ខុទ្ទកនិកាយ មហានិទ្ទេស

ទុតិយភាគ
ភាគទី៦៥

សូមនមស្ការថ្វាយបង្គំចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

មាគន្ទិយសុត្តនិទ្ទេស ទី៩

[១] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ឯចំណង់ក្នុងមេថុន មិនមាន (ដល់តថាគត) ព្រោះ​ឃើញនាង​តណ្ហា នាងអរតី និងនាងរាគា​ឡើយ (ចំណង់​ក្នុងមេថុន នឹងមាន​ដល់​តថាគត​ព្រោះ​ឃើញ) នូវសរីរៈ​នៃធីតា​របស់អ្នក​នេះ ដ៏ពេញដោយ​មូត្រ និងករីស ដូចម្តេចកើត តថាគត​មិនត្រូវការ​ដើម្បី​ប៉ះពាល់​នូវសរីរៈ​នៃធីតា​នោះ សូម្បី​ដោយជើង​ឡើយ។

[២] ពាក្យថា ឯចំណង់ក្នុងមេថុន មិនមាន (ដល់តថាគត) ព្រោះឃើញនាង​តណ្ហា នាងអរតី និងនាង​រាគាឡើយ សេចក្តីថា ចំណង់ក្តី តម្រេកក្តី សេចក្តី​ស្រឡាញ់ក្តី ក្នុង​មេថុនធម្ម មិនមាន ព្រោះឃើញ ព្រោះប្រទះ​នូវមារធីតា ឈ្មោះ​តណ្ហា ១ អរតី ១ រាគា១ ហេតុនោះ (ទ្រង់​ត្រាស់ថា) ឯចំណង់​ក្នុងមេថុន មិនមាន (ដល់តថាគត) ព្រោះឃើញ​នាងតណ្ហា នាងអរតី និងនាង​រាគាឡើយ។

[៣] ពាក្យថា (ចំណង់ក្នុងមេថុន នឹងមានដល់​តថាគត ព្រោះឃើញ) នូវសរីរៈ​នៃធីតា​របស់​អ្នកនេះ ដ៏ពេញ​ដោយមូត្រ និងករីស ដូចម្តេច​កើត តថាគត​មិនត្រូវការ​ដើម្បី​ប៉ះពាល់​នូវសរីរៈ​នៃធីតា​នោះ សូម្បីដោយ​ជើងឡើយ អធិប្បាយថា (ចំណង់​ក្នុងមេថុន នឹងមាន​ដល់​តថាគត ព្រោះឃើញ) នូវសរីរៈនេះ​ដ៏ពេញ​ដោយមូត្រ ពេញ​ដោយករីស ពេញ​ដោយស្លេស្ម ពេញដោយ​ឈាម មានរាងឆ្អឹង រឹតរួត​ដោយសរសៃ លាបដោយ​ឈាម និងសាច់ ពាស​ដោយស្បែក បិទបាំង​ដោយសម្បុរថ្ងៃ មានប្រហោង​តូច ប្រហោងធំ តែងហូរ​ចេញ ហូរចូល ជាលំនៅ​នៃពួកដង្កូវ ដ៏ពេញដោយមន្ទិល​មិនស្អាត​ផ្សេងៗ ដូចម្តេចបាន តថាគត​មិនត្រូវការ​ដើម្បីជាន់​ដោយជើង​ឡើយ ការនៅ​រួម ឬការសមាគម មានមកពីណា ហេតុនោះ (ទ្រង់​ត្រាស់ថា) (ចំណង់​ក្នុងមេថុន នឹងមាន​ដល់​តថាគត ព្រោះឃើញ) នូវសរីរៈ​នេះ ដ៏ពេញ​ដោយមូត្រ និងករីស ដូចម្តេចកើត តថាគត​មិនត្រូវការ​ដើម្បីប៉ះពាល់​នូវសរីរៈ​នៃធីតានោះ សូម្បី​ដោយជើង​ឡើយ។ ហេតុនោះ ទើប​ព្រះមានព្រះភាគ ត្រាស់​ហើយថា ឯចំណង់​ក្នុង​មេថុន មិនមាន (ដល់​តថាគត) ព្រោះឃើញ​នាងតណ្ហា នាងអរតី និងនាង​រាគាឡើយ (ចំណង់​ក្នុងមេថុន នឹងមាន​ដល់តថាគត ព្រោះឃើញ) នូវសរីរៈ​នៃធីតា​របស់អ្នក​នេះ ដ៏ពេញ​ដោយមូត្រ និងករីស ដូចម្តេចកើត តថាគត​មិនត្រូវការ​ដើម្បី​ប៉ះពាល់​នូវសរីរៈ​នៃធីតានោះ សូម្បី​ដោយជើង​ឡើយ។

[៤] (មាគន្ទិយព្រាហ្មណ៍សួរថា) បើព្រះអង្គមិនត្រូវការ​នារីរតន៍​បែបនុ៎ះ ដែល​ពួក​នរិន្ទ្រ​មាន​ប្រមាណ​ច្រើន​ប្រាថ្នា​ហើយ​ទេ តើព្រះអង្គ ពោលនូវទិដ្ឋិ សីល វត ជីវិត កិរិយាកើត​ក្នុងភព​បែបណាវិញ។

[៥] (ព្រះមានព្រះភាគត្រាស់ថា ម្នាលគន្ទិយៈ) ការជ្រើសរើស ហើយប្រកាន់​ក្នុងធម៌​ទាំងឡាយ​ថា អាត្មាអញ​ពោលនូវ​ពាក្យនេះ​ដូច្នេះ មិនមាន​ដល់តថាគត​នោះទេ ព្រោះ​តថាគត​ឃើញ (ទោស) ក្នុងទិដ្ឋិ​ទាំងឡាយ មិនប្រកាន់ ហើយបាន​ពិចារណា​ឃើញ​នូវសេចក្តី​ស្ងប់ខាង​ក្នុង។

[៦] ពាក្យថា តថាគតពោលពាក្យនេះ របស់បទថា អាត្មាអញ​ពោល​ពាក្យ​នេះ​ ដូច្នេះ មិនមាន​ដល់តថាគត​នោះទេ សេចក្តីថា តថាគត​ពោលពាក្យនេះ ពោល​ពាក្យ​នុ៎ះ ពោល​ពាក្យ​មាន​ប្រមាណ​ប៉ុណ្ណេះ ពោល​ពាក្យ​មាន​ប្រមាណ​ប៉ុណ្ណោះ ពោល​ទិដ្ឋិនេះ​ថា លោក​ទៀង​ ដូច្នេះ​ក្តី។បេ។ សត្វស្លាប់​ហើយ កើតទៀត​ក៏​មិនមែន មិនកើត​ទៀត​ក៏មិនមែន​ដូច្នេះ​ក្តី។ ពាក្យ​ថា មិនមាន​ដល់​តថាគត​នោះ គឺមិន​មានដល់​តថាគត​ទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) អាត្មាអញ​ពោល​ពាក្យ​នេះ ដូច្នេះ មិនមាន​ដល់​តថាគត​នោះទេ។ ពាក្យថា ម្នាលមាគន្ទិយៈ គឺ​ព្រះមានព្រះភាគ ត្រាស់ហៅ​ព្រាហ្មណ៍​នោះដោយ​ចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ គឺ​ជា​ពាក្យ​ហៅដោយ​គោរព។បេ។ ការបញ្ញាត្តិថា ព្រះមានព្រះភាគ​នេះ កើត​ដោយការ​ត្រាស់ដឹង ហេតុនោះ លោកពោល​ថា ព្រះមានព្រះភាគ ត្រាស់​ហៅ​ថា មាគន្ទិយៈ។

[៧] ពាក្យថា ក្នុងធម៌ទាំងឡាយ នៃបទថា ការជ្រើសរើស​ហើយ ប្រកាន់​ក្នុង​ធម៌ទាំង​ឡាយ គឺក្នុង​ទិដ្ឋិ ៦២។ ពាក្យថា ជ្រើសរើស គឺការ​ជ្រើសរើស ពិចារណា រិះរក រិះគិត ថ្លឹងមើល លៃលក ធ្វើឲ្យ​ច្បាស់​លាស់ ធ្វើឲ្យ​ប្រាកដ ហើយ​ប្រកាន់​ដោយជួរ ប្រកាន់​ដោយ​ចន្លោះ ប្រកាន់ថា ប្រសើរ ប្រកាន់​ដោយចំណែក ប្រកាន់​ដោយគំនរ ប្រកាន់​ដោយ​គំនរធំ ប្រកាន់ បបោស​អង្អែល ចូលចិត្ត ចុះចិត្ត ចុះចិត្ត​ស៊ប់ថា ពាក្យនេះ ជាពាក្យទៀង ជាពាក្យ​ពិត ពាក្យប្រាកដ ពាក្យមែន ពាក្យទៀងទាត់ ពាក្យ​មិនប្រែប្រួល​ដូច្នេះ មិនមាន មិនមាន​ព្រម តថាគត មិនបាន តថាគត​លះបង់ ផ្តាច់បង់ ឲ្យស្ងប់​រម្ងាប់ហើយ ធ្វើមិន​គួរឲ្យកើត​ឡើងទៀត ដុតដោយភ្លើង ​គឺញាណ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ការជ្រើស​រើស ហើយប្រកាន់​ក្នុងធម៌​ទាំងឡាយ។

[៨] ពាក្យថា តថាគតឃើញ (ទោស) ក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ អធិប្បាយថា តថាគត​កាលឃើញ​ទោស​ក្នុងទិដ្ឋិ​ទាំងឡាយ មិនប្រកាន់ មិន​បបោស​អង្អែល មិនជាប់ចិត្ត​នូវទិដ្ឋិ​ទាំងឡាយ ឬថា ទិដ្ឋិទាំងឡាយ តថាគត​មិនគប្បី​ប្រកាន់ មិនគប្បី​បបោស​អង្អែល មិន​គប្បីជាប់ចិត្ត ហេតុនោះ (ទ្រង់​ត្រាស់ថា) តថាគត​ឃើញ (ទោស) ក្នុង​ទិដ្ឋិ​ទាំងឡាយ មិន​ប្រកាន់​ដោយ​ប្រការ​យ៉ាងនេះ​ឯង។ មួយទៀត ដំណើរ​គឺ​ទិដិ្ឋ សេចក្តី​ប្រកាន់​គឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការអន្ទះ​អន្ទែង​គឺទិដ្ឋិ សញ្ញោជនៈ​​គឺទិដ្ឋិនុ៎ះថា លោកទៀង ពាក្យ​នេះ​ឯង ជាពាក្យពិត ពាក្យដទៃ ជា​មោឃៈ ឯទិដ្ឋិនេះ ប្រកប​ដោយទុក្ខ ប្រកប​ដោយ​សេចក្តី​ថ្នាំងថ្នាក់ ប្រកប​ដោយ​សេចក្តី​ចង្អៀត​ចង្អល់ ប្រកប​ដោយសេចក្តី​ក្រហល់​ក្រហាយ មិន​ប្រព្រឹត្ត​ទៅព្រម ​ដើម្បី​សេចក្តី​នឿយណាយ​ទេ ដើម្បី​ប្រាសចាក​តម្រេកទេ ដើម្បី​សេចក្តី​រលត់​ទុក្ខទេ ដើម្បី​សេចក្តី​ស្ងប់រម្ងាប់​ទេ ដើម្បី​អភិញ្ញាទេ ដើម្បី​កិរិយា​ត្រាស់ដឹង​ទេ ដើម្បី​ព្រះនិព្វាន​ទេ តថាគត​ឃើញទោស​ក្នុងទិដ្ឋិ​ទាំងឡាយ​ដូច្នេះ ទើប​មិន​ប្រកាន់​យក មិន​បបោស​អង្អែល មិនជាប់​ចិត្តនូវ​ទិដ្ឋិទាំងឡាយ ឬថា ទិដ្ឋ​ទាំងឡាយ តថាគត​មិនគប្បី​ប្រកាន់​យក មិនគប្បី​បបោស​អង្អែល មិនគប្បី​ជាប់​ចិត្ត ហេតុ​នោះ (ទ្រង់​ត្រាស់ថា) តថាគត​ឃើញទោស​ក្នុងទិដ្ឋិ​ទាំងឡាយ មិនប្រកាន់​ដោយ​ប្រការ​យ៉ាងនេះឯង។ ដំណើរ​គឺទិដ្ឋិ ការប្រកាន់​គឺទិដ្ឋិ ផ្លូវឆ្ងាយ​គឺទិដ្ឋិ ចម្រូង​គឺទិដ្ឋិ សេចក្តី​អន្ទះអន្ទែង​គឺទិដ្ឋិ សញ្ញោជនៈ​គឺទិដ្ឋិនុ៎ះថា លោក​មិន​ទៀង លោក​មាន​ទីបំផុត លោក​មិនមាន​ទីបំផុត ជីវៈនោះ សរីរៈនោះ ជីវៈដទៃ សរីរៈដទៃ សត្វស្លាប់​ហើយ​​កើតទៀត សត្វស្លាប់​ហើយ​មិនកើតទៀត សត្វស្លាប់​ហើយកើតទៀត​ក៏មាន មិនកើត​ទៀតក៏មាន សត្វស្លាប់​ហើយ​កើត​ទៀតក៏មិនមែន មិនកើត​ទៀតក៏មិនមែន ពាក្យនេះ​ឯងជា​ពាក្យពិត ពាក្យដទៃ​ជាមោឃៈ ឯទិដ្ឋិនេះ ប្រកប​ដោយ​ទុក្ខ  ប្រកបដោយ​សេចក្តី​ថ្នាំងថ្នាក់ ប្រកប​ដោយ​សេចក្តី​ចង្អៀត​ចង្អល់ ប្រកប​ដោយ​សេចក្តី​ក្រហល់​ក្រហាយ មិនប្រព្រឹត្ត​ទៅព្រម ដើម្បី​សេចក្តី​នឿយណាយ​ទេ ដើម្បី​សេចក្តី​ប្រាសចាក​តម្រេក​ទេ ដើម្បី​សេចក្តី​រលត់​ទុក្ខទេ ដើម្បី​សេចក្តី​ស្ងប់រម្ងាប់​ទេ ដើម្បី​អភិញ្ញាទេ ដើម្បី​កិរិយា​ត្រាស់ដឹង​ទេ ដើម្បី​ព្រះនិព្វាន​ទេ តថាគត​ឃើញទោស​ក្នុងទិដ្ឋិ​ទាំងឡាយ​ដូច្នេះ ទើបមិន​ប្រកាន់ មិន​បបោស​អង្អែល មិន​ជាប់​ចិត្ត​នូវទិដ្ឋិ​ទាំងឡាយ ឬថា ទិដ្ឋិទាំងឡាយ តថាគត មិន​គប្បី​ប្រកាន់​យក មិនគប្បី​បបោស​អង្អែល មិនគប្បី​ជាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់​ថា) តថាគត ឃើញទោស​ក្នុងទិដ្ឋិ​ទាំងឡាយ មិនប្រកាន់ ដោយ​ប្រការ​យ៉ាង​នេះឯង។ មួយទៀត តថាគត​ឃើញទោស​ក្នុងទិដ្ឋិ​ទាំងឡាយ​ថា ទិដ្ឋិ​ទាំង​នេះ​ ដែល​តថាគត​ប្រកាន់​យ៉ាងនេះ បបោស​អង្អែល​យ៉ាងនេះ មានគតិ​យ៉ាងនេះ មានលោកខាង​មុខ​យ៉ាងនេះ ទើបមិនប្រកាន់ មិនបបោស​អង្អែល មិនជាប់ចិត្ត នូវទិដ្ឋិ​ទាំងឡាយ ឬថា ទិដ្ឋិទាំងឡាយ តថាគតមិនគប្បី​ប្រកាន់ មិនគប្បី​បបោស​អង្អែល មិនគប្បី​ជាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត​ឃើញទោស​ក្នុង​ទិដ្ឋិទាំងឡាយ មិនប្រកាន់​ដោយ​​ប្រការ​យ៉ាងនេះឯង។ មួយទៀត តថាគត​ឃើញទោស ក្នុងទិដ្ឋិ​ទាំងឡាយថា ទិដ្ឋិ​ទាំងនេះ ប្រព្រឹត្តទៅ​ដើម្បី​នរក ប្រព្រឹត្តទៅ​ដើម្បី​តិរច្ឆានកំណើត ប្រព្រឹត្តទៅ​ដើម្បី​បិត្តិវិស័យ ទើប​មិនប្រកាន់ មិនបបោស​អង្អែល មិនជាប់ចិត្ត​នូវទិដ្ឋិ​ទាំងឡាយ ឬថា ទិដ្ឋិទាំងឡាយ តថាគត​មិនគប្បី​ប្រកាន់ មិនគប្បី​បបោសអង្អែល មិនគប្បី​ជាប់ចិត្ត ហេតុនោះ (ទ្រង់​ត្រាស់​ថា) តថាគត ឃើញទោស​ក្នុងទិដ្ឋិ​ទាំងឡាយ មិនប្រកាន់​ ដោយប្រការ​យ៉ាងនេះ​ឯង។ មួយ​ទៀត តថាគតឃើញ​ទោស​ក្នុងទិដ្ឋិ​ទាំងឡាយថា ទិដ្ឋិទាំងនេះ មិនទៀង គឺបច្ច័យ​តាក់តែង​ឡើង​ហើយ អាស្រ័យ​បច្ច័យ​កើត​ឡើង​ហើយ​ មាន​កិរិយាអស់​ទៅ​ជាធម្មតា មានកិរិយា​សូន្យ​ទៅ​​ជាធម្មតា មានកិរិយា​ប្រាស​ទៅ​ជាធម្មតា មានកិរិយា​រលត់ទៅ​ជាធម្មតា ទើបមិន​ប្រកាន់ មិន​​បបោស​អង្អែល មិនជាប់​ចិត្ត​នូវទិដ្ឋិ​ទាំងឡាយ ឬថា ទិដ្ឋិទាំងឡាយ តថាគត មិនគប្បី​ប្រកាន់ មិនគប្បី​បបោស​អង្អែល មិនគប្បី​ជាប់ចិត្ត ហេតុនោះ (ទ្រង់​ត្រាស់ថា) តថាគត ឃើញ​ទោសក្នុង​ទិដ្ឋិ​ទាំងឡាយ មិនប្រកាន់ ដោយ​ប្រការ​យ៉ាងនេះ​ឯង។

[៩] ពាក្យថា បានពិចារណាឃើញនូវសេចក្តីស្ងប់ខាងក្នុង គឺសេចក្តី​ស្ងប់​រាគៈ សេចក្តី​ស្ងប់ទោសៈ សេចក្តី​ស្ងប់មោហៈ ប្រព្រឹត្តទៅ​ក្នុងខាង​ក្នុង និងសេចក្តីស្ងប់ សេចក្តី​ស្ងប់​រម្ងាប់ សេចក្តី​រលត់ សេចក្តី​ស្ងប់​ស្ងៀម​ នៃកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ និង​កិលេស​ទាំងអស់ ទុច្ចរិត​ទាំង​អស់ សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់ សេចក្តី​ក្រហល់​ក្រហាយ​ទាំងអស់ សេចក្តី​អន្ទះសា​ទាំងអស់ អភិសង្ខារជា​អកុសល​ទាំងអស់។ ពាក្យថា បាន​ពិចារណា គឺ​កាល​ពិចារណា កាល​ត្រិះរិះ កាលរំពឹង កាលថ្លឹង កាលលៃលក កាលបំភ្លឺ កាល​ធ្វើ​ឲ្យច្បាស់ថា សង្ខារ​ទាំងឡាយ​ទាំងពួង មិនទៀង កាល​ពិចារណា កាលត្រិះរិះ កាល​រំពឹង កាលថ្លឹង កាល​លៃលក កាលបំភ្លឺ កាលធ្វើ​ឲ្យច្បាស់ថា សង្ខារ​ទាំងឡាយ​ទាំងពួងជាទុក្ខ ថា​ធម៌ទាំង​ឡាយ​ទាំងពួង ជា​អនត្តា។បេ។ កាល​ពិចារណា កាលត្រិរិះ កាលរំពឹង កាលថ្លឹង កាល​លៃលក កាលបំភ្លឺ កាល​ធ្វើ​ឲ្យច្បាស់​ថា វត្ថុណា​មួយ មានសភាព​កើតឡើង​ហើយ វត្ថុទាំង​អស់នោះ មានកិរិយា​រលត់​ទៅវិញ​ជាធម្មតា។ ពាក្យថា បានឃើញ គឺបានជួប បានយល់ បាន​ប្រទះ បានត្រាស់ដឹង ហេតុនោះ (ទ្រង់​ត្រាស់ថា) បាន​ពិចារណា​ឃើញ​នូវ​សេចក្តី​ស្ងប់ខាង​ក្នុង។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ការជ្រើសរើស ហើយប្រកាន់ក្នុងធម៌ទាំងឡាយថា អាត្មាអញ​ពោលនូវ​ពាក្យនេះ​ដូច្នេះ មិនមាន​ដល់​តថាគត​នោះទេ ព្រោះតថាគត ឃើញ (ទោស) ក្នុងទិដ្ឋិ​ទាំងឡាយ មិន​ប្រកាន់​ ហើយបាន​ពិចារណា​ឃើញនូវ​សេចក្តី​ស្ងប់ខាង​ក្នុង។

[១០] (មាគន្ទិយព្រាហ្មណ៍សួរថា) ធម្មជាតិជាគ្រឿងជ្រើសរើសណា ដែលបុគ្គល​កំណត់​ហើយ ព្រះអង្គ​ជាមុនិ មិនប្រកាន់​នូវ​ធម្មជាតិ​ជាគ្រឿង​ជ្រើស​រើស​ទាំង​នោះ ហើយ​ត្រាស់​សេចក្តី​ណាថា សេចក្តី​ស្ងប់ខាង​ក្នុង សេច​ក្តី​នោះ អ្នក​ប្រាជ្ញ​ទាំងឡាយ សំដែងហើយ​ដូចម្តេច​ហ្ន៎។

[១១] ទិដ្ឋិ ៦២ លោកហៅថា ធម្មជាតិជាគ្រឿងជ្រឿសរើស​របស់បទថា ធម្មជាតិ​ជាគ្រឿង​ជ្រឿសរើស ដែលគេ​កំណត់​ហើយ។

ពាក្យថា គេកំណត់ហើយ គឺគេសម្រេច តែងតាំង រៀបចំ គេតែងតាំង​ដូច្នេះខ្លះ ឬថា មិនទៀង បច្ច័យតាក់​តែង អាស្រ័យ​បច្ច័យហើយ​ទើបកើត​ឡើង មានកិរិយា​អស់ទៅ​ជាធម្មតា សូន្យទៅ​ជាធម្មតា ប្រាសទៅ​ជាធម្មតា រលត់ទៅ​ជាធម្មតា ប្រែប្រួល​ទៅជា​ធម្មតា គេតែងតាំង​ដូច្នេះ​ខ្លះ​ ហេតុនោះ (ព្រាហ្មណ៍​ពោលថា) ធម្មជាតិ​ជាគ្រឿង​ជ្រើសរើស​ណា ដែលគេ​កំណត់​ហើយ។ ពាក្យថា ដូច្នេះ ក្នុងបទថា មាគន្ទិយព្រាហ្មណ៍​ពោលដូច្នេះ គឺជា​បទសន្ធិ។បេ។ ពាក្យថា ដូច្នេះ នុ៎ះ ជា​លំដាប់បទ។ ពាក្យថា មាគន្ទិយៈ ជានាម ជាកិរិយារាប់ ជាឈ្មោះ ជា​ពាក្យ​ហៅព្រាហ្មណ៍​នោះ ហេតុនោះ មានពាក្យ​ថា មាគន្ទិយព្រាហ្មណ៍ ពោល​ដូច្នេះ។

[១២] ពាក្យថា នូវធម៌ទាំងនោះ ក្នុងបទថា ព្រះអង្គជាមុនិ មិនប្រកាន់​នូវធម៌​ទាំងនោះ ហើយ​ត្រាស់នូវ​សេចក្តី​ណាថា សេចក្តី​ស្ងប់ខាង​ក្នុង គឺ​បាន​ដល់​ទិដ្ឋិ​ ៦២។ ញាណ ហៅថា​មោនៈ ក្នុងបទថា ​មុនិ។បេ។ មុនិនោះ កន្លង​បណ្តាញ​ជា​គ្រឿង​ជាប់ចំពាក់។ ពាក្យថា មិន​ប្រកាន់ គឺព្រះអង្គ​ប្រកាន់ថា តថាគត​ឃើញ​ទោស​ក្នុងទិដ្ឋិ​ទាំងឡាយ មិនប្រកាន់ មិន​បបោស​អង្អែល មិនជាប់​ចិត្ត​នូវ​ទិដ្ឋិ​ទាំងឡាយ​ ទាំងត្រាស់ថា សេចក្តី​ស្ងប់ខាង​ក្នុង។ ពាក្យថា នូវ​សេចក្តី​ណា គឺព្រះអង្គ​ជាមុនិ មិនប្រកាន់​នូវធម៌​ទាំងនោះ ត្រាស់​នូវសេចក្តី​ដ៏ឧត្តម​ណាថា មាន​​សេចក្តី​ស្ងប់ខាង​ក្នុង ហេតុនោះ (ព្រាហ្មណ៍​ពោល​ថា) នូវសេចក្តី​ណា។

[១៣] ពាក្យថា ដូចម្តេចហ្ន៎ ក្នុងបទថា ដែលអ្នកប្រាជ្ញ​ទាំងឡាយ​សំដែង​ហើយ ដូចម្តេច​ហ្ន៎ គឺជាការ​សួរដោយ​សង្ស័យ សួរដោយ​ងឿងឆ្ងល់ សួរដោយ​មន្ទិល​ សួរដោយ​ចំណែក​ច្រើន ដោយ​ពាក្យថា យ៉ាងនេះ​ឬហ្ន៎ មិនមែន​ទេហ្ន៎ ដូចម្តេច​ហ្ន៎ ដោយ​ប្រការ​ដូចម្តេចហ្ន៎ ហេតុនោះ (ព្រាហ្មណ៍​ពោលថា) ដូចម្តេច​ហ្ន៎។ ពាក្យថា​ អ្នកប្រាជ្ញ​ទាំងឡាយ គឺបណ្ឌិត​​អ្នក​មានបញ្ញា មានបញ្ញា​ជាគ្រឿង​ត្រាស់ដឹង អ្នកមាន​ញាណ អ្នកមាន​ការយល់​ច្បាស់ អ្នក​មាន​ប្រាជ្ញា​ជា​គ្រឿង​ពុះពារ​ទាំង​ឡាយ។ ពាក្យថា សំដែង​ហើយ គឺពន្យល់ សំដែង ប្រាប់ បង្ហាញ បញ្ញត្ត តាំងទុក បង្ហើប វែកញែក ធ្វើឲ្យរាក់ ប្រកាស​ហើយ ហេតុនោះ ព្រាហ្មណ៍​ពោលថា អ្នកប្រាជ្ញ​ទាំង​ឡាយ សំដែង​ហើយ​ដូចម្តេចហ្ន៎។ ហេតុនោះ ព្រាហ្មណ៍​នោះ​ទូលថា

ធម្មជាតិ ជាគ្រឿងជ្រើសរើសណា ដែលបុគ្គល​កំណត់​ហើយ ព្រះអង្គ​ជា​មុនិ មិន​ប្រកាន់​ធម៌ទាំង​នោះ ហើយ​ត្រាស់នូវ​សេចក្តី​ណាថា សេចក្តី​ស្ងប់​ខាង​ក្នុង សេចក្តី​នោះ អ្នក​ប្រាជ្ញ​ទាំងឡាយ សំដែង​ហើយ​ដូចម្តេចហ្ន៎។

[១៤] (ព្រះមានព្រះភាគ ត្រាស់តបថា ម្នាលមាគន្ទិយៈ) អ្នកប្រាជ្ញ​មិនពោល​នូវ​សេចក្តី​បរិសុទ្ធិ ព្រោះការ​ឃើញទេ ព្រោះការ​ឮទេ ព្រោះការ​ដឹងទេ ព្រោះសីល និង​វត្តទេ ទាំងមិន (ពោល​នូវ​សេចក្តី​បរិសុទ្ធិ) ព្រោះការមិន​ឃើញ ព្រោះការ​មិនឮ ព្រោះការ​មិនដឹង ព្រោះ​មិនមាន​សីល ព្រោះមិន​មានវត្ត​នោះទេ ទាំង​លះបង់ មិនប្រកាន់​ធម៌ទាំង​នោះ ជាអ្នកស្ងប់ មិន​​អាស្រ័យ មិនគប្បី​ប្រាថ្នាភព។

[១៥] ពាក្យថា ព្រោះការឃើញទេ ព្រោះការឮទេ ព្រោះការ​ដឹងទេ អធិប្បាយ​ថា អ្នកប្រាជ្ញ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនសំដែង នូវ​សេចក្តី​ស្អាត ស្អាត​វិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំវិញ ព្រោះ​ការ​ដែលឃើញ។ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិន​សំដែង​នូវសេចក្តី​ស្អាត ស្អាតវិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំវិញ ព្រោះការ​ដែល​ឮ។ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិន​សំដែង​នូវសេចក្តី​ស្អាត ស្អាត​វិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំវិញ ព្រោះការ​ឃើញ ​ទាំង​ការ​ឮ។ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនសំដែង​នូវសេចក្តី​ស្អាត ស្អាត​វិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំវិញ ព្រោះការ​ដឹង ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះការ​ឃើញទេ ព្រោះការឮទេ ព្រោះការ​ដឹងទេ។ ពាក្យ​ថា មាគន្ទិយៈ គឺ​ព្រះមានព្រះភាគ​ត្រាស់ហៅ​ព្រាហ្មណ៍នោះ ដោយ​ចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យ​ហៅដោយ​គោរព។បេ។ សេចក្តី​បញ្ញត្តិ​ថា ព្រះមានព្រះភាគ​នេះ (កើត) អំពីការ​ត្រាស់ដឹង ហេតុនោះ (មាន​ពាក្យថា) ព្រះមានព្រះភាគ​ត្រាស់ហៅថា មាគន្ទិយៈ។

[១៦] ពាក្យថា អ្នកប្រាជ្ញមិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះសីល និងវត្តទេ សេចក្តី​ថា អ្នកប្រាជ្ញ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនសំដែង​នូវ​សេចក្តី​ស្អាត ស្អាតវិសាល បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំវិញ សូម្បី​ព្រោះ​សីល​ទេ។ អ្នកប្រាជ្ញ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនសំដែង​នូវ​សេចក្តីស្អាត ស្អាត​វិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំវិញ សូម្បី​ព្រោះវត្តទេ។ អ្នកប្រាជ្ញ​មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនសំដែង​នូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំ​វិញ សូម្បីព្រោះសីល និងវត្តទេ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកប្រាជ្ញ​មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ សូម្បី​ព្រោះសីល និងវត្តទេ។

[១៧] ពាក្យថា ទាំងមិន (សំដែងនូវសេចក្តីបរិសុទ្ធិ) ព្រោះការ​មិនឃើញ ព្រោះ​ការ​មិនឮ ព្រោះការ​មិនដឹង ព្រោះ​មិនមាន​សីល ព្រោះ​មិនមាន​វត្តនោះទេ អធិប្បាយ​ថា ទិដ្ឋិ​ដែល​គួរប្រាថ្នា​ក៏មាន បានដល់​សម្មាទិដ្ឋិ មាន​វត្ថុ១០ គឺ ទាន​ដែល​បុគ្គល​ឲ្យហើយ​មានផល ការបូជា​ធំមានផល ការបូជា​តូចមាន​ផល ផលវិបាក​របស់កម្ម ដែល​បុគ្គល​ធ្វើល្អ និងធ្វើ​អាក្រក់ មាន លោកនេះ​មាន លោកដទៃ​មាន មាតា​មានគុណ បិតា​មានគុណ ពួកសត្វ​ជាឱបបាតិកៈ មាន ពួកសមណ​ព្រាហ្មណ៍អ្នក​ប្រព្រឹត្ត​ត្រូវ ប្រតិបត្តិ​ត្រូវ ធ្វើឲ្យ​ជាក់ច្បាស់ ត្រាស់ដឹង​លោកនេះ និងលោក​ខាងមុខ ដោយបញ្ញា​ដ៏ក្រៃលែង ដោយខ្លួនឯង មាន​ក្នុង​លោក។ ការស្តាប់​ដែលគួរ​ប្រាថ្នា​ក៏មាន បានដល់​ការឃោសនា​អំពីសំណាក់​បុគ្គល​ដទៃគឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម៌ វេទល្លៈ។ ញាណ​ដែលគួរ​ប្រាថ្នា​ក៏មាន គឺ​កម្មស្សកតញ្ញាណ សច្ចានុលោមិកញ្ញាណ អភិញ្ញាញាណ សមាបត្តិញ្ញាណ។ សីលដែល​គួរប្រាថ្នា​ក៏មាន បានដល់​បាតិមោក្ខ​សំវរសីល។ វត្តដែល​គួរប្រាថ្នា​ក៏មាន បានដល់​ធុតង្គ​ទាំង៨ គឺ​អារញ្ញិកង្គៈ១ បិណ្ឌបាតិកង្គៈ១ បង្សុកូលិកង្គៈ១ តេចីវរិកង្គៈ១ សបទានចារិកង្គៈ១ ខលុបច្ឆាភត្តិកង្គៈ១ នេសជ្ជិកង្គៈ១ យថាសន្ថតិកង្គៈ១។ ពាក្យថា ទាំងមិន (សំដែង​នូវសេចក្តី​បរិសុទ្ធិ) ព្រោះ​ការមិនឃើញ ព្រោះការ​មិនឮ ព្រោះការ​មិនដឹង ព្រោះ​មិនមាន​សីល ព្រោះ​មិនមានវត្ត​នោះទេ បានសេចក្តី​ថា បុគ្គល​ដែលដល់​សេចក្តី​ស្ងប់ខាងក្នុង មិនមែន​ត្រឹមតែ​យល់ត្រូវ មិនមែន​ត្រឹមតែ​ឮ មិនមែន​ត្រឹមតែ​ដឹង មិនមែន​ត្រឹមតែសីល មិនមែន​ត្រឹមតែវត្ត ឬថា ដល់សេចក្តី​ស្ងប់ខាង​ក្នុង ព្រោះវៀរ​ចាកធម៌​ទាំងនេះ ក៏មិន​មែនដែរ មួយទៀត ធម៌ទាំង​នេះ ជាសម្ភារៈ ដើម្បីដល់ ដើម្បីបាន ដើម្បី​ប៉ះពាល់ ដើម្បី​ធ្វើឲ្យជាក់​ច្បាស់ សេចក្តីស្ងប់​ខាងក្នុង ហេតុនោះ (ទ្រង់ត្រាស់ថា) ទាំងមិន​សំដែង​នូវសេចក្តី​បរិសុទ្ធិ) ព្រោះការ​មិនឃើញ ព្រោះការ​មិនឮ ព្រោះការ​មិនដឹង ព្រោះមិន​មានសីល ព្រោះមិន​មានវត្ត​នោះទេ។

[១៨] ពាក្យថា លះ មិនប្រកាន់ធម៌ទាំងនុ៎ះ អធិប្បាយថា ការលះបង់ ដោយការ​គាស់រំលើង​នូវធម៌​ជាពួកខ្មៅ​ដោយធម៌​ទាំងនុ៎ះ ត្រូវតែ​ប្រាថ្នា។ ការមិន​មានចំណង់​ក្នុងធម៌​ទាំងឡាយ​ជាកុសល ប្រព្រឹត្ត​ទៅក្នុង​ធាតុបី គប្បី​ប្រាថ្នា។ ធម៌ទាំងឡាយ​ជាពួកខ្មៅ​ដែលលះ​បង់ហើយ ដោយ​ការលះបង់ ដោយការ​គាស់រំលើង​ឫសគល់​ហើយ ធ្វើមិនឲ្យ​មានទីកើត ដូចជា​ទីកើត​នៃដើមត្នោត ដល់នូវ​ការមិនមាន មានការ​មិនកើត​ឡើង​តទៅជាធម្មតា ទាំង​មិនមាន​ចំណង់ក្នុងធម៌​ទាំងឡាយ​ជាកុសល ប្រព្រឹត្ត​ទៅក្នុង​ធាតុបី ដោយ​ហេតុណា សប្បុរស​​មិនប្រកាន់ មិនបបោស​អង្អែល មិនជាប់​ចិត្ត ដោយ​ហេតុមាន​ប្រមាណ​ប៉ុណ្ណោះ​ឯង ឬថា ធម៌ជាពួកខ្មៅ​ទាំងឡាយ សប្បុរស​មិនគប្បី​ប្រកាន់ មិនគប្បី​បបោស​អង្អែល មិនគប្បី​ជាប់ចិត្ត ហេតុនោះ (ទ្រង់​ត្រាស់ថា) លះ មិនប្រកាន់​នូវធម៌​ទាំងនុ៎ះ ដោយប្រការ​យ៉ាងនេះ​ឯង។ តណ្ហា ទិដ្ឋិ និងមានះ សប្បុរស លះបង់ហើយ ផ្តាច់ផ្តិល​ឫសគល់​ហើយ ធ្វើមិន​ឲ្យមាន​ទីកើត ដូចជា​ទីកើតនៃ​ដើមត្នោត ដល់នូវ​ការមិនមាន មានការ​មិន​កើតឡើង​តទៅជា​ធម្មតា ដោយហេតុ​ណា សប្បុរស​មិនប្រកាន់ មិនបបោស​អង្អែល មិនជាប់​ចិត្ត ដោយ​ហេតុមាន​ប្រមាណ​បុណ្ណោះឯង ហេតុនោះ (ទ្រង់​ត្រាស់ថា) លះ មិនប្រកាន់​ដោយប្រការ​យ៉ាងនេះ។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និង​អានេញ្ជាភិសង្ខារ សប្បុរស​លះបង់​ហើយ ផ្តាច់ផ្តិល​ឫសគល់​ហើយ ធ្វើមិនឲ្យ​មានទីកើត ដូចជា​ទីកើត​នៃដើមត្នោត ដល់នូវ​ការមិនមាន មានការ​មិនកើត​តទៅជា​ធម្មតា ដោយ​ហេតុណា សប្បុរស​មិនប្រកាន់ មិនបបោស​អង្អែល មិន​ជាប់​ចិត្ត ដោយហេតុ​មានប្រមាណ​ប៉ុណ្ណោះឯង ហេតុនោះ (ទ្រង់​ត្រាស់ថា) លះ មិនប្រកាន់​ធម៌ទាំង​នុ៎ះ ដោយប្រការ​យ៉ាងនេះ​ឯង។

[១៩] អធិប្បាយពាក្យថា ជាអ្នកស្ងប់ មិនអាស្រ័យ​ហើយ មិនគប្បី​ប្រាថ្នាភព ត្រង់​ពាក្យថា ជាអ្នកស្ងប់ សេចក្តីថា ជាអ្នកស្ងប់ ព្រោះ​ស្ងប់រាគៈ ជាអ្នកស្ងប់ ព្រោះស្ងប់​ទោសៈ ជាអ្នក​ស្ងប់ ព្រោះស្ងប់​មោហៈ ជាអ្នកស្ងប់រម្ងាប់ រំលត់ ស្ងប់ រម្ងាប់ ព្រោះស្ងប់ រម្ងាប់ ចូលជិត​រម្ងាប់​ ផុត រំលត់ ឲ្យទៅប្រាស់ ស្ងប់ រម្ងាប់ នូវកោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់ក្រវាយ​ទាំងពួង សេចក្តី​ក្រហល់​ក្រហាយ​ទាំងពួង សេចក្តី​ក្តៅ​ក្រហាយ​ទាំងពួង អភិសង្ខារ​ជាអកុសល​ទាំងពួង ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នកស្ងប់។ ពាក្យថា មិនអាស្រ័យ បានដល់​ការអាស្រ័យ ២ គឺ​តណ្ហានិស្ស័យ ១ ទិដ្ឋិនិស្ស័យ ១។បេ។ នេះ តណ្ហានិស្ស័យ។បេ។ នេះ ទិដ្ឋិនិស្ស័យ។ បុគ្គលលះ​តណ្ហានិស្ស័យ រលាស់​ចោល​ទិដ្ឋិនិស្ស័យ មិនអាស្រ័យ​ភ្នែក មិនអាស្រ័យ​ត្រចៀក មិនអាស្រ័យ​ច្រមុះ មិនអាស្រ័យ​អណ្តាត មិន​អាស្រ័យ​កាយ មិន​អាស្រ័យ​ចិត្ត មិន​អាស្រ័យ មិនប្រកាន់ មិនបបោស​អង្អែល មិន​ជាប់ចិត្ត នូវរូប សំឡេង ក្លិន រស ផ្សព្វ ត្រកូល គណៈ អាវាស លាភ យស សេចក្តី​សរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព​ ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន និងធម៌​ទាំងឡាយ ដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នកស្ងប់ មិនអាស្រ័យ។ ពាក្យថា មិនគប្បី​ប្រាថា្នភព សេចក្តីថា មិនគប្បី​ប្រាថ្នា​កាមភព មិនគប្បី​ប្រាថ្នា​រូបភព មិន​គប្បី​ប្រាថ្នា មិនគប្បី​ប្រាថ្នា​ដោយប្រការៈ មិនគប្បី​ប្រាថ្នា​ចំពោះ​អរូបភព ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​ស្ងប់ មិនអាស្រ័យ មិនគប្បី​ប្រាថា្នភព។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់​ហើយថា

(ម្នាលមាគន្ទិយៈ) អ្នកប្រាជ្ញ មិនពោលនូវសេចក្តី​បរិសុទ្ធិ ព្រោះការ​ឃើញទេ ព្រោះការ​ឮទេ ព្រោះការ​ដឹងទេ ព្រោះសីល និងវត្តទេ ទាំងមិន (ពោលនូវ​សេចក្តី​បរិសុទ្ធិ) ព្រោះ​ការ​​មិនឃើញ ព្រោះការ​មិនឮ ព្រោះការ​មិនដឹង ព្រោះមិនមាន​សីល ព្រោះ​មិនមាន​វត្ត​នោះទេ ទាំងលះ មិនប្រកាន់​នូវធម៌​ទាំងនោះ ជាអ្នក​ស្ងប់ មិនអាស្រ័យ​ហើយ មិនគប្បី​ប្រាថ្នាភព។

[២០] (មាគន្ទិយព្រាហ្មណ៍ទូលដូច្នេះថា) ប្រសិនបើ​អ្នកប្រាជ្ញ មិនពោល​នូវសេចក្តី​បរិសុទ្ធិ ព្រោះការ​ឃើញទេ ព្រោះការ​ឮទេ ព្រោះការ​ដឹងទេ ព្រោះសីល និងវត្តទេ ទាំងមិន (ពោល​នូវ​សេចក្តី​បរិសុទ្ធិ) ព្រោះការ​មិនឃើញ ព្រោះការ​មិនឮ ព្រោះការ​មិនដឹង ព្រោះមិន​មានសីល ព្រោះមិន​មានវត្ត​នោះទេ ខ្ញុំ​ព្រះអង្គ​សំគាល់ធម៌ (របស់​ព្រះអង្គ ថាជាធម៌) នាំសត្វ​ឲ្យវង្វេង​ជ្រប់ សមណ​ព្រាហ្មណ៍​ពួកខ្លះ ជឿសេចក្តី​បរិសុទ្ធិ ព្រោះទិដ្ឋិ។

[២១] ពាក្យថា ប្រសិនបើ (អ្នកប្រាជ្ញ) មិនពោល (នូវសេចក្តី​បរិសុទ្ធិ) ព្រោះការ​ឃើញទេ ព្រោះការ​ឮទេ ព្រោះការដឹងទេ អធិប្បាយថា អ្នកប្រាជ្ញ​មិនពោល គឺមិនថ្លែង មិនពណ៌នា មិនបំភ្លឺ មិនពន្យល់​នូវ​សេចក្តី​ស្អាត ស្អាតវិសេស​ សេចក្តី​បរិសុទ្ធិ ការផុត ការផុត​ស្រឡះ ការផុត​ដោយជុំវិញ សូម្បី​ដោយការ​ឃើញទេ។ អ្នកប្រាជ្ញ​មិនពោល គឺមិនថ្លែង មិនពណ៌នា មិនបំភ្លឺ មិនពន្យល់​នូវ​សេចក្តីស្អាត ស្អាតវិសេស សេចក្តី​បរិសុទ្ធិ​ ការផុត ការផុត​ស្រឡះ ការផុត​ដោយជុំវិញ សូម្បី​ដោយ​ការឮទេ។ អ្នកប្រាជ្ញ​មិនពោល គឺមិនថ្លែង មិនពណ៌នា មិនបំភ្លឺ មិនពន្យល់​នូវសេចក្តី​ស្អាត ស្អាតវិសេស សេចក្តី​បរិសុទ្ធិ ការផុត​ ការ​ផុតស្រឡះ ការផុត​ដោយជុំវិញ សូម្បីដោយ​ការឃើញ ទាំងការ​ឮទេ។ អ្នកប្រាជ្ញ​មិនពោល គឺ​មិនថ្លែង​ មិនពណ៌នា មិនបំភ្លឺ មិនពន្យល់ នូវសេចក្តី​ស្អាត ស្អាតវិសេស សេចក្តី​បរិសុទ្ធិ​ ការផុត ការផុត​ស្រឡះ​ ការផុត​ដោយជុំវិញ​ សូម្បី​ដោយការ​ដឹងទេ ហេតុនោះ (ព្រាហ្មណ៍​ពោលថា) ប្រសិនបើ (អ្នកប្រាជ្ញ) មិនពោល (នូវសេចក្តី​បរិសុទ្ធិ) ព្រោះការ​ឃើញទេ ព្រោះការ​ឮទេ ព្រោះការ​ដឹងទេ។ ពាក្យថា​ ដូច្នេះ របស់បទថា​ មាគន្ទិយៈ​ទូលដូច្នេះ ជា​បទសន្ធិ។បេ។ ពាក្យថា ដូច្នេះនុ៎ះ ជាលំដាប់បទ។ ពាក្យថា​ មាគនិ្ទយៈ ជាឈ្មោះ​ព្រាហ្មណ៍​នោះ ​ហេតុនោះ មានពាក្យថា មាគនិ្ទយៈ (ទូល) ដូច្នេះ។

[២២]ពាក្យថា អ្នកប្រាជ្ញមិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះសីល និងវត្តទេ សេចក្តីថា អ្នកប្រាជ្ញ​មិនពោល​ គឺមិនថ្លែង មិនពណ៌នា មិនបំភ្លឺ មិនពន្យល់ នូវសេចក្តីស្អាត ស្អាតវិសេស សេចក្តី​បរិសុទ្ធិ សូម្បី​ដោយសីលទេ នូវសេចក្តី​ស្អាត ​ស្អាតវិសេស​ សេចក្តី​បរិសុទ្ធិ​ សូម្បី​ដោយ​វត្តទេ នូវសេចក្តី​ស្អាត ស្អាតវិសេស សេចក្តី​បរិសុទ្ធិ ការផុត​ ការផុត​ស្រឡះ​ ការផុត​ដោយ​ជុំវិញ​ សូម្បីដោយ​សីល និងវត្តទេ ​ហេតុនោះ (ព្រាហ្មណ៍​ពោលថា) ​អ្នកប្រាជ្ញ​មិនពោល​នូវ​សេចក្តី​បរិសុទ្ធិ ព្រោះសីល និងវត្តទេ។

[២៣] ពាក្យថា ទាំងមិន (ពោលនូវសេចក្តី​បរិសុទ្ធិ) ព្រោះការ​មិនឃើញ ព្រោះការ​មិនឮ ព្រោះការ​មិនដឹង ព្រោះមិនមាន​សីល​ ព្រោះ​មិនមាន​វត្តនោះទេ សេចក្តីថា ព្រះអង្គ​ពោលយ៉ាង​នេះថា ទិដ្ឋិ​ដែលគួរ​ប្រាថ្នាក៏មាន ​ព្រះអង្គ​ពោល​យ៉ាងនេះថា ការស្តាប់​ដែលគួរ​ប្រាថ្នា​ក៏មាន ព្រះអង្គ​ពោលយ៉ាង​នេះថា ការដឹង​ដែលគួរ​ប្រាថ្នា​ក៏មាន ព្រះអង្គ​ពោលយ៉ាង​នេះថា​ សីលដែល​គួរប្រាថ្នា​ក៏មាន ព្រះអង្គ​ពោលយ៉ាង​នេះថា​ វត្តដែល​គួរប្រាថ្នា​ក៏មាន ព្រះអង្គ​មិនអាច​ដើម្បីយល់​តាម​ដោយ​ដាច់ខាត ព្រះអង្គ​មិនអាច​ដើម្បី​បដិសេធ​ដោយដាច់​ខាត ហេតុនោះ (ព្រាហ្មណ៍​ពោលថា) ទាំងមិន (ពោលនូវ​សេចក្តី​បរិសុទ្ធិ) ព្រោះការ​មិនឃើញ ព្រោះការ​មិនឮ ព្រោះការ​មិនដឹង ព្រោះមិន​មានសីល ព្រោះមិន​មានវត្ត​នោះទេ។

[២៤] ពាក្យថា ខ្ញុំព្រះអង្គសំគាល់ធម៌ (របស់ព្រះអង្គ ថាជាធម៌) នាំសត្វ​ឲ្យវង្វេង​ជ្រប់ សេចក្តីថា ខ្ញុំព្រះអង្គ​សំគាល់​យ៉ាងនេះ ដឹងយ៉ាងនេះ ដឹងច្បាស់​យ៉ាងនេះ យល់ច្បាស់​យ៉ាងនេះថា​ ធម៌របស់​ព្រះអង្គនេះ ជាធម៌ញុំាង​សត្វឲ្យវង្វេង ជាធម៌ពាល ជាធម៌ងងឹត ជាធម៌ប្រាស​ចាកញាណ​ ជា​អមរាវិក្ខេបធម៌ ហេតុនោះ (ព្រាហ្មណ៍​ពោលថា)​ ខ្ញុំព្រះអង្គ​សំគាល់ធម៌ (របស់​ព្រះអង្គ ថាជាធម៌) នាំសត្វ​ឲ្យវង្វេងជ្រប់។

[២៥] ពាក្យថា សមណព្រាហ្មណ៍ពួកខ្លះ ជឿសេចក្តី​បរិសុទ្ធិ​ ព្រោះការ​ឃើញ សេចក្តី​ថា សមណ​ព្រាហ្មណ៍​ទាំងឡាយ​ពួកខ្លះ​ជឿថា សេចក្តី​ស្អាត ស្អាតវិសេស​ សេចក្តី​បរិសុទ្ធិ ការផុត ការផុត​ស្រឡះ ការផុត​ដោយជុំវិញ ព្រោះការ​ឃើញ។ សមណ​ព្រាហ្មណ៍​ពួកខ្លះ ជឿសេចក្តី​ស្អាត ស្អាតវិសេស សេចក្តី​បរិសុទ្ធិ ការផុត ការផុត​ស្រឡះ ការផុត​ដោយ​ជុំវិញ​ ព្រោះការ​ឃើញថា​ លោកទៀង ពាក្យនេះ​ឯងពិត ពាក្យដទៃ​ជាមោឃៈ។ សមណ​ព្រាហ្មណ៍ពួកខ្លះ ជឿសេចក្តី​ស្អាត ស្អាតវិសេស សេចក្តី​បរិសុទ្ធិ ​ការផុត​ ការផុត​ស្រឡះ ការផុតដោយ​ជុំវិញ ព្រោះការ​ឃើញថា លោកមិន​ទៀង។បេ។ សត្វស្លាប់​ហើយ កើតទៀត​ក៏មិន​មែន មិនកើត​ទៀតក៏​មិនមែន ពាក្យនេះ​ឯងពិត ពាក្យ​ដទៃជា​មោឃៈ ហេតុនោះ (ព្រាហ្មណ៍​ពោលថា) សមណ​ព្រាហ្មណ៍​ពួកខ្លះ ជឿសេចក្តី​បរិសុទ្ធិ​ ព្រោះការ​ឃើញ។ ហេតុនោះ ព្រាហ្មណ៍​នោះពោល​ថា ប្រសិនបើ​អ្នកប្រាជ្ញ​មិនពោល​នូវសេចក្តី​បរិសុទ្ធិ ព្រោះ​ការ​​ឃើញទេ ព្រោះការ​ឮទេ ព្រោះការ​ដឹងទេ ព្រោះសីល និងវត្តទេ ទាំងមិន (ពោលនូវ​សេចក្តី​បរិសុទ្ធិ) ព្រោះការ​មិនឃើញ ព្រោះការ​មិនឮ ព្រោះការ​មិនដឹង ព្រោះមិន​មានសីល ព្រោះមិន​មានវត្ត​នោះទេ ខ្ញុំព្រះអង្គ​សំគាល់ធម៌ (របស់​ព្រះអង្គ ថាជាធម៌) នាំសត្វ​ឲ្យវង្វេង​ជ្រប់ សមណ​ព្រាហ្មណ៍​ពួកខ្លះ ជឿសេចក្តី​បរិសុទ្ធិ​ព្រោះទិដ្ឋិ។

[២៦] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​មាគន្ទិយៈ) អ្នកអាស្រ័យ​ទិដ្ឋិ​ទាំងឡាយ​ហើយ ទើបសួរ​រឿយៗ អ្នកដល់នូវ​សេចក្តី​ភ័ន្តច្រឡំ​ក្នុងទិដ្ឋិ​ទាំងឡាយ ដែលប្រកាន់​ហើយ មិនបាន​ឃើញ​សញ្ញាសូម្បី​តិចតួច អំពីធម៌នេះ ហេតុនោះ ទើបអ្នក​យល់ថា ជាធម៌​នាំឲ្យសត្វ​វង្វេង​ជ្រប់។

[២៧] ពាក្យថា អ្នកអាស្រ័យទិដ្ឋិទាំងឡាយហើយ ទើបសួរ​រឿយៗ សេចក្តីថា មាគន្ទិយព្រាហ្មណ៍ អាស្រ័យ​ទិដ្ឋិ ហើយសួរទិដ្ឋិ អាស្រ័យ​ការជាប់​ចំពាក់ ហើយសួរ​ការជាប់​ចំពាក់ អាស្រ័យ​ចំណង ហើយសួរ​ចំណង អាស្រ័យ​បលិពោធ​ ហើយសួរ​បលិពោធ។ ពាក្យថា​ សួររឿយៗ​ គឺសួរ​ញឹកញយ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកអាស្រ័យ​ទិដ្ឋិទាំងឡាយ​ហើយ ទើបសួរ​រឿយៗ។ ពាក្យថា មាគន្ទិយៈ គឺព្រះមានព្រះភាគ​ត្រាស់ហៅ​នូវព្រាហ្មណ៍​នោះ​ដោយ​ចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យ​ហៅដោយ​គោរព។បេ។ សេចក្តី​បញ្ញត្តិថា ព្រះមានព្រះភាគ​នេះ (កើត) អំពីការ​ត្រាស់ដឹង ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគ​ត្រាស់​ហៅថា​ មាគនិ្ទយៈ។

[២៨] ពាក្យថា អ្នកដល់នូសេចក្តីភ័ន្តច្រឡំ ក្នុងទិដ្ឋិទាំងឡាយ ដែលប្រកាន់​ហើយ សេចក្តីថា​ ទិដ្ឋិណា​ដែលអ្នក​ប្រកាន់ បបោស​អង្អែល​​ ចូលចិត្ត ចុះចិត្ត ចុះចិត្ត​ស៊ប់ អ្នកជា​បុគ្គល​វង្វេង វង្វេងជ្រប់​ វង្វេងស៊ប់ ជាអ្នក​ដល់នូវ​សេចក្តី​វង្វេង ដល់នូវ​សេចក្តី​វង្វេងជ្រប់ ដល់នូវ​សេចក្តី​វង្វេងស៊ប់ ជាអ្នក​ស្លុងទៅ​កាន់សេចក្តី​ងងឹត​ងងល់​ក្នុងទិដ្ឋិ​នោះឯង ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកដល់​នូវការភ័ន្ត​ច្រឡំ ក្នុងទិដ្ឋិទាំងឡាយ​ ដែលប្រកាន់​ហើយ។

[២៩] ពាក្យថា អ្នកមិនបានឃើញសញ្ញា​សូម្បី​បន្តិច​បន្តួច អំពី​ធម៌នេះ សេចក្តីថា អ្នក​មិន​បាន​សញ្ញា​ដែលគួរហើយក្តី សញ្ញា​ដែល​ដល់​ហើយក្តី សញ្ញា​ជាគ្រឿង​ចំណាំក្តី សញ្ញា​ជាហេតុ​ក្តី សញ្ញាជា​ទីតាំងក្តី អំពីធម៌​ដែលមាន​សេចក្តី​ស្ងប់​ខាងក្នុង​នេះក្តី អំពី​សេចក្តី​បដិបត្តិ​នេះក្តី អំពី​ធម្មទេសនា​នេះ​ក្តី តើញាណ (នឹងមានមក) អំពីណា​ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកមិន​បានឃើញ​សញ្ញា​សូម្បីបន្តិច​បន្ទួច អំពីធម៌នេះ ដោយ​ប្រការ​យ៉ាងនេះ​ឯង។ មួយវិញ​ទៀត អ្នកមិនបាន​សញ្ញាថា បញ្ចក្ខន្ធ មិនទៀង ឬ​អនុលោម​តាមសញ្ញា​ថា បញ្ចក្ខន្ធ មិនទៀង សញ្ញាថា បញ្ចក្ខន្ធ​ជាទុក្ខ​ ឬអនុលោម​តាមសញ្ញាថា បញ្ចក្ខន្ធ​ជាទុក្ខ សញ្ញាថា​ បញ្ចក្ខន្ធ​ជាអនត្តា ឬអនុលោម​តាមសញ្ញា​ថា​ បញ្ចក្ខន្ធ ជាអនត្តា កិច្ចត្រឹម​តែកិរិយា​ញុំាងសញ្ញា​ឲ្យ​កើតឡើង ឬនិមិត្ត​ក្នុងសញ្ញា តើញាណ​នឹង​មានមក​អំពីណា​ ហេតុ​នោះ (ទ្រង់​ត្រាស់ថា) មិន​បាន​​ឃើញសញ្ញា​សូម្បី​បន្តិច​បន្តួច​អំពីធម៌នេះ។

[៣០] ពាក្យថា ហេតុនោះ ទើបអ្នកយល់ថា ជាធម៌​នាំសត្វឲ្យ​វង្វេង​ជ្រប់ ត្រង់​ពាក្យថា​ហេតុនោះ គឺ​ព្រោះហេតុ​ដូច្នោះ ព្រោះការណ៍នោះ ព្រោះ​ហេតុនោះ ព្រោះ​បច្ច័យនោះ ព្រោះ​និទាននោះ​ ទើបអ្នក​យល់ឃើញ ក្រឡេកឃើញ រំពឹងឃើញ ពិចារណា​ឃើញថា ជាធម៌​ញុំាងសត្វ​ឲ្យវង្វេងជ្រប់ ថាជាធម៌​ពាល ថាជា​ធម៌ភ័ន្តច្រឡំ ថាជាធម៌​ប្រាសចាក​ញាណ ថាជា​អមរាវិក្ខេបធម៌ ហេតុនោះ (ទ្រង់ត្រាស់ថា) ហេតុនោះ ទើបអ្នក​យល់​ថា ជាធម៌​ញុំាងសត្វ​ឲ្យវង្វេង​ជ្រប់។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

អ្នកអាស្រ័យទិដ្ឋិទាំងឡាយ ហើយសួរ​រឿយៗ ដល់នូវ​សេចក្តី​ភ័ន្តច្រឡំ​ក្នុងទិដ្ឋិ​ទាំងឡាយ​ដែលប្រកាន់​យក​ហើយ មិនបាន​ឃើញសញ្ញា​សូម្បី​បន្តិចបន្តួច​អំពី​ធម៌នេះ ហេតុនោះ ទើបអ្នក​យល់ថា ជាធម៌​នាំឲ្យ​វង្វេងជ្រប់។

[៣១] បុគ្គលណា សំគាល់ថាស្មើ ថាប្រសើរ ឬថាថោកទាប បុគ្គលនោះ ​គប្បី​និយាយ​ទទឹង​ទាស់​ដោយ​សេចក្តី​សំគាល់​នោះ បុគ្គលណា ​មិនញាប់ញ័រ​ក្នុងមានះ ៣ យ៉ាង ការ​ប្រកាន់​​ថាស្មើ ថាប្រសើរ (ឬថា​ថោកទាប) នៃបុគ្គល​នោះ មិនមាន​ឡើយ។

[៣២] ពាក្យថា បុគ្គលណា ​សំគាល់ថា​ស្មើ ថាប្រសើរ ឬថា​ថោកទាប បុគ្គលនោះ​ គប្បី​និយាយ​ទទឹងទាស់​ដោយសេចក្តី​សំគាល់​នោះ អធិប្បាយថា បុគ្គលណា​ សំគាល់ថា អាត្មាអញ​​ប្រហែល​នឹងគេក្តី ​ថា​អាត្មាអញ​ប្រសើរក្តី ថាអាត្មាអញ​ថោកទាបក្តី បុគ្គលនោះ គប្បី​ធ្វើ​ជម្លោះ គប្បីធ្វើ​ការទាស់​ទែង គប្បី​ធ្វើការ​ប្រកាន់ខុស គប្បី​ធ្វើវិវាទ គប្បី​ធ្វើការ​ប្រកួត​ប្រកាន់ ព្រោះមានះ​នោះ ព្រោះទិដ្ឋិនោះ ឬព្រោះ​បុគ្គល​នោះថា អ្នកមិន​ចេះធម្ម​វិន័យនេះទេ ខ្ញុំ​ចេះដឹង​ធម្មវិន័យនេះ អ្នកនឹង​ចេះធម្ម​វិន័យ​នេះ​ដូចម្តេច​បាន អ្នកជា​​បុគ្គល​ប្រតិបត្តិ​ខុស ខ្ញុំ​ប្រតិបត្តិ​ត្រូវ ពាក្យរបស់​ខ្ញុំទើប​ប្រកប​ដោយ​ប្រយោជន៍ ពាក្យរបស់​អ្នកមិន​ប្រកប​ដោយ​ប្រយោជន៍​​ទេ ពាក្យដែល​គេត្រូវ​និយាយ​មុន អ្នក​និយាយ​ក្រោយ ពាក្យ​ដែលគេ​ត្រូវនិយាយ​ក្រោយ អ្នកនិយាយ​មុន ពាក្យ​ដែលអ្នក​សន្សំមក​យូរហើយ ត្រូវយើង​ឲ្យវិលត្រឡប់​ហើយ វាទៈ​របស់អ្នក យើង​លើកចោល​ហើយ អ្នកត្រូវ​យើង​សង្កត់សង្កិន​បានហើយ អ្នកចូរត្រាច់ទៅ ដើម្បី​ដោះវាទៈ​ចុះ ឬបើអ្នកអាច អ្នកចូរដោះចុះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលណា សំគាល់​ថាស្មើ ថាប្រសើរ ឬថាថោកទាប បុគ្គលនោះ គប្បីនិយាយ​ទទឹងទាស់​ដោយ​សេចក្តី​សំគាល់​នោះ។

[៣៣] ពាក្យថា បុគ្គលណា មិនញាប់ញ័រ​ក្នុងមានះ ៣ យ៉ាង ការប្រកាន់​ថា ស្មើ ថាប្រសើរ (ឬថា​ថោកទាប) មិនមាន​ដល់បុគ្គល​នោះ សេចក្តីថា មានះទាំង​ឡាយ​បីយ៉ាងនុ៎ះ បុគ្គលណា​ លះបង់ ផ្តាច់បង់ ស្ងប់រម្ងាប់ កំចាត់បង់ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើង​គឺញាណ​ហើយ បុគ្គលនោះ រមែងមិន​ញាប់ញ័រ មិនរំជួល​ក្នុងមានះ​ទាំង ៣ កាលបើ​បុគ្គល​មិនញាប់ញ័រ​ហើយ (រមែង​មិនមាន​សេចក្តី​ប្រកាន់ថា) អាត្មាអញ​ជាបុគ្គល​ស្មើនឹង​គេដូច្នេះ​ផង ជាបុគ្គល​ប្រសើរ​ជាងគេ​ដូច្នេះផង ជាបុគ្គល​ថោកទាប​ជាងគេ​ដូច្នេះផង។ ពាក្យថា មិនមាន​ដល់បុគ្គល​នោះ សេចក្តី​ថា មិនមាន​ដល់​តថាគត ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​មិនញាប់ញ័រ​ក្នុងមានះ ៣ យ៉ាង (ការប្រកាន់ថា) ស្មើ ថាប្រសើរ រមែង​មិនមាន​ដល់​បុគ្គលនោះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលណា សំគាល់ថាស្មើ ថាប្រសើរ ឬថាថោកទាប បុគ្គលនោះ គប្បី​និយាយ​ទទឹង​ទាស់​ដោយ​សេចក្តី​សំគាល់​នោះ បុគ្គលណា មិនញាប់ញ័រ​ក្នុងមានះ ៣ ការ​ប្រកាន់​ថាស្មើ ថាប្រសើរ (ឬថា​ថោកទាប) មិនមាន​ដល់បុគ្គល​នោះឡើយ។

[៣៤] ព្រាហ្មណ៍នោះ គប្បីពោលថា (សេចក្តីយល់) នេះ ត្រូវពិត​ដូចម្តេច​បាន ឬក៏​ព្រាហ្មណ៍​នោះ គប្បីពោល​ទទឹងទាស់ថា (ពាក្យ​របស់អ្នក) ជាពាក្យ​កុហក ដោយប្រការ​ដូចម្តេច​បាន សេចក្តី​សំគាល់​ថាស្មើ ឬមិនស្មើ មិនមាន​ក្នុងព្រះខីណាស្រព​អង្គណា ព្រះខីណាស្រព​អង្គនោះ គប្បី​ផ្សាយវាទៈ ដោយប្រការ​ដូចម្តេច​បាន។

[៣៥] អធិប្បាយពាក្យថា ព្រាហ្មណ៍នោះ គប្បីពោលថា សេចក្តី​យល់នេះ ត្រូវពិត​ដូចម្តេច​បាន ត្រង់​ពាក្យថា ព្រាហ្មណ៍ គឺ​បុគ្គល​ឈ្មោះថា ព្រាហ្មណ៍ ព្រោះបន្សាត់​បង់ធម៌ ៧។បេ។ ជាបុគ្គល​មិនអាស្រ័យ ​ជាតាទិបុគ្គល បុគ្គល​នោះ លោកហៅថា ព្រាហ្មណ៍ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រាហ្មណ៍​នោះ (គប្បី​ពោលថា) សេចក្តី​យល់នេះ​ត្រូវពិត។ ពាក្យថា គប្បី​ពោលដូច​ម្តេចបាន សេចក្តីថា ព្រាហ្មណ៍ គប្បីពោល​ដូចម្តេច គប្បីថ្លែង​ដូចម្តេច គប្បី​ពណ៌នា​ដូចម្តេច គប្បី​បំភ្លឺដូចម្តេច គប្បីពន្យល់​ដូចម្តេចថា លោកទៀង ពាក្យនេះ​ឯង​ពិត ពាក្យដទៃ​ជាមោឃៈ។ គប្បី​ពោល​ដូចម្តេច គប្បីថ្លែង​ដូចម្តេច គប្បីពណ៌នា​ដូចម្តេច គប្បី​បំភ្លឺ​ដូចម្តេច គប្បីពន្យល់​ដូចម្តេចថា លោកមិន​ទៀង។បេ។ សត្វស្លាប់​ហើយ​កើត​ទៀតក៏​មិនមែន មិនកើត​ទៀតក៏​មិនមែន ពាក្យនេះ​ឯងពិត ពាក្យដទៃ​ជាមោឃៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រាហ្មណ៍​នោះ គប្បី​ពោលថា (សេចក្តី​យល់) នេះ ត្រូវពិត ដូចម្តេច​បាន។

[៣៦] ពាក្យថា ព្រាហ្មណ៍នោះ គប្បីពោលទទឹង​ទាស់ថា (ពាក្យ​របស់អ្នក) ជាពាក្យ​កុហក ដោយ​ប្រការ​ដូចម្តេច​បាន សេចក្តីថា​ ព្រាហ្មណ៍ គប្បី​ធ្វើជម្លោះ គប្បីធ្វើ​ការទាស់ទែង គប្បីធ្វើ​សេចក្តី​ប្រកាន់​សុខ គប្បី​ធ្វើវិវាទ គប្បីធ្វើ​សេចក្តី​ប្រកួត​ប្រកាន់ថា អ្នកមិន​ចេះដឹង ធម្មវិន័យ​នេះ​ទេ។បេ។ បើអ្នកអាច អ្នកចូរដោះចុះ ដោយមានះ​ដូចម្តេច ដោយ​ទិដ្ឋិ​ដូចម្តេច ឬដោយ​បុគ្គល​ដូចម្តេចថា ពាក្យរបស់​ខ្ញុំពិត ពាក្យរបស់​អ្នកកុហក ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រាហ្មណ៍នោះ គប្បីពោល​ទទឹង​ទាស់ថា (ពាក្យ​របស់អ្នក) ជាពាក្យ​កុហក ដោយប្រការ​ដូចម្តេច​បាន។

[៣៧] ពាក្យថា សេចក្តីសំគាល់ថាស្មើក្តី មិនស្មើក្តី មិនមាន​ក្នុងព្រះខីណាស្រព​អង្គ​ណា សេចក្តីថា ព្រះអរហន្ត​ខីណាស្រព​អង្គណា មិនមាន​សេចក្តី​ប្រកាន់ថា អាត្មាអញ​ជា​បុគ្គលស្មើ​នឹងគេ មិនមាន​សេចក្តី​ប្រកាន់​ខ្ពស់ថា អាត្មាអញ​ជាបុគ្គល​ប្រសើរ​ជាងគេ មិនមាន មិនមាន​ព្រម មិនគប្បី​បាននូវ​សេចក្តី​ប្រកាន់​ទាបថា អាត្មាអញ​ជាបុគ្គល​ថោកទាប​ជាងគេ គឺ​ថា កិលេស​ជាតនោះ ព្រះខីណាស្រព​លះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់​រម្ងាប់ មិនគួរ​ឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺ​ញាណហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) សេចក្តី​សំគាល់ថា​ស្មើ​ក្តី មិនស្មើក្តី មិនមាន​ក្នុងព្រះខីណាស្រព​អង្គណា។

[៣៨] ពាក្យថា ព្រះខីណាស្រពអង្គនោះ គប្បីផ្សាយ​វាទៈ ដោយប្រការ​ដូចម្តេច​បាន សេចក្តី​ថា ព្រះខីណាស្រព​អង្គនោះ គប្បីផ្សាយ គប្បីផ្សព្វ​ផ្សាយវាទៈ គប្បីធ្វើ​ជម្លោះ គប្បីធ្វើ​សេចក្តី​ទាស់ទែង គប្បីធ្វើ​ការប្រកាន់​ខុស គប្បី​ធ្វើវិវាទ គប្បី​ធ្វើសេចក្តី​ប្រកួត​ប្រកាន់ថា អ្នកមិន​ចេះធម្មវិន័យ​នេះទេ។បេ។ ឬបើ​អ្នកអាច ចូរអ្នកដោះ​ចុះ ដោយមានះ​ដូចម្តេច ដោយ​ទិដ្ឋិ​ដូចម្តេច ឬក៏​ដោយបុគ្គល​ដូចម្តេច​បាន ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រះខីណាស្រព​អង្គ​នោះ គប្បី​ផ្សាយវាទៈ​ដោយ​ប្រការ​ដូចម្តេច​បាន។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ហើយ ថា

ព្រាហ្មណ៍នោះ គប្បីពោលថា (សេចក្តី​យល់) នេះ ត្រូវពិត​ ដូចម្តេច​បាន ឬក៏​ព្រាហ្មណ៍​នោះ គប្បីពោល​ទទឹងទាស់​ថា (ពាក្យ​របស់អ្នក) ជាពាក្យ​កុហក ដោយ​ប្រការ​ដូចម្តេច សេចក្តី​សំគាល់​ថាស្មើក្តី មិនស្មើក្តី មិនមាន​ក្នុង​ព្រះខីណាស្រព​អង្គណា ព្រះខីណាស្រព​អង្គនោះ គប្បី​ផ្សាយវាទៈ​ដោយប្រការ​ដូចម្តេច​បាន។

[៣៩] អ្នកប្រាជ្ញលះបង់លំនៅ មិនមានការ​រលឹក​អាល័យ​ចំពោះ​លំនៅ មិនធ្វើ​សេចក្តី​ស្និទ្ធស្នាល​ក្នុងកាម ជាអ្នក​ទំនេរ​ចាកកាម​ទាំងឡាយ មិនធ្វើ​វដ្តៈឲ្យ​ជាប្រធាន មិនធ្វើ​ជំទាស់​នូវពាក្យ​ជាមួយ​ជនទេ។

[៤០] គ្រានោះឯង ហាលិន្ទកានិគហបតី បានចូលទៅ​រក​ព្រះមហាកច្ចានៈ​មានអាយុ លុះចូល​ទៅដល់​ហើយ ទើបថ្វាយ​បង្គំព្រះមហា​កច្ចានៈ​មានអាយុ ហើយអង្គុយ​នៅក្នុងទី​សមគួរ លុះ​ហាលិន្ទកានិ​គហបតី អង្គុយក្នុង​ទីសមគួរ​ហើយ ទើបពោល​ចំពោះ​ព្រះ​មហាកច្ចានៈ​មានអាយុ​យ៉ាងនេះ​ថា បពិត្រ​ព្រះកច្ចានៈ​ដ៏ចំរើន ពាក្យនេះ​ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ទុកហើយ ក្នុង​មាគន្ទិយប្បញ្ហាអដ្ឋកវគ្គ​ថា

អ្នកប្រាជ្ញាលះបង់លំនៅ មិនមានការ​រលឹក​អាល័យ​ចំពោះ​លំនៅ មិនធ្វើ​សេចក្តី​ស្និទ្ធស្នាល​ក្នុងកាម ជាអ្នកទំនេរ​ចាកកាមទាំង​ឡាយ មិនធ្វើ​វដ្តៈឲ្យ​ជាប្រធាន មិនធ្វើ​ជំទាស់​នូវពាក្យ​ជាមួយ​ជនទេ។

បពិត្រព្រះកច្ចានៈដ៏ចំរើន សេចក្តី​នៃពាក្យ​នេះ ដែល​ព្រះមានព្រះភាគ​ទ្រង់សំដែង​ហើយ​ដោយ​សេចក្តី​សង្ខេប តើលោកម្ចាស់​យល់ឃើញ​ដោយសេចក្តី​ពិស្តារ ដោយ​ប្រការ​ដូចម្តេច​ហ្ន៎។ ម្នាល​គហបតី រូបធាតុ​ជាលំនៅ​របស់​វិញ្ញាណ ឯវិញ្ញាណ​ដែលមាន​កិរិយា​ជាប់​ទាក់ទង​ដោយរាគៈ​ក្នុងរូបធាតុ ហៅថា រលឹក​អាល័យ​លំនៅ ម្នាល​គហបតី វេទនាធាតុ ម្នាល​គហបតី សញ្ញាធាតុ ម្នាល​គហបតី សង្ខារធាតុ សឹងជា​លំនៅរបស់​វិញ្ញាណ ឯវិញ្ញាណ​ដែលមាន​កិរិយា​ជាប់ទាក់ទង​ដោយរាគៈ ក្នុង​សង្ខារធាតុ ហៅថា ការរលឹក​អាល័យ​លំនៅ ម្នាល​គហបតី វិញ្ញាណ​នឹង​អាល័យ​ទីលំនៅ​យ៉ាងនេះ​ឯង។ ម្នាល​គហបតី ព្រះតថាគត មិនមាន​ការរលឹក​អាល័យ​លំនៅ តើដូចម្តេច។ ម្នាលគហបតី ចំណង់ តម្រេក សេចក្តី​រីករាយ សេចក្តី​ប្រាថ្នា ឧបាយ និងឧបាទាន ការតាំង​ស៊ប់ សេចក្តី​ប្រកាន់មាំ និងការ​ដេកត្រាំ​នៅនៃចិត្ត​ណា ក្នុង​រូបធាតុ កិលេស​ទាំងនោះ ព្រះតថាគត​លះបង់ ផ្តាច់ផ្តិល​ឫសគល់ ធ្វើមិន​ឲ្យមាន​ទីកើត ដូចជាទី​កើតនៃ​ដើមត្នោត ដល់នូវ​ការមិនមាន ជាធម៌​មិនមាន​ការកើតតទៅ​ទៀត ហេតុនោះ ព្រះតថាគត​គេហៅថា មិនមាន​វិញ្ញាណ​រលឹក​អាល័យ​លំនៅ។ ម្នាល​គហបតី ចំណង់ តម្រេក សេចក្តី​រីករាយ សេចក្តី​ប្រាថ្នា ឧបាយ និង​ឧបាទាន ការតាំង​ស៊ប់ សេចក្តី​ប្រកាន់មាំ និងការ​ដេកត្រាំនៅ​នៃចិត្តណា ក្នុង​វេទនាធាតុ ម្នាល​គហបតី ក្នុងសញ្ញា​ធាតុ ម្នាល​គហបតី ក្នុង​សង្ខារធាតុ ម្នាល​គហបតី ក្នុង​វិញ្ញាណធាតុ កិលេស​ទាំងនោះ ព្រះតថាគត​លះបង់ ផ្តាច់ផ្តិល​ឫសគល់ហើយ ធ្វើមិនឲ្យ​មានទីកើត ដូចជា​ទីកើត​នៃដើម​ត្នោត ដល់នូវ​ការមិនមាន ជាធម៌​មិនមាន​ការកើត​តទៅទៀត ហេតុនោះ ព្រះតថាគត​គេហៅថា មិនមាន​វិញ្ញាណ​រលឹក​អាល័យ​លំនៅ ម្នាល​គហបតី ព្រះតថាគត គេហៅថា មិនមាន​វិញ្ញាណ​រលឹក​អាល័យ​លំនៅ​យ៉ាង​នេះឯង។ ម្នាល​គហបតី វិញ្ញាណ​រលឹក​អាល័យ​លំនៅ តើ​ដូចម្តេច។ ម្នាល​គហបតី វិញ្ញាណ​មានការ​រលឹក​អាល័យ​នឹងការ​ជាប់ចំពាក់​ក្នុង​រូប​ដែល​​ជានិមិត្ត ​ជាទី​រលឹក​អាល័យ លោក​ពោលថា ការរលឹក​អាល័យ​លំនៅ។ ម្នាល​គហបតី វិញ្ញាណ​មានការ​រលឹក​អាល័យ​នឹងការ​ជាប់ចំពាក់​ក្នុងសំឡេង​ដែល​ជានិមិត្ត ក្លិនដែល​ជា​និមិត្ត រសដែល​ជានិមិត្ត ផោដ្ឋព្វៈ​ដែលជា​និមិត្ត ធម្មារម្មណ៍​ដែលជា​និមិត្ត ជាលំនៅ លោក​ពោលថា ការរលឹក​អាល័យ​លំនៅ ម្នាល​គហបតី វិញ្ញាណ​មានការ​រលឹក​អាល័យ​លំនៅ យ៉ាងនេះ​ឯង។ ម្នាល​គហបតី ព្រះតថាគត មិនមាន​ការរលឹក​អាល័យ​លំនៅ តើដូចម្តេច។ ម្នាល​គហបតី ការរលឹក​នឹងការ​ជាប់ចំពាក់​ក្នុងរូប​ដែលជា​និមិត្ត​ជាលំនៅ ព្រះតថាគត​លះបង់ ផ្តាច់ផ្តិល​ឫសគល់ ធ្វើមិនឲ្យ​មានទីកើត ដូចជាទី​កើតនៃ​ដើមត្នោត ដល់​នូវការ​មិន​មាន ជាធម៌​មិនមាន​ការកើត​តទៅទៀត ហេតុនោះ ព្រះតថាគត គេហៅថា មិនមាន​ការ​រលឹក​​អាល័យ​លំនៅ។ ម្នាល​គហបតី ការរលឹក​នឹងការ​ជាប់ចំពាក់​ក្នុងសំឡេង​ដែលជា​និមិត្ត ក្លិនជា​និមិត្ត រសជា​និមិត្ត ផោដ្ឋព្វៈ​ជានិមិត្ត ធម្មារម្មណ៍​ជានិមិត្ត ព្រះតថាគត​លះបង់ ផ្តាច់ផ្តិល​ឫសគល់ ធ្វើមិនឲ្យ​មានទីកើត ដូចជា​ទីកើតនៃ​ដើមត្នោត ដល់នូវ​ការមិនមាន ជា​ធម៌​មិនមាន​ការកើត​តទៅទៀត ហេតុនោះ ព្រះតថាគត គេហៅថា មិនមាន​ការរលឹក​អាល័យ​លំនៅ ម្នាល​គហបតី ព្រះតថាគត មិនមាន​ការរលឹក​អាល័យ​លំនៅ​យ៉ាង​នេះឯង។ ម្នាល​គហបតី បុគ្គល​ជាអ្នក​សិទ្ធស្នាល​ក្នុងកាម តើដូចម្តេច។ ម្នាល​គហបតី ភិក្ខុខ្លះ​ក្នុង​សាសនា​នេះ ជាអ្នក​ច្រឡូក​ច្រឡំ​ដោយ​គ្រហស្ថ​ទាំងឡាយ មានសេចក្តី​រីករាយ​ជាមួយ មាន​សោក​ជាមួយ កាលបើ​គ្រហស្ថ​ទាំងឡាយ​ដល់នូវ​សុខ ក៏ដល់​នូវសុខ កាលបើគ្រហស្ថ​ទាំងឡាយ​ដល់នូវទុក្ខ ក៏ដល់​នូវទុក្ខ កាលបើ​កិច្ចការ​ដែលគ្រហស្ថ​ទាំងឡាយ​គប្បីធ្វើ កើត​ឡើង​ហើយ ក៏ដល់​នូវការ​ចូល​ទៅប្រកប (ជួយ) ដោយខ្លួន​ឯង ម្នាល​គហបតី ភិក្ខុជា​អ្នក​ស្និទ្ធស្នាល​ក្នុងកាម យ៉ាងនេះឯង។ ម្នាល​គហបតី ភិក្ខុជា​អ្នកមិន​ស្និទ្ធស្នាល​ក្នុងកាម តើដូចម្តេច។ ម្នាល​គហបតី ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​មិនច្រឡូក​ច្រឡំដោយ​គ្រហស្ថ​ទាំងឡាយ មិនរីករាយ​ជាមួយ មិន​មានសោក​ជាមួយ មិនដល់នូវ​សុខជាមួយ​នឹងគ្រហស្ថ​ដែលដល់​នូវសុខ មិនដល់​នូវទុក្ខ​ជាមួយ​នឹងគ្រហស្ថ​ដែលដល់​នូវទុក្ខ កាលបើ​កិច្ចការ​ដែល​គ្រហស្ថ​គប្បីធ្វើ​ កើតឡើង​ហើយ ក៏មិន​ដល់នូវ​ការចូល​ទៅប្រកប​ដោយខ្លួន​ឯងឡើយ ម្នាល​គហបតី ភិក្ខុជា​អ្នកមិន​ស្និទ្ធស្នាល​ក្នុង​កាមទាំងឡាយ យ៉ាងនេះ​ឯង។ ម្នាល​គហបតី ភិក្ខុមិន​ទំនេរ​ចាកកាម​ទាំងឡាយ តើដូចម្តេច។ ម្នាល​គហបតី ភិក្ខុពួកខ្លះ​ក្នុងសាសនា​នេះ ជាអ្នក​មិនប្រាក​ចាករាគៈ មិនប្រាស​ចាកឆន្ទៈ មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់ មិនប្រាសចាក​សេចក្តី​ស្រេកឃ្លាន មិនប្រាសចាក​សេចក្តី​អន្ទះអន្ទែង មិន​ប្រាសចាក​សេចក្តី​ប្រាថ្នា​ក្នុងកាម​ទាំងឡាយ ម្នាល​គហបតី ភិក្ខុ​មិនទំនេរ​ចាកកាម​ទាំងឡាយ យ៉ាងនេះ​ឯង។ ម្នាល​គហបតី ភិក្ខុជាអ្នក​ទំនេរ​ចាកកាម​ទាំងឡាយ តើ​ដូចម្តេច។ ម្នាល​គហបតី ភិក្ខុក្នុង​ធម្មវិន័យ​នេះ ជាអ្នក​ប្រាសចាករាគៈ ប្រាសចាក​ឆន្ទៈ ប្រាសចាក​សេចក្តី​ស្រឡាញ់ ប្រាសចាក​សេចក្តី​ស្រេកឃ្លាន ប្រាសចាក​សេចក្តី​អន្ទះអន្ទែង ប្រាសចាក​សេចក្តី​ប្រាថ្នា ក្នុងកាម​ទាំងឡាយ ម្នាល​គហបតី ភិក្ខុជា​អ្នកទំនេរ​ចាកកាម​ទាំង​ឡាយ យ៉ាង​នេះឯង។ ម្នាល​គហបតី ភិក្ខុអ្នក​ធ្វើវដ្តៈឲ្យ​ជា​ប្រធាន តើដូចម្តេច។ ម្នាល​គហបតី ភិក្ខុពួកខ្លះ​ក្នុងសាសនា​នេះ មានសេចក្តី​ប្រាថ្នាយ៉ាង​នេះ​ថា អាត្មាអញ​សូមឲ្យ​មានរូប​យ៉ាងនេះ ក្នុង​អនាគតកាល ទើបញុំាង​សេចក្តី​រីករាយឲ្យ​ប្រព្រឹត្ត​ទៅរឿយៗ ក្នុងរូប​នោះ អាត្មាអញ​សូមឲ្យ​មានវេទនា​យ៉ាងនេះ សូមឲ្យ​មានសញ្ញា​យ៉ាងនេះ សូមឲ្យ​មានសង្ខារ យ៉ាងនេះ សូមឲ្យ​មានវិញ្ញាណ​យ៉ាងនេះ ក្នុង​អនាគតកាល ទើបញុំាង​សេចក្តីរីករាយ​ឲ្យ​ប្រព្រឹត្តទៅ​រឿយៗ ក្នុងខន្ធ មាន​វេទនា​ជាដើម​នោះ ម្នាល​គហបតី ភិក្ខុអ្នក​ធ្វើវដ្តៈឲ្យ​ជាប្រធាន​យ៉ាងនេះ​ឯង។ ម្នាល​គហបតី បុគ្គល​អ្នកមិន​ធ្វើវដ្តៈឲ្យ​ជាប្រធាន តើដូចម្តេច។ ម្នាល​គហបតី ភិក្ខុ​ក្នុងធម្មវិន័យ​នេះ មិនមាន​សេចក្តី​ប្រាថ្នាយ៉ាង​នេះថា អាត្មាអញ សូមឲ្យ​មានរូប​យ៉ាងនេះ ក្នុង​អនាគតកាល ទាំងមិន​ញុំាងសេចក្តី​រីករាយឲ្យ​ប្រព្រឹត្ត​ទៅរឿយៗ ក្នុងរូប​នោះ (មិនមាន​សេចក្តី​ប្រាថ្នាយ៉ាង​នេះថា) អាត្មាអញ​សូមឲ្យ​មានវេទនា​យ៉ាងនេះ សូមឲ្យ​មានសញ្ញា​យ៉ាងនេះ សូមឲ្យ​មានសង្ខារ​យ៉ាងនេះ សូមឲ្យ​មានវិញ្ញាណ​យ៉ាងនេះ ក្នុង​អនាគតកាល ទាំងមិន​ញុំាង​សេចក្តី​រីករាយ​ឲ្យប្រព្រឹត្ត​ទៅរឿយៗ​ក្នុងខន្ធ មានវេទនា​ជាដើម​នោះ ម្នាល​គហបតី ភិក្ខុជា​អ្នកមិន​ធ្វើវដ្តៈ​ឲ្យជា​ប្រធាន​យ៉ាងនេះ​ឯង។ ម្នាល​គហបតី ភិក្ខុជា​អ្នកធ្វើ​ជំទាស់​នូវពាក្យ​ដោយជន តើដូចម្តេច។ ម្នាល​គហបតី ភិក្ខុពួកខ្លះ​ក្នុងសាសនា​នេះ ជាអ្នក​ធ្វើពាក្យ​មាន​សភាព​យ៉ាងនេះ​ថា អ្នកមិន​យល់ធម្មវិន័យ​នេះទេ។បេ។ ឬប្រសិនបើ​អ្នកអាច អ្នកចូរ​ដោះ​ចុះ ម្នាល​គហបតី ភិក្ខុជា​អ្នកធ្វើ​ជំទាស់នូវ​ពាក្យដោយ​ជន យ៉ាងនេះ​ឯង។ ម្នាល​គហបតី ភិក្ខុអ្នក​មិនធ្វើ​ទទឹងទាស់​នូវពាក្យ​ដោយជន តើដូចម្តេច។ ម្នាល​គហបតី ភិក្ខុក្នុង​ធម្មវិន័យ​នេះ ជាអ្នក​មិនធ្វើ​ពាក្យ​មានសភាព​យ៉ាងនេះថា អ្នកមិន​យល់ធម្មវិន័យ​នេះទេ។បេ។ ឬបើ​អ្នកអាច អ្នកចូរ​ដោះចុះ ម្នាល​គហបតី ភិក្ខុអ្នក​មិនធ្វើ​ទទឹងទាស់​នូវពាក្យ​ដោយជន យ៉ាង​នេះឯង។ ម្នាល​គហបតី ពាក្យ​ដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់​ទុក ក្នុង​មាគន្ទិយប្បញ្ហា ក្នុងអដ្ឋកវគ្គិកៈ យ៉ាងនេះ​ឯង។

អ្នកប្រាជ្ញលះបង់លំនៅ មិនមានការរលឹក​អាល័យ​ចំពោះ​លំនៅ មិនធ្វើ​សេចក្តី​ស្និទ្ធស្នាល​ក្នុងកាម ជាអ្នក​ទំនេរចាក​កាមទាំង​ឡាយ មិនធ្វើវដ្តៈ​ឲ្យជាប្រធាន មិន​គប្បីធ្វើ​ជំទាស់​នូវពាក្យ​ដោយ​ជនទេ។

ម្នាលគហបតី សេចក្តីនៃពាក្យនេះឯង ដែលព្រះមានព្រះភាគ​ត្រាស់ហើយ ដោយ​សង្ខេប អ្នកគប្បី​យល់​ដោយសេចក្តី​ពិស្តារ​យ៉ាងនេះ​ចុះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់​ហើយថា

អ្នកប្រាជ្ញលះបង់លំនៅ មិនមានការ​រលឹក​អាល័យ​ចំពោះ​លំនៅ មិនធ្វើ​សេចក្តី​ស្និទ្ធស្នាល​ក្នុងកាម ជាអ្នក​ទំនេរ​ចាកកាម​ទាំងឡាយ មិនធ្វើវដ្តៈ​ឲ្យជា​ប្រធាន មិនគប្បី​ធ្វើ​ជំទាស់នូវ​ពាក្យដោយ​ជនទេ។

[៤១] នាគស្ងាត់ចាកធម៌ទាំងឡាយណា ប្រព្រឹត្តទៅ​ក្នុងលោក មិនគប្បី​ពោលប្រកាន់​ទិដ្ឋិ​ទាំងនោះទេ ឯ​លម្ពុជាត កណ្តកវារិជាត មិនប្រឡាក់​ដោយទឹកផង ដោយ​ភក់ផង យ៉ាង​ណាមិញ មុនិ​ជាអ្នក​ពោលនូវ​សេចក្តី​ស្ងប់ មិនប្រាថ្នា មិនប្រឡាក់​ក្នុងកាមផង ក្នុង​លោកផង ក៏យ៉ាង​នោះឯង។

[៤២] ពាក្យថា នាគស្ងាត់ចាកធម៌ទាំងឡាយណា ប្រព្រឹត្តទៅ​ក្នុងលោក ត្រង់ពាក្យថា ចាក​ធម៌​ទាំងឡាយណា គឺចាក​ទិដ្ឋិទាំង​ឡាយ។ ពាក្យថា ស្ងាត់ គឺស្ងាត់ ស្ងាត់វិសេស ស្ងាត់ដោយ​ប្រការ ចាក​កាយទុច្ចរិត ចាក​វចីទុច្ចរិត ចាក​មនោទុច្ចរិត ចាករាគៈ។បេ។ ស្ងាត់ ស្ងាត់វិសេស ស្ងាត់ដោយ​ប្រការ ចាក​អភិសង្ខារ ជាអកុសល​ទាំងពួង។ ពាក្យថា ប្រព្រឹត្តទៅ គឺ ត្រាច់ នៅ ទៅ ប្រព្រឹត្ត រក្សា ប្រព្រឹត្តទៅ ឲ្យប្រព្រឹត្ត​ទៅ។ ពាក្យថា ក្នុងលោក បានដល់ មនុស្សលោក ហេតុនោះ ទ្រង់ត្រាស់ថា ស្ងាត់ចាក​ធម៌ទាំង​ឡាយណា ប្រព្រឹត្ត​ទៅក្នុង​លោក។

[៤៣] អធិប្បាយពាក្យថា នាគមិនគប្បីពោលប្រកាន់​នូវទិដ្ឋិ​ទាំងនោះ​ទេ ត្រង់ពាក្យថា នាគ សេចក្តីថា ឈ្មោះថា នាគ ព្រោះហេតុ​មិនធ្វើបាប។ ឈ្មោះថា​នាគ ព្រោះមិនលុះ។ ឈ្មោះថា​នាគ ព្រោះមិនមក។ ចុះឈ្មោះ​ថានាគ ព្រោះមិន​ធ្វើបាប តើដូចម្តេច។ អកុសល​ធម៌ទាំងឡាយ​ដ៏លាមក មានសេចក្តី​សៅហ្មងព្រម មានកិរិយា​ញុំាងសត្វ​ឲ្យកើត​ក្នុងភព​ទៀត ប្រកប​ដោយសេចក្តី​ក្រវល់ក្រវាយ មានសេចក្តី​ទុក្ខជាផល ជាបច្ច័យ​នៃជាតិ ជរា និងមរណៈ ទៅក្នុង​អនាគត លោកហៅថា បាប។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលមិនធ្វើ​បាបតិចតួច​ក្នុងលោក ស្រាយនូវ​ចំណង​ទាំងឡាយ ក្នុងកិលេស​ជាគ្រឿង​ប្រកប​ទាំងពួង មិនជាប់​នៅ​ក្នុង​កិលេស​ទាំងពួង ជាបុគ្គល​ផុតស្រឡះ​ហើយ ហេតុនោះ លោកហៅថា នាគ ជា​តាទិបុគ្គល មានខ្លួន​ដ៏ទៀង បុគ្គលឈ្មោះ​ថា នាគ ព្រោះមិន​ធ្វើបាប យ៉ាងនេះ​ឯង។

ចុះបុគ្គលឈ្មោះថា នាគ ព្រោះមិនលុះ តើដូចម្តេច។ បុគ្គលមិន​លុះ​ឆន្ទាគតិ មិនលុះ​ទោសាគតិ មិនលុះ​មោហាគតិ មិនលុះ​ភយាគតិ មិនលុះ​ដោយ​អំណាច​រាគៈ មិនលុះ​ដោយ​អំណាច​ទោសៈ មិនលុះដោយ​អំណាច​មោហៈ មិនលុះ​ដោយ​អំណាច​មានះ មិនលុះ​ដោយ​អំណាច​ទិដ្ឋិ មិនលុះ​ដោយអំណាច​ឧទ្ធច្ចៈ មិនលុះ​ដោយ​អំណាច​វិចិកិច្ឆា មិនលុះ​ដោយ​អំណាច​អនុស័យ មិន​ប្រព្រឹត្តទៅ មិននាំទៅ មិនរសាត់ទៅ មិននាំ​ទៅ​ព្រម ដោយធម៌​ទាំងឡាយ​ជាពួក បុគ្គល​ឈ្មោះថា នាគ ព្រោះមិនលុះ យ៉ាងនេះ​ឯង។

ចុះបុគ្គលឈ្មោះថា នាគ ព្រោះមិនមក តើដូចម្តេច។ កិលេស​ទាំងឡាយ​ណា ដែល​លោកលះបង់​ហើយ ដោយ​សោតាបត្តិមគ្គ លោក​មិនមក គឺមិន​វិលមក​ មិន​ត្រឡប់មក កាន់​កិលេស​ទាំង​ឡាយ​នោះទៀត​ទេ កិលេស​ទាំងឡាយ​ណា ដែលលោក​លះបង់​ហើយ ដោយ​សកទាគាមិមគ្គ ដោយ​អនាគាមិមគ្គ ដោយ​អរហត្តមគ្គ លោកមិន​មក គឺមិន​វិលមក មិន​ត្រឡប់​មក​កាន់​កិលេស​ទាំងឡាយ​នោះទៀត​ទេ បុគ្គល​ឈ្មោះថា នាគ ព្រោះ​មិនមក យ៉ាងនេះ។ ពាក្យថា នាគ មិនគប្បី​ពោលប្រកាន់​នូវទិដ្ឋិ​ទាំងនោះ​ទេ បាន​សេចក្តីថា នាគ​គប្បីមិន​កាន់យក មិន​ប្រកាន់យក មិន​ទទួលយក មិន​បបោស​អង្អែល មិនជាប់​ចិត្ត ហើយ​ពោល ថ្លែង ពណ៌នា បំភ្លឺ ពន្យល់​នូវទិដ្ឋិ​ទាំងឡាយ​នោះទេ គឺមិន​គប្បីពោល ថ្លែង ពណ៌នា បំភ្លឺ ពន្យល់ថា លោកទៀង លោកមិន​ទៀង។បេ។ សត្វស្លាប់​ហើយកើត​ទៀតក៏​មិនមែន មិនកើត​ទៀតក៏​មិនមែន ពាក្យ​នេះឯង​ពិត ពាក្យដទៃ​ជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) នាគមិន​គប្បីពោល​ប្រកាន់នូវ​ទិដ្ឋិ​ទាំងនោះ​ទេ។

[៤៤] ពាក្យថា ឯលម្ពុជាត កណ្តកវារិជាត មិនប្រឡាក់​ដោយទឹកផង ដោយ​ភក់ផង យ៉ាងណា​មិញ អធិប្បាយ​ថា ទឹក លោកហៅថា ឯលៈ។ ទឹក ហៅថា អម្ពុ។ ឈូកហៅថា អម្ពុជាត។ បន្លា ហៅថា កណ្តកៈ។ ទឹក ហៅថា វារិ។ ឈូកកើត​ក្នុងវារិ មានវារិ​ជាដែន​កើត ហៅថា វារិជាត។ ទឹក ហៅថា ជលៈ។ ភក់​ហៅថា បង្កៈ។ ឈូកកើត​ក្នុងវារិ មាន​វារិជា​ដែនកើត មិនប្រឡាក់ មិនជាប់ មិនទទឹក មិនប្រឡាក់ មិនជាប់ មិនទទឹក​ហើយ​ដោយ​ទឹកផង ដោយ​ភក់ផង យ៉ាងណា​មិញ ហេតុនោះ (ទ្រង់​ត្រាស់ថា) ឯលម្ពុជាត កណ្តកវារិជាត មិនប្រឡាក់​ដោយទឹក​ផង ដោយ​ភក់ផង យ៉ាងណា​មិញ។

[៤៥] អធិប្បាយពាក្យថា មុនិជាអ្នកពោលនូវសេចក្តី​ស្ងប់ មិនប្រាថ្នា មិនប្រឡាក់​ក្នុង​កាមផង ក្នុងលោកផង យ៉ាងនោះ​ឯង ត្រង់ពាក្យថា យ៉ាងនោះ ជាពាក្យ​ញុំាង​ឧបមាឲ្យ​សម្រេច។ ពាក្យថា មុនិ សេចក្តីថា ញាណ ហៅថា មោនៈ។បេ។ មុនិនោះ កន្លង​ហើយនូវ​បណ្តាញ​ជាគ្រឿង​ជាប់ចំពាក់។ ពាក្យថា ពោលនូវ​សេចក្តី​ស្ងប់ សេចក្តីថា មុនិពោល​នូវសេចក្តី​ស្ងប់ ពោលនូវ​ទីពឹង ពោលនូវ​ទីជ្រក ពោលនូវទី​រឭក ពោលនូវ​ទីមិនមាន​ភ័យ ពោលនូវ​ទីមិនច្យុត ពោលនូវ​ទីមិនស្លាប់ ពោលនូវ​ព្រះនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ ជាអ្នក​ពោលនូវ​សេចក្តីស្ងប់ យ៉ាងនេះ។ ពាក្យថា មិនប្រាថ្នា អធិប្បាយថា តណ្ហា លោក​ហៅថា សេចក្តី​ប្រាថ្នា បានដល់​តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តី​ប្រាថ្នានោះ បុគ្គលណា​លះបង់ ផ្តាច់បង់ ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើង​គឺញាណ​ហើយ បុគ្គលនោះ លោក​ហៅថា មិនប្រាថ្នា។ បុគ្គលនោះ មិនប្រាថ្នា​ក្នុងរូប មិនប្រាថ្នា​ក្នុងសំឡេង ក្លិន រស ផ្សព្វ ត្រកូល ពួក​អាវាស លាភ យស សេចក្តី​សរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ បរិក្ខារ គឺថ្នាំជា​បច្ច័យ​សម្រាប់អ្នក​ជម្ងឺ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន ក្នុងធម៌ទាំង​ឡាយ ដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង មិនជាប់ មិនចំពាក់ មិនជ្រប់ មិនលង់ មានសេចក្តី​ប្រាថ្នា​ទៅប្រាស​ហើយ មានសេចក្តី​ប្រាថ្នា​ឃ្លាតចេញ​ហើយ មានសេចក្តី​ប្រាថ្នា​ខ្ជាក់ចោល​ហើយ មាន​សេចក្តី​ប្រាថ្នាផុត​ហើយ មានសេចក្តី​ប្រាថ្នា​លះបង់ហើយ មានសេចក្តី​ប្រាថ្នា​កំចាត់បង់​ហើយ មានរាគៈ​ទៅប្រាស​ហើយ មានរាគៈ​ឃ្លាតចេញ​ហើយ មានរាគៈ​ខ្ជាក់ចោល​ហើយ មានរាគៈ​ផុតហើយ មានរាគៈ​លះបង់​ហើយ មានរាគៈ​កំចាត់បង់​ហើយ មិនមាន​សេចក្តី​ប្រាថ្នា រលត់​ហើយ មានត្រជាក់ មានកិរិយា​សោយសុខ​ជាប្រក្រតី មានខ្លួន​ដ៏ប្រសើរ ហេតុនោះ (ទ្រង់​ត្រាស់ថា) មុនិ ជាអ្នក​ពោលនូវ​សេចក្តី​ស្ងប់ មិនប្រាថ្នា យ៉ាងនេះ។ ពាក្យថា កាម ក្នុងបទថា មិនប្រឡាក់​ក្នុងកាមផង ក្នុងលោកផង សេចក្តីថា តាមឧទ្ទាន កាមមាន ២ គឺ​វត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះ ហៅថា វត្ថុកាម។បេ។ ទាំងនេះ ហៅថា កិលេសកាម។ ពាក្យថា លោក បានដល់​អបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា ប្រឡាក់ បានដល់​ការប្រឡាក់ ២ គឺ​ការ​ប្រឡាក់​គឺតណ្ហា ១ ការប្រឡាក់​គឺទិដ្ឋិ ១។បេ។ នេះ ការប្រឡាក់​គឺតណ្ហា។បេ។ នេះ ការប្រឡាក់​គឺទិដ្ឋិ។ អ្នកប្រាជ្ញ​លះបង់​ការប្រឡាក់​គឺតណ្ហា រលាស់​ចោលការ​ប្រឡាក់​គឺទិដ្ឋិ មិនប្រឡាក់ មិនប្រឡាក់​ព្រម មិនជាប់នៅ​ក្នុង​កាមផង ក្នុងលោក​ផង មិនប្រឡាក់ មិន​ប្រឡាក់ព្រម មិនជាប់ ចេញ រលាស់ចេញ ផុតស្រឡះ ប្រាសចេញ មានចិត្ត​ប្រកប​ដោយកិលេស ដូចជា​ទំនប់​ទៅប្រាសហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) មុនិពោល​នូវសេចក្តី​ស្ងប់ មិនប្រាថ្នាក្នុង​កាមផង ក្នុងលោកផង យ៉ាងនេះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

នាគស្ងាត់ចាកធម៌ទាំងឡាយណា ប្រព្រឹត្តទៅ​ក្នុងលោក មិនគប្បី​ពោលប្រកាន់​ទិដ្ឋិ​ទាំងឡាយ​នោះទេ ឯលម្ពុជាត កណ្តកវារិជាត មិនប្រឡាក់​ដោយទឹក​ផង ដោយ​ភក់ផង យ៉ាងណាមិញ មុនិ ជាអ្នកពោល​នូវសេចក្តី​ស្ងប់ មិនប្រាថ្នា មិន​ប្រឡាក់​ក្នុង​កាមផង ក្នុងលោកផង យ៉ាងនោះ​ឯង។

[៤៦] វេទគូបុគ្គលនោះ មិនលុះមានះ ព្រោះទិដ្ឋិទេ ព្រោះការ​ប៉ះពាល់​ទេ ដ្បិត​វេទគូ​បុគ្គល​នោះ មិនសម្រេច​ដោយមានះ​នោះ ជាបុគ្គល​ដែលកម្ម​ដឹកនាំ​មិនបាន ដែល​សុតៈ​ដឹកនាំ​មិនបាន វេទគូ​បុគ្គលនោះ មិនជាប់​ចំពាក់ក្នុង​លំនៅ​ទាំងឡាយ។

[៤៧] អធិប្បាយពាក្យថា វេទគូបុគ្គលនោះ មិនលុះមានះ​ព្រោះទិដ្ឋិទេ ព្រោះការប៉ះ​ពាល់ទេ ត្រង់ពាក្យថា មិន គឺជាពាក្យ​ហាមឃាត់។ ពាក្យថា វេទគូ សេចក្តីថា ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ ធម្មវិចយៈ សម្ពោជ្ឈង្គ វីមំសា វិបស្សនា សម្មាទិដ្ឋិ​ក្នុងមគ្គ ៤ លោកហៅថា វេទ។ បុគ្គលទៅ​កាន់ទីបំផុត ដល់ទី​បំផុត ទៅកាន់​ទីខាងចុង ដល់ទី​ខាងចុង ទៅកាន់ទី​បំផុត​ដោយ​ជុំវិញ ដល់ទីបំផុត​ដោយជុំវិញ ទៅកាន់​ទីអវសាន ដល់ទី​អវសាន​នៃជាតិ ជរា មរណៈ ទៅកាន់​ទីពឹងពួន ដល់ទីពឹង​ពួន ទៅកាន់ទី​ជ្រកកោន ដល់ទី​ជ្រកកោន ទៅកាន់​ទីរឭក ដល់ទីរឭក ទៅកាន់​ទីមិនមានភ័យ ដល់ទី​មិនមានភ័យ ទៅកាន់​ទីមិនច្យុត ដល់ទី​មិនច្យុត ទៅកាន់​ទីអមតៈ ដល់ទីអមតៈ ទៅកាន់​ព្រះនិព្វាន ដល់​ព្រះនិព្វាន ដោយវេទ​ទាំងឡាយ​នោះ។ មួយទៀត បុគ្គលឈ្មោះ​ថា វេទគូ ព្រោះដល់​នូវទីបំផុត​នៃវេទ​ទាំងឡាយ ឬ​ឈ្មោះថា វេទគូ ព្រោះដល់​នូវទីបំផុត​ដោយវេទ​ទាំងឡាយ ឬថា ឈ្មោះថា វេទគូ ព្រោះដឹង​ច្បាស់នូវ​ធម៌ទាំង​ឡាយ ៧ ប្រការគឺ ដឹងច្បាស់​នូវ​សក្កាយទិដ្ឋិ ១ ដឹងច្បាស់​នូវ​វិចិកិច្ឆា ១ ដឹងច្បាស់​នូវ​សីលព្វតបរាមាស ១ ដឹងច្បាស់​នូវរាគៈ ១ ដឹងច្បាស់​នូវទោសៈ ១ ដឹងច្បាស់​នូវ​មោហៈ ១ ដឹងច្បាស់​​នូវមានះ ១។ អកុសល​ធម៌ទាំងឡាយ​ដ៏លាមក អកុសល​ជាគ្រឿង​ញុំាងសត្វ​ឲ្យសៅហ្មង​ព្រម ជាធម៌​ញុំាងសត្វ​ឲ្យ​កើតក្នុង​ភពថ្មីទៀត ប្រកប​ដោយសេចក្តី​ក្រវល់ក្រវាយ មាន​សេចក្តី​ទុក្ខជាផល ជាទីតាំង​នៃជាតិ ជរា មរណៈ តទៅ​ទៀត សុទ្ធតែ​ជាធម៌ គឺ​វេទគូ​បុគ្គល​ដឹងច្បាស់​ហើយ។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) វេទគូ​បុគ្គល គប្បី​ពិចារណា​នូវវេទ​ទាំងអស់ ដែលជា​របស់​ពួកសមណ​ព្រាហ្មណ៍ វេទគូ​បុគ្គលនោះ មានរាគៈ​ទៅប្រាស​ហើយ ក្នុងវេទ​ទាំងពួង កន្លងបង់​នូវវេទ​ទាំងពួង។

ពាក្យថា មិន (លុះមានះ) ព្រោះទិដ្ឋិទេ សេចក្តីថា ទិដ្ឋិ​ទាំងឡាយ ៦២ វេទគូ​បុគ្គល​នោះ លះបង់ ផ្តាច់បង់ ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើង​គឺញាណ​ហើយ បុគ្គលនោះ ទិដ្ឋិឲ្យ​ទៅមិនបាន នាំទៅ​មិនបាន បន្សាត់ទៅ​មិនបាន នាំទៅ​ព្រម​មិនបាន ព្រោះទិដ្ឋិ ទាំងមិនជឿ មិនប្រកាន់​នូវទិដ្ឋិនោះ ថាជា​ខ្លឹមសារ ហេតុនោះ (ទ្រង់​ត្រាស់ថា) វេទគូ​បុគ្គល មិន (លុះមានះ) ព្រោះ​ទិដ្ឋិទេ។ ពាក្យថា វេទគូបុគ្គល​នោះ មិន​លុះមានះ ព្រោះការប៉ះ​ពាល់ទេ សេចក្តីថា មិនលុះ គឺមិន​ទៅជិត មិនចូល​ទៅ​ មិនប្រកាន់ មិន​បបោស​អង្អែល មិនជាប់​ចិត្ត នូវមានះ ព្រោះរូប​ដែល​ប៉ះពាល់ ឬព្រោះ​ការឃោសនា​របស់​បុគ្គល​ដទៃ ឬក៏ព្រោះ​សេចក្តី​សម្មតិ​របស់​មហាជន ហេតុនោះ (ទ្រង់​ត្រាស់ថា) វេទគូ​បុគ្គល​នោះ មិនលុះ​មានះ ព្រោះទិដ្ឋិទេ ព្រោះការ​ប៉ះពាល់​ទេ។ ពាក្យថា វេទគូ​បុគ្គលនោះ មិន​សម្រេច​ដោយមានះ​នោះ សេចក្តីថា មិនមែន​ជាបុគ្គល​សម្រេច​ដោយ​មានះ​នោះ មានមានះ​នោះជាធំ មានមានះ​នោះ ប្រព្រឹត្ត​ទៅក្នុង​ខាងមុខ ដោយ​អំណាច​តណ្ហា ដោយ​អំណាច​ទិដ្ឋិទេ។ តណ្ហាក្តី ទិដ្ឋិក្តី មានះ​ក្តី វេទគូបុគ្គល លះបង់ ផ្តាច់ផ្តិល​ឫសគល់​ហើយ ធ្វើមិនឲ្យ​មានទី​កើត ដូចជា​ទីកើត​នៃដើមត្នោត ដល់នូវ​ការមិនមាន ជាធម៌​មិនមាន​ការកើត​តទៅទៀត ដោយ​ហេតុណា ទេវគូបុគ្គល​នោះ មិនសម្រេច​ដោយមានះ​នោះ មិនមាន​មានះនោះជាធំ មិនមាន​មានះនោះ​ប្រព្រឹត្ត​ទៅក្នុងខាង​មុខ ដោយ​ហេតុមាន​ប្រមាណ​ប៉ុណ្ណោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះវេទគូ​បុគ្គល​នោះ មិន​សម្រេច​ដោយមានះ​នោះ។

[៤៨] អធិប្បាយពាក្យថា ជាបុគ្គលដែលកម្មនាំទៅមិនបាន ដែលសុតៈ​នាំទៅ​មិនបាន ត្រង់​ពាក្យថា ដែលកម្ម​នាំទៅ​មិនបាន គឺដែល​បុញ្ញាភិសង្ខារ​ក្តី អបុញ្ញាភិសង្ខារ​ក្តី អានេញ្ជាភិសង្ខារ​ក្តី ឲ្យទៅ​មិនបាន នាំទៅ​មិនបាន បន្សាត់​ទៅមិនបាន នាំទៅ​ព្រមមិនបាន ហេតុនោះ (ទ្រង់​ត្រាស់ថា) ដែលកម្មនាំ​ទៅមិន​បាន។ ពាក្យថា ដែលសុតៈ​នាំទៅ​មិនបាន គឺដែល​សេចក្តី​បរិសុទ្ធិ​ព្រោះការ​ឮក្តី ដែលការ​ឃោសនា​របស់បុគ្គល​ដទៃក្តី ដែលការ​សម្មតិ​របស់​មហាជន​ក្តី ឲ្យទៅ​មិនបាន នាំទៅ​មិនបាន បន្សាត់ទៅ​មិនបាន នាំទៅ​ព្រម​មិនបាន ហេតុនោះ (ទ្រង់​ត្រាស់ថា) ដែលកម្ម​នាំទៅមិន​បាន ដែលសុតៈ​នាំទៅ​មិនបាន។

[៤៩] អធិប្បាយពាក្យថា វេទគូបុគ្គលនោះ​មិនជាប់​ចំពាក់​ក្នុងលំនៅ​ទាំងឡាយ ត្រង់​ពាក្យថា ជាប់ចំពាក់ បានដល់​ការជាប់​ចំពាក់ ២ យ៉ាង គឺ ការជាប់​ចំពាក់​គឺតណ្ហា ១ ការជាប់​ចំពាក់គឺ​ទិដ្ឋិ ១។បេ។ នេះការជាប់​ចំពាក់​គឺតណ្ហា។បេ។ នេះការ​ជាប់ចំពាក់​គឺទិដ្ឋិ។ ការជាប់​ចំពាក់គឺ​តណ្ហា វេទគូបុគ្គល​នោះលះបង់​ហើយ ការជាប់​ចំពាក់គឺ​ទិដ្ឋិ វេទគូ​បុគ្គល​រលាស់​ចោលហើយ ព្រោះលះបង់​ការជាប់​ចំពាក់​គឺតណ្ហា រលាស់​ចោលការ​ជាប់ចំពាក់​គឺ​ទិដ្ឋិហើយ វេទគូ​បុគ្គលនោះ ឈ្មោះថា មិនជាប់​ចំពាក់ មិនចូល​ទៅប្រឡាក់ មិនចូល​ទៅជិត មិនជក់នៅ​ មិនលង់​នៅ​ក្នុងលំនៅ​ទាំងឡាយ គឺចេញ​ទៅ រលាស់ចេញ ផុតស្រឡះ ប្រាស​ចេញ មានចិត្ត​ប្រកប​ដោយ​កិលេស​ដូចជា​ទំនប់​ទៅប្រាស​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) វេទគូ​បុគ្គល​នោះ មិនជាប់​ចំពាក់​ក្នុងលំនៅ​ទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់​ថា

វេទគូបុគ្គលនោះ មិនលុះមានះ​ព្រោះទិដ្ឋិទេ ព្រោះការ​ប៉ះពាល់ទេ ដ្បិត​វេទគូ​បុគ្គល​នោះ មិនសម្រេច​ដោយមានះ​នោះ ជាបុគ្គល​ដែលកម្ម​ដឹកនាំ​មិនបាន ដែលសុតៈ​ដឹកនាំ​មិនបាន វេទគូ​បុគ្គលនោះ មិនជាប់​ចំពាក់​ក្នុងលំនៅ​ទាំងឡាយ។

[៥០] កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយ នៃបុគ្គលដែល​ប្រាសចាក​សញ្ញា មិន​មាន​ទេ មោហៈ​ទាំងឡាយ​នៃបុគ្គល​ដែលផុត​ស្រឡះ​ដោយបញ្ញា មិនមានទេ បុគ្គល​ទាំងឡាយ​ណា ប្រកាន់យក​សញ្ញា និង​ទិដ្ឋិហើយ បុគ្គល​ទាំងនោះ រមែងបន្ត (នូវ​អត្តភាព) ប្រព្រឹត្តទៅ​ក្នុងលោក។

[៥១] ពាក្យថា កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយ​នៃបុគ្គល​ដែលប្រាស​ចាក​សញ្ញា​មិនមាន​ទេ អធិប្បាយថា បុគ្គលណា​ចំរើន​អរិយមគ្គ មានសមថៈ​ជាប្រធាន បុគ្គល​នោះ ឈ្មោះថា ធ្វើសមាធិ​ខាងដើម​ឲ្យកើត​ហើយ សង្កត់សង្កិន​កិលេស​ជាគ្រឿង​ចាក់ស្រែះ​ទាំងឡាយ។ ក្នុងកាល​សម្រេច​ព្រះអរហត្ត​ហើយ ព្រះអរហន្ត​លះបង់​កិលេស​ជាគ្រឿង​ចាក់ស្រែះ​ទាំងឡាយ មោហៈ​ទាំងឡាយ នីវរណៈ​ទាំងឡាយ កាមសញ្ញា ព្យាបាទ​សញ្ញា វិហឹសាសញ្ញា និងទិដ្ឋិសញ្ញា លោកបាន​ផ្តាច់បង់​ឫសគល់​ហើយ ធ្វើមិន​ឲ្យមាន​ទីកើត ដូចជា​ទីកើត​នៃដើមត្នោត ដល់នូវ​ការមិនមាន ជាធម៌​មិនមាន​ការកើត​ទៀត ហេតុនោះ (ទ្រង់​ត្រាស់ថា) កិលេស​ជាគ្រឿង​ចាក់ស្រែះ​ទាំងឡាយ​នៃបុគ្គល​ដែលប្រាសចាក​សញ្ញា មិន​មានទេ។

[៥២] ពាក្យថា មោហៈទាំងឡាយនៃបុគ្គលដែល​ផុតស្រឡះ​ដោយបញ្ញា​មិនមាន​ទេ អធិប្បាយ​ថា បុគ្គលណា​ចំរើន​អរិយមគ្គ មាន​វិបស្សនា​ជាប្រធាន បុគ្គលនោះ​ឈ្មោះថា ធ្វើសមាធិ​ខាងដើម​ឲ្យកើត សង្កត់សង្កិន​នូវមោហៈ។ ក្នុងកាល​សម្រេច​ព្រះអរហត្ត​ហើយ ព្រះអរហន្ត​លះបង់​មោហៈ​ទាំងឡាយ កិលេស​ជាគ្រឿងចាក់​ស្រែះទាំងឡាយ នីវរណៈទាំង​ឡាយ កាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា និងទិដ្ឋិ​សញ្ញា ផ្តាច់ឫសគល់​ហើយ ធ្វើមិន​ឲ្យមាន​ទីកើត ដូចជា​ទីកើត​នៃដើមត្នោត ដល់នូវ​ការមិនមាន ជាធម៌​មិនមាន​ការកើត​តទៅទៀត ហេតុនោះ (ទ្រង់​ត្រាស់ថា) មោហៈ​ទាំងឡាយ​នៃបុគ្គល​ដែលផុត​ស្រឡះ​ដោយ​បញ្ញា មិនមានទេ។

[៥៣] ពាក្យថា បុគ្គលទាំងឡាយណា ប្រកាន់យកសញ្ញា និងទិដ្ឋិហើយ បុគ្គល​ទាំងនោះ រមែងបន្ត (នូវអត្តភាព) ប្រព្រឹត្ត​ទៅក្នុងលោក អធិប្បាយថា បុគ្គល​ទាំងឡាយ​ណា ប្រកាន់​យកសញ្ញា គឺ​កាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា បុគ្គល​ទាំងឡាយ​នោះ រមែង​ប៉ះពាល់ ប៉ះទង្គិច ដោយ​អំណាច​សញ្ញា។ ពួកព្រះរាជា​រមែងទាស់​ទែងនឹង​ពួកព្រះរាជា ពួក​ក្សត្រិយ៍ រមែង​ទាស់ទែង​នឹងពួក​ក្សត្រិយ៍ ពួកព្រាហ្មណ៍​រមែងទាស់​ទែងនឹង​ពួកព្រាហ្មណ៍ ពួក​គហបតី​រមែង​ទាស់ទែង​នឹងពួក​គហបតី មាតា​រមែងទាស់​ទែងនឹង​បុត្ត បុត្ត​រមែងទាស់​ទែង​នឹងមាតា បិតា​រមែងទាស់​ទែងនឹងបុត្ត បុត្តរមែង​ទាស់ទែង​នឹងបិតា បងប្អូន​ប្រុស​រមែង​ទាស់ទែង​នឹងបង​ប្អូនប្រុស បងប្អូនស្រី រមែង​ទាស់ទែង​នឹងបង​ប្អូនស្រី បងប្អូន​ប្រុសរមែង​ទាស់ទែង​នឹងបង​ប្អូនស្រី បងប្អូនស្រី​រមែង​ទាស់ទែង​នឹងបងប្អូន​ប្រុស សំឡាញ់​រមែង​ទាស់ទែង​នឹងសំឡាញ់។ ជនទាំងនោះ​ដល់នូវ​ជម្លោះ ប្រកួតប្រកាន់ ការទាស់​ទែង ប្រហារ​គ្នានឹងគ្នា​ដោយដៃខ្លះ ប្រហារ​ដោយដុំដី​ទាំងឡាយ​ខ្លះ ប្រហារ​ដោយ​ដម្បង​ទាំងឡាយ​ខ្លះ ប្រហារ​ដោយ​គ្រឿងសស្រ្តា​ទាំងឡាយ​ខ្លះ ក្នុង​ហេតុនោះ។ ជនទាំងនោះ​ដល់នូវ​សេចក្តី​ស្លាប់ខ្លះ នូវទុក្ខ​ទៀបស្លាប់ខ្លះ ក្នុងហេតុនោះ។ ជនទាំង​ឡាយណា ប្រកាន់​យកនូវ​ទិដ្ឋិថា លោកទៀង ដូច្នេះ​ក្តី។បេ។ សត្វស្លាប់​ហើយកើត​ទៀត​ក៏មិនមែន មិនកើត​ទៀតក៏​មិនមែន ដូច្នេះ​ក្តី ជនទាំងនោះ រមែង​បៀតបៀន បៀតបៀន​ព្រម ដោយ​អំណាច​ទិដ្ឋិ រមែង​បៀតបៀន​សាស្តា​ព្រោះសាស្តា បៀតបៀនធម៌​ដែលសាស្តា​សំដែង​ហើយ ព្រោះធម៌​ដែលសាស្តា​សំដែង​ហើយ បៀតបៀន​ពួកព្រោះ​ពួក បៀតបៀន​ទិដ្ឋិ ព្រោះទិដ្ឋិ បៀតបៀន​បដិបទា ព្រោះ​បដិបទា បៀតបៀន​មគ្គ ព្រោះមគ្គ។ មួយទៀត ជនទាំងនោះ រមែងទាស់ទែង ធ្វើជម្លោះ ធ្វើសេចក្តី​ប្រកួត​ប្រកាន់ ធ្វើសេចក្តី​ប្រកាន់ខុស ធ្វើវិវាទ ធ្វើការ​ដណ្តើម​យកឈ្នះថា អ្នកមិន​ចេះ​ធម្មវិន័យ​នេះទេ។បេ។ ឬបើ​អ្នកអាច អ្នកចូរ​ដោះចុះ។ អភិសង្ខារ​ទាំងឡាយ គឺបុគ្គល​ទាំងនោះ មិនបានលះ​បង់ ព្រោះការ​មិនបាន​លះបង់​អភិសង្ខារ​ទាំងឡាយ ទើប​បុគ្គល​ទាំងនោះ រមែង​លំបាក​ក្នុងគតិ លំបាក​ក្នុងនរក លំបាក​ក្នុងកំណើត​តិរច្ឆាន លំបាក​ក្នុង​ប្រេតវិស័យ លំបាក​ក្នុងមនុស្ស​លោក លំបាក​ក្នុងទេវលោក លំបាក​ភ្ជាប់នូវ​គតិដោយ​គតិ នូវការ​កើតដោយ​ការកើត នូវបដិសន្ធិ​ដោយ​បដិសន្ធិ នូវភព​ដោយភព នូវសង្សារ​ដោយ​សង្សារ នូវវដ្តៈ​ដោយវដ្តៈ កាល​លំបាក រមែងត្រាច់​ទៅ រមែងទៅ រមែង​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ។ ពាក្យថា លោក គឺអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ទាំងឡាយ​ណា ប្រកាន់​យកសញ្ញា និងទិដ្ឋិ បុគ្គល​ទាំងនោះ ឈ្មោះថា បន្ត (នូវ​អត្តភាព) ប្រព្រឹត្តទៅ​ក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយនៃបុគ្គល​ដែលប្រាស​ចាកសញ្ញា មិនមានទេ មោហៈ​ទាំងឡាយ​នៃបុគ្គល​ដែល​ផុតស្រឡះ​ដោយបញ្ញា មិនមានទេ បុគ្គល​ទាំងឡាយ​ណា ប្រកាន់យក​សញ្ញា និងទិដ្ឋិ​ហើយ បុគ្គល​ទាំងនោះ រមែងបន្ត (នូវ​អត្តភាព) ប្រព្រឹត្តទៅ​ក្នុងលោក។

ចប់ មាគន្ទិយសុត្តនិទ្ទេស ទី៩។

បុរាភេទសុត្តនិទ្ទេស ទី១០

[៥៤] (ព្រះពុទ្ធនិម្មិតសួរថា) បុគ្គលមានការឃើញដូចម្តេច មានសីល​ដូចម្តេច ដែល​ព្រះអង្គ​ហៅថា អ្នកស្ងប់ បពិត្រ​ព្រះគោតម ព្រះអង្គ​ដែលខ្ញុំ​សួរហើយ សូមប្រាប់​នូវ​នរជន​ដ៏ឧត្តម​នោះ។

[៥៥] អធិប្បាយពាក្យថា បុគ្គលមានការឃើញដូចម្តេច មាន​សីលដូចម្តេច ដែល​ព្រះ អង្គ​ហៅថា​អ្នកស្ងប់ ត្រង់ពាក្យថា បុគ្គល​មានការ​ឃើញដូចម្តេច គឺបុគ្គល​ប្រកប​ដោយការ​ឃើញដូចម្តេច ប្រាកដ​ដូចម្តេច មានប្រការ​ដូចម្តេច មានចំណែក​ប្រៀបដូចម្តេច ហេតុនោះ (ទើប​សួរថា) បុគ្គល​មានការឃើញ​ដូចម្តេច។ ពាក្យថា មានសីល​ដូចម្តេច គឺជា​អ្នកប្រកប​ដោយសីល​ដូចម្តេច ប្រាកដ​ដូចម្តេច មានប្រការ​ដូចម្តេច មានចំណែក​ដូចម្តេច ហេតុនោះ (ទើប​សួរថា) មានការ​ឃើញដូចម្តេច មានសីល​ដូចម្តេច។ ពាក្យថា ដែល​ព្រះអង្គ​ហៅថា អ្នកស្ងប់ គឺ ដែលព្រះអង្គ​ពោល ត្រាស់ សំដែង ពណ៌នា បំភ្លឺ ថ្លែង ថាជា​អ្នកស្ងប់ ជាអ្នក​ស្ងប់ស្ងាត់ មាន​ទុក្ខរលត់ ជាអ្នក​ស្ងប់រម្ងាប់។ ពាក្យថា បុគ្គល​មានការឃើញ​ដូចម្តេច គឺសួរ​ចំពោះ​អធិប្បញ្ញា។ ពាក្យថា មានសីល​ដូចម្តេច គឺសួរ​ចំពោះ​អធិសីល។ សួរចំពោះ​អធិចិត្តថា អ្នកស្ងប់ ហេតុនោះ (ទើបសួរថា) បុគ្គលមាន​ការឃើញ​ដូចម្តេច មានសីល​ដូចម្តេច ដែលព្រះអង្គ​ហៅថា អ្នកស្ងប់។

[៥៦] អធិប្បាយពាក្យថា បពិត្រព្រះគោតម ព្រះអង្គដែលខ្ញុំ (សួរហើយ) សូម​ប្រាប់នូវ​នរជននោះ ត្រង់ពាក្យថា នោះ គឺខ្ញុំសួរ​ចំពោះ​បុគ្គលណា អង្វរ​ចំពោះ​បុគ្គលណា អារាធនា​ចំពោះ​បុគ្គលណា ញុំាព្រះអង្គ​ឲ្យជ្រះថ្លា​ចំពោះ​បុគ្គលណា។ ព្រះពុទ្ធនិមិ្មតនោះ ហៅព្រះពុទ្ធ​មានព្រះភាគ តាមគោត្រថា បពិត្រ​ព្រះគោតម។ ពាក្យថា សូមប្រាប់ គឺ សូមពោល សូម​ពណ៌នា សូមសំដែង សូមបញ្ញត្ត សូមផ្តើម សូមបើក សូមចែក សូមធ្វើ​ឲ្យរាក់ សូម​ប្រកាស ហេតុនោះ (ទើបសួរថា) បពិត្រ​ព្រះគោតម ព្រះអង្គ​ដែលខ្ញុំ (សួរហើយ) សូមប្រាប់​នូវនរជននោះ។

[៥៧] ពាក្យថា ដែលខ្ញុំ​សួរហើយ (សួរប្រាប់) នូវនរជន​ដ៏ឧត្តម ត្រង់ពាក្យ​ថា សួរ​ហើយ គឺសួរ​ហើយ ដណ្តឹងហើយ អង្វរ​ហើយ អារាធនា​ហើយ ឲ្យជ្រះថ្លា​ហើយ។ ពាក្យថា នូវនរជនដ៏ឧត្តម គឺនូវនរជន​ជាកំពូល ប្រសើរ ប្រសើរវិសេស ជាប្រធាន​ដ៏ឧត្តម ប្រសើរ​ក្រៃលែង ហេតុនោះ (ទើបពោលថា) ព្រះអង្គ​ដែលខ្ញុំ​សួរហើយ (សូមប្រាប់) នូវនរជន​ដ៏ឧត្តម។ ហេតុនោះ ព្រះពុទ្ធនិមិ្មត​នោះ ត្រាស់សួរថា

បុគ្គលមានការឃើញដូចម្តេច មានសីល​ដូចម្តេច ដែលព្រះអង្គ​ហៅថា អ្នកស្ងប់ បពិត្រ​ព្រះគោតម ព្រះអង្គ​ដែលខ្ញុំ​សួរហើយ សូមប្រាប់​នូវនរជន​ដ៏ឧត្តម​នោះ។

[៥៨] (ព្រះមានព្រះភាគត្រាស់ថា) មុនអំពីការបែកធ្លាយ​សរីរៈទៅ បុគ្គលណា ប្រាសចាក​តណ្ហា មិនអាស្រ័យ​កាល​ខាងដើម ជាអ្នក​ដែលគេ​មិនគួររាប់​ក្នុងកាល​ជាកណ្តាល​ទេ ភាពនៃ​ការធ្វើឲ្យ​ជាប្រធាន​នៃបុគ្គល​នោះ មិនមាន​ឡើយ។

[៥៩] ពាក្យថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មុនអំពី​ការបែកធ្លាយ​សរីរៈទៅ បុគ្គលណា​ប្រាសចាក​តណ្ហា អធិប្បាយថា បុគ្គល​ប្រាសចាក​តណ្ហា ឃ្លាតចាក​តណ្ហា លះតណ្ហា ខ្ជាក់ចោល​តណ្ហា រួចចាក​តណ្ហា លះបង់​តណ្ហា រលាស់​ចោលតណ្ហា ប្រាសចាក​រាគៈ ឃ្លាតចាក​រាគៈ លះរាគៈ ខ្ជាក់ចោល​រាគៈ រួចចាក​រាគៈ លះបង់​រាគៈ រលាស់​ចោលរាគៈ មិន​ស្រេកឃ្លាន រលត់ទុក្ខ ត្រជាក់ សោយសុខ នៅដោយ​ចិត្តដ៏ប្រសើរ មុនអំពី​ការបែក​ធ្លាយកាយ មុនអំពី​ការបែកធ្លាយ​អត្តភាព មុនអំពី​ការដាក់ចុះ​នូវសាកសព មុន​អំពីការ​ដាច់​ជីវិតិន្រ្ទិយ។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យហៅ​ដោយសេចក្តី​គោរព។ ម្យ៉ាងទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់រាគៈ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​ទោសៈ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​មោហៈ ព្រះនាមថា មានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​មានះ ព្រះនាម​ថា មានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​ទិដ្ឋិ។ ព្រះនាម​ថា មានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​ចំរូង។ ព្រះនាម​ថា មានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​កិលេស។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុ​ទ្រង់ចែក រំលែក ញែក នូវធម្មរតនៈ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់ធ្វើ នូវទីបំផុតនៃភពទាំងឡាយ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុ​ទ្រង់​ធ្វើនូវ​ទីបំផុត​នៃភព​ទាំងឡាយ។ ព្រះនាម​ថា មានព្រះភាគ ព្រោះ​ហេតុទ្រង់​ចំរើន​ព្រះកាយ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់​ចំរើនសីល ចំរើនចិត្ត ចំរើនបញ្ញា។ មួយទៀត ព្រះនាម​ថា មានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ ទ្រង់គប់​រកសេនាសនៈ​ទាំងឡាយ​ដ៏ស្ងាត់ គឺ​ព្រៃតូច និងព្រៃធំ ជាព្រៃ​មិនមានសំឡេង មិនមាន​ការគឹកកង ជាព្រៃ​ប្រាសចាក​ខ្យល់​កាយនៃជន ជាព្រៃ​ស្ងប់ស្ងាត់​ចាក​មនុស្ស សមគួរ​ដល់ការ​ពួនសម្ងំ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ ទ្រង់មានចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ច័យ​ភេជ្ជបរិក្ខារ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ​ទ្រង់មាន​ភាគនៃអត្តរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត អធិប្បញ្ញា។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ​ទ្រង់មាន​ភាគនៃ​ឈាន ៤ អប្បមញ្ញា ៤ អរូបសមាបត្តិ ៤។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ​ទ្រង់មាន​ភាគនៃ​វិមោក្ខ ៨ អភិភាយតនៈ ៨ អនុបុព្វវិហារសមាបត្តិ ៩។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ ទ្រង់មាន​ភាគនៃ​សញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិសមាធិ អសុភសមាបត្តិ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ ទ្រង់មានភាគ​នៃសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរ​ប្រកប​ដោយអង្គ ៨។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុ​ព្រះមានបុណ្យ ទ្រង់​មានភាគ​នៃ​តថាគតពល ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ពុទ្ធធម៌ ៦។ ព្រះនាមថា ព្រះមានព្រះភាគ​នេះ មិនមែនមាតាធ្វើ មិនមែន​បិតាធ្វើ មិនមែន​បងប្អូន​ប្រុសធ្វើ មិនមែន​បង​ប្អូនស្រីធ្វើ មិនមែន​ពួកមិត្រ​អាមាត្យធ្វើ មិនមែន​ពួកញាតិ​សាលោហិត​ធ្វើ មិនមែន​ពួកសមណ​ព្រាហ្មណ៍ធ្វើ មិនមែន​ពួកទេវតា​ធ្វើទេ ព្រះនាមថា មានព្រះភាគ​នុ៎ះ របស់​ព្រះពុទ្ធ​ទាំងឡាយ​ដ៏មានព្រះភាគ ជាព្រះនាម​កើតក្នុង​ទីបំផុត​នៃវិមោក្ខ ការបញ្ញាត្តិ​ថា មានព្រះភាគ​នុ៎ះ (កើតហើយ) អំពីការ​ត្រាស់ដឹង ព្រមដោយ​ការបាន​ចំពោះនូវ​សព្វញ្ញុតញ្ញាណ ទៀប​គល់ពោធិព្រឹក្ស ហេតុនោះ មានពាក្យថា ព្រះមានព្រះភាគ (ត្រាស់ហើយ) ថាមុនអំពីការ​បែកធ្លាយ​សរីរៈ​ទៅ បុគ្គលណា​ប្រាសចាក​តណ្ហា។

[៦០] ពាក្យថា មិនអាស្រ័យនូវកាលជាខាងដើម អធិប្បាយថា អតីតកាល លោកហៅថា កាលខាងដើម។ បុគ្គល​ប្រារព្ធ​អតីតកាល ហើយលះបង់​តណ្ហា រលាស់​ចោល​ទិដ្ឋិ ព្រោះលះបង់​តណ្ហា ព្រោះរលាស់​ចោលទិដ្ឋិ ឈ្មោះថា មិនអាស្រ័យ​កាលខាង​ដើម យ៉ាងនេះ​ខ្លះ។ មួយទៀត បុគ្គល​មិនដល់នូវ​សេចក្តី​រីករាយ​ក្នុងរូបារម្មណ៍​នោះថា អាត្មា​អញមាន​រូបយ៉ាងនេះ​ហើយ​ក្នុងអតីតកាល មិនដល់​នូវសេចក្តី​រីករាយ​ក្នុងអារម្មណ៍​នោះថា អាត្មាអញ​មានវេទនា​យ៉ាងនេះ មានសញ្ញា​យ៉ាងនេះ មានសង្ខារ​យ៉ាងនេះ មាន​វិញ្ញាណ​យ៉ាង​នេះ ក្នុងអតីតកាល ឈ្មោះថា​មិនអាស្រ័យ​កាលខាងដើម យ៉ាងនេះខ្លះ។ មួយទៀត វិញ្ញាណ​មិនជាប់ចំពាក់​ដោយឆន្ទរាគ​ក្នុងអារម្មណ៍​ទាំងនោះ​ថា ចក្ខុរបស់​អាត្មាអញ​មាន​យ៉ាងនេះ រូបទាំងឡាយ​មានយ៉ាងនេះ ក្នុង​អតីតកាល បុគ្គល​មិនត្រេកអរ​ចំពោះ​ចក្ខុ និងរូបនោះ ព្រោះ​វិញ្ញាណ​មិនជាប់​ចំពាក់​ដោយឆន្ទរាគ អ្នកដែល​មិនត្រេកអរ​ក្នុងចក្ខុ និង​រូប​នោះ ឈ្មោះថា មិន​អាស្រ័យកាល​ខាងដើម យ៉ាងនេះ​ខ្លះ។ វិញ្ញាណ​មិនជាប់​ចំពាក់ដោយ​ឆន្ទរាគ​ក្នុងអារម្មណ៍​ទាំងនោះថា សោតៈរបស់អញ មានយ៉ាងនេះ សំឡេង​ទាំងឡាយ​មាន​យ៉ាងនេះ ក្នុង​អតីតកាល ថាឃានៈ​របស់អញ​មានយ៉ាងនេះ ក្លិន​ទាំងឡាយ​មានយ៉ាងនេះ ក្នុង​អតីតកាល ថា​ជិវ្ហារបស់អញ​មានយ៉ាងនេះ រសទាំងឡាយ​មានយ៉ាងនេះ ក្នុងអតីតកាល ថាកាយ​របស់អញ មានយ៉ាងនេះ ផោដ្ឋព្វៈ​មានយ៉ាងនេះ ក្នុងអតីតកាល ថាចិត្ត​របស់អញ​មានយ៉ាងនេះ ធម្មារម្មណ៍​មានយ៉ាងនេះ ក្នុងអតីតកាល បុគ្គល​មិនត្រេកអរ​នឹងអារម្មណ៍​ទាំងនោះ ព្រោះ​វិញ្ញាណ​មិនជាប់​ចំពាក់​ដោយឆន្ទរាគ អ្នកដែល​មិនត្រេកអរ​នឹង​អារម្មណ៍​ទាំងនោះ ឈ្មោះ​ថាមិនអាស្រ័យ​កាលខាង​ដើម យ៉ាងនេះខ្លះ។ មួយទៀត ការសើច ការចរចា ការនិយាយ ការលេង​ជាមួយនឹង​មាតុគ្រាម ក្នុងកាល​ពីដើមណា បុគ្គល​មិនត្រេកអរ​នឹងការសើច​ជាដើមនោះ មិនប្រាថ្នា​នឹងការសើច​ជាដើមនោះ មិនដល់​នូវសេចក្តី​ត្រេកអរនឹង​ការសើច​ជាដើមនោះ ឈ្មោះថា​មិនអាស្រ័យ​កាលខាងដើម យ៉ាងនេះ​ខ្លះ។

[៦១] ពាក្យថា ជាអ្នកដែលគេមិនគួររាប់ក្នុងកាល​ជាកណ្តាល អធិប្បាយថា បច្ចុប្បន្ន​កាល លោកហៅថា កាលជា​កណ្តាល។ បុគ្គលប្រារព្ធ​បច្ចុប្បន្ន​កាលហើយ លះបង់តណ្ហា រលាស់​ចោលទិដ្ឋិ ព្រោះលះបង់​តណ្ហា ព្រោះរលាស់​ចោលទិដ្ឋិ ទើបគេ​មិនគួររាប់ថា ជាអ្នក​ត្រេកអរ មិនគួរ​រាប់ថា ជាអ្នកប្រទូស្ត មិនគួររាប់ថា ជាអ្នក​វង្វេង មិនគួររាប់ថា ជាអ្នក​ជាប់ចំពាក់ មិនគួរ​រាប់ថា ជាអ្នកស្ទាប​អង្អែល មិនគួររាប់ថា ជាអ្នកដល់​នូវសេចក្តី​រាយមាយ មិនគួរ​រាប់ថា ជាអ្នកដល់​នូវសេចក្តី​មិនដាច់​ស្រេច មិនគួររាប់ថា ជាអ្នកដល់​នូវកំឡាំង។ អភិសង្ខារ​ទាំងនោះ បុគ្គលនោះ​លះបង់ហើយ ព្រោះលះបង់​អភិសង្ខារ​ទាំងឡាយ បុគ្គលនោះ ទើបគេ​មិនគួររាប់​ដោយគតិថា ជាអ្នកកើត​ក្នុងនរក ឬថាជា​អ្នកកើត​ក្នុងកំណើត​តិរច្ឆាន ថា​ជាអ្នកកើត​ក្នុងបិត្តិវិស័យ ថាជាមនុស្ស ថាជា​ទេវតា ថាជា​រូបព្រហ្ម ថាជា​អរូបព្រហ្ម ថាជា​សញ្ញីសត្វ ថាជា​អសញ្ញីសត្វ ឬថា​ជានេវសញ្ញី​នាសញ្ញីសត្វ។ បុគ្គលដល់​នូវការរាប់ ដោយហេតុ​ណា ហេតុនោះ​មិនមាន បច្ច័យ​មិនមាន ការណ៍​មិនមាន ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​ដែលគេមិន​គួររាប់ក្នុង​កាលជាកណ្តាល។

[៦២] អធិប្បាយពាក្យថា ភាពនៃការធ្វើឲ្យជាប្រធានៃបុគ្គលនោះ មិនមានទេ ត្រង់ពាក្យ​ថា បុគ្គលនោះ បានដល់​ព្រះអរហន្តខីណាស្រព។ ពាក្យថា ការធ្វើ​ឲ្យជាប្រធាន បានដល់ ការធ្វើឲ្យ​ជាប្រធានពីរ គឺ ការធ្វើឲ្យ​ជាប្រធាន​គឺតណ្ហា ១ ការធ្វើ​ឲ្យជាប្រធាន​គឺទិដ្ឋិ ១។បេ។ នេះការ​ធ្វើឲ្យជា​ប្រធាន​គឺតណ្ហា។បេ។ នេះ ការធ្វើឲ្យ​ជាប្រធាន​គឺទិដ្ឋិ។ ការធ្វើឲ្យជា​ប្រធានគឺតណ្ហា បុគ្គលនោះ​លះបង់ហើយ ការធ្វើ​ឲ្យជាប្រធាន​គឺទិដ្ឋិ បុគ្គលនោះ​រលាស់​ចោលហើយ ព្រោះលះបង់​ការធ្វើឲ្យជា​ប្រធានគឺតណ្ហា ព្រោះរលាស់​ចោលការ​ធ្វើឲ្យជា​ប្រធាន​គឺទិដ្ឋិ (បុគ្គលនោះ) មិនប្រព្រឹត្ត​ធ្វើនូវតណ្ហា ឬទិដ្ឋិ ឲ្យជាប្រធាន ជាអ្នកមិន​មានទង់​ជ័យគឺតណ្ហា មិនមានទង់​គឺតណ្ហា មិនមាន​តណ្ហាជា​អធិបតេយ្យ មិនមានទង់ជ័យ​គឺទិដ្ឋិ មិនមាន​ទង់គឺទិដ្ឋិ មិនមានទិដ្ឋិ ជាអធិបតេយ្យ មិនត្រូវ​តណ្ហា ឬទិដ្ឋិ ប្រព្រឹត្ត​ព័ទ្ធឡោម​ឡើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ភាពនៃការធ្វើ​ឲ្យជាប្រធាន​នៃបុគ្គល​នោះមិនមាន យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលនោះ​មិនដល់នូវ​សេចក្តីត្រេកអរ​ក្នុងរូបារម្មណ៍​នោះថា អាត្មាអញ​សូមមាន​រូបយ៉ាងនេះ ក្នុង​អនាគតកាល មិនដល់​នូវសេចក្តី​ត្រេកអរ​ក្នុងអារម្មណ៍​ទាំងនោះថា អាត្មា​អញសូម​មានវេទនា​យ៉ាងនេះ សូមមាន​សញ្ញាយ៉ាងនេះ សូមមាន​សង្ខារ​យ៉ាងនេះ សូមមាន​វិញ្ញាណ​យ៉ាងនេះ ក្នុងអនាគតកាល ភាពនៃការ​ធ្វើឲ្យជាប្រធាន​នៃបុគ្គលនោះ​មិនមាន យ៉ាង​នេះខ្លះ។ មួយទៀត បុគ្គលនោះ​មិនដំកល់ចិត្ត ដើម្បី​បាននូវ​អារម្មណ៍ ដែលមិន​ទាន់បានថា ចក្ខុរបស់​អញ សូមមាន​យ៉ាងនេះ រូបទាំងឡាយ​សូមមាន​យ៉ាងនេះ ក្នុងអនាគតកាល បុគ្គល​នោះ មិនត្រេកអរ​ក្នុងចក្ខុ និងរូបនោះ ព្រោះការមិន​ដំកល់ចិត្ត​ជាបច្ច័យ កាលមិន​ត្រេកអរ​ចំពោះចក្ខុ និងរូបនោះ ភាពនៃ​ការធ្វើឲ្យ​ជាប្រធាន​នៃបុគ្គល​នោះ​មិនមាន យ៉ាងនេះខ្លះ។ បុគ្គល​មិនដំកល់​ចិត្តដើម្បី​បាននូវ​អារម្មណ៍​ដែលខ្លួន​មិនទាន់​បានថា សោតៈ​របស់អញ សូម​មានយ៉ាង​នេះ សំឡេង​ទាំងឡាយ​សូមមាន​យ៉ាងនេះ ក្នុង​អនាគតកាល ថាឃានៈ​របស់អញ សូមមាន​យ៉ាងនេះ គន្ធៈទាំងឡាយ​សូមមាន​យ៉ាងនេះ ក្នុង​អនាគតកាល ថាជិវ្ហា​របស់អញ សូមមាន​យ៉ាងនេះ រសទាំងឡាយ​សូមមាន​យ៉ាងនេះ ក្នុង​អនាគតកាល ថា​កាយរបស់​អញ សូមមាន​យ៉ាងនេះ ផោដ្ឋព្វៈ​ទាំងឡាយ​សូមមាន​យ៉ាងនេះ ក្នុង​អនាគតកាល ថា​ចិត្តរបស់អញ សូមមាន​យ៉ាងនេះ ធម្មារម្មណ៍​ទាំងឡាយ សូមមាន​យ៉ាងនេះ​ក្នុងអនាគតកាល បុគ្គលនោះ មិនត្រេកអរ​ចំពោះអារម្មណ៍​ទាំងនោះ ព្រោះការ​មិនដំកល់​ចិត្តជាបច្ច័យ កាល​មិនត្រេកអរ​ចំពោះ​អារម្មណ៍​ទាំងនោះ ភាពនៃ​ការធ្វើឲ្យ​ជាប្រធាន​នៃបុគ្គល​នោះ មិនមាន យ៉ាងនេះខ្លះ។ មួយទៀត បុគ្គល​មិនដំកល់​ចិត្ត ដើម្បីបាន​នូវអារម្មណ៍​ដែលមិន​ទាន់បានថា អាត្មាអញ​សូម​ឲ្យបាន​ជាទេវតា ឬជាទេវតា​ណាមួយ ដោយសីល ឬដោយវត្ត ឬដោយតបៈ ឬក៏ដោយ​ព្រហ្មចរិយៈ​នេះ បុគ្គលនោះ​មិនត្រេកអរ​ចំពោះ​អារម្មណ៍​ទាំងនោះ ព្រោះការ​មិនដំកល់​ចិត្ត​ជាបច្ច័យ កាលមិន​ត្រេកអរ​ចំពោះ​អារម្មណ៍​ទាំងនោះ ភាពនៃការ​ធ្វើឲ្យជាប្រធាន​នៃបុគ្គល​នោះ មិនមាន យ៉ាងនេះខ្លះ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

មុនអំពីការបែកធ្លាយសរីរៈទៅ បុគ្គលណា​ប្រាសចាក​តណ្ហា មិនអាស្រ័យ​កាលខាង​ដើម ជាអ្នក​ដែលគេ​មិនគួរ​រាប់ក្នុងកាល​ជាកណ្តាល​ទេ ភាពនៃការ​ធ្វើឲ្យជា​ប្រធាន​នៃបុគ្គល​នោះ មិនមាន​ឡើយ។

[៦៣] បុគ្គលអ្នកមិនក្រោធ អ្នកមិនតក់ស្លុត អ្នកមិនអួតអាង អ្នកមិនមាន​កុក្កុច្ចៈ អ្នក​ពោល​ដោយការដឹង អ្នកមិន​រាយមាយ បុគ្គលអ្នក​សង្រួមវាចា​នោះឯង ឈ្មោះថា មុនី។

[៦៤] អធិប្បាយពាក្យថា បុគ្គលអ្នកមិនក្រោធ អ្នកមិនតក់ស្លុត ត្រង់ពាក្យថា បុគ្គល​អ្នកមិនក្រោធ ជាពាក្យ​ដែល​ព្រះមានព្រះភាគ​ត្រាស់ហើយ​ក៏ពិតមែន។ តែសេចក្តី​ក្រោធ យើងគប្បី​ពោលមុន។ សេចក្តី​ក្រោធ​កើតដោយ​អាការៈ ១០ យ៉ាង គឺក្រោធ​កើតព្រោះ​គិត​ថា គេបាន​ប្រព្រឹត្តហើយ នូវសេចក្តី​វិនាស​ដល់អញ ១ ក្រោធកើត​ព្រោះគិតថា គេ​កំពុង​ប្រព្រឹត្ត​នូវសេចក្តី​វិនាស​ដល់អញ ១ ក្រោធកើត​ព្រោះ​គិតថា គេនឹង​ប្រព្រឹត្តនូវ​សេចក្តី​វិនាសដល់​អញ ១ ក្រោធកើត​ព្រោះគិតថា គេបាន​ប្រព្រឹត្តហើយ​នូវសេចក្តី​វិនាស ១ ថាគេ​កំពុងប្រព្រឹត្ត​នូវសេចក្តី​វិនាស ១ ថាគេនឹង​ប្រព្រឹត្តនូវ​សេចក្តី​វិនាស ១ ដល់បុគ្គល​ជាទី​ស្រឡាញ់ ជាទីគាប់ចិត្ត​របស់អញ ក្រោធកើត​ព្រោះគិត​ថា គេបាន​ប្រព្រឹត្តហើយ​នូវសេចក្តី​ចំរើន ១ ថាគេ​កំពុង​ប្រព្រឹត្ត​នូវសេចក្តីចំរើន ១ ថាគេ​នឹងប្រព្រឹត្ត​នូវសេចក្តី​ចំរើន ១ ដល់​បុគ្គលមិន​ជាទីស្រឡាញ់ មិនជា​ទីគាប់ចិត្ត​របស់អញ មួយទៀត ក្រោធកើត​ក្នុងអំពើ​មិនជា​ហេតុ ១ (គ្រប់ជា ១០)។ សេចក្តី​គុំគួន​នៃចិត្ត សេចក្តី​ចង្អៀតចង្អល់ សេចក្តី​តានតឹង សេចក្តី​ថ្នាំងថ្នាក់ សេចក្តីខឹង សេចក្តីខឹងខ្លាំង សេចក្តី​ខឹងក្រៃលែង សេចក្តី​ប្រទូស្ត សេចក្តី​ប្រទូស្ត​ខ្លាំង សេចក្តីប្រទូស្ត​ក្រៃលែង ការព្យាបាទ​នៃចិត្ត ការប្រទូស្ត​ក្នុងចិត្ត ក្រោធ អាការក្រោធ សេចក្តី​ក្រោធ ការប្រទូស្ត អាការ​ប្រទូស្ត សេចក្តី​ប្រទូស្ត ការព្យាបាទ អាការព្យាបាទ សេចក្តី​ព្យាបាទ សេចក្តី​ខឹង សេចក្តី​ខឹងតប ការកាច ការសម្រក់​ទឹកភ្នែក សេចក្តី​មិនត្រេកអរ​នៃចិត្ត​ណា មានសភាព​យ៉ាងនេះ នេះ​លោកហៅថា សេចក្តីក្រោធ។ មួយទៀត បណ្ឌិត គប្បីជ្រាប​សេចក្តីក្រោធ​ខ្លាំង និងតិច។ ជួនកាល​សេចក្តី​ក្រោធ គ្រាន់តែ​ធ្វើចិត្ត​ឲ្យល្អក់​ប៉ុណ្ណោះ តែមិនទាន់​ធ្វើមុខ​ឲ្យកញ្ចុប​កញ្ចូវ​នៅឡើយ ក៏មាន។ ជួនកាល​សេចក្តីក្រោធ គ្រាន់តែ​ធ្វើមុខ​ឲ្យកញ្ចុបកញ្ចូវ​ប៉ុណ្ណោះ តែមិនទាន់​ធ្វើចង្កា​ឲ្យញាក់ញ័រ​នៅឡើយ ក៏មាន។ ជួនកាល សេចក្តីក្រោធ​គ្រាន់តែ​ធ្វើចង្កា​ឲ្យញាក់ញ័រ​ប៉ុណ្ណោះ តែមិនទាន់​បញ្ចេញ​សំដី​អាក្រក់​នៅឡើយ ក៏មាន។ ជួនកាល សេចក្តីក្រោធ គ្រាន់តែ​បញ្ចេញសំដី​អាក្រក់ប៉ុណ្ណោះ តែមិនទាន់​ក្រឡេក​មើលរឿយ ៗ នូវទិសធំ និងទិសតូច​នៅឡើយ ក៏មាន។ ជួនកាល សេចក្តី​ក្រោធ គ្រាន់តែ​ក្រឡេក​មើលរឿយៗ នូវទិសធំ និងទិសតូច​ប៉ុណ្ណោះ តែមិន​ទាន់ចាប់​ដំបង និងសស្រ្តា​នៅឡើយ ក៏មាន។ ជួនកាល សេចក្តីក្រោធ គ្រាន់តែ​ចាប់ដំបង និងសស្រ្តា​ប៉ុណ្ណោះ តែមិនទាន់​យារដំបង និងសស្រ្តា​នៅឡើយ ក៏មាន។ ជួនកាល សេចក្តី​ក្រោធ គ្រាន់​តែយារដំបង និងសស្រ្តាប៉ុណ្ណោះ តែមិនទាន់​ចោលពួយដំបង និងសស្រ្តា​តម្រង់​ទៅឡើយ ក៏​មាន។ ជួនកាល សេចក្តី​ក្រោធ គ្រាន់តែចោល​ពួយ​ដំបង និង​សស្ត្រា​តម្រង់​ប៉ុណ្ណោះ តែ​មិនទាន់​ធ្វើឲ្យដាច់​មុតនៅឡើយ ក៏មាន។ ជួនកាល សេចក្តី​ក្រោធ គ្រាន់តែ​ធ្វើឲ្យ​ដាច់មុត​ប៉ុណ្ណោះ តែមិនទាន់​ធ្វើឲ្យបាក់បែក​នៅឡើយ ក៏មាន។ ជួនកាល សេចក្តីក្រោធ គ្រាន់តែ​ធ្វើឲ្យ​បាក់បែក​ប៉ុណ្ណោះ តែមិនទាន់​ទាញចេញ​នូវអវយវៈ​តូច និងអវយវៈធំ​នៅឡើយ ក៏មាន។ ជួនកាល សេចក្តីក្រោធ គ្រាន់តែ​ទាញចេញ​នូវអវយវៈតូច និងអវយវៈធំ​ប៉ុណ្ណោះ តែ​មិនទាន់​ផ្តាច់បង់​ជីវិតនៅ​ឡើយ ក៏មាន។ ជួនកាល សេចក្តីក្រោធ គ្រាន់តែ​ផ្តាច់​បង់ជីវិត​ប៉ុណ្ណោះ តែមិនទាន់​តាំងនៅ​ដើម្បី​ផ្តាច់បង់​ជីវិត​ទាំងពួង (របស់​អ្នកដទៃ និងរបស់​ខ្លួន) នៅឡើយ ក៏មាន។ សេចក្តី​ក្រោធ សំឡាប់​បុគ្គលដទៃ ហើយទើប​សំឡាប់ខ្លួន​ ក្នុងកាលណា កាលណោះ សេចក្តីក្រោធ ឈ្មោះ​ថា ដល់នូវការ​ក្រាសឡើង​ដ៏ក្រៃលែង ដល់នូវ​សេចក្តី​ទូលំទូលាយ​ក្រៃលែង ដោយហេតុ​មានប្រមាណ​ប៉ុណ្ណោះ។ សេចក្តី​ក្រោធនេះ បុគ្គលណា​លះបង់​ហើយ ផ្តាច់បង់​ហើយ រម្ងាប់​ហើយ គ្របសង្កត់​ហើយ ធ្វើមិន​គួរឲ្យកើតឡើង​បាន ដុតដោយ​ភ្លើង​គឺញាណ​ហើយ បុគ្គល​នោះ គេហៅថា អ្នកមិនក្រោធ។ បុគ្គល​ឈ្មោះថា អ្នកមិនក្រោធ ព្រោះលះបង់​ក្រោធ ឈ្មោះថា អ្នកមិនក្រោធ ព្រោះកំណត់​ដឹងនូវវត្ថុ​ក្រោធ ឈ្មោះថា អ្នកមិនក្រោធ ព្រោះផ្តាច់​ផ្តិលនូវ​ហេតុនៃ​ក្រោធ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនក្រោធ។

[៦៥] ពាក្យថា អ្នកមិនតក់ស្លុត អធិប្បាយថា បុគ្គលខ្លះ​ក្នុងលោកនេះ ជាអ្នក​តក់ស្លុត តក់ស្លុត​ខ្លាំង តក់ស្លុត​ក្រៃលែង។ បុគ្គលនោះ តក់ស្លុត តក់ស្លុតខ្លាំង តក់ស្លុត​ក្រៃលែង ខ្លាច​ដល់​នូវសេចក្តី​តក់ស្លុតថា អញមិន​បានត្រកូល ឬមិនបាន​ពួក ឬមិនបាន​អាវាស ឬមិន​បានលាភ ឬមិន​បានយស ឬមិនបាន​សេចក្តី​សរសើរ ឬមិន​បានសុខ ឬមិន​បាន​ចីវរ ឬមិនបាន​បិណ្ឌបាត ឬមិនបាន​សេនាសនៈ ឬមិនបាន​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ ឬមិន​បាន​គិលានុបដ្ឋាក​បុគ្គល អញជាអ្នក​មិនល្បីល្បាញ ក៏​តក់ស្លុត តក់ស្លុតខ្លាំង តក់ស្លុត​ក្រៃលែង ខ្លាច​ដល់នូវ​សេចក្តី​តក់ស្លុត។ ភិក្ខុក្នុងសាសនា​នេះ ជាអ្នក​មិនតក់ស្លុត មិនតក់​ស្លុតខ្លាំង មិនតក់ស្លុត​ក្រៃលែង។ លោកមិន​តក់ស្លុត មិនតក់​ស្លុតខ្លាំង មិនតក់​ស្លុតក្រៃលែង មិនខ្លាច មិនដល់​នូវសេចក្តី​តក់ស្លុត​ថា អញមិន​បានត្រកូល ឬមិនបានពួក ឬមិនបាន​អាវាស ឬមិន​បានលាភ ឬមិន​បានយស ឬមិនបាន​សេចក្តី​សរសើរ ឬមិន​បានសុខ ឬមិនបាន​ចីវរ ឬមិនបាន​បិណ្ឌបាត ឬមិនបាន​សេនាសនៈ ឬមិនបាន​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ ឬមិនបាន​គិលានុបដ្ឋាក​បុគ្គល អញជា​អ្នកមិន​ល្បីល្បាញ ក៏មិន​តក់ស្លុត មិនតក់​ស្លុតខ្លាំង មិនតក់​ស្លុតក្រៃលែង មិនខ្លាច មិនដល់​នូវសេចក្តី​តក់ស្លុត ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកមិន​ក្រោធ អ្នកមិន​តក់ស្លុត។

[៦៦] ពាក្យថា អ្នកមិនអួតអាង អ្នកមិនមានកុក្កុច្ចៈ អធិប្បាយថា បុគ្គលខ្លះ​ក្នុង​លោកនេះ ជាអ្នក​អួតអាង អួតអាង​ផ្សេងៗ។ បុគ្គលនោះ រមែងអួតអាង អួតអាងផ្សេង ៗ ថា អញជា​អ្នកបរិបូណ៌​ដោយសីលក្តី ថាជាអ្នក​បរិបូណ៌​ដោយវត្តក្តី ថាជាអ្នក​បរិបូណ៌​ដោយសីល និង​វត្តក្តី ដោយជាតិក្តី ដោយគោត្រក្តី ដោយភាព​នៃខ្លួនជា​កូននៃ​ត្រកូលក្តី ដោយភាព​នៃខ្លួនមាន​សម្បុរដ៏ល្អក្តី ដោយទ្រព្យក្តី ដោយការ​ស្វាធ្យាយន៍ក្តី ដោយ​ការងារក្តី ដោយសិប្បៈ​ក្តី ដោយថ្នាក់នៃ​វិជ្ជាក្តី ដោយ​សុតៈក្តី ដោយ​បដិភាណក្តី ដោយវត្ថុ​ណាមួយក្តី ជាអ្នក (ចេញ) អំពី​ត្រកូលខ្ពស់ ហើយបួសក្តី ថាជា​អ្នកចេញអំពី​ត្រកូលធំ​ ហើយបួសក្តី (ចេញ) អំពី​ត្រកូល​មានភោគដ៏​ច្រើន ហើយ​បួសក្តី ថាជាអ្នក​ចេញអំពី​ត្រកូល​មានភោគៈ​ដ៏លើសលុប​ ហើយ​បួសក្តី ថាអញ​ជាអ្នកល្បីល្បាញ មានយស​ជាងពួកគ្រហស្ថ និង​បព្វជិតក្តី ថាជា​អ្នកបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារក្តី ថាជា​អ្នកចេះ​ព្រះសូត្រក្តី ថាជាអ្នក​ទ្រទ្រង់​ព្រះវិន័យក្តី ថាជា​ធម្មកថិកក្តី ថាជាអ្នក​ប្រព្រឹត្ត​អារញ្ញិកធុតង្គក្តី ថាជា​អ្នកប្រព្រឹត្ត​បិណ្ឌបាតិកធុតង្គក្តី ថាជាអ្នក​ប្រព្រឹត្ត​បំសុកូលិក​ធុតង្គក្តី ថាជាអ្នក​ប្រព្រឹត្ត​តេចីវរិកធុតង្គក្តី ថាជាអ្នក​ប្រព្រឹត្ត​សបទានចារិកធុតង្គ​ក្តី ថាជាអ្នក​ប្រព្រឹត្ត​ខលុបច្ឆាភត្តិកធុតង្គ​ក្តី ថាជា​អ្នកប្រព្រឹត្ត​នេសជ្ជិកធុតង្គក្តី ថាជា​អ្នកប្រព្រឹត្ត​យថាសន្ថតិក​ធុតង្គ​ក្តី រមែងអួតអាង អួតអាងផ្សេង ៗ ថាជា​អ្នកបាន​បឋមជ្ឈានក្តី ថាជាអ្នក​បាន​ទុតិយជ្ឈានក្តី ថាជាអ្នក​បានតតិយជ្ឈាន​ក្តី ថាជាអ្នក​បាន​ចតុត្ថជ្ឈាន​ក្តី ថាជាអ្នក​បាន​អាកាសានញ្ចាយតន​សមាបត្តិ វិញ្ញាណញ្ចា​យតនសមាបត្តិ អាកិញ្ចញ្ញាយតន​សមាបត្តិ និងនេវសញ្ញានាសញ្ញាយតន​សមាបត្តិ​ក្តី។ បុគ្គល​មិនអួតអាង មិនអួត​អាងផ្សេង ៗ យ៉ាង​នេះ។ បុគ្គល​វៀរទួទៅ វៀរស្រឡះ វៀរចំពោះ ឃ្លាតចេញ រលាស់ចេញ រួចស្រឡះ ប្រាស​ចេញ​​អំពីសេចក្តី​អួតអាង រមែង​នៅដោយចិត្ត​ដែលប្រាស​ចាកដែន​គឺកិលេស ហេតុ​នោះ (ទ្រង់ត្រាស់ថា) អ្នកមិន​អួតអាង។

[៦៧] អធិប្បាយពាក្យថា មិនមានកុក្កុច្ចៈ ត្រង់ពាក្យថា កុក្កុច្ចៈ គឺ ការរពឹសដៃ ហៅថា កុក្កុច្ចៈ ការរពឹសជើង ហៅថា កុក្កុច្ចៈ ការរពឹសដៃ និងជើង ក៏ហៅថា កុក្កុច្ចៈ សេចក្តី​សំគាល់ថាគួរ​ក្នុង​វត្ថុមិនគួរ សេចក្តី​សំគាល់ថា​មិនគួរ​ក្នុងវត្ថុគួរ សេចក្តី​សំគាល់ថា​មានទោស​ក្នុងវត្ថុ​មិន​មានទោស សេចក្តី​សំគាល់ថា​មិនមានទោស​ក្នុងវត្ថុ​មានទោស សេចក្តី​រង្កៀស អាការៈ​នៃ​សេចក្តី​រង្កៀស ភាពនៃ​សេចក្តី​រង្កៀស សេចក្តី​ក្តៅក្រហាយ​ចិត្ត សេចក្តី​ប្រែះស្រាំ​នៃចិត្ត​ឯណា មានសភាព​យ៉ាងនេះ នេះ​ហៅថា កុក្កុច្ចៈ។ មួយទៀត សេចក្តី​រង្កៀស សេចក្តីក្តៅ​ក្រហាយ​ចិត្ត សេចក្តី​ប្រែះស្រាំ​នៃចិត្ត រមែងកើត​ដោយហេតុ​ពីរ គឺភាពនៃ​អំពីដែល​ធ្វើហើយ ១ និង​មិនធ្វើ​ហើយ ១។ សេចក្តីរង្កៀស សេចក្តីក្តៅ​ក្រហាយចិត្ត សេចក្តី​ប្រែះស្រាំ​នៃចិត្ត រមែង​កើតឡើង ព្រោះអំពើ​ដែលធ្វើ​ហើយ ១ និងមិនធ្វើហើយ ១ តើដូចម្តេច។ សេចក្តី​រង្កៀស សេចក្តីក្តៅ​ក្រហាយចិត្ត សេចក្តី​ប្រែះស្រាំ​នៃចិត្ត រមែង​កើតឡើង (ដោយគិត) ថា កាយទុច្ចរិត អាត្មាអញ​បានធ្វើហើយ កាយសុចរិត អាត្មាអញ​មិនបាន​ធ្វើទេ។ សេចក្តី​រង្កៀស សេចក្តីក្តៅ​ក្រហាយ​ចិត្ត សេចក្តី​ប្រែះស្រាំ​នៃចិត្ត រមែងកើត​ឡើងថា វចីទុច្ចរិត អាត្មាអញ​បានធ្វើហើយ វចីសុចរិត អាត្មាអញ​មិនបាន​ធ្វើទេ។ សេចក្តី​រង្កៀស សេចក្តីក្តៅ​ក្រហាយចិត្ត សេចក្តី​ប្រែះស្រាំ​នៃចិត្ត រមែងកើត​ឡើងថា មនោទុច្ចរិត អាត្មាអញ​បានធ្វើហើយ មនោសុចរិត អាត្មាអញ​មិនបាន​ធ្វើទេ។ សេចក្តី​រង្កៀស សេចក្តីក្តៅ​ក្រហាយចិត្ត សេចក្តី​ប្រែះស្រាំ​នៃចិត្ត រមែង​កើតឡើង​ថា បាណាតិបាត អាត្មាអញ​បានធ្វើហើយ ការវៀរចាក​បាណាតិបាត អាត្មាអញ​មិនបាន​ធ្វើទេ។ សេចក្តី​រង្កៀស សេចក្តីក្តៅ​ក្រហាយចិត្ត សេចក្តី​ប្រែះស្រាំ​នៃចិត្ត រមែងកើត​ឡើងថា អទិន្នាទាន អាត្មាអញ​បានធ្វើហើយ ការវៀរចាក​អទិន្នាទាន អាត្មាអញ​មិនបាន​ធ្វើទេ។ សេចក្តី​រង្កៀស សេចក្តីក្តៅ​ក្រហាយចិត្ត សេចក្តី​ប្រែះស្រាំ​នៃចិត្ត រមែងកើត​ឡើងថា កាមេសុមិច្ឆាចារៈ អាត្មាអញ​បានធ្វើ​ហើយ ការវៀរចាក​កាមេសុមិច្ឆាចារៈ អាត្មាអញ​មិនបាន​ធ្វើទេ។ ថា​មុសាវាទ អាត្មាអញ​បានធ្វើហើយ ការវៀរ​ចាកមុសាវាទ អាត្មាអញ​មិនបាន​ធ្វើទេ។ ថា​បិសុណាវាចា អាត្មាអញ​បានធ្វើហើយ ការវៀរ​ចាក​បិសុណាវាចា អាត្មាអញ​មិនបាន​ធ្វើទេ។ ថា ផរុសវាចា អាត្មាអញ​បានធ្វើហើយ ការវៀរចាក​ផរុសវាចា អាត្មាអញ​មិនបាន​ធ្វើទេ។ ថា សម្ផប្បលាបៈ អាត្មាអញ​បានធ្វើហើយ ការវៀរ​ចាក​សម្ផប្បលាបៈ អាត្មាអញ​មិនបាន​ធ្វើទេ។ ថា អភិជ្ឈា អាត្មាអញ​បានធ្វើ​ហើយ អនភិជ្ឈា អាត្មាអញ​មិនបាន​ធ្វើទេ។ ថា ព្យាបាទ អាត្មាអញ​បានធ្វើហើយ អព្យាបាទ អាត្មាអញ​មិនបានធ្វើទេ។ សេចក្តី​រង្កៀស សេចក្តីក្តៅ​ក្រហាយ​ចិត្ត សេចក្តី​ប្រែះស្រាំ​នៃចិត្ត រមែងកើត​ឡើងថា មិច្ឆាទិដ្ឋិ អាត្មាអញ​បានធ្វើ​ហើយ សម្មាទិដ្ឋិ អាត្មាអញ​មិនបាន​ធ្វើទេ។ សេចក្តី​រង្កៀស សេចក្តីក្តៅ​ក្រហាយចិត្ត សេចក្តី​ប្រែះស្រាំនៃ​ចិត្ត រមែងកើត​ឡើង​ព្រោះភាព​នៃអំពើ​ដែលធ្វើ​ហើយ ១ និង​មិនធ្វើហើយ ១ យ៉ាងនេះ។ មួយទៀត សេចក្តី​រង្កៀស សេចក្តី​ក្តៅក្រហាយចិត្ត សេចក្តី​ប្រែះស្រាំ​នៃចិត្ត រមែង​កើតឡើង​ថា អាត្មាអញ​ជាអ្នកមិន​ធ្វើឲ្យ​ពេញក្នុងសីល​ទាំងឡាយ។ ថា អាត្មាអញ ជាអ្នក​មានទ្វារ​មិនគ្រប់គ្រង​ហើយ​ក្នុងឥន្រ្ទិយ​ទាំងឡាយ។ ថា អាត្មាអញ ជាអ្នកមិន​ដឹងប្រមាណ​ក្នុងភោជន។ ថា អាត្មាអញ​ជាអ្នកមិន​ប្រកបរឿយៗ នូវការ​ភ្ញាក់រលឹក។ ថា អាត្មាអញ ជាអ្នក​មិនប្រកប​ដោយសតិ និង​សម្បជញ្ញៈ។ ថា សតិប្បដ្ឋាន ៤ អាត្មាអញ​មិនបាន​ចំរើនហើយ។ ថា សម្មប្បធាន ៤ អាត្មាអញ​មិនបាន​ចំរើនហើយ។ ថា ឥទ្ធិបាទ ៤ អាត្មាអញ​មិនបាន​ចំរើនហើយ។ ថាឥន្រ្ទិយ ៥ អាត្មាអញ មិនបាន​ចំរើនហើយ។ ថា ពលៈ ៥ អាត្មាអញ​មិនបាន​ចំរើន​ហើយ។ ថា ពោជ្ឈង្គ ៧ អាត្មាអញ​មិនបាន​ចំរើនហើយ។ ថា អដ្ឋង្គិកមគ្គ​ដ៏ប្រសើរ អាត្មាអញ​មិនបាន​ចំរើនហើយ។ ថា ទុក្ខ អាត្មាអញ​មិនបាន​កំណត់ទេ។ ថា សមុទយៈ អាត្មាអញ​មិនបាន​លះបង់ទេ។ ថា មគ្គ អាត្មាអញ​មិនបាន​ចំរើនទេ។ សេចក្តី​រង្កៀស សេចក្តីក្តៅ​ក្រហាយចិត្ត សេចក្តីប្រែះ​ស្រាំនៃចិត្ត រមែង​កើតឡើងថា និរោធ អាត្មាអញ​មិនបាន​ធ្វើឲ្យជាក់​ច្បាស់ទេ។ សេចក្តី​រង្កៀសនេះ បុគ្គលណា លះបង់​ហើយ ផ្តាច់ផ្តិល​ហើយ រម្ងាប់​ហើយ គ្របសង្កត់​ហើយ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុត​ដោយភ្លើង គឺញាណ​ហើយ បុគ្គលនោះ លោកហៅថា អ្នកមិន​មានកុក្កុច្ចៈ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នក​មិនអួតអាង អ្នកមិនមាន​កុក្កុច្ចៈ។

[៦៨] ពាក្យថា អ្នកពោលដោយការដឹង អ្នកមិនរាយមាយ សេចក្តីថា បញ្ញា លោកហៅ​ថា ការដឹង បានដល់ប្រាជ្ញា សេចក្តី​ដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណា​នូវធម៌ សេចក្តី​យល់ត្រូវ។ បុគ្គល​ស្ទង់ដោយការ​ដឹង ហើយ​ពោលនូវវាចា ទោះបី​ពោលច្រើន ពណ៌នា​ច្រើន បំភ្លឺច្រើន ថ្លែងច្រើន ក៏មិន​ពោលវាចា​ដែលគេ​ពោលអាក្រក់ និយាយ​អាក្រក់ ចរចា​អាក្រក់ បញ្ចេញ​អាក្រក់ទេ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកពោល​ដោយការដឹង។ ពាក្យថា អ្នកមិន​រាយមាយ សំនួរថា សេចក្តី​រាយមាយ ​ក្នុងដំណើរ​នោះ តើដូចម្តេច។ សេចក្តី​រាយមាយ​នៃចិត្ត សេចក្តី​មិនស្ងប់រម្ងាប់ សេចក្តី​រវើរវាយ​នៃចិត្ត សេចក្តី​វិលនៃចិត្ត​ឯណា នេះ​លោកហៅថា សេចក្តី​រាយមាយ។ សេចក្តី​រាយមាយ​នេះ បុគ្គលណា​លះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យកើតបាន ដុតដោយ​ភ្លើង គឺញ្ញាណហើយ បុគ្គលនោះ លោកហៅថា ជាអ្នក​មិន​រាយមាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ពោលដោយ​ការដឹង ជាអ្នក​មិនរាយមាយ។

[៦៩] ពាក្យថា បុគ្គលសង្រួមវាចានោះឯង ជាមុនិ សេចក្តីថា ភិក្ខុក្នុង​សាសនានេះ លះបង់​មុសាវាទ វៀរចាក​មុសាវាទ ពោលតែ​ពាក្យពិត តពាក្យពិត មានវាចា​ខ្ជាប់ខ្ជួន គួរ​ឲ្យអ្នក​ផង​ជឿបាន មិនពោល​បំភាន់​សត្វលោក។ លះបង់​បិសុណាវាចា វៀរស្រឡះ​ចាក​បិសុណាវាចា គឺឮ​អំពីពួក​ជននេះ មិនប្រាប់​ពួកជន​ឯណោះ ដើម្បីបំបែក​ពួកជននេះ ឬឮ​អំពីពួក​ជនឯណោះ មិនប្រាប់​ដល់ជន​ពួកនេះ ដើម្បីបំបែក​ពួកជន​ឯណោះ ជាអ្នក​ផ្សះផ្សា​នូវពួកជន​ដែលបែកគ្នា​ហើយក្តី ជាអ្នក​បន្ថែម​កំឡាំងឲ្យ​ដល់ពួកដែល​ព្រមព្រៀងគ្នា​ហើយក្តី មាន​សេចក្តី​ត្រេកអរ​ក្នុងការ​ព្រមព្រៀង ត្រេកអរ​ក្នុងសេចក្តី​ព្រមព្រៀង មាន​សេចក្តី​រីករាយ​ក្នុងការ​ព្រមព្រៀង ពោលវាចា​ជាទីធ្វើ​នូវសេចក្តី​ព្រមព្រៀង។ លះបង់​ផរុសវាចា វៀរស្រឡះ​ចាក​ផរុសវាចា​ហើយ ក៏វាចាណា​ដែលជា​សំដី​ឥតទោស ជា​សុខដល់​ត្រចៀក គួរឲ្យ​ស្រឡាញ់ ជាទី​ពេញហឫទ័យ ជាសំដី​របស់អ្នកបុរី ជាទីត្រេកអរ​ដល់ជន​ច្រើននាក់ ជាទី​ពេញចិត្ត​ជនច្រើន​នាក់ ជាអ្នកពោល​តែវាចា​បែបនោះ​ឯង។ លះបង់​សម្ផប្បលាបៈ វៀរ​ស្រឡះ​ចាក​សម្ផប្បលាបៈ ហើយ​ជាអ្នក​ពោលពាក្យ​ក្នុងកាលគួរ ពោលតែ​ពាក្យពិត ពោល​អត្ថ ពោល​ធម៌ ពោលវិន័យ ពោលវាចា​ដែលគួរ​កប់ទុក​ក្នុងហឫទ័យ ជាវាចា​មានគ្រឿង​អាង មានទី​បំផុត ​ប្រកប​ដោយ​ប្រយោជន៍​តាមកាល​គួរ។ បុគ្គល​ប្រកប​ដោយ​វចីសុចរិត​ទាំង ៤ តែង​ពោលវាចា​ប្រាសចាក​ទោស ៤ ប្រការ។ បុគ្គលវៀរទួទៅ វៀរស្រឡះ វៀរចំពោះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ​ឆ្ងាយអំពី​តិរច្ឆានកថា ៣២ រមែងនៅ​ដោយចិត្ត ដែលប្រាសចាក​ដែន គឺកិលេស។ ពោល​នូវវត្ថុ ១០ ប្រការ។ ពោលនូវវត្ថុ ១០ ប្រការ តើដូចម្តេច។ គឺ​ពោលអប្បិច្ឆកថា ១ សន្តុដ្ឋិកថា ១ បវិវេកកថា ១ អសំសគ្គកថា ១ វីរិយារម្ភកថា ១ សីលកថា ១ សមាធិកថា ១ បញ្ញាកថា ១ វិមុត្តិកថា ១ វិមុត្តិញ្ញាណទស្សនកថា ១ សតិប្បដ្ឋានកថា ១ សម្មប្បធានកថា ១ ឥទ្ធិប្បាទកថា ១ ឥន្រ្ទិយកថា ១ ពលកថា ១ ពោជ្ឈង្គកថា ១ មគ្គកថា ១ ផលកថា ១ និព្វានកថា ១។ ពាក្យថា បុគ្គលអ្នក​សង្រួមវាចា គឺ​សង្រួម ប្រយ័ត្ន គ្រប់គ្រង បីបាច់ រក្សា រវាំង រម្ងាប់។ ញាណ លោកហៅថា មោនៈ របស់​បទថា មុនី។បេ។ មុនីនោះ កន្លងនូវ​បណ្តាញ គឺ​សេចក្តី​ជាប់ចំពាក់ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលអ្នក​សង្រួម​វាចានោះ​ឯង ឈ្មោះថា មុនី ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលអ្នកមិនក្រោធ អ្នកមិនតក់ស្លុត អ្នកមិនអួតអាង អ្នក​មិនមាន​កុក្កុច្ចៈ អ្នកពោល​ដោយការ​ដឹង អ្នកមិន​រាយមាយ បុគ្គលអ្នក​សង្រួមវាចា​នោះឯង ឈ្មោះថា មុនី។

[៧០] បុគ្គលមិនមានសេចក្តីជាប់ចំពាក់ក្នុងវត្ថុជាអនាគត មិនសោកស្តាយ​ចំពោះ​វត្ថុជា​អតីត អ្នកឃើញ​សេចក្តីស្ងប់ស្ងាត់​ក្នុងផស្សៈ​ទាំងឡាយ បុគ្គលនោះ ទិដ្ឋិ​ទាំងឡាយ​នាំទៅ​មិនបាន។

[៧១] ពាក្យថា បុគ្គលមិនមានសេចក្តីជាប់ចំពាក់​ក្នុងវត្ថុជា​អនាគត អធិប្បាយ​ថា តណ្ហា លោកហៅថា សេចក្តី​ជាប់ចំពាក់ បានដល់ តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តី​ជាប់ចំពាក់ គឺតណ្ហានេះ បុគ្គលណា​លះបង់ ផ្តាច់ផ្តិល ធ្វើឲ្យ​ស្ងប់ ឲ្យស្ងប់​រម្ងាប់ ធ្វើមិនឲ្យ​កើតឡើង​បាន ដុតដោយភ្លើង​គឺញាណ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​មិនមាន​សេចក្តីជាប់​ចំពាក់ក្នុង​វត្ថុជា​អនាគត យ៉ាងនេះ​ខ្លះ។ មួយទៀត បុគ្គល​មិនដល់ព្រម​នូវសេចក្តី​រីករាយ​ក្នុងរូប​នោះថា អាត្មាអញ​គប្បីមាន​រូបយ៉ាងនេះ ក្នុង​អនាគតកាល មិនដល់​ព្រមនូវសេចក្តី​រីករាយ​ក្នុងខន្ធ​ទាំងនោះថា អាត្មាអញ​គប្បីមាន​វេទនា​យ៉ាងនេះ គប្បីមាន​សញ្ញាយ៉ាងនេះ គប្បី​មានសង្ខារ​យ៉ាងនេះ គប្បីមាន​វិញ្ញាណ​យ៉ាងនេះ ក្នុង​អនាគតកាល ឈ្មោះថា អ្នកមិនមាន​សេចក្តី​ជាប់ចំពាក់​ក្នុងវត្ថុ​ជាអនាគត យ៉ាងនេះខ្លះ។ មួយទៀត បុគ្គល​មិនតាំង​ចិត្តដើម្បី​បាននូវ​អាយតនៈ ដែល​មិនទាន់​បានថា ភ្នែករបស់​អញ គប្បីមាន​យ៉ាងនេះ រូបទាំងឡាយ​យ៉ាងនេះ ក្នុង​អនាគតកាល ក៏មិន​រីករាយ​ចំពោះ​អាយតនៈ​ទាំងនោះ ព្រោះការ​មិនតាំងចិត្ត​ជាបច្ច័យ កាលមិន​ត្រេកអរ​ចំពោះ​អាយតនៈ​ទាំងនោះ ឈ្មោះថា អ្នកមិន​មានសេចក្តី​ជាប់ចំពាក់​ក្នុងវត្ថុជា​អនាគត យ៉ាងនេះខ្លះ។ ត្រចៀក​របស់អញ គប្បី​មានយ៉ាង​នេះ សំឡេង​ទាំងឡាយ​យ៉ាងនេះ ក្នុងអនាគត​កាល។បេ។ មិនតាំងចិត្ត​ដើម្បីបាន​នូវអារម្មណ៍​ដែលមិន​ទាន់បានថា ចិត្តរបស់​អញ គប្បីមាន​យ៉ាងនេះ ធម្មារម្មណ៍​ទាំងឡាយ​យ៉ាងនេះ ក្នុង​អនាគតកាល ក៏មិន​រីករាយ​ចំពោះ​អាយតនៈ​ទាំងនោះ ព្រោះការ​មិនតាំង​ចិត្តជាបច្ច័យ កាលមិន​រីករាយ​ចំពោះ​អាយតនៈ​ទាំងនោះ ឈ្មោះថា អ្នកមិន​មានសេចក្តី​ជាប់ចំពាក់​ក្នុងវត្ថុ​ជាអនាគត យ៉ាងនេះខ្លះ។ មួយវិញ​ទៀត បុគ្គល​មិនបាន​តាំងចិត្ត​ដើម្បីបាន​នូវអត្តភាព​ដែលមិន​ទាន់បានថា អញគប្បី​បានជា​ទេវតា ឬជា​ទេវតា​ណាមួយ ដោយសីល ឬវត្ត ឬតបៈ ឬព្រហ្មចរិយៈនេះ ក៏មិនរីក​រាយចំពោះ​អត្តភាព​ទាំងនោះ ព្រោះការ​មិនតាំង​ចិត្តជាបច្ច័យ កាលមិន​រីករាយ​ចំពោះ​អត្តភាព​ទាំងនោះ ឈ្មោះថា អ្នកមិន​មានសេចក្តី​ជាប់ចំពាក់​ក្នុងវត្ថុ​ជាអនាគត យ៉ាងនេះខ្លះ។

[៧២] ពាក្យថា មិនសោយសោកចំពោះវត្ថុជាអតីត សេចក្តីថា មិនសោយ​សោករកវត្ថុ​ដែល​ប្រែប្រួល​ហើយ ឬមិន​សោយសោក​ក្នុងវត្ថុ​ដែលប្រែប្រួល​ហើយ គឺមិន​សោយសោក​ថា ភ្នែករបស់​អញប្រែប្រួល​ហើយ មិន​សោយសោក មិនលំបាក មិនខ្សឹកខ្សួល មិនកន្ទក់​កន្ទេញ គក់ទ្រូង មិនដល់​នូវសេចក្តី​វង្វេងថា ត្រចៀក​របស់អញ ច្រមុះ​របស់អញ អណ្តាត​របស់​អញ កាយរបស់​អញ រូបទាំងឡាយ​របស់អញ សំឡេង​ទាំងឡាយ​របស់អញ ក្លិន​ទាំងឡាយ​របស់អញ រសទាំងឡាយ​របស់អញ ផោដ្ឋព្វៈ​ទាំងឡាយ​របស់អញ ត្រកូល​របស់អញ គណៈ​របស់អញ អាវាស​របស់អញ លាភ​របស់អញ យស​របស់អញ សេចក្តី​សរសើរ​របស់អញ សុខ​របស់អញ ចីវរ​របស់អញ បិណ្ឌបាត​របស់អញ សេនាសនៈ​របស់​អញ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​របស់អញ មាតា​របស់អញ បិតា​របស់អញ បងប្អូនប្រុស​របស់អញ បងប្អូនស្រី​របស់អញ កូនប្រុស​របស់អញ កូនស្រី​របស់អញ មិត្រ និងអាមាត្យ​ទាំងឡាយ​របស់អញ ពួកញាតិ​របស់អញ ពួកសាលោហិត​របស់អញ​ប្រែប្រួលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិន​សោយសោក ចំពោះវត្ថុ​ជាអតីត។

[៧៣] អធិប្បាយពាក្យថា អ្នកឃើញសេចក្តីស្ងប់ស្ងាត់​ក្នុងផស្សៈទាំងឡាយ ត្រង់ពាក្យ​ថា ផស្សៈ បានដល់​ចក្ខុសម្ផស្សៈ សោតសម្ផស្សៈ ឃានសម្ផស្សៈ ជិវ្ហាសម្ផស្សៈ កាយសម្ផស្សៈ មនោសម្ផស្សៈ អធិវចនសម្ផស្សៈ បដិឃសម្ផស្សៈ សុខវេទនីយ​សម្ផស្សៈ ទុក្ខវេទនីយ​សម្ផស្សៈ អទុក្ខមសុខវេទនីយ​សម្ផស្សៈ កុសលផស្សៈ អកុសលផស្សៈ អព្យាកតផស្សៈ កាមាវចរផស្សៈ រូបាវចរផស្សៈ អរូបាវចរផស្សៈ សុញ្ញតផស្សៈ អនិមិត្តផស្សៈ អប្បណិហិតផស្សៈ លោកិយផស្សៈ លោកុត្តរផស្សៈ អតីតផស្សៈ អនាគតផស្សៈ បច្ចុប្បន្ន​ផស្សៈ ការប៉ះពាល់ សេចក្តីប៉ះពាល់ សេចក្តី​ប៉ះពាល់ព្រម ភាពនៃការ​ប៉ះពាល់ព្រម​ឯណា មានសភាព​យ៉ាងនេះ នេះលោក​ហៅថា ផស្សៈ។ ពាក្យថា អ្នកឃើញ​សេចក្តី​ស្ងប់ស្ងាត់ក្នុង​ផស្សៈ​ទាំងឡាយ គឺឃើញ​នូវចក្ខុសម្ផស្សៈ​ដ៏ស្ងប់ស្ងាត់ ចាកខ្លួនផង ចាកវត្ថុ​របស់ខ្លួនផង ចាកវត្ថុ​ដ៏ទៀងទាត់​ផង ចាកវត្ថុ​ដ៏ឋិតថេរ​ផង ចាកវត្ថុដ៏​ខ្ជាប់ខ្ជួនផង ចាកសភាវៈ​មិនប្រែប្រួល​ផង។ ឃើញ​សោតសម្ផស្សៈ​ដ៏ស្ងប់ស្ងាត់។ ឃើញ​ឃានសម្ផស្សៈ​ដ៏ស្ងប់ស្ងាត់។ ឃើញ​ជិវ្ហា​សម្ផស្សដ៏​ស្ងប់ស្ងាត់។ ឃើញ​កាយសម្ផស្សៈ​ដ៏ស្ងប់ស្ងាត់។ ឃើញ​មនោសម្ផស្សៈ​ដ៏ស្ងប់​ស្ងាត់។ ឃើញ​អធិវចនសម្ផស្សៈ​ដ៏ស្ងប់ស្ងាត់។ ឃើញ​បដិឃសម្ផស្សៈ​ដ៏ស្ងប់ស្ងាត់។ ឃើញ​សុខវេទនីយ​សម្ផស្សៈ។ ទុក្ខវេទនីយ​សម្ផស្សៈ។ អទុក្ខមសុខវេទនីយ​សម្ផស្សៈ។ កុសលផស្សៈ។ អកុសលផស្សៈ។ អព្យាកតផស្សៈ។ កាមាវចរផស្សៈ។ រូបាវចរផស្សៈ។ អរូបាវចរផស្សៈ។ លោកិយផស្សៈ។ ឃើញ​លោកុត្តរផស្សៈ​ដ៏ស្ងប់ស្ងាត់ ចាកខ្លួន​ផង ចាកវត្ថុ​ជារបស់​ខ្លួនផង ចាកវត្ថុ​ដ៏ទៀងទាត់​ផង ចាកវត្ថុ​ដ៏ឋិតថេរផង ចាកវត្ថុ​ដ៏ខ្ជាប់ខ្ជួន​ផង ចាកសភាវៈ​មិនប្រែប្រួល​ផង។ មួយទៀត ឃើញ​អតីតផស្សៈ​ដ៏ស្ងប់ស្ងាត់ ចាកពួក​អនាគត​ផស្សៈផង ចាកពួក​បច្ចុប្បន្ន​ផស្សៈផង។ ឃើញ​អនាគតផស្សៈ​ដ៏ស្ងប់ស្ងាត់ ចាកពួក​អតីតផស្សៈ​ផង ចាកពួក​បច្ចុប្បន្នផស្សៈ​ផង។ ឃើញបច្ចុប្បន្ន​ផស្សៈដ៏​ស្ងប់ស្ងាត់ ចាកពួក​អតីតផស្សៈ​ផង ចាកអនាគត​ផស្សៈផង។ មួយទៀត ពួកផស្សៈ​ណា ដ៏ប្រសើរ មិនមាន​អាសវៈ ជាលោកុត្តរៈ ប្រកបដោយ​សុញ្ញតៈ បុគ្គល​រមែងឃើញ​ពួកផស្សៈ​នោះ ដ៏ស្ងប់ស្ងាត់ ចាករាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ ឃើញ​ពួក​លោកុត្តរផស្សៈ​ដ៏​ស្ងប់ស្ងាត់ ចាកកិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់ក្រវាយ​ទាំងពួង សេចក្តី​ក្តៅក្រហាយ​ទាំងពួង សេចក្តី​អន្ទះអន្ទែង​ទាំងពួង អកុសលាភិសង្ខារ​ទាំងពួង ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកឃើញ​សេចក្តី​ស្ងប់ស្ងាត់ក្នុង​ផស្សៈ​ទាំងឡាយ។

[៧៤] ពាក្យថា ទិដ្ឋិទាំងឡាយនាំទៅមិនបាន គឺទិដ្ឋិទាំង ៦២ បុគ្គលនោះ​លះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យ​កើតឡើង​បាន ដុតដោយ​ភ្លើង គឺញាណ​ហើយ បុគ្គលនោះ ទិដ្ឋិឲ្យ​ទៅមិនបាន នាំទៅមិនបាន បន្សាត់​ទៅមិនបាន នាំទៅព្រម​មិនបាន ទាំង​មិនជឿ មិនត្រឡប់មក​កាន់ទិដ្ឋិ​នោះថា មានខ្លឹម ហេតុនោះ (ទ្រង់ត្រាស់ថា)​ ទិដ្ឋិ​ទាំងឡាយ​នាំទៅមិន​បាន។​ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

បុគ្គលមិនមានសេចក្តីជាប់ចំពាក់ ក្នុងវត្ថុជាអនាគត មិន​សោកស្តាយ​ចំពោះវត្ថុ​ជាអតីត អ្នកឃើញ​សេចក្តីស្ងប់ស្ងាត់​ក្នុងផស្សៈ​ទាំងឡាយ បុគ្គលនោះ ទិដ្ឋិ​ទាំងឡាយ នាំទៅ​មិនបាន។

[៧៥] បុគ្គលអ្នករួញចិត្ត អ្នកមិនកុហក អ្នកមិនមាន​សេចក្តីប្រាថ្នា អ្នកមិនមាន​សេចក្តី​កំណាញ់ អ្នកមិន​មានការ​ឃ្នើសឃ្នង អ្នកដែល​គេមិន​គួរខ្ពើម រមែង​មិនប្រកប​ក្នុងការ​ញុះញង់​ទេ។

[៧៦] អធិប្បាយពាក្យថា អ្នករួញចិត្ត អ្នកមិនកុហក ត្រង់ពាក្យថា អ្នករួញចិត្ត សេចក្តីថា ដែល​ឈ្មោះថា អ្នករួញចិត្ត ព្រោះលះបង់​រាគៈ អ្នករួញចិត្ត ព្រោះលះបង់​ទោសៈ អ្នក​រួញចិត្ត ព្រោះលះបង់​នូវមោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ។បេ។ អ្នករួញចិត្ត ព្រោះលះបង់​អកុសលាភិសង្ខារ​ទាំងពួង។ សមដូច​ព្រះពុទ្ធដីកា​នេះ ដែល​ព្រះមានព្រះភាគ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នករួញចិត្ត តើដូចម្តេច ម្នាលភិក្ខុ​ទាំងឡាយ អស្មិមានះ ភិក្ខុក្នុង​សាសនានេះ លះបង់ហើយ មានឫសគល់​គាស់​រំលើង​ហើយ ធ្វើមិនឲ្យ​មានទីកើត ដូចជា​ទីកើតនៃ​ដើមត្នោត ដល់នូវ​ការមិនមាន​បែបភាព ជាធម៌​លែងកើត​តទៅទៀត ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នករួញចិត្ត យ៉ាងនេះឯង ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នករួញចិត្ត។

[៧៧] ពាក្យថា អ្នកមិនកុហក អធិប្បាយថា កុហនវត្ថុ ៣ យ៉ាង កុហនវត្ថុ​ខាងការសេព បច្ច័យ ១ កុហនវត្ថុ​ខាងឥរិយាបថ ១ កុហនវត្ថុ​ខាងការខ្សឹបជិត ១។

កុហនវត្ថុខាងការសេពបច្ច័យ តើដូចម្តេច។ ពួកគហបតី​ក្នុងសាសនា​នេះ រមែងនិមន្ត​ភិក្ខុ​ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារ។ ភិក្ខុនោះ មាន​សេចក្តី​ប្រាថ្នា​អាក្រក់ ត្រូវសេចក្តី​ប្រាថ្នា​គ្របសង្កត់​ហើយ ជាអ្នក​មានសេចក្តី​ត្រូវការ​នូវចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារ អាស្រ័យ​នូវសេចក្តី​ប្រាថ្នា​ដ៏លើស​លុប ទើបហាម​ឃាត់ចីវរ ហាមឃាត់​បិណ្ឌបាត ហាមឃាត់​សេនាសនៈ ហាមឃាត់​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ។ ភិក្ខុនោះ​បានពោល​យ៉ាងនេះថា សមណៈ​មានប្រយោជន៍​អ្វី​ដោយចីវរ​មានថ្លៃច្រើន ការប្រើប្រាស់​ចីវរដ៏​សមគួរ​ដល់សមណៈ​នុ៎ះ​គឺ សមណៈ​ត្រូវតែ​រើសកំណាត់​សំពត់​ទាំងឡាយ​អំពីព្រៃ​ស្មសាន ឬអំពី​គំនរសម្រាម ឬអំពី​រានផ្សារ ​មកធ្វើ​ជាសង្ឃាដី​ប្រើ​ប្រាស់ សមណៈ​មានប្រយោជន៍​អ្វីដោយ​បិណ្ឌបាត​មានថ្លៃច្រើន ការចិញ្ចឹម​ជីវិតដ៏​សមគួរ​ដល់សមណៈ​នុ៎ះ គឺសមណៈ​ត្រូវតែ​ចិញ្ចឹមជីវិត​ដោយ​ពំនូតបាយ ដោយការ​ដើរទៅ​ដើម្បីសូម សមណៈ​មានប្រយោជន៍​អ្វី​ដោយ​សេនាសនៈ​មានថ្លៃច្រើន ការនៅ​ដ៏សមគួរ​ដល់សមណៈ​នុ៎ះ គឺសមណៈ​ត្រូវតែ​ជាអ្នកនៅ​ជិតគល់ឈើ ឬនៅក្នុង​ព្រៃស្មសាន ឬក៏នៅ​ក្នុងទីវាល សមណៈ​មានប្រយោជន៍​អ្វី​ដោយ​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​មានថ្លៃ​ច្រើន ការធ្វើឱសថដ៏​សមគួរ​ដល់សមណៈ​នុ៎ះ គឺសមណៈ​ត្រូវតែធ្វើ​ថ្នាំដោយ​មូត្រផ្អូម ឬដោយ​ចំណិតស្រម៉ តាំងអំពី​នោះមក ភិក្ខុនោះ​ក៏ទ្រទ្រង់​ចីវរដ៏​សៅហ្មង បរិភោគ​បិណ្ឌបាត​ដ៏សៅហ្មង សេព​សេនាសនៈ​ដ៏សៅហ្មង សេព​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ដ៏សៅហ្មង។ ពួក​គហបតីដឹង​ភិក្ខុនោះ​យ៉ាងនេះថា សមណៈ​នេះ​មានសេចក្តី​ប្រាថ្នាតិច មានសន្តោស ស្ងប់ស្ងាត់ មិនច្របូក​ច្របល់ (ដោយពួក) ប្រារព្ធ​ព្យាយាម ពោលធុតគុណ ក៏រឹងរឹត​តែនិមន្ត​ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ។ ភិក្ខុនោះ​ពោល​យ៉ាងនេះ​ថា កុលបុត្រមាន​សទ្ធា តែងប្រសព្វ​នូវបុណ្យ​ដ៏ច្រើន ព្រោះធម៌ ៣ យ៉ាង មាន​ចំពោះមុខ គឺកុលបុត្រ​មានសទ្ធា តែងប្រសព្វ​នូវបុណ្យ​ដ៏ចំរើន ព្រោះសទ្ធា​មានចំពោះ​មុខ ១ កុលបុត្រ​មានសទ្ធា តែងប្រសព្វ​នូវបុណ្យ​ដ៏ច្រើន ព្រោះទេយ្យធម៌​មានចំពោះ​មុខ ១ កុលបុត្រ​មានសទ្ធា តែងប្រសព្វ​នូវបុណ្យ​ដ៏ច្រើន ព្រោះពួក​ទក្ខិណេយ្យ​បុគ្គល​មានចំពោះ​មុខ ១ សទ្ធានេះ របស់ពួក​អ្នកក៏មាន​ផង ទេយ្យធម៌​នេះ ក៏មាន​ព្រមផង ទាំងអាត្មា ក៏ជា​អ្នកទទួល បើអាត្មា​មិនទទួលទេ ពួកអ្នកនឹង​ជាបុគ្គល​សាបសូន្យ​ចាកបុណ្យ​យ៉ាងនេះ អាត្មា​មិនមាន​សេចក្តី​ត្រូវការ​ដោយ​ទេយ្យធម៌​នេះ​ទេ ប៉ុន្តែ​អាត្មាទទួល ដើម្បី​អនុគ្រោះ​ដល់ពួក​អ្នកតែ​ម្យ៉ាង តាំងអំពី​នោះមក ភិក្ខុនោះ ក៏ទទួល​ចីវរច្រើនផង ទទួល​បិណ្ឌបាត​ច្រើនផង ទទួល​សេនាសនៈ​ច្រើនផង ទទួល​គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ​ច្រើនផង។​ កិរិយា​ធ្វើមុខ​ស្រពោន ភាពនៃ​ភិក្ខុធ្វើមុខ​ស្រពោន ការកុហក ការប្រព្រឹត្តិ​ទៅនៃ​ភិក្ខុកុហក ភាពនៃ​ភិក្ខុកុហក​ឯណា មានសភាព​យ៉ាងនេះ នេះ​លោក​ហៅថា កុហនវត្ថុ​ខាងការសេព (បច្ច័យ)។ កុហនវត្ថុ​ខាងឥរិយាបថ តើដូចម្តេច។ ភិក្ខុខ្លះក្នុង​សាសនានេះ មានសេចក្តី​ប្រាថ្នាលាមក ត្រូវសេចក្តី​ប្រាថ្នាគ្រប​សង្កត់ហើយ ប្រាថ្នា​សេចក្តី​សរសើរថា អ្នកផង​នឹងសរសើរ​អញ​យ៉ាងនេះ ក៏រៀប​ចំទំនង​ដើរ រៀបចំទំនង​ឈរ ក៏រៀបចំ​ទំនង​អង្គុយ រៀបចំ​ទំនងដេក ប្រុងប្រៀប​ហើយ​ទើបដើរទៅ ប្រុងប្រៀបឈរ ប្រុងប្រៀប​អង្គុយ ប្រុងប្រៀប​សម្រេច​ការដេក ដើរទៅ​ហាក់ដូច​ជាមាន​ចិត្តតាំងមាំ ឈរហាក់​ដូចជាមាន​ចិត្តតាំងមាំ អង្គុយ​ហាក់ដូច​ជាមាន​ចិត្ត​តាំងមាំ សម្រេច​ការដេក​ហាក់ដូច​ជាមានចិត្ត​តាំងមាំ ហាក់ដូច​ជាចូលឈាន​ក្នុងទី​ចំពោះមុខ (នៃ​អ្នកផង)។ ការតាំង​ទុកខាងដើម អាការ​នៃការតាំងទុក ការរៀបចំ​ឥរិយាបថ កិរិយា​ធ្វើមុខ​ស្រពោន ភាពនៃ​ភិក្ខុអ្នក​ធ្វើមុខ​ស្រពោន ការកុហក ការប្រព្រឹត្តិ​ទៅនៃ​ភិក្ខុកុហក ភាព​នៃភិក្ខុ​កុហក​​ឯណា មានសភាព​យ៉ាងនេះ នេះ​លោកហៅថា កុហនវត្ថុ​ខាងឥរិយាបថ។ កុហនវត្ថុ​ខាងការ​ខ្សឹបជិត តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ មានសេចក្តី​ប្រាថ្នា​លាមក ត្រូវសេចក្តី​ប្រាថ្នា​គ្រប​សង្កត់ហើយ ប្រាថ្នា​សេចក្តី​សរសើរ​ថា អ្នកផង​នឹងសរសើរ​អញយ៉ាង​នេះ ក៏ពោលវាចា ដែល​អាស្រ័យ​អរិយធម៌ ពោលថា សមណៈ​ណា​ទ្រទ្រង់ចីវរ មានសភាព​យ៉ាងនេះ សមណៈ​នោះមាន​ស័ក្កិធំ ពោលថា សមណៈ​ណា ទ្រទ្រង់បាត្រ​មានសភាព​យ៉ាងនេះ ទ្រទ្រង់​ផ្តិល​ជាវិការៈ​នៃលោហៈ ទ្រទ្រង់​ធម្មក្រក ទ្រទ្រង់​តម្រងទឹក ទ្រទ្រង់​កូនសោ ទ្រទ្រង់​ស្បែកជើង ទ្រទ្រង់​វត្ថពន្ធចង្កេះ ទ្រទ្រង់​សំពត់​អាយោគ សមណៈ​នោះ​មានស័ក្តិធំ។ ពោលថា ឧបជ្ឈាយ៍​របស់​សមណៈ​ណា មានសភាព​យ៉ាងនេះ សមណៈ​នោះមាន​ស័ក្តិធំ។ ពោលថា អាចារ្យ​របស់​សមណៈ​ណា មានសភាព​យ៉ាងនេះ ពួកភិក្ខុ​របស់​សមណៈ​ណា មានសភាព​យ៉ាងនេះ មាន​ឧបជ្ឈាយ៍​ស្មើគ្នា មាន​អាចារ្យ​ស្មើគ្នា ជាមិត្រ មិត្រឃើញ​ព្រម ជាសំឡាញ់ សមណៈ​នោះ​មាន​ស័ក្តិធំ។ ពោលថា សមណៈណា នៅក្នុងវិហារ​មានសភាព​យ៉ាងនេះ សមណៈ​នោះ មាន​ស័ក្តិធំ។ ពោលថា សមណៈណា នៅក្នុង​បង្ហា​មានសភាព​យ៉ាងនេះ នៅក្នុង​ប្រាសាទ នៅក្នុង​ប្រាសាទ​មានកំពូល នៅក្នុង​គុហា នៅក្នុង​ទីជ្រកកោន នៅក្នុង​កុដិ នៅក្នុងផ្ទះ​មាន​កំពូល នៅក្នុង​ប៉ម នៅក្នុងរោង នៅក្នុងថែវ នៅក្នុង​រោងឆាន់ នៅក្នុង​បារាំ នៅជិត​គល់ឈើ សមណៈ​នោះ មានស័ក្តិធំ។ មួយទៀត សមណៈ​ជាអ្នក​ស្រងូតស្រងាត់​ពេក មានមុខ​ស្រពោន​ក្រៃពេក ជាអ្នក​កុហក​ក្រៃពេក រួសរាយ​ក្រៃពេក ត្រូវគេ​សរសើរ​ដោយ​អំណាច​មាត់ (របស់ខ្លួន) ថា សមណៈនេះ បាន​វិហារសមាបត្តិ​ទាំងឡាយ​ដ៏ស្ងប់ស្ងាត់​នេះ មាន​សភាព​យ៉ាងនេះ ពោលពាក្យ​ប្រាកដ​ដូច្នោះ ជាពាក្យ​ដ៏ជ្រៅ លំបាកយល់ ដ៏ល្អិត​កំបាំង ជា​វាចា​ប្រកប​ដោយ​សុញ្ញតនិព្វាន ជាលោកុត្តរ។ កិរិយាធ្វើ​មុខស្រពោន ភាពនៃ​ភិក្ខុជាអ្នក​ធ្វើមុខ​ស្រពោន ការកុហក ការប្រព្រឹត្តិ​ទៅនៃភិក្ខុ​កុហក ភាពនៃ​ភិក្ខុកុហក​ឯណា មាន​សភាព​យ៉ាងនេះ នេះលោក​ហៅថា កុហន​វត្ថុ​ខាងការ​ខ្សឹបជិត។ កុហនវត្ថុ​ទាំង ៣ ប្រការនេះ ភិក្ខុណា​លះបង់ ផ្តាច់បង់ ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុត​ដោយ​ភ្លើង គឺញាណ​ហើយ ភិក្ខុនោះ លោកហៅថា អ្នកមិន​កុហក ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នក​រួញចិត្ត អ្នកមិន​កុហក។

[៧៨] ពាក្យថា អ្នកមិនមានសេចក្តីប្រាថ្នា អ្នកមិនមាន​សេចក្តី​កំណាញ់ អធិប្បាយថា តណ្ហា លោកហៅថា សេចក្តី​ជាប់ចំពាក់ បានដល់​សេចក្តី​ត្រេកអរ សេចក្តី​ត្រេកអរ​មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តី​ប្រាថ្នានេះ ភិក្ខុណា​លះបង់ ផ្តាច់បង់ ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើងគឺ​ញាណហើយ ភិក្ខុនោះ លោក​ហៅថា អ្នកមិនមាន​សេចក្តី​ប្រាថ្នា។ ភិក្ខុនោះ មិនប្រាថ្នា​រូបទាំងឡាយ មិនប្រាថ្នា មិនប៉ង មិនត្រេកអរ មិនចង់បាន មិនជាប់​ចិត្តនឹងសំឡេង ក្លិន រស ផោដ្ឋព្វៈ ត្រកូល អាវាស លាភ យស សេចក្តី​សរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន និងពួកធម៌​ដែលខ្លួន​ឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកមិន​មានសេចក្តី​ប្រាថ្នា។ ពាក្យ​ថា អ្នកមិនមាន​សេចក្តី​កំណាញ់ សេចក្តីថា សេចក្តី​កំណាញ់ ៥ គឺ កំណាញ់​អាវាស ១​ កំណាញ់​ត្រកូល ១ កំណាញ់លាភ ១ កំណាញ់វណ្ណៈ ១ កំណាញ់ធម៌ ១ សេចក្តី​កំណាញ់ អាការនៃ​សេចក្តី​កំណាញ់ ភាពសេចក្តី​កំណាញ់ សេចក្តី​ប្រាថ្នាផ្សេង ៗ សេចក្តី​កំណាញ់​រឹង សេចក្តី​ស្វិតស្វាញ ភាពនៃ​បុគ្គលមិន​យកចិត្ត (នៃបុគ្គល​ដទៃ) ឯណា មាន​សភាព​យ៉ាងនេះ លោក​ហៅថា សេចក្តី​កំណាញ់។ មួយទៀត សេចក្តី​កំណាញ់​ខន្ធ ក៏​ហៅថា កំណាញ់ សេចក្តី​កំណាញ់​ធាតុ ក៏​ហៅថា កំណាញ់ សេចក្តី​កំណាញ់​អាយតនៈ ក៏ហៅថា កំណាញ់ ទាំង​ហៅថា ការប្រកាន់នេះ ​លោកហៅថា សេចក្តី​កំណាញ់។ សេចក្តី​កំណាញ់​នេះ បុគ្គលណា​លះបង់ ផ្តាច់បង់ ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺញាណ​ហើយ បុគ្គលនោះ លោកហៅថា អ្នកមិន​មានសេចក្តី​កំណាញ់ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកមិន​មានសេចក្តី​ប្រាថ្នា អ្នកមិន​មានសេចក្តី​កំណាញ់។

[៧៩] អធិប្បាយពាក្យថា អ្នកមិនមានការឃ្នើសឃ្នង ជាអ្នក​ដែលគេ​មិនគួរខ្ពើម ត្រង់​ពាក្យថា ការឃ្នើសឃ្នង បានដល់​ការឃ្នើសឃ្នង ៣ គឺការឃ្នើសឃ្នង​ប៉ែកខាង​កាយ ១ ការឃ្នើសឃ្នង​ប៉ែកខាង​វាចា ១ ការឃ្នើសឃ្នង​ប៉ែកខាង​ចិត្ត ១។ ការឃ្នើសឃ្នង​ប៉ែកខាង​កាយ តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ ទៅក្នុងសង្ឃ សំដែង​ការឃ្នើសឃ្នង​ប៉ែកខាង​កាយខ្លះ ទៅក្នុង​គណៈ សំដែង​ការឃ្នើសឃ្នង​ប៉ែកខាង​កាយខ្លះ សំដែង​ការឃ្នើសឃ្នង​ប៉ែក​ខាងកាយ​ក្នុងរោង​ឆាន់ខ្លះ សំដែង​ការឃ្នើសឃ្នង​ប៉ែកខាង​កាយក្នុង​រោងភ្លើងខ្លះ សំដែង​ការឃ្នើសឃ្នង​ប៉ែកខាង​កាយក្នុង​កំពង់ទឹកខ្លះ កំពុង​ចូលទៅ​កាន់ចន្លោះ​ផ្ទះ សំដែងការ​ឃ្នើសឃ្នង​ប៉ែកខាង​កាយខ្លះ ចូលទៅ​ហើយកាន់​ចន្លោះផ្ទះ សំដែង​ការឃ្នើសឃ្នង​ប៉ែកខាង​កាយខ្លះ។

ភិក្ខុទៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយ តើដូចម្តេច។ ភិក្ខុខ្លះក្នុង​សាសនានេះ ទៅក្នុងសង្ឃ មិនធ្វើ​សេចក្តី​កោតក្រែង គឺឈរ​ប្រជ្រៀតពួក​ភិក្ខុជា​ថេរៈខ្លះ អង្គុយ​ប្រជ្រៀត​ខ្លះ ឈរខាងមុខ​ខ្លះ អង្គុយ​ខាងមុខខ្លះ អង្គុយលើ​អាសនៈ​ខ្ពស់ខ្លះ អង្គុយ​ទទូរក្បាល​ខ្លះ ឈរនិយាយខ្លះ និយាយវាស​ដៃខ្លះ ភិក្ខុទៅ​ក្នុងសង្ឃ សំដែង​ការឃ្នើសឃ្នង​ប៉ែក​ខាងកាយ យ៉ាងនេះ​ឯង។ ភិក្ខុទៅក្នុង​គណៈ សំដែង​នូវការឃ្នើសឃ្នង​ប៉ែកខាង​កាយ តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ ទៅក្នុងគណៈ មិនធ្វើ​សេចក្តី​កោតក្រែង គឺកាល​ពួកភិក្ខុ​ជាថេរៈ​មិនពាក់​ស្បែកជើង​ចង្រ្កម ខ្លួនពាក់​ស្បែកជើង​ចង្រ្កម កាល​ពួកភិក្ខុ​ជាថេរៈ​ចង្រ្កម​ក្នុងទី​ចង្រ្កម​ដ៏ទាប ខ្លួនចង្រ្កម​ក្នុងទី​ចង្រ្កម​ដ៏ខ្ពស់ កាលពួក​ភិក្ខុជាថេរៈ ចង្រ្កម​លើផែនដី ខ្លួន​ចង្រ្កមក្នុង​ទីចង្រ្កម ឈរ​ប្រជ្រៀតខ្លះ អង្គុយ​ប្រជ្រៀតខ្លះ ឈរខាង​មុខខ្លះ អង្គុយ​ខាង​មុខខ្លះ អង្គុយ​លើអាសនៈ​ខ្ពស់ខ្លះ អង្គុយទទូរ​ក្បាលខ្លះ ឈរនិយាយ​ខ្លះ និយាយ​វាសដៃខ្លះ ភិក្ខុទៅ​ក្នុងគណៈ សំដែងការ​ឃ្នើសឃ្នងប៉ែក​ខាងកាយ យ៉ាងនេះ​ឯង។

ភិក្ខុសំដែងការឃ្នើសឃ្នងប៉ែកខាងកាយក្នុងរោងឆាន់ តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុង​សាសនា​នេះ មិនធ្វើ​សេចក្តី​កោតក្រែង​ក្នុងរោងឆាន់ គឺអង្គុយ​ប្រជ្រៀតពួក​ភិក្ខុជា​ថេរៈខ្លះ ឃាត់ពួក​ភិក្ខុថ្មី ដោយ​អាសនៈខ្លះ ឈរប្រជ្រៀតខ្លះ អង្គុយ​ប្រជ្រៀតខ្លះ ឈរខាង​មុខខ្លះ អង្គុយ​ខាងមុខខ្លះ អង្គុយ​លើអាសនៈ​ខ្ពស់ខ្លះ អង្គុយ​ទទូរក្បាលខ្លះ ឈរ​និយាយខ្លះ និយាយ​វាសដៃ​ខ្លះ ភិក្ខុ​សំដែង​ការឃ្នើសឃ្នង​ប៉ែកខាង​កាយ ក្នុងរោងឆាន់ យ៉ាងនេះឯង។

ភិក្ខុសំដែងការឃ្នើសឃ្នងប៉ែកខាងកាយក្នុងរោងភ្លើង តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ មិនធ្វើ​សេចក្តី​កោតក្រែង​ក្នុងរោងភ្លើង គឺឈរ​ប្រជ្រៀត​ពួកភិក្ខុ​ជាថេរៈខ្លះ អង្គុយ​ប្រជ្រៀត​ខ្លះ ឈរខាង​មុខខ្លះ អង្គុយ​ខាងមុខខ្លះ អង្គុយ​លើអាសនៈ​ខ្ពស់ខ្លះ មិនប្រាប់​សិន ហើយ​ដាក់អុស​ខ្លះ មិនប្រាប់​សិន​ ហើយបិទ​ទ្វារខ្លះ ភិក្ខុសំដែង​ការឃ្នើសឃ្នង​ប៉ែកខាង​កាយ​ក្នុងរោង​ភ្លើង យ៉ាងនេះឯង។

ភិក្ខុសំដែងការឃ្នើសឃ្នងប៉ែកខាងកាយ ក្នុងកំពង់ទឹក តើដូចម្តេច។ ភិក្ខុខ្លះក្នុង​សាសនា​នេះ មិនធ្វើ​សេចក្តី​កោតក្រែង​ក្នុងកំពង់ទឹក គឺចុះ​ទៅប្រជ្រៀត​ពួកភិក្ខុ​ជាថេរៈខ្លះ ចុះទៅ​ខាង​មុខ​ខ្លះ ងូតប្រជ្រៀត​ខ្លះ ងូតខាង​មុខខ្លះ ងូតខាងលើ​ខ្លះ ឡើង​ប្រជ្រៀត​ខ្លះ ឡើង​ខាងមុខ​ខ្លះ ឡើង​ខាងលើ​ខ្លះ ភិក្ខុសំដែង​ការឃ្នើសឃ្នង​ប៉ែកខាងកាយ ក្នុង​កំពង់ទឹក យ៉ាងនេះឯង។

ភិក្ខុកំពុងចូលទៅកាន់ចន្លោះផ្ទះ សំដែងការ​ឃ្នើសឃ្នង​ប៉ែកខាងកាយ តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ កំពុង​ចូលទៅកាន់​ចន្លោះផ្ទះ មិនធ្វើ​សេចក្តី​កោតក្រែង គឺដើរ​ប្រជ្រៀត​ពួកភិក្ខុ​ជាថេរៈខ្លះ ដើរខាង​មុខខ្លះ កន្លងហើយ​ដើរខាង​មុខពួក​ភិក្ខុជា​ថេរៈខ្លះ ភិក្ខុ​កំពុង​ចូលទៅ​កាន់ចន្លោះ​ផ្ទះ សំដែង​ការឃ្នើសឃ្នង​ប៉ែកខាងកាយ យ៉ាង​នេះឯង។

ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នង ​ប៉ែកខាងកាយ តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុង​សាសនា​នេះ ចូលទៅកាន់​ចន្លោះផ្ទះ គេមិនទាន់​និយាយថា សូមចូល​មកលោក​ម្ចាស់ ក៏ចូលទៅ គេមិនទាន់​និយាយថា សូមឈរ​រង់សិន​លោកម្ចាស់ ក៏ឈររង់ គេមិនទាន់​និយាយថា សូមគង់​លោកម្ចាស់ ក៏អង្គុយ ចូលទៅ​កាន់ទី​មិនមាន​ឱកាសខ្លះ ឈរក្នុង​ទីមិន​មានឱកាស​ខ្លះ អង្គុយ​ក្នុងទីមិន​មានឱកាសខ្លះ ម្នីម្នា​ចូលទៅ​ក្នុងបន្ទប់​ទាំងឡាយ របស់​ត្រកូល​ទាំងឡាយ ជាទី​លាក់ពួន​បិទបាំង ដែលពួក​ស្រ្តីក្នុងត្រកូល ដែលពួក​កូនស្រីរបស់​ត្រកូល ដែលពួក​កូនប្រសាស្រី​របស់ត្រកូល ដែលពួក​កុមារី​របស់ត្រកូល​កំពុង​អង្គុយ​នោះខ្លះ ស្ទាបអង្អែល​ក្បាលរបស់​កុមារ​តូចខ្លះ ភិក្ខុចូល​ទៅកាន់​ចន្លោះផ្ទះ សំដែង​ការឃ្នើសឃ្នង​ប៉ែកខាង​កាយ យ៉ាងនេះឯង។ នេះ ការឃ្នើសឃ្នង​ប៉ែកខាង​កាយ។

ការឃ្នើសឃ្នងប៉ែកខាងវាចា តើដូចម្តេច។ ភិក្ខុខ្លះក្នុង​សាសនានេះ ទៅក្នុង​សង្ឃ សំដែង​ការឃ្នើសឃ្នង​ប៉ែកខាង​វាចាខ្លះ ទៅក្នុង​គណៈ សំដែងការ​ឃ្នើសឃ្នង​ប៉ែកខាង​វាចាខ្លះ ចូលទៅ​ក្នុងចន្លោះផ្ទះ សំដែង​ការឃ្នើសឃ្នង​ប៉ែកខាង​វាចាខ្លះ។

ភិក្ខុទៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប៉ែកខាងវាចា តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុង​សាសនា​នេះ ទៅក្នុងសង្ឃ មិនធ្វើ​សេចក្តី​កោតក្រែង គឺមិនប្រាប់​ពួកភិក្ខុ​ជា​ថេរៈ ឬ (ពួកភិក្ខុ​ជាថេរៈ) មិនបាន​អារាធនា ក៏សំដែងធម៌ វិសជ្ជនាប្រស្នា សំដែង​បាតិមោក្ខ ដល់ពួក​ភិក្ខុដែល​ទៅកាន់​អារាម ឈរ​និយាយខ្លះ និយាយ​វាសដៃខ្លះ ភិក្ខុទៅ​ក្នុងសង្ឃ សំដែង​ការឃ្នើសឃ្នង​ប៉ែកខាង​វាចា យ៉ាងនេះ​ឯង។

ភិក្ខុទៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប៉ែកខាងវាចា តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុង​សាសនា​នេះ ទៅក្នុងគណៈ មិនធ្វើ​សេចក្តី​កោតក្រែង គឺមិនប្រាប់​ពួកភិក្ខុជា​ថេរៈ ឬ (ភិក្ខុជា​ថេរៈ) មិនបាន​អារាធនា ក៏សំដែងធម៌ វិសជ្ជនា​ប្រស្នាដល់​ពួកភិក្ខុ​ដែលទៅ​កាន់អារាម ឈរ​និយាយខ្លះ និយាយ​វាសដៃខ្លះ សំដែងធម៌ វិសជ្ជនា​ប្រស្នាដល់​ពួកភិក្ខុនី ពួក​ឧបាសក ពួក​ឧបាសិកា ដែលទៅ​កាន់អារាម ឈរនិយាយខ្លះ និយាយ​វាសដៃខ្លះ ភិក្ខុទៅ​ក្នុងគណៈ សំដែង​ការឃ្នើសឃ្នង​ប៉ែកខាង​វាចា យ៉ាងនេះ​ឯង។

ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នងប៉ែកខាង​វាចា តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុង​សាសនា​នេះ ចូលទៅកាន់​ចន្លោះផ្ទះ និយាយ​នឹងស្រ្តី ឬនឹង​កុមារី និយាយ​រាក់ទាក់​ថា នែ​នាងឈ្មោះនេះ នែនាង​គោត្រនេះ មានអ្វីទេ មានបបរទេ មានបាយទេ មានបង្អែមទេ អាត្មា​នឹងផឹកអ្វី បរិភោគអ្វី ស៊ីអ្វី មានអ្វីទេ ពួកនាង​នឹងឲ្យអ្វី​ដល់អាត្មា ភិក្ខុចូល​ទៅកាន់ចន្លោះ​ផ្ទះ សំដែង​ការឃ្នើសឃ្នង​ប៉ែកខាង​វាចា យ៉ាងនេះឯង។ នេះ ការឃ្នើសឃ្នង​ប៉ែកខាងវាចា។

ការឃ្នើសឃ្នងប៉ែកខាងចិត្ត តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ ជាអ្នក​មិនមែន (ចេញ) អំពីត្រកូល​ខ្ពស់​ហើយបួសទេ តែមាន​ចិត្តតាំងខ្លួន​ស្មើនឹងបុគ្គល​ដែល (ចេញ) អំពី​ត្រកូលខ្ពស់​ហើយបួស។ មិនមែន​ចេញអំពី​ត្រកូលធំ​ហើយបួសទេ តែមានចិត្ត​តាំងខ្លួន​ស្មើនឹង​បុគ្គល​ដែល (ចេញ) អំពីត្រកូលធំ​ហើយបួស។ មិនមែន (ចេញ) អំពីត្រកូល​មាន​ភោគៈច្រើន​ហើយបួសទេ តែមានចិត្ត​តាំងខ្លួនស្មើ​នឹងបុគ្គល​ដែល (ចេញ) អំពី​ត្រកូល​មានភោគៈ​ច្រើន ហើយបួស។ មិនមែន (ចេញ) អំពីត្រកូល​មានភោគៈ​លើសលប់ ហើយ​បួសទេ។ មិនចេះ​ព្រះសូត្រទេ តែមានចិត្ត​តាំងខ្លួន​ស្មើនឹងបុគ្គល​ដែលចេះ​ព្រះសូត្រ។ មិន​ទ្រទ្រង់​ព្រះវិន័យ។ មិនមែនជា​ធម្មកថិក។ មិនប្រព្រឹត្ត​អារញ្ញិកធុតង្គ។ មិន​ប្រព្រឹត្ត​បិណ្ឌបាតិក​ធុតង្គ។ មិនប្រព្រឹត្ត​បំសុកូលិក​ធុតង្គ។ មិនប្រព្រឹត្ត​តេចីវរិកធុតង្គ។ មិនប្រព្រឹត្ត​សបទានចារិក​ធុតង្គ។ មិនប្រព្រឹត្ត​ខលុបច្ឆាភត្តិកធុតង្គ។ មិនប្រព្រឹត្ត​នេសជ្ជិកធុតង្គ។ មិន​ប្រព្រឹត្ត​យថាសន្ថតិកធុតង្គ។ មិនបាន​បឋមជ្ឈាន​ទេ តែមាន​ចិត្តតាំងខ្លួន​ស្មើនឹង​បុគ្គលដែល​បាន​បឋមជ្ឈាន។បេ។ មិនបាន​នេវសញ្ញានាសញ្ញា​យតនសមាបត្តិ​ទេ តែមាន​ចិត្តតាំងខ្លួន​ស្មើនឹងបុគ្គល​បាន​នេវសញ្ញានាសញ្ញាយតនសមាបត្តិ។ នេះ ការឃ្នើសឃ្នង​ប៉ែកខាងចិត្ត។ ការ​ឃ្នើសឃ្នង ៣ នេះ បុគ្គលណា លះបង់ ផ្តាច់បង់ ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺ​ញាណហើយ បុគ្គលនោះ លោក​ហៅថា អ្នក​មិនមាន​ការ​ឃ្នើសឃ្នង ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកមិន​មានការ​ឃ្នើសឃ្នង។

[៨០] ពាក្យថា ជាអ្នកដែលគេមិនគួរខ្ពើម អធិប្បាយថា បុគ្គលដែល​គេគួរខ្ពើម ក៏មាន ដែលគេ​មិនគួរខ្ពើម ក៏មាន។ បុគ្គល​ដែលគេ​គួរខ្ពើម តើដូចម្តេច។ បុគ្គលខ្លះ​ក្នុងសាសនា​នេះ ជាអ្នក​ទ្រុស្តសីល មានធម៌​ដ៏លាមក មានមារយាទ​ដែលបុគ្គល​គួររឭក​ឃើញ ដោយ​សេចក្តី​រង្កៀស​ថា មិនស្អាត មានអំពើ​បិទបាំងទុក មិនមែន​ជាសមណៈ ប្តេជ្ញា​ខ្លួនថាជា​សមណៈ មិន​មែន​ជាព្រហ្មចារី​បុគ្គល ប្តេជ្ញាខ្លួន​ថាជា​ព្រហ្មចារីបុគ្គល ជាអ្នក​ស្អុយក្នុង ជោក​ដោយរាគៈ ជា​បុគ្គល​ជ្រោកជ្រាក នេះហៅថា បុគ្គល​ដែលគេ​គួរខ្ពើម។ មួយទៀត បុគ្គលជា​អ្នកក្រោធ ច្រើនដោយ​សេចក្តី​ចង្អៀតចង្អល់ សូម្បីគេ​និយាយ​តិចតួច ក៏រមែង​ចាប់ថ្នាក់ ខឹង គុំគួន តបត ធ្វើនូវ​សេចក្តី​ក្រោធ ប្រទូស្ត អាក់អន់​ឲ្យប្រាកដ នេះហៅថា បុគ្គល​ដែលគេគួរ​ខ្ពើម។ មួយ​វិញទៀត បុគ្គល​ជាអ្នកក្រោធ ចងសេចក្តី​ក្រោធទុក លុបគុណ​គេ វាយឫក​ស្មើ ច្រណែន កំណាញ់ អួតអាង មានមាយា រឹងរូស មើលងាយគេ មានប្រាថ្នា​ដ៏លាមក មាន​សេចក្តី​យល់ខុស ប្រកាន់​តាមសេចក្តី​យល់​របស់ខ្លួន ប្រកាន់មាំ ជាអ្នក​លះបង់បាន​ដោយ​កម្រ នេះ ហៅថា បុគ្គល​ដែលគេ​គួរខ្ពើម។

បុគ្គលដែលគេមិនគួរខ្ពើម តើដូចម្តេច។ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​មានសីល សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរៈ ជាអ្នក​ឃើញភ័យ​ក្នុងទោស​ទាំងឡាយ សូម្បី​បន្តិចបន្តួច សមាទាន សិក្សា ក្នុង​សិក្ខាបទ​ទាំងឡាយ នេះ​ហៅថា បុគ្គល​ដែលគេ​មិនគួរខ្ពើម។ មួយទៀត ភិក្ខុ​ជាអ្នកមិន​ក្រោធ មិនច្រើន​ដោយសេចក្តី​ចង្អៀតចង្អល់ បើ​ទុកជាគេ​និយាយច្រើន ក៏មិន​ចាប់ថ្នាក់ មិនខឹង មិនគុំគួន មិនតបត មិនធ្វើ​នូវសេចក្តី​ក្រោធ សេចក្តី​ប្រទូស្ត និងសេចក្តី​អាក់អន់ឲ្យ​ប្រាកដ នេះ​ហៅថា បុគ្គល​ដែលគេ​មិនគួរខ្ពើម។ មួយវិញ​ទៀត បុគ្គលជា​អ្នកមិនក្រោធ មិន​ចងសេចក្តី​ក្រោធទុក មិនលុប​គុណគេ មិន​វាយឫកស្មើ មិនច្រណែន មិនកំណាញ់ មិនអួតអាង មិនមាន​មាយា មិនរឹងត្អឹង មិន​មើលងាយ​គេ មិនមាន​សេចក្តី​ប្រាថ្នា​ដ៏លាមក មិនមាន​សេចក្តី​យល់ខុស មិន​ប្រកាន់​តាម​សេចក្តី​យល់​របស់ខ្លួន មិនប្រកាន់​មាំ ជាអ្នក​លះបង់បាន​ដោយងាយ នេះ​ហៅថា បុគ្គល​ដែលគេ​មិនគួរ​ខ្ពើម។ អរិយបុគ្គល​ទាំងអស់ រាប់ទាំង​កល្យាណបុថុជ្ជន ឈ្មោះថា បុគ្គល​ដែលគេ​មិនគួរខ្ពើម ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​មិន​មានការ​ឃ្នើសឃ្នង ជាអ្នក​ដែលគេ​មិនគួរ​ខ្ពើម។

[៨១] ពាក្យថា បុគ្គលមិនប្រកបក្នុងការញុះញង់ ត្រង់ពាក្យថា ការញុះញង់ អធិប្បាយ​ថា បុគ្គលខ្លះ​ក្នុងលោកនេះ ជាអ្នក​និយាយ​ញុះញង់ គឺឮអំពី​ពួកជននេះ ប្រាប់ពួក​ជនឯណោះ ដើម្បី​បំបែកពួក​ជននេះ ឬឮអំពី​ពួកជន​ឯណោះ ប្រាប់ពួក​ជននេះ ដើម្បី​បំបែក​ពួកជន​ឯណោះ ឬក៏ជា​អ្នកបំបែក​ពួកជន​ដែលព្រម​ព្រៀងគ្នា​ក្តី ថែមកំឡាំង​ដល់ពួក​ជន​ដែល​បែកគ្នា​ហើយ​ក្តី ជាអ្នកមាន​ពួកជាទី​ត្រេកអរ ត្រេកអរ​ហើយក្នុង​ពួក រីករាយ​ក្នុងពួក ជា​អ្នក​និយាយនូវ​ពាក្យជា​គ្រឿងធ្វើ​នូវពួក នេះ​លោកហៅថា ការញុះញង់។ មួយទៀត បុគ្គល​រមែង​សន្សំការ​ញុះញង់​ដោយហេតុ​ពីរគឺ ដោយ​សេចក្តី​ប្រាថ្នា​ឲ្យគេស្រឡាញ់ ឬដោយ​សេចក្តី​ប៉ុនប៉ងដើម្បី​បំបែក។

បុគ្គលសន្សំការញុះញង់ ព្រោះសេចក្តីប្រាថ្នា​ឲ្យគេស្រឡាញ់ តើដូចម្តេច។ បុគ្គលសន្សំ​ការញុះញង់ ព្រោះសេចក្តី​ប្រាថ្នាឲ្យ​គេស្រឡាញ់​យ៉ាងនេះ ដូចនេះថា អាត្មាអញ​នឹងបាន​ជាទី​ស្រឡាញ់​នៃជននេះ នឹងបាន​ជាទីពេញចិត្ត នឹងបាន​ជាទី​ស្និទ្ធស្នាល នឹងបាន​ជាអ្នក​នៅខាងក្នុង នឹងបាន​ជាអ្នក​មានចិត្តល្អ។

បុគ្គលមានសេចក្តីប៉ុនប៉ងដើម្បីបំបែក រមែងសន្សំ​ការញុះញង់ តើដូចម្តេច។ បុគ្គល​មាន​សេចក្តី​ប៉ុនប៉ង​ដើម្បីបំបែក រមែង​សន្សំការ​ញុះញង់​យ៉ាងនេះ​ថា ធ្វើម្តេច​ឲ្យ​ពួកជននេះ ផ្សេង ៗ ពីគ្នា ទីទៃពីគ្នា ជាពួក ជាចំណែកពីរ បែកគ្នា​ជាពីរ ជាពីរក្រុម គប្បីបែក​គ្នា មិនគប្បី​រួបរួម​គ្នា នៅជាទុក្ខ មិនសប្បាយ។

ការញុះញង់នុ៎ះ ដែលបុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិន​គួរឲ្យ​កើត​ឡើងបាន ដុត​ដោយភ្លើង​គឺញាណ​ហើយ បុគ្គលនោះ មិនប្រកប មិនឈម មិន​ធ្លាក់ មិន​ស្របចុះ ក្នុងការ​ញុះញង់ ហេតុនោះ (ទ្រង់​ត្រាស់ថា) រមែង​មិនប្រកប​ក្នុងការ​ញុះញង់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលអ្នករួញចិត្ត អ្នកមិនកុហក អ្នកមិនមាន​សេចក្តី​ប្រាថ្នា អ្នកមិនមាន​សេចក្តី​កំណាញ់ អ្នកមិន​មានការ​ឃ្នើសឃ្នង អ្នក​ដែលគេ​មិនគួរខ្ពើម រមែង​ជាអ្នក​មិនប្រកប​ក្នុង​ការ​ញុះញង់។

[៨២] បុគ្គលអ្នកមិនស្រស់ស្រាយ ក្នុងវត្ថុជាទីត្រេកអរ​ផង អ្នកមិន​ប្រកប​ក្នុងការ​មើលងាយ​ផង អ្នកទន់​ភ្លន់ផង អ្នកមាន​ប្រាជ្ញា​វាងវៃផង រមែងជា​អ្នកមិន​មានជំនឿ មិន​ប្រាសចាក​តម្រេក។

[៨៣] ពាក្យថា អ្នកមិនស្រស់ស្រាយ ក្នុងវត្ថុជាទីត្រេកអរ អធិប្បាយថា កាមគុណ ៥ លោក​​ហៅថា វត្ថុជា​ទីត្រេកអរ។ កាមគុណ ៥ លោកហៅថា វត្ថុជាទី​ត្រេកអរ តើ​ព្រោះហេតុអ្វី។ (ព្រោះថា) ពួកទេវតា និងមនុស្ស ច្រើនតែចង់បាន ត្រេកអរ ប្រាថ្នា ស្រឡាញ់ កួចកាន់ នូវ​កាមគុណ ៥ ហេតុនោះ កាមគុណ ៥ លោកហៅថា វត្ថុជាទី​ត្រេកអរ។ តណ្ហា​ជា​ទី​ត្រេកអរ​នុ៎ះ ដែលពួក​ជនណា មិនទាន់​លះបង់​ហើយ រូបតណ្ហា​របស់ជន​នោះ រមែង​ផ្សាយទៅ រសាត់ទៅ ហូរទៅ ប្រព្រឹត្ត​ទៅតាម​ចក្ខុ។ សទ្ទតណ្ហា តាមសោតៈ។ គន្ធតណ្ហា តាម​ឃានៈ។ រសតណ្ហា តាមជិវ្ហា។ ផោដ្ឋព្វតណ្ហា តាមកាយ។ ធម្មតណ្ហា រមែងផ្សាយទៅ រសាត់ទៅ ហូរទៅ ប្រព្រឹត្តទៅ​តាមចិត្ត។ តណ្ហាជាទី​ត្រេកអរនុ៎ះ ដែលពួក​ជនណា បាន​លះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើងគឺ​ញាណ​ហើយ រូបតណ្ហា​របស់ពួក​ជននោះ រមែង​មិនផ្សាយ​ទៅ មិនរសាត់ទៅ មិនហូរទៅ មិន​ប្រព្រឹត្ត​ទៅ​តាមចក្ខុ។ សទ្ទតណ្ហា តាមសោត។បេ។ ធម្មតណ្ហា រមែងមិនផ្សាយ មិនរសាត់ទៅ មិនហូរទៅ មិន​ប្រព្រឹត្តទៅ​តាមចិត្ត។ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិន​ស្រស់ស្រាយ ក្នុងវត្ថុ​ជាទី​ត្រេកអរ។

[៨៤] ពាក្យថា អ្នកមិនប្រកបក្នុងការមើលងាយ អធិប្បាយថា ចុះការ​មើលងាយ តើដូចម្តេច។ បុគ្គលខ្លះ​ក្នុងលោក​នេះ រមែង​មើលងាយ​បុគ្គលដទៃ ដោយជាតិ ឬដោយ​គោត្រ។បេ។ ឬក៏ដោយ​វត្ថុណាមួយ។ មានះ អាការមានះ ភាពនៃមានះ ការឆ្មើងឆ្មៃ អាការ​ឆ្មើងឆ្មៃ ចិត្តដូច​ទង់ជ័យ ការប្រកាន់ចិត្ត ភាពនៃ​ចិត្តប្រាថ្នា​ដូចដងទង់​ឯណា មាន​សភាព​បែបនេះ នេះហៅថា សេចក្តី​មើលងាយ។ សេចក្តី​មើលងាយ​នុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់​រម្ងាប់ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើងគឺ​ញាណហើយ បុគ្គល​នោះមិន​ប្រកប មិនឈម មិនធ្លាក់ មិនស្របចុះ ក្នុងសេចក្តី​មើលងាយ។ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកមិនប្រកប​ក្នុងការ​មើលងាយ។

[៨៥] ពាក្យថា អ្នកទន់ភ្លន់ផង អ្នកមាន​ប្រាជ្ញាវាង​វៃផង អធិប្បាយថា ដែលឈ្មោះថា អ្នក​ទន់ភ្លន់ ព្រោះជា​អ្នកប្រកប​ដោយ​កាយកម្ម​ដ៏ទន់ភ្លន់ ដោយវចីកម្ម​ដ៏ទន់ភ្លន់។ ឈ្មោះថា អ្នក​ទន់ភ្លន់ ព្រោះជា​អ្នកប្រកប​ដោយ​មនោកម្ម​ដ៏ទន់ភ្លន់។ ឈ្មោះថា អ្នកទន់ភ្លន់ ព្រោះជា​អ្នកប្រកប​ដោយ​សតិប្បដ្ឋាន​ដ៏ល្អិត។ ដោយ​សម្មប្បធាន​ដ៏ល្អិត។ ដោយឥទ្ធិបាទ​ដ៏ល្អិត។ ដោយ​ឥន្រ្ទិយដ៏​ល្អិត។ ដោយពលៈ​ដ៏ល្អិត។ ឈ្មោះថា​អ្នកទន់ភ្លន់ ព្រោះជា​អ្នកប្រកប​ដោយ​ពោជ្ឈង្គដ៏​ល្អិត។ ឈ្មោះថា អ្នកទន់ភ្លន់ ព្រោះជា​អ្នកប្រកប​ដោយអរិយមគ្គ មានអង្គ ៨ ដ៏ល្អិត។

[៨៦] ពាក្យថា អ្នកមានប្រាជ្ញាវាងវៃ បានដល់ បុគ្គលអ្នក​មានប្រាជ្ញា​វាងវៃ ៣ ពួក គឺ បុគ្គល​មាន​បរិយត្តិប្បដិភាណ (មានប្រាជ្ញា​វាងវៃ ព្រោះអាស្រ័យ​ការរៀនសូត្រ) ១ មាន​បរិបុច្ឆាបដិភាណ (មានប្រាជ្ញា​វាងវៃ ព្រោះអាស្រ័យ​ការសាកសួរ) ១ មាន​អធិគមប្បដិភាណ (មាន​ប្រាជ្ញាវាងវៃ ព្រោះអាស្រ័យ​ការត្រាស់ដឹង) ១។

បុគ្គលអ្នកមានបរិយត្តិប្បដិភាណ តើដូចម្តេច។ បុគ្គលពួកខ្លះ​ក្នុងលោកនេះ បានរៀន​ពុទ្ធវចនៈ គឺ សុតៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ។ ការចេះដឹង ​រមែងភ្លឺ​ច្បាស់ដល់​បុគ្គលនោះ ព្រោះអាស្រ័យ​ការរៀន​សូត្រ។ នេះ​បុគ្គល​មាន​បរិយត្តិប្បដិភាណ។

បុគ្គលអ្នកមានបរិបុច្ឆាបដិភាណ តើដូចម្តេច។ បុគ្គលខ្លះ​ក្នុងលោកនេះ ជាអ្នកសាក​សួរក្នុង​ប្រយោជន៍​របស់​ខ្លួនផង ក្នុងប្រយោជន៍​នៃ​ការចេះ​ដឹងផង ក្នុងលក្ខណៈ​ផង ក្នុង​ហេតុផង ក្នុងការណ៍​គួរ និងការណ៍​មិនគួរផង។ ការចេះ​ដឹង រមែង​ភ្លឺច្បាស់​ដល់បុគ្គល​នោះ ព្រោះ​​អាស្រ័យ​ការសាក​សួរនោះ។ នេះ បុគ្គលមាន​បរិបុច្ឆាបដិភាណ។

បុគ្គលអ្នកមានអធិគមប្បដិភាណ តើដូចម្តេច។ បុគ្គលខ្លះ​ក្នុងលោក​នេះ ជាអ្នកត្រាស់​ដឹង​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ​មាន​អង្គ ៨ សាមញ្ញផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦។ បុគ្គលនោះ​យល់អត្ថ យល់ធម៌ យល់​និរុត្តិ។ អត្ថរមែង​ភ្លឺច្បាស់​ក្នុងសេចក្តី​ដែលខ្លួន​ដឹង។ ធម៌រមែង​ភ្លឺច្បាស់​ក្នុងធម៌​ដែលខ្លួនដឹង។ និរុត្តិរមែង​ភ្លឺច្បាស់​ក្នុង​និរុត្តិដែល​ខ្លួនដឹង។ ញាណក្នុង​សភាវៈ​ទាំងបីនេះ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បុគ្គលណា ព្រមព្រៀង មូលមិត្ត ចូលទៅជិត អែបនែប កៀកកើយ ផ្តេកផ្តិត ប្រកប​ដោយ​បដិភាណប្បដិសម្ភិទា​នេះ បុគ្គលនោះ លោកហៅថា អ្នកមាន​បដិភាណ។ បរិយត្តិ មិនមាន​ដល់បុគ្គល​ណា ការសាក​សួរក៏​មិនមាន ការត្រាស់​ដឹងក៏​មិន​មាន ការចេះដឹង​ នឹងភ្លឺច្បាស់​ដល់បុគ្គល​នោះ​ដូចម្តេចបាន ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នក​ទន់ភ្លន់ផង អ្នកមាន​ប្រាជ្ញា​វាងវៃផង។

[៨៧] អធិប្បាយពាក្យថា រមែងជាអ្នកមិនមានជំនឿ មិនប្រាស​ចាកតម្រេក ត្រង់ពាក្យ​ថា មិនមានជំនឿ សេចក្តីថា បុគ្គល​រមែង​មិនជឿធម៌​ដែលខ្លួន​ដឹងដោយ​ខ្លួនឯង ដែលជាធម៌​ជាក់ច្បាស់​ក្នុងខ្លួនហើយ (អំពីសំណាក់) របស់​បុគ្គល​ណាមួយ ទោះជា​សមណៈ​ដទៃក្តី ព្រាហ្មណ៍​ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី។ រមែង​មិនជឿធម៌​ដែលខ្លួន​ដឹងដោយ​ខ្លួនឯងហើយ ដែល​ជាធម៌​ជាក់ច្បាស់​ក្នុងខ្លួន​ហើយ (អំពីសំណាក់) របស់បុគ្គល​ណាមួយ ទោះជា​សមណៈ​ដទៃក្តី ព្រាហ្មណ៍​ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ថា សង្ខារ​ទាំងឡាយ​ទាំងពួង​មិនទៀង។ ថា សង្ខារ​ទាំងឡាយ​ទាំងពួង​ជាទុក្ខ។ ថា ធម៌ទាំងឡាយ​ទាំងពួង​ជាអនត្តា។ ថា សង្ខារ​ទាំង​ឡាយ (កើតមាន) ព្រោះអវិជ្ជា​ជាបច្ច័យ។បេ។ ថា ជរា មរណៈ (កើតមាន) ព្រោះជាតិជា​បច្ច័យ។ ថា ការរលត់​នៃសង្ខារ​ ព្រោះការ​រលត់​អវិជ្ជា។ បេ។ ការរលត់ជរា មរណៈ ព្រោះ​ការ​រលត់​​ជាតិ។ ថា នេះទុក្ខ។ បេ។ ថា នេះទុក្ខ​និរោធគាមិនីបដិបទា។ ថា នេះ​អាសវៈ​ទាំងឡាយ។បេ។ ថា នេះ​អាសវៈ​និរោធគាមិនីបដិបទា។ ថា នេះធម៌​ដែលត្រូវ​ដឹង។បេ។ ថា នេះធម៌​ដែលត្រូវ​ធ្វើឲ្យជាក់​ច្បាស់។ (បុគ្គល​រមែងមិនជឿ) នូវការកើត​ឡើងផង នូវសេចក្តី​វិនាសផង នូវអានិសង្សផង នូវទោសផង នូវការ​រលាស់​ចេញផង នៃ​ផស្សាយតនៈ​ទាំង ៦ នូវការ​កើតទាំង​ឡាយផង នូវសេចក្តី​វិនាសផង នូវ​អានិសង្សផង នូវទោសផង នូវការ​រលាស់​ចេញផង នៃ​ឧបាទានក្ខន្ធ ៥ នូវការ​កើតឡើង​ផង នូវសេចក្តី​វិនាសផង នូវ​អានិសង្ស​ផង នូវ​ទោសផង នូវការ​រលាស់​ចេញផង នៃ​មហាភូតរូប ៤។ បុគ្គល​រមែង​មិនជឿ​ធម៌ដែល​ខ្លួន​ដឹងដោយ​ខ្លួនឯង​ហើយ ដែលជា​ធម៌ជាក់ច្បាស់​ក្នុងខ្លួន​ហើយ (អំពី​សំណាក់) របស់​បុគ្គល​ណាមួយ ទោះជា​សមណៈ​ដទៃក្តី ព្រាហ្មណ៍​ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ថា ធម្មជាត​ណាមួយ មានកិរិយា​កើតឡើង​ជាធម្មតា ធម្មជាត​ទាំងអស់​នោះ មាន​កិរិយា​រលត់ទៅ​ជា​ធម្មតា។ ពិត​ណាស់ ពាក្យនុ៎ះ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​សារីបុត្រ អ្នកជឿ​ដែរឬ ថា សទ្ធិន្រ្ទិយ​ដែល​បុគ្គល​ចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ ជាធម្មជាត​ចូលទៅ​កាន់អមតៈ មានអមតៈ​ប្រព្រឹត្ត​ទៅខាងមុខ មានអមតៈ​ជាទីបំផុត វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដែល​​បុគ្គល​ចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ ជាធម្មជាត​ចូលទៅ​កាន់អមតៈ មានអមតៈ​ប្រព្រឹត្ត​ទៅខាងមុខ មានអមតៈ​ជាទី​បំផុត។ (ព្រះសារីបុត្រ​ក្រាបទូលថា) បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​មិនលុះ​ក្នុងការជឿ​តាម​ព្រះមានព្រះភាគ​ក្នុងហេតុនុ៎ះ​ថា សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដែលបុគ្គល​ចំរើន​ហើយ ធ្វើឲ្យ​ច្រើន​ហើយ ជា​ធម្មជាត​ចូលទៅ​កាន់អមតៈ មានអមតៈ​ប្រព្រឹត្តទៅ​ខាងមុខ មានអមតៈ​ជាទីបំផុត ដូច្នេះ​ទេ បពិត្រ​ព្រះអង្គ​ដ៏ចំរើន គុណជាត មានសទ្ធិន្រ្ទិយ ជាដើមនុ៎ះ ដែលពួក​ជនណា មិនដឹង មិនឃើញ មិនយល់ មិនបាន​ធ្វើឲ្យជាក់​ច្បាស់ មិនប៉ះពាល់​ដោយ​ប្រាជ្ញា​តាមពិតទេ ពួកជន​ទាំងនោះ គប្បីលុះ​ក្នុងការជឿ​តាមពួក​ជនដទៃ​ក្នុងហេតុ​នោះថា សទ្ធិន្រ្ទិយ។បេ។ បញ្ញិន្រ្ទិយ ដែលបុគ្គល​ចំរើនហើយ ធ្វើឲ្យច្រើន​ហើយ ជាធម្មជាត​ចូលទៅ​កាន់អមតៈ មាន​អមតៈ​ប្រព្រឹត្ត​ទៅខាងមុខ មានអមតៈ​ជាទី​បំផុត បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចំណែក​ខាង​គុណជាត មានសទ្ធិន្រ្ទិយ​ជាដើមនុ៎ះ ដែលពួក​ជន​ណា បានដឹង ឃើញ យល់ ធ្វើឲ្យ​ជាក់ច្បាស់ ប៉ះពាល់​ដោយប្រាជ្ញា​ហើយ ពួកជននោះ ជាអ្នក​មិនមាន​សេចក្តី​សង្ស័យ មិនមាន​សេចក្តី​ងឿងឆ្ងល់ ក្នុងហេតុ​នោះថា សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដែលបុគ្គល​ចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ​ ជាធម្មជាត​ចូលទៅកាន់​អមតៈ មានអមតៈ​ប្រព្រឹត្ត​ទៅខាងមុខ មានអមតៈ​ជាទីបំផុត បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចំណែក​ខាងគុណជាត មាន​សទ្ធិន្រ្ទិយ​ជាដើមនុ៎ះ ដែលខ្ញុំ​ព្រះអង្គ​បានដឹង ឃើញ យល់ ធ្វើឲ្យជាក់​ច្បាស់ ប៉ះពាល់​ដោយប្រាជ្ញា​ហើយ ខ្ញុំព្រះអង្គ​មិនមានសេចក្តី​សង្ស័យ មិនមាន​សេចក្តី​ងឿងឆ្ងល់ ក្នុង​ហេតុ​នោះថា សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដែលបុគ្គល​ចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ ជាធម្មជាត​ចូលទៅ​កាន់អមតៈ មាន​អមតៈ​ប្រព្រឹត្តទៅ​ខាងមុខ មានអមតៈ​ជាទីបំផុត។

(ព្រះមានព្រះភាគ ទ្រង់សរសើរថា) ម្នាលសារីបុត្រ ប្រពៃហើយ ប្រពៃហើយ ម្នាល​សារីបុត្រ ពិតណាស់ គុណជាត មានសទ្ធិន្ទ្រិយ​ជាដើមនុ៎ះ ដែលពួក​ជនណា មិនទាន់​ដឹង មិនទាន់ឃើញ មិនទាន់​យល់ មិនទាន់​ធ្វើឲ្យជាក់​ច្បាស់ មិនទាន់​ប៉ះពាល់​ដោយ​ប្រាជ្ញា​ទេ ពួកជននោះ គប្បីលុះ​ក្នុងការជឿ​តាមជន​ដទៃ​ក្នុងហេតុ​នោះថា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ ដែល​បុគ្គល​ចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ ជាធម្មជាត​ចូលទៅកាន់​អមតៈ មាន​អមតៈ​ប្រព្រឹត្ត​ទៅខាងមុខ មានអមតៈ​ជាទីបំផុត។

ជនណា ជាអ្នកមិនជឿផង ជាអ្នកដឹង​នូវព្រះនិព្វាន​ដែល​បុគ្គល​មិនធ្វើផង ជាអ្នក​កាត់​តំណផង ជាអ្នក​មានឱកាស​កំចាត់​បង់ហើយ​ផង ជាអ្នក​ខ្ជាក់ចោល​នូវសេចក្តី​ប៉ុនប៉ង​ផង ជននោះឯង ឈ្មោះថា ឧត្តមបុរស។

ពាក្យថា មិនប្រាសចាកតម្រេក អធិប្បាយថា ពួកពាល​បុថុជ្ជន​ទាំងអស់ រមែង​ត្រេកអរ សេខបុគ្គល ៧ ពួក រាប់ទាំង​កល្យាណ​បុថុជ្ជន រមែងទ្រាន់ ព្រះអរហន្ត​មិនត្រេក មិនទ្រាន់។ ព្រះអរហន្ត​នោះ ជាអ្នក​ប្រាសចាក​តម្រេក ព្រោះការ​អស់រាគៈ ហេតុតែ​លោក​ប្រាសចាក​រាគៈ ព្រោះការ​អស់ទោសៈ ហេតុតែ​លោកប្រាស​ចាកទោសៈ ព្រោះការ​អស់មោហៈ ហេតុតែ​លោកប្រាស​ចាកមោហៈ។ ព្រះអរហន្តនោះ មានការ​អប់រំនៅ​ស្រេចហើយ មានការ​ប្រព្រឹត្តិ​សន្សំ​ហើយ។បេ។ ការកើត​ទៀតរបស់​ព្រះអរហន្ត​នោះ មិនមាន ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនមាន​ជំនឿ មិនប្រាស​ចាកតម្រេក។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលអ្នកមិនស្រស់ស្រាយ ក្នុងវត្ថុជាទីត្រេកអរ​ផង អ្នកមិន​ប្រកប​ក្នុងការ​មើលងាយ​ផង អ្នកទន់​ភ្លន់ផង អ្នកមាន​ប្រាជ្ញា​វាងវៃផង រមែង​ជាអ្នក​មិនមាន​ជំនឿ មិន​ប្រាសចាក​តម្រេក។

[៨៨] បុគ្គលមិនសិក្សា ព្រោះប្រាថ្នាលាភផង មិនក្រោធ​ព្រោះមិនមាន​លាភផង មិន​អាក់អន់​ព្រោះតណ្ហា​ផង មិនជាប់​ព្រោះរសផង។

[៨៩] ពាក្យថា បុគ្គលមិនសិក្សា ព្រោះប្រាថ្នាលាភផង មិនក្រោធ ព្រោះមិន​មានលាភ​ផង អធិប្បាយថា បុគ្គលសិក្សា ព្រោះលាភ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ឃើញភិក្ខុ​ជាអ្នក​មានលាភ​ខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ទាំងឡាយ។ ភិក្ខុនោះ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា លោក​មានអាយុ​នេះ ជាអ្នក​មានលាភ​ខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ទាំង​ឡាយ ដោយហេតុ​ដូចម្តេចហ្ន៎។ ភិក្ខុនោះ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា លោក​មានអាយុ​នេះ ជាអ្នក​ចេះព្រះសូត្រ លោកមាន​អាយុនេះ ទើបជា​អ្នកមាន​លាភ​ខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ទាំងឡាយ​ដោយហេតុនោះ។ ភិក្ខុនោះ កាល​ខ្នះខ្នែង​រកលាភ ក៏រៀន​យក​ព្រះសូត្រ ព្រោះហេតុ​នៃលាភ ព្រោះបច្ច័យ​នៃលាភ ព្រោះលាភ​ជាហេតុ ព្រោះការ​កើតឡើង​នៃលាភ បុគ្គល​សិក្សា ព្រោះប្រាថ្នា​លាភ យ៉ាងនេះឯង។ មួយទៀត ភិក្ខុ​ឃើញភិក្ខុ​ជាអ្នក​មានលាភ​ខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ទាំងឡាយ។ ភិក្ខុនោះ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា លោក​មានអាយុនេះ ជាអ្នក​មានលាភ​ខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ទាំងឡាយ ដោយ​ហេតុ​ដូចម្តេច​ហ្ន៎។ ភិក្ខុនោះ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា លោកមាន​អាយុនេះ ជាអ្នក​ទ្រទ្រង់​វិន័យ។បេ។ ជាអ្នកចេះ​អភិធម្ម ទើបលោក​មានអាយុ​នេះ ជាអ្នក​មានលាភ​ខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ទាំងឡាយ​ដោយហេតុ​នោះ។ ភិក្ខុនោះ កាលខ្នះខ្នែង​រកលាភ ក៏រៀន​អភិធម្ម ព្រោះហេតុ​នៃលាភ ព្រោះបច្ច័យ​នៃលាភ ព្រោះលាភ​ជាហេតុ ព្រោះការ​កើតឡើង​នៃលាភ។ បុគ្គល​សិក្សា ព្រោះប្រាថ្នា​លាភ យ៉ាង​នេះឯង។ មួយទៀត ភិក្ខុឃើញ​ភិក្ខុជាអ្នក​មានលាភ​ខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ទាំងឡាយ ភិក្ខុនោះ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា លោក​មានអាយុ​នេះ ជាអ្នក​មានលាភ​ខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ទាំងឡាយ ដោយហេតុ​ដូចម្តេចហ្ន៎។ ភិក្ខុនោះ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា លោក​មានអាយុ​នេះ ជាអ្នក​ប្រព្រឹត្ត​អារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ តេចីវរិកធុតង្គ សបទានចារិកធុតង្គ ខលុបច្ឆាភត្តិកធុតង្គ នេសជ្ជិកធុតង្គ យថាសន្ថតិកធុតង្គ ទើប​លោកមាន​អាយុនេះ ជាអ្នក​មានលាភ​ខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ទាំងឡាយ ដោយ​ហេតុនោះ។ ភិក្ខុនោះ កាល​ខ្នះខ្នែង​រកលាភ ទើប​ជាអ្នក​ប្រព្រឹត្ត​អារញ្ញិកធុតង្គ។បេ។ យថាសន្ថតិកធុតង្គ ព្រោះហេតុ​នៃលាភ ព្រោះបច្ច័យ​នៃលាភ ព្រោះលាភ​ជាហេតុ ព្រោះការ​កើតឡើង​នៃលាភ។ បុគ្គល​សិក្សា ព្រោះប្រាថ្នា​លាភ យ៉ាង​នេះឯង។

បុគ្គល​មិនសិក្សា ព្រោះ​ប្រាថ្នាលាភ តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ មិនមែន​ព្រោះហេតុ​នៃលាភ មិនមែន​ព្រោះ​បច្ច័យ​នៃលាភ មិនមែន​ព្រោះលាភ​ជាហេតុ មិនមែន​ព្រោះការ​កើតឡើង​នៃលាភទេ កាល​មិន​ខ្នះខ្នែង​រកលាភ ក៏រៀន​ព្រះសូត្រ រៀន​ព្រះវិន័យ រៀន​ព្រះអភិធម្ម ដើម្បីទូន្មាន​ខ្លួន ដើម្បីរម្ងាប់​ចិត្ត ដើម្បី​រំលត់ចិត្ត​តែប៉ុណ្ណោះ បុគ្គល​មិនសិក្សា​ព្រោះប្រាថ្នា​លាភ យ៉ាងនេះ​ឯង។ មួយទៀត ភិក្ខុមិន​មែនព្រោះហេតុ​នៃលាភ មិនមែន​ព្រោះបច្ច័យ​នៃលាភ មិនមែន​ព្រោះលាភ​ជាហេតុ មិនមែន​ព្រោះការ​កើតឡើង​នៃលាភទេ កាល​មិនខ្នះខ្នែង​រកលាភ​ ​អាស្រ័យ​សេចក្តី​មិនប្រាថ្នា អាស្រ័យ​សេចក្តី​សន្តោស អាស្រ័យ​សេចក្តី​ផូរផង់ អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់ អាស្រ័យ​វត្ថុ​ដែលមាន​តែម្យ៉ាង​ប៉ុណ្ណោះ ហើយ​ជាអ្នក​ប្រព្រឹត្ត​អារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ តេចីវរិកធុតង្គ សបទានចារិកធុតង្គ ខលុបច្ឆាភត្តិកធុតង្គ នេសជ្ជិកធុតង្គ យថាសន្ថតិកធុតង្គ បុគ្គល​មិន​សិក្សា ព្រោះប្រាថ្នា​លាភ យ៉ាងនេះ​ឯង ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​មិនសិក្សា ព្រោះ​ប្រាថ្នា​លាភ។

[៩០] ពាក្យថា បុគ្គលមិនក្រោធ ព្រោះមិនមានលាភផង អធិប្បាយ​ថា បុគ្គល​មិនក្រោធ ព្រោះ​មិនមាន​លាភ តើដូចម្តេច។ បុគ្គលខ្លះ​ក្នុងលោកនេះ ក្រោធ គុំគួន បៀតបៀន ធ្វើនូវ​សេចក្តី​ក្រោធ ការប្រទូស្ត ការអាក់អន់ ឲ្យប្រាកដ ដោយគិតថា អាត្មាអញ​មិនបាន​ត្រកូល (ឧបដ្ឋាក) ក្តី មិនបាន​ពួកក្តី មិនបាន​អាវាសក្តី មិនបាន​លាភក្តី មិនបាន​យសក្តី មិនបាន​សេចក្តី​សរសើរ​ក្តី មិនបាន​សុខក្តី មិនបាន​ចីវរក្តី មិនបាន​បិណ្ឌបាតក្តី មិនបាន​សេនាសនៈក្តី មិនបាន​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ក្តី មិនបាន​អ្នកបំរើ​ជម្ងឺក្តី អាត្មាអញ​មិនមែន​ជាអ្នកល្បី​ឈ្មោះ។ បុគ្គល​ក្រោធ ព្រោះមិន​មានលាភ យ៉ាងនេះឯង។

បុគ្គលមិនក្រោធ ព្រោះមិនមានលាភ តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ មិនក្រោធ មិនគុំគួន មិនថ្នាំងថ្នាក់ មិនធ្វើ​នូវសេចក្តី​ក្រោធ ការប្រទូស្ត ការអាក់អន់ ឲ្យប្រាកដថា អាត្មាអញ​មិនបាន​ត្រកូលក្តី មិនបាន​ពួកក្តី មិនបាន​អាវាសក្តី មិនបាន​លាភក្តី មិនបាន​យសក្តី មិនបាន​សេចក្តី​សរសើរក្តី មិនបាន​សុខក្តី មិនបាន​ចីវរក្តី មិនបាន​បិណ្ឌបាតក្តី មិនបាន​សេនាសនៈ​ក្តី មិនបាន​គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារក្តី មិនបាន​អ្នកបំរើ​ជម្ងឺក្តី អាត្មាអញ​មិន​មែនជា​អ្នកល្បី​ឈ្មោះ។ បុគ្គល​មិនក្រោធ ព្រោះមិន​មានលាភ យ៉ាង​នេះឯង ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​មិនសិក្សា​ដើម្បីលាភ​ផង មិនក្រោធ ព្រោះមិន​មានលាភ​ផង។

[៩១] អធិប្បាយពាក្យថា មិនអាក់អន់ព្រោះតណ្ហាផង មិនជាប់​ព្រោះរសផង ត្រង់ពាក្យ​ថា ការ​អាក់អន់ មាន​សេចក្តីថា ការបៀតបៀន ការថ្នាំងថ្នាក់ ការខឹង ការក្រោធ ការខឹងញ័រ ការក្រោធ​ខ្លាំង ការអាក់អន់ ការប្រទូស្ត ការប្រទូស្ត​ខ្លាំងនៃចិត្ត ការគុំគួន​នៃចិត្ត ការប្រទូស្ត​ក្នុងចិត្ត ការក្រេវក្រោធ អាការក្រោធ ភាពនៃ​ចិត្តក្រោធ ការអាក់អន់ អាការ​អាក់អន់ ភាពនៃ​ចិត្តអាក់អន់ ការគុំគួន អាការ​គុំគួន ភាពនៃ​ចិត្តគុំគួន កំហឹង កំហឹងតប ភាពនៃ​ចិត្តកាច ការសម្រក់​ទឹកភ្នែក ភាពនៃ​ចិត្តមិន​ត្រេកអរ​ឯណា នេះហៅថា ការ​អាក់អន់។ ការអាក់អន់ ភិក្ខុណា បានលះបង់ ផ្តាច់ផ្តិល ធ្វើឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិន​គួរឲ្យ​កើតឡើង​បាន ដុតដោយ​ភ្លើងគឺញាណ​ហើយ ភិក្ខុនោះ លោកហៅថា អ្នកមិន​អាក់អន់។ ពាក្យថា តណ្ហា គឺរូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា រស គឺរសនៃ​ឫស គល់ ឬមើម រសដើម រសសម្បក រសស្លឹក រសផ្កា រសផ្លែ រសជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ ជូរអែម ចត់ ឆ្ងាញ់ មិនឆ្ងាញ់ ត្រជាក់ ក្តៅ។ ពួក​សមណ​ព្រាហ្មណ៍ខ្លះ ជាអ្នក​ជាប់​ក្នុងរស ពួកសមណ​ព្រាហ្មណ៍​ទាំងនោះ ដើរស្វែងរក​រសដ៏ប្រសើរ ព្រោះចុង​អណ្តាត។ ពួក​សមណ​ព្រាហ្មណ៍​នោះ បានរសជូរ ស្វែងរក​រសមិន​ជូរ បានរស​មិនជូរ ស្វែងរក​រសជូរ។ បាន​រសផ្អែម ស្វែករក​រសមិនផ្អែម បានរស​មិនផ្អែម ស្វែងរក​រសផ្អែម។ បាន​រសល្វីង ស្វែងរក​រសមិន​ល្វីង បានរស​មិនល្វីង ស្វែងរក​រសល្វីង។ បានរសហឹរ ស្វែងរក​រសមិនហឹរ បានរស​មិនហឹរ ស្វែងរក​រសហឹរ។ បាន​រសប្រៃ ស្វែករក​រសមិន​ប្រៃ បានរស​មិនប្រៃ ស្វែងរក​រសប្រៃ។ បាន​រសខារ ស្វែងរក​រសមិនខារ បានរស​មិនខារ ស្វែងរក​រសខារ។ បានរស​ជូរអែម ស្វែងរក​រសចត់ បាន​រសចត់ ស្វែងរក​រសជូរ​អែម។ បានរស​ឆ្ងាញ់ ស្វែងរក​រសមិន​ឆ្ងាញ់ បានរស​មិនឆ្ងាញ់ ស្វែងរក​រសឆ្ងាញ់។ បានរស​ត្រជាក់ ស្វែងរក​រសក្តៅ បានរសក្តៅ ស្វែងរក​រសត្រជាក់។ ពួកសមណ​ព្រាហ្មណ៍​នោះ បានរសណា ៗ មិនសន្តោស​នឹងរស​នោះ ៗ រមែងស្វែង​រករសប្លែក ជាអ្នក​ត្រេកអរ ញៀន ល្មោភ រឡិបរឡប់ ជ្រុលជ្រប់ ជាប់ចិត្ត ចំពាក់ លង់នៅ​ក្នុងរស​ទាំងឡាយ​ដែលជា​ទីពេញ​ចិត្ត។ តណ្ហាក្នុងរស ភិក្ខុណា​បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យ​កើតឡើង​បាន ដុតដោយ​ភ្លើងគឺ​ញាណហើយ ភិក្ខុនោះ​ពិចារណា​ដោយ​ឧបាយ រមែង​បរិភោគ​អាហារ​ដោយគិតថា អាត្មាអញ​បរិភោគ មិនមែន​ដើម្បីលេង មិនមែន​ដើម្បីស្រវឹង មិនមែន​ដើម្បីប្រដាប់ មិនមែន​ដើម្បី​ស្អិតស្អាង (បរិភោគ) ដើម្បីតាំង​នៅនៃកាយ​នេះ ដើម្បី​ញុំាងអត្តភាព​ឲ្យប្រព្រឹត្តទៅ ដើម្បី​បំបាត់​បង់សេចក្តី​លំបាក ដើម្បី​អនុគ្រោះ​ដល់ព្រហ្មចារ្យ​តែប៉ុណ្ណោះ អាត្មាអញ​កំចាត់​បង់​វេទនា​ចាស់ (ឃ្លាន) ទាំងមិន​ឲ្យវេទនាថ្មី (ឆ្អែតហួស) កើតឡើង ការត្រាច់ទៅ (ដោយ​ឥរិយាបថ) ផង ការមិន​មានទោស​ផង ការនៅ​ជាសុខ​សប្បាយ​ផង នឹងមាន​ដល់​អាត្មាអញ​ដោយ​ឧបាយ​ដូចនេះ។ បុគ្គល​លាបដំបៅ ដើម្បី​ប្រយោជន៍​ឲ្យដុះ (សាច់) តែប៉ុណ្ណោះ យ៉ាងណាមិញ មួយទៀត បុគ្គលលាប​ភ្លៅរទេះ ដើម្បី​ប្រយោជន៍​ដល់​ការផ្ទុកភារៈ​តែប៉ុណ្ណោះ យ៉ាងណា​មិញ មួយវិញ​ទៀត បុគ្គល​បរិភោគ​អាហារ គឺសាច់កូន ដើម្បី​ប្រយោជន៍​ដល់ការ​ឆ្លងនូវ​កន្តារ​តែប៉ុណ្ណោះ យ៉ាងណាមិញ ភិក្ខុ​ពិចារណា​ដោយ​ឧបាយ បរិភោគ​អាហារ​ដោយគិតថា អាត្មាអញ​បរិភោគ មិនមែន​ដើម្បីលេង មិនមែន​ដើម្បី​ស្រវឹង មិនមែន​ដើម្បីប្រដាប់ មិនមែន​ដើម្បី​ស្អិតស្អាង (បរិភោគ) ដើម្បីឲ្យ​តាំងនៅ​នៃកាយ​នេះ ដើម្បីញុំាង​អត្តភាព​ឲ្យប្រព្រឹត្តទៅ ដើម្បី​បំបាត់បង់​សេចក្តី​លំបាក ដើម្បី​អនុគ្រោះ​ដល់​ព្រហ្មចារ្យ​តែប៉ុណ្ណោះ អាត្មាអញ​កំចាត់​បង់វេទនា​ចាស់ ទាំងមិន​ឲ្យវេទនាថ្មី​កើតឡើង ការត្រាច់ទៅ (ដោយ​ឥរិយាបថ) ផង ការមិន​មានទោស​ផង ការនៅ​ជាសុខ​សប្បាយផង នឹងមាន​ដល់អាត្មាអញ​ដោយ​ឧបាយដូចនេះ ភិក្ខុ​រមែង​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើតណ្ហា​ក្នុងរស​មិនឲ្យ​កើតមាន ជាអ្នក​ចៀសវាង វៀរស្រឡះ ប្រាសចេញ​ចាកតណ្ហា​ក្នុងរស មានចិត្ត​ប្រាសចាក​សេចក្តី​សល់វល់ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនអាក់អន់​ព្រោះ​តណ្ហាផង មិនជាប់​រសផង។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

បុគ្គលមិនសិក្សា ព្រោះប្រាថ្នាលាភផង មិនក្រោធព្រោះ​មិនមាន​លាភផង មិនអាក់អន់​ព្រោះ​តណ្ហាផង មិនជាប់ ព្រោះរស​ផង។

[៩២] បុគ្គលណា ជាអ្នកព្រងើយកន្តើយ មានស្មារតី​គ្រប់កាល មិនប្រកាន់​ថាស្មើ មិនប្រកាន់​ថាវិសេស មិនប្រកាន់​ថាថោកទាប ក្នុងលោក ធម៌ជា​គ្រឿងដុះ​ដាលរបស់​បុគ្គល​នោះ មិនមានទេ។

[៩៣] អធិប្បាយពាក្យថា ជាអ្នកព្រងើយកន្តើយ មានស្មារតី​គ្រប់កាល ត្រង់ពាក្យថា ព្រងើយ​កន្តើយ សេចក្តីថា បុគ្គល​ប្រកប​ដោយ​ឆឡង្គុបេក្ខា ឃើញរូប​ដោយភ្នែក​ហើយ ជាអ្នក​មិនមាន​ចិត្តត្រេកអរ មិនមាន​ចិត្តអាក់អន់ ជាអ្នក​ព្រងើយ​កន្តើយ មានស្មារតី​ដឹងខ្លួន។ ឮសំឡេង​ដោយ​ត្រចៀក។ ធុំក្លិន​ដោយច្រមុះ។ លិទ្ធភ្លក្ស​រសដោយ​អណ្តាត។ ប៉ះពាល់​ផ្សព្វ​ដោយកាយ។ ដឹង​ធម្មារម្មណ៍​ដោយចិត្ត​ហើយ ជាអ្នក​មិនមាន​ចិត្តត្រេកអរ មិនមានចិត្ត​អាក់អន់ ជាអ្នក​ព្រងើយ​កន្តើយ មានស្មារតី​ដឹងខ្លួន។ ឃើញរូប​ដោយភ្នែក​ហើយ មិនត្រូវ​ការ មិនត្រេកអរ ចំពោះ​អារម្មណ៍​ជាទីពេញចិត្ត មិនញុំាង​រាគៈឲ្យ​កើតឡើង។ កាយរបស់​បុគ្គលនោះ ក៏តាំង​នៅខ្ជាប់ខ្ជួន ចិត្តក៏​ឋិតនៅខាង​ក្នុងសន្តាន ឋិតនៅ​ដោយល្អ រួចស្រឡះ​ដោយ​ប្រពៃ (ចាក​អាសវៈ)។ ឃើញរូប​ដោយភ្នែក ជាអ្នក​មិនស្អប់​ចំពោះ​អារម្មណ៍​មិនជាទី​ពេញចិត្ត មានចិត្ត​មិនអាក់អន់ មានចិត្ត​មិនរួញរា មានចិត្ត​មិនគុំគួន។ កាយរបស់​បុគ្គលនោះ ក៏តាំង​នៅខ្ជាប់ខ្ជួន ចិត្តក៏ឋិត​នៅខាង​ក្នុងសន្តាន ឋិតនៅ​ដោយល្អ រួចស្រឡះ​ដោយប្រពៃ។ ឮសំឡេង​ដោយ​ត្រចៀក។ ធុំក្លិន​ដោយច្រមុះ។ លិទ្ធភ្លក្សរស​ដោយអណ្តាត។ ពាល់ត្រូវ​ផ្សព្វ​ដោយកាយ។ ដឹងច្បាស់​ធម្មារម្មណ៍​ដោយចិត្ត​ហើយ រមែង​មិនត្រូវការ មិនត្រេកអរ ចំពោះ​អារម្មណ៍​ជាទីពេញ​ចិត្ត មិនញុំាង​រាគៈឲ្យ​កើតឡើង។ កាយរបស់​បុគ្គលនោះ ក៏តាំង​នៅខ្ជាប់ខ្ជួន ចិត្តក៏​ឋិតនៅ​ខាងក្នុង​សន្តាន ឋិតនៅ​ដោយល្អ រួចស្រឡះ​ដោយប្រពៃ។ ដឹងច្បាស់​ធម្មារម្មណ៍​ដោយចិត្ត​ហើយ ជាអ្នក​មិនស្អប់​ចំពោះ​អារម្មណ៍​មិនជាទី​ពេញចិត្ត មានចិត្ត​មិនអាក់អន់ មានចិត្ត​មិនរួញរា មានចិត្ត​មិនគុំគួន។ កាយរបស់​បុគ្គលនោះ តាំងនៅ​ខ្ជាប់ខ្ជួន ចិត្តក៏ឋិត​នៅខាង​ក្នុងសន្តាន ឋិតនៅ​ដោយល្អ រួចស្រឡះ​ដោយប្រពៃ។ ឃើញរូប​ដោយ​ភ្នែក កាយរបស់​បុគ្គលនោះ តាំងនៅ​ខ្ជាប់ខ្ជួន​ក្នុងរូប​ទាំងឡាយ​ជាទីពេញ​ចិត្ត ឬមិន​ជាទីពេញ​ចិត្ត ចិត្តក៏ឋិត​នៅខាង​ក្នុងសន្តាន ឋិតនៅ​ដោយល្អ រួច​ស្រឡះ​ដោយប្រពៃ។ ឮសំឡេង​ដោយ​ត្រចៀក។ ធុំក្លិន​ដោយច្រមុះ។ លិទ្ធភ្លក្សរស​ដោយអណ្តាត។ ពាល់ត្រូវ​ផ្សព្វដោយ​កាយ។ ដឹងច្បាស់​ធម្មារម្មណ៍​ដោយចិត្ត កាយរបស់​បុគ្គលនោះ តាំង​នៅខ្ជាប់​ខ្ជួនក្នុង​ធម៌ទាំងឡាយ​ជាទីពេញចិត្ត ឬមិនជាទី​ពេញចិត្ត ចិត្តក៏ឋិត​នៅខាងក្នុង​សន្តាន ឋិតនៅ​ដោយល្អ រួចស្រឡះ​ដោយប្រពៃ។ ឃើញរូប​ដោយភ្នែក​ហើយ រមែងមិន​ត្រេកអរ​ក្នុងវត្ថុ​ដែលគួរ​ត្រេកអរ មិនខឹង​ក្នុងវត្ថុ​ដែលគួរ​ខឹង មិនវង្វេង​ក្នុងវត្ថុ​ដែលគួរ​វង្វេង មិនកំរើក​ក្នុងវត្ថុ​ដែលគួរ​កំរើក មិនសៅហ្មង​ក្នុងវត្ថុ​ដែលគួរ​សៅហ្មង មិនស្រវឹង​ក្នុងវត្ថុដែល​គួរស្រវឹង។ ឮសំឡេង​ដោយ​ត្រចៀក។ ធុំក្លិន​ដោយ​ច្រមុះ។ លិទ្ធភ្លក្ស​រសដោយ​អណ្តាត។ ពាល់​ត្រូវផ្សព្វ​ដោយកាយ។ ដឹងច្បាស់​ធម្មារម្មណ៍​ដោយចិត្ត​ហើយ រមែង​មិនត្រេកអរ​ក្នុង​វត្ថុដែល​គួរ​ត្រេកអរ មិនខឹង​ក្នុងវត្ថុ​ដែលគួរខឹង មិនវង្វេង​ក្នុងវត្ថុ​ដែលគួរ​វង្វេង មិនកំរើក​ក្នុង​វត្ថុដែល​គួរកំរើក មិនសៅហ្មង​ក្នុងវត្ថុ​ដែលគួរ​សៅហ្មង មិនស្រវឹង​ក្នុងវត្ថុ​ដែលគួរ​ស្រវឹង។ គ្រាន់តែ​ឃើញរូប​ដែលឃើញ គ្រាន់តែ​ឮសំឡេងដែលឮ គ្រាន់តែ​ប៉ះពាល់ផស្សៈដែល​ប៉ះពាល់ គ្រាន់តែ​ដឹងច្បាស់​ធម្មារម្មណ៍​ដែលដឹងច្បាស់ រមែង​មិនប្រឡាក់​ចំពោះ​រូបដែល​ឃើញ មិនប្រឡាក់​ចំពោះ​សំឡេងដែលឮ មិនប្រឡាក់​ចំពោះផស្សៈ​ដែល​ប៉ះពាល់ មិនប្រឡាក់​ចំពោះ​ធម្មារម្មណ៍​ដែលដឹង។ មិនប្រាថ្នា​ចំពោះរូប​ដែលឃើញ មិនអាស្រ័យ មិនជាប់ចំពាក់ ជាអ្នក​រួចស្រឡះ ប្រាសចេញ មានចិត្ត​ប្រាសចាក​សេចក្តី​សល់វល់។ មិនប្រាថ្នា​ចំពោះ​សំឡេង​ដែលឮ ចំពោះ​ផស្សៈ​ដែលប៉ះពាល់ ចំពោះ​ធម្មារម្មណ៍​ដែលដឹង មិនអាស្រ័យ មិនជាប់​ចំពាក់ ជាអ្នក​រួចស្រឡះ ប្រាសចាក មានចិត្ត​ប្រាសចាក​សេចក្តី​សល់វល់។ ភ្នែក​របស់​ព្រះអរហន្ត​មានគ្រប់គ្រាន់ ព្រះអរហន្ត​ឃើញរូប​ដោយភ្នែក តែឆន្ទរាគ​របស់​ព្រះអរហន្ត មិនមាន​ទេ (ព្រោះ) ព្រះអរហន្ត​មានចិត្ត​រួចស្រឡះ​ហើយ​ដោយប្រពៃ។ ត្រចៀក​របស់​ព្រះអរហន្ត​មាន​គ្រប់គ្រាន់ ព្រះអរហន្ត​ឮសំឡេងដោយ​ត្រចៀក តែឆន្ទរាគ​របស់​ព្រះអរហន្ត មិនមាន​ទេ (ព្រោះ) ព្រះអរហន្ត​មានចិត្ត​រួចស្រឡះ​ហើយ​ដោយប្រពៃ។ ច្រមុះ​របស់​ព្រះអរហន្ត​មាន​គ្រប់គ្រាន់ ព្រះអរហន្ត​ធុំក្លិន​ដោយច្រមុះ តែឆន្ទរាគ​របស់​ព្រះអរហន្ត​មិនមាន​ទេ (ព្រោះ) ព្រះអរហន្ត​មានចិត្ត​រួចស្រឡះ​ហើយដោយ​ប្រពៃ។ អណ្តាត​របស់​ព្រះអរហន្ត​មាន​គ្រប់គ្រាន់ ព្រះអរហន្ត​លិទ្ធភ្លក្ស​រសដោយ​អណ្តាត តែឆន្ទរាគ​របស់​ព្រះអរហន្ត​មិនមានទេ (ព្រោះ) ព្រះអរហន្ត​មានចិត្ត​រួចស្រឡះ​ហើយដោយ​ប្រពៃ។ កាយរបស់​ព្រះអរហន្ត​មានគ្រប់​គ្រាន់ ព្រះអរហន្ត​ពាល់ត្រូវ​ផោដ្ឋោព្វៈ​ដោយកាយ តែឆន្ទរាគ​របស់​ព្រះអរហន្ត​មិនមានទេ (ព្រោះ) ព្រះអរហន្ត​មានចិត្ត​រួចស្រឡះ​ហើយដោយ​ប្រពៃ។ ចិត្តរបស់​ព្រះអរហន្ត​មានគ្រប់​គ្រាន់ ព្រះអរហន្ត​ដឹង​ធម្មារម្មណ៍​ដោយចិត្ត តែឆន្ទរាគ​របស់​ព្រះអរហន្ត​មិនមានទេ (ព្រោះ) ព្រះអរហន្ត​មានចិត្ត​រួចស្រឡះ​ហើយ​ដោយប្រពៃ។ ភ្នែកមាន​រូបជាទី​ត្រេកអរ ត្រេកអរ​ហើយក្នុងរូប រីករាយ​ព្រមក្នុងរូប តែភ្នែកនោះ ព្រះអរហន្ត បាន​ទូន្មាន គ្រប់គ្រង រក្សា សង្រួម​ហើយ ទាំង​ព្រះអរហន្ត​នោះ សំដែង​ធម៌ដើម្បី​ការសង្រួម​ភ្នែក​នោះ។ ត្រចៀក​មានសំឡេង​ជាទី​ត្រេកអរ។ ច្រមុះ​មានក្លិន​ជាទីត្រេកអរ។ អណ្តាត​មានរស​ជាទី​ត្រេកអរ ត្រេកអរ​ហើយក្នុងរស រីករាយ​ព្រមក្នុងរស តែអណ្តាត​នោះ ព្រះអរហន្ត បាន​ទូន្មាន គ្រប់គ្រង រក្សា សង្រួម​ហើយ ទាំងព្រះអរហន្តនោះ​សំដែងធម៌ ដើម្បីការ​សង្រួម​អណ្តាត​នោះ។ កាយ មានផ្សព្វ​ជាទី​ត្រេកអរ។ ចិត្ត មាន​ធម្មារម្មណ៍​ជាទី​ត្រេកអរ ត្រេកអរ​ហើយក្នុង​ធម្មារម្មណ៍ រីករាយ​ព្រមក្នុង​ធម្មារម្មណ៍ តែចិត្តនោះ ព្រះអរហន្ត​បានទូន្មាន គ្រប់គ្រង រក្សា សង្រួម​ហើយ ទាំង​ព្រះអរហន្ត​នោះ សំដែងធម៌​ដើម្បីការ​សង្រួម​ចិត្តនោះ។

ពួកជនរមែងនាំពាហនៈ (មានដំរីជាដើម) ដែលហាត់​ហើយ ទៅកាន់​ទីប្រជុំ ព្រះរាជា​រមែង​ឡើងគង់​ពាហនៈ ដែលហាត់​ហើយ បណ្តា​មនុស្ស​ទាំងឡាយ មនុស្ស​ណា អត់ធន់​នឹងពាក្យ​ពោលទ្រគោះ មនុស្សនោះ ឈ្មោះថា ជាអ្នកហាត់​ហើយ ជាបុគ្គល​ប្រសើរ​ផុត។ សេះអស្សតរ​ក្តី សេះសិន្ធព​អាជានេយ្យក្តី ដំរីដ៏ប្រសើរ​ជា​កុញ្ជរជាតិ​ក្តី ដែលគេបង្ហាត់​ហើយ ឈ្មោះថា ជាសត្វ​ដ៏ប្រសើរ តែបុគ្គល​អ្នកមាន​ខ្លួនទូន្មាន​ហើយ ប្រសើរ​ជាងសត្វ​ទាំងនោះ។

បុគ្គលមិន​គប្បីទៅ​កាន់ទិស​ដែលមិន​ធ្លាប់ទៅ គឺព្រះនិព្វាន ដោយ​យានទាំងឡាយ​នោះបានទេ លុះតែ​បុគ្គល​អ្នក​មានខ្លួន​ទូន្មាន ទើបទៅ​កាន់ទិស គឺ​ព្រះនិព្វាន ដោយខ្លួន​ដែលទូន្មាន​ហើយ ទូន្មាន​ល្អហើយ។

ព្រះអរហន្តទាំងឡាយ រួចស្រឡះចាកភពថ្មី ដល់ហើយ​នូវទន្តភូមិ គឺ​អរហត្តផល រមែង​មិនកំរើក​ក្នុងតណ្ហា និងទិដ្ឋិ​ផ្សេង ៗ ព្រះអរហន្ត​ទាំងនោះ ឈ្មោះថា ជាអ្នក​មានជ័យ​ជំនះ​ក្នុងលោក។

ឥន្រ្ទិយទាំងឡាយ ដែលព្រះខីណាស្រពណា ចំរើនហើយ ព្រះខីណាស្រព​នោះ ឈ្មោះថា​មានធម៌​ចំរើន​ហើយ មានខ្លួន​ទូន្មានល្អហើយ ដឹងច្បាស់​នូវអារម្មណ៍​ទាំងខាង​ក្នុង​ខាងក្រៅ ក្នុងលោក​ទាំងពួង​ផង នូវលោក​នេះផង នូវលោក​ខាងមុខផង រមែង​រង់ចាំនូវ​កាលកិរិយា (តែ​ប៉ុណ្ណោះ)

ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកព្រងើយកន្តើយ។ ពាក្យថា ក្នុងកាល​ទាំងពួង គឺ គ្រប់​កាល អស់កាល​ទាំងពួង អស់កាល​ជានិច្ច អស់កាល​ដ៏ទៀងទាត់។បេ។ ក្នុងគំនរ​នៃបច្ឆិម​វ័យ។ ពាក្យថា មានស្មារតី គឺមានស្មារតី​ដោយហេតុ ៤ យ៉ាង គឺ​បុគ្គល​ចំរើន​កាយានុបស្សនាសតិប្បដ្ឋាន​ក្នុងកាយ ឈ្មោះថា អ្នកមាន​ស្មារតី ១ ក្នុងវេទនា​ទាំងឡាយ ១ ក្នុងចិត្ត ១ បុគ្គល​ចំរើន​ធម្មានុបស្សនាសតិប្បដ្ឋាន​ក្នុងធម៌​ទាំងឡាយ ឈ្មោះថា អ្នកមាន​ស្មារតី ១។បេ។ បុគ្គលនោះ​លោកហៅថា អ្នកមាន​ស្មារតី ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​ព្រងើយ​កន្តើយ មានស្មារតី​គ្រប់កាល។

[៩៤] ពាក្យថា មិនប្រកាន់ថាស្មើ ក្នុងលោក គឺមិនញុំាង​មានះឲ្យ​កើតឡើង ដោយសារ​ជាតិក្តី ដោយសារ​គោត្រក្តី។បេ។ ដោយ​សារវត្ថុ​ណាមួយ​ក្តីថា អាត្មាអញ​ជាបុគ្គល​ស្មើ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនប្រកាន់​ថាស្មើ ក្នុងលោក។

[៩៥] ពាក្យថា មិនប្រកាន់ថាវិសេស មិនប្រកាន់​ថាថោកទាប អធិប្បាយថា បុគ្គលមិន​ញុំាង​អតិមានះ​ឲ្យកើតឡើង ដោយសារ​ជាតិក្តី ដោយសារ​គោត្រក្តី។បេ។ ដោយសារ​វត្ថុ​ណាមួយ​ក្តីថា អាត្មាអញ​ជាបុគ្គល​ប្រសើរ។ មិនញុំាង​មានះឲ្យ​កើតឡើង ដោយសារ​ជាតិក្តី ដោយសារ​គោត្រក្តី។បេ។ ដោយសារ​វត្ថុណា​មួយក្តីថា អាត្មាអញ​ថោកទាប ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនប្រកាន់​ថាវិសេស មិនប្រកាន់​ថាថោកទាប។

[៩៦] អធិប្បាយពាក្យថា ធម៌ជាគ្រឿដុះដាល​របស់បុគ្គល​នោះ មិនមានទេ ត្រង់ពាក្យថា របស់​បុគ្គល​នោះ គឺរបស់​ព្រះអរហន្ត​ខីណាស្រព។ ពាក្យថា ធម៌ជាគ្រឿង​ដុះដាល បានដល់ ធម៌ជា​គ្រឿង​ដុះដាល ៧ គឺ ធម៌ជាគ្រឿង​ដុះដាល​គឺរាគៈ ដុះដាល​គឺទោសៈ ដុះដាល​គឺ​មោហៈ ដុះដាល​គឺមានះ ដុះដាល​គឺទិដ្ឋិ ដុះដាល​គឺកិលេស ដុះដាល​គឺកម្ម។ ធម៌ជា​គ្រឿងដុះ​ដាលទាំងនេះ របស់​ព្រះអរហន្ត មិនមាន ឥតមាន លែងមាន លោកលែងបាន គឺ​លោកលះ​បង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យ​កើតឡើង​បាន ដុតដោយ​ភ្លើងគឺ​ញាណហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ធម៌ជា​គ្រឿងដុះដាល​របស់បុគ្គល​នោះ មិន​មាន​ទេ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

បុគ្គលណា ជាអ្នកព្រងើយកន្តើយ មានស្មារតី​គ្រប់កាល រមែងមិន​ប្រកាន់ថា​ស្មើ មិនប្រកាន់​ថាវិសេស មិនប្រកាន់​ថា​ថោកទាប ក្នុងលោក ធម៌ជា​គ្រឿងដុះដាល​របស់​បុគ្គល​នោះ មិនមានទេ។

[៩៧] និស្ស័យនៃបុគ្គលណា មិនមាន មួយទៀត តណ្ហា​ក្នុងភព និងវិភព​នៃបុគ្គលណា មិនមាន បុគ្គលនោះ មិនអាស្រ័យ ព្រោះដឹង​នូវធម៌។

[៩៨] អធិប្បាយពាក្យថា និស្ស័យនៃបុគ្គលណា មិនមាន ត្រង់ពាក្យថា នៃបុគ្គល​ណា គឺនៃ​ព្រះអរហន្ត​ខីណាស្រព។ ពាក្យថា និស្ស័យ បានដល់​និស្ស័យ ២ យ៉ាង គឺ តណ្ហានិស្ស័យ ១ ទិដ្ឋិនិស្ស័យ ១។បេ។ នេះ តណ្ហានិស្ស័យ។បេ។ នេះ ទិដ្ឋិនិស្ស័យ។ តណ្ហានិស្ស័យ ព្រះអរហន្ត​នោះ លះបង់ហើយ ទិដ្ឋិនិស្ស័យ លោករលាស់​ចេញហើយ និស្ស័យ​នៃ​បុគ្គល​ណា មិនមាន ឥតមាន លោកមិនបាន គឺលោក​លះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺ​ញាណហើយ ព្រោះ​តណ្ហានិស្ស័យ លោក​លះបង់​ហើយ ព្រោះ​ទិដ្ឋិនិស្ស័យ លោករលាស់​ចេញហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) និស្ស័យ​នៃបុគ្គលណា មិនមាន។

[៩៩] អធិប្បាយពាក្យថា បុគ្គលនោះ មិនអាស្រ័យ​ព្រោះដឹងនូវធម៌ ត្រង់ពាក្យថា ព្រោះដឹង គឺ ព្រោះដឹង ស្គាល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យ​ប្រាកដថា សង្ខារ​ទាំងពួង​មិនទៀង ព្រោះដឹង ស្គាល់ ថ្លឹង ពិចារណា​ឃើញច្បាស់ ធ្វើឲ្យ​ប្រាកដថា សង្ខារ​ទាំងពួង​ជាទុក្ខ។បេ។ ថាធម៌​ទាំងឡាយ​ទាំងពួង​ជាអនត្តា ព្រោះដឹង ស្គាល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យ​ប្រាកដថា ធម្មជាត​ណាមួយ មានការ​កើតឡើង​ជាធម្មតា ធម្មជាត​ទាំងអស់​នោះ មានកិរិយា​រលត់ជា​ធម្មតា។ ពាក្យថា មិនអាស្រ័យ បានដល់​និស្ស័យ ២ យ៉ាង គឺ តណ្ហានិស្ស័យ ១ ទិដ្ឋិនិស្ស័យ ១។បេ។ នេះ តណ្ហានិស្ស័យ។បេ។ នេះ ទិដ្ឋិនិស្ស័យ។ ព្រះអរហន្ត​លះបង់នូវ​តណ្ហានិស្ស័យ រលាស់​ចេញនូវ​ទិដ្ឋិនិស្ស័យ មិនអាស្រ័យ​ចក្ខុ មិន​អាស្រ័យ​សោតៈ មិនអាស្រ័យ​ឃានៈ មិនអាស្រ័យ​ជិវ្ហា មិនអាស្រ័យ​កាយ មិនអាស្រ័យ​ចិត្ត មិនអាស្រ័យ​រូប សំឡេង ក្លិន រស ផ្សព្វ ត្រកូល ពួក អាវាស។បេ។ មិន​អាស្រ័យ មិនជាប់ មិនកៀកកើយ មិន​ជ្រុលជ្រប់ មិនចុះស៊ប់ គឺលោក​ឃ្លាតចេញ រលាស់​ចេញ រួចស្រឡះ ប្រាសចេញ មានចិត្ត​ប្រាសចាក​សេចក្តី​សល់វល់ ក្នុងធម៌​ដែលគប្បី​ឃើញ ឮ ប៉ះពាល់ ឬដឹង ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ​មិនអាស្រ័យ ព្រោះដឹង​នូវធម៌។

[១០០] អធិប្បាយពាក្យថា តណ្ហាក្នុងភព និងវិភព​នៃបុគ្គល​ណា មិនមាន ត្រង់ពាក្យថា តណ្ហា គឺរូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា ពាក្យថា នៃបុគ្គល​ណា គឺ​នៃព្រះអរហន្ត​ខីណាស្រព។ ពាក្យថា ក្នុងភព គឺ​ក្នុងភវទិដ្ឋិ។ ពាក្យថា វិភព គឺ​ក្នុង​វិភវទិដ្ឋិ។ ពាក្យថា ក្នុងភព គឺ​ក្នុង​សស្សតទិដ្ឋិ។ ពាក្យថា វិភព គឺ​ក្នុង​ឧច្ឆេទទិដ្ឋិ។ ពាក្យថា ក្នុងភព គឺ​ក្នុងភព រឿយៗ ក្នុងគតិរឿយៗ ក្នុងការ​កើតឡើង​រឿយៗ ក្នុង​បដិសន្ធិ​រឿយៗ ក្នុងកិរិយា​កើតជា​អត្តភាព​រឿយ ៗ។ តណ្ហានៃ​បុគ្គលណា មិនមាន ឥតមាន លោក​មិនបាន គឺលោក​លះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើងគឺ​ញាណហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) តណ្ហា​ក្នុងភព និងវិភព នៃបុគ្គល​ណា មិនមាន។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

និស្ស័យនៃបុគ្គលណា មិនមាន មួយទៀត តណ្ហាក្នុងភព និងវិភព​នៃបុគ្គលណា មិនមាន បុគ្គលនោះ មិនអាស្រ័យ ព្រោះដឹង​នូវធម៌។

[១០១] តថាគតពោលនូវបុគ្គលអ្នកមិនអាល័យ​ក្នុងកាម​ទាំងឡាយ​នោះ ថាជា​អ្នកស្ងប់ គន្ថៈ (កិលេស​ជាគ្រឿងចាក់ស្រែះ) នៃបុគ្គលនោះ មិនមានទេ បុគ្គលនោះ បាន​ឆ្លងហើយ​នូវវិសត្តិកាតណ្ហា។

[១០២] ពាក្យថា តថាគតពោលនូវបុគ្គលនោះ ថាជាអ្នកស្ងប់ គឺតថាគត​ពោលនូវ​បុគ្គល​នោះ សំដែង​នូវបុគ្គល​នោះ និយាយ​នូវបុគ្គល​នោះ បំភ្លឺនូវ​បុគ្គលនោះ បញ្ចេញ​នូវបុគ្គល​នោះ ថាជា​អ្នកស្ងប់ អ្នករម្ងាប់ អ្នកចូល​ទៅជិតស្ងប់ អ្នក​រលត់ទុក្ខ អ្នកសះ​ស្បើយទុក្ខ ហេតុនោះ (ទ្រង់​ត្រាស់ថា) តថាគត​ពោលបុគ្គល​នោះថា ជាអ្នកស្ងប់។

[១០៣] អធិប្បាយពាក្យថា អ្នកមិនអាល័យក្នុងកាមទាំងឡាយ ត្រង់ពាក្យថា កាម បើ​តាមឧទ្ទាន បានដល់​កាម ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ នេះហៅថា វត្ថុកាម។បេ។ នេះហៅថា កិលេសកាម។ ព្រះអរហន្ត​កំណត់ដឹង​វត្ថុកាម លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើ​ឲ្យវិនាស ធ្វើមិនឲ្យ​កើតមាន នូវកិលេសកាម ជាអ្នក​មិនអាល័យ​ក្នុងកាម​ទាំងឡាយ ជាអ្នក​មានកាម​ទៅប្រាស មានកាម​លះបង់ មានកាម​ខ្ជាក់ចេញ មានកាម​រួចស្រឡះ មានកាម​បោះបង់ មានកាម​រលាស់ចេញ មានរាគៈ​ទៅប្រាស មានរាគៈ​លះបង់ មានរាគៈ​ខ្ជាក់ចេញ មានរាគៈ​រួចស្រឡះ មានរាគៈ​បោះបង់ មានរាគៈ​រលាស់ចេញ ជាអ្នក​មិនមាន​ប្រាថ្នា ជាអ្នក​រលត់ទុក្ខ ជាអ្នក​ត្រជាក់ ទទួលសុខ មានចិត្ត​ដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិន​អាល័យ​ក្នុងកាម​ទាំងឡាយ។

[១០៤] អធិប្បាយពាក្យថា គន្ថៈនៃបុគ្គលនោះ​មិនមានទេ ត្រង់ពាក្យថា គន្ថៈ បានដល់​គន្ថៈ ៤ យ៉ាង គឺ អភិជ្ឈាកាយគន្ធៈ ១ ព្យាបាទកាយគន្ធៈ ១ សីលព្វតបរាមាសកាយគន្ធៈ ១ ឥទំសច្ចាភិនិវេសកាយគន្ថៈ ១។ តម្រេក​ក្នុងទិដ្ឋិ​របស់ខ្លួន ឈ្មោះថា អភិជ្ឈាកាយគន្ថៈ។ ការគុំគួន ការអាក់អន់​ក្នុងវាទៈ​របស់​បុគ្គលដទៃ ឈ្មោះថា ព្យាបាទកាយគន្ថៈ។ បុគ្គលស្ទាប​អង្អែល​សីល ឬវ័ត ឬក៏សីល និងវ័ត​របស់ខ្លួន ឈ្មោះថា​ សីលព្វតបរាមាសកាយគន្ថៈ។ ទិដ្ឋិ​របស់ខ្លួន ឈ្មោះថា ឥទំសច្ចាភិនិវេសកាយគន្ថៈ ពាក្យថា នៃបុគ្គល​នោះ គឺនៃ​ព្រះអរហន្ត​ខីណាស្រព។ ពាក្យថា គន្ថៈនៃ​បុគ្គលនោះ​មិនមានទេ បានសេចក្តី​ថា គន្ថៈ​នៃបុគ្គល​នោះ មិនមាន ឥតមាន លែងមាន លោកមិនបាន គឺលោក​លះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើងគឺ​ញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) គន្ថៈ​នៃបុគ្គល​នោះ មិនមានទេ។

[១០៥] ពាក្យថា បុគ្គលនោះ បានឆ្លងហើយនូវវិសត្តិកាតណ្ហា អធិប្បាយថា តណ្ហា លោក​ហៅថា វិសត្តិកា បានដល់​តម្រេក តម្រេក​ខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរ​ត្រង់ពាក្យ​ថា វិសត្តិកា ចុះវិសត្តិកា ដោយអត្ថ​ដូចម្តេច។ ឈ្មោះថា វិសត្តិកា ព្រោះជា​ធម្មជាតិ​ផ្សាយទៅ​កាន់អារម្មណ៍។ ឈ្មោះថា វិសត្តិកា ព្រោះជា​ធម្មជាតិ​ដ៏ទូលាយ។ ឈ្មោះថា វិសត្តិកា ព្រោះជា​ធម្មជាតិ​ជ្រួតជ្រាប។ ឈ្មោះថា វិសត្តិកា ព្រោះជា​ធម្មជាតិ​មិនស្មើ។ ឈ្មោះថា វិសត្តិកា ព្រោះជា​ធម្មជាតិ​អត់ធន់។ ឈ្មោះថា វិសត្តិកា ព្រោះជា​ធម្មជាតិ​នាំត្រឡប់ (ចាក​អកុសលធម៌)។ ឈ្មោះថា វិសត្តិកា ព្រោះជា​ធម្មជាតិ​ឲ្យពោលខុស។ ឈ្មោះថា វិសត្តិកា ព្រោះជា​ធម្មជាតិ​មានផ្លែ​ជាពិស។ ឈ្មោះថា វិសត្តិកា ព្រោះជា​ធម្មជាតិ​មានគ្រឿង​បរិភោគ​ជាពិស។ មួយទៀត តណ្ហានោះ ជាធម្មជាតិ​ដ៏ទូលាយ ជ្រួតជ្រាប ផ្សាយទៅ ក្នុងរូប ក្នុងសំឡេង ក្នុងក្លិន ក្នុងរស ក្នុងផ្សព្វ ក្នុងត្រកូល ក្នុងពួក ក្នុងអាវាស។បេ។ ក្នុងធម៌​ទាំងឡាយ ដែលឃើញ ឮ ប៉ះពាល់ ឬគួរដឹង ព្រោះហេតុនោះ តណ្ហា ទើបឈ្មោះថា វិសត្តិកា។ ពាក្យថា បុគ្គលនោះ បានឆ្លង​ហើយនូវ​វិសត្តិកាតណ្ហា គឺបុគ្គលនោះ​បានឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង នូវតណ្ហា ដែលឈ្មោះថា វិសត្តិកានេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ បានឆ្លងនូវ​វិសត្តិកាតណ្ហា។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

តថាគត ពោលនូវបុគ្គលអ្នកមិនអាល័យ ក្នុងកាម​ទាំងឡាយ​នោះ ថាជា​អ្នកស្ងប់ គន្ថៈនៃ​បុគ្គលនោះ មិនមានទេ បុគ្គលនោះ បានឆ្លង​ហើយ​នូវវិសត្តិកាតណ្ហា។

[១០៦] បុត្ត សត្វចិញ្ចឹម ស្រែ និងទី​របស់បុគ្គល​នោះ​មិនមាន​ទេ អត្តទិដ្ឋិក្តី និរត្តទិដ្ឋិក្តី គេរក​មិនបាន​ក្នុងបុគ្គល​នោះឡើយ។

[១០៧] អធិប្បាយពាក្យថា បុត្រ សត្វចញ្ចឹម ស្រែ និងទី​របស់​បុគ្គលនោះ មិនមានទេ ត្រង់​ពាក្យថា មិន គឺជាពាក្យ​ឃាត់។ ពាក្យថា របស់​បុគ្គលនោះ គឺរបស់​ព្រះអរហន្ត​ខីណាស្រព។ ពាក្យថា​ បុត្រ បានដល់​បុត្រ ៤ ពួក គឺ បុត្រកើត​អំពីខ្លួន ១ បុត្រកើត​ក្នុងខែត្រ ១ បុត្រដែល​គេឲ្យ ១ បុត្រ​គឺសិស្ស ១។ ពាក្យថា សត្វចិញ្ចឹម គឺ ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះ​ឈ្មោល និងសេះញី។ ពាក្យថា ស្រែ គឺ ស្រែស្រូវសាលី ស្រែស្រូវ​ធម្មតា ស្រែ​សណ្តែកបាយ ស្រែ​សណ្តែករាជមាស ស្រែស្រូវ​ដំណើប ស្រែស្រូវ​ស្រង៉ែ ស្រែល្ង។ ពាក្យថា ទីគឺ ទីផ្ទះ ទីជង្រុក ទីខាងមុខ ទីខាងក្រោយ ទីសួនច្បារ ទីលំនៅ។ ពាក្យថា បុត្រ សត្វចិញ្ចឹម ស្រែ និងទី​របស់បុគ្គល​នោះ មិនមានទេ បាន​សេចក្តីថា ការហួង​ហែងបុត្តក្តី ការ​ហួងហែង​សត្វចិញ្ចឹម​ក្តី ការហួង​ហែងស្រែក្តី ការហួង​ហែងទីក្តី របស់បុគ្គល​នោះ មិនមាន ឥតមាន លែងមាន បុគ្គលនោះ​មិនបាន គឺ លោកលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យ​កើតឡើង​បាន ដុតដោយ​ភ្លើងគឺ​ញាណហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុត្រ សត្វចិញ្ចឹម ស្រែ និងទី​របស់បុគ្គល​នោះ មិនមានទេ។

[១០៨] អធិប្បាយពាក្យថា អត្តទិដ្ឋិក្តី និរត្តទិដ្ឋិក្តី គេរក​មិនបាន​ក្នុងបុគ្គល​នោះឡើយ ត្រង់​ពាក្យថា អត្តា គឺ​សស្សតទិដ្ឋិ មិនមាន ពាក្យថា និរត្តា គឺ​ឧច្ឆេទទិដ្ឋិ មិនមាន ការប្រកាន់​ថាអត្តា មិនមាន ការគប្បី​ដោះថា និរត្តា មិនមាន។ ការប្រកាន់​នៃបុគ្គល​ណា មិនមាន ការគប្បី​ដោះនៃ​បុគ្គលនោះ​មិនមាន ការគប្បី​ដោះនៃ​បុគ្គលណា​មិនមាន ការប្រកាន់​នៃបុគ្គល​នោះ មិនមាន។ ព្រះអរហន្ត កន្លងផុត​ការប្រកាន់ និងការដោះ ប្រព្រឹត្តកន្លង​នូវការ​ចំរើន និង​ការសាបសូន្យ។ ព្រះអរហន្តនោះ មានការនៅ (ក្នុង​អរិយវាសៈ) នៅរួចហើយ មានការ​ប្រព្រឹត្តិ​សន្សំហើយ។បេ។ ភពថ្មី​របស់លោក មិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) អត្តទិដ្ឋិក្តី និរត្តទិដ្ឋិក្តី គេរក​មិនបាន​ក្នុងបុគ្គល​នោះ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

បុត្រ សត្វចិញ្ចឹម ស្រែ និង​ទីរបស់​បុគ្គលនោះ មិនមានទេ អត្តទិដ្ឋិក្តី និរត្តទិដ្ឋិក្តី គេរក​មិនបាន​ក្នុងបុគ្គល​នោះឡើយ។

[១០៩] មួយទៀត សមណព្រាហ្មណ៍ទាំងឡាយ ជាបុថុជ្ជន គប្បី​ពោលដោយ​កិលេស​ណា បុគ្គលនោះ មិនធ្វើ​កិលេស​នោះឲ្យ​ជាប្រធាន ព្រោះហេតុនោះ បុគ្គលនោះ មិន​ញាប់ញ័រ​ក្នុងវាទៈ​ទាំងឡាយ។

[១១០] អធិប្បាយពាក្យថា មួយទៀត សមណព្រាហ្មណ៍​ទាំងឡាយ ជាបុថុជ្ជន គប្បី​ពោល​ដោយ​កិលេសណា សំនួរ​ត្រង់ពាក្យថា បុថុជ្ជន ចុះបុថុជ្ជន ដោយអត្ថ​ដូចម្តេច។ ឈ្មោះថា បុថុជ្ជន ព្រោះញុំាង​កិលេស​ក្រាស់ឲ្យកើត។ ឈ្មោះថា បុថុជ្ជន ព្រោះ​មិនទាន់​កំចាត់បង់​សក្កាយទិដ្ឋិ​ដ៏ក្រាស់។ ឈ្មោះថា បុថុជ្ជន ព្រោះជា​អ្នកយល់មុខ​សាស្តាទាំង​ឡាយ​ដ៏ច្រើន។ ឈ្មោះថា បុថុជ្ជន ព្រោះជា​អ្នកត្រូវ​គតិទាំងពួង​ដ៏ច្រើន​រួបរឹត។ ឈ្មោះថា បុថុជ្ជន ព្រោះ​តាក់តែង​ដោយ​អភិសង្ខារ​ផ្សេង ៗ ដ៏ច្រើន។ ឈ្មោះថា បុថុជ្ជន ព្រោះត្រូវ​ជំនន់​ផ្សេងៗ ដ៏ច្រើន បន្សាត់ទៅ។ ឈ្មោះថា បុថុជ្ជន ព្រោះអន្ទះ​អន្ទែង​ដោយសេចក្តី​អន្ទះអន្ទែង​ផ្សេងៗ ដ៏ច្រើន។ ឈ្មោះថា បុថុជ្ជន ព្រោះត្រូវ​សេចក្តី​ក្តៅក្រហាយ​ផ្សេង ៗ ដ៏ច្រើន​ដុតហើយ។ ឈ្មោះថា បុថុជ្ជន ព្រោះជា​អ្នកត្រេកអរ ចង់បាន ធ្លាក់ចុះ ងុលងប់ ជ្រុលជ្រប់ ជាប់នៅ ចំពាក់នៅ សាន់វ៉ាន់​នៅ​ ក្នុងកាមទាំង ៥ ដ៏ច្រើន។ ឈ្មោះថា បុថុជ្ជន ព្រោះត្រូវ​នីវរណៈ​ទាំង ៥ ដ៏ច្រើន ខ្ទប់ រាំង ហ៊ុម បិទ បាំង គ្របហើយ។ ពាក្យថា សមណៈ គឺ ពួកជន​ណាមួយ​ចូលទៅរក​បរិព្វាជក ជាខាង​ក្រៅសាសនា​នេះ បួសជា​បរិព្វាជក។ ពាក្យថា ព្រាហ្មណ៍ គឺពួក​ជនណា​មួយ ជាភោវាទិ។ ពាក្យថា មួយទៀត សមណព្រាហ្មណ៍​ទាំងឡាយ​ជា​បុថុជ្ជន គប្បីពោល​ដោយ​កិលេស​ណា បានសេចក្តីថា ពួកបុថុជ្ជន​គប្បីពោល​ដោយ​រាគៈណា គប្បី​ពោលដោយ​ទោសៈ​ណា គប្បី​ពោលដោយ​មោហៈ​ណា គប្បីពោល​ដោយមានះ​ណា គប្បីពោល​ដោយ​ទិដ្ឋិណា គប្បី​ពោលដោយ​ឧទ្ធច្ចៈ​ណា គប្បីពោល​ដោយ​វិចិកិច្ចា​ណា គប្បី​ពោល​ដោយ​អនុស័យ​ណា ថា (អ្នកនេះ) ជាអ្នក​ត្រេកអរ ឬថាជា​អ្នកប្រទូស្ត ថាជា​អ្នកវង្វេង ឬថា​ជាអ្នក​ជាប់ចំពាក់ ថាជា​អ្នកស្ទាប​អង្អែល ឬថា​ជាអ្នក​ដល់នូវ​សេចក្តី​រាយមាយ ថាជា​អ្នកមិនដាច់​ស្រេច ឬថា​ជាអ្នក​ដល់នូវ​កំឡាំង។ អភិសង្ខារ​ទាំងនោះ បុគ្គលនោះ លះបង់​ហើយ ព្រោះ​លោក​លះបង់​នូវអភិសង្ខារ​ទាំងឡាយ​អស់ហើយ ពួកបុថុជ្ជន គប្បី​ពោលនូវ​គតិទាំងឡាយ​ថា (អ្នកនេះ) ជាអ្នកកើត​ក្នុងនរក ឬថា​ជាអ្នកកើត​ក្នុងកំណើត​តិរច្ឆាន ថាជា​អ្នកកើត​ក្នុង​បិត្តិវិស័យ ឬថា​ជាមនុស្ស ថាជា​ទេវតា ឬថាជា​រូបព្រហ្ម ថាជា​អរូបព្រហ្ម ឬថា​ជាសញ្ញីសត្វ ថាជា​អសញ្ញីសត្វ ឬថា​ជា​នេវសញ្ញីនាសញ្ញីសត្វ ដោយ​ហេតុណា។ ពួក​បុថុជ្ជន គប្បីពោល គប្បីសំដែង គប្បី​ពណ៌នា គប្បីបំភ្លឺ គប្បីថ្លែង​ដោយ​ហេតុណា ហេតុនោះ​មិនមាន បច្ច័យនោះ​មិនមាន ការណ៍នោះ​មិនមាន ហេតុនោះ (ទ្រង់​ត្រាស់ថា) មួយ​ទៀត សមណព្រាហ្មណ៍​ទាំងឡាយ​ជាបុថុជ្ជន គប្បីពោល​ដោយ​កិលេស​ណា។

[១១១] អធិប្បាយពាក្យថា បុគ្គលនោះ មិនធ្វើ​កិលេសនោះ​ឲ្យជា​ប្រធាន ត្រង់ពាក្យថា បុគ្គល​នោះ គឺ​ព្រះអរហន្ត​ខីណាស្រព។ ពាក្យថា ការធ្វើ​ឲ្យជាប្រធាន បានដល់​ការធ្វើឲ្យជា​ប្រធាន​មាន ២ គឺ ការធ្វើ​ឲ្យជាប្រធាន​គឺតណ្ហា ១ ការធ្វើ​ឲ្យជាប្រធាន​គឺទិដ្ឋិ ១។បេ។ នេះ ការធ្វើ​ឲ្យជាប្រធាន​គឺតណ្ហា។បេ។ នេះ ការធ្វើ​ឲ្យជាប្រធាន​គឺទិដ្ឋិ។ ការធ្វើ​ឲ្យជា​ប្រធាន​គឺ តណ្ហា បុគ្គលនោះ​លះបង់​ហើយ ការធ្វើ​ឲ្យជាប្រធាន​គឺទិដ្ឋិ បុគ្គលនោះ​រលាស់​ចោល​ហើយ ព្រោះ​លោកលះបង់​នូវការធ្វើ​ឲ្យជាប្រធាន​គឺតណ្ហា ព្រោះលោក​រលាស់​ចោលនូវ​ការធ្វើ​ឲ្យជា​ប្រធាន​គឺទិដ្ឋិ លោក​ទើបមិន​ប្រព្រឹត្ត​ធ្វើតណ្ហា ឬទិដ្ឋិឲ្យ​ជាប្រធាន ជាអ្នក​មិនមាន​ទង់ជ័យ​គឺតណ្ហា មិនមាន​ទង់គឺ​តណ្ហា មិនមាន​តណ្ហាជា​អធិបតី មិនមាន​ទង់ជ័យ​គឺទិដ្ឋិ មិន​មានទង់​គឺទិដ្ឋិ មិនមាន​ទិដ្ឋិជា​អធិបតី មិនត្រូវ​តណ្ហា ឬទិដ្ឋិ​ប្រព្រឹត្ត​ចោមរោម ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ មិនធ្វើ​កិលេសនោះ​ឲ្យជា​ប្រធាន។

[១១២] ពាក្យថា ព្រោះហេតុនោះ ក្នុងបទថា ព្រោះហេតុនោះ បុគ្គលនោះ​មិន​ញាប់ញ័រ​ក្នុង​វាទៈ​ទាំងឡាយ គឺ ព្រោះ​ហេតុនោះ ព្រោះការណ៍​នោះ ព្រោះ​ទំនងនោះ ព្រោះ​បច្ច័យនោះ ព្រោះ​និទាន​នោះ បុគ្គលនោះ មិនញាប់ញ័រ ឥតញាប់ញ័រ មិនកម្រើក មិនរន្ធត់ មិន​រំជួយ មិនប្រែ​ត្រឡប់​ក្នុងវាទៈ​ទាំងឡាយ គឺ​ក្នុង​ឧបវាទៈ ក្នុង​ពាក្យនិន្ទា ក្នុងពាក្យ​តិះដៀល ក្នុងពាក្យ​បង្អាប់ ក្នុងពាក្យ​មិននាំ​មកនូវ​គុណ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះ​ហេតុនោះ បុគ្គល​នោះ មិនញាប់​ញ័រក្នុង​វាទៈ​ទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

មួយទៀត សមណព្រាហ្មណ៍ទាំងឡាយ ជាបុថុជ្ជន គប្បី​ពោលដោយ​កិលេសណា បុគ្គល​នោះ មិនធ្វើ​កិលេសនោះ​ឲ្យជាប្រធាន ព្រោះ​ហេតុនោះ បុគ្គលនោះ មិន​ញាប់ញ័រ​ក្នុងវាទៈ​ទាំងឡាយ។

[១១៣] បុគ្គលជាអ្នកប្រាសចាកសេចក្តីប្រាថ្នា ជាអ្នកមិនមាន​សេចក្តី​កំណាញ់ ជាមុនិ មិន​ពោលក្នុង​ហេតុ​ដ៏ខ្ពស់ទេ មិនពោល​ក្នុងហេតុ​ដ៏ស្មើទេ មិន​ពោលក្នុង​ហេតុ​ដ៏ថោកទាប​ទេ ជាអ្នក​មិនមាន​កប្បៈ មិនដល់​នូវកប្បៈ។

[១១៤] ពាក្យថា ជាអ្នកប្រាសចាកសេចក្តីប្រាថ្នា ជាអ្នក​មិនមាន​សេចក្តី​កំណាញ់ អធិប្បាយ​ថា តណ្ហា លោក​ហៅថា សេចក្តី​ប្រាថ្នា បានដល់ តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តី​ប្រាថ្នានេះ បុគ្គល​ណា​លះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យ​ស្ងប់រម្ងាប់ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺ​ញាណហើយ បុគ្គលនោះ លោក​ហៅថា អ្នកប្រាសចាក​សេចក្តីប្រាថ្នា។ បុគ្គលនោះ មិនប្រាថ្នា​ក្នុងរូប។បេ។ មិន​ប្រាថ្នា មិនចំពាក់ មិន​ងុលងប់ មិនជ្រុលជ្រប់ ក្នុងពួកធម៌​ដែលគប្បី​ឃើញ ឮ ប៉ះពាល់ ឬដឹង គឺជា​អ្នកប្រាស​ចាកការប្រាថ្នា លះបង់​ការប្រាថ្នា ខ្ជាក់ចោល​ការប្រាថ្នា រួចចាក​ការប្រាថ្នា រលាស់​ចោលការ​ប្រាថ្នា មិនមាន​សេចក្តី​ស្រេកឃ្លាន មានទុក្ខ​រលត់​ហើយ ជាអ្នក​ត្រជាក់ សោយសុខ នៅដោយ​ចិត្តដ៏​ប្រសើរ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​ប្រាសចាក​សេចក្តី​ប្រាថ្នា។ ពាក្យថា សេចក្តី​កំណាញ់ ក្នុងបទថា មិនមាន​សេចក្តី​កំណាញ់ បានដល់​សេចក្តី​កំណាញ់ ៥ គឺ កំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់វណ្ណៈ ១ កំណាញ់ធម៌ ១ សេចក្តី​កំណាញ់​ឯណា មាន​សភាព​យ៉ាងនេះ។បេ។ សេចក្តី​ប្រកាន់​នេះ លោកហៅថា សេចក្តី​កំណាញ់។ សេចក្តី​កំណាញ់​នេះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់​រម្ងាប់ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតរោល​ដោយភ្លើង​គឺញាណ​ហើយ បុគ្គល​នោះ លោក​ហៅថា អ្នកមិន​មានសេចក្តី​កំណាញ់ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​ប្រាសចាក​សេចក្តី​ប្រាថ្នា ជាអ្នក​មិនមាន​សេចក្តី​កំណាញ់។

[១១៥] ពាក្យថា ជាមុនិ មិនពោលក្នុងហេតុដ៏ខ្ពស់ទេ មិនពោល​ក្នុងហេតុ​ដ៏ស្មើទេ មិន​ពោលក្នុង​ហេតុដ៏​ថោកទាបទេ ត្រង់ពាក្យ​ថាមុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ។បេ។ មុនិនោះ បានកន្លង​នូវបណ្តាញ​ជាគ្រឿង​ជាប់​ចំពាក់។ មុនិ មិនពោល មិនសំដែង មិនពណ៌នា មិនបំភ្លឺ មិនថ្លែងថា អាត្មាអញ​ជាបុគ្គល​ប្រសើរ ឬថា​អាត្មាអញ​ជាបុគ្គល​ប្រហែល​នឹងគេ ឬក៏ថា អាត្មាអញ​ជាបុគ្គល​ថោកទាប​ជាងគេ ដូច្នេះ​ឡើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) មុនិ មិនពោល​ក្នុងហេតុ​ដ៏ខ្ពស់ទេ មិនពោល​ក្នុងហេតុ​ដ៏ស្មើទេ មិនពោល​ក្នុង​ហេតុដ៏ថោកទាប​ទេ។

[១១៦] ពាក្យថា កប្បៈ ក្នុងបទថា ជាអ្នក​មិនមាន​កប្បៈ មិនដល់​នូវកប្បៈ បានដល់​កប្បៈ ២ គឺ កប្បៈគឺ​តណ្ហា ១ កប្បៈគឺ​ទិដ្ឋិ ១។បេ។ នេះ កប្បៈ​គឺតណ្ហា។បេ។ នេះ កប្បៈ​គឺទិដ្ឋិ។ មុនិនោះ លះបង់​កប្បៈគឺ​តណ្ហា រលាស់ចោល​កប្បៈគឺទិដ្ឋិ​ហើយ ព្រោះលះបង់​កប្បៈគឺ​តណ្ហា ព្រោះ​រលាស់ចោល​កប្បៈគឺទិដ្ឋិ ទើបលោក​មិនដល់ មិនចូលទៅ​ជិតដល់ មិនចូល​ទៅរក មិន​ប្រកាន់ មិនស្ទាប​អង្អែល មិនប្រកាន់​ស្អិត នូវកប្បៈ​គឺតណ្ហា ឬកប្បៈ​គឺទិដ្ឋិ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នកមិន​មានកប្បៈ។ ពាក្យថា កប្បៈ ក្នុងបទថា ជាអ្នក​មិនមាន​កប្បៈ បាន​ដល់ កប្បៈ ២ គឺ កប្បៈគឺ​តណ្ហា ១ កប្បៈគឺ​ទិដ្ឋិ ១។បេ។ នេះកប្បៈ​គឺតណ្ហា។ បេ។ នេះ កប្បៈគឺ​ទិដ្ឋិ។ មុនិនោះ លះបង់​កប្បៈគឺ​តណ្ហា រលាស់ចោល​កប្បៈគឺ​ទិដ្ឋិហើយ ព្រោះលោក​លះបង់​កប្បៈ​គឺតណ្ហា ព្រោះលោក​រលាស់​ចោលកប្បៈ​គឺទិដ្ឋិ ទើបលោក​មិនឲ្យ​សម្រេច មិនឲ្យកើត មិនឲ្យ​កើតព្រម មិនបង្កើត មិនបង្កើត​ចំពោះ នូវកប្បៈ​គឺតណ្ហា ឬកប្បៈ​គឺទិដ្ឋិ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​មិនមាន​កប្បៈ មិនដល់​នូវកប្បៈ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់​ថា

បុគ្គលជាអ្នកប្រាសចាកសេចក្តីប្រាថ្នា ជាអ្នកមិន​មានសេចក្តី​កំណាញ់ ជាមុនិ មិនពោល​ក្នុងហេតុ​ដ៏ខ្ពស់ទេ មិនពោល​ក្នុងហេតុ​ដ៏ស្មើទេ មិនពោល​ក្នុងហេតុ​ដ៏ថោកទាប​ទេ ជាអ្នក​មិនមាន​កប្បៈ មិនដល់​នូវកប្បៈ។

[១១៧] ការហួងហែងថាជារបស់ខ្លួន ក្នុងលោក នៃបុគ្គល​ណា មិនមាន បុគ្គលណា មិន​សោកស្តាយ ព្រោះវត្ថុ​ដែលមិន​មានផង មិនលុះ​ក្នុងធម៌​ទាំងឡាយ​ផង បុគ្គលនោះ​ឯង លោក​ហៅថា អ្នកស្ងប់។

[១១៨] ពាក្យថា ការហួងហែង ថាជារបស់ខ្លួន​ក្នុងលោក នៃបុគ្គល​ណា​មិនមាន ត្រង់​ពាក្យថា នៃបុគ្គល​ណា គឺនៃ​ព្រះអរហន្ត​ខីណាស្រព។ ពាក្យថា ការហួងហែង​ថាជា​របស់ខ្លួន មិនមាន សេចក្តីថា វត្ថុណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលបុគ្គល​កួចកាន់ ស្ទាប​អង្អែល ប្រកាន់មាំ ចុះចិត្ត​ស៊ប់ បង្អោនទៅថា នេះរបស់​អញ ឬនេះ​របស់ពួក​ជនដទៃ ដូច្នេះ នៃបុគ្គល​ណា មិនមាន។បេ។ ដុតដោយ​ភ្លើងគឺញាណ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ការហួង​ហែងថា​ជារបស់​ខ្លួនក្នុង​លោក នៃបុគ្គល​ណា មិនមាន។

[១១៩] អធិប្បាយពាក្យថា មិនសោកស្តាយ ព្រោះវត្ថុដែល​មិនមាន​ផង គឺមិន​សោកនឹង​វត្ថុដែល​ប្រែប្រួល​ហើយ ឬមិន​សោកក្នុង​វត្ថុដែល​ប្រែប្រួល​ហើយ គឺមិន​សោកថា ភ្នែក​របស់អញ​ប្រែប្រួល​ហើយ មិន​សោកស្តាយ មិនលំបាក មិន​ខ្សឹកខ្សួល មិនគក់​ទ្រូងកន្ទក់​កន្ទេញ មិនដល់​នូវសេចក្តី​វង្វេងថា ត្រចៀក​របស់អញ ច្រមុះ​របស់អញ អណ្តាត​របស់អញ កាយ​របស់អញ ចិត្ត​របស់អញ រូប​របស់អញ សំឡេង​របស់អញ ក្លិនរបស់​អញ រសរបស់​អញ ផ្សព្វ​របស់​អញ ត្រកូល​របស់អញ ពួក​របស់អញ អាវាស​របស់អញ លាភ​របស់អញ យស​របស់​អញ សេចក្តី​សរសើរ​របស់អញ សុខរបស់​អញ ចីវរ​របស់អញ បិណ្ឌបាត​របស់​អញ សេនាសនៈ​របស់អញ គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ​របស់អញ មាតា​របស់អញ បិតា​របស់អញ បងប្អូន​ប្រុសរបស់​អញ បងប្អូនស្រី​របស់អញ កូនប្រុស​របស់អញ កូនស្រី​របស់អញ មិត្រ​របស់អញ អាមាត្យ​របស់អញ ញាតិ​របស់អញ ពួក​សាលោហិត​របស់អញ ប្រែប្រួល​ហើយ ដូច្នេះ​ឡើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិន​សោកស្តាយ ព្រោះវត្ថុ​ដែលមិន​មាន យ៉ាងនេះខ្លះ។ មួយទៀត បុគ្គល​ត្រូវទុក្ខវេទនា​មិនជាទី​ត្រេកអរ ប៉ះពាល់​ហើយ គ្របសង្កត់​ហើយ ប្រជុំព្រម​ហើយ ប្រកប​ព្រមហើយ ក៏មិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់​ទ្រូង​កន្ទក់កន្ទេញ មិនដល់​នូវសេចក្តី​វង្វេង។ បុគ្គល​ត្រូវរោគ​ក្នុងភ្នែក​ប៉ះពាល់​ហើយ គ្របសង្កត់​ហើយ ប្រជុំព្រម​ហើយ ប្រកប​ព្រមហើយ ក៏មិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង​កន្ទក់កន្ទេញ មិនដល់​នូវសេចក្តី​វង្វេង។ បុគ្គល​ត្រូវរោគ​ក្នុង​ត្រចៀក រោគក្នុង​ច្រមុះ រោគក្នុង​អណ្តាត រោគក្នុង​កាយ រោគក្នុង​ក្បាល រោគត្រង់​ស្លឹកត្រចៀក រោគក្នុង​មាត់ រោគក្នុង​ធ្មេញ រោគក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ ស្គាំងស្គម រោគក្នុង​ផ្ទៃ វិលមុខ ធ្លាក់ឈាម ចុកសៀត ចុះផ្ទៃ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំណួចពិស រមាស់ កម រោគកើត​ក្នុងទី​ខ្វារដោយ​ក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ប្រមេះផ្អែម ឫសដូងដុះ បូស ឫសដូងបាត អាពាធ​តាំងឡើង​អំពីប្រមាត់ អាពាធតាំង​ឡើងអំពី​ស្លេស្ម អាពាធ​តាំងឡើង​អំពីខ្យល់ អាពាធ​តាំងឡើង​អំពីធាតុ​ប្រជុំគ្នា អាពាធ​កើត​អំពីរដូវ​ប្រែប្រួល អាពាធ​កើតអំពី​ការរក្សា​ឥរិយាបថ​មិនស្មើ អាពាធ​កើតអំពី​សេចក្តី​ព្យាយាម​របស់គេ មានវាយចង​ជាដើម អាពាធ​កើតអំពី​ផលកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច និងពស់ធំ ពាល់ត្រូវ​ហើយ គ្របសង្កត់​ហើយ ប្រជុំព្រម​ហើយ ប្រកប​ព្រម​ហើយ ក៏មិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង​កន្ទក់​កន្ទេញ មិនដល់​នូវសេចក្តី​វង្វេង ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនសោកស្តាយ​ព្រោះវត្ថុ​ដែល​មិនមាន យ៉ាង​នេះខ្លះ។ មួយទៀត បុគ្គល​កាលបើវត្ថុ​មិនមាន មិនមាន​ព្រម ដែលលោក​មិនបាន ក៏មិន​សោក មិនលំបាក មិន​ខ្សឹកខ្សួល មិនគក់​ទ្រូង​កន្ទក់កន្ទេញ មិនដល់​នូវសេចក្តី​វង្វេងថា អើហ្ន៎ វត្ថុនោះ​របស់អញ អើហ្ន៎ វត្ថុនោះ អញ​មិនមាន ធ្វើម្តេចហ្ន៎ វត្ថុនោះ អញគប្បី​មាន អើហ្ន៎ អញមិន​បានវត្ថុ​នោះ ដូច្នេះឡើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិន​សោកស្តាយ ព្រោះវត្ថុ​ដែលមិនមាន យ៉ាងនេះខ្លះ។

[១២០] ពាក្យថា មិនលុះក្នុងធម៌ទាំងឡាយផង គឺមិនលុះ​ឆន្ទាគតិ មិនលុះ​ទោសាគតិ មិនលុះ​មោហាគតិ មិនលុះ​ភយាគតិ មិនលុះ​ដោយអំណាច​រាគៈ មិនលុះ​ដោយ​អំណាច​ទោសៈ មិនលុះ​ដោយអំណាច​មោហៈ មិនលុះ​ដោយអំណាច​មានះ មិនលុះ​ដោយអំណាច​ទិដ្ឋិ មិនលុះ​ដោយអំណាច​ឧទ្ធច្ចៈ មិនលុះ​ដោយអំណាច​វិចិកិច្ឆា មិនលុះ​ដោយ​អំណាច​អនុស័យ មិនត្រូវ​ធម៌ជាពួក​ដឹកនាំទៅ មិននាំ​ចេញ មិនបន្សាត់ មិនប្រមូល ហេតុនោះ (ទ្រង់ត្រាស់ថា) មិនលុះ​ក្នុងធម៌​ទាំងឡាយ។

[១២១] ពាក្យថា បុគ្គលនោះឯង លោកហៅថា អ្នកស្ងប់ គឺ​បុគ្គលនោះ លោកហៅ លោកសំដែង លោកពណ៌នា លោកបំភ្លឺ លោកថ្លែងថា ជាអ្នកស្ងប់ អ្នកស្ងប់រម្ងាប់ អ្នក​ស្ងប់ស្ងាត់ អ្នកមាន​ទុក្ខរលត់ អ្នកស្ងួតស្ងប់ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះឯង លោក​ហៅថា អ្នកស្ងប់។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ការហួងហែង​ថាជា​របស់​ខ្លួន ក្នុងលោក នៃបុគ្គលណា មិនមាន បុគ្គលណា មិន​សោកស្តាយ ព្រោះវត្ថុ​ដែលមិនមាន​ផង មិនលុះ​ក្នុងធម៌​ទាំងឡាយ​ផង បុគ្គលនោះឯង លោក​ហៅថា អ្នកស្ងប់។

ចប់ បុរាភេទសុត្តនិទ្ទេស ទី១០។

កលហវិវាទសុត្តនិទ្ទេស ទី១១

[១២២] (ព្រះពុទ្ធនិមិ្មតត្រាស់សួរថា) ជំលោះ វិវាទ សេចក្តី​ខ្សឹកខ្សួល សេចក្តីសោក ព្រមទាំង​សេចក្តី​កំណាញ់ មានះ និង​អតិមានះ ព្រម​ទាំងការ​ញុះញង់ កើតអំពី​ណា កិលេស​ទាំងនោះ កើតអំពីណា សូមព្រះអង្គ​សំដែង​សេចក្តី​ដែល​ខ្ញុំសួរនោះ។

[១២៣] អធិប្បាយពាក្យថា ជំលោះ វិវាទ កើតអំពីណា ត្រង់ពាក្យថា ជំលោះ សេចក្តីថា ជំលោះក្តី វិវាទក្តី ដូចគ្នា​ដោយអាការ​តែមួយ ជំលោះ​ណា ជំលោះនោះ ឈ្មោះ​ថា វិវាទ វិវាទណា វិវាទនោះ ឈ្មោះថា ជំលោះ។ ម្យ៉ាងទៀត ដោយអាការ​ផ្សេងគ្នា វិវាទជា​បុព្វភាគ​នៃជំលោះ លោក​ហៅថា វិវាទ។ ពួកព្រះរាជា​ជជែក​នឹងពួក​ព្រះរាជា ពួកខត្តិយៈ​ជជែក​នឹងពួក​ខត្តិយៈ ពួកព្រាហ្មណ៍​ជជែក​នឹងពួក​ព្រាហ្មណ៍ ពួកគហបតី​ជជែក​នឹងពួក​គហបតី មាតាជជែក​នឹងបុត្ត បុត្តជជែក​នឹងមាតា បិតា​ជជែក​នឹងបុត្ត បុត្តជជែក​នឹងបិតា បងប្អូនប្រុស​ជជែក​នឹងបង​ប្អូនប្រុស បងប្អូនស្រី​ជជែកនឹង​បងប្អូនស្រី បងប្អូន​ប្រុស​ជជែកនឹង​បងប្អូនស្រី បងប្អូនស្រី​ជជែក​នឹងបងប្អូន​ប្រុស សំឡាញ់​ជជែក​នឹងសំឡាញ់ នេះ​ហៅថា វិវាទ។ ជំលោះ តើដូចម្តេច។ ពួកគ្រហស្ថ ជាអ្នក​ខ្វល់ខ្វាយ​ក្នុងការ​ស្វែងរកទោស តែងធ្វើ​ជំលោះ​ដោយ​កាយវាចា ពួកបព្វជិត កាល​ត្រូវអាបត្តិ ក៏ធ្វើ​ជំលោះ​ដោយកាយ​វាចា នេះ​ហៅថា ជំលោះ។ ពាក្យថា ជំលោះ វិវាទ កើតអំពីណា គឺពុទ្ធនិមិ្មត​សួរមូល សួរហេតុ សួរ​និទាន សួរការ​កើតព្រម សួរការ​ផ្តើមកើត សួរសមុដ្ឋាន សួរអាហារ សួរ​អារម្មណ៍ សួរបច្ច័យ សួរ​សមុទ័យ សួរ​ឈ្លេចឈ្លី អង្វរ អារាធនា ចោទ នូវសមុទ័យ នៃជំលោះ និង​វិវាទថា ជំលោះ វិវាទ កើតអំពីណា កអំពីណា កើតព្រម​អំពីណា ដុះអំពីណា ដុះដាល​អំពីណា កើត​ប្រាកដ​អំពីណា មានអ្វីជា​និទាន មានអ្វីជា​សមុទ័យ មានអ្វីជា​កំណើត មានអ្វីជា​ដែនកើតមុន ហេតុនោះ (ត្រាស់​សួរថា) ជំលោះ វិវាទ កើតអំពីណា។

[១២៤] អធិប្បាយពាក្យថា សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំង​សេចក្តី​កំណាញ់ ត្រង់​ពាក្យថា សេចក្តី​ខ្សឹកខ្សួល គឺការយំ ការខ្សឹកខ្សួល អាការយំ អាការ​ខ្សឹកខ្សួល ភាពនៃ​ការយំ ភាពនៃការ​ខ្សឹកខ្សួល សំដី ការពោល ការពោល​ផ្សេងៗ ការពោល​រវើរវាយ អាការ​ពោល​រវើរវាយ ភាពនៃ​ការពោល​រវើរវាយ​នៃបុគ្គល​ដែលត្រូវ​សេចក្តី​វិនាស​ញាតិ​ប៉ះពាល់ក្តី សេចក្តី​វិនាស​ភោគៈ​ប៉ះពាល់ក្តី សេចក្តី​វិនាសគឺ រោគ​ប៉ះពាល់ក្តី សេចក្តី​វិនាស​សីល​ប៉ះពាល់​ក្តី សេចក្តីវិនាស​ទិដ្ឋិ​ប៉ះពាល់ក្តី ដែល​ប្រកប​ដោយ​សេចក្តី​វិនាស​ណា​មួយក្តី ទុក្ខធម៌​ណាមួយ​ប៉ះពាល់ក្តី។ ពាក្យថា សោក គឺ​សោក អាការសោក ភាពនៃសោក ការ​ស្ងួតខាងក្នុង ការក្រៀមក្រំ​ខាងក្នុង ការក្តៅ​ខាងក្នុង ការ​ក្តួលក្តៅ​ខាងក្នុង អាការ​ដុតរោល​ចិត្ត ទោមនស្ស សរគឺ​សោក នៃបុគ្គល​ដែល​ត្រូវសេចក្តី​វិនាស​ញាតិ​ប៉ះពាល់ក្តី ត្រូវវិនាស​ភោគៈ​ប៉ះពាល់ក្តី ត្រូវវិនាស​គឺរោគ​ប៉ះពាល់​ក្តី ត្រូវ​វិនាស​សីល​ប៉ះពាល់​ក្តី ត្រូវវិនាស​ទិដ្ឋិប៉ះ​ពាល់ក្តី ដែល​ប្រកប​ដោយ​សេចក្តី​វិនាស​ណាមួយក្តី ត្រូវ​ទុក្ខធម៌​ណាមួយ​ប៉ះពាល់ក្តី។ ពាក្យថា សេចក្តី​កំណាញ់ បានដល់​សេចក្តី​កំណាញ់ ៥ គឺ កំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់វណ្ណៈ ១ កំណាញ់ធម៌ ១ សេចក្តីកំណាញ់ អាការនៃ​សេចក្តី​កំណាញ់ ភាពនៃ​សេចក្តី​កំណាញ់ ការប្រាថ្នា​ខុស ភាពនៃ​ចិត្ត​ស្វិតស្វាញ ភាពនៃចិត្ត​រួញ ភាពមិន​យកចិត្ត​នៃបុគ្គល​ដទៃ​ឯណា មាន​សភាព​យ៉ាងនេះ នេះហៅថា ការកំណាញ់។ មួយទៀត ការកំណាញ់ខន្ធ ក៏ហៅថា កំណាញ់ ការ​កំណាញ់​ធាតុ ក៏ហៅថា​កំណាញ់ ការកំណាញ់​អាយតនៈ ក៏ហៅថា​កំណាញ់ សេចក្តី​ប្រកាន់ នេះហៅថា ការកំណាញ់ ហេតុនោះ (ទ្រង់​ត្រាស់សួរថា) សេចក្តី​ខ្សឹកខ្សួល សេចក្តីសោក ព្រមទាំង​សេចក្តី​កំណាញ់​ទាំងឡាយ។

[១២៥] អធិប្បាយពាក្យថា មានះ និងអតិមានះ ព្រមទាំង​ការញុះញង់​ទាំងឡាយ ត្រង់​ពាក្យថា មានះ សេចក្តីថា បុគ្គលខ្លះ​ក្នុងលោក​នេះ ញុំាងមានះ​ឲ្យកើត ដោយ​ជាតិក្តី ដោយ​គោត្រក្តី ដោយភាព​នៃខ្លួន​ជាកូនអ្នកមាន​ត្រកូលក្តី ដោយភាព​ជាអ្នក​មានពណ៌​សម្បុរល្អ​ក្តី ដោយ​ទ្រព្យក្តី ដោយការ​រៀនមន្តក្តី ដោយ​ការងារក្តី ដោយ​សិប្បៈក្តី ដោយថ្នាក់​នៃវិជ្ជាក្តី ដោយ​សុតៈក្តី ដោយ​បដិភាណក្តី ដោយវត្ថុ​ណាមួយក្តី។ ពាក្យថា អតិមានះ សេចក្តីថា បុគ្គល​ខ្លះក្នុង​លោកនេះ មើលងាយ​បុគ្គលដទៃ ដោយ​ជាតិក្តី ដោយ​គោត្រក្តី។បេ។ ដោយ​វត្ថុណា​មួយក្តី។ ពាក្យថា ការញុះញង់ សេចក្តីថា បុគ្គលខ្លះ​ក្នុងលោក​នេះ ជាអ្នក​មានសំដី​ញុះញង់ គឺឮ​អំពីពួកជន​ឯណេះ​ហើយ ប្រាប់ពួក​ជនឯណោះ ដើម្បី​បំបែកពួក​ជនឯនេះ ឬឮ​អំពីពួក​ជនឯណោះ​ហើយ ប្រាប់ពួក​ជន​ឯនេះ ដើម្បី​បំបែក​ពួកជន​ឯណោះ ជា​អ្នកបំបែក​ពួកជន​ដែល​ព្រមព្រៀង​គ្នាហើយ​ផង ជាអ្នក​បន្ថែម​កំឡាំង​ដល់ពួកជន​បែកបាក់គ្នា​ហើយផង ជាអ្នក​មានពួក​ជាទី​ត្រេកអរ ត្រេកអរ​ក្នុងពួក រីករាយ​ក្នុងពួក ពោលវាចា ដែលធ្វើ​ឲ្យជាពួក នេះលោក​ហៅថា ការញុះញង់។ មួយទៀត ជនបង្ក​ការញុះញង់​ដោយហេតុ ២ គឺ ដោយ​សេចក្តី​ប្រាថ្នាឲ្យ​គាប់ ឬមាន​សេចក្តី​ប្រាថ្នានឹង​បំបែក។

ជនបង្ក​ការញុះញង់ ដោយ​សេចក្តី​ប្រាថ្នា​ឲ្យគាប់ តើដូចម្តេច។ ជនបង្កការ​ញុះញង់ ដោយ​សេចក្តី​ប្រាថ្នាដើម្បី​ឲ្យគាប់ យ៉ាង​នេះថា អាត្មាអញ នឹងជាទី​ស្រឡាញ់ ជាទីគាប់ចិត្ត ជាអ្នក​ស្និទ្ធស្នាល ជាអ្នក​នៅខាងក្នុង ជាអ្នក​មានចិត្ត​ល្អ នៃជននេះ។

ជនជាអ្នកមានសេចក្តីប្រាថ្នាដើម្បីបំបែក ទើបបង្ក​ការញុះញង់ តើដូចម្តេច។ ជនមាន​សេចក្តី​ប្រាថ្នា​ដើម្បីបំបែក ទើប​បង្កការ​ញុះញង់​យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ជនទាំង​នេះ គប្បី​ផ្សេងៗគ្នា គប្បី​ប្រាសចាកគ្នា​ទៅជាពួក ទៅជា​ចំណែកពីរ ទៅជា​មានអធ្យាស្រ័យ​ពីរ ទៅជា​ពីរពួក គប្បី​បែកគ្នា មិនគប្បី​រួបរួមគ្នា គប្បីនៅ​ជាទុក្ខ មិនសប្បាយ ហេតុនោះ (ទ្រង់​ត្រាស់សួរថា) មានះ និងអតិមានះ ព្រមទាំង​ការញុះញង់។

[១២៦] ពាក្យថា កិលេសទាំងនោះ កើតអំពីទីណា សូមព្រះអង្គ​ទ្រង់សំដែង​សេចក្តី​ដែល​ខ្ញុំសួរនោះ គឺ​ពុទ្ធនិមិ្មតនោះ សួរមូល សួរហេតុ សួរនិទាន សួរការកើត សួរហេតុ​ជាដែន​កើត​មុន សួរសមុដ្ឋាន សួរអាហារ សួរអារម្មណ៍ សួរបច្ច័យ សួរ សួរឈ្លេចឈ្លី អង្វរ អារាធនា ចោទ នូវសមុទ័យ​នៃកិលេស​ទាំង ៨ នេះថា កិលេសទាំង ៨ នេះ គឺ ជំលោះ ១ វិវាទ ១ ការ​ខ្សឹកខ្សួល ១ សេចក្តីសោក ១ សេចក្តី​កំណាញ់ ១ មានះ ១ អតិមានះ ១ ការញុះញង់ ១ កើត​អំពីណា កអំពីណា កើតព្រម​អំពីណា ដុះអំពីណា ដុះដាល​អំពីណា កើត​ប្រាកដ​អំពីណា មានអ្វី​ជានិទាន មានអ្វី​ជាសមុទ័យ កើតអំពីអ្វី មានអ្វី​ជាដែន​កើតមុន ហេតុនោះ (ទ្រង់​ត្រាស់សួរ​ថា) កិលេស​ទាំងនោះ កើតអំពីណា។ ពាក្យថា សូមព្រះអង្គ​ទ្រង់សំដែង​សេចក្តី​ដែលខ្ញុំ​សួរនោះ គឺសូម​ព្រះអង្គ​ពោល ប្រាប់ សំដែង បញ្ញត្ត តំកល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (ទ្រង់​ត្រាស់សួរ​ថា) កិលេស​ទាំងនោះ កើត​អំពីណា សូម​ព្រះអង្គ​ទ្រង់សំដែង​សេចក្តី​ដែលខ្ញុំ​សួរនោះ។ ហេតុនោះ ព្រះពុទ្ធ​និមិ្មតិនោះ ត្រាស់​សួរថា

ជំលោះ វិវាទ សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំង​សេចក្តី​កំណាញ់ មានះ និង​អតិមានះ ព្រមទាំង​ការញុះញង់ កើតអំពីណា កិលេស​ទាំងនោះ កើតអំពី​ណា សូម​ព្រះអង្គ​សំដែង​សេចក្តី​ដែលខ្ញុំ​សួរនោះ។

[១២៧] (ព្រះមានព្រះភាគត្រាស់ថា) ជំលោះ វិវាទ សេចក្តី​ខ្សឹកខ្សួល សេចក្តី​សោក ព្រមទាំង​សេចក្តី​កំណាញ់ មានះ និង​អតិមានះ ព្រមទាំង​ការញុះញង់ កើត​អំពី​សភាវៈ​ជាទី​ស្រឡាញ់ (មួយទៀត) ជំលោះ វិវាទ (ជាដើម) កើតក្នុង​សេចក្តី​កំណាញ់ កាល​បើវិវាទ​កើតហើយ ជនទាំង​ឡាយ (ក៏បង្ក) នូវការ​ញុះញង់។

[១២៨] អធិប្បាយពាក្យថា ជំលោះ វិវាទ សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំង​សេចក្តី​កំណាញ់ កើត​អំពីសភាវៈ​ជាទីស្រឡាញ់ ត្រង់ពាក្យថា សភាវៈ​ជាទី​ស្រឡាញ់ បានដល់ សភាវៈ​ជាទី​ស្រឡាញ់ ២ គឺ ពួកសត្វ ឬពួកសង្ខារ។

ពួកសត្វជាទីស្រឡាញ់ តើដូចម្តេច។ ក្នុងលោកនេះ ជនទាំងនោះ គឺមាតាក្តី បិតាក្តី បងប្អូន​ប្រុសក្តី បងប្អូន​ស្រីក្តី កូនប្រុសក្តី កូនស្រីក្តី មិត្រក្តី អាមាត្យក្តី ញាតិក្តី សាលោហិតក្តី ជាអ្នក​ប្រាថ្នា​សេចក្តី​ចំរើន ប្រាថ្នា​ប្រយោជន៍ ប្រាថ្នា​សេចក្តី​សប្បាយ ប្រាថ្នា​សេចក្តី​ក្សេមក្សាន្ត​ចាក​យោគៈ ដល់បុគ្គល​នោះ នេះ ពួកសត្វ​ជាទី​ស្រឡាញ់។ ពួកសង្ខារ​ជាទី​ស្រឡាញ់ តើដូចម្តេច។ រូបជាទី​គាប់ចិត្ត សំឡេង​ជាទី​គាប់ចិត្ត ក្លិនជាទី​គាប់ចិត្ត រសជាទី​គាប់ចិត្ត ផោដ្ឋោព្វៈ​ជាទីគាប់​ចិត្ត នេះ ពួកសង្ខារ​ជាទីស្រឡាញ់។

ពួកជនមានសេចក្តីរង្កៀស ក្នុងការដណ្តើមយកវត្ថុ​ជាទីស្រឡាញ់ ធ្វើនូវ​ជំលោះ​ក៏មាន កាលបើ​ត្រូវគេ​កំពុង​ដណ្តើម ធ្វើនូវ​ជំលោះ​ក៏មាន កាលបើ​វត្ថុត្រូវ​គេដណ្តើម​ហើយ ធ្វើនូវ​ជំលោះ​ក៏មាន។ មានសេចក្តី​រង្កៀស​ក្នុងការ​ប្រែប្រួល​នៃវត្ថុជា​ទីស្រឡាញ់ ធ្វើនូវ​ជំលោះក៏​មាន កាលបើ​វត្ថុកំពុង​ប្រែប្រួល ធ្វើនូវ​ជំលោះក៏​មាន កាលបើ​វត្ថុប្រែប្រួល​ហើយ ធ្វើនូវ​ជំលោះ​ក៏មាន។ មានសេចក្តី​រង្កៀស​ក្នុងការ​ដណ្តើម​យកនូវ​វត្ថុជាទី​ស្រឡាញ់ ទាស់ទែង ក៏មាន កាលបើ​ត្រូវគេ​កំពុង​ដណ្តើម ទាស់ទែង​ក៏មាន កាលបើ​វត្ថុត្រូវ​គេដណ្តើម​ហើយ ទាស់ទែង​ក៏មាន។ សេចក្តី​រង្កៀសក្នុង​ការប្រែប្រួល​នៃវត្ថុជាទី​ស្រឡាញ់ ទាស់ទែង​ក៏មាន កាលបើ​វត្ថុកំពុង​ប្រែប្រួល ទាស់ទែង​ក៏មាន កាលបើ​វត្ថុប្រែប្រួល​ហើយ ទាស់ទែង​ក៏មាន។ មានសេចក្តី​រង្កៀស​ក្នុងការ​ដណ្តើម​យកវត្ថុ​ជាទីស្រឡាញ់ ខ្សឹកខ្សួល​ក៏មាន កាលបើគេ​កំពុង​ដណ្តើម ខ្សឹកខ្សួល​ក៏មាន កាលបើ​វត្ថុត្រូវ​គេដណ្តើម​ហើយ ខ្សឹកខ្សួល​ក៏មាន។ មាន​សេចក្តី​រង្កៀស​ក្នុងការ​ប្រែប្រួល​នៃវត្ថុ​ជាទី​ស្រឡាញ់ ខ្សឹកខ្សួល​ក៏មាន កាលបើ​វត្ថុកំពុង​ប្រែប្រួល ខ្សឹកខ្សួល​ក៏មាន កាលបើ​វត្ថុប្រែប្រួល​ហើយ ខ្សឹកខ្សួល​ក៏មាន។ មានសេចក្តី​រង្កៀស​ក្នុងការ​ដណ្តើម​យកនូវ​វត្ថុជាទី​ស្រឡាញ់ សោកក៏មាន កាលបើ​ត្រូវគេកំពុង​ដណ្តើម សោកក៏មាន កាលបើ​វត្ថុត្រូវ​គេដណ្តើម​ហើយ សោក​ក៏មាន។ មាន​សេចក្តី​រង្កៀស​ក្នុងការ​ប្រែប្រួល​នៃវត្ថុ​ជាទី​ស្រឡាញ់ សោកក៏មាន កាលបើ​វត្ថុកំពុង​ប្រែប្រួល សោក​ក៏មាន កាលបើ​វត្ថុ​ប្រែប្រួល​ហើយ សោកក៏មាន។ ពួកជន​តែងតែ​រក្សា គ្រប់គ្រង ហួងហែង ប្រកាន់ កំណាញ់ នូវវត្ថុ​ជាទី​ស្រឡាញ់។

[១២៩] ពាក្យថា មានះ និងអតិមានះ ព្រមទាំងការ​ញុះញង់ សេចក្តីថា ពួកជន​អាស្រ័យ​វត្ថុជាទី​ស្រឡាញ់​ហើយ ញុំាង​មានះឲ្យ​កើតអាស្រ័យ​វត្ថុជាទី​ស្រឡាញ់​ហើយ ញុំាង​អតិមានះ​ឲ្យកើត។

ពួកជនអាស្រ័យវត្ថុជាទីស្រឡាញ់ហើយ ញុំាងមានះ​ឲ្យកើត តើដូចម្តេច។ ពួកជន​អាស្រ័យ​វត្ថុជាទី​ស្រឡាញ់ ហើយញុំាង​មានះឲ្យ​កើតយ៉ាង​នេះថា យើង​ទាំងឡាយ ជាអ្នក​បាន​នូវរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាទីពេញចិត្ត។

ពួកជនអាស្រ័យវត្ថុជាទីស្រឡាញ់ហើយ ញុំាងអតិមានះ​ឲ្យកើត តើដូចម្តេច។ ពួកជន​អាស្រ័យ​វត្ថុជាទី​ស្រឡាញ់ ហើយញុំាង​អតិមានះ​ឲ្យកើត​យ៉ាងនេះថា យើង​ទាំងឡាយ ជាអ្នក​បាននូវ​រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាទី​ពេញចិត្ត ឯជន​ទាំងនេះ ជាអ្នក​មិនបាន​នូវរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាទី​ពេញចិត្តទេ។ ពាក្យថា ការញុះញង់ គឺជនពួក​ខ្លះក្នុង​លោកនេះ ជាអ្នក​មានសំដី​ញុះញង់ គឺឮអំពី​ពួកជន​ឯណេះ​ហើយ ប្រាប់ពួក​ជនឯណោះ ដើម្បី​បំបែក​ពួកជន​នេះ។បេ។ ជនមាន​សេចក្តី​ប្រាថ្នាដើម្បី​បំបែក បង្កនូវ​ការញុះញង់​យ៉ាងនេះ ហេតុនោះ។បេ។ មានះ និង​អតិមានះ ព្រមទាំង​ការញុះញង់។

[១៣០] ពាក្យថា ជំលោះ វិវាទ (ជាដើម) កើតក្នុង​សេចក្តី​កំណាញ់ សេចក្តីថា កិលេស​ទាំង ៧ នេះគឺ ជំលោះ ១ វិវាទ ១ ការខ្សឹកខ្សួល ១ សេចក្តីសោក ១ មានះ ១ អតិមានះ ១ ការ​ញុះញង់ ១ ប្រកប ប្រកប​សព្វគ្រប់ ប្រកប​ទួទៅ ប្រកប​ទួទៅព្រម ក្នុង​សេចក្តី​កំណាញ់ ហេតុ​នោះ (ទ្រង់​ត្រាស់ថា) ជំលោះ វិវាទ (ជាដើម) កើតក្នុង​សេចក្តី​កំណាញ់។

[១៣១] ពាក្យថា កាលបើវិវាទកើតហើយ ជនទាំងឡាយ (ក៏បង្ក) នូវការ​ញុះញង់ អធិប្បាយ​ថា កាលវិវាទ​កើតហើយ កើត​ព្រមហើយ លេចឡើង​ហើយ លេចឡើង​ចំពោះ​ហើយ កើតប្រាកដ​ហើយ ជនទាំងឡាយ បង្កនូវ​ការញុះញង់ គឺឮអំពី​ពួកជន​ឯណេះហើយ ប្រាប់ពួក​ជនឯណោះ ដើម្បីបំបែក​ពួកជននេះ ឬឮអំពី​ពួកជន​ឯណោះ ហើយប្រាប់​ពួក​ជននេះ ដើម្បីបំបែក​ពួកជន​ឯណោះ ជាអ្នក​បំបែក​ពួកជន​ដែលព្រម​ព្រៀងគ្នាផង ជាអ្នក​បន្ថែម​កំឡាំង​ដល់ពួក​ជនដែល​បែកគ្នា​ហើយផង ជាអ្នក​មានពួក​ជាទី​ត្រេកអរ ត្រេកអរ​ក្នុងពួក រីករាយ​ក្នុងពួក ពោលវាចា​ដែលធ្វើ​ឲ្យជាពួក នេះហៅថា ការញុះញង់។ មួយទៀត ពួកជន​បង្កការ​ញុះញង់ ដោយ​ហេតុពីរ គឺ​ដោយសេចក្តី​ប្រាថ្នា​ឲ្យគាប់ ឬមាន​សេចក្តី​ប្រាថ្នាដើម្បី​បំបែកគេ។

ពួកជនបង្កការញុះញង់ ដោយសេចក្តីប្រាថ្នាឲ្យគាប់ តើដូចម្តេច។ ពួកជន​បង្កការ​ញុះញង់ ដោយ​សេចក្តី​ប្រាថ្នា​ឲ្យគាប់ យ៉ាងនេះថា យើងទាំងឡាយ​នឹងជាទី​ស្រឡាញ់ ជាទី​គាប់ចិត្ត ប្រកប​ដោយ​សេចក្តី​ស្និទ្ធស្នាល ជាអ្នក​ខាងក្នុង ជាអ្នក​មានចិត្តល្អ​នៃជននេះ។

ពួកជនមានសេចក្តីប្រាថ្នាដើម្បីបំបែក ហើយបង្ក​ការញុះញង់ តើដូចម្តេច។ ពួកជន​មាន​សេចក្តី​ប្រាថ្នា​ដើម្បីបំបែក បង្កការ​ញុះញង់​យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ជន​ពួកនេះ​គប្បី​ផ្សេងៗ គ្នា គប្បី​ប្រាសចាក​គ្នាទៅ​ជាពួក ទៅជា​ចំណែកពីរ មាន​អធ្យាស្រ័យពីរ មានពួកពីរ គប្បី​បែកគ្នា មិនគប្បី​មកជួបគ្នា គប្បីនៅ​ជាទុក្ខ មិនសប្បាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) កាលបើ​វិវាទកើត​ហើយ (ជន​ទាំងឡាយ​ក៏បង្ក) នូវការ​ញុះញង់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ជំលោះ វិវាទ សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំង​សេចក្តី​កំណាញ់ មានះ និង​អតិមានះ ព្រមទាំង​ការញុះញង់ កើតអំពី​សភាវៈ​ជាទី​ស្រឡាញ់ (មួយទៀត) ជំលោះ វិវាទ (ជាដើម) កើតក្នុង​សេចក្តី​កំណាញ់ កាលបើ​វិវាទ​កើតហើយ (ជនទាំង​ឡាយ ក៏បង្ក) នូវការ​ញុះញង់។

[១៣២] (ព្រះពុទ្ធនិមិ្មត ត្រាស់សួរថា) អើ ចុះសត្វ និងសង្ខារ​ជាទីស្រឡាញ់​ក្នុងលោក (របស់​ពួកជន) ដែលត្រាច់​ទៅក្នុងលោក ព្រោះលោភៈ មានអ្វី​ជានិទាន ទាំង​បំណង និង​សេចក្តី​សម្រេច ដែលជា​ទីពឹងរបស់​នរជន មានអ្វី​ជានិទាន។

[១៣៣] ពាក្យថា សត្វ និងសង្ខារ​ជាទីស្រឡាញ់​ក្នុងលោក មានអ្វី​ជានិទាន គឺ​ព្រះពុទ្ធនិមិ្មត​សួរនូវ​មូល។បេ។ សួរ សួរឈ្លេចឈ្លី អង្វរ អារាធនា ចោទ នូវសមុទ័យ នៃ​សត្វ និងសង្ខារ​ជាទី​ស្រឡាញ់ថា សត្វ និងសង្ខារ​ជាទីស្រឡាញ់ កើតអំពី​ណា កអំពីណា កើត​ព្រម​​អំពីណា ដុះ​អំពីណា ដុះដាល​អំពីណា កើតប្រាកដ​អំពីណា មានអ្វី​ជានិទាន មានអ្វី​ជា​សមុទ័យ មានអ្វី​ជាកំណើត មានអ្វី​ជាដែន​កើតមុន ហេតុនោះ (ទ្រង់​ត្រាស់សួរថា) អើ ចុះ​សត្វ និងសង្ខារ​ជាទីស្រឡាញ់​ក្នុងលោក មានអ្វី​ជានិទាន។

[១៣៤] អធិប្បាយពាក្យថា ពួកជន​ដែលត្រាច់​ទៅក្នុង​លោក ព្រោះលោភៈ ត្រង់ពាក្យ​ថា ពួកជន បានដល់ ពួកក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស។ ពាក្យថា ព្រោះលោភៈ បានដល់ លោភៈ អាការ​នៃលោភៈ ភាពនៃលោភៈ សេចក្តី​ត្រេកអរ​មាន​កំឡាំង អាការ​នៃសេចក្តី​ត្រេកអរ​មានកំឡាំង ភាពនៃ​សេចក្តី​ត្រេកអរ​មានកំឡាំង អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា ត្រាច់ទៅ គឺត្រាច់ទៅ នៅ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រា​ទៅ។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់​ត្រាស់សួរថា) ពួកជន​ដែលត្រាច់​ទៅ​ក្នុងលោក ព្រោះលោភៈ។

[១៣៥] ពាក្យថា បំណង និងសេចក្តី​សម្រេច មានអ្វីជានិទាន គឺព្រះពុទ្ធ​និមិ្មតសួរ​នូវមូល។បេ។ សួរ សួរឈ្លេចឈ្លី អង្វរ អារាធនា ចោទ នូវសមុទ័យ​នៃបំណង និងសេចក្តី​សម្រេច​ថា បំណង និងសេចក្តី​សម្រេច កើតអំពីណា កអំពីណា កើតព្រម​អំពីណា ដុះអំពី​ណា ដុះដាល​អំពីណា កើតប្រាកដ​អំពីណា មានអ្វី​ជានិទាន មានអ្វីជា​សមុទ័យ មានអ្វីជា​កំណើត មានអ្វីជា​ដែនកើត​មុន ហេតុនោះ (ទ្រង់​ត្រាស់សួរថា) បំណង និងសេចក្តី​សម្រេច មានអ្វីជា​និទាន។

[១៣៦] ពាក្យថា ដែលជាទីពឹងរបស់នរជន បានដល់​ធម៌ទាំងឡាយ ដែល​ប្រព្រឹត្ត​ទៅក្នុង​ខាងមុខ ជាទីពឹង ជាទីពំនាក់ ជាទីជ្រក ជាទីរឭក​របស់​នរជន គឺថា នរជន​មានសេចក្តី​សម្រេច ប្រព្រឹត្ត​ទៅខាងមុខ ហេតុនោះ (ទ្រង់​ត្រាស់សួរថា) ដែលជា​ទីពឹង​របស់​នរជន។ ហេតុនោះ ព្រះពុទ្ធ​និមិ្មតនោះ ត្រាស់សួរថា

អើ ចុះសត្វ និងសង្ខារ​ជាទីស្រឡាញ់​ក្នុងលោក (របស់ពួកជន) ដែលត្រាច់​ទៅក្នុង​លោក ព្រោះលោភៈ មានអ្វី​ជានិទាន ទាំងបំណង និងសេចក្តី​សម្រេច ដែល​ជាទីពឹង​របស់​នរជន មានអ្វីជា​និទាន។

[១៣៧] (ព្រះមានព្រះភាគ ត្រាស់ថា) សត្វ និងសង្ខារ​ជាទីស្រឡាញ់​ក្នុងលោក (របស់​ពួកជន) ដែល​ត្រាច់ទៅ​ក្នុងលោក ព្រោះលោភៈ មានឆន្ទៈ​ជានិទាន ទាំងបំណង និង​សេចក្តី​សម្រេច ដែលជា​ទីពឹង​របស់​នរជន ក៏មាន​ឆន្ទៈនេះ ជានិទាន​ដែរ។

[១៣៨] អធិប្បាយពាក្យថា សត្វ និងសង្ខារ​ជាទីស្រឡាញ់​ក្នុងលោក មានឆន្ទៈ​ជានិទាន ត្រង់​ពាក្យថា ឆន្ទៈ បានដល់ កាមច្ឆន្ទៈ​ក្នុងកាម​ទាំងឡាយ សេចក្តី​ត្រេកអរ​ក្នុងកាម ការរីក​រាយ​ក្នុងកាម បំណង​ក្នុងកាម ការស្រឡាញ់​ក្នុងកាម សេចក្តី​ក្រហល់ក្រហាយ​ព្រោះកាម ការ​ងុលងប់​ក្នុងកាម ការជ្រុល​ជ្រប់ក្នុងកាម អន្លង់​គឺកាម ការប្រកប​ក្នុងកាម សេចក្តី​ប្រកាន់​ក្នុងកាម ការរាំង​ព្រោះ​កាមច្ឆន្ទៈ។ មួយទៀត ឆន្ទៈមាន ៥ គឺ បរិយេសនច្ឆន្ទៈ ១ បដិលាភច្ឆន្ទៈ ១ បរិភោគច្ឆន្ទៈ ១ សន្និធិច្ឆន្ទៈ ១ វិសជ្ជនច្ឆន្ទៈ ១។

បរិយេសនច្ឆន្ទៈ តើដូចម្តេច។ បុគ្គលខ្លះ​ក្នុងលោក​នេះ ត្រូវកាម​គ្របសង្កត់​ហើយ ជាអ្នក​ត្រូវការ មានឆន្ទៈ​កើតហើយ ក៏ស្វែង​រករូប ស្វែងរក​សំឡេង ក្លិន រស ផោដ្ឋព្វៈ នេះ បរិយេសនច្ឆន្ទៈ។

បដិលាភច្ឆន្ទៈ តើដូចម្តេច។ បុគ្គលខ្លះ​ក្នុងលោកនេះ ត្រូវកាម​គ្របសង្កត់​ហើយ ជាអ្នក​ត្រូវការ មានឆន្ទៈ​កើតហើយ ក៏បានរូប បានសំឡេង ក្លិន រស ផោដ្ឋព្វៈ នេះ បដិលាភច្ឆន្ទៈ។

បរិភោគច្ឆន្ទៈ តើដូចម្តេច។ បុគ្គលខ្លះ​ក្នុងលោក​នេះ ត្រូវកាម​គ្របសង្កត់​ហើយ ជាអ្នក​ត្រូវការ មានឆន្ទៈ​កើតហើយ ក៏ប្រើ​ប្រាស់រូប ប្រើប្រាស់​សំឡេង ក្លិន រស ផោដ្ឋព្វៈ នេះ បរិភោគច្ឆន្ទៈ។

សន្និធិច្ឆន្ទៈ តើដូចម្តេច។ បុគ្គលខ្លះ​ក្នុងលោកនេះ ត្រូវកាម​គ្របសង្កត់​ហើយ ជាអ្នក​ត្រូវការ មានឆន្ទៈ​កើតហើយ ក៏ធ្វើ​ការសន្សំ​ទ្រព្យដោយ​គិតថា ទ្រព្យ​នឹងមាន​ក្នុងកាល​មាន​សេចក្តី​អន្តរាយ នេះ សន្និធិច្ឆន្ទៈ។

វិសជ្ជនច្ឆន្ទៈ តើដូចម្តេច។ បុគ្គលខ្លះ​ក្នុងលោកនេះ ត្រូវកាម​គ្របសង្កត់​ហើយ ជាអ្នកត្រូវ​ការ មានឆន្ទៈ​កើតហើយ ក៏ចាយ​ទ្រព្យឲ្យ​ដល់ពួក​អ្នកជិះដំរី ពួកអ្នក​ជិះសេះ ពួកអ្នក​ជិះរថ ពួក​ខ្មាន់ធ្នូ ពួកថ្មើរជើង ដោយគិតថា ជនទាំងនេះ នឹងរក្សា គ្រប់គ្រង ចោមរោម​អាត្មាអញ នេះ វិសជ្ជនច្ឆន្ទៈ។

ពាក្យថា សត្វ និងសង្ខារជាទីស្រឡាញ់ បានដល់ ពួកសត្វ ឬសង្ខារ​ជាទី​ស្រឡាញ់​ទាំងពីរ។បេ។ នេះ ពួកសត្វ​ជាទី​ស្រឡាញ់។បេ។ នេះ ពួកសង្ខារ​ជាទីស្រឡាញ់។ ពាក្យថា សត្វ និង​សង្ខារជាទី​ស្រឡាញ់​ក្នុងលោក មានឆន្ទៈ​ជានិទាន គឺសត្វ និងសង្ខារ​ជាទីស្រឡាញ់ មានឆន្ទៈ​ជានិទាន មានឆន្ទៈ​ជាសមុទ័យ មានឆន្ទៈ​ជាកំណើត មានឆន្ទៈ​ជាដែន​កើតមុន ហេតុនោះ (ទ្រង់​ត្រាស់ថា) សត្វ និងសង្ខារ​ជាទីស្រឡាញ់​ក្នុងលោក មានឆន្ទៈ​ជានិទាន។

[១៣៩] ពាក្យថា ពួកជនណា ក្នុងបទថា ពួកជន​ដែលត្រាច់​ទៅក្នុងលោក ព្រោះ​លោភៈ គឺពួកក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និង​មនុស្ស។ ពាក្យថា ព្រោះ​លោភៈ បានដល់ លោភៈ អាការៈ​នៃលោភៈ ភាពនៃ​លោភៈ សេចក្តី​ត្រេកអរ​មាន​កំឡាំង អាការៈ​នៃសេចក្តី​ត្រេកអរ​មានកំឡាំង ភាពនៃ​សេចក្តី​ត្រេកអរ​មានកំឡាំង អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា ត្រាច់ទៅ គឺត្រាច់ទៅ នៅ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រា​ទៅ។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក។បេ។ ក្នុង​អាយតនលោក ហេតុនោះ (ទ្រង់​ត្រាស់ថា) ពួកជន​ដែលត្រាច់​ទៅ​ក្នុងលោក​ព្រោះលោភៈ។

[១៤០] ពាក្យថា បំណង និងសេចក្តី​សម្រេច មានឆន្ទៈ​នេះជា​និទានដែរ អធិប្បាយថា តណ្ហា លោកហៅថា បំណង បានដល់​សេចក្តី​ត្រេកអរ សេចក្តី​ត្រេកអរ​មានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា សេចក្តី​សម្រេច សេចក្តីថា បុគ្គលខ្លះ​ក្នុងលោក​នេះ ស្វែងរករូប ក៏បានរូប ឈ្មោះថា អ្នកមាន​រូបសម្រេច​ហើយ។ ស្វែងរក​សំឡេង ក្លិន រស ផោដ្ឋព្វៈ ត្រកូល ពួក អាវាស លាភ យស សេចក្តី​សរសើរ សេចក្តីសុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ព្រះសូត្រ ព្រះវិន័យ ព្រះអភិធម្ម អារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បំសុកូលិកធុតង្គ តេចីវរិកធុតង្គ សបទានចារិកធុតង្គ ខលុបច្ឆាភត្តិកធុតង្គ នេសជ្ជិកធុតង្គ យថាសន្ថតិកធុតង្គ បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន អាកាសា​នញ្ចាយតន​សមាបត្តិ វិញ្ញាណញ្ចា​យតនសមាបត្តិ អាកិញ្ចញ្ញា​យតនសមាបត្តិ នេវសញ្ញា​នាសញ្ញា​យតនសមាបត្តិ ក៏បាននូវ​នេវសញ្ញា​នាសញ្ញា​យតនសមាបត្តិ ឈ្មោះថា អ្នក​មាន​នេវសញ្ញានាសញ្ញា​យតនសមាបត្តិ​សម្រេច​ហើយ។

បុគ្គលភ្ជួរស្រែដោយបំណង បុគ្គលសាបព្រោះពូជ ក៏ដោយ​បំណង ពួកឈ្មួញ​នាំយក​ទ្រព្យទៅ​កាន់​សមុទ្រ ក៏ដោយ​បំណង អាត្មាអញ​តាំងនៅ​ដោយបំណង​ណា បំណង​នោះ ក៏សម្រេច​ដល់​អាត្មាអញ។

ការសម្រេចនៃបំណង លោកហៅថា សេចក្តី​សម្រេច។ ពាក្យថា បំណង និងសេចក្តី​សម្រេច មានឆន្ទៈ​នេះជានិទាន គឺបំណង និងសេចក្តី​សម្រេច មានឆន្ទៈ​នេះ​ជានិទាន មានឆន្ទៈ​ជាសមុទ័យ មានឆន្ទៈ​ជាកំណើត មានឆន្ទៈ​ជាដែន​កើតមុន ហេតុនោះ (ទ្រង់​ត្រាស់ថា) បំណង និងសេចក្តី​សម្រេច មានឆន្ទៈ​នេះ​ជានិទាន។

[១៤១] ពាក្យថា ដែលជាទីពឹងរបស់នរជន គឺធម៌ទាំងឡាយណា ប្រព្រឹត្ត​ទៅខាងមុខ ជាទីពឹង ជាទីជ្រកកោន ជាទី​រឭក​របស់​នរជន គឺថា នរជន​មានសេចក្តី​សម្រេច ប្រព្រឹត្តទៅ​ខាងមុខ ហេតុនោះ (ទ្រង់​ត្រាស់ថា) ដែលជា​ទីពឹងរបស់​នរជន។

ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

សត្វ និងសង្ខារ​ជាទីស្រឡាញ់​ក្នុងលោក (របស់​ពួកជន) ដែល​ត្រាច់ទៅ​ក្នុងលោក ព្រោះ​លោភៈ មានឆន្ទៈ​ជានិទាន ទាំង​បំណង និងសេចក្តី​សម្រេច ដែលជា​ទីពឹង​របស់​នរជន ក៏មាន​ឆន្ទៈជា​និទានដែរ។

[១៤២] (ព្រះពុទ្ធនិមិ្មតសួរថា) ចុះឆន្ទៈក្នុងលោក មានអ្វីជា​និទាន ទាំង​វិនិច្ឆ័យ​ទាំងឡាយ និងធម៌​ទាំងឡាយ​ណា ដែល​សមណៈ​ពោលហើយ ធម៌ទាំង​នោះ គឺ​សេចក្តី​ក្រោធ ១ ការពោល​ពាក្យកុហក ១ សេចក្តី​សង្ស័យ ១ កើត​អំពីណា។

[១៤៣] ពាក្យថា ចុះឆន្ទៈក្នុងលោក មានអ្វីជានិទាន គឺ ព្រះពុទ្ធ​និមិ្មតសួរ​នូវមូល។បេ។ សួរ សួរឈ្លេចឈ្លី អង្វរ អារាធនា ចោទនូវ​សមុទ័យ​នៃឆន្ទៈថា ឆន្ទៈ​កើតអំពីណា កអំពី​ណា កើតព្រម​អំពីណា ដុះអំពី​ណា ដុះដាល​អំពីណា កើតប្រាកដ​អំពីណា មានអ្វី​ជានិទាន មានអ្វី​ជាសមុទ័យ មានអ្វី​ជា​កំណើត មានអ្វី​ជាដែន​កើតមុន ហេតុនោះ (ទ្រង់ត្រាស់​សួរថា) ចុះឆន្ទៈ​ក្នុងលោក មានអ្វី​ជានិទាន។

[១៤៤] ពាក្យថា ទាំងវិនិច្ឆ័យទាំងឡាយ កើតអំពីណា គឺព្រះពុទ្ធ​និមិ្មត សួរនូវ​មូល។បេ។ សួរ សួរឈ្លេចឈ្លី អង្វរ អារាធនា ចោទនូវ​សមុទ័យ​នៃវិនិច្ឆ័យ​ទាំងឡាយ​ថា វិនិច្ឆ័យ​ទាំង​ឡាយ កើតអំពីណា កអំពី​ណា កើតព្រម​អំពីណា ដុះអំពីណា ដុះដាល​អំពីណា កើតប្រាកដ​អំពីណា មានអ្វី​ជានិទាន មានអ្វីជា​សមុទ័យ មានអ្វីជា​កំណើត មានអ្វី​ជាដែន​កើតមុន ហេតុនោះ (ទ្រង់ត្រាស់​សួរថា) ទាំងវិនិច្ឆ័យ​ទាំងឡាយ កើតអំពីណា។

[១៤៥] អធិប្បាយពាក្យថា សេចក្តីក្រោធ ១ ការពោលពាក្យកុហក ១ សេចក្តី​សង្ស័យ ១ ត្រង់​ពាក្យថា សេចក្តីក្រោធ បានដល់​ការគុំគួន​នៃចិត្ត សេចក្តី​ចង្អៀតចង្អល់ សេចក្តី​តានតឹង សេចក្តី​ថ្នាំងថ្នាក់ ការខឹង ការខឹងខ្លាំង ការខឹង​ក្រៃលែង ការប្រទូស្ត ការប្រទូស្ត​ខ្លាំង ការប្រទូស្ត​ក្រៃលែង ព្យាបាទ​នៃចិត្ត ការប្រទូស្ត​ក្នុងចិត្ត ការក្រោធ អាការ​ក្រោធ ភាពនៃ​ការក្រោធ ការប្រទូស្ត អាការ​ប្រទូស្ត ភាពនៃ​ការប្រទូស្ត ការព្យាបាទ អាការ​ព្យាបាទ ភាពនៃ​ការព្យាបាទ ការខឹង ការខឹងតប ការកាច ការសម្រក់​ទឹកភ្នែក សេចក្តី​មិនត្រេកអរ​នៃចិត្ត។ មុសាវាទ លោកហៅថា ការពោល​ពាក្យកុហក។ វិចិកិច្ឆា លោកហៅថា សេចក្តី​សង្ស័យ ហេតុនោះ (ទ្រង់​ត្រាស់សួរថា) សេចក្តីក្រោធ ១ ការពោល​ពាក្យកុហក ១ សេចក្តី​សង្ស័យ ១។

[១៤៦] អធិប្បាយពាក្យថា ធម៌ទាំងឡាយណា ដែល​សមណៈ​ពោលហើយ ត្រង់​ពាក្យថា ធម៌ទាំង​ឡាយណា គឺធម៌​ទាំងឡាយណា​ ជាធម៌​ប្រព្រឹត្តទៅ​ជាមួយគ្នា កើត​ព្រមគ្នា ច្រឡំគ្នា ប្រកប​ព្រមគ្នា មានការ​កើតឡើង​តែមួយ មានការ​រលត់តែមួយ មានវត្ថុ​តែមួយ មាន​អារម្មណ៍​តែមួយ ជាមួយ​នឹងសេចក្តី​ក្រោធផង ការពោល​ពាក្យកុហក​ផង សេចក្តី​សង្ស័យផង ទាំងនេះ លោកពោលថា ធម៌ទាំង​ឡាយណា។ ម្យ៉ាងទៀត ពាក្យថា ធម៌ទាំង​ឡាយណា គឺកិលេស​ទាំងឡាយ មានសភាវៈ​ដទៃ តាំងនៅ​ដោយអាការៈ​ដទៃ ទាំងនេះ​លោកពោលថា ធម៌​ទាំងឡាយ​ណា។ ពាក្យថា ដែលសមណៈ​ពោលហើយ គឺសមណៈ​មានបាប​រម្ងាប់ហើយ ព្រាហ្មណ៍​មានបាប​បន្សាត់បង់​ហើយ ភិក្ខុមាន​កិលេសមូល​ទម្លាយបង់​ហើយ ជាអ្នក​រួចស្រឡះ​ចាកចំណង គឺ​អកុសលមូល​ទាំងពួង ពោល​ដោយបការៈ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស​ហើយ ហេតុនោះ (ទ្រង់ត្រាស់​សួរថា) និង​ធម៌ទាំង​ឡាយណា ដែលសមណៈ​ពោលហើយ។ ហេតុនោះ ព្រះពុទ្ធ​និមិ្មតសួរថា

ចុះឆន្ទៈក្នុងលោក មានអ្វីជានិទាន ទាំង​វិនិច្ឆ័យ​ទាំងឡាយ និងធម៌​ទាំងឡាយ​ណា ដែល​សមណៈ​ពោលហើយ ធម៌​ទាំងនោះ គឺសេចក្តីក្រោធ ១ ការពោល​ពាក្យកុហក ១ សេចក្តី​សង្ស័យ ១ កើតអំពី​ណា។

[១៤៧] (ព្រះមានព្រះភាគ ត្រាស់ថា) ជនទាំងឡាយ ពោលនូវ​ធម្មជាត​ណាថា ឆ្ងាញ់ និង​មិនឆ្ងាញ់​ក្នុងលោក ឆន្ទៈកើត​ឡើង អាស្រ័យ​នូវធម្មជាត​នោះ ជនក្នុង​លោក ឃើញនូវ​សេចក្តី​វិនាស និងសេចក្តី​ចំរើន ក្នុងរូប​ទាំងឡាយ​ហើយ ក៏ធ្វើនូវ​វិនិច្ឆ័យ។

[១៤៨] ពាក្យថា ជនទាំងឡាយ ពោលនូវធម្មជាត​ណាថា ឆ្ងាញ់ និងមិនឆ្ងាញ់ ក្នុងលោក ត្រង់ពាក្យថា ឆ្ងាញ់ បានដល់​សុខវេទនាផង វត្ថុជាទី​ប្រាថ្នាផង។ ពាក្យថា មិនឆ្ងាញ់ បានដល់ ទុក្ខវេទនា​ផង វត្ថុមិនជា​ទីប្រាថ្នា​ផង។ ពាក្យថា ពោលនូវ​ធម្មជាត​ណា ក្នុងលោក គឺពោល​នូវធម្មជាត​ណា សំដែងនូវ​ធម្មជាតណា ពណ៌នា​នូវ​ធម្មជាត​ណា បំភ្លឺនូវ​ធម្មជាត​ណា ថ្លែងនូវ​ធម្មជាត​ណា ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនទាំងឡាយ ពោលនូវ​ធម្មជាត​ណាថា ឆ្ងាញ់ និងមិនឆ្ងាញ់​ក្នុងលោក។

[១៤៩] ឆន្ទៈកើតឡើង អាស្រ័យធម្មជាតនោះ គឺឆន្ទៈ កើតមាន កើតប្រាកដ កើតឡើង កើតឡើង​ព្រម លេចឡើង លេចឡើង​ចំពោះ អាស្រ័យ​វត្ថុឆ្ងាញ់ និងមិន​ឆ្ងាញ់ អាស្រ័យសុខ និងទុក្ខ អាស្រ័យ​សោមនស្ស និងទោមនស្ស អាស្រ័យ​វត្ថុជាទី​ប្រាថ្នា និងមិន​ជាទីប្រាថ្នា អាស្រ័យ​សេចក្តី​ត្រេកអរ និងសេចក្តី​ថ្នាំងថ្នាក់ ហេតុនោះ (ទ្រង់​ត្រាស់ថា) ឆន្ទៈកើត​ឡើង អាស្រ័យ​នូវធម្មជាត​នោះ។

[១៥០] អធិប្បាយពាក្យថា ឃើញសេចក្តីវិនាស និងសេចក្តី​ចំរើនក្នុង​រូបទាំងឡាយ ត្រង់​ពាក្យថា ក្នុងរូប​ទាំងឡាយ បានដល់​មហាភូតរូប ៤ និងរូប​ដែលអាស្រ័យ​មហាភូតរូប ៤។

សេចក្តីចំរើនឡើងនៃរូបទាំងឡាយ តើដូចម្តេច។ សេចក្តីចំរើន ការកើត ការកើត​ព្រម ការលេច​ឡើង ការលេច​ឡើងចំពោះ ការកើត​ប្រាកដ​នៃរូបទាំង​ឡាយឯណា នេះ សេចក្តី​ចំរើននៃ​រូបទាំងឡាយ។ សេចក្តី​វិនាសនៃ​រូបទាំងឡាយ តើដូចម្តេច។ ការអស់ ការសូន្យ ការបែក​ធ្លាយ ការធ្លុះធ្លាយ ការមិន​ទៀងទាត់ ការអន្តរធាន​នៃរូប​ទាំងឡាយ​ឯណា នេះ សេចក្តី​វិនាសនៃ​រូប​ទាំងឡាយ។

ពាក្យថា ឃើញសេចក្តីវិនាស និងសេចក្តី​ចំរើន​ក្នុងរូប​ទាំងឡាយ គឺឃើញ យល់ ថ្លឹង ពិចារណា ធ្វើឲ្យជាក់​ច្បាស់ ធ្វើឲ្យ​ប្រាកដ​នូវសេចក្តី​ចំរើន និងសេចក្តី​វិនាស ក្នុងរូប​ទាំង​ឡាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ឃើញ​សេចក្តី​វិនាស និងសេចក្តី​ចំរើន​ក្នុងរូប​ទាំងឡាយ។

[១៥១] អធិប្បាយពាក្យថា ជនក្នុងលោកធ្វើនូវវិនិច្ឆ័យ ត្រង់ពាក្យថា វិនិច្ឆ័យ បានដល់ វិនិច្ឆ័យ ២ គឺតណ្ហាវិនិច្ឆ័យ ១ ទិដ្ឋិវិនិច្ឆ័យ ១។

បុគ្គលធ្វើតណ្ហាវិនិច្ឆ័យ តើដូចម្តេច។ ភោគៈទាំងឡាយ​របស់បុគ្គល​ខ្លះ​ក្នុងលោក​នេះ ដែល​មិនទាន់​កើតឡើង ក៏មិន​កើតឡើងផង ភោគៈ​ទាំងឡាយ ដែលកើត​ឡើងហើយ ក៏​ដល់នូវ​ការអស់​រលីងផង។ បុគ្គលនោះ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា ដោយ​ហេតុដូចម្តេច​ហ្ន៎ ភោគៈ​ទាំងឡាយ​របស់​អាត្មាអញ ដែលមិន​ទាន់កើតឡើង ក៏មិនកើត​ឡើងផង ភោគៈ​ទាំងឡាយ ដែលកើត​ឡើងហើយ ក៏ដល់​នូវការអស់​រលីងផង។ ម្យ៉ាងទៀត បុគ្គលនោះ មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា

កាលបើអាត្មាអញប្រកបរឿយៗ នូវការប្រកប​ក្នុងហេតុ​ជាទីតាំង​នៃសេចក្តី​ប្រមាទ គឺ​សុរា និងមេរ័យ ភោគៈ​ទាំងឡាយ ដែលមិន​ទាន់កើតឡើង ក៏មិន​កើតឡើង​ផង ភោគៈ​ទាំង​ឡាយ ដែលកើត​ឡើងហើយ ក៏ដល់​នូវការអស់​រលីងផង កាលបើ​អាត្មាអញ​ប្រកបរឿយៗ នូវការ​ប្រកប​ក្នុងការ​ដើរលេង​តាមច្រក​ក្នុងវេលា​យប់ ភោគៈ​ទាំងឡាយ ដែល​មិនទាន់​កើតឡើង ក៏មិនកើត​ឡើងផង ភោគៈ​ទាំងឡាយ ដែលកើត​ឡើងហើយ ក៏ដល់​នូវការអស់​រលីងផង កាលបើ​អាត្មាអញ​ប្រកបរឿយៗ នូវការ​ដើរទៅកាន់​ទីមហោស្រព កាលបើ​អាត្មា​អញ​ប្រកបរឿយៗ នូវការ​ប្រកបក្នុង​ហេតុជាទី​តាំងនៃ​សេចក្តី​ប្រមាទ គឺល្បែងភ្នាល់ កាល​បើ​អាត្មាអញ​ប្រកប​រឿយៗ នូវការ​ប្រកបដោយ​មិត្រអាក្រក់ ភោគៈ​ទាំងឡាយ ដែល​មិនទាន់​កើតឡើង ក៏មិនកើត​ឡើងផង ភោគៈ​ទាំងឡាយ ដែលកើត​ឡើងហើយ ក៏ដល់នូវ​ការអស់​រលីង​ផង កាលបើ​អាត្មាអញ​ប្រកបរឿយៗ នូវការ​ប្រកបក្នុង​ការខ្ជិល​ច្រអូស ភោគៈទាំង​ឡាយ ដែលមិន​ទាន់កើតឡើង ក៏មិនកើត​ឡើងផង ភោគៈ​ទាំងឡាយ ដែលកើត​ឡើងហើយ ក៏ដល់​នូវការអស់​រលីងផង។ បុគ្គល​នោះ ធ្វើនូវការ​ដឹងយ៉ាង​នេះហើយ ក៏មិន​សេពនូវ​ប្រធាន​នៃសេចក្តី​វិនាស ៦ យ៉ាង នៃ​ភោគៈ​ទាំងឡាយ។ បុគ្គលធ្វើ​តណ្ហាវិនិច្ឆ័យ យ៉ាងនេះខ្លះ។ មួយទៀត ជន​ប្រកប​ដោយ​កសិកម្មក្តី ពាណិជ្ជកម្មក្តី គោរក្ខកម្មក្តី សិល្បៈធ្នូក្តី ភាព​អ្នក​រាជការ​ក្តី សិល្បៈណា​មួយក្តី។ បុគ្គលធ្វើ​តណ្ហាវិនិច្ឆ័យ យ៉ាងនេះខ្លះ។

ជនធ្វើទិដ្ឋិវិនិច្ឆ័យ តើដូចម្តេច។ កាលចក្ខុ​កើតហើយ បុគ្គល​ដឹងថា ខ្លួនអាត្មាអញ​កើត​ហើយ។ កាលចក្ខុ​វិនាសហើយ បុគ្គល​ក៏ដឹងថា ខ្លួនអាត្មាអញ​វិនាស​ហើយ ខ្លួនអាត្មា​អញទៅ​ប្រាសហើយ។ ជនធ្វើ​ទិដ្ឋិវិនិច្ឆ័យ យ៉ាងនេះខ្លះ។ កាលត្រចៀក ច្រមុះ អណ្តាត កាយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ កើតហើយ បុគ្គលក៏​ដឹងថា ខ្លួន​អាត្មាអញ​កើតហើយ។ កាល​ផោដ្ឋព្វៈ​​វិនាសហើយ បុគ្គល​ក៏ដឹងថា ខ្លួនអាត្មាអញ​វិនាសហើយ ខ្លួន​អាត្មាអញ​ទៅ​ប្រាស​ហើយ។ បុគ្គល​ធ្វើឲ្យកើត ឲ្យកើតព្រម ឲ្យលេច​ឡើង ឲ្យលេច​ឡើងចំពោះ នូវ​ទិដ្ឋិវិនិច្ឆ័យ យ៉ាងនេះខ្លះ។

ពាក្យថា ជន គឺសត្វ នរៈ មាណព។បេ។ សត្វកើត​អំពីមនុស្ស។ ពាក្យថា ក្នុងលោក គឺ​ក្នុង​​អបាយលោក។បេ។ អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ជនក្នុងលោក ធ្វើនូវ​វិនិច្ឆ័យ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ជនទាំងឡាយ ពោលនូវធម្មជាតណាថា ឆ្ងាញ់ និងមិនឆ្ងាញ់​ក្នុងលោក ឆន្ទៈកើតឡើង អាស្រ័យ​នូវធម្មជាត​នោះ ជនក្នុង​លោកឃើញ​នូវសេចក្តី​វិនាស និងសេចក្តី​ចំរើន ក្នុង​រូប​ទាំងឡាយ​ហើយ ក៏ធ្វើនូវ​វិនិច្ឆ័យ។

[១៥២] កាលធម្មជាតទាំងពីរ គឺឆ្ងាញ់ និង​មិនឆ្ងាញ់ មាន ទើបធម៌​ទាំងនេះ គឺ​សេចក្តី​ក្រោធ ១ ការពោល​ពាក្យកុហក ១ សេចក្តី​សង្ស័យ ១ (ក៏កើត​ឡើងដែរ) ជនអ្នក​មាន​សេចក្តី​​សង្ស័យ គប្បីសិក្សា​តាមគន្លង​ញាណ ជាធម៌ដែល​សមណៈ​ជ្រាបហើយ​ពោល។

[១៥៣] អធិប្បាយពាក្យថា សេចក្តីក្រោធ ១ ការពោល​ពាក្យកុហក​ ១ សេចក្តី​សង្ស័យ ១ ត្រង់​ពាក្យថា សេចក្តីក្រោធ បានដល់​ការចង្អៀតចង្អល់ ការថ្នាំងថ្នាក់​នៃចិត្ត។បេ។ មុសាវាទ លោកហៅថា ការពោល​ពាក្យកុហក។ វិចិកិច្ឆា លោកហៅថា សេចក្តី​សង្ស័យ។ សេចក្តី​​ក្រោធកើត អាស្រ័យ​វត្ថុជាទី​ប្រាថ្នា​ក៏មាន។ សេចក្តី​ក្រោធកើត អាស្រ័យ​វត្ថុមិន​ជាទី​ប្រាថ្នា​ក៏មាន។ មុសាវាទ​កើត អាស្រ័យ​វត្ថុជាទី​ប្រាថ្នា​ក៏មាន។ មុសាវាទ​កើត អាស្រ័យ​វត្ថុមិន​ជាទី​ប្រាថ្នា​ក៏មាន។ សេចក្តី​សង្ស័យ​កើត អាស្រ័យ​វត្ថុជាទី​ប្រាថ្នា​ក៏មាន។ សេចក្តី​សង្ស័យ​កើត អាស្រ័យ​វត្ថុមិន​ជាទីប្រាថ្នា​ក៏មាន។

ក្រោធកើត អាស្រ័យវត្ថុមិនជាទីប្រាថ្នា តើដូចម្តេច។ ក្រោធកើត ដោយគិតថា គេ​បានប្រព្រឹត្ត​នូវហេតុ​មិនជា​ប្រយោជន៍​ដល់អញ ក្រោធកើត​ដោយគិតថា គេកំពុង​ប្រព្រឹត្ត​នូវ​ហេតុ​មិនជា​ប្រយោជន៍​ដល់អញ ក្រោធកើត​ដោយគិតថា គេនឹង​ប្រព្រឹត្ត​នូវហេតុ​មិនជា​ប្រយោជន៍​ដល់អញ។ ក្រោធកើត ដោយ​គិតថា គេបាន​ប្រព្រឹត្តនូវ​ហេតុមិនជា​ប្រយោជន៍ កំពុង​ប្រព្រឹត្ត​នូវហេតុ​មិនជា​ប្រយោជន៍ នឹង​ប្រព្រឹត្ត​នូវហេតុ​មិនជា​ប្រយោជន៍ ដល់​បុគ្គល​ដែល​ជាទី​ស្រឡាញ់ ជាទី​ពេញចិត្ត​របស់អញ។ ក្រោធកើត ដោយ​គិតថា គេបាន​ប្រព្រឹត្ត​នូវ​ហេតុ​ជាប្រយោជន៍ កំពុង​ប្រព្រឹត្តនូវ​ហេតុជា​ប្រយោជន៍ នឹងប្រព្រឹត្ត​នូវហេតុជា​ប្រយោជន៍ ដល់​​បុគ្គលមិន​ជាទី​ស្រឡាញ់ មិនជាទី​ពេញចិត្ត​របស់អញ។ ក្រោធកើត អាស្រ័យ​វត្ថុមិន​ជាទី​ប្រាថ្នា យ៉ាងនេះ​ឯង។​

ក្រោធកើត អាស្រ័យវត្ថុជាទីប្រាថ្នា តើដូចម្តេច។ កាលបុគ្គល​មានសេចក្តី​រង្កៀស ក្នុង​ការ​​ដណ្តើម​នូវវត្ថុ​ជាទីប្រាថ្នា ក្រោធកើត​ក៏មាន កាលត្រូវ​គេកំពុង​ដណ្តើម ក្រោធកើត​ក៏​មាន កាលវត្ថុ​ដែលត្រូវ​គេដណ្តើម​ហើយ ក្រោធកើត​ក៏មាន។ កាល​បុគ្គលមាន​សេចក្តី​រង្កៀស ក្នុង​ការ​​ប្រែប្រួល​ចាកវត្ថុ​ជាទីប្រាថ្នា ក្រោធកើត​ក៏មាន កាលវត្ថុ​ដែលកំពុង​ប្រែប្រួល ក្រោធកើត​ក៏មាន កាលវត្ថុ​ដែលប្រែប្រួល​ហើយ ក្រោធកើត​ក៏មាន។ ក្រោធកើត អាស្រ័យ​វត្ថុជាទី​ប្រាថ្នា យ៉ាងនេះ​ឯង។

មុសាវាទកើត អាស្រ័យវត្ថុមិនជាទីប្រាថ្នា តើដូចម្តេច។ បុគ្គលខ្លះ​ក្នុងលោកនេះ ជាប់​ដោយ​ចំណង​គឺខ្នោះ ហើយពោល​មុសាទាំង​ដឹងខ្លួន ដើម្បីរួច​ចាកចំណង​នោះខ្លះ។ ជាប់​ដោយ​​ចំណង​គឺខ្សែខ្លះ។ ជាប់ដោយ​ចំណងគឺ​ច្រវាក់ខ្លះ។ ជាប់ដោយ​ចំណងគឺ​ផ្តៅខ្លះ។ ជាប់​ដោយចំណង​គឺវល្លិខ្លះ។ ជាប់ដោយ​ចំណង​គឺរបង​ខ្លះ។ ជាប់​ដោយចំណង​គឺស្រុក និគម នគរ​ខ្លះ។ ជាប់ដោយ​ចំណងគឺ​ជនបទខ្លះ ពោលមុសា​ទាំងដឹងខ្លួន ដើម្បីរួច​ចាកចំណង​នោះ។ មុសាវាទ​កើត អាស្រ័យ​វត្ថុមិនជាទី​ប្រាថ្នា យ៉ាង​នេះឯង។

មុសាវាទកើត អាស្រ័យវត្ថុជាទីប្រាថ្នា តើដូចម្តេច។ បុគ្គលខ្លះ​ក្នុងលោកនេះ និយាយ​កុហក​ទាំងដឹង​ខ្លួន ព្រោះហេតុ​នៃរូបជា​ទីពេញ​ចិត្ត។ និយាយ​កុហក​ទាំងដឹងខ្លួន ព្រោះហេតុ​នៃ​សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាទីពេញចិត្ត ព្រោះហេតុ​នៃចីវរ ព្រោះហេតុ​នៃបិណ្ឌបាត ព្រោះ​ហេតុ​នៃ​សេនាសនៈ ព្រោះហេតុ​នៃ​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ។ មុសាវាទ​កើត អាស្រ័យ​វត្ថុជាទី​ប្រាថ្នា យ៉ាងនេះឯង។

សេចក្តីសង្ស័យកើត អាស្រ័យវត្ថុមិនជាទីប្រាថ្នា តើដូចម្តេច។ បុគ្គលគិតថា អញនឹង​រួច​អំពី​ចក្ខុរោគឬ ឬនឹងមិន​រួចអំពី​ចក្ខុរោគទេ អញនឹង​រួចអំពី​សោតរោគ ឃានរោគ ជិវ្ហារោគ កាយរោគ សីសរោគ កណ្ណរោគ មុខរោគ អញនឹង​រួចអំពី​ទន្តរោគឬ ឬនឹង​មិនរួច​អំពី​ទន្តរោគ​ទេ។ សេចក្តី​សង្ស័យកើត អាស្រ័យ​វត្ថុមិនជា​ទីប្រាថ្នា យ៉ាងនេះឯង។

សេចក្តីសង្ស័យកើត អាស្រ័យវត្ថុជាទីប្រាថ្នា តើដូចម្តេច។ បុគ្គលគិតថា អញនឹងបាន​រូប​ទាំងឡាយ​ជាទី​ពេញចិត្តឬ ឬនឹងមិន​បានរូប​ទាំងឡាយ​ជាទីពេញ​ចិត្តទេ អញនឹងបាន​សំឡេង​​ទាំងឡាយ ក្លិន​ទាំងឡាយ រស​ទាំងឡាយ ផោដ្ឋព្វៈ​ទាំងឡាយ ត្រកូល ពួក អាវាស លាភ យស សេចក្តី​សរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ជាទី​ពេញចិត្ត​ឬហ្ន៎។ សេចក្តី​សង្ស័យ​កើត អាស្រ័យ​វត្ថុជាទី​ប្រាថ្នា យ៉ាងនេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីក្រោធ ១ ការពោលពាក្យកុហក ១ សេចក្តីសង្ស័យ ១។

[១៥៤] ពាក្យថា កាលបើធម៌ទាំងពីរមាន ធម៌ទាំងឡាយនុ៎ះ សេចក្តីថា កាលបើ​វត្ថុជាទី​ត្រេកអរ និងមិន​ជាទីត្រេកអរ​មាន កាលបើសុខ និង​ទុក្ខមាន កាលបើ​សោមនស្ស និង​ទោមនស្ស​មាន កាលបើ​វត្ថុជាទី​ប្រាថ្នា និង​មិន​ជាទី​ប្រាថ្នាមាន កាលបើ​តម្រេក និងសេចក្តី​ចង្អៀតចង្អល់​មាន មាន​គ្របគ្រាន់ បុគ្គលបាន ហេតុនោះ (ទ្រង់​ត្រាស់ថា) កាលបើ​ធម៌ទាំង​ពីរមាន ធម៌ទាំង​ឡាយនុ៎ះ។

[១៥៥] ពាក្យថា ជនអ្នកមានសេចក្តីសង្ស័យ គប្បីសិក្សាតាម​គន្លងញាណ អធិប្បាយថា ញាណ ឈ្មោះថា គន្លងញាណ អារម្មណ៍​របស់ញាណ ក៏ឈ្មោះថា គន្លងញាណ ពួកធម៌​កើតជា​មួយនឹង​ញាណ ក៏ឈ្មោះថា គន្លងញាណ។ ផ្លូវដ៏​ប្រសើរ ឈ្មោះថា គន្លងដ៏​ប្រសើរ ផ្លូវដ៏​ត្រកាល ឈ្មោះថា គន្លង​ដ៏ត្រកាល ផ្លូវដ៏​ខ្ពង់ខ្ពស់ ឈ្មោះថា គន្លងដ៏​ខ្ពង់ខ្ពស់ យ៉ាងណា​មិញ ញាណ ក៏ឈ្មោះថា គន្លងញាណ អារម្មណ៍​របស់ញាណ ក៏ឈ្មោះ​ថា គន្លង​ញាណ ពួកធម៌​កើតជាមួយ​នឹងញាណ ក៏ឈ្មោះថា គន្លងញាណ យ៉ាងនោះ​ដែរ។ ពាក្យថា គប្បី​សិក្សា បានដល់ សិក្ខា ៣ គឺ​អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ អធិសីលសិក្ខា តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មានសីល សង្រួមក្នុង​បាតិមោក្ខ​សំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរៈ ឃើញភ័យ​ចំពោះទោស​ទាំងឡាយ​បន្តិចបន្តួច សមាទាន​សិក្សា​ក្នុងសិក្ខាបទ​ទាំងឡាយ សីលក្ខន្ធតូច សីលក្ខន្ធធំ សីល ទីតំកល់ ទីខាងដើម ការ​ប្រព្រឹត្តិ ការប្រយ័ត្ន ការសង្រួម ប្រធាន ប្រមុខ​នៃការចួប​ប្រសព្វ​នូវកុសលធម៌​ទាំងឡាយ នេះ អធិសីលសិក្ខា។

អធិចិត្តសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនា​នេះ ស្ងាត់ចាក​កាមទាំង​ឡាយ។បេ។ ចូលកាន់​ចតុត្ថជ្ឈាន នេះ អធិចិត្តសិក្ខា។

អធិប្បញ្ញាសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនា​នេះ ជាអ្នក​មានប្រាជ្ញា ប្រកបដោយ​ប្រាជ្ញា​ដែលទៅ​ក្នុងការ​កើតឡើង និងវិនាស ជាបញ្ញា​ដ៏ប្រសើរ អាច​ទំលុះទំលាយ (នូវ​កិលេស) ជាគ្រឿង​ដល់នូវការ​អស់ទុក្ខ​ដោយប្រពៃ ភិក្ខុនោះ ដឹងច្បាស់​តាមពិតថា នេះ​ទុក្ខ។បេ។ ដឹងច្បាស់​តាមពិតថា នេះ ទុក្ខនិរោធគាមិនីបដិបទា ដឹងច្បាស់​តាមពិតថា នេះ អាសវៈ​ទាំងឡាយ។បេ។ ដឹងច្បាស់​តាមពិតថា នេះ​អាសវនិរោធគាមិនីបដិបទា នេះ អធិប្បញ្ញាសិក្ខា។

ពាក្យថា ជនអ្នកមានសេចក្តីសង្ស័យ គប្បីសិក្សា​តាម​គន្លងញាណ សេចក្តីថា បុគ្គល​អ្នកសង្ស័យ មានសេចក្តី​ងឿងឆ្ងល់ មានស្នាម​គំនូស (ក្នុងចិត្ត) មានផ្លូវ​បែកជាពីរ មាន​វិចិកិច្ឆា គប្បី​សិក្សា​អធិសីលផង គប្បីសិក្សា​អធិចិត្តផង គប្បីសិក្សា​អធិប្បញ្ញាផង ដើម្បី​បានញាណ ដើម្បី​ពាល់ត្រូវ​ញាណ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​នូវញាណ។ គប្បី​រំពឹងសិក្សា​សិក្ខាទាំង ៣ នេះ គប្បីដឹង​សិក្សា​ គប្បីឃើញ​សិក្សា គប្បី​ពិចារណា​សិក្សា គប្បី​តាំងចិត្ត​សិក្សា គប្បីចុះ​ចិត្តស៊ប់​ក្នុងសទ្ធា​សិក្សា គប្បីផ្គង​វីរិយៈសិក្សា គប្បីតម្កល់​សតិសិក្សា គប្បីតាំង​ចិត្តសិក្សា គប្បីដឹង​ច្បាស់​ដោយ​ប្រាជ្ញាសិក្សា គប្បីដឹង​ធម៌ដែលគួរ​ដឹងសិក្សា គប្បី​កំណត់​ធម៌ដែល​គួរកំណត់​សិក្សា គប្បី​លះបង់​ធម៌ដែលគួរ​លះបង់​សិក្សា គប្បី​ចំរើនធម៌​ដែលគួរ​ចំរើនសិក្សា គប្បីធ្វើ​ឲ្យជាក់ច្បាស់​នូវធម៌ដែល​គួរធ្វើឲ្យ​ជាក់ច្បាស់​សិក្សា ប្រព្រឹត្តទួ​ទៅ ប្រព្រឹត្ត​ដោយល្អ ប្រព្រឹត្ត​ជឿកាន់ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនអ្នក​មាន​សេចក្តី​សង្ស័យ គប្បី​សិក្សាតាម​គន្លង​ញាណ។

[១៥៦] ពាក្យថា ជាធម៌ដែលសមណៈជ្រាប ហើយពោល សេចក្តីថា ធម៌ទាំងឡាយ ដែល​ព្រះអង្គជ្រាប ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ ពោល ពោលទួទៅ ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស​ទុកហើយ។ ធម៌​ទាំងឡាយ​ដែល​ព្រះអង្គ​ជ្រាប ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ ពោល ពោលទួទៅ ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស​ទុកហើយថា សង្ខារ​ទាំងពួង មិនទៀង។ ថា សង្ខារទាំង​ពួងជាទុក្ខ។ ថា ធម៌ទាំង​ពួងជាអនត្តា។ ថា​សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជា​ជាបច្ច័យ។បេ។ ជរា មរណៈ (កើតមាន) ព្រោះជាតិ​ជាបច្ច័យ។ ថា ការរលត់​សង្ខារ ព្រោះការ​រលត់​អវិជ្ជា។បេ។ ការរលត់​ជរា មរណៈ ព្រោះការ​រលត់ជាតិ។ ថា នេះជា​ទុក្ខ។បេ។ នេះ ទុក្ខនិរោធគាមិនីបដិបទា។ ថា នេះ​អាសវៈ។បេ។ នេះ​អាសវ​និរោធគាមិនីបដិបទា។ ថា នេះពួក​ធម៌ដែល​គួរត្រាស់ដឹង។ ថា នេះពួកធម៌​ដែលគួរ​កំណត់​ដឹង។ ថា នេះពួកធម៌​ដែលគួរលះ។ ថា នេះពួក​ធម៌ដែល​គួរចំរើន។ ថា នេះពួក​ធម៌ដែល​គួរ​ធ្វើ​ឲ្យ​ជាក់ច្បាស់។ ធម៌ទាំងឡាយ ដែលព្រះអង្គ​ជ្រាប ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យ​ប្រាកដ ពោល ពោលទួទៅ ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស​ទុកហើយ​ថា (តថាគត​ដឹងច្បាស់) នូវហេតុ​ជាទីកើត​ឡើងផង សេចក្តី​វិនាសផង អានិសង្ស​ផង ទោសផង ការរលាស់​ចេញនូវ​ផស្សាយតនៈ​ទាំង ៦ ផង បណ្តា​ឧបាទានក្ខន្ធ​ទាំង ៥ មហាភូតរូប​ទាំង ៤ វត្ថុណា​មួយ មានកិរិយា​កើតឡើង​ជាធម្មតា វត្ថុទាំង​អស់នោះ មាន​​កិរិយា​រលត់ទៅ​វិញជា​ធម្មតា។ ពិតណាស់ ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​សំដែងធម៌​ដើម្បី​ត្រាស់ដឹង មិនមែន​សំដែង​ដើម្បី​មិនឲ្យ​ត្រាស់​ដឹង​​ទេ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​សំដែងធម៌​ប្រកប​ដោយហេតុ មិនមែន​សំដែង​ឥតហេតុ​ទេ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​សំដែងធម៌​ប្រកប​ដោយ​បាដិហារិយ៍ (ធម៌ជា​គ្រឿងស្រោច​ស្រង់) មិនមែន​សំដែង​ឥតបាដិហារិយ៍​ទេ ម្នាលភិក្ខុ​ទាំងឡាយ កាល​តថាគត​នោះ សំដែង​ធម៌​ដើម្បី​ត្រាស់ដឹង មិនសំដែង​ដើម្បីមិន​ត្រាស់ដឹង​ទេ កាល​តថាគត​សំដែង​ធម៌ប្រកប​ដោយហេតុ មិនសំដែង​ឥតហេតុ កាល​តថាគត​សំដែងធម៌​ប្រកបដោយ​បាដិហារិយ៍ មិន​សំដែង​ឥតបាដិហារិយ៍ ឱវាទ បុគ្គល​គួរធ្វើ អនុសាសនី ក៏បុគ្គល​គួរធ្វើ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គួរតែ​ត្រេកអរ គួរតែរីករាយ គួរតែ​សោមនស្សថា ព្រះមានព្រះភាគ ព្រះអង្គ​ត្រាស់ដឹង​ដោយប្រពៃ ព្រះធម៌ ព្រះមានព្រះភាគ​សំដែង​ដោយប្រពៃ ព្រះសង្ឃ​ប្រតិបត្តិ​ហើយ​ដោយ​ប្រពៃ។ កាល​វេយ្យាករណ៍​នេះ ដែលព្រះអង្គ​សំដែង លោកធាតុ​ទាំងមួយ​ហ្មឺន​ក៏កម្រើក​ញាប់ញ័រ ហេតុនោះ (ទ្រង់ត្រាស់​ថា) ជាធម៌ដែល​សមណៈ​ជ្រាបហើយ​ពោល។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

កាលធម្មជាតទាំងពីរ គឺឆ្ងាញ់ និងមិនឆ្ងាញ់ មាន ធម៌ទាំង​នេះ គឺ​សេចក្តីក្រោធ ១ ការពោល​ពាក្យកុហក ១ សេចក្តី​សង្ស័យ ១ (ក៏កើត​មានដែរ) ជនអ្នក​មានសេចក្តី​សង្ស័យ គប្បីសិក្សា​តាមគន្លង​ញាណ ជាធម៌​ដែលសមណៈ​ជ្រាបហើយ​ពោល។

[១៥៧] (ព្រះពុទ្ធនិមិ្មតសួរថា) សេចក្តីត្រេកអរ និងមិន​ត្រេកអរ មានអ្វី​ជាហេតុ កាលបើ​អ្វីមិនមាន ទើបធម៌​ទាំងនុ៎ះ​មិនមាន សេចក្តីណា គឺការវិនាស និងការ​ចំរើន សូម​ព្រះអង្គ​សំដែង​ប្រាប់ខ្ញុំ នូវសេចក្តី​នុ៎ះ ថាមាន​វត្ថុណា​ជាហេតុ។

[១៥៨] ពាក្យថា សេចក្តីត្រេកអរ និងមិនត្រេកអរ មានអ្វីជា​ហេតុ គឺព្រះពុទ្ធ​និមិ្មតសួរ​រក​ឫសគល់។បេ។ សួររក សួរឈ្លេចឈ្លី សូមអារាធនា ចោទ ចំពោះហេតុ​ជាទីកើត​ឡើង នៃ​វេទនា​ជាទី​ត្រេកអរ និង​មិនជាទី​ត្រេកអរ​ថា វេទនា​ជាទី​ត្រេកអរ និង​មិន​ជាទីត្រេកអរ មានអ្វី​ជាហេតុ កើត​អំពីណា កើតព្រម​អំពីណា ផ្តួចផ្តើម​អំពីណា កើតចំពោះ​ឡើង​អំពីណា កើតប្រាកដ​អំពីណា មានអ្វី​ជាហេតុ មានអ្វីជា​ដែនប្រជុំ​កើត មាន​អ្វីជា​កំណើត មានអ្វីជា​ដែនកើតមុន ហេតុនោះ (ទ្រង់​ត្រាស់សួរថា) សេចក្តី​ត្រេកអរ និងមិន​ត្រេកអរ មានអ្វី​ជាហេតុ។

[១៥៩] ពាក្យថា កាលបើអ្វីមិនមាន ទើបធម៌ទាំងនុ៎ះមិនមាន គឺកាលបើ​អ្វីមិនមាន មិនមាន​សព្វគ្រប់ ដែលបុគ្គល​មិនបាន ទើបវេទនា​ជាទីត្រេកអរ និងមិន​ជាទីត្រេកអរ​មិនមាន មិនមាន​ប្រាកដ មិនកើត មិនកើតព្រម មិនផ្តួចផ្តើម មិនកើត​ចំពោះ ហេតុនោះ (ទ្រង់ត្រាស់​សួរថា) កាលបើអ្វី​មិនមាន ទើបធម៌​ទាំងនុ៎ះ​មិនមាន។

[១៦០] ពាក្យថា សេចក្តីណា គឺការវិនាស និងការ​ចំរើន អធិប្បាយថា សេចក្តី​ចំរើន នៃវេទនា​ជាទី​ត្រេកអរ និងមិនជាទី​ត្រេកអរ តើដូចម្តេច។ សេចក្តី​ចំរើន ការដុះដាល កិរិយា​កើត កិរិយា​កើតព្រម កិរិយា​ផ្តួចផ្តើម កិរិយា​កើតចំពោះ កិរិយា​កើតប្រាកដ នៃវេទនា​ជាទី​ត្រេកអរ និងមិន​ជាទី​ត្រេកអរ​ឯណា នេះឈ្មោះថា សេចក្តី​ចំរើន​នៃវេទនា​ជាទី​ត្រេកអរ និងមិន​ជាទី​ត្រេកអរ។ សេចក្តី​វិនាសនៃ​វេទនាជាទី​ត្រេកអរ និងមិន​ជាទីត្រេកអរ តើ​ដូចម្តេច។ ការអស់ ការសូន្យ ការបែកធ្លាយ ការខ្ទេចខ្ទី ការមិនទៀង ការបាត់​បង់ទៅ នៃ​វេទនា​​ជាទីត្រេកអរ និងមិនជា​ទីត្រេកអរ​ឯណា នេះឈ្មោះថា​ សេចក្តីវិនាស​នៃវេទនាជាទី​ត្រេកអរ និងមិនជា​ទីត្រេកអរ។ ពាក្យថា សេចក្តីណា គឺសេចក្តី​ដទៃណា ហេតុនោះ (ទ្រង់​ត្រាស់សួរថា) សេចក្តី​ណា គឺការវិនាស និងការ​ចំរើន។

[១៦១] ពាក្យថា សូមព្រះអង្គសំដែងប្រាប់ខ្ញុំ នូវសេចក្តីនុ៎ះ ថាមានវត្ថុ​ណាជាហេតុ ត្រង់​ពាក្យថា នុ៎ះ គឺខ្ញុំសួរ​រកសេចក្តី​ណា ខ្ញុំសូម​សេចក្តីណា ខ្ញុំអារាធនា​សេចក្តីណា ខ្ញុំជ្រះថ្លា​សេចក្តីណា។ ពាក្យថា សូមសំដែង គឺសូមពោល ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (ទ្រង់​ត្រាស់សួរថា) សូមព្រះអង្គ​សំដែងប្រាប់​ខ្ញុំ នូវសេចក្តីនុ៎ះ។ ពាក្យថា មានវត្ថុ​ណាជា​ហេតុ គឺ មានវត្ថុណា​ជាហេតុ មានវត្ថុ​ណាជាដែន​កើត មានវត្ថុណា ជា​កំណើត មានវត្ថុណា ជាដែន​កើតមុន ហេតុនោះ (ទ្រង់ត្រាស់​សួរថា) សូមព្រះអង្គ​សំដែង​ប្រាប់ខ្ញុំ​នូវសេចក្តី​នុ៎ះ ថាមានវត្ថុ​ណាជាហេតុ។ ហេតុនោះ ពុទ្ធនិមិ្មតនោះ សួរថា

សេចក្តីត្រេកអរ និងមិនត្រេកអរ មានអ្វីជាហេតុ កាលបើ​អ្វីមិនមាន ទើបធម៌​ទាំងនុ៎ះ​មិនមាន សេចក្តីណា គឺការ​វិនាស និងការចំរើន សូមព្រះអង្គ​សំដែងប្រាប់​ខ្ញុំ​នូវសេចក្តី​នុ៎ះ ថាមាន​វត្ថុណា​ជាហេតុ។

[១៦២] (ព្រះមានព្រះភាគ ត្រាស់ថា) សេចក្តីត្រេកអរ និងមិន​ត្រេកអរ មានផស្សៈ​ជាហេតុ កាលបើ​ផស្សៈមិនមាន ទើបធម៌​ទាំងនុ៎ះ​មិនមាន សេចក្តី​ណា គឺការ​វិនាស និង​ការ​ចំរើន តថាគត​សំដែង​ទូលព្រះអង្គ​នូវសេចក្តី​នុ៎ះ ថាមាន​វត្ថុនេះ​ជាហេតុ។

[១៦៣] ពាក្យថា សេចក្តីត្រេកអរ និងមិនត្រេកអរ មានផស្សៈ​ជាហេតុ អធិប្បាយថា សុខវេទនា​កើត អាស្រ័យផស្សៈ​ជាទីតាំង​នៃ​សុខវេទនា។ ព្រោះរលត់​ផស្សៈ​ជាទីតាំងនៃ​សុខ​វេទនា​នោះឯង សុខវេទនា​ដែលកើត​រួចហើយ ព្រោះអាស្រ័យ​ផស្សៈ​ជាទីតាំងនៃ​សុខវេទនា កើត​អំពីផស្សៈ​នោះ ដែលសោយ​រួចហើយ នោះរលត់​ស្ងប់រម្ងាប់។ ទុក្ខវេទនា​កើតឡើង ព្រោះ​អាស្រ័យ​ផស្សៈ ជាទីតាំង​នៃ​ទុក្ខវេទនា។ ព្រោះរលត់​ផស្សៈជា​ទីតាំងនៃ​ទុក្ខ​វេទនានោះ​ឯង ទុក្ខវេទនា​ដែលកើត​រួចហើយ ព្រោះអាស្រ័យ​ផស្សៈ​ជាទីតាំង​នៃទុក្ខ​វេទនា កើត​អំពី​ផស្សៈ​មុននោះ ដែលសោយ​រួចហើយ នោះរលត់​ស្ងប់រម្ងាប់។ អទុក្ខមសុខវេទនា កើតឡើង ព្រោះអាស្រ័យ​ផស្សៈ ជាទីតាំង​នៃ​អទុក្ខមសុខវេទនា។ ព្រោះរលត់​ផស្សៈ​ជាទី​តាំង​នៃ​អទុក្ខមសុខវេទនា​នោះឯង អទុក្ខមសុខវេទនា​ដែលកើត​ឡើងហើយ ព្រោះ​អាស្រ័យ​ផស្សៈ​ជា​ទីតាំង​​នៃ​អទុក្ខមសុខវេទនា កើត​អំពីផស្សៈ​នោះ ដែលសោយ​រួចហើយ នោះ​រលត់​ស្ងប់​រម្ងាប់។ ពាក្យថា សេចក្តី​ត្រេកអរ និងមិន​ត្រេកអរ មានផស្សៈ​ជាហេតុ បាន​សេចក្តីថា វេទនា​ជាទីត្រេកអរ និងមិន​ជាទីត្រេកអរ មានផស្សៈ​ជាហេតុ មានផស្សៈ​ជាទីប្រជុំ​កើតឡើង មាន​ផស្សៈ​ជាកំណើត មានផស្សៈ​ជាដែន​កើតមុន ហេតុនោះ (ទ្រង់​ត្រាស់ថា) សេចក្តី​ត្រេកអរ និង​មិន​ត្រេកអរ មានផស្សៈ​ជាហេតុ។

[១៦៤] ពាក្យថា កាលបើផស្សៈមិនមាន ធម៌ទាំងឡាយ​នុ៎ះក៏​មិនមាន គឺកាល​បើផស្សៈ​មិនមាន មិនមាន​សព្វគ្រប់ ដែលបុគ្គល​មិនបាន វេទនា​ជាទីត្រេកអរ និង​មិនត្រេកអរ​ក៏មិន​មាន មិនមាន​ប្រាកដ មិនកើត មិនកើតព្រម មិនផ្តួចផ្តើម មិនកើត​ចំពោះ មិនកើត​ប្រាកដ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលបើ​ផស្សៈមិន​មាន ធម៌ទាំង​ឡាយនុ៎ះ ក៏មិនមាន។

[១៦៥] ពាក្យថា សេចក្តីណា គឺការវិនាស និងការចំរើន សេចក្តីថា កិរិយា​ឃើញថា ចំរើន ក៏មាន​ផស្សៈជា​ហេតុ កិរិយាឃើញ​ថាវិនាស ក៏មាន​ផស្សៈ​ជាហេតុ។ ត្រង់ពាក្យថា សេចក្តី​ណា គឺ​សេចក្តី​ដទៃណា ហេតុនោះ (ទ្រង់​ត្រាស់ថា) សេចក្តីណា គឺការ​វិនាស និង​ការ​ចំរើន។

[១៦៦] អធិប្បាយពាក្យថា តថាគតសំដែងទូលព្រះអង្គ​នូវ​សេចក្តីនុ៎ះ ថាមាន​វត្ថុនេះជា​ហេតុ ត្រង់ពាក្យថា នុ៎ះ គឺព្រះអង្គ​សួរសេចក្តី​ណា សូមសេចក្តី​ណា អារាធនា​សេចក្តីណា ជ្រះថ្លា​សេចក្តី​ណា។ ពាក្យថា តថាគត​សំដែង គឺតថាគត​ពោល ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (ទ្រង់​ត្រាស់ថា) តថាគត​សំដែងទូល​ព្រះអង្គ​នូវសេចក្តី​នុ៎ះ។ ពាក្យថា មានវត្ថុនេះ​ជាហេតុ គឺ​មានផស្សៈ​នេះជាហេតុ មានផស្សៈ​ជាទី​ប្រជុំកើត មានផស្សៈ​ជាកំណើត មានផស្សៈ​ជាដែន​កើតមុន ហេតុនោះ (ទ្រង់​ត្រាស់ថា) តថាគត​សំដែង​ទូលព្រះអង្គ​នូវសេចក្តី​នុ៎ះ​ថា មាន​វត្ថុនេះ​ជាហេតុ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

សេចក្តីត្រេកអរ និងមិនត្រេកអរ មានផស្សៈ​ជាហេតុ កាលបើ​ផស្សៈ​មិនមាន ទើបធម៌​ទាំងនោះ​មិនមាន សេចក្តីណា គឺការ​វិនាស និងការ​ចំរើន តថាគត​សំដែង​ទូល​ព្រះអង្គ​នូវ​សេចក្តី​នុ៎ះ ថាមាន​វត្ថុនេះ​ជាហេតុ។

[១៦៧] (ព្រះពុទ្ធនិមិ្មត សួរថា) ផស្សៈក្នុងលោក មានអ្វី​ជាហេតុ ទាំង​សេចក្តី​ហួងហែង​កើត​អំពីអ្វី កាលបើ​អ្វីមិនមាន ទើបសេចក្តី​ប្រកាន់​ថារបស់​អញ​ក៏មិនមាន កាលបើ​អ្វី​ប្រាសចេញ ទើបផស្សៈ​មិនពាល់ត្រូវ។

[១៦៨] ពាក្យថា ផស្សៈក្នុងលោកមានអ្វីជាហេតុ គឺព្រះពុទ្ធ​និមិ្មត សួររក​ឫសគល់​នៃ​ផស្សៈ។បេ។ សួរ សួរឈ្លេចឈ្លី អង្វរ អារាធនា ជ្រះថ្លា​នូវហេតុ​ដែលនាំ​ឲ្យកើតផស្សៈ​ថា ផស្សៈ​មាន​ហេតុ​អំពីអ្វី កើតអំពីអ្វី កើតព្រម​អំពីអ្វី ផ្តួចផ្តើម​អំពីអ្វី កើតចំពោះ​អំពីអ្វី កើត​ប្រាកដ​អំពីអ្វី មានអ្វី​ជាហេតុ មានអ្វី​នាំឲ្យកើត មានអ្វី​ជាកំណើត មានអ្វី​ជាដែន​កើតមុន ហេតុនោះ (ទ្រង់​ត្រាស់ថា) ផស្សៈ​ក្នុងលោក មានអ្វី​ជាហេតុ។

[១៦៩] ពាក្យថា ទាំងសេចក្តីហួងហែង កើតអំពីអ្វី គឺព្រះពុទ្ធ​និមិ្មត​សួររក​ឫសគល់​នៃសេចក្តី​ហួងហែង។បេ។ សួរ សួរឈ្លេចឈ្លី អង្វរ អារាធនា ជ្រះថ្លា នូវហេតុ​ដែលនាំឲ្យ​កើតសេចក្តី​ហួងហែង​ថា សេចក្តី​ហួងហែង​កើតអំពីអ្វី កើតអំពីណា កើតព្រម​អំពីអ្វី ផ្តួចផ្តើម​អំពីអ្វី កើតចំពោះ​អំពីអ្វី កើតប្រាកដ​អំពីអ្វី មានអ្វី​ជាហេតុ មានអ្វី​នាំឲ្យកើត មានអ្វី​ជាកំណើត មានអ្វី​ជាដែន​កើតមុន ហេតុនោះ (ទ្រង់​ត្រាស់សួរ​ថា) ទាំងសេចក្តី​ហួងហែង កើត​អំពីអ្វី។

[១៧០] ពាក្យថា កាលបើអ្វីមិនមាន ទើបសេចក្តីប្រកាន់ថា​របស់អញ​ក៏មិនមាន គឺកាល​បើអ្វី​មិនមាន មិនមាន​សព្វគ្រប់ ដែល​បុគ្គលមិន​បាន ទើបសេចក្តី​ប្រកាន់ថា​របស់អញ មិនមាន ឥតមាន លែងមាន ដែលបុគ្គល​មិនបាន គឺលោក​លះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យ​ស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើងគឺ​ញាណ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់សួរ​ថា) កាលបើ​អ្វីមិនមាន ទើបសេចក្តី​ប្រកាន់ថា​របស់អញ​ក៏មិនមាន។

[១៧១] ពាក្យថា កាលបើអ្វីប្រាសចេញ ទើបផស្សៈ​មិនពាល់ត្រូវ គឺកាល​បើអ្វីប្រាស​ចេញ បាត់បង់ កន្លងទៅ កន្លងផុត ប្រព្រឹត្ត​កន្លង ទើបផស្សៈ​មិនពាល់ត្រូវ ហេតុនោះ (ទ្រង់ត្រាស់​សួរថា) កាលបើ​អ្វីប្រាសចេញ ទើបផស្សៈ​មិនពាល់ត្រូវ។ ហេតុនោះ ពុទ្ធនិមិ្មត​នោះសួរថា

ផស្សៈក្នុងលោក មានអ្វីជាហេតុ ទាំងសេចក្តី​ហួងហែង​កើតអំពីអ្វី កាលបើ​អ្វីមិនមាន ទើប​សេចក្តី​ប្រកាន់ថា​របស់អញ​ក៏មិនមាន កាលបើ​អ្វីប្រាស​ចេញ ទើបផស្សៈ​មិនពាល់​ត្រូវ។

[១៧២] (ព្រះមានព្រះភាគទ្រង់ត្រាស់ថា) ផស្សៈ (កើត) ព្រោះអាស្រ័យ​នាម និងរូប​សេចក្តី​ហួងហែង មានសេចក្តី​ប្រាថ្នា​ជាហេតុ កាលបើ​សេចក្តី​ប្រាថ្នា​មិនមាន សេចក្តី​ប្រកាន់ថា​របស់អញ ក៏មិនមាន កាលបើ​រូបប្រាសចេញ ផស្សៈ​ទាំងឡាយ ក៏មិន​ពាល់ត្រូវ។

[១៧៣] ពាក្យថា ផស្សៈ (កើត) ព្រោះអាស្រ័យ​នាម និងរូប អធិប្បាយថា ចក្ខុវិញ្ញាណ​កើត ព្រោះអាស្រ័យ​ចក្ខុ និងរូប ការប្រជុំនៃ​ធម៌ទាំង ៣ [សំដៅយក​ចក្ខុ១ រូប១ វិញ្ញាណ១។] ទើបផស្សៈ​កើត វៀរលែង​ចក្ខុ​ប្រសាទ និង​រូបារម្មណ៍​ក្នុងប៉ែករូប ១ ចក្ខុសម្ផស្ស ១ ទើប​ពួកធម៌​ដ៏សម្បយុត្ត ក្នុងប៉ែកនាម [សំដៅយក​ពួកនាមធម៌ មានវេទនា​ជាដើម។ អដ្ឋកថា។] (កើត) ផស្សៈ (កើត) ព្រោះអាស្រ័យ​នាម និងរូប យ៉ាងនេះខ្លះ។ សោតវិញ្ញាណ​កើត ព្រោះ​អាស្រ័យ​ត្រចៀក និងសំឡេង ការប្រជុំ​នៃធម៌ទាំង ៣ ទើបផស្សៈ (កើត) វៀរលែង​សោតបសាទ និងសទ្ទារម្មណ៍​ក្នុងប៉ែករូប ១ សោតសម្ផស្ស ១ ទើបពួក​ធម៌ដ៏​សម្បយុត្ត​ក្នុង​ប៉ែកនាម (កើត) ផស្សៈ (កើត) ព្រោះអាស្រ័យ​នាម និងរូប យ៉ាងនេះខ្លះ។ ឃានវិញ្ញាណ​កើត ព្រោះ​អាស្រ័យ​ច្រមុះ និងក្លិន ការប្រជុំ​នៃធម៌​ទាំង ៣ ទើបផស្សៈ (កើត) វៀរលែង​ឃានបសាទ និងគន្ធារម្មណ៍​ក្នុងប៉ែករូប ១ ឃានសម្ផស្ស ១ ទើបពួក​ធម៌ដ៏​សម្បយុត្ត ក្នុង​ប៉ែកនាម (កើត) ផស្សៈ (កើត) ព្រោះ​អាស្រ័យ​នាម និងរូប យ៉ាងនេះខ្លះ។ ជិវ្ហាវិញ្ញាណ​កើត ព្រោះ​អាស្រ័យ​អណ្តាត និងរស ការប្រជុំ​នៃធម៌​ទាំង ៣ ទើប​ផស្សៈ (កើត) វៀរលែង​ជិវ្ហា​បសាទ និងរសារម្មណ៍​ក្នុងប៉ែករូប ១ ជិវ្ហាសម្ផស្ស ១ ទើប​ពួកធម៌​សម្បយុត្ត​ក្នុងប៉ែកនាម (កើត) ផស្សៈ (កើត) ព្រោះ​អាស្រ័យ​នាម និងរូប យ៉ាងនេះខ្លះ។ កាយវិញ្ញាណ​កើត ព្រោះ​អាស្រ័យ​កាយ និងផ្សព្វ ការប្រជុំ​នៃធម៌ទាំង ៣ ទើប​ផស្សៈ (កើត) វៀរលែង​កាយបសាទ និង​ផោដ្ឋព្វារម្មណ៍​ក្នុងប៉ែករូប ១ កាយសម្ផស្ស ១ ទើបពួកធម៌​ដ៏សម្បយុត្ត​ក្នុងប៉ែក​នាម (កើត) ផស្សៈ (កើត) ព្រោះ​អាស្រ័យ​នាម និងរូប យ៉ាងនេះខ្លះ។ មនោវិញ្ញាណ​កើត ព្រោះ​អាស្រ័យ​មនោ និងធម្មារម្មណ៍ ការប្រជុំ​ធម៌ទាំង ៣ ទើប​ផស្សៈ (កើត) វៀរលែង​វត្ថុរូប​ក្នុងប៉ែករូប និងពួក​ធម៌មាន​រូបក្នុង​ប៉ែករូប ១ មនោសម្ផស្ស ១ ទើបពួក​ធម៌ដ៏​សម្បយុត្ត​ក្នុង​ប៉ែកនាម (កើត) ផស្សៈ (កើត) ព្រោះ​អាស្រ័យ​នាម និងរូប យ៉ាងនេះខ្លះ។

[១៧៤] ពាក្យថា សេចក្តីហួងហែង មានសេចក្តី​ប្រាថ្នា​ជាហេតុ អធិប្បាយថា តណ្ហា លោក​ហៅថា សេចក្តីប្រាថ្នា បានដល់ រាគៈ រាគៈខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា សេចក្តី​ហួងហែង បានដល់ សេចក្តី​ហួងហែង ២ គឺសេចក្តី​ហួងហែង​គឺតណ្ហា ១ សេចក្តី​ហួងហែង​គឺទិដ្ឋិ ១។បេ។ នេះ សេចក្តី​ហួងហែង គឺតណ្ហា។បេ។ នេះ សេចក្តី​ហួង​ហែង​គឺទិដ្ឋិ។ ពាក្យថា សេចក្តី​ហួងហែង មានសេចក្តី​ប្រាថ្នា​ជាហេតុ បាន​សេចក្តីថា សេចក្តី​ហួងហែង មានសេចក្តី​ប្រាថ្នា​ជានិទាន មានសេចក្តី​ប្រាថ្នាជា​ហេតុ មានសេចក្តី​ប្រាថ្នា​ជាបច្ច័យ មាន​សេចក្តី​ប្រាថ្នាជា​អំពើ មានសេចក្តី​ប្រាថ្នា​ជាដែន​កើត​មុន ហេតុ​នោះ (ទ្រង់​ត្រាស់ថា) សេចក្តី​ហួងហែង មានសេចក្តី​ប្រាថ្នា​ជាហេតុ។

[១៧៥] ពាក្យថា កាលបើសេចក្តីប្រាថ្នាមិនមាន សេចក្តី​ប្រកាន់​ថារបស់​អញ ក៏មិនមាន អធិប្បាយ​ថា តណ្ហា លោកហៅថា សេចក្តី​ប្រាថ្នា បានដល់ រាគៈ រាគៈខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា សេចក្តី​ប្រកាន់​ថារបស់​អញ បានដល់ សេចក្តី​ប្រកាន់ ២ គឺ សេចក្តី​ប្រកាន់​គឺតណ្ហា ១ សេចក្តី​ប្រកាន់​គឺទិដ្ឋិ ១។បេ។ នេះ សេចក្តី​ប្រកាន់​គឺតណ្ហា។បេ។ នេះ សេចក្តី​ប្រកាន់​គឺទិដ្ឋិ។ ពាក្យថា​ កាលបើសេចក្តី​ប្រាថ្នា​មិនមាន សេចក្តី​ប្រកាន់​ថារបស់​អញ ក៏មិនមាន សេចក្តីថា កាលបើ​សេចក្តី​ប្រាថ្នា មិនមាន មិនមាន​សព្វគ្រប់ បុគ្គល​មិនបាន សេចក្តី​ប្រកាន់​ថារបស់​អញ ក៏មិនមាន ឥតមាន លែងមាន បុគ្គល​មិនបាន គឺលោក​បានលះ​បង់ ផ្តាច់ផ្តិល ធ្វើឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺញាណ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) កាលបើ​សេចក្តី​ប្រាថ្នា​មិនមាន សេចក្តី​ប្រកាន់​ថារបស់​អញ ក៏មិនមាន។

[១៧៦] អធិប្បាយពាក្យថា កាលបើរូបប្រាសចេញ ផស្សៈ​ទាំងឡាយ​ក៏មិន​ពាល់ត្រូវ ត្រង់​ពាក្យថា រូប គឺ មហាភូតរូប ៤ និង​ឧបាទាយរូប​របស់​មហាភូតរូប​ទាំង ៤។ ត្រង់ពាក្យថា កាលបើ​រូបប្រាសចេញ គឺ រូបប្រាស​ចេញដោយ​ហេតុ ៤ គឺ ដោយការ​ប្រាសចេញ​ព្រោះការ​ដឹង ១ ដោយការ​ប្រាសចេញ​ព្រោះការ​ពិចារណា ១ ដោយការ​ប្រាសចេញ​ព្រោះការលះ ១ ដោយ​ការប្រាស​ចេញព្រោះ​ការប្រព្រឹត្តិ​កន្លង ១។

រូបប្រាសចេញ ដោយការប្រាសចេញព្រោះការដឹង តើដូចម្តេច។ បុគ្គល​ស្គាល់រូប គឺ ស្គាល់ ឃើញថា រូបឯណានីមួយ រូបទាំង​អស់នោះ​ជាមហាភូតរូប ៤ និង​ឧបាទាយរូប​របស់​មហាភូតរូប​ទាំង ៤ ដូច្នេះ រូបប្រាស​ចេញ ដោយការ​ប្រាសចេញ​ព្រោះការ​ដឹង យ៉ាង​នេះឯង។

រូបប្រាសចេញ ដោយការប្រាសចេញព្រោះការពិចារណា តើដូចម្តេច។ បុគ្គល​ធ្វើការ​ដឹង​យ៉ាងនេះ ហើយ​ពិចារណា​នូវរូប គឺពិចារណា​ដោយសេចក្តី​ថា មិនទៀង ថាជាទុក្ខ ជារោគ ជាបូស ជាសរ​ ជាសេចក្តី​លំបាក ជាអាពាធ ជារបស់​ដទៃ ជារបស់​ទ្រុឌទ្រោម ជា​ចង្រៃ ជាឧបទ្រព ជាភ័យ ជាឧបស័គ្គ ជារបស់​ញាប់ញ័រ ជារបស់​បែកធ្លាយ ជារបស់​មិនទៀង ទីពឹង​មិនបាន ផ្អែកមិនបាន ទីអាង​មិនបាន ជារបស់​ស្តួចស្តើង ជារបស់​ទទេ ជា​របស់សោះ​សូន្យ មិនមែន​ជារបស់​ខ្លួន ជាទោស ជាសភាវៈ​ប្រែប្រួល មិនមានខ្លឹម ជាឫស​នៃសេចក្តី​លំបាក ជាអ្នក​សម្លាប់ ជារបស់​វិនាស ប្រកប​ដោយ​អាសវៈ ជារបស់​ដែលបច្ច័យ​តាក់តែង ជានុយ​នៃមារ មានជាតិ​ជាធម្មតា មានជរា​ជាធម្មតា មានព្យាធិ​ជាធម្មតា មាន​សេចក្តី​ស្លាប់​ជាធម្មតា មានសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តី​ចង្អៀត​ចង្អល់​ជាធម្មតា ប្រកប​ដោយ​សេចក្តី​សៅហ្មង​ជាធម្មតា ជារបស់​ប្រជុំកើត​ឡើង ជារបស់​វិនាសទៅ ជា​អានិសង្ស ជាទោស ជាគ្រឿង​រលាស់​ចោល រូបប្រាស​ចេញ ដោយការ​ប្រាសចេញ​ព្រោះ​ការពិចារណា យ៉ាង​នេះឯង។

រូបប្រាសចេញ ដោយការប្រាសចេញ​ព្រោះការលះ តើដូចម្តេច។ បុគ្គល​ត្រិះរិះ​យ៉ាងនេះ ហើយ​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើតមាន​​នូវឆន្ទរាគ​ក្នុងរូប។ សមដូច​ពាក្យនុ៎ះ ដែល​ព្រះមានព្រះភាគ​សំដែង​ហើយថា ម្នាលភិក្ខុ​ទាំងឡាយ ឆន្ទរាគ​ឯណា​ក្នុងរូប អ្នក​ទាំងឡាយ​ចូរលះបង់​ឆន្ទរាគ​នោះចេញ កាលបើ​ធ្វើបាន​យ៉ាងនេះ រូបនោះ​នឹងជា​របស់​ដែលអ្នក​លះបង់​ហើយ ឲ្យមាន​ឫសគល់​រលើងហើយ ធ្វើមិន​ឲ្យមាន​ទីកើត ដូចជា​ទីកើតនៃ​ដើមត្នោត ដល់នូវ​ការមិនកើត​ទៀត មិនឲ្យ​មានការ​កើតតទៅ។ រូប​ប្រាសចេញ ដោយការ​ប្រាសចេញ​ព្រោះ​ការលះ យ៉ាង​នេះឯង។

រូបប្រាសចេញ ដោយការប្រាសចេញ ព្រោះការ​ប្រព្រឹត្តិកន្លង តើដូចម្តេច។ រូបទាំង​ឡាយ​របស់​បុគ្គល​អ្នកបាន​អរូបសមាបត្តិ​ទាំង ៤ ជារូប​ប្រាសចេញ បាត់បង់ កន្លង ឈាន​កន្លង ប្រព្រឹត្ត​កន្លងហើយ រូបប្រាស​ចេញ ដោយការ​ប្រាសចេញ ព្រោះការ​ប្រព្រឹត្តិ​កន្លង យ៉ាង​នេះឯង។ នេះ រូបប្រាសចេញ​ដោយហេតុ​ទាំង ៤។

ពាក្យថា កាលបើរូបប្រាសចេញ ផស្សៈទាំងឡាយ​ក៏មិនពាល់​ត្រូវ បានសេចក្តី​ថា កាលបើ​រូបប្រាសចេញ បាត់បង់ កន្លង ឈានកន្លង ប្រព្រឹត្ត​កន្លងហើយ ផស្សៈ​ទាំង ៥ គឺ ចក្ខុសម្ផស្ស សោតសម្ផស្ស ឃានសម្ផស្ស ជិវ្ហាសម្ផស្ស កាយសម្ផស្ស ក៏មិន​ពាល់ត្រូវ ហេតុនោះ (ទ្រង់​ត្រាស់ថា) កាលបើ​រូបប្រាសចេញ ផស្សៈ​ទាំងឡាយ​ក៏មិនពាល់ត្រូវ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូប សេចក្តី​ហួងហែង មានសេចក្តី​ប្រាថ្នា​ជាហេតុ កាលបើ​សេចក្តី​ប្រាថ្នា​មិនមាន សេចក្តី​ប្រកាន់ថា​របស់អញ ក៏មិនមាន កាលបើ​រូបប្រាសចេញ ផស្សៈ​ទាំងឡាយ ក៏មិន​ពាល់ត្រូវ។

[១៧៧] (ព្រះពុទ្ធនិមិ្មត សួរថា) បុគ្គលអ្នកព្រមព្រៀង ដូចម្តេច រូបទើប​បាត់បង់​ទៅ ទាំងសុខ និងទុក្ខ បាត់បង់ទៅ ដោយ​ប្រការ​ដូចម្តេច សូមព្រះអង្គ​ពោលដំណើរ​នុ៎ះ​ដល់ខ្ញុំ ឲ្យខ្ញុំយល់​ច្បាស់ថា (សុខ និងទុក្ខ) បាត់បង់ទៅ​ដោយប្រការ​យ៉ាងណា ព្រោះថា ខ្ញុំមាន​ចិត្ត​ដូច្នេះ។

[១៧៨] ពាក្យថា បុគ្គលអ្នកព្រមព្រៀងដូចម្តេច រូប​ទើបបាត់​បង់ទៅ គឺ​បុគ្គល​អ្នក​ព្រមព្រៀង​ដូចម្តេច ប្រតិបត្តិ​ដូចម្តេច សម្រេចដូចម្តេច ប្រព្រឹត្តទៅ​ដូចម្តេច រក្សា​ដូចម្តេច រស់នៅ​ដូចម្តេច ញុំាង​អត្តភាព​ឲ្យរស់នៅ​ដូចម្តេច រូបទើប​បាត់បង់ វិនាសកន្លង ឈានកន្លង ប្រព្រឹត្ត​កន្លង​ទៅបាន ហេតុនោះ (ទ្រង់​ត្រាស់សួរថា) បុគ្គល​អ្នកព្រម​ព្រៀង​ដូចម្តេច រូបទើប​បាត់បង់​ទៅ។

[១៧៩] ពាក្យថា ទាំងសុខ និងទុក្ខ បាត់បង់ទៅ ដោយប្រការ​ដូចម្តេច គឺសុខ និងទុក្ខ​បាត់បង់​ទៅ វិនាស កន្លង ឈានកន្លង ប្រព្រឹត្ត​កន្លងទៅ ដោយ​ប្រការ​ដូចម្តេច។ ហេតុនោះ (ទ្រង់​ត្រាស់សួរ​ថា) ទាំងសុខ និងទុក្ខ បាត់បង់ទៅ ដោយប្រការ​ដូចម្តេច។

[១៨០] ពាក្យថា សូមព្រះអង្គពោលដំណើរនុ៎ះដល់ខ្ញុំ (សុខ និងទុក្ខ) បាត់បង់ទៅ ដោយ​ប្រការ​យ៉ាងណា ត្រង់ពាក្យថា ដំណើរនុ៎ះ គឺខ្ញុំសួរ​រកដំណើរ​ណា សូមដំណើរ​ណា អារាធនា​ដំណើរណា ចោទ​ដំណើរ​ណា ហេតុនោះ (ទ្រង់ត្រាស់​សួរថា) ដំណើរនុ៎ះ។ ពាក្យថា សូមព្រះអង្គ​ពោលដល់ខ្ញុំ គឺសូម​ព្រះអង្គថ្លែង ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស​ដល់ខ្ញុំ ហេតុនោះ (ទ្រង់​ត្រាស់​សួរថា) សូមព្រះអង្គ​ពោលដំណើរ​នុ៎ះ ដល់ខ្ញុំ។ ពាក្យថា (សុខ និងទុក្ខ) បាត់បង់ទៅ ដោយប្រការ​យ៉ាងណា គឺ (សុខ និងទុក្ខ) បាត់បង់ វិនាស កន្លង ឈានកន្លង ប្រព្រឹត្ត​កន្លងទៅ ដោយប្រការ​យ៉ាងណា ហេតុនោះ​ (ទ្រង់ត្រាស់​សួរថា) សូមព្រះអង្គ​ពោលដំណើរ​នុ៎ះ ដល់ខ្ញុំ (សុខ និងទុក្ខ) បាត់បង់ទៅ ដោយ​ប្រការ​យ៉ាងណា។

[១៨១] ពាក្យថា ឲ្យខ្ញុំយល់ច្បាស់ ព្រោះថា ខ្ញុំមានចិត្តដូច្នេះ ត្រង់ពាក្យថា ឲ្យខ្ញុំយល់​ច្បាស់ គឺ ឲ្យខ្ញុំដឹង ដឹងជាក់ ដឹងច្បាស់ ដឹងប្រាកដ ចាក់ធ្លុះចំពោះ ហេតុនោះ (ទ្រង់ត្រាស់​សួរថា) ឲ្យខ្ញុំយល់​ច្បាស់។ ពាក្យថា ខ្ញុំមាន​ចិត្តដូច្នេះ គឺ ចិត្តរបស់​ខ្ញុំបាន​មាន​ហើយ​ដូច្នេះ តម្រិះ​របស់ខ្ញុំ បានមាន​ហើយដូច្នេះ វិញ្ញាណ​របស់ខ្ញុំ បានមាន​ហើយដូច្នេះ ហេតុនោះ (ទ្រង់ត្រាស់​សួរថា) ឲ្យខ្ញុំ​យល់ច្បាស់ ព្រោះថា ខ្ញុំមាន​ចិត្តដូច្នេះ។ ហេតុនោះ ព្រះពុទ្ធ​និមិ្មតនោះ​ពោលថា

បុគ្គលអ្នកព្រមព្រៀងដូចម្តេច រូបទើបបាត់បង់ទៅ ទាំងសុខ និងទុក្ខ បាត់បង់ទៅ ដោយ​ប្រការ​ដូចម្តេច សូមព្រះអង្គ​ពោល​ដំណើរនុ៎ះ​ដល់ខ្ញុំ ឲ្យខ្ញុំយល់​ច្បាស់ថា (សុខ និងទុក្ខ) បាត់បង់​ទៅ ដោយប្រការ​យ៉ាងណា ព្រោះថា ខ្ញុំមាន​ចិត្តដូច្នេះ។

[១៨២] (ព្រះមានព្រះភាគត្រាស់ថា) មិនមែនបុគ្គលមាន​សញ្ញា​ដោយសញ្ញា (ប្រក្រតី) ទេ មិនមែន​បុគ្គល​មានសញ្ញា​ដោយសញ្ញា​វិបល្លាស​ទេ [សំដៅយក​មនុស្ស​ឆ្កួត ឬអ្នក​មាន​​ចិត្តរវើរវាយ។] មិនមែន​បុគ្គលមិន​មានសញ្ញាទេ [លោកចូល​និរោធ ឬអសញ្ញីសត្ត។] មិនមែន​បុគ្គល​មានសញ្ញា​វិនាសទេ [អ្នកចូលអរូបឈាន។ អដ្ឋកថា។] បុគ្គល​អ្នកព្រមព្រៀង​យ៉ាងនេះ រូប​រមែងវិនាស ព្រោះថា បបញ្ចសង្ខា (ធម៌ជា​គ្រឿងញុំាង​សត្វឲ្យ​យឺតយូរ) មានសញ្ញា​ជាហេតុ។

[១៨៣] ពាក្យថា មិនមែនបុគ្គលមានសញ្ញា ដោយសញ្ញា (ប្រក្រតី) ទេ មិនមែន​បុគ្គល​មានសញ្ញា ដោយ​សញ្ញាវិបល្លាស​ទេ សេចក្តីថា ពួកជន​ណា ឋិតនៅដោយ​សញ្ញាប្រក្រតី ពួក​ជននោះ លោកហៅថា អ្នកមាន​សញ្ញាដោយ​សញ្ញាប្រក្រតី ឯបុគ្គល​នោះ មិនមែន​ឋិត​នៅដោយ​សញ្ញា​ប្រក្រតីទេ។ ពួកមនុស្សឆ្កួត និងពួក​ជនណា មានចិត្ត​រវើរវាយ ពួកជននោះ លោក​ហៅថា អ្នកមាន​សញ្ញាដោយ​សញ្ញាវិបល្លាស ឯបុគ្គល​នោះ​មិនមែនឆ្កួត ទាំង​មិនមែន​មានចិត្ត​រវើរវាយទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនមែន​បុគ្គលមាន​សញ្ញា​ដោយ​សញ្ញា (ប្រក្រតី) ទេ មិនមែន​បុគ្គលមាន​សញ្ញាដោយ​សញ្ញា​វិបល្លាសទេ។

[១៨៤] ពាក្យថា មិនមែនបុគ្គលមិនមានសញ្ញាទេ មិនមែន​បុគ្គលមាន​សញ្ញាវិនាស​ទេ សេចក្តីថា ពួកបុគ្គល​អ្នកចូល​និរោធ និងពួក​អសញ្ញសត្វ​ឯណា ពួកបុគ្គល​នោះ លោកហៅ​ថា អ្នកមិន​មានសញ្ញា ឯបុគ្គល​នោះ មិនមែន​អ្នកចូល​និរោធ ទាំងមិន​មែន​អសញ្ញសត្វ​ទេ។ ពួកជន​ណា ជាអ្នកបាន​អរូបសមាបត្តិ ៤ ពួកជននោះ លោកហៅថា អ្នកមាន​សញ្ញាវិនាស ឯបុគ្គល​នោះ មិនមែន​អ្នកបាន​អរូបសមាបត្តិ ៤ ទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនមែន​បុគ្គល​មិនមាន​សញ្ញាទេ មិនមែន​បុគ្គលមាន​សញ្ញាវិនាស​ទេ។

[១៨៥] ពាក្យថា បុគ្គលអ្នកព្រមព្រៀងយ៉ាងនេះ រូបរមែងវិនាស អធិប្បាយថា ភិក្ខុក្នុង​សាសនា​នេះ ព្រោះការ​លះបង់​សុខផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន កាលបើ​ចិត្តតម្កល់​ស៊ប់ បរិសុទ្ធ ផូរផង់ មិនមាន​កិលេស មាន​ឧបក្កិលេស​ទៅប្រាសហើយ ជាចិត្ត​ទន់ គួរដល់​ភាវនាកម្ម ជាចិត្ត​នឹងនួន មិនញាប់ញ័រ យ៉ាងនេះ​ហើយ ភិក្ខុនោះ​ជាអ្នក​ព្រមព្រៀង ក្នុងផ្លូវ​នៃ​អរូបសមាបត្តិ រមែង​បង្អោនចិត្ត​ទៅដើម្បី​ការបាន​អាកាសានញ្ចាយតន​សមាបត្តិ បុគ្គល​អ្នកព្រម​ព្រៀងយ៉ាង​នេះ ប្រតិបត្តិ​យ៉ាងនេះ សម្រេច​យ៉ាងនេះ ប្រព្រឹត្ត​យ៉ាងនេះ រក្សា​យ៉ាងនេះ រស់នៅ​យ៉ាងនេះ ញុំាងអត្តភាព​ឲ្យរស់នៅ​យ៉ាងនេះ ដោយប្រការ​ដូច្នេះ រូបរមែង​វិនាស​បាត់បង់ ឈានកន្លង ប្រព្រឹត្ត​កន្លងទៅ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​អ្នកព្រម​ព្រៀង​យ៉ាងនេះ រូបរមែង​វិនាស។

[១៨៦] ពាក្យថា ព្រោះបបញ្ចសង្ខា មានសញ្ញា​ជាហេតុ សេចក្តីថា ធម៌ជា​គ្រឿងញុំាង​សត្វឲ្យ​យឺតយូរ​ហ្នឹងឯង ឈ្មោះថា បបញ្ចសង្ខា បានដល់​បបញ្ចសង្ខា​គឺតណ្ហា បបញ្ចសង្ខា​គឺ​ទិដ្ឋិ បបញ្ចសង្ខាគឺ​មានះ មានសញ្ញា​ជាហេតុ មានសញ្ញា​ជាហេតុ​នាំឲ្យកើត មាន​សញ្ញាជា​កំណើត មានសញ្ញា​ជាដែន​កើតមុន ហេតុនោះ (ទ្រង់​ត្រាស់ថា) បបញ្ចសង្ខា មានសញ្ញា​ជា​ហេតុ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

មិនមែនបុគ្គលមានសញ្ញា ដោយសញ្ញា (ប្រក្រតី) ទេ មិនមែន​បុគ្គល​មានសញ្ញា​ដោយ​សញ្ញា​វិបល្លាស​ទេ មិនមែន​បុគ្គល​មិនមាន​សញ្ញាទេ មិនមែន​បុគ្គលមាន​សញ្ញាវិនាស​ទេ បុគ្គល​អ្នកព្រមព្រៀង​យ៉ាងនេះ រូបរមែង​វិនាស ព្រោះថា ​បបញ្ចសង្ខា មាន​សញ្ញា​ជាហេតុ។

[១៨៧] (ព្រះពុទ្ធនិមិ្មតសួរថា) យើងខ្ញុំបានសួរសេចក្តីណា ព្រះអង្គ​បានប្រាប់​សេចក្តី​នោះ​ហើយ យើងខ្ញុំ​សូមសួរ​សេចក្តី​ដទៃចំពោះ​ព្រះអង្គ​ទៀត សូម​ព្រះអង្គ ប្រាប់​សេចក្តី​នោះ សមណ​ព្រាហ្មណ៍​ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោល​នូវ​សេចក្តី​បរិសុទ្ធ​របស់យក្ស​ថាប្រសើរ ដោយហេតុ​មានប្រមាណ​ប៉ុណ្ណេះឬ ឬក៏​ពោលសេចក្តី​បរិសុទ្ធ​ដទៃ អំពី​ហេតុនេះ។

[១៨៨] ពាក្យថា យើងខ្ញុំបានសួរសេចក្តីណា ព្រះអង្គ​បានប្រាប់​សេចក្តី​នោះ​ហើយ គឺ​យើងខ្ញុំ​បានសួរ បានអង្វរ បានអារាធនា បានជ្រះថ្លា​នូវហេតុ​ណា។ ពាក្យថា ព្រះអង្គ​បាន​ប្រាប់សេចក្តី​នោះហើយ គឺព្រះអង្គ​បានសំដែង សំដែង​ទួទៅ ប្រាប់ ទេសនា បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស​ទុកហើយ ហេតុនោះ (ទ្រង់ត្រាស់​សួរថា) យើងខ្ញុំ​បានសួរ​សេចក្តីណា ព្រះអង្គ​បានប្រាប់​សេចក្តីនោះ​ហើយ។

[១៨៩] ពាក្យថា យើងខ្ញុំសូមសួរសេចក្តីដទៃ ចំពោះព្រះអង្គ​ទៀត សូមព្រះអង្គ​ប្រាប់​សេចក្តី​នោះ គឺយើងខ្ញុំ​សួរហេតុ​ឯទៀត ចំពោះ​ព្រះអង្គ សូមហេតុ​ឯទៀត​ចំពោះ​ព្រះអង្គ អារាធនា​ហេតុឯទៀត​ចំពោះ​ព្រះអង្គ ជ្រះថ្លា​ហេតុឯទៀត​ចំពោះ​ព្រះអង្គ គឺសួរ​ព្រះអង្គនូវ​សេចក្តី​ដទៃ​តទៅទៀត។ ពាក្យថា សូមព្រះអង្គ​ប្រាប់សេចក្តី​នោះ គឺសូម​ព្រះអង្គ​ពោល ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យ​រាក់ ប្រកាស ហេតុនោះ (ទ្រង់ត្រាស់​សួរថា) យើងខ្ញុំ​សូមសួរ​សេចក្តី​ដទៃចំពោះ​ព្រះអង្គទៀត សូមព្រះអង្គ​ប្រាប់​សេចក្តីនោះ។

[១៩០] ពាក្យថា សមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវ​សេចក្តី​បរិសុទ្ធិ​របស់យក្ស​ថាប្រសើរ ដោយហេតុ​មានប្រមាណ​ប៉ុណ្ណេះឬ សេចក្តីថា សមណ​ព្រាហ្មណ៍​ពួកខ្លះ ពោល សំដែង និយាយ បំភ្លឺ បញ្ចេញ នូវសេចក្តី​បរិសុទ្ធិ ថាប្រសើរ ប្រសើរ​ដោយ​វិសេស ប្រសើរ​បំផុត ជាប្រធាន ថាឧត្តម​ថ្លៃថ្លា ដោយហេតុ​មាន​ប្រមាណប៉ុណ្ណេះ គឺដោយ​អរូបសមាបត្តិ។ ពាក្យថា របស់យក្ស គឺរបស់សត្វ ជន មាណព បុរស បុគ្គល សត្វ​មាន​ជីវិត សត្វមាន​ជាតិ សត្វមានជរា សត្វទៅ​ដោយឥន្រ្ទិយ សត្វកើត​អំពីមនុស្ស។ ពាក្យថា នូវសេចក្តី​បរិសុទ្ធិ គឺនូវ​សេចក្តី​ស្អាត សេចក្តី​ផូរផង់​ដោយវិសេស សេចក្តី​ម៉ត់ចត់​ដោយជុំវិញ កិរិយារួច ការរួច​ដោយ​វិសេស ការរួច​ស្រឡះ។ ពាក្យថា ជាបណ្ឌិត​ក្នុងលោកនេះ គឺ​ពួកជន​ក្នុងលោក​នេះ អ្នកមាន​វាទៈជា​បណ្ឌិត មានវាទៈ​ប្រកប​ដោយប្រាជ្ញា មានវាទៈ​ប្រកប​ដោយ​ញាណ មានវាទៈ​ប្រកប​ដោយហេតុ មានវាទៈ​ប្រកប​ដោយ​លក្ខណៈ មានវាទៈ​សម​តាម​ការណ៍ មានវាទៈ​សមតាម​ឋានៈ សមតាម​លទ្ធិរបស់​ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់សួរ​ថា) សមណ​ព្រាហ្មណ៍​ពួកខ្លះ​ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវ​សេចក្តី​បរិសុទ្ធិ​របស់យក្ស​ថា ប្រសើរ ដោយ​ហេតុមាន​ប្រមាណ​ប៉ុណ្ណេះឬ។

[១៩១] ពាក្យថា ឬក៏ពោលសេចក្តីបរិសុទ្ធិដទៃ អំពី​ហេតុនេះ សេចក្តីថា សមណ​ព្រាហ្មណ៍​ពួកខ្លះ កន្លង ឈានកន្លង ប្រព្រឹត្តកន្លង នូវ​អរូបសមាបត្តិ​ទាំងនុ៎ះ​ហើយ ពោល សំដែង និយាយ បំភ្លឺ បញ្ចេញ នូវសេចក្តី​ស្អាត សេចក្តី​ផូរផង់​ដោយវិសេស សេចក្តី​ម៉ត់ចត់​ដោយជុំ​វិញ កិរិយារួច ការរួច​ដោយវិសេស ការរួច​ស្រឡះដទៃ​របស់យក្ស ជាគុណ​ជាតិក្រៃលែង​ជាងហេតុនេះ គឺជា​អរូបសមាបត្តិ ហេតុនោះ (ទ្រង់​ត្រាស់សួរ​ថា) ឬក៏ពោល​សេចក្តី​បរិសុទ្ធិ​ដទៃ អំពី​ហេតុនេះ។ ហេតុនោះ ព្រះពុទ្ធ​និមិ្មតនោះ​ពោលថា

យើងខ្ញុំបានសួរសេចក្តីណា ព្រះអង្គ​បានប្រាប់​សេចក្តីនោះ​ហើយ យើងខ្ញុំ​សូមសួរ​សេចក្តី​ដទៃ​ចំពោះ​ព្រះអង្គ​ទៀត សូមព្រះអង្គ​ប្រាប់សេចក្តី​នោះ សមណ​ព្រាហ្មណ៍​ពួកខ្លះ​ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវ​សេចក្តី​បរិសុទ្ធិ របស់​យក្ស ថាប្រសើរ ដោយ​ហេតុមាន​ប្រមាណ​ប៉ុណ្ណេះឬ ឬក៏​ពោលសេចក្តី​បរិសុទ្ធិ​ដទៃ អំពី​ហេតុនេះ។

[១៩២] (ព្រះមានព្រះភាគ ត្រាស់ថា) សមណព្រាហ្មណ៍​ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវ​សេចក្តី​បរិសុទ្ធិ​របស់​យក្សថា ប្រសើរ ដោយ​ហេតុមាន​ប្រមាណ​ប៉ុណ្ណេះ បណ្តាពួក​សមណ​ព្រាហ្មណ៍​ទាំងនោះ សមណ​ព្រាហ្មណ៍​មួយពួក​ទៀត ជាអ្នក​ប្រកាន់ថា ខ្លួនឈ្លាសវៃ តែងពោល​នូវសម័យ ក្នុង​អនុបាទិសេសៈ។

[១៩៣] ពាក្យថា សមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវ​សេចក្តី​បរិសុទ្ធិ​របស់យក្ស​ថា ប្រសើរ ដោយហេតុ​មានប្រមាណ​ប៉ុណ្ណេះ សេចក្តីថា មាន​សមណ​ព្រាហ្មណ៍​ពួកខ្លះ ជា​សស្សតវាទ ពោល សំដែង និយាយ បំភ្លឺ បញ្ចេញ (នូវសេចក្តី​បរិសុទ្ធិ) ថាប្រសើរ ប្រសើរ​ដោយ​វិសេស ប្រសើរ​បំផុត ជាប្រធាន ថាឧត្តម ថ្លៃថ្លា ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះគឺ ដោយ​អរូបសមាបត្តិ។ ពាក្យថា របស់យក្ស គឺ​របស់សត្វ ជន មាណព បុរស បុគ្គល សត្វ​មានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅ​ដោយឥន្រ្ទិយ សត្វកើត​អំពី​មនុស្ស។ ពាក្យថា នូវសេចក្តី​បរិសុទ្ធិ គឺនូវ​សេចក្តីស្អាត សេចក្តី​ផូរផង់​ដោយ​វិសេស សេចក្តី​ម៉ត់ចត់​ដោយជុំវិញ ការរួច ការរួច​ដោយវិសេស ការរួច​ស្រឡះ។ ពាក្យថា ជាបណ្ឌិត ក្នុង​លោកនេះ គឺជា​អ្នកមាន​វាទៈជា​បណ្ឌិត មានវាទៈ​ប្រកប​ដោយ​ប្រាជ្ញា មានវាទៈ​ប្រកប​ដោយ​ញាណ មានវាទៈ​ប្រកប​ដោយហេតុ មានវាទៈ​ប្រកបដោយ​លក្ខណៈ មានវាទៈ​ប្រកប​ដោយ​ការណ៍ មានវាទៈ​សមតាម​ឋានៈ សមតាម​លទិ្ធ​របស់ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) សមណ​ព្រាហ្មណ៍​ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវ​សេចក្តី​បរិសុទ្ធិ​របស់យក្ស​ថាប្រសើរ ដោយហេតុ​មានប្រមាណ​ប៉ុណ្ណេះ។

[១៩៤] ពាក្យថា បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ សមណ​ព្រាហ្មណ៍​មួយពួក​ទៀត ជាអ្នក​ប្រកាន់​ថា ខ្លួនឈ្លាសវៃ ពោលនូវ​សម័យ​ក្នុង​អនុបាទិសេសៈ សេចក្តីថា បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ឯង សមណ​ព្រាហ្មណ៍​ពួកខ្លះ ជា​ឧច្ឆេទវាទ ជាអ្នក​តក់ស្លុត​អំពីភព ហើយ​ត្រេកអរ​នូវការ​ប្រាសចាកភព សមណ​ព្រាហ្មណ៍​ទាំងនោះ ពោលនូវ​សេចក្តី​ស្ងប់ ការស្ងប់​វិសេស ការស្ងប់រម្ងាប់ ការរលត់ ការស្ងប់ឈឹង របស់សត្វថា ម្នាល​អ្នកទាំង​ឡាយ​ដ៏ចំរើន កាលដែល​អត្តា (ខ្លួន ឬចិត្ត) នេះ បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងសូន្យ វិនាស មិនកើត​ទៀត។ អត្តានោះ ជាសភាវៈ​មិនមាន​ឧបាទិ​សល់នៅ ដោយ​ហេតុត្រឹម​ប៉ុណ្ណេះ។ ពាក្យថា ជាអ្នក​ប្រកាន់ថា​ខ្លួនឈ្លាសវៃ គឺ​ជាអ្នក​មានវាទៈ​ដ៏ឈ្លាស មាន​វាទៈជា​បណ្ឌិត មានវាទៈ​ប្រកបដោយ​ប្រាជ្ញា មានវាទៈ​ប្រកប​ដោយញាណ មានវាទៈ​ប្រកប​ដោយ​ហេតុ មានវាទៈ​ប្រកបដោយ​លក្ខណៈ មានវាទៈ​ប្រកប​ដោយការណ៍ មានវាទៈ​សម​តាមឋានៈ សមតាម​លិទ្ធិរបស់​ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) បណ្តា​សមណ​ព្រាហ្មណ៍​ទាំង​នោះ សមណ​ព្រាហ្មណ៍​មួយពួក​ទៀត ជាអ្នក​ប្រកាន់ថាខ្លួន​ឈ្លាសវៃ តែងពោល​នូវសម័យ​ក្នុង​អនុបាទិសេសៈ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

សមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវ​សេចក្តី​បរិសុទ្ធិ​របស់​យក្សថា ប្រសើរ ដោយហេតុ​មានប្រមាណ​ប៉ុណ្ណេះ បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ សមណ​ព្រាហ្មណ៍​មួយពួក​ទៀត ជាអ្នក​ប្រកាន់ថា​ខ្លួនឈ្លាសវៃ ពោល​នូវសម័យ​ក្នុង​អនុបាទិសេសៈ។

[១៩៥] មុនិ ជាអ្នកមានប្រាជ្ញា ជាធីរៈនោះ ដឹងនូវ​ពួកជន​ទាំងនុ៎ះថា ជាអ្នក​អាស្រ័យ (នូវទិដ្ឋិ) ផង ដឹងនូវ​និស្ស័យ​ទាំងឡាយ​ផង លុះដឹង​ហើយ ទើបជា​អ្នករួច​ស្រឡះ រមែងមិន​ដល់នូវវិវាទ មិន​អន្ទោលទៅ​ក្នុងភពតូច​ភពធំ។

[១៩៦] ពាក្យថា ដឹងនូវពួកជនទាំងនុ៎ះ ថាជាអ្នក​អាស្រ័យ (នូវទិដ្ឋិ) ផង ត្រង់ពាក្យថា ពួក​ជនទាំង​នុ៎ះ គឺ​បុគ្គលអ្នក​លុះក្នុង​ទិដ្ឋិ។ ពាក្យថា ជាអ្នក​អាស្រ័យ គឺដឹងថា ជាអ្នក​អាស្រ័យ​សស្សតទិដ្ឋិ ដឹងថា​ជាអ្នក​អាស្រ័យ​ឧច្ឆេទទិដ្ឋិ ដឹង ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យ​ប្រាកដថា ជាអ្នក​អាស្រ័យ​សស្សតទិដ្ឋិ និង​ឧច្ឆេទទិដ្ឋិ ហេតុនោះ (ទ្រង់​ត្រាស់ថា) ដឹង​នូវពួក​ជនទាំង​នុ៎ះថា ជាអ្នក​អាស្រ័យ (នូវទិដ្ឋិ) ផង។

[១៩៧] ពាក្យថា មុនិ ជាអ្នកមានប្រាជ្ញានោះ ដឹងនូវ​និស្ស័យ​ទាំងឡាយ ត្រង់ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ។បេ។ មុនិនោះ កន្លងនូវ​បណ្តាញ ជាគ្រឿង​ជាប់​ចំពាក់។ មុនិដឹងថា បុគ្គលនេះ អាស្រ័យ​សស្សតទិដ្ឋិ ដឹងថា បុគ្គលនេះ អាស្រ័យ​ឧច្ឆេទទិដ្ឋិ ដឹង ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យ​ប្រាដកថា បុគ្គល​នេះ អាស្រ័យ​សស្សតទិដ្ឋិ និង​ឧច្ឆេទទិដ្ឋិ។ ពាក្យថា មុនិជា​អ្នកមាន​ប្រាជ្ញា​នោះ គឺជា​បណ្ឌិត​អ្នកមាន​ប្រាជ្ញា អ្នកមាន​សេចក្តី​ត្រាស់ដឹង អ្នកមាន​ញាណ អ្នកមាន​សេចក្តី​ឈ្វេងយល់ អ្នកមាន​ប្រាជ្ញាជា​គ្រឿង​កំចាត់​កិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) មុនិជាអ្នក​មានប្រាជ្ញា​នោះ ដឹងនូវ​និស្ស័យ​ទាំងឡាយ។

[១៩៨] ពាក្យថា លុះដឹងហើយ ទើបជាអ្នករួចស្រឡះ រមែងមិន​ដល់នូវ​វិវាទ គឺ​លុះដឹង ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យ​ប្រាកដហើយ ទើបជា​អ្នករួច រួចស្រឡះ រួចផុត រួច​ស្រឡះ​ដោយប្រពៃ ដោយ​អច្ចន្តអនុបាទាវិមោក្ខ គឺថា លុះដឹង ស្គាល់ ថ្លឹង ពិចារណា ឈ្វេង​យល់ ធ្វើឲ្យ​ប្រាកដថា សង្ខារទាំង​ពួងមិនទៀង ហើយជា​អ្នករួច រួចស្រឡះ រួចផុត រួចដោយ​ប្រពៃ ដោយ​អច្ចន្តអនុបាទាវិមោក្ខ លុះដឹង ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ​ថា សង្ខារ​ទាំងពួង​ជាទុក្ខ ថា​ធម៌ទាំងពួង​ជាអនត្តា។បេ។ ថា វត្ថុណាមួយ មានកិរិយាកើត​ជាធម្មតា វត្ថុទាំង​អស់នោះ មានកិរិយា​រលត់ទៅ​វិញជា​ធម្មតា ហើយជា​អ្នករួច រួចស្រឡះ រួចផុត រួចស្រឡះ​ដោយប្រពៃ ដោយ​អច្ចន្តអនុបាទាវិមោក្ខ ហេតុនោះ (ទ្រង់​ត្រាស់ថា) លុះដឹង​ហើយ ទើបជា​អ្នករួច​ស្រឡះ។ ពាក្យថា រមែង​មិនដល់​នូវវិវាទ គឺរមែងមិន​ធ្វើនូវ​កិរិយា​ឈ្លោះប្រកែក មិនធ្វើ​នូវជម្លោះ មិនធ្វើ​នូវសេចក្តី​ប្រកួតប្រកាន់ មិនធ្វើ​នូវវិវាទ មិន​ធ្វើ​នូវ​ការ​ទាស់ទែង។ សមដូច​ពាក្យនុ៎ះ ដែល​ព្រះមានព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​អគ្គិវេស្សនៈ ភិក្ខុមាន​ចិត្តរួច​ស្រឡះ​យ៉ាងនេះ​ហើយ រមែង​មិនឈ្លោះ​នឹងនរណា​មួយ មិនទាស់ទែង​នឹងនរណា​មួយ ពាក្យឯណា ដែលគេ​និយាយ​ហើយក្នុង​លោក ភិក្ខុនោះ រមែង​ពោលតាម​ពាក្យនោះ តែមិន​ប្រកាន់។ ហេតុនោះ (ទ្រង់​ត្រាស់ថា) លុះដឹង​ហើយ ទើបជា​អ្នករួចស្រឡះ រមែងមិន​ដល់នូវវិវាទ។

[១៩៩] ពាក្យថា ជាធីរៈ មិនអន្ទោលទៅក្នុងភពតូចភពធំ ត្រង់​ពាក្យថា ក្នុងភព​តូចភព​ធំ គឺមិន​អន្ទោល​ទៅ មិនមក មិនកាន់​យក មិនស្ទាប​អង្អែល មិនជាប់​ចំពាក់​ក្នុងកម្មភព បុនព្ភព ឈ្មោះថា ក្នុងភព​តូច​ភពធំ កាមភព​ឈ្មោះ​កម្មភព កាមភព​ឈ្មោះ​បុនព្ភព រូបភព​ឈ្មោះកម្មភព រូបភព​ឈ្មោះ​បុនព្ភព អរូបភព​ឈ្មោះកម្មភព អរូបភព​ឈ្មោះបុនព្ភព ក្នុងការ​កើតរឿយៗ ទៅរឿយ ៗ ការកើត​ឡើងរឿយ ៗ បដិសន្ធិ​រឿយៗ ​ការកើត​ឡើងចំពោះ​នៃអត្តភាព​រឿយ ៗ។ ពាក្យថា ជាធីរៈ គឺជាអ្នក​ប្រាជ្ញ ជាបណ្ឌិត​អ្នកមាន​ប្រាជ្ញា អ្នកមាន​ការត្រាស់ដឹង មានញាណ មានសេចក្តី​ឈ្វេងយល់  មានប្រាជ្ញា​ទំលុះទំលាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាធីរៈ មិន​អន្ទោល​ទៅ​ក្នុងភពតូច​ភពធំ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា​

មុនិ ជាអ្នកមានប្រាជ្ញា ជាធីរៈនោះ ដឹងនូវ​ពួកជន​ទាំងនុ៎ះថា ជាអ្នក​អាស្រ័យ (នូវទិដ្ឋិ) ផង ដឹងនូវ​និស្ស័យ​ទាំងឡាយ​ផង លុះដឹងហើយ ទើបជា​អ្នករួចស្រឡះ រមែង​មិនដល់​នូវវិវាទ មិនអន្ទោល​ទៅ​ក្នុងភពតូច​ភពធំ។

ចប់ កលហវិវាទសុត្តនិទ្ទេស ទី១១។

ចូឡវិយូហសុត្តនិទ្ទេស ទី១២

[២០០] (ព្រះពុទ្ធនិមិ្មតសួរថា) ជនទាំងឡាយ ប្រកាន់ថា ខ្លួនឈ្លាសវៃ ជាអ្នក​ដំអក់នៅ​ក្នុងទិដ្ឋិ​របស់ខ្លួន ៗ រមែង​ប្រកាន់យក (នូវទិដ្ឋិនោះ) ហើយពោល​ផ្សេងៗ ថា បុគ្គល​ណាដឹង​យ៉ាងនេះ បុគ្គលនោះ ឈ្មោះថា​ដឹងធម៌ បុគ្គល​ណា បដិសេធ​សេចក្តីនេះ បុគ្គល​នោះ ឈ្មោះថា​មិនមាន​គុណធម៌​បរិបូណ៌។

[២០១] ពាក្យថា ជាអ្នកដំអក់នៅក្នុងទិដ្ឋិរបស់ខ្លួន ៗ អធិប្បាយថា មាន​សមណ​ព្រាហ្មណ៍​ពួកខ្លះ ជាអ្នក​លុះក្នុង​ទិដ្ឋិ សមណ​ព្រាហ្មណ៍​ទាំងនោះ កាន់យក រៀនយក ប្រកាន់ បបោស​អង្អែល ជាប់ចិត្ត បណ្តាទិដ្ឋិ ៦២ នូវទិដ្ឋិ​ណាមួយ ហើយនៅ នៅរួម នៅគ្រប់គ្រង នៅត្រាំ ក្នុងទិដ្ឋិ​របស់ខ្លួន ៗ។ ពួកអ្នក​មានផ្ទះក្តី រមែងនៅ​ក្នុងផ្ទះ ពួកអ្នក​ត្រូវអាបត្តិក្តី រមែងនៅ​ក្នុងអាបត្តិ ពួកអ្នក​ប្រកបដោយ​កិលេសក្តី រមែងនៅ​ក្នុងកិលេស យ៉ាងណា មាន​សមណ​ព្រាហ្មណ៍​ពួកខ្លះ ជាអ្នក​លុះក្នុង​ទិដ្ឋិ សមណ​ព្រាហ្មណ៍​ទាំងនោះ កាន់យក រៀនយក ប្រកាន់យក បបោសអង្អែល ជាប់ចិត្ត បណ្តាទិដ្ឋិ ទាំង ៦២ នូវទិដ្ឋិ​ណាមួយ ហើយ​នៅ នៅរួម នៅគ្រប់គ្រង នៅត្រាំ ក្នុងទិដ្ឋិ​របស់​ខ្លួន ៗ ហេតុនោះ (ទ្រង់​ត្រាស់សួរថា) ជាអ្នក​ដំអក់នៅ​ក្នុងទិដ្ឋិ​របស់ខ្លួន ៗ។

[២០២] អធិប្បាយពាក្យថា ប្រកាន់ថា ខ្លួនឈ្លាសវៃ រមែងប្រកាន់​យក (នូវទិដ្ឋិនោះ) ហើយ​ពោល​ផ្សេងៗ ត្រង់ពាក្យថា ប្រកាន់យក គឺកាន់យក រៀនយក ប្រកាន់យក បបោស​អង្អែល ជាប់ចិត្ត។ ពាក្យថា ពោលផ្សេងៗ គឺនិយាយ​ផ្សេងៗ ពោលពាក្យ​មានប្រការ​ផ្សេងៗ ពោលពាក្យ​ដទៃ ៗ ពោលពាក្យ​ច្រើន ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ នូវពាក្យជា​អនេក។ ពាក្យថា ប្រកាន់ថា ជាអ្នក​ឈ្លាសវៃ បានសេចក្តី​ថា មានវាទៈ​ដ៏ឈ្លាស មានវាទៈ​ជា​បណ្ឌិត មានវាទៈ​ជាអ្នកប្រាជ្ញ មានវាទៈ​ប្រកបដោយ​ញាណ មានវាទៈ​ត្រូវតាម​ទំនង មានវាទៈ​ប្រកប​ដោយលក្ខណៈ មានវាទៈ​ប្រកប​ដោយហេតុ មានវាទៈ​គួរដល់ឋានៈ តាម​លទិ្ធ​របស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់​សួរថា) ប្រកាន់ថាខ្លួន ឈ្លាសវៃ រមែងប្រកាន់​យក (នូវទិដ្ឋិ​នោះ) ហើយពោល​ពាក្យផ្សេងៗ។

[២០៣] ពាក្យថា បុគ្គលណាដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា​ដឹងធម៌ គឺបុគ្គល​ណា ដឹងនូវធម៌ នូវទិដ្ឋិ នូវបដិបទា នូវមគ្គនេះ បុគ្គលនោះ ឈ្មោះថាដឹង បានដឹង បានឃើញ ចាក់ធ្លុះ​នូវធម៌ ហេតុនោះ (ទ្រង់ត្រាស់​សួរថា) បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងធម៌។

[២០៤] ពាក្យថា បុគ្គលណា បដិសេធសេចក្តីនេះ បុគ្គលនោះ ឈ្មោះថា​មិនមាន​គុណធម៌​បរិបូណ៌ គឺ​បុគ្គលណា ឃាត់នូវ​ធម៌ នូវទិដ្ឋិ នូវបដិបទា នូវមគ្គនេះ បុគ្គល​នោះ ឈ្មោះថា ជាមនុស្ស​មិនពេញលេញ មិនគ្រប់គ្រាន់ មិនបរិបូណ៌ ជាបុគ្គល​ថោកទាប ហីនហោច អាប់ឱន លាមក គម្រក់ រលីបរលាប ហេតុនោះ (ទ្រង់​ត្រាស់សួរ​ថា) បុគ្គលណា បដិសេធ​សេចក្តី​នេះ បុគ្គលនោះ ឈ្មោះថា​មិនមាន​គុណធម៌​បរិបូណ៌។ ហេតុនោះ ព្រះពុទ្ធ​និមិ្មត​នោះ ត្រាស់​សួរថា

ជនទាំងឡាយ ប្រកាន់ថាខ្លួនឈ្លាសវៃ ជាអ្នកដំអក់​នៅក្នុង​ទិដ្ឋិ​របស់ខ្លួនៗ រមែង​ប្រកាន់​យក (នូវទិដ្ឋិនោះ) ហើយ​ពោលផ្សេងៗ ថា បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា​ដឹងធម៌ បុគ្គលណា បដិសេធ​សេចក្តីនេះ បុគ្គល​នោះ ឈ្មោះថា​មិនមាន​គុណធម៌​បរិបូណ៌។

[២០៥] ជនទាំងឡាយ ប្រកាន់យ៉ាងនេះហើយ រមែង​ទាស់ទែង​គ្នា ទាំងពោល​ថា ជាមនុស្ស​ពាល ទន់ទាប មិនឈ្លាសវៃ តើវាទៈ​ដូចម្តេច របស់ជន​ទាំងនេះ ជាវាទៈពិត ព្រោះថា ជនទាំងនេះ ជាអ្នក​ពោលថា ខ្លួនឈ្លាសវៃ​ទាំងអស់គ្នា។

[២០៦] ពាក្យថា ជនទាំងឡាយ ប្រកាន់យ៉ាងនេះ​ហើយ រមែង​ទាស់ទែង​គ្នា សេចក្តីថា ជនទាំង​ឡាយ កាន់យក រៀនយក ប្រកាន់យក បបោស​អង្អែល ជាប់ចិត្ត យ៉ាងនេះហើយ រមែង​ទាស់ទែង​គ្នា គឺធ្វើនូវ​ជម្លោះ ធ្វើនូវ​សេចក្តី​ប្រកួត​ប្រកាន់ ធ្វើនូវ​សេចក្តី​ប្រកាន់ខុស ធ្វើនូវ​វិវាទ ធ្វើនូវ​ការប្រណាំង​ប្រជែងថា អ្នកមិន​ចេះធម៌​វិន័យនេះទេ។បេ។ ឬបើ​អ្នកអាច អ្នកចូរ​ដោះស្រាយ​ឲ្យរួច​ចុះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនទាំងឡាយ ប្រកាន់​យ៉ាងនេះ​ហើយ រមែង​ទាស់ទែង​គ្នា។

[២០៧] ពាក្យថា ទាំងពោលថា ជាមនុស្សពាល ទន់ទាប មិនឈ្លាសវៃ គឺ​បានពោល​យ៉ាងនេះ ថ្លែង​យ៉ាងនេះ ពណ៌នា​យ៉ាងនេះ ពន្យល់​យ៉ាងនេះ អធិប្បាយ​យ៉ាងនេះថា បុគ្គល​នេះ ជាមនុស្ស​ទន់ទាប ជាបុគ្គល​ពាល ថោកទាប ថោកថយ អ័ប្បឱន លាមក គម្រក់ ជាមនុស្ស​កម្ទេចកម្ទី មិនឈ្លាស មិនយល់ ជាអ្នក​លុះក្នុង​អំណាច​អវិជ្ជា ជាបុគ្គល​មិនមាន​ញាណ មិនមាន​ការពិចារណា​ដោយញាណ អ័ប្បឥត​ប្រាជ្ញា ហេតុនោះ (ទ្រង់ត្រាស់​សួរថា) ទាំងពោលថា ជាមនុស្ស​ពាល ទន់ទាប មិនឈ្លាសវៃ។

[២០៨] ពាក្យថា តើវាទៈដូចម្តេច របស់ជនទាំងនេះ ជាវាទៈ​ពិត គឺ​វាទៈដូចម្តេច របស់​សមណ​ព្រាហ្មណ៍​ទាំងនេះ ជាវាទៈពិត​ប្រាកដមែន ទៀងទាត់ ត្រឹមត្រូវ មិនវិបរិត ហេតុនោះ (ទ្រង់ត្រាស់​សួរថា) តើវាទៈ​ដូចម្តេច របស់ជន​ទាំងនេះ ជាវាទៈពិត។

[២០៩] ពាក្យថា ព្រោះថាជនទាំងនេះ ជាអ្នកពោលថា​ខ្លួនឈ្លាសវៃ​ទាំងអស់គ្នា គឺ​សមណ​ព្រាហ្មណ៍​ទាំងអស់​នេះ ជាអ្នក​ពោលថា ខ្លួនជា​អ្នកឈ្លាសវៃ ពោលថា​ជាបណ្ឌិត ពោលថា​ជាអ្នក​ប្រាជ្ញ ពោលថា​ប្រកប​ដោយញាណ ពោលថា​ត្រូវតាម​ទំនង ពោលថា​ប្រកប​ដោយ​លក្ខណៈ ពោលថា​ប្រកបដោយ​ហេតុ ពោលថា​គួរដល់ឋានៈ តាមលទ្ធិ​របស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់​សួរថា) ព្រោះថា ជនទាំងនេះ ជាអ្នក​ពោលថា ខ្លួន​ឈ្លាសវៃ​ទាំងអស់​គ្នា។ ហេតុនោះ ព្រះពុទ្ធនិមិ្មតនោះ ត្រាស់សួរថា

ជនទាំងឡាយ ប្រកាន់យ៉ាងនេះហើយ រមែងទាស់ទែងគ្នា ទាំងពោលថា ជាមនុស្ស​ពាល ទន់ទាប មិនឈ្លាសវៃ តើវាទៈ​ដូចម្តេច របស់ជន​ទាំងនេះ ជាវាទៈ​ពិត ព្រោះថា ជនទាំងនេះ ជាអ្នក​ពោលថា ខ្លួនឈ្លាសវៃ​ទាំងអស់គ្នា។

[២១០] (ព្រះមានព្រះភាគត្រាស់ថា) បុគ្គលពាល ជាអ្នកថោកទាប មានបញ្ញា​ទន់អន់ មិនយល់​នូវធម៌​របស់បុគ្គល​ដទៃ ជនទាំងអស់ ជាមនុស្ស​ពាល មានបញ្ញា​ទន់អន់ ជន​ទាំង​អស់នេះ ជាអ្នក​តំអក់នៅ​ក្នុងទិដ្ឋិ។

[២១១] ពាក្យថា មិនយល់នូវធម៌របស់បុគ្គលដទៃ គឺមិន​យល់តាម មិនឃើញ​តាម មិន​ដឹងតាម មិនត្រេកអរ​តាម នូវធម៌ នូវទិដ្ឋិ នូវបដិបទា នូវមគ្គ របស់​បុគ្គលដទៃ ហេតុនោះ (ទ្រង់ត្រាស់​ថា) មិនយល់​នូវធម៌​របស់បុគ្គល​ដទៃ។

[២១២] ពាក្យថា បុគ្គលពាល ជាអ្នកថោកទាប មានបញ្ញា​ទន់អន់ គឺបុគ្គល​ឈ្លើយ ល្ងង់ ថោកទាប ទន់អន់ ថោកថយ លាមក គម្រក់ ជាមនុស្ស​កម្ទេចកម្ទី មានបញ្ញា​ថោកទាប មានបញ្ញា​ទន់អន់ មានបញ្ញា​ថោកថយ មានបញ្ញា​លាមក មានបញ្ញា​គម្រក់ មានបញ្ញា​ស្តួច​ស្តើង ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលពាល ជាអ្នក​ថោកទាប មានបញ្ញា​ទន់អន់។

[២១៣] ពាក្យថា ជនទាំងអស់ ជាមនុស្សពាល មានបញ្ញា​ទន់អន់ គឺពួក​សមណ​ព្រាហ្មណ៍​ទាំងអស់​នេះ ជាបុគ្គល​ល្ងង់ ថោកទាប ទន់អន់ ថោកថយ លាមក គម្រក់ ជាមនុស្ស​កម្ទេចកម្ទី សមណ​ព្រាហ្មណ៍​ទាំងអស់ មានបញ្ញា​ថោកទាប មានបញ្ញា​ទន់អន់ មានបញ្ញា​ថោកថយ មានបញ្ញា​លាមក មានបញ្ញា​គម្រក់ មានបញ្ញា​ស្តួចស្តើង ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនទាំងអស់ ជាមនុស្សពាល មានបញ្ញា​ថោកថយ។

[២១៤] ពាក្យថា ជនទាំងអស់នេះ ជាអ្នកតំអក់នៅក្នុងទិដ្ឋិ គឺពួក​សមណព្រាហ្មណ៍​ទាំង​អស់នេះ ជាអ្នកលុះ​ក្នុងទិដ្ឋិ សមណ​ព្រាហ្មណ៍​ទាំងអស់នោះ កាន់ រៀន ប្រកាន់ បបោស​អង្អែល ជាប់ចិត្ត បណ្តា​ទិដ្ឋិទាំង ៦២ នូវទិដ្ឋិ​ណាមួយ ហើយនៅ នៅរួម នៅជាប់ នៅត្រាំ​ក្នុង​ទិដ្ឋិរបស់​ខ្លួន ៗ។ បុគ្គល​មានផ្ទះក្តី រមែង​នៅក្នុងផ្ទះ បុគ្គល​អ្នកត្រូវ​អាបត្តិក្តី រមែងនៅ​ក្នុង​អាបត្តិ បុគ្គល​ប្រកប​ដោយកិលេស​ក្តី រមែងនៅ​ក្នុងកិលេស យ៉ាងណា​មិញ ពួកសមណ​ព្រាហ្មណ៍​ទាំងអស់​នេះ ជាអ្នកលុះ​ក្នុងទិដ្ឋិ សមណ​ព្រាហ្មណ៍​ទាំងនោះ កាន់ រៀន ប្រកាន់ បបោស​អង្អែល ជាប់ចិត្ត បណ្តា​ទិដ្ឋិទាំង ៦២ នូវទិដ្ឋិ​ណាមួយ ហើយនៅ នៅរួម នៅជាប់ នៅត្រាំ​ក្នុងទិដ្ឋិ​របស់ខ្លួន ៗ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនទាំង​អស់នេះ ជាអ្នក​តំអក់នៅ​ក្នុង​ទិដ្ឋិ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

បុគ្គលពាល ជាអ្នកថោកទាប មានបញ្ញាទន់អន់ រមែង​មិនយល់​នូវធម៌​របស់បុគ្គល​ដទៃ ជន​ទាំងអស់ ជាមនុស្ស​ពាល មានបញ្ញា​ទន់អន់ ជនទាំង​អស់នេះ ជាអ្នក​តំអក់នៅ​ក្នុង​ទិដ្ឋិ។

[២១៥] ប្រសិនបើ បុគ្គលទាំងឡាយ ជាអ្នកមានបញ្ញា​ឈ្លាសវៃ មានបញ្ញា​បរិសុទ្ធល្អ មាន​ញាណដ៏​ផូរផង់ ដោយ​ទិដ្ឋិ​របស់ខ្លួន បណ្តាបុគ្គល​ទាំងឡាយនោះ បុគ្គលណា​មួយ មានបញ្ញា​ទន់អន់ ឥតមានទេ ព្រោះថា ជនទាំង​នោះ បានប្រកាន់​ទិដ្ឋិយ៉ាង​នោះ​ហើយ។

[២១៦] ពាក្យថា ដ៏ផូរផង់ដោយទិដ្ឋិរបស់ខ្លួន គឺផូរផង់ ស្អាត ​មិនសៅហ្មង ដោយទិដ្ឋិ​របស់ខ្លួន ដោយការ​គួររបស់ខ្លួន ដោយ​សេចក្តី​គាប់ចិត្ត​របស់ខ្លួន ដោយលទិ្ធ​របស់ខ្លួន ហេតុ​នោះ (ទ្រង់​ត្រាស់ថា) ដ៏ផូរផង់ ដោយទិដ្ឋិ​របស់ខ្លួន។

[២១៧] ពាក្យថា បុគ្គលទាំងឡាយ ជាអ្នកមានបញ្ញា​ឈ្លាសវៃ មានបញ្ញា​បរិសុទ្ធល្អ គឺមាន​បញ្ញាស្អាត មានបញ្ញា​ស្អាតវិសេស មានបញ្ញា​បរិសុទ្ធ មានបញ្ញា​ថ្លាស្អាត មានបញ្ញា​ផូរផង់។ ឬថា មានការ​ឃើញស្អាត មានការ​ឃើញស្អាត​វិសេស មានការ​ឃើញបរិសុទ្ធ មាន​ការ​ឃើញ​ហ្មត់ចត់ មានការ​ឃើញផូរផង់ ហេតុនោះ (ទ្រង់​ត្រាស់ថា) មានបញ្ញា​បរិសុទ្ធ​ល្អ។ ពាក្យថា ឈ្លាសវៃ គឺប៉ិនប្រសប់ ជាបណ្ឌិត​មានបញ្ញា មានបញ្ញា​ជាគ្រឿងដឹង មានញាណ មានបញ្ញា​ជាគ្រឿង​បំភ្លឺ មានបញ្ញា​ជាគ្រឿង​ទំលាយ​កិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) ឈ្លាសវៃ មានបញ្ញា​បរិសុទ្ធល្អ។ ពាក្យថា មានបញ្ញា គឺមាន​ការដឹង ជាបណ្ឌិត​មានបញ្ញា មានបញ្ញា​ជាគ្រឿងដឹង មានញាណ មានបញ្ញា​ជាគ្រឿងបំភ្លឺ មានបញ្ញា​ជាគ្រឿង​ទំលាយ​កិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ទាំងឡាយ ជាអ្នកមាន​បញ្ញា​ឈ្លាសវៃ មានបញ្ញា​បរិសុទ្ធ។

[២១៨] ពាក្យថា បណ្តាបុគ្គលទាំងឡាយនោះ បុគ្គលណា​មួយ មានបញ្ញា​ទន់អន់ ឥត​មានទេ គឺបណ្តា​សមណ​ព្រាហ្មណ៍​ទាំងនោះ សមណ​ព្រាហ្មណ៍​ណាមួយ មានបញ្ញា​ថោក​ទាប មានបញ្ញា​ទន់អន់ មានបញ្ញា​ថោកថយ មានបញ្ញា​លាមក មានបញ្ញា​គម្រក់ មានបញ្ញា​ស្តួចស្តើង ឥតមាន​ទេ។ គឺថា សមណ​ព្រាហ្មណ៍​ទាំងអស់ មានបញ្ញា​ដ៏លើសលុប មានបញ្ញា​ប្រសើរ មានបញ្ញា​ប្រសើរវិសេស មានបញ្ញា​ជាប្រធាន មានបញ្ញា​ដ៏ឧត្តម មានបញ្ញា​ដ៏បវរ ហេតុនោះ (ទ្រង់​ត្រាស់ថា) បណ្តាបុគ្គល​ទាំងនោះ បុគ្គលណា​មួយ មានបញ្ញា​ទន់អន់ ឥតមាន​ទេ។

[២១៩] ពាក្យថា ព្រោះថា ជនទាំងនោះ បានប្រកាន់​ទិដ្ឋិយ៉ាង​នោះហើយ គឺសមណ​ព្រាហ្មណ៍​ទាំងនោះ បានប្រកាន់ សមាទាន កាន់យក បបោសអង្អែល ជាប់ចិត្ត ជក់ចិត្ត ចុះ​ចិត្តស៊ប់ ដោយប្រការ​ដូច្នោះ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះថា ជនទាំង​នោះ បាន​ប្រកាន់​ទិដ្ឋិយ៉ាង​នោះហើយ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ប្រសិនបើបុគ្គលទាំងឡាយ ជាអ្នកមានបញ្ញាឈ្លាសវៃ មានបញ្ញា​បរិសុទ្ធល្អ មាន​ញាណ​ដ៏ផូរផង់ ដោយទិដ្ឋិ​របស់ខ្លួន បណ្តា​បុគ្គល​ទាំងឡាយ​នោះ បុគ្គល​ណាមួយ មាន​បញ្ញា​ទន់អន់ ឥតមានទេ ព្រោះថា ជនទាំងនោះ បាន​ប្រកាន់​ទិដ្ឋិយ៉ាង​នោះហើយ។

[២២០] សមណព្រាហ្មណ៍ទាំងឡាយ ជាគូៗ បានពោលនូវ​គ្នានឹងគ្នា​ថាពាល ព្រោះ​ទិដ្ឋិណា តថាគត​មិនពោល​នូវទិដ្ឋិនុ៎ះ​ថាពិតទេ បុគ្គល​ទាំងឡាយ​បានធ្វើ​នូវទិដ្ឋិ​របស់​ខ្លួន ៗ ថាពិត ព្រោះហេតុនោះ បានជា​ជនទាំងឡាយ​តែងយល់​នូវ​បុគ្គល​ដទៃថា​ពាល។

[២២១] អធិប្បាយពាក្យថា តថាគតមិនពោលនូវទិដ្ឋិនុ៎ះថា​ពិតទេ ត្រង់ពាក្យថា មិន គឺ​ជា​​ពាក្យហាម​ឃាត់។ ពាក្យថា ទិដ្ឋិនុ៎ះ គឺទិដ្ឋិ ៦២ សេចក្តីថា តថាគត មិនពោល មិនប្រាប់ មិនសំដែង មិនបញ្ញត្ត មិនតាំងទុក មិនបើក មិនវែកញែក មិនធ្វើឲ្យងាយ មិនប្រកាស នូវទិដ្ឋិ​នុ៎ះ​ថា​ពិត ថា​មែន ថា​ប្រាកដ ថា​ត្រូវ ថាមិនវិបរិត ដូច្នេះទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) តថាគត មិនពោល​នូវទិដ្ឋិនុ៎ះ​ថា​ពិតទេ។

[២២២] ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយ ជាគូៗ បានពោល​នូវគ្នានឹង​គ្នាថា (ពាល) ព្រោះ​ទិដ្ឋិណា ត្រង់ពាក្យថា ជាគូៗ បាន​សេចក្តីថា ជនពីរនាក់ គឺអ្នក​ធ្វើជម្លោះ​ពីរនាក់ អ្នក​ធ្វើសេចក្តី​ប្រកួត​ប្រកាន់​ពីរនាក់ អ្នកធ្វើ​តិរច្ឆានកថា​ពីរនាក់ អ្នកធ្វើ​វិវាទពីរ​នាក់ អ្នកធ្វើ​អធិករណ៍​ពីរនាក់ អ្នកជជែក​ពីរនាក់ អ្នកនិយាយ​ប៉ប៉ាច់ប៉ប៉ោច​ពីរនាក់។ ជនទាំងនោះ ពោល​យ៉ាងនេះ ថ្លែង​យ៉ាងនេះ ពណ៌នា​យ៉ាងនេះ ពន្យល់​យ៉ាងនេះ អធិប្បាយ​យ៉ាងនេះ នូវគ្នា​នឹងគ្នាថា ពាល ថោកទាប សាបសូន្យ ថោកថយ លាមក គម្រក់ កម្ទេចកម្ទី ហេតុនោះ (ទ្រង់​ត្រាស់ថា) សមណ​ព្រាហ្មណ៍​ទាំងឡាយ ជាគូ ៗ បានពោល​នូវគ្នានឹង​គ្នាថា ពាល ព្រោះទិដ្ឋិ​ណា។

[២២៣] ពាក្យថា បុគ្គលពាលទាំងឡាយ បានធ្វើនូវ​ទិដ្ឋិរបស់​ខ្លួនៗ ថាពិត គឺបាន​ធ្វើនូវ​ទិដ្ឋិ​របស់ខ្លួន ៗ ថាពិត ដោយពាក្យ​ថា លោកទៀង ពាក្យនេះ​ជាពាក្យពិត ពាក្យដទៃ​ជា​មោឃៈ។ បានធ្វើ​នូវទិដ្ឋិ​របស់ខ្លួន ៗ ថាពិត ដោយពាក្យថា លោកមិនទៀង ពាក្យ​នេះជា​ពាក្យពិត ពាក្យដទៃ​ជាមោឃៈ។បេ។ សត្វស្លាប់​ហើយ​កើតទៀត ក៏មិនមែន មិនកើត​ទៀត ក៏មិនមែន ពាក្យនេះ ជាពាក្យពិត ពាក្យដទៃ​ជាមោឃៈ។ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ពាល​ទាំងឡាយ បានធ្វើនូវ​ទិដ្ឋិរបស់​ខ្លួនៗថាពិត។

[២២៤] ពាក្យថា ព្រោះហេតុនោះ ជនទាំងឡាយ តែងយល់​នូវបុគ្គល​ដទៃថា​ពាល ត្រង់​ពាក្យថា ព្រោះហេតុ​នោះ គឺ​ព្រោះហេតុ​ដូច្នោះ ព្រោះដំណើរ​នោះ ព្រោះហេតុនោះ ព្រោះ​បច្ច័យនោះ ព្រោះ​និទាននោះ ទើបជន​ទាំងឡាយ​យល់ ឃើញ ក្រឡេកឃើញ សម្លឹង ពិនិត្យ រំពឹង នូវបុគ្គល​ដទៃ​ថាពាល ថោកទាប សាបរលាប ថោកថយ លាមក គម្រក់ កម្ទេចកម្ទី ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះហេតុនោះ ជនទាំងឡាយ តែងយល់​នូវបុគ្គល​ដទៃ ថាពាល។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

សមណព្រាហ្មណ៍ទាំងឡាយជាគូៗ បានពោលនូវគ្នា​នឹងគ្នា ថាពាល ព្រោះទិដ្ឋិ​ណា តថាគត​មិនពោល​នូវទិដ្ឋិនុ៎ះ ថាពិតទេ បុគ្គលពាល​ទាំងឡាយ បានធ្វើ​នូវទិដ្ឋិ​របស់ខ្លួន ៗ ថាពិត ព្រោះហេតុនោះ បានជាជន​ទាំងឡាយ តែងយល់​នូវបុគ្គល​ដទៃថា​ពាល។

[២២៥] (ព្រះពុទ្ធនិមិ្មតសួរថា) សមណព្រាហ្មណ៍ពួកខ្លះ បាន​ពោលពាក្យ​ណា ថាជា​ពាក្យទៀង ជាពាក្យពិត ចំណែក​សមណព្រាហ្មណ៍​ទាំងឡាយ​ដទៃទៀត បែរជា​ពោលពាក្យ​នោះ ថាជា​ពាក្យទទេ ជាពាក្យ​កុហកវិញ សមណ​ព្រាហ្មណ៍​ទាំងឡាយ ប្រកាន់​យ៉ាងនេះ​ហើយ រមែង​ទាស់ទែងគ្នា ព្រោះ​ហេតុអ្វី សមណៈ​ទាំងឡាយ មិន​ពោល​​ពាក្យតែបែបមួយ។

[២២៦] ពាក្យថា សមណព្រាហ្មណ៍ពួកខ្លះ បានពោល​ពាក្យណា ថាជា​ពាក្យទៀង ជា​ពាក្យពិត សេចក្តីថា សមណ​ព្រាហ្មណ៍​ពួកខ្លះ ពោលយ៉ាងនេះ ថ្លែងយ៉ាងនេះ ពណ៌នា​យ៉ាងនេះ ពន្យល់​យ៉ាងនេះ អធិប្បាយ​យ៉ាងនេះ នូវធម៌ ទិដ្ឋិ បដិបទា មគ្គណា ថា នេះទៀង ពិត ប្រាកដ ត្រូវ មិនវិបរិត ហេតុនោះ (ទ្រង់ត្រាស់​សួរថា) សមណ​ព្រាហ្មណ៍​ពួកខ្លះ បាន​ពោលពាក្យ​ណា ថាជា​ពាក្យទៀង ជាពាក្យពិត។

[២២៧] ពាក្យថា ចំណែកសមណព្រាហ្មណ៍ទាំងឡាយ​ដទៃទៀត បែរជា​ពោលពាក្យ​នោះ ថាជា​ពាក្យទទេ ជាពាក្យ​កុហកវិញ សេចក្តីថា សមណ​ព្រាហ្មណ៍​ពួកខ្លះ ពោល​យ៉ាងនេះ ថ្លែងយ៉ាងនេះ ពណ៌នា​យ៉ាងនេះ ពន្យល់​យ៉ាងនេះ អធិប្បាយ​យ៉ាងនេះ នូវធម៌ នូវទិដ្ឋិ នូវ​បដិបទា នូវមគ្គ​នោះឯងថា នេះជា​ពាក្យទទេ នេះជា​ពាក្យកុហក នេះជា​ពាក្យ​មិនពិត នេះជា​ពាក្យមិនមែន នេះជាពាក្យ​មិនត្រូវ ហេតុនោះ (ទ្រង់ត្រាស់​សួរថា) ចំណែក​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ដទៃទៀត បែរជា​ពោលពាក្យ​នោះ ថាជាពាក្យ​ទទេ ជាពាក្យ​កុហកវិញ។

[២២៨] ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយ ប្រកាន់យ៉ាង​នេះហើយ រមែង​ទាស់ទែង​គ្នា សេចក្តីថា សមណ​ព្រាហ្មណ៍​ទាំងឡាយ កាន់យក រៀនយក ប្រកាន់យក បបោស​អង្អែល ជាប់ចិត្ត​យ៉ាងនេះ​ហើយ រមែង​ជជែកគ្នា គឺធ្វើនូវ​ជំលោះ ធ្វើនូវ​សេចក្តីប្រកួត​ប្រកាន់ ធ្វើនូវ​សេចក្តី​ប្រកាន់​ខុស ធ្វើនូវវិវាទ ធ្វើនូវការ​ប្រណាំង​ប្រជែងថា អ្នកមិន​ចេះធម៌​វិន័យនេះ​ទេ។បេ។ ឬបើអ្នកអាច អ្នកចូរដោះ​ស្រាយឲ្យរួចចុះ ហេតុនោះ (ទ្រង់ត្រាស់​សួរថា) សមណ​ព្រាហ្មណ៍​ទាំងឡាយ ប្រកាន់​យ៉ាងនេះហើយ រមែងទាស់​ទែងគ្នា។

[២២៩] ពាក្យថា ព្រោះហេតុអ្វី សមណៈទាំងឡាយ មិនពោល​ពាក្យតែបែប​មួយ សេចក្តីថា ព្រោះហេតុ​ដូចម្តេច ព្រោះដំណើរ​ដូចម្តេច ព្រោះហេតុអ្វី ព្រោះបច្ច័យ​អ្វី ព្រោះ​និទាន​ដូចម្តេច ព្រោះកិរិយា​កើតឡើង​ដូចម្តេច ព្រោះកំណើត​ដូចម្តេច ព្រោះហេតុ​ជាដែន​កើត​មុនដូចម្តេច សមណៈ​ទាំងឡាយ មិនពោល​ពាក្យតែ​បែបមួយ បែរជា​ពោលផ្សេង ៗ ពោលនូវ​ប្រការ​ផ្សេងៗ ពោលដោយ​ឡែកពីគ្នា ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ​ច្រើនបែប​ទៅវិញ ហេតុនោះ (ទ្រង់ត្រាស់​សួរថា) ព្រោះហេតុអ្វី សមណ​ព្រាហ្មណ៍​ទាំងឡាយ មិនពោល​ពាក្យ​តែបែបមួយ។ ហេតុនោះ ព្រះពុទ្ធនិមិ្មត​នោះត្រាស់សួរថា

សមណព្រាហ្មណ៍ពួកខ្លះ បានពោលពាក្យណា ថាជា​ពាក្យទៀង ជាពាក្យពិត សមណ​ព្រាហ្មណ៍​ទាំងឡាយ​ដទៃទៀត បែរជាពោល​ពាក្យនោះ ថាជា​ពាក្យទទេ ជាពាក្យ​កុហកវិញ សមណ​ព្រាហ្មណ៍​ទាំងឡាយ ប្រកាន់​យ៉ាងនេះ​ហើយ រមែង​ទាស់ទែងគ្នា ព្រោះ​ហេតុអ្វី សមណៈ​ទាំងឡាយ មិនពោល​ពាក្យតែ​បែបមួយ។

[២៣០] (ព្រះមានព្រះភាគត្រាស់ថា) សត្វដឹងច្បាស់​នូវសច្ចៈ​ណា មិនគប្បី​ទាស់ទែងគ្នា សច្ចៈ (នោះ) មានតែមួយ មិនមាន​ជាគំរប់​ពីរទេ សមណព្រាហ្មណ៍​ទាំងឡាយនោះ តែង​ពោលតាម​ទំនើងខ្លួន​ឯង នូវសច្ចៈ​ទាំងឡាយ​ផ្សេងៗ គ្នា ព្រោះ​ហេតុនោះ បានជា​សមណៈ​ទាំងឡាយ មិនពោល​ពាក្យតែបែប​មួយ។

[២៣១] ពាក្យថា សច្ចៈ (នោះ) មានតែមួយ មិនមាន​ជាគំរប់ពីរទេ អធិប្បាយ​ថា ទុក្ខនិរោធនិព្វាន លោកហៅថា សច្ចៈមួយ បានខាង​សេចក្តី​រម្ងាប់សង្ខារ​ទាំងពួង កិរិយា​រលាស់​ឧបធិ​ទាំងពួង កិរិយា​អស់តណ្ហា ការប្រាស​ចាកតម្រេក កិរិយា​រលត់ ព្រះនិព្វាន។ ឬថា ដែលហៅថា សច្ចៈមួយ សំដៅយក​មគ្គសច្ចៈ និយ្យានសច្ចៈ ទុក្ខនិរោធ​គាមិនីបដិបទា មគ្គ​មានអង្គ ៨ ដ៏ប្រសើរ គឺ​សេចក្តី​យល់ត្រូវ ១ សេចក្តី​ត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹម​ជីវិតត្រូវ ១ ការព្យាយាម​ត្រូវ ១ សេចក្តី​រឭក​ត្រូវ ១ ការតំកល់​ចិត្តត្រូវ ១ ហេតុ​នោះ (ទ្រង់ត្រាស់ថា) សច្ចៈនោះ មានតែមួយ មិនមានជា​គំរប់ពីរទេ។

[២៣២] ពាក្យថា សត្វដឹងច្បាស់នូវសច្ចៈណា មិនគប្បី​ទាស់ទែងគ្នា ត្រង់ពាក្យថា ណា គឺនូវ​សច្ចៈណា។ ពាក្យថា សត្វ គឺជាឈ្មោះ​របស់សត្វ។ សត្វកាល​ដឹងច្បាស់ ដឹងទួទៅ ដឹង​វិសេស ដឹងជាក់ ចាក់ធ្លុះ​នូវសច្ចៈណា មិនគប្បី​ធ្វើជំលោះ មិនគប្បី​ធ្វើសេចក្តី​ប្រកួតប្រកាន់ មិនគប្បី​ធ្វើសេចក្តី​ប្រកាន់ខុស មិនគប្បី​ធ្វើវិវាទ មិនគប្បី​ធ្វើការប្រណាំង​ប្រជែង គឺគប្បីលះ​បង់ គប្បី​បន្ទោបង់ គប្បី​ធ្វើឲ្យវិនាស គប្បី​ដល់នូវការ​មិនកើត​មានតទៅ នូវជំលោះ សេចក្តី​ប្រកួត​ប្រកាន់ សេចក្តី​ប្រកាន់ខុស វិវាទ សេចក្តី​ប្រណាំង​ប្រជែង ហេតុនោះ (ទ្រង់​ត្រាស់ថា) សត្វដឹង​ច្បាស់នូវ​សច្ចៈណា មិនគប្បី​ទាស់ទែងគ្នា។

[២៣៣] ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយនោះ តែងពោល​តាមទំនើង​ខ្លួនឯង នូវ​សច្ចៈ​ទាំងឡាយ​ផ្សេងៗ គ្នា សេចក្តីថា សមណ​ព្រាហ្មណ៍​ទាំងឡាយ​នោះ តែង​សរសើរ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ តាមទំនើង​ខ្លួនឯង នូវសច្ចៈ​ទាំងឡាយ​ផ្សេងៗ គ្នា គឺតែង​សរសើរ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ តាមទំនើង​ខ្លួនឯងថា លោកទៀង ពាក្យនេះ​ជាពាក្យពិត ពាក្យដទៃ​ជាមោឃៈ តែង​សរសើរ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ តាមទំនើង​ខ្លួនឯងថា លោក​មិនទៀង។បេ។ សត្វស្លាប់​ហើយកើតទៀត ក៏មិន​មែន មិនកើត​ទៀត ក៏មិនមែន ពាក្យនេះ​ជាពាក្យពិត ពាក្យដទៃ​ជាមោឃៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) សមណ​ព្រាហ្មណ៍​ទាំងឡាយ​នោះ តែងពោល​តាមទំនើង​ខ្លួនឯង នូវសច្ចៈ​ទាំងឡាយ​ផ្សេងៗ គ្នា។

[២៣៤] ពាក្យថា ព្រោះហេតុនោះ ទើបសមណៈ​ទាំងឡាយ​មិន​ពោលពាក្យ​តែបែប​មួយ ត្រង់​ពាក្យថា ព្រោះ​ហេតុនោះ គឺ​ព្រោះហេតុ​ដូច្នោះ ព្រោះដំណើរ​នោះ ព្រោះ​ហេតុនោះ ព្រោះ​បច្ច័យនោះ ព្រោះ​និទាននោះ ទើបសមណៈ​ទាំងឡាយ មិនពោល​ពាក្យតែ​បែបមួយ គឺពោល​ផ្សេងៗ ពោលប្រការ​ផ្សេង ៗ ពោលដោយ​ឡែកពីគ្នា ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ មានប្រមាណ​ច្រើន ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះ​ហេតុនោះ ទើបសមណៈ​ទាំងឡាយ មិន​ពោលពាក្យ​តែបែបមួយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

សត្វដឹងច្បាស់នូវសច្ចៈណា មិនគប្បីទាស់ទែងគ្នា សច្ចៈ (នោះ) មានតែមួយ មិនមាន​ជាគំរប់​ពីរទេ សមណ​ព្រាហ្មណ៍​ទាំងឡាយនោះ តែងពោល​តាមទំនើង​ខ្លួនឯង នូវសច្ចៈ​ទាំងឡាយ​ផ្សេងៗ គ្នា ព្រោះ​ហេតុនោះ ទើបសមណៈ​ទាំងឡាយ មិនពោល​ពាក្យតែ​បែបមួយ។

[២៣៥] (ព្រះពុទ្ធនិមិ្មតសួរថា) ព្រោះហេតុអ្វី ពួកសមណ​ព្រាហ្មណ៍ ជាអ្នក​ប្រកាន់ថា​ឈ្លាសវៃ ពោល ពោលជជែក​នូវសច្ចៈ​ទាំងឡាយ​ផ្សេងៗ គ្នា សច្ចៈ​ទាំងឡាយ​ច្រើន ផ្សេងៗ តើ (សមណព្រាហ្មណ៍​ទាំងនោះ) បានឮឬ ឬក៏​សមណ​ព្រាហ្មណ៍​ទាំងនោះ រាវរក​ដោយសេចក្តី​ត្រិះរិះទេ។

[២៣៦] ពាក្យថា ព្រោះហេតុអ្វី ពួកសមណព្រាហ្មណ៍​ពោល​នូវសច្ចៈ​ទាំងឡាយ​ផ្សេង ៗ គ្នា ត្រង់​ពាក្យថា ព្រោះហេតុអ្វី គឺ​ព្រោះហេតុម្តេច ព្រោះ​ដំណើរ​ដូចម្តេច ព្រោះហេតុ​ដូចម្តេច ព្រោះបច្ច័យ​ដូចម្តេច ព្រោះនិទាន​ដូចម្តេច ទើបពួក​សមណព្រាហ្មណ៍ ពោលនូវ​សច្ចៈ​ទាំងឡាយ​ផ្សេងៗ ពោលនូវ​សច្ចៈទាំងឡាយ​មានប្រការ​ផ្សេងៗ ពោល​ដោយឡែក​ពីគ្នា ពោល ថ្លែង ពណ៌នា អធិប្បាយ នូវសច្ចៈ​ទាំងឡាយ​មានប្រមាណ​ច្រើន ហេតុនោះ (ទ្រង់ត្រាស់​សួរថា) ព្រោះហេតុអ្វី ពួកសមណ​ព្រាហ្មណ៍ ពោលនូវ​សច្ចៈ​ទាំងឡាយ​ផ្សេងៗ គ្នា។

[២៣៧] អធិប្បាយពាក្យថា ជាអ្នកប្រកាន់ថាឈ្លាសវៃ ពោល ពោលជជែក ត្រង់ពាក្យថា ពោលជជែក គឺ​រមែងពោល​ជជែក ព្រោះ​ហេតុនោះ (ទ្រង់​ត្រាស់ថា) ពោល​ជជែក។ មួយទៀត សមណ​ព្រាហ្មណ៍​ទាំងឡាយ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ​នូវទិដ្ឋិ​របស់​ខ្លួន ៗ គឺពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយថា លោកទៀង ពាក្យនេះ ជាពាក្យពិត ពាក្យ​ដទៃ​ជាមោឃៈ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយថា លោកមិន​ទៀង។បេ។ សត្វ​ស្លាប់ហើយ​កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះ ជា​ពាក្យពិត ពាក្យដទៃ​ជាមោឃៈ។ ពាក្យថា អ្នកប្រកាន់​ថាឈ្លាសវៃ គឺជាអ្នក​ពោលថា​ឈ្លាសវៃ ពោលថា​ជា​បណ្ឌិត ពោលថា​ជាអ្នកប្រាជ្ញ ពោលថា​មានញាណ ពោលត្រូវ​ទំនង ពោលប្រកប​ដោយ​លក្ខណៈ ពោលប្រកប​ដោយហេតុ ពោលគួរ​ដល់ឋានៈ តាមលទ្ធិ​របស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់​សួរថា) ជាអ្នក​ប្រកាន់ថា​ឈ្លាសវៃ ពោល ពោលជជែក។

[២៣៨] ពាក្យថា សច្ចៈទាំងឡាយច្រើនផ្សេងៗ (តើសមណ​ព្រាហ្មណ៍​ទាំងនោះ) បានឮឬ ​សេចក្តីថា សច្ចៈទាំងឡាយ​ច្រើនផ្សេងៗ មានប្រការ​ផ្សេងៗ ដទៃ ៗ ជាអនេក (តើសមណ​ព្រាហ្មណ៍​ទាំងនោះ) បានឮឬ ហេតុនោះ (ទ្រង់ត្រាស់​សួរថា) សច្ចៈ​ទាំងឡាយ​ច្រើន​ផ្សេង ៗ តើសមណ​ព្រាហ្មណ៍​ទាំងនោះ បានឮឬ។

[២៣៩] ពាក្យថា ឬក៏សមណព្រាហ្មណ៍ទាំងនោះ រាវរក​ដោយសេចក្តី​ត្រិះរិះ សេចក្តីថា ឬក៏ (សមណ​ព្រាហ្មណ៍​ទាំងនោះ) ត្រូវសេចក្តី​ត្រិះរិះ សេចក្តី​ត្រិះរិះផ្សេងៗ សេចក្តី​ត្រិះរិះ​ព្រម ឲ្យទៅ ឲ្យនាំទៅ ឲ្យរសាត់ទៅ ឲ្យកួចទៅ ហេតុនោះ (ទ្រង់​ត្រាស់សួរ​ថា) ឬក៏​សមណ​ព្រាហ្មណ៍​ទាំងនោះ រាវរក​ដោយសេចក្តី​ត្រិះរិះ។ មួយទៀត សមណ​ព្រាហ្មណ៍​ទាំងឡាយ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ នូវប្រាជ្ញា​ដែលស្រាវជ្រាវ ដោយសេចក្តី​ត្រិះរិះ ដែល​រិះរក ដោយការ​ពិចារណា​ដោយខ្លួនឯង ហេតុនោះ (ទ្រង់ត្រាស់​សួរថា) ឬក៏​សមណ​ព្រាហ្មណ៍​ទាំងនោះ រាវរក​ដោយសេចក្តី​ត្រិះរិះ។ ហេតុនោះ ព្រះពុទ្ធនិមិ្មតនោះ ត្រាស់សួរថា

ព្រោះហេតុអ្វី ពួកសមណព្រាហ្មណ៍ ជាអ្នកប្រកាន់ថា ឈ្លាសវៃ ពោល ពោលជជែក នូវសច្ចៈ​ទាំងឡាយ​ផ្សេងៗ គ្នា សច្ចៈទាំងឡាយ​ច្រើន​ផ្សេងៗ តើ (សមណ​ព្រាហ្មណ៍​ទាំងនោះ) បានឮឬ ឬក៏សមណ​ព្រាហ្មណ៍​ទាំងនោះ រាវរក​ដោយសេចក្តី​ត្រិះរិះទេ។

[២៤០] (ព្រះមានព្រះភាគ ត្រាស់ថា) សច្ចៈទាំងឡាយ ក្នុងលោក វៀរលែង​តែសេចក្តី​ប្រកាន់​ថាទៀង​ដោយសញ្ញា​ចេញ មិនមែន​មានច្រើន​ផ្សេងៗ គ្នាទេ មួយវិញ​ទៀត ជន​ទាំងឡាយ តែងតាំង​នូវសេចក្តី​ត្រិះរិះ​ក្នុងទិដ្ឋិ​ទាំងឡាយ ហើយពោល​នូវធម៌​ជាគូ ថាពិត ថាកុហក។

[២៤១] ពាក្យថា សច្ចៈទាំងឡាយ មិនមែនមានច្រើន​ផ្សេងៗ គ្នាទេ គឺសច្ចៈ​ទាំងឡាយ មិនមែន​មានច្រើន​ផ្សេងៗ មានប្រការ​ផ្សេង ៗ ដោយឡែក​ពីគ្នាច្រើន​ទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) សច្ចៈ​ទាំងឡាយ ​មិនមែន​មានច្រើន​ផ្សេងៗ គ្នាទេ។

[២៤២] អធិប្បាយពាក្យថា ក្នុងលោក វៀរលែងតែសេចក្តីប្រកាន់ថា ទៀង ដោយ​សញ្ញា​ចេញ សេចក្តីថា ក្នុងលោក វៀរលែង​តែសេចក្តី​ប្រកាន់​ថាទៀង​ដោយសញ្ញា​ចេញ សច្ចៈ​ដែលលោក​ថ្លែង ពណ៌នា ពន្យល់ អធិប្បាយថា មានតែមួយ គឺ​ទុក្ខនិរោធនិព្វាន បាន​ដល់ កិរិយា​រម្ងាប់នូវ​សង្ខារ​ទាំងពួង កិរិយា​កំចាត់បង់​នូវឧបធិ​ទាំងពួង កិរិយា​អស់តណ្ហា កិរិយា​ប្រាសចាក​រាគៈ កិរិយា​រលត់ទុក្ខ ព្រះនិព្វាន។ មួយទៀត សច្ចៈ​មួយ លោកពោល​សំដៅយក​មគ្គសច្ចៈ និយ្យានសច្ចៈ ទុក្ខនិរោធ​គាមិនីបដិបទា មគ្គប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ គឺ​សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ហេតុនោះ (ទ្រង់​ត្រាស់ថា) ក្នុងលោក វៀរលែង​តែសេចក្តី​ប្រកាន់ថា​ទៀង ដោយសញ្ញា។

[២៤៣] ពាក្យថា មួយទៀត ជនទាំងឡាយ តែងតាំង​នូវសេចក្តី​ត្រិះរិះ ក្នុងទិដ្ឋិ​ទាំងឡាយ ហើយពោល​នូវធម៌ជាគូ ថាពិត ថាកុហក សេចក្តីថា ជនទាំងឡាយ ត្រិះរិះ ត្រិះរិះ​ផ្សេងៗ ត្រិះរិះ​ព្រម នូវសេចក្តី​ត្រិះរិះ នូវសេចក្តី​ត្រិះរិះផ្សេង ៗ នូវសេចក្តី​ត្រិះរិះព្រម ហើយញុំាង​ទិដ្ឋិ​ទាំងឡាយ​ឲ្យកើត ឲ្យកើតព្រម ឲ្យកើតឡើង ឲ្យកើត​ចំពោះ លុះញុំាង​ទិដ្ឋិទាំង​ឡាយ​ឲ្យកើត ឲ្យ​កើតព្រម ឲ្យកើតឡើង ឲ្យកើតចំពោះ​ហើយ ក៏ពោល​យ៉ាងនេះ ថ្លែងយ៉ាង​នេះ ពណ៌នា​យ៉ាងនេះ​ ពន្យល់យ៉ាងនេះ អធិប្បាយ​យ៉ាងនេះថា ពាក្យរបស់ខ្ញុំ​ជាពាក្យពិត ពាក្យរបស់អ្នក​ ជាពាក្យកុហក ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនទាំងឡាយ​តែងតាំង​នូវសេចក្តី​ត្រិះរិះ​ក្នុងទិដ្ឋិ​ទាំងឡាយ ហើយពោល​នូវធម៌ជា​គូថាពិត ថាកុហក។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ហើយថា

សច្ចៈទាំងឡាយ ក្នុងលោក វៀរលែងតែសេចក្តី​ប្រកាន់ថា​ទៀង​ដោយសញ្ញា​ចេញ មិន​មែន​មានច្រើន​ផ្សេងៗ គ្នាទេ មួយទៀត ជនទាំងឡាយ តែងតាំង​នូវសេចក្តី​ត្រិះរិះ ក្នុង​ទិដ្ឋិ​​ទាំងឡាយ ហើយពោល​នូវធម៌ជាគូ ថាពិត ថាកុហក។

[២៤៤] បុគ្គលអាស្រ័យទិដ្ឋិធម៌ទាំងនេះ គឺការឃើញក្តី ការឮក្តី សីល និងវ័តក្តី ការប៉ះ​ពាល់ក្តី ហើយជាអ្នក​ឃើញនូវ​ការមើលងាយ ឋិតនៅ​ក្នុងវិនិច្ឆ័យ ហើយ​រីករាយ បាន​ពោលថា បុគ្គលពាល ថោកទាប មិនឈ្លាសវៃ។

[២៤៥] អធិប្បាយពាក្យថា បុគ្គលអាស្រ័យទិដ្ឋិធម៌​ទាំងនេះ គឺការឃើញក្តី ការឮក្តី សីល និងវ័តក្តី ការប៉ះពាល់ក្តី ហើយជា​អ្នកឃើញ​នូវការ​មើលងាយ សេចក្តីថា បុគ្គល​អាស្រ័យ ចូលទៅ​អាស្រ័យ កាន់យក បបោសអង្អែល ជាប់ចិត្ត​នូវការឃើញ ឬនូវ​សេចក្តី​បរិសុទ្ធិ ព្រោះការ​ឃើញក្តី នូវការឮ ឬនូវសេចក្តី​បរិសុទ្ធិ​ព្រោះការ​ឮក្តី នូវសីល ឬនូវ​សេចក្តី​បរិសុទ្ធិ​ព្រោះ​សីលក្តី នូវវ័ត ឬនូវសេចក្តី​បរិសុទ្ធិ​ព្រោះវ័តក្តី នូវការ​ប៉ះពាល់ ឬនូវ​សេចក្តី​បរិសុទ្ធិ​ព្រោះការ​ប៉ះពាល់ក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) ការឃើញក្តី ការឮក្តី សីល និងវ័តក្តី ការប៉ះពាល់​ក្តី។ ពាក្យថា បុគ្គល​អាស្រ័យ​ទិដ្ឋិធម៌​ទាំងនេះ ហើយជា​អ្នកឃើញ​នូវការ​មើលងាយ គឺ​ឈ្មោះថា អ្នក​ឃើញនូវ​ការមើលងាយ ព្រោះហេតុ​មិនរាប់​អានខ្លះ។ ឬថា ឈ្មោះថា អ្នកមើលងាយ ព្រោះ​ហេតុញុំាង​ទោមនស្ស​ឲ្យកើតខ្លះ ហេតុនោះ (ទ្រង់ត្រាស់​ថា) បុគ្គល​អាស្រ័យ​ទិដ្ឋិធម៌​ទាំងនេះ គឺការ​ឃើញក្តី ការឮក្តី សីល និងវ័តក្តី ការប៉ះពាល់​ក្តី ហើយជា​អ្នកឃើញ នូវការមើល​ងាយ។

[២៤៦] ពាក្យថា ឋិតនៅក្នុងវិនិច្ឆ័យ ហើយរីករាយ សេចក្តីថា ដែលហៅថា វិនិច្ឆ័យ បាន​ដល់ ទិដ្ឋិ ៦២ (បុគ្គល) ឋិតនៅ ឋិតនៅស៊ប់ កាន់យក បបោសអង្អែល ជាប់ចិត្ត ក្នុងទិដ្ឋិ​ដែល​ខ្លួន​សម្រេចហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គល​ឋិតនៅក្នុង​វិនិច្ឆ័យ។ ពាក្យថា រីករាយ គឺជាអ្នក​ត្រេកអរ រីករាយ រីករាយទួទៅ មានចិត្ត​ជារបស់​ខ្លួន មានសេចក្តី​ត្រិះរិះ​បរិបូណ៌។ ឬថា សើចបញ្ចេញ​ធ្មេញ ហេតុនោះ (ទ្រង់​ត្រាស់ថា) ឋិតនៅក្នុង​វិនិច្ឆ័យ ហើយ​រីករាយ។

[២៤៧] ពាក្យថា បានពោលថា បុគ្គលពាល ថោកទាប មិនឈ្លាសវៃ គឺពោល​យ៉ាងនេះ ថ្លែងយ៉ាង​នេះ ពណ៌នា​យ៉ាងនេះ ពន្យល់​យ៉ាងនេះ អធិប្បាយ​យ៉ាងនេះថា បុគ្គលអន់ ល្ងង់ ថោកទាប សាប​សូន្យ ថោកថយ លាមក គម្រក់ ជាមនុស្ស​កំទេចកំទី មិនឈ្លាសវៃ មិនមាន​ប្រាជ្ញា​ជាគ្រឿង​ចាក់ធ្លុះ លុះក្នុង​សេចក្តីល្ងង់ មិនមាន​ញាណ មិនមាន​ប្រាជ្ញាជា​គ្រឿងបំភ្លឺ ឥតបញ្ញា ហេតុនោះ (ទ្រង់ត្រាស់ថា) បានពោលថា បុគ្គលពាល ថោកទាប មិនឈ្លាសវៃ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលអាស្រ័យទិដ្ឋិធម៌ទាំងនេះ គឺការឃើញក្តី ការឮក្តី សីល និងវ័តក្តី ការប៉ះពាល់​ក្តី ហើយជា​អ្នកឃើញ​នូវការ​មើលងាយ ឋិតនៅ​ក្នុងវិនិច្ឆ័យ​ហើយរីករាយ បានពោលថា

បុគ្គលពាល ថោកទាប មិនឈ្លាសវៃ។

[២៤៨] បុគ្គលយល់បុគ្គលដទៃ ថាជាបុគ្គលពាល ដោយអំពើ​ណា ហើយ​ពោល​ចំពោះ​អាត្មា​ឯង ថាជា​បុគ្គល​ឈ្លាសវៃ ដោយ​អំពើនោះ បុគ្គលនោះ​ប្រកាន់ថា​ខ្លួនជា​អ្នកឈ្លាសវៃ​ដោយ​ខ្លួនឯង មើលងាយ​បុគ្គលដទៃ ទាំងពោល​យ៉ាងនោះដែរ។

[២៤៩] ពាក្យថា បុគ្គលយល់បុគ្គលដទៃ ថាជាបុគ្គលពាល ដោយ​អំពើណា គឺបុគ្គល​យល់ឃើញ មើលឃើញ ក្រឡេកឃើញ សំឡឹងឃើញ រំពឹងឃើញ នូវបុគ្គល​ដទៃ ថាជា​បុគ្គល​ពាល ថោកទាប ថោកថយ ទន់ទាប លាមក គម្រក់ ជាមនុស្ស​កំទេចកំទី ដោយហេតុ​ណា ដោយ​បច្ច័យណា ដោយដំណើរ​ណា ដោយហេតុ​ផ្តើមណា ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​យល់បុគ្គល​ដទៃ ថាជា​បុគ្គលពាល ដោយហេតុណា។

[២៥០] ពាក្យថា ពោលចំពោះអាត្មាឯង ថាជាបុគ្គល​ឈ្លាសវៃ ដោយអំពើ​នោះ អធិប្បាយ​ថា អត្តា លោកហៅថា អាត្មា។ បុគ្គលនោះឯង រមែងហៅ​ខ្លួនឯងថា អាត្មាអញ ជាអ្នក​ឈ្លាសវៃ ជាបណ្ឌិត​មានប្រាជ្ញា មានប្រាជ្ញា​ជាគ្រឿង​ដឹង មានញាណ មានប្រាជ្ញា​ជា​គ្រឿងបំភ្លឺ ជាមេធាវី ដោយ​ហេតុនោះ ដោយបច្ច័យ​នោះ ដោយដំណើរ​នោះ ដោយ​ហេតុផ្តើម​នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ពោលចំពោះ​អាត្មាឯង ថាជា​បុគ្គល​ឈ្លាសវៃ ដោយ​អំពើនោះ។

[២៥១] ពាក្យថា បុគ្គលនោះ ប្រកាន់ថាខ្លួនជាអ្នកឈ្លាសវៃ​ដោយខ្លួនឯង គឺពោលថា ឈ្លាសវៃ ពោលថា​ជាបណ្ឌិត ពោលថា​ជាអ្នកប្រាជ្ញ ពោលថា​ប្រកបដោយ​ញាណ ពោលថា ត្រូវទំនង ពោលថា​ប្រកបដោយ​លក្ខណៈ ពោលថា​ប្រកប​ដោយហេតុ ពោលថា​គួរដល់​ឋានៈ​នូវខ្លួន​ដោយខ្លួនឯង តាមលទ្ធិ​របស់ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ ប្រកាន់​ថា ខ្លួន​ជាអ្នក​ឈ្លាសវៃ។

[២៥២] ពាក្យថា មើលងាយបុគ្គលដទៃ ទាំងពោលយ៉ាងនោះដែរ គឺមើលងាយ​បុគ្គល​ដទៃ ព្រោះហេតុ​មិនរាប់​អានខ្លះ។ ឬមើលងាយ​បុគ្គលដទៃ ព្រោះហេតុញុំាង​ទោមនស្ស​ឲ្យកើតខ្លះ។ ពាក្យថា ទាំងពោល​យ៉ាងនោះដែរ គឺបុគ្គល​រមែងពោល​ប្រកាន់​នូវទិដ្ឋិនោះ ដោយ​​ប្រការ​ដូច្នោះថា បុគ្គលនេះ ជាមិច្ឆាទិដ្ឋិ មានការ​យល់ខុស ដោយប្រការ​ដូច្នេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) មើលងាយ​បុគ្គលដទៃ ទាំងពោល​យ៉ាងនោះ​ដែរ។ ហេតុនោះ ព្រះមានព្រះភាគ​​ត្រាស់ថា

បុគ្គលយល់បុគ្គលដទៃ ថាជាបុគ្គលពាល ដោយ​អំពើណា ហើយពោល​ចំពោះ​អាត្មាឯង ថាជាបុគ្គល​ឈ្លាសវៃ ដោយអំពើ​នោះ បុគ្គលនោះ ប្រកាន់ថា​ខ្លួន​ជាអ្នក​ឈ្លាសវៃ​ដោយខ្លួនឯង រមែង​មើលងាយ​បុគ្គល​ដទៃ ទាំងពោល​យ៉ាងនោះដែរ។

[២៥៣] បុគ្គលនោះ សម្រេចដោយទិដ្ឋិមានសារៈដ៏ក្រៃលែង ជាអ្នកស្រវឹង​ដោយមានះ មាន​មានះបរិបូណ៌ អភិសេកខ្លួន​ដោយចិត្ត​ខ្លួនឯង ព្រោះថា ទិដ្ឋិនោះ បុគ្គលនោះ​សម្រច​ហើយ​ដោយប្រការ​ដូច្នោះ។

[២៥៤] ពាក្យថា បុគ្គលនោះសម្រេចដោយទិដ្ឋិ​មានសារៈ​ដ៏ក្រៃលែង អធិប្បាយថា ទិដ្ឋិ ៦២ ហៅថា ទិដ្ឋិមាន​សារៈដ៏​ក្រៃលែង។ ទិដ្ឋិ ៦២ ហេតុអ្វី​ក៏លោកហៅថា ទិដ្ឋិមាន​សារៈដ៏​ក្រៃលែង។ ទិដ្ឋិទាំង​អស់នោះ កន្លងនូវហេតុ កន្លងនូវ​លក្ខណៈ កន្លងនូវ​ការថោកទាប ហេតុនោះ ទិដ្ឋិទាំង ៦២ ហៅថា ទិដ្ឋិមាន​សារៈដ៏​ក្រៃលែង។ ពួកតិរិ្ថយ​ទាំងអស់ មានទិដ្ឋិ​មានសារៈ​ដ៏ក្រៃលែង។ ហេតុអ្វី​ក៏ពួកតិរ្ថិយ​ទាំងអស់ មានទិដ្ឋិ​មានសារៈ​ដ៏ក្រៃលែង។ ពួក​តិរ្ថិយ​ទាំងនោះ កន្លង កន្លងព្រម ប្រព្រឹត្តកន្លង​នូវគ្នានឹងគ្នា ហើយញុំាង​ទិដ្ឋិ​ទាំងឡាយ ឲ្យកើត ឲ្យកើតព្រម ឲ្យបង្កើត ឲ្យបង្កើត​ចំពោះ ហេតុនោះ បានជា​ពួកតិរ្ថិយ​ទាំងអស់ មានទិដ្ឋិ​មានសារៈ​ដ៏ក្រៃលែង។ ពាក្យថា បុគ្គលនោះ​សម្រេច គឺ​សម្រេច​បរិបូណ៌ មិន​ខ្វះខាត​ដោយ​ទិដ្ឋិមាន​សារៈ​ដ៏ក្រៃលែង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ​សម្រេច​ដោយទិដ្ឋិ​មានសារៈ​ដ៏ក្រៃលែង។

[២៥៥] ពាក្យថា ជាអ្នកស្រវឹងដោយមានះ មានមានះ​បរិបូណ៌ គឺ​ជាអ្នកស្រវឹង ប្រមាទ ឆ្កួត ស្រវឹង​លើសលុប ដោយសេចក្តី​ប្រកាន់​ទិដ្ឋិរបស់​ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​ស្រវឹង​ដោយមានះ។ ពាក្យថា មានមានះ​បរិបូណ៌ គឺមាន​មានះពេញ​លេញ មានមានះ​សម្រេច មានមានះ​មិនខ្វះខាត ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​ស្រវឹង​ដោយមានះ មានមានះ​បរិបូណ៌។

[២៥៦] ពាក្យថា អភិសេកខ្លួន ដោយចិត្តខ្លួនឯង គឺអភិសេកខ្លួន​ដោយចិត្ត​ខ្លួនឯងថា អាត្មាអញ ជាបុគ្គល​ឈ្លាសវៃ ជាបណ្ឌិត​មានបញ្ញា មានប្រាជ្ញា​ជាគ្រឿងដឹង មានញាណ មានប្រាជ្ញា​ជាគ្រឿង​បំភ្លឺ ជាមេធាវី ហេតុនោះ (ទ្រង់​ត្រាស់ថា) អភិសេកខ្លួន ដោយចិត្តខ្លួន​ឯង។

[២៥៧] ពាក្យថា ព្រោះថា ទិដ្ឋិនោះ បុគ្គលនោះ សម្រេចដោយ​ប្រការដូច្នោះ គឺទិដ្ឋិនោះ បុគ្គលនោះ សម្រេច សមាទាន កាន់យក បបោសអង្អែល ជាប់ចិត្ត ចុះចិត្ត ចុះចិត្តស៊ប់ ដោយ​ប្រការ​ដូច្នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះថា ទិដ្ឋិនោះ បុគ្គលនោះ​សម្រេចដោយ​ប្រការ​ដូច្នោះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលនោះ សម្រេចដោយទិដ្ឋិ​មានសារៈដ៏​ក្រៃលែង ជាអ្នកស្រវឹង​ដោយមានះ មាន​មានះ​បរិបូណ៌ អភិសេកខ្លួន​ដោយចិត្ត​ខ្លួនឯង ព្រោះថា ទិដ្ឋិនោះ បុគ្គលនោះ​សម្រេច​ដោយ​ប្រការ​ដូច្នោះ។

[២៥៨] ប្រសិនបើបុគ្គលទន់អន់ដោយសារសំដី​របស់​បុគ្គលដទៃ (បុគ្គលនោះ) នឹង​មានបញ្ញា​ថោកទាប​ជាមួយ មួយទៀត បុគ្គលជា​វេទគូ ជាអ្នកប្រាជ្ញ​ដោយខ្លួន​ឯងបាន ឥតមាន​អ្នកណាមួយ ជាបុគ្គល​ពាល ក្នុងពួក​សមណៈ​ទេ។

[២៥៩] ពាក្យថា ប្រសិនបើបុគ្គលទន់អន់ដោយសារ​សំដី​របស់បុគ្គល​ដទៃ គឺប្រសិនបើ​បុគ្គល​ជាអ្នក​អាប់ឱន ជាបុគ្គលពាល ថោកទាប អន់ ទន់ទាប លាមក គម្រក់ ជាមនុស្ស​កំទេច​កំទី ព្រោះហេតុ​នៃសេចក្តី​និន្ទា ព្រោះហេតុ​នៃសេចក្តី​តិះដៀល ព្រោះហេតុ​នៃសេចក្តី​រិះគន់ ដោយសារ​សំដី ដោយសារ​ពាក្យ​របស់​បុគ្គលដទៃ ហេតុនោះ (ទ្រង់​ត្រាស់ថា) ប្រសិន​បើ​បុគ្គលទន់អន់ ដោយសារ​សំដី​របស់បុគ្គល​ដទៃ។

[២៦០] ពាក្យថា (បុគ្គលនោះ) នឹងមានបញ្ញាថោកទាប​ជាមួយ គឺបុគ្គល​នោះឯង ជាអ្នក​មាន​បញ្ញា​ថោកទាប មានបញ្ញា​ថោកថយ មានបញ្ញា​ទន់ទាប មានបញ្ញា​លាមក មានបញ្ញា​គម្រក់ មានបញ្ញា​ស្តួចស្តើង ជាមួយ​នឹងបុគ្គល​នោះឯង ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ នឹងជា​បុគ្គល​មានបញ្ញា​ថោកទាប​ជាមួយ។

[២៦១] ពាក្យថា មួយទៀត បុគ្គលជាវេទគូ ជាអ្នកប្រាជ្ញ​ដោយខ្លួន​ឯងបាន គឺបុគ្គល​ជា​អ្នកប្រាជ្ញ ជាបណ្ឌិត​មានបញ្ញា មានបញ្ញា​ជាគ្រឿង​ដឹង មានញាណ មានបញ្ញា​ជាគ្រឿងបំភ្លឺ ជាមេធាវី ហេតុនោះ (ទ្រង់​ត្រាស់ថា) មួយទៀត បុគ្គលជា​វេទគូ ជាអ្នក​ប្រាជ្ញដោយ​ខ្លួនឯង​បាន។

[២៦២] ពាក្យថា ឥតមានអ្នកណាមួយ​ជាបុគ្គលពាល​ក្នុងពួក​សមណៈ​ទេ គឺឥតមាន​អ្នកណា​មួយ ជាបុគ្គលពាល ថោកទាប ថោកថយ ទន់ទាប លាមក គម្រក់ ជាមនុស្ស​កំទេច​កំទី ក្នុងពួក​សមណៈ​ទេ គឺថា ទាំងអស់គ្នា សុទ្ធតែ​ជាបុគ្គល​មានបញ្ញា​ដ៏លើស មានបញ្ញា​ប្រសើរ មានបញ្ញា​វិសេស មានបញ្ញា​ជាប្រធាន មានបញ្ញា​ដ៏ឧត្តម មានបញ្ញា​ដ៏បវរ ហេតុនោះ (ទ្រង់​ត្រាស់ថា) ឥតមាន​អ្នកណាមួយ ជាបុគ្គល​ពាល​ក្នុងពួក​សមណៈទេ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ប្រសិនបើបុគ្គលទន់អន់ដោយសារសំដី​របស់បុគ្គល​ដទៃ (បុគ្គលនោះ) នឹង​មានបញ្ញា​ថោកទាប​ជាមួយ មួយទៀត បុគ្គលជាវេទគូ ជាអ្នកប្រាជ្ញ​ដោយខ្លួន​ឯងបាន ឥតមាន​អ្នកណា​មួយ ជាបុគ្គលពាល​ក្នុងពួក​សមណៈទេ។

[២៦៣] បុគ្គលទាំងឡាយណា សរសើរធម៌ដទៃ អំពីធម៌នេះ បុគ្គល​ទាំងឡាយ​នោះ ឈ្មោះថា អ្នកភ្លាត់​ចាកសេចក្តី​បរិសុទ្ធិ ជាបុគ្គល​មិនពេញលេញ បុគ្គល​អ្នកមាន​លទ្ធិ​ដូចជា​កំពង់​ទាំងឡាយ តែងពោល​ដោយច្រើន​យ៉ាងនេះឯង ព្រោះថា បុគ្គល​ទាំងឡាយ​នោះ ត្រេកអរ​ក្រៃលែង ដោយសេចក្តី​ត្រេកអរ​នឹងទិដ្ឋិ​របស់ខ្លួន។

[២៦៤] ពាក្យថា បុគ្គលទាំងឡាយណា សរសើរធម៌ដទៃ អំពីធម៌នេះ បុគ្គល​ទាំងឡាយ​នោះ ឈ្មោះថា អ្នកភ្លាត់​ចាកសេចក្តី​បរិសុទ្ធិ ជាបុគ្គល​មិនពេញ​លេញ គឺបុគ្គល​ទាំងឡាយ​ណា សរសើរធម៌ ទិដ្ឋិ បដិបទា មគ្គដទៃ អំពីធម៌នេះ បុគ្គល​ទាំងឡាយ​នោះ ឈ្មោះថា អ្នកខុស អ្នកប្រាស អ្នកភ្លាត់ អ្នកឃ្លាត​ចាកផ្លូវស្អាត ផ្លូវស្អាតវិសេស ផ្លូវបរិសុទ្ធិ ផ្លូវហ្មត់ចត់ ផ្លូវផូរផង់ ជាបុគ្គល​ខុស មិនពេញលេញ ព្រោះមិន​មានញាណ បុគ្គល​ទាំងឡាយ​នោះ មិនបាន​សម្រេច បុគ្គល​ទាំងឡាយ​នោះ មិនបាន​បរិបូណ៌ បុគ្គល​ទាំងឡាយ​នោះ ជាបុគ្គល​ថោកទាប ថោកថយ ទន់ទាប លាមក គម្រក់ ជាមនុស្ស​កំទេចកំទី ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ទាំងឡាយ​ណា សរសើរ​ធម៌ដទៃ អំពី​ធម៌នេះ បុគ្គល​ទាំងឡាយ​នោះ ឈ្មោះថា អ្នកភ្លាត់​ចាកសេចក្តី​បរិសុទ្ធិ ជាបុគ្គល​មិនពេញ​លេញ។

[២៦៥] ពាក្យថា បុគ្គលអ្នកមានលទ្ធិដូចជាកំពង់ទាំងឡាយ តែងពោល​ដោយច្រើន​យ៉ាង​នេះឯង អធិប្បាយថា ទិដ្ឋិ លោកហៅថា កំពង់។ ពួកបុគ្គល​អ្នកលុះ​ក្នុងទិដ្ឋិ លោកហៅថា បុគ្គល​អ្នកមាន​លទ្ធិ​ដូចជា​កំពង់។ បុគ្គលអ្នក​ប្រកប​ដោយទិដ្ឋិ​ច្រើន តែងពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ នូវទិដ្ឋិដ៏​ច្រើនទាំងឡាយ ដោយទិដ្ឋិ​មានប្រមាណ​ច្រើន ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​អ្នកមាន​លទ្ធិ​ដូចជា​កំពង់​ទាំងឡាយ តែងពោល​ដោយច្រើន​យ៉ាងនេះ​ខ្លះ។

[២៦៦] ពាក្យថា ព្រោះថាបុគ្គលទាំងឡាយនោះ ត្រេកអរ​ក្រៃលែង ដោយសេចក្តី​ត្រេកអរ​នឹងទិដ្ឋិ​របស់ខ្លួន គឺ (បុគ្គលនោះ) ត្រេកអរ ត្រេកអរ​ក្រៃលែង ដោយ​សេចក្តី​ត្រេកអរ​នឹង​ទិដ្ឋិ​របស់ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះថា បុគ្គល​ទាំងឡាយ​នោះ ត្រេកអរ​ក្រៃលែង ដោយ​សេចក្តី​ត្រេកអរ​នឹងទិដ្ឋិ​របស់ខ្លួន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលទាំងឡាយណា សរសើរធម៌ដទៃ អំពីធម៌នេះ បុគ្គល​ទាំងឡាយ​នោះ ឈ្មោះថា អ្នកភ្លាត់ ចាកសេចក្តី​បរិសុទ្ធិ ជាបុគ្គល​មិនពេញលេញ បុគ្គល​អ្នកមាន​លទ្ធិ​ដូចជាកំពង់​ទាំងឡាយ តែងពោល​ដោយច្រើន​យ៉ាងនេះឯង ព្រោះថា បុគ្គល​ទាំងឡាយ​នោះ ត្រេកអរ​ក្រៃលែង ដោយ​សេចក្តី​ត្រេកអរ​នឹងទិដ្ឋិរបស់​ខ្លួន។

[២៦៧] បុគ្គលទាំងឡាយ រមែងពោលនូវ​សេចក្តី​បរិសុទ្ធិ ក្នុង​ធម៌នេះឯង ដូច្នេះ មិនពោល​នូវសេចក្តី​បរិសុទ្ធិ​ក្នុងធម៌​ទាំងឡាយ​ឯទៀត​ទេ ពួក​បុគ្គល​អ្នកមាន​លទ្ធិដូច​ជាកំពង់ តាំងនៅ​ស៊ប់​ក្នុងទិដ្ឋិ​ដ៏ច្រើន​យ៉ាងនេះឯង ប្រកាន់មាំ ក្នុង​សកាយនៈ (ផ្លូវរបស់ខ្លួន) នោះ។

[២៦៨] ពាក្យថា បុគ្គលទាំងឡាយ រមែងពោលនូវសេចក្តី​បរិសុទ្ធិ ក្នុងធម៌នេះ​ឯងដូច្នេះ សេចក្តីថា បុគ្គល​ទាំងឡាយ តែងពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ នូវការស្អាត ស្អាតវិសេស ស្អាតដោយ​ជុំវិញ ការរួច រួចស្រឡះ រួចដោយ​ជុំវិញ ក្នុងធម៌​របស់ខ្លួន​នេះ តែងពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ នូវការស្អាត ស្អាតវិសេស ស្អាតដោយ​ជុំវិញ ការរួច រួចស្រឡះ រួចដោយ​ជុំវិញ ក្នុងធម៌​នេះថា លោកទៀង ពាក្យនេះ​ជាពាក្យពិត ពាក្យដទៃ​ជាមោឃៈ តែងពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ នូវការស្អាត ស្អាតវិសេស ស្អាតដោយ​ជុំវិញ ការរួច រួចស្រឡះ រួចដោយ​ជុំវិញ ក្នុងធម៌​នេះថា លោក​មិនទៀង។បេ។ សត្វស្លាប់​ហើយ​កើតទៀត​ក៏មិនមែន មិនកើតទៀត​ក៏មិនមែន ពាក្យនេះ ជា​ពាក្យពិត ពាក្យដទៃ​ជាមោឃៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ទាំងឡាយ រមែង​ពោលនូវ​សេចក្តី​បរិសុទ្ធិ ក្នុងធម៌​នេះឯង​ដូច្នេះ។

[២៦៩] ពាក្យថា មិនពោលនូវសេចក្តីបរិសុទ្ធិ ក្នុងធម៌ទាំងឡាយ​ឯទៀតទេ សេចក្តីថា លើកទុក​នូវសាស្តា នូវធម៌​ដែលសាស្តា​ប្រាប់ នូវគណៈ នូវទិដ្ឋិ នូវបដិបទា នូវមគ្គ របស់ខ្លួន​ចេញ ហើយ​បោះចោល បោះបង់ បដិសេធ​នូវវាទៈ​របស់ជន​ដទៃ​ទាំងអស់​គឺ ពោលហើយ​យ៉ាងនេះ ថ្លែងយ៉ាងនេះ ពណ៌នា​យ៉ាងនេះ ពន្យល់​យ៉ាងនេះ អធិប្បាយ​យ៉ាងនេះថា សាស្តា​នោះមិនមែន​ជា​សព្វញ្ញូទេ ធម៌មិនមែន​សាស្តា​សំដែង​ល្អទេ គណៈ​មិនមែន​ប្រតិបត្តិ​ត្រូវទេ ទិដ្ឋិមិន​ចំរើនទេ បដិបទា មិនមែន​សាស្តា​បញ្ញត្ត​ល្អទេ មគ្គមិនមែន​ជាផ្លូវស្រោច​ស្រង់សត្វ​ទេ ការស្អាតក្តី ការស្អាត​វិសេសក្តី ការស្អាត​ដោយជុំ​វិញក្តី ការរួចក្តី ការរួចស្រឡះ​ក្តី ការ​រួចដោយ​ជុំវិញក្តី មិនមាន​ក្នុងលទ្ធិ​នេះទេ ជន​ទាំងឡាយ ស្អាតក្តី ស្អាតវិសេស​ក្តី ស្អាតដោយ​ជុំវិញ​ក្តី រួចក្តី រួចវិសេស​ក្តី រួចដោយ​ជុំវិញក្តី ក្នុងលទ្ធិ​នេះ មិនមានទេ ពួកជន​នេះ ជាអ្នក​ថោកទាប ថោកថយ ទន់ទាប លាមក គម្រក់ អាប់ឱន ហេតុនោះ (ទ្រង់​ត្រាស់ថា) មិន​ពោលនូវ​សេចក្តី​បរិសុទ្ធិ ក្នុងធម៌​ទាំងឡាយ​ឯទៀតទេ។

[២៧០] ពាក្យថា ពួកបុគ្គលអ្នកមានលទិ្ធដូចជាកំពង់ តាំងស៊ប់​ក្នុងទិដ្ឋិ​ដ៏ច្រើន យ៉ាង​នេះឯង អធិប្បាយថា ទិដ្ឋិ លោកហៅថា កំពង់។ ពួកបុគ្គល​អ្នកលុះ​ក្នុងទិដ្ឋិ លោកហៅថា អ្នកមាន​លទ្ធិដូចជា​កំពង់។ (ពួកបុគ្គល​នោះ) តាំងនៅស៊ប់ តាំង​នៅមាំ ជាប់ ដល់ស៊ប់ ជក់ចិត្ត ចុះចិត្ត​ស៊ប់ ក្នុងទិដ្ឋិ​ដ៏ក្រាស់​ទាំងឡាយ ព្រោះទិដ្ឋិ​ដ៏ក្រាស់ ហេតុនោះ (ទ្រង់​ត្រាស់ថា) ពួកបុគ្គល​អ្នកមាន​លទ្ធិដូច​ជាកំពង់ តាំងនៅស៊ប់ ក្នុងទិដ្ឋិ​ដ៏ច្រើន យ៉ាងនេះឯង។

[២៧១] ពាក្យថា ប្រកាន់មាំក្នុង​សកាយនៈ​នោះ គឺ​ធម៌ ឈ្មោះថា សកាយនៈ ទិដ្ឋិ ឈ្មោះថា សកាយនៈ បដិបទា ឈ្មោះថា សកាយនៈ មគ្គ ឈ្មោះថា​សកាយនៈ។ ជន​ទាំង​ឡាយ មានវាទៈ​មាំមួន មានវាទៈ​រឹងត្អឹង មានវាទៈ​ដ៏មានកំឡាំង មានវាទៈ​ខ្ជាប់ខ្ជួន ក្នុង​សកាយនៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) ប្រកាន់មាំ​ក្នុង​សកាយនៈ​នោះ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

បុគ្គលទាំងឡាយរមែងពោលថា សេចក្តីបរិសុទ្ធិក្នុង​ធម៌នេះឯង មិនពោល​នូវសេចក្តី​បរិសុទ្ធិ​ក្នុងធម៌​ទាំងឡាយ​ឯទៀត​ទេ ពួកបុគ្គល​អ្នកមាន​លទ្ធិដូច​ជាកំពង់ តាំងនៅ​ស៊ប់ក្នុង​ទិដ្ឋិដ៏​ច្រើន​យ៉ាងនេះ​ឯង ប្រកាន់មាំ​ក្នុងសកាយនៈ​នោះ។

[២៧២] មួយទៀត បុគ្គលប្រកាន់មាំក្នុងសកាយនៈ តែងយល់​នូវបុគ្គល​ដទៃណា​មួយ ថាជា​បុគ្គលពាល ក្នុងសកាយនៈ​នុ៎ះ បុគ្គលនោះ កាលពោល​នូវបុគ្គល​ដទៃថាពាល ថាមានធម៌​មិនបរិសុទ្ធ តែងនាំ​មកនូវ​ជម្លោះខ្លួន​ឯង។

[២៧៣] ពាក្យថា មួយទៀត បុគ្គលប្រកាន់មាំ​ក្នុងសកាយនៈ គឺធម៌ឈ្មោះថា​សកាយនៈ ទិដ្ឋិ​ឈ្មោះថា​សកាយនៈ បដិបទា​ឈ្មោះថា​សកាយនៈ មគ្គ ឈ្មោះថា​សកាយនៈ។ បុគ្គល​មានវាទៈមាំមួន មានវាទៈ​រឹងត្អឹង មានវាទ​ដ៏មាន​កំឡាំង មានវាទៈ​ខ្ជាប់ខ្ជួន ក្នុង​សកាយនៈ ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត បុគ្គល​ប្រកាន់មាំ​ក្នុងសកាយនៈ។

[២៧៤] ពាក្យថា តែងយល់នូវបុគ្គលដទៃណាមួយ ថាជា​បុគ្គលពាល ក្នុង​សកាយនៈ​នុ៎ះ ត្រង់ពាក្យថា​នុ៎ះ គឺតែងយល់​អ្នកណា ឃើញអ្នកណា មើលអ្នកណា ក្រឡេក​ឃើញអ្នក​ណា សំឡឹង​ឃើញអ្នក​ណា រំពឹងឃើញ​អ្នកណា​ដទៃ ថាជា​បុគ្គលពាល ថោកទាប ថោកថយ ទន់ទាប លាមក គម្រក់ អាប់ឱន តាមទិដ្ឋិ​របស់ខ្លួន តាមសេចក្តីគួរ​របស់ខ្លួន តាម​សេចក្តី​គាប់ចិត្ត​របស់ខ្លួន តាមលទ្ធិ​របស់ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) តែង​យល់នូវ​បុគ្គល​ដទៃ​ណាមួយ ថាជា​បុគ្គលពាល​ក្នុងសកាយនៈ​នុ៎ះ។

[២៧៥] ពាក្យថា បុគ្គលនោះ កាលពោលនូវបុគ្គលដទៃ ថាជាបុគ្គល​ពាល ថាមានធម៌​មិនបរិសុទ្ធ តែងនាំ​មកនូវ​ជម្លោះ​ខ្លួនឯង សេចក្តីថា បុគ្គល​កាលពោល​យ៉ាងនេះ ថ្លែងយ៉ាង​នេះ ពណ៌នា​យ៉ាងនេះ ពន្យល់​យ៉ាងនេះ អធិប្បាយ​យ៉ាងនេះថា បុគ្គលនេះ​អាប់ឱន ពាល ថោកទាប ថោកថយ ទន់ទាប លាមក គម្រក់ កំទេចកំទី មានធម៌​មិនស្អាត មានធម៌មិន​ស្អាតស្អំ មានធម៌​មិនបរិសុទ្ធ មានធម៌​មិនផូរផង់ គប្បី​នាំមក នាំមកព្រម ប្រមូលមក ប្រមូល​មកព្រម ទាញមក ទាញមកព្រម ប្រកាន់ បបោសអង្អែល អាស្រ័យ​នូវជម្លោះ នូវ​សេចក្តី​ប្រកួត​ប្រកាន់ នូវសេចក្តី​ប្រកាន់ខុស នូវជំលោះ នូវការ​ប្រណាំង​ប្រជែង ដោយខ្លួន​ឯង ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ កាលពោល​នូវបុគ្គល​ដទៃ ថាជា​បុគ្គលពាល ថា​មានធម៌​មិនបរិសុទ្ធ តែងនាំ​មកនូវជម្លោះ​ខ្លួនឯង។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

មួយទៀត បុគ្គលប្រកាន់មាំក្នុងសកាយនៈ តែងយល់​នូវបុគ្គល​ដទៃណាមួយ ថាជា​បុគ្គលពាល ក្នុងសកាយនៈ​នុ៎ះ បុគ្គលនោះ កាលពោល​នូវបុគ្គល​ដទៃ ថាជា​បុគ្គលពាល ថាមានធម៌​មិនបរិសុទ្ធ តែងនាំមក​នូវជម្លោះ​ខ្លួនឯង។

[២៧៦] ជននោះតាំងនៅក្នុងវិនិច្ឆ័យ ប្រមាណយក​ដោយខ្លួន​ឯងហើយ រមែងដល់​នូវការ​ទាស់ទែង​ក្នុងលោក​តទៅ ជនលះបង់​នូវវិនិច្ឆ័យ​ទាំងពួង រមែង​មិនធ្វើ​នូវជម្លោះ​ក្នុងលោក។

[២៧៧] ពាក្យថា ជនតាំងនៅក្នុងវិនិច្ឆ័យ ប្រមាណយក​ដោយ​ខ្លួនឯងហើយ សេចក្តីថា ទិដ្ឋិ ៦២ លោកហៅថា វិនិច្ឆ័យ ជនតាំងនៅ តាំងនៅស៊ប់ ប្រកាន់ បបោសអង្អែល អាស្រ័យ​ក្នុងទិដ្ឋិ​ដែលខ្លួន​សម្រេច​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនតាំង​នៅក្នុង​វិនិច្ឆ័យ។ ពាក្យថា ប្រមាណ​យកដោយ​ខ្លួនឯងហើយ គឺ​ប្រមាណយក ស្មានយក ដោយខ្លួនឯង គឺ​ប្រមាណ​យក ស្មានយក​ដោយខ្លួន​ឯងថា សាស្តានេះ ជាសព្វញ្ញូ ប្រមាណយក ស្មានយក ដោយខ្លួន​ឯងថា ធម៌នេះ ដែលសាស្តា​សំដែងល្អ​ហើយ ពួកនេះ​ប្រតិបត្តិត្រូវ ទិដ្ឋិនេះចំរើន បដិបទានេះ សាស្តា​បញ្ញត្ត​ល្អហើយ មគ្គនេះ ជាទី​ស្រោចស្រង់​សត្វ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនតាំង​នៅក្នុង​វិនិច្ឆ័យ ប្រមាណ​យកដោយ​ខ្លួនឯង​ហើយ។

[២៧៨] ពាក្យថា ជននោះ រមែងដល់នូវការទាស់ទែង ក្នុងលោក​តទៅ សេចក្តីថា អនាគត លោកហៅថា តទៅ។ ជនតាំង​ទុកនូវវាទៈ​របស់ខ្លួន​តទៅ ហើយដល់ ចូលដល់ ចូលទៅជិត កាន់យក បបោសអង្អែល អាស្រ័យ​នូវជម្លោះ នូវការ​ប្រកួត​ប្រកាន់ នូវការ​ប្រកាន់​ខុស នូវការ​ទាស់ទែង នូវការ​ប្រណាំង​ប្រជែង ដោយខ្លួនឯង ហេតុនោះ (ទ្រង់ត្រាស់​ថា) ជននោះ រមែងដល់​នូវការ​ទាស់ទែង​ក្នុងលោកតទៅ យ៉ាងនេះខ្លះ។ មួយទៀត (បុគ្គល​នោះ) តែងធ្វើ​ជម្លោះ ធ្វើសេចក្តី​ប្រកួតប្រកាន់ ធ្វើសេចក្តី​ប្រកាន់ខុស ធ្វើការ​ទាស់ទែង ធ្វើ​ការប្រណាំង​ប្រជែង​ជាមួយ​នឹងវាទៈ​នៃជនដទៃ​តទៅ​ថា អ្នកមិនចេះ​ធម្មវិន័យ​នេះទេ។បេ។ ឬបើ​អ្នកអាច ចូរអ្នក​ដោះស្រាយ​ចុះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជននោះ​រមែងដល់​នូវការ​ទាស់ទែង​ក្នុងលោក​តទៅ យ៉ាងនេះ​ខ្លះ។

[២៧៩] ពាក្យថា ជនលះបង់នូវវិនិច្ឆ័យទាំងពួង សេចក្តីថា ទិដ្ឋិ ៦២ លោកហៅថា វិនិច្ឆ័យ។ ជនលះបង់ លះលែង លះចោល កំចាត់បង់ កំចាត់បង់​ស្រឡះ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើមិន​ឲ្យមានបែប​ភាពតទៅទៀត នូវទិដ្ឋិ​ដែលខ្លួន​វិនិច្ឆ័យ​ទាំងអស់ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនលះបង់​នូវវិនិច្ឆ័យ​ទាំងពួង។

[២៨០] ពាក្យថា ជនរមែងមិនធ្វើជម្លោះក្នុងលោក សេចក្តីថា រមែងមិន​ធ្វើជម្លោះ មិនធ្វើ​សេចក្តី​ប្រកួត​ប្រកាន់ មិនធ្វើ​សេចក្តី​ប្រកាន់ខុស មិនធ្វើ​សេចក្តី​ទាស់ទែង មិនធ្វើនូវ​សេចក្តី​ប្រណាំង​ប្រជែង។ សមដូច​ព្រះតម្រាស់​នេះ ដែល​ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​អគ្គិវេស្សនៈ ភិក្ខុដែលមាន​ចិត្តផុតស្រឡះ​យ៉ាងនេះ​ហើយ រមែង​មិនពោល​ប្រកាន់​ជាមួយ​បុគ្គល​ណាមួយ មិន​ជជែកជា​មួយបុគ្គល​ណាមួយ ​និយាយ​តែពាក្យណា​ដែលគេ​និយាយ​ក្នុងលោក​នោះ តែមិន​ប្រកាន់។ ពាក្យថា ជន បានដល់សត្វ នរៈ មាណព បុរស បុគ្គល ជន​មានជីវិត ជនមានជាតិ ជនអ្នកកើត ជនទៅ​ដោយឥន្រ្ទិយ ជនអ្នក​កើតអំពី​មនុស្ស។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនរមែង​មិនធ្វើនូវ​ជម្លោះ​ក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ជននោះតាំងនៅក្នុងវិនិច្ឆ័យ ប្រមាណយកដោយខ្លួន​ឯងហើយ រមែង​ដល់នូវ​ការទាស់ទែង​ក្នុងលោក​តទៅ ជនលះបង់​នូវវិនិច្ឆ័យ​ទាំងពួង រមែង​មិនធ្វើ​នូវជម្លោះ​ក្នុង​លោក។

ចប់ ចូឡវិយូហសុត្តនិទ្ទេស ទី១២។

មហាវិយូហសុត្តនិទ្ទេស ទី១៣

[២៨១] (ព្រះពុទ្ធនិមិ្មតត្រាស់សួរថា) ពួកសមណព្រាហ្មណ៍​ណាមួយ ត្រាំនៅ​ក្នុងទិដ្ឋិ តែងសំដែង​ថា ពាក្យនេះឯង ជាពាក្យពិត តើសមណ​ព្រាហ្មណ៍​ទាំងអស់​នោះ នឹងនាំ​មកនូវ​ពាក្យនិន្ទា​តែម្យ៉ាងឬ ឬក៏បាន​ពាក្យសរសើរ​ក្នុងហេតុ​នោះដែរ។

[២៨២] អធិប្បាយពាក្យថា ពួកសមណព្រាហ្មណ៍​ណាមួយ ត្រាំនៅ​ក្នុងទិដ្ឋិ ពាក្យថា ណាមួយ គឺ​គ្រប់ទាំង​អស់ សព្វទាំងមូល មិនសេសសល់ ឥត​សេសសល់ ពាក្យថា ណាមួយ នេះជា​ពាក្យអស់​រលីង។ ពាក្យថា ត្រាំនៅក្នុង​ទិដ្ឋិ សេចក្តីថា មានសមណ​ព្រាហ្មណ៍​ពួកមួយ ជាអ្នក​លុះក្នុងទិដ្ឋិ សមណ​ព្រាហ្មណ៍​ទាំងនោះ កាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល ប្រកាន់​ស្អិត បណ្តាទិដ្ឋិ ៦២ នូវទិដ្ឋិ​ណាមួយ​ហើយ នៅ នៅរួម នៅទួទៅ នៅត្រាំ ក្នុងទិដ្ឋិ​របស់ខ្លួន ៗ។ ពួក​ជនអ្នកគ្រប់​គ្រងផ្ទះក្តី រមែងនៅ​ក្នុង​ផ្ទះ ពួកភិក្ខុ​អ្នកត្រូវ​អាបត្តិក្តី រមែងនៅ​ក្នុងអាបត្តិ ពួកជន​មានកិលេស​ក្តី តែងនៅក្នុង​កិលេស យ៉ាងណា​មិញ មានសមណ​ព្រាហ្មណ៍​ពួកមួយ ជាអ្នក​លុះក្នុង​ទិដ្ឋិ ក៏យ៉ាង​នោះដែរ សមណ​ព្រាហ្មណ៍​ទាំងនោះ កាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត បណ្តាទិដ្ឋិ ៦២ នូវទិដ្ឋិ​ណាមួយ ហើយនៅ នៅរួម នៅទួទៅ នៅត្រាំ​ក្នុងទិដ្ឋិ​របស់ខ្លួន ៗ។ ហេតុនោះ (ទ្រង់ត្រាស់​សួរថា) ពួកសមណ​ព្រាហ្មណ៍​ណាមួយ ត្រាំនៅ​ក្នុងទិដ្ឋិ។

[២៨៣] ពាក្យថា តែងសំដែងថា ពាក្យនេះឯង ជាពាក្យពិត គឺ​តែងពោល សំដែង ពណ៌នា បំភ្លឺ ថ្លែងថា លោកទៀង ពាក្យនេះ​ឯងពិត ពាក្យដទៃ​ជាមោឃៈ តែងពោល សំដែង ពណ៌នា បំភ្លឺ ថ្លែងថា លោកមិន​ទៀង។បេ។ សត្វស្លាប់ទៅ កើតទៀត​ក៏មិនមែន មិនកើត​ទៀតក៏​មិនមែន ពាក្យនេះ​ឯងពិត ពាក្យដទៃ​ជាមោឃៈ ហេតុនោះ (ទ្រង់​ត្រាស់សួរថា) តែង​សំដែងថា ពាក្យនេះឯង​ជាពាក្យ​ពិត។

[២៨៤] ពាក្យថា តើសមណព្រាហ្មណ៍ទាំងអស់នោះ នឹងនាំមក​នូវពាក្យនិន្ទា​តែម្យ៉ាងឬ សេចក្តីថា តើសមណ​ព្រាហ្មណ៍​ទាំងអស់នោះ នឹងនាំ​មកនូវនិន្ទា នាំមកនូវ​ពាក្យតិះដៀល នាំមក​នូវការ​សរសើរ​តែម្យ៉ាង គឺសមណ​ព្រាហ្មណ៍​ទាំងអស់នោះ ជាអ្នក​ត្រូវគេនិន្ទា ត្រូវគេ​តិះដៀល ត្រូវគេមិន​សរសើរ​តែម្យ៉ាងឬ ហេតុនោះ (ទ្រង់ត្រាស់​សួរថា) តើសមណ​ព្រាហ្មណ៍​ទាំងអស់​នោះ នឹងនាំ​មកនូវពាក្យ​និន្ទាតែ​ម្យ៉ាងឬ។

[២៨៥] ពាក្យថា ឬក៏បាននូវពាក្យសរសើរ ក្នុងហេតុ​នោះដែរ សេចក្តីថា ឬក៏បាន បាន​ចំពោះ បានប្រាកដ តែងបាន​នូវពាក្យ​សរសើរ ពាក្យស្ងើច កិតិ្តសព្ទ ពាក្យនាំមក​នូវសេចក្តី​សរសើរ ក្នុងហេតុនោះ គឺ​ក្នុងទិដ្ឋិ​របស់ខ្លួន ក្នុងសេចក្តី​គួររបស់ខ្លួន ក្នុងសេចក្តី​ពេញចិត្ត​របស់ខ្លួន ក្នុងលទិ្ធ​របស់ខ្លួន​នោះដែរ ហេតុនោះ (ទ្រង់ត្រាស់​សួរថា) ឬក៏បាន​នូវពាក្យ​សរសើរ ក្នុងហេតុ​នោះដែរ។ ហេតុនោះ ព្រះពុទ្ធនិមិ្មត ត្រាស់សួរថា

ពួកសមណព្រាហ្មណ៍ណាមួយ ត្រាំនៅក្នុងទិដ្ឋិ តែង​សំដែងថា ពាក្យនេះ​ឯង ជាពាក្យពិត តើសមណ​ព្រាហ្មណ៍​ទាំងអស់នោះ នឹងនាំ​មកនូវពាក្យ​និន្ទាតែ​ម្យ៉ាងឬ ឬក៏បាន​នូវពាក្យ​សរសើរ ក្នុងហេតុ​នោះដែរ។

[២៨៦] (ព្រះមានព្រះភាគត្រាស់ថា) ផល គឺសេចក្តីសរសើរ​នុ៎ះ មានបន្តិច​បន្តួច មិនអាច​ដើម្បីស្ងប់​រម្ងាប់​បានទេ តថាគត ពោលនូវ​ផលនៃវិវាទ ថាមាន ២ ប្រការ បុគ្គល​កាលឃើញ​ទោសនេះ ហើយឃើញ​ច្បាស់នូវ​ព្រះនិព្វាន ជាភូមិមិន​មានវិវាទ ជាទី​ក្សេមក្សាន្ត រមែង​មិនទាស់​ទែងទេ។

[២៨៧] អធិប្បាយពាក្យថា ផលគឺសេចក្តីសរសើរនុ៎ះ មានបន្តិចបន្តួច មិនអាច​ដើម្បី​ស្ងប់ រម្ងាប់​បានទេ ត្រង់ពាក្យថា ផល​គឺសេចក្តី​សរសើរ​នុ៎ះ មានបន្តិច​បន្តួចទេ គឺផល​នុ៎ះមាន ប្រមាណ​តិច ផលនុ៎ះ​អន់ថយ ផលនុ៎ះថោក ផលនុ៎ះលាមក ផលនុ៎ះ​អាក្រក់ ផលនុ៎ះស្តួច​ស្តើង ហេតុនោះ (ទ្រង់​ត្រាស់ថា) ផលនុ៎ះ​មានបន្តិចបន្តួច។ ពាក្យថា មិនអាច​ដើម្បី​រម្ងាប់បាន​ទេ គឺមិនអាច​ដើម្បី​រម្ងាប់រាគៈ ដើម្បី​រម្ងាប់ទោសៈ ដើម្បីរម្ងាប់​មោហៈ ដើម្បីរម្ងាប់​កោធៈ ដើម្បីរម្ងាប់ ដើម្បីស្ងប់ស្ងាត់ ដើម្បីរលត់​ ដើម្បីលះបង់ ដើម្បី​គ្របសង្កត់​នូវឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់ក្រវាយ​ទាំងពួង សេចក្តីក្តៅ​ក្រហាយ​ទាំងពួង សេចក្តី​អន្ទះអន្ទែង​ទាំងពួង អកុសលាភិសង្ខារ​ទាំងពួង ហេតុនោះ (ទ្រង់​ត្រាស់ថា) ផលគឺ​សេចក្តី​សរសើរនុ៎ះ​ មានបន្តិច​បន្តួច មិនអាច​ដើម្បីស្ងប់​រម្ងាប់បានទេ។

[២៨៨] ពាក្យថា តថាគតពោលនូវផលនៃវិវាទ ថាមាន ២​ ប្រការ គឺតថាគត​ពណ៌នា ប្រាប់ សំដែង បញ្ញត្ត ផ្តើម បើក ចែក ធ្វើឲ្យរាក់ ប្រកាសថា ជម្លោះ​ព្រោះទិដ្ឋិ ការប្រកាន់​ព្រោះទិដ្ឋិ ការទាស់ទែង​ព្រោះទិដ្ឋិ ការវិវាទ​ព្រោះទិដ្ឋិ ការបែក​ខ្ញែកព្រោះ​ទិដ្ឋិ រមែង​មានផល ២ ប្រការ គឺ ការឈ្នះ និងការចាញ់ លាភ និងឥតលាភ យស និងឥតយស និន្ទា និងសរសើរ សុខ និងទុក្ខ សោមនស្ស និងទោមនស្ស អារម្មណ៍​ជាទីប្រាថ្នា និងមិន​ជាទីប្រាថ្នា សេចក្តី​អាណិត និងការ​ថ្នាំងថ្នាក់ ធូរចិត្ត និងតឹងចិត្ត ការត្រេកអរ និងក្រេវក្រោធ ម្យ៉ាងទៀត អំពើ​នោះ ជាអំពើ​ប្រព្រឹត្ត​ទៅដើម្បីនរក ប្រព្រឹត្តទៅ​ដើម្បីកំណើត​សត្វតិរច្ឆាន ប្រព្រឹត្តទៅ​ដើម្បីប្រេត​វិស័យ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត​ពោលនូវ​ផលនៃវិវាទ​ថាមាន ២ ប្រការ។

[២៨៩] អធិប្បាយពាក្យថា បុគ្គលកាលឃើញទោសនេះហើយ រមែង​មិនទាស់​ទែងទេ ត្រង់​ពាក្យថា ឃើញ​ទោសនេះ គឺឃើញ ជួប ថ្លឹង ពិចារណា ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដ នូវទោស​ក្នុងជម្លោះ​ព្រោះទិដ្ឋិ ក្នុងការ​ប្រកាន់​ព្រោះទិដ្ឋិ ក្នុងការ​ទាស់ទែង​ព្រោះទិដ្ឋិ ក្នុង​ការវិវាទ​ព្រោះទិដ្ឋិ ក្នុងការ​បែកខ្ញែក​ព្រោះទិដ្ឋិនេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ឃើញនូវទោស​នេះ។ ពាក្យថា រមែង​មិនទាស់​ទែងទេ គឺរមែង​មិនធ្វើ​នូវជម្លោះ មិនធ្វើនូវ​ការប្រកាន់ មិនធ្វើ​នូវការ​ទាស់ទែង មិនធ្វើ​នូវការវិវាទ មិនធ្វើនូវ​ការបែកខ្ញែក គឺលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ដល់នូវ​ការមិន​កើតមាន​នូវជម្លោះ នូវការ​ប្រកាន់ នូវការ​ទាស់ទែង នូវវិវាទ និងការ​បែកខ្ញែក ជាអ្នក​ឆ្ងាយ វៀរបង់ ជៀសវាង ឃ្លាតចេញ រលាស់ចេញ រួចស្រឡះ ប្រាសចេញ ចាកជម្លោះ ចាកការ​ប្រកាន់ ចាកការ​ទាស់ទែង ចាកវិវាទ និងការបែកខ្ញែក តែងនៅ​ដោយ​ចិត្តដែល​ប្រាសចាក​ដែន​គឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលកាល​ឃើញទោស​នេះ​ហើយ រមែង​មិនទាស់​ទែងទេ។

[២៩០] ពាក្យថា ឃើញច្បាស់នូវព្រះនិព្វាន ជាភូមិមិនមាន​វិវាទ ជាទី​ក្សេមក្សាន្ត អធិប្បាយ​ថា អមតនិព្វាន ហៅថា ភូមិមិនមាន​វិវាទ បានខាង​ការរម្ងាប់​សង្ខារទាំងពួង ការលះបង់​ឧបធិ​ទាំងពួង ការអស់តណ្ហា ការប្រាស​ចាករាគៈ ការរលត់ទុក្ខ និព្វាន។ បុគ្គល​កាលឃើញ ប្រទះ រមិលមើល សំឡឹងមើល ពិនិត្យមើល នូវភូមិ​មិនមាន​វិវាទនុ៎ះ​ ថាជា​ទីក្សេមក្សាន្ត ជាទីពំនាក់ ជាទីជ្រកកោន ជាទីរឭក ជាទីមិន​មានភ័យ ជាទី​ទៀងទាត់ ជាទីមិន​ស្លាប់ ជាទី​មិនមាន​កិលេស​ជាគ្រឿង​ចាក់ស្រេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ឃើញច្បាស់​នូវ​ព្រះនិព្វាន​ជាភូមិ​មិនមាន​វិវាទ ជាទី​ក្សេមក្សាន្ត។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ផល គឺសេចក្តីសរសើរនុ៎ះ មានបន្តិចបន្តួច មិនអាច​ដើម្បីរម្ងាប់​បានទេ តថាគត​ពោលនូវ​ផលនៃ​វិវាទថា​មាន ២ ប្រការ បុគ្គល​កាលឃើញ​ទោសនេះហើយ ឃើញ​ច្បាស់​​នូវព្រះនិព្វាន ជាភូមិ​មិនមាន​វិវាទ ជាទីក្សេមក្សាន្ត រមែងមិន​ទាស់ទែង​ទេ។

[២៩១] សម្មតិទាំងឡាយណាមួយ ដែលកើតអំពីបុថុជ្ជន អ្នក​ប្រាជ្ញ​រមែងមិន​ប្រកាន់​នូវ​សម្មតិ​ទាំងអស់​នុ៎ះទេ (ព្រោះ) លោកមិន​មានធម៌​ជាគ្រឿង​ប្រកាន់ មិនធ្វើ​សេចក្តីចូល​ចិត្ត ក្នុងអារម្មណ៍​ដែលខ្លួន​ឃើញហើយ ឮហើយទេ ធ្វើម្តេច នឹងដល់​នូវធម៌​ជាគ្រឿង​ប្រកាន់។

[២៩២] អធិប្បាយពាក្យថា សម្មតិទាំងឡាយណាមួយ ដែលកើត​អំពីបុថុជ្ជន ត្រង់​ពាក្យថា ណាមួយ គឺ គ្រប់ទាំងអស់ សព្វទាំងមូល មិន​សេសសល់ ឥតសេសសល់ ពាក្យថា ណាមួយ នេះជា​ពាក្យអស់​រលីង។ ពាក្យថា សម្មតិទាំងឡាយ គឺ​ទិដ្ឋិ ៦២ លោកហៅថា សម្មតិ​ទាំងឡាយ។ ពាក្យថា កើតអំពី​បុថុជ្ជន គឺសម្មតិ​ទាំងនោះ កើតអំពី​បុថុជ្ជន​ទាំងឡាយ ហេតុនោះ ទើបឈ្មោះថា កើតអំពី​បុថុជ្ជន។ ឬថា សម្មតិ​ទាំងនោះ កើត​ហើយអំពី​ជនផ្សេង ៗ ដ៏ច្រើន ហេតុនោះ ទើបឈ្មោះថា កើតអំពី​បុថុជ្ជន ហេតុនោះ (ទ្រង់​ត្រាស់ថា) សម្មតិ​ទាំងឡាយ​ណាមួយ កើតអំពី​បុថុជ្ជន។

[២៩៣] ពាក្យថា អ្នកប្រាជ្ញរមែងមិនប្រកាន់នូវសម្មតិទាំងអស់នុ៎ះទេ គឺអ្នក​ប្រាជ្ញជា​អ្នក​ដល់​នូវវិជ្ជា មានញាណ មានប្រាជ្ញា​ភ្លឺច្បាស់ មានប្រាជ្ញា​ជាគ្រឿង​កំចាត់កិលេស មិនដល់ មិន​ចូល​ទៅជិត មិនចូល​ទៅរក មិនប្រកាន់ មិនស្ទាបអង្អែល មិនប្រកាន់​ស្អិត នូវសម្មតិ គឺទិដ្ឋិ​ទាំងអស់​នុ៎ះទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកប្រាជ្ញ​រមែងមិន​ប្រកាន់​នូវសម្មតិ​ទាំងអស់នុ៎ះ​ទេ។

[២៩៤] អធិប្បាយពាក្យថា លោកមិនមានធម៌ជាគ្រឿងប្រកាន់ ធ្វើម្តេច​នឹងដល់​នូវធម៌ ជា​គ្រឿងប្រកាន់ ត្រង់ពាក្យថា ធម៌ជា​គ្រឿងប្រកាន់ បានដល់ ធម៌ជា​គ្រឿងប្រកាន់ ២ យ៉ាង គឺ ធម៌ជាគ្រឿង​ប្រកាន់​គឺតណ្ហា ១ ធម៌ជាគ្រឿង​ប្រកាន់គឺទិដ្ឋិ ១។បេ។ នេះធម៌​ជាគ្រឿង​ប្រកាន់​គឺតណ្ហា។បេ។ នេះធម៌ជា​គ្រឿងប្រកាន់​គឺទិដ្ឋិ។ បុគ្គលនោះ លះបង់​ធម៌ជាគ្រឿង​ប្រកាន់​គឺតណ្ហា រលាស់​ចោលធម៌​ជាគ្រឿង​ប្រកាន់​គឺទិដ្ឋិ បុគ្គល​មិនមាន​ធម៌ជាគ្រឿង​ប្រកាន់ ព្រោះ​លះបង់ធម៌​ជាគ្រឿងប្រកាន់​គឺតណ្ហា ព្រោះរលាស់​ចោលធម៌​ជាគ្រឿង​ប្រកាន់​គឺទិដ្ឋិ គប្បី​ចូលទៅ​ជិត ចូលទៅ​រក ប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត នូវរូប​ថាជាខ្លួន​របស់អញ​ដូចម្តេច​កើត។ គប្បីចូល​ទៅជិត ចូលទៅរក ប្រកាន់ ស្ទាប់អង្អែល ប្រកាន់ស្អិត នូវវេទនា ដូចម្តេច​កើត នូវសញ្ញា​ដូចម្តេចកើត នូវសង្ខារ​ដូចម្តេចកើត នូវវិញ្ញាណ​ដូចម្តេច​កើត នូវគតិ​ដូចម្តេចកើត នូវ​ឧបបត្តិ​ដូចម្តេចកើត នូវ​បដិសន្ធិ​ដូចម្តេចកើត នូវភព​ដូចម្តេច​កើត នូវ​សង្សារ​ដូចម្តេច​កើត នូវវដ្តៈ​ដូចម្តេចកើត ហេតុនោះ (ទ្រង់​ត្រាស់ថា) លោក​មិនមាន​ធម៌ជា​គ្រឿង​ប្រកាន់ ធ្វើម្តេច​នឹងដល់នូវ​ធម៌ជាគ្រឿង​ប្រកាន់។

[២៩៥] ពាក្យថា មិនធ្វើនូវសេចក្តីចូលចិត្ត ក្នុងអារម្មណ៍ដែល​ខ្លួនឃើញ​ហើយ ឮហើយ​ទេ គឺមិនធ្វើ​សេចក្តី​ចូលចិត្ត មិនធ្វើ​សេចក្តី​ពេញចិត្ត មិនធ្វើ​សេចក្តី​ស្រឡាញ់ មិនធ្វើ មិន​ឲ្យកើត មិនឲ្យ​កើតព្រម មិនឲ្យ​លូតលាស់ មិនឲ្យ​ដុះដាលឡើង នូវតម្រេក​ក្នុង​អារម្មណ៍​ដែល​ឃើញ ឬក្នុងសេចក្តី​បរិសុទ្ធិ​ព្រោះឃើញ ក្នុងអារម្មណ៍​ដែលឮ ឬក្នុង​សេចក្តី​បរិសុទ្ធិ​ព្រោះឮ ក្នុងអារម្មណ៍​ដែលប៉ះពាល់ ឬក្នុង​សេចក្តី​បរិសុទ្ធិ​ព្រោះប៉ះពាល់ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនធ្វើនូវ​សេចក្តី​ចូលចិត្ត ក្នុងអារម្មណ៍​ដែលខ្លួន​ឃើញហើយ ឮ​ហើយទេ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

សម្មតិទាំងឡាយណាមួយ ដែលកើតអំពីបុថុជ្ជន អ្នកប្រាជ្ញ​រមែង​មិនប្រកាន់​នូវសម្មតិ​ទាំងអស់​នុ៎ះទេ (ព្រោះ) លោក​មិនមាន​ធម៌ជាគ្រឿង​ប្រកាន់ មិនធ្វើ​សេចក្តី​ចូលចិត្ត ក្នុង​អារម្មណ៍​ដែលខ្លួន​ឃើញហើយ ឮហើយទេ ធ្វើម្តេច​នឹងដល់នូវ​ធម៌ជាគ្រឿង​ប្រកាន់។

[២៩៦] សមណព្រាហ្មណ៍ទាំងឡាយ (ណា) ជាអ្នកប្រកាន់ថា សីលឧត្តម ប្រកាន់​ស្អិតនូវវត្ត បានពោល​នូវសេចក្តី​បរិសុទ្ធិ ដោយការ​សង្រួមថា យើងសិក្សា​នូវសេចក្តី​បរិសុទ្ធិ​របស់គ្រូ​នោះ ក្នុងទិដ្ឋិ​នេះតែម្យ៉ាង (សមណព្រាហ្មណ៍​ទាំងនោះ) ជាអ្នក​ប្រកាន់ថា​ខ្លួនឈ្លាសវៃ រមែង​ជាអ្នកចូល​ទៅរកភព។

[២៩៧] ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយ (ណា) ជាអ្នកប្រកាន់​ថាសីល​ឧត្តម បាន​ពោលនូវ​សេចក្តី​បរិសុទ្ធិ ដោយការ​សង្រួម សេចក្តីថា មាន​សមណព្រាហ្មណ៍​ពួកមួយ ជា​អ្នកពោល​ថា សីលឧត្តម សមណ​ព្រាហ្មណ៍​ទាំងនោះ ពោល និយាយ សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ នូវការរួច រួច​វិសេស រួចស្រឡះ ដោយ​គុណ​ត្រឹមតែសីល ត្រឹមតែ​ការសង្រួម ត្រឹមតែ​ការរវាំង ត្រឹងតែ​ការមិនប្រព្រឹត្ត​កន្លង។ (តួយ៉ាងដូច) សមណមុណ្ឌិកាបុត្ត បានពោល​យ៉ាងនេះថា ម្នាលជាង​ឈើ ខ្ញុំបញ្ញត្ត​បុរស​បុគ្គល​ដែលប្រកប​ដោយធម៌ ៤ ថាជាអ្នក​មាន​កុសល​បរិបូណ៌ មានកុសល​ដ៏ឧត្តម ដល់នូវ​គុណដែល​គួរដល់​ដ៏ខ្ពង់ខ្ពស់ ជាសមណៈ​ដែលគេផ្ចាញ់​មិនបាន ចុះធម៌ ៤ តើដូចម្តេច ម្នាល​ជាងឈើ បុគ្គល​ក្នុងលោកនេះ មិនធ្វើ​បាបកម្ម​ដោយកាយ ១ មិនពោល​ពាក្យអាក្រក់ ១ មិន​ត្រិះរិះ​នូវតម្រិះ​អាក្រក់ ១ មិន​ចិញ្ចឹម​ជីវិតអាក្រក់ ១ ម្នាល​ជាងឈើ ខ្ញុំបញ្ញត្តបុរសបុគ្គល ដែល​ប្រកបដោយ​ធម៌ ៤ នេះឯងថា ជាអ្នក​មានកុសល​បរិបូណ៌ មានកុសល​ដ៏ឧត្តម ដល់នូវ​គុណដែល​គួរដល់ដ៏​ខ្ពង់ខ្ពស់ ជាសមណៈ​ដែលគេ​ផ្ចាញ់មិនបាន។ មាន​សមណ​ព្រាហ្មណ៍​ពួកមួយ ជាអ្នក​ពោលថា​ សីលឧត្តម សមណ​ព្រាហ្មណ៍​ទាំងនោះ ពោល និយាយ សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ នូវការរួច រួចវិសេស រួចស្រឡះ ដោយគុណ​ត្រឹមតែសីល ត្រឹមតែ​ការសង្រួម ត្រឹមតែ​ការរវាំង ត្រឹមតែការ​មិនប្រព្រឹត្ត​កន្លង យ៉ាង​នោះដែរ ហេតុនោះ (ទ្រង់​ត្រាស់ថា) សមណ​ព្រាហ្មណ៍​ទាំងឡាយ ជាអ្នក​ប្រកាន់ថា សីលឧត្តម បានពោល​នូវសេចក្តី​បរិសុទ្ធិ ដោយការ​សង្រួម។

[២៩៨] ពាក្យថា ប្រកាន់ស្អិតនូវវត្ត ត្រង់ពាក្យថា វត្ត គឺកាន់យក សមាទាន អើពើ ទទួល ស្ទាបអង្អែល ប្រកាន់ស្អិត ហើយ​តាំងមាំ ដំកល់ស៊ប់ ជាប់ស្អិត ចូលទៅរក ចុះចិត្ត​ស៊ប់ ឱនទៅរក នូវវត្តដំរី វត្តសេះ វត្តគោ វត្តពពែ វត្តឆ្កែ វត្តក្អែក វត្តវាសុទេព វត្តបុណ្ណភទ្ទ វត្តមណិភទ្ទ វត្តភ្លើង វត្តនាគ វត្តគ្រុឌ វត្តយក្ស វត្តអសុរ វត្តគន្ធព្វ វត្តមហារាជ វត្តព្រះច័ន្រ្ទ វត្តព្រះអាទិត្យ វត្តព្រះឥន្រ្ទ វត្តព្រះព្រហ្ម វត្តទេវតា វត្តទិស ហេតុនោះ (ទ្រង់​ត្រាស់ថា) ប្រកាន់​ស្អិតនូវវត្ត។

[២៩៩] អធិប្បាយពាក្យថា យើងសិក្សានូវសេចក្តីបរិសុទ្ធិ​របស់គ្រូ​នោះ ក្នុងទិដ្ឋិ​នេះតែ​ម្យ៉ាង ត្រង់ពាក្យថា ក្នុងទិដ្ឋិនេះ គឺយើង​សិក្សា ប្រព្រឹត្តទួទៅ ប្រព្រឹត្តព្រម សមាទាន ប្រព្រឹត្ត ក្នុងទិដ្ឋិ​របស់ខ្លួន ក្នុងសេចក្តី​គួររបស់ខ្លួន ក្នុងសេចក្តី​គាប់ចិត្ត​របស់ខ្លួន ក្នុងលទ្ធិ​របស់ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) យើងសិក្សា ក្នុងទិដ្ឋិ​នេះតែម្យ៉ាង។ ពាក្យថា នូវសេចក្តី​បរិសុទ្ធិ​របស់​គ្រូនោះ គឺនូវ​ការស្អាត ស្អាតវិសេស បរិសុទ្ធិ នូវការរួច រួចវិសេស រួចស្រឡះ​របស់​គ្រូនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) យើងសិក្សា​នូវសេចក្តី​បរិសុទ្ធិ​របស់គ្រូ​នោះ ក្នុងទិដ្ឋិ​នេះតែ​ម្យ៉ាង។

[៣០០] អធិប្បាយពាក្យថា (សមណព្រាហ្មណ៍​ទាំងនោះ) ជាអ្នក​ប្រកាន់ថា ខ្លួនឈ្លាស​វៃ រមែង​ជាអ្នក​ចូលទៅ​រកភព ត្រង់ពាក្យថា ជាអ្នកចូល​ទៅរកភព គឺជាអ្នក​ចូលទៅជិត កាន់ភព ចូកទៅ​រកភព ចុះស៊ប់​ក្នុងភព ឱនទៅរកភព ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នកចូល​ទៅរកភព។ ពាក្យថា ប្រកាន់ថា​ខ្លួនឈ្លាសវៃ គឺជាអ្នក​ពោលថា​ឈ្លាសវៃ ពោលថាជា​បណ្ឌិត ពោលថា​ជាអ្នកប្រាជ្ញ ពោលថា​ប្រកប​ដោយញាណ ពោលថា​ប្រកប​ដោយហេតុ ពោលថា​ប្រកប​ដោយ​លក្ខណៈ ពោលថា​ប្រកប​ដោយការណ៍ ពោលថា​ប្រកប​ដោយឋានៈ ក្នុងលទ្ធិ​របស់ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​ចូលទៅ​រកភព ប្រកាន់ថា​ឈ្លាសវៃ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

សមណព្រាហ្មណ៍ទាំងឡាយ (ណា) ជាអ្នកប្រកាន់ថា សីលឧត្តម ប្រកាន់​ស្អិតនូវវត្ត បានពោល​នូវសេចក្តី​បរិសុទ្ធិ​ដោយ​ការសង្រួមថា យើងសិក្សា​នូវសេចក្តី​បរិសុទ្ធិ​របស់​គ្រូនោះ ក្នុងទិដ្ឋិ​នេះតែម្យ៉ាង (សមណព្រាហ្មណ៍​ទាំងនោះ) ជាអ្នក​ប្រកាន់ថា​ខ្លួន​ឈ្លាសវៃ រមែង​ជាអ្នកចូល​ទៅរកភព។

[៣០១] បើបុគ្គលណាឃ្លាតចាកសីល និងវត្តហើយ បុគ្គលនោះ រមែង​ញាប់ញ័រ ព្រោះភ្លាត់​ចាកកម្ម បុគ្គល​នោះឯង តែង​ចង់បានផង ប្រាថ្នាផង នូវសេចក្តី​បរិសុទ្ធិ ដូចបុគ្គល​ឃ្លាតចាក​ផ្ទះ ហើយសាប​សូន្យចាកពួក។

[៣០២] ពាក្យថា បើបុគ្គលណា ឃ្លាតចាកសីល និងវត្តហើយ អធិប្បាយថា បុគ្គលឃ្លាត​ចាកសីល និងវត្ត ដោយហេតុ ២ ប្រការគឺ ឃ្លាតដោយ​ការលះបង់ ព្រោះបុគ្គល​ដទៃ ឬកាល​មិនសម្រេច​ហើយឃ្លាត។

បុគ្គលឃ្លាតដោយការលះបង់ ព្រោះបុគ្គលដទៃ តើដូចម្តេច។ បុគ្គលដទៃ​ឲ្យលះបង់​ថា សាស្តានោះ មិនមែនជា​សព្វញ្ញូទេ ធម៌មិនមែន​ព្រះសាស្តា​សំដែងដោយ​ប្រពៃទេ គណៈមិន​មែនប្រតិបត្តិ​ដោយប្រពៃ​ទេ ទិដ្ឋិមិន​មែនល្អទេ បដិបទា មិនមែន​សាស្តា​នោះបញ្ញត្ត​ដោយ​ប្រពៃ​ទេ មគ្គ មិនមែន​ជាទីស្រោច​ស្រង់សត្វទេ សេចក្តី​ស្អាតក្តី ការស្អាត​វិសេសក្តី ការរួចក្តី ការ​រួចដោយ​វិសេសក្តី ការរួច​ស្រឡះក្តី មិនមាន​ក្នុង​លទិ្ធនុ៎ះទេ ជនទាំងឡាយ ស្អាត ស្អាត​វិសេស បរិសុទ្ធិ រួច រួចវិសេស រួចស្រឡះ ក្នុងលទ្ធិ​នុ៎ះ មិនមានទេ ជនទាំងឡាយនោះ ជាអ្នក​ថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ តិចតួច បុគ្គលដទៃ​ឲ្យលះបង់​យ៉ាងនេះ​ឯង។ បុគ្គលនោះ កាលត្រូវគេ​ឲ្យលះបង់​យ៉ាងនេះ ក៏ឃ្លាត​ចាកសាស្តា ឃ្លាតចាក​ធម៌​ដែលសាស្តា​ពោល ឃ្លាតចាក​គណៈ ឃ្លាតចាកទិដ្ឋិ ឃ្លាតចាក​បដិបទា ឃ្លាតចាកមគ្គ បុគ្គលឃ្លាត​ដោយការ​លះបង់ ព្រោះបុគ្គល​ដទៃ​យ៉ាងនេះ។

បុគ្គលកាលមិនសម្រេច ហើយឃ្លាត តើដូចម្តេច។ បុគ្គលកាលមិន​ញុំាងសីលឲ្យ​សម្រច ឈ្មោះថា ឃ្លាតចាកសីល មិនញុំាង​វត្តឲ្យសម្រេច ឈ្មោះថា​ឃ្លាតចាកវត្ត មិនញុំាង​សីល និងវត្ត​ឲ្យសម្រេច ឈ្មោះថា​ឃ្លាតចាក​សីល និងវត្ត បុគ្គលកាល​មិនសម្រេច​ ហើយ​ឃ្លាត​យ៉ាងនេះ​ឯង ហេតុនោះ (ទ្រង់​ត្រាស់ថា) បើបុគ្គល​ណា ឃ្លាតចាកសីល និងវត្តហើយ។

[៣០៣] អធិប្បាយពាក្យថា បុគ្គលនោះរមែងញាប់ញ័រ ព្រោះភ្លាត់​ចាកកម្ម ត្រង់​ពាក្យថា បុគ្គលនោះ​រមែង​ញាប់ញ័រ គឺបុគ្គលនោះ​រមែងញាប់ញ័រ ញាប់ញ័រ​ខ្លាំង ញាប់ញ័រ​ចំប្រប់ថា សីលក្តី វត្តក្តី សីល និងវត្តក្តី អាត្មាអញ​ខុសហើយ អាត្មាអញ​ប្រាសចេញ​ហើយ អាត្មាអញ ភ្លាំងភ្លាត់​ហើយ អាត្មាអញ​ឃ្លៀងឃ្លាត​ហើយ អាត្មាអញ​ប្រាសចាក​អរហត្តផល​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ​រមែង​ញាប់ញ័រ។ ពាក្យថា ព្រោះភ្លាត់​ចាកកម្ម គឺបុគ្គល​នោះ រមែងញាប់ញ័រ ញាប់ញ័រខ្លាំង ញាប់ញ័រ​ចំប្រប់ថា បុញ្ញភិសង្ខារ​ក្តី អបុញ្ញាភិសង្ខារ​ក្តី អានេញ្ជាភិសង្ខារ​ក្តី អាត្មាអញ​ខុសហើយ អាត្មាអញ​ប្រាសចេញ​ហើយ អាត្មាអញ​ភ្លាំង​ភា្លត់ហើយ អាត្មាអញ​ឃ្លៀងឃ្លាត​ហើយ អាត្មាអញ​ប្រាសចាក​អរហត្តផល​ហើយ ហេតុ​នោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ​ រមែងញាប់ញ័រ ព្រោះភ្លាត់​ចាកកម្ម។

[៣០៤] ពាក្យថា បុគ្គលនោះឯង តែងចង់បានផង ប្រាថ្នាផង នូវសេចក្តី​បរិសុទ្ធិ ត្រង់​ពាក្យថា បុគ្គលនោះ ចង់បាន គឺចង់បានសីល ចង់បានវត្ត ចង់បាន ចង់បានខ្លាំង ចង់បាន​ណាស់ នូវសីល និងវត្ត ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ​រមែងចង់បាន។ ពាក្យថា ប្រាថ្នាផង​នូវសេចក្តី​បរិសុទ្ធិ គឺប្រាថ្នា​នូវសេចក្តី​បរិសុទ្ធិនៃ​សីល ប្រាថ្នា​នូវសេចក្តី​បរិសុទ្ធិ​នៃវត្ត ប្រាថ្នា ស្រឡាញ់ ចង់បានណាស់ នូវសេចក្តី​បរិសុទ្ធិ​នៃសីល និងវត្ត ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ​ឯង តែងចង់​បានផង ប្រាថ្នាផង នូវសេចក្តី​បរិសុទ្ធិ។

[៣០៥] ពាក្យថា (ដូច) បុគ្គលឃ្លាតចាកផ្ទះ ហើយសាបសូន្យ​ចាកពួក សេចក្តីថា បុរស​ចេញអំពីផ្ទះ នៅជាមួយ​នឹងពួក ឃ្លាតពួក​ហើយ រមែងទៅ​តាមពួកនោះ ឬត្រឡប់​មកកាន់​ផ្ទះខ្លួនវិញ យ៉ាងណា បុគ្គលអ្នក​លុះក្នុង​ទិដ្ឋិនោះ រមែងប្រកាន់​សាស្តានោះ ឬប្រកាន់​សាស្តា​ដទៃ ប្រកាន់ធម៌​ដែលសាស្តា​ពោលហើយ​នោះ ឬប្រកាន់​ធម៌ដទៃដែល​សាស្តាពោល​ហើយ ប្រកាន់​គណៈ​នោះ ឬប្រកាន់​គណៈដទៃ ប្រកាន់​ទិដ្ឋិនោះ ឬប្រកាន់​ទិដ្ឋិដទៃ ប្រកាន់​បដិបទា​នោះ ឬប្រកាន់​បដិបទា​ដទៃ ប្រកាន់​មគ្គនោះ ឬប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត នូវមគ្គដទៃ ក៏យ៉ាង​នោះដែរ ហេតុនោះ (ទ្រង់​ត្រាស់ថា) (ដូច) បុគ្គលឃ្លាត​ចាកផ្ទះ ហើយសាប​សូន្យចាក​ពួក។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

បុគ្គលណា ឃ្លាតចាកសីល និងវត្តហើយ បុគ្គលនោះឯង រមែងញាប់ញ័រ ព្រោះភ្លាត់​ចាកកម្ម បុគ្គលនោះ ​រមែងចង់បានផង ប្រាថ្នាផង នូវសេចក្តី​បរិសុទ្ធិ ដូចបុគ្គល​ឃ្លាត​ចាកផ្ទះ ហើយសាបសូន្យ​ចាកពួក។

[៣០៦] បុគ្គលលះបង់នូវសីល និងវត្ត​ទាំងអស់ផង នូវ​កម្មដែល​មានទោស និងមិន​មានទោស​នុ៎ះផង មិនប្រាថ្នា​នូវសេចក្តី​បរិសុទ្ធិ និងសេចក្តី​មិនបរិសុទ្ធិ​ផង គប្បី​ប្រព្រឹត្ត​វៀរ មិន​ប្រកាន់​នូវសេចក្តី​ស្ងប់។

[៣០៧] ពាក្យថា បុគ្គលលះបង់នូវសីល និងវត្តទាំងអស់ គឺ​បុគ្គលលះបង់ លះលែង បន្ទោបង់ ធ្វើឲ្យវិនាស ដល់ការ​មិនកើតមាន​នូវសេចក្តី​បរិសុទ្ធិ​នៃសីល​ទាំងអស់ លះបង់ លះលែង បន្ទោបង់ ធ្វើឲ្យវិនាស ដល់ការ​មិនកើតមាន​នូវសេចក្តី​បរិសុទ្ធិ​នៃវត្តទាំង​អស់ លះបង់ លះលែង បន្ទោបង់ ធ្វើឲ្យវិនាស ដល់ការ​មិនកើតមាន​នូវសេចក្តី​បរិសុទ្ធិនៃ​សីល និងវត្ត​ទាំងអស់ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គល​លះបង់នូវ​សីល និងវត្ត​ទាំងអស់។

[៣០៨] ពាក្យថា នូវកម្មដែលមានទោស និងមិនមាន​ទោសនុ៎ះផង សេចក្តីថា អំពើ​ខ្មៅឲ្យ​ផលខ្មៅ លោកហៅថា កម្មមានទោស។ អំពើស​ឲ្យផលស លោកហៅថា កម្មមិនមាន​ទោស។ (បុគ្គល) លះបង់ លះលែង បន្ទោបង់ ធ្វើឲ្យវិនាស ដល់ការ​មិនកើតមាន​នូវកម្ម​មាន​ទោសផង កម្មមិន​មានទោស​ផង ហេតុនោះ (ទ្រង់​ត្រាស់ថា) នូវកម្ម​ដែលមាន​ទោស និង​មិនមាន​ទោសនុ៎ះ​ផង។

[៣០៩] ពាក្យថា មិនប្រាថ្នាសេចក្តីបរិសុទ្ធិ និងសេចក្តី​មិនបរិសុទ្ធិ អធិប្បាយថា ពួក​បុថុជ្ជន តែងប្រាថ្នា​សេចក្តី​មិនបរិសុទ្ធិ ប្រាថ្នា​អកុសលធម៌ ប្រាថ្នា​សេចក្តី​បរិសុទ្ធិ ប្រាថ្នា​កាមគុណ ៥ ប្រាថ្នា​សេចក្តី​មិនបរិសុទ្ធិ ប្រាថ្នា​អកុសលធម៌ ប្រាថ្នា​កាមគុណ ៥ ប្រាថ្នា​សេចក្តី​បរិសុទ្ធិ ប្រាថ្នា​ទិដ្ឋិ ៦២ ប្រាថ្នា​សេចក្តី​មិនបរិសុទ្ធិ ប្រាថ្នា​អកុសលធម៌ ប្រាថ្នា​កាមគុណ ៥ ប្រាថ្នា​ទិដ្ឋិ ៦២ ប្រាថ្នា​សេចក្តី​បរិសុទ្ធិ ប្រាថ្នា​កុសលធម៌​ក្នុងត្រៃធាតុ ប្រាថ្នាសេចក្តី​មិនបរិសុទ្ធិ ប្រាថ្នា​អកុសលធម៌ ប្រាថ្នា​កាមគុណ ៥ ប្រាថ្នា​ទិដ្ឋិ ៦២ ប្រាថ្នា​កុសលធម៌​ក្នុងត្រៃធាតុ ប្រាថ្នា​សេចក្តី​បរិសុទ្ធិ ឯ​កល្យាណបុថុជ្ជន ប្រាថ្នា​ការយាងចុះកាន់និយាមៈ [សំដៅយក​មគ្គ។ អដ្ឋកថា។] សេក្ខបុគ្គល ប្រាថ្នា​អរហត្តជា​ធម៌ប្រសើរ។ កាលបើ​ដល់ព្រះអរហត្ត​ហើយ ព្រះអរហន្ត មិនប្រាថ្នា​អកុសលធម៌ មិនប្រាថ្នា​កាមគុណ ៥ មិនប្រាថ្នា​ទិដ្ឋិ ៦២ មិនប្រាថ្នា​កុសលធម៌​ក្នុងត្រៃធាតុ មិនប្រាថ្នា​ការយាងចុះ​កាន់និយាមៈ មិនប្រាថ្នា​ព្រះអរហត្ត​ជាធម៌ដ៏​ប្រសើរ។ ព្រះអរហន្ត កាលកន្លង​សេចក្តី​ប្រាថ្នា ឈ្មោះថា​កន្លងផុត​សេចក្តី​ចំរើន និងសេចក្តី​សាបសូន្យ។ ព្រះអរហន្ត​នោះ មានអរិយវាស​នៅរួចហើយ មានការ​ប្រព្រឹត្តិសន្សំ​ហើយ។បេ។ ភពថ្មីនៃ​ព្រះអរហន្ត​នោះ មិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) មិនប្រាថ្នា​នូវសេចក្តី​បរិសុទ្ធិ និងសេចក្តី​មិនបរិសុទ្ធិ។

[៣១០] អធិប្បាយពាក្យថា គប្បីប្រព្រឹត្តវៀរ មិនប្រកាន់​សេចក្តីស្ងប់ ត្រង់ពាក្យថា វៀរ គឺ វៀរទួទៅ វៀរស្រឡះ វៀរចំពោះ ឃ្លាតចេញ រលាស់ចេញ រួចស្រឡះ ប្រកប ប្រាសចាក​សេចក្តី​បរិសុទ្ធិ និងមិនបរិសុទ្ធិ រមែង​នៅដោយ​ចិត្តដែល​ប្រាសចាក​ដែនគឺ​កិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) វៀរ ពាក្យថា គប្បីប្រព្រឹត្ត គឺគប្បី​ត្រាច់ទៅ គប្បីត្រាច់​ទៅផ្សេង ៗ គប្បីញុំាង​ឥរិយាបថ​ឲ្យប្រព្រឹត្ត​ទៅ គប្បីញុំាង​ការប្រព្រឹត្តិ​ឥរិយាបថ​ឲ្យកើត គប្បី​រក្សា​ឥរិយាបថ គប្បីបំពេញ​ឥរិយាបថ គប្បីបង្រ្គប់​ឥរិយាបថ ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​ប្រព្រឹត្តវៀរ។ ពាក្យថា មិនប្រកាន់​សេចក្តីស្ងប់ សេចក្តីថា ទិដ្ឋិ ៦២ លោកហៅថា សេចក្តី​ស្ងប់។ បុគ្គល​មិនប្រកាន់ មិនស្ទាប​អង្អែល មិនប្រកាន់​ស្អិត នូវសេចក្តី​ស្ងប់​គឺទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីប្រព្រឹត្ត​វៀរ មិនប្រកាន់​សេចក្តីស្ងប់។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

បុគ្គលលះបង់នូវសីល និងវត្តទាំងអស់ផង នូវកម្ម​ដែលមាន​ទោស និងមិនមាន​ទោសនុ៎ះ​ផង មិនប្រាថ្នា​សេចក្តី​បរិសុទ្ធិ និងសេចក្តី​មិនបរិសុទ្ធិ​ផង គប្បី​ប្រព្រឹត្ត​វៀវ មិន​ប្រកាន់​សេចក្តីស្ងប់។

[៣១១] ពួកសមណព្រាហ្មណ៍ ជាឧទ្ធំសរាវាទ មានតណ្ហា​មិនទាន់​ទៅប្រាស ក្នុងភព​តូចភពធំ​ទាំងឡាយ អាស្រ័យនូវ​សេចក្តីខ្ពើម (បាប) នោះ ឬអាស្រ័យ​នូវអារម្មណ៍​ដែលខ្លួន​ឃើញ ឮ ឬប៉ះពាល់​ហើយ រមែងពោល​សេចក្តី​បរិសុទ្ធិ។

[៣១២] ពាក្យថា អាស្រ័យសេចក្តីខ្ពើម (បាប) នោះ គឺមាន​សមណព្រាហ្មណ៍​ពួកមួយ ជាអ្នក​មានវាទៈ​ថា ខ្ពើមបាប​ដោយតបៈ ជាអ្នក​មានការ​ខ្ពើមបាប​ដោយតបៈ​ជាខ្លឹម អាស្រ័យ អាស្រ័យព្រម ជាប់ស្អិត ចូលទៅរក ចុះចិត្តស៊ប់ ឱនទៅរក នូវការ​ខ្ពើមបាប​ដោយតបៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) អាស្រ័យ​សេចក្តីខ្ពើម (បាប) នោះ។

[៣១៣] ពាក្យថា នូវអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់​ហើយ គឺ​អាស្រ័យ ចូលទៅ​អាស្រ័យ ប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត នូវអារម្មណ៍​ដែលខ្លួន​ឃើញហើយ ឬនូវ​សេចក្តី​បរិសុទ្ធិ ព្រោះឃើញ​នូវអារម្មណ៍​ដែលឮហើយ ឬនូវ​សេចក្តី​បរិសុទ្ធិ​ព្រោះឮ នូវអារម្មណ៍​ដែលប៉ះ​ពាល់ហើយ ឬនូវ​​សេចក្តី​បរិសុទ្ធិ ព្រោះ​ប៉ះពាល់ ហេតុនោះ (ទ្រង់​ត្រាស់ថា) នូវ​អារម្មណ៍​​ដែលខ្លួន​ឃើញ​ហើយ ឮ ឬប៉ះពាល់​ហើយ។

[៣១៤] ពាក្យថា ជាឧទ្ធំសរាវាទ រមែងពោលសេចក្តី​បរិសុទ្ធិ គឺមាន​សមណព្រាហ្មណ៍​ពួកមួយ ជា​ឧទ្ធំសរាវាទ។ សមណព្រាហ្មណ៍​ជាឧទ្ធំសរាវាទ តើដូចម្តេច។ សមណ​ព្រាហ្មណ៍​ណា ជាពួក ប្រកាន់​អច្ចន្តសុទ្ធិ ប្រកាន់​សង្សារសុទ្ធិ ជា​អកិរិយទិដ្ឋិ ជា​សស្សតវាទ សមណ​ព្រាហ្មណ៍​ទាំងនេះ ឈ្មោះថា ឧទ្ធំសរាវាទ។ សមណព្រាហ្មណ៍​ទាំងនោះ តែង​សរសើរ ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ រួចវិសេស រួចស្រឡះ ព្រោះសង្សារ ហេតុនោះ (ទ្រង់ត្រាស់ថា) ជា​ឧទ្ធំសរាវាទ រមែងពោល​សេចក្តី​បរិសុទ្ធិ។

[៣១៥] ពាក្យថា មានតណ្ហាមិនទាន់ទៅប្រាស ក្នុងភពតូច​ភពធំ​ទាំងឡាយ ត្រង់​ពាក្យថា តណ្ហា បានដល់​រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា ក្នុងភពតូច​ភពធំ​ទាំងឡាយ គឺក្នុងកម្មភព បុនព្ភព ឈ្មោះថា​ភពតូច​ភពធំ គឺ​ថា ក្នុងកាមភព​ឈ្មោះកម្មភព ក្នុងកាមភព​ឈ្មោះ​បុនព្ភព ក្នុងរូបភព​ឈ្មោះកម្មភព ក្នុងរូបភព​ឈ្មោះបុនព្ភព ក្នុងអរូបភព​ឈ្មោះកម្មភព ក្នុងអរូបភព​ឈ្មោះបុនព្ភព ក្នុងការ​កើតរឿយៗ ក្នុងការ​ទៅរឿយៗ ក្នុង​ឧបបត្តិ​រឿយៗ ក្នុង​បដិសន្ធិ​រឿយ ៗ ក្នុងការ​កើតចំពោះ​នៃ​អត្តភាព​រឿយ ៗ។ ពាក្យថា មានតណ្ហា​មិនទាន់​ទៅប្រាស គឺមិនទាន់​ប្រាសចាក​តណ្ហា មិនទាន់​ឃ្លាត​ចេញចាក​តណ្ហា មិនទាន់​លះតណ្ហា មិនទាន់​ខ្ជាក់ចោល​តណ្ហា មិនទាន់រួច​ចាកតណ្ហា មិនទាន់​លះបង់​តណ្ហា មិនទាន់​រលាស់ចោល​តណ្ហា ហេតុនោះ (ទ្រង់ត្រាស់ថា) មានតណ្ហា​មិនទាន់​ទៅប្រាស ក្នុងភព​តូច​ភពធំ​ទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ពួកសមណព្រាហ្មណ៍ជាឧទ្ធំសរាវាទ មានតណ្ហា​មិនទាន់ទៅ​ប្រាស ក្នុងភព​តូចភពធំ​ទាំងឡាយ អាស្រ័យ​នូវសេចក្តី​ខ្ពើម (បាប) នោះ ឬអាស្រ័យ​នូវអារម្មណ៍​ដែលខ្លួន​ឃើញ ឮ ឬប៉ះពាល់​ហើយ រមែង​ពោលសេចក្តី​បរិសុទ្ធិ។

[៣១៦] ការជាប់ចិត្តទាំងឡាយ នៃបុគ្គលកាលប្រាថ្នាក្តី ការញាប់ញ័រ​ក្នុងធម៌​ទាំងឡាយ​ដែលខ្លួន​កំណត់​ហើយក្តី ការច្យុតិ និងការ​កើតក្តី នៃបុគ្គលណា មិនមាន ក្នុងលោកនេះ បុគ្គល​នោះ គប្បីញាប់ញ័រ​ដោយកិលេស​ដូចម្តេចកើត គប្បីជាប់ចិត្ត ក្នុងហេតុ​ដូចម្តេច​កើត។

[៣១៧] ពាក្យថា ការជាប់ចិត្តទាំងឡាយ នៃបុគ្គលកាលប្រាថ្នា សេចក្តីថា តណ្ហា លោក​ហៅ សេចក្តីប្រាថ្នា បានដល់​តម្រេក តម្រេក​មានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា កាលប្រាថ្នា គឺកាលត្រូវការ កាលចង់​បាន កាលត្រេកអរ កាល​ស្រឡាញ់ កាល​ជាប់ចិត្ត ហេតុនោះ (ទ្រង់​ត្រាស់ថា) កាលប្រាថ្នា។ ពាក្យថា ការជាប់​ចិត្ត​ទាំងឡាយ សេចក្តីថា តណ្ហា លោកហៅថា ការជាប់ចិត្ត បានដល់ តម្រេក តម្រេក​មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល ហេតុនោះ (ទ្រង់ត្រាស់ថា) ការជាប់​ចិត្តទាំង​ឡាយ នៃបុគ្គល​កាលប្រាថ្នា។

[៣១៨] ពាក្យថា ការញាប់ញ័រក្នុងធម៌ទាំងឡាយ ដែលខ្លួន​កំណត់​ទុកហើយក្តី ពាក្យថា ការកំណត់ បានដល់ ការកំណត់ ២ ការកំណត់​គឺតណ្ហា ១ ការកំណត់​គឺទិដ្ឋិ ១។បេ។ នេះ ការកំណត់​គឺតណ្ហា។បេ។ នេះការ​កំណត់​គឺទិដ្ឋិ។ ជនទាំងឡាយ មានសេចក្តី​រង្កៀស​ក្នុង​ការដណ្តើម​យកនូវវត្ថុ រមែង​ញាប់ញ័រ ក៏មាន កាលវត្ថុ​ដែលគេ​កំពុងដណ្តើម រមែង​ញាប់ញ័រ ក៏មាន កាលវត្ថុ​ត្រូវគេដណ្តើម​ហើយ រមែងញាប់ញ័រ ក៏មាន ជនទាំងឡាយ​មាន​សេចក្តី​រង្កៀស​ក្នុងការ​ប្រែប្រួល​នៃវត្ថុ រមែង​ញាប់ញ័រ ក៏មាន កាលវត្ថុ​កំពុង​ប្រែប្រួល​ រមែង​ញាប់ញ័រ ក៏មាន កាលវត្ថុ​ប្រែប្រួល​ហើយ រមែង​ញាប់ញ័រ​ ញាប់ញ័រខ្លាំង ញាប់ញ័រ​ចំប្រប់ ក៏មាន ហេតុនោះ (ទ្រង់​ត្រាស់ថា) ការញាប់ញ័រ​ក្នុងធម៌ទាំងឡាយ ដែលខ្លួន​កំណត់​ហើយក្តី។

[៣១៩] ពាក្យថា ការច្យុតិ និងការកើត​នៃបុគ្គលណា​មិនមាន ក្នុងលោកនេះ ត្រង់ពាក្យ​ថា នៃបុគ្គលណា សេចក្តីថា ការមក ការទៅ ការទៅ និងការមក មរណកាល ដំណើរ ភពតូច​ភពធំ ការច្យុតិ ការឧបបត្តិ ការកើត និងការបែកធ្លាយ ជាតិ ជរា មរណៈ នៃ​ព្រះអរហន្ត​ខីណាស្រព មិនមាន គ្មាន ឥតមានសោះ មិនកើតមាន គឺ​លោក​លះបង់ហើយ ផ្តាច់បង់​ហើយ រម្ងាប់ហើយ គ្របសង្កត់​ហើយ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើងគឺ​ញាណ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ការច្យុតិ និងការកើត​នៃបុគ្គលណា មិនមាន ក្នុង​លោកនេះ។

[៣២០] ពាក្យថា បុគ្គលនោះ គប្បីញាប់ញ័រ​ដោយកិលេស​ដូចម្តេចកើត គប្បី​ជាប់ចិត្ត​ក្នុង​ហេតុដូចម្តេច​កើត អធិប្បាយថា បុគ្គលនោះ គប្បីញាប់ញ័រ​ដោយរាគៈ​ដូចម្តេច គប្បី​ញាប់ញ័រ​ដោយទោសៈ​ដូចម្តេច គប្បី​ញាប់ញ័រ​ដោយមោហៈ​ដូចម្តេច គប្បី​ញាប់ញ័រ​ដោយមានះ​ដូចម្តេច គប្បីញាប់ញ័រ​ដោយទិដ្ឋិ​ដូចម្តេច គប្បី​ញាប់ញ័រ​ដោយ​ឧទ្ធច្ចៈ​ដូចម្តេច គប្បី​ញាប់ញ័រ​ដោយ​វិចិកិច្ឆា​ដូចម្តេច គប្បីញាប់ញ័រ​ដោយ​អនុស័យ​ដូចម្តេច​កើត ថាបុគ្គល​នោះ ជាអ្នក​ត្រេកអរក្តី ថាជាអ្នក​ប្រទូស្តក្តី ថាជាអ្នក​វង្វេងក្តី ថាជាអ្នក​ជាប់ចំពាក់​ក្តី ថាជាអ្នក​ស្ទាបអង្អែល​ក្តី ថាជា​អ្នកដល់នូវ​ការរាយមាយ​ក្តី ថាជា​អ្នកដល់​នូវសេចក្តី​មិនដាច់​ស្រេចក្តី ថាជាអ្នក​ដល់នូវ​កំឡាំងក្តី។ អភិសង្ខារ​ទាំងឡាយ​នោះ បុគ្គលនោះ លះបង់ហើយ ព្រោះ​លះបង់​អភិសង្ខាររួច​ហើយ លោកគប្បី​ញាប់ញ័រ​ដោយ​ហេតុដូចម្តេច ព្រោះគតិថា អាត្មាអញ​កើតក្នុង​នរកក្តី ថា​កើតក្នុង​កំណើត​តិរច្ឆានក្តី ថាកើត​ក្នុង​ប្រេតវិស័យក្តី ថាកើតជា​មនុស្សក្តី ថាកើតជា​ទេវតាក្តី ថាកើតជា​រូបព្រហ្មក្តី ថាកើតជា​អរូបព្រហ្មក្តី ថាកើតជា​សញ្ញីព្រហ្ម​ក្តី ថាកើតជា​អសញ្ញីព្រហ្ម​ក្តី ថាកើត​ជា​នេវសញ្ញីនាសញ្ញីព្រហ្ម​ក្តី។ បុគ្គលនោះ គប្បី​ញាប់ញ័រ គប្បី​ញាប់ញ័រ​ខ្លាំង គប្បី​ញាប់ញ័រ​ចំប្រប់ ដោយ​ហេតុណា ហេតុនោះ​មិនមាន បច្ច័យ​នោះមិនមាន ការណ៍នោះ​មិនមាន ហេតុ​នោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ គប្បី​ញាប់ញ័រ​ដោយកិលេស​ដូចម្តេច។ ពាក្យថា គប្បីជាប់​ចិត្តក្នុង​ហេតុដូចម្តេច​កើត គឺគប្បី​ជាប់ចិត្ត គប្បីជាប់​ចិត្តខ្លាំង គប្បីជាប់​ចិត្តចំពោះ​ក្នុងហេតុ​ដូចម្តេចកើត ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ គប្បីញាប់ញ័រ​ដោយកិលេស​ដូចម្តេច​កើត គប្បីជាប់​ចិត្តក្នុង​ហេតុដូចម្តេច​កើត។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ការជាប់ចិត្តទាំងឡាយ នៃបុគ្គលកាលប្រាថ្នាក្តី ការញាប់ញ័រ​ក្នុងធម៌​ទាំងឡាយ​ដែលខ្លួន​កំណត់​ហើយក្តី ការច្យុតិ និងការ​កើតក្តី នៃបុគ្គលណា មិនមាន ក្នុងលោកនេះ បុគ្គលនោះ គប្បី​ញាប់ញ័រ​ដោយកិលេស​ដូចម្តេច​កើត គប្បី​ជាប់ចិត្ត​ក្នុងហេតុ​ដូចម្តេច​កើត។

[៣២១] សមណព្រាហ្មណ៍ពួកមួយ បានពោលធម៌ណា ថាឧត្តម ចំណែក​សមណព្រាហ្មណ៍​ពួកដទៃ បានពោល​ធម៌នោះឯង ថាថោកទាប ពាក្យ​របស់​សមណព្រាហ្មណ៍​ទាំងនេះ តើពាក្យណា ជាពាក្យពិត ព្រោះថា សមណ​ព្រាហ្មណ៍​ទាំង​នេះ ជាអ្នក​ប្រកាន់ថា​ឈ្លាសវៃ​ទាំងអស់គ្នា។

[៣២២] ពាក្យថា សមណព្រាហ្មណ៍ពួកមួយ បានពោលធម៌​ណាថាឧត្តម គឺសមណ​ព្រាហ្មណ៍​ពួកមួយ បានពោល​យ៉ាងនេះ សំដែងយ៉ាងនេះ ពណ៌នា​យ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាង​នេះ នូវធម៌ គឺទិដ្ឋិ បដិបទា មគ្គណា ថានេះជា​ធម៌ដ៏ឧត្តម ខ្ពង់ខ្ពស់ ប្រសើរ ប្រសើរ​បំផុត ជាប្រធាន ថ្លៃថ្លា ប្រសើរ​ក្រៃលែង ហេតុនោះ (ទ្រង់​ត្រាស់ថា) សមណព្រាហ្មណ៍​ពួក​មួយ បានពោល​ធម៌ណា​ថាឧត្តម។

[៣២៣] ពាក្យថា ចំណែកសមណព្រាហ្មណ៍ពួកដទៃ បានពោលធម៌​នោះឯង ថា​ថោកទាប គឺសមណ​ព្រាហ្មណ៍​ពួកមួយ បានពោល​យ៉ាងនេះ សំដែង​យ៉ាងនេះ ពណ៌នា​យ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះ នូវធម៌ គឺទិដ្ឋិ បដិបទា មគ្គ​នោះឯង ថាធម៌នេះ​ថោកទាប ធម៌នេះ​ថោកទាបពេក ធម៌នេះ​ទន់ទាប ធម៌នេះ​លាមក ធម៌នេះ​អាក្រក់ ធម៌នេះ​ស្តួចស្តើង ហេតុនោះ (ទ្រង់​ត្រាស់ថា) ចំណែក​សមណព្រាហ្មណ៍​ពួកដទៃ បានពោល​ធម៌នោះ​ឯង ថាថោកទាប។

[៣២៤] ពាក្យថា ពាក្យរបស់សមណព្រាហ្មណ៍​ទាំងនេះ តើពាក្យ​ណា ជាពាក្យពិត គឺពាក្យ​របស់​សមណព្រាហ្មណ៍​ទាំងនេះ តើពាក្យណា ជាពាក្យពិត ទៀងទាត់ មិនឃ្លៀង​ឃ្លាត ប្រាកដ ពិតប្រាកដ មិនប្រែប្រួល ហេតុនោះ (ទ្រង់​ត្រាស់ថា) ពាក្យរបស់​សមណ​ព្រាហ្មណ៍​ទាំងនេះ តើពាក្យណា ជាពាក្យពិត។

[៣២៥] ពាក្យថា ព្រោះថាសមណព្រាហ្មណ៍ទាំងនេះ ប្រកាន់ថា​ឈ្លាសវៃ​ទាំងអស់គ្នា គឺ​សមណ​ព្រាហ្មណ​ទាំងអស់នេះ ជាអ្នក​មានវាទៈ​ថាឈ្លាសវៃ មានវាទៈ​ថាជាបណ្ឌិត មានវាទៈ​ថាជា​អ្នកប្រាជ្ញ មានវាទៈ​ប្រកប​ដោយញាណ មានវាទៈ​ប្រកប​ដោយហេតុ មានវាទៈ​ប្រកប​ដោយលក្ខណៈ មានវាទៈ​ប្រកប​ដោយការណ៍ មានវាទៈ​ប្រកបដោយ​ឋានៈ ក្នុងលទ្ធិ​របស់ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះថា​សមណព្រាហ្មណ៍​ទាំងនេះ ជាអ្នក​ប្រកាន់ថា​ឈ្លាសវៃ​ទាំងអស់គ្នា។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

សមណព្រាហ្មណ៍ពួកមួយ បានពោលធម៌​ណា ថាឧត្តម ចំណែក​សមណព្រាហ្មណ៍​ពួកដទៃ បានពោល​ធម៌នោះឯង ថាថោកទាប ពាក្យរបស់​សមណព្រាហ្មណ៍​ទាំងនេះ តើពាក្យណា ជាពាក្យពិត ព្រោះថា សមណព្រាហ្មណ៍​ទាំងនេះ ជាអ្នក​ប្រកាន់ថា​ឈ្លាសវៃ​ទាំងអស់​គ្នា។

[៣២៦] សមណព្រាហ្មណ៍ទាំងឡាយ បានពោលធម៌​របស់​ខ្លួនថា​បរិបូណ៌ បានពោល​ធម៌របស់​ជនដទៃ​ថាថោកថយ (សមណព្រាហ្មណ៍​ទាំងឡាយ) ប្រកាន់​យ៉ាងនេះ រមែង​ទាស់ទែង​គ្នា បានពោល​នូវ​សម្មតិរបស់​ខ្លួនៗ ថាពិត។

[៣២៧] ពាក្យថា សមណព្រាហ្មណ៍ពួកមួយ បានពោល​ធម៌របស់​ខ្លួនថា​បរិបូណ៌ គឺសមណ​ព្រាហ្មណ៍​ពួកមួយ បានពោល​យ៉ាងនេះ សំដែង​យ៉ាងនេះ ពណ៌នា​យ៉ាងនេះ បំភ្លឺ​យ៉ាងនេះ ថ្លែងយ៉ាង​នេះ នូវធម៌ គឺ​ទិដ្ឋិ បដិបទា មគ្គ របស់​ខ្លួនថា ធម៌នេះ​ពេញលេញ បរិបូណ៌ មិនថោកថយ ហេតុនោះ (ទ្រង់​ត្រាស់ថា) សមណព្រាហ្មណ៍​ពួកមួយ បានពោល​ធម៌របស់​ខ្លួនថា​បរិបូណ៌។

[៣២៨] ពាក្យថា បានពោលធម៌របស់ជនដទៃ​ថាថោកថយ គឺសមណព្រាហ្មណ៍​ពួក​មួយ បានពោល​យ៉ាងនេះ សំដែង​យ៉ាងនេះ ពណ៌នា​យ៉ាងនេះ បំភ្លឺ​យ៉ាងនេះ ថ្លែង​យ៉ាងនេះ នូវ​ធម៌គឺ​ទិដ្ឋិ បដិបទា មគ្គ របស់ជន​ដទៃថា នេះថោកទាប នេះ​ថោកទាប​ពេក នេះទន់ទាប នេះលាមក នេះអាក្រក់ នេះ​ស្តួចស្តើង ហេតុនោះ (ទ្រង់​ត្រាស់ថា) បានពោលធម៌​របស់ជន​ដទៃថា​ថោកទាប។

[៣២៩] ពាក្យថា ប្រកាន់យ៉ាងនេះ រមែងទាស់ទែងគ្នា គឺកាន់​យក ប្រកាន់ ស្ទាបអង្អែល ប្រកាន់​ស្អិត​យ៉ាងនេះ រមែង​ទាស់ទែងគ្នា គឺធ្វើនូវ​ជម្លោះ ធ្វើនូវ​ការប្រកាន់ ធ្វើនូវ​ការទាស់​ទែង ធ្វើនូវ​ការវិវាទ ធ្វើនូវការ​បែកខ្ញែក​គ្នាថា អ្នកមិនយល់​ធម៌វិន័យ​នេះទេ។បេ។ បើអ្នក​អាច ចូរអ្នក​ដោះចុះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ប្រកាន់​យ៉ាងនេះ រមែងទាស់​ទែងគ្នា។

[៣៣០] ពាក្យថា បានពោលនូវសម្មតិរបស់ខ្លួនៗ​ថាពិត គឺថា​លោកទៀង។បេ។ សត្វ​ស្លាប់ហើយ​កើតទៀត​ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះ​ពិត ពាក្យដទៃ​ជាមោឃៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) បានពោល​នូវសម្មតិ​របស់ខ្លួន ៗ ថាពិត។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

(សមណព្រាហ្មណ៍ទាំងឡាយ) បានពោលធម៌​របស់ខ្លួន ថាបរិបូណ៌ បានពោល​ធម៌របស់​ជនដទៃ ថាថោកថយ (សមណ​ព្រាហ្មណ៍​ទាំងឡាយ) ប្រកាន់​យ៉ាងនេះ រមែង​ទាស់ទែង​គ្នា បានពោល​នូវសម្មតិ​របស់ខ្លួន ៗ ថាពិត។

[៣៣១] ប្រសិនបើបុគ្គលជាអ្នកថោកថយ ព្រោះហេតុ​បុគ្គលដទៃ​បន្តុះបង្អាប់ មិនមាន​បុគ្គល​ណាមួយ វិសេសក្នុង​ធម៌ទាំង​ឡាយទេ ព្រោះថា បុគ្គល​ច្រើននាក់ ជាអ្នក​មានវាទៈ​ដ៏មាំ ក្នុងផ្លូវ​របស់ខ្លួន តែងពោល​ធម៌របស់ជន​ដទៃថា​ថោកទាប។

[៣៣២] ពាក្យថា ប្រសិនបើបុគ្គលជាអ្នកថោកថយ ព្រោះហេតុ​បុគ្គលដទៃ​បន្តុះបង្អាប់ គឺ​ប្រសិនបើ​បុគ្គលជា​អ្នកផ្តេសផ្តាស ពាល ថោកថយ ថោកទាប ទន់ទាប លាមក អាក្រក់ ស្តួចស្តើង ព្រោះហេតុ​តែបុគ្គល​ដទៃ​បន្តុះបង្អាប់ ព្រោះហេតុ​តែបុគ្គល​ដទៃនិន្ទា ព្រោះហេតុ​តែ​បុគ្គលដទៃ​តិះដៀល ព្រោះហេតុ​តែបុគ្គល​ដទៃជេរ ហេតុនោះ (ទ្រង់​ត្រាស់ថា) ប្រសិនបើ​បុគ្គលជា​អ្នកថោកថយ ព្រោះហេតុ​បុគ្គលដទៃ​បន្តុះបង្អាប់។

[៣៣៣] ពាក្យថា មិនមានបុគ្គលណាមួយវិសេស​ក្នុងធម៌ទាំងឡាយ គឺមិនមាន​បុគ្គល​ណាមួយ​ថ្លៃថ្លា ប្រសើរ វិសេស ជាប្រធាន​ដ៏ឧត្តម ប្រសើរ​ក្រៃលែង ក្នុងធម៌​ទាំងឡាយទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនមាន​បុគ្គលណា​មួយ វិសេស​ក្នុងធម៌​ទាំងឡាយ។

[៣៣៤] ពាក្យថា ព្រោះថាបុគ្គលច្រើននាក់ តែងពោលធម៌​របស់ជន​ដទៃថា ថោកទាប គឺ​បុគ្គល​ច្រើននាក់ ពោលត្មះ និន្ទា តិះដៀល នូវធម៌របស់​ជនច្រើននាក់ ថាថោកទាប ថោកទាប​ពេក ទន់ទាប លាមក អាក្រក់ ស្តួចស្តើង​ក៏មាន បុគ្គល​ច្រើននាក់ ពោលត្មះ និន្ទា តិះដៀល នូវធម៌​របស់ជន​ម្នាក់ថា​ថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ ស្តួចស្តើង​ក៏មាន បុគ្គលម្នាក់​ពោលត្មះ និន្ទា តិះដៀល នូវធម៌​របស់ជន​ច្រើននាក់ ថា​ថោកទាប ថោកទាប​ពេក ទន់ទាប លាមក អាក្រក់ ស្តួចស្តើង ក៏មាន បុគ្គលម្នាក់​ពោល​ត្មះ និន្ទា តិះដៀល នូវធម៌​របស់ជនម្នាក់ ថាថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ ស្តួចស្តើង​ក៏មាន ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះថា បុគ្គល​ច្រើននាក់ តែងពោល​ធម៌របស់​ជនដទៃ​ថាថោកទាប។

[៣៣៥] ពាក្យថា ជាអ្នកមានវាទៈដ៏មាំក្នុងផ្លូវរបស់ខ្លួន គឺធម៌ ឈ្មោះថា​ផ្លូវរបស់​ខ្លួន ទិដ្ឋិ ឈ្មោះថា​ផ្លូវរបស់​ខ្លួន បដិបទា ឈ្មោះថា​ផ្លូវរបស់​ខ្លួន មគ្គ ឈ្មោះថា​ផ្លូវរបស់ខ្លួន។ ជាអ្នកមាន​វាទៈដ៏មាំ មានវាទៈ​ទៀងទាត់ មានវាទៈ​ដ៏មាន​កំឡាំង មានវាទៈ​តាំងនៅ​ស៊ប់​ក្នុងផ្លូវ​របស់​ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​មានវាទៈ​ដ៏មាំក្នុង​ផ្លូវរបស់ខ្លួន។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ប្រសិនបើបុគ្គលជាអ្នកថោកថយ ព្រោះហេតុបុគ្គលដទៃ​បន្តុះបង្អាប់ មិនមាន​បុគ្គលណា​មួយ​វិសេស ក្នុងធម៌​ទាំងឡាយទេ ព្រោះថា បុគ្គល​ច្រើននាក់ ជាអ្នក​មានវាទៈ​ដ៏មាំក្នុង​ផ្លូវរបស់​ខ្លួន តែងពោល​ធម៌របស់​ជនដទៃ​ថា​ថោកទាប។

[៣៣៦] ការបូជាធម៌របស់ខ្លួន ជាការមានពិត ព្រោះថា តិរិ្ថយទាំងឡាយ តែង​សរសើរ​ផ្លូវទាំង​ឡាយរបស់​ខ្លួន បើវាទៈ​ទាំងអស់​គប្បីជាវាទៈ​ពិត ម្ល៉េះសម​សេចក្តី​បរិសុទ្ធិ​នៃជន​ទាំងឡាយ​នោះ មានប្រាកដ។

[៣៣៧] អធិប្បាយពាក្យថា ការបូជាធម៌របស់ខ្លួន ជាការ​មានពិត សំនួរថា ចុះការបូជា​ធម៌របស់​ខ្លួន តើដូចម្តេច។ បុគ្គល​ធ្វើសក្ការៈ ធ្វើសេចក្តី​គោរព រាប់អាន បូជា នូវសាស្តា​របស់​ខ្លួនថា សាស្តា​នេះជា​សព្វញ្ញូ នេះឈ្មោះថា​ការបូជា​ធម៌របស់​ខ្លួន។ ធ្វើសក្ការៈ ធ្វើសេចក្តី​គោរព រាប់អាន បូជា នូវធម៌​របស់ខ្លួន​ដែលសាស្តា​នោះពោល​ហើយ នូវគណៈ​របស់ខ្លួន នូវ​ទិដ្ឋិ​របស់ខ្លួន នូវ​បដិបទា​របស់ខ្លួន នូវ​មគ្គ​របស់ខ្លួន​ថា មគ្គនេះ​ជាទី​ស្រោចស្រង់ នេះ​ឈ្មោះថា ការបូជា​ធម៌របស់​ខ្លួន។ ពាក្យថា ការបូជា​ធម៌របស់​ខ្លួន ជាការ​មានពិត បាន​សេចក្តីថា ការបូជា​ធម៌របស់​ខ្លួន ដោយប្រការ​ដូច្នោះ ជាការ​បូជា​មិនឃ្លៀងឃ្លាត ប្រាកដ ពិតប្រាកដ មិនប្រែប្រួល ហេតុនោះ (ទ្រង់​ត្រាស់ថា) ការ​បូជាធម៌​របស់ខ្លួន ជាការ​មានពិត។

[៣៣៨] ពាក្យថា ព្រោះថា ជនទាំងឡាយ តែសរសើរ​នូវផ្លូវរបស់​ខ្លួនទាំងឡាយ សេចក្តី​ថា ធម៌ ឈ្មោះថា​ផ្លូវរបស់ខ្លួន ទិដ្ឋិ ឈ្មោះថា​ផ្លូវរបស់​ខ្លួន បដិបទា ឈ្មោះថា​ផ្លូវរបស់​ខ្លួន មគ្គ ឈ្មោះថា​ផ្លូវរបស់​ខ្លួន។ ជនទាំងឡាយ​តែងសរសើរ ស្ងើច កោត ពណ៌នា នូវផ្លូវ​របស់ខ្លួន​ទាំងឡាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះថា ជន​ទាំងឡាយ តែងសរសើរ​នូវផ្លូវ​របស់ខ្លួន។

[៣៣៩] ពាក្យថា បើវាទៈទាំងអស់​គប្បីជាវាទៈពិត គឺបើវាទៈ​ទាំងអស់ ជាវាទៈ​ពិត មិន​ឃ្លៀងឃ្លាត ប្រាកដ ពិតប្រាកដ មិនប្រែប្រួល ហេតុនោះ (ទ្រង់​ត្រាស់ថា) បើវាទៈ​ទាំងអស់​គប្បីជា​វាទៈពិត។

[៣៤០] ពាក្យថា ម្ល៉េះសមសេចក្តីបរិសុទ្ធិនៃជន​ទាំងឡាយ​នោះ (មាន) ប្រាកដ គឺសេចក្តី​ស្អាត ស្អាតវិសេស បរិសុទ្ធិ  ការរួច រួចវិសេស រួចស្រឡះ នៃសមណ​ព្រាហ្មណ៍ ទាំងនោះ (មាន) ប្រាកដ ហេតុនោះ (ទ្រង់​ត្រាស់ថា) ម្ល៉េះសម​សេចក្តី​បរិសុទ្ធិ​នៃជនទាំង​ឡាយនោះ (មាន) ប្រាកដ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ការបូជាធម៌របស់ខ្លួន ជាការមានពិត ព្រោះថា តិរិ្ថយ​ទាំងឡាយ តែងសរសើរ​ផ្លូវទាំង​ឡាយ​របស់ខ្លួន បើវាទៈ​ទាំងអស់​គប្បីជាវាទៈ​ពិត ម្ល៉េះសម​សេចក្តី​បរិសុទ្ធិ​នៃជន​ទាំងឡាយ​នោះ (មាន) ប្រាកដ។

[៣៤១] ព្រាហ្មណ៍ មិនមានញាណ ដែលបុគ្គលដទៃគប្បី​ណែនាំ ទាំងមិន​មានការ​ពិចារណា​ក្នុងធម៌​ទាំងឡាយ ហើយ​កាន់យក​ព្រមទេ ព្រោះដំណើរ​នោះ (ព្រាហ្មណ៍​នោះ) កន្លង​ផុតនូវ​វិវាទ​ទាំងឡាយ មិនឃើញ​ធម៌ដទៃថា​ប្រសើរសោះ។

[៣៤២] អធិប្បាយពាក្យថា ព្រាហ្មណ៍ មិនមាន​ញាណដែល​បុគ្គលដទៃ​គប្បីណែនាំ ត្រង់​ពាក្យថា មិនមាន គឺ​ជាពាក្យ​ហាមឃាត់។ ពាក្យថា ព្រាហ្មណ៍ បានដល់ បុគ្គល​ដ៏ប្រសើរ ព្រោះ​បន្សាត់បង់​នូវធម៌​ទាំង ៧។បេ។ ជាអ្នក​មិនអាស្រ័យ​តណ្ហា ជាបុគ្គល​នឹងនួន បុគ្គល​នោះ លោកហៅថា ព្រាហ្មណ៍។ ពាក្យថា ព្រាហ្មណ៍​មិនមាន​ញាណ ដែល​បុគ្គល​ដទៃ​គប្បីណែ​នាំ សេចក្តីថា ភាពនៃ​ញាណ​ដែលបុគ្គល​ដទៃគប្បី​ណែនាំ​នៃព្រាហ្មណ៍ មិនមាន គឺថា ព្រាហ្មណ៍​មិនមានបុគ្គល​ដទៃគួរណែនាំ មិនគប្បី​ជឿបុគ្គល​ដទៃ មិនមាន​បុគ្គលដទៃ​ជាទីអាង មិនដល់​នូវការ​ជាប់ចំពាក់​នឹងបុគ្គល​ដទៃ ជាអ្នក​មិនវង្វេង ដឹងខ្លួន មានស្មារតី តែងដឹង តែងឃើញ។ ភាពនៃ​ញាណ​ដែលបុគ្គល​ដទៃ​គប្បី​ណែនាំ​នៃព្រាហ្មណ៍ មិនមាន គឺថា ព្រាហ្មណ៍​មិនមាន​បុគ្គល​ដទៃគួរ​ណែនាំ មិនគប្បី​ជឿ​បុគ្គល​ដទៃ មិនមាន​បុគ្គលដទៃ​ជាទីអាង មិនដល់​នូវការ​ជាប់ចំពាក់​នឹងបុគ្គល​ដទៃ ជាអ្នកមិន​វង្វេង ដឹងខ្លួន មានស្មារតី តែងដឹង តែងឃើញ​ថា សង្ខារ​ទាំងពួង​មិនទៀង។ ថា សង្ខារទាំង​ពួងជា​ទុក្ខ។បេ។ ភាពនៃ​ញាណដែល​បុគ្គលដទៃ​គប្បីណែនាំ​នៃព្រាហ្មណ៍ មិនមាន គឺថា ព្រាហ្មណ៍​មិនមាន​បុគ្គលដទៃ​គួរណែនាំ មិនគប្បី​ជឿបុគ្គល​ដទៃ មិនមាន​បុគ្គល​ដទៃជាទី​អាង មិនដល់​នូវការជាប់​ចំពាក់​នឹងបុគ្គល​ដទៃ ជាអ្នក​មិនវង្វេង ដឹងខ្លួន មានស្មារតី តែងដឹង តែងឃើញ ថា របស់ណាមួយ មានការ​កើតឡើង​ជាធម្មតា របស់​ទាំងអស់​នោះ តែងរលត់​ទៅវិញ​ជា​ធម្មតា ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រាហ្មណ៍ មិនមាន​ញាណ ដែលបុគ្គល​ដទៃគប្បី​ណែនាំ។

[៣៤៣] អធិប្បាយពាក្យថា ទាំងមិនមានការពិចារណា​ក្នុងធម៌​ទាំងឡាយ ហើយកាន់​យក​ព្រមទេ ត្រង់ពាក្យថា ក្នុងធម៌​ទាំងឡាយ គឺក្នុងទិដ្ឋិ ៦២។ ពាក្យថា ពិចារណា គឺការ​ពិនិត្យ ពិចារណា ជ្រើសរើស ថ្លឹង ត្រិះរិះ សំដែងឲ្យច្បាស់ ធ្វើឲ្យប្រាកដ ហើយកាន់យក ដោយ​ប៉ែក កាន់យក​ដោយចំណែក កាន់យក​ថាប្រសើរ កាន់យក​ដោយអំណាច​អវយវៈ កាន់យក​ដោយគំនរ កាន់យក​ដោយការ​ប្រមូល គឺ​ប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត ចុះចិត្តស៊ប់ បង្អោន​ទៅថា នេះ​ទៀង​ ពិត មិនឃ្លៀងឃ្លាត ប្រាកដ ពិតប្រាកដ មិនប្រែប្រួល ដូច្នេះ រមែង​មិនមាន មិនមានព្រម មិនកើតមាន គឺលោក​លះបង់​ហើយ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិន​គួរឲ្យ​កើតឡើង​បាន ដុតដោយ​ភ្លើងគឺ​ញាណហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ទាំង​មិនមាន​ការពិចារណា​ក្នុងធម៌​ទាំងឡាយ ហើយកាន់​យកព្រមទេ។

[៣៤៤] ពាក្យថា ព្រោះដំណើរនោះ (ព្រាហ្មណ៍នោះ) កន្លងផុត​នូវវិវាទ​ទាំងឡាយ ត្រង់​ពាក្យថា ព្រោះដំណើរ​នោះ គឺព្រោះ​ហេតុនោះ ព្រោះការណ៍​នោះ ព្រោះហេតុ​នោះ ព្រោះ​បច្ច័យ​នោះ ព្រោះនិទាន​នោះ ព្រាហ្មណ៍នោះ កន្លងផុត កន្លងបង់ ឆ្លងផុត ឆ្លង​ស្រឡះ នូវ​ជម្លោះ​ព្រោះទិដ្ឋិ នូវការ​ប្រកាន់​ព្រោះទិដ្ឋិ នូវការ​ទាស់ទែង​ព្រោះទិដ្ឋិ នូវការ​វិវាទ​ព្រោះទិដ្ឋិ នូវការ​បែកខ្ញែក​គ្នាព្រោះទិដ្ឋិ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះដំណើ​រនោះ ព្រាហ្មណ៍​នោះ កន្លងផុត​នូវវិវាទ​ទាំងឡាយ។

[៣៤៥] ពាក្យថា មិនឃើញធម៌ដទៃថាប្រសើរសោះ គឺមិនឃើញ មិនប្រទះ មិនរមិល​មើល មិនសំឡឹង​មើល មិនពិចារណា​ឃើញ​នូវសាស្តា​ដទៃ នូវធម៌​ដែលសាស្តា​ពោល​ហើយ នូវគណៈ នូវទិដ្ឋិ នូវបដិបទា នូវមគ្គ ធម៌ជាកំពូល ប្រសើរ វិសេស ជាប្រធាន ឧត្តម ប្រសើរ​ក្រៃលែង ព្រោះ​វៀរចាក​សតិប្បដ្ឋាន វៀរ​ចាក​សម្មប្បធាន វៀរចាក​ឥទ្ធិបាទ វៀរចាក​ឥន្រ្ទិយ វៀរចាក​ពលៈ វៀរចាក​ពោជ្ឈង្គ វៀរចាក​អដ្ឋង្គិកមគ្គ​ដ៏ប្រសើរ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនឃើញ​ធម៌ដទៃ​ថាប្រសើរ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ព្រាហ្មណ៍មិនមានញាណ ដែលបុគ្គលដទៃ​គប្បីណែនាំ ទាំងមិន​មានការ​ពិចារណា ក្នុងធម៌​ទាំងឡាយ ហើយកាន់​យកព្រមទេ ព្រោះដំណើរ​នោះ (ព្រាហ្មណ៍នោះ) កន្លង​ផុតនូវ​វិវាទ​ទាំងឡាយ មិនឃើញ​ធម៌ដទៃ​ថាប្រសើរ​សោះ។

[៣៤៦] សមណព្រាហ្មណ៍ពួកមួយ យល់នូវ​សេចក្តី​បរិសុទ្ធិ ព្រោះការ​ឃើញថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញ​នូវដំណើរ​នេះ ពិតដូច្នោះ​មែន បើ​សមណ​ព្រាហ្មណ៍​ម្នាក់ ឃើញ (នូវសេចក្តីពិត) ប្រយោជន៍អ្វី ដោយការ​ឃើញនោះ របស់​សមណ​ព្រាហ្មណ៍​ម្នាក់នោះ សមណ​ព្រាហ្មណ៍​ទាំងឡាយ កន្លងចោល​នូវសេចក្តី​បរិសុទ្ធិ រមែង​ពោលដោយ​ហេតុដទៃ។

[៣៤៧] អធិប្បាយពាក្យថា អាត្មាអញដឹង អាត្មាអញ​ឃើញ​នូវដំណើរ​នេះ ពិតដូច្នោះ​មែន ត្រង់ពាក្យថា អាត្មាអញ​ដឹង គឺអាត្មាអញ​ដឹង​ដោយ​បរចិត្តញ្ញាណ ឬដឹង​ដោយ​បុព្វេនិវាសានុស្សតិញ្ញាណ។ ពាក្យថា អាត្មាអញ​ឃើញ គឺអាត្មាអញ​ឃើញ​ដោយ​មំសចក្ខុ ឬឃើញ​ដោយ​ទិព្វចក្ខុ។ ពាក្យថា ដំណើរនេះ ពិតដូច្នោះមែន គឺ​ដំណើរនេះ​ពិត មិនឃ្លៀង​ឃ្លាត ប្រាកដ ពិតប្រាកដ មិនប្រែប្រួល ហេតុនោះ (ទ្រង់​ត្រាស់ថា) អាត្មាអញ​ដឹង អាត្មាអញ​ឃើញ​នូវដំណើរ​នេះ ពិតដូច្នោះ​មែន។

[៣៤៨] ពាក្យថា សមណព្រាហ្មណ៍ពួកមួយ យល់នូវ​សេចក្តី​បរិសុទ្ធិ​ដោយការ​ឃើញ សេចក្តីថា សមណ​ព្រាហ្មណ៍​ពួកមួយ យល់នូវ​ការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួច​វិសេស រួចស្រឡះ ដោយការ​ឃើញ។ គឺថា​សមណ​ព្រាហ្មណ៍​ពួកមួយ យល់នូវ​ការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដោយការ​ឃើញថា លោកទៀង ពាក្យនេះ​ជាពាក្យ​ពិត ពាក្យដទៃ​ជាមោឃៈ។ សមណ​ព្រាហ្មណ៍​ពួកមួយ យល់នូវការ​ស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដោយការ​ឃើញថា លោកមិន​ទៀង។បេ។ សត្វស្លាប់​ហើយ​កើតទៀត ក៏មិនមែន មិនកើតទៀត​ក៏មិនមែន ពាក្យនេះជា​ពាក្យពិត ពាក្យដទៃ​ជាមោឃៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) សមណ​ព្រាហ្មណ៍​ពួកមួយ យល់​នូវសេចក្តី​បរិសុទ្ធិ​ដោយការ​ឃើញ។

[៣៤៩] អធិប្បាយពាក្យថា បើសមណព្រាហ្មណ៍ម្នាក់ ឃើញ (នូវសេចក្តី​ពិត) ប្រយោជន៍​អ្វី ដោយការ​ឃើញនោះ របស់​សមណ​ពា្រហ្មណ៍​ម្នាក់នោះ ត្រង់ពាក្យថា បើសមណ​ព្រាហ្មណ៍​ម្នាក់ឃើញ គឺ​ឃើញដោយ​បរចិត្តញាណ ឬឃើញ​ដោយ​បុព្វេនិវាសានុស្សតិញ្ញាណ ឃើញដោយ​មំសចក្ខុ ឬឃើញ​ដោយ​ទិព្វចក្ខុ ហេតុនោះ (ទ្រង់​ត្រាស់ថា) បើ​សមណ​ព្រាហ្មណ៍​ម្នាក់​ ឃើញ (នូវសេចក្តី​ពិត)។ ពាក្យថា ប្រយោជន៍អ្វី​ដោយការ​ឃើញ​នោះ របស់សមណ​ព្រាហ្មណ៍​ម្នាក់នោះ គឺប្រយោជន៍អ្វី​ដោយ​ការឃើញ​នោះ របស់​សមណ​ព្រាហ្មណ៍​ម្នាក់នោះ គឺថា ការកំណត់​ទុក្ខមាន​ដូចម្តេចកើត ការលះបង់​សមុទ័យ​មិនមាន ការ​ចំរើនមគ្គ​មិនមាន ការធ្វើ​ឲ្យជាក់ច្បាស់​នូវផល​មិនមាន ការលះបង់​រាគៈដោយ​សមុច្ឆេទ មិនមាន ការលះបង់​ទោសៈដោយ​សមុច្ឆេទ មិនមាន ការលះបង់​មោហៈ​ដោយ​សមុច្ឆេទ មិនមាន ការលះបង់​កិលេស​ទាំងឡាយ​ដោយ​សមុច្ឆេទ​មិនមាន ការផ្តាច់ផ្តិល​សង្សារវដ្ត​ក៏មិន​មាន ហេតុនោះ (ទ្រង់​ត្រាស់ថា) បើសមណ​ព្រាហ្មណ៍​ម្នាក់ ឃើញ (នូវសេចក្តី​ពិត) ប្រយោជន៍អ្វី​ដោយការ​ឃើញនោះ របស់​សមណ​ព្រាហ្មណ៍​ម្នាក់នោះ។

[៣៥០] ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយ កន្លងចោល​នូវសេចក្តី​បរិសុទ្ធិ រមែង​ពោល​ដោយហេតុ​ដទៃ សេចក្តីថា សមណ​ព្រាហ្មណ៍​ទាំងនោះ កន្លង រំលង កន្លងចោល នូវមគ្គ​ដ៏ស្អាត មគ្គស្អាតវិសេស មគ្គបរិសុទ្ធិ មគ្គផូរផង់ មគ្គផូរផង់​ក្រៃលែង ដោយទិដ្ឋិ គឺ​វៀរចាក​សតិប្បដ្ឋាន វៀរចាក​សម្មប្បធាន វៀរចាក​ឥទ្ធិបាទ វៀរចាក​ឥន្រ្ទិយ វៀរចាក​ពលៈ វៀរចាក​ពោជ្ឈង្គៈ វៀរចាក​អដ្ឋង្គិកមគ្គ​ដ៏ប្រសើរ ហើយពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវសេចក្តី​ស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ហេតុនោះ (ទ្រង់​ត្រាស់ថា) កន្លង​ចោល​នូវ​សេចក្តី​បរិសុទ្ធិ រមែង​ពោលដោយ​ហេតុដទៃ​យ៉ាងនេះខ្លះ។ ម្យ៉ាងទៀត ព្រះពុទ្ធ​ទាំងឡាយ​ក្តី សាវ័ក​របស់​ព្រះពុទ្ធ​ទាំងឡាយ​ក្តី ព្រះបច្ចេកពុទ្ធ​ទាំងឡាយក្តី កន្លង រំលង កន្លង​ចោល​នូវមគ្គ​មិនស្អាត មគ្គមិនស្អាត​វិសេស មគ្គមិន​បរិសុទ្ធិ មគ្គមិន​ផូរផង់ មគ្គមិន​ផូរផង់​ក្រៃលែង នៃទិដ្ឋិ​របស់​សមណ​ព្រាហ្មណ៍​ទាំងនោះ ហើយពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវសេចក្តី​ស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដោយ​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរ​ប្រកប​ដោយអង្គ ៨ ហេតុនោះ (ទ្រង់ត្រាស់ថា) សមណ​ព្រាហ្មណ៍​ទាំងឡាយ កន្លងចោល រមែង​ពោលនូវ​សេចក្តី​បរិសុទ្ធិ​ដោយហេតុ​ដទៃ យ៉ាងនេះ​ខ្លះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

សមណព្រាហ្មណ៍ពួកមួយ យល់នូវសេចក្តី​បរិសុទ្ធិ​ព្រោះការ​ឃើញថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញ នូវដំណើរ​នេះ ពិតដូច្នោះមែន បើសមណ​ព្រាហ្មណ៍​ម្នាក់ឃើញ (នូវសេចក្តី​ពិត) ប្រយោជន៍អ្វី ដោយ​ការឃើញ​នោះ របស់​សមណ​ព្រាហ្មណ៍​ម្នាក់នោះ សមណ​ព្រាហ្មណ៍​ទាំងឡាយ កន្លង​ចោល​នូវសេចក្តី​បរិសុទ្ធិ រមែង​ពោលដោយ​ហេតុដទៃ។

[៣៥១] នរជនកាលឃើញ តែងឃើញនាមរូប លុះឃើញ​ហើយ រមែង​ដឹងនូវ​នាមរូប​នោះឯង បុគ្គលឃើញ​កាមច្រើន ក៏មាន ឃើញ​នាមរូប​តិចក៏មាន ចំណែក​អ្នកឈ្លាស​ទាំងឡាយ មិនពោល​នូវសេចក្តី​បរិសុទ្ធិ ដោយការ​ឃើញនោះ​ទេ។

[៣៥២] អធិប្បាយពាក្យថា នរជនកាលឃើញ តែងឃើញ​នាមរូប ត្រង់ពាក្យថា នរជន កាលឃើញ គឺ​កាលឃើញ​ដោយ​បរចិត្តញ្ញាណ​ក្តី ឃើញដោយ​បុព្វេនិវាសានុស្សតិញ្ញាណ​ក្តី ឃើញដោយ​មំសចក្ខុក្តី ឃើញដោយ​ទិព្វចក្ខុក្តី គឺតែង​ឃើញនូវ​នាមរូបនោះ​ឯង ថាទៀង ថាសុខ ថាខ្លួន តែមិន​ឃើញនូវ​ការកើត ឬការ​រលត់ អានិសង្ស ឬទោស ឬក៏ការ​រលាស់​ចោល នូវធម៌​ទាំងនោះ​ទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) នរជន កាលឃើញ តែងឃើញ​នាមរូប។

[៣៥៣] ពាក្យថា លុះឃើញហើយ តែងដឹង​នូវនាមរូប​នុ៎ះឯង ត្រង់ពាក្យថា គឺលុះ​ឃើញ​ហើយ គឺលុះឃើញ​ហើយ​ដោយ​បរចិត្តញ្ញាណ​ក្តី លុះឃើញ​ហើយ​ដោយ​បុព្វេនិវាសានុស្សតិញ្ញាណ​ក្តី លុះឃើញ​ហើយ​ដោយ​មំសចក្ខុក្តី លុះឃើញ​ហើយ​ដោយ​ទិព្វចក្ខុក្តី លុះឃើញ​ហើយនូវ​នាមរូប​នោះឯង តែងដឹង​ថាទៀង ថាសុខ ថាខ្លួន តែមិន​ដឹងនូវ​ការកើត ឬការរលត់ អានិសង្ស ឬទោស ឬក៏ការ​រលាស់ចោល​នូវធម៌​ទាំងនោះទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) លុះឃើញ​ហើយ តែងដឹង​នូវនាមរូប​នោះឯង។

[៣៥៤] ពាក្យថា បុគ្គលឃើញកាមច្រើន ក៏មាន ឃើញនាមរូប​តិច ក៏មាន គឺ​ឃើញ​កាមច្រើន​ក្តី នាមរូប​តិចក្តី ថាទៀង ថាសុខ ថាខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) ឃើញកាម​ច្រើនក៏មាន ឃើញ​នាមរូប​តិចក៏មាន។

[៣៥៥] អធិប្បាយពាក្យថា ចំណែកជនអ្នកឈ្លាសទាំងឡាយ មិនពោល​នូវសេចក្តី​បរិសុទ្ធិ​ដោយការ​ឃើញនោះ​ទេ ត្រង់ពាក្យថា ជនអ្នក​ឈ្លាស គឺជនណា ជាអ្នក​ឈ្លាសក្នុង​ខន្ធ អ្នកឈ្លាស​ក្នុងធាតុ អ្នកឈ្លាស​ក្នុងអាយតនៈ អ្នកឈ្លាស​ក្នុងបដិច្ចសមុប្បាទ អ្នកឈ្លាស​ក្នុង​សតិប្បដ្ឋាន អ្នកឈ្លាស​ក្នុង​សម្មប្បធាន អ្នកឈ្លាស​ក្នុង​ឥទ្ធិបាទ អ្នកឈ្លាស​ក្នុងឥន្រ្ទិយ អ្នកឈ្លាស​ក្នុងពលៈ អ្នកឈ្លាស​ក្នុង​ពោជ្ឈង្គៈ អ្នកឈ្លាស​ក្នុងមគ្គ អ្នក​ឈ្លាស​ក្នុងផល អ្នកឈ្លាស​ក្នុង​ព្រះនិព្វាន ជនអ្នក​ឈ្លាសទាំង​នោះ រមែង​មិនពោល មិនសំដែង មិនពណ៌នា មិនបំភ្លឺ មិនថ្លែង នូវសេចក្តី​ស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួច​វិសេស រួចស្រឡះ ដោយការ​ឃើញ​នាមរូប ដោយ​បរចិត្តញ្ញាណ​ក្តី ដោយ​បុព្វេនិវាសានុស្សតិញ្ញាណ​ក្តី ដោយ​មំសចក្ខុក្តី ដោយ​ទិព្វចក្ខុក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) ចំណែក​ជនអ្នក​ឈ្លាស​ទាំងឡាយ មិនពោល​នូវសេចក្តី​បរិសុទ្ធិ ដោយការ​ឃើញនោះ​ទេ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

នរជន កាលឃើញ តែងឃើញនាមរូប លុះឃើញហើយ រមែងដឹង​នូវនាមរូប​នោះឯង បុគ្គល​ឃើញកាម​ច្រើនក៏មាន ឃើញនាមរូប​តិចក៏មាន ចំណែក​ជនអ្នកឈ្លាស​ទាំងឡាយ មិនពោល​នូវសេចក្តី​បរិសុទ្ធិ ដោយការ​ឃើញនោះ​ទេ។

[៣៥៦] បុគ្គលណាជាអ្នកមានវាទៈតាំងនៅមាំ ដែលគេ​មិនអាច​ទូន្មាន​បានងាយ អ្នកធ្វើ​ទិដ្ឋិដែល​តែងតាំងហើយ​ឲ្យជា​ប្រធាន បុគ្គលនោះ អាស្រ័យ​សភាវៈ​ណា ជាអ្នក​ពោលថា​ល្អ ពោល​ថាបរិសុទ្ធិ​ក្នុងសភាវៈ​នោះ ឃើញថា​ពិតក្នុង​សភាវៈ​នោះ។

[៣៥៧] ពាក្យថា បុគ្គលណាជាអ្នកមានវាទៈ​តាំងនៅមាំ ដែលគេ​មិនអាច​ទូន្មាន​បានងាយ គឺជាអ្នក​មានវាទៈ​តាំង​នៅ​មាំថា លោកទៀង ពាក្យនេះ​​​ជាពាក្យពិត ពាក្យដទៃ​ជាមោឃៈ។ ជាអ្នក​មានវាទៈ​តាំនៅមាំ​ថា លោកមិន​ទៀង។បេ។ សត្វស្លាប់​ហើយកើត​ទៀតក៏​មិនមែន មិនកើត​ទៀតក៏​មិនមែន ពាក្យនេះ​ជាពាក្យ​ពិត ពាក្យដទៃ​ជាមោឃៈ។ ពាក្យថា ដែលគេ​មិនអាច​ទូន្មាន​បានងាយ គឺ​បុគ្គលអ្នក​មានវាទៈ​តាំងនៅមាំ គេទូន្មាន​បានដោយ​ក្រ ឲ្យដឹង​បានដោយ​ក្រ ឲ្យយល់បាន​ដោយក្រ ឲ្យឃើញ​បានដោយ​ក្រ ឲ្យជ្រះថ្លា​បាន​ដោយក្រ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ណា ជាអ្នក​មានវាទៈ​តាំងនៅ​មាំ ដែលគេ​មិនអាច​ទូន្មាន​បានងាយ។

[៣៥៨] ពាក្យថា អ្នកធ្វើទិដ្ឋិដែលតែងតាំងហើយ​ឲ្យជាប្រធាន គឺប្រព្រឹត្ត​ធ្វើឲ្យជា​ប្រមុខ ធ្វើឲ្យជា​ប្រធាន នូវទិដ្ឋិ​ដែលតែងតាំង​ហើយ តាក់តែង​ហើយ តំកល់​ទុកហើយ គឺថា ជា​អ្នកមាន​ទិដ្ឋិជា​ទង់ជ័យ មានទិដ្ឋិ​ជាទង់ មានទិដ្ឋិ​ជាអធិបតី ត្រូវទិដ្ឋិ​រួបរឹត ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកធ្វើ​នូវទិដ្ឋិ​ដែលតែង​តាំងហើយ​ឲ្យជា​ប្រធាន។

[៣៥៩] អធិប្បាយពាក្យថា អាស្រ័យនូវសភាវៈណា ជាអ្នក​ពោលថាល្អ ​ក្នុង​សភាវៈ​នោះ ត្រង់ពាក្យថា អាស្រ័យ​នូវសភាវៈ​ណា គឺអាស្រ័យ អាស្រ័យព្រម ជាប់ស្អិត ចូលទៅ​រក ជ្រុលជ្រប់ ឱនទៅរក នូវសាស្តា នូវធម៌​ដែលសាស្តា​ពោលហើយ នូវគណៈ នូវទិដ្ឋិ នូវ​បដិបទា នូវមគ្គ​ណា ហេតុនោះ (ទ្រង់​ត្រាស់ថា) អាស្រ័យ​នូវសភាវៈ​ណា។ ពាក្យថា ក្នុងសភាវៈ​នោះ គឺក្នុង​ទិដ្ឋិរបស់​ខ្លួន ក្នុងសេចក្តី​ចូលចិត្ត​របស់ខ្លួន ក្នុងការ​ពេញចិត្ត​របស់ខ្លួន ក្នុងលទ្ធិ​របស់ខ្លួន។ ពាក្យថា ជាអ្នក​ពោលថា​ល្អ គឺជាអ្នក​ពោលថាល្អ ពោលថាស្អាត ពោល​ថាជា​បណ្ឌិត ពោលថា​ជាអ្នកប្រាជ្ញ ពោល​ប្រកប​ដោយញាណ ពោល​ប្រកប​ដោយហេតុ ពោល​ប្រកប​ដោយ​លក្ខណៈ ពោល​ប្រកប​ដោយការណ៍ ពោល​ប្រកបដោយ​ឋានៈ ក្នុងលទ្ធិ​របស់ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) អាស្រ័យ​នូវសភាវៈណា​ ជាអ្នក​ពោលថាល្អ ក្នុង​សភាវៈ​នោះ។

[៣៦០] អធិប្បាយពាក្យថា បុគ្គលនោះជាអ្នកពោល​ថា​បរិសុទ្ធិ ឃើញ​ថាពិត ក្នុងសភាវៈ​នោះ ត្រង់ពាក្យថា ជាអ្នក​ពោលថា​បរិសុទ្ធិ គឺជា​អ្នកពោល​ថាស្អាត ពោលថា​ស្អាតវិសេស ពោលថា​បរិសុទ្ធិ ពោលថា​ផូរផង់ ពោលថា​ផូរផង់​ក្រៃលែង។ ឬថា ជាអ្នក​ឃើញថា​ស្អាត ឃើញថា​ស្អាតវិសេស ឃើញថា​បរិសុទ្ធិ ឃើញថា​ផូរផង់ ឃើញថា​ផូរផង់​ក្រៃលែង ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលថា បរិសុទ្ធិ។ ពាក្យថា ក្នុងសភាវៈ​នោះ គឺក្នុងទិដ្ឋិ​របស់ខ្លួន ក្នុងការ​ចូលចិត្ត​របស់ខ្លួន ក្នុងការ​ពេញចិត្ត​របស់​ខ្លួន ក្នុងលទ្ធិ​របស់ខ្លួន។ ពាក្យថា បុគ្គល​នោះឃើញ​ថាពិត គឺឃើញ មើលឃើញ យល់ ចាក់ធ្លុះ ថាពិត មិនឃ្លៀងឃ្លាត ប្រាកដ ពិតប្រាកដ មិនប្រែប្រួល ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ ជាអ្នក​ពោលថា បរិសុទ្ធិ ឃើញ​ថាពិត​ក្នុងសភាវៈ​នោះ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

បុគ្គលណាជាអ្នកមានវាទៈតាំងនៅមាំ ដែលគេ​មិនអាច​ទូន្មាន​បានងាយ អ្នកធ្វើ​ទិដ្ឋិដែល​តែងតាំង​ហើយ ឲ្យជា​ប្រធាន បុគ្គលនោះ អាស្រ័យ​សភាវៈ​ណា ជាអ្នក​ពោលថាល្អ ពោលថា​បរិសុទ្ធិ ក្នុងសភាវៈ​នោះ ឃើញថា​ពិតក្នុង​សភាវៈ​នោះ។

[៣៦១] ព្រាហ្មណ៍ពិចារណាហើយ រមែងមិន​ដល់នូវការ​កំណត់ មិនលុះ​ក្នុងទិដ្ឋិ ទាំង​មិនមាន​ផៅពង្ស​ដោយញាណ ព្រោះ​ព្រាហ្មណ៍នោះ ដឹង​សម្មតិ​ទាំងឡាយ ដែលកើត​អំពី​បុថុជ្ជន លោក​ព្រងើយ​កន្តើយ​នឹងទិដ្ឋិ ដែលជន​ទាំងឡាយ​ដទៃ​កំពុងប្រកាន់។

[៣៦២] អធិប្បាយពាក្យថា ព្រាហ្មណ៍ពិចារណាហើយ រមែង​មិនដល់​នូវការ​កំណត់ ត្រង់ពាក្យ​ថា មិន គឺជាពាក្យ​ហាមឃាត់។ ពាក្យថា​ព្រាហ្មណ៍ គឺបុគ្គល​ដែលឈ្មោះ​ថា​ព្រាហ្មណ៍ ព្រោះបន្សាត់​បង់នូវ​ធម៌ទាំង ៧។បេ។ ជាអ្នក​មិនអាស្រ័យ​តណ្ហា ជាបុគ្គល​នឹងនួន បុគ្គល​នោះ លោកហៅថា ព្រាហ្មណ៍។ ពាក្យថា ការកំណត់ បានដល់ ការកំណត់ ២ ការ​កំណត់​គឺតណ្ហា ១ ការកំណត់​គឺទិដ្ឋិ ១។បេ។ នេះការ​កំណត់​គឺតណ្ហា។បេ។ នេះការ​កំណត់​គឺទិដ្ឋិ។ ញាណ លោកហៅថា ការពិចារណា បានដល់បញ្ញា ការដឹង​ច្បាស់។បេ។ ការមិន​វង្វេង ការ​ពិចារណា​ធម៌ ការយល់ត្រូវ។ ពាក្យថា ព្រាហ្មណ៍​ពិចារណា​ហើយ រមែងមិន​ដល់នូវ​ការកំណត់ គឺព្រាហ្មណ៍​ពិចារណា​ហើយ ដឹងហើយ ថ្លឹងហើយ ត្រិះរិះហើយ ធ្វើឲ្យ​ច្បាស់​ហើយ ធ្វើឲ្យ​ប្រាកដហើយ ថាសង្ខារ​ទាំងពួង​មិនទៀង ថាសង្ខារ​ទាំងពួង​ជាទុក្ខ។បេ។ ពិចារណា​ហើយ ដឹងហើយ ថ្លឹងហើយ ត្រិះរិះ​ហើយ ធ្វើឲ្យច្បាស់​ហើយ ធ្វើឲ្យប្រាកដ​ហើយថា របស់​ណាមួយ មានកិរិយា​កើតឡើង​ជាធម្មតា របស់​ទាំងអស់​នោះ មានសេចក្តី​រលត់ទៅ​វិញជា​ធម្មតា រមែង​មិនដល់ មិនចូល​ទៅជិត មិនប្រកាន់ មិនស្ទាប​អង្អែល មិនប្រកាន់​ស្អិត នូវការ​កំណត់​គឺតណ្ហាក្តី នូវការ​កំណត់​គឺទិដ្ឋិក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រាហ្មណ៍​ពិចារណា​ហើយ រមែង​មិនដល់​នូវការកំណត់។

[៣៦៣] ពាក្យថា មិនលុះក្នុងទិដ្ឋិ ទាំងមិនមាន​ផៅពង្ស​ដោយញាណ សេចក្តី​ថា ទិដ្ឋិ ៦២ បុគ្គលនោះ បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុត​ដោយភ្លើង​គឺញាណ​ហើយ បុគ្គលនោះ ទិដ្ឋិឲ្យ​ទៅមិនបាន នាំទៅ​មិនបាន បន្សាត់ទៅ​មិនបាន កួចយក​ទៅមិនបាន មិនមក មិនត្រឡប់​មក​កាន់ទិដ្ឋិនោះថា មានខ្លឹម ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនលុះ​ក្នុងទិដ្ឋិ។ ពាក្យថា ទាំងមិន​មានផៅពង្ស​ដោយញាណ គឺ​មិនធ្វើ មិនឲ្យកើត មិនឲ្យ​កើតព្រម មិនបង្កើត មិនបង្កើត​ចំពោះ​នូវផៅពង្ស​គឺតណ្ហាក្តី នូវផៅ​ពង្សគឺ​ទិដ្ឋិក្តី ដោយ​សមាបត្តិញ្ញាណ ៨ ក្តី ដោយ​អភិញ្ញាញាណ ៥ ក្តី ដោយ​មិច្ឆាញាណ​ក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនលុះ​ក្នុងទិដ្ឋិ ទាំងមិន​មានផៅពង្ស​ដោយញាណ។

[៣៦៤] អធិប្បាយពាក្យថា ព្រាហ្មណ៍នោះ ដឹង​សម្មតិទាំងឡាយ ដែល​កើតអំពី​បុថុជ្ជន ត្រង់​ពាក្យថា ដឹង គឺដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យច្បាស់ ធ្វើឲ្យ​ប្រាកដ​ហើយថា សង្ខារ​ទាំងពួង​មិនទៀង ថាសង្ខារ​ទាំងពួង​ជាទុក្ខ។បេ។ ដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យច្បាស់ ធ្វើឲ្យប្រាកដ​ហើយថា របស់ណា​មួយមាន​កិរិយា​កើតឡើង​ជាធម្មតា របស់ទាំងអស់​នោះ មានកិរិយា​រលត់​ទៅវិញ​ជាធម្មតា ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រាហ្មណ៍​នោះដឹង។ ទិដ្ឋិ ៦២ លោកហៅថា សម្មតិ។ ពាក្យថា ដែលកើត​អំពីបុថុជ្ជន គឺសម្មតិ​ទាំងនោះ​កើតអំពី​បុថុជ្ជន​ទាំងឡាយ ហេតុ​នោះ (ទ្រង់ត្រាស់ថា) ដែលកើត​អំពីបុថុជ្ជន។ ម្យ៉ាងទៀត សម្មតិ​ទាំងនោះ កើតអំពី​ជនផ្សេង ៗ ហេតុនោះ (ទ្រង់​ត្រាស់ថា) ដែលកើត​អំពីបុថុជ្ជន ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រាហ្មណ៍​នោះដឹងថា សម្មតិ​ទាំងឡាយ ដែលកើត​អំពីបុថុជ្ជន។

[៣៦៥] ពាក្យថា រមែងព្រងើយកន្តើយ​នឹងទិដ្ឋិដែលជន​ទាំងឡាយ​ដទៃ​កំពុង​ប្រកាន់ គឺ​ជនទាំង​ឡាយដទៃ​ប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត ដោយអំណាច​តណ្ហា ដោយអំណាច​ទិដ្ឋិ ព្រះអរហន្ត​ព្រងើយ​កន្តើយ មិនប្រកាន់ មិនស្ទាបអង្អែល មិនប្រកាន់​ស្អិត ហេតុនោះ  (ទ្រង់​ត្រាស់ថា) ព្រងើយកន្តើយ​នឹងទិដ្ឋិ​ដែលជន​ទាំងឡាយ​ដទៃ​កំពុងប្រកាន់។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ព្រាហ្មណ៍ពិចារណាហើយ រមែងមិនដល់នូវការកំណត់ មិនលុះ​ក្នុងទិដ្ឋិ ទាំង​មិនមាន​ផៅពង្ស​ដោយញាណ ព្រោះ​ព្រាហ្មណ៍​នោះដឹង​សម្មតិ​ទាំងឡាយ ដែល​កើតអំពី​បុថុជ្ជន លោកព្រងើយ​កន្តើយ​នឹងទិដ្ឋិ ដែលជន​ទាំងឡាយ​ដទៃ​កំពុង​ប្រកាន់។

[៣៦៦] មុនិក្នុងលោកនេះ លះបង់នូវគន្ថៈទាំងឡាយ កាល​វិវាទ​ទាំងឡាយ​កើតឡើង​ហើយ លោកជា​អ្នកមិន​លុះ​ក្នុងពួក កាលពួក​ជនមិនស្ងប់ លោកជា​អ្នកស្ងប់ ជាអ្នក​ព្រងើយ ជាអ្នក​មិនប្រកាន់​នូវលទ្ធិ​ដែលជន​ទាំងឡាយ​ដទៃ​កំពុង​ប្រកាន់។

[៣៦៧] អធិប្បាយពាក្យថា មុនិក្នុងលោកនេះ លះបង់​នូវគន្ថៈ​ទាំងឡាយ ត្រង់ពាក្យថា គន្ថៈ បានដល់ គន្ថៈ ៤ គឺ អភិជ្ឈាកាយគន្ថៈ ព្យាបាទកាយគន្ថៈ សីលព្វតបរាមាស​កាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ។ តម្រេក​ក្នុងទិដ្ឋិ​របស់ខ្លួន ហៅថា អភិជ្ឈាកាយគន្ថៈ។ ការគុំគួន ការអាក់អន់​ក្នុងវាទៈ​របស់​បុគ្គល​ដទៃ ហៅថា ព្យាបាទកាយគន្ថៈ។ បុគ្គល​ស្ទាបអង្អែល​សីល ឬវត្ត ឬក៏សីលវត្ត​របស់​ខ្លួន ហៅថា សីលព្វតបរាមាសកាយគន្ថៈ។ សេចក្តី​យល់ឃើញ​របស់ខ្លួន ហៅថា ឥទំសច្ចាភិនិវេសកាយគន្ថៈ។ ពាក្យថា លះបង់ គឺបោះបង់ ឬលះចោល​នូវគន្ថៈ​ទាំងឡាយ។ ឬថា ស្រាយ ឬត្រដោះ​ចេញ​នូវគន្ថៈ​ទាំងឡាយ ដែលចាក់​ស្រេះ ក្រង ឆ្វាក់ ពាក់ព័ន្ធ ពាក់មាំ ជាប់ ជំពាក់ ចងមាំ ចងជាប់។ ជនទាំងឡាយ​រុះរើ ធ្វើឲ្យ​ខ្ទេចខ្ទី នូវវក្តី រទេះក្តី រថទ្រង់​គ្រឿងក្តី យ៉ាងណា​មិញ មុនិ​បោះបង់ ឬលះចោល​នូវគន្ថៈ​ទាំងឡាយ ឬថាស្រាយ ឬ​ត្រដោះ​ចេញនូវ​គន្ថៈ​ទាំងឡាយ ដែលចាក​ស្រេះ ក្រង ឆ្វាក់ ពាក់ព័ន្ធ ជាប់មាំ ជាប់ ជំពាក់ ចងមាំ ចងជាប់ យ៉ាងនោះ​ដែរ។ ពាក្យថា មុនិ សេចក្តីថា ញាណ បញ្ញា ការដឹងច្បាស់ លោកហៅថា មោនៈ។បេ។ មុនិនោះ កន្លងនូវ​សំណាញ់ គឺកិលេស​ជាគ្រឿង​ចំពាក់។​ ពាក្យថា ក្នុងលោក​នេះ គឺ​ក្នុងទិដ្ឋិនេះ។បេ។ ក្នុងមនុស្ស​លោកនេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) មុនិ​ក្នុងលោកនេះ លះបង់​នូវគន្ថៈ​ទាំងឡាយ។

[៣៦៨] ពាក្យថា កាលវិវាទទាំងឡាយ (កើតហើយ) លោកជា​អ្នកមិនលុះ​ក្នុងពួក គឺ​កាលវិវាទ​ទាំងឡាយ​កើតព្រម​ហើយ លេចឡើង លេចឡើង​ចំពោះ កើតប្រាកដ កាលដល់​នូវ​ឆន្ទាគតិ ដល់នូវ​ទោសាគតិ ដល់នូវ​មោហាគតិ ដល់នូវ​ភយាគតិ លោកក៏​មិនដល់​នូវឆន្ទា​គតិ មិនដល់នូវ​ទោសាគតិ មិនដល់នូវ​មោហាគតិ មិនដល់នូវ​ភយាគតិ មិនលុះ​ដោយ​អំណាច​រាគៈ មិនលុះ​ដោយ​អំណាច​ទោសៈ មិនលុះ​ដោយអំណាច​មោហៈ មិនលុះ​ដោយអំណាច​មានះ មិនលុះ​ដោយ​អំណាច​ទិដ្ឋិ មិនលុះ​ដោយអំណាច​ឧទ្ធច្ចៈ មិនលុះ​ដោយអំណាច​វិចិកិច្ឆា មិនលុះ​ដោយ​អំណាច​អនុស័យ គឺមិនត្រូវ​ធម៌ជាពួក ឲ្យទៅ នាំទៅ បន្សាត់ទៅ កួចយកទៅ ហេតុនោះ (ទ្រង់​ត្រាស់ថា) កាល​វិវាទ​ទាំងឡាយ (កើតហើយ) លោកជា​អ្នកមិនលុះ​ក្នុងពួក។

[៣៦៩] អធិប្បាយពាក្យថា កាលបើពួកជនមិនស្ងប់ លោកជា​អ្នកស្ងប់ ជាអ្នក​ព្រងើយ​កន្តើយ ត្រង់ពាក្យថា ជាអ្នកស្ងប់ គឺជាអ្នកស្ងប់ ព្រោះស្ងប់រាគៈ ជាអ្នកស្ងប់ ព្រោះស្ងប់​ទោសៈ ជាអ្នកស្ងប់ ព្រោះស្ងប់​មោហៈ។បេ។ ជាអ្នកស្ងប់ រម្ងាប់ ស្ងប់ស្ងៀម រលត់ ស្ងប់រម្ងាប់ ព្រោះស្ងប់ រម្ងាប់ ស្ងប់ស្ងៀម រលាយ រលត់ ទៅប្រាស ស្ងប់រម្ងាប់ នូវ​អកុសលាភិសង្ខារ​ទាំងពួង ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នកស្ងប់ ពាក្យថា កាល​ពួកជន​មិនស្ងប់ គឺកាល​ពួកជន​មិនស្ងប់ មិនរម្ងាប់ មិនស្ងប់ស្ងៀម មិនរលត់ មិនស្ងប់រម្ងាប់ ហេតុនោះ (ទ្រង់​ត្រាស់ថា) កាលពួក​ជនមិន​ស្ងប់ លោកជា​អ្នកស្ងប់។ ពាក្យថា លោកជា​អ្នកព្រងើយ​កន្តើយ សេចក្តីថា ព្រះអរហន្ត​ប្រកប​ដោយ​ឆឡង្គុបេក្ខា ឃើញរូប​ដោយភ្នែក ជាអ្នក​មានចិត្ត​មិនរីករាយ មានចិត្ត​មិនអាក់អន់ នៅព្រងើយ មានសតិសម្បជញ្ញៈ។ ឮសំឡេងដោយ​ត្រចៀក។បេ។ ជាអ្នក​អប់រំ ទូន្មានខ្លួនល្អ រង់ចាំ​តែមរណកាល ហេតុនោះ (ទ្រង់ត្រាស់ថា) កាលពួក​ជនមិនស្ងប់ លោកជា​អ្នកស្ងប់ ជាអ្នកព្រងើយ​កន្តើយ។

[៣៧០] ពាក្យថា ជាអ្នកមិនប្រកាន់នូវលទ្ធិដែលជនទាំងឡាយ​ដទៃ​កំពុងប្រកាន់ គឺ​ជនដទៃ​រមែងប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត ដោយអំណាច​តណ្ហា ដោយ​អំណាច​ទិដ្ឋិ ព្រះអរហន្ត​តែងព្រងើយ មិនប្រកាន់ មិនស្ទាប​អង្អែល មិនប្រកាន់ស្អិត ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​មិនប្រកាន់ នូវលទ្ធិ​ដែលជន​ទាំងឡាយ​ដទៃ​កំពុងប្រកាន់។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

មុនិ ក្នុងលោកនេះ លះបង់នូវគន្ថៈទាំងឡាយ កាលវិវាទ​ទាំងឡាយ (កើតហើយ) លោកជា​អ្នកមិន​លុះក្នុងពួក កាលពួក​ជនមិនស្ងប់ លោកជា​អ្នកស្ងប់ ជាអ្នក​ព្រងើយ​កន្តើយ ជាអ្នក​មិនប្រកាន់​នូវលទ្ធិ​ដែលជន​ទាំងឡាយ​ដទៃ​កំពុង​ប្រកាន់។

[៣៧១] អ្នកប្រាជ្ញនោះ លះបង់អាសវៈខាងដើម មិនធ្វើ​អាសវៈថ្មី មិនដល់​នូវឆន្ទាគតិ ជាអ្នក​មិនមាន​វាទៈតាំង​មាំ រួចស្រឡះ​ចាកទិដ្ឋិ​ទាំងឡាយ ជាអ្នក​មិនតិះដៀល​ខ្លួនឯង មិន​ប្រឡាក់​ក្នុងលោក។

[៣៧២] ពាក្យថា លះបង់អាសវៈខាងដើម មិនធ្វើអាសវៈ​ថ្មី សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាអតីត លោកហៅថា អាសវៈ​ខាងដើម កិលេស​ណា ប្រារព្ធ​សង្ខារ​ទាំងឡាយ​ជាអតីត ហើយ​កើតឡើង (អ្នកប្រាជ្ញ) លះបង់ លះចោល លះស្រឡះ លះផ្តាច់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតមាន នូវកិលេស​ទាំងនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់​អាសវៈ​ខាងដើម។ ពាក្យថា មិនធ្វើ​អាសវៈថ្មី សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាបច្ចុប្បន្ន លោកហៅថា អាសវៈថ្មី។ លោកមិន​ធ្វើឆន្ទៈ មិនធ្វើ​សេចក្តី​ស្រឡាញ់ មិនធ្វើ​តម្រេក មិនឲ្យកើត មិនឲ្យកើត​ព្រម មិនឲ្យ​លេចឡើង មិនឲ្យ​លេចឡើង​ចំពោះ ព្រោះ​ប្រារព្ធ​សង្ខារ​ជាបច្ចុប្បន្ន ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់​អាសវៈ​ខាងដើម មិនធ្វើ​អាសវៈ​ថ្មី។

[៣៧៣] អធិប្បាយពាក្យថា មិនដល់នូវឆន្ទាគតិ មិនមាន​វាទៈ​តាំងមាំ ត្រង់ពាក្យថា មិន​ដល់នូវ​ឆន្ទាគតិ គឺមិន​ដល់នូវ​ឆន្ទាគតិ មិនដល់​នូវ​ទោសាគតិ មិនដល់នូវ​មោហាគតិ មិនដល់​នូវ​ភយាគតិ មិនលុះ​ដោយអំណាច​រាគៈ មិនលុះ​ដោយអំណាច​ទោសៈ មិនលុះ​ដោយ​អំណាច​មោហៈ មិនលុះ​ដោយអំណាច​មានះ មិនលុះ​ដោយអំណាច​ទិដ្ឋិ មិនលុះ​ដោយ​អំណា​ឧទ្ធច្ចៈ មិនលុះ​ដោយអំណាច​វិចិកិច្ឆា មិនលុះ​ដោយអំណាច​អនុស័យ មិនត្រូវ​ធម៌ជា​ពួកឲ្យទៅ នាំទៅ បន្សាត់ទៅ កួចយក​ទៅទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនដល់​នូវ​ឆន្ទាគតិ។ ពាក្យថា ជាអ្នក​មិនមាន​វាទៈតាំង​មាំ គឺ​ជាអ្នក​មិនមាន​វាទៈតាំង​មាំថា លោកទៀង ពាក្យនេះ ជាពាក្យពិត ពាក្យដទៃ​ជាមោឃៈ ថាលោក​មិនទៀង ពាក្យនេះ ជាពាក្យពិត ពាក្យ​ដទៃជា​មោឃៈ។បេ។ ជាអ្នក​មិនមាន​វាទៈតាំង​មាំថា សត្វស្លាប់​ហើយកើត​ទៀតក៏​មិនមែន មិនកើត​ទៀត ក៏មិនមែន ពាក្យនេះ ជាពាក្យពិត ពាក្យដទៃ​ជាមោឃៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​មិនដល់​នូវ​ឆន្ទាគតិ មិនមាន​វាទៈ​តាំងមាំ។

[៣៧៤] អ្នកប្រាជ្ញនោះ រួចស្រឡះចាកទិដ្ឋិទាំងឡាយ គឺទិដ្ឋិ ៦២ អ្នកប្រាជ្ញ​នោះ លះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើងគឺញាណ​ហើយ អ្នកប្រាជ្ញ​នោះ រួចស្រឡះ ប្រាសចាក​ទិដ្ឋិទាំងឡាយ មានចិត្ត​ប្រាសចាក​ដែន គឺ​កិលេស។ ពាក្យថា អ្នកប្រាជ្ញ គឺអ្នកប្រាជ្ញ បណ្ឌិត អ្នកមាន​ប្រាជ្ញា មានកិរិយា​ដឹង មានញាណ មានប្រាជ្ញា​ឆ្លុះ មានប្រាជ្ញា​ជាគ្រឿង​ទំលាយ​កិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកប្រាជ្ញ​នោះ រួចស្រឡះ​ចាកទិដ្ឋិ​ទាំងឡាយ។

[៣៧៥] អធិប្បាយពាក្យថា ជាអ្នកមិនតិះដៀលខ្លួនឯង មិនប្រឡាក់​ក្នុងលោក ត្រង់​ពាក្យថា ប្រឡាក់ បានដល់​ការប្រឡាក់ ២ គឺ ការប្រឡាក់​គឺតណ្ហា ១ ការប្រឡាក់​គឺទិដ្ឋិ ១។បេ។ នេះការ​ប្រឡាក់​គឺតណ្ហា។បេ។ នេះការ​ប្រឡាក់​គឺទិដ្ឋិ។ បុគ្គលនោះ លះបង់ការ​ប្រឡាក់​គឺតណ្ហា រលាស់​ចោលការ​ប្រឡាក់​គឺទិដ្ឋិ បុគ្គលនោះ ជាអ្នក​មិនប្រឡាក់ ព្រោះលះ​បង់ការ​ប្រឡាក់​គឺតណ្ហា រលាស់​ចោល​ការប្រឡាក់​គឺទិដ្ឋិ រមែង​មិនប្រឡាក់​ក្នុងអបាយ​លោក មិនប្រឡាក់​ក្នុង​មនុស្សលោក មិនប្រឡាក់​ក្នុងទេវលោក មិនប្រឡាក់​ក្នុង​ខន្ធលោក មិនប្រឡាក់​ក្នុង​ធាតុលោក មិនប្រឡាក់ មិនប្រឡាក់​ព្រម មិនចូល​ទៅប្រឡាក់​ក្នុង​អាយតនលោក ជាអ្នក​មិនប្រឡាក់ មិនប្រឡាក់​ព្រម មិនចូល​ទៅជិត​ប្រឡាក់ ឃ្លាតចេញ រលាស់​ចេញ រួចស្រឡះ មិនប្រកប សម្រេចនៅ​ដោយចិត្ត​ដែលប្រាស​ចាកដែន​គឺកិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនប្រឡាក់​ក្នុងលោក។ ពាក្យថា ជាអ្នក​មិនតិះដៀល​ខ្លួនឯង សេចក្តីថា បុគ្គល​រមែង​តិះដៀល​ខ្លួនឯង​ដោយហេតុ ២ គឺ អំពើ​ដែលខ្លួន​ធ្វើហើយ ១ មិនធ្វើ​ហើយ ១។ តិះដៀល​ខ្លួនឯង ព្រោះអំពើ​ដែលខ្លួន​ធ្វើហើយ និងមិន​ធ្វើហើយ តើដូចម្តេច។ តិះដៀល​ខ្លួនឯងថា កាយទុច្ចរិត អញធ្វើហើយ កាយសុចរិត អញមិន​បានធ្វើ តិះដៀល​ខ្លួនឯង​ថា វចីទុច្ចរិត អញធ្វើហើយ មនោទុច្ចរិត អញធ្វើហើយ បាណាតិបាត អញ​ធ្វើហើយ។បេ។ មិច្ឆាទិដ្ឋិ អញធ្វើ​ហើយ សម្មាទិដ្ឋិ អញ​មិនបានធ្វើ។ តិះដៀល​ខ្លួនឯង ព្រោះអំពើ​ដែលខ្លួន​ធ្វើហើយ និង​មិនធ្វើ​ហើយ យ៉ាងនេះ​ឯង។ ម្យ៉ាងទៀត តិះដៀល​ខ្លួនឯង​ថា អញ​មិនបាន​បំពេញ​ក្នុងសីល​ទាំងឡាយ តិះដៀល​ខ្លួនឯងថា អញ​មិនគ្រប់​គ្រងទ្វារ​ក្នុងឥន្រ្ទិយ​ទាំងឡាយ ថា​អញមិន​ដឹងប្រមាណ​ក្នុងភោជន ថាអញមិន​ប្រកបរឿយៗ នូវការ​ភ្ញាក់រឭក ថាអញ​មិនប្រកប​ដោយ​សតិ និង​សម្បជញ្ញៈ ថា​សតិប្បដ្ឋាន​ទាំង ៤ អញ​មិនបាន​ចំរើន ថា​សម្មប្បធាន ៤ អញមិន​បានចំរើន ថា​ឥទ្ធិបាទ ៤ អញ​មិនបាន​ចំរើន ថា​ឥន្រ្ទិយ ៥ អញ​មិនបាន​ចំរើន ថា​ពលៈ ៥ អញមិន​បានចំរើន ថា​ពោជ្ឈង្គ ៧ អញ​មិនបាន​ចំរើន ថា​អដ្ឋង្គិកមគ្គ​ដ៏ប្រសើរ អញមិន​បានចំរើន ថា​ទុក្ខ អញមិន​បានកំណត់​ដឹង ថា​ទុក្ខសមុទ័យ អញ​មិនបាន​លះបង់ ថាមគ្គ អញមិន​បានចំរើន ថា​និរោធ អញមិន​បានធ្វើឲ្យ​ជាក់ច្បាស់។ តិះដៀល​ខ្លួនឯង ព្រោះអំពើ​ដែលខ្លួន​ធ្វើ និងមិន​ធ្វើហើយ យ៉ាងនេះ​ឯង។ មិនធ្វើ មិនឲ្យ​កើតព្រម មិនឲ្យ​លេចឡើង មិនឲ្យ​លេចឡើង​ចំពោះ នូវអំពើ​ដែលគួរតិះ​ដៀលខ្លួន​យ៉ាងនេះ ឈ្មោះថា ជាអ្នក​មិនតិះដៀល​ខ្លួនឯង ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​មិនតិះដៀល​ខ្លួន រមែង​មិនប្រឡាក់​ក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

អ្នកប្រាជ្ញនោះ លះបង់អាសវៈខាងដើម មិនធ្វើអាសវៈ​ថ្មី មិនដល់​នូវ​ឆន្ទាគតិ ជាអ្នក​មិនមាន​វាទៈតាំង​មាំ រួចស្រឡះ​ចាកទិដ្ឋិ​ទាំងឡាយ ជាអ្នក​មិនតិះដៀល​ខ្លួនឯង មិន​ប្រឡាក់​ក្នុងលោក។

[៣៧៦] (ព្រះមានព្រះភាគទ្រង់ត្រាស់ថា) បុគ្គលនោះ ធ្វើសេនា​ណាមួយ ដែល​ខ្លួនឃើញ ឮ ឬប៉ះពាល់​ហើយ ឲ្យវិនាស​ក្នុងធម៌​ទាំងពួង បុគ្គលនោះ មាន​ភារៈ​ដាក់ចុះ​ហើយ ជាមុនិ រួចស្រឡះ​ហើយ ជាអ្នក​មិនមាន​ការកំណត់ មិន​ត្រេកអរ មិនមាន​សេចក្តី​ប្រាថ្នា។​

[៣៧៧] ពាក្យថា បុគ្គលនោះធ្វើសេនាណាមួយ​ដែលខ្លួនឃើញ ឮ ឬប៉ះពាល់​ហើយ ឲ្យវិនាស​ក្នុងធម៌​ទាំងពួង អធិប្បាយថា មារសេនា លោកហៅថា សេនា។ កាយទុច្ចរិត ជា​មារសេនា វចីទុច្ចរិត ជា​មារសេនា មនោទុច្ចរិត ជា​មារសេនា រាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់ក្រវាយ​ទាំងពួង សេចក្តីក្តៅ​ក្រហាយ​ទាំងពួង ការអន្ទះ​អន្ទែង​ទាំងពួង អកុសលាភិសង្ខារ​ទាំងពួង ជា​មារសេនា។ សម​ដូចជា​ព្រះពុទ្ធដីកា​នេះ ដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា

កាមទាំងឡាយ ជាសេនាទី ១ របស់អ្នក សេចក្តីមិន​ត្រេកអរ គេហៅថា​សេនាទី ២ សេចក្តី​ស្រេកឃ្លាន ជា​សេនាទី ៣ របស់អ្នក តណ្ហា គេហៅថា សេនា ទី ៤ ថីនមិទ្ធៈ ជា​សេនា ទី ៥ របស់​អ្នក សេចក្តីខ្លាច គេហៅថា សេនាទី ៦ វិចិកិច្ឆា ជាសេនាទី ៧ របស់​អ្នក ការលុបគុណ​គេ ការរឹងរូស ជា​សេនាទី ៨ របស់អ្នក លាភៈ សេចក្តី​សរសើរ សក្ការៈ យស ដែលបុគ្គល​បានខុស​ហើយក្តី បុគ្គល​លើកខ្លួនក្តី បុគ្គល​បង្អាប់អ្នក​ដទៃក្តី ម្នាល​មារ នុ៎ះជា​សេនារបស់អ្នក ដែលនាំ​មកនូវធម៌ខ្មៅ បុគ្គល​មិនក្លៀវក្លា មិនឈ្នះ​នូវ​សេនានោះ​ទេ បុគ្គល លុះ​ឈ្នះនូវសេនា​នោះ ទើបបាន​សុខ។

មារសេនា​ទាំងអស់​ផង កិលេស​ជាទីទំនាស់​ទាំងអស់​ផង ដែលបុគ្គល​ផ្ចាញ់ហើយ ទាំង​ធ្វើឲ្យ​ចាញ់ហើយ បំបាត់បង់ រំលត់រំលាយ ក្នុងទី​កំបាំងមុខ ដោយ​អរិយមគ្គ ៤ ក្នុងកាល​ណា ក្នុងកាលនោះ បុគ្គល​នោះ លោកហៅថា អ្នកធ្វើ​សេនាឲ្យវិនាស។ បុគ្គលនោះ ជា​អ្នក​ធ្វើសេនាឲ្យ​វិនាស ក្នុងធម៌​ដែលខ្លួន​ឃើញ ជាអ្នក​ធ្វើសេនា​ឲ្យវិនាស​ក្នុងធម៌​ដែលខ្លួន​ឮ ដែលប៉ះពាល់ ដែលដឹងច្បាស់ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​នោះ ជាអ្នកធ្វើ​សេនាណា​មួយទាំងពួង ដែលខ្លួន​ឃើញ ឮ ឬប៉ះពាល់​ហើយ ឲ្យវិនាស​ក្នុងធម៌​ទាំងពួង។

[៣៧៨] អធិប្បាយពាក្យថា បុគ្គលនោះ មានភារៈ​ដាក់ចុះ​ហើយ ជាមុនិ រួចស្រឡះ​ហើយ ត្រង់ពាក្យ​ថា ភារៈ បានដល់​ភារៈ ៣ គឺ​ខន្ធភារៈ ១ កិលេសភារៈ ១ អភិសង្ខារភារៈ ១។ ខន្ធភារៈ តើដូចម្តេច។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ អំពី​បដិសន្ធិ នេះ ខន្ធភារៈ។ កិលេសភារៈ តើដូចម្តេច។ រាគៈ ទោសៈ មោហៈ។បេ។ អកុសលាភិសង្ខារ​ទាំងអស់ នេះ កិលេសភារៈ។ អភិសង្ខារភារៈ តើដូចម្តេច។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អានេញ្ជាភិសង្ខារ នេះ អភិសង្ខារភារៈ។ ខន្ធភារៈ កិលេសភារៈ និង​អភិសង្ខារភារៈ បុគ្គល​លះបង់​ហើយ ផ្តាច់បង់​ឫសគល់​ហើយ ធ្វើមិន​ឲ្យមានទី​នៅដូចជា​ទីនៅនៃ​ដើមត្នោត ដល់នូវ​ការមិនមាន មានការ​មិនកើត​តទៅទៀត​ជាធម្មតា ក្នុងកាលណា (ក្នុង​កាលនោះ) បុគ្គលនោះ លោកហៅថា អ្នកមាន​ភារៈដាក់ចុះ​ហើយ ជាអ្នក​មានភារៈ​ធ្លាក់ចុះ ទំលាក់​ភារៈ​ចោល ជម្រុះ​ភារៈចេញ ដាក់ភារៈ​ចេញ មានភារៈ​ស្ងប់រម្ងាប់​ហើយ។ ពាក្យថា ជាមុនិ សេចក្តី​ថា ញាណ លោកហៅថា មោនៈ បានដល់​បញ្ញា ការដឹងច្បាស់ ការសន្សំ ការជ្រើសរើស ការពិចារណា​ធម៌ ការកំណត់​ព្រម ការចូល​ទៅកំណត់ ការកំណត់​ចំពោះ ភាព​ជាអ្នក​ប្រាជ្ញ ភាពជា​អ្នកឈ្លាស ភាពជា​អ្នកមាន​ប្រាជ្ញាល្អិត ភាពជា​អ្នកចេះ​ចែករំលែក ការគិត ការពិចារណា ប្រាជ្ញា​ដូចផែនដី ប្រាជ្ញា​អាចកំចាត់​បង់កិលេស ប្រាជ្ញាជា​គ្រឿង​ត្រួតត្រា ការឃើញ​ច្បាស់ ការដឹងព្រម បញ្ញា​ដូចជា​ជន្លួញ បញ្ញាជាធំ បញ្ញា​ជាកម្លាំង បញ្ញា​ជាសស្រ្តាវុធ បញ្ញាដូច​ប្រាសាទ បញ្ញា​ជាពន្លឺ បញ្ញា​ជារស្មី បញ្ញា​ជាគ្រឿង​បំភ្លឺ បញ្ញាជាកែវ ការមិន​វង្វេង ការសន្សំធម៌ ការយល់​ត្រូវ បុគ្គលអ្នក​ប្រកបដោយ​ញាណនោះ ឈ្មោះថា មុនិ ជាអ្នកដល់​នូវមោនៈ។ មោនេយ្យៈ មាន ៣ គឺ កាយមោនេយ្យៈ ១ វចីមោនេយ្យៈ ១ មនោមោនេយ្យៈ ១។

កាយមោនេយ្យៈ តើដូចម្តេច។ ការលះបង់​កាយទុច្ចរិត ៣ ប្រការ ឈ្មោះថា កាយមោនេយ្យៈ។ កាយសុចរិត ៣ ប្រការ ឈ្មោះថា កាយមោនេយ្យៈ។ ញាណ​មានកាយ​ជា​អារម្មណ៍ ឈ្មោះថា កាយមោនេយ្យៈ ការកំណត់​ដឹងកាយ ឈ្មោះថា កាយមោនេយ្យៈ។ មគ្គប្រកប​ដោយការ​កំណត់ដឹង ឈ្មោះថា កាយមោនេយ្យៈ។ ការ​លះបង់​ឆន្ទរាគ​ក្នុងកាយ ឈ្មោះថា កាយមោនេយ្យៈ។ ចតុត្ថជ្ឈាន​សមាបត្តិ​ជាគ្រឿង​រលត់​កាយសង្ខារ ឈ្មោះថា កាយមោនេយ្យៈ។ នេះ កាយមោនេយ្យៈ។

វចីមោនេយ្យៈ តើដូចម្តេច។ ការលះ​វចីទុច្ចរិត ៤ ប្រការ ឈ្មោះថា វចីមោនេយ្យៈ។ វចីសុចរិត ៤ ប្រការ ឈ្មោះថា វចីមោនេយ្យៈ។ ញាណ​មានវាចា​ជាអារម្មណ៍ ឈ្មោះថា វចីមោនេយ្យៈ។ ការកំណត់​ដឹងដោយ​វាចា ឈ្មោះថា វចីមោនេយ្យៈ។ មគ្គ​ប្រកប​ដោយការ​កំណត់​ដឹង ឈ្មោះថា វចីមោនេយ្យៈ។ ការលះបង់​ឆន្ទរាគ​ក្នុងវាចា ឈ្មោះថា វចីមោនេយ្យៈ។ ទុតិយជ្ឈាន​សមាបត្តិ ជាគ្រឿង​រលត់​វចីសង្ខារ ឈ្មោះថា វចីមោនេយ្យៈ។ នេះ វចីមោនេយ្យៈ។​

មនោមោនេយ្យៈ តើដូចម្តេច។ ការលះបង់​មនោទុច្ចរិត ៣ ប្រការ ឈ្មោះថា មនោមោនេយ្យៈ។ មនោសុចរិត ៣ ប្រការ ឈ្មោះថា មនោមោនេយ្យៈ។ ញាណ​មានចិត្ត​ជាអារម្មណ៍ ឈ្មោះថា មនោមោនេយ្យៈ។ ការកំណត់​ដឹងដោយចិត្ត ឈ្មោះថា មនោមោនេយ្យៈ។ មគ្គ​ប្រកប​ដោយការ​កំណត់ដឹង ឈ្មោះថា មនោមោនេយ្យៈ។ ការលះ​ឆន្ទរាគ​ក្នុងចិត្ត ឈ្មោះថា មនោមោនេយ្យៈ។ សញ្ញាវេទយិតនិរោធ​សមាបត្តិ ជាគ្រឿង​រលត់​ចិត្តសង្ខារ ឈ្មោះថា មនោមោនេយ្យៈ។ នេះ មនោមោនេយ្យៈ។

បណ្ឌិតទាំងឡាយ ពោលនូវអ្នកប្រាជ្ញផ្លូវកាយ អ្នកប្រាជ្ញផ្លូវ​វាចា អ្នកប្រាជ្ញ​ផ្លូវចិត្ត អ្នក​ប្រាជ្ញ​មិនមាន​អាសវៈ ដែល​បរិបូណ៌​ដោយ​មោនេយ្យធម៌ ថាជា​អ្នកលះបង់​នូវបាប​ទាំងពួង។ បណ្ឌិត​ទាំងឡាយ ពោលនូវ​អ្នកប្រាជ្ញ​ផ្លូវកាយ អ្នក​ប្រាជ្ញផ្លូវ​វាចា អ្នក​ប្រាជ្ញ​ផ្លូវចិត្ត អ្នកប្រាជ្ញ​មិនមាន​អាសវៈ ដែល​បរិបូណ៌​ដោយ​មោនេយ្យធម៌ ថាជា​អ្នកលាង​បាប។

មុនិ ប្រកបដោយមោនេយ្យធម៌ទាំងនេះ មាន ៦ ពួក គឺ អាគារមុនិ អនាគារមុនិ សេក្ខមុនិ អសេក្ខមុនិ បច្ចេកមុនិ មុនិមុនិ។ ពួក​អាគារមុនិ តើដូចម្តេច។ ពួកគ្រហស្ថ​ណា បានឃើញ​នូវបទ គឺព្រះនិព្វាន បានដឹង​ច្បាស់នូវ​សាសនា ពួកនេះ ឈ្មោះ​អាគារមុនិ។ ពួក​អនាគារមុនិ តើដូចម្តេច។ ពួក​បព្វជិត​ណា បានឃើញ​នូវបទ គឺព្រះនិព្វាន បានដឹង​ច្បាស់នូវ​សាសនា ពួក​នេះ ឈ្មោះ​អនាគារមុនិ។ សេក្ខបុគ្គល ៧ ពួក ឈ្មោះ​សេក្ខមុនិ។ ពួក​ព្រះអរហន្ត ឈ្មោះ​អសេក្ខមុនិ។ ពួក​ព្រះបច្ចេកពុទ្ធ ឈ្មោះ​បច្ចេកមុនិ។ ព្រះតថាគត​ទាំងឡាយ ជា​អរហន្ត​សម្មាសម្ពុទ្ធ ឈ្មោះ​មុនិមុនិ។

បុគ្គលមានសភាពជាអ្នកវង្វេង មិនមានការចេះដឹង មិនមែន​ឈ្មោះថា​មុនិ ដោយ​ការស្ងៀម​ទេ លុះតែ​បុគ្គលណា ជាបណ្ឌិត កាន់យក​ធម៌ដ៏ប្រសើរ ហើយ​វៀរបង់​នូវបាប​ទាំងឡាយ ដូចបុគ្គល​ផ្គង​នូវជញ្ជីង (ហើយថ្លឹង) បុគ្គលនោះ ឈ្មោះថា​មុនិ បុគ្គលនោះ ឈ្មោះថា​មុនិ ដោយ​ហេតុនោះ បុគ្គលណា ដឹងនូវ​ប្រយោជន៍​ទាំងពីរ​ក្នុងលោក បុគ្គលនោះ ទើប​តថាគត​ហៅថា មុនិ ដោយហេតុនោះ បុគ្គលណា ដឹងធម៌​របស់ពួក​អសប្បុរស​ផង របស់ពួក​សប្បុរសផង ទាំងខាងក្នុង ទាំងខាងក្រៅ ក្នុងលោក​ទាំងអស់ ជាបុគ្គល​ដែលទេវតា និងមនុស្ស​ទាំងឡាយ​បូជា​ហើយ បានឆ្លង​នូវសំណាញ់ គឺកិលេស​ជាគ្រឿង​ចំពាក់ បុគ្គលនោះ ឈ្មោះថា មុនិ។

ពាក្យថា រួចស្រឡះ គឺចិត្តរបស់មុនិ រួច រួចវិសេស រួចស្រឡះ​ ចាករាគៈ ចិត្ត (រួចស្រឡះ) ចាក​ទោសៈ ចិត្ត​រួច រួចវិសេស រួចស្រឡះ ចាកមោហៈ។បេ។ ចិត្ត​រួច រួចវិសេស រួចស្រឡះ ចាក​អកុសលាភិសង្ខារ​ទាំងអស់ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ មានភារៈ​ដាក់ចុះ​ហើយ ជាមុនិ រួចស្រឡះ​ហើយ។

[៣៧៩] អធិប្បាយពាក្យថា ព្រះមានព្រះភាគ (ទ្រង់​ត្រាស់ថា) ជាអ្នក​មិនមាន​ការកំណត់ មិនត្រេកអរ មិនមាន​សេចក្តី​ប្រាថ្នា ត្រង់​ពាក្យថា ការកំណត់ បានដល់​ការកំណត់ ២ គឺ ការ​កំណត់​គឺតណ្ហា ១ ការកំណត់​គឺទិដ្ឋិ ១។បេ។ នេះ ការកំណត់​គឺ​តណ្ហា។បេ។ នេះ ការ​កំណត់​គឺទិដ្ឋិ។ បុគ្គលនោះ លះបង់​នូវការកំណត់​គឺតណ្ហា រលាស់​ចោលនូវ​ការកំណត់​គឺ​ទិដ្ឋិ ព្រោះបាន​លះបង់​ការកំណត់​គឺតណ្ហា រលាស់​ចោលការ​កំណត់​គឺទិដ្ឋិ បុគ្គលនោះ មិន​កំណត់ មិនឲ្យកើត មិនឲ្យ​កើតព្រម មិនឲ្យ​លេចឡើង មិនឲ្យ​លេចឡើង​ចំពោះ នូវការ​កំណត់​គឺតណ្ហា ឬការ​កំណត់​គឺទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនមាន​ការកំណត់។ ពាក្យថា ជាអ្នក​មិនត្រេកអរ សេចក្តីថា ពាលបុថុជ្ជន​ទាំងអស់ រមែង​ត្រេកអរ សេក្ខបុគ្គល​ទាំង ៧ ពួក រាប់​យក​កល្យាណ​បុថុជ្ជនផង រមែង​ត្រេកអរ​ទួទៅ ត្រេកអរ​ចំពោះ ដើម្បី​ដល់នូវ​គុណ​ដែលខ្លួន​មិនទាន់ដល់ ដើម្បី​បាននូវគុណ​ដែលខ្លួន​មិនទាន់បាន ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​នូវគុណ​ដែលខ្លួន​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់ ឯ​ព្រះអរហន្ត ជាអ្នកឆ្ងាយ វៀរបង់ វៀរចំពោះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ មិនប្រកប មានចិត្ត​ប្រាសចាក​ដែនគឺ​កិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនមាន​ការកំណត់ មិនត្រេកអរ។ ពាក្យថា មិនមាន​សេចក្តី​ប្រាថ្នា សេចក្តីថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បាន​ដល់​សេចក្តី​ត្រេកអរ សេចក្តី​ត្រេកអរ​ដ៏មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តី​ប្រាថ្នានុ៎ះ បុគ្គលណា លះបង់ហើយ ផ្តាច់ផ្តិលហើយ ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺ​ញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិន​មានសេចក្តី​ប្រាថ្នា។​ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យ​ពោលដោយ​គោរព។ ម្យ៉ាងទៀត ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​បង់រាគៈ។ ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​បង់ទោសៈ។ ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​បង់មោហៈ។ ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់​បំបាក់បង់​មានះ។ ឈ្មោះថា​ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​បង់ទិដ្ឋិ។ ឈ្មោះថា​ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​បង់នូវ​ចំរូង។ ឈ្មោះថា​ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់​បំបាក់បង់​នូវកិលេស។ ឈ្មោះថា​ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់ចែក រំលែក ញែក នូវ​ធម្មរតនៈ។ ឈ្មោះថា​ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់ធ្វើ​នូវទីបំផុត​នៃភព​ទាំងឡាយ។ ឈ្មោះថា​ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់ចំរើន​ព្រះកាយ។ ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់ចំរើន​សីល ចំរើនចិត្ត ចំរើនបញ្ញា។ មួយទៀត ឈ្មោះថា​ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់គប់​រកនូវ​សេនាសនៈ​ទាំងឡាយ​ដ៏ស្ងាត់ គឺព្រៃតូច និងព្រៃធំ ជាព្រៃ​មិនមាន​សំឡេង មិនមាន​ការគឹកកង ជាព្រៃ​ប្រាសចាក​ខ្យល់កាយ​នៃជន ជាព្រៃ​ស្ងប់ស្ងាត់​ចាកមនុស្ស សមគួរ​ដល់ការ​ពួនសម្ងំ។ មួយទៀត ឈ្មោះថា​ព្រះមានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ ទ្រង់មាន​ភាគនៃ​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ។ មួយទៀត ឈ្មោះថា​ព្រះមានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ ទ្រង់​មានភាគ​នៃអត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត អធិប្បញ្ញា។ មួយទៀត ឈ្មោះថា​ព្រះមានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ ទ្រង់មាន​ភាគនៃ​ឈាន ៤ អប្បមញ្ញា ៤ អរូបសមាបត្តិ ៤។ មួយទៀត ឈ្មោះថា​ព្រះមានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ ទ្រង់មាន​ភាគនៃ​វិមោក្ខ ៨ អភិភាយតនៈ ៨ អនុបុព្វវិហារសមាបត្តិ ៩។ មួយទៀត ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ​ទ្រង់មាន​ភាគនៃ​សញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិសមាធិ អសុភសមាបត្តិ។ មួយទៀត ឈ្មោះថា ព្រះមានព្រះភាគ ព្រោះ​ហេតុ​ព្រះមានព្រះភាគ ទ្រង់មាន​ភាគនៃ​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរ​ប្រកប​ដោយអង្គ ៨។ មួយវិញ​ទៀត ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ ទ្រង់មាន​ភាគនៃ​តថាគតពលៈ ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិសញ្ញា ៦ ពុទ្ធធម៌ ៦។ ព្រះនាមថា​ព្រះមានព្រះភាគ​នេះ មិនមែន​មាតាធ្វើ មិនមែន​បិតាធ្វើ មិនមែន​បងប្អូន​ប្រុសធ្វើ មិនមែន​បងប្អូន​ស្រីធ្វើ មិនមែន​ពួកមិត្ត​អាមាត្យ​ធ្វើ មិនមែន​ពួកញាតិ​សាលោហិត​ធ្វើ មិនមែន​ពួកសមណ​ព្រាហ្មណ៍​ធ្វើ មិនមែន​ពួកទេវតា​ធ្វើ​ទេ ព្រះនាមថា​ព្រះមានព្រះភាគ​នេះ របស់​ព្រះពុទ្ធ​ទាំងឡាយ​ដ៏មាន​ព្រះភាគ ជាព្រះនាម​កើត​ក្នុងទីបំផុត​វិមោក្ខ ការបញ្ញត្តិ​ថា មានព្រះភាគ​នេះ (កើត) អំពី​ការត្រាស់ដឹង ព្រមដោយ​ការបាន​ចំពោះនូវ​សព្វញ្ញុតញ្ញាណ ហេតុនោះ (មាន​ពាក្យថា) ព្រះមានព្រះភាគ (ត្រាស់ថា) មិនមាន​ការកំណត់ មិន​ត្រេកអរ មិនមាន​សេចក្តី​ប្រាថ្នា។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា ព្រះមានព្រះភាគ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ ធ្វើសេនា​ណាមួយ ដែលឃើញ ឮ ឬប៉ះពាល់​ហើយ ឲ្យវិនាស​ក្នុងធម៌​ទាំងពួង បុគ្គលនោះ មានភារៈ​ដាក់ចុះ​ហើយ ជាមុនិ រួចស្រឡះ​ហើយ ជាអ្នក​មិនមាន​ការ​កំណត់ មិន​ត្រេកអរ មិន​មានសេចក្តី​ប្រាថ្នា។

ចប់ មហាវិយូហសុត្តនិទ្ទេស ទី១៣។

ចប់ ភាគ ៦៥។

សូមអនុមោទនា !!!

Oben-pfeil