ខុទ្ទកនិកាយ មហានិទ្ទេស

បឋមភាគ
ភាគទី៦៤

សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

តេរសមភាគ

អដ្ឋវគ្គិកៈ

កាមសុត្តនិទ្ទេស ទី១

[១] (ព្រះមានព្រះភាគត្រាស់ថា) កាលសត្វបា្រថ្នាកាម បើវត្ថុនោះ​សម្រេច​ដល់​សត្វនោះ សត្វរមែង​មានចិត្ត​ប្រកប​ដោយ​បីតិពិត (ព្រោះ) សត្វបា្រថ្នា​នូវវត្ថុណា បាន (នូវ​វត្ថុនោះ)។

[២] ពាក្យថា កាម ក្នុងពាក្យថា កាលសត្វ​បា្រថ្នាកាម​ដូច្នេះ បើតាម​ឧទ្ទាន បាន​ដល់​កាម ២ គឺ​វត្ថុកាម ១​ កិលេសកាម ១។

ពួកវត្ថុកាម ដូចម្តេច។ រូបជាទីគាប់ចិត្ត សំឡេង​ជាទី​គាប់ចិត្ត​ ក្លិនជា​ទីគាប់ចិត្ត រសជា​ទីគាប់ចិត្ត ផ្សព្វជា​ទីគាប់ចិត្ត កម្រាល គ្រឿង​ស្លៀកពាក់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល សេះញី ស្រែ ចម្ការ បា្រក់មាស ស្រុក និគម រាជ​ធានី ដែន ជនបទ បន្ទាយ ឃ្លាំង និងវត្ថុ​ដែលគួរ​ត្រេកអរ​ណាមួយ ឈ្មោះថា វត្ថុកាម។ មួយ​ទៀត កាម​ទាំងឡាយ​ជាអតីត កាម​ទាំងឡាយ​ជា​អនាគត កាម​ទាំងឡាយ​ជា​បច្ចុប្បន្ន កាម​ទាំងឡាយ​ជាខាងក្នុង កាម​ទាំងឡាយ​ជាខាងក្រៅ កាម​ទាំងឡាយ​ទាំង​ខាងក្នុង​ទាំង​ខាងក្រៅ កាម​ទាំងឡាយ​ថោកទាប កាម​ទាំងឡាយ​ជាកណ្តាល កាម​ទាំងឡាយ​ដ៏​ខ្ពង់ខ្ពស់ កាម​ទាំងឡាយ​មានក្នុង​អបាយ កាម​ទាំងឡាយ​មានក្នុង​មនុស្ស កាមទាំង​ឡាយ​ជាទិព្វ កាម​ទាំងឡាយ​ដែលតាំង​ឡើងឯង កាម​ទាំងឡាយ​ដែល​ខ្លួននិមិ្មត កាម​ទាំង​ឡាយ​ដែលអ្នក​ដទៃនិមិ្មត កាម​ទាំងឡាយ​ដែលបុគ្គល​ហួងហែង​ កាម​ទាំងឡាយ ដែល​បុគ្គល​មិនបាន​ហួងហែង កាម​ទាំងឡាយ ដែលបុគ្គល​រាប់អាន​ថា ជា​របស់អញ កាម​ទាំង​ឡាយ​ដែល​បុគ្គល​មិនរាប់អាន​ថា ជារបស់​អញ ពួកធម៌​ជាកាមាវចរ​ទាំងអស់ក្តី​ ពួក​ធម៌​ជា​រូបាវចរ​ទាំងអស់​ក្តី ពួកធម៌​ជា​អរូបាវចរ​ទាំងអស់​ក្តី ដែលជា​វត្ថុនៃ​តណ្ហា​ ជា​អារម្មណ៍​នៃ​តណ្ហា ឈ្មោះថា កាម ដោយ​អត្ថថា គួរបា្រថ្នា ដោយ​អត្ថថា គួរត្រេកអរ ដោយ​អត្ថថា គួរ​ស្រវឹង ទាំងនេះ​ហៅថា វត្ថុកាម។

ពួកកិលេសកាម ដូចម្តេច។ សេចក្តីបា្រថ្នា ឈ្មោះថា​កាម សេចក្តី​ត្រេកអរ ឈ្មោះ​ថា កាម សេចក្តី​ត្រេកអរ​ដ៏មាន​កម្លាំង ឈ្មោះ​ថាកាម សេចក្តី​ត្រិះរិះ ឈ្មោះថា កាម តម្រេក ឈ្មោះថា​កាម តម្រេក​ដោយការ​ត្រិះរិះ ឈ្មោះថា​កាម បានដល់​សេចក្តី​បា្រថ្នា​ក្នុងកាម ក្នុងកាម​ទាំងឡាយ សេចក្តី​ត្រេកអរ​ក្នុងកាម សេចក្តី​រីករាយ​ក្នុងកាម តណ្ហា​ក្នុងកាម សេចក្តី​ស្នេហា​ក្នុងកាម សេចក្តី​អន្ទះអន្ទែង​ក្នុងកាម ការជ្រប់​ក្នុងកាម ការងប់​ចុះ​ក្នុងកាម អន្លង់​គឺកាម គ្រឿង​ប្រកប​គឺកាម ការថ្ពក់​ជាប់​គឺកាម នីវរណៈ​គឺ​កាមច្ឆន្ទៈ (និងពាក្យ​ដែល​ព្រះមានព្រះភាគ​ត្រាស់ថា)

នែកាម តថាគត បានឃើញឫសគល់​របស់អ្នក​ហើយ នែកាម អ្នកឯង​កើតអំពី​សេចក្តី​ត្រិះរិះ តថាគត មិន​ត្រិះរិះ​ចំពោះ​អ្នកទេ នែកាម អ្នកនឹង​មិនមាន​យ៉ាងនេះ​ទេ។

ទាំងនេះ លោកហៅថា កិលេសកាម។ ពាក្យថា កាលសត្វ​បា្រថ្នាកាម គឺ​កាល​ត្រូវការ កាលចង់​បាន កាល​ត្រេកអរ កាល​តាំងទុក កាល​ស្រឡាញ់ កាល​ជាប់ចំពាក់ ចំពោះ​កាម​ ព្រោះ​ហេតុនោះ (ទ្រង់ត្រាស់ថា) កាលសត្វ​បា្រថ្នាកាម។

[៣] អធិប្បាយពាក្យថា បើវត្ថុនោះ សម្រេចដល់​សត្វនោះ ត្រង់ពាក្យថា បើ… ដល់​សត្វ​នោះ គឺដល់​សត្វនោះ ទោះក្សត្រ​ក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សូទ្រៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី។ ពាក្យថា​វត្ថុនោះ លោកសំដៅ​យកវត្ថុកាម គឺ​រូបជា​ទីគាប់​ចិត្ត សំឡេង​ជាទីគាប់ចិត្ត ក្លិនជា​ទីគាប់ចិត្ត រសជា​ទីគាប់ចិត្ត ផ្សព្វជា​ទី​គាប់ចិត្ត។ ពាក្យ​ថា សម្រេច គឺស្រេច ស្រេចបាច់ បាន បានចំពោះ បានស៊ប់ បានប្រទះ ព្រោះ​ហេតុនោះ (ទ្រង់​ត្រាស់ថា) បើវត្ថុនោះ​សម្រេច​ដល់សត្វ​នោះ។

[៤] អធិប្បាយពាក្យថា សត្វរមែងមានចិត្តប្រកប​ដោយ​បីតិពិត ត្រង់​ពាក្យថា ពិត​ គឺ​ជាពាក្យ​ប្រាប់សេចក្តី​ដោយ​ដាច់ខាត ប្រាប់​សេចក្តី​ដោយមិន​មានសង្ស័យ ប្រាប់​សេចក្តី​មិនមាន​ងឿងឆ្ងល់ ប្រាប់​ដំណើរ​មិនមានពីរ ប្រាប់ហេតុ​មិនបែក​ជាពីរ ប្រាប់​ការប្រកប​ដោយ​ទៀងទាត់ ប្រាប់ហេតុ​មិនខុស ពាក្យ​ថាពិត​នុ៎ះ ជាពាក្យ​ប្រាប់សេច​ក្តីកំណត់។ ពាក្យ​ថា បីតិ បានដល់ បីតិ ភាពនៃ​ចិត្តរីករាយ ការរីករាយ​ទួទៅ ការរីករាយ​សព្វគ្រប់ សេចក្តី​ស្រស់ស្រាយ សេចក្តី​ស្រស់ស្រាយ​សព្វគ្រប់ សេចក្តី​ត្រេកអរ សេចក្តី​ពេញចិត្ត ភាព​នៃចិត្តអបអរ ភាពនៃ​ចិត្តត្រេក​ត្រអាល ភាពនៃ​ចិត្តដ៏ពេញ​លេញ​ក្រៃលែង ដែល​ប្រកប​ដោយ​កាមគុណ ៥។ ពាក្យថា ចិត្ត គឺចិត្ត មនៈ មានសៈ ហទយៈ បណ្ឌរៈ​ មនៈ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលសមគួរ​ដល់ធម៌ មាន​ផស្សៈ​ជាដើម​នោះ​ណា នេះ​លោកហៅថា ចិត្ត។ ចិត្តនេះ ជាធម្មជាត​ទៅជាមួយ កើត​ជាមួយ ច្រឡំ ប្រកប មានការ​កើតឡើង​ក្នុងទី​ជាមួយ មានការ​រលត់​ក្នុង​ទីមួយ មាន​វត្ថុតែមួយ មាន​អារម្មណ៍​តែមួយ ជាមួយ​នឹង​បីតិនេះ។ ពាក្យថា មានចិត្ត​ប្រកប​ដោយបីតិ គឺ​មានចិត្ត​ត្រេកអរ មានចិត្ត​រីករាយ មានចិត្ត​រីករាយ​ខ្លាំង មានចិត្ត​ជារបស់​ខ្លួន មាន​ចិត្ត​ខ្ពស់ មានចិត្ត​ស្រស់ស្រាយ ព្រោះ​ហេតុនោះ (ទ្រង់ត្រាស់ថា) មានចិត្ត​ប្រកប​ដោយ​បីតិ​ពិត។

[៥] អធិប្បាយពាក្យថា សត្វប្រាថ្នានូវវត្ថុណា បាន (នូវវត្ថុនោះ) ត្រង់ពាក្យថា បាន គឺបាន​ហើយ បានរួច​ហើយ បានស៊ប់​ហើយ បានសម្រេច​ហើយ បានប្រាកដ​ហើយ។ ពាក្យថា សត្វ គឺសត្វ ជន មាណព បុរស បុគ្គល សត្វ​មានជីវិត សត្វ​មានជាតិ សត្វ​មានជរា សត្វ​ទៅដោយ​ឥន្រ្ទិយ សត្វកើត​អំពី​មនុស្ស។ ពាក្យថា សត្វប្រាថ្នា​នូវវត្ថុណា គឺសត្វ​ប្រាថ្នា​វត្ថុណា ត្រេកអរ​វត្ថុណា​ កួចកាន់​វត្ថុណា ស្រឡាញ់​វត្ថុណា ជាប់​ចំពាក់​ចំពោះ​វត្ថុណា ទោះជា​រូបក្តី សំឡេងក្តី ក្លិនក្តី រសក្តី ផ្សព្វក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) សត្វ​ប្រាថ្នានូវ​វត្ថុណា បាន (នូវវត្ថុនោះ)។ ព្រោះ​ហេតុនោះ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា

កាលសត្វប្រាថ្នាកាម បើវត្ថុនោះ​សម្រេច​ដល់សត្វ​នោះ សត្វរមែង​មានចិត្ត​ប្រកប​ដោយ​បីតិពិត (ព្រោះ) សត្វ​ប្រាថ្នានូវ​វត្ថុណា បាន (នូវ​វត្ថុនោះ)។

[៦] បើកាលសត្វនោះ មានឆន្ទៈកើតហើយ កំពុង​ប្រាថ្នាកាម​ទាំងឡាយ​នោះ សាបសូន្យ​ទៅវិញ សត្វ​រមែងក្តៅ​ក្រហាយ ដូចត្រូវ​ព្រួញមុត។

[៧] អធិប្បាយពាក្យថា បើកាលសត្វនោះ​កំពុងប្រាថ្នា ត្រង់ពាក្យ​ថា បើកាល​សត្វនោះ គឺកាល​សត្វនោះ​ទោះជា​ក្សត្រិយ៍ក្តី ព្រាហ្មណ៍ក្តី វេស្យៈក្តី សូទ្រៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី។ ពាក្យថា​កំពុងប្រាថ្នា គឺ​កំពុង​ត្រូវការ កំពុង​ចង់បាន កំពុង​ត្រេកអរ កំពុង​តាំងទុក កំពុង​ស្រឡាញ់ កំពុង​ជាប់​ចំពាក់។ មួយទៀត សត្វ​រមែងទៅ ចេញទៅ រសាត់ទៅ ប្រមូលទៅ តាម​កាមតណ្ហា។ បុគ្គល​តែងទៅ ចេញទៅ រសាត់ទៅ ប្រមូលទៅ ដោយ​យានដំរី យានសេះ យានគោ យានពពែ យានចៀម យានឱដ្ឋ ឬ​យានលា យ៉ាងណា សត្វ​រមែងទៅ ចេញទៅ រសាត់ទៅ ប្រមូលទៅ ដោយ​កាមតណ្ហា យ៉ាង​នោះដែរ ព្រោះហេតុ​នោះ (ទ្រង់ត្រាស់ថា) បើកាល​សត្វនោះ​កំពុង​ប្រាថ្នា។

[៨] ពាក្យថា ឆន្ទៈ ក្នុងពាក្យថា កាលសត្វ​មានឆន្ទៈ​កើតហើយ គឺសេចក្តី​ប្រាថ្នា​ក្នុងកាម សេចក្តី​ត្រេកអរ​ក្នុងកាម សេចក្តី​រីករាយ​ក្នុងកាម តណ្ហា​ក្នុងកាម សេចក្តី​ស្នេហា​ក្នុងកាម សេចក្តី​អន្ទះអន្ទែង​ក្នុងកាម ការជ្រប់​ក្នុងកាម ការងប់ចុះ​ក្នុង​កាម អន្លង់​គឺកាម គ្រឿង​ប្រកប​គឺកាម ការថ្ពក់​ជាប់​គឺកាម នីវរណៈ​គឺកាមច្ឆន្ទៈ ក្នុងកាម​ទាំងឡាយ​ណា កាមច្ឆន្ទៈ​នោះ របស់​សត្វនោះ ជាសភាព​កើតហើយ កើត​ព្រមហើយ កើតឡើង​ហើយ កើត​ចំពោះ​ហើយ កើតប្រាកដ​ហើយ។ ពាក្យថា កាលសត្វ គឺកាល​សត្វ ជន មាណព បុរស បុគ្គល ជីវសត្វ សត្វមាន​ជាតិ សត្វមាន​ជរា សត្វទៅ​ដោយ​ឥន្រ្ទិយ សត្វកើត​អំពីមនុស្ស ព្រោះ​ហេតុនោះ (ទ្រង់​ត្រាស់ថា) កាលសត្វ​មានឆន្ទៈ​កើតហើយ។

[៩] ពាក្យថា កាមទាំងឡាយនោះសាបសូន្យទៅ អធិប្បាយថា កាមទាំងឡាយ​នោះ សាបសូន្យ ឬសត្វនោះ​សាបសូន្យ​ចាកកាម​ទាំងឡាយ។

កាមទាំងឡាយនោះ សាបសូន្យ​ដោយប្រការ​ដូចម្តេច។ ព្រះរាជា​ទាំងឡាយ នាំយក​ភោគៈទាំង​ឡាយនោះ របស់សត្វនោះ ដែល​កំពុង​រស់នៅ ឬពួក​ចោរនាំ​យកទៅ ឬភ្លើង​ឆេះ ឬទឹក​បន្សាត់​យកទៅ ឬញាតិ​សាច់មិន​ជាទី​គាប់ចិត្ត​ដណ្តើម​យក ឬសត្វនោះ មិន​បាន​កំណប់​ដែលខ្លួន​កប់ទុក ការងារ​ទាំងឡាយ ដែល​ប្រកបខុស​ទំនង ខូចខាតទៅ បុគ្គល​សម្លាប់​ត្រកូល កើតឡើង​ក្នុងត្រកូល បុគ្គលណា (ជាខាង​ក្រោយ) ខ្ជះខ្ជាយ បំផ្លាញ កំចាត់​បង់នូវ​ភោគៈ​ទាំងនោះ បុគ្គលនោះ​ឈ្មោះថា អ្នកមាន​សេចក្តី​វិនាស ព្រោះភាព​នៃ​ការ​មិនទៀង កាម​ទាំងឡាយ​នោះ សាបសូន្យ សាបសូន្យ​ស្រឡះ ខ្ចាត់ភ្លាត់ លះបង់ បាត់​បង់ រលាយ រលត់ទៅ​យ៉ាងនេះ។

បុគ្គលនោះ សាបសូន្យចាកកាមទាំងឡាយ ដោយប្រការ​ដូចម្តេច។ ភោគៈទាំង​ឡាយ​នោះ ឋិតនៅ តែបុគ្គល​នោះ ឃ្លាត ស្លាប់ អន្តរធាន វិនាសទៅ បុគ្គលនោះ ឈ្មោះថា​សាបសូន្យ សាបសូន្យ​ស្រឡះ ខ្ចាត់ភ្លាត់ បាត់បង់ អន្តរធាន វិនាសទៅ​យ៉ាងនេះ។

ចោរទាំងឡាយ ព្រះរាជាទាំងឡាយ នាំយកទ្រព្យទៅ ភ្លើងឆេះ​ទ្រព្យ ប្រយោជន៍​វិនាស​ទៅ បុគ្គល​លះបង់​សរីរៈ ព្រមទាំង​របស់ដែល​ហួងហែង​ដោយមរណៈ អ្នកប្រាជ្ញ ជ្រាប​សេចក្តី​នេះហើយ គប្បី​បរិភោគផង ឲ្យទាន​ផង លុះបាន​ឲ្យទាន និង​បរិភោគ តាម​សមគួរ​ដល់​អានុភាព​ហើយ រមែង​ជាបុគ្គល​ដែលមិន​ត្រូវ​គេនិន្ទា ហើយ​ចូលទៅ​កាន់​ឋានសួគ៌។

កាមទាំងឡាយនោះ ឈ្មោះថា រមែងសាបសូន្យ។

[១០] ពាក្យថា សត្វរមែងក្តៅក្រហាយ ដូចត្រូវ​ព្រួញមុត គឺសត្វ​ដែលត្រូវ​ព្រួញ​ដែកមុត ឬត្រូវ​ព្រួញឆ្អឹង ត្រូវ​ព្រួញភ្លុក ត្រូវ​ព្រួញស្នែង ឬត្រូវ​ព្រួញឈើមុត រមែងក្តៅ​ក្រហាយ​ញាប់ញ័រ ចង្អៀត​ចង្អល់ លំបាក ឈឺចាប់ តូចចិត្ត យ៉ាងណា សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ​ទោមនស្ស និង​សេចក្តី​ចង្អៀត​ចង្អល់ចិត្ត​ទាំងឡាយ រមែង​កើតឡើងព្រោះ​ប្រែប្រួល ព្រាត់ប្រាស​ចាកវត្ថុកាម​ទាំងឡាយ បុគ្គល​នោះ ត្រូវ​ព្រួញ​គឺកាមមុត រមែងក្តៅ​ក្រហាយ​ញាប់ញ័រ ចង្អៀតចង្អល់ លំបាក ឈឺចាប់ តូចចិត្ត យ៉ាងនោះឯង ហេតុនោះ (ទ្រង់​ត្រាស់ថា) សត្វក្តៅ​ក្រហាយ​ដូចត្រូវ​ព្រួញមុត។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់​ថា

បើកាលសត្វនោះ មានឆន្ទៈកើតហើយ កំពុង​ប្រាថ្នា ​កាម​ទាំងឡាយ​នោះ សាបសូន្យ​ទៅ​វិញ សត្វរមែង​ក្តៅក្រហាយ ដូចត្រូវ​ព្រួញមុត។

[១១] បុគ្គលណា វៀរកាមទាំងឡាយ ដូចបុគ្គល​វៀរក្បាលពស់​ដោយជើង បុគ្គល​នោះ ជាអ្នក​មានសតិ រមែង​កន្លង​វិសត្តិកាតណ្ហា​នេះ ក្នុងលោក។

[១២] អធិប្បាយពាក្យថា បុគ្គលណា វៀរកាមទាំងឡាយ ត្រង់ពាក្យថា បុគ្គល​ណា គឺ​ជនណា បែបណា ប្រកបដោយ​ប្រការណា តាំងនៅ​ដោយ​ប្រការណា មាន​ប្រការ​យ៉ាងណា ដល់​ឋានៈណា ប្រកប​ដោយធម៌​ណា ទោះជា​ក្សត្រ ព្រាហ្មណ៍ វេស្សៈ សូទ្រៈ គ្រហស្ថ បព្វជិត ទេវតា ឬមនុស្ស។ ពាក្យថា កាមទាំងឡាយ ក្នុងពាក្យថា វៀរកាម​ទាំងឡាយ​ដូច្នេះ បើតាម​ឧទ្ទាន បានដល់​កាម ២ គឺ​វត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះ​លោកហៅថា វត្ថុកាម។បេ។ ទាំងនេះ​លោកហៅថា កិលេសកាម។ ត្រង់​ពាក្យថា វៀរកាម​ទាំងឡាយ គឺបុគ្គល​វៀរកាម​ទាំងឡាយ​ដោយហេតុ ២ គឺដោយ​កិរិយា​សង្កត់​សង្កិន ឬដោយ​ការផ្តាច់ផ្តិល។

បុគ្គលវៀរកាម ដោយកិរិយាសង្កត់សង្កិន តើដូចម្តេច។ បុគ្គលកាល​ឃើញថា កាម​ទាំងឡាយ មានឧបមា​ដូចរាងឆ្អឹង ដោយ​សេចក្តីថា មានសេចក្តី​ត្រេកអរតិច ឈ្មោះ​ថា​វៀរកាម ដោយកិរិយា​សង្កត់សង្កិន កាល​ឃើញថា កាម​ទាំងឡាយ មានឧបមា​ដូច​ដុំសាច់ ដោយ​សេចក្តីថា ជារបស់​សាធារណ៍​ដល់សត្វ មានប្រមាណ​ច្រើន ឈ្មោះថា វៀរ​កាម ដោយ​កិរិយា​សង្កត់សង្កិន កាល​ឃើញថា កាម​ទាំងឡាយ មានឧបមា​ដូច​គប់ស្មៅ ដោយ​សេចក្តីថា ដុតកំដៅ​រឿយ ៗ ឈ្មោះថា​វៀរកាម ដោយ​កិរិយា​សង្កត់សង្កិន កាល​ឃើញថា កាម​ទាំងឡាយ មានឧបមា​ដូចរណ្តៅ​រងើកភ្លើង ដោយ​សេចក្តីថា មាន​កិរិយា​ក្តៅ​រោលរាល​ខ្លាំង ឈ្មោះថា​វៀរកាម ដោយ​កិរិយា​សង្កត់សង្កិន កាល​ឃើញថា កាម​ទាំង​ឡាយ មានឧបមា​ដូចការ​យល់សប្តិ ដោយ​សេចក្តីថា មានកិរិយា​តាំងឡើង​ដ៏ផ្តេស​ផ្តាស ឈ្មោះថា​វៀរកាម ដោយ​កិរិយា​សង្កត់សង្កិន កាលឃើញថា កាមទាំង​ឡាយ មាន​ឧបមា​ដូចរបស់​ដែលខ្ចីគេ ដោយ​សេចក្តីថា ជារបស់​ប្រព្រឹត្ត​ទៅមួយ​ដងមួយ​កាល​ប៉ុណ្ណោះ ឈ្មោះថា​វៀរកាម ដោយ​កិរិយា​សង្កត់សង្កិន កាលឃើញ​ថា កាម​ទាំង​ឡាយ មាន​ឧបមា​ដូចឈើ​មានផ្លែ ដោយ​សេចក្តីថា មាន​កិរិយា​បាក់ខ្ទេចខ្ទី ឬបាក់​ដាច់អស់ ឈ្មោះថា​វៀរកាម ដោយ​កិរិយា​សង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមា​ដូច​កាំបិត និង​ជ្រញ់ ដោយសេចក្តី​ថា ដាច់រេចរិល ឈ្មោះថា វៀរកាម​ដោយ​កិរិយា​សង្កត់​សង្កិន កាល​ឃើញថា កាម​ទាំងឡាយ មានឧបមា​ដូចមុខ​លំពែង ដោយ​សេចក្តី​ថា ចាក់​ទម្លុះ ឈ្មោះថា វៀរកាម ដោយកិរិយា​សង្កត់សង្កិន កាលឃើញ​ថា កាមទាំង​ឡាយ មាន​ឧបមា​ដូច​ក្បាលពស់វែក ដោយ​សេចក្តីថា ប្រកប​ដោយភ័យ​ចំពោះមុខ ឈ្មោះថា វៀរកាម ដោយ​កិរិយា​សង្កត់សង្កិន កាល​ឃើញថា កាមទាំងឡាយ មាន​ឧបមា​ដូចគំនរភ្លើង ដោយ​សេចក្តី​ថា ក្តៅ រោលរាល​ដោយ​ភ្លើងធំ ឈ្មោះថា វៀរកាម ដោយ​កិរិយាសង្កត់​សង្កិន។ បុគ្គល​កំពុង​ចំរើន​ពុទ្ធានុស្សតិក្តី ឈ្មោះថា វៀរកាម ដោយកិរិយា​សង្កត់​សង្កិន កំពុងចំរើន​ធម្មានុស្សតិ​ក្តី កំពុងចំរើន​សង្ឃានុស្សតិ​ក្តី កំពុង​ចំរើន​សីលានុស្សតិក្តី កំពុង​ចំរើន​ចាគានុស្សតិ​ក្តី កំពុង​ចំរើន​ទេវតានុស្សតិ​ក្តី កំពុង​ចំរើន​អានាបានុស្សតិ​ក្តី កំពុង​ចំរើន​មរណានុស្សតិ​ក្តី កំពុង​ចំរើន​កាយគតាសតិ​ក្តី កំពុង​ចំរើន​ឧបសមានុស្សតិ​ក្តី ឈ្មោះ​ថា វៀរកាម​ដោយ​កិរិយា​សង្កត់សង្កិន។ បុគ្គល​កំពុង​ចំរើន​បឋមជ្ឈានក្តី ឈ្មោះ​ថា វៀរកាម​ដោយកិរិយា​សង្កត់សង្កិន។ កំពុង​ចំរើន​ទុតិយជ្ឈានក្តី កំពុង​ចំរើន​តតិយជ្ឈានក្តី កំពុង​ចំរើន​ចតុត្ថជ្ឈានក្តី កំពុង​ចំរើន​អាកាសានញ្ចាយតន​សមាបត្តិ​ក្តី កំពុងចំរើន​វិញ្ញាណញ្ចា​យតន​សមាបត្តិ​ក្តី កំពុង​ចំរើន​អាកិញ្ចញ្ញា​យតនសមាបត្តិ​ក្តី កំពុង​ចំរើន​នេវសញ្ញា​នាសញ្ញា​យតន​សមាបត្តិ​ក្តី ឈ្មោះថា វៀរកាម ដោយ​កិរិយា​សង្កត់សង្កិន។ បុគ្គល​វៀរកាម ដោយ​កិរិយា​សង្កត់​សង្កិន​យ៉ាងនេះ។

បុគ្គលវៀរកាមដោយការផ្តាច់ផ្តិល តើដូចម្តេច។ បុគ្គល​កាលចំរើន​សោតាបត្តិ​មគ្គ​ក្តី ឈ្មោះថា វៀរកាម​ដែលជា​ហេតុទៅ​កាន់អបាយ ដោយ​កិរិយា​ផ្តាច់ផ្តិល កាល​ចំរើន​សកទាគាមិមគ្គ​ក្តី ឈ្មោះថា វៀរកាម​ដ៏គ្រោតគ្រាត ដោយ​កិរិយា​ផ្តាច់ផ្តិល កាល​ចំរើន​អនាគាមិមគ្គ​ក្តី ឈ្មោះថា វៀរកាមដ៏លិ្អត ដោយ​កិរិយា​ផ្តាច់ផ្តិល កាល​ចំរើន​អរហត្តមគ្គ​ក្តី ឈ្មោះថា វៀរកាម​ដោយ​សព្វគ្រប់ គ្រប់​ទាំងអស់ មិនមាន​សេស​សល់ ឥតសេស​សល់ ដោយ​កិរិយា​ផ្តាច់ផ្តិល។ បុគ្គល​វៀរកាម​ដោយការ​ផ្តាច់ផ្តិល​យ៉ាងនេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ណាវៀរកាម​ទាំងឡាយ។

[១៣] ពាក្យថា ដូចបុគ្គលវៀរក្បាលពស់ដោយជើង អធិប្បាយថា អហិសត្វ លោក​ហៅថា ពស់។ ដែល​ហៅថា ពស់ ដោយ​សេចក្តី​ដូចម្តេច។ សត្វណា​លូនទៅ ហេតុនោះ សត្វនោះ​ឈ្មោះថា ពស់។ សត្វណា​ពត់ពេន ហេតុនោះ សត្វនោះ​ឈ្មោះថា ភុជគៈ។ សត្វណា​ទៅដោយ​ទ្រូង ហេតុនោះ សត្វនោះ​ឈ្មោះថា ពស់។ សត្វណា​មានក្បាល​ឱនរាប ហេតុនោះ សត្វនោះ​ឈ្មោះថា ពស់។ សត្វណា​លូនទៅ​ដោយក្បាល ហេតុនោះ​ សត្វនោះ​ឈ្មោះថា ពស់។ សត្វណា​ដេកក្នុងរន្ធ ហេតុនោះ សត្វនោះ​ឈ្មោះថា វិលាស័យ។ សត្វណា​ដេកក្នុង​គុហា ហេតុនោះ សត្វនោះ​ឈ្មោះថា គុហាស័យ។ សត្វនោះ​មានចង្កូម​ជាអាវុធ ហេតុនោះ សត្វនោះ​ឈ្មោះថា ទាឍាវុធ។ សត្វនោះ​មាន​ពិសដ៏ពន្លឹក ហេតុនោះ សត្វនោះ​ឈ្មោះថា ឃោរវិសៈ។ សត្វនោះ​មានអណ្តាត​ពីរ ហេតុ​នោះ សត្វនោះ​ឈ្មោះថា ទុជិវា្ហ។ សត្វណា​ជញ្ជក់រស ដោយ​អណ្តាតពីរ ហេតុនោះ សត្វនោះ​ឈ្មោះថា ទិរសញ្ញូ។ បុរស​អ្នកចង់រស់ មិនចង់​ស្លាប់ ប្រាថ្នា​សេចក្តី​សុខ ខ្ពើម​សេចក្តី​ទុក្ខ គួរវៀរ គួរចៀស​ចេញ គួរគេចចេញ គួរវៀរ​ស្រឡះចេញ​នូវក្បាល​ពស់​ដោយជើង យ៉ាងណា បុគ្គល​អ្នកប្រាថ្នា​សេចក្តី​សុខ ខ្ពើម​សេចក្តីទុក្ខ គួរវៀរ គួរចៀស​ចេញ គួរគេច​ចេញ គួរវៀរ​ស្រឡះ​ចេញ​នូវកាម​ទាំងឡាយ ក៏យ៉ាង​នោះដែរ ហេតុនោះ (ទ្រង់​ត្រាស់ថា) ដូចបុគ្គល​វៀរក្បាលពស់​ដោយជើង។

[១៤] អធិប្បាយពាក្យថា បុគ្គលនោះ ជាអ្នកមានសតិ រមែងកន្លង​វិសត្តិកាតណ្ហា​នេះ​ក្នុងលោក ត្រង់ពាក្យថា បុគ្គលនោះ គឺបុគ្គល​ដែលវៀរកាម។ តណ្ហា លោកហៅ​ថា វិសត្តិកា បានដល់​តម្រេក តម្រេក​មានកំឡាំង សេចក្តី​កួចកាន់ សេចក្តី​ត្រេកអរ សេចក្តី​រីករាយ សេចក្តី​រីករាយ​ក្នុងតម្រេក តម្រេក​មានកំឡាំង​របស់ចិត្ត សេចក្តី​ប្រាថ្នា សេចក្តី​ជ្រប់ចុះ កិរិយា​ងប់ចុះ សេចក្តី​ចំពាក់ចិត្ត សេចក្តី​ចំពាក់មាំ កិលេស​ជាគ្រឿង​ជាប់ កិលេស​ដូចភក់ កិរិយា​ស្វែងរក ការ​លាក់ពុត កិលេស​ជាតិជា​គ្រឿងញ៉ាំ​សត្វឲ្យកើត គ្រឿងញុំាង​ទុក្ខឲ្យកើត គ្រឿងចាក់​ស្រេះ កិលេសជាតិ​ដូចជា​បណ្តាញ កិលេស​ជាតិ​ហូរ​ទៅ ផ្សាយ​ទៅ ក្រសែ គឺ​តណ្ហា កិលេសជាតិ​ដ៏ទូលាយ គ្រឿងញ៉ាំង​អាយុឲ្យ​វិនាស តណ្ហាជាគំរប់ពីរ គ្រឿង​តម្កល់​ទុក គ្រឿងនាំ​សត្វទៅ​កាន់ភព កិលេស​ជាតិដូច​ជាព្រៃធំ ដូចជា​ព្រៃតូច ការ​ស្និទ្ធស្នាល សេចក្តី​ស្នេហា សេចក្តី​អាល័យ សេចក្តី​ជាប់ចំពាក់ សេចក្តី​ប៉ុនប៉ង សេចក្តី​នឹកជញ្ជឹង ភាពនៃ​ចិត្តនឹក​ជញ្ជឹង បំណង​រូប បំណង​សំឡេង បំណង​ក្លិន បំណង​រស បំណង​ផ្សព្វ បំណង​លាភ បំណង​ទ្រព្យ បំណង​បុត្រ បំណង​ជីវិត ការជាប់ ការជាប់​ទួទៅ ការជាប់​ក្រៃលែង ការជាប់ កិរិយា​ជាប់ ភាពនៃ​ចិត្តជាប់ ការ​ជក់ស្អិត កិរិយា​ជក់ស្អិត ភាពនៃ​ចិត្តជក់​ស្អិត ភាពនៃ​ចិត្ត​រឡិបរឡប់ ភាពនៃចិត្ត​ប្រាថ្នា​ក្រៃពេក តម្រេក​ខុសគន្លង​ធម៌ សេចក្តី​លោភ​មិនស្មើ សេចក្តី​អាល័យ កិលេស​ជាតិជាទី​អាល័យ សេចក្តី​ប្រាថ្នា សេចក្តី​ស្រឡាញ់ សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង កាមតណ្ហា ភវតណ្ហា វិភវតណ្ហា រូបតណ្ហា អរូបតណ្ហា និរោធតណ្ហា រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា អន្លង់ គ្រឿង​ប្រកបទុក គ្រឿងចាក់​ស្រេះ គ្រឿង​ប្រកាន់​ទុក កិរិយា​រារាំង កិរិយា​ទប់ កិរិយា​ប្រក់ កិរិយាចង កិរិយា​សៅហ្មង កិរិយាដេក​នៅរឿយ ៗ កិរិយា​ស្ទាក់ វល្លិ គឺតណ្ហា សេចក្តីប្រាថ្នា​ផ្សេង ៗ ឫសគល់​នៃទុក្ខ ហេតុនៃ​ទុក្ខ ដែនកើត​នៃទុក្ខ អន្ទាក់​នៃមារ​ សន្ទូច​នៃមារ វិស័យ​នៃមារ ​ស្ទឹង គឺតណ្ហា បណ្តាញ គឺ​តណ្ហា ដងដោយ គឺតណ្ហា សមុទ្ទ គឺតណ្ហា អភិជ្ឈា លោភៈ អកុសលមូល។

សំនួរត្រង់ពាក្យថា វិសត្តិកា តើវិសត្តិកា ដោយ​សេចក្តី​ដូចម្តេច។ តណ្ហា​ណា ផ្សាយទៅ ព្រោះ​ហេតុនោះ តណ្ហានោះ​ឈ្មោះថា វិសត្តិកា។ តណ្ហា​ណា ដ៏ទូលាយ ព្រោះ​ហេតុនោះ តណ្ហានោះ​ឈ្មោះថា វិសត្តិកា។ តណ្ហា​ណា ជ្រួតជ្រាប​ទៅ ព្រោះ​ហេតុនោះ តណ្ហានោះ​ឈ្មោះថា វិសត្តិកា។ តណ្ហា​ណា អត់ទ្រាំ ព្រោះ​ហេតុនោះ តណ្ហា​នោះ​ឈ្មោះថា វិសត្តិកា។ តណ្ហា​ណា ប្រមូល​ផ្សេង ៗ ព្រោះ​ហេតុនោះ តណ្ហានោះ​ឈ្មោះថា វិសត្តិកា។ តណ្ហាណា ញុំាងសត្វ​ឲ្យពោលខុស ព្រោះហេតុ​នោះ តណ្ហានោះ​ឈ្មោះថា វិសត្តិកា។ តណ្ហា​ណា មានឫសគល់​ជាពិស ព្រោះ​ហេតុនោះ តណ្ហានោះ​ឈ្មោះថា វិសត្តិកា។ តណ្ហាណា មាន​ផ្លែជាពិស ព្រោះហេតុ​នោះ តណ្ហានោះ​ឈ្មោះថា វិសត្តិកា។ តណ្ហា​ណា មានគ្រឿង​បរិភោគ​ជាពិស ព្រោះហេតុ​នោះ តណ្ហានោះ​ឈ្មោះថា វិសត្តិកា។ មួយទៀត តណ្ហានោះ ជាកិលេស​ជាតិទូលាយ បាចសាចទៅ ផ្សាយ​ទៅ​ក្នុងរូប សំឡេង ក្លិន រស ផ្សព្វ ក្នុងត្រកូល គណៈ អាវាស លាភ យស សេចក្តីសរសើរ សុខ​ក្នុងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងកាមធាតុ រូបធាតុ អរូបធាតុ ក្នុង​កាមភព រូបភព អរូបភព ក្នុង​សញ្ញាភព អសញ្ញាភព នេវសញ្ញា​នាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព ក្នុងកាល​ជាអតីត អនាគត បច្ចុប្បន្ន ក្នុង​អារម្មណ៍​ទាំងឡាយ​ដែលខ្លួន​ឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង ព្រោះ​ហេតុ​នោះ តណ្ហានោះ​ឈ្មោះថា វិសត្តិកា។

ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។

ពាក្យថា ជាអ្នកមានសតិ គឺមានសតិ ដោយហេតុ ៤ យ៉ាងគឺ មានសតិ កាល​ចំរើន​កាយានុបស្សនា​សតិប្បដ្ឋាន ក្នុងកាយ ក្នុងវេទនា​ទាំងឡាយ ក្នុងចិត្ត មានសតិ កាល​ចំរើន​ធម្មានុបស្សនា​សតិប្បដ្ឋាន ក្នុងធម៌​ទាំងឡាយ។ មានសតិ ដោយហេតុ ៤ យ៉ាងទៀត គឺ​មានសតិ ដោយ​ការវៀរ​ចាកកាម​មិនមានសតិ មានសតិ​ដោយ​ការបាន​ធ្វើធម៌​ទាំងឡាយ ដែលខ្លួន​គប្បីធ្វើ​ដោយសតិ មាន​សតិ ដោយ​ការបាន​កំចាត់​នូវធម៌​ទាំងឡាយ ជា​ទំនាស់​ដល់សតិ មានសតិ​ដោយការ​មិនភ្លេចភ្លាំង​នូវធម៌​ទាំងឡាយ ជា​និមិត្ត​របស់​សតិ។ មានសតិ​ដោយហេតុ ៤ យ៉ាងទៀត គឺ​មានសតិ​ដោយការបាន ប្រកប​ដោយសតិ មានសតិ​ព្រោះជា​អ្នកស្ទាត់​ក្នុងសតិ មានសតិ​ព្រោះជា​អ្នកថ្នឹកក្នុង​សតិ មានសតិ​ព្រោះជា​អ្នកមិន​ឃ្លៀងឃ្លាត​ចាកសតិ។ មានសតិ​ដោយហេតុ​ ៤​ យ៉ាង​ផ្សេងទៀត គឺ​មានសតិ​ព្រោះជា​អ្នកមាន​ស្មារតី មានសតិ​ព្រោះជា​អ្នកស្ងប់ មានសតិ​ព្រោះជា​អ្នករម្ងាប់ មានសតិ​ព្រោះ​ជាអ្នក​ប្រកប​ដោយ​សប្បុរិសធម៌។ មានសតិ​ព្រោះការ​រលឹករឿយ ៗ ចំពោះ​ព្រះពុទ្ធ មានសតិ​ព្រោះការ​រលឹករឿយ ៗ ចំពោះ​ព្រះធម៌ មានសតិ​ព្រោះការ​រលឹក​រឿយ ៗ ចំពោះ​ព្រះសង្ឃ មានសតិ​ព្រោះការ​រលឹករឿយៗ ចំពោះ​សីល មានសតិ​ព្រោះការ​រលឹក​រឿយ ៗ ចំពោះ​ការលះ មានសតិ​ព្រោះ​ការរលឹក​រឿយ ៗ ចំពោះ​គុណ​ធម៌នៃ​ទេវតា មានសតិ​ព្រោះការ​រលឹក​រឿយ ៗ ចំពោះ​ខ្យល់ដង្ហើម​ចេញចូល មានសតិ​ព្រោះការ​រលឹក​រឿយ ៗ ចំពោះ​មរណៈ មានសតិ​ព្រោះការ​រលឹក​រឿយ ៗ ចំពោះ​កាយ មានសតិ​ព្រោះការ​រលឹក​រឿយ ៗ ចំពោះ​ឧបសមៈ គឺនិព្វាន។ កិរិយា​រលឹក រលឹក​រឿយ ៗ រលឹក​ចំពោះ ឈ្មោះថា​សតិ ភាពនៃ​កិរិយា​រលឹក ភាពនៃ​កិរិយា​ចាំទុក ភាពនៃ​កិរិយា​មិនភ្លេច​ភ្លាំង ភាពនៃ​កិរិយា​មិនវង្វេង ឈ្មោះថា​សតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គ ឯកាយនមគ្គ (ផ្លូវជា​ទីប្រព្រឹត្ត​ទៅនៃ​បុគ្គល​ម្នាក់ឯង) នេះ​លោកហៅ​ថា សតិ។ បុគ្គលណា កៀកកើយ អែបនែប ចូលទៅជិត ចូល​ផ្តេកផ្តិត មូល​មិត្រ បរិបូណ៌​ប្រកប​ដោយ​សតិនេះ បុគ្គលនោះ លោកហៅ​ថា អ្នក​មានស្មារតី។

ពាក្យថា បុគ្គលនោះ ជាអ្នកមានស្មារតី រមែងកន្លង​នូវ​វិសត្តិកាតណ្ហា​នេះ ក្នុង​លោក សេចក្តីថា តណ្ហា​ឈ្មោះ​វិសត្តិកា​ណា​ក្នុងលោក បុគ្គល​មានស្មារតី​ រមែងឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្ត​កន្លងនូវ​តណ្ហា ឈ្មោះវិសត្តិកា​នេះ​ក្នុងលោក ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ជាអ្នក​មានស្មារតី រមែង​កន្លងនូវ​វិសត្តិកា​តណ្ហា​នេះ​ក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

បុគ្គលណា វៀរកាមទាំងឡាយ ដូចបុគ្គលវៀរ​ក្បាលពស់​ដោយជើង បុគ្គលនោះ ជាអ្នក​មានស្មារតី រមែង​កន្លងនូវ​វិសត្តិកា​តណ្ហានេះ​ក្នុងលោក។

[១៥] ជនណា ប្រាថ្នារឿយ ៗ នូវស្រែ ទីកន្លែង បា្រក់ គោ សេះ ទាសៈ និង​ពួក​បុរស ស្រ្តី ផៅពង្ស ឬកាម​ទាំងឡាយ​ច្រើន។

[១៦] អធិប្បាយពាក្យថា ស្រែ ទីកន្លែង បា្រក់ ត្រង់ពាក្យថា ស្រែ គឺ ស្រែស្រូវ​សាលី ស្រែស្រូវ​ធម្មតា ចម្ការ​សណ្តែកបាយ ចម្ការ​សណ្តែក​រាជមាស ស្រែស្រូវ​ដំណើប ស្រែ​ស្រងែ ចម្ការល្ង។ ពាក្យថា ទីកន្លែង គឺទីផ្ទះ ទីជង្រុក ទីមុខ (ផ្ទះ) ទីក្រោយ (ផ្ទះ) ទីសួន ទីកន្លែង​នៅ។ កហាបណៈ លោកហៅថា បា្រក់ ក្នុងបទថា បា្រក់ ហេតុនោះ (ទ្រង់​ត្រាស់ថា) ស្រែ ទីកន្លែង បា្រក់។

[១៧] ពាក្យថា គោ សេះ ទាសៈ និងពួកបុរស អធិប្បាយថា គោទាំងឡាយ​ លោក​ហៅថា គោ។ ពួកសត្វ មានសត្វ​ចិញ្ចឹម​ជាដើម លោក​ហៅថា សេះ។ ពាក្យថា ទាសៈ បានដល់​ខ្ញុំ ៤ ពួក គឺខ្ញុំ​ដែលកើត​ខាងក្នុង​ផ្ទះ [បានដល់ ខ្ញុំដែល​កើតឡើងក្នុង​ផ្ទៃម្តាយ​ ជាខ្ញុំ​គេស្រាប់។] ១ ខ្ញុំដែល​លោះ​ដោយទ្រព ១ បុគ្គលដែល​ចូលមក​ជាខ្ញុំ​ដោយខ្លួន​ឯង ១ បុគ្គល​ដែល​មិនមាន​បា្រថ្នា តែចូល​មកជាខ្ញុំ [បានដល់ ខ្ញុំដែល​គេរិបជាន់​យកទាំង​អំណាច។ អដ្ឋកថា។] ១។

បុគ្គលពួកមួយ ជាខ្ញុំកើតអំពីទាសី ក៏មាន ជាខ្ញុំ​ដែលគេ​លោះ​ដោយទ្រព្យ ក៏មាន បុគ្គល​ពួកមួយ ចូលមក​ជាខ្ញុំ​ដោយខ្លួន​ឯង ក៏មាន បុគ្គល​ដែលត្រូវ​ភ័យ​គ្របសង្កត់​មកធ្វើ​ជាខ្ញុំ ក៏មាន។

ពាក្យថាពួកបុរស បានដល់បុរស ៣ ពួក គឺអ្នករាជការ ១ កម្មករ ១ អ្នកជំនួញ ១ ហេតុ​នោះ (ទ្រង់ត្រាស់ថា) គោ សេះ ទាសៈ និងពួកបុរស។

[១៨] ពាក្យថា ស្រ្តី ផៅពង្ស ឬកាមទាំងឡាយ​ច្រើន អធិប្បាយ​ថា ស្រ្តីជាភរិយា លោក​ហៅថា ស្រ្តី។ ពាក្យថា ផៅពង្ស បានដល់​ផៅពង្ស ៤ ពួក គឺ​ផៅពង្ស​ជាប់ដោយ​ញាតិ ១ ផៅពង្ស​ជាប់ដោយ​គោត្រ ១ ផៅពង្ស​ជាប់ដោយ​មន្ត ១ [បុគ្គល​ដែលបាន​រៀនមន្ត ឬសិល្បៈ ក្នុងសំណាក់​អាចារ្យ​ជាមួយគ្នា ហៅថា មន្តពន្ធុ សិប្បពន្ធុ។ អដ្ឋកថា។] ផៅពង្ស​ជាប់ដោយ​សិល្បសាស្រ្ត ១ [បុគ្គល​ដែលបាន​រៀនមន្ត ឬសិល្បៈ ក្នុងសំណាក់​អាចារ្យ​ជាមួយគ្នា ហៅថា មន្តពន្ធុ សិប្បពន្ធុ។ អដ្ឋកថា។]។ ពាក្យថា កាមទាំងឡាយ​ច្រើន គឺកាម​មានប្រមាណ​ច្រើន។ កាម​មានប្រមាណ​ច្រើននុ៎ះ គឺរូប​ទាំងឡាយ ជាទី​គាប់​ចិត្ត។បេ។ ផ្សព្វទាំងឡាយជាទី​គាប់ចិត្ត ហេតុនោះ (ទ្រង់​ត្រាស់ថា) ស្រ្តី ផៅពង្ស កាម​ទាំងឡាយ​ច្រើន។

[១៩] អធិប្បាយពាក្យថា ជនណាបា្រថ្នារឿយៗ ត្រង់ពាក្យថា ជនណា គឺបុគ្គល​ណា បែបណា ប្រកប​ដោយ​ប្រការណា តាំងនៅ​ដោយ​ប្រការណា មាន​ប្រការ​យ៉ាង​ណា ដល់​នូវឋានៈ​ណា ប្រកប​ដោយធម៌​ណា ទោះបី​ជាក្សត្រ ឬព្រាហ្មណ៍ ជាវេស្សៈ ឬ​សូទ្រៈ ជាគ្រហស្ថ ឬបព្វជិត ជាទេវតា ឬមនុស្ស។ ពាក្យថា ជន បានដល់ សត្វ ជន មាណព បុរស បុគ្គល សត្វ​មានជីវិត សត្វមាន​ជាតិ សត្វ​មានជរា សត្វទៅ​ដោយ​ឥន្ទ្រិយ សត្វកើត​អំពី​មនុស្ស។ ពាក្យថា បា្រថ្នារឿយ ៗ គឺចង់បាន បា្រថ្នារឿយ ៗ ជាប់ចិត្ត ញ៉ាម ក្នុងវត្ថុកាម​ទាំងឡាយ ដោយសារ​កិលេសកាម ហេតុនោះ (ទ្រង់​ត្រាស់ថា) ជន​ណា បា្រថ្នា​រឿយ ៗ។ ព្រោះហេតុ​នោះ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា

ជនណាបា្រថ្នារឿយ ៗ នូវស្រែ ទីកន្លែង បា្រក់ គោ សេះ ទាសៈ និងពួកបុរស ស្រ្តី ផៅពង្ស ឬកាម​ទាំងឡាយ​ច្រើន។

[២០] កិលេសមិនមានកំឡាំងទាំងឡាយ រមែងសង្កត់​សង្កិន​បុគ្គលនោះ [សំដៅ​យកបុគ្គល​ប្រាសចាក​ពលៈ ៥ ប្រការ មានសទ្ធាពលៈ​ជាដើម។ អដ្ឋកថា។] អន្តរាយ​ទាំងឡាយ រមែង​ញាំញី​បុគ្គលនោះ ទុក្ខរមែង​ជាប់តាម​បុគ្គលនោះ ព្រោះ​អន្តរាយ​នោះ ដូចជា​ទឹក កាលជ្រាប​ចូលកាន់​នាវា ដែល​បែកធ្លាយ។

[២១] អធិប្បាយពាក្យថា កិលេស មិនមានកម្លាំងទាំងឡាយ រមែង​សង្កត់សង្កិន​បុគ្គល​នោះ ត្រង់ពាក្យថា កិលេស​មិនមាន​កម្លាំង​ទាំងឡាយ គឺកិលេស​ទាំងឡាយ មិន​មាន​កម្លាំង មាន​កម្លាំងថយ មាន​កម្លាំងតិច មានសេចក្តី​ប្រឹងប្រែង​តិច ថោកទាប ស្តួចស្តើង អន់ថយ ជ្រោកជ្រាក លាមក អាក្រក់ តិចតួច។ កិលេស​ទាំងឡាយ​នោះ រមែង​ញាំញី ទន្រ្ទាន សង្កត់ គ្របសង្កត់ រួបរឹត ឈ្លេចឈ្លី​បុគ្គលនោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) កិលេស​មិនមាន​កម្លាំង​ទាំងឡាយ រមែង​សង្កត់សង្កិន​បុគ្គលនោះ យ៉ាងនេះ​ខ្លះ។ មួយ​ទៀត កិលេស​ទាំងឡាយ​នោះ រមែងញាំញី ទន្រ្ទាន សង្កត់ គ្របសង្កត់ រួបរឹត ឈ្លេចឈ្លី​នូវបុគ្គល​មិនមាន​កម្លាំង មាន​កម្លាំងថយ មាន​កម្លាំងតិច មានសេចក្តី​ប្រឹង​ប្រែងតិច ថោកទាប ស្តួចស្តើង អន់ថយ ជ្រោកជ្រាក លាមក អាក្រក់ តិចតួច នូវ​បុគ្គល​ដែល​មិនមាន​កម្លាំង គឺសទ្ធា កម្លាំង​គឺព្យាយាម កម្លាំង គឺសតិ កម្លាំង គឺសមាធិ កម្លាំង គឺ​បញ្ញា កម្លាំង គឺហិរិ កម្លាំង គឺឱត្តប្បៈ ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេស​មិនមាន​កម្លាំង​ទាំងឡាយ រមែង​សង្កត់សង្កិន​បុគ្គលនោះ យ៉ាង​នេះខ្លះ។

[២២] អធិប្បាយពាក្យថា អន្តរាយទាំងឡាយ រមែងញាំញីបុគ្គលនោះ ត្រង់​ពាក្យ​ថា អន្តរាយ​ទាំងឡាយ សំដៅ​យកអន្តរាយ ២ យ៉ាង គឺអន្តរាយ​បា្រកដ ១ អន្តរាយ​កំបាំង ១។

អន្តរាយបា្រកដ តើដូចម្តេច។ សីហៈ ខ្លាធំ ខ្លាដម្បង ខ្លាឃ្មុំ និងខ្លាត្រី ឆ្កែ គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ពួកមាណព កំពុងលួចក្តី ធ្វើចោរកម្ម​ហើយក្តី [សំដៅ កំពុង​កាត់ជញ្ជាំង​ជាដើម] មិនទាន់ធ្វើ​ចោរកម្ម​ហើយក្តី [ទើបនឹង​ចេញទៅ។ ន័យអដ្ឋកថា។] រោគក្នុង​ភ្នែក រោគក្នុង​ត្រចៀក រោគក្នុងច្រមុះ រោគក្នុង​អណ្តាត រោគក្នុង​កាយ រោគក្នុង​ក្បាល រោគ​ត្រង់ស្លឹក​ត្រចៀក រោគ​ក្នុងមាត់ រោគត្រង់​ធ្មេញ រោគក្អក រោគហឺត រោគក្រៅ​ច្រមុះ រោគគ្រុនក្តៅ​ក្រហាយ រោគរីងរៃ រោគក្នុង​ពោះ រោគខ្យល់​ចាប់ រោគធ្លាក់ឈាម រោគ​ចុកសៀត ចុះរាក ឃ្លង់ រោគពក ស្រែង​ស្រកីអណ្តែង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគអេះក្លាយ​ ឃ្លង់ដែក មួលឈាម រោគប្រមាត់ ប្រមេះ​ទឹក​បាយ ឫសដូងដុះ ក្អកឈាម ឫសដូងបាត អាពាធ​កើតអំពី​ប្រមាត់ អាពាធ​កើត​អំពីស្លេស្ម អាពាធ​កើតអំពី​ខ្យល់ អាពាធ​កើតអំពី​ប្រជុំនៃ (ខ្យល់ ប្រមាត់ ស្លេស្ម) អាពាធ​កើតអំពី​ការផ្លាស់ប្តូរ​រដូវ អាពាធ​កើតអំពី​ការរក្សា​ឥរិយាបថ​មិនស្មើគ្នា អាពាធ​កើត​អំពីសេចក្តី​ព្យាយាមខ្លាំង [អាពាធ​នេះ កើតអំពី​ការបៀតបៀន​របស់​អ្នកដទៃ មានសម្លាប់ ឬចង​ជាដើម។ អដ្ឋកថា។] អាពាធ​កើតអំពី​ផលកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផ័ស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និង​ពស់តូច ពស់ធំទាំងឡាយ ទាំង​នេះ លោកហៅថា អន្តរាយ​បា្រកដ ដូច្នេះ​ឯង។

អន្តរាយកំបាំង តើដូចម្តេច។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ រាគៈ ទោសៈ មោហៈ សេចក្តីក្រោធ ការចង​ក្រោធទុក ការលុបលាង​គុណអ្នកដទៃ ការ​លើកខ្លួន សេចក្តី​ឈ្នានីស សេចក្តី​កំណាញ់ ពុតត្បុត ការ​អួតអាង ការរឹងត្អឹង ការ​ប្រណាំង​ប្រជែង ការប្រកាន់​ខ្លួន ការមើល​ងាយគេ សេចក្តី​ស្រវឹង សេចក្តី​ប្រហែសធ្វេស កិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់ សេចក្តី​អន្ទះអន្ទែង​ទាំងអស់ សេចក្តី​ក្តៅក្រហាយ​ទាំងអស់ ការតាក់តែង​អកុសល​ទាំងអស់ ទាំងនេះ លោក​ហៅថា អន្តរាយ​កំបាំង។

សំនួរត្រង់ពាក្យថា អន្តរាយ តើអន្តរាយ​ដោយអត្ថថា​ដូចម្តេច។ អន្តរាយ ព្រោះ​ហេតុទន្ទ្រាន អន្តរាយ​ព្រោះហេតុ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​វិនាស អន្តរាយ ព្រោះហេតុ​អាស្រ័យ​ក្នុងសរីរៈ​នោះ។

អន្តរាយព្រោះហេតុទន្រ្ទាន តើដូចម្តេច។ អន្តរាយ​ទាំងឡាយ​នោះ ញាំញី ទន្រ្ទាន គ្រប​សង្កត់ រួបរឹត បំផ្លាញ ញីញក់ នូវបុគ្គល​នោះ។ អន្តរាយ ព្រោះ​ហេតុទន្រ្ទាន យ៉ាងនេះ។

អន្តរាយ ព្រោះហេតុប្រព្រឹត្តទៅដើម្បីសេចក្តីវិនាស តើដូចម្តេច។ អន្តរាយ​ទាំង​នោះ ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​វិនាស ដើម្បី​អន្តរាយ​ដល់ធម៌​ទាំងឡាយ​ជាកុសល។ ធម៌​ទាំង​ឡាយ​ជាកុសល តើដូចម្តេច។ អន្តរាយ​ទាំងឡាយ​នោះ ប្រព្រឹត្តទៅ​ ដើម្បីសេចក្តី​វិនាស ដើម្បី​អន្តរាយ​ដល់ធម៌​ទាំងឡាយ​ជាកុសល​ទាំងនេះ គឺ​សេចក្តី​ប្រតិបត្តិ​ដោយប្រពៃ​ សេចក្តី​ប្រតិបត្តិ​ដ៏សមគួរ សេចក្តី​ប្រតិបត្តិ​មិនជាសត្រូវ​ សេចក្តី​ប្រតិបត្តិ​សមគួរ​ដល់​អត្ថ សេចក្តី​ប្រតិបត្តិ​តាមធម៌​សមគួរ​ដល់ធម៌ ភាពនៃ​បុគ្គល​អ្នកធ្វើឲ្យ​បរិបូណ៌​ក្នុងសីល​ទាំង​ឡាយ ភាពនៃ​បុគ្គល​អ្នកមាន​ទ្វារគ្រប់​គ្រងក្នុង​ឥន្រ្ទិយ​ទាំងឡាយ ភាពនៃ​បុគ្គល​អ្នកដឹង​ប្រមាណ​ក្នុងភោជន​ ការប្រកប​រឿយៗ​នូវធម៌ ជាគ្រឿង​ភ្ញាក់រលឹក សតិ និង​សម្បជញ្ញៈ ការ​ប្រកប​រឿយៗ ក្នុងកិរិយា​ចំរើន​សតិប្បដ្ឋាន ៤ ការប្រកប​រឿយៗ ក្នុង​កិរិយា​ចំរើន​សម្មប្បធាន ៤ ការប្រកប​រឿយៗ ក្នុងកិរិយា​ចំរើន​ឥទ្ធិបាទ ៤ ការប្រកប​រឿយៗ ក្នុង​កិរិយា​ចំរើន​ឥន្រ្ទិយ ៥ ការប្រកប​រឿយៗ ក្នុងកិរិយា​ចំរើនពលៈ ៥ ការ​ប្រកប​រឿយៗ ក្នុង​កិរិយា​ចំរើន​ពោជ្ឈង្គ ៧ ការប្រកប​រឿយៗ ក្នុងកិរិយា​ចំរើន​អដ្ឋង្គិកមគ្គ​ដ៏ប្រសើរ។ អន្តរាយ ព្រោះ​ហេតុ​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​វិនាស​យ៉ាងនេះ។

អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ តើដូចម្តេច។ ធម៌ទាំងឡាយ​ដ៏លាមក ជា​អកុសល​នុ៎ះ អាស្រ័យ​នៅក្នុង​អត្តភាព​ កើតឡើង​ក្នុងសរីរៈ​នោះ។ ពួកសត្វ​អាស្រ័យ​នៅក្នុងរន្ធ ដេកនៅ​ក្នុងរន្ធ ពួកសត្វ​អាស្រ័យ​នៅក្នុងទឹក ដេកនៅ​ក្នុងទឹក ពួក​សត្វអាស្រ័យ​នៅក្នុង​ព្រៃ ដេកនៅ​ក្នុងព្រៃ ពួកសត្វ​អាស្រ័យនៅ​លើ​ដើមឈើ ដេកនៅ​លើដើមឈើ យ៉ាងណា​មិញ ធម៌ទាំងឡាយ​ដ៏លាមក ជា​អកុសលនុ៎ះ អាស្រ័យ​នៅក្នុង​អត្តភាព កើតឡើង​ក្នុងសរីរៈ​នោះ យ៉ាងនោះដែរ ព្រោះ​ហេតុនោះ អន្តរាយ​ព្រោះ​អាស្រ័យ​ក្នុងសរីរៈ​នោះ យ៉ាង​នេះខ្លះ។

សមដូចពាក្យនេះ ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអ្នក​នៅជា​មួយ​អន្តេវាសិក អ្នកនៅ​ជាមួយ​អាចារ្យ រមែងនៅ​ជាទុក្ខ មិនសប្បាយ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​អ្នកនៅ​ជាមួយ​អន្តេវាសិក អ្នកនៅ​ជាមួយ​អាចារ្យ រមែងនៅ​ជា​ទុក្ខ មិន​សប្បាយ តើដោយ​ប្រការ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំងឡាយ​ដ៏​លាមក ជា​អកុសល​ណា ជាសេចក្តី​ត្រិះរិះ​ដោយ​អំណាច​នៃកិរិយា​រលឹក​ឃើញ ជាទី​តាំង​នៃ​សំយោជនៈ កើតឡើង​ដល់ភិក្ខុ​ក្នុងសាសនា​នេះ ព្រោះឃើញ​រូបដោយ​ចក្ខុ ធម៌​ទាំងឡាយ​ដ៏លាមក ជាអកុសល​នោះ រមែងនៅ រមែងជាប់​តាមក្នុងសន្តាននៃភិក្ខុ​នោះ ព្រោះ​ហេតុ​នោះ ភិក្ខុនោះ តថាគត​ហៅថា អ្នកនៅ​ជាមួយ​អន្តេវាសិក ធម៌​ទាំងឡាយ​ដ៏លាមក ជាអកុសល​នោះ រមែង​ត្រួតត្រា​ភិក្ខុនោះ ព្រោះ​ហេតុនោះ ភិក្ខុនោះ តថាគត​ហៅថា អ្នកនៅ​ជាមួយ​អាចារ្យ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ធម៌ទាំងឡាយ​ដ៏​លាមក ជាអកុសល​ណា ជាសេចក្តី​ត្រិះរិះ​ដោយកិរិយា​រលឹក​ឃើញ ជាទីតាំងនៃ​សំយោជនៈ កើតឡើង​ដល់ភិក្ខុ ព្រោះស្តាប់​សម្លេងដោយ​ត្រចៀក ហិតក្លិន​ដោយច្រមុះ លិទ្ធរស​ដោយ​អណ្តាត ប៉ះពាល់​ផ្សព្វដោយ​កាយ ដឹងធម្មារម្មណ៍​ដោយចិត្ត ធម៌​ទាំងឡាយ​ដ៏លាមក ជា​អកុសល​នោះ រមែងនៅ រមែងជាប់តាម​ក្នុងសន្តាន​នៃភិក្ខុនោះ ព្រោះហេតុ​នោះ ភិក្ខុនោះ តថាគត​ហៅថា អ្នកនៅ​ជាមួយ​អន្តេវាសិក ធម៌ទាំងឡាយ​ដ៏លាមក ជា​អកុសល​នោះ រមែង​ត្រួតត្រា​ភិក្ខុនោះ ព្រោះហេតុ​នោះ ភិក្ខុនោះ តថាគត​ហៅថា អ្នកនៅ​ជាមួយ​អាចារ្យ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអ្នក​នៅជាមួយ​អន្តេវាសិក អ្នកនៅ​ជា​មួយ​អាចារ្យ រមែង​នៅ​ជាទុក្ខ មិនសប្បាយ​ដោយប្រការ​យ៉ាងនេះ​ឯង។ អន្តរាយ ព្រោះហេតុ​អាស្រ័យ​ក្នុង​សរីរៈ​នោះ យ៉ាងនេះខ្លះ។

មួយទៀត ពាក្យនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌​ទាំង​ឡាយ ៣ នេះ ជាមន្ទិល​ខាងក្នុង ជា​អមិត្ត​ខាងក្នុង ជាសត្រូវ​ខាងក្នុង ជា​ពេជ្ឈឃាត​ខាង​ក្នុង ជាបច្ចាមិត្ត​ខាងក្នុង។ ធម៌ទាំងឡាយ ៣ តើដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ លោភៈ ជាមន្ទិល​ខាងក្នុង ជាអមិត្ត​ខាងក្នុង ជាសត្រូវ​ខាងក្នុង ជាពេជ្ឈឃាត​ខាងក្នុង ជា​បច្ចាមិត្ត​ខាងក្នុង ម្នាលភិក្នុ​ទាំងឡាយ ទោសៈ ជាមន្ទិល​ខាងក្នុង ជាអមិត្ត​ខាងក្នុង ជា​សត្រូវ​ខាង​ក្នុង ជាពេជ្ឈឃាត​ខាងក្នុង ជាបច្ចាមិត្ត​ខាងក្នុង ម្នាលភិក្ខុ​ទាំងឡាយ មោហៈ​ជាមន្ទិល​ខាងក្នុង ជាអមិត្ត​ខាងក្នុង ជាសត្រូវ​ខាងក្នុង ជាពេជ្ឈឃាត​ខាងក្នុង ជា​បច្ចាមិត្ត​ខាងក្នុង។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ៣ នេះឯង ជាមន្ទិល​ខាងក្នុង ជាអមិត្ត​ខាងក្នុង ជាសត្រូវ​ខាង​ក្នុង ជាពេជ្ឈឃាត​ខាងក្នុង ជាបច្ចាមិត្ត​ខាងក្នុង។

លោភៈជាកិលេសញុំាងសេចក្តីវិនាសឲ្យកើត លោភៈ​ជាកិលេស​ញុំាង​ចិត្តឲ្យ​កំរើក ភ័យកើត​ហើយ​ខាងក្នុង ជន​រមែងមិន​យល់ច្បាស់​នូវភ័យ​នោះទេ បុគ្គល​អ្នកលោភ រមែង​មិនដឹង​អត្ថ បុគ្គល​អ្នកលោភ រមែងមិន​ឃើញធម៌ លោភៈ​គ្របសង្កត់​ជនណា សេចក្តី​ងងឹត​ឈឹងសូន្យ (នៃជននោះ) ក៏រមែងមាន​ក្នុងកាល​នោះ ទោសៈ ជាកិលេស​ញុំាង​សេចក្តី​វិនាស​ឲ្យកើត ទោសៈ​ជាកិលេស​ញុំាងចិត្ត​ឲ្យកំរើក ភ័យ​កើតហើយ​ខាងក្នុង ជនរមែង​មិនយល់​ច្បាស់នូវ​ភ័យនោះ​ទេ បុគ្គល​អ្នកក្រោធ រមែង​មិនដឹងអត្ថ បុគ្គល​អ្នកក្រោធ រមែង​មិនឃើញ​ធម៌ សេចក្តី​ក្រោធគ្រប​សង្កត់​ជនណា សេចក្តី​ងងឹត​ឈឹងសូន្យ (នៃជននោះ) ក៏រមែងមាន​ក្នុងកាលនោះ។ មោហៈ ជាកិលេស​ញុំាងសេចក្តី​វិនាសឲ្យកើត មោហៈ​ជាកិលេស​ញុំាង​ចិត្តឲ្យ​កំរើក ភ័យកើត​ហើយ​ខាងក្នុង ជនរមែង​មិនយល់​ច្បាស់​នូវភ័យ​នោះ​ទេ បុគ្គល​អ្នកវង្វេង រមែង​មិនដឹង​អត្ថ បុគ្គល​អ្នកវង្វេង ​រមែងមិន​ឃើញធម៌ មោហៈ​គ្របសង្កត់​ជនណា សេចក្តី​ងងឹត​ឈឹងសូន្យ (នៃជននោះ) ក៏​រមែង​មាន ក្នុងកាល​នោះ។ អន្តរាយ ព្រោះហេតុអាស្រ័យ​ក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។

ន័យមួយទៀត ពាក្យនេះ ព្រះមានព្រះភាគ​ត្រាស់ថា បពិត្រ​មហារាជ បុរិសធម៌ (ធម៌​របស់​បុរស) ៣ កាល​កើតឡើង​ក្នុងសន្តាន រមែងកើត​ឡើង​ ដើម្បី​មិនជា​ប្រយោជន៍ ដើម្បីទុក្ខ ដើម្បី​ការនៅ​មិនសប្បាយ។ បុរិសធម៌ ៣ តើដូចម្តេច។ បពិត្រ​មហារាជ លោភៈ ជា​បុរិសធម៌ កាលកើត​ឡើងក្នុង​សន្តាន រមែង​កើតឡើង ដើម្បី​មិនជា​ប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការ​នៅមិន​សប្បាយ បពិត្រ​មហារាជ ទោសៈ​ជាបុរិសធម៌ កាលកើត​ឡើងក្នុង​សន្តាន រមែង​កើតឡើង​ដើម្បីមិន​ជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការ​នៅមិន​សប្បាយ បពិត្រ​មហារាជ មោហៈ​ជាបុរិសធម៌ កាលកើត​ឡើងក្នុង​សន្តាន រមែងកើត​ឡើង​ដើម្បី​មិនជា​ប្រយោជន៍ ដើម្បីទុក្ខ ដើម្បី​ការនៅ​មិនសប្បាយ។ បពិត្រ​មហារាជ បុរិសធម៌ ៣ នេះឯង កាលកើត​ឡើងក្នុង​សន្តាន រមែង​កើតឡើង​ដើម្បីមិន​ជាប្រយោជន៍ ដើម្បី​ជាទុក្ខ ដើម្បី​ការនៅ​មិន​សប្បាយ។

លោភៈ ទោសៈ និងមោហៈ កើតអំពីខ្លួន រមែង​បៀតបៀន​នូវបុរស​អ្នកមានចិត្ត​អាក្រក់ ដូចជា​ឈើមាន​សំបក​ជាខ្លឹម (ឫស្សី ) ដែលវិនាស​ដោយ​សារផ្លែ​របស់ខ្លួន។

អន្តរាយ ​ព្រោះហេតុ​អាស្រ័យ​ក្នុងសរីរៈ​នោះ យ៉ាងនេះ​ខ្លះ។ មួយ​វិញទៀត ពាក្យនោះ ព្រះមានព្រះភាគ​ត្រាស់ថា

រាគៈ និងទោសៈ មានអត្តភាពនេះ​ជាហេតុ សេចក្តី​មិនត្រេកអរ និង​សេចក្តី​ត្រេកអរ និង​ការព្រឺរោម កើតអំពី​អត្តភាព​នេះ មនោវិតក្កៈ​ទាំងឡាយ តាំង​ឡើង​ហើយ អំពី​អត្តភាព​នេះ លែងទៅ (នូវចិត្ត) ដូចជា​កុមារចង​បន្លាយ​នូវក្អែក។

អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។

ពាក្យថា អន្តរាយទាំងឡាយ រមែងញាំញី​បុគ្គលនោះ បាន​សេចក្តីថា អន្តរាយ​ទាំង​ឡាយនោះ រមែង​ទន្រ្ទាន ជិះជាន់ គ្របសង្កត់ រួបរឹត បំផ្លាញ ញីញក់នូវ​បុគ្គល​នោះ ហេតុ​នោះ (ទ្រង់ត្រាស់ថា) អន្តរាយ​ទាំងឡាយ រមែងញាំញី​បុគ្គលនោះ។

[២៣] ពាក្យថា ទុក្ខ រមែងជាប់តាមបុគ្គលនោះ ព្រោះអន្តរាយ​នោះ អធិប្បាយ​ថា ទុក្ខ រមែង​ជាប់តាម ទៅតាម ប្រព្រឹត្តតាម នូវបុគ្គល​នោះ ព្រោះសេចក្តី​អន្តរាយ​នោះៗ គឺ ជាតិទុក្ខ រមែង​ជាប់តាម ទៅតាម ប្រព្រឹត្តតាម ជរាទុក្ខ រមែង​ជាប់តាម ទៅតាម ប្រព្រឹត្ត​តាម​ ព្យាធិទុក្ខ រមែង​ជាប់តាម ទៅតាម ប្រព្រឹត្តតាម មរណទុក្ខ រមែង​ជាប់តាម ទៅ​តាម ប្រព្រឹត្ត​តាម​ សោក​បរិទេវទុក្ខ​ទោមនស្សុបាយាស​ទុក្ខ រមែង​ជាប់តាម ទៅតាម ប្រព្រឹត្ត​តាម​ ទុក្ខក្នុងនរក ទុក្ខក្នុង​កំណើត​តិរច្ឆាន ទុក្ខក្នុង​បិត្តិវិស័យ រមែង​ជាប់តាម ទៅ​តាម ប្រព្រឹត្ត​តាម ទុក្ខក្នុង​ពួកមនុស្ស ទុក្ខមាន​កិរិយា​ចុះកាន់​គភ៌ជាមូល ទុក្ខមាន​កិរិយា​តាំងនៅ​ក្នុងគភ៌​ជាមូល ទុក្ខមាន​កិរិយា​ចេញចាក​គភ៌​ជាមូល ទុក្ខប្រកប​ដោយ​គ្រឿង​ចង (ថែទាំ) របស់​សត្វដែល​កើតហើយ ទុក្ខព្រោះ​អាស្រ័យ​អ្នកដទៃ របស់​សត្វដែល​កើតហើយ ទុក្ខ​ព្រោះ​ការព្យាយាម​របស់ខ្លួន ទុក្ខព្រោះ​ការព្យាយាម​របស់​អ្នកដទៃ រមែង​ជាប់​តាម ទៅតាម ប្រព្រឹត្ត​តាមទុក្ខ​ ទុក្ខ​រមែង​ជាប់តាម ទៅតាម ប្រព្រឹត្តតាម សង្ខារទុក្ខ វិបរិណាមទុក្ខ រោគក្នុងភ្នែក រោគក្នុង​ត្រចៀក រោគក្នុង​ច្រមុះ រោគក្នុង​អណ្តាត រោគ​ក្នុង​កាយ រោគក្នុង​ក្បាល រោគត្រង់​ស្លឹកត្រចៀក រោគ​ក្នុងមាត់ រោគត្រង់​ធ្មេញ រោគក្អក រោគហឺត រោគក្រៅ​ច្រមុះ រោគគ្រុន​ក្តៅក្រហាយ រោគរីងរៃ រោគក្នុងពោះ ខ្យល់ចាប់ រោគ​ធ្លាក់ឈាម ចុកសៀត ចុះរាក ឃ្លង់ រោគពក ស្រែង ស្រកីអណ្តែង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគអេះក្លាយ ឃ្លង់ដែក មួលឈាម រោគប្រមាត់ ប្រមេះទឹក​បាយ ឫសដូងដុះ ក្អកឈាម ឫសដូងបាត អាពាធ​កើតអំពី​ប្រមាត់ អាពាធ​កើតអំពី​ស្លេស្ម អាពាធ​កើតអំពី​ខ្យល់ អាពាធ​កើតអំពី​ប្រជុំ (នៃខ្យល់​ ប្រមាត់ ស្លេស្ម) អាពាធ​កើត​អំពីការ​ផ្លាស់ប្តូរ​រដូវ អាពាធ​កើតអំពី​រក្សាឥរិយាបថ​មិនស្មើគ្នា អាពាធ​កើតអំពី​សេចក្តី​ព្យាយាម​ខ្លាំង អាពាធ​កើតអំពី​ផលកម្ម ត្រជាក់ ក្ដៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផ័ស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ទុក្ខព្រោះ​កិរិយា​ស្លាប់នៃមាតា ទុក្ខព្រោះ​កិរិយា​ស្លាប់នៃបិតា ទុក្ខព្រោះ​កិរិយា​ស្លាប់នៃបង​ប្អូនប្រុស ទុក្ខព្រោះ​កិរិយាស្លាប់​នៃ​បងប្អូនស្រី ទុក្ខ​ព្រោះកិរិយា​ស្លាប់​កូនប្រុស ទុក្ខព្រោះ​កិរិយា​ស្លាប់កូនស្រី ទុក្ខព្រោះ​វិនាស​ញាតិ ទុក្ខព្រោះ​វិនាស​ភោគសម្បតិ្ត ទុក្ខ​ព្រោះវិនាស គឺរោគ ទុក្ខព្រោះ​វិនាសសីល ទុក្ខព្រោះ​វិនាស​គឺទិដ្ឋិ រមែង​ជាប់តាម ទៅតាម ប្រព្រឹត្តតាម (នូវ​បុគ្គលនោះ) ហេតុនោះ (ទ្រង់ត្រាស់ថា) ទុក្ខ​រមែងជាប់​តាមបុគ្គល​នោះ ព្រោះអន្តរាយ​នោះ។

[២៤] ពាក្យថា ដូចជាទឹកកាលជ្រាបចូល​កាន់នាវា​ដែលបែក​ធ្លាយ សេចក្តីថា ទឹក​ប្រព្រឹត្ត​តាមទូក​ដែលបែក​ធ្លាយ គឺទឹក​រមែង​ជាប់តាម ទៅតាម ប្រព្រឹត្តតាម ត្រង់ទី​ដែលធ្លាយ​នោះៗ ទឹករមែង​ជាប់តាម ទៅតាម ប្រព្រឹត្តតាម​ ត្រង់ទី​ខាងមុខ​ខ្លះ ទឹករមែង​ជាប់តាម ទៅតាម ប្រព្រឹត្តតាម ត្រង់ទីខាង​ក្រោយខ្លះ ត្រង់ទី​ខាងក្រោម​ខ្លះ ត្រង់ទី​ខាងខ្លះ យ៉ាង​ណាមិញ សេចក្តី​ទុក្ខរមែង​ជាប់តាម ទៅតាម ប្រព្រឹត្តតាម នូវបុគ្គល​នោះ ព្រោះ​សេចក្តី​អន្តរាយ​នោះៗ ជាតិទុក្ខ រមែងជាប់​តាម ទៅតាម ប្រព្រឹត្ត​តាម។បេ។ ទុក្ខ​ព្រោះកិរិយា​វិនាស គឺទិដ្ឋិ រមែងជាប់​តាម ទៅតាម​ ប្រព្រឹត្ត​តាម ក៏យ៉ាង​នោះដែរ ហេតុ​នោះ (ទ្រង់​ត្រាស់ថា) ដូចជា​ទឹកកាល​ជ្រាបចូល​កាន់នាវា​ដែល​បែកធ្លាយ។ ព្រោះ​ហេតុនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា

កិលេសមិនមានកម្លាំងទាំងឡាយ រមែង​សង្កត់សង្កិន​បុគ្គល​នោះ អន្តរាយ​ទាំងឡាយ រមែង​ញាំញី​បុគ្គលនោះ ទុក្ខ​រមែងជាប់​តាមបុគ្គលនោះ ព្រោះ​អន្តរាយ​នោះ ដូចជា​ទឹក​កាលជ្រាប​ចូល​កាន់នាវា​ដែលបែក​ធ្លាយ។

[២៥] ព្រោះហេតុនោះ ជនអ្នកមានស្មារតីគ្រប់កាល គប្បី​វៀរស្រឡះ​នូវកាម​ទាំងឡាយ ជន​លុះលះបង់​កាមទាំង​នោះ ទើបឆ្លង​ឱឃៈ​បាន ដូចបុគ្គល​អ្នក​ដល់​ត្រើយ ព្រោះ​ស្តារនាវា។

[២៦] អធិប្បាយពាក្យថា ព្រោះហេតុនោះ ជនអ្នក​មានស្មារតី​គ្រប់កាល ត្រង់​ពាក្យថា ព្រោះ​ហេតុនោះ គឺព្រោះ​ហេតុដូច្នោះ ព្រោះ​ដំណើរនោះ ព្រោះ​ហេតុនោះ ព្រោះបច្ច័យ​នោះ ព្រោះអំពើ​នោះ​ជាហេតុ ជួនកាល​ឃើញច្បាស់​នូវទោសនុ៎ះ ក្នុង​កាមទាំង​ឡាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះ​ហេតុនោះ។ ពាក្យថា ជន គឺសត្វ ​នរៈ មាណព បុរស បុគ្គល សត្វមានជីវិត សត្វ​មានជាតិ សត្វ​មានជរា សត្វទៅ​ដោយឥន្រ្ទិយ សត្វកើត​អំពី​មនុស្ស។ ពាក្យថា គ្រប់កាល គឺសព្វកាល រាល់វេលា អស់កាល​ទាំងពួង អស់កាល​ជានិច្ច អស់កាល​ដ៏ទៀងទាត់ ឋិតថេរ​រឿយៗ ប៉ុកប៉ឺន ញឹកញាប់ មាន​សភាព​ដូចជា​រលកទឹក មិនដាច់ ជាប់ត ប្រព្រឹត្ត​ទៅជា​មួយគ្នា ប៉ះជាប់គ្នា កាលមុន​ភត្ត កាល​ក្រោយភត្ត យាម​ខាងដើម យាមកណ្តាល យាមទីបំផុត ក្នុងកាល​រនោច ខ្នើត វស្សាន​រដូវ ហេមន្តរដូវ គិម្ហរដូវ គំនរវ័យ​ខាងដើម គំនរ​វ័យកណ្តាល គំនរ​វ័យទីបំផុត។ ពាក្យថា មានសតិ គឺមានសតិ ដោយហេតុ ៤ យ៉ាង គឺមានសតិ កាល​ចំរើន​កាយានុបស្សនា​សតិប្បដ្ឋាន ក្នុងកាយ ក្នុងវេទនា​ទាំងឡាយ ក្នុងចិត្ត មានសតិ កាល​ចំរើន​ធម្មានុបស្សនា​សតិប្បដ្ឋាន ក្នុងធម៌​ទាំងឡាយ។ មានសតិ ដោយហេតុ ៤ យ៉ាងដទៃ​ទៀត។បេ។ បុគ្គល​នោះ លោកហៅថា អ្នកមាន​សតិ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះហេតុ​នោះ ជនអ្នក​មាន​ស្មារតី​គ្រប់កាល។

[២៧] អធិប្បាយពាក្យថា គប្បីវៀរស្រឡះនូវកាម​ទាំងឡាយ ត្រង់ពាក្យថា កាម បើតាម​ឧទ្ទាន បានដល់​កាម ២ យ៉ាង គឺវត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះហៅ​ថា វត្ថុកាម។បេ។ ទាំងនេះ​ហៅថា​កិលេសកាម។ ពាក្យថា គប្បីវៀរ​ស្រឡះ​នូវកាម​ទាំង​ឡាយ គឺគប្បី​វៀរនូវកាម ដោយហេតុ ២ យ៉ាង គឺកិរិយា​សង្កត់សង្កិន ១ កិរិយា​ផ្តាច់បង់ ១។ បុគ្គល​វៀរកាម​ដោយកិរិយា​សង្កត់សង្កិន តើដូចម្តេច។ បុគ្គលកាល​ឃើញ​ថា កាម​ទាំងឡាយ មាន​ឧបមា​ដូចរាងឆ្អឹង ដោយ​សេចក្តី​ថា មានសេចក្តី​ត្រេកអរ​តិច ឈ្មោះ​ថា វៀរកាម​ដោយកិរិយា​សង្កត់សង្កិន កាល​ឃើញថា កាម​ទាំងឡាយ មានឧបមា​ដោយដុំ​សាច់ ដោយសេចក្តីថា ជារបស់​សាធារណ៍ ដល់សត្វ​មានប្រមាណ​ច្រើន ឈ្មោះ​ថា​វៀរ​កាម ដោយ​កិរិយា​សង្កត់សង្កិន កាល​ឃើញថា កាម​ទាំងឡាយ មានឧបមា​ដូច​គប់ភ្លើង​ស្មៅ ដោយ​សេចក្តីថា ដុតកំដៅ​រឿយៗ ឈ្មោះថា​វៀរ​កាម ដោយ​កិរិយា​សង្កត់​សង្កិន។បេ។ កំពុង​ចំរើន​នេវសញ្ញា​នាសញ្ញាយតន​សមាបត្តិ​ក្តី ឈ្មោះថា វៀរកាម​ដោយ​កិរិយា​សង្កត់​សង្កិន។ បុគ្គល​វៀរកាម ដោយ​កិរិយា​សង្កត់សង្កិន ដោយ​ប្រការ​យ៉ាង​នេះ។បេ។ បុគ្គលវៀរកាម ដោយកិរិយា​ផ្តាច់បង់ ដោយ​ប្រការ​យ៉ាងនេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​វៀរស្រឡះ​នូវកាម​ទាំងឡាយ។

[២៨] ពាក្យថា កាមទាំងនោះ ក្នុងបទថា ជនលុះលះបង់កាម​ទាំងនោះ ទើបឆ្លង​ឱឃៈ​បាន គឺជន​កំណត់​ដឹងនូវ​វត្ថុកាម​ទាំងឡាយ លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើមិនឲ្យ​កើតមាន​នូវ​កិលេសកាម​ទាំងឡាយ លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើមិនឲ្យ​កើតមាន នូវកាមច្ឆន្ទនីវរណៈ លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតមាន នូវព្យាបាទ​នីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ គប្បី​ឆ្លង គប្បីឆ្លង​ឡើង គប្បីឆ្លង​កាត់ ឈានកន្លង ប្រព្រឹត្ត​កន្លងនូវ​ឱឃៈ គឺ​កាម ឱឃៈ​គឺ​ភព ឱឃៈ​គឺខិដ្ឋិ ឱឃៈ​គឺអវិជ្ជា ហេតុនោះ (ទ្រង់ត្រាស់ថា) ជនលុះ​លះបង់​កាមទាំង​នោះ ទើប​ឆ្លងឱឃៈ​បាន។

[២៩] ពាក្យថា ដូចបុគ្គលអ្នកដល់ត្រើយ ព្រោះស្តារ​នាវា អធិប្បាយថា បុគ្គល បាច ស្តារ ជះចោល​នូវទឹក​ក្នុងនាវា មានគ្រឿង​ផ្ទុកដ៏ធ្ងន់ ហើយ​ដល់ត្រើយ​ឆាប់រហ័ស មិន​លំបាក ដោយ​សារនាវា​ស្រាល យ៉ាងណា​មិញ បុគ្គល​កំណត់​ដឹងនូវ​វត្ថុកាមទាំង​ឡាយ លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើតមាន នូវកិលេស​កាម​ទាំងឡាយ លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតមាន នូវ​កាមច្ឆន្ទ​នីវរណៈ ព្យាបាទ​នីវរណៈ ថីនមិទ្ធ​នីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ ហើយ​ដល់​ត្រើយ​ឆាប់រហ័ស​ដោយ​មិនលំបាក ក៏យ៉ាង​នោះដែរ។ អមតនិពា្វន ការរម្ងាប់​សង្ខារ​ទាំងពួង កិរិយា​លះបង់​កិលេស​ទាំងពួង ការអស់​តណ្ហា ការបា្រស​ចាកតម្រេក ការ​រលត់ (នៃកិលេស) ការចេញ​ចាកតណ្ហា លោក​ពោលថា ត្រើយ បុគ្គល​គប្បីដល់​ត្រើយ បាន​ត្រើយ ប៉ះពាល់​ត្រើយ ធ្វើឲ្យ​ជាក់ច្បាស់​នូវត្រើយ​នោះ។ ពាក្យថា បុគ្គល​អ្នកដល់​ត្រើយ គឺបុគ្គល​ណា បា្រថ្នា​ដើម្បីទៅ​កាន់ត្រើយ បុគ្គលនោះ ឈ្មោះថា អ្នកទៅ​កាន់ត្រើយ បុគ្គល​ណា កំពុងទៅ​កាន់ត្រើយ បុគ្គល​នោះ ឈ្មោះថា​អ្នកទៅ​កាន់ត្រើយ។ បុគ្គល​ណាដល់​ហើយ​នូវត្រើយ បុគ្គលនោះ ឈ្មោះថា អ្នកទៅ​កាន់ត្រើយ។ សមដូច​ពាក្យនេះ ដែល​ព្រះមានព្រះភាគ​ទ្រង់ត្រាស់​ថា ព្រាហ្មណ៍​ឆ្លងដល់​ត្រើយ ឋិតនៅ​លើគោក។ ម្នាល​ភិក្ខុទាំង​ឡាយ ពាក្យថា ព្រាហ្មណ៍​នេះ ជាឈ្មោះ​នៃព្រះអរហន្ត ព្រះអរហន្ត​នោះ ឈ្មោះ​ថា អ្នកដល់​ត្រើយ ដោយការ​ត្រាស់ដឹង អ្នកដល់​ត្រើយដោយ​ការកំណត់​ដឹង អ្នក​ដល់​ត្រើយ​ដោយការ​លះបង់ អ្នក​ដល់ត្រើយ​ដោយការ​ចំរើន អ្នកដល់ត្រើយ ដោយការ​ធ្វើ​ឲ្យជាក់​ច្បាស់ អ្នកដល់​ត្រើយ​ដោយ​សមាបត្តិ អ្នកដល់​ត្រើយ​ដោយការ​ត្រាស់ដឹង​ធម៌ទាំង​ពួង អ្នកដល់​ត្រើយដោយ​ការកំណត់​ដឹងទុក្ខ​ទាំងពួង អ្នកដល់​ត្រើយ ដោយការ​លះ​បង់​កិលេស​ទាំងពួង អ្នកដល់​ត្រើយដោយ​ការចំរើន​អរិយមគ្គ​ទាំង ៤ អ្នកដល់​ត្រើយ​​ដោយ​ការធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធសច្ចៈ អ្នកដល់ត្រើយ​ដោយការ​ចូលទៅកាន់​សមាបត្តិ​ទាំង​ពួង ព្រះអរហន្ត​នោះ​ដល់​នូវភាព​ដ៏ស្ទាត់ ដល់នូវ​ឧត្តមភាព​ក្នុង​សីល​ដ៏​ប្រសើរ ដល់នូវ​ភាពដ៏ស្ទាត់ ដល់នូវ​ឧត្តមភាព ក្នុងសមាធិ​ដ៏ប្រសើរ ដល់នូវ​ភាពដ៏ស្ទាត់ ដល់នូវ​ឧត្តមភាព​ក្នុងបញ្ញា​ដ៏ប្រសើរ ដល់នូវ​ភាពដ៏ស្ទាត់ ដល់នូវ​ឧត្តមភាព ដោយវិមុត្តិ​ដ៏ប្រសើរ ព្រះអរហន្ត​នោះ ឈ្មោះថា ទៅកាន់ត្រើយ ដល់ត្រើយ ទៅកាន់​ទីបំផុត (នៃសង្ខារ) ដល់ទី​បំផុត ទៅកាន់​ទីខាងចុង ដល់ទី​ខាងចុង ទៅកាន់​ទីបំផុត​ជុំវិញ ដល់ទី​បំផុតជុំវិញ ទៅកាន់ទី​អវសាន ដល់ទី​អវសាន ​ទៅកាន់​ទីពំនាក់ ដល់​ទីពំនាក់ ទៅកាន់​ទីពឹងពួន ដល់ទី​ពឹងពួន ទៅកាន់​ទីជាទីពឹង ដល់ទី​ជាទីពឹង ទៅកាន់ទី​មិនមានភ័យ ដល់ទី​មិនមាន​ភ័យ ទៅកាន់ទី​មិនច្យុត ដល់ទី​មិនច្យុត ទៅកាន់ទី​មិនស្លាប់ ដល់ទី​មិនស្លាប់ ទៅកាន់​និពា្វន ដល់និពា្វន ព្រះអរហន្ត​នោះ មានធម៌​ជាគ្រឿង​អប់រំ​នៅស្រេច​ហើយ មានកិរិយា​ប្រព្រឹត្តិ ប្រព្រឹត្តហើយ មានផ្លូវ​ឆ្ងាយ គឺសង្សារ​កន្លង​ហើយ មានទិស គឺព្រះនិពា្វន​ដល់​ហើយ មានទីបំផុត​នៃព្រះនិពា្វន​ដល់ហើយ មាន​ព្រហ្មចរិយ​ធម៌​រក្សាហើយ ដល់ហើយ​នូវការ​ឃើញ​ដ៏ឧត្តម មានមគ្គ​ចំរើនហើយ មានកិលេស​លះ​បង់ហើយ មាន​អរហត្តផល​ជា​ធម្មជាត​មិនកម្រើក ត្រាស់ដឹង​ហើយ មាននិរោធ គឺ​ព្រះនិពា្វន ធ្វើឲ្យជាក់​ច្បាស់ហើយ ទុក្ខ​ ព្រះអរហន្ត​នោះ កំណត់​ដឹងហើយ សមុទយៈ​លះបង់​ហើយ មគ្គចំរើន​ហើយ និរោធ​ធម៌បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ត្រាស់ដឹង​ហើយ​នូវហេតុ​ដែលគួរ​ត្រាស់ដឹង កំណត់ដឹង​ហើយ​នូវហេតុ​ដែលគួរ​កំណត់ដឹង លះបង់​ហើយ​នូវហេតុ​ដែលគួរ​លះបង់ ចំរើនហើយ​នូវហេតុ​ដែលគួរ​ចំរើន ធ្វើឲ្យ​ជាក់​ច្បាស់​ហើយនូវ​ហេតុដែល​គួរធ្វើឲ្យ​ជាក់ច្បាស់។ ព្រះអរហន្ត​នោះ មានសសរគោល គឺអវិជ្ជា​ដកចេញ​ហើយ មានស្នាមភ្លោះ គឺជាតិ​សង្សារ​លុប​អស់ហើយ មានសសរខឿន​គឺតណ្ហា​ដកចេញហើយ មិនមាន​គន្លឹះទ្វារ គឺ​ឱរម្ភាគិយ​សំយោជន៍ ជាអរិយៈ មិនមាន​កិលេស មានទង់​គឺមានះ​ទំលាក់ហើយ មាន​គ្រឿង​​ធ្ងន់ [ខន្ធភារៈ កិលេសភារៈ អភិសង្ខារភារៈ បញ្ចកាមគុណភារៈ មានភារៈ។] ទំលាក់​ចេញហើយ ជាអ្នក​បា្រសចាក​កិលេស លះបង់​អង្គ ៥ គឺ​នីវរណៈ​ហើយ ប្រកប​ព្រមដោយ​អង្គបាំ្រមួយ [ភិក្ខុ​មាន​សតិសម្បជញ្ញៈ ដោយអំណាច​ឧបេក្ខា កំចាត់បង់​នូវសេចក្តី​ថ្នាំងថ្នាក់ ឬ​សោមនស្ស​ក្នុងអារម្មណ៍​ទាំង៦ មានរូបារម្មណ៍​ជាដើម។ អដ្ឋកថា។] មានការ​រក្សាដោយ​ធម៌តែ​មួយ គឺសតិ មានធម៌​ជាគ្រឿង​ពឹងផ្អែក ៤ ប្រការ មានទិដ្ឋិសច្ច​ដោយឡែក​លះបង់​ហើយ មានការ​ស្វែងរក​ទាំង​ពួងលះបង់​ហើយ​ដោយប្រពៃ មាន​សេចក្តី្ត​ត្រិះរិះ​មិនមាន​ល្អក់ មាន​កាយសង្ខារ​ស្ងប់រម្ងាប់​ហើយ មានចិត្ត​ផុតស្រឡះ​ហើយ​ដោយប្រពៃ មានបញ្ញា​ផុតស្រឡះ​ហើយ​ដោយប្រពៃ ជាបុគ្គល​បរិបូណ៌ មាន​ព្រហ្មចរិយធម៌​ប្រព្រឹត្ត​ចប់ស្រេច​ហើយ ជាឧត្តម​បុរស ជាបរម​បុរស ដល់នូវ​ការដល់​ដ៏ប្រសើរ ព្រះអរហន្ត​នោះ មិនសន្សំ មិន​កំចាត់បង់ លោកនឹង​ធឹង ព្រោះ​កំចាត់បង់ មិនលះបង់ មិនប្រកាន់ លោក​នឹងធឹង​ព្រោះ​លះបង់ មិនចាក់ស្រេះ មិនតំកើង (ដោយតណ្ហា និងមានះ) លោកនឹងធឹង ព្រោះ​មិនចាក់ស្រេះ មិនរំលត់ មិនបង្កាត់ (នូវភ្លើង គឺកិលេស) លោក​នឹងធឹង ព្រោះរំលត់ លោក​ខ្ជាប់ខ្ជួន ព្រោះប្រកប​ដោយ​សីលក្ខន្ធ​ជាអសេក្ខៈ លោក​ខ្ជាប់ខ្ជួន ព្រោះ​ប្រកប​ដោយ​សមាធិក្ខន្ធ​ជា​អសេក្ខៈ ដោយ​បញ្ញាខន្ធ​ជាអសេក្ខៈ ដោយ​វិមុត្តិក្ខន្ធ​ជាអសេក្ខៈ ដោយ​វិមុត្តិញាណទស្សនក្ខន្ធ​ជាអសេក្ខៈ លោកខ្ជាប់ខ្ជួន ព្រោះយល់​ច្បាស់​នូវសច្ចធម៌ លោក​ខ្ជាប់ខ្ជួន ព្រោះកន្លង​ផុតយ៉ាងនេះ លោក​ខ្ជាប់ខ្ជួន ព្រោះរំលត់​ភ្លើង គឺកិលេស លោក​ខ្ជាប់ខ្ជួន ព្រោះមិន​មានដំណើរ​តទៅទៀត លោក​ខ្ជាប់ខ្ជួន ព្រោះចាប់​បាននូវ​កំពូល (ជ័យ​ជំនះ) លោក​ខ្ជាប់ខ្ជួន ព្រោះកិរិយា​សេព​នូវធម៌ជា​គ្រឿង​ផុតស្រឡះ លោក​ខ្ជាប់ខ្ជួន ព្រោះ​មេត្តាជា​គុណជាតិ​ដ៏បរិសុទ្ធ លោក​ខ្ជាប់ខ្ជួន ព្រោះករុណា មុទិតា ឧបេក្ខា ជាគុណជាតិ​ដ៏បរិសុទ្ធ លោក​ខ្ជាប់ខ្ជួន ព្រោះដល់​ទីបំផុត​នៃសេចក្តី​បរិសុទ្ធិ លោក​ខ្ជាប់ខ្ជួន ព្រោះ​សេចក្តី​បរិសុទ្ធិ មិនគួរ​ដល់ការងារ (នៃ​តណ្ហា ទិដ្ឋិ មានះ) លោក​ខ្ជាប់ខ្ជួន ព្រោះផុត​ស្រឡះ លោក​ខ្ជាប់ខ្ជួន ព្រោះជា​បុគ្គល​សន្តោស លោក​ខ្ជាប់ខ្ជួន​ក្នុងទី​បំផុតនៃ​ខន្ធ លោក​ខ្ជាប់ខ្ជួន​ក្នុងទីបំផុត​នៃធាតុ លោក​ខ្ជាប់ខ្ជួន​ក្នុងទី​បំផុតនៃ​អាយតនៈ លោក​ខ្ជាប់ខ្ជួន​ក្នុងទីបំផុត​នៃគតិ លោក​ខ្ជាប់ខ្ជួន​ក្នុងទីបំផុត​នៃ​ឧបបត្តិភព លោក​ខ្ជាប់ខ្ជួន​ក្នុងទី​បំផុតនៃ​បដិសន្ធិ លោកខ្ជាប់ខ្ជួន​ក្នុងទីបំផុត​នៃភព លោក​ខ្ជាប់ខ្ជួន ក្នុងទី​បំផុតនៃ​សង្សារ លោក​ខ្ជាប់ខ្ជួន​ក្នុងទី​បំផុត​នៃវដ្តៈ លោក​ខ្ជាប់ខ្ជួន ក្នុងភព​ជាទីបំផុត លោក​ខ្ជាប់ខ្ជួន​ក្នុងសរីរៈ ជាទី​ប្រជុំ​ក្នុង​ទីបំផុត ទ្រទ្រង់​រាងកាយ​ជាទីបំផុត ជា​ព្រះអរហន្ត។

ភពនេះ ជាទីបំផុតរបស់ព្រះអរហន្តនោះ អត្តភាពនេះ ជាខាង​ក្រោយបង្អស់ ការ​អន្ទោល​ទៅដោយ​ជាតិ និងមរណៈ ភពថ្មី​របស់​ព្រះអរហន្ត​នោះ មិនមានទេ។

ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជាបុគ្គលអ្នកដល់ត្រើយ ព្រោះ​ស្តារនាវា។ ហេតុ​នោះ ព្រះ​មានព្រះភាគ​ត្រាស់ថា

ព្រោះហេតុនោះ ជនអ្នកមានស្មារតីគ្រប់កាល គប្បីវៀរ​ស្រឡះ​នូវកាម​ទាំងឡាយ ជន​លុះលះបង់​នូវកាម​ទាំងនោះ ទើបឆ្លង​ឱឃៈ​បាន ដូចបុគ្គល​អ្នក​ដល់​នូវ​ត្រើយ ព្រោះ​ស្តារនាវា។

ចប់ កាមសុត្តនិទ្ទេស ទី១។

គុហដ្ឋកសុត្តនិទ្ទេស ទី២

[៣០] (ព្រះមានព្រះភាគត្រាស់ថា) នរជនណា កាលឋិតនៅ ជាប់នៅ​ក្នុងគុហា ត្រូវ​កិលេស​ដ៏ច្រើន បិទបាំង​លិចចុះ​ក្នុងមោហៈ (អារម្មណ៍​ជាគ្រឿង​វង្វេង) នរជន​មាន​សភាព​ដូច្នោះ​នោះ រមែងឋិត​នៅក្នុងទី​ឆ្ងាយអំពី​វិវេក ដ្បិតកាម​ទាំងឡាយ​ក្នុងលោក បុគ្គល​មិនមែន​លះបង់​បានដោយ​ងាយទេ។

[៣១] អធិប្បាយពាក្យថា ជាប់នៅក្នុងគុហា ត្រូវកិលេស​ដ៏ច្រើន​បិទបាំង ត្រង់​ពាក្យ​ថា ជាប់នៅ ព្រះអង្គ​ពោលក៏​ពិតហើយ។ តែខ្ញុំ​សូមពោល​ត្រង់ពាក្យថា គុហា ជាមុន​សិន។ កាយ លោកហៅថា គុហា។ ពាក្យថា កាយក្តី គុហាក្តី ទេហៈ​ក្តី សន្ទេហៈ​ក្តី នាវាក្តី រថក្តី ទង់ក្តី ដំបូកក្តី សម្បុកក្តី នគរក្តី កុដិក្តី បូសក្តី ក្អមក្តី នេះជា​ឈ្មោះនៃ​កាយ។ ពាក្យថា ជាប់​នៅក្នុង​គុហា គឺជាប់​នៅផ្សេងៗ ជាប់ទួទៅ ទាក់នៅ ថ្ពក់នៅ ព័ន្ធព័ទ្ធនៅ​ក្នុងគុហា។ ភណ្ឌៈ​ដែល​ជាប់នៅ ជាប់ផ្សេងៗ ជាប់ទួទៅ ទាក់នៅ ថ្ពក់នៅ ព័ន្ធព័ទ្ធនៅ​ឰដ៏ចម្រឹង ដែល​ដោតនឹង​ជញ្ជាំងក្តី ឰដ៏ដៃកែវ​ក្តី យ៉ាងណា នរជន​ជាប់នៅ ជាប់​ផ្សេងៗ ជាប់ទួទៅ ទាក់នៅ ថ្ពក់នៅ ព័ន្ធព័ទ្ធនៅ​ក្នុងគុហា ក៏យ៉ាង​នោះដែរ។ សមដូច​ព្រះពុទ្ធដីកា​នេះ ដែល​ព្រះមាន​ព្រះភាគ​ទ្រង់ត្រាស់​ថា សេចក្តីពេញ​ចិត្តណា តម្រេក​ណា សេចក្តី​ត្រេកត្រ​អាល​ណា សេចក្តី​ប៉ុនប៉ងណា សេចក្តី​ប្រកាន់​ដោយឧបាយ ដែល​មានការ​តាំងចិត្ត និងការ​ប្រកាន់​ជា​អនុស័យ​ណា ក្នុងរូប នរជន​ជាប់ក្នុង​កិលេស​នោះៗ ហេតុនោះ (លោក​ពោលថា) ជាប់នៅ។ ពាក្យថា ជាប់នៅ ជាឈ្មោះ​នៃការជាប់​ចំពាក់ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាប់នៅ​ក្នុងគុហា។ ពាក្យថា ត្រូវកិលេស​ដ៏ច្រើន​បិទបាំង គឺត្រូវ​កិលេស​ទាំងឡាយ​ដ៏ច្រើន​បិទបាំង គឺរាគៈ​បិទបាំង ទោសៈ​បិទបាំង មោហៈ​បិទបាំង កោធៈ​បិទបាំង ឧបនាហៈ​បិទបាំង មក្ខៈ​បិទបាំង បឡាសៈ​បិទបាំង ឥស្សា​បិទបាំង មច្ឆរិយៈ​បិទបាំង មាយា​បិទបាំង សាថេយ្យៈ​បិទបាំង ថម្ភៈ​បិទបាំង សារម្ភៈ​បិទបាំង មានះ​បិទបាំង អតិមានះ​បិទបាំង មទៈ​បិទបាំង បមាទៈ​បិទបាំង កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់​ក្រវាយ​ទាំងពួង សេចក្តី​អន្ទះអន្ទែង​ទាំងពួង សេចក្តី​ក្តៅក្រហាយ​ទាំងពួង អកុសលាភិសង្ខារ​ទាំងពួង ​បិទបាំង ប្រក់ព្រំ ខ្ទប់ រាំង ហ៊ុមភ្ជិត គ្រប បង្រួម ផ្កាប់ហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាប់នៅ​ក្នុងគុហា ត្រូវកិលេស​ដ៏ច្រើន​បិទបាំង។

[៣២] អធិប្បាយពាក្យថា នរជនកាលឋិតនៅ… លិចចុះ​ក្នុងមោហៈ ត្រង់​ពាក្យថា នរជន​កាលឋិតនៅ បានដល់​នរជន​កាលតំអក់ គឺត្រេកត្រអាល​ដោយ​អំណាច​រាគៈ ហើយ​តំអក់ ប្រទូស្ត​ដោយអំណាច​ទោសៈ ហើយ​តំអក់ វង្វេង​ដោយអំណាច​មោហៈ ហើយ​តំអក់ ជាប់ក្នុង​អារម្មណ៍​ផ្សេងៗ ដោយ​អំណាច​មានះ ហើយតំអក់ ស្ទាប​អងែ្អល​ដោយ​អំណាច​ទិដ្ឋិ ហើយតំអក់ រាយមាយ​ដោយអំណាច​ឧទ្ធច្ចៈ ហើយតំអក់ មិនដល់នូវ​សេចក្តី​ចូលចិត្ត ដោយ​អំណាច​វិចិកិច្ឆា ហើយតំអក់ មានកម្លាំង​ដោយអំណាច​អនុស័យ ហើយ​តំអក់ នរជន​កាលឋិត​នៅ យ៉ាងនេះខ្លះ។

សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានបុណ្យត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ រូប​ទាំងឡាយ​គប្បីដឹង​ច្បាស់​ដោយចក្ខុ ជាទី​បា្រថ្នា ជាទី​ត្រេកអរ ជាទី​ពេញចិត្ត មាន​សភាព​គួរ​ស្រឡាញ់ ប្រកប​ដោយកាម គួររីករាយ បើភិក្ខុ​ត្រេកអរ រីករាយ​នឹងរូប​នោះហើយ រមែង​តំអក់​ក្នុងសេចក្តី​បា្រថ្នា​មិនខាន ម្នាលភិក្ខុ​ទាំងឡាយ សំឡេង​ទាំងឡាយ​ដែល​គប្បី​ដឹង​ច្បាស់​ដោយត្រចៀក ក្លិនទាំងឡាយ​ដែលគប្បី​ដឹងច្បាស់​ដោយច្រមុះ រស​ទាំងឡាយ​ដែលគប្បី​ដឹងច្បាស់​ដោយអណ្តាត ផ្សព្វ​ទាំងឡាយ​ដែលគប្បី​ដឹងច្បាស់​ដោយកាយ​ធម្មារម្មណ៍​ទាំងឡាយ​ដែលគប្បី​ដឹងច្បាស់​ដោយចិត្ត ជាទីបា្រថ្នា ជាទី​ត្រេកអរ ជាទីពេញ​ចិត្ត មានសភាព​គួរស្រឡាញ់ ប្រកប​ដោយកាម គួររីករាយ បើភិក្ខុ​ត្រេកអរ រីករាយ​នឹង​អារម្មណ៍​នោះហើយ រមែងតំអក់​ក្នុងសេចក្តី​បា្រថ្នា​មិនខាន។ នរជន​កាលឋិត​នៅ យ៉ាងនេះ​ខ្លះ។

មួយទៀត ព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទំាង​ឡាយ វិញ្ញាណ មានរូបជា​ឧបាយក្តី មានរូប​ជាអារម្មណ៍​ តាំងនៅ​ក្នុងរូប សេពនូវ​សេចក្តី​ត្រេកអរ កាលសម្ងំ រមែងសម្ងំ (ក្នុង​អារម្មណ៍នោះ) ក៏ដល់​នូវសេចក្តី​ចំរើន លូត​លាស់ ធំទូលាយ ម្នាលភិក្ខុ​ទាំងឡាយ វិញ្ញាណ​មានវេទនា​ជាឧបាយ​ក្តី ម្នាល​ភិក្ខុទាំង​ឡាយ វិញ្ញាណ​មានសញ្ញា​ជាឧបាយ​ក្តី ម្នាលភិក្ខុ​ទាំងឡាយ វិញ្ញាណ​មានសង្ខារ​ជាឧបាយ​ក្តី មានសង្ខារ​ជាអារម្មណ៍ តាំងនៅ​ក្នុងសង្ខារ សេពសេចក្តី​ត្រេកអរ កាលសម្ងំ រមែង​សម្ងំ (ក្នុង​អារម្មណ៍នោះ) ដល់នូវ​សេចក្តី​ចំរើន លូតលាស់ធំ​ទូលាយ។ នរជន កាល​ឋិតនៅ យ៉ាងនេះខ្លះ។

ន័យមួយទៀត ព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ បើមានរាគៈ មានសេចក្តី​ត្រេកអរ មានតណ្ហា ក្នុង​កវឡិង្ការាហារ​ វិញ្ញាណ​តាំង​នៅ លូតលាស់​ក្នុងទីណា វិញ្ញាណ​តាំងនៅ​លូតលាស់​ក្នុងទីនោះ ការចុះ​កាន់នៃ​នាមរូប មានក្នុង​ទីណា ការចុះ​កាន់នៃ​នាមរូប ក៏មាន​ក្នុងទីនោះ សេចក្តី​ចំរើនឡើង​នៃសង្ខារទាំង​ឡាយ មានក្នុង​ទីណា សេចក្តី​ចំរើនឡើង​នៃសង្ខារ​ទាំងឡាយ ក៏មាន​ក្នុងទីនោះ ការកើត​ឡើង​នៃភពថ្មី​តទៅ មានក្នុង​ទីណា ការកើត​ឡើង​នៃភពថ្មី​តទៅ ក៏មាន​ក្នុងទីនោះ ជាតិ ជរា មរណៈ តទៅ មានក្នុង​ទីណា ជាតិ ជរា មរណៈ តទៅ មានក្នុង​ទីនោះ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ពោលនូវ​ជាតិ ជរា មរណៈ នោះថា ប្រកប​ដោយ​សេចក្តី​សោក​ ប្រកប​ដោយ​ធូលី ប្រកប​ដោយសេចក្តី​ចង្អៀតចង្អល់ ម្នាលភិក្ខុ​ទាំងឡាយ បើក្នុង​ផស្សាហារ ម្នាលភិក្ខុ​ទាំងឡាយ បើក្នុង​មនោសញ្ចេតនាហារ ម្នាលភិក្ខុ​ទាំងឡាយ បើមាន​រាគៈ មាន​សេចក្តី​ត្រេអរ មាន​តណ្ហា​ក្នុង​វិញ្ញាណាហារ វិញ្ញាណ​តាំងនៅ ដុសដាល​ឡើង ក្នុងទីណា វិញ្ញាណ​ក៏តាំង​នៅ ដុសដាល​ក្នុងទីនោះ ការចុះ​កាន់នៃ​នាមរូប មានក្នុង​ទីណា ការចុះ​កាន់​​នៃនាមរូប ក៏មាន​ក្នុងទីនោះ សេចក្តី​ចំរើននៃ​សង្ខារទាំងឡាយ មានក្នុងទី​ណា សេចក្តី​ចំរើននៃ​សង្ខារទាំងឡាយ ក៏មាន​ក្នុងទីនោះ ការកើត​នៃភពថ្មី​តទៅ មាន​ក្នុង​ទីណា ការកើត​នៃភព​ថ្មីតទៅ ក៏មាន​ក្នុងទីនោះ ជាតិ ជរា មរណៈ តទៅ មានក្នុង​ទីណា ជាតិ ជរា មរណៈ តទៅ ក៏មាន​ក្នុងទីនោះ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោល​នូវជាតិ ជរា មរណៈ​នោះថា ប្រកប​ដោយសេចក្តី​សោក ប្រកប​ដោយធូលី ប្រកប​ដោយសេចក្តី​ចង្អៀត​ចង្អល់។ នរជន កាលឋិតនៅ យ៉ាងនេះខ្លះ។

ពាក្យថា លិចចុះក្នុងមោហៈ សេចក្តីថា កាមគុណ ៥ ហៅថា មោហៈ បានដល់រូប ដែលដឹង​ដោយចក្ខុ ជាទីបា្រថ្នា ជាទីត្រេកអរ ជាទី​ពេញចិត្ត មានសភាព​គួរស្រឡាញ់ ប្រកប​ដោយកាម គួររីករាយ សំឡេង​ដែល​គប្បីដឹង​ដោយត្រចៀក ក្លិន​ដែលគប្បី​ដឹង​ដោយ​​ច្រមុះ រសដែល​គប្បីដឹង​ដោយអណ្តាត ផ្សព្វ​ដែលគប្បី​ដឹងដោយ​កាយ ជាទីបា្រថ្នា ជាទី​ត្រេកអរ ជាទី​ពេញចិត្ត មានសភាព​គួរស្រឡាញ់ ប្រកប​ដោយកាម​គួររីករាយ។ កាមគុណ ៥ លោក​ហៅថា មោហៈ តើព្រោះ​ហេតុអ្វី។ ទេវតា និងមនុស្ស​ដោយច្រើន វង្វេង ភ្លេចស្មារតី ភាន់ភាំងគំនិត ក្នុងកាមគុណ​ទាំង ៥ ជាអ្នក​វង្វេង ភ្លេចស្មារតី ភាន់​ភាំងគំនិត ត្រូវអវិជ្ជា​ធ្វើឲ្យងងឹត ខ្ទប់ រាំង ហ៊ុម ភ្ជិត គ្រប បង្រួម ផ្កាប់ហើយ ព្រោះហេតុ​នោះ កាមគុណ​ទាំង ៥ លោកហៅ​ថា មោហៈ។ ត្រង់ពាក្យថា លិចចុះ​ក្នុងមោហៈ គឺចូល​ទៅ ផ្កាប់ចុះ ចូលទៅស៊ប់ ជ្រមុចចុះ ក្នុងមោហៈ ហេតុនោះ (ទ្រង់ត្រាស់ថា) នរជន កាល​ឋិតនៅ លិចចុះ​ក្នុងមោហៈ។

[៣៣] អធិប្បាយពាក្យថា នរជនមានសភាពដូច្នោះនោះ (ឋិតនៅ) ក្នុងទីឆ្ងាយ​អំពី​វិវេក ត្រង់ពាក្យថា វិវេក បានដល់​វិវេក ៣ គឺ កាយវិវេក ១ ចិត្តវិវេក ១ ឧបធិវិវេក ១។

កាយវិវេក តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ គប់រក​សេនាសនៈ​ស្ងាត់ គឺ​ព្រៃ គល់ឈើ ភ្នំ លា្អង គុហា ព្រៃស្មសាន ព្រៃឆ្ងាយ ទីវាល និងគំនរ​ចំបើង ជាអ្នក​នៅស្ងប់​ស្ងាត់​ដោយកាយ ភិក្ខុនោះ ទៅម្នាក់ឯង ឈរម្នាក់ឯង អង្គុយ​ម្នាក់ឯង ដេកម្នាក់​ឯង ចូលទៅ​កាន់ស្រុក​ដើម្បីបិណ្ឌបាត​ម្នាក់ឯង ត្រឡប់​មកវិញ​ម្នាក់ឯង អង្គុយ​នៅក្នុងទី​ស្ងាត់​ម្នាក់ឯង អធិដ្ឋាន​ទីចង្រ្កម​ម្នាក់ឯង ត្រាច់ទៅ នៅ (ញុំាង​ឥរិយាបថ) ឲ្យប្រព្រឹត្ត​ទៅ ប្រព្រឹត្ត រក្សា (ឥរិយាបថ) ប្រព្រឹត្តទៅ ដើរទៅ​ម្នាក់ឯង នេះ​ឈ្មោះថា កាយវិវេក។

ចិត្តវិវេក តើដូចម្តេច។ ភិក្ខុចូលបឋមជ្ឈាន ចិត្តស្ងាត់ចាក​នីវរណៈ​ទាំងឡាយ ភិក្ខុចូល​ទុតិយជ្ឈាន ចិត្តស្ងាត់​ចាកវិតក្កៈ និងវិចារៈ ចូល​តតិយជ្ឈាន ចិត្តស្ងាត់​ចាកបីតិ ភិក្ខុចូល​ចតុត្ថជ្ឈាន ចិត្តស្ងាត់​ចាកសុខ និងទុក្ខ ភិក្ខុចូល​អាកាសានញ្ចា​យតនជ្ឈាន ចិត្ត​ស្ងាត់ចាក​រូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញា ភិក្ខុចូល​វិញ្ញាណញ្ចា​យតនជ្ឈាន ចិត្តស្ងាត់​ចាក​អាកាសានញ្ចា​យតនសញ្ញា ភិក្ខុចូល​អាកិញ្ចញ្ញា​យតនជ្ឈាន ចិត្តស្ងាត់ចាក​វិញ្ញាណញ្ចា​យតនសញ្ញា ភិក្ខុចូល​នេវសញ្ញា​នាសញ្ញា​យតនជ្ឈាន ចិត្តស្ងាត់​ចាក​អាកិញ្ចញ្ញា​យតនសញ្ញា ភិក្ខុ​ដល់សោតៈ ចិត្តស្ងាត់​ចាកសក្កាយទិដ្ឋិ ចាក​វិចិកិច្ឆា ចាក​សីលព្វតបរាមាសៈ ចាក​ទិដ្ឋានុស័យ ចាក​វិចិកិច្ឆានុស័យ​ និង​កិលេស​ដែលឋិត​នៅជាមួយ​នឹងកិលេស​ទាំងនោះ ភិក្ខុដល់​សកទាគាមិ ចិត្តស្ងាត់​ចាកកាមរាគ​សញ្ញោជនៈ ចាក​បដិឃសញ្ញោជនៈ ដ៏គ្រោត​គ្រាតផង ចាក​កាមរាគានុស័យ ចាក​បដិឃានុស័យ យ៉ាង​គ្រោតគ្រាត ចាក​កិលេស​ទាំងឡាយ​ដែលឋិត​នៅជាមួយ​នឹងកិលេស​ទាំងនោះផង ភិក្ខុដល់​អនាគាមិ ចិត្ត​ស្ងាត់​ចាកកាមរាគ​សញ្ញោជនៈ ចាក​បដិឃសញ្ញោជនៈ​យ៉ាង​ល្អិតផង ចាក​កាមរាគានុស័យ ចាក​បដិឃានុស័យ​យ៉ាងល្អិតផង ចាកកិលេស​ទាំងឡាយ ដែល​ឋិតនៅ​ជាមួយគ្នា​នឹងកិលេស​ទាំងនោះ​ផង ភិក្ខុដល់​ព្រះអរហត្ត ចិត្តស្ងាត់​ចាក​រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ​ផង ចាក​កិលេស​ទាំងឡាយ ដែលឋិតនៅ​ជាមួយ​នឹងកិលេស​ទាំងនោះ​ផង ចាក​និមិត្ត​គ្រប់យ៉ាង​ខាងក្រៅ​ផង នេះ​ឈ្មោះ​ថា ចិត្តវិវេក។

ឧបធិវិវេក តើដូចម្តេច។ កិលេសទាំងឡាយ ខន្ធទាំងឡាយ និងអភិសង្ខារ​ទាំង​ឡាយ លោក​ហៅថា ឧបធិ។ អមតនិពា្វន លោកហៅថា ឧបធិវិវេក បានដល់​ការរម្ងាប់​សង្ខារ​ទាំងពួង ការលះបង់​ឧបធិ​ទាំងពួង ការអស់​តណ្ហា ការបា្រស​ចាករាគៈ ការរលត់ (កងទុក្ខ) ការចេញ​ចាកតណ្ហា នេះ​ឈ្មោះថា ឧបធិវិវេក។

កាយវិវេក (កើតមាន) ដល់ពួកបុគ្គលដែលចេញចាកពួក ត្រេកអរ​ក្នុងការចេញ​ចាក​​កាមផង ចិត្តវិវេក (កើតមាន) ដល់ពួក​បុគ្គលដែល​មានចិត្ត​បរិសុទ្ធ ដល់នូវ​សេចក្តីផូរ​ផង់ក្រៃលែង​ផង ឧបធិវិវេក (កើតមាន) ដល់ពួក​បុគ្គលដែល​មិនមាន​កិលេស ដល់នូវ​ព្រះនិពា្វន​ដែលបា្រស​ចាក​សង្ខារផង។

ពាក្យថា ក្នុងទីឆ្ងាយអំពីវិវេក បានដល់នរជនណា ជាប់ចំពាក់​ក្នុងគុហា​យ៉ាងនេះ ត្រូវ​ពួក​កិលេសដ៏​ច្រើនបិទបាំង​យ៉ាងនេះ លិចចុះ​ក្នុងមោហៈ​យ៉ាងនេះ នរជន​នោះ (ឈ្មោះ​ថាឋិតនៅ) ក្នុងទីឆ្ងាយ​អំពីកាយវិវេក​ផង ក្នុងទីឆ្ងាយ​អំពី​ចិត្តវិវេកផង ក្នុងទីឆ្ងាយ ឆ្ងាយពេក ឆ្ងាយពេក​ណាស់ មិនមែន​ជិត មិនមែន​នៅក្បែរ មិនមែន​នៅ​ប្រកៀក ឃ្លាតអំពី​ឧបធិវិវេកផង។ ពាក្យថា មានសភាព​ដូច្នោះ គឺមានប្រការ​ដូច្នោះ បា្រកដ​ដូច្នោះ ឋិតនៅ​ដោយអាការ​នោះ ឋិតនៅ​ដោយ​ប្រការនោះ ជាចំណែក​នៃប្រការ​នោះ ដែលលិច​ចុះក្នុង​មោហៈ​នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) នរជនមាន​សភាព​ដូច្នោះ​នោះ (ឋិតនៅ) ក្នុងទីឆ្ងាយ​អំពីវិវេក។

[៣៤] អធិប្បាយពាក្យថា ដ្បិតកាមទាំងឡាយ​ក្នុងលោក បុគ្គល​មិនមែន​លះបង់​បានដោយ​ងាយទេ ត្រង់ពាក្យថា កាម បើតាម​ឧទ្ទាន បានដល់ កាម ២ យ៉ាង គឺ វត្ថុកាម ១ កិលេសកាម ១។

វត្ថុកាម តើដូចម្តេច។ រូបជាទីគាប់ចិត្ត សំឡេង​ជាទី​គាប់ចិត្ត ក្លិនជា​ទីគាប់ចិត្ត រសជា​ទីគាប់ចិត្ត ផ្សព្វ​ជាទី​គាប់ចិត្ត កម្រាល គ្រឿង​ស្លៀកពាក់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះ លា ស្រែ ចម្ការ បា្រក់ មាស ស្រុក និគម រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំង និងវត្ថុដែល​គួរត្រេកអរ​ណាមួយ ហៅថា​វត្ថុកាម។ មួយទៀត កាម​ទាំងឡាយ​ជាអតីត កាមទាំងឡាយ​ជាអនាគត កាមទាំងឡាយ​ជាបច្ចុប្បន្ន ​កាម​ទាំងឡាយ ជាខាង​ក្នុង កាមទាំងឡាយ​ជាខាងក្រៅ កាម​ទាំងឡាយ ទាំងខាង​ក្នុងខាងក្រៅ កាមទាំង​ឡាយ​ថោកទាប កាមទាំងឡាយ​ជាកណ្តាល កាមទាំងឡាយ​ដ៏ឧត្តម កាមទាំងឡាយ​មាន​ក្នុង​អបាយ កាមទាំងឡាយ​មានក្នុង​មនុស្ស កាមទាំង​ឡាយជាទិព្វ កាម​ទាំងឡាយ ដែល​តាំងឡើង​ឯង កាមទាំងឡាយ​ដែលខ្លួន​និម្មិត កាម​ទាំងឡាយ ដែលអ្នក​ដទៃនិមិ្មត កាម​ទាំងឡាយ​ដែលគេ​ហួងហែង កាមទាំង​ឡាយដែល​គេមិន​ហួងហែង កាម​ទាំងឡាយ​ដែលគេ​ប្រកាន់​ថា របស់អញ កាម​ទាំងឡាយ ដែលគេ​មិនប្រកាន់​ថារបស់​អញ ពួកធម៌ជា​កាមាវចរ​ទាំងអស់ក្តី ពួកធម៌​ជារូបាវចរ​ទាំងអស់ក្តី ពួក​ធម៌ជា​អរូបាវចរ​ទាំងអស់​ក្តី ដែលជា​វត្ថុនៃ​តណ្ហា ជាអារម្មណ៍​នៃ​តណ្ហា ឈ្មោះថា កាម ដោយ​អត្ថថា គួរបា្រថ្នា ដោយ​អត្ថថា គួរត្រេកអរ ដោយ​អត្ថថា ជា​ហេតុ​ញុំាងសេចក្តី​ស្រវឹងឲ្យកើត ទាំងនេះ​ហៅថា វត្ថុកាម។

កិលេសកាម តើដូចម្តេច។ សេចក្តីពេញចិត្ត ឈ្មោះថា កាម សេចក្តី​ត្រេកអរ ឈ្មោះថា កាម សេចក្តី​ត្រេកអរ​មានកម្លាំង ឈ្មោះថា​កាម សេចក្តី​ត្រិះរិះ ឈ្មោះថា កាម តម្រេក ឈ្មោះថា កាម សេចក្តី​ត្រេកអរ​ដោយការ​ត្រិះរិះ ឈ្មោះថា កាម បានដល់​សេចក្តី​ពេញ​ចិត្ត​គឺកាម សេចក្តី​ត្រេកអរ​គឺកាម សេចក្តី​ត្រេកត្រអាល​គឺកាម សេចក្តី​បា្រថ្នាគឺកាម សេចក្តី​ស្រឡាញ់​គឺកាម សេចក្តី​ក្តៅក្រហាយ​គឺកាម ការជ្រប់គឺ​កាម សេចក្តី​ចូលចិត្ត​មាំ​គឺកាម អន្លង់​គឺកាម យោគៈ​គឺកាម ឧបាទាន​គឺកាម នីវរណៈគឺ​កាមច្ឆន្ទៈ ក្នុង​កាម​ទាំងឡាយ (និងពាក្យ​ដែល​ព្រះមានព្រះភាគ​ត្រាស់ថា)

ម្នាលកាម តថាគតបានឃើញដើមកំណើតអ្នកហើយ ម្នាលកាម អ្នកឯង​កើត​អំពី​សេចក្តី​ត្រិះរិះ តថាគត មិនត្រិះរិះ​ចំពោះ​អ្នកទៀត​ទេ ម្នាលកាម កាលបើ​យ៉ាងនេះ អ្នក​នឹងមិន​មានឡើយ។

ទាំងនេះ លោកហៅថា កិលេសកាម។ ពាក្យថា ក្នុងលោក គឺ​ក្នុងអបាយលោក ក្នុង​មនុស្សលោក ក្នុង​ទេវលោក ក្នុង​ខន្ធលោក ក្នុង​ធាតុលោក ក្នុង​អាយតនលោក។ ពាក្យថា ដ្បិត​កាមទាំងឡាយ​ក្នុងលោក បុគ្គល​មិនមែន​លះបង់បាន​ដោយ​ងាយទេ បាន​សេចក្តី​ថា ដ្បិតកាម​ទាំងឡាយ​ក្នុងលោក គេលះបង់​បានដោយ​ក្រ បោះបង់​បានដោយក្រ លះលែង​បានដោយ​ក្រ ញាំញី​បានដោយ​ក្រ ដោះស្រាយ​បានដោយ​ក្រ ឆ្លងបាន​ដោយក្រ ឆ្លងកាត់​បានដោយក្រ កន្លងបាន​ដោយក្រ រំលង​បានដោយ​ក្រ ហេតុនោះ (ទ្រង់​ត្រាស់ថា) កាម​ទាំងឡាយ​ក្នុងលោក បុគ្គល​មិនមែន​លះបង់​បានដោយ​ងាយទេ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

នរជន កាលឋិតនៅ ជាប់នៅក្នុងគុហា ត្រូវកិលេសដ៏ច្រើន​បិទបាំង លិចចុះ​ក្នុង​មោហៈ នរជន​មានសភាព​ដូច្នោះនោះ (ឋិតនៅ) ក្នុងទី​ឆ្ងាយ​អំពីវិវេក ដ្បិតកាម​ទាំងឡាយ​ក្នុងលោក បុគ្គល​មិនមែន​លះបង់​បានដោយ​ងាយទេ។

[៣៥] ពួកសត្វទាំងនោះ មានសេចក្តីបា្រថ្នាជាហេតុ ជាប់ចំពាក់​ដោយ​សេចក្តី​ត្រេកអរ​ក្នុងការ​ចំរើន អាឡោះ​អាល័យ​ក្នុងកាល​ជាខាង​ក្រោយ ឬក្នុង​កាលមុន បា្រថ្នានូវ​កាម​ទាំងនេះ ឬនូវកាម​ក្នុងកាលមុន រមែងរួច​បានដោយ​ក្រ ទាំងញុំាង​បុគ្គល​ដទៃឲ្យរួច​មិនបាន។

[៣៦] ពាក្យថា មានសេចក្តីបា្រថ្នាជាហេតុ ជាប់ចំពាក់​ដោយសេចក្តី​ត្រេកអរ​ក្នុង​ការចំរើន អធិប្បាយ​ថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់ តម្រេក តម្រេក​មានកម្លាំង សេចក្តី​កួចកាន់ សេចក្តី​ត្រេកអរ សេចក្តី​រីករាយ សេចក្តី​រីករាយ​នឹងតម្រេក តម្រេក​ដ៏មានកម្លាំង​របស់ចិត្ត សេចក្តី​បា្រថ្នា សេចក្តី​ជ្រប់ចុះ កិរិយា​ងប់ចុះ សេចក្តី​ចំពាក់​ចិត្ត សេចក្តី​ចំពាក់មាំ គ្រឿងជាប់ ភក់ កិរិយា​ស្វែងរក ការ​លាក់ពុត កិលេស​ជាតិជា​គ្រឿងញុំាង​សត្វឲ្យ​កើត ជាគ្រឿង​ញុំាងទុក្ខ​ឲ្យកើត ជាគ្រឿង​ចាក់​ស្រេះ កិលេសជាតិ​ដូចជា​សំណាញ់ ជាគ្រឿង​ហូរទៅ ផ្សាយទៅ ក្រសែ គឺតណ្ហា កិលេសជាតិ​ដ៏ទូលាយ ជាគ្រឿង​ញុំាងអាយុ​ឲ្យវិនាស (របស់សត្វ) ជាគំរប់ពីរ ជាគ្រឿង​តំកល់​ទុក ជាគ្រឿង​នាំសត្វ​ទៅកាន់ភព កិលេសជាតិ​ដូចជាព្រៃធំ ដូចជា​ព្រៃតូច សេចក្តី​ស្និទ្ធស្នាល សេចក្តី​ស្នេហា សេចក្តី​អាល័យ សេចក្តី​ជាប់ចំពាក់ សេចក្តី​ប៉ុនប៉ង សេចក្តី​នឹក​ជញ្ជឹង ភាពនៃ​ចិត្តនឹក​ជញ្ជឹង បំណងរូប បំណង​សំឡេង បំណងក្លិន បំណងរស បំណង​ផ្សព្វ បំណង​លាភ បំណង​ទ្រព្យ បំណង​កូន បំណង​ជីវិត ការជាប់ ការជាប់​ទួទៅ ការ​ជាប់ក្រៃលែង ការជាប់ កិរិយាជាប់ ភាពនៃ​ចិត្តជាប់ ការជក់ស្អិត កិរិយាជក់ស្អិត ភាពនៃ​ចិត្តជក់ស្អិត ភាពនៃ​ចិត្ត​រឡិបរឡប់ ភាពនៃ​ចិត្តបា្រថ្នា​ខ្លាំងក្លា តម្រេក​មិនត្រូវ​តាមធម៌ សេចក្តី​លោភ​មិនស្មើ សេចក្តី​អាល័យ កិលេសជាតិ​ជាទីអាល័យ សេចក្តី​បា្រថ្នា សេចក្តី​ស្រឡាញ់ សេចក្តី​បា្រថ្នា​គ្រប់យ៉ាង ចំណង់​ក្នុងកាម ចំណង់​ក្នុងសេចក្តី​ចំរើន ចំណង់​ក្នុង​សេចក្តី​វិនាស ចំណង់​ក្នុងរូប ចំណង់​ក្នុងអរូប ចំណង់​ក្នុងនិរោធ ចំណង់​ក្នុងរូប ចំណង់​ក្នុង​សំឡេង ចំណង់​ក្នុងក្លិន ចំណង់​ក្នុងរស ចំណង់​ក្នុងផ្សព្វ ចំណង់​ក្នុងធម៌ អន្លង់ គ្រឿង​ប្រកបទុក គ្រឿង​ដោតក្រង គ្រឿង​ប្រកាន់ កិរិយា​រារាំង កិរិយាទប់ កិរិយាប្រក់ កិរិយាចង កិរិយាសៅហ្មង កិរិយាដេកត្រាំ កិរិយាស្ទាក់ វល្លិ​គឺតណ្ហា សេចក្តី​បា្រថ្នា​ផ្សេងៗ ឫសគល់​នៃសេចក្តី​ទុក្ខ ហេតុនៃ​សេចក្តីទុក្ខ ដែនកើត​នៃសេចក្តី​ទុក្ខ អន្ទាក់​នៃមារ សន្ទូចនៃមារ វិស័យ​នៃមារ ស្ទឹង​គឺតណ្ហា បណ្តាញ​គឺតណ្ហា ដងដោយ​គឺតណ្ហា សមុទ្ទ​គឺតណ្ហា អភិជ្ឈា លោភៈ ឫសគល់​នៃអកុសល។ ពាក្យថា មានសេចក្តី​បា្រថ្នា​ជាហេតុ គឺមាន​សេចក្តី​បា្រថ្នា​ជានិទាន មានសេចក្តី​បា្រថ្នា​ជាហេតុ មានសេចក្តី​បា្រថ្នា​ជាបច្ច័យ មាន​សេចក្តី​បា្រថ្នាជា​ការណ៍ មានសេចក្តី​បា្រថ្នាជា​ដែនកើត​មុន ហេតុនោះ (ទ្រង់​ត្រាស់ថា) មានសេចក្តី​បា្រថ្នាជា​ហេតុ។ ពាក្យថា ជាប់ចំពាក់​ដោយសេចក្តី​ត្រេកអរ​ក្នុងការចំរើន គឺ​សេចក្តី​ត្រេកអរ​ក្នុងការចំរើន ១ គឺ​សុខវេទនា។ សេចក្តី​ត្រេកអរ​ក្នុងការចំរើន ២ គឺ​សុខវេទនា ១ វត្ថុ​ជាទីបា្រថ្នា ១។ សេចក្តី​ត្រេកអរ​ក្នុងការ​ចំរើន ៣ គឺ​ភាពនៅក្មេង ១ ការមិន​មានរោគ ១ ជីវិត ១។ សេចក្តី​ត្រេកអរ​ក្នុងការចំរើន ៤ គឺលាភ ១ យស ១ សេចក្តី​សរសើរ ១ សុខ ១។ សេចក្តី​ត្រេកអរ​ក្នុងការ​ចំរើន ៥ គឺរូបជា​ទីគាប់ចិត្ត ១ សំឡេង​ជាទី​គាប់ចិត្ត ១ ក្លិនជា​ទីគាប់ចិត្ត ១ រសជាទី​គាប់ចិត្ត ១ ផ្សព្វជា​ទីគាប់ចិត្ត ១។ សេចក្តី​ត្រេកអរ​ក្នុងការ​ចំរើន ៦ គឺ​ចក្ខុសម្បទា ១ សោតសម្បទា ១ ឃានសម្បទា ១ ជិវ្ហាសម្បទា ១ កាយសម្បទា ១ មនោសម្បទា ១។ ពាក្យថា ជាប់ចំពាក់​ដោយសេចក្តី​ត្រេកអរ​ក្នុងការចំរើន គឺជាប់​ក្នុងសុខ​វេទនា ជាប់​ក្នុង​វត្ថុជាទីបា្រថ្នា ជាប់​ក្នុងភាព​នៅក្មេង ជាប់ក្នុង​ការមិន​មានរោគ ជាប់ក្នុង​ជីវិត ជាប់​ក្នុងលាភ ជាប់ក្នុងយស ជាប់ក្នុង​សេចក្តី​សរសើរ ជាប់ក្នុង​សុខ ជាប់ក្នុង​រូបជាទី​គាប់ចិត្ត ក្នុង​សំឡេង ក្នុងក្លិន ក្នុងរស ជាប់ក្នុង​ផ្សព្វជាទី​គាប់ចិត្ត ជាប់ក្នុង​ចក្ខុសម្បទា ជាប់​ចំពាក់ ជាប់ដោយ​អាការ​ផ្សេងៗ ស្អិត ទាក់ ថ្ពក់ ពន្ធ័ពទ្ធ័ ក្នុង​សោតសម្បទា ឃានសម្បទា ជិវ្ហាសម្បទា កាយសម្បទា មនោសម្បទា ហេតុនោះ (ទ្រង់​ត្រាស់ថា)​ មានសេចក្តី​បា្រថ្នា​ជាហេតុ ជាប់ចំពាក់​ដោយសេចក្តី​ត្រេកអរ​ក្នុងការ​ចំរើន។

[៣៧] ពាក្យថា ពួកសត្វទាំងនោះ រមែងរួចបាន​ដោយក្រ ទាំងញុំា​បុគ្គលដទៃ​ឲ្យ​រួចមិន​បាន អធិប្បាយ​ថា អារម្មណ៍​ជាវត្ថុនៃ​សេចក្តី​ត្រេកអរ ក្នុងការ​ចំរើនទាំង​នោះ ពួក​សត្វ​ដោះបាន​ដោយក្រ ឬពួក​សត្វរួច​បានដោយ​ក្រ ចាកអារម្មណ៍​នុ៎ះ។

អារម្មណ៍ជាវត្ថុនៃសេចក្តីត្រេកអរ​ក្នុងការចំរើនទាំងនោះ ពួកសត្វ​ដោះបាន​ដោយក្រ តើដូចម្តេច។ សុខវេទនា សត្វដោះ​បានដោយ​កម្រ វត្ថុជា​ទីបា្រថ្នា សត្វដោះ​បាន​ដោយកម្រ ភាពនៅ​ក្មេង សត្វដោះ​បាន​ដោយកម្រ ការមិន​មានរោគ សត្វដោះ​បាន​ដោយ​កម្រ ជីវិត សត្វ​ដោះបាន​ដោយកម្រ លាភ សត្វដោះ​បានដោយ​កម្រ យស សត្វ​ដោះបាន​ដោយកម្រ សេចក្តី​សរសើរ សត្វដោះ​បានដោយ​កម្រ សុខ សត្វដោះ​បាន​ដោយ​កម្រ រូបទាំងឡាយ​ជាទី​គាប់ចិត្ត សត្វដោះ​បានដោយ​កម្រ សំឡេង ក្លិន រស ផ្សព្វ ជាទី​គាប់ចិត្ត សត្វដោះ​បានដោយ​កម្រ ចក្ខុសម្បទា សត្វដោះ​បានដោយ​កម្រ សោតសម្បទា ឃានសម្បទា ជិវ្ហាសម្បទា កាយសម្បទា មនោសម្បទា សត្វដោះ​បានដោយ​កម្រ ដោះ​ស្រឡះ​បានដោយ​កម្រ ដោះចេញ​បានដោយ​កម្រ ដោះចេញ​ស្រឡះបាន​ដោយកម្រ ញាំញី​បានដោយ​កម្រ ដោះចេញ​បានដោយ​កម្រ ឆ្លងបាន​ដោយកម្រ ឆ្លងកាត់​បានដោយ​កម្រ កន្លង​បានដោយ​កម្រ រំលងបាន​ដោយកម្រ។ អារម្មណ៍ជា​វត្ថុនៃ​សេចក្តី​ត្រេកអរ​ក្នុងការ​ចំរើន​ទាំងនោះ សត្វរួច​បានដោយក្រ យ៉ាងនេះ។

ពួកសត្វរួចបានដោយកម្រ ចាកធម៌នុ៎ះ តើដូចម្តេច។ ពួកសត្វ​រួចបាន​ដោយកម្រ ចាក​សុខវេទនា រួចបាន​ដោយកម្រ ចាកវត្ថុ​ជាទីបា្រថ្នា រួចបាន​ដោយកម្រ ចាកភាព​នៅ​ក្មេង រួចបាន​ដោយកម្រ ចាកការ​មិនមាន​រោគ រួចបាន​ដោយកម្រ ចាកជីវិត រួចបាន​ដោយកម្រ ចាកលាភ រួចបាន​ដោយកម្រ ចាកយស រួចបាន​ដោយកម្រ ចាក​សេចក្តី​សរសើរ រួចបាន​ដោយកម្រ ចាកសុខ រួចបាន​ដោយកម្រ ចាករូប​ទាំងឡាយ​ជាទីគាប់​ចិត្ត រួចបាន​ដោយកម្រ ចាក​សំឡេង ក្លិន រស ផ្សព្វ ជាទី​គាប់ចិត្ត រួចបាន​ដោយកម្រ ចាក​ចក្ខុសម្បទា រួចបាន​ដោយកម្រ រួចស្រឡះ​បានដោយកម្រ រើចេញ​បានដោយ​កម្រ ស្ទុះឡើង​បានដោយ​កម្រ ក្រោកឡើង​បានដោយ​កម្រ លោតឡើង​បានដោយ​កម្រ ចាក​សោតសម្បទា ឃានសម្បទា ជិវ្ហាសម្បទា កាយសម្បទា មនោសម្បទា។ ពួកសត្វ​រួចបាន​ដោយក្រ ចាកធម៌នុ៎ះ យ៉ាង​នេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ពួកសត្វ​ទាំងនោះ រួចបាន​ដោយក្រ។

ពាក្យថា ទាំងញុំាងអ្នកដទៃឲ្យរួចមិនបាន សេចក្តីថា សត្វទាំងនោះ​ជាអ្នក​លិចកប់​ក្នុងភក់​ដោយខ្លួនឯង មិនអាច​នឹងស្រង់​បុគ្គល​ដទៃ ដែលលិចកប់​ក្នុងភក់​បានទេ។ សមដូច​ពាក្យនេះ ដែល​ព្រះមានព្រះភាគ​ទ្រង់ត្រាស់ថា ម្នាល​ចុន្ទៈ បុគ្គលនោះ​ឯង​លិចកប់​ក្នុងភក់​ដោយខ្លួន​ឯង នឹងស្រង់​បុគ្គលដទៃ​ដែលលិច​កប់ក្នុងភក់​បាន ហេតុ​ដូច្នេះនេះ មិនមានទេ ម្នាល​ចុន្ទៈ បុគ្គល​នោះឯង មិនទាន់​ទូន្មានខ្លួន មិនទាន់​ប្រៀនប្រដៅ​ខ្លួន មិនទាន់​រលត់​កិលេស​ដោយខ្លួន​ឯងទេ នឹងទូន្មាន​ប្រៀន​ប្រដៅ​បុគ្គលដទៃ (នឹង​ញុំាង​បុគ្គលដទៃ) ឲ្យ​រលត់​កិលេសបាន ហេតុដូច្នេះនេះ មិនមាន​ទេ។ ពួកសត្វ​មិនអាចញុំាង​អ្នកដទៃ​ឲ្យរួច​បាន យ៉ាង​នេះខ្លះ។ ម្យ៉ាងទៀត បុគ្គល​ដទៃណា​មួយ អាចញុំាង​បុគ្គលដទៃ​ឲ្យ​រួចបាន មិនមាន​ទេ ប្រសិនបើ​ពួកសត្វនោះ​គប្បីរួច លុះតែ​ប្រតិបតិ្ត​នូវ​សម្មាបដិបទា អនុលោមប្បដិបទា អប្បច្ចនីកប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទា​ដោយខ្លួន​ឯង ដោយ​កំឡាំង​ញាណ​របស់ខ្លួន ដោយ​ពលញ្ញាណ​របស់​ខ្លួន ដោយព្យាយាម​របស់ខ្លួន ដោយការ​ប្រឹងប្រែង​របស់ខ្លួន ដោយ​កំឡាំង​បុរស​របស់ខ្លួន ដោយ​ពលញ្ញាណ​នៃបុរស​របស់ខ្លួន ដោយព្យា​យាមនៃបុរស​របស់ខ្លួន ដោយ​ការប្រឹងប្រែង​នៃបុរស​របស់​ខ្លួន ទើប​រួចបាន។ ពួកសត្វ​មិនអាចញុំាង​អ្នកដទៃ​ឲ្យរួចបាន យ៉ាង​នេះខ្លះ។ មួយទៀត ពាក្យនេះ ព្រះមានព្រះភាគ ត្រាស់ហើយ​ថា

ម្នាលធោតកៈ តថាគតមិនអាចញុំាងបុគ្គល​ណាមួយ ដែល​មានសេចក្តី​សង្ស័យ​ក្នុងលោក ឲ្យរួច​បានទេ អ្នកកាល​ដឹងច្បាស់​នូវធម៌ដ៏​ប្រសើរ នឹងឆ្លង​អន្លង់​នេះ យ៉ាងនេះ​បាន។

ពួកសត្វ មិនអាចនឹងញុំាងអ្នកដទៃឲ្យរួចបាន យ៉ាងនេះខ្លះ។ មួយទៀត ពាក្យ​នេះ ព្រះមានព្រះភាគ ត្រាស់ហើយ​ថា

បុគ្គលធ្វើបាបដោយខ្លួនឯង នឹងសៅហ្មង​ដោយខ្លួន​ឯង មិនធ្វើបាប​ដោយខ្លួនឯង រមែង​បរិសុទ្ធ​ដោយខ្លួនឯង សេចក្ដី​បរិសុទ្ធិ និងមិន​បរិសុទ្ធិ កើតចំពោះខ្លួន បុគ្គលដទៃ នឹងញុំាង​បុគ្គលដទៃ​ឲ្យបរិសុទ្ធ​មិនបាន​ទេ។

ពួកសត្វមិនអាចញុំាងបុគ្គលដទៃឲ្យរួចបាន យ៉ាងនេះខ្លះ។ មួយវិញទៀត ពាក្យនេះ ព្រះមានព្រះភាគ​ត្រាស់ហើយថា ម្នាល​ព្រាហ្មណ៍ ព្រះនិព្វាន​ក៏តាំងនៅ ផ្លូវជា​ទីទៅកាន់​ព្រះនិពា្វន ក៏តាំងនៅ តថាគត​ជាអ្នកណែនាំ ក៏ឋិតនៅ យ៉ាងនេះឯង ប៉ុន្តែ​សាវ័ក​ទាំង​ឡាយ​របស់តថាគត ដែលតថាគត​កាលទូន្មាន​យ៉ាងនេះ កាលប្រៀន​ប្រដៅ​យ៉ាងនេះ ពួកខ្លះ​បាន​ព្រះនិពា្វន ជាទី​សម្រេច​ទីបំផុត ពួកខ្លះ​មិនបាន ម្នាល​ព្រាហ្មណ៍ តថាគត​នឹង​ធ្វើដូចម្តេច ចំពោះ​សាវ័ក​ទាំងនុ៎ះ ម្នាល​ព្រាហ្មណ៍ ព្រះតថាគត​ជាអ្នក​ប្រាប់ផ្លូវ ព្រះពុទ្ធ​រមែង​បា្រប់ផ្លូវ ពួកសត្វ​កាលប្រតិបតិ្ត គប្បីរួច​ដោយខ្លួន​ឯង។ ពួក​សត្វមិន​អាចញុំាង​អ្នកដទៃ​ឲ្យរួច យ៉ាងនេះខ្លះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ពួក​សត្វ​ទាំងនោះ​រួចបាន​ដោយ​ក្រ ទាំងញុំាង​អ្នកដទៃ​ឲ្យរួច​មិនបាន។

[៣៨] ពាក្យថា កាលបា្រថ្នាកាម ក្នុងកាល​ជាខាងក្រោយ ឬក្នុង​កាលមុន អធិប្បាយ​ថា អនាគត លោកហៅថា កាលជា​ខាងក្រោយ អតីត លោកហៅថា កាល​មុន។ ម្យ៉ាងទៀត អនាគត និងបច្ចុប្បន្ន ដែលអាស្រ័យ​នឹងអតីត ឈ្មោះថា កាលខាង​ក្រោយ អតីត និងបច្ចុប្បន្ន ដែលអាស្រ័យ​នឹងអនាគត ឈ្មោះថា កាលមុន។

នរជនធ្វើនូវសេចក្តីបា្រថ្នាក្នុងកាលមុន តើដោយ​ប្រការ​ដូចម្តេច។ នរជន​ញុំាង​សេចក្តី​ត្រេកអរ​ឲ្យកើត​ក្នុងរូបបារម្មណ៍​នោះថា អាត្មាអញ មានរូប​យ៉ាងនេះហើយ ក្នុង​អតីតកាល ដល់​ព្រមនូវ​សេចក្តី​ត្រេកអរ​ក្នុងវេទនា​ជាដើម​នោះថា អាត្មាអញ​មាន​វេទនា​យ៉ាងនេះ​ហើយ មានសញ្ញា​យ៉ាងនេះ​ហើយ មានសង្ខារ​យ៉ាងនេះ​ហើយ មានវិញ្ញាណ យ៉ាងនេះ​ហើយ ក្នុង​អតីតកាល។ នរជន​ធ្វើនូវសេចក្តី​បា្រថ្នា ក្នុង​កាលមុន យ៉ាង​នេះខ្លះ។ មួយ​វិញទៀត វិញ្ញាណ​ជាប់ចំពាក់​ដោយឆន្ទរាគ ក្នុង​អាយតនៈ​នោះថា អញ​មានចក្ខុដូច​នេះ មានរូប​ដូចនេះហើយ ក្នុង​អតីតកាល នរជន​តែងត្រេកអរ​នឹងអាយតនៈ​នោះ ព្រោះ​វិញ្ញាណ​ជាប់ចំពាក់​ដោយឆន្ទរាគ កាលត្រេកអរ​នឹងអាយតនៈ​នោះ ឈ្មោះថា ធ្វើនូវ​សេចក្តី​បា្រថ្នា​ក្នុងកាលមុន យ៉ាងនេះខ្លះ។ ថា អញមាន​សោតៈ​ដូចនេះ មានសំឡេង​ដូចនេះ​ហើយ ក្នុង​អតីតកាល។ ថា អញមាន​ឃានៈដូចនេះ មានក្លិន​ដូចនេះហើយ ក្នុង​អតីតកាល។ ថា អញមាន​ជិវ្ហាដូចនេះ មានរស​ដូចនេះហើយ​ក្នុងអតីតកាល។ ថា អញមាន​កាយដូច​នេះ មានផោដ្ឋព្ធៈ​ដូចនេះហើយ ក្នុងអតីតកាល។ វិញ្ញាណ​ជាប់​ចំពាក់​ដោយ​ឆន្ទរាគ ក្នុងអាយតនៈ​នោះថា អញមាន​ចិត្តដូចនេះ មាន​ធម្មារម្មណ៍​ដូចនេះហើយ ក្នុង​អតីតកាល នរជន​រមែងត្រេកអរ​នឹងអាយតនៈ​នោះ ព្រោះវិញ្ញាណ​ជាប់ចំពាក់​ដោយ​ឆន្ទរាគ កាលត្រេកអរ​នឹងអាយតនៈ​នោះ ឈ្មោះថា ធ្វើនូវសេចក្តី​បា្រថ្នាក្នុង​កាលមុន យ៉ាង​នេះខ្លះ។ ម្យ៉ាងទៀត នរជននោះ សើច ចរចា ឬលេង ជាមួយ​នឹងមាតុគ្រាម​ក្នុងកាលមុន ក៏ត្រេកអរ​នឹងអារម្មណ៍​នោះ បា្រថ្នានូវ​អារម្មណ៍នោះ ដល់នូវ​សេចក្តី​ត្រេកអរដោយ​អារម្មណ៍​នោះ។ នរជន​ធ្វើនូវសេចក្តី​បា្រថ្នា ក្នុង​កាលមុន យ៉ាងនេះខ្លះ។

នរជនធ្វើនូវសេចក្តីបា្រថ្នា ក្នុងកាលជា​ខាងក្រោយ តើដូចម្តេច។ នរជន ញុំាង​សេចក្តី​ត្រេកអរ​ឲ្យកើតក្នុង​រូបារម្មណ៍​នោះថា អាត្មាអញ​គប្បីជាអ្នក​មានរូប​យ៉ាងនេះ ក្នុង​អនាគត​កាល ដល់ព្រម​នូវសេចក្តី​ត្រេកអរ ក្នុងវេទនា​ជាដើម​នោះថា អាត្មាអញ គប្បី​ជា​អ្នកមាន​វេទនា​យ៉ាងនេះ មានសញ្ញា​យ៉ាងនេះ មានសង្ខារ​យ៉ាងនេះ មាន​វិញ្ញាណ​យ៉ាងនេះ ក្នុង​អនាគតកាល។

នរជន ធ្វើនូវ​សេចក្តីបា្រថ្នា​ក្នុងកាល​ជាខាងក្រោយ យ៉ាង​នេះខ្លះ។ មួយទៀត នរជន​តំកល់ចិត្ត ដើម្បីបាន​ចំពោះនូវ​អាយតនៈ ដែលមិន​ទាន់បាន​ថា អញគប្បី​មាន​ចក្ខុដូចនេះ មានរូប​ដូចនេះ ក្នុង​អនាគតកាល​ដូច្នេះ រមែង​ត្រេកអរ​នឹងអាយតនៈ​នោះ ព្រោះការ​តំកល់​ចិត្តជាបច្ច័យ កាលត្រេកអរ​នឹងអាយតនៈ​នោះ ឈ្មោះថា ធ្វើនូវ​សេចក្តី​បា្រថ្នា ក្នុងកាល​ជាខាងក្រោយ យ៉ាងនេះ​ខ្លះ។ ថា អញគប្បីមាន​សោតៈ​ដូចនេះ មាន​សំឡេង​ដូចនេះ ក្នុង​អនាគតកាល។ ថា អញគប្បី​មានឃានៈ​ដូចនេះ មានគន្ធៈ​ដូចនេះ ក្នុង​អនាគត​កាល។ ថា អញគប្បី​មានជីវ្ហា​ដូចនេះ មានរស​ដូចនេះ ក្នុងអនាគតកាល។ ថា អញគប្បី​មានកាយ​ដូចនេះ មានផ្សព្វ​ដូចនេះ ក្នុងអនាគតកាល។ នរជន​តំកល់ចិត្ត ដើម្បីបាន​ចំពោះនូវ​អាយតនៈ ដែលខ្លួន​មិនទាន់​បានថា អញគប្បី​មានចិត្ត​ដូចនេះ​មានធម្មារម្មណ៍​ដូចនេះ ក្នុងអនាគតកាល ដូច្នេះ រមែង​ត្រេកអរ​នឹងអាយតនៈ​នោះ ព្រោះការ​តំកល់​ចិត្តជាបច្ច័យ កាលត្រេកអរ​នឹងអាយតនៈ​នោះ ឈ្មោះថា​ធ្វើនូវ​សេចក្តី​បា្រថ្នា​ក្នុង​កាលជា​ខាងក្រោយ យ៉ាងនេះ​ខ្លះ។ មួយទៀត នរជនតំកល់ចិត្ត ដើម្បី​បានចំពោះ​នូវ​អត្តភាព​ដែលខ្លួន​មិនទាន់​បានថា អាត្មាអញ​នឹងបាន​ជាទេវតា (មាន​អានុភាព​ច្រើន) ឬ ជាទេវតា​ណាមួយ ដោយសារ​សីលក្តី វត្តក្តី តបៈក្តី ព្រហ្មចរិយៈ​នេះក្តី ដូច្នេះ រមែង​ត្រេកអរ​នឹងអត្តភាព​នោះ ព្រោះការ​តំកល់ចិត្ត​ជាបច្ច័យ កាល​ត្រេកអរ​នឹងអត្តភាព​នោះ ឈ្មោះថា​ធ្វើនូវសេចក្តី​បា្រថ្នា​ក្នុងកាល​ជាខាងក្រោយ យ៉ាងនេះខ្លះ ហេតុ​នោះ (ទ្រង់​ត្រាស់ថា) ​ពួកសត្វ​កាលបា្រថ្នា (កាម) ក្នុង​កាលជា​ខាងក្រោយ ឬក្នុង​កាល​មុន។

[៣៩] អធិប្បាយពាក្យថា បា្រថ្នានូវកាមទាំងនេះ ឬនូវកាម​ក្នុងកាល​មុន ត្រង់​ពាក្យថា កាម​ទាំងនេះ បានដល់​ពួកសត្វ​កាលចង់​បាន កាល​ត្រេកអរ កាល​បា្រថ្នា កាល​ស្រឡាញ់ កាល​ជាប់ចិត្ត នូវកាម​គុណទាំង ៥ ជា​បច្ចុប្បន្ន។ ពាក្យថា បា្រថ្នានូវ​កាមក្នុង​កាលមុន បានដល់​ពួកសត្វ កាលសរសើរ សរសើរសព្វ សរសើរ​ក្រៃពេក នូវកាម​គុណ​​ទាំង ៥ ជាអតីត ហេតុនោះ (ទ្រង់​ត្រាស់ថា) បា្រថ្នានូវ​កាមទាំង​នេះ ឬនូវកាម​ក្នុង​កាលមុន។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ពួកសត្វទាំងនោះ មានសេចក្តីបា្រថ្នាជាហេតុ ជាប់ចំពាក់​ដោយ​សេចក្តី​ត្រេកអរ ក្នុង​សេចក្តី​ចំរើន អាឡោះ​អាល័យកាម​ក្នុងកាល​ជាខាង​ក្រោយ ឬ​ក្នុង​កាលមុន បា្រថ្នា​នូវកាម​ទាំងនេះ ឬនូវ​កាមក្នុង​កាលមុន រមែងរួចបាន​ដោយក្រ ទាំងញុំាង​អ្នកដទៃ​ឲ្យរួច​មិនបាន។

[៤០] ជនអ្នកជាប់ចំពាក់ អ្នកខ្វល់ខ្វាយ អ្នកវង្វេងក្នុង​កាមទាំងឡាយ អ្នកប្រកាន់​ថោកទាប អ្នកតាំង​នៅក្នុង​អំពើមិន​ស្មើ អ្នកដល់​សេចក្តី​ទុក្ខទាំងនោះ រមែង​ខ្សឹកខ្សួលថា យើង​ទាំងឡាយ ច្យុតចាក​អត្តភាព​នេះទៅ នឹងកើត​ជាអ្វីហ្ន៎។

[៤១] អធិប្បាយពាក្យថា អ្នកជាប់ចំពាក់ អ្នកខ្វល់ខ្វាយ អ្នកវង្វេង​ក្នុងកាម​ទាំង​ឡាយ ត្រង់ពាក្យថា កាម បើតាមឧទ្ទាន បានដល់​កាម ២ យ៉ាង គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះ លោកហៅថា វត្ថុកាម។បេ។ ទាំងនេះ​លោកហៅថា កិលេសកាម។ តណ្ហា លោកហៅថា ការជាប់​ចំពាក់ បានដល់ សេចក្តី​ត្រេកអរ សេចក្តី​ត្រេកអរ​មានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពួកសត្វ​ជាអ្នកត្រេកអរ ជាប់​ចំពាក់ ធ្លាក់ចុះ ងុលងប់ ជ្រុលជ្រប់ ទាក់ថ្ពក់ ពន្ធ័ពទ្ធ័ ក្នុងវត្ថុកាម ព្រោះ​កិលេសកាម ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកជាប់​ចំពាក់​ក្នុងកាម​ទាំងឡាយ។ ពាក្យថា អ្នកខ្វល់ខ្វាយ សេចក្តីថា ពួក​សត្វណា ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវកាម​ទាំងឡាយ ជាអ្នក​ត្រាច់ទៅ​រកកាម​នោះ ច្រើនដោយ​កាមនោះ ធ្ងន់ក្នុង​កាមនោះ ឱនទៅ​រកកាម​នោះ សសៀរ​ទៅរក​កាមនោះ ឈមទៅ​រកកាមនោះ ស្លុងទៅ​រកកាម​នោះ ធ្វើនូវ​កាមនោះ​ឲ្យជាធំ ពួកសត្វ​នោះឯង ឈ្មោះថា អ្នកខ្វល់ខ្វាយ​ក្នុងកាម។ ពួក​សត្វណា ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវរូប​ទាំងឡាយ ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវសំឡេង ក្លិន រស ផ្សព្វ​ទាំងឡាយ ដោយ​អំណាច​តណ្ហា ជាអ្នក​ត្រាច់ទៅ​រកអារម្មណ៍​នោះ ច្រើនដោយ​អារម្មណ៍​នោះ ធ្ងន់ក្នុង​អារម្មណ៍​នោះ ឱនទៅរក​អារម្មណ៍នោះ សសៀរ​ទៅរក​អារម្មណ៍​នោះ ឈមទៅ​រកអារម្មណ៍​នោះ ស្លុងទៅរក​អារម្មណ៍​នោះ ធ្វើអារម្មណ៍​នោះ ឲ្យជាធំ ពួកសត្វ​នោះឯង ឈ្មោះថា​អ្នកខ្វល់​ខ្វាយក្នុង​កាម។ មួយទៀត ពួក​សត្វណា បានចំពោះ​នូវរូប​ទាំងឡាយ បាន​ចំពោះ​នូវសំឡេង ក្លិន រស ផ្សព្វ​ទាំងឡាយ ដោយអំណាច​តណ្ហា ជាអ្នក​ត្រាច់ទៅ​រកអារម្មណ៍​នោះ ច្រើនដោយ​អារម្មណ៍​នោះ ធ្ងន់ក្នុង​អារម្មណ៍នោះ ឱន​ទៅ​រក​អារម្មណ៍​នោះ សសៀរ​ទៅរក​អារម្មណ៍​នោះ ឈមទៅរក​អារម្មណ៍​នោះ ស្លុង​ទៅ​រក​អារម្មណ៍​នោះ ធ្វើអារម្មណ៍​នោះ​ឲ្យជាធំ ពួកសត្វ​នោះឯង ឈ្មោះថា​អ្នកខ្វល់​ខ្វាយ​ក្នុងកាម។ មួយទៀត ពួកសត្វណា បរិភោគ​នូវរូប​ទាំងឡាយ បរិភោគនូវ​សំឡេង ក្លិន រស ផ្សព្វ​ទាំងឡាយ ដោយ​អំណាច​តណ្ហា ជាអ្នកត្រាច់​ទៅរកអារម្មណ៍​នោះ ច្រើនដោយ​អារម្មណ៍​នោះ ធ្ងន់ក្នុង​អារម្មណ៍​នោះ ឱនទៅរក​អារម្មណ៍​នោះ សសៀរទៅ​រកអារម្មណ៍​នោះ ឈមទៅ​រកអារម្មណ៍​នោះ ស្លុងទៅរក​អារម្មណ៍​នោះ ធ្វើអារម្មណ៍​នោះ​ឲ្យជាធំ ពួកសត្វ​នោះឯង ឈ្មោះថា អ្នកខ្វល់ខ្វាយ​ក្នុងកាម។ ជនអ្នក​ធ្វើនូវ​ការឈ្លោះ ឈ្មោះថា​អ្នក​ខ្វល់ខ្វាយ​ក្នុងការ​ឈ្លោះ អ្នកធ្វើ​នូវការងារ ឈ្មោះថា អ្នកខ្វល់​ខ្វាយក្នុងការងារ​ អ្នកប្រព្រឹត្ត​ក្នុងគោចរ ឈ្មោះថា អ្នកខ្វល់​ខ្វាយក្នុង​គោចរ អ្នកមាន​ឈាន ឈ្មោះថា អ្នកខ្វល់ខ្វាយ​ក្នុងឈាន យ៉ាង​ណា ពួកសត្វណា ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវកាម​ទាំងឡាយ ជាអ្នក​ត្រាច់ទៅ​រកកាម​នោះ ច្រើនដោយ​កាមនោះ ធ្ងន់ក្នុង​កាមនោះ ឱនទៅ​រក​កាមនោះ សសៀរ​ទៅរក​កាមនោះ ឈមទៅ​រកកាមនោះ ស្លុងទៅ​រកកាមនោះ ធ្វើ​កាមនោះ​ឲ្យជាធំ ពួក​សត្វនោះ ឈ្មោះថា អ្នកខ្វល់ខ្វាយ​ក្នុងកាម។ មួយទៀត ពួកសត្វ​ណា ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវរូប​ទាំងឡាយ ប៉ុនប៉ង ស្វែងរក ស្វះស្វែង នូវសំឡេង ក្លិន រស ផ្សព្វ​ទាំងឡាយ ដោយ​អំណាច​តណ្ហា ជាអ្នកត្រាច់​ទៅរក​អារម្មណ៍​នោះ ច្រើន​ដោយ​អារម្មណ៍​នោះ ធ្ងន់ក្នុង​អារម្មណ៍នោះ ឱនទៅរក​អារម្មណ៍នោះ សសៀរ​ទៅរកអារម្មណ៍​នោះ ឈមទៅ​រកអារម្មណ៍​នោះ ស្លុងទៅរក​អារម្មណ៍នោះ ធ្វើ​អារម្មណ៍​នោះ​ឲ្យជា​ធំ ពួកសត្វ​នោះ ឈ្មោះថា អ្នកខ្វល់​ខ្វាយក្នុង​កាម។ មួយទៀត ពួក​សត្វណា បានចំពោះ​នូវរូប​ទាំងឡាយ បានចំពោះ​នូវសំឡេង ក្លិន រស ផ្សព្វ​ទាំងឡាយ ដោយអំណាច​តណ្ហា ជាអ្នក​ត្រាច់ទៅ​រកអារម្មណ៍​នោះ ច្រើនដោយ​អារម្មណ៍នោះ ធ្ងន់​ក្នុងអារម្មណ៍​នោះ ឱនទៅ​រកអារម្មណ៍​នោះ សសៀរ​ទៅរក​អារម្មណ៍​នោះ ឈមទៅរក​អារម្មណ៍នោះ ស្លុងទៅ​រកអារម្មណ៍​នោះ ធ្វើអារម្មណ៍​នោះ​ឲ្យជាធំ ពួកសត្វទាំងនោះ ឈ្មោះ​ថា អ្នកខ្វល់​ខ្វាយក្នុង​កាម។ មួយទៀត ពួក​សត្វណា បរិភោគ​នូវរូប​ទាំងឡាយ បរិភោគ​នូវ​សំឡេង ក្លិន រស ផ្សព្វ​ទាំងឡាយ ដោយ​អំណាច​តណ្ហា ជាអ្នក​ត្រាច់ទៅរក​អារម្មណ៍​នោះ ច្រើន​ដោយ​អារម្មណ៍​នោះ ធ្ងន់ក្នុង​អារម្មណ៍​នោះ ឱនទៅរក​អារម្មណ៍​នោះ សសៀរ​ទៅរក​អារម្មណ៍​នោះ ឈមទៅរក​អារម្មណ៍​នោះ ស្លុងទៅរក​អារម្មណ៍​នោះ ធ្វើអារម្មណ៍​នោះ​ឲ្យជាធំ ពួក​សត្វនោះ ឈ្មោះថា អ្នកខ្វល់ខ្វាយ​ក្នុងកាម។ ពាក្យថា អ្នកវង្វេង បានដល់​ទេវតា និងមនុស្ស​ទាំងឡាយ​ដោយ​ច្រើន វង្វេង​ភ្លេចស្មារតី ភាន់ភាំង​គំនិត​ក្នុង​កាមគុណ​ទាំង ៥ ជាអ្នក​វង្វេង ភ្លេចស្មារតី ភាន់ភាំង​គំនិត ត្រូវអវិជ្ជា​ធ្វើឲ្យ​ងងឹត ខ្ទប់ រាំង ហ៊ុម ភ្ជិត គ្រប បង្រួម ផ្កាប់ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកជាប់​ចំពាក់ អ្នក​ខ្វល់ខ្វាយ អ្នកវង្វេង ក្នុងកាម​ទាំងឡាយ។

[៤២] អធិប្បាយពាក្យថា អ្នកប្រកាន់ថោកទាប អ្នកតាំងនៅ​ក្នុងអំពើ​មិនស្មើ​ទាំង​នោះ ត្រង់ពាក្យថា អ្នកប្រកាន់​ថោកទាប គឺអ្នក​ប្រកាន់​ថោកទាប ព្រោះហេតុ​ទៅកាន់ទី​ថោកទាប ក៏បាន។ ពួកជន​មានសេចក្តី​កំណាញ់ លោក​ហៅថា អ្នកប្រកាន់​ថោកទាប ក៏បាន។ អ្នកប្រកាន់​ថោកទាប ព្រោះហេតុ​មិនកាន់​យកនូវ​សំដី នូវគន្លង​ពាក្យ នូវទេសនា នូវពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ របស់​សាវកនៃ​ព្រះពុទ្ធ​ទាំងឡាយ ក៏បាន។

អ្នកប្រកាន់ថោកទាប ព្រោះហេតុទៅកាន់ទី​ថោកទាប តើដូចម្តេច។ ត្រង់ពាក្យ​ថា ទៅកាន់​ទីថោកទាប គឺទៅកាន់​នរក ទៅកាន់​កំណើត​តិរច្ឆាន ទៅកាន់​បិត្តិវិស័យ ព្រោះ​ហេតុនោះ អ្នកប្រកាន់​ទីថោកទាប ព្រោះហេតុ​ទៅកាន់ទី​ថោកទាប យ៉ាងនេះ។

ពួកជនមានសេចក្តីកំណាញ់ លោកហៅថា អ្នកប្រកាន់​ថោកទាប តើដូចម្តេច។ សេចក្តី​កំណាញ់ ៥ យ៉ាងគឺ សេចក្តី​កំណាញ់​អាវាស ១ សេចក្តី​កំណាញ់​ត្រកូល ១ សេចក្តី​កំណាញ់​លាភ ១ សេចក្តី​កំណាញ់​វណ្ណៈ (សម្បុរ ឬគុណ) ១ សេចក្តី​កំណាញ់ ធម៌ ១ សេចក្តី​កំណាញ់​អាការ​នៃសេចក្តី​កំណាញ់ ភាពនៃ​សេចក្តី​កំណាញ់ ភាពនៃ​សេចក្តី​កំណាញ់​យ៉ាងល្មម ភាពនៃ​សេចក្តី​កំណាញ់រឹង សេចក្តី​រួញរា ភាវៈ​នៃការមិន​យកចិត្ត​យកថ្លើម​គេ មានសភាព​យ៉ាងនេះ នេះ​លោកហៅថា​ សេចក្តី​កំណាញ់។ មួយ​ទៀត សេចក្តី​កំណាញ់​ខន្ធក្តី ក៏ឈ្មោះថា​កំណាញ់ សេចក្តី​កំណាញ់​ធាតុក្តី ក៏ឈ្មោះថា កំណាញ់ សេចក្តី​កំណាញ់​អាយតនៈ​ក្តី ក៏ឈ្មោះថា​កំណាញ់ សេចក្តី​ប្រកាន់ (ដោយ​អំណាច​នៃសេចក្តី​បា្រថ្នា) នេះ លោក​ហៅថា សេចក្តី​កំណាញ់។ ពួកជន​ប្រកប​ដោយសេចក្តី​កំណាញ់​នេះ ព្រោះ​មិនដឹង​នូវការ​ប្រកាន់​ថោកទាប ឈ្មោះថា អ្នកប្រមាទ ពួកជន​មាន​សេចក្តី​កំណាញ់ លោកហៅ​ថា អ្នកប្រកាន់​ថោកទាប យ៉ាងនេះ។

អ្នកប្រកាន់ថោកទាប ព្រោះហេតុមិនកាន់យកនូវសំដី នូវគន្លង​ពាក្យ នូវទេសនា នូវ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ របស់សាវ័ក​នៃព្រះពុទ្ធ​ទាំងឡាយ តើដូច​ម្តេច។ ពួកជន​មិនកាន់​យក មិនស្តាប់ មិនប្រុង​ត្រចៀក មិនតាំង​ចិត្តដើម្បី​ឲ្យដឹង​នូវសំដី គន្លង​ពាក្យ​ទេសនា ពាក្យប្រៀន​ប្រដៅ​របស់ព្រះពុទ្ធ​ទាំងឡាយ របស់​សាវ័កនៃ​ព្រះពុទ្ធ​ទាំង​ឡាយ ជាអ្នក​មិនស្តាប់​ឱវាទ មិនធ្វើ​តាមពាក្យ ប្រព្រឹត្ត​ទទឹង បែរ​មុខទៅ​កាន់ទី​ដទៃវិញ មិនជឿ​កាន់សំដី គន្លង​ពាក្យទេសនា និងពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ របស់​សាវ័កនៃ​ព្រះពុទ្ធ​ទាំងឡាយ ព្រោះ​ហេតុនោះ ឈ្មោះថា អ្នកប្រកាន់​ថោកទាប យ៉ាងនេះ។

ពាក្យថា ទាំងនោះ … អ្នកតាំងនៅក្នុងអំពើមិនស្មើ អធិប្បាយថា ពួក​សត្វតាំង​នៅក្នុង​កាយកម្ម​មិនស្មើ តាំងនៅ​ក្នុងវចីកម្ម​មិនស្មើ តាំងនៅ​ក្នុងមនោកម្ម​មិនស្មើ តាំង​នៅក្នុង​បាណាតិបាត​មិនស្មើ តាំងនៅ​ក្នុងអទិន្នាទាន​មិនស្មើ តាំងនៅ​ក្នុង​កាមេសុមិច្ឆាចារ​មិនស្មើ តាំងនៅ​ក្នុងមុសាវាទ​មិនស្មើ តាំងនៅ​ក្នុងបិសុណវាចា​មិនស្មើ តាំងនៅ​ក្នុង​ផរុសវាចា​មិនស្មើ តាំងនៅ​ក្នុង​សម្ផប្បលាបៈ​មិនស្មើ តាំងនៅ​ក្នុងអភិជ្ឈា​មិនស្មើ តាំងនៅ​ក្នុងព្យាបាទ​មិនស្មើ តាំងនៅ​ក្នុងមិច្ឆាទិដ្ឋិ​មិនស្មើ តាំងនៅ​ក្នុងសង្ខារ​ទាំងឡាយ​មិនស្មើ តាំងនៅ​ក្នុងកាមគុណ​ទាំង ៥ មិនស្មើ តាំងនៅ​ក្នុងនីវណៈ​ទាំង ៥ មិនស្មើ តាំងនៅ ​តំកល់​នៅ ស្អិតជាប់ ចូលទៅ​ជិតដល់ ជ្រុលជ្រប់ បង្អោនទៅ ជាប់នៅ ទាក់ ថ្ពក់ ព័ន្ធព័ទ្ធ ក្នុង​ចេតនា​មិនស្មើ ក្នុងសេចក្តី​បា្រថ្នា​មិនស្មើ ក្នុងការ​តាំងចិត្ត​មិនស្មើ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នក​ប្រកាន់​ថោកទាប អ្នកតាំង​នៅ​ក្នុងអំពើ​មិនស្មើ។

[៤៣] អធិប្បាយពាក្យថា អ្នកដល់សេចក្តីទុក្ខ រមែងខ្សឹកខ្សួល ត្រង់ពាក្យថា អ្នក​ដល់​សេចក្តីទុក្ខ គឺអ្នក​ចូលទៅ​ដល់ទុក្ខ ដល់​នូវទុក្ខ ដល់​ព្រមនូវទុក្ខ ចូលទៅ​រកទុក្ខ ដល់​នូវមារ ដល់​ព្រមនូវមារ ចូលទៅ​រកមារ ដល់នូវ​សេចក្តីស្លាប់ ដល់ព្រម​នូវសេចក្តី​ស្លាប់ ចូលទៅ​រកសេចក្តី​ស្លាប់ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកដល់​សេចក្តីទុក្ខ។ ពាក្យថា រមែង​ខ្សឹកខ្សួល គឺ​រមែងយំ​រៀបរាប់ យំអណ្តឺត​អណ្តក សោកសៅ​ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់​កន្ទេញ ដល់នូវ​សេចក្តី​វង្វេង ហេតុនោះ (ទ្រង់ត្រាស់ថា)​ អ្នកដល់​សេចក្តី​ទុក្ខ រមែង​ខ្សឹកខ្សួល។

[៤៤] ពាក្យថា យើងទាំងឡាយ ច្យុតចាកអត្តភាពនេះទៅ នឹងកើត​ជាអ្វីហ្ន៎ សេចក្តីថា ពួកយើង​ច្យុតចាក​អត្តភាព​នេះទៅ តើទៅ​កើតជាអ្វី គឺទៅ​កើតជា​សត្វនរក ឬកើត​​ជាសត្វ​តិរច្ឆាន កើតជា​បិត្តិវិស័យ កើតជា​មនុស្ស កើតជា​ទេវតា កើតជា​រូបព្រហ្ម កើតជា​អរូបព្រហ្ម កើតជា​សញ្ញីព្រហ្ម កើតជា​អសញ្ញីព្រហ្ម កើតជា​នេវសញ្ញី​នាសញ្ញី​ព្រហ្ម យើងទាំងឡាយ​នឹងកើត​ក្នុងអនាគត​កាល​ឬហ្ន៎ ឬនឹង​មិនកើត​ក្នុងអនាគត​កាលទេ នឹង​ជា​អ្វីហ្ន៎ ក្នុង​អនាគតកាល នឹងកើត​ក្នុងអនាគតកាល​ដោយ​សណ្ឋាន​ដូចម្តេចហ្ន៎ យើងទាំង​​ឡាយនឹង​បានជាអ្វី កើតជាអ្វី ក្នុង​អនាគតកាល ពួកជន​អ្នកកន្ទះរា ដោយ​សេចក្តី​សង្ស័យ អ្នក​ឆ្លេឆ្លា​ដោយ​សេចក្តី​ងឿងឆ្ងល់ អ្នកបែក​ចេញជា​ពីរចំណែក រមែង​យំរៀប​រាប់​យំអណ្តឺត​អណ្តក សោកសៅ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់​នូវ​សេចក្តី​វង្វេង ហេតុនោះ (ទ្រង់​ត្រាស់ថា) យើង​ទាំងឡាយ ច្យុតចាក​អត្តភាព​នេះទៅ នឹង​កើតជា​អ្វីហ្ន៎។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ជនអ្នកជាប់ចំពាក់ អ្នកខ្វល់ខ្វាយ អ្នកវង្វេង​ក្នុងកាម​ទាំងឡាយ អ្នកប្រកាន់​ថោកទាប អ្នកតាំង​នៅក្នុង​អំពើ​មិនស្មើ អ្នកដល់សេចក្តី​ទុក្ខទាំងនោះ រមែង​ខ្សឹក​ខ្សួលថា យើង​ទាំងឡាយ ច្យុតចាក​អត្តភាព​នេះទៅ នឹងកើត​ជាអ្វីហ្ន៎។

[៤៥] ព្រោះហេតុនោះ ជនក្នុងសាសនានេះ គប្បីសិក្សា គប្បីដឹង​នូវកម្មណា​មួយ ក្នុង​លោក ថាមិនស្មើ មិនគប្បី​ប្រព្រឹត្ត​នូវកម្ម​មិនស្មើ ព្រោះ​ហេតុ​នៃកម្មមិនស្មើ​នោះទេ ដ្បិតថា ធីរជន​ទាំងឡាយ បានពោល​នូវជីវិតនេះ ថាតិច។

[៤៦] អធិប្បាយពាក្យថា ព្រោះហេតុនោះ ជនក្នុងសាសនា​នេះ គប្បី​សិក្សា ត្រង់​ពាក្យថា ព្រោះ​ហេតុនោះ គឺ​ព្រោះដំណើរ​នោះ ព្រោះ​ការណ៍នោះ ព្រោះ​ហេតុនោះ ព្រោះ​បច្ច័យ​នោះ ព្រោះ​និទាននោះ ជនកាល​ឃើញច្បាស់​នូវទោសនុ៎ះ ក្នុងកាម​ទាំងឡាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះ​ហេតុនោះ។ ពាក្យថា គប្បីសិក្សា បានដល់​សិក្ខា (ការ​សិក្សា) ៣ គឺ អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។

អធិសីលសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មានសីល សង្រួមក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរៈ ឃើញភ័យ​ក្នុងទោស​មានប្រមាណ​តិច សមាទាន​សិក្សា ក្នុង​សិក្ខាបទ​ទាំងឡាយ សីលក្ខន្ធតូច សីលក្ខន្ធធំ សីល ទីតំកល់ ទីខាងដើម ការ​ប្រព្រឹត្តិ ការសង្រួម ការរវាំង ប្រធាន ប្រមុខ នៃការ​បាននូវ​កុសលធម៌​ទាំងឡាយ នេះ​ឈ្មោះថា អធិសីលសិក្ខា។

អធិចិត្តសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាក​កាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ ហើយចូល​កាន់​បឋមជ្ឈាន ប្រកប​ដោយវិតក្កៈ និង​វិចារៈ មានបីតិ និងសុខៈ ដែលកើត​អំពីសេចក្តី​ស្ងាត់។ ព្រោះ​រម្ងាប់វិតក្កៈ វិចារៈ​ ចូល​កាន់​ទុតិយជ្ឈាន ជាទីផូរផង់​ប្រព្រឹត្ត​ទៅខាងក្នុង ញុំាង​សមាធិចិត្ត​ឲ្យកើត ឥតមាន​វិតក្កៈ​និងវិចារៈ មានតែបីតិ និងសុខៈ ដែល​កើតអំពី​សមាធិ។ ព្រោះ​ប្រាសចាក​បីតិផង ជាអ្នក​ប្រកប​ដោយ​ឧបេក្ខាផង មានសតិ និងសម្បជញ្ញៈ​ផង សោយសុខ​ដោយនាម​កាយផង ចូលកាន់​តតិយជ្ឈាន​ដែលព្រះអរិយៈ​ទាំងឡាយ សរសើរ​បុគ្គល​អ្នកបាន​តតិយជ្ឈាន​នោះ ថាជា​អ្នកមាន​ឧបេក្ខា មានសតិ នៅជា​សុខដូច្នេះ។ ព្រោះលះបង់​សុខផង លះបង់ទុក្ខ​ផង រំលត់​សោមន្ស និងទោមនស្ស​ទាំងឡាយ ក្នុងកាល​មុនផង ចូលកាន់​ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិ​ដ៏បរិសុទ្ធ​ដោយ​ឧបេក្ខា នេះឈ្មោះថា អធិចិត្តសិក្ខា។

អធិប្បញ្ញាសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មានបញ្ញា ប្រកប​ដោយ​បញ្ញា ប្រព្រឹត្ត​ក្នុងកិរិយា​កើតឡើង និងវិនាស​ទៅ ជាបញ្ញា​ដ៏ប្រសើរ ជាគ្រឿង​ទំលុះ​ទំលាយ ជាគ្រឿ​ដឹងនូវ​ការអស់​ទៅនៃទុក្ខ​ដោយប្រពៃ ភិក្ខុនោះ តែង​ដឹងច្បាស់​តាម​ពិតថា នេះ ទុក្ខ ដឹងច្បាស់​តាមពិតថា នេះ ហេតុនាំ​ឲ្យកើតទុក្ខ ដឹងច្បាស់​តាមពិតថា នេះ ទី​រលត់ទុក្ខ ដឹងច្បាស់​តាមពិតថា នេះ សេចក្តី​ប្រតិបត្តិ​ជា​ដំណើរ​ទៅកាន់​ទីរលត់ទុក្ខ ដឹងច្បាស់​តាមពិតថា នេះ អាសវៈ ដឹងច្បាស់​តាមពិតថា នេះ ធម៌នាំ​ឲ្យកើត​អាសវៈ ដឹងច្បាស់​តាមពិតថា នេះ ទីរលត់​អាសវៈ ដឹងច្បាស់​តាមពិតថា នេះ សេចក្តី​ប្រតិបត្តិ​ជា​ដំណើរ​ទៅកាន់​ទីរលត់​អាសវៈ នេះឈ្មោះថា អធិប្បញ្ញាសិក្ខា។

ភិក្ខុកាលនឹក ឈ្មោះថា សិក្សា កាលដឹង ឈ្មោះថាសិក្សា កាលឃើញ ឈ្មោះថា សិក្សា កាល​ពិចារណា ឈ្មោះថា សិក្សា កាល​តំកល់​ចិត្ត ឈ្មោះថា សិក្សា កាល​បង្អោន​ចិត្តដោយ​សទ្ធា ឈ្មោះថា​សិក្សា កាលផ្គង​នូវព្យាយាម ឈ្មោះថា​សិក្សា កាលតំកល់​ស្មារតី ឈ្មោះថា​សិក្សា កាលតំកល់​ចិត្ត ឈ្មោះថា​សិក្សា កាលដឹង​ច្បាស់​ដោយបញ្ញា ឈ្មោះថា​សិក្សា កាលដឹង​ច្បាស់នូវ​អភិញ្ញេយ្យធម៌ ឈ្មោះថា​សិក្សា កាល​កំណត់ដឹង​នូវ​បរិញ្ញេយ្យធម៌ ឈ្មោះថា​សិក្សា កាលលះបង់​នូវ​បហាតព្វធម៌ ឈ្មោះថា​សិក្សា កាលចំរើន​នូវ​ភាវេតព្វធម៌ ឈ្មោះថា​សិក្សា កាលធ្វើ​ឲ្យជាក់ច្បាស់​នូវ​សច្ឆិកាតព្វធម៌ ឈ្មោះថា​សិក្សា ប្រព្រឹត្ត​ទួទៅ ប្រព្រឹត្ត​ដោយល្អ ប្រព្រឹត្ត​សមាទាន​នូវ​សិក្ខា​ទាំង ៣ នេះ។ ពាក្យថា ក្នុង​សាសនា​នេះ គឺក្នុង​ទិដ្ឋិនេះ ក្នុង​សេចក្តី​គួរនេះ ក្នុង​សេចក្តី​គាប់ចិត្តនេះ ក្នុង​សេចក្តី​ប្រកាន់​នេះ ក្នុង​ធម៌នេះ ក្នុង​វិន័យនេះ ក្នុង​ធម្មវិន័យ​នេះ ក្នុងពាក្យ​ជាប្រធាន​នេះ ក្នុង​ព្រហ្មចរិយៈ​នេះ ក្នុងសាសនា​នៃព្រះសាស្តា​នេះ ក្នុងអត្តភាព​នេះ ក្នុងមនុស្ស​លោកនេះ។ ពាក្យថា ជន បាន​ដល់សត្វ​ នរជន។បេ។ សត្វកើតអំពី​មនុស្ស ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះ​ហេតុនោះ ជនក្នុង​សាសនា​នេះ គប្បីសិក្សា។

[៤៧] អធិប្បាយពាក្យថា គប្បីដឹងនូវកម្មណាមួយក្នុងលោក ថាមិនស្មើ ត្រង់ពាក្យ​ថា ណាមួយ គឺទាំងអស់ ដោយអាការ​ទាំងអស់ ទាំងពួង ដោយ​ប្រការ​ទាំងពួង មិនមាន​សេសសល់ ឥត​សេសសល់ ពាក្យថា ណាមួយ​នុ៎ះ ជាពាក្យ​រួបរួម។ ពាក្យថា គប្បីដឹង​ថា មិនស្មើ គឺគប្បី​ដឹងនូវ​កាយកម្ម​មិនស្មើ ថាមិនស្មើ គប្បីដឹង​នូវវចីកម្ម​មិនស្មើ ថាមិនស្មើ គប្បីដឹង​នូវមនោកម្ម​មិនស្មើ ថាមិនស្មើ គប្បីដឹង​នូវបាណាតិបាត​មិនស្មើ ថាមិនស្មើ គប្បីដឹង​នូវអទិន្នាទាន​មិនស្មើ ថាមិនស្មើ គប្បីដឹង​នូវ​កាមេសុមិច្ឆាចារ​មិនស្មើ ថាមិនស្មើ គប្បី​ដឹង​នូវមុសាវាទ​មិនស្មើ ថាមិនស្មើ គប្បី​ដឹងនូវ​បិសុណវាចា​មិនស្មើ ថា​មិនស្មើ គប្បីដឹង​នូវ​ផរុសវាចា​មិនស្មើ ថាមិនស្មើ គប្បីដឹង​នូវ​សម្ផប្បលាបៈ​មិនស្មើ ថាមិនស្មើ គប្បី​ដឹង​នូវ​អភិជ្ឈា​មិនស្មើ ថាមិនស្មើ គប្បីដឹង​នូវព្យាបាទ​មិនស្មើ ថាមិនស្មើ គប្បីដឹង​នូវ​មិច្ឆាទិដ្ឋិ​មិនស្មើ ថាមិន​ស្មើ គប្បីដឹង​នូវសង្ខារ​ទាំងឡាយ​មិនស្មើ ថាមិនស្មើ គប្បីដឹងនូវ​កាមគុណ​ទាំង ៥ មិនស្មើ ថាមិនស្មើ គប្បីដឹង​នូវនីវណៈ​ទាំង ៥ មិនស្មើ ថាមិនស្មើ គប្បី​ដឹងនូវ​ចេតនា​មិនស្មើ ថាមិនស្មើ គប្បីដឹង​នូវសេចក្តី​បា្រថ្នា​មិនស្មើ ថាមិនស្មើ គប្បីដឹង គប្បីដឹង​ទួទៅ គប្បីដឹង​វិសេស គប្បីដឹង​បា្រកដ គប្បីចាក់​ធ្លុះនូវកិរិយា​តំកល់ (ចិត្ត) មិនស្មើ ថា​មិនស្មើ។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក។បេ។ ក្នុង​អាយតន​លោក ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បីដឹង​នូវកម្ម​ណាមួយ ក្នុងលោក ថា​មិនស្មើ។

[៤៨] ពាក្យថា មិនគប្បីប្រព្រឹត្តនូវកម្មមិនស្មើ ព្រោះហេតុ​នៃកម្ម​មិនស្មើនោះ អធិប្បាយ​ថា មិនគប្បី​ប្រព្រឹត្ត​កាយកម្ម​មិនស្មើ ព្រោះហេតុ​នៃកាយកម្ម​មិនស្មើ មិន​គប្បី​ប្រព្រឹត្ត​វចីកម្ម​មិនស្មើ ព្រោះហេតុ​នៃវចីកម្ម​មិនស្មើ មិនគប្បី​ប្រព្រឹត្ត​មនោកម្ម​មិនស្មើ ព្រោះ​ហេតុនៃ​មនោកម្ម​មិនស្មើ មិនគប្បី​ប្រព្រឹត្ត​បាណាតិបាត​មិនស្មើ ព្រោះ​ហេតុនៃ​បាណាតិបាត​មិនស្មើ មិនគប្បី​ប្រព្រឹត្ត​អទិន្នាទាន​មិនស្មើ ព្រោះ​ហេតុនៃ​អទិន្នាទាន​មិនស្មើ មិនគប្បី​ប្រព្រឹត្ត​កាមេសុមិច្ឆាចារ​មិនស្មើ ព្រោះហេតុ​នៃ​កាមេសុមិច្ឆាចារ​មិនស្មើ មិនគប្បី​ប្រព្រឹត្ត​មុសាវាទ​មិនស្មើ ព្រោះហេតុ​នៃមុសាវាទ​មិនស្មើ មិន​គប្បីប្រព្រឹត្ត​បិសុណវាចា​មិនស្មើ ព្រោះហេតុ​នៃ​បិសុណវាចា​មិនស្មើ មិនគប្បី​ប្រព្រឹត្ត​ផរុសវាចា​មិនស្មើ ព្រោះហេតុ​នៃផរុសវាចា​មិនស្មើ មិនគប្បី​ប្រព្រឹត្ត​សម្ផប្បលាបៈ​មិនស្មើ ព្រោះ​ហេតុនៃ​សម្ផប្បលាបៈ​មិនស្មើ មិនគប្បី​ប្រព្រឹត្ត​អភិជ្ឈា​មិនស្មើ ព្រោះហេតុ​នៃអភិជ្ឈា​មិនស្មើ មិនគប្បី​ប្រព្រឹត្ត​ព្យាបាទ​មិនស្មើ ព្រោះហេតុ​នៃព្យាបាទ​មិនស្មើ មិនគប្បី​ប្រព្រឹត្ត​មិច្ឆាទិដ្ឋិ​មិនស្មើ ព្រោះហេតុ​នៃ​មិច្ឆាទិដ្ឋិ​មិនស្មើ មិនគប្បី​ប្រព្រឹត្ត​សង្ខារទាំង​ឡាយ​មិនស្មើ ព្រោះហេតុ​នៃសង្ខារ​ទាំង​ឡាយ​មិនស្មើ មិនគប្បី​ប្រព្រឹត្ត​កាមគុណ​ទាំង ៥ មិនស្មើ ព្រោះ​ហេតុនៃ​កាមគុណ​ទាំង ៥ មិនស្មើ មិនគប្បី​ប្រព្រឹត្ត​នីវរណៈ​ទាំង ៥ មិនស្មើ ព្រោះហេតុ​នៃនីវរណៈ ទាំង ៥ មិនស្មើ មិនគប្បី​ប្រព្រឹត្ត មិនគប្បី​ប្រព្រឹត្ត​ទួទៅ មិនគប្បី​ប្រព្រឹត្ត​ដោយប្រពៃ មិនគប្បី​ប្រព្រឹត្ត​សមាទាន (នូវចេតនា​ជាដើម) មិនស្មើ ព្រោះហេតុ​នៃចេតនា​មិនស្មើ ព្រោះហេតុ​នៃសេចក្តី​បា្រថ្នា មិនស្មើ ព្រោះហេតុ​នៃកិរិយា​តំកល់ (ចិត្ត) មិនស្មើ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​ប្រព្រឹត្ត​នូវកម្ម​មិនស្មើ ព្រោះហេតុ​នៃកម្ម​មិនស្មើ​នោះទេ។

[៤៩] អធិប្បាយពាក្យថា ធីរជនទាំងឡាយ បានពោល​នូវជីវិត​នេះ ថាតិច ត្រង់​ពាក្យថា ជីវិត បានដល់​អាយុ ការតាំងនៅ ការទៅ ការញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅ ការដើរ​ទៅ ការប្រព្រឹត្ត​ទៅ ការរក្សា ការរស់នៅ ឥន្រ្ទិយ​គឺការរស់​នៅ។ ម្យ៉ាងទៀត ជីវិតតិច ដោយ​ហេតុ ២ យ៉ាង គឺ ជីវិតតិច ព្រោះជា​ធម្មជាត​តាំងនៅតិច ជីវិត​តិច ព្រោះ​កិច្ចរបស់​ខ្លួនតិច។

ជីវិតតិច ព្រោះជាធម្មជាតតាំងនៅតិច តើដូចម្តេច។ សត្វដែល​រស់នៅ​ហើយ ក្នុង​ខណៈ​ចិត្តជា​អតីត មិនរស់នៅ នឹងមិន​រស់នៅ។ សត្វនឹងរស់នៅ​ក្នុងខណៈ​ចិត្តជា​អនាគត មិន​រស់នៅ មិនរស់​នៅហើយ។ សត្វ​កំពុង​រស់នៅ​ក្នុងខណៈ​ចិត្តជា​បច្ចុប្បន្ន មិនបានរស់​នៅ​ហើយ នឹងមិន​រស់នៅ។

ជីវិត អត្តភាព សុខ និងទុក្ខ​ទាំងអស់ ប្រកប​ដោយ​ខណៈ​ចិត្ត​តែមួយ ព្រោះខណៈ​ប្រព្រឹត្តទៅ​រហ័ស ពួកទេវតា​ណា ឋិត​នៅអស់ ៨៤,០០០ ក័ល្ប ទេវតា​ទាំងនោះ មិនមែន​ប្រកប​ដោយ​ចិត្តពីរ ហើយរស់​នៅទេ ខន្ធ​ទាំងឡាយ​ណា របស់​បុគ្គលដែល​ស្លាប់ទៅក្តី រស់នៅក្តី រលត់ហើយ​ក្នុងលោកនេះ ខន្ធទាំង​អស់នោះ ក៏ដូចគ្នា ទៅ​បដិសន្ធិ​ទៀត​មិនបាន ខន្ធទាំង​ឡាយណា ដែលកន្លង​ជាលំដាប់ បែកធ្លាយ​ហើយផង ខន្ធទាំង​ឡាយ​ណា ជាអនាគត ​នឹងបែក​ធ្លាយផង សេចក្តី​ផ្សេងគ្នា​នៃខន្ធ​ទាំងឡាយ​ជា​បច្ចុប្បន្ន ដែល​រលត់​​ហើយក្នុង​ចន្លោះនៃ​ខន្ធទាំង​ពីរនោះ រមែង​មិនមាន​ក្នុងលក្ខណៈ សត្វ​លោក​​មិនមែន​កើត​ដោយ​អនាគតខន្ធ ដែលមិន​ទាន់កើត មិនមែន​រស់នៅ​ក្នុងបច្ចុប្បន្នទេ សត្វលោក​ស្លាប់​ដោយ​ការបែកធ្លាយ​នៃចិត្ត ការបញ្ញតិ្ត​ប្រកប​ដោយបរមត្ថ ប្រែប្រួលទៅ​ដោយ​ឆន្ទៈ ដូចជា​ទីទាប រមែង​ប្រព្រឹត្ត​ទៅដូច្នោះ វេទនា​ទាំងឡាយ មាន​សឡាយតនៈ​ជា​បច្ច័យ មាន​វារៈ​មិនដាច់ តែងប្រព្រឹត្ត​ទៅ ខន្ធទាំងឡាយ​ដែលបែក​ធ្លាយហើយ ក៏មិន​ដល់នូវ​កិរិយា​តំកល់​ទុកទេ គំនរ​នៃខន្ធក្នុង​អនាគត ក៏មិនមាន ខន្ធ​ទាំងឡាយ​ដែល​កើត​ឡើង​ហើយ រមែង​​តាំងនៅ ឧបមា​ដូចជា​គ្រាប់ស្ពៃ​ដែលជាប់​នឹងចុងដែកស្រួច កាលបើ​ខន្ធទាំង​ឡាយ​កើត​ឡើង​ហើយ ការបែកក្លាយ​នៃខន្ធ​ទាំងនោះ ក៏ឋិតនៅ​ក្នុងខាងមុខ ឯសភាវៈ​ដែល​ត្រូវ​វិនាស​ទាំងឡាយ (ខន្ធ) កំពុង​ឋិតនៅ មិនច្រឡូក​ច្រឡំ ដោយ​ខន្ធ​ចាស់ទេ ពួកសត្វ​មកអំពី​ទីមើល​មិនឃើញ តែងទៅ​កាន់ទីមើល​មិនឃើញ មុន​អំពីការ​បែកធ្លាយ តែងកើត​ឡើង ទាំងតែង​វិនាស​ទៅវិញ ដូចជា​ផ្លេកបន្ទោរ​ឰដ៏អាកាស។ ជីវិតតិច ព្រោះការតាំង​នៅតិ​ច យ៉ាងនេះ។

ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច តើដូចម្តេច។ ជីវិតជាប់​ចំពាក់​ដោយដង្ហើម​ចូល ជីវិត​ជាប់ចំពាក់​ដោយដង្ហើម​ចេញ ជីវិត​ជាប់ចំពាក់​ដោយដង្ហើម​ចូល និងដង្ហើម​ចេញ ជីវិត​ជាប់ចំពាក់​ដោយ​មហាភូតរូប ជីវិត​ជាប់ចំពាក់​ដោយភ្លើង​ធាតុ ជីវិត​ជាប់ចំពាក់​ដោយ​កវឡិង្ការាហារ ជីវិត​ជាប់ចំពាក់​ដោយ​វិញ្ញាណ។ មូលនៃ​ធម៌ទាំងនេះ ក៏មាន​កម្លាំង​ថយ។ បុព្វហេតុ​ទាំងឡាយ នៃធម៌​ទាំងនេះ ក៏មាន​កម្លាំងថយ។ សូម្បីធម៌​ទាំងឡាយ​ណាជា​បច្ច័យ ធម៌​ទាំងនោះ ក៏មាន​កម្លាំងថយ។ សូម្បី​ធម៌ទាំងឡាយ​ណា ជាដែន​កើត​មុន ធម៌​ទាំងនោះ ក៏មាន​កម្លាំងថយ។ ពួកធម៌​ដែលកើត​ជាមួយ​នឹងធម៌​ទាំងនេះ ក៏មាន​កម្លាំង​ថយ​ដូចគ្នា។ ពួកធម៌​ដែលសម្បយោគ​នឹងធម៌​ទាំងនេះ មាន​កម្លាំងថយ។ សហជាត​ធម៌​​នៃធម៌​ទាំងនេះ មាន​កម្លាំងថយ។ តណ្ហាណា ជាគ្រឿងប្រកប​ តណ្ហានោះ មាន​​កម្លាំង​ថយ។ ធម៌ទាំងនេះ មានកម្លាំង​ថយជានិច្ច ចំពោះគ្នា​និងគ្នា។ ធម៌ទាំងនេះ មិន​ឱន​រក​គ្នា​និងគ្នា។ ធម៌ទាំងនេះ ញុំាងគ្នា​និងគ្នាឲ្យ​ធ្លាក់ចុះ។ ព្រោះថា មិនបាន​ជាទីពឹង​ដល់​គ្នា​នឹងគ្នា។ មួយទៀត ធម៌ទាំងនេះ មិនលើក​តំកើងគ្នា​និងគ្នា។ ធម៌ណា ជាអ្នកបង្កើត ធម៌​នោះ​មិន​មានទេ។ ធម៌នីមួយ មិនមែន​សាបសូន្យ​ដោយធម៌​ណាមួយទេ។ ព្រោះថា ធម៌​ទាំងនេះ បែកធ្លាយ​ទៅទាំងអស់។ ធម៌ទាំងនេះ កើតហើយ ដោយសារ​ហេតុ និងបច្ច័យ​ជា​ខាង​ដើម។ ហេតុ និងបច្ច័យ​ទាំងឡាយ​ណា ដែលឲ្យ​កើតមុន ហេតុ និងបច្ច័យ​ទាំងនោះ​ ក៏ស្លាប់​មុនទៅ​ហើយ។ ធម៌ទាំងឡាយ​ខាងដើម និងខាងចុង មិនបានឃើញ​គ្នានិងគ្នា​ក្នុង​កាលណា​ឡើយ។ ជីវិតតិច ព្រោះកិច្ច​របស់ខ្លួន​តិច យ៉ាងនេះ។

មួយវិញទៀត មនុស្សទាំងឡាយ មានជីវិតតិច ជីវិតស្តួចស្តើង ជីវិតខ្លី ជីវិតមាន​ក្នុងមួយ​ខណៈ ជីវិតរហ័ស ជីវិតបាត់ ជីវិត​មិនមាំមួន ជីវិត​មិនតាំងនៅ​អស់កាល​យូរ បើ​ប្រៀបធៀប​នឹងជីវិត​របស់ពួក​ទេវតា​ជាន់ចាតុម្មហារាជិកា។ របស់ពួក​ទេវតាជាន់​តាវត្តិង្ស។ របស់ពួក​ទេវតា​ជាន់យាមៈ។ របស់ពួក​ទេវតា​ជាន់តុសិត។ របស់ពួក​ទេវតា​ជាន់​និម្មានរតី។ របស់ពួក​ទេវតា​ជាន់​បរនិមិ្មតវសវត្តី។ មនុស្ស​ទាំងឡាយ មាន​ជីវិតតិច ជីវិត​ស្តួចស្តើង ជីវិតខ្លី ជីវិតមាន​ក្នុងមួយខណៈ ជីវិត​រហ័ស ជីវិតឆាប់ ជីវិត​មិនមាំមួន ជីវិត​មិនតាំង​នៅអស់​កាលយូរ បើប្រៀប​ធៀបនឹង​ជីវិត​របស់ពួក​ទេវតា​ព្រហ្មកាយិកៈ។ សមដូច​ពាក្យនេះ ដែល​ព្រះមានព្រះភាគ ត្រាស់​ហើយថា ម្នាលភិក្ខុ​ទាំងឡាយ អាយុ​របស់​មនុស្ស​ទាំងឡាយ​នេះតិច បរលោក​ ត្រូវទៅ​ដោយពិត បុគ្គល​គប្បីប៉ះពាល់​ដោយបញ្ញា ត្រូវធ្វើ​កុសល ត្រូវប្រព្រឹត្ត​ព្រហ្មចរិយៈ បុគ្គល​ដែលកើត​ហើយ មិនមែន​មិន​ស្លាប់ទេ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលណា ​រស់នៅ​យ៉ាងយូរ បុគ្គលនោះ គប្បី​រស់នៅ ១០០ ឆ្នាំ តិចជាងនេះ ឬច្រើន​ជាងនេះ (មានខ្លះ)។

អាយុរបស់មនុស្សទាំងឡាយតិច បុរសអ្នកមានបា្រជ្ញា គួរធុញទ្រាន់​នឹងអាយុនុ៎ះ គប្បី​ប្រព្រឹត្ត​ឲ្យដូច​បុគ្គល​ដែលត្រូវ​ភ្លើងឆេះក្បាល ការមិន​មកនៃមច្ចុ មិនមានទេ ថ្ងៃ និងយប់ រមែង​កន្លងទៅ ជីវិត​ក៏រលត់​ទៅដែរ អាយុ​នៃសត្វ​ទាំងឡាយ រមែង​អស់ទៅ ដូចទឹក​នៃស្ទឹងតូចៗ។

អធិប្បាយពាក្យថា ធីរជនទាំងឡាយ ពោលនូវជីវិតនេះថា តិច ត្រង់​ពាក្យថា ធីរជន​​ទាំងឡាយ គឺឈ្មោះថា ធីរជន ព្រោះហេតុ​ជាអ្នក​មានបា្រជ្ញា។ ឈ្មោះថា ធីរជន​ព្រោះហេតុ​ជាអ្នក​បរិបូណ៌​ដោយបា្រជ្ញា។ ឈ្មោះថា ធីរជន​ ព្រោះហេតុជា​អ្នកតិះដៀល​បាប។ បញ្ញា លោកហៅថា ធី បានដល់​បា្រជ្ញា ការដឹង ការពិចារណា ការពិចារណា​សព្វ ការពិចារណា​ធម៌ ការកំណត់ ការកំណត់​មាំ ការកំណត់​មាំមួន ភាពជា​បណ្ឌិត ភាពជា​អ្នកឈ្លាស ភាពជា​អ្នកល្អិតល្អន់ ភាពជា​អ្នកវាងវៃ ការគិត ការត្រិះរិះ បា្រជ្ញា​ដូចជាផែនដី បា្រជ្ញា​ជាគ្រឿង​ទំលាយបង់ (នូវកិលេស) បា្រជ្ញា​ជាគ្រឿង​ដឹកនាំ ការ​ឃើញច្បាស់ ការដឹង​ខ្លួន ចន្លួញ​គឺបញ្ញា បញ្ញា បញ្ញិន្រ្ទិយ កម្លាំង​គឺបញ្ញា សស្រ្តា​គឺបញ្ញា ប្រាសាទ​គឺបញ្ញា ពន្លឺ​គឺបញ្ញា រស្មី​គឺបញ្ញា ប្រទីប​គឺបញ្ញា កែវ​គឺបញ្ញា ការមិន​ភាន់ច្រឡំ ការពិចារណាធម៌ ការ​យល់​ត្រូវ ឈ្មោះថា ធីរជន ព្រោះ​ប្រកប​ព្រមដោយ​បញ្ញានោះ។ មួយទៀត ពួកធីរជន​ខាងខន្ធ ធីរជន​ខាងធាតុ ធីរជន​ខាងអាយតនៈ ធីរជន​ខាង​បដិច្ចសមុប្បាទ ធីរជន​ខាង​សតិប្បដ្ឋាន ធីរជន​ខាងសម្មប្បធាន ធីរជន​ខាងឥទ្ធិបាទ ធីរជន​ខាងឥន្រ្ទិយ ធីរជន​ខាងពលៈ ធីរជន​ខាងពោជ្ឈង្គ ធីរជន​ខាងមគ្គ ធីរជន​ខាង​ផល ធីរជន​ខាង​ព្រះនិពា្វន។ ពួកធីរជន​ទាំងនោះ បានពោល​យ៉ាងនេះថា មនុស្សទាំង​ឡាយ មាន​ជីវិតតិច ជីវិត​ស្តួចស្តើង ជីវិតខ្លី ជីវិត​ប្រកប​ដោយខណៈ ជីវិត​រហ័យ ជីវិត​ឆាប់ ជីវិត​មិនមាំមួន ជីវិត​មិន​តាំង​នៅអស់​កាលយូរ ធីរជន​ទាំងឡាយ បានពោល​យ៉ាងនេះ សំដែង​យ៉ាងនេះ ពណ៌នា​យ៉ាងនេះ បំភ្លឺ​យ៉ាងនេះ ថ្លែងយ៉ាង​នេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ធីរជន​ទាំងឡាយ បាន​ពោល​នូវជីវិត​នេះ ថាតិច។ ហេតុនោះ ព្រះមាន​ព្រះភាគ ត្រាស់ថា

ព្រោះហេតុនោះ ជនក្នុងសាសនានេះ គប្បីសិក្សា គប្បីដឹង​នូវកម្មណា​នីមួយ​ក្នុង​លោក ថា​មិនស្មើ មិនគប្បី​ប្រព្រឹត្ត​នូវកម្ម​មិនស្មើ ព្រោះហេតុ​នៃកម្ម​មិនស្មើនោះ​ទេ ដ្បិតថា ធីរជន​ទាំងឡាយ បានពោល​នូវជីវិត​នេះថា តិច។

[៥០] តថាគតឃើញនូវពពួកសត្វនេះ ដែលលុះ​ក្នុងអំណាច​តណ្ហា ក្នុងភព​ទាំងឡាយ កំពុង​ញាប់ញ័រ​ក្នុង​លោក នរជន​ទាំងឡាយ​ថោក​ទាប មិនទាន់​កន្លង​តណ្ហា​ក្នុងភព​តូច និងភពធំ​ទាំងឡាយ​ទេ រមែងយំ​រៀបរាប់​ក្នុងមាត់មច្ចុ។

[៥១] អធិប្បាយពាក្យថា ឃើញ (នូវពពួកសត្វ) កំពុង​ញាប់ញ័រ​ក្នុងលោក ត្រង់​ពាក្យថា ឃើញ គឺឃើញ​ដោយ​មំសចក្ខុក្តី ឃើញដោយ​ទិព្វចក្ខុក្តី ឃើញ​ដោយបញ្ញា​ចក្ខុក្តី ឃើញ​ដោយ​ពុទ្ធចក្ខុក្តី មើលឃើញ ក្រឡេកមើល សំឡឹងមើល ពិចារណាមើល ដោយ​សមន្តចក្ខុក្តី។ ពាក្យថា ក្នុងលោក គឺ​ក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា កំពុង​ញាប់ញ័រ គឺកំពុង​ញាប់ញ័រ ដោយការ​ញាប់ញ័រ​ព្រោះតណ្ហា កំពុង​ញាប់ញ័រ​ដោយការ​ញាប់ញ័រ​ព្រោះទិដ្ឋិ កំពុង​ញាប់ញ័រ ដោយ​ការញាប់ញ័រ​ព្រោះកិលេស កំពុង​ញាប់ញ័រ ដោយ​ការញាប់ញ័រ​ព្រោះធម៌​ជា​គ្រឿង​​ប្រកប កំពុង​ញាប់ញ័រ ដោយការ​ញាប់ញ័រ​ព្រោះវិបាក កំពុង​ញាប់ញ័រ ដោយការ​ញាប់ញ័រ​ព្រោះទុច្ចរិត កំពុង​ញាប់ញ័រ​ ដោយតម្រេក​ដែលត្រេកអរ​ហើយ កំពុង​ញាប់ញ័រ​ដោយទោសៈ​ដែលប្រទូស្ត​ហើយ កំពុង​ញាប់ញ័រ ដោយ​មោហៈ​ដែលវង្វេង​ហើយ ញាប់​ញ័រ​ដោយមានះ​ដែលជាប់​ចំពាក់ហើយ ញាប់ញ័រ​ដោយទិដ្ឋិ​ដែលស្ទាប​អង្អែល​ហើយ ញាប់​ញ័រដោយ​ឧទ្ធច្ចៈ ដែលដល់​នូវសេចក្តី​រាយមាយ ញាប់ញ័រ​ដោយ​វិចិកិច្ឆា ដែលដល់នូវ​សេចក្តី​មិនដាច់ស្រេច ញាប់ញ័រ​ដោយ​អនុស័យ ដែលដល់​នូវកំឡាំង​ញាប់ញ័រ​ដោយ​លាភ ញាប់ញ័រ​ដោយអលាភ ញាប់ញ័រ​ដោយយស ញាប់ញ័រ​ដោយការ​មិន​មាន​យស ញាប់ញ័រ​ដោយ​សេចក្តី​សរសើរ ញាប់ញ័រ​ដោយនិន្ទា ញាប់ញ័រ​ដោយសុខ ញាប់ញ័រ​ដោយទុក្ខ ញាប់ញ័រ​ដោយជាតិ ញាប់ញ័រ​ដោយជរា ញាប់ញ័រ​ដោយព្យាធិ ញាប់ញ័រ​ដោយ​មរណៈ ញាប់ញ័រ​ដោយសោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ​ទាំងឡាយ ញាប់ញ័រ​ដោយទុក្ខ ដែលកើត​ក្នុងនរក ញាប់ញ័រ​ដោយទុក្ខ ដែលកើត​ក្នុង​កំណើត​តិរច្ឆាន ញាប់ញ័រ​ដោយទុក្ខ​ដែលកើត​ក្នុងបិត្តិវិស័យ ញាប់ញ័រ​ដោយទុក្ខ ដែល​កើត​​ជាមនុស្ស ញាប់ញ័រ​ដោយទុក្ខ មានចុះ​កាន់គភ៌​ជាហេតុ ញាប់ញ័រ​ដោយទុក្ខ មាន​ការ​ឋិតនៅ​ក្នុង​គភ៌ជាហេតុ ញាប់ញ័រ​ដោយទុក្ខ មានការ​ចេញចាក​គភ៌ជា​ហេតុ ញាប់ញ័រ​ដោយទុក្ខ​ដែលជាប់​ចំពាក់​របស់សត្វ​ដែល​កើតហើយ ញាប់ញ័រ​ដោយទុក្ខ ដែល​បណ្តាល​អំពី​​បុគ្គល​​ដទៃ របស់សត្វ​ដែលកើត​ហើយ ញាប់ញ័រ​ដោយទុក្ខ ព្រោះព្យាយាម​សម្លាប់​ខ្លួន ញាប់ញ័រ​ដោយទុក្ខ ព្រោះព្យាយាម​សម្លាប់អំពី​បុគ្គល​ដទៃ ញាប់ញ័រ​ដោយទុក្ខទុក្ខ (កាយិកទុក្ខ និងចេតសិកទុក្ខ) ញាប់ញ័រ​ដោយ​សង្ខារទុក្ខ ញាប់ញ័រ​ដោយទុក្ខ ព្រោះការ​ប្រែប្រួល ញាប់ញ័រ​ដោយទុក្ខ ព្រោះ​ចក្ខុរោគ ញាប់ញ័រ​ដោយទុក្ខ ព្រោះ​សោតរោគ ដោយ​ទុក្ខ​ព្រោះឃានរោគ ដោយទុក្ខ​ព្រោះ​ជិវ្ហារោគ ដោយទុក្ខ​ព្រោះ​កាយរោគ ដោយទុក្ខ ព្រោះ​​សីសរោគ ដោយទុក្ខ ព្រោះ​កណ្ណរោគ មុខរោគ ទន្តរោគ ក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ គ្រាំគ្រា រោគក្នុងផ្ទៃ ជ្រប់ ចុះឈាម ចុកសៀត ចុះរាគ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគក្នុង​ទីខ្វា​ដោយ​ក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ទឹកមូត្រផ្អែម ឫសដូងដុះ បូស ឫសដូងបាត អាពាធ​តាំងឡើង​អំពីប្រមាត់ អាពាធ​តាំងឡើង​អំពីស្លេស្ម អាពាធ​តាំងឡើង​អំពីខ្យល់ អាពាធ​កើតអំពី​ធាតុទាំង ៤ ប្រជុំគ្នា អាពាធ​កើតអំពី​រដូវប្រែប្រួល អាពាធ​កើតអំពី​រក្សាឥរិយាបថ​មិនស្មើ អាពាធ​កើតអំពី​សេចក្តី​ព្យាយាម (របស់​គេ មានវាយ​ចងជា​ដើម) អាពាធ​កើតអំពី​ផលនៃកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ ទុក្ខដោយ​សម្ផ័ស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច និងពស់ធំ ទុក្ខព្រោះស្លាប់​មាតា ទុក្ខព្រោះស្លាប់​បិតា ទុក្ខព្រោះ​ស្លាប់​បងប្អូនប្រុស ទុក្ខ​ព្រោះស្លាប់​បងប្អូនស្រី ទុក្ខព្រោះ​ស្លាប់​កូនប្រុស ទុក្ខព្រោះ​ស្លាប់កូនស្រី ទុក្ខព្រោះ​វិនាសពួក​ញាតិ​ វិនាសភោគៈ វិនាស​គឺរោគ វិនាសសីល វិនាសទិដ្ឋិ តថាគត​ឃើញ មើល ក្រឡេកមើល សំឡឹងមើល ពិចារណាឃើញ (នូវពួកសត្វ) កំពុង​ញាប់ញ័រ ​ញាប់ញ័រ​ចំប្រប់ ញាប់ញ័រ​ផ្សេងៗ រន្ធត់ រន្ធត់ខ្លាំង រន្ធត់​ក្រៃលែង ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញ (នូវពួកសត្វ) កំពុង​ញាប់ញ័រក្នុង​លោក។

[៥២] អធិប្បាយពាក្យថា ពួកសត្វនេះ ដែលលុះក្នុងអំណាច​តណ្ហា ក្នុងភពទាំង​ឡាយ ត្រង់ពាក្យថា ពួកសត្វ គឺជាឈ្មោះ​នៃសត្វ។ ពាក្យថា​តណ្ហា បានដល់ រូបតណ្ហា សទ្ទ​តណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា លុះក្នុង​តណ្ហា គឺនៅក្នុង​តណ្ហា ទៅតាម​តណ្ហា ផ្សាយទៅ​តាមតណ្ហា លិចចុះ​ក្នុងតណ្ហា ធ្លាក់ក្នុង​តណ្ហា (ត្រូវ​តណ្ហា) គ្របសង្កត់​ហើយ មានចិត្ត (ត្រូវតណ្ហា) សង្កត់សង្កិន​ហើយ។ ពាក្យថា ភព​ទាំងឡាយ បានដល់ កាមភព រូបភព អរូបភព ហេតុនោះ (ទ្រង់ត្រាស់ថា) ពួក​សត្វនេះ ដែលលុះ​ក្នុងអំណាច​តណ្ហា ក្នុងភព​ទាំងឡាយ។

[៥៣] អធិប្បាយពាក្យថា នរជនទាំងឡាយ ថោកទាប រមែងយំ​រៀបរាប់​ក្នុង​មាត់នៃមច្ចុ ត្រង់ពាក្យថា នរជន​ទាំងឡាយ​ថោកទាប គឺ​នរជន​ថោកទាប ព្រោះ​ហេតុជាអ្នក​ប្រកប​ដោយកាយកម្ម​ដ៏ថោកទាប។ នរជន​ថោកទាប ព្រោះ​ហេតុជា អ្នក​ប្រកប​ដោយវចីកម្ម​ដ៏ថោកទាប។ នរជន​ថោកទាប ព្រោះ​ហេតុជាអ្នក​ប្រកប​ដោយ​មនោកម្ម​ដ៏ថោកទាប។ នរជន​ថោកទាប ព្រោះហេតុ​ជាអ្នក​ប្រកបដោយ​បាណាតិបាត​ដ៏ថោកទាប។ ដោយ​អទិន្នាទាន​ដ៏ថោកទាប។ ដោយ​កាមេសុមិច្ឆាចារ​ដ៏ថោកទាប។ ដោយ​មុសាវាទ​ដ៏ថោកទាប។ ដោយ​បិសុណាវាចា​ដ៏ថោកទាប។ ដោយ​ផរុសវាចា​ដ៏ថោកទាប។ ដោយ​សម្ផប្បលាបៈ​ដ៏ថោកទាប។ ដោយអភិជ្ឈា​ដ៏ថោកទាប។ ដោយ​ព្យាបាទ​ដ៏​ថោកទាប។ ដោយ​មិច្ឆាទិដ្ឋិ​ដ៏ថោកទាប។ ដោយ​សង្ខារ​ទាំងឡាយ​ដ៏ថោកទាប។ ដោយ​កាមគុណទាំង ៥ ដ៏ថោកទាប។ ដោយ​នីវរណៈ​ទាំង ៥ ដ៏​ថោកទាប។ ដោយ​ចេតនាដ៏​ថោកទាប។ ដោយ​សេចក្តី​ប្រាថ្នា​ដ៏ថោកទាប។ នរជន​ថោកទាប ថោកទាប​ពេក ទន់ទាប លាមក ​អាក្រក់ កំទេច​កំទី ព្រោះហេតុ​ជាអ្នក​ប្រកប​ដោយការ​តំកល់ចិត្ត​ដ៏ថោកទាប ហេតុនោះ (ទ្រង់​ត្រាស់ថា) នរជន​ទាំងឡាយ​ថោកទាប។ ពាក្យថា រមែងយំ​រៀបរាប់ ក្នុង​មាត់នៃមច្ចុ សេចក្តីថា ពួកជន​ដល់នូវមច្ចុ ដល់ព្រម​នូវមច្ចុ ចូលទៅ​រកមច្ចុ ដល់​នូវមារ ដល់ព្រម​នូវមារ ចូលទៅ​រកមារ ដល់នូវ​មរណៈ ដល់ព្រម​នូវមរណៈ ចូលទៅ​រកមរណៈ រមែងយំ យំរៀបរាប់ សៅសោក លំបាក ខ្សឹកខ្សួល គក់ទ្រូង ដល់នូវ​សេចក្តី​វង្វេង ក្នុងមាត់​នៃមច្ចុ ក្នុងមាត់​នៃមារ ក្នុងមាត់​នៃមរណៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) នរជន​ទាំងឡាយ​ថោកទាប រមែងយំ​រៀបរាប់​ក្នុងមាត់នៃមច្ចុ។

[៥៤] អធិប្បាយពាក្យថា មិនទាន់កន្លងនូវតណ្ហា ក្នុងភពតូច និងភពធំ​ទាំងឡាយ ត្រង់​ពាក្យថា តណ្ហា បានដល់​រូបតណ្ហា។បេ។ ធម្មតណ្ហា។ ពាក្យថា ក្នុងភពតូច និងភព​ធំទាំងឡាយ គឺក្នុង​កម្មភព បុនព្ភព ឈ្មោះថា​ក្នុងភពតូច និងភពធំ គឺថា​ ក្នុងកាមភព ឈ្មោះ​កម្មភព ក្នុងកាមភព ឈ្មោះ​បុនព្ភព ក្នុងរូបភព ឈ្មោះ​កម្មភព ក្នុងរូបភព ឈ្មោះ​បុនព្ភព ក្នុង​អរូបភព ឈ្មោះ​កម្មភព ក្នុងអរូបភព ឈ្មោះ​បុនព្ភព គឺថា ក្នុងការ​កើតរឿយៗ ការទៅ​រឿយៗ ឧបបត្តិរឿយៗ បដិសន្ធិ​រឿយៗ ការញុំាង​អត្តភាព ឲ្យកើតឡើង​រឿយៗ។ ពាក្យថា មិនកន្លង​តណ្ហា គឺមិន​កន្លងតណ្ហា មិនបា្រស​ចាកតណ្ហា មានតណ្ហា​មិនឃ្លាត​ចេញ មានតណ្ហា​មិនខ្ជាក់ចោល មិនរួចចាក​តណ្ហា មិនលះបង់​តណ្ហា មិនរលាស់​ចោលតណ្ហា ហេតុ​នោះ (ទ្រង់ត្រាស់ថា) មិនកន្លង​តណ្ហា​ក្នុងភពតូច និងភពធំ​ទាំងឡាយ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់ថា

តថាគតឃើញនូវពួកសត្វនេះ ដែលលុះក្នុងអំណាចតណ្ហា ក្នុងភព​ទាំងឡាយ កំពុង​ញាប់ញ័រ​ក្នុងលោក នរជន​ទាំងឡាយ​ថោកទាប មិនកន្លង​តណ្ហា​ក្នុងភពតូច និងភពធំ​ទាំងឡាយ រមែងយំ​រៀបរាប់ ក្នុងមាត់​នៃមច្ចុ។

[៥៥] អ្នកទាំងឡាយ ចូរមើលពួកសត្វដែលមានសេចក្តី​អាល័យ​កំពុង​ញាប់ញ័រ ដូចពួក​ត្រីក្នុងទី​មានទឹកតិច ទាំងមាន​ខ្សែទឹកអស់​ហើយ បុគ្គល​មិនមាន​អាល័យ លុះឃើញ​ទោសនេះ​ហើយ គប្បី​ប្រព្រឹត្ត មិនធ្វើ​ការជាប់​ចំពាក់​ក្នុងភព​ទាំងឡាយ។

[៥៦] អធិប្បាយពាក្យថា អ្នកទាំងឡាយ ចូរមើលពួកសត្វ ដែលមាន​សេចក្តី​អាល័យ កំពុង​ញាប់ញ័រ ត្រង់ពាក្យថា អាល័យ បានដល់​អាល័យ ២ យ៉ាង អាល័យ​គឺតណ្ហា ១ អាល័យ​គឺទិដ្ឋិ ១។

អាល័យ គឺតណ្ហា តើដូចម្តេច។ កំណត់ដែន កំណត់ទី កំណត់ជួរ កំណត់​ជុំវិញ ការហួង​ហែង ការអាល័យ ដោយ​ចំណែក​នៃតណ្ហា មានប្រមាណ​ណាថា នេះ​របស់អញ នុ៎ះ​របស់អញ ប៉ុណ្ណេះ​របស់អញ មានប្រមាណ​ប៉ុណ្ណេះ​របស់អញ រូបៈ សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ របស់អញ គ្រឿង​កម្រាល គ្រឿងស្លៀក​ពាក់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះ លា ស្រែ ចម្ការ បា្រក់ មាស ស្រុក និគម រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំង​របស់​អញ សូម្បីបុគ្គល​ប្រកាន់​ផែនដី​ធំទាំងអស់ ដោយ​អំណាចនៃ​តណ្ហា ទាំង​តណ្ហាវិបរឹត ១០៨ ជាកំណត់​នេះ ឈ្មោះថា អាល័យ​គឺតណ្ហា។

អាល័យ គឺទិដ្ឋិ តើដូចម្តេច។ សក្កាយទិដ្ឋិ មានវត្ថុ ២០ មិច្ឆាទិដ្ឋិ មានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិ មានវត្ថុ ១០ ទិដ្ឋិណា មានសភាព​យ៉ាងនេះ ដំណើរ​គឺទិដ្ឋិ ការសាំ​ញុំា​គឺទិដ្ឋិ ផ្លូវលំបាក​គឺទិដ្ឋិ ចម្រូង​គឺទិដ្ឋិ ការញាប់ញ័រ​គឺទិដ្ឋិ សញ្ញោជនៈ​គឺទិដ្ឋិ ការកាន់ ការប្រកាន់ ប្រកាន់មាំ ការស្ទាប​អង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពខុស កំពង់ និងអណ្តូង ការកាន់​ដោយការ​ស្វែងរកខុស ការប្រកាន់​វិបរឹត ការវិបល្លាស ការកាន់ខុស ការប្រកាន់​ក្នុង​វត្ថុមិនពិត ថា​ជារបស់ពិត ទិដ្ឋិទាំង ៦២ ទាំងប៉ុន្មាន​នេះ ឈ្មោះថា អាល័យ​គឺទិដ្ឋិ។

ពាក្យថា ចូរមើលពួកសត្វដែលមានសេចក្តីអាល័យ កំពុងតែ​ញាប់ញ័រ សេចក្តីថា ពួកនរជន​មានសេចក្តី​រង្កៀស ក្នុងការ​ដណ្តើម​យកវត្ថុ ដែលខ្លួន​អាល័យ ញាប់ញ័រខ្លះ កាលគេ​កំពុងដណ្តើម​យក ញាប់ញ័រខ្លះ កាលវត្ថុ​ដែលគេ​ដណ្តើម​យកហើយ ញាប់ញ័រខ្លះ មានសេចក្តី​រង្កៀស ក្នុងការ​ប្រែប្រួល​នៃវត្ថុដែល​ខ្លួនអាល័យ ញាប់ញ័រខ្លះ កាលវត្ថុ​ដែល​កំពុង​ប្រែប្រួល ញាប់ញ័រខ្លះ កាលវត្ថុ​ដែលប្រែប្រួល​ហើយ ញាប់ញ័រខ្លះ ញាប់ញ័រ​ខ្លាំង ញាប់ញ័រ​ផ្សេងៗ រន្ធត់ រន្ធត់ខ្លាំ រន្ធត់​ដោយអាការ​ទាំងពួង អ្នកទាំងឡាយ ចូរមើល ចូរឃើញ ចូរក្រឡេក​មើល ចូរសំឡឹង​មើល ចូរពិចារណា​មើល នូវពួក​សត្វកំពុង​ញាប់ញ័រ ញាប់ញ័រ​ដោយអាការ​ទាំងពួង ញាប់ញ័រ​ផ្សេងៗ រន្ធត់ រន្ធត់ខ្លាំង រន្ធត់​ដោយ​អាការ​ទាំងពួង យ៉ាងនេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកទាំងឡាយ ចូរមើល​ពួកសត្វ ដែលមាន​សេចក្តី​អាល័យ កំពុង​ញាប់ញ័រ។

[៥៧] ពាក្យថា ដូចពួកត្រី ក្នុងទីមានទឹកតិច​ ទាំងមាន​ខ្សែទឹក​អស់ហើយ សេចក្តីថា ពួកត្រី​ក្នុងទី​មានទឹកតិច មានទឹក​ស្តួចស្តើង មានទឹក​អស់ហើយ ត្រូវពួក​ក្អែក​ក្តី ពួក​ត្រដក់ក្តី ពួកកុកក្តី បៀតបៀន​ចឹកលើក​ឡើង ពាំស៊ី ក៏ញាប់ញ័រ ញាប់ញ័រសព្វ ញាប់ញ័រ​ផ្សេងៗ រន្ធត់ រន្ធត់ខ្លាំង រន្ធត់​សព្វសាច់ យ៉ាងណាមិញ ពួកសត្វ​ដែលមាន​សេចក្តី​រង្កៀស ក្នុងការ​ដណ្តើម​យកវត្ថុ​ដែលខ្លួន​អាល័យ ញាប់ញ័រខ្លះ កាលគេកំពុង​ដណ្តើម ញាប់ញ័រខ្លះ កាលវត្ថុ​ដែលគេ​ដណ្តើម​ហើយ ញាប់ញ័រខ្លះ មានសេចក្តី​រង្កៀស​ក្នុងការ​ប្រែប្រួល​នៃវត្ថុ​ដែលខ្លួន​អាល័យ ញាប់ញ័រខ្លះ កាលវត្ថុ​ដែលកំពុង​ប្រែប្រួល​ញាប់ញ័រ​ខ្លះ កាលវត្ថុ​ដែលប្រែប្រួល​ហើយ ញាប់ញ័រខ្លះ ញាប់ញ័រ​សព្វ ញាប់ញ័រ​ផ្សេង ៗ រន្ធត់ រន្ធត់ខ្លាំង រន្ធត់សព្វ​សាច់ ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចពួកត្រី​ក្នុងទី​មានទឹក​តិច​ ទាំងមាន​ខ្សែទឹកអស់​ហើយ។

[៥៨] ពាក្យថា បុគ្គលមិនមានអាល័យ លុះឃើញទោស​នេះហើយ គប្បីប្រព្រឹត្ត គឺឃើញ មើល ថ្លឹង ពិចារណា សំដែង​ឲ្យច្បាស់ ធ្វើឲ្យបា្រកដ នូវទោស​នេះ​ក្នុងអាល័យ​ទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញ​ទោសនេះ។ ពាក្យថា អាល័យ ក្នុងបទថា បុគ្គល​មិនមាន​អាល័យ គប្បី​ប្រព្រឹត្ត បានដល់​អាល័យ ២ អាល័យ​គឺតណ្ហា ១ អាល័យ​គឺ​ទិដ្ឋិ ១។បេ។ នេះ អាល័យ​គឺតណ្ហា។បេ។ នេះ អាល័យគឺទិដ្ឋិ។ បុគ្គល​លះអាល័យ​គឺ​តណ្ហា រលាស់​ចោល​អាល័យ​គឺទិដ្ឋិ មិនប្រកាន់​ចក្ខុ មិនប្រកាន់​សោតៈ មិនប្រកាន់​ឃានៈ មិន​ប្រកាន់​ជិវ្ហា មិនប្រកាន់​កាយ មិនប្រកាន់​ចិត្ត មិនប្រកាន់ មិនទទួល មិនស្ទាប​អង្អែល មិនប្រកាន់​ស្អិត នូវរូប សំឡេង ក្លិន រស ផ្សព្វ​ទាំងឡាយ ត្រកូល ពួក អាវាស លាភ យស សេចក្តី​សរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ បរិក្ខារ​គឺថ្នាំ​ជាបច្ច័យ​ដល់ជម្ងឺ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញា នាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន ធម៌ដែលគេ​គប្បី​ឃើញ ឮ ប៉ះពាល់ ឬដឹង គប្បីប្រព្រឹត្ត គប្បីនៅ​ដោយស្ងប់ស្ងាត់ គប្បី​ញុំាង​ឥរិយាបថ​ឲ្យប្រព្រឹត្តទៅ គប្បីញុំាង​ឥរិយាបថ​ឲ្យកើតឡើង គប្បីរក្សា​ឥរិយា​បថ គប្បីបំពេញ​ឥរិយាបថ គប្បីបង្រ្គប់​ឥរិយាបថ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គល​អ្នកមិន​មាន​អាល័យ លុះ​​ឃើញទោស​នេះហើយ គប្បីប្រព្រឹត្ត។

[៥៩] ពាក្យថា ក្នុងភពទាំងឡាយ ក្នុងបទថា មិនធ្វើការជាប់​ចំពាក់​ក្នុងភពទាំង​ឡាយ គឺ ក្នុងកាមភព រូបភព អរូបភព។ តណ្ហា លោកហៅថា ការជាប់ចំពាក់ បានដល់ សេចក្តី​ត្រេកអរ សេចក្តីរីករាយ ដ៏មានកម្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា មិនធ្វើការ​ជាប់ចំពាក់​ក្នុងភព​ទាំងឡាយ បាន​សេចក្តីថា មិនធ្វើ​ការជាប់​ចំពាក់​ក្នុងភព​ទាំងឡាយ មិនធ្វើ​សេចក្តី​ពេញចិត្ត សេចក្តី​ស្រឡាញ់ សេចក្តី​ត្រេកអរ សេចក្តី​អត់ធន់ មិនឲ្យកើត មិនឲ្យ​កើតព្រម មិនបង្កើត មិនបង្កើត​ចំពោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនធ្វើការ​ជាប់ចំពាក់​ក្នុងភព​ទាំងឡាយ។ ហេតុនោះ​ព្រះមានព្រះភាគ ត្រាស់ថា

អ្នកទាំងឡាយ ចូរមើលពួកសត្វ ដែលមាន​សេចក្តី​អាល័យ កំពុង​ញាប់ញ័រ ដូចពួកត្រី​ក្នុងទី​មានទឹកតិច ទាំងមាន​ខ្សែទឹកអស់​ហើយ បុគ្គល​មិនមាន​អាល័យ លុះឃើញ​ទោស​នេះហើយ គប្បី​ប្រព្រឹត្ត មិនធ្វើការ​ជាប់ចំពាក់​ក្នុងភព​ទាំងឡាយ។

[៦០] អ្នកបា្រជ្ញ រមែងបន្ទោបង់នូវសេចក្តីពេញចិត្ត ក្នុងទីបំផុត​ទាំងពីរ រមែង​កំណត់​ដឹងផស្សៈ ហើយជា​អ្នកមិនជាប់​ចំពាក់ ជាអ្នក​តិះដៀលអំពើ​ណា​ដោយ​ខ្លួន​ឯង តែងមិន​ធ្វើអំពើនោះ មិនប្រឡាក់​ក្នុងអារម្មណ៍​ទាំង​ឡាយ ដែល​ខ្លួនឃើញហើយ ឮហើយ​ឡើយ។

[៦១] អធិប្បាយពាក្យថា រមែងបន្ទោបង់នូវសេចក្តីពេញចិត្ត​ក្នុងទីបំផុត​ទាំងពីរ ត្រង់ពាក្យថា ទីបំផុត គឺ ផស្សៈ ជាទីបំផុតទី ១ ហេតុដែល​កើតផស្សៈ ជាទីបំផុតទី ២។ អតីតកាល ជាទី​បំផុតទី ១ អនាគតកាល ជាទីបំផុតទី ២។ សុខវេទនា​ ជាទីបំផុតទី ១ ទុក្ខវេទនា​ជាទីបំផុតទី ២។ នាម ជាទីបំផុតទី ១​ រូប ជាទីបំផុតទី ២។ អាយតនៈ​ខាងក្នុង ៦ ជាទីបំផុតទី ១ អាយតនៈ​ខាងក្រៅ ៦ ជាទីបំផុតទី ២។ សក្កាយៈ ជាទីបំផុតទី ១ ហេតុជា​ដែនកើតនៃ​សក្កាយៈ ជាទីបំផុតទី ២។ ពាក្យថា សេចក្តីពេញចិត្ត បានដល់​សេចក្តី​ពេញចិត្ត​គឺកាម សេចក្តី​ត្រេកអរ​គឺកាម សេចក្តី​រីករាយ​គឺកាម ចំណង់​គឺកាម សេចក្តី​ស្រឡាញ់​គឺកាម សេចក្តីក្តៅ​ក្រហាយ​គឺកាម សេចក្តី​ងល់ងប់​គឺកាម សេចក្តី​ជ្រុល​​ជ្រប់​គឺកាម អន្លង់​គឺកាម យោគៈគឺកាម ឧបាទាន​គឺកាម នីវរណៈ​គឺកាមច្ឆន្ទៈ​ក្នុងកាម​ទាំងឡាយ។ ពាក្យថា រមែង​បន្ទោបង់​នូវសេចក្តី​ពេញចិត្តក្នុង​ទីបំផុត​ទាំងពីរ បាន​សេចក្តីថា រមែង​បន្ទោបង់ បន្ទោបង់​ចំពោះ លះបង់ កំចាត់បង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតមាន នូវសេចក្តី​ពេញចិត្ត​ក្នុងទីបំផុត​ទាំងពីរ ហេតុនោះ (ទ្រង់ត្រាស់ថា) រមែង​បន្ទោបង់ សេចក្តី​ពេញចិត្ត​ក្នុង​ទីបំផុត​ទាំងពីរ។

[៦២] អធិប្បាយពាក្យថា រមែងកំណត់ដឹងផស្សៈ ហើយជាអ្នក​មិនជាប់ចំពាក់ ត្រង់ពាក្យថា ផស្សៈ បានដល់​ចក្ខុសម្ផស្សៈ សោតសម្ផស្សៈ ឃានសម្ផស្សៈ ជិវ្ហាសម្ផស្សៈ កាយសម្ផស្សៈ មនោសម្ផស្សៈ អធិវចនសម្ផស្សៈ បដិឃសម្ផស្សៈ សុខវេទនីយ​សម្ផស្សៈ ទុក្ខវេទនីយ​សម្ផស្សៈ អទុក្ខមសុខវេទនីយ​សម្ផស្សៈ កុសលផស្សៈ អកុសលផស្សៈ អព្យាកតផស្សៈ កាមាវចរផស្សៈ រូបាវចរផស្សៈ​ អរូបាវចរផស្សៈ សុញ្ញតផស្សៈ អនិមិត្តផស្សៈ អប្បណិហិតផស្សៈ លោកិយផស្សៈ លោកុត្តរផស្សៈ អតីតផស្សៈ អនាគត​ផស្សៈ បច្ចុប្បន្នផស្សៈ ការប៉ះពាល់ អាការនៃ​ការប៉ះពាល់ ការពាល់​ត្រូវព្រម ភាពនៃ​​ការពាល់​ត្រូវព្រមណា មានសភាព​យ៉ាងនេះ នេះ​ហៅថាផស្សៈ។ ពាក្យថា កំណត់​ដឹងផស្សៈ គឺកំណត់​ដឹងផស្សៈ ដោយបរិញ្ញា ៣ គឺ ញាតបរិញ្ញា ១ តិរណបរិញ្ញា ១ បហាណបរិញ្ញា ១។

ញាតបរិញ្ញា តើដូចម្តេច។ (ភិក្ខុក្នុងសាសនានេះ) ដឹងនូវផស្សៈ គឺដឹង ឃើញថា នេះ ចក្ខុសម្ផស្សៈ នេះសោតសម្ផស្សៈ នេះឃានសម្ផស្សៈ នេះជិវ្ហាសម្ផស្សៈ នេះកាយ សម្ផស្សៈ នេះ​មនោសម្ផស្សៈ នេះ​អធិវចនសម្ផស្សៈ នេះ​បដិឃសម្ផស្សៈ នេះ​សុខ​វេទនីយផស្សៈ នេះ​ទុក្ខវេទនីយផស្សៈ នេះ​អទុក្ខមសុខវេទនីយផស្សៈ នេះ​កុសលផស្សៈ នេះ​អកុសលផស្សៈ នេះ​អព្យាកតផស្សៈ នេះ​កាមាវចរផស្សៈ នេះ​រូបាវចរផស្សៈ នេះ​អរូបាវចរផស្សៈ នេះ​សុញ្ញតផស្សៈ នេះ​អនិមិត្តផស្សៈ នេះ​អប្បណិហិតផស្សៈ នេះ​លោកិយផស្សៈ នេះ​លោកុត្តរផស្សៈ នេះ​អតីតផស្សៈ នេះ​អនាគតផស្សៈ នេះ​បច្ចុប្បន្នផស្សៈ នេះ​ឈ្មោះថា ញាតបរិញ្ញា។

តិរណបរិញ្ញា តើដូចម្តេច។ (ភិក្ខុក្នុងសាសនានេះ) លុះធ្វើនូវការដឹងយ៉ាងនេះ ហើយ ពិចារណាផស្សៈ គឺពិចារណា​ថា មិនទៀង ថា​ជាទុក្ខ ជារោគ ជាបូស ជាព្រួញ ជា​សេចក្តី​លំបាក ជាអាពាធ ជា​របស់អ្នកដទៃ ជារបស់​ទ្រុឌទ្រោម ជាចង្រៃ ជាឧបទ្រព ជាភ័យ ជាឧបស័គ្គ ជារបស់​ញាប់ញ័រ ជារបស់​ពុករលួយ ជារបស់​មិនយឺនយូរ ជារបស់​គ្មាន​ទីពឹង គ្មានទីជ្រក គ្មានទីរលឹក ជារបស់ទទេ ជារបស់​រលីងធេង ជារបស់​សោះ​សូន្យ មិនមែន​ជារបស់ខ្លួន ជាទោស ជារបស់​ប្រែប្រួល​ធម្មតា ជារបស់​ឥតខ្លឹម ជាឫសនៃទុក្ខ ជា​ពេជ្ឈឃាត គ្មានសេចក្តី​ចំរើន ប្រកប​ដោយអាសវៈ មានបច្ច័យ​តាក់តែង ជា​អាមិសៈ​នៃមារ មានជាតិ​ជាធម្មតា មាន​ជរាជាធម្មតា មានព្យាធិ​ជាធម្មតា មានមរណៈ​ជាធម្មតា មានសោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ​ជាធម្មតា ប្រកបដោយ​គ្រឿង​សៅហ្មង​ជាធម្មតា ជារបស់​កើតឡើង ជារបស់​វិនាសទៅ​វិញ ជារបស់គួរ​ត្រេកអរ ជាទោស ជាគ្រឿង​រលាស់​ចេញ នេះឈ្មោះថា តិរណបរិញ្ញា។

បហានបរិញ្ញា តើដូចម្តេច។ (ភិក្ខុក្នុងសាសនានេះ) លុះពិចារណា​យ៉ាងនេះហើយ ក៏លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតមាន​នូវឆន្ទរាគ​ក្នុងផស្សៈ។ សមដូចជា​ព្រះពុទ្ធដីកា​នេះ ដែល​ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ឆន្ទរាគណា ក្នុងផស្សៈ​​ទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់​ឆន្ទរាគ​នោះចេញ កាលបើ​ធ្វើយ៉ាងនេះ​បាន​ ផស្សៈនោះ ឈ្មោះ​ថា អ្នកទាំងឡាយ បានលះបង់​ហើយ ផ្តាច់ផ្តិល​ឫសគល់ហើយ ធ្វើ​មិនឲ្យ​មានទីកើត ដូចជា​មិនមាន​ទីកើតនៃ​ដើមត្នោត ធ្វើមិនឲ្យ​កើតមាន ធ្វើឲ្យជាធម៌ លែង​កើត តទៅ​ទៀតហើយ។ នេះ​ឈ្មោះថា បហានបរិញ្ញា។

ពាក្យថា កំណត់ដឹងផស្សៈហើយ គឺកំណត់ដឹងផស្សៈ ដោយ​បរិញ្ញាទាំង ៣ នេះ។ ពាក្យថា មិនជាប់​ចំពាក់ អធិប្បាយថា តណ្ហា លោកហៅថា ការជាប់​ចំពាក់ បានដល់ សេចក្តី​ត្រេកអរ សេចក្តី​ត្រេកអរ​មានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ការជាប់​ចំពាក់នុ៎ះ បុគ្គលណា​បានលះបង់​ហើយ បានផ្តាច់​ផ្តិលហើយ បានរម្ងាប់​ហើយ បានរលាស់​ចោលហើយ ធ្វើមិន​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើងគឺញាណ​ហើយ បុគ្គល​នោះ លោកហៅថា អ្នកមិន​ជាប់ចំពាក់។ បុគ្គលនោះ​មិនជាប់​ចំពាក់ក្នុងរូប មិនជាប់​ចំពាក់​ក្នុងសំឡេង មិនជាប់​ចំពាក់ក្នុង​ក្លិន មិនជាប់​ចំពាក់ក្នុងរស មិនជាប់​ចំពាក់ក្នុង​ផ្សព្វ មិនជាប់​ចំពាក់ក្នុង​ត្រកូល ពួក អាវាស លាភ យស សេចក្តី​សរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គ្រឿងបរិក្ខារ គឺថ្នាំជា​បច្ច័យដល់​ជម្ងឺ កាមធាតុ​ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន ក្នុងធម៌​ទាំងឡាយ​ដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង មិនធ្លាក់ចុះ មិនជ្រុលជ្រប់ មិនងល់ងប់ មានការជាប់​ចំពាក់កន្លង​ហើយ មានការ​ជាប់ចំពាក់​ទៅបា្រស​ហើយ មានការ​ជាប់ចំពាក់​លះហើយ មានការជាប់​ចំពាក់​ខ្ជាក់ចោល​ហើយ មានការ​ជាប់ចំពាក់​រួចហើយ មានការ​ជាប់ចំពាក់​លះបង់ហើយ មានការ​ជាប់ចំពាក់​រលាស់​ចោលហើយ មានរាគៈ​កន្លងហើយ មានរាគៈ​ទៅបា្រសហើយ មានរាគៈ​លះហើយ មានរាគៈ​ខ្ជាក់ចោល​ហើយ មានរាគៈ​រួចស្រឡះ​ហើយ មានរាគៈ លះបង់​ហើយ មានរាគៈ​រលាស់​ចោលហើយ មិនមាន​សេចក្តីបា្រថ្នា មានទុក្ខ​រលត់ហើយ មានសេចក្តី​ត្រជាក់ ទទួល​ចំពោះ​សេចក្តី​សុខ សម្រេច​នៅដោយ​ចិត្តដ៏ប្រសើរ ហេតុនោះ (ទ្រង់​ត្រាស់ថា) កំណត់​ដឹងផស្សៈហើយ ជាអ្នក​មិនជាប់​ចំពាក់។

[៦៣] អធិប្បាយពាក្យថា តិះដៀលអំពើណាដោយខ្លួនឯង មិនធ្វើ​អំពើនោះ ត្រង់​ពាក្យថា អំពើណា គឺតិះដៀល​អំពើណា​ដោយខ្លួនឯង។ តិះដៀលខ្លួន ព្រោះហេតុ ២ ​យ៉ាង គឺព្រោះ​អំពើដែល​ខ្លួនធ្វើហើយ និងអំពើ​ដែលខ្លួន​មិនបាន​ធ្វើហើយ។

តិះដៀលខ្លួនឯង ព្រោះអំពើ​ដែលខ្លួន​ធ្វើហើយ និងអំពើ​ដែលខ្លួន​មិនបាន​ធ្វើហើយ តើដូចម្តេច។ បុគ្គល​តិះដៀល​ខ្លួនឯងថា​ កាយទុច្ចរិត អាត្មាអញ​បានធ្វើហើយ កាយ​សុចរិត​ អាត្មាអញ​មិនបាន​ធ្វើទេ។ តិះដៀល​ខ្លួនឯងថា វចីទុច្ចរិត អាត្មាអញ​បានធ្វើ​ហើយ វចីសុចរិត អាត្មាអញ​មិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា មនោទុច្ចរិត អាត្មាអញ បានធ្វើហើយ មនោសុចរិត អាត្មាអញ​មិនបានធ្វើទេ។ តិះដៀល​ខ្លួនឯងថា បាណាតិបាត អាត្មាអញ​បានធ្វើហើយ ការវៀរចាក​បាណាតិបាត អាត្មាអញ​មិនបានធ្វើទេ។ តិះដៀល​ខ្លួនឯងថា អទិន្នាទាន អាត្មាអញ​បានធ្វើហើយ ការវៀរចាក​អទិន្នាទាន អាត្មាអញ​មិន​បានធ្វើទេ។ តិះដៀល​ខ្លួនឯងថា កាមេសុមិច្ឆាចារ អាត្មាអញ​បានធ្វើហើយ ការវៀរ​ចាក​កាមេសុមិច្ឆាចារ អាត្មាអញ​មិនបានធ្វើទេ។ តិះដៀល​ខ្លួនឯងថា មុសាវាទ អាត្មា​អញបាន​ធ្វើហើយ ការវៀរ​ចាកមុសាវាទ អាត្មាអញ​មិនបានធ្វើទេ។ តិះដៀល​ខ្លួនឯងថា បិសុណាវាចា អាត្មាអញ​បានធ្វើហើយ ការវៀរចាក​បិសុណាវាចា អាត្មាអញ​មិនបាន ធ្វើទេ។ តិះដៀល​ខ្លួនឯងថា ផរុសវាចា អាត្មាអញ​បានធ្វើហើយ ការវៀរ​ចាកផរុសវាចា​អាត្មាអញ មិនបាន​ធ្វើទេ។ តិះដៀល​ខ្លួនឯងថា សម្ផប្បលាបៈ អាត្មាអញ​បានធ្វើហើយ ​ការវៀរចាក​សម្ផប្បលាបៈ អាត្មាអញ​មិនបានធ្វើទេ។ តិះដៀល​ខ្លួនឯងថា អភិជ្ឈា អាត្មា​អញបាន​ធ្វើហើយ អនភិជ្ឈា អាត្មាអញ​មិនបានធ្វើ​ទេ។ តិះដៀល​ខ្លួឯងថា ព្យាបាទ អាត្មាអញ​បានធ្វើហើយ អព្យាបាទ អាត្មាអញ​មិនបាន​ធ្វើទេ។ តិះដៀល​ខ្លួនឯងថា មិច្ឆាទិដ្ឋិ អាត្មាអញ​បានធ្វើហើយ សម្មាទិដ្ឋិ អាត្មាអញ​មិនបានធ្វើទេ​។ តិះដៀល​ខ្លួនឯង ព្រោះអំពើ​ដែលខ្លួន​បានធ្វើហើយ និងអំពើ​ដែលខ្លួន​មិនបានធ្វើហើយ យ៉ាងនេះឯង។ ម្យ៉ាងទៀត បុគ្គល​តិះដៀល​ខ្លួនឯងថា អាត្មាអញ​ជាអ្នក​មិនបាន​ធ្វើឲ្យ​ពេញលេញ ក្នុង​សីល​ទាំងឡាយ។ តិះដៀល​ខ្លួនឯងថា អាត្មាអញ​ជាអ្នក​មិនបាន​គ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយ​ទាំងឡាយ។ តិះដៀល​ខ្លួនឯងថា អាត្មាអញ​ជាអ្នកមិន​ដឹងប្រមាណ​ក្នុងភោជន។ តិះដៀល​​ខ្លួនឯងថា អាត្មាអញ​ជាអ្នកមិន​ប្រកបរឿយៗ នូវការ​ភ្ញាក់រលឹក។ តិះដៀល​ខ្លួនឯងថា អាត្មាអញ​ជាអ្នកមិន​ប្រកបដោយ​សតិសម្បជញ្ញៈ។ តិះដៀល​ខ្លួនឯងថា សតិប្បដ្ឋាន​ទាំង ៤ អាត្មាអញ​មិនបាន​ចំរើនទេ។ តិះដៀល​ខ្លួនឯងថា សម្មប្បធាន​ទាំង ៤ អាត្មាអញ​មិនបាន​ចំរើនទេ។ តិះដៀល​ខ្លួនឯងថា ឥទ្ធិបាទ​ទាំង ៤ អាត្មាអញ​មិនបាន​ចំរើនទេ។ តិះដៀល​ខ្លួនឯងថា ឥន្រ្ទិយទាំង ៥ អាត្មាអញ​មិនបាន​ចំរើនទេ។ តិះដៀល​ខ្លួនឯងថា ពលៈទាំង ៥ អាត្មាអញ​មិនបាន​ចំរើនទេ។ តិះដៀល​ខ្លួនឯងថា ពោជ្ឈង្គ​ទាំង ៧ អាត្មាអញ​មិនបាន​ចំរើនទេ។ តិះដៀល​ខ្លួនឯងថា អរិយមគ្គ​ប្រកប​ដោយអង្គ​ ៨ អាត្មាអញ​មិនបាន​ចំរើនទេ។ តិះដៀល​ខ្លួនឯងថា ទុក្ខ អាត្មាអញ​មិន​បានកំណត់​ទេ។ តិះដៀល​ខ្លួនឯងថា សមុទយៈ អាត្មាអញ​មិនបាន​លះបង់ទេ។ តិះដៀល​ខ្លួនឯងថា មគ្គ អាត្មាអញ​មិនបាន​ចំរើនទេ។ តិះដៀល​ខ្លួនឯងថា និរោធ អាត្មា​អញ​មិនបាន​ធ្វើឲ្យជាក់​ច្បាស់ទេ។ តិះដៀល​ខ្លួនឯង ព្រោះអំពើ​ដែលបាន​ធ្វើហើយ និងអំពើ​ដែលខ្លួន​មិនបាន​ធ្វើហើយ យ៉ាងនេះឯង។ អ្នកបា្រជ្ញ​មិនធ្វើ គឺមិនឲ្យកើត មិនឲ្យ​កើតព្រម មិនបង្កើត មិនបង្កើត​ចំពោះ​នូវអំពើ​ដែលគួរ​តិះដៀលខ្លួន​យ៉ាងនេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកបា្រជ្ញ ជាអ្នកតិះ​ដៀលអំពើ​ណាដោយ​ខ្លួនឯង តែងមិនធ្វើ​អំពើនោះ។

[៦៤] អធិប្បាយពាក្យថា អ្នកបា្រជ្ញមិនប្រឡាក់ក្នុង​អារម្មណ៍​ទាំងឡាយដែលខ្លួន​ឃើញហើយ ឮហើយ ត្រង់ពាក្យថា ការប្រឡាក់ បានដល់​ការប្រឡាក់ ២ ការ​ប្រឡាក់គឺ​តណ្ហា ១ ការប្រឡាក់​គឺទិដ្ឋិ ១។បេ។ នេះឈ្មោះ​ថា ការប្រឡាក់​គឺតណ្ហា។បេ។ នេះ ឈ្មោះ​ថា​ការប្រឡាក់​គឺទិដ្ឋិ។ អ្នកមាន​បា្រជ្ញា បណ្ឌិត អ្នកមាន​ការដឹង​សព្វ អ្នកមានការ​ត្រាស់ដឹង អ្នកមាន​ញាណ អ្នកមាន​បា្រជ្ញាភ្លឺ​ច្បាស់ អ្នកមាន​បា្រជ្ញាជា​គ្រឿងទំលាយ​បង់​នូវកិលេស ឈ្មោះថា​ អ្នកបា្រជ្ញ។ អ្នកបា្រជ្ញ​បានលះបង់​នូវការ​ប្រឡាក់​ គឺតណ្ហា រលាស់​ចោលនូវ​ការ​ប្រឡាក់​ គឺទិដ្ឋិ មិនប្រឡាក់​ក្នុងអារម្មណ៍​ដែលឃើញ​ហើយ មិនប្រឡាក់​ក្នុងអារម្មណ៍​ដែលឮ​ហើយ មិនប្រឡាក់​ក្នុង​អារម្មណ៍​ដែលទទួល​ហើយ មិនប្រឡាក់ មិនសៅហ្មង មិនចូល​ទៅជិត​លាប​ក្នុងអារម្មណ៍ ដែលដឹង​ច្បាស់ហើយ គឺជា​អ្នកមិន​ប្រឡាក់​ មិន​សៅហ្មង មិនចូល​ទៅជិត​លាប ឃ្លាតចេញ រលាស់​ចេញ រួចស្រឡះ​ បា្រសចេញ សម្រេច​នៅ​ដោយ​ចិត្ត ដែលបា្រស​ចាកដែន​ គឺកិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកបា្រជ្ញ មិនប្រឡាក់​ក្នុងអារម្មណ៍ ដែលខ្លួន​ឃើញ​ហើយ ឮហើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

អ្នកបា្រជ្ញ រមែងបន្ទោបង់នូវសេចក្តីពេញចិត្ត ក្នុងទី​បំផុត​ទាំងពីរ រមែង​កំណត់​ដឹងផស្សៈ​ ហើយជា​អ្នកមិនជាប់​ចំពាក់ ជាអ្នក​តិះដៀល​អំពើណា​ដោយខ្លួនឯង តែងមិន​ធ្វើអំពើ​នោះ មិនប្រឡាក់​ក្នុងអារម្មណ៍​ដែលខ្លួន​ឃើញហើយ ​ឮហើយ។

[៦៥] មុនិ កំណត់ដឹងសញ្ញាហើយ គប្បីឆ្លងឱឃៈបាន ជាអ្នក​មិនប្រឡាក់​ក្នុង​សេចក្តី​ហួងហែង​ទាំងឡាយ ជាអ្នក​មានព្រួញ​ដកឡើង​ហើយ ប្រព្រឹត្តមិន​ប្រហែស មិន​បា្រថ្នានូវ​លោកនេះ និងលោក​ដទៃ។

[៦៦] អធិប្បាយពាក្យថា កំណត់ដឹងសញ្ញាហើយ គប្បីឆ្លង​ឱឃៈបាន ត្រង់ពាក្យថា សញ្ញា បានដល់​កាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា នេក្ខម្មសញ្ញា អព្យាបាទសញ្ញា អវិហឹសាសញ្ញា រូបសញ្ញា សទ្ទសញ្ញា គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា សេចក្តី​សំគាល់អាការ​នៃសេចក្តី​សំគាល់ ភាពនៃ​អារម្មណ៍​ដែលបុគ្គល​សំគាល់ណា មាន​សភាព​យ៉ាងនេះ នេះ​លោកហៅថា សញ្ញា។ ពាក្យថា កំណត់​ដឹងនូវ​សញ្ញា គឺ​កំណត់​ដឹងនូវ​សញ្ញា ដោយបរិញ្ញា ៣ គឺ ញាតបរិញ្ញា ១ តិរណបរិញ្ញា ១ បហានបរិញ្ញា ១។

ញាតបរិញ្ញា តើដូចម្តេច។ ភិក្ខុដឹងនូវសញ្ញា គឺ​ដឹង ឃើញ​ថា នេះកាមសញ្ញា នេះ​ព្យាបាទសញ្ញា នេះវិហឹសាសញ្ញា នេះ​នេក្ខម្មសញ្ញា នេះ​អព្យាបាទសញ្ញា​ នេះ​អវិហឹសា​សញ្ញា នេះ​រូបសញ្ញា នេះ​សទ្ទសញ្ញា នេះ​គន្ធសញ្ញា នេះ​រសសញ្ញា នេះ​ផោដ្ឋព្វសញ្ញា នេះ​ធម្មសញ្ញា ដូច្នេះ នេះ​ឈ្មោះថា ញាតបរិញ្ញា។

តិរណបរិញ្ញា តើដូចម្តេច។ (ភិក្ខុ) លុះធ្វើនូវការដឹងយ៉ាងនេះ​ហើយ ពិចារណានូវ​សញ្ញា គឺពិចារណាថា មិនទៀង ថាជាទុក្ខ ជារោគ ជាពក ជាព្រួញ ជាសេចក្តី​លំបាក ជា​អាពាធ ជារបស់​បុគ្គលដទៃ ជារបស់​វិនាស ជាចង្រៃ ជាឧបទ្រព ជាភ័យ ជាឧបស័គ្គ ជារបស់​កម្រើក ជា​របស់ពុក​រលួយ។បេ។ ជាគ្រឿង​កើតឡើង ជាគ្រឿង​ដល់នូវ​សេចក្តី​វិនាស ជាគ្រឿង​ត្រេកអរ ជាទោស ជាការ​រលាស់​ចេញ នេះឈ្មោះថា តិរណបរិញ្ញា។

បហានបរិញ្ញា តើដូចម្តេច។ (ភិក្ខុ) លុះពិចារណា​យ៉ាងនេះហើយ ក៏លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតមាន​ឆន្ទរាគក្នុង​សញ្ញា។​ សមដូច​ពាក្យនេះ ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយថា ម្នាលភិក្ខុ​ទាំងឡាយ ឆន្ទរាគ​ណា​ក្នុងសញ្ញា អ្នក​ទាំងឡាយ ចូរលះបង់​ឆន្ទរាគ​នោះចេញ កាលបើ​ធ្វើយ៉ាង​នេះបាន សញ្ញានោះ ឈ្មោះថា​អ្នកទាំងឡាយ​លះបង់​ហើយ ផ្តាច់ផ្តិល​ឫសគល់​ហើយ ធ្វើមិនឲ្យ​មានទីកើត ដូចជា​ទីកើត​នៃដើមត្នោត ធ្វើឲ្យ​លែងកើត​មាន ធ្វើឲ្យ​ជាធម៌​លែងកើត តទៅទៀត។ នេះ​ឈ្មោះថា បហានបរិញ្ញា។

ពាក្យថា កំណត់ដឹងសញ្ញា គឺកំណត់ដឹង​សញ្ញា​ដោយបរិញ្ញា ៣ នេះ។ ពាក្យថា គប្បី​ឆ្លងឱឃៈ​បាន គឺគប្បីឆ្លង ឆ្លងឡើង កន្លង ប្រព្រឹត្ត​កន្លង នូវកាមោឃៈ ភវោឃៈ ទិដ្ឋោឃៈ អវិជ្ជោឃៈ ហេតុនុ៎ះ (ទ្រង់​ត្រាស់ថា) កំណត់​ដឹងសញ្ញា​ហើយ គប្បីឆ្លង​ឱឃៈ​បាន។

[៦៧] អធិប្បាយពាក្យថា មុនិ ជាអ្នកមិនប្រឡាក់ក្នុងសេចក្តី​ហួងហែង​ទាំងឡាយ ត្រង់​ពាក្យថា សេចក្តី​ហួងហែង​ទាំងឡាយ បានដល់​សេចក្តី​ហួងហែង ២ គឺ​ សេចក្តីហួង​ហែង​គឺតណ្ហា ១ សេចក្តី​ហួងហែង​គឺទិដ្ឋិ ១។បេ។ នេះ​ឈ្មោះថា សេចក្តី​ហួងហែងគឺ​តណ្ហា។បេ។ នេះ​ឈ្មោះថា សេចក្តី​ហួងហែង​គឺ​ទិដ្ឋិ។ ពាក្យថា មុនិ អធិប្បាយ​ថា ​ការដឹង លោកហៅថា មោនៈ បានដល់បញ្ញា ការដឹង​ច្បាស់។បេ។ ការមិន​វង្វេង ការ​សន្សំធម៌ ការយល់​ឃើញត្រូវ មុនិ ប្រកប​ព្រមដោយ​ការដឹង​នោះ ឈ្មោះថា អ្នកដល់​នូវ​មោនៈ។ មោនេយ្យៈ មាន ៣ គឺ កាយមោនេយ្យៈ ១ វចីមោនេយ្យៈ ១ មនោមោនេយ្យៈ ១។

កាយមោនេយ្យៈ តើដូចម្តេច។ ការលះបង់​កាយទុច្ចរិត ៣ យ៉ាង ឈ្មោះថា កាយមោនេយ្យៈ។ កាយសុចរិត ៣ យ៉ាង ឈ្មោះថា កាយមោនេយ្យៈ។ ញាណ មាន​កាយជា​អារម្មណ៍ ឈ្មោះថា កាយមោនេយ្យៈ។ ការកំណត់​ដឹងកាយ ឈ្មោះថា កាយមោនេយ្យៈ។ មគ្គប្រព្រឹត្ត​ទៅមួយ​អន្លើ​ដោយការ​កំណត់ដឹង ឈ្មោះថា កាយមោនេយ្យៈ។ ការលះបង់​ឆន្ទរាគ​ក្នុងកាយ ឈ្មោះថា កាយមោនេយ្យៈ។ ចតុត្ថជ្ឈាន​សមាបត្តិ ដែល​រំលត់​កាយសង្ខារ ឈ្មោះថា កាយមោនេយ្យៈ។ នេះ​ឈ្មោះថា កាយមោនេយ្យៈ។

វចីមោនេយ្យៈ តើដូចម្តេច។ ការលះបង់វចីទុច្ចរិត ៤ យ៉ាង ឈ្មោះថា វចីមោនេយ្យៈ។ វចីសុចរិត ៤ យ៉ាង ឈ្មោះថា វចីមោនេយ្យៈ។ ញាណ​មានវាចា​ជាអារម្មណ៍ ឈ្មោះថា​ វចីមោនេយ្យៈ។ ការកំណត់​ដឹងវាចា ឈ្មោះថា វចីមោនេយ្យៈ។ មគ្គប្រព្រឹត្ត​ទៅមួយ​អន្លើ​ដោយការ​កំណត់​ដឹង ឈ្មោះថា វចីមោនេយ្យៈ។ ការលះបង់​ឆន្ទរាគ​ក្នុងវាចា ឈ្មោះ​ថា វចីមោនេយ្យៈ។ ទុតិយជ្ឈានសមាបត្តិ ដែល​រំលត់​វចីសង្ខារ ឈ្មោះថា វចីមោនេយ្យៈ។ នេះ​ឈ្មោះថា វចីមោនេយ្យៈ។

មនោមោនេយ្យៈ តើដូចម្តេច។ ការលះបង់​មនោទុច្ចរិត ៣ យ៉ាង ឈ្មោះថា មនោមោនេយ្យៈ។ មនោសុច្ចរិត ៣ យ៉ាង ឈ្មោះថា មនោមោនេយ្យៈ។ ញាណ​មានចិត្ត​ជា​អារម្មណ៍ ឈ្មោះថា មនោមោនេយ្យៈ ការកំណត់​ដឹងចិត្ត ឈ្មោះថា មនោមោនេយ្យៈ។ មគ្គប្រព្រឹត្ត​ទៅមួយ​អន្លើ​ដោយការ​កំណត់ដឹង ឈ្មោះថា មនោមោនេយ្យៈ។ ការលះបង់ ឆន្ទរាគ​ក្នុងចិត្ត ឈ្មោះថា មនោមោនេយ្យៈ។ សញ្ញាវេទយិតនិរោធ​សមាបត្តិ ដែលរំលត់​ចិត្តសង្ខារ ឈ្មោះថា មនោមោនេយ្យៈ។ នេះ​ឈ្មោះថា មនោមោនេយ្យៈ។

អ្នកបា្រជ្ញទាំងឡាយ បានពោលនូវកាយមុនិ វាចាមុនិ មនោមុនិ អនាសវមុនិ អ្នកបរិបូណ៌​ដោយ​មោនេយ្យធម៌ ថាជា​អ្នកលះបង់​បាបទាំង​អស់។ អ្នកបា្រជ្ញ​ទាំងឡាយ​បានពោល​នូវ​កាយមុនិ វាចាមុនិ មនោមុនិ អនាសវមុនិ អ្នកបរិបូណ៌​ដោយ​មោនេយ្យធម៌ ថាជា​អ្នកលាង​ជម្រះ​បាបហើយ។

មុនិដែលប្រកបដោយមោនេយ្យធម៌ ៣ នេះ មាន ៦ គឺអាគារមុនិ ១ អនាគារមុនិ ១ សេក្ខមុនិ ១ អសេក្ខមុនិ ១ បច្ចេកមុនិ ១ មុនិមុនិ ១។ ពួកអាគារមុនិ តើដូចម្តេច។ បុគ្គល​ទាំងឡាយ​ណា ជាអ្នកនៅ​គ្រប់គ្រងផ្ទះ ឃើញបទ​គឺ ព្រះនិពា្វន ដឹងច្បាស់​សាសនា បុគ្គល​ទាំងឡាយ​នេះ ឈ្មោះថា អាគារមុនិ។ ពួកអនាគារ​មុនិ តើដូចម្តេច។ បុគ្គល​ទាំងឡាយ​ណា ជាអ្នកបួស ឃើញបទ​គឺព្រះនិពា្វន ដឹងច្បាស់​សាសនា បុគ្គល​ទាំងឡាយ​នេះ ឈ្មោះថា អនាគារមុនិ។ សេក្ខបុគ្គល ៧ ពួក ឈ្មោះថា សេក្ខមុនិ។ ព្រះអរហន្ត​ទាំងឡាយ ឈ្មោះថា អសេក្ខមុនិ។ ព្រះបច្ចេកពុទ្ធ​ទាំងឡាយ ឈ្មោះថា បច្ចេកមុនិ។ ព្រះ​តថាគត អរហន្ត​សម្មាសម្ពុទ្ធ លោកហៅថា មុនិមុនិ។ បុគ្គល​មានសភាព​ជាអ្នកល្ងង់ខ្លៅ មិន​ចេះដឹង មិនមែន​ឈ្មោះថា មុនិ ដោយការ​ស្ងៀមទេ លុះតែ​បុគ្គលណា ជាបណ្ឌិត​កាន់យក​ធម៌ដ៏ប្រសើរ ហើយ​វៀរបង់​បាបទាំងឡាយ ដូចជា​បុគ្គល​អ្នក​កាន់​ជញ្ជីង បុគ្គលនោះ ឈ្មោះថា មុនិ ដោយ​ហេតុនោះ បុគ្គលណា​ដឹង​ប្រយោជន៍​ទាំងពីរ​ក្នុងលោក បុគ្គលនោះ​ឈ្មោះថា មុនិ បុគ្គល​ដែល​លោកហៅថា​មុនិ​ ដោយ​ហេតុនោះ។

បុគ្គលណា ដឹងធម៌របស់ពួកអសប្បុរសផង ពួកសប្បុរស​ផង ខាងក្នុង​ផង ខាង​ក្រៅ​ផង ក្នុងលោក​ទាំងអស់​ ជាបុគ្គល​ដែលទេវតា និងមនុស្ស បូជា​ហើយ បានកន្លង​បណ្តាញ​ គឺគ្រឿង​ចំពាក់ បុគ្គលនោះ ឈ្មោះថា មុនិ។

ពាក្យថា ការប្រឡាក់ បានដល់ការ​ប្រឡាក់ ២ គឺ ការប្រឡាក់ គឺ តណ្ហា ១ ការប្រឡាក់​គឺទិដ្ឋិ ១។បេ។ នេះ​ឈ្មោះថា ការប្រឡាក់គឺ​តណ្ហា។បេ។ នេះ​ឈ្មោះថា ការប្រឡាក់​គឺទិដ្ឋិ។ មុនិលះបង់​ការប្រឡាក់​គឺតណ្ហា រលាស់​ចោលការ​ប្រឡាក់​គឺទិដ្ឋិ មិនប្រឡាក់ មិនជាប់ មិនចូល​ទៅប្រឡាក់​ក្នុងសេចក្តី​ហួងហែង​ទាំងឡាយ​ គឺជា​អ្នកមិន​ប្រឡាក់ មិនជាប់ មិនចូល​ទៅប្រឡាក់ ឃ្លាតចេញ រលាស់ចេញ រួចស្រឡះ បា្រសចេញ សម្រេច​ដោយចិត្ត​ដែលបា្រស​ចាកដែន​គឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ មិន​ប្រឡាក់​ក្នុងសេចក្តី​ហួងហែង​ទាំងឡាយ។

[៦៨] អធិប្បាយពាក្យថា មានព្រួញដកហើយ ប្រព្រឹត្តមិន​ប្រមាទ ត្រង់ពាក្យថា ព្រួញ បានដល់​ព្រួញ ៧ គឺ ព្រួញគឺរាគៈ ព្រួញគឺទោសៈ ព្រួញគឺមោហៈ ព្រួញគឺមានះ ព្រួញគឺទិដ្ឋិ ព្រួញគឺសោក ព្រួញគឺ​សេចក្តី​សង្ស័យ។ ព្រួញ​ទាំងឡាយនេះ បុគ្គលណា​បានលះបង់​ហើយ បានផ្តាច់​ផ្តិលហើយ បានរម្ងាប់​ហើយ បានគ្រប​សង្កត់ហើយ មិនគួរ​ឲ្យកើតបាន បានដុត​ដោយភ្លើង​គឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមាន​ព្រួញ​ដកហើយ មានព្រួញ​ភើចឡើង​ហើយ មានព្រួញ​គាស់ឡើង​ហើយ មានព្រួញ​រំលើង​ឡើង​ហើយ មានព្រួញ​ហូតឡើងហើយ មានព្រួញ​ហូតឡើង​ព្រមហើយ មាន​ព្រួញ​លះចេញ​ហើយ មានព្រួញ​ខ្ជាក់ចោល​ហើយ មានព្រួញ​រួចស្រឡះ​ហើយ មានព្រួញ​លះបង់​ហើយ មានព្រួញ​រលាស់ចោល​ហើយ មិនមាន​សេចក្តី​ស្រេកឃ្លាន មានទុក្ខ​រលត់ហើយ មាន​សេចក្តី​ត្រជាក់ ទទួលសុខ សម្រេច​នៅដោយ​ចិត្តដ៏ប្រសើរ ហេតុនោះ​ទ្រង់ត្រាស់ថា មានព្រួញ​ដកឡើង​ហើយ ពាក្យថា ប្រព្រឹត្ត គឺចរ​ទៅ នៅ ដើរទៅ រក្សា ត្រាច់ទៅ ញុំាង​ឥរិយាបទ​ឲ្យត្រាច់ទៅ។ ពាក្យថា មិនប្រហែស គឺធ្វើគោរព ធ្វើរឿយៗ ធ្វើមិនឈប់ ប្រព្រឹត្ត​មិនធូរថយ មិនទម្លាក់​ចោលនូវឆន្ទៈ មិនដាក់​ធុរៈចោល​ក្នុងកុសល​ធម៌ទាំង​ឡាយ។ សេចក្តី​ពេញចិត្ត ការព្យាយាម ការឧស្សាហ៍ សេចក្តី​ប្រឹងប្រែង ការមិន​ប្រព្រឹត្ត​ត្រឡប់វិញ សតិសម្បជញ្ញៈ ការព្យាយាម​ដុតកំដៅ​កិលេស ការព្យាយាម​ដ៏ឧត្តម អធិដ្ឋាន​នឹងការប្រកប​រឿយៗ ណា ក្នុងកុសលធម៌​ទាំងឡាយ​នោះថា ធ្វើម្តេចហ្ន៎ អាត្មា​អញ​​នឹងបំពេញ​សីលក្ខន្ធ ដែលមិន​ទាន់ពេញ​លេញ ឬនឹង​អនុគ្រោះ​សីលក្ខន្ធ ដែលពេញ​លេញ​ស្រាប់ហើយ ដោយបញ្ញា​ក្នុងកិច្ចនោះ ៗ ដូច្នេះ នេះ​ឈ្មោះថា ការមិនប្រហែស ក្នុង​កុសលធម៌​ទាំងឡាយ។ ថា ធ្វើម្តេចហ្ន៎ អាត្មាអញ​នឹងបំពេញ​សមាធិក្ខន្ធ ដែលមិនទាន់​ពេញលេញ ឬនឹង​អនុគ្រោះ​សមាធិក្ខន្ធ ដែលពេញ​លេញស្រាប់​ហើយ ដោយបញ្ញា​ក្នុង​កិច្ចនោះៗ។បេ។ ក្នុងកុសលធម៌​ទាំងឡាយ។ សេចក្តី​ពេញចិត្ត ការព្យាយាម ការឧស្សាហ៍ សេចក្តី​ប្រឹងប្រែង ការមិន​ប្រព្រឹត្តត្រឡប់​វិញ សតិសម្បជញ្ញៈ ការព្យាយាម​ដុតកំដៅ​កិលេស ការព្យាយាម​ដ៏ឧត្តម អធិដ្ឋាននឹង​ការប្រកប​រឿយៗ ណា ក្នុងកុសល​ធម៌ទាំង​ឡាយនោះ​ថា ធ្វើម្តេចហ្ន៎ អាត្មាអញ​គប្បីបំពេញ​បញ្ញាខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណ​ទស្សនក្ខន្ធ ដែលមិន​ទាន់ពេញលេញ ឬនឹងអនុគ្រោះ​វិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលពេញ​លេញ​​ស្រាប់ហើយ ដោយបញ្ញា​ក្នុងកិច្ចនោះ ៗ ដូច្នេះ នេះ​ឈ្មោះថា ការមិនប្រហែស ក្នុង​កុសលធម៌​ទាំងឡាយ។ សេចក្តី​ពេញចិត្ត ការព្យាយាម ការឧស្សាហ៍ សេចក្តីប្រឹង​ប្រែង ការមិនប្រព្រឹត្ត​ត្រឡប់វិញ​ សតិសម្បជញ្ញៈ ការព្យាយាម​ដុតកំដៅ​កិលេស ការ​ព្យាយាម​​ដ៏ឧត្តម អធិដ្ឋាន​នឹងការប្រកប​រឿយៗ ណា ក្នុងកុសលធម៌​ទាំងឡាយ​នោះថា ធ្វើម្តេចហ្ន៎ អាត្មាអញ​នឹងកំណត់​ដឹងទុក្ខ ដែលមិន​បានកំណត់​ដឹងហើយ នឹងលះបង់​កិលេស​ទាំងឡាយ ដែលមិន​ទាន់លះ នឹងចំរើន​មគ្គដែល​មិនទាន់​ចំរើន ឬនឹងធ្វើឲ្យ​ជាក់ច្បាស់ នូវនិរោធ​ ដែលមិនទាន់​ធ្វើឲ្យជាក់ ដូច្នេះ នេះឈ្មោះថា ការមិន​ប្រហែសក្នុង​កុសលធម៌​ទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) មានព្រួញដក​ហើយ ប្រព្រឹត្តមិន​ប្រហែស។

[៦៩] ពាក្យថា មិនបា្រថ្នានូវលោកនេះ និងលោកដទៃ សេចក្តីថា មិនបា្រថ្នា​លោក​នេះ គឺអត្តភាព​របស់ខ្លួន មិនបា្រថ្នា​លោកដទៃ គឺអត្តភាពដទៃ។ មិនបា្រថ្នា​លោកនេះគឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ​របស់ខ្លួន មិនបា្រថ្នា​លោកដទៃ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណដទៃ។ មិនបា្រថ្នា​លោកនេះ គឺអាយតនៈ​ខាងក្នុង ៦ មិនបា្រថ្នា​លោកដទៃ គឺអាយតៈ​ខាងក្រៅ ៦។ មិនបា្រថ្នា​លោកនេះ គឺមនុស្សលោក មិនបា្រថ្នា​លោកដទៃ គឺ​ទេវលោក។ មិនបា្រថ្នា​លោកនេះ គឺកាមធាតុ មិនបា្រថ្នា​លោកដទៃ គឺ​រូបធាតុ និង​អរូបធាតុ។ មិនបា្រថ្នា​លោកនេះ គឺកាមធាតុ រូបធាតុ មិនប្រាថ្នា​លោកដទៃ គឺអរូបធាតុ។ មិនប្រាថ្នា មិនត្រូវការ មិនត្រេកអរ មិនប៉ុនប៉ង មិនស្រឡាញ់ មិនជាប់ចិត្ត នូវគតិ ឧបបតិ្ត បដិសន្ធិ ភព សំសារ ឬវដ្តៈ​ទៀតទេ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនបា្រថ្នា​នូវលោកនេះ និង​លោកដទៃ។ ហេតុនោះ ព្រះមានព្រភាគ ត្រាស់ថា

មុនិកំណត់ដឹងសញ្ញាហើយ គប្បីឆ្លងឱឃៈបាន ជាអ្នកមិន​ប្រឡាក់​ក្នុងសេចក្តី​ហួងហែង​ទាំងឡាយ ជាអ្នកមាន​ព្រួញដកឡើង​ហើយ ប្រព្រឹត្ត​មិនប្រហែស មិន​បា្រថ្នា​នូវលោក​នេះ និងលោកដទៃ។

ចប់ គុហដ្ឋកសុត្តនិទេ្ទស ទី២។

ទុដ្ឋដ្ឋកសុត្តនិទេ្ទស ទី៣

[៧០] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) តិរ្ថិយពួកខ្លះ មានចិត្តខឹង ហើយ​ជេរ ពួក​ជនឯទៀត​មានចិត្ត​ជឿថាមែន រមែង​ជេរតាម តែព្រះពុទ្ធ​ជាមុនិ មិន​អើ​ពើ​នូវ​វាទៈ ដែល​កើត​ហើយ ព្រោះហេតុ​នោះ បង្គោល​គឺកិលេស របស់ព្រះពុទ្ធ​ជាមុនិ មិនមាន​ក្នុងទីណា​ទេ។

[៧១] ពាក្យថា តិរិ្ថយពួកខ្លះ មានចិត្តខឹងហើយជេរ គឺពួកតិរិ្ថយ​ទាំងនោះ មានចិត្ត​ខឹង មានចិត្ត​ប្រទូស្ត មានចិត្ត​អាក់អន់ មានចិត្ត​អាក់អន់​តប មានចិត្តបៀត​បៀ​ន មានចិត្ត​បៀតបៀនតប មានចិត្តគុំគួន មានចិត្ត​គុំគួនតប ហើយជេរ​ប្រទេច​នូវ​ព្រះមានព្រះភាគ​និងព្រះភិក្ខុសង្ឃ ​ដោយហេតុ​មិនពិត ហេតុនោះ (ទ្រង់​ត្រាស់ថា) តិរិ្ថយពួក​ខ្លះ មានចិត្ត​ខឹង ហើយជេរ។

[៧២] ពាក្យថា ពួកជនឯទៀត មានចិត្តជឿថាមែន រមែងជេរតាម គឺពួក​ជនណា​ជឿ ជឿស៊ប់ ចុះចិត្តស៊ប់ តាមពាក្យ​នៃតិរិ្ថយទាំង​នោះ មានចិត្ត​ជឿថាមែន មានសេចក្តី​សំគាល់​ថាមែន មានចិត្ត​ជឿបា្រកដ មានសេចក្តី​សំគាល់ថា បា្រកដ មានចិត្ត​ថាទៀង​ទាត់ មានសេចក្តី​សំគាល់ថា​ទៀងទាត់ មានចិត្ត​ថាពិត មានសេចក្តី​សំគាល់ថាពិត មាន​ចិត្តថា​មិនប្រែប្រួល មានសេចក្តី​សំគាល់ថា​មិនប្រែប្រួល ហើយជេរ​ប្រទេច​នូវព្រះមាន​ព្រះភាគ និងព្រះភិក្ខុ​សង្ឃ ដោយ​ហេតុមិនពិត ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនឯ​ទៀត មានចិត្ត​ជឿថាមែន រមែង​ជេរតាម។

[៧៣] ពាក្យថា ព្រះពុទ្ធជាមុនិ រមែងមិនអើពើ​នូវវាទៈ ដែលកើត​ឡើង គឺវាទៈ​នោះ កើត កើតព្រម កើតហើយ កើតចំពោះ​ហើយ កើតបា្រកដ​ហើយ ជាវាទៈ​លាន់កងរំពង អំពី​សំណាក់​បុគ្គលដទៃ ជាពាក្យ​ជេរប្រទេច​នូវព្រះមានព្រះភាគ និងព្រះភិក្ខុសង្ឃ ដោយ​ហេតុមិនពិត ហេតុនោះ (ទ្រង់ត្រាស់ថា) នូវវាទៈ​ដែលកើត​ហើយ។ ពាក្យថា ព្រះពុទ្ធ​ជាមុនិ រមែង​មិនអើពើ សេចក្តីថា ញាណ លោកហៅ​ថាមោនៈ បានដល់​បា្រជ្ញា ការដឹង​ច្បាស់។បេ។ សេចក្តី​មិនវង្វេង ការពិចារណា​ធម៌ សេចក្តី​ឃើញត្រូវ ​ព្រះពុទ្ធ​ជាមុនិ ប្រកប​ដោយញាណ​នោះ ឈ្មោះថា​ទ្រង់ដល់​នូវមោនៈ។បេ។ ព្រះមានព្រះភាគ​នោះ កន្លង​នូវ​បណ្តាញ​គឺសេចក្តី​ជាប់ ទើបឈ្មោះថា មុនិ។ បុគ្គលណា​អើពើ​នូវវាទៈ បុគ្គល​នោះ រមែងអើពើ​នូវវាទៈ​ដោយហេតុ​ ២ យ៉ាង។ គឺបុគ្គល​អ្នកបង្កទោស រមែង​អើពើ​នូវវាទៈ ព្រោះភាព​នៃខ្លួនជា​អ្នកបង្ក​ទោស ១។ មួយទៀត បុគ្គល​ត្រូវគេស្តី គេតិះដៀល រមែងខឹង គុំគួន តបត ធ្វើសេចក្តី​ក្រោធផង ទោសៈផង សេចក្តី​អាក់អន់ផង ឲ្យបា្រកដថា អញជា​អ្នក​មិន​បង្កទោស ១។ បុគ្គលណា​រមែងអើពើ​នូវវាទៈ បុគ្គលនោះ រមែងអើពើ​នូវវាទៈ ដោយ​ហេតុ ២ នេះឯង។ ព្រះពុទ្ធ​ជាមុនិ រមែងមិន​អើពើនូវវាទៈ ដោយហេតុ ២ យ៉ាង។ គឺព្រះពុទ្ធ​ជាអ្នកមិន​បង្កទោស រមែងមិន​អើពើនូវវាទៈ ព្រោះភាព​នៃព្រះអង្គ​ជា​អ្នកមិន​បង្កទោស ១។ មួយទៀត ព្រះពុទ្ធ កាលគេស្តី គេតិះដៀល រមែងមិនខឹង មិនគុំគួន មិន​តបត ទាំងមិនធ្វើ​សេចក្តី​ក្រោធផង ទោសៈផង សេចក្តី​អាក់អន់ផង ឲ្យបា្រកដថា អញ​ជា​​អ្នក​មិន​បង្កទោស ១។ ព្រះពុទ្ធ​ជាមុនិ រមែងមិន​អើពើ មិនរវល់ មិនកាន់យក មិន​ប៉ះពាល់ មិន​ប្រកាន់​ទុកនូវវាទៈ​ដោយហេតុ ២ នេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រះពុទ្ធ​ជាមុនិ រមែង​មិនអើពើ​នូវវាទៈ​ដែលកើត​ហើយ។

[៧៤] អធិប្បាយពាក្យថា ព្រោះហេតុនោះ បង្គោលគឺកិលេស​របស់​ព្រះពុទ្ធ​ជាមុនិ មិនមាន​ក្នុងទីណា​ទេ ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះ​ដំណើរនោះ ព្រោះការណ៍​នោះ ព្រោះ​ហេតុនោះ ព្រោះ​បច្ច័យនោះ ព្រោះ​និទាននោះ ព្រះពុទ្ធ​ជាមុនិ មិនមាន​ព្រះហ្ឫទ័យ​ត្រូវកិលេស​បៀតបៀន ឬបង្គោល​ គឺកិលេស​កើតហើយទេ។ ចេតោខីលៈ (បង្គោលគឺ កិលេស​របស់ចិត្ត) ៥ យ៉ាង ក៏មិនមាន​ ខីលៈ ៣ យ៉ាង គឺរាគខីលៈ ទោសខីលៈ មោហខីលៈ មិនមាន អង្គឺមាន ឥតមាន លែងកើតមាន​ គឺព្រះពុទ្ធជាមុនិ បានលះបង់ ផ្តាច់​ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ មិនគួរ​ដល់ការ​កើតទៀត ដុតដោយ​ភ្លើង គឺ​ញាណ​​ហើយ។ ពាក្យ​ថា ក្នុងទី​ណាមួយ គឺក្នុងកន្លែង​ណាមួយ ក្នុងតំបន់ណាមួយ ក្នុងទីខ្លះ ខាងក្នុងក្តី ខាងក្រៅក្តី ទាំងខាង​ក្នុងខាងក្រៅក្តី ហេតុដូច្នោះ (ទ្រង់ត្រាស់ថា) ហេតុនោះ បង្គោលគឺ​កិលេស របស់​ព្រះពុទ្ធ​ជាមុនិ មិនមាន​ក្នុងទីណាទេ។ ហេតុនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា

តិរិ្ថយពួកខ្លះ មានចិត្តខឹង ហើយជេរ ពួកជនឯទៀត មានចិត្ត​ជឿថាមែន រមែង​ជេរតាម​ តែព្រះពុទ្ធ​ជាមុនិ មិន​អើពើ​នូវវាទៈដែល​កើតហើយ ព្រោះហេតុនោះ បង្គោល​គឺកិលេស​របស់ព្រះពុទ្ធ​ជាមុនិ មិនមាន​ក្នុងទីណាទេ។

[៧៥] បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួន ដោយប្រការ​ដូចម្តេច​បាន បុគ្គល​ដែលត្រូវ​សេចក្តី​បា្រថ្នាដឹកនាំ ឋិតនៅស៊ប់​ក្នុងសេចក្តី​ពេញចិត្ត រមែងធ្វើ​នូវទិដ្ឋិ​ទាំងឡាយ ឲ្យគ្រប់​គ្រាន់​ដោយខ្លួនឯង ដឹងយ៉ាងណា​ ក៏ពោលយ៉ាងនោះ។

[៧៦] ពាក្យថា បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួនដោយ​ប្រការ​ដូចម្តេចបាន អធិប្បាយ​ថា ពួកតិរិ្ថយណា មានទិដ្ឋិ​យ៉ាងនេះ មានសេចក្តី​គួរយ៉ាងនេះ មានសេចក្តី​ពេញ​ចិត្តយ៉ាងនេះ មានលទ្ធិ​យ៉ាងនេះ មាន​អធ្យាស្រ័យ​យ៉ាងនេះ មានសេចក្តី​ប៉ុនប៉ង​យ៉ាង​នេះថា ពួកយើងនឹង​សម្លាប់នាង​សុន្ទរីបរិព្វាជិកា ហើយ​ប្រកាសទោស​របស់ពួក​សមណ​សក្យបុត្តិយ៍ កាលបើ​ធ្វើយ៉ាងនេះ ពួកយើងនឹង​ប្រមូលយក​នូវលាភ យស សក្ការៈ និងសេចក្តី​រាប់អាន​នុ៎ះបាន ទើបពួក​តិរិ្ថយទាំងនោះ មិនអាច​នឹងកន្លងនូវ​ទិដ្ឋិ​របស់ខ្លួន សេចក្តី​គួររបស់​ខ្លួន សេចក្តី​ពេញចិត្ត​របស់ខ្លួន លទ្ធិរបស់​ខ្លួន​ អធ្យាស្រ័យ​របស់ខ្លួន សេចក្តី​ប៉ុនប៉ង​របស់ខ្លួន​បានឡើយ។ តាមពិត ការមិនមាន​យសនោះឯង ក៏ត្រឡប់​មកដល់​ពួកតិរិ្ថយ​នោះវិញទេ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គល​គប្បីកន្លង​នូវ​ទិដ្ឋិរបស់​ខ្លួនដោយ​ប្រការ​ដូចម្តេចបាន យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលណា​មានវាទៈ យ៉ាងនេះថា លោក គឺអត្តភាព​ទៀងទាត់ ការឃើញ​នេះឯង ជាការពិត ការឃើញ​ដទៃជា​មោឃៈ បុគ្គលនោះ គប្បីកន្លង ឈានកន្លង កន្លងផុត ប្រព្រឹត្តកន្លង​នូវទិដ្ឋិរបស់ខ្លួន សេចក្តី​គួរ​របស់ខ្លួន សេចក្តី​ពេញចិត្ត​របស់ខ្លួន លទិ្ធ​របស់ខ្លួន អធ្យាស្រ័យ​របស់ខ្លួន សេចក្តី​ប៉ុនប៉ង​របស់ខ្លួន ដោយ​ប្រការ​ដូចម្តេចបាន។ ដំណើរនោះ ព្រោះហេតុអ្វី។ (ព្រោះ​ថា) ទិដ្ឋិនោះ ដែលបុគ្គល​នោះធ្វើឲ្យ​ពេញលេញ សមាទាន កាន់យក ស្ទាបអង្អែល ឋិតនៅ​ស៊ប់ ជ្រុលជ្រប់ ចុះចិត្ត​ស៊ប់ហើយ ដោយ​ប្រការ​ដូច្នោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលគប្បី​កន្លងនូវ​ទិដ្ឋិរបស់ខ្លួន ដោយ​ប្រការ​ដូចម្តេចបាន យ៉ាងនេះខ្លះ។ បុគ្គលណា​មាន​វាទៈយ៉ាងនេះថា លោកទៀងទាត់ លោកមិន​ទៀងទាត់ លោកមាន​ទីបំផុត លោក​មិន​មាន​ទីបំផុត ជីវិតនោះ សរីរៈនោះ ជីវិតដទៃ សរីរៈដទៃ សត្វស្លាប់ទៅ រមែង​កើតទៀត សត្វ​ស្លាប់ទៅ រមែងមិន​កើតទៀត សត្វស្លាប់​ទៅកើត​ទៀតខ្លះ មិនកើត​ទៀតខ្លះ សត្វ​ស្លាប់ទៅ កើតទៀត​ក៏មិនមែន មិនកើត​ទៀតក៏មិនមែន ការឃើញ​នេះឯង ជាការពិត ការឃើញ​ដទៃ ជាមោឃៈ ​បុគ្គលនោះ គប្បីកន្លង ឈានកន្លង កន្លងផុត ប្រព្រឹត្ត​កន្លងនូវ​ទិដ្ឋិរបស់ខ្លួន សេចក្តីគួរ​របស់ខ្លួន សេចក្តីពេញ​ចិត្តរបស់ខ្លួន លទ្ធិរបស់ខ្លួន អធ្យាស្រ័យ​របស់ខ្លួន សេចក្តី​ប៉ុនប៉ងរបស់ខ្លួន ដោយ​ប្រការ​ដូចម្តេចបាន។ ដំណើរនោះ តើព្រោះ​ហេតុដូចម្តេច។ (ព្រោះថា) ទិដ្ឋិនោះ ដែលបុគ្គល​នោះធ្វើឲ្យ​ពេញលេញ សមាទាន កាន់យក ស្ទាប​អង្អែល ឋិតនៅស៊ប់ ជ្រុលជ្រប់ ចុះចិត្ត​ស៊ប់ហើយដូច្នោះ ហេតុនោះ (ទ្រង់ត្រាស់​ថា) បុគ្គលគប្បី​កន្លងនូវ​ទិដ្ឋិរបស់ខ្លួន ដោយប្រការ​ដូចម្តេចបាន យ៉ាងនេះ​ខ្លះ។

[៧៧] អធិប្បាយពាក្យថា បុគ្គលដែលត្រូវសេចក្តីបា្រថ្នា​ដឹកនាំ ឋិតនៅស៊ប់ ក្នុង​សេចក្តី​ពេញចិត្ត ត្រង់ពាក្យថា បុគ្គលដែល​ត្រូវសេចក្តី​បា្រថ្នាដឹកនាំ គឺបុគ្គល​ដែលត្រូវ​ទិដ្ឋិរបស់​ខ្លួន សេចក្តី​គួររបស់​ខ្លួន សេចក្តីពេញ​ចិត្តរបស់ខ្លួន លទិ្ធរបស់ខ្លួន​នាំទៅ នាំចេញ​ទៅ បន្សាត់ទៅ ប្រមូលទៅ។ បុគ្គល​ដែលហត្ថិយាន ឬរថយាន អស្សយាន ឬគោយាន អជយាន ឬមេណ្ឌកយាន ឱដ្ឋយាន ឬខរយាន (យានដែល​ទឹមដោយលា) នាំទៅ នាំ​ចេញទៅ បំផាយទៅ ប្រមូលទៅ យ៉ាងណាមិញ បុគ្គលដែល​ត្រូវទិដ្ឋិ​របស់ខ្លួន សេចក្តី​គួរ​របស់ខ្លួន សេចក្តី​ពេញចិត្ត​របស់ខ្លួន លទ្ធិរបស់​ខ្លួន នាំទៅ នាំចេញទៅ បន្សាត់ទៅ ប្រមូល​ទៅ ក៏យ៉ាង​នោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដែល​ត្រូវសេចក្តី​បា្រថ្នា ដឹកនាំ។ ពាក្យថា ឋិតនៅស៊ប់ ក្នុងសេចក្តី​ពេញចិត្ត គឺឋិត​នៅស៊ប់ តាំងនៅស៊ប់​ ជាប់​ស្អិត ប្រកាន់ស៊ប់ ជ្រុលជ្រប់ ចុះស៊ប់ ក្នុងទិដ្ឋិ​របស់ខ្លួន ក្នុងសេចក្តី​គួររបស់ខ្លួន ក្នុង​សេចក្តី​ពេញចិត្ត​របស់ខ្លួន ក្នុងលទ្ធិ​របស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គល​ដែលត្រូវ​សេចក្តី​បា្រថ្នា​ដឹកនាំ ឋិតនៅស៊ប់​ក្នុងសេចក្តី​ពេញចិត្ត។

[៧៨] ពាក្យថា រមែងធ្វើនូវទិដ្ឋិទាំងឡាយ ឲ្យគ្រប់គ្រាន់​ដោយខ្លួន​ឯង គឺរមែងធ្វើ​នូវទិដិ្ឋ​ឲ្យគ្រប់គ្រាន់ ធ្វើឲ្យ​បរិបូណ៌ ធ្វើមិន​ឲ្យខ្វះខាត ធ្វើឲ្យខ្ពស់ ឲ្យប្រសើរ ឲ្យវិសេស ឲ្យ​ជា​ប្រធាន ឲ្យឧត្តម ឲ្យថ្លៃថ្លា​ដោយខ្លួនឯង បុគ្គល​រមែងធ្វើ​នូវទិដ្ឋិឲ្យ​គ្រប់គ្រាន់ ធ្វើឲ្យ​បរិបូណ៌ ធ្វើមិនឲ្យ​ខ្វះខាត ធ្វើឲ្យខ្ពស់ ឲ្យប្រសើរ ឲ្យវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យ​ថ្លៃថ្លា​ដោយខ្លួន​ឯងថា សាស្តានេះ ជាសព្វញ្ញូ ធ្វើនូវទិដ្ឋិ​ឲ្យគ្រប់គ្រាន់ ធ្វើឲ្យ​បរិបូណ៌ ធ្វើ​ឲ្យមិន​ខ្វះខាត ធ្វើឲ្យខ្ពស់ ឲ្យប្រសើរ ឲ្យវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យថ្លៃថ្លា រមែង​ញុំាងទិដ្ឋិ​ឲ្យកើត ឲ្យកើតព្រម ឲ្យកើតឡើង ឲ្យកើតបា្រកដ ដោយខ្លួន​ឯងថា នេះជាធម៌​ដែលខ្លួន​សំដែង​ល្អហើយ នេះជាគណៈ​ប្រតិបត្តិ​ល្អហើយ នេះជាទិដ្ឋិ​ដ៏ប្រសើរ នេះជា​បដិបទា​ដែលបញ្ញត្ត​ល្អហើយ នេះជាមគ្គ ជាឧបាយ​ស្រោចស្រង់​សត្វ ហេតុ​នោះ (ទ្រង់​ត្រាស់ថា) បុគ្គលធ្វើ​នូវទិដិ្ឋ​ទាំងឡាយ ឲ្យគ្រប់គ្រាន់​ដោយខ្លួនឯង។

[៧៩] ពាក្យថា បុគ្គលដឹងយ៉ាងណា តែងពោលយ៉ាងនោះ គឺបុគ្គល​ដឹងយ៉ាងណា តែងពោល សំដែង បរិយាយ បំភ្លឺ និយាយ​បញ្ចេញ​យ៉ាងនោះ។ បុគ្គលដឹង​យ៉ាងណាថា លោកទៀងទាត់ ការឃើញ​នេះឯង ជាការពិត ការឃើញ​ដទៃ ជាមោឃៈ ដូច្នេះ គប្បី​ពោល​សំដែង និយាយ បំភ្លឺ និយាយ​បញ្ចេញ​យ៉ាងនោះ។ បុគ្គលដឹង​យ៉ាងណាថា លោក​មិនទៀងទាត់។បេ។ សត្វស្លាប់​ទៅកើតទៀត ក៏មិនមែន មិនមែន​កើតទៀត ក៏មិន​មែន ការឃើញ​នេះឯង ជាការពិត ការឃើញដទៃ ជាមោឃៈ ​ដូច្នេះ​​ គប្បីពោល សំដែង និយាយ បំភ្លឺ និយាយ​បញ្ចេញ​យ៉ាងនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដឹង​យ៉ាងណា ពោលយ៉ាងនោះ។ ហេតុនោះ ព្រះមានបុណ្យ​ត្រាស់ថា

បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួន ដោយប្រការ​ដូចម្តេចបាន បុគ្គលដែល​ត្រូវ​សេចក្តី​​ប្រាថ្នាដឹកនាំ ឋិតនៅ​ស៊ប់​ក្នុងសេចក្តីពេញចិត្ត​​ រមែងធ្វើនូវ​ទិដ្ឋិទាំងឡាយ ឲ្យ​គ្រប់គ្រាន់​ដោយខ្លួនឯង​ ដឹងយ៉ាងណា ក៏ពោល​យ៉ាងនោះ។

[៨០] ជនណា ដែលគេមិនបានសាកសួរ​ នូវសីល និងវត្ត​របស់ខ្លូន ហើយ​ពោល​អួត​ប្រាប់ពួក​បុគ្គលដទៃ ជនអ្នកឈ្លាសវៃ​ទាំងឡាយ ពោលនូវជន ដែល​ពោល​អួត​​ខ្លួន ​ដោយខ្លួន​ឯងនោះ ថាជាអ្នក​មិនមាន​អរិយធម៌។

[៨១] អធិប្បាយពាក្យថា ជនណា (ដែលគេមិនបានសាកសួរ) នូវសីល និងវត្ត​របស់ខ្លួន ត្រង់ពាក្យថា ណា គឺ ជនណា បែបណា ​ប្រកបដោយ​ប្រការណា តាំងនៅ​ដោយ​​ប្រការណា មានប្រការ​យ៉ាងណា ដល់នូវឋានៈ​បែបណា ប្រកបដោយ​ធម៌ណា ទោះ​ជាក្សត្រ ឬព្រាហ្មណ៍ វេស្សៈ ឬសូទ្រៈ គ្រហស្ថ ឬបព្វជិត ទេវតា ឬមនុស្ស។ ពាក្យថា សីល និងវត្ត គឺ​សីសផង​ វត្តផងក៏មាន វត្ត មិនមែន​សីលក៏មាន។

សីស និងវត្ត តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីស សង្រួមក្នុង​បាតិមោក្ខ​សំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរៈ ឃើញភ័យ​ក្នុងទោស​ទាំងឡាយ ដែល​​មានប្រមាណ​តិច សមាទាន​សិក្សាក្នុង​សិក្ខាបទ​ទាំងឡាយ ការសង្រួម ការរវាំង ការមិន​ប្រព្រឹត្តិកន្លង​ណា ​ក្នុងសិក្ខាបទ​ទាំងឡាយ​នោះ នេះឈ្មោះថា ​សីស។ ការកាន់​យក​ដោយប្រពៃណា នោះឈ្មោះថា វត្ត។ សីលដោយ​អត្ថថា សង្រួម វត្ត​ដោយអត្ថថា ការកាន់​យកដោយ​ប្រពៃ នេះលោក​ហៅថា ​សីលផង វត្តផង។

វត្តមិនមែនសីល តើដូចម្តេច។ ធុតង្គវត្ត ៨ គឺ អារញ្ញិកង្គៈ បិណ្ឌបាតិកង្គៈ បំសុកូលិកង្គៈ តេចីវរិកង្គៈ សបទានចារិកង្គៈ ខលុបច្ឆាភត្តិកង្គៈ នេសជ្ជិកង្គៈ យថាសន្ថតិកង្គៈ នេះលោក​ហៅថា វត្ត មិន​មែនសីល។ សូម្បីការ​កាន់យក​ដោយប្រពៃ ដោយ​វីរិយៈ លោកហៅ​ថាវត្ត មិនមែន​សីលដែរ។ បុគ្គល​ផ្គងចិត្ត តម្កល់ចិត្តថា ស្បែក​សសៃ និងឆ្អឹង ចូរ​សល់នៅចុះ ឯសាច់ និងឈាម​ក្នុងសរីរៈ ចង់រីងស្ងួត​ទៅក៏ដោយ​ចុះ ហេតុ​ណា​ដែល​អញគួរដល់ ដោយ​សេចក្ដីសង្វាត​នៃបុរស ដោយកម្លាំង​នៃបុរស ដោយ​ព្យាយាម​នៃបុរស ដោយ​សេចក្តី​ប្រឹងប្រែង​នៃបុរស បើការមិន​សម្រេចនូវ​ហេតុនោះទេ នឹងមិន​បពា្ឈប់នូវ​ព្យាយាម​ឡើយ ការកាន់​យកដោយ​ប្រពៃ ដោយ​វីរិយៈ​មានសភាព​យ៉ាង​នេះ ក៏លោក​ហៅថា វត្ត មិនមែនសីល។ បុគ្គល​ផ្គូរផ្គងចិត្ត តម្កល់ចិត្តថា ចិត្តអាត្មា​អញ​នឹងមិនទាន់​រួចចាកអាសវៈ​ទាំងឡាយ ព្រោះមិន​ប្រកាន់​មាំ ដរាបណា អាត្មាអញ​ នឹង​មិន​ដោះភ្នែន​នេះចេញ ដរាបនោះ​ ការកាន់​យកដោយ​ប្រពៃ ដោយវីរិយៈ​មាន​សភាព​យ៉ាង​នេះ​​ ក៏លោក​ហៅថា វត្ត មិនមែនសីល។ បុគ្គល​ផ្គងចិត្ត ដម្កល់ចិត្តថា

កាលបើសរ គឺតណ្ហា ដែលអាត្មាដកមិនទាន់​បានទេ អាត្មា​នឹងមិនបរិភោគ នឹងមិន​ផឹក នឹងមិនចេញ អំពីលំនៅ នឹងមិន​ទម្រេតកាយ​ទេ

ការកាន់យកដោយប្រពៃ ដោយវីរិយៈ មានសភាព​យ៉ាងនេះ ក៏លោក​ហៅថា វត្ត មិនមែន​សីល។ បុគ្គលផ្គង​ចិត្ត តម្កល់ចិត្តថា ចិត្តរបស់​អាត្មាអញ មិនទាន់​រួចចាក​អាសវៈ​ទាំងឡាយ ព្រោះមិន​ប្រកាន់មាំ ដរាបណា ដរាបនោះ អាត្មាអញ​នឹងមិន​ក្រោក​អំពី​អាសនៈ មិនចុះ​អំពីទីចង្រ្កម មិនចេញ​អំពីវិហារ មិនចេញ​អំពីអឌ្ឍយោគៈ មិនចេញ​អំពីបា្រសាទ មិនចេញ​អំពីផ្ទះ​មានដំបូល មិនចេញ​អំពីគុហា មិនចេញ​អំពីលេនដ្ឋាន មិនចេញ​អំពីកុដិ មិន​ចេញអំពីផ្ទះ​មានកំពូល មិនចេញ​អំពីជម្រំ មិនចេញ​អំពីរោង មិនចេញ​អំពីលំនៅ​ដ៏បែ្លក មិនចេញ​អំពីឧបដ្ឋាន​សាលា មិនចេញ​អំពីមណ្ឌប មិនចេញ​អំពីគល់​ឈើនេះទេ ការ​កាន់​យក​​ដោយប្រពៃ ដោយវីរិយៈ​មាន​សភាព​យ៉ាងនេះ ក៏លោក​ហៅថា វត្ត មិនមែនសីល។ បុគ្គលផ្គងចិត្ត តម្កល់ចិត្តថា អាត្មាអញ​នឹងនាំមក ប្រមូលមក សម្រេច ពាល់ត្រូវ ធ្វើឲ្យ​ជាក់ច្បាស់ នូវអរិយធម៌​ក្នុងបុព្វណ្ហសម័យ​នេះឯង ការកាន់​យកដោយ​ប្រពៃ ដោយ​វីរិយៈ​មានសភាព​យ៉ាងនេះ ក៏លោក​ហៅថា វត្ត មិនមែនសីល។ បុគ្គល​ផ្គងចិត្ត តម្កល់ចិត្តថា អាត្មាអញ​នឹងនាំមក ប្រមូលមក សម្រេច ពាល់ត្រូវ ធើ្វឲ្យ​ជាក់ច្បាស់ នូវអរិយធម៌ ក្នុងសម័យថ្ងៃ​ត្រង់នេះឯង ក្នុងសម័យ​ថ្ងៃរសៀល ក្នុងវេលា​មុនភត្ត ក្នុងវេលា​ក្រោយ​ភត្ត ក្នុងយាម​ជាខាងដើម ក្នុងយាម​ជាកណ្តាល ក្នុងយាម​ជា​ទីបំផុត ក្នុងកាល​ខាងរនោច ក្នុងកាល​ខាងខ្នើត ក្នុងវស្សានរដូវ ក្នុង​ហេមន្តរដូវ ក្នុង​គិម្ហរដូវ ក្នុងចំណែក​នៃវ័យជា​ខាងដើម ក្នុងចំណែក​នៃវ័យជា​កណ្តាល ក្នុង​ចំណែក​នៃ​វ័យជាទី​បំផុត​ ការកាន់​យកដោយ​ប្រពៃ ដោយវីរិយៈ​មានសភាព​យ៉ាងនេះ ក៏លោក​ហៅថា វត្ត មិនមែនសីល។ ពាក្យថា ជន គឺសត្វ នរៈ មាណព បុរស បុគ្គល សត្វមាន​ជីវិត សត្វ​មានជាតិ សត្វមានជរា សត្វទៅ​ដោយឥន្ទ្រិយ សត្វកើត​អំពី​មនុស្ស ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនណា (ដែលគេ​មិនបាន​សាកសួរ) នូវសីល និងវត្ត​របស់ខ្លួន។

[៨២] អធិប្បាយពាក្យថា ជនណា​ ដែលគេមិនបានសាកសួរ ហើយពោលអួត ប្រាប់បុគ្គល​ដទៃ ត្រង់ពាក្យថា បុគ្គលដទៃ បានដល់​ ជនដទៃ​គឺ ក្សត្រ ព្រាហ្មណ៍ វេស្សៈ សូទ្រៈ គ្រហស្ថ បព្វជិត ទេវតា មនុស្ស​ទាំងឡាយ។ ពាក្យថា ដែលគេ​មិនបាន​សាកសួរគឺ ដែលគេមិន​បានដណឹ្តង មិនបានសួរ មិនបាន​អារាធនា មិនបាន​អញ្ជើញ មិនបាន​ឲ្យជ្រះថ្លា។ ពាក្យថាពោលអួត គឺផ្តើមនិយាយ​នូវសីល ឬវត្ត ឬក៏សីល និងវត្ត​របស់ខ្លួន។ បុគ្គលផ្តើមនិយាយ សំដែង ពោល បំភ្លឺ បញ្ចេញថា អាត្មាជាអ្នក​បរិបូណ៌​ដោយសីលក្តី ​ថា​បរិបូណ៌​ដោយវត្តក្តី ថាបរិបូណ៌​ដោយសីល និងវត្តក្តី ដោយ​ជាតិក្តី ដោយ​គោត្រក្តី ដោយ​ភាពនៃ​ខ្លួន​ជាកូនអ្នក​មានត្រកូលក្តី ដោយភាព​នៃខ្លួនមាន​សម្បុរល្អក្តី ដោយ​ទ្រព្យ​ក្តី ដោយការ​រៀនសូត្រក្តី ដោយ​ការងារក្តី ដោយ​សិល្បៈក្តី ដោយថ្នាក់​នៃវិជ្ជាក្តី ដោយ​សុតៈក្តី ដោយការ​វាងវៃក្តី ដោយវត្ថុ​ណាមួយក្តី ថាជាអ្នក (ចេញ) អំពី​ត្រកូលខ្ពស់ ហើយ​បួសក្តី ថា (ចេញ) អំពីត្រកូល​ដ៏ប្រសើរ ហើយបួសក្តី ថា (ចេញ) អំពី​ត្រកូល មាន​ទ្រព្យ​ច្រើន​ ហើយ​បួសក្តី ថា (ចេញ) អំពីត្រកូល​មានទ្រព្យ​លើសលុប ហើយបួសក្តី ថាជា​អ្នក​មានយស​ល្បីល្បាញ​ជាងគ្រហស្ថ និងបព្វជិតទាំងឡាយក្តី ថាអាត្មាអញ​ជាអ្នក​មាន​លាភ​ចំពោះ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ក្តី ថាជាអ្នក​ចេះព្រះ​សូត្រក្តី ថាជាអ្នក​ទ្រទ្រង់វិន័យ​ក្តី ថាជាធម្មកថិក​ក្តី ថាជាអ្នក​កាន់​អារញ្ញិកធុតង្គ​ក្តី កាន់​បិណ្ឌបាតិកធុតង្គ​ក្តី កាន់បំសុកូលិកធុតង្គក្តី កាន់​តេចីវរិកធុតង្គក្តី កាន់​សបទានចារិក​ធុតង្គ​ក្តី កាន់ខលុបច្ឆាភត្តិកធុតង្គក្តី កាន់នេសជ្ជិកធុតង្គក្តី កាន់សន្ថតិកធុតង្គក្តី ថាជាអ្នក​បាន​បឋមជ្ឈានក្តី បាន​ទុតិយជ្ឈានក្តី បាន​តតិយជ្ឈានក្តី បាន​ចតុត្ថជ្ឈានក្តី បាន​អាកាសានញ្ចា​យតនសមាបត្តិ​ក្តី បានវិញ្ញាណញ្ចា​យតនសមាបត្តិក្តី បាន​អាកិញ្ចញ្ញា​យតនសមាបត្តិក្តី បាននេវសញ្ញា​នាសញ្ញាយតន​សមាបត្តិក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ជន​ណា​ដែលគេមិន​ទាន់សាកសួរ ហើយពោល​អួតបា្រប់​បុគ្គលដទៃ។

[៨៣] អធិប្បាយពាក្យថា ជនអ្នកឈ្លាសវៃទាំងឡាយ ពោលនូវ​ជននោះថា ជាអ្នក​មិនមាន​អរិយធម៌ ត្រង់ពាក្យថា ជនអ្នក​ឈ្លាសវៃ គឺជន​ទាំងឡាយណា ជាអ្នក​ឈ្លាសវៃ​ក្នុងខន្ធ ឈ្លាសវៃ​ក្នុងធាតុ ឈ្លាសវៃ​ក្នុងអាយតនៈ ឈ្លាសវៃក្នុង​បដិច្ចសមុប្បាទ ឈ្លាសវៃ​ក្នុង​​សតិប្បដ្ឋាន ឈ្លាសវៃក្នុង​សម្មប្បធាន ឈ្លាសវៃក្នុង​ឥទ្ធិបាទ ឈ្លាសវៃ​ក្នុង​ឥន្រ្ទិយ ឈ្លាសវៃ​ក្នុងពលៈ ឈ្លាសវៃ​ក្នុងពោជ្ឈង្គ ឈ្លាសវៃ​ក្នុងមគ្គ ឈ្លាសវៃ​ក្នុងផល ឈ្លាសវៃក្នុង​ព្រះនិពា្វន ពួកអ្នក​ឈ្លាសវៃ​នោះ បានពោល​យ៉ាងនេះថា នុ៎ះជា​ធម៌របស់​ពួកជន​មិនមែន​ជាអរិយៈ នុ៎ះមិន​មែនជា​ធម៌របស់​ពួកអរិយៈ នុ៎ះជាធម៌​របស់ពួក​ពាល នុ៎ះមិនមែន​ធម៌​របស់ពួក​បណ្ឌិត នុ៎ះជាធម៌​របស់ពួក​អសប្បុរស នុ៎ះមិនមែន​ជាធម៌​របស់ពួក​សប្បុរស ពួកជន​អ្នកឈ្លាសវៃ បានពោល​យ៉ាងនេះហើយ សំដែង​យ៉ាងនេះ និយាយ​យ៉ាងនេះ បំភ្លឺយ៉ាង​នេះ បញ្ចេញ​យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នក​ឈ្លាសវៃ​ទាំងឡាយ បានពោល​នូវជននោះថា ជាអ្នកមិន​មានអរិយធម៌។

[៨៤] ពាក្យថាជនណា ពោលអួតខ្លួនដោយ​ខ្លួនឯង អធិប្បាយថា អត្តា លោក​ពោលថា ខ្លួន។ ពាក្យថា ពោលអួត​ដោយខ្លួន​ឯង គឺបុគ្គល​ពោលអួត​ខ្លួនដោយ​ខ្លួនឯង គឺថា ពោលអួត សំដែង និយាយ បំភ្លឺ បញ្ចេញថា អាត្មាអញ​ជាអ្នក​បរិបូណ៌​ដោយសីលក្តី ថាបរិបូណ៌​ដោយវត្តក្តី ថាបរិបូណ៌​ដោយសីល និងវត្តក្តី ដោយជាតិក្តី ដោយគោត្រក្តី ដោយ​ភាពនៃខ្លួន​ជាកូនអ្នក​មានត្រកូលក្តី ដោយភាព​នៃខ្លួន​មានសម្បុរ​ល្អក្តី ដោយ​ទ្រព្យក្តី ដោយការ​រៀនសូត្រក្តី ដោយ​ការងារក្តី ដោយ​សិល្បៈក្តី ដោយថ្នាក់​នៃវិជ្ជាក្តី ដោយ​សុតៈ​ក្តី ដោយការ​វាងវៃក្តី ដោយវត្ថុណា​មួយក្តី ថាជាអ្នក (ចេញ) អំពីត្រកូល​ខ្ពស់ ហើយ​បួសក្តី ថា (ចេញ) អំពីត្រកូល​ដ៏ប្រសើរ​ហើយ​បួសក្តី ថា (ចេញ) អំពី​ត្រកូលមាន​ទ្រព្យច្រើន​ ហើយបួស​ក្តី ថា (ចេញ) អំពីត្រកូល​មានទ្រព្យ​លើសលុប​ ហើយ​បួសក្តី ថាជាអ្នកមាន​យសល្បីល្បាញ​ជាងគ្រហស្ថ និងបព្វជិតទាំង​ឡាយក្តី ថាអាត្មា​ជាអ្នកមាន​លាភ ចំពោះចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជៈបរិក្ខារក្តី ថាជា​អ្នកចេះ​ព្រះសូត្រក្តី ថាជាអ្នក​ទ្រទ្រង់​វិន័យក្តី ថាជា​ធម្មកថិក​ក្តី ថាជាអ្នក​កាន់​អារញ្ញិកធុតង្គក្តី កាន់បិណ្ឌបាតិកធុតង្គ​ក្តី កាន់បំសុកូលិកធុតង្គ​ក្តី កាន់តេចីវរិកធុតង្គ​ក្តី កាន់​សបទានចារិក​ធុតង្គ​​ក្តី កាន់​ខលុបច្ឆាភត្តិកធុតង្គ​ក្តី កាន់​នេសជ្ជិកធុតង្គ​ក្តី កាន់​យថាសន្ថតិកធុតង្គ​ក្តី ថាជាអ្នក​បានបឋមជ្ឈាន​ក្តី បាន​ទុតិយជ្ឈានក្តី បាន​តតិយជ្ឈានក្តី បាន​ចតុត្ថជ្ឈានក្តី បាន​អាកាសានញ្ចា​យតនសមាបត្តិក្តី បានវិញ្ញាណញ្ចា​យតនសមាបត្តិ​ក្តី បាន​អាកិញ្ចញ្ញា​យតនសមាបត្តិ​ក្តី បាន​នេវសញ្ញា​នាសញ្ញាយតន​សមាបត្តិក្តី ព្រោះ​ហេតុនោះ (ទ្រង់ត្រាស់​ថា) ជនណា ពោល​អួតខ្លួន​ដោយខ្លួនឯង។ ហេតុនោះ ព្រះមានព្រះភាគ​ ត្រាស់ថា

ជនណា ដែលគេមិនបានសាកសួរនូវសីល និងវត្តរបស់​ខ្លួន ហើយពោល​អួតប្រាប់​ពួកបុគ្គល​ដទៃ ជនអ្នក​ឈ្លាសវៃ​ទាំងឡាយ​ពោលនូវជន​ដែលពោល​អួតខ្លួន ដោយខ្លួន​ឯងនោះ ថាជាអ្នក​មិនមាន​អរិយធម៌។

[៨៥] ភិក្ខុណាជាអ្នកស្ងប់រម្ងាប់ផង អ្នកមានចិត្តរលត់​ផង អ្នកមិន​អួតអាង​ចំពោះ​សីល​ទាំងឡាយថា ​អាត្មាអញ​ដូច្នេះផង កិលេស​ដ៏ក្រាស់​ណាមួយ​ក្នុងលោក នៃភិក្ខុណា មិនមាន​ផង ជនអ្នកឈ្លាស​វៃទាំងឡាយ រមែង​ពោល​នូវភិក្ខុ​នោះថា ជាអ្នកមាន​អរិយធម៌។

[៨៦] អធិប្បាយពាក្យថា ភិក្ខុណាជាអ្នកស្ងប់រម្ងាប់ផង អ្នកមានចិត្ត​រលត់ផង ត្រង់​ពាក្យថា អ្នក​ស្ងប់រម្ងាប់ គឺអ្នក​ស្ងប់រម្ងាប់ ព្រោះជា​អ្នកស្ងប់​រម្ងាប់រាគៈ អ្នក​ស្ងប់រម្ងាប់ ព្រោះជា​អ្នកស្ងប់​រម្ងាប់ទោសៈ អ្នកស្ងប់​រម្ងាប់ ព្រោះជាអ្នក​ស្ងប់រម្ងាប់​មោហៈ អ្នកស្ងប់​រម្ងាប់ ចូលទៅ​ជិតស្ងប់ រំលត់​ រលាស់ចេញ ព្រោះជាអ្នក​ស្ងប់រម្ងាប់ ចូលទៅ​ជិតស្ងប់ ដុត រំលត់ បា្រសចេញ រលាស់ចេញ​នូវកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់​ក្រវាយ​ទាំងពួង សេចក្តី​ក្រហល់​ក្រហាយ​ទាំងពួង សេចក្តី​ក្តៅក្រហាយ​ទាំងពួង ការតាក់​តែងនូវ​អកុសល​ទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នក​ស្ងប់រម្ងាប់។ ពាក្យថា ភិក្ខុ​ គឺឈ្មោះថា ភិក្ខុ ព្រោះទំលាយ​ចោល​នូវធម៌ទាំង ៧។ គឺជាអ្នក​ទម្លាយ​សក្កាយទិដ្ឋិ ទម្លាយ​វិចិកិច្ឆា ទម្លាយ​សីលព្វត្តបរាមាសៈ ទម្លាយរាគៈ ទម្លាយ​ទោសៈ ទម្លាយ​មោហៈ ទម្លាយ​មានះ។ ពួកអកុសលធម៌​ដ៏លាមក ប្រកបដោយ​សេចក្តី​សៅហ្មង ប្រព្រឹត្ត​ទៅក្នុង​ភពថ្មី ប្រកប​ដោយការ​ក្រវល់ក្រវាយ មានផល​ជាទុក្ខ មានជាតិ ជរា មរណៈ​ក្នុងខាងមុខ ភិក្ខុនោះ ទម្លាយ​បង់ហើយ។

(ព្រះមានព្រះភាគ ទ្រង់សំដែងថា ម្នាលសភិយៈ បុគ្គល​ណា) ដល់នូវ​ការរលត់ ឆ្លងសេចក្តី​សង្ស័យ ដោយ​ផ្លូវដែល​ខ្លួនធ្វើហើយ លះបង់​នូវ​វិភវតណ្ហា និង​ភវតណ្ហា មាន​ព្រហ្មចរិយធម៌ ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ មាន​ភពថ្មីអស់​ហើយ បុគ្គលនោះ ឈ្មោះថា ភិក្ខុ

ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុណា ជាអ្នកស្ងប់រម្ងាប់ផង។ ពាក្យថា អ្នកមាន​ចិត្ត​រលត់ គឺ​អ្នកមាន​ចិត្តរលត់ ព្រោះជា​អ្នករំលត់​នូវរាគៈ ព្រោះជា​អ្នករំលត់​ទោសៈ ព្រោះ​ជាអ្នក​រំលត់​មោហៈ អ្នកមាន​ចិត្តរលត់ ព្រោះជា​អ្នករំលត់​នូវកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់​ក្រវាយទាំងពួង សេចក្តីក្តៅ​ក្រហាយ​ទាំងពួង សេចក្តី​អន្ទះអន្ទែង​ទាំងពួង ការតាក់តែង​អកុសល​ទាំងពួង ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុណា ជាអ្នក​ស្ងប់រម្ងាប់ផង អ្នកមាន​ចិត្តរលត់​ផង។

[៨៧] អធិប្បាយពាក្យថា អ្នកមិនអួតអាង ចំពោះសីលទាំងឡាយ​ថា អាត្មាអញ​ដូច្នេះ ត្រង់​ពាក្យថា ដូច្នេះ គឺជា​ពាក្យតបទ ជាប់ជា​មួយ​ដោយបទ ជាពាក្យ​បំពេញបទ រួប​រួមអក្ខរៈ ជាពាក្យ​សម្រួល​ព្យញ្ជនៈ ពាក្យថា ដូច្នេះ​នេះ ជាលំដាប់​បទ។ ពាក្យ​ថា មិនអួតអាង ចំពោះ​សីលទាំងឡាយ គឺបុគ្គល​ខ្លះក្នុង​លោកនេះ ជាអ្នក​ពោល​អួតអាង។ បុគ្គលនោះ រមែងពោល​អួតអាងថា អាត្មាអញ​បរិបូណ៌​ដោយសីល​ក្តី បរិបូណ៌​ដោយ​វត្តក្តី បរិបូណ៌​ដោយសីល និងវត្តក្តី ដោយជាតិក្តី ដោយ​គោត្រក្តី ដោយភាព​នៃខ្លួន​ជាកូន​អ្នកមាន​ត្រកូលក្តី ដោយភាព​នៃខ្លួនជា​អ្នកមាន​សម្បុរ​ល្អល្អះក្តី។បេ។ ពោល​អួតអាង​ថា អាត្មាអញ​ជាអ្នកបាន​នូវនេវសញ្ញា​នាសញ្ញា​យតនសមាបត្តិ​ក្តី។ បុគ្គល​រមែង​មិនពោល មិនអួតអាង​យ៉ាងនេះ គឺជាអ្នក​វៀរ ជៀសវាង គេចចេញ រលាស់ចេញ ដោះចេញ បា្រស​ចេញឆ្ងាយ ចាកការ​ពោលអួត នៅដោយ​ចិត្តបា្រសចាក​សេចក្តី​សល់វល់ ហេតុ​នោះ (ទ្រង់ត្រាស់ថា) អ្នកមិន​អួតអាង ចំពោះសីល​ទាំងឡាយថា អាត្មាអញ ដូច្នេះ។

[៨៨] អធិប្បាយពាក្យថា ជនអ្នកឈ្លាសវៃ រមែងពោល​នូវបុគ្គល​នោះ ថាជាអ្នក​មាន​អរិយធម៌​ ត្រង់ពាក្យថា ជនអ្នក​ឈ្លាសវៃ គឺជន​ទាំងឡាយណា ជាអ្នក​ឈ្លាសវៃ​ក្នុងខន្ធ ឈ្លាសវៃ​ក្នុងធាតុ ឈ្លាសវៃ​ក្នុងអាយតនៈ ឈ្លាសវៃ​ក្នុង​បដិច្ចសមុប្បាទ ឈ្លាស​វៃក្នុង​សតិប្បដ្ឋាន ឈ្លាសវៃ​ក្នុងសម្មប្បធាន ឈ្លាសវៃ​ក្នុងឥទិ្ធបាទ ឈ្លាសវៃ​ក្នុងឥន្រ្ទិយ ឈ្លាសវៃ​ក្នុងពលៈ ឈ្លាសវៃ​ក្នុងពោជ្ឈង្គ​ ឈ្លាសវៃ​ក្នុងមគ្គ ឈ្លាសវៃ​ក្នុងផល ឈ្លាសវៃ​ក្នុង​ព្រះនិពា្វន ជនអ្នក​ឈ្លាសវៃនោះ រមែង​ពោលយ៉ាង​នេះថា នុ៎ះជាធម៌​របស់​ពួកអរិយៈ នុ៎ះមិនមែន​ជាធម៌​របស់ពួក​អ្នកមិនមែន​អរិយៈ នុ៎ះជាធម៌​របស់ពួក​បណ្ឌិត នុ៎ះមិន​មែនជា​ធម៌របស់​ពួកពាល នុ៎ះជាធម៌​របស់ពួក​សប្បុរស នុ៎ះមិនមែន​ជាធម៌របស់​ពួកអសប្បុរស ពួកអ្នក​ឈ្លាសវៃ រមែងពោល​យ៉ាងនេះ​ សំដែង​យ៉ាងនេះ និយាយ​យ៉ាងនេះ បំភ្លឺ​យ៉ាងនេះ បញ្ចេញ​យ៉ាងនេះ ​ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នក​ឈ្លាសវៃ​ទាំងឡាយ រមែង​ពោល​នូវបុគ្គល​នោះ ថាជាអ្នក​មានអរិយធម៌។

[៨៩] អធិប្បាយពាក្យថា កិលេសដ៏ក្រាស់ណាមួយ ក្នុងលោក​នៃភិក្ខុណា មិន​មាន ត្រង់ពាក្យថា នៃភិក្ខុណា គឺនៃព្រះអរហន្ត​ខីណាស្រព។ ពាក្យថា កិលេសដ៏​ក្រាស់ បានដល់ កិលេស​ដ៏ក្រាស់ ​៧ គឺ កិលេស​ដ៏ក្រាស់​គឺរាគៈ កិលេស​ដ៏ក្រាស់​គឺទោសៈ កិលេសដ៏​ក្រាស់គឺមោហៈ កិលេសដ៏​ក្រាស់គឺមានះ កិលេសដ៏ក្រាស់​គឺទិដ្ឋិ កិលេសដ៏​ក្រាស់គឺ​កិលេស កិលេសដ៏​ក្រាស់គឺកម្ម។ កិលេសដ៏​ក្រាស់ទាំង​នេះ នៃ​ព្រះខីណាស្រព​នោះ មិនមាន ឥតមាន គ្មានសោះ មិនកើតមាន គឺលោក​លះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់​រម្ងាប់ ធ្វើមិនឲ្យ​កើតទៀត ដុតដោយ​ភ្លើងគឺញាណ​ហើយ។ ពាក្យថា ណាមួយ គឺណា​មួយ នីមួយ ណានីមួយ ខាងក្នុងក្តី ខាងក្រៅក្តី ទាំងខាងក្នុង​ខាងក្រៅក្តី។ ពាក្យថា ក្នុង​លោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក​ ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេស​ដ៏ក្រាស់​ណាមួយ​ក្នុងលោក នៃភិក្ខុណា​មិនមាន។ ហេតុនោះ ព្រះមានព្រះភាគ សំដែងថា

ភិក្ខុណាជាអ្នកស្ងប់រម្ងាប់ផង អ្នកមានចិត្ត​រលត់ផង អ្នកមិន​អួតអាង​ចំពោះ​សីល​ទាំងឡាយ​ថា អាត្មាអញ ដូច្នេះផង កិលេស​ដ៏ក្រាស់​ណាមួយ​ក្នុងលោក នៃភិក្ខុណា មិន​មានផង ជនអ្នក​ឈ្លាសវៃ​ទាំងឡាយ រមែង​ពោលនូវ​បុគ្គលនោះ ថាជាអ្នក​មាន​អរិយធម៌។

[៩០] ធម៌ទាំងឡាយ ដែលបុគ្គលណាសម្រេច​ហើយ តាក់តែង​ហើយ ធ្វើឲ្យតាំង​នៅក្នុង​ខាងមុខ​ហើយ ជាធម៌​មិនផូរផង់ បុគ្គលនោះ​ឃើញនូវ​អានិសង្ស​ណាក្នុងខ្លួន រមែង​អាស្រ័យ​នូវអានិសង្ស​នោះ និងសេចក្តី​ស្ងប់ដែល​អាស្រ័យ​នូវការ​កំរើក។

[៩១] អធិប្បាយពាក្យថា ធម៌ទាំងឡាយ ដែលបុគ្គលណាសម្រេច​ហើយ តាក់​តែងហើយ ត្រង់ពាក្យថា សម្រេច បានដល់​កិរិយា​សម្រេច ២ ប្រការ គឺ​កិរិយា​សម្រេច គឺតណ្ហា ១ កិរិយាសម្រេច​គឺទិដ្ឋិ ១។ បេ។ នេះហៅថា ​កិរិយាសម្រេចគឺ​តណ្ហា។បេ។ នេះ​ហៅថា កិរិយា​សម្រេចគឺទិដ្ឋិ។ ពាក្យថា តាក់តែងហើយ គឺធ្វើ​ព្រមហើយ ចាត់ចែង​ហើយ តាក់តែង​បា្រកដ​ហើយ តាំងទុក​ព្រមហើយ ហេតុនោះ ​(ទ្រង់ត្រាស់ថា) តាក់​តែងហើយ។ ម្យ៉ាងទៀត ធម៌ទាំងឡាយ​មានសភាព​មិនទៀង ដែលបច្ច័យ​តាក់តែង​ហើយ អាស្រ័យ​គ្នាទើប​កើតឡើង មានការ​អស់ទៅជា​ធម្មតា មានការ​សូន្យទៅជា​ធម្មតា មានការ​ព្រាត់បា្រសជា​ធម្មតា មានការ​រលត់ជា​ធម្មតា​ ហេតុនោះ​ (ទ្រង់ត្រាស់​ថា) តាក់តែង​ហើយ។ ពាក្យថា ដែលបុគ្គល​ណា គឺបុគ្គល​ដែល​លុះក្នុងទិដ្ឋិ។ ទិដ្ឋិ ៦២ លោក​ពោលថា ធម៌ទាំង​ឡាយ​ ហេតុនោះ (ទ្រង់ត្រាស់ថា) ធម៌ទាំងឡាយ​ដែលបុគ្គល​ណា សម្រេច​ហើយ តាក់តែង​ហើយ។

[៩២] អធិប្បាយពាក្យថា ធ្វើឲ្យតាំងនៅក្នុងខាង​មុខហើយ ជាធម៌​មិនផូរផង់ ត្រង់​ពាក្យថា ធ្វើឲ្យតាំង​នៅក្នុង​ខាងមុខហើយ បានដល់ ការធ្វើឲ្យ​តាំងនៅ​ក្នុងខាងមុខ ២ គឺ ការ​ធ្វើតណ្ហា ឲ្យតាំងនៅ​ក្នុងខាងមុខ ១ ការធ្វើ​ទិដ្ឋិ ឲ្យតាំង​នៅក្នុងខាង​មុខ ១ ។បេ។ នេះ ឈ្មោះថា​ ការធ្វើ​តណ្ហាឲ្យ​តាំងនៅក្នុង​ខាងមុខ។បេ។ នេះឈ្មោះថា ការធ្វើ​ទិដ្ឋិឲ្យតាំង​នៅក្នុង​ខាងមុខ។ ការធ្វើ​តណ្ហាឲ្យ​តាំងនៅក្នុង​ខាងមុខ ដែលបុគ្គល​នោះ​មិនទាន់​លះបង់​ហើយ ការធ្វើទិដ្ឋិ​ឲ្យតាំងនៅ​ក្នុងខាងមុខ ដែលបុគ្គល​នោះ​មិនទាន់​រលាស់​ចេញហើយ បុគ្គលនោះ ធ្វើតណ្ហា ឬទិដ្ឋិឲ្យ​តាំងនៅ​អំពីមុខ ហើយ​ប្រព្រឹត្ត មាន​តណ្ហា​ដូចជា​ទង់ជ័យ មានតណ្ហា​ដូចជាទង់ មានតណ្ហា​ជាធំ មានទិដ្ឋិ​ដូចជា​ទង់ជ័យ មាន​ទិដ្ឋិដូច​ជាទង់ មានទិដ្ឋិ​ជាធំ ត្រូវតណ្ហា ឬទិដ្ឋិរួបរឹត​ហើយ ប្រព្រឹត្តទៅ ព្រោះហេតុ​នៃការ​ធ្វើតណ្ហា ឲ្យតាំងនៅ​ក្នុងខាងមុខ ដែលខ្លួន​មិនទាន់​លះបង់ ព្រោះហេតុនៃការ​ធ្វើទិដ្ឋិ​ឲ្យ​តាំង​នៅក្នុង​ខាងមុខ ដែលខ្លួន​មិនទាន់​រលាស់​ចេញ ហេតុ​នោះ (ទ្រង់ត្រាស់ថា) ធ្វើឲ្យ​តាំងនៅក្នុង​ខាងមុខ​ហើយ។ ពាក្យថា រមែងមាន គឺមាន ​មានគ្រប់​គ្រាន់ កើតមាន។ ពាក្យថា មិនផូរផង់ គឺមិនផូរផង់ មិនថ្លាស្អាត មិនបរិសុទ្ធ ជាធម៌​សៅហ្មង ប្រកបដោយ​សេចក្តី​សៅហ្មង ហេតុនោះ (ទ្រង់ត្រាស់ថា) ធ្វើឲ្យតាំងនៅ​ក្នុងខាង​មុខហើយ ជាធម៌​មិនផូរផង់។

[៩៣] អធិប្បាយពាក្យថា បុគ្គលនោះ ឃើញនូវអានិសង្សណា ក្នុងខ្លួន ត្រង់ពាក្យ​ថា អានិសង្ស​ណាក្នុងខ្លួន គឺអានិសង្ស​ណាចំពោះ​ខ្លួន។ ទិដ្ឋិ លោក​ហៅថា ខ្លួន។ បុគ្គល​រមែងឃើញ​អានិសង្ស ២ យ៉ាង នៃទិដ្ឋិ​របស់ខ្លួន គឺអានិសង្ស​ក្នុងបច្ចុប្បន្ន ១ អានិសង្ស​ក្នុង​បរលោក ១។

អានិសង្សនៃទិដ្ឋិក្នុងបច្ចុប្បន្ន តើដូចម្តេច។ សាស្តាជាអ្នក​មានទិដ្ឋិ​បែបណា ពួក​សាវ័ក ក៏រមែង​មានទិដ្ឋិ​បែបនោះ។ ពួកសាវ័ក​រមែងធ្វើ​សក្ការៈ គោរព រាប់អាន បូជា ធ្វើ​នូវការកោត​ក្រែងចំពោះ​សាស្តា មានទិដ្ឋិ​បែបនោះ ទាំងបាន​នូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជ​បរិក្ខារ ព្រោះការ​ធ្វើសក្ការៈ ជាដើមនោះ ជាហេតុ នេះឈ្មោះ​ថា អានិសង្ស​នៃទិដ្ឋិក្នុង​បច្ចុប្បន្ន។

អានិសង្សនៃទិដ្ឋិក្នុងបរលោក តើដូចម្តេច។ ទិដ្ឋិនេះ គួរដើម្បី​ភាពជា​នាគក្តី ភាព​ជា​គ្រុឌក្តី ភាពជា​យក្ខក្តី ភាពជា​អសុរក្តី ភាពជា​គន្ធព្វក្តី ភាពជា​មហារាជក្តី ភាពជា​ព្រះឥន្រ្ទក្តី ភាពជា​ព្រះព្រហ្មក្តី ភាពជា​ទេវតាក្តី ទិដ្ឋិនេះ គួរដើម្បី​សេចក្តី​មដ្ឋចត់ ស្អាត​វិសេស បរិសុទ្ធ ផុត រួចស្រឡះ រួចចេញ ជនទាំងឡាយ រមែងមដ្ឋចត់ ស្អាតវិសេស បរិសុទ្ធ ផុត រួចស្រឡះ រួចចេញ (ចាកទុក្ខ) ដោយទិដ្ឋិ​នេះ អាត្មាអញ នឹង​មដ្ឋចត់ ស្អាត​វិសេស បរិសុទ្ធ ផុត រួចស្រឡះ រួចចេញ ដោយទិដ្ឋិនេះ បុគ្គលជា​អ្នកប៉ុនប៉ង ចំពោះផល​ក្នុងខាង​មុខ ដូច្នេះ​នេះ ឈ្មោះថា អានិសង្ស​នៃទិដ្ឋិក្នុង​បរលោក។

បុគ្គលឃើញ មើល គន់គិត ពិនិត្យ ពិចារណា នូវអានិសង្ស​នៃទិដ្ឋិរបស់​ខ្លួនពីរនេះ ហេតុនោះ (ទ្រង់ត្រាស់ថា​) បុគ្គលនោះ ឃើញនូវអានិសង្ស​ណាក្នុងខ្លួន។

[៩៤] ពាក្យថា រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តី​ស្ងប់ដែល​អាស្រ័យ​នូវការ​កំរើក អធិប្បាយ​ថា សេចក្តីស្ងប់ ៣ យ៉ាង គឺ​អច្ចន្តសន្តិ (ស្ងប់ដោយ​ដាច់ខាត) តទង្គសន្តិ (ស្ងប់ដោយ​អង្គឈាន​នោះ) សម្មតិសន្តិ (ស្ងប់ដោយ​សេចក្តី​សន្មតិ)។

អច្ចន្តសន្តិ តើដូចម្តេច។ អមតនិព្វាន លោកហៅថា អច្ចន្តសន្តិ បានខាង​ការរម្ងាប់​សង្ខារ​ទាំងពួង ការលះ​លែងឧបធិ​ទាំងពួង ការអស់តណ្ហា ការបា្រស​ចាករាគៈ ការ​រលត់​និព្វាន​នេះ ឈ្មោះថា អច្ចន្តសន្តិ។

តទង្គសន្តិ តើដូចម្តេច។ នីវរណៈរបស់បុគ្គលចូល​បឋមជ្ឈាន រមែង​ស្ងប់រម្ងាប់។ វិតក្កៈ និងវិចារៈ​របស់បុគ្គល​ចូល​ទុតិយជ្ឈាន រមែង​ស្ងប់រម្ងាប់។ បីតិ​របស់​បុគ្គលចូល​តតិយជ្ឈាន រមែង​ស្ងប់រម្ងាប់ សុខ និងទុក្ខ​របស់បុគ្គល​ចូល​ចតុត្ថជ្ឈាន រមែង​ស្ងប់រម្ងាប់។ រូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញា​របស់បុគ្គល​ចូល​អាកាសានញ្ចាយតនៈ រមែងស្ងប់​រម្ងាប់។ អាកាសានញ្ចាយតន​សញ្ញា​របស់បុគ្គល​ចូលវិញ្ញាណញ្ចា​យតនៈ រមែង​ស្ងប់រម្ងាប់។ វិញ្ញាណញ្ចា​យតនសញ្ញា​របស់បុគ្គល​ចូល​អាកិញ្ចញ្ញាយតនៈ រមែង​ស្ងប់រម្ងាប់។ អាកិញ្ចញ្ញា​យតន​សញ្ញា​របស់បុគ្គល​ចូល​នេវសញ្ញា​នាសញ្ញាយតនៈ រមែង​ស្ងប់រម្ងាប់។ ​នេះឈ្មោះ ថា តទង្គសន្តិ។

សម្មតិសន្តិ តើដូចម្តេច។ សេចក្តីស្ងប់​រម្ងាប់ដោយ​អំណាច​ទិដ្ឋិ គឺ ទិដ្ឋិ ៦២ លោក​ហៅថា សម្មតិសន្តិ។ មួយទៀត សេចក្តីស្ងប់​ដែលលោក​អធិប្បាយ​ទុកក្នុង​ទីនេះ ក៏ឈ្មោះ ថា សម្មតិសន្តិ។

ពាក្យថា រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តីស្ងប់​អាស្រ័យ​នូវការកំរើក​បាន​សេចក្តីថា បុគ្គល​អាស្រ័យ ជាប់ចំពាក់ អែបនែប លិចចុះ ជឿស៊ប់នូវ​សេចក្តីស្ងប់ នៅកំរើក សេចក្តី​ស្ងប់នៅកំរើកខ្លាំង សេចក្តី​ស្ងប់នៅ​ញាប់ញ័រ សេចក្តី​ស្ងប់នៅ​ញាប់ញ័រ​ខ្លាំង សេចក្តីស្ងប់​នៅរំភើប សេចក្តីស្ងប់​នៅបៀតបៀន សេចក្តីស្ងប់​ដែលគេ​ចាត់ចែង សេចក្តី​ស្ងប់ដែល​គេចាត់ចែង​ដោយវិសេស សេចក្តី​ស្ងប់ជា​សភាព​មិនទៀង ដែលបច្ច័យ​តាក់តែង អាស្រ័យ​គ្នាកើត​ឡើង មានកិរិយា​អស់ទៅ​ជាធម្មតា សូន្យទៅ​ជាធម្មតា ប្រាសទៅ​ជាធម្មតា រលត់ជា​ធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) រមែង​អាស្រ័យ​នូវ​អានិសង្ស​នោះ និងសេចក្តីស្ងប់​អាស្រ័យ​នូវការកំរើក។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ធម៌ទាំងឡាយ ដែលបុគ្គលណា សម្រេចហើយ តាក់តែងហើយ ធ្វើឲ្យតាំងនៅ​ក្នុងខាង​មុខហើយ ជាធម៌​មិនផូរផង់ បុគ្គលនោះ រមែង​ឃើញនូវ​អានិ​សង្ស​ណាក្នុងខ្លួន រមែង​អាស្រ័យនូវ​អានិសង្ស​នោះ និងសេចក្តី​ស្ងប់ អាស្រ័យនូវ​ការកំរើក។

[៩៥] ការជាប់ចំពាក់ គឺទិដ្ឋិ និងការជ្រើសរើស ក្នុងធម៌​ទាំងឡាយ ហើយ​ប្រកាន់ បុគ្គលមិន​ងាយប្រព្រឹត្ត​កន្លង​បានទេ ព្រោះហេតុ​នោះ ទើបជន​រមែង​លះបង់ផង ប្រកាន់ផង​នូវធម៌ ក្នុងការ​ជាប់ចំពាក់​ទាំងនោះ។

[៩៦] អធិប្បាយពាក្យថា ការជាប់ចំពាក់ គឺទិដ្ឋិ បុគ្គលមិន​ងាយប្រព្រឹត្ត​កន្លងបាន​ទេ ត្រង់ពាក្យថា ការជាប់​ចំពាក់​គឺទិដ្ឋិ បានដល់​ការចុះចិត្តស៊ប់ ការស្ទាប​អង្អែល ការ​ជាប់​ចំពាក់​គឺទិដ្ឋិថា លោកទៀង ការឃើញនេះ​ឯងជា​ការពិត ការឃើញ​ដទៃជាមោឃៈ ការចុះ​ចិត្តស៊ប់ ការស្ទាប​អង្អែល ការជាប់​ចំពាក់​គឺទិដ្ឋិថា លោកមិនទៀង លោក​មានទី​បំផុត លោកមិន​មានទីបំផុត ជីវិតនោះ សរីរៈនោះ ជីវិតដទៃ សរីរៈដទៃ សត្វស្លាប់ទៅ កើតទៀត​ក៏មាន សត្វសា្លប់​ទៅ មិនកើត​ទៀតក៏មាន សត្វស្លាប់ទៅ កើតទៀតផង មិនកើត​ទៀតផង សត្វស្លាប់ទៅ កើតទៀត​ក៏មិនមែន មិនកើត​ទៀតក៏​មិនមែន ការ​ឃើញ​នេះឯង​ជាការពិត ការឃើញ​ដទៃ ជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ការជាប់​ចំពាក់​គឺទិដ្ឋិ។ ពាក្យថា បុគ្គល​មិនងាយ​ប្រព្រឹត្ត​កន្លងបានទេ គឺប្រព្រឹត្ត​កន្លង​ដោយលំបាក ឆ្លង​ដោយក្រ ឆ្លងចេញ​បានដោយ​កម្រ ប្រព្រឹត្តកន្លង​បានដោយ​តឹង ឈានកន្លង​បានដោយ​លំបាក ហេតុនោះ (ទ្រង់ត្រាស់ថា) ការជាប់​ចំពាក់​គឺទិដ្ឋិ បុគ្គល​មិនងាយ​ប្រព្រឹត្តកន្លង​បាន​ទេ។

[៩៧] ពាក្យថា ការជ្រើសរើស ក្នុងធម៌ទាំងឡាយ ហើយប្រកាន់ ត្រង់ពាក្យថា ក្នុង​ធម៌ទាំង​ឡាយ គឺក្នុងទិដ្ឋិ ៦២។ ពាក្យថា ​ជ្រើសរើស គឺ ការរិះរក វិនិច្ឆ័យ ជ្រើសរើស ពិនិត្យ ថ្លឹងមើល លៃលក ពិចារណា ធ្វើឲ្យច្បាស់​ហើយ ប្រកាន់​តាមជួរ ប្រកាន់ស្អិត ប្រកាន់មាំ ប្រកាន់ចំណែក ប្រកាន់គំនរ ប្រកាន់​ដោយការ​ប្រមូល គឺថា ការប្រកាន់ ការ​ស្ទាបអង្អែល ការជាប់​ចំពាក់ ការចូល​ចិត្ត ការចុះចិត្តជឿថា ហេតុនេះ ពិត ទៀង ទៀង​ទាត់ បា្រកដ ពិតមែន មិនប្រែប្រួល ហេតុនោះ (ទ្រង់ត្រាស់ថា​) ការជ្រើសរើស ក្នុងធម៌​ទាំងឡាយ​ ហើយប្រកាន់។

[៩៨] ពាក្យថា ព្រោះហេតុនោះ របស់បទថា ព្រោះហេតុនោះ ជន (រមែងប្រកាន់) ក្នុងការ​ជាប់ចំពាក់​ទាំងនោះគឺ ព្រោះហេតុ​ដូច្នោះ ព្រោះ​ដំណើរនោះ ព្រោះហេតុនោះ ព្រោះ​បច្ច័យនោះ ព្រោះនិទាននោះ​។ ពាក្យថា ជន គឺសត្វ នរៈ មាណព បុរស បុគ្គល សត្វមាន​ជីវិត សត្វមាន​ជាតិ សត្វមានជរា សត្វទៅ​ដោយឥន្រ្ទិយ សត្វកើត​អំពីមនុស្ស។ ពាក្យ​ថា ក្នុងការ​ជាប់ចំពាក់​ទាំងនោះ គឺក្នុងហេតុ​ជាគ្រឿង​ជាប់ចំពាក់ គឺទិដ្ឋិ​ទាំងនោះ ហេតុ​នោះ​ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ជន (រមែងប្រកាន់) ក្នុងការ​ជាប់ចំពាក់​ទាំងនោះ។

[៩៩] អធិប្បាយពាក្យថា រមែងលះបង់ផង ប្រកាន់ផង នូវធម៌ ត្រង់ពាក្យថា រមែង​លះបង់ គឺបុគ្គល​លះបង់​ដោយហេតុ ២ យ៉ាង គឺលះបង់ដោយកិរិយា​កាត់ចោល អំពី​បុគ្គលដទៃ ឬកាលមិន​ទាន់ដល់ លះបង់។

បុគ្គលលះបង់ដោយកិរិយាកាត់ចោល អំពីបុគ្គលដទៃ តើដូចម្តេច។ បុគ្គលដទៃ​កាត់ចោល​ថា សាស្តានោះ មិនមែន​ជាសព្វញ្ញូទេ ធម៌មិន​មែនសំដែង​ត្រូវទេ គណៈមិន​មែន​ប្រតិបត្តិ​ត្រូវទេ ទិដ្ឋិ មិនល្អទេ បដិបទា មិនមែន​បញ្ញាតិ្តល្អទេ មគ្គ មិនមែន​ជាឧបាយ​ស្រោចស្រង់​ទេ សេចក្តីស្អាត ស្អាតវិសេស សេចក្តី​បរិសុទ្ធិ ការរួច ការរួច​វិសេស និង​ការរួចស្រឡះ​ក្នុងធម៌នុ៎ះ ក៏មិនមាន ពួកជន រមែងស្អាត ស្អាតវិសេស បរិសុទ្ធ រួច រួច​វិសេស រួចស្រឡះ ព្រោះធម៌​នុ៎ះក៏ទេ បុគ្គលនោះ ជាអ្នក​ថោកទាប ខ្សត់ខ្សោយ អាប់ឱន លាមក ជ្រោកជ្រាក រំកាច់រំកោច។ បុគ្គលដទៃ កាត់ចោល​យ៉ាងនេះ។ បុគ្គលនោះ ដែល​ត្រូវ​គេកាត់ចោល​យ៉ាងនេះ រមែង​លះបង់​សាស្តា លះបង់ធម៌​ដែលសាស្តា​សំដែង លះបង់​គណៈ លះបង់ទិដ្ឋិ លះបង់​សេចក្តី​ប្រតិបត្តិ លះបង់មគ្គ។ បុគ្គល​លះបង់ដោយ​កិរិយា​កាត់ចោល អំពី​បុគ្គលដទៃ​យ៉ាងនេះ។

បុគ្គលកាលមិនទាន់ដល់ លះបង់ តើដូចម្តេច។ បុគ្គលកាល​មិនទាន់ដល់​សីល លះបង់សីល មិនទាន់​ដល់វត្ត លះបង់វត្ត មិនទាន់​ដល់សីល និងវត្ត លះបង់សីល និង​វត្ត។ បុគ្គលកាល​មិនទាន់​ដល់ លះបង់ យ៉ាងនេះ។

ពាក្យថា ប្រកាន់ផង នូវធម៌ គឺបុគ្គល​ប្រកាន់សាស្តា ប្រកាន់​ធម៌ដែល​សាស្តា​សំដែង ប្រកាន់គណៈ ប្រកាន់ទិដ្ឋិ ប្រកាន់​សេចក្តី​ប្រតិបត្តិ ប្រកាន់​ស្ទាបអង្អែល ជាប់​ចំពាក់​នូវមគ្គ ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់ផង ប្រកាន់ផង​នូវធម៌។ ហេតុនោះ ព្រះមានព្រះភាគ សំដែងថា

ការជាប់ចំពាក់ដោយទិដ្ឋិ និងការជ្រើសរើស​ក្នុងធម៌ទាំង​ឡាយ ហើយ​ប្រកាន់ បុគ្គលមិន​ងាយប្រព្រឹត្ត​កន្លង​បានទេ ព្រោះ​ហេតុនោះ ទើបជន​រមែងលះបង់​ផង ប្រកាន់ផង​នូវធម៌ ក្នុងការជាប់​ចំពាក់ទាំង​នោះ។

[១០០] ទិដ្ឋិដែលគេកំណត់ហើយក្នុងភពតូចធំ ក្នុងលោកណាមួយ​នៃបុគ្គល​មាន​បា្រជ្ញា​កំចាត់ មិនមានទេ បុគ្គល​មានបា្រជ្ញា​កំចាត់​នោះ លះបង់​មាយាផង មានះផង តើនឹង​លុះដោយ​កិលេស​ដូចម្តេច​កើត ព្រោះលោក​មិនមាន​ការអែបនែប។

[១០១] អធិប្បាយពាក្យថា ទិដ្ឋិដែលគេកំណត់​ហើយ ក្នុងភព​តូចធំ​ក្នុងលោក​ណា​មួយ នៃបុគ្គល​មានបា្រជ្ញា​កំចាត់​ មិនមានទេ ត្រង់ពាក្យថា បុគ្គល​មានបា្រជ្ញា​កំចាត់ ​សេចក្តី​ថា បញ្ញា លោក​ហៅថា បា្រជ្ញា​កំចាត់ បានខាង​បា្រជ្ញា ការដឹង ការពិចារណា ការពិចារណា​សព្វ ការពិចារណា​ធម៌ ការកំណត់ ការចូល​ទៅកំណត់ ការចូល​ទៅ​កំណត់​ចំពោះ ភាពជា​បណ្ឌិត ភាពជា​អ្នកឈ្លាស ភាពជា​អ្នកល្អិតល្អន់ ភាពជាអ្នក​វៀងវៃ ការគិត ការត្រិះរិះ បញ្ញាដូចផែន​ដី បញ្ញាជា​គ្រឿងទម្លាយបង់ (នូវកិលេស) បញ្ញា​ជាគ្រឿង​ដឹកនាំ ការឃើញ​ច្បាស់ ការដឹងខ្លួន ជន្លួញ គឺ (បញ្ញា) ការដឹងច្បាស់ បញ្ញិន្រ្ទិយ កម្លាំង​គឺបញ្ញា សស្ត្រា​គឺបញ្ញា បា្រសាទ​គឺបញ្ញា ពន្លឺគឺបញ្ញា​ រស្មីគឺ​បញ្ញា ប្រទីប​គឺបញ្ញា កែវគឺ​បញ្ញា ការមិន​វង្វេង ការពិចារណា​ធម៌ សម្មាទិដ្ឋិ។ ​ព្រោះហេតុអ្វី បញ្ញា លោក​ហៅថា បា្រជ្ញាកំ​ចាត់។ (ព្រោះថា)​ ដោយបញ្ញានោះ កាយទុច្ចរិត បុគ្គល​កំចាត់បង់ លាង លាងដោយ​ល្អ លាងជំរះ​ហើយ វចីទុច្ចរិត បុគ្គល​កំចាត់បង់ លាង លាង​ដោយល្អ លាង​ជំរះ​ហើយ។ មនោទុច្ចរិត បុគ្គល​កំចាត់បង់ លាង លាងដោយ​ល្អ លាងជំរះ​ហើយ។ រាគៈ បុគ្គល​កំចាត់បង់ លាង លាង​ដោយល្អ លាងជំរះ​ហើយ។ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ សេចក្តី​ក្រវល់ក្រវាយ​ទាំង​អស់ សេចក្តី​អន្ទះអន្ទែង​ទាំងអស់ សេចក្តី​ក្តៅក្រហាយ​ទាំងអស់ ការតាក់​តែងនូវ​អកុសល​ទាំងអស់ បុគ្គលកំចាត់​បង់ លាង លាង​ដោយល្អ លាងជំរះ​ហើយ។ ព្រោះ​ហេតុ​នោះ បញ្ញា លោកហៅថា​ បា្រជ្ញាកំចាត់។ មួយទៀត មិច្ឆាទិដ្ឋិ បុគ្គល​កំចាត់បង់ លាង លាង​ដោយល្អ លាងជំរះ​ហើយ ដោយ​សម្មាទិដ្ឋិ។ មិច្ឆាសង្កប្បៈ បុគ្គល​កំចាត់បង់ លាង លាង​ដោយល្អ លាងជំរះ​ហើយ ដោយ​សម្មាសង្កប្បៈ។ មិច្ឆាវាចា បុគ្គលកំចាត់​បង់ ដោយ​សម្មាវាចា។ មិច្ឆាកម្មន្តៈ បុគ្គល​កំចាត់បង់ ដោយ​សម្មាកម្មន្តៈ។ មិច្ឆាអាជីវៈ បុគ្គល​កំចាត់​បង់ ដោយ​សម្មាអាជីវៈ។ មិច្ឆាវាយាមៈ បុគ្គល​កំចាត់បង់​ដោយ​សម្មា​វាយាមៈ។ មិច្ឆាសតិ បុគ្គល កំចាត់បង់​ដោយសម្មាសតិ។ មិច្ឆាសមាធិ បុគ្គល កំចាត់​បង់ ដោយ​សម្មាសមាធិ។ មិច្ឆាញាណៈ បុគ្គលកំចាត់​បង់​ដោយ​សម្មាញាណៈ។ មិច្ឆាវិមុត្តិ បុគ្គល​កំចាត់បង់ លាង លាងដោយល្អ លាងជំរះ​ហើយ ដោយសម្មាវិមុត្តិ។​ មួយទៀត កិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់ សេចក្តី​អន្ទះអន្ទែង​ទាំងអស់ សេចក្តីក្តៅ​ក្រហាយ​ទាំងអស់ ការតាក់តែង​អកុសល​ទាំង​អស់ បុគ្គលកំចាត់​បង់ លាង លាង​ដោយល្អ លាងជំរះ​ហើយ​ដោយ​អរិយមគ្គ​មានអង្គ ៨។ ព្រះអរហន្ត ផ្តេកផ្តិត មូលមិត្រ ចូលទៅជិត អែបនែប ចូលទៅដល់​ កើតឡើង​ព្រម ប្រកប​ដោយគុណ​ធម៌ទាំងឡាយ ជាគ្រឿង​កំចាត់បង់​នេះ ព្រោះហេតុនោះ​ ព្រះអរហន្ត ឈ្មោះថា អ្នកមាន បា្រជ្ញាកំចាត់។ ព្រះ​អរហន្ត​នោះ មានរាគៈ​កំចាត់ហើយ មានបាប​កំចាត់​ហើយ មានកិលេស​កំចាត់ហើយ មានសេចក្តី​អន្ទះអន្ទែង​កំចាត់ហើយ ព្រោះហេតុ​នោះ ឈ្មោះ​ថា អ្នកមាន​បា្រជ្ញាកំចាត់។ ពាក្យថា ណាមួយ គឺនីមួយ ណានីមួយ ណាក៏​ដោយ ខាងក្នុង​ក្តី ខាងក្រៅក្តី ទាំងខាង​ក្នុងខាង​ក្រៅក្តី។ ពាក្យថា ក្នុងលោក គឺ ក្នុង​អបាយលោក។បេ។ ក្នុង​អាយតនលោក។ ពាក្យ​ថា កិរិយា​កំណត់ បានដល់​កិរិយាកំណត់ ​២ យ៉ាង គឺ​ កិរិយា​កំណត់​គឺតណ្ហា ១ កិរិយា​កំណត់​គឺទិដ្ឋិ ១។បេ។ នេះឈ្មោះថា កិរិយា​កំណត់​គឺតណ្ហា។បេ។ នេះឈ្មោះថា កិរិយា​កំណត់គឺទិដ្ឋិ។ ពាក្យថា ក្នុងភព​តូចភពធំ បាន​ដល់ក្នុង​កម្មភព បុនព្ភព ឈ្មោះ​ថា​ភពតូចភពធំ គឺក្នុង​កាមភព កម្មភព ក្នុងកាមភព បុនព្ភព ក្នុង​រូបភព កម្មភព ក្នុង​រូបភព បុនព្ភព ក្នុងអរូបភព កម្មភព ក្នុង​អរូបភព បុនព្ភព គឺថាក្នុង​ការកើត​រឿយៗ ការប្រព្រឹត្តិ​ទៅរឿយ ៗ ការកើត​រឿយៗ បដិសន្ធិ​រឿយៗ ការ​ញុំាងអត្តភាព​ឲ្យកើតរឿយ ៗ។ ពាក្យថា ទិដ្ឋិដែល​គេកំណត់​ហើយ ក្នុងភព​តូចភពធំ ក្នុង​លោកណាមួយ នៃបុគ្គល​មាន​បា្រជ្ញា​កំចាត់ មិនមានទេ សេចក្តីថា​ ទិដ្ឋិដែល​តែងតាំង​ បង្កើត តាក់តែង តម្កល់ទុក​ក្នុងភពតូច​ភពធំក្នុង​លោកណា​មួយ នៃបុគ្គល​មានប្រាជ្ញា​កំចាត់ មិនមាន ឥតមាន គ្មាន មិនកើត​មាន គឺលោក​លះបង់ ផ្តាច់បង់ រម្ងាប់ ស្ងប់អស់ហើយ ធ្វើមិន​គួរឲ្យកើត ដុតដោយ​ភ្លើងគឺញាណ​ហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ទិដ្ឋិ​ដែល​គេកំណត់ ក្នុងភព​តូចភពធំ ក្នុងលោក​ណាមួយ នៃបុគ្គល​មានបា្រជ្ញា​កំចាត់ មិន​មានទេ។

[១០២] ពាក្យថា បុគ្គលមានបា្រជ្ញាកំចាត់នោះ​ លះបង់​មាយាផង មានះផង ​អធិប្បាយ​ថា ការប្រព្រឹត្តិ​បញ្ឆោត លោកហៅថា​មាយា។ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត តាំងទុកនូវ​សេចក្តី​បា្រថ្នា​ដ៏លាមក ព្រោះហេតុ​នៃការបិទ​បាំងនូវ​ទុច្ចរិតនោះ គឺ​បា្រថ្នាថា ​សូមកុំឲ្យ​ជនដឹង​អញ ត្រិះរិះ​ថា សូមកុំឲ្យ​ជនដឹងអញ ពោល​វាចាថា សូមកុំ​ឲ្យជន​ដឹងអញ ព្យាយាម​ដោយ​កាយថា សូមកុំឲ្យ​ជនដឹងអញ។ មាយា ភាពនៃមាយា ការនិយាយ​លើស ការ​បញ្ឆោត ការបោក​បា្រស ការលាក់​កំនួច ការលួច​គំនិត ការលាក់ពុត ការលាក់​ទោស​ខ្លួន ការបិទ​បាំងមារយាទ ការបិទ​បាំងជិតស្និទ្ធ អំពើ​មិនរាក់ អំពើមិន​បា្រកដ ការបំបាំង​ទោសដោយ​ស្រួល កិរិយា​អាក្រក់​ណា មានសភាព​យ៉ាងនេះ នេះលោក​ហៅ​ថា មាយា។

ពាក្យថា មានះ អធិប្បាយថា មានះ ដោយចំណែក​មួយ គឺការក្រអឺត​ក្រអោងនៃ​ចិត្ត។ មានះដោយ​ចំណែក ២ គឺសេចក្តី​ប្រកាន់​ដោយការ​លើកខ្លួន សេចក្តី​ប្រកាន់ដោយ​ការបន្តុះ​បង្អាប់​អ្នកដទៃ។ មានះដោយ​ចំណែក ៣ គឺ​ការប្រកាន់ថា អញជា​មនុស្ស​ប្រសើរ ការប្រកាន់​ថា អញជា​មនុស្សស្មើ ការប្រកាន់ថា អញជា​មនុស្ស​ថោកទាប។ មានះដោយ​ចំណែក ៤ គឺបុគ្គល​ញុំាងមានះឲ្យកើត ព្រោះលាភ ញុំាងមានះ​ឲ្យកើត ព្រោះយស ញុំាងមានះ​ឲ្យកើត ព្រោះ​បសំសា ញុំាងមានះ​ឲ្យកើត ព្រោះសុខ។ មានះ​ដោយ​ចំណែក ៥ គឺបុគ្គលញុំាងមានះ​ឲ្យកើតថា អញជា​អ្នកបាន​រូបទាំងឡាយ ជាទី​គាប់ចិត្ត ញុំាងមានះ​ឲ្យកើតថា អញជា​អ្នកបាន​សំឡេង ក្លិន រស ផ្សព្វ​ទាំងឡាយ ជាទី​គាប់ចិត្ត។ មានះ​ដោយចំណែក ៦ គឺបុគ្គល​ញុំាងមានះឲ្យកើត ព្រោះការបរិបូរ​ដោយចក្ខុ ញុំាង​មានះ​ឲ្យ​កើត ព្រោះការបរិបូរ​ដោយសោតៈ ញុំាង​មានះ​ឲ្យកើត ព្រោះការ​បរិបូរ​ដោយឃានៈ បរិបូរ​ដោយជិវ្ហា បរិបូរ​ដោយកាយ បរិបូរ​ដោយចិត្ត។ មានះដោយ​ចំណែក ៧ គឺ​ការប្រកាន់ (ក្រអឺតក្រអោង) ការមើលងាយ ការប្រកាន់ថា អញប្រសើរ​ជាង ការប្រកាន់​ថា ថោកទាប ការប្រកាន់ថា មានគុណ​វិសេសក្នុងខ្លួន ការ​ប្រកាន់ថា អញមាន (ខន្ធ​គ្រប់គ្រាន់) ការប្រកាន់​ខុស។ មានះដោយ​ចំណែក ៨ គឺបុគ្គល​ញុំាង​ការ​ក្រអឺត​ក្រអោងឲ្យ​កើត ព្រោះលាភៈ ញុំាងការ​ប្រកាន់​ថោកទាប​ឲ្យកើត ព្រោះមិន​មានលាភ ញុំាងការ​ក្រអឺតក្រអោង​ឲ្យកើត ព្រោះយស ញុំាងការ​ប្រកាន់​ថោកទាប​ឲ្យកើត ព្រោះមិន​មានយស ញុំាងការ​ក្រអឺតក្រអោង​ឲ្យកើត ព្រោះបសំសា​ ញុំាងការ​ប្រកាន់​ថោកទាប​ឲ្យកើត ព្រោះនិន្ទា ញុំាងការ​ក្រអឺតក្រអោង​ឲ្យកើត ព្រោះសុខ ញុំាង​ការ​​ប្រកាន់​ថោកទាប​ឲ្យកើត ព្រោះទុក្ខ។ មានះដោយ​ចំណែក ៩ គឺបុគ្គល​ប្រសើរ មានសេចក្តី​ប្រកាន់ថា អញជា​បុគ្គល​ប្រសើរ បុគ្គល​ប្រសើរ មានសេចក្តី​ប្រកាន់ថា អញ​ជាបុគ្គលស្មើ បុគ្គល​ប្រសើរ មានសេចក្តី​ប្រកាន់ថា អញជា​បុគ្គល​ថោកទាប បុគ្គលស្មើ មានសេចក្តី​ប្រកាន់ថា អញជា​បុគ្គល​ប្រសើរ បុគ្គលស្មើ មានសេចក្តី​ប្រកាន់ថា អញជា​បុគ្គលស្មើ បុគ្គល​ស្មើ ​មានសេចក្តី​ប្រកាន់ថា អញជា​បុគ្គល​ថោកទាប បុគ្គល​ថោក​ទាប មានសេចក្តី​ប្រកាន់ថា អញជា​បុគ្គល​ប្រសើរ បុគ្គល​ថោកទាប មានសេចក្តី​ប្រកាន់ថា អញជា​បុគ្គលស្មើ បុគ្គល​ថោកទាប មានសេចក្តី​ប្រកាន់ថា អញជា​បុគ្គល​ថោកទាប។ មានះ​ដោយ​ចំណែក ១០ គឺបុគ្គល​ខ្លះក្នុងលោក​នេះ ញុំាងមានះ​ឲ្យកើត ព្រោះជាតិ ព្រោះ​គោត្រ ព្រោះភាព​នៃខ្លួនជាកូន​មានត្រកូល ព្រោះភាព​នៃខ្លួនមាន​សម្បុរល្អ ព្រោះទ្រព្យ ព្រោះ​ការរៀន ព្រោះការងារ ព្រោះសិល្បសាស្រ្ត ព្រោះហេតុជា​ទីតាំងនៃវិជ្ជា ព្រោះសុតៈ​និង​បដិភាណៈ ព្រោះវត្តុ​ណាមួយ។ មានះ ការប្រកាន់ ភាពជា​អ្នកប្រកាន់ ការក្រអឺត​ក្រ​អោង ការតម្កើង ការប្រកាន់​ឫកខ្ពស់ដូច​ទង់ជ័យ ការផ្គង​ឡើង ភាពនៃ​ចិត្តបា្រថា្ន ដូចជា​ទង់​ណា មានសភាព​យ៉ាងនេះ នេះលោក​ហៅថា មានះ។

ពាក្យថា បុគ្គលមានបា្រជ្ញាកំចាត់នោះ លះបង់​មាយាផង មានះផង គឺលះបង់ កំចាត់​បង់ បនោ្ទបង់ ធ្វើឲ្យវិនាស មិនឲ្យកើត នូវមាយា និងមានះ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​មានបា្រជ្ញា​កំចាត់នោះ លះបង់​មាយាផង មានះផង។

[១០៣] អធិប្បាយពាក្យថា បុគ្គលមានបា្រជ្ញាកំចាត់នោះ គប្បីលុះ​ដោយកិលេស ដូចម្តេច​កើត ព្រោះលោក​មិនមាន​ការអែបនែប ត្រង់ពាក្យថា ការ​អែបនែប បានខាងការ​អែបនែប ២ គឺការអែប​នែបគឺតណ្ហា ១ ការអែបនែប​គឺទិដិ្ឋ ១។បេ។ នេះឈ្មោះថា ការ​អែបនែប​គឺតណ្ហា។បេ។ នេះឈ្មោះថា ការអែបនែប​គឺទិដិ្ឋ។ បុគ្គលនោះ លះបង់​ការអែបនែប គឺតណ្ហា រលាស់ចេញ​នូវការអែប​នែបគឺទិដិ្ឋ ឈ្មោះថា អ្នកមិន​មានការអែប​នែប ព្រោះ​លះបង់​ការអែបនែប​គឺតណ្ហា​ហើយ ព្រោះ​រលាស់ចេញ​នូវការ​អែបនែប​គឺទិដិ្ឋហើយ។ បុគ្គលនោះ គប្បីលុះ​ដោយរាគៈ​ដូចម្តេច លុះដោយ​ទោសៈ​ដូចម្តេច លុះដោយ​មោហៈ​ដូច​ម្តេច លុះដោយ​មានះដូច​ម្តេច លុះដោយ​ទិដិ្ឋដូចម្តេច លុះដោយ​ឧទ្ធច្ចៈដូចម្តេច លុះដោយ​វិចិកិច្ឆា​ដូចម្តេច លុះដោយ​អនុសយក្កិលេស​ទាំងឡាយ​ដូចម្តេច​កើត ថាជា​អ្នកត្រេកអរ​ក្តី ថាជា​អ្នកខឹងក្តី​ ថាជាអ្នក​វង្វេងក្តី ថាជាអ្នក​ជាប់ចំពាក់ក្តី ថាជាអ្នក​ស្ទាបអង្អែល​ក្តី ថាជាអ្នក​ដល់នូវការ​រាយមាយក្តី ថាជា​អ្នកដល់នូវ​ការមិន​ដាច់​ស្រេចក្តី ថាជាអ្នក​ដល់នូវ​កម្លាំង​ក្តី។ អភិសង្ខារ​ទាំងនោះ បុគ្គលមាន​បា្រជា្ញកំចាត់​ លះបង់​ហើយ បុគ្គលនោះ គប្បី​ទៅកាន់​គតិទាំងឡាយ ថាជា​បុគ្គលទៅ​កើតក្នុង​នរកក្តី ថាទៅ​កើត​ក្នុងកំណើត​តិរច្ឆានក្តី ថាទៅកើត​ក្នុងបិត្តិវិស័យ​ក្តី ថាជា​មនុស្សក្តី ថាជា​ទេវតាក្តី ថាមាន​រូបក្តី ថាមិន​មានរូបក្តី ថា​មានសញ្ញាក្តី ថាមិនមាន​សញ្ញាក្តី ថាមាន​សញ្ញាក៏​មិនមែន មិនមាន​សញ្ញាក៏​មិនមែនក្តី ដោយហេតុ​ដូចម្តេចកើត ព្រោះអភិសង្ខារ​ទាំងឡាយ លោកលះ​បង់ហើយ។ បុគ្គលមាន​​បា្រជា្ញកំចាត់ គប្បីទៅ​ដោយ​ហេតុណា ហេតុនោះ​មិនមាន បច្ច័យមិនមាន ការណ៍មិនមាន​ទេ ព្រោះ​ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គល​មានបា្រជា្ញ​កំចាត់នោះ គប្បីលុះ​ដោយ​កិលេស​ដូចម្តេចកើត ព្រោះលោក​មិនមាន​ការអែបនែប។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ទិដិ្ឋដែលគេកំណត់ហើយ ក្នុងភពតូចភពធំ ក្នុងលោក​ណាមួយ​នៃបុគ្គល​មាន​បា្រជា្ញ​កំចាត់ មិនមានទេ បុគ្គល​មានបា្រជា្ញ​កំចាត់នោះ លះបង់​មាយាផង មានះផង តើនឹង​លុះ​ដោយ​កិលេស​ដូចម្តេចកើត ព្រោះលោក​មិន​មានការ​អែបនែប។

[១០៤] បុគ្គលមានកិលេសជាគ្រឿងអែបនែប រមែងអើពើ​នឹងវាទៈ​ក្នុងធម៌​ទាំង​ឡាយ ជនគប្បី​ពោលនូវ​បុគ្គល​មិនមា​នការអែបនែប​ដោយ​កិលេស​ណា​ដូចម្តេច​បាន ព្រោះ​អត្តទិដិ្ឋ (ការឃើញ​ថាមានខ្លួន) និរត្តទិដិ្ឋ (ការឃើញ​ថាមិនមានខ្លួន) នៃព្រះអរហន្ត​នោះ​មិន​មានទេ ព្រះអរហន្ត​នោះ បានលាងនូវ​ទិដិ្ឋទាំងអស់​ក្នុងលោក​នេះហើយ។

[១០៥] អធិប្បាយពាក្យថា បុគ្គលមានកិលេស ជាគ្រឿង​អែបនែប រមែងអើពើ​នឹង​វាទៈ​ក្នុងធម៌​ទាំងឡាយ ត្រង់ពាក្យថា កិលេសជា​គ្រឿងអែបនែប បានខាង​ការ​អែបនែប​ ​២ យ៉ាង គឺ​ ការអែប​នែប​​គឺតណ្ហា ១ ការអែបនែប​គឺទិដិ្ឋ ១។បេ។ នេះឈ្មោះ​ថា ការអែបនែប​គឺតណ្ហា។បេ។ នេះឈ្មោះថា ការអែបនែប​គឺទិដិ្ឋ។ បុគ្គលនោះ មិនទាន់​លះបង់​ការ​អែបនែប​​គឺតណ្ហា មិនទាន់​រលាស់​ចោលការ​អែបនែប​គឺទិដ្ឋិ រមែងអើ​ពើ​នូវវាទៈ​ក្នុងធម៌​ទាំងឡាយថា ជាអ្នក​ត្រេកអរក្ដី ថាជាអ្នក​ខឹងក្ដី ថាជា​អ្នកវងេ្វងក្ដី ថាជា​អ្នកជាប់​ចំពាក់​ក្តី ថាជា​​អ្នកស្ទាប​អងែ្អលក្ដី ថាជាអ្នក​ដល់នូវ​ការរាយ​មាយក្ដី ថាជាអ្នក​ដល់នូវ​ការមិនដាច់​ស្រេចក្ដី ថាជាអ្នក​ដល់នូវ​កមាំ្លងក្តី ព្រោះការអែប​នែប​​គឺ​តណ្ហា ខ្លួនមិន​ទាន់លះប​ង់ ព្រោះការ​អែបនែប​គឺទិដ្ឋិ ខ្លួនមិន​ទាន់រលាស់​ចេញ។ អភិសង្ខារ​ទាំងនោះ បុគ្គល​មិនទាន់​លះបង់ហើយ បុគ្គល​រមែង​អើពើនូវវាទៈ​ដោយគតិ ព្រោះអភិសង្ខារ​ទាំងឡាយ ដែលខ្លួន​មិនទាន់​លះបង់ គឺរមែង​ដល់ ចូលទៅជិត ប្រកាន់ ស្ទាបអង្អែល ជាប់ចំពាក់​នូវវាទៈថា ជាអ្នកកើត​ក្នុងនរកក្តី កើតក្នុង​កំណើត​តិរច្ឆានក្តី កើតក្នុង​បិត្តិវិស័យ​ក្តី ជាមនុស្សក្តី ជា​ទេវតាក្តី មានរូបក្តី មិនមាន​រូបក្តី មានសញ្ញាក្តី មិន​មាន​សញ្ញាក្តី មានសញ្ញា​ក៏មិនមែន មិនមាន​សញ្ញាក៏មិន​មែនក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ​បុគ្គលមាន​កិលេស​ជាគ្រឿង​អែបនែប រមែងអើពើ​នូវវាទៈ​ក្នុងធម៌​ទាំងឡាយ។

[១០៦] អធិប្បាយពាក្យថា ជនគប្បីពោលនូវបុគ្គល​មិនមាន​ការអែប​នែបដោយ​កិលេស​ណា ដូចម្ដេចបាន ត្រង់ពាក្យថា ការអែប​នែប បានដល់​ការអែបនែប ២ គឺការ​អែប​នែបគឺ​តណ្ហា ១ ការអែបនែប​គឺទិដ្ឋិ ១។បេ។ នេះឈ្មោះថា ការអែបនែប​គឺតណ្ហា។បេ។ នេះឈ្មោះថា កា​រអែបនែប​គឺទិដ្ឋិ។ បុគ្គលនោះ​ លះបង់​ការអែប​នែប​គឺតណ្ហា រលាស់​ចោល​ការអែបនែប​គឺទិដ្ឋិ ព្រោះការ​អែបនែប​គឺតណ្ហា លោកលះ​បង់ហើយ ព្រោះការ​អែបនែប​គឺទិដ្ឋិ លោករលាស់​ចេញហើយ ជនគប្បី​ពោលនូវ​បុគ្គល​មិនមាន​កិលេស ជាគ្រឿង​អែបនែប​ដោយរាគៈ​ដូចម្តេច​ គប្បីពោល​ដោយទោសៈ​ដូចម្តេច​ គប្បីពោល​ដោយ​មោហៈ​ដូចម្តេច​ គប្បីពោល​ដោយមានះ​ដូចម្តេច​ គប្បីពោល​ដោយ​ទិដ្ឋិដូចម្តេច គប្បី​ពោលដោយ​ឧទ្ធច្ចៈ​ដូចម្តេច គប្បីពោល​ដោយវិចិកិច្ឆា​ដូចម្តេច គប្បីពោល​ដោយ​អនុស័យ​ទាំងឡាយ​ដូចម្តេច ថាជាអ្នក​ត្រេកអរក្តី ថាជា​អ្នកខឹងក្តី ថាជាអ្នក​វង្វេងក្តី​ ថាជាអ្នក​ជាប់​ចំពាក់ក្តី ថាជា​អ្នកស្ទាប​អង្អែលក្តី ថាជាអ្នក​ដល់នូវ​ការរាយមាយក្តី ថាជា​អ្នកដល់​នូវការ​មិនដាច់​ស្រេចក្តី ថាជាអ្នកដល់​នូវកម្លាំងក្តី។ អភិសង្ខារ​ទាំងនោះ​ បុគ្គលនោះ​លះបង់​ហើយ ជនគប្បី​ពោលនូវ​គតិទាំងឡាយ​ថា ជាអ្នក​កើតក្នុង​នរកដូច្នេះ​ក្តី។បេ។ មាន​សញ្ញាក៏​មិនមែន មិនមាន​សញ្ញាក៏​មិនមែន​ដូច្នេះក្តី ដោយហេតុ​ដូចម្តេចបាន ព្រោះ​អភិសង្ខារ​ទាំងឡាយ លោកលះបង់​ហើយ។ ជនគប្បី​ពោល សម្តែង និយាយ បំភ្លឺ បញ្ចេញ ដោយ​ហេតុណា ហេតុនោះ​មិនមាន បច្ច័យ​មិនមាន ការណ៍​មិនមាន ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនគប្បី​ពោល​នូវបុគ្គល​មិនមាន​ការអែបនែប ដោយ​កិលេសណា ដូចម្តេច​បាន។

[១០៧] អធិប្បាយពាក្យថា អត្តទិដ្ឋិ និងនិរត្តទិដ្ឋិ​នៃបុគ្គលនោះ មិនមានទេ ត្រង់​ពាក្យថា អត្តទិដ្ឋិ គឺសស្សតទិដ្ឋិ មិនមាន ពាក្យថា និរត្តទិដ្ឋិ គឺឧច្ឆេទទិដ្ឋិ ក៏មិនមាន បាន​សេចក្តី​ថា ការប្រកាន់​ថា ខ្លួនមិនមាន ការគួរដោះ​ថា មិនមែនខ្លួន ក៏មិនមាន។ ការប្រកាន់​របស់​បុគ្គល​ណាមាន ការគួរ​ដោះរបស់​បុគ្គលនោះ​ក៏មាន ការគួរដោះ​របស់បុគ្គល​ណា មាន​ ការប្រកាន់​របស់បុគ្គល​នោះ​ក៏មាន។ ព្រះអរហន្ត កន្លងផុត​ការប្រកាន់ និងការដោះ ហើយ​ប្រព្រឹត្ត​កន្លងនូវ​សេចក្តី​ចំរើន និងសេចក្តី​វិនាស។ ព្រះអរហន្ត​នោះ មានព្រហ្មចរិយៈ​នៅហើយ មានធម៌​ជាគ្រឿង​ប្រព្រឹត្ត ប្រព្រឹត្ត​ហើយ។បេ។ ព្រះអរហន្តនោះ មិនមានភព​ថ្មីទៀតទេ ហេតុនោះ (ទ្រង់ត្រាស់ថា) អត្តទិដ្ឋិ (ការឃើញ​ថា មានខ្លួន) និរត្តទិដ្ឋិ (ការ​ឃើញថា ​មិនមាន​ខ្លួន) នៃបុគ្គល​នោះ មិនមានទេ។

[១០៨] ពាក្យថា បុគ្គលនោះ បានលាងនូវទិដ្ឋិទាំងអស់​ក្នុងលោក​នេះហើយ សេចក្តី​ថា ទិដ្ឋិទាំង ៦២ បុគ្គលនោះ លះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិន​គួរ​ដល់ការ​កើតទៀត ដុតដោយ​ភ្លើងគឺ​ញាណហើយ។ បុគ្គលនោះ បានលាង កំចាត់បង់ កំចាត់ដាច់​ស្រឡះ កំចាត់​ដោយ​មិនសល់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យ​កើត​មាន នូវទិដ្ឋិ​ទាំងអស់​ក្នុងលោក ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ បានលាងនូវ​ទិដ្ឋិ​ទាំងអស់ ក្នុងលោក​នេះហើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលមានកិលេសជាគ្រឿងអែបនែប រមែងអើពើ​នូវវាទៈ ក្នុងធម៌​ទាំងឡាយ ជនគប្បី​ពោល​នូវបុគ្គល​មិនមាន​ការអែបនែប​ ដោយកិលេស​ណា​ដូចម្តេច​បាន ព្រោះ​អត្តទិដ្ឋិ (ការឃើញ​ថា មានខ្លួន) និរត្តទិដ្ឋិ (ការឃើញថា​ មិនមានខ្លួន) នៃ​បុគ្គលនោះ មិនមាន​ទេ បុគ្គលនោះ បានលាង​នូវទិដ្ឋិ​ទាំងអស់ ក្នុង​លោក​នេះហើយ។

ចប់ ទុដ្ឋដ្ឋកសុត្តនិទ្ទេស ទី៣។

សុទ្ធដ្ឋកសុត្តនិទ្ទេស ទី៤

[១០៩] (ព្រះមានព្រះភាគត្រាស់ថា) អាត្មាអញឃើញ (នូវរូប) ដ៏បរិសុទ្ធ ឧត្តម មិន​​មានរោគ សេចក្តី​បរិសុទ្ធិ​ដ៏ប្រពៃ​របស់នរជន រមែង​កើតមាន​ដោយ​សាររូប​ដែលខ្លួន​ឃើញ​បុគ្គល​ពាល​អ្នកឃើញ​រឿយ ៗ នូវការ​បរិសុទ្ធិ កាលដឹង​ច្បាស់​យ៉ាងនេះ រមែង​យល់ថា (ការ​ឃើញនេះ​) ឧត្តម ហើយ​ជឿនូវការ​ឃើញនោះ ថាជាញាណ។

[១១០] អធិប្បាយពាក្យថា អាត្មាអញឃើញ (នូវរូប) ដ៏បរិសុទ្ធ​ ឧត្តម មិនមាន​រោគ​ត្រង់ពាក្យថា អាត្មាអញ​ ឃើញ (នូវរូប) ដ៏បរិសុទ្ធ គឺអាត្មាអញ​ឃើញ (រូប) បរិសុទ្ធ មើល ​(រូប) ​បរិសុទ្ធ ក្រឡេកមើល (រូប) បរិសុទ្ធ សម្លឹងមើល (រូប) បរិសុទ្ធ សង្កេត​មើល (រូប)​ បរិសុទ្ធ។ ពាក្យថា ឧត្តម មិនមាន​រោគ គឺឧត្តម ដល់នូវភាព​មិន​មានរោគ ដល់នូវសេចក្តី​ក្សេម ដល់នូវ​ទីជ្រក ដល់នូវ​ទីពឹង​ពំនាក់ ដល់នូវទី​រលឹក ដល់នូវ​ការប្រព្រឹត្តិទៅខាងមុខ ដល់នូវ​ការមិន​មានភ័យ ដល់នូវ​ភាពទៀងទាត់ ដល់នូវ​អមតៈ ដល់នូវភាព​បា្រសចាក​តណ្ហា ហេតុនោះ (ទ្រង់តា្រស់ថា) អាត្មាអញ​ឃើញ (នូវរូប) បរិសុទ្ធ ឧត្តម មិនមានរោគ។

[១១១] ពាក្យថា សេចក្តីបរិសុទ្ធិដ៏ប្រពៃរបស់នរជន រមែងកើតមាន ដោយសារ​រូប​ដែលខ្លួន​ឃើញ សេចក្តីថា សេចក្តីស្អាត សេចក្តីស្អាត​វិសេស សេចក្តី​បរិសុទ្ធិ ការ​ផុត ការផុត​ស្រឡះ ការផុត​ដោយជុំវិញ​របស់នរជន រមែង​កើតមាន ឬនរជន ស្អាត ស្អាត​វិសេស បរិសុទ្ធ ផុត ផុតស្រឡះ ផុតដោយ​ជុំវិញ ដោយសារ​ការឃើញរូប ដោយ​ចក្ខុវិញ្ញាណ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តី​បរិសុទ្ធិ​ដ៏ប្រពៃ​របស់នរជន រមែងកើត​មាន​ដោយសាររូប ដែលខ្លួន​ឃើញ។​​​

[១១២] ពាក្យថា បុគ្គលពាល កាលដឹងច្បាស់យ៉ាងនេះ រមែង​យល់ថា (ការ​ឃើញនេះ) ឧត្តម គឺកាល​ដឹងចំពោះ​ ដឹងទួទៅ ដឹងវិសេស ដឹងច្បាស់ ចាក់ធ្លុះ ចំពោះ យ៉ាងនេះ រមែងយល់ ដឹង ថ្លឹងមើល ពិចារណា​ឃើញ យល់ច្បាស់ ធ្វើឲ្យបា្រកដថា ការ​ឃើញនេះ ថ្លៃថ្លា លើសលុប ប្រសើរ ប្រសើរ​វិសេស ចម្បង ឧត្តម ក្រៃលែង ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ពាល កាល​ដឹងច្បាស់​យ៉ាងនេះ រមែងយល់ថា (ការឃើញនេះ) ឧត្តម។

[១១៣] ពាក្យថា អ្នកឃើញរឿៗ នូវការបរិសុទ្ធិ រមែងជឿ (នូវការ​ឃើញនោះ) ថាជា​ញាណ សេចក្តីថា បុគ្គលណា ឃើញនូវ​សេចក្តី​បរិសុទ្ធិ បុគ្គលនោះ​ឈ្មោះថា អ្នក​ឃើញរឿយៗ​នូវសេចក្តី​បរិសុទ្ធិ។ ពាក្យថាជឿ (នូវការ​ឃើញនោះ) ថាជា​ញាណ គឺជឿ​នូវការ​ឃើញរូប ដោយ​ចក្ខុវិញ្ញាណ ថាជា​ញាណ ជឿថាជាមគ្គ ជឿថាជាផ្លូវ ជឿថាជា​គ្រឿងដឹកនាំ ព្រោះហេតុ​នោះ (ទ្រង់ត្រាស់ថា) អ្នក​ឃើញរឿយៗ នូវសេចក្តី​បរិសុទ្ធិ ជឿ (នូវការឃើញ​នោះ) ថាជាញាណ។ ហេតុនោះ ព្រះមានព្រះភាគ​ ត្រាស់ថា

អាត្មាអញឃើញ (នូវរូប) ដ៏បរិសុទ្ធ ឧត្តម មិនមានរោគ សេចក្តី​បរិសុទ្ធិ​ដ៏ប្រពៃ របស់​នរជន រមែងមាន ដោយសារ (រូប) ដែលខ្លួន​ឃើញ បុគ្គលពាល​អ្នកឃើញ​រឿយៗ នូវការ​បរិសុទ្ធិ កាលដឹងច្បាស់​យ៉ាងនេះ រមែងយល់ថា (ការឃើញនេះ) ឧត្តម ហើយជឿ (នូវការ​ឃើញនោះ) ថាជា​ញាណ។

[១១៤] បើសេចក្តីបរិសុទ្ធិរបស់នរជន កើតមាន​ដោយសាររូប​ដែលខ្លួនឃើញ ឬនរជន​នោះលះ​បង់ទុក្ខ គឺរួចចាកទុក្ខ ដោយ​សារញាណ​បាន នរជន​អ្នកមាន​ឧបធិក្កិលេស​នោះ ឈ្មោះថា​បរិសុទ្ធ ដោយ​ផ្លូវដទៃ ព្រោះថា ទិដ្ឋិរមែង​បា្រប់នូវ​បុគ្គល អ្នក​ពោល​ដូច្នោះ​នោះ។

[១១៥] ពាក្យថា បើសេចក្តីបរិសុទ្ធិរបស់នរជន​កើតមាន ដោយ​សាររូប​ដែល​ខ្លួនឃើញ​ គឺសេចក្តី​ស្អាត ស្អាត​វិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតដោយ​ជុំវិញ​របស់​នរជន កើតមាន ឬនរជនស្អាត ស្អាតវិសេស បរិសុទ្ធ ផុត ផុតស្រឡះ ផុតដោយ​ជុំវិញ ដោយសារ​ការឃើញ​រូប ដោយចក្ខុ​វិញ្ញាណ ព្រោះហេតុនោះ​ (ទ្រង់​ត្រាស់ថា) បើសេចក្តី​បរិសុទ្ធិ​របស់នរជន កើតមាន ដោយសារ​រូប​ដែលខ្លួន​ឃើញ។

[១១៦] ពាក្យថា ឬនរជននោះ លះបង់ទុក្ខដោយសារញាណបាន គឺបើនរជន​លះបង់​ជាតិទុក្ខ លះបង់​ជរាទុក្ខ លះបង់​ព្យាធិទុក្ខ លះបង់​មរណទុក្ខ លះបង់​សោកទុក្ខ បរិទេវទុក្ខ ទុក្ខទុក្ខ ទោមនស្សទុក្ខ ឧបាយាសទុក្ខ ដោយសារ​ការឃើញរូប​ដោយចក្ខុ​វិញ្ញាណ ហេតុនោះ (ទ្រង់ត្រាស់ថា) ឬនរជននោះ លះបង់ទុក្ខ គឺរួចចាកទុក្ខ ដោយ​សារញាណ​បាន។

[១១៧] ពាក្យថា នរជនអ្នកមានឧបធិក្កិលេសនោះ ឈ្មោះថាបរិសុទ្ធ ដោយ​ផ្លូវដទៃ សេចក្តីថា នរជន​រមែងស្អាត ស្អាតវិសេស បរិសុទ្ធ ផុត ផុតស្រឡះ ផុតដោយ​ជុំវិញ ដោយផ្លូវ​មិនបរិសុទ្ធ​ដទៃ ដោយ​បដិបទាខុស ដោយគន្លង​មិនមែន​ជាទីដឹកនាំ ក្រៅ​អំពី​សតិប្បដ្ឋាន ក្រៅអំពី​សម្មប្បធាន ក្រៅអំពី​ឥទ្ធិបាទ ក្រៅអំពី​ឥន្ទ្រិយ ក្រៅអំពី​ពលៈ ក្រៅអំពី​ពោជ្ឈង្គ ក្រៅអំពី​អដ្ឋង្គិកមគ្គ​ដ៏ប្រសើរ។ ពាក្យថា មាន​ឧបធិក្តិលេស គឺប្រកប​ដោយរាគៈ ប្រកប​ដោយ​ទោសៈ ប្រកបដោយ​មោហៈ ប្រកប​ដោយមានះ ប្រកប​ដោយ​តណ្ហា ប្រកប​ដោយទិដ្ឋិ ប្រកបដោយ​កិលេស ប្រកបដោយ​ឧបាទាន ហេតុនោះ (ទ្រង់​ត្រាស់ថា) នរជនអ្នក​មានឧបធិក្កិលេស​នោះ ឈ្មោះថា បរិសុទ្ធ​ដោយផ្លូវ​ដទៃ។

[១១៨] ពាក្យថា ព្រោះថាទិដ្ឋិរមែងបា្រប់នូវបុគ្គល​អ្នកពោល​ដូច្នោះនោះ សេចក្តី​ថា ទិដ្ឋិនោះ​ឯង រមែងបា្រប់​បុគ្គលនោះ​ដូច្នេះថា បុគ្គលនេះ ជាមិច្ឆាទិដ្ឋិ មានសេចក្តី​យល់​ផ្ទុយ។ ពាក្យថា ពោលដូច្នោះ គឺពោល​ថ្លែង ពណ៌នា ពន្យល់ ពោលប្រកាន់​ដោយប្រការ​ដូច្នោះ គឺពោលថ្លែង ពណ៌នា ពន្យល់ ពោលប្រកាន់​ដោយប្រការ​ដូច្នោះថា លោកទៀង ពាក្យនេះ​ជាពាក្យពិត ពាក្យដទៃ​ជាមោឃៈ ពោលថ្លែង ពណ៌នា ពន្យល់ ពោល​ប្រកាន់ ដោយ​ប្រការ​ដូច្នោះថា លោក​មិនទៀង លោកមានទីបំផុត លោកមិន​មានទីបំផុត ជីវៈ​នោះ សរីរៈនោះ ជីវៈដទៃ សរីរៈដទៃ សត្វស្លាប់ហើយ​កើតទៀត សត្វស្លាប់ហើយ មិន​កើតទៀត សត្វស្លាប់​ហើយកើត​ទៀតក៏មាន មិនកើត​ទៀតក៏មាន សត្វស្លាប់​ហើយ កើត​ទៀត​ក៏​មិនមែន មិនកើត​ទៀតក៏មិន​មែន ពាក្យនេះជា​ពាក្យពិត ពាក្យដទៃ​ជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះថា ទិដ្ឋិរមែង​បា្រប់នូវ​បុគ្គល​អ្នកពោល​ដូច្នោះនោះ។ ហេតុនោះ​ ព្រះមានព្រភាគ​ត្រាស់ថា

បើសេចក្តីបរិសុទ្ធិ របស់នរជន កើតមាន ដោយសាររូប​ដែលខ្លួនឃើញ ឬនរជន​នោះ លះបង់​ទុក្ខដោយ​ញាណបាន នរជន​អ្នកមាន​ឧបធិក្កិលេស​នោះ រមែង​បរិសុទ្ធ ដោយផ្លូវ​ដទៃ ព្រោះថា ទិដ្ឋិរមែងបា្រប់​នូវបុគ្គល​អ្នកពោល​ដូច្នោះនោះ។

[១១៩] ព្រាហ្មណ៍ មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះផ្លូវដទៃ ព្រោះអារម្មណ៍​ដែលឃើញ ឬឮ ព្រោះសីល និងវត្ត ឬព្រោះ​អារម្មណ៍​ដែលប៉ះ​ពាល់ឡើយ ទាំងជាអ្នក​មិនជាប់​នៅ​ក្នុងបុណ្យ និងបាប ជាអ្នក​លះបង់​នូវអត្តា ជាអ្នក​លែងធ្វើ​ក្នុងលោកនេះ។

[១២០] អធិប្បាយពាក្យថា ព្រាហ្មណ៍ មិនពោលនូវសេចក្តី​បរិសុទ្ធិ ព្រោះផ្លូវដទៃ ព្រោះអារម្មណ៍​ដែលខ្លួន​ឃើញ ឬឮ ព្រោះសីល និងវត្ត ឬព្រោះ​អារម្មណ៍​ដែលប៉ះពាល់​ឡើយ ត្រង់ពាក្យថា មិន គឺជា​ពាក្យ​បដិសេធ។ ពាក្យថា ព្រាហ្មណ៍ គឺបុគ្គល​ដែលឈ្មោះ​ថា ព្រាហ្មណ៍ ព្រោះបន្សាត់​បង់​នូវធម៌ ៧ គឺ ជាអ្នក​បន្សាត់បង់​សក្កាយទិដ្ឋិ បន្សាត់បង់​វិចិកិច្ឆា បន្សាត់បង់​សីលព្វតបរាមាសៈ បន្សាត់បង់រាគៈ បន្សាត់បង់ទោសៈ បន្សាត់បង់​មោហៈ បន្សាត់​បង់មានះ។ លោកបន្សាត់​បង់អកុសលធម៌​ទាំងឡាយ​ដ៏លាមក ជាធម៌​ប្រកប​​ដោយសេចក្តី​សៅហ្មងព្រម មានកិរិយា​នាំសត្វឲ្យ​កើតទៀត ប្រកបដោយ​សេចក្តី​ក្រវល់​ក្រវាយ មានផល​ជាទុក្ខ ជាបច្ច័យ​របស់ជាតិ ជរា និងមរណៈ តទៅទៀត។

(ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណាដែល​បន្សាត់​ចោល នូវធម៌​ដ៏លាមក​ទាំងពួង ជាអ្នក​មានមន្ទិល​ទៅបា្រស​ហើយ មានចិត្ត​តម្កល់មាំ​ដោយប្រពៃ មានចិត្ត​នឹងធឹង កន្លងហើយ​នូវសំសារ បុគ្គលនោះ ឈ្មោះថា ជាអ្នក​មានកិច្ច​សម្រេច​អស់ហើយ ជាអ្នក​មិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) ជាតាទិបុគ្គល បុគ្គលនោះ លោកហៅ​ថា ព្រាហ្មណ៍។

ពាក្យថា ព្រាហ្មណ៍ មិនពោលនូវសេចក្តី​បរិសុទ្ធិ ព្រោះ​ផ្លូវដទៃ គឺ​ព្រាហ្មណ៍ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនពោល​ប្រកាន់នូវ​សេចក្តីស្អាត ស្អាត​វិសេស សេចក្តី​បរិសុទ្ធិ ការផុត ផុតស្រឡះ​ ផុតដោយជុំវិញ ដោយផ្លូវមិន​បរិសុទ្ធិដទៃ​ ដោយ​មិច្ឆាបដិបទា ដោយ​គន្លង​មិនជា​ទីដឹកនាំ ក្រៅចាក​សតិប្បដ្ឋាន ក្រៅចាក​សម្មប្បធាន ក្រៅចាក​ឥទ្ធិបាទ ក្រៅចាក​ឥន្រ្ទិយ ក្រៅចាក​ពលៈ ក្រៅចាក​ពោជ្ឈង្គៈ ក្រៅចាក​​អដ្ឋង្គិកមគ្គ​ដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ មិនពោល​នូវសេចក្តី​បរិសុទ្ធិ ព្រោះផ្លូវដទៃ។ ពាក្យថា​ ព្រោះអារម្មណ៍​ដែលខ្លួន​ឃើញ ឬឮ ព្រោះសីល និងវ័ត ឬព្រោះ​អារម្មណ៍​ដែលប៉ះពាល់​ឡើយ សេចក្តីថា មានសមណ​ព្រាហ្មណ៍​ពួកខ្លះ ប្រកាន់​សេចក្តី​បរិសុទ្ធិ​ដោយសារ​រូប​ដែលឃើញ​ សមណ​ព្រាហ្មណ៍​ទាំងនោះ ជឿនូវ​ការឃើញរូប​ទាំងឡាយ​ខ្លះ ថាជា​មង្គល ជឿនូវការ​ឃើញរូប​ទាំងឡាយខ្លះ ថាមិនមែន​ជាមង្គល។

សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ ជឿនូវការឃើញរូប​ទាំងឡាយ​ដូចម្តេច​ ថាជា​មង្គល។ សមណព្រាហ្មណ៍​ទាំងនោះ ក្រោកឡើង​អំពីព្រលឹម ឃើញនូវ​រូបទាំងឡាយ ដែល​​សម្មត​ថាជាមង្គល​ដ៏ក្រៃលែង គឺឃើញ​សត្វត្រចៀកកាំ ឃើញ​ដើមព្នៅ​ដែលដុះ​ដោយ​បុស្សនក្ខត្តឫក្ស ឃើញស្រ្តី​មានគភ៌ ឃើញបុគ្គល​កំពុងបញ្ជិះ​នាងកុមារិកា​លើ.ក ដើរទៅ ឃើញក្អម​មានទឹកពេញ ឃើញត្រីឆ្ពឹន ឃើញសេះ​អាជានេយ្យ ឃើញ​រថដែល​ទឹមដោយ​សេះអាជានេយ្យ ឃើញ​គោឧសភ ឃើញមេគោ​ក្រហម ក៏ប្រកាន់​ជឿនូវការ​ឃើញរូប​ទាំងឡាយ មានសភាព​យ៉ាងនេះ ថាជាមង្គល។

សមណព្រាហ្មណ៍ទាំងឡាយ​ពួកខ្លះ​ ជឿនូវការឃើញរូប​ទាំងឡាយ​ដូចម្តេច ថា​មិនមែន​ជាមង្គល។​ សមណព្រាហ្មណ៍​ទាំងនោះ ឃើញគំនរ​ចំបើង ឃើញ​ឆ្នាំងខ្លាញ់ ឃើញឆ្នាំង​ទទេ ឃើញស្ត្រី​របាំ ឃើញ​ស្រមណ៍អាក្រាត ឃើញលា ឃើញយាន​ដែល​ទឹម​​ដោយលា ឃើញយាន​ដែលទឹមដោយ​សត្វពាហនៈ​ម្ខាង ឃើញ​មនុស្សខ្វាក់ ឃើញ​មនុស្ស​ក្ងែង ឃើញ​មនុស្សខ្ចក ឃើញ​មនុស្សខ្វិន ឃើញ​មនុស្សជរា ឃើញ​មនុស្ស​ឈឺ ឃើញ​មនុស្សស្លាប់​ ក៏ប្រកាន់​ជឿនូវការ​ឃើញរូប​ទាំងឡាយ មានសភាព​យ៉ាងនេះ ថា​មិនមែន​​ជាមង្គល។ សមណ​ព្រាហ្មណ៍​ទាំងឡាយ​នេះ ប្រកាន់​សេចក្តី​បរិសុទ្ធិ​ដោយ​សាររូបដែល​ឃើញ សមណ​ព្រាហ្មណ៍​ទាំងនោះ តែងជឿថា សេចក្តីស្អាត ស្អាតវិសេស សេចក្តី​បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយសារ​រូបដែលឃើញ។

មានសមណព្រាហ្មណ៍ពួកខ្លះ ប្រកាន់សេចក្តីបរិសុទ្ធិ​ដោយ​សម្លេងដែល​ឮ សមណ​ព្រាហ្មណ៍​ទាំងនោះ ជឿនូវការ​ឮសំឡេង​ទាំងឡាយ​ខ្លះថា ជាមង្គល ជឿនូវការ​ឮ​សំឡេង​ទាំងឡាយ​ខ្លះ ថាមិនមែន​ជាមង្គល។

សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ រមែងជឿនូវការ​ឮសំឡេង​ទាំងឡាយ​ដូច​ម្តេច ថាជា​មង្គល។ សមណ​ព្រាហ្មណ៍​ទាំងឡាយ​នោះ ក្រោកឡើង​អំពីព្រលឹម ​ឮសំឡេង​ទាំងឡាយ ដែលសម្មតថា​ជាមង្គល​ដ៏ក្រៃលែង ដូចឮថា​ ចំរើនក្តី កំពុង​ចំរើនក្តី ពេញក្តី​ សក្តី មិនមាន​សោកក្តី មានចិត្ត​ល្អក្តី នក្ខត្តឫក្ស​ល្អក្តី មង្គល​ល្អក្តី សិរីក្តី ចំរើន​ដោយសិរីក្តី ក៏ប្រកាន់​ជឿនូវការ​ឮសំឡេង​ទាំងឡាយ មានសភាព​យ៉ាងនេះ ថាជាមង្គល។

សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ ជឿនូវការឮ​សំឡេងទាំងឡាយ​ដូចម្តេច ថា​មិនមែន​ជាមង្គល។ សមណ​ព្រាហ្មណ៍​ទាំងនោះ ឮពាក្យថា​ មនុស្សខ្វាក់ក្តី ក្ងែងក្តី ខ្ចកក្តី​ខ្វិនក្តី​ ជរាក្តី​ ឈឺក្តី ស្លាប់ក្តី ដាច់ក្តី បែកក្តី ឆេះក្តី វិនាសក្តី មិនមានក្តី ក៏ប្រកាន់ជឿ​នូវការឮ​សំឡេង មានសភាព​យ៉ាងនេះ ថាមិនមែន​ជាមង្គល។ សមណ​ព្រាហ្មណ៍ទាំង​នេះ អ្នក​ប្រកាន់​សេចក្តីបរិសុទ្ធិ​ដោយសម្លេង​ដែលឮ គឺ​សមណព្រាហ្មណ៍​ទាំងនោះ ជឿ​នូវសេចក្តី​ស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ព្រោះ​សម្លេង​ដែលឮ។

មានសមណព្រាហ្មណ៍ពួកខ្លះ ប្រកាន់សេចក្តីបរិសុទ្ធិ​ដោយសីល សមណ​ព្រាហ្មណ៍​ទាំងនោះ តែងជឿថា​ សេចក្តីស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត​ ផុត​ស្រឡះ ផុត​ដោយ​ជុំវិញ ដោយហេតុ​ត្រឹមតែសីល ត្រឹមតែ​ការសង្រួម ត្រឹមតែ​ការរវាំង ត្រឹម​តែការ​មិនប្រព្រឹត្តិ​កន្លង។ សមណ​មុណ្ឌិកាបុត្រ បានពោល​យ៉ាងនេះថា មា្នលជាង​ឈើ ខ្ញុំ​តែងបញ្ញត្ត​នូវបុរស​បុគ្គល​ដែលប្រកប​ដោយ​ធម៌ទាំងឡាយ ៤ យ៉ាង ថាជា​បុគ្គល​មាន​កុសល​បរិបូណ៌ មានកុសល​ដ៏ឧត្តម ជាបុគ្គល​ដល់ហើយ​នូវធម៌ ដែលគេ​គប្បីដល់​ដ៏​ឧត្តម ជាសមណៈ​មិនមាន​បរាជ័យ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលជាងឈើ ​បុរស​បុគ្គលក្នុង​លោកនេះ មិនធ្វើនូវ​អំពើលាមក​ដោយកាយ ១​ មិនពោល​នូវវាចា​ដ៏លាមក ១ មិនត្រិះរិះ​នូវសេចក្តី​ត្រិះរិះ​ដ៏លាមក​ ១ មិនចិញ្ចឹម​ជីវិតដោយ​ការចិញ្ចឹម​ជីវិតដ៏​លាមក ១ ម្នាលជាង​ឈើ ខ្ញុំតែង​បញ្ញត្តនូវ​បុរសបុគ្គល ដែល​ប្រកប​ដោយធម៌ ៤ នេះ​ឯង ថាជា​បុគ្គល​មានកុសលដ៏​បរិបូណ៌ មានកុសល​ដ៏ឧត្តម ជាបុគ្គល​ដល់ហើយ​នូវធម៌​ ដែល​បុគ្គល​គប្បីដល់​ដ៏ឧត្តម ជា​សមណៈ មិនមាន​បរាជ័យ។ មានសមណ​ព្រាហ្មណ៍​ពួកខ្លះ ជាអ្នក​ប្រកាន់​នូវសេចក្តី​បរិសុទ្ធិ​ដោយសីល សមណ​ព្រាហ្មណ៍​ទាំងនោះ រមែងជឿ​សេចក្តីស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយ​ជុំវិញ ដោយ​ហេតុត្រឹម​តែសីល ត្រឹមតែការ​សង្រួម ត្រឹមតែ​ការរវាំង ត្រឹមតែការ​មិនប្រព្រឹត្ត​កន្លង យ៉ាងនេះ​ឯង។

មានសមណព្រាហ្មណ៍ពួកខ្លះ​ ជាអ្នកប្រកាន់​នូវសេចក្តីបរិសុទ្ធិ​ដោយវត្ត សមណ​ព្រាហ្មណ៍​ទាំងនោះ ជាអ្នកប្រព្រឹត្ត​វត្តដំរី​ក៏មាន ប្រព្រឹត្តវត្ត​សេះក៏មាន ប្រព្រឹត្ត​វត្តគោ​ក៏​មាន ប្រព្រឹត្តវត្ត​ឆ្កែក៏មាន ប្រព្រឹត្តវត្ត​ក្អែកក៏មាន ប្រព្រឹត្តវត្ត​របស់វាសុទេព​ក៏មាន ប្រព្រឹត្ត​វត្តរបស់​ពលទេព​ក៏មាន ប្រព្រឹត្តវត្ត​របស់​បុណ្ណភទ្ទក៏មាន ប្រព្រឹត្តវត្ត​របស់​មណិភទ្ទក៏​មាន ប្រព្រឹត្តវត្តភ្លើង​ក៏មាន ប្រព្រឹត្តវត្ត​នាគក៏មាន ប្រព្រឹត្តវត្ត​គ្រុឌក៏មាន​ ប្រព្រឹត្តវត្ត​យក្ខក៏មាន ប្រព្រឹត្តវត្ត​អសុរក៏មាន ប្រព្រឹត្តវត្ត​គន្ធព្វក៏មាន ប្រព្រឹត្ត​វត្តមហារាជ​ក៏មាន ប្រព្រឹត្ត​វត្តព្រះចន្រ្ទ​ក៏មាន ប្រព្រឹត្តវត្ត​ព្រះអាទិត្យក៏មាន ប្រព្រឹត្តវត្ត​ព្រះឥន្រ្ទ​ក៏មាន ប្រព្រឹត្តវត្ត​ព្រះព្រហ្ម​ក៏មាន ប្រព្រឹត្តវត្ត​ទេព្តាក៏មាន​ ប្រព្រឹត្តវត្ត​សំពះទិស​ក៏មាន។ សមណ​ព្រាហ្មណ៍​ទាំងឡាយ​នេះ ជាអ្នកប្រកាន់​សេចក្តីបរិសុទ្ធិ​ដោយវត្ត សមណ​ព្រាហ្មណ៍​ទាំងនោះ រមែង​ជឿសេចក្តី​ស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយ​ជុំវិញ ព្រោះវត្ត។

មានសមណព្រាហ្មណ៍ពួកខ្លះ អ្នកប្រកាន់សេចក្តីបរិសុទ្ធិ​ដោយអារម្មណ៍​ដែលប៉ះ​ពាល់។ សមណ​ព្រាហ្មណ៍​ទាំងនោះ ក្រោកឡើង​អំពីព្រលឹម ស្ទាបប្រថពី ស្ទាបស្មៅ​ស្រស់ ស្ទាប​អាចម៍គោ ស្ទាបអណ្តើក ជាន់នូវ​បណ្តាញ (ដែក) ស្ទាបរទេះ​ដែលពេញ​ដោយល្ង ស៊ីល្ងដែល​ជាមង្គល លាបប្រេង​មង្គល ស៊ីឈើ​ស្ទន់មង្គល ងូតដោយ​ដីស្អិត​មង្គល ស្លៀក​សំពត់​មង្គល ជួតឈ្នួត​មង្គល។ សមណ​ព្រាហ្មណ៍​ទាំងនេះ ជាអ្នក​ប្រកាន់​សេចក្តី​បរិសុទ្ធិ ដោយ​អារម្មណ៍​ដែលប៉ះពាល់ សមណ​ព្រាហ្មណ៍​ទាំងនោះ​ រមែង​ជឿ​សេចក្តីស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយ​ជុំវិញ ដោយ​អារម្មណ៍​ដែលប៉ះ​ពាល់។

ពាក្យថា ព្រាហ្មណ៍មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះផ្លូវដទៃ ព្រោះអារម្មណ៍​ដែល​ឃើញក្តី ដែលឮក្តី ព្រោះសីល និងវត្តក្តី ព្រោះអារម្មណ៍​ដែលប៉ះ​ពាល់ក្តី បាន​សេចក្តីថា ព្រាហ្មណ៍​មិនពោល​នូវសេចក្តី​បរិសុទ្ធិ ដោយសេចក្តី​បរិសុទ្ធិ ព្រោះអារម្មណ៍​ដែល​ឃើញ​ផង​ មិនពោល​នូវសេចក្តី​បរិសុទ្ធិ ដោយសេចក្តី​បរិសុទ្ធិ ព្រោះអារម្មណ៍​ដែលឮ​ផង មិន​ពោលនូវ​សេចក្តី​បរិសុទ្ធិ ដោយសេចក្តី​បរិសុទ្ធិ ព្រោះសីល​ផង មិនពោល​នូវសេចក្តី​បរិសុទ្ធិ​ដោយសេចក្តី​បរិសុទ្ធិ​ព្រោះវត្តផង មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិននិយាយ នូវសេចក្តី​បរិសុទ្ធិ ដោយសេចក្តី​បរិសុទ្ធិ ព្រោះអារម្មណ៍​ដែល​ប៉ះពាល់​ផង ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍​មិនពោល​នូវសេចក្តី​បរិសុទ្ធិ​ដោយផ្លូវ​ដទៃ ព្រោះ​អារម្មណ៍​ដែលឃើញ​ក្តី ដែលឮក្តី ព្រោះសីល និងវត្តក្តី ព្រោះ​អារម្មណ៍​ដែលប៉ះពាល់​ក្តី។

[១២១] ពាក្យថា មិនជាប់នៅក្នុងបុណ្យ និងបាប មានសេចក្តីថា កុសលាភិសង្ខារ​ណាមួយ ដែលឲ្យ​បដិសន្ធិ​ក្នុងត្រៃធាតុ លោកហៅ​ថាបុណ្យ។ អកុសល​ទាំងអស់ លោក​ហៅថា បាប។ កាលណា​បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និង​អានេញ្ជាភិសង្ខារ​ដែល​ព្រាហ្មណ៍​លះបង់​ហើយ ផ្តាច់ឫស​ចោលហើយ ធ្វើមិន​ឲ្យមានទី​កើត​ដូច​ជាដើម​ត្នោត ដល់នូវ​ភាពតាំង​នៅមិនបាន មានសភាព​មិនកើតត​ទៅទៀត ក្នុង​កាល​​ណា ព្រាហ្មណ៍​ឈ្មោះថា មិនជាប់ មិនជាប់ព្រម មិនជាប់មាំ ជាអ្នកមិន​ប្រឡាក់ មិន​ប្រឡាក់​​ព្រម មិនចូល​ទៅប្រឡាក់ ស្ទុះចេញ លះបង់ រួចស្រឡះ បា្រសចេញ មានចិត្ត​បា្រសចាក​កិលេស​ដូចជា ទំនប់​ជាដើម ក្នុងបុណ្យ និងបាប ព្រោះហេតុ​ប៉ុណ្ណេះ ក្នុងកាលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនជាប់​នៅក្នុងបុណ្យ និងបាប។

[១២២] ពាក្យថា ជាអ្នកលះបង់នូវអត្តា លែងធ្វើក្នុងលោក​នេះ អធិប្បាយថា អ្នកលះ​បង់នូវ​អត្តទិដ្ឋិ ឈ្មោះថា អ្នកលះបង់​នូវអត្តា។ អ្នកលះ​បង់នូវ​សេចក្តី​ប្រកាន់ ឈ្មោះថា អ្នកលះ​បង់នូវ​អត្តា។ វត្ថុណា​ដែល​គេប្រកាន់ បបោស​អង្អែល ត្រេកអរ​ចំពោះ ចុះចិត្ត ចុះចិត្ត​ស៊ប់ហើយ ដោយ​អំណាច​តណ្ហា ដោយអំណាច​ទិដ្ឋិ វត្ថុទាំង​អស់នោះ ព្រាហ្មណ៍​បាន​កំចាត់ ខ្ជាក់ចោល ផុត លះបង់ រលាស់ចោល​ហើយ ឈ្មោះថា អ្នកលះបង់​នូវអត្តា។ ពាក្យថា លែងធ្វើ​ក្នុងលោក​នេះ គឺមិនធ្វើ មិនឲ្យកើត មិនឲ្យ​កើតព្រម មិន​បង្កើត មិន​បង្កើត​ចំពោះ​នូវបុញ្ញាភិសង្ខារ​ក្តី នូវ​អបុញ្ញាភិសង្ខារ​ក្តី នូវ​អានេញ្ជាភិសង្ខារ​ក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នកលះ​បង់នូវអត្តា​ លែងធ្វើ​ក្នុងលោកនេះ។ ហេតុនោះ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់ថា

ព្រាហ្មណ៍ មិនពោលនូវសេចក្តីបរិសុទ្ធិ​ដោយផ្លូវដទៃ ព្រោះ​អារម្មណ៍​ដែល​ឃើញក្តី ដែលឮក្តី ព្រោះសីល និងវត្តក្តី ព្រោះអារម្មណ៍​ដែលប៉ះ​ពាល់ក្តី ទាំង​មិនជាប់​នៅក្នុងបុណ្យ និងបាប ជាអ្នកលះបង់​នូវអត្តា លែងធ្វើ​ក្នុងលោកនេះ។

[១២៣] ជនណា ជាអ្នកលង់តាមការញាប់ញ័រ លះបង់វត្ថុ​មុន អាស្រ័យ​វត្ថុ​ក្រោយ​ ជននោះ នឹងឆ្លង​នូវការជាប់​ចំពាក់​មិនបានទេ ជននោះ តែងប្រកាន់ តែង​លះ​បង់ ដូចជា​ស្វាតោងមែក​ឈើចំពោះ​មុខ។

[១២៤] ពាក្យថា លះបង់វត្ថុមុន ហើយអាស្រ័យវត្ថុ​ក្រោយ គឺលះបង់​សាស្តាមុន មកពឹង​ផ្អែកនឹង​សាស្តាក្រោយ លះបង់​ធម៌ដែល​សាស្តា​បា្រប់មុន មកអាស្រ័យ​ធម៌ ដែល​សាស្តា​បា្រប់ក្រោយ លះបង់​ពួកមុន​ មកអាស្រ័យ​ពួកក្រោយ លះបង់​ទិដ្ឋិមុន មក​អាស្រ័យ​​ទិដ្ឋិក្រោយ លះបង់​បដិបទាមុន មកអាស្រ័យ​បដិបទា​ក្រោយ លះបង់​មគ្គមុន ហើយ​​អាស្រ័យ អាស្រ័យ​ព្រម ជាប់នៅ ជក់នៅ ចុះចិត្ត ចុះចិត្តស៊ប់នូវ​មគ្គក្រោយ ហេតុនោះ (ទ្រង់ត្រាស់ថា) តែងលះបង់​វត្ថុមុន អាស្រ័យវត្ថុ​ក្រោយ។

[១២៥] ពាក្យថា ជនណាជាអ្នកលង់តាមការញាប់ញ័រ… ជននោះ នឹងឆ្លងនូវ​ការជាប់​ចំពាក់មិន​បានទេ អធិប្បាយ​ថា តណ្ហាហៅថា ការញាប់ញ័រ បានខាង​តម្រេក តម្រេក​ខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា ជាអ្នក​លង់តាមការ ញាប់ញ័រ គឺជាអ្នក​ប្រព្រឹត្ត​តាមការ​ញាប់ញ័រ ទៅតាមការ​ញាប់ញ័រ ផ្សាយ​ទៅតាមការ ញាប់ញ័រ ដល់នូវការ​ញាប់ញ័រ ធ្លាក់ចុះ គ្របសង្កត់ មានចិត្តរួប​រឹតដោយ​ការញាប់ញ័រ។ ពាក្យថា នឹងឆ្លងនូវ​ការជាប់​ចំពាក់ មិនបានទេ គឺនឹងឆ្លង​មិនបាន ឆ្លងឡើង​មិនបាន ឆ្លងមិន​ផុត មិនកន្លង​ព្រម មិនប្រព្រឹត្ត​កន្លង នូវការ​ចំពាក់គឺរាគៈ ការចំពាក់​គឺទោសៈ ការចំពាក់​គឺមោហៈ ការចំពាក់​គឺមានះ ការចំពាក់​គឺទិដ្ឋិ ការចំពាក់​គឺកិលេស ការចំពាក់​គឺទុច្ចរិត ហេតុនោះ (ទ្រង់ត្រាស់ថា) ជនណា​ជាអ្នកលង់​តាមការ​ញាប់ញ័រ ជននោះ​នឹង ឆ្លងនូវការ​ជាប់ចំពាក់​មិនបានទេ។

[១២៦] ពាក្យថា ជនទាំងនោះ តែងប្រកាន់ តែងលះបង់ សេចក្តីថា ប្រកាន់​យកនូវ​សាស្តា លះបង់នូវ​សាស្តានោះ ហើយប្រកាន់​សាស្តា​ដទៃវិញ ប្រកាន់ធម៌​ដែលសាស្តា​បា្រប់ លះបង់ធម៌​ដែលសាស្តា​បា្រប់នោះ ហើយប្រកាន់​ធម៌ដទៃ​ដែលសាស្តា​បា្រប់វិញ ប្រកាន់​ពួក លះបង់​ពួកនោះ​ហើយ ប្រកាន់ពួក​ដទៃវិញ ប្រកាន់​ទិដ្ឋិ លះបង់​ទិដ្ឋិនោះ ហើយ​ប្រកាន់​ទិដ្ឋិ​ដទៃវិញ ប្រកាន់​បដិបទា លះបង់​បដិបទា​នោះ ហើយប្រកាន់​បដិបទា​ដទៃវិញ ប្រកាន់​មគ្គ លះបង់​មគ្គនោះ ហើយប្រកាន់​មគ្គដទៃ​វិញ ប្រកាន់ផង លះបង់​ផង ប្រកាន់​យក​ផង លែងចោល​ផង ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងនោះ តែងប្រកាន់ តែង​លះបង់។

[១២៧] ពាក្យថា ដូចជាស្វាតោងមែកឈើចំពោះមុខ សេចក្តី​ថា ស្វាកាល​ត្រាច់​ទៅ ក្នុងព្រៃ​តូចព្រៃធំ តែងតោង​មែកឈើ លែងនូវ​មែកឈើ​នោះចោល ហើយ​តោងមែក​ឈើដទៃ លែងមែក​ឈើនោះ​ចោល ហើយតោង​មែកឈើ​ដទៃវិញ​ យ៉ាងណា ពួក​សមណ​ព្រាហ្មណ៍​ផ្តេសផ្តាស តែងប្រកាន់ផង លះបង់ផង កាន់យកផង លែងចោលផង នូវទិដ្ឋិ​ផ្តេសផ្តាស ក៏យ៉ាង​នោះដែរ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) ដូចជា​ស្វាតោង​មែក​ឈើ ចំពោះមុខ ព្រោះហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ជនណា ជាអ្នកលង់តាមការញាប់ញ័រ លះបង់វត្ថុ​មុន អាស្រ័យ​វត្ថុក្រោយ ជននោះ នឹងឆ្លង​នូវការជាប់​ចំពាក់មិន​បាន ជននោះ តែងប្រកាន់ តែងលះបង់​ដូចជាស្វា តោងមែក​ឈើចំពោះ​មុខ។

[១២៨] ជនសមាទាននូវវត្តទាំងឡាយដោយខ្លួនឯង ជាអ្នកជាប់​ក្នុងសញ្ញា តែងទៅ​រកវត្ថុ​ខ្ពស់ទាប ឯអ្នកបា្រជ្ញ មានបញ្ញា​ដូចផែនដី ត្រាស់ដឹង​នូវធម៌​ដោយវេទ​ទាំងឡាយ មិនទៅ​រកវត្ថុខ្ពស់​ទាបទេ។

[១២៩] អធិប្បាយពាក្យថា ជនសមាទាននូវវត្ត​ទាំងឡាយ​ដោយខ្លួនឯង ត្រង់​ពាក្យថា សមាទាន​ដោយខ្លួន​ឯង គឺកាន់យក​ព្រមដោយ​ខ្លួនឯង។ ពាក្យថា​វត្ត​ទាំងឡាយ សេចក្តីថា កាន់យក កាន់យកព្រម ប្រកាន់ ប្រកាន់ព្រម កួចកាន់យក បបោសអង្អែល ជាប់ចិត្ត​នូវវត្តដំរីក្តី វត្តសេះក្តី វត្តគោក្តី វត្តឆ្កែក្តី វត្តក្អែកក្តី វត្តវាសុទេព​ក្តី វត្តពលទេព​ក្តី វត្តបុណ្ណភទ្រ​ក្តី វត្តមណិភទ្រ​ក្តី វត្តភ្លើង​ក្តី វត្តនាគ​ក្តី វត្តគ្រុឌក្តី វត្តយក្ខក្តី វត្តអសុរក្តី។បេ។ វត្តទិស​ក្តី។ ពាក្យថា ជន គឺសត្វ នរៈ។បេ។ សត្វមាន​ជាតិជា​មនុស្ស ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនសមាទាន​នូវវត្ត​ទាំងឡាយ​ដោយខ្លួនឯង។

[១៣០] ពាក្យថា ជាអ្នកជាប់ក្នុងសញ្ញា រមែងទៅ​រកវត្ថុ​ខ្ពស់ទាប សេចក្តីថា ចេញអំពី​សាស្តា ទៅរក​សាស្តា ចេញអំពី​ធម៌ដែល​សាស្តា​បា្រប់ ទៅរក​ធម៌ដែល​សាស្តា​បា្រប់ អំពីពួក ទៅរកពួក អំពីទិដ្ឋិ ទៅរកទិដ្ឋិ អំពី​បដិបទា ទៅរក​បដិបទា អំពីមគ្គ ទៅរក​មគ្គ។ ពាក្យថា ជាអ្នកជាប់​នៅក្នុង​សញ្ញា គឺ ចំពាក់ ចំពាក់ឆ្វាក់ ចំពាក់ចាក់ស្រែះ ថ្ពក់ ទាក់ជាប់​មាំហើយ ក្នុងកាម​សញ្ញា ព្យាបាទ​សញ្ញា វិហឹសា​សញ្ញា ទិដ្ឋិសញ្ញា។ ភណ្ឌៈ​ដែល​ចំពាក់ ចំពាក់​ឆ្វាក់ ចំពាក់ចាក់ស្រែះ ថ្ពក់ ទាក់ជាប់​មាំហើយ ឰដ៏ចម្រឹង ជញ្ជាំង ឬដៃកែវ យ៉ាងណា​មិញ បុគ្គល​អ្នកចំពាក់ ចំពាក់ឆ្វាក់ ចំពាក់ចាក់ស្រែះ ថ្ពក់ ទាក់ជាប់​មាំហើយ ក្នុងកាម​សញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា ទិដ្ឋិសញ្ញា ក៏យ៉ាង​នោះដែរ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនអ្នក​ជាប់នៅ​ក្នុងសញ្ញា តែងទៅ​រកវត្ថុ​ខ្ពស់ទាប។

[១៣១] អធិប្បាយពាក្យថា អ្នកបា្រជ្ញ ត្រាស់ដឹងនូវធម៌​ដោយវេទ​ទាំងឡាយ ត្រង់​ពាក្យថា អ្នកបា្រជ្ញ គឺអ្នកដឹង អ្នកប្រកប​ដោយវិជ្ជា អ្នកមាន​ញាណ អ្នកមាន​បា្រជ្ញា មាន​បញ្ញាជា​គ្រឿងឆ្លុះយល់ មានបញ្ញា​ជាគ្រឿងថ្លឹង។ ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពល ធម្មវិចយ​សម្ពោជ្ឈង្គ វិមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គ​ទាំងឡាយ ៤ លោក​ហៅថា វេទ ​ក្នុងបទថា ដោយវេទ​ទាំងឡាយ។ បុគ្គលដល់​នូវទីបំផុត សម្រេច​នូវទីបំផុត ដល់​នូវចុង សម្រេច​នូវចុង​ ដល់នូវទី​បំផុត​ដោយជុំវិញ សម្រេច​នូវទីបំផុត​ដោយ​ជុំវិញ ដល់នូវ​ទីអវសាន សម្រេច​នូវទីអវសាន នៃជាតិ ជរា និងមរណៈ ដល់ហើយ​នូវទីជ្រកកោន សម្រេច​នូវទី​ជ្រកកោន ដល់នូវ​ទីពួន សម្រេច​នូវទីពួន ដល់នូវ​ទីពឹងទី​រឭក សម្រេចនូវ​ទីពឹងទីរឭក ​ដល់នូវទី​មិនមានភ័យ សម្រេច​នូវទីមិន​មានភ័យ ដល់នូវ​ទីមិន​ច្យុត សម្រេច​នូវទីមិន​ច្យុត ដល់នូវ​អមតៈ សម្រេច​នូវអមតៈ ដល់នូវ​ព្រះនិព្វាន សម្រេចនូវ​ព្រះនិព្វាន ដោយវេទ​ទាំងនោះ។ មួយទៀត បុគ្គលដល់​នូវទីបំផុត​នៃវេទ​ទាំងឡាយ ឈ្មោះថា​ វេទគូ​បុគ្គល។ បុគ្គលដល់​នូវទីបំផុត​ដោយវេទ​ទាំងឡាយ ឈ្មោះថា វេទគូបុគ្គល។ បុគ្គល​ដែល​ឈ្មោះថា វេទគូ ព្រោះដឹង​ច្បាស់នូវ​ធម៌ទាំង​ឡាយ ៧ ប្រការ គឺជាអ្នក​ដឹងច្បាស់​សក្កាយទិដ្ឋិ ១ ដឹងច្បាស់​វិចិកិច្ឆា ១ ដឹងច្បាស់​សីលព្វតបរាមាសៈ ១ ដឹងច្បាស់រាគៈ ១ ដឹងច្បាស់​ទោសៈ ១ ដឹងច្បាស់​មោហៈ ១ ដឹងច្បាស់​មានះ ១។ អកុសលធម៌​ទាំងឡាយ​ដ៏លាមក ប្រកបដោយ​សេចក្តី​សៅហ្មងព្រម ជាធម៌​ញុំាងសត្វ​ឲ្យកើត​ក្នុងភពថ្មី​ទៀត ប្រកប​ដោយសេចក្តី​ក្រវល់ក្រវាយ ជាធម៌​មានសេចក្តី​ទុក្ខជាផល ជាបច្ច័យ​របស់ជាតិ ជរា និងមរណៈ​តទៅទៀត វេទគូបុគ្គល ដឹងច្បាស់​ហើយ ។

(ព្រះមានព្រះភាគ ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណា​ពិចារណាហើយ នូវវេទ​ទាំងអស់​របស់ពួក​សមណ​ព្រាហ្មណ៍ ជាអ្នក​បា្រសចាក​តម្រេក ក្នុងវេទ​ទាំងពួង កន្លង​នូវវេទ​ទាំងពួង បុគ្គលនោះ ឈ្មោះថា វេទគូបុគ្គល។

ពាក្យថា ត្រាស់ដឹងនូវធម៌ គឺត្រាស់ដឹង ត្រាស់ដឹង​ចំពោះ​នូវធម៌។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ថា សង្ខារទាំង​ពួង​មិនទៀង។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ថា សង្ខារ​ទាំងពួង​ជាទុក្ខ។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ថា ធម៌ទាំង​ពួង​ជា​អនត្តា។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ថា សង្ខារ​ទាំងឡាយ (កើត) ព្រោះអវិជ្ជា​ជាបច្ច័យ។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ថា វិញ្ញាណ (កើត) ព្រោះសង្ខារ​ជា​បច្ច័យ។ នាម និងរូប (កើត) ព្រោះ​វិញ្ញាណ​ជាបច្ច័យ។ អាយតនៈ ៦ (កើត) ព្រោះ​នាមរូប​ជាបច្ច័យ។ ផស្សៈ (កើត) ព្រោះ​អាយតនៈ ៦ ជាបច្ច័យ។ វេទនា (កើត) ព្រោះផស្សៈ​ជាបច្ច័យ។ តណ្ហា (កើត) ព្រោះវេទនា​ជាបច្ច័យ។ ឧបាទាន (កើត) ព្រោះ​តណ្ហា​ជាបច្ច័យ។ ភព (កើត) ព្រោះ​ឧបាទាន​ជាបច្ច័យ។ ជាតិ (កើត) ព្រោះភព​ជាបច្ច័យ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះ​នូវធម៌ថា ជរា និងមរណៈ (កើត) ព្រោះជាតិ​ជាបច្ច័យ។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ថា កិរិយា​រលត់សង្ខារ ព្រោះ​ការរលត់​អវិជ្ជា។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ថា កិរិយា​រលត់​វិញ្ញាណ ព្រោះការ​រលត់​សង្ខារ។ កិរិយា​រលត់នាម និងរូប ព្រោះការ​រលត់​វិញ្ញាណ។ កិរិយា​រលត់​អាយតនៈ ៦ ព្រោះ​ការរលត់​នាម និងរូប។ កិរិយា​រលត់ផស្សៈ ព្រោះការ​រលត់​អាយតនៈ ៦។ កិរិយា​រលត់​វេទនា ព្រោះការ​រលត់ផស្សៈ។ កិរិយា​រលត់​តណ្ហា ព្រោះការ​រលត់​វេទនា។ កិរិយា​​រលត់​ឧបាទាន ព្រោះការ​រលត់​តណ្ហា។ កិរិយា​រលត់ភព ព្រោះការ​រលត់​ឧបាទាន។ កិរិយា​រលត់ជាតិ ព្រោះការ​រលត់ភព។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ថា កិរិយា​រលត់ជរា និងមរណៈ ព្រោះការ​រលត់ជាតិ។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ថា នេះទុក្ខ។ នេះ​ជាហេតុ​នាំឲ្យ​កើតទុក្ខ។ នេះជា​ការរលត់​ទុក្ខ។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ថា នេះជា​បដិបទា ទៅកាន់​ការរលត់​ទុក្ខ។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ថា នេះពួក​អាសវៈ។ នេះជា​ហេតុនាំ​ឲ្យកើត​អាសវៈ។ នេះជា​ការរំលត់​អាសវៈ។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ថា នេះបដិបទា​ទៅកាន់​ការរំលត់​អាសសវៈ។ នេះពួក​ធម៌គួរ​ត្រាស់​ដឹង។ នេះពួក​ធម៌គួរ​កំណត់ដឹង។ នេះពួកធម៌​គួរលះបង់។ នេះពួក​ធម៌គួរ​ចំរើន។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ថា នេះពួកធម៌​គួរធ្វើឲ្យ​ជាក់ច្បាស់។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ គឺហេតុឲ្យ​កើតផង ឲ្យរលត់ផង សេចក្តី​រីករាយផង ទោសផង រលាស់​ចេញផង​នៃផស្សាយតនៈ ៦។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ គឺ​ហេតុឲ្យ​កើតផង ឲ្យរលត់​ផង សេចក្តី​រីករាយផង ទោសផង រលាស់ចេញផង​ នៃ​ឧបាទានក្ខន្ធ ៥។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ គឺហេតុ​ឲ្យកើតផង ឲ្យរលត់ផង សេចក្តី​រីករាយផង ទោសផង រលាស់​ចេញផង នៃមហា​ភូត ៤។ ត្រាស់ដឹង ត្រាស់ដឹង​ចំពោះនូវ​ធម៌ថា​ វត្ថុណា​មួយ មានកិរិយា​កើតឡើង​ជាធម្មតា វត្ថុទាំង​ពួងនោះ មាន​កិរិយា​រលត់ទៅ​វិញជា​ធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) ឯអ្នកបា្រជ្ញ​ត្រាស់ដឹង​នូវធម៌ ដោយវេទ​ទាំងឡាយ។

[១៣២] ពាក្យថា មានបញ្ញាដូចផែនដី មិនទៅរកវត្ថុ​ខ្ពស់ និងទាប គឺ​មិនចេញ​អំពី​សាស្តា ទៅរកសាស្តា មិនចេញ​អំពីធម៌​ដែលសាស្តា​ប្រាប់ ទៅរកធម៌​ដែលសាស្តា​បា្រប់ មិនចេញ​អំពីពួក​ទៅរកពួក មិនចេញ​អំពីទិដ្ឋិ​ទៅរកទិដ្ឋិ មិនចេញ​អំពីបដិបទា​ទៅរក​បដិបទា មិនចេញ​អំពីមគ្គ ទៅ​រកមគ្គ។ ពាក្យថា មានបញ្ញា​ដូចផែនដី គឺ​មាន​បញ្ញាច្រើន មានបញ្ញា​ក្រាស់ មានបញ្ញា​ស្រស់ មានបញ្ញា​រហ័ស មាន​បញ្ញាមុត មានបញ្ញា​ជាគ្រឿង​ទំលាយ​បង់នូវ​កិលេស។ ប្រឹថពី ហៅថា​ផែនដី។ អ្នកប្រាជ្ញ​ប្រកប​ព្រមហើយ ដោយ​បញ្ញា​ដ៏ទូលាយ លាតផ្សាយ​ស្មើ​ដោយប្រឹថពី​នោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មាន​បញ្ញា​ដូចផែនដី មិនទៅ​រកវត្ថុ​ខ្ពស់ទាប។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ជនសមាទាននូវវត្តទាំងឡាយ​ដោយខ្លួនឯង ជាអ្នកជាប់​នៅក្នុង​សញ្ញា តែងទៅ​រកវត្ថុ​ខ្ពស់ទាប ឯអ្នក​ប្រាជ្ញ​មានបញ្ញា​ដូចផែនដី ត្រាស់ដឹង​នូវធម៌​ដោយវេទ​ទាំងឡាយ មិនទៅ​រកវត្ថុ​ខ្ពស់ និងទាបទេ។

[១៣៣] អ្នកប្រាជ្ញនោះ ជាអ្នកមានសេនាទៅប្រាសហើយ ក្នុងធម៌​ទាំងពួង​ទាំងឡាយ គឺអារម្មណ៍​ណាមួយ ដែលលោក​ឃើញហើយ​ក្តី ឮហើយ​ក្តី ប៉ះពាល់​ហើយក្តី ជនគប្បី​កំណត់​នូវអ្នក​ប្រាជ្ញ ជាអ្នក​ឃើញ អ្នកមាន​ដំបូល​បើក​ហើយ​ កំពុង​ប្រព្រឹត្ត​នោះឯង ដោយ​កិលេស​ដូចម្តេច ក្នុងលោក​នេះបាន។

[១៣៤] ពាក្យថា អ្នកប្រាជ្ញនោះ ជាអ្នកមានសេនាទៅប្រាស​ហើយ ក្នុងធម៌ទាំង​ពួង​ទាំងឡាយ គឺអារម្មណ៍​ណាមួយ ដែលលោក​ឃើញ​ហើយក្តី ឮហើយ​ក្តី ប៉ះពាល់​ហើយក្តី​ អធិប្បាយថា សេនា​របស់​មារ លោកហៅថាសេនា។ កាយទុច្ចរិត ជា​មារសេនា វចីទុច្ចរិត ជា​មារសេនា មនោទុច្ចរិត ជា​មារសេនា រាគៈ ជា​មារសេនា ទោសៈ ជា​មារសេនា មោហៈ ជាមារសេនា កោធៈ ឧបនាហៈ។បេ។ អកុសលាភិសង្ខារ​ទាំង​អស់ ជាមារសេនា។ ដូចពាក្យ​ដែល​ព្រះមានព្រះភាគ ត្រាស់ដូច្នេះថា

កាម ជាសេនាទី ១ របស់អ្នក សេចក្តីមិនត្រេកអរ (ក្នុងធម៌​ជាកុសល) លោក​ហៅថា សេនាទី ២ សេចក្តី​ស្រេកឃ្លាន ជាសេនា ទី ៣ របស់អ្នក តណ្ហា លោក​ហៅថា សេនាទី ៤ ថីនមិទ្ធៈ ជាសេនាទី ៥ របស់អ្នក សេចក្តីខ្លាច លោកហៅថា សេនាទី ៦ វិចិកិច្ឆា ជាសេនាទី ៧ របស់អ្នក ការលុបគុណ និងសេចក្តី​រឹងត្អឹង ជាសេនាទី ៨ របស់អ្នក លាភ សេចក្តី​សរសើរ និង​សក្ការៈ (ជាសេនាទី ៩) យសដែល​បុគ្គល​បានមក​ដោយការ​ខុស បុគ្គល​ដែលលើក​តម្កើងខ្លួនឯង ទាំង​មើល​​ងាយអ្នក​ដទៃ (នេះជា) សេនា​ទី ១០ ម្នាល​មារ នេះជាសេនា​របស់អ្នក​ឯង​ដែល​​មានធម៌ខ្មៅ ជាសេនា​តែង​បៀត​បៀន (នូវ​ពួកសមណ​ព្រាហ្មណ៍) បុគ្គល​មិនក្លៀវក្លា មិនអាច​ឈ្នះ​នូវ​សេនានោះទេ (លុះតែ​បុគ្គល​ក្លៀវក្លា) ទើបឈ្នះ​ហើយ​បាន​សុខ។

កាលណា មារសេនាទាំងពួង និងកិលេសជាសត្រូវ​ទាំងពួង ដែល​បុគ្គលណា ឈ្នះ ផ្ចាញ់ បំបាក់ កំទេច ធ្វើឲ្យមាន​មុខងាកចេញ ដោយ​អរិយមគ្គទាំង ៤ បានហើយ បុគ្គល​នោះ លោកហៅថា អ្នកមាន​សេនាទៅ​ប្រាសហើយ។ បុគ្គលនោះ មានសេនា​ទៅប្រាស​ក្នុង​អារម្មណ៍​ដែលឃើញ មានសេនា​ទៅបា្រស​ក្នុងអារម្មណ៍​ដែលឮ មានសេនា​ទៅប្រាស​ក្នុងអារម្មណ៍​ដែលប៉ះពាល់ មានសេនា​ទៅបា្រស​ក្នុងអារម្មណ៍​ដែលដឹង ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកប្រាជ្ញ​នោះ មានសេនា​ទៅបា្រស​ហើយ ក្នុងធម៌​ទាំងពួង​ទាំងឡាយ គឺអារម្មណ៍​ណាមួយ ដែលលោក​ឃើញ​ហើយក្តី ឮហើយក្តី ប៉ះពាល់​ហើយក្តី។

[១៣៥] ពាក្យថា អ្នកឃើញ អ្នកមានដំបូលបើកហើយ កំពុង​ប្រព្រឹត្ត​នោះឯង គឺអ្នក​ឃើញការ​ស្អាត អ្នកឃើញ​ការស្អាតវិសេស អ្នកឃើញ​ការបរិសុទ្ធិ អ្នក​ឃើញ​ការ​ម៉ត់ចត់ អ្នកឃើញ​ការផូរផង់។ ឬថាអ្នក​មានសេចក្តី​យល់ស្អាត អ្នកមាន​សេចក្តី​យល់​ស្អាតវិសេស អ្នកមាន​សេចក្តី​យល់បរិសុទ្ធិ អ្នកមាន​សេចក្តីយល់​ម៉ត់ចត់ អ្នកមាន​សេចក្តី​យល់​​ផូរផង់។ ពាក្យថា អ្នកមាន​ដំបូល​បើកហើយ សេចក្តីថា ដំបូលគឺ​តណ្ហា ដំបូល​គឺកិលេស ដំបូល​គឺអវិជ្ជា។ គ្រឿងប្រក់​ទាំងនោះ លោកបើក កំចាត់បង់ បំផ្លាញ​ចោល ដក​រំលើងចោល លះបង់ ផ្តាច់បង់ ស្ងប់រម្ងាប់ ធ្វើមិន​គួរឲ្យកើត ដុតដោយ​ភ្លើង​គឺញាណ​ហើយ។ ពាក្យថា កំពុង​ប្រព្រឹត្ត គឺ​កំពុង​ត្រាច់ទៅ កំពុង​ត្រាច់ទៅ​ផ្សេងៗ កំពុង​សម្រេច​ឥរិយាបថ កំពុង​ប្រព្រឹត្ត កំពុងរក្សា កំពុង​រស់នៅ កំពុង​ញុំាងអត្តភាព​ឲ្យប្រព្រឹត្ត​ទៅ ព្រោះ​ហេតុ​នោះ (ទ្រង់ត្រាស់ថា) អ្នកឃើញ អ្នកមាន​ដំបូលបើក​ហើយ កំពុងប្រព្រឹត្ត​នោះឯង។

[១៣៦] អធិប្បាយពាក្យថា គប្បីកំណត់ដោយកិលេស​ដូចម្តេច ក្នុងលោកនេះ​ត្រង់​​ពាក្យថា កំណត់ បានដល់​ការកំណត់ មាន ២ គឺ​ការកំណត់ គឺតណ្ហា ១ ការកំណត់ គឺទិដ្ឋិ ១។បេ។ នេះ ការកំណត់ គឺតណ្ហា។បេ។ នេះ ការកំណត់ គឺទិដ្ឋិ។ ការកំណត់​គឺតណ្ហា អ្នកប្រាជ្ញ​នោះ បានលះបង់​ហើយ ការកំណត់​ គឺទិដ្ឋិ អ្នកប្រាជ្ញ​នោះ បានរលាស់​ចោល​ហើយ ព្រោះលោក​លះបង់​នូវការកំណត់​ គឺតណ្ហា ព្រោះលោក​រលាស់ចោល​នូវការ​កំណត់ គឺទិដ្ឋិ ជនគប្បី​កំណត់​ដោយរាគៈ​ដូចម្តេច គប្បី​កំណត់​ដោយ​ទោសៈ​ដូចម្តេច គប្បីកំណត់​ដោយមោហៈ​ដូចម្តេច គប្បីកំណត់​ដោយមានះ​ដូចម្តេច គប្បី​កំណត់​ដោយទិដ្ឋិ​ដូចម្តេច គប្បីកំណត់​ដោយ​ឧទ្ធច្ចៈ​ដូចម្តេច គប្បីកំណត់​ដោយវិចិកិច្ឆា ដូចម្តេច គប្បី​កំណត់ដោយ​អនុស័យ​ទាំងឡាយ ដូច​ម្តេចបាន​ថា លោក​នៅត្រេក​ត្រអាលក្តី នៅ​ប្រទូស្តក្តី នៅវង្វេងក្តី នៅជាប់​ចំពាក់ក្តី នៅបបោស​អង្អែលក្តី ដល់នូវ​ការរាយមាយ​ក្តី ដល់នូវការ​មិនដាច់​ស្រេចក្តី ដល់នូវ​កម្លាំងក្តី។ អភិសង្ខារ​ទាំងនោះ អ្នកប្រាជ្ញ​នោះ លះបង់​​ហើយ ព្រោះលោក​លះអភិសង្ខារ​ហើយ ជន​គប្បីកំណត់​នូវគតិ​ទាំងឡាយ​ថា លោក​ទៅកើត​ក្នុងនរកក្តី កើតក្នុង​កំណើត​តិរច្ឆានក្តី កើតក្នុង​ប្រេតវិស័យ​ក្តី ជាមនុស្សក្តី ជា​ទេវតា​ក្តី ព្រហ្មមាន​រូបក្តី ព្រហ្មឥត​រូបក្តី ព្រហ្មមាន​សញ្ញាក្តី ព្រហ្មឥត​សញ្ញាក្តី ព្រហ្មមាន​សញ្ញា ក៏មិនមែន មិនមាន​សញ្ញា ក៏មិនមែនក្តី ដោយប្រការ​ដូចម្តេច​បាន។ មិនមាន​ហេតុ មិនមាន​បច្ច័យ មិនមានទំនង ជាហេតុល្មម​ឲ្យជនគប្បី​កំណត់ គប្បីកំណត់​ទុក គប្បីដល់​នូវ​ការកំណត់​ទុកបាន​ឡើយ។ ពាក្យថា ក្នុងលោក គឺ​ក្នុង​អបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនគប្បី​កំណត់​ដោយកិលេស​ដូចម្តេច​ក្នុងលោក​នេះបាន។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

អ្នកបា្រជ្ញនោះ មានសេនាទៅបា្រសហើយ ក្នុងធម៌​ទាំងពួង​ទាំងឡាយ គឺអារម្មណ៍​ណាមួយ ដែលលោក​ឃើញហើយ​ក្តី ឮហើយក្តី ប៉ះពាល់​ហើយក្តី ជនគប្បី​កំណត់នូវ​អ្នក​បា្រជ្ញ ជាអ្នកឃើញ មានដំបូល​បើកហើយ កំពុង​ប្រព្រឹត្ត​នោះឯង ដោយ​កិលេស​ដូចម្តេច ក្នុងលោក​នេះបាន។

[១៣៧] ព្រះខីណាស្រពទាំងឡាយនោះ មិនកំណត់ មិនធ្វើឲ្យ​ជាប្រធាន មិន​ពោលថា (ទិដ្ឋិ) មានសេចក្តី​បរិសុទ្ធិ​ជាទីបំផុត កាត់គ្រឿង​ចងស្រែះ គឺសេចក្តី​ប្រកាន់ ដែលចង​ស្រែះហើយ មិនធ្វើ​នូវបំណង​ក្នុងលោក​ណាមួយ។

[១៣៨] អធិប្បាយពាក្យថា មិនកំណត់ មិនធ្វើឲ្យជា​ប្រធាន ត្រង់ពាក្យថា កំណត់ បានដល់​ការកំណត់ ២ គឺ ការកំណត់​គឺតណ្ហា ១ ការកំណត់​គឺទិដ្ឋិ ១។បេ។ នេះ ការ​កំណត់​គឺតណ្ហា។បេ។ នេះការកំណត់​គឺទិដ្ឋិ។ ការកំណត់​គឺតណ្ហា ព្រះខីណាស្រព​ទាំងនោះ បានលះ​បង់ហើយ ការកំណត់​គឺទិដ្ឋិ លោករលាស់​ចោលហើយ ព្រះខីណា​ស្រព​ទាំងឡាយ មិនកំណត់ មិនបណ្តុះ មិនឲ្យ​លូតលាស់ មិនបង្កើត មិនបង្កើត​ចំពោះ​នូវការ​កំណត់​គឺតណ្ហា ឬការកំណត់​គឺទិដ្ឋិ ព្រោះការ​កំណត់​គឺតណ្ហា លោក​លះបង់​ហើយ ព្រោះការ​កំណត់​គឺទិដ្ឋិ លោករលាស់​ចោលហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិន​កំណត់។ ពាក្យថា មិនធ្វើ​ឲ្យជា​ប្រធាន បានខាង​ការធ្វើឲ្យ​ជាប្រធាន ២ គឺ ការធ្វើ​ឲ្យជា​ប្រធាន គឺតណ្ហា ១ ការធ្វើឲ្យ​ជាប្រធាន គឺទិដ្ឋិ ១។បេ។ នេះការ​ធ្វើឲ្យជា​ប្រធានគឺ តណ្ហា។បេ។ នេះការ​ធ្វើឲ្យជា​ប្រធានគឺទិដ្ឋិ។ ការធ្វើឲ្យ​ជាប្រធាន​គឺតណ្ហា ព្រះខីណា​ស្រព​ទាំងនោះ លះបង់​ហើយ ការធ្វើឲ្យ​ជាប្រធាន​គឺទិដ្ឋិ លោករលាស់​ចោលហើយ ព្រះ​ខីណាស្រព​ទាំងឡាយ រមែងមិន​ធ្វើនូវតណ្ហា និងទិដ្ឋិ​ឲ្យជាប្រធាន មិនមាន​តណ្ហា ជាទង់​ជ័យ មិនមាន​តណ្ហា​ជាទង់សំគាល់ មិនមាន​តណ្ហាជាអធិបតី ​មិនមានទិដ្ឋិ​ជាទង់ជ័យ មិនមាន​ទិដ្ឋិជាទង់​សំគាល់ មិនមាន​ទិដ្ឋិជា​អធិបតី មិនមាន​តណ្ហា និងទិដ្ឋិចោមរោម ព្រោះ​ការធ្វើ​ឲ្យជាប្រធាន​គឺតណ្ហា លោកលះ​បង់ហើយ ព្រោះការធ្វើ​ឲ្យជា​ប្រធានគឺទិដ្ឋិ លោក​រលាស់​ចោលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនកំណត់ មិនធ្វើឲ្យ​ជាប្រធាន។

[១៣៩] ពាក្យថា មានសេចក្តីបរិសុទ្ធិជាទីបំផុត ក្នុងបទថា ព្រះខីណាស្រព​ទាំង​នោះ មិនពោលថា ទិដ្ឋិមាន​សេចក្តី​បរិសុទ្ធិជា​ទីបំផុត គឺព្រះខីណាស្រព​ទាំងឡាយ មិន​ពោល មិនថ្លែង មិនពណ៌នា មិនសំដែង មិននិយាយ នូវ​អកិរិយទិដ្ឋិ នូវ​សស្សតវាទថា មានសេចក្តី​បរិសុទ្ធិ​ជាទីបំផុត មានសេចក្តី​បរិសុទ្ធិ​ព្រោះសំសារ ព្រោះ​ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រះខីណាស្រព​ទាំងនោះ មិនពោលថា (ទិដ្ឋិ) មានសេចក្តី​បរិសុទ្ធិ ជាទីបំផុត។

[១៤០] អធិប្បាយពាក្យថា កាត់គ្រឿងចងស្រែះ គឺសេចក្តីប្រកាន់ ដែលចងស្រែះ​ហើយ ត្រង់ពាក្យថា គ្រឿងចងស្រែះ បានដល់ គ្រឿងចងស្រែះ ៤ គឺ​អភិជ្ឈាកាយគន្ថៈ [កិលេស​ជាគ្រឿងចង​នូវនាមកាយ ជាគ្រឿង​បន្ត (នូវនាមកាយ) ក្នុងវដ្ត ដោយអំណាច​ចុតិ បដិសន្ធិ ហៅថា កាយគន្ថ។] ១ ព្យាបាទកាយគន្ថៈ ១ សីលព្វតបរាមាសកាយគន្ថៈ ១ ឥទំសច្ចាភិនិវេសកាយគន្ថៈ [ការចូលចិត្ត​ដែលបដិសេធ​នូវភាសិត​របស់​ព្រះសព្វញ្ញូ​ដោយ​អាការ​ថា លោកទៀង ពាក្យនេះ ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ហៅថា ឥទំសច្ចាភិនិវេសៈ។ អដ្ឋកថា។] ១។ តម្រេកក្នុង​ទិដ្ឋិរបស់​ខ្លួន ឈ្មោះថា អភិជ្ឈាកាយគន្ថៈ។ ការគំនុំ ការមិន​ពេញចិត្ត​ក្នុងវាទៈ​របស់​បុគ្គលដទៃ ឈ្មោះថា ព្យាបាទកាយគន្ថៈ។ បុគ្គល​បបោសអង្អែល​នូវ​សីលក្តី វត្តក្តី សីល និងវត្តក្តី របស់ខ្លួន ឈ្មោះថា សីលព្វតបរាមាសកាយគន្ថៈ។ ទិដ្ឋិ​របស់ខ្លួន ឈ្មោះថា ឥទំសច្ចាភិនិវេស​កាយគន្ថៈ។ ព្រោះហេតុអ្វី (គន្ថៈ​ទាំងឡាយ) លោកហៅថា គ្រឿងចងស្រែះ គឺសេចក្តី​ប្រកាន់។ ពួកបុគ្គល​កាន់យក ប្រកាន់ កួចកាន់ បបោសអង្អែល ចូលចិត្តរូប កាន់យក ប្រកាន់ កួចកាន់ បបោស​អង្អែល ចូលចិត្ត​វេទនា សញ្ញា សង្ខារ វិញ្ញាណ គតិ ឧប្បត្តិ បដិសន្ធិ ភព សង្សារ វដ្តៈ ដោយគន្ថៈ​ទាំងនោះ ព្រោះ​ហេតុនោះ គន្ថៈទាំងនោះ លោកហៅថា គ្រឿងចងស្រែះ គឺសេចក្តី​ប្រកាន់។ ពាក្យថា កាត់ គឺ​លះបង់ ឬកំចាត់បង់ នូវគ្រឿង​ចងស្រែះ​ទាំងឡាយ។ មួយទៀតថា ស្រាយ ឬថា លះបង់​នូវចំណង គ្រឿងចង​ដែលចង​ស្រែះហើយ ចំណង​ដែលចង​ហើយ ចងវិសេស​ហើយ ចងដោយ​ប្រការដ៏ច្រើន ជាប់នៅ ចំពាក់នៅ ទាក់នៅ។ បុគ្គល​ទាំងឡាយ រុះរើ ធ្វើឲ្យខ្ទេច​ខ្ទីនូវវក្តី រថក្តី រទេះក្តី រថទ្រង់​គ្រឿងក្តី យ៉ាងណាមិញ មុនី​បោះបង់ ឬលះ​ចោលនូវគន្ថៈ​ទាំងឡាយ ឬថាស្រាយ ឬលះចោល​នូវគន្ថៈ​ទាំងឡាយ ដែលចាក់ស្រែះ ក្រង ចងឆ្វាក់ ពាក់ព័ន្ធ ព័ទ្ធមាំ ជាប់​ចំពាក់ ចងមាំ ចងជាប់ ក៏យ៉ាង​នោះដែរ ព្រោះ​ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់​នូវគ្រឿង​ចងស្រែះ គឺសេចក្តី​ប្រកាន់​ដែលចង​ស្រែះហើយ។

[១៤១] ពាក្យថា មិនធ្វើនូវបំណងក្នុងលោក​ណាមួយ សេចក្តីថា តណ្ហា លោក​ហៅថា បំណង បានដល់​តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា មិនធ្វើ​នូវបំណង គឺមិនធ្វើ មិនបង្កើត មិនឲ្យ​កើតព្រម មិនឲ្យកើត មិនឲ្យ​កើតចំពោះ នូវបំណង។ ពាក្យថា ណាមួយ គឺណាមួយ ឯណា​មួយ ឯណានីមួយ ខាង​ក្នុងក្តី ខាងក្រៅក្តី ទាំងខាងក្នុង ខាងក្រៅក្តី។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយ​លោក។បេ។ អាយតនលោក ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនធ្វើ​នូវបំណង ក្នុង​លោកណា​មួយ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ព្រះខីណាស្រពទាំងឡាយនោះ មិនកំណត់ មិនធ្វើឲ្យជាប្រធាន មិនពោលថា ទិដ្ឋិ​មានសេចក្តី​បរិសុទ្ធិជា​ទីបំផុត កាត់គ្រឿង​ចងស្រែះ គឺសេចក្តី​ប្រកាន់​ដែលចង​ស្រែះ​ហើយ មិនធ្វើ​នូវបំណង​ក្នុងលោក​ណាមួយ។

[១៤២] ព្រាហ្មណ៍ណា កន្លងហួសដែនហើយ ព្រហ្មណ៍នោះ មិនមាន​ការប្រកាន់​មាំ ព្រោះដឹង ព្រោះឃើញទេ ព្រាហ្មណ៍នោះ មិនមាន​សេចក្តី​ត្រេកអរ​ក្នុងកាមរាគ មិន​ត្រេកអរ​ក្នុង​រូបរាគ និងអរូបរាគ ព្រាហ្មណ៍នោះ មិនមាន​ការប្រកាន់​ថា នេះប្រសើរ ដូច្នេះ​ឡើយ។

[១៤៣] អធិប្បាយពាក្យថា ព្រាហ្មណ៍ណា កន្លងហួសដែនហើយ ព្រាហ្មណ៍នោះ មិនមាន​ការប្រកាន់មាំ ព្រោះដឹង ព្រោះឃើញទេ ត្រង់ពាក្យថា ដែន បានដល់ ដែន ៤។ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ព្រមទាំង​កិលេស ដែលតាំង​នៅជាមួយ​គ្នានោះ នេះដែនទី ១។ កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ​ដ៏​គ្រោតគ្រាត កាមរាគានុស័យ បដិឃានុស័យ​ដ៏គ្រោតគ្រាត ព្រមទាំង​ពួកកិលេស​ដែលតាំង​នៅជា​មួយគ្នា​នោះ នេះដែនទី ២។ កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ​ដ៏ល្អិត កាមរាគានុស័យ បដិឃានុស័យ​ដ៏ល្អិត ព្រមទាំង​ពួកកិលេស ដែល​តាំងនៅ​ជា​មួយ​គ្នានោះ នេះដែនទី ៣។ រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុសយៈ ភវរាគានុសយៈ អវិជ្ជានុសយៈ ព្រមទាំង​ពួកកិលេស​ដែលតាំង​នៅជា​មួយគ្នា​នោះ នេះ​ដែនទី ៤។ កាលណា​បុគ្គលកន្លង កន្លងព្រម ប្រព្រឹត្ត​កន្លងដែនទាំង ៤ នេះ ដោយ​អរិយមគ្គ​ទាំង ៤ ហើយ បុគ្គលនោះ លោកហៅថា អ្នកកន្លង​ហួសដែន។ ពាក្យថា ព្រាហ្មណ៍ សេចក្តីថា បុគ្គល​ឈ្មោះថា​ព្រាហ្មណ៍ ព្រោះបន្សាត់​បង់ធម៌ ៧។បេ។ មិន​អាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) ជាតាទិបុគ្គល បុគ្គលនោះ​លោកហៅថា ព្រាហ្មណ៍។ ពាក្យថា ព្រាហ្មណ៍​នោះ គឺ​ព្រះអរហន្ត​ខីណាស្រព។ ពាក្យថា ព្រោះដឹង គឺព្រោះដឹង​ដោយ​បរចិត្តញ្ញាណក្តី ព្រោះដឹង​ដោយ​បុព្វេនិវាសានុស្សតិញ្ញាណ​ក្តី។ ពាក្យថា ព្រោះឃើញគឺ ព្រោះឃើញ ដោយ​មំសចក្ខុក្តី ដោយ​ទិព្វចក្ខុក្តី ហេតុនោះ ទ្រង់ត្រាស់ថា ព្រាហ្មណ៍​ណា កន្លងហួស​ដែនហើយ ព្រាហ្មណ៍​នោះ មិនមាន​ការប្រកាន់ ព្រោះដឹង ព្រោះ​ឃើញទេ។ ពាក្យថា ការប្រកាន់​មាំ គឺការ​ប្រកាន់ ការបបោស​អង្អែល ការចូលចិត្ត ការជាប់​ចិត្ត ការចុះ​ចិត្តស៊ប់ នៃព្រាហ្មណ៍​នោះថា នេះ ថ្លៃថ្លា ខ្ពង់ខ្ពស់ ប្រសើរ វិសេស ចម្បង ឧត្តម បវរ។ ពាក្យថា មិនមាន គឺមិនមាន មិនមាន​ព្រម មិនបាន។ គឺលោក​លះបង់ ផ្តាច់បង់ រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិន​គួរឲ្យកើត ដុតដោយ​ភ្លើងគឺញាណ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់​ថា) ព្រាហ្មណ៍​ណា កន្លងហួស​ដែនហើយ ព្រាហ្មណ៍នោះ មិនមាន​ការប្រកាន់​មាំ ព្រោះដឹង ព្រោះឃើញ​ទេ។

[១៤៤] ពាក្យថា មិនមានសេចក្តីត្រេកអរ​ក្នុងកាមរាគ មិនត្រេកអរ​ក្នុងរូបរាគ និង​អរូបរាគ សេចក្តីថា បុគ្គល​ទាំងឡាយណា ត្រេកអរ រីករាយ ជាប់ ជ្រប់ ងប់ ទាក់ ថ្ពក់ ចំពាក់ ក្នុងកាម​គុណ​ទាំងប្រាំ បុគ្គល​ទាំងនោះ លោកហៅថា អ្នកត្រេកអរ​ក្នុង​កាមរាគ។ បុគ្គល​ទាំងឡាយ​ណា ត្រេកអរ រីករាយ ជាប់ ជ្រប់ ងប់ ទាក់ ថ្ពក់ ចំពាក់ ក្នុង​រូបាវចរ​សមាបត្តិ និងអរូបបាវចរ​សមាបត្តិ​ទាំងឡាយ បុគ្គល​ទាំងនោះ លោកហៅថា អ្នក​ត្រេកអរ​ក្នុងរូបរាគ និងអរូបរាគ។ ពាក្យថា មិនមាន​សេចក្តី​ត្រេកអរ​ក្នុងកាមរាគ មិនត្រេកអរ​ក្នុងរូបរាគ និងអរូបរាគ បាន​សេចក្តីថា ក្នុងកាលណា​កាមរាគ រូបរាគ និងអរូបរាគ ព្រះខីណាស្រព​លះបង់​ ផ្តាច់​ឫសចោល ធ្វើមិន​ឲ្យមានទី​កើត ដូចជា​ដើមត្នោត ដល់នូវភាព​មិនមាន មានសភាព​មិនកើត​ឡើង​តទៅ​ទៀត ព្រះខីណាស្រព មិនមាន​សេចក្តី​ត្រេកអរ​ក្នុងកាមរាគ មិនត្រេកអរ​ក្នុងរូបរាគ និងអរូបរាគ ក្នុង​​កាលនោះ ដោយកាល​មានប្រមាណ​ប៉ុណ្ណេះ​ឯង។

[១៤៥] អធិប្បាយពាក្យថា ព្រាហ្មណ៍នោះ មិនមានការ​ប្រកាន់ថា នេះប្រសើរ​ដូច្នេះ​ឡើយ ត្រង់ពាក្យថា​ ព្រាហ្មណ៍នោះ គឺ​ព្រះអរហន្ត​ខីណាស្រព។ ការប្រកាន់ ការ​បបោស​អង្អែល ការចូលចិត្ត ការជាប់ចិត្ត ការចុះចិត្ត​ស៊ប់របស់​លោកថា នេះថ្លៃថ្លា ខ្ពង់ខ្ពស់ ប្រសើរ វិសេស ចម្បង ឧត្តម បវរ។ ពាក្យថា មិនមាន គឺមិនមាន មិនមានព្រម មិនបាន។ គឺលោក​លះបង់ ផ្តាច់បង់ រម្ងាប់បង់ កំចាត់ កំចាត់​បង់ហើយ ធ្វើមិនគួរ​ឲ្យកើត ដុតដោយ​ភ្លើងគឺ​ញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍​នោះ មិនមានការ​ប្រកាន់​ថា នេះប្រសើរ ដូច្នេះឡើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ព្រាហ្មណ៍ណា កន្លងហួសដែនហើយ ព្រាហ្មណ៍នោះ មិនមាន​ការប្រកាន់​មាំ ព្រោះ​ដឹង ព្រោះឃើញ​ទេ ព្រាហ្មណ៍​នោះ មិនមាន​សេចក្តី​ត្រេកអរ​ក្នុងកាមរាគ មិនត្រេកអរ​ក្នុងរូបរាគ និងអរូបរាគ ព្រាហ្មណ៍នោះ មិនមាន​ការប្រកាន់​ថា នេះប្រសើរ ដូច្នេះ​ឡើយ។

ចប់ សុទ្ធដ្ឋកសុត្តនិទ្ទេស ទី៤។

បរមដ្ឋកសុត្តនិទ្ទេស ទី៥

[១៤៦] (ព្រះមានព្រះភាគត្រាស់ថា) សត្វក្នុងលោក កាលត្រាំក្នុង​ទិដ្ឋិទាំងឡាយ (របស់ខ្លួន) ថា ក្រៃលែង រមែង​ធ្វើនូវរបស់​ណាឲ្យ​លើសលុប ក៏ពោល​នូវរបស់​ទាំងអស់ ដទៃ (អំពីរបស់ខ្លួន) នោះថា ថោកទាប ព្រោះហេតុនោះ សត្វមិន​កន្លងវិវាទ​ទាំងឡាយ បាន​ទេ។

[១៤៧] ពាក្យថា កាលត្រាំក្នុងទិដិ្ឋទាំងឡាយ (របស់ខ្លួន) ថា ក្រៃលែង អធិប្បាយ​ថា សមណ​ព្រាហ្មណ៍​ពួកខ្លះ ប្រកប​ដោយទិដ្ឋិ សមណ​ព្រាហ្មណ៍​ទាំងនោះ ប្រកាន់ រៀន​យក កួចកាន់ ស្ទាបអង្អែល ប្រកាន់​ស្អិត បណ្តាទិដ្ឋិទាំង ៦២ នូវទិដ្ឋិ​ណាមួយ​ថា នេះក្រៃ​លែង ជាកំពូល ប្រសើរ ប្រសើរ​វិសេស ជាប្រធាន ឧត្តម ប្រសើរ​ក្រៃលែង ហើយនៅ នៅ​​រួម នៅគ្រប់គ្រង នៅត្រាំក្នុង​ទិដ្ឋិរបស់​ខ្លួនៗ។ ពួកអ្នក​ម្ចាស់ផ្ទះ តែងនៅក្នុងផ្ទះ ពួក​អ្នក​​ត្រូវអាបត្តិ តែងនៅ​ក្នុងអាបត្តិ​ទាំងឡាយ ឬពួក​អ្នកមាន​កិលេស នៅក្នុងកិលេស​ទាំង​ឡាយ យ៉ាងណា មានសមណ​ព្រាហ្មណ៍​ពួកខ្លះ ជាអ្នក​ប្រកប​ក្នុង​ទិដ្ឋិ សមណ​ព្រាហ្មណ៍​ទាំងនោះ ប្រកាន់ រៀនយក កួចកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត បណ្តា​ទិដ្ឋិទាំង ៦២ នូវ​ទិដ្ឋិ​ណាមួយ​ថា នេះក្រៃលែង ជាកំពូល ប្រសើរ ប្រសើរ​វិសេស ជា​ប្រធាន ឧត្តម ប្រសើរ​ក្រៃលែង ហើយនៅ នៅរួម នៅគ្រប់គ្រង នៅត្រាំ​ក្នុងទិដ្ឋិ​របស់​ខ្លួនៗ ក៏យ៉ាង​នោះដែរ ហេតុនោះ (ទ្រង់​ត្រាស់ថា) ត្រាំក្នុង​ទិដ្ឋិ​ទាំង​ឡាយ (របស់ខ្លួន) ថា ក្រៃលែង។

[១៤៨] អធិប្បាយពាក្យថា សត្វក្នុងលោក រមែងធ្វើ​នូវរបស់ណា​ឲ្យលើសលុប ត្រង់​ពាក្យថា របស់ណា គឺរបស់​ណាមួយ។ ពាក្យថា ធ្វើឲ្យ​លើសលុប គឺធ្វើឲ្យ​ក្រៃលែង ធ្វើឲ្យ​ជាកំពូល ឲ្យប្រសើរ ឲ្យប្រសើរ​វិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យប្រសើរ​ក្រៃលែង។ ធ្វើឲ្យ​លើសលុប ធ្វើឲ្យ​ជាកំពូល ឲ្យប្រសើរ ឲ្យប្រសើរ​វិសេស ឲ្យជា​ប្រធាន ឲ្យឧត្តម ឲ្យប្រសើរ​ក្រៃលែង​ថា សាស្តានេះ ជាសព្វញ្ញូ ធ្វើឲ្យ​លើសលុប ធ្វើឲ្យ​ជាកំពូល ឲ្យប្រសើរ ឲ្យប្រសើរ​វិសេស ឲ្យជា​ប្រធាន ឲ្យឧត្តម ឲ្យប្រសើរ​ក្រៃលែង ឲ្យកើត ឲ្យកើត​ចំពោះថា ធម៌នេះ លោកសំដែង​ល្អហើយ ពួកនេះ​ប្រតិបត្តិ​ល្អហើយ ទិដ្ឋិនេះល្អ បដិបទានេះ លោកបញ្ញត្ត​ល្អហើយ មគ្គនេះ​ជាទីស្រោច​ស្រង់សត្វ។ ពាក្យថា សត្វ គឺ​សត្វ នរជន។បេ។ សត្វកើត​អំពីមនុស្ស។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ ក្នុង​អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) សត្វក្នុង​លោក រមែងធ្វើ​នូវរបស់​ណាឲ្យ​លើសលុប។

[១៤៩] ពាក្យថា ពោលនូវរបស់ទាំងអស់ ដទៃ (អំពីរបស់ខ្លួន) នោះថា ថោកទាប សេចក្តីថា បុគ្គលលើក​តំកើងសាស្តា ធម៌ដែល​សាស្តាសំដែង គណៈ ទិដ្ឋិ បដិបទា មគ្គ​របស់​ខ្លួន ហើយបោះ លើកបោះ បោះចោល នូវវាទៈ​ដទៃទាំងអស់ គឺពោល​យ៉ាងនេះ សំដែង​យ៉ាងនេះ ពណ៌នា​យ៉ាងនេះ បំភ្លឺ​យ៉ាងនេះ ថ្លែងយ៉ាង​នេះថា សាស្តានោះ មិនមែន​ជាសព្វញ្ញូទេ ធម៌មិនមែន​សំដែង​ដោយប្រពៃ​ទេ គណៈ​ប្រតិបត្តិ​មិនប្រពៃទេ ទិដ្ឋិ​មិនល្អទេ បដិបទា​មិនមែន​បញ្ញត្តល្អទេ មគ្គមិន​មែនស្រោច​ស្រង់សត្វទេ សេចក្តីស្អាត ឬ​សេចក្តី​ស្អាត​វិសេស សេចក្តី​បរិសុទ្ធិ ការរួច រួចវិសេស ឬរួចស្រឡះ មិនមាន​ក្នុងធម៌​នុ៎ះទេ ពួកជន​មិនមែន​ស្អាត ស្អាតវិសេស បរិសុទ្ធ រួច រួចវិសេស ឬរួចស្រឡះ ព្រោះធម៌​នោះទេ បុគ្គល​នោះ ជាអ្នក​ថោកទាប ថោកទាប​ពេក ទន់ទាប លាមក អាក្រក់ ជាមនុស្ស​កំទេច ហេតុនោះ (ទ្រង់​ត្រាស់ថា) ពោលនូវ​របស់​ទាំងអស់​ដទៃ (អំពី​របស់ខ្លួន) នោះថា ថោកទាប។

[១៥០] ពាក្យថា ព្រោះហេតុនោះ សត្វមិនកន្លង​វិវាទ​ទាំងឡាយ​បានទេ គឺព្រោះ​ដំណើរ​នោះ ការណ៍នោះ ហេតុនោះ បច្ច័យនោះ និទាននោះ សត្វមិនកន្លង មិនកន្លងផុត មិន​កន្លងហួស នូវការឈ្លោះ ព្រោះទិដ្ឋិ​ទាំងឡាយ ការជជែក ព្រោះទិដ្ឋិ​ទាំងឡាយ សេចក្តី​ប្រកួត​ប្រកាន់ ព្រោះទិដ្ឋិ​ទាំងឡាយ ការទាស់ទែង ព្រោះទិដ្ឋិ​ទាំងឡាយ ការបៀត​បៀន ព្រោះទិដ្ឋិ​ទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុ​នោះ សត្វមិន​កន្លង​​វិវាទ​ទាំងឡាយ​បានទេ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

សត្វក្នុងលោក ត្រាំក្នុងទិដ្ឋិទាំងឡាយ​ (របស់ខ្លួន) ថា ក្រៃលែង រមែងធ្វើនូវ​របស់​ណាឲ្យ​លើសលុប​ ក៏ពោល​នូវរបស់​ទាំងអស់​ដទៃ (អំពី​របស់ខ្លួន) នោះថា ថោកទាប ព្រោះហេតុ​នោះ សត្វមិន​កន្លងវិវាទ​ទាំងឡាយ​បានទេ។

[១៥១] បុគ្គលឃើញអានិសង្សណា ចំពោះខ្លួន ក្នុងអារម្មណ៍​ដែលឃើញ ដែលឮ ដែលប៉ះ​ពាល់ហើយ ឬក្នុង​សីល និងវត្ត បុគ្គលនោះ ក៏ប្រកាន់​អានិសង្ស​នោះក្នុងទិដ្ឋិនោះ រមែង​យល់ឃើញ​សភាព​ដទៃទាំងអស់​ថា ថោកទាប។

[១៥២] អធិប្បាយពាក្យថា បុគ្គលឃើញអានិសង្សណា ចំពោះខ្លួន​ក្នុង​អារម្មណ៍​ដែលឃើញ ដែលឮ ដែលប៉ះ​ពាល់ហើយ ឬក្នុង​សីល និងវត្ត ត្រង់​ពាក្យថា អានិសង្ស​ណា ចំពោះខ្លួន គឺអានិសង្ស​ណាមួយ ចំពោះខ្លួន។ ទិដ្ឋិ លោកហៅថា ខ្លួន។ បុគ្គលឃើញ​អានិសង្ស​នៃទិដ្ឋិ​របស់ខ្លួន ២ យ៉ាងគឺ ទិដ្ឋធម្មិកានិសង្ស ១ សម្បរាយិកានិសង្ស ១។

ទិដ្ឋធម្មិកានិសង្សនៃទិដ្ឋិ តើដូចម្តេច។ គ្រូជាអ្នកប្រកប​ដោយទិដ្ឋិណា ពួកសាវ័ក ក៏ជា​អ្នកប្រកប​ដោយ​ទិដ្ឋិនោះ ពួកសាវ័ក​ធ្វើសក្ការៈ គោរព រាប់អាន បូជា ធ្វើការ​កោតក្រែង​នូវគ្រូ​ដែលប្រកប​ដោយទិដ្ឋិនោះ ហើយបាន​នូវចីវរ បិណ្ឌបាត​ សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ ព្រោះហេតុ​តែគ្រូនោះ នេះឈ្មោះថា ទិដ្ឋធម្មិកានិសង្ស​នៃទិដ្ឋិ។

សម្បរាយិកានិសង្សនៃទិដ្ឋិ តើដូចម្តេច។ បុគ្គលជាអ្នក​បា្រថ្នាផល​ក្នុង​អនាគតថា ទិដ្ឋិនេះ គួរដើម្បី​បានជានាគ ជាគ្រុឌ ជាយក្ស ជាអសុរ ជាគន្ធព្វ ជាមហារាជ ជាឥន្រ្ទ ជា​ព្រហ្ម ឬជាទេវតា ទិដ្ឋិនេះ គួរដើម្បី​ការស្អាត ស្អាតវិសេស បរិសុទ្ធិ រួច រួចវិសេស រួច​ស្រឡះ ពួកសត្វ​រមែងស្អាត ស្អាតវិសេស បរិសុទ្ធ​ រួច រួចវិសេស រួចស្រឡះ​ដោយទិដ្ឋិនេះ អាត្មាអញ​នឹងស្អាត ស្អាតវិសេស បរិសុទ្ធ រួច រួចវិសេស រួចស្រឡះ ​ដោយទិដ្ឋិនេះ។ នេះ​សម្បរាយិកានិសង្សនៃទិដ្ឋិ។ បុគ្គលឃើញ​អានិសង្ស ២ យ៉ាង​នេះឯង នៃទិដ្ឋិ​របស់ខ្លួន។

បុគ្គលឃើញអានិសង្ស ២ យ៉ាង នៃទិដ្ឋសុទ្ធិផង ឃើញអានិសង្ស ២ យ៉ាង នៃ​សុតសុទ្ធិផង ឃើញអានិសង្ស ២ យ៉ាង នៃសីលសុទ្ធិផង ឃើញ​អានិសង្ស ២ យ៉ាង នៃ​វត្តសុទ្ធិផង ឃើញ​អានិសង្ស ២ យ៉ាង​នៃ​មុតសុទ្ធិ​ផង ដែល​ជា​ទិដ្ឋធម្មិកានិសង្ស និង​សម្បរាយិកានិសង្ស។

ទិដ្ឋធម្មិកានិសង្សនៃមុតសុទ្ធិ តើដូចម្តេច។ គ្រូប្រកប​ក្នុងទិដ្ឋិណា ពួកសាវ័ក​ក៏ប្រកប​ក្នុងទិដ្ឋិនោះ។បេ។ នេះទិដ្ឋធម្មិកានិសង្ស​នៃមុតសុទ្ធិ។​

សម្បរាយិកានិសង្សនៃមុតសុទ្ធិ តើដូចម្តេច។ ទិដ្ឋិនេះ គួរដើម្បី​បានជានាគ។បេ។ នេះ​សម្បរាយិកានិសង្ស​នៃមុតសុទ្ធិ។ បុគ្គល​ឃើញ មើល រមិលមើល សំឡឹងមើល ពិចារណា​ឃើញនូវ​អានិសង្ស ២ យ៉ាង​នេះឯង នៃមុតសុទ្ធិ ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញ​អានិសង្ស​ណា ចំពោះខ្លួន ក្នុងអារម្មណ៍​ដែលឃើញ ដែលឮ ដែលប៉ះ​ពាល់ហើយ ឬក្នុង​សីល និងវត្ត។

[១៥៣] ពាក្យថា បុគ្គលនោះក៏ប្រកាន់អានិសង្សនោះ ក្នុងទិដ្ឋិ​នោះ ត្រង់ពាក្យថា នោះ គឺទិដ្ឋិនោះ។ ពាក្យថា ក្នុងទិដ្ឋិនោះ គឺក្នុងទិដ្ឋិ​របស់ខ្លួន ក្នុងការ​គួររបស់ខ្លួន ក្នុង​សេចក្តី​ពេញចិត្ត​របស់ខ្លួន ក្នុងលទ្ធិ​របស់ខ្លួន។ ពាក្យថា ប្រកាន់ គឺប្រកាន់ តំកើង កួច​កាន់ ស្ទាបអង្អែល ប្រកាន់​ស្អិតថា នេះក្រៃលែង ជាកំពូល ប្រសើរ ប្រសើរ​វិសេស ជាប្រធាន​ ឧត្តម ប្រសើរ​ក្រៃលែង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ក៏ប្រកាន់​អានិសង្ស​នោះ ក្នុង​ទិដ្ឋិនោះ។

[១៥៤] ពាក្យថា រមែងយល់ឃើញសភាពដទៃ​ទាំងអស់ថា ថោកទាប គឺឃើញ មើល រមិលមើល សំឡឹងមើល ពិចារណា​ឃើញ​នូវគ្រូដទៃ ធម៌ដែល​គ្រូនោះ​សំដែង​ហើយ គណៈ ទិដ្ឋិ បដិបទា មគ្គ ថា ថោកទាប ថោកទាប​ពេក ទន់ទាប លាមក អាក្រក់ តិច​តួច ហេតុនោះ (ទ្រង់ត្រាស់ថា) រមែង​យល់ឃើញ​សភាព​ដទៃទាំង​អស់ថា ថោកទាប។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលឃើញអានិសង្សណា ចំពោះខ្លួន ក្នុងអារម្មណ៍​ដែលឃើញ ដែលឮ ដែល​ប៉ះពាល់​ហើយ ឬក្នុងសីល និងវត្ត បុគ្គលនោះ ក៏ប្រកាន់​អានិសង្ស​នោះ ក្នុង​ទិដ្ឋិ​នោះ រមែង​យល់ឃើញ​សភាព​ដទៃទាំង​អស់ថា​ ថោកទាប។

[១៥៥] បុគ្គលអាស្រ័យសភាពណាហើយ តែងឃើញ​សភាព​ដទៃថា ថោកទាប ពួកជន​អ្នកឈ្លាស​តែងពោល​ការឃើញនោះថា ​ជាគ្រឿង​ជាប់ចំពាក់ ព្រោះហេតុនោះ ភិក្ខុ​មិនត្រូវ​អាស្រ័យ​អារម្មណ៍​ដែលឃើញ ដែលឮ ដែលប៉ះ​ពាល់ហើយ ឬសីល និងវត្ត​ឡើយ។

[១៥៦] អធិប្បាយពាក្យថា ពួកជនអ្នកឈ្លាស តែងពោលការ​ឃើញនោះ ថាជា​គ្រឿងជាប់​ចំពាក់ ត្រង់ពាក្យថា ពួកជន​អ្នកឈ្លាស​ បានដល់​ពួកជន​អ្នកឈ្លាស​ក្នុងខន្ធ អ្នក​ឈ្លាសក្នុង​ធាតុ អ្នកឈ្លាស​ក្នុងអាយតនៈ អ្នកឈ្លាសក្នុង​បដិច្ចសមុប្បាទ អ្នក​ឈ្លាសក្នុង​សតិប្បដ្ឋាន អ្នកឈ្លាស​ក្នុង​សម្មប្បធាន អ្នកឈ្លាស​ក្នុង​ឥទ្ធិបាទ អ្នកឈ្លាស​ក្នុងឥន្រ្ទិយ អ្នកឈ្លាស​ក្នុងពលៈ អ្នកឈ្លាស​ក្នុងពោជ្ឈង្គ អ្នកឈ្លាស​ក្នុងមគ្គ អ្នក​ឈ្លាស​ក្នុងផល អ្នកឈ្លាស​ក្នុងព្រះនិព្វាន ​ពួកជនអ្នក​ឈ្លាសទំាងនោះ តែង​ពោលយ៉ាង​នេះ គឺតែងពោល​យ៉ាង​នេះ និយាយ​យ៉ាងនេះ ពណ៌នា​យ៉ាងនេះ បំភ្លឺ​យ៉ាងនេះ ថ្លែងយ៉ាង​នេះថា នុ៎ះជា​គ្រឿង​ជាប់​ចំពាក់ នុ៎ះជា​គ្រឿងជាប់ល្អិត នុ៎ះជា​គ្រឿងចង នុ៎ះជាគ្រឿង​កង្វល់ ហេតុនោះ (ទ្រង់​ត្រាស់ថា) ពួកជន​អ្នកឈ្លាស តែងពោល​ការឃើញ​នោះ ថាជា​គ្រឿង​ជាប់ចំពាក់។

[១៥៧] អធិប្បាយពាក្យថា បុគ្គលអាស្រ័យសភាពណា​ហើយ តែង​ឃើញ​សភាព​ដទៃ​ថា ថោកទាប ត្រង់​ពាក្យថា បុគ្គល​អាស្រ័យ​សភាព​ណាហើយ គឺអាស្រ័យ អាស្រ័យ​ព្រម ជាប់​ស្អិត ចូលទៅរក ជឿស៊ប់ ជឿជាក់នូវ​គ្រូណា ធម៌ដែលគ្រូនោះ​សំដែង​​ហើយ គណៈ ទិដ្ឋិ បដិបទា​ មគ្គ។ ពាក្យថា តែងឃើញ​សភាពដទៃ​ថា ថោកទាប គឺឃើញ មើល រមិលមើល សំឡឹងមើល ពិចារណា​ឃើញ​នូវគ្រូដទៃ ធម៌ដែល​គ្រូ​នោះ​សំដែងហើយ គណៈ ទដ្ឋិ បដិបទា មគ្គ ថា​ ថោកទាប ថោកទាបពេក ​​ទន់ទាប លាមក អាក្រក់ តិចតួច​ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គល​អាស្រ័យ​សភាពណា​ហើយ តែង​ឃើញ​សភាពដទៃ​ថា ថោកទាប។

[១៥៨] ពាក្យថា ព្រោះហេតុនោះ ភិក្ខុមិនត្រូវ​អាស្រ័យ​អារម្មណ៍​ដែលឃើញ ដែលឮ ដែលប៉ះពាល់​ហើយ ឬសីល និងវត្តឡើយ គឺព្រោះ​ដំណើរ​នោះ ព្រោះ​ការណ៍​នោះ ព្រោះ​ហេតុនោះ ព្រោះ​បច្ចយ័នោះ ព្រោះ​និទាននោះ ភិក្ខុមិន​ត្រូវអាស្រ័យ មិនត្រូវប្រកាន់ មិនត្រូវ​ស្ទាបអង្អែល មិនត្រូវ​ចុះចិត្តស៊ប់ នូវទិដ្ឋៈ [អារម្មណ៍​ដែលឃើញ។] ឬ​ទិដ្ឋសុទ្ធិ [បរិសុទ្ធិ​ព្រោះឃើញ។] សុតៈ [អារម្មណ៍​ដែលឮ។] ឬសុតសុទ្ធិ [បរិសុទ្ធិ​ព្រោះឮ។] មុតៈ [អារម្មណ៍​ដែលប៉ះ​ពាល់។] ឬមុតសុទ្ធិ [បរិសុទ្ធិ​ព្រោះ​ប៉ះពាល់។] សីល ឬសីលសុទ្ធិ វត្ត ឬវត្តសុទ្ធិ​ទេ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះ​ហេតុនោះ ភិក្ខុមិនត្រូវ​អាស្រ័យ​អារម្មណ៍​ដែលឃើញ ដែលឮ ដែលប៉ះពាល់​ហើយ ឬ​សីល និងវត្ត​ឡើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលអាស្រ័យសភាពណាហើយ តែងឃើញ​សភាពដទៃ​ថា ថោកទាប ពួកជន​អ្នកឈ្លាស តែងពោលការ​ឃើញនោះ ​ថាជាគ្រឿង​ជាប់ចំពាក់ ព្រោះ​ហេតុ​នោះ ភិក្ខុ​មិន​ត្រូវអាស្រ័យ​អារម្មណ៍​ដែលឃើញ ដែលឮ ដែលប៉ះពាល់​ហើយ ឬសីល និងវត្ត​ឡើយ។

[១៥៩] បុគ្គលមិនគប្បីតែងតាំងទិដ្ឋិក្នុងលោក ដោយញាណ ឬដោយ​សីលវត្ត មិនគប្បី​ប្រៀបផ្ទឹម​ខ្លួនថា ស្មើ (នឹង​បុគ្គល​ដទៃ) មិនគប្បី​សំគាល់ថា ថោកទាប ឬថា​វិសេស​ឡើយ។

[១៦០] ពាក្យថា បុគ្គលមិនគប្បីតែងតាំងទិដ្ឋិ​ក្នុងលោក ដោយញាណ ឬដោយ​សីលវត្ត​ គឺមិន​គប្បីតែងតាំង មិន​គប្បីបង្កើត មិនគប្បី​បង្កើតព្រម មិនគប្បី​ឲ្យកើត មិន​គប្បីឲ្យ​កើតចំពោះ នូវទិដ្ឋិ ដោយ​អដ្ឋសមាបត្តិ​ញាណ ដោយ​បញ្ចាភិញ្ញាញាណ ដោយ​មិច្ឆាញាណ ដោយ​សីល ដោយវត្ត ឬដោយ​សីលវត្ត។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​តែងតាំងទិដ្ឋិ​ក្នុងលោក ដោយញាណ ឬដោយ​សីលវត្ត។

[១៦១] ពាក្យថា មិនគប្បីប្រៀបផ្ទឹមខ្លួនថា ស្មើ គឺមិនគប្បី​ប្រៀបផ្ទឹម​ខ្លួនថា អាត្មាអញ​ជាអ្នក​ស្មើនឹងគេ​ដោយជាតិ ដោយគោត្រ ដោយភាព​នៃខ្លួន​ជាកូន​អ្នកមាន​ត្រកូល ដោយភាព​នៃខ្លួនជា​អ្នកមាន​សម្បុរល្អ ដោយទ្រព្យ ដោយការ​រៀនមន្ត ដោយ​កន្លែង​ធ្វើនូវ​ការងារ ដោយ​កន្លែង​រៀនសិល្បៈ ដោយកន្លែង​នៃវិជ្ជា ដោយ​ពហុស្សូត្រ ដោយ​បដិភាណ ឬដោយ​វត្តុណាមួយ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​ប្រៀបផ្ទឹម​ខ្លួនថា ស្មើ។

[១៦២] ពាក្យថា មិនគប្បីសំគាល់ថា ថោកទាប ឬវិសេស គឺមិន​គប្បីប្រៀប​ផ្ទឹម​ខ្លួន​ ថា អាត្មាអញ​ជាអ្នក​ថោកទាប ដោយជាតិ ​ដោយគោត្រ។បេ។ ឬដោយវត្ថុ​ណាមួយ មិនគប្បី​ប្រៀបផ្ទឹម​ខ្លួនថា អាត្មាអញ​ជាអ្នក​ប្រសើរ ដោយជាតិ ដោយគោត្រ។បេ។ ឬដោយ​វត្ថុ​ណាមួយ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​សំគាល់ថា ថោកទាប ឬវិសេស។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលមិនគប្បីតែងតាំងទិដ្ឋិក្នុងលោកដោយញាណ ឬដោយ​សីលវត្ត មិនគប្បី ប្រៀបផ្ទឹម​ខ្លួនថា ស្មើ (នឹងបុគ្គលដទៃ) មិនគប្បី​សំគាល់ថា ថោកទាប ឬវិសេស​ឡើយ។

[១៦៣] បុគ្គលនោះ លះបង់អត្តា មិនប្រកាន់ មិនធ្វើនិស្ស័យ​សូម្បីក្នុង​ញាណទេ កាល​សត្វ​យល់បែក​គ្នាផ្សេងៗ បុគ្គលនោះឯង ជាអ្នក​មិនលុះ​តាមពួក​ បុគ្គលនោះ មិន​ត្រឡប់​​មកកាន់​ទិដ្ឋិណា​មួយឡើយ។

[១៦៤] អធិប្បាយពាក្យថា លះបង់អត្តា មិនប្រកាន់ ត្រង់ពាក្យថា លះបង់អត្តា គឺ​លះបង់​អត្តទិដ្ឋិ។ ពាក្យថា លះបង់អត្តា គឺលះបង់​សេចក្តី​ប្រកាន់។ ពាក្យថា លះបង់​អត្តា គឺលះបង់ បន្សាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើត​មាននូវ​សេចក្តីប្រកាន់ ការ​ស្ទាប​អង្អែល​ សេចក្តី​ប្រកាន់ស្អិត ការជ្រុល​ជ្រប់ ការឱនទៅ​ដោយអំណាច​តណ្ហា ដោយ​អំណាច​ទិដ្ឋិ។ ពាក្យថា លះបង់​អត្តា មិនប្រកាន់ គឺមិនប្រកាន់ មិនកាន់យក មិនស្អាប​អង្អែល មិន​ប្រកាន់ស្អិត ដោយ​ឧបាទាន ៤ ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់​អត្តា មិនប្រកាន់។

[១៦៥] ពាក្យថា បុគ្គលនោះ មិនធ្វើនិស្ស័យ​សូម្បីក្នុង​ញាណទេ គឺ​មិនធ្វើ មិន​បង្កើត មិនបង្កើត​ព្រម មិនឲ្យកើត មិនឲ្យ​កើតចំពោះ​នូវតណ្ហា​និស្ស័យ ឬ​ទិដ្ឋិនិស្ស័យ ក្នុង​អដ្ឋសមាបត្តិ​ញាណ ក្នុង​បញ្ចាភិញ្ញាញាណ ឬក្នុង​មិច្ឆាញាណ ហេតុនោះ (ទ្រង់​ត្រាស់​​ថា) បុគ្គលនោះ មិនធ្វើ​និស្ស័យ​ក្នុងញាណ។

[១៦៦] ពាក្យថា កាលសត្វយល់បែកគ្នាផ្សេងៗ បុគ្គលនោះ​ឯង ជា​អ្នកមិន​លុះ​តាមពួក គឺកាល​ពួកសត្វ អ្នកកំណត់​ហើយ បែកគ្នា​ហើយ បែក​ចិត្តជាពីរ កើតទៅ​ជា​ពីរពួក ប្រកប​ដោយ​ទិដ្ឋិផ្សេងៗ ប្រកប​ដោយការ​គួរផ្សេងៗ ប្រកប​ដោយសេចក្តី​ពេញចិត្ត​ផ្សេងៗ ប្រកប​ដោយលទ្ធិ​ផ្សេងៗ អាស្រ័យ​ទិដ្ឋិនិស្ស័យ​ផ្សេង ៗ កាលលុះ​នូវ​ឆន្ទាគតិ លុះ​នូវ​ទោសាគតិ លុះនូវ​មោហាគតិ លុះនូវ​ភយាគតិ បុគ្គល​នោះ មិនលុះ​នូវឆន្ទាគតិ មិនលុះ​នូវ​ទោសាគតិ មិនលុះនូវ​មោហាគតិ មិនលុះ​នូវភយាគតិ មិនលុះ​ដោយ​អំណាច​រាគៈ មិន​លុះដោយ​អំណាច​ទោសៈ មិនលុះ​ដោយអំណាច​មោហៈ មិនលុះ​ដោយ​អំណាច​មានះ មិនលុះ​ដោយអំណាច​ទិដ្ឋិ មិនលុះ​ដោយអំណាច​ឧទ្ធច្ចៈ មិនលុះ​ដោយ​អំណាច​វិចិកិច្ឆា មិនលុះ​ដោយអំណាច​អនុស័យ គឺធម៌​ជាពួក​ទាំងឡាយ​នាំទៅ នាំយកទៅ បន្សាត់ទៅ ដឹកនាំទៅ​មិនបាន ហេតុនោះ (ទ្រង់​ត្រាស់ថា) កាល​សត្វយល់​បែកគ្នា​ផ្សេងៗ បុគ្គល​នោះឯង មិនលុះ​តាមពួក។

[១៦៧] ពាក្យថា បុគ្គលនោះ មិនត្រឡប់មកកាន់​ទិដ្ឋិណា​មួយឡើយ គឺទិដ្ឋិ ៦២ បុគ្គល​នោះលះបង់​ហើយ ផ្តាច់បង់​ហើយ រម្ងាប់ហើយ គ្របសង្កត់​ហើយ ធ្វើមិន​គួរឲ្យកើត ដុតបំផ្លាញ​ដោយភ្លើង គឺញាណ​ហើយ បុគ្គលនោះ​មិនត្រឡប់​មក មិនងាក​មកកាន់ ទិដ្ឋិណា​មួយទេ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ មិនត្រឡប់​មកកាន់ទិដ្ឋិ​ណាមួយ​ឡើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលនោះ លះបង់អត្តា មិនប្រកាន់ មិនធ្វើនិស្ស័យ​សូម្បីក្នុង​ញាណ កាល​សត្វ​យល់បែក​គ្នាផ្សេង ៗ បុគ្គល​នោះឯង មិនលុះ​តាមពួក​ បុគ្គលនោះ មិន​ត្រឡប់​មកកាន់​ទិដ្ឋិណា​មួយឡើយ។

[១៦៨] ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោក​ដទៃ ដើម្បី​ភព​តូចភព​ធំនេះ​ នៃបុគ្គល​ណា មិនមានទេ ជម្រក​ទាំងឡាយ​ណាមួយ និងការ​ពិនិ​ត្យ ហើយប្រកាន់​ក្នុងធម៌​ទាំងឡាយ​នៃបុគ្គល​នោះ មិនមាន​ឡើយ។

[១៦៩] អធិប្បាយពាក្យថា ការតាំងទុកអន្តៈ​ទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បី​ភពតូច​ភពធំនេះ នៃបុគ្គលណា មិនមានទេ ត្រង់ពាក្យថា នៃបុគ្គល​ណា គឺនៃព្រះ​អរហន្ត​ខីណាស្រព។ ពាក្យថា អន្តៈ គឺផស្សៈ​ជាអន្តៈមួយ ការកើត​ឡើងនៃ​ផស្សៈ ជា​អន្តៈ​ទីពីរ។ អតីត ជាអន្តៈមួយ អនាគត ជាអន្តៈ​ទីពីរ។ សុខវេទនា ជាអន្តៈមួយ ទុក្ខវេទនា ជាអន្តៈទីពីរ។ នាម ជាអន្តៈមួយ រូបជាអន្តៈទីពីរ។ អាយតនៈ​ខាងក្នុង ៦ ជាអន្តៈមួយ អាយតនៈ​ខាងក្រៅ ៦ ជាអន្តៈទីពីរ។ សក្កាយ ជាអន្តៈមួយ ការកើតឡើង​នៃសក្កាយ ជាអន្តៈ​ទីពីរ។ តណ្ហា លោកហៅថា ការដំកល់ទុក បានដល់​សេចក្តី​ត្រេកអរ សេចក្តី​ត្រេកអរ​ដ៏មានកម្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា ដើម្បីភពតូច និង​ភពធំ គឺដើម្បី​កម្មភព បុនព្ភព ឈ្មោះថាភពតូចនិងភពធំ គឺថាដើម្បី​កាមភព កម្មភព កាមភព បុនព្ភព រូបភព កម្មភព រូបភព បុនព្ភព អរូបភព កម្មភព អរូបភព បុនព្ភព​ គឺថា​ដើម្បី​ការ​កើតរឿយ ៗ ការទៅរឿយ ៗ ឧបបត្តិ​រឿយ ៗ បដិសន្ធិ​រឿយ ៗ ការ​ញុំាងអត្តភាព ឲ្យកើត​រឿយ ៗ។ ពាក្យថា លោកនេះ គឺអត្តភាព​របស់ខ្លួន។ ពាក្យថា លោកដទៃ គឺ​អត្តភាព​របស់បុគ្គល​ដទៃ។ ពាក្យថា លោកនេះ គឺរូប វេទនា សញ្ញា សង្ខារ វិញាណ​របស់ខ្លួន។ ពាក្យថា​លោកដទៃ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ​របស់​បុគ្គលដទៃ។ ពាក្យថា លោកនេះ គឺ អាយតនៈ​ខាងក្នុង ៦។ ពាក្យថា លោកដទៃ គឺ​អាយតនៈ​ខាងក្រៅ ៦។ ពាក្យថា លោកនេះ គឺមនុស្សលោក។ ពាក្យថា លោកដទៃ គឺ​ទេវលោក។ ពាក្យថា លោកនេះ គឺ កាមធាតុ។ ពាក្យថា លោកដទៃ គឺរូបធាតុ អរូប​ធាតុ។ ពាក្យថា លោកនេះ គឺកាមធាតុ រូបធាតុ។ ពាក្យថា លោកដទៃ គឺអរូបធាតុ។ ពាក្យថា ការតាំង​ទុកអន្តៈ​ទាំងពីរ​ក្នុងលោក​នេះ និង​លោកដទៃ ​ដើម្បីភព​តូចភព​ធំនេះ នៃ​បុគ្គលណា មិនមានទេ បាន​សេចក្តីថា ការតាំង​ទុកអន្តៈ​ទាំងពីរ ក្នុងលោកនេះ និង​លោក​ដទៃ ដើម្បីភព​តូចភព​ធំ​នេះ នៃបុគ្គលណា មិនមាន មិនមានព្រម មិនកើតមាន គឺបុគ្គល​ណាលះបង់​ហើយ ផ្តាច់ផ្តិល​ហើយ រម្ងាប់ហើយ ស្ងប់ហើយ ធ្វើមិនគួរ​ឲ្យកើត ដុត​បំផ្លាញ​ដោយភ្លើង គឺ​ញាណហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ការតាំងទុក​អន្តៈ​ទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភព​តូចភព​ធំនេះ នៃបុគ្គលណា មិនមានទេ។

[១៧០] អធិប្បាយពាក្យថា ជម្រកទាំងឡាយណាមួយ​នៃបុគ្គលនោះ មិនមាន ត្រង់​ពាក្យថា ជម្រក​ទាំងឡាយ បានដល់​ជម្រក ២ យ៉ាង គឺ ជម្រក​គឺតណ្ហា ១ ជម្រក​គឺទិដ្ឋិ ១។បេ។ នេះជម្រក​គឺតណ្ហា។បេ។ នេះជម្រកគឺទិដ្ឋិ។ ពាក្យថា នៃបុគ្គលនោះ គឺនៃ​ព្រះអរហន្ត​ខីណាស្រព។ ពាក្យថា​ មិនមាន គឺមិនមាន មិនមានព្រម មិនកើតមាន គឺ​បុគ្គល​លះបង់​ហើយ ផ្តាច់ផ្តិលហើយ រម្ងាប់ហើយ គ្របសង្កត់​ហើយ ធ្វើមិនគួរ​ឲ្យកើត ដុតបំផ្លាញ​ដោយភ្លើង​គឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ជម្រក​ទាំងឡាយ​ណា​មួយ​នៃបុគ្គលនោះ មិនមាន​ឡើយ។

[១៧១] អធិប្បាយពាក្យថា ការពិនិត្យហើយប្រកាន់​ក្នុងធម៌​ទាំងឡាយ ត្រង់ពាក្យថា ក្នុងធម៌​ទាំងឡាយ គឺក្នុងទិដ្ឋិ ៦២។ ពាក្យថា ពិនិត្យ គឺការពិនិត្យ ពិចារណា សន្សំ ជ្រើសរើស ថ្លឹង ត្រិះរិះ ​សំដែងឲ្យ​ជាក់ច្បាស់ ធ្វើឲ្យបា្រកដ ហើយកាន់​យកតាមជួរ​កាន់​យកតាម​ចំណែក កាន់យកមាំ កាន់យក​តាមសង្កាត់ កាន់យក​ជាគំនរ កាន់យក​ដោយ​ការសន្សំព្រម គឺសេចក្តី​ប្រកាន់ ការស្ទាប​អង្អែល ការប្រកាន់​ស្អិត ការប្រកាន់​ស៊ប់ ការចុះ​ចិត្តជឿថា នេះទៀង ពិត មិន​ឃ្លៀងឃ្លាត បា្រកដ គួរតាម​សភាពពិត មិនប្រែប្រួល រមែង​មិនមាន មិនមានព្រម មិនកើតមាន គឺបុគ្គល​បានលះបង់​ហើយ ផ្តាច់ផ្តិល​ហើយ រម្ងាប់ហើយ ស្ងប់ហើយ ធ្វើមិន​គួរឲ្យកើត ដុតបំផ្លាញ​ដោយភ្លើង​គឺញាណ​ហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ការពិនិត្យហើយ​ប្រកាន់ក្នុង​ធម៌ទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគ សំដែងថា

ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភព​តូច ភពធំនេះ នៃបុគ្គល​ណា មិនមានទេ ជម្រក​ទាំងឡាយ​ណាមួយ (និង) ការពិនិត្យ ហើយប្រកាន់​ក្នុងធម៌​ទាំងឡាយ នៃ​បុគ្គលនោះ មិនមានឡើយ។

[១៧២] សេចក្តីសំគាល់សូម្បីតូចមួយ ដែលកំណត់​ហើយ ក្នុងអារម្មណ៍​ដែល​ឃើញ ដែលឮ ឬដែល​ប៉ះពាល់​ហើយនេះ នៃបុគ្គល​នោះ មិនមានទេ អ្នកផង​គប្បីកំណត់ បុគ្គល​ដែលជា​ព្រាហ្មណ៍ មិនប្រកាន់​ទិដ្ឋិនោះ ក្នុងលោកនេះ​ដោយ​កិលេស ដូចម្តេច​បាន។

[១៧៣] ពាក្យថា សេចក្តីសំគាល់សូម្បីតូចមួយ ដែលកំណត់ហើយ ក្នុង​អារម្មណ៍​ដែលឃើញ ដែលឮ ឬដែលប៉ះ​ពាល់ហើយនេះ​ នៃបុគ្គលនោះ មិនមានទេ សេចក្តីថា សេចក្តី​សំគាល់ ភាពជា​ប្រធាន ភាពជាធំ ក្នុងទិដ្ឋៈ ឬក្នុងទិដ្ឋសុទ្ធិ ក្នុងសុតៈ ឬក្នុងសុតសុទ្ធិ ក្នុងមុតៈ ឬក្នុងមុតសុទ្ធិ ដែលគេ​តាំងឡើង កំណត់​តាក់តែង តាំងនៅ ព្រមដោយ​សញ្ញា ព្រោះសេចក្តី​ប្រកាន់​ខុសដោយ​សញ្ញា នៃព្រះអរហន្ត​ខីណាស្រពនោះ មិនមាន មិនមាន​ព្រម មិនកើតមាន គឺលោក​លះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់ ធ្វើមិនគួរឲ្យ​កើត ដុតបំផ្លាញ​ដោយភ្លើង​គឺញាណ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) សេចក្តីសំគាល់ សូម្បីតូចមួយ ដែលកំណត់​ហើយ​ក្នុងអារម្មណ៍​ដែលឃើញ ដែលឮ ឬដែល​ប៉ះពាល់​ហើយនេះ​នៃបុគ្គល​នោះ មិនមានទេ។

[១៧៤] អធិប្បាយពាក្យថា បុគ្គលដែលជាព្រាហ្មណ៍ មិនប្រកាន់​ទិដ្ឋិនោះ ត្រង់​ពាក្យថា ព្រាហ្មណ៍គឺ បុគ្គល​ឈ្មោះថា ព្រាហ្មណ៍ ព្រោះជា​អ្នកបន្សាត់បង់​នូវធម៌ទាំង ៧។បេ។ ជាអ្នក​មិនអាស្រ័យ (នូវទិដ្ឋិ) ជាអ្នកនឹង​ធឹង បុគ្គលនោះ​លោកហៅថា ព្រាហ្មណ៍។ ពាក្យថា បុគ្គលដែល​ជាព្រាហ្មណ៍ មិនប្រកាន់​ទិដ្ឋិនោះ បានសេចក្តីថា បុគ្គល​ជាព្រាហ្មណ៍​នោះ មិនប្រកាន់ មិនកាន់យក មិនស្ទាប​អង្អែល មិនប្រកាន់​ស្អិតនូវទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គល​ដែលជា​ព្រាហ្មណ៍ មិនប្រកាន់​ទិដ្ឋិនោះ។

[១៧៥] អធិប្បាយពាក្យថា គប្បីកំណត់​ក្នុងលោកនេះ ដោយកិលេស​ដូចម្តេច​បាន ត្រង់ពាក្យថា កំណត់ បានដល់​ការកំណត់ ២ គឺការកំណត់គឺ​តណ្ហា​ ១ ការកំណត់ គឺទិដ្ឋិ ១។បេ។ នេះ ការកំណត់​គឺតណ្ហា។បេ។ នេះការកំណត់គឺទិដ្ឋិ។ ការកំណត់គឺ​តណ្ហា ព្រាហ្មណ៍​នោះ លះបង់ហើយ ការកំណត់​គឺទិដ្ឋិ ព្រាហ្មណ៍នោះ រលាស់ចោល​ហើយ ព្រោះលោក​បានលះបង់​នូវការកំណត់​គឺតណ្ហា បានរលាស់​ចោលនូវ​ការកំណត់​គឺទិដ្ឋិ អ្នកផង​គប្បីកំណត់​ដោយរាគៈ​ដូចម្តេច កំណត់​ដោយទោសៈ​ដូចម្តេច កំណត់​ដោយ​មោហៈ​ដូចម្តេច កំណត់​ដោយមានះ​ដូចម្តេច​ កំណត់​ដោយ​ទិដ្ឋិដូចម្តេច កំណត់​ដោយ​ឧទ្ធច្ចៈ​ដូចម្តេច កំណត់ដោយ​វិចិកិច្ឆា​ដូចម្តេច កំណត់​ដោយ​អនុស័យ​ទាំងឡាយដូច​ម្តេចថា លោកជា​អ្នកត្រេកអរ ថាជា​អ្នកប្រទូស្ត ថាជាអ្នក​វង្វេង ថាជាអ្នក​ជាប់ចំពាក់ ថាជា​អ្នកស្ទាប​អង្អែល ថាជា​អ្នកដល់​នូវសេចក្តី​រាយមាយ ថាជា​អ្នកដល់​នូវការមិនដាច់​ស្រេច ឬថាជា​អ្នកដល់​នូវកម្លាំង។ អភិសង្ខារ​ទាំងនោះ លោកលះបង់​ហើយ ព្រោះ​លោក​លះបង់​អភិសង្ខារ​ទាំងឡាយ​ហើយ អ្នកផង​គប្បីកំណត់​គតិទាំងឡាយ​ថា លោក​ទៅកើត​ក្នុងនរក ថាកើតក្នុង​កំណើត​តិរច្ឆាន ថាកើត​ក្នុងបិត្តិវិស័យ ថាជា​មនុស្ស ថាជា​ទេវតា ថាជា​​ព្រហ្មមានរូប ថាជា​ព្រហ្មមិន​មានរូប ថាជា​សញ្ញីព្រហ្ម ថាជា​អសញ្ញីព្រហ្ម ឬថាជា​នេវសញ្ញី​នាសញ្ញីព្រហ្ម ដោយកិលេស​ដូចម្តេច។ អ្នកផង​គប្បីកំណត់ គប្បី​សំគាល់ គប្បី​ដល់​នូវការ​កំណត់ ដោយ​ហេតុណា ហេតុនោះ មិនមាន បច្ច័យ​មិនមាន ការណ៍​មិនមាន​ទេ។ ពាក្យថា ក្នុងលោក គឺ​ក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បី​កំណត់ក្នុង​លោកនេះ ដោយ​កិលេស​ដូចម្តេច​បាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

សេចក្តីសំគាល់សូម្បីតូចមួយ ដែលកំណត់ហើយ ក្នុង​អារម្មណ៍​ដែលឃើញ ដែលឮ ឬដែលប៉ះ​ពាល់ហើយ​នេះ នៃបុគ្គល​នោះ មិនមានទេ អ្នកផង​គប្បីកំណត់​បុគ្គល​ដែលជា​ព្រាហ្មណ៍ មិនប្រកាន់​ទិដ្ឋិនោះ​ក្នុងលោកនេះ ដោយ​កិលេស​ដូចម្តេច​បាន។

[១៧៦] ព្រះអរហន្តទាំងឡាយ មិនតែងតាំង មិនធ្វើឲ្យ​ជាប្រធាន ដ្បិត​ធម៌ទាំង​ឡាយ លោកមិន​ទទួលយក​ទេ ព្រាហ្មណ៍ មិនមែន​សីលវត្ត​ដឹកនាំ​បានទេ លោកដល់​ត្រើយ​ហើយ ជាអ្នក​នឹងធឹង មិនត្រឡប់​មកវិញឡើយ ។

[១៧៧] អធិប្បាយពាក្យថា មិនតែងតាំង មិនធ្វើឲ្យជាប្រធាន ត្រង់ពាក្យថា តែងតាំង បានដល់ ការតែងតាំង ២ គឺការតែង​តាំងគឺ​តណ្ហា ១ ការតែងតាំង​គឺទិដ្ឋិ ១។

ការតែងតាំងគឺតណ្ហា​ តើដូចម្តេច។ ការកំណត់ដែន កំណត់ទី កំណត់ជួរ កំណត់​ដោយ​ជុំវិញ ហួងហែង អាល័យ ដោយចំណែក​តណ្ហា​ទាំងប៉ុន្មានថា នេះរបស់​អញ នុ៎ះរបស់​អញ ប៉ុណ្ណេះ​របស់អញ ទាំងប៉ុណ្ណោះ​របស់អញ រូប សំឡេង ក្លិន រស​ ផោដ្ឋព្វៈ​របស់អញ គ្រឿង​កម្រាល គ្រឿងស្លៀក​ពាក់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះ លា ស្រែ ចម្ការ បា្រក់ មាស ស្រុក និគម រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំង​របស់អញ បុគ្គល​ប្រកាន់ផែនដី​ទាំងអស់ ដោយ​អំណាច​តណ្ហា តណ្ហា​វិបរឹត ១០៨ ទាំងប៉ុន្មាន​ នេះការ​តែងតាំងគឺ​តណ្ហា។

ការតែងតាំង គឺទិដ្ឋិ តើដូចម្តេច។ សក្កាយទិដ្ឋិ មានវត្ថុ ២០ មិច្ឆាទិដ្ឋិ មានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិ មានវត្ថុ ១០ ទិដ្ឋិដំណើរ គឺទិដ្ឋិ ការសាំញុំា គឺទិដ្ឋិ ផ្លូវលំបាក គឺទិដ្ឋិ ចម្រូង គឺទិដ្ឋិ សេចក្តីអន្ទះ​អន្ទែងគឺទិដ្ឋិ ការប្រកប​ព្រមគឺទិដ្ឋិ ការកាន់ ការទទួល ការប្រកាន់ ការ​ស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពខុស កំពង់ និងអណ្តូង ការកាន់យក​ដោយការស្វែង​រក​ខុស ការកាន់​យកវិបរឹត ការកាន់​យកវិបល្លាស ការកាន់​យកខុស ការកាន់​យកក្នុង​វត្ថុមិនពិត ថាជា​សភាពពិត ទិដ្ឋិ ៦២​ ទាំងប៉ុន្មានណា មានសភាព​យ៉ាងនេះ នេះការតែង​តាំងគឺទិដ្ឋិ។

ការតែងតាំងគឺតណ្ហា ព្រះអរហន្តទាំងនោះ លះបង់ហើយ ការតែងតាំង​គឺទិដ្ឋិ លោក​រលាស់​ចោលហើយ ព្រះអរហន្ត​ទាំងឡាយ មិនតែង​តាំង មិនឲ្យកើត មិនឲ្យកើត​ព្រម មិនបង្កើត មិនបង្កើត​ចំពោះ នូវការតែង​តាំង​គឺតណ្ហា ឬនូវការ​តែងតាំង​គឺទិដ្ឋិ ព្រោះ​លោកលះ​បង់ការតែង​តាំងគឺតណ្ហា រលាស់​ចោលការ​តែងតាំង​គឺទិដ្ឋិហើយ ហេតុ​នោះ (ទ្រង់​ត្រាស់ថា) មិនតែង​តាំង។

ពាក្យថា ការធ្វើឲ្យជាប្រធាន ក្នុងបទថា មិនធ្វើឲ្យ​ជាប្រធាន បានដល់​ការធ្វើឲ្យ​ជាប្រធាន​ ២ គឺការធ្វើ​ឲ្យជាប្រធាន​គឺតណ្ហា ១ ការធ្វើឲ្យ​ជាប្រធាន​គឺទិដ្ឋិ ១។បេ។ នេះ​ការធ្វើឲ្យ​ជាប្រធាន​គឺតណ្ហា។បេ។ នេះការធ្វើឲ្យ​ជាប្រធាន​គឺទិដ្ឋិ។ ការធ្វើ​ឲ្យជា​ប្រធាន​​គឺតណ្ហា ព្រះអរហន្ត​ទាំងនោះ​លះបង់​ហើយ ការធ្វើឲ្យ​ជាប្រធាន​គឺទិដ្ឋិ លោក​រលាស់​ចោល​ហើយ ព្រះអរហន្ត​ទាំងនោះ មិនធ្វើ​តណ្ហា និងទិដ្ឋិ ឲ្យជា​ប្រធាន ហើយ​ប្រព្រឹត្ត ព្រោះ​លោកលះ​បង់​ការធ្វើ​ឲ្យជាប្រធាន​គឺតណ្ហា រលាស់​ចោលការ​ធ្វើឲ្យ​ជា​ប្រធាន​គឺទិដ្ឋិ ព្រះអរហន្ត​ទាំងឡាយ​មិនមាន​តណ្ហា ដូចជា​ទង់ជ័យ មិនមាន​តណ្ហា​ដូចជាទង់ មិនមាន​តណ្ហាជា​អធិបតិ មិនមាន​ទិដ្ឋិដូច​ជាទង់ជ័យ មិនមាន​ទិដ្ឋិដូចជាទង់ មិន​មានទិដ្ឋិ​ជាអធិបតិ គឺតណ្ហា និងទិដ្ឋិ មិនប្រព្រឹត្ត​ចោមរោម​ហើយ ហេតុនោះ (ទ្រង់​ត្រាស់​ថា) មិន​តែងតាំង មិនធ្វើ​ឲ្យជា​ប្រធាន។

[១៧៨] ទិដ្ឋិ ៦២ លោកហៅថា ធម៌ ក្នុងបទថា ដ្បិតធម៌​ទាំងឡាយ លោកមិន​ទទួល​យកទេ។ ពាក្យថា លោក គឺព្រះអរហន្ត​ខីណាស្រព​ទាំងនោះ។ ពាក្យថា មិន​ទទួល​យកទេ​ គឺមិន​ទទួលថា លោកទៀង ពាក្យនេះពិត ពាក្យដទៃ​ជាមោឃៈ មិនទទួលថា លោក​មិនទៀង។បេ។ សត្វខាង​មុខអំពី​សេចក្តី​ស្លាប់ កើតទៀតក៏ទេ មិនកើត​ទៀតក៏ទេ ពាក្យនេះ ជាពាក្យពិត ពាក្យ​ឯទៀតជា​មោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ដ្បិតធម៌​ទាំងឡាយ លោកមិន​ទទួលយក​ទេ។

[១៧៩] ពាក្យថា មិនមែន ក្នុងបទថា ព្រាហ្មណ៍ មិនមែន​សីលវត្ត​ដឹកនាំ​បានទេ ជាពាក្យ​ហាមឃាត់។ ពាក្យថា ព្រហ្មណ៍ គឺបុគ្គល​ឈ្មោះថា ព្រាហ្មណ៍ ព្រោះលោក​បន្សាត់​បង់​នូវធម៌​ទាំង ៧។បេ។ ជាអ្នកមិន​អាស្រ័យ (នូវទិដ្ឋិ) ជាតាទិបុគ្គល ​បុគ្គល​នោះ លោក​ហៅថា ព្រាហ្មណ៍។ ពាក្យថា ព្រាហ្មណ៍ មិនមែន​សីលវត្ត​ដឹកនាំបានទេ បាន​សេចក្តីថា ព្រាហ្មណ៍​គឺសីល ឬវត្ត ឬសីលវត្ត​ដឹកនាំ​មិនបាន នាំទៅ​មិនបាន ​បន្សាត់​ទៅ​មិនបាន ទង់ទាញ​ទៅមិនបាន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ មិនមែន​សីលវត្ត ដឹកនាំ​បានទេ។

[១៨០] ពាក្យថា លោកដល់ត្រើយហើយ ជាអ្នក​នឹងធឹង មិនត្រឡប់​មកវិញទេ អធិប្បាយ​ថា អមតនិព្វាន លោក​ហៅថា ត្រើយ បានខាងការ​រម្ងាប់សង្ខារ​ទាំងអស់ ការលះ​បង់​ឧបធិ​ទាំងអស់ ការអស់​តណ្ហា ការប្រាស​ចាករាគៈ ការរលត់ ​និព្វាន។ បុគ្គល​ណា ទៅ​កាន់ត្រើយ ដល់ត្រើយ ទៅកាន់​ទីបំផុត ដល់ទីបំផុត ទៅកាន់​ខាងចុង ដល់​ខាងចុង។បេ។ ភពថ្មី​ទៀត​នៃបុគ្គល​នោះ មិនមានទេ ហេតុនោះ (ទ្រង់ត្រាស់ថា) លោក​ដល់​ត្រើយហើយ។ ពាក្យថា មិនត្រឡប់​មកវិញ គឺកិលេស​ទាំងឡាយ​ណា ដែលលោក​លះបង់​ហើយ ដោយ​សោតាបត្តិមគ្គ លោកមិន​ត្រឡប់ មិនមក មិនត្រឡប់មករក​កិលេស​ទាំង​នោះ​វិញទេ កិលេស​ទាំងឡាយ​ណា ដែលលោក​លះបង់ហើយ ដោយ​សកទាគា​មិមគ្គ លោកមិន​ត្រឡប់ មិនមក មិនត្រឡប់​មករកកិលេស​ទាំងនោះ​វិញទេ កិលេស​ទាំងឡាយ​ណា ដែលលោក​លះបង់​ហើយ ដោយ​អនាគាមិមគ្គ​ លោកមិន​ត្រឡប់ មិនមក មិនត្រឡប់​មក​រកកិលេស​ទាំងនោះ​វិញទេ កិលេស​ទាំងឡាយណា ដែលលោក​លះ​បង់​ហើយ ដោយ​អរហត្តមគ្គ លោកមិន​ត្រឡប់ មិនមក មិនត្រឡប់​មក​រកកិលេស​ទាំងនោះ​វិញទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) លោកដល់​ត្រើយហើយ មិនត្រឡប់មក​វិញទេ។ ពាក្យថា ជាអ្នក​នឹងធឹង បានដល់​ព្រះអរហន្ត លោកនឹងធឹង​ដោយអាការ ៥ យ៉ាងគឺ លោក​​នឹងធឹង​ក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ ១ លោក​នឹងធឹង ព្រោះជាអ្នក​លះបង់​ហើយ ១ លោកនឹងធឹង​ព្រោះជាអ្នក​ឆ្លងហើយ ១ លោកនឹងធឹង​ព្រោះជាអ្នករួច​ហើយ ១ លោក​នឹងធឹង ព្រោះការ​សំដែងចេញ​នូវហេតុ​នោះ ១។

លោកនឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ តើដូចម្តេច។ ព្រះអរហន្ត លោក​នឹងធឹង​ក្នុងលាភ នឹងធឹង​ក្នុងអលាភ នឹងធឹង​ក្នុងយស នឹងធឹង​ក្នុងអយស នឹងធឹង​ក្នុង​សេចក្តី​សរសើរ នឹងធឹង​ក្នុងនិន្ទា នឹងធឹង​ក្នុងសុខ នឹងធឹង​ក្នុងទុក្ខ។ បើពួកជន​លាបដៃ​ម្ខាង ដោយគ្រឿង​ក្រអូប បើពួកជនច្រាស​ដៃម្ខាងដោយ​កាំបិត តម្រេក​ក្នុងការ​លាបឯ​ណោះ ក៏មិនមាន សេចក្តី​ថ្នាំងថ្នាក់​ក្នុងការច្រាស​ឯណោះ ក៏មិនមាន ​ព្រះអរហន្ត លះបង់​ស្រឡះ នូវ​សេចក្តី​ត្រេកអរ និងសេចក្តី​ថ្នាំងថ្នាក់ ប្រព្រឹត្តកន្លង​នូវសេចក្តី​លើកតំកើង និង​សេចក្តី​ផ្ទញ់ផ្ទាល់ កន្លងផុត​នូវសេចក្តី​ស្រឡាញ់ និងសេចក្តី​ស្អប់ហើយ ព្រះអរហន្ត លោក​នឹងធឹង​ក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍​យ៉ាងនេះ។

ព្រះអរហន្តលោកនឹងធឹង ព្រោះជា​អ្នកលះបង់​ហើយ តើដូចម្តេច។ ព្រះអរហន្ត​លះបង់ ខ្ជាក់ចោល រួចស្រឡះ លះចោល ​រលាស់ចោល​ហើយ​នូវរាគៈ។ ព្រះអរហន្ត​លះបង់ ខ្ជាល់ចោល រួចស្រឡះ លះចោល រលាស់ចោល​ហើយ​នូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថុម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ សេចក្តី​ក្រវល់​ក្រវាយ​ទាំង​អស់ សេចក្តី​ក្តៅក្រហាយ​ទាំងអស់ សេចក្តី​អន្ទះអន្ទែង​ទាំងអស់ អកុសលាភិសង្ខារ​ទាំងអស់ ព្រះអរហន្ត​លោកនឹងធឹង ព្រោះជា​អ្នក​លះបង់ហើយ​យ៉ាងនេះ។

ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នកឆ្លងហើយ តើដូចម្តេច។ ព្រះអរហន្ត​ឆ្លង​កាមោឃៈ ឆ្លងភវោឃៈ ឆ្លងទិដ្ឋោឃៈ ឆ្លងអវិជ្ជោឃៈ ឆ្លង ឆ្លងផុត ឆ្លងស្រឡះ កន្លង កន្លង​ផុត កន្លងហួស នូវផ្លូវ​គឺសង្សារ​ទាំងអស់ ព្រះអរហន្ត​នោះ លោកមាន​កិរិយានៅ នៅ​ស្រេច​ហើយ មានការ​ប្រព្រឹត្តិ ប្រព្រឹត្តហើយ។បេ។ ភពថ្មីទៀត​នៃព្រះអរហន្ត​នោះ មិន​មាន​ទេ ហេតុនោះ ព្រះអរហន្ត​លោកនឹងធឹង ព្រោះជា​អ្នកឆ្លង​ហើយ​យ៉ាងនេះ។

ព្រះអរហន្តលោកនឹងធឹង ព្រោះជាអ្នក​រួចហើយ តើដូចម្តេច។ ចិត្តរបស់​ព្រះ​អរហន្ត រួច រួចស្រឡះ រួចផុតស្រឡះ​ចាករាគៈ។ ចិត្តលោក រួច រួចស្រឡះ រួចផុត​ស្រឡះ ចាក​ទោសៈ។ ចិត្តលោក រួច រួចស្រឡះ រួចផុត​ស្រឡះ ចាក​មោហៈ។ ចិត្តលោក រួច រួចស្រឡះ រួចផុតស្រឡះ ចាកកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់ សេចក្តីក្តៅ​ក្រហាយ​ទាំងអស់ សេចក្តី​អន្ទះអន្ទែង​ទាំងអស់ អកុសលាភិសង្ខារ​ទាំងអស់ ព្រះអរហន្ត​លោក​នឹងធឹង ​ព្រោះជាអ្នក​រួចហើយ​យ៉ាងនេះ។

ព្រះអរហន្តលោកនឹងធឹង ព្រោះការសំដែងចេញនូវ​ហេតុនោះ តើដូចម្តេច។ ព្រះអរហន្ត​លោកនឹងធឹង ព្រោះការ​សំដែងចេញ​នូវហេតុ​នោះថា កាលបើ​សីលមាន​លោកជាអ្នក​មានសីល។ លោកនឹងធឹង ព្រោះការ​សំដែងចេញ​នូវហេតុ​នោះថា កាលបើ​សទ្ធាមាន លោកជា​អ្នកមានសទ្ធា។ លោក​នឹងធឹង ព្រោះការ​សំដែងចេញ​នូវហេតុនោះ​ថា កាល​បើវីរិយៈ​មាន លោកជា​អ្នកមាន​វីរិយៈ។ លោកនឹងធឹង ព្រោះការ​សំដែងចេញ​នូវហេតុ​នោះថា កាលបើ​សតិមាន លោកជា​អ្នកមាន​សតិ។ លោកនឹងធឹង​ព្រោះការ​សំដែង​ចេញ​នូវហេតុនោះថា កាលបើ​សមាធិមាន លោកជា​អ្នកមាន​សមាធិ។ លោក​នឹងធឹង ព្រោះការ​សំដែងចេញ​នូវហេតុនោះ​ថា កាលបើ​បញ្ញាមាន ​លោកជា​អ្នកមាន​បញ្ញា។ លោកនឹងធឹង ព្រោះការ​សំដែងចេញ​នូវហេតុនោះថា កាលបើ​វិជ្ជាមាន លោក​ជា​អ្នកមាន​វិជ្ជាបីប្រការ។ លោក​នឹងធឹង ព្រោះការ​សំដែងចេញ​នូវហេតុ​នោះថា កាលបើ​អភិញ្ញា​មាន លោកជា​អ្នកមាន​អភិញ្ញាប្រាំមួយ ព្រះអរហន្ត​លោកនឹងធឹង ព្រោះ​ការ​សំដែង​ចេញនូវ​ហេតុនោះ យ៉ាងនេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) លោកដល់​ត្រើយ​ហើយ ជាអ្នក​នឹងធឹង មិនត្រឡប់​មកវិញទេ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ព្រះអរហន្តទាំងឡាយ មិនតែងតាំង មិនធ្វើឲ្យ​ជាប្រធាន ដ្បិតធម៌​ទាំងឡាយ លោក​មិនទទួល​យកទេ ព្រាហ្មណ៍ មិនមែន​សីលវត្ត​ដឹកនាំ​បានទេ លោកដល់​ត្រើយ​ហើយ ជាអ្នក​នឹងធឹង មិនត្រឡប់​មកវិញ​ឡើយ។

ចប់ បរមដ្ឋកសុត្តនិទ្ទេស ទី៥។

ជរាសុត្តនិទ្ទេស ទី៦

[១៨១] (ព្រះមានព្រះភាគត្រាស់ថា) ជីវិតនេះ តិចណាស់ រមែង​ស្លាប់ខាង​អាយ អំពី​មួយរយឆ្នាំ បើបុគ្គល​ណា រស់នៅ​កន្លងហួស (ពី​មួយរយ​​ឆ្នាំ) ទៅ បុគ្គលនោះ គង់ស្លាប់​ព្រោះជរា​ពុំខាន។

[១៨២] អធិប្បាយពាក្យថា ជីវិតនេះតិចណាស់ ត្រង់ពាក្យថា ជីវិត​គឺអាយុ ការ​តាំងនៅ ការរស់នៅ ការញុំាង​អត្តភាព​ឲ្យរស់នៅ ការដើរទៅ ការប្រព្រឹត្តិទៅ ការរក្សា ជីវិត ជីវិតិន្រ្ទិយ។ មួយទៀត ជិវិតតិច ជីវិត​ស្តួចស្តើង ដោយ​ហេតុពីរ គឺជីវិតតិច ព្រោះ​ជា​ធម្មជាត​តាំងនៅតិច ១ ជីវិតតិច ព្រោះកិច្ច​របស់ខ្លួន​តិច ១។

ជីវិតតិច ព្រោះធម្មជាតតាំងនៅតិច តើដូចម្តេច។ សត្វដែល​រស់នៅ​ហើយ ក្នុង​ខណៈចិត្ត​ជាអតីត មិនកំពុង​រស់នៅ​ក្នុងបច្ចុប្បន្ន និងមិនរស់នៅ​ក្នុងអនាគត​ទេ។ សត្វ​នឹងរស់នៅ​ក្នុងខណៈ​ចិត្តជា​អនាគត មិនកំពុង​រស់នៅ​ក្នុងបច្ចុប្បន្ន មិនរស់នៅ​ហើយ ក្នុង​អតីតទេ។ សត្វកំពុង​រស់នៅ​ក្នុងខណៈ​ចិត្ត​ជាបច្ចុប្បន្ន មិនបាន​រស់នៅ​ហើយ​ក្នុង​អតីត និងមិន​រស់នៅ​ក្នុងអនាគត​ទេ។

ជីវិត អត្តភាព សុខ និងទុក្ខទាំងអស់ ប្រកប​ដោយខណៈ​ចិត្តតែមួយ ព្រោះខណៈ ប្រព្រឹត្ត​ទៅរហ័ស ពួកទេវតា​ណា ឋិតនៅអស់ ៨៤ ពាន់កប្ប ទេវតា​ទាំងនោះ មិនមែន​ប្រកប​ដោយចិត្ត ២ ហើយ​រស់នៅទេ ខន្ធ​ទាំងឡាយ​ណា របស់បុគ្គល​ដែលស្លាប់​ទៅក្តី រស់នៅក្តី រលត់​ហើយ​ក្នុងលោកនេះ ខន្ធទាំង​អស់នោះ ក៏ដូចគ្នា ទៅ​បដិសន្ធិ​ទៀតមិន​បាន ខន្ធ​ទាំងឡាយ​ណា ដែលកន្លង​ទៅជា​លំដាប់ បែកធ្លាយ​ហើយផង ខន្ធទាំង​ឡាយ​ណា ជាអនាគត នឹងបែក​ធ្លាយផង សេចក្តី​ផ្សេងគ្នា​នៃខន្ធ​ទាំងឡាយ​ជាបច្ចុប្បន្ន ដែលរលត់​ហើយ ក្នុងចន្លោះ​នៃខន្ធ​ទាំងពីរ​នោះ រមែង​មិនមាន​ក្នុងលក្ខណៈ សត្វលោក​ដែលកើត​ហើយ​ដោយ​អនាគតក្ខន្ធ ដែលមិន​ទាន់កើត មិនឈ្មោះថា រស់នៅ​ហើយ ទាំងមិន​ឈ្មោះ​ថា កំពុង​រស់នៅ​ក្នុងខន្ធ​ជាបច្ចុប្បន្ន​ទេ សត្វលោក​ស្លាប់​ដោយការ​បែកធ្លាយ​នៃចិត្ត (នេះជា) បញ្ញតិ្តនៃ​បរមត្ថ ការប្រែប្រួល​ទៅដោយ​ឆន្ទៈ ដូចជា​ទីទាប រមែង​ប្រព្រឹត្ត​ទៅ ដូច្នោះ វេទនា​ទាំងឡាយ មាន​សឡាយតនៈ​ជាបច្ច័យ មានវារៈ​មិនដាច់ តែង​ប្រព្រឹត្ត​ទៅ ខន្ធទាំងឡាយ ដែលបែក​ធ្លាយហើយ ក៏មិន​ដល់នូវ​ការតំកល់​ទុក គំនរ​នៃខន្ធ​ក្នុងអនាគត ក៏មិនមាន ខន្ធទាំងឡាយ​ដែលកើត​ឡើងហើយ រមែង​ឋិតនៅ ដូច​គ្រាប់ស្ពៃ​ដែលឋិតនៅ​លើចុង​ដែកស្រួច កាលបើ​ខន្ធទាំងឡាយ​កើតឡើង​ហើយ ការបែក​ធ្លាយនៃ​ខន្ធទាំងនោះ ក៏ឋិតនៅ​ក្នុងខាងមុខ សភាវៈ​ដែលត្រូវ​វិនាស​ទាំងឡាយ (ខន្ធ) កំពុង​ឋិតនៅ មិនច្រឡូក​ច្រឡំដោយ​ខន្ធចាស់ទេ រមែង​មកអំពី​ទីមើល​មិនឃើញ លុះបែក​ធ្លាយ​ហើយ តែងទៅ​កាន់ទីមើល​មិនឃើញ​វិញ រមែង​កើតឡើង​ផង រមែង​វិនាស​ទៅផង ដូចជា​ផ្លេកបន្ទោរ​ឰដ៏អាកាស។ ជីវិតតិច ព្រោះការឋិតនៅតិច យ៉ាងនេះ។

ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច តើដូចម្តេច។ ជីវិតជាប់ទាក់ទង​ដោយដង្ហើម​ចូល ជីវិត​ជាប់ទាក់​ទងដោយ​ដង្ហើមចេញ ជីវិត​ជាប់ទាក់ទង​ដោយដង្ហើមចូល និងដង្ហើមចេញ ជីវិត​ជាប់ទាក់​ទងដោយ​មហាភូតរូប ជីវិត​ជាប់ទាក់​ទងដោយ​ភ្លើងធាតុ ជីវិត​ជាប់ទាក់ទង​ដោយ​អាហារ​ជាពំនូត ជីវិត​ជាប់ទាក់​ទងដោយ​វិញ្ញាណ។ ឫសគល់​របស់ធម៌​ទាំងនេះ មាន​កម្លាំងថយ។ បុព្វហេតុ​ទាំងឡាយ​របស់ធម៌​ទាំងនេះ ក៏មាន​កម្លាំងថយ។ សូម្បីពួក​ធម៌​​ណាជា​បច្ច័យ ធម៌ទាំងនោះ ក៏មាន​កម្លាំងថយ។ សូម្បីពួក​ធម៌ណា ជាប្រភព ធម៌​ទាំងនោះ ក៏មាន​កម្លាំងថយ។ ពួកធម៌​ដែលកើត​ជាមួយ​នឹងធម៌​ទាំងនេះ ក៏មាន​កម្លាំង​ថយ។ ពួកធម៌​ប្រកប​ជាមួយគ្នា​នឹងធម៌​ទាំងនេះ ក៏មាន​កម្លាំងថយ។ ធម៌ដែលកើត​ឡើង​ជាមួយគ្នា​នឹងធម៌​ទាំងនេះ ក៏មាន​កម្លាំងថយ។ ធម្មជាតិ​ណាជា​គ្រឿងប្រកប ធម្មជាតិ​នោះ ក៏មាន​កម្លាំងថយ។ ធម៌ទាំងនេះ មានកម្លាំង​ថយជានិច្ច​ដល់គ្នា​នឹងគ្នា។ ធម៌​ទាំង​នេះ មិនឱន​រកគ្នា​នឹងគ្នា។ ធម៌ទាំងនេះ ញុំាងគ្នា​នឹងគ្នាឲ្យ​ធ្លាក់ចុះ។ ព្រោះមិន​បានជា​ទីពឹង​ដល់គ្នា​នឹងគ្នា។ មួយទៀត ធម៌ទាំងនេះ មិនតំកល់​ទុកនូវគ្នា​នឹងគ្នា។ សូម្បីធម៌​ណា ជាអ្នក​បង្កើត ធម៌នោះ​ក៏មិនមាន។ ធម៌ណាមួយ មិនមែន​វិនាស ដោយធម៌​ណា​មួយទេ។ ព្រោះថា ធម៌ទាំងនេះ បែកធ្លាយ​ទៅដោយ​ប្រការ​ទាំងពួង។ ធម៌ទាំងនេះ កើតហើយ ព្រោះហេតុ និងបច្ច័យ​អំពីមុន។ ហេតុ និងបច្ច័យ​ទាំងឡាយ​ណា ដែលឲ្យកើត​មុន ហេតុ និងបច្ច័យ​ទាំងនោះ ក៏ស្លាប់​មុនទៅ​ហើយ។ ធម៌ទាំងឡាយ​ខាងដើម និងខាងចុង មិនបាន​ឃើញគ្នា​នឹងគ្នា ក្នុងកាល​ណាមួយ​ឡើយ។ ជីវិត​តិច ព្រោះ​កិច្ចរបស់​ខ្លួនតិច យ៉ាង​នេះ។

មួយទៀត ពួកមនុស្ស មានជីវិតតិច ជីវិតស្តួចស្តើង ជីវិតខ្លី ជីវិតមាន​ក្នុងមួយ​ខណៈ ជីវិតរហ័ស ជីវិតឆាប់ ជីវិត​មិនមាំមួន ជីវិតមិន​ឋិតនៅយូរ បើប្រៀប​ផ្ទឹមនឹង​ជីវិត​របស់ពួក​ទេវតា​ជាន់​ចាតុម្មហារាជិកា។​ របស់ពួក​ទេវតា​ជាន់​តាវត្តិង្ស។ របស់​​ទេវតា​ជាន់យាមៈ។ របស់​ទេវតា​ជាន់​តុសិត។ របស់​ទេវតា​ជាន់​និម្មានរតី។ របស់​ទេវតា​ជាន់​បរនិម្មិតវសវត្តី។ ពួកមនុស្ស​មានជីវិតតិច ជីវិត​ស្តួចស្តើង ជីវិត​ថោកថយ ជីវិត​មានក្នុង​មួយខណៈ ជីវិត​រហ័ស ជីវិតឆាប់ ជីវិត​មិនមាំមួន ជីវិត​មិនឋិត​នៅយូរ បើប្រៀប​ផ្ទឹមនឹង​ជីវិតរបស់​ទេវតា​ព្រហ្មកាយិកៈ។ សមដូច​ពាក្យនេះ ដែលព្រះមានព្រះ​ភាគ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ អាយុ​របស់ពួក​មនុស្សនេះ​តិច បរលោក ​ពួកសត្វត្រូវ​ទៅដោយ​ពិត បុគ្គល​គប្បីប៉ះពាល់​ដោយបញ្ញា គប្បី​ធ្វើកុសល គប្បី​ប្រព្រឹត្ត​ព្រហ្មចរិយៈ (ព្រោះថា) សត្វដែល​កើតហើយ មិនមែន​ជាមិន​ស្លាប់ទេ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ណា​រស់នៅ​អស់កាល​យូរ បុគ្គលនោះ គប្បីរស់នៅ ១០០ ឆ្នាំ តិចពី​មួយរយឆ្នាំ ឬ​ច្រើន​ជាង ១០០​ឆ្នាំ។

អាយុរបស់ពួកមនុស្ស តិច បុរសល្អ គប្បីនឿយណាយ​នឹងអាយុ​នោះ គប្បី​ប្រព្រឹត្ត​ដូចជា​បុគ្គល ដែលភ្លើង​ឆេះក្បាល ដំណើរ​មិនមក​នៃមច្ចុ មិនមានទេ ថ្ងៃ និងយប់ តែងកន្លង​ទៅ ជីវិត​ក៏ស្រកស្រុត​ទៅដែរ អាយុ​របស់​ពួកសត្វ រមែង​អស់ទៅ ដូចជា​ទឹកនៃ​ស្ទឹងតូច​ទាំងឡាយ។

ហេតុនេះ (ទ្រង់ត្រាស់ថា) ជីវិតនេះ តិចណាស់។

[១៨៣] ពាក្យថា សត្វរមែងស្លាប់ខាងអាយអំពីមួយរយឆ្នាំ អធិប្បាយថា សត្វ​រមែង​ច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាល​ជាកលលៈ ក៏មាន។ សត្វ​រមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាល​ជាអម្ពុទៈ ក៏មាន។ សត្វរមែង​ច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាល​ជាបេសិ ក៏មាន។ សត្វ​រមែង​ច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាល​ជាឃនៈ ក៏មាន។ សត្វ​រមែង​ច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាល​ជា​បញ្ចសាខា ក៏មាន។ សត្វគ្រាន់​តែមាន​កំណើត ច្យុត ស្លាប់ បាត់បង់ វិនាស​ទៅវិញ ក៏មាន។ សត្វ​រមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងផ្ទះ​ជាទី​ប្រសូត ក៏មាន។ សត្វកើត​បានកន្លះ​ខែ ច្យុត ស្លាប់ បាត់បង់ វិនាស​ទៅវិញ ក៏មាន។ សត្វ​កើតបាន ១ ខែ ច្យុត ស្លាប់ បាត់បង់ វិនាស​ទៅវិញ ក៏មាន។ សត្វកើត​បាន ២ ខែខ្លះ បាន ៣ ខែខ្លះ បាន ៤ ខែខ្លះ បាន ៥ ខែខ្លះ ច្យុត ស្លាប់ បាត់បង់ វិនាសទៅ​វិញ ក៏មាន។ សត្វកើត​បាន ៦ ខែខ្លះ ៧ ខែខ្លះ ៨ ខែខ្លះ​ ៩ ខែខ្លះ ១០ ខែខ្លះ ១ ឆ្នាំខ្លះ ច្យុត ស្លាប់ បាត់បង់ វិនាស​ទៅវិញ ក៏មាន។ សត្វកើតបាន ២ ឆ្នាំខ្លះ ៣ ឆ្នាំខ្លះ ៤ ឆ្នាំខ្លះ ៥ ឆ្នាំខ្លះ ៦ ឆ្នាំខ្លះ ៧ ឆ្នាំខ្លះ ៨ ឆ្នាំខ្លះ ៩ ឆ្នាំខ្លះ ១០ ឆ្នាំខ្លះ ២០ ឆ្នាំខ្លះ ៣០ ឆ្នាំខ្លះ ៤០ ឆ្នាំខ្លះ ៥០ ឆ្នាំខ្លះ ៦០ ឆ្នាំខ្លះ ៧០ ឆ្នាំខ្លះ ៨០ ឆ្នាំខ្លះ ៩០ ឆ្នាំខ្លះ ច្យុត ស្លាប់ បាត់បង់ វិនាស ទៅវិញ ក៏មាន ហេតុនោះ (ទ្រង់​ត្រាស់ថា) ​បុគ្គល​រមែងស្លាប់​ខាងអាយ​ អំពី​មួយរយឆ្នាំ។

[១៨៤] ពាក្យថា បើបុគ្គលណា រស់នៅកន្លង​ហួសទៅ គឺ បុគ្គលណា រស់នៅ​កន្លង​មួយរយឆ្នាំ បុគ្គលនោះ រស់នៅអស់ ១ ឆ្នាំក្តី រស់នៅអស់ ២ ឆ្នាំក្តី រស់នៅអស់ ៣ ឆ្នាំក្តី រស់នៅអស់ ៤ ឆ្នាំក្តី រស់នៅអស់ ៥ ឆ្នាំក្តី រស់​នៅអស់ ១០ ឆ្នាំក្តី រស់នៅអស់ ២០ ឆ្នាំក្តី រស់នៅ​អស់ ៣០ ឆ្នាំក្តី រស់នៅ​អស់ ៤០ ឆ្នាំក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) បើ​បុគ្គល​ណា រស់នៅ​កន្លងហួស​ទៅ។

[១៨៥] ពាក្យថា បុគ្គលនោះ គង់ស្លាប់ ព្រោះជរាពុំខាន អធិប្បាយថា កាលណា​បុគ្គលចាស់ ចំរើន​ដោយវ័យ មានអាយុ​ច្រើន កន្លង​កាល ជ្រុលចូល​ក្នុង​បច្ឆិមវ័យ មាន​ធ្មេញបាក់ សក់ស្កូវ ក្បាលឆក ក្បាលថ្ពែក ស្បែកជ្រួញជ្រីវ មានខ្លួន​រទុះដោយ​ប្រជ្រុយ ខ្នង​កោងក្ងក់ កាន់​ឈើច្រត់ បុគ្គលនោះ គង់ច្យុត ស្លាប់ បាត់បង់ វិនាស ព្រោះជរា។

ការរួចចាកមរណៈ មិនមានទេ សត្វទាំងឡាយ ដែល​កើតហើយ តែងមាន​ភ័យអំពី​មរណៈ​ជានិច្ច ដូចជា​ផ្លែឈើទុំ​ទាំងឡាយ តែង​មានភ័យ​អំពីការ​ជ្រុះចុះ ក្នុង​វេលាព្រឹក ភាជន៍ដី ដែល​កុម្ភការ​ធ្វើហើយ​ទាំងអស់ មានការ​បែកធ្លាយ​ជាទីបំផុត យ៉ាងណា ជីវិត​របស់សត្វ​ទាំងឡាយ ក៏យ៉ាង​នោះដែរ ពួកជនណា ទាំងក្មេង ទាំងចាស់ ទាំងពាល ទាំងបណ្ឌិត ពួកជន​ទាំងអស់​នោះ រមែង​លុះអំណាច​នៃមច្ចុ ពួកជន​ទាំងអស់ មាន​មច្ចុប្រព្រឹត្ត​ទៅខាងមុខ កាលពួក​ជនទាំងនោះ ដែល​មច្ចុគ្រប​សង្កត់ ទៅកាន់​បរលោក បិតា​ពឹងបុត្ត​មិនបាន ឬថា​ពួកញាតិ​ពឹងពួក​ញាតិក៏​មិនបាន អ្នកចូរ​មើលចុះ កាលពួក​ញាតិកំពុង​សំឡឹង​មើល កំពុងយំ​រៀបរាប់​ច្រើន សត្វលោក​ដែលត្រូវ​មច្ចុ និងជរា​បំផ្លាញ​ហើយ ដូចជា​បណ្តាសត្វ​ទាំងឡាយ គោមួយៗ ដែលគេ​ត្រូវនាំទៅ​សម្លាប់។

ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះគង់ស្លាប់ ព្រោះជរាពុំខាន។ ហេតុនោះ ព្រះមាន​ព្រះភាគ ត្រាស់ថា

ជីវិតនេះ តិចណាស់ រមែងស្លាប់ខាងអាយ អំពីមួយរយឆ្នាំ បើបុគ្គល​ណា រស់នៅ​កន្លងហួស (ពី​មួយរយ​ឆ្នាំ) ទៅ បុគ្គលនោះ គង់ស្លាប់ ព្រោះជរាពុំខាន។

[១៨៦] ពួកជន រមែងសោកស្តាយ ចំពោះវត្ថុដែលហួងហែង ការហួង​ហែងទាំង​ឡាយ ពុំមែន​ជាការ​ទៀងទាត់​ទេ វត្ថុនេះ មាន​សភាព​ព្រាត់ប្រាស​ដោយពិត បុគ្គល​កាលឃើញ​ដូច្នេះ​ហើយ មិនគួរ​នៅគ្រប់គ្រង​ផ្ទះឡើយ។

[១៨៧] អធិប្បាយពាក្យថា ពួកជន រមែងសោកស្តាយ ចំពោះ​វត្ថុដែល​ហួងហែង ត្រង់​ពាក្យថា ពួកជន បានដល់ ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា មនុស្ស។ ពាក្យថា ការហួងហែង បានដល់​ការហួងហែង ២ គឺការហួង​ហែងគឺ​តណ្ហា ១ ការហួងហែង​គឺទិដ្ឋិ ១។បេ។ នេះការហួងហែងគឺតណ្ហា។បេ។ នេះការ​ហួងហែង​គឺទិដ្ឋិ។ ពួកជន​ជាអ្នកមាន​សេចក្តី​រង្កៀស ដោយការ​ដណ្តើម​យកវត្ថុ​ដែល​ហួងហែង រមែង​សោកស្តាយ ក៏មាន សោកស្តាយ​ចំពោះវត្ថុ​ដែលគេ​កំពុងដណ្តើម​យក ក៏មាន សោក​ស្តាយ​ចំពោះវត្ថុ​ដែលគេ​ដណ្តើម​យកហើយ ក៏មាន ពួកជន​មានសេចក្តី​រង្កៀស​ដោយការ​ប្រែប្រួល​ចាកវត្ថុ​ដែលហួងហែង រមែង​សោកស្តាយ ក៏មាន សោកស្តាយ​ចំពោះ​វត្ថុដែលកំពុង​ប្រែប្រួល ក៏មាន សោកស្តាយ​ចំពោះវត្ថុ​ដែលប្រែប្រួល​ហើយ ក៏មាន រមែង​លំបាក ខ្សឹកខ្សួល គក់ទ្រូង ដល់នូវ​ការវង្វេង ហេតុនោះ (ទ្រង់​ត្រាស់ថា) ពួកជន​រមែង​សោកស្តាយ ចំពោះវត្ថុ​ដែល​ហួងហែង។

[១៨៨] អធិប្បាយពាក្យថា ការហួងហែងទាំងឡាយ ពុំមែន​ជាការ​ទៀងទាត់ទេ ត្រង់​ពាក្យថា ការហួងហែង បានដល់​ការហួងហែង ២ គឺការហួងហែង​គឺតណ្ហា ១ ការ​ហួងហែង​គឺទិដ្ឋិ ១។បេ។ នេះការ​ហួងហែង​គឺតណ្ហា។បេ។ នេះការ​ហួងហែង​គឺទិដ្ឋិ។ ការហួង​ហែងគឺ​តណ្ហា ជាសភាព​មិនទៀង ដែល​បច្ច័យ​តាក់តែង កើតឡើង ព្រោះ​អាស្រ័យ (បច្ច័យ) មានការ​អស់ទៅ​ជាធម្មតា វិនាស​ទៅជាធម្មតា បា្រសទៅជា​ធម្មតា រលត់​ទៅជា​ធម្មតា ប្រែប្រួល​ទៅជា​ធម្មតា។ ការហួង​ហែងគឺទិដ្ឋិ ជាសភាព​មិនទៀង ដែល​បច្ច័យ​តាក់តែង កើតឡើង ព្រោះ​អាស្រ័យ (បច្ច័យ) មានការ​អស់ទៅជា​ធម្មតា វិនាស​ទៅជា​ធម្មតា បា្រសទៅ​ជាធម្មតា រលត់ទៅ​ជាធម្មតា ប្រែប្រួល​ទៅ​ជា​ធម្មតា។ សមដូច​ពាក្យ​នេះ ដែល​ព្រះមានព្រះភាគ ត្រាស់​ហើយថា ម្នាលភិក្ខុទាំង​ឡាយ អ្នកទាំងឡាយ ធ្លាប់​ឃើញការ​ហួងហែង ដែលជា​សភាពទៀង មាំមួន ឋិតថេរ មិនប្រែប្រួល​ជាធម្មតា ឋិតនៅ​ស្មើដោយ​សស្សតិវត្ថុ ដូច្នោះ​ដែរឬ។ បពិត​ព្រះអង្គ​ដ៏ចំរើន ដំណើរនុ៎ះ យើងខ្ញុំ​មិនធ្លាប់​ឃើញទេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ ប្រពៃហើយ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ក៏​ពិចារណា​មិនឃើញ​នូវការ​ហួងហែងនុ៎ះ ដែល​ជាសភាព​ទៀង មាំមួន ឋិតថេរ មិនប្រែប្រួល​ជាធម្មតា ឋិតនៅ​ស្មើដោយ​សស្សតិវត្ថុ ដូច្នោះដែរ។ ការហួង​ហែង​ទាំងឡាយ ជាសភាព​ទៀង មាំមួន ឋិតថេរ មិន​ប្រែប្រួល​ជាធម្មតា ឥតមាន មិន​ដែល​មាន មិនមាន​បា្រកដ មិនកើត​មានទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) ការហួងហែង​ទាំងឡាយ ពុំមែន​ជាការ​ទៀងទាត់​ទេ។

[១៨៩] ពាក្យថា វត្តុនេះមានសភាពព្រាត់បា្រសដោយពិត គឺភាវៈផ្សេងៗ ភាវៈ​ព្រាត់បា្រស ភាវៈទៅ​ជាយ៉ាងដទៃ កាលមាន កាលកាន់ព្រម កាល​កើតមាន។ សមដូច​ពាក្យនេះ ដែល​ព្រះមានបុណ្យ​ត្រាស់ហើយ​ថា ម្នាល​អានន្ទ មិនគួរទេ អ្នកកុំសោក កុំខ្សឹក​ខ្សួល​ឡើយ ម្នាលអានន្ទ ក្រែង​តថាគត​បានពោល​ហើយ ក្នុងកាលមុន នូវពាក្យនេះ​ថា ភាវៈ​ផ្សេងៗ ភាវៈ​ព្រាត់បា្រស ភាវៈជា​យ៉ាងដទៃ ចាកសត្វ និងសង្ខារ​ទាំងពួង ជាទី​ស្រឡាញ់​​ពេញចិត្ត​ដូច្នេះឬ ម្នាលអានន្ទ បុគ្គល​គប្បីបាន​នូវហេតុ​នោះ ក្នុងសត្វ​ និងសង្ខារ​ទាំងនោះ អំពី​ទីណាថា វត្ថុណា​កើតហើយ បា្រកដ​ហើយ តាក់តែង​ហើយ មាន​កិរិយា​វិនាសជា​ធម្មតា ឱហ្ន៎ វត្ថុនោះ កុំវិនាសឡើយ ដំណើរនោះ មិនសម​ហេតុទេ។ ព្រោះ​សេចក្តី​ប្រែប្រួល​ជាយ៉ាងដទៃ របស់​ខន្ធ ធាតុ អាយតនៈ ដែលមាន​ក្នុងកាលមុនៗ ខន្ធ ធាតុ អាយតនៈ ដែលមាន​ក្នុងកាល​ខាងក្រោយៗ ក៏រមែង​ប្រព្រឹត្តទៅ (ដូចគ្នា) ហេតុនោះ (ទ្រង់​ត្រាស់ថា) វត្ថុនេះ​មានសភាព​ព្រាត់បា្រស​ដោយពិត។

[១៩០] អធិប្បាយពាក្យថា បុគ្គលឃើញដូច្នេះហើយ មិនគួរនៅគ្រប់គ្រង​ផ្ទះឡើយ ត្រង់​ពាក្យថា ដូច្នេះ គឺជា​ពាក្យភ្ជាប់បទ ជាពាក្យ​ជាប់ទាក់​ទងដោយ​បទ ជាពាក្យ​ញុំាងបទ​ឲ្យពេញ ជាពាក្យប្រជុំ​ដោយអក្ខរៈ ជាបទ​សម្រួល​ព្យព្ជានៈ ពាក្យថា ដូច្នេះ​នេះ ជាលំដាប់​នៃបទ។ បុគ្គលឃើញ យល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យបា្រកដ ក្នុងវត្ថុ​ដែលហួង​ហែង ដូច្នេះ​ហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលឃើញ​ដូច្នេះហើយ។ ពាក្យថា មិនគួរ​នៅគ្រប់គ្រង​ផ្ទះ គឺគប្បីកាត់​បលិពោធ ក្នុងឃរាវាស​គ្រប់យ៉ាង កាត់​បលិពោធ ក្នុង​បុត្តភរិយា កាត់​បលិពោធក្នុង​ពួកញាតិ កាត់​បលិពោធ​ក្នុងមិត្ត និងអាមាត្យ កាត់​បលិពោធ​ក្នុងការ​សន្សំ ហើយកោរសក់ និងពុកមាត់ ស្លៀកដណ្តប់​សំពត់​កាសាយៈ (ចេញ) ចាកផ្ទះ ហើយបួស ដោយ​ភេទជា​បុគ្គល​មិនមានផ្ទះ ដល់នូវ​ភាពមិន​មានកង្វល់ ត្រាច់ទៅ​ នែបនៅ សម្រេច សម្រាន្ត ប្រព្រឹត្ត រក្សា សម្រួល រស់នៅ​តែម្នាក់ឯង ហេតុ​នោះ (ទ្រង់​ត្រាស់ថា) បុគ្គល ឃើញ​ដូច្នេះហើយ មិនគួរនៅ​គ្រប់គ្រង​ផ្ទះឡើយ។ ហេតុនោះ​ព្រះមានព្រះភាគ ត្រាស់ថា

ពួកជន រមែងសោកស្តាយ ចំពោះវត្ថុដែលហួងហែង ការហួងហែង​ទាំងឡាយ ពុំមែន​ជាការទៀង​ទាត់ទេ វត្ថុនេះ មានសភាព​ព្រាត់បា្រស​ដោយពិត បុគ្គល​ឃើញដូច្នេះ​ហើយ មិនគួរនៅ​គ្រប់គ្រង​ផ្ទះឡើយ។

[១៩១] បុរសសំគាល់នូវខន្ធបញ្ចកៈណាថា នេះរបស់អញ ខន្ធបញ្ចកៈ​នោះ រមែង​សាបសូន្យ​ដោយ​មរណៈ បណ្ឌិត​ជាអ្នក​រាប់អាន ដឹងច្បាស់​ដំណើរនុ៎ះ​ហើយ មិនគប្បី​បង្អោន​ទៅក្នុង​សេចក្តី​ហួងហែង​ឡើយ។

[១៩២] អធិប្បាយពាក្យថា ខន្ធបញ្ចកៈនោះ រមែងសាបសូន្យ​ដោយមរណៈ ត្រង់​ពាក្យថា មរណៈ បានដល់ ការច្យុតិ ការឃ្លាត ការបែកធ្លាយ ការបាត់បង់ មច្ចុ មរណៈ កាលកិរិយា ការបែក​ធ្លាយខន្ធ ការដាក់​ចោល​សាកសព ការផ្តាច់​បង់​ជីវិតិន្រ្ទិយ ចាក​សត្តនិកាយ​នោះៗ​ របស់​សត្វទាំង​ឡាយនោះៗ។ ពាក្យថា ខន្ធបញ្ចកៈនោះ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ។ ពាក្យថា សាបសូន្យ គឺ សាបសូន្យ លះបង់ បោះបង់ បាត់ទៅ វិនាសទៅ។ សមដូច​ភាសិត​នេះថា

ភោគៈទាំងឡាយ រមែងលះបង់នូវសត្វក្នុង​កាលមុន ក៏មាន សត្វលះ​បង់ភោគៈ​ទាំងនោះ មុនជាង​ទៅទៀត ក៏មាន នែអ្នក​បា្រថ្នាកាម ពួកជន​អ្នកមាន​ភោគៈ មិនទៀង​ទេ ព្រោះ​ហេតុនោះ ទើបខ្ញុំ​មិនសោក​ស្តាយ​ក្នុងកាល​ដែលគួរ​សោកស្តាយ ព្រះចន្ទ រះឡើង​ ពេញវង់ លិចទៅ ព្រះអាទិត្យ​រះឡើង ហើយ​អស្តង្គត​ទៅ នែអ្នក​ជាសត្រូវ លោកធម៌​ទាំងឡាយ ខ្ញុំដឹង​ច្បាស់ហើយ ព្រោះ​ហេតុនោះ ខ្ញុំទើប​មិនសោកស្តាយ​ក្នុងកាល​ដែលគួរ​សោកស្តាយ។

ហេតុនោះ (ទ្រង់ត្រាស់ថា) ខន្ធបញ្ចកៈ រមែងសាបសូន្យ​ដោយមរណៈ។

[១៩៣] អធិប្បាយពាក្យថា បុរសសំគាល់នូវខន្ធបញ្ចកៈណាថា នេះរបស់អញ ត្រង់​ពាក្យថា ខន្ធបញ្ចកៈណា គឺ រូប​ វេទនា សញ្ញា សង្ខារ វិញ្ញាណ។ ពាក្យថា បុរស គឺ ការរាប់ ឈ្មោះ បញ្ញត្តិ លោកវោហារ នាម អំពើរបស់នាម ពាក្យទ្រទ្រង់​ទុកនូវនាម ភាសា ព្យញ្ជនៈ ការហៅរក។ ពាក្យថា សំគាល់ថា នេះរបស់អញ គឺសំគាល់​ក្នុងការ​សំគាល់​ដោយ​តណ្ហា សំគាល់​ក្នុងការសំគាល់​ដោយទិដ្ឋិ សំគាល់​ក្នុងការសំគាល់​ដោយមានះ សំគាល់ក្នុង​ការសំគាល់​ដោយ​កិលេស សំគាល់ក្នុង​ការសំគាល់​ដោយ​ទុច្ចរិត សំគាល់​ក្នុងការ​សំគាល់​ដោយ​បយោគៈ សំគាល់​ក្នុងការសំគាល់​ដោយវិបាក ហេតុនោះ (ទ្រង់​ត្រាស់ថា) បុរសសំគាល់​ខន្ធបញ្ចកៈ​ណាថា នេះរបស់អញ។

[១៩៤] ពាក្យថា បណ្ឌិតដឹងច្បាស់ដំណើរនុ៎ះ គឺ ដឹង ស្គាល់ ថ្លឹង ត្រិះរិះ ពិចារណា ឈ្វេងយល់ ធ្វើឲ្យបា្រកដ​នូវទោសនុ៎ះ ក្នុងវត្ថុ​ដែលហួង​ហែងទាំងឡាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ដឹងច្បាស់​ដំណើរ​នុ៎ះ។ ពាក្យថា បណ្ឌិត គឺអ្នក​មានបា្រជ្ញា មានញាណ មាន​បញ្ញា ភ្លឺច្បាស់ មានបញ្ញា​ធ្លុះធ្លាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) បណ្ឌិត​ដឹងច្បាស់​ដំណើរ​នុ៎ះ។

[១៩៥] អធិប្បាយពាក្យថា ជាអ្នករាប់អាន មិនគប្បីបង្អោនទៅ​ក្នុងសេចក្តី​ហួង​ហែងឡើយ ត្រង់ពាក្យថា សេចក្តី​ហួងហែង បានដល់​សេចក្តី​ហួងហែង ២ គឺ សេចក្តី​ហួងហែង​គឺតណ្ហា ១ សេចក្តី​ហួងហែង​គឺទិដ្ឋិ ១។បេ។ នេះ សេចក្តី​ហួងហែងគឺ​តណ្ហា។បេ។ នេះ សេចក្តីហួង​ហែងគឺទិដ្ឋិ។ ពាក្យថា អ្នករាប់អាន​ គឺអ្នករាប់​អានព្រះពុទ្ធ អ្នករាប់​អានព្រះធម៌ អ្នករាប់​អានព្រះសង្ឃ បុគ្គលនោះ តែងរាប់អាន​ព្រះមានព្រះភាគ​ ព្រះមាន​ព្រះភាគ ក៏ទ្រង់​រាប់អាន​បុគ្គល​នោះ។ សមដូច​ពាក្យនេះ ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយថា ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុណា ជាអ្នកកុហក មានចិត្ត​រឹងត្អឹង ចរចា​ហួស​ហេតុ មាន​ការជាប់​ចំពាក់ ជាអ្នកឆ្មើងឆ្មៃ មានចិត្ត​មិនតាំងមាំ ម្នាលភិក្ខុ​ទាំងឡាយ ពួក​ភិក្ខុទាំង​នោះ មិនមែន​រាប់អាន​តថាគតទេ មួយទៀត ភិក្ខុទាំង​នោះ បា្រសចាកធម៌​វិន័យ​នេះហើយ ភិក្ខុទាំងនោះ មិនដល់​នូវការ​ចំរើន លូតលាស់ ធំទូលាយ ក្នុងធម៌វិន័យ​នេះទេ ម្នាលភិក្ខុ​ទាំងឡាយ លុះតែពួក​ភិក្ខុណា មិនកុហក មិនចរចា​ហួសហេតុ មាន​បា្រជ្ញា​​ខ្ជាប់ខ្ជួន មិនរឹងត្អឹង មានចិត្ត​តាំងមាំល្អ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុទាំង​នោះឯង ឈ្មោះថា អ្នករាប់​អានតថាគត មួយទៀត ភិក្ខុទាំងនោះ មិនបា្រស​ចាកធម៌​វិន័យនេះទេ ភិក្ខុទាំង​នោះ ដល់នូវ​សេចក្តី​ចំរើន លូតលាស់ ធំទូលាយ ក្នុងធម៌​វិន័យនេះ។

ពួកភិក្ខុណា ជាអ្នកកុហក រឹងត្អឹង ចរចាហួសហេតុ មានការជាប់ចំពាក់ ឆ្មើងឆ្មៃ មានចិត្ត​មិនតាំងមាំ ភិក្ខុទាំង​នោះ មិនលូតលាស់​ក្នុងធម៌ ដែល​ព្រះសម្មាសម្ពុទ្ធ​សំដែងទេ ពួកភិក្ខុណា ជាអ្នក​មិនកុហក មិនចរចា​ហួស​ហេតុ មានបា្រជ្ញា​ខ្ជាប់ខ្ជួន មិនរឹងត្អឹង មានចិត្ត​តាំងមាំល្អ ភិក្ខុទាំងនោះ ទើបលូតលាស់​ក្នុងធម៌ ដែល​ព្រះសម្មាសម្ពុទ្ធ​សំដែង​ហើយ។

ពាក្យថា បណ្ឌិតជាអ្នករាប់អាន មិនគប្បីបង្អោនទៅ​ក្នុងសេចក្តី​ហួងហែង បាន​សេចក្តី​ថា បុគ្គល​អ្នករាប់អាន (ព្រះរត្នត្រ័យ) គប្បីលះបង់​សេចក្តីហួងហែង​គឺតណ្ហា រលាស់​ចោលសេចក្តី​ហួងហែង គឺទិដ្ឋិ ហើយ​មិនបង្អោនទៅ មិនបន្ទន់ទៅ ក្នុងសេចក្តី​ហួងហែង ជាអ្នក​មិនឱន​ទៅរក​សេចក្តី​ហួងហែង​នោះ មិនងាក​ទៅរក​សេចក្តី​ហួងហែង​នោះ មិនឈមទៅ​រកសេចក្ដី​ហួងហែង​នោះ មិនចុះចិត្ត​ស៊ប់ទៅ​រកសេចក្តី​ហួងហែងនោះ មិនយក​សេចក្តី​ហួងហែង​នោះជាធំ ហេតុនោះ (ទ្រង់​ត្រាស់ថា) បណ្ឌិត​ជាអ្នក​រាប់អាន មិនគប្បី​បង្អោនទៅ​ក្នុងសេចក្តី​ហួងហែង។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុរសសំគាល់ខន្ធបញ្ចកៈណាថា នេះរបស់អញ ខន្ធបញ្ចកៈ​នោះ រមែង​សាបសូន្យ​ដោយ​មរណៈ បណ្ឌិត​ជាអ្នក​រាប់អាន ដឹងច្បាស់​ដំណើរ​នុ៎ះហើយ មិនគប្បី​បង្អោនទៅ​ក្នុងសេចក្តី​ហួងហែង​ឡើយ។

[១៩៦] បុរសភ្ញាក់ឡើងហើយ មិនឃើញអារម្មណ៍​ដែលចួប​ប្រទះ​ដោយការ​យល់សបិ្ត យ៉ាងណា បុគ្គល​មិនឃើញ​ជន​ជាទីស្រឡាញ់ ដែល​ធ្វើមរណកាល ទៅកាន់​បរលោក​ហើយ ក៏យ៉ាង​នោះដែរ។

[១៩៧] ពាក្យថា អារម្មណ៍ដែលចួបប្រទះដោយការយល់សប្តិ យ៉ាងណា គឺចួប​ប្រទះ ភប់ប្រសប់ រួមគ្នា ជួបជុំគ្នា ហេតុនោះ (ទ្រង់ត្រាស់ថា) អារម្មណ៍​ដែលចួបប្រទះ​ដោយការ​យល់សប្តិ យ៉ាងណា។

[១៩៨] ពាក្យថា បុរសភ្ញាក់ឡើងហើយមិនឃើញ សេចក្តីថា បុរស​អ្នកយល់​សប្តិឃើញ​ព្រះចន្រ្ទ ឃើញ​ព្រះអាទិត្យ ឃើញ​មហាសមុទ្រ ឃើញ​ស្តេចភ្នំ​សិនេរុ ឃើញដំរី ឃើញសេះ ឃើញរថ ឃើញ​ពលថ្មើរជើង ឃើញ​សេនាព្យូហៈ ឃើញ​សួនច្បារ​ជាទី​ត្រេកអរ ឃើញព្រៃ​ជាទី​ត្រេកអរ ឃើញផែនដី​ជាទីត្រេកអរ ឃើញ​ស្រះបោក្ខរណី​ជាទី​ត្រេកអរ ភ្ញាក់ឡើង​ហើយ ក៏មិនឃើញ​អ្វីសោះ​យ៉ាងណា ហេតុនោះ (ទ្រង់​ត្រាស់ថា) បុរសភ្ញាក់​ឡើងហើយ​មិនឃើញ។

[១៩៩] ពាក្យថា ក៏យ៉ាងនោះដែរ របស់បទថា ជនជាទី​ស្រឡាញ់ ក៏យ៉ាងនោះដែរ គឺជាវាចា​ផ្តល់ដោយ​សេចក្តី​ឧបមា។ ពាក្យថា ជនជាទី​ស្រឡាញ់ គឺជនដែល​ស្រឡាញ់ ដែល​រាប់អាន ទោះជា​មាតាក្តី បិតាក្តី បងប្អូន​ប្រុសក្តី បងប្អូន​ស្រីក្តី បុត្តក្តី ធីតាក្តី មិត្រក្តី អាមាត្យក្តី ញាតិ​សាលោហិត​ក្តី ហេតុនោះ ​(ទ្រង់ត្រាស់ថា) ជនជាទី​ស្រឡាញ់ ក៏យ៉ាង​នោះដែរ។

[២០០] ពាក្យថា បុគ្គលមិនឃើញជន​ដែលធ្វើមរណកាល​ទៅកាន់​បរលោក​ហើយ សេចក្តីថា ពួកជន​ស្លាប់ ធ្វើមរណកាល​ហើយ លោកហៅថា អ្នកទៅកាន់​បរលោក។ បុគ្គល​មិនឃើញ មិនជួប មិនប្រទះ មិនបាន ឥតបាន ហេតុនោះ (ទ្រង់ត្រាស់​ថា) មិនឃើញ​ជន ដែលធ្វើ​មរណកាល​ទៅកាន់​បរលោក​ហើយ។ ហេតុនោះ ព្រះមាន​ព្រះភាគ ត្រាស់ថា

បុរសភ្ញាក់ឡើងហើយ មិនឃើញអារម្មណ៍​ដែលចួប​ប្រទះដោយ​ការយល់សប្តិ​យ៉ាងណា បុគ្គល​មិនឃើញ​ជនជាទី​ស្រឡាញ់ ដែលធ្វើ​មរណកាល ទៅកាន់​បរលោក​ហើយ ក៏យ៉ាង​នោះដែរ។

[២០១] នាមនេះ របស់ពួកជនណា ដែលគេតែង​ពោល ពួកជននោះ គេឃើញខ្លះ ឮខ្លះ នាមហ្នឹង​ឯង​របស់សត្វ​ទៅ​កាន់បរលោក ដែលគេ​គួរហៅបាន រមែង​សល់នៅ។

[២០២] អធិប្បាយពាក្យថា ពួកជននោះ គេឃើញខ្លះ ឮខ្លះ ត្រង់ពាក្យថា គេ​ឃើញ គឺពួក​ជនណា ដែលចួប​ប្រទះ​ដោយ​ចក្ខុវិញ្ញាណ។ ពាក្យថា ឮ គឺពួកជន​ណា ដែលចួប​ប្រទះ​ដោយ​សោតវិញ្ញាណ។ ពាក្យថា ពួកជននោះ គឺក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជននោះ គេឃើញខ្លះ ឮខ្លះ។

[២០៣] អធិប្បាយពាក្យថា នាមនេះ របស់ពួកជនណា ដែលគេ​តែងពោល ត្រង់​ពាក្យថា របស់ពួក​ជនណា គឺរបស់​ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា មនុស្សណា។ ពាក្យថា នាម គឺ ការរាប់ឈ្មោះ បញ្ញាតិ្ត លោកវោហារ នាម អំពើ​របស់នាម ពាក្យ​ទ្រទ្រង់​នូវនាម ភាសា ព្យញ្ជនៈ ការហៅរក។ ពាក្យថា គេតែងពោល គឺ​គេតែង​សំដែង តែងនិយាយ តែងបំភ្លឺ តែងប​ញ្ចេញ ហេតុនោះ (ទ្រង់ត្រាស់ថា) នាមនេះ របស់ពួក​ជនណា​ដែលគេ​តែងពោល។

[២០៤] ពាក្យថា នាមហ្នឹងឯងដែលគួរហៅបាន រមែងសល់នៅ សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលឃ្លាតចេញ លះចេញ​ស្រឡះ បាត់បង់ វិនាស តែនាម​រមែង​សល់នៅ។ ពាក្យថា គួរហៅបាន គឺ គួរពោល សំដែង បំភ្លឺ បញ្ចេញបាន ហេតុនោះ (ទ្រង់​ត្រាស់ថា) នាមហ្នឹងឯង ដែលគួរហៅ​បាន រមែង​សល់នៅ។ ពាក្យថា ទៅកាន់​បរលោក របស់បទថា របស់សត្វ​ទៅកាន់​បរលោក គឺ សត្វស្លាប់ ធ្វើមរណកាល​ហើយ។ ពាក្យថា របស់សត្វ គឺរបស់សត្វ នរៈ មាណព បុរស បុគ្គល សត្វមានជីវៈ សត្វមានជាតិ សត្វមានជរា សត្វទៅ​ដោយឥន្រ្ទិយ សត្វមាន​ជាតិអំពី​មនុស្ស ហេតុនោះ (ទ្រង់ត្រាស់​ថា) របស់សត្វ​ទៅកាន់​បរលោក ដែលគួរ​ហៅបាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

នាមនេះ របស់ពួកជនណា ដែលគេតែងពោល ពួកជននោះ គេឃើញខ្លះ ឮខ្លះ នាមហ្នឹង​ឯងរបស់​សត្វ ទៅកាន់​បរលោក ដែលគេ​គួរហៅបាន រមែង​សល់នៅ។

[២០៥] ពួកជនអ្នកបា្រថ្នា រមែងមិនលះបង់នូវសេចក្តី​សោក សេចក្តី​ខ្សឹកខ្សួល និងសេចក្តី​កំណាញ់ ក្នុងវត្ថុ​ដែល​ហួងហែង ព្រោះ​ហេតុនោះ មុនិ​ទាំងឡាយ ជាអ្នក​ឃើញ​សេចក្តីក្សេម បានប្រព្រឹត្ត​លះបង់​សេចក្តី​ហួងហែង​ចេញ។

[២០៦] អធិប្បាយពាក្យថា ពួកជនអ្នកបា្រថ្នា រមែងមិន​លះបង់​សេចក្តី​សោក សេចក្តី​ខ្សឹក​ខ្សួល និងសេចក្តី​កំណាញ់ ក្នុងវត្ថុ​ដែលហួងហែង ត្រង់ពាក្យថា សេចក្តី​សោក គឺការសោក ការសោកស្តាយ ភាពនៃ​ចិត្តសោក​ស្តាយ សោកខាងក្នុង ស្តាយស្រណោះ​ខាងក្នុង ក្តៅ​ក្រហាយ​ខាងក្នុង ក្តៅរោល​រាលខាងក្នុង ជ្រប់ ស្រពោនចិត្ត ទោមនស្ស សរគឺសោក​របស់សត្វ ដែលត្រូវ​សេចក្តី​វិនាស​ញាតិប៉ះ​ពាល់ក្តី សេចក្តី​វិនាសភោគៈ​ប៉ះពាល់ក្តី សេចក្តី​វិនាស​គឺរោគ​ប៉ះពាល់ក្តី សេចក្តី​វិនាស​សីល​ប៉ះពាល់ក្តី សេចក្តី​វិនាសទិដ្ឋិ​ប៉ះពាល់​ក្តី ប្រកប​ដោយ​សេចក្តី​វិនាស​ណាមួយក្តី ទុក្ខធម៌​ណាមួយ​ប៉ះពាល់ក្តី។ ពាក្យថា សេចក្តី​ខ្សឹក​ខ្សួល គឺ​ការយំ ការយំ​រៀបរាប់ អាការយំ អាការ​យំរៀបរាប់ ភាពនៃ​ការយំ ភាពនៃ​ការយំ​រៀបរាប់ ការនិយាយ ការពោល​ឥតប្រយោជន៍ ការពោល​រវើរវាយ ការពោល​រឿយៗ អាការជា​ទីពោល​រឿយៗ ភាពនៃ​ការពោល​រឿយៗ របស់​សត្វដែល ត្រូវសេចក្តី​វិនាស​ញាតិប៉ះ​ពាល់ក្តី។បេ។ សេចក្តី​វិនាស​ទិដ្ឋិប៉ះពាល់​ក្តី ប្រកបដោយ​សេចក្តីវិនាស​ណាមួយក្តី ទុក្ខធម៌​ណាមួយ​ប៉ះពាល់ក្តី។ ពាក្យថា សេចក្តី​កំណាញ់ បានដល់​សេចក្តី​កំណាញ់ ៥ យ៉ាង គឺសេចក្តី​កំណាញ់​អាវាស ១ សេចក្តី​កំណាញ់​ត្រកូល ១ សេចក្តី​កំណាញ់​លាភ ១ សេចក្តី​កំណាញ់​វណ្ណៈ ១ សេចក្តី​កំណាញ់​ធម៌ ១ សេចក្តី​កំណាញ់ អាការ​កំណាញ់ ភាពនៃការ​កំណាញ់ សេចក្តីបា្រថ្នា​ផ្សេងៗ ស្មូកន្រ្ទឹះ ភាពនៃ​ចិត្តរួញ ភាពនៃការ​មិនយក​ចិត្តគេ​ណា មានសភាព​យ៉ាងនេះ នេះហៅថា សេចក្តី​កំណាញ់។ មួយទៀត សេចក្តី​កំណាញ់​ខន្ធ ក៏ឈ្មោះថា​សេចក្តី​កំណាញ់ សេចក្តី​កំណាញ់​ធាតុ ក៏ឈ្មោះថា សេចក្តី​កំណាញ់ សេចក្តីកំណាញ់​អាយតនៈ ក៏ឈ្មោះថា សេចក្តី​កំណាញ់ ការគិតតែ​កាន់យក​នេះ លោកហៅថា សេចក្តី​កំណាញ់។ តណ្ហា លោកហៅថា ការចង់បាន បានដល់តម្រេក តម្រេកខ្លាំង។បេ។ ការសំឡឹង​រំពៃ លោភៈ អកុសល​មូល។ ពាក្យថា ការហួងហែង បានដល់​ការហួងហែង ២ គឺ ការហួងហែង គឺតណ្ហា ១ ការហួងហែង​គឺទិដ្ឋិ ១។បេ។ នេះការហួង​ហែងគឺ​តណ្ហា។បេ។ នេះការហួង​ហែងគឺទិដ្ឋិ។ ពួកជន​មានសេចក្តី​រង្កៀស ដោយការ​ដណ្តើម​យកវត្ថុដែល​ហួងហែង សោកស្តាយ​ក៏មាន សោកស្តាយ​វត្ថុដែល​គេកំពុង​ដណ្តើម​យក ក៏មាន សោកស្តាយ​វត្ថុ​ដែល​គេ​ដណ្តើមយក​ហើយ ក៏មាន ពួកជន​មានសេចក្តី​រង្កៀសដោយ​ការប្រែប្រួល នៃ​វត្ថុ​ដែលហួងហែង រមែងសោក​ស្តាយ ក៏មាន សោកស្តាយ​វត្ថុដែល​កំពុង​ប្រែប្រួល ក៏មាន សោកស្តាយ​វត្ថុដែល​ប្រែប្រួល​ហើយ ក៏មាន។ អ្នកមាន​សេចក្តី​រង្កៀស​ដោយការ​ដណ្តើម​យកវត្ថុ​ដែលហួងហែង ខ្សឹកខ្សួល ក៏មាន ខ្សឹកខ្សួល​នឹង​វត្ថុដែលគេ​កំពុង​ដណ្តើម​យក ក៏មាន ខ្សឹកខ្សួល​នឹងវត្ថុដែល​គេដណ្តើម​យកហើយ​ក៏មាន អ្នកមាន​សេចក្តី​រង្កៀស​ដោយការ​ប្រែប្រួល នៃវត្ថុ​ដែលហួងហែង ខ្សឹកខ្សួល ក៏មាន ខ្សឹកខ្សួល​នឹងវត្ថុ​ដែល​កំពុង​ប្រែប្រួល ក៏មាន ខ្សឹកខ្សួល​នឹងវត្ថុ​ដែលប្រែប្រួល​ហើយ ក៏មាន។ ពួកជន​រមែងរក្សា គ្រប់គ្រង កួចកាន់ ហួងហែង កំណាញ់​វត្ថុដែល​ហួងហែង។ ពួកជន​រមែង​សោកស្តាយ​វត្ថុដែល​ហួងហែង មិនលះបង់​សេចក្តីសោក មិនលះបង់​សេចក្តីខ្សឹកខ្សួល មិនលះបង់​សេចក្តី​កំណាញ់ មិនលះបង់ មិនលះ​ចោល មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនធ្វើឲ្យ​ដល់នូវការ​មិនកើតមាន​សេចក្តី​បា្រថ្នា ហេតុនោះ (ទ្រង់​ត្រាស់ថា) ពួកជនអ្នក​បា្រថ្នា រមែងមិន​លះបង់​នូវសេចក្តី​សោក សេចក្តី​ខ្សឹកខ្សួល និងសេចក្តី​កំណាញ់ ក្នុង​វត្ថុ​ដែល​ហួងហែង។

[២០៧] អធិប្បាយពាក្យថា ព្រោះហេតុនោះ មុនិទាំងឡាយ ជាអ្នក​ឃើញសេចក្តី​ក្សេម បានប្រព្រឹត្ត លះបង់​សេចក្តី​ហួងហែង​ចេញ ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះ​ដូច្នោះ ព្រោះដំណើរនោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ មុនិកាល​ឃើញ​ច្បាស់នូវ​ទោសនុ៎ះ ក្នុងវត្ថុ​ដែលហួង​ហែង​ទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះ​ហេតុនោះ។ ពាក្យថា មុនិទាំងឡាយ សេចក្តីថា ញាណ ហៅថា មោនៈ​ បានខាង​បា្រជ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណា​ធម៌ សេចក្តីយល់​ឃើញត្រូវ មុនិ​ទាំងឡាយ ប្រកប​ដោយញាណ​នោះ ដល់ហើយ​នូវការ​ដឹង។ មោនេយ្យៈ មាន ៣ គឺ កាយមោនេយ្យៈ វចីមោនេយ្យៈ មនោមោនេយ្យៈ។បេ។ បុគ្គលណា​កន្លងបង់​បណ្តាញ​គឺគ្រឿង​ជាប់ចំពាក់ បុគ្គលនោះ ហៅថាមុនិ។ ពាក្យថា សេចក្តី​ហួងហែង បានដល់​សេចក្តី​ហួងហែង ២ គឺសេចក្តី​ហួងហែង​គឺតណ្ហា ១ សេចក្តី​ហួងហែង​គឺទិដ្ឋិ ១។បេ។ នេះ សេចក្តី​ហួងហែង​គឺតណ្ហា។បេ។ នេះ សេចក្តី​ហួងហែង​គឺទិដ្ឋិ។ មុនិទាំងឡាយ លះបង់​សេចក្តី​ហួងហែង​គឺតណ្ហា រលាស់​ចោលសេចក្តី​ហួងហែង​គឺទិដ្ឋិ បានរង្គាត់ទៅ ត្រាច់ទៅ ដើរទៅ សម្រេច ប្រព្រឹត្ត រក្សា ចិញ្ចឹម ទំនុក បម្រុង។ ពាក្យថា អ្នកឃើញ​សេចក្តីក្សេម សេចក្តី​ថា អមតនិព្វាន លោកហៅថា សេចក្តីក្សេម បានខាង​ការរម្ងាប់​សង្ខារទាំងពួង ការរលាស់​ចេញនូវ​ឧបធិ​ទាំងពួង ការអស់ទៅ​នៃតណ្ហា សេចក្តី​នឿយ​ណាយ សេចក្តីរលត់ ព្រះនិព្វាន។ ពាក្យថា អ្នកឃើញ សេចក្តីក្សេម បានសេចក្តីថា អ្នកឃើញ​សេចក្តីក្សេម អ្នកឃើញ​ទីជ្រកកោន អ្នកឃើញ​ទីពឹងពួន អ្នកឃើញទី​ពឹង អ្នកឃើញ​ទីមិនមាន​ភ័យ អ្នកឃើញ​ទីមិនច្យុត អ្នកឃើញ​អមតៈ អ្នកឃើញ​ព្រះនិព្វាន ហេតុនោះ (ទ្រង់ត្រាស់​ថា) ព្រោះហេតុនោះ មុនិ​ទាំងឡាយ ជាអ្នក​ឃើញសេចក្តី​ក្សេម បានប្រព្រឹត្ត​លះបង់​សេចក្តី​ហួងហែង។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ពួកជនអ្នកបា្រថ្នា រមែងមិនលះបង់នូវសេចក្តីសោក សេចក្តី​ខ្សឹកខ្សួល និងសេចក្តី​កំណាញ់ ក្នុងវត្តុ​ដែលហួងហែង ព្រោះហេតុនោះ មុនិ​ទាំងឡាយ ជាអ្នក​ឃើញសេចក្តី​ក្សេម បានប្រព្រឹត្ត​លះបង់​សេចក្តី​ហួងហែង​ចេញ។

[២០៨] អ្នកបា្រជ្ញទាំងឡាយ ពោលអំពើនោះថា​ជាសាមគ្គី​របស់ភិក្ខុ​អ្នកប្រព្រឹត្ត​រួញថយ គប់រក​អាសនៈ​ស្ងាត់ ដែលមិន​បង្ហាញ​ខ្លួនក្នុង​ទីកើត។

[២០៩] ពាក្យថា របស់ភិក្ខុអ្នកប្រព្រឹត្តរួញថយ អធិប្បាយថា សេក្ខបុគ្គល ៧ លោកហៅថា អ្នកប្រព្រឹត្ត​រួញថយ ឯព្រះអរហន្ត ជាអ្នក​ប្រព្រឹត្ត​រួញថយ​ហើយ។ សេក្ខបុគ្គល ៧ ពួក លោកហៅថា អ្នកប្រព្រឹត្ត​រួញថយ ព្រោះហេតុអ្វី។ សេក្ខបុគ្គល ៧ ពួក​នោះ ញុំាងចិត្ត​ឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ អំពីអារម្មណ៍​នោះៗ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេច​ឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្តទៅ រក្សា ចិញ្ចឹម ទំនុក​បម្រុង។ សេក្ខបុគ្គល​ទាំងនោះ ញុំាងចិត្ត​ក្នុងចក្ខុទ្វារ​ឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ ខ្ទប់ សង្កត់សង្កិន ​រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេច​ឥរិយាបថ សម្រាន្ត​ចិត្ត ប្រព្រឹត្ត​ទៅ រក្សា ចិញ្ចឹម ទំនុកបម្រុង។ ញុំាងចិត្តក្នុង​សោតទ្វារ ញុំាងចិត្ត​ក្នុងឃានទ្វារ ញុំាងចិត្ត​ក្នុងជិវ្ហាទា្វរ ញុំាងចិត្ត​ក្នុងកាយទ្វារ ញុំាងចិត្ត​ក្នុងមនោទ្វារ ឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេចឥរិ​យាបថ សម្រាន្ត​​ចិត្ត ប្រព្រឹត្ត​ទៅ រក្សា ចិញ្ចឹម ទំនុកបម្រុង។ ស្លាបមាន់ ឬទងសរសៃ​ដែលគេដាក់​ក្នុងភ្លើង រមែងរួញ ខ្មូរ វិលវិញ មិនលា យ៉ាងណាមិញ សេក្ខបុគ្គលទាំងនោះ ញុំាងចិត្ត​ឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ អំពីអារម្មណ៍​នោះៗ ខ្ទប់ សង្កត់សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេច​ឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្តទៅ រក្សា ចិញ្ចឹម ទំនុកបម្រុង ក៏យ៉ាងនោះដែរ ញុំាងចិត្ត​ក្នុងចក្ខុទ្វារ ញុំាងចិត្ត​ក្នុងសោតទ្វារ ញុំាងចិត្ត​ក្នុងឃានទ្វារ ញុំាងចិត្ត​ក្នុង​ជិវ្ហាទ្វារ ញុំាងចិត្ត​ក្នុងកាយទ្វារ ញុំាងចិត្ត​ក្នុងមនោទ្វារ ឲ្យរួញថយ ឲ្យខ្មូរ ឲ្យវិលវិញ ខ្ទប់ សង្កត់​សង្កិន រារាំង រក្សា គ្រប់គ្រង ត្រាច់ទៅ សម្រេច​ឥរិយាបថ សម្រាន្តចិត្ត ប្រព្រឹត្ត រក្សា ចិញ្ចឹម ទំនុកបម្រុង។ ព្រោះហេតុនោះ សេក្ខបុគ្គល ៧ ពួក លោកហៅថា អ្នកប្រព្រឹត្ត​រួញថយ។ ពាក្យថា របស់ភិក្ខុ គឺរបស់ភិក្ខុ​ជាកល្យាណ​បុថុជ្ជនក្តី ភិក្ខុជាសេក្ខក្តី ហេតុ​នោះ (ទ្រង់​ត្រាស់ថា) របស់ភិក្ខុអ្នក​ប្រព្រឹត្ត​រួញថយ។

[២១០] ពាក្យថា គប់រកអាសនៈស្ងាត់ សេចក្តីថា ភិក្ខុអង្គុយក្នុងទីណា ទីនោះ លោកហៅ​ថា​អាសនៈ គឺគ្រែ តាំង ពូក កន្ទេល ចម្មខ័ណ្ឌ កម្រាលស្មៅ កម្រាលស្លឹកឈើ កម្រាល​ចំបើង។ អាសនៈ​នោះ​ជាទីស្ងាត់ ស្ងាត់ច្រៀប ស្ងាត់ឈឹង ចាកការឃើញ​រូបមិនជា​ទីសប្បាយ ស្ងាត់ ស្ងាត់ច្រៀប ស្ងាត់ឈឹង ចាកការ​ឮសំឡេង​មិនជាទី​សប្បាយ ស្ងាត់ ស្ងាត់ច្រៀប ស្ងាត់ឈឹង ចាកការ​ធុំក្លិនមិន​ជាទីសប្បាយ ចាកការ​លិទ្ធភ្លក្សរស​មិនជាទី​សប្បាយ ចាកការ​ពាល់ត្រូវ​ផ្សព្វមិន​ជាទីសប្បាយ ចាកកាមគុណ​ទាំង ៥ មិនជា​ទី​សប្បាយ។ ​កាលគប់រក ភពប្រសព្វ សេពគប់ អាស្រ័យ ចូលចិត្ត ផ្តេកផ្តិត ចំពោះ​អាសនៈ​នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) គប់រកអាសនៈ​ស្ងាត់។

[២១១] អធិប្បាយពាក្យថា អ្នកបា្រជ្ញទាំងឡាយ ពោលអំពើនោះ ថាជាសាមគ្គី​របស់ភិក្ខុ ដែលមិន​បង្ហាញខ្លួន​ក្នុងទីកើត ត្រង់ពាក្យថា សាមគ្គី បានដល់​សាមគ្គី ៣ យ៉ាង គឺ គណសាមគ្គី ធម្មសាមគ្គី អនភិនិព្វតិ្តសាមគ្គី។

គណសាមគ្គី តើដូចម្តេច។ បើភិក្ខុទាំងឡាយ​ច្រើនរូប ព្រម​ព្រៀងគ្នា ​មានសេចក្តី​ស្មោះសរ​នឹងគ្នា មិនទាស់ទែងគ្នា មានសភាព​ហាក់ដូចទឹក ដែលលាយ​ដោយទឹកដោះ​ស្រស់ សំឡឹង​មើលគ្នា​នឹងគ្នាដោយ​ចក្ខុជាទី​ស្រឡាញ់ នេះ​ឈ្មោះថា គណសាមគ្គី។

ធម្មសាមគ្គី តើដូចម្តេច។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ធម៌ទាំងនោះ រមែង​លឿនទៅ ថ្លាស្អាត តាំងនៅល្អ រួចស្រឡះ​ក្នុងទីជា​មួយគ្នា ការជជែក ​ ការទាស់​ទែងនៃ​ធម៌ទាំង​នោះ រមែង​មិនមាន នេះ​ឈ្មោះថា ធម្មសាមគ្គី។

អនភិនិព្វត្តិសាមគ្គី តើដូចម្តេច។ បើភិក្ខុទាំងឡាយ​ច្រើនរូប បរិនិព្វាន​ដោយ​អនុបាទិសេសនិព្វានធាតុ ការខ្វះខាត ឬការពេញ​ក្នុង​និព្វានធាតុ នៃភិក្ខុ​ទាំងនោះ ក៏មិន​ប្រាកដ នេះ​ឈ្មោះថា ​អនភិនិព្វត្តិសាមគ្គី។

ពាក្យថា ក្នុងទីកើត គឺនរកជាទីកើតរបស់ពួក​សត្វនរក កំណើត​តិរច្ឆាន​ជាទីកើត​របស់​ពួកសត្វ​ក្នុងកំណើត​តិរច្ឆាន បិត្តិវិស័យ​ជាទីកើត​របស់ពួក​សត្វក្នុង​បិត្តិវិស័យ មនុស្ស​លោកជា​ទីកើតរបស់​ពួកមនុស្ស ទេវលោក​ជាទីកើត​របស់​ពួកទេវតា។ ពាក្យថា អ្នកប្រាជ្ញ​ទាំងឡាយ​ពោលអំពើ​នោះថា​ជាសាមគ្គី​របស់ភិក្ខុ​ដែលមិន​បង្ហាញ​ខ្លួនក្នុង​ទីកើត បាន​សេចក្តីថា ភិក្ខុណា​ប្រតិបត្តិ​យ៉ាងនេះ ឈ្មោះថា មិនគប្បី​បង្ហាញ​ខ្លួនក្នុងនរក មិន​បង្ហាញ​ខ្លួនក្នុង​កំណើត​តិរច្ឆាន មិនបង្ហាញ​ខ្លួនក្នុង​បិត្តិវិស័យ មិនបង្ហាញ​ខ្លួនក្នុងមនុស្ស​លោក មិនបង្ហាញ​ខ្លួនក្នុង​ទេវលោក អំពើនុ៎ះ​ឈ្មោះថា សេចក្តី​ព្រមព្រៀង នុ៎ះឈ្មោះថា ជា​ទីបិទបាំង នុ៎ះឈ្មោះថា ជាទីសមរម្យ នុ៎ះឈ្មោះថា ជាទីសមគួរ នុ៎ះឈ្មោះថា ជាទីសមសួន​របស់​ភិក្ខុនោះ អ្នកប្រាជ្ញ​ទាំងឡាយ ពោលហើយ​យ៉ាងនេះ បានពោល​ហើយ​យ៉ាងនេះ រមែង​សម្តែង​យ៉ាងនេះ និយាយ​យ៉ាងនេះ បំភ្លឺយ៉ាងនេះ បញ្ចេញ​យ៉ាងនេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកប្រាជ្ញ​ទាំងឡាយ ពោល​អំពើនោះ ថាជា​សាមគ្គី​របស់ភិក្ខុ​ដែល​មិនបង្ហាញ​ខ្លួនក្នុងទីកើត។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

អ្នកប្រាជ្ញទាំងឡាយ ពោលអំពើនោះ ថាជាសាមគ្គី​របស់ភិក្ខុ​អ្នកប្រព្រឹត្ត​រួញថយ គប់រក​អាសនៈ​ស្ងាត់ ដែលមិន​បង្ហាញខ្លួន​ក្នុងទីកើត។

[២១២] មុនិមិនអាស្រ័យនៅក្នុងវត្ថុទាំងពួង មិនធ្វើ​សេចក្តី​ស្រឡាញ់ ទាំងមិន​ធ្វើសេចក្តី​ស្អប់ (ចំពោះ​សត្វ និងសង្ខារ) សេចក្តី​ខ្សឹកខ្សួល និងសេចក្តី​កំណាញ់ មិនជាប់​នៅក្នុងមុនិ​នោះ ដូចជា​វារិ មិនជាប់​នៅលើស្លឹក (ឈូក)។

[២១៣] ពាក្យថា មុនិ មិនអាស្រ័យនៅក្នុងវត្ថុ​ទាំងពួង អធិប្បាយថា វត្ថុទាំងពួង លោកពោល​សំដៅ​យក​អាយតនៈ ១២ គឺ ភ្នែក ១ រូប ១ ត្រចៀក ១ សំឡេង ១ ច្រមុះ ១ ក្លិន ១ អណ្តាត ១ រស ១ កាយ ១ ផ្សព្វ ១ ចិត្ត ១ ធម៌ ១។ ពាក្យថា​ មុនិ សេចក្តីថា ​ញាណ ហៅថា​មោនៈ គឺ ប្រាជ្ញា ការដឹង​ច្បាស់។បេ។ បុគ្គលណា កន្លង​បង់នូវ​បណ្តាញគឺ​គ្រឿងជាប់​ចំពាក់ បុគ្គលនោះ ឈ្មោះថា មុនិ។ ពាក្យថា មិនអាស្រ័យ​នៅ បានដល់​និស្ស័យ ២ យ៉ាង គឺ តណ្ហានិស្ស័យ ១ ទិដ្ឋិនិស្ស័យ ១។បេ។ នេះតណ្ហានិស្ស័យ។បេ។ នេះ​ទិដ្ឋិនិស្ស័យ។ មុនិលះបង់​តណ្ហានិស្ស័យ ​រលាស់ចោល​ទិដ្ឋិនិស្ស័យ មិនអាស្រ័យ​ចក្ខុ មិនអាស្រ័យ​សោតៈ មិនអាស្រ័យ​ឃានៈ មិនអាស្រ័យ​ជិវ្ហា មិនអាស្រ័យ​កាយ មិន​អាស្រ័យចិត្ត មិនអាស្រ័យ​រូប សំឡេង ក្លិន រស ផ្សព្វ ធម្មារម្មណ៍ ត្រកូល គណៈ អាវាស លាភ យស សេចក្តី​សរសើរ សុខ ចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ គិលានប្បច្ច័យ​ភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញា​នាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អារម្មណ៍​ជាអតីត អនាគត បច្ចុប្បន្ន អារម្មណ៍​ដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង គឺមិន​អាស្រ័យ​នៅព្រម មិនពួនសម្ងំ មិនចូលទៅជិត មិនជ្រុលជ្រប់ មិនចុះ​ចិត្តស៊ប់​ ជាអ្នកចេញទៅ រលាស់ចេញ រួចស្រឡះ បា្រសចេញ មានចិត្ត​ប្រាសចាក សេចក្តី​សល់​វល់ ហេតុនោះ (ទ្រង់​ត្រាស់ថា) មុនិ មិនអាស្រ័យនៅ​ក្នុងវត្ថុ​ទាំងពួង។

[២១៤] អធិប្បាយពាក្យថា មិនធ្វើសេចក្តីស្រឡាញ់ ទាំងមិនធ្វើ​សេចក្តីស្អប់ ត្រង់​ពាក្យថា សេចក្តី​ស្រឡាញ់ បានដល់ សេចក្តី​ស្រឡាញ់ ២ គឺ ពួកសត្វ ១ សង្ខារ ១។

ពួកសត្វជាទីស្រឡាញ់ តើដូចម្តេច។ ពួកជនណា​ក្នុងលោកនេះ ជាអ្នកប្រាថ្នា​សេចក្តីចំរើន ប្រាថ្នា​ប្រយោជន៍ ប្រាថ្នា​សប្បាយ ប្រាថ្នា​សេចក្តីក្សេម​ចាកយោគៈ ដល់​មុនិនោះ ទោះជា​មាតាក្តី បិតាក្តី បងប្អូន​ប្រុសក្តី បងប្អូនស្រ្តីក្តី បុត្តក្តី ធីតាក្តី មិត្តក្តី អាមាត្យក្តី ញាតិក្តី សាលោហិតក្តី នេះពួកសត្វ​ជាទីស្រឡាញ់

ពួកសង្ខារជាទីស្រឡាញ់ តើដូចម្តេច។ រូបជាទីពេញចិត្ត សំឡេង​ជាទី​ពេញចិត្ត ក្លិនជា​ទីពេញចិត្ត រសជា​ទីពេញចិត្ត ផ្សព្វជា​ទីពេញចិត្ត នេះពួកសង្ខារ​ជាទីស្រឡាញ់។ ពាក្យថា ស្អប់ បានដល់​សេចក្តីស្អប់ ២ គឺពួកសត្វ ១ សង្ខារ ១។

ពួកសត្វជាទីស្អប់ តើដូចម្តេច។ ពួកជនណា​ក្នុងលោកនេះ ជាអ្នកមិនបា្រថ្នា​សេចក្តី​ចំរើន មិនបា្រថ្នា​ប្រយោជន៍ មិនបា្រថ្នា​សប្បាយ មិនបា្រថ្នា​សេចក្តីក្សេម​ចាក​យោគៈ ជាអ្នកបា្រថ្នា ដើម្បី​ឲ្យវិនាស​ចាកជីវិត ដល់មុនិនោះ នេះពួកសត្វ​ជាទីស្អប់។

ពួកសង្ខារជាទីស្អប់ តើដូចម្តេច។ រូបមិនជាទីពេញចិត្ត សំឡេង​មិនជាទី​ពេញចិត្ត ក្លិនមិន​ជាទីពេញ​ចិត្ត រសមិនជាទី​ពេញចិត្ត ផ្សព្វមិនជាទី​ពេញចិត្ត នេះពួក​សង្ខារ​ជាទីស្អប់។

ពាក្យថា មិនធ្វើសេចក្តីស្រឡាញ់​ ទាំងមិនធ្វើសេចក្តីស្អប់ បានសេចក្តីថា បុគ្គល​មិនធ្វើសេចក្តី​ស្រឡាញ់ ដោយ​អំណាច​រាគៈថា សត្វនេះ​ជាទីស្រឡាញ់​របស់អញ សង្ខារ​ទាំងនេះ ជាទីពេញចិត្ត​របស់អញ បុគ្គល​មិនធ្វើ មិនបង្កើត មិនឲ្យកើត មិនឲ្យកើតព្រម មិនឲ្យ​កើតឡើង មិនឲ្យ​កើតចំពោះ​នូវសេចក្តីស្អប់ ដោយ​អំណាច​បដិឃៈថា សត្វនេះជា​ទីស្អប់​របស់អញ សង្ខារ​ទាំងនេះ ជាទីស្អប់​របស់អញ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនធ្វើ​សេចក្តី​ស្រឡាញ់ ទាំងមិន​ធ្វើសេចក្តី​ស្អប់។

[២១៥] អធិប្បាយពាក្យថា សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់​មិនជាប់នៅ ក្នុង​មុនិនោះ ដូចជា​វារិមិន​ជាប់នៅ​លើស្លឹក (ឈូក) ត្រង់ពាក្យថា ក្នុងមុនិនោះ គឺក្នុង​បុគ្គលជា​ព្រះអរហន្ត​ខីណាស្រព។ ពាក្យថា​សេចក្តី​ខ្សឹកខ្សួល គឺ ការយំ ការយំរៀបរាប់ អាការយំ អាការយំ​អណ្តឺតអណ្តក ភាពនៃ​ការយំ ភាពនៃការ​យំរៀបរាប់ ការនិយាយ ការពោល​ប៉ប៉ាច់​ប៉ប៉ោច ការពោល​រវើរវាយ ការពោល​រឿយៗ អាការ​ជាទីពោល​រឿយៗ ភាពនៃការ​ពោលរឿៗ របស់សត្វ​ដែលត្រូវ​សេចក្តី​វិនាសញាតិ​ប៉ះពាល់ក្តី ត្រូវសេចក្តី​វិនាស​ភោគៈ​ប៉ះពាល់ក្តី ត្រូវសេចក្តី​វិនាស គឺរោគ​ប៉ះពាល់ក្តី ត្រូវសេចក្តី​វិនាស​សីល​ប៉ះពាល់ក្តី ត្រូវសេចក្តី​វិនាសទិដ្ឋិ​ប៉ះពាល់ក្តី ប្រកប​ព្រមដោយ​សេចក្តី​វិនាស​ណាមួយ ឬត្រូវទុក្ខធម៌​ណាមួយ​ប៉ះពាល់ក្តី។ ពាក្យថា សេចក្តី​កំណាញ់ បានដល់​សេចក្តី​​កំណាញ់ ៥ យ៉ាង​គឺសេចក្តី​កំណាញ់​អាវាស ១ សេចក្តី​កំណាញ់​ត្រកូល ១ សេចក្តី​កំណាញ់​លាភ ១ សេចក្តី​កំណាញ់​វណ្ណៈ ១ សេចក្តី​កំណាញ់​ធម៌ ១ សេចក្តី​កំណាញ់ អាការកំណាញ់ ភាព​នៃចិត្ត​កំណាញ់ សេចក្តី​ចង់មាន​ហួសហេតុ ស្មូរកន្រ្ទឹស ភាពនៃ​ចិត្តរួញ ភាពនៃការ​មិនយក​ចិត្តគេ​ណា មានសភាព​យ៉ាងនេះ នេះហៅថា សេចក្តី​កំណាញ់ មួយទៀត សូម្បី​សេចក្តី​កំណាញ់​ខន្ធ ក៏ឈ្មោះថា កំណាញ់ សូម្បីសេចក្តី​កំណាញ់​ធាតុ ក៏ឈ្មោះថា កំណាញ់ សូម្បីសេចក្តី​កំណាញ់​អាយតនៈ ក៏ឈ្មោះថា កំណាញ់ ការគិតតែ​កាន់យក​នេះ លោកហៅថា សេចក្តី​កំណាញ់។ ពាក្យថា មិនជាប់​នៅ ដូចជា​វារិមិន​ជាប់លើស្លឹក (ឈូក) សេចក្តីថា ស្លឹកឈូក លោកហៅថា ស្លឹក។ ទឹក លោកហៅថា វារិ។ វារិមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់​ហើយ​នឹងស្លឹកឈូក យ៉ាងណា​មិញ សេចក្តី​ខ្សឹកខ្សួល និងសេចក្តី​កំណាញ់ មិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់​ហើយ ក្នុង​បុគ្គល​នោះ គឺក្នុង​ព្រះអរហន្ត​​ខីណាស្រព ក៏យ៉ាង​នោះដែរ ទាំងបុគ្គលនោះ មិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ ចេញរួចហើយ រលាស់​ចេញ​ហើយ រួចស្រឡះ​ហើយ បា្រសចេញ​ហើយ ចាកកិលេស​ទាំងនោះ ជាអ្នកមាន​ចិត្ត​បា្រសចាក​សេចក្តី​សល់វល់ ហេតុនោះ (ទ្រង់​ត្រាស់ថា) សេចក្តី​ខ្សឹកខ្សួល និងសេចក្តី​កំណាញ់ មិនជាប់​ក្នុងបុគ្គល​នោះ ដូចជាវារិ មិនជាប់​លើស្លឹក (ឈូក)។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

មុនិ មិនអាស្រ័យនៅក្នុងវត្ថុទាំងពួង មិនធ្វើ​សេចក្តី​ស្រឡាញ់ ទាំងមិន​ធ្វើសេចក្តី​ស្អប់ (ចំពោះ​សត្វ និងសង្ខារ) សេចក្តីខ្សឹក​ខ្សួល និងសេចក្តី​កំណាញ់ មិនជាប់​នៅក្នុង​មុនិនោះ ដូចជា​វារិ មិនជាប់​នៅលើស្លឹក (ឈូក)។

[២១៦] ដំណក់ទឹក មិនជាប់នៅលើស្លឹកឈូក​យ៉ាងណា វារិមិន​ជាប់នៅ​លើផ្កាឈូក​យ៉ាងណា មុនិ មិនជាប់​ក្នុងអារម្មណ៍​ដែលខ្លួន​ឃើញ ឮ ឬប៉ះពាល់ ក៏យ៉ាង​នោះដែរ។

[២១៧] ពាក្យថា ដំណក់ទឹកមិនជាប់លើស្លឹកឈូក​យ៉ាងណា សេចក្តីថា គ្រាប់ទឹក លោកហៅថា ដំណក់ទឹក។ ស្លឹកឈូក លោកហៅថា ឈូក។ ដំណក់ទឹក​មិនជាប់នៅ មិន​ជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់​ហើយ លើស្លឹកឈូក​យ៉ាងណា ហេតុនោះ (ទ្រង់ត្រាស់ថា) ដំណក់ទឹក​មិនជាប់​លើស្លឹក​ឈូកយ៉ាង​ណា។

[២១៨] ពាក្យថា វារិ មិនជាប់នៅលើផ្កាឈូក​យ៉ាងណា សេចក្តីថា ផ្កាឈូក លោកហៅថា ឈូក។ ទឹក លោកហៅថា វារិ។ វារិ មិនជាប់នៅ មិនជ្រួតជ្រាប មិន​ប្រឡាក់ គឺមិន​ជាប់នៅ មិនជ្រួតជ្រាប មិនប្រឡាក់​ហើយ លើផ្កាឈូក​យ៉ាងណា ហេតុនោះ (ទ្រង់​ត្រាស់ថា) វារិ មិនជាប់​នៅលើ​ផ្កាឈូក យ៉ាងណា។

[២១៩] អធិប្បាយពាក្យថា មុនិមិនជាប់នៅក្នុងអារម្មណ៍​ដែលខ្លួន​ឃើញ ឮ ឬប៉ះពាល់ ក៏យ៉ាងនោះ ត្រង់ពាក្យថា យ៉ាងនោះ គឺជាពាក្យ​ផ្តល់សេចក្តី​ឧបមា។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាង​បា្រជ្ញា ការដឹងច្បាស់។បេ។ បុគ្គលណា កន្លងបណ្តាញ​គឺគ្រឿង​ជាប់ចំពាក់ បុគ្គលនោះ ឈ្មោះថា មុនិ។ ពាក្យថា ជាប់ បានដល់​ការជាប់ ២ គឺការជាប់​គឺតណ្ហា ១ ការជាប់​គឺទិដ្ឋិ ១។បេ។ នេះការជាប់គឺ​តណ្ហា។បេ។ នេះការ​ជាប់គឺទិដ្ឋិ។ មុនិ លះបង់​ការជាប់​គឺតណ្ហា រលាស់​ចោល​ការជាប់ គឺទិដ្ឋិ មិនជាប់​ក្នុងរូប​ដែលឃើញ មិនជាប់​ក្នុងសំឡេង​ដែលឮ មិនជាប់​ក្នុងផស្សៈ ដែល​ប៉ះពាល់ មិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប​ មិនប្រឡាក់ ចេញទៅ រលាស់ចេញ រួចស្រឡះ បា្រសចេញ​ហើយ​ក្នុងអារម្មណ៍​ដែលដឹង ជាអ្នកមាន​ចិត្តបា្រសចាក​សេចក្តី​សល់វល់ ហេតុនោះ (ទ្រង់​ត្រាស់ថា) មុនិ​មិនជាប់​ក្នុងអារម្មណ៍ ដែលខ្លួន​ឃើញ ឮ ឬប៉ះពាល់ យ៉ាងនោះ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ដំណក់ទឹក មិនជាប់នៅលើស្លឹកឈូក យ៉ាងណា វារិ មិនជាប់​នៅលើផ្កាឈូក​យ៉ាងណា មុនិ មិនជាប់​ក្នុងអារម្មណ៍​ដែល​ខ្លួនឃើញ ឮ ឬប៉ះពាល់ ក៏យ៉ាងនោះ។

[២២០] បុគ្គលមានបា្រជ្ញាកំចាត់ មិនសំគាល់នូវ​អារម្មណ៍​ដែលខ្លួន​ឃើញ ឮ ឬប៉ះ​ពាល់​ដោយវត្ថុ​នោះ មិនបា្រថ្នា​សេចក្តី​បរិសុទ្ធិ​ដោយ​ហេតុដទៃ បុគ្គល​មាន​ប្រាជ្ញាកំចាត់​នោះ រមែងមិន​ត្រេកអរ មិនទ្រាន់។

[២២១] អធិប្បាយពាក្យថា បុគ្គលមានប្រាជ្ញាកំចាត់ មិនសំគាល់​ចំពោះ​អារម្មណ៍​ដែលខ្លួន​ឃើញ ឮ ឬប៉ះពាល់ ដោយវត្ថុនោះ ត្រង់ពាក្យថា បុគ្គលមាន​បា្រជ្ញា​កំចាត់​សេចក្តី​ថា បញ្ញា លោកហៅថា ប្រាជ្ញា​កំចាត់ បាន​ខាងប្រាជ្ញា សេចក្តី​ដឹងច្បាស់។បេ។ សេចក្តីមិន​វង្វេង ការពិចារណា​ធម៌ សេចក្តីយល់ត្រូវ។ បញ្ញា លោកហៅថា ប្រាជ្ញា​កំចាត់ តើព្រោះ​ហេតុដូចម្តេច។ កាយទុច្ចរិត លោកកំចាត់​បង់ហើយ លាងហើយ សំអាតហើយ ជម្រះ​ឲ្យស្អាត​ហើយ ដោយ​បញ្ញានោះ។ វចីទុច្ចរិត លោកកំចាត់​បង់​ហើយ លាងហើយ សំអាត​ហើយ ជម្រះឲ្យ​ស្អាតហើយ។ មនោទុច្ចរិត លោកកំចាត់​បង់​ហើយ លាងហើយ សំអាត​ហើយ ជម្រះឲ្យ​ស្អាតហើយ។ រាគៈ លោក​កំចាត់បង់​ហើយ លាងហើយ សំអាត​ហើយ ជម្រះ​ឲ្យស្អាតហើយ។ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ សេចក្តី​ក្រវល់ក្រវាយ​ទាំង​អស់ សេចក្តី​អន្ទះអន្ទែង​ទាំងអស់ សេចក្តីក្តៅ​ក្រហាយ​ទាំងអស់ ការតាក់តែង​អកុសល​ទាំងអស់ លោក​កំចាត់​បង់ហើយ លាងហើយ សំអាត​ហើយ ជម្រះឲ្យ​ស្អាតហើយ។ ហេតុនោះ បញ្ញា លោកហៅថា ប្រាជ្ញា​កំចាត់។ មួយទៀត មិច្ឆាទិដ្ឋិ លោកកំចាត់​បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យ​ស្អាតហើយ ដោយសម្មាទិដ្ឋិ។ មិច្ឆាសង្កប្បៈ លោក​កំចាត់បង់​ហើយ លាងហើយ សំអាត​ហើយ ជម្រះឲ្យ​ស្អាតហើយ ដោយ​សម្មាសង្កប្បៈ។ មិច្ឆាវាចា លោកកំចាត់​បង់ហើយ ដោយ​សម្មាវាចា។ មិច្ឆាកម្មន្តៈ លោកកំចាត់​បង់​ហើយ ដោយ​សម្មាកម្មន្តៈ។ មិច្ឆាអាជីវៈ លោកកំចាត់​បង់ហើយ​ដោយ​សម្មាអាជីវៈ។ មិច្ឆាវាយាមៈ លោកកំចាត់​បង់ហើយ ដោយ​សម្មាវាយាមៈ។ មិច្ឆាសតិ លោកកំចាត់​បង់ហើយ​ដោយ​សម្មាសតិ។ មិច្ឆាសមាធិ លោក​កំចាត់បង់​ហើយ ដោយ​សម្មាសមាធិ។ មិច្ឆាញាណៈ លោកកំចាត់​បង់ហើយ ដោយ​សម្មាញាណៈ។ មិច្ឆាវិមុត្តិ លោកកំចាត់​បង់​ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យ​ស្អាតហើយ ដោយ​សម្មាវិមុត្តិ។ មួយទៀត កិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់ សេចក្តី​អន្ទះអន្ទែង​ទាំងអស់ សេចក្តីក្តៅ​ក្រហាយ​ទាំងអស់ ការតាក់​តែងអកុសល​ទាំងអស់ លោក​កំចាត់បង់​ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យ​ស្អាតហើយ ដោយ​អរិយមគ្គ​មានអង្គ ៨ ប្រការ។ ព្រះអរហន្ត​ចូលទៅ ចូលទៅ​ព្រម ចូលទៅជិត ផ្តេកផ្តិត កើត កើតឡើងជាមួយ ប្រកបដោយ​ធោនេយ្យធម៌​ទាំងនេះ ព្រោះ​ហេតុនោះ ព្រះអរហន្ត​ឈ្មោះថា អ្នកមាន​ប្រាជ្ញាកំចាត់។ ព្រះអរហន្ត​នោះ កំចាត់​បង់រាគៈ កំចាត់​បង់បាប កំចាត់​បង់កិលេស កំចាត់បង់​សេចក្តី​អន្ទះអន្ទែង ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកមាន​ប្រាជ្ញាកំចាត់។

ពាក្យថា បុគ្គលមានប្រាជ្ញាកំចាត់ មិនសំគាល់នូវ​អារម្មណ៍​ដែលខ្លួន​ឃើញ ឮ ឬប៉ះពាល់ ដោយវត្ថុនោះ បាន​សេចក្តីថា បុគ្គលមាន​ប្រាជ្ញា​កំចាត់ មិនសំគាល់​រូបដែល​ឃើញ មិនសំគាល់​ក្នុងរូប​ដែលឃើញ មិនសំគាល់​ដោយរូប​ដែលឃើញ មិន​សំគាល់ថា រូបដែល​អញឃើញ​ហើយ។ មិនសំគាល់​សំឡេង​ដែលឮ មិនសំគាល់​ក្នុងសំឡេង​ដែល​ឮ មិនសំគាល់​ដោយសំឡេង​ដែលឮ មិនសំគាល់​ថា​ សំឡេងដែល​អញឮហើយ។ មិន​សំគាល់​អារម្មណ៍​ដែលប៉ះពាល់ មិនសំគាល់​ក្នុងអារម្មណ៍​ដែលប៉ះពាល់ មិនសំគាល់​ដោយ​អារម្មណ៍​ដែលប៉ះពាល់ មិនសំគាល់ថា អារម្មណ៍​ដែលអញ​ប៉ះពាល់​ហើយ។ មិន​សំគាល់​ហេតុដែល​ដឹង មិនសំគាល់​ក្នុងហេតុ​ដែលដឹង មិនសំគាល់​ដោយហេតុ​ដែលដឹង មិនសំគាល់ថា ហេតុដែល​អញដឹង​ហើយ។ សមដូចពាក្យ​នុ៎ះ ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកសំគាល់​ហេតុនុ៎ះថា អាត្មាអញ​កំពុងមាន អ្នក​សំគាល់​ហេតុនុ៎ះថា អាត្មាអញ​កំពុង​មិនមាន អ្នកសំគាល់​ហេតុនុ៎ះថា អាត្មាអញ​នឹង​មាន​អ្នកសំគាល់​ហេតុនុ៎ះថា អាត្មាអញ​នឹងមិនមាន អ្នកសំគាល់​ហេតុនុ៎ះថា អាត្មាអញ​នឹង​មានរូប អ្នកសំគាល់​ហេតុនុ៎ះថា អាត្មាអញ​នឹង​មិនមានរូប អ្នកសំគាល់​ហេតុនុ៎ះថា អាត្មា​អញ​នឹង​មាន​សញ្ញា អ្នកសំគាល់​ហេតុនុ៎ះថា អាត្មាអញ​នឹងមិនមាន​សញ្ញា អ្នកសំគាល់​ហេតុនុ៎ះថា អាត្មាអញ​នឹងមាន​សញ្ញា​ក៏ទេ មិនមាន​សញ្ញាក៏ទេ ម្នាលភិក្ខុ​ទាំងឡាយ អ្នកសំគាល់​ថា​ជា​រោគ អ្នកសំគាល់​ថាជាបូស អ្នកសំគាល់​ថាជាសរ អ្នកសំគាល់​ថាជាឧបទ្រព ម្នាលភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុនោះ អ្នកទាំងឡាយ (ចូរសិក្សា) ថា យើងទាំងឡាយ គប្បីនៅ​ដោយ​​ចិត្តមិន​បានសំគាល់ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំង​ឡាយគប្បី​សិក្សា​យ៉ាងហ្នឹងឯង។ បុគ្គល​មានបា្រជ្ញា​កំចាត់ មិនសំគាល់​អារម្មណ៍​ដែលខ្លួន​ឃើញ ឮ ឬប៉ះពាល់ ដោយ​វត្ថុនោះ។

[២២២] ពាក្យថា មិនបា្រថ្នាសេចក្តីបរិសុទ្ធិ ដោយហេតុដទៃ គឺបុគ្គល​មានបា្រជ្ញា​កំចាត់ រមែង​មិនចង់បាន មិនត្រេកអរ មិនបា្រថ្នា មិនស្រឡាញ់ មិនជាប់​ចំពោះនូវ​សេចក្តី​ស្អាត ការហ្មត់ចត់ ការបរិសុទ្ធិ ការរួច ការរួចស្រឡះ ការផុតស្រឡះ ដោយ​មគ្គមិន​បរិសុទ្ធិ ដោយសេចក្តី​ប្រតិបត្តិខុស ដោយគន្លង​មិនមែន​ជា​និយ្យានិកធម៌​ដទៃ វៀរចាក​សតិប្បដ្ឋាន វៀរចាក​សម្មប្បធាន វៀរចាក​ឥទ្ធិបាទ វៀរចាក​ឥន្រ្ទិយ វៀរចាក​ពលៈ វៀរចាក​ពោជ្ឈង្គ វៀរចាក​អរិយមគ្គ​មានអង្គ ៨ ឡើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិន​ប្រាថ្នា​សេចក្តី​បរិសុទ្ធិ ដោយ​ហេតុដទៃ។

[២២៣] ពាក្យថា បុគ្គលមានប្រាជ្ញាកំចាត់នោះ រមែង​មិនត្រេក មិនទ្រាន់ សេចក្តីថា ពាលបុថុជ្ជន​ទាំងអស់ រមែងត្រេក សេក្ខបុគ្គល ៧ ពួក រាប់​ទាំង​កល្យាណ​បុថុជ្ជន​ផង រមែងទ្រាន់ ព្រះអរហន្ត រមែង​មិនត្រេក មិនទ្រាន់។ ព្រះអរហន្ត​នោះ ប្រាសចាក​តម្រេក ព្រោះអស់​រាគៈ ព្រោះប្រាស​ចាករាគៈ ព្រោះអស់​ទោសៈ ព្រោះប្រាស​ចាកទោសៈ ព្រោះ​អស់​មោហៈ ព្រោះប្រាស​ចាកមោហៈ​ហើយ។ ព្រះអរហន្ត​នោះ មានការ​អប់រំ​ព្រហ្មចរិយ​ធម៌ស្រេចហើយ មានការ​ប្រព្រឹត្តិ ប្រព្រឹត្ត​រួចហើយ។បេ។ ភពថ្មី​របស់​ព្រះអរហន្ត​នោះ មិនមានទេ ហេតុនោះ (ទ្រង់ត្រាស់) ថា បុគ្គល​មានប្រាជ្ញា​កំចាត់​នោះ រមែង​មិនត្រេក មិនទ្រាន់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលមានប្រាជ្ញាកំចាត់ មិនសំគាល់នូវអារម្មណ៍​ដែលខ្លួនឃើញ ឮ ឬប៉ះពាល់​ដោយ​វត្ថុនោះ មិនប្រាថ្នា​សេចក្តី​បរិសុទ្ធិ​ដោយ​ហេតុដទៃ បុគ្គល​មានប្រាជ្ញា​កំចាត់​នោះ រមែង​មិនត្រេក មិនទ្រាន់។

ចប់ ជរាសុត្តនិទ្ទេស ទី៦។

តិស្សមេត្តេយ្យសុត្តនិទេ្ទស ទី៧

[២២៤] (ព្រះតិស្សមេត្តេយ្យៈមានអាយុ ក្រាបទូល​យ៉ាងនេះថា)

បពិត្រព្រះអង្គទ្រង់និរទុក្ខ សូមព្រះអង្គ​ពោលសេចក្តី​ចង្អៀត​ចង្អល់​របស់​បុគ្គល​ដែល​ប្រកប​រឿយៗ ក្នុងមេថុន យើងខ្ញុំ​ស្ដាប់ពាក្យ​ប្រដៅរបស់​ព្រះអង្គ​ហើយ នឹង​សិក្សាក្នុង​វិវេក។

[២២៥] ពាក្យថា បុគ្គលប្រកបរឿយៗក្នុងមេថុន អធិប្បាយថា ឈ្មោះថា មេថុនធម្ម បានដល់ ធម៌របស់​អសប្បុរស ធម៌របស់​អ្នកស្រុក ធម៌របស់​ជនថោកទាប ធម៌អាក្រក់ មានទឹក​ជាទីបំផុត ធម៌កើត​ក្នុងទីកំបាំង ការជួបជុំ​របស់​បុគ្គលពីរៗ នាក់។ ដែលលោក​ហៅថា មេថុនធម្ម តើព្រោះ​ហេតុអ្វី។ ធម៌របស់​បុគ្គល​ពីរនាក់ ដែលត្រេកអរ ត្រេកអរខ្លាំង ជោក (ដោយរាគៈ) រួបរឹត (ដោយរាគៈ) មានចិត្ត​ត្រូវកិលេស​គ្រប​សង្កត់​ស្មើគ្នា​ទាំងពីរនាក់ ព្រោះ​ហេតុនោះ ទើបលោក​ហៅថា មេថុនធម្ម។ ជនពីរនាក់ ធ្វើជំលោះ លោកហៅថា គូជម្លោះ ជនពីរនាក់ ធ្វើសេចក្តី​ប្រកួតប្រកាន់ លោកហៅថា គូប្រកួត​ប្រកាន់ ជនពីរ​នាក់ធ្វើការ​និយាយគ្នា លោកហៅថា គូនិយាយគ្នា ជនពីរនាក់ ធ្វើការ​ជជែកគ្នា លោក​ហៅថា គូជជែកគ្នា ជន​ពីរនាក់​ធ្វើអធិករណ៍ លោកហៅថា គូអធិករណ៍ ជនពីរនាក់​ចរចាគ្នា​ជាប្រក្រតី លោក​ហៅថា គូចរចា ជនពីរនាក់​និយាយ​ឆ្លើយឆ្លងគ្នា លោកហៅថា គូឆ្លើយឆ្លង យ៉ាងណា ធម៌របស់​ជនពីរនាក់​ដែលត្រេកអរ ត្រេកអរខ្លាំង ជោក (ដោយ​រាគៈ) រួបរឹត (ដោយរាគៈ) មានចិត្ត​ត្រូវកិលេស​គ្របសង្កត់ ស្មើគ្នា​ទាំងពីរនាក់ ព្រោះ​ហេតុនោះ ទើបលោក​ហៅថា មេថុនធម្ម យ៉ាងនោះដែរ។ ពាក្យ​ថា ប្រកប​រឿយៗ​ក្នុងមេថុន បាន​សេចក្តីថា ប្រកប​ តាក់​តែង ប្រដុងប្រជា ប្រកប​ព្រមក្នុង​មេថុនធម្ម ប្រព្រឹត្ត​មេថុនធម្ម​នោះ ក្រាស់ដោយ​មេថុនធម្មនោះ គោរព​មេថុនធម្ម​នោះ ឱនទៅ​ក្នុងមេថុនធម្ម​នោះ ទោរទៅ​ក្នុងមេថុនធម្ម​នោះ ឈមមុខទៅ​ក្នុងមេថុនធម្ម​នោះ ចុះចិត្ត​ស៊ប់ទៅក្នុង​មេថុនធម្ម​នោះ ធ្វើមេថុនធម្ម​នោះឲ្យជាធំ ហេតុនោះ (លោក​ពោលថា) ប្រកបរឿយៗ ក្នុង​មេថុន។

[២២៦] អធិប្បាយពាក្យថា ព្រះតិស្សមេត្តេយ្យៈមានអាយុ ក្រាបទូលយ៉ាងនេះ ត្រង់ពាក្យថា យ៉ាងនេះ គឺជាពាក្យ​ភ្ជាប់បទ ជាប់​ដោយបទ បំពេញបទ ប្រជុំនៃអក្ខរៈ សម្រួល​ព្យញ្ជនៈ ពាក្យថា យ៉ាងនេះ នុ៎ះជាលំដាប់​នៃបទ។ ពាក្យថា មានអាយុ គឺពាក្យ ជាទី​ស្រឡាញ់ ពាក្យជាទី​គោរព ពាក្យប្រកប​ដោយសេចក្តី​គោរព ពាក្យថា មានអាយុនុ៎ះ ជាពាក្យ​ប្រកប​ដោយសេចក្តី​កោតក្រែង។ ពាក្យថា តិស្សៈ គឺជានាម​ ការរាប់ ឈ្មោះ បញ្ញត្តិ វោហារ ជានាម អំពើ​របស់នាម ពាក្យទ្រទ្រង់​ទុកនូវនាម ​ភាសា ព្យញ្ជនៈ ការហៅ​រក​នៃព្រះថេរៈ​នោះ។ ពាក្យថា  មេត្តេយ្យៈ គឺជាគោត្រ ការរាប់ ឈ្មោះ បញ្ញត្តិ វោហារ របស់​ព្រះថេរៈនោះ ហេតុនោះ (លោក​ពោល) ថា ព្រះតិស្សមេត្តេយ្យៈ​មានអាយុ ក្រាប​ទូលយ៉ាងនេះ។

[២២៧] ពាក្យថា បពិត្រព្រះអង្គទ្រង់និរទុក្ខ សូមព្រះអង្គ​ពោលសេចក្តី​ចង្អៀត​ចង្អល់ សេចក្តីថា សូមព្រះអង្គ​ពោល បា្រប់ សំដែង បញ្ញត្ត តាំងទុក បើក ចែករលែក ធ្វើ​ឲ្យរាក់ ប្រកាស នូវសេចក្តី​ចង្អៀតចង្អល់ សេចក្តី​តានតឹង សេចក្តីបៀតបៀន សេចក្តី​លំបាក សេចក្តី​ឧបទ្រព សេចក្តី​ខ្ទាំងខ្ទាស់ ឲ្យទាន។ ពាក្យថា បពិត្រ​ព្រះអង្គទ្រង់​និរទុក្ខ​នុ៎ះ គឺពាក្យជាទី​ស្រឡាញ់ ពាក្យជាទី​គោរព ពាក្យប្រកប​ដោយសេចក្តី​គោរព ពាក្យថា ព្រះអង្គ​ទ្រង់និរទុក្ខ​នុ៎ះ ជាពាក្យ​ប្រកបដោយ​សេចក្តី​កោតក្រែង ហេតុនោះ (លោកពោល​ថា) បពិត្រ​ព្រះអង្គ​ទ្រង់និរទុក្ខ សូមព្រះអង្គ​ពោលសេចក្តី​ចង្អៀតចង្អល់។

[២២៨] ពាក្យថា ខ្ញុំស្តាប់ពាក្យប្រដៅរបស់ព្រះអង្គ គឺខ្ញុំស្តាប់ ត្រងត្រាប់ រៀន ចំណាំ កំណត់ នូវពាក្យ គន្លងនៃពាក្យ ទេសនា ការប្រៀន​ប្រដៅរបស់​ព្រះអង្គ ហេតុនោះ (លោក​ពោលថា) ខ្ញុំស្តាប់​ពាក្យប្រៀន​ប្រដៅរបស់​ព្រះអង្គ។

[២២៩] អធិប្បាយពាក្យថា សិក្សាក្នុងវិវេក ត្រង់ពាក្យថា វិវេក បានដល់ វិវេក ៣ គឺ កាយវិវេក ចិត្តវិវេក ឧបធិវិវេក។

កាយវិវេក តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ គប់រកសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ជ្រោះ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង ជាអ្នកស្ងាត់​ដោយ​កាយ ភិក្ខុនោះ ដើរម្នាក់ឯង ឈរម្នាក់ឯង អង្គុយម្នាក់ឯង សម្រេច​កិរិយាដេក​ម្នាក់ឯង ចូលទៅ​កាន់ស្រុក បិណ្ឌបាត​ម្នាក់ឯង ត្រឡប់​មកវិញម្នាក់​ឯង អង្គុយក្នុងទី​ស្ងាត់ម្នាក់ឯង អធិដ្ឋាន​ចង្ក្រម​ម្នាក់ឯង ត្រាច់ទៅ នៅ សម្រេច​ឥរិយាបថ ​ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅតែម្នាក់​ឯង នេះ​កាយវិវេក។

ចិត្តវិវេក តើដូចម្តេច។ ចិត្តរបស់ភិក្ខុអ្នកចូលបឋមជ្ឈាន ជាចិត្តស្ងាត់​ចាកនីវរណៈ ចិត្តរបស់​ភិក្ខុអ្នក​ចូលទុតិយជ្ឈាន ជាចិត្តស្ងាត់​ចាកវិតក្កៈ និងវិចារៈ ចិត្តរបស់ភិក្ខុអ្នក​ចូល​តតិយជ្ឈាន ជាចិត្តស្ងាត់​ចាកបីតិ ចិត្តរបស់ភិក្ខុ អ្នកចូល​ចតុត្ថជ្ឈាន ជាចិត្ត​ស្ងាត់​ចាកសុខ និងទុក្ខ ចិត្ត​របស់ភិក្ខុ​អ្នកចូល​អាកាសានញ្ចាយតនៈ ជាចិត្តស្ងាត់​ចាករូបសញ្ញា​ ចាក​បដិឃសញ្ញា​ ចាក​នានត្តសញ្ញា ចិត្តរបស់​ភិក្ខុ​អ្នកចូល​វិញ្ញាណញ្ចាយតនៈ ជាចិត្ត​ស្ងាត់ ចាក​អាកាសា​នញ្ចាយតនសញ្ញា ចិត្តរបស់ភិក្ខុ​អ្នកចូល​អាកិញ្ចញ្ញាយតនៈ ជាចិត្ត​ស្ងាត់ចាក​វិញ្ញាណញ្ចាយតនសញ្ញា ចិត្តរបស់ភិក្ខុ​អ្នកចូល​នេវសញ្ញា​នាសញ្ញាយតនៈ ជាចិត្ត​ស្ងាត់​ចាក​អាកិញ្ចញ្ញាយតនសញ្ញា ចិត្តរបស់​ភិក្ខុអ្នក​ដល់សោតៈ ជាចិត្ត​ស្ងាត់ចាក​សក្កាយទិដ្ឋិ ចាកវិចិកិច្ឆា ចាក​សីលព្វតបរាមាសៈ ចាក​ទិដ្ឋានុស័យ ចាក​វិចិកិច្ឆានុស័យ ចាក​កិលេស​ទាំងឡាយ ដែលតាំង​នៅជាមួយ​គ្នានឹង​សញ្ញោជនៈ​ទាំងនោះ ចិត្តរបស់ភិក្ខុ​ជា​សកទាគាមិ ជាចិត្តស្ងាត់​ចាកកាមរាគ​សញ្ញោជនៈ ចាក​បដិឃសញ្ញោជនៈ​ដ៏គ្រោត​គ្រាត ចាក​កាមរាគានុស័យ ចាក​បដិឃានុស័យ​ដ៏គ្រោតគ្រាត ចាកកិលេស​ដែលតាំង​នៅ​ជាមួយ​នឹងសញ្ញោជនៈ​ទាំងនោះ ចិត្តរបស់​ភិក្ខុជា​អនាគាមិ ជាចិត្តស្ងាត់​ចាកកាម​រាគ​សញ្ញោជនៈ និង​បដិឃសញ្ញោជនៈ​ដែលលាយ​ឡំនៅដ៏ល្អិត ចាកកាម​រាគានុស័យ ចាក​បដិឃានុស័យ​ដែលលាយ​ឡំនៅដ៏ល្អិត ចាកកិលេស​ដែលតាំងនៅ​ជាមួយនឹង​សញ្ញោជនៈ​​ទាំងនោះ ចិត្ត​របស់ភិក្ខុ​ជាព្រះអរហន្ត ជាចិត្ត​ស្ងាត់ចាក​រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ចាកកិលេស​ដែលតាំងនៅ​ជា​មួយនឹង​សញ្ញោជនៈ​ទាំងនោះ ចាកនិមិត្ត​ទាំងពួង​ជាខាងក្រៅ នេះ​ចិត្តវិវេក។

ឧបធិវិវេក តើដូចម្តេច។ កិលេស ខន្ធ និងអភិសង្ខារ​ទាំងឡាយ លោកហៅថា ឧបធិ។ អមតនិព្វាន លោកហៅថា​ឧបធិវិវេក បានខាងការ​រម្ងាប់សង្ខារ​ទាំងពួង ការ​រលាស់​​ចេញនូវ​ឧបធិ​ទាំងពួង ការអស់តណ្ហា ការបា្រស​ចាកតម្រេក ការរលត់ ​និព្វាន នេះ ឧបធិវិវេក។

កាយវិវេក សម្រាប់អ្នកមានកាយគេចចេញ (ចាកពួក) អ្នកត្រេកអរ​ចំពោះ​នេក្ខម្មៈ ចិត្តវិវេក  សម្រាប់អ្នក​មានចិត្ត​បរិសុទ្ធិ អ្នកដល់​សេចក្តី​ផូរផង់​ដ៏ក្រៃលែង ឯឧបធិ​វិវេក សម្រាប់​​បុគ្គល​មិនមាន​ឧបធិ អ្នកដល់​នូវវិសង្ខារ គឺ​ព្រះនិព្វាន។

ពាក្យថា សិក្សាក្នុងវិវេក គឺព្រះថេរៈនោះ មានសិក្ខាសិក្សា​ហើយដោយ​ប្រក្រតី តែ​លោកសូម​ធម្មទេសនា បានពោល​យ៉ាងនេះថា នឹងសិក្សា​ក្នុងវិវេក។​ ហេតុនោះ ព្រះថេរៈ ឈ្មោះ​តិស្សមេត្តេយ្យៈ ពោលថា

(ព្រះតិស្សមេត្តេយ្យៈមានអាយុ ក្រាបទូលយ៉ាងនេះថា) បពិត្រ​ព្រះអង្គ​ទ្រង់និរទុក្ខ សូមព្រះអង្គ​ពោលសេចក្តី​ចង្អៀតចង្អល់​របស់បុគ្គល​ដែលប្រកប​រឿយៗ​ក្នុងមេថុន យើងខ្ញុំ​ស្តាប់ពាក្យ​ប្រដៅរបស់​ព្រះអង្គហើយ នឹងសិក្សា​ក្នុងវិវេក។

[២៣០] (ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តេយ្យៈ) សាសនា​របស់​បុគ្គល​អ្នកប្រកប​រឿយៗ ក្នុងមេថុនធម្ម រមែង​វិនាស​ដោយពិត ទាំងបុគ្គលនោះ ក៏រមែង​ប្រតិបត្តិ​ខុស អំពើនុ៎ះ មិនមែន​ជាអំពើ​ប្រសើរ​ចំពោះ​បុគ្គល​នោះទេ។

[២៣១] ពាក្យថា បុគ្គលអ្នកប្រកបរឿយៗ ក្នុងមេថុនធម្ម អធិប្បាយថា ឈ្មោះថា​មេថុនធម្ម បានខាង​ធម៌របស់​អសប្បុរស ធម៌​របស់អ្នក​ស្រុក ធម៌របស់​ជនថោកទាប ធម៌​អាក្រក់ មានទឹក​ជាទីបំផុត ធម៌កើត​ក្នុងទីកំបាំង ការចួបជុំ​របស់​បុគ្គលពីរ ៗ នាក់។ ដែល​លោក​ហៅថា មេថុនធម្ម តើព្រោះ​ហេតុអ្វី។ ធម៌របស់​បុគ្គល​ពីរនាក់ ដែល​ត្រេកអរ ត្រេកអរ​ខ្លាំង ជោក (ដោយរាគៈ) រួបរឹត (ដោយរាគៈ) មានចិត្ត​ត្រូវកិលេស​គ្រប​សង្កត់​ស្មើគ្នា​​ទាំងពីរនាក់ ព្រោះ​ហេតុនោះ ទើបលោក​ហៅថា មេថុនធម្ម ដូច្នេះ។ ជន​ពីរ​នាក់ធ្វើ​ជំលោះ លោកហៅ​ថា​គូជម្លោះ ជនពីរ​នាក់ធ្វើ​សេចក្តី​ប្រកួត​ប្រកាន់ លោក​ហៅ​ថា គូប្រកួត​ប្រកាន់ ជនពីរនាក់​ធ្វើការនិយាយ​គ្នា លោកហៅថា គូនិយាយ​គ្នា ជនពីរ​នាក់​ធ្វើការ​ជជែកគ្នា លោកហៅថា​គូជជែកគ្នា ជនពីរ​នាក់ធ្វើ​អធិករណ៍ លោក​ហៅថា គូ​អធិករណ៍ ជនពីរ​នាក់ចរចា​ជាប្រក្រតី លោកហៅថា គូចរចា ជនពីរនាក់​និយាយ​​ឆ្លើយ​ឆ្លងគ្នា លោកហៅ​ថា គូឆ្លើយឆ្លង យ៉ាងណា ធម៌របស់​បុគ្គលពីរ​នាក់ ដែល​ត្រេកអរ ត្រេកអរ​​ខ្លាំង ជោក (ដោយរាគៈ) រួបរឹត (ដោយរាគៈ) មានចិត្ត​ត្រូវ​កិលេស​គ្របសង្កត់​ស្មើគ្នា​ទាំងពីរនាក់ ព្រោះ​ហេតុនោះ ទើប​លោកហៅថា មេថុនធម្ម យ៉ាង​នោះដែរ។ ពាក្យថា​ប្រកបរឿយ ៗ ក្នុងមេថុន គឺប្រកប ​តាក់តែង ប្រដុង​ប្រជា ប្រកបព្រម​ក្នុង​មេថុនធម្ម ប្រព្រឹត្ត​មេថុនធម្ម​នោះ ក្រាស់​ដោយ​មេថុនធម្មនោះ គោរព​មេថុនធម្ម​នោះ ឱនទៅក្នុង​មេថុនធម្ម​នោះ ទោរទៅ​ក្នុងមេថុនធម្ម​នោះ ឈមមុខ​ទៅ​ក្នុងមេថុនធម្ម​នោះ ចុះចិត្តស៊ប់​ក្នុងមេថុនធម្ម​នោះ ធ្វើមេថុនធម្ម​នោះឲ្យជាធំ ហេតុ​នោះ (ទ្រង់​ត្រាស់ថា) បុគ្គល​​អ្នកប្រកបរឿយៗ​ ក្នុង​មេថុនធម្ម។ ព្រះមានព្រះភាគ ត្រាស់​ហៅ​ព្រះថេរៈ​នោះតាម​គោត្រថា ម្នាល​មេត្តេយ្យៈ។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យ​ពោលដោយ​គោរព។ មួយទៀត ព្រះពុទ្ធ​មានរាគៈ​បំបាក់បង់​ហើយ ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ មានទោសៈ​បំបាក់បង់​ហើយ ហេតុនោះ ឈ្មោះថា ព្រះមាន​ព្រះភាគ។ មានមោហៈ​បំបាក់បង់​ហើយ ហេតុនោះ ឈ្មោះថា​ព្រះមានព្រះភាគ។ មាន​មានះ​បំបាក់​បង់ហើយ ហេតុនោះ ឈ្មោះថា​ព្រះមានព្រះភាគ។ មានទិដ្ឋិ​បំបាក់បង់​ហើយ ហេតុនោះ​ឈ្មោះ​ថា ព្រះមានព្រះភាគ។ មានបន្លា​ គឺកិលេស​បំបាក់បង់​ហើយ ហេតុនោះ​ឈ្មោះថា ព្រះមានព្រះភាគ។​ មានកិលេស​បំបាក់បង់​ហើយ ហេតុនោះ​ឈ្មោះថា ព្រះមាន​ព្រះភាគ។ ទ្រង់បែងចែក រំលែក​ធម្មរតនៈ ហេតុនោះ​ឈ្មោះថា ព្រះមានព្រះភាគ។ ជាអ្នក​ធ្វើ​នូវទី​បំផុត​នៃភព ហេតុនោះ​ឈ្មោះថា ព្រះមានព្រះភាគ។ មានព្រះកាយ​ចំរើន​ហើយ ហេតុនោះ​ឈ្មោះថា ​ព្រះមានព្រះភាគ។ មានសីល​ចំរើនហើយ មានចិត្ត​ចំរើន​ហើយ មានបា្រជ្ញា​ចំរើន​ហើយ ហេតុនោះ​ឈ្មោះ​ថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមាន​បុណ្យ​ទ្រង់គប់រក​សេនាសនៈ​ស្ងាត់ គឺព្រៃតូច និងព្រៃធំ មិនមាន​សំឡេង មិនមាន​ការ​គឹកកង ជាទី​ប្រាសចាក​ខ្យល់ដែល​កើតអំពី​កាយនៃ​ជន ជាទី​ស្ងាត់កំបាំង​របស់​មនុស្ស ជាទី​សមគួរ​ដល់​ការ​ពួន​សម្ងំ ហេតុនោះ​ឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមាន​បុណ្យ ព្រះអង្គ​មានចំណែក​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ ហេតុនោះ​ឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមាន​ចំណែក​អត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត និងអធិប្បញ្ញា ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមាន​ចំណែក​ឈាន ៤ អប្បមញ្ញា ៤ អរូបសមាបត្តិ ៤ ហេតុនោះ​ឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គ​មាន​ចំណែក​វិមោក្ខ ៨ អភិភាយតនៈ ៨ អនុបុព្វវិហារ​សមាបត្តិ ៩ ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គ​មានចំណែក​សញ្ញាភាវនា ១០ កសិណ​សមាបត្តិ ១០ អាណាបានស្សតិសមាធិ និង​អសុភសមាបត្តិ ​ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គ​មានចំណែក​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ​ប្រកប​ដោយអង្គ ៨ ហេតុនោះ​ឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គ​មាន​ចំណែក​តថាគតពល ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ធម៌របស់​ព្រះពុទ្ធ ៦ យ៉ាង ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ ព្រះនាមថា មានព្រះភាគ​នុ៎ះ មិនមែន​ព្រះមាតាធ្វើ មិនមែន​ព្រះបិតាធ្វើ មិនមែន​បងប្អូន​ប្រុសធ្វើ មិនមែន​បងប្អូនស្រី​ធ្វើ មិនមែន​​មិត្រ និងអាមាត្យធ្វើ មិនមែន​ញាតិសាលោហិត​ធ្វើ មិនមែន​សមណៈ និង​ព្រាហ្មណ៏​ធ្វើ មិនមែន​ទេវតាធ្វើ​ទេ (ព្រះនាមថា មានព្រះភាគ) នុ៎ះ របស់​ព្រះពុទ្ធ​ទាំង​ឡាយ​​មានព្រះភាគ ជាព្រះនាម​កើតក្នុង​ទីបំផុត​វិមោក្ខ គឺសេចក្តី​បញ្ញត្តិ​ថា មានព្រះភាគ​នេះ​ (កើត) អំពីការ​បានត្រាស់​ ដំណាលគ្នា​នឹងការបាន​ចំពោះ​សព្វញ្ញុតញ្ញាណ​ទៀប​គល់ពោធិព្រឹក្ស ហេតុនោះ (លោក​ពោលថា) ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​មេតេ្តយ្យៈ។

[២៣២] ពាក្យថា សាសនា​វិនាស បានដល់សាសនាវិនាស​ដោយហេតុ ២ គឺ​បរិយត្តិសាសនា ក៏វិនាស បដិបត្តិសាសនា ក៏វិនាស។

បរិយត្តិសាសនា តើដូចម្តេច។ ពុទ្ធវចនៈណា គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ដែលបុគ្គល​នោះរៀន​ហើយ ​នេះ​បរិយត្តិសាសនា។ បរិយត្តិសាសនា​វិនាស បាត់បង់ទៅ (បុគ្គលនោះ) ទៅជា​បុគ្គលខាង​ក្រៅ ហេតុនោះ (ទ្រង់​ត្រាស់ថា) សាសនាវិនាស យ៉ាងនេះខ្លះ។

បដិបត្តិសាសនា តើដូចម្តេច។ សេចក្តីប្រតិបត្តិ​ដោយប្រពៃ សេចក្តី​ប្រតិបត្តិ​ដ៏សមគួរ សេចក្តី​ប្រតិបត្តិ​មិនជា​សឹកសត្រូវ សេចក្តី​ប្រតិបត្តិ​ចំពោះ​ប្រយោជន៍​តាម​លំដាប់ សេចក្តី​ប្រតិបត្តិ​ធម៌ដ៏សមគួរ​ដល់ធម៌ ភាពបុគ្គល​អ្នកធ្វើឲ្យ​បរិបូរណ៌​ក្នុងសីល​ទាំងឡាយ ភាព​បុគ្គល​មានទ្វារ​គ្រប់គ្រង​ក្នុងឥន្រ្ទិយ​ទាំងឡាយ ភាព​បុគ្គលអ្នកដឹង​ប្រមាណក្នុង​ភោជន សេចក្តី​ប្រកប​រឿយៗ ក្នុងការ​ភ្ញាក់រលឹក សតិ និង​សម្បជញ្ញៈ សតិបដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ​ប្រកប​ដោយអង្គ ៨ នេះ​បដិបត្តិ​សាសនា។ បដិបត្តិសាសនា​នោះ រមែងវិនាស បាត់បង់ទៅ (បុគ្គលនោះ) ទៅជា​បុគ្គល​ខាងក្រៅ ហេតុនោះ (ទ្រង់​ត្រាស់ថា) សាសនាវិនាស យ៉ាងនេះខ្លះ។

[២៣៣] ពាក្យថា រមែងប្រតិបត្តិខុស គឺបុគ្គល​សម្លាប់សត្វខ្លះ កាន់យក​ទ្រព្យដែល​គេមិន​បានឲ្យ​ខ្លះ កាត់ទីតខ្លះ វាយប្រហារ ទាំងប្លន់ធំខ្លះ ធ្វើការ​បៀតបៀន​ទ្រព្យក្នុងផ្ទះ​មួយខ្លះ ចាំនៅក្បែរ​ផ្លូវរឹបជាន់​ខ្លះ គប់រក​ប្រពន្ធ​បុគ្គលដទៃ​ខ្លះ ពោលកុហក​ខ្លះ ហេតុនោះ (ទ្រង់​តា្រស់ថា) រមែង​ប្រតិបតិ្តខុស។

[២៣៤] ពាក្យថា អំពើនុ៎ះ មិនមែនជាអំពើប្រសើរ ចំពោះ​បុគ្គលនោះទេ គឺ​អំពើនុ៎ះ ជាធម៌​មិនប្រសើរ ជាធម៌​របស់​បុគ្គលពាល ជាធម៌​របស់បុគ្គល​ល្ងង់ខ្លៅ ជាធម៌​របស់​បុគ្គល​មិនមាន​បញ្ញា ជាធម៌​របស់បុគ្គល​បោះទៅ​នូវពាក្យ​មិនឲ្យ​ស្លាប់សំដី គឺជាសេចក្តី​ប្រតិបត្តិ​ខុស ចំពោះ​បុគ្គលនោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) អំពើនុ៎ះ មិនមែន​ជា​អំពើ​ប្រសើរ ក្នុងបុគ្គល​នោះទេ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមេត្តេយ្យៈ) សាសនា​របស់​បុគ្គល​អ្នកប្រកប​រឿយៗ​ក្នុងមេថុនធម្ម រមែង​វិនាសទៅ​ដោយពិត ទាំងបុគ្គល​នោះ ក៏រមែង​ប្រតិបត្តិ​ខុស អំពើនុ៎ះ មិនមែន​ជាអំពើ​ប្រសើរ ចំពោះ​បុគ្គល​នោះទេ។

[២៣៥] បុគ្គលណា ប្រព្រឹត្តម្នាក់ឯងក្នុងកាលមុន ហើយសេព​មេថុនធម្ម អ្នកបា្រជ្ញ​ទាំងឡាយ ហៅ​បុគ្គលនោះ​ថា​ ជាបុថុជ្ជន​ថោកទាប​ក្នុងលោក ដូចជា​យានដែល​ភ្លូក​ហើយ។

[២៣៦] ពាក្យថា ប្រព្រឹត្តម្នាក់ឯងក្នុងកាលមុន អធិប្បាយថា បុគ្គល​ប្រព្រឹត្ត​ម្នាក់​ឯង ក្នុងកាល​មុន ដោយហេតុ ២ គឺ ដោយ​ចំណែក​បព្វជ្ជា ឬដោយ​ការលះបង់​ពួក។

បុគ្គលប្រព្រឹត្តម្នាក់ឯង ក្នុងកាលមុន ដោយចំណែក​បព្វជ្ជា តើដូចម្តេច។ បុគ្គល​កាត់បង់​កង្វល់ គឺឃរាវាស​ទាំងអស់ កាត់បង់​កង្វល់ គឺ​បុត្តភរិយា កាត់បង់​កង្វល់ គឺ​ញាតិ កាត់បង់​កង្វល់គឺមិត្រ និងអាមាត្យ កាត់បង់​កង្វល់ គឺការសន្សំ កោរសក់ និង​ពុកមាត់ ស្លៀកដណ្តប់​សំពត់​ដែលជ្រលក់​ដោយទឹកចត់ ចេញចាក​ផ្ទះ ចូលទៅ​កាន់ផ្នួស ដល់នូវ​ភាពជា​អ្នកមិនមាន​សេចក្តី​ខ្វល់ខ្វាយ ត្រាច់ទៅ សម្រាក សម្រាន្ត សម្រេច​ឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាព​ឲ្យប្រព្រឹត្ត​ទៅតែម្នាក់​ឯង បុគ្គល​ប្រព្រឹត្ត​ម្នាក់ឯង ក្នុង​កាលមុន ដោយចំណែក​បព្វជ្ជា យ៉ាងនេះ។​

បុគ្គលប្រព្រឹត្តម្នាក់ឯង ក្នុងកាលមុន ដោយការ​លះបង់ពួក តើដូចម្តេច។ បុគ្គល​នោះ លុះបួស​យ៉ាងនេះ​ហើយ ជាបុគ្គល​ម្នាក់ឯង តែងគប់រក​សេនាសនៈ​ស្ងាត់ គឺព្រៃតូច និងព្រៃធំ មិនមាន​សំឡេង មិនមាន​ការគឹកកង ជាទី​បា្រសចាក​ខ្យល់ ដែលកើត​អំពីកាយ​នៃជន ជាទី​ស្ងាត់កំបាំង​របស់មនុស្ស សមគួរ​ដល់ការ​ពួនសម្ងំ។​ បុគ្គលនោះ ដើរតែម្នាក់​ឯង ឈរតែ​ម្នាក់ឯង អង្គុយតែ​ម្នាក់ឯង សម្រេច​ការដេក​តែម្នាក់ឯង ចូលទៅ​កាន់ស្រុក ដើម្បី​បិណ្ឌបាត​តែម្នាក់ឯង ត្រឡប់​មកវិញ​តែម្នាក់ឯង អង្គុយ​ក្នុងទីស្ងាត់​តែម្នាក់ឯង អធិដ្ឋាន​ចង្រ្កមតែ​ម្នាក់ឯង ត្រាច់ទៅ សម្រាក​សម្រាន្ត សម្រេច​ឥរិយាបថ ​ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅតែម្នាក់​ឯង បុគ្គល​ប្រព្រឹត្ត​តែម្នាក់ឯង ក្នុង​កាល​មុន ដោយការ​លះបង់ពួក យ៉ាងនេះ។

[២៣៧] អធិប្បាយពាក្យថា បុគ្គលណា សេពមេថុនធម្ម ឈ្មោះថា​មេថុនធម្ម បានខាង​ធម៌របស់​អសប្បុរស។បេ។ ព្រោះហេតុនោះ ទើបលោក​ហៅថា មេថុនធម្ម។ ពាក្យថា បុគ្គលណា សេពមេថុនធម្ម បានសេចក្តីថា បុគ្គលនោះ ពោលលា​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ត្រឡប់​ដើម្បីភាព​ជាបុគ្គល​ថោកទាប ហើយគប់រក សេពគប់ សេពសម្ភព សេព​ចំពោះ​មេថុនធម្ម​ក្នុង​សម័យដទៃ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ណា សេព​មេថុនធម្ម។​

[២៣៨] អធិប្បាយពាក្យថា ដូចជាយានដែលភ្លូកហើយ​ក្នុងលោក ត្រង់ពាក្យថា យាន ​គឺ​យានទឹម​ដោយដំរី យានទឹម​ដោយសេះ យានទឹម​ដោយគោ យានទឹម​ដោយ​ពពែ យានទឹម​ដោយចៀម យានទឹម​ដោយឱដ្ឋ យានទឹម​ដោយលា ជាយាន​ភ្លូកហើយ ដែលគេ​មិនបាន​ទូន្មាន មិនបានធ្វើ មិនបាន​បង្ហាត់ រមែង​កាន់យក​ផ្លូវខុស ឡើងកាន់​ទីមាន​ដង្គត់ និងថ្ម​រដិបរដុប​ខ្លះ កិនជន​អ្នកបរខ្លះ ភ្លូកធ្លាក់​ទៅក្នុង​ជ្រោះខ្លះ។ យានភ្លូក​ហើយ ដែលគេ​មិនបាន​ទូន្មាន មិនបានធ្វើ​ មិនបាន​បង្ហាត់នោះ រមែងកាន់​យកផ្លូវខុស យ៉ាង​ណា បុគ្គលជា​អ្នកភ្លាត់នោះ (សឹក) ប្រៀប​ដោយយាន​ភ្លូកហើយ រមែង​កាន់យក​ផ្លូវខុស គឺ​កាន់យក​ទិដ្ឋិខុស។បេ។ កាន់យក​សមាធិខុស យ៉ាងនោះដែរ។ យានភ្លូក​ហើយ ដែល​គេមិនបាន​ទូន្មាន មិនបានធ្វើ មិនបាន​បង្ហាត់នោះ រមែង​ឡើងកាន់​ទីមានដង្គត់ និងថ្មរដិប​រដុប យ៉ាងណា បុគ្គល​អ្នកភា្លត់​នោះ ប្រៀប​ដោយយាន​ភ្លូកហើយ រមែង​ឡើងកាន់​កាយ​កម្មមិនស្មើ ឡើងកាន់​វចីកម្ម​មិនស្មើ ឡើងកាន់​មនោកម្ម​មិនស្មើ ឡើងកាន់​បាណាតិបាត​មិនស្មើ ឡើងកាន់​អទិន្នាទាន​មិនស្មើ ឡើងកាន់​កាមេសុមិច្ឆាចារ​មិនស្មើ ឡើងកាន់​មុសាវាទ​មិនស្មើ ឡើងកាន់​បិសុណវាចា​មិនស្មើ ឡើងកាន់​ផរុសវាចា​មិនស្មើ ឡើងកាន់​សម្ជប្បលាបៈ​មិនស្មើ ឡើងកាន់​អភិជ្ឈា​មិនស្មើ ឡើងកាន់​ព្យាបាទ​មិនស្មើ ឡើងកាន់​មិច្ឆាទិដ្ឋិ​មិនស្មើ ឡើងកាន់​សង្ខារ​ទាំងឡាយ​មិនស្មើ ឡើងកាន់​កាមគុណ ៥ មិនស្មើ ឡើង​កាន់នីវរណៈ​ទាំងឡាយ​មិនស្មើ យ៉ាងនោះដែរ យានភ្លូក​ហើយដែល​គេមិនបាន​ទូន្មាន មិន​បានធ្វើ មិនបាន​បង្ហាត់នោះ រមែង​កិនជន​អ្នកបរ យ៉ាងណា បុគ្គល​អ្នកភ្លាត់នោះ ប្រៀបដោយ​យានភ្លូក​ហើយ រមែង​កិនខ្លួន​ក្នុងនរក កិនខ្លួន​ក្នុងកំណើត​តិរច្ឆាន កិនខ្លួន​ក្នុង​បិត្តិវិស័យ កិនខ្លួនក្នុង​មនុស្សលោក កិនខ្លួនក្នុង​ទេវលោក យ៉ាង​នោះដែរ។ យានភ្លូក​ហើយ​ដែលគេ​មិនបាន​ទូន្មាន មិនបានធ្វើ មិនបាន​បង្ហាត់នោះ រមែងភ្លូក​ធ្លាក់ទៅ​ក្នុងជ្រោះ យ៉ាងណា បុគ្គល​អ្នកភ្លាត់​នោះ ប្រៀបដោយ​យានភ្លូក​ហើយ រមែងធ្លាក់​ចុះក្នុងជ្រោះ គឺជាតិខ្លះ ធ្លាក់ចុះក្នុង​ជ្រោះ គឺ​ជរាខ្លះ ធ្លាក់ចុះ​ក្នុងជ្រោះ គឺព្យាធិខ្លះ ធ្លាក់ចុះ​ក្នុងជ្រោះ គឺមរណៈខ្លះ ធ្លាក់ចុះក្នុង​ជ្រោះ គឺសេចក្តីសោក សេចក្តី​ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀត​ចង្អល់ខ្លះ យ៉ាងនោះ​ដែរ។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក។បេ។ ក្នុងមនុស្សលោក ហេតុនោះ (ទ្រង់​ត្រាស់ថា) ដូចជាយាន​ដែលភ្លូក​ហើយ​ក្នុងលោក។

[២៣៩] អធិប្បាយពាក្យថា អ្នកបា្រជ្ញទាំងឡាយហៅបុគ្គលនោះ ថាជា​បុថុជ្ជន​ថោកទាប ត្រង់ពាក្យថា បុថុជ្ជន គឺឈ្មោះថា​បុថុជ្ជន ដោយសេចក្តី​ដូចម្តេច។ ឈ្មោះថា​បុថុជ្ជន ព្រោះញុំាង​កិលេស​ក្រាស់ឲ្យ​កើត។ ឈ្មោះថា បុថុជ្ជន ព្រោះជា​អ្នក​មាន​សកាយទិដ្ឋិ​ដ៏ក្រាស់​មិនទាន់​លះបង់។ ឈ្មោះថា បុថុជ្ជន ព្រោះជា​អ្នកពោល​ប្តេជ្ញា ចំពោះ​មុខសាស្តា​ទាំងឡាយ​ច្រើន។ ឈ្មោះថា បុថុជ្ជន ព្រោះជា​អ្នកត្រូវ​គតិទាំងពួង​ដ៏ក្រាស់​ចាក់ស្រែះ។ ឈ្មោះថា បុថុជ្ជន ព្រោះតាក់តែង​ដោយ​អភិសង្ខារ​ផ្សេងៗ ដ៏ក្រាស់។ ឈ្មោះថា បុថុជ្ជន ព្រោះត្រូវ​ឱឃៈផ្សេង ៗ ដ៏ក្រាស់​បន្សាត់ទៅ។ ឈ្មោះថា បុថុជ្ជន ព្រោះក្តៅ​ក្រហាយ​ដោយកំដៅ​ផ្សេង ៗ ដ៏ក្រាស់។ ឈ្មោះថា បុថុជ្ជន ព្រោះ​រោលរាល​ដោយកំដៅ​រោលរាល​ផ្សេង ៗ ដ៏ក្រាស់។ ឈ្មោះថា បុថុជ្ជន ព្រោះត្រេកអរ ញ៉ាម ជាប់ចិត្ត ជ្រប់ ងល់ងប់ ជាប់​ចំពាក់ ចាក់ស្រែះ រួបរឹតក្នុង​កាមគុណ ៥ ដ៏ក្រាស់។ ឈ្មោះថា បុថុជ្ជន ព្រោះត្រូវ​នីវរណៈ ៥ ដ៏ក្រាស់ ចាក់ស្រែះ រួបរឹត គ្របសង្កត់ សន្ធប់​ បិទបាំង សណ្តំជាប់។ ពាក្យថា អ្នកបា្រជ្ញ​ទាំងឡាយ ហៅបុគ្គល​នោះ​ថាជា​បុថុជ្ជន​ថោកទាប គឺ​អ្នកបា្រជ្ញ​ទាំងឡាយ ពោល​យ៉ាងនេះ បានពោល​ហើយ​យ៉ាងនេះ សំដែង​យ៉ាងនេះ និយាយ​យ៉ាងនេះ បំភ្លឺយ៉ាង​នេះ បញ្ចេញ​យ៉ាងនេះ នូវបុគ្គល​នោះ ថាជាមនុស្ស​បុថុជ្ជន​ថោកទាប ទន់ថយ ជ្រោកជ្រាក លាមក អាក្រក់ រំកាច់រំកោច ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកបា្រជ្ញ​ទាំងឡាយ ពោលនូវ​បុគ្គលនោះ ថាជា​បុថុជ្ជន​ថោកទាប។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលណា ប្រព្រឹត្តតែម្នាក់ឯងក្នុងកាលមុន ហើយ​សេពមេថុនធម្ម អ្នកបា្រជ្ញ​ទាំងឡាយ ហៅបុគ្គល​នោះ​ថាជា បុថុជ្ជន​ថោកទាប​ក្នុងលោក ដូចជា​យានដែល​ភ្លូកហើយ។

[២៤០] យស និងកេរ្តិ៍ឈ្មោះណា (ធ្លាប់មាន) ក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះ​នោះ របស់​បុគ្គលនោះ ក៏សាបសូន្យ​ទៅ បព្វជិតឃើញ​នូវដំណើរ​នុ៎ះហើយ គប្បី​សិក្សា​ដើម្បី​លះបង់​មេថុនធម្ម។

[២៤១] ពាក្យថា យស និងកេរ្តិ៍ឈ្មោះណា ធ្លាប់មាន​ក្នុងកាលមុន យស និងកេរ្តិ៍​ឈ្មោះនោះ របស់​បុគ្គលនោះ រមែង​សាបសូន្យ​ទៅ មានសេចក្តី​អធិប្បាយ​ដូចតទៅនេះ ចុះយស តើដូចម្តេច។ បុគ្គលពួក​ខ្លះ​ក្នុងលោកនេះ ជាអ្នក​ដែលគេ​ធ្វើសក្ការៈ គោរព រាប់​អាន បូជា​ កោតក្រែង ជាអ្នក​បានចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ ក្នុងភាព​ជាសមណៈ​ក្នុងកាល​មុន នេះ​ឈ្មោះថា យស។ ចុះកេរ្តិ៍ឈ្មោះ តើដូចម្តេច។ បុគ្គល​ពួកខ្លះ​ក្នុងលោកនេះ កាលនៅក្នុង​ភាពជា​សមណៈ​ក្នុងកាលមុន ជា​អ្នក​ពេញដោយ​កេរ្តិ៍ឈ្មោះ និងសេចក្តី​សរសើរ ជាបណ្ឌិត វាងវៃ មានបា្រជ្ញា ជា​ពហុស្សូត មានពាក្យ​ដ៏វិចិត្រ មានបា្រជ្ញា​ល្អ ជាអ្នក​ទ្រទ្រង់​ព្រះសូត្រក្តី ជាអ្នក​ទ្រទ្រង់​វិន័យក្តី ជាធម្មកថិក​ក្តី ជាអ្នកកាន់​អារញ្ញិកធុតង្គ​ក្តី ជាអ្នកកាន់​បិណ្ឌបាតិកធុតង្គ​ក្តី ជា​អ្នកកាន់​បង្សុកូលិកធុតង្គ​ក្តី ជាអ្នក​កាន់​តេចីវរិកធុតង្គ​ក្តី ជាអ្នកកាន់​សបទានចារិកធុតង្គ​ក្តី ជាអ្នកកាន់​ខលុបច្ឆាភត្តិកធុតង្គ​ក្តី ជាអ្នកកាន់​នេសជ្ជិកធុតង្គ​ក្តី​ ជាអ្នកកាន់​យថាសន្ថតិកធុតង្គ​ក្តី ជាអ្នកបាន​បឋមជ្ឈាន​ក្តី ជាអ្នកបាន​ទុតិយជ្ឈានក្តី ជាអ្នក​បាន​តតិយជ្ឈាន​ក្តី ជាអ្នកបាន​ចតុត្ថជ្ឈានក្តី ជាអ្នក​បាន​អាកាសានញ្ចាយតន​សមាបត្តិក្តី ជា​អ្នក​​បាន​វិញ្ញាណញ្ចា​យតន​សមាបត្តិក្តី ជាអ្នកបាន​អាកិញ្ចញ្ញាយតន​សមាបតិ្តក្តី ជាអ្នក​បាន​​នេវសញ្ញា​នាសញ្ញាយតន​សមាបតិ្តក្តី នេះឈ្មោះថា កេរ្តិ៍ឈ្មោះ។ ពាក្យថា យស និង​កេរ្តិ៍ឈ្មោះ​ណា ធ្លាប់មាន​ក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះ​នោះ របស់បុគ្គល​នោះ រមែង​សាប​សូន្យទៅ បាន​សេចក្តីថា កាលបព្វជិត​នោះ ពោលលា​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និង​សិក្ខា ក្នុងសម័យ​ដទៃ ហើយត្រឡប់​ដើម្បីភេទ​ថោកទាប យស និងកេរ្តិ៍ឈ្មោះ​នោះ រមែង​សូន្យ​ សាបរលាប ខ្ចាត់ចេញ ជ្រុះចេញ បាត់បង់ វិនាស ហេតុនោះ (ទ្រង់​ត្រាស់ថា) យស និងកេរ្តិ៍ឈ្មោះ​ណា ធ្លាប់មាន​ក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះ​នោះ របស់បុគ្គល​នោះ រមែង​សាបសូន្យ​ទៅ។

[២៤២] អធិប្បាយពាក្យថា បព្វជិតឃើញនូវ​ដំណើរនុ៎ះ​ហើយ គប្បីសិក្សា​ដើម្បី​លះបង់​មេថុនធម្ម ត្រង់​ពាក្យថា នូវដំណើរនុ៎ះ សេចក្តីថា យស និងកេរ្តិ៍ឈ្មោះ​ក្នុង​ភាព​ជាសមណៈ ក្នុងកាលមុន ការមិន​មានយស និងការ​មិនមាន​កេរ្តិ៍ឈ្មោះ​របស់បព្វជិត ដែល​ពោលលា​នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ហើយ​ត្រឡប់ដើម្បី​ភេទ​ថោកទាប ក្នុងកាល​ជាចំណែក​ខាងក្រោយ បព្វជិត​ឃើញ ជួប ប្រទះ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យ​ជាក់ច្បាស់​នូវសម្បតិ្ត និងវិបត្តិនុ៎ះ ហេតុនោះ (ទ្រង់​ត្រាស់ថា) បព្វជិត​ឃើញ​នូវ​ដំណើរនុ៎ះ។ ពាក្យថា គប្បីសិក្សា បានដល់​សិក្ខា ៣ គឺ​អធិសីលសិក្ខា ១ អធិចិត្តសង្ខា ១ អធិប្បញ្ញាសិក្ខា ១។

អធិសីលសិក្ខា តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មានសីល សង្រួមក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរៈ ឃើញភ័យ​ក្នុងទោស​មានប្រមាណ​បន្តិចបន្តួច សមាទាន​សិក្សា​ក្នុងសិក្ខាបទ​ទាំងឡាយ សីលក្ខន្ធតូច សីលក្ខន្ធធំ សីល ទីតាំង​ខាងដើម ការប្រព្រឹត្តិ ការសង្រួម ការរវាំង ប្រធាន ប្រមុខ​នៃការបាន​ធម៌ជា​កុសល​ទាំងឡាយ នេះ​អធិសីលសិក្ខា។

អធិចិត្តសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនា​នេះ ស្ងាត់ចាកកាម ស្ងាត់ចាក​អកុសលធម៌ ចូល​បឋមជ្ឈាន ប្រកប​ដោយ​វិតក្កៈ ប្រកប​ដោយ​វិចារៈ មានបីតិ និងសុខៈ កើតអំពី​វិវេក ចូល​ទុតិយជ្ឈាន មិនមានវិតក្កៈ មិនមាន​វិចារៈ មានតែបីតិ និងសុខៈ ដែល​កើតអំពី​សមាធិ ប្រព្រឹត្ត​ទៅខាង​ក្នុងសន្តាន ជាទី​ជ្រះថ្លា​ស៊ប់ គឺសទ្ធា មានសភាព​ជាចិត្តដ៏​ខ្ពស់ឯក ព្រោះការ​រម្ងាប់នូវ​វិតក្កៈ និងវិចារៈ ចូល​តតិយជ្ឈាន ចូល​ចតុត្ថជ្ឈាន នេះ អធិចិត្តសិក្ខា។

អធិប្បញ្ញាសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មានបា្រជ្ញា ប្រកប​ដោយ​បា្រជ្ញា​ជាគ្រឿង​ដឹង​នូវការកើត​ឡើង និងការ​វិនាសទៅ ជាបា្រជ្ញា​ដ៏ប្រសើរ អាច​ទំលុះ​ទំលាយ ជាគ្រឿង​ដល់នូវ​ការអស់ទុក្ខ​ដោយប្រពៃ ភិក្ខុនោះ ក៏ដឹងច្បាស់​តាមពិត​ថា នេះជា​ទុក្ខ ដឹងច្បាស់​តាមពិតថា នេះជា​ហេតុកើត​ឡើងនៃ​ទុក្ខ ដឹងច្បាស់​តាមពិតថា នេះជា​គ្រឿង​រំលត់ទុក្ខ ដឹងច្បាស់​តាមពិតថា នេះជា​បដិបទា​ជាគ្រឿង​ដល់នូវ​ការរលត់​ទុក្ខ ដឹងច្បាស់​តាមពិតថា នេះជា​អាសវៈ ដឹងច្បាស់​តាមពិតថា នេះជា​ហេតុកើត​ឡើងនៃ​អាសវៈ ដឹងច្បាស់​តាមពិតថា នេះជា​គ្រឿងរលត់​អាសវៈ ដឹងច្បាស់​តាមពិតថា នេះជា​បដិបទា ជាគ្រឿង​ដល់នូវ​ការរលត់​អាសវៈ នេះ អធិប្បញ្ញាសិក្ខា។ ពាក្យថា មេថុនធម្ម សេចក្តីថា ដែល​ឈ្មោះថា មេថុនធម្ម បានខាង​ធម៌របស់​អសប្បុរស។បេ។ ព្រោះហេតុ​នោះ ទើបលោក​ហៅថា មេថុនធម្ម។

ពាក្យថា បព្វជិតឃើញ​នូវដំណើរ​នុ៎ះហើយ គប្បីសិក្សា ដើម្បីលះបង់​មេថុនធម្ម បាន​សេចក្តីថា បព្វជិត គប្បី​សិក្សា​អធិសីល​ផង គប្បីសិក្សា​អធិចិត្តផង គប្បី​សិក្សា​អធិប្បញ្ញា​ផង ដើម្បី​លះបង់ ដើម្បីរម្ងាប់ ដើម្បី​រលាស់ចោល ដើម្បី​រម្ងាប់​នូវមេថុនធម្ម។ គប្បី​ពិចារណា​សិក្សា​សិក្ខាទាំង ៣ នេះ គប្បី​ដឹងសិក្សា គប្បីឃើញ​សិក្សា គប្បីពិចារណា​សិក្សា គប្បី​អធិដ្ឋាន​ចិត្តសិក្សា គប្បីចុះ​ចិត្តស៊ប់​ដោយសទ្ធា​សិក្សា គប្បីផ្គង​ព្យាយាម​សិក្សា គប្បី​តំកល់​ស្មារតីសិក្សា គប្បីតំកល់​ចិត្តសិក្សា គប្បីដឹង​ច្បាស់ដោយ​បា្រជ្ញាសិក្សា គប្បីដឹង​ច្បាស់នូវ​ធម៌ដែល​គួរដឹង​ច្បាស់សិក្សា គប្បី​កំណត់​ដឹងធម៌​ដែលគួរ​កំណត់ដឹង​សិក្សា គប្បីលះបង់​ធម៌ដែល​គួរលះបង់​សិក្សា គប្បីចំរើន​ធម៌ដែល​គួរចំរើន​សិក្សា គប្បីធ្វើ​ឲ្យជាក់ច្បាស់​ធម៌ ដែលគួរ​ធ្វើឲ្យជាក់​ច្បាស់សិក្សា គប្បី​ប្រព្រឹត្តទៅ ប្រព្រឹត្ត​ដោយ​ប្រពៃ ប្រព្រឹត្ត​កាន់យក ហេតុនោះ (ទ្រង់​ត្រាស់ថា) បព្វជិត​ឃើញនូវ​ដំណើរ​នុ៎ះ​ហើយ គប្បី​សិក្សា ដើម្បី​លះបង់​មេថុនធម្ម។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

យស និងកេរ្តិ៍ឈ្មោះណា (ធ្លាប់មាន) ក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះ​នោះ របស់​បុគ្គល​នោះ ក៏សាបសូន្យ​ទៅ បព្វជិត​ឃើញនូវ​ដំណើរនុ៎ះ​ហើយ គប្បី​សិក្សា ដើម្បី​លះបង់​មេថុនធម្ម។

[២៤៣] បព្វជិតនោះ ដែលត្រូវសង្កប្បៈ​ទាំងឡាយ​គ្របសង្កត់​ហើយ រមែង​សញ្ជប់​សញ្ជឹង ដូចមនុស្ស​កំព្រា បព្វជិត​មានសភាព​ដូច្នោះ លុះឮ​ពាក្យសំដី​របស់ពួកជន​ដទៃហើយ រមែង​អៀនអន់។

[២៤៤] ពាក្យថា បព្វជិតនោះ ដែលត្រូវសង្កប្បៈ​ទាំងឡាយ​គ្របសង្កត់​ហើយ រមែង​សញ្ជប់​សញ្ជឹង ដូចមនុស្ស​កំពា្រ អធិប្បាយថា បព្វជិត​ត្រូវសេចក្តី​ត្រិះរិះ​ប្រកប​ដោយកាម ត្រូវសេចក្តី​ត្រិះរិះ​ប្រកបដោយ​ព្យាបាទ ត្រូវសេចក្តី​ត្រិះរិះ​ប្រកបដោយ​វិហឹសា ត្រូវ​សេចក្តី​ត្រិះរិះ​ប្រកប​ដោយទិដ្ឋិ​ប៉ះពាល់ គ្របសង្កត់ ​ជ្រួតជ្រាប ប្រកប​ហើយ រមែង​ក្តុកក្តួល សញ្ជប់​សញ្ជឹង ស្រពាប់​ស្រពោន ជ្រុលជ្រប់ ដូចមនុស្ស​កំព្រា ឬដូចជា​អ្នកល្ងង់ ឬក៏ដូច​ជាអ្នកវង្វេង​ទិស។ មៀម កាលស្វែង​រកកណ្តុរ​លើមែកឈើ រមែង​ក្តៅក្តួល សញ្ជប់​សញ្ជឹង ស្រពាប់​ស្រពោន ជ្រុលជ្រប់ យ៉ាងណា ចចក​កាលស្វែង​រកត្រី ទៀប​ឆ្នេរស្ទឹង រមែង​ក្តៅក្តួល សញ្ជប់​សញ្ជឹង ស្រពាប់​ស្រពោន ជ្រុលជ្រប់ យ៉ាងណា ឆ្មាកាលស្វែង​រកកណ្តុរ ក្នុងទីជាចន្លោះ​តំណនៃផ្ទះ និងទី​ប្រកប​ដោយមន្ទិល ប្រកបដោយ​ភក់ និងឆ្នេរ រមែង​ក្តៅក្តួល សញ្ជប់​សញ្ជឹង ស្រពាប់​ស្រពោន ជ្រុលជ្រប់ យ៉ាងណា លា មានការ​ដឹកនាំ​ដាច់ហើយ (គេប្រើ​មិនកើត) រមែងក្តៅ​ក្តួល សញ្ជប់សញ្ជឹង ស្រពាប់​ស្រពោន ជ្រុលជ្រប់ ក្នុងទី​ជាចន្លោះ​តំណនៃ​ផ្ទះ និងទី​ប្រកប​ដោយមន្ទិល ប្រកប​ដោយ​ភក់ និងឆ្នេរ យ៉ាងណា បុគ្គល​ជាអ្នក​ភ្លាត់នោះ ដែលត្រូវ​សេចក្តី​ត្រិះរិះ​ប្រកប​ដោយកាម ត្រូវសេចក្តី​ត្រិះរិះ​ប្រកប​ដោយ​ព្យាបាទ ត្រូវសេចក្តី្ត​ត្រិះរិះ​ប្រកប​ដោយវិហឹសា ត្រូវ​សេចក្តី​ត្រិះរិះ​ប្រកប​ដោយទិដ្ឋិ​ប៉ះពាល់ គ្រប​សង្កត់ ជ្រួតជ្រាប ប្រកបហើយ រមែង​ក្តុកក្តួល សញ្ជប់​សញ្ជឹង ស្រពាប់​ស្រពោន​ ជ្រុលជ្រប់​ដូចមនុស្ស​កំព្រា ឬដូចជា​អ្នកល្ងង់ ឬក៏​ដូចជា​អ្នកវង្វេង​ទិស យ៉ាងនោះ​ដែរ ហេតុនោះ (ទ្រង់​ត្រាស់ថា) បព្វជិត​នោះ ដែល​ត្រូវសង្កប្បៈ​ទាំងឡាយ គ្របសង្កត់​ហើយ រមែង​សញ្ជប់សញ្ជឹង ដូចមនុស្ស​កំពា្រ។

[២៤៥] អធិប្បាយពាក្យថា បព្វជិតមានសភាពដូច្នោះ លុះឮពាក្យ​សំដី​របស់ជន​ដទៃ​ហើយ ក៏រមែង​អៀនអន់ ត្រង់ពាក្យថា ជនដទៃ បានដល់ ពួកជនជា​ឧបជ្ឈាយ៍​ក្តី អាចារ្យក្តី បុគ្គលមាន​ឧបជ្ឈាយ៍​ស្មើគ្នាក្តី បុគ្គល​មានអាចារ្យ​ស្មើគ្នាក្តី មិត្តក្តី បុគ្គល​ដែល​ធ្លាប់ឃើញ​គ្នាម្តងម្កាល​ក្តី បុគ្គល​ដែលធ្លាប់​គប់រកគ្នា​ក្តី សំឡាញ់​ក្តី ដាស់តឿន​ថា ម្នាល​អាវុសោ អ្នកនោះ​ពេញជា​ឥតលាភមែន ការបាន (អត្តភាព​ជាមនុស្ស) អ្នក​បានដោយ​កម្រ ព្រោះថា​ជាអ្នក​បានគ្រូ​ដ៏ថ្លៃថ្លា​មានសភាព​យ៉ាងនេះ បួសក្នុង​ធម៌វិន័យ​ដែល​ព្រះមាន​ព្រះភាគ សំដែង​ល្អហើយ​យ៉ាងនេះ បានពួក​ព្រះអរិយៈ មាន​សភាព​យ៉ាងនេះ​ត្រឡាំង ហើយពោល​លានូវ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ហើយត្រឡប់​មកកាន់​ភេទថោក​ទាប ព្រោះហេតុ​មេថុនធម្ម​ដ៏ថោកទាប សូម្បី​តែសទ្ធា​របស់អ្នក​ក្នុងកុសលធម៌ ក៏មិន​មាន សូម្បី​តែហិរិ​របស់អ្នក​ក្នុង​កុសលធម៌ ក៏មិនមាន សូម្បី​តែឱត្តប្បៈ​របស់​អ្នកក្នុង​កុសល​ធម៌ ក៏មិនមាន សូម្បី​តែវីរិយៈ​របស់​អ្នកក្នុង​កុសលធម៌ ក៏មិនមាន សូម្បី​តែសតិ​របស់​អ្នកក្នុង​កុសលធម៌ ក៏មិនមាន សូម្បី​តែបញ្ញា​របស់អ្នក​ក្នុង​កុសលធម៌ ក៏មិនមាន បុគ្គល​អ្នកភ្លាត់​នោះ លុះស្តាប់ ឮ រៀន ពិចារណា​ កំណត់​នូវពាក្យ គន្លងពាក្យ ទេសនា ការ​ប្រៀនប្រដៅ​របស់ជន​ទាំងឡាយ​នោះ ក៏រមែង​អៀនអន់ ចង្អៀត​ចង្អល់ ក្រៀមក្រំ ឈឺចាប់ តូចចិត្ត។ ពាក្យថា បុគ្គល​មានសភាព​ដូច្នោះ គឺបុគ្គល​ណា ជាអ្នកភ្លាត់ បុគ្គល​នោះ ឈ្មោះថា​មានសភាព​ដូច្នោះ ប្រាកដ​ដូច្នោះ ឋិតនៅ​ដូច្នោះ មានប្រការៈ​ដូច្នោះ មាន​ចំណែក​ប្រៀប​ដូច្នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) បព្វជិត​មានសភាព​ដូច្នោះ លុះឮ​ពាក្យ​សំដី​របស់​ពួកជន​ដទៃហើយ រមែង​អៀនអន់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បព្វជិតនោះ ដែលត្រូវសង្កប្បៈទាំងឡាយ​គ្របសង្កត់​ហើយ រមែង​សញ្ជប់​សញ្ជឹង​ដូចមនុស្ស​កំព្រា បព្វជិត​មានសភាព​ដូច្នោះ លុះឮ​ពាក្យសំដី​របស់ពួក​ជនដទៃ​ហើយ រមែង​អៀនអន់។

[២៤៦] លំដាប់នោះ បុគ្គលដែលត្រូវវាទៈជនដទៃ​ដាស់តឿន​ហើយ រមែង​ធ្វើសស្រ្តា​ទាំងឡាយ នុ៎ះជា​សេចក្តី​ជាប់ចំពាក់​ធំរបស់​បុគ្គលនោះ បុគ្គលនោះ រមែង​ផ្គងពាក្យ​កុហក។

[២៤៧] អធិប្បាយពាក្យថា លំដាប់នោះ បុគ្គល​ដែលត្រូវ​វាទៈជន​ដទៃដាស់​តឿន​ហើយ រមែង​ធ្វើសស្ត្រា​ទាំងឡាយ ត្រង់ពាក្យថា លំដាប់​នោះ គឺជា​ពាក្យភ្ជាប់​បទ ជាពាក្យ​ជាប់ចំពាក់​ដោយបទ ជាពាក្យ​បំពេញបទ ជាពាក្យ​ប្រជុំអក្ខរៈ ជាពាក្យ​សម្រួលព្យញ្ជនៈ ពាក្យ​ថា លំដាប់នោះ គឺជាពាក្យ​លំដាប់បទ។ ពាក្យថា សស្ត្រា បានដល់​សស្ត្រា ៣ យ៉ាង គឺ សស្ត្រា​គឺកាយ ១ សស្រ្តា​គឺវាចា ១ សស្ត្រា​គឺចិត្ត ១។ កាយទុច្ចរិត ៣ ឈ្មោះថា សស្ត្រា​គឺកាយ វចីទុច្ចរិត ៤ ឈ្មោះថា សស្ត្រាគឺវាចា មនោទុច្ចរិត ៣ ឈ្មោះថា សស្ត្រាគឺចិត្ត។ ពាក្យថា បុគ្គលដែល​ត្រូវវាទៈជន​ដទៃដាស់​តឿនហើយ គឺបុគ្គលជា​ឧបជ្ឈាយ៍​ក្តី អាចារ្យ​ក្តី បុគ្គលមាន​ឧបជ្ឈាយ៍​ស្មើគ្នាក្តី បុគ្គល​មានអាចារ្យ​ស្មើគ្នាក្តី មិត្តក្តី បុគ្គល​ដែលធ្លាប់​ឃើញ​គ្នាក្តី បុគ្គល​ដែលធ្លាប់​គប់រកគ្នាក្តី សំឡាញ់​ក្តី ដាស់តឿន បុគ្គលនោះ រមែងពោល​ពាក្យកុហក​ទាំងដឹងខ្លួន គឺពោលថា បពិត្រ​លោក​ដ៏ចំរើន ខ្ញុំជា​អ្នកត្រេកអរ​ក្នុងបព្វជ្ជា​ហើយ តែថា​ខ្ញុំត្រូវ​ចិញ្ចឹមមាតា ហេតុនោះ បានជា​ខ្ញុំវិលខុស ពោលថា ខ្ញុំត្រូវ​ចិញ្ចឹមបិតា​ហេតុនោះ បានជា​ខ្ញុំវិលខុស ពោលថា ខ្ញុំត្រូវ​ចិញ្ចឹមបង​ប្អូន​ប្រុស ខ្ញុំត្រូវចិញ្ចឹម​បងប្អូនស្រី ខ្ញុំត្រូវចិញ្ចឹម​បុត្ត ខ្ញុំត្រូវ​ចិញ្ចឹមធីតា ខ្ញុំត្រូវ​ចិញ្ចឹមមិត្ត ខ្ញុំត្រូវ​ចិញ្ចឹម​អាមាត្យ ខ្ញុំត្រូវចិញ្ចឹមពួក​ញាតិ ខ្ញុំត្រូវ​ចិញ្ចឹម​សាលោហិត ហេតុនោះ បានជាខ្ញុំ​វិលខុស រមែងធ្វើ​ឲ្យកើត ឲ្យកើត​ព្រម បង្កើត បង្កើត​ចំពោះ​នូវសស្ត្រា គឺវាចា ហេតុនោះ (ទ្រង់ត្រាស់ថា) លំដាប់​នោះ បុគ្គល​ត្រូវវាទៈ​ជនដទៃ​ដាស់តឿន​ហើយ រមែងធ្វើ​សស្ត្រា​ទាំងឡាយ។

[២៤៨] ពាក្យថា នុ៎ះជាសេចក្តីជាប់ចំពាក់ធំរបស់បុគ្គលនោះ គឺសភាពនុ៎ះ​ឯងជា​សេចក្តី​ជាប់ចំពាក់ធំ ជាព្រៃធំ ជាញាតស្បាត​ធំ ជាផ្លូវដាច់​ស្រយាលធំ ជាផ្លូវ​មិនស្មើ (ចម្រូង​ចម្រាសធំ) ជាផ្លូវវៀចធំ ជាផ្លូវល្បាប់ធំ ជាផ្លូវ​មានភក់ច្រើន ជាផ្លូវ​មានសេចក្តី​ខ្វល់​ខ្វាយធំ ជាចំណង​ធំរបស់​បុគ្គលនោះ គឺការ​ពោល​មុសាវាទ​ទាំងដឹងខ្លួន​របស់បុគ្គល​នោះ ហេតុ​នោះ (ទ្រង់​ត្រាស់ថា) នុ៎ះជា​សេចក្តី​ជាប់ចំពាក់​ធំ​របស់​បុគ្គលនោះ។

[២៤៩] ពាក្យថា បុគ្គលនោះ រមែងផ្គងពាក្យកុហក អធិប្បាយថា មុសាវាទ លោក​ហៅថា ពាក្យកុហក។ បុគ្គលខ្លះ ក្នុងលោកនេះ ទៅកាន់​រោងជាទី​ប្រជុំក្តី ទៅកាន់​បរិស័ទក្តី ទៅក្នុង​កណ្តាល​ញាតិក្តី ទៅក្នុង​កណ្តាល​ពួកក្តី ទៅក្នុង​កណ្តាល​រាជត្រកូល​ក្តី ដែលគេ​នាំទៅ​សួរយក​ជាបន្ទាល់ថា ម្នាល​បុរស​ដ៏ចំរើន អ្នកចូរមក អ្នក​ដឹងហេតុ​ណា ចូរពោល​ហេតុនោះ។ បុរសនោះ កាល​មិនដឹង ពោលថា​ ខ្ញុំដឹងក្តី កាលដឹង​ពោលថា​ ខ្ញុំមិនដឹងក្តី កាលមិន​ឃើញ ពោលថា ខ្ញុំឃើញក្តី កាលឃើញ ពោលថា ខ្ញុំមិន​ឃើញក្តី ពោល​សម្បជានមុសាវាទ ព្រោះហេតុ​ខ្លួនក្តី ព្រោះហេតុ​បុគ្គល​ដទៃក្តី ព្រោះហេតុ​អាមិសៈ​បន្តិចបន្តួចក្តី ដោយ​ប្រការ​ដូច្នេះ នេះលោក​ហៅថា ពាក្យកុហក។ មួយទៀត មុសាវាទ ដោយ​អាការ ៣ យ៉ាង គឺ​មុសាវាទ​របស់​បុគ្គលនោះ ក្នុងកាល​មុនថា អាត្មាអញ​នឹង​ពោលពាក្យ​កុហក ១ មុសាវាទ​របស់បុគ្គល​កំពុង​ពោលថា អាត្មាអញ​កំពុងពោល​ពាក្យ​កុហក ១ មុសាវាទ​របស់បុគ្គល​ដែលពោល​ហើយថា អាត្មាអញ​ពោល​ពាក្យកុហក​ហើយ ១ មុសាវាទ​ដោយអាការ ៣ នេះ។ មួយវិញ​ទៀត មុសាវាទ មាន​ដោយអាការ ៤ យ៉ាង។ ដោយ​អាការ ៥ យ៉ាង។ ដោយ​អាការ ៦ យ៉ាង។ ដោយអាការ ៧ យ៉ាង។ មុសាវាទ​ដោយអាការ ៨ យ៉ាង គឺ​មុសាវាទ​នៃបុគ្គលនោះ ក្នុង​កាលមុន​ថា អាត្មាអញ​នឹង​ពោលពាក្យ​កុហក ១ មុសាវាទ​នៃបុគ្គល​កំពុង​ពោលថា អាតា្មអញ​ពោលពាក្យ​កុហក ១ មុសាវាទ​នៃបុគ្គល​ពោលហើយ​ថា​ អាត្មាអញ​ពោលពាក្យ​កុហកហើយ ១ ព្រោះលាក់ទុក​នូវទិដ្ឋិ ១ ព្រោះលាក់​ទុកនូវការ​ចូលចិត្ត ១ ព្រោះ​លាក់ទុក​នូវសេចក្តី​ពេញចិត្ត ១ ព្រោះលាក់​ទុកនូវ​សញ្ញា ១ ព្រោះលាក់​ទុកនូវ​ការកើតឡើង ១ មុសាវាទ​ដោយ​អាការ ៨ នេះ។ ពាក្យថា រមែងផ្គង​ពាក្យកុហក គឺ​ផ្គង ផ្គូផ្គង ទុក កំណត់ទុក ចូល​ទៅ​កាន់ពាក្យ​កុហក ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ រមែង​ផ្គងពាក្យ​កុហក។ ហេតុនោះ​ ព្រះមានព្រះភាគ​ត្រាស់ថា​

លំដាប់នោះ បុគ្គលដែលត្រូវវាទៈជនដទៃ​ដាស់តឿន​ហើយ រមែងធ្វើ​សស្ត្រា​ទាំងឡាយ នុ៎ះជា​សេចក្តី​ជាប់ចំពាក់​ធំរបស់​បុគ្គលនោះ បុគ្គលនោះ រមែង​ផ្គងពាក្យ​កុហក។

[២៥០] បុគ្គលដែលគេដឹងច្បាស់ហើយថាជាបណ្ឌិត អធិដ្ឋាន​ការប្រព្រឹត្តិ​តែម្នាក់ឯង តែខាង​ក្រោយមក ជាអ្នក​ប្រកប​ក្នុង​មេថុនធម្ម នឹងត្រដាប​ត្រដួស​ដូចបុគ្គល​ល្ងង់ខ្លៅ។

[២៥១] ពាក្យថា បុគ្គលដែលគេដឹងច្បាស់ហើយថា ជាបណ្ឌិត អធិប្បាយថា បុគ្គលខ្លះ​ក្នុងលោកនេះ កាលនៅ​ក្នុងភាព​ជាសមណៈ​ក្នុងកាល​មុន ជាអ្នក​ពេញដោយ​កេរ្តិ៍ឈ្មោះ និងសេចក្តី​សរសើរ ជាបណ្ឌិត​វាងវៃ មានប្រាជ្ញា ជាពហុស្សូត មានពាក្យដ៏​វិចិត្រ មាន​ប្រាជ្ញាល្អ ជាអ្នក​ដែលគេដឹង​ហើយ ដឹងច្បាស់​ហើយ ដឹងសុសសាយ​ហើយ យ៉ាង​នេះថា ជាអ្នក​ទ្រទ្រង់​ព្រះសូត្រក្តី ទ្រទ្រង់​វិន័យក្តី ជាធម្មកថិក​ក្តី។ បេ។ ជាអ្នកបាន​នេវសញ្ញា​នាសញ្ញាយតន​សមាបត្តិក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គល​ដែលគេ​ដឹងច្បាស់​ហើយថា​ជាបណ្ឌិត។

[២៥២] ពាក្យថា អធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង អធិប្បាយថា បុគ្គល​អធិដ្ឋានការ​ប្រព្រឹត្តិតែ​ម្នាក់ឯង ដោយហេតុ ២ គឺ​ដោយ​ចំណែក​បព្វជ្ជាក្តី ដោយការ​លះបង់​ពួកក្តី។ បុគ្គល​អធិដ្ឋាន​ការប្រព្រឹត្តិ​តែម្នាក់ឯង ដោយ​ចំណែក​បព្វជ្ជា តើដូចម្តេច។ បុគ្គល​ផ្តាច់​បង់​សេចក្តី​ខ្វល់ខ្វាយ គឺឃរាវាស​ទាំងពួង។បេ។ អធិដ្ឋាន​ការប្រព្រឹត្តិ​តែម្នាក់ឯង ដោយ​ចំណែក​បព្វជា្ជ​យ៉ាងនេះ​ឯង។ បុគ្គល​អធិដ្ឋាន​ការប្រព្រឹត្តិតែ​ម្នាក់ឯង ដោយការ​លះបង់​ពួក តើដូចម្តេច។ បុគ្គលនោះ​បួសយ៉ាង​នេះហើយ ជាអ្នក​ម្នាក់ឯង គប់សេនាសនៈ​ស្ងាត់ គឺព្រៃតូច ​ព្រៃធំ។បេ។ អធិដ្ឋាន​ការប្រព្រឹត្តិ​តែម្នាក់ឯង ដោយការ​លះបង់​ពួកយ៉ាង​នេះ​ឯង ហេតុនោះ (ទ្រង់ត្រាស់ថា) អធិដ្ឋាន​ការប្រព្រឹត្តិតែ​ម្នាក់ឯង។

[២៥៣] ពាក្យថា តែខាងក្រោយមក ជាអ្នកប្រកបក្នុង​មេថុនធម្ម អធិប្បាយថា ឈ្មោះថា​មេថុនធម្ម បានខាង​ធម៌របស់​អសប្បុរស។បេ។ ហេតុនោះ ទើបលោក​ហៅថា មេថុនធម្ម។ ពាក្យថា តែខាង​ក្រោយមក ជាអ្នក​ប្រកប​ក្នុងមេថុនធម្ម គឺសម័យ​ខាងក្រោយ បុគ្គល​នោះពោល​លាព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និង​សិក្ខា វិលមក​ដើម្បី​ភេទ​ថោកទាប ប្រកប​ តាក់តែង ប្រដុងប្រជា ប្រកប​ព្រមក្នុង​មេថុនធម្ម ហេតុនោះ (ទ្រង់​ត្រាស់ថា) តែខាង​ក្រោយមក ជាអ្នក​ប្រកបក្នុង​មេថុនធម្ម។

[២៥៤] ពាក្យថា និងត្រដាបត្រដួស ដូចបុគ្គលល្ងង់ខ្លៅ អធិប្បាយថា បុគ្គលនោះ នឹង​លំបាក ចង្អៀតចង្អល់ សៅហ្មង ដូចមនុស្សកំពា្រ ឬដូច​មនុស្ស​ល្ងង់ខ្លៅ គឺរមែង​សម្លាប់​សត្វខ្លះ កាន់យក​ទ្រព្យដែល​គេមិន​ឲ្យខ្លះ កាត់តំណ (នៃផ្ទះ) ខ្លះ វាយប្រហារ ទាំង​ប្លន់ខ្លះ ធ្វើអាការ​កំហែង​ក្នុងផ្ទះ​មួយខ្លះ ឈរចាំ​ស្កាត់ដណ្តើម​យកខ្លះ គប់​រកប្រពន្ធ​របស់​ជន​ដទៃខ្លះ ពោលពាក្យ​កុហកខ្លះ និងលំបាក ចង្អៀត​ចង្អល់ សៅហ្មង យ៉ាងនេះខ្លះ។ ព្រះរាជា​ទាំងឡាយ​ឲ្យចាប់បុគ្គល​នោះឯង​ហើយ ឲ្យធ្វើ​កម្មករណ៍​ផ្សេងៗ គឺឲ្យគេវាយ​ដោយ​រំពាត់ខ្លះ ឲ្យគេវាយ​ដោយផ្តៅខ្លះ ឲ្យគេវាយ​ដោយដំបង​ខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើង​ខ្លះ កាត់ទាំង​ដៃទាំង​ជើងខ្លះ កាត់ស្លឹក​ត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់​ទាំងត្រចៀក ទាំង​ច្រមុះខ្លះ ធ្វើ​វិលង្គថាលិកកម្ម គឺអំពើដែល​គេធ្វើក្បាល​ឲ្យដូចជាឆ្នាំង ដាក់ជ្រក់ខ្លះ ធ្វើ​សង្ខមុណ្ឌកកម្ម គឺអំពើ​ដែលគេ​ធ្វើក្បាល​ឲ្យរលើង​ដូចជា​សម្បកស័ង្ខ​ខ្លះ ធ្វើរាហុមុខ​កម្ម គឺអំពើ​ដែលគេ​ធ្វើមាត់​ឲ្យដូចជា​មាត់រាហូខ្លះ ធ្វើ​ជោតិមាលិក​កម្ម គឺអំពើ​ដែល​គេដុតខ្លួន ឲ្យមាន​របៀបនៃ​អណ្តាត​ភ្លើងខ្លះ ធ្វើ​ហត្តប្បជោតិក​កម្ម គឺអំពើ​ដែលគេដុត​ដៃខ្លះ ធ្វើ​ឯរកវត្តិកកម្ម គឺអំពើ​ដែលគេ​ធ្វើដូចជា​ពន្លាត់ស្បែក​ពពែខ្លះ ធ្វើ​ចិរកវាសិកកម្ម គឺអំពើ​ដែលគេ​ធ្វើឲ្យដូច​ជាស្លៀក​សំពត់​សម្បកឈើ​ខ្លះ ធ្វើ​ឯណេយ្យកកម្ម គឺអំពើ​ដែល​គេធ្វើឲ្យ​ដូចជាជើង​សត្វទ្រាយខ្លះ ធ្វើ​ពឡិសមំសិក​កម្ម គឺ​អំពើដែល​គេថ្ពក់មាត់​ដោយ​កាង ឬសន្ទូច​ខ្លះ ធ្វើ​កហាបណកកម្ម គឺអំពើ​ដែលគេធ្វើ​ឲ្យខូចសរីរៈ​ប្រមាណប៉ុន​កហាបណៈ​មួយ ៗ ខ្លះ ធ្វើ​ខារាបតច្ឆិកកម្ម គឺអំពើ​ដែលគេ​យកទឹក​ផ្សាស្រោចខ្លះ ធ្វើ​បលិឃបរិវត្តិក​កម្ម គឺអំពើ​ដែលគេធ្វើ​ដូចជាបង្វិល​ជើងគុល ឬសសរ​គោលខ្លះ ធ្វើ​បលាលបីឋកកម្ម គឺអំពើ​ដែលគេធ្វើ​ឲ្យដូចជា​កណ្តាប់​ចម្បើងខ្លះ ស្រោចដោយ​ប្រេង​កំពុងក្តៅខ្លះ ឲ្យឆ្កែ​ខាំខ្លះ ឲ្យដេកផ្ងារ​លើឈើ​អណ្តោត​ទាំងរស់ខ្លះ កាត់ក្បាល​ដោយ​ដាវខ្លះ [មានក្នុង​មជ្ឈិមនិកាយ ត្រង់មហាទុក្ខក្ខន្ធសូត្រ។] បុគ្គលនោះ នឹងលំបាក ចង្អៀតចង្អល់ សៅហ្មង ដោយ​ប្រការ​យ៉ាងនេះខ្លះ។ មួយទៀត បុគ្គល​ដែលត្រូវ​កាមតណ្ហា​គ្របសង្កត់ មានចិត្ត​គឺ​កាមតណ្ហា​រួបរឹត ស្វែង​រកភោគៈ​ទាំងឡាយ ចេញទៅកាន់​មហាសមុទ្រ​ដោយនាវា ត្រូវត្រជាក់​ចោមរោម ត្រូវ​កំដៅ​ចោមរោម លំបាក​ដោយ​សម្ផស្ស​នៃល្បោម មូស ខ្យល់ កំដៅ ពស់តូច និង​ពស់ធំ ត្រូវសេចក្តី​ស្រេកឃ្លាន​បៀតបៀន រមែង​ទៅកាន់​ស្រុកគុម្ពៈ ទៅកាន់​ស្រុកតក្កោលៈ ទៅកាន់​ស្រុកតក្កសិលា ទៅកាន់​ស្រុក​កាលមុខៈ ទៅកាន់​ស្រុក​មរណបារៈ ទៅកាន់​ស្រុកវេសុង្គៈ ទៅកាន់ស្រុក​វេរាបថៈ ទៅកាន់​ស្រុកជវៈ ទៅកាន់​ស្រុកកមលិ ទៅកាន់​ស្រុកវង្កៈ ទៅកាន់​ស្រុកឯឡវទ្ទនៈ ទៅកាន់​ស្រុក​សុវណ្ណកូដៈ ទៅកាន់ស្រុក​សុវណ្ណភូមិ ទៅកាន់​ស្រុក​តម្ពបណ្ណិ ទៅកាន់ស្រុក​សុប្បារៈ ទៅកាន់ស្រុក​ភរុកៈ ទៅកាន់​ស្រុកសុរទ្ធៈ ទៅកាន់ស្រុក​អង្គណេកៈ ទៅកាន់ស្រុក​គង្គណៈ ទៅកាន់​ស្រុក​បរមគង្គណៈ ទៅកាន់​ស្រុកយោនៈ ទៅកាន់​ស្រុកបិនៈ ទៅកាន់​ស្រុកអល្លសន្ទៈ ទៅកាន់​មរុកន្តារៈ ទៅកាន់ផ្លូវ​ដែលគេ​គប្បីទៅ​ដោយជង្គង់ ទៅកាន់ផ្លូវ​ដែលគេគប្បី​ទៅដោយ​ចៀម ទៅកាន់ផ្លូវ​ដែល​គេ​គប្បី​ទៅដោយ​ពពែ ទៅកាន់​ផ្លូវដង្គត់ ទៅកាន់ផ្លូវ​ដែលគេ​គប្បីទៅ​ដោយឆ័ត្រ ទៅកាន់​ផ្លូវប្រកប​ដោយព្រៃឫស្សី ទៅកាន់​ផ្លូវសត្វស្លាប ទៅកាន់​ផ្លូវកណ្តុរ ទៅកាន់​ផ្លូវជ្រោះ ទៅកាន់ផ្លូវ​មានបន្លាផ្តៅ បុគ្គលនោះ​នឹងលំបាក ចង្អៀត​ចង្អល់ សៅហ្មង ដោយ​ប្រការ​យ៉ាងនេះខ្លះ។ បុគ្គលកាល​ស្វែងរក​មិនបាន រមែង​ទទួល​ទុក្ខ និង​ទោមនស្ស ដែល​មានការ​មិនបាន​ជាមូល បុគ្គលនោះ នឹងលំបាក ចង្អៀត​ចង្អល់ សៅហ្មង ដោយប្រការ​យ៉ាងនេះខ្លះ ។ បុគ្គល​កាលស្វែង​រកទ្រព្យបាន លុះបាន​ហើយ ក៏ទទួល​ទុក្ខ និង​ទោមនស្ស មានការ​ថែរក្សាជា​មូលថា ធ្វើដូច​ម្តេចហ្ន៎ ព្រះរាជា​ទាំងឡាយ​នឹងមិន​នាំយក​ទៅ ចោរទាំងឡាយ នឹងមិន​លួចយក ភ្លើងនឹង​មិនឆេះ ទឹកនឹង​មិនបន្សាត់​ទៅ ជនជា​ទាយាទ​មិនជាទី​ស្រឡាញ់ នឹងមិននាំ​យកភោគៈ​ទាំងឡាយ​របស់អញ កាល​បុគ្គល​នោះ កំពុង​រក្សា កំពុងគ្រប់គ្រង​យ៉ាងនេះ ភោគៈ​ទាំងឡាយ ក៏វិនាសទៅ (បុគ្គល​នោះ) រមែង​ទទួលទុក្ខ និងទោមនស្ស មានការព្រាត់បា្រស​ជាមូល បុគ្គលនោះ​នឹងលំបាក ចង្អៀត​ចង្អល់ សៅហ្មង ដោយប្រការ​យ៉ាងនេះខ្លះ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​នឹងត្រដាប​ត្រដួស ដូចជា​បុគ្គល​ល្ងង់ខ្លៅ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលដែលគេដឹងច្បាស់ហើយថាជាបណ្ឌិត អធិដ្ឋាន​ការប្រព្រឹត្តិ​ម្នាក់ឯង តែខាង​ក្រោយមក ជាអ្នក​ប្រកប​ក្នុង​មេថុនធម្ម នឹងត្រដាបត្រដួស​ដូចបុគ្គល​ល្ងង់ខ្លៅ។

[២៥៥] មុនិក្នុងធម្មវិន័យនេះ ដឹងទោសនុ៎ះហើយ​ក្នុងកាលមុន និងកាល​ខាងក្រោយ គប្បី​ធ្វើការប្រព្រឹត្តិ​ម្នាក់ឯង​ឲ្យមាំ មិន​គប្បីសេព​សមមេថុនធម្ម​ទេ។

[២៥៦] អធិប្បាយពាក្យថា មុនិក្នុងធម្មវិន័យនេះ ដឹងទោស​នុ៎ះហើយ ក្នុងកាលមុន និង​កាលខាង​ក្រោយ ត្រង់ពាក្យថា នុ៎ះ សេចក្តីថា យស និងកេរ្តិ៍ឈ្មោះ ក្នុងភាព​នៃបុគ្គល​ជាសាមណៈ​ក្នុងកាលមុន អាប់យស និងអាប់​កេរ្តិ៍ឈ្មោះ​នៃបុគ្គល​ពោលលា​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ត្រឡប់​មកកាន់​ភេទថោកទាប​ក្នុងកាល​ខាងក្រោយ មុនិដឹង ស្គាល់ ស្ទង់ ពិចារណា ឈ្វេងយល់ ធ្វើឲ្យ​ជាក់ច្បាស់​នូវសម្បតិ្ត និងវិបតិ្តនុ៎ះ។ ពាក្យថា មុនិ សេចក្តី​ថា ញាណ លោកហៅថា មោនៈ បានខាង​បា្រជ្ញាការ​ដឹងច្បាស់។បេ។ មុនិនោះ កន្លង​បណ្តាញ​ជាគ្រឿង​ជាប់ចំពាក់។ ពាក្យថា ក្នុងធម៌វិន័យ​នេះ គឺក្នុង​ទិដ្ឋិនេះ ក្នុងកាល​គួរ​នេះ ក្នុងសេចក្តី​ពេញចិត្ត​នេះ ក្នុងសេចក្តី​ប្រកាន់នេះ ក្នុងធម៌នេះ ក្នុងវិន័យ​នេះ ក្នុង​ធម៌​វិន័យ​នេះ ក្នុងពាក្យ​ជាប្រធាន​នេះ ក្នុងព្រហ្មចរិយៈ​នេះ ក្នុងសាសនា​នៃព្រះសាស្តា​នេះ ក្នុង​អត្តភាព​នេះ ក្នុងមនុស្ស​លោកនេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) មុនិ ក្នុង​ធម្មវិន័យ​នេះ ដឹងច្បាស់​នូវទោស​នុ៎ះហើយ ក្នុងកាលមុន និងកាល​ខាងក្រោយ។

[២៥៧] ពាក្យថា គប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ អធិប្បាយថា បុគ្គល​គប្បីធ្វើ​ការប្រព្រឹត្តិ​ម្នាក់ឯង​ឲ្យមាំ ដោយ​ហេតុពីរ គឺដោយ​ចំណែក​បព្វជ្ជា ឬដោយ​ការលះបង់​ពួក។

បុគ្គលគប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ដោយចំណែក​បព្វជ្ជា តើដូចម្តេច។ បុគ្គល​កាត់ការ​កង្វល់ គឺឃរាវាស​ទាំងអស់ កាត់ការ​កង្វល់ គឺបុត្តភរិយា កាត់ការ​កង្វល់​គឺញាតិ កាត់ការ​កង្វល់គឺ​មិត្ត និងអាមាត្យ កាត់ការ​កង្វល់​គឺការសន្សំ កោរសក់ និងពុកមាត់ ស្លៀក​ដណ្តប់​សំពត់​ជ្រលក់​ដោយ​ទឹកចត់ ចេញចាក​ផ្ទះចូលទៅ​កាន់ផ្នួស ដល់នូវ​ភាពនៃ​ខ្លួនមិន​មានកង្វល់ ត្រាច់ទៅ សម្រាក​សម្រាន្ត សម្រេច​ឥរិយាបថ ប្រព្រឹត្ត​ទៅ រក្សា រស់នៅ ញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅ​តែម្នាក់ឯង បុគ្គល​គប្បីធ្វើ​ការប្រព្រឹត្តិ​ម្នាក់ឯង​ឲ្យមាំ ដោយ​ចំណែក​បព្វជ្ជា​យ៉ាងនេះ។

បុគ្គលគប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ ដោយការ​លះបង់ពួក តើដូចម្តេច។ បុគ្គលនោះ បួសយ៉ាង​នេះហើយ ជាបុគ្គល​ម្នាក់ឯង តែងគប់​រកសេនាសនៈ​ស្ងាត់ គឺព្រៃ​តូច និងព្រៃធំ មិនមាន​សំឡេង មិនមាន​ការគឹកកង ជាទី​បា្រសចាក​ខ្យល់ដែល​កើតអំពី​កាយ​នៃជន ស្ងាត់កំបាំង​របស់មនុស្ស សមគួរ​ដល់ការ​ពួនសម្ងំ។ បុគ្គលនោះ ដើរតែម្នាក់​ឯង ឈរតែ​ម្នាក់ឯង អង្គុយ​តែម្នាក់ឯង សម្រេច​ការដេក​តែម្នាក់ឯង ចូលទៅ​កាន់ស្រុក​ដើម្បី​បិណ្ឌបាត​តែម្នាក់ឯង ត្រឡប់​មកវិញ​តែម្នាក់ឯង អង្គុយ​ក្នុងទីស្ងាត់​តែម្នាក់ឯង អធិដ្ឋាន​ចង្រ្កម​តែម្នាក់​ឯង ត្រាច់ទៅ ​សម្រាក​សម្រាន្ត សម្រេច​ឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅតែម្នាក់​ឯង បុគ្គល​គប្បីធ្វើ​ការប្រព្រឹត្តិម្នាក់​ឯងឲ្យមាំ ដោយ​ការលះបង់​ពួកយ៉ាង​នេះ។ បុគ្គល​គប្បីធ្វើ​នូវការប្រព្រឹត្តិ​ម្នាក់ឯង​ឲ្យមាំ ធ្វើឲ្យ​ខ្ជាប់ខ្ជួន មានការ​សមាទាន​ដ៏មាំ មានការ​សមាទាន ​តាំងនៅ​ក្នុងធម៌​ជាកុសលទាំង​ឡាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​គប្បីធ្វើ​ការប្រព្រឹត្តិម្នាក់ឯង​ឲ្យមាំ។

[២៥៨] ពាក្យថា មិនគប្បីសេពសមមេថុនធម្ម សេចក្តីថា ដែលឈ្មោះថា មេថុនធម្ម បានដល់​ធម៌របស់​អសប្បុរស។បេ។ ហេតុនោះ​ទើបលោក​ហៅថា មេថុនធម្ម។ បុគ្គល​មិនគប្បី​សេព មិនគប្បី​សេពសម មិនគប្បី​សេពព្រម មិនគប្បី​សេព​ចំពោះនូវ​មេថុនធម្ម​ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​សេពសម​មេថុនធម្ម។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

មុនិ ក្នុងធម្មវិន័យនេះ ដឹងទោសនុ៎ះហើយ ក្នុងកាលមុន និង​កាលខាង​ក្រោយ គប្បី​ធ្វើការ​ប្រព្រឹត្ត​ម្នាក់ឯង​ឲ្យមាំ មិនគប្បី​សេពសម​មេថុនធម្ម​ទេ។

[២៥៩] បុគ្គល គប្បីសិក្សាវិវេកតែម្យ៉ាង (ព្រោះ​ថា វិវេក) នុ៎ះ ជាធម៌​ដ៏ឧត្តម​របស់​ព្រះអរិយៈ​ទាំងឡាយ បុគ្គល​មិនគប្បី​សំគាល់ថា ខ្លួនប្រសើរ ដោយ​វិវេក​នោះទេ បុគ្គល​នោះ (នឹងឋិតនៅ) ក្នុងទីជិត​ព្រះនិព្វាន។

[២៦០] ពាក្យថា បុគ្គល គប្បីសិក្សាវិវេកតែម្យ៉ាង សេចក្តីថា វិវេកមាន ៣ គឺកាយ​វិវេក ១ ចិត្តវិវេក ១ ឧបធិវិវេក ១។

កាយវិវេក តើដូចម្តេច។បេ។ នេះ ឧបធិវិវេក។ វិវេករបស់​បុគ្គល​ទាំងឡាយ ដែលមាន​កាយចៀស​ចេញ​ចាកពួក ត្រេកអរ​ចំពោះ​នេក្ខម្មៈ ឈ្មោះថា កាយវិវេក ១ វិវេក​របស់​បុគ្គល​ទាំងឡាយ ដែលមាន​ចិត្តបរិសុទ្ធ ដល់នូវ​សេចក្តី​ផូរផង់​ដ៏ក្រៃលែង ឈ្មោះថា ចិត្តវិវេក ១ វិវេក​របស់បុគ្គល​ទាំងឡាយ ដែលមិន​មាន​ឧបធិកិលេស ដល់នូវ​វិសង្ខារ​គឺ​ព្រះនិព្វាន ឈ្មោះថា ឧបធិវិវេក ១។ ពាក្យថា សិក្សា បានដល់សិក្ខា ៣ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។បេ។ នេះ អធិប្បញ្ញាសិក្ខា។ ពាក្យថា គប្បី​សិក្សា​វិវេក​តែម្យ៉ាង បានសេចក្តី​ថា គប្បីសិក្សា ប្រព្រឹត្ត ប្រព្រឹត្តព្រម សមាទាន ប្រព្រឹត្តទៅ​នូវវិវេក ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​សិក្សាវិវេក​តែម្យ៉ាង។

[២៦១] ពាក្យថា នុ៎ះជាធម៌ដ៏ឧត្តមរបស់ព្រះអរិយៈ​ទាំងឡាយ សេចក្តីថា ព្រះពុទ្ធ​ទាំងឡាយ​ក្តី សាវ័ក​នៃព្រះពុទ្ធ​ទាំងឡាយ​ក្តី ព្រះបច្ចេកពុទ្ធ​ទាំងឡាយ​ក្តី លោកហៅថា ព្រះអរិយៈ គុណជាត​ណា​ដែលឈ្មោះថា វិវេកចរិយា គុណជាតនុ៎ះ ដ៏លើស ប្រសើរ ខ្ពង់ខ្ពស់ ជាប្រធាន ឧត្តម ថ្លៃថ្លា របស់ព្រះអរិយៈ​ទាំងឡាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) នុ៎ះជា​គុណជាត​ដ៏ឧត្តម​របស់ព្រះអរិយៈ​ទាំងឡាយ។

[២៦២] ពាក្យថា មិនគប្បីសំគាល់ថាខ្លួនប្រសើរ ដោយវិវេក​នោះទេ គឺមិន​គប្បីធ្វើ​ការតំកើង មិនគប្បី​ធ្វើអាការ​ឆ្មើងឆ្មៃ មិនគប្បីធ្វើមានះ មិនគប្បី​ធ្វើសេចក្តី​រឹងត្អឹង ដោយ​វិវេកចរិយា​នោះ គឺមិន​គប្បីញុំាង​មានះឲ្យកើត មិនគប្បី​ធ្វើការ​ជាប់ចំពាក់​ដោយ​វិវេកនោះ​មិនគប្បី​ជាអ្នក​រឹងត្អឹង រឹងរូស មានក្បាល​ងើបឡើង​ហើយ ដោយវិវេក​នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​សំគាល់ថា ខ្លួនប្រសើរ ដោយ​វិវេក​នោះទេ។

[២៦៣] ពាក្យថា បុគ្គលនោះ (នឹងឋិតនៅ) ក្នុងទីជិត​ព្រះនិព្វាន គឺបុគ្គល​នោះ (នឹង​ឋិតនៅ) ក្នុងទីជិត ក្នុងទីជុំវិញ ក្នុងទី​អែបនែប ក្នុងទី​មិនឆ្ងាយ ក្នុងទីក្បែរ​ព្រះនិព្វាន ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ (នឹងឋិតនៅ) ក្នុងទីជិត​ព្រះនិព្វាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលគប្បីសិក្សាវិវេកតែម្យ៉ាង (ព្រោះថា វិវេក) នុ៎ះ ជាធម៌​ដ៏ឧត្តម​របស់​ព្រះអរិយៈ​ទាំងឡាយ បុគ្គល​មិនគប្បី​សំគាល់ថា ខ្លួនប្រសើរ​ដោយវិវេក​នោះទេ បុគ្គលនោះ (នឹងឋិតនៅ) ក្នុងទីជិត​ព្រះនិព្វាន។

[២៦៤] ប្រជាជន ដែលជាប់ចំពាក់ក្នុងកាមទាំងឡាយ រមែង​ស្រឡាញ់​មុនិ ដែលជា​អ្នកទទេ អ្នក​ប្រព្រឹត្ត អ្នកមិន​មានសេចក្តី​អាឡោះ​អាល័យ​ក្នុងកាម​ទាំងឡាយ អ្នកឆ្លង​ឱឃៈ។

[២៦៥] អធិប្បាយពាក្យថា មុនិ ជាអ្នកទទេ អ្នកប្រព្រឹត្ត ត្រង់ពាក្យថា ជាអ្នកទទេ គឺជាអ្នក​ទទេ ស្ងាត់ ស្ងាត់សូន្យ គឺថាជា​អ្នកទទេ ស្ងាត់ ស្ងាត់សូន្យ ចាក​កាយទុច្ចរិត ជា​អ្នកទទេ ស្ងាត់ ស្ងាត់សូន្យ ចាក​វចីទុច្ចរិត ចាក​មនោទុច្ចរិត ចាករាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់ក្រវាយ​ទាំងពួង សេចក្តី​រោលរាល​ទាំងពួង សេចក្តី​ក្តៅក្រហាយ​ទាំងពួង អកុសលាភិសង្ខារ​ទាំងពួង។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាង​បា្រជ្ញា ការដឹងច្បាស់។បេ។ មុនិនោះ កន្លងបណ្តាញ គឺគ្រឿង​ជាប់ចំពាក់។ ពាក្យថា អ្នកប្រព្រឹត្ត អ្នកប្រព្រឹត្ត​សម្រាក សម្រាន្ត សម្រេច​ឥរិយាបថ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅ ហេតុនោះ (ទ្រង់​ត្រាស់ថា) មុនិ ជាអ្នកទទេ អ្នកប្រព្រឹត្ត។

[២៦៦] អធិប្បាយពាក្យថា អ្នកមិនមានសេចក្តីអាឡោះអាល័យ ក្នុងកាម​ទាំង​ឡាយ ត្រង់ពាក្យថា កាមទាំងឡាយ បើតាម​ឧទ្ទាន បានដល់កាម ២ គឺវត្ថុកាម ១ កិលេសកាម ១។បេ។ នេះ ហៅថាវត្ថុកាម។បេ។ នេះ ហៅថាកិលេសកាម។ បុគ្គល​កំណត់​ដឹងវត្ថុកាម លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតមាន​នូវកិលេសកាម មិនមាន​អាល័យ​ក្នុងកាម មានការ​លះ​ចោល មានកាម​ខ្ជាក់ចោល មានកាម​ដោះរួច មានកាម​លះបង់ មានកាម​រលាស់ចោល​ហើយ មានរាគៈ​លះបង់ មានរាគៈ​ខ្ជាក់ចោល មានរាគៈ​ដោះរួច មានរាគៈ​លះបង់ មានរាគៈ​រលាស់ចោល​ហើយ មិនមាន​បា្រថ្នា មានទុក្ខ​រលត់ ជាអ្នក​មានចិត្ត​ត្រជាក់ ទទួល​សេចក្តី​សុខ មានចិត្ត​ដ៏ប្រសើរ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកមិន​មានសេចក្តី​អាឡោះ​អាល័យ​ក្នុងកាម​ទាំងឡាយ។

[២៦៧] អធិប្បាយពាក្យថា ប្រជាជនដែលជាប់ចំពាក់​ក្នុងកាម​ទាំងឡាយ រមែង​ស្រឡាញ់ (មុនិ) អ្នកឆ្លង​ឱឃៈ ត្រង់ពាក្យថា ប្រជាជន គឺជាឈ្មោះ​របស់សត្វ។ ប្រជាជន​ត្រេកអរ ជាប់ចំពាក់ ធ្លាក់ចុះ ងល់ងប់ ជ្រុលជ្រប់ ទាក់ ថ្ពក់ ព័ន្ធព័ទ្ធ ក្នុងកាម ប្រជាជន​ទាំងនោះ រមែង​បា្រថ្នា ត្រេកអរ រាប់រក ស្រឡាញ់ កួចកាន់ (ចំពោះមុនិ) ដែលឆ្លង​អន្លង់ គឺកាម ឆ្លង​អន្លង់គឺភព ឆ្លងអន្លង់​គឺទិដ្ឋិ ឆ្លងអន្លង់​គឺអវិជ្ជា ឆ្លង ឆ្លងឡើង ឆ្លងចេញ កន្លង ឈានកន្លង ប្រព្រឹត្ត​រំលងនូវ​ផ្លូវនៃសង្សារ​ទាំងពួង ជាអ្នក​ទៅកាន់ត្រើយ ដល់ត្រើយ ទៅ​កាន់ទី​បំផុត ដល់ទីបំផុត ទៅហើយ​កាន់ទី​ខាងចុង ដល់ទី​ខាងចុង ទៅកាន់ទី​បំផុតជុំវិញ ដល់​ទីបំផុត​ជុំវិញ ទៅកាន់​ទីជាទី​ចប់ស្រេច ដល់ទីជាទី​ចប់ស្រេច ទៅកាន់​ទីពំនាក់ ដល់​ទីពំនាក់ ទៅកាន់​ទីជ្រក​កោន ដល់ទី​ជ្រកកោន ទៅកាន់​ទីពឹង ដល់ទីពឹង ទៅកាន់​ទីមិនមាន​ភ័យ ដល់ទី​មិនមានភ័យ ទៅកាន់​ទីមិនច្យុត ដល់ទី​មិនច្យុត ទៅកាន់​ទីមិនស្លាប់ ដល់ទី​មិនស្លាប់​ ទៅកាន់​ព្រះនិព្វាន ដល់​ព្រះនិព្វាន។ ពួកជនអ្នក​ចំពាក់​បំណុល រមែង​ប្រាថ្នា ស្រឡាញ់​នូវ​ភាពជាអ្នក​មិនមាន​បំណុល យ៉ាងណា ពួកជន​មានជម្ងឺ រមែងប្រាថ្នា ស្រឡាញ់​នូវភាព​ជា​អ្នកមិនមាន​រោគ យ៉ាងណា ពួកជន​ដែលជាប់​ចំណង រមែងប្រាថ្នា ស្រឡាញ់​នូវការ​រួចចាក​ចំណង យ៉ាងណា ពួកជន​ជាទាសៈ រមែងប្រាថា្ន ស្រឡាញ់​នូវភាព​នៃខ្លួន​ជាអ្នក​ជា យ៉ាងណា ពួកជន​ដែលចេញទៅ​កាន់ផ្លូវឆ្ងាយ​ដាច់ស្រយ៉ាល រមែង​ប្រាថ្នា​ស្រឡាញ់​ទីដ៏ក្សេម យ៉ាងណា ពួក​ប្រជាជន ត្រេកអរ ជាប់ចំពាក់ ធ្លាក់ចុះ ងុលងប់ ជ្រុល​ជ្រប់ ទាក់ ថ្ពក់ ព័ន្ធព័ទ្ធ ក្នុងកាម​ទាំងឡាយ ប្រជាជន​ទាំងនោះ រមែងប្រាថ្នា ត្រេកអរ រាប់​រក កួច​កាន់ (ចំពោះមុនិ) ដែលឆ្លង​អន្លង់គឺកាម ឆ្លងអន្លង់​គឺភព។បេ។ ទៅកាន់​ព្រះនិព្វាន ដល់ព្រះនិព្វាន យ៉ាងនោះដែរ ហេតុនោះ (ទ្រង់​ត្រាស់ថា) ប្រជាជន​ដែលជាប់​ចំពាក់​ក្នុង​កាម​ទាំងឡាយ រមែង​ស្រឡាញ់​មុនិ អ្នកឆ្លង​ឱឃៈ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ប្រជាជន ដែលជាប់ចំពាក់ក្នុងកាមទាំងឡាយ រមែងស្រឡាញ់​មុនិ ដែលជា​អ្នកទទេ អ្នកប្រព្រឹត្ត អ្នកមិនមាន​សេចក្តី​អាឡោះ​អាល័យ ក្នុងកាម​ទាំងឡាយ អ្នកឆ្លងឱឃៈ។

ចប់ តិស្សមេត្តេយ្យសុត្តនិទ្ទេស ទី៧ ។

បសូរសុត្តនិទ្ទេស ទី៨

[២៦៨] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ពួកសមណព្រាហ្មណ៍​ដ៏ច្រើន តែង​ពោល​នូវការ​ស្អាត ក្នុងធម៌​របស់ខ្លួន​នេះ មិនពោល​នូវការស្អាត​ក្នុងធម៌ដទៃ អាស្រ័យ​សភាវៈ​ណា រមែង​ពោលថា​ល្អ ក្នុងសភាវៈ​នោះ ជាអ្នក​តាំងនៅ​មាំ​ក្នុងពួកសច្ចៈ​ដោយ​ឡែក។

[២៦៩] ពាក្យថា តែងពោលនូវការស្អាត ក្នុងធម៌របស់​ខ្លួន​នេះ អធិប្បាយថា (សមណ​ព្រាហ្មណ៍​ទាំងឡាយ) តែងពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ក្នុងធម៌នេះថា លោកទៀង ពាក្យនេះ​ជាពាក្យ​ពិត ពាក្យដទៃ​ជាមោឃៈ ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ​ថា លោកមិនទៀង លោកមាន​ទីបំផុត លោកមិន​មានទី​បំផុត ជីវៈនោះ សរីរៈនោះ ជីវៈដទៃ សរីរៈដទៃ សត្វបន្ទាប់​អំពីសេចក្តី​ស្លាប់ កើត​ទៀត​ក៏មាន សត្វបន្ទាប់​អំពីសេចក្តី​ស្លាប់ មិនកើត​ទៀតក៏មាន សត្វបន្ទាប់​អំពីសេចក្តី​ស្លាប់ កើតទៀត​ក៏មាន មិនកើត​ទៀតក៏មាន សត្វបន្ទាប់​អំពីសេចក្តី​ស្លាប់ មិនកើត​ទៀត ក៏មិនមែន កើតទៀត​ក៏មិនមែន ពាក្យនេះ ជាពាក្យពិត ពាក្យដទៃ​ជាមោឃៈ បានពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដូច្នេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) តែងពោល​នូវការស្អាត ក្នុងធម៌​របស់ខ្លួន​នេះ។

[២៧០] ពាក្យថា មិនពោលនូវការស្អាតក្នុងធម៌ដទៃ គឺលើកតំកើងនូវ​គ្រូរបស់ខ្លួន នូវធម៌​ដែលគ្រូ​នោះពោល​ហើយ នូវគណៈ នូវទិដ្ឋិ នូវបដិបទា និងមគ្គ ហើយ​បោះចោល លើកចោល ទំលាក់​ចោលនូវវាទៈ​ដទៃទាំង​អស់ថា សាស្តានោះ មិនមែនជា​សព្វញ្ញូ ធម៌​សាស្តា​នោះ មិនមែន​សំដែងដោយ​ប្រពៃទេ គណៈ មិនមែន​ប្រតិបតិ្ត​ដោយប្រពៃ​ទេ ទិដ្ឋិ មិន​មែនចំរើន​ទេ បដិបទា មិនមែន​បញ្ញត្តដោយ​ប្រពៃទេ មគ្គ មិនមែន​ជា​ទីស្រោច​ស្រង់សត្វ​ទេ ការស្អាត ឬស្អាតវិសេស ឬសេចក្តី​បរិសុទ្ធិ ការរួច ឬរួចវិសេស ឬរួចស្រឡះ មិន​មានក្នុង​ធម៌នុ៎ះ​ឡើយ ពួកសត្វ​រមែងមិន​ស្អាត ឬមិន​ស្អាតវិសេស ឬមិន​បរិសុទ្ធ មិនរួច ឬមិនរួច​វិសេស ឬមិនរួច​ស្រឡះ ក្នុងធម៌នុ៎ះ​ឡើយ ទិដ្ឋិនោះ ថោកទាប ទន់អន់ ទន់ទាប លាមក អាក្រក់ តិចតួច ពួកសមណ​ព្រាហ្មណ៍ ពោលយ៉ាងនេះ សំដែង​យ៉ាងនេះ ពណ៌នា​​យ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះ ដោយ​ប្រការដូច្នេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនពោល​នូវការស្អាត​ក្នុងធម៌​ដទៃ។

[២៧១] អធិប្បាយពាក្យថា អាស្រ័យសភាវៈណា រមែងពោលថាល្អ ក្នុងសភាវៈ​នោះ ត្រង់ពាក្យថា អាស្រ័យ​សភាវៈណា គឺអាស្រ័យ ពឹងផ្អែក ជាប់ស្អិត ដល់ស៊ប់ ចុះស៊ប់ ជឿជាក់​នូវគ្រូ ធម៌ដែល​គ្រូនោះ​ពោលហើយ គណៈ ទិដ្ឋិ បដិបទា មគ្គណា។ ពាក្យថា ក្នុងសភាវៈ​នោះ គឺក្នុងទិដ្ឋិ​របស់ខ្លួន សេចក្តី​គួររបស់​ខ្លួន សេចក្តី​គាប់ចិត្ត​របស់​ខ្លួន លទ្ធិ​របស់ខ្លួន។ ពាក្យថា ពោល​ថាល្អ គឺពោល​ថាល្អ ពោលថា​ស្អាត ពោលថាជា​បណ្ឌិត ពោលថា​ជាអ្នកបា្រជ្ញ ពោលថា​របស់​គួរដឹង ពោលថា​ជាហេតុ ពោលថា​ជា​លក្ខណៈ ពោលថា​ជាការណ៍ ពោលថា​ជាឋានៈ ក្នុងលទ្ធិ​របស់ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) អាស្រ័យ​សភាវៈ​ណា រមែង​ពោលថាល្អ ក្នុងសភាវៈ​នោះ។

[២៧២] ពាក្យថា ពួកសមណព្រាហ្មណ៍​ដ៏ច្រើន ជាអ្នក​តាំងនៅមាំ ក្នុងពួក​សច្ចៈ​ដោយឡែក សេចក្តីថា ពួកសមណ​ព្រាហ្មណ៍​ដ៏ច្រើន ជាអ្នក​មុតមាំ តាំងនៅ ជាប់ស្អិត ដល់ស៊ប់ ចុះស៊ប់ ជឿជាក់​ក្នុងពួកសច្ចៈ​ដោយឡែក​ដ៏ច្រើន គឺជា​អ្នកមុតមាំ តាំងនៅ ជាប់ស្អិត ដល់ស៊ប់ ចុះស៊ប់ ជឿជាក់ថា លោកទៀង នេះជា​ពាក្យពិត ពាក្យដទៃ ជា​មោឃៈ ជាអ្នកមុតមាំ តាំងនៅ ជាប់ស្អិត ដល់ស៊ប់ ជឿជាក់ថា​ លោកមិនទៀង។បេ។ សត្វបន្ទាប់​អំពី​សេចក្តីស្លាប់ កើតទៀត​ក៏មិនមែន មិនកើត​ទៀតក៏មិន​មែន នេះជាពាក្យ​ពិត ពាក្យដទៃ​ជាមោឃៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) ពួកសមណ​ព្រាហ្មណ៍​ដ៏ច្រើន ជា​អ្នកតាំង​នៅមាំ​ក្នុងពួក​សច្ចៈដោយ​ឡែក។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ពួកសមណព្រាហ្មណ៍ដ៏ច្រើន តែងពោល​នូវការស្អាត ក្នុងធម៌​របស់ខ្លួន​នេះ មិនពោល​នូវការ​ស្អាត​ក្នុងធម៌ដទៃ អាស្រ័យ​សភាវៈណា រមែ​ងពោលថាល្អ ក្នុងសភាវៈ​នោះ ជាអ្នក​តាំងនៅមាំ ក្នុងពួកសច្ចៈ​ដោយឡែក។

[២៧៣] ជនទាំងនោះ ជាអ្នកប្រាថ្នាវាទៈ ចុះកាន់​បរិស័ទ ជាជនមាន​គូ ដុតគ្នាទៅ​វិញ​ទៅមក ថាពាល ជនទាំងនោះ អាស្រ័យ​សភាពដទៃ ពោល​ពាក្យ​ឥតឱជា ជាអ្នក​ប្រាថ្នាការ​សរសើរ មានវាទៈ​ដ៏ឈ្លាស។

[២៧៤] អធិប្បាយពាក្យថា ជនទាំងនោះ ប្រាថ្នាវាទៈ ចុះកាន់បរិស័ទ ត្រង់ពាក្យថា ជនទាំង​នោះប្រាថ្នា​វាទៈ គឺជន​ទាំងនោះ ប្រាថ្នា​នូវវាទៈ ត្រូវការ​ដោយវាទៈ ប៉ុនប៉ង​នូវវាទៈ ធ្វើវាទៈ​ឲ្យតាំងនៅ​ខាងមុខ ត្រាច់ទៅ​ស្វែងរកវាទៈ។ ពាក្យថា ចុះកាន់បរិស័ទ គឺចុះទៅ លុកទៅ ចុះសំដៅ ចូលទៅ​រក​ខតិ្តយ​បរិស័ទ ព្រាហ្មណ​បរិស័ទ គហបតិ​បរិស័ទ សមណ​បរិស័ទ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនទាំងនោះ ប្រាថ្នាវាទៈ ចុះកាន់​បរិស័ទ។

[២៧៥] អធិប្បាយពាក្យថា ជាជនមានគូ ដុតគ្នាទៅ​វិញទៅមក ថាពាល ត្រង់​ពាក្យថា ជាជន​មានគូ គឺគ្នាពីរនាក់ គឺថា អ្នកធ្វើនូវ​ជំលោះ​ពីរនាក់ អ្នកធ្វើ​នូវការ​ប្រកួត​ប្រកាន់​ពីរនាក់ អ្នកធ្វើនូវ​តិរច្ឆានកថា​ពីរនាក់ អ្នកធ្វើនូវ​វិវាទពីរ​នាក់ អ្នកធ្វើនូវ​អធិករណ៍​ពីរនាក់ អ្នកល្មោភ​និយាយ​ពីរនាក់ អ្នកចរចា​ទៅមក​ពីរនាក់ ជនទាំង​នោះ តែងដុត មើលឃើញ ក្រឡេកមើល សំឡឹងមើល ពិចារណា​មើលនូវ​គ្នានឹងគ្នា ថាពាល ថោកទាប ថោកទាប​ពេក ទន់ទាប លាមក អាក្រក់ តិចតួច ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាជន​មានគូ ដុតនូវ​គ្នាទៅវិញ​ទៅមក ថាពាល។

[២៧៦] ពាក្យថា ជនទាំងនោះ អាស្រ័យសភាវៈដទៃ ពោលពាក្យ​ឥតឱជា គឺ​អាស្រ័យ ពឹងផ្អែក ជាប់ស្អិត ដល់ស៊ប់ ចុះស៊ប់ ជឿជាក់​នូវសាស្តា ធម៌ដែល​សាស្តា​នោះសំដែង​ហើយ គណៈ ទិដ្ឋិ បដិបទា មគ្គ​ដទៃ។ ការឈ្លោះ ប្រកួតប្រកាន់ ទាស់ទែង វិវាទ បែកខ្ញែកគ្នា លោកហៅថា ពាក្យ​ឥតឱជា។ មួយទៀត ពាក្យថា ពាក្យឥតឱជា គឺសំដី​នោះ មិនមាន​ឱជា។ ជនទាំងនោះ ពោលពាក្យមិនមាន​ឱជារស គឺពោល​ជំលោះ ពោល​ការ​ប្រកួតប្រកាន់ ពោលការ​ទាស់ទែង ពោលវិវាទ ពោល ពណ៌នា បំភ្លឺ ថ្លែង នូវការ​បែកខ្ញែក​គ្នា ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនទាំងនោះ អាស្រ័យ​សភាវៈដទៃ ពោលពាក្យ​ឥតឱជា។

[២៧៧] ពាក្យថា ជាអ្នកប្រាថ្នាការសរសើរ មានវាទៈ​ដ៏ឈ្លាស ត្រង់ពាក្យថា ជាអ្នក​ប្រាថ្នា​ការសរសើរ គឺប្រាថ្នា​ការសរសើរ ត្រូវការ​ការសរសើរ ប៉ុនប៉ង​ការសរសើរ ធ្វើការ​សរសើរ ឲ្យតាំង​នៅខាងមុខ ត្រាច់ស្វែង​រកការ​សរសើរ។ ពាក្យថា ជាអ្នកមាន​វាទៈ​ដ៏ឈ្លាស គឺមានវាទៈ​ដ៏ឈ្លាស មានវាទៈ​ជាបណ្ឌិត មានវាទៈ​ជាអ្នកប្រាជ្ញ មានវាទៈ​ប្រកប​ដោយ​ញាណ មានវាទៈ​ជាហេតុ មានវាទៈ​ជាលក្ខណៈ មានវាទៈ​ជាការណ៍ មាន​វាទៈ​ជាឋានៈ ក្នុងលទ្ធិ​របស់ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​ប្រាថ្នាការ​សរសើរ មានវាទៈ​ដ៏ឈ្លាស។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ជនទាំងនោះ ជាអ្នកប្រាថ្នាវាទៈ ចុះកាន់បរិស័ទ ជាជន​មានគូ ដុតគ្នា​ទៅវិញ​ទៅមក ថាពាល ជន​ទាំងនោះ អាស្រ័យ​សភាវៈ​ដទៃ ពោលពាក្យ​ឥតឱជា ជាអ្នក​ប្រាថ្នាការ​សរសើរ មានវាទៈ​ដ៏ឈ្លាស។

[២៧៨] បុគ្គលណា ប្រកបការពោល​ក្នុងកណ្តាល​បរិស័ទ ប្រាថ្នា​សេចក្តី​សរសើរ​បុគ្គល​នោះ រមែង​ចង្អៀតចិត្ត កាលបើ​គេបំបាត់​សំដីហើយ រមែង​អៀនអន់ បុគ្គល​អ្នកស្វែង​រកទោស​នោះ រមែងខឹង ព្រោះការ​និន្ទា។

[២៧៩] ពាក្យថា ប្រកបការពោលក្នុងកណ្តាលបរិស័ទ គឺប្រកប ប្រកបរឿយៗ ប្រកប​ទួទៅ ប្រកបទួទៅព្រម ប្រកប​រឿយៗព្រម ក្នុងពាក្យ​របស់ខ្លួន ដើម្បីពោល​ក្នុង​កណ្តាល​ខត្តិយបរិស័ទ​ក្តី ព្រាហ្មណបរិស័ទ​ក្តី គហបតិបរិស័ទ​ក្តី សមណបរិស័ទ​ក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) ប្រកបការ​ពោល​ក្នុងកណ្តាល​បរិស័ទ។

[២៨០] អធិប្បាយពាក្យថា ប្រាថ្នាសេចក្តីសរសើរ បុគ្គលនោះ រមែង​ចង្អៀតចិត្ត ត្រង់​ពាក្យថា ប្រាថ្នា​សេចក្តី​សរសើរ គឺប្រាថ្នា​ត្រេកអរ ប៉ុនប៉ង ស្រឡាញ់ ជាប់ចិត្ត នូវ​សេចក្តី​សរសើរ សេចក្តីស្ងើច កេរ្តិឈ្មោះ សេចក្តីចំរើន​ដោយគុណ។ ពាក្យថា រមែង​ចង្អៀត​ចិត្ត គឺមាន​សេចក្តី​សង្ស័យ​នឹងការចរចា រមែង​ចង្អៀតចង្អល់​មុនថា អាត្មាអញ នឹងមាន​ជ័យឬ ឬថាអាត្មាអញ​នឹងបរាជ័យ អាត្មាអញ​នឹងធ្វើការ​ផ្ទុញផ្ទាល់​ដូចម្តេចហ្ន៎ នឹងធ្វើ​ការបន្ថយ​ដូចម្តេចហ្ន៎ នឹងធ្វើ​ឲ្យវិសេស​ដូចម្តេចហ្ន៎ នឹងធ្វើឲ្យ​វិសេស​តបវិញ​ដូច​ម្តេចហ្ន៎ នឹងធ្វើឲ្យ​ធ្លុះធ្លាយ​ដូចម្តេចហ្ន៎ នឹងធ្វើឲ្យ​ធ្លុះធ្លាយ​រហូត​ដូចម្តេចហ្ន៎ នឹងធ្វើឲ្យ​ដាច់​ដូចម្តេចហ្ន៎ នឹងធ្វើឲ្យ​មានមណ្ឌល​ដូចម្តេចហ្ន៎ ជាអ្នក​មានសេចក្តី​សង្ស័យ​នឹងការ​ចរចា រមែង​ចង្អៀត​ចង្អល់​មុនយ៉ាងនេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ប្រាថ្នា​សេចក្តី​សរសើរ បុគ្គលនោះ រមែង​ចង្អៀតចិត្ត។

[២៨១] ពាក្យថា កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់ អធិប្បាយ​ថា ពួកជន​ណា ជាបរិស័ទ អ្នកពិចារណា​នូវប្រស្នា មានសេចក្តី​អាណិត ជនទាំង​នោះ តែង​បំបាត់ គឺបំបាត់​ព្រោះអត្ថថា លោកពោល ប្រាសចាកអត្ថ បំបាត់​ព្រោះព្យញ្ជនៈ​ថា លោក​ពោល​ប្រាសចាក​ព្យញ្ជនៈ បំបាត់​ព្រោះអត្ថ និងព្យញ្ជនៈ​ថា លោកពោល​ប្រាសចាក​អត្ថ និង​ព្យញ្ជនៈ បំបាត់ថា អត្ថ លោកនាំ​ចេញខុស ​ព្យញ្ជនៈ លោកលើក​ឡើងខុស អត្ថ និង​ព្យញ្ជនៈ លោកនាំ​ចេញខុស លើកឡើង​ខុស លោកធ្វើការ​សង្កត់សង្កិន​មិនកើតទេ លោក​ធ្វើការ​បន្ថយខុស លោកធ្វើ​ឲ្យវិសេស​មិនកើតទេ លោកធ្វើ​ឲ្យវិសេស​តបវិញខុស លោកធ្វើឲ្យ​ធ្លុះ​ធ្លាយមិន​កើតទេ លោកធ្វើ​ឲ្យធ្លុះធ្លាយ​រហូតខុស លោកធ្វើ​ឲ្យដាច់​មិនកើតទេ លោក​ធ្វើឲ្យ​មានមណ្ឌល​ខុស សំដែង​មិនល្អទេ ពណ៌នា​មិនល្អទេ ចរចា​មិនល្អទេ និយាយ​មិន​ល្អទេ ថ្លែងមិន​ល្អទេ។ ពាក្យថា កាលបើគេ​បំបាត់សំដី​ហើយ រមែង​អៀនអន់ បាន​សេចក្តី​ថា កាលបើ​គេបំបាត់​សំដីហើយ រមែង​អៀនអន់ គឺ​មានសេចក្តី​លំបាកចិត្ត ចង្អៀត​ចង្អល់​ចិត្ត តឹងចិត្ត ទោមនស្ស ហេតុនោះ (ទ្រង់​ត្រាស់ថា) កាលបើ​គេបំបាត់​សំដីហើយ រមែង​អៀនអន់។

[២៨២] អធិប្បាយពាក្យថា បុគ្គលអ្នកស្វែងរកទោសនោះ រមែងខឹង​ព្រោះ​ការនិន្ទា ត្រង់​ពាក្យថា ព្រោះ​ការនិន្ទា គឺព្រោះ​ការនិន្ទា ព្រោះការ​តិះដៀល ព្រោះការ​បង្អាប់ ព្រោះ​ការមិន​ចំរើន​ដោយគុណ។ ពាក្យថា រមែងខឹង គឺរមែងខឹង ប្រទូស្ត ក្រេវក្រោធ ធ្វើសេចក្តី​ក្រោធផង ទោសៈផង សេចក្តី​មិនត្រេកអរ​ផង ឲ្យប្រាកដ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ រមែងខឹង ព្រោះការនិន្ទា។ ពាក្យថា ស្វែងរក​ទោស គឺ​ស្វែងរកទោស ស្វែង​រកទោស​ផ្សេងៗ ស្វែងរក​កំហុស ស្វែងរក​សេចក្តី​ភ្លាំងភា្លត់ ស្វែង​រកសេចក្តី​ឃ្លៀង​ឃ្លាត ស្វែងរក​ចន្លោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលអ្នក​ស្វែងរក​ទោសនោះ រមែង​ខឹង ព្រោះ​ការនិន្ទា។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលណា ប្រកបការពោល​ក្នុងកណ្តាលបរិស័ទ ប្រាថ្នា​សេចក្តី​សរសើរ បុគ្គលនោះ រមែង​ចង្អៀតចិត្ត កាលបើ​គេបំបាត់​សំដីហើយ រមែងអៀនអន់ បុគ្គល​អ្នកស្វែង​រកទោស​នោះ រមែងខឹង ព្រោះការ​និន្ទា។

[២៨៣] ពួកជន អ្នកពិចារណាប្រស្នា បានពោលវាទៈ​របស់ជននោះ ថាថោកទាប ថាគួរ​បំបាត់​ចោល បុគ្គល​អ្នកមាន​វាទៈ​ថោកទាប រមែង​យំរៀបរាប់ សោក​ស្តាយ ​ត្អូញត្អែរ​ថា គេកន្លង​អាត្មាអញ។

[២៨៤] ពាក្យថា ពោលវាទៈ​របស់ជននោះ ថាថោកទាប គឺពោល​យ៉ាងនេះ សំដែង​យ៉ាងនេះ ពណ៌នា​យ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះ នូវវាទៈ​របស់​បុគ្គល​នោះ ថាថោកទាប ទន់អន់ ទន់ទាប សាបសូន្យ មិនបរិបូណ៌ ហេតុនោះ (ទ្រង់​ត្រាស់ថា) ពោលវាទៈ​របស់​ជន​នោះ ថាថោកទាប។

[២៨៥] ពាក្យថា ពួកជន អ្នកពិចារណានូវប្រស្នា … ថា គួរបំបាត់ចោល គឺពួក​បរិស័ទ​ណា ជាអ្នក​ពិចារណា​ប្រស្នា មានសេចក្តី​អាណិត​ពួកបរិស័ទ​នោះ តែងបំបាត់ គឺបំបាត់​ព្រោះអត្ថ​ថា លោកពោល​ប្រាសចាក​អត្ថ បំបាត់​ព្រោះព្យញ្ជនៈ​ថា លោកពោល​ប្រាសចាក​ព្យញ្ជនៈ បំបាត់​ព្រោះអត្ថ និងព្យញ្ជនៈ​ថា លោកពោល​ប្រាសចាក​អត្ថ និង​ព្យញ្ជនៈ ​បំបាត់​ថា អត្ថ លោក​នាំចេញខុស ព្យញ្ជនៈ​ លោក​លើកឡើងខុស អត្ថ និងព្យញ្ជនៈ លោក​នាំចេញខុស លើកឡើងខុស លោកធ្វើ​ការសង្កត់​សង្កិនមិន​កើតទេ ធ្វើការ​បន្ថយខុស លោកធ្វើ​ឲ្យវិសេស​មិនកើតទេ លោកធ្វើឲ្យ​វិសេស​តបវិញខុស លោកធ្វើ​ឲ្យធ្លុះធ្លាយ​មិន​​កើតទេ លោកធ្វើ​ឲ្យធ្លុះធ្លាយ​ល្ហូតខុស លោកធ្វើ​ឲ្យដាច់​មិនកើត​ទេ លោកធ្វើឲ្យ​មាន​មណ្ឌលខុស សំដែង​មិនល្អទេ ពណ៌នាមិន​ល្អទេ ចរចា​មិនល្អទេ និយាយ​មិនល្អទេ ថ្លែង​មិនល្អទេ ​ហេតុនោះ (ទ្រង់​ត្រាស់ថា) ពួកជន​អ្នកពិចារណា​ប្រស្នា … ថា គួរបំបាត់​ចោល។

[២៨៦] អធិប្បាយពាក្យថា បុគ្គលអ្នកមានវាទៈដ៏ថោកទាប រមែងយំ​រៀបរាប់ សោក​ស្តាយ ត្រង់ពាក្យថា រមែង​យំរៀបរាប់ គឺការចរចា​ដោយវាចា ការចរចា​រឿយៗ ការយំ​រៀបរាប់ អាការយំ​រៀបរាប់ ភាពនៃ​ការយំរៀប​រាប់ណា មានសភាព​យ៉ាងនេះថា អាត្មាអញ​នឹងឃើញ​របស់ដទៃ គិតឃើញ​របស់ដទៃ ចាំទុក​របស់ដទៃ កត់ត្រា​ទុករបស់​ដទៃ បុគ្គលនោះ ជាអ្នក​មានពួកច្រើន មាន​បរិស័ទច្រើន មាន​បរិវាច្រើន ឯបរិស័ទនេះ ជាពួកមិន​ព្រមព្រៀងគ្នា ទាំងការ​ចរចាដោយ​ពាក្យ ដើម្បីសេចក្តី​ព្រមព្រៀងគ្នា ចូរមាន​ចុះ អាត្មាអញ​នឹងបំបែកវិញ ហេតុនោះ (ទ្រង់​ត្រាស់ថា) រមែងយំ​រៀបរាប់។ ពាក្យថា សោកស្តាយ គឺ​សោកស្តាយ​ថា គេមានជ័យ សោកស្តាយថា អាត្មាអញ​បរាជ័យ សោកស្តាយ​ថា គេមានលាភ សោកស្តាយថា អាត្មាអញ​ឥតលាភ សោកស្តាយ​ថា គេមាន​យស សោកស្តាយ​ថា អាត្មាអញ​ឥតយស សោកស្តាយថា គេបាន​សេចក្តី​សរសើរ សោកស្តាយ​ថា អាត្មាអញបាន​និន្ទា សោកស្តាយ​ថា គេបានសុខ សោកស្តាយ​ថា អាត្មាអញ​បានទុក្ខ សោកស្តាយ លំបាកចិត្ត យំរៀបរាប់ យំគក់ទ្រូង ដល់នូវ​សេចក្តី​វង្វេងថា បុគ្គលនោះ មានគេ​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នក​បានចីវរ បិណ្ឌាបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជ​បរិក្ខារ អាត្មាអញ គេមិនធ្វើ​សក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង មិនបានចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ​ទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) យំរៀបរាប់ សោកស្តាយ។ ពាក្យថា មានវាទៈ​ដ៏ថោកទាប គឺមានវាទៈ​ដ៏ថោកទាប មានវាទៈ​ទន់អន់ មានវាទៈ​សាប​សូន្យ មានវាទៈ​ខ្វះខាត មានវាទៈ​មិនបរិបូណ៌ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​មានវាទៈ​ថោកទាប រមែងយំ​រៀបរាប់ សោកស្តាយ។

[២៨៧] ពាក្យថា ត្អូញត្អែរថា គេកន្លងអាត្មាអញ គឺត្អូញត្អែរថា គេបំពាន រំលោភលើ ប្រព្រឹត្តកន្លង រំលងពីលើ រំលោភពី​លើវាទៈ​ដោយវាទៈនឹងអញ ហេតុនោះ (ទ្រង់ត្រាស់​ថា) ត្អូញត្អែរថា គេកន្លង​អាត្មាអញ​ យ៉ាងនេះខ្លះ។ មួយទៀត ត្អូញត្អែរថា បុគ្គល​នោះ គ្របសង្កត់ ពន្លិចពន្លង់ រួបរឹត ញាំញី​នូវវាទៈ ដោយវាទៈ​នឹងអញ ហើយត្រាច់​ទៅ សម្រាន្ត​នៅ ញុំាង​ឥរិយាបថ​ឲ្យប្រព្រឹត្ត​ទៅ ញុំាងការ​ប្រព្រឹត្តិ​ឥរិយាបថ​ឲ្យកើតឡើង រក្សា​ឥរិយាបថ បំពេញ​ឥរិយាបថ បង្រ្គប់​ឥរិយាបថ ហេតុនោះ (ទ្រង់​ត្រាស់ថា) ត្អូញត្អែរថា គេកន្លង​អាត្មាអញ ​យ៉ាងនេះខ្លះ។ ការចរចា​ដោយវាចា ការចរចា​ផ្សេងៗ ការ​យំរៀបរាប់ អាការ​យំរៀបរាប់ ភាពនៃការ​យំរៀបរាប់ លោក​ហៅថា ការ​ត្អូញត្អែរ ហេតុនោះ (ទ្រង់​ត្រាស់ថា) ត្អូញត្អែរ គេកន្លង​អាត្មាអញ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ពួកជនអ្នកពិចារណាប្រស្នា បានពោលវាទៈ​របស់ជននោះ ថាថោកទាប ថាគួរ​បំបាត់ចោល បុគ្គល​អ្នកមានវាទៈ​ដ៏ថោកទាប រមែងយំ​រៀបរាប់ សោកស្តាយ ត្អូញត្អែរថា គេកន្លង​អាត្មាអញ។

[២៨៨] វិវាទទាំងនុ៎ះ កើតក្នុងពួកសមណៈ កិរិយាធូរចិត្ត និងការតឹងចិត្ត រមែងមាន​ព្រោះវាទៈ​ទាំងនេះ បុគ្គលឃើញ​ទោសនេះ​ហើយ ត្រូវវៀរបង់​សំដីមិនមាន​ឱជា ដ្បិត​ប្រយោជន៍​ដទៃមិនមាន ព្រោះកិរិយា​បានពាក្យ​សរសើរទេ។

[២៨៩] អធិប្បាយពាក្យថា វិវាទទាំងនុ៎ះ កើតក្នុងពួកសមណៈ ត្រង់ពាក្យថា ពួក​សមណៈ គឺពួកជន​ណាមួយ ដែលចូល​ទៅកាន់ផ្នួស ជាបរិព្វាជក ចូលទៅរក​បរិព្វាជក ខាងក្រៅ​អំពីសាសនា​នេះ ជំលោះ​ព្រោះទិដ្ឋិ ការប្រកួត​ប្រកាន់​ព្រោះទិដ្ឋិ ការ​ទាស់​ទែង​ព្រោះទិដ្ឋិ ​ការវិវាទ​ព្រោះទិដ្ឋិ ការបែកខ្ញែក​គ្នាព្រោះទិដ្ឋិ​ទាំងនុ៎ះ កើត កើតព្រម លេចឡើង លេច​ឡើងប្រាកដ កើតប្រាកដ ក្នុងពួកសមណៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) វិវាទទាំងនុ៎ះ កើត​ក្នុងពួក​សមណៈ។

[២៩០] ពាក្យថា កិរិយាធូរចិត្ត និងការតឹងចិត្ត រមែងមាន ព្រោះវាទៈ​ទាំងនេះ អធិប្បាយ​ថា ជ័យ និងបរាជ័យ រមែងមាន លាភ និងឥតលាភ រមែងមាន យស និងឥត​យស រមែងមាន និន្ទា និងសេចក្តី​សរសើរ រមែងមាន សុខ និងទុក្ខ រមែងមាន សោមនស្ស និង​ទោមនស្ស រមែងមាន របស់ជាទី​ប្រាថ្នា និងមិន​ជាទីប្រាថ្នា រមែងមាន សេចក្តី​ត្រេកអរ និង​ការថ្នាំងថ្នាក់ រមែងមាន កិរិយា​ធូរចិត្ត និងការ​តឹងចិត្ត រមែងមាន សេចក្តី​ត្រេកអរ និង​ការខឹង រមែងមាន ចិត្តធូរ​ព្រោះការឈ្នះ ចិត្តតឹង​ព្រោះការចាញ់ ចិត្ត​ធូរ ព្រោះលាភ ចិត្តតឹង ព្រោះឥតលាភ ចិត្តធូរ ព្រោះយស ចិត្តតឹង ព្រោះឥតយស ចិត្តធូរ ព្រោះ​សេចក្តី​សរសើរ ចិត្តតឹង ព្រោះនិន្ទា ចិត្តធូរ ព្រោះសុខ ចិត្តតឹង ព្រោះទុក្ខ ចិត្តធូរ ព្រោះ​សោមនស្ស ចិត្តតឹង ព្រោះ​ទោមនស្ស ចិត្តធូរ ព្រោះការ​ប៉ោងឡើង ចិត្តតឹង ព្រោះការ​ទ្រោមចុះ ហេតុ​នោះ (ទ្រង់​ត្រាស់ថា) ការធូរចិត្ត និងការ​តឹងចិត្ត រមែង​មាន ព្រោះវាទៈ​ទាំងនេះ។

[២៩១] អធិប្បាយពាក្យថា បុគ្គលឃើញទោសនេះហើយ ត្រូវវៀរបង់​សំដីមិន​មានឱជា ត្រង់ពាក្យថា ឃើញ​ទោសនេះ គឺឃើញ យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យច្បាស់ ធ្វើឲ្យ​ប្រាកដ​នូវទោស​នេះ ក្នុងការ​ឈ្លោះព្រោះ​ទិដ្ឋិ ក្នុងការ​ប្រកួតប្រកាន់​ព្រោះទិដ្ឋិ ក្នុងការ​ទាស់ទែង​ព្រោះទិដ្ឋិ ក្នុងវិវាទ​ព្រោះទិដ្ឋិ ក្នុងការ​បែកខ្ញែកគ្នា​ព្រោះទិដ្ឋិ ហេតុនោះ (ទ្រង់​ត្រាស់ថា) ឃើញ​ទោសនេះ។ ពាក្យថា ត្រូវវៀរបង់​សំដីមិន​មានឱជា គឺជំលោះ ការ​ប្រកួត​ប្រកាន់ ការទាស់ទែង ការវិវាទ ការបែកខ្ញែកគ្នា លោកហៅថា សំដី​មិនមាន​ឱជា។ មួយទៀត ពាក្យមិន​មានឱជានោះ ហៅថា សំដីមិន​មានឱជា។ បុគ្គល​មិនគប្បីធ្វើ​សំដីមិន​មានឱជា គឺមិនគប្បី​ធ្វើជំលោះ មិនគប្បី​ធ្វើការ​ប្រកួតប្រកាន់ មិនគប្បី​ធ្វើការ​ទាស់ទែង មិនគប្បី​ធ្វើការវិវាទ មិនគប្បី​ធ្វើការ​បែកខ្ញែកគ្នា គប្បីលះបង់ គប្បី​បន្ទោបង់ គប្បីធ្វើ​ឲ្យវិនាស គប្បីឲ្យដល់​នូវការមិន​កើតមាន​ជំលោះ ការប្រកួត​ប្រកាន់ ការទាស់ទែង ការ​វិវាទ និងការ​បែកខ្ញែកគ្នា។ បុគ្គល​គប្បីជា​អ្នកឆ្ងាយ វៀរស្រឡះ វៀរចំពោះ ចៀសវាង លះបង់ ផុតស្រឡះ ប្រកប​ ប្រាសចាក​ជម្លោះ ការប្រកួតប្រកាន់ ការទាស់ទែង ការវិវាទ និងការ​បែកខ្ញែកគ្នា ហើយ​សម្រាន្ត​នៅដោយចិត្ត​ដែល​ប្រាសចាក​ដែន​គឺកិលេស ហេតុ​នោះ (ទ្រង់​ត្រាស់ថា) ឃើញទោស​នេះហើយ ត្រូវវៀរ​បង់សំដី​មិនមានឱជា។

[២៩២] ពាក្យថា ដ្បិតប្រយោជន៍ដទៃមិនមាន ព្រោះការ​បានសេចក្តី​សរសើរ សេចក្តី​ថា ប្រយោជន៍​ដទៃ​មិនមាន ព្រោះការ​បានសេចក្តី​សរសើរ គឺប្រយោជន៍​របស់​ខ្លួន​ក្តី ប្រយោជន៍​របស់បុគ្គល​ដទៃក្តី ប្រយោជន៍​ទាំងពីរក្តី ប្រយោជន៍​បច្ចុប្បន្នក្តី ប្រយោជន៍​ក្នុងលោក​ខាងមុខក្តី ប្រយោជន៍​រាក់ក្តី ប្រយោជន៍​ជ្រៅក្តី ប្រយោជន៍​លាក់ក្តី ប្រយោជន៍​កំបាំងក្តី ប្រយោជន៍​ដែលត្រូវ​ដឹកនាំក្តី ប្រយោជន៍​ដែលដឹកនាំ​ហើយក្តី ប្រយោជន៍​មិន​មានទោស​ក្តី ប្រយោជន៍​មិនមាន​កិលេសក្តី ប្រយោជន៍​ផូរផង់ក្តី ប្រយោជន៍​មានអត្ថ​ដ៏ឧត្តមក្តី រមែង​មិនមាន មិនមានព្រម មិនកើតមាន ហេតុនោះ (ទ្រង់ត្រាស់ថា) ដ្បិត​ប្រយោជន៍​ដទៃ មិនមាន ព្រោះការ​បានសេចក្តី​សរសើរ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

វិវាទទាំងនុ៎ះ កើតក្នុងពួកសមណៈ កិរិយាធូរចិត្ត និងការតឹងចិត្ត រមែងមាន ព្រោះ​វិវាទ​ទាំងនេះ បុគ្គល​ឃើញទោស​នេះហើយ ត្រូវវៀរ​បង់សំដី​មិនមាន​ឱជា ដ្បិត​ប្រយោជន៍​ដទៃ មិនមាន ព្រោះការ​បានពាក្យ​សរសើរទេ។

[២៩៣] មួយទៀត បុគ្គលនោះពោលវាទៈក្នុងកណ្តាល​បរិស័ទ ត្រូវគេសរសើរ​ក្នុងសភាវៈ​នោះហើយ រមែង​រីករាយ ក្រអឺតក្រអោង ដោយ​ហេតុនោះ​ ដល់នូវ​ប្រយោជន៍​នោះ​ហើយ ជាបុគ្គល​មាន​ចិត្តតាំង​នៅដូច​ដើម។

[២៩៤] ពាក្យថា ក្នុងសភាវៈនោះ របស់ពាក្យថា មួយទៀត ត្រូវគេសរសើរ​ហើយ ក្នុង​សភាវៈនោះ គឺត្រូវ​គេសរសើរ លើកតំកើង ប្រកាសគុណ ពណ៌នា​គុណក្នុង​ទិដ្ឋិរបស់​ខ្លួន ក្នុងការ​គួររបស់ខ្លួន ក្នុងសេចក្តី​ពេញចិត្ត​របស់ខ្លួន ក្នុងលទ្ធិ​របស់ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) មួយទៀត ត្រូវគេសរសើរ​ហើយ ក្នុងសភាវៈ​នោះ។

[២៩៥] ពាក្យថា ពោលវាទៈក្នុងកណ្តាលបរិស័ទ គឺពោល ប្រាប់វាទៈ​របស់ខ្លួន ពោល ប្រាប់ បំពេញ ចំរើន សំដែង បំភ្លឺ ថ្លែង កំណត់​អនុវាទៈ​របស់ខ្លួន ក្នុងកណ្តាល​ខត្តិយបរិស័ទ​ក្តី ព្រាហ្មណ​បរិស័ទក្តី គហបតិ​បរិស័ទក្តី សមណ​បរិស័ទក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) ពោលវាទៈ ក្នុងកណ្តាល​បរិស័ទ។

[២៩៦] ពាក្យថា បុគ្គលនោះ រមែងរីករាយ ក្រអឺតក្រអោង​ដោយហេតុ​នោះ គឺ​បុគ្គលនោះ រមែង​ត្រេកអរ​រីករាយ ស្រស់ស្រាយ មានចិត្ត​ត្រេកអរ មានចិត្ត​ត្រិះរិះពេញ​លេញ ដោយ​ប្រយោជន៍​គឺការឈ្នះ​នោះ។ មួយទៀត បុគ្គល​កាលសើច​បញ្ចេញធ្មេញ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ​រីករាយ។ ពាក្យថា ក្រអឺតក្រអោង ​ដោយហេតុ​នោះ គឺបុគ្គលនោះ មានចិត្ត​ប៉ោងឡើង មានចិត្ត​ខ្ពស់ឡើង មានចិត្ត​ដូចជា​ទង់ជ័យ មានចិត្ត​ផ្គងឡើង ភាពនៃ​ចិត្តមានសេចក្តី​ប្រាថ្នាដូច​ជាទង់ ដោយ​ប្រយោជន៍ ​គឺការឈ្នះ​នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ រីករាយ ក្រអឺតក្រអោង ដោយហេតុនោះ។

[២៩៧] ពាក្យថា ដល់នូវប្រយោជន៍នោះ ជាអ្នកមានចិត្តតាំង​នៅដូចដើម គឺដល់ លុះ សម្រេច​បាន បានចំពោះ​នូវប្រយោជន៍ គឺ​ការឈ្នះនោះ។ ពាក្យថា ជាអ្នក​មានចិត្ត​តាំង​នៅដូច​ដើម គឺជាអ្នក​មានចិត្ត​ដូចដើម មានគំនិត​ដូចដើម មានសេចក្តី​ត្រិះរិះ​ដូចដើម មាន​ការដឹង​ដូចដើម ហេតុនោះ (ទ្រង់​ត្រាស់ថា) បានដល់​នូវប្រយោជន៍​នោះ ជាអ្នកមាន​ចិត្ត​តាំងនៅ​ដូចដើម។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

មួយទៀត បុគ្គលនោះពោលវាទៈ​ក្នុងកណ្តាលបរិស័ទ ត្រូវគេសរសើរ​ហើយ ក្នុង​សភាវៈ​នោះ រមែង​រីករាយ ក្រអឺតក្រអោង ដោយ​ហេតុនោះ ដល់នូវ​ប្រយោជន៍​នោះហើយ ជាបុគ្គល​មានចិត្ត​តាំងនៅ​ដូចដើម។

[២៩៨] ការប៉ោងឡើងណា ការប៉ោងឡើងនោះ ជាភូមិនៃ​សេចក្តី​ចង្អៀតចង្អល់​របស់​បុគ្គល​នោះ មួយទៀត បុគ្គលនុ៎ះ រមែងពោល​នូវមានះ និងអតិមានះ បុគ្គល​ឃើញ​ទោសនេះ​ហើយ មិនគួរ​វិវាទទេ ដ្បិតជនអ្នក​ឈ្លាស​ទាំង​ឡាយ មិនពោល​នូវការ​ស្អាត ដោយវិវាទ​នោះឡើយ។

[២៩៩] ពាក្យថា ការប៉ោងឡើងណា ការប៉ោងឡើងនោះ ជាភូមិនៃ​សេចក្តីចង្អៀត​ចង្អល់​របស់​បុគ្គលនោះ គឺការ​ប៉ោងឡើង ការខ្ពស់​ឡើង ចិត្តដូច​ទង់ជ័យ ការផ្គងឡើង ភាពនៃ​ចិត្តមាន​ប្រាថ្នា​ដូចជា​ទង់ណា នោះជា​ភូមិនៃការ​ចង្អៀតចង្អល់ ជាភូមិ​នៃសេចក្តី​តានតឹង ជាភូមិ​នៃការ​បៀតបៀន ជាភូមិ​នៃសេចក្តី​ខ្ទាំងខ្ទប់ ជាភូមិ​នៃឧបទ្រព ជាភូមិនៃ​ឧបស័គ្គ​របស់បុគ្គល​នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ការប៉ោងឡើង​ណា ការប៉ោង​ឡើង​នោះ ជាភូមិ​នៃសេចក្តី​ចង្អៀតចង្អល់​របស់បុគ្គល​នោះ។

[៣០០] ពាក្យថា មួយទៀត បុគ្គលនោះ រមែងពោលនូវមានះ និងអតិមានះ គឺបុគ្គល​នោះ ពោលនូវមានះផង ពោលនូវ​អតិមានះផង ហេតុនោះ (ទ្រង់​ត្រាស់ថា) មួយទៀត បុគ្គលនោះ រមែងពោល​នូវមានះ និងអតិមានះ។

[៣០១] ពាក្យថា បុគ្គលឃើញទោសនេះហើយ មិនគួរវិវាទទេ សេចក្តីថា បុគ្គល​ឃើញ យល់ ថ្លឹង ពិចារណា ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដនូវ​ទោសនេះ ក្នុងជម្លោះ​ព្រោះទិដ្ឋិ ក្នុងការ​ប្រកួត​ប្រកាន់​ព្រោះទិដ្ឋិ ក្នុងការ​ទាស់ទែង​ព្រោះទិដ្ឋិ ក្នុងការ​វិវាទព្រោះ​ទិដ្ឋិ ក្នុងការ​បែកខ្ញែក​គ្នាព្រោះទិដ្ឋិ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ឃើញ​ទោសនេះ។ ពាក្យថា មិនគួរ​វិវាទទេ គឺមិនគួរ​ធ្វើជម្លោះ មិនគួរធ្វើ​ការប្រកួត​ប្រកាន់ មិនគួរ​ធ្វើការ​ទាស់ទែង មិនគួរ​ធ្វើការវិវាទ មិនគួរធ្វើ​ការបែក​ខ្ញែកគ្នា គប្បី​លះបង់ គប្បីបន្ទោបង់ គប្បី​ធ្វើឲ្យវិនាស គប្បីធ្វើ​មិនឲ្យកើតមាន​នូវជម្លោះ ការប្រកួត​ប្រកាន់ ការទាស់ទែង ការវិវាទ និងការ​បែកខ្ញែក​គ្នា។ គឺជា​អ្នកឆ្ងាយ វៀរស្រឡះ វៀរចំពោះ ចៀសចេញ លះបង់ ផុត​ស្រឡះ ការប្រកប​ប្រាសចាក​ជម្លោះ ការប្រកួត​ប្រកាន់ ទាស់ទែង ការវិវាទ និងការបែក​ខ្ញែកគ្នា គប្បី​សម្រេច​នៅដោយចិត្ត ដែលប្រាស​ចាកដែន គឺកិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) ឃើញ​ទោសនេះហើយ មិនគួរ​វិវាទទេ។​

[៣០២] អធិប្បាយពាក្យថា ដ្បិតជនអ្នកឈ្លាសទាំងឡាយ មិនពោល​នូវការស្អាត ដោយ​វិវាទ​នោះទេ ត្រង់ពាក្យថា អ្នកឈ្លាស​ទាំងឡាយ គឺ​ពួកជនណា ជាអ្នកឈ្លាស ក្នុងខន្ធ ឈ្លាសក្នុងធាតុ ឈ្លាសក្នុង​អាយតនៈ ឈ្លាសក្នុង​បដិច្ចសមុប្បាទ ឈ្លាស​ក្នុង​សតិប្បដ្ឋាន ឈ្លាសក្នុង​សម្មប្បធាន ឈ្លាសក្នុង​ឥទ្ធិបាទ ឈ្លាសក្នុង​ឥន្ទ្រិយ ឈ្លាស​ក្នុង​ពលៈ ឈ្លាសក្នុង​ពោជ្ឈង្គ ឈ្លាសក្នុងមគ្គ ឈ្លាសក្នុងផល ឈ្លាស​ក្នុងនិព្វាន ជនអ្នក​ឈ្លាសទាំង​នោះ មិនពោល មិនសំដែង មិនពណ៌នា មិនបំភ្លឺ មិនថ្លែងនូវ​ការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដោយជម្លោះព្រោះទិដ្ឋិ ដោយការ​ប្រកួត​ប្រកាន់ ព្រោះទិដ្ឋិ ដោយការ​ទាស់ទែង​ព្រោះទិដ្ឋិ ដោយការ​វិវាទព្រោះ​ទិដ្ឋិ ដោយ​ការ​បែកខ្ញែក​គ្នាព្រោះទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នក​ឈ្លាសទាំង​ឡាយ មិនពោល​នូវការស្អាត ដោយ​ការវិវាទ​នោះទេ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា​

ការប៉ោងឡើងណា ការប៉ោងឡើងនោះ ជាភូមិនៃសេចក្តីចង្អៀត​ចង្អល់​របស់​បុគ្គល​នោះ មួយទៀត បុគ្គលនោះ រមែងពោល​នូវមានះ និងអតិមានះ បុគ្គល​ឃើញ​ទោសនេះ​ហើយ មិនគួរ​វិវាទទេ ដ្បិតជន​អ្នកឈ្លាស​ទាំងឡាយ មិន​ពោលនូវ​ការស្អាត​ដោយវិវាទ​នោះឡើយ។

[៣០៣] ដូចបុគ្គលអ្នកក្លៀវក្លា ដែលគេចិញ្ចឹម​ដោយ​ខាទនីយ​ភោជនីយាហារ​របស់​ព្រះរាជា កាលប្រាថ្នា បុគ្គលអ្នក​ក្លៀវក្លាតប រមែង​គម្រាមចូល​មក ម្នាលអ្នក​ក្លៀវក្លា បុគ្គល​អ្នកលុះ​ក្នុងទិដ្ឋិនោះ (នៅ) ក្នុងទីណា អ្នកឯង​ចូរទៅក្នុង​ទីនោះចុះ ដ្បិត​អំពើដែល​ប្រព្រឹត្តទៅ ដើម្បី​តយុទ្ធគ្នា មិនមាន​តាំងអំពី​ដើមមក។

[៣០៤] អធិប្បាយពាក្យថា ដូចជាបុគ្គលអ្នកក្លៀវក្លា ដែលគេ​ចិញ្ចឹម​ដោយខាទនីយ​ភោជនីយាហារ របស់ព្រះរាជា ត្រង់ពាក្យថា អ្នកក្លៀវក្លា គឺបុគ្គល​អ្នកក្លៀវក្លា អ្នកប្រឹង​ប្រែង អ្នកខ្មីឃ្មាត មិនរន្ធត់ មិនរំភើប មិនតក់ស្លុត មិនរត់។ ពាក្យថា ដែលគេ​ចិញ្ចឹម​ដោយ​ខាទនីយ​ភោជនីយាហារ របស់​ព្រះរាជា គឺ​គេចិញ្ចឹម រក្សា បីបាច់ ថែទាំ ឲ្យចំរើន​ដោយ​ខាទនីយៈ​របស់​ព្រះរាជា ដោយ​ភោជនីយៈ​របស់​ព្រះរាជា ហេតុនោះ (ទ្រង់​ត្រាស់ថា) ដូច​ជាបុគ្គល​អ្នកក្លៀវក្លា ដែលគេ​ចិញ្ចឹមដោយ​ខាទនីយ​ភោជនីយាហារ របស់​ព្រះរាជា។

[៣០៥] ពាក្យថា កាលបា្រថ្នាបុគ្គលអ្នកក្លៀវក្លាតប រមែងគម្រាម​ចូលមក គឺ​បុគ្គល​នោះ កាលគម្រាម កាលសង្ឃក កាល​សង្ខុញចូល ដើរចូលទៅ ឈានចូលទៅ ដើរចូល​ទៅជិត កាលចង់​ ត្រេកអរ ប្រាថ្នា ស្រឡាញ់ ជាប់ចិត្ត នូវបុគ្គល​អ្នកក្លៀវក្លាតប នូវបុរស​ជាសត្រូវ នូវសត្រូវតប នូវអ្នក​ដាល់តប់តប ហេតុនោះ (ទ្រង់ត្រាស់ថា) កាល​ប្រាថ្នា​បុគ្គល​អ្នកក្លៀវក្លា រមែងគម្រាម​ចូលមក។

[៣០៦] ពាក្យថា មា្នលអ្នកក្លៀវក្លា បុគ្គលអ្នកលុះក្នុង​ទិដ្ឋិនោះ (នៅ) ក្នុងទីណា អ្នក​ចូរទៅ​ក្នុងទី​នោះចុះ សេចក្តីថា បុគ្គល​លុះក្នុង​ទិដ្ឋិនោះ (នៅ) ក្នុងទីណា អ្នកចូរទៅ​ក្នុង​ទីនោះ ចូរឈាន​ទៅក្នុងទី​នោះ ចូរដើរទៅ​ក្នុងទីនោះ ចូរដើរ​តម្រង់ទៅ​ក្នុងទីនោះ​បុគ្គលនោះ ជាអ្នក​ក្លៀវក្លាតប ជាបុរស​សត្រូវ ជាសត្រូវតប ជាអ្នក​ដាល់តប់​តបរបស់​អ្នក ហេតុនោះ (ទ្រង់​ត្រាស់ថា) ម្នាល​អ្នកក្លៀវក្លា បុគ្គលអ្នក​លុះក្នុង​ទិដ្ឋិនោះ (នៅ) ក្នុង​ទីណា អ្នកចូរ​ទៅក្នុងទី​នោះចុះ។

[៣០៧] ពាក្យថា ដ្បិតអំពើដែលប្រព្រឹត្តទៅ ដើម្បីតយុទ្ធគ្នា មិនមាន​តាំងអំពីដើម​មក អធិប្បាយថា កិលេស​ទាំងឡាយ​ណា ធ្វើជា​សេនាតប ធ្វើទំនាស់ ធ្វើជា​បន្លាតប ធ្វើជា​បដិបក្ខ កិលេស​ទាំងឡាយ​នោះ មិនមាន មិនកើត មិនមានព្រម មិនកើតមាន គឺតថាគត លះបង់​ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ ធ្វើមិនគួរ​ឲ្យកើតបាន ដុតបំផ្លាញ​ដោយភ្លើង គឺញាណ​ហើយ ជិតគល់​ពោធិព្រឹក្ស តាំងអំពី​ដើមមក។ ពាក្យថា អំពើដែល​ប្រព្រឹត្តទៅ ដើម្បី​តយុទ្ធគ្នា គឺអំពើណា​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​តយុទ្ធគ្នា ដើម្បី​ប្រយោជន៍​ដល់ជម្លោះ ដើម្បី​ប្រយោជន៍​ដល់ការ​ប្រកួតប្រកាន់ ដើម្បី​ប្រយោជន៍​ដល់ការ​ទាស់ទែង ដើម្បី​ប្រយោជន៍​ដល់ការ​វិវាទ ដើម្បី​ប្រយោជន៍​ដល់ការ​បែកខ្ញែកគ្នា ហេតុនោះ (ទ្រង់​ត្រាស់ថា) អំពើ​ដែល​ប្រព្រឹត្តទៅ​ដើម្បី​តយុទ្ធគ្នា មិនមាន​តាំងអំពី​ដើមមក។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ដូចបុគ្គលអ្នកក្លៀវក្លា ដែលគេចិញ្ចឹមដោយខាទនីយភោជនីយាហារ របស់​ព្រះរាជា កាលបា្រថ្នា​បុគ្គល​អ្នកក្លៀវក្លាតប រមែង​គម្រាម​ចូលមក ម្នាលអ្នក​ក្លៀវក្លា បុគ្គល​អ្នកលុះ​ក្នុងទិដ្ឋិ​នោះ (នៅ) ក្នុងទីណា អ្នកឯង​ចូរទៅ​ក្នុងទី​នោះចុះ ដ្បិតអំពើ​ដែលប្រព្រឹត្ត​ទៅ ដើម្បី​តយុទ្ធគា្ន មិនមាន​តាំងអំពី​ដើមមក។

[៣០៨] ពួកជនណា ប្រកាន់ទិដ្ឋិហើយ រមែងទាស់ទែងគ្នា មួយទៀត តែងពោលថា នេះឯង​ជាពាក្យពិត អ្នកចូរ​ពោល​នឹងពួកជន​នោះចុះ កាល​ដែលវាទៈ​កើតហើយ កិលេស​ទាំងឡាយ​ណា ធ្វើជា​សេនាតប កិលេស​ទាំងឡាយ​នោះ មិនមាន​ក្នុងទីនេះទេ។

[៣០៩] ពាក្យថា ពួកជនណា ប្រកាន់ទិដ្ឋិហើយ រមែងទាស់​ទែងគ្នា សេចក្តីថា ពួកជន​ណា ប្រកាន់ កួចកាន់ ទទួលយក ស្ទាបអង្អែល ជឿស៊ប់ នូវទិដ្ឋិ ៦២ ទិដ្ឋិណាមួយ​ហើយ រមែង​ទាស់ទែង​គ្នា ធ្វើជម្លោះ ធ្វើការប្រកួត​ប្រកាន់ ធ្វើការ​ទាស់ទែង ធ្វើការវិវាទ ធ្វើការ​បែកខ្ញែក​គ្នាថា អ្នកមិន​ដឹងច្បាស់​នូវធម្មវិន័យ​នេះទេ ខ្ញុំដឹង​ច្បាស់នូវ​ធម្មវិន័យ​នេះ អ្នក​ដឹងច្បាស់​នូវធម្មវិន័យ​នេះដូចម្តេច​បាន អ្នកជា​បុគ្គល​ប្រតិបត្តិខុស ខ្ញុំជា​អ្នកប្រតិបត្តិ​ត្រូវ សំដី​របស់ខ្ញុំ​ប្រកប​ដោយ​ប្រយោជន៍ សំដី​របស់អ្នក មិនប្រកប​ដោយប្រយោជន៍ សំដី​ដែលត្រូវ​និយាយ​មុន អ្នកបែរ​ជានិយាយ​ក្រោយ សំដី​ដែលត្រូវនិយាយ​ក្រោយ អ្នកបែរជា​និយាយ​មុន ពាក្យ​ដែលអ្នក​សន្សំ​មកអង្វែង​ហើយ ត្រូវខ្ញុំឲ្យ​វិលត្រឡប់​ហើយ វាទៈ (ទោស) ខ្ញុំលើក​ដាក់លើ​អ្នកហើយ អ្នកជា​បុគ្គលត្រូវខ្ញុំ​ផ្ទញ់ផ្ទាល់​បានហើយ អ្នកចូរ​ត្រាច់ទៅ ដើម្បីដោះ​វាទៈចុះ ឬបើ​អ្នកអាច ចូរដោះចុះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ពួកជនណា ប្រកាន់​ទិដ្ឋិហើយ រមែងទាស់​ទែងគ្នា។

[៣១០] ពាក្យថា មួយទៀត តែងពោលថា នេះឯង ជាពាក្យ​ពិត គឺតែងពោល និយាយ ពណ៌នា បំភ្លឺ ថ្លែងថា លោកទៀង ពាក្យនេះ ជាពាក្យពិត ពាក្យដទៃ​ជាមោឃៈ តែង​ពោល​ និយាយ ពណ៌នា បំភ្លឺ ថ្លែងថា លោកមិន​ទៀង។បេ។ សត្វបន្ទាប់​អំពីសេចក្តី​ស្លាប់ កើតទៀត​ក៏មិនមែន មិនកើត​ទៀតក៏​មិនមែន នេះ​ជាពាក្យពិត ពាក្យ​ដទៃជា​មោឃៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) មួយទៀត តែងពោល​ថា នេះ​ជាពាក្យ​ពិត។

[៣១១] ពាក្យថា អ្នកចូរពោលនឹងពួកជននោះចុះ កាលដែល​វាទៈកើត​ហើយ កិលេស​ទាំងឡាយ​ណា ធ្វើជា​សេនាតប កិលេស​ទាំងឡាយ​នោះ មិនមាន​ក្នុងទីនេះទេ អធិប្បាយ​ថា អ្នកចូរ​និយាយ​ពាក្យផ្ទញ់ផ្ទាល់ ដោយពាក្យ​ផ្ទញ់ផ្ទល់ ពាក្យតបត ដោយ​ពាក្យ​តបត​ ពាក្យវិសេស ដោយពាក្យ​វិសេស ពាក្យ​វិសេសតប ដោយពាក្យ​វិសេសតប ពាក្យ​ទំលុះ​ទំលាយ ដោយពាក្យ​ទំលុះ​ទំលាយ ពាក្យដោះ​ស្រាយ ដោយពាក្យដោះ​ស្រាយ ពាក្យ​កាត់ផ្តាច់ ដោយពាក្យ​កាត់ផ្តាច់ ពាក្យមាន​មណ្ឌល ដោយពាក្យ​មាន​មណ្ឌល នឹង​ជនដែល​ប្រកបដោយ​ទិដ្ឋិទាំងនោះ (ព្រោះថា) ជនទាំងនោះ ជាអ្នក​ក្លៀវក្លា​តប ជា​បុរស​សត្រូវ ជាសត្រូវតប ជាអ្នក​ដាល់តប់​តបនឹងអ្នក ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកចូរ​ពោលនឹង​ជនទាំង​នោះចុះ។ ពាក្យថា កាលដែលវាទៈ​កើតហើយ កិលេស​ទាំង​ឡាយ​ណា ធ្វើជា​សេនាតប កិលេស​ទាំងឡាយ​នោះ មិនមាន​ក្នុងទីនេះទេ គឺកាលដែល​វាទៈ​កើតមាន កើតព្រម កើតឡើង កើតច្បាស់ កើតបា្រកដ​ហើយ កិលេស​ទាំងឡាយ​ណា ធ្វើជា​សេនាតប ជាទំនាស់ ជាចម្រូង ជាសត្រូវ គប្បីធ្វើជម្លោះ ធ្វើការ​ប្រកួតប្រកាន់ ធ្វើការ​ទាស់ទែង ធ្វើការវិវាទ ធ្វើការបែក​ខ្ញែកគ្នា កិលេស​ទាំងឡាយ​នោះ មិនមាន មិនកើត មិនមាន​ព្រម មិនកើតមាន គឺតថាគត​លះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ មិនគួរ​ឲ្យកើត​បាន បានដុត​បំផ្លាញ​ដោយភ្លើង​គឺញាណ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកចូរ​ពោលនឹង​ពួកជន​នោះចុះ កាល​ដែលវាទៈ​កើតហើយ កិលេស​ទាំងឡាយណា ធ្វើជា​សេនាតប កិលេស​ទាំងឡាយ​នោះ មិនមាន​ក្នុងទីនេះទេ។ ហេតុនោះ ព្រះមាន​ព្រះភាគ ត្រាស់ថា

ពួកជនណា ប្រកាន់ទិដ្ឋិហើយ រមែងទាស់ទែងគ្នា មួយទៀត តែងពោលថា នេះ​ឯងជា​ពាក្យពិត អ្នកចូរ​ពោលនឹង​ពួកជននោះ​ចុះ កាលដែល​វាទៈកើត​ហើយ កិលេស​ទាំងឡាយ​ណា ធ្វើជា​សេនាតប កិលេស​ទាំងឡាយ​នោះ មិនមាន​ក្នុងទីនេះទេ។

[៣១២] មួយទៀត ពួកជនណា ធ្វើសេនាឲ្យ​វិនាសហើយ ប្រព្រឹត្តទៅ ពួកជននោះ មិនប្រទូស្ត​ទិដ្ឋិដោយ​ទិដ្ឋិទាំង​ឡាយ ម្នាលអ្នក​ជាបុគ្គល​ក្លៀវក្លាតប ការប្រកាន់​ថាក្រៃលែង ក្នុង​លោកនេះ នៃពួកជន​ណាមិនមាន អ្នកគប្បី​បានអ្វី​ក្នុងពួក​ជននោះ។

[៣១៣] ពាក្យថា មួយទៀត ពួកជនណា ធ្វើសេនាឲ្យវិនាស ហើយ​ប្រព្រឹត្តទៅ អធិប្បាយ​ថា មារសេនា លោកហៅថា សេនា។ កាយទុច្ចរិត ជាមារសេនា វចីទុច្ចរិត ជា​មារសេនា មនោទុច្ចរិត ជាមារសេនា រាគៈជា​មារសេនា ទោសៈ​ជាមារសេនា មោហៈ​ជា​មារសេនា កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ​ បមាទៈ កិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ ការក្រវល់​ក្រវាយ​ទាំងអស់ សេចក្តី​ក្តៅក្រហាយ​ទាំងអស់ សេចក្តី​អន្ទះអន្ទែង​ទាំងអស់ អកុសលា​ភិសង្ខារ​ទាំងអស់ ជា​មារសេនា។ សមដូច​ព្រះពុទ្ធដីកា​នេះ ដែលព្រះមានព្រះភាគ​ទ្រង់​ត្រាស់ថា កាមទាំងឡាយ ជាសេនាទី​មួយរបស់អ្នក អរតិ លោកហៅថា ជាសេនាទី ២ របស់​អ្នក។បេ។ លុះតែ​បុគ្គលឈ្នះ​សេនានោះ ទើបបាន​សេចក្តីសុខ។ ព្រោះ​មារសេនា​ទាំងអស់ និងកិលេស​ធ្វើជាសេនា​តបទាំងអស់ ពួកជន​ទាំងនោះ បានឈ្នះ បានផ្ចាញ់ បាន​កាច់បំបាក់ បាន​កំទេចកំទី ដោយ​អរិយមគ្គ​ទាំង ៤ ជា​សភាពមាន​មុខក្នុង​ទីដទៃ ហេតុ​នោះ លោកពោល​ថា ធ្វើសេនា​ឲ្យវិនាស។ ពាក្យថា ពួកជនណា បានដល់ព្រះ​អរហន្ត​ខីណាស្រព។ ពាក្យថា ប្រព្រឹត្តទៅ គឺប្រព្រឹត្តទៅ សម្រាន្តនៅ ញុំាង​ឥរិយាបថ​ឲ្យ​ប្រព្រឹត្តទៅ ញុំាងការ​ប្រព្រឹត្តិ​ឥរិយាបថ​ឲ្យកើត រក្សា​ឥរិយាបថ បំពេញ​ឥរិយាបថ បង្រ្គប់​ឥរិយាបថ ហេតុនោះ (ទ្រង់​ត្រាស់ថា) មួយទៀត ពួកជនណា ធ្វើសេនា​ឲ្យវិនាស​ហើយ ប្រព្រឹត្តទៅ។

[៣១៤] ពាក្យថា មិនប្រទូស្តទិដ្ឋិ ដោយទិដ្ឋិ​ទាំងឡាយ គឺទិដិ្ឋទាំង ៦២ ពួកជន​នោះ បាន​លះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ ធ្វើមិន​គួរឲ្យ​កើតបាន ដុតបំផ្លាញ​ដោយភ្លើង​គឺ​ញាណ ពួកជននោះ មិនប្រទូស្ត មិនខ្ទាំងខ្ទប់ មិនចង្អៀត​ចង្អល់ មិន​ទង្គុកទិដ្ឋិ​ដោយ​ទិដ្ឋិទាំង​ឡាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិន​ប្រទូស្តទិដ្ឋិ ដោយទិដ្ឋិ​ទាំងឡាយ។

[៣១៥] ពាក្យថា ម្នាលអ្នកជាបុគ្គលក្លៀវក្លាតប អ្នកគប្បី​បានអ្វី ក្នុងពួក​ជននោះ សេចក្តីថា ម្នាលអ្នក​ជាបុគ្គល​ក្លៀវក្លាតប ជាបុរស​សត្រូវ ជាសត្រូវតប ជាអ្នក​ដាល់តប់​តប អ្នកនឹងបានអ្វី ក្នុងពួក​ព្រះអរហន្ត​ខីណាស្រព​នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ម្នាលអ្នក​ជាបុគ្គល​ក្លៀវក្លា អ្នកគប្បី​បានអ្វី​ក្នុងពួក​ជននោះ។

[៣១៦] ពាក្យថា ការប្រកាន់ថាក្រៃលែង ក្នុងលោកនេះ នៃពួកជន​ណាមិនមាន គឺការ​ប្រកាន់ ការស្ទាបអង្អែល ការចុះ​ចិត្តស៊ប់ ការបង្អោន​ទៅថា របស់នេះ​ក្រៃលែង ជា​កំពូល ប្រសើរ ប្រសើរ​វិសេស ជាប្រធាន​ដ៏ឧត្តម ប្រសើរ​ក្រៃលែង​ដូច្នេះ នៃពួកព្រះ​អរហន្ត​ខីណាស្រព​ណាមិនមាន មិនមាន​ព្រម មិនកើតមាន គឺលោក​លះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ មិនគួរ​ឲ្យកើតបាន ដុតបំផ្លាញ​ដោយភ្លើង​ញាណ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ការប្រកាន់​ថាក្រៃលែង ក្នុងលោកនេះ នៃពួកជន​ណាមិនមាន ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

មួយទៀត ពួកជនណា ធ្វើសេនាឲ្យវិនាស ហើយប្រព្រឹត្ត​ទៅ ពួក​ជននោះ មិនប្រទូស្តទិដ្ឋិ ដោយទិដ្ឋិ​ទាំងឡាយ ម្នាលអ្នក​ជាបុគ្គល​ក្លៀវក្លាតប ការប្រកាន់​ថាក្រៃលែង ក្នុងលោកនេះ នៃពួក​ជនណា​មិនមាន អ្នកគប្បី​បានអ្វី​ក្នុងពួក​ជននោះ។

[៣១៧] មួយទៀត អ្នកត្រិះរិះហើយមក កាលគិតនូវ​ទិដ្ឋិទាំងឡាយ​ដោយចិត្ត ហើយមក​ជួបជុំ​ជាគូ នឹងព្រះពុទ្ធ​អ្នកមាន​បា្រជ្ញាកំចាត់ អ្នកមិន​អាចដើម្បី​ដល់នូវគូទេ។

[៣១៨] អធិប្បាយពាក្យថា មួយទៀត របស់បទថា មួយទៀត អ្នកត្រិះរិះ​ហើយមក ត្រង់ពាក្យថា មួយទៀត គឺជា​ពាក្យតបទ ជាពាក្យ​ជាប់ដោយ​បទ ជាពាក្យ​បំពេញបទ ជាពាក្យ​ប្រជុំអក្ខរៈ ជាពាក្យ​សម្រួល​ព្យពា្ជនៈ ពាក្យថា មួយទៀត នុ៎ះជា​លំដាប់បទ។ ពាក្យថា ត្រិះរិះ​ហើយមក គឺអ្នកកាល​ត្រិះរិះ ត្រិះរិះ​ផ្សេងៗ ត្រិះរិះ​ព្រម ថាអាត្មាអញ​នឹង​មានជ័យ​ជំនះឬ ឬថា​អាត្មាអញ​នឹងបរាជ័យ អាត្មាអញ​នឹងធ្វើការ​សង្កត់សង្កិន​ដូចម្តេច នឹងធ្វើ​ការដោះ​តបត​ដូចម្តេច នឹងធ្វើ​ឲ្យវិសេស​ដូចម្តេច នឹងធ្វើ​ឲ្យវិសេស​តបដូចម្តេច នឹងធ្វើ​ឲ្យធ្លុះធ្លាយ​ដូចម្តេច នឹងធ្វើ​នូវការដោះ​ស្រាយ​ដូចម្តេច នឹងធ្វើ​ឲ្យដាច់​ដូចម្តេច នឹងធ្វើឲ្យ​មានមណ្ឌល​ដូចម្តេច ត្រិះរិះ ត្រិះរិះ​ផ្សេងៗ ត្រិះរិះ​ព្រមយ៉ាងនេះ ហើយមក ចូលមក ដល់មក មកជួបជុំ​ជាមួយ​នឹងតថាគត ហេតុនោះ (ទ្រង់​ត្រាស់ថា) មួយទៀត អ្នកត្រិះរិះ​ហើយមក។

[៣១៩] អធិប្បាយពាក្យថា​ កាលគិតនូវទិដិ្ឋទាំងឡាយ ដោយចិត្ត ត្រង់ពាក្យថា ចិត្ត បានដល់​ចិត្ត គំនិត បំណងក្នុងចិត្ត ហឫទ័យ ភវង្គចិត្ត មនៈ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណខន្ធ មនោវិញ្ញាណធាតុ កើតអំពី​វិញ្ញាណខន្ធ​នោះ។ កាលគិត កាលគិត​ផ្សេងៗ នូវទិដ្ឋិ​ទាំងឡាយ​ដោយចិត្ត​ថា លោកទៀង ឬថា លោក​មិនទៀង។បេ។ ឬថាសត្វ​បន្ទាប់អំពី​សេចក្តីស្លាប់ កើតទៀត​ក៏មិនមែន​ មិនកើត​ទៀតក៏​មិនមែន ហេតុនោះ (ទ្រង់​ត្រាស់ថា) កាលគិត​នូវទិដ្ឋិ​ទាំងឡាយ​ដោយចិត្ត។

[៣២០] ពាក្យថា មកជួបជុំជាគូនឹងព្រះពុទ្ធអ្នក​មានបា្រជ្ញា​កំចាត់ អ្នក​មិនអាច​ដើម្បី​ដល់នូវ​គូឡើយ អធិប្បាយថា បញ្ញា ​លោកហៅថា បា្រជ្ញា​កំចាត់​ បានខាង​បា្រជ្ញា​កាល​ដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញ​ប្រពៃ។ បា្រជ្ញា​ដែលលោក​ហៅថា បា្រជ្ញាកំចាត់ តើព្រោះ​ហេតុអ្វី។ កាយទុច្ចរិត បុគ្គល​កំចាត់បង់​ផង លាងផង លាងសំអាត​ផង កំចាត់​ចេញផង ដោយ​បា្រជ្ញានោះ។បេ។ អកុសលា​ភិសង្ខារ​ទាំងអស់ បុគ្គល​កំចាត់​បង់ផង លាងផង លាងសំអាត​ផង កំចាត់​ចេញផង។ មួយទៀត មិច្ឆាទិដ្ឋិ បុគ្គល​កំចាត់​បង់ផង លាងផង លាង​សំអាតផង កំចាត់​ចេញផង ដោយ​សម្មាទិដ្ឋិ។បេ។ មិច្ឆាវិមុត្តិ បុគ្គល​កំចាត់បង់​ផង លាងផង លាង​សំអាតផង កំចាត់​ចេញផង ដោយ​សម្មាវិមុត្តិ។ មួយទៀត អកុសល​ទាំងអស់ ទុច្ចរិត​ទាំងអស់ សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់ សេចក្តីក្តៅ​ក្រហាយ​ទាំងអស់ សេចក្តី​អន្ទះអន្ទែង​ទាំង​អស់ អកុសលា​ភិសង្ខារ​ទាំងអស់ បុគ្គល​កំចាត់បង់​ផង លាងផង លាងសំអាត​ផង កំចាត់​ចេញផង ដោយមគ្គ​មានអង្គ ៨ ដ៏ប្រសើរ។ ព្រះមានព្រះភាគ ទ្រង់ចូល​ទៅដល់ ចូលទៅ​ដល់ព្រម ចូលទៅជិត ចូលទៅ​ជិតព្រម ចូលទៅ​កៀក ចូលទៅ​កៀកព្រម ប្រកប​ដោយ​ធោនេយ្យធម៌​ទាំងនេះ ហេតុនោះ ព្រះមានព្រះភាគ​ព្រះនាម​ថា មានបា្រជ្ញា​កំចាត់។ ​ព្រះមានព្រះភាគ​នោះ ទ្រង់បាន​កំចាត់​រាគៈ កំចាត់បាប កំចាត់​កិលេស កំចាត់​សេចក្តីក្តៅ​ក្រហាយ ហេតុនោះ ទ្រង់ព្រះនាមថា មានបា្រជ្ញា​កំចាត់។ ពាក្យថា មកជួបជុំ​ជាគូនឹង​ព្រះពុទ្ធ អ្នកមាន​បា្រជ្ញា​កំចាត់ អ្នកឯង​មិនអាច​ដើម្បីដល់​នូវគូឡើយ បានសេចក្តី​ថា អ្នកជា​បរិពា្វជក អ្នកមាន​សេចក្តី​ក្លៀវក្លា​មកជួប មកប្រទះ ជាគូនឹង​ព្រះពុទ្ធ​មានព្រះភាគ មានបា្រជ្ញា​កំចាត់ មិនអាច​នឹងផ្គូ​សាកសួរ ចរចាទៅមក ដល់ព្រម​នូវការសាក​សួរទេ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះថា អ្នកជា​បរិព្វាជក មានសេចក្តី​ក្លៀវក្លា ជាបុគ្គល​ថោកទាប ទន់ខ្សោយ ទន់ទាប លាមក អាក្រក់ កំទេច​មនុស្ស។ ចំណែក​ព្រះមាន​ព្រះភាគនោះ ជាកំពូល​ផង ប្រសើរផង ប្រសើរ​វិសេស​ផង ជាប្រធាន​ផង ប្រសើរក្រៃ​លែងផង។ ទន្សាយ​បានមក​ចួប មកប្រទះ ជាគូគ្នា​នឹងដំរីសារ​ដែលចុះប្រេង មិនអាចផ្គូ​បានយ៉ាងណា ចចក​មកចួប ​មកប្រទះ ជាគូគ្នា​នឹងសីហៈ​ជាមិគរាជ មិនអាច​ផ្គូ​បាន​យ៉ាងណា កូនគោ​នៅតូច​កំពុងបៅមេ បានមកចួប មកប្រទះ ជាគូគ្នា​នឹងគោឧសភ​ដែលមាន​បូកដ៏មាំ មិនអាច​ផ្គូ​បានយ៉ាងណា ក្អែកបាន​មកចួប មកប្រទះ ជាគូគ្នា​នឹងគ្រុឌ វេនតេយ្យ មិនអាចផ្គូ​បានយ៉ាងណា មនុស្ស​ចណ្ឌាល បានមកចួប មកប្រទះ ជាគូគ្នានឹង​ស្តេចចក្រពត្តិ មិនអាចផ្គូបាន​យ៉ាងណា បំសុបិសាច បានមក​ចួប មកប្រទះ ជាគូគ្នានឹង​ព្រះឥន្រ្ទ​ជាស្តេច​ទេវតា មិនអាច​ផ្គូបាន​យ៉ាងណា អ្នកជា​បរិព្វាជក មានសេចក្តី​ក្លៀវក្លា បានមកចួប មកប្រទះ ជាគូគ្នានឹង​ព្រះពុទ្ធ​មានព្រះភាគ​អ្នកមាន​បា្រជ្ញាកំចាត់ មិនអាចនឹង​ផ្គូ សាកសួរ ចរចាទៅមក ដល់នូវ​ការ​សាក​សួរ ក៏យ៉ាង​នោះដែរ។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ព្រោះថា អ្នកជា​បរិព្វាជក មានសេចក្តី​ក្លៀវក្លា តែមាន​បា្រជ្ញា​ថោកទាប មាន​បា្រជ្ញា​ទន់អន់ មានបា្រជ្ញា​ទន់ទាប មានបា្រជ្ញា​លាមក មានបា្រជ្ញា​អាក្រក់ មានបា្រជ្ញា​តិច​តួច។ ចំណែក​ព្រះមានព្រះភាគ​អង្គនោះ ទ្រង់មាន​បា្រជ្ញាច្រើន មានបា្រជ្ញា​ក្រាស់ មាន​បា្រជ្ញា​រីករាយ មានបា្រជ្ញា​រហ័ស មានបា្រជ្ញា​មុត មានបា្រជ្ញាជា​គ្រឿង​ទំលុះទំលាយ ទ្រង់​ឈ្លាស​ក្នុងប្រភេទ​បា្រជ្ញា ទ្រង់បែក​ព្រះញាណ ទ្រង់បាន​សម្រេច​បដិសម្ភិទា ទ្រង់​ដល់នូវ​ចតុវេសារជ្ជញ្ញាណ ទ្រទ្រង់​នូវកំឡាំង ១០ ជាបុរស អាសភៈ ជាបុរសសីហៈ ជា​បុរសនាគ ជាបុរស​អាជានេយ្យ ជាបុរស​អាចនាំ​ទៅនូវធុរៈ​បាន មាន​អនន្តញ្ញាណ មាន​តេជះ​មិនមាន​ទីបំផុត មានយស​មិនមាន​ទីបំផុត ទ្រង់​ស្តុកស្តម្ភ មានទ្រព្យ​ច្រើន មានធន ជាអ្នកណែនាំ ទូន្មាន ប្រៀនប្រដៅ ពន្យល់​ ឲ្យពិនិត្យ សំឡឹង ឲ្យរំលឹក។ ព្រោះថា ព្រះមានព្រះភាគ​អង្គនោះ ទ្រង់ជា​អ្នកញុំាង​មគ្គដែល​មិនទាន់​កើត ឲ្យ​កើតឡើង ញុំាងមគ្គ​ដែល​មិនទាន់​កើតព្រម ឲ្យកើតព្រម បា្រប់ផ្លូវ​ដែលគេ​មិនធ្លាប់​បា្រប់ ទ្រង់ស្គាល់ផ្លូវ ជ្រាបច្បាស់​នូវផ្លូវ វាងវៃ​ក្នុងផ្លូវ។ មួយទៀត ឥឡូវនេះ ពួកសាវ័កនៃ​ព្រះមានព្រះភាគ​នោះ ជាអ្នកដើរ​តាមផ្លូវ​ប្រកប (ដោយ​គុណ) ក្នុងកាល​ជាខាង​ក្រោយ។ ព្រោះ​ព្រះមានព្រះភាគ​នោះ ទ្រង់ជ្រាប​ហេតុ​ដែលគួរជ្រាប ទ្រង់ឃើញ​ហេតុ​ដែលគួរ​ឃើញ ព្រះអង្គ​មានចក្ខុ មានញាណ មានធម៌ ព្រះអង្គ​ជាបុគ្គល​ប្រសើរ ពោលធម៌ ពោលដោយ​ប្រការ​ផ្សេងៗ ទ្រង់នាំ​ចេញនូវ​ប្រយោជន៍ ទ្រង់ឲ្យ​អមតៈ ជាធម្មស្សាមី ជាតថាគត។ ការមិនដឹង មិន​ឃើញ មិនយល់​ច្បាស់ មិនធ្វើ​ឲ្យជាក់ច្បាស់ មិនប៉ះពាល់​ដោយបា្រជ្ញា​នៃព្រះមានព្រះភាគ​នោះ មិនមាន​ទេ។ ធម៌ទាំង​អស់ ដែលអាស្រ័យ​អតីត អនាគត និងបច្ចុប្បន្ន រមែងមក​កាន់គន្លង​ចំមុខ​ព្រះញាណ របស់​ព្រះពុទ្ធ​មានព្រះភាគ ដោយ​អាការ​សព្វគ្រប់។ ធម្មជាត​អ្វីមួយ​ដែលគួរ​ដឹង ត្រូវដឹង។ ប្រយោជន៍​ខ្លួនផង ប្រយោជន៍​បុគ្គលដទៃ​ផង ប្រយោជន៍​ទាំងពីរ​ផង ប្រយោជន៍​ជាបច្ចុប្បន្ន​ផង ប្រយោជន៍​ក្នុងខាង​មុខផង ប្រយោជន៍​រាក់ផង ប្រយោជន៍​ជ្រៅផង ប្រយោជន៍​លាក់ផង ប្រយោជន៍​កំបាំងផង ប្រយោជន៍​ដែលត្រូវនាំ​ចេញផង ប្រយោជន៍​ដែលនាំ​ចេញហើយ​ផង ប្រយោជន៍​មិនមាន​ទោសផង ប្រយោជន៍​មិនមាន​កិលេស​ផង ប្រយោជន៍​ផូរផង់ផង ប្រយោជន៍​ដ៏ក្រៃលែង​ផង ធម្មជាត​ទាំង​អស់នោះ រមែង​ប្រព្រឹត្ត​ទៅក្នុងខាង​ក្នុងពុទ្ធញ្ញាណ។ កាយកម្ម​ទាំងអស់ រមែងប្រព្រឹត្ត​ទៅតាម​ព្រះញាណ​របស់​ព្រះពុទ្ធ​មានព្រះភាគ វចីកម្ម​ទាំងអស់ រមែងប្រព្រឹត្ត​ទៅតាម​ព្រះញាណ មនោកម្ម​ទាំងអស់ រមែង​ប្រព្រឹត្តទៅ​តាមព្រះញាណ​របស់ព្រះមានព្រះភាគ។ ព្រះញាណ​របស់​ព្រះពុទ្ធ​មានព្រះភាគ មិនទើស​ទាល់ក្នុង​អតីតកាល ព្រះញាណ​របស់​ព្រះពុទ្ធ​មានព្រះភាគ មិនទើស​ទាល់ក្នុង​អនាគតកាល ព្រះញាណ​របស់​ព្រះពុទ្ធ​មានព្រះភាគ មិនទើស​ទាល់ក្នុង​បច្ចុប្បន្នកាល របស់ដែល​ត្រូវដឹង មានចំនួន​ប៉ុន្មាន ព្រះញាណ​ក៏មាន​ចំនួន​ប៉ុណ្ណោះ ព្រះញាណ​មានចំនួន​ប៉ុន្មាន របស់ដែល​ត្រូវដឹង ក៏មាន​ចំនួន​ប៉ុណ្ណោះ ព្រះញាណ​មាន​របស់ដែល​ត្រូវដឹង​ជាទីបំផុត របស់ដែល​ត្រូវដឹង មាន​ព្រះញាណ​ជាទី​បំផុត។ ព្រះញាណ​មិនប្រព្រឹត្ត​កន្លងរបស់​ដែលត្រូវ​ដឹង ឯគន្លង​ដែលត្រូវ​ដឹង ក៏មិន​កន្លង​ព្រះញាណ។ ធម៌ទាំងនោះ ឋិតនៅ​ក្នុងទីបំផុត​នៃគ្នា​នឹងគ្នា។ បាតស្មុគ្រ​ទាំងពីរ ដែលគេ​គ្របយ៉ាង​ជិតស្និទ្ធ បាតស្មុគ្រ​ខាងក្រោម រមែង​មិនប្រព្រឹត្ត​កន្លង​បាតស្មុគ្រ​ខាងលើ បាតស្មុគ្រ​ខាង​លើ រមែង​មិនប្រព្រឹត្ត​កន្លង​បាតស្មុគ្រ​ខាងក្រោម បាតស្មុគ្រ​ទាំងពីរ​ឋិតនៅ​ក្នុងទីបំផុត​នៃ​គ្នានឹងគ្នា យ៉ាងណា​មិញ របស់ដែល​ត្រូវដឹង និង​ព្រះញាណ​របស់​ព្រះពុទ្ធ​មានព្រះភាគ ឋិតនៅ​ក្នុងទីបំផុត​នៃ​គ្នានឹងគ្នា ក៏យ៉ាង​នោះដែរ របស់ដែល​ត្រូវដឹង មាន​ចំនួនប៉ុន្មាន ព្រះញាណ​ក៏មានចំនួន​ប៉ុណ្ណោះ ព្រះញាណ​មានចំនួន​ប៉ុន្មាន របស់​ដែលត្រូវ​ដឹង ក៏មាន​ចំនួន​ប៉ុណ្ណោះ ព្រះញាណ មាន​របស់ដែល​ត្រូវដឹង​ជាទីបំផុត របស់​ដែលត្រូវ​ដឹង មាន​ព្រះញាណ​ជាទីបំផុត ព្រះញាណ​មិន​ប្រព្រឹត្ត​កន្លងរបស់​ដែលត្រូវ​ដឹង ឯគន្លង​ដែលត្រូវ​ដឹង ក៏មិន​កន្លង​ព្រះញាណ ធម៌ទាំង​នោះ ឋិតនៅ​ក្នុងទីបំផុត​នៃគ្នានឹង​គ្នា។ ​ព្រះញាណ​របស់​ព្រះពុទ្ធ​មានព្រះភាគ ប្រព្រឹត្តទៅ ក្នុងធម៌​ទាំងពួង ធម៌ទាំងអស់​ជាប់ចំពោះ​ដោយការនឹក ជាប់ដោយ​ការប្រាថ្នា ជាប់ដោយ​ការធ្វើ​ទុកក្នុងចិត្ត ជាប់ដោយ​ចិត្តុប្បាទ​របស់​ព្រះពុទ្ធមាន​ព្រះភាគ។ ព្រះញាណ​របស់ព្រះពុទ្ធ​មានព្រះភាគ ប្រព្រឹត្តទៅ​ក្នុងសត្វ​ទាំងអស់។ ព្រះមានព្រះភាគ ទ្រង់ជ្រាប​អធ្យាស្រ័យ ជ្រាប​អនុស័យ ជ្រាបចរិត ជ្រាបការ​ចុះចិត្តស៊ប់​របស់សត្វ​ទាំងអស់ ជ្រាប​ពួកសត្វ​មានធូលី​ក្នុងភ្នែកតិច មានធូលី​ក្នុងភ្នែក​ច្រើន មាន​ឥន្រ្ទិយ​ក្លៀវក្លា មានឥន្រ្ទិយ​ទន់ មានអាការល្អ មានអាការ​អាក្រក់ ឲ្យដឹង​ដោយងាយ ឲ្យដឹង​ដោយ​លំបាក មានភ័ព្វ និងឥតភ័ព្វ។ លោក ព្រមទាំង​ទេវលោក មារលោក​ ព្រហ្មលោក ពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ មនុស្ស​ជាសម្មតិទេព និង​មនុស្ស​ដ៏សេស រមែងប្រព្រឹត្ត​ទៅខាងក្នុង​ព្រះពុទ្ធញ្ញណ។ ពួកត្រី និងអណ្តើក​ណាមួយ រាប់យកត្រី​ឈ្មោះ​តិមិតិមិង្គលៈ ដោយ​ហោចទៅ រមែង​ប្រព្រឹត្តទៅ​ក្នុងខាងក្នុង​មហាសមុទ្ទ យ៉ាងណា លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រម​ទាំង​សមណ​ព្រាហ្មណ៍ មនុស្ស​ជាសម្មតិទេព និង​មនុស្ស​ដ៏សេស រមែង​ប្រព្រឹត្ត​ទៅក្នុង​ខាងក្នុង​ពុទ្ធញ្ញាណ យ៉ាងនោះ​ដែរ។ ពួកបក្សី​ណាមួយ រាប់យក​គ្រុឌវេនតេយ្យ​ដោយទី​បំផុត រមែង​ប្រព្រឹត្ត​ទៅក្នុង​ប្រទេស​នៃអាកាស យ៉ាងណា ជនទាំង​ឡាយណា មានប្រាជ្ញា​ស្មើនឹង​ព្រះសារីបុត្រ ជនទាំង​នោះ រមែង​ប្រព្រឹត្តទៅ​ក្នុងប្រទេស​នៃពុទ្ធញ្ញាណ​យ៉ាង​នោះដែរ។ ព្រះពុទ្ធញ្ញាណ ផ្សាយទៅ​គ្របសង្កត់​នូវប្រាជ្ញា​នៃទេវតា និងមនុស្ស។ ទោះបី​ជន​ពួកណា ជា​ខត្តិយបណ្ឌិត​ក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណ​បណ្ឌិតក្តី មាន​បញ្ញាល្អិត ស្គាល់វាទៈ​របស់​ជនដទៃ កាល​ទំលាយទិដ្ឋិ​ទាំងឡាយ​របស់ជន​ដទៃ ដោយ​ប្រាជ្ញា​របស់ខ្លួន ទំនង​ដូចជា​ខ្មាន់ធ្នូស្ទាត់ បាញ់រោមទ្រាយ ពួកជននោះ តាក់តែង​រឿយ ៗ នូវប្រស្នា​រួច ចូលទៅ​សួរ​ព្រះតថាគត។ ​ប្រស្នា​ទាំងនោះ ដែល​ព្រះមានព្រះភាគ ទ្រង់​សំដែង​ដោះស្រាយ​ហើយផង ជាប្រស្នា​មានហេតុ​ដែលសំដែង​ចេញហើយ​ផង ជា​ប្រស្នា​ដែលដាក់​ហើយផង។ បណ្ឌិត​ទាំងនោះ បានសម្រេច (សម្បត្តិ​ជាសាវ័ក ឬ​ឧបាសក ដោយការ​ដោះស្រាយ) របស់​ព្រះមានព្រះភាគ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់រុង​រឿង​ដោយបញ្ញា​ក្នុងកណ្តាល​បរិស័ទនោះ ​ហេតុនោះ (ទ្រង់​ត្រាស់ថា) មកចួបជុំ​ជាគូនឹង​ព្រះពុទ្ធ ព្រះអង្គ​មានធោនា អ្នកមិនអាច​ដើម្បីដល់​នូវគូទេ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

មួយទៀត អ្នកត្រិះរិះហើយមក កាលគិតនូវ​ទិដ្ឋិ​ទាំងឡាយ​ដោយចិត្ត ហើយមក​ចួបជុំ​ជាគូ​នឹងព្រះពុទ្ធ ទ្រង់មាន​ប្រាជ្ញា​កំចាត់ អ្នក​ឯងមិនអាច​ដើម្បី​ដល់នូវគូទេ។

ចប់ បសូរសុត្តនិទេ្ទស ទី៨។

ចប់ ភាគ៦៤។

សូមអនុមោទនា !!!

Oben-pfeil