ខុទ្ទកនិកាយ ជាតក

សត្តមភាគ
ភាគទី៥៨

សូមថ្វាយបង្គំព្រះមានព្រះភាគ​ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ។

ឯកនិបាតជាតក

អបណ្ណកវគ្គ ទី១

អបណ្ណកជាតក ទី១

[១] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុគ្គលពួកខ្លះជាបណ្ឌិត រមែង​ប្រកាន់ហេតុ​ដែល​មិនខុស បុគ្គលពួកខ្លះ​ ត្រិះរិះយកឯង រមែងប្រកាន់​ហេតុទី ២ ​(ហេតុខុស) មេធាវី​បុគ្គល បានដឹង​នូវហេតុ​ដែលខុស ​និងហេតុ​ដែលមិន​ខុសនេះ​ហើយ គប្បី​កាន់យក​នូវហេតុ​ដែលមិន​ខុសនោះ។

ចប់ អបណ្ណកជាតក ទី១។

វណ្ណុបថជាតក ទី២

[២] (ព្រះសម្ពុទ្ធត្រាស់ថា) ពួកជនមិនខ្ជិលច្រអូស កាលជីក (ផែនដី) ត្រង់ផ្លូវខ្សាច់ ឬក្នុង​ទីទួល បាននូវទឹកត្រង់​ផ្លូវនោះ (យ៉ាងណា) អ្នកប្រាជ្ញ បរិបូណ៌​ដោយព្យាយាម និង​កំឡាំង​កាយ មិនខ្ជិល​ច្រអូស ក៏បាននូវ​សេចក្តី​ស្ងប់រម្ងាប់​នៃហឫទ័យ​យ៉ាងនោះដែរ។

ចប់ វណ្ណុបថជាតក ទី២។

សេរិវវាណិជជាតក ទី៣

[៣] (ព្រះសម្ពុទ្ធត្រាស់ថា) បើអ្នកធ្វើ​នូវ​សោតាបត្តិមគ្គ ជាគ្រឿង​កំណត់​នូវ​ព្រះសទ្ធម្ម​នោះ ឲ្យឃ្លាត​ចាកសាសនា​នេះហើយ អ្នករមែង​ក្តៅក្រហាយ​រឿយ ៗ អស់​កាលយូរ ដូចជា​ពាណិជ​ឈ្មោះសេរិវៈ​នេះ។

ចប់ សេរិវវាណិជជាតក ទី៣។

ចុល្លកសេដ្ឋិជាតក ទី៤

[៤] (ព្រះសាស្ដា ត្រាស់ថា)​ អ្នកបា្រជ្ញ ឈ្លាសវៃ រមែងតាំងខ្លួនបាន​ដោយទ្រព្យ​ជាដើមទុន សូម្បីមាន​ប្រមាណ​តិច ដូច​បុគ្គលបង្កាត់​ភ្លើងដ៏តូច។

ចប់ ចុល្លកសេដ្ឋិជាតក ទី៤។

តណ្ឌុលនាឡិជាតក ទី៥

[៥] (អាមាត្យពោធិសត្វ សួរថា)​ អង្ករមួយនាឡិ ថ្លៃ (ស្មើនឹង) ក្រុងពារាណសី ទាំង​ខាងក្នុង ទាំងខាង​ក្រៅ ឬសេះ ៥០០ នេះ ថ្លៃត្រឹម​តែអង្ករ ១ នាឡិទេ​ឬ។

ចប់ តណ្ឌុលនាឡិជាតក ទី៥។

ទេវធម្មជាតក ទី៦

[៦] (ព្រះមហិស្សាសរាជ​កុមារពោធិសត្វ ពោលថា) ពួកសប្បុរស អ្នកមាន​ចិត្តស្ងប់​រម្ងាប់ បរិបូណ៌​ដោយហិរិ និង​ឱត្តប្បៈ តាំងមាំ​ហើយក្នុង​ធម៌ស លោក​ពោលថា​មាន​ទេវធម៌​​ក្នុងលោក។

ចប់ ទេវធម្មជាតក ទី៦។

កដ្ឋហារិជាតក ទី៧

[៧] (ព្រះរាជកុមារពោធិសត្វ ពោលថា) បពិត្រមហារាជ ខ្ញុំជា​បុត្ររបស់​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជាធំជាង​ពួកជន សូម​ព្រះអង្គ​ចិញ្ចឹមខ្ញុំ​ផង ព្រះសម្មតិទេព​ទ្រង់​ចិញ្ចឹម​ពួកជន​ដទៃបាន ម្តេច​ព្រះសម្មតិទេព​ក៏មិនចិញ្ចឹម​សត្វដែលជា​បុត្ររបស់​ព្រះអង្គ​ផង។

ចប់ កដ្ឋហារិជាតក ទី៧។

គាមណិជាតក ទី៨

[៨] (គាមណិកុមារ ពោលថា) ការបា្រថ្នានូវផល តែងសមេ្រចព្រម ដល់ពួកជន​អ្នកមិន​រួសរាន់ អញជា​អ្នកមាន​ព្រហ្មចារ្យ​ចាស់ក្លាហើយ ម្នាលគាមណិ អ្នកចូរ​ដឹងយ៉ាង​នេះចុះ។

ចប់ គាមណិជាតក ទី៨។

មឃទេវជាតក ទី៩

[៩] (ព្រះរាជាពោធិសត្វ ទ្រង់ត្រាស់ថា) សក់ទាំងឡាយ​នេះ នាំទៅនូវ​វ័យ (ស្កូវ) កើតដល់​អញហើយ ទេវទូត កើតបា្រកដ​ហើយ (នេះ) ជាសម័យ​នៃផ្នួស​របស់អញ។

ចប់ មឃទេវជាតក ទី៩។

សុខវិហារិជាតក ទី១០

[១០] (ឥសីពោធិសត្វ ពោលថា) ពួកជនដទៃ មិនរក្សា​ជនណា ម្យ៉ាងទៀត ជន​ណា​មិនរក្សា​ពួកជនដទៃ បពិត្រ​ព្រះរាជា ជននោះឯង មិនមាន​សេចក្តី​អាឡោះអាល័យ​ក្នុងកាម​ទាំងឡាយ​ទេ រមែងដេក​ជាសុខ។

ចប់ សុខវិហារិជាតក ទី១០។

ចប់ អបណ្ណកវគ្គ ទី១។

ឧទ្ទាននៃអបណ្ណកវគ្គនោះគឺ

និយាយអំពីបុគ្គលខ្លះប្រកាន់ហេតុមិនខុសដ៏ប្រសើរ ក្នុង​អបណ្ណកជាតក ១ វណ្ណុបថជាតក ១ សេរិវវាណិជជាតក ១ បុគ្គលមាន​បា្រជ្ញា​ជាគ្រឿង​ពិចារណា ក្នុង​ចុល្លកសេដ្ឋិជាតក ១ តណ្ឌុលនាឡិជាតក ១ បុគ្គល​មានហិរិ ក្នុងទេវធម្មជាតក ១ ព្រះរាជបុត្ត ក្នុង​កដ្ឋហារិជាតក ១ គាមណិជាតក ១ មឃទេវជាតក ១ ជនណា​មិនរក្សា​ជនដទៃ ក្នុងសុខវិហារិជាតក ១ ត្រូវជា ១០ ជាតក។

សីលវគ្គ ទី២

លក្ខណជាតក ទី១

[១១] (ម្រឹគពោធិសត្វ ពោលថា) សេចក្តី​ចំរើន តែងមាន​ដល់ពួកជន​អ្នកមានសីល អ្នក​ប្រព្រឹត្ត​បដិសន្ថារៈ នាងចូរមើល​ម្រឹគឈ្មោះ​លក្ខណៈ កំពុងដើរ​មក ដែលពួក​ញាតិ​ហែហម​ហើយ នាងឃើញ​ម្រឹគឈ្មោះ​កាឡៈនេះ ដែលសាបសូន្យ​ចាកពួកញាតិ (កំពុង​ដើរមក) ឬទេ។

ចប់ លក្ខណជាតក ទី១។

និគ្រោធមិគជាតក ទី២

[១២] (មេម្រឹគ ពោលថា) បុគ្គលគប្បីសេព​នូវម្រឹគឈ្មោះ​និគ្រោធៈ​តែម្យ៉ាង កុំគប្បី​សេពនូវ​ម្រឹគ​ឈ្មោះសាខៈ​ឡើយ ការស្លាប់​ក្នុង​សំណាក់នៃ​ម្រឹគឈ្មោះ​និគ្រោធៈ ជាការ​ប្រសើរ ការរស់​នៅក្នុង​សំណាក់នៃ​ម្រឹគ​ឈ្មោះសាខៈ ពុំប្រសើរ​ឡើយ។

ចប់ និគ្រោធមិគជាតក ទី២។

កណ្ឌិនជាតក ទី៣

[១៣] (រុក្ខទេវតាពោធិសត្វ ពោលថា) ចូរតិះដៀល​នូវបុរស​អ្នកមាន​សរមុត​ចូល​ទៅ ដែលមាន​របួសយ៉ាង​ខ្លាំង ស្រីជា​បរិណាយិកា (អ្នកត្រួតត្រា) នៅក្នុង​ជនបទ​ណា ចូរតិះដៀល​នូវជនបទ​នោះ ម្យ៉ាងទៀត សត្វទាំងឡាយ​ណា លុះអំណាច​ពួកស្រី សត្វ​ទាំងឡាយ​នោះ ក៏បណ្ឌិត​តិះដៀល​ហើយ។

ចប់ កណ្ឌិនជាតក ទី៣។

វាតមិគជាតក ទី៤

[១៤] (ព្រះរាជាទ្រង់មានព្រះឱង្ការ​ថា ឆន្ទរាគ) ដោយ​អាវាសៈ​ទាំងឡាយ ឬ​ដោយការ​សិ្នទ្ធស្នាល​ទាំងឡាយ ជាសភាវៈ​លាមក​ជាង​ឆន្ទរាគ ដោយរស​ទាំងឡាយ​មិនមាន​ទេ ឧយ្យានបាល​ឈ្មោះ សញ្ជ័យ បាននាំសត្វ​ឈ្លូសដែលអាស្រ័យ​នូវព្រៃស្បាត មកកាន់​អំណាច (របស់ខ្លួន) បាន ព្រោះតែ​រសទាំងឡាយ។

ចប់ វាតមិគជាតក ទី៤។

ខរាទិយជាតក ទី៥

[១៥] (ម្រឹគពោធិសត្វ ពោលថា) ម្នាលនាង​ខរាទិយា យើង​មិនអាច​ទូន្មានម្រឹគ មាន​ក្រចក ៨ មានស្នែង​វៀចគល់ និង​ស្រួចចុង​ដ៏ក្រៃលែង ជាសត្វ​កន្លងនូវ​កាលនៃ​ដម្បូន្មាន ៧ នោះបាន​ឡើយ។

ចប់ ខរាទិយជាតក ទី៥។

តិបល្លត្ថមិគជាតក ទី៦

[១៦] (ម្រឹគពោធិសត្វ ពោលថា) អញបានញុំាងម្រឹគ មាន​ដំណេក ៣ មានក្រចក ៨ ជាសត្វផឹកទឹក​ក្នុងពេល​អធ្រាត្រ ឲ្យរៀន​មាយា​ច្រើនហើយ ម្រឹគជា​ក្មួយ​បានដក​ដង្ហើម​ខ្ទប់នឹង​ផែនដី ដោយ​រន្ធច្រមុះម្ខាង បញ្ឆោត (ព្រានព្រៃ) ដោយ​កល់ ៦ យ៉ាង។

ចប់ តិបល្លត្ថមិគជាតក ទី៦។

មាលុតជាតក ទី៧

[១៧] (ឥសីពោធិសត្វ ពោលថា) កាលណា​ខ្យល់បក់ ទោះខាង​រនោចក្តី ខាង​ខ្នើតក្តី កាលនោះ ត្រជាក់​ទាំងឡាយ ក៏កើតអំពី​ខ្យល់ អ្នកទាំងពីរ មិនចាលចាញ់ ក្នុង​ប្រស្នានេះ​ឡើយ។

ចប់ មាលុតជាតក ទី៧។

មតកភត្តជាតក ទី៨

[១៨] (រុក្ខទេវតាពោធិសត្វ ពោលថា) បើពួកសត្វគប្បី​ដឹងយ៉ាងនេះ​ថា ការកើតនៃ​ជាតិនេះ រមែងនាំ​មកនូវ​ទុក្ខ សត្វមិន​ត្រូវសម្លាប់សត្វ ព្រោះថា បុគ្គលអ្នកសម្លាប់​សត្វ រមែង​សោយសោក។

ចប់ មតកភត្តជាតក ទី៨។

អាយាចិតភត្តជាតក

[១៩] (រុក្ខទេវតា ពោលថា) បើអ្នកចង់រួច ត្រូវរួច​ក្នុងលោក​ខាង​នាយ ព្រោះថា អ្នករួច​ឥឡូវនេះ គង់ជាប់ (ដោយបាបកម្ម) អ្នកបា្រជ្ញ​ទាំងឡាយ មិនធ្លាប់​រួចយ៉ាង​នេះ​ឡើយ ការរួច​របស់​ជនពាល ឈ្មោះថា​ចំណង​វិញទេ។

ចប់ អាយាចិតភត្តជាតក ទី៩។

នឡបានជាតក ទី១០

[២០] (ស្វាពោធិសត្វ ពោលថា) យើងឃើញស្នាមជើង​ដែលមិន​ឡើង ឃើញ​តែស្នាមជើង​ដែលចុះ យើងផឹក​ទឹកដោយ​ដើមបបុស អ្នកនឹង​សម្លាប់យើង​មិនបាន​ឡើយ។

ចប់ នឡបានជាតក ទី១០។

ចប់ សីលវគ្គ ទី២។

ឧទ្ទាននៃសីលវគ្គនោះគឺ

និយាយអំពីលក្ខណជាតក ១ ម្រឹគឈ្មោះ​សាខៈ (ក្នុង​និគ្រោធមិគជាតក) ១ ចូរ​តិះដៀល (ក្នុង​កណ្ឌិនជាតក) ១ មិន​លាមក​ជាង​រស​ទាំងឡាយ (ក្នុង​វាតមិគជាតក) ១ ខរាទិយជាតក ១ ម្រឹគ​បញ្ឆោត​ព្រានព្រៃ (ក្នុង​តិបល្លត្ថមិគជាតក) ១ មាលុតជាតក ១ បុគ្គល​មិនត្រូវ​សម្លាប់​សត្វដទៃ (ក្នុង​មតកភត្តជាតក) ១ ការរួច (ក្នុង​អាយាចិតភត្តជាតក) ១ នឡបានជាតក ១ ត្រូវជា ១០។

កុរុង្គវគ្គ ទី៣

កុរុង្គមិគជាតក ទី១

[២១] (ប្រើសពោធិសត្វ ពោលថា) ម្នាល​ដើមចម្បក់ អ្នក​ជម្រុះផ្លែ​មកដោយ​ហេតុ​ណា ហេតុនុ៎ះ អញជាប្រើស​បានដឹង​ហើយ អញ​នឹងទៅកាន់​ដើមចម្បក់​ឯទៀត ផ្លែរបស់​អ្នក អញមិន​ពេញចិត្តទេ។

ចប់ កុរុង្គមិគជាតក ទី១។

កុក្កុរជាតក ទី២

[២២] (សុនខពោធិសត្វ ពោលថា) ពួកឆ្កែណា​កើតក្នុង​រាជត្រកូល បរិបូណ៌​ដោយ​សម្បុរ និង​កំឡាំង ចំរើនហើយ​ក្នុងរាជ​ត្រកូល ឆ្កែ​ទាំងនោះ គេមិន​សម្លាប់ទេ យើងទាំង​ឡាយ​​ត្រូវគេ​សម្លាប់ នេះមិន​ឈ្មោះថា​សម្លាប់ដោយ​ត្រឹមត្រូវ​ឡើយ នេះឈ្មោះថា​សម្លាប់តែ​ឆ្កែ​ដែលមាន​កំឡាំងខ្សោយ។

ចប់ កុក្កុរជាតក ទី២។

ភោជាជានីយជាតក ទី៣

[២៣] (សេះអាជានេយ្យពោធិសត្វ ពោលថា) សេះភោជាជានីយ សូម្បី​ត្រូវសរ​ទាំងឡាយ​មុតហើយ ដេកផ្អៀង គង់ប្រសើរ​ជាងសេះ​សាម័ញ្ញ នែសារថី អ្នកចូរទឹម​ខ្ញុំដោយ​គ្រឿង​ក្រឹស​ទាំងឡាយ​ចុះ។

ចប់ ភោជាជានីយជាតក ទី៣។

អាជញ្ញជាតក ទី៤

[២៤] (សេះអាជានេយ្យពោធិសត្វ ពោលថា) សេះអាជានេយ្យ ធ្វើ​នូវសន្ទុះ​ក្នុងទីណា ក្នុងកាល​ណាម្តង‌ ៗ ឬក្នុង​ខណៈណា ក្នុង​មណ្ឌល​ចំបាំងណា ក្នុងកាល​ណាម្តង ៗ សេះ​សាម័ញ្ញទាំងឡាយ តែងសាប​សូន្យ ក្នុងកាល​នោះ ក្នុងទីនោះ។

ចប់ អាជញ្ញជាតក ទី៤។

តិត្ថជាតក ទី៥

[២៥] (អាមាត្យពោធិសត្វ ពោលថា) ម្នាលសារថី អ្នកចូរ​ញុំាងសេះ​ឲ្យផឹក (ទឹក) តាមកំពង់​ទឹកទាំង​ឡាយដទៃ ៗ ចុះ ឯសេះ​ឆ្អែត​ដោយ​បាយាស ដោយការស៊ី​ជ្រុលហើយ (រមែង​មិនត្រូវ​ការបរិភោគ​ទៀតទេ)។

ចប់ តិត្ថជាតក ទី៥។

មហិឡាមុខជាតក ទី៦

[២៦] (អាមាត្យពោធិសត្វ ពោលថា) ដំរីដ៏ឧត្តម​ឈ្មោះ​មហិឡាមុខៈ បាន​ស្តាប់​ពាក្យរបស់​ចោរទាំងឡាយ​មុនហើយ ក៏ប្រព្រឹត្ត​តាម បានបោកសម្លាប់ (ហ្មដំរី) លុះបាន​ស្តាប់ពាក្យ​ពួកលោក​អ្នកមាន​ខ្លួន​សង្រួមល្អហើយ ក៏បានតាំង​នៅក្នុងគុណ​គ្រប់យ៉ាង។

ចប់ មហិឡាមុខជាតក ទី៦។

អភិណ្ហជាតក ទី៧

[២៧] (អាមាត្យពោធិសត្វ ពោលថា) (ដំរី) មិនអាច​កាន់យកនូវ​ពំនូតបាយ មិនអាច​កាន់យកនូវ​ដុំបាយ មិន​អាចកាន់​យកនូវ​ស្មៅ​ទាំងឡាយ មិនអាច​ត្រដុស (សរីរៈ) ទេ ខ្ញុំសំគាល់​ថា​ដំរី​បានធ្វើ​សេចក្តី​ស្រឡាញ់​ស្មោះចំពោះឆ្កែ ព្រោះការ​ឃើញរឿយ ៗ។

ចប់ អភិណ្ហជាតក ទី៧។

នន្ទិវិសាលជាតក ទី៨

[២៨] (ព្រះសាស្តា ទ្រង់ត្រាស់ថា) បុគ្គលគប្បីនិយាយ​ពាក្យជាទី​គាប់ចិត្ត​តែម្យ៉ាង មិន​គប្បី​និយាយ​ពាក្យមិន​ជាទីគាប់​ចិត្តក្នុង​កាលណា​ឡើយ កាល​ព្រាហ្មណ៍​និយាយ​ពាក្យ​ជា​ទីគាប់​ចិត្ត (គោនន្ទិវិសាល) បាន​ទាញភារៈ​ដ៏ធ្ងន់រួច ញុំាង​ព្រាហ្មណ៍នោះ​ឲ្យបាន​ទ្រព្យ​ផង ជាសត្វ​មានចិត្ត​រីករាយ​ដោយការ​ញុំាងព្រាហ្មណ៍​នោះឲ្យបាន​ទ្រព្យនោះ​ផង។

ចប់ នន្ទិវិសាលជាតក ទី៨។

កណ្ហជាតក ទី៩

[២៩] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ធុរៈធ្ងន់ ក្នុងទីណា ៗ ផ្លូវដ៏ជ្រៅ ក្នុងទីណា កាល​នោះឯង ពួកជន​នាំគ្នាទឹមគោ​ឈ្មោះ​កណ្ហៈ គោឈ្មោះ​កណ្ហៈនោះ ក៏អូស​នូវធុរៈ​ដ៏ធ្ងន់​នោះ​​ទៅបាន។

ចប់ កណ្ហជាតក ទី៩។

មុណិកជាតក ទី១០

[៣០] (គោពោធិសត្វ ឈ្មោះ​មហាលោហិតៈ ពោលថា) អ្នកកុំចូល​ចិត្ត (ភោជន) របស់​ជ្រូកឈ្មោះ​មុណិកៈ (ព្រោះ) ជ្រូក​មុណិកៈ​ស៊ី​ភោជន​ក្តៅក្រហាយ អ្នកចូរ​មានសេចក្តី​ខ្វល់ខ្វាយ​តិច ហើយស៊ី​តែចំបើង​ចុះ នេះជា​លក្ខណៈ​នៃអាយុ​វែង។

ចប់ មុណិកជាតក ទី១០។

ចប់ កុរុង្គវគ្គ ទី៣។

ឧទ្ទាននៃកុរុង្គវគ្គ​គឺ

និយាយអំពីកុរុង្គមិគជាតក ១ កុក្កុរជាតក ១ ភោជាជានីយជាតក ១ សេះ​ដ៏ប្រសើរ (ក្នុង​អាជញ្ញជាតក) ១ សេះ​សាម័ញ្ញ និង​សេះដ៏​ប្រសើរ (ក្នុង​តិត្ថជាតក) ១ មហិឡាមុខជាតក ១ អភិណ្ហជាតក ១ បុគ្គលមិនត្រូវ​ពោលពាក្យ​មិនគាប់​ចិត្ត (ក្នុង​នន្ទិវិសាលជាតក) ១ គោកណ្ហ​អូសនូវធុរៈ (ក្នុង​កណ្ហជាតក) ១ មុណិកជាតក ១ ត្រូវជា ១០។

កុលាវកវគ្គ ទី៤

កុលាវកជាតក ទី១

[៣១] (ព្រះឥន្ទពោធិសត្វ ពោលថា) ម្នាល​មាតលិ ពួកកូនគ្រុឌ (ទំ) នៅដើមរកា អ្នកចូរ​ចៀសវាង (កុំឲ្យពួក​វាលំបាក) ដោយមុខ​ចន្ទោលរថ​ឡើយ តាមពិត យើងស៊ូ​លះជីវិត ចំពោះ​ពួកអាសុរវិញ កុំឲ្យតែ​កូនគ្រុឌ​ទាំងនេះ មានសំបុក​ខ្ចាត់ខ្ចាយ។

ចប់ កុលាវកជាតក ទី១។

នច្ចជាតក ទី២

[៣២] (ស្តេចហង្សមាស ពោលថា) សំឡេងយំ (របស់អ្នក) ក៏ពីរោះ ខ្នងក៏រុងរឿង ក មានសម្បុរ​ប្រហែលគ្នា​នឹងពណ៌​នៃកែវពិទូរ្យ ស្លាប​ទាំងឡាយ ប្រមាណ​មួយព្យាម អញមិន​ឲ្យកូនស្រី​ដល់អ្នក ព្រោះតែ​ការរាំឡើយ។

ចប់ នច្ចជាតក ទី២។

សម្មោទមានជាតក ទី៣

[៣៣] (ព្រានសត្វស្លាប ពោលថា) ពួកបក្សីស្រុះស្រួល​គ្នា នាំយកលប់​ទៅបាន តែបើពួក​បក្សីទាំងនោះ ជជែក​ទាស់គ្នា​ក្នុងកាល​ណា ពួក​បក្សីទាំងនោះ នឹង​លុះអំណាច​អញ​ក្នុងកាលនោះ​មិនខាន​ឡើយ។

ចប់ សម្មោទមានជាតក ទី៣។

មច្ឆជាតក ទី៤

[៣៤] (ត្រីឈ្មោល ពោលថា) ត្រជាក់មិន (បៀតបៀន) អញទេ ក្តៅក៏មិន (បៀតបៀន) អញដែរ ការបៀតបៀន​អញព្រោះ​លប មិនមាន​ឡើយ (អញ) ព្រួយតែ​ត្រង់ត្រីញី​សំគាល់​អញថា ត្រី​ឈ្មោលនោះ ទៅរក​ត្រីញីដទៃ ដោយ​តម្រេក។

ចប់ មច្ឆជាតក ទី៤។

វដ្តកជាតក ទី៥

[៣៥] (កូនចាបពោធិសត្វ ពោលថា) ស្លាបទាំងឡាយ​មាន តែហើរ​មិនរួច ជើងទាំង​ឡាយមាន តែដើរ​មិនបាន មេ និង​បា (របស់យើង) ចេញបាត់​ទៅហើយ ​នែ​ភ្លើងព្រៃ អ្នកចូរ​ថយទៅ​ចុះ។

ចប់ វដ្តកជាតក ទី៥។

សកុណជាតក ទី៦

[៣៦] (សត្វស្លាបពោធិសត្វ ពោលថា ពួកសត្វស្លាប) អាស្រ័យ​នឹងដើម​ឈើណា ដែលដុះ​លើផែនដី ដើមឈើនោះ ក៏បញ្ចេញ​ភ្លើង ម្នាលអ្នក​មានអវយវៈ (ក្បាល និង​ក) វៀច​ទាំងឡាយ អ្នកទាំងឡាយ ចូរគប់ទិស (ទាំង៤) ចុះ ភ័យ​កើតអំពី​ដើមឈើ​ជាទីពឹង​ហើយ។

ចប់ សកុណជាតក ទី៦។

តិត្តិរជាតក ទី៧

[៣៧] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ពួកជនណា ជាអ្នក​ឈ្លាសក្នុងធម៌ ប្រព្រឹត្ត​កោតក្រែង​ចំពោះ​បុគ្គល​ដែលចំរើន​ហើយ ពួកជននោះ អ្នកផង​គប្បីសរសើរ ក្នុង​បច្ចុប្បន្ន​ផង សម្បរលោក គឺសុគតិ ក៏កើត (ដល់ពួក​ជននោះ) ផង។

ចប់ តិត្តិរជាតក ទី៧។

ពកជាតក ទី៨

[៣៨] (រុក្ខទេវតាពោធិសត្វ ពោលថា) បុគ្គល​មានបា្រជ្ញា​ជាគ្រឿង​បញ្ឆោត រមែង​មិនដល់​សេចក្តីសុខ អស់កាល​ជានិច្ច ព្រោះបញ្ញា​ជាគ្រឿង​បញ្ឆោត​ឡើយ បុគ្គល​មាន​បា្រជ្ញា​ជាគ្រឿង​បញ្ឆោត (នោះ) រមែង​បាន (នូវលទ្ធផល​អាក្រក់) ដូច​សត្វកុក (បាន​នូវការ​ដាច់ក) អំពី​ក្តាម។

ចប់ ពកជាតក ទី៨។

នន្ទជាតក ទី៩

[៣៩] (កុដុម្ពិកពោធិសត្វ ពោលថា) យើងសំគាល់​ថា គំនរមាស និង​កម្រងមាស មាន​ក្នុងទីដែល​ខ្ញុំប្រុស​ឈ្មោះ​នន្ទកៈ ជាកូន​របស់ខ្ញុំស្រី ឈ្មោះអាមា ឈរពោល​នូវពាក្យ​អាក្រក់​នោះ។

ចប់ នន្ទជាតក ទី៩។

ខទិរង្គារជាតក ទី១០

[៤០] (សេដ្ឋីពោធិសត្វ ពោលថា) តាមពិត ខ្ញុំព្រះអង្គ ស៊ូមាន​ជើងឡើង​លើ មានក្បាល​ចុះក្រោម ហើយធ្លាក់​ទៅកាន់នរក ខ្ញុំនឹងពុំ​ធ្វើអំពើមិន​ប្រសើរទេ បើដូច្នោះ សូម​ព្រះអង្គ ទទួល​នូវចង្ហាន់​បិណ្ឌបាត​ចុះ។

ចប់ ខទិរង្គារជាតក ទី១០។

ចប់ កុលាវកវគ្គ ទី៤។

ឧទ្ទាននៃកុលាវកវគ្គនោះគឺ

និយាយអំពីមាតលី (ក្នុងកុលាវកជាតក) ១ ធីតា (ក្នុង​នច្ចជាតក) ១ ពួកបក្សី​ដ៏ប្រសើរ (ក្នុង​សម្មោទមានជាតក) ១ ត្រីឈ្មោល​ទៅដោយ​តម្រេក (ក្នុង​មច្ឆជាតក) ១ មេបា (ក្នុង​វដ្តកជាតក) ១ ដើមឈើដុះ​លើផែនដី (ក្នុង​សកុណជាតក) ១ បុគ្គល​ចំរើន (ក្នុង​តិត្តិរជាតក) ១ ក្តាមឈ្លាសវៃ​ក្នុង​ពកជាតក ១ នន្ទជាតក ១ ដុំបាយ​ដ៏ប្រសើរ ក្នុង​ខទិរង្គារជាតក ១ ត្រូវជា ១០។

អត្ថកាមវគ្គ ទី៥

លោសកជាតក ទី១

[៤១] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) បុគ្គល​ណា កាល​លោកអ្នក​បា្រថ្នា​សេចក្តី​ចំរើន អនុគ្រោះ​ដោយ​ប្រយោជន៍ ទូន្មាន មិនធ្វើ​តាមពាក្យ​ប្រៀនប្រដៅ បុគ្គល​នោះ រមែង​សោកសៅ ដូចជា​មិត្តវិន្ទុកៈប្រតោងជើង​នៃមេពពែ​សោកសៅ។

ចប់ លោសកជាតក ទី១។

កបោតកជាតក ទី២

[៤២] (ព្រាបពោធិសត្វ ពោលថា) បុគ្គលណា កាលលោកអ្នក​ប្រាថ្នា​សេចក្តី​ចំរើន អនុគ្រោះ​ដោយប្រយោជន៍ ទូន្មាន មិនធ្វើ​តាមពាក្យ​ប្រៀនប្រដៅ បុគ្គលនោះ តែង​ដេក​សោកសៅ ដូច​ក្អែកតាំងនៅ​ក្នុងកណ្តាប់ដៃ​នៃបុគ្គល​ជាសត្រូវ ព្រោះ​មិនធ្វើ​តាមពាក្យ​នៃសត្វព្រាប។

ចប់ កបោតកជាតក ទី២។

វេឡុកជាតក ទី៣

[៤៣] (ឥសីពោធិសត្វ ពោលថា) បុគ្គលណា កាលលោកអ្នក​ប្រាថ្នាសេចក្តី​ចំរើន អនុគ្រោះ​ដោយប្រយោជន៍ ទូន្មាន មិនធ្វើ​តាមពាក្យប្រៀន​ប្រដៅ បុគ្គលនោះ រមែង​ដេកស្លាប់ ដូច​ឥសីជា​បិតានៃពស់​ឈ្មោះ​វេឡុកៈ។

ចប់ វេឡុកជាតក ទី៣។

មកសជាតក ទី៤

[៤៤] (ឈ្មួញពោធិសត្វ ពោលថា) បុគ្គលជាសត្រូវ តែប្រកបដោយ​ប្រាជ្ញា ប្រសើរ​ជាង ឯបុគ្គល​ជាមិត្ត ដែលប្រាស​ចាកប្រាជ្ញា មិន​ប្រសើរឡើយ ដូចយ៉ាង​កូនបង្កើត​ដែលល្ងង់ខ្លៅ គិតថាអញ​នឹង​សម្លាប់មូស ត្រឡប់​ជាបំបែក​ក្បាលបិតា​វិញ។

ចប់ មកសជាតក ទី៤។

រោហិណីជាតក ទី៥

[៤៥] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលជា​សត្រូវ តែជាអ្នកបា្រជ្ញ ប្រសើរជាង ឯបុគ្គល​ពាល ជាអ្នក​ទំនុកបម្រុង ​មិនប្រសើរ​ឡើយ អ្នកចូរមើល​ទាសីឈ្មោះ​រោហិណី ជាស្រី​អាក្រក់ សម្លាប់​ម្តាយ ហើយសោកសៅ។

ចប់ រោហិណីជាតក ទី៥។

អារាមទូសកជាតក ទី៦

[៤៦] (បណិ្ឌតបុរសពោធិសត្វ ពោលថា) ការប្រព្រឹត្តិនូវ​សេចក្តី​ចំរើន របស់​អ្នកមិន​ឈ្លាសក្នុង​ហេតុចំរើន រមែង​មិននាំមក​នូវសេចក្តី​សុខ​ទេ បុគ្គលឥត​ប្រាជ្ញា តែងធ្វើ​ប្រយោជន៍​ឲ្យសាបសូន្យ ដូចស្វារក្សាសួន (បានធ្វើ​ប្រយោជន៍​ឲ្យវិនាស)។

ចប់ អារាមទូសកជាតក ទី៦។

វារណិទូសកជាតក ទី៧

[៤៧] (សេដ្ឋីពោធិសត្វ ពោលថា) ការប្រព្រឹត្តិនូវ​សេចក្តី​ចំរើន​របស់អ្នក​មិនឈ្លាស​ក្នុងហេតុ​ចំរើន រមែងមិន​នាំមកនូវ​សេចក្តីសុខ​ទេ បុគ្គលឥត​ប្រាជ្ញា តែងធ្វើ​ប្រយោជន៍​ឲ្យសាបសូន្យ ដូចកោណ្ឌញ្ញៈ​បានញុំាង​សុរាឲ្យ​វិនាស។

ចប់ វារណិទូសកជាតក ទី៧។

វេទព្វជាតក ទី៨

[៤៨] (កូនសិស្សពោធិសត្វ ពោលថា) បុគ្គលណា ប្រាថ្នាសេចក្តី​ចំរើន​ដោយ​ខុស​ឧបាយ បុគ្គលនោះ រមែង​លំបាក ដូចពួក​ចោរនៅ​ក្នុងដែន​ចេតៈ បាន​សម្លាប់នូវ​វេទព្វព្រាហ្មណ៍ ចោរទាំង​អស់នោះ ក៏ដល់នូវ​សេចក្តី​វិនាស។

ចប់ វេទព្វជាតក ទី៨។

នក្ខត្តជាតក ទី៩

[៤៩] (បណ្ឌិតបុរសពោធិសត្វ ពោលថា) ប្រយោជន៍​រមែងកន្លង​បង់នូវ​មនុស្សល្ងង់ ដែល​រាប់អាន​នក្ខត្តឫក្ស (ព្រោះ) សេចក្តី​ចំរើន​នៃ​ប្រយោជន៍ ឈ្មោះថា​នក្ខត្តឫក្ស ឯផ្កាយ​ទាំងឡាយ នឹងធ្វើអ្វី​បាន។

ចប់ នក្ខត្តជាតក ទី៩។

ទុម្មេធជាតក ទី១០

[៥០] (ព្រះរាជាពោធិសត្វ ពោលថា) ការបូជា អញបាន​បួងសួង​ហើយ​ដោយសារ​មនុស្ស​អាប់ឥត​ប្រាជ្ញា​រាប់ពាន់​នាក់ ឥឡូវនេះ អញនឹង​បូជា (ព្រោះ) ជនមិន​ប្រកប​ដោយធម៌​ច្រើននាក់។

ចប់ ទុម្មេធជាតក ទី១០។

ចប់ អត្ថកាមវគ្គ ទី៥។

ចប់ បឋមបណ្ណាសក។

ឧទ្ទាននៃអត្ថកាមវគ្គនោះគឺ

និយាយអំពីមិត្តវិន្ទុកៈ (ក្នុង​លោសកជាតក) ១ កបោតកជាតក ១ វេឡុកជាតក ១ បុគ្គល​ល្ងង់ខ្លៅ (ក្នុង​មកសជាតក) ១ រោហិណីជាតក ១ ស្វា (ក្នុង​អារាមទូសកជាតក) ១ វារុណិទូសកជាតក ១ ចោរនៅក្នុងដែនចេតៈ (ក្នុង​វេទព្វជាតក) ១ ផ្កាយ (ក្នុង​នក្ខត្តជាតក) ១ ការបូជា (ក្នុង​ទុម្មេធជាតក) ១ ត្រូវជា ១០។

អាសឹសវគ្គ ទី៦

មហាសីលវជាតក ទី១

[៥១] (ព្រះរាជាសីលវៈពោធិសត្វ ពោលថា) បុរស​ជាបណ្ឌិត គប្បី​ប៉ុនប៉ង​ឲ្យមុតមាំ មិន​គប្បីនឿយ​ណាយឡើយ យើង​ឃើញខ្លួន​យើងស្រាប់​ហើយ យើងបា្រថ្នា​យ៉ាងណា បាន​យ៉ាងនោះ។

ចប់ មហាសីលវជាតក ទី១។

ចូឡជនកជាតក ទី២

[៥២] (ព្រះបាទជនកពោធិសត្វ ពោលថា) បុរសជា​បណ្ឌិត ត្រូវតែ​ប្រឹងប្រែង មិនត្រូវ​នឿយណាយ​ឡើយ យើងឃើញ​ខ្លួនយើង​ដែល​ឡើងអំពី​ទឹក កាន់​គោកស្រាប់​ហើយ។

ចប់ ចូឡជនកជាតក ទី២។

បុណ្ណបាតិជាតក ទី៣

[៥៣] (សេដ្ឋីពោធិសត្វ ពោលថា) ភាជន៍សុរា​នៅពេញ​ដដែល តែ​សំដីចេញ​ទៅដោយ​ឡែក យើងដឹងបាន​ដោយហេតុ (នេះ) សុរានេះ​មិនមែន​ស្រួលទេ។

ចប់ បុណ្ណបាតិជាតក ទី៣។

ផលជាតក ទី៤

[៥៤] (ឈ្មួញរទេះពោធិសត្វ ពោលថា) ឈើនេះ មិនមែនលំបាក​ឡើង ទាំងមិន​ឋិតនៅ​ឆ្ងាយអំពី​ស្រុក ខ្ញុំដឹងបាន​ដោយហេតុ (នេះ) ឈើនេះ មិនមែនមាន​ផ្លែស្រួលទេ។

ចប់ ផលជាតក ទី៤។

បញ្ចាវុធជាតក ទី៥

[៥៥] (ព្រះសាស្តា ទ្រង់ត្រាស់ថា) បុរសណា មានចិត្ត​មិនរួញរា ចំរើនកុសលធម៌ ដើម្បីដល់​នូវ​ព្រះនិព្វាន ជាទីក្សេម​ចាកយោគៈ ដោយចិត្ត​មិនរួញរា បុរសនោះ គប្បីដល់​នូវធម៌ជា​គ្រឿងអស់​ទៅ​នៃសំយោជនៈ​ទាំងពួង តាម​លំដាប់។

ចប់ បញ្ចាវុធជាតក ទី៥។

កញ្ចនក្ខន្ធជាតក ទី៦

[៥៦] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុរសណា មានចិត្ត​រីករាយ ចំរើន​កុសលធម៌ ដើម្បីដល់​នូវព្រះនិព្វាន ជាទីក្សេម​ចាកយោគៈ ដោយចិត្ត​ដែលរីករាយ បុរសនោះ គប្បីដល់នូវ​ធម៌ជាគ្រឿង​អស់ទៅ​នៃ​សំយោជនៈ​ទាំងពួង តាម​លំដាប់។

ចប់ កញ្ចនក្ខន្ធជាតក ទី៦។

វានរិន្ទជាតក ទី៧

[៥៧] (ក្រពើ ពោលថា) បពិត្រវានរិន្ទ បុគ្គលណា មានធម៌ ៤ ដូចអ្នក គឺសេចក្តី​ទៀងទាត់ ១ ធម៌ គឺប្រាជា្ញ​ជាគ្រឿង​ពិចារណា ១ ព្យាយាម​មិនដាច់ ១ ការលះ ១ បុគ្គល​នោះ រមែង​កន្លងបង់​នូវសត្រូវ​បាន។

ចប់ វានរិន្ទជាតក ទី៧។

តយោធម្មជាតក ទី៨

[៥៨] (អារក្សទឹក ពោលថា) បពិត្រវានរិន្ទ បុគ្គល​ណា មានធម៌ ៣ ដូចអ្នក គឺសេចក្ដី​សង្វាត ១ សេចក្ដី​ក្លៀវក្លា ១ បញ្ញា ១ បុគ្គល​នោះ រមែង​កន្លងបង់​នូវ​សត្រូវ​បាន។

ចប់ តយោធម្មជាតក ទី៨។

ភេរិវាទជាតក ទី៩

[៥៩] (អ្នកវាយស្គរពោធិសត្វ ពោលថា) បុគ្គលគប្បី​វាយ (ស្គរ) ចុះ ប៉ុនែ្តកុំវាយ​ឲ្យជ្រុល ព្រោះការ​វាយស្គរ​ជ្រុល ជាការ​អាក្រក់ កហាបណៈមួយរយ ដែលបាន​ហើយ​ដោយការ​វាយស្គរ (កូនវាឲ្យ) វិនាសហើយ ដោយការ​វាយស្គរ​ជ្រុល។

ចប់ ភេរិវាទជាតក ទី៩។

សង្ខធមនជាតក ទី១០

[៦០] (អ្នកផ្លុំស័ង្ខពោធិសត្វ ពោលថា) បុគ្គលគប្បីផ្លុំ (ស័ង្ខ) ចុះ ប៉ុនែ្តកុំ​គប្បីផ្លុំ​ឲ្យជ្រុល ព្រោះការ​ផ្លុំជ្រុល ជាការ​អាក្រក់ ភោគៈ​ទាំងឡាយ ដែលបាន​ហើយ​ដោយការផ្លុំ បិតា​ផ្លុំបំផ្លាញភោគៈ​ទាំងនោះ។

ចប់ សង្ខធមនជាតក ទី១០។

ចប់ អាសឹសវគ្គ ទី៦។

ឧទ្ទាននៃអាសឹសវគ្គ​នោះគឺ

និយាយអំពីអ្នកប្រាជ្ញប្រាថ្នាយ៉ាងណា ប្រយោជន៍​ក៏កើត​យ៉ាងនោះ (ក្នុង​មហាសីលវជាតក) ១ ការឡើង​អំពីទឹក​មកកាន់​គោក (ក្នុង​ចូឡជនកជាតក) ១ សុរា (ក្នុង​បុណ្ណបាតិជាតក) ១ ឈើ​មានផ្លែ​មិនស្រួល (ក្នុង​ផលជាតក) ១ បុរស​មានចិត្ត​មិនរួញរា (ក្នុង​បញ្ចាវុធជាតក) ១ បុរស​មានចិត្ត​រីករាយ (ក្នុង​កញ្ចនក្ខន្ធជាតក) ១ ធម៌ ៤ (ក្នុង​វានរិន្ទជាតក) ១ ធម៌ ៣ (ក្នុង​តយោធម្មជាតក) ១ ការបាន​កហាបណៈ​មួយរយ (ក្នុង​ភេរិវាទជាតក) ១ ផ្លុំស័ង្ខ​បានភោគៈ (ក្នុង​សង្ខធមនជាតក) ១ ត្រូវជា ១០។

ឥត្ថីវគ្គ ទី៧

អសាតមន្តជាតក ទី១

[៦១] (មាណព ពោលថា) ធម្មតាពួកស្រ្តី​ក្នុងលោក តែងមាន​សេចក្តី​បា្រថ្នា (ចំពោះ​បុរសដែល​មានចិត្ត​ជាប់ចំពាក់​នឹងខ្លួន) វេលា (ឬកម្រិត) របស់​ស្រ្តីទាំងនោះ មិនមាន​ឡើយ (ស្ត្រីទាំងនោះ) ត្រេកត្រអាល​ផង រលោរលាំ​ផង ដូចភ្លើង​ដែលឆេះ​វត្ថុគ្រប់​យ៉ាង (មិនរើសមុខ) ខ្ញុំនឹង​លះបង់ស្រ្តី​ទាំងនោះ ហើយបួស ចំរើន​នូវវិវេកធម៌។

ចប់ អសាតមន្តជាតក ទី១។

អណ្ឌភូតជាតក ទី២

[៦២] (ព្រះរាជាពោធិសត្វ ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ បានរុំមុខ​របស់ខ្លួន ហើយ​ដេញ​ពិណដោយ​ហេតុណា (មិនដឹង​ហេតុនោះទេ) ប្រពន្ធ​ដែលខ្លួន​ចិញ្ចឹម​តាំងពីនៅ​ជាអណ្ឌៈ (កូននៅ​ក្នុងគភ៌) អ្នកណា​គប្បី​ទុកចិត្ត​ចំពោះប្រពន្ធ​ទាំងនោះ ដោយ​ដាច់ខាត​បាន។

ចប់ អណ្ឌភូតជាតក ទី២។

តក្កជាតក ទី៣

[៦៣] (ព្រះសាស្តា ទ្រង់ត្រាស់ថា) (ធម្មតាស្រ្តី) ច្រើនខឹង មិនដឹង​ឧបការៈ​ដែលគេ​ធ្វើដល់​ខ្លួន ជាអ្នក​ញុះញង់ បំបែក​បំបាក់មិត្ត ម្នាលភិក្ខុ អ្នកចូរប្រព្រឹត្ត​ព្រហ្មចរិយៈ​ចុះ អ្នកនោះ​នឹងមិន​វិនាស​សេចក្តី​សុខ។

ចប់ តក្កជាតក ទី៣។

ទុរាជានជាតក ទី៤

[៦៤] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) អ្នកកុំត្រេកអរ (ថាស្ត្រីនេះ) បា្រថ្នា​អញ កុំសោកសៅ (ថាស្ត្រីនេះ) មិន​ប្រាថ្នាអញ ភាពរបស់​ស្រ្តីទាំងឡាយ ដឹងបាន​ដោយក្រ ដូច​ជាដំណើរ​ទៅនៃត្រី​ក្នុងទឹក។

ចប់ ទុរាជានជាតក ទី៤។

អនភិរតិជាតក ទី៥

[៦៥] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) ទនេ្លក្តី ផ្លូវក្តី តៀមស្រា​ក្តី សាលា​សំណាក់ក្តី អណ្តូង​ទឹកក្តី (ជារបស់​សាធារណៈ) យ៉ាងណា ធម្មតាស្រ្តី​ទាំងឡាយ​ក្នុងលោក ក៏យ៉ាង​នោះដែរ បណ្ឌិតទាំងឡាយ មិនខឹងនឹង​ស្ត្រីទាំងនោះ​ទេ។

ចប់ អនភិរតិជាតក ទី៥។

មុទុលក្ខណជាតក ទី៦

[៦៦] (ឥសីពោធិសត្វ ពោលថា) មុនអំពីពេល​ដែលមិនទាន់​បាន​នូវនាង​មុទុលក្ខណា សេចក្តី​ប្រាថ្នាមាន​តែមួយ កាលណា​អាត្មា​ភាពបាននាង​មុទុលក្ខណា ជាស្ត្រី​មានភ្នែកល្អ​ហើយ សេចក្តី​ប្រាថ្នារឹត​តែញុំាង​សេចក្តី​ប្រាថ្នា (ផ្សេងៗ) ឲ្យកើត​ឡើង​ទៀត។

ចប់ មុទុលក្ខណជាតក ទី៦។

ឧច្ឆង្គជាតក ទី៧

[៦៧] (ស្រ្តីម្នាក់ ពោលថា) បពិត្រព្រះសម្មតិទេព កូនរបស់​ខ្ញុំព្រះអង្គ (ដូចជា​អន្លក់​ដែលដក់) ក្នុងថ្នក់ (បាន​ដោយងាយ) ស្ត្រីដែល​ដើរទៅ​តាមផ្លូវ រកប្តី (បានដោយ​ងាយ) ឯខ្ញុំព្រះអង្គ​មិនឃើញ​ប្រទេស គឺផ្ទៃ​នៃមាតា​នោះ ដែលខ្ញុំ​ព្រះអង្គ​គួរនាំយក​បងប្អូន​ប្រុសបង្កើត​មកបាន។

ចប់ ឧច្ឆង្គជាតក ទី៧។

សាកេតជាតក ទី៨

[៦៨] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ចិត្តតាំងនៅស៊ប់ ឬក៏ចិត្ត​ជ្រះថ្លា ក្នុង​បុគ្គលណា ដែល​ខ្លួនមិនធ្លាប់​ឃើញហើយ ជនតែង​ស្និទ្ធស្នាល​ចំពោះ​បុគ្គលនោះ ដោយពិត។

ចប់ សាកេតជាតក ទី៨។

វិសវន្តជាតក​ ទី៩

[៦៩] (ពស់ ពោលថា) អញនឹងស្រូប​យកពិសណា​វិញ ដែលអញ​បាន​ខ្ជាក់ចោល​ហើយ ព្រោះហេតុ​នៃជីវិត ចូរតិះដៀល​នូវពិសដែល​អញខ្ជាក់​ចោលហើយ​នោះចុះ អញស្លាប់ ប្រសើរជាង​រស់នៅ។

ចប់ វិសវន្តជាតក ទី៩។

កុទ្ទាលជាតក ទី១០

[៧០] (កុទ្ទាលកបណ្ឌិតពោធិសត្វ ពោលថា) សេចក្តី​ឈ្នះណា ត្រឡប់​ចាញ់​វិញបាន សេចក្តី​ឈ្នះនោះ មិនឈ្មោះថា ឈ្នះប្រពៃទេ សេចក្តី​ឈ្នះណា មិន​ត្រឡប់ចាញ់​វិញបាន សេចក្តី​ឈ្នះនោះ ទើបឈ្មោះថា ឈ្នះប្រពៃ​មែនពិត។

ចប់ កុទ្ទាលជាតក ទី១០។

ចប់ ឥត្ថីវគ្គ ទី៧។

ឧទ្ទាននៃឥត្ថីវគ្គនោះគឺ

និយាយអំពីភ្លើងឆេះវត្ថុគ្រប់យ៉ាង (ក្នុងអសាតមន្តជាតក) ១ ពិណ​ដ៏ប្រសើរ (ក្នុង​អណ្ឌភូតជាតក) ១ ស្ត្រីជាអ្នក​ញុះញង់ និង​បំបែកបំបាក់​មិត្រ (ក្នុង​តក្កជាតក) ១ ការ​ត្រេកអរ (ក្នុង​ទុរាជានជាតក) ១ ស្ទឹង (ក្នុង​អនភិរតិជាតក) ១ នាង​មុទុលក្ខណា (ក្នុង​មុទុលក្ខណជាតក) ១ បងប្អូន (ក្នុង​ឧច្ឆង្គជាតក) ១ ចិត្ត (ក្នុង​សាកេតជាតក) ១ ពិស (ក្នុង​វិសវន្តជាតក) ១ សេចក្តី​ឈ្នះប្រពៃ (ក្នុង​កុទ្ទាលជាតក) ១ ត្រូវជា ១០។

វរុណវគ្គ ទី៨

រុណជាតក ទី១

[៧១] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) អំពើ​ទាំងឡាយ ដែលគេ​ត្រូវធ្វើក្នុង​កាលមុន នរៈណា បា្រថ្នាធ្វើ​ខាងក្រោយ​វិញ នរៈនោះ រមែងក្តៅ​ក្រហាយ​រឿយៗ ក្នុងកាល​ជាខាង​ក្រោយ ដូចជា​មាណព ដែលកាច់​ឧសឈើថ្លាន់។

ចប់ វរុណជាតក ទី១។

សីលវនាគជាតក ទី២

[៧២] (រុក្ខទេវតា ពោលថា) ប្រសិនបើគេឲ្យ​ផែនដីទាំងមូល​ដល់បុរស​អកតញ្ញូ ជាអ្នកឃើញ​ទោសជានិច្ច ក៏មិន​គប្បីញុំាង​បុរស​អកតញ្ញូ​នោះ​ឲ្យត្រេកអរ​បានឡើយ។

ចប់ សីលវនាគជាតក ទី២។

សច្ចង្កិរជាតក​ទី៣

[៧៣] (តាបសពោធិសត្វ ពោលថា) បានឮថា នរៈពួកខ្លះ ក្នុង​លោកនេះ បាននិយាយ​ពិតយ៉ាង​នេះថា ឧសដែល​គេស្រង់ឡើង​អំពីទឹក ប្រសើរជាង នរៈ​ពួកខ្លះ​ដែលគេ​ស្រង់ឡើង (អំពីទឹក) មិនប្រសើរ​ឡើយ។

ចប់ សច្ចង្កិរជាតក ទី៣។

រុក្ខធម្មជាតក ទី៤

[៧៤] (រុក្ខទេវតាពោធិសត្វ ពោលថា) មានពួកញាតិ​ច្រើននាក់ ប្រពៃ សូម្បី​ពួកឈើ ដែលដុះ​ក្នុងព្រៃច្រើន​ដើម ក៏ប្រពៃ​ដែរ ឯខ្យល់ រមែងរំលំ​នូវឈើជា​ធំក្នុងព្រៃ បរិបូណ៌​ដោយមែក និង​ប្រគាប ដែលតាំង​នៅតែឯង។

ចប់ រុក្ខធម្មជាតក ទី៤។

មច្ឆជាតក ទី៥

[៧៥] (ត្រីពោធិសត្វ ពោលថា) បពិត្រមេឃ សូមអ្នក​ញុំាងផ្គរឲ្យ​លាន់ឡើង សូមបំផ្លាញ​កំណប់​របស់ក្អែក​ឲ្យវិនាស សូមធ្វើ​ទុក្ខក្អែក​ឲ្យ​សោកសៅ សូមញុំាង​ខ្ញុំ (និង​ពួកញាតិខ្ញុំ) ឲ្យរួចចាក​សេចក្តីសោក។

ចប់ មច្ឆជាតក ទី៥។

អសង្កិយជាតក ទី៦

[៧៦] (តាបសពោធិសត្វ ពោលថា) យើងជាអ្នក​មិនមាន​សេចក្តី​រង្កៀស​ក្នុងស្រុក យើងជា​អ្នកមិនមាន​ភ័យ​ក្នុងព្រៃ បានឡើងកាន់​ផ្លូវត្រង់ ដោយមេត្តា និងករុណា​ហើយ។

ចប់ អសង្កិយជាតក ទី៦។

មហាសុបិនជាតក ទី៧

[៧៧] (ព្រះរាជា ទ្រង់ត្រាស់ថា មហាសុបិន ១៦ គឺ) គោឡើងក​ទាំងឡាយ ១ ឈើ​ទាំងឡាយ ១ មេគោ​ទាំងឡាយ ១ គោឈោ្មល​ទាំងឡាយ ១ សេះ ១ ភាជន៍ (មាស) ១ មេចចក ១ ក្អម ១ ស្រះបោក្ខរណី ១ បាយឆៅ ១ ខ្លឹមចន្ទន៏ ១ ផែ្លឃោ្លក​ទាំងឡាយ​លិច ១ ថ្មទាំងឡាយ​អណែ្ដត ១ មេកង្កែប​ទាំងឡាយ​ខាំពស់វែក​ទាំងឡាយ ១ រាជហង្សមាស​ទាំងឡាយ​ចោមរោម​កែ្អក ១ ខា្លដំបង​ទាំងឡាយ (រត់ទៅ) ព្រោះភ្ញាក់​ផើ្អល ដោយ​សេចកី្ដ​ខា្លចអំពី​ពពែទាំង​ឡាយ ១ បរិយាយ​ចំឡែក​ប្រព្រឹត្ត​ទៅ ន័យទាំងឡាយ​មានក្នុង​សុបិន​ទាំងនេះ។

ចប់ មហាសុបិនជាតក ទី៧។

ឥលិ្លសជាតក ទី៨

[៧៨] (ជាងកោរកាត់ពោធិសត្វ ពោលថា) ជនទាំងពីរនាក់​ខ្ចក ជនទាំង​ពីរនាក់​ក្ងែង ជនទាំងពីរនាក់​មានភែ្នក​ស្រលៀង ពកកើត (លើក្បាល) របស់ជន​ទាំងពីរនាក់ ខ្ញុំព្រះអង្គ​មិនសា្គល់ (អ្នកណា) ជា​ឥលិ្លសសេដ្ឋីទេ។

ចប់ ឥលិ្លសជាតក ទី៨។

ខរស្សរជាតក ទី៩

[៧៩] (ពាណិជពោធិសត្វ ពោលថា) កាលណា (ពួកចោរ) ប្លន់​សម្លាប់​គោ​ទាំងឡាយ ដុតផ្ទះ​ទាំងឡាយ និង​នាំជនយក​ទៅហើយ ក្នុងកាលនោះ កូនរបស់​ស្ត្រីដែល​មានកូន​ស្លាប់ហើយ (គឺ​ចៅហ្វាយស្រុក​ឥតមាន​សេចក្តី​អៀនខ្មាស) វាយស្គរ​ឲ្យមាន​សំឡេងខ្លាំង ដើរមក។

ចប់ ខរស្សរជាតក ទី៩។

ភីមសេនជាតក ទី១០

[៨០] (ចូឡធនុគ្គហបណ្ឌិតពោធិសត្វ ពោលថា) ម្នាល​ភីមសេន ក្នុង​កាលមុន ឯងបាន​អួតហើយ ក្នុងកាល​ក្រោយ ស្រាប់តែ​គ្រឿង​សំអុយ​សម្រាប់​ហូរចេញ (អាចម៍) របស់ឯង ហូរចេញមក ហេតុ​ទាំងពីរ​មិនសមគ្នា គឺការ​និយាយ​អំពីចំបាំង និង​ការចង្អៀត​ចង្អល់​ចិត្តរបស់​ឯងនេះ។

ចប់ ភីមសេនជាតក ទី១០។

ចប់ វរុណវគ្គ ទី៨។

ឧទ្ទាននៃវរុណវគ្គនោះគឺ

និយាយអំពីវរុណជាតក ១ អកតញ្ញូ (ក្នុង​សីលវនាគជាតក) ១ ពាក្យ​ពិតដ៏ប្រសើរ (ក្នុង​សច្ចង្កិរជាតក) ១ ឈើម្ចាស់ព្រៃ (ក្នុង​រុក្ខធម្មជាតក) ១ ការធ្វើឲ្យផ្គរ​ឲ្យលាន់ (ក្នុង​មច្ឆជាតក) ១ ករុណា (ក្នុង​អសង្កិយជាតក) ១ ថ្មអណ្តែត (ក្នុង​មហាសុបិនជាតក) ១ ឥល្លិសសេដ្ឋី (ក្នុង​ឥល្លិសជាតក) ១ ស្គរ (ក្នុង​ខរស្សរជាតក) ១ គ្រឿង​សំអុយ​សម្រាប់​ហូរចេញ (ក្នុង​ភីមសេនជាតក) ១ ត្រូវជា ១០។

អបាយិម្ហវគ្គ ទី៩

សុរាបានជាតក ទី១

[៨១] (ពួកតាបស ពោលថា) ពួកយើងបាន​ផឹកសុរា បានរាំ បានច្រៀង បាន​យំហើយ ពួកយើង មិនមែន​ជាពានរ ព្រោះតែ​ផឹកសុរា ដែលធ្វើឲ្យ​ខូចសញ្ញា ទើបឃើញ (អាក្រក់ជាល្អ)។

ចប់ សុរាបានជាតក ទី១។

មិត្តវិន្ទជាតក ទី២

[៨២] (ទេវរាជពោធិសត្វ ពោលថា) អ្នកនោះ កន្លងនូវ​បា្រសាទកែវ​ផ្លេកផង បា្រសាទ​បា្រក់ផង បា្រសាទ​កែវមណី​ផង ជាអ្នកត្រូវ​ថ្ម (គឺចក្រ​មានមុខ​មុតដូច​កាំបិតកោរ) គ្របសង្កត់​ហើយ អ្នកកាល​រស់នៅ មិន​រួចអំពី​ចក្រនោះ​ទេ។

ចប់ មិត្តវិន្ទជាតក ទី២។

កាឡកណ្ណិជាតក ទី៣

[៨៣] (មហាយសសេដ្ឋីពោធិសត្វ ពោលថា) បុគ្គលដែលជា​មិត្តបាន ដោយ (ហេតុត្រឹមតែ​ដើរជាមួយគា្ន) ប្រាំពីរជំហាន បុគ្គលជា​សម្លាញ់​បាន ដោយ (ហេតុត្រឹម​តែដើរ​ជាមួយគ្នា) ដប់ពីរជំហាន បុគ្គលដែល​ជាញាតិបាន ដោយ (ការនៅ​ជាមួយគ្នា) មួយខែ ឬកន្លះខែ បុគ្គលដែល​ទុកសើ្មនឹងខ្លួន ព្រោះនៅលើស​អំពីកាល​នោះ​ទៅទៀត ខ្ញុំនោះនឹង​លះបង់​នូវសំឡាញ់​ឈ្មោះ​កាឡកណ្ណី ដែល​ធ្លាប់ស្និទ្ធស្នាល​អស់កាលយូរ ព្រោះហេតុ​នៃសេចក្តី​សុខរបស់​ខ្លួន​ដូចម្ដេចបាន។

ចប់ កាឡកណ្ណិជាតក ទី៣។

អត្ថស្ស ទា្វរជាតក ទី៤

[៨៤] (សេដ្ឋីពោធិសត្វជាបិតា ពោលថា) បុគ្គលគប្បី​បា្រថ្នា​លាភដ៏​ឧត្តម គឺការ​មិនមាន​រោគ ១ សីល (គឺមារយាទ) ១ ការយល់ឃើញ​តាមបណ្ឌិត​អ្នកដឹង ១ ការ​ឧស្សាហ៍​ស្តាប់ ១ ការអនុវត្តន៍នូវសុចរិតធម៌ ១ ការមិន​រួញរា​នៃចិត្ត ១ ធម៌ទាំង ៦ នេះ ជាទា្វរ ទាំងជា​ប្រធាន​នៃសេចកី្ដ​ចំរើន។

ចប់ អត្ថស្ស ទា្វរជាតក ទី៤។

កិម្បក្កជាតក ទី៥

[៨៥] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) បុគ្គលណា មិនយល់ទោស​ក្នុងអនាគត ហើយ​សេពកាម​ទាំងឡាយ (កាម​ទាំងនោះ) តែង​សមា្លប់បុគ្គល​នោះ ក្នុងទីបំផុត​នៃផល ដូច​បុគ្គល​ស៊ីផែ្លឈើ​កិម្បក្កៈ (ឈើពុល)។

ចប់ កិម្បក្កជាតក ទី៥។

សីលវីមំសនជាតក ទី៦

[៨៦] (ព្រាហ្មណ៍បុរោហិតពោធិសត្វ ពោលថា) បានឮថា សីលជា​គុណជាត​ល្អ សីលជា​គុណជាត​ដ៏លើសលុប​ក្នុងលោក សូម​ព្រះអង្គទតចុះ ពស់មានពិស​ដ៏ពន្លឹក មិន​បៀតបៀន​គេ ឈោ្មះថាជា​សត្វមាន​សីល។

ចប់ សីលវីមំសនជាតក ទី៦។

មង្គលជាតក ទី៧

[៨៧] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) មង្គល​ទាំងឡាយ​ក្ដី ឧត្បាត​ទាំងឡាយ​ក្ដី សុបិន​ទាំងឡាយ​ក្តី លក្ខណៈ​ទាំងឡាយ​ក្ដី ដែលបុគ្គល​ណា បានផ្ដាច់​បង់ហើយ បុគ្គលនោះ ឈ្មោះថា​អ្នកកន្លង​ផុតនូវទោស​នៃមង្គល (ភា្ញក់ផ្អើល) ជាអ្នក​គ្របសង្កត់​នូវ​យុគក្កិលេស [យុគក្កិលេសនេះ បានដល់កិលេសទាំងឡាយ គឺ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ជាដើម។] និង​យោគក្កិលេស [យោគក្កិលេសនេះ បានដល់​យោគៈ ៤យ៉ាង គឺ​កាមយោគៈ ១ ភវយោគៈ ១ ទិដ្ឋិយោគៈ ១ អវិជ្ជាយោគៈ ១។ អដ្ឋកថា។] រមែង​មិនមក​កើតទៀត។

ចប់ មង្គលជាតក ទី៧។

សារម្ភជាតក ទី៨

[៨៨] (ព្រះសាស្តា ទ្រង់ត្រាស់ថា) បុគ្គលគប្បី​បញ្ចេញ​វាចាល្អ​តែម្យ៉ាង មិន​គប្បី​បញ្ចេញ​វាចា​អាក្រក់​ឡើយ ការបញ្ចេញ​វាចាល្អ ជាការ​ប្រពៃ ព្រោះ​បុគ្គល​បញ្ចេញ​វាចា​អាក្រក់ រមែងក្ដៅ​ក្រហាយ។

ចប់ សារម្ភជាតក ទី៨។

កុហកជាតក ទី៩

[៨៩] (ឈ្មួញពោធិសត្វ ពោលថា) បានឮថា វាចារបស់​អ្នកដែល​ពោលទន់ភ្លន់ ជាវាចា​ពីរោះ អ្នកបាន​ជាប់ក្នុង​វត្ថុត្រឹម​តែស្មៅ ត្រង់នាំឆ្តោរមាស ១០០ យកទៅ មិន​ជាប់​សោះ។

ចប់ កុហកជាតក ទី៩។

អកតញ្ញូជាតក ទី១០

[៩០] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលណា មិនដឹង​នូវអំពើល្អ ដែលគេ​ធ្វើហើយ នូវ​ប្រយោជន៍​ដែលគេធ្វើ​ហើយ ក្នុងកាល​មុនទេ បុគ្គលនោះ កាលបើ​កិច្ចកើត​ព្រមហើយ ក្នុងកាល​ខាងក្រោយ រមែងមិន​បាននូវ​បុគ្គល​អ្នកធ្វើ (ឧបការគុណ​មុននោះ​ជាគ្នា) ឡើយ។

ចប់ អកតញ្ញូជាតក ទី១០។

ចប់ អបាយិម្ហវគ្គ ទី៩។

ឧទ្ទាននៃអបាយិម្ហវគ្គនោះគឺ

យើងបានផឹកសុរា (ក្នុង​សុរាបានជាតក) ១ ប្រាសាទ​កែវមណី (ក្នុង​មិត្តវិន្ទជាតក) ១ ៧ជំហាន (ក្នុង​កាឡកណ្ណិជាតក) ១ ធម៌ ៦ (ក្នុង​អត្ថស្សទ្វារជាតក) ១ ទោស​ក្នុង​អនាគត (ក្នុង​កិម្បកជាតក) ១ ពស់មានសីល (ក្នុង​សីលវីមំសជាតក) ១ ការប្រកាន់​មង្គល (ក្នុង​មង្គលជាតក) ១ វាចាលាមក (ក្នុង​សារម្ភជាតក) ១ ឆ្តោរមាស ១០០ (ក្នុង​កុហកជាតក) ១ ប្រយោជន៍ ដែលគេ​ធ្វើតប​វិញ (ក្នុង​អកតញ្ញូជាតក) ១ ត្រូវជា ១០។

លិត្តវគ្គ ទី១០

លិត្តជាតក ទី១

[៩១] (អ្នកលេងស្កាពោធិសត្វ ពោលថា) បុរសកាល​លេបនូវ​កូនសា្ក​ប្រឡាក់​ដោយ​ថ្នាំពិស មានតេជះ​ដ៏ខាំ្លង ក៏មិន​ដឹងខ្លួន ម្នាលអ្នក​ចង្រៃ អ្នកចូរ​លេប​ទៅ នែអ្នក​លេងអាក្រក់ អ្នកចូរ​លេបទៅ ពិសដ៏ផ្សាក្ដៅ នឹងមាន​ដល់អ្នក ក្នុងកាល​ជាខាង​ក្រោយ។

ចប់ លិត្តជាតក ទី១។

មហាសារជាតក ទី២

[៩២] (ព្រះរាជា ទ្រង់ត្រាស់ថា) ក្នុងកាលសង្គ្រាម​កើតឡើង ពួកជន​រមែង​ប្រាថ្នានូវ​បុរស​អ្នកក្លៀវក្លា ក្នុងពួក​អ្នក​ប្រឹក្សា​ការ គេប្រាថ្នា​នូវបុរស​អ្នកមាន​វាចា​មិន​រោយរាយ ក្នុងកាល​មានបាយ​ទឹកឆ្ងាញ់ គេ​ប្រាថ្នានូវ​បុរសជា​ទីស្រឡាញ់ ក្នុង​កាលអាថ៌ (កំបាំង) កើតឡើង គេប្រាថ្នានូវ​បណ្ឌិត។

ចប់ មហាសារជាតក ទី២។

វិស្សាសភោជនជាតក ទី៣

[៩៣] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលមិន​គប្បីស្និទ្ធស្នាល​ក្នុងបុគ្គល​ដែល​មិនធ្លាប់​ស្និទ្ធស្នាល មិនគប្បី​ស្និទ្ធស្នាល​ក្នុងបុគ្គល សូម្បី​ធ្លាប់ស្និទ្ធស្នាល​ហើយ ភ័យ​រមែងទៅ​តាមបុគ្គល​នោះ ព្រោះសេចក្ដី​ស្និទ្ធស្នាល ដូចជា​ភ័យដែលជាប់​តាមនូវ​សត្វសីហៈ ព្រោះមេម្រឹគ។

ចប់ វិស្សាសភោជនជាតក ទី៣។

លោមហំសជាតក ទី៤

[៩៤] (អាជីវកពោធិសត្វ ពោលថា) អាត្មាអញ ក្ដៅណាស់ហើយ ត្រជាក់​ណាស់​ហើយ នៅតែម្នាក់​ឯង ក្នុង​ព្រៃគួរខ្លាច ជាមនុស្ស​អាក្រាត ទាំងមិន​អាំងភ្លើង ជាអ្នក​ខ្វល់ខ្វាយ​ក្នុងការ​ស្វែងរក (នូវ​ព្រហ្មចរិយធម៌) ប្រតិបត្តិ ដើម្បីមោនៈ។

ចប់ លោមហំសជាតក ទី៤។

មហាសុទស្សនជាតក ទី៥

[៩៥] (ព្រះពោធិសត្វ ពោលថា) សង្ខារទាំងឡាយ​មិនទៀងទេ មានការ​កើតឡើង និង​សូន្យ​ទៅជាធម្មតា (ព្រោះ) កើតឡើងហើយ តែងរលត់​ទៅវិញ ការ​រម្ងាប់​សង្ខារ​ទាំងនោះ​បាន ទើបនាំ​មកនូវ​សេចក្ដីសុខ។

ចប់ មហាសុទស្សនជាតក ទី៥។

តេលបត្តជាតក ទី៦

[៩៦] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) បុគ្គលគប្បីនាំទៅ​នូវភាជន៍ប្រេង ដែលពេញ​ត្រឹម​កណ្ដាប់មាត់ មិនឲ្យ​ស្រក់ទៅបាន យ៉ាងណាមិញ (ព្រះយោគាវចរ) កាល​ប្រាថ្នានូវ​ទិសដែល​ខ្លួនមិនធ្លាប់​ទៅ គឺព្រះនិព្វាន គប្បីរក្សា​នូវចិត្ត​របស់ខ្លួន (ដោយសតិ) យ៉ាងនោះ​ដែរ។

ចប់ តេលបត្តជាតក ទី៦។

នាមសិទិ្ធជាតក ទី៧

[៩៧] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) មាណពឈ្មោះ​បាបកៈ បានឃើញ​បុរសរស់ ហើយស្លាប់ផង ឃើញ​ទាសីឈ្មោះ​នាង​រក្សាទ្រព្យ ហើយ​ខ្សត់​ទ្រព្យផង ឃើញ​បុរសអ្នក​ដើរផ្លូវ ហើយវង្វេង​ក្នុងព្រៃផង មកវិញ​ហើយ។

ចប់ នាមសិទ្ធិជាតក ទី៧។

កូដវាណិជជាតក ទី៨

[៩៨] (បិតារបស់អតិបណ្ឌិតពាណិជ ពោលថា) បុគ្គលដែល​ឈ្មោះថា​បណ្ឌិត ជាអ្នក​ប្រពៃពិត​ ឯបុគ្គល​ឈ្មោះថា​អតិបណ្ឌិត មិនប្រពៃ​ទេ អាត្មាអញ ត្រូវភ្លើងរោល ព្រោះ​តែកូន​ឈ្មោះ​អតិបណ្ឌិត។

ចប់ កូដវាណិជជាតក ទី៨។

បរោសហស្សជាតក ទី៩

[៩៩] (មហាព្រហ្មពោធិសត្វ ពោលថា) ជនទាំងឡាយ​មកប្រជុំគ្នា​ហើយ សូម្បីជាង​ពាន់នាក់ ជនទាំងនោះ​ឥតប្រាជា្ញ គប្បីកន្ទក់​កន្ទេញអស់ ១០០ ឆ្នាំ បុរសណា ប្រកប​ដោយ​ប្រាជ្ញា បានដឹងច្បាស់​នូវអត្ថនៃ​ភាសិត បុរសនោះ នៅតែម្នាក់ឯង ប្រសើរជាង។

ចប់ បរោសហស្សជាតក ទី៩។

អសាតរូបជាតក ទី១០

[១០០] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) របស់មិនឆ្ងាញ់ រមែងគ្របសង្កត់​នូវ​បុគ្គល​ប្រមាទ ដោយសភាព​នៃរបស់ឆ្ងាញ់ របស់មិន​គួរស្រឡាញ់ រមែងគ្រប​សង្កត់​នូវ​បុគ្គល​ប្រមាទ ដោយ​សភាពនៃ​របស់គួរ​ស្រឡាញ់ សេចក្ដីទុក្ខ រមែងគ្រប​សង្កត់នូវ​បុគ្គលប្រមាទ ដោយ​សភាពនៃ​សេចក្ដីសុខ។

ចប់ អសាតរូបជាតក ទី១០។

ចប់ លិត្តវគ្គ ទី១០។

ចប់ មជ្ឈិមបណ្ណាសកៈ។

ឧទ្ទាននៃលិត្តវគ្គនោះគឺ

និយាយអំពីការលេបកូនស្កា (ក្នុង​លិត្តជាតក) ១ បុរស​មានវាចាមិន​រោយរាយ (ក្នុង​មហាសារជាតក) ១ មេម្រឹគ (ក្នុង​វិស្សាសភោជនជាតក) ១ ប្រតិបត្តិ​ដើម្បីមោនៈ (ក្នុង​លោមហំសជាតក) ១ សង្ខារ​មិនទៀង (ក្នុង​មហាសុទស្សនជាតក) ១ ភាជន៍ប្រេង (ក្នុង​តេលបត្តជាតក) ១ ទាសីឈ្មោះ​នាងរក្សាទ្រព្យ (ក្នុង​នាមសិទ្ធិជាតក) ១ អតិបណ្ឌិតពាណិជ (ក្នុង​កូដវាណិជជាតក) ១ ជនជាង​ពាន់នាក់ (ក្នុង​បរោសហស្សជាតក) ១ របស់​មិនឆ្ងាញ់ (ក្នុង​អសាតរូបជាតក) ១ ត្រូវជា ១០។

បរោសតវគ្គ ទី១១

បរោសតជាតក ទី១

[១០១] ជនទាំងឡាយមកប្រជុំគ្នាហើយ សូម្បីជាងរយនាក់ ជនទាំង​នោះ​ឥតបា្រជ្ញា គប្បី​ពិចារណា (នូវអត្ថ​នៃភាសិត) អស់ ១០០ ឆ្នាំ បុរសណា ប្រកប​ដោយ​បា្រជ្ញា ដឹងច្បាស់​នូវអត្ថនៃ​ភាសិត បុរសនោះ នៅតែម្នាក់​ឯងប្រសើរវិញ។

ចប់ បរោសតជាតក ទី១។

បណ្ណិកជាតក ទី២

[១០២] (កូនស្រីរបស់ឧបាសក ពោលថា) បុគ្គលណា គប្បីជាទីពឹង​របស់ខ្ញុំ ដែល​មានទុក្ខ​ពាល់ត្រូវហើយ បុគ្គលនោះ​ឈ្មោះថា​ជាបិតា​របស់ខ្ញុំ នឹងធ្វើនូវ​ការប្រទូស្ត​ក្នុងព្រៃ ខ្ញុំនោះ​កន្ទក់កន្ទេញ ក្នុង​កណ្ដាលព្រៃ ដើម្បី​បុគ្គលដូចម្ដេច បុគ្គលណា ជាអ្នករក្សា បុគ្គល​នោះ​នឹងធ្វើនូវ​កម្មដ៏ខ្លាំងក្លា (មេថុន)។

ចប់ បណ្ណិកជាតក ទី២។

វេរិជាតក ទី៣

[១០៣] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលមានពៀរ អាស្រ័យ​នៅក្នុង​ទីណា អ្នកបា្រជ្ញ​មិនគប្បីនៅ​ក្នុងទីនោះ បុគ្គលនៅ​ក្នុងសំណាក់​នៃ​បុគ្គលមាន​ពៀរអស់​មួយរាត្រី ឬពីរ​រាត្រី ក៏នាំមក​នូវសេចក្ដីទុក្ខ។

ចប់ វេរិជាតក ទី៣។

មិត្តវិន្ទជាតក ទី៤

[១០៤] (ទេវបុត្រពោធិសត្វ ពោលថា) អ្នក (ចេញ) អំពីវិមានិកប្រេត ៤ បាន​វិមានិកប្រេត ៨ (ចេញ) អំពី​វិមានិកប្រេត ៨ បាន​វិមានិកប្រេត ១៦ (ចេញ) អំពី​វិមានិកប្រេត ១៦ បាន​វិមានិកប្រេត ៣២ (ក៏នៅតែ​មិនស្កប់ស្កល់) ចក្រ​ក៏វិលលើ​ក្បាលនៃ​បុរស កាលប្រាថ្នា ក្នុងទីនោះ ៗ ទើបមកដល់​កង់ចក្រ កង់ចក្រ រមែងវិល​លើក្បាល​បុគ្គល​ដែល​មានសេចក្ដី​ប្រាថ្នា​គ្របសង្កត់។

ចប់ មិត្តវិន្ទជាតក ទី៤។

ទុព្វលកដ្ឋជាតក ទី៥

[១០៥] (រុក្ខទេវតាពោធិសត្វ ពោលថា) ឈើគ្រាំគ្រា ដែលខ្យល់​កាច់​បំបាក់​បានក្នុង​ព្រៃនោះ មានច្រើន ម្នាលដំរី ប្រសិន​បើអ្នកខ្លាច​ឈើនោះ អ្នកមុខជា​នឹងស្គម​មិនខាន។

ចប់ ទុព្វលកដ្ឋជាតក ទី៥។

ឧទញ្ជនីជាតក ទី៦

[១០៦] (កូនតាបសពោធិសត្វ ពោលថា) មេចោរដុតចំអិន ល្មោភស៊ី ដូចជា​ភាជន៍​ដងនូវ​ទឹក រមែងសូម​នូវប្រេងផង នូវ​អំបិលផង នឹងខ្ញុំដែល​ធ្លាប់រស់នៅ​ជាសុខ ដោយ​សំដីហាក់​ដូចជាប្រពន្ធ។

ចប់ ឧទញ្ជនីជាតក ទី៦។

សាលិត្តកជាតក ទី៧

[១០៧] (អាមាត្យពោធិសត្វ ពោលថា) ធម្មតា សិល្បសាស្រ្ត​យ៉ាងណា​ក៏ដោយ សុទ្ធតែ​សំរេច​ប្រយោជន៍ សូមព្រះអង្គ​ទត ស្រុកសួយ​ទាំង ៤ ទិស ដែល​បុរសខ្វិន​បានហើយ ដោយការផ្ទាត់ (អាចម៍ពពែ) នៃបុរសខ្វិន។

ចប់ សាលិត្តកជាតក ទី៧។

ពាហិយជាតក ទី៨

[១០៨] (អាមាត្យពោធិសត្វ ពោលថា) ជនគប្បីសិក្សា​នូវកិច្ចដែល​ត្រូវ​សិក្សា ពួកជន រមែងមាន​សេចក្ដី​ពេញចិត្ត​ក្នុងកិច្ចនោះ ចំណែក​ស្រីអ្នក​ស្រុកពាហិយៈ បាន​ញ៉ាំងព្រះរាជា​ឲ្យត្រេកអរ ដោយការ​ខ្មាសអៀន (របស់ខ្លួន)។

ចប់ ពាហិយៈជាតក ទី៨។

កណ្ឌកបូវជាតក ទី៩

[១០៩] (រុក្ខទេវតាពោធិសត្វ ពោលថា) បុរសស៊ីយ៉ាងណា ទេវតារបស់​បុរសនោះ ក៏ស៊ី​យ៉ាងនោះ​ដែរ អ្នកចូរនាំ​យកនូវនំ​កុណ្ឌកនុ៎ះមក អ្នកកុំញ៉ាំង​នំកុណ្ឌក ជាចំណែក​របស់ខ្ញុំ​ឲ្យវិនាសទៅ។

ចប់ កុណ្ឌកបូវជាតក ទី៩។

សព្វសំហារកបញ្ហា ទី១០

[១១០] គ្រឿងអប់ទាំងពួងគ្មានទេ សុទ្ធតែផ្កាប្រយង្គុទេតើ បក់ផ្សាយទៅ (នោះ) ឯស្ត្រីអ្នកលេង រមែងពោល​ពាក្យមិនពិត ស្ត្រីចាស់​ទើបបាន​ពោលពាក្យ​ពិត។

ចប់ សព្វសំហារកបញ្ហា ទី១០។

ចប់ បរោសតវគ្គ ទី១១។

ឧទ្ទាននៃបរោសតវគ្គនោះគឺ

និយាយអំពីបុគ្គលជាងមួយរយ ១ បុគ្គលជាទីពឹង ១ បុគ្គលមាន​ពៀរ ១ ចក្រវិល ១ ដំរីប្រសើរ ១ រស់នៅជាសុខ ១ សិល្បៈ ១ ស្រីអ្នកស្រុកពាហិយៈ ១ នំកុណ្ឌក ១ ស្រីចាស់ ១ ត្រូវជា ១០។

ហំសិវគ្គ ទី១២

គទ្រភបញ្ហា​ ទី១

[១១១] បពិត្រព្រះរាជាដ៏ប្រសើរ ព្រះអង្គរីករាយ រមែងសំគាល់ថា បិតា​ប្រសើរ​ជាងកូន​យ៉ាងនេះ បើដូច្នោះ មានតែ​សត្វលា​របស់ព្រះអង្គ​នេះ ប្រសើរ​ជាង​សេះអស្សតរ ព្រោះ​សត្វលា​ជាបា​នៃ​សេះអស្សតរ។

ចប់ គទ្រភបញ្ហា ទី១។

អមរាទេវិបញ្ហា ទី២

[១១២] (បពិត្រអ្នកម្ចាស់) រានផ្សារដែលគេលក់សដូវ និងម្ជូរ និងដើម​រលួស​មានស្លឹក​ពីរជាន់ មាននៅក្នុង​ទិសាភាគ​ណា ខ្ញុំកាន់​បបរ​ដោយដៃណា ខ្ញុំម្ចាស់​ប្រាប់ផ្លូវ​ដោយដៃនោះ ខ្ញុំមិនបាន​កាន់បបរ​ដោយដៃណា ខ្ញុំមិនប្រាប់​ផ្លូវដោយដៃ​នោះទេ ទិសាភាគ​នុ៎ះឯង​ហើយ ជាផ្លូវនៃ​យាវមជ្ឈគ្រាម អ្នកចូរដឹង​ផ្លូវដ៏កំបាំង​នុ៎ះចុះ។

ចប់ អមរាទេវិបញ្ហា ទី២។

សិគាលជាតក ទី៣

[១១៣] (រុក្ខទេវតាពោធិសត្វ ពោលថា) ម្នាលព្រាហ្មណ៍ អ្នកជឿពាក្យ​ចចក​ដែលផឹក​សុរា​ដូចម្ដេចបាន (សូម្បី​សម្បក) ខ្យងចំនួន​មួយរយ មិនមានទេ ​តើ​កហាបណៈ ពីររយ នឹងមាន​មកអំពី​ទីណា។

ចប់ សិគាលជាតក ទី៣។

មិតចិន្តិជាតក ទី៤

[១១៤] (ព្រះសាស្ដា ត្រាស់ថា) ត្រីឈ្មោះពហុចិន្តី និង​អប្បចិន្តី [ត្រី ៣ មួយគិតច្រើន មួយគិតតិច មួយគិតល្មម។] ទាំងពីរ បាន​ជាប់នៅ​ក្នុង​សំណាញ់ ត្រីឈ្មោះ​មិតចិន្តី បានដោះ​ឲ្យរួចខ្លួន ត្រីទាំងពីរ បាន​ជួបគ្នា​ក្នុងទឹក​នោះ។

ចប់ មិតចិន្តិជាតក ទី៤។

អនុសាសិកជាតក ទី៥

[១១៥] (បក្សីជាធំពោធិសត្វ ពោលថា) មេបក្សីណា ប្រៀនប្រដៅ​នូវ​បក្សីដទៃ តែជាអ្នក​ប្រព្រឹត្តលោភ​ដោយខ្លួនឯង មេបក្សីនោះ​ដេកបាក់ស្លាប ដូចជាសត្វសាលិកា ដែល​កង់កិន​ហើយ។

ចប់ អនុសាសិកជាតក ទី៥។

ទុព្វចជាតក ទី៦

[១១៦] (កូនសិស្សពោធិសត្វ ពោលថា) បពិត្រលោកអាចារ្យ អំពើ​ដែល​ធ្វើជ្រុល​នេះ មិនគាប់ចិត្តខ្ញុំទេ លោកលោតបាន​តែផ្លែលំពែង ទី៤ ហើយត្រូវ​លំពែងទី ៥ មុតហើយ។

ចប់ ទុព្វចជាតក ទី៦។

តិត្តិរជាតក ទី៧

[១១៧] (តាបសពោធិសត្វ ពោលថា) វាចាដែលខ្ពស់ហួស ខ្លាំងហួស ពោល​ហួសកាល​វេលា រមែងសម្លាប់​បុគ្គលពាល អ្នកឥតបញ្ញា ដូចជាវាចា​ដែលសម្លាប់​នូវ​សត្វទទា​ដែលរងាវ​ហួស។

ចប់ តិត្តិរជាតក ទី៧។

វដ្តកជាតក ទី៨

[១១៨] (ចាបពោធិសត្វ ពោលថា) បុរសកាលមិនបាន​រិះគិត រមែង​មិនបាន​សម្រេច​នូវគុណវិសេស​ឡើយ អ្នកចូរឃើញ​ផលនៃ​ឧបាយដែល​ខ្ញុំគិតហើយ ព្រោះខ្ញុំ រួចអំពី​សេចក្តីស្លាប់​នឹងចំណង។

ចប់ វដ្តកជាតក ទី៨។

អកាលរាវិជាតក ទី៩

[១១៩] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) មាន់នេះ ចំរើន​នៅក្នុង​សំណាក់​នៃបុគ្គល​មិនមែនជា​មាតាបិតា កាលនៅក្នុង​ត្រកូលនៃ​បុគ្គល​មិនមែន​ជាអាចារ្យ រមែង​មិនដឹងច្បាស់​នូវកាល​គួររងាវ ឬកាលមិនគួរ​រងាវ។

ចប់ អកាលរាវិជាតក ទី៩។

ពន្ធនមោក្ខជាតក ទី១០

[១២០] (បុរោហិតពោធិសត្វ ពោលថា) ជនពាលទាំងឡាយ ពោលក្នុង​ទីណា ពួកជន​ដែលមិន​ទាន់ជាប់ រមែងជាប់នៅ​ក្នុងទីនោះ អ្នក​ប្រាជ្ញទាំងឡាយ ពោល​ក្នុងទីណា ពួកជន​សូម្បីជាប់​ហើយ រមែងរួច​ក្នុងទីនោះ។

ចប់ ពន្ធនមោក្ខជាតក ទី១០។

ចប់ ហំសិវគ្គ ទី១២។

ឧទ្ទាននៃហំសិវគ្គនោះគឺ

និយាយអំពីគទ្រភបញ្ហា ១ សដូវ ១ រយកហាបណៈ ១ ត្រីឈ្មោះ​ពហុចិន្តិ ១ មេបក្សី ១ អំពើដែល​ធ្វើជ្រុល ១ ហួសវេលា ១ គុណវិសេស ១ មាន់គ្មានអាចារ្យ ១ អ្នកប្រាជ្ញ​ពោល ១ ត្រូវជា ១០។

កុសនាឡិវគ្គ ទី១៣

កុសនាឡិជាតក ទី១

[១២១] (រុក្ខទេវតា ពោលថា) ជនស្មើគ្នាក្តី ទាំងជនប្រសើរ​ជាងក្តី គប្បី​ធ្វើ (នូវ​មិត្តធម៌) សូម្បីជនម្នាក់​ជាអ្នក​ថោកទាប ក៏គប្បីធ្វើ (នូវ​មិត្តធម៌​ដែរ) ព្រោះមិត្ត​ទាំងនោះ គប្បីធ្វើនូវ​ប្រយោជន៍​ដ៏ឧត្តម​ក្នុងកាលដែល​មានសេចក្តី​វិនាស ដូចជា​ខ្ញុំជាទេវតា ឈ្មោះ​កុសនាឡិ និង​ទេវតា​ឈ្មោះរុចា ធ្វើនូវ​ប្រយោជន៍​ដ៏ឧត្តម (ក្នុង​កាលដែល​មានសេចក្តី​វិនាស)។

ចប់ កុសនាឡិជាតក ទី១។

ទុម្មេធជាតក ទី២

[១២២] (ទ្រម័កដំរី ពោលថា) បុគ្គលឥតប្រាជ្ញា បានយស​បរិវារហើយ តែង​ប្រព្រឹត្ត​នូវកម្ម​មិនជា​ប្រយោជន៍​ដល់ខ្លួន ទំាង​ប្រតិបត្តិ ដើម្បី​បៀតបៀន​ដល់ខ្លួន​ឯងផង ដល់ជន​ទំាងឡាយ​ដទៃផង។

ចប់ ទុម្មេធជាតក ទី២។

នង្គលីសជាតក ទី៣

[១២៣] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) បុគ្គលពាល រមែង​ពោលនូវ​វាចា​ដែលមិនទួទៅ​ក្នុងវត្ថុ​ទំាងពួង ក្នុងទីទំាង​ពួង មាណពនេះ មិនស្គាល់​ទឹកដោះជូរ មិនស្គាល់​ចន្ទោលនង្គ័ល​ឡើយ ទើបសំគាល់​នូវ​ទឹកដោះជូរ និង​ទឹកដោះស្រស់ ថាជា​ចន្ទោល​នៃនង្គ័ល​ទៅវិញ។

ចប់ នង្គលីសជាតក ទី៣។

អម្ពជាតក ទី៤

[១២៤] (តាបសពោធិសត្វ ពោលថា) បុរសជាបណ្ឌិត គប្បីប្រឹងប្រែង មិនគប្បី​ធុញទ្រាន់​ឡើយ អ្នកចូរឃើញ​ផលនៃសេចក្ដី​ព្យាយាម​ដ៏ជាក់ស្ដែង (ព្រោះ) ផ្លែស្វាយ​ទំាងឡាយ​ជាដើម ដែលពួក​ឥសីបរិភោគ​ហើយ។

ចប់ អម្ពជាតក ទី៤។

កដាហកជាតក ទី៥

[១២៥] (ធីតានៃសេដ្ឋី ពោលថា) ទាសៈឈ្មោះ​កដាហកៈ​នោះ ទៅកាន់​ជនបទដទៃ ពោល​អួតនូវ​ពាក្យច្រើន សេដ្ឋីជាម្ចាស់​មកតាម (ម្ដងទៀត) គប្បីប្រទូស្ត​មិនខាន ម្នាល​កដាហកៈ អ្នកចូរបរិភោគ​នូវភោគៈ​ទាំងឡាយ​ទៅ។

ចប់ កដាហកជាតក ទី៥។

អសិលក្ខណជាតក ទី៦

[១២៦] (ព្រះរាជាពោធិសត្វ ពោលថា) ការកណ្ដាស់នោះ របស់បុគ្គល​ខ្លះល្អ ការកណ្ដាស់​នោះ របស់បុគ្គល​ខ្លះអាក្រក់ ហេតុនោះ ការ​កណ្ដាស់ មិនមែនល្អ​ទំាងអស់ មិនមែន​អាក្រក់​ទំាងអស់ទេ។

ចប់ អសិលក្ខណជាតក ទី៦។

កលណ្ឌុកជាតក ទី៧

[១២៧] (កូនសេក ពោលថា) នោះជាប្រទេស នោះជា​ទីកន្លែង (គឺផ្ទៃ​នៃទាសី) សូម្បីខ្ញុំ​ជាសត្វគោចរ​ក្នុងព្រៃ (គង់ដឹង​ដំណើរនុ៎ះ ម្ចាស់ទាំងឡាយ​របស់អ្នក) រកឃើញ​ហើយ ចាប់អ្នកមិនខាន ម្នាល​កលណ្ឌុកៈ អ្នកចូរផឹក​នូវទឹកដោះ។

ចប់ កលណ្ឌុកជាតក ទី៧។

មូសិកជាតក ទី៨

[១២៨] (កណ្ដុរពោធិសត្វ ពោលថា) បុគ្គលអ្នកបិទបាំង​ទោសណា ធ្វើនូវ​ធម៌ឲ្យជា​ទង់ជ័យ ញ៉ាំងសត្វ​ទាំងឡាយ​ឲ្យទុកចិត្ត ហើយ​ប្រព្រឹត្តនូវ​អំពើអាក្រក់ វត្ត​របស់​បុគ្គល​នោះ ឈ្មោះថា​ពិឡារវត្ត (វត្តឆ្មា)។

ចប់ មូសិកជាតក ទី៨។

អគ្គិកជាតក ទី៩

[១២៩] (កណ្ដុរពោធិសត្វ ពោលថា) កំប៉ោយនេះ មិនមែនមាន ព្រោះ​ហេតុនៃ​បុណ្យទេ កំប៉ោយនេះ​មាន ព្រោះហេតុ​តែគ្រឿង​បរិភោគ ការរាប់​ដោយ​កន្ទុយ រមែង​ប្រព្រឹត្ត​ទៅ​ នែ​អគ្គិកៈ ការនៅរួមគ្នា ​គួរដល់អ្នក​ហើយ។

ចប់ អគ្គិកជាតក ទី៩។

កោសិយជាតក ទី១០

[១៣០] (ព្រាហ្មណ៍ជាប្ដី ពោលថា) នាងចូរបរិភោគ​ឲ្យដូចជា​សំដី ចូរលេប (ថ្នាំ) ឲ្យដូចជា​បាយ​ដែលនាងស៊ី​ហើយ ម្នាលព្រាហ្មណី​ជាកោសិយគោត្រ (ព្រោះ) វាចា និង​ភត្ត​ដែលនាង​បរិភោគ​ហើយ​ទាំងពីរ (នេះ) មិនស្មើ​គ្នាទេ។

ចប់ កោសិយជាតក ទី១០។

ចប់ កុសនាឡិវគ្គ ទី១៣។

ឧទ្ទាននៃកុសនាឡិវគ្គនោះគឺ

និយាយអំពីកុសនាឡិជាតក ១ យស ១ ទឹកដោះជូរ ១ ស្វាយ ១ ទាសៈ​ឈ្មោះ​កដាហកៈ ជាគំរប់ប្រាំ ១ ទឹកដោះស្រស់ ១ វិឡារវត្ត ១ ចចកមានកំប៉ោយ ១ កណ្ដាស់អាក្រក់ ១ ព្រាហ្មណី​ជាកោសិយគោត្រ ១ ត្រូវជា ១០។

អសម្បទានវគ្គ ទី១៤

អសម្បទានជាតក ទី១

[១៣១] (សេដ្ឋីពោធិសត្វ ពោលថា) ការរាប់អាន​ទាំងឡាយ របស់ជន​ពាល រមែង​ទៅជា​ទោស ព្រោះតែ​មិនទទួល​នូវវត្តុ តាមមាន​តាមបាន ព្រោះហេតុ​នោះ បានជា​យើងខ្ញុំ​នាំយក​សំដីស្រូវ​កន្លះ មានៈ (៤ នាឡិ) មក កុំឲ្យការ​មេត្រីរាប់អាន​របស់យើង បែក​បាក់ទៅ​ឡើយ សូមឲ្យការ​មេត្រីរាប់​អាននេះ នៅទៀងទាត់។

ចប់ អសម្បទានជាតក ទី១។

បញ្ចភិរុកជាតក ទី២

[១៣២] (ព្រះរាជាពោធិសត្វ ពោលថា) យើងមិនបាន​លុះក្នុងអំណាច​នៃពួក​យក្ខិនីឡើយ ព្រោះមាន​សេចក្ដី​ព្យាយាមដ៏មាំ ក្នុងឧបាយ គ្រឿង​ណែនាំ​របស់​ព្រះបច្ចេកពុទ្ធ ជាអ្នក​ឈ្លាសផង ព្រោះភាព​ជាអ្នកគ្រប​សង្កត់​សេចក្ដីខ្លាច និង​សេចក្ដី​តក់ស្លុត​ផង សុវត្ថិភាព​ចាកភ័យ​ដ៏ធំនោះ មានដល់ខ្ញុំ។

ចប់ បញ្ចភិរុកជាតក ទី២។

ឃតាសនជាតក ទី៣

[១៣៣] (ស្ដេចបក្សីពោធិសត្វ ពោលថា) សេចក្ដីក្សេមក្សាន្ត មាន​នៅ​លើ​ខ្នង​ទឹកណា លើខ្នង​ទឹកនោះ មានសត្រូវ​កើតហើយ ព្រោះភ្លើង​ឆេះត្រង់ពាក់​កណ្ដាល​នៃទឹក ទីអាស្រ័យ​នៅ (នៃពួកយើង) លើដើមឈើ (ដែលដុះ) លើផែនដីធំ ក្នុងថ្ងៃ​នេះគ្មានទេ អ្នក​ទាំងឡាយ ចូរទៅកាន់​ទិសឯទៀត​ទៅ ថ្ងៃនេះ​ភ័យកើត​ឡើង​ដល់យើង​ទាំងឡាយ អំពី​ឈើជា​ទីពឹង​ហើយ។

ចប់ ឃតាសនជាតក ទី៣។

ឈានសោធនជាតក ទី៤

[១៣៤] (មហាព្រហ្មពោធិសត្វ ពោលថា) ពួកសត្វណា មានសញ្ញា ពួកសត្វនោះ ក៏ទុគ៌ត (មិនបាន​សមាបត្តិ) ពួកសត្វណា មិនមាន​សញ្ញា ពួកសត្វនោះ​ក៏ទុគ៌ត អ្នកចូរវៀរ​នូវសត្វ​ទាំងពីរ​ពួកនោះចេញ សុខដែលកើត​អំពី​សមាបត្តិ​នោះ ឈ្មោះថា មិនមាន​ទីទួល គឺ​កិលេស​ឡើយ។

ចប់ ឈានសោធនជាតក ទី៤។

ចន្ទាភជាតក ទី៥

[១៣៥] (មហាព្រហ្មពោធិសត្វ ពោលថា) បុគ្គលណា ក្នុងលោកនេះ បាន​នូវ​កសិណ មានពន្លឺ​ដូចព្រះចន្ទ (ឱទាតកសិណ) មានពន្លឺ​ដូចព្រះអាទិត្យ (បីតកសិណ) ដោយ​បញ្ញា បុគ្គលនោះ រមែងទៅ​កើតក្នុង​អាភស្សរព្រហ្មលោក ដោយឈាន​មិនមាន​វិតក្កៈ (ទុតិយជ្ឈាន)។

ចប់ ចន្ទាភជាតក ទី៥។

សុវណ្ណហំសជាតក ទី៦

[១៣៦] (ព្រះសាស្ដា ត្រាស់ថា) ទ្រព្យណា ដែលបុគ្គល​បានមកហើយ បុគ្គល​គប្បីត្រេកអរ​ដោយទ្រព្យនោះ ព្រោះថា​សេចក្តី​ល្មោភហួស ជារបស់​លាមក (ដូចនាង​ព្រាហ្មណី) ក៏សាបសូន្យ ចាកមាស ព្រោះចាប់​ស្ដេចហង្ស។

ចប់ សុវណ្ណហំសជាតក ទី៦។

ពព្វុជាតក ទី៧

[១៣៧] (ព្រះសាស្ដា ត្រាស់ថា) ឆ្មា ១ បានកណ្ដុរ​ក្នុងទីណា ឆ្មាជា​គំរប់​ពីរ គំរប់បី គំរប់បួន រមែងកើត​ក្នុងទីនោះ ឆ្មាទាំងនោះ (ប្រហារ) នូវរន្ធនេះ ហើយដល់​នូវសេចក្ដី​ស្លាប់។

ចប់ ពព្វុជាតក ទី៧។

គោធជាតក ទី៨

[១៣៨] (ទន្សងពោធិសត្វ ពោលថា) ម្នាលតាបស​ឥតបញ្ញា ប្រយោជន៍​អ្វីដោយ​ជដា​របស់អ្នក ប្រយោជន៍​អ្វីដោយស្បែក​ខ្លាឃ្មុំរបស់អ្នក ព្រោះគ្រឿង​សាំញាំដោយ (រាគាទិក្កិលេស) មាន​ខាងក្នុង​របស់អ្នក អ្នកខំ​ដុះខាត់​តែខាងក្រៅទេ។

ចប់ គោធជាតក ទី៨។

ឧភតោភដ្ឋជាតក ទី៩

[១៣៩] (រុក្ខទេវតាពោធិសត្វ ពោលថា) ភ្នែកទាំងឡាយ​បែកធ្លាយហើយ សំពត់​បាត់ហើយ ការឈ្លោះ ក៏មានក្នុងផ្ទះ​នៃស្រ្តីជាសំឡាញ់ ការងារ​ទាំងឡាយ​ខូចទាំង​សងខាង គឺក្នុង​ទឹកផង លើគោកផង។

ចប់ ឧភតោភដ្ឋជាតក ទី៩។

កាកជាតក ទី១០

[១៤០] (ក្អែកពោធិសត្វ ពោលថា) ក្អែកទាំងឡាយ ជាសត្វមាន​ហឫទ័យ​ភ្ញាក់ផ្អើល​ជានិច្ច ជាសត្វ​បៀតបៀន​មនុស្ស​លោកទាំងពួង ព្រោះហេតុនោះ បានជា​ខ្លាញ់រាវ​នៃពួកក្អែក ជាញាតិ​របស់យើង​ទាំងនោះ មិនចេះ​មានឡើយ។

ចប់ កាកជាតក ទី១០។

ចប់ អសម្បទានវគ្គ ទី១៤។

ឧទ្ទាននៃអសម្បទានវគ្គនោះគឺ

និយាយអំពីវត្ថុតាមមាន​តាមបាន ១ យក្ខិនី ១ ទីក្សេម ១ អាភស្សរមហាព្រហ្ម​ដូចក្នុង​បរោសតបញ្ហា ១ អាភស្សរមហាព្រហ្ម ១ ទៀត ហង្សឧត្តមប្រសើរ ១ ឆ្មា ១ ជដា ១ ព្រានបាត់​សំពត់ ១ ក្អែក ១ ត្រូវជា ១០។

កកណ្ដកវគ្គ ទី១៥

គោធជាតក ទី១

[១៤១] (ស្ដេចទន្សងពោធិសត្វ ពោលថា) បុគ្គលអ្នកសេពគប់​នូវជនបាប រមែង​មិនដល់​នូវសេចក្ដី​សុខពិតទេ ដូចជា​ត្រកូល​ទន្សង មិនបាន​សេចក្ដីសុខ ព្រោះត្រគួត រមែង​ញុំាងខ្លួន​ឲ្យដល់​នូវសេចក្ដី​វិនាស។

ចប់ គោធជាតក ទី១។

សិង្គាលជាតក ទី២

[១៤២] (សេ្តចចចកពោធិសត្វ ពោលថា) អ្នកដេកធ្វើពុតជាស្លាប់ ដោយហេតុណា ហេតុរបស់​អ្នកនុ៎ះ ដឹងបាន​ដោយក្រ តែដំបង​មិនរបូត​អំពីដៃ​របស់អ្នក កំពុង​ចាប់កាន់​នោះ។

ចប់ សិង្គាលជាតក ទី២។

វិរោចនជាតក ទី៣

[១៤៣] (កេសរសីហពោធិសត្វ ពោលថា) ខួរក្បាលរបស់អ្នកធ្លាយ​ចេញផង រលាក្បាល​របស់អ្នក​បែកធ្លាយផង ឆ្អឹងជំនីរ​ទាំងអស់​របស់អ្នក ដំរីបំបាក់​ហើយផង ក្នុងថ្ងៃ​នេះ អ្នកនៅ​រុងរឿង​អ្វីទៀត។

ចប់ វិរោចនជាតក ទី៣។

នង្គុដ្ឋជាតក ទី៤

[១៤៤] (តាបសពោធិសត្វ ពោលថា) ម្នាលភ្លើង ជាអសប្បុរស យើង​នឹង​បូជាអ្នក​ដោយ​កន្ទុយណា កន្ទុយប៉ុណ្ណេះ​ច្រើនហើយ ក្នុងថ្ងៃនេះ សាច់មិនមាន​ដល់អ្នក​ដ៏គួរ​ដល់​សាច់ទេ អ្នកដ៏ចំរើន ចូរ​ទទួលយក​តែកន្ទុយចុះ។

ចប់ នង្គុដ្ឋជាតក ទី៤។

រាធជាតក ទី៥

[១៤៥] (សេកពោធិសត្វ ពោលថា) ម្នាលរាធៈ អ្នករមែង​មិនដឹងច្បាស់​ថា ពួកមនុស្ស​ប៉ុណ្ណេះ ក្នុងពេលពាក់​កណ្ដាល​អធ្រាត្រ​មិនទាន់​មកដល់ ពោល​ចរចា​នូវពាក្យ​មិនប្រាកដ​នឹងនាង​ព្រាហ្មណី ជាកោសិយគោត្រ​អ្នកមិនមាន​តម្រេក (នឹងស្វាមីខ្លួន)។

ចប់ រាធជាតក ទី៥។

កាកជាតក ទី៦

[១៤៦] (ពួកក្អែក ពោលថា) អើ ចង្កាយើងក៏រោយ ទាំងមាត់ក៏ស្ងួត​ក្រៀមក្រោះ យើង​មិនអាច​បាចទឹក ក្នុងសមុទ្រ​ឲ្យរីងបានទេ ព្រោះមហាសមុទ្រ​នៅតែពេញ​ដដែល។

ចប់ កាកជាតក ទី៦។

បុប្ផរត្តជាតក ទី៧

[១៤៧] (មនុស្សទុគ៌ត ពោលថា) ក្អែកចោះអញ ដោយហេតុណា ហេតុនេះ មិនជា​ទុក្ខទេ សេចក្ដី​ទុក្ខនោះ ក៏មិនមាន​ដល់យើង​ឡើយ ទុក្ខមាន​ដល់យើងនោះ ត្រង់​ភរិយាឈ្មោះ​សាមា មិនស្លៀក​សណ្ដប់សំពត់ ដែល​ជ្រលក់ដោយ​ទឹក​ដកគាំ ដើរមើល​មហោស្រព ក្នុង​ខែកត្តិក។

ចប់ បុប្ផរត្តជាតក ទី៧។

សិង្គាលជាតក ទី៨

[១៤៨] (ចចកពោធិសត្វ ពោលថា) យើង​នឹងមិនចូលកាន់​ពោះដំរី​ទៀត យើងនឹង​មិនចូល​កាន់ពោះ​ដំរីទៀត យើងនឹង​មិនចូលកាន់​ពោះដំរី​ញយ ៗ ទេ ព្រោះយើង​ត្រូវភ័យ​គម្រាម​ហើយ ដូច្នោះ។

ចប់ សិង្គាលជាតក ទី៨។

ឯកបណ្ណជាតក ទី៩

[១៤៩] (ឥសីពោធិសត្វ ពោលថា) ឈើនេះ ទើបតែនឹងមាន​ស្លឹកតែមួយ ៗ ដុះអំពី​ផែនដី មិនទាន់​ដល់ ៤ធ្នាប់ មានផ្លែ​ដូចជា​ថ្នាំពិសទៅ​ហើយ ចំណង់ឈើ​នេះធំឡើង នឹង​ដូចម្ដេច​ទៅទៀត។

ចប់ ឯកបណ្ណជាតក ទី៩។

សញ្ជីវជាតក ទី១០

[១៥០] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) បុគ្គលណា លើកដំកើង​នូវជន ជា​អសប្បុរស​ផង ចូលទៅ​សេពគប់​នូវជន​ជា​អសប្បុរស​ផង ជនជា​អសប្បុរស​នោះ រមែង​ធ្វើនូវ​បុគ្គល​នោះឯង ឲ្យទៅជា​អាហារ ដូចខ្លា​និង​​សញ្ជីវមាណព។

ចប់ សញ្ជីវជាតក ទី១០។

ចប់ កកណ្តកវគ្គ ទី១៥។

ឧទា្ទននៃកកណ្តកវគ្គនោះគឺ

និយាយអំពីបុគ្គលដល់នូវសេចក្តីសុខ ១ ដំបងប្រសើរ ១ ខួរក្បាល ១ កន្ទុយ ១ សេកឈ្មោះ​រាធៈ ដ៏ប្រសើរ ជាគំរប់ប្រាំ ១ សមុទ្ទ ១ មហោស្រព​ខែកត្តិក ១ ពោះដំរី ១ ឈើដុះ ៤ ធ្នាប់ ១ ខ្លាដ៏ប្រសើរ ១ ត្រូវជា ១០។

ឧទ្ទាននៃវគ្គមានក្នុងឯកនិបាតនោះគឺ

អបណ្ណកវគ្គ ១ សីលវគ្គ ១ កុរុង្គវគ្គ ១ កុលាវកវគ្គ ១ អត្ថកាមវគ្គ ជាគំរប់ប្រាំ ១ អសឹសវគ្គ ១ ឥត្ថីវគ្គ ១ វរុណវគ្គ ១ អបាយិម្ហវគ្គ ១ លិត្តវគ្គ ១ ត្រូវជា ១០ បរោសតវគ្គ ១ ហំសិវគ្គ ១ កុសនាឡិវគ្គ ១ អសម្បទានវគ្គ ១ កកណ្តកវគ្គ ១ ក្នុង​ឯកនិបាតប្រដាប់ (ដោយ​វគ្គដូច្នេះឯង)។

ចប់ ឯកនិបាត។

ទឡ្ហវគ្គ ទី១

រាជោវាទជាតក ទី១

[១៥១] (សារថីរបស់ព្រះបាទរាជាពល្លិកៈ ពោលថា) ព្រះបាទពល្លិកៈ រមែង​បោះនូវ​របស់​មាំដល់​បុគ្គល​អ្នកមាំ ឈ្នះនូវ​បុគ្គលទន់​ដោយ​កិរិយាទន់ ឈ្នះនូវ​សប្បុរស ដោយ​សប្បុរស ឈ្នះនូវ​អសប្បុរស ដោយអសប្បុរស ព្រះរាជានេះ (មាន​សីល និង​អាចារៈ) ប្រាកដដូច្នេះ ម្នាលសារថី អ្នកចូរចៀស​ចេញអំពី​ផ្លូវទៅ។

[១៥២] (សារថីរបស់ព្រះបាទពារាណសី ពោលថា) ព្រះរាជាគប្បី​ឈ្នះបុគ្គល​អ្នកក្រោធ ដោយសេចក្ដី​មិនក្រោធ គប្បីឈ្នះ​អសប្បុរស ដោយ​សប្បុរស គប្បី​ឈ្នះ​បុគ្គល​កំណាញ់ ដោយ​ការឲ្យ គប្បីឈ្នះ​បុគ្គលអ្នក​ពោលពាក្យ​កុហក ដោយការ​ពោលពាក្យពិត ព្រះរាជានេះ (មានសីល និង​អាចារៈ) ប្រាកដ​ដូច្នេះ ម្នាលសារថី អ្នកចូរ​ចៀស​ចេញ​អំពីផ្លូវ​ទៅ។

ចប់ រាជោវាទជាតក ទី១។

សិគាលជាតក ទី២

[១៥៣] (រាជសីហ៍ពោធិសត្វ ពោលថា) ការងារទាំងឡាយនោះ ញុំាង​បុគ្គល​អ្នកមាន​ការងារ​មិនបាន​ពិចារណា​ដោយត្រឹមត្រូវ ឲ្យ​សំរេច​ដោយរួសរាន់​ឲ្យក្ដៅក្រហាយ ដូចជា​វត្ថុក្ដៅ​ដែលបុគ្គល​ពមចូលទៅ​ក្នុងមាត់។

[១៥៤] (ព្រះសាស្ដា ត្រាស់ថា) សីហៈញុំាងភ្នំប្រាក់ឲ្យលាន់ឮខ្លាំង ដោយ​សីហនាទ ចចក​នៅក្នុង​ភ្នំប្រាក់ បានឮសំលេង​គឹកកង​នៃសត្វសីហៈ​ហើយ ក៏ភ័យ​តក់ស្លុត​បែក​ហ្ឫទ័យ​ស្លាប់។

ចប់ សិគាលជាតក ទី២។

សូករជាតក ទី៣

[១៥៥] (សូករៈ ពោលថា) ម្នាលសំឡាញ់អ្នកមានធុរៈស្មើ ខ្ញុំមានជើង ៤ ម្នាល​សំឡាញ់ អ្នកឯង​ក៏មានជើង ៤ ដែរ ម្នាលសំឡាញ់ អ្នកចូរត្រឡប់មក អ្នកខ្លាចឬ បានជា​រត់ចេញ។

[១៥៦] (សីហៈពោធិសត្វ ពោលថា) ម្នាលសូករៈ អ្នកមានកាយ​មិនស្អាត មានរោម​ប្រឡាក់​ដោយវត្ថុ​ស្អុយ មានក្លិន​អាក្រក់​បក់ទៅ បើអ្នកចង់​ច្បាំងគ្នា ម្នាល​សំឡាញ់ យើងឲ្យ​ជ័យដល់​អ្នកឯង។

ចប់ សូករជាតក ទី៣។

ឧរគជាតក ទី៤

[១៥៧] (គ្រុឌ ពោលថា) ស្ដេចនាគដ៏ប្រសើរជាងពស់ទាំងឡាយ មាន​ភេទដូច​ជាកែវ​ដែលកើត​អំពីថ្ម ប្រាថ្នាដើម្បីរួច បានចូលទៅ​ក្នុងសំពត់​ស្លៀកនេះ ខ្ញុំកោត​ក្រែងនូវ​បុគ្គល​មានភេទ​ដ៏ប្រសើរ ខ្ញុំប្រាថ្នា​នឹងបរិភោគ តែមិនអាច​នឹងបរិភោគ​បាន។

[១៥៨] (តាបសពោធិសត្វ ពោលថា) អ្នកមានបុគ្គលដ៏ប្រសើរគ្រប់គ្រង​ហើយ ចូររស់​នៅអស់កាល​យូរ អាហារ​ជាទិព្វ​ទាំងឡាយ ចូរកើតប្រាកដ​ដល់អ្នក (ព្រោះថា) អ្នកកោត​ក្រែងនូវបុគ្គល​មានភេទ​ដ៏ប្រសើរ អ្នកប្រាថ្នា​នឹងបិភោគ តែមិន​អាចបរិភោគ​បាន។

ចប់ ឧរគជាតក ទី៤។

ភគ្គជាតក ទី៥

[១៥៩] (មាណពពោធិសត្វ ពោលថា) បពិត្រភគ្គៈ សូមលោករស់​នៅអស់ ១២០ ឆ្នាំ បិសាចទាំងឡាយ ចូរកុំទំពា​ស៊ីនូវខ្ញុំឡើយ សូមលោក​រស់នៅអស់ ១២០ ឆ្នាំ។

[១៦០] (បិតារបស់ពោធិសត្វ ពោលថា) ចូរអ្នករស់នៅអស់ ១២០ ឆ្នាំដែរ បិសាច​ទាំង​ឡាយ ចូរទំពាស៊ី​នូវថ្នាំពិស អ្នកចូររស់នៅ​អស់ ១២០ ឆ្នាំ។

ចប់ ភគ្គជាតក ទី៥។

អលីនចិត្តជាតក ទី៦

[១៦១] (ព្រះសាស្ដា ត្រាស់ថា) សេនាដ៏ច្រើន មានចិត្តរីករាយ ព្រោះ​អាស្រ័យ​នូវ​អលីនចិត្ត​រាជកុមារ បានញុំាង​ដំរីឲ្យចាប់​យកព្រះ​បាទកោសល​ទាំងរស់​ដែល​មិន​ត្រេកអរ​ហើយ ដោយ​រាជសម្បត្តិ​របស់ខ្លួន​យ៉ាងណា​មិញ។

[១៦២] ភិក្ខុអ្នកបរិបូណ៌ដោយនិស្ស័យ មានសេចក្តីព្យាយាម​ប្រារព្ធហើយ កាល​ចំរើន​នូវ​កុសលធម៌ ដើម្បីសម្រេច​នូវព្រះនិពា្វន​ជាទីក្សេម​ចាកយោគៈ គប្បី​ដល់នូវ​ការអស់ទៅ​នៃ​សំយោជនៈ​ទាំងពួង​ដោយលំដាប់ ក៏យ៉ាងនោះដែរ។

ចប់ អលីនចិត្តជាតក ទី៦។

គុណជាតក ទី៧

[១៦៣] (ចចក ពោលថា) អ្នកមានកំឡាំង បណ្ដេញ (នូវបុគ្គលអ្នកសេព​គប់នឹង​ខ្លួន) តាមសេចក្ដី​ប្រាថ្នាបាន បពិត្រ​ស្ដេចម្រឹគ (នេះ) ជា​ធម្មតានៃ​អ្នកមាន​កំឡាំង បពិត្រ​ស្ដេចម្រឹគ អ្នកមាន​ចង្កូមស្រួច លោកចូរ​ដឹងចុះ មរណភ័យ​កើតហើយ​អំពីទីជា​ទីពឹង (របស់​យើង)។

[១៦៤] (សីហៈពោធិសត្វ ពោលថា) ប្រសិនបើមិត្រមាន​កំឡាំងខ្សោយ តែតាំង​នៅក្នុង​មិត្រធម៌​ទាំងឡាយ បុគ្គលនោះ ហៅថាជា​ញាតិផង ជា​ផៅពង្សផង បុគ្គល​នោះ​ហៅថា មិត្រផង បុគ្គលនោះ​ហៅថា សំឡាញ់​របស់យើង​ផង ម្នាល​មេម្រឹគ​មានចង្កូម នាង​កុំមើល​ងាយ​ចចកឈ្មោល និង​ចចកញី​ជាសំឡាញ់​យើងឡើយ ព្រោះចចក ជាអ្នក​ឲ្យជីវិត​ដល់យើង។

ចប់ គុណជាតក ទី៧។

សុហនុជាតក ទី៨

[១៦៥] (អមាត្យពោធិសត្វ ពោលថា) សេះឈ្មោះ​សុហនុ ធ្វើនូវ​សេចក្ដី​ស្រឡាញ់​នេះ ជាមួយ​នឹងសេះ​ឈ្មោះ​សោណៈ មិនមែន​ដោយ​មារយាទ​មិនស្មើគ្នាទេ សេចក្ដី​ប្រព្រឹត្ត​របស់សេះ​ឈ្មោះ​សោណៈ​យ៉ាងណា សេះឈ្មោះ​សុហនុ ក៏ប្រាកដ​យ៉ាងនោះដែរ។

[១៦៦] អំពើរមែងស្មើគ្នាដោយការស្ទុះទៅ និង​ការឃ្នើសឃ្នង និងការខាំ​កាត់នូវ​ខ្សែ​ជានិច្ច អំពើ​អាក្រក់ស្មើគ្នា ដោយអំពើ​អាក្រក់ ការ​មិនរៀប​រយស្មើគ្នា ​ដោយ​ការមិន​រៀបរយ។

ចប់ សុហនុជាតក ទី៨។

មោរជាតក ទី៩

[១៦៧] (ក្ងោកពោធិសត្វ ពោលថា) សុរិយទេវបុត្រណា ជាឯករាជ មានចក្ខុ មានសម្បុរ​ដូចជាមាស មានពន្លឺ​ផ្សាយទៅ​លើផែនដី កំពុង​រះឡើង ខ្ញុំសូម​នមស្ការ​នូវ​សុរិយទេវបុត្រ​នោះ អ្នកមាន​សម្បុរ​ដូចជាមាស មានពន្លឺ​ផ្សាយទៅ​លើផែនដី ខ្ញុំសូម​ឲ្យ​លោកគ្រប់​គ្រងរក្សា អស់វេលា​ថ្ងៃក្នុង​ថ្ងៃនេះ ពា្រហ្មណ៍​ទាំង​ឡាយណា សំរេច​នូវវេទ ក្នុងធម៌​ទាំងពួង សូមព្រាហ្មណ៍​ទាំងឡាយ​នោះ ទទួលនូវ​ការនមស្ការ​របស់ខ្ញុំ សូម​ព្រាហ្មណ៍​ទាំងឡាយ​នោះ រក្សានូវខ្ញុំ ការនមស្ការ ចូរមាន​ដល់លោក​អ្នកត្រាស់​ដឹងទាំង​ឡាយ ការនមស្ការ ចូរមាន​ដល់សេចក្ដី​ត្រាស់ដឹង ការនមស្ការ ចូរមាន​ដល់លោក​អ្នករួច​ទាំងឡាយ ការនមស្ការ ចូរមាន​ដល់វិមុត្តិ ក្ងោកពោធិសត្វ​នោះ ធ្វើបរិត្ត​នេះរួចហើយ ទើបត្រាច់​ទៅស្វែងរក​អាហារ។

[១៦៨] (សុរិយទេវបុត្រណា) ជាឯករាជ មានចក្ខុ មានសម្បុរ​ដូចជាមាស មានពន្លឺ​ផ្សាយទៅ​លើផែនដី កំពុង​អស្ដង្គតទៅ ខ្ញុំសូម​នមស្ការ នូវ​សុរិយទេវបុត្រ​នោះ អ្នកមាន​សម្បុរ​ដូចមាស មានពន្លឺ​ផ្សាយទៅ​លើផែនដី ខ្ញុំសូមឲ្យ​លោកគ្រប់​គ្រងរក្សា អស់រាត្រី​ក្នុងថ្ងៃនេះ ពា្រហ្មណ៍​ទាំងឡាយ​ណា សំរេច​នូវវេទ ក្នុងធម៌​ទាំងពួង សូម​ព្រាហ្មណ៍​ទាំង​នោះ ទទួលនូវ​ការនមស្កា​របស់ខ្ញុំ សូម​ព្រាហ្មណ៍​ទាំងនោះ រក្សានូវ​ខ្ញុំ ការនមស្ការ ចូរមាន​ដល់លោក​អ្នកត្រាស់ដឹង​ទាំងឡាយ ការនមស្ការ ចូរមាន​ដល់​សេចក្ដី​ត្រាស់ដឹង ការ​នមស្ការ ចូរមាន​ដល់លោក​អ្នករួច​ទាំងឡាយ ការ​នមស្ការ ចូរមាន​ដល់វិមុត្តិ ក្ងោក​ពោធិសត្វ ធ្វើបរិត្ត​នេះរួច​ហើយ ទើបបាន​សម្រេច​ការនៅ។

ចប់ មោរជាតក ទី៩។

វិនីលកជាតក ទី១០

[១៦៩] (កូនក្អែកកាត់ហង្ស ពោលថា) ហង្សទាំងឡាយ (រមែងនាំយើង) ឈ្មោះ​វិនីលកៈ​ទៅបាន​យ៉ាងណាមិញ សេះអាជានេយ្យ​ទាំងឡាយ នាំនូវ​ព្រះបាទវិទេហៈ​អ្នក​គ្រប់គ្រងក្រុង​មិថិលា ក៏យ៉ាង​នោះដែរ។

[១៧០] (ហង្សពោធិសត្វជាបិតា ពោលថា) ម្នាលចៅ​វិនីលៈ អ្នកគប់រក​នូវព្រៃភ្នំ​មាន​ច្រកចង្អៀត ម្នាលកូន អ្នកសេព​នូវកន្លែង​មិនមែន​ជាទី​របស់​អ្នក ៗ ចូរសេព​នូវកន្លែង​ជាទីបំផុត​នៃស្រុក​ចុះ ទីនោះ​ជាលំនៅ​របស់មាតា​អ្នកហើយ។

ចប់ វិនីលកជាតក ទី១០។

ចប់ ទឡ្ហវគ្គ ទី១។

ឧទ្ទាននៃទឡ្ហវគ្គនោះគឺ

និយាយអំពីព្រះបាទពលិ្លកៈដ៏ប្រសើរ ១ ភ្នំប្រាក់ ១ សូករៈ ១ នាគប្រសើរជាងពស់ ១ បិតាឈ្មោះភគ្តៈ ១ ជាគំរប់ ៥ សេនាធំ ១ ចចកប្រសើរ ១ សេះឈ្មោះ​សុហនុ​ដ៏ឧត្តម ១ ក្ងោក ១ វិនីលកៈ ១ ត្រូវជា ១០។

សន្ថវវគ្គ ទី២

ឥន្ទសមានគោត្តជាតក ទី១

[១៧១] (តាបសពោធិសត្វ ពោលថា) បុគ្គលកុំគប្បី​ធ្វើសេចក្តី​ស្និទ្ធស្នាល​ជាមួយ​នឹង​បុរសលាមក អរិយបុគ្គល ដឹងច្បាស់​នូវប្រយោជន៍ (ក៏មិន​គប្បីធ្វើ​នូវសេចក្ដី​ស្និទ្ធស្នាល ជាមួយ​នឹងបុគ្គល​មិនមែន​ជា​អរិយៈ (បុគ្គល​មិនមែន​ជាអរិយៈ) សូម្បីនៅ​ជាមួយ​គ្នា​អស់​កាល​​យូរ រមែងធ្វើ​អំពើអាក្រក់ ដូចជា​ដំរីកាល​ព្រេចនូវ​តាបស​ឈ្មោះ​ឥន្ទសមានគោត្រ។

[១៧២] បុគ្គលគប្បីដឹងនូវជនណាថា បុគ្គលនេះស្មើគ្នា ដោយសីលផង បញ្ញាផង សុតៈផង របស់អញ គប្បីធ្វើនូវ​មេត្រី​ជាមួយ​នឹង​ជននោះចុះ (ព្រោះ) ការគប់រក​ដោយ​សប្បុរស តែងនាំ​មកនូវ​សេចក្ដីសុខ​ដោយពិត។

ចប់ ឥន្ទសមានគោត្តជាតក ទី១។

សន្ថវជាតក ទី២

[១៧៣] (តាបសពោធិសត្វ ពោលថា) ការស្និទ្ធស្នាលណា ជាមួយ​នឹង​បុរសលាមក របស់​ដទៃលាមក​ក្រៃលែង​ជាងការ​ស្និទ្ធស្នាល (នោះ) មិនមានទេ ដូចជា​ភ្លើងដែល​យើង​ឲ្យឆ្អែត​ដោយសប្បិ និងបាយាស នៅតែឆេះខ្ទមស្លឹក​ដែលយើង​ធ្វើហើយ​ដោយ​លំបាក។

[១៧៤] ការស្និទ្ធស្នាលណា ជាមួយនឹងសប្បុរស របស់ដទៃ​ប្រសើរ​ក្រៃលែង​ជាង​ការស្និទ្ធស្នាល (នោះ) មិនមានទេ ដូចជា​មេម្រឹគ​ឈ្មោះ​សាមា លិទ្ធមាត់​នៃស្ដេច​រាជសីហ៍​ផង ខ្លាធំ​ផង ខ្លាដម្បង​ផង ព្រោះការ​ស្និទ្ធស្នាល។

ចប់ សន្ថវជាតក ទី២។

សុសីមជាតក ទី៣

[១៧៥] (ពោធិសត្វ ពោលថា) បពិត្រព្រះរាជា ទ្រង់​ព្រះនាម​សុសីមៈ ម្រឹគខ្មៅ មាន​ភ្លុកស (ដំរី) នេះ របស់ព្រះអង្គ​ច្រើនជាង​រយ បិទបាំង​ដោយ​បណ្ដាញមាស ព្រះអង្គ​ទ្រង់​រឭកនូវ​ព្រះបិតា និងធីតា (របស់ខ្ញុំ​ព្រះអង្គ) ទើបត្រាស់ថា អញនឹង​ឲ្យដំរី​ទាំងឡាយ​នោះ ដល់​ព្រាហ្មណ៍​ទាំងនោះ​មែនឬ។

[១៧៦] (ព្រះរាជា ត្រាស់ថា) ម្នាលមាណព ម្រឹគខ្មៅមាន​ភ្លុកសនេះ របស់ខ្ញុំ​ច្រើន​ជាងរយ បិទបាំង​ដោយ​បណ្ដាញមាស ខ្ញុំកាល​រឭកនូវ​បិតា និងធីតា ទើប​ពោលថា ខ្ញុំនឹង​ឲ្យនូវដំរី​ទាំងឡាយ​នោះ ដល់ព្រាហ្មណ៍​ទាំងនោះ​មែន។

ចប់ សុសីមជាតក ទី៣។

គិជ្ឈជាតក ទី៤

[១៧៧] (ព្រះរាជាពារាណសី ត្រាស់ថា) ត្មាតរមែងក្រឡេកមើល​ឃើញ​សាកសព​ចម្ងាយ ១០០ យោជន៍បាន ចុះហេតុអ្វី បានជា​អ្នកហើរ​មកដល់​បណ្ដាញ​ និងអន្ទាក់​ហើយ ក៏នៅតែ​មិនភ្ញាក់​ខ្លួន។

[១៧៨] (ត្មាតពោធិសត្វ ពោលថា) សេចក្ដីវិនាស មានក្នុងវេលាណា សត្វមក​ដល់បណ្ដាញ​ និងអន្ទាក់ រមែងមិន​បានភ្ញាក់​ខ្លួនក្នុងការ​អស់ទៅ​នៃជីវិត ក្នុងវេលានោះ។

ចប់ គិជ្ឈជាតក ទី៤។

នកុលជាតក ទី៥

[១៧៩] (តាបសពោធិសត្វ ពោលថា) ម្នាល​ស្កា​ជា​ជលាពុជៈ អ្នកធ្វើនូវ​មិត្តភាព​ដោយ​សត្រូវ​ដែលជា​អណ្ឌជៈ​កំណើត​ហើយ មកដេក​បញ្ចេញ​ចង្កូម តើសេចក្ដី​ភ័យ មាន​មកដល់​អ្នកអំពី​ទីណា។

[១៨០] (ស្កា ពោលថា) បុគ្គលគប្បីរង្កៀសក្នុងសត្រូវ មិនគប្បី​ស្និទ្ធស្នាល សូម្បី​ក្នុង​មិត្រ ភ័យដែល​កើតឡើង​អំពីជន​ដែលមិន​គួរភ័យ រមែង​កាត់នូវ​ឫសគល់​ទាំងឡាយ​បាន។

ចប់ នកុលជាតក ទី៥។

ឧបសាឡ្ហកជាតក ទី៦

[១៨១] (តាបសពោធិសត្វ ពោលថា) ពួកញាតិឈ្មោះ​ឧបសាឡ្ហកៈ ចំនួន ១៤០០០ នាក់ គេដុតហើយ ក្នុង​ប្រទេសនេះ ក្នុងលោក​រកទីដែល​មិនមាន​គេស្លាប់ មិនមាន​ឡើយ។

[១៨២] សច្ចៈ ១ ធម្មៈ ១ អហឹសា ១ សញ្ញមៈ ១ ទមៈ ១ មាននៅ​ក្នុងបគ្គល​ណា ព្រះអរិយៈ​ទាំងឡាយ រមែង​សេពគប់​នូវបុគ្គល​នុ៎ះ គុណជាត​នុ៎ះ​ឈ្មោះថា មិនចេះស្លាប់ ក្នុងលោក។

ចប់ ឧបសាឡ្ហកជាតក ទី៦។

សមិទ្ធិជាតក ទី៧

[១៨៣] (នាងទេពធីតា ពោលប្រលោមថា) បពិត្រភិក្ខុ លោកមិនទាន់​បរិភោគ​កាមសិន ហើយត្រាច់ទៅ ដើម្បីភិក្ខុភាព បើលោក​បរិភោគកាម​រួចហើយ សឹមត្រាច់​ទៅ ដើម្បី​ភិក្ខា មិន​បានឬ បពិត្រ​ភិក្ខុ សូមលោក​បរិភោគកាម​សិន ហើយសឹម​ត្រាច់ទៅ ដើម្បី​ភិក្ខា​ចុះ កុំឲ្យកាល (ជាទី​បរិភោគកាម) កន្លងនូវ​លោកបាន​ឡើយ។

[១៨៤] (តាបសពោធិសត្វ ពោលថា) យើងមិនបានដឹងនូវ​មរណកាល​ដោយពិត មរណកាល​កំបាំង​មិនប្រាកដ ព្រោះហេតុនោះ បានជាយើង​មិនបរិភោគកាម ហើយ​ត្រាច់ទៅ​ដើម្បី​ភិក្ខា កុំឲ្យកាល (ធ្វើសមណធម៌) កន្លងនូវ​យើងបានឡើយ។

ចប់ សមិទ្ធិជាតក ទី៧។

សកុណគ្ឃិជាតក ទី៨

[១៨៥] (ព្រះសាស្ដា ត្រាស់ថា) សត្វខ្លែងបោះពួយចុះមក​ ដោយកំឡាំង​រហ័ស ឆាបនូវ​សត្វប្រចៀច​ដែលទំ​នៅលើ (អាចម៍បំណះ) ជាទី​គោចរ (របស់ខ្លួន) ក៏ដល់​នូវ​សេចក្ដី​ស្លាប់ ដោយហេតុ​នោះទៅ។

[១៨៦] (ប្រចៀច ពោលថា) ខ្ញុំនោះ ជាអ្នកបរិបូណ៌​ដោយឧបាយ ត្រេកអរ​ក្នុង​ទី​គោចរ​ជារបស់បិតា ឃើញនូវ​ប្រយោជន៍​របស់ខ្លួន ហើយប្រាស​ចាកសត្រូវ នៅរីករាយ។

ចប់ សកុណគ្ឃិជាតក ទី៨។

អរកជាតក ទី៩

[១៨៧] (អរកសាស្ដា ពោលថា) បុគ្គលណាសង្គ្រោះដល់សត្វលោក​ទាំងមូល ដោយ​មេត្តាចិត្ត​ក្នុងទិសខាង​លើផង ទិសខាង​ក្រោមផង ទិសទទឹងផង ដោយ​អាការ​ទាំងពួង រកប្រមាណ​មិនបាន។

[១៨៨] ចិត្តដែលប្រកបដោយប្រយោជន៍ រកប្រមាណ​មិនបាន ឈ្មោះថា​បុគ្គល​បានចំរើន​បរិបូណ៌​ហើយ អំពើណា ដែលបុគ្គល​បានធ្វើ​ល្មមប្រមាណ អំពើនោះ រមែង​មិនសល់​នៅក្នុង​ចិត្តរបស់​បុគ្គល​អ្នកបាន​ចំរើននោះ​ឡើយ។

ចប់ អរកជាតក ទី៩។

កណ្ឋកជាតក ទី១០

[១៨៩] (ព្រះបាទវិទេហៈ ត្រាស់ថា) កាលពីដើម បង្កួយនេះ​នៅលើ​ក្លោងទ្វារ​ មិន​ក្រអឺតក្រអោង​ទេ ម្នាល​មហោសថ អ្នកចូរដឹង ព្រោះហេតុអ្វី បានជា​បង្កួយ​ត្រឡប់ទៅ​ជា​របឹង​រឹងរូស​វិញ។

[១៩០] (មហោសថពោធិសត្វ ពោលថា) បង្កួយបាន​របស់ដែល​មិនធ្លាប់​បាន ចំនួន​កន្លះមាសកៈ រមែងមើល​ងាយ​ព្រះបាទវិទេហៈ ដែល​សោយរាជ្យ​ក្នុង​នគរមិថិលា។

ចប់ កកណ្ឋកជាតក ទី១០។

ចប់ សន្ថវវគ្គ ទី២។

ឧទ្ទាននៃសន្ថវវគ្គនោះគឺ

និយាយអំពីឥន្ទសមានតាបស ១ ខ្ទមស្លឹក ១ ព្រះរាជាសុសីមៈ ១ ត្មាត ១ ស្កាជា​ជលាពុជ ១ ឧបសាឡ្ហកព្រាហ្មណ៍ ១ ភិក្ខុ ១ ប្រចៀចដ៏​ប្រសើរ ១ មេត្តាដ៏ប្រសើរ ១ បង្កួយ​ក្រអើតក្រអោង ១ ត្រូវជា ១០។

កល្យាណធម្មវគ្គ ទី៣

កល្យាណធម្មជាតក ទី១

[១៩១] (សេដ្ឋីពោធិសត្វ ពោលថា) បពិត្រព្រះអង្គជាធំជាងជន កាល​ណា នរជន​ប្រកប​ដោយ​បញ្ញា ដល់នូវ​សមញ្ញា (ឈ្មោះ) ថាជា​អ្នកមាន​កល្យាណធម៌​ក្នុងលោក (កាលនោះ) មិន​គប្បីឲ្យ​សាបសូន្យ​ចាក​សមញ្ញានោះ សប្បុរស​ទាំងឡាយ តែងកាន់​យកនូវ​បព្វជ្ជាធុរៈ​ដោយហិរិ និងឱត្តប្បៈ។

[១៩២] បពិត្រព្រះអង្គជាធំជាងជន សមញ្ញានោះឯង ថាជាអ្នកមាន​កល្យាណធម៌​ក្នុង​លោក មកដល់ខ្ញុំ​ក្នុងថ្ងៃនេះ ហើយខ្ញុំ​ព្រះអង្គ​ពិចារណា​ឃើញនូវ​សមញ្ញា​នោះ នឹងបួសក្នុង​ថ្ងៃនេះ សេចក្ដី​ពេញចិត្ត​ក្នុងការ​បរិភោគកាម​ក្នុងលោកនេះ មិនមាន​ដល់​ខ្ញុំទេ។

ចប់ កល្យាណធម្មជាតក ទី១។

ទទ្ទរជាតក ទី២

[១៩៣] (កូនសីហៈ សួរថា) បពិត្រសីហរាជ ជាធំជាងម្រឹគ នរណាហ្ន៎ មាន​សំឡេង​ខ្លាំង ញ៉ាំងភ្នំ​ទទ្ទរៈ​ឲ្យលាន់ឮ ពួកសីហៈ មិនបន្លឺ​តបទៅនឹង​វាឡើយ សត្វដែល​បន្លឺសំឡេង​គឹកកង​បាននុ៎ះ ជាសត្វ​ឈ្មោះអ្វី។

[១៩៤] (សីហៈពោធិសត្វ ពោលថា) ម្នាលកូន ចចក ជាសត្វថោកទាប​ជាង​ម្រឹគ​ទាំងឡាយ វាបន្លឺឡើង ពួកសីហៈ កាលខ្ពើមរអើម​នូវជាតិ​របស់វា រមែងនាំ​គ្នាអង្គុយ​នៅ​ស្ងៀម។

ចប់ ទទ្ទរជាតក ទី២។

មក្កដជាតក ទី៣

[១៩៥] (តាបសជាកូន ពោលថា) បពិត្របិតា មាណពនុ៎ះ បានឈរ​ផ្អែកនឹង​គល់ត្នោត រោងរបស់​យើងនេះមាន បើដូច្នោះ យើង​នឹងប្រគល់​រោងឲ្យទៅ​មាណព​នោះចុះ។

[១៩៦] (តាបសពោធិសត្វ ពោលថា) ម្នាលកូន អ្នកកុំហៅ​វាឡើយ វាគប្បី​ប្រទូស្ត​នូវរោង​របស់យើង​មិនខាន មុខព្រាហ្មណ៍​ដែល​មានសីលធម៌​ល្អ មិនមែន​បែបយ៉ាង​នេះទេ។

ចប់ មក្កដជាតក ទី៣។

ទុព្ភិយមក្កដជាតក ទី៤

[១៩៧] (ព្រាហ្មណ៍ពោធិសត្វ ពោលថា) យើងបានឲ្យ​ទឹកច្រើនដល់ឯង ដែលត្រូវ​កំដៅថ្ងៃ​បៀតបៀន​ស្រេកហើយ ឥឡូវនេះ ឯងផឹកហើយ ធ្វើសំឡេង​គំហកថា កិកិ ដូច្នេះ ការសេពគប់​ដោយជន​អាក្រក់ មិនប្រសើរ​ឡើយ។

[១៩៨] (ស្វាទេវទត្ត ពោលថា) អ្នកឯងដែលបានឮ ឬបានឃើញថា ស្វាណា​មាន​សីលធម៌ ឥឡូវនេះ យើងនឹង​បន្ទោបង់​វច្ចៈលើក្បាល​របស់អ្នកឯង នេះជាធម្មតា​របស់​ពួក​យើង។

ចប់ ទុព្ភិយមក្កដជាតក ទី៤។

អាទិច្ទុបដ្ឋានជាតក ទី៥

[១៩៩] (ពួកមនុស្ស ពោលថា) បានឮថា បណ្ដាពួកសត្វទាំងអស់ (មានពួក​សត្វខ្លះ) ប្រកបដោយ​សីលធម៌ អ្នកចូរ​មើលស្វាដ៏​លាមក​ដែលកំពុង​ឈរនមស្ការ​ព្រះអាទិត្យ។

[២០០] (តាបសពោធិសត្វ ពោលថា) អ្នកទាំងឡាយ មិនបានដឹងច្បាស់​នូវ​មារយាទ​របស់ស្វា​នេះទេ អ្នកទំាងឡាយ ពោលសរសើរ​ស្វា ព្រោះមិនដឹង​ស្វានោះ ដុតនូវរោង​បូជាភ្លើង​ផង ទំលាយ​នូវក្អមទឹក​ពីរផង។

ចប់ អាទិច្ទុបដ្ឋានជាតក ទី៥។

កឡាយមុដ្ឋិជាតក ទី៦

[២០១] (អមាត្យពោធិសត្វ ក្រាបទូលថា) បពិត្រព្រះអង្គជាធំជាងជន ស្វានេះល្ងង់ ប្រាជ្ញារបស់វា​មិនមានទេ វាបាន​បាចសណ្ដែក​មួយកំបង់​ចោលអស់ ទើបទៅ​ស្វែងរក​សណ្ដែក​មួយគ្រាប់​ដែលជ្រុះទៅ។

[២០២] បពិត្រព្រះរាជា យើងខ្ញុំទាំងឡាយក្ដី ជនទាំងឡាយ​ដទៃដែល​ល្មោភ​ក្រៃលែងក្ដី គប្បីលះបង់​របស់ច្រើន​ព្រោះរបស់តិច ដូចជា​ស្វាកាលលះបង់​សណ្ដែកច្រើន ព្រោះ​សណ្ដែក​តិចដូច្នោះ​ឯង។

ចប់ កឡាយមុដ្ឋិជាតក ទី៦។

តិន្ទុកជាតក ទី៧

[២០៣] (ពួកស្វា ពោលថា) យើងត្រូវពួកមនុស្សមានធ្នូ និងបំពង់ព្រួញ​ក្នុងដៃ កាន់ដាវ​ដ៏មុត ព័ទ្ធជុំវិញហើយ ធ្វើម្ដេចនឹង​រួចខ្លួនបាន។

[២០៤] (ស្វាពោធិសត្វ ពោលថា) សេចក្ដីត្រូវការ​នីមួយ គប្បីកើត​ឡើងដល់ពួក​មនុស្ស​ដែលមាន​កិច្ចច្រើន​ដោយពិត ផ្លែឈើ​ច្រើន យើងរើស​ប្រមូល​មកហើយ អ្នក​ទាំងឡាយ ចូរនាំគ្នា​ស៊ីនូវផ្លែ​ទន្លាប់នោះចុះ។

ចប់ តិន្ទុកជាតក ទី៧។

កច្ឆបជាតក ទី៨

[២០៥] (អណ្ដើក និយាយថា) ខ្ញុំនៅក្នុងភក់ដោយគិតថា ខ្ញុំកើត​ហើយ ខ្ញុំចំរើន​ហើយ (ក្នុងទីនេះ) ភក់បាន​កប់សង្កត់​ខ្ញុំនោះ ធ្វើឲ្យទុព្វលភាព បពិត្រភត្តវៈ ខ្ញុំសូម​ពោលនូវ​ហេតុនោះ​នឹងអ្នក អ្នកចូរស្ដាប់​នូវពាក្យខ្ញុំចុះ។

[២០៦] បុគ្គលបានសេចក្ដីសុខក្នុងទីណា ទោះក្នុងស្រុក ឬក្នុងព្រៃ ទីនោះហើយ ជាទីកើត ជាទីចំរើន​របស់បុរស​ជាអ្នកដឹង (នូវប្រយោជន៍ និង​មិនមែន​ប្រយោជន៍ ) បុគ្គល​គប្បីរស់​នៅក្នុងទីណា គប្បីទៅក្នុង​ទីនោះចុះ កុំគប្បីឲ្យ​ទីដែល​ធ្លាប់នៅ សម្លាប់ខ្លួន​បាន​ឡើយ។

ចប់ កច្ឆបជាតក ទី៨។

សតធម្មជាតក ទី៩

[២០៧] (មាណពឈ្មោះសតធម្ម ពោលថា) (អាហារណា ដែលបាន​បរិភោគ​ហើយ) បាយនោះ​ជារបស់​តិចផង សល់ដែល​ផង បុរសចណ្ឌាល បានឲ្យ​បាយនោះ​ដល់យើង​ដោយសេចក្ដី​លំបាក យើងប្រកប​ដោយជាតិ​ជាព្រាហ្មណ៍ អាហារ​ណាដែល​យើង​បានបរិភោគ​ហើយ អាហារ​នោះឯង ក៏ក្អួត​ចេញមក។

[២០៨] (ព្រះសាស្ដា ត្រាស់ថា) ភិក្ខុណាលះបង់នូវធម៌ គឺ​អាជីវបារិសុទ្ធិសីល ហើយ​ចិញ្ចឹមជីវិត​ដោយខុសធម៌​យ៉ាងនេះ ភិក្ខុនោះមិន​ត្រេកអរ ដោយលាភ​ដែលខ្លួន​បាន​ហើយ ដូចជា​សតធម្មមាណព។

ចប់ សតធម្មជាតក ទី៩។

ទុទ្ទទជាតក ទី១០

[២០៩] (តាបសពោធិសត្វ ពោលថា) ពួកសប្បុរស កាលឲ្យនូវទាន ដែលគេ​ឲ្យបាន​ដោយកម្រ ធ្វើនូវអំពើ​ដែលគេធើ្វបាន​ដោយកម្រ ពួក​អសប្បុរស​ធ្វើតាម (នូវអំពើនោះ) មិនបាន​សភាព​នៃសប្បុរស​ទាំងឡាយ គេដឹងបាន​ដោយកម្រ។

[២១០] (ព្រោះហេតុនោះ ដំណើរអំពីលោកនេះ​របស់សប្បុរស និង​អសប្បុរស រមែង​បែកផ្សេង ៗ គ្នា ពួក​អសប្បុរស រមែងទៅ​កាន់នរក ពួក​សប្បុរស រមែង​ទៅកាន់​ឋានសួគ៌។

ចប់ ទុទ្ទទជាតក ទី១០។

ចប់ កល្យាណធម្មវគ្គ ទី៣។

ឧទ្ទាននៃកល្យាណធម្មវគ្គនោះគឺ

និយាយអំពីសមញ្ញាល្អ ១ មិគាធិភូ ឬសីហៈ​ជាធំជាងម្រឹគ ១ មាណព ១ ទឹកច្រើន ១ សំពះព្រះអាទិត្យ ១ សណ្ដែក ១ ផ្លែទន្លាប់ ១ ភក់ ១ មាណពឈ្មោះ​សតធម្ម ១ ទាន​ដែលឲ្យ​បានដោយ​ក្រពេក ១ ត្រូវជា ១០។

អសទិសវគ្គ ទី៤

អសទិសជាតក ទី១

[២១១] (ព្រះសាស្ដា ត្រាស់ថា) ព្រះរាជបុត្រទ្រង់ព្រះនាម​អសទិសៈ ជា​ខ្មាន់ធ្នូ​មានកំឡាំង​ច្រើន បាញ់ធ្នូទៅ​ក្នុងទីឆ្ងាយ បាញ់ត្រង់ ទំលាយនូវ​កងទ័ព​ធំបាន។

[២១២] ព្រះរាជកុមារទ្រង់ច្បាំងនឹងសត្រូវទាំងពួងបាន តែមិនបាន​បៀតបៀន​នូវជន​ណាមួយ​ឡើយ ធ្វើ​ព្រះអនុជ​ឲ្យសួស្ដី ហើយដល់​នូវសេចក្ដី​សង្រួម គឺចូល​ទៅកាន់​ផ្នួស។

ចប់ អសទិសជាតក ទី១។

សង្គាមាវចរជាតក ទី២

[២១៣] (ទម័កដំរីពោធិសត្វ ពោលថា) ម្នាលដំរី អ្នកល្បីថា​ជាសត្វ​ចូលសង្គ្រាម មានកំឡាំង​ក្លៀវក្លា ហេតុអ្វី មកដល់​ក្លោងទ្វារហើយ ក៏ថយក្រោយ​ទៅវិញ។

[២១៤] ម្នាលដំរី អ្នកចូរញាំញីទំលាយនូវសន្ទះទ្វារ ហើយ​ដកភើច​សសរ​ខឿនចេញ​ឲ្យឆាប់ ចូរញាំញី​នូវក្លោងទារ ហើយចូល​ទៅយ៉ាងឆាប់។

ចប់ សង្គាមាវចរជាតក ទី២។

វាលោទកជាតក ទី៣

[២១៥] (ព្រះរាជាពារាណសី ត្រាស់ថា) សេចក្ដីស្រវឹងកើតឡើងដល់​ពួកលា ព្រោះផឹកទឹក​ដែលច្រស់​ដោយសម្បក​ក្រចៅ មាន​រសតិច ជារបស់​ថោកទាប សេចក្ដី​ស្រវឹង​មិនកើតដល់​ពួកសេះ​សិន្ធវៈ ព្រោះផឹកទឹក​មានរស​ដ៏ឧត្តម​នេះទេ។

[២១៦] (អមាត្យពោធិសត្វ ក្រាបទូលថា) បពិត្រព្រះអង្គ​ជាធំជាងជន សត្វដែល​មានជាតិ​ថោកទាប ផឹកទឹកមាន​រសតិចហើយ សត្វនោះ ត្រូវទឹកមាន​រសតិច​ពាល់​ត្រូវហើយ រមែងស្រវឹង ចំណែក​សត្វអ្នកនាំនូវធុរៈ និង​មានមារយាទ កើតក្នុង​ត្រកូល (ដ៏ខ្ពស់) បានផឹកទឹក​មានរសដ៏​ប្រសើរ រមែង​មិនស្រវឹង​ទេ។

ចប់ វាលោទកជាតក ទី៣។

គិរិទត្តជាតក ទី៤

[២១៧] (អមាត្យពោធិសត្វ ក្រាបទូលថា) សេះឈ្មោះ​បណ្ឌវៈ​របស់ព្រះ​រាជា​ទ្រង់​ព្រះនាម​សាមៈ ដែលគង្វាល​ឈ្មោះ​គិរិទត្ត​ប្រទូស្តរ៉ាយ​ហើយ បានលះ​ប្រក្រតី​របស់ខ្លួន​ពីដើម​ចេញ ហើយ​ប្រព្រឹត្តតាម​នាយគង្វាល​នោះ។

[២១៨] ថាបើបុរសមានជាតិដ៏សមគួរដល់សេះនោះ កាត់កោរសក់ និង​ពុកមាត់​ដោយ​អាការដ៏ល្អ គប្បីកាន់សេះ​នោះត្រង់​បង្ហៀរ ហើយ​ដឹកក្រឡឹង​ក្នុងមណ្ឌល​ក្រោល សេះនោះ នឹងលះបង់​នូវ (អាការ​ខ្ចកចេញ) ហើយធ្វើតាម​បុរសនោះ​វិញដោយឆាប់។

ចប់ គិរិទត្តជាតក ទី៤។

អនភិរតិជាតក ទី៥

[២១៩] (អាចារ្យទិសាបាមោក្ខ ពោលថា) កាលបើទឹកល្អក់មិនថ្លា បុគ្គល​រមែងមើល​មិនឃើញ​នូវខ្ចងខ្ចៅ និងគ្រួស ដីខ្សាច់ ហ្វូងត្រី យ៉ាង​ណាមិញ កាលបើ​ចិត្តល្អក់​ហើយ បុគ្គលនោះ ក៏មើលមិនឃើញ​នូវប្រយោជន៍​ខ្លួន និង​ប្រយោជន៍​អ្នកដទៃ យ៉ាងនោះ​ដែរ។

[២២០] កាលបើទឹកថ្លាស្អាត បុគ្គលរមែង​មើលឃើញ​នូវខ្ចងខ្ចៅ និង​ក្រួស ខ្សាច់ ហ្វូងត្រីបាន យ៉ាងណាមិញ កាលបើ​ចិត្តមិនល្អក់​ហើយ បុគ្គលនោះ ក៏មើលឃើញ​នូវ​ប្រយោជន៍​របស់ខ្លួន និង​ប្រយោជន៍​អ្នកដទៃ​បាន យ៉ាងនោះ​ដែរ។

ចប់ អនភិរតិជាតក ទី៥។

ទធិវាហនជាតក ទី៦

[២២១] (ព្រះបាទទធិវាហនៈ ត្រាស់សួរថា) ក្នុងកាលមុន ដើមស្វាយ​នេះ ប្រកប​ដោយពណ៌ ក្លិន និងរស បាននូវគ្រឿង​សក្ការៈ​បូជានោះ​ដដែល ហេតុអ្វីស្វាយ ក៏មានផ្លែ​ល្វីងទៅវិញ។

[២២២] (អមាត្យពោធិសត្វ ពោលថា) បពិត្រព្រះរាជា​ទ្រង់ព្រះនាម​ទធិវាហនៈ ស្វាយ​របស់ព្រះអង្គ មានដើមស្ដៅ​ដុះរួបរិត​ជុំវិញ ឫស​ច្រឡំគ្នា​ដោយឫស មែកពាក់​ព័ន្ធគ្នា​នឹងមែក ដោយការ​នៅ​ជាមួយ​នឹងដើមស្ដៅ​មិនមាន​រសផ្អែម ព្រោះហេតុនោះ បានជា​ស្វាយត្រឡប់​ជាមាន​ផ្លែល្វីង​ទៅវិញ។

ចប់ ទធិវាហនជាតក ទី៦។

ចតុមដ្ឋជាតក ទី៧

[២២៣] (ចចក ពោលថា) អ្នកទាំងឡាយ ឡើងទៅលើប្រគាប​ឈើដ៏ខ្ពស់ ហើយ​និយាយ​គ្នាក្នុង​ទីស្ងាត់ អ្នកទាំងឡាយ ចូរចុះ​មកខាង​ក្រោម និយាយ​គ្នាវិញ ស្ដេចម្រឹគ​នឹងស្ដាប់​ផង។

[២២៤] (រុក្ខទេវតាពោធិសត្វ ពោលថា) ហង្សនិយាយគ្នានឹងហង្ស ទេវតា​និយាយគ្នា​នឹងទេវតា ប្រយោជន៍​អ្វីដល់​ចចក​ជាសត្វ​ទទេ ស្អាតចាក​សម្បត្តិ ៤ [ហេតុ ៤យ៉ាង គឺ សរីរៈ ១ ជាតិ ១ សម្លេង ១ គុណ ១ (អដ្ឋកថា)។] ក្នុងរឿង​នោះ ម្នាល​សត្វលាមក ឯងចូរទៅកាន់​រូងវិញ​ទៅ។

ចប់ ចតុមដ្ឋជាតក ទី៧។

សីហកោត្ថុកជាតក ទី៨

[២២៥] (កូនសីហៈ ពោលថា) សីហៈ ១ នោះ មានម្រាមជើង​ជាសីហៈ មាន​ក្រចក​ជាសីហៈ ឈរដោយជើង​ជាសីហៈ តែបន្លឺឡើង​ប្លែកម្នាក់ឯងក្នុង​ហ្វូងសីហៈ។

[២២៦] (សីហពោធិសត្វ ពោលថា) ម្នាលកូនស្ដេចសីហៈ អ្នកកុំបន្លឺ​ឡើយ អ្នកចូរ​មានសម្លេង​តិចនៅក្នុងព្រៃ ហ្វូងសត្វ​គប្បីស្គាល់​អ្នកដោយ​សម្លេង ព្រោះ​សម្លេង​អ្នកមិនមែន​កាត់បាន​មកខាង​ឪពុក​ឡើយ។

ចប់ សីហកោត្ថុកជាតក ទី៨។

សីហធម្មជាតក ទី៩

[២២៧] (អ្នកស្រែពោធិសត្វ ពោលថា) នុ៎ះមិនមែនសម្រែកសីហៈ មិនមែន​សម្រែក​ខ្លាធំ មិនមែនសម្រែក​ខ្លាដម្បងទេ លាដ៏លាមក គេដណ្ដប់​គ្របដោយ​ស្បែកសីហៈ ស្រែក​ទេតើ។

[២២៨] (ពាណិជ ពោលថា) លាដណ្ដប់ដោយស្បែកសីហៈ ស៊ីស្រូវ​សំទូងនោះ អស់កាល​ជាយូរណាស់​ហើយ ទាល់តែ​ស្រែក (ឲ្យ​គេដឹង) បានជា​ប្រទូស្ដ​ខ្លួន។

ចប់ សីហធម្មជាតក ទី៩។

សីលានិសំសជាតក ទី១០

[២២៩] (សមុទ្ទទេវតាពោធិសត្វ ពោលថា) អ្នកចូរឃើញ​ផលនៃសទ្ធា សីល ចាគៈ នាគនេះ មានភេទ​ដូចជាសំពៅ នាំឧបាសក​មានសទ្ធា។

[២៣០] បុគ្គលគប្បីសេពគប់ជាមួយនឹងពួកសប្បុរស គប្បីធ្វើ​នូវសេចក្ដី​ស្និទ្ធស្នាល​ជាមួយ​នឹង​ពួកសប្បុរស ដូចជាងផ្ងូតទឹក ដល់នូវសួស្ដី ព្រោះនៅរួម​ជាមួយនឹង​ពួក​សប្បុរស។

ចប់ សីលានិសំសជាតក ទី១០។

ចប់ អសទិសវគ្គ ទី៤។

ឧទ្ទាននៃអសទិសវគ្គនោះគឺ

និយាយអំពីខ្មាន់ធ្នូ ១ កុញ្ជរ ១ មានរសតិច ១ គង្វាលសេះ ឈ្មោះ​គិរិទត្ត ១ ចិត្តថ្លា​ជាចិត្តប្រសើរ ១ ព្រះរាជា​ទធិវាហនៈ ១ ចចកជម្ពុកៈ ១ សត្វមាន​ក្រចក​ជាសីហៈ ១ ស្រូវសំទូង ១ នាគ​ដ៏ប្រសើរ ១ ត្រូវជា ១០។

រុហកវគ្គ ទី៥

រុហកជាតក ទី១

[២៣១] (ព្រះរាជាពោធិសត្វ ត្រាស់ថា) ម្នាលរុហកព្រាហ្មណ៍​ដ៏ចំរើន ខ្សែបន្លោះធ្នូ​សូម្បីដាច់​ហើយ គេតឲ្យជាប់វិញ អ្នកចូរតភ្ជាប់​ជាមួយនឹង​នាងបូរាណី​វិញចុះ កុំលុះ​ក្នុងអំណាច​នៃសេចក្ដី​ក្រោធ​ឡើយ។

[២៣២] (រុហកបុរោហិត ក្រាបទូលថា) កាលបើសំបកក្រចៅ​ដែល (ទន់) មាន ទាំង​ជនអ្នក​ធ្វើក៏មាន ទូលព្រះបង្គំ នឹងធ្វើនូវ​ខ្សែបន្លោះធ្នូដទៃ មិនគួរ​ឡើយនឹង​តភ្ជាប់​ជាមួយ​នឹងនាង​បូរាណី​ទេ។

ចប់ រុហកជាតក ទី១។

សិរីកាឡកណ្ណិជាតក ទី២

[២៣៣] (ព្រះបាទវិទេហរាជ ត្រាស់ថា) ម្នាលមហោសធ ស្រ្តីដែលមាន​រូបល្អ តែស្រ្តី​នោះមានសីល បុរសមិនគប្បី​ប្រាថ្នាស្រ្តីនោះ អ្នកជឿឬទេ។

[២៣៤] (មហោសធ ក្រាបទូលថា) បពិត្រមហារាជ ទូលព្រះបង្គំ​ជឿ ​បុរស​ដែល​ថោកទាប (មិនត្រូវ​ការនឹង​ស្រ្តីនោះទេ) (ព្រោះ) សិរី និង​កាឡកណ្ណី រមែង​មិនចួប​ប្រសព្វ​គ្នាក្នុង​កាលណា​ម្ដងឡើយ។

ចប់ សិរីកាឡកណ្ណិជាតក ទី២។

ចុល្លបទុមជាតក ទី៣

[២៣៥] (ព្រះរាជាពោធិសត្វ ត្រាស់ថា) ស្រ្តីទ្រុស្តសីលនោះ គឺមេនេះឯង បទុមកុមារ​នោះ មិនមែន​អ្នកដទៃឡើយ គឺអញ​នេះឯង (ស្រ្តីនោះ) និយាយ​ចំពោះ​បុរសណា​ថា ជាប្ដីអំពី​ក្មេងរបស់​អញ បុរសនោះ មានដៃកំបុត មិនមែន​អ្នកដទៃ​ឡើយ គឺ​អាកំបុត​នេះឯង ស្ត្រីទាំងឡាយ​ត្រូវគេ​សម្លាប់ចោល ព្រោះស្រ្តី​ទាំងឡាយ មិនមានពាក្យ​សច្ចៈ។

[២៣៦] អ្នកទាំងឡាយ ចូរសំពងបុរសលាមកអាក្រក់ ប្រាកដ​ស្មើដោយ​សាកសព ដែលសេព​នូវប្រពន្ធ​នៃបុគ្គល​ដទៃនេះ ដោយ​អង្រែផង ហើយកាត់​ត្រចៀក និងច្រមុះ​នៃស្រ្តី​ដែលរស់នៅ គោរព​ប្ដីអាក្រក់​នេះផង។

ចប់ ចុល្លបទុមជាតក ទី៣។

មណិចោរជាតក ទី៤

[២៣៧] (នាងសុជាតា ពោលថា) ពួកទេវតា (ជាអ្នករមិលមើល​ពួកជន​អ្នក​មានសីល​ក្នុងលោកនេះ) មិនមាន រមែងប្រាស​ខ្ចាត់ខ្ចាយ​ដោយពិត (ពួក​សមណ​ព្រាហ្មណ៍) ដែលគេ​សន្មតថា​ជាលោកបាល​ក្នុងលោកនេះ ក៏មិនមាន​ដោយពិត ទាំង​ពួកជន​អ្នកហាម​ឃាត់​នូវជន​ទាំងឡាយ​អ្នកមិន​សង្រួម ធ្វើតែអំពើ​ដ៏សហ័ស (អាក្រក់) ក៏មិនមាន​ដោយពិត។

[២៣៨] (ព្រះឥន្រ្ទ ត្រាស់ថា) ក្នុងរាជ្យនៃស្ដេច​មិនប្រកប​ដោយធម៌​នោះ ភ្លៀង​រមែងបង្អុរ​ចុះក្នុង​កាលមិនគួរ មិនបង្អុរចុះ​ក្នុងកាល​ដែលគួរ ឯស្ដេច​មិនប្រកប​ដោយធម៌​នោះ រមែងច្យុត​ចាក​ឋានសួគ៌ ត្រូវគេសម្លាប់​ចោលដោយ​ហេតុត្រឹម​ប៉ុណ្ណេះ​ដោយពិត។

ចប់ មណិចោរជាតក ទី៤។

បព្វតូបត្ថរជាតក ទី៥

[២៣៩] (ព្រះបាទព្រហ្មទត្ត ត្រាស់ថា) ស្រះបោក្ខរណី​ដ៏ត្រជាក់ កើត​ហើយ​ក្បែរ​ជើងភ្នំ ជាទី​រីករាយ ចចក​កាលដឹងថា ស្រះបោក្ខរណី​នោះ សីហៈ​រក្សាហើយ ក៏នៅ​តែផឹក (ទឹកក្នុង​ស្រះនោះ)។

[២៤០] (អមាត្យពោធិសត្វ ពោលថា) បពិត្រមហារាជ (មិនត្រឹមតែ​ចចក​ប៉ុណ្ណេះ​ទេ) ពួកសត្វ​ដែលមាន​ជើង រមែងនាំ​គ្នាចុះផឹកទឹក​ស្ទឹងធំដែរ (តែស្ទឹង​ធំនោះ) នឹងក្លាយ​ទៅជា​មិនមែន​ស្ទឹងដោយ​ហេតុនោះក៏ទេ បើ (ស្រ្ដីនោះ) ជាទីស្រឡាញ់​របស់ព្រះអង្គ​ហើយ សូមព្រះអង្គ​អត់ទោសចុះ។

ចប់ បព្វតូបត្ថរជាតក ទី៥។

វលាហកជាតក ទី៦

[២៤១] (ព្រះសាស្ដា ត្រាស់ថា) ពួកនរជន​ណា មិនធ្វើ​តាមឱវាទ​ដែល​ព្រះពុទ្ធ​សំដែង​ហើយ ពួក​នរជន​នោះ នឹងដល់​នូវសេចក្ដី​វិនាស ដូចពួក​ឈ្មួញដែល​អារក្សទឹក​ទាំងឡាយ (លួងលោម​ហើយ)។

[២៤២] (ម្យ៉ាងទៀត ពួកនរជនណា ធ្វើតាមឱវាទ​ដែលព្រះពុទ្ធ​សំដែង​ហើយ ពួក​នរជននោះ នឹងដល់នូវ​ត្រើយ គឺព្រះនិព្វាន​ដោយ​សួស្ដី ដូចពួក​ឈ្មួញ (ធ្វើតាមពាក្យ) ដែល​ស្ដេច​វលាហក (ពោលហើយ)។

ចប់ វលាហកជាតក ទី៦។

មិត្តាមិត្តជាតក ទី៧

[២៤៣] (ព្រះពោធិសត្វ ពោលថា) បុគ្គលឃើញបុគ្គល​នោះហើយ មិនញញឹមផង មិន​រីករាយ​តបនឹងបុគ្គល​នោះផង មិនឲ្យ​ភ្នែក​ចំពោះ​បុគ្គលនោះ គឺ​មិនសំឡឹង​ចំភ្នែក​នឹងភ្នែក​ផង ប្រព្រឹត្ត​ខ្មាំងសត្រូវ (ចំពោះ​បុគ្គលនោះ​ផង)។

[២៤៤] បុគ្គលជាបណ្ឌិត ឃើញហើយ ឮហើយ គប្បីស្គាល់នូវ​បុគ្គល​មិនមែន​ជាមិត្ត ដោយ​អាការៈ​ទាំងឡាយ​ណា អាការៈ​ទាំងឡាយនុ៎ះ រមែងមាន​តាំងនៅ​ក្នុងបុគ្គល​មិនមែន​ជាមិត្ត។

ចប់ មិត្តាមិត្តជាតក ទី៧។

រាធជាតក ទី៨

[២៤៥] (ព្រាហ្មណ៍ ពោលថា) ម្នាលអ្នក អញមកអំពី​ទីព្រាត់ប្រាស​ហើយ ទើបនឹង​មកដល់​ក្នុងកាល​អម្បាញ់មិញ​នេះ ម្នាលអ្នក ចុះមាតា​របស់អ្នក មិនចូល​ទៅសេព​នឹងបុរស​ដទៃខ្លះទេ​ឬ។

[២៤៦] (សេកឈ្មោះរាធៈ ពោលថា) បុគ្គលកាលពោល​វាចា ដែល​ប្រកប​ដោយ​សច្ចៈនេះ តែមិនល្អ គប្បីដេកដូច​ជាសេកឈ្មោះ​បោដ្ឋបាទ ត្រូវនាង​ព្រាហ្មណីដុត ក្នុង​ជើងក្រាន​ដូច្នោះ។

ចប់ រាធជាតក ទី៨។

គហបតិជាតក ទី៩

[២៤៧] (គហបតីពោធិសត្វ ពោលថា) ហេតុទាំងពីរយ៉ាង មិនគួរដល់​យើង ហេតុទាំង​ពីរយ៉ាង យើងមិន​ពេញចិត្តទេ ស្រីនេះ​ចុះកាន់ជង្រុក ហើយនិយាយថា ខ្ញុំមិន​សងដូច្នេះ។

[២៤៨] ម្នាលម្ចាស់ស្រុក ព្រោះហេតុនោះ បានជាយើង​និយាយនឹង​អ្នក កាល​បើ​ជីវិត​លំបាកតិច (ប្រព្រឹត្តទៅ​យ៉ាងនេះ កាលយើង​កាន់យក) នូវសាច់ អ្នក (បានឲ្យ) នូវគោចាស់​ស្គម ហើយធ្វើនូវ​ការកំណត់​ពីរខែ ឥឡូវនេះ មកទឿន​ទារក្នុង​កាលដែល​មិនទាន់​ដល់កំណត់ ក៏អំពើនោះ យើងមិនពេញ​ចិត្តឡើយ។

ចប់ គហបតិជាតក ទី៩។

សាធុសីលជាតក ទី១០

[២៤៩] (ព្រាហ្មណ៍ សួរថា) ភាពនៃបុគ្គលមានសរីរៈល្អ ភាពនៃបុគ្គល​ចាស់ ភាពនៃ​បុគ្គលមាន​ជាតិល្អ ភាពនៃ​បុគ្គលមាន​សីលល្អ យើងសូម​សួរអ្នកជា​ព្រាហ្មណ៍ថា បណ្ដា​បុគ្គលទាំង​បួននាក់​នោះ តើយើងប្រាថ្នា​នូវបុគ្គលណា។

[២៥០] (អាចារ្យពោធិសត្វ ពោលថា) សេចក្ដីចំរើនរមែង​មានក្នុង​បុគ្គល​មាន​សរីរៈ​ល្អ យើងសូមធ្វើនមស្ការ​ចំពោះ​បុគ្គលចាស់ សេចក្ដី​ចំរើន រមែង​មានក្នុង​បុគ្គល​ដែលមាន​ជាតិល្អ តែសីល​រមែង​ពេញចិត្ត​ដល់យើង​ទាំងឡាយ។

ចប់ សាធុសីលជាតក ទី១០។

ចប់ រុហកវគ្គ ទី៥។

ឧទ្ទាននៃរុហកវគ្គនោះគឺ

និយាយអំពីរុហកព្រាហ្មណ៍ ១ ស្រីមានរូបល្អ ១ បុរសដែល​គេប្រហារ​ដោយអង្រែ ១ ទេវតា​ព្រាត់ប្រាស ១ ស្រះបោក្ខរណី ១ ជាគំរប់ ៥ តពីនោះ​មក ពួកឈ្មួញ​រួចពី​អារក្សទឹក ១ ញញឹម ១ ការមកអស់​កាលដ៏យូរ ១ ជង្រុក ១ សរីរៈ ១ ត្រូវជា ១០ ជាតក។

នតំទឡ្ហវគ្គ ទី៦

ពន្ធនាគារជាតក ទី១

[២៥១] (តាបសពោធិសត្វ ពោលថា) ចំណងណា កើតអំពីដែក​ក្ដី កើតអំពីឈើក្ដី កើតអំពី​ស្មៅដំណេកទន្សាយ​ក្ដី ចំណងនោះ អ្នក​ប្រាជ្ញទាំងឡាយ​មិនហៅ​ថាចំណង​មាំឡើយ ជនទាំងឡាយ​មាន​សេចក្ដីត្រេកអរ​ដ៏ក្រៃលែង ក្នុង​កែវមណី និង​កុណ្ឌល​ទាំងឡាយ​ផង សេចក្ដី​អាឡោះអាល័យ ក្នុងកូន និង​ប្រពន្ធ​ទាំងឡាយផង។

[២៥២] អ្នកប្រាជ្ញទាំងឡាយ ពោលថា ចំណងនុ៎ះមាំ អាចទាញសត្វ​ទំលាក់​ចុះក្នុង​អបាយ ជាចំណង​ដ៏ធូរ តែបុគ្គល​ស្រាយបាន​ដោយក្រ ចំណែកខាង​អ្នកប្រាជ្ញ​ទាំងឡាយ បានកាត់​នូវ​ចំណង គឺកិលេស​នេះ ហើយមិន​មានសេចក្ដី​អាឡោះអាល័យ បាន​លះបង់​នូវសេចក្ដីសុខ​ក្នុងកាម ចៀសចេញ​ទៅ។

ចប់ ពន្ធនាគារជាតក ទី១។

កេឡិសីលជាតក ទី២

[២៥៣] (ព្រះសាស្ដា ត្រាស់ថា) ហង្សទាំងឡាយក្ដី ក្រៀលទាំងឡាយក្ដី ក្ងោក​ទាំងឡាយ​ក្ដី ដំរីទាំង​ឡាយក្ដី ពួកម្រឹគ​ពិសេសក្ដី សត្វទាំង​អស់ រមែងខ្លាច​សត្វសីហៈ (ព្រោះ) ការ​ប្រៀបផ្ទឹម​ក្នុងកាយ​មិនមាន​ឡើយ។

[២៥៤] បណ្ដាមនុស្សទាំងឡាយ (មនុស្សណា) បើទុកជា​ខ្លួននៅក្មេង តែមាន​ប្រាជ្ញា​វាងវៃ មនុស្សនោះ ទើបឈ្មោះថា ធំក្នុងពួក​មនុស្សនោះ មនុស្ស​ល្ងង់ខ្លៅ សូម្បីមាន​សរីរៈ (ធាត់ធំ) ក៏​មិនឈ្មោះថា​ធំឡើយ។

ចប់ កេឡិសីលជាតក ទី២។

ខន្ធបរិត្តជាតក ទី៣

[២៥៥] (តាបសពោធិសត្វ ពោលថា) ភាវៈជាមិត្រ​របស់អាត្មាអញ (ចូរមាន​ជាមួយ) នឹងត្រកូល​ស្ដេចនាគឈ្មោះ​វិរូបក្ខៈ​ទាំងឡាយ​ផង ភាវៈជាមិត្រ​របស់អាត្មាអញ (ចូរមាន​ជាមួយ) នឹងត្រកូល​ស្ដេចនាគ​ឈ្មោះ​ឯរាបថៈ​ទាំងឡាយ​ផង ភាវៈជា​មិត្ររបស់​អាត្មាអញ (ចូរមាន​ជាមួយ) នឹងត្រកូល​ស្ដេចនាគ​ឈ្មោះ​ឆព្យាបុត្តៈ​ទាំងឡាយ​ផង ភាវៈជាមិត្រ​របស់អាត្មាអញ (ចូរមាន​ជាមួយ) នឹង​ត្រកូល​ស្ដេចនាគ​ឈ្មោះ​កណ្ហាគោតមកៈ​ទាំងឡាយ​ផង ភាវៈជាមិត្រ​របស់អាត្មាអញ (ចូរមាន​ជាមួយ) នឹង​សត្វឥត​ជើងទាំង​ឡាយផង ភាវៈជាមិត្រ​របស់អាត្មាអញ (ចូរមាន​ជាមួយ) នឹង​សត្វជើង​ពីរទាំងឡាយ​ផង ភាវៈជាមិត្រ​របស់​អាត្មាអញ (ចូរ​មានជាមួយ) នឹងសត្វ​ជើង ៤ ទាំងឡាយ​ផង ភាវៈជា​មិត្ររបស់​អាត្មាអញ (ចូរមាន​ជាមួយ) នឹង​សត្វជើង​ច្រើនទាំង​ឡាយផង សត្វឥតជើង​កុំបៀតបៀន​អាត្មាអញ​ឡើយ សត្វជើង​ពីរកុំបៀត​បៀន​អាត្មាអញ​ឡើយ សត្វជើង ៤ កុំបៀតបៀន​អាត្មាអញ​ឡើយ សត្វជើង​ច្រើន​កុំបៀតបៀន​អាត្មាអញ​ឡើយ សព្វសត្វ​ទាំងឡាយ​ផង សព្វប្រាណ​ទាំងឡាយផង សព្វភូត​ទាំងឡាយ​ផង ទាំង​អស់គ្នា សូមសព្វសត្វ (ទាំងនោះ) ឃើញនូវ​សេចក្ដី​ចំរើន​ទាំងឡាយ សេចក្ដី​លាមក​អាក្រក់​តិចតួច កុំមក​ដល់​ឡើយ គឺថា​ កុំកើតមាន​ដល់សត្វទាំង​នោះឡើយ។

[២៥៦] ព្រះពុទ្ធមានគុណប្រមាណមិនបាន ព្រះធម៌មាន​គុណប្រមាណ​មិនបាន ព្រះសង្ឃ​មានគុណ​ប្រមាណ​មិនបាន សត្វលូន ឬ​សត្វវារ​ទាំងឡាយ គឺ​ពស់ ខ្ទួយ ក្អែប ពីងពាង តុកកែ និង​កណ្ដុរ សុទ្ធតែ​មានប្រមាណ (មិនច្រើន​ដូចគុណ​ព្រះរតនត្រ័យ) កិរិយារក្សា អាត្មាអញ​បានធ្វើហើយ កិរិយា​ការពារ អាត្មាអញ​បានធ្វើហើយ ពួកសត្វ (កាច) ទាំងឡាយ ចូរចៀស​ចេញទៅ អាត្មាអញ (ធ្វើ) នូវនមស្ការ ចំពោះ​ព្រះមានព្រះភាគ នមស្ការ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ ៧ ព្រះអង្គ។

ចប់ ខន្ធបរិត្តជាតក ទី៣។

វីរកជាតក ទី៤

[២៥៧] (ប្រពន្ធរបស់ក្អែកគោក សួរថា) នែ​ក្អែកទឹក​ឈ្មោះ​វីរកៈ អ្នក​ឃើញ​សត្វស្លាប​ដែលពោល​ពាក្យពីរោះ មានភ្នួតកដូចជា​ភ្នួតក​នៃក្ងោក ជា​ក្អែកគោក​ឈ្មោះ​សវិដ្ឋកៈ ជាប្ដី​របស់ខ្ញុំ​ដែរឬ។

[២៥៨] (ក្អែកទឹកពោធិសត្វ ពោលថា) ក្អែកសវិដ្ឋកៈ កាលធ្វើតាម​សត្វស្លាប អ្នកត្រាច់​ទៅក្នុងទឹក និង​លើគោក បាន​បរិភោគត្រី​ស្រស់ជានិច្ច​នោះ ត្រូវសារាយ​ព័ន្ធព័ទ្ធ​ស្លាប់ទៅ​ហើយ។

ចប់ វីរកជាតក ទី៤។

គង្គេយ្យជាតក ទី៥

[២៥៩] (អណ្ដើក ពោលថា) ត្រីទាំងឡាយ នៅក្នុងទន្លេគង្គា​ក៏ល្អ ត្រីទាំងឡាយ​នៅក្នុង​ទន្លេយមុនា​ក៏ល្អ តែបុរស​មានជើង ៤ នេះ [បុរសមានជើង ៤ នេះ សំដៅ​យក​អណ្តើកនេះឯង។ អដ្ឋកថា។] មានបរិមណ្ឌល​ដូចដើមជ្រៃ​ផង មាន​កវែង​ដូច​ចន្ទោល​នៃរថផង ល្អរុងរឿង​លើសអ្នក​ទាំងឡាយ​រាល់គ្នា​ទៅទៀត។

[២៦០] (ត្រីទាំងឡាយ ពោលថា) យើងសួរហេតុណា មិនប្រាប់​ហេតុនោះ យើង​សួរហើយ​ត្រឡប់ប្រាប់​ហេតុដទៃវិញ សត្វសរសើរ​តែខ្លួនឯងនេះ មិនគាប់​ចិត្តយើងទេ។

ចប់ គង្គេយ្យជាតក ទី៥។

កុរុង្គមិគជាតក ទី៦

[២៦១] (សត្វចចាត ពោលថា) ម្នាលអណ្ដើក សូមអ្នកកាត់​នូវ​អន្ទាក់ព្រ័ត្រ ដោយ​ធ្មេញ​ចុះ យើងនឹងធ្វើ​ព្រានមិនឲ្យ​មកបាន។

[២៦២] (ព្រះសាស្ដា ត្រាស់ថា) អណ្ដើកចូល​ទៅកាន់ទឹក សត្វប្រើស​ក៏ចូលទៅព្រៃ ឯសត្វ​ចចាត បាននាំកូន​ទាំងឡាយ​អំពី​ចុងឈើ ទៅក្នុងទីឆ្ងាយ។

ចប់ កុរុង្គមិគជាតក ទី៦។

អស្សកជាតក ទី៧

[២៦៣] (សត្វកំពោងញី ពោលថា កាលពីដើម) ឧយ្យាន​ប្រទេស​នេះ ខ្ញុំបានត្រាច់​ទៅជាមួយ​នឹង​ស្ដេចអស្សកៈ ជាប្ដី ជាទី​ស្រឡាញ់​ដែលខ្ញុំ​ប្រាថ្នាគេ ៗ ប្រាថ្នា​នូវខ្ញុំ។

[២៦៤] សេចក្ដីសុខ និងទុក្ខថ្មី តែងបិទបាំង​នូវសុខ និង​ទុក្ខចាស់ ព្រោះ​ហេតុនោះ សត្វកំពោង​ឈ្មោល ជាទីស្រឡាញ់​របស់ខ្ញុំ​ជាង​ស្ដេចអស្សកៈ​ទៅទៀត។

ចប់ អស្សកជាតក ទី៧។

សុំសុមារជាតក ទី៨

[២៦៥] (ស្វាពោធិសត្វ ពោលថា) ផ្លែឈើទាំងឡាយណា (ដែល​អ្នកឃើញ​ហើយ) នាត្រើយ​សមុទ្រ​ខាងនាយ ផ្លែឈើ​ទាំងនោះ គឺផ្លែស្វាយក្ដី ផ្លែព្រីងក្ដី ផ្លែខ្នុរក្ដី មិនគួរ​ដល់យើង​ឡើយ ដើមល្វា (នេះឯង) ជាឈើដ៏​ប្រសើរ​របស់យើង។

[២៦៦] សរីរៈរបស់អ្នក ធំមែន ប៉ុន្តែប្រាជ្ញា​សមគួរ​នឹងសរីរៈនោះ​មិនមាន នែក្រពើ ឯងត្រូវ​អញបញ្ឆោត​ហើយ ឥឡូវ ចូរឯងទៅតាម​ស្រួលចុះ។

ចប់ សុំសុមារជាតក ទី៨។

កក្ករជាតក ទី៩

[២៦៧] (មាន់ព្រៃ ពោលថា) ដើមត្រចៀកប្រើស និង​ដើម​ស្រម៉ពិភេទ​ទាំងឡាយ​ដុះក្នុង​ព្រៃ យើងធ្លាប់​ឃើញហើយ អ្នកអាច​ឈានដើរ​ទៅកាន់​ដើមឈើ​បានយ៉ាងណា ឯឈើទាំង​នោះ មិនអាច​ឈានដើរ​ទៅបានយ៉ាង​នោះទេ។

[២៦៨] (ព្រាន ពោលថា) មាន់ព្រៃចាស់នេះ ទំលាយនូវ​ទ្រុងចេញ​មកហើយ ជាសត្វ​ឈ្លាសក្នុង​អន្ទាក់ ដែលធ្វើ​ដោយ​រោមកន្ទុយ ក៏បានចេញ​ទៅផង និយាយ​ផង។

ចប់ កក្ករជាតក ទី៩។

កន្ទគលកជាតក ទី១០

[២៦៩] (សត្វសសេះឈ្មោះកន្ទគលកៈ ពោលថា) ម្នាល​សសេះឈ្មោះ​ខទិរវនិយៈ​ដ៏ចំរើន អំបែងក្បាល​បែកហើយ ដោយការ​ប្រហារ​តែម្ដង ឰដ៏ដើមឈើ​ណា ដើមឈើនេះ មានស្លឹក​ល្អិតប្រកប​ដោយបន្លា តើជា​ឈើឈ្មោះអ្វី។

[២៧០] (ខទិរនិវយបក្សី ពោលថា) ឱហ្ន៎ សសេះនេះ កាលចោះ​នូវឈើ​ក្នុងព្រៃ​ទាំងឡាយ បានហើរទៅ​ក្នុងពួកឈើ​មិនមានខ្លឹម ជា​ចំណែក​នៃឈើស្ងួត ក្នុងកាល​ជាខាង​ក្រោយមក សសេះ (នេះ) បានហើរមក​ទំលាយ​អំបែងក្បាល (របស់ខ្លួន) នឹង​ដើមសង្កែ ជាឈើ [ន័យដោយច្រើន គេប្រែថា ដើមគគី។] មានខ្លឹមអំពី​កំណើត។

ចប់ កន្ទគលកជាតក ទី១០។

ចប់ នតំទឡ្ហវគ្គ ទី៦។

ឧទ្ទាននៃនតំទឡ្ហវគ្គនោះគឺ

និយាយអំពីចំណងមាំ ១ ហង្សប្រសើរ ១ ស្ដេចនាគឈ្មោះ​វិរូបក្ខៈ ១ ក្អែកគោក​ឈ្មោះ​សវិដ្ឋកៈ ១ ត្រីដ៏ប្រសើរ ១ ប្រើស ១ ស្ដេចឈ្មោះ​អស្សកៈ ១ ផ្លែស្វាយ​ដ៏ប្រសើរ ១ មាន់ ១ សសេះ ១ ត្រូវជា ១០។

ពីរណត្ថម្ភកវគ្គ ទី៧

សោមទត្តជាតក ទី១

[២៧១] (ពោធិសត្វ ពោលថា បពិត្រលោកអាពុក) លោកមិន​មាន​សេចក្តី​ធ្វេសប្រហែស​ជានិច្ច បានធ្វើសេចក្ដី​ព្យាយាម ក្នុង​ព្រៃស្មសាន ដ៏ដេរដាស​ដោយ​គុម្ពនៃស្បូវ​អណ្ដាស អស់ ១ ឆ្នំា (កាលបើដូច្នេះ) លោកចូរ​ទៅកាន់​បរិសទ្យ ហើយធ្វើ (នូវហេតុ​នោះ) ឲ្យទៅជា​ហេតុដទៃវិញ សេចក្ដី​ព្យាយាម រមែងមិន​រក្សានូវបុគ្គល​ដែលឥត​ប្រាជ្ញាឡើយ។

[២៧២] (ព្រាហ្មណ៍ ពោលថា) ម្នាល​សោមទត្ត​ជាកូន ធម្មតា​ជនអ្នក​សូមគេ រមែង​ដល់នូវហេតុ​ពីរយ៉ាង គឺមិនបាន​នូវទ្រព្យ ១ បាន​នូវទ្រព្យ ១ ព្រោះថា ការសូម​គេ រមែង​មានសភាព​យ៉ាងនេះ​ជាធម្មតា។

ចប់ សោមទត្តជាតក ទី១។

ឧច្ឆិដ្ឋភត្តជាតក ទី២

[២៧៣] (ព្រាហ្មណ៍ ពោលថា) អាការខាងលើដទៃ អាការខាងក្រោម​ដទៃ ម្នាល​នាង​ព្រាហ្មណី អញសួរ​ចំពោះ​នាងថា បាយ​ខាងក្រោម តើដូចម្ដេច បាយខាង​លើ តើដូចម្ដេច។

[២៧៤] (កូនអ្នករបាំពោធិសត្វ ពោលថា) ម្នាលអ្នក​ដ៏ចំរើន ខ្ញុំអ្នករបាំ ជាអ្នកសូម មកដល់​ក្នុងទីនេះ ឯសហាយ​របស់នាង​ព្រាហ្មណី​នេះ ចុះទៅហើយ​កាន់ជង្រុក អ្នកស្វែង​រកនូវ​បុរសណា បុរស​នោះ នេះឯង។

ចប់ ឧច្ឆិដ្ឋភត្តជាតក ទី២។

ភរុរាជជាតក ទី៣

[២៧៥] (ព្រះសាស្ដា ត្រាស់ថា) តថាគតបានឮដូច្នេះថា ស្ដេចនៅ​ក្នុងដែន​ភរុ បានធ្វើនូវ​ទោសដល់ពួក​ឥសី ស្ដេចនោះ (ដល់នូវ​ឆន្ទាគតិ) ក៏ដាច់សូន្យ​ព្រមទាំង​ដែន ដល់នូវ​សេចក្ដី​វិនាស។

[២៧៦] ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ តែងមិន​សសើរនូវការ​លុះក្នុង​ឆន្ទាគតិ (បុគ្គល) មានចិត្ត គឺកិលេស​មិនប្រទូស្តហើយ គប្បីពោល​នូវវាចា​ដែល​ប្រកប​ដោយ​សច្ចៈ។

ចប់ ភរុរាជជាតក ទី៣។

បុណ្ណនទីជាតក ទី៤

[២៧៧] (ព្រះរាជាទ្រង់លិខិតក្នុងព្រះរាជសាសន៍ថា) ជនទាំងឡាយ​ពោលនូវស្ទឹង ដែលល្មម​សត្វណា​ផឹកបាន ថាជា​ស្ទឹងពេញ​ហើយផង ជនទាំងឡាយ​ពោលនូវ​សន្ទូង ដែលល្មម​សត្វណា​ពួនបាន ថាជា​សន្ទូងកើត​ហើយផង ជនទាំងឡាយ​ហៅរក​នូវ​បុគ្គល​ដែលទៅ​ហើយកាន់​ទីឆ្ងាយ​ដោយសត្វ​ណាផង សត្វនោះ​ យើងនាំមក​ហើយ​ដើម្បីអ្នក ម្នាល​ព្រាហ្មណ៍ ចូរអ្នក​បរិភោគ (នូវសាច់ក្អែក​នេះ) ចុះ។

[២៧៨] (ពោធិសត្វ ពោលថា) កាលណាស្ដេចរឭកអញ សូម្បីតែ​សាច់ក្អែក​ក៏ផ្ញើមក (កាលស្ដេចបាន) ហង្សក្ដី ក្រៀលក្ដី ក្ងោកក្ដី (ហេតុអ្វី​ក៏មិនរឭក) ការមិន​រឭកនេះ​ឯង ជាសេចក្ដី​លាមក​បំផុត (ក្នុងលោក)។

ចប់ បុណ្ណនទីជាតក ទី៤។

កច្ឆបជាតក ទី៥

[២៧៩] (អាមាត្យពោធិសត្វ ពោលថា) អណ្ដើក កាលបើឈើ ​ខ្លួនពាំ​ស៊ប់ហើយ ហានិយាយ​សម្លាប់នូវ​ខ្លួនឯង ឈ្មោះថា​សម្លាប់​ដោយវាចា​របស់ខ្លួន។

[២៨០] បពិត្រព្រះអង្គមានព្យាយាមប្រសើរជាងជន (ឯបណ្ឌិតបុរស) ឃើញនូវ​ហេតុនេះ​ហើយ មិនគប្បី​បញ្ចេញ​វាចាជា​កុសល ឲ្យ​ហួសវេលា ព្រះអង្គ​គង់នឹង​ទតឃើញ​អណ្ដើក ដែលដល់​នូវ​សេចក្ដី​វិនាស ព្រោះតែ​និយាយ​ច្រើន។

ចប់ កច្ឆបជាតក ទី៥។

មច្ឆជាតក ទី៦

[២៨១] (ត្រីឈ្មោល ពោលថា) ភ្លើងនេះអញមិនក្ដៅ ឈើស្រួច​ដែលគេ​បិតសំរួច​ល្អហើយ ក៏អញ​មិនឈឺ អញឈឺ​តែត្រង់​មេត្រី​សំគាល់អញ ថាទៅ​ត្រេកអរ​នឹងមេត្រី​ដទៃ​នោះ។

[២៨២] ភ្លើង គឺរាគៈនោះ រលាកនូវ​អញផង ចិត្ត (ដ៏សម្បយុត្ត​ដោយ​រាគៈ) ក៏ញ៉ាំង​អញឲ្យ​ក្ដៅផង បពិត្រ​ព្រានសំណាញ់​ទាំងឡាយ សូមអ្នក​ទាំងឡាយ​លែងខ្ញុំ​ទៅ (សត្វ​ដែល​ឋិតនៅ) ក្នុងកាម អ្នកទាំងឡាយ​កុំបៀតបៀន​ក្នុងហេតុ​នីមួយ។

ចប់ មច្ឆជាតក ទី៦។

សេគ្គុជាតក ទី៧

[២៨៣] (បិតា ពោលថា) សត្វលោកទាំងអស់ ជាអ្នកមាន​ចិត្តរីករាយ (ដោយ​ការ​សេពកាម) នាង​សេគ្គុ ជាស្រីមិន​ឈ្លាសក្នុង​ធម៌របស់​អ្នកស្រុក នាងដែល​យើងចាប់​ហើយ យំក្នុងព្រៃ ដោយធម្មតា​ណា ធម្មតានោះ​របស់នាង ឈ្មោះថា នៅក្មេង​ទេឬ។

[២៨៤] (នាងសេគ្គុកុមារិកា ពោលថា) ជនណាគប្បី​ជាទីពឹងរបស់​ខ្ញុំ ដែលទុក្ខ​ពាល់ត្រូវ​ហើយ ជននោះ​ជាបិតារបស់​ខ្ញុំ បាន​ប្រទូស្ត​ក្នុងព្រៃ ខ្ញុំនោះ​កន្ទក់កន្ទេញ​ចំពោះ​អ្នកណា ក្នុងកណ្ដាល​ព្រៃ បិតាណា ជាអ្នកការពារ បិតានោះ​ធ្វើនូវកម្ម​ដ៏សហ័ស។

ចប់ សេគ្គុជាតក ទី៧។

កូដវាណិជជាតក ទី៨

[២៨៥] (វិនិច្ឆយាមាត្យពោធិសត្វ ពោលថា) កលបញ្ឆោត​តបចំពោះ​បុគ្គល​អ្នក​មាន​កលបញ្ឆោត អ្នកគិតល្អហើយ ការកោង​តប​ចំពោះបុគ្គល​អ្នកកោង អ្នកបាន​តទល់ (ល្អ) ហើយ ថាបើ​កណ្តុរ​ទាំងឡាយ គប្បីស៊ី​នូវផាល​មែន ហេតុអ្វី​ក៏សត្វខ្លែង​ទាំងឡាយ នាំក្មេង​ទៅមិនបាន។

[២៨៦] ព្រោះថា បុគ្គលកោងតបទាំងឡាយ រមែងមាន​ចំពោះបុគ្គល​អ្នកកោង បុគ្គល​អ្នកបោកប្រាស ដទៃអំពីបុគ្គល​អ្នកបោកប្រាស រមែងមាន (ដល់) បុគ្គល​អ្នកបោកប្រាស ម្នាលបុរស​អ្នកបាត់កូន អ្នកចូរឲ្យនូវ​ផាលដល់បុរស​អ្នកបាត់ផាល កុំឲ្យអ្នក​បាត់ផាល​លួច​កូនអ្នកទៅ​ឡើយ។

ចប់ កូដវាណិជជាតក ទី៨។

គរហិតជាតក ទី៩

[២៨៧] (ពានរពោធិសត្វ ពោលថា) វាចាដែលពោលថា ប្រាក់របស់​អញ មាស​របស់​អញ អស់យប់ និង​ថ្ងៃនេះ ជាវាចា​របស់​មនុស្ស​ទាំងឡាយ​អ្នកឥតប្រាជ្ញា មិនឃើញ​អរិយធម៌។

[២៨៨] ក្នុងផ្ទះមួយ មានម្ចាស់ផ្ទះពីរ ៗ នាក់ បណ្ដាម្ចាស់ផ្ទះ​ពីរនាក់នោះ ម្ចាស់​ផ្ទះម្នាក់ [សំដៅយក​មនុស្សស្រី។ អដ្ឋកថា។] មិនមាន​ពុកមាត់ មានដោះ​យារចុះ មាន​ផ្នួងសក់​បួងហើយ មានត្រចៀក​ចោះប្រដាប់​ហើយ​ ដែលគេ​ទិញដោយ​ទ្រព្យដ៏ច្រើន ម្ចាស់​ផ្ទះនោះ តែងពោល​ចាក់ដោត​នូវជននោះ។

ចប់ គរហិតជាតក ទី៩។

ធម្មទ្ធជជាតក ទី១០

[២៨៩] (សក្កទេវរាជ ពោលថា) អ្នកមានសភាពរស់នៅ​ជាសុខ ចេញចាកដែន ហើយ​មកកាន់ព្រៃ​ដ៏ស្ងាត់ អ្នកនោះ​តែម្នាក់ឯង អង្គុយ​សញ្ជប់សញ្ជឹង​នៅ​ជិតគល់​ឈើ (ក្នុងព្រៃ) ដូចជា​មនុស្សកំព្រា។

[២៩០] (បុរោហិតពោធិសត្វ ពោលថា) ខ្ញុំមានសភាព​រស់នៅ​ជាសុខ ចេញចាក​ដែន ហើយមកកាន់​ព្រៃស្ងាត់ ខ្ញុំនោះ​តែម្នាក់ឯង ការរឭក​ធម៌របស់​សប្បុរស អង្គុយ​សញ្ជប់​សញ្ជឹង ជិតគល់ឈើ (ក្នុងព្រៃ) ដូចជា​មនុស្សកំព្រា។

ចប់ ធម្មទ្ធជជាតក ទី១០។

ចប់ ពីរណត្ថម្ភកវគ្គ ទី៧។

ឧទ្ទាននៃពីរណត្ថម្ភកវគ្គនោះគឺ

និយាយអំពីគុម្ពស្មៅរណ្ដាសដ៏ប្រសើរ ១ អ្នករបាំ ១ ស្ដេចភុរុ​ដ៏ឧត្តម​ប្រសើរ ១ ស្ទឹងពេញ​ដោយទឹក ១ បុគ្គល​និយាយច្រើន ១ ភ្លើង ១ ព្រៃធំ ១ សត្វកណ្ដុរ ១ មនុស្ស​ដោះយារ ១ មនុស្សកំព្រា ១ ត្រូវជា ១០។

កាសាវវគ្គ ទី៨

កាសាវជាតក ទី១

[២៩១] (ដំរីពោធិសត្វ ពោលថា) បុគ្គលណា មានទឹកចត់ គឺកិលេស​មិនទាន់​លះចេញ​ហើយ ជាអ្នក​ប្រាសចាក​ទមៈ (ការទូន្មាន​នូវឥន្រ្ទិយ) និងសច្ចៈ និង​ស្លៀកដណ្ដប់​នូវសំពត់ ដែល​ជ្រលក់​ដោយ​ទឹកចត់ បុគ្គលនោះ មិនគួរ​នឹងស្លៀក​ដណ្ដប់​នូវសំពត់​ជ្រលក់​ដោយទឹក​ចត់ឡើយ។

[២៩២] ចំណែកខាង​បុគ្គលណា មានទឹកចត់ គឺកិលេស​ខ្ជាក់ចោលហើយ មានចិត្តតាំង​មាំល្អ​ក្នុងសីលទាំងឡាយ ជាអ្នក​ប្រកប​ដោយ​ទមៈ និងសច្ចៈ បុគ្គលនោះឯង ទើបគួរ​នឹងស្លៀក​ដណ្ដប់នូវ​សំពត់​ជ្រលក់​ដោយ​ទឹកចត់បាន។

ចប់ កាសាវជាតក ទី១។

ចុល្លននិ្ទយជាតក ទី២

[២៩៣] (នាយព្រាន ពោលថា) បារាសរិយព្រាហ្មណ៍ បានពោល​នូវពាក្យណា​ថា បាបកម្ម​ណា ដែលធ្វើហើយ ញ៉ាំងអ្នក​ឲ្យក្ដៅ​ក្រហាយ ក្នុងកាល​ជាខាងក្រោយ អ្នក​កុំធ្វើបាបកម្ម​នោះឡើយ នេះជាពាក្យ​របស់អាចារ្យ។

[២៩៤] បុរសធ្វើនូវអំពើទាំងឡាយណា រមែងឃើញនូវ​អំពើទាំងឡាយ​នោះ ចំពោះ​ខ្លួន បុរសអ្នក​ធ្វើអំពើល្អ រមែង​ទទួល​ផលល្អ ចំណែក​ខាងបុរស​អ្នកធ្វើ​អំពើអាក្រក់ រមែង​ទទួលផល​អាក្រក់ បុគ្គលសាប​ព្រោះនូវ​ពូជណា រមែង​បាននូវ​ផ្លែបែបនោះ។

ចប់ ចុល្លននិ្ទយជាតក ទី២។

បុដភត្តជាតក ទី៣

[២៩៥] (អាមាត្យពោធិសត្វ ពោលថា) បុគ្គលគប្បី​ឱនលំទោន​តប​ចំពោះ​បុគ្គល​អ្នក​ឱន​លំទោន​ខ្លួន គប្បីគប់​រកនូវបុគ្គល​អ្នកគប់រក​ខ្លួន គប្បីធ្វើ​កិច្ច​តបចំពោះ​បុគ្គល​អ្នកធ្វើនូវ​កិច្ចដល់​ខ្លួន កុំគប្បី​ធ្វើ​ប្រយោជន៍​ដល់បុគ្គល​អ្នកប្រាថ្នា​នូវសេចក្ដី​វិនាសដល់​ខ្លួន មិន​គប្បីរាប់រក​នូវបុគ្គល​អ្នកមិនរាប់​រកខ្លួន។

[២៩៦] បុគ្គលគប្បីលះនូវបុគ្គលអ្នកលះបង់នូវខ្លួន មិនគប្បី​ធ្វើនូវឈើ​ដែល​តាំងនៅក្នុង​ព្រៃ គឺសេចក្ដី​ប៉ុនប៉ង​ក្នុងបុគ្គល​នោះ មិនគប្បី​សមាគម​ជាមួយ​នឹងបុគ្គល​ដែលមាន​ចិត្តវិប្បលាស សត្វស្លាប​ដឹងនូវឈើ​ដែលមាន​ផ្លែអស់ហើយ រមែង​សំឡឹង​រកនូវដើម​ឈើឯទៀត ដែលមាន​ផ្លែយ៉ាងណា (បុគ្គល​គប្បីគប់រក​បុគ្គលដទៃ យ៉ាងនោះ​ដែរ) ព្រោះថា លោកសន្និវាស​នៅធំទូលាយ​ណាស់។

ចប់ បុដភត្តជាតក ទី៣។

កុម្ភីលជាតក ទី៤

[២៩៧] (ក្រពើ បាននិយាយថា) បុគ្គលណា​មានធម៌ ៤ យ៉ាង គឺ​សច្ចៈ ១ សុចរិតធម៌ ១ សេចក្ដី​ព្យាយាម ១ ចាគៈ ១ ជា​គុណ​ដ៏ចំរើន​ក្រៃលែង បុគ្គលនោះ រមែង​កន្លងនូវ​សត្រូវបាន។

[២៩៨] ចំណែកបុគ្គលណា មិនមានធម៌ ៤ យ៉ាងនេះ គឺសច្ចៈ ១ សុចរិតធម៌ ១ សេចក្ដី​ព្យាយាម ១ ចាគៈ ១ ជាគុណ​ដ៏ចំរើន​ក្រៃលែង បុគ្គលនោះ រមែងមិន​កន្លងនូវ​សត្រូវ​បានទេ។

ចប់ កុម្ភីលជាតក ទី៤។

ខន្តិវណ្ណនជាតក ទី៥

[២៩៩] (អាមាត្យ បានក្រាបទូលថា) បពិត្រព្រះសម្មតិទេព មានបុរស​របស់​ទូល​ព្រះបង្គំ​ម្នាក់ ជាអ្នកខ្វល់ខ្វាយ​ក្នុងកិច្ចការ​ទាំងពួង តែ​បុរសនោះ មាន​កំហុសមួយ ព្រះអង្គ​ទ្រង់សំគាល់​ក្នុងកំហុស​របស់​បុរសនោះ​ថា គួរនឹងធ្វើ​ដូចម្ដេច។

[៣០០] (ព្រះរាជាពោធិសត្វ មានព្រះបន្ទូលថា) បុរស (ជាអ្នក​ប្រទូស្ត) ក្នុងផ្ទះ​របស់យើង​មានដែរ ឯបុរស​បែបនេះ (ឥឡូវនេះ) មាន​ក្នុងទីនេះ តែបុរស​អ្នកប្រកប​ដោយចំណែក​នៃគុណ គេរក​បាន​ដោយកម្រ បានជា​យើងចូល​ចិត្តអត់ធន់។

ចប់ ខន្តិវណ្ណនជាតក ទី៥។

កោសិយជាតក ទី៦

[៣០១] (អាមាត្យពោធិសត្វ ពោលថា) ការចេញទៅក្នុង​កាលគួរ ជា​ការប្រពៃ ការចេញ​ទៅក្នុងកាល​មិនគួរ មិនជា​ការប្រពៃទេ ព្រោះថា (ជនណាមួយ) ចេញទៅ​ក្នុងកាលមិនគួរ រមែងមិន​ញ៉ាំងប្រយោជ៍​តិចតួចឲ្យ​កើតបាន ជនជា​សត្រូវដ៏​ច្រើន នឹង​ចោមចាប់​នូវបុរស​តែម្នាក់ឯង (ដែលចេញ​ទៅក្នុងកាល​មិនគួរ ហើយឲ្យដល់​នូវ​សេចក្ដី​វិនាស​ដ៏ធំ) ដូច​សេនាក្អែក (ចោមចឹក) នូវសត្វមៀម (ដែលចេញ​ទៅក្នុង​កាលមិនគួរ)។

[៣០២] អ្នកប្រាជ្ញដឹង​នូវរបៀប និង​ការចាត់ចែង ដឹងនូវ​ទោសរបស់​ជន​ទាំងឡាយ​ដទៃ បានធ្វើនូវ​មិត្រទាំងអស់​ឲ្យលុះ​ក្នុងអំណាច​របស់ខ្លួន គប្បី​បាននូវ​សេចក្ដី​សុខ​ដូច​សត្វមៀម (មានប្រាជ្ញា​ចឹក​ក្បាលក្អែក​ឲ្យដាច់ស្លាប់) បាន​សេចក្ដីសុខ​ដូច្នោះ។

ចប់ កោសិយជាតក ទី៦។

គូថបាណកជាតក ទី៧

[៣០៣] (សត្វកំពោង ពោលថា) អ្នកជាសត្វក្លៀវក្លា មកចួបប្រទះ​នឹង​យើងជា​អ្នក​ក្លៀវក្លា មានសេចក្ដី​ប្រឹងប្រែង អាច​ប្រហារគ្នា​បាន នែដំរី អ្នកចូរមក អ្នកចូរ​ត្រឡប់មក អ្នកខ្លាច​ឬ បានជារត់​ទៅ អ្នកស្រុកអង្គៈ និង​មគធៈទាំងឡាយ ចូរមើល​សេចក្ដី​ព្យាយាម របស់​យើង និងអ្នក។

[៣០៤] (ដំរី ពោលថា) យើងនឹងមិនសម្លាប់អ្នក​ដោយជើង មិនសម្លាប់​ដោយភ្លុក មិន​សម្លាប់​ដោយ​ប្រមោយទេ យើងនឹង​សម្លាប់​អ្នកដោយ​អាចម៍ សត្វស្អុយ ចូរវិនាស​ដោយរបស់​ស្អុយ។

ចប់ គូថបាណកជាតក ទី៧។

កាមនីតជាតក ទី៨

[៣០៥] (ព្រះបាទពារាណសី ត្រាស់ថា) យើងប្រាថ្នា​នូវដែន ជាចន្លោះ​នៃក្រុង​ទាំង ៣ គឺដែន​បញ្ចាលៈ ១ កុរុ ១ កេកកៈ ១ ម្នាល​ព្រាហ្មណ៍ យើងត្រូវ​ការរាជសម្បត្តិ ក្នុងក្រុង​ទាំង ៣ នោះ ក្រៃលែង​ជាងរាជ​សម្បត្តិ​ក្នុងក្រុងពាណសី​នោះទៅទៀត ម្នាល​ព្រាហ្មណ៍ អ្នកចូរ​រក្សានូវយើង ដែលកាម​នាំទៅហើយ។

[៣០៦] (សក្កទេវរាជពោធិសត្វ ត្រាស់ថា) ពេទ្យពួកខ្លះ រមែងធ្វើ (នូវ​ការរក្សា) ចំពោះ​បុគ្គលដែល​ពស់ចឹកហើយ បណ្ឌិត​ទាំងឡាយ តែងធ្វើ (នូវការរក្សា) ចំពោះ​បុគ្គលដែល​ខ្មោចចូល​ហើយ បុគ្គល​នីមួយ (ក្រៅពីបណ្ឌិត) រមែងមិន​ធ្វើនូវការរក្សា ចំពោះ​បុគ្គល​ដែលកាម​នាំទៅហើយ ព្រោះថា ការរក្សា​ដូចម្ដេច ចំពោះ​បុគ្គល​ដែលមាន​ធម៌ស​ដាក់ចុះ​ហើយ។

ចប់ កាមនីតជាតក ទី៨។

បលាយិជាតក ទី៩

[៣០៧] (ព្រះបាទព្រហ្មទត្ត ទ្រង់ត្រាស់ថា) ក្រុង​តក្កសិលា យើងឡោម​ព័ទ្ធជុំវិញ​ហើយ ដោយពពក គឺពលដំរី ស្រែកសំទារ​ដ៏ប្រសើរ​ដោយកម្រងផ្កា គឺពលសេះ​ដ៏ប្រសើរ ដោយ​រលកទឹក គឺពលរថ ដោយភ្លៀងខ្លាំង គឺសរ ដោយខ្មាន់ធ្នូ​ជាអ្នកលប​ចាំប្រហារ​មាំ។

[៣០៨] អ្នកទាំងឡាយ ចូរស្ទុះទៅផង ចូរលោតផ្លោះ​ទៅផង ចូរ​ស្រែកដោយ​សម្លេង​ផ្សេងៗ (មួយអន្លើ) ដោយ​ពលដំរី​ទាំងឡាយ សម្លេងគឺក​កងដ៏ខ្លាំង (ប្រាកដ​ស្មើដោយ​សម្លេង​នៃរន្ទះ) ចូរប្រព្រឹត្តទៅ​ក្នុងថ្ងៃនេះ ដូចជា​ផ្លេកបន្ទោរ ដែល​ចេញផុត​ចាកមេឃ​កាលគ្រហឹម​ដូច្នោះ។

ចប់ បលាយិជាតក ទី៩។

ទុតិយបលាយិជាតក ទី១០

[៣០៩] (ព្រះរាជាគន្ធារៈ ទ្រង់ត្រាស់ថា) ទង់សម្រាប់រថ​ប្រមាណមិន​បាន ពលពាហនៈ​មានត្រើយ​មិនមាន​ទីបំផុត (រាប់មិនបាន) ពួកសត្រូវ​គ្របសង្កត់​បាន​ដោយក្រ ដូចជា​សមុទ្ទសាគរ ដែល​ហ្វូងក្អែក (គ្របសង្កត់​បានដោយក្រ) (ពួកពល​របស់​យើងនេះ) ពួកពល​ដទៃ​គ្របសង្កត់​បានដោយ​ក្រ ដូចជាភ្នំ​ដែលខ្យល់​គ្រប​សង្កត់​បានដោយ​ក្រ ក្នុងថ្ងៃ​នេះ អាត្មាអញ​ប្រកបដោយ​ពល​ប្រាកដ​ដូច្នោះ កម្រអ្នក​ណានឹង​គ្របសង្កត់​បាន។

[៣១០] (ព្រះរាជាពារាណសីពោធិសត្វ ពោលថា) ព្រះអង្គកុំនិយាយ​នូវអំពើ​ពាលឡើយ ព្រោះបុគ្គល​ប្រហែល​ដូចព្រះអង្គ មិន (អាច​យករាជ​សម្បត្តិ​បានទេ) ព្រះអង្គ​ក្ដៅអន្ទះ​អន្ទែង (ដោយភ្លើង គឺរាគៈ ទោសៈ មោហៈ និងមានៈ​តែប៉ុណ្ណោះ) ដ្បិតថា ព្រះអង្គ​រមែង​មិនបាននូវ​បុគ្គលប្រាកដ​ស្មើដោយខ្ញុំ ដែល​ជាអ្នក​កំចាត់បង់​ទេ ដំរីណា នឹងគក់​បោកនូវ​ព្រះអង្គ ដូចជា​ជាន់ឈ្លីនូវ​ដើមបបោស​ដោយជើង ព្រះអង្គ​ដូចជាដំរី (ចុះប្រេង) ចូលទៅ​រក ត្រាច់ទៅតែម្នាក់​ឯងនោះ។

ចប់ ទុតិយបលាយិជាតក ទី១០។

ចប់ កាសាវវគ្គ ទី៨។

ឧទ្ទាននៃកាសាវវគ្គនោះគឺ

និយាយអំពីសំពត់ដ៏ប្រសើរ ១ ពាក្យរបស់អាចារ្យ ១ ផ្លែឈើ​អស់ហើយ ១ ធម៌ដ៏​ប្រសើរ ៤ យ៉ាង ១ បុរសដ៏​ខ្ពង់ខ្ពស់ ១ សត្វក្អែក ១ ពួកជន​ក្នុងដែន​មគធៈ ១ ដែន ៣ កន្លែង ១ ដំរីដ៏​ប្រសើរស្រែក​សំទារ ១ ទង់ដ៏​ប្រសើរ ១ ត្រូវជា ១០។

ឧបាហនវគ្គ ទី៩

ឧបាហនជាតក ទី១

[៣១១] (ទ្រម័កដំរីពោធិសត្វ ពោលថា) ស្បែកជើង​ដែលបុរស​ទិញហើយ ដើម្បី​ប្រយោជន៍​ដោយសេចក្ដី​សុខ ជាស្បែកជើង​ក្ដៅហើយ​ដោយកំដៅថ្ងៃ បៀតបៀន​ផ្ទៃជើង គប្បី​នាំមក​នូវ​សេចក្ដីទុក្ខ គប្បីស៊ី​នូវជើងនៃ​បុរសនោះ​ឯង មានឧបមា​យ៉ាងណា។

[៣១២] បុគ្គលណា កើតក្នុងត្រកូល​អាក្រក់ ជាអ្នកមិន​ប្រសើរ បាន​រៀនវិជ្ជា និង​សូត្រ (អំពីសំណាក់) នៃអ្នក​ទាំងឡាយ (អាចារ្យ) ហើយ រមែងស៊ី​នូវខ្លួន​នោះឯង ព្រោះវិជ្ជា និងសូត្រ​ដែលខ្លួន​រៀនហើយ ក្នុងសំណាក់​នៃអាចារ្យ​នោះ បុគ្គលនោះ (បណ្ឌិត​ពោលថា) ជាមនុស្ស​មិនប្រសើរ មាន​ឧបមា​ដោយស្បែក​ជើង ដែលធ្វើ​មិនល្អ​ហើយ យ៉ាងនោះ​ដែរ។

ចប់ ឧបាហនជាតក ទី១។

វីណាថូណជាតក ទី២

[៣១៣] (សេដ្ឋីពោធិសត្វ ពោលថា) ប្រយោជន៍នេះ នាងគិត​តែម្នាក់ឯង បុរស​ពាល នាំនាងទៅ​មិនបាន ម្នាលនាង​ដ៏ចំរើន ព្រោះថា នាងមិនគួរ​ដើម្បីទៅជា​មួយនឹង​បុរស​គមតឿ​ឡើយ។

[៣១៤] (សេដ្ឋីធីតា ពោលថា) ខ្ញុំសំគាល់បុរសគម ថាជា​បុរសឧសភៈ បានប្រាថ្នា​ហើយ បុរសគម​នេះ ដេករួញ​អង្កុញ ដូចជា​ពិណ​ដែលមាន​ខ្សែដាច់។

ចប់ វីណាថូណជាតក ទី២។

វិកណ្ណកជាតក ទី៣

[៣១៥] (បុរសអ្នកឲ្យបាយត្រី ពោលថា) ឯងប្រាថ្នាក្នុង​ទីណាប្រាកដ ចូរទៅក្នុង​ទីនោះចុះ ឯងត្រូវ​ច្បូកមុត​ហើយ ត្រង់ទី​ជាទីស្លាប់ ឯងជាសត្វ​រលោរលាំ ដេញតាម​ចាប់នូវត្រី​ទាំងឡាយ ត្រូវគេ​សម្លាប់ហើយ​ដោយបាយ ព្រមទាំង​គ្រឿងប្រគំ។

[៣១៦] (ព្រះសាស្តា ទ្រង់ត្រាស់ថា) បុគ្គលកាល​ប្រព្រឹត្តទៅតាម​លោកាមិសៈ ជាអ្នក​លុះក្នុង​អំណាច​នៃចិត្ត រមែងក្ដៅ​ក្រហាយ បុគ្គល​នោះ រមែងក្ដៅ​ក្រហាយក្នុង​កណ្តាល​ពួកញាតិ និង​សំឡាញ់ បុគ្គលនោះ ដូចក្រពើ​ដេញតាម​នូវត្រីដូច្នោះ។

ចប់ វិកណ្ណកជាតក ទី៣។

អសិតាភុជាតក ទី៤

[៣១៧] (នាងអសិតាភូ ពោលថា) (ខ្ញុំ) អស់សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ព្រោះ​អំពើណា អ្នកបាន​ធ្វើអំពើនេះ ក្នុងកាល​ឥឡូវនេះ សេចក្ដី​ស្រឡាញ់​នោះ មិនតជាប់​វិញទេ ដូចជា​ភ្លុកដំរី​ដែលគេ​កាត់ដោយ​រណា​ដូច្នោះ។

[៣១៨] (ព្រហ្មទត្តរាជកុមារ មានបន្ទូលថា) បុគ្គលមាន​សេចក្ដីប្រាថ្នា​លើសលុប រមែង​សាបសូន្យ​ចាកប្រយោជន៍ ព្រោះលោភ​ហួសហេតុផង ព្រោះ​សេចក្ដី​ស្រវឹង​ក្នុងការចង់​បានហួស​ហេតុ​ផង ដូចយើង​សាបសូន្យ​ចាករាជធីតា​ឈ្មោះ​អសិតាភូ។

ចប់ អសិតាភុជាតក ទី៤។

វច្ឆនខជាតក ទី៥

[៣១៩] (ពារាណសីសេដ្ឋី ពោលថា) បពិត្រ​វច្ឆនខតាបស លោកជា​អ្នកមិនមាន​សេចក្ដី​ខ្វល់ខ្វាយ គប្បី​បរិភោគ​ផង ផឹកផង ហើយ​ដេកក្នុងផ្ទះ​ទាំងឡាយណា ផ្ទះ​ទាំងឡាយ​នោះ ប្រកបដោយ​ប្រាក់ និងមាស ប្រកបដោយ​ភោជន ជាសុខ (យ៉ាងក្រៃលែង)។

[៣២០] (វច្ឆនខតាបស ពោលថា) ការគ្រប់គ្រងផ្ទះ មិនមាន​ដល់បុគ្គល​ឥត​ព្យាយាម ការគ្រប់គ្រង​ផ្ទះ មិនមាន​ដល់បុគ្គល​មិននិយាយ​ពាក្យកុហក ការគ្រប់​គ្រងផ្ទះ មិនមាន​ដល់បុគ្គល​មិនកាន់យក​នូវអាជ្ញា មិនធ្វើ​ទោសដល់​ជនទាំងឡាយ​ដទៃ បុគ្គល​ណានឹង​គ្រប់គ្រង​ផ្ទះដែលធ្លុះ បំពេញ​បានដោយ​កម្រយ៉ាងនេះ។

ចប់ វច្ឆនខជាតក ទី៥។

ពកជាតក ទី៦

[៣២១] (ពួកត្រី ពោលថា) សត្វស្លាបនេះ ស្រួលបួលពេក ដូចផ្កាកុមុទ មានស្លាប​ទាំងពីរ​សម្លប​ហើយ ឈរសំកុក​ហាក់ដូចជា​មានកំឡាំង​ខ្សោយ។

[៣២២] (ត្រីពោធិសត្វ ពោលថា) អ្នកទាំងឡាយ មិនដឹង​ច្បាស់​នូវ​សីល​របស់កុក​នោះទេ អ្នកទាំងឡាយ មិនដឹង​ហើយ នាំគ្នាសរសើរ​សត្វស្លាប​មិនមែន​រក្សានូវ​យើងឡើយ ព្រោះហេតុ​នោះ ទើបសត្វស្លាប (នេះ) មិន​កម្រើកខ្លួន។

ចប់ ពកជាតក ទី៦។

សាកេតជាតក ទី៧

[៣២៣] (ពួកភិក្ខុ ពោលថា) បពិត្រព្រះមានព្រះភាគ ហេតុអ្វីហ្ន៎ ហឫទ័យ​ត្រជាក់ យ៉ាងក្រៃលែង ទាំងចិត្ត​ក៏ជ្រះថ្លា​ក្នុងបុគ្គល​ពួកខ្លះ ក្នុងលោកនេះ។

[៣២៤] (ព្រះសាស្តា ទ្រង់ត្រាស់ថា) សេចក្តីស្រឡាញ់​នោះ រមែង​កើតដោយ​ហេតុពីរ​យ៉ាង គឺដោយ​ធ្លាប់នៅរួមគ្នា ក្នុង​កាលមុន ១ ដោយការ​ទំនុកបម្រុង​គ្នាក្នុង​បច្ចុប្បន្ន​នេះ ១ ដូចជា​ឧប្បលដែល​ដុះក្នុងទឹក ដោយហេតុ​ពីរយ៉ាង គឺទឹក ១ ភក់ ១។

ចប់ សាកេតជាតក ទី៧។

ឯកបទជាតក ទី៨

[៣២៥] (កុមារជាកូននៃព្រះពោធិសត្វ ពោលថា) បពិត្របិតា យើងញ៉ាំង​ប្រយោជន៍​ឲ្យសម្រេច ដោយ​បទណា សូមអញ្ជើញ​លោកបា្រប់​នូវបទនោះ​តែមួយ ដែល​អាស្រ័យ​នូវបទ​ជា​ប្រយោជន៍ច្រើន ដែល​សង្គ្រោះ (រួមចូល) តែមួយ។

[៣២៦] (បិតា ប្រាប់ថា) នែកូន សេចក្ដីឧស្សាហ៍ (ប្រកបដោយ​ញាណ) ជាបទ​តែមួយ​ដែលអាស្រ័យ​នូវបទ​ជាប្រយោជន៍​ច្រើន តែ​សេចក្ដី​ឧស្សាហ៍នោះ ប្រកប​ដោយ​សីល ប្រកប​ដោយខន្តិធម៌ អាចញ៉ាំង​ពួកមិត្រ​ឲ្យសុខ ឬដើម្បី​សេចក្ដីទុក្ខ​ដល់ពួក​បុគ្គល​មិនមែន​ជាមិត្រ។

ចប់ ឯកបទជាតក ទី៨។

ហរិតមាតជាតក ទី៩

[៣២៧] (សត្វពស់ សួរថា) ម្នាលអ្នកជាកូន​នៃហរិតមណ្ឌុកមាតា ត្រីទាំងឡាយ ស៊ីនូវ​យើង ដែលជាសត្វ​មានពិស ដែល​ចូលទៅកាន់​មាត់លប ដោយ​ហេតុណា ហេតុនេះ ពេញចិត្ត (ដល់អ្នកដែរឬ)។

[៣២៨] (នីលមណ្ឌុកពោធិសត្វ ពោលថា) (ឥស្សរភាព) របស់​បុរសនោះ បាន​ប្រព្រឹត្ត​ទៅ ដរាបណា បុរស (នោះ) រមែង​រឹបជាន់ (ជនដទៃ​ដរាបនោះ) លុះពួក​ជនដទៃ (បានឥស្សរភាព) រមែង​រឹបជាន់វិញ ក្នុងកាលណា បុរស​អ្នករឹបជាន់​នោះ ត្រូវពួក​ជនដទៃ​រឹបជាន់​វិញ ក្នុងកាល​នោះ។

ចប់ ហរិតមាតជាតក ទី៩។

មហាបិង្គលជាតក ទី១០

[៣២៩] (ព្រះពោធិសត្វ ពោលថា) ជនទាំងអស់ ត្រូវសេ្ដចបិង្គលៈ​បៀតបៀន​ហើយ កាលស្ដេច​នោះ​សោយទិវង្គត​ហើយ ជនទាំងឡាយ រមែង​បាននូវ​សេចក្ដី​ត្រេកអរ ម្នាល​ទ្វារបាល សេ្ដច​អកណ្ហនេត្រ ជាទីស្រឡាញ់​របស់អ្នកឬ ព្រោះហេតុ​អ្វីបាន​ជាអ្នកយំ។

[៣៣០] (ទ្វារបាលបុរស ពោលថា) ស្ដេចអកណ្ហនេត្រ មិនមែន​ជាទី​ស្រឡាញ់​របស់ខ្ញុំទេ ខ្ញុំខ្លាច​ស្ដេចនោះ​ត្រឡប់មក​វិញ (ព្រោះ​សេ្ដចនោះ) ទៅអំពី​មនុស្ស​លោកនេះ គប្បី​បៀតបៀន​នូវ​មច្ចុរាជ មច្ចុរាជនោះ ក្រែងត្រូវ​សេ្ដចបិង្គលៈ​បៀតបៀន​ហើយ គប្បី​នាំមកទុក​ក្នុងមនុស្ស​លោកនេះ​វិញ។

[៣៣១] (ព្រះពោធិសត្វ ពោលថា) ព្រះបាទបិង្គលៈនោះ គេដុត​ដោយឧស ១ ពាន់ដឹក គេស្រោច​ដោយទឹក​មួយរយក្អម ឯទី​សម្រាប់​ដុត គេបិទបាំង​ជុំវិញហើយ អ្នក​កុំភ័យ​ឡើយ ស្ដេចបិង្គលៈ​នោះ នឹងមិនមក​វិញបានទេ។

ចប់ មហាបិង្គលជាតក ទី១០។

ចប់ ឧបាហនវគ្គ ទី៩។

ឧទ្ទាននៃឧបាហនវគ្គនោះគឺ

និយាយអំពីស្បែកជើងប្រសើរ ១ បុរសគម ១ ក្រពើត្រូវច្បូកមុត ១ ព្រះរាជធីតាឈ្មោះ​អសិតាភូ ១ វច្ឆនខតាបស ១ សត្វកុក ១ សេចក្ដី​ស្រឡាញ់​ដ៏ប្រសើរ​ឧត្ដម ១ បទតែមួយ ១ មាត់លប ១ សេ្ដចឈ្មោះ​បិង្គលៈ ១ ត្រូវជា ១០។

សិគាលវគ្គ ទី១០

សព្វទាឋិជាតក ទី១

[៣៣២] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ចចក រឹងត្អឹងដោយ​មានះ ត្រូវ​ការដោយ​បរិវារ (ច្រើន) ក៏ដល់ភូមិ​សម្បត្តិ​ដ៏ធំ បានជា​សេ្ដច​នៃពួកសត្វ​មានចង្កូម​ទាំងពួង។

[៣៣៣] បណ្ដាមនុស្សទាំងឡាយ មនុស្សណា ជាអ្នកមាន​បរិវារ មនុស្សនោះ ឈ្មោះថា​ជាធំក្នុងពួក​បរិវារនោះ ដូចជា​ចចក (បានជាធំ) ជាងសត្វ​មានចង្កូម​ទាំងឡាយ ដូច្នោះ​ឯង។

ចប់ សព្វទាឋិជាតក ទី១។

សុនខជាតក ទី២

[៣៣៤] (ព្រះពោធិសត្វ ពោលថា) ឆ្កែណា មិនស៊ីព្រ័ត្រ ឆ្កែនុ៎ះ​ពេញជាល្ងង់ ម្យ៉ាងទៀត ឆ្កែគួរដោះ​ខ្លួនអំពី​ចំណង ស៊ីព្រ័ត្រ​ឆ្អែតហើយ គប្បីទៅ​កាន់ផ្ទះ (របស់ខ្លួន)។

[៣៣៥] (ឆ្កែ​ពោលថា ពាក្យរបស់អ្នក) ខ្ញុំបានតាំង​ទុកក្នុងចិត្ត​ខ្ញុំហើយ ម្យ៉ាងទៀត ខ្ញុំបានធ្វើ​ទុកក្នុងហឫទ័យខ្ញុំហើយ ជនដេកលក់​ស៊ប់ដរាបណា ខ្ញុំរង់ចាំ​នូវកាល ដរាប​នោះ។

ចប់ សុនខជាតក ទី២។

គុត្តិលជាតក ទី៣

[៣៣៦] (ព្រះពោធិសត្វ ពោលថា) បពិត្រ​ព្រះឥន្រ្ទកោសិយ ខ្ញុំបាន (ញុំាំង​សិស្ស​ឈ្មោះ​មុសិលៈ) ឲ្យរៀននូវ​ពិណមាន​ខ្សែ ៧ មាន​សម្លេង​ពីរោះ ជាទី​រីករាយនៃ​ចិត្ត (ឥឡូវនេះ) សិស្សឈ្មោះ​មុសិលៈ​នោះ ហៅខ្ញុំក្នុង​កណ្ដាល​រង្គមណ្ឌល (កន្លែងរាំ) សូម​ព្រះអង្គ​ជាទីពឹង​នៃខ្ញុំ។

[៣៣៧] (សក្កទេវរាជ ទ្រង់មានព្រះបន្ទូលថា) ម្នាលសំឡាញ់ ខ្ញុំនឹង​ជាទីពឹង​របស់​អ្នក ខ្ញុំជាអ្នក​បូជានូវ​អាចារ្យ សិស្ស​នឹងមិនឈ្នះ​អ្នក បពិត្រអាចារ្យ អ្នកនឹង​ឈ្នះនូវសិស្ស​វិញ។

ចប់ គុត្តិលជាតក ទី៣។

វិគតិច្ឆជាតក ទី៤

[៣៣៨] (តាបសពោធិសត្វ ពោលថា) បុគ្គលឃើញ​នូវរបស់ណា មិន​ប្រាថ្នា​នូវ​របស់នោះ មួយទៀត មិនឃើញនូវ​របស់ណា ចង់​បានរបស់នោះ យើង​សំគាល់ថា បុគ្គល​នោះ នឹងត្រាច់ទៅ (ក្នុងសង្សារ) អស់​កាលយូរ ព្រោះថា បុគ្គលនោះ​ប្រាថ្នារបស់​ណា មិនបាន​នូវរបស់​នោះ។

[៣៣៩] (បុគ្គលបាននូវរបស់ណា) មិនត្រេកអរ​នឹងរបស់នោះ ប្រាថ្នា​សម្បត្តិណា មើលងាយ​នូវសម្បត្តិ ដែលបាន​ហើយនោះ ព្រោះ​ថាសេចក្ដី​ប្រាថ្នា ជាដំណើរ​រកទី​បំផុតគ្មាន យើងសូម​ធ្វើនមស្ការ​ចំពោះពួក​បណ្ឌិត ដែលមាន​សេចក្ដី​ប្រាថ្នាទៅ​ប្រាសហើយ។

ចប់ វិគតិច្ឆជាតក ទី៤។

មូលបរិយាយជាតក ទី៥

[៣៤០] (អាចារ្យទិសាបាមោក្ខពោធិសត្វ សួរថា) កាល រមែងស៊ី​នូវពួក​សត្វ​ទាំងអស់ ព្រមទាំង​ខ្លួនឯង ចំណែក​សត្វណា ជាអ្នកស៊ី​នូវកាល សត្វនោះ ឈ្មោះថា ដុតនូវ​តណ្ហា​ដែលជា​ធម្មជាតិ​ដុតសត្វ។

[៣៤១] (ព្រះពោធិសត្វ តិះដៀលថា) ក្បាលនរជន​ទាំងឡាយដ៏​ច្រើន ក្បាលទាំង​នោះ មាន​រោមផង ធំផង គ្របនៅលើ ក បណ្តា​មនុស្សទាំង​អម្បាលនេះ គង់មាន​មនុស្ស​ណាមួយ ដែលមាន​ប្រាជ្ញាមិន​ខាន។

ចប់ មូលបរិយាយជាតក ទី៥។

ពាលោវាទជាតក ទី៦

[៣៤២] (កុដុម្ពិក៍ម្នាក់ ពោលថា) បុគ្គលអ្នកមិនត្រូវ​សង្រួម​ប្រហារសត្វផង ធ្វើសត្វឲ្យ​លំបាកផង ធ្វើសត្វ​ឲ្យស្លាប់ផង ហើយ​ឲ្យទាន (ដល់​សមណៈណា) សមណៈ​នោះ កាលបរិភោគ​នូវភត្តបែបនេះ ឈ្មោះថា ប្រឡាក់ដោយ​បាបដែរ។

[៣៤៣] (ព្រះពោធិសត្វ តបថា) ប្រសិនបើបុគ្គល​អ្នកមិនសង្រួម សូម្បី​សម្លាប់នូវ​កូន និង​ប្រពន្ធ ហើយឲ្យទាន (ដល់សមណៈ​ណា) សមណៈនោះ ជាអ្នក​ប្រកបដោយ​ប្រាជ្ញា ទុកជា​កាលបរិភោគ ក៏មិនប្រឡាក់​ដោយបាប​ឡើយ។

ចប់ ពាលោវាទជាតក ទី៦។

បាទញ្ជលិជាតក ទី៧

[៣៤៤] (អាមាត្យពោធិសត្វ សរសើរថា) ព្រះរាជកុមារ​ព្រះនាម​បាទញ្ជលី រុងរឿង​កន្លង​នូវពួកយើង​ទាំងអស់គ្នា ដោយប្រាជ្ញា​ពិតមែន ដូច្នោះ បានជា​ទ្រង់ពេប​ព្រះឱស្ឋ ទ្រង់ទត​ឃើញ​នូវហេតុ​ដ៏ក្រៃលែង​ដោយពិត។

[៣៤៥] (ព្រះពោធិសត្វ ដៀលថា) ព្រះរាជកុមារព្រះនាម​បាទញ្ជលីនេះ មិនទ្រង់​ជា្របនូវ​សភាពជាធម៌ និង​សភាពមិន​មែនជា​ធម៌ផង នូវប្រយោជន៍ និង​មិនមែន​ជា​ប្រយោជន៍​ផង ព្រះរាជកុមារ​ព្រះនាម​បាទញ្ជលីនេះ វៀរលែង​តែការពេប នូវព្រះឱស្ឋ​ចេញ​ហើយ ទ្រង់មិនជ្រាប​នូវហេតុ​តិចតួចឡើយ។

ចប់ បាទញ្ជលិជាតក ទី៧។

កឹសុកោបមជាតក ទី៨

[៣៤៦] (ព្រះរាជា ពោលថា) ដើមចា អ្នករាល់គ្នាបាន​ឃើញហើយ អ្នក​ទាំងឡាយ​នៅ​សង្ស័យ​ក្នុងដើមចា​នោះ ថាដូច​ម្ដេចហ្ន៎ ដ្បិតអ្នក​ទាំងឡាយ មិនបាន​សាកសួរ​នាយសារថី ក្នុងទីទាំង​ពួងសោះ។

[៣៤៧] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) ធម៌ទាំងឡាយ ដែលពួកជនណា មិនបាន​ដឹងហើយ ដោយញាណ​ទាំងឡាយ​ទាំងពួង យ៉ាងនេះ ពួកជននោះឯង រមែង​សង្ស័យក្នុង​ធម៌ទាំងឡាយ ដូចជា (ព្រះរាជបុត្រ​ទាំង ៤ ព្រះអង្គ) ជាបងប្អូន​នឹងគ្នា សង្ស័យ​ក្នុងដើមចា​ដូច្នោះ។

ចប់ កឹសុកោបមជាតក ទី៨។

សាលកជាតក ទី៩

[៣៤៨] (ហ្មពស់ ពោលថា) នែសាលកវានរៈ អ្នកជាក់ជាកូន​ប្រុសតែមួយ (នៃយើង) មួយទៀត អ្នកនឹងបាន​ជាធំក្នុងត្រកូល​របស់យើង ចូរអ្នកចុះអំពី​ដើមឈើមក យើងនឹង​ទៅផ្ទះ ក្នុងកាល​ឥឡូវនេះ។

[៣៤៩] (ស្វាពោលតបថា) ក្រែងអ្នកសម្គាល់ខ្ញុំ​ថាជាសត្វមាន​ហឫទ័យល្អ តែអ្នក​បៀតបៀន​ខ្ញុំដោយ​បន្ទះឫស្សី ខ្ញុំត្រេកអរ​ក្នុងព្រៃស្វាយ ដែលមាន​ផ្លែទុំ អ្នកចូរ​ទៅផ្ទះ​តាម​សប្បាយ​ចុះ។

ចប់ សាលកជាតក ទី៩។

កបិជាតក ទី១០

[៣៥០] (តាបសកុមារ ពោលថា) ឥសីអង្គនេះ ត្រេកអរ​ក្នុងការ​ស្ងប់ និងការសង្រួម លោកត្រូវ​ភ័យអំពី​រងាបៀតបៀន​ហើយ សូមឲ្យតាបសនេះ ចូលមក​កាន់ផ្ទះនេះ ដើម្បី​បន្ទោបង់នូវ​ត្រជាក់ និង​សេចក្ដីក្រវល់​ក្រវាយចេញ កុំឲ្យ​មាន​សេសសល់​ឡើយ។

[៣៥១] (ពោធិសត្វ ពោលថា) អ្នកនេះមិនមែនជាឥសី​អ្នកត្រេកអរ​ក្នុងការស្ងប់ និង​ការសង្រួម​ទេ អ្នកនេះ​ជាសត្វស្វា ជាសត្វគោចរ​នៅលើមែកល្វា ស្វានោះ​ជាសត្វ​ខឹងប្រទូស្ត មាន​សន្ដានចិត្ត​ដ៏លាមក បើវាចូល​មក មុខតែ​ប្រទូស្ត​ផ្ទះនេះមិនខាន។

ចប់ កបិជាតក ទី១០។

ចប់ សិគាលវគ្គ ទី១០។

ឧទ្ទាននៃសិគាលវគ្គនោះគឺ

និយាយអំពីសេ្ដចចចក ១ សុនខ ១ ព្រះឥន្រ្ទកោសិយ ១ បុគ្គល​ប្រាថ្នា ១ បុគ្គលអ្នក​ស៊ីនូវកាល ១ ទានដ៏ប្រសើរ ១ ព្រះរាជកុមារ​ពេបព្រះឱស្ឋ ១ នាយសារថី ១ ព្រៃស្វាយ ១ ស្វារងា ១ ត្រូវជា ១០។

ឧទ្ទាននៃវគ្គគឺ

និយាយអំពីទឡ្ហវគ្គ ១ សន្ថវវគ្គដទៃ ១ កល្យាណវគ្គ ១ អសទិសវគ្គ ១ រុហកវគ្គ ១ នតំទឡ្ហវគ្គ ១ ពីរណត្ថម្ភកវគ្គ ១ កាសាវវគ្គ ១ ឧបាហនវគ្គ ១ សិគាលវគ្គ ១ ត្រូវជា ១០។

ចប់ ទុកនិបាត។

តិកនិបាតជាតក

សង្កប្បវគ្គ ទី១

សង្កប្បរាគជាតក ទី១

[៣៥២] (តាបសពោធិសត្វ ពោលថា) អាត្មាត្រូវ (សរ គឺកិលេស) ដែល​លាង​ដោយ​ទឹក គឺសង្កប្បរាគៈ (រាគៈប្រកប​ដោយកាមវិតក្កៈ) ផង ដែលសំលៀង​ដោយថ្ម គឺ​កាមវិតក្កៈ​ផង មិនបាន​ចំរើនដោយ​គ្រឿងតាក់តែង​ផង (មិនមែន) ជាង​សរធ្វើ​ហើយផង។

[៣៥៣] មិនមែនទាញមក​នូវគុម្ពត្រចៀក​ហើយលែង​ទៅវិញផង ទាំង​មិនជាប់​ដោយ​ស្លាបក្ងោក​ផង ជាសរ​អាចដុត​អវយវៈ​ទាំងអស់​ឲ្យក្ដៅនោះ បានមុត​ហើយត្រង់​ហឫទ័យ។

[៣៥៤] ឈាមគប្បីហូរចេញ ចាកមុខរបួស ដែលសរ​ណាមុតហើយ អាត្មាមើល​មិនឃើញ​មុខរបួស ដែលសរ​នោះមុតហើយ​ទេ ចិត្ត (របស់អាត្មា ត្រូវសរមុត​ជាប់ហើយ) ព្រោះខុស​ទំនង អាត្មានាំ​មកនូវសេចក្ដី​ទុក្ខដោយ​ខ្លួនឯង។

ចប់ សង្កប្បរាគជាតក ទី១។

តិលមុដ្ឋិជាតក ទី២

[៣៥៥] (ព្រះបាទព្រហ្មទត្ត ពោលថា) អ្នកចាប់យើង​ត្រង់ដើមដៃ ហើយ​វាយយើង​ដោយរំពាត់ ព្រោះហេតុ​តែ​ល្ងមួយក្ដាប់ ការវាយ​នោះ ប្រាកដ​ក្នុងចិត្ត​របស់យើង ដរាប​ដល់ថ្ងៃនេះ។

[៣៥៦] ម្នាលព្រាហ្មណ៍ អ្នកមកដោយ​ហេតុណា អ្នកមិន​ត្រេកអរ​ក្នុងជីវិត​ដោយហេតុ​នោះទេឬ ព្រោះអ្នក​ចាប់យើង​ត្រង់ដើមដៃ ហើយវាយ អស់វារៈ​បីដង។

[៣៥៧] (ព្រាហ្មណ៍ ពោលថា) អរិយជនណា ហាមឃាត់​នូវបុគ្គល​មិនប្រសើរ កាលធ្វើ​នូវអំពើ​អាក្រក់​ដោយអាជ្ញា ការហាម​ឃាត់របស់​អរិយជន​នោះ រាប់ថា​ជាពាក្យប្រៀន​ប្រដៅ ការហាម​ឃាត់ អរិយជន​នោះ មិនមែន​ជាពៀរឡើយ បណ្ឌិត​ទាំងឡាយ​រមែងដឹង​នូវហេតុនោះ ដូច្នេះឯង។

ចប់ តិលមុដ្ឋិជាតក ទី២។

មណិកណ្ឋជាតក ទី៣

[៣៥៨] (មណិកណ្ឋនាគរាជ ពោលថា) បាយ និងទឹក កើតដល់​ខ្ញុំច្រើន​ពេកក្រៃ ព្រោះហេតុ​នៃកែវមណី​នេះ ខ្ញុំនឹង​មិនឲ្យកែវមណី​នោះដល់លោក លោក​ជាអ្នកសូម​ហួសហេតុ ខ្ញុំនឹង​មិនមក​កាន់អាស្រម​របស់លោក​ទេ។

[៣៥៩] លោកកាលសូមកែវមណី​ដែលកើត​អំពីថ្ម នាំឲ្យ​ខ្ញុំតក់ស្លុត ដូច​មនុស្ស​កំឡោះ មានដៃកាន់​ដាវសំលៀង​ហើយដោយ​ថ្ម មកញ៉ាំងខ្ញុំ​ឲ្យតក់ស្លុត​ដូច្នោះ ខ្ញុំមិន​ឲ្យកែវមណី​នោះដល់​លោកទេ (ព្រោះ) លោកជា​អ្នកសូម​ហួសហេតុ ខ្ញុំនឹងលែង​មកកាន់​អាស្រម​របស់លោក​ហើយ។

[៣៦០] (តាបសពោធិសត្វជាបង ពោលថា) បុគ្គលដឹងនូវ​វត្ថុណាថា ជាទី​ស្រឡាញ់​របស់គេ មិនត្រូវ​សូមវត្ថុ​នោះទេ សេចក្ដីស្អប់ រមែងមាន ព្រោះការ​សូមជ្រុលពេក ដូច​ស្ដេចនាគ​ដែលត្រូវ​ព្រាហ្មណ៍​សូម​កែវមណី ទៅកាន់ទី​លែងមើល​ឃើញ​តាំងអំពី​កាលនោះ។

ចប់ មណិកណ្ឋជាតក ទី៣។

កុណ្ឌកកុច្ឆិសិន្ធវជាតក ទី៤

[៣៦១] (ឈ្មួញសេះពោធិសត្វ ពោលថា) អ្នកធ្លាប់បរិភោគ​ស្មៅដ៏​សល់ដែល ធ្លាប់​បរិភោគ​បាយក្ដាំង និង​កុណ្ឌកមកហើយ នេះជា​ភោជន​របស់អ្នក ឥឡូវនេះ ហេតុអ្វី​ក៏អ្នកមិន​បរិភោគ។

[៣៦២] (កូនសេះសិន្ធវៈ ពោលថា) បពិត្រមហាព្រហ្ម ជនទាំងឡាយ​មិនស្គាល់​សត្វដែល​គួរចិញ្ចឹម​ដោយជាតិ ឬដោយមារយាទ​ដែល​គួរទូន្មាន ក្នុងទីណា ក្នុងទីនោះ ថ្វីក៏ខ្ញុំ​មិនបរិភោគ​បាយក្ដាំង និង​កុណ្ឌកច្រើន។

[៣៦៣] ចំណែកខាងលោក ស្គាល់ខ្ញុំច្បាស់ថា សេះនេះឧត្ដម​យ៉ាងណា ៗ ខ្ញុំកាល​ដឹង ព្រោះអាស្រ័យ​អ្នកជាអ្នកដឹង ទើបមិន​បរិភោគនូវ​កុណ្ឌក​របស់អ្នក។

ចប់ កុណ្ឌកកុច្ឆិសិន្ធវជាតក ទី៤។

សុកជាតក ទី៥

[៣៦៤] (ព្រះសាស្ដា ត្រាស់ថា) សត្វហើរ គឺសេកនោះ ដឹងប្រមាណ​ក្នុងភោជន ដរាបណា ក៏បានដល់​នូវអាយុវែង​ផង បាន​ចិញ្ចឹម​មាតាផង ដរាបនោះ។

[៣៦៥] មួយទៀត សេកនោះ​បរិភោគនូវ​ភោជន​ដ៏ច្រើនលើសលុប ក្នុង​កាលណា ក៏លិចចុះ​ក្នុងសមុទ្រនោះ​ឯង ក្នុងកាលនោះ ព្រោះ​សេកនោះ​មិនស្គាល់​ប្រមាណ។

[៣៦៦] ព្រោះហេតុនោះ ការដឹងប្រមាណ មិនល្មោភ​ក្នុងភោជន ជា​ការប្រពៃ ព្រោះ​ពួកជន​ដែលមិនដឹង​ប្រមាណ រមែងលិច ពួកជនដែល​ដឹងប្រមាណ រមែង​មិនលិចទេ។

ចប់ សុកជាតក ទី៥។

ជរូទបានជាតក ទី៦

[៣៦៧] (ព្រះសាស្ដា ត្រាស់ថា) ពួកឈ្មួញអ្នកត្រូវការ​ដោយទឹក កាល​ជីក​អណ្ដូង​ចាស់ ក៏បាននូវ​ដែក និងទង់ដែង​ផង នូវសំណរភក់ផង នូវកែវមណី​ទាំងឡាយផង នូវប្រាក់ និងមាសផង នូវកែវមុក្តា និងកែវពៃទូរ្យ​ទាំងឡាយផង​ដ៏ច្រើន។

[៣៦៨] តែពួកឈ្មួញទាំងនោះ មិនសន្ដោស​ដោយទ្រព្យនោះ រឹងរឹតតែ​ជីកចុះ​ទៅទៀត សត្វមាន​ពិសដ៏ក្លៀវក្លា មានតេជះ ក៏សម្លាប់នូវ​ពួកឈ្មួញ​ទាំងនោះ ដោយ​តេជះ (នៃពិស) ក្នុងអណ្ដូង​ទឹក​នោះឯង។

[៣៦៩] ព្រោះហេតុនោះ បុគ្គលគប្បីជីក តែកុំជីកឲ្យ​ជ្រៅហួសពេក ព្រោះការ​ជីកអណ្ដូង​ជ្រៅហួសពេក ជាការលាមក ទ្រព្យ (ដែល​ពួកឈ្មួញ) បានហើយ​ដោយការ​ជីក ក៏វិនាស​អស់ ព្រោះ​តែការជីក​ជ្រៅហួសពេក។

ចប់ ជរូទបានជាតក ទី៦។

គាមណិចន្ទជាតក ទី៧

[៣៧០] (ព្រះរាជកុមារពោធិសត្វ ពោលថា) សត្វនេះជាសត្វមិនឈ្លាស (ក្នុងការធ្វើ) នូវផ្ទះទាំងឡាយ សត្វនេះជា​សត្វខិលខូច មានមុខ​ជ្រួញ បានតែ​ខាងប្រទូស្ត ចំពោះ​កិច្ចការដែល​គេធ្វើហើយ ៗ ត្រកូលនេះ​ជាធម្មតា​យ៉ាងនេះឯង។

[៣៧១] រោមនេះ មិនមែនជារោម​នៃសត្វមានចិត្ត (សម្បយុត្ត​ដោយបញ្ញា ជាគ្រឿង​ពិចារណា) ទេ ម្រឹគ គឺស្វានេះ មិនអាចធ្វើ​គេឲ្យចូលចិត្ត​បានទេ ក្បួនខ្នាត​ព្រះរាជបិតា​របស់ខ្ញុំ ទ្រង់ព្រះនាម​ជនសន្ធៈ (បានត្រាស់ហើយ) ថា ស្វានេះ មិនដឹង​នូវ​ហេតុតិចតួច​ឡើយ។

[៣៧២] បុរសប្រាកដដូច្នោះ មិនគប្បីចិញ្ចឹម​នូវមាតាបិតា បងប្អូនប្រុស និងបងប្អូនស្រី​របស់ខ្លួន​បានទេ ព្រះបាទ​ទសរថ (ជាព្រះបិតា) បានប្រៀន​ប្រដៅខ្ញុំ (យ៉ាងនេះ)។

ចប់ គាមណិចន្ទជាតក ទី៧។

មន្ធាតុរាជជាតក ទី៨

[៣៧៣] (ព្រះសាស្ដា ត្រាស់ថា) ព្រះចន្រ្ទ និងព្រះអាទិត្យ​ទាំងឡាយ (ដើរក្រឡឹង) ភ្នំសិនេរុ ទិសទាំងឡាយ​ភ្លឺរុងរឿង រហូតទីមាន​កំណត់ត្រឹមណា សត្វទាំងឡាយ​ណា ដែល​អាស្រ័យ​លើ​ផែនដី សត្វទាំង​អស់នោះ ជាទាសៈរបស់​សេ្ដចមន្ធាតុ រហូត​ទីមាន​កំណត់​ត្រឹមណោះ។

[៣៧៤] ការឆ្អែត​ក្នុងកាមទាំងឡាយ រមែងមិនមាន ដោយភ្លៀង​កហាបណៈ​ទេ បណ្ឌិត​បានដឹងថា កាមទាំងឡាយ​មានសេចក្ដី​សុខតិច មាន​សេចក្ដីទុក្ខ (ច្រើន)។

[៣៧៥] ព្រោះហេតុនោះ សាវ័កនៃព្រះសម្មាសម្ពុទ្ធនោះ មិនបាន​ត្រេកអរ​ក្នុងកាម​ទាំងឡាយ សូម្បី​ជាទិព្យ ជាអ្នកត្រេកអរ​តែក្នុងធម៌ ជាគ្រឿងអស់​ទៅនៃតណ្ហា។

ចប់ មន្ធាតុរាជជាតក ទី៨។

តិរិតិវច្ឆជាតក ទី៩

[៣៧៦] (ឧបរាជទូលសួរព្រះរាជាថា) កម្មតិចតួចដែលសម្រេចដោយ​វិជ្ជា​របស់​តាបសនេះ មិនមានឡើយ មួយទៀត តាបសនេះ​មិនមែន​ជាផៅពង្ស ទាំង​មិនមែន​ជាសំឡាញ់​របស់​ព្រះអង្គទេ កាលបើ​យ៉ាងនេះ ហេតុអ្វី​បានជាតាបស​ឈ្មោះ​តិរិតិវច្ឆៈ កាន់​ឈើច្រត់​មានចំពាម ៣ បរិភោគ​នូវដុំបាយ​មានរស​ដ៏ប្រសើរ។

[៣៧៧] (ព្រះរាជា ត្រាស់ថា) ក្នុងគ្រាមាន​អន្តរាយ កាលអញ​ច្បាំងចាញ់គេ (តាបសនេះ) បានធ្វើ (នូវសេចក្ដី​អនុគ្រោះ) ដល់អញ​ម្នាក់ឯង ក្នុងព្រៃ​គួរខ្លាចដ៏ពន្លឹក បានលា​នូវដៃ (យោងអញ) ដែលដល់នូវ​សេចក្ដីលំបាក (ក្នុងអណ្តូង) ព្រោះហេតុនោះ អញដែល​ត្រូវសេចក្ដី​ទុក្ខគ្របសង្កត់ ទើបបាន​ឡើងរួចមក។

[៣៧៨] អញ (ឋិតនៅ) ក្នុងជីវលោក (នេះ ដល់) នូវវិស័យ​នៃសេចក្ដីស្លាប់ ទៅហើយ តែមកក្នុង​ទីនេះបាន ព្រោះសេចក្ដី​លំបាក​នៃតាបសនេះ ម្នាលកូន រីតិរិតិវច្ឆតាបស ជាបុគ្គល​គួរដល់លាភ ​អ្នកទាំងឡាយ ចូរឲ្យនូវ​គ្រឿងបរិភោគ​ផង ចូរបូជា​នូវវត្ថុដែល​គួរបូជាផង ដល់លោក។

ចប់ តិរិតិវច្ឆជាតក ទី៩។

ទូតជាតក ទី១០

[៣៧៩] (លោលបុរស ពោលថា) សត្វទាំងឡាយ​មកកាន់ប្រទេស​ឆ្ងាយ ដើម្បីសូម​នូវវត្ថុ​នឹងបុគ្គល​សូម្បីជាសត្រូវ ដើម្បី​ប្រយោជន៍​ដល់ផ្ទៃណា ខ្ញុំព្រះអង្គ​ជាទូតរបស់​ផ្ទៃនោះ បពិត្រព្រះអង្គ​ប្រសើរក្នុង​ពលរថ សូមទ្រង់​កុំខ្ញាល់នឹង​ខ្ញុំព្រះអង្គឡើយ។

[៣៨០] មាណពទាំងឡាយ លុះអំណាច​នៃផ្ទៃណា ទាំងថ្ងៃ​ទាំងយប់ ខ្ញុំព្រះអង្គ​ជាទូត​របស់ផ្ទៃ​នោះ បពិត្រ​ព្រះអង្គ​ប្រសើរក្នុង​ពលរថ សូមទ្រង់​កុំខ្ញាល់​នឹងខ្ញុំ​ព្រះអង្គ​ឡើយ។

[៣៨១] (ព្រះរាជា ទ្រង់ត្រាស់ថា) ម្នាលព្រាហ្មណ៍ យើងឲ្យនូវគោសម្បុរក្រហម ១ ពាន់ ព្រមទាំងគោបា ដល់អ្នក ព្រោះយើង​ជាទូត (របស់ផ្ទៃ) នឹងមិនឲ្យ​ដល់អ្នក ជាទូត (របស់ផ្ទៃដែរ) ដូចម្ដេចកើត យើងទាំងឡាយ សុទ្ធតែជា​ទូតរបស់ផ្ទៃ​ដូចគ្នា។

ចប់ ទូតជាតក ទី១០។

ចប់ សង្កប្បវគ្គ ទី១។

ឧទ្ទាននៃសង្កប្បវគ្គនោះគឺ

និយាយអំពីជាងសរប្រសើរ ១ ល្ងមួយក្ដាប់ ១ កែវមណី ១ ស្ដេចសេះ ១ សត្វហើរឰដ៏​អាកាស ១ ពស់មាន​ពិសដ៏ក្លៀវក្លា ១ ស្ដេចទ្រង់​ព្រះនាម​ជនសន្ធៈ ១ ភ្លៀង​កហាបណៈ ១ តាបសឈ្មោះ​តិរិតិវច្ឆៈ ១ ទូតរបស់ផ្ទៃ ១ ត្រូវជា ១០។

បទុមវគ្គ ទី២

បទុមជាតក ទី១

[៣៨២] (សេដ្ឋីបុត្រទី ១ ពោលថា) សក់ក្ដី ពុកមាត់ក្ដី ដែលគេកោរ​កាត់​ចោល​ហើយ រមែងដុះ​ឡើងវិញ យ៉ាងណា សូមឲ្យច្រមុះ​របស់អ្នក​ដុះឡើងវិញ យ៉ាងនោះដែរ យើងសូម​ផ្កាឈូក​ហើយ អ្នកចូរឲ្យ។

[៣៨៣] (សេដ្ឋីបុត្រទី ២ ពោលថា) ពូជក្នុង​សរទកាល (រដូវរំហើយ) ដែល​គេព្រោះ​ក្នុងស្រែ រមែង​លូតលាស់ យ៉ាងណាមិញ សូមឲ្យច្រមុះ​របស់អ្នកដុះ​ឡើងវិញ យ៉ាងនោះដែរ យើងសូម​ផ្កាឈូក​ហើយ អ្នកចូរឲ្យ។

[៣៨៤] (សេដ្ឋីបុត្រពោធិសត្វ ទី៣ ពោលថា) ជនទាំងពីរនាក់នេះ និយាយកុហក ដោយ​គិតថា ធ្វើដូច​ម្ដេចហ្ន៎ (បុរសនេះ) នឹងឲ្យផ្កាឈូក​ទាំងឡាយខ្លះ ទោះជនទាំង​ពីរនាក់នោះ ពោលក្ដី មិនពោលក្ដី ការដុះឡើង​នៃច្រមុះ​គ្មានទេ ម្នាល​សំឡាញ់ សូមអ្នក​ឲ្យផ្កាឈូក​ទាំងឡាយ យើងសូមហើយ សូមអ្នកឲ្យ​ផ្កាឈូក​ទាំងឡាយ។

ចប់ បទុមជាតក ទី១។

មុទុបាណិជាតក ទី២

[៣៨៥] (ព្រះរាជធីតា ពោលថា) បើចូឡុបដ្ឋាក មានដៃដ៏ទន់ ១ ដំរី​ដែលព្រះអង្គ​បង្ហាត់​រាបសារ​ហើយ ១ ពេល​ងងឹតសូន្យ​ឈឹង ១ ភ្លៀងបង្អុរចុះ ១ គប្បី​មានក្នុង​កាលណា សេចក្ដី​ប៉ងក្នុង​ព្រះរាជ​ហឫទ័យ​របស់​ព្រះអង្គ គង់នឹង​សម្រេច ក្នុងកាលនោះ​មិនខាន។

[៣៨៦] (ព្រះរាជាពោធិសត្វជាបិតា ពោលថា) ស្រីទាំងឡាយនោះ បុគ្គល​មិនគួរ​និយាយ​ដោយពាក្យ​ទន់ភ្លន់ឡើយ ជាស្រី​ដែលបំពេញ​បានដោយកម្រ ប្រាកដ​ស្មើដោយ​ស្ទឹង រមែង​លិចចុះ (ក្នុងអបាយ ៤) បណ្ឌិតបុរស​ដឹងច្បាស់ហើយ គួរគេចចេញ​អំពី​ចម្ងាយ។

[៣៨៧] ស្រីទាំងនុ៎ះ ចូលទៅគប់រកបុរសណា ដោយសេចក្ដី​ពេញចិត្តក្ដី ដោយ​ទ្រព្យក្ដី តែងដុត​បំផ្លាញ​បុរសនោះ (ឲ្យវិនាស) យ៉ាងឆាប់ ដូចភ្លើង (ដែលឆេះ) នូវទីនៅ​របស់ខ្លួន។

ចប់ មុទុបាណិជាតក ទី២។

ចុល្លបលោភនជាតក ទី៣

[៣៨៨] (ព្រះរាជបុត្រពោធិសត្វ ពោលថា) លោកមក (តាមអាកាស) ដោយ​ខ្លួនឯង លើទឹក​មិនបែក​រលក ដោយ​អំណាច​នៃឫទ្ធិ លុះទៅ​ច្រឡូកច្រឡំ​ដោយស្រី ក៏លិចចុះ​ក្នុងសមុទ្រធំ។

[៣៨៩] ធម្មតាស្រីទាំងឡាយ រមែងញ៉ាំង​បុរសឲ្យ​វិលវល់ មានមាយាច្រើន ញ៉ាំង​ព្រហ្មចរិយធម៌​ឲ្យកំរើក រមែង​លិចចុះ (ក្នុង​អបាយ ៤) បណ្ឌិតបុរស ដឹងច្បាស់​ហើយ គប្បី​ចៀសវាង​អំពីចម្ងាយ។

[៣៩០] ស្ដ្រីទាំងឡាយនុ៎ះ ចូលទៅគប់រក​បុរសណា ដោយ​សេចក្ដី​ពេញចិត្តក្ដី ដោយ​ទ្រព្យក្ដី តែងដុត​បំផ្លាញបុរស​នោះ (ឲ្យវិនាស) យ៉ាងឆាប់ ដូចភ្លើង (ដែលឆេះ) នូវលំនៅ​របស់ខ្លួន។

ចប់ ចុល្លបលោភនជាតក ទី៣។

មហាបនាទជាតក ទី៤

[៣៩១] (ព្រះសាស្ដា ត្រាស់ថា) ព្រះរាជាអង្គនោះ ទ្រង់ព្រះនាម​បនាទៈ មាន​ប្រាសាទ​មាស មានទទឹង​ប្រវែងកិរិយា​ធ្លាក់ចុះនៃ​កូនសរ ១៦ (កន្លះយោជន៍) (អ្នកប្រាជ្ញ​ទាំងឡាយ) ពោលថា ប្រាសាទ​នោះកំពស់ ១ ពាន់តំណ​នៃកូនសរ (២៥ យោជន៍)។

[៣៩២] ប្រាសាទនោះ កំពស់ ១ ពាន់តំណនៃកូនសរ មានជាន់​ប្រាំពីរ បរិបូណ៌​ដោយទង់ ព័ន្ធព័ទ្ធ​ហើយដោយ​កែវមណី​មានពណ៌ខៀវ ពួករបាំ ៦០០០ ចែកជា​ប្រាំពីរចំណែក បានរាំលើ​ប្រាសាទ​នោះ (គ្រប់ ៗ ថ្នាក់)។

[៣៩៣] ម្នាលភទ្ទជិ អ្នកពោលហើយយ៉ាងណា ប្រាសាទនោះ​មានហើយ ក្នុង​កាលនោះ យ៉ាងនោះ តថាគត​កើតជាព្រះឥន្ទ្រ ជាវេយ្យាវច្ចករ របស់អ្នក។

ចប់ មហាបនាទជាតក ទី៤។

ខុរប្បជាតក ទី៥

[៣៩៤] (កូនរបស់ឈ្មួញរទេះ ពោលថា) អ្នកឃើញ​នូវព្រួញ​ដែលពួក​ចោរបាញ់​ហើយ​ដោយកំឡាំង​នៃធ្នូផង នូវព្រះខាន់​សំលៀង​ដោយប្រេង​ដ៏មុត ដែលពួក​ចោរកាន់​ហើយផង កាលសេចក្ដី​ស្លាប់ដែល​គួរខ្លាចនោះ ចូលមកតាំង​នៅចំពោះមុខ​ហើយ ហេតុ​អ្វីក៏អ្នក​មិនមាន​សេចក្ដី​តក់ស្លុតសោះ។

[៣៩៥] (ពោធិសត្វ ជាមេអ្នករក្សាដងព្រៃ ពោលថា) ខ្ញុំឃើញ​នូវ​ព្រួញដែល​បាញ់ហើយ​ដោយកំឡាំង​នៃធ្នូ នូវព្រះខាន់​សំលៀង​ដោយប្រេងដ៏មុត ដែលពួក​ចោរកាន់​ហើយ កាល​សេចក្ដី​ស្លាប់ដែល​គួរខ្លាចនោះ ចូលមក​តាំងនៅ​ចំពោះមុខ ខ្ញុំក៏​ត្រឡប់​បានសេចក្ដី​ត្រេកអរច្រើន​ដ៏លើសលុប។

[៣៩៦] ខ្ញុំនោះមានសេចក្ដីត្រេកអរ បានគ្របសង្កត់​នូវពួកសត្រូវ (ព្រោះថា) ខ្ញុំបាន​លះបង់​ជីវិតមុន​ហើយ ព្រោះថា បុគ្គល​អ្នកក្លៀវក្លា កាលធ្វើ​សេចក្ដី​អាល័យ​ក្នុងជីវិត គប្បីធ្វើ​នូវកិច្ច​របស់អ្នក​ក្លៀវក្លា​ក្នុងកាលណា ៗ មិនបានទេ។

ចប់ ខុរប្បជាតក ទី៥។

វាតគ្គសិន្ធវជាតក ទី៦

[៣៩៧] (កូនលា ពោលថា) អ្នកម្ដាយកើតរោគ​ស្គមលឿង ព្រោះតែប្ដីណា មិនពេញ​ចិត្តនឹងភត្ត ព្រោះតែ​ប្ដីណា ប្ដីនោះ​មកដល់ហើយ ឥឡូវនេះ ហេតុអ្វី​បានជា​អ្នកម្ដាយ​រត់ចេញ​ទៅ។

[៣៩៨] (មេលា ពោលថា) ម្នាលកូន ម្ដាយយល់ថា ធម្មតា សន្ថវៈ (របស់ស្រ្តី) កើតដោយ​ហេតុពីដម្បូង (ភ្លាម) យស​របស់ស្រ្តី​ទាំងឡាយ ក៏សាបសូន្យ ហេតុនោះ​បានជា​អញរត់​ចេញ។

[៣៩៩] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) ស្រ្តីណាមិនប្រាថ្នានូវបុរសមាន​យសកើត​ក្នុងត្រកូល ដែលគេ​នាំមកឲ្យ​ ស្រ្តីនោះ រមែងសោក​សៅអស់​កាលយូរ​អង្វែង ដូចជា​មេលា (ដែលយំសោកស្ដាយ) សេះសន្ធព ឈ្មោះ​វាតគ្គៈ។

ចប់ វាតគ្គសិន្ធវជាតក ទី៦។

សុវណ្ណកក្កដកជាតក ទី៧

[៤០០] (ដំរីពោធិសត្វ ពោលថា) ម្រឹគមានសម្បុរ​ដូចមាស (ក្ដាម) ជា​សត្វមាន​ភ្នែកលៀន​វែង មានឆ្អឹង​ជាស្បែក ជាសត្វ​នៅក្នុងទឹក មិនមានរោម យើង​ត្រូវក្ដាមនោះ​ថ្កៀប​ហើយ ទើបកំសត់​ទួញយំ​ សូមភរិយា​កុំលះបង់​នូវខ្ញុំដែល​ស្មើដោយ​ជីវិតឡើយ។

[៤០១] (មេដំរី ពោលថា) បពិត្រអ្នកជាម្ចាស់ ខ្ញុំមិន​លះបង់​អ្នកដែល​ជាដំរីថម​ថយកំឡាំង​ក្នុងកាលនៃ​ខ្លួនមានអាយុ ៦០ ឆ្នាំឡើយ ខ្ញុំស្រឡាញ់​អ្នកក្រៃលែង​ជាង​ប្រថពី​ដែលទល់​នឹងសមុទ្រ​ទាំង ៤ ទៅទៀត។

[៤០២] (មេដំរី ពោលថា) ពួកក្ដាមណា ដែលនៅក្នុង​សមុទ្រក្ដី ក្នុងទន្លេគង្គា​ក្ដី យមុនា​ក្ដី អ្នកជា​សត្វទឹក​ប្រសើរ​ជាងក្ដាម​ទាំងនោះ សូមអ្នក​មេត្តាលែងប្ដី កាលដែល​ខ្ញុំកំពុង​ទួញយំ​រកប្ដី សូមអ្នក​មេត្តាលែងប្ដី (របស់ខ្ញុំ) មកវិញ ក្នុងកាល​ឥឡូវនេះ។

ចប់ សុវណ្ណកក្កដកជាតក ទី៧។

អារាមទូសកជាតក ទី៨

[៤០៣] (បុរសពោធិសត្វ ពោលថា) ស្វាណា ដែលគេសន្មត​ថា ជា​សត្វប្រសើរ​បំផុត​ជាងពួកស្វា ដែលមាន​ជាតិស្មើគ្នានេះ ប្រាជ្ញា​របស់ស្វា​នោះ មានតែ​ត្រឹមប៉ុណ្ណេះ ពួក​សត្វ (ស្វា) ក្រៅនេះ នឹងមានប្រាជ្ញា​ដូចម្ដេចទៅ។

[៤០៤] (ហ្វូងស្វា ពោលថា) បពិត្រអ្នកដ៏ប្រសើរ ការតិះដៀល​យ៉ាង​នេះ​ ព្រោះ​តែមិន​ដឹង បុគ្គលមិន​ឃើញនូវឫស ហើយគប្បី​ដឹងនូវ​ដើមឈើ​ដែលតាំង​នៅស៊ប់ ដូចម្ដេច​កើត។

[៤០៥] (ពោធិសត្វ ពោលថា) យើងមិនតិះដៀល​ពួកអ្នក​ដែលជា​ពានរ អាស្រ័យ​នៅក្នុង​ព្រៃនេះទេ តែថា​ពួកជនអ្នក​ដាំដើមឈើ​ដើម្បីប្រយោជន៍​ដល់ស្ដេច​វិស្សសេនណា ស្ដេច​វិស្សសេននោះ គួរគេតិះ​ដៀលបាន។

ចប់ អារាមទូសកជាតក ទី៨។

សុជាតាជាតក ទី៩

[៤០៦] (ព្រះរាជាពោធិសត្វ ត្រាស់ថា) ពួកជន​ប្រកបដោយសម្បុរ មាន​សំឡេង​ពីរោះ មានរូបជា​ទីស្រឡាញ់ គួររមិល​មើល តែជា​អ្នកមានវាចា​រឹងរូស មិនជា​ទីស្រឡាញ់​របស់​អ្នកផង​ក្នុងលោកនេះ និងលោក​ខាងមុខទេ។

[៤០៧] ព្រះមាតាឃើញមេតាវ៉ៅខ្មៅនេះ ដែលមានសម្បុរ​អាក្រក់ ដេរដាស​ដោយ​ពណ៌​ពព្រុះអុច ៗ តែថាជាទី​ស្រឡាញ់ របស់​សត្វច្រើន ដោយសារ​វាចា​ពីរោះឬទេ។

[៤០៨] ព្រោះហេតុនោះ បុគ្គល​គប្បីជាអ្នកមាន​វាចាល្អិតល្អ ជាអ្នក​ពោលពាក្យ​លៃតាម​ប្រាជ្ញា មិនមាន​ចិត្តរាយមាយ រមែងសំដែង​នូវអត្ថ និងធម៌ ភាសិត​របស់​បុគ្គល​នោះ ទើបឈ្មោះ​ថាពីរោះ។

ចប់ សុជាតាជាតក ទី៩។

ឧលូកជាតក ទី១០

[៤០៩] (ក្អែកពោលថា) ឮថាពួកញាតិទាំងអស់ បានលើក​កោសិយៈ (មៀម) ឲ្យធ្វើ​ជាធំ ប្រសិនបើ​ពួកញាតិ​អនុញ្ញាត ខ្ញុំសូម​និយាយនូវ​ពាក្យមួយ​ម៉ាត់។

[៤១០] (ហ្វូងសត្វស្លាប ពោលថា) ម្នាលសំឡាញ់ យើងអនុញ្ញាត​ហើយ អ្នកចូរ​និយាយ​នូវហេតុ និងពាក្យ​ដែលជាប់​ទាក់ទង​ដោយ​បវេណី​ប៉ុណ្ណោះ ដ្បិតពួក​បក្សីក្មេង ៗ ដែល​មានប្រាជ្ញា ទ្រទ្រង់នូវ​សេចក្ដី​រុងរឿង ​នៅមាន។

[៤១១] (ក្អែក ពោលថា) សូមឲ្យអ្នក​ទាំងឡាយ មានសេចក្ដី​ចំរើន ការដែល​អភិសេក​មៀម មិនពេញ​ចិត្តខ្ញុំទេ អ្នកទាំងឡាយ ចូរមើលមុខ​មៀម ដែលមិន​ទាន់ខឹង (បែបនេះ​ទៅហើយ) ចំណង់បើ​ខឹងហើយ តើវា​ធ្វើមុខ​ដូចម្ដេចទៅ។

ចប់ ឧលូកជាតក ទី១០។

ចប់ បទុមវគ្គ ទី២។

ឧទ្ទាននៃបទុមវគ្គនោះគឺ

និយាយអំពីផ្កាឈូកដ៏ឧត្តម ១ ដំរីមានសិរី ១ សមុទ្រធំ ១ ប្រាសាទ ១ ព្រួញ​ដ៏​ប្រសើរ ១ លាញីឈ្មោះ​ភទ្ទលី ១ ដំរី ១ ដើមឈើ ១ វាចារឹងរូស ១ ស្ដេចមៀម ១ ត្រូវជា ១០។

ឧទបានវគ្គ ទី៣

ឧទបានទូសកជាតក ទី១

[៤១២] (ឥសីពោធិសត្វ សួរថា) ម្នាលសំឡាញ់ ហេតុអ្វី​បានជាអ្នក​ប្រទូស្ត​អណ្ដូងទឹក ដែលបុគ្គល​ធ្វើបានដោយ​ក្រ របស់​ឥសី​អ្នកនៅ​ក្នុងព្រៃ ប្រព្រឹត្ត​តបធម៌ អស់រាត្រី​ដ៏អង្វែង។

[៤១៣] (ចចក ពោលថា) ពួកយើងផឹកទឹក​ក្នុងទីណា ហើយជុះនោម បំផ្លាញ (ទីនោះ) នេះជាធម្មតា​របស់ចចក​ទាំងឡាយ នេះជា​ធម្មតា​របស់មាតា និង​ជីតា អ្នកមិនគួរ​ពោលទោស​ចំពោះ​ធម្មតានោះ។

[៤១៤] (ពោធិសត្វ ពោលថា) អាការនេះធម្មតា​របស់ពួក​អ្នកណា ចំណង់​បើអាការ​មិនមែន​ជាធម្មតា នឹងប្រាកដ​ដូចម្ដេចទៅ យើង​សូមកុំ​ឲ្យជួបប្រទះ​នឹងអាការ​ជា​ធម្មតា ឬមិនមែនជា​ធម្មតារបស់​ពួកនោះ ក្នុងកាល​ណាឡើយ។

ចប់ ឧទបានទូសកជាតក ទី១។

ព្យគ្ឃជាតក ទី២

[៤១៥] (រុក្ខទេវតាពោធិសត្វ ពោលថា)សេចក្ដីក្សេម​ចាកយោគៈ គឺ​សេចក្ដី​សុខកាយ សុខចិត្ត រមែង​សាបសូន្យទៅ ព្រោះច្រឡូក​ច្រឡំ​ដោយ​បាបមិត្តណា បណ្ឌិត​គប្បីញាំញី​នូវបាបមិត្ត​នោះជាមុន ហើយគប្បី​រក្សា (ខ្លួន) ដូចបុគ្គល​កាលរក្សា​នូវភ្នែក​ដូច្នោះ។

[៤១៦] សេចក្ដីក្សេមចាកយោគៈ រមែងចំរើនឡើង ព្រោះច្រឡូក​ច្រឡំ​ដោយ​កល្យាណមិត្ត​ណា បណ្ឌិត​គប្បីធ្វើ​នូវការប្រព្រឹត្តិ​ក្នុង​កិច្ចទាំងពួង​ឲ្យស្មើនឹងខ្លួន។

[៤១៧] (ទេវតាពាល ពោលថា) នែខ្លា និងសីហៈ អ្នកទាំងឡាយ ចូរមក ចូរត្រឡប់​ទៅកាន់​ព្រៃធំ​វិញចុះ កុំឲ្យមហា​ជនកាប់ព្រៃ​របស់យើង ព្រោះតែ​ព្រៃមិន​មានខ្លា កុំឲ្យខ្លា​ និងសីហៈ​ជាសត្វមិនមាន​ព្រៃឡើយ។

ចប់ ព្យគ្ឃជាតក ទី២។

កច្ឆបជាតក ទី៣

[៤១៨] (តាបសពោធិសត្វ ពោលថា )បុគ្គលណាហ្ន៎ ដើរមក ហាក់​ដូចជា​បុគ្គល​អ្នកមានភត្ត​ដួសស្រេច​ហើយ ឬដូចជា​ព្រាហ្មណ៍ មានលាភពេញ​ដៃ អ្នកដើរ​ទៅសូម​ក្នុងទី​ណា ឬអ្នកចូល​ទៅរក​បុគ្គលណា ដែលមាន​សទ្ធា។

[៤១៩] (ពានរ ពោលថា) ខ្ញុំជាស្វាឥតប្រាជ្ញា បានប៉ះពាល់​នូវវត្ថុ​ទាំងឡាយ​ដែល​គេមិន​គួរប៉ះពាល់ សូមលោកម្ចាស់​ដោះខ្ញុំឲ្យរួច សូមសេចក្ដី​ចំរើន​ចូរមាន​ដល់លោក ខ្ញុំនោះ​បានរួច​ហើយ នឹងទៅកាន់​ភ្នំវិញ។

[៤២០] (ពោធិសត្វ ពោលថា) ពួកអណ្ដើក ជាកស្សបគោត្ត ពួកស្វា​ជា​កោណ្ឌញ្ញគោត្ត ម្នាលកស្សប អ្នកចូរលែង​កោណ្ឌញ្ញ (ស្វាទ្រុស្តសីលនេះ) ដែល​ធ្វើ​មេថុនកម្ម​នឹងអ្នក។

ចប់ កច្ឆបជាតក ទី៣។

លោលជាតក ទី៤

[៤២១] (ព្រាបពោធិសត្វ ពោលថា) កុកនេះដូចម្ដេច មានសីរជា​សត្វល្មួច មាន​ពពក​ជាជីតា នែកុក អ្នកចូល​មកអាយ (ព្រោះ) ក្អែកជា​សំឡាញ់​យើង ជា​សត្វកាច។

[៤២២] (ក្អែក ពោលថា) ខ្ញុំមិនមែនជាកុក​មានសីរទេ ខ្ញុំជាក្អែក​រលោរលាំ អ្នកទើប​នឹងមក ចូរមើលខ្ញុំ​ដែលត្រូវ​គេដកស្លាប ព្រោះតែ​មិនធ្វើតាម​ពាក្យរបស់អ្នក។

[៤២៣] (ពោធិសត្វ ពោលថា) ម្នាលសំឡាញ់ អ្នកនឹងប្រទះ (បែបនេះ) ម្ដងទៀត​ពុំខាន ព្រោះថា​សីល (មារយាទ) របស់អ្នក​ប្រាកដ​ដូច្នោះ គ្រឿងបរិភោគ​ទាំងឡាយ ជារបស់​នៃ​មនុស្ស មិនមែន​សត្វស្លាប​បរិភោគបាន​ដោយងាយ​ឡើយ។

ចប់ លោលជាតក ទី៤។

រុចិរជាតក ទី៥

[៤២៤] (ពោធិសត្វ ពោលថា) កុកនេះជាអ្វី មានសម្បុរ​រលើប មកនៅ​ក្នុង​សំបុក​ក្អែក សំបុកនេះ​ជារបស់ក្អែក​ណា ក្អែកជា​សំឡាញ់​របស់ខ្ញុំនោះ កាចណាស់។

[៤២៥] (ក្អែក ពោលថា) ម្នាលសំឡាញ់ស្មើចិត្ត ជាសត្វ​មានកំណើតពីរ ក្រែង​អ្នកស្គាល់​ខ្ញុំដែលជាសត្វ​មានពូជស្មៅ​ជាភោជន​ដែរឬ អ្នកទើប​នឹងមក ចូរមើលខ្ញុំ​ដែលគេ​ដកស្លាប ព្រោះតែ​មិនធ្វើ​តាមពាក្យ​របស់អ្នក។

[៤២៦] (ពោធិសត្វ ពោលថា) ម្នាលសំឡាញ់ អ្នកនឹងប្រទះ (បែបនេះ) ម្ដងទៀត​ពុំខាន ព្រោះថា សីលធម៌​របស់អ្នក​ប្រាកដ​ដូច្នោះ គ្រឿងបរិភោគ​ទាំងឡាយ ជា​របស់​មនុស្ស មិនមែន​សត្វស្លាប​បរិភោគ​បាន​ដោយងាយ​ឡើយ។

ចប់ រុចិរជាតក ទី៥។

កុរុធម្មជាតក ទី៦

[៤២៧] (ពួកព្រាហ្មណ៍ ក្រាបទូលថា) បពិត្រព្រះជនាធិបតី យើង​ទាំងឡាយ ដឹងច្បាស់​នូវសទ្ធា និងសីល​របស់ព្រះអង្គ​ហើយ នឹងទទួល​យកនូវដំរី​មានសម្បុរ​ប្រាកដ​ស្មើ​ដោយផ្កាអញ្ជ័ន ទៅក្នុង​សំណាក់នៃ​ព្រះបាទកាលិង្គៈ។

[៤២៨] (ព្រះរាជាពោធិសត្វ ពោលថា) ពួកសត្វ​ដែលយើង​ចិញ្ចឹមដោយ​បាយក្ដី មិន​ចិញ្ចឹមក្ដី សត្វណា​ក្នុងជីវលោក​នេះ ដើរមក​សំដៅយើង ពួកសត្វទាំង​អស់នោះ យើងមិន​បានឃាត់ឡើយ នេះជាពាក្យ​របស់បុព្វាចារ្យ (មាតា បីតារបស់​យើង)។

[៤២៩] ម្នាលព្រាហ្មណ៍ទាំងឡាយ យើងឲ្យដំរី​ដ៏ប្រសើនេះ ដែល​សមគួរ​ដល់​ព្រះរាជា ជាជំនិះ​របស់​ព្រះរាជា មានយស ប្រដាប់​តាក់តែងហើយ បំពាក់​ហើយ​ដោយ​បណ្ដាញមាស​ ដល់អ្នក​ទាំងឡាយ អ្នកទាំងឡាយ ព្រមទាំង​សារថី (ចូរនាំ) ទៅតាម​ប្រាថ្នា​ចុះ។

ចប់ កុរុធម្មជាតក ទី៦។

រោមជាតក ទី៧

[៤៣០] (តាបស ពោលថា) ម្នាលរោមកៈ យើងនៅក្នុង​គុហាភ្នំ ជាង ៥០ ឆ្នាំ ពួក​អណ្ឌជសត្វ (សត្វកើតអំពី​ពងទាំងនេះ ) មិនមាន​សេចក្ដីរង្កៀស ជាសត្វ​មានចិត្ត​ស្លូតត្រង់ រមែង​មកកាន់​កណ្ដាប់ដៃ​នៃយើងក្នុង​កាលមុន។

[៤៣១] ម្នាលសត្វមានអវយវៈក្ងក់ ឥឡូវនេះ ពួកទិជសត្វ (សត្វកើត​ពីរដង) ទាំងនោះ (ឃើញ) ហេតុអ្វី​បានជាមាន​សេចក្ដី​ខ្វល់ខ្វាយ (គេចចេញ​អំពីញកភ្នំនេះ) ទៅនៅ​ញកភ្នំ​ដទៃវិញ ក្រែង (ពួកបក្សី​ទាំងនេះ) ទៅឃ្លាតយូរ បានជា​មិនស្គាល់​យើងដូចជា​ក្នុងកាល​មុន ឬក៏​ពួកបក្សី​ទាំងនេះ មិនមែនជា​ពួកបក្សី​ទាំងនោះទេ។

[៤៣២] (ពោធិសត្វ ពោលថា) ពួកយើងស្គាល់​លោក មិនមែនច្រឡំទេ លោក ក៏គឺលោកហ្នឹង​ដដែល ពួកយើង គឺសត្វទាំងនោះ មិនមែន​ជាសត្វ​ដទៃទេ តែថា ចិត្តរបស់​លោក ប្រទូស្តចំពោះ​ពួកជននេះ ម្នាលអាជីវក ព្រោះហេតុនោះ បានជា​ពួកយើង​តក់ស្លុត​នឹងលោក។

ចប់ រោមជាតក ទី៧។

មហិសជាតក ទី៨

[៤៣៣] (រុក្ខទេវតា ពោលថា) អ្នកអាស្រ័យហេតុ​ដូចម្ដេច ទើបអត់​ទ្រាំនូវ​សេចក្ដី​លំបាក​នេះ​នឹងស្វា​មានចិត្តរហ័ស ជាសត្វ​ប្រទូស្ត មិត្ត (ដូចជា​បុគ្គល​អត់ទ្រាំ​នឹង​សេចក្ដី​លំបាក) នឹងម្ចាស់​ដែល​ជាអ្នកឲ្យ​សេចក្ដី​ប្រាថ្នាទាំងពួង។

[៤៣៤] អ្នកចូរវ័ធស្វានេះដោយស្នែង ចូរជាន់​កំទេច​ដោយជើងចុះ ប្រសិនបើ​មិនមាន​អ្នកកំចាត់​បង់ទេ ពួកពាល​នឹងគប្បី​រឹងរឹត​បៀតបៀន​ឡើង។

[៤៣៥] (ពោធិសត្វ ពោលថា) ស្វានេះ កាលមើលងាយខ្ញុំបាន គង់នឹងធ្វើ (អនាចារ) យ៉ាងនេះ នឹងក្របី​ដទៃទៀត ក្របីទាំង​នោះ នឹងសម្លាប់​វាក្នុងទីនោះ ការរួច (ចាក​សេចក្ដី​លំបាក) នោះ នឹង​មានដល់ខ្ញុំ។

ចប់ មហិសជាតក ទី៨។

សតបត្តជាតក ទី៩

[៤៣៦] (ព្រះសាស្ដា ត្រាស់ថា) មាណពសំគាល់នូវមេចចក​ក្នុងផ្លូវ ជាសត្វ​គោចរ​ទៅក្នុងព្រៃ ប្រាថ្នា​នូវសេចក្ដី​ចំរើន តែងប្រាប់​ហេតុឲ្យដឹង ថាជា​សត្វប្រាថ្នា​នូវសេចក្ដី​វិនាស សំគាល់​នូវសត្វ​ចចាត ជាសត្វប្រាថ្នា​នូវសេចក្ដី​វិនាស ថាជាសត្វ​ប្រាថ្នា​នូវ​សេចក្ដី​ចំរើន យ៉ាងណាមិញ។

[៤៣៧] បុគ្គលខ្លះ​ក្នុងលោកនេះ ជាអ្នកប្រាកដដូច្នោះ ដែលជន​ទាំងឡាយ អ្នក​ប្រាថ្នានូវ​ប្រយោជន៍ ពោលពាក្យ (ប្រៀនប្រដៅ) ទទួលយក​ឆ្វេងទៅវិញ ក៏យ៉ាង​នោះដែរ។

[៤៣៨] មួយទៀត ពួកបុគ្គលណា សរសើរនូវបុគ្គលនោះក្តី លើកដំកើង​បុគ្គល​នោះ ព្រោះភ័យក្ដី បុគ្គលនោះ រមែងសំគាល់​ពួកបុគ្គល​ថាជាមិត្ត ដូចមាណព (កាល​សំគាល់) នូវសត្វ​ចចាត ថាជា​មិត្តដូច្នោះ។

ចប់ សតបត្តជាតក ទី៩។

បូដទូសកជាតក ទី១០

[៤៣៩] (ពោធិសត្វ ពោលថា) មិគរាជ គឺស្ដេចស្វា ជាសត្វឈ្លាស​ក្នុងការ​ធ្វើ​កញ្ចប់​ស្លឹកឈើ​ដោយពិត ព្រោះហេតុដូច្នោះ ទើបបាន​បំផ្លាញ​កញ្ចប់ចោល នឹង​ធ្វើកញ្ចប់​ដទៃឲ្យ​ល្អជាងកញ្ចប់​មុនដោយ​ពិត។

[៤៤០] (ពានរ ពោលថា) បិតា ឬមាតារបស់ខ្ញុំ មិនមែន​ជាសត្វឈ្លាស​ក្នុងការ​ធ្វើកញ្ចប់​ទេ តែពួកខ្ញុំ បានតែខាង​បំផ្លាញនូវ​វត្ថុដែលគេ​ធ្វើហើយ ៗ ប៉ុណ្ណោះ នេះជា​ត្រកូល (របស់ពានរ) តែងមាន​យ៉ាងនេះ ជាធម្មតា។

[៤៤១] (ពោធិសត្វ ពោលថា) ធម្មតារបស់ពួកអ្នកណា ប្រាកដយ៉ាង​នេះទៅហើយ ចំណង់​បើ​មិនមែន​ធម្មតា តើនឹងដូច​ម្ដេចទៅវិញ យើងសូម​កុំឲ្យ​ជួបប្រទះ​នឹង​អាការ​ជាធម្មតា ឬមិនមែន​ជាធម្មតា​របស់ពួក​អ្នកនោះ ក្នុងកាល​ណាឡើយ។

ចប់ បូដទូសកជាតក ទី១០។

ចប់ ឧទបានវគ្គ ទី៣។

ឧទ្ទាននៃឧទបានវគ្គនោះគឺ

និយាយអំពីអណ្ដូងទឹកប្រសើរ ១ ខ្លាក្នុងព្រៃ ១ ស្វា ១ កុកមានសីរ ១ កុក​ដ៏រលើប​ល្អ ១ ជនាធិបតីល្អ ១ ព្រាបឈ្មោះ​រោមកៈ ១ ស្វាប្រទូស្ត ១ សត្វចចាត ១ ការធ្វើកញ្ចប់ ១ ត្រូវជា ១០។

អព្ភន្តរវគ្គ ទី៤

អព្ភន្តរជាតក ទី១

[៤៤២] (សក្កទេវរាជ ត្រាស់ថា) នាងនារីមានបែប​ចាញ់ផ្ទៃ បាន​បរិភោគ​ផ្លែឈើ (ស្វាយ) ឈ្មោះ​អព្ភន្តរៈ​ជាទិព្វ ហើយប្រសូត (ព្រះរាជបុត្រ) ជាសេ្ដច​ចក្រពត្តិ។

[៤៤៣] ម្នាលនាងដ៏ចំរើន នាងជាមហេសី ទាំងជាទី​ស្រឡាញ់​របស់​ព្រះរាជា​ជាភស្តា ព្រះរាជា​នឹងនាំ​ផ្លែស្វាយ ឈ្មោះ​អព្ភន្តរៈ​នេះ មកដល់នាង។

[៤៤៤] (កូនសេក ពោលថា) បុគ្គលអ្នកក្លៀវក្លា ស៊ូលះបង់​ខ្លួន ប្រឹងប្រែង​ក្នុង​ប្រយោជន៍​របស់បុគ្គល​អ្នកចិញ្ចឹម [បុគ្គលអ្នកចិញ្ចឹម មាន៣ គឺ មាតា បិតា ស្វាមី។ អដ្ឋកថា។] ខ្លួន រមែងបាននូវ​ឋានៈណា ខ្ញុំបាននូវ​ឋានៈ​នោះដែរ។

ចប់ អព្ភន្តរជាតក ទី១។

សេយ្យជាតក ទី២

[៤៤៥] (ព្រះរាជាពោធិសត្វ ត្រាស់ថា) បុគ្គលណា គប់រក​នូវបុគ្គល​ប្រសើរ (បុគ្គលនោះ) ជាអ្នកមាន​ចំណែកប្រសើរ ជាអ្នក​ប្រសើរបំផុត ខ្ញុំបាន​ធ្វើនូវការ​ជាប់ត​ជាមួយ​នឹងស្ដេច ជាចោរ​ម្នាក់ (ដោយមេត្តាភាវនា) បានដោះ​អ្នកទាំងឡាយ ១០០ នាក់ ដែល​ត្រូវគេ​សំឡាប់ (ឲ្យរួចបាន)។

[៤៤៦] ព្រោះហេតុនោះ បុគ្គលម្នាក់ឯង ធ្វើនូវការ​ជាប់តជា​មួយនឹង​លោក​ទាំងមូល (ដោយ​មេត្តាភាវនា) លុះទំលាយ​ខន្ធទៅ គប្បីបាន​ឋានសួគ៌ អ្នកទាំងឡាយ​ដែលនៅ​ក្នុង​ដែនកាសី ចូរស្ដាប់​នូវពាក្យ​របស់យើង​នេះចុះ។

[៤៤៧] (ព្រះសាស្ដា ត្រាស់ថា) ព្រះរាជាជាធំ ព្រះនាមកំសៈ ព្រះអង្គ​គ្រប់គ្រង​ក្រុង​ពារាណសី បានត្រាស់​ដូច្នេះហើយ ទ្រង់ដាក់​ធ្នូ និង​ព្រួញចោល ហើយទើប​ចូលទៅកាន់​ការសង្រួម គឺបព្វជ្ជា។

ចប់ សេយ្យជាតក ទី២។

វឌ្ឍកីសូករជាតក ទី៣

[៤៤៨] (ជដិលមានចិត្តកោង ពោលថា) ការពីដើម អ្នករឹបជាន់​នូវជ្រូក​ទាំងឡាយ ក្នុងប្រទេស​នេះ តែងសំឡាប់​ជ្រូកដ៏ប្រសើរ ៗ បាន ម្នាលខ្លា ឥឡូវនេះ អ្នកនោះ​ត្រឡប់​មកម្នាក់ឯង សញ្ជប់សញ្ជឹង ម្នាលខ្លា ថ្ងៃនេះ​កំឡាំងកាយ​របស់អ្នក​គ្មានទេ​ឬ។

[៤៤៩] (ខ្លា ពោលថា) កាលពីដើម ជ្រូកទាំងនេះ​ជាច្រើន ត្រូវភ័យ​បៀត​បៀន​ហើយ ក៏ស្វែងរក​ទីជ្រកកោន ហើយក៏បោល​ទៅកាន់ទិស​តូចទិសធំ ឥឡូវនេះ ជ្រូកទាំង​នេះ ឋិតនៅ​ក្នុងទីណា ដែលខ្ញុំ​បៀតបៀន​មិនបាន ជ្រូកទាំងនោះ ក៏មក​ជួបជុំគ្នា នៅក្នុង​ទីនោះ​ជាមួយគ្នា។

[៤៥០] (រុក្ខទេវតា ពោលថា) យើងសូមថ្វាយបង្គំពួកជ្រូក ដែលមក​ជួបជុំគ្នា (ក្នុងទីនេះ) យើងបាន​ឃើញនូវ​មិត្តភាព (របស់​អ្នកទាំងឡាយ) ដ៏អស្ចារ្យ​ដោយខ្លួន​ឯង​ទើបពោល ព្រោះថា ពួកម្រឹគ​មានខ្នាយ បានឈ្នះ​នូវខ្លា រួចចាក (មរណភ័យ) ដោយ​សេចក្ដី​ព្រមព្រៀង​ក្នុងពួកជ្រូក​មានខ្នាយ​ជាកំឡាំង។

ចប់ វឌ្ឍកីសូករជាតក ទី៣។

សិរីជាតក ទី៤

[៤៥១] (ព្រះសាស្ដា ត្រាស់ថា) ពួកបុគ្គលឥតបុណ្យ ខ្វល់ខ្វាយ​ប្រមូល​ទ្រព្យណា​ដ៏ច្រើន ចំណែក​ខាងបុគ្គល​អ្នកមានបុណ្យ ទោះមាន​សិល្បៈក្ដី មិនមាន​សិល្បៈក្ដី ក៏រមែង​បាន​បរិភោគនូវ​ទ្រព្យទាំងនោះ។

[៤៥២] ភោគៈទាំងឡាយច្រើន រមែងកន្លងនូវ​ពួកបុគ្គល​ឥតបុណ្យ កើត​ឡើង​សម្រាប់​បុគ្គល​អ្នកមានបុណ្យ​ធ្វើហើយ ក្នុងទីទាំងពួង សូម្បីក្នុងទី​មិនមែន​ជាកន្លែង​សម្រាប់​កើត។

[៤៥៣] មាន់ឈ្មោលក្ដី កែវមណីក្ដី ឈើច្រត់ក្ដី នាងបុញ្ញលក្ខណាទេវី ជាប្រពន្ធ (របស់សេដ្ឋី) ក្ដី រមែងកើត​ឡើងដល់​អនាថបណ្ឌិតសេដ្ឋី អ្នកមិន​មានបាប ជាអ្នក​មានបុណ្យ​ធ្វើហើយ។

ចប់ សិរីជាតក ទី៤។

មណិសូករជាតក ទី៥

[៤៥៤] (ពួកជ្រូក ពោលថា) យើងខ្ញុំប្រមាណ ៣០ នាក់ នៅក្នុង​មណិគុហា អស់​ប្រាំពីរឆ្នាំ យើងខ្ញុំ​ប្រឹក្សាគ្នាថា យើងខ្ញុំ​កំចាត់បង់​នូវពន្លឺនៃ​កែវមណី​ដូច្នេះ។

[៤៥៥] យើងខ្ញុំដដុសកែវមណី ដរាបណា កែវមណី​រឹងរឹតតែ​ភ្លឺឆ្លុះឡើង ឥឡូវនេះ យើងខ្ញុំសូម​សួរនូវហេតុ​នេះថា លោកយល់​នូវកិច្ច​ដូចម្ដេច ក្នុងរឿងនេះ។

[៤៥៦] (ពោធិសត្វ ពោលថា) កែវមណីនេះ ដូចជា​កែវពៃទូរ្យ មិនមែន​កញ្ចក់ ជាកែវ​ស្អាត​ឥតមន្ទិល អ្នកណាមួយ​មិនអាច​ដើម្បីកំចាត់​បង់ពន្លឺនៃ​កែវមណីនុ៎ះ ឲ្យស្អាប់​សម្បុរ​បាន នែជ្រូក​ទាំងឡាយ ពួកអ្នក ចូរចៀស​ចេញទៅ។

ចប់ មណិសូករជាតក ទី៥។

សាលុកជាតក ទី៦

[៤៥៧] (គោឈ្មោះ​មហាលោហិត​ពោធិសត្វ ពោលថា) អ្នកកុំប្រាថ្នា (នូវអាហារ) របស់ជ្រូក​ឈ្មោះ​​សាលុក​​ឡើយ (ដ្បិតជ្រូកនេះ) បរិភោគបាយ ជាគ្រឿងក្ដៅ​ក្រហាយ អ្នកចូរ​មានសេចក្ដី​ខ្វល់ខ្វាយ​តិច ហើយបរិភោគ​នូវអង្កាមចុះ ការបរិភោគ​នូវអង្កាម​នេះឯង​ហើយ ជាលក្ខណៈនៃ​ហេតុឲ្យ​អាយុវែង។

[៤៥៨] បុរសអ្នករៀបការនោះជាសេវកៈ (ប្រកបដោយ​បរិសទ្យ) ជាភ្ញៀវ​មកប្រជុំ​ក្នុង​ទីនេះ ក្នុងកាល​ឥឡូវនេះ អ្នកនឹង​ឃើញជ្រូក​ឈ្មោះ​សាលុក​ដេកស្ងៀម ត្រូវគេ​សម្លាប់ក្នុង​ចន្លោះនៃ​អង្រែ​មិនខាន។

[៤៥៩] (ព្រះសាស្ដា ត្រាស់ថា) គោចាស់ (ទាំងពីរ) ឃើញ​ជ្រូកដេក​ស្ងៀម ត្រូវគេ​សម្លាប់​ក្នុងចន្លោះ​នៃអង្រែ​ដែលគេ​កាច់​ហើយ ក៏គិតថា អង្កាម​ជាអាហារ​ដ៏ប្រសើរ​របស់យើង។

ចប់ សាលុកជាតក ទី៦។

លាភគរហិកជាតក ទី៧

[៤៦០] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) បុគ្គលមិនឆ្កួត រមែង​មិនបាន​លាភក្នុង​សំណាក់​នៃមនុស្ស​ល្ងង់ទេ បុគ្គល​មិននិយាយ​ញុះញង់ រមែង​មិនបាន​លាភក្នុង​សំណាក់​នៃមនុស្ស​ល្ងង់ទេ បុគ្គល​មិនមែន​អ្នករបាំ រមែង​មិនបាន​លាភ​ក្នុង​សំណាក់​នៃមនុស្ស​ល្ងង់ទេ បុគ្គលមាន​សំដីក្រអឹម​ក្រអៀម រមែង​មិនបាន​លាភក្នុង​សំណាក់​នៃមនុស្ស​ល្ងង់ទេ នេះជា​ពាក្យប្រៀន​ប្រដៅ​របស់អ្នក។

[៤៦១] (កូនសិស្ស ពោលថា) បពិត្រព្រាហ្មណ៍ ខ្ញុំសូមតិះដៀល​នូវការ​បានយស និង​ការបាន​ទ្រព្យ ព្រោះតែ​ប្រព្រឹត្ត​ចិញ្ចឹម​ជីវិត​ដោយធ្វើខ្លួន​ឲ្យលិចលង់ (ដោយ​កិច្ចមាន​កិរិយា​សម្លាប់​គេជាដើម) ឬដោយ​ការប្រព្រឹត្តិ​នូវទុច្ចរិត។

[៤៦២] បុគ្គលសូវធ្វើជាអ្នកបួស កាន់បាត្រ (ដើរសូមគេ) (ព្រោះថា) ការប្រព្រឹត្តិ​ចិញ្ចឹម​ជីវិត​នេះឯង ប្រសើរ​បំផុតជាង​កិរិយាស្វែង​រកចិញ្ចឹម​ជីវិត​ដោយអធម៌។

ចប់ លាភគរហិកជាតក ទី៧។

មច្ឆទានជាតក ទី៨

[៤៦៣] (ពោធិសត្វ ពោលថា) ត្រីទាំងឡាយ ថ្លៃមួយពាន់​កហាបនៈ លើសដោយ (៧ មាសក) មិនមាន​អ្នកណាមួយ ជឿនូវ​ហេតុនេះ តែថា (មក) ដល់អញ​ក្នុងទីនេះ​នៅតែថ្លៃ ៧ មាសក អញគប្បី​ទិញនូវ​ពួកត្រីនោះ។

[៤៦៤] (នទីទេវតា ពោលថា) អ្នកបានឲ្យភោជន​ដល់ពួកត្រី ហើយ​ផ្សាយ​ចំណែក​ផល​ដល់ខ្ញុំ ខ្ញុំរលឹក​នូវទក្ខិណា​នោះ ជាសេចក្ដី​គោរពដែល​អ្នកធ្វើ​ហើយ (ទើប​រក្សាទ្រព្យ​នេះទុកឲ្យ​អ្នក)។

[៤៦៥] សេចក្ដីចំរើន មិនមានដល់បុគ្គល​អ្នកមាន​ចិត្តប្រទូស្ត​ឡើយ មួយទៀត បុគ្គលណា​ធ្វើអំពើ​អាក្រក់ បោកប្រាស​ទ្រព្យសម្បត្តិ ដែលជា​កេរ្តិ៍មត៌ក​របស់បិតា និងបង​ប្អូន​ឯង ពួកទេវតា​ក៏មិនបូជា​បុគ្គលនោះឡើយ។

ចប់ មច្ឆទានជាតក ទី៨។

នានាឆន្ទជាតក ទី៩

[៤៦៦] (ព្រាហ្មណ៍បុរោហិត ពោលថា) បពិត្រមហារាជ យើងខ្ញុំ​ទាំងឡាយ មាន​ចំណង់​ផ្សេង ៗ គ្នា នៅក្នុងផ្ទះ​ជាមួយគ្នា ចំណែក​ខ្ញុំព្រះអង្គ​ចង់បាន​ស្រុកសួយ នាង​ព្រាហ្មណី​ជាប្រពន្ធ ចង់បានគោ ១០០។

[៤៦៧] កូនប្រុស (របស់ខ្ញុំព្រះអង្គ) ចង់បានរថទឹម​ដោយសេះ​អាជានេយ្យ នាងកញ្ញា (កូនប្រសាស្រី) ចង់បាន​កុណ្ឌលកែវមណី ចំណែក​ខាងនាង​បុណ្ណកាទាសី​ថោកទាប ចង់បាន​ត្បាល់ (មួយអន្លើ​ដោយចង្អេរ និងអង្រែ)។

[៤៦៨] (ព្រះរាជា ត្រាស់ថា) អ្នកទាំងឡាយ ចូរឲ្យស្រុក​សួយដល់​ព្រាហ្មណ៍ ចូរឲ្យ​គោ ១០០ ដល់នាង​ព្រាហ្មណី ចូរឲ្យ​រថទឹម​ដោយសេះ​អាជានេយ្យ​ដល់បុត្ត (របស់​ព្រាហ្មណ៍) ចូរឲ្យ​កុណ្ឌល​កែវមណី​ដល់នាងកញ្ញា មួយទៀត អ្នកទាំងឡាយ ចូរចាត់​ចែងរក​ត្បាល់ (ព្រមទាំង​ចង្អេរ និងអង្រែ) ឲ្យនាងបុណ្ណ​កាទាសីថោកទាប​នោះផង។

ចប់ នានាឆន្ទជាតក ទី៩។

សីលវីមំសជាតក ទី១០

[៤៦៩] (ព្រាហ្មណ៍ពោធិសត្វ ពោលថា) ឮថា សីល ជាគុណជាតល្អ សីល ជាគុណជាត​ប្រសើរបំផុត​ក្នុងលោក អ្នកចូរ​មើលចុះ ពស់មាន​ពិសដ៏ពន្លឹក មិន​បៀតបៀន (ហ្មពស់) ដោយ​យល់ថា អ្នកមានសីល។

[៤៧០] បុគ្គលប្រព្រឹត្តស្មើតាមការប្រព្រឹត្តិ​របស់ព្រះអរិយៈ ទើបបណ្ឌិត​ហៅថា អ្នកមានសីល ដោយសីលណា យើងនឹង​សមាទាន​នូវសីលនោះ ដែល​បណ្ឌិត​យល់ព្រម​ហើយថា សីល​នេះជា​របស់ក្សេម (ចាកភ័យ) ក្នុងលោក។

[៤៧១] ម្យ៉ាងទៀត បុគ្គលអ្នកមានសីលជាទី​ស្រឡាញ់​នៃពួកញាតិ​ផង រមែង​រុងរឿង​ក្នុងពួក​មិត្រផង លុះបែកឆ្លាយ​រាងកាយ ក៏ទៅ​កើតក្នុង​សុគតិភព។

ចប់ សីលវីមំសជាតក ទី១០។

ចប់ អព្ភន្តរវគ្គ ទី៤។

ឧទ្ទាននៃអព្ភន្តរវគ្គនោះគឺ

និយាយអំពីផ្លែឈើអព្ភន្តរៈ ១ ព្រះរាជាព្រះនាមកំសៈ ១ ជ្រូកដ៏​ប្រសើរ និង​ម្រឹគ គឺខ្លា ១ កែវមណី ១ ជ្រូកនៅក្នុង​គុហាកែវមណី ១ ជ្រូកឈ្មោះ​សាលុក ១ ការប្រៀន​ប្រដៅ ១ ត្រីដ៏ប្រសើរ ១ កុណ្ឌលកែវមណី ១ សីល ១ ត្រូវជា ១០។

កុម្ភវគ្គ ទី៥

ភទ្រឃដភេទកជាតក ទី១

[៤៧២] (ព្រះសាស្ដា ត្រាស់ថា) អ្នកលេងបាននូវ​ឆ្នំាងកំណប់ ដែល​ឲ្យនូវ​សេចក្ដី​ប្រាថ្នា​គ្រប់យ៉ាង ហើយរក្សា​ឆ្នំាងនោះ ដរាបណា អ្នកលេងនោះ ក៏ដល់នូវ​សេចក្ដីសុខ ដរាបនោះ។

[៤៧៣] ក្នុងកាលណា អ្នកលេងស្រវឹងផង គឃ្លើនផង បានបំបែក​ឆ្នំាង ព្រោះ​សេចក្ដី​ប្រមាទ ក្នុងកាល​នោះ បុគ្គលពាល​ទៅជា​អ្នកអាក្រាត​ផង ជាអ្នក​ស្លៀក​កំណាត់​សំពត់​កន្ទបផង រមែង​ក្ដៅក្រហាយ​ក្នុងកាល​ជាខាងក្រោយ។

[៤៧៤] បុគ្គលឥតប្រាជ្ញា បាននូវទ្រព្យយ៉ាងនេះ​ហើយ ជាអ្នកមាន​សេចក្ដី​ប្រមាទ​ប្រើប្រាស់ រមែងក្ដៅ​ក្រហាយ​ក្នុងកាលខាង​ក្រោយ ដូចជា​អ្នកលេង (ដែលក្ដៅ​ក្រហាយ​ស្ដាយក្រោយ) ព្រោះតែបំបែក​ឆ្នំាងចោល។

ចប់ ភទ្រឃដភេទកជាតក ទី១។

សុបត្តជាតក ទី២

[៤៧៥] (ក្អែក ពោលថា) បពិត្រមហារាជ ស្ដេចក្អែកឈ្មោះ​សុបត្តៈ នៅ​អាស្រ័យ​ក្បែរ​ក្រុង​ពារាណសី មានក្អែក ៨០ ០០០ ជាបរិវារ។

[៤៧៦] នាងសុបស្សា ជាភរិយារបស់ស្ដេចក្អែកនោះ មានសេចក្ដី​ចាញ់ផ្ទៃ ចង់បរិភោគ​នូវក្រយាស្ងោយ​មានថ្លៃច្រើន ដែលនាយ​ពិសេស​ចំអិន ដើម្បីថ្វាយ​ព្រះរាជា​ ក្នុងរោង​សំរាប់​ចំអិនក្រយាស្ងោយ។

[៤៧៧] ឯខ្ញុំព្រះអង្គជារាជទូត​របស់ស្ដេចក្អែក​ទាំងនោះ ត្រូវស្ដេច​បញ្ជូន​មក បានជា​មកក្នុង​ទីនេះ ខ្ញុំព្រះអង្គ​ធ្វើនូវ​សេចក្ដី​គោរព ចំពោះ​ម្ចាស់ ហើយ​បានធ្វើ​ឲ្យមាន​របួស ត្រង់ច្រមុះ (របស់នាយ​ពិសេស)។

ចប់ សុបត្តជាតក ទី២។

កាយនិព្វិន្ទជាតក ទី៣

[៤៧៨] (តាបសពោធិសត្វ ពោលថា) កាលអញត្រូវព្យាធិរោគ​ណា​មួយ​ប៉ះពាល់​ហើយ ដល់នូវ​សេចក្ដី​ទុក្ខយ៉ាងខ្លាំងក្លា ដែលរោគ​កំពុង​បៀតបៀន រាងកាយនេះ ដ៏នឹងរីងស្ងួត​យ៉ាងឆាប់ ដូចជា​ផ្កាឈើ​ដែលគេដោត​លើអាចម៍ដី ដ៏ក្ដៅ (ក៏ស្ងួត​ដូច្នោះ)។

[៤៧៩] (រាងកាយនេះ) មិនជាទីគាប់ចិត្ត តែជនពាល​ពោលថា ជាទីគាប់ចិត្ត មិន​ស្អាតទេ តែជនពាល សន្មតថា​ជារបស់ស្អាត រាងកាយ​ដ៏ពេញប្រៀប ដោយ​សាកសព​ផ្សេង ៗ មានសភាព​ជាទីគាប់ចិត្ត​នៃជនពាល។

[៤៨០] យើងគួរតិះដៀល​នូវកាយស្អុយនេះ ជារបស់ឈឺ​ជានិច្ច គួរខ្ពើម​រអើម មិនស្អាត មានព្យាធិ​ជាធម្មតា ដែលពួក​សត្វប្រមាទ ជ្រប់ជាប់ ញុំាងផ្លូវនៃ​សុគតិភព ឲ្យវិនាស​សាបសូន្យ។

ចប់ កាយនិព្វិន្ទជាតក ទី៣។

ជម្ពូខាទកជាតក ទី៤

[៤៨១] (ចចក ពោលថា) អ្នកណានេះ មានសំឡេងក្រលួច ពីរោះ​ឧត្តម​ជាង​ពួកសត្វ ដែលមាន​សំឡេង ទំលើមែកព្រីង ហើយយំពីរោះ ដូចជាសំឡេង​នៃកូនក្ងោក។

[៤៨២] (ក្អែក ពោលថា) កុលបុត្តចេះសរសើរកុលបុត្ត (ដូចគ្នា) ម្នាលសំឡាញ់ មានសម្បុរដូចជា​សម្បុរ​នៃកូនខ្លា ខ្ញុំសូមជូន (ផ្លែព្រីង) ដល់អ្នក ចូរអ្នកពិសាចុះ។

[៤៨៣] (រុក្ខទេវតា ពោលថា) យូរណាស់ហើយ យើងទើបតែ​ឃើញ​នូវក្អែក​ជាសត្វ​ស៊ីនូវ​កំអួតផង នូវចចក​ជាសត្វស៊ី​នូវសាកសព​ផង ជាសត្វ​ពោលពាក្យ​កុហក មក​ចួបគ្នា ហើយសរសើរ​គ្នាទៅវិញ​ទៅមក។

ចប់ ជម្ពូខាទកជាតក ទី៤។

អន្តជាតក ទី៥

[៤៨៤] (ក្អែក ពោលថា) ករបស់អ្នក ដូចជាកនៃ​គោឧសភៈ ការមិត​ពត់​របស់អ្នក ដូចជា​ការមិនពត់​នៃសត្វសីហៈ បពិត្រមិគរាជ ខ្ញុំសូម​ថ្វាយបង្គំ​អ្នក ធ្វើម្ដេច​យើងនឹង​បាននូវសាច់​តិចតួច។

[៤៨៥] (ចចក ពោលថា) កុលបុត្រចេះសរសើរ​នូវកុលបុត្រ​ដូចគ្នា ម្នាល​ក្អែក​មានផ្នួតក​ដូចជា​ក្ងោក អ្នកចូរ​ចុះអំពី​ដើមល្ហុង​នេះមក។

[៤៨៦] (រុក្ខទេវតា ពោលថា) ចចកជាសត្វថោកទាប​ជាងម្រឹគ​ទាំងឡាយ ឯក្អែក​ជាសត្វ​ថោកទាប ជាងបក្សី​ទាំងឡាយ​ដែរ ដើមល្ហុង​ជាឈើថោកទាប​ជាងឈើ​ទាំងឡាយ ពួក​ថោកទាប​ទាំង ៣ មកជួបប្រទះគ្នា។

ចប់ អន្តជាតក ទី៥។

សមុទ្ទជាតក ទី៦

[៤៨៧] (សមុទ្ទទេវតា ពោលថា) អ្នកណានេះហ្ន៎ ស្ទុះទៅមក ដោយ​ជុំវិញ ក្នុង​សមុទ្រ​មានទឹកប្រៃ ហាមឃាត់​នូវពួកត្រី និងពួក​មករ លំបាក​ក្នុងរលកទឹក។

[៤៨៨] (ក្អែកសមុទ្រ ពោលថា) ខ្ញុំជាសត្វស្លាប ជាសត្វផឹក​ទឹកមិនមាន​ទីបំផុត ល្បីល្បាញ​ទៅគ្រប់ទិស ថាជា​សត្វមិន​ចេះឆ្អែត ប្រាថ្នាដើម្បី​ផឹកនូវ​ទឹកសមុទ្រ គឺ​សាគរ ដែលជា​ម្ចាស់នៃទន្លេ។

[៤៨៩] (សមុទ្ទទេវតា ពោលថា) សមុទ្ទធំនោះ ជួនកាល ក៏នាចទៅ ជួនកាល​ក៏ជោរ​ឡើង ទីបំផុតនៃ​ទឹកសមុទ្ទនោះ​ដែលសកល​លោក​ផឹកហើយ មិនប្រាកដ​ទេ ឮថា​សាគរ អ្នកណា​មួយ ក៏មិនអាច​ផឹកទឹក​ឲ្យអស់​បានឡើយ។

ចប់ សមុទ្ទជាតក ទី៦។

កាមវិលាបជាតក ទី៧

[៤៩០] (បុរសម្នាក់ ពោលថា) ម្នាលសត្វស្លាប អ្នកទៅ​ក្នុងទីខ្ពស់ ទៅដោយ​ស្លាប​បាន ទៅតាម​អាកាសបាន សូមអ្នក​ប្រាប់ (ប្រពន្ធខ្ញុំ) ដែលមាន​ភ្លៅស្រលួតដូច​ដើមចេក ប្រពន្ធ​របស់ខ្ញុំនោះ នឹងរលឹក​ខ្ញុំអស់កាល​យូរ។

[៤៩១] ប្រពន្ធខ្ញុំនោះ មិនដឹងនូវដាវ និងលំពែងនេះឯង ដែលគេ​ដោត​ចុះហើយ វាជា​ស្រីឆ្នាស តែងធ្វើនូវ​សេចក្ដីក្រោធ ការក្រោធ​របស់វានោះ រមែងក្ដៅ​ក្រហាយ​ដល់ខ្ញុំ (ឯដាវ និងលំពែង​ដែលគេដោត) ក្នុងទីនេះ មិនមែន​ក្ដៅក្រហាយ​ដល់ខ្ញុំទេ។

[៤៩២] ច្បូកដូចជាផ្កាឧប្បល និងក្រោះនោះ ចិញ្ចៀនមាស សំពត់មាន​​សាច់ដ៏ទន់ ដែលជន​នាំមកអំពី​ដែនកាសី ខ្ញុំដាក់​លើក្បាល​ដំណេក (ប្រពន្ធខ្ញុំ) ជាស្រី​ត្រូវការ​នឹងទ្រព្យ ចូរយក​ចិញ្ចឹម​ជីវិតឲ្យស្កប់​ស្កល់ចុះ។

ចប់ កាមវិលាបជាតក ទី៧។

ឧទុម្ពរជាតក ទី៨

[៤៩៣] (ស្វាធំ ពោលថា) ពួកដើមល្វាផង ដើមជ្រៃផង ដើមខ្វិត​ផង ទាំង​នេះឯង សុទ្ធតែ​មានផ្លែទុំ អ្នកចូរមក ហើយចេញទៅ​បរិភោគ (នូវ​ផ្លែឈើ​ទាំងនោះ) អ្នកស្លាប់​ដោយ​សេចក្ដីឃ្លាន​ដូចម្ដេចកើត។

[៤៩៤] (ស្វាតូច ពោលថា) បុគ្គលណា គោរពកោតក្រែង​ចាស់ព្រឹទ្ធាចារ្យ បុគ្គល​នោះ បានឈ្មោះថា ឆ្អែតស្កប់ស្កល់​ហើយយ៉ាងនេះ ដូចជា​ក្នុងថ្ងៃនេះ ខ្ញុំបាន​បរិភោគ​ផ្លែឈើទុំ​ឆ្អែតស្កប់ស្កល់​ហើយ។

[៤៩៥] (ស្វាធំ ពោលថា) ស្វាដែលកើត​ក្នុងព្រៃ គប្បី​បញ្ឆោត​នូវស្វា​ដែល​កើតក្នុង​ព្រៃដូចគ្នា ព្រោះ​ហេតុណា ហេតុនោះ ស្វាដែលនៅក្មេង (ដូចជាអ្នក) មិនគប្បី​ជឿបានទេ ស្វាចាស់​គ្រាំគ្រា (ដូចយើង) ក៏មិនគប្បី​ជឿបានដែរ។

ចប់ ឧទុម្ភរជាតក ទី៨។

កោមារិយបុត្តជាតក ទី៩

[៤៩៦] (ពួកតាបស ពោលថា) មា្នលស្វា កាលពីដើម អ្នកឯង​លោត​លេងជិត​អាស្រម​ ក្នុងសំណាក់​នៃយើងអ្នក​មានសីល អ្នកចូរធ្វើ (នូវអាការ​ទាំងឡាយ មានញាក់​មុខ​ជាដើម) ដែលជា​ល្បែង​របស់ស្វា យើងមិន​ត្រេកអរ​នឹងសីលវ័ត​នោះទេ។

[៤៩៧] (ស្វា ពោលថា) សេចក្តីបរិសុទ្ធិដ៏ក្រៃលែង​របស់តាបស​ឈ្មោះ​កោមារិយបុត្ត ជាពហូសូត ខ្ញុំបាន​ឮហើយ ឥឡូវនេះ លោកកុំ​សំគាល់​ខ្ញុំដូចមុន​ឡើយ នែអាវុសោ (ឥឡូវនេះ) ពួកយើង​ជាអ្នក​ប្រកប​ក្នុងឈាន។

[៤៩៨] (តាបស ពោលថា) ប្រសិនបើ បុគ្គលគប្បី​ព្រោះ​នូវពូជលើថ្ម ទោះភ្លៀង​បង្អុរ​ចុះក៏ដោយ ឯពូជនោះ​ មិនគប្បី​លូតលាស់​បានឡើយ សេចក្ដី​បរិសុទ្ធិ​ដ៏ក្រៃលែង នោះអ្នក​បានឮហើយ នែស្វា អ្នកឆ្ងាយ​អំពីឈានភូម៌​ណាស់។

ចប់ កោមារិយបុត្តជាតក ទី៩។

ពកជាតក ទី១០

[៤៩៩] (ព្រះសុគត ទ្រង់ត្រាស់ថា) កុកកាលរស់នៅ មានសាច់ និង​ឈាម​ជា​ភោជន ព្រោះសម្លាប់​តែសត្វដទៃ (ហើយអួតថា) សមាទាន​នូវវត្ត ​រក្សាឧបោសថ។

[៥០០] សក្កទេវរាជ បានដឹងច្បាស់នូវវត្ត​របស់កុកនោះ ហើយចូលមក​ដោយ (ក្លែងខ្លួន) ជារូបពពែ កុក​មានតបៈ​ទៅប្រាស​ហើយ ជាសត្វផឹក​នូវឈាម (នៃសត្វដទៃ) បានស្ទុះ​ចូលទៅ (ដើម្បី​ចឹកពពែស៊ី) ហើយក៏ទំលាយ​បង់នូវតបៈ ដែលខ្លួន​សមាទាន​ហើយ។

[៥០១] បុគ្គលពួកខ្លះ​ក្នុងលោកនេះ ជាអ្នកមាន​កំឡាំថយ ក្នុងការ​សមាទាន ឈ្មោះថា ធ្វើខ្លួនឲ្យរហ័ស ដូចជាកុក (ដែលទំលាយ​នូវតបៈរបស់ខ្លួន) ព្រោះហេតុ​តែពពែ ក៏យ៉ាង​នោះឯង។

ចប់ ពកជាតក ទី១០។

ចប់ កុម្ភវគ្គ ទី៥។

ឧទ្ទាននៃកុម្ភវគ្គនោះគឺ

និយាយអំពីឆ្នំាងដ៏ប្រសើរ ១ ស្ដេចក្អែកឈ្មោះ​សុបត្តៈ ១ រូបកាយ​ដែល​សន្មត​ថាស្អាត ១ ក្អែកមាន​សំឡេង​ក្រឡៅ ១ ចចក​មានកដូច​ឧសភៈ ១ សមុទ្រជាម្ចាស់​នៃទន្លេ ១ ប្រពន្ធឆ្នាស ១ ស្វាចាស់ ១ ល្បែង​របស់ស្វា ១ កុក ១ ត្រូវជា ១០។

ឧទ្ទាននៃវគ្គគឺ

និយាយអំពីសង្កប្បវគ្គ ១ បទុមវគ្គ ១ ឧទបានវគ្គ ជាគំរប់​បី ១ អព្ភន្តរវគ្គ ១ កុម្ភវគ្គ ១ (ទាំងអស់នេះ) រួមបញ្ចូល​ក្នុងតិកនិបាត។

ចប់ តិកនិបាត។

ចតុក្កនិបាតជាតក

កាលិង្គវគ្គ ទី១

ចុល្លកាលិង្គជាតក ទី១

[៥០២] (នន្ទសេនាមាត្យ ពោលថា) អ្នកទាំងឡាយ ចូរបើកទ្វារ ថ្វាយ​ព្រះរាជធីតា​ទាំង ៤ ព្រះអង្គនេះ ដើម្បីស្ដេច​ចូលទៅ​ខាងក្នុង​ព្រះនគរ ដែលខ្ញុំជា​អាមាត្យ​ឈ្មោះ​នន្ទិសេន ជាបុរស​សីហៈរបស់​ព្រះបាទអរុណ ដែលអាចារ្យ​ប្រៀនប្រដៅ​ល្អ រក្សាល្អ​ហើយ។

[៥០៣] (ព្រះបាទកាលិង្គៈ ពោលថា) ម្នាលព្រហ្មចារិតាបស អ្នក​ពោល​យ៉ាង​នេះថា ជំនះ​នឹងមាន​ដល់ពួក​កាលិង្គៈ ដែលជា​អ្នកអត់ធន់​ចំពោះ​ទុក្ខភ័យ ដែល​គេអត់ធន់​មិនបាន បរាជ័យ​នឹងមាន​ដល់ពួក​អស្សកៈ​ដូច្នេះ ជនទាំងឡាយ អ្នកមាន​សន្ដាន​ស្លូតត្រង់ មិនពោល​នូវពាក្យ​មិនពិត​ឡើយ។

[៥០៤] (តាបសពោធិសត្វ ពោលថា) បពិត្រសក្កទេវរាជ ពួកទេវតា​ប្រព្រឹត្ត​កន្លង​ហើយ​នូវមុសាវាទ ព្រះអង្គ​គួរធ្វើ​នូវពាក្យពិត​ដ៏ទៀងទាត់​យ៉ាងក្រៃលែង បពិត្រ​មឃវទេវរាជ ជាធំ​លើផែនដី ម្យ៉ាងទៀត ព្រះអង្គ​អាស្រ័យហេតុអ្វី ទើបពោល​នូវពាក្យ​មុសាវាទ​នោះ។

[៥០៥] (ព្រះឥន្ទ្រ ពោលថា) បពិត្រព្រាហ្មណ៍ ក្រែងលោកបានឮ​ពាក្យគេ​និយាយ​ថា ពពួកទេវតា​មិនច្រណែន​ចំពោះសេចក្ដី​ព្យាយាម​របស់បុរស​ទេ ការទូន្មាន​ខ្លួន ១ ការតម្កល់មាំ មិនបែកចិត្ត ១ ការមិន​បន្ធូរបន្ថយ ការប្រឹងប្រែង​ក្នុងការគួរ ១ ព្យាយាម​ដ៏មាំ ១ ការសង្វាត​របស់បុរស ១ (មានដល់​ពួកអស្សកៈ) ហេតុនោះ​ បានជា​ជ័យជំនះ​មានហើយ ដល់ពួក​អស្សកៈ។

ចប់ ចុល្លកាលិង្គជាតក ទី១។

មហាអស្សារោហជាតក ទី២

[៥០៦] (ព្រះរាជាពោធិសត្វ ត្រាស់ថា) បុគ្គលណា កាលឲ្យចំពោះ​ជនទាំង​ឡាយ​ដែលមិន​ដែលឲ្យ (ដល់ខ្លួន) មិនឲ្យ​ចំពោះ​ជនទាំងឡាយ​ដែលធ្លាប់​ឲ្យ បុគ្គលនោះ បានដល់​នូវសេចក្ដី​វិនាស មិនបាន​នូវមិត្រសំឡាញ់ ក្នុងគ្រា​មានសេចក្ដី​អន្តរាយ​ទាំងឡាយ។

[៥០៧] បុគ្គលណា មិនឲ្យទានចំពោះ​ជនទាំងឡាយ ដែលមិន​ដែលឲ្យ បានឲ្យ​ចំពោះ​ជនទាំងឡាយ​ដែលឲ្យ បុគ្គលនោះ ក៏ដល់នូវ​សេចក្ដីវិនាស មិនបាន​នូវសំឡាញ់ ក្នុងកាល​មានសេចក្ដី​អន្តរាយ​ទាំងឡាយ។

[៥០៨] ការសំដែងនូវសេចក្ដីស្និទ្ធស្នាល និងការ​បរិភោគរួម ឲ្យវិសេស​ក្នុងពួក​ជនអ្នក​មានធម៌​មិនប្រសើរ ជាអ្នក​អួតអាង ក៏រមែង​វិនាស ម្យ៉ាងទៀត សូម្បី​ទាន​បន្តិចបន្តួច ដែលបុគ្គល​ធ្វើហើយ ចំពោះ​ពួកព្រះអរិយៈផង ចំពោះ​ពួក​បុគ្គល​អ្នកមាន​ចិត្តស្លូត​ត្រង់ផង ជាទានមាន​ផលច្រើន។

[៥០៩] បុគ្គលណា បានធ្វើឧបការៈដ៏ល្អទុកហើយ ក្នុងកាលមុន បុគ្គល​នេះ ឈ្មោះថា បានធ្វើអំពើ​ដែលគេធ្វើបាន​ដោយ​ក្រក្រៃពេក​ក្នុងលោក លុះដល់​កាល​ជា​ខាងក្រោយ បុគ្គល​នោះ ធ្វើ (គុណនីមួយ​ដទៃទៀតក្ដី) មិនធ្វើក្ដី ក៏ឈ្មោះថា​ជាបុគ្គល​គួរដល់កិរិយា​បូជាដោយពិត។

ចប់ មហាអស្សារោហជាតក ទី២។

ឯករាជជាតក ទី៣

[៥១០] (ព្រះបាទទុព្ភិសេន ទ្រង់ត្រាស់ថា) បពិត្រព្រះអង្គ ជាឯករាជ កាលពីដើម ព្រះអង្គ​នៅសោយ​កាមគុណ​ទាំងឡាយ ជារបស់​ស្ដុកស្ដម្ភ រកអ្វី​ប្រសើរជាង​គ្មាន ឥឡូវនេះ ព្រះអង្គនោះ គេបោះទៅ​ក្នុងរណ្ដៅ​ក្រហេង​ក្រហូងហើយ នៅតែ​មិនលះបង់​នូវពណ៌​សម្បុរ និងកម្លាំងពីដើម។

[៥១១] (ព្រះបាទពារាណសី ពោលថា) បពិត្រព្រះបាទទុព្ភិសេន សេចក្ដីអត់ធន់ក្ដី សេចក្ដី​ប្រព្រឹត្តិតបៈក្ដី ខ្ញុំមានបំណង​ទុកហើយ​ពីមុន បពិត្រ​មហារាជ ឥឡូវនេះ ខ្ញុំបាន​សម្រេច​នូវសេចក្ដី​ប្រាថ្នានោះ​ហើយ តើគប្បីលះបង់​នូវពណ៌សម្បុរ និងកំឡាំង​ពីដើម​ដូចម្ដេចកើត។

[៥១២] (ទាន សីល ឧបោសថកម្ម) ទាំងអស់របស់ខ្ញុំ សម្រេចហើយ បពិត្រ​ព្រះអង្គ​មានយស មានប្រាជ្ញា​រកនរណា​គ្របសង្កត់​មិនកើត ខ្ញុំបាន​យសដ៏ធំ ជាយស​ដែលខ្ញុំ​មិនធ្លាប់​បានក្នុង​កាលពី​ដើមហើយ ទើបខ្ញុំ​មិនលះបង់​ពណ៌សម្បុរ និង​កម្លាំង​ពីដើម។

[៥១៣] បពិត្រព្រះជនិន្ទ្រ ពួកសប្បុរស បន្ទោបង់​នូវរជ្ជសុខ​ដោយទុក្ខ បន្ទោបង់​នូវ​សេចក្ដី​ទុក្ខ ដែលបុគ្គល​គ្របសង្កត់​មិនបាននោះ ដោយសារ​ឈានសុខ ជាអ្នក​មានចិត្ត​ត្រជាក់ ស្មើក្នុង​សេចក្ដី​សុខ និង​ទុក្ខទាំង ២ យ៉ាង។

ចប់ ឯករាជជាតក ទី៣។

ទទ្ទរជាតក ទី៤

[៥១៤] (នាគឈ្មោះចុល្លទទ្ទរៈ ពោលថា) បពិត្រមហាទទ្ទរៈ ពាក្យ​អាក្រក់​ទាំង​ឡាយ​នេះ ក្នុងមនុស្សលោក ធ្វើខ្ញុំឲ្យ​ក្ដៅក្រហាយ ឯពួកក្មេង​ទាំងឡាយនេះ មិនមាន​ពិសសោះ ប៉ុន្តែហ៊ាន​ជេរខ្ញុំ​ដែលមានពិស ថាជាអ្នក​ស៊ីកង្កែប​ផង នៅក្នុង​ទឹកផង។

[៥១៥] (នាគឈ្មោះមហាទទ្ទរៈ និយាយតបទៅវិញថា) បុគ្គលដែល​គេបំបរបង់​ចេញ​ចាកដែន​របស់ខ្លួន​ហើយ ទៅកាន់​ជនបទ​ឯទៀត ត្រូវធ្វើ​ជង្រុកឲ្យធំ ដើម្បី​ដាក់នូវ​ពាក្យអាក្រក់​ទាំងឡាយ​ចុះ។

[៥១៦] ពួកជនមិនដឹងនូវបុរស​ដោយជាតិ ឬដោយវិន័យ គឺគុណសម្បត្តិ​ក្នុង​ទីណា បុគ្គលកាល​នៅក្នុង​សំណាក់​នៃពួកជន​ដែលខ្លួន​មិនស្គាល់ មិនត្រូវធ្វើ​សេចក្ដី​ប្រកាន់​ក្នុងទីនោះ​ឡើយ។

[៥១៧] បុគ្គលប្រកបដោយប្រាជ្ញា (សូម្បីមាន​អានុភាព) ស្មើដោយ​ភ្លើង កាល​នៅ​ក្នុង​ប្រទេសដទៃ ត្រូវតែ​អត់សង្កត់​ពាក្យ ទោះបី​មនុស្ស​ជាខ្ញុំគេ គម្រាម​ក៏ដោយ។

ចប់ ទទ្ទរជាតក ទី៤។

សីលវីមំសជាតក ទី៥

[៥១៨] (មាណពពោធិសត្វ ពោលថា) ធម្មតាសេចក្ដីស្ងាត់កំបាំង របស់​បុគ្គល​​អ្នក​ធ្វើអំពើ​អាក្រក់ មិនមាន​ក្នុងលោកទេ ពួកភូត​ដែល​នៅក្នុងព្រៃ គង់គេឃើញ​បាន បុគ្គល​ពាល រមែង​សំគាល់​នូវ​អំពើអាក្រក់​ដែលធ្វើ​នោះថា ស្ងាត់​កំបាំង។

[៥១៩] ខ្ញុំមិនឃើញថា ស្ងាត់កំបាំងទេ ឬទីដែល​សូន្យ (ចាកសត្វ) ក៏​មិនមាន ខ្ញុំមិន​ឃើញថា សូន្យ ក្នុងទីណា ទីនោះ​ក៏មិនសូន្យ​អំពីខ្ញុំទេ។

[៥២០] (ព្រះសាស្ដា ត្រាស់ថា) ពួកមាណព គឺ ទុជ្ជច្ចៈ ១ សុជច្ចៈ ១ នន្ទៈ ១ សុខវច្ឆនៈ ១ វជ្ឈៈ ១ អធុវសីលៈ ១ (ជាដើម) នោះ ជាអ្នកត្រូវការ (ដោយស្រ្តី) ក៏​សាបសូន្យ​​ចាកសភាវៈ (ការ​បាននូវស្ត្រី)។

[៥២១] ចំណែកព្រាហ្មណ៍ណា ដែលមានប្រាជ្ញា មានព្យាយាម​ក្នុងសច្ចៈ បាន​រក្សានូវ​ធម៌ទុក ព្រាហ្មណ៍នោះ ជាអ្នកដល់​នូវត្រើយ​នៃធម៌ទាំងពួង តើគប្បី​សាបសូន្យ (ចាក​ការបាន​នូវស្ត្រី) ដូចម្ដេច​កើត។

ចប់ សីលវីមំសជាតក ទី៥។

សុជាតាជាតក ទី៦

[៥២២] (នាងសុជាតាទេវី សួរថា) បពិត្រព្រះទេវៈ នេះផ្លែអ្វី មូលរលីង មានពណ៌​ក្រហម ដូចជាឈាម ដែលដាក់ក្នុង​ភាជន៍មាស ខ្ញុំម្ចាស់​សួរហើយ សូមព្រះអង្គ​ប្រាប់ឲ្យ​ទាន។

[៥២៣] (ព្រះបាទពារាណសី ទ្រង់ត្រាស់ថា) ម្នាលទេវី ក្នុងកាល​មុន នាងមាន​ក្បាលរលីង ស្លៀកកំណាត់​សំពត់ចាស់ មានដៃ​ក្នុងថ្នក់ ហើយបេះ​នូវផ្លែឈើ​ទាំងឡាយ​ណា (នេះ) គឺ​ផ្លែពុទ្រា របស់នាង​នោះហើយ។

[៥២៤] ស្ត្រីថោកទាប រមែងក្ដៅក្រហាយ មិនត្រេកអរ (ក្នុងរាជ​ត្រកូល) ភោគៈ​របស់​ស្ដេចទាំង​ឡាយ រមែងលះបង់​នូវស្ត្រីឥត​បុណ្យនោះ ស្ត្រីថោកទាប បេះនូវ​ផ្លែពុទ្រា​ក្នុងទីណា អ្នក​ទាំងឡាយ ចូរនាំស្ត្រី​នោះទៅ​ ក្នុងទីនោះចុះ។

[៥២៥] (អាមាត្យពោធិសត្វ ទូលថា) បពិត្រមហារាជ ទោសខុស ព្រោះ​សេចក្ដី​ប្រមាទ​ទាំងនេះ រមែងមក​ដល់នាង​នារី ដែល​ដល់នូវ​យសសក្តិ បពិត្រ​ព្រះទេវៈ សូមព្រះអង្គ​អត់ទោស​ដល់ព្រះនាង​សុជាតាទេវី បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុងរថ សូម​ព្រះអង្គ​កុំទ្រង់​ព្រះពិរោធ ចំពោះព្រះនាង​សុជាតាទេវី​នេះឡើយ។

ចប់ សុជាតាជាតក ទី៦។

បលាសជាតក ទី៧

[៥២៦] (រុក្ខទេវតាពោធិសត្វ ពោលថា ) ម្នាលព្រាហ្មណ៍ អ្នកដឹង​ថាដើមចារនេះ ជាឈើ​ឥតចេតនា ឥតចេះ​ស្ដាប់ ឥតដឹងអ្វីទេ ជាអ្នកប្រារព្ធ​ព្យាយាម មិនប្រហែស​ធ្វេស​ជានិច្ច ហេតុអ្វី ក៏សួររក​ការដេកជាសុខ (របស់​ដើមឈើ)។

[៥២៧] (ព្រាហ្មណ៍ ពោលថា) ដើមឈើ ប្រាកដ​ក្នុងទីដ៏ឆ្ងាយ​ផង ធំផង ដុះនៅ​ក្នុងទី (ទួល) មាន​សភាពជា​ទីនៅរបស់ភូត ហេតុនោះ បានជា​ខ្ញុំថ្វាយបង្គំ​ដើមចារនេះ ពួក​ភូតណា នៅអាស្រ័យ​លើដើមឈើ​នេះ (ខ្ញុំថ្វាយបង្គំ) ពួកភូតនោះ ព្រោះ​ហេតុតែ​ទ្រព្យ។

[៥២៨] (រុក្ខទេវតា ពោលថា) ម្នាលព្រាហ្មណ៍ ខ្ញុំនោះឯង កាល​សម្លឹង​ឃើញនូវ​ការដឹងគុណ ដែល​អ្នកធ្វើហើយ ខ្ញុំនឹង​ធ្វើនូវការ​តបគុណ​ដល់អ្នក តាមសមគួរ​ដល់​អានុភាព ការដែល​អ្នកមក​ខ្វល់ខ្វាយ ក្នុងសំណាក់​សប្បុរស និងជា​របស់​សោះសូន្យ​ដូចម្ដេច​កើត។

[៥២៩] ដើមលៀបណា ដុះនៅខាង​មុខដើម​ទន្លាប់ យ័ញ្ញ​ដែលគេធ្វើ​ហើយ​ក្នុងកាល​មុនច្រើន ជាកំណប់​ដែលគេកប់​ព័ទ្ធជុំ​វិញក្បែរ​គល់លៀប​នោះឯង ជាកំណប់​មិនមាន​អ្នកទទួល អ្នកចូរទៅ​គាស់យក​កំណប់​ទ្រព្យនោះចុះ។

ចប់ បលាសជាតក ទី៧។

ជវសកុណជាតក ទី៨

[៥៣០] (សត្វសសេះ ពោលថា) កម្លាំងណារបស់​យើង មាន​ហើយ យើងធ្វើ​កិច្ចដល់អ្នក​តាមកម្លាំង​នោះ បពិត្រ​មិគរាជ ខ្ញុំសូម​ក្រាបថ្វាយ​បង្គំអ្នក យើង​ត្រូវបាន​សាច់បន្តិច​បន្តួចខ្លះ។

[៥៣១] (រាជសីហ៍ ឆ្លើយតបថា) អ្នកឯងចូរ​ទៅតាមចន្លោះ​នៃធ្មេញ​របស់ខ្ញុំ ដែលជា​អ្នកស៊ី (សាច់) និងឈាម ធ្វើនូវ​អំពើអាក្រក់​ទាំងឡាយ​ជានិច្ច រស់នៅ​ដោយ​សាច់ណា សាច់នោះ​មានច្រើន។

[៥៣២] (សសេះឆ្លើយតបថា) សេចក្ដីដឹងគុណ​ដែលគេធ្វើ​ហើយ មិនមាន​ក្នុង​បុគ្គល​ណា ការសេពគប់​នឹងបុគ្គល​អ្នកមិនដឹង​គុណដែល​គេធ្វើហើយ មិនធ្វើ (គុណ​នឹងអ្នកណា) មិន​តបស្នងសងគុណ ដល់អ្នក​ដែលធ្វើ​គុណហើយ​ដល់ខ្លួននោះ ជាការ​ឥតប្រយោជន៍។

[៥៣៣] បណ្ឌិត មិនបានមិត្តធម៌ ដោយសារគុណ​ដែលខ្លួន​សន្សំហើយ ក្នុង​ទីចំពោះ​មុខ​បុគ្គលណា បណ្ឌិត​មិនត្រូវ​ឫស្យា មិនត្រូវជេរ ត្រូវតែ​គេចចេញ​ចាកបុគ្គល​នោះ ដោយ​សន្សឹម ៗ។

ចប់ ជវសកុណជាតក ទី៨។

ឆវជាតក ទី៩

[៥៣៤] (ពោធិសត្វ ក្រាបទូលព្រះបាទពារាណសីថា) កិច្ចដែល​យើងទាំងបីនាក់ ធ្វើហើយ ទាំងអស់នេះ ជាកិច្ចលាមក បុគ្គល​ណា (អង្គុយក្នុងទីទាប) បង្ហាញមន្ត ១ បុគ្គលណា (អង្គុយ​ក្នុងទីខ្ពស់) រៀននូវមន្ត ១ បុគ្គលទាំង​ពីរនាក់ (នោះ) មិនឃើញ​នូវ​បោរាណធម៌ផង បុគ្គលទាំង​ពីរនាក់ (នោះ) ឃ្លាតចាក​ប្រក្រតីផង។

[៥៣៥] (ព្រាហ្មណ៍បុរោហិត ឆ្លើយតបថា) ខ្ញុំបរិភោគ​បាយស្រូវសាលី​ស្អាត (របស់​ស្ដេចនេះ) លាយ​ដោយសាច់ ហេតុនោះ បានជា​ខ្ញុំមិនសេពគប់​នូវធម៌ ដែល​ពួកឥសី​សេពគប់​ហើយនោះទេ។

[៥៣៦] (ពោធិសត្វ ពោលថា ) អ្នកចូរជៀសចេញ​ពីទីនេះទៅ លោក​នេះក៏ធំទូលាយ ពួកសត្វ​ឯទៀត តែងស្លដណ្តាំ​ដែរ អ្នកកុំ​ប្រព្រឹត្តអធម៌ ដូចជាថ្ម​ដែលបំបែក​នូវឆ្នាំងឡើយ។

[៥៣៧] ម្នាលព្រាហ្មណ៍ យើងសូមតិះដៀល​នូវការ​បានយស និងការបាន​ទ្រព្យ ព្រោះការ​ប្រព្រឹត្តិ​បំផ្លាញ​ខ្លួន ឬដោយ​កិរិយា​ប្រព្រឹត្តិ​អធម៌។

ចប់ ឆវជាតក ទី៩។

សយ្ហជាតក ទី១០

[៥៣៨] (តាបសពោធិសត្វ ពោលថា) បុគ្គលមិនគប្បី​ប្រាថ្នានូវផែនដី ដែល​មានសណ្ឋាន​ដូចកុណ្ឌល ក្នុងកណ្ដាល​សាគរ មានសមុទ្រ​ព័ទ្ធជុំវិញ មួយអន្លើ​ដោយពាក្យ​និន្ទាឡើយ ម្នាល​សយ្ហាមាត្យ ចូរអ្នកដឹង​យ៉ាងនេះចុះ។

[៥៣៩] ម្នាលព្រាហ្មណ៍ យើងសូមតិះដៀល​ការបានយស និង​ការបាន​ទ្រព្យ ព្រោះការ​ប្រព្រឹត្តិ​បំផ្លាញខ្លួន ឬដោយការ​ប្រព្រឹត្តិអធម៌។

[៥៤០] សូវអាត្មា ជាអ្នកមិនមាន​ផ្ទះសម្បែង​ប្រព្រឹត្តិកាន់បាត្រ (សូមគេ) ការចិញ្ចឹម​ជីវិតនោះ​ឯង ប្រសើរជា​ជាងការ​ស្វែងរក មិនប្រកប​ដោយធម៌។

[៥៤១] សូវអាត្មាជាអ្នកមិនមាន​ផ្ទះសំម្បែង ប្រព្រឹត្ត​កាន់បាត្រ មិនបៀត​បៀននូវ​សត្វដទៃ​ក្នុងលោក ការប្រព្រឹត្តិនោះ ប្រសើរ​ជាជាង​រាជសម្បត្តិ​ទៅទៀត។

ចប់ សយ្ហជាតក ទី១០។

ចប់ កាលិង្គវគ្គ ទី១។

ឧទ្ទាននៃកាលិង្គវគ្គនោះគឺ

និយាយអំពីការបើកទ្វារ ​១ ជនមិនឲ្យ ១ កាមគុណ​ដ៏មំាមួន ១ នាគឈ្មោះ​ទទ្ទរៈ ១ អំពើបាប​មិនមានស្ងាត់​កំបាំង ១ ផ្លែពុទ្រា ១ ដើមចារ ១ ការធ្វើអំពើ​ដ៏ប្រសើរ ១ អំពើ​លាមក ១ ផែនដីមាន​សមុទ្រ​ព័ទ្ធជុំវិញ ១ ត្រូវជា ១០។

បុចិមន្ទវគ្គ ទី២

បុចិមន្ទជាតក ទី១

[៥៤២] (និម្ពរុក្ខទេវតា ពោលថា) ម្នាលចោរ អ្នកចូរក្រោកឡើង អ្នក​ដេកធ្វើអ្វី ប្រយោជន៍អ្វី​ដោយការដេកលក់​របស់អ្នក កុំឲ្យរាជ​បុរស​ទាំងឡាយ ចាប់អ្នក​ដែលធ្វើ​កម្មអាក្រក់​ក្នុងស្រុក​ឡើយ។

[៥៤៣] (អស្សត្ថទេវតា និយាយថា) រាជបុរស​ទាំងឡាយ​នឹងចាប់តែ​ចោរ​ដែល​ធ្វើកម្ម​អាក្រក់​ក្នុងស្រុក​ទេតើ ប្រយោជន៍អ្វី​ដល់​បុចិមន្ទ​ទេវតា ដែលឋិត​នៅក្នុងព្រៃនោះ។

[៥៤៤] (បុចិមន្ទទេវតា ពោលថា) ម្នាលអស្សត្ថទេវតា អ្នកមិន​ដឹងនូវ​ទោសនៃខ្ញុំផង នៃចោរ​ផង ពួករាជបុរស​ចាប់បានចោរ អ្នកធ្វើ​អំពើអាក្រក់​ក្នុងស្រុក ហើយ​ដោតចោរ​នោះ​ដោយមែក​ស្ដៅស្រួច ខ្ញុំរង្កៀសចិត្ត​ក្នុងហេតុនោះ។

[៥៤៥] (អស្សត្ថទេវតា ពោលថា) អ្នកប្រាជ្ញគប្បី​រក្សានូវហេតុ​ដែល​គួររង្កៀស គប្បី​រក្សា​នូវភ័យ​ដែលមិនទាន់​មកដល់ អ្នកប្រាជ្ញ​តែងសំឡឹង​មើលនូវលោក​ទាំងពីរ ព្រោះ​អនាគតភ័យ។

ចប់ បុចិមន្ទជាតក ទី១។

កស្សបមន្ទិយជាតក ទី២

[៥៤៦] (តាបសពោធិសត្វ ពោលថា) បពិត្រកស្សបជាបិតា បើក្មេងតូច​ជេរ ឬវាយ ព្រោះ​វាជាក្មេង បណ្ឌិតអ្នក​មានប្រាជ្ញា តែង​អត់សង្កត់​នូវកំហុស​ទាំងអស់នោះ។

[៥៤៧] ប្រសិនបើសប្បុរសទាំងឡាយ ទាស់ទែងគ្នា សប្បុរសរមែងត​បានវិញ​យ៉ាងឆាប់ ឯក្មេងពាល​ទាំងឡយ រមែង​បែកគ្នា​ដូចបាត្រដី ក្មេងពាល​ទាំងនោះ មិនដល់​នូវការ​ស្ងប់រម្ងាប់​ឡើយ។

[៥៤៨] ជនណាដឹងនូវទោស ដែលខ្លួនធ្វើឲ្យកន្លង​ហួសទៅ​ហើយផង ជនណា​ដឹងនូវ​ការសំដែង​នូវទោសផង ជនទាំង​ពីរពួកនោះ (បើទុកជា​បែកគ្នាហើយ) ច្រើន​រួបរួមគ្នា​វិញបាន ការត​មិត្តរបស់​ជនទាំងពីរ​ពួកនោះ មិនរលុប​រលាយឡើយ។

[៥៤៩] ជនណា គួរតនូវមិត្តភាពរបស់ពួកជនដទៃ​ដែល​ទោសគ្រប​សង្កត់ហើយ ដោយ​ខ្លួនឯងបាន ជននោះ​ជាមនុស្ស​ខ្ពង់ខ្ពស់​លើសលុប​ ជាមនុស្ស​នាំទៅនូវ​ភារៈបាន ជាមនុស្ស​ទ្រទ្រង់​នូវធុរៈបាន។

ចប់ កស្សបមន្ទិយជាតក ទី២។

ខន្តិវាទិជាតក ទី៣

[៥៥០] (សេនាបតី ពោលថា) បពិត្រលោកមានព្យាយាមធំ ព្រះរាជា​ណាកាត់​ព្រះហស្ត​ទាំងពីរ​ក្ដី កាត់ព្រះបាទ​ទាំងពីរក្ដី កាត់ត្រចៀក និងច្រមុះក្ដី របស់​លោក សូមលោក​ខ្ញាល់ចំពោះ​បុគ្គល​នោះចុះ សូមលោក​កុំញុំាង​ដែននេះ​ឲ្យវិនាស​ឡើយ។

[៥៥១] (តាបសពោធិសត្វ ពោលថា) ព្រះរាជាណា កាត់ដៃទំាងពីរ​ក្ដី កាត់ជើង​ទាំងពីរ​ក្ដី កាត់ត្រចៀក និង​ច្រមុះក្ដី របស់អាត្មា សូមឲ្យ​ព្រះរាជានោះ ទ្រង់មាន​ព្រះជន្ម​យឺនយូរ ពួកអ្នក​ប្រាជ្ញដូច​យ៉ាងអាត្មា មិនខឹង​ឡើយ។

[៥៥២] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) សមណៈ ជាអ្នកសំដែង​នូវខន្តី មានហើយ​ក្នុង​អតីតកាល ព្រះបាទ​កាសី ទ្រង់ត្រាស់​ឲ្យចោរ​ឃាតកបុរស​សម្លាប់​សមណៈ​នោះ អ្នកតាំង​នៅក្នុងខន្តី។

[៥៥៣] ព្រះបាទកាសី តាំងនៅក្នុងនរក សោយនូវផល​នៃកម្មណា ផលនៃ​កម្មអាក្រក់​នោះ ជាផលក្ដៅ​ក្រហាយ។

ចប់ ខន្តិវាទិជាតក ទី៣។

លោហកុម្ភិជាតក ទី៤

[៥៥៤] (សត្វនរកម្នាក់ ពោលថា) ពួកយើងដែល​មិនបានឲ្យ​ទាន បាន​ជាពួក​យើងរស់​នៅ​ដោយត្រដាប​ត្រដួស កាលភោគៈ​ទំាងឡាយ​មាន ពួកយើង​មិនបានធ្វើ​នូវទីពឹង​បម្រុង​ខ្លួនសោះ។

[៥៥៥] (សត្វនរកម្នាក់ទៀត ពោលថា) ពួកយើងដែលឆេះ​ក្នុងនរក គ្រប់ជា ៦០ ០០០ ឆ្នាំ ដោយអាការៈ​ទាំងពួងហើយ កាលណា នឹងមាន​ទីបំផុត (នៃទុក្ខ)។

[៥៥៦] (សត្វនរកម្នាក់ទៀត ពោលថា) ម្នាលអ្នក​ស្មើនឹងខ្ញុំ ទីបំផុត (នៃទុក្ខយើង) មិនមានទេ ទីបំផុត​នឹងមានមក​ពីណា ទីបំផុត​នឹង​មិនប្រាកដ​ទេ ព្រោះថា ខ្ញុំ និងអ្នក បានធ្វើ​បាប​ក្នុងកាលនោះ។

[៥៥៧] (សត្វនរកម្នាក់ទៀត ពោលថា) ខ្ញុំនោះ លុះទៅអំពី​ទីនេះ បាន​កំណើត​ជា​មនុស្ស ចាប់អំពី​ដឹងក្ដីទៅ សូមជា​អ្នកបរិបូណ៌​ដោយសីល ធ្វើកុសល​ឲ្យច្រើន។

ចប់ លោហកុម្ភិជាតក ទី៤។

មំសជាតក ទី៥

[៥៥៨] (ព្រានព្រៃនិយាយនឹងសេដ្ឋីបុត្រ ទី១ ថា) វាចារបស់អ្នក​អាក្រក់​ណាស់ អ្នកជា​អ្នកសុំសាច់ តែវាចាប្រហែល​នឹងវាវ នែសំឡាញ់ យើងនឹងឲ្យ​វាវដល់អ្នក។

[៥៥៩] (ព្រានព្រៃ និយាយនឹងសេដ្ឋីបុត្រ ទី២ ថា) ជនជាបងប្អូន គេទុក​ជា​អវយវៈ​របស់​មនុស្ស​ទាំងឡាយ​ក្នុងលោក វាចា​របស់អ្នក ប្រហែលនឹង​អវយវៈ នែសំឡាញ់ យើងនឹង​ឲ្យសាច់​អវយវៈ​ដល់អ្នក។

[៥៦០] (ព្រានព្រៃ និយាយនឹងសេដ្ឋីបុត្រ ទី៣ ថា) កូនកាលហៅ​បិតាថា ឪពុក ឪពុក ដូច្នេះ រមែងធ្វើបេះដូង​បិតាឲ្យកម្រើក វាចា​របស់អ្នក ប្រហែល​នឹងបេះដូង នែ​សំឡាញ់ យើងនឹងឲ្យ​បេះដូងដល់អ្នក។

[៥៦១] (ព្រានព្រៃ និយាយនឹងសេដ្ឋីបុត្រ ទី៤ ថា) សំឡាញ់​របស់បុរស​ណា មិនមាន​ក្នុងស្រុក លំនៅរបស់​បុរសនោះ ក្នុងស្រុកនោះ​ឯង ដូចព្រៃ វាចា​របស់អ្នក​ប្រហែល​នឹងសម្បត្តិ​ទាំងពួង នែសំឡាញ់ យើនឹងឲ្យ​សាច់ទាំងអស់​ដល់អ្នក។

ចប់ មំសជាតក ទី៥។

សសបណ្ឌិតជាតក ទី៦

[៥៦២] (ភេ និយាយនឹងឥន្ទព្រាហ្មណ៍ថា) ខ្ញុំមានត្រីឆ្ពិន ៧ ដែលព្រាន​សន្ទូច​ស្រង់ឡើង​ពីទឹក​ដាក់លើគោក ម្នាលព្រាហ្មណ៍ នេះ​របស់ខ្ញុំ អ្នកចូរ​បរិភោគ​របស់នេះ ហើយ (ចំរើនសមណធម៌) នៅក្នុងព្រៃចុះ។

[៥៦៣] (ចចក និយាយនឹងឥន្ទព្រាហ្មណ៍ថា) ភត្តរបស់អ្នក​រក្សាស្រែ​ឯណោះ គឺសាច់ពីរ​ជ្រនួចផង ទន្សង​មួយផង ដបទធិមួយផង ខ្ញុំបាននាំមក​ក្នុងវេលាយប់ ម្នាល​ព្រាហ្មណ៍ នេះរបស់​ខ្ញុំ អ្នកចូរ​បរិភោគ​របស់នេះ ហើយ (ចំរើន​សមណធម៌) នៅក្នុង​ព្រៃចុះ។

[៥៦៤] (ស្វា និយាយនឹងឥន្ទព្រាហ្មណ៍ថា) ផ្លែស្វាយទុំ ទឹកត្រជាក់ ទីមាន​ម្លប់​ត្រជាក់ ជាទី​គាប់ចិត្ត ម្នាលព្រាហ្មណ៍ នេះរបស់ខ្ញុំ អ្នកចូរបរិភោគ​របស់នេះ ហើយ (ចំរើន​សមណធម៌) នៅ​ក្នុងព្រៃចុះ។

[៥៦៥] (ទន្សាយ និយាយនឹងឥន្ទព្រាហ្មណ៍ថា) ទន្សាយ មិនមានល្ង មិនមាន​សណ្ដែក មិនមាន​អង្ករទេ អ្នក​ចូរបរិភោគ​នូវខ្ញុំ ដែលឆ្អិន​ដោយភ្លើង​នេះ ហើយ (ចំរើន​សមណធម៌) នៅក្នុង​ព្រៃចុះ។

ចប់ សសបណ្ឌិតជាតក ទី៦។

មតរោទនជាតក ទី៧

[៥៦៦] (សេដ្ឋីពោធិសត្វ ពោលថា) អ្នកទាំងឡាយ យំរកបុគ្គល​ស្លាប់ទៅហើយ ៗ តែម្យ៉ាង បុគ្គលណា បម្រុងស្លាប់ អ្នក​ទាំងឡាយ មិនយំ​រកបុគ្គល​នោះសោះ ពួកសត្វ​ទាំងអស់ ជាអ្នក​ទ្រទ្រង់នូវ​សរីរៈ តែងលះបង់​នូវជីវិត​តាមលំដាប់។

[៥៦៧] ពួកទេវតា មនុស្ស សត្វជើង ៤ ពួកសត្វស្លាប និងពួកពស់ ប្រកប​ដោយ​ភ្នេន មិនជាធំ​ក្នុងសរីរៈឡើយ តែងលះបង់​ជីវិត ទាំងកំពុង​ត្រេកអរ (ក្នុងឋានៈ​ដែលខ្លួន​កើតហើយ)។

[៥៦៨] សុខ និងទុក្ខជាធម្មជាតកម្រើក មិនតំាងនៅ​យ៉ាងនេះ បុគ្គល​គួររមិល​មើល​ក្នុង​ពួកមនុស្ស ការកន្ទក់​កន្ទេញ ការយំសោក ជារបស់​មិនមាន​ប្រយោជន៍ទេ ព្រោះ​ហេតុអ្វី ក៏គំនរ​នៃសេចក្ដី​សោក គ្របសង្កត់​អ្នកទាំងឡាយ។

[៥៦៩] ពួកជនណា ជាអ្នកលេង ជាអ្នកស្រវឹង មិនធ្វើ (សេចក្ដី​ចំរើន) ជា​មនុស្ស​ពាល ក្លៀវក្លា មិនមាន​សេចក្ដី​ព្យាយាម មិនឈ្លាស​ក្នុងធម៌ ពួកជននោះ តែង​សំគាល់​នូវអ្នក​ប្រាជ្ញ (ដែលមិន​យំសោក​ជាដើម) ថាជា​មនុស្ស​ពាលទៅវិញ។

ចប់ មតរោទនជាតក ទី៧។

កណវេរជាតក ទី៨

[៥៧០] (ពួករបាំ ច្រៀងថា) អ្នកឱបរឹតនាងសាមាណា ដោយដើមដៃ ក្បែរ​គុម្ពច្បារ​ទាំង​ឡាយ មាន​ផ្កាក្រហម ដូចពន្លឺ​ព្រះអាទិត្យ ក្នុង​វសន្តសម័យ (ហើយរត់ទៅ ឥឡូវនេះ) នាង​សាមានោះ​ ប្រាប់មកអ្នក (ថានាង) មិនមាន​រោគទេ។

[៥៧១] (ពោធិសត្វ ពោលថា) នែនាងដ៏ចំរើន បានឮថា ខ្យល់បក់​ផាត់ភ្នំ ដោយ​ហេតុណា ខ្ញុំមិនគប្បី​ជឿ​នូវហេតុ​នោះទេ បើខ្យល់​បក់ផាត់​ភ្នំបាន បក់ផាត់​ផែនដីទាំងមូល ក៏បាន​ដែរ នាង​សាមាណា ស្លាប់បាត់ទៅ​ហើយ អ្នកពោល​ថា នាងសាមានោះ មិនមាន​រោគ (ខ្ញុំមិន​គប្បីជឿទេ)។

[៥៧២] (ពួករបាំ ច្រៀងថា) នាងសាមានោះ មិនស្លាប់ផង នាងមិនចង់​បាន​បុរស​ដទៃផង ឮថា នាងសាមា មានប្ដី​តែមួយ នាងចង់​បានតែប្ដី​នោះឯង។

[៥៧៣] (ព្រះពោធិសត្វ ពោលថា) នាងសាមា ប្ដូរយកខ្ញុំ ដែលមិនឆ្លាប់​ស្និទ្ធស្នាល ដោយប្ដី​ដែល​ស្និទ្ធស្នាល អស់កាលយូរ ប្ដូរយកខ្ញុំ​ជាប្ដី​មិនពិតប្រាកដ ដោយប្ដីពិត​ប្រាកដ នាង​សាមា មុខតែប្ដូរ​យកបុរសដទៃ ដោយខ្ញុំ ខ្ញុំនឹងទៅកាន់​ទីឆ្ងាយ លើស​ពីនេះ​ទៅទៀត។

ចប់ កណវេរជាតក ទី៨។

តិត្តិរជាតក ទី៩

[៥៧៤] (សត្វទទា សួរតាបសពោធិសត្វថា) ខ្ញុំរស់នៅ​ជាសុខសប្បាយ​ណាស់ ទាំង​បាន​បរិភោគ (ដោយស្រួល) តែខ្ញុំឋិត​នៅក្នុង​សេចក្ដី​អន្តរាយ បពិត្រ​លោកដ៏ចំរើន តើគតិ​របស់ខ្ញុំ​ដូចម្ដេច។

[៥៧៥] (ព្រះពោធិសត្វ ពោលថា) ម្នាលចៅបក្សី បើចិត្តរបស់អ្នក​មិនបង្អោន​ទៅរក​អំពើបាបទេ បាបក៏​មិនប្រឡាក់​នូវអ្នកដ៏ចំរើន​ដែលជា​អ្នកមិន​ខ្វល់ខ្វាយ​ឡើយ។

[៥៧៦] (ទទា ពោលថា) សត្វទទាជាច្រើនមក ព្រោះគិតថា ញាតិយើង​ទំនៅ (ត្រង់ទីនោះ) ព្រានប៉ះពាល់​នូវ​បាណាតិបាតកម្ម ព្រោះ​អាស្រ័យខ្ញុំ ចិត្តរបស់ខ្ញុំ ក៏​រង្កៀស​ក្នុងរឿង​នោះ។

[៥៧៧] (ពោធិសត្វ ពោលថា) ព្រានមិនប៉ះពាល់​នូវបាណាតិបាតកម្ម ព្រោះ​អាស្រ័យ​អ្នកទេ បើចិត្តអ្នកមិនប្រទូស្ត បាបមិនប្រឡាក់​នូវអ្នកដ៏ចំរើន ដែលមិន​មានសេចក្ដី​ខ្វល់ខ្វាយ​ឡើយ។

ចប់ តិត្តិរជាតក ទី៩។

សុចជជាតក ទី១០

[៥៧៨] (នាងទេវី ពោលថា) ព្រះរាជាកាលមិនប្រទានភ្នំ (សូម្បី) ដោយ​ព្រះវាចា ឈ្មោះថា​មិនលះបង់​នូវរបស់​ដែលគួរ​លះបង់ដោយ​ងាយទេ (ប្រសិន​បើព្រះរាជា​បានប្រទាន​ភ្នំ (សូម្បី) ដោយព្រះវាចា ព្រះរាជានោះ (ដែលខ្ញុំ​សូមហើយ) គង់​លះបង់​វត្ថុខ្លះ។

[៥៧៩] (ព្រះរាជា ត្រាស់ថា) បុគ្គលធ្វើអំពើណា គប្បីនិយាយ​អំពើ​នោះ មិនធ្វើ​អំពើណា មិនគប្បី​និយាយ​អំពើនោះ ពួកបណ្ឌិត​រមែង​កំណត់​ដឹងនូវ​បុគ្គល ដែលមិនធ្វើ (គ្រាន់តែ) និយាយ។

[៥៨០] (ព្រះនាងទេវី ពោលថា) បពិត្រព្រះរាជបុត្រ ខ្ញុំសូមថ្វាយ​បង្គំ​ព្រះអង្គ ដែល​ឋិតនៅក្នុង​វចីសច្ចៈ​ផង ក្នុង​សភាវធម៌​ផង សូម្បី​ដល់នូវ​សេចក្ដី​វិនាស ក៏ព្រះហឫទ័យ របស់​ព្រះអង្គ​នៅតែ​ត្រេកអរ​ក្នុងសច្ចៈ។

[៥៨១] (ព្រះពោធិសត្វ សំដែងគុណរបស់ព្រះនាងទេវីថា) ភរិយាណា របស់ប្ដី​អ្នក​ទ័លក្រ ក៏ជា​ស្រីទ័លក្រ​ដែរ របស់ប្ដី​អ្នកស្ដុកស្ដម្ភ ក៏ជាស្រី​ស្ដុកស្ដម្ភ មានកេរ្តិ៍ឈ្មោះ​ដែរ ភរិយានោះ​ ឈ្មោះថាជា​ភរិយា​ដ៏ឧត្ដម​របស់ប្ដី​នោះ ស្រីទាំងឡាយ​របស់អ្នក​មានប្រាក់ (ក៏ដូច្នោះ​ដែរ)។

ចប់ សុចជជាតក ទី១០។

ចប់ បុចិមន្ទវគ្គ ទី២។

ឧទ្ទាននៃបុចិមន្ទវគ្គនោះគឺ

និយាយអំពីចោរ ១ កស្សបតាបស ១ តាបសខន្តិវាទី ១ ការរស់នៅ​អាក្រក់ ១ សំដីអាក្រក់ ១ ទន្សាយ ១ បុគ្គលស្លាប់ ១ វសន្តកាល ១ ការរស់នៅ​ជាសុខ ១ ព្រះរាជា​មិនលះបង់​នូវរបស់​ដែលលះបង់​ងាយ ១ ត្រូវជា ១០។

កុដិទូសកវគ្គ ទី៣

កុដិទូសកជាតក ទី១

[៥៨២] (គ្រលេងគ្រលោង ពោលថា) នែពានរ ក្បាល ដៃ និងជើង​របស់អ្នក ដូចជា​មនុស្សដែរ តែព្រោះ​ហេតុអ្វី បានជា​ផ្ទះរបស់​អ្នកគ្មាន។

[៥៨៣] (ពានរ ឆ្លើយថា) នែគ្រលេងគ្រលោង ក្បាល ដៃ និងជើង​របស់​ខ្ញុំ ដូច​មនុស្ស​មែនហើយ តែប្រាជ្ញា​ណា ដែល​បោរាណាចារ្យ​ពោលថា ប្រសើរក្នុង​ពួកមនុស្ស ប្រាជ្ញានោះ របស់ខ្ញុំ​មិនមានទេ។

[៥៨៤] (គ្រលេងគ្រលោង ពោលថា) ធម្មតា អ្នកមានចិត្តមិន​នឹងនួន មាន​ចិត្ត​រប៉ិល​រប៉ូច ជាអ្នកប្រទូស្ត​ចំពោះមិត្រ មានមារយាទ​មិនទៀង​ជានិច្ច តែង​មិនមាន​សេចក្ដី​សុខ។

[៥៨៥] នែពានរ អ្នកនោះចូរធ្វើនូវអានុភាព (ឲ្យកើតបញ្ញា) ចូរផ្លាស់​មារយាទ​ចេញ ចូរធ្វើខ្ទម​ជាគ្រឿង​ការពារនូវ​ត្រជាក់ និងខ្យល់។

ចប់ កុដិទូសកជាតក ទី១។

ទុទ្ទុភាយជាតក ទី២

[៥៨៦] (ទន្សាយ និយាយថា) សូមសេចក្ដីចំរើន​មានដល់លោក​ចុះ ខ្ញុំនៅ​ក្នុងប្រទេស​ណា ប្រទេសនោះ​ធ្វើសំឡេង​ឮទុទ្ទុភ [ឮទុភ ៗ។] តែ​ខ្ញុំមិនដឹងនូវ​ប្រទេស​នុ៎ះថា អ្វីនេះ ធ្វើសំឡេង​ឮទុទ្ទុភ។

[៥៨៧] (ព្រះសាស្ដា ទ្រង់សំដែងថា) ទន្សាយឮសូរ​ផ្លែព្នៅ​ជ្រុះថា​ទុទ្ទុភ ដូច្នេះ ក៏ស្ទុះ​បោលប្រេច ហ្វូងសត្វម្រឹគ​បានឮពាក្យ​ទន្សាយ ក៏ភ័យ​តក់ស្លុត។

[៥៨៨] ពួកជនពាលនោះ មិនទាន់សម្រេច​នូវចំណែក​នៃ​សោតវិញ្ញាណ ឮ​សំឡេង​នៃជន​ដទៃ មានសេចក្ដី​ប្រហែសធ្វេស​ដ៏ក្រៃលែង ជនពាល​ទាំងនោះ រមែង​លុះតាមពាក្យ​ជនដទៃ។

[៥៨៩] ចំណែកពួកជនណា បរិបូណ៌ដោយសីល និងបញ្ញា ត្រេកអរ​ក្នុង​ការ​ស្ងប់រម្ងាប់ ជាធីរជន អ្នកឆ្ងាយ អ្នកវៀរ​ចាកបាប ធីរជននោះ មិនលុះ​តាមពាក្យ​ជនដទៃ​ទេ។

ចប់ ទុទ្ទុភាយជាតក ទី២។

ព្រហ្មទត្តជាតក ទី៣

[៥៩០] (តាបសពោធិសត្វ ពោលថា) បពិត្រព្រះបាទព្រហ្មទត្ត បុគ្គល​អ្នកសូម រមែង​បានផល​ពីរយ៉ាង គឺការមិន​បានទ្រព្យ ១ ការ​បានទ្រព្យ ១ ព្រោះថា ការសូម មានយ៉ាង​នេះជា​ធម្មតា។

[៥៩១] បពិត្រព្រះអង្គជាឥស្សរៈលើរថ​នៃដែនបញ្ចាល អ្នកប្រាជ្ញ​ទាំងឡាយ បានពោល​នូវការសូម​ថាជាការយំ បុគ្គលណា ឃាត់នូវ​ការសូម អ្នកប្រាជ្ញ​ទាំងឡាយ​ហៅបុគ្គល​នោះ ថាជាអ្នក​មានការ​យំតប។

[៥៩២] កុំឲ្យពួកជនអ្នកដែនបញ្ចាល​មកប្រជុំគ្នា ឃើញ​អាត្មាភាព​កំពុងយំ ឬ​ព្រះអង្គ​កំពុងយំ​តបឡើយ ព្រោះហេតុ​នោះ បានជា​អាត្មាភាព​ត្រូវការ​ទីស្ងាត់។

[៥៩៣] (ព្រះបាទព្រហ្មទត្ត ទ្រង់ត្រាស់ថា) បពិត្រព្រាហ្មណ៍ ខ្ញុំនឹង​ឲ្យគោញី​សម្បុរ​ក្រហម ១០០០ ព្រមទាំង​គោឈ្មោល​ដល់លោក ព្រោះថា​អរិយជន បានស្ដាប់​នូវគាថា​ប្រកប​ដោយធម៌ របស់លោក​ជាអរិយៈ មិនគប្បីឲ្យ ដូចម្ដេចកើត។

ចប់ ព្រហ្មទត្តជាតក ទី៣។

ចម្មសាដកជាតក ទី៤

[៥៩៤] (ចម្មសាដកបរិព្វាជក ពោលថា) ឱ ពពែដ៏ប្រសើរនេះ ជាសត្វ​ជើង ៤ មាន​សភាព​ល្អ ដ៏ចំរើនល្អ មានមារយាទ ជាទីស្រឡាញ់ មានយស តែងគោរព​ព្រាហ្មណ៍​អ្នកបរិបូណ៌​ដោយជាតិ និងមន្ត។

[៥៩៥] (បណ្ឌិតពាណិជពោធិសត្វ ពោលថា) ម្នាលព្រាហ្មណ៍ អ្នកកុំ​ស្និទ្ធស្នាល​នឹងសត្វ​ជើង ៤ ដោយការ​ឃើញមួយ​រំពេចឡើយ ដ្បិតសត្វ​ពពែនេះ ប្រាថ្នានឹង​ធ្វើនូវការ​ប្រហារ​ដ៏មាំ បានជាថយក្រោយ និងព្រលែង​នូវការប្រហារ​ឲ្យងាយ។

[៥៩៦] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) ឆ្អឹងភ្លៅរបស់​ព្រាហ្មណ៍ក៏បាក់ អម្រែក​របស់​ព្រាហ្មណ៍​ក៏ធ្លាក់ចុះ ទ្រព្យទាំង​អស់របស់ព្រាហ្មណ៍ ក៏បែក​ហើយ ព្រាហ្មណ៍​លើកដៃ​ទាំងពីរ​ឡើង កន្ទក់កន្ទេញថា ពពែស្ទុះមក​សម្លាប់​ព្រហ្មចារីបុគ្គល។

[៥៩៧] (បរិព្វាជក និយាយតទៅទៀតថា) ខ្ញុំជាមនុស្ស​ឥតប្រាជ្ញា ត្រូវ​ពពែ​បុះសម្លាប់​ក្នុងថ្ងៃ​នេះយ៉ាង​ណា បុគ្គលណា សរសើរ​បុគ្គល​ដែលមិន​គួរបូជា បុគ្គល​នោះ ត្រូវគេសម្លាប់ ដេកនៅ (ក្នុងទីនេះ) យ៉ាងនោះដែរ។

ចប់ ចម្មសាដកជាតក ទី៤។

គោធជាតក ទី៥

[៥៩៨] (ទន្សងពោធិសត្វ និយាយនឹងតាបសថា) ខ្ញុំស្មានអ្នកថាជា​សមណៈ បានចូល​ទៅរកអ្នក ជាអ្នក​មិនសង្រួម អ្នកនោះ ប្រហារខ្ញុំ​ដោយដម្បង ដូចមនុស្ស​មិនមែនជា​សមណៈ​ដែរ។

[៥៩៩] ម្នាលតាបសកម្លៅ ប្រយោជន៍អ្វី​ដោយផ្នួងសក់​របស់អ្នក ប្រយោជន៍​អ្វី ដោយស្បែក​ខ្លាឃ្មុំ​របស់អ្នក ខាងក្នុង​របស់អ្នក​សាំញុំា​ដោយកិលេស អ្នកបោស​រំលីង​តែសរីរៈខាងក្រៅ។

[៦០០] (តាបស និយាយថា) នែទន្សង ឯងចូរមកណេះ ឯងត្រឡប់​មកវិញ ចូរ​បរិភោគ​បាយស្រូវសាលី​ចុះ ប្រេង និង​អម្បិល​របស់អញ​ក៏មាន ដីប្លីរបស់​អញក៏មាន​ច្រើន។

[៦០១] (ទន្សងឆ្លើយថា) ខ្ញុំនោះនឹងចូល​ទៅរកដំបូក ជំរៅ ១០០ជួរបុរស​យ៉ាង​ក្រៃលែង ថ្វីបើអ្នកឯង​មានប្រេង និងអម្បិល ដីប្លីរបស់​អ្នក មិនជា​ប្រយោជន៍​ដល់ខ្ញុំ​ឡើយ។

ចប់ គោធជាតក ទី៥។

កក្ការុជាតក ទី៦

[៦០២] (ទេវបុត្តជាធំ ពោលថា) បុគ្គលណា មិនលួចទ្រព្យ​គេដោយកាយ មិន​និយាយ​កុហក​ដោយវាចា បានយស​សក្តិហើយ មិនស្រវឹង បុគ្គលនោះឯង គួរ​ប្រដាប់​ផ្កាត្រឡាច​ជាទិព្វ​ទាំងឡាយ។

[៦០៣] (ទេវបុត្តទី២ ពោលថា) បុគ្គលណា ស្វះស្វែងរកទ្រព្យ​ដោយធម៌ មិននាំ​យកទ្រព្យ​គេដោយ​បោកប្រាស បានទ្រព្យ​ទាំងឡាយ​ហើយ មិនស្រវឹង បុគ្គលនោះឯង គួរប្រដាប់​នូវផ្កាត្រឡាច​បាន។

[៦០៤] (ទេវបុត្តទី៣ ពោលថា) បុគ្គលណា មានចិត្តមិនឆាប់ហើរដូចរមៀត មាន​សទ្ធា​មិនរសាយ មិនបរិភោគ​វត្ថុមានរស​ឆ្ងាញ់តែ​ម្នាក់ឯង បុគ្គលនោះ ទើបគួរ​ប្រដាប់​នូវផ្កាត្រឡាចបាន។

[៦០៥] (ទេវបុត្តទី៤ ពោលថា) បុគ្គលណា មិនជេរប្រទេច​ពួកសប្បុរស​ក្នុងទី​ចំពោះ​មុខ ឬកំបាំងមុខ ជាអ្នក​និយាយ​យ៉ាងណា ធ្វើយ៉ាងនោះ បុគ្គលនោះ ទើប​គួរ​ប្រដាប់​នូវផ្កាត្រឡាចបាន។

ចប់ កក្ការុជាតក ទី៦។

កាកាតិជាតក ទី៧

[៦០៦] (នដកុវេរគន្ធព្វច្រៀងថា) ស្ត្រីជាទីស្រឡាញ់​របស់ទូល​ព្រះបង្គំ​នៅក្នុង​ទីណា ក្លិនក្រអូបនេះ ក៏បក់មក​អំពីទីនោះ ចិត្តរបស់​ទូលព្រះបង្គំ​ត្រេកអរ​ក្នុងស្ត្រីណា ស្ដ្រីនោះ​ឈ្មោះ​នាង​កាកាតិ ទៅនៅក្នុង​ទីឆ្ងាយ​អំពីទីនេះ។

[៦០៧] (ស្ដេចគ្រុឌ ពោលថា) អ្នកបានឆ្លង​សមុទ្រ ដោយឧបាយ​ដូចម្ដេច បានឆ្លង​ទន្លេ​ឈ្មោះ​កេបុកៈ ដោយឧបាយ​ដូចម្ដេច បានឆ្លង​សមុទ្រទាំង ៧ ជាន់ ដោយ​ឧបាយ​ដូចម្ដេច បានឡើង​ដើមរកា (ជាលំនៅ​របស់យើង) ដោយឧបាយ​ដូចម្ដេច។

[៦០៨] (នដកុវេរគន្ធព្វ ឆ្លើយតបថា) ខ្ញុំបានឆ្លងសមុទ្រ​ជាមួយនឹងលោក បានឆ្លង​ទន្លេ​ឈ្មោះ​កេបុកៈ​ជាមួយ​នឹងលោក បានឆ្លង​សមុទ្រទាំង ៧ ជាន់ជាមួយ​នឹងលោក បាន​ឡើង​ដើមរកា​ជាមួយ​នឹងលោក។

[៦០៩] (ស្ដេចគ្រុឌ ពោលថា) អញនាំមក ទាំងនាំទៅនូវ​សហាយ​របស់ប្រពន្ធ ហេតុណា ហេតុនោះ គួរតិះដៀល​ខ្លួនអញ មានកាយធំ គួរតិះដៀល​ខ្លួនអញ ដែលមិន​មានគំនិត។

ចប់ កាកាតិជាតក ទី៧។

អននុសោចិយជាតក ទី៨

[៦១០] (តាបសពោធិសត្វ ពោលថា) នាងសម្មិល្លហាសិនី ជាស្រីដ៏​ចំរើន មាន​ក្នុងចន្លោះ​ពួកសត្វ​ដ៏ច្រើនដែល​ស្លាប់ហើយ ពួកសត្វ​ដែលស្លាប់​ហើយនោះ នឹង​មានប្រយោជន៍​អ្វីដល់ខ្ញុំ ហេតុនោះ បានជា​ខ្ញុំមិនសោក​ស្ដាយនាង​សម្មិល្លហាសិនី ជាទី​ស្រឡាញ់​នុ៎ះឡើយ។

[៦១១] វត្ថុណា ៗ មិនមានដល់សត្វនោះ បើសត្វគប្បី​សោកស្ដាយ ចំពោះ​វត្ថុដែល​គ្មាននោះ ៗ គប្បីសោយ​សោកចំពោះ​ខ្លួនឯង ដែលលុះ​ក្នុងអំណាច​នៃមច្ចុគ្រប់​កាលផង។

[៦១២] អាយុសង្ខារមិនទៅតាមសត្វណាមួយ ដែលឈរ អង្គុយ ដេក ដើរ​ទៅមក​ឡើយ សត្វបើកភ្នែក ធ្មេចភ្នែក ដរាបណា វ័យរបស់សត្វ​តែងរំកិល​ទៅដរាបនោះ។

[៦១៣] កាលបើសេចក្ដីព្រាត់ប្រាសក្នុងខ្លួន ជាផ្លូវឥតសង្ស័យ​នោះហើយ បុគ្គល​គប្បី​អាណិត​សត្វរស់នៅ​ដ៏សេសសល់ មិនគួរ​សោយ​សោក ចំពោះ​សត្វដែល​ច្យុត​ហើយទេ។

ចប់ អននុសោចិយជាតក ទី៨។

កាឡពាហុជាតក ទី៩

[៦១៤] (សេកឈ្មោះបោដ្ឋបាទជាប្អូន និយាយថា) កាលពីដើម យើង​បាន​បាយ និង​ទឹកណា អំពីសំណាក់​នៃស្ដេចនោះ ឥឡូវនេះ បាយ និង​ទឹកនោះ បានទៅ​ស្វាវិញ​ហើយ បពិត្រ​បងរាធៈ ឥឡូវនេះ យើងនឹងនាំ​គ្នាទៅព្រៃវិញ ព្រោះព្រះបាទ​ធនញ្ជ័យ លែងរាប់​អានយើងហើយ។

[៦១៥] (សេកពោធិសត្វ ឈ្មោះរាធៈជាបង និយាយតបថា) លាភក្ដី អលាភក្ដី យសក្ដី អយសក្តី និន្ទាក្ដី បសំសាក្ដី សុខក្ដី ទុក្ខក្ដី លោកធម៌ទាំង ៨ នោះ មិនទៀង ក្នុងមនុស្ស​សត្វទាំង​ឡាយទេ ម្នាលបោដ្ឋបាទ អ្នកកុំ​សោកស្ដាយ​ឡើយ អ្នកនឹង​សោកស្ដាយ​ធ្វើអ្វី។

[៦១៦] (សេកឈ្មោះបោដ្ឋបាទ និយាថា) បពិត្របងរាធៈ បងជា​អ្នកប្រាជ្ញ​មែនពិត​ហើយ បងដឹងនូវ​ប្រយោជន៍ ដែលមិន​ទាន់មាន​មក តើយើង​នឹងឃើញ​ស្វាដ៏លាមក ដែលត្រូវ​គេបណ្ដេញ​ពីរាជត្រកូល​ដោយឧបាយ​ដូចម្ដេចហ្ន៎។

[៦១៧] (រាធៈ និយាយតបថា) ស្វាខ្មៅឈ្មោះ​កាឡពាហុ ញាក់ត្រចៀក ធ្វើមុខ​ក្រញូវ គង់ធ្វើឲ្យ​ព្រះរាជកុមារ​ភិតភ័យ ដោយ​ការសង្ឃកថា មុហុំ មុហុំ វាមុខជា​នឹង​ឋិតនៅ​ឆ្ងាយអំពីបាយ និងទឹក ដោយហេតុណា វានឹងធ្វើនូវ​ហេតុនោះ ដោយខ្លួន​ឯងពុំលែង​ឡើយ។

ចប់ កាឡពាហុជាតក ទី៩។

សីលវីមំសជាតក ទី១០

[៦១៨] (បុរោហិតពោធិសត្វ និយាយថា) បានឮមកថា សីល ជាគុណជាត​ដ៏ល្អ សីល ជាគុណដ៏ប្រសើរ​ក្រៃលែង​ក្នុងលោក សូម​ព្រះអង្គ​ទតមើលចុះ ដូចយ៉ាង​នាគ ជាសត្វ​មានពិស​ដ៏ខ្លាំងពន្លឹក មិនហ៊ាន​បៀតបៀន ដោយយល់ថា បុគ្គលនេះ​មានសីល។

[៦១៩] (ពោធិសត្វ ពោលថា) ដុំសាច់បន្ដិចបន្តួច នៅមានដល់​ខ្លែងនោះ ដរាប​ណា ពួកប្រមង់​ក្នុងលោក ចោមចឹក​ខ្លែងនោះ ដរាប​នោះដែរ សត្វបក្សី​ដ៏សេស មិនបាន​បៀតបៀន​ខ្លែងដែល​មិនមាន​សាច់ជាគ្រឿង​កង្វល់នោះ។

[៦២០] បុគ្គលដេកលក់ជាសុខ ព្រោះមិនមាន​សេចក្ដី​ប្រាថ្នា សេចក្ដី​ប្រាថ្នា​ដែល​មានលទ្ធផល​ក៏ជាសុខ នាងបិង្គលាទាសី បានធ្វើ​នូវសេចក្ដី​ប្រាថ្នា ឲ្យគ្មាន​សេចក្ដី​ប្រាថ្នា​វិញ ក៏ដេកលក់​ជាសុខ​ដែរ។

[៦២១] ក្នុងលោកនេះក្ដី ក្នុងលោកខាងមុខក្ដី មិនមាន​ធម៌ដទៃ​ប្រសើរ​ជាង​សមាធិ​ឡើយ (ព្រោះ) បុគ្គលអ្នក​តាំងនៅក្នុង​សមាធិហើយ រមែង​មិនបៀតបៀន​បុគ្គល​ដទៃផង មិនបៀតបៀន​ខ្លួនឯងផង។

ចប់ សីលវីមំសជាតក ទី១០។

ចប់ កុដិទូសកវគ្គ ទី៣។

ឧទ្ទាននៃកុដិទូសកវគ្គនោះគឺ

និយាយអំពីក្បាល និងដៃជើង​របស់ស្វាដូចមនុស្ស ១ ប្រទេស​ធ្វើនូវ​សំឡេង​ថា​ទុទ្ទុភៈ ១ បុគ្គលអ្នក​សូម ១ សត្វពពែ​ប្រសើរ ១ សត្វទន្សងប្រសើរ ១ ការ​មិនល្អ​ដោយ​កាយ ១ ទន្លេឈ្មោះ​កេបុកៈ ១ ស្ត្រីចំរើនប្រសើរ ១ សេកឈ្មោះរាធៈ ១ សីល​ប្រសើរ ១ ត្រូវជា ១០។

កោកិលវគ្គ ទី៤

កោកាលិកជាតក ទី១

[៦២២] (អាមាត្យពោធិសត្វ ពោលថា) បុគ្គលណា​និយាយហួស​ប្រមាណ ក្នុងកាល​ដែលមិន​សម្រេច (លទ្ធផល) បុគ្គលនោះ ត្រូវ​គេកំចាត់​ចេញ ដេក​នៅតែ​ម្នាក់ឯង ដូច​កូនតាវ៉ៅ (ដែល​មេក្អែកចឹក​កំចាត់ចេញ)។

[៦២៣] កាំបិតទុកជាគេសំលៀងមុតហើយ ឬថ្នាំពិស​ដ៏ក្លាខ្លាំង ក៏មិន​ទាញ​បុគ្គលឲ្យ​ធ្លាក់ចុះ ដូច​វាចាជា​ទុព្ភាសិតទេ។

[៦២៤] ហេតុនោះ អ្នកប្រាជ្ញគួររក្សាវាចាទុក ក្នុងកាល​ដែលគួរ និង​កាលមិនគួរ មិនគួរ​និយាយហួស​ប្រមាណ សូម្បីចំពោះ​បុគ្គល​ដែលស្មើ​នឹងខ្លួន។

[៦២៥] ចំណែកបុគ្គលណាមានគំនិត​គិតទុកមុន មានប្រាជ្ញា​ជាគ្រឿង​ពិចារណា និយាយ​ល្មមប្រមាណ ក្នុងកាលគួរ បុគ្គលនោះ អាចចាប់​សត្រូវ​ទាំងពួងបាន ដូច​គ្រុឌចាប់​នាគដូច្នោះ។

ចប់ កោកាលិកជាតក ទី១។

រថលដ្ឋិជាតក ទី២

[៦២៦] (អាមាត្យពោធិសត្វ ពោលថា) បពិត្រព្រះរាជា បុគ្គលខ្លះប្រហារ​ខ្លួន ដោយខ្លួន​ឯង ហើយនិយាយ​ថា គេប្រហារ​ក៏មាន ផ្ចាញ់​គេហើយ​និយាយថា គេផ្ចាញ់ខ្លួន​ក៏មាន អ្នកប្រាជ្ញ​កុំគប្បីជឿពាក្យ​នៃអ្នក​និយាយមុន​ដោយដាច់​ខាតឡើយ។

[៦២៧] ហេតុនោះ បណ្ឌិតជាតិ គួរស្ដាប់ពាក្យ​របស់បុគ្គល​ក្រៅពីនេះផង លុះ​ស្ដាប់ពាក្យ​របស់ជន​ទាំងពីរនាក់​ហើយ គប្បីធ្វើតាម​ច្បាប់ចុះ។

[៦២៨] គ្រហស្ថអ្នកបរិភោគកាម ជាអ្នកខ្ជិលច្រអូស មិនប្រពៃ អ្នកបួស​មិនសង្រួម មិន​ប្រសើរ ព្រះរាជា​មិនពិចារណា​ហើយធ្វើ មិន​ប្រសើរ បណ្ឌិតដែល​ជាអ្នកច្រើន​ក្រោធ ក៏ពុំ​ប្រសើរ។

[៦២៩] បពិត្រព្រះអង្គជាម្ចាស់នៃទិស ក្សត្រិយ៍គប្បី​ពិចារណា​ហើយសឹម​ធ្វើ បើមិន​ទាន់ពិចារណា មិនត្រូវ​ធ្វើទេ យសក្ដី កិត្តិស័ព្ទ​ក្ដី រមែងចំរើន​ដល់ព្រះរាជា ដែល​ពិចារណា​ហើយទើប​ធ្វើ។

ចប់ រថលដ្ឋិជាតក ទី២។

គោធជាតក ទី៣

[៦៣០] (នាងទេវី ក្រាបបង្គំទូលថា) ព្រះអង្គណា ដែលមាន​ព្រះខ័នសៀត ទ្រង់ស្អិត​ស្អាងហើយ ទ្រទ្រង់​នូវសំពត់​តិរីដិ ទ្រង់មាន​ទន្សងឆ្អើរ បាន​បោលទៅ​អំពី​មែក​អស្សត្ថព្រឹក្ស ព្រះអង្គនោះ ទ្រង់ប្រសើរ​ក្នុងរថ គឺខ្ញុំដឹង​ច្បាស់ហើយ ក្នុងកណ្ដាល​ព្រៃ ក្នុង​កាល​នោះឯង។

[៦៣១] (ពោធិសត្វ ពោលថា) បុគ្គលគប្បីសំពះ​បុគ្គល​អ្នកសំពះ​ខ្លួន គប្បី​សេពគប់​បុគ្គលអ្នក​សេពគប់ខ្លួន គប្បី​ធ្វើកិច្ច​របស់បុគ្គល​ដែលជួយ​ធ្វើកិច្ចខ្លួន មិនគប្បី​ធ្វើនូវ​សេចក្ដីចំរើន​ដល់បុគ្គល​អ្នកប្រាថ្នា​សេចក្ដីវិនាស មិនគប្បី​គប់រកនូវ​បុគ្គល​ដែលមិន​គប់រក (ខ្លួននោះ​ឡើយ)។

[៦៣២] គប្បីលះបង់នូវបុគ្គល ដែលលះបង់ខ្លួន មិនគប្បី​ធ្វើនូវ​សេចក្ដី​ស្រឡាញ់​ដោយ​តណ្ហា (ក្នុងបុគ្គល​នោះ) មិនគប្បី​គប់រកនូវ​បុគ្គលដែល​មានចិត្ត​រវើរវាយ ដូចសត្វ​បក្សី​ដឹងថា ឈើមានផ្លែ​អស់ហើយ (ហើរទៅរក​ដើមឈើ​ដែលមាន​ផ្លែបរិបូណ៌) គប្បី​រមិលមើល​បុគ្គលដទៃ ព្រោះថា លោកសន្និវាស​ធំណាស់។

[៦៣៣] (ព្រះរាជា ត្រាស់ថា) យើងនោះ ជាក្សត្រិយ៍ កាលឃើញ​នូវភាពនៃ​កតញ្ញូ នឹងធ្វើតប​ដល់នាង​តាម​សមត្ថភាព យើងនឹង​ឲ្យឥស្សរិយយស​ទាំងអស់​ដល់នាង នាង​ចង់បាន​របស់ណា យើងនឹង​ឲ្យរបស់នោះ​ដល់នាង។

ចប់ គោធជាតក ទី៣។

រាជោវាទជាតក ទី៤

[៦៣៤] (ព្រះពោធិសត្វ ពោលថា) កាលដែលពួកគោញី​ឆ្លងដើរទៅ បើ​គោមេហ្វូង​ដើរវៀច ពួកគោញី ក៏ដើរវៀច​តាមដែរ ព្រោះ​គោមេហ្វូង​ដើរវៀចនោះ។

[៦៣៥] ក្នុងពួកមនុស្ស ក៏យ៉ាងនោះដែរ មនុស្សណា ដែលគេ​សន្មតថា ប្រសើរ​ជាង​គេ បើមនុស្ស​នោះ ប្រព្រឹត្តអធម៌ នឹងបាច់​និយាយ​ទៅថ្វី ដល់ប្រជាជន​ឯទៀត បើ​ព្រះរាជា​ជាអ្នកប្រព្រឹត្ត​អធម៌ រាស្រ្តទាំងអស់ រមែង​ដេកជាទុក្ខ។

[៦៣៦] កាលដែលពួកគោញីដើរឆ្លងទៅ បើគោមេហ្វូង​ដើរត្រង់ ពួក​គោញី​ទាំងអស់ ក៏ដើរត្រង់​ដែរ កាលបើ​គោមេហ្វូង​នាំដើរទៅត្រង់។

[៦៣៧] ក្នុងពួកមនុស្សក៏យ៉ាងនោះដែរ មនុស្សណា ដែលគេសន្មតថា ប្រសើរ​ជាងគេ បើមនុស្សនោះ ប្រព្រឹត្តិធម៌ នឹងបាច់​និយាយ​ទៅថ្វី ដល់ប្រជាជន​ក្រៅនេះ បើ​ព្រះរាជា​ជាអ្នកប្រព្រឹត្ត​ធម៌ រាស្រ្តទាំង​អស់ក៏ដេក​ជាសុខ។

ចប់ រាជោវាទជាតក ទី៤។

ជម្ពុកជាតក ទី៥

[៦៣៨] (រាជសីហ៍ និយាយថា) នែចចក ដំរីនោះ​ធំណាស់ មានកាយក៏​ខ្ពស់ មានភ្លុក​ក៏វែង ពួកសត្វ​កើតក្នុង​ត្រកូល​រាជសីហ៍ណា រមែង​ចាប់ដំរី​បាន អ្នកឯង​មិនមែន​កើតក្នុង​ត្រកូល​រាជសីហ៍​នោះទេ។

[៦៣៩] សត្វណា មិនមែនជារាជសីហ៍ ក្លែងខ្លួនដោយ​មានះថា អញ​ជារាជសីហ៍ សត្វនោះ រមែងដេក​ថ្ងូរលើផែនដី ដូចជា​ចចក​មកកាន់ដំរី (ត្រូវដំរី​ជាន់)។

[៦៤០] ចចកនេះ មិនដឹងកំឡាំងកាយ កំឡាំងប្រាជ្ញា និងកំណើត​របស់​សីហៈ ដែលជា​សត្វមាន​យស ជាសត្វ​ឧត្តម ជាសត្វ​មានខ្លួន​មាំមួន ជាសត្វ​មានកំឡាំង​ខ្លាំងសោះ ទើប​ត្រូវដំរី​ជាន់ស្លាប់។

[៦៤១] ក្នុងលោកនេះ បុគ្គលណា បានពិចារណា​ឲ្យដឹងច្បាស់​នូវកំឡាំង​កាយ និងកំឡាំង​ប្រាជ្ញាក្នុងខ្លួន ជាអ្នកកំណត់​ដោយការ​ស្វាធ្យាយ ដោយការ​ប្រឹក្សា ដោយ​សុភាសិត (ជាមុន) ទើបធ្វើ​ការងារ បុគ្គលនោះ​ឈ្មោះថា ឈ្នះនូវ​ប្រយោជន៍ធំ គឺមិន​សាបសូន្យ​ប្រយោជន៍។

ចប់ ជម្ពុកជាតក ទី៥។

ព្រហាឆត្តជាតក ទី៦

[៦៤២] (អាមាត្យពោធិសត្វ ទូលថា) ព្រះអង្គត្រាស់ថា ស្មៅ ៗ ដូច្នេះ តើ​នរណាហ្ន៎ លួចយកស្មៅ​របស់ព្រះអង្គ​ទៅ ហេតុដូចម្តេច បានជា​ព្រះអង្គ​មានកិច្ច​ដោយ​ស្មៅ ទើប​ត្រាស់​​រកតែស្មៅ​ប៉ុណ្ណោះ។

[៦៤៣] (ព្រះបាទពារាណសី ត្រាស់ថា) តាបសឈ្មោះ​ឆត្ត មានរាងកាយ​ដ៏ខ្ពស់ ជា​ព្រហ្មចារីបុគ្គល ជាពហូស្សូត បានមក​ក្នុងទីនេះ លោកបាន​ប្រមូល​ទ្រព្យរបស់​យើង​ទាំងអស់ រួចដាក់​ស្មៅ (ក្នុងពាង​ទាំងឡាយ) ហើយទៅ​បាត់។

[៦៤៤] (ព្រះពោធិសត្វ ពោលថា) ការកាន់យកទ្រព្យ​ទាំងអស់ របស់​ខ្លួនក្ដី ការមិន​កាន់យកស្មៅ (ដែលមិន​គួរយកទៅ) នេះក្ដី ជាកិច្ចដែល​អ្នកប្រាថ្នា​នូវទ្រព្យ​ដ៏ច្រើន ដោយយក​ស្មៅបន្តិច​បន្តួច (ជាលេស) គប្បីធ្វើ​យ៉ាងនេះឯង (ព្រោះហេតុនោះ) ឆត្តតាបស ដាក់ស្មៅ​ក្នុងពាងទាំងឡាយ ហើយទៅបាត់ ចុះការ​ខ្សឹកខ្សួល​ធ្វើអ្វី ក្នុង​របស់​នោះ។

[៦៤៥] (ព្រះបាទពារាណសី ត្រាស់ថា) ពួកលោក​អ្នកមាន​សីលធម៌ មិនធ្វើ​បែបនេះ​ទេ ចំណែក​មនុស្សពាល ទើបធ្វើ​សីលធម៌​ទាំងឡាយ​របស់ខ្លួន (ឲ្យអាក្រក់) ភាពជា​បណ្ឌិត នឹងធ្វើ​ខ្លួនឲ្យជា​បុគ្គលអ្នក​ទ្រូស្តសីល មានសីល​មិនខ្ជាប់ខ្លួន ដូចម្ដេច​កើត។

ចប់ ព្រហាឆត្តជាតក ទី៦។

បីឋជាតក ទី៧

[៦៤៦] (ពារាណសីសេដ្ឋី ពោលថា) យើងខ្ញុំទាំងឡាយ​មិនបាន​ប្រគេន​តំាង មិនបាន​ប្រគេនទឹក ទាំងមិន​បានប្រគេន​ភោជនាហារ​ដល់លោក សូមលោក​ជាព្រហ្មចារី​អត់ទោស​ដល់ខ្ញុំ ខ្ញុំឃើញ​ទោសនុ៎ះហើយ។

[៦៤៧] (ពោធិសត្វ ពោលថា) អាត្មាមិនជាប់ចំពាក់​ផង មិនខឹងផង ទាំងវត្តុ​តិចតួច ដែល​មិនជាទី​ស្រឡាញ់​របស់អាត្មា ក៏មិនមាន​ឡើយ មួយទៀត អាត្មាមាន​សេចក្ដីត្រិះរិះ ក្នុង​ចិត្តថា ធម្មតា នៃត្រកូល​ប្រាកដដូច្នេះ ដោយពិត។

[៦៤៨] (សេដ្ឋី ពោលថា) យើងខ្ញុំបាន​ប្រគេនអាសនៈ ប្រគេនទឹក ប្រគេន​ប្រេង​សម្រាប់​លាងជើង​ទាំងអស់នេះ នេះជា​ធម្មតា​របស់​ឪពុក និងជីតា ក្នុងត្រកូល​របស់យើង​ខ្ញុំ សព្វ ៗ កាល។

[៦៤៩] យើងខ្ញុំនឹងបម្រើ (សមណព្រាហ្មណ៍​អ្នកប្រព្រឹត្ត​ធម៌ល្អ) ដូចជា​ញាតិ​ជាន់ខ្ពស់ ដោយសេចក្ដី​គោរព នេះជាធម្មតា​របស់ឪពុក និងជីតា​ក្នុងត្រកូល​របស់យើងខ្ញុំ សព្វ ៗ កាល។

ចប់ បីឋជាតក ទី៧។

ថុសជាតក ទី៨

[៦៥០] (ព្រះរាជា ទ្រង់ត្រាស់ថា) កណ្ដុរទាំងឡាយ ស្គាល់ច្បាស់​នូវអង្កាម ស្គាល់ច្បាស់​នូវអង្ករ កណ្ដុរ​ទាំងឡាយ វៀរបង់​នូវអង្កាម ស៊ីតែអង្ករ។

[៦៥១] ការប្រឹក្សាគ្នាណាក្នុងព្រៃ ការខ្សឹបណាក្នុងស្រុក ទាំងការគិត (ប្រុងប្រហារ) ណា រឿងទាំងនេះ អញដឹង​ច្បាស់ហើយ។

[៦៥២] ឮថាទំនៀម ស្វាជាឪពុក តែងយកធ្មេញ​ទៅខាំផ្ដាច់​នូវអង្គជាត​របស់​កូន​តូច ដែលកើត​ហើយ។

[៦៥៣] អ្នកឯងលូនវារ ដូចជាពពែខ្វាក់​ក្នុងចំការស្ពៃ បុគ្គលណា ដេកខាង​ក្រោមទី​ដេក អំពើ​របស់បុគ្គល​នោះ យើងដឹង​ច្បាស់ហើយ។

ចប់ ថុសជាតក ទី៨។

ពាវេរុជាតក ទី៩

[៦៥៤] (ព្រះសាស្ដា ត្រាស់ថា) ជនទាំងឡាយ បានយកសាច់ និងផ្លែឈើ បូជា​ក្អែក​ក្នុងដែន​នោះ ព្រោះមិនទាន់​ឃើញសត្វក្ងោក ជាសត្វ​មានសីរ្ស៍ មានសំឡេង​ពីរោះ។

[៦៥៥] ក្ងោកជាសត្វបរិបូណ៌​ដោយសំឡេងពីរោះ បានមក​ដល់ដែន​ពាវេរុ ក្នុង​កាល​ណា លាភ និង​សក្ការៈ​របស់ក្អែក ក៏សាបសូន្យ​ក្នុងកាលនោះ។

[៦៥៦] ព្រះពុទ្ធជាធម្មរាជ ទ្រង់ធ្វើនូវពន្លឺ មិនទាន់​កើតឡើង​ដរាបណា ពួក​ជន​ឯទៀត បានបូជា​សមណព្រាហ្មណ៍​ដ៏ច្រើន ដរាបនោះ។

[៦៥៧] ព្រះពុទ្ធ ព្រះអង្គបរិបូណ៌​ដោយសំឡេង បានសំដែង​នូវព្រះធម៌​ក្នុង​កាលណា លាភ និង​សក្ការៈ​របស់​តិរ្ថិយ​ទាំងឡាយ ក៏សាប​សូន្យអស់​ក្នុងកាលនោះ។

ចប់ ពាវេរុជាតក ទី៩។

វិសយ្ហជាតក ទី១០

[៦៥៨] (សក្កទេវរាជ ត្រាស់ថា) នែវិសយ្ហសេដ្ឋី ក្នុងកាលមុន អ្នក​បានឲ្យ​ទាន​ទាំងឡាយ​ហើយ កាលអ្នក​ចេះតែឲ្យ សភាវៈ​អស់ទៅ​នៃភោគៈ​ទាំងឡាយ បានកើត​មានហើយ ខាងមុខ​អំពីនេះ​ទៅ បើអ្នក​មិនឲ្យ​ទានទេ ភោគសម្បត្តិ​ទាំងឡាយ​របស់អ្នក ដែល​ឈប់ឲ្យ ទើបគង់​នៅ។

[៦៥៩] (វិសយ្ហសេដ្ឋី ពោលថា) នែសហស្សនេត្រ ព្រះអរិយៈ​ទាំងឡាយ បាន​ពោលថា អំពើ​ដ៏លាមក អរិយជន​សូម្បីជាអ្នក​កំសត់ ក៏មិន​គប្បីធ្វើដែរ នែជនិន្ទ្រ យើង​លះបង់​ហើយនូវ​សេចក្ដី​ជឿក្នុងទាន ព្រោះហេតុ​តែទ្រព្យណា ទ្រព្យ​នោះពុំ​មាន​ដល់យើង​ឡើយ។

[៦៦០] រថមួយ បរទៅតាមផ្លូវណា រថឯទៀត ក៏បរទៅតាម​ផ្លូវនោះដែរ នែវាសវៈ កិច្ចវត្ត​ដែលយើង​បំពេញមក​ក្នុងកាលមុន ចូរប្រព្រឹត្ត​ទៅចុះ។

[៦៦១] បើទ្រព្យមាន យើងនឹងឲ្យបាន កាលបើ​ទ្រព្យមិនមាន យើង​នឹង​ឲ្យដូច​ម្ដេចកើត ថ្វីបើ​យើងជាអ្នក (ច្រូតស្មៅលក់) យើង​នៅតែ​ឲ្យទាន យើងមិន​ប្រហែស​ក្នុង​ទានទេ។

ចប់ វិសយ្ហជាតក ទី១០។

ចប់ កោកិលវគ្គ ទី៤។

ឧទ្ទាននៃកោកិលវគ្គនោះគឺ

និយាយអំពីបុគ្គលនិយាយហួសប្រមាណ ១ បុគ្គល​ផ្ចាញ់ខ្លួនឯង ១ ព្រះរាជា​ប្រសើរ​ក្នុងរថ​កណ្ដាលព្រៃ ១ គោដើរវៀច ១ ឆ្កែចចក ១ ស្ដេចត្រាស់​ថាស្មៅ ១ ជើងតាំង​ជាអាសនៈ​ដ៏ប្រសើរ ១ អង្ករ ១ សត្វក្ងោក ១ វិសយ្ហសេដ្ឋី ១ ត្រូវជា ១០។

ចុល្លកុណាលវគ្គ ទី៥

កុណ្ឌលិកជាតក ទី១

[៦៦២] (ព្រះអង្គ ត្រាស់ថា) ស្ត្រីទាំងឡាយ អ្នកធ្វើនូវសេចក្ដី​ត្រេកអរ ចំពោះ​បុរស​ទាំងឡាយ ជាស្ត្រី​មានចិត្ត​ច្រើនផង ផ្ទញ់ផ្ទាល់​មិនបានផង ប្រសិនបើ​ស្រ្តីទាំងអស់ ធ្វើនូវ​សេចក្ដី​ពេញចិត្ត (ចំពោះបុរស) ដោយខ្លួនឯង​ក៏ដោយ បុរស​មិនគប្បី​ទុកចិត្តទេ ព្រោះថា ស្រី​ទាំងឡាយ ស្មើដោយ​កំពង់ទឹក។

[៦៦៣] ហេតុនៃសេចក្ដីធុញទ្រាន់ណា នៃព្រះរាជា​ទ្រង់ព្រះនាម​កិន្នរៈ និង​នាងទេវី​ទ្រង់​ព្រះនាម​កិន្នរី (ហេតុនៃ​សេចក្ដី​ធុញទ្រាន់នោះ) បុគ្គល​ឃើញហើយ (គប្បី​ដឹងចុះ) ស្រីទាំងពួង រមែង​មិនត្រេកអរ (នឹងស្វាមី) ក្នុងផ្ទះ​របស់ខ្លួន នាង​កិន្នរីទេវី ជា​ភរិយា លះបង់នូវ​ព្រះរាជា​កិន្នរៈនោះ ជាស្វាមី​ប្រាកដ​ដូច្នោះ ព្រោះតែ​ឃើញ​នូវ​បុរសខ្វិន​ដទៃ។

[៦៦៤] នាងបញ្ចបាបី ជាភរិយារបស់ព្រះបាទ​ពកៈ​ផង របស់​ព្រះបាទ​ពាវរិកៈ​ផង ដែលលុះ​ក្នុងកាម​ដ៏ជ្រុលពេក ក៏បាន​ប្រព្រឹត្ត​បទ​មិនគួរ ជាមួយ​នឹងបុរស​អ្នកបម្រើ ធ្វើម្ដេច​ហ្ន៎ ស្រ្ដីមិន​ប្រព្រឹត្ត​បទមិនគួរ នឹងបុរស​ដទៃនោះ។

[៦៦៥] អគ្គមហេសីឈ្មោះនាង​បិយង្គានី ជាទីគាប់​ព្រះហឫទ័យ​របស់​ព្រះបាទ​ព្រហ្មទត្ត ជាធំក្នុង​លោកទាំងមូល បានប្រព្រឹត្ត​បទមិន​គួរជាមួយ​នឹងបុរស​អ្នកឃ្វាល​សេះ​មង្គល ជាអ្នក​បម្រើនៃអគ្គ​មហេសី​នោះ ជាស្រី​ប្រាថ្នាកាម ក៏មិនបាន​នូវបុរសអ្នក​ឃ្វាលសេះ​នោះផង (នូវទី​ជា​អគ្គមហេសី​ផង)។

ចប់ កុណ្ឌលិកជាតក ទី១។

វានរជាតក ទី២

[៦៦៦] (ពានរពោធិសត្វ ពោលថា) នែសត្វទឹកក្រពើ អញអាច​រើ​ខ្លួន​អំពីទឹក​មកលើ​គោកហើយ ឥឡូវនេះ អញមិន​លុះអំណាច​នៃអ្នកឯង​ទៀតទេ។

[៦៦៧] ផ្លែឈើទាំងឡាយណា ដែលយើង​គប្បីទៅកាន់​ត្រើយនៃសមុទ្រ ហើយស៊ី​ផ្លែឈើ​ទាំងឡាយ​នោះ គឺផ្លែស្វាយ ផ្លែព្រីង ផ្លែខ្នុរ មិនគួរ​ដល់យើង​ឡើយ ឯផ្លែល្វា​របស់​យើង ទើបប្រសើរ​ជាង។

[៦៦៨] បុគ្គលណា មិនដឹងហេតុដែល​កើតឡើងភ្លាម ៗ ទេ បុគ្គនោះ គង់លុះ​ក្នុងអំណាច​សត្រូវផង រមែងក្ដៅ​ក្រហាយ​ក្នុងកាល​ជាខាង​ក្រោយផង។

[៦៦៩] បុគ្គលណា ដឹងនូវហេតុដែលកើត​ឡើងភ្លាម បុគ្គលនោះ គង់​រួចចាក​សេចក្ដី​ចង្អៀត គឺសត្រូវ​ផង មិនក្ដៅ​ក្រហាយ​ក្នុងកាល​ជាខាង​ក្រោយផង។

ចប់ វានរជាតក ទី២។

កុន្តិនីជាតក ទី៣

[៦៧០] (មេក្រៀលទូលស្ដេចថា) ខ្ញុំនៅអាស្រ័យ​ក្នុងព្រះរាជ​ដំណាក់​របស់ព្រះអង្គ ៗ ធ្វើសក្ការ​បូជា​ជានិច្ច ឥឡូវនេះ ព្រះអង្គបាន​ធ្វើ (នូវហេតុ​ឲ្យខ្ញុំចេញទៅ) បពិត្រ​មហារាជ បើដូច្នោះ ខ្ញុំព្រះអង្គ​នឹងទៅ។

[៦៧១] (ព្រះរាជាពោធិសត្វ ត្រាស់ថា) បុគ្គលណា (ដឹង) អំពើ​អាក្រក់ ដែលអ្នក​ដទៃធ្វើ​ហើយ​ចំពោះខ្លួន (ដឹង) អំពើ​អាក្រក់តប ដែលខ្លួន​ធ្វើតបតវិញ ពៀរ​របស់​បុគ្គល​នោះ រមែង​ស្ងប់រម្ងាប់​ដោយ​អាការ​យ៉ាងនេះ នែនាងក្រៀល ចូរនាង​នៅចុះ កុំទៅ​ឡើយ។

[៦៧២] (មេក្រៀល និយាយថា) មិត្តភាពនៃបុគ្គល​ដែលត្រូវ​គេធ្វើ និង​បុគ្គលអ្នកធ្វើ (តប) រមែងមិន​តគ្នាទៀត​បានឡើយ ចិត្តរបស់​ខ្ញុំ មិនយល់​តាមទេ បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុងរថ ខ្ញុំនឹងទៅ​មិនខាន។

[៦៧៣] (ព្រះរាជា ត្រាស់ថា) មិត្តភាពរបស់បុគ្គល​ដែលត្រូវ​គេធ្វើ និង​បុគ្គល​អ្នកធ្វើ (តប) រមែង​តគ្នាទៀត​បានចំពោះ​ពួកជន​ជាអ្នកប្រាជ្ញ មិនចំពោះ​ពួកជន​ពាលទេ ម្នាល​នាងក្រៀល នាងចូរ​នៅចុះ នាងកុំទៅ​ឡើយ។

ចប់ កុន្តិនីជាតក ទី៣។

អម្ពជាតក ទី៤

[៦៧៤] (សេដ្ឋីធីតាទី១ ពោលថា) ស្ត្រីណាលួចស្វាយ​របស់លោកម្ចាស់ ស្ត្រីនោះ ចូរលុះ​ក្នុងអំណាច​នៃបុរសដែល​ប្រដាប់ដោយ​វត្ថុសម្រាប់​ធ្វើសក់ឲ្យខ្មៅ លំបាក​ដោយ​សណ្ឌាស​ចុះ (បានប្ដីចាស់)។

[៦៧៥] (សេដ្ឋីធីតាទី២ ពោលថា) ស្ត្រីណាលួចស្វាយ​របស់លោកម្ចាស់ ស្ត្រី​បែបនោះ ទោះបី​អាយុដល់ ២០ ឆ្នាំ ឬ ២៥ ឆ្នាំ ឬក៏​ថយពី ៣០ ឆ្នាំ ក៏កុំឲ្យ​បានប្ដី​ឡើយ។

[៦៧៦] (សេដ្ឋីធីតាទី៣ ពោលថា) ស្ត្រីណាលួចស្វាយ​របស់លោកម្ចាស់ ស្ត្រីនោះ​តែម្នាក់ឯង ពឹងផ្អែក​តែនឹងប្ដី ហើយដើរ​ទៅកាន់​ផ្លូវឆ្ងាយ កុំឲ្យចួប​នឹងប្ដី​ក្នុងទី​ដែលសន្យា​គ្នាឡើយ។

[៦៧៧] (សេដ្ឋីធីតាទី៤ ពោលថា) ស្ត្រីណាលួចស្វាយ​របស់លោកម្ចាស់ ស្ត្រីនោះ​មានខ្លួន​ប្រដាប់​ហើយ មាន​សំលៀក​បំពាក់​ដ៏ស្អាត ទ្រទ្រង់​កម្រងផ្កា ប្រោះព្រំ​ដោយ​ខ្លឹមចន្ទន៍ ចូរដេក​នៅលើទី​ដេកតែម្នាក់​ឯងចុះ។

ចប់ អម្ពជាតក ទី៤។

គជកុម្ភជាតក ទី៥

[៦៧៨] (អាមាត្យពោធិសត្វ ពោលថា) កាលណាភ្លើង [អគ្គិ បាវកោ គណ្ហវត្តនី ទាំង៣សព្ទនេះ ជាឈ្មោះនៃ​ភ្លើងតែម្យ៉ាង។ អដ្ឋកថា។] ឆេះពៃ្រ ម្នាលបចលកៈ អ្នកនឹង​ធ្វើ​ដូចម្ដេច បើអ្នក​មានសេចក្ដី​ព្យាយាម​យឺតយូរ​យ៉ាងនេះ។

[៦៧៩] (គជកុម្ភៈ (ខ្យងសោក) ពោលថា) ប្រហោងឈើ ក្រហែងដី​មានច្រើន បើយើង​ទៅមិនដល់​ទីទាំងនោះទេ យើងទៀង​តែស្លាប់។

[៦៨០] (ពោធិសត្វ ពោលថា) បុគ្គលណា រហ័សរហួន​ក្នុងកាល​ដែលខ្លួន​ធ្វើ​ការងារ​យឺតយូរ​ផង យឺតយូរ​ក្នុងការងារ​ដែលគេ​ត្រូវធ្វើឲ្យ​រហ័សរហួន​ផង បុគ្គលនោះ ឈ្មោះថា បំបាក់​នូវប្រយោជន៍​របស់ខ្លួន​ចោល ដូចជា​បុរសដើរ​ជាន់ស្លឹក​ត្នោតស្ងួតឲ្យ​ខ្ទេច​ដូច្នោះ។

[៦៨១] បុរសណា យឺតយូរក្នុងការងារ​ដែលខ្លួនត្រូវ​ធ្វើឲ្យយឺតយូរ​ផង រហ័ស​រហួន​ផង ក្នុងការងារ​ដែលខ្លួនធ្វើ​ឲ្យរហ័សផង ប្រយោជន៍​របស់បុរស​នោះ តែងពេញ​គ្រប់គ្រាន់ ដូចជា​ព្រះចន្ទ្រ​វែករាត្រី (ឲ្យលេចពន្លឺ​ធំម្ដងបន្តិច ៗ )។

ចប់ គជកុម្ពជាតក ទី៥។

កេសវជាតក ទី៦

[៦៨២] (នារទាមាត្យ ទូលសួរកេសវតាបសថា) កេសវតាបសមាន​ព្រះភាគ (របស់​យើងខ្ញុំ) នេះ លះបង់​ព្រះបាទ​ពារាណសី ជាធំ​ជាងមនុស្ស អ្នកឲ្យ​សំរេច​សេចក្ដី​ប្រាថ្នា​ទាំងពួង ហើយ​ត្រេកអរ​សប្បាយ​ក្នុងអាស្រម​របស់កូន​សិស្សឈ្មោះ​កប្បកៈ តើ​ដោយ​ឧបាយ​ដូចម្ដេច។

[៦៨៣] (កេសវតាបស និយាយថា) ម្នាលអាមាត្យ រសទាំងឡាយ​ដ៏ឆ្ងាញ់ គួររីករាយ​ក៏មាន ដើមឈើ​ទាំងឡាយ ជាទី​រីករាយ​ចិត្ត​ក៏មាន ពាក្យជា​សុភាសិត​ទាំងឡាយ​របស់​កប្បកៈ តែងធ្វើ​ឲ្យអាត្មា​ត្រេកអរ​បាន។

[៦៨៤] (នារទាមាត្យ ពោលថា) លោកម្ចាស់ ឆាន់ចង្ហាន់​ស្រូវសាលី ដែលលាយ​នឹងសាច់​ដ៏ស្អាត ហេតុដូចម្ដេច បានជា​ស្រងែរ និង​ស្មៅគែលលក​ដែល​មិនមាន​រសប្រៃ​សោះ ធ្វើឲ្យលោកម្ចាស់​ត្រេកអរ​បាន។

[៦៨៥] (កេសវតាបស និយាយ​តបថា) បុគ្គលមាន​សេចក្ដី​ស្និទ្ធស្នាល បរិភោគ​ភោជន​ទោះបី​ឆ្ងាញ់ក្ដី មិនឆ្ងាញ់ក្ដី តិចក្ដី ច្រើនក្ដី ក្នុងកន្លែង​ណា ភោជន (ណាមួយ​ដែល​បុគ្គល​បរិភោគ​ហើយ ក្នុងទី​កន្លែងនោះ ជាភោជន​ប្រសើរ) ព្រោះរស មានសេចក្ដី​ស្និទ្ធស្នាល​ជាយ៉ាង​ក្រៃលែង។

ចប់ កេសវជាតក ទី៦។

អយកូដជាតក ទី៧

[៦៨៦] (ពោធិសត្វ ពោលថា) អ្នកណា ឈរកាន់ញញួរ​ដែកទាំងមូល​ធំហួស​ប្រមាណ លើអាកាស អ្នកនោះ​មកឋិតនៅ ដើម្បី​រក្សាអញ (ក្នុងថ្ងៃនេះ) ឬព្យាយាម ដើម្បី​សម្លាប់​អញ។

[៦៨៧] (យក្ស ពោលថា) បពិត្រមហារាជ ខ្ញុំព្រះអង្គ​ជាទូតរបស់​អារក្សទឹក ខ្ញុំព្រះអង្គ​ត្រូវពួក​អារក្ស​ទឹកប្រើមកក្នុង​ទីនេះ ដើម្បីសម្លាប់​ព្រះអង្គ តែថា ព្រះឥន្ទ្រ​ជាស្ដេច​ទេវតា​រក្សាព្រះអង្គ ហេតុនោះ ខ្ញុំព្រះអង្គ​នឹងបំបែក​ព្រះសិរ្ស៍​របស់ព្រះអង្គ​មិនបានទេ។

[៦៨៨] (ពោធិសត្វ ពោលថា) បើទេវរាជ ទេវានមិន្រ្ទ មឃវៈ សុជម្បតិ រក្សានូវ​អញ ម្នាល​បិសាច អារក្សទាំងអស់ ចូរបន្លឺ​ឡើងតាម​សេចក្ដី​ប្រាថ្នាចុះ យ៉ាងអញ​មិនតក់ស្លុត ចំពោះ​ពួក​អារក្សទឹក​ទេ។

[៦៨៩] ពួកកុម្ភណ្ឌ និងពួកបិសាច​នៅលើគំនរ​សំរាម​ទាំងអស់ ចូរកំចាត់​តាម​សេចក្ដី​ប្រាថ្នាចុះ នែបិសាច ពួកបិសាច​ទាំងអស់ មិនអាច​ដើម្បីច្បាំង​នឹងអញ​បានទេ ការបន្លាច​គួរឲ្យខ្លាច​នោះធំ​ណាស់ (តែអញ​មិនខ្លាច​ឯងទេ)។

ចប់ អយកូដជាតក ទី៧។

អរញ្ញជាតក ទី៨

[៦៩០] (តាបសកុមារ និយាយប្រាប់បិតាថា) បពិត្របិតា ខ្ញុំបាទ​ចេញ​អំពីព្រៃ មករក​ស្រុកវិញ គួរសេពគប់​នឹងបុរស​មានមារយាទ​ដូចម្ដេច មានវត្ត​ប្រតិបត្តិ​ដូចម្ដេច ខ្ញុំបាទ​សួរហើយ សូមបិតា​ប្រាប់ហេតុ​នោះ (ដល់ខ្ញុំ) ឲ្យទាន។

[៦៩១] (តាបសពោធិសត្វជាបិតា ប្រាប់ថា) ម្នាលកូន បុរសណា គប្បី​ស្និទ្ធស្នាល​នឹងអ្នក គប្បីអត់​ទ្រាំនូវសេចក្ដី​ស្និទ្ធស្នាល​របស់អ្នក ជាអ្នកចង់​ស្ដាប់ពាក្យ​របស់អ្នក អត់ទោស​ដល់អ្នក អ្នកទៅ​អំពីព្រៃនេះទៅ ចូរសេពគប់​នឹងបុរស​នោះចុះ។

[៦៩២] បុរសណា មិនមានអំពើអាក្រក់ដោយ​កាយ វាចា ចិត្ត បើអ្នក​ចេញ​អំពីព្រៃ​នេះទៅ អ្នកចូរ​សេពគប់​បុរសនោះចុះ ធ្វើដូចជា កូនដែលតាំង​នៅឰដ៏ទ្រូង។

[៦៩៣] បើផ្ទៃជម្ពូទ្វីបនេះ គ្មានមនុស្សអ្នក​វៀរចាក​កាយទុច្ចរិត​ជាដើមទេ ម្នាលកូន អ្នក​កុំសេពគប់​នឹងបុរស​ដែលមាន​ចិត្តដូច​ទឹកល្មៀត​ជាគ្រឿង​ជ្រលក់ (មានចិត្ត​មិនបាន​ខ្ជាប់ខ្លួន) មានចិត្ត​ដូចជាអាការ​នៃស្វា ជួនត្រេកអរ ជួនមិន​ត្រេកអរ (ប្រែប្រួល​ភ្លាម ៗ) ប្រាកដ​ដូច្នោះ​ឡើយ។

ចប់ អរញ្ញជាតក ទី៨។

សន្ធិភេទជាតក ទី៩

[៦៩៤] (ព្រះរាជា មានព្រះឱង្ការ​នឹងសារថីថា) ម្នាលសារថី សេចក្ដី​ស្មើគ្នា (របស់​សត្វ​ទាំងពីរ) ក្នុងសត្វញី​ទាំងឡាយ មិនមាន ​ក្នុងចំណី​អាហារ​ទាំងឡាយ ក៏មិន​មានដែរ អ្នកចូរ​មើលគំនិត​របស់​ចចក​អ្នកបំបែក​នូវតំណ​នៃមិត្រនោះ គិតមើល​ឲ្យល្អចុះ។

[៦៩៥] ពួកម្រឹគអធម៌ (ចចក) ស៊ីគោផង ស៊ីសីហៈផង ព្រោះសេចក្ដី​ញុះញង់ណា សេចក្ដី​ញុះញង់នោះ រមែង​ប្រែប្រួល​ដូចជា​ដាវមុត​ក្នុងសាច់។

[៦៩៦] ម្នាលសារថី អ្នកឃើញកិរិយា​ដេកស្លាប់ (នៃសត្វទាំងពីរ) នេះ បុគ្គលណា ជឿពាក្យ​របស់បុគ្គល​អ្នកញុះញង់ បំបែក​នូវតំណ​នៃមិត្រ បុគ្គលនោះ រមែង​ដេកស្លាប់​យ៉ាងនេះ (ពុំខាន)។

[៦៩៧] ម្នាលសារថី ពួកជនណា មិនជឿពាក្យញុះញង់​របស់អ្នក​បំបែក​នូវតំណ​នៃមិត្រ ពួកជននោះ តែងបាន​នូវសេចក្ដី​សុខ ដូចជា​ពួកនរជន​អ្នកទៅកើត​ក្នុង​ឋានសួគ៌​ដូច្នោះ។

ចប់ សន្ធិភេទជាតក ទី៩។

ទេវតាបញ្ហជាតក ទី១០

[៦៩៨] (ទេវតា សួរថា) បុគ្គលណា ប្រហារ​ដោយដៃ​ទាំងពីរផង ដោយជើង​ទាំងពីរផង ប្រហារ​នូវមាត់ផង បពិត្រ​មហារាជ បុគ្គលនោះ ជាទីស្រឡាញ់​នៃគេ ហេតុនោះ ព្រះអង្គយល់ថា​បុគ្គលណា។

[៦៩៩] បុគ្គលណា ជេរប្រទេច​តាមសេចក្ដីប្រាថ្នា តែមិនប្រាថ្នា​នូវការ​មកដល់​បុគ្គល​នោះ បពិត្រ​មហារាជ បុគ្គលនោះ ជាទីស្រឡាញ់​របស់គេ ហេតុនោះ ព្រះអង្គ​យល់ថា បុគ្គលណា។

[៧០០] បុគ្គលណា ពោលបង្កាច់ដោយពាក្យមិនពិត ប្រកាស​ប្រាប់ឲ្យ​ឮដោយ​ពាក្យ​ឡូឡា បពិត្រ​មហារាជ បុគ្គលនោះ ជាទីស្រឡាញ់​របស់គេ ហេតុនោះ ព្រះអង្គ​យល់ថា បុគ្គលណា។

[៧០១] ពួកអ្នកនាំយកទៅ បាននាំយក​បាយផង ទឹកផង សំពត់ និង​សេនាសនៈ​ទាំងឡាយ​ផង ដោយពិត បពិត្រ​មហារាជ ពួកអ្នក​នាំយកទៅ​នោះ ជាទី​ស្រឡាញ់​របស់គេ ហេតុនោះ ព្រះអង្គ​យល់ថា បុគ្គលណា។

ចប់ ទេវតាបញ្ហជាតក ទី១០។

ចប់ ចុល្លកុណាលវគ្គ ទី៥។

ឧទ្ទាននៃចុល្លកុណាលវគ្គនោះគឺ

និយាយអំពីស្រីធ្វើសេចក្ដីត្រេកអរ​ដល់ពួកបុរស ១ ព្រះពោធិសត្វ​បានរើខ្លួន ១ មេក្រៀល​នៅក្នុង​ដំណាក់​ស្ដេច ១ វត្តុធ្វើ​សក់ឲ្យខ្មៅ ១ ភ្លើងដ៏ប្រសើរ ១ រសទាំងឡាយ ១ ញញួរដែក​ដ៏ប្រសើរ ១ ការចេញ​អំពីព្រៃ ១ នាយសារថី ១ ប្រហារ​ដោយដៃ ១ ត្រូវជា ១០។

ឧទ្ទាននៃវគ្គក្នុងចតុក្កនិបាតនោះគឺ

កាលិង្គវគ្គ ១ បុចិមន្ទវគ្គ ១ កុដិទូសកវគ្គ ១ កោកិលវគ្គ ១ ចុល្លកុណាលវគ្គ គំរប់ជា ៥ លោកសំដែង​ល្អហើយ។

ចប់ ចតុក្កនិបាត។

ចប់ ភាគ៥៨ ។

សូមអនុមោទនា !!!

Oben-pfeil