កត់សេចក្តី​អន្តរាយ​ទាំងឡាយណា សេចក្តីអន្តរាយ​ទាំង​ឡាយ​នោះ មាន​ប៉ុន្មាន ដែលនឹង​មានដល់​ភិក្ខុ កាល​ទៅ​កាន់ទិស ដែលគេមិន​ធ្លាប់ទៅ គឺ​ព្រះនិព្វាន ក្នុងលោកនេះ។ ពាក្យពេចន៍​របស់ភិក្ខុអ្នក​មានខ្លួន​បញ្ជូនទៅ គឺជាអ្នក​មាន​ព្យាយាម​តឹងតែង តើដូចម្តេច គោចរ​ទាំងឡាយ ក្នុងលោកនេះ របស់លោក តើដូចម្តេច សីល និងវ័ត​ទាំងឡាយ របស់លោក តើដូចម្តេច ភិក្ខុនោះ គប្បី​សមាទាន នូវ​សិក្ខា​ដូចម្តេច ទើបជា​អ្នកមាន​សតិ មានចិត្តមូល​ក្នុងអារម្មណ៍​តែមួយ ជាអ្នកមាន​ប្រាជ្ញា​គប្បី​បន្ទោបង់​កិលេស ជា​មន្ទិល​របស់ខ្លួនបាន ដូចជាងមាស ដេញអាចម៍​មាស​ឲ្យអស់ចេញ​បាន។ (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​សារីបុត្ត) ផាសុវិហារធម៌ (គ្រឿងនៅ​សុខ​សម្រាន្ត) ណា របស់ភិក្ខុ​អ្នកខ្ពើម (អំពី​ជាតិជាដើម) អ្នកបា្រថ្នា​នូវការ​ត្រាស់ដឹង​ សេពនូវ​សេនាសនៈ​ស្ងាត់ តថាគត​នឹងពោល​នូវ​ផាសុវិហារធម៌​នោះ ធម៌​ដ៏សម​គួរដល់​អ្នក​តាមដឹង។ ភិក្ខុ​ជា​អ្នកប្រាជ្ញ មានស្មារតី ប្រព្រឹត្តក្នុង​គុណមាន​ទីបំផុត​ដោយជុំវិញ [សំដៅ​យក​បារិសុទ្ធិសីល ៤។ ខុទ្ទកនិកាយ មហានិទ្ទេស។] មិនគប្បី​ខ្លាចនូវភ័យ​ទាំង ៥ យ៉ាង គឺ​មិនខ្លាច​សត្វរបោម ១ ស្រួយ ១ ពស់តូច​ពស់ធំ ១ ផស្សៈនៃ​មនុស្ស​ជាចោរ ១ ពួកសត្វ​ជើងបួន ១​ ភិក្ខុអ្នក​បា្រជ្ញនោះ ជាអ្នក​ស្វះស្វែង​រកកុសលធម៌ សូម្បីបាន​ឃើញជន​ដែល​ក្រៅ​អំពី​សហធម្មិកៈ ឬ​​បានឮសំឡេង​ដែលខ្លួន​គួរខ្លាចដ៏​ច្រើន របស់ជន​ទាំងនោះ ឬ​អន្តរាយ​យ៉ាង​​ដទៃ ៗ គប្បីគ្រប​សង្កត់ មិនគប្បីតក់ស្លុតរន្ធត់ឡើយ។ ភិក្ខុអ្នក​បា្រជ្ញនោះ បើផស្សៈ​នៃរោគ ឬសេចក្តី​ស្រេកឃ្លាន ឬក៏ត្រជាក់ និងក្តៅពាល់​ត្រូវហើយ គប្បីខំអត់​សង្កត់ ភិក្ខុនោះ ដែល​ផស្សៈ​នៃរោគ និងសេចក្តី​ស្រេកឃ្លាន (ជា​ដើមនោះ) ពាល់ត្រូវ​ហើយ (ដោយអាការ​ផ្សេង ៗ) សូម្បីច្រើន​យ៉ាងណា ក៏មិនបាន​ធ្វើឱកាស (ឲ្យដល់​វិញ្ញាណ ដែលប្រកប​ដោយសង្ខារ គឺចិត្តដែល​សម្បយុត្ត​ដោយ​កុសលាកុសលចេតនា) គប្បីធ្វើ​សេចក្តី​ព្យាយាម​ប្រឹងប្រែង​មុតមាំ។ ភិក្ខុមិនគប្បី​ធ្វើការលួច មិនគប្បី​ពោលពាក្យ​កុហក គប្បីផ្សាយ​មេត្តា​ចិត្ត ចំពោះ​ពួកសត្វ ដែលមាន​ចិត្តតក់ស្លុត និងមានចិត្ត​រឹងប៉ឹង គឺពួក​សត្វ ដែលមានចិត្ត​ប្រកបដោយ​តណ្ហា និងប្រាសចាក​តណ្ហា ក្នុងកាល​ណា ភិក្ខុបើ​ដឹងនូវភាព​នៃចិត្ត​កករល្អក់ ក្នុងកាល​នោះ គប្បីបន្ទោបង់​នូវភាពនៃចិត្ត​កករល្អក់​នោះ​ចេញ ដោយគិតថា នោះជាពួក​ប័ក្ខនៃធម៌ខ្មៅ។ ភិក្ខុ​មិនគួរ​លុះអំណាច​នៃសេចក្តីក្រោធ និង​សេចក្តី​ប្រកាន់ខ្លួន​ហួសហេតុ មួយទៀត គប្បី​គាស់​រំលើងឫស​នៃសេចក្តី​ក្រោធ និង​សេចក្តី​ប្រកាន់ហួស​ហេតុទាំង​នោះ​ចេញ មួយវិញទៀត គប្បី​ទម្រុឌទម្រោម​គ្របសង្កត់​សេចក្តី​​ស្រឡាញ់ និងសេចក្តី​ស្អប់ ឲ្យជ្រះស្រឡះ។ ភិក្ខុអ្នក​មានបីតិដ៏ល្អ គប្បី​ធ្វើបា្រជ្ញាឲ្យ​ប្រព្រឹត្តទៅ​ក្នុងខាងមុខ ហើយ​គប្បី​សង្កត់សង្កិន​សេចក្តីអន្តរាយ​​នោះ គប្បី​អត់សង្កត់​សេចក្តី​មិន​ត្រេកអរ ក្នុង​​សេនាសនៈ​ស្ងាត់ គប្បី​អត់​សង្កត់ធម៌​ជាទីតាំង​នៃសេចក្តី​​ខ្សឹកខ្សួល ៤ យ៉ាង ភិក្ខុ​អ្នក​សិក្សាក្នុង​ត្រៃសិក្ខា ជាអ្នក​​មិនមាន​កង្វល់ ត្រាច់ទៅ គប្បីបន្ទោបង់​សេចក្តី​ត្រិះរិះ ៤ យ៉ាង ដែល​ជាទី​តាំងនៃ​សេចក្តី​ខ្សឹកខ្សួល គឺ​ត្រិះរិះថា អញ​នឹង​បានរបស់អ្វី​បរិភោគ ១ ថា​​អញ​នឹងបរិភោគ​ក្នុងទីណា ១ ថា​អញ​ដេកជាទុក្ខ​ក្នុងរាត្រីនេះ ១ ថា​អញនឹង​ដេក​ក្នុងទីណា (ទើប​ជា​សុខសប្បាយ) ១។ ភិក្ខុក្នុង​ធម្មវិន័យនេះ បាន​​នូវបាយ​ផង នូវ​សំពត់​ស្លៀកដណ្តប់​​ផង ក្នុងកាលគួរ ភិក្ខុនោះ គប្បី​ដឹង​ប្រមាណ (ក្នុង​ការ​ទទួល ​ឬការប្រើបា្រស់​នូវ​បច្ច័យ ៤) ដើម្បី​​សន្តោស ភិក្ខុនោះ គប្បីជា​អ្នក​គ្រប់គ្រង​ក្នុងបច្ច័យ​​ទាំង ៤ នោះ គប្បីជា​អ្នកមានការ​ប្រព្រឹត្តិសង្រួម ក្នុង​ស្រុកទេស សូម្បីត្រូវ​អ្នកណា ៗ ប្រទូស្ត​ហើយ ក៏មិនគប្បី​ពោលពាក្យ​អាក្រក់ (ទៅរកអ្នកនោះ)។ ភិក្ខុ​គប្បីជាអ្នក​មានចក្ខុ​ដាក់ចុះ មួយទៀត មិនគប្បីជា​អ្នករពឹសជើង គប្បីជាអ្នក​ប្រកបរឿយ ៗ ក្នុងឈាន ជាអ្នក​ភ្ញាក់​រឭកច្រើន ជាអ្នក​ប្រារព្ធ​ឧបេក្ខា ហើយ​មាន​ចិត្តដំកល់មាំ គប្បី​​កាត់​អកុសលវិតក្កៈ និង​ធម៌ជា​ទីអាស្រ័យ​នៅ​នៃអកុសលវិតក្កៈ និង​ការ​រពឹស (មាន​រពឹស​ដៃជាដើម)។ ភិក្ខុ កាល​គេ​ដាស់តឿន ដោយពាក្យ​ទាំងឡាយ គប្បី​ជាអ្នក​មានស្មារតី ទទួល​ត្រេកអរ គប្បីជាអ្នក​ទំលាយ​​ចិត្ត​រឹងរូស ក្នុង​​សព្រហ្មចារី​ទាំងឡាយ​​ចេញ គប្បីបញ្ចេញ​វាចាជា​កុសល មិន​គប្បី​បញ្ចេញ​វាចាហួស​កំណត់ កុំគិតគូរ​​ក្នុងពាក្យ​គរហានិន្ទា​របស់ពួកជន។ មួយទៀត ភិក្ខុអ្នក​មានស្មារតី គប្បីសិក្សា​ក្នុងត្រៃសិក្ខា ដើម្បីកំចាត់​បង់ធូលី​ណា ធូលី​នោះ មាននៅ​ក្នុង​លោក ៥ យ៉ាង គឺ​រូបរាគៈ ១ សទ្ទរាគៈ ១ គន្ធរាគៈ ១ រសរាគៈ ១ ផស្សរាគៈ ១ ភិក្ខុនោះ គប្បីអត់​សង្កត់នូវសេចក្តី​ត្រេកអរ​ក្នុងរូប សំឡេង ក្លិន រស ផស្សៈ​ទាំងនោះ​ចេញ។ ភិក្ខុ​ជាអ្នក​មានស្មារតី មានចិត្ត​ផុតស្រឡះ​ហើយដោយ​ប្រពៃ គប្បី​កំចាត់បង់​សេចក្តី​ប៉ុនប៉ង ក្នុង​កាមារម្មណ៍​ទាំងឡាយ​នោះចេញ (គ្រា​សមាធិចិត្ត​កើតឡើង​ហើយ) ភិក្ខុនោះ (មិន​បាន​ឈប់នៅត្រឹម​ប៉ុណ្ណោះ) ខំត្រិះរិះ​ពិចារណាធម៌ ដោយត្រឹម​ត្រូវ​តាមកាល​តទៅទៀត ភិក្ខុនោះ គប្បីជាអ្នក​មានចិត្តជា​ឯកគ្គតា កំចាត់បង់​ងងឹត គឺ​កិលេស​ចេញ។

ចប់ សារីបុត្តសូត្រ ទី១៦។

ចប់ អដ្ឋកវគ្គ ទី៤។

ឧទ្ទាននៃអដ្ឋកវគ្គ ទី៤ នោះគឺ

និយាយអំពីកាមសូត្រ ១ គុហដ្ឋកសូត្រ ១ ទុដ្ឋដ្ឋកសូត្រ ១ សុទ្ធដ្ឋកសូត្រ ១ បរមដ្ឋកសូត្រ ១ ជរាសូត្រ ១ តិស្សមេតេ្តយ្យសូត្រ ១ បសូរសូត្រ ១ មាគន្ទិយសូត្រ ១ បុរាភេទសូត្រ ១ កលហវិវាទសូត្រ ១ វិយូហសូត្រ ២ តុវដកសូត្រ ១ អត្តទណ្ឌសូត្រ ១ សារីបុត្តសូត្រ ១ សូត្រទំាង ១៦ នុ៎ះ មាន​ក្នុងអដ្ឋកវគ្គ​ទំាំងអស់ ដោយប្រការ​ដូចេ្នះ។

សុត្តនិបាត បារាយនវគ្គ ទី៥

វត្ថុកថា

[១១១] (ព្រះអានន្ទដ៏មានអាយុ បានលើករឿងនេះ មកកាន់​ទីប្រជុំ ក្នុង​កាល​ធ្វើ​សង្គាយនា​ថា ព្រាហ្មណ៍​ឈ្មោះ​ពាវរី) ជាអ្នកដល់​នូវត្រើយ​នៃមន្ត បា្រថ្នា​នូវភាពជា​អ្នកមិន​កង្វល់ បានចេញ​អំពីបុរី​នៃដែន​កោសល ជាបុរីដ៏​សប្បាយ​រីករាយ ទៅកាន់​ទក្ខិណាបថជនបទ។ ពាវរីព្រាហ្មណ៍​នោះ នៅ​អាស្រ័យទៀប​ច្រាំងស្ទឹង​គោធាវរី ជិតដែន​អស្សកៈ និងជិត​ដែនមុឡកៈ ចិញ្ចឹមជីវិត​ដោយការ​ស្វះស្វែងរក (សូមគេ) ផង ដោយមើម​ឈើ និង​ផ្លែឈើ​ផង។ ស្រុកនោះ បានរីក​ធំទូលាយ ព្រោះអាស្រ័យ​ពាវរីព្រាហ្មណ៍​នោះឯង ឯពាវរីព្រាហ្មណ៍​នោះ បានបរិច្ចាគ​នូវ​មហាយ័ញ្ញ ដោយសារ​អាករ​សួយរៃ ដែលកើត​ឡើងអំពី​ស្រុកនោះ លុះ​ពាវរីព្រាហ្មណ៍​បានបូជានូវ​មហាយ័ញ្ញ​រួចហើយ ក៏ចូលទៅ​កាន់អាស្រម​វិញ។ កាលពាវរី​ព្រាហ្មណ៍​នោះ ចូលទៅកាន់​អាស្រមវិញ​ហើយ មានព្រាហ្មណ៍​ដទៃទៀត មានជើង​ញាប់រន្ថាន់ សស្លើតសស្លក់ មានធ្មេញ​ពណ៌ដូចភក់ មានក្បាល​ប្រឡាក់ដោយ​ធូលី ព្រាហ្មណ៍​នោះ បានដើរចូល​ទៅរក​ពាវរីព្រាហ្មណ៍​នោះ ហើយសូម​វត្ថុ ៥០០។

ពាវរីព្រាហ្មណ៍ បានឃើញព្រាហ្មណ៍នោះ​ហើយ ក៏អញ្ជើញ​ដោយអាសនៈ សាក​សួរ​សេចក្តីសុខ​ផង កុសលផង ហើយបាន​ពោលពាក្យ​នេះថា ទេយ្យធម៌​​ណារបស់​ខ្ញុំ ទេយ្យធម៌​ទាំងអស់​នោះ ខ្ញុំបាន​បរិច្ចាគ​អស់ហើយ ម្នាលព្រាហ្មណ៍ អ្នកចូរ​ជឿខ្ញុំចុះ ខ្ញុំមិនមាន​វត្ថុ ៥០០ ទេ។

(ព្រាហ្មណ៍នោះ និយាយថា) កាលខ្ញុំសូម​ហើយ បើអ្នកដ៏​ចំរើន​មិនឲ្យទេ ក្បាល​របស់អ្នក​ ចូរបែក ៧ ភាគ ក្នុងថ្ងៃទី ៧។ ព្រាហ្មណ៍​កុហកនោះ បាន​ធ្វើ​កលឧបាយ ហើយ​សំដែង​នូវហេតុដែល​គួរខ្លាចដ៏ពន្លឹក ដល់​​ពាវរីព្រាហ្មណ៍​​នោះ លុះ​ពាវរីព្រាហ្មណ៍ ឮពាក្យ​​ព្រាហ្មណ៍នោះ​ហើយ ក៏ដល់​នូវ​សេចក្តីទុក្ខ​ព្រួយ មិន​​បរិភោគអាហារ ទៅជា​ស្គាំង​ស្គម ចុកណែន​ដោយសរ គឺសេចក្តី​សោក កាលបើ​ពាវរីព្រាហ្មណ៍​មានចិត្តយ៉ាងនេះ ចិត្ត​ក៏មិន​ត្រេកអរ​ក្នុង​ឈាន។ ទេវតា​អ្នកបា្រថ្នា​ប្រយោជន៍ បានឃើញ​ពាវរីពា្រហ្មណ៍ មាន​សេចក្តី​តក់ស្លុត ដល់នូវ​សេចក្តីទុក្ខ​ព្រួយ ដូច្នោះហើយ ក៏ចូលទៅរក​ពាវរីព្រាហ្មណ៍ និយាយ​​ដូច្នេះថា ព្រាហ្មណ៍​នោះ មិនដឹងក្បាលទេ ​​គាត់ជា​អ្នកកុហក ជា​អ្នក​ត្រូវការ​ដោយ​ទ្រព្យ គាត់មិនមាន​ការដឹង​នូវក្បាល និង​ការធ្លាក់ចុះ​នៃក្បាលទេ។

(ពាវរីព្រាហ្មណ៍ សួរថា) ម្នាលអ្នកដ៏ចំរើន ឥឡូវនេះ អ្នកណាដឹងនូវ​ក្បាល​ និង​ការធ្លាក់​ចុះនៃក្បាល​ ខ្ញុំសូមសួរអ្នក ចូរអ្នកប្រាប់​នូវអ្នកដែល​ដឹង​នោះ ដល់ខ្ញុំចុះ ខ្ញុំនឹង​ចាំស្តាប់​ពាក្យរបស់​អ្នកនោះ។

(ទេវតា តបថា) ខ្ញុំមិនដឹងនូវក្បាល និងការធ្លាក់ចុះ​នៃក្បាល​នុ៎ះទេ ខ្ញុំមិន​មានការ​ដឹង​ក្នុងហេតុ​ទាំងពីរ​នោះឡើយ ក្បាលក្តី ការធ្លាក់ចុះ​នៃក្បាលក្តី មានតែ​ព្រះជិនស្រីទេ ទើប​ឃើញ​បាន។

(ពាវរីព្រាហ្មណ៍ សួរថា) លើមណ្ឌល​ប្រឋពីនោះ តើឥឡូវនេះ មាន​អ្នកណា អាចដឹងនូវ​ក្បាល និង​ការធ្លាក់ចុះ​នៃក្បាល ម្នាលទេវតា អ្នកចូរ​បា្រប់​នូវ​អ្នក​នោះ ដល់ខ្ញុំ។

(ទេវតា ប្រាប់ថា) ព្រះលោកនាយក ព្រះអង្គជា​ពូជពង្សនៃ​ព្រះបាទ​ឱក្កាកៈ ជា​សក្យ​បុត្រ ព្រះអង្គ​មានពន្លឺរស្មី ទ្រង់ចេញ​ចាក​មហាបុរី ឈ្មោះ​​កបិលព័ស្តុ (ទៅទ្រង់​ព្រះផ្នួស)។ ម្នាលព្រាហ្មណ៍ ព្រោះព្រះ​លោកនាយក​នោះ ព្រះអង្គ​ត្រាស់ដឹងឯង ទ្រង់ដល់​ត្រើយ​នៃ​ធម៌ទាំងពួង បរិបូណ៌​ដោយ​កំឡាំងនៃ​អភិញ្ញាទាំង​ពួង មានចក្ខុ​ក្នុងធម៌​ទាំងពួង បាន​ដល់នូវ​ការអស់​ទៅនៃ​កម្ម​ទាំងអស់ មានហឫទ័យ​ចុះស៊ប់ ក្នុងធម៌ជា​គ្រឿងអស់ទៅ នៃ​ឧបធិក្កិលេស ព្រះសម្ពុទ្ធ​មានជោគ​អង្គនោះ មានចក្ខុ សំដែងធម៌​ក្នុងលោក អ្នកចូរ​អញ្ជើញ​ទៅសួរ​ព្រះអង្គចុះ ព្រះអង្គនឹង​សំដែងហេតុ​នោះ​ដល់អ្នក។ ពាវរីព្រាហ្មណ៍ គ្រាន់តែ​ឮពាក្យថា ព្រះសម្ពុទ្ធ ក៏មានចិត្ត​រីករាយ មានសេចក្តី​សោកស្រាល​ស្តើង ទាំង​បាននូវ​បីតិដ៏ធំ​ទូលាយ។

លុះពាវរីព្រាហ្មណ៍នោះ ពេញចិត្ត មានចិត្តត្រេកអរ មានចិត្ត​រីករាយហើយ ក៏សួរទេវតា​នោះថា ព្រះលោកនាថ ព្រះអង្គគង់​នៅក្នុង​ស្រុកណា និគមណា ឬជនបទ​ណា យើងនឹង​ទៅថ្វាយបង្គំ​ព្រះសម្ពុទ្ធ ឧត្តមជាង​សត្វមាន​ជើងពីរ ក្នុងទីណា។

(ទេវតា បា្រប់ថា​) ព្រះជិនស្រី មានប្រាជ្ញាច្រើន មានប្រាជ្ញា​ដ៏ប្រសើរ ដូចផែនដី គង់នៅក្នុង​កោសលមន្ទីរ ក្នុងក្រុង​សាវត្ថី ព្រះមាន​បុណ្យនោះ ជា​សក្យបុត្រ មានធុរៈ​ដាក់​ចោលអស់​ហើយ មិនមាន​អាសវៈទេ ប្រសើរជាង​នរជន ទើបដឹង​នូវក្បាល និងការ​ធ្លាក់​ចុះ​នៃក្បាល។ លំដាប់នោះ ពាវរីព្រាហ្មណ៍​ ​បាន​ហៅពួក​ព្រាហ្មណ៍​ជា​សិស្ស ដែលដល់​នូវ​ត្រើយ​នៃមន្ត (ចេះ​ចប់​មន្ត) មកថា ម្នាល​មាណព​ទាំងឡាយ អ្នក​​រាល់គ្នាចូរ​មកនេះ យើង​នឹង​ប្រាប់ ចូរអ្នកទាំង​ឡាយ ស្តាប់ពាក្យ​យើងចុះ ការកើតឡើង​ប្រាកដរឿយ ៗ នៃ​ព្រះសម្ពុទ្ធ​ណា ដែលគេបាន​ដោយក្រ​ក្នុងលោក ថ្ងៃនេះ ព្រះសម្ពុទ្ធ​អង្គនោះ ខ្ញុំបានឮ​ប្រាកដ​ហើយ​ថា ព្រះសម្ពុទ្ធកើត​ឡើងហើយ​ក្នុងលោក អ្នក​​ទាំងឡាយ ចូរនាំគ្នាទៅ​កាន់​ក្រុង​សាវត្ថី ឲ្យឆាប់ ៗ ហើយ​ចូល​ទៅគាល់​ព្រះអង្គ ដែល​​ឧត្តមជាង​សត្វមាន​ជើងពីរ។​ ពួក​ព្រាហ្មណ៍​ជាសិស្ស​សួរថា បពិត្រ​ព្រាហ្មណ៍ ពួកយើងឃើញ​ហើយគប្បី​ស្គាល់ថា អ្នកនោះ ជាព្រះពុទ្ធបាន​ដោយប្រការ​ដូចម្តេច សូម​លោកប្រាប់​ដល់យើងទាំង​ឡាយ ដែលជា​អ្នក​មិន​ស្គាល់ ឲ្យ​ទាល់​តែយើង​ទាំងឡាយ ស្គាល់ព្រះអង្គ។​ ពាវរីព្រាហ្មណ៍​និយាយថា មហាបុរិសលក្ខណៈ​ទាំង ៣២ ប្រការ មានមក​ក្នុងមន្ត​ទាំងឡាយ ដែលពួក​ហោរ​បាន​ព្យាករ​បរិបូណ៌ហើយ ដោយ​​លំដាប់។ មហាបុរិសលក្ខណៈ​ទាំងនោះ មាន​ក្នុងខ្លួននៃ​បុគ្គលណា បុគ្គល​នោះ មាន​គតិ​តែពីរគត់ គតិ​ជាគំរប់ ៣ មិនមាន​ឡើយ គឺបើនៅ​គ្រប់​គ្រង​គេហដ្ឋាន នឹង​គប្បីឈ្នះ​នូវផែន​ដីនេះ ដោយមិន​បាច់​ប្រើអាជ្ញា មិនបាច់​ប្រើគ្រឿង​សស្ត្រាវុធ​ទេ គ្រាន់តែ​ប្រៀនប្រដៅ​ដោយធម៌ បើបុគ្គល​នោះ ចេញចាក​ផ្ទះ ចូលទៅ​កាន់​ផ្នួស រមែងជាបុគ្គល​មាន​ដំបូល គឺ​កិលេស​បើកហើយ បានជា​ព្រះអរហន្តសម្ពុទ្ធ​ដ៏​ប្រសើរ។ អ្នកទាំងឡាយ​ ចូរសួរដោយចិត្ត នូវ​ជាតិផង នូវ​គោត្រផង នូវលក្ខណៈ​ផង (របស់​យើង)​ នូវ​មន្តដែល​យើងបាន​និយាយផង នូវពួក​សិស្ស (របស់យើង) ដទៃទៀតផង នូវក្បាលផង នូវការធ្លាក់ចុះនៃ​ក្បាលផង។ បើបុគ្គលនោះ ប្រាកដជា​ព្រះពុទ្ធ អ្នកឃើញ​កាលទាំងពួង ដោយ​អនាវរណញ្ញាណ​មែន កាល​បើ​ប្រស្នាដែល​អ្នកទាំងឡាយ​សួរហើយ​ដោយចិត្ត ព្រះអង្គ​នឹងដោះ​ស្រាយដោយ​វាចា។ ឯពួកព្រាហ្មណ៍​ជាសិស្ស​ទាំងអស់ ១៦ នាក់ គឺ អជិតមាណព ១ តិស្សមេត្តេយ្យ ១ បុណ្ណកៈ ១ មេត្តគូ ១ ធោតកៈ ១ ឧបសីវៈ ១ នន្ទៈ ១ ហេមកៈ ១ តោទេយ្យ និងកប្បៈ​ជា​ពីរនាក់ ជតុកណ្ណីបណ្ឌិត ១ ភទ្រាវុធៈ ១ ឧទយៈ ១ បោសាលព្រាហ្មណ៍ ១ មោឃរាជមេធាវី ១ បិង្គិយមហាឥសី ១ ព្រាហ្មណ៍​ទាំងអស់​នេះ សុទ្ធតែ​ជាមេគណៈ​ផ្សេង ៗ គ្នា ល្បីល្បាញ​ពាសពេញក្នុង​លោក ជាអ្នក​មាន​ឈាន ត្រេកអរ​ក្នុងឈាន មាន​ប្រាជ្ញា​មុតមាំ បាន​អប់រំ​វាសនា​ទុកមក ពី​ក្នុងជាតិមុន ៗ លុះបាន​ស្តាប់ពាក្យ​ពាវរីព្រាហ្មណ៍​ហើយ ក៏ក្រាប​ថ្វាយបង្គំ​ពាវរីព្រាហ្មណ៍ រួច​ធ្វើ​ប្រទក្សិណ​ពាវរីព្រាហ្មណ៍នោះ ទាំងអស់គ្នា សុទ្ធតែ​ទ្រទ្រង់នូវភ្នួង​សក់ និងស្បែកខ្លា ឈមមុខ​ទៅទិសខាង​ជើង ហើយ​ដើរចេញ​ទៅកាន់ទី​ប្រតិស្ឋាន​នៃក្រុងមុឡកៈ កាន់ក្រុង​មាហិស្សតី ក្រុង​ឧជ្ជេនី ក្រុង​គោនទ្ធា ក្រុង​វេទិសៈ ក្រុង​វនសៈ ក្រុង​កោសម្ពី ក្រុង​សាកេត ក្រុង​សាវត្ថីដ៏​ឧត្តម ក្រុង​សេតព្យៈ ក្រុង​កបិលវត្ថុ ក្រុង​កុសិនារា ក្រុង​បាវា ក្រុង​ភោគៈ ក្រុង​វេសាលី ក្រុង​មគធៈ និង​បាសាណកចេតិយ ដែល​ជា​ទីសប្បាយ​រីករាយចិត្ត ពួក​ព្រាហ្មណ៍​ទាំងអស់នោះ បានឡើង​ទៅកាន់​ភ្នំ គឺ​ចេតិយ ដោយ​ប្រញាប់ប្រញាល់ ដូចបុរស​ស្រេកទឹក ដើរទៅរកទឹក​ត្រជាក់ ឬដូច​ពាណិជ ដើរទៅរក​លាភធំ ពុំនោះសោត ដូចបុរស​ត្រូវរដូវក្តៅ​គ្រប​សង្កត់ ដើរទៅ​រកម្លប់ឈើ ដោយប្រញាប់​ប្រញាល់​ដូច្នោះឯង។ គាប់​ជួន​សម័យនោះ ព្រះមានព្រះភាគ មានភិក្ខុ​សង្ឃចោមរោម កំពុង​សំដែងធម៌ ដល់​ភិក្ខុទាំងឡាយ ដូចជាសីហៈ​បន្លឺក្នុងព្រៃ។ អជិតមាណព (ជា​សិស្សច្បង) បានឃើញ​ព្រះសម្ពុទ្ធ (មាន​រស្មីដ៏រុង​រឿង) ដូច​ព្រះអាទិត្យ មាន​រស្មី​ផ្សាយចេញ ពុំនោះសោត ដូចព្រះចន្រ្ទ​ពេញវង់ រះឡើង​ក្នុងថ្ងៃ ១៥ កើត។ បន្ទាប់​ពីនោះមក អជិតមាណព បានឃើញ​ព្យញ្ជនៈ​ដ៏បរិបូណ៌ ក្នុងសរីរៈ​របស់​ព្រះអង្គ​ ហើយឋិតនៅ​ក្នុងទីដ៏សម​គួរ មានចិត្ត​រីករាយ បានសួរ​នូវប្រស្នា​ទាំងឡាយ ក្នុងចិត្តថា សូមព្រះអង្គ​សំដែងប្រាប់​នូវ​ជន្មាយុ (របស់​អាចារ្យ​នៃខ្ញុំ) សូមព្រះអង្គ​សំដែង​ប្រាប់នូវ​គោត្រ ព្រមទាំង​លក្ខណៈ សូម​ព្រះអង្គ​សំដែងនូវ​បារមី (ការសម្រេច) ក្នុងមន្ត​ទាំងឡាយ ព្រាហ្មណ៍​ជាអាចារ្យ​របស់​ខ្ញុំ ប្រៀនប្រដៅ​សិស្ស មានប៉ុន្មាន​នាក់។ ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា អាចារ្យរបស់​អ្នកនោះ មានអាយុ ១២០ ឆ្នាំ ឈ្មោះ​ពាវរី​តាមគោត្រ លក្ខណៈ​ក្នុងខ្លួនរបស់​គាត់មាន​ ៣ ប្រការ គាត់ចេះចប់​នូវត្រៃវេទ គាត់​បង្រៀននូវ​មហាបុរិស​លក្ខណៈ​ផង នូវគម្ពីរ​ឥតិហាសៈ ព្រមទាំង​គម្ពីរនិឃណ្ឌុ ​និងគម្ពីរ​សកេដុភៈ​ផង នូវមន្ត ៥០០ ផង ដល់នូវ​បារមី គឺការ​សម្រេច​ក្នុងព្រាហ្មណធម៌​របស់​ខ្លួន។ អជិតមាណព ក្រាបទូលថា បពិត្រព្រះអង្គជា​បុគ្គល​ឧត្តមជាង​នរជន អ្នកកាត់ផ្តាច់​នូវតណ្ហា សូមព្រះអង្គ​ពិចារណានូ​វ​លក្ខណៈ​របស់​ពាវរីព្រាហ្មណ៍ រួចសំដែងកុំ​ឲ្យយើងខ្ញុំ​មានសេចក្តី​សង្ស័យ។ ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា ពាវរីព្រាហ្មណ៍ យកអណ្តាត​បាំង​មុខបាន មាន​ឧណ្ណាលោម នៅត្រង់ចន្លោះ​ចិញ្ចើម វត្ថគុយ្ហៈ (លិង្គ) របស់គាត់​បិទបាំង​ដោយស្រោម ម្នាល​មាណព អ្នកចូរដឹង​យ៉ាងនេះចុះ។ មែនពិត ពួកជន​ទាំង​អស់គ្នា មិនដែលបាន​ឮពាក្យ​បុច្ឆាណា​មួយ លុះឮ​ប្រស្នា​ទាំងឡាយ ដែល​ព្រះអង្គ​ឆ្លើយហើយ ក៏កើតសេចក្តី​រីករាយ ធ្វើប្រណម្យ​អញ្ជលី ហើយត្រិះរិះ ដូច្នេះ​ថា នរណាហ្ន៎ ទោះទេវតាក្តី ព្រហ្មក្តី ឬក៏ព្រះឥន្ទ​ឈ្មោះ​សុជម្បតីក្តី កាលគេ​សួរប្រស្នា​ដោយ​ចិត្ត​ហើយ នឹងដោះស្រាយ​ប្រស្នាដូចម្តេច​​បាន។ អជិតមាណព ទូលថា ពាវរី​ព្រាហ្មណ៍ សាកសួរនូវ​ក្បាលផង នូវការ​ធ្លាក់ចុះនៃ​ក្បាលផង បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​ឆ្លើយនូវ​ប្រស្នានុ៎ះ​ឲ្យទាន បពិត្រព្រះអង្គ​ជាអ្នកស្វះ​ស្វែងគុណ សូមព្រះអង្គ​កំចាត់បង់​នូវ​សេចក្តី​សង្ស័យ របស់យើង​ខ្ញុំទាំងឡាយ។ ព្រះសម្ពុទ្ធ ត្រាស់ថា អ្នកចូរ​ដឹងចុះ​ថា អវិជ្ជា ទុកជា​ក្បាល វិជ្ជាដែល​ប្រកបដោយ​សទ្ធា សតិ សមាធិ ឆន្ទៈ និងវីរិយៈ ទុកជា​ការ​​ធ្លាក់ចុះ​នៃក្បាល។ លំដាប់នោះ អជិតមាណព​ ខំទប់ទល់ ដោយសេចក្តី​ត្រេកអរច្រើន ហើយយក​ស្បែកខ្លា​ព័ទ្ធឆៀង​ស្មាម្ខាង រួចក្រាប​សិរ្សៈ ទៀបព្រះបាទ​ទាំងគូ ក្រាបទូលថា បពិត្រ​ព្រះអង្គ​និទ៌ុក្ខ ព្រះអង្គ​មានចក្ខុ ពាវរីព្រាហ្មណ៍​ដ៏ចំរើន ព្រមទាំង​ពួកសិស្ស មានចិត្ត​រីករាយ ស្រោះ​ស្រាយ ថ្វាយបង្គំ​ព្រះបាទា (របស់ព្រះ​អង្គ)។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាល​មាណព សូមឲ្យពាវរី​ព្រាហ្មណ៍ ព្រមទាំងពួក​សិស្ស បានដល់នូវ​សេចក្តីសុខ​ចុះ​ ទាំងរូប​អ្នកសោត ក៏ចូរជាបុគ្គល​ដល់នូវ​សេចក្តីសុខ រស់នៅ​អស់កាល​យូរចុះ។ អ្នក​ទាំងឡាយ តថាគតបើក​ឱកាសឲ្យ​ហើយ ចូរសួរនូវសេចក្តី​សង្ស័យ​ទាំងអស់ របស់ពាវរី​ព្រាហ្មណ៍​​ផង របស់អ្នកផង របស់​​ពួកជន​ទាំងអស់ផង ចូរ​ប្រាថ្នា​ទុកក្នុងចិត្ត​នូវហេតុណា​មួយចុះ។ លុះ​​ព្រះសម្ពុទ្ធ​បើកឱកាស​ឲ្យហើយ អជិតមាណព អង្គុយ​ប្រណម្យ​អញ្ជលី សួរ​ប្រស្នាទី ១ នឹងព្រះតថាគត ក្នុងទីនោះឯង។

ចប់ វត្ថុកថា។

អជិតប្បញ្ហា ទី១

[១១២] (អជិតមាណពដ៏មានអាយុ ទូលសួរថា) សត្វលោក​ត្រូវអ្វីបិទ​បាំង រមែងមិន​ជាក់ច្បាស់​ព្រោះអ្វី ព្រះអង្គ​ត្រាស់ថា អ្វីជាគ្រឿង​ប្រឡាក់ អ្វីជា​ភ័យធំ របស់សត្វ​លោកនោះ។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលអជិតៈ) សត្វលោក​ត្រូវ​អវិជ្ជាបិទបាំង រមែងមិន​ជាក់ច្បាស់ ព្រោះសេចក្តី​កំណាញ់ និង (សេចក្តី​ប្រមាទ) តថាគត​ពោលថា តណ្ហាជា​គ្រឿងប្រឡាក់ ទុក្ខជា​ភ័យធំ របស់​សត្វលោកនោះ។

(អជិតមាណពដ៏មានអាយុ ទូលសួរថា) ខ្សែតណ្ហា​ទាំងឡាយ រមែង​ហូរទៅ​ក្នុងអាយតនៈ​ទាំង​ពួង​ អ្វីជាគ្រឿង​ទប់ខ្សែតណ្ហា​ទាំងឡាយ សូម​ព្រះអង្គ​ត្រាស់ប្រាប់​នូវធម៌ជា​គ្រឿងរាំង​នូវខ្សែ​តណ្ហាទាំងឡាយ​ ខ្សែតណ្ហា​ទាំងឡាយ ត្រូវបិទដោយអ្វី។

(ព្រះមានព្រះភាគ ដោះស្រាយថា ម្នាលអជិតៈ) សតិជា​គ្រឿងទប់ខ្សែ​តណ្ហា​ទាំងឡាយ​នោះ ដែលមាន​នៅក្នុងលោក តថាគត​ពោលថា សតិជា​គ្រឿង​រាំងខ្សែ​តណ្ហាទាំង​ឡាយ បុគ្គលគប្បី​បិទខ្សែ​តណ្ហាទាំង​នោះ ដោយបញ្ញា។

(អជិតមាណពដ៏មានអាយុ ទូលសួរថា) បពិត្រព្រះអង្គ​និទ៌ុក្ខ បញ្ញាផង សតិផង នាម និងរូបផង ធម៌នុ៎ះ ដែលខ្ញុំព្រះអង្គ​សួរហើយ សូមព្រះអង្គ​សំដែង តើធម៌នុ៎ះ រលត់​ទៅ​ក្នុងទីណា។

ម្នាលអជិតៈ អ្នកបានសួរនូវ​បញ្ហាណា ចំពោះ​តថាគត តថាគត​នឹងសំដែង​នូវ​បញ្ហានោះ ដល់អ្នក នាម និងរូប រលត់មិន​សល់ក្នុងទីណា សតិ និងបញ្ញា​នេះ ក៏រលត់​ទៅក្នុងទី​នោះ ព្រោះរលត់វិញ្ញាណ។

ពួកអសេក្ខបុគ្គល អ្នកមានធម៌ពិចារណា​ហើយ និងពួក​សេក្ខបុគ្គល​ជា​ច្រើនណា ក្នុងសាសនា​នេះ បពិត្រ​ព្រះអង្គ​និទ៌ុក្ខ ខ្ញុំព្រះអង្គ​សួរនូវសេចក្តី​ប្រព្រឹត្តិ​ទៅនៃ​បុគ្គល​ទាំងនោះ ព្រះអង្គ​មានបញ្ញា​ចាស់ក្លា សូម​សំដែង​ប្រាប់​ដល់ខ្ញុំព្រះអង្គ។

បុគ្គលមិនគប្បីជាប់​ជំពាក់ ក្នុងកាម​ទាំងឡាយ គប្បីជា​អ្នកមានចិត្ត​មិនល្អក់ ជាអ្នក​ឈ្លាសវៃ ចំពោះ​ធម៌ទាំងអស់ ជាភិក្ខុ​មានសតិ គប្បីវៀរ​ស្រឡះ (ចាកកាមទាំងឡាយ)។

ចប់ អជិតមាណវកប្បញ្ហា ទី១។

តិស្សមេត្តេយ្យប្បញ្ហា ទី២

[១១៣] (តិស្សមេត្តេយ្យមាណពដ៏មានអាយុ ទូលសួរថា​) អ្នកណា ឈ្មោះថា ជាអ្នកសន្តោស​ក្នុងលោកនេះ សេចក្តី​ញាប់ញ័រ រមែង​មិនមានដល់​បុគ្គលណា អ្នកណាដឹង​នូវចំណែក​នៃខន្ធទាំងពីរ (ខន្ធអតីត និងអនាគត) ដោយបញ្ញា ហើយរមែង​មិនជាប់នៅ​ក្នុង​ខន្ធកណ្តាល (ខន្ធបច្ចុប្បន្ន) ព្រះអង្គ​ត្រាស់ថា អ្នកណា​ជាមហាបុរស អ្នកណា​ឆ្លងតណ្ហា​ជាគ្រឿងចាក់​ស្រែះ ក្នុងលោក​នេះបាន។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលមេត្តេយ្យ) ភិក្ខុមាន​ព្រហ្មចរិយៈ (សង្រួម) ក្នុង​កាមទាំងឡាយ ប្រាសចាក​សេចក្តីប្រាថ្នា មាន​សតិរលឹក​ឃើញសព្វកាល ភិក្ខុជាអ្នក​រលត់ទុក្ខ ព្រោះពិចារណា​ឃើញ​ច្បាស់ (ឈ្មោះថា ជាអ្នកសន្តោស) សេចក្តី​ញាប់ញ័រ រមែងមិនមានដល់​ភិក្ខុនោះ​ឡើយ ភិក្ខុនោះ ដឹងនូវចំណែក​នៃខន្ធទាំងពីរ ដោយ​បញ្ញាហើយ រមែង​មិនជាប់នៅ​ក្នុង​ខន្ធកណ្តាល តថាគត​ពោលនូវ​ភិក្ខុនោះ ថាជា​មហាបុរស ភិក្ខុនោះ​ឈ្មោះថា ឆ្លងនូវតណ្ហា​គ្រឿងចាក់ស្រែះ​ក្នុងលោក​នេះបាន។

ចប់ តិស្សមេត្តេយ្យមាណវកប្បញ្ហា ទី២។

បុណ្ណកប្បបញ្ហា ទី៣

[១១៤] (បុណ្ណកមាណពដ៏មានអាយុ ទូលសួរថា) ខ្ញុំព្រះអង្គ ជាអ្នកត្រូវ​ការ​ដោយ​បញ្ហា ទើបមកសួរ​ព្រះអង្គ អ្នកមិនញាប់ញ័រ ទ្រង់ឃើញ​នូវធម៌​ជាឫសគល់ ពួកមនុស្ស​ជាច្រើនក្នុង​លោកនេះ គឺឥសី ក្សត្រិយ៍ ព្រាហ្មណ៍ អាស្រ័យ​នូវអ្វី ទើបរៀប​ចំនូវយ័ញ្ញ ដល់ពួក​ទេវតា ខ្ញុំព្រះអង្គ​ទូលសួរនូវ​ដំណើរ​នោះ សូមព្រះអង្គ​ត្រាស់ប្រាប់​សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ​ឲ្យទាន។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលបុណ្ណកៈ) ពួកមនុស្ស​ទាំង​នេះ​ជាច្រើន ក្នុងលោកនេះ គឺឥសី ក្សត្រិយ៍ ព្រាហ្មណ៍ បានរៀបចំ​នូវយ័ញ្ញ ដល់ពួកទេវតា ម្នាល​បុណ្ណកៈ ពួកមនុស្ស​ទាំងនេះ កាលប្រាថ្នា​នូវភាពនៃ​ហេតុនេះ ៗ សុទ្ធតែ​អាស្រ័យ​នូវធម៌ ដែល​ទ្រុឌទ្រោម ទើបបាន​រៀបចំយ័ញ្ញ។

(បុណ្ណកមាណពដ៏មានអាយុ ទូលសួរថា) ពួកមនុស្ស​ចំពូកខ្លះ​ជាច្រើន ក្នុង​លោកនេះ គឺឥសី ក្សត្រិយ៍ ព្រាហ្មណ៍ បានរៀប​ចំនូវយ័ញ្ញ ដល់ពួកទេវតា បពិត្រព្រះអង្គ​និទ៌ុក្ខ ពួកមនុស្ស​អម្បាលនោះ បើមិន​ប្រមាទ (ក្នុងគន្លង​នៃ​យ័ញ្ញ) តើ​បានឆ្លង​ផុតជាតិ និង​ជរា​ដែរឬ ខ្ញុំ​ព្រះអង្គ​សូមទូល​សួរដំណើរ​នោះ សូម​ព្រះ​អង្គត្រាស់​ប្រាប់សេចក្តី​នោះ ដល់ខ្ញុំព្រះអង្គ​ឲ្យទាន។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលបុណ្ណកៈ) ពួកមនុស្ស​អម្បាល​នោះ ប្រកប​ក្នុង​ការបូជា ត្រេកអរ​​ដោយអំណាច​នៃភវរាគៈ ទើប​​ប៉ុនប៉ង សរសើរ (ជាប់ចំពាក់) បូជា ជ្រុលជ្រប់​ក្នុង​កាម ព្រោះ​អាស្រ័យ​លាភ តថាគត​​ពោលថា អ្នក​​បូជាយ័ញ្ញ​អម្បាល​នោះ មិន​បាន​ឆ្លងជាតិ​ និងជរា​ទៅបានឡើយ។

(បុណ្ណកមាណពដ៏មានអាយុ ទូលសួរថា) បពិត្រព្រះអង្គ​និទ៌ុក្ខ បើពួក​អ្នក​បូជាយ័ញ្ញ​ទាំងនោះ ឆ្លងជាតិ​ជរាដោយ​យ័ញ្ញទាំងឡាយ​មិនរួចទេ ដូច្នេះ តើនរណា​ក្នុងទេវលោក មនុស្សលោក ទើបឆ្លងជាតិ និងជរា​ទៅបាន បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​​ទូលសួរ​ដំណើរនោះ សូមព្រះអង្គ​ត្រាស់​សេចក្តី​នោះ ដល់ខ្ញុំ​ព្រះអង្គឲ្យទាន។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលបុណ្ណកៈ) បុគ្គលណា មិន​មាន​កិលេស​​ជាតិគ្រឿង​ញាប់ញ័រ ក្នុងលោក​ណាមួយ ព្រោះ​ពិចារណា​ឃើញ​នូវធម៌ដ៏ខ្ពស់ និងទាប ក្នុងលោក តថាគត​ពោលថា ​បុគ្គលនោះ ជាអ្នកស្ងប់ បា្រសចាកផ្សែង គឺទុច្ចរិត មិនមាន​សេចក្តី​តានតឹង មិនមាន​សេចក្តីប្រាថ្នា តែងឆ្លង​ជាតិ និង​ជរា​ផុតបាន។

ចប់ បុណ្ណកមាណវកប្បញ្ហា ទី៣។

មេត្តគូបញ្ហា ទី៤

[១១៥] (មេត្តគូមាណពដ៏មានអាយុ ទូលសួរថា) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​សូមទូលសួរ​ព្រះអង្គ សូមព្រះអង្គ​ត្រាស់ប្រាប់​សេចក្តីនោះ ដល់ខ្ញុំ​ព្រះអង្គ​ឲ្យទាន ខ្ញុំព្រះអង្គ​សំគាល់​ឃើញថា ព្រះអង្គជា​អ្នកដល់វេទ ជា​អ្នកមានខ្លួន​បានអប់រំ​ហើយ សេចក្តីទុក្ខ​ទាំងឡាយ​ណាមួយ ជាច្រើន​ប្រការ ក្នុងលោកនេះ​ កើតមកអំពីអ្វី។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលមេត្តគូ) អ្នកបាន​សួរអំពី​ដែនកើត​នៃ​ទុក្ខ ចំពោះ​តថាគត តថាគត​នឹងបា្រប់ដែន​កើតនៃទុក្ខ​នោះ​ដល់អ្នក តាម​ដែល​បានដឹង​ច្បាស់ សេចក្តីទុក្ខ​ទាំងឡាយណា​មួយច្រើន​ប្រការ ក្នុង​លោកនេះ រមែងកើត​ឡើងព្រោះ​ឧបធិ បុគ្គលណា ជាអ្នក​ល្ងង់ខ្លៅ មិនចេះ​ដឹង តែង​ធ្វើឧបធិ​ឲ្យកើតឡើង បុគ្គលនោះ រមែង​បាន​ទុក្ខរឿយ ៗ ព្រោះ​ហេតុនោះ បុគ្គលកាល​ដឹងច្បាស់ ពិចារណា​ឃើញរឿយ ៗ នូវកំណើត​ជាដែនកើត​នៃទុក្ខ មិនត្រូវធ្វើ​ឧបធិឡើយ។

ពួកខ្ញុំព្រះអង្គបានទូលសួរបទណា ព្រះអង្គក៏បាន​ដោះស្រាយ​បទនោះ ពួកខ្ញុំ​ព្រះអង្គ​សូមទូល​សួរបទ​ដទៃទៀត សូមព្រះអង្គ​សំដែង អ្នកប្រាជ្ញ​ទាំងឡាយ រមែងឆ្លង​ផុត​ឱឃៈ​ផង ជាតិ និងជរាផង សោក និង​សេចក្តីខ្សឹក​ខ្សួលផង ដោយ​ហេតុដូចម្តេច សូម​ព្រះអង្គ​ជាព្រះមុនី ដោះស្រាយ​បទនោះ ដល់ខ្ញុំ​ព្រះអង្គ ព្រោះថា ធម៌នុ៎ះ ព្រះអង្គ​ជ្រាបច្បាស់​​ហើយ។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលមេត្តគូ) បុគ្គល​មានសតិ គួរដឹងច្បាស់​នូវ​ធម៌ណា ហើយឆ្លង​តណ្ហា ដែលផ្សាយ​ទៅផ្សេង ៗ ក្នុង​លោក​បាន តថាគត​នឹងសំដែង​នូវធម៌​នោះ ដែលតថាគត​ជាក់ច្បាស់​ក្នុងខ្លួន ក្នុង​បច្ចុប្បន្ននេះ​ដល់អ្នក។

បពិត្រព្រះអង្គអ្នកស្វែងរកនូវគុណដ៏ធំ បុគ្គលអ្នក​មានសតិ គួរដឹងច្បាស់​នូ​វធម៌​ណា ហើយឆ្លង​តណ្ហាដែល​ផ្សាយទៅ​ផ្សេង ៗ ក្នុងលោក​បាន ខ្ញុំ​ព្រះអង្គ​ត្រេកអរ​ចំពោះ​ធម៌​ដ៏ឧត្តម​នោះ។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលមេត្តគូ) អ្នកដឹងនូវ​ហេតុ​ណា​នីមួយ ក្នុងចំណែក​ខាង​លើ (អនាគត) ក្នុងចំណែក​ខាងក្រោម (អតីត) ក្នុង​ចំណែកទទឹង ឬ​កណ្តាល (បច្ចុប្បន្ន) អ្នកចូរ​បន្ទោ​បង់​សេចក្តី​ត្រេកអរ​ និង​សេចក្តី​ប្រកាន់មាំ ក្នុងចំណែក​នៃហេតុនោះ​​ចេញ ទើប​វិញ្ញាណ (របស់អ្នក) មិន​តាំងនៅ​ក្នុងភព ភិក្ខុមានធម៌ជា​គ្រឿង​នៅ​យ៉ាង​នេះ មានសតិ មិនធ្វេស​ប្រហែស លះបង់​កិលេសដែល​ប្រកាន់ថា ជារបស់​អញ ដឹងច្បាស់​ក្នុងអត្តភាព​នេះហើយ ទើបលះបង់​នូវទុក្ខ គឺជាតិ ជរា ​និង​សោកខ្សឹក​ខ្សួល​បាន។

បពិត្រព្រះគោតម ខ្ញុំព្រះអង្គត្រេកអរនឹងព្រះវាចា​នោះ របស់​ព្រះអង្គ ជា​អ្នកស្វែង​រកនូវគុណ​ដ៏ធំ ព្រះ​និព្វាន ដែលមិន​មាន​ឧបធិ ព្រះអង្គទ្រង់​សំដែង​ប្រពៃហើយ បពិត្រ​ព្រះមានព្រះភាគ ព្រះអង្គលះ​ទុក្ខបាន​ដោយពិត ព្រោះ​ធម៌នោះ ព្រះអង្គ​ជ្រាបច្បាស់​ហើយ។ បពិត្រ​ព្រះមុនី ព្រះអង្គប្រដៅ​ពួក​ជន​ណា ដោយមាំមួន សូម្បីពួក​ជនទាំងនោះ ក៏លះទុក្ខ​នោះ បានដោយពិត បពិត្រ​ព្រះពុទ្ធនាគ ព្រោះហេតុ​នោះ ខ្ញុំព្រះអង្គ​ទើបបាន​មកនមស្ការ​ចំពោះ​ព្រះអង្គ សូម (ព្រះមានព្រះភាគ) ប្រដៅខ្ញុំ​ព្រះអង្គ ដោយមាំមួនចុះ។

អ្នកស្គាល់ច្បាស់នូវព្រាហ្មណ៍ណា ដល់នូវវេទ មិនមាន​កិលេសគ្រឿង​កង្វល់ មិន​ជាប់​ចំពាក់ក្នុង​កាមភព ព្រាហ្មណ៍នោះ ឈ្មោះថា បានឆ្លងឱឃៈ​នេះ​​ ដោយពិត ជនណា​មិនមាន​សេចក្តី​រឹងឆ្អឹង មិនមាន​សេចក្តី​សង្ស័យ បានឆ្លងនូវ​ត្រើយ គឺកិលេស ជននោះ ឈ្មោះថា ជាអ្នកដឹង​ច្បាស់ អ្នកដល់​នូវវេទ ក្នុង​អត្តភាពនេះ​ ឈ្មោះថា លះធម៌ដែល​ជា​ហេតុ​ជាប់ចំពាក់​ក្នុង​ភពតូចភពធំ ជា​អ្នកប្រាស​ចាកតណ្ហា មិន​មានសេចក្តី​តានតឹង មិនមាន​​សេចក្តី​ប្រាថ្នា តថាគត​​ពោលថា អ្នកនោះ បានឆ្លង​ផុតជាតិ​ជរាហើយ។

ចប់ មេត្តគូមាណវកប្បញ្ហា ទី៤។

ធោតកប្បញ្ហា ទី៥

[១១៦] (ធោតកមាណពដ៏មានអាយុ ទូលសួរថា) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ក្រាបទូលសួរ​ព្រះអង្គ សូមព្រះអង្គ​សំដែង​សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ បពិត្រ​ព្រះអង្គ​ស្វែងរក​គុណដ៏ធំ ខ្ញុំព្រះអង្គប្រាថ្នា (ស្តាប់) ព្រះវាចា​របស់ព្រះអង្គ បុគ្គលបាន​ស្តាប់ព្រះពុទ្ធ​ដីកា ជាសូរ​សីហនាទ​របស់ព្រះអង្គ​ហើយ នឹង​សិក្សាធម៌​ជាគ្រឿង​រំលត់​កិលេស​​របស់ខ្លួន។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលធោតកៈ) បើដូច្នោះ​ អ្នកចូរ​ជាបុគ្គល​មានបញ្ញា​ខ្ជាប់ខ្ជួន មានសតិ ធ្វើសេចក្តី​ព្យាយាម​ក្នុងសាសនា​នេះចុះ បុគ្គលបាន​ស្តាប់​ពាក្យ​​អំពីសំណាក់​នៃតថាគត​នេះហើយ គប្បី​សិក្សាធម៌ជា​គ្រឿង​រំលត់កិលេស​របស់ខ្លួន។

ខ្ញុំព្រះអង្គ បានឃើញព្រះអង្គជាព្រាហ្មណ៍ ឥតមាន​កង្វល់ ត្រាច់ទៅ​ក្នុងទេវលោក និងមនុស្ស​លោក បពិត្រ​ព្រះអង្គ​មានចក្ខុជុំវិញ ខ្ញុំព្រះអង្គ​សូម​នមស្ការ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជាសក្យពង្ស សូមព្រះអង្គ​ដោះ​ខ្ញុំព្រះអង្គ​ចេញចាក​សេចក្តី​សង្ស័យ​ទាំងឡាយ។

ម្នាលធោតកៈ តថាគតមិនអាចដើម្បី​នឹងដោះ​អ្នកណាមួយ​ក្នុងលោក ដែល​មាន​សេចក្តី​សង្ស័យ​បានទេ ប៉ុន្តែ កាលបើអ្នក​ដឹងធម៌ដ៏​ប្រសើរយ៉ាងនេះ នឹងឆ្លង​ឱឃៈ​នេះ​បាន។

បពិត្រព្រះអង្គជាព្រហ្ម សូមព្រះអង្គទ្រង់ព្រះករុណា​ប្រៀនប្រដៅ​វិវេកធម៌​ឲ្យខ្ញុំ​ព្រះអង្គ​ដឹងច្បាស់ ដើម្បីខ្ញុំ​ព្រះអង្គ​មិនទើសទាល់​ដូចអាកាស ជាអ្នកស្ងប់ មិនអាស្រ័យ​ដោយកិលេស ក្នុង​ពេលនេះ។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលធោតកៈ) បុគ្គល​មានសតិ គួរ​ដឹងច្បាស់​នូវ​សន្តិបទណា ហើយ​ឆ្លងតណ្ហា ដែលផ្សាយ​ទៅក្នុង​លោកបាន តថាគត នឹងសំដែង​នូវ​សន្តិបទ​នោះ ដែលតថាគត​ជាក់ច្បាស់ក្នុង​ខ្លួន ក្នុង​បច្ចុប្បន្ន ដល់អ្នក។

បពិត្រព្រះអង្គអ្នកស្វែងរកនូវគុណដ៏ធំ បុគ្គលមាន​សតិ គួរដឹងច្បាស់នូវ​សន្តិបទ​ណា ហើយឆ្លង​តណ្ហា ដែលផ្សាយ​ទៅផ្សេង ៗ ក្នុងលោក​បាន ខ្ញុំ​ព្រះអង្គ​ត្រេកអរ ចំពោះ​សន្តិបទ​​ដ៏ស្ងប់ឧត្តម​នោះ។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលធោតកៈ) អ្នកដឹង​ច្បាស់​អារម្មណ៍​ណានីមួយ ក្នុង​ចំណែក​ខាងលើ (អនាគត) ក្នុងចំណែក​ខាង​ក្រោម (អតីត) និងក្នុង​ចំណែក​​ទទឹង ឬកណ្តាល (បច្ចុប្បន្ន) ដឹងច្បាស់​ថា​ជាអារម្មណ៍​ជាប់ចំពាក់​​នៅក្នុងលោក យ៉ាង​នេះ​ហើយ អ្នក​កុំ​ធ្វើតណ្ហា​ក្នុង​​ភពតូចភព​ធំទៀតឡើយ។

ចប់ ធោតកមាណវកប្បញ្ហា ទី៥។

ឧបសីវប្បញ្ហា ទី៦

[១១៧] (ឧបសីវមាណពដ៏មានអាយុ ទូលសួរថា) បពិត្រ​ព្រះអង្គជា​សក្យពង្ស ខ្ញុំ​ព្រះអង្គ​ម្នាក់ឯង មិនអាស្រ័យ (ធម៌ ឬបុគ្គល) ទើបមិនអាច​ឆ្លងឱឃៈដ៏ធំ​បាន បពិត្រ​ព្រះអង្គ​​មានចក្ខុ​ជុំវិញ សូម​ព្រះអង្គ​សំដែងនូវ​អារម្មណ៍ គឺនិស្ស័យ ដែល​នាំ​ឲ្យខ្ញុំព្រះអង្គ​អាស្រ័យ​ហើយ​ឆ្លងឱឃៈនេះ។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាល​ឧបសីវៈ) អ្នកចូរ​មាន​សតិ សម្លឹង​អាកិញ្ចញ្ញាយតនជ្ឈាន អាស្រ័យ​​ដោយ​បរិកម្មថា មិនមាន​ ៗ ហើយ​​ឆ្លងឱឃៈចុះ អ្នក​ចូរលះ​​កាមទាំងឡាយ ​វៀរចាក​សេចក្តី​សង្ស័យ​ចេញ ចូរ​ពិចារណា​ធម៌ជាទី​អស់ទៅនៃ​តណា្ហ ទាំងយប់​ទាំងថ្ងៃចុះ។

(ឧបសីវមាណពដ៏មានអាយុ ទូលសួរថា) អ្នកណា​ប្រាសចាក​តម្រេក ក្នុងកាម​ទាំងឡាយ​ទាំងពួង លះបង់​ឈានដទៃ អាស្រ័យ​អាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់​ក្នុង​សញ្ញាវិមោក្ខ​ដ៏ប្រសើរ អ្នកនោះ មិន​សាបសូន្យ ឋិតនៅក្នុង​អាកិញ្ចញ្ញាយតនៈ​នោះ បាន​ដែរ​ឬ។

(ព្រះមានព្រះភាគ ត្រាស់ថា​ ម្នាលឧបសីវៈ) អ្នកណា​ប្រាសចាក​តម្រេក​ក្នុងកាម​ទាំងឡាយ​ទាំងពួង លះ​ឈាន​ដទៃ អាស្រ័យ​អាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់​ក្នុង​សញ្ញាវិមោក្ខដ៏​ប្រសើរ បុគ្គលនោះ ជាអ្នកមិន​សាបសូន្យ គប្បីឋិត​នៅក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​បាន។

បពិត្រព្រះអង្គមានចក្ខុជុំវិញ បើអ្នកនោះ ជាអ្នកមិន​សាបសូន្យ គប្បីឋិតនៅ​ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​នោះ អស់ប្រជុំ​នៃឆ្នាំជា​ច្រើន អ្នកនោះ ជាអ្នក​មាន​ចិត្តចុះស៊ប់​ត្រជាក់ ក្នុង​​អាកិញ្ចញ្ញាយតនជ្ឈាន ឬវិញ្ញាណ របស់​បុគ្គល​មាន​សភាពដូច្នោះ គប្បីឃ្លាត​ទៅឬ។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលឧបសីវៈ) អណ្តាតភ្លើង​ដែល​​ត្រូវ​កំឡាំង​ខ្យល់បក់ រមែង​​រលត់ទៅ មិន​ដល់​នូវការរាប់ (ថានៅក្នុងទី​ណា​ទេ) យ៉ាងណា​មិញ មុនីរួច​ស្រឡះហើយ ចាកនាម​កាយ រមែងរលត់​ទៅ មិនដល់​នូវការរាប់ (ថាទៅ​ក្នុង​ទី​ណា) យ៉ាង​នោះដែរ។

បុគ្គលនោះ រលត់ទៅ លែងមាន ឬថាឥតមាន​មោះមៃ ដោយ​ការតាំង​នៅ​ទៀង​ទាត់ សូម​ព្រះមុនី សំដែង​សេចក្តីនោះ​ដល់ខ្ញុំ​ព្រះអង្គ ព្រោះថា ធម៌​នោះ ព្រះអង្គ​ជ្រាប​ច្បាស់​ហើយ។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយ​ថា ម្នាល​ឧបសីវៈ) បុគ្គល​ដែលរលត់​ទៅហើយ នឹង​ប្រមាណ​ពុំបានទេ ពួកជន​ពោលចំពោះ​បុគ្គលនោះ ព្រោះ​កិលេស​ណា កិលេសនោះ របស់​​បុគ្គលនោះ មិនមានទេ កាលធម៌​ទាំងឡាយ ដែលបុគ្គល​នោះ កំចាត់អស់​ហើយ សូម្បី​គន្លង​នៃពាក្យ​ទាំងអស់ ក៏បុគ្គល​នោះ​ កំចាត់​អស់ហើយ។

ចប់ ឧបសីវមាណវកប្បញ្ហា ទី៦។

នន្ទប្បញ្ហា ទី៧

[១១៨] (នន្ទមាណពដ៏មានអាយុ ទូលសួរថា) ជនទាំងឡាយ ​តែង​ពោល​ថា ពួក​មុនី រមែងមាននៅ​ក្នុងលោក ដំណើរនោះ តើយ៉ាងណា ជនទាំងនោះ ហៅបុគ្គល​ដែល​ប្រកប​​ដោយញាណ​ថា មុនី ឬហៅបុគ្គល​ដែលប្រកប​ដោយ​ការចិញ្ចឹម​ជីវិត ថាជា​មុនី។

(ព្រះមានព្រះភាគ ដោះស្រាយថា ម្នាលនន្ទ) ពួកជនអ្នក​ឈ្លាសវៃ ក្នុងលោកនេះ មិន​ហៅ​ថា មុនី ព្រោះការឃើញ ព្រោះការស្តាប់ ព្រោះការដឹង ឬព្រោះសីល និងវ័ត) តែ​ប៉ុណ្ណោះ​ទេ ជនទាំងឡាយ​ណា ធ្វើខ្លួនឲ្យ​ប្រាស​ចាក​មារសេនា ជាអ្នក​មិនតានតឹង មិន​មាន​សេចក្តីប្រាថ្នា តថាគត​ហៅ​ជនទាំងនោះ​ថា មុនី។

(នន្ទមាណពដ៏មានអាយុ ទូលសួរថា) សមណព្រាហ្មណ៍​ពួកខ្លះ​ទាំងនេះ តែង​ពោល​សេចក្តី​បរិសុទ្ធិ ព្រោះអារម្មណ៍​ដែលឃើញខ្លះ ដែលស្តាប់ខ្លះ ពោលសេចក្តី​បរិសុទ្ធិ ព្រោះ​សីលវ័តខ្លះ ពោល​សេចក្តី​បរិសុទ្ធិ ព្រោះវិធី​ច្រើន​យ៉ាងខ្លះ។ (បពិត្រ​ព្រះមាន​ព្រះភាគ) អ្នកនិទ៌ុក្ខ ពួកសមណ​ព្រាហ្មណ៍​ទាំងនោះ កាលបើ​ប្រព្រឹត្តក្នុងវ័ត ដែលឃើញ​ថា ជាគ្រឿង​បរិសុទ្ធិនោះ តើបាន​ឆ្លងផុត​ជាតិ និងជរាបាន​ដែរឬ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​សូមសួរ​ព្រះអង្គ សូមព្រះអង្គ​សំដែងប្រាប់​សេចក្តីនោះ ដល់ខ្ញុំ​ព្រះអង្គ។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលនន្ទ) សមណព្រាហ្មណ៍​ទាំងឡាយ​ពួកខ្លះ​ទាំងនេះ ពោល​ថា សេចក្តី​បរិសុទ្ធិ​ព្រោះ​អារម្មណ៍ដែល​ឃើញ និងអារម្មណ៍​ដែល​ស្តាប់​ខ្លះ ពោលថា សេចក្តី​បរិសុទ្ធិ ព្រោះ​សីល​និងវ័តខ្លះ ពោលថា សេចក្តីបរិសុទ្ធិ ព្រោះ​វិធី​​ជាច្រើន​យ៉ាងខ្លះ សមណ​ព្រាហ្មណ៍ទាំង​នោះ ​រមែង​ប្រព្រឹត្ត​ក្នុងវ័ត ដែលឃើញ​ថា ជាគ្រឿង​បរិសុទ្ធិនោះ ​ក៏មែនពិត​ហើយ ប៉ុន្តែ​តថាគត​ពោលថា សមណ​ព្រាហ្មណ៍​ទាំងនោះ មិនបាន​ឆ្លងផុត​ជាតិ ​និងជរា​បានឡើយ។

(នន្ទមាណពដ៏មានអាយុ ទូលសួរទៀតថា) សមណព្រាហ្មណ៍​ទាំងឡាយ ពួកខ្លះ ទាំងនេះ ពោលថា សេចក្តី​បរិសុទ្ធិ ព្រោះអារម្មណ៍​ដែលឃើញ និង​អារម្មណ៍​ដែលស្តាប់​ខ្លះ ពោលថា សេចក្តីបរិសុទ្ធិ ព្រោះសីល និងវ័តខ្លះ ពោលថា សេចក្តី​បរិសុទ្ធិ ព្រោះវិធី​ជា​ច្រើន​យ៉ាងនេះ បពិត្រ​ព្រះអង្គ​ជាព្រះមុនី បើព្រះ​អង្គត្រាស់​ថា សមណ​ព្រាហ្មណ៍​ទាំង​នោះ ឆ្លងឱឃៈ​​មិនបានទេ បពិត្រ​ព្រះអង្គនិទ៌ុក្ខ កាល​បើ​ដូច្នេះ តើ​នរណា​ក្នុង​ទេវលោក ឬមនុស្ស​លោក ទើប​​ឆ្លងផុត​ជាតិ និងជរាទៅបាន បពិត្រ​ព្រះមានព្រះភាគ ខ្ញុំ​ព្រះ​អង្គសូម​ទូល​​សួរព្រះអង្គ សូម​ព្រះអង្គ​សំដែងប្រាប់​សេចក្តីនោះ ដល់ខ្ញុំ​ព្រះអង្គ។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា​ ម្នាលនន្ទ) តថាគត​មិនបាន​ពោលថា ពួកសមណ​ព្រាហ្មណ៍​ទាំង​អស់ ត្រូវជាតិ ជរាគ្របសង្កត់​ទេ តថាគត​ពោលថា ពួក​សមណ​ព្រាហ្មណ៍ណា ក្នុងលោកនេះ លះ​អារម្មណ៍​ដែលខ្លួន​បានឃើញ បានឮ បាន​ប៉ះពាល់ និងសីលវ័ត លះបង់វិធី​ជាច្រើន​ទាំងអស់​ចេញ ឬពួក​​​សមណ​ព្រាហ្មណ៍​ណា កំណត់ដឹង​នូវតណ្ហា មិនមាន​អាសវៈ ពួកជននោះ​ឯង ឈ្មោះថា ​ឆ្លងផុតឱឃៈបាន។

ខ្ញុំព្រះអង្គ ត្រេកអរចំពោះព្រះវាចានុ៎ះ​របស់ព្រះអង្គ អ្នកស្វែង​រកគុណដ៏ធំ បពិត្រ​ព្រះគោតម ព្រះ​និព្វាន​ដែលមិនមាន​ឧបធិ ដែលព្រះអង្គ​បានសំដែងទុក​ល្អ​ហើយ ព្រះអង្គ​​ពោលថា កាលពួក​សមណ​ព្រាហ្មណ៍​ណា លះអារម្មណ៍​ដែលខ្លួន​បានឃើញ បាន​ឮ បានប៉ះ​ពាល់ និងសីលវ័ត លះបង់​វិធីជា​ច្រើនយ៉ាង​ទាំងអស់ចេញ ឬពួកជនណា កំណត់ដឹង​នូវតណ្ហា មិនមាន​អាសវៈ ទើប​តថាគត ពោលថា ជនទាំងនោះ ឆ្លងផុត​ឱឃៈបាន។

ចប់ នន្ទមាណវកប្បញ្ហា ទី៧។

ហេមកប្បញ្ហា ទី៨

[១១៩] (ហេមកមាណពដ៏មានអាយុ ទូលសួរថា) ក្នុងកាល​ពីដើម មុន​សាសនា​នៃ​ព្រះគោតម អាចារ្យ​ទាំងឡាយ បានពោល​យ៉ាងជាក់​ច្បាស់ថា ពាក្យនោះ ធ្លាប់មាន​មក​ហើយ​​យ៉ាងនេះ ពាក្យនោះ នឹង​មាន​តទៅ ពាក្យ​ទាំងអស់​នោះ ជាពាក្យ​មិនជាក់​ច្បាស់ ពាក្យទាំង​អស់នោះ ជាគ្រឿង​ចំរើននៃ​សេចក្តីត្រិះរិះ (ខ្ញុំព្រះអង្គ​មិនទាន់​ពេញចិត្ត​ក្នុង​ពាក្យ​​នោះឡើយ) បពិត្រ​ព្រះអង្គ​ជាព្រះមុនី សូមព្រះអង្គ​សំដែងធម៌ សម្រាប់​ដកចេញ​នូវ​តណ្ហា ដែល​នាំឲ្យខ្ញុំ​ព្រះអង្គ​ដឹងច្បាស់ មានសតិ ឆ្លងតណ្ហា​ដែលផ្សាយ​ទៅផ្សេង ៗ ដល់ខ្ញុំ​ព្រះ​អង្គ។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា) មា្នលហេមកៈ ជនទាំងឡាយ​ណា ដឹង​ច្បាស់​នូវព្រះនិព្វាន ជាទី​បន្ទោបង់​នូវឆន្ទរាគ ជាគុណជាត​មិនច្យុត ដែល​បានឃើញ បាន​ស្តាប់ បានប៉ះពាល់​ហើយ ចំពោះ​រូបជាទី​ស្រឡាញ់ (ដែលគេ​ដឹងច្បាស់​ហើយ) ជាអ្នក​មាន​សតិ រលត់​កិលេស​ក្នុងបច្ចុប្បន្ន​ហើយ ជនអ្នក​មានសតិ​ស្ងប់កិលេស​ទាំងនោះ ឈ្មោះ​ថា ឆ្លងតណ្ហា​ដែលផ្សាយទៅ​ផ្សេង ៗ​ ក្នុងលោក​បានហើយ។

ចប់ ហេមកមាណវកប្បញ្ហា ទី៨។

តោទេយ្យប្បញ្ហា ទី៩

[១២០] (តោទេយ្យមាណពដ៏មានអាយុ ទូលសួរថា​) កាមារម្មណ៍​ទាំងឡាយ មិន​មាន​​នៅក្នុង​បុគ្គលណា តណ្ហា​​របស់​បុគ្គលណា មិនមាន ទាំងបុគ្គល​ណា ឆ្លង​សេចក្តី​សង្ស័យ​បាន វិមោក្ខធម៌ (ការរួចផុត) របស់​បុគ្គល​នោះ តើដូចម្តេច។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាល​តោទេយ្យ) កាមារម្មណ៍​ទាំងឡាយ មិន​មាន​នៅក្នុង​បុគ្គលណា តណ្ហា​របស់បុគ្គល​ណា មិនមាន ទាំង​បុគ្គលណា ឆ្លង​សេចក្តី​សង្ស័យ​បាន វិមោក្ខធម៌​របស់​បុគ្គល​នោះ មិន​មែន​ទៅ​ជាយ៉ាង​ដទៃទេ។

(បុគ្គលនោះ នឹងត្រូវព្យាយាម ដើម្បីធ្វើខ្លួន​ឲ្យរួចផុតទៅ ក្រៅអំពីនេះ​ទៀតមិន​មានទេ) បុគ្គល​នោះ ជាអ្នក​ប្រាសចាក​សេចក្តីប្រាថ្នា ឬនៅ​ប្រកប​ដោយ​​សេចក្តីប្រាថ្នា ជាបុគ្គល​មានប្រាជ្ញា ឬជាអ្នក​គ្រាន់តែ​កំណត់ថា ​មាន​បញ្ញា បពិត្រ​ព្រះអង្គ​ជាសក្យពង្ស ខ្ញុំព្រះអង្គ​គប្បីស្គាល់​បាននូវមុនី ដោយ​ប្រការដូចម្តេច បពិត្រ​ព្រះអង្គ​មានបញ្ញា​ចក្ខុ ឃើញ​ធម៌​ដោយជុំវិញ សូម​ព្រះអង្គត្រាស់​ប្រាប់នូវ​មុនីនោះ ដល់ខ្ញុំព្រះអង្គ។

(ព្រះអង្គ ទ្រង់ដោះស្រាយថា​) បុគ្គលនោះ ប្រាសចាក​សេចក្តីប្រាថ្នា ទាំងជា​អ្នក​ប្រកប​ដោយ​សេចក្តី​ប្រាថ្នាក៏ទេ ជាអ្នកមាន​បញ្ញា ទាំងជា​អ្នកគ្រាន់​តែកំណត់​ថា មាន​បញ្ញា​ក៏ទេ ម្នាល​តោទេយ្យ អ្នកចូរ​ដឹងបុគ្គល​នោះ ថាជាមុនី ជាអ្នកមិន​មានកង្វល់ មិន​ជាប់​​នៅក្នុង​កាមភព យ៉ាងនេះចុះ។

ចប់ តោទេយ្យមាណវកប្បញ្ហា ទី៩។

កប្បប្បញ្ហា ទី១០

[១២១] (កប្បមាណពដ៏មានអាយុ ទូលសួរថា​) ពួកសត្វ​ឋិតនៅក្នុង​កណ្តាល​នៃ​សង្សារវដ្ដ ត្រូវជរា​ និងមច្ចុ​គ្របសង្កត់ ក្នុងកាល​ដែលឱឃៈ ជាភ័យ​ធំកើតឡើង​ហើយ បពិត្រ​ព្រះអង្គ​និទ៌ុក្ខ សូមព្រះអង្គ​ត្រាស់ប្រាប់​នូវ​ទីពឹងឲ្យទាន សេចក្តី​ទុក្ខក្នុង​សង្សារវដ្ត​នេះ មិនគប្បី​មានតទៅ​ទៀត ដោយ​ប្រការណា សូមព្រះអង្គ​ត្រាស់ប្រាប់​នូវទីពឹង​ដល់ខ្ញុំ​ព្រះអង្គ (ដើម្បី​វៀរចាក​ទុក្ខ) ដោយប្រការ​នោះ។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលកប្បៈ) ពួកសត្វឋិតនៅ​ក្នុងកណ្តាល​នៃ​​សង្សារវដ្ត ត្រូវជរា និងមច្ចុគ្រប​សង្កត់ ក្នុងកាលដែល​ឱឃៈ​ជាភ័យ​​ធំកើតឡើង ម្នាល​កប្បៈ តថាគត​នឹងសំដែង​ប្រាប់នូវទី​ពឹងដល់អ្នក។ ការ​មិន​កង្វល់ (ដោយកិលេស) ការ​មិន​ប្រកាន់​មាំនុ៎ះឯង ឈ្មោះថា ជា​ទី​ពឹង​ពំនាក់ មិនមាន​ទីពឹងដទៃ​លើសជាងទេ តថាគត​ហៅ​ទីពឹង​នោះថា ព្រះនិព្វាន ជាទីក្ស័យនៃ​ជរា និងមច្ចុ។ ជនទាំង​ឡាយណា ដឹងច្បាស់​នូវ​ព្រះនិព្វាន​នោះ ជាអ្នក​មានសតិ រំលត់​ទុក្ខក្នុង​បច្ចុប្បន្ននេះ ជនទាំងនោះ ជាអ្នកមិន​លុះ​អំណាច​នៃមារ ជនទាំងនោះ មិនដល់​នូវភាពជា​អ្នកបំរើ​នៃមារឡើយ។

ចប់ កប្បមាណវកប្បញ្ហា ទី១០។

ជតុកណ្ណីបញ្ហា ទី១១

[១២២] (ជតុកណ្ណីមាណពដ៏មានអាយុ ទូលសួរថា) បពិត្រ​ព្រះអង្គ​ជាវីរបុរស ខ្ញុំព្រះអង្គ​បាន​ឮថា ព្រះអង្គ​មិនមាន​សេចក្តីប្រាថ្នា​ក្នុងកាម ឆ្លង​អន្លង់ គឺកិលេស​បាន​ហើយ ទើបមក​ដើម្បីទូល​សួរព្រះអង្គ អ្នក​មិនមាន​សេចក្តីប្រាថ្នា បពិត្រ​ព្រះមានព្រះភាគ ព្រះអង្គមាន​ដួងព្រះនេត្រ​ឃើញនូវ​​ធម្មតាលោក ដែល​កើត​ឡើងព្រម សូមព្រះអង្គ​សំដែង​នូវ​​សន្តិបទ គឺធម៌​ស្ងប់ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវសន្តិ​បទនុ៎ះ តាមសេចក្តី​ពិត ដល់ខ្ញុំព្រះអង្គ​ឲ្យទាន។ ព្រោះថា ព្រះមានព្រះភាគ ​តែង​ប្រព្រឹត្តគ្រប​សង្កត់​​នូវកាម (ដូច​ព្រះអាទិត្យ មានតេជះ គឺរស្មី គ្របសង្កត់​នូវប្រឹថពី​មណ្ឌល ដោយ​តេជះ​​ដូច្នោះ) បពិត្រ​ព្រះអង្គ​មានព្រះ​បញ្ញាធំ​ទូលាយ​ដូចផ្ទៃ​ផែនដី សូមព្រះអង្គ​ត្រាស់​ប្រាប់​​នូវធម៌ដែល​ខ្ញុំព្រះអង្គ​គួរដឹង ជាធម៌សម្រាប់​លះជាតិ​ និងជរា ក្នុងអត្តភាពនេះ ដល់​ខ្ញុំ​ព្រះអង្គ ជាអ្នក​មាន​បញ្ញាស្តួចស្តើង​ឲ្យទាន។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាល​ជតុកណ្ណី) អ្នកចូរកំចាត់​បង់នូវ​តម្រេក​ក្នុង​កាមទាំង​ឡាយចេញ ចូរឃើញ​នូវនេក្ខម្មៈ ដោយ​សេចក្តី​ក្សេម​ក្សាន្ត កិលេស​ជាតិគ្រឿង​ខ្វល់ ដែលអ្នក​ប្រកាន់មាំ (ដោយតណ្ហា ​និង​ទិដ្ឋិ) ឬ​ដែល​គួរលះបង់ កុំមាន​ដល់​អ្នក​ឡើយ គ្រឿងខ្វល់​ណា ដែលមាន​ហើយ ក្នុងកាល​មុន អ្នកចូរឲ្យ​គ្រឿងខ្វល់នោះ រីងស្ងួត​ចុះ គ្រឿងខ្វល់ មានក្នុងខាង​ក្រោយ កុំមានដល់​អ្នកឡើយ​ បើអ្នកមិន​កាន់យក​នូវគ្រឿង​ខ្វល់​ក្នុង​កណ្តាល អ្នកនឹងជា​មនុស្សស្ងប់​គ្រឿងខ្វល់បាន។ ម្នាល​ព្រាហ្មណ៍ បុគ្គល​តែងលុះ​ក្នុងអំណាច​នៃមច្ចុ ដោយអាសវៈ​ទាំងឡាយ​ណា អាសវៈ​ទាំងនោះ រមែង​មិន​មានដល់​បុគ្គលដែល​ប្រាសចាក​តម្រេក ក្នុងនាមរូប​ដោយសព្វគ្រប់។

ចប់ ជតុកណ្ណីមាណវកប្បញ្ហា ទី១១។

ភទ្រាវុធប្បញ្ហា ទី១២

[១២៣] (ភទ្រាវុធមាណពដ៏មានអាយុ ទូលសួរថា) ខ្ញុំព្រះអង្គ សូម​អារាធនា​ព្រះអង្គ អ្នកលះ​អាល័យ កាត់តណ្ហា មិន​រំភើប (ព្រោះ​លោកធម៌) លះ​សេចក្តី​ត្រេកអរ ឆ្លងអន្លង់​ហើយ រួចផុតស្រឡះ​ហើយ លះធម៌​គ្រឿងកំណត់ (ដោយតណ្ហា និងទិដ្ឋិ) ព្រះអង្គ​មានព្រះ​ប្រាជ្ញាញាណ បពិត្រ​ព្រះអង្គជា​វីរបុរស ពួកជនអ្នក​នៅក្នុង​ជនបទផ្សេង ៗ ចង់ស្តាប់​ព្រះវាចា​របស់ព្រះអង្គ បាន​​មកព្រមគ្នា​ហើយ អំពី​​ជនបទនោះ ៗ បើ​បាន​ស្តាប់​ព្រះវាចា​របស់ព្រះអង្គ​​ហើយ នឹង​ត្រឡប់​អំពីទីនេះ​វិញ សូម​ព្រះអង្គ​ទ្រង់ដោះ​ស្រាយ​បញ្ហា ដើម្បី​ជន​ទាំងអម្បាល​​នោះ ព្រោះធម៌នោះ ព្រះអង្គ​​បានជ្រាប​ហើយ។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលភទ្រាវុធ) បុគ្គល​គួរ​កំចាត់​បង់​នូវ​តណ្ហា ជាគ្រឿង​ប្រកាន់​មាំ ក្នុងចំណែក​​ខាងលើ ក្នុង​ចំណែក​ខាង​ក្រោម និង​ក្នុង​ចំណែក​ទទឹង គឺ​ត្រង់​កណ្តាល ឲ្យ​អស់ទៅ ព្រោះថា ជន​ទាំង​អម្បាលនោះ ប្រកាន់មាំ​​នូវរបស់​ណា ៗ ក្នុងលោក មារ​រមែងជាប់​តាមសត្វ ដោយរបស់​នោះ ៗ វិញដែរ ហេតុនោះ ភិក្ខុ​កាល​ដឹង ឃើញ​នូវ​ពួកសត្វ​អ្នក​ជាប់​នៅក្នុង​អារម្មណ៍​ផ្សេង ៗ ជាទីតាំង​នៃ​មច្ចុមារ​នេះថា សត្វ​ជាប់​នៅ​​ព្រោះ​សេចក្តីប្រកាន់​មាំ​ដូច្នេះ គប្បីជាអ្នក​មានសតិ មិន​ប្រកាន់​មាំនូវ​គ្រឿងខ្វល់​ក្នុង​លោក​ទាំងពួង។

ចប់ ភទ្រាវុធមាណវកប្បញ្ហា ទី១២។

ឧទយប្បញ្ហា ទី១៣

[១២៤] (ឧទយមាណពដ៏មានអាយុ ទូលសួរថា) ខ្ញុំព្រះអង្គជា​អ្នក​ត្រូវ​ការដោយ​បញ្ហា ទើបមក​គាល់ (ដើម្បីសួរ) ព្រះអង្គ​ជាអ្នក​បំពេញឈាន មាន​ព្រះសន្តាន​ប្រាសចាក​ធូលី គឺកិលេស មិន​មានអាសវៈ បានទ្រង់ធ្វើកិច្ច ដែលគួរ​ធ្វើស្រេចហើយ ដល់នូវ​ត្រើយ​នៃ​ធម៌ទាំង​ពួង សូមព្រះអង្គ​ទ្រង់​សំដែងនូវ​វិមោក្ខធម៌ គឺ​ព្រះអរហត្ត ជាគ្រឿង​ទំលាយ​អវិជ្ជាចេញ​បាន។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលឧទយៈ) តថាគតពោល​នូវការលះ​នូវ​កាមច្ឆន្ទៈ និង​ទោមនស្ស​ទាំងពីរ​យ៉ាងផង ការបន្ទោបង់នូវ​សេចក្តី​រួញរាផង ការឃាត់​បង់​នូវ​កុក្កុច្ចៈផង មាន​ឧបេក្ខា និងសតិ​ដ៏បរិសុទ្ធ​​ មានសេចក្តី​ត្រិះរិះ​ក្នុងធម៌​ជាប្រធានថា ជា​វិមោក្ខធម៌ គឺ​ព្រះអរហត្ត ជាគ្រឿង​ទំលាយ​នូវអវិជ្ជា​ចេញបាន។

សត្វលោកមានអ្វីជាគ្រឿងចងទុក អ្វីជាគ្រឿង​សញ្ចរ​ទៅនៃ​សត្វលោក​នោះ លោក​ពោល​ថា និព្វាន​ ៗ ដូច្នេះ តើព្រោះ​លះអ្វីបាន។

សត្វលោក មានសេចក្តីត្រេកត្រអាល ជាគ្រឿងចងទុក មានសេចក្តី​គិតជញ្ជឹង ជា​គ្រឿង​សញ្ចរទៅ​នៃសត្វ​លោក​នោះ ដែលលោក​ពោលថា និព្វាន ព្រោះ​លះតណ្ហា​ចេញ​បាន។

កាលបុគ្គលមានសតិត្រាច់ទៅដូចម្តេច វិញ្ញាណ​ទើបរលត់ យើងខ្ញុំ​មក​គាល់ដើម្បី​នឹង​ទូលសួរ​ព្រះអង្គ នឹងបាន​ស្តាប់ព្រះវាចា​របស់ព្រះអង្គ។

កាលបុគ្គលមិនត្រេកត្រអាលចំពោះវេទនា​ទាំង​ខាងក្នុង ទាំងខាង​ក្រៅ មានសតិ ត្រាច់​ទៅ​យ៉ាង​នេះ វិញ្ញាណ​ទើបរលត់​ទៅ។

ចប់ ឧទយមាណវកប្បញ្ហា ទី១៣។

បោសាលប្បញ្ហា ទី១៤

[១២៥] (បោសាលមាណពដ៏មានអាយុ ទូលសួរថា) ខ្ញុំព្រះអង្គ​ជាអ្នក​ត្រូវការ​ដោយ​​បញ្ហា ទើបមក​គាល់ដើម្បី​សួរ ព្រះអង្គ​សំដែងព្រះ​ប្រាជ្ញាញាណ​ក្នុងកាល​ជាអតីត មិនញាប់ញ័រ (ចំពោះសុខទុក្ខ) មាន​សេចក្តី​សង្ស័យ​កាត់បង់ហើយ ដល់នូវ​ត្រើយនៃ​ធម៌​ទាំង​ពួង បពិត្រ​ព្រះអង្គ​ជាសក្សពង្ស ខ្ញុំ​ព្រះអង្គសូម​ទូលសួរ ញាណ​របស់បុគ្គល មាន​សេចក្តី​កំណត់ កត់សំគាល់​ក្នុងរូប បានជាក់​ច្បាស់ (បានសម្រេច​ដល់រូបជ្ឈាន​ហើយ) លះបង់​រូបារម្មណ៍​ទាំងអស់បាន​ហើយ (កន្លង​រូបជ្ឈានហើយ) ឃើញទាំង​ខាងក្នុង ទាំង​ខាង​ក្រៅថា វត្ថុបន្តិច​បន្តួចមិនមាន (សម្រេច​អរូបជ្ឈាន ដែល​ហៅថា អាកិព្ចាញ្ញាយតនៈ) បុគ្គល​មានសភាព​ដូច្នោះ តើ​ព្រះអង្គ​គប្បី​ប្រៀនប្រដៅ​ដោយប្រការ​ដូចម្តេច​ទៀត។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលបោសាលៈ) តថាគតជ្រាប​វិញ្ញាណដិ្ឋតិ (ភូមិជា​ទីតាំងនៃ​វិញ្ញាណ) ទាំងអស់ ទើបជ្រាប​បុគ្គលនោះ កំពុង​ឋិតនៅ មាន​ចិត្ត​ចុះស៊ប់ក្នុង (អាកិញ្ចញ្ញាយតនៈ) មាន​អាកិញ្ចញ្ញាយតនៈ​នោះ ប្រព្រឹត្ត​ទៅ​ខាង​មុខ មាន​​អាកិញ្ចញ្ញាយតនៈ​ជាដែន​កើត មានសេចក្តី​ត្រេកត្រអាល​ជា​គ្រឿងប្រកប​ដូច្នេះ លុះ​តថាគត​ជ្រាបច្បាស់​យ៉ាងនេះ​ហើយ លំដាប់​អំពី​អាកិញ្ចញ្ញាយតនជ្ឈាន​នោះ ក៏រមែង​ពិចារណា​ឃើញ​ច្បាស់ ក្នុង​សហជាតធម៌​នោះ នេះឯង​ជាញាណ​ដ៏ពិតបា្រកដ​របស់​ព្រាហ្មណ៍​នោះ ជា​អ្នកប្រព្រឹត្ត​ចប់​ព្រហ្មចរិយធម៌។

ចប់ បោសាលមាណវកប្បញ្ហា ទី១៤។

មោឃរាជប្បញ្ហា ទី១៥

[១២៦] (មោឃរាជមាណពដ៏មានអាយុ ទូលសួរថា) បពិត្រ​ព្រះអង្គ​ជាសក្យពង្ស ខ្ញុំ​ព្រះអង្គ​ទូលសួរអស់​វារៈ ២ ដងហើយ ព្រះអង្គ​មានដួង​ចក្ខុ ក៏មិនទាន់​បានដោះស្រាយ ដល់​ខ្ញុំ​ព្រះអង្គ​នៅឡើយ បពិត្រ​ព្រះអង្គ​ជាទេពឥសី ខ្ញុំ​ព្រះអង្គ​បានឮថា បើ​គេទូល​សួរ​អស់​វារៈ ៣ ដង ព្រះមានព្រះភាគ​គង់ដោះ​ស្រាយ លោកនេះ លោកដទៃ ព្រហ្មលោក ព្រមទាំង​ទេវលោក រមែង​មិន​ទាន់ដឹង​នូវសេចក្តី​យល់របស់​ព្រះអង្គ ជា​ព្រះគោតម​ដ៏ទ្រង់​យសទេ ខ្ញុំព្រះអង្គ​ជាអ្នកត្រូវ​ការដោយ​បញ្ហា ទើប​​មកគាល់ (ដើម្បីសួរ) ព្រះអង្គ ជាអ្នក​ឃើញ​ដ៏​លើសលុប​យ៉ាងនេះ បុគ្គលកាល​ពិចារណា​នូវខន្ធលោក​ដូចម្តេច មច្ចុរាជ​ទើបមិន​ឃើញ។

ម្នាលមោឃរាជ អ្នកចូរជាអ្នកមានសតិ​សព្វកាល ចូរពិចារណា​លោក ដោយ​សភាព​ជារបស់​សូន្យ បុគ្គលដក​អត្តានុទិដ្ឋិ គឺ​សេចក្តី​ឃើញ​ថាជា​ខ្លួន​ប្រាណ​ចេញ ទើប​ឆ្លង​មច្ចុរាជ​​ចេញបាន​យ៉ាងនេះ បុគ្គលកាល​ពិចារណា​លោកយ៉ាងនេះ មច្ចុរាជ​ទើបមិន​ឃើញ។

ចប់ មោឃរាជមាណវកប្បញ្ហា ទី១៥។

បិង្គិយប្បញ្ហា ទី១៦

[១២៧] (បិង្គិយមាណពដ៏មានអាយុ ទូលសួរថា) ខ្ញុំព្រះអង្គ​ជា​មនុស្ស​ចាស់ មិន​សូវ​មាន​កំឡាំង មានពណ៌​សម្បុរ​អាប់អន់ ភ្នែក​ក៏មិនសូវភ្លឺ ត្រចៀក​សម្រាប់​ស្តាប់ ក៏​មិនសូវ​ឮ សូមកុំ​ឲ្យព្រះអង្គ​វង្វេងវង្វាន់​វិនាស​ក្នុង​ចន្លោះ សូម​ព្រះអង្គ​ត្រាស់ប្រាប់ធម៌ ដែលខ្ញុំ​ព្រះអង្គ​​គួរដឹង ជាគ្រឿង​លះជាតិ ​និងជរា ក្នុងអត្តភាព​នេះឲ្យទាន។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាល​បិងិ្គយៈ) អ្នកចូរ​ឃើញថា ជនទាំង​ឡាយ ជាអ្នកប្រមាថ រមែងលំបាក​ព្រោះរូប​ជាហេតុ រមែង​ឈឺចាប់ ក៏ព្រោះ​រូបជាហេតុ ម្នាល​បិងិ្គយៈ ព្រោះដូច្នោះ អ្នក​កុំប្រមាទ ចូរ​លះរូប​ចោល​ចេញ ដើម្បីមិន​កើតតទៅ​ទៀត។

ទិសទាំងឡាយនេះ គឺទិសធំ ៤ ទិសតូច ៤ ទាំងទិស​ខាងលើ ១ និងទិស​ខាង​ក្រោម ១ រួមត្រូវជា ១០ ទិស វត្ថុណា​មួយក្នុងលោក ដែលព្រះអង្គ​មិនធ្លាប់ឃើញ មិនធ្លាប់​ឮ មិនធ្លាប់​ប៉ះពាល់ ឬមិនធ្លាប់ជ្រាប មិនមានទេ សូមព្រះអង្គ​ត្រាស់បា្រប់ធម៌ ដែលខ្ញុំ​ព្រះអង្គ​គួរដឹង សម្រាប់លះ​ជាតិ និងជរា ក្នុងអត្តភាព​នេះ។

(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលបិងិ្គយៈ) កាលបើអ្នក​ឃើញ​នូវពួក​មនុស្ស ដែលត្រូវ​តណ្ហាកំពុង​គ្របសង្កត់ ជាសត្វមាន​សេចក្តី​ក្តៅ​ក្រហាយ​កើតឡើង​ហើយ ត្រូវជរា​រួបរឹតហើយ ម្នាលបិង្គិយៈ ហេតុដូច្នោះ​ អ្នកកុំប្រមាទ ចូរលះតណ្ហា​ចោលចេញ ដើម្បី​​មិនឲ្យ​កើត​តទៅទៀត។

ចប់ បិង្គិយមាណវកប្បញ្ហា ទី១៦។

[១២៨] កាលព្រះមានព្រះភាគ ទ្រង់គង់នៅនា​បាសាណចេតិយ ក្នុង​ដែនមគធៈ ទ្រង់​បាន​សំដែង​សូត្រនេះ កាល​ពួក​ព្រាហ្មណ៍ ១៦ នាក់ ជាអ្នក​បំរើ (របស់​ពាវរី​ព្រាហ្មណ៍) អារាធនា​​ហើយ ទើបព្រះអង្គ​ទ្រង់ដោះ​ស្រាយ​​បញ្ហា។ បើ​បុគ្គល​បានដឹង​នូវ​អត្ថ បានដឹង​នូវធម៌​នៃបញ្ហាមួយ ៗ ហើយ គប្បី​ប្រតិបត្តិ​នូវធម៌ដ៏​សម​គួរ​តាមធម៌ បុគ្គល​នោះ មុខជា​ដល់​នូវ​ត្រើយ​នៃ​ជរា និងមរណៈ​ពុំខាន ធម៌​ទាំងនេះ ជាធម៌​គួរ​នាំសត្វទៅ (កាន់​ត្រើយ​ គឺ​ព្រះនិព្វាន) ព្រោះហេតុ​នោះ ពាក្យថា បារាយនៈ (ការប្រព្រឹត្តិទៅ​កាន់​ត្រើយ) នេះ ជាឈ្មោះ​នៃ​ធម្មបរិយាយ​នេះឯង។

[១២៩] (ព្រាហ្មណមាណព ១៦ ​នាក់​ ដែលបានក្រាប​ទូលសួរបញ្ហា) នុ៎ះ​គឺ​មាណព​​ឈ្មោះ​អជិត ១ តិស្សមេត្តេយ្យ ១ បុណ្ណកៈ ១ មេត្តគូ ១ ធោតកៈ ១ ឧបសីវៈ ១ នន្ទៈ ១ ហេមកៈ ១ តោទេយ្យ ១ កប្បៈ ១ ជតុកណ្ណីមាណព​ជាបណ្ឌិត ១ ភទ្រាវុធ ១ ឧទយៈ ១ ព្រាហ្មណ៍បោសាល ១ មោឃរាជ ជាអ្នកបា្រជ្ញ ១ បិង្គិយៈ​ជា​មហាឥសី ១ ព្រាហ្មណ៍​ទាំង ១៦ នាក់នុ៎ះ បានទៅ​គាល់ព្រះពុទ្ធ ជាអ្នកស្វែង​រកនូវគុណ មានចរណៈ​ គឺ​ធម៌​ជាគ្រឿង​ប្រព្រឹត្ត​ដ៏បរិបូណ៌ បានចូលទៅ​ក្រាបទូល​សួរបញ្ហា​ដ៏ល្អិត ចំពោះ​ព្រះពុទ្ធ ជាបុគ្គល​ប្រសើរ។ ព្រះពុទ្ធជា​ព្រះមុនី បានដោះ​ស្រាយនូវ​បញ្ហាទាំងឡាយ ដែលពួក​ព្រាហ្មណ៍​ទូលសួរ តាមសេចក្តី​ពិត បានញុំាង​ពួកព្រាហ្មណ៍ ឲ្យត្រេកអរ​ដោយការ​ដោះ​ស្រាយ​​បញ្ហា។ ពា្រហ្មណ៍ទាំង ១៦ នាក់នោះ កាល​បើ​ព្រះពុទ្ធ ជា​អាទិច្ចវង្ស មាន​ចក្ខុ គឺ​បា្រជ្ញាញាណ បានឲ្យ​ត្រេកអរ​ហើយ ក៏បាន​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​នៃ​ព្រះសាស្តា មានបញ្ញា​ដ៏ប្រសើរ។ ព្រះពុទ្ធវចនៈ ដែលព្រះពុទ្ធ​ទ្រង់សំដែង​ហើយ ចំពោះ​បញ្ហា​មួយ ៗ ដោយប្រការ​យ៉ាងណា។ បើបុគ្គល​ណា ប្រតិបត្តិ​តាមដូច្នោះ បុគ្គល​នោះ គប្បី​ទៅអំពីទី​មិនមែន​ជាត្រើយ កាន់ត្រើយបាន ព្រោះហេតុនោះ បុគ្គលកាល​ចំរើន​មគ្គដ៏​ឧត្តម​ គឺ​​អដ្ឋង្គិកមគ្គ គប្បីចេញ​ចាកទីមិន​មែនត្រើយ ទៅកាន់​ត្រើយ គឺ​ព្រះនិពា្វន។ មគ្គនោះ តែងប្រព្រឹត្ត​ទៅ ដើម្បី​ទៅកាន់​ត្រើយ គឺព្រះនិព្វាន ព្រោះ​ហេតុនោះ ទើបឈ្មោះ​ថា បារាយនៈ​ ដោយប្រការ​ដូច្នេះ។

[១៣០] (បិង្គិយៈដ៏មានអាយុ ពោលសរសើរ​ព្រះមានព្រះភាគ ក្នុងទីជិត​ពាវរី​ព្រាហ្មណ៍​ដូច្នេះថា) ខ្ញុំនឹងច្រៀង​តាម​បារាយនធម៌ (ព្រះមានព្រះភាគ បានឃើញ​យ៉ាង​ណា ទ្រង់សំដែង​យ៉ាងនោះ) ព្រះមានព្រះភាគ បា្រសចាក​មន្ទិល ព្រះអង្គ​មានបា្រជ្ញា​ញាណ​ដូច​ជាដែនដី ព្រះអង្គ​មាន​សេចក្តីបា្រថ្នាលះ​​ចេញហើយ មាន​ទុក្ខ​រលត់ហើយ ព្រះអង្គ​​ជាបុគ្គល​​ប្រសើរ គប្បី​ពោល​ពាក្យ​មុសាវាទ ដោយ​ហេតុ​ដូចម្តេច​​កើត។ បើដូច្នោះ ខ្ញុំនឹង​សូម​សំដែង​​វាចា ដែល​​ប្រកប​ដោយគុណ គួរ​សរសើរ​របស់​ព្រះមានព្រះភាគ ព្រះអង្គ​​មានមន្ទិល និង​​មោហៈ​លះបង់ហើយ ទាំងមានះ និងមក្ខៈ ក៏ព្រះអង្គ​លះបង់​បានដាច់​ស្រឡះ​ហើយ។ ព្រះពុទ្ធ​មានចក្ខុ​ជុំវិញ គឺ​​សព្វញ្ញុតញ្ញាណ​ បន្ទោបង់​នូវ​សេចក្តី​ងងឹត ​ដល់នូវទីបំផុត​នៃ​លោក កន្លង​ផុត​នូវភព​ទាំងពួង ព្រះអង្គ​មិនមាន​អាសវៈ​ លះបង់​នូវ​ទុក្ខទាំងពួង មាន​ព្រះនាម​ជា​សច្ចបុគ្គល ខ្ញុំក៏​បាន​ចូលទៅរក​ព្រះមានព្រះភាគ​ដ៏ប្រសើរ​រួចហើយ។ បក្សី​​លះបង់ព្រៃតូច (មានផ្លែឈើតិច) មក​អាស្រ័យ​ព្រៃធំ មានផ្លែ​ឈើច្រើន ដូចម្តេច​មិញ ខ្ញុំ​លះបង់​គណាចារ្យ​​ដែលមាន​​សេចក្តី​ឃើញតិច (មក​ប្រសព្វ​ព្រះមានព្រះភាគ) មាន​​ព្រះប្រាជ្ញា​ដ៏ច្រើន ដូច​ហង្ស​ហើរមកចុះ​ក្នុងស្រះ​ធំ។ ពួក​អាចារ្យ​ណា​មុន (សាសនា​ព្រះគោតម) អាចារ្យ​ទាំងនោះ បានព្យាករ​ហើយ ដោយ​អាង​គោល​ការណ៍​​ថា ដំណើរនោះ តែង​មានមក​ហើយដូច្នោះ ៗ នឹង​មាន​តទៅ​ខាងមុខ​​ដូច្នេះ ៗ (នេះ​ជាពាក្យប្រដៅ ក្រៅចាកពាក្យ​ប្រដៅព្រះ​គោតម) សេចក្តី​​ព្យាករណ៍​ទាំងអស់នោះ (មិន​ទាន់​ប្រាកដទេ) គ្រាន់​តែ​ពោលថា​ដូច្នេះ ៗ សេចក្តី​​ព្យាករណ៍​ទាំងអស់​នោះ ជា​គ្រឿង​ធ្វើ​សេចក្តី​ត្រិះរិះ​ឲ្យចំរើនឡើង (ខ្ញុំមិន​ពេញ​ចិត្ត​ក្នុង​ពាក្យនោះ​​ឡើយ) ព្រះមានព្រះភាគ​តែ​មួយព្រះអង្គ​ប៉ុណ្ណោះ ទ្រង់​​បន្ទោបង់​នូវងងឹត គង់​នៅ​ជាសុខ ព្រះអង្គ​​មានរស្មី​រុងរឿង ទ្រង់​ធ្វើ​នូវពន្លឺ (ដល់លោក)។ ព្រះគោតម​​មានញាណ​​ដ៏ក្រាស់​ដូច​ផែនដី ព្រះគោតម ព្រះអង្គ​ប្រកប​​ដោយ​ប្រាជ្ញា​ក្រាស់ដូច​ផែនដី ទ្រង់​​សំដែងធម៌ (ជា​​ដំណើរទៅ​កាន់ព្រះនិព្វាន) ប្រកប​​ដោយផល​គួរឃើញជាក់​ច្បាស់ មិនមាន​​កំណត់​កាល ជា​គ្រឿង​អស់តណ្ហា មិនមាន​​ឧបទ្ទវៈ គឺ​កិលេស​​ដល់ខ្ញុំ នឹងរក​​សេចក្តីឧបមា​​ចំពោះ​​ព្រះនិព្វាន ក្នុងទីណា​មួយ មិនបាន​ឡើយ។

(ពាវរីព្រាហ្មណ៍ សួរបិង្គិយមាណពថា) ម្នាល​បិង្គិយៈ អ្នកដែល​នៅឃ្លាត អំពី​ព្រះគោតម មានញាណ​ក្រាស់ដូច​ផែនដី អំពី​ព្រះគោតម ប្រកប​ដោយ​ប្រាជ្ញា​ក្រាស់ដូច​ផែនដីនោះ សូម្បី​​មួយរំពេច​ដែរឬ ព្រះគោតម ដែល​បាន​សំដែង​ធម៌ ប្រកប​​ដោយផល​គួរ​ឃើញ​ជាក់ច្បាស់ មិនមាន​កំណត់កាល ជា​គ្រឿង​អស់ទៅ​នៃ​តណ្ហា មិនមាន​ឧបទ្ទវៈ ដល់​អ្នក នឹងរក​សេចក្តីឧបមា​ចំពោះ​ព្រះនិព្វាន ក្នុងទីណា​មួយ មិនមាន​មែនទេឬ។

(បិង្គិយមាណព តបថា) បពិត្រ​ពាវរីព្រាហ្មណ៍ ខ្ញុំមិនដែល​ឃ្លាត​អំពីព្រះគោតម អ្នក​មាន​ញាណក្រាស់​ដូចផែនដី អំពី​ព្រះគោតម អ្នក​ប្រកប​ដោយប្រាជ្ញា​ក្រាស់ដូច​ផែនដី​នោះ សូម្បី​​មួយរំពេច​​ទេ ព្រះគោតម​សំដែងធម៌ ប្រកប​​ដោយផល​គួរឃើញ​ជាក់ច្បាស់ មិន​មាន​កំណត់​កាល ជាគ្រឿង​អស់​ទៅនៃតណ្ហា មិនមានឧបទ្ទវៈ ដល់ខ្ញុំ នឹងរកសេចក្តី​ឧបមា​​ចំពោះ​ព្រះ​និព្វាន ក្នុងទីណាមួយ មិនមាន​ពិតមែន។ បពិត្រ​ពាវរីព្រាហ្មណ៍ ខ្ញុំមិន​ប្រមាទ ទាំងយប់​ទាំងថ្ងៃ ឃើញព្រះ​គោតម​មានព្រះភាគ​អង្គនោះ​ដោយចិត្ត ហាក់​បី​ដូច​ជា​ឃើញ​ដោយចក្ខុ ខ្ញុំនមស្ការ (ព្រះគោតម) នៅ​រហូតរាត្រី ខ្ញុំសំគាល់​ឃើញ​នូវការ​មិន​នៅ​​ប្រាសចាក​ព្រះគោតមនោះ​ឯង។ ធម៌ ៤ យ៉ាងនេះ គឺ​សទ្ធា ១ បីតិ ១ មនៈ ១ សតិ ១ (ដែល​មាន​ក្នុងសន្តាន​របស់ខ្ញុំ) រមែងមិន​ប្រាស​​ចាកសាសនា​នៃ​ព្រះគោតម​ទេ ព្រះគោតម​អ្នក​មាន​បញ្ញាដូច​ផ្ទៃផែនដី ស្តេចទៅ​​កាន់ទិសណា ៗ ខ្ញុំនោះ ​ក៏ជាអ្នក​បង្អោនចិត្ត​ទៅ​ហើយ ដោយ​ទិសាភាគ​នោះ ៗ ឯង។ បពិត្រ​ពាវរីព្រាហ្មណ៍ ខ្ញុំជា​បុគ្គល​ចាស់ មានកំឡាំង​ថយ​ហើយ ហេតុនោះ កាយ​ទៅក្នុង​ទីនោះ មិនបានទេ ខ្ញុំទៅអស់កាល​ជានិច្ច ដោយ​ដំណើរ គឺសេចក្តី​ត្រិះរិះ ព្រោះថា ចិត្តខ្ញុំប្រកប​ហើយដោយ​ការរលឹក​ព្រះគោតម​​នោះ។

(ពាវរីព្រាហ្មណ៍ តបថា) ខ្ញុំ (ដេកនៅ) ក្នុងភក់​ គឺ​កាម អន្ទះអន្ទែង (ព្រោះតណ្ហា) សាត់​​អណ្តែត​ទៅអំពី​កោះ ទៅកាន់កោះ គឺចេញ​អំពីសំណាក់​សាស្តាមួយ ទៅកាន់​សំណាក់​​សាស្តាមួយ ខ្ញុំក៏​បានជួប​ប្រទះ​នឹង​ព្រះសម្ពុទ្ធ ព្រះអង្គ​​មិនមាន​អាសវៈ ឆ្លងផុត​ឱឃៈ​ហើយ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា វក្កលិ ១ ភទ្រាវុធ ១ និង​អាឡវិគោតម ១ សុទ្ធ​តែ​ជាអ្នកមាន​សទ្ធាចុះស៊ប់ យ៉ាងណាមិញ សូម្បី​អ្នក ​ក៏​ចូរបញ្ចេញ​នូវសទ្ធាមក​ចុះ ក៏យ៉ាងនោះ​ដែរ ម្នាល​បិង្គិយៈ អ្នកនឹងដល់​នូវត្រើយ​នៃសង្សារ ជាទី​តាំង​នៃ​មច្ចុមារ។

(ព្រះបិង្គិយៈ ទូលសរសើរព្រះមានព្រះភាគ​ថា) ខ្ញុំព្រះអង្គ​នេះ ជ្រះថ្លា​ដោយ​ក្រៃ​ពេក ព្រោះបាន​ស្តាប់ព្រះវាចា​នៃ​ព្រះអង្គ​ជាព្រះមុនី ព្រះអង្គ​ត្រាស់ដឹង​ហើយ ដោយ​ព្រះអង្គ​​ឯង ព្រះអង្គ​មានដំបូល​គ្រឿងប្រក់​បើកហើយ មិនមាន​កិលេស​គ្រឿងរឹងត្អឹង ទ្រង់​មាន​បដិភាណ ទ្រង់ជ្រាប​​នូវ​​អធិទេវៈ​​ទាំងឡាយ គឺធម៌​​សម្រាប់​ធ្វើសត្វ​​ឲ្យជាទេវតា​ដ៏ក្រៃ​លែង ទ្រង់ជ្រាប​​នូវធម្មជាត​​ទាំងពួង ជាធម៌​​ដ៏ប្រសើរ និង​​ថោកទាប (ដល់ខ្លួន និងអ្នក​ដទៃ)។ ព្រះសាស្តា ទ្រង់​ធ្វើ​នូវទីបំផុត​នៃ​បញ្ហា​ទាំងឡាយ ដល់​ពួកជន​ដែល​ប្តេជ្ញាថា ជា​អ្នកមាន​សេចក្តី​សង្ស័យ ព្រះនិព្វាន ជាគុណជាត​មិនកក្រើក មិន​ញាប់ញ័រ សេចក្តី​ឧបមា ចំពោះ​​ព្រះនិព្វាន ក្នុងទីណា​មួយ មិនមាន​ឡើយ។ ខ្ញុំព្រះអង្គ​នឹងដល់ (នូវ​អនុបាទិសេសនិព្វានធាតុ) ដោយ​ពិត សេចក្តី​សង្ស័យ ក្នុង​​ព្រះនិព្វាននោះ​ មិនមាន​ដល់ខ្ញុំ​ព្រះអង្គទេ សូម​ព្រះមានព្រះភាគ ចាំទុក​នូវខ្ញុំព្រះអង្គ​ ថាជាអ្នក​មានចិត្ត​ជឿស៊ប់ (ក្នុង​ព្រះនិព្វាន) ដោយប្រការ​ដូច្នេះ។

ចប់ បារាយនវគ្គ ទី៥។

ឧទ្ទាននៃសូត្រ ក្នុងសុត្តនិបាត

[១៣១] ឧរគសូត្រ ១ ធនិយសូត្រ ១ ខគ្គវិសាណសូត្រ ១ កសិភារទ្វាជសូត្រ ១ ចុន្ទសូត្រ ១ បរាភវសូត្រ ១ វសលសូត្រ ១ ករណីយមេត្តសូត្រ ១ ហេមវតសូត្រ ១ អាឡវកយក្ខសូត្រ ១ វិជយសូត្រ ១ មុនិសូត្រ ជាសូត្រ​ដ៏ប្រសើរ ១។

វគ្គដ៏ប្រសើរថ្លៃថ្លា តាំងនៅជាដំបូង ជាវគ្គ​ទ្រទ្រង់​នូវសូត្រ ១២ លោកចែក​ទុកល្អ​ហើយ ព្រះមានព្រះភាគ ទ្រង់មាន​ចក្ខុប្រាសចាក​មន្ទិល ទ្រង់សំដែង​ទុកហើយ យើង​ឮ​មកថា ឧរគវគ្គ ជាវគ្គ​ដ៏ប្រសើរ។

រតនសូត្រ ១ អាមគន្ធសូត្រ ១ ហិរិសូត្រ ១ មង្គលសូត្រ ១ សូចិលោមសូត្រ ១ កបិលសូត្រ ឬ​ធម្មចរិយសូត្រ ១ ព្រាហ្មណធមិ្មកសូត្រ ១ នាវាសូត្រ ១ កឹសីលសូត្រ ១ ឧដ្ឋានសូត្រ ១ រាហុលសូត្រ ១ វង្គីសសូត្រ ១ សម្មាបរិព្វាជនីយសូត្រ ១ ធម្មិកសូត្រដ៏ប្រសើរ ១ លោកចែក​ទុកល្អ​ហើយ ក្នុងវគ្គ​នោះ បណ្ឌិត​ទាំងឡាយ ពោលនូវ​វគ្គនោះ ថាជា​ចូឡកវគ្គ​ដ៏ប្រសើរ ទ្រទ្រង់​នូវសូត្រ ១៤ ក្នុង​លើកទី ២។

បព្វជ្ជាសូត្រ ១ បធានសូត្រ ១ សុភាសិតសូត្រ ១ បុរឡាស ឬ​​សុន្ទរិកសូត្រ ១ មាឃសូត្រ ១ សភិយសូត្រ ១ កេណិយសូត្រ ឬ​សេលសូត្រ ១ សល្លសូត្រ ១ វាសេដ្ឋសូត្រ​ដ៏ប្រសើរ ១ កោកាលិកសូត្រ ១ នាឡកសូត្រ​ដ៏ប្រសើរ ១ លោកចែក​ទុកល្អ​ហើយ ទ្វយតានុបស្សនាសូត្រ ១ យើង​ឮមកថា មហាវគ្គ ជាវគ្គដ៏​ប្រសើរ ទ្រទ្រង់​នូវសូត្រ ១២ ក្នុង​លើកទី ៣។

កាមសូត្រ ១ គុហដ្ឋកសូត្រ ១ ទុដ្ឋដ្ឋកសូត្រ ១ សុទ្ធដ្ឋកសូត្រ​ដ៏ប្រសើរ ១ បរមដ្ឋកសូត្រ ១ ជរាសូត្រ ១ តិស្សមេត្តេយ្យសូត្រ​ដ៏ប្រសើរ លោកចែក​ទុកល្អ​ហើយ ១ បសូរសូត្រ ១ មាគន្ទិយសូត្រ ១ បុរាភេទសូត្រ ១ កលហវិវាទសូត្រ ១ វិយូហសូត្រ ២ គឺ​ចុឡវិយូហសូត្រ និង​មហាវិយូហសូត្រ តុវដ្តកសូត្រ ១ អត្តទណ្ឌសូត្រ ១ សារីបុត្តសូត្រ ១ បណ្ឌិត​ទាំងឡាយ ពោលនូវ​វគ្គនោះថា អដ្ឋកវគ្គ ជាវគ្គដ៏​ប្រសើរ ទ្រទ្រង់​នូវសូត្រ ១៦ ក្នុង​លើកទី ៤។

ដូចបានឮថា ព្រះមានព្រះភាគ ជាបុគ្គល​ប្រសើរ​ក្នុងគណៈ ទ្រង់គង់​ក្នុង​បាសាណកចេតិយ​ដ៏ប្រសើរ ដែល​បុគ្គលចាត់​ចែងល្អហើយ ក្នុង​ប្រទេស​ដ៏ប្រសើរ ជា​ប្រទេស​​ជាទីនៅ​នៃបុគ្គល​អ្នកមាន​បុណ្យបាន​ធ្វើហើយ ក្នុង​មគធជនបទ ជា​រមណីយដ្ឋាន ដែល​​ព្រាហ្មណ៍​ទាំង ១៦ នាក់ ទូលសួរ​ហើយ នូវធម៌​ណាទាំង​ពីរដ៏​បរិបូណ៌​គ្រប់គ្រាន់​ក្នុង​បរិសទ្យ មានយោជន៍​ ១២ ទ្រង់​ប្រកាស​ប្រទាន​នូវធម៌ តាមពាក្យ​បុច្ឆា គួរដល់​បញ្ហាកម្ម ១៦ ព្រះជិនស្រី ជាបុគ្គល​ប្រសើរ​ជាងសត្វ​មានជើងពីរ ទ្រង់​ប្រកាស​នូវ​អត្ថ បរិបូណ៌​ដោយ​​ព្យញ្ជនៈ ជាទីកើត​នៃ​សេចក្តី​ក្សេមក្សាន្ត ដល់​​សត្វដទៃ។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមាន​ជើងពីរ ទ្រង់​សំដែងនូវ​សូត្រ​ដ៏​ប្រសើរ ដ៏វិចិត្រ​​ដោយធម៌​ច្រើន​យ៉ាង ទ្រង់សំដែង​សូត្រដ៏ប្រសើរ ជាហេតុ​រួចចាក​កិលេស​ទាំង​ពួង។

ព្រះសម្មាសម្ពុទ្ធ ប្រសើរជាងសត្វមានជើង​ពីរ ទ្រង់សំដែង​សូត្រដ៏​ប្រសើរ ប្រកប​ព្រម​​ដោយព្យញ្ជនៈ និង​អត្ថ និងបទ ដែលគួរ​សំគាល់​បាន​ដោយ​អក្ខរៈ​ដែលចុះ​កាន់​សេចក្តី​ឧបមា ជាពន្លឺ​ដ៏ប្រសើរ​ គឺញាណ ជាគ្រឿង​ពិចារណា​នូវលោក។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមាន​ជើងពីរ ទ្រង់សំដែង​សូត្រ​ដ៏​ប្រសើរ មិនមាន​មន្ទិល បា្រសចាក​មន្ទិលដ៏​ប្រសើរ​ក្នុងមន្ទិល គឺរាគៈ មិន​មានមន្ទិល ប្រាសចាក​មន្ទិល​ដ៏ប្រសើរ​ក្នុងមន្ទិល គឺទោសៈ មិនមាន​មន្ទិល ប្រាសចាក​មន្ទិល​ដ៏ប្រសើរ​ក្នុងមន្ទិល គឺ​មោហៈ ជាពន្លឺដ៏​ប្រសើរ គឺញាណ​ជាគ្រឿង​ពិចារណា​នូវលោក។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលដ៏ប្រសើរជាងសត្វមាន​ជើងពីរ ទ្រង់សំដែង​សូត្រ​ដ៏​ប្រសើរ មិនមាន​មន្ទិល ​ប្រាសចាក​មន្ទិលដ៏ប្រសើរ​ក្នុងមន្ទិល ​គឺ​កិលេស ប្រាសចាក​មន្ទិល​ដ៏​ប្រសើរ​ក្នុងមន្ទិល គឺ​ទុច្ចរិត ជាពន្លឺដ៏​ប្រសើរ គឺ​ញាណ​ជាគ្រឿង​ពិចារណា​នូវលោក។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមាន​ជើងពីរ ទ្រង់សំដែងនូវ​កិលេស ជា​គ្រឿង​ត្រាំ គ្រឿងចង គ្រឿងប្រកប​ផង នូវនីវរណៈ​ទាំងឡាយ​​ផង នូវ​មន្ទិល ៣ ផង នូវ​សូត្រ​ដ៏ប្រសើរ ជាហេតុ​នៃកិរិយា​រួចចាក​កិលេសផង។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមាន​ជើងពីរ ទ្រង់សំដែង​សូត្រ​ដ៏ប្រសើរ ជាគ្រឿង​បន្ទោ​បង់នូវ​កិលេស​ទាំងពួង មិនឲ្យ​មានមន្ទិល ប្រាសចាក​កិលេស​គ្រឿង​ត្រេកអរ មិនញាប់​ញ័រ មិន​សោកស្តាយ ជាធម៌ល្អិត​សុខុម​ដែលបុគ្គល​ឃើញបាន​ដោយ​កម្រ​ក្រៃលែង។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមាន​ជើងពីរ ទ្រង់​សំដែងនូវ​សូត្រ​ដ៏​ប្រសើរ ជាប្រធាន​នៃទីពឹង ជាទីកាត់បង់​នូវផ្ទៃ​នៃតណ្ហា និងតម្រេក ដែល​បំបាក់​បង់​នូវរាគៈ និងទោសៈ ឲ្យស្ងប់​រម្ងាប់ និង​កំណើត​ទុគ្គតិ វិញ្ញាណ ៥។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមាន​ជើងពីរ ទ្រង់​សំដែងសូត្រ​ដ៏ប្រសើរ គ្រប់គ្រាន់​ដោយអត្ថ​ដ៏ជ្រាលជ្រៅ និងអត្ថ​ដ៏ល្អិត ដែល​បុគ្គល​ឃើញ​បានដោយ​ក្រ មាន​អត្ថ​ដ៏ល្អិត ​ដែល​បណ្ឌិត​គប្បីដឹងបាន ជាពន្លឺដ៏​ប្រសើរ​ គឺញាណ​ជាគ្រឿង​ពិចារណា​នូវ​លោក។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមាន​ជើងពីរ ទ្រង់សំដែង​សូត្រដ៏​ប្រសើរ ចែក​នូវ​ឥន្ទ្រិយ ឈាន និងវិមោក្ខ ប្រកប​ដោយមគ្គ​មានអង្គ ៨ ដ៏ប្រសើរ ជាយាន​ដ៏ប្រសើរ ដូចគ្រឿង​ប្រដាប់​នៃផ្កាឈើ​មានពណ៌​ស ​គឺ​នវង្គសត្ថុសាសនា។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមាន​ជើងពីរ ទ្រង់សំដែង​សូត្រដ៏ប្រសើរ ដ៏​បរិសុទ្ធ ឥត​មាន​មន្ទិល មានឧបមា​ដូច​ព្រះចន្រ្ទវិចិត្រ​ល្អ​ដោយរតនៈ មាន​ឧបមា​ដូច​មហា​សមុទ្រ ឧបមាដូច​បុប្ផជាតិ មានតេជះ ឧបមា​ដូចព្រះអាទិត្យ។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមាន​ជើងពីរ ទ្រង់​សំដែងសូត្រ​ដ៏ប្រសើរ ជាទីដល់​នូវព្រះនិព្វាន​ដ៏ក្សេម ជាសុខ​ដ៏ត្រជាក់ ស្ងប់រម្ងាប់ មានអត្ថ​ដ៏ប្រសើរ ជាទីការពារ​នូវ​មច្ចុរាជ ជាហេតុ​ឃើញនូវ​សេចក្តី​ស្ងប់ដ៏ប្រពៃ នៃអ្នក​ប្រតិបត្តិតាម។

ចប់ សុត្តនិបាត។

ចប់ ភាគ៥៤។

សូមអនុមោទនា !!!

Oben-pfeil