ខុទ្ទកនិកាយ វិមានវត្ថុ

ចតុត្ថភាគ
ភាគទី៥៥

សូមក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

បីឋវគ្គ ទី១

បីឋវិមាន ទី១

[១] (ព្រះមោគ្គលា្លនសួរថា) តាំងរបស់​នាង ជាវិការៈ​នៃមាស​ដ៏ធំទូលាយ មាន​សន្ទុះ​​លឿន​ដូចចិត្ត ទៅតាម​ប្រាថ្នាបាន ម្នាល​នាង​មានខ្លួន​ប្រដាប់ហើយ ទ្រទ្រង់​នូវ​កម្រង​ផ្កា មានសំពត់​ល្អ នាងភ្លឺស្វាង​ដូចជាផ្លេក​បន្ទោរ ញុំាងទី​បំផុតនៃ​ពពក​ឲ្យភ្លឺច្បាស់ តើនាង​​មានសម្បុរ​បែបនោះ ដោយ​ហេតុអី្វ ផល​សម្រេចដល់​នាងក្នុង​ទីនេះផង ភោគៈ​ទាំងឡាយ​ឯណានី​មួយ ជាទីគាប់​ចិត្ត ភោគៈ​ទាំងនោះ ក៏កើតឡើង​ដល់​នាងផង តើ​ដោយ​​ហេតុអី្វ។

ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូម​សួរនាង នាង​កាលកើត​ជា​មនុស្ស​បាន​ធ្វើ​បុណ្យអី្វ នាងមានអានុ​ភាពរុង​រឿងយ៉ាង​នេះ ទាំងសម្បុរ​របស់នាង ក៏ភ្លឺច្បាស់​សព្វ​ទិស តើដោយ​ហេតុអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្ត​ត្រេកអរ លុះ​ព្រះមោគ្គល្លាន សួរ​​ប្រស្នា​ហើយ ក៏ដោះស្រាយ​នូវផល​នៃកម្មនេះ​ថា

ខ្ញុំកាលដែលកើតជាមនុស្ស​ក្នុងពួកមនុស្ស បានឲ្យអាសនៈ​ដល់​អាគន្តុកភិក្ខុ បាន​ថ្វាយ​បង្គំ ធ្វើ​អញ្ជលីកម្ម ឲ្យទាន​តាម​អានុភាព (នៃខ្ញុំ)។

ព្រោះហេតុនោះ បានជាខ្ញុំមាន​សម្បុរ​បែបនោះ ព្រោះដំណើរ​នោះ ផលទើប​សម្រេច​ដល់ខ្ញុំ​ក្នុងទី​នេះផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែលជា​ទីពេញចិត្ត ភោគៈ​ទាំងនោះ​ ក៏កើតឡើង​ដល់ខ្ញុំផង។

បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំនឹងប្រាប់​ដល់លោក កាលដែល​ខ្ញុំកើត​ជាមនុស្ស បានធ្វើ​បុណ្យណា ខ្ញុំមាន​អានុភាព​ដ៏រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់​ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស ដោយផល​បុណ្យនោះ។

ចប់ បីឋវិមាន ទី១។

បីឋវិមាន ទី២

[២] (ព្រះមោគ្គល្លានសួរថា) តាំងរបស់​នាង ជាវិការៈនៃ​កែវពិទូរ្យ​ដ៏ឧត្តម មាន​សន្ទុះ​​លឿនដូច​ចិត្ត ទៅតាម​ប្រាថ្នាបាន ម្នាល​នាង​មានខ្លួន​ប្រដាប់ហើយ ទ្រទ្រង់នូវ​កម្រង​ផ្កា មានសំពត់​ល្អ នាងភ្លឺស្វាង​ដូចជាផ្លេកបន្ទោរ ញុំាងទី​បំផុត​នៃពពកឲ្យភ្លឺ​ច្បាស់

តើនាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេច​ដល់នាង​ក្នុងទីនេះ​ផង ភោគៈ​ទាំងឡាយ​ឯណានីមួយ ដែលជា​ទីគាប់ចិត្ត ភោគៈ​ទាំងនោះ ​ក៏កើត​ឡើងដល់​នាងផង តើដោយ​ហេតុអី្វ។

ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូម​សួរនាង នាងកាល​កើត​ជាមនុស្ស បានធ្វើ​បុណ្យអី្វ នាងមាន​អានុភាព​ដ៏រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់នាង​ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​ហេតុអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​ត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរប្រស្នា​ហើយ ក៏ដោះស្រាយ​នូវផល​នៃកម្ម​នេះថា

ខ្ញុំ កាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឲ្យ​អាសនៈ​ដល់​អាគន្តុកភិក្ខុ បាន​ថ្វាយ​បង្គំ ធ្វើ​អញ្ជលីកម្ម បានឲ្យទាន តាម​អានុភាព (នៃខ្ញុំ) ព្រោះ​ហេតុនោះ បានជា​ខ្ញុំ​មាន​សម្បុរ​បែបនោះ ព្រោះដំណើរ​នោះ ផលទើប​សម្រេច​ដល់ខ្ញុំក្នុង​ទីនេះផង ភោគៈ​ទាំងឡាយ​ឯណានីមួយ ដែលជា​ទីគាប់ចិត្ត ភោគៈ​ទាំងនោះ ​ក៏កើតឡើង​ដល់ខ្ញុំផង

បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូល​លោកថា ខ្ញុំកាលដែល​កើតជា​មនុស្ស បានធ្វើ​បុណ្យ​ណា ខ្ញុំមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់ខ្ញុំ​ក៏ភ្លឺច្បាស់​សព្វទិស ដោយផល​បុណ្យនោះ។

ចប់ បីឋវិមាន ទី២។

បីឋវិមាន ទី៣

[៣] (ព្រះមោគ្គល្លានសួរថា) តាំងរបស់នាង​ជាវិការៈ​នៃមាស ធំទូលាយ មាន​សន្ទុះលឿន​ដូចចិត្ត ទៅតាម​ប្រាថ្នាបាន ម្នាលនាង​មានខ្លួន​ប្រដាប់ហើយ ទ្រទ្រង់​នូវ​កម្រង​ផ្កា មាន​សំពត់ល្អ នាងភ្លឺស្វាង​ដូចផ្លេក​បន្ទោរ ញុំាងទី​បំផុតនៃ​ពពក​ឲ្យភ្លឺច្បាស់​បាន តើនាង​មានសម្បុរ​បែបនោះ ដោយ​ហេតុអី្វ ផល​សម្រេច​ដល់នាង ក្នុងទី​នេះផង ភោគៈ​ទាំងឡាយ​ឯណានីមួយ ដែលជា​ទីគាប់ចិត្ត ភោគៈ​ទាំងនោះ​ ក៏កើងឡើង​ដល់នាង​ផង តើដោយ​ហេតុអី្វ

ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូម​សួរនាង នាងកាល​ដែល​កើត​ជា​មនុស្ស បានធ្វើ​បុណ្យអី្វ នាងមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់នាង​ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​ហេតុអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរ​ហើយ មានចិត្ត​ត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ ក៏ដោះស្រាយ​នូវផល​នៃកម្មនេះថា

ខ្ញុំមានអានុភាពដ៏រុងរឿងយ៉ាងនេះ ដោយផល​នៃកម្មណា ផលនៃ​កម្មរបស់​ខ្ញុំនេះ តិច​ណាស់ ខ្ញុំកាល​ដែលកើត​ជាមនុស្ស ក្នុងពួក​មនុស្ស អំពី​ជាតិមុន ក្នុង​មនុស្សលោក បានឃើញភិក្ខុ ប្រាសចាកធូលី គឺកិលេស មានចិត្តថ្លា មិនល្អក់ ខ្ញុំមានចិត្ត​ជ្រះថ្លា បាន​ប្រគេន​តាំងដល់​ភិក្ខុនោះ ដោយដៃ​របស់ខ្លួន ព្រោះហេតុនោះ បាន​ជាខ្ញុំ​មានសម្បុរ​បែប​នោះ ព្រោះ​ដំណើរនោះ ផលទើប​សម្រេច​ដល់ខ្ញុំ​ក្នុងទីនេះផង ភោគៈ​ទាំងឡាយ​ឯណា​នីមួយ ដែលជា​ទីគាប់​ចិត្ត ភោគៈ​ទាំងនោះ ក៏កើត​ឡើង​ដល់ខ្ញុំផង

បពិត្រភិក្ខុមានអានុភាពច្រើន ខ្ញុំសូមទូល​លោកថា ខ្ញុំកាល​ដែលកើត​ជា​មនុស្ស បានធ្វើ​បុណ្យណា ខ្ញុំមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស ដោយផល​បុណ្យនោះ។

ចប់ បីឋវិមាន ទី៣។

បីឋវិមាន ទី៤

[៤] (ព្រះមោគ្គល្លានសួរថា) តាំងរបស់នាង ជាវិការៈ​នៃ​កែវពិទូរ្យ ធំទូលាយ មាន​សន្ទុះលឿន​ដូចចិត្ត ទៅតាម​ប្រាថ្នាបាន ម្នាលនាង​មានខ្លួន​ប្រដាប់ហើយ ទ្រទ្រង់​នូវ​កម្រង​ផ្កា មានសំពត់​ល្អ នាងភ្លឺស្វាង​ដូចផ្លេក​បន្ទោរ ញុំាងទី​បំផុត​នៃពពក​ឲ្យភ្លឺច្បាស់​បាន

តើនាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេច​ដល់នាង​ក្នុងទីនេះ​ផង ភោគៈ​ទាំងឡាយ​ឯណានីមួយ ដែលជាទី​គាប់ចិត្ត ភោគៈ​ទាំងនោះ ក៏កើត​ឡើងដល់នាង​ផង តើដោយ​ហេតុអី្វ

ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូម​សួរនាង នាងកាល​ដែល​កើតជា​មនុស្ស បានធ្វើ​បុណ្យអី្វ នាងមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់​នាង ក៏ភ្លឺ​ច្បាស់សព្វ​ទិស តើដោយ​ហេតុអ្វី។

ទេវធីតានោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្ត​ត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរ​ប្រស្នាហើយ ក៏ដោះស្រាយ​នូវផលកម្ម​នេះថា

ខ្ញុំមានអានុភាព ដ៏រុងរឿងយ៉ាងនេះ ដោយផល​នៃកម្មណា ផលនៃកម្ម​របស់ខ្ញុំ​នេះ តិចណាស់ ខ្ញុំកាល​ដែលកើតជា​មនុស្ស ក្នុងពួក​មនុស្ស អំពីជាតិ​មុន ក្នុង​មនុស្សលោក បាន​​ឃើញភិក្ខុ​ប្រាសចាកធូលី គឺកិលេស មានចិត្តថ្លា មិនល្អក់ ខ្ញុំមានចិត្ត​ជ្រះថ្លា បាន​ប្រគេន​តាំងដល់​ភិក្ខុនោះ ដោយដៃ​របស់ខ្លួន ព្រោះហេតុនោះ បានជាខ្ញុំ​មានសម្បុរ​បែប​នោះ ព្រោះ​ដំណើរនោះ ផលទើប​សម្រេច​ដល់ខ្ញុំក្នុង​ទីនេះផង ភោគៈ​ទាំងឡាយ​ឯណានីមួយ ដែល​ជា​ទីគាប់ចិត្ត ភោគៈ​ទាំងនោះ ក៏កើតឡើង​ដល់ខ្ញុំផង

បពិត្រភិក្ខុមានអានុភាពច្រើន ខ្ញុំសូមទូល​លោកថា ខ្ញុំកាល​ដែលកើត​ជា​មនុស្ស បានធ្វើ​បុណ្យណា ខ្ញុំមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស ដោយផល​បុណ្យនោះ។

ចប់ បីឋវិមាន ទី៤។

កុញ្ជរវិមាន ទី៥

[៥] (ព្រះមោគ្គល្លានសួរថា) ដំរីរបស់នាង ជាជំនិះ​ដ៏ប្រសើរ សម្រេច​ដោយកែវ​ផ្សេងៗ ដ៏រុងរឿង មានកំឡាំង​បរិបូណ៌ ដោយសន្ទុះ និងទៅក្នុង​អាកាសបាន មាន​សម្បុរ​ដូចផ្កាឈូក មានភ្នែក​ដូចត្របក​ឈូក ទ្រទ្រង់​នូវសរីរៈ​ដ៏រុងរឿង ដូច​ផ្កាឈូក និង​ផ្កាឧប្បល មានអវយវៈ​ដ៏រោយរាយ ដោយ​លំអិតនៃ​ផ្កាឈូក មានរបៀប​នៃសម្បុរដ៏ល្អ ជាដំរី​ដើរល្អ មិនលោត ទៅល្មម​ប្រមាណ កាន់ផ្លូវ​ដ៏ដេរដាស​ដោយ​ផ្កាឈូក ដែល​ប្រដាប់​ដោយ​ត្របកឈូក កាលដែល​ដំរីនោះ កំពុង​ដើរទៅ កណ្តឹង​ជាវិការៈ​នៃមាស មានស្នូរ​ជាទីត្រេកអរ ស្នូរគឹកកង​នៃកណ្តឹង​ទាំងនោះ លាន់ឮដូច​តូរ្យតន្ត្រី ប្រកប​ដោយអង្គ ៥ នាងដែល​មាន​សំពត់ល្អ មានខ្លួន​ប្រដាប់​ហើយ (ឋិតនៅ) លើ-ក នៃ​ដំរីនោះ មានសម្បុរ​រុងរឿង​កន្លងពួក​នៃស្រី​អប្សរ​ដ៏ច្រើន នេះ​ជាផលទាន​របស់នាង ឬសីល ឬ​អញ្ជលិកម្ម នាងដែល​អាត្មា​សួរហើយ ចូរ​ប្រាប់រឿង​នោះ​ដល់អាត្មាចុះ។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​ត្រេកអរ លុះព្រះ​មោគ្គល្លាន សួរប្រស្នា​ហើយ ក៏ដោះស្រាយ​នូវផលនៃ​កម្មនេះថា ខ្ញុំបាន​ឃើញ​សាវ័ក​ប្រកប​ដោយ​គុណធម៌ មានឈាន ត្រេកអរ​ក្នុងឈាន ជាអ្នក​ស្ងប់រម្ងាប់ បានប្រគេន​អាសនៈ ក្រាលនូវ​សំពត់​ដ៏រោយរាយ​ដោយផ្កា ខ្ញុំមាន​សេចកី្ត​ជ្រះថ្លា បានរោយរាយ​ចុះនូវផ្កាឈូក​ពាក់​កណ្តាល ដោយទីជុំ​វិញអាសនៈ ដោយត្របក​ទាំងឡាយ ដោយដៃ​របស់ខ្លួន ផល​ប្រាកដ​ដូច្នោះ របស់ខ្ញុំនេះ ជាផលនៃ​កុសលកម្ម​នោះ ខ្ញុំដែល​ពួកទេវតា​បូជាហើយ ព្រោះ​គួរ​គេធ្វើ​សក្ការៈ​គោរព អ្នកណា មួយជ្រះថ្លា​ហើយ គប្បីឲ្យអាសនៈ​ដល់លោក អ្នកមាន​ចិត្តរួចស្រឡះ​ហើយ​ដោយប្រពៃ មានចិត្ត​ស្ងប់រម្ងាប់ ប្រព្រឹត្ត​ព្រហ្មចារ្យ អ្នកនោះ គប្បីត្រេកអរ​ដូចខ្ញុំ​យ៉ាងនោះ ព្រោះហេតុនោះ បុគ្គល​អ្នកប្រាថ្នា​នូវគុណ គឺសេចកី្តល្អ ដល់ខ្លួន ប្រាថ្នា​នូវភាពនៃ​ផលដ៏ធំ គប្បីឲ្យ​នូវអាសនៈ​ដល់​ព្រះខីណាស្រព ដែល​ទ្រទ្រង់​នូវ​សរីរៈ ជាទីបំផុតចុះ។

ចប់ កុញ្ជរវិមាន ទី៥។

នាវាវិមាន ទី៦

[៦] (ព្រះមោគ្គល្លានសួរថា) ម្នាលនារី នាងឡើង​ឋិតនៅ​លើទូក ដែលមាន​ដំបូល​ជាវិការៈ​នៃមាស ហើយចុះ​កាន់​ស្រះបោក្ខរណី កាច់ផ្កាឈូក​ដោយដៃ ផ្ទះមាន​កំពូល​ទាំងឡាយ ជាលំនៅ​របស់នាង ដូចជា​គេវាស់ដោយ​ចំណែក​ដែលចែក (ស្មើគ្នា) ភ្លឺរុងរឿង​ដោយ​ជុំវិញ​ក្នុងទិសទាំង ៤ នាងមាន​សម្បុរបែប​នោះ ដោយ​ហេតុអី្វ ផល​សម្រេច​ដល់នាង​ក្នុងទី​នេះផង ភោគៈ​ទាំងឡាយ​ណានីមួយ​ដែលជាទី​គាប់ចិត្ត ភោគៈ​ទាំងនោះ​ក៏កើតឡើង​ដល់នាង​ផង តើដោយ​ហេតុអី្វ

ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូម​សួរនាង នាង​កាលដែល​កើតជា​មនុស្ស បានធ្វើ​បុណ្យអី្វ នាងមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់នាង ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​ហេតុអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​ត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរ​ប្រស្នាហើយ ក៏ដោះស្រាយ​នូវផល​នៃកម្មនេះ​ថា

ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិ​មុន ក្នុងមនុស្ស​លោក បានឃើញ​នូវពួកភិក្ខុ​ស្រេកទឹក លំបាក ក៏សង្វាត​ប្រគេន​ទឹកឆាន់ ជនណា​មួយ សង្វាត​ឲ្យទឹកផឹក ដល់ពួកអ្នក​លំបាក អ្នកស្រេកឃ្លាន ស្ទឹងមាន​ទឹកត្រជាក់ មានសួន​ច្បារច្រើន មាន​ឈូកច្រើន រមែងកើត​មានដល់​ជននោះ ស្ទឹងទាំងឡាយ​ដែលមាន​ទឹកត្រជាក់ ក្រាល​ដោយ​ដីខ្សាច់ ព័ទ្ធជុំវិញ​ទីនោះ​សព្វកាល ស្វាយកី្ត រាំងកី្ត ច្បារកី្ត ព្រីងកី្ត រាជព្រឹក្សកី្ត ច្រនៀងកី្ត ក៏មានផ្កា​រីកស្គុះស្គាយ ជនអ្នក​ធ្វើបុណ្យ តែងបាន​វិមាន​ដ៏ប្រសើរ ល្អក្រៃពេក មានសភាព​ដ៏សមរម្យ តាមភូមិភាគ​ទាំងឡាយ​នោះ នេះជាវិបាក​នៃកម្មនោះឯង ពួកជន​ដែលបាន​ធ្វើបុណ្យ រមែង​បានអានិសង្ស​បែបនេះ

ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់ខ្ញុំ ដូចជាគេវាស់​ដោយចំណែក​ដែល​ចែក​ស្មើគ្នា ភ្លឺរុងរឿង​ជុំវិញ​ក្នុងទិសទាំង ៤ ព្រោះហេតុ​នោះ បានជាខ្ញុំ​មានសម្បុរ​បែបនោះ ព្រោះ​ដំណើរនោះ ផលទើប​សម្រេចដល់​ខ្ញុំក្នុងទីនេះ​ផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែលជា​ទីគាប់ចិត្ត ភោគៈ​ទាំងនោះ ក៏កើតឡើង​ដល់ខ្ញុំផង

បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាល​ដែលកើត​ជាមនុស្ស បានធ្វើ​បុណ្យណា ខ្ញុំមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់ខ្ញុំ​ក៏ភ្លឺច្បាស់​សព្វទិស ដោយផល​បុណ្យនោះ។

ចប់ នាវាវិមាន ទី៦។

នាវាវិមាន ទី៧

[៧] (ព្រះមោគ្គល្លានសួរថា) ម្នាលនារី នាងឡើងឋិត​នៅលើទូក មាន​ដម្បូលជា​វិការៈ​នៃមាស ត្រាច់ចុះ​កាន់ស្រះ​បោក្ខរណី កាច់ផ្កាឈូក​ដោយដៃ ផ្ទះមាន​កំពូល​ទាំងឡាយ ជាលំនៅ​របស់នាង ដូចជា​គេវាស់​ដោយ​ចំណែក​ដែលចែក (ស្មើគ្នា) ភ្លឺរុងរឿង​ជុំវិញ​ក្នុងទិស​ទាំង ៤ នាងមាន​សម្បុរ​បែបនោះ ដោយ​ហេតុអី្វ ផល​សម្រេច​ដល់នាង​ក្នុងទី​នេះផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែលជា​ទីគាប់ចិត្ត ភោគៈ​ទាំងនោះ​កើតឡើង​ដល់នាង​ផង តើដោយ​ហេតុអី្វ

ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូម​សួរនាង នាងកាល​ដែល​កើតជា​មនុស្ស បានធ្វើ​បុណ្យអី្វ នាងមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់នាង​ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​ហេតុអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរ​ហើយ មានចិត្ត​ត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរ​ប្រស្នាហើយ ក៏ដោះ​ស្រាយនូវ​ផលនៃ​កម្មនេះថា

ខ្ញុំ កាលដែលកើតជាមនុស្ស ក្នុងពួក​មនុស្ស​អំពីជាតិ​មុន ក្នុងមនុស្ស​លោក បានឃើញ​ភិក្ខុស្រេកទឹក លំបាក ក៏សង្វាត​ប្រគេន​ទឹកឆាន់ ជនណាមួយ សង្វាត​ឲ្យទឹកផឹក ដល់អ្នក​លំបាក អ្នកស្រេកឃ្លាន ស្ទឹងទាំងឡាយ ដែល​មានទឹក​ត្រជាក់ មានសួន​ច្បារច្រើន មានឈូក​ស​ច្រើន រមែងកើត​មានដល់​ជននោះ ស្ទឹង​ទាំងឡាយ ដែលមាន​ទឹកត្រជាក់ ក្រាលដោយ​ដីខ្សាច់ព័ទ្ធ​ជុំវិញទី​នោះ​សព្វ​កាល ស្វាយកី្ត រាំងកី្ត ច្បារកី្ត ព្រីងកី្ត រាជព្រឹក្សកី្ត ច្រនៀង​កី្ត ក៏មាន​ផ្ការីក​ស្គុះស្គាយ អ្នកធ្វើ​បុណ្យតែង​បានវិមាន​ដ៏ប្រសើរ ល្អក្រៃពេក មានសភាព​ដ៏សមរម្យ​តាមភូមិភាគ​ទាំងឡាយ​នោះ នេះជា​វិបាកនៃ​កម្មនោះ​ឯង ពួកជន​ដែល​បានធ្វើបុណ្យ តែងបាន​អានិសង្ស​បែបនេះ

ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរ​បែបនោះ ព្រោះដំណើរ​នោះ ផលទើប​សម្រេច​ដល់​ខ្ញុំក្នុង​ទីនេះ​ផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែលជា​ទីគាប់ចិត្ត ភោគៈ​ទាំងនោះ ក៏កើតឡើង​ដល់ខ្ញុំផង

បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាល​ដែលកើត​ជាមនុស្ស បានធ្វើ​បុណ្យណា ខ្ញុំមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស ដោយផល​បុណ្យនោះ។

ចប់ នាវាវិមាន ទី៧។

នាវាវិមាន ទី៨

[៨] (ព្រះសម្ពុទ្ធត្រាស់សួរថា) មា្នលនារី នាងឡើង​ឋិតនៅ​លើទូក មានដម្បូល​ជាវិការៈ​នៃមាស ត្រាច់ចុះ​កាន់ស្រះ​បោក្ខរណី កាច់ផ្កាឈូក​ដោយដៃ ផ្ទះមាន​កំពូល​ទាំងឡាយ ជាលំនៅ​របស់នាង ដូចជា​គេវាស់ដោយ​ចំណែក​ដែលចែក (ស្មើគ្នា) ភ្លឺរុងរឿង ជុំវិញ​ក្នុងទិសទាំង ៤ នាងមាន​សម្បុរ​បែបនោះ ដោយហេតុអ្វី ផលសម្រេច​ដល់នាង​ក្នុងទី​នេះផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែលជា​ទីគាប់​ចិត្ត ភោគៈ​ទាំងនោះ ក៏កើតឡើង​ដល់នាងផង តើដោយ​ហេតុអី្វ

ម្នាលទេវធីតា មានអានុភាពច្រើន តថាគត​សូមសួរ​នាង នាង​កាលដែល​កើតជា​មនុស្ស បានធ្វើបុណ្យអី្វ នាងមាន​អានុភាពដ៏​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់នាង ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​ហេតុអី្វ។

ទេវតានោះ ដែលព្រះសម្ពុទ្ធត្រាស់​សួរ​ហើយ មានចិត្ត​ត្រេកអរ លុះព្រះ​សម្ពុទ្ធ​សួរប្រស្នា​ហើយ ក៏ដោះស្រាយ​នូវផលនៃ​កម្មនេះថា

ខ្ញុំម្ចាស់កាលដែលកើតជាមនុស្ស ក្នុងពួក​មនុស្ស​អំពីជាតិមុន ក្នុង​មនុស្សលោក បានឃើញ​ពួកភិក្ខុ​ស្រេកទឹក លំបាក ក៏សង្វាត​ប្រគេន​ទឹកឆាន់ ជន​ណាមួយ សង្វាត​ឲ្យទឹកផឹក​ដល់អ្នក​លំបាក អ្នកស្រេកឃ្លាន ស្ទឹងមាន​ទឹកត្រជាក់ មានសួន​ច្បារច្រើន មាន​ឈូកស​ច្រើន រមែងកើត​ឡើងដល់​ជននោះ ស្ទឹង​ទាំងឡាយ មានទឹក​ត្រជាក់ ក្រាល​ដោយ​ដីខ្សាច់ តែងព័ទ្ធ​ជុំវិញទីនោះ​សព្វ​កាល ស្វាយកី្ត រាំងកី្ត ច្បារកី្ត ព្រីងកី្ត រាជព្រឹក្សកី្ត ច្រនៀងកី្ត ក៏មាន​ផ្ការីក​ស្គុះស្គាយ អ្នកធ្វើបុណ្យ តែងបាន​វិមានដ៏​ប្រសើរ ល្អក្រៃពេក មានសភាពដ៏​សមរម្យ តាមភូមិភាគ​ទាំងឡាយ​នោះ នេះជាវិបាក​របស់កម្ម​នោះឯង ពួកជន​ដែលបាន​ធ្វើបុណ្យ រមែងបាន​អានិសង្សបែបនេះ

ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់ខ្ញុំម្ចាស់ ដូចជាគេវាស់​ដោយ​ចំណែក​ដែលចែក (ស្មើគ្នា) ភ្លឺរុងរឿង​ជុំវិញ​ក្នុងទិសទាំង ៤ ព្រោះហេតុ​នោះ បានជា​ខ្ញុំម្ចាស់​មាន​សម្បុរ​បែបនោះ ព្រោះដំណើរ​នោះ ផលទើប​សម្រេចដល់​ខ្ញុំម្ចាស់​ក្នុងទីនេះផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែល​ជាទី​គាប់ចិត្ត ភោគៈ​ទាំង​នោះ​ក៏កើតឡើង​ដល់ខ្ញុំម្ចាស់​ផង ខ្ញុំម្ចាស់​​មានអានុភាព​រុងរឿង​យ៉ាងនេះ ទាំង​សម្បុររបស់​ខ្ញុំម្ចាស់​ក៏​ភ្លឺច្បាស់​សព្វទិស ដោយ​ផលបុណ្យ​នោះ។ នេះជា​វិបាកនៃ​កម្មនុ៎ះ ព្រះពុទ្ធ​ទ្រង់ក្រោក​ឡើងហើយ ទ្រង់សោយ​ទឹក។

ចប់ នាវាវិមាន ទី៨។

បទីបវិមាន ទី៩

[៩] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវធីតា នាងមានសម្បុរល្អ​តាំងនៅ ញុំាងទិស​ទាំង​ពួង​ឲ្យភ្លឺ​ដូចផ្កាយព្រឹក នាងមាន​សម្បុរបែប​នេះ ដោយ​ហេតុអី្វ ផល​សម្រេច​ដល់នាង​ក្នុងទីនេះ​ផង ភោគៈ​​ទាំងឡាយ​ណានីមួយ ដែល​ជាទី​គាប់ចិត្ត ភោគៈ​​ទាំង​នោះ ក៏កើត​ឡើង​ដល់នាងផង តើដោយ​ហេតុអី្វ ម្នាល​ទេវធីតា នាងមាន​ពន្លឺប្រាស​ចាកមន្ទិល រុងរឿង​ក្រៃលែង ដោយ​ហេតុអី្វ ទិសទាំងពួង​ភ្លឺអំពីអវយវៈ​ទាំងអស់​របស់នាង ដោយ​ហេតុអី្វ

ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាល​ដែល​កើតជា​មនុស្ស បានធ្វើ​បុណ្យអី្វ នាងមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់នាង​ក៏ភ្លឺ​ច្បាស់​សព្វទិស តើដោយ​ហេតុអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​ត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរប្រស្នា​ហើយ ក៏ដោះស្រាយ​នូវផល​នៃកម្មនេះថា

ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្ស​លោក បានឲ្យ​ប្រទីប​ក្នុងទី​ងងឹតខ្លាំង ក្នុងទីអ័ព្ទផ្សែង ក្នុងកាល​គួរអុជប្រទីប ជនណា​ឲ្យប្រទីប​ក្នុងទី​ងងឹតខ្លាំង ក្នុងទីអ័ព្ទ​ផ្សែង ក្នុងកាល​គួរអុជប្រទីប​ហើយ វិមាន​ដ៏មាន​រស្មីរុងរឿង មាន​សួនច្បារ​ច្រើន មាន​ឈូកសច្រើន រមែង​កើតឡើង​ដល់ជននោះ​ ព្រោះ​ហេតុនោះ បានជាខ្ញុំ​មានសម្បុរ​បែបនោះ ព្រោះ​ដំណើរនោះ ផលទើប​សម្រេច​ដល់ខ្ញុំ ក្នុងទីនេះផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែលជា​ទី​គាប់ចិត្ត ភោគៈ​ទាំងនោះ ក៏កើតឡើង​ដល់ខ្ញុំផង ព្រោះ​ហេតុនោះ បានជា​ខ្ញុំមានពន្លឺ​ប្រាសចាក​មន្ទិល រុងរឿង​កន្លងទេវតា​ទាំងឡាយ ព្រោះ​ហេតុនោះ ទិស​ទាំងពួង តែងភ្លឺ​អំពីរាងកាយ​ទាំងអស់​របស់ខ្ញុំ

បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូល​លោកថា ខ្ញុំកាល​ដែលកើត​ជាមនុស្ស បានធ្វើ​បុណ្យណា ខ្ញុំមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់ខ្ញុំ​ក៏ភ្លឺច្បាស់​សព្វ​ទិស ដោយផល​បុណ្យនោះ។

ចប់ បទីបវិមាន ទី៩។

តិលទក្ខិណវិមាន ទី១០

[១០] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវធីតា នាងដែកមាន​សម្បុរល្អ​តាំងនៅ ញុំាង​ទិសទាំង​ពួងឲ្យភ្លឺ​ដូចផ្កាយព្រឹក នាងមាន​សម្បុរបែប​នោះ ដោយ​ហេតុអី្វ ផល​សម្រេច​ដល់​នាង​ក្នុងទីនេះ​ផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែល​ជា​ទីគាប់ចិត្ត ភោគៈ​ទាំងនោះ ក៏​កើតឡើង​ដល់នាងផង តើដោយ​ហេតុអី្វ

ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូម​សួរនាង នាងកាល​ដែល​កើតជា​មនុស្ស បានធ្វើ​បុណ្យអី្វ នាងមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់នាង​ក៏​ភ្លឺច្បាស់​សព្វទិស តើដោយ​ហេតុអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​ត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរ​ប្រស្នាហើយ ក៏ដោះស្រាយ​នូវផល​នៃកម្មនេះ​ថា

ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិ​មុន ក្នុងមនុស្ស​លោក បានឃើញ​ព្រះពុទ្ធ ទ្រង់ប្រាស​ចាកធូលី គឺកិលេស មាន​ព្រះទ័យថ្លា មិនល្អក់

ខ្ញុំមិនមានប្រាថ្នា គឺមិនបានប្រុងទុក ជ្រះថ្លាហើយ បានប្រមូល​ល្ងថ្វាយ​ជាទាន ដល់ព្រះពុទ្ធ​ជាទក្ខិណេយ្យ​បុគ្គល​ដោយដៃរបស់​ខ្លួន ព្រោះ​ហេតុនោះ បានជា​ខ្ញុំមាន​សម្បុរ​បែបនោះ ព្រោះដំណើរ​នោះ ផលទើប​សម្រេច​ដល់ខ្ញុំ ក្នុងទី​នេះផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែលជាទី​គាប់ចិត្ត ភោគៈ​ទាំងនោះ​ក៏កើតឡើង​ដល់ខ្ញុំផង

បពិត្រភិក្ខុ​មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាល​ដែលកើត​ជា​មនុស្ស បានធ្វើ​បុណ្យណា ខ្ញុំមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់ខ្ញុំ​ក៏ភ្លឺច្បាស់​សព្វទិស ដោយផល​បុណ្យនោះ។

ចប់ តិលទក្ខិណវិមាន ទី១០។

បតិព្វតាវិមាន ទី១១

[១១] (ព្រះមោគ្គល្លានសួរថា) ពួកក្រៀល ក្ងោក ហង្ស និងតាវ៉ៅ មានអានុភាព​ជា​ទិព្វ មានសម្លេង​ពីរោះ មកប្រជុំគ្នា វិមាន​នេះជា​ទីត្រេកអរ ដេរដាស​ដោយផ្កា វិចិត្រ​រចនា​យ៉ាងច្រើន ដែលជន​ប្រុសស្រី​សេពគប់​ហើយ ម្នាល​ទេវធីតា មាន​អានុភាព​ច្រើន នាងនៅ​ក្នុងវិមាន​នោះ ពួកស្រី​អប្សរទាំង​ប៉ុន្មាន មាន​ឫទ្ធិ៍និមិ្មត​រូបច្រើន រាំច្រៀង រីករាយ ដោយ​ជុំវិញ ម្នាល​ទេវធីតា មានអានុភាព​ច្រើន នាង​បានដល់​នូវឫទិ៍្ធយ៉ាងនេះ នាងកាល​ដែល​កើត​ជាមនុស្ស បានធ្វើ​បុណ្យអី្វ នាងមាន​អានុភាព​ដ៏រុងរឿង​យ៉ាងនេះ ទាំង​សម្បុរ​របស់​នាង ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​ហេតុអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរ​ហើយ មានចិត្ត​ត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរប្រស្នា​ហើយ ក៏ដោះស្រាយ​នូវផលនៃ​កម្មនេះថា

ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស មានសេចកី្ត​គោរពបី្ត មិនមាន​ចិត្ត​កើតឡើង​ក្នុងបុរស​ដទៃ ខំរក្សាបី្ត ដូចជា​មាតារក្សាកូន ខ្ញុំទុកណា​ជាមាន​សេចកី្តក្រោធ ក៏មិនបាន​ពោលពាក្យ​អាក្រក់ (ចំពោះបី្ត) ខ្ញុំបាន​តាំងនៅ​ក្នុងពាក្យ​សច្ចៈ បានលះបង់​ពាក្យកុហក ជាអ្នក​ត្រេកអរ​ក្នុងទាន មានអត្តភាព​សង្គ្រោះ (ដោយ​សង្គហវត្ថុ​ទាំងឡាយ) មានចិត្ត​ជ្រះថ្លា បានឲ្យបាយ ទឹក ឲ្យទានដ៏​ធំទូលាយ ដោយ​សេចកី្តគោរព

ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែប​នោះ ព្រោះ​ដំណើរនោះ ផលទើប​សម្រេច​ដល់ខ្ញុំ ក្នុងទី​នេះផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែលជា​ទីគាប់ចិត្ត ភោគៈ​ទាំងនោះ​ក៏កើត​ឡើងដល់​ខ្ញុំផង។

បពិត្រភិក្ខុ​មានអានុភាពច្រើន ខ្ញុំសូមទូល​លោកថា ខ្ញុំកាល​ដែលកើត​ជាមនុស្ស​ បានធ្វើ​បុណ្យណា ខ្ញុំមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស ដោយផល​បុណ្យនោះ។

ចប់ បតិព្វតាវិមាន ទី១១។

ទុតិយបតិព្វតាវិមាន ទី១២

[១២] (ព្រះមោគ្គល្លានសួរថា) នាងឡើង​កាន់វិមាន​មាន​សសរ ជាវិការៈ​នៃ​កែវពិទូរ្យ ដ៏រុងរឿង​ភ្លឺផ្លេក មានវិចិត្រ​ដ៏ច្រើន ម្នាល​ទេវធីតា មាន​អានុភាព​ច្រើន នាងបាន​នៅក្នុង​វិមាន​នោះ ពួកស្រី​អប្សរទាំង​អម្បាលនេះ ដែលខ្ពស់​និងទាប មានឫទ្ធិ៍​និមិ្មតផ្សេងៗ រាំច្រៀង រីករាយ​ដោយ​ជុំវិញ ម្នាល​ទេវធីតា មាន​អានុភាព​ច្រើន នាងបាន​ដល់នូវឫទិ៍្ធ​ នាងកាល​ដែលកើត​ជាមនុស្ស បានធ្វើ​បុណ្យអី្វ នាងមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំង​សម្បុរ​របស់នាង ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​ហេតុអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរ​ហើយ មានចិត្ត​ត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរប្រស្នា​ហើយ ក៏ដោះស្រាយ​នូវផលនៃ​កម្មនេះថា

ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស ជា​ឧបាសិកា (របស់ព្រះ​គោតម​មាន​បញ្ញាចក្ខុ) វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន​ក្នុងលោក មិនផឹក​ទឹកស្រវឹង មិន​និយាយ​កុហក ជាអ្នក​ត្រេកអរ​នឹងបី្តរបស់​ខ្លួន មានចិត្ត​ជ្រះថ្លា បានឲ្យ​បាយ ទឹក ឲ្យទាន​ដ៏ធំទូលាយ ដោយសេចកី្ត​គោរព

ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរ​បែបនោះ ព្រោះ​ដំណើរនោះ ផលទើប​សម្រេច​ដល់ខ្ញុំ ក្នុងទី​នេះផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែលជា​ទីគាប់ចិត្ត ភោគៈ​ទាំងនោះ​ក៏កើតឡើង​ដល់ខ្ញុំផង។

បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូល​លោកថា ខ្ញុំកាល​ដែលកើត​ជាមនុស្ស បានធ្វើ​បុណ្យណា ខ្ញុំមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស ដោយផល​បុណ្យនោះ។

ចប់ ទុតិយបតិព្វតាវិមាន ទី១២។

សុណិសាវិមាន ទី១៣

[១៣] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវធីតា នាងមាន​សម្បុរល្អ ឋិតនៅ​ហើយ ញុំាងទិស​ទាំងពួង​ឲ្យភ្លឺ​ដូចផ្កាយព្រឹក នាងមាន​សម្បុរបែប​នេះ ដោយ​ហេតុអី្វ ផល​សម្រេច​ដល់នាង​ក្នុងទីនេះ​ផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែលជា​ទីគាប់ចិត្ត ភោគៈ​ទាំងនោះ ក៏កើតឡើង​ដល់នាងផង តើដោយ​ហេតុអី្វ

ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូម​សួរនាង នាងកាល​ដែល​កើតជា​មនុស្ស បានធ្វើ​បុណ្យអី្វ នាងមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់នាង​ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​ហេតុអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរ​ហើយ មានចិត្ត​ត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរប្រស្នា​ហើយ ក៏ដោះស្រាយ​នូវផលនៃ​កម្មនេះថា

ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូន​ប្រសាក្នុងផ្ទះ​នៃឪពុក​ក្មេក បានឃើញ​ភិក្ខុ ប្រាសចាក​ធូលី គឺកិលេស មានចិត្ត​ថ្លា មិនល្អក់

ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេននំ​ដល់ភិក្ខុនោះ​ដោយដៃ​របស់ខ្លួន លុះប្រគេន​នំ ជា​ចំណែក​ពាក់កណ្តាល​ហើយ ក៏រីករាយ​ក្នុងនន្ទនវ័ន ព្រោះហេតុ​នោះ បានជា​ខ្ញុំមាន​សម្បុរ​បែបនោះ ព្រោះ​ដំណើរនោះ ផលទើប​សម្រេច​ដល់ខ្ញុំ ក្នុងទី​នេះផង ភោគៈ​ទាំងឡាយ​ណានីមួយ​ដែលជា​ទីគាប់ចិត្ត ភោគៈ​ទាំងនោះ​ក៏កើត​ឡើងដល់​ខ្ញុំផង។

ខ្ញុំមានអានុភាពរុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស ដោយ​ផលបុណ្យ​នោះ។

ចប់ សុណិសាវិមាន ទី១៣។

សុណិសាវិមាន ទី១៤

[១៤] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវធីតា នាងមាន​សម្បុរល្អ ឋិតនៅ​ហើយ ញុំាងទិស​ទាំងពួង​ឲ្យភ្លឺ​ច្បាស់ដូចផ្កាយព្រឹក នាងមាន​សម្បុរ​បែបនេះ ដោយ​ហេតុអី្វ ផល​សម្រេច​ដល់នាង​ក្នុងទីនេះ​ផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែលជា​ទីគាប់ចិត្ត ភោគៈ​ទាំងនោះ ក៏កើតឡើង​ដល់នាង​ផង តើដោយ​ហេតុអី្វ

ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូម​សួរ​នាង នាងកាល​ដែល​កើតជា​មនុស្ស បានធ្វើ​បុណ្យអី្វ នាងមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់នាង​ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​ហេតុអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរ​ហើយ មានចិត្ត​ត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរ​ប្រស្នាហើយ ក៏ដោះ​ស្រាយនូវផល​នៃកម្មនេះថា

ខ្ញុំ កាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសា​ក្នុងផ្ទះនៃ​ឪពុកក្មេក បានឃើញ​ភិក្ខុ ដែលប្រាស​ចាករាគៈ មានចិត្តថ្លា មិនល្អក់

ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យចំណែក (នំកុម្មាស) ដល់ភិក្ខុនោះ​ដោយដៃ​របស់​ខ្លួន លុះឲ្យ​ដុំនៃនំកុម្មាស​រួចហើយ ក៏រីករាយ​ក្នុង​នន្ទនវ័ន ព្រោះ​ហេតុនោះ បាន​ជាខ្ញុំមាន​សម្បុរ​បែបនោះ ព្រោះដំណើរ​នោះ ផលទើប​សម្រេច​ដល់ខ្ញុំ ក្នុងទី​នេះផង ភោគៈ​ទាំងឡាយ​ណា​នីមួយ​ដែលជាទី​គាប់ចិត្ត ភោគៈ​ទាំងនោះ ក៏កើតឡើង​ដល់​ខ្ញុំផង

ខ្ញុំមានអានុភាពរុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស ដោយ​ផលបុណ្យ​នោះ។

ចប់ ទុតិយសុណិសាវិមាន ទី១៤។

ឧត្តរាវិមាន ទី១៥

[១៥] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវធីតា នាងមាន​សម្បុរល្អ ឋិតនៅ​ហើយ ញុំាងទិស​ទាំងពួង​ឲ្យភ្លឺ​ច្បាស់ដូចផ្កាយព្រឹក នាងមាន​សម្បុរបែប​នេះ ដោយ​ហេតុអី្វ ផល​សម្រេច​ដល់នាង​ក្នុងទីនេះផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែលជា​ទីគាប់ចិត្ត ភោគៈ​ទាំងនោះ ក៏កើតឡើង​ដល់នាង​ផង តើដោយ​ហេតុអី្វ

ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូម​សួរនាង នាងកាល​ដែល​កើតជា​មនុស្ស បានធ្វើ​បុណ្យអី្វ នាង​មានអានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់នាង​ក៏ភ្លឺច្បាស់​សព្វទិស ដោយ​ហេតុអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លាន​សួរ​ហើយ មានចិត្ត​ត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ ដោះស្រាយ​នូវផលនៃ​កម្មនេះថា

សេចកី្តច្រណែនកី្ត សេចកី្តកំណាញ់កី្ត មានះកី្ត ការលើក​ខ្លួនផ្ទឹម​កី្ត មិនមាន​ដល់ខ្ញុំ កាលដែល​នៅគ្រប់​គ្រងផ្ទះ ខ្ញុំមិនមាន​សេចកី្តក្រោធ ជាអ្នក​ប្រព្រឹត្ត​តាម​អំណាច​ភស្តា មិនមាន​សេចកី្ត​ប្រមាទ​ជានិច្ច ក្នុងការ​រក្សា​ឧបោសថ

ខ្ញុំបានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់​បាដិហារិយបក្ខផង​ ជាអ្នក​សង្រួមក្នុង​សីលគ្រប់​កាល ជាអ្នក​មានសេចកី្ត​សង្រួម មានការ​ចែករំលែក​ទាន នៅគ្រប់គ្រង​វិមាន ជាអ្នក​វៀរចាក​បាណាតិបាត សង្រួមចាក​មុសាវាទ ចាកការ​លួច ចាកការ​ប្រព្រឹត្តិ​កន្លង ជាអ្នក​ឆ្ងាយ​ចាកការផឹក​នូវទឹកស្រវឹង ត្រេកអរ​ក្នុងសិក្ខាបទ​ទាំង ៥ ឈ្លាសវៃ ក្នុង​អរិយសច្ច ជាឧបាសិកា​របស់​ព្រះគោតម ដែលមាន​បញ្ញាចក្ខុ មានយស ខ្ញុំមាន​យស​ដោយសីល​ជារបស់​ខ្លួនផង ដោយយសផង រមែង​សោយនូវ​បុណ្យ ជា​របស់នៃខ្លួន​ខ្ញុំ ដល់នូវ​សេចកី្តសុខ មិនមានរោគ ព្រោះហេតុ​នោះ បានជាខ្ញុំ​មាន​សម្បុរបែប​នោះ ព្រោះ​ដំណើរនោះ ផលទើប​សម្រេចដល់​ខ្ញុំ ក្នុងទី​នេះផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែលជាទី​គាប់ចិត្ត ភោគៈ​ទាំងនោះ ក៏កើតឡើង​ដល់ខ្ញុំផង។

បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូល​លោកថា ខ្ញុំកាល​ដែលកើត​ជា​មនុស្ស បានធ្វើ​បុណ្យណា ខ្ញុំមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំង​សម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស ដោយផល​បុណ្យនោះ។

បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់ ថ្វាយបង្គំ​ព្រះបាទា​ព្រះមានព្រះភាគ ដោយសិរ្សៈ តាមពាក្យ​របស់ខ្ញុំថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឧបាសិកា​ឈ្មោះឧត្តរា សូមថ្វាយ​បង្គំព្រះបាទា​នៃព្រះមានព្រះភាគ​ដោយសិរ្សៈ។ បពិត្រ​លោកម្ចាស់ ព្រះមានព្រះភាគ គប្បីព្យាករ​នូវខ្ញុំ​ក្នុងសាមញ្ញផល​ណាមួយ ដោយ​ហេតុណា ហេតុនុ៎ះ ជាសេចកី្ត​អស្ចារ្យល្មម​ទេ។ ព្រះមានព្រះភាគ ទ្រង់​ព្យាករ​ចំពោះនាង​ឧត្តរានោះ ក្នុង​សកទាគាមិផល។

ចប់ ឧត្តរាវិមាន ទី១៥។

សិរីមាវិមាន ទី១៦

[១៦] (ព្រះវង្គីសត្ថេរសួរថា) សេះទាំងឡាយ ដែលនាង​ទឹមហើយ ប្រដាប់​ដោយ​គ្រឿង​អលង្ការ​ដ៏ឧត្តម មានមុខ​សំយុងចុះ មានកម្លាំង មានសន្ទុះ​ដ៏លឿន​ទៅក្នុង​អាកាស​បាន រថទាំង​ឡាយ ៥០០ កើតឡើង​ដល់នាង សេះ​ទាំងឡាយ ដូចជា​នាយ​សារថី ដាស់តឿន​ហើយ តាម​ហែនាង នាងមាន​ខ្លួនប្រដាប់​ហើយ ឋិតនៅ​លើរថ​ដ៏ប្រសើរ ញុំាងពន្លឺ​ឲ្យភ្លឺរុង​រឿង ដូចជា​ភ្លើង​ភ្លឺព្រោងព្រាយ ម្នាលនាងមាន​រូបដ៏ប្រសើរ មានរូប​គួរមើល មិន​ថយថោក អាត្មា​សូមសួរនាង នាងមក​អំពីពួក​ណា ចូលមក​គាល់​ព្រះសម្មាសម្ពុទ្ធ​ដ៏ប្រសើរ​បំផុត។

(ទេវតាតបថា) អ្នកប្រាជ្ញទាំងឡាយ សរសើរ​ទេវនិកាយ​ណាថា ប្រសើរ ជាងពួក​ទេវតា ជាន់​បរនិម្មិតវសវត្តី ដែលដល់​នូវការ​ប្រសើរ​ដោយកាម (ព្រោះ) ទេវតា​ទាំងឡាយ (ក្នុង​ទេវនិកាយ​នោះ) និមិ្មតដោយ​ខ្លួនឯង ហើយ​ត្រេកអរ ខ្ញុំជា​ស្រីអប្សរ ទ្រទ្រង់នូវរូប​តាមប្រាថ្នា ចុះអំពី​ពួកនិម្មានរតីទេវតា​នោះ មកកាន់​មនុស្ស​លោកនេះ ដើម្បីថ្វាយ​បង្គំ​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​មិនមាន​អ្នកដទៃ​ប្រសើរលើស។

(ព្រះវង្គីសត្ថេរសួរថា) ក្នុងកាលមុន នាងបាន​ប្រព្រឹត្ត​សុចរិត​ដូចម្តេច នាង​មាន​យសធំ ចំរើន​ដោយ​សេចកី្តសុខ នាងមាន​ឫទិ៍្ធ មិនមានអ្នក​ដទៃប្រសើរ​លើស ទៅកាន់​អាកាស​បាន ទាំងសម្បុរ​របស់នាង ក៏រុងរឿង​ទៅក្នុងទិស​ទាំង ១០ នាងមាន​ទេវតាចោម​រោមធ្វើ​សក្ការៈ ម្នាលទេវតា នាងច្យុត​អំពីឋានណា មក​កាន់សុគតិ​នេះ នាងធ្វើ​តាមពាក្យ​ប្រដៅអ្នក​ណា ចូរនាងប្រាប់​ដល់អាត្មា បើនាង​ជាពុទ្ធសាវិកា។

(ទេវតាតបថា) ខ្ញុំជាស្ត្រីបំរើរបស់ស្តេចដ៏​ប្រសើរ (ព្រះបាទពិម្ពិសារៈ) មានសិរី ក្នុងនគរ​ដ៏ឧត្តម ដែលគេ​សាងដោយ​ល្អ ក្នុងចន្លោះ​នៃភ្នំ (ទាំង ៥ មានភ្នំ​ឈ្មោះ​វេភារៈ​ជាដើម) បានសិក្សា​ស្ទាត់​ដោយ​របាំ និង​ចម្រៀង ពួកជន​ក្នុង​នគររាជគ្រឹះ បានស្គាល់​ខ្ញុំ ថា​សិរីមា ឯព្រះពុទ្ធ​ជាបុគ្គល​ស្វែងរក​នូវគុណ មាន​សីលគុណ​ជាដើម ដូចគោ​ឈ្មោះ​និសភៈ គឺគោរប្រសើរ​ជាងគោ​ទាំងពួង ជា​បុគ្គលដឹក​នាំនូវសត្វ​ទាំងឡាយ បានសម្តែង​នូវ​សមុទយសច្ច និង​ទុក្ខសច្ច ថាជា​របស់មិន​ទៀង នូវ​ទុក្ខនិរោធសច្ច ដែលមិន​មានបច្ច័យ​តាក់តែង ថាជា​របស់ទៀង និងមគ្គសច្ច​នេះ ជាផ្លូវ​មិនវៀច ជាគន្លង​ដ៏ក្សេមដល់ខ្ញុំ លុះខ្ញុំ​បានស្តាប់​នូវ​អត្ថបទ​នៃ​អមតនិព្វាន ដែលមិន​មានបច្ច័យ​ប្រជុំតាក់តែង ជាពាក្យ​ប្រដៅ​របស់​ព្រះតថាគត មិនមានបុគ្គល​ដទៃប្រសើរ​ជាងហើយ ខ្ញុំបាន​សងួ្រម​ដ៏ឧត្តម​ប្រពៃ ក្នុងសីល​ទាំងឡាយ តាំងនៅ​ក្នុងធម៌ ដែលព្រះពុទ្ធ​ប្រសើរជាង​ជន ទ្រង់សម្តែង​ហើយ លុះដឹង​អត្ថបទ​ដែលប្រាស​ចាករាគៈ មិនមាន​បច្ច័យប្រជុំ​តាក់តែងនោះ ដែល​ព្រះតថាគត មិនមាន​បុគ្គលដទៃ​ប្រសើរជាង ទ្រង់សម្តែង​ហើយ ខ្ញុំបាននូវ​សមាធិ ដែលកើត​អំពីសមថៈ ក្នុង​អត្តភាព​នោះឯង ការបាន​នូវសមាធិ​របស់ខ្ញុំ​នោះឯង ជាមគ្គនិយាម​ដ៏ឧត្តម ខ្ញុំបាន​នូវអមតនិព្វាន​ដ៏ប្រសើរ​វិសេស មាន​សេចកី្ត​ជឿដ៏ពិត បានដល់​នូវគុណវិសេស​ក្នុងការ​ត្រាស់ដឹង (នូវសច្ចៈ) មិនមាន​សង្ស័យ មានពួក​ជនច្រើន​បូជាហើយ សោយ​នូវការលេង និងសេចកី្ត​ត្រេកអរ​ដ៏ច្រើន ខ្ញុំជាទេវតា​បានឃើញ​នូវ​អមតធម៌​យ៉ាងនេះហើយ ជាសាវិកា​នៃព្រះ​តថាគត មិនមាន​បុគ្គលដទៃ​ប្រសើរជាង បានឃើញ​ធម៌ តាំងនៅ​ក្នុងផល​ជាបឋម ដល់នូវ​សោតៈ ទុគ្គតិក៏មិនមាន​ដល់ខ្ញុំទៀត ខ្ញុំបាន​ចូលមក ដើម្បីថ្វាយ​បង្គំព្រះពុទ្ធ ព្រះអង្គ​មិនមាន​បុគ្គលដទៃ​ប្រសើរជាង​ផង ដើម្បី​នមស្ការ​នូវពួកភិក្ខុ ដែលនាំមក​នូវសេចកី្ត​ជ្រះថ្លា ជាអ្នក​ត្រេកអរ​ក្នុងកុសល (មក) កាន់ទី​ប្រជុំនៃសមណៈ​ដ៏​ក្សេមផង ខ្ញុំមាន​សេចកី្ត​គោរព​ចំពោះ​ព្រះពុទ្ធជា​ស្តេច​ហេតុធម៌​ដ៏មានសិរី បានឃើញ​ព្រះពុទ្ធ​ជាអ្នក​ប្រាជ្ញ ក៏មាន​ចិត្តរីករាយ ត្រេកអរ ខ្ញុំថ្វាយបង្គំ​ព្រះ​តថាគត ជា​ធម្មសារថី​ដ៏ប្រសើរ​ជាងជន ផ្តាច់បង់​តណ្ហា ត្រេកអរ​ក្នុងកុសល ជាអ្នក​ទូន្មានសត្វ មានសេចកី្ត​អនុគ្រោះ ដោយ​ប្រយោជន៍​ដ៏ឧត្តម។

ចប់ សិរីមាវិមាន ទី១៦។

បេសការិយវិមាន ទី១៧

[១៧] (សក្កទេវរាជសួរថា) វិមាន មានសសរជាវិការៈ​នៃ​កែវពិទូរ្យ​នេះដ៏​រុងរឿង ភ្លឺផ្លេក​សព្វកាល ឥតមាន​មន្ទិល​គ្របដោយ​ដើមឈើ ជាវិការៈ​នៃមាស​ដោយ​ជុំវិញ ឋានរបស់​យើង កើតឡើង​ព្រមដោយ​អំណាច​នៃផលកម្ម ពួកស្ត្រី​អប្សរពី​កាលមុន​ដែលកើត​ក្នុងវិមាន​នោះចំនួន ១ សែននាក់ នាងជា​អ្នកមានយស កើត​ឡើងដោយ​កម្មជារបស់​ខ្លួន នាងជា​បុព្វទេវតា ញុំាងរស្មី​ឲ្យភ្លឺ តាំងនៅ​ដូចព្រះចន្ទ ជា​ស្តេចនៃ​ផ្កាយ រមែង​រុងរឿង​គ្របសង្កត់​ពួកផ្កាយ នាងថ្កើង​រុងរឿង​ដោយយស ជាងពួកនៃ​ស្ត្រីអប្សរនេះ យ៉ាងនោះ​ដែរ ម្នាលនាង​មានរូបគួរមើល មិនថោកថយ នាងមក​ពីភព​ណាហ្ន៎ បានមក​កើតក្នុង​ភពរបស់​យើងនេះ ពួកទេវតា​នៅឋាន​ត្រៃត្រឹង្ស​ទាំងអស់ ព្រមទាំង​ព្រះឥន្ទ មិនឆ្អែត​ស្កប់ស្កល់ ដោយការមើលនូវនាង ដូចជាពួកទេវតា នៅក្នុងឋានត្រៃត្រឹង្ស ព្រមទាំងព្រះឥន្ទ មិនឆ្អែត​ស្កប់ស្កល់ ដោយការ​ឃើញនូវ​ព្រហ្ម ដូច្នោះ​ដែរ។

(ទេវធីតាតបថា) បពិត្រសក្កៈ ព្រះអង្គទ្រង់​សួរប្រស្នា​នេះ នឹងខ្ញុំ​ព្រះអង្គថា នាងច្យុត​មកអំពី​ភពណា បានមក​កើតក្នុងទីនេះ ខ្ញុំឈ្មោះ​បេសការិកា កើតក្នុង​បុរី ឈ្មោះ​ពារាណសី​របស់អ្នកដែន​កាសីនោះ ជាអ្នកមាន​ចិត្តជ្រះថ្លា​ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជឿស៊ប់ មិនមាន​សេចកី្ត​សង្ស័យ មានសិក្ខាបទ​មិនបានដាច់ សម្រេចនូវ​ផលទៀង ក្នុងធម៌​ជាគ្រឿង​ត្រាស់ដឹង មិនមាន​សេចកី្តទុក្ខ។

សក្កទេវរាជត្រាស់ថា ម្នាលនាងមានសេចកី្ត​ជ្រះថ្លា​ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជឿស៊ប់ មិនមាន​សេចកី្ត​សង្ស័យ មានសិក្ខាបទ​មិនបាន​ដាច់ បាន​សម្រេចនូវ​ផលទៀង ក្នុងធម៌​ជាគ្រឿង​ត្រាស់ដឹង មិនមាន​សេចកី្តទុក្ខ យើង​ត្រេកអរ​នូវសម្បតិ្ត​របស់នាងផង នូវដំណើរ​មកដោយ​ប្រពៃរបស់​នាងផង នាងរុង​រឿងដោយ​ធម៌ គឺបុញ្ញសម្បតិ្ត​ផង ដោយយស គឺ​ទិព្វសម្បតិ្តផង។

ចប់ បេសការិយវិមាន ទី១៧។

ឧទ្ទាន (នៃបីឋវគ្គនោះ) គឺ

និយាយអំពីបីឋវិមាន ៥ នាវាវិមាន ៣ បទីបវិមាន ១ តិលទកិ្ខណវិមាន ១ បតិព្វតាវិមាន ២ សុណិសាវិមាន ២ ឧត្តរាវិមាន ១ សិរីមាវិមាន ១ បេសការិយវិមាន ១ លោកហៅថា វគ្គដូច្នេះឯង។

ចប់ វគ្គទី ១ ក្នុងឥត្ថីវិមាន។

ចិត្តលតាវគ្គ ទី២

ទាសីវិមាន ទី១

[១៨] (ព្រះមោគ្គល្លានសួរថា) ចុះនាងដែលមានពួក​នារីចោមរោម ហែហម ដើរ​ក្រឡឹង​ជុំវិញ​ក្នុងចិត្តលតាវ័ន ជាទីត្រេកអរ ដូចព្រះឥន្ទ្រ​ជាធំជាង​ទេវតា ញុំាង​ទិស​ទាំងពួង ឲ្យភ្លឺដូចជា​ផ្កាយព្រឹក តើនាង​មានសម្បុរ​បែបនោះ ដោយ​ហេតុអី្វ ផល​សម្រេច​ដល់នាង​ក្នុងទីនេះ​ផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែលជាទី​គាប់​ចិត្ត ភោគៈ​ទាំងនោះ ក៏កើតឡើង​ដល់នាងផង តើដោយ​ហេតុអី្វ

ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូម​សួរនាង នាងកាល​ដែល​កើតជា​មនុស្ស បានធ្វើ​បុណ្យអី្វ នាងមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់នាង​ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​ហេតុអី្វ។

ទេវធីតានោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្ត​ត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរប្រស្នា​ហើយ ក៏ដោះស្រាយ​នូវផលនៃ​កម្មនេះថា

ខ្ញុំ កាលដែលកើត​ជាមនុស្ស ក្នុងពួកមនុស្ស ជាទាសី បំរើអ្នកដទៃ ក្នុង​ត្រកូល​ជាឧបាសិកា​នៃ​ព្រះគោតម មានបញ្ញាចក្ខុ មានយស ឯសេចកី្ត​ព្យាយាម ក្នុងសាសនា​នៃព្រះពុទ្ធ ប្រកប​ដោយ​តាទិគុណនោះ តែងមាន​ដល់ខ្ញុំ ទោះបីកាយ​នេះចង់​បែកធ្លាយ​ទៅក៏ដោយ ក៏ការ​បញ្ឈប់នូវ​សេចកី្ត​ព្យាយាម​ក្នុងកម្មដ្ឋាននុ៎ះ មិនមាន​ឡើយ ផ្លូវនៃសិក្ខាបទ​ទាំង ៥ ជារបស់​មាន​សួស្តី ជាទីក្សេម​មិនមាន​បន្លា មិនសាំញាំ ជាផ្លូវត្រង់​ដែលសប្បុរស​ប្រាប់ហើយ ខ្ញុំជាស្ត្រី​ដល់នូវ​ផលនេះ ដោយសេចកី្ត​ព្យាយាម​ណា លោកចូរ​ឃើញនូវផល​នៃសេចកី្ត​ព្យាយាម​នោះចុះ ខ្ញុំជា​មហេសី​ជាទីស្រឡាញ់​នៃ​សក្កទេវរាជ អ្នកញុំាង​អំណាច​ឲ្យប្រព្រឹត្ត​ទៅ ក្នុង​ទេវលោក​ទាំងពីរ ពួកតូរ្យតន្ត្រី ៦ ហ្មឺន តែងធ្វើនូវ​ការសម្រើប​ចិត្តនៃខ្ញុំ ពួក​ទេវបុត្ត​ឈ្មោះ​អាលម្ពៈ ១ គគ្គមៈ ១ ភីមៈ ១ សាធុវាទី ១ បសំសិយៈ ១ បោក្ខរៈ ១ សុផស្សៈ ១ ទាំងពួកនារី​ឈ្មោះ​វីណា ១ មោក្ខា ១ នន្ទា ១ សុនន្ទា ១ សោណទិន្នា ១ សុចិម្ភិកា ១ អាលម្ពុសា ១ មិស្សកេសី ១ បុណ្ឌរីកាតិ ១ ទារុណី ១ ឯនិបស្សា ១ សុបស្សា ១ សុភទ្ទា ១ មុទុកាវទី ១ ទាំងពួក​នារីដទៃ ជាអ្នក​ដាស់តឿន​នេះ ប្រសើរ​ជាងពួកស្ត្រីអប្សរ ពួកទេវធីតា​ទាំងនោះ តែងចូល​មកជិតខ្ញុំ តាមកាល​ហើយពោល​ពាក្យជាទី​ត្រេកអរថា មក យើង​ទាំងឡាយ នាំគ្នារាំច្រៀង មក យើង​ទាំងឡាយ ញុំាង​ទេវធីតា​នោះ​ឲ្យរីករាយ នេះមិនមែន​របស់ពួកអ្នក​មិនធ្វើ​បុណ្យទេ នេះ​របស់​ពួកអ្នក​បានធ្វើបុណ្យ ឧទ្យានធំ​ជាទីមិន​សោយសោក ជាទីត្រេក​អររីករាយ រមែង​មានដល់​ពួកទេវតា​នៅក្នុងជាន់​ត្រៃត្រឹង្ស សេចកី្តសុខ​នៃពួកជន​ដែលមិន​បានធ្វើបុណ្យ មិនមាន​ក្នុងលោក​នេះផង ក្នុងលោក​ខាងមុខផង សេចកី្ត​សុខនៃ​ពួកជនដែល​បានធ្វើ​បុណ្យ រមែងមាន​ក្នុងលោក​នេះផង ក្នុងលោក​ខាងមុខផង ពួកបុគ្គល អ្នកប្រាថ្នា​ឲ្យបាន​កើត​ជាមួយនឹង​ពួកទេវតា​ទាំងនោះ គប្បីធ្វើ​កុសល​ឲ្យច្រើនចុះ ព្រោះថា​បុគ្គលបាន​ធ្វើបុណ្យ ជាអ្នកបាន​បរិបូណ៌​ដោយភោគៈ តែង​រីករាយ ក្នុងស្ថានសួគ៌។

ចប់ ទាសីវិមាន ទី១។

លខុមាវិមាន ទី២

[១៩] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវធីតា នាងមាន​សម្បុរល្អ​ឋិតនៅហើយ ញុំាងទិស​ទាំងពួង​ឲ្យភ្លឺ​ដូចផ្កាយព្រឹក ព្រោះហេតុអី្វ បានជានាង​មានសម្បុរ​បែប​នោះ។បេ។ បានជា​នាងមានសម្បុរ​ភ្លឺច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លាន​សួរ​ហើយ មានចិត្ត​រីករាយ លុះព្រះ​មោគ្គល្លាន​សួរប្រស្នា​ហើយ ក៏ដោះស្រាយ​នូវផលនៃ​កម្មនេះថា

លំនៅរបស់ខ្ញុំ តាំងនៅជិតទីជាទីចេញអំពី​កេវដ្តទ្វារ ខ្ញុំមាន​ចិត្តជ្រះថ្លា ក្នុង​លោកអ្នក​មានចិត្តត្រង់​ទាំងឡាយ បានប្រគេន​បាយ នំកុម្មាស និងបន្លែ ជ្រក់ ទឹកដែល​ផ្សំដោយ​សម្ភារៈច្រើន ដល់ពួក​សាវ័កអ្នកស្វែង​រកគុណធំ ដែលត្រាច់​ទៅ ក្នុងទីលំនៅ​នៃខ្ញុំនោះ

ខ្ញុំបានរក្សាឧបាសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់​បាដិហារិយបក្ខ​ផង ខ្ញុំជាអ្នក​សង្រួម​ក្នុងសីល​ទាំងឡាយ​សព្វកាល មានសេចកី្ត​សង្រួម មានការ​ចែកនូវទាន នៅគ្រប់​គ្រងវិមាន ជាអ្នក​វៀរចាក​បាណាតិបាត សង្រួម​ចាក​មុសាវាទ វៀរ​ចាក​ការលួច ចាកការប្រព្រឹត្តិ​កន្លង​ចិត្តស្វាមី ជាអ្នក​ឆ្ងាយ​ចាក​ការផឹក​ទឹក​ស្រវឹង ត្រេកអរ​ក្នុងសិក្ខាបទ​​ទាំង ៥ ឈ្លាសវៃ​ក្នុងអរិយសច្ច ជា​ឧបាសិកា​របស់​ព្រះគោតម ដែល​មាន​បញ្ញាចក្ខុ មាន​យស ព្រោះហេតុនោះ បាន​ជាខ្ញុំ​មានសម្បុរ​បែប​នោះ។បេ។ បានជា​ខ្ញុំមាន​សម្បុរភ្លឺច្បាស់​សព្វទិស។

បពិត្រព្រះថេរៈដ៏ចំរើន សូមលោកម្ចាស់ថ្វាយ​បង្គំព្រះបាទា​នៃ​​ព្រះមានព្រះភាគ ដោយសិរ្សៈ តាមពាក្យ​របស់ខ្ញុំថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឧបាសិកា​ឈ្មោះ​លខុមា សូម​ថ្វាយ​បង្គំ​ព្រះបាទា​នៃព្រះមានព្រះភាគ​ដោយសិរ្សៈ។ បពិត្រ​លោកដ៏ចំរើន ហេតុនោះ ជាការ​អស្ចារ្យល្មម​ទេ ត្រង់ពាក្យថា ព្រះមានព្រះភាគ​ទ្រង់ព្យាករខ្ញុំ ក្នុង​សាមញ្ញផល​ណាមួយ។ ព្រះមានព្រះភាគ ទ្រង់ព្យាករ​នូវនាង​លខុមានោះ ក្នុង​សកទាគាមិផល។

ចប់ លខុមាវិមាន ទី២។

អាចាមទាយិកាវិមាន ទី៣

[២០] (ព្រះឥន្ទសួរព្រះកស្សបថា) កាលដែលលោកម្ចាស់​ត្រាច់ទៅ​បិណ្ឌបាត ឈរនៅស្ងៀម មាននារី​ម្នាក់កំសត់ កំព្រា អាស្រ័យ​នៅផ្ទះនៃ​បុគ្គលដទៃ ជ្រះថ្លា បាន​ប្រគេន​បាយក្តាំង​ដល់លោកម្ចាស់​ដោយដៃ​របស់ខ្លួន នាងនោះ លះបង់​រាងកាយ​ជារបស់​មនុស្ស​ហើយ ទៅកាន់ទិស​ណាហ្ន៎។

(ព្រះថេរៈតបថា) កាលដែលអាត្មាត្រាច់ទៅបិណ្ឌបាត ឈរស្ងៀម មាននារីកំសត់ កំព្រា អាស្រ័យនៅ​ផ្ទះនៃបុគ្គល​ដទៃ ជ្រះថ្លា បានប្រគេន​បាយក្តាំង​ដល់អាត្មា ដោយ​ដៃរបស់​ខ្លួន នាងនោះ លះបង់​រាងកាយ​ជារបស់​មនុស្ស រួចផុត​ស្រឡះ ច្យុត​អំពីមនុស្ស​លោកនេះ​ទៅហើយ ពួកទេវតា​ដែលមាន​ឫទ្ធិ៍ច្រើន មាន​នៅក្នុង​ជាន់និម្មានរតី​ណា នារី​ដែលជាអ្នក​ប្រគេន​បាយក្តាំង ក៏ដល់នូវ​សេចកី្តសុខ រីករាយ​ក្នុងពួក​ទេវតា​ជាន់និម្មានរតី​នោះ។ ឱហ្ន៎ ទានរបស់​ស្រីកំព្រា​ដែលបាន​តាំងទុកល្អ ក្នុងព្រះថេរៈ​ព្រះនាម​កស្សបៈ ឱហ្ន៎ ទក្ខិណា​សម្រេច​ហើយដោយ​ទាន ដែលនាំ​មក​អំពីផ្ទះនៃ​បុគ្គលដទៃ នារីណា​មានអវយវៈ​ល្អទាំងអស់ ជាទី​រមិល​មើល មិនបាន​ថោកថយ​នៃភស្តា គប្បីធ្វើនូវ​ភាពនៃខ្លួន​ជាមហេសី នៃស្តេច​ចក្រពតិ្ត ក៏មិនដល់​មួយចំណិត​នៃចំណែក ១៦ ៗ ដង នៃការ​ឲ្យនូវបាយក្តាំង​នោះ​​ឡើយ មាសឆ្តោរ ១០០ សេះ ១០០ រថទឹម​អស្សតរ ១០០ កញ្ញា ១ សែន មាន​កុណ្ឌល​ជាវិការៈនៃ​កែវមណី​ប្រដាប់ហើយ ក៏មិនដល់​មួយចំណិត​នៃចំណែក ១៦ ៗ ដង នៃការ​ឲ្យនូវ​បាយក្តាំង​នោះឡើយ ដំរីទាំងឡាយ​ដ៏ប្រសើរ ១០០ នៅក្នុង​ព្រៃហេមពាន្ត​មានភ្លុក​ងដូចជា​ចន្ទោលនង្គ័ល មាន​កម្លាំង​ខ្លាំង មានខ្សែ​ដង្គន់មាស ជាពូជ​មាតង្គៈ មានគ្រឿង​ប្រដាប់​វិចិត្រហើយ​ដោយមាស​ ក៏មិនដល់​មួយចំណិត​នៃចំណែក ១៦ ៗ ដង នៃការ​ឲ្យនូវ​បាយក្តាំង​នោះឡើយ បុគ្គលណា គប្បីធ្វើនូវភាព​នៃខ្លួនជាធំ​ក្នុងទី្វបទាំង ៤ ក្នុង​លោកនេះ ក៏នៅ​មិនទាន់​ដល់មួយ​ចំណិត​នៃចំណែក ១៦ ៗ ដង នៃការ​ឲ្យនូវ​បាយក្តាំង​​នោះឡើយ។

ចប់ អាចាមទាយិកាវិមាន ទី៣។

ចណ្ឌាលីវិមាន ទី៤

[២១] (ព្រះមោគ្គល្លានប្រាប់ថា) នែនាងចណ្ឌាលី នាងចូរថ្វាយ​បង្គំព្រះបាទា​នៃព្រះ​គោតម​ដ៏មានយស ព្រះពុទ្ធ​ព្រះអង្គ​ជាឥសីទី ៧ ទ្រង់ប្រថាប់​នៅដើម្បី​អនុគ្រោះ​នាង ចូរនាង​ញុំាងចិត្ត​ឲ្យជ្រះថ្លា​ក្នុងព្រះពុទ្ធ ជាព្រះអរហន្ត​ប្រកប​ដោយ​តាទិគុណ​ចុះ នាងចូរ​ផ្គងអញ្ជលី​ឲ្យរហ័ស ថ្វាយបង្គំ​ចុះ ព្រោះថា ជីវិត​របស់នាង​តិចណាស់។ នាង​ចណ្ឌាលី ដែល​ព្រះមហាមោគ្គល្លាន​មានខ្លួន​អប់រំហើយ ទ្រទ្រង់​នូវសរីរៈ​ជាទី​បំផុត បានដាស់​តឿន​ហើយ ក៏ថ្វាយ​បង្គំព្រះបាទា​ព្រះគោតម​ដ៏មានយស ក៏ស្រាប់​តែមេគោ បុះនាង​ចណ្ឌាលី ដែល​កំពុងផ្គង​អញ្ជលី​ថ្វាយបង្គំ​នូវ​ព្រះសម្ពុទ្ធ អ្នកធ្វើ​នូវពន្លឺក្នុង​ទីងងឹត​នោះ

នាងចណ្ឌាលី បានដល់នូវឫទិ្ធនៃទេវតា ចូលមក​គាល់ (នូវព្រះមហា​មោគ្គល្លាន) ជា​ព្រះខីណាស្រព ប្រាសចាក​ធូលី មិនមាន​តណ្ហា (ហើយ​និយាយ​ថា) បពិត្រ​លោកមាន​ព្យាយាម មានអានុភាព​ច្រើន យើងខ្ញុំសូម​ថ្វាយបង្គំ​លោក។

(ព្រះថេរៈសួរថា) ម្នាលទេវធីតា មានគុណល្អ នាងជាអី្វ មាន​សម្បុរដូច​ជាមាស មាន​សរីរៈ​ដ៏ភ្លឺ មាន​យសធំ ចុះមក​អំពីវិមាន​ប្រកប​ដោយវិចិត្រ​ដ៏ច្រើន មានពួក​ស្រីអប្សរ ចោមរោម មកថ្វាយ​បង្គំអាត្មា​ដូច្នេះ។

(នាងចណ្ឌាលីទេវធីតា តបថា) បពិត្រលោកម្ចាស់​ដ៏ចំរើន ខ្ញុំឈ្មោះ​ចណ្ឌាលី ដែល​លោកម្ចាស់​មានសេចកី្ត​ព្យាយាម បញ្ជូនទៅ​ឲ្យថ្វាយបង្គំ​ព្រះបាទា​នៃព្រះគោតម ជា​ព្រះអរហន្ត​ដ៏មានយស លុះខ្ញុំថ្វាយ​បង្គំព្រះបាទា​ហើយ ក៏ច្យុតអំពី​កំណើត​នៃនាង​ចណ្ឌាលី មកកាន់​វិមានដ៏​ប្រសើរ​ដោយប្រការ​ទាំងពួង កើតឡើង​ក្នុង​នន្ទនឧទ្យាន មាន​ស្ត្រីអប្សរ ១ ពាន់ ចោមរោម បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំជា​ទេវតា​ប្រសើរវិសេស ជាង​ស្រីអប្សរ​ទាំងនោះ​ដោយសម្បុរ ដោយយស និង​អាយុ ជាទេវតា​ មានកុសល​ដ៏ច្រើន បានធ្វើ​ហើយ ដឹងខ្លួន មានស្មារតី មកដើម្បី​ថ្វាយបង្គំ​នូវព្រះមុនី ព្រះអង្គ​ប្រកប​ដោយ​សេចកី្ត​ករុណា​ក្នុងលោក។ លុះនាង​ចណ្ឌាលី ជាស្ត្រី​កតញ្ញូកតវេទិនី ពោល​ពាក្យនេះ​ដូច្នេះហើយ ក៏ថ្វាយ​បង្គំ​ព្រះបាទានៃ​ព្រះអរហន្ត​ហើយ ក៏បាត់​ពីទីនោះទៅ។

ចប់ ចណ្ឌាលីវិមាន ទី៤។

ភទ្ទិត្ថិកាវិមាន ទី៥

[២២] (ព្រះមានព្រះភាគ ត្រាស់សួរថា) នាងមានសម្បុរ​ខៀវផង លឿងផង ខ្មៅ​ផង ហង្សបាទ​ផង ក្រហមផង ចោមរោម​ដោយលំអង​នៃផ្កា មានពណ៌​ផ្សេងៗ ទ្រទ្រង់​នូវ​កម្រង​ផ្កា​មន្ទារវបុស្ស​នៅលើក្បាល ម្នាលនាង​មានប្រាជ្ញាល្អ ដើមឈើនេះ ក្នុងពួក​ទេវតា​ដទៃគ្មាន​ទេ ម្នាលនាង​មានយស នាងកើត​ក្នុងពួកទេវតា​នៅក្នុង​ស្ថានត្រៃត្រឹង្ស ដោយ​បុណ្យអី្វ ម្នាលទេវធីតា តថាគត​សួរហើយ នាងចូរ​ប្រាប់មក ផលនៃកម្មនេះ ដូចម្តេច។

(ទេវតានោះ តបថា) ជនទាំងឡាយ ស្គាល់ខ្ញុំថា ភទិ្ទត្ថិកា ខ្ញុំជា​ឧបាសិកា នៅ​ក្នុង​កិម្ពិលានគរ បរិបូណ៌​ដោយសទ្ធា និងសីល ត្រេកអរ​ក្នុងការចែក​រលែកនូវ​ទាន​សព្វកាល ខ្ញុំមាន​ចិត្តជ្រះថ្លា​ហើយ ក្នុងពួក​បុគ្គលមាន​ចិត្តត្រង់ បានឲ្យ​គ្រឿង​ស្លៀក​ដណ្តប់ ភត្ត សេនាសនៈ និងគ្រឿង​ប្រទីប ខ្ញុំរក្សា​នូវ​ឧបោសថ​ប្រកប​ដោយ អង្គ ៨ អស់ ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខ​ផង អស់​បាដិហារិយបក្ខផង ជាអ្នក​សង្រួមល្អ​ក្នុងសីល​ទាំងឡាយ​សព្វកាល វៀរចាក​បាណាតិបាត សង្រួមចាក​មុសាវាទ ឆ្ងាយចាក​ការលួច ចាកការ​ប្រព្រឹត្តិ​កន្លង (ចិត្តស្វាមី) និងការ​ផឹកនូវទឹក​ស្រវឹង ត្រេកអរ​ក្នុងសិក្ខាបទ​ទាំង ៥ ឈ្លាសវៃ​ក្នុង​អរិយសច្ច ជាឧបាសិកា​របស់​ព្រះគោតម ព្រះអង្គ​មាន​បញ្ញាចក្ខុ មានការ​នៅដោយ​សេចកី្តមិន​ធ្វេសប្រហែស

មានឱកាសនៃសេចកី្តសុចរិតធ្វើហើយ មានកុសល​បានធ្វើ​ហើយ ច្យុត​អំពីទីនោះ​មក មានពន្លឺ​ភ្លឺដោយ​ខ្លួនឯង ត្រាច់ទៅ​កាន់​នន្ទនវ័ន ខ្ញុំបាន​ញុំាងពួក​ភិក្ខុ អ្នក​អនុគ្រោះ​ដោយប្រយោជន៍​ដ៏ក្រៃលែង និងគូ​នៃសាវ័ក​ដែលមាន​តបៈ និង​ព្រះមហាមុនី​ឲ្យសោយ​អាហារ ខ្ញុំមាន​ឱកាសធ្វើ​ហើយ មានកុសល​បានធ្វើ​ហើយ ច្យុតអំពី​ទីនោះមក មានពន្លឺ​ភ្លឺដោយ​ខ្លួនឯង ត្រាច់ទៅ​កាន់​នន្ទនវ័ន ខ្ញុំរក្សានូវ​ឧបោសថ​ប្រកប​ដោយអង្គ ៨ រក​ប្រមាណ​មិនបាន នាំមក​នូវសេចកី្ត​សុខ​សព្វកាល       ខ្ញុំមាន​ឱកាស​ធ្វើហើយ មានកុសល​បានធ្វើហើយ ច្យុតអំពី​ទីនោះ​មក មានពន្លឺភ្លឺ​ដោយខ្លួនឯង ត្រាច់ទៅ​កាន់​នន្ទនវ័ន។

ចប់ ភទិ្ទតិ្ថកាវិមាន ទី៥។

សោណទិន្នាវិមាន ទី៦

[២៣] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមាន​សម្បុរល្អ ញុំាង​ទិស​ទាំង​ពួង​ឲ្យ​ភ្លឺច្បាស់​ដូចផ្កាយ​ព្រឹក​ ឋិតនៅ នាងមាន​សម្បុរ​បែបនោះ ដោយ​ហេតុអី្វ ផលសម្រេច​ដល់នាង​ក្នុងទីនេះ​ផង ភោគៈ​ទាំងឡាយ​ណានីមួយ ដែលជា​ទីគាប់​ចិត្ត ភោគៈ​ទាំងនោះ ក៏កើតឡើង​ដល់នាងផង តើដោយ​ហេតុអី្វ

ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូម​សួរនាង នាងកាល​ដែលកើត​ជា​មនុស្ស បានធ្វើ​បុណ្យអី្វ នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំង​សម្បុររបស់​នាងក៏​ភ្លឺច្បាស់​សព្វទិស តើដោយ​ហេតុអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​ត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរប្រស្នា​ហើយ ក៏ដោះស្រាយ​នូវផលនៃ​កម្មនេះថា

ជនទាំងឡាយស្គាល់នូវខ្ញុំថា ​សោណទិន្នា ខ្ញុំជាឧបាសិកា នៅក្នុង​ស្រុក​នាលន្ទា ជាស្ត្រី​បរិបូណ៌​ដោយសទ្ធា និងសីល ត្រេកអរ​ក្នុងការចែក​រំលែក​នូវទាន​សព្វកាល មាន​ចិត្ត​ជ្រះថ្លា​ក្នុងពួក​បុគ្គល​មានចិត្តត្រង់ បានឲ្យ​គ្រឿងស្លៀក​ដណ្តប់ ភត្ត សេនាសនៈ និងគ្រឿង​ប្រទីប ខ្ញុំបានរក្សា​ឧបោសថ​ប្រកប​ដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខ​ផង អស់​បាដិហារិយបក្ខ​ផង បានសង្រួម​ក្នុងសីល​ទាំងឡាយ​សព្វកាល ជាអ្នក​វៀរចាក​​បាណាតិបាត សង្រួមចាក​មុសាវាទ ឆ្ងាយចាក​ការលួច ចាកការ​ប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការ​ផឹកនូវ​ទឹកស្រវឹង ត្រេកអរ​ក្នុងសិក្ខាបទ​ទាំង ៥ ឈ្លាសវៃ​ក្នុងអរិយសច្ច ជា​ឧបាសិកា​របស់​ព្រះគោតម ព្រះអង្គ​មានបញ្ញាចក្ខុ មានយស ព្រោះហេតុ​នោះ បានជា​ខ្ញុំមាន​សម្បុរ​បែបនោះ។បេ។ បានជា​ខ្ញុំមាន​សម្បុរ​ភ្លឺច្បាស់​សព្វទិស។

ចប់ សោណទិន្នាវិមាន ទី៦។

ឧបោសថវិមាន ទី៧

[២៤] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងដែលមាន​សម្បុរល្អ ញុំាងទិស​ទាំងពួង​ឲ្យភ្លឺច្បាស់ ដូចផ្កាយ​ព្រឹក​ឋិតនៅ ដោយ​ហេតុអី្វ បានជា​នាងមាន​សម្បុរ​បែប​នោះ។បេ។ បានជា​នាងមាន​សម្បុរ​ភ្លឺច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មាន​ចិត្តត្រេកអរ។បេ។ នូវផល​នៃកម្ម​នេះថា

ជនទាំងឡាយបានស្គាល់នូវខ្ញុំថា ឧបោសថា ខ្ញុំជា​ឧបាសិកា​នៅក្នុង​សាកេត​នគរ បរិបូណ៌​ដោយសទ្ធា និងសីល មានចិត្ត​ត្រេកអរ​ក្នុងការ​ចែករំលែក​នូវទាន​សព្វកាល មានចិត្ត​ជ្រះថ្លា ក្នុងពួក​បុគ្គលមាន​ចិត្តត្រង់ បានឲ្យ​គ្រឿងស្លៀក​ដណ្តប់ ភត្ត សេនាសនៈ និងគ្រឿង​ប្រទីប បានរក្សាឧបោសថ​ប្រកប​ដោយ​អង្គ ៨ អស់​ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខ​ផង អស់​បាដិហារិយបក្ខ​ផង ជាអ្នក​សង្រួម​ក្នុងសីល​ទាំងឡាយ​សព្វកាល វៀរចាក​បាណាតិបាត សង្រួមចាក​មុសាវាទ ឆ្ងាយចាក​ការលួច ចាកការ​ប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការ​ផឹកនូវទឹក​ស្រវឹង ត្រេកអរ​ក្នុងសិក្ខាបទ​ទាំង ៥ ឈ្លាសវៃ​ក្នុងអរិយសច្ច ជា​ឧបាសិកា​របស់​ព្រះគោតម ព្រះអង្គ​មានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជា​ខ្ញុំមាន​សម្បុរ​បែបនោះ។បេ។ បានជាខ្ញុំ​មានសម្បុរ​ភ្លឺច្បាស់​សព្វទិស។

សេចកី្តពេញចិត្តកើតឡើងដល់ខ្ញុំ ព្រោះបាន​ឮនូវ​នន្ទនវ័ន​ជារឿយៗ ខ្ញុំបាន​ដំកល់​នូវចិត្ត​ក្នុង​នន្ទនវ័ន ក្នុង​តាវតិ្តង្ស​នោះ ហើយចូល​ទៅកាន់​នន្ទនវ័ន ខ្ញុំពុំ​បានធ្វើ​តាម​ព្រះពុទ្ធដីកា​របស់​ព្រះសាស្តា ជាព្រះពុទ្ធ​ជាផៅពង្ស​នៃព្រះអាទិត្យ​ទេ ខ្ញុំមាន​សេចកី្ត​ក្តៅក្រហាយ​ក្នុងកាល​ជាខាង​ក្រោយ ព្រោះ​ដំកល់​នូវចិត្ត​ក្នុងធម៌​ដ៏ថោកទាប។

(ព្រះថេរៈសួរថា) ម្នាលនាង​ឧបោសថា នាងនៅ​ក្នុងវិមាន​នេះ អស់កាល​យូរប៉ុន្មាន ម្នាល​ទេវធីតា អាត្មាសួរ​នាងហើយ នាងចូរ​ប្រាប់មក បើនាងដឹង​ប្រមាណ​អាយុ។

(ទេវតាតបថា) បពិត្រព្រះថេរៈ​ជាអ្នក​ប្រាជ្ញធំ ខ្ញុំឋិតនៅ​ក្នុងវិមាន​នេះ ៦ ហ្មឺនឆ្នាំ ច្យុត​អំពីវិមាន​នេះហើយ នឹងទៅ​កើតជា​មួយនឹង​ពួកមនុស្ស។

(ព្រះថេរៈពោលថា) ម្នាលនាងឧបោសថា នាងកុំខ្លាច​ឡើយ នាងគឺ​ព្រះសម្ពុទ្ធ​ទ្រង់ព្យាករ​ហើយ ថាជា​ស្ត្រីបាន​ដល់សោតៈ សម្រេច​គុណវិសេស​ហើយ ទុគ្គតិ នាងបានលះ​បង់ហើយ។

ចប់ ឧបោសថវិមាន ទី៧។

សុនិទ្ទាវិមាន ទី៨

[២៥] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមាន​សម្បុរល្អ ញុំាង​ទិសទាំង​ពួងឲ្យ​ភ្លឺច្បាស់ ដូចផ្កាយ​ព្រឹក ឋិតនៅ ព្រោះហេតុអី្វ បានជា​នាងមាន​សម្បុរ​បែប​នោះ។បេ។ បានជានាង​មានសម្បុរ​ភ្លឺច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​ត្រេកអរ។បេ។ នូវ​ផលនៃ​កម្មនេះថា

ជនទាំងឡាយបានស្គាល់នូវខ្ញុំថា សុនិទ្ទា ខ្ញុំជា​ឧបាសិកា​នៅក្នុងក្រុង​រាជគ្រឹះ បរិបូណ៌​ដោយ​សទ្ធា និងសីល ត្រេកអរ​ក្នុងការចែក​រំលែក​នូវទាន​សព្វកាល ខ្ញុំមាន​ចិត្តជ្រះថ្លា ក្នុងពួក​បុគ្គលមាន​ចិត្តត្រង់ បានឲ្យ​គ្រឿងស្លៀក​ដណ្តប់ ភត្ត សេនាសនៈ និងគ្រឿង​ប្រទីប បានរក្សា​ឧបោសថ​ប្រកប​ដោយអង្គ ៨ អស់ ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃ​បក្ខផង អស់​បាដិហារិយបក្ខ​ផង ជាអ្នក​សង្រួមក្នុង​​សីលទាំង​ឡាយ​សព្វកាល វៀរចាក​បាណាតិបាត សង្រួមចាក​មុសាវាទ ឆ្ងាយ​ចាកការលួច ការ​ប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការ​ផឹកនូវទឹក​ស្រវឹង ត្រេកអរ​ក្នុងសិក្ខាបទ​ទាំង ៥ ឈ្លាសវៃ​ក្នុង​អរិយសច្ច ជា​ឧបាសិកា​របស់ព្រះគោតម ព្រះអង្គ​មានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំ​មានសម្បុរ​បែបនោះ។បេ។ បានជាខ្ញុំ​មានសម្បុរ​ភ្លឺច្បាស់​សព្វទិស។

ចប់ សុនិទ្ទាវិមាន ទី៨។

សុទិន្នាវិមាន ទី៩

[២៦] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមាន​សម្បុរល្អ ញុំាងទិស​ទាំងពួង​ឲ្យភ្លឺច្បាស់ ដូចផ្កាយ​ព្រឹក ឋិតនៅ ព្រោះហេតុអី្វ បានជានាង​មានសម្បុរ​បែបនោះ។បេ។ បានជា​នាងមាន​សម្បុរ​ភ្លឺច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​ត្រេកអរ។បេ។ នូវ​ផលនៃកម្ម​នេះថា

ជនទាំងឡាយបានស្គាល់នូវខ្ញុំថា សុទិន្នា ខ្ញុំជាឧបាសិកា នៅក្នុង​ក្រុងរាជគ្រឹះ បរិបូណ៌​ដោយសទ្ធា និងសីល ត្រេកអរ​ក្នុងការចែក​រំលែក​នូវទាន​សព្វកាល ខ្ញុំមាន​ចិត្ត​ជ្រះថ្លា ក្នុងពួក​បុគ្គលមាន​ចិត្តត្រង់ បានឲ្យ​គ្រឿងស្លៀក​ដណ្តប់ ភត្ត សេនាសនៈ និងគ្រឿង​ប្រទីប បានរក្សា​ឧបោសថ​ប្រកប​ដោយអង្គ ៨ អស់​ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខ​ផង អស់​បាដិហារិយបក្ខ​ផង ជាអ្នក​សង្រួម​ក្នុង​សីលទាំងឡាយ​សព្វកាល វៀរចាក​បាណាតិបាត សង្រួម​ចាកមុសាវាទ ឆ្ងាយ​ចាកការលួច ចាកការ​ប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការ​ផឹកនូវ​ទឹកស្រវឹង ត្រេកអរ​ក្នុងសិក្ខាបទ​ទាំង ៥ ឈ្លាសវៃ​ក្នុងអរិយសច្ច ជា​ឧបាសិកា​នៃ​ព្រះគោតម ព្រះអង្គ​មានបញ្ញាចក្ខុ មានយស ព្រោះហេតុ​នោះ បានជា​ខ្ញុំមានសម្បុរ​បែបនោះ។បេ។ បានជា​ខ្ញុំមានសម្បុរ​ភ្លឺច្បាស់​សព្វទិស។

ចប់ សុទិន្នាវិមាន ទី៩។

ភិក្ខាទាយិកាវិមាន ទី១០

[២៧] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមាន​សម្បុរល្អ ញុំាងទិស​ទាំងពួង​ឲ្យភ្លឺច្បាស់ ដូចផ្កាយ​ព្រឹក ឋិតនៅ ព្រោះ​ហេតុអី្វ បានជា​នាងមាន​សម្បុរ​បែបនោះ។បេ។ បានជា​នាងមាន​សម្បុរភ្លឺ​ច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​ត្រេកអរ។បេ។ នូវ​ផលនៃ​កម្មនេះថា

ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពី​ជាតិមុន ក្នុងមនុស្ស​លោក បានឃើញ​ព្រះពុទ្ធ​ប្រាសចាក​ធូលី គឺរាគៈ មាន​ព្រះហ្ឫទ័យ​ថ្លា មិនល្អក់ មានចិត្តជ្រះថ្លា បានថ្វាយ​ចង្ហាន់ដល់​ព្រះអង្គ ដោយដៃ​របស់ខ្លួន ព្រោះ​ហេតុនោះ បានជា​ខ្ញុំមាន​សម្បុរ​បែបនោះ។បេ។ បានជា​ខ្ញុំមានសម្បុរ​ភ្លឺច្បាស់​សព្វទិស។

ចប់ ភិក្ខាទាយិកាវិមាន ទី១០។

ទុតិយភិក្ខាទាយិកាវិមាន ទី១១

[២៨] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមាន​សម្បុរល្អ ញុំាងទិស​ទាំងពួង​ឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក ឋិតនៅ ព្រោះហេតុអី្វ បានជា​នាងមាន​សម្បុរបែប​នោះ។បេ។ បានជា​នាងមាន​សម្បុរ​ភ្លឺច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​ត្រេកអរ។បេ។ នូវផលនៃ​កម្មនេះថា

ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្ស​លោក បានឃើញ​ព្រះពុទ្ធ មានធូលី គឺរាគៈ​ទៅប្រាស​ហើយ ព្រះអង្គមាន​ព្រះហ្ឫទ័យថ្លា មិនល្អក់ ក៏មានចិត្ត​ជ្រះថ្លា បានថ្វាយ​ចង្ហាន់ដល់​ព្រះអង្គ ដោយដៃ​របស់ខ្លួន ព្រោះ​ហេតុនោះ បានជា​ខ្ញុំមានសម្បុរ​បែបនោះ។បេ។ បានជា​ខ្ញុំ​មានសម្បុរ​ភ្លឺច្បាស់​សព្វទិស។

ចប់ ទុតិយភិក្ខាទាយិកាវិមាន ទី១១។

ឧទ្ទាន (នៃចិត្តលតាវគ្គ ទី២ នោះ) គឺ

និយាយអំពីទាសីវិមាន ១ លខុមាវិមាន ១ អាចាមទាយិកាវិមាន ១ ចណ្ឌាលិវិមាន ១ ភទិ្ទតិ្ថកាវិមាន​ ១ សោណទិន្នាវិមាន ១ ឧបោសថវិមាន ១ សុនិទ្ទាវិមាន ១ សុទិន្នាវិមាន ១ ភិក្ខាទាយិកាវិមាន ២ លើក លោកហៅថា វគ្គដូច្នេះឯង។

ចប់ វគ្គ ទី២ ក្នុងឥត្ថីវិមាន។

ចប់ ភាណវារៈ ទី១។

បារិច្ឆត្តកវគ្គ ទី៣

ឧឡារវិមាន ទី១

[២៩] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានយស និង​សម្បុរដ៏​ឧត្តម ញុំាង​ទិសទាំង​ពួងឲ្យភ្លឺច្បាស់ ពួកនារី និង​ពួកទេវបុត្ត បានប្រដាប់​គ្រឿង​អលង្ការ រាំ ច្រៀង រីករាយ ចោមរោម​ដើម្បីបូជា​ដល់នាង ម្នាលនាង​សុទស្សនា វិមាន​ទាំងឡាយ ជា​វិការៈ​នៃមាស​នេះ ជារបស់​នាង ចំណែក​នាងសោត ជា​ឥស្សរៈ​លើ​វិមានទាំង​នោះ ញុំាង​សេចកី្ត​ប្រាថ្នា​ទាំងពួង​ឲ្យសម្រេច នាង​មាន​ជាតិល្អ ជា​អ្នកធំ​ រីករាយ​ក្នុង​ពួកទេវតា ម្នាល​ទេវតា អាត្មា​សួរហើយ នាងចូរ​ប្រាប់​ផលនៃកម្ម​នេះ តើដូចម្តេច។

(ទេវតានោះតបថា) ខ្ញុំកាលកើត​ជាមនុស្ស ក្នុងពួក​មនុស្ស ជា​កូនប្រសា ក្នុង​ត្រកូល​ទ្រុស្តសីល ជាអ្នកមិន​មានសទ្ធា ជាមនុស្ស​កំណាញ់ ប៉ុន្តែខ្ញុំជា​អ្នកបរិបូណ៌​ដោយ​សទ្ធា និងសីល បាន​ប្រគេននំ​ដល់លោកម្ចាស់ ដែលត្រាច់​ទៅបិណ្ឌបាត ខ្ញុំមាន​ចិត្ត​ជ្រះថ្លា បានប្រគេន​នំ ដល់​លោកម្ចាស់​ដោយដៃ​របស់ខ្លួន មាតាក្មេក​របស់ខ្ញុំនោះ បាន​ប្រទេច​ផ្តាសាថា ហងជាស្ត្រី​មានគូស្រករ គេប្រដៅ​មិនបាន មិនប្រាថ្នា​នឹង​ទទួល​ពាក្យអញ ក្នុងកាលនោះ មាតាក្មេក​ខ្ញុំខឹង ក៏សំពង​ខ្ញុំនឹងអង្រែ ត្រូវត្រង់​ចង្កួយស្មាខ្ញុំ ខ្ញុំមិនអាច​ដើម្បីរស់​នៅយូរ​បាន ខ្ញុំក៏បែកធ្លាយ​រាងកាយ ផុតស្រឡះ ច្យុត​ចាកអត្តភាព​នោះ បានមក​កើតជាមួយ​នឹងពួក​ទេវតាជាន់​តាវត្តឹង្ស ព្រោះ​ហេតុនោះ បានជា​ខ្ញុំមាន​សម្បុរល្អ​បែប​នោះ។បេ។ បានជា​ខ្ញុំមានសម្បុរ​ភ្លឺ​ច្បាស់សព្វ​ទិស។

ចប់ ឧឡារវិមាន ទី១។

ឧច្ឆុវិមាន ទី២

[៣០] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងរុងរឿង​ក្រៃពេក​ដោយសិរីផង វណ្ណៈផង យសផង តេជះផង ដូចព្រះចន្ទ និង​ព្រះអាទិត្យ ញុំាងផែនដី ព្រមទាំង​ទេវលោក​​ឲ្យភ្លឺច្បាស់ ឬដូច​ព្រហ្ម រុងរឿង​ជាងពួក​ទេវតា ព្រមទាំង​ព្រះឥន្ទ​ក្នុងឋាន​ត្រៃត្រឹង្ស ម្នាល​ទេវតា អ្នកមាន​គុណល្អ ទ្រទ្រង់​កម្រង​ផ្កាឧប្បល មានគ្រឿង​ប្រដាប់​ត្រចៀក មានសម្បុរ​ស្បែក​ដូចមាស មានខ្លួន​ប្រដាប់​ហើយ ទ្រទ្រង់​សំពត់​ដ៏ឧត្តម អាត្មា​សូម​សួរនាង នាង​ជាអី្វ មក​ថ្វាយ​បង្គំអាត្មា នាង​​កាលកើត​ជា​មនុស្សក្នុង​ជាតិមុន បានធ្វើ​អំពើអី្វ​ដោយខ្លួនឯង ក្នុង​កាលមុន បានសន្សំទាន ឬបាន​​សង្រួម​ក្នុងសីល នាងជាស្ត្រី​មាន​យស បាន​មកកើត​ក្នុង​សុគតិភព​ដោយ​ហេតុអី្វ ម្នាល​ទេវតា អាត្មា​សួរហើយ នាងចូរ​ប្រាប់​ផល​នៃកម្មនេះ តើដូច​ម្តេច។

(ទេវតានោះតបថា) បពិត្រលោកម្ចាស់ដ៏​ចំរើន ក្នុងកាល​អម្បាញ់មិញ លោកម្ចាស់​បាន​ចូល​ទៅកាន់ផ្ទះ​របស់ខ្ញុំ​នេះឯង ដើម្បី​បិណ្ឌបាត​ក្នុងស្រុក ក្នុង​កាលនោះ ខ្ញុំមាន​ចិត្ត​ជ្រះថ្លា បានប្រគេន​អំពៅ​មួយកំណាត់ ដល់​លោកម្ចាស់ ដោយ​បីតិ​ថ្លឹងមិនបាន ក្រោយ​មក ម្តាយក្មេក​ខ្ញុំសួរដេញ​ដោលថា ម្នាលស្ត្រី​ជាកូន​ចិញ្ចឹម នាងយក​អំពៅទៅ​ណាបាត់ ខ្ញុំមិនបាន​ចោល មិនបាន​ទំពាស៊ីទេ ខ្ញុំបាន​ឲ្យ​ដល់ភិក្ខុអ្នក​មានចិត្តរម្ងាប់​ដោយ​ខ្លួនឯង​ទៅ​ហើយ (បើដូច្នោះ) ផ្ទះនេះ​​ធំស្រេច​នឹងនាង ឬស្រេច​​នឹងយើង ​ម្តាយក្មេក​ប្រទេច​ផ្តាសា ខ្ញុំ​ដូច្នេះ​ហើយ ក៏ចាប់​យក​តាំង មក​ប្រហារខ្ញុំ ខ្ញុំធ្វើ​មរណកាល ច្យុត​ចាកអត្តភាព​នោះ បានមក​កើត​ជា​ទេវតា អំពើ​ជាកុសល​នោះឯង ដែលខ្ញុំ​បានធ្វើហើយ ខ្ញុំបាន​ទទួលផល​ជាសុខ​ដោយខ្លួន​ឯង ខ្ញុំភប់​ប្រសព្វផល មួយអន្លើ​ដោយ​ពួកទេវតា ខ្ញុំរីក​រាយ​ដោយ​កាមគុណ ៥ អំពើជា​កុសលនោះ ខ្ញុំបាន​ធ្វើហើយ ខ្ញុំបាន​ទទួលផល​អំពើ​ជាសុខ ដោយ​ខ្លួនឯង ខ្ញុំមាន​ព្រះឥន្ទ ជាធំជាង​ទេវតា​គ្រប់គ្រង មានពួក​ទេវតាក្នុង​ឋានតាវត្តឹង្ស​រក្សា​ ឆ្អែត​ស្កប់​ស្កល់ដោយ​កាមគុណ ៥ ផលនៃ​បុណ្យបែប​នេះ មាន​ប្រមាណ​ច្រើន ឧច្ឆុទកិ្ខណាទាន​របស់ខ្ញុំ​មានផល​​ច្រើន ខ្ញុំភប់​ប្រសព្វផល មួយអន្លើ​ដោយ​ពួកទេវតា ខ្ញុំរីករាយ​ដោយ​កាមគុណ ៥ ផលនៃ​បុណ្យបែប​នេះ មាន​ប្រមាណច្រើន ឧច្ឆុទក្ខិណាទាន​របស់ខ្ញុំ មានសេចកី្ត​រុងរឿងច្រើន ខ្ញុំមាន​ព្រះឥន្ទជាធំជាង​ទេវតា​គ្រប់គ្រង មានពួក​ទេវតាក្នុង​ឋានតាវតឹ្តង្ស​រក្សា ដូចជា​សហស្សនេត្រ ក្នុង​នន្ទនវ័ន បពិត្រ​លោក​ម្ចាស់​ដ៏ចំរើន ខ្ញុំចូល​មកថ្វាយ​បង្គំចំពោះ​លោកម្ចាស់ អ្នកប្រកប​ដោយសេចកី្ត​ករុណា ជាអ្នក​ប្រាជ្ញផង ទូលសួរ​នូវអាការ​មិនមាន​រោគ​ផង ព្រោះខ្ញុំ​មានចិត្តជ្រះថ្លា បានប្រគេន​អំពៅ ១ កំណាត់ ដល់លោក​ម្ចាស់ ដោយ​បីតិដ៏ថ្លឹង​មិនបាន។

ចប់ ឧច្ឆុវិមាន ទី២។

បល្លង្កវិមាន ទី៣

[៣១] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា មាន​អានុភាពច្រើន នាងនៅ​លើបល្លង្ក​ដ៏ប្រសើរ វិចិត្រដោយ​កែវមណី និងមាស ដេរដាស​ដោយផ្កា មានទីដេក​ដ៏ឱឡារិក​នោះ ទាំងពួក​ស្ត្រីអប្សរ​របស់នាង​ទាំងនេះ ផ្លែងឫទ្ធិផ្សេងៗ រាំ ច្រៀង ឲ្យត្រេកអរ​ដោយជុំវិញ ម្នាល​នាង​មានអានុភាព​ច្រើន នាងបាន​ដល់នូវឫទ្ធិនៃ​ទេវតា នាងកាល​កើតជា​មនុស្ស តើបាន​ធ្វើបុណ្យអី្វ នាងមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់នាង​ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​ហេតុអី្វ។

(ទេវតានោះតបថា) ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសា ក្នុង​ត្រកូល​ស្តុកស្តម្ភ មិនមាន​សេចកី្តក្រោធ ប្រព្រឹត្ត​តាមអំណាច​របស់បី្ត មិន​ប្រមាទ​ក្នុង​ឧបោសថ ខ្ញុំកាលកើត​ជាមនុស្ស នៅក្មេង​មិនទាន់ចាស់ មានចិត្ត​ជ្រះថ្លា បានធ្វើ​បី្ត​ឲ្យប្រោស​ប្រាណ បានប្រព្រឹត្ត​តាមសេចកី្ត​ពេញចិត្ត (របស់បី្ត) ទាំងថ្ងៃ​ទាំងយប់ ខ្ញុំជាស្ត្រី​មានសីល​ក្នុងកាលមុន បានវៀរ​ចាក​បាណាតិបាត មិន​ប្រព្រឹត្តលួច មានកាយ​បរិសុទ្ធ ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ដ៏ស្អាត ទាំងមិន​ផឹកទឹក​ស្រវឹង មិនពោល​ពាក្យកុហក បានធ្វើ​ការ​បំពេញ​ក្នុងសិក្ខាបទ​ទាំងឡាយ ខ្ញុំមាន​ចិត្តជ្រះថ្លា ជាអ្នកប្រព្រឹត្ត​ធម៌ដ៏សមគួរ មានចិត្ត​ត្រេកអរ បានរក្សា​ឧបោសថ​ប្រកបដោយ​អង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និង​ថ្ងៃទី ៨ នៃបក្ខ​ផង អស់​បាដិហារិយបក្ខ​ផង លុះសមាទាន​នូវកុសលធម៌​ដ៏ប្រសើរនេះ ដែល​មាន​សេចកី្ត​សុខ​ជាកម្រៃ​ប្រកបដោយ​អង្គ ៨ ហើយ បានប្រព្រឹត្ត​តាមអំណាច​ដ៏ល្អ​ចំពោះបី្ត ជាសាវិកា របស់​ព្រះសុគត ក្នុងកាលមុន លុះបាន​ធ្វើអំពីជា​កុសល​ប្រាកដ​ដូច្នេះ ក្នុង​ជីវលោក​ហើយ ទើបបាន​ចំណែក​នៃភព ប្រកប​ដោយ​សម្បតិ្តទិព្វ​វិសេស ដល់បែក​ធ្លាយរាង​កាយ ស្លាប់​ទៅ ក្នុងបរលោក បានដល់​នូវឫទ្ធិនៃ​ទេវតា មកកើត​ក្នុងសុគតិ មានវិមាន​ប្រាសាទ​ដ៏ប្រសើរ ជាទីរីក​រាយនៃចិត្ត មាន​ពួកស្ត្រី​អប្សរ​ហែហម ពួកទេវតា​ដែលមាន​ពន្លឺខ្លួន​ឯង រមែង​ត្រេកអរ​នឹងខ្ញុំ ដែលមាន​អាយុវែង មកកាន់​ទេវវិមាន។

ចង់ បល្លង្កវិមាន ទី៣។

លតាវិមាន ទី៤

[៣២] ពួកទេវតា ឈ្មោះលតា ១ សជ្ជា ១ បវរា ១ អច្ឆិមុតី ១ សុតា ១ ជាធីតា នៃ​ស្តេចវេស្សវ័ណ ជាស្តេច​ប្រសើរ មានសិរី ជាធីតា​ដ៏រុងរឿង មានប្រាជ្ញាល្អ ដោយ​គុណធម៌​ទាំងឡាយ ពួកនារីទាំង ៥ នាក់ បានទៅ​កាន់ស្ទឹង ដែលមាន​ទឹក​ត្រជាក់ មានផ្កាឧប្បល ជា​ទីក្សេម ដើម្បីងូត ក្នុង​ហិមវន្ត​ប្រទេស​នេះ លុះពួកទេវតា​ទាំងនោះ បានងូត​ទឹកក្នុង​ស្ទឹងនោះ​រួចហើយ ក៏រីករាយ រាំច្រៀងសប្បាយ ហើយនាងសុតា បាននិយាយ​នឹង​នាង​លតាថា ខ្ញុំសួរនាង ម្នាលនាង អ្នកទ្រទ្រង់​កម្រងផ្កា​ឧប្បល ទ្រទ្រង់ប្រដាប់ត្រចៀក មាន​សម្បុរស្បែក​ល្អ​ដូចមាស មានភ្នែក​ប្រកប​ដោយស្នាម​ក្រហមលឿង ល្អដូច​អាកាស (ដែល​ផុតចាក​ពពក) ជាស្ត្រី​មានអាយុវែង យសរបស់​នាង តើបុណ្យ​អី្វតាក់តែងឲ្យ ម្នាលនាង​ដ៏ចំរើន នាង​ជាទីស្រឡាញ់​បំផុតរបស់បី្ត នាងល្អ​ឆើតឆាយដោយរូប ជាស្ត្រីឈ្លាស ក្នុងការរាំ ច្រៀង ប្រគំ តើដោយ​បុណ្យដូចម្តេច ម្នាល​នរនារី នាងដែល​យើងសួរហើយ ចូរ ប្រាប់​យើង។

(នាងលតាឆ្លើយថា) ខ្ញុំកាលកើតជាមនុស្ស ក្នុងពួក​មនុស្ស ជាកូនប្រសា ក្នុងត្រកូល​មានភោគៈដ៏លើសលុប ខ្ញុំមិនមាន​សេចកី្តក្រោធ ប្រព្រឹត្តតាម​អំណាចស្វាមី មិនប្រមាទ​ក្នុងឧបោសថ ជាមនុស្ស​នៅក្មេង មិនទាន់ចាស់ មានចិត្តជ្រះថ្លា បានញុំាងបី្ត ឲ្យប្រោសប្រាណ បានញុំាង​ទេវតាដ៏ប្រសើរ គឺឪពុក​ក្មេក ម្តាយក្មេក (និងបង​ប្អូនខាងបី្ត) ព្រមទាំងខ្ញុំប្រុស ខ្ញុំស្រីឲ្យ​ត្រេកអរ យស​របស់ខ្ញុំ ខ្ញុំបានធ្វើហើយក្នុងកាលនោះ ខ្ញុំនោះ​បានដល់​នូវសេចកី្ត​វិសេស​ក្នុងហេតុ ៤ យ៉ាង​គឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ ដោយ​កុសលកម្ម​នោះ ខ្ញុំបានភប់​ប្រសព្វ នូវល្បែង​ជាទីរីក​រាយដ៏ច្រើន។

នាងលតានេះ ពោលពាក្យ​ណា ពាក្យ​នោះ (យើងទាំងឡាយ) ឮហើយ ឬ​យើង​ទាំង​ឡាយ សួរនូវ​ហេតុ​ណា នាងលតា បានប្រាប់ (ហេតុនោះ) ដល់យើងថា ធម្មតា​បី្ត​ទាំងឡាយ ជាអ្នក​ស្លូតត្រង់​ចំពោះ​យើងទាំង​ឡាយផង ជាគតិ​របស់នារី​ទាំងឡាយផង ជាទេវតា​ដ៏ប្រសើរ របស់នារី​ទាំងឡាយនោះផង ពួកយើងទាំងអស់ នឹងប្រព្រឹត្ត​នូវធម៌ចំពោះ​បី្តទាំងឡាយ ពួក​ស្ត្រីប្រតិបតិ្តបី្ត​យ៉ាងណា ពួកយើងទាំងអស់គ្នា នឹង​ប្រព្រឹត្ត​នូវធម៌​ចំពោះបី្ត​ទាំងឡាយ (យ៉ាងនោះ) នាងលតានេះ កាលបាន​នូវសម្បតិ្ត​ណា​ហើយ​ពោល យើងទាំងឡាយ រមែងបាន​នូវ (សម្បតិ្តនោះ) សត្វសីហៈ ជាសត្វស៊ីសាច់ ត្រាច់ទៅ​តាមដងភ្នំ អាស្រ័យនៅ​ក្នុងភ្នំឈ្មោះ​មហិន្ធរ (ភ្នំទ្រទ្រង់ផែនដី) ស្ទុះទៅសង្គ្រុប​ចាប់​ស៊ីនូវ​ពួកម្រឹគ​តូចៗ ដែលមាន​ជើងបួនក្រៅ​នេះ យ៉ាងណា​មិញ នាងលតានោះ ជាស្ត្រី​មានសទ្ធា ជាអរិយសាវិកា​ក្នុងសាសនានេះ អាស្រ័យ​នូវបី្ត ហើយ​ប្រតិបតិ្តបី្ត បានសម្លាប់​សេចកី្ត​ក្រោធ គ្របសង្កត់​នូវសេចកី្ត​កំណាញ់ ប្រព្រឹត្តធម៌ ហើយរីករាយ​ក្នុងឋានសួគ៌ ក៏យ៉ាង​នោះដែរ។

ចប់ លតាវិមាន ទី៤។

គុតិ្តលវិមាន ទី៥

[៣៣] (មហាសត្ត [ក្នុងកាលមុន មហាសត្វ​ធ្លាប់ធ្វើជាអាចារ្យ​របស់​សក្កទេវរាជ។] ឈ្មោះគុតិ្តលៈ​ពោលថា) ខ្ញុំបង្រៀន​នូវពិណមានខ្សែ ៧ មាន សំឡេង​ពីរោះ ជាទីសប្បាយ​រីករាយ (សិស្សឈ្មោះ​មុសលៈ) នោះ ចង់ប្រឡង​ឫទិ្ធនឹងខ្ញុំ ក្នុង​ទីស្នាម​សម្រាប់លេង បពិត្រកោសិយៈ សូមព្រះអង្គជាទីពឹង​របស់ខ្ញុំ។

(សក្កទេវរាជពោលថា) ខ្ញុំជាទីពឹងរបស់លោកបាន ខ្ញុំជាអ្នក​បូជាអាចារ្យ សិស្ស នឹងមិនឈ្នះលោកទេ បពិត្រអាចារ្យ លោកនឹងឈ្នះសិស្ស។

(ព្រះមហាមោគ្គល្លានសួរទេវតាថា) ម្នាលទេវតា នាងមាន​សម្បុរដ៏រុងរឿង ញុំាងទិស​ទាំងពួងឲ្យភ្លឺ ដូចផ្កាយព្រឹក សម្បុររបស់​នាងបែបនោះ តើសម្រេច​ដោយ​បុណ្យ ដូចម្តេច ផលសម្រេច​ដល់នាងក្នុង​ទីនេះផង ភោគៈ​ទាំងឡាយ​ណានីមួយ ជាទីគាប់ចិត្ត ភោគៈ​ទាំងនោះ ក៏កើតឡើង​ដល់នាងផង តើដោយ​ហេតុដូចម្តេច

ម្នាលទេវតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលកើតជា​មនុស្ស តើបានធ្វើ​បុណ្យដូចម្តេច នាងមាន​អានុភាពរុងរឿង​យ៉ាងនេះ ទាំង​សម្បុររបស់​នាង ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​បុណ្យដូចម្តេច។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះ មោគ្គល្លាន​សួរប្រស្នាហើយ ក៏ដោះស្រាយ​នូវផលនៃកម្មនេះថា

នារីឲ្យនូវសំពត់ដ៏ឧត្តម ជាស្ត្រីប្រសើរជាងជន​ប្រុសស្រី​ទាំងឡាយ នារីនោះ ជាស្ត្រី ឲ្យ​នូវវត្ថុមានសភាព​ជាទីស្រឡាញ់ ទើបទៅ​កាន់ឋាន មានវិមាន​ជាដើម បាននូវ​របស់ទិព្វ ជាទីគាប់​ចិត្តយ៉ាងនេះ សូមលោក​រមិលមើល​នូវវិមាន​របស់ខ្ញុំ​នោះចុះ ខ្ញុំជាស្ត្រីអប្សរ មាន​សម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរ​ជាង​ស្ត្រីអប្សរ​ទាំងមួយពាន់ សូម​លោកមើល​នូវផលនៃ​បុណ្យ​ទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុរ​របស់ខ្ញុំប្រាកដ​ដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

វត្ថទាយិកាវិមាន បណ្ឌិតសំដែងឲ្យពិស្តារយ៉ាងណា ចតុរវិមានក្រៅនេះ បណ្ឌិត​គប្បីសំដែង​ឲ្យពិស្តារ យ៉ាងនោះ​ផងចុះ។

(នាង) មានសម្បុរដ៏រុងរឿង។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់​សព្វទិស។ ទេវតានោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា

នារីឲ្យនូវផ្កាដ៏ឧត្តម ជាស្ត្រីប្រសើរជាងជនប្រុសស្រីទាំងឡាយ នារីនោះ ជា​ស្ត្រីឲ្យ នូវវត្ថុ​មានសភាព​ជាទីស្រឡាញ់ ទើបទៅកាន់ឋាន មានវិមានជាដើម បាននូវរបស់ទិព្វ ជាទីគាប់​ចិត្តយ៉ាងនេះ សូមលោក​រមិលមើល នូវវិមាន​របស់ខ្ញុំ​នោះចុះ ខ្ញុំជាស្ត្រី​អប្សរ មានសម្បុរ​ជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាង​ស្ត្រីអប្សរទាំង​មួយពាន់ សូមលោកមើល​នូវ​ផលនៃ​បុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ម្នាលទេវតា នាងមានសម្បុររុងរឿង។បេ។ ដូចផ្កាយព្រឹក សម្បុររបស់​នាង ប្រាកដដូច្នោះ តើដោយ​បុណ្យដូចម្តេច។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លាសួរហើយ មានចិត្តត្រេកអរ។បេ។ ផល​នៃ​កម្ម​នេះថា

នារីឲ្យនូវគ្រឿងក្រអូបដ៏ឧត្តម ជាស្ត្រីប្រសើរជាងជនប្រុស​ស្រីទាំងឡាយ នារីនោះ ជាស្ត្រីឲ្យ​នូវវត្ថុមានសភាព​ជាទីស្រឡាញ់ ទើបទៅ​កាន់ឋាន មាន​វិមានជាដើម បាន​នូវ​របស់​ទិព្វ​ជាទីគាប់​ចិត្តយ៉ាងនេះ សូមលោក​រមិលមើលនូវ​វិមានរបស់ខ្ញុំ​នោះចុះ ខ្ញុំជាស្ត្រី​អប្សរមាន​សម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាង​ស្ត្រីអប្សរ​​ទាំងមួយពាន់ សូមលោក​មើលនូវ​ផលនៃ​បុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ​ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ញុំាងទិស​ទាំងពួងឲ្យភ្លឺ ដូចផ្កាយ​ព្រឹក សម្បុរ​របស់នាង​ប្រាកដដូច្នោះ តើដោយ​បុណ្យដូចម្តេច។បេ។ ទាំង​សម្បុររបស់នាង ក៏ភ្លឺច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា

នារីឲ្យនូវផ្លែឈើដ៏ឧត្តម ជាស្ត្រីប្រសើរ​ជាងជនប្រុសស្រី​ទាំងឡាយ នារី​នោះ​ ជាស្ត្រី​ឲ្យនូវវត្ថុ​មានសភាព​ជាទីស្រឡាញ់ ទើបទៅ​កាន់ឋាន មានវិមាន​ជាដើម បាននូវ​របស់ទិព្វ ជាទីគាប់ចិត្តយ៉ាងនេះ សូមលោក​រមិលមើល នូវវិមាន​របស់​ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរ​ជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរជាងស្ត្រី​អប្សរទាំង​មួយពាន់ សូមលោកមើល​នូវផលនៃបុណ្យ​ទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដ​ដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺ​ច្បាស់​សព្វទិស។

ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ញុំាងទិសទាំង​ពួងឲ្យភ្លឺ​ដូចផ្កាយ​ព្រឹក សម្បុរ​របស់នាង ប្រាកដដូច្នោះ តើដោយបុណ្យ​ដូចម្តេច។បេ។ ទាំងសម្បុរ របស់នាង ក៏ភ្លឺច្បាស់ សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា

នារីឲ្យនូវវត្ថុមានរសដ៏ឧត្តម ជាស្ត្រីប្រសើរ​ជាងជនប្រុស​ស្រីទាំងឡាយ នារីនោះ ជាស្ត្រីឲ្យនូវវត្ថុ មានសភាព​ជាទីស្រឡាញ់ ទើបទៅ​កាន់ឋាន មានវិមាន​ជាដើម បាននូវ​របស់ទិព្វ ជាទីគាប់ចិត្ត​យ៉ាងនេះ សូមលោក​រមិលមើល នូវវិមាន​របស់​ខ្ញុំ​នោះចុះ ខ្ញុំជាស្ត្រី​អប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរ​ជាងស្ត្រីអប្សរ​ទាំង​មួយពាន់ សូមលោកមើល នូវផលនៃ​បុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង។បេ។ ដូចផ្កាយព្រឹក សម្បុររបស់​នាង ប្រាកដដូច្នោះ តើដោយបុណ្យ​ដូចម្តេច។បេ។ ទាំងសម្បុរ​របស់នាង ក៏ភ្លឺច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា

ខ្ញុំបានឲ្យនូវគ្រឿងប្រស់ព្រំ មានក្លិនក្រអូប លើស្តូបនៃព្រះមានព្រះភាគ ទ្រង់ព្រះ​នាមកស្សប សូមលោករមិលមើល នូវវិមាន​របស់​ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរ​ជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរ​ជាងស្ត្រីអប្សរ​ទាំង​មួយពាន់ សូមលោកមើល នូវផល​នៃបុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

វិមាន ៤ ក្រៅនេះ បណ្ឌិតគប្បីសំដែងឲ្យពិស្តារ ដូចគន្ធបញ្ចង្គុលិកវិមាន​ផងចុះ។ មាន​សម្បុរដ៏រុងរឿង។បេ។ ទាំងសម្បុរ​របស់នាង ក៏ភ្លឺច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា

ខ្ញុំបានឃើញនូវពួកភិក្ខុ និងពួកភិក្ខុនី ដើរទៅកាន់ផ្លូវ ខ្ញុំបានស្តាប់ធម៌ របស់​ភិក្ខុ និងភិក្ខុនីទាំងនោះ ហើយរក្សានូវឧបោសថអស់ ១ ថ្ងៃ សូមលោកមើល         នូវ​វិមាន​របស់​ខ្ញុំនោះ​ចុះ ខ្ញុំជាស្ត្រី​អប្សរ​មានសម្បុរ​ជាទីប្រាថ្នា ខ្ញុំជាស្ត្រី​ប្រសើរ​ជាង​ស្ត្រីអប្សរ​ទាំង​មួយ​ពាន់ សូមលោករមិលមើល​នូវផល​នៃបុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ របស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

មានសម្បុរ ដ៏រុងរឿង។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា

ខ្ញុំឈរក្នុងទឹក មានចិត្តជ្រះថ្លា បានប្រគេនទឹកដល់ភិក្ខុ សូមលោកមើល​នូវ​វិមាន​របស់​ខ្ញុំ​នោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រី​ប្រសើរ​ជាងស្ត្រីអប្សរ​ទាំង​មួយពាន់ សូមលោក​រមិលមើល​នូវផលនៃបុណ្យ​ទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំង​សម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់ សព្វទិស។

មានសម្បុរ ដ៏រុងរឿង។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា

ខ្ញុំមិនមានសេចកី្តច្រណែន បានបំរើម្តាយក្មេក និងឪពុកក្មេក​ដែលកាច​ផង ខឹង​ច្រើនផង អាក្រក់ផង ខ្ញុំមិនមាន​សេចកី្តប្រមាទ​ក្នុងសីល​របស់ខ្លួន សូម​លោកមើល នូវ​វិមានរបស់​ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរ​​ជាងស្ត្រីអប្សរ​ទាំង​មួយពាន់ សូមលោករមិលមើល​នូវផលនៃ​បុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

មានសម្បុរដ៏រុងរឿង។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់ សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល នៃកម្មនេះថា

ខ្ញុំជាទាសី ធ្វើការបម្រើនៃជនដទៃ មិនខ្ជិលច្រអូសដោយ​កិច្ចការ (ទាំងពួង) ជាស្ត្រី​មិនមានសេចកី្តក្រោធ មិនមើលងាយគេ ជាអ្នកចែក​រំលែកនូវចំណែក​របស់ខ្លួន (ដល់ជន​អ្នកត្រូវការ) សូមលោកមើលនូវវិមានរបស់​ខ្ញុំនោះចុះ ខ្ញុំជា​ស្ត្រីអប្សរ មានសម្បុរ​ជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរ​ជាងស្ត្រីអប្សរ​ទាំង​មួយ​ពាន់ សូមលោក​រមិលមើលនូវផល​នៃបុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ របស់ខ្ញុំ ក៏ភ្លឺច្បាស់ សព្វទិស។

ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ដូចផ្កាយព្រឹក សម្បុររបស់នាង ប្រាកដ​ដូច្នោះ តើដោយបុណ្យដូចម្ដេច។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃ​កម្មនេះថា

ខ្ញុំបានឲ្យនូវបាយលាយដោយទឹកដោះស្រស់ ដល់ភិក្ខុត្រាច់ទៅបិណ្ឌបាត សូមលោក​មើល នូវវិមានរបស់​ខ្ញុំនោះចុះ ខ្ញុំជាស្ត្រីអប្សរ មានសម្បុរ​ជាទីប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរ​ ជាងស្ត្រីអប្សរ​​ទាំង​មួយពាន់ សូមលោក​រមិលមើល នូវផល​នៃបុណ្យទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

បណ្តាវិមានទាំងនោះ វិមាន ២៥ បណ្ឌិតគប្បីសំដែងឲ្យពិស្តារ ដូច​ខីរោទនទាយិកាវិមាន​ផងចុះ។

មានសម្បុរ​ដ៏រុងរឿង។បេ។ សម្បុររបស់នាង ក៏ភ្លឺច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល​នៃ​កម្ម​នេះថា

១ ខ្ញុំបានឲ្យស្ករអំពៅ

២ ។បេ។ ផ្លែទន្លាប់

៣ អំពៅ ១ កំណាត់

៤ ផ្លែត្រសក់

៥ ផ្លែល្ពៅ

៦ ផ្លែត្រសក់ស្រូវ

៧ ផ្លែមាក់ប្រាង

៨ ចង្ក្រានសម្រាប់កំដៅដៃ

៩ អន្លក់ ១ ក្តាប់

១០ ផ្កា ១ ក្តាប់

១១ មើមដំឡូង

១២ ស្លឹកស្តៅ ១ ក្តាប់

១៣ ជ្រក់ស្វាយ

១៤ គ្រាប់ល្លបុក

១៥ វត្ថពន្ធចង្កេះ

១៦ យោគបាត្រ

១៧ សំពត់អយោគ

១៨ ផ្លិតមានជ្រុង ៤

១៩ ផ្លិតស្លឹកត្នោត

២០ ផ្លិតកន្ទុយក្ងោក

២១ ឆត្រ

២២ ស្បែកជើង

២៣ នំ

២៤ ត្រប៉ែ

២៥ ខ្ញុំបានប្រគេន​នំក្រៀប

ដល់ភិក្ខុដែលត្រាច់ទៅដើម្បីបិណ្ឌបាត សូមលោកមើល​នូវវិមានរបស់​​ខ្ញុំនោះចុះ ខ្ញុំជា​ស្ត្រី​អប្សរ​មាន​សម្បុរ​ជាទី​ប្រាថ្នា ខ្ញុំជាស្ត្រីប្រសើរ​​ជាងស្ត្រីអប្សរ​ទាំង​​មួយ​ពាន់ សូម​លោក​រមិលមើល​នូវផល​នៃ​បុណ្យ​ទាំងឡាយ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ឱហ្ន៎ ដំណើរមកនៃអញក្នុងថ្ងៃនេះ ជាការល្អណាស់តើ ថ្ងៃនេះភ្លឺល្អណាស់ ការក្រោក​ឡើង អំពីដំណេកល្អណាស់ ព្រោះអញ​បានឃើញពួកទេវតា ជាស្ត្រី​អប្សរ មានសម្បុរជាទីប្រាថ្នា អាត្មាអញនោះ បានស្តាប់ធម៌របស់ពួកទេវតា​ទាំងនោះ នឹងបានធ្វើកុសលច្រើន ដោយការឲ្យទានផង ដោយការប្រព្រឹត្តិស្មើផង ដោយការ​សង្រួមផង ដោយការ​ទូន្មានផង អ្នកផង​ទៅក្នុងទីណា ហើយមិន​សោយសោក អាត្មាអញនោះ នឹងនៅក្នុង​ទីនោះដែរ។

ចង់ គុតិ្តលវិមាន ទី៥។

ទទ្ទល្លវិមាន ទី៦

[៣៤] (នាងភទ្ទាសួរថា) នាងមានសម្បុរ​ដ៏រុងរឿង មានយស​កន្លងនូវ​ពួក​ទេវតា​ជាន់តាវត្តឹង្ស​ទាំងអស់​ដោយយសផង ដោយ​សម្បុរផង ខ្ញុំមិន​ដែលឃើញ (នាង) សោះ ឃើញម្តង​នេះ ឈ្មោះថា​ឃើញជា​ដំបូង នាងមក​អំពីពួកទេវតា​ជាន់ណា បាន​ជាមកហៅ​ចំឈ្មោះ​របស់ខ្ញុំ។

(នាងសុភទ្ទាឆ្លើយថា) ម្នាលនាងភទ្ទា ខ្ញុំជាស្ត្រីឈ្មោះ​សុភទ្ទា ខ្ញុំជា​ភរិយា​រួម (បី្ត) ជាមួយ​នឹងនាងផង ហើយត្រូវ​ជាប្អូននាង​ផង ក្នុងភព​ជារបស់​មនុស្ស ក្នុងកាលមុន ខ្ញុំនោះ លុះបែកធ្លាយ​រាងកាយ ផុតស្រឡះ​ច្យុតចាក​មនុស្សលោក​នោះ បានមក​កើតជា​មួយនឹងពួក​ទេវតាជាន់​និម្មានរតី។

(នាងភទ្ទាសួរថា) ម្នាលនាងសុភទ្ទា នាងបានថ្លែង​នូវជាតិរបស់ខ្លួន ក្នុងពួក​ទេវតា​ជាន់​និម្មានរតីណា ពួកសត្វ​មានកម្មជា​កុសលធ្វើ​ហើយដ៏​ច្រើន រមែងទៅ​កាន់ពួក​ទេវតា​ជាន់​និម្មានរតីនោះ នាង អ្នកណា​ប្រៀនប្រដៅ ដោយហេតុ​ដូចម្តេច ដោយ​ប្រការ​ដូចម្តេច នាងជា​ស្ត្រីមានយស ដល់នូវ​យសបែប​នេះ បាននូវ​គុណ​វិសេសដ៏​ធំទូលាយ តើដោយ​ទានដូចម្តេច​ ដោយវត្ត​ល្អដូចម្តេច ម្នាលទេវតា ខ្ញុំ​សួរហើយ នាងចូរ​ប្រាប់ នេះជាផល​នៃកម្មអី្វ។

(នាងសុភទ្ទាឆ្លើយថា) ក្នុងកាលមុន ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យទានណា ដោយដៃ​របស់ខ្លួន ទាននោះ គឺបិណ្ឌបាត [បិណ្ឌបាត​ដែលបុគ្គល​ឲ្យដល់​ភិក្ខុ ៨រូប។ អដ្ឋកថា។] ៨ (ដែលខ្ញុំ​ឲ្យហើយ) ដល់សង្ឃ ជា​ទក្ខិណេយ្យបុគ្គល ព្រោះហេតុនោះ បានជា​សម្បុររបស់​ខ្ញុំប្រាកដ​ដូច្នោះ។បេ។ សម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

(នាងភទ្ទាសួរថា) ខ្ញុំបានញុំាងភិក្ខុទាំងឡាយ ដែលមាន​សេចកី្តសង្រួម ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ ច្រើនលើស​ជាងនាង ឲ្យឆ្អែត​ស្កប់ស្កល់​ដោយបាយ និងទឹក ខ្ញុំមានចិត្ត​ជ្រះថ្លា បានឲ្យ​ទានដោយ​ដៃរបស់ខ្លួន​ច្រើនលើស​ជាងនាង ហើយចូល​ទៅកាន់​កាយថោកទាប នាងឲ្យ​ទានតិច​ជាងខ្ញុំទេ ប៉ុន្តែបាន​នូវគុណវិសេស​ដ៏ធំ​ទូលាយ តើដោយ​ហេតុ​ដូចម្តេច ម្នាលទេវតា ខ្ញុំសួរហើយ នាងចូរប្រាប់ នេះជាផល​នៃកម្មអី្វ។

(នាងសុភទ្ទាឆ្លើយថា) ភិក្ខុអ្នកញុំាងចិត្តឲ្យចំរើន ខ្ញុំបាន​ឃើញក្នុងកាល​មុន ខ្ញុំបាន​និមន្ត​ព្រះរេវតត្ថេរ​នោះ មានខ្លួន​ជាគំរប់ ៨ ដោយភត្ត ព្រះរេវតត្ថេរ​​នោះ ធ្វើនូវ​ប្រយោជន៍​ធំដល់ខ្ញុំ ដោយសេចកី្ត​អនុគ្រោះ បាន​ប្រាប់​ខ្ញុំថា នាងចូរឲ្យ (ទាន) ចំពោះសង្ឃ ខ្ញុំក៏បាន​ធ្វើតាម​ពាក្យលោក សង្ឃគតាទកិ្ខណា​នោះ ជាទាន​មានផល​ប្រមាណ​មិនបាន ខ្ញុំបាន​ដំកល់​ទុក​ល្អហើយ ឯទានដែល​នាងឲ្យហើយ ចំពោះ​បុគ្គល​ទាំងឡាយ ទាន​របស់នាង​នោះ មិនមានផល​ច្រើនឡើយ។

(នាងភទ្ទាឆ្លើយថា) ឥឡូវនេះ ខ្ញុំបានដឹងច្បាស់​ហើយថា ទានដែល​បុគ្គលបាន​ឲ្យ​ចំពោះ​សង្ឃ ជាទាន​មានផល​ច្រើន ខ្ញុំនោះ បើបានទៅ​កាន់អត្តភាព​ជាមនុស្ស ដឹងកី្ត​កាលណា ប្រាសចាក​សេចកី្តកំណាញ់ មិនធ្វេស​ប្រហែស នឹងឲ្យទាន​ចំពោះ​សង្ឃរឿយៗ។

(ព្រះឥន្ទសួរថា) ម្នាលនាងភទ្ទា ទេវតានេះ ត្រូវជាអី្វ​នឹងនាង ក៏មក​ប្រឹក្សា​ជាមួយ​នាង ទាំងសម្បុរ​រុងរឿងកន្លង​ពួកទេវតា​ជាន់តាវតឹ្តង្ស។

(នាងភទ្ទាឆ្លើយថា) បពិត្រព្រះអង្គជាធំជាង​ទេវតា កាលពីដើម ទេវតានោះ កើត​ជា​​មនុស្ស ក្នុងភព​នៃមនុស្ស បានជា​ភរិយារបស់​ព្រះអង្គ ជាមួយ​នឹងខ្ញុំផង ហើយត្រូវ​ជា​ប្អូនខ្ញុំ​ព្រះអង្គ​ផង បានឲ្យ​ទានទាំងឡាយ ចំពោះសង្ឃ មានបុណ្យ​ធ្វើហើយ ទើបបាន​រុងរឿង​ដូច្នេះ។

(ព្រះឥន្ទពោលថា) ម្នាលនាងភទ្ទា កាលពីដើម ប្អូនស្រីរុងរឿង​ដោយធម៌​ជាងនាង ព្រោះបាន​ញុំាងទក្ខិណាទាន ឲ្យដំកល់នៅស៊ប់​ចំពោះសង្ឃ មានផល​រាប់​មិនបាន ដ្បិត​ព្រះពុទ្ធ​គង់លើភ្នំ​គិជ្ឈកូដ ខ្ញុំបានសួរ​នូវផលនៃ​ការចែករំលែក ចំពោះ​បុគ្គល​ដែលគេ​ឲ្យទាន​ទៅ​មានផល​ច្រើន ខ្ញុំបាន​សួរព្រះពុទ្ធ​អំពីបុណ្យ ដែលឲ្យ​ផលក្នុង​បច្ចុប្បន្ន របស់​មនុស្ស​ទាំងឡាយ​អ្នកឲ្យទាន ជាសត្វ​ប្រាថ្នាបុណ្យ ចំពោះ​ពួកបុគ្គល ដែលគេឲ្យ​ទានទៅ មានផល​ច្រើន កាលព្រះពុទ្ធ​ជ្រាបច្បាស់នូវ​ផល​នៃកម្ម គឺវិបាកនៃ​ការចែករំលែក​ចំពោះ​ពួកបុគ្គល​ដែលគេឲ្យ​ទានទៅ​មានផល​ច្រើន ដោយ​ព្រះអង្គឯង ហើយ​ព្យាករ​បញ្ហានោះ​ដល់ខ្ញុំ បុគ្គល ៤ ពួក អ្នក​ដល់នូវ​មគ្គ និងបុគ្គល ៤ ពួក​តាំងនៅ​ក្នុងផល​ នេះឯង​ហៅថា សង្ឃ លោក​ប្រតិបតិ្តត្រង់ ប្រកប​ដោយប្រាជ្ញា និងសីល ព្រះពុទ្ធ​បានសំដែង​នូវបុណ្យ ដែលឲ្យ​ផល​ក្នុង​បច្ចុប្បន្ន របស់មនុស្ស​ទាំងឡាយ​អ្នកឲ្យទាន ជាសត្វ​ប្រាថ្នានូវ​បុណ្យ កាលធ្វើ​ចំពោះសង្ឃ ដែលគេ​ឲ្យទានទៅ មានផល​ច្រើន

ព្រោះថា សង្ឃនុ៎ះ ជាសង្ឃមានគុណ​ដ៏ធំទូលាយ សង្ឃនុ៎ះ ដូចជាសាគរ ដែល​ទ្រទ្រង់​នូវទឹក មានជម្រៅ​រាប់មិនបាន ពួកសាវ័ក​អ្នកមាន​សេចកី្ត​ព្យាយាម ជាងនរៈ​ទាំង​នេះ ជាអ្នកប្រសើរ​មែនពិត អ្នកធ្វើនូវ​ពន្លឺ គឺញាណ (ដល់សត្វលោក) ហើយសំដែង​នូវ​ធម្មកថា ពួកសត្វណា បានឲ្យ​ទាន ឧទ្ទិស​ចំពោះសង្ឃ (ទាននោះ) ឈ្មោះថា ពួកសត្វ​ទាំង​នោះ បានឲ្យ​ល្អហើយ បូជា​តូចល្អ​ហើយ បូជាធំ​ល្អហើយ សង្ឃគតាទកិ្ខណាទាន​នោះ ឈ្មោះថា បុគ្គលដំកល់​ទុកល្អហើយ ជាទាន​មានផល​ច្រើន ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ ជ្រាបច្បាស់​នូវលោក ទ្រង់សរសើរ​ហើយថា ជនទាំងឡាយ​ណា កាល​រឭកនូវ​បុណ្យ ដែល​ខ្លួន​បានធ្វើ ឧទ្ទិស​ចំពោះសង្ឃ​ប្រាកដ​ដូច្នោះ ហើយកើត​មានសេចកី្ត​ត្រេកអរ រមែង​ត្រាច់ទៅ​ក្នុងលោក ជនទាំង​ឡាយនោះ ឈ្មោះថា កំចាត់​បង់នូវ​មន្ទិល គឺសេចកី្ត​កំណាញ់ ព្រមទាំង​ឫស មិនមាន​គេតិះដៀល រមែងទៅ​កាន់ឋានសួគ៌។

ចប់ ទទ្ទល្លវិមាន ទី៦។

សេសវតីវិមាន ទី៧

[៣៥] (ព្រះវង្គីសត្ថេរពោលថា) អាត្មាបានឃើញវិមាន​នេះល្អ ដែលប្រក់​ដោយ​សំណាញ់ ជាវិការៈ​នៃកែវ​ផលិក និងប្រាក់ និងមាស មានដៃ​ដ៏វិចិត្រ​ដោយកែវ​ផ្សេងៗ គួរឲ្យ​រីករាយ​ដោយប្រពៃ ជាទីនៅ​ដែល​បុញ្ញកម្មនិមិ្មត​ល្អហើយ ប្រកប​ដោយក្លោងទ្វារ រោយរាយ​ដោយ​ខ្សាច់មាស ជាវិមាន​ដ៏ល្អ ព្រះអាទិត្យ​ឰដ៏​អាកាស មានរស្មី ១ ពាន់ កំចាត់​បង់នូវងងឹត​ក្នុងសរទកាល ញុំាង​ទិសទាំង ១០ ឲ្យភ្លឺ (យ៉ាងណាមិញ) វិមាន​របស់​នាង​នេះ ក៏រុងរឿង​យ៉ាងនោះ​ដែរ វិមាននេះ ជាទីគាប់ចិត្ត តាំងនៅ​ឰដ៏​អាកាស ចាំងភ្នែក ដូច​ជា​អណ្តាតភ្លើង រុងរឿង​ក្នុង​វេលាយប់ ឬដូច​ផ្លេកបន្ទោរ ក្នុងទី​បំផុតនៃពពក កងរំពង​ដោយសំឡេង​ពិណ សំភោរ ស្គរ រគាំង វិមាន​​របស់នាងនេះ ដូច​ជា​បូរីរបស់​ព្រះឥន្ទ​ដ៏​ស្តុកស្តម្ភ ទាំង​ឈូកស កុមុទ ឧប្បលក្រហម ឧប្បលខៀវ មានទាំង​ផ្កាយុថកា ផ្កាច្បារ ផ្កាននោង ផ្កា​សាលព្រឹក្ស ផ្កា​អសោក សឹង​រីក​ស្គុះស្គាយ វិមាននេះ ប្រស់ព្រំ​ដោយក្លិន​ក្រអូប​​នៃឈើ​ដ៏ឧត្តម​ផ្សេងៗ ម្នាល​នាង​មានយស ស្រះបោក្ខរណី​ប្រកប​ដោយឈើ​ស្រល់ ខ្នុរសម្លរ និង​សុជកព្រឹក្ស [សុជកព្រឹក្សនេះ មានតែក្នុង​ទេវលោក និងភ្នំ​គន្ធមាទ ក្នុងទីដទៃ​មិនមាន។ អដ្ឋកថា។] ប្រកបដោយ​ឈើមានខ្លឹម​ខាងក្រៅ (មានត្នោត និងដូង​ជាដើម) និងវល្លិ រីកស្គុះស្គាយ សំយុងចុះ​ប្រាកដស្មើ​ដោយបណ្តាញ​នៃកែវមណី ជាទី​រីករាយ តាំងឡើង (ក្នុងទី​ជិតនៃវិមាន) របស់នាង បុប្ផជាតិ​ទាំងឡាយណា ដែលដុះ​ក្នុងទឹកកី្ត រុក្ខជាតិ​ទាំងឡាយណា ដែលដុះ​លើគោកកី្ត ជារបស់​មនុស្សកី្ត ជារបស់​អមនុស្ស​កី្ត ដ៏ជា​ទិព្វ (បុប្ផជាត និងរុក្ខជាតិ​ទាំងនោះ) បានដុះ​ឡើង ជិត​លំនៅ​របស់នាង​ក្នុងឋានសួគ៌​នេះ តើជាផល​នៃការស្ងប់ និង​ការទូន្មាន​ដូចម្តេច នាង​បានមកកើត​ក្នុងវិមាននេះ តើដោយ​ផលនៃកម្ម​ដូចម្តេច ម្យ៉ាងទៀត វិមាននេះ នាងបាន​ដោយកម្ម​ណា ម្នាលនាង​មានរោម​ភ្នែក-ង នាងគប្បី​សំដែង​កម្មនោះ តាមលំដាប់​បទ។

(ទេវតាពោលថា) វិមាននេះ ហ្វូងក្រៀល ក្ងោក មាន់ទោរ ត្រាច់ទៅ មាន​ហ្វូង​បក្សីទឹក និង​រាជហង្ស​ត្រាច់ទៅ គឹកកង​ដោយសត្វ​ចង្កៀល ខ្យង តាវ៉ៅ និងសត្វស្លាប (ឯទៀត ៗ ​ជាច្រើន) មានដើម​ច្រនៀង ដើមព្រីង ដើមអសោក មានឈើ​ប្រកបដោយផ្កា ជាបណ្តាញ​មានប្រការ​ផ្សេងៗ ដែល​ខ្ញុំបាន​ហើយដោយ​កម្មណាផង វិមាននេះ ដែលខ្ញុំ​បាន​ហើយ ដោយកម្ម​ណាផង ខ្ញុំនឹងសំដែង​កម្ម​នោះៗ ដល់លោកម្ចាស់ បពិត្រ​លោកម្ចាស់​​ដ៏ចំរើន សូមលោក​ម្ចាស់​ចាំស្តាប់​ចុះ បពិត្រ​លោកម្ចាស់​ដ៏ចំរើន មានស្រុក​មួយឈ្មោះ​នាឡកៈ នៅក្នុង​ដែន​មគធៈ​ដ៏ប្រសើរ នាទិស​ខាងកើត កាលពីដើម ខ្ញុំព្រះករុណា​ជាកូនប្រសា (ក្នុង​គហបតិត្រកូល) ក្នុង​ស្រុកនាឡកៈនោះ ពួកជន​ក្នុង​ស្រុកស្គាល់​ខ្ញុំថា នាង​សេសវតី ខ្ញុំនោះ បានសន្សំ​នូវ​កុសលកម្ម ក្នុង​ស្រុកនោះ ខ្ញុំមាន​ចិត្តរីករាយ បានបូជា​ផ្កាដល់​ព្រះឧបតិស្សត្ថេរ ដែលទេវតា និង​មនុស្ស​បូជាហើយ លោក​មាន​គុណដ៏ធំ បរិនិព្វាន​ហើយ មានគុណ​ប្រមាណ​មិនបាន លុះខ្ញុំ​បានបូជា​លោកអ្នក​ស្វែងរកនូវ​គុណដ៏លើស​លុប ទ្រទ្រង់​រាងកាយ​ជាទីបំផុត បានដល់​គតិយ៉ាង​ក្រៃលែង ហើយខ្ញុំ​លះបង់​កាយជា​របស់មនុស្ស បានមកកាន់​ទេវនិកាយ​ជាន់​តាវត្តឹង្ស នាឋាន​ទេវលោកនេះ។

ចប់ សេសវតីវិមាន ទី៧។

មល្លិកាវិមាន ទី៨

[៣៦] (នារទត្ថេរសួរថា) ម្នាលនាងមានសំពត់លឿង មាន​ទង់លឿង ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការលឿង នាងបើ​ទុកជាមិន​ប្រដាប់​ដោយសំពត់​ស្លៀកមាន​ពណ៌លឿង​ទាំងឡាយ​មានសាច់​ដ៏ល្អិត​ក៏ដោយ ក៏នៅ​តែល្អ ម្នាលនាង​អ្នកទ្រទ្រង់​នូវគ្រឿង​ប្រដាប់ដៃ ជាវិការៈ​នៃមាស ស្អិតស្អាង​ដោយក្រវឹល ជាវិការៈ​នៃមាស ពាសពេញ​ដោយ​បណ្តាញ ជាវិការៈ​នៃមាស នាងជាអី្វ នាងមាន​កម្រង​កែវផ្សេងៗ

កម្រងជាវិការៈនៃមាសផង ជាវិការៈនៃកែវមណី​ មានពណ៌​ក្រហមផង ជាវិការៈ​នៃ​កែវមុក្តាផង ជាវិការៈ​នៃ​កែវពិទូរ្យផង កែវ​ពព្រុសផង មួយអន្លើ​ដោយកែវ​មាន​ពណ៌​ក្រហម​ផង ដ៏វិចិត្រ​ដោយកែវ​ទាំងឡាយ ប្រាកដ​ស្មើដោយ​ភ្នែកព្រាប បណ្តា​កម្រង​ទាំង​នុ៎ះ កម្រងមួយៗ មានសូរពីរោះ​ដូចសម្លេងក្ងោក ដូចសម្លេង​រាជហង្ស (ឬ) ពីរោះ​ដូច​សម្លេង​ករវិក សូរកម្រង​ទាំងនោះ មានភាព​ពីរោះ ឮហាក់​ដូច​ជាតូរ្យតន្ត្រី​ប្រកប​ដោយអង្គ ៥ ដែលគេ​ប្រគំហើយ ទាំងរថ​របស់នាង ក៏មាន​សភាពស្អាតល្អ មានអវយវៈ​ដ៏វិចិត្រ​ហើយ​​ដោយ​កែវផ្សេងៗ ដែលជាង​ចាត់ចែង​ហើយដោយ​ធាតុ [ដោយ​សម្ភារៈ មានទ្រពង និងចន្ទោល​ជាដើម។ អដ្ឋកថា។] ទាំងឡាយ មាន​ពណ៌ផ្សេងៗ សមល្អ

នាងឋិតនៅលើរថនោះ មានពណ៌ មានរូប​ប្រៀបដោយ​មាស ញុំាង​ប្រទេស​នេះឲ្យ​ភ្លឺរុងរឿង

ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផល​នៃកម្មអី្វ។

(ទេវធីតាឆ្លើយថា) ខ្ញុំមានចិត្តជ្រះថ្លា ចំពោះ​ព្រះគោតម ព្រះអង្គ​មានគុណ​ប្រមាណ​មិនបាន ដែលទ្រង់​បរិនិព្វាន​ហើយ បានបូជា​បណ្តាញ​មាសដ៏វិចិត្រ ដោយ​កែវមណី និងមាស​រំលេច​ដោយ​កែវមុក្តា បាំងដោយ​សំណាញ់​មាស

ខ្ញុំបានធ្វើកុសលកម្មនោះ ដែលព្រះពុទ្ធ​ទ្រង់សរសើរ​ហើយ ប្រាសចាក​សេចកី្ត​សោក ដល់នូវ​សេចកី្តសុខ មានចិត្ត​ត្រេកអរព្រម។

ចប់ មល្លិកាវិមាន ទី៨។

វិសាលក្ខិវិមាន ទី៩

[៣៧] (សក្កទេវរាជសួរថា) ម្នាលនាងមានភ្នែកទូលាយ នាងឈ្មោះអី្វ បានជា​មាន ពួកនារី​ចោមរោម ហើយដើរ​ក្រឡឹង​ជុំវិញព្រៃ​ចិត្តលតា ជាទី​រីករាយ ពួក​ទេវតាជាន់​តាវត្តឹង្ស ចូលទៅ​កាន់ព្រៃនេះ ក្នុង​កាលណា (កាលនោះ) ពួកទេវតា​ទាំងអស់ ព្រមទាំង​យាន ព្រមទាំង​រថដ៏វិចិត្រ ក៏មក​ក្នុងទីនុ៎ះ នាងកាល​មក​ដល់ក្នុងទីនេះ ហើយ​ត្រាច់ទៅ​ក្នុង​ឧទ្យាន ចិត្តរមែង​ប្រាកដ​ដោយកាយ រូបរបស់​នាង ក៏ប្រាកដ​ដូច្នេះ តើដោយ​ហេតុ​ដូចម្តេច ម្នាល​ទេវតា យើងសួរ​ហើយ នាង​ចូរប្រាប់ នេះជាផល​នៃកម្មអី្វ។

(ទេវតាឆ្លើយថា) បពិត្រព្រះអង្គជាធំជាង​ទេវតា រូបរបស់ខ្ញុំ គតិ ឫទ្ធិ និង​អានុភាព​របស់ខ្ញុំ (កើតឡើង) ដោយ​កម្មណា បពិត្រ​ព្រះអង្គទ្រង់​ព្រះនាម​បុរិន្ទទៈ សូមព្រះអង្គ​ស្តាប់នូវ​កម្មនោះចុះ ខ្ញុំជា​ឧបាសិកា ឈ្មោះ​សុនន្ទា នៅក្នុង​ក្រុង​រាជគ្រឹះ​ ជាទីត្រេកអរ ជាស្ត្រី​បរិបូណ៌​ដោយសទ្ធា និងសីល ត្រេកអរ​ក្នុងការចែក​រំលែកនូវទាន មានចិត្ត​ជ្រះថ្លា បានឲ្យ​សំពត់​សម្រាប់​ស្លៀកដណ្តប់​ផង ភត្តផង សេនាសនៈ​ផង គ្រឿង​ប្រទីបផង ចំពោះ​ពួក​ព្រះអរិយ​បុគ្គល អ្នក​មាន​ចិត្តត្រង់​សព្វ ៗ កាល ខ្ញុំបាន​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃបក្ខ​ផង អស់​បាដិហារិយបក្ខ​ផង បានសង្រួម​ក្នុង​សីល​ទាំងឡាយ​ផង វៀរ​ចាក​បាណាតិបាត​ផង សង្រួម​ចាក​មុសាវាទផង ឆ្ងាយចាក​ការ​លួចផង​ ចាក​ការប្រព្រឹត្តិ​កន្លង (ចិត្តស្វាមី) ផង ចាកការ​ផឹកទឹក​ស្រវឹងផង​សព្វ ៗ កាល ហើយ​​ត្រេកអរ​ក្នុងសិក្ខាបទ​ទាំង ៥ ឈ្លាសក្នុង​អរិយសច្ច​ទាំងឡាយ ជា​ឧបាសិកា​នៃ​ព្រះគោតម ព្រះអង្គ​មានបញ្ញា​ចក្ខុ មានយស ឯត្រកូល​នៃញាតិ​របស់ខ្ញុំនោះ តែងយក​កម្រង​ផ្កា​មកឲ្យខ្ញុំ​សព្វៗកាល ខ្ញុំបាន​បូជាកម្រង​ផ្កានោះ​ទាំងអស់ ចំពោះ​ព្រះស្តូប​នៃ​ព្រះមានព្រះភាគ ខ្ញុំមានចិត្ត​ជ្រះថ្លា បានទៅ​ក្នុងថ្ងៃ​ឧបោសថ ហើយ​បូជា​កម្រងផ្កា គ្រឿង​ក្រអូប គ្រឿង​លាប ចំពោះ​ព្រះស្តូប ដោយដៃ​របស់ខ្លួន បពិត្រ​ព្រះអង្គ​ជាធំជាងទេវតា រូបរបស់ខ្ញុំ គតិ ឫទ្ធិ និង​អានុភាព របស់ខ្ញុំ (កើតឡើង) ដោយ​កម្មនោះ ដែលខ្ញុំបាន​បូជា​កម្រង​ផ្កាកី្ត ដែលខ្ញុំ​ជាស្ត្រីមាន​សីលកី្ត ការបូជា​នូវកម្រងផ្កា និង​ការរក្សាសីល​របស់ខ្ញុំ​នោះ មិនទាន់ឲ្យផល​នៅឡើយ បពិត្រ​ព្រះអង្គ​ជាធំជាង​ទេវតា តែសេចកី្ត​ប្រាថ្នារបស់​ខ្ញុំថា សូមឲ្យខ្ញុំ​បានជា​សកទាគាមិនី។

ចប់ វិសាលក្ខីវិមាន ទី៩។

បារិច្ឆត្តកវិមាន ទី១០

[៣៨] (ព្រះមោគ្គល្លានសួរថា) កាលនាងកាន់​ផ្ការលួសផ្អុង​ទាំងឡាយ ឈ្មោះ​បារិច្ឆត្តកព្រឹក្ស គួររីករាយ គួរត្រេកអរ​នៃចិត្ត ហើយក្រង​ជាកម្រងទិព្វ ច្រៀង រីករាយ​សប្បាយ កាលដែលនាង​កំពុងរាំនោះ សំឡេង​ទិព្វទាំង​ឡាយ គួរស្តាប់ គួរជាទីរីក​រាយនៃចិត្ត រមែង​លាន់ឮ អំពីអវយវៈ​តូចធំទាំង​ឡាយដោយ​សព្វគ្រប់ កាលដែល​នាង​កំពុង​រាំនោះ ក្លិនទិព្វ​ទាំងឡាយ មានក្លិន​ក្រអូបគួរ​ជាទីរីករាយ​នៃចិត្ត រមែង​ផ្សាយចេញ​អំពីអវយវៈ​តូចធំ​ទាំងឡាយ​ដោយសព្វ​គ្រប់ នាងងាក​កាយ គ្រឿងប្រដាប់​ទាំងឡាយ​ណា ឰដ៏​ផ្នួងសក់​របស់នាង សំឡេង​គឹកកង​នៃ​គ្រឿងប្រដាប់​ទាំងឡាយនោះ ឮដូចតូរ្យតន្ត្រី​ប្រកបដោយ​អង្គ ៥ គ្រឿង​ប្រដាប់​ត្រចៀក ត្រូវខ្យល់បក់​មកប៉ះ ក៏កម្រើក​ដោយខ្យល់ សូរនៃ​​គ្រឿងប្រដាប់​ត្រចៀក​ទាំងនោះ ឮដូចតូរ្យតន្ត្រី​ប្រកបដោយ​អង្គ ៥ កម្រង​ផ្កាណា​ឰដ៏សិរ្សៈ​របស់នាង មានក្លិនក្រអូប​ឈ្ងុយឈ្ងប់ ជាទីរីក​រាយនៃចិត្ត (ក្លិនកម្រង​ផ្កានោះ) រមែងផ្សាយ​ទៅ​សព្វទិស ហាក់ដូច​ដើមឪឡោក នាងតែង​ធុំក្លិនក្រអូប​នោះ តែងឃើញ​រូប​ដែល​មិនមែន​ជាមនុស្ស ម្នាលទេវតា អាត្មា​សួរហើយ នាងចូរប្រាប់ នេះជាផល​នៃកម្មអី្វ។

(ទេវតាឆ្លើយថា) ខ្ញុំបានបង្អោន​នូវកម្រង​ផ្កាអសោក មាន​រស្មីភ្លឺផ្លេក ប្រកប​ដោយ​ពណ៌ និងក្លិន ចំពោះ​ព្រះពុទ្ធ ខ្ញុំបានធ្វើ​នូវកុសលកម្ម​នោះ ដែល​ព្រះពុទ្ធ ទ្រង់សរសើរ​ហើយ បានប្រាស​ចាកសេចកី្ត​សោក បានដល់​នូវសេចកី្ត​សុខ មាន​ចិត្តត្រេកអរ​ព្រម។

ចប់ បារិច្ឆត្តកវិមាន ទី១០។

ឧទ្ទាន

និយាយអំពីឧឡារវិមាន ១ ឧច្ឆុវិមាន ១ បល្លង្កវិមាន ១ លតាវិមាន ១ គុតិ្តលវិមាន ១ ទទ្ទល្លវិមាន ១ សេសវតីវិមាន ១ មល្លិកាវិមាន ១ វិសាលក្ខិវិមាន ១ បារិច្ឆត្តកវិមាន ១ ព្រោះហេតុ​នោះ ទើបហៅ​ថាវគ្គ។

ចប់ បារិច្ឆត្តកវគ្គ ទី៣។

មញ្ជិដ្ឋកវគ្គ ទី៤

មញ្ជិដ្ឋកវិមាន ទី១

[៣៩] (ព្រះមោគ្គល្លានសួរថា) នាងត្រេកអរ ដោយតូរ្យតន្ត្រី​ប្រកប​ដោយអង្គ ៥ ដែលគេ​ប្រគំពីរោះ ក្នុងវិមាន​កែវផលិក​ពណ៌ហង្សបាទ ក្រាល​ខ្សាច់មាស នាង​ចុះចាក​វិមាននោះ ដែល​បុញ្ញកម្មនិម្មិត​ហើយ ជាវិការៈ​នៃកែវ ហើយចូល​ទៅកាន់​ព្រៃសាលព្រឹក្ស​មានផ្ការីក​សព្វកាល ម្នាលទេវតា នាងឋិតនៅ​ជិតគល់​សាលព្រឹក្ស​ណាៗ ដើម​សាលព្រឹក្ស​នោះៗ ជាឈើដ៏​ឧត្តម រមែងទន់ទោរ​ជម្រុះផ្កា​ចុះមក ព្រៃសាលព្រឹក្ស ក៏​រំជួយ​ដោយខ្យល់ ត្រូវខ្យល់​បក់មក​រំភើយៗ មានពួក​សត្វបក្សី​នៅអាស្រ័យ ក្លិនក៏ផ្សាយ​ទៅសព្វទិស ដូចដើម​​ឪឡោក នាងតែ​ធុំក្លិន​ក្រអូបនោះ តែងឃើញរូប​ដែលមិនមែន​ជាមនុស្ស ម្នាលទេវតា អាត្មាសួរ​ហើយ នាងចូរ​ប្រាប់ នេះជាផល​នៃកម្មអី្វ។

(ទេវតាឆ្លើយថា) ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាទាសី​ក្នុងផ្ទះ​ចៅហ្វាយ

ខ្ញុំបានឃើញព្រះពុទ្ធ កំពុងគង់ បានរោយរាយ​ផ្កាសាលព្រឹក្ស ខ្ញុំមានចិត្ត​ជ្រះថ្លា បានបូជា​គ្រឿងប្រដាប់​ត្រចៀក ដែលធ្វើ​ល្អហើយ ជាវិការៈ​នៃផ្កា​សាលព្រឹក្ស ចំពោះ​ព្រះសម្ពុទ្ធ ដោយដៃ​របស់ខ្លួន ខ្ញុំបានធ្វើ​កុសលកម្ម​នោះ ដែល​ព្រះពុទ្ធទ្រង់​សរសើរហើយ បានប្រាសចាក​សេចកី្តសោក ដល់នូវ​សេចកី្តសុខ មិនមានរោគ មានចិត្ត​ត្រេកអរព្រម។

ចប់ មញ្ជិដ្ឋកវិមាន ទី១។

បភស្សរវិមាន ទី២

[៤០] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតាល្អ មានពន្លឺ មានពណ៌​ប្រសើរភ្លឺផ្លេក ស្លៀក​សំពត់​មានពណ៌ក្រហម​ស្រស់ មានឫទ្ធិច្រើន មានខ្លួន​រុងរឿង​ហាក់ដូច​ប្រស់ព្រំ​ដោយខ្លឹម​ចន្ទន៍ នាងជាអី្វ មកថ្វាយ​បង្គំអាត្មា មួយទៀត បល្លង្ក​របស់នាង​មាន​តម្លៃច្រើន សឹងវិចិត្រ​ដោយកែវ​ផ្សេងៗ ដ៏រុងរឿង នាងអង្គុយ​លើបល្លង្ក​ដ៏រុងរឿង ដូចទេវរាជ (ឋិតនៅ) ក្នុង​នន្ទនវ័ន ម្នាលនាង​ដ៏ចំរើន ក្នុងកាល​មុន នាងបាន​ប្រព្រឹត្តសុចរិត​ដូចម្តេច នាងសោយ​ផលកម្ម​ដូចម្តេច ក្នុងទេវលោក ម្នាលទេវតា អាត្មាសួរ​ហើយ នាងចូរប្រាប់ នេះជាផល​នៃកម្មអី្វ។

(ទេវតាឆ្លើយថា) បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំព្រះករុណា បានប្រគេន​នូវផ្កាម្លិះ និង​ស្ករអំពៅ​ដល់លោកម្ចាស់ កាលនិមន្ត​ទៅដើម្បី​បិណ្ឌបាត ខ្ញុំទើប​ទទួលនូវ​ផលនេះ នៃកម្មនោះ​ក្នុងទេវលោក បពិត្រ​ព្រះថេរៈ​ដ៏ចំរើន តែសេចកី្ត​ក្តៅក្រហាយ​មានដល់ខ្ញុំ ទាំងទោស​កំហុស ដែលដល់​នូវសេចកី្តទុក្ខ (ក៏កើតឡើង) ដល់ខ្ញុំ (ព្រោះ) ខ្ញុំនោះ មិនបាន​ស្តាប់ធម៌ ដែល​ព្រះពុទ្ធ​ជាធម្មរាជ ទ្រង់សំដែងល្អ​ហើយ បពិត្រ​ព្រះថេរៈ​ដ៏ចំរើន ព្រោះ​ហេតុនោះ បានជាខ្ញុំ​និយាយ​នឹងលោកម្ចាស់​ថា បុគ្គល​ណានីមួយ ដែលខ្ញុំ​គួរអនុគ្រោះ លោកម្ចាស់​បានដឹកនាំ​បុគ្គលនោះ​ក្នុងធម៌ទាំងឡាយ ដែល​ព្រះពុទ្ធ​ជាធម្មរាជ ទ្រង់សំដែង​ល្អហើយ សេចកី្ត​ជឿ​ចំពោះពុទ្ធរតនៈ ធម្មរតនៈ និង​សង្ឃរតនៈ មានដល់​ទេវតា​ទាំងឡាយ​ណា ទេវតា​ទាំងឡាយ​ដទៃនោះ ច្រើន​លើសលុប ដែលមាន​ឫទ្ធិច្រើន​ជាងខ្ញុំ រមែង​រុងរឿង កន្លងនូវខ្ញុំ​ដោយអាយុ ដោយយស ដោយសិរី ដោយតេជះ ដោយ​វណ្ណៈ។

ចប់ បភស្សរវិមាន ទី២។

នាគវិមាន ទី៣

[៤១] (ព្រះវង្គីសត្ថេរដ៏មានអាយុសួរថា) នាងប្រដាប់ខ្លួនហើយ ឡើងជិះដំរីប្រសើរ វិចិត្រ​ដោយកែវមណី និងមាស បិទបាំង​ដោយបណ្តាញ​មាស ជាដំរី​មាឌធំ ដែល​បុញ្ញកម្ម​សម្រេចល្អ​ហើយ (អង្គុយ) លើខ្នងដំរី ជាទីរីករាយ​មកឰដ៏អាកាស​ក្នុង​ទីនេះ ស្រះទាំង​ឡាយ​មានទឹកថ្លា មានគុម្ពឈូក មានផ្ការីក​ស្គុះស្គាយ ដែល​បុញ្ញកម្ម​និម្មិតហើយ ត្រង់ភ្លុក​ដំរីទាំងគូ ពួកតូរ្យតន្ត្រី​ប្រគំ​លើផ្កាឈូក​ទាំងឡាយ មានពួក​ស្រីកែវមនោហរា​ទាំង​នេះ​ក៏រាំ (លើផ្កា​ឈូកទាំងនោះ) ម្នាលនាង​មាន​អានុភាពច្រើន នាងដល់​នូវឫទ្ធិនៃ​ទេវតា នាងកាល​កើតជាមនុស្ស​ តើបានធ្វើ​បុណ្យអី្វ នាងមាន​អានុភាព​រុងរឿង​យ៉ាងនេះផង ទាំងសម្បុរ​របស់នាង ក៏អាច​ញុំាងទិស​ទាំងពួងឲ្យ​ភ្លឺបានផង តើដោយ​បុណ្យដូចម្តេច។

(ទេវតាឆ្លើយថា) ខ្ញុំបានចូលទៅក្នុង​ក្រុងពារាណសី បានថ្វាយ​សំពត់មួយ​គូដល់​ព្រះពុទ្ធ ហើយថ្វាយ​បង្គំព្រះបាទា អង្គុយ​លើផែនដី មានចិត្ត​ត្រេកអរ បាន​ធ្វើនូវ​អញ្ជលីកម្ម​​ចំពោះព្រះអង្គ ចំណែក​ព្រះពុទ្ធ ព្រះអង្គមាន​ចម្មាដ៏ភ្លឺ ប្រាកដ​ស្មើដោយមាស​ព្រះអង្គ​បាន​សំដែងសមុទយសច្ច និងទុក្ខសច្ច​ជារបស់​មិនទៀង​ផង បានសំដែង​ទុក្ខនិរោធសច្ច ជា​អសង្ខតធម៌​ផង មគ្គសច្ច​ផង​ដល់ខ្ញុំ ជា​ហេតុឲ្យខ្ញុំ​បានត្រាស់ដឹង ខ្ញុំជាស្ត្រី​មានអាយុតិច ធ្វើ​មរណកាល ច្យុតមក​កើត​ក្នុងពួកទេវតា​ជាន់តាវត្តឹង្ស ជាស្ត្រី​មានយស ជាបជាបតី គឺប្រពន្ធ​មួយ​របស់​សក្កទេវរាជ ឈ្មោះនាង​យសុត្តរា ល្បីឮទៅសព្វ​ទិសទាំងឡាយ។

ចប់ នាគវិមាន ទី៣។

អលោមវិមាន ទី៤

[៤២] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរ​រុងរឿង ញុំាងទិស​ទាំងពួង​ឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក សម្បុរ​របស់នាង​ប្រាកដ​ដូច្នោះ តើ (សម្រេច) ដោយ​បុណ្យ​ដូចម្តេច។បេ។ ទាំងសម្បុរ​របស់នាង ក៏ភ្លឺច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល​នៃកម្ម​នេះថា

ខ្ញុំមានចិត្ត​ជ្រះថ្លា បានប្រគេន​នំកុម្មាសក្រៀម ដល់ព្រះពុទ្ធ​ជា​អាទិច្ចពន្ធុ ទៀបក្រុង​ពារាណសី ដោយដៃ​របស់ខ្លួន សូមលោក​ម្ចាស់មើលនូវ​ផលនៃ​ដុំ​នំកុម្មាសក្រៀម​ផង សាបផងចុះ អ្នកណា​ឃើញនាង​អលោមា ជាស្រី​ដល់នូវ​សេចកី្តសុខ​ហើយ នឹងមិនធ្វើ​នូវបុណ្យកើត ព្រោះ​ហេតុនោះ បានជា​សម្បុរ​របស់ខ្ញុំ ប្រាកដ​ដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ អលោមវិមាន ទី៤។

កញ្ជិកទាយិកាវិមាន ទី៥

[៤៣] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរ​ដ៏រុងរឿង។បេ។ ដូច​ផ្កាយព្រឹក សម្បុររបស់​នាងប្រាកដ​ដូច្នោះ តើសម្រេច​ដោយបុណ្យ​ដូចម្តេច។បេ។ ទាំងសម្បុរ​របស់នាង ក៏ភ្លឺច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃ​កម្មនេះថា

ខ្ញុំបានប្រគេននូវទឹកបបរ ដែលចំអិនលាយ​ដោយផ្លែពុទ្រា អប់​ដោយប្រេង ដល់​ព្រះពុទ្ធ ជាអាទិច្ចពន្ធុ ក្នុងស្រុក​ឈ្មោះ​អន្ធកវិន្ទៈ ខ្ញុំមាន​ចិត្តជ្រះថ្លា ចំពោះ​ព្រះពុទ្ធ​អ្នក​ទៀងត្រង់ បានប្រគេន​វត្ថុលាយ​ច្រឡំដោយ​ដីប្លី ខ្ទឹមមើម និងវត្ថុមាន​ក្លិនប្រហើរ នារីណា​មានអវយវៈ​ល្អសព្វ មានរូប​មិនថោកថយ គួរមើល​របស់​ភស្តា គប្បីធ្វើ​ជាអគ្គមហេសី​នៃស្តេច​ចក្រពតិ្ត នារីនោះ មិនដល់​ចំណិតទី ១ នៃ​ចំណែកដែល​គេចែកជា ១៦ អស់វារៈ ១៦ ដង នៃការ​ឲ្យទឹកបបរ​នេះឡើយ មាសឆ្តោរ ១០០ សេះ ១០០ រថទឹម​ដោយមេ​សេះ​អស្សតរ ១០០ កញ្ញា ១ សែន ដែលពាក់​កុណ្ឌលកែវមណី ក៏មិនដល់​ចំណិតទី ១ នៃចំណែក​ដែលគេ​ចែកជា ១៦ អស់វារៈ ១៦ ដងនៃ​ការឲ្យ​ទឹកបបរ​នេះឡើយ ពួកដំរី​ដែលកើត​ក្នុងប្រទេស​ឈ្មោះ​ហិមវន្ត​ចំនួន ១០០ មានភ្លុក ង ដូច​ចន្ទោរថ ចំរើន​ដោយកំឡាំង និងសន្ទុះ និងការ​ប្រឹងប្រែង មានខ្សែ​ដង្គន់ជាវិការៈ​នៃមាស មានគ្រឿង​ប្រដាប់​សម្រេច​ដោយមាស ក៏មិនដល់​ចំណិតទី ១ នៃចំណែក​ដែលគេចែកជា ១៦ អស់វារៈ ១៦ ដង នៃការ​ឲ្យ​ទឹកបបរ​នេះឡើយ បុគ្គលណា ក្នុងលោកនេះ គប្បីធ្វើនូវ​ភាព​នៃខ្លួន​ជាធំ ក្នុង​ទី្វបទាំង ៤ បុគ្គលនោះ ក៏នៅតែមិន​ទាន់ដល់​ចំណិតទី ១ នៃចំណែក​ដែលគេចែក​ជា ១៦ អស់វារៈ ១៦ ដង នៃការឲ្យ​ទឹកបបរ​នេះឡើយ។

ចង់ កញ្ជិកទាយិកាវិមាន ទី៥។

វិហារវិមាន ទី៦

[៤៤] (ព្រះអនុរុទ្ធត្ថេរសួរថា) ម្នាលទេវតា នាងមានសម្បុរ​ដ៏រុងរឿង។បេ។ ដូច​ផ្កាយព្រឹក កាលដែលនាង​កំពុងរាំនោះ សំឡេងទិព្វ​ទាំងឡាយ គួរស្តាប់ គួររីករាយ​នៃចិត្ត រមែង​លាន់ឮ​អំពីអវយវៈ​តូចធំ​ដោយសព្វគ្រប់ កាលដែល​នាងកំពុង​រាំ​នោះ ក្លិនទិព្វ​ទាំងឡាយ មានក្លិន​ក្រអូប ជាទីរីករាយ​នៃចិត្ត រមែងផ្សាយ​ចេញអំពី​អវយវៈ​តូចធំដោយ​សព្វគ្រប់ កាលនាង​ងាកកាយ គ្រឿងប្រដាប់​ទាំងឡាយ​ឰដ៏​ផ្នួងសក់ ក៏ឮសូរ​គឹកកង ដូច​តូរ្យតន្ត្រី​ប្រកបដោយ​អង្គ ៥ គ្រឿងប្រដាប់​ត្រចៀក ត្រូវខ្យល់​បក់មកប៉ះ ក៏កំរើក​ដោយ​ខ្យល់ ឮសូរ​គឹកកង ដូចតូរ្យតន្ត្រី​ប្រកបដោយ​អង្គ ៥ ផ្កាកម្រង​ណាឰដ៏សិរ្សៈ​របស់នាង មានក្លិន​ក្រអូប ជាទី​រីករាយនៃ​ចិត្ត (ក្លិននៃ​ផ្កាកម្រងនោះ) រមែងផ្សាយ​ទៅសព្វទិស ដូចដើម​ឪឡោក នាងតែងធុំ​ក្លិនក្រអូបនោះ តែងឃើញរូប ដែលមិនមែន​ជារបស់មនុស្ស ម្នាល​ទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផល​នៃកម្មអី្វ។

(ទេវតាឆ្លើយថា) បពិត្រព្រះអនុរុទ្ធ​ដ៏ចំរើន (នាងវិសាខា) ជាសំឡាញ់​របស់ខ្ញុំ បានឲ្យ​ជាងធ្វើ​មហាវិហារ ទៀបក្រុង​សាវត្ថី ឧទ្ទិសចំពោះ​ព្រះសង្ឃ ខ្ញុំជ្រះថ្លា​រីករាយ ចំពោះ​វិហារនោះ ព្រោះឃើញ​នូវផ្ទះ គឺវិហារ ជាទីស្រឡាញ់​នេះ ទើប​វិមាន​​ដែលខ្ញុំបាន​ហើយ ដោយ​អនុមោទនា​ដ៏បរិសុទ្ធនោះ​ឯង ជាវត្ថុអស្ចារ្យ គួររមិល​មើល ក៏ខ្ពស់ទៅ​ឰដ៏អាកាស អស់ ១៦ យោជន៍ជុំវិញ ដោយ​បុញ្ញឫទ្ធិនៃ​ខ្ញុំ

ផ្ទះកំពូល ជាលំនៅរបស់ខ្ញុំ ដូចគេចែកដោយ​ចំណែកស្មើគ្នា រុងរឿងភ្លឺ​ទួទៅអស់ ១០០ យោជន៍ជុំវិញ ឯ​ស្រះបោក្ខរណី​ទាំងឡាយ​របស់ខ្ញុំ​ក្នុងទីនេះ ដែលពួក​ត្រីទិព្វនៅ​អាស្រ័យ​ហើយ មានទឹក​រងថ្លា ក្រាលដោយ​ខ្សាច់មាស ដេរដាស​ដោយឈូក​ផ្សេងៗ ឆ្លូកដោយ​ឈូកស​ទាំងឡាយ មានក្លិន​ក្រអូប ជាទី​គាប់ចិត្ត ដែលខ្យល់​បក់ផ្សាយទៅ ដើមព្រីង ខ្នុរ ត្នោត ដូង​ ព្រៃ និងឈើផ្សេង​ទាំងឡាយ ដុះជិតលំ​នៅខាងក្នុង មិនបាច់​ដាំឡើយ (វិមាននោះ) សឹងរងំ​ដោយតូរ្យ​តន្ត្រីផ្សេងៗ គឹកកង​ដោយពួក​ស្ត្រីអប្សរ ទោះជន​ណាឃើញ​ខ្ញុំក្នុងការ​យល់សបិ្ត ជននោះ​ឯង គង់ត្រេកអរ វិមាន​បែបនេះ ជាទី​អស្ចារ្យ គួររមិល​មើល ភ្លឺព្រោង​ព្រាត​ដោយសព្វ​គ្រប់ កើតឡើង​ដោយបុញ្ញកម្ម​ទាំងឡាយ​របស់ខ្ញុំ បុគ្គលគួរធ្វើ​នូវ​បុណ្យទាំង​ឡាយ។

(ព្រះអនុរុទ្ធត្ថេរសួរថា) វិមានដែលនាងបានហើយ ដោយ​អនុមោទនា​ដ៏បរិសុទ្ធ​នោះឯង ជាទីអស្ចារ្យ គួររមិល​មើល ម្យ៉ាងទៀត នារីណា បានឲ្យនូវទាន​ នាងចូរប្រាប់​នូវគតិ​របស់នារី​នោះ តើទៅកើត​ក្នុងទីណា។

(ទេវតាឆ្លើយថា) បពិត្រលោកដ៏ចំរើន ស្រីសំឡាញ់របស់ខ្ញុំ​ណា បានឲ្យ​ជាងធ្វើ​មហាវិហារ​ដើម្បីសង្ឃ ស្រីសំឡាញ់នោះ (គឺនាងវិសាខា) ជាស្ត្រី​មានធម៌​ដឹងច្បាស់ បានឲ្យ​ទានហើយ បានទៅ​កើតក្នុង​ទេវលោក​ជាន់និម្មានរតី បានជា​បជាបតីនៃ​ទេវរាជ​ឈ្មោះ សុនិម្មិត លោកម្ចាស់សួរ​រកនូវនារី​ណាថា នារីនោះ​ទៅ​កើតក្នុង​ទីណា ផលនៃ​កម្មរបស់​នារីនោះ មិនគប្បី​គិតឡើយ។ បពិត្រលោក​ដ៏ចំរើន ខ្ញុំបានដោះ​ស្រាយតាម​សេចក្តីពិត មិនប្រែប្រួល ព្រោះហេតុ​នោះ លោក​ម្ចាស់ចូរ​បបួលពួក​ជនដទៃថា អ្នកទាំងឡាយ ចូរត្រេកអរ​ឲ្យទានចំពោះ​សង្ឃផង អ្នកទាំងឡាយ ចូរមាន​ចិត្តជ្រះថ្លា​ស្តាប់ធម៌ផង ការបាន​អត្តភាព​ជាមនុស្ស ដែល​គេកម្រ​បានដោយ​ងាយ អ្នកទាំងឡាយ ក៏បាន​ហើយ ព្រះពុទ្ធ​មានសំឡេង​ដូច​ព្រហ្ម មានព្រះចម្មា​ដូចមាស ជាអធិបតី​ក្នុងផ្លូវ បានសំដែងនូវ​ទានជាផ្លូវណា ទក្ខិណាទាន (ដែលបុគ្គល​ឲ្យហើយ) ចំពោះ​សង្ឃណា ជាទាន​មានផល​ច្រើន អ្នកទាំងឡាយ ចូត្រេកអរ​ឲ្យទាន​ទាំងឡាយ (នោះ) ចំពោះសង្ឃ (នោះ) ចុះ បុគ្គល​ទាំងឡាយ​ណា ៨ ពួក ដែលសប្បុរស​ទាំងឡាយ​សរសើរហើយ បើរាប់​ជាគូ បាន ៤ គូ បុគ្គល​ទាំងឡាយ​នោះ ជាសាវ័កនៃ​ព្រះសុគត លោកគួរ​ដល់​ទក្ខិណាទាន ទាន​ទាំងឡាយ ដែលបុគ្គល​ឲ្យហើយ ចំពោះ​ទក្ខិណេយ្យបុគ្គល​ទាំងឡាយនុ៎ះ ជាទាន​មានផលច្រើន

បុគ្គល ៤ ពួក តាំងនៅក្នុងមគ្គ បុគ្គល ៤ ពួក តាំងនៅ​ក្នុងផល នេះឈ្មោះ​ថាព្រះ​សង្ឃ លោកប្រតិបតិ្ត​ត្រង់ ប្រកបដោយ​បញ្ញា និងសីល បុណ្យ​ឲ្យផល​ក្នុងបច្ចុប្បន្ន ដែល​ពួក​សត្វជា​មនុស្ស ប្រាថ្នា​នូវបុណ្យ កាលបូជា កាលធ្វើ បានឲ្យ​ហើយចំពោះ​សង្ឃ ជាទាន​មានផលច្រើន

ព្រោះថា ព្រះសង្ឃនុ៎ះ ជាព្រះសង្ឃមានគុណ​ធំទូលាយ ព្រះសង្ឃនុ៎ះ ដូចជា​សាគរ ដែលទ្រទ្រង់​នូវទឹកមាន​ជម្រៅ​រាប់មិនបាន ពួកសាវ័ក​អ្នកមាន​សេចកី្ត​ព្យាយាម ប្រសើរ​ជាងនរៈ​ទាំងនេះ ជាអ្នក​ប្រសើរ​មែនពិត ជាអ្នកធ្វើ​នូវពន្លឺ គឺ​ញាណ សំដែង​នូវធម៌ ពួកសត្វណា បានឲ្យទាន ឧទ្ទិសចំពោះ​ព្រះសង្ឃ (ទាននោះ) ឈ្មោះថា ពួកសត្វ​ទាំងនោះ​បានឲ្យល្អហើយ បូជាតូច ល្អហើយ បូជាធំ​ល្អហើយ សង្ឃគតាទក្ខិណាទាន​នោះ ដែលបុគ្គល​ដំកល់ទុក​ល្អហើយ ជាទាន​មានផល​ច្រើន ដែលព្រះពុទ្ធ​ទ្រង់ជ្រាប​ច្បាស់នូវ​លោក ទ្រង់ត្រាស់​សរសើរ​ហើយថា ជនទាំងឡាយ​ណា កាល​រឭករឿយ​ៗ នូវ​បុណ្យ​ប្រាកដ​ដូច្នោះ រមែងកើត​សេចកី្ត​ត្រេកអរ ត្រាច់រង្គាត់​ទៅក្នុងលោក ជនទាំងនោះ កំចាត់​បង់នូវមន្ទិល គឺសេចកី្ត​កំណាញ់ ព្រមទាំងឫស ជាអ្នកមិន​មានគេតិះដៀល​បាន រមែងទៅ​កាន់ឋានសួគ៌។

ចប់ វិហារវិមាន ទី៦។

ចប់ ភាណវារៈ ទី២។

ចតុរិត្ថីវិមាន ទី៧

[៤៥] (ព្រះមោគ្គល្លានសួរថា) មានសម្បុរដ៏រុងរឿង។បេ។ ទាំងសម្បុរ​របស់នាង ក៏ភ្លឺច្បាស់​សព្វទិស។ ទេវតានោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្ត​ត្រេកអរ។បេ។ ផលនៃកម្មនេះថា

ខ្ញុំបានប្រគេនូវផ្ការាជព្រឹក្សមួយបាច់ ដល់ភិក្ខុកាល​និមន្តទៅ​បិណ្ឌបាត ក្នុង​នគរ​ដ៏ប្រសើរ មានផែនដី​ខ្ពស់ ឈ្មោះ​បណ្ណកតៈ ជាក្រុងគួរ​ត្រេកអរ​នៃពួកជន អ្នកនៅក្នុង​ដែនឯសិកៈ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ​ប្រាកដ​ដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

(ព្រះមោគ្គល្លានសួរថា) មានសម្បុរ​ដ៏រុងរឿង។បេ។ ទាំងសម្បុរ​របស់នាង ក៏ភ្លឺច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លាសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្ម​នេះថា

ខ្ញុំបានប្រគេន​នូវផ្កាឧប្បលខៀវ​មួយបាច់​ដល់ភិក្ខុ កាលនិមន្ត​ទៅបិណ្ឌបាត ក្នុង​នគរ​ដ៏ប្រសើរ មានផែនដីខ្ពស់ ឈ្មោះ​បណ្ណកតៈ ជាក្រុង​គួរត្រេកអរ​នៃពួក​ជនអ្នកនៅ​ក្នុងដែនឯសិកៈ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ​ប្រាកដ​ដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

(ព្រះមោគ្គល្លានសួរថា) មានសម្បុរដ៏រុងរឿង។បេ។ ទាំងសម្បុរ​របស់នាង ក៏ភ្លឺច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល​នៃកម្ម​នេះថា

ខ្ញុំបានប្រគេន​នូវផ្កាឈូកមួយបាច់ ដែលមាន​ក្រឪ-ស មានស្លឹក​ខៀវ ដុះក្នុង​ស្រះ​មាន​ទឹក​ដល់ភិក្ខុ កាលនិមន្ត​ទៅបិណ្ឌបាត​ក្នុងនគរ​ដ៏ប្រសើរ មានផែនដី​ខ្ពស់ ឈ្មោះ​បណ្ណកតៈ គួរត្រេកអរ​នៃពួកជន​អ្នកនៅ​ក្នុងដែន​ឯសិកៈ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ​ប្រាកដ​ដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

(ព្រះមោគ្គល្លានសួរថា) មានសម្បុរ​ដ៏រុងរឿង។បេ។ ទាំងសម្បុរ​របស់នាង ក៏ភ្លឺច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផល​នៃកម្ម​នេះថា

ខ្ញុំឈ្មោះសុមនា បានប្រគេនផ្កាម្លិះក្រពុំ មានពណ៌​ប្រាកដស្មើ​ដោយភ្លុកដំរី ដល់ភិក្ខុ​អ្នកមាន​ចិត្តល្អ កាលនិមន្ត​ទៅបិណ្ឌបាត ក្នុងនគរ​ដ៏ប្រសើរ មានផែន​ដីខ្ពស់ ឈ្មោះ​បណ្ណកតៈ គួរត្រេកអរ​នៃពួកជនអ្នក​នៅ​ក្នុងដែនឯសិកៈ

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ ចតុរិត្ថីវិមាន ទី៧។

អម្ពវិមាន ទី៨

[៤៦] (ព្រះមោគ្គល្លានសួរថា) ព្រៃស្វាយរបស់នាងជាទិព្វ គួរសប្បាយ មាន​ប្រាសាទ​​ខ្ពស់ធំទូលាយ​ក្នុងព្រៃស្វាយនុ៎ះ សឹងរងំ​ដោយតូរ្យតន្ត្រី​ផ្សេងៗ គឹកកង​ដោយពួក​ស្រីអប្សរ ទាំងប្រទីប​ជ្វាលាដ៏ធំ ជាវិការៈ​នៃមាស មានពួកឈើ​ដែលផ្លែចេញ​ជាសំពត់ ព័ទ្ធជុំវិញ​ ក៏ភ្លឺរុងរឿង​ក្នុងប្រាសាទ​នោះជានិច្ច ព្រៃស្វាយ​របស់នាង​ជាទិព្វ គួរសប្បាយ មានប្រាសាទ​ខ្ពស់ធំទូលាយ តើសម្រេច​ដោយ​បុណ្យដូចម្តេច សម្បុរ​របស់នាង ប្រាកដ​ដូច្នោះ តើសម្រេច​ដោយបុណ្យ​ដូចម្តេច។បេ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់​សព្វទិស។ ទេវតានោះ ដែល​ព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃកម្មនេះថា

ខ្ញុំកាលជាតិមុន កើតជាមនុស្ស ក្នុងពួកមនុស្ស នាមនុស្សលោក បាន​ឲ្យជាង​ធ្វើវិហារ ឧទ្ទិស​ចំពោះសង្ឃ មានដើម​ស្វាយព័ទ្ធជុំវិញ កាលធ្វើ​វិហាររួច​ស្រេចហើយ បានធ្វើ​បុណ្យឆ្លង ខ្ញុំបាន​ដណ្តប់​រុំដើមស្វាយ​ទាំងឡាយ ធ្វើផ្លែ​ទាំងឡាយ​ជាវិការៈ​នៃសំពត់ អុជប្រទីប​ភ្លឺរុងរឿង​ក្នុងព្រៃស្វាយនោះ បានញុំាង​ព្រះសង្ឃដ៏​ឧត្តមជាងគណៈ ឲ្យឆាន់ ក៏មានចិត្តជ្រះថ្លា បានវេរវិហារ​នោះ ចំពោះ​សង្ឃ ដោយដៃ​របស់ខ្លួន ដោយ​បុញ្ញកម្ម​នោះ ទើបខ្ញុំមាន​ព្រៃស្វាយ​គួរសប្បាយ មានប្រាសាទ​ខ្ពស់ធំទូលាយ ក្នុងព្រៃ​ស្វាយនោះ សឹងរងំ​ដោយតូរ្យតន្ត្រី​ផ្សេងៗ គឹកកង​ដោយពួក​ស្រីអប្សរ ទាំងប្រទីប​ជ្វាលា​ដ៏ធំ ជាវិការៈ​នៃមាស មានពួក​ឈើផ្លែចេញ​ជាសំពត់​ព័ទ្ធជុំវិញ ភ្លឺរុងរឿង ក្នុងប្រាសាទ​នោះ​ជានិច្ច សម្បុរ​របស់ខ្ញុំ​ប្រាកដដូច្នោះ សម្រេច​ដោយបុណ្យ​នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ អម្ពវិមាន ទី៨។

បីតវិមាន ទី៩

[៤៧] (ទេវរាជសួរថា) ម្នាលនាងដ៏ចំរើន មានសំពត់លឿង មានទង់លឿង ស្អិត​ស្អាង​ដោយគ្រឿង​ប្រដាប់​មានពណ៌លឿង មានអវយវៈ​លាបដោយខ្លឹម​ចន្ទន៍លឿង ទ្រទ្រង់​ផ្កាឧប្បល​លឿង មានប្រាសាទ និងទីដេក​លឿង មានទី​អង្គុយលឿង មាន​ភោជនលឿង មានឆ័ត្រលឿង មានរថលឿង មានស៊ែលឿង មានផ្លិតលឿង នាងបាន​ធ្វើអំពើ​ដូចម្តេច ក្នុងភព​ជារបស់​មនុស្ស​ក្នុងកាលមុន ម្នាលទេវតា យើងសួរ​ហើយ នាងចូរ​ប្រាប់ នេះជាផល​នៃកម្មអី្វ។

(ទេវធីតាឆ្លើយថា) បពិត្រព្រះអង្គដ៏ចំរើន វល្លិ៍ឈ្មោះ​កោសាតកី (វល្លិ៍​ននោងព្រៃ) ជាជាតិ​វល្លិ៍ល្វីង ដែលគេ​មិនត្រូវការ ខ្ញុំម្ចាស់​មានចិត្ត​ជ្រះថ្លា បាននាំ​យក​ផ្កាននោងព្រៃ​នោះ ៤ ទង ទៅបូជា​ព្រះស្តូប ឧទ្ទិសចំពោះ​ព្រះសរីរធាតុ​នៃព្រះសាស្តា ខ្ញុំម្ចាស់​កំពុង​មានចិត្ត​ប្រព្រឹត្តទៅ ក្នុងព្រះធាតុ​នៃ​ព្រះមានព្រះភាគ​នោះ មិនបាន​ក្រឡេក​មើលផ្លូវ​គោនោះ គ្រានោះ មេគោ​មកជល់ខ្ញុំម្ចាស់ ដែល​មានអធ្យាស្រ័យ​មិនទាន់​ដល់ព្រះស្តូប (ស្លាប់ទៅ) បើខ្ញុំម្ចាស់​សន្សំបុណ្យនោះ​សម្រេច ម្ល៉េះសមជាមាន​សម្បតិ្តដ៏លើលុប​ជាងនេះ បពិត្រ​ព្រះអង្គ​ជាធំជាង​ទេវតា នាម​មឃវៈ ជា​ទេវកុញ្ជរ ខ្ញុំម្ចាស់​បានលះបង់​រាងកាយ​ជាមនុស្ស មកកើតជា​មួយនឹង​ព្រះអង្គ ព្រោះកម្មនោះ។

ព្រះឥន្ទ្រ នាមមឃវៈ ជាទេវកុញ្ជរ ជាធំជាង​ទេវតា​ក្នុងជាន់​ត្រៃត្រឹង្ស បាន​ស្តាប់​ពាក្យ​នេះហើយ ក៏ញុំាង​ទេវធីតា​ឲ្យជ្រះថ្លា ក្នុងភព​តាវត្តឹង្សហើយ បាន​ពោលពាក្យ​នេះ នឹងមាតលិទេវបុត្រ​ថា ម្នាល​មាតលិ អ្នកចូរមើល​សេចកី្តអស្ចារ្យ នេះជាផល​នៃកម្ម​ដ៏វិចិត្រ ទេយ្យវត្ថុ​សូម្បីបន្តិច​បន្ទួចដែល​គេធ្វើហើយ ជាបុណ្យ​មានផលច្រើន កាលបើ​ចិត្តជ្រះថ្លា​ចំពោះ​ព្រះតថាគត​ជាសម្ពុទ្ធ ឬសាវ័ក​របស់​ព្រះតថាគត​ហើយ ទក្ខិណាទាន ឈ្មោះថា​មានផល​តិច មិនមែនឡើយ ម្នាល​មាតលិ អ្នកចូរមក យើងទាំងឡាយ​នឹងបូជា​ព្រះធាតុ​ព្រះតថាគត​ឲ្យលើសលុប​ជាងនេះទៅទៀត ការសន្សំ​នូវបុណ្យ​ទាំងឡាយ រមែង​នាំ​មកនូវ​សេចកី្តសុខ កាល​ព្រះតថាគត​ឋិតនៅកី្ត បរិនិព្វាន​ទៅកី្ត បើតាំង​ចិត្តស្មើ ផលក៏ស្មើ ដ្បិតថា សត្វ​ទាំងឡាយ មានការ​ដំកល់ចិត្ត​ទុកជាហេតុ ទើបទៅ​កាន់សុគតិ​បាន ទាយក​ទាំងឡាយ រមែងទៅកាន់​ស្ថានសួគ៌បាន ព្រោះធ្វើ​ការបូជា ចំពោះ​ព្រះតថាគត​ទាំងឡាយណា ព្រះតថាគត​ទាំងនោះ បានកើតឡើង​ក្នុងលោក ដើម្បី​ប្រយោជន៍​ដល់ជនច្រើន។

ចប់ បីតវិមាន ទី៩។

ឧច្ឆុវិមាន ទី១០

[៤៨] (ព្រះមោគ្គល្លានសួរថា) នាងរុងរឿងកន្លងពួកទេវតា​ដោយសិរីផង ដោយ​សម្បុរផង ដោយយសផង ដោយតេជះ​ផង ដូចជាព្រះចន្ទ្រ និង​ព្រះអាទិត្យ ញុំាង​ផែនដី​ព្រមទាំង​ទេវលោក​ឲ្យភ្លឺរុងរឿង ឬដូចជា​ព្រហ្មរុងរឿង​កន្លងពួក​ទេវតាក្នុង​ជាន់​ត្រៃត្រឹង្ស​ ព្រមទាំង​ព្រះឥន្ទ ម្នាលទេវតា​អ្នកទ្រទ្រង់​កម្រង​ផ្កាឧប្បល មានភួង​ផ្កាសម្រាប់​ប្រដាប់​ក្បាល មានសម្បុរ​ស្បែកភ្លឺដូច​មាស តាក់តែង​គ្រឿងអលង្ការ ទ្រទ្រង់​សំពត់ដ៏​ឧត្តម អាត្មា​សូម​សួរនាង ម្នាលទេវតា​ល្អស្រស់ នាងជាអី្វ មក​ថ្វាយបង្គំ​អាត្មា នាងបាន​សន្សំទាន​ល្អ​ហើយ ឬក៏នាង​បានសង្រួម​ក្នុងសីល បានមក​កើតក្នុង​សុគតិ ជាស្ត្រី​មានយស តើដោយ​ហេតុដូចម្តេច ម្នាល​ទេវតា អាត្មា​សួរហើយ នាងចូរបា្រប់ នេះជាផល​នៃកម្មអី្វ។

(ទេវតាឆ្លើយថា) បពិត្រព្រះថេរៈដ៏ចំរើន រឿងនេះ លោកម្ចាស់ (ជ្រាប​ស្រាប់​ហើយ) លោកម្ចាស់​បានចូលទៅ​កាន់ផ្ទះ​របស់ខ្ញុំ ដើម្បី​បិណ្ឌបាត ក្នុង​ស្រុកឯណោះ គ្រានោះ ខ្ញុំមាន​ចិត្តជ្រះថ្លា បានប្រគេន​អំពៅ ១ កំណាត់​ដល់លោក​ម្ចាស់ ដោយបីតិ​ថ្លឹងមិន​បាន លុះកាលខាង​ក្រោយមក ម្តាយក្មេក​បានសួរដេញ​ដោលខ្ញុំថា ម្នាល​មេ នាងបំផ្លាញ​អំពៅទៅ​ណា (ខ្ញុំឆ្លើយថា) ខ្ញុំមិនបាន​ចោលទេ មិនបាន​ស៊ីទេ ខ្ញុំបាន​ប្រគេន​ដល់ភិក្ខុ អ្នកមាន​ចិត្តស្ងប់ ដោយខ្លួនឯង ម្តាយក្មេក ក៏ប្រទេច​ផ្តាសាខ្ញុំថា ហងឯង ឬអញ ជាធំ​ក្នុងផ្ទះនេះ ហើយក៏យក​ដុំដីប្រហារ​ខ្ញុំ ខ្ញុំធ្វើ​មរណកាល ច្យុតចាក​មនុស្ស​លោកនោះ បានមក​កើតជាទេវតា កុសលកម្ម​នោះឯង ដែលខ្ញុំ​បានធ្វើហើយ ខ្ញុំក៏បាន​ទទួលផល នៃ​កម្ម​ជាសុខ ដោយ​ខ្លួនឯង បានញុំាង​ស្ត្រីឲ្យបម្រើ​ជាមួយនឹង​ទេវតា​ទាំងឡាយ ខ្ញុំរមែង​រីករាយ​ដោយ​កាមគុណ​ទាំង ៥ កុសលកម្ម​នោះឯង ដែលខ្ញុំបាន​ធ្វើហើយ ខ្ញុំក៏បាន​ទទួល​ផលនៃ​កម្មជាសុខ ដោយខ្លួនឯង ព្រះឥន្ទ្រ​ជាធំជាង​ទេវតា បានគ្រប់គ្រង​ហើយ ពួក​ទេវតា​ជាន់ត្រៃត្រឹង្ស ក៏បានរក្សា​ហើយដែរ ស្កប់ស្កល់​ដោយកាម​គុណ ៥ ផលបុណ្យ​ប្រាកដ​ដូច្នេះ មិនមែន​តិចតួចឡើយ ឧច្ឆុទក្ខិណាទាន (ការឲ្យអំពៅ) របស់ខ្ញុំ ជាទាន​មានផល​ច្រើន ខ្ញុំបានញុំាង​ស្ត្រីឲ្យបម្រើ ជាមួយនឹង​ទេវតា​ទាំងឡាយ ខ្ញុំរមែង​រីករាយ ដោយ​កាមគុណ ៥ ផលបុណ្យ​ប្រាកដដូច្នេះ មិនមែន​តិចតួច​ឡើយ ឧច្ឆុទក្ខិណាទាន​របស់ខ្ញុំ មានតេជះ​ច្រើន ព្រះឥន្ទ្រ​ជាធំជាង​ទេវតា បាន​គ្រប់គ្រងហើយ ពួកទេវតា​ជាន់ត្រៃត្រឹង្ស ក៏បានរក្សា​ហើយដែរ ដូចជា​ព្រះ​សហស្សនេត្រ​ក្នុងព្រៃនន្ទនវ័ន បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំបានទៅ​ថ្វាយបង្គំ​លោកម្ចាស់ ជាអ្នក​ចេះដឹង ជាអ្នក​អនុគ្រោះ លោកម្ចាស់​បានសួរនូវ​កុសល​ចំពោះខ្ញុំ លំដាប់នោះ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បានប្រគេន​អំពៅមួយ​កំណាត់ ដល់​លោកម្ចាស់​ដោយបីតិ​ថ្លឹងមិនបាន។

ចប់ ឧច្ឆុវិមាន ទី១០។

វន្ទនវិមាន ទី១១

[៤៩] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមាន​សម្បុរដ៏រុង​រឿង ញុំាងទិស​ទាំងពួង​ឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក សម្បុរ​របស់នាង​ប្រាកដដូច្នោះ តើសម្រេច​ដោយ​បុណ្យ​ដូចម្តេច។បេ។ ទាំងសម្បុរ​របស់នាង ក៏ភ្លឺច្បាស់​សព្វទិស។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​ត្រេកអរ។បេ។ ផល​នៃកម្ម​នេះថា

ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញពួកសមណៈ អ្នកមាន​សីល ក៏​ថ្វាយ​បង្គំបាទា ហើយ​ញ៉ាំង​ចិត្តជ្រះថ្លា ត្រេកអរ បាន​ធ្វើ​អញ្ជលិកម្ម (ចំពោះ​សមណៈ​ទាំង​នោះ)

ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដ​ដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ វន្ទនវិមាន ទី១១។

រជ្ជុមាលាវិមាន ទី១២

[៥០] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមាន​សម្បុរដ៏រុងរឿង (កាលបើ​តូរ្យតន្ត្រី) ដែលគេ​ប្រគំល្អហើយ នាងវាស​ដៃវាស​ជើងរាំ កាលដែល​នាងកំពុង​រាំនោះ សំឡេង​ទិព្វទាំងឡាយ គួរស្តាប់ គួររីករាយចិត្ត រមែងលាន់​ឮអំពីអវយវៈ​តូចធំ​ទាំងឡាយ ដោយ​សព្វគ្រប់ កាលដែល​នាងកំពុង​រាំនោះ ក្លិនទិព្វ​ទាំងឡាយ​ដ៏ក្រអូប គួររីករាយចិត្ត រមែង​ផ្សាយចេញ​អំពីអវយវៈ​តូចធំ​ទាំងឡាយ ដោយ​សព្វគ្រប់ កាលនាង​ងាកកាយ សូរគឹកកង​នៃគ្រឿង​ប្រដាប់​ទាំងឡាយ ឰដ៏ផ្នួង​សក់នោះ ឮដូចតូរ្យតន្ត្រី​ប្រកប​ដោយអង្គ ៥ សូរគឹកកង​នៃគ្រឿង​ប្រដាប់​ត្រចៀក ត្រូវខ្យល់​បក់មកប៉ះ កម្រើក​ដោយខ្យល់នោះ ឮដូច​ជាតូរ្យតន្ត្រី​ប្រកប​ដោយអង្គ ៥ កម្រង​ផ្កាណា ឰដ៏សិរ្សៈ​របស់នាង មានក្លិន​ក្រអូប​ឈ្ងុយឈ្ងប់ ជាទី​រីករាយចិត្ត ក្លិនកម្រង​ផ្កានោះ រមែង​ផ្សាយទៅ​សព្វទិស ដូចឈើ​ឪឡោក នាងតែង​ធុំក្លិន​ក្រអូបនុ៎ះ តែង​ឃើញរូប ដែលមិនមែន​ជាមនុស្ស ម្នាលទេវតា អាត្មា​សួរហើយ នាងចូរ​ប្រាប់ នេះជាផល​នៃកម្មអី្វ។

(ទេវតាឆ្លើយថា) ក្នុងកាលពីដើម ខ្ញុំជាទាសីនៃ​ព្រាហ្មណ៍ក្នុង​ស្រុកឈ្មោះ គយា ជាស្ត្រី​មានបុណ្យ​តិច មិនមានសិរី ពួកជន​ស្គាល់ខ្ញុំថា ជាស្ត្រីឈ្មោះ​រជ្ជុមាលា ខ្ញុំធុញទ្រាន់​ដោយការ​គម្រាមរបស់​ពួកជន​អ្នក​ជេរ វាយ ហើយ​ក៏កាន់ក្អម ដើរ​ចេញ​ទៅដងទឹក ត្រឡប់​​មកវិញ ដាក់ក្អម​ទៅក្រៅផ្លូវ ដើរ​ចូល​ទៅកាន់​ដងព្រៃ ដោយ​គិតថា អញនឹងស្លាប់ ក្នុងទីនេះ​តែម្តង​ទៅ​ចុះ ប្រយោជន៍អី្វ​ដោយការរស់​នៅរបស់អញ ហើយ​ក៏ធ្វើអន្ទាក់​យ៉ាង​មាំ ចងសំយ៉ុងចុះ​ ត្រង់​ប្រគាបឈើ លំដាប់នោះ ខ្ញុំក៏​រមិលមើល​នូវទិស​ទាំងឡាយ​ថា អ្នកណាហ្ន៎ ដែល​អាត្មាអញ​ត្រូវនមស្ការ ខ្ញុំបាន​ឃើញព្រះសម្ពុទ្ធ ព្រះអង្គ​​មានប្រយោជន៍ ដល់​​សត្វលោក​ទាំងពួង ទ្រង់ជា​អ្នកប្រាជ្ញ កំពុង​គង់ចំរើន​ឈាន ទៀបគល់​ឈើនោះ ព្រះអង្គ​មិនមានភ័យ អំពីទី​ណាមួយ សេចកី្ត​សង្វេគ សេចកី្តអស្ចារ្យ និងការ​ព្រឺរោម ក៏​កើត​ឡើងដល់​ខ្ញុំនោះ (ដោយគិតថា) បុគ្គលណាហ្ន៎ មនុស្ស ឬទេវតា ដែល​អាត្មាអញ ត្រូវ​នមស្ការ ហើយចិត្ត​ខ្ញុំក៏ជ្រះថ្លា ព្រោះបាន​ឃើញ​ព្រះសម្ពុទ្ធ អ្នក​នាំមកនូវ​សេចកី្តជ្រះថ្លា គួរជាទី​ជ្រះថ្លា ព្រះអង្គ​ចេញអំពីព្រៃ គឺ​កិលេស មកកាន់​ព្រះនិព្វាន ដែលមិន​មានតណ្ហា ព្រះសម្ពុទ្ធនេះ មិនមែន​ជាបុគ្គល​ផ្តេសផ្តាសទេ ព្រះអង្គ​មានឥន្ទ្រិយ​គ្រប់គ្រងហើយ ត្រេកអរ​​ក្នុងឈាន មានចិត្ត​​មិនបាន​ប្រព្រឹត្ត​ទៅក្នុង​អារម្មណ៍​​ខាងក្រៅ ព្រះអង្គ​ជា​ប្រយោជន៍​ដល់សត្វ​លោកទាំងពួង នេះ​ប្រាកដ​ជាព្រះពុទ្ធ ដូចជាសីហៈ ដែលគួរ​ខ្លាចដ៏​ពន្លឹក មិនគួរ​ហ៊ានចូល​ទៅរក​អាស្រ័យ​នៅក្នុងគុហា ព្រះពុទ្ធនេះ បុគ្គល​កម្របានចួប​ប្រទះ ដូចជា​ផ្កាឧទុម្ពរ (ដែលគេ​ឃើញបាន​ដោយក្រ) ព្រះតថាគតនោះ បានហៅ​ខ្ញុំ​ដោយ​វាចាផ្អែម​ល្ហែម​ថា ម្នាល​នាង​រជ្ជុមាលា ហើយទ្រង់ត្រាស់​នឹងខ្ញុំថា នាង​ចូរដល់​នូវ​ព្រះតថាគត​ជាទី​ពឹងចុះ លុះខ្ញុំបាន​ស្តាប់ព្រះវាចា​នោះ ជាវាចា​ឥតទោស ប្រកបដោយ​ប្រយោជន៍ ជាវាចា​ស្អាតពីរោះ ផ្អែមល្ហែម​គួរចង់ស្តាប់ បន្ទោបង់​នូវសេចកី្ត​សោកទាំងពួង (ហើយមាន​ចិត្តជ្រះថ្លា) ព្រះតថាគត​បានជ្រាបច្បាស់​នូវខ្ញុំថា ជាស្រីមាន​ចិត្តគួរ​ដល់​ភាវនាកម្ម កំពុង​ជ្រះថ្លា មានចិត្ត​បរិសុទ្ធ ព្រះអង្គ​ជាប្រយោជន៍​ដល់​សត្វលោក​ទាំងពួង ទ្រង់ប្រៀន​ប្រដៅ (សត្វលោក​ទាំងពួង) បានទ្រង់​ត្រាស់នឹង​ខ្ញុំថា នេះជាទុក្ខ នេះជា​ដែន​កើត​នៃទុក្ខ នេះជា​ហេតុរលត់​ទុក្ខ នេះជាផ្លូវ​ទៅកាន់​ព្រះនិព្វាន ឈ្មោះអមតៈ ខ្ញុំជាស្ត្រី​ឋិតនៅ​ក្នុងឱវាទ​នៃព្រះតថាគត ព្រះអង្គជា​បុគ្គល​ឈ្លាសវៃ ជាអ្នក​អនុគ្រោះ​ហើយ បាន​ដល់​នូវព្រះនិព្វាន ឈ្មោះអមតៈ ជាទី​ស្ងប់រម្ងាប់ ជាបទ​មិនឃ្លៀងឃ្លាត ខ្ញុំនោះ ជាស្ត្រី​មាន​សេចកី្ត​ស្រឡាញ់​ខ្ជាប់​ខ្ជួន មិនញាប់ញ័រ​ក្នុង​ទស្សនញ្ញាណ ដោយ​សទ្ធា​ជាមូល ជាធីតា​កើតអំពី​ឧរា​នៃ​ព្រះពុទ្ធ​ជាម្ចាស់ ខ្ញុំនោះ រមែងត្រេកអរ​រីករាយ មិនមាន​ភ័យ​ពីហេតុ​អី្វ​មួយ​ឡើយ ទ្រទ្រង់​នូវកម្រង​ផ្កាទិព្វ ផឹកនូវទឹក​ឃ្មុំដ៏ផ្អែម តូរ្យតន្ត្រី​ទាំង ៦ ម៉ឺន រមែង​ធ្វើនូវការ​ភ្ញាក់រលឹក​ដល់ខ្ញុំ ទេវបុត្រ​ឈ្មោះ អាឡម្ពៈ ១ គគ្គរៈ ១ ភីមៈ ១ សាធុវាទី ១ សំសយៈ ១ បោក្ខរៈ ១ សុផស្សៈ ១ នារី​ទាំងឡាយ គឺនារី​ឈ្មោះរីណា ១ មោក្ខា ១ នន្ទា ១ សុនន្ទា ១ សោណទិន្នា ១ សុចិម្ហិតា ១ អលម្ពុសា ១ មិស្សកេសី ១ បុណ្ឌរីកាតិទារុណី ១ ឯណិបស្សា ១ សុបស្សា ១ សុភទ្ទា ១ មុទុកាវទី ១ ទេវតា​ទាំងនេះផង ដទៃផង ប្រសើរ​ជាង​​ស្រីអប្សរ​ទាំងឡាយ ជា​អ្នក​ធ្វើឲ្យ​ភ្ញាក់​រលឹក ពួក​ទេវតា​ទាំងនោះ ចូលទៅរកខ្ញុំ​តាម​កាលគួរ ហើយ​ពោលថា ហ៏យើង​ទាំងឡាយ នឹង​រាំច្រៀង ហ៏យើង​ទាំងឡាយ នឹង​ត្រេកអរ​ចំពោះ​មហាវ័ននោះ មហាវ័ននេះ មិនមែន​ជាទីរបស់​បុគ្គល​ទាំងឡាយ អ្នក​មិន​បាន​​ធ្វើបុណ្យទេ មហាវ័ន​នេះ ជាទីរបស់​បុគ្គលទាំងឡាយ​អ្នកធ្វើ​បុណ្យប៉ុណ្ណោះ មហាវ័ន​នេះ ជាព្រៃ​គ្មានសេចកី្ត​សោក ជា​ព្រៃ​គួររីករាយ គួរ​ត្រេកអរ​នៃទេវតា​ទាំងឡាយ​ជាន់​តាវត្តឹង្ស សេចកី្តសុខ រមែងមិន​មានដល់​បុគ្គល​ទាំងឡាយ ដែលមិន​បានធ្វើ​បុណ្យ ក្នុង​លោក​នេះផង ក្នុងលោក​ខាងមុខផង សេចកី្តសុខ រមែង​មានដល់​បុគ្គល​ទាំងឡាយ អ្នកបាន​ធ្វើបុណ្យ ក្នុងលោក​នេះផង ក្នុងលោក​ខាងមុខ​ផង ពួកជន​អ្នកប្រាថ្នា​ទៅកើត​ជាទេវតា​នោះ គួរធ្វើ​កុសល​ឲ្យច្រើន ព្រោះថា ជនទាំង​ឡាយ​អ្នកបាន​ធ្វើបុណ្យ ជាអ្នក​បរិបូណ៌​ដោយភោគៈ រមែងរីករាយ​ក្នុងឋានសួគ៌ ពួកទាយក​ធ្វើការបូជា ចំពោះ​ព្រះតថាគត​ទាំងឡាយ​ណា ហើយរីករាយ​ក្នុង​ឋានសួគ៌ ព្រះតថាគត​ទាំងនោះ ជាទក្ខិណេយ្យ​បុគ្គល ជាអណ្តូង ជាទីកើតនៃ​ព្រះអរិយបុគ្គល ដែលជា​បុញ្ញក្ខេត្ត​របស់​មនុស្ស​ទាំងឡាយ រមែងកើត​ឡើង ដើម្បី​ប្រយោជន៍​ដល់ជនមាន​ប្រមាណច្រើន។

ចប់ រជ្ជុមាលាវិមាន ទី១២។

ឧទ្ទាន

និយាយអំពីមញ្ជិដ្ឋវិមាន ១ បភស្សរវិមាន ១ នាគវិមាន ១ អលោមវិមាន ១ កញ្ជិកទាយិកាវិមាន ១ វិហារវិមាន ១ ចតុរិតិ្ថវិមាន ១ អម្ពវិមាន ១ បីតវិមាន ១ ឧច្ឆុវិមាន ១ វន្ទនវិមាន ១ រជ្ជុមាលាវិមាន ១ ហេតុនោះ​បានជា​ហៅថាវគ្គ។

ចប់ វគ្គ ទី៤ ក្នុងឥត្ថីវិមាន។

មហារថវគ្គ ទី៥

មណ្ឌុកទេវបុត្តវិមាន ទី១

[៥១] (ព្រះមានព្រះភាគ ត្រាស់សួរថា) អ្នកណាហ្ន៎ រុងរឿង​ដោយឫទ្ធិ ដោយយស មាន​សម្បុរ​ដ៏ល្អ ញុំាងទិស​ទាំងពួងឲ្យភ្លឺ មកថ្វាយ​បង្គំបាទា​នៃតថាគត។

(មណ្ឌុកទេវបុត្ត ក្រាបទូលថា) ក្នុងកាលមុន ខ្ញុំព្រះអង្គ​ជាកង្កែប​នៅក្នុងទឹក មាន​វារិជាតិ​ជាអាហារ កាលខ្ញុំ​ព្រះអង្គកំពុង​តែស្តាប់ធម៌​របស់ព្រះអង្គ នាយ​គោបាល បាន​សម្លាប់​ខ្ញុំ សូមព្រះអង្គ​ទ្រង់ទត​នូវឫទ្ធិ និង​យស​របស់ខ្ញុំ ទ្រង់ទត​នូវ​អានុភាព​របស់ខ្ញុំ ទ្រង់ទត​នូវសម្បុរ និងពន្លឺ​របស់ខ្ញុំ អ្នកមាន​ចិត្តជ្រះថ្លា​តែមួយ​រំពេញចុះ បពិត្រ​ព្រះគោតម ពួកជន​ណា បានស្តាប់​ធម៌របស់​ព្រះអង្គ​អស់​កាល​ជាអង្វែង ពួកជន​នោះ រមែងដល់​នូវ​អចលដ្ឋាន (ទីមិនកំរើក) ដែលជា​ទីទៅ​ហើយ រមែង​មិនសោយ​សោក។

ចប់ មណ្ឌុកទេវបុត្តវិមាន ទី១។

រេវតីវិមាន ទី២

[៥២] ពួកញាតិមិត្តនិងសំឡាញ់ តែងត្រេកអរសាទរ​ចំពោះបុរស​ដែលព្រាត់គ្នា អស់​កាលយូរ ហើយ​វិលមក​អំពីទីឆ្ងាយ​ដោយសួស្តីថា មកហើយ​ដូច្នេះ យ៉ាង​ណា បុណ្យទាំងឡាយ រមែង​ទទួលបុគ្គល​ដែលបាន​ធ្វើបុណ្យហើយ ចេញចាក​លោកនេះ ទៅកាន់​លោក​ខាងមុខ ដូចពួក​ញាតិទទួល​ញាតិ​ជាទីស្រឡាញ់​មក​ដល់​យ៉ាងនោះដែរ

(យក្ខទាំងពីរនាក់និយាយថា) នែនាង​រេវតី​មានធម៌​ដ៏លាមក​ពន់ពេក ជា​ស្រីឥតទាន ឥតសីល នាងចូរ​ក្រោកឡើង ទ្វារនរក​បើកហើយ ពួកសត្វ​នរក ជា​សត្វទុគ៌ត​ប្រកប​ដោយទុក្ខ យំថ្ងូរ​នៅក្នុងទីណា ពួកយើង​នឹងនាំ​នាងទៅ​ក្នុង​ទីនោះ លុះ​យក្ខមាន​ភ្នែកក្រហម ធំសំបើម​ទាំងពីរ ជាទូត​នៃយមរាជ បានពោល​យ៉ាងនេះហើយ ក៏ចាប់​នាងរេវតី ត្រង់ដើម​ដៃម្ខាងម្នាក់ ហើយនាំ​ចូលទៅ​ក្នុងសំណាក់​នៃពួកទេវតា

(នាងរេវតីសួរថា) វិមានដែលមានសម្បុរ​ដូចព្រះអាទិត្យ​ដ៏រុងរឿង ភ្លឺផ្លេក សំបើម​ល្អ បិទបាំង​ដោយ​បណ្តាញមាស មានជន​កុះករ ភ្លឺដូច​រស្មីព្រះអាទិត្យ​នុ៎ះ តើជា​វិមាន​អ្នក​ណា ពួកនារី​ទាំងឡាយ មានខ្លួន​លាបដោយ​ខ្លឹមចន្ទន៍ ហើយ​ចូល​ទៅ ញុំាង​វិមាន​នោះឲ្យ​ល្អរុងរឿង​ទាំងពីរខាង វិមាននោះ​មានសម្បុរ​ប្រាកដស្មើ​ដោយសម្បុរ​ព្រះអាទិត្យ បុគ្គល​ណាហ្ន៎ បានដល់​នូវឋានសួគ៌ ហើយ​រីករាយ​ក្នុងវិមាន។

(យក្ខទាំងពីរនោះប្រាប់ថា) ក្នុងក្រុងពារាណសី មានឧបាសកម្នាក់​ឈ្មោះ​នន្ទិយៈ ជាអ្នក​មិនកំណាញ់ ជាម្ចាស់​ទាន អ្នកដឹង​នូវពាក្យពេចន៍ វិមាន​ដែលមាន​ជនកុះករ ដ៏រុងរឿង​ដូចរស្មី​ព្រះអាទិត្យ​នុ៎ះ ជាវិមាន​របស់​ឧបាសក​ឈ្មោះ​នន្ទិយៈ​នោះ ពួកនារី​ទាំងឡាយ មានខ្លួន​លាបហើយ​ដោយ​លំអិតខ្លឹមចន្ទន៍ ហើយ​ចូលទៅ ញុំាងវិមាន​នោះឲ្យល្អ​រុងរឿង​ទាំងពីរខាង វិមាននោះ មានសម្បុរ​ស្មើដោយ​សម្បុរ​ព្រះអាទិត្យ នន្ទិយឧបាសក​នោះ បានដល់​នូវឋានសួគ៌ ហើយរីករាយ​ក្នុងវិមាន (នោះ)។

(នាងរេវតីនិយាយថា) ខ្លួនខ្ញុំ ជាប្រពន្ធរបស់​នន្ទិយឧបាសក ជាម្ចាស់ផ្ទះ ជាធំ​របស់​ត្រកូល​ទាំងអស់ ខ្ញុំនឹង​ត្រេកអរ​ក្នុងវិមាន​របស់បី្ត ក្នុងកាល​ឥឡូវនេះ ខ្ញុំមិន​ចង់ឃើញ​នរក

(យក្ខទាំងពីរនោះតបថា) ម្នាលស្រីមានធម៌​ដ៏លាមក​ពន់ពេក នរកនុ៎ះ ជានរក​សម្រាប់​នាងហើយ នាង​ឯង​មិនបាន​ធ្វើបុណ្យ​ក្នុងមនុស្ស​លោកសោះ

ដ្បិតថា បុគ្គលមាន​សេចកី្ត​កំណាញ់ ជាអ្នក​ជេរប្រទេច​គេ មានធម៌ដ៏​លាមក រមែង​មិនបាន​កើតរួម​ជាមួយនឹង​ពួកអ្នកដែល​ទៅកើត​ក្នុងឋានសួគ៌​ទេ។

(នាងរេវតីសួរថា) អី្វនេះហ្ន៎ ជាគូថ និងមូត្រ​មិនស្អាត ជាក់ស្តែងម៉្លេះ អី្វនេះ​ហ៎្ន ជាលាមក​មានក្លិន​អាក្រក់ម៉្លេះ អី្វនេះហ៎្ន ផ្សាយ​ក្លិនមក។

(ពួកនិរយបាល ពោលថា) នុ៎ះនរកឈ្មោះ​សំសវកៈ​ដ៏ជ្រៅចំនួន​មួយរយជួរ​បុរស ម្នាល​នាងរេវតី នាងនឹង​ឆេះក្នុង​នរកនោះ​រាប់ពាន់ឆ្នាំ។

(នាងរេវតីតបថា) អំពើអាក្រក់ដូចម្តេច ដែលខ្ញុំបាន​ធ្វើដោយកាយ វាចា ចិត្ត នរក​ឈ្មោះ​សំសវកៈ​ដ៏ជ្រៅ ចំនួនមួយ​រយជួរបុរស ខ្ញុំបាន​ដោយហេតុ​ដូចម្តេច។

(ពួកនិរយបាល ពោលថា) នាងបាននិយាយ​បញ្ជោតពួក​សមណៈ ពួក​ព្រាហ្មណ៍ និងពួក​វណិព្វកៈ​ដទៃៗ ដោយ​មុសាវាទ បាបនោះ នាងបាន​ធ្វើហើយ​យ៉ាងនេះ នរក​ឈ្មោះ​​សំសវកៈ​ដ៏ជ្រៅ​ចំនួន​មួយរយ​ជួរបុរស នាងបាន​ព្រោះ​បាបនោះឯង ម្នាល​នាងរេវតី នាងនឹង​ឆេះក្នុងនរក​នោះ​រាប់ពាន់ឆ្នាំ។

ពួកនិរយបាល កាត់ដៃក៏មាន កាត់ជើង​ក៏មាន កាត់ស្លឹក​ត្រចៀក​ក៏មាន កាត់ច្រមុះ​ក៏មាន មួយ​ទៀត ពួកសត្វ​ក្អែក​មកប្រជុំ​ជញ្ជែងចឹក​នូវសត្វនរក ដែល​កំពុងតែ​ញាប់ញ័រ។

(នាងរេវតីតបថា) ខ្ញុំសូមអង្វរ សូមអ្នក​ទាំងឡាយ នាំខ្ញុំត្រឡប់​ទៅវិញ ពួក​សត្វ ជាអ្នក​បានសុខ ទាំងមិន​ក្តៅក្រហាយ​ក្នុងកាល​ខាងក្រោយ ព្រោះ​បានធ្វើ​កុសលណា ខ្ញុំនឹង​ធ្វើកុសល​នោះឲ្យច្រើន​ដោយការ​ឲ្យទាន ការប្រព្រឹត្តិស្មើ ការ​សង្រួម និងការ​ទូន្មានឥន្ទ្រិយ។

(ពួកនិរយបាលពោលថា) ក្នុងកាលមុន នាងប្រមាទ​ហើយ ឥឡូវនេះ ទួញ​យំ នាងនឹង​ទទួលផល​នៃកម្ម​ទាំងឡាយ ដែលបាន​ធ្វើដោយ​ខ្លួនឯង។

(នាងរេវតីតបថា) បុគ្គលណា ចេញអំពី​ទេវលោក ទៅកាន់​មនុស្សលោក​ហើយ ​ខ្ញុំសួរ គប្បីប្រាប់ខ្ញុំ​យ៉ាងនេះថា អ្នកទាំងឡាយ ចូរឲ្យ​សំពត់សម្រាប់​ស្លៀកដណ្តប់ ទីដេក (ទីអង្គុយ) និងបាយ ទឹក ជាទាន ចំពោះពួក​ជនដែល​មានអាជ្ញា​ដាក់​ចុះហើយ បើពិតថា បុគ្គលមាន​សេចកី្ត​កំណាញ់ ជាអ្នកជេរ ប្រទេចគេ មានធម៌​ដ៏លាមក រមែងមិន​បានទៅ​កើតជាមួយ​នឹងពួកអ្នកដែល​ទៅកើត​ក្នុងឋានសួគ៌​មែន។

ខ្ញុំនោះ ប្រសិនបើរួចទៅអំពីនេះ ហើយបាន​នូវកំណើត​ជារបស់មនុស្ស នឹងជា​អ្នកដឹង​កី្ត បរិបូណ៌​ដោយសីល ធ្វើនូវ​កុសលឲ្យ​ច្រើន ដោយការ​ឲ្យទាន ការ​ប្រព្រឹត្តិស្មើ ការសង្រួម និងការ​ទូន្មាននូវ​ឥន្ទ្រិយ មួយទៀត ខ្ញុំនឹង​ដាំឈើសួន សង់ស្ពាន​សម្រាប់ឆ្លង​ទៅមក ក្នុងទី​ដែលលំបាក ជីក​អណ្តូង ជីកស្រះ ដោយ​ចិត្តជ្រះថ្លា ខ្ញុំនឹង​រក្សាឧបោសថ ប្រកប​ដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃបក្ខផង អស់​បាដិហារិយបក្ខផង ខ្ញុំនឹង​ជាបុគ្គល​សង្រួមក្នុង​សីល​ទាំងឡាយ​គ្រប់កាល ខ្ញុំនឹង​មិនប្រមាទ​ក្នុងទាន ព្រោះខ្ញុំ​បាន​ឃើញអំពើនេះ (ជាក់ច្បាស់) ដោយខ្លួន​ឯងហើយ។

(ពួកនិរយបាល) បោះនាងរេវតី​ដែលកំពុង​យំ បម្រះ​ននៀល​យ៉ាងនេះ ទៅក្នុង​នរក​ដ៏ពន្លឹក ឲ្យមាន​ជើងឡើង​លើ មានក្បាល​ចុះក្រោម។

(នាងរេវតីនិយាយថា) ក្នុងកាលមុន ខ្ញុំជាអ្នកមាន​សេចកី្ត​កំណាញ់ ជាអ្នក​ជេរ​ប្រទេច​នូវពួក​សមណៈ និងព្រាហ្មណ៍ បោកប្រាស​នូវស្វាមី​ដោយពាក្យ​មិនពិត ទើបខ្ញុំ​ឆេះ​​ក្នុងនរក មានសភាព​ដ៏ពន្លឹក។

ចប់ រេវតីវិមាន ទី២។

ឆត្តមាណវកវិមាន ទី៣

[៥៣] ព្រះមានព្រះភាគ ជាសក្យមុនីអង្គណា​ដ៏ប្រសើរ ខ្ពស់ជាង​ពួកអ្នកប្រាជ្ញ ក្នុងពួក​មនុស្ស ទ្រង់បានធ្វើ​កិច្ចស្រេច​ហើយ ដល់នូវត្រើយ គឺព្រះនិព្វាន ព្រះអង្គ ប្រកប​ព្រម​ដោយកំឡាំង (និងញាណ) និងសេចកី្ត​ព្យាយាម អ្នកចូរ​ដល់នូវ​ព្រះមានព្រះភាគ ជាព្រះសុគត​អង្គនោះ ដើម្បីជា​សរណៈចុះ អ្នកចូរ​ដល់នូវធម៌​ដែលប្រាស​ចាករាគៈ (អរិយមគ្គ) មិនរំភើប មិនមាន​សោក (អរិយផល) ជា​សភាវធម៌​ដែលបច្ច័យ​ប្រជុំតាក់តែង​មិនបាន ជាធម៌មិន​គួរខ្ពើម ជាធម៌ដ៏​ពីរោះ ដ៏ល្អិត ដែលលោក​ចែកត្រឹមត្រូវ​ហើយ ដើម្បីជា​សរណៈចុះ អ្នកប្រាជ្ញ​ទាំងឡាយ បានពោល​នូវទានដែល​បុគ្គលឲ្យហើយ ចំពោះ​គូបុរស​ដ៏ស្អាត ៤ គូណា ថា​ជាទានមាន​ផលច្រើន គូនៃបុរសនោះ ចាត់ជា​បុគ្គល ៨ ពួក ជាអ្នក​ឃើញនូវ​ធម៌ អ្នកចូរដល់​នូវព្រះសង្ឃនេះ​ជាសរណៈចុះ។

(ព្រះមានព្រះភាគ ត្រាស់ថា) វិមានរបស់អ្នកនេះ មានពន្លឺខ្លាំង រកអ្វីប្រៀប​គ្មាន​យ៉ាងណា ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយផុស្សៈ (ផ្កាយប្រចាំ​ខែបុស្ស) ឰដ៏អាកាស ក៏មិន​រុងរឿង មិនភ្លឺត្រឹម​ស្មើយ៉ាងនោះ អ្នកជាអី្វ មកអំពី​ទេវលោក មកកាន់​ផែនដី មួយទៀត រស្មី (វិមានរបស់​អ្នកផ្សាយទៅ) អស់ ២៥ យោជន៍ គ្របសង្កត់​រស្មីព្រះអាទិត្យ ធ្វើរាត្រី​ឲ្យដូចជា​វេលាថ្ងៃ វិមាន​ដ៏ល្អស្អាត មិនមាន​មន្ទិល មាន​ផ្កា​ឈូកក្រហមជា​ច្រើនបែប និង​មានផ្កា​ឈូកស មានពណ៌​ដ៏វិចិត្រ លាយឡំ​ដោយផ្កាផ្សេងៗ វិចិត្រ​ដោយភ្ញីវល្លិ និងភ្ញីផ្កា​ជាច្រើន​យ៉ាង ជាវិមាន​មិនមានធូលី ទាំងបិទបាំង​ដោយ​បណ្តាញមាស ប្រាសចាក​ធូលី រុងរឿង​ត្រដែត ឰដ៏អាកាស ដូចព្រះអាទិត្យ​ដ៏ពាសពេញ​ដោយពួក​ទេវធីតា (ស្លៀក​ដណ្តប់) សំពត់កម្ពល​ក្រហម និងសំពត់​លឿង មានខ្លួន​ប្រស់ព្រំ ប្រដាប់​ដោយគ្រឿង​ក្រឹស្នា ផ្កាបិយង្គុ និង​គ្រឿងចន្ទន៍ មានស្បែក​ដ៏ស្តើងភ្លឺថ្លា​ដូចមាស ដូចជា​អាកាស ដែល​ពេញ​ពាសដោយ​ពួកផ្កាយ ក្នុង​វិមាននុ៎ះ មាននរៈនារី​ជាច្រើន មានវណ្ណៈ​ប្លែក ៗ គ្នា មាន​គ្រឿងអម្ពរ ស្អិតស្អាង​ដោយផ្កា មានចិត្ត​រីករាយក្នុង​វិមាននុ៎ះ លុះ​ត្រូវ​ខ្យល់បក់​ផាត់មក ផ្សព្វផ្សាយ​ក្លិនក្រអូប មានគ្រឿង​បិទបាំង ជាវិការៈ​នៃមាស​ដ៏វិចិត្រ ដោយ​បរិក្ខារ​ដ៏រុងរឿង នេះជា​ផលនៃ​បុញ្ញកម្ម​ដូចម្តេច អ្នកបាន​មកកើត​ក្នុងវិមាននេះ តើដោយ​ផលបុញ្ញកម្ម​ដូចម្តេច មួយទៀត អ្នកបាន​នូវវិមាន​នេះ ដោយអំពើ​យ៉ាងណា អ្នកកាល​បើតថាគត​សួរហើយ សូមអ្នក​ប្រាប់នូវហេតុ តាមសមគួរ​ដល់អំពើនោះ យ៉ាងនោះ។

ព្រះសាស្តា ទ្រង់អនុគ្រោះ បានជួបនឹង​ឆត្តមាណព​នោះ ក្នុងផ្លូវនេះ​ហើយ ព្រះអង្គ​ទ្រង់ប្រៀន​ប្រដៅ

ចំណែកឆត្តមាណព បានស្តាប់ធម៌​របស់ព្រះអង្គ ជារតនៈ​ដ៏ប្រសើរ​ហើយ ក៏ក្រាប​ទូលថា ខ្ញុំព្រះអង្គ​នឹងធ្វើតាម ខ្ញុំព្រះអង្គ​សូមដល់​ព្រះជិនបវរ ព្រមទាំង​ព្រះធម៌ និង​ព្រះសង្ឃ​ជាសរណៈ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​បានក្រាប​ទូល​ជាដំបូងថា ខ្ញុំព្រះអង្គ​មិន (ដឹងនូវ​សរណគមន៍) ទេ ដល់មក​ខាងក្រោយ ខ្ញុំព្រះអង្គ​បានធ្វើ​ឲ្យត្រឹមត្រូវ តាម​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ​ហើយ (ព្រះអង្គ​បានទូន្មានខ្ញុំ​ព្រះអង្គថា) អ្នកកុំ​ប្រព្រឹត្ត​នូវការ​សម្លាប់សត្វ ជាអំពើ​មិនស្អាត មាន​ប្រការផ្សេងៗ ព្រោះថា ពួកជន​ប្រកប​ដោយ​ប្រាជ្ញា មិនបានសរសើរ​នូវការមិន​សង្រួមក្នុង​ពួកសត្វទេ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​បានក្រាបទូល​ជាដំបូងថា ខ្ញុំព្រះអង្គ​មិន (ដឹងទេ) ដល់មក​ខាងក្រោយ ខ្ញុំព្រះអង្គ​បានធ្វើ​ត្រឹមត្រូវ តាមព្រះពុទ្ធដីកា​របស់ព្រះអង្គ​ហើយ (ព្រះអង្គ​បានទូន្មាន​ខ្ញុំព្រះអង្គថា) អ្នកកុំកាន់​យកទ្រព្យ ដែលជន​ដទៃរក្សា កុំគប់រក​ភរិយា​របស់​ជនដទៃ ដ្បិតអំពើនេះ​មិនប្រសើរទេ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​បានក្រាប​ទូលជា​ដំបូងថា ខ្ញុំព្រះអង្គ​មិន (ដឹងទេ) ដល់មក​ខាងក្រោយ ខ្ញុំ​ព្រះអង្គ បានធ្វើ​ឲ្យត្រឹមត្រូវ តាម​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ​​ហើយ ព្រះអង្គបាន​ទូន្មានខ្ញុំ​ព្រះអង្គថា អ្នកកុំ​និយាយ​ឲ្យឃ្លាតចាក​សេចកី្តពិត ដោយហេតុ​ដទៃឡើយ ព្រោះថា ពួក​ជនដែល​ប្រកបដោយ​ប្រាជ្ញា មិនបានសរសើរ​ពាក្យកុហកទេ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​បានក្រាប​ទូលជា​ដំបូងថា ខ្ញុំព្រះអង្គមិន (ដឹងទេ) ដល់​មកខាង​ក្រោយ ​ខ្ញុំព្រះអង្គ បានធ្វើ​ឲ្យត្រឹមត្រូវ តាម​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ​ហើយ (ព្រះអង្គបាន​ទូន្មាន​ខ្ញុំព្រះអង្គថា) សញ្ញា​របស់បុរស រមែង​ប្រាសទៅ ព្រោះ​គ្រឿងស្រវឹង​ណា អ្នកចូរលះ ចូរវៀរ​នូវគ្រឿង​ស្រវឹងទាំង​អស់នោះចេញ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​បានក្រាប​ទូលជា​ដំបូងថា ខ្ញុំព្រះអង្គ​មិន (ដឹងទេ) ដល់មក​ខាងក្រោយ ខ្ញុំព្រះអង្គ​បានធ្វើឲ្យ​ត្រឹមត្រូវ តាម​ព្រះពុទ្ធដីកា​របស់ព្រះអង្គ​ហើយ ខ្ញុំព្រះអង្គ​នោះ បាន​ទទួល​យក​សិក្ខាបទ ៥ ហើយ​ប្រតិបតិ្ត​តាមធម៌​របស់​ព្រះតថាគត ហើយ​ដើរ​ទៅកាន់ផ្លូវ ត្រង់ចន្លោះ​ព្រំប្រទល់​ស្រុក​ពីរ ក្នុង​ចំណោម​ពួកចោរ ពួកចោរទាំងនោះ បានសម្លាប់​ខ្ញុំព្រះអង្គ​ក្នុងទីនោះ ព្រោះ​​ហេតុតែ​ភោគសម្បតិ្ត ខ្ញុំព្រះអង្គ តែង​រលឹកនូវកុសល មាន​ប្រមាណ​ប៉ុណ្ណេះនេះ កុសល​ដទៃ​ក្រៅអំពីនោះ របស់ខ្ញុំ​ព្រះអង្គ មិនមាន​ឡើយ ខ្ញុំព្រះអង្គ បានទៅ​កើត​ក្នុង​ទេវលោក ជាអ្នក​បាននូវកាម​តាម​សេចកី្ត​ប្រាថ្នា ដោយសារ​អំពើសុចរិត​នោះ សូមព្រះអង្គ​ទ្រង់ទត​នូវផល​នៃការ​សង្រួម​ក្នុងខណៈ​មួយរំពេច និងការ​ប្រតិបតិ្ត​ធម៌ដ៏​សមគួរចុះ ពួកជន​ជាច្រើន ដែលមាន​ធម៌ថោកទាប (ជាងខ្ញុំ) កាលបាន​ឃើញខ្ញុំ​ព្រះអង្គ កំពុងតែ​រុងរឿង​ដោយយស ក៏រមែង​ស្រឡាញ់ សូមព្រះអង្គ​ទ្រង់​ទត ខ្ញុំព្រះអង្គ​បានដល់នូវ​សុគតិផង ដល់នូវ​សេចកី្តសុខ​ផង ដោយសារ​ធម្មទេសនា​តិចទេ ចំណែក​ពួកជនណា ស្តាប់ធម៌​របស់​ព្រះអង្គរឿយៗ ពួកជន​នោះ ទំនងជា​បាននូវ​អមតនិព្វាន ជាទីក្សេម​មិនខាន បុញ្ញកម្ម សូម្បីមាន​ប្រមាណ​តិច ដែលបុគ្គល​ធ្វើហើយ ក្នុងសាសនធម៌​របស់​ព្រះតថាគត រមែងមាន​ផលច្រើន ធំទូលាយ សូមព្រះអង្គ​ទ្រង់ទត​ចុះ ឆត្តមាណព ញុំាងផែនដី​ឲ្យរុងរឿង ដូច​ព្រះអាទិត្យ ព្រោះបាន​ធ្វើបុណ្យ​ទុកហើយ ជនមួយពួក ប្រជុំ​ប្រឹក្សាគ្នាថា កុសល​នេះដូចម្តេច យើងត្រូវ​ប្រព្រឹត្តអំពើ​កុសល​ដូចម្តេច ពួកយើងនោះ លុះបាន​នូវ​អត្តភាព​ជាមនុស្ស​វិញហើយ គួរជាអ្នក​មានសីល ប្រព្រឹត្ត​ប្រតិបតិ្ត ឯ​ព្រះសាស្តា មានឧបការៈ​ច្រើន ទ្រង់អនុគ្រោះ​ខ្ញុំព្រះអង្គ ព្រោះហេតុ​នោះ កាលខ្ញុំ​ព្រះអង្គ​នៅរស់ ព្រះអង្គ​ក៏ស្តេចមក​ទាំងថ្ងៃ ខ្ញុំព្រះអង្គ​នោះ ក៏បាន​ចូល​ទៅ​គាល់ព្រះអង្គ មាន​ព្រះនាម​​ជាសច្ចបុគ្គល សូម​ព្រះអង្គ​អនុគ្រោះ​ឲ្យទាន ខ្ញុំព្រះអង្គ សូម​ស្តាប់ធម៌​ម្តងទៀត ជន​ពួកណា ក្នុងសាសនានេះ លះបង់​​កាមរាគ​ផង លះបង់​​ភវរាគានុស្ស័យ​ផង លះបង់​មោហៈ​ផង ជនពួកនោះ មិនចូល​ទៅកាន់​ដំណេក​ក្នុងគភ៌ឡើយ ព្រោះបាន​ដល់នូវ​ព្រះនិព្វាន ជាធម៌​ត្រជាក់។

ចប់ ឆត្តមាណវកវិមាន ទី៣។

កក្កដរសទាយកវិមាន ទី៤

[៥៤] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរ​ធ្វើអំពី​កែវមណី មាន​ទំហំ​ជុំ​វិញ ១២ យោជន៍ មានផ្ទះ​កំពូល ៧០០ ដ៏លើសលប់ ដែលមាន​សសរ​ជាវិការៈ​ នៃ​កែវពិទូរ្យ ក្រាល​កម្រាលដ៏ល្អ (ក្តារមាស) ជាផ្ទះ​កំពូលដ៏ល្អ ខ្លួន​អ្នកតែងនៅ​ក្រេបផឹក​ ទាំងទំពាស៊ី​ក្នុងវិមាននោះ ពិណទិព្វ​មានសំឡេង​ពីរោះ រមែងលាន់ឮ កាមគុណ ៥ មាន​រសជាទិព្វ ទាំងពួក​នារី ស្អិតស្អាងកាយ​ដោយ​គ្រឿងមាស តែងរាំ​នៅក្នុងវិមាននុ៎ះ

សម្បុររបស់អ្នកប្រាកដដូច្នោះ តើដោយ​បុញ្ញកម្មដូចម្តេច ទិព្វសម្បតិ្ត សម្រេច​ដល់អ្នក​ក្នុងទីនេះ​ផង ភោគៈ​ទាំងឡាយ​ណានីមួយ ជាទីពេញចិត្ត ភោគៈ​ទាំងនោះ ក៏កើត​ឡើង​ដល់អ្នកផង តើដោយ​បុញ្ញកម្មដូចម្តេច

ម្នាលទេវបុត្ត​អ្នកមានអានុភាពច្រើន អាត្មាសូមសួរអ្នក អ្នកកាល​ដែល​កើតជា​មនុស្ស តើបាន​ធ្វើបុណ្យ​ដូចម្តេច អ្នកមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំង​សម្បុរ​របស់អ្នក​ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​បុញ្ញកម្ម​ដូចម្តេច។

ទេវបុត្រនោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្ត​ត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរប្រស្នា​ហើយ ក៏ឆ្លើយប្រាប់​នូវផលនៃ​បុញ្ញកម្មនេះ​ថា រូបក្តាមមាន​ជើង ១០ ស្ថិតនៅ​ប្របទ្វារ សម្រាប់ដាស់​ស្មារតី ដែលសម្រេច​ដោយមាស រុងរឿងល្អ វណ្ណៈ​របស់ខ្ញុំ ដែល​ប្រាកដ​ដូច្នោះ ដោយ​ហេតុបុញ្ញកម្ម​នោះ ទិព្វសម្បតិ្ត សម្រេច​ដល់ខ្ញុំ​ក្នុងទីនេះផង ភោគៈ​ទាំងឡាយ​ណាមួយ ជាទីពេញ​ចិត្ត ភោគៈ​ទាំងនោះ ក៏កើតឡើង​ដល់ខ្ញុំផង ដោយសារ​បុញ្ញកម្មនោះ

ខ្ញុំមានអានុភាពរុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស ដោយ​បុញ្ញកម្ម​នោះឯង។

ចប់ កក្កដរសទាយកវិមាន ទី៤។

វិមាន ៥ ក្រៅពីនេះ បណ្ឌិតគប្បីសំដែងឲ្យ​ពិស្តារ ដូច​កក្កដវិមាន​ផងចុះ។

ទ្វារបាលកវិមាន ទី៥

[៥៥] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរ​ធ្វើអំពីកែវមណី មាន​ទំហំជុំ​វិញ ១២ យោជន៍។បេ។ សម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្ត​ត្រេកអរ។បេ។ នូវផល​នៃបុញ្ញកម្ម​នេះថា

ខ្ញុំមានអាយុមួយពាន់ឆ្នាំទិព្វ (ព្រោះ) ពាក្យដែល​ខ្ញុំពោល​ដោយវាចា (ដោយ​សេចកី្ត​គោរព) ដែលខ្ញុំ​ឲ្យប្រព្រឹត្ត​ទៅហើយ​ដោយចិត្ត បុគ្គលមាន​បុញ្ញកម្ម​ដោយហេតុ​ត្រឹមតែ​ការពោល និងការជ្រះថ្លា​ប៉ុណ្ណេះ រមែង​បរិបូណ៌​ដោយ​កាមជាទិព្វ ស្ថិតនៅ (អស់​កាលយូរ) សម្បុរ​របស់ខ្ញុំ ប្រាកដ​ដូច្នោះ ដោយ​បុញ្ញកម្ម​នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ ទ្វារបាលកវិមាន ទី៥។

ករណីយវិមាន ទី៦

[៥៦] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មាន​សសរ​ធ្វើអំពី​កែវមណី មាន​ទំហំជុំ​​វិញ ១២ យោជន៍។បេ។ ទាំងសម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្ត​ត្រេកអរ។បេ។ នូវ​ផលនៃ​បុញ្ញកម្ម​នេះថា

បណ្ឌិតអ្នកស្គាល់ច្បាស់ (នូវអំពើឥត​ប្រយោជន៍ មាន​ប្រយោជន៍) គួរតែ​ធ្វើបុណ្យ​ទាំងឡាយ ទាន​ដែល​គេថ្វាយ​ចំពោះ​ព្រះពុទ្ធ​ទាំង​ឡាយ ព្រះអង្គ​ប្រតិបតិ្ត​ល្អ រមែងមាន​ផល​ច្រើន ព្រះពុទ្ធ​ទ្រង់ស្តេច​ចេញអំពី​ព្រៃ មកកាន់ស្រុក ដើម្បី​សេចកី្ត​ចំរើនដល់​ខ្ញុំជា​ប្រាកដ ខ្ញុំ​ក៏បាន​ញុំាងចិត្ត​ឲ្យជ្រះថ្លា ចំពោះ​​ព្រះអង្គនោះ ហើយបាន​ទៅកើត​ក្នុងតាវត្តិង្ស​ទេវលោក សម្បុរ​របស់ខ្ញុំ​ប្រាកដដូច្នោះ ដោយ​បុញ្ញកម្ម​នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺ​ច្បាស់​សព្វទិស។

ចប់ ករណីយវិមាន ទី៦។

ទុតិយករណីយវិមាន ទី៧

[៥៧] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរ​ធ្វើអំពីកែវមណី មាន​ទំហំ​ជុំវិញ ១២ យោជន៍។បេ។ ទាំងសម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្ត​ត្រេកអរ។បេ។ នូវ​ផលនៃ​បុញ្ញកម្ម​នេះថា

បណ្ឌិតអ្នកស្គាល់ច្បាស់ (នូវអំពើមាន​ប្រយោជន៍ ឥតប្រយោជន៍) គួរធ្វើ​បុណ្យ​ទាំង​ឡាយ ទានដែល​គេថ្វាយ​ចំពោះភិក្ខុ​ជាអ្នក​ប្រតិបតិ្តល្អ រមែង​មានផល​ច្រើន ពួកភិក្ខុ​ចេញអំពី​ព្រៃមក​កាន់ស្រុក ដើម្បីសេចកី្ត​ចំរើនដល់​ខ្ញុំជាប្រាកដ ខ្ញុំ​បានញុំាង​ចិត្តឲ្យជ្រះថ្លា ចំពោះពួក​ភិក្ខុនោះ ហើយបាន​ទៅកើត​ក្នុងតាវត្តឹង្ស​ទេវលោក សម្បុររបស់ខ្ញុំ ប្រាកដ​ដូច្នោះ ដោយ​បុញ្ញកម្មនោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ ទុតិយករណីយវិមាន ទី៧។

សូចិវិមាន ទី៨

[៥៨] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរ​ធ្វើអំពីកែវមណី មាន​ទំហំជុំវិញ ១២ យោជន៍។បេ។ ទាំងសម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្ត​ត្រេកអរ។បេ។ នូវ​ផលនៃ​បុញ្ញកម្ម​នេះថា

បុគ្គលឲ្យនូវទេយ្យធម៌ណា ផលនៃទេយ្យធម៌នោះ មិនមែនសម្រេច​ត្រឹម​ប៉ុណ្ណោះ​ឡើយ គឺបុគ្គល​ឲ្យនូវ​ទេយ្យធម៌ណា ការឲ្យនូវ​ទេយ្យធម៌​នោះ ប្រសើរ​បំផុត ខ្ញុំបាន​ឲ្យម្ជុល ម្ជុលនោះឯង ប្រសើរ​បំផុត

សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្ម​នោះឯង។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ សូចិវិមាន ទី៨។

ទុតិយសូចិវិមាន ទី៩

[៥៩] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរធ្វើអំពី​កែវមណី មាន​ទំហំ​ជុំវិញ ១២ យោជន៍។បេ។ ទាំងសម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្ត​ត្រេកអរ។បេ។ នូវ​ផលនៃ​បុញ្ញកម្ម​នេះថា

កាលពីជាតិមុន ខ្ញុំបានកើតជាមនុស្ស ក្នុងពួកមនុស្ស នាមនុស្ស​លោក បានឃើញ​ភិក្ខុដែល​ប្រាសចាក​ធូលី គឺកិលេស មានឥន្ទ្រិយ​ដ៏ជ្រះថ្លា​មិនល្អក់ ខ្ញុំក៏​ជ្រះថ្លា បានប្រគេន​ម្ជុលដល់​ភិក្ខុនោះ ដោយដៃ​របស់ខ្លួន សម្បុរ​របស់ខ្ញុំ​ប្រាកដ​ដូច្នោះ ព្រោះ​បុញ្ញកម្ម​នោះឯង។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ ទុតិយសូចិវិមាន ទី៩។

នាគវិមាន ទី១០

[៦០] (ព្រះមោគ្គល្លានសួរថា) អ្នកឡើងជិះដំរី ដែលមាន ក សល្អ ឥតសៅម៉ង មានភ្លុក មានកំឡាំង មានសន្ទុះខ្លាំង គួរឡើងជិះ ជាដំរីដ៏​ប្រសើរ ដែល​បុញ្ញឫទិ្ធ​តាក់តែង​ហើយ​ដោយប្រពៃ រីករាយ​ក្នុងអាកាស មកក្នុង​ទីនេះ គុម្ពឈូក​ទាំងឡាយ ស្ថិតនៅ​ក្នុងទឹកថ្លា មានផ្កា​រីកស្គុះស្គាយ​ល្អ ដែល​បុញ្ញឫទ្ធិ​និម្មិតហើយ លើភ្លុក​ទាំងពីរ​នៃដំរី ទាំងពួក​តូរ្យតន្ត្រីប្រគំ​នៅលើ​ផ្កាឈូក​ទាំងឡាយ ឯពួក​ទេពអប្សរ​ទាំងនេះ គួររីករាយចិត្ត រាំ (នៅលើផ្កាឈូក) អ្នកបាន​សម្រេច​ទេវឫទិ្ធ មានអានុភាព​ច្រើន កាលអ្នក​កើតជាមនុស្ស តើបាន​ធ្វើ​បុណ្យដូចម្តេច អ្នកមាន​អានុភាព​ដ៏រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់អ្នក ក៏ភ្លឺ​ច្បាស់សព្វទិស តើដោយ​បុញ្ញកម្ម​ដូចម្តេច។

ទេវបុត្រនោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្ត​ត្រេកអរ។បេ។ នូវ​ផលនៃ​បុញ្ញកម្ម​នេះថា

ខ្ញុំមានចិត្តជ្រះថ្លា បានបូជានូវផ្កាប្រាំបីក្តាប់ឰដ៏​ព្រះស្តូប​របស់​ព្រះមានព្រះភាគ ទ្រង់​ព្រះនាម​កស្សប ដោយដៃ​របស់ខ្លួន សម្បុរ​របស់ខ្ញុំ​ប្រាកដ​ដូច្នោះ ព្រោះ​បុញ្ញកម្ម​នោះឯង។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ នាគវិមាន ទី១០។

ទុតិយនាគវិមាន ទី១១

[៦១] (ព្រះមោគ្គល្លានសួរថា) អ្នកបានឡើងជិះដំរីធំ សសុទ្ធ ជាដំរីឧត្តម ចេញ​អំពីព្រៃ ទៅកាន់ព្រៃ មានពួក​នារីចោមរោម ញុំាងទិស​ទាំងពួង​ឲ្យភ្លឺបាន ដូចផ្កាយ​ព្រឹក សម្បុរ​របស់អ្នក ប្រាកដដូច្នោះ ព្រោះបុញ្ញកម្ម​ដូចម្តេច។បេ។ ទាំងសម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្ត​ត្រេកអរ។បេ។ នូវ​ផលនៃ​បុញ្ញកម្ម​នេះថា

ខ្ញុំបានកើតជាមនុស្ស ក្នុងពួកមនុស្ស ជាឧបាសក​របស់ព្រះពុទ្ធ ព្រះអង្គមាន​បញ្ញាចក្ខុ ខ្ញុំព្រះអង្គ បានវៀរចាក​បាណាតិបាត វៀរទ្រព្យ​ដែលគេ​មិនបានឲ្យ​ក្នុង​លោក ជាអ្នក​មិនផឹកទឹក​ស្រវឹង មិននិយាយ​ពាក្យកុហក ជាអ្នក​ត្រេកអរចំពោះ​តែប្រពន្ធ​របស់ខ្លួន មានចិត្តជ្រះថ្លា បានឲ្យ​បាយ និងទឹក​ដ៏ច្រើន​ជាទាន ដោយ​គោរព

សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្ម​នោះឯង។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ ទុតិយនាគវិមាន ទី១១។

តតិយនាគវិមាន ទី១២

[៦២] (បណ្ឌិតបុរសម្នាក់បានសួរថា) អ្នកណាហ្ន៎ មានដំរីទិព្វ​ដ៏សសុទ្ធ​ជាយាន មានសំឡេង​គឹកកង​ដោយតូរ្យតន្ត្រី​ដែលគេ​ប្រគំថ្វាយ ដែលពួក​បរិវារបូជា​ក្នុង​អាកាស អ្នក​ជាទេវតា ឬគន្ធព្វ ឬមួយជា​ព្រះឥន្ទ្រ អ្នកឲ្យទាន​ក្នុងកាលមុន យើង​មិនស្គាល់ ទើប​សួរអ្នក យើងស្គាល់​អ្នក​ដោយប្រការ​ដូចម្តេច​បាន។

(ទេវតាឆ្លើយថា) ខ្ញុំមិនមែនជាទេវតា មិនមែន​ជាគន្ធព្វ មិនមែន​ជាព្រះឥន្ទ្រ​អ្នកឲ្យទាន​ក្នុងកាល​មុនទេ ពួកទេវតា​ណា មានឈ្មោះ​ថា​សុធម្មៈ ខ្ញុំក៏​រាប់ថាជា​ទេវតាមួយ ក្នុងពួក​ទេវតា​នោះដែរ។

(បណ្ឌិតបុរសសួរថា) បពិត្រទេវតា ឈ្មោះសុធម្មៈ យើងសូមធ្វើ​នូវអញ្ជលី​ដ៏ច្រើន ហើយសួរ (លោក) ចុះលោក​បានធ្វើអំពើ​ដូចម្តេច ក្នុង​មនុស្សលោក ទើបបាន​ទៅកើតជា​ទេវតា ឈ្មោះសុធម្មៈ។

(ទេវតាឆ្លើយថា) បុគ្គលណា ឲ្យផ្ទះដែលធ្វើ​ដោយ​ដើមអំពៅ​កី្ត ផ្ទះដែល​ធ្វើ​ដោយ​ស្មៅកី្ត ផ្ទះដែល​ធ្វើដោយ​សំពត់កី្ត បុគ្គលនោះ លុះឲ្យផ្ទះ​ទាំង ៣ ណានីមួយ​ហើយ រមែង​ទៅកើត​ជាទេវតា ឈ្មោះ​សុធម្មៈ។

ចប់ តតិយនាគវិមាន ទី១២។

ចូឡរថវិមាន ទី១៣

[៦៣] (ព្រះមហាកច្ចាយនៈសួរថា) អ្នកឈរច្រត់ធ្នូ ដែលធ្វើ​អំពីឈើខ្លឹម​យ៉ាងមាំ អ្នកជា​ខត្តិយរាជកុមារ ឬជាព្រាន​ថ្មើរព្រៃ។

(ព្រះរាជកុមារតបថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាកូន​របស់ស្តេច​ជាធំ​ក្នុងដែន​អស្សកៈ ជាអ្នក​ថ្មើរព្រៃ បពិត្រភិក្ខុ ខ្ញុំសូមប្រាប់​ឈ្មោះរបស់​ខ្ញុំ​ដល់លោក ពួកជន​អ្នកចេះ​ដឹង ស្គាល់ខ្ញុំ​ថា សុជាតៈ កាលខ្ញុំ​ស្វែងរកម្រឹគ ចូលទៅក្នុង​ព្រៃធំ ទៅតាមហើយ តែមិន​ឃើញម្រឹគ ខ្ញុំក៏បាន​ជួបប្រទះ​នឹងលោក ហើយ​ឋិតនៅ។

(ព្រះកច្ចាយនៈពោលថា) បពិត្រព្រះអង្គ​មានបុណ្យច្រើន ព្រះអង្គ​ស្តេចមក​ស្រួល​ហើយឬ មួយទៀត ព្រះអង្គ​ស្តេចមក​អំពីទីមិន​ឆ្ងាយទេឬ សូមព្រះអង្គ​ដងទឹក​អំពីនេះ លាងព្រះបាទ​របស់ព្រះអង្គ​ចុះ នេះជាទឹក​សម្រាប់ផឹក​ដ៏ត្រជាក់ ដែលដង​យកមក​អំពី​ជ្រោះភ្នំ បពិត្រ​ព្រះរាជបុត្រ សូមព្រះអង្គ​ទទួលយក​ទឹក​អំពីនោះ​មកសោយ ហើយចូរ​គង់លើ​កម្រាលដែល​ក្រាលចុះ។

(ព្រះរាជកុមារពោលថា) បពិត្រព្រះមហាមុនី វាចារបស់​លោកពីរោះ​ណាស់ គួរស្តាប់ ជាវាចា​ឥតទោស មាន​ប្រយោជន៍ ជាវាចា​ត្រឹមត្រូវ ទាំងលោក​ម្ចាស់ ក៏ពោល​ពាក្យនាំមក​នូវប្រយោជន៍ ដោយ​ឧបាយនៃប្រាជ្ញា

បពិត្រឥសីនិសភៈ សេចក្ដីត្រេកអរ​ដូចម្ដេច របស់លោក កាលនៅ​ក្នុងព្រៃ ខ្ញុំសួរ​ហើយ សូមលោក​ប្រាប់ ខ្ញុំនឹងផ្ទៀងស្តាប់​គន្លងពាក្យ​របស់លោក ហើយ​ប្រតិបតិ្ត​តាមនូវ​ចំណែកធម៌ ដែលនាំ​មកនូវ​ប្រយោជន៍។

(ព្រះកច្ចាយនៈពោលថា) បពិត្រ​ព្រះរាជកុមារ ការមិនបៀត​បៀនពួកសត្វ​ទាំងពួង រមែង​ពេញចិត្ត​ដល់យើង ការវៀរចាក​កិរិយាលួចកី្ត ចាកការ​ប្រព្រឹត្តិ​ក្បត់ចិត្ត ចាកការ​ផឹកទឹក​ស្រវឹងកី្ត ការមិន​ត្រេកអរ (ក្នុងអកុសល) កី្ត ការ​ប្រព្រឹត្តិស្មើកី្ត ភាពជា​អ្នកចេះដឹង​ច្រើនកី្ត ភាពជា​អ្នកដឹង​ឧបការៈ ដែលគេធ្វើ​ហើយកី្ត ធម៌ទាំងនុ៎ះ ជាធម៌គួរប្រាថ្នា ជាធម៌​គួរសរសើរ​ក្នុងបច្ចុប្បន្ន បពិត្រ​ព្រះរាជបុត្រ សេចកី្ត​ស្លាប់របស់​ព្រះអង្គ មានក្នុង​ទីជិត​ខាងអាយ​អំពី ៥ ខែ សូមព្រះអង្គ​ទ្រង់ជ្រាប សូមព្រះអង្គ​ទ្រង់ដោះខ្លួន (ចាក​អបាយទុក្ខ)។

(ព្រះរាជកុមារសួរថា) ខ្ញុំនោះ នឹងទៅកាន់​ជនបទណា ធ្វើអំពើ​ដូចម្តេច កិច្ចការ​ដូចម្តេច​ជាកិច្ច​របស់បុរស មួយទៀត ខ្ញុំត្រូវប្រកប​ដោយវិជ្ជា​ដូចម្តេច ទើបជា​អ្នក​មិនចាស់ មិនស្លាប់។

(ព្រះកច្ចាយនៈឆ្លើយថា) បពិត្រព្រះរាជបុត្ត សត្វដែល​មិនចាស់ មិនស្លាប់ ទៅក្នុង​ប្រទេស​ណា ប្រទេស និង​កិច្ចការ វិជ្ជា ជាកិច្ច​របស់បុរស​នោះ មិនមានទេ ទោះបី​ពួក​ក្សត្រ​ដែលមាន​ដែន មានទ្រព្យច្រើន មានភោគៈ​ច្រើន មានទ្រព្យ និង​ធញ្ញាហារ​ដ៏គ្រប់គ្រាន់ ពួកក្សត្រ​ទាំងនោះ នឹងថា​លែងចាស់ លែងស្លាប់​ក៏ទេ

ទោះ​បីព្រះអង្គ​ក៏ធ្លាប់ឮ​ដែរហើយ ពួក​អន្ធកវេណ្ឌបុត្ត ជាអ្នកក្លៀវក្លា ខ្មីឃ្មាត ជាអ្នក​អាចប្រហារ​នូវសត្រូវបាន ពួក​អន្ធកវេណ្ឌបុត្ត​ទាំងនោះ ស្មើដោយ​សស្សតិវត្ថុ [វត្ថុដែល​ទៀងទាត់។] គង់ដល់នូវ​ការអស់ទៅ​នៃអាយុ វិនាស​អស់ហើយ (គង់នៅ​តែ​វង្សត្រកូល)។

ពួកជនទាំងនោះ គឺក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ចណ្ឌាល និង​បុក្កុសៈ​កី្ត ពួកជន​ឯទៀត ដែលមាន​ជាតិក្រៅ​ពីនេះកី្ត ពួកជន​ទាំងនោះ មិនមែនជា​មិនចាស់ មិនស្លាប់ ពួក​ជនណា រាយមន្ត​ប្រកប​ដោយអង្គ ៦ ដែលពួក​ព្រហ្មបាន​គិតឃើញ​ហើយកី្ត ពួកជន​ឯទៀត ដែលមាន​វិជ្ជាកី្ត ជនទាំងនោះ ក៏មិនមែន​ជាមិនចាស់ មិនស្លាប់ឡើយ ទោះជា​ពួក​ឥសីណា ជាអ្នក​ស្ងប់រម្ងាប់ បានសង្រួម​ចិត្ត មាន​ព្យាយាម​ដុតបំផ្លាញ​កិលេស ឥសី​ទាំងនោះ ក៏លះចោល​នូវសរីរៈតាម​កាលគួរ ពួក​ព្រះអរហន្ត មានចិត្ត​អប់រំហើយ បានធ្វើ​កិច្ចស្រេច​ហើយ ជាអ្នកមិន​មាន​អាសវៈ ព្រោះអស់ទៅ​នៃបុណ្យ និងបាប ក៏គង់​ដាក់បង់​នូវរាងកាយ​នេះដែរ។

(ព្រះរាជកុមារពោលថា) បពិត្រព្រះមហាមុនី គាថាទាំងឡាយ​របស់លោក ជាសុភាសិត​មានប្រយោជន៍ ខ្ញុំកាលបើ​លោកពន្យល់ ដោយសេចកី្ត​ល្អហើយ សូមលោក​ជាទីពឹង​របស់ខ្ញុំ។

(ព្រះថេរៈពោលថា) សូមព្រះអង្គកុំដល់នូវអាត្មា​ជាសរណៈ​ឡើយ អាត្មា​បានដល់នូវ​ព្រះពុទ្ធ​ជាសក្យបុត្ត ដែលមាន​ព្យាយាម​ធំណា ជាសរណៈ សូម​ព្រះអង្គ​ទ្រង់ដល់នូវ​ព្រះពុទ្ធនោះ​ជាសរណៈចុះ។

(ព្រះរាជកុមារសួរថា) បពិត្រលោកនិទ៌ុក្ខ ព្រះជាគ្រូរបស់​លោកនោះ (គង់​នៅ) ក្នុង​ជនបទ​ណា ខ្ញុំនឹងទៅ​កាន់ជនបទ​នោះ ដើម្បី​ឃើញព្រះអង្គ ទ្រង់ឈ្នះមារ មិនមាន​បុគ្គលប្រៀប​បាន។

(ព្រះកច្ចាយនៈឆ្លើយថា) ព្រះសាស្តា ជាបុរស​អាជានីយ ទ្រង់​សម្ភព​ក្នុង​ត្រកូលនៃ​ព្រះបាទឱក្កាករាជ ក្នុងជនបទ​ខាងកើត ព្រះសាស្តា​អង្គនោះ ទ្រង់​បរិនិព្វាន​ហើយ។

(ព្រះរាជកុមារពោលថា) បពិត្រលោកនិទ៌ុក្ខ បើព្រះពុទ្ធ​ជាសាស្តារបស់​លោក ទ្រង់ឋិតនៅ ខ្ញុំគប្បីទៅ​អស់ទីមួយ​ពាន់យោជន៍ ដើម្បីចូល​ទៅគាល់​ព្រះអង្គ បពិត្រ​លោកនិទ៌ុក្ខ កាលបើព្រះពុទ្ធជាគ្រូរបស់​លោក បរិនិព្វាន​ហើយ ខ្ញុំក៏​សូម​ដល់នូវ​ព្រះពុទ្ធ ជា​មហាវីរបុរស ដែល​បរិនិព្វាន​ហើយ ជាសរណៈ ខ្ញុំសូមដល់​នូវព្រះពុទ្ធ ជាសរណៈ​ផង នូវ​ព្រះធម៌ ជាសរណៈ​ផង សូម​ដល់នូវ​ព្រះសង្ឃ​ជាបុញ្ញក្ខេត្ត​ដ៏ប្រសើរ របស់មនុស្ស និងទេវតា ជាសរណៈ​ផង

ខ្ញុំសូមវៀរចាកបាណាតិបាត​យ៉ាងឆាប់ផង វៀរចាក​អទិន្នាទាន​ក្នុងលោក​ផង មិនផឹក​ទឹកស្រវឹង​ផង មិនពោល​ពាក្យកុហក​ផង ជាអ្នក​ត្រេកអរ​ចំពោះ​តែប្រពន្ធ​របស់ខ្លួន​ផង។

(ព្រះថេរៈសួរថា) ព្រះអាទិត្យមានរស្មីច្រើន មានពន្លឺធំ​បែបណា ចរទៅ​ក្នុង​អាកាស រមែងបំភ្លឺនូវ​ទិសបាន​យ៉ាងណា រថធំ​របស់អ្នកនេះ មានប្រការ​បែបនោះ​ដែរ រថជុំវិញ​ខាងបណ្តោយ​មួយរយយោជន៍ ស្រោបជុំវិញ​ដោយផែន​មាស គល់ចន្ទោល វិចិត្រ​ដោយកែវមុក្តា និងកែវមណី ក្បាច់​ជាវិការៈ​នៃកែវពិទូរ្ស រំលេច​ឰដ៏ផែនមាស និងប្រាក់ ញុំារថឲ្យ​រុងរឿង ចុងចន្ទោល​របស់រថ​សម្រេច​ដោយ​កែវពិទូរ្យ នឹម​វិចិត្រ​ដោយ​កែវទទឹម ទាំងខ្សែ​ក៏ប្រដាប់​ដោយមាស និងប្រាក់ សេះទាំងនេះ មានសន្ទុះ​ទាន់ចិត្ត រមែងញុំាង​រថឲ្យរុងរឿង អ្នក​ក៏ថ្កុំថ្កើង​ត្រដែត​លើរថមាស មានពាហនៈ ទឹមដោយ​សេះ​ដ៏ច្រើន ដូចព្រះឥន្ទ្រ បពិត្រអ្នកមាន​យស អាត្មាសូម​សួរអ្នកជា​បុគ្គលឈ្លាសវៃ តើយស​ដ៏ប្រសើរ​លើសលុប​នេះ អ្នកបាន​ដោយគុណអី្វ។

(ទេវបុត្តតបថា) បពិត្រលោកដ៏ចំរើន ក្នុងកាលមុន ខ្លួនខ្ញុំជា​ព្រះរាជបុត្ត ឈ្មោះ​សុជាតៈ លោកម្ចាស់​បានអនុគ្រោះ​ដល់ខ្ញុំនោះ បានញុំាងខ្ញុំ​ឲ្យតាំងនៅក្នុង​សេចកី្តសង្រួម លោកម្ចាស់​បានដឹងនូវ​ខ្ញុំថាអស់អាយុ ហើយបាន​ប្រទាន​សរីរធាតុ​ព្រះសាស្តាដល់ខ្ញុំ។ លោកម្ចាស់​បានប្រាប់ថា ម្នាលសុជាត​រាជកុមារ ព្រះអង្គ​ចូរបូជានូវ​ព្រះសរីរធាតុ​នេះចុះ ការបូជានោះ នឹងបានជា​​ប្រយោជន៍​ដល់ព្រះអង្គ ខ្ញុំក៏បាន​ប្រឹងប្រែង បូជានូវ​ព្រះសរីរធាតុ​នោះ ដោយគ្រឿងក្រអូប និងកម្រង​ផ្កាទាំងឡាយ លុះលះបង់​នូវរាងកាយ ជារបស់​មនុស្ស ក៏បាន​មកកើត​ក្នុង​ទីមនោរមដ៏​ប្រសើរ គួរត្រេក​ត្រអាល​ពន់ពេក ប្រកប​ដោយពួក​ទេវតា​ផ្សេងៗ ជាដើម ខ្ញុំក៏ត្រេកអរ​ដោយការរាំ និងច្រៀង ដែលពួក​ទេពអប្សរ​ចោមរោម​ត្រៀបត្រា។

ចប់ ចូឡរថវិមាន ទី១៣។

មហារថវិមាន ទី១៤

[៦៤] (ព្រះមហាមោគ្គល្លានសួរថា) អ្នកបានឡើង​ជិះរថដ៏ល្អ ជាពាហនៈ​សេះ ដែលទឹម​ដោយសេះ​ដ៏ច្រើន មានគ្រឿង​វិចិត្រដ៏ល្អ​ច្រើនយ៉ាង ហើយ​ទៅជិតទី​ឱទ្យាន ដូចព្រះឥន្ទ្រ​ជាម្ចាស់នៃ​ទេវតា អ្នកបាន​ឲ្យទាន ក្នុងកាល​មុន ទ្រពងរថ​ទាំងពីរ​របស់អ្នក ជាវិការៈ​នៃមាស ដែលបញ្ចុះ​ដ៏ល្អក្រៃពេក ដោយ​ផែនក្តារ និង​កំណល់​មេចម្រឹង (ខាងក្រៅ) មានសសរ​ចម្រឹងដាំហើយ​ដោយល្អ ដែលជនអ្នក​មានព្យាយាម​ឲ្យសម្រេច​ហើយ រថ (របស់អ្នក) នេះ បិទបាំង​ដោយបណ្តាញ​មាស រុងរឿង​ដូចព្រះចន្ទ ក្នុងថ្ងៃ ១៥ កើត ជារថ​ដែលវិចិត្រ​ហើយដោយ​រតនៈ ផ្សេងៗ ជាច្រើនយ៉ាង មានសូរ​គឹកកង ជាទី​ត្រេកអរ ទាំងមាន​សំឡេង​ដ៏ពីរោះ រុងរឿង​ដោយបង្កាន់​ដៃ ជាវិការៈ​នៃផ្លឹតទាំងឡាយ ទាំងដុំនៃ​រថនេះ ហាក់ដូចជា​និមិ្មតបាន​តាមចិត្ត មានខ្នងកង់ និងកាំប្រដាប់​ហើយដោយ​ល្អ មួយទៀត ដុំនៃរថ​នេះ វិចិត្រដោយ​ក្បាច់ក្បូរ​ជាច្រើន ភ្លឺផ្លេក​ដោយពណ៌​ច្រើនយ៉ាង ដូចជា​ផ្លេក​បន្ទោរ រថនេះ​ដាសពាស​ដោយគំនូរ​ច្រើនយ៉ាង មានខ្នងកង់​ក្រាស់ ទាំង​មាន​រស្មី​ច្រើនពណ៌ សូរសព្ទ​នៃខ្នងកង់​ទាំងនោះ គេឮពីរោះ ដូចជា​តូរ្យតន្ត្រី​ប្រកប​ដោយ​អង្គ ៥ ដែលប្រគំ​ហើយ ក្បាលចន្ទោល​រថនេះ ក៏វិចិត្រ​សម្រេចល្អ​ដោយកែវ​មណី ដូចមណ្ឌល​ព្រះចន្ទ ជាចន្ទោល​បរិសុទ្ធ រុងរឿង ភ្លឺផ្លេក​គ្រប់កាល ប្រដាប់​ដោយក្បាច់ក្បូរ ជាវិការៈ​នៃ​មាស​យ៉ាងលើសលុប រុងរឿង​ដោយក្បាច់​ក្បូរ ជា​វិការៈនៃ​កែវពិទូរ្យ​យ៉ាងក្រៃពេក ពួក​សេះ​ទាំងនេះ សម្រេចដោយ​រូបព្រះចន្ទ ជា​វិការៈ​នៃកែវមណី ជាសេះ​មានកំពស់ និង​ទំហំ (សមរម្យ) មានសន្ទុះ​លឿនល្អ ឧបមា​ដូចព្រហ្ម ជាសេះ​មានអវយវៈ​ប្រសើរ​ថ្លៃថ្លា មាន​​អានុភាពច្រើន មានកំឡាំង មានសន្ទុះ​ខ្លាំង ដឹងចិត្ត​របស់អ្នក​យ៉ាងជាក់ច្បាស់ ហើយ​ប្រព្រឹត្តទៅ​ដូចចិត្ត មួយទៀត សេះទាំង​អស់នេះ ជាសត្វទៅ​ដោយជើងបួន មានដំណើរ​ព្រមគ្នា ស្គាល់ចិត្ត​អ្នកយ៉ាង​ជាក់ច្បាស់ ហើយប្រព្រឹត្ត​ទៅដូចចិត្ត ជាសេះ​ទន់ភ្លន់ មិនរឹង​ត្អឹង តែងអូស​រថទៅស្មើគ្នា ញុំាងជន​ឲ្យរីករាយ ជាសេះ​ខ្ពង់ខ្ពស់ ជាងសេះ​ទាំងឡាយ រមែង​រលាស់ (គុម្ពកន្ទុយ និងសក់) ស្ទុះទៅមុខ លោតទៅឰដ៏អាកាស ស្ទួយឡើង​នូវ​គ្រឿង​ប្រដាប់​ទាំងឡាយ ដែល​បុញ្ញឫទ្ធិ​តាក់តែង​ដោយល្អ សំឡេង​នៃគ្រឿង​ប្រដាប់​ទាំងនោះ លាន់ឮ​ដ៏ពីរោះ ដូចតូរ្យតន្ត្រី​ប្រកប​ដោយអង្គ ៥ ដែល​ប្រគំហើយ សំឡេង​គឹកកង​នៃគ្រឿង​ប្រដាប់​ទាំងឡាយ​នៃរថកី្ត សូរលាន់ឮ​នៃកិរិយា​ស្ទុះទៅមុខ​នៃក្រចក​សេះ​កី្ត សំឡេង​គឹកកង​របស់​ទិព្វ ដែលគួរ​រីករាយ​កី្ត ឮសូរពីរោះ​ក្រៃលែង ដូចសូរ​តូរ្យតន្ត្រី​នៃគន្ធព្វ​ទេវតា ក្នុងទីជាទី​ស្តាប់ដ៏វិចិត្រ ពួកស្រី​ទេពអប្សរ​ទាំងនោះ ឋិតនៅ​លើរថ មាន​ដួង​នេត្រា​ថ្លាយង់ ដូចភ្នែកកូន​ម្រឹគ មានរោមភ្នែក ង មានមុខ​ស្រស់​ប្រិមប្រិយ មានសំដី​គួរពេញចិត្ត មាន​សរីរកាយ​បិទបាំង​ដោយបណ្តាញ​កែវពិទូរ្យ មានខ្លួន​ល្វន់ល្វាស មាន​ស្បែក​សម្បុរថ្ងៃ​ដ៏មដ្ឋ បាន​បូជា​ជាមួយ​នឹងគន្ធព្វ ទាំងទេវតា​ដ៏ប្រសើរ មានគ្រឿង​អម្ពរ​ក្រហម​សុទ្ធ និងគ្រឿង​ស្លៀកដណ្តប់​ពណ៌​លឿង មានវង់​នេត្រា​ដ៏ពេញ​លេញ មាននេត្រា​ក្រហម​ស្រស់ កើតក្នុង​ទេវត្រកូល មានសរីរៈ​​ល្អ មានដំណើរ​ល្អ គួរស្ងើច ឋិតនៅ​លើរថ ផ្គងអញ្ជលី​គាល់បម្រើ ពួកស្រី​ទេពអប្សរ​ទាំង​នោះ ទ្រទ្រង់​នូវសង្វារ​មាស ស្លៀកពាក់​សម​ល្អ ល្វន់ល្វាស​យ៉ាងល្មម មានភ្លៅ និង​ដោះពេញលេញ មានម្រាម​ដៃមូល មានមុខ​ល្អ គួរ​មៀងមើល​ដ៏ក្រៃលែង ឋិត​នៅលើរថ ផ្គងអញ្ជលី​គាល់បំរើ ស្រីទេពអប្សរ​ឯទៀត មានភ្នួង​សក់ល្អ នៅ​ក្មេងៗ មានចំណង​សក់​លាយ​ដោយ (កម្រងកែវ​ជាដើម) មានពន្លឺរស្មី​ដែល​បុញ្ញកម្ម​ចាត់ចែង​ហើយដ៏ស្មើ ពួកស្រី​ទេពអប្សរ​ទាំងនោះ សុទ្ធតែមាន​កិរិយា​ប្រព្រឹត្តិតាម ត្រេកអរហើយ ក្នុងចិត្តរបស់​អ្នកឋិតនៅ​លើរថ ផ្គងអញ្ជលី​គាល់បំរើ មានគ្រឿង​ប្រដាប់ក្បាល​ដ៏ស្រោប​ដោយផ្កាឈូក និងផ្កាឧប្បល ប្រដាប់​ប្រស់ព្រំ​ដោយខ្លឹមចន្ទន៍ ពួកស្រី​ទេពអប្សរ​ទាំងនោះ មានកិរិយា​ប្រព្រឹត្តិតាម ត្រេកអរហើយ ក្នុងចិត្ត​របស់អ្នក ឋិតនៅ​លើរថ ផ្គងអញ្ជលី​គាល់បំរើ ពួកស្រី​ទេពអប្សរ​ទាំងនោះ មានគ្រឿង​ប្រដាប់​ដោយកម្រងផ្កា បិទស្រោប​ដោយផ្កាឈូក​ និងផ្កាឧប្បល (ស្រីទេពអប្សរ​ពួកខ្លះ) ប្រដាប់​ប្រស់ព្រំ​ដោយខ្លឹមចន្ទន៍ ពួកស្រីទេព​អប្សរទាំងនោះ មានកិរិយា​ប្រព្រឹត្តិតាម ត្រេកអរហើយ ក្នុងចិត្ត​របស់អ្នក ឋិតនៅ​លើរថ ផ្គង​អញ្ជលី​គាល់បំរើ ពួកស្រី​ទេពអប្សរ​ទាំងនោះ ប្រដាប់​ដោយកម្រងផ្កា បិទស្រោប​ដោយផ្កាឈូក និងផ្កា​ឧប្បល ប្រដាប់​ប្រស់ព្រំ​ដោយខ្លឹមចន្ទន៍ ពួកស្រី​ទេពអប្សរ​ទាំងនោះ មានកិរិយាប្រព្រឹត្ត​តាម ត្រេកអរ​ហើយ ក្នុងចិត្តរបស់អ្នក ឋិតនៅលើរថ ផ្គងអញ្ជលី​គាល់បំរើ បណ្តាគ្រឿង​ប្រដាប់​សម្រាប់​ស្អិតស្អាង គ្រឿងប្រដាប់​ទាំងឡាយណា ត្រង់ដៃ​ទាំងឡាយ ត្រង់ជើង​ទាំងឡាយ និងត្រង់​ក្បាលរបស់អ្នក គ្រឿង​ប្រដាប់​ទាំងនោះ ញុំាង​ទិសទាំង ១០ ឲ្យភ្លឺសព្វ ដូចព្រះ​អាទិត្យ​រះឡើង ក្នុង​សរទកាល (រដូវលំហើយ) កម្រងផ្កា និងគ្រឿង​ប្រដាប់​ទាំងឡាយ​ត្រង់ដើមដៃ​ទាំងឡាយ​របស់អ្នក កាលបើ​ត្រូវកំឡាំងនៃ​ខ្យល់បក់មក ក៏​ញាប់ញ័រ រមែងបញ្ចេញ​នូវសូរ ដ៏រងំ​ពីរោះល្អ មានសភាព​គួរឲ្យអ្នកផង ជាអ្នក​ចេះដឹង ចង់ស្តាប់ ពួកស្រីទេពអប្សរ ឋិតនៅ​ក្នុងទីឱទ្យាន ជាជួរ​ទាំងសងខាង សូរស័ព្ទ​សំឡេង (ក៏កើតឡើង​ព្រោះអាស្រ័យ) រថផង ដំរីផង តូរ្យតន្ត្រីផង ម្នាលអ្នក​ជាធំជាង​ទេវតា ពួកស្រី​ទេពអប្សរ តែងញុំាង​អ្នកឲ្យ​ត្រេកអរ​រីករាយ ដូចពិណ​មានស្នូក និងសន្ទះ​ដ៏ល្អ និមិ្មតសំឡេងនោះ​ប្រព្រឹត្តទៅ​ក្នុងហ្ឫទ័យ ចំពោះ​ពិណជា​ច្រើននេះ មាន​សំឡេងពីរោះ ដែលមាន​សភាពគួរ​ចាប់ចិត្ត គួរអ្នកផង​សរសើរ ពួកស្រី​ទេពអប្សរ​ជាច្រើន​មហិមា រមែង​ដើរក្រឡឹង​ជុំវិញ​ទេពកញ្ញា ដែលបាន​ហាត់ហើយ ក៏ឋិត​នៅលើផ្កាឈូក ចម្រៀង​ទាំងឡាយ ប្រគំទាំង​ឡាយ និងរបាំ​ទាំងឡាយ តន្ត្រី​ទាំងនេះ រមែង​ឮស្មើគ្នា​តែមួយ ពួកស្រី​ទេពអប្សរ​ខ្លះ រាំលើ​រថនៃអ្នក​នេះ ពួកស្រី​ទេពអប្សរ​ខ្លះ (ឈរមើលរបាំ) ភ្លឺព្រោងព្រាត​ទាំងសង​ខាង ក្នុងរាត្រី ក្នុងប្រទេស​នេះ ខ្លួនអ្នក​មានពួក​តូរ្យតន្ត្រី សម្រាប់​ដាស់តឿន ទោះទេវតា បូជាដូច​ជាវជិរាវុធ (នៃព្រះឥន្ទ្រ) រីករាយ (ជានិច្ច) និម្មិត​សំឡេង​នោះ​ ប្រព្រឹត្តទៅ​ក្នុងហ្ឫទ័យ​ ចំពោះពិណ​ជាច្រើននេះ មានសំឡេង​ពីរោះ ដែលមាន​សភាព​គួរពេញចិត្ត ក្នុងកាលមុន អ្នកកើត​ជាមនុស្ស​ក្នុងជាតិ​មុន បាន​ធ្វើនូវអំពើ​ដូចម្តេច ដោយខ្លួនឯង អ្នកបានរក្សា​ឧបោសថ ឬអ្នកគាប់​ចិត្តបំពេញនូវ​ធម្មចរិយវ័ត​ដូចម្តេច ផលនេះ មិនមែន​ជាផលនៃកម្ម ដែលអ្នក​ធ្វើបន្តិច​បន្តួចទេ

(គឺជាផល) នៃ​ឧបោសថ ដែលអ្នកបាន​សន្សំដោយល្អ​ក្នុងកាលមុន ឥទ្ធានុភាព​របស់អ្នកនេះ ក៏ធំទូលាយ អ្នករុងរឿង​លើសលុប​គ្របពួកទេវតា

ផលនេះ ជាផលនៃទានរបស់អ្នកឬ ឬថាជាផល​នៃសីល ពុំនោះ ជាផលនៃ​អញ្ជលីកម្ម អាត្មាសួរ​អ្នកហើយ អ្នកចូរប្រាប់​សេចកី្តនោះ​ដល់អាត្មា។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លាន​សាកសួរហើយ មានចិត្ត​ត្រេកអរ លុះ​ព្រះមោគ្គល្លាន​សួរប្រស្នាហើយ ក៏ឆ្លើយ​ប្រាប់ផល​នៃបុញ្ញកម្ម​នេះថា

ខ្ញុំបានឃើញព្រះពុទ្ធកស្សប ទ្រង់ឈ្នះនូវ​ឥន្ទ្រិយ ទ្រង់មាន​ព្យាយាម​ពេញ​លេញ ជា​អគ្គបុគ្គល​ ប្រសើរជាង​ជន ទ្រង់បើក​នូវទ្វារនៃអមតៈ ជាទេវតាលើស​លុបជាង​ទេវតា​មាន​បុញ្ញលក្ខណៈ​ច្រើន ជាបុគ្គល​ប្រសើរ ដូចកុញ្ជរ ឆ្លងចាក​អន្លង់ គឺសង្សារ មាន​សម្បុរ​ដូចពុម្ព​មាសសិង្គិ និង​មាសជម្ពូនទ លុះខ្ញុំ​បានឃើញ​ព្រះមានព្រះភាគ​នោះហើយ ក៏មានចិត្ត​ស្អាតមួយ​រំពេច មួយទៀត លុះខ្ញុំបាន​ឃើញ​ព្រះមានព្រះភាគ ទ្រង់មាន​សុភាសិត ជាទង់ជ័យ​នោះហើយ ក៏បាន​ថ្វាយ​នូវបាយ និងទឹក ប្រកប​ដោយរស ព្រមទាំងចីវរ​ដ៏ស្អាតប្រសើរ ក្នុងលំនៅ​របស់​ខ្លួន ដ៏ដាសពាស​ដោយ​កម្រងផ្កា ខ្ញុំឥត​មានជាប់​ចំពាក់ (នឹងអី្វ) ឡើយ បានចាត់​ចែងនិមន្ត​ព្រះពុទ្ធអង្គ​នោះ អ្នកឧត្តម​ជាងសត្វ​ជើងពីរ ឲ្យគ្រប់គ្រាន់​ដោយបាយ ទឹក ចីវរ ខាទនីយ​ភោជនីយាហារ និងទីដេក ទីអង្គុយ ខ្ញុំនោះ​រីករាយ​ក្នុងទេវបុរី មានអារម្មណ៍​ដ៏ប្រសើរល្អ ខ្ញុំបាន​បូជាគ្រឿង​យញ្ញមហាទាន ឈ្មោះ​និរគ្គឡៈ (មិនមាន​បិទបាំង​រារាំងស្មូម) ជាទាន​បរិសុទ្ធ ៣ ប្រការ គឺធ្វើដោយ​ខ្លួនឯង ១ ប្រើគេឲ្យធ្វើ ១ រលឹកឃើញ​រឿយៗ ដោយឧបាយនេះ ១ លុះលះបង់​រាងកាយជា​របស់​មនុស្ស ជាបុគ្គលស្មើ​នឹងព្រះឥន្ទ្រ​ក្នុងទេវបុរី បពិត្រ​ព្រះមុនី បុគ្គល​អ្នកប្រាថ្នា​នូវអាយុ វណ្ណៈ សុខៈ ពលៈ ដែលមាន​សភាព​ដ៏ថ្លៃថ្នូរ គួរតែតម្កល់​បាយទឹកជា​ច្រើន ដែលខ្លួន​បានតាក់តែង​យ៉ាងល្អ (ចំពោះព្រះពុទ្ធ) ដោយចិត្ត​មិនជាប់​ចំពាក់​ក្នុងលោកនេះកី្ត លោកខាង​មុខកី្ត មិនមាន​បុគ្គលណា​មួយ​ប្រសើរជាង ឬស្មើនឹង​ព្រះពុទ្ធ​ឡើយ ព្រះពុទ្ធ​ទ្រង់ដល់​នូវភាព​ជា​អាហុនេយ្យ​បុគ្គល​ដ៏ប្រសើរ​ជាង​អាហុនេយ្យបុគ្គល​ទាំងឡាយ របស់​ពួក​ជនអ្នកត្រូវ​ការបុណ្យ ដែល​ជាអ្នក​ស្វែង​រកផល​យ៉ាងធំ​ទូលាយ។

ចប់ មហារថវិមាន ទី១៤។

ឧទ្ទាន (នៃមហារថវគ្គនោះ) គឺ

និយាយអំពីមណ្ឌូកទេវបុត្តវិមាន ១ រេវតីវិមាន ១ ឆត្តមាណវកវិមាន ១ កក្កដរសទាយកវិមាន ១ ទ្វារបាលកវិមាន ១ ករណីយវិមាន ២ សូចិវិមាន ២ នាគវិមាន ៣ រថវិមាន ២ (វគ្គនេះ) ជាវគ្គ ទី ៥ តែជាវគ្គ ទី១ ប៉ែកខាង​បុរស។

ចប់ ភាណវារៈ ទី៣។

បាយាសិកវគ្គ ទី៦

អគារិយវិមាន ទី១

[៦៥] (ព្រះមោគ្គល្លានសួរថា) ចិត្តលតាវ័ន ជាឱទ្យាន​ប្រសើរខ្ពង់ខ្ពស់​របស់​តាវតឹ្តង្សទេវតា​ទាំងឡាយ ភ្លឺរុងរឿង​យ៉ាងណា វិមាន​​របស់អ្នកនេះ ឋិតនៅ​ក្នុង​អាកាស ក៏ភ្លឺ​ព្រោង​ព្រាយ​យ៉ាងនោះដែរ អ្នកបាន​សម្រេចនូវ​ទេវឫទិ្ធ ជាបុគ្គល​មានអានុភាព​ច្រើន កាល​អ្នកកើត​ជាមនុស្ស តើបានធ្វើ​បុណ្យដូចម្តេច អ្នកមាន​អានុភាព​រុងរឿងយ៉ាងនេះ ទាំង​សម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​បុញ្ញកម្ម​ដូចម្តេច។

ទេវបុត្រនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរប្រស្នា​ហើយ ក៏ឆ្លើយប្រាប់​នូវផល​នៃបុញ្ញកម្ម​នេះថា

ខ្លួនខ្ញុំ និងភរិយារបស់ខ្ញុំ (កាលដែលនៅ) ក្នុងមនុស្សលោក បាននៅគ្រប់​គ្រងផ្ទះ ជាអ្នកមាន​ចិត្តជ្រះថ្លា មានសភាព​ដូចជាអណ្តូងទឹក បានឲ្យបាយ​ និងទឹក​ជាទាន​ដ៏ច្រើន​ដោយគោរព

សម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ព្រោះបុញ្ញកម្ម​នោះឯង។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ អគារិយវិមាន ទី១។

អគារិយវិមាន ទី២

[៦៦] (ព្រះមោគ្គល្លានសួរថា) ចិត្តលតាវ័ន ជាឱទ្យានប្រសើរខ្ពង់ខ្ពស់​របស់​តាវតឹ្តង្ស​ទេវតាទាំងឡាយ ភ្លឺរុងរឿង​យ៉ាងណា វិមានរបស់អ្នក ក៏ភ្លឺ​ព្រោង​ព្រាយ ឋិតនៅ​ក្នុង​អាកាស​​យ៉ាងនោះដែរ អ្នកបាន​សម្រេចនូវ​ទេវឫទិ្ធ ជាបុគ្គលមាន​អានុភាពច្រើន កាលអ្នក​កើតជា​មនុស្ស តើបានធ្វើ​បុណ្យ​ដូចម្តេច អ្នកមាន​អានុភាព​រុងរឿងយ៉ាងនេះ ទាំងសម្បុរ​របស់អ្នកទៀត ក៏ភ្លឺច្បាស់​សព្វទិស តើ​ដោយបុញ្ញកម្ម​ដូចម្តេច។

ទេវបុត្រនោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្ត​ត្រេកអរ។បេ។ នូវផល​នៃបុញ្ញ​កម្មនេះថា

ខ្ញុំ និងភរិយា (កាលនៅ) ក្នុងមនុស្សលោក បាននៅគ្រប់គ្រងផ្ទះ ជា​អ្នកមាន​ចិត្តជ្រះថ្លា មានសភាព​ដូចជាអណ្តូងទឹក បានឲ្យបាយ និងទឹក​ជាទាន​ដ៏ច្រើន​ដោយ​គោរព

សម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ព្រោះបុញ្ញកម្ម​នោះឯង។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ អគារិយវិមាន ទី២។

ផលទាយកវិមាន ទី៣

[៦៧] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរ​ធ្វើដោយ​កែវមណី មានទំហំ​ជុំវិញ ១២ យោជន៍ មានកំពូល ៧០០ ដ៏ឱឡារិក ដែលមាន​សសរ​ជាវិការៈនៃ​កែវពិទូរ្យ ក្រាលដោយ​កម្រាល​ដ៏រុងរឿង ជាផ្ទះដ៏ល្អ ខ្លួនអ្នក តែង​អាស្រ័យនៅ ក្រេប​ផឹក ទំពាស៊ី​ក្នុងវិមាន​នោះ ពិណទិព្វ ក៏លាន់ឮ​ពីរោះ មានស្រី​ទិព្វកញ្ញា​ចំនួន ៨ នាក់ ៨ ដង (៦៤នាក់) មានរូបល្អ​លើសលុប បានហាត់​ហើយ ត្រាច់ចរ​ក្នុងឋាន​ត្រៃត្រឹង្ស រាំច្រៀង សប្បាយ​រីករាយ អ្នកបាន​សម្រេចនូវ​ទេវឫទិ្ធ ជាបុគ្គលមាន​អានុភាពច្រើន កាលអ្នក​កើតជា​មនុស្ស តើបាន​ធ្វើបុញ្ញកម្ម​ដូចម្តេច អ្នកមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំង​សម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស តើដោយបុញ្ញកម្ម​ដូចម្តេច។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរ​ហើយ មានចិត្តត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរប្រស្នា​ហើយ ក៏ឆ្លើយប្រាប់​នូវផលនៃបុញ្ញ​កម្មនេះថា

បុគ្គលអ្នកឲ្យផ្លែឈើ (មានផ្លែស្វាយ​ជាដើម) រមែងបាន​ផលច្រើន ព្រោះថា បុគ្គល​នោះ មានចិត្ត​ជ្រះថ្លា ឲ្យទានចំពោះ​បុគ្គលអ្នក​មានចិត្តត្រង់​ទាំងឡាយ រមែង​ដល់នូវ​ឋានសួគ៌ រីករាយក្នុង​ទេវលោក សោយនូវ​ផលបុណ្យ​ដ៏ច្រើន បពិត្រ​មហាមុនី ខ្ញុំបានឲ្យ​នូវផល គឺផ្លែស្វាយ ៤ យ៉ាងនេះ​ដែរ ព្រោះហេតុនោះ មនុស្ស​អ្នកត្រូវ​ការសេចកី្ត​សុខ​ជានិច្ច ប្រាថ្នានូវ​សេចកី្តសុខ​ទាំងឡាយ​ជាទិព្វ ឬក៏ប្រាថ្នា​នូវភាពជា​អ្នកមាន​ជោគល្អ ក្នុងមនុស្ស គួរឲ្យផ្លែឈើ។

សម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ព្រោះបុញ្ញកម្ម​នោះឯង។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ ផលទាយកវិមាន ទី៣។

ឧបស្សយទាយកវិមាន ទី៤

[៦៨] (ព្រះមោគ្គល្លានសួរថា) ព្រះចន្ទរុងរឿង ឋិតនៅ​ក្នុងអាកាស ប្រាសចាក​ពពក​យ៉ាងណា វិមានរបស់​អ្នកនេះ ក៏ភ្លឺរុងរឿង ឋិតនៅ​ក្នុងអាកាស​យ៉ាងនោះ​ដែរ អ្នក​បាន​សម្រេចនូវ​ទេវឫទ្ធិ ជាបុគ្គល​មានអានុភាព​ច្រើន កាលអ្នក​កើតជា​មនុស្ស តើបានធ្វើ​បុញ្ញកម្ម​ដូចម្តេច អ្នកមាន​អានុភាព​រុងរឿងយ៉ាងនេះ ទាំងសម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​បុញ្ញកម្ម​ដូចម្តេច។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​ត្រេកអរ។បេ។ នូវ​ផលនៃ​បុញ្ញកម្មនេះថា

ខ្ញុំ និងភរិយា (កាលនៅ) ក្នុងមនុស្សលោក បានប្រគេនទី​សំណាក់ ចំពោះ​ព្រះអរហន្ត ជាអ្នកមាន​ចិត្តជ្រះថ្លា បានប្រគេន​បាយ និងទឹក ជាទានដ៏ច្រើន​ដោយគោរព

សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្ម​នោះឯង។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ ឧបស្សយទាយកវិមាន ទី៤។

ទុតិយឧបស្សយទាយកវិមាន ទី៥

[៦៩] ព្រះអាទិត្យ ភ្លឺរុងរឿង ឰដ៏អាកាស ដែលប្រាស​ចាកពពក​យ៉ាងណា។បេ។

(វិមានខាងក្រោយយ៉ាងណា ឯទុតិយឧបស្សយទាយកវិមាន បណ្ឌិតគប្បី​ឲ្យពិស្តារ​យ៉ាងនោះចុះ) ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ ទុតិយឧបស្សយទាយកវិមាន ទី៥។

ភិក្ខាទាយកវិមាន ទី៦

[៧០] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរ​ធ្វើដោយ​កែវមណី មាន​ទំហំជុំវិញ ១២ យោជន៍ មានផ្ទះ​កំពូល ៧០០ ដ៏ឱឡារិក មានសសរ​កែវពិទូរ្យ ក្រាលដោយ​កម្រាលដ៏រុងរឿង ជាផ្ទះកំពូល​ដ៏ល្អ អ្នកបានដល់​នូវឫទ្ធិនៃទេវតា ជាបុគ្គល​មានអានុភាព​ច្រើន។បេ។ ទាំងសម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​ត្រេកអរ។បេ។ នូវ​ផលនៃ​បុញ្ញកម្ម​នេះថា

ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញភិក្ខុ​ស្រេកឃ្លាន លំបាក ខ្ញុំបាន​ប្រគេន​ចង្ហាន់ ១ ចំណែក បានធ្វើ (ទាន) ដោយ​សមង្គិភត្ត (ភត្តនៃបុគ្គល​អ្នក​មូលមិត្តគ្នា) ក្នុងកាលនោះ ហេតុនោះ បានជាសម្បុរ​របស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ ភិក្ខាទាយកវិមាន ទី៦។

យវបាលកវិមាន ទី៧

[៧១] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរធ្វើ​ដោយ​កែវមណី។បេ។ ទាំងសម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវ​ផលនៃ​បុញ្ញកម្មនេះថា

ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាអ្នកថែរក្សា​នូវស្រែ​នៃស្រូវ​ដំណើប ខ្ញុំបានឃើញ​ភិក្ខុដែលមាន​ធូលី គឺកិលេស​ទៅប្រាសហើយ មានហ្ឫទ័យ​ថ្លាមិនល្អក់ ខ្ញុំមាន​ចិត្តជ្រះថ្លា បានប្រគេននំ​មួយចំណែក​ដល់ភិក្ខុនោះ​ដោយដៃ​របស់ខ្លួន លុះប្រគេន​ដុំនំ​រួចហើយ ក៏រីករាយ​ក្នុងព្រៃនន្ទនៈ

ហេតុនោះ បានជា​សម្បុររបស់ខ្ញុំ​ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ យវបាលកវិមាន ទី៧។

កុណ្ឌលីវិមាន ទី៨

[៧២] (ព្រះមោគ្គល្លានសួរថា) អ្នកមានខ្លួនប្រដាប់ហើយ ទ្រទ្រង់​នូវកម្រងផ្កា ស្លៀក​ដណ្តប់ល្អ មានប្រដាប់​ត្រចៀកល្អ មានសក់ និងពុកចង្កា​កាត់កោរហើយ មាន​អាភរណៈ​សម្រាប់ដៃ​ពាក់ហើយ ជាអ្នក​មានយស រុងរឿង​ក្នុងទិព្វវិមាន ដូច​ចន្ទទេវបុត្ត ពិណទិព្វ ក៏លាន់​ឮពីរោះ ពួកទិព្វកញ្ញា ៨ នាក់ ៨ ដង (៦៤) ជាអ្នក​ហាត់ហើយ មាន​រូបល្អ ត្រាច់ចរ​ទៅ​ក្នុងឋានតាវតឹ្តង្ស​យ៉ាងឱឡារិក រាំ​ច្រៀង រីករាយ​សប្បាយ អ្នកបានដល់​នូវឫទ្ធិនៃទេវតា ជាបុគ្គល​មានអានុភាព​ច្រើន អ្នកកាល​កើតជាមនុស្ស តើបាន​ធ្វើបុណ្យអី្វ អ្នកមាន​អានុភាព​រុងរឿងយ៉ាងនេះ ទាំងសម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស​ តើដោយ​បុណ្យអី្វ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្ត​ត្រេកអរ។បេ។ ផល​នៃកម្មនេះថា

ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញពួកសមណៈ អ្នកមាន​សីល បរិបូណ៌​ដោយវិជ្ជា និងចរណៈ ជាអ្នក​មានយស ជាពហុស្សូត ដល់នូវការ​អស់ទៅ​នៃតណ្ហា ក៏មាន​ចិត្តជ្រះថ្លា បានប្រគេន​បាយ និងទឹក​ជាទាន​ដ៏ទំទូលាយ​ដោយគោរព ហេតុនោះ​បានជា​សម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ កុណ្ឌលីវិមាន ទី៨។

ទុតិយកុណ្ឌលីវិមាន ទី៩

[៧៣] (ព្រះមោគ្គល្លានសួរថា) អ្នកមានខ្លួនប្រដាប់ហើយ ទ្រទ្រង់​កម្រងផ្កា ស្លៀក​ដណ្តប់​ល្អ មានគ្រឿង​ប្រដាប់ត្រចៀកល្អ មានសក់ និងពុកចង្កា​កាត់កោរហើយ មាន​អាភរណៈ​សម្រាប់ដៃពាក់​ហើយ ជាអ្នកមាន​យស រុងរឿង​ក្នុងទិព្វវិមាន ដូច​ជាចន្ទទេវបុត្ត ពិណទិព្វ ក៏លាន់ឮពីរោះ ពួកទិព្វកញ្ញា ៨ នាក់ ៨ ដង (៦៤) ជាអ្នក​ហាត់ហើយ មានរូប​ល្អត្រាច់ចរ​ទៅក្នុង​ឋានតាវត្តឹង្ស​យ៉ាងឱឡារិក រាំ​ច្រៀង រីករាយសប្បាយ អ្នកបានដល់​នូវឫទិ្ធនៃ​ទេវតា ជាបុគ្គលមាន​អានុភាពច្រើន អ្នក​កាលកើត​ជាមនុស្ស តើបាន​ធ្វើបុណ្យអី្វ អ្នកមាន​អានុភាព​រុងរឿងយ៉ាងនេះ ទាំង​សម្បុររបស់​អ្នក ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​បុណ្យអី្វ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរ​ហើយ មានចិត្ត​ត្រេកអរ។បេ។ ផលនៃ​កម្មនេះថា

ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញសមណៈ​ទាំងឡាយ មាន​សភាព​រម្យទម បរិបូណ៌ដោយ​វិជ្ជា និងចរណៈ ជាអ្នកមាន​យស ជាពហុស្សូត អ្នកមាន​សីលដ៏ស្អាត ក៏មានចិត្ត​ជ្រះថ្លា បានប្រគេន​នូវបាយ និងទឹក ជាទាន​ដ៏ធំ​ទូលាយ​ដោយគោរព ហេតុនោះ​បានជា​សម្បុររបស់​ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ ទុតិយកុណ្ឌលីវិមាន ទី៩។

ឧត្តរវិមាន ទី១០

[៧៤] (ព្រះមោគ្គល្លានសួរថា) សាលាជាទីប្រជុំឈ្មោះ​សុធម្មា​ណា របស់ទេវរាជ ពួកទេវតា អង្គុយប្រជុំ​គ្នាក្នុង​សាលាជាទី​ប្រជុំណា វិមាន​របស់អ្នក​នេះ ក៏រុងរឿង ឋិតនៅ​ឰដ៏អាកាស មានឧបមេយ្យ​ដូចទេវសភា​នោះ អ្នកដល់នូវ​ឫទ្ធិនៃទេវតា ជាបុគ្គល​មានអានុភាព​ច្រើន អ្នកកាលកើត​ជាមនុស្ស តើបានធ្វើ​បុណ្យអី្វ អ្នក​មានអានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស។ តើ​ដោយបុណ្យអី្វ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរ​ហើយ មានចិត្ត​ត្រេកអរ។បេ។ ផលនៃ​បុញ្ញកម្មនេះថា

ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាមាណព​របស់ព្រះបាទ​បាយាសិ ខ្ញុំបាន​ទ្រព្យហើយ ធ្វើនូវការ​ចែករលែកផង ពួកអ្នក​មានសីល ក៏ជាទី​ស្រឡាញ់​នៃខ្ញុំផង ខ្ញុំមានចិត្ត​ជ្រះថ្លា បានប្រគេន​នូវបាយ និងទឹក ជាទានដ៏ធំ​ទូលាយដោយ​គោរព ហេតុនោះ​បានជា​សម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុរ​របស់​ខ្ញុំ ក៏ភ្លឺ​ច្បាស់​សព្វទិស។

ចប់ ឧត្តរវិមាន ទី១០។

ឧទ្ទាន (នៃបាយាសិកវគ្គនោះ) គឺ

និយាយអំពីអគារិយវិមាន ២ លើក ផលទាយកវិមាន ១ ឧបស្សយទាយកវិមាន ២ លើក ភិក្ខាទាយកវិមាន ១ យវបាលកវិមាន ១ កុណ្ឌលីវិមាន ២ លើក (ឧត្តរវិមាន) រឿង​ឧត្តរមាណព អ្នកបម្រើរបស់​ព្រះបាទបាយាសិ ១។

ចប់ បាយាសិកវគ្គ ទី៦។

សុនិក្ខិត្តវគ្គ ទី៧

ចិត្តលតាវិមាន ទី១

[៧៥] (ព្រះមោគ្គល្លានសួរថា) ព្រៃចិត្តលតា ជាឧទ្យានដ៏ប្រសើរ​ឧត្តម​របស់ពួក​ទេវតា រុងរឿង មានឧបមា​យ៉ាងណា វិមាន​របស់អ្នក​នេះ ក៏ភ្លឺរុងរឿង ឋិតនៅនា​អាកាស មាន​ឧបមេយ្យ​យ៉ាងនោះដែរ អ្នកដល់​នូវឫទ្ធិនៃទេវតា ជាបុគ្គលមាន​អានុភាព​ច្រើន អ្នកកាលកើត​ជាមនុស្ស តើបានធ្វើ​បុណ្យអី្វ អ្នកមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​បុណ្យអី្វ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ ផលនៃ​កម្មនេះថា

ខ្ញុំកាលកើត​ជាមនុស្ស ក្នុងពួកមនុស្ស ជាអ្នកកំសត់ ឥតទីពឹង កំព្រា ជាកម្មករ (អ្នកធ្វើ​ការឈ្នួល) បានចិញ្ចឹម​មាតាបិតា​ដែលចាស់ជរាផង អ្នក​មានសីល​ទាំងឡាយ ក៏ជាទី​ស្រឡាញ់​នៃខ្ញុំផង ខ្ញុំមានចិត្ត​ជ្រះថ្លា បានឲ្យនូវ​បាយ និងទឹក​ដែលជាទាន ធំទូលាយ ដោយគោរព ហេតុនោះ បានជាសម្បុរ​របស់ខ្ញុំ ប្រាកដ​ដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ ចិត្តលតាវិមាន ទី១។

នន្ទនវិមាន ទី២

[៧៦] (ព្រះមោគ្គល្លានសួរថា) ព្រៃចិត្តលតា ជាឧទ្យាដ៏ប្រសើរ​ឧត្តម​របស់ពួក​ទេវតា​ជាន់តាវត្តិង្ស រុងរឿង មានឧបមា​យ៉ាងណា វិមានរបស់​អ្នកនេះ ក៏រុងរឿង ឋិតនៅនា​អាកាស ក៏មាន​ឧបមេយ្យ​ដូច្នោះដែរ អ្នកដល់​នូវឫទ្ធិនៃ​ទេវតា ជាបុគ្គល​មានអានុភាព​ច្រើន អ្នកកាលកើត​ជាមនុស្ស តើបានធ្វើ​បុណ្យអី្វ អ្នកមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​បុណ្យអី្វ។

ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​ត្រេកអរ។បេ។ ផល​នៃកម្មនេះថា

ខ្ញុំកាលកើត​ជាមនុស្ស ក្នុងពួកមនុស្ស ជាមនុស្ស​កំសត់ ឥតទីពឹង កំព្រា ជាកម្មករ (អ្នកធ្វើការ​ឈ្នួល) បានចិញ្ចឹម​មាតាបិតា​ដែលចាស់​ជរាផង ពួកអ្នកមាន​សីល​ជាទី​ស្រឡាញ់​នៃខ្ញុំផង ខ្ញុំមានចិត្ត​ជ្រះថ្លា បានឲ្យនូវ​បាយ និងទឹក ដែលជា​ទាន​ធំទូលាយ ដោយ​គោរព

ហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដ​ដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ នន្ទនវិមាន ទី២។

មណិថូណវិមាន ទី៣

[៧៧] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរ​កែវមណី មានទំហំ​ជុំវិញ ១២ យោជន៍ មានផ្ទះ​កំពូល ៧០០ ដ៏ឱឡារិក មានសសរ​កែវពិទូរ្យ ដែល​ក្រាល​កម្រាល​ដ៏រុងរឿង ជាផ្ទះកំពូល​ដ៏ល្អ អ្នកឋិតនៅ ផឹក​ស៊ី ក្នុងវិមាន​នោះ ពិណជាទិព្វ លាន់ឮ​ពីរោះ កាមគុណ ៥ មានរស​ជាទិព្វ មានក្នុង​វិមាននេះផង ពួកនារី​ដែលប្រស់​ព្រំដោយគ្រឿង​មាស រាំក្នុងវិមាន​នេះផង

សម្បុររបស់អ្នក ប្រាកដដូច្នោះ តើសម្រេច​ដោយបុណ្យអី្វ។បេ។ ទាំង​សម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​តេ្រកអរ។បេ។ ផលនៃ​កម្មនេះថា

ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានកសាង​ទីចង្ក្រម​ត្រង់ផ្លូវ​ក្នុងព្រៃ​ផង ដាំ​ដើមឈើ ជាសួនច្បារ​ផង ពួកអ្នក​មានសីល​ជាទីស្រឡាញ់​នៃខ្ញុំផង ខ្ញុំមាន​ចិត្តជ្រះថ្លា​​បានឲ្យនូវ​បាយ និងទឹក ដែលជាទាន​ដ៏ធំទូលាយ​ដោយគោរព

ហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដ​ដូច្នោះ។បេ។ ទាំងសម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស។

ចប់ មណីថូណវិមាន ទី៣។

សុវណ្ណវិមាន ទី៤

[៧៨] (ព្រះមោគ្គល្លានសួរថា) វិមានលើភ្នំមាស ភ្លឺសព្វទិស ស្រោបដោយ​បណ្តាញមាស សម្រេចដោយ​រំយោល​នៃកណ្តឹង សសរទាំងឡាយ មានជ្រុង ៨ ដែលបុញ្ញកម្ម​ធ្វើល្អហើយ ជាវិការៈ​នៃកែវពិទូរ្យ​ទាំងអស់ កែវ ៧ ប្រការ ដែល​បុញ្ញកម្មនិមិ្មត​ហើយ ត្រង់ជ្រុង​មួយៗ មានជាន់​ដ៏វិចិត្រ​ដោយ​កែវពិទូរ្យ និងមាស​ផង ដោយកែវផលិក និងប្រាក់ផង ដោយកែវពព្រុះ និងកែវមុក្តាផង ដោយកែវ​ទទឹម និង​កែវមណីផង ជាទីតម្រេក​នៃចិត្ត ធូលី​មិនហុយឡើង​ក្នុងវិមាន​នោះទេ ទាំងបង្កង់​មានសម្បុរ​លឿង ដែលបុញ្ញកម្ម​និមិ្មតហើយ ក៏ទ្រទ្រង់​នូវកំពូល ជណ្តើរ​ទាំង ៤ ក្នុងទិស ៤ ទៀតសោត ក៏បុញ្ញកម្ម​និមិ្មតហើយដែរ វិមាននោះ រុងរឿង​ដោយបន្ទប់​ទាំងឡាយ ជាវិការៈ​នៃកែវផ្សេងៗ ដូចព្រះអាទិត្យ បង្កាន់ដៃទាំង ៤ ក្នុងទិសទាំង ៤ នោះ បុញ្ញកម្ម​ចាត់ចែងហើយ ដោយប្រមាណ​ស្មើៗ គ្នា ក៏រុងរឿង ញុំាងទិសទាំង ៤ ឲ្យភ្លឺដោយ​ជុំវិញ ពួកទេវបុត្ត អ្នកនៅក្នុង​វិមានដ៏​ប្រសើរនោះ ជាអ្នកមាន​ពន្លឺច្រើន អ្នករុងរឿង កន្លងដោយ​សម្បុរ ដូចព្រះអាទិត្យ ដែលទើប​នឹងរះឡើង នេះជាផលនៃទាន នៃសីល ឬនៃ​អញ្ជលីកម្ម​របស់អ្នក អាត្មាសួរ​ហើយ អ្នកចូរប្រាប់​នូវហេតុនោះ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរប្រស្នា​ហើយ ទើបដោះស្រាយ​នូវផលនៃ​កម្មនេះថា

ខ្ញុំមានចិត្តជ្រះថ្លា បានធ្វើវិហារដើម្បី​ព្រះសាស្តា ជាព្រះពុទ្ធអាទិច្ចពន្ធុ ក្នុង​ស្រុក​អន្ធកវិន្ទៈ ដោយដៃ​របស់ខ្លួន (មិនត្រឹមតែ​ប៉ុណ្ណោះ​សោត) ខ្ញុំមាន​ចិត្តជ្រះថ្លា បានប្រគេន​គ្រឿង​ក្រអូបផង កម្រងផ្កាផង បច្ច័យផង គ្រឿងលាបផង វិហារផង ដល់ព្រះសាស្តា ក្នុងស្រុក​អន្ធកវិន្ទៈនោះ បានជាខ្ញុំ​បាននូវផល​នៃបុណ្យនេះ ទើបខ្ញុំ​ញុំាងអំណាច​ឲ្យប្រព្រឹត្ត​ទៅ ក្នុងព្រៃនន្ទនៈ ខ្ញុំរមែង​ត្រេកអរក្នុង​ព្រៃនន្ទនៈ ជាទី​ត្រេកអរ​ដ៏ប្រសើរ ប្រកបដោយ​ហ្វូងបក្សីផ្សេងៗ មានទាំងពួក​ស្រីអប្សរ អ្នករាំ​ច្រៀង​ហែហម។

ចប់ សុវណ្ណវិមាន ទី៤។

អម្ពវិមាន ទី៥

[៧៩] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរ​កែវមណី មានទំហំ​ជុំវិញ ១២ យោជន៍ មានផ្ទះ​កំពូល ៧០០ ដ៏ឱឡារិក មានសសរ​ជាវិការៈ​នៃកែវពិទូរ្យ ដែលក្រាល​ដោយកម្រាល​ដ៏រុងរឿង ជាផ្ទះ​កំពូលល្អ អ្នកឋិតនៅ ផឹក​ស៊ី​ក្នុងវិមាន​នោះផង ពិណជាទិព្វ លាន់ឮ​ពីរោះផង កាមគុណ​ទាំង ៥ មានរសជា​ទិព្វ ក្នុងវិមាន​នេះផង ពួកនារី​ប្រស់ព្រំ​ដោយគ្រឿង​មាស រាំ (ក្នុងវិមាន​នេះ​ផង)

សម្បុររបស់អ្នក ប្រាកដដូច្នោះ តើសម្រេច​ដោយបុណ្យអី្វ។បេ។ ទាំង​សម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​តេ្រកអរ។បេ។ ផល​នៃបុញ្ញកម្ម​នេះថា

ខ្ញុំជាបុរសអ្នកស៊ីឈ្នួលរបស់ពួកជនដទៃ កំពុងតែ​ស្រោច​សួនស្វាយ​ក្នុង​វេលាថ្ងៃ ដែលកំពុង​ក្តៅ នាខែជាខាង​ចុងនៃ​គិម្ហរដូវ (ខែអាសាឡ្ហៈ) គ្រានោះ មាន​ភិក្ខុប្រាកដ​នាមថា ព្រះសារីបុត្ត និមន្តមកតាម​សួននោះ មានកាយ​លំបាក តែចិត្ត​មិនលំបាកទេ ឯខ្ញុំអ្នក​ស្រោច​សួនស្វាយ បានឃើញ​ព្រះសារីបុត្ត​នោះ​កំពុងនិមន្ត​មក ក៏បាន​ទូលថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន ទានប្រោស ​ទឹកណា​ដែលនាំ​មកនូវ​សេចកី្ត​សុខដល់ខ្ញុំ ខ្ញុំសូមនិមន្ត​លោកម្ចាស់​ស្រង់ទឹកនោះ (ព្រះថេរៈ) ដាក់បាត្រ និងចីវរចុះ ហើយមាន​ចីវរតែមួយ គង់ត្រង់​ម្លប់ ជិតគល់ឈើ ដោយសេចកី្ត​អនុគ្រោះ​ដល់ខ្ញុំនោះ ខ្ញុំមាន​ចិត្តជ្រះថ្លា និមន្ត​ព្រះថេរៈនោះ អ្នកមាន​ចីវរតែមួយ ឲ្យស្រង់​ដោយទឹកដ៏ថ្លា ត្រង់ម្លប់ជិត​គល់ឈើ បុរសនោះ មានបីតិ​ផ្សាយទៅ​សព្វកាយ​របស់ខ្លួនថា

សួនស្វាយ អាត្មាអញ បានស្រោចហើយ សមណៈ ក៏អាត្មាអញ បានឲ្យ​ស្រង់ហើយ បុណ្យដែល​អាត្មាអញ​បានខ្វល់ខ្វាយ​ហើយ មិនមែន​ជាបុណ្យតិចតួច​ឡើយ

ខ្ញុំបាន​ធ្វើនូវកម្ម​នោះឯង មានប្រមាណ​ប៉ុណ្ណេះ ក្នុងជាតិនោះ លុះខ្ញុំ​លះរាង​កាយជា​របស់នៃ​មនុស្សហើយ ក៏ចូល​ទៅកាន់​ព្រៃនន្ទនៈ ខ្ញុំត្រេកអរ​ក្នុងព្រៃនន្ទនៈ ជាទីរីករាយ​ដ៏ប្រសើរ ប្រកប​ដោយហ្វូង​បក្សីផ្សេងៗ មានពួក​ស្រីអប្សរ អ្នកច្រៀង​រាំហែហម។

ចប់ អម្ពវិមាន ទី៥។

គោបាលវិមាន ទី៦

[៨០] (ព្រះមានព្រះភាគត្រាស់ថា) ព្រះមោគ្គល្លាន បានឃើញ​គោបាលទេវបុត្ត ក្នុង​វិមានដ៏ខ្ពស់ តាំងនៅ​អស់កាលយូរ ទើបសួរថា អ្នកមាន​គ្រឿងអាភរណៈ សម្រាប់​ដៃពាក់​ហើយ ជាអ្នកមាន​យស រុងរឿងក្នុង​ទិព្វវិមាន ដូច​ចន្ទទេវបុត្ត ពិណជាទិព្វ​លាន់ឮ​ពីរោះ មាន​ទិព្វកញ្ញា ៨ នាក់ ៨ដង (៦៤) បានហាត់​ហើយ មានរូបល្អ ត្រាច់ចរ​ទៅក្នុង​ឋានត្រៃត្រឹង្ស ដ៏ឱឡារិក រាំ​ច្រៀង រីករាយ​សប្បាយ អ្នកដល់​នូវឫទ្ធិនៃ​ទេវតា ជាបុគ្គល​មានអានុភាព​ច្រើន អ្នក​កាល​កើតជា​មនុស្ស តើ​បាន​ធ្វើបុណ្យអី្វ អ្នកមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំង​សម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​បុណ្យអី្វ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្តរីករាយ​។បេ។ ផល​នៃកម្មនេះថា

ខ្ញុំកាលកើត​ជាមនុស្ស ក្នុងពួកមនុស្ស បានប្រមូល​មេគោទាំងឡាយ របស់​ជន​ដទៃ​ឃ្វាល លំដាប់នោះ សមណៈ (១អង្គ) មកកាន់​សំណាក់ខ្ញុំ ពួក​គោសោត ក៏បានស្ទុះ​ទៅ​ប្រុង​​នឹងស៊ី​សណ្តែកបាយ (របស់ជនដទៃ) បពិត្រ​លោកម្ចាស់​ដ៏​ចំរើន ក្នុងកាលនោះ ខ្ញុំគិត​យ៉ាងនេះថា អាត្មាអញ​​ធ្វើនូវកិច្ច​ទាំងពីរ ២ ដង ក្នុង​ថ្ងៃនេះ បពិត្រ​លោកម្ចាស់​ដ៏ចំរើន លំដាប់នោះ ខ្ញុំបាន​នូវធម្មសញ្ញា​ដោយឧបាយ​ប្រាជ្ញាហើយ ក៏បោះ​នូវនំសណ្តែក ក្នុង​កាល​នោះទៀត ខ្ញុំនោះ​ក៏ស្ទុះទៅកាន់​ចំការសណ្តែក​ដោយរួសរាន់ ឯពួក​គោ ក៏ជាន់កាច់​បំបាក់ចំការ​សណ្តែកចាស់ ដែលជា​ទ្រព្យម្ចាស់​គេនោះ ក៏ក្នុង​ចំការ​ចាស់នោះ​សោត មានពស់វែក​មានពិស​កាច ស្ទុះមកចឹក​ជើងរបស់ខ្ញុំ ដែលកំពុង​ដើររួសរាន់ នៅមាន​ស្មារតី​ចាំបាន ខ្ញុំនោះ ជាអ្នកត្រូវ​ទុក្ខបៀតបៀន​ដោយរឿងកី្ត ភិក្ខុបាន​ស្រាយនំ​ដែលថ្មោង​នោះ ហើយ​ប្រទាននំឲ្យ ដោយសេចកី្ត​អនុគ្រោះ​ដល់ខ្ញុំ លំដាប់នោះ ខ្ញុំក៏ធ្វើ​មរណកាល ច្យុតចាក​មនុស្ស មកកើត​ជាទេវតា (ក្នុងទេវលោកនេះ) ខ្ញុំបាន​ធ្វើអំពើ​ជាកុសល​នោះឯង ទើបខ្ញុំ​បានទទួល​នូវកម្មជា​សុខដោយខ្លួនឯង បពិត្រ​លោក​ដ៏ចំរើន លោកម្ចាស់​អនុគ្រោះ​ហើយក្រៃពេក ខ្ញុំសូមថ្វាយ​បង្គំ​ចំពោះ​លោកម្ចាស់ ដោយ​កតញ្ញុភាព អ្នកប្រាជ្ញដទៃ​ក្នុងលោក ព្រមទាំង​ទេវលោក មារលោក ជាអ្នកមាន​សេចកី្ត​អនុគ្រោះ​ដូចលោកម្ចាស់ មិនមានឡើយ បពិត្រ​លោកដ៏ចំរើន លោក​ម្ចាស់​អនុគ្រោះ​ក្រៃពេក ខ្ញុំសូម​ថ្វាយបង្គំ​ចំពោះ​លោកម្ចាស់ ដោយកតញ្ញុភាព អ្នកប្រាជ្ញ​ដទៃក្នុង​លោកនេះ ឬក្នុង​លោកខាងមុខ ជាអ្នកមាន​សេចកី្ត​អនុគ្រោះ​ដូចលោកម្ចាស់ មិនមាន​ឡើយ បពិត្រ​លោក​ដ៏ចំរើន លោកម្ចាស់​អនុគ្រោះ​ក្រៃពេក ខ្ញុំសូម​ថ្វាយបង្គំ​ចំពោះ​លោកម្ចាស់ ដោយកតញ្ញុភាព។

ចប់ គោបាលវិមាន ទី៦។

កណ្ឋកវិមាន ទី៧

[៨១] (ព្រះមោគ្គល្លានសួរថា) ព្រះចន្ទ្រ​ក្នុងថ្ងៃពេញបូណ៌មី មានផ្កាយ​ចោមរោម ជា​អធិបតី​លើពួកផ្កាយ ជាទេវបុត្ត​មានស្នាម​រូបទន្សាយ ដើរក្រឡឹង​ជុំវិញ​យ៉ាង​ណា វិមាន​នេះជាទិព្វ មានឧបមេយ្យ​យ៉ាងនោះ តែងរុងរឿង​ក្នុងទេវបុរី​ដោយរស្មី​ដូចព្រះអាទិត្យ ដែលទើប​នឹងរះឡើង មានជាន់​ដ៏វិចិត្រ​ដោយកែវពិទូរ្យ និងមាស​ផង ​ដោយកែវផលិក និងប្រាក់ផង ដោយ​កែវព្រះព្រុះ និង​កែវមុក្តា​ផង ដោយ​កែវទទឹម និង​កែវមណីផង គួរជាទី​រីករាយ​នៃចិត្ត ក្រាលហើយ​ដោយកែវ​ពិទូរ្យ ផ្ទះកំពូល​ទាំងឡាយ​ដ៏ល្អ​គួរជា​ទីរីករាយ ប្រាសាទ​របស់អ្នក ក៏បុញ្ញកម្មនិម្មិត​ហើយដោយប្រពៃ ទាំង​ស្រះបោក្ខរណី​របស់អ្នក គួរជាទីរីករាយ ដេរដាសដោយ​មច្ឆជាតិ​តាន់តាប់ មានទឹកមិនល្អក់ ជាទឹករងថ្លា ក្រាលដោយ​ខ្សាច់មាស ដេរដាស​ដោយឈូកផ្សេងៗ ឆ្លូកឆ្លាស់ដោយ​ឈូកស មានក្លិន​ក្រអូប ជាទី​ចាប់ចិត្ត ត្រូវ​ខ្យល់ផាត់ រមែងផ្សាយ គុម្ពផ្កាទាំងឡាយ ក្បែរខាង​ទាំងពីរ​នៃ​ស្រះ​បោក្ខរណី​របស់​អ្នកនោះ ក៏បុញ្ញកម្ម​និមិ្មតហើយ​ដោយប្រពៃ ប្រកប​ដោយ​សភាព​ទាំងពីរ គឺឈើ​មានផ្កា ១ ឈើមានផ្លែ ១ ឯពួក​ស្រីអប្សរ ប្រដាប់​ដោយ​អាភរណៈ​ទាំងពួង ស្អិតស្អាង​ដោយកម្រង​ផ្កាផ្សេងៗ​បម្រើអ្នក ​ដែលអង្គុយនៅ​លើបល្ល័ង្ក មានជើងជា​វិការៈ​នៃមាស ក្រាលដោយ​កម្រាល ឈ្មោះគាណកៈ [ព្រំដែលមានរោមវែងជាង ៤ធ្នាប់។ វិនយបិដក ភាគ៧ ទំព័រ ១៩៦។] មានសម្ផស្ស​ដ៏ទន់ ដូច​សក្កទេវរាជ ញុំាងអ្នក​មានឫទិ្ធ​ច្រើន ឲ្យត្រេកអរ អ្នកតែងរីករាយ​ដោយស្គរ ស័ង្គ និងសម្ភោរ​ទាំងឡាយផង ដោយពិណ​ទាំងឡាយ​ផង ដោយ​រនាត​ទាំងឡាយ​ផង ដូចទេវរាជវសវត្តី អ្នកបរិបូណ៌​ដោយតម្រេក រមែង​ត្រេកអរ​ក្នុងការរាំ និង​ការច្រៀង ដែលស្រីអប្សរ​ប្រគំពីរោះ​ហើយផង រូបារម្មណ៍​មានប្រការ​ផ្សេងៗ ដ៏ជាទិព្វ (គួរជាទី​ត្រេកដល់អ្នក) ទាំង​សទ្ទារម្មណ៍ ឬរសារម្មណ៍ ដ៏ជា​ទិព្វកី្ត គន្ធារម្មណ៍កី្ត ផោដ្ឋព្វារម្មណ៍​កី្ត ដែលយើង​អធិប្បាយ​ហើយ (អារម្មណ៍​ទាំងនោះ) គួរជាទី​រីករាយ​នៃចិត្ត​របស់អ្នក ទេវបុត្ត​ទាំងឡាយ មានពន្លឺច្រើន ក្នុងវិមាន​ដ៏ប្រសើរនោះ តែងរុងរឿង​ក្រៃពេក​ដោយរស្មី ដូចព្រះអាទិត្យ​ដែលទើបនឹងរះ​ឡើង នេះជា​ផលនៃទាន ឬសីល ឬអញ្ជលិកម្ម​របស់អ្នក អាត្មាសួរហើយ ចូរអ្នក​បា្រប់នូវ​ហេតុនោះ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​រីករាយ។បេ។ ផលនៃ​កម្មនេះថា

ខ្ញុំជាសេះឈ្មោះកណ្ឋកៈ ជាសហជាត (កើតដំណាលគ្នា) នឹង​ព្រះរាជបុត្រ​នៃ​ព្រះបាទសុទ្ធោទនៈ ក្នុងក្រុង​កបិលព័ស្តុ ជាបូរី​ដ៏ឧត្តម​របស់ពួក​សក្យៈ ក្នុងកាល​ដែល​ព្រះរាជ​បុត្តនោះ ទ្រង់ចេញ​ទៅដើម្បី​សម្មាសម្ពោធិញ្ញាណ នាមជ្ឈិមយាម​នៃរាត្រី ទ្រង់ទះ​ខ្ញុំត្រង់ភ្លៅ ដោយ​ព្រះហស្ត​ដ៏ទន់ មានព្រះនខា​ក្រហមរុងរឿង ហើយទ្រង់​ត្រាស់ថា នែសំឡាញ់ អ្នកចូរនាំ​យើងទៅ បើយើង​បានដល់នូវ​សម្ពោធិញ្ញាណ​ដ៏ឧត្តម​ហើយ នឹងចម្លង​សត្វលោក (ចាក​សង្សារវដ្ត) កាលខ្ញុំ​ឮព្រះតម្រាស់​នោះ សេចកី្ត​រីករាយ​ដ៏​មានកំឡាំង ក៏កើតឡើង​ដល់ខ្ញុំ ខ្ញុំមានចិត្ត​ខ្ពស់ មានចិត្ត​រីករាយ បានទទួល​យល់ព្រម​ក្នុងកាលនោះ ខ្ញុំដឹងថា សក្យបុត្តដ៏មាន​យសធំ ទ្រង់ជិះខ្ញុំហើយ មានចិត្តខ្ពស់ មានចិត្ត​រីករាយ (ម្តងទៀត) ទើប​នាំបុរស​ដ៏ឧត្តម ទៅឰដ៏ខាងក្រៅ លុះទៅកន្លង​ដែននៃបុគ្គល​ដទៃ​រួចហើយ កាលថ្ងៃ​រះឡើង សក្យបុត្ត​ក៏លះចោលខ្ញុំ និង​ឆន្នអាមាត្យ ទ្រង់មិន​អាល័យ ចៀសចេញទៅ ខ្ញុំលិទ្ធ​ព្រះបាទា​របស់​សក្យបុត្តនោះ ដែលមាន​ព្រះនខាក្រហម​ដោយ​អណ្តាត ខ្ញុំយំ ក្រឡេកមើល​ព្រះមហាវីរៈ ដែលស្តេច​កំពុង​យាងទៅ លុះខ្ញុំ​មើលមិន​ឃើញ​សក្យបុត្ត​អ្នកមានសិរី​នោះ ខ្ញុំក៏បាន​នូវអាពាធ​ជាទម្ងន់ មរណៈ ក៏កើតមាន​ដល់ខ្ញុំ​យ៉ាងឆាប់ ខ្ញុំនៅគ្រប់គ្រង​វិមាន ប្រកប​ដោយកាមគុណ​ទាំងពួង ដ៏ជាទិព្វ​នេះ ក្នុងទេវបូរី (តាវត្តឹង្ស) ដោយ​អានុភាព​នៃសេចកី្ត​ជ្រះថ្លានោះឯង មួយទៀត សេចកី្ត​រីករាយ កើតមាន​ដល់ខ្ញុំ ព្រោះឮ​សំឡេង ដើម្បីត្រាស់​ដឹងនូវ​ពោធិញ្ញាណ ដោយ​កុសលមូល​ណា ខ្ញុំនឹក​សង្ឃឹមថា មុខជា​បាននូវ​អាសវក្ខយញ្ញាណ ដោយកុសល​មូលនោះឯង បពិត្រ​លោក​ដ៏ចំរើន ប្រសិនបើ​លោកនិមន្ត​ទៅក្នុង​សំណាក់នៃ​ព្រះពុទ្ធ​ជាសាស្តា សូម​លោកម្ចាស់​ក្រាបបង្គំ​ទូលនូវ​កិរិយា​ថ្វាយបង្គំ​ដោយសិរ្សៈ តាមពាក្យ​របស់ខ្ញុំ ចំពោះអង្គ​ព្រះជា​សាស្តា​នោះ ចំណែកខ្ញុំ​គង់ទៅ​ចួបនឹង​ព្រះជិន​ស្រីដែរ ដែលជា​បុគ្គលរក​អ្នកដទៃ​ប្រៀបផ្ទឹម​មិនបាន (ព្រោះ) ការឃើញ​នូវ​ព្រះលោកនាថ ជាតាទិបុគ្គល រកបាន​ដោយកម្រ។

ឯកណ្ឋកទេវបុត្តនោះ ជាអ្នកមានកតញ្ញូកតវេទិតា ចូលទៅគាល់​ព្រះសាស្ដា លុះបាន​ស្ដាប់​ព្រះពុទ្ធដីកា (របស់​ព្រះសម្មាសម្ពុទ្ធ) ទ្រង់មាន​ចក្ខុ ហើយបាន​ជំរះ​នូវ​ធម្មចក្ខុ គឺបាននូវ​សោតាបតិ្តមគ្គ ជំរះនូវទិដិ្ឋ វិចិកិច្ឆា និង​សីលព័ត ថ្វាយបង្គំ​ព្រះបាទា​របស់​ព្រះសាស្តា​ហើយ ក៏បាត់ទៅចាក​ទីនោះឯង។

ចប់ កណ្ឋកវិមាន ទី៧។

អនេកវណ្ណវិមាន ទី៨

[៨២] (ព្រះមោគ្គល្លានសួរថា) អ្នកមានពួកស្រីអប្សរ​ហែហម ហើយ​ឡើងកាន់​វិមាន ដែលមាន​ពណ៌ដ៏ច្រើន ជាទី​ធ្វើនូវ​សេចកី្ត​ក្រវល់ក្រវាយ និងសេចកី្ត​សោក ឲ្យវិនាស មានរូប​វិចិត្រច្រើន​ប្រការ សប្បាយ​រីករាយ ដូចទេវរាជ​ឈ្មោះ​សុនិមិ្មត ទេវបុត្ត​ដែល​ប្រហែល​ស្មើដោយ​អ្នក ក៏មិនមាន (ចំណង់បើ) ទេវបុត្ត​ដែលប្រសើរ លើសដោយ​យសផង បុណ្យផង ឫទិ្ធផង និងមាន​មកពីណា ពួកទេវតា​ក្នុង​ជាន់តាវត្តឹង្ស​ទាំងអស់ ប្រជុំគ្នា​នមស្ការអ្នក ដូចទេវតា និងមនុស្ស នមស្ការនូវ​ចន្ទទេវបុត្ត ដែល​មានស្នាម​រូបទន្សាយ​ក្នុងវង់​ដូច្នោះ ស្រីអប្សរ​ទាំងឡាយ​នេះ តែងរាំ​ច្រៀង រីករាយ​ជុំវិញអ្នក អ្នកបាន​ដល់នូវឫទិ្ធ​នៃទេវតា ជាបុគ្គល​មាន​អានុភាព​ច្រើន អ្នកកាលកើត​ជាមនុស្ស តើបាន​ធ្វើបុណ្យអី្វ អ្នកមានអានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​បុណ្យអី្វ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត​រីករាយ។បេ។ ផលនៃ​បុញ្ញកម្មនេះថា

បពិត្រលោកដ៏ចំរើន កាលជាតិមុន ខ្ញុំនោះ ជាសាវ័ក​របស់ព្រះជិនស្រី ព្រះនាម​សុមេធៈ ខ្ញុំ​នៅជាបុថុជ្ជន មិនទាន់​បានត្រាស់​ដឹងសច្ចៈ​ទាំង ៤ នៅ​ឡើយ ខ្ញុំនោះ​បួសបាន ៧ វស្សា កាល​ព្រះជិនស្រី ជាសាស្តា​ព្រះនាម​សុមេធៈ ជាតាទិបុគ្គល ទ្រង់ឆ្លង​អន្លង់ទាំង ៤ ហើយ ទ្រង់​បរិនិព្វាន ខ្ញុំនោះ ទៅថ្វាយបង្គំ​ចេតិយកែវ ស្រោប​ដោយបណ្តាញ​មាស ធ្វើចិត្ត​ឲ្យជ្រះថ្លា ចំពោះ​ព្រះស្តូប ខ្ញុំមិន​បានឲ្យទានទេ ទាំង​ទេយ្យវត្ថុ​សម្រាប់ឲ្យ​ទាន ក៏មិន​មាន ប៉ុន្តែ​ខ្ញុំបាន​បបួលពួកជន​ដទៃ​ក្នុងការឲ្យ​ទាន​ថា អ្នកទាំងឡាយ ចូរបូជា​ព្រះធាតុ​របស់​ព្រះសាស្តា ជាវត្ថុគួរ​​ដល់ការ​បូជាចុះ ខ្ញុំឮថា អ្នកទាំង​ឡាយ (ច្យុត) អំពីមនុស្ស​នេះ នឹង​ទៅកាន់ឋាន​សួគ៌ កុសលកម្ម​​នោះឯង ដែលខ្ញុំបាន​ធ្វើហើយ ទើបខ្ញុំ​បានសេចកី្ត​សុខ​ជាទិព្វ ដោយខ្លួនឯង ខ្ញុំរីករាយ ក្នុងកណ្តាល​ពួកទេវតា បុណ្យរបស់​ខ្ញុំនោះ មិនចេះ​អស់ឡើយ។

ចប់ អនេកវណ្ណវិមាន ទី៨។

មដ្ឋកុណ្ឌលិវិមាន ទី៩

[៨៣] (ព្រាហ្មណ៍សួរថា) អ្នកមានខ្លួនប្រដាប់​ហើយ មាន​កុណ្ឌល​រលីង ទ្រទ្រង់នូវ​កម្រង​ផ្កា មានខ្លួន​ប្រស់ព្រំ​ដោយខ្លឹមចន្ទន៍​ក្រហម ផ្គងដើមដៃ កន្ទក់កន្ទេញ​ក្នុង​កណ្តាល​ព្រៃស្មសាន តើអ្នកដល់​នូវសេចកី្ត​ទុក្ខដូចម្តេច។

(មាណពឆ្លើយថា) រាងរថ ជាវិការៈ​នៃមាស មានរស្មីភ្លឺផ្លេក កើតឡើង​ដល់ខ្ញុំ បើខ្ញុំមិន​បាននូវគូ​នៃកង់របស់​រថនោះទេ ខ្ញុំនឹង​លះបង់ជីវិត ព្រោះ​សេចកី្ត​ទុក្ខនោះ។

(ព្រាហ្មណ៍សួរថា) ម្នាលមាណពដ៏ចំរើន អ្នកចូរប្រាប់ (នូវគូនៃកង់) មាស ឬកែវមណី កែវទទឹម ឬប្រាក់ដល់ខ្ញុំ ៗ នឹងញុំាងអ្នក​ឲ្យបាននូវគូ​នៃកង់ (នោះ)។

មាណពនោះ បានពោលបញ្ជាក់​ចំពោះព្រាហ្មណ៍​នោះថា ព្រះចន្ទ និង​ព្រះអាទិត្យ ទាំងពីរវង់ ប្រាកដឰ​ដ៏អាកាសនុ៎ះ រថរបស់ខ្ញុំ ជាវិការៈ​នៃមាស សមដោយ​ព្រះអាទិត្យ និង​ព្រះចន្ទនោះ ជាគូនៃកង់។

(ព្រាហ្មណ៍និយាយថា) ម្នាលមាណព អ្នកណាប្រាថ្នា​នូវរបស់​ដែលមិនគួរ​ប្រាថ្នា អ្នកនោះ ចំជាល្ងង់មែន ខ្ញុំសំគាល់ថា អ្នកនឹងស្លាប់ អ្នកពិតជា​មិនបាន​ព្រះចន្ទ និងព្រះអាទិត្យ​ឡើយ។

(មាណពឆ្លើយថា) ការចរទៅ និងចរមក (នៃព្រះចន្ទ និងព្រះអាទិត្យ​ទាំងពីរ) កី្ត វណ្ណធាតុ (ការទ្រទ្រង់​នៃរស្មី) កី្ត រមែងប្រាកដ​ក្នុងវិថីទាំងពីរ បុគ្គលអ្នក​ធ្វើ​មរណកាល​ទៅ​កាន់លោក​ខាងមុខ រមែងមិន​ប្រាកដឡើយ បណ្តា​យើងទាំងពីរ ជាអ្នកកំពុង​កន្ទក់កន្ទេញ ក្នុងទីនេះ តើអ្នកណា​ល្ងង់ជាង។

(ព្រាហ្មណ៍និយាយថា) ម្នាលមាណព អ្នកនិយាយ​ចំជាពិតមែន​ហើយ បណ្តា​យើងទាំង​ពីរនាក់ ជាអ្នកកំពុង​កន្ទក់កន្ទេញ ខ្ញុំឯង​ជាបុគ្គល​ល្ងង់ជាង (ព្រោះ) ខ្ញុំប្រាថ្នានូវ​កូនប្រុស​ដែលធ្វើ​មរណកាល ទៅកាន់​លោកខាងមុខ​ហើយ ដូចទារក យំទារនូវព្រះចន្ទ ដូច្នោះ​ដែរ។

អ្នកបានស្រោចស្រពនូវខ្ញុំ ដែលភ្លើង គឺសេចកី្ត​សោកកំពុង​ឆេះ​សព្វ ឲ្យស្ងប់​រម្ងាប់ ញុំាងសេចកី្ត​ក្រវល់ក្រវាយ​ទាំងពួង ឲ្យរលត់បាន ដូចបុគ្គល​យកទឹក​ស្រោចភ្លើង​កំពុងឆេះ នូវឆ្នាំងខ្លាញ់ អ្នកណា បានបន្ទោបង់​នូវសេចកី្តសោក​ព្រោះ​កូន ចំពោះខ្ញុំ​ដែលមាន​សោកកំពុង​គ្របសង្កត់ អ្នកនោះឈ្មោះថា បានដល់នូវ​កូនសរ គឺសេចកី្ត​សោក ដែលអាស្រ័យ​នូវហ្ឫទ័យ​របស់ខ្ញុំ ខ្ញុំនោះ ជាអ្នកមាន​កូនសរ គឺសេចកី្ត​សោកដកហើយ ខ្ញុំជាអ្នក​មានចិត្ត​ត្រជាក់ហើយ មានទុក្ខរលត់​ហើយ ម្នាលមាណព ខ្ញុំលែង​សោកស្តាយ លែងយំ​ទួញហើយ ព្រោះបាន​ស្តាប់នូវ​ពាក្យរបស់អ្នក អ្នកជា​ទេវតាឬ ឬជាគន្ធព្វ ឬមួយ​ជាព្រះឥន្ទ្រ បានបំពេញទាន​ក្នុងកាលមុន អ្នកជាអី្វ ជាកូន​របស់អ្នកណា យើងនឹង​ស្គាល់អ្នក​ដូចម្តេចបាន។

(មាណពឆ្លើយថា) អ្នកបានដុតកូនណា ដោយខ្លួនឯង ក្នុងទីបូជាសព (ឈាបនដ្ឋាន) ហើយកន្ទក់​កន្ទេញផង យំទួញផង កូននោះ គឺខ្ញុំហ្នឹងឯង ធ្វើនូវ​កុសលកម្ម បានទៅកើត​ជាមួយ​នឹងពួកទេវតា​ជាន់តាវតឹ្តង្ស។

(ព្រាហ្មណ៍សួរថា) កាលអ្នកឲ្យទានតិច ឬច្រើនក្នុងផ្ទះ​របស់ខ្លួនកី្ត ឬក៏រក្សា​នូវ​ឧបោសថកម្ម ប្រាកដ​ដូច្នោះកី្ត ខ្ញុំមិន​បានឃើញ ​អ្នកទៅកាន់​ទេវលោក តើ​ដោយបុណ្យ អី្វ។

(មាណពឆ្លើយថា) ខ្ញុំជាអ្នកមានអាពាធ ឈឺធ្ងន់ ដល់នូវសេចកី្តទុក្ខ មាន​រូបក្តៅ​ក្រហាយ​ជានិច្ច ក្នុងផ្ទះ​របស់ខ្លួន ខ្ញុំបានឃើញ​ព្រះពុទ្ធ ព្រះអង្គ​មាន​ធូលី គឺកិលេស​ទៅប្រាសហើយ មានសេចកី្ត​សង្ស័យឆ្លង​ផុតហើយ មានដំណើរល្អ មានបញ្ញា​មិនថយ​ថោក ខ្ញុំនោះ មានចិត្តរីករាយ ជ្រះថ្លាបាន​ធ្វើអញ្ជលី​ចំពោះ​ព្រះតថាគត លុះខ្ញុំ​បានធ្វើ​កុសល​កម្ម​នោះហើយ ក៏បានទៅកើត​ជាមួយនឹងពួក​ទេវតា​ជាន់តាវត្តឹង្ស។

(ព្រាហ្មណ៍និយាយថា) អើហ្ន៎ អស្ចារ្យណាស់ ចំឡែកណាស់ ផលនៃ​អញ្ជលិកម្ម ដល់ម៉្លេះតើ អើខ្ញុំក៏មាន​ចិត្តរីករាយ មានចិត្ត​ជ្រះថ្លាដែរ សូមដល់​នូវ​ព្រះពុទ្ធ ជាទីរឭក ក្នុងថ្ងៃ​នេះឯង។

(មាណពឆ្លើយថា) អ្នកចូរមានចិត្តជ្រះថ្លា ដល់នូវ​ព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃ​ផង ជាទីរឭក ក្នុងថ្ងៃនេះចុះ អ្នកចូរសមាទាន​នូវសិក្ខាបទ​ទាំង ៥ កុំ​ឲ្យដាច់ កុំឲ្យធ្លុះធ្លាយ​ដូច្នោះចុះ ចូរវៀរចាក​ការសម្លាប់​សត្វយ៉ាងឆាប់ផង ចូរវៀរ​បង់នូវការ​កាន់យកទ្រព្យ​ដែលគេ​មិនបានឲ្យ​ក្នុងលោកផង កុំផឹកនូវ​ទឹកស្រវឹង​ផង កុំពោលនូវ​ពាក្យកុហក​ផង ចូរជាអ្នក​សន្តោសដោយ​ប្រពន្ធរបស់​ខ្លួនផង។

(ព្រាហ្មណ៍ពោលថា) បពិត្រអ្នកដែលគេគប្បី​បូជា អ្នកប្រាថ្នា​នូវសេចកី្ត​ចំរើន​ដល់ខ្ញុំ បពិត្រ​ទេវតា អ្នកប្រាថ្នា​នូវប្រយោជន៍​ដល់ខ្ញុំ ខ្ញុំនឹងធ្វើ​តាមពាក្យ​របស់អ្នក អ្នកជា​អាចារ្យ​របស់ខ្ញុំ ខ្ញុំសូមដល់​នូវព្រះពុទ្ធ​ជាទីរលឹក​ផង សូមដល់​នូវព្រះធម៌ ជាទីរលឹកផង សូមដល់​នូវព្រះសង្ឃ ជាបុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់ជន និងទេវតា ជាទីរលឹកផង ​ខ្ញុំវៀរចាក​ការសម្លាប់​សត្វយ៉ាង​ឆាប់ផង វៀរបង់នូវ​ការកាន់​យកទ្រព្យ ដែលគេ​មិនបាន​ឲ្យក្នុង​លោកផង មិនផឹកទឹក​ស្រវឹងផង មិនពោល​ពាក្យកុហកផង សន្តោស​ដោយប្រពន្ធ​របស់ខ្លួនផង។

ចប់ មដ្ឋកុណ្ឌលិវិមាន ទី៩។

សេរិស្សកវិមាន ទី១០

[៨៤] (ធម្មសង្គាហកត្ថេរទាំងឡាយសំដែងថា) ការប្រជុំនៃទេវតា និងពាណិជ​ទាំងឡាយ ឰដ៏ផ្លូវព្រៃណា ក្នុងកាលណា កាលនោះ អ្នកទាំងឡាយ​ចូរស្តាប់ (នូវ​ការប្រជុំ​ឰដ៏ផ្លូវក្នុង​ព្រៃនោះចុះ) អ្នកទាំងអស់គ្នា ចូរស្តាប់នូវ​សុភាសិតនោះ ដោយ​ប្រការ​ដូចម្តេច​ផង ដោយប្រការ​ដទៃផង ស្តេចណា ព្រះនាម​បាយាសិ បានទៅ​កើតជាមួយ​នឹង​ភុម្មទេវតា​​ទាំងឡាយ ជាអ្នក​មានយស ស្តេចនោះ រីករាយ​ក្នុង​វិមានរបស់ខ្លួន លោក​មិនមែន​ជាមនុស្សទេ តែបាន​ពោលនឹង​ពួកមនុស្ស។

(ទេវបុត្តពោលថា) នែមនុស្សទាំងឡាយ អ្នកភ័យចំពោះ​ផ្លូវវៀច អ្នកមាន​ចិត្តខូច​ហើយ (វង្វេងផ្លូវ) ក្នុងព្រៃជា​ទីរង្កៀស ជាកន្លែង​ត្រាច់ទៅ​នៃអមនុស្ស ជាផ្លូវកន្តារ ឥត​មានទឹក ឥតមានបាយ ពាក់កណ្តាល​នៃព្រៃធំ ដែលបុគ្គល​ដើរ​ទៅបាន​ដោយកម្រ​ណាស់ ផ្លែឈើ និងមើមឈើ​ទាំងឡាយ ក្នុងផ្លូវកន្តារ​នេះ មិនមានទេ វត្ថុសម្រាប់​ដុតឲ្យឆេះ ក៏មិនមាន ​ភិក្ខាហារ តើនឹងមាន​មកពីណា ក្នុងផ្លូវ​ខ្សាច់នេះ វៀរលែង​តែអាចម៍ដី និងដីខ្សាច់​ទាំងឡាយ ដ៏ក្តៅ​ក្រហាយ កាច​អាក្រក់ចេញ ទីនេះ​ជាទីទួល​ក្តៅ ប្រាកដស្មើ​ដោយអំបែង​ដែកដ៏ក្តៅ មិនមាន​សេចកី្តចំរើន ស្មើដោយ​បរលោក គឺនរក ផែនដី​នេះ ជាទីនៅនៃ​ពួកបិសាច​អាក្រក់ ជារបស់ចាស់ ប្រទេស​នៃផែនដី ប្រាកដស្មើ​ដោយប្រទេស​ដែលពួក​ឥសី​ផ្តាសាហើយ ក៏អ្នកទាំងឡាយ​ប្រាថ្នារបស់អី្វ ដោយហេតុ​ដូចម្តេច បានជា​ចូល​មកកាន់​ប្រទេសនេះ មិនពិចារណា (រកទោស និងអានិសង្ស) ដោយ​រហ័សសិន ឬមួយអ្នក​ទាំងឡាយ ចូលមកកាន់​ប្រទេសនេះ ព្រោះលោភ ឬព្រោះភ័យ ឬព្រោះ​វង្វេងផ្លូវ។

(ពួកពាណិជនិយាយថា) យើងទាំងឡាយ ជាពួកឈ្មួញរទេះ​ក្នុងដែនមគធៈ និង​ដែនអង្គៈ បានផ្ទុក​ទ្រព្យសម្បតិ្ត​ជាច្រើន ពួកយើង​ទាំងនោះ ទៅកាន់​ប្រទេស​ឈ្មោះ​សិន្ធុ និងប្រទេស​ឈ្មោះ​សោវីរៈ ត្រូវការ​ដោយទ្រព្យ ប្រាថ្នានូវ​ការចំណេញ មិនអាច​នឹងអត់ទ្រាំ​សម្រេក គំលានក្នុង​វេលាថ្ងៃបាន ក៏រំពឹង​រកសេចកី្ត​អនុគ្រោះ ដល់សត្វ​សំរាប់ទឹម​ទាំង​ឡាយ (មាន​គោជាដើម) យើងទាំង​អស់គ្នា មកដោយ​ប្រញាប់នុ៎ះ ពួកយើង​ទាំងនោះ ដើរទៅ​កាន់ផ្លូវក្នុង​វេលាយប់ ក្នុងកាល​មិនគួរ ពួកយើង​ទាំងនោះ ដើរទៅ​ខុសផ្លូវ ក៏វង្វេង​ផ្លូវ វិលវល់ដូច​មនុស្សខ្វាក់ វិលវល់នៅ​ត្រង់ពាក់​កណ្តាលនៃ​ព្រៃធំ ជាព្រៃ​ដែលគេ​កម្រឆ្លងបាន​ដោយងាយ មានចិត្ត​វង្វេងមិន​ដឹងទិស (ដែលគួរ​នឹងទៅ​បាននោះ) ម្នាលយក្ស ពួកយើង​បានឃើញនូវ​វិមានដ៏ប្រសើរ ដែលមិន​ធ្លាប់បាន​ឃើញមក​នេះផង ឃើញបុគ្គល​អ្នកប្រាថ្នានូវ​ការរស់នៅ ឲ្យក្រៃលែង​ជាងនោះទៅ​ទៀតផង ឃើញហើយ ក៏មាន​ចិត្តរីករាយ មានចិត្ត​សោមនស្ស មានចិត្ត​អណ្តែតខ្ពស់ (ដោយ​អំណាចបីតិ)។

(ទេវបុត្តនិយាយថា) អ្នកទាំងឡាយ ឆ្លងបាន​ដោយក្រ ទៅកាន់ត្រើយ​សមុទ្រ​ខាងនាយ​ផង កាន់ព្រៃ​នេះផង កាន់ផ្លូវ​ស្នួរដែលគេចង​ដោយវល្លិ និងផ្តៅ​ផង កាន់ផ្លូវ​ប្រកបដោយ​សេចកី្ត​រង្កៀសផង កាន់ស្ទឹង​ទាំងឡាយ របស់ភ្នំ​ទាំងឡាយ ដែលទៅ​បានដោយកម្រ​ផង កាន់ទិស​ទាំងឡាយ​ដ៏ច្រើន (យ៉ាងនេះ) ព្រោះហេតុ​តែភោគៈ កាលអ្នកចេញ​ទៅកាន់ដែន​របស់ស្តេច​ទាំងឡាយ​ដទៃ អ្នក​សំឡឹងឃើញ​ពួកមនុស្ស​អ្នកនៅក្នុង​ប្រទេស​ផ្សេងគ្នា ​នែអ្នក​ទាំងឡាយ ហេតុ​អស្ចារ្យណា ដែលអ្នក​ទាំងឡាយ​ឮហើយ ឬឃើញ​ហើយ ពួកយើង​ឮនូវហេតុ​អស្ចារ្យនោះ (ក្នុងសំណាក់) នៃអ្នក​ទាំងឡាយ។

(ពួកពាណិជនិយាយថា) នែទេវកុមារ ហេតុអស្ចារ្យ​ជាងនេះ​ទៅទៀត ពួក​យើង មិនដែល​ឮទេ ទាំងមិន​ដែលឃើញ​ឡើយ ពួកយើង​ឃើញនូវ​អ្នក និងវិមាន​ទាំងអស់​ដែល​កន្លង​នូវសម្បតិ្ត​ជារបស់​មនុស្ស មិនមែន​ជាមនុស្ស​ មានវណ្ណៈ​មិនថោកទាប ក៏រីករាយ រមែងឆ្អែត​ចិត្ត ស្រះបោក្ខរណី​ទាំងឡាយ ឰដ៏អាកាស រមែង​ហូរចេញ ឈូកស​ទាំងឡាយ​ជាច្រើន មានផ្កាច្រើន ទាំងពួក​ឈើទាំងនោះ ក៏ប្រកប​ដោយផ្លែ​ជានិច្ច ក្លិនក្រអូប​ក្រៃលែង តែងផ្សាយ​ចេញទៅ សសរ​ទាំងឡាយ ជាវិការៈនៃ​កែវពិទូរ្យ មាន​កំពស់ ១០០ ហត្ថ មានបណ្តោយ​ដ៏វែង ជាវិការៈ​នៃថ្ម​កែវពពាឡ និងថ្ម​កែវផលិក ព្រមទាំង​កែវពព្រុះ និង​កែវមណី មានពណ៌​ក្រហម សសរទាំងនេះ ជាវិការៈ​នៃ​កែវមណិជោតិរស វិមាន (របស់​អ្នក) នេះល្អ មានសសរ​រាប់ពាន់ មានអានុភាព​ថ្លឹងមិន​បាន ក្នុងខាង​លើនៃសសរ​ទាំងនោះ ជាវិមាន​ប្រកប​ដោយកែវ (ផ្សេងៗ) លាយ​ដោយផែន​មាសស្រួយ ប្រក់ដោយ​ផ្ទាំង​កែវ មានរស្មី (ផ្សេងៗ) ដ៏ល្អ វិមាន (របស់អ្នក) នេះ វិសេស​ដូច​ដុំមាស​ជម្ពោនទ ប្រទេសនៃ (វិមាននោះ) ក៏រលីងស្អាត ប្រកប​ដោយប្រាសាទ និង​កាំជណ្តើរ​ដ៏មាំមួនផង ល្អផង មានលំនាំ​ស្រដៀងៗ គ្នា គួរក្រឡេក​មើល​ក្រៃពេក ជាទីគាប់ចិត្ត បាយ និងទឹកដ៏​ច្រើន (តែងមាន) ក្នុងខាងក្នុង​នៃវិមាន ជា​វិការៈ​នៃកែវ អ្នកមានពួក​ស្រីអប្សរ​ហែហម កងរំពង​ដោយសម្ភោរ ស្គរធំ និង តូរ្យតន្ត្រី អ្នកផង​រមែងថ្វាយ​បង្គំ ដោយការថ្វាយ​បង្គំ​ជាទី​សរសើរ អ្នកនោះជា​អ្នកភ្ញាក់​រឭក​ដោយ​ពួកនាង​នារី មានអានុភាព ដែលបុគ្គល​មិនគប្បី​គិត ប្រកប​ដោយគុណ​ទាំងពួង រមែង​រីករាយ​ក្នុងវិមាន ប្រាសាទ​ដ៏ប្រសើរ​ជាទីរីករាយ​ចិត្ត ដូចជា​ស្តេចវេស្សវ័ណ ក្នុងកីឡាស្ថាន​ឈ្មោះ​នលិនីដែរ អ្នកជា​ទេវតា ឬជាយក្ខ ឬជា​ព្រះឥន្ទ្រ ឬក៏ជា​មនុស្ស ពួកពាណិជ​សួរអ្នក អ្នកចូរ​ប្រាប់មក អ្នកជា​យក្ខឈ្មោះអី្វ។

(ទេវបុត្តប្រាប់ថា) ខ្ញុំជាយក្ខឈ្មោះ​សេរិស្សកៈ ធ្វើតាមពាក្យ​របស់ស្តេច​វេស្សវ័ណ ជាអ្នក​នៅចាំ​ក្នុងផ្លូវកន្តារ គ្រប់គ្រង​ក្នុងព្រៃធំ ថែរក្សា​ប្រទេសនេះ។

ពួកឈ្មួញរទេះសួរថា វិមានដែល​អ្នកបាន​តាមសេចកី្តប្រាថ្នា ប្រែប្រួលទៅ​តាម​កាល អ្នកធ្វើខ្លួនឯង ឬក៏ពួក​ទេវតាឲ្យ វិមានជា​ទីគាប់ចិត្តនេះ អ្នកបាន​ដោយប្រការ​ដូចម្តេច។

(ទេវបុត្តឆ្លើយថា) វិមាននេះ មិនមែនខ្ញុំ​បានតាមសេចកី្ត​ប្រាថ្នាទេ ទាំងមិន​មែន​ប្រែប្រួល​ទៅតាម​កាលទេ មិនមែន​ធ្វើខ្លួនឯងទេ មិនមែនពួក​ទេវតាឲ្យទេ វិមាន​ជាទី​គាប់ចិត្តនេះ ខ្ញុំបាន​ដោយកម្ម​មិនលាមក ដោយបុណ្យ​របស់ខ្លួនទេតើ។

ពួកឈ្មួញរទេះសួរថា វ័តរបស់អ្នក តើដូចម្តេច មួយទៀត ព្រហ្មចរិយៈ​របស់អ្នក តើដូចម្តេច នេះជា​ផលនៃកម្ម​ដូចម្តេច ដែលអ្នក​សន្សំល្អហើយ វិមាន​នេះ អ្នកបានដោយ​ប្រការដូចម្តេច។

(ទេវបុត្តឆ្លើយថា) ដើមឡើយ ខ្ញុំឈ្មោះ​បាយាសិ សោយរាជ្យ​ក្នុងដែន​កោសល ក្នុងកាល​ណា ខ្ញុំជាអ្នក​មាន​នត្ថិកទិដិ្ឋផង មានសេចកី្ត​កំណាញ់​ស្វិត​ស្វាញផង មានបាបធម៌​ផង ជាឧច្ឆេទវាទី​ផង ក្នុងកាលនោះ មានសមណៈ​ឈ្មោះ​កុមារកស្សប ជា​ពហុស្សូត មានសំដី​វិចិត្ត​លើសលុប ក្នុងកាល​នោះ ព្រះថេរៈ​នោះ បានសំដែង​ធម្មកថា​ចំពោះខ្ញុំ បានដក​ភើចចោល​នូវចំរូង គឺទិដិ្ឋ​របស់ខ្ញុំ លុះខ្ញុំ​ស្តាប់​ធម្មកថា​របស់លោក​ហើយ បានប្តេជ្ញា​ខ្លួនជាឧបាសក វៀរចាក​បាណាតិបាត​ផង វៀរបង់​ការកាន់​យកទ្រព្យ ដែលគេ​មិនបាន​ឲ្យក្នុងលោក​ផង មិនផឹក​ទឹកស្រវឹងផង មិនពោលពាក្យ​កុហកផង ជាអ្នក​ត្រេកអរ​ត្រឹមតែ​ប្រពន្ធរបស់​ខ្លួនផង នោះជាវ័ត​របស់ខ្ញុំ ជាព្រហ្មចរិយៈ​របស់ខ្ញុំ នេះជាផល​នៃ​កម្មនោះ ដែល​ខ្ញុំសន្សំល្អហើយ វិមាន​ដែលខ្ញុំបាន​ហើយនេះ ដោយបុញ្ញកម្ម​នេះឯង ជាអំពើ​មិនលាមក។

(ពួកពាណិជពោលថា) បានឮមកថា ពួកនរជន អ្នកប្រកប​ដោយបញ្ញា តែងពោល​ពាក្យពិត ពាក្យរបស់​បណ្ឌិត​ទាំងឡាយ មិនឃ្លៀងឃ្លាត បុគ្គលអ្នក​មាន​បុញ្ញកម្ម ទៅក្នុង​ទីណាៗ ប្រាថ្នាបាន​តាមចំណង់ រមែងរីករាយ​ក្នុងទីនោះៗ សេចកី្តសោក និងសេចកី្ត​ខ្សឹកខ្សួល ការសម្លាប់ ការចង និងសេចកី្ត​សៅហ្មង​គ្រប់យ៉ាង មាននៅ​ក្នុង​ទីណាៗ បុគ្គលមាន​កម្មដ៏លាមក ទៅក្នុង​ទីនោះៗ រមែង​មិនរួច​ចាកទុគ្គតិ ក្នុងកាល​ម្តងឡើយ ទេវជន (របស់អ្នក) មានសភាព​ងេងងោង ដូចជាទឹកល្អក់ ដែលកើត​អំពីភក់ ក្នុងមួយ​ស្របក់​នេះ នែទេវកុមារ សេចកី្ត​ទោមនស្ស កើតមាន​ដល់ជន​ជាបរិសទ្យ​នេះផង ដល់អ្នកផង តើព្រោះហេតុ​ដូចម្តេចហ្ន៎។

(ទេវបុត្តពោលថា) នែអ្នកទាំងឡាយ ក្លិនទិព្វទាំងឡាយ​ក្រអូប​ឈ្ងុយឈ្ងប់ រមែងផ្សាយ​ចេញអំពី​ព្រៃច្រេស ក្លិនទាំងនោះ តែងអប់​វិមាននេះ កំចាត់បង់​នូវងងឹត​ទាំងថ្ងៃ ទាំងយប់ ផ្កាក្រពុំមួយៗ នៃដើម​ច្រេសទាំងនេះ តែងលៀន​ចេញអំពីទង ដោយកាល​កន្លងទៅ ១០០ ឆ្នាំ ចំនួន ១០០ ឆ្នាំ របស់​មនុស្ស កន្លងទៅហើយ ខ្ញុំមកកើត​ក្នុងទេវវិមាន​នេះ ក្នុង​ទេវនិកាយ នែអ្នក​ទាំងឡាយ លុះខ្ញុំឋិត​នៅក្នុង​វិមាននេះ អស់​កំណត់ ៥០០ ឆ្នាំ​ទិព្វហើយ នឹងច្យុតដោយ​អស់អាយុផង ដោយ​អស់បុណ្យផង ទើបខ្ញុំ​ជ្រប់ស្រពោន ដោយសេចកី្ត​សោកស្តាយ​នោះឯង។

(ពួកពាណិជបាននិយាយថា) ទេវបុត្តនោះ ប៉ុនអម្បាល​បាននូវវិមាន (ដ៏ល្អ) មិនអាច​ថ្លឹងបាន អស់កាល​យូរហើយ ម្តេចក៏នៅ​សោកស្តាយ ចំណង់​បើពួក​ទេវបុត្តណា ដែលកើត​ក្នុងវិមាន​ក្រៅនេះ ពួកទេវបុត្ត​នោះ ជាអ្នកមាន​បុណ្យតិច ទើបគួរ​សោកស្តាយ ពិតមែន។

(ទេវបុត្តឆ្លើយថា) អ្នកទាំងឡាយ ពោលពាក្យជាទី​ស្រឡាញ់ណា ចំពោះខ្ញុំ ពាក្យនោះ ជាពាក្យ​សមគួរ​ដល់ខ្ញុំផង ជាពាក្យ​ដែលអ្នក​ទាំងឡាយ គប្បីទូន្មាន​ដល់​ខ្ញុំផង នែអ្នក​ទាំងឡាយ ឯពួក​អ្នកសោត ខ្ញុំក៏បាន​តាមគ្រប់គ្រង​ហើយ អ្នក​ទាំងឡាយ ចូរទៅរក​ទីមានសួស្តី គួរតាម​ប្រាថ្នាចុះ។

(ពួកពាណិជនិយាយថា) ពួកខ្ញុំជាអ្នក​ត្រូវការដោយ​ទ្រព្យ កំពុង​ប្រាថ្នានូវ​ការ​ចំណេញ ទើបដើរទៅ​កាន់​ប្រទេស ឈ្មោះសិន្ធុ និងប្រទេស​ឈ្មោះ​សោវីរៈ ក៏ប្រកប​ការងារ​តាមសមគួរ បានបរិច្ចាគ​បរិបូណ៌ហើយ នឹងធ្វើ​នូវការឆ្លង​ចំពោះ​សេរិស្សកវិមាន​ដ៏ឱឡារិក។

(ទេវបុត្តនិយាយថា) អ្នកទាំងឡាយ កុំធ្វើនូវការឆ្លង ចំពោះសេរិស្សកវិមាន​ឡើយ អ្នកទាំងឡាយ ពោលពាក្យ​ណា ពាក្យទាំង​អស់នោះ នឹងមាន​ដល់អ្នក​ទាំងឡាយ ៗ គប្បីវៀរបង់​កម្មលាមក​ទាំងឡាយផង ចូរអធិដ្ឋាន​ការប្រកបរឿយ ៗ នូវកុសលធម៌​ផង។

(ទេវបុត្តពោលថា) ក្នុងពួកនេះ មានឧបាសកម្នាក់ ជាពហុស្សូត បរិបូណ៌​ដោយ​សីល និងវត្ត ជាអ្នកមាន​សទ្ធាផង មានការ​បរិច្ចាគផង មានសីល​ជាទី​ស្រឡាញ់ផង ជាអ្នកឈ្លាសវៃ មានសេចកី្ត​សន្តោស មានប្រាជ្ញា ជាអ្នកដឹងច្បាស់ មិនពោល​នូវពាក្យ​កុហក មិនគិត​បៀតបៀន​នូវអ្នកដទៃ មិនពោល​ពាក្យញុះញង់ ដែលជា​ពាក្យមិនពិត គប្បីពោល​វាចាដ៏ពីរោះ ជាវាចា​មិនរើរុះ ប្រកបសេចកី្ត​គោរព សេចកី្ត​កោតក្រែង មានខ្លួន​ទូន្មានហើយ មិនមែន​ជាអ្នក​លាមក​អាក្រក់ ជាអ្នក​បរិសុទ្ធក្នុង​អធិសីល មួយទៀត ឧបាសក​នោះ ជាបុរស​ចិញ្ចឹមមាតាបិតា​តាមធម៌ ប្រព្រឹត្តស្អាត ឧបាសកនោះ ទំនង​ជាស្វែង​រកភោគៈ​ទាំងឡាយ ព្រោះ​ហេតុតែ​មាតាបិតាពិត មិនមែន​ដើម្បីខ្លួនទេ មួយទៀត បុរសណា អំណើះ​អំពី​មាតាបិតាទៅ ជាអ្នកមាន​ចិត្តទោរទន់​ទៅរកព្រះនិព្វាន ទាំងប្រព្រឹត្ត​​នូវ​សាសនព្រហ្មចរិយៈ ជាអ្នក​មានកាយ វាចា ចិត្ត ត្រង់មិនវៀច មិនអួតអាង មិនមាន​ពុតត្បុត មិនគប្បីជួញ​ដោយ​លេសកប្ប គឺមិនគប្បី​បញ្ចេញពាក្យ​ដោយអំណាច​កលមាយា នឹងការអួតអាង បុរសប្រាកដ​ដូច្នោះនោះ ឈ្មោះថា អ្នកធ្វើ​នូវកម្មល្អ ឋិតនៅ​ក្នុងធម៌ ម្តេចនឹង​បាននូវទុក្ខ ខ្ញុំធ្វើឲ្យ​ប្រាកដដោយ​ខ្លួនឯង ព្រោះករុណា​ចំពោះ​ឧបាសក​នោះ ម្នាលពាណិជ​ទាំងឡាយ ហេតុនោះ អ្នកទាំងឡាយ ចូររមិល​មើលខ្ញុំចុះ ប្រសិនបើ​អ្នក​ទាំងឡាយ វៀរចាក​ឧបាសកនោះ នឹងទៅជា​បុគ្គល​វិលវល់ ដូចជាមនុស្សខ្វាក់ ភាន់ភាំង​នៅក្នុងព្រៃ គប្បីដល់​នូវភាព​ជាផេះ ការគប់​រកមនុស្ស​ផ្តេសផ្តាស ជាអ្នក​បៀតបៀនគេ ជាការងាយ ការគប់រក​សប្បុរស ជាគុណ​នាំមកនូវ​សេចកី្តសុខ។

(ពួកពាណិជសួរថា) បុរសនោះឈ្មោះអី្វ ធ្វើការងារដូចម្តេច នាមដែល​មាតាបិតា​ឲ្យ តើដូចម្តេច មួយទៀត គោត្ររបស់​គាត់ តើដូចម្តេច នែយក្ខ អ្នកមក​ក្នុងទីនេះ ដើម្បី​សេចកី្ត​អនុគ្រោះ​បុរសណា ពួកយើងចង់​ឃើញ​បុរសនោះដែរ ព្រោះថា អ្នកពេញចិត្ត​បុរសណា បុរសនោះ​ចំជាមានលាភ។

(ទេវបុត្តឆ្លើយថា) បុរសណា ជាជាងកាត់កោរ ឈ្មោះសម្ភវៈ ជាឧបាសក អ្នកចិញ្ចឹម​ជីវិតអាស្រ័យ​នូវស្និតសក់ និងក្រាស ឧបាសកនោះ ជាអ្នកបម្រើ​របស់​អ្នក ចូរអ្នកស្គាល់​បុរសនោះចុះ អ្នកទាំងឡាយ កុំបៀតបៀន​ឧបាសក​នោះឡើយ ឧបាសក​នោះ មានសីល​ជាទីស្រឡាញ់​ល្អណាស់។

(ពួកពាណិជពោលថា) នែយក្ខ អ្នកពោលពាក្យណា យើងទាំងឡាយ រមែងដឹង​ពាក្យនោះ តែយើង​ទាំងឡាយ មិនដឹង​បុរសនោះថា ជាអ្នក​ប្រាកដដូច្នេះ​ឡើយ នែយក្ខ លុះពួក​យើងបានឮ​ពាក្យរបស់អ្នក​លើសលុប នឹងបូជា​បុរស​នោះដែរ។

(ទេវបុត្តពោលថា) ពួកមនុស្សឯណានីមួយ ទាំងអស់ក្នុង​ទីប្រជុំនេះ ទោះ​ក្មេងកី្ត ចាស់កី្ត កណ្តាលកី្ត មនុស្សទាំង​អស់នោះ ចូរឡើង​កាន់វិមាន ពួកមនុស្ស អ្នកមាន​សេចកី្ត​កំណាញ់ ចូរមើល​នូវផលនៃបុណ្យ​ទាំងឡាយចុះ។

(ព្រះធម្មសង្គាហកត្ថេរទាំងឡាយ​ពោលថា) ពាណិជ​ទាំងអស់នោះ ក្នុងទី​នោះ ពោលថា ខ្ញុំមុនគេ ៗ ហើយក៏ធ្វើ​នូវជាងកាត់​កោរនោះ​ឲ្យដើរមុខ ក្នុងទីនោះ ពាណិជ​ទាំងអស់​នោះ បានឡើង​កាន់វិមាន ដូចជាភព​នៃទេវរាជ ឈ្មោះវាសវៈ​ដែរ ពាណិជ​ទាំងអស់​នោះ ក្នុង​ទីនោះ ពោលថា ខ្ញុំមុនគេ ៗ ប្តេជ្ញានូវ​ភាពនៃខ្លួន​ជាឧបាសក ជាអ្នកវៀរ​ចាកបាណាតិបាត​ផង វៀរចាក​ការកាន់យក​ទ្រព្យ ដែល​គេមិនបាន​ឲ្យក្នុងលោកផង មិនផឹកទឹក​ស្រវឹងផង មិននិយាយ​ពាក្យកុហកផង ជាអ្នក​សន្តោស​ដោយប្រពន្ធ​របស់ខ្លួន​ផង ពួកពាណិជ​ទាំងអស់នោះ ក្នុងទីនោះ ពោលថា ខ្ញុំមុនគេៗ ប្តេជ្ញានូវភាព​នៃខ្លួន​ជាឧបាសក ឈ្មួញរទេះ មានសេចកី្ត​ត្រេកអររឿយៗ ដោយឫទ្ធិ​នៃទេវតា (លុះទេវតា) អនុម័តហើយ ក៏ដើរចេញទៅ ពាណិជទាំងនោះ ទៅកាន់​ប្រទេសឈ្មោះ​សិន្ធុ និងប្រទេស​ឈ្មោះ​សោវីរៈ ជាអ្នកត្រូវការ​ដោយទ្រព្យ ប្រាថ្នា​នូវការ​ចំណេញ ប្រកប​ព្យាយាមគួរ​តាមអធ្យាស្រ័យ មានលាភ​បរិបូណ៌ ត្រឡប់​មកកាន់ក្រុង​បាតលិបុត្តវិញ មិនមាន​អន្តរាយ លុះបុរស​ទាំងនោះ​ទៅផ្ទះរបស់​ខ្លួនហើយ ក៏មានសួស្តី ចួបជុំ​នឹងបុត្ត​ភរិយា មានចិត្ត​រីករាយ ត្រេកអរ ព្រឺព្រួច ទើបនាំគ្នា​ធ្វើការឆ្លង​ដ៏ឱឡារិក ចំពោះ​សេរិស្សកវិមាន ពួកពាណិជ​ទាំងនោះ បានសាង​បរិវេណ ១ ឈ្មោះ​សេរិស្សកៈ ការសេពគប់​នឹងសប្បុរស​ទាំងឡាយ ជា​គុណញុំាង​ប្រយោជន៍​ឲ្យសម្រេច ការសេពគប់​នឹងបុគ្គល​អ្នកមានធម្មគុណ​ទាំងឡាយ រមែង​មានឫទ្ធិច្រើន ពួកសត្វ គឺនាយពាណិជ​ទាំងអស់នោះ បានដល់​នូវ​សេចកី្ត​សុខ ព្រោះអាស្រ័យ​សេចកី្តចំរើន​របស់ឧបាសកម្នាក់។

ចប់ សេរិស្សកវិមាន ទី១០។

សុនិក្ខិត្តវិមាន ទី១១

[៨៥] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរ​ជាវិការៈនៃ​កែវមណី មាន​ទំហំ​ជុំវិញ ១២ យោជន៍ មានផ្ទះ​កំពូល ៧០០ ដ៏ឱឡារិក មានសសរ​ជា​វិការៈ​នៃកែវពិទូរ្យ ក្រាលដោយ​កម្រាល​ដ៏រុងរឿង ជាផ្ទះ​កំពូលដ៏​ល្អ អ្នករមែង​ឋិតនៅ ផឹក​ស៊ី ក្នុងវិមាន​នោះផង ពិណជា​ទិព្វទាំងឡាយ លាន់ឮ​ពីរោះផង កាមគុណទាំង ៥ មាន​រសទិព្វ (តែងបរិបូណ៌) ក្នុងវិមាន​នោះផង ពួកនារី ដែលបិទបាំង​ដោយគ្រឿងមាស តែងរាំ​ច្រៀង​ក្នុងវិមាន​នោះផង

សម្បុររបស់អ្នកប្រាកដដូច្នោះ តើសម្រេចដោយ​បុណ្យអី្វ ផលសម្រេច​ដល់អ្នក​ក្នុងវិមាន​នេះផង ភោគៈ​ទាំងឡាយ​ណានីមួយ ជាទីគាប់ចិត្ត ភោគៈ​ទាំងនោះ ក៏កើត​ឡើង​ដល់​អ្នកផង តើដោយ​បុណ្យដូចម្តេច

នែទេវតា អ្នកមានអានុភាពច្រើន អាត្មាសួរអ្នក តើអ្នកកាល​កើតជា​មនុស្ស បានធ្វើ​បុណ្យអី្វ ទើបអ្នក​មានអានុភាព​រុងរឿង​យ៉ាងនេះ ទាំងសម្បុរ​របស់អ្នក ក៏ភ្លឺច្បាស់​សព្វទិស តើដោយ​បុណ្យអី្វ។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លាន​សួរហើយ មានចិត្តត្រេកអរ លុះព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​រួចហើយ ក៏ដោះស្រាយ​នូវផលនៃ​កម្មនេះថា

ខ្ញុំបានរៀបចំល្អ​នូវកម្រងផ្កា ដែលគេរៀប​ចំមិនល្អ បានដំកល់ទុក​ចំពោះ​ព្រះស្តូប​នៃព្រះសុគត (ព្រះនាម​កស្សប) បានជាខ្ញុំ​មានឫទ្ធិច្រើន មានអានុភាព​ច្រើន បរិបូណ៌​ដោយកាមគុណ​ទាំងឡាយ​ជាទិព្វ ហេតុនោះ បានជា​សម្បុររបស់ខ្ញុំ​ប្រាកដដូច្នោះ ផលសម្រេច​ដល់ខ្ញុំ ក្នុងវិមាន​នេះផង ភោគៈ​ទាំងឡាយ​ណានីមួយ ជាទីគាប់ចិត្ត ភោគៈ​ទាំងនោះ ក៏កើតឡើង​ដល់ខ្ញុំផង ដោយ​បុណ្យនោះ ទើបខ្ញុំមាន​អានុភាព​រុងរឿង​យ៉ាងនេះ ទាំង​សម្បុរ​របស់ខ្ញុំ ក៏ភ្លឺច្បាស់​សព្វទិស​ដោយបុណ្យ​នោះ។

ចប់ សុនិក្ខិត្តវិមាន ទី១១។

ឧទ្ទាន

និយាយអំពីរឿងបុរសកំសត់ ២ លើក រឿងបុរស​ធ្វើវិហារទាន ២ លើក រឿងបុរស​ស៊ីឈ្នួល ១ រឿង​នាយគោបាល ១ រឿង​សេះកណ្ឋកៈ ១ រឿង​អនេកវណ្ណទេវបុត្រ ១ រឿង​មដ្ឋកុណ្ឌលី ១ រឿង​សេរិស្សកវិមាន ១ រឿង​សុនិក្ខិត្តវិមាន ១។

ចប់ បុរិសវគ្គ ទី៧។

ចប់ ភាណវារៈ ទី៤។

ចប់ ភាគ៥៥។

សូមអនុមោទនា !!!

Oben-pfeil