ខុទ្ទកនិកាយ មហានិទ្ទេស

តតិយភាគ
ភាគទី៦៦

សូមនមស្ការថ្វាយបង្គំចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

តុវដកសុត្តនិទ្ទេស ទី ១៤

[១] (ព្រះពុទ្ធនិម្មិត ពោលថា) ខ្ញុំសូមសួរនូវិវេកផង សន្តិបទផង ចំពោះ​ព្រះអង្គ ជាអាទិច្ចពន្ធុ ទ្រង់ស្វែងរក​គុណដ៏ធំ ភិក្ខុឃើញ​ដូចម្តេច ហើយញុំាង​កិលេស​ឲ្យរលត់ ទើបមិន​ប្រកាន់នូវ​របស់អ្វី​ក្នុងលោក។

[២] អធិប្បាយពាក្យថា ខ្ញុំសូមសួរចំពោះព្រះអង្គ ជាអាទិច្ចពន្ធុ ត្រង់ពាក្យថា សួរ បានដល់​ការសួរ ៣ គឺ​ការសួរជា​គ្រឿងបំភ្លឺ​នូវធម៌​ដែលមិន​ទាន់ឃើញ ការសួរ​ជាគ្រឿង​ប្រៀបធៀប​នូវធម៌​ដែលឃើញ​ហើយ ការសួរ​ជាគ្រឿង​កាត់សេចក្តី​សង្ស័យ។

ការសួរជាគ្រឿងបំភ្លឺនៃធម៌ ដែលមិនទាន់ឃើញ តើដូចម្ដេច។ លក្ខណៈ​ដែល​បុគ្គល​មិនដឹង មិនឃើញ មិនថ្លឹង មិនត្រិះរិះ មិនប្រាកដ មិនជាក់ច្បាស់ តាមប្រក្រតី បុគ្គល​សួរនូវ​ប្រស្នា​ដើម្បីការដឹង ការឃើញ ការថ្លឹង ការត្រិះរិះ ដើម្បី​ជាក់ច្បាស់​នូវលក្ខណៈ​នោះ នេះ ការសួរ​ជាគ្រឿង​បំភ្លឺនូវធម៌​ដែលមិន​ទាន់ឃើញ​ហើយ។

ការសួរជាគ្រឿងប្រៀបធៀបនូវធម៌ដែលឃើញហើយ តើដូចម្តេច។ លក្ខណៈ​ដែលបុគ្គល​ដឹង ឃើញ ថ្លឹង ត្រិះរិះ ប្រាកដ ជាក់ច្បាស់ហើយ ដោយប្រក្រតី បុគ្គលសួរ​ប្រស្នា ដើម្បី​ប្រយោជន៍​ដល់ការ​ប្រៀបធ្រៀប​ជាមួយ​នឹងបណ្ឌិត​ទាំងឡាយ​ដទៃ នេះ ការ​សួរជា​គ្រឿង​ប្រៀបធ្រៀប​នូវធម៌ ដែលឃើញ​ហើយ។

ការសួរជាគ្រឿងកាត់សេចក្តីសង្ស័យ តើដូចម្តេច។ បុគ្គលនៅក្នុង​ការសង្ស័យ នៅក្នុង​សេចក្តីងឿងឆ្ងល់ ដោយប្រក្រតី បែកទៅ​ជាពីរថា យ៉ាងនេះឬហ្ន៎ មិនមែន​យ៉ាងនេះ​ឬហ្ន៎ ដូចម្តេចហ្ន៎ ដោយប្រការ​ដូចម្តេច​ហ្ន៎ បុគ្គលនោះ ក៏សួរប្រស្នា​ដើម្បី​ប្រយោជន៍​ដល់ការ​កាត់សេចក្តី​ងឿងឆ្ងល់ នេះ ការសួរ​ជាគ្រឿង​កាត់សេចក្តី​ងឿងឆ្ងល់។ នេះ ការសួរ ៣។

ការសួរ ៣ ដទៃទៀត គឺការសួររបស់មនុស្ស ការសួរ​របស់​អមនុស្ស ការសួរ​របស់​និម្មិត។

ការសួររបស់មនុស្ស តើដូចម្តេច។ មនុស្សទាំងឡាយ ចូលទៅ​សួរប្រស្នា​នឹង​ព្រះពុទ្ធ​មានព្រះភាគ គឺ​ពួកភិក្ខុសួរ ពួកភិក្ខុនីសួរ ពួកឧបាសកសួរ ពួកឧបាសិកាសួរ ពួកព្រះរាជា​សួរ ពួក​ក្សត្រសួរ ពួកព្រាហ្មណ៍​សួរ ពួកវេស្សៈ​សួរ ពួកសុទ្ទៈសួរ ពួក​គ្រហស្ថ​សួរ ពួក​បព្វជិត​សួរ នេះ ការសួរ​របស់មនុស្ស។

ការសួររបស់អមនុស្ស តើដូចម្តេច។ ពួកអមនុស្ស ចូលទៅ​សួរប្រស្នា​នឹង​ព្រះពុទ្ធ​មានព្រះភាគ គឺពួក​នាគសួរ ពួកគ្រុឌសួរ ពួកយក្សសួរ ពួកអសុរសួរ ពួកគន្ធព្វសួរ ពួក​មហារាជ​សួរ ពួក​ព្រះឥន្ទ្រសួរ ពួកព្រហ្មសួរ ពួកទេវតាសួរ នេះ ការសួររបស់​អមនុស្ស។

ការសួររបស់និម្មិត តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់និម្មិត​រូបណា ដែល​សម្រេច​ដោយ​ព្រះទ័យ មាន​អវយវៈ​តូច-ធំគ្រប់ មានឥន្រ្ទិយ​មិនខ្វះខាត រូបនិម្មិតនោះ ចូលទៅ​សួរប្រស្នា​នឹង​ព្រះមានព្រះភាគ ព្រះមានព្រះភាគ ទ្រង់ដោះ​ស្រាយ នេះ ការសួរ​របស់​និម្មិត។ នេះ ការសួរ ៣។

ការសួរ ៣ ដទៃទៀត គឺការសួរប្រយោជន៍​ខ្លួន ការសួរ​ប្រយោជន៍​បុគ្គល​ដទៃ ការសួរ​ប្រយោជន៍​ទាំងពីរ។

ការសួរ ៣ ដទៃទៀត គឺការសួរប្រយោជន៍​បច្ចុប្បន្ន ការសួរ​ប្រយោជន៍​លោក​ខាងមុខ ការសួរប្រយោជន៍ដ៏​ក្រៃលែង។

ការសួរ ៣ ដទៃទៀត គឺការសួរប្រយោជន៍​មិនមានទោស ការសួរ​ប្រយោជន៍​មិនមាន​កិលេស ការសួរ​ប្រយោជន៍​ដ៏ផូរផង់។

ការសួរ ៣ ដទៃទៀត គឺការសួរប្រារព្ធធម៌​ជាអតីត ការសួរ​ប្រារព្ធ​ធម៌ជា​អនាគត ការសួរ​ប្រារព្ធធម៌​ជាបច្ចុប្បន្ន។

ការសួរ ៣ ដទៃទៀត គឺការសួរធម៌ខាងក្នុង ការសួរ​ធម៌ខាង​ក្រៅ ការសួរធម៌​ទាំងខាង​ក្នុង ទាំងខាង​ក្រៅ។

ការសួរ ៣ ដទៃទៀត គឺការសួរធម៌ជាកុសល ការសួរធម៌​ជាអកុសល ការសួរ​ធម៌ជា​អព្យាកតៈ។

ការសួរ ៣ ដទៃទៀត គឺការសួរខន្ធ ការសួរធាតុ ការសួរ​អាយតនៈ។

ការសួរ ៣ ដទៃទៀត គឺការសួរសតិប្បដ្ឋាន ការសួរ​សម្មប្បធាន ការសួរ​ឥទ្ធិបាទ។

ការសួរ ៣ ដទៃទៀត គឺការសួរឥន្រ្ទិយ ការសួរ​ពលៈ ការសួរ​ពោជ្ឈង្គ។

ការសួរ ៣ ដទៃទៀត គឺការសួរមគ្គ ការសួរផល ការសួរ​ព្រះនិព្វាន។

ពាក្យថា ខ្ញុំសូមសួរចំពោះព្រះអង្គ គឺខ្ញុំសូម​សួរព្រះអង្គ សូមអង្វរ​ព្រះអង្គ អារាធនា​ព្រះអង្គ ចោទព្រះអង្គ សូមព្រះអង្គ​ទ្រង់សំដែង​ធម៌នោះ​ដល់ខ្ញុំ ហេតុនោះ (ត្រាស់​សួរថា) ខ្ញុំសូមសួរ​ចំពោះ​ព្រះអង្គ។

ពាក្យថា អាទិច្ចពន្ធុ សេចក្តីថា សុរិយៈ លោកហៅថា អាទិច្ចៈ។ សុរិយៈ ជា​គោតមៈ​ដោយគោត្រ ព្រះមានព្រះភាគ ជាគោតមៈ​ដោយគោត្រ។ ព្រះមានព្រះភាគ ជា​ព្រះញាតិ​ព្រះអាទិត្យ​ដោយគោត្រ ជាវង្ស​ត្រកូល​ដោយគោត្រ ហេតុនោះ ព្រះពុទ្ធ​ទើប​ជា​អាទិច្ចពន្ធុ ហេតុនោះ ទ្រង់ត្រាស់ថា ខ្ញុំសូមសួរ​ចំពោះ​ព្រះអង្គ ជាអាទិច្ចពន្ធុ។

[៣] អធិប្បាយពាក្យថា នូវវិវេកផង សន្តិបទផង ចំពោះ​ព្រះអង្គ ដែល​ទ្រង់ស្វែង​រកគុណ​ដ៏ធំ ត្រង់ពាក្យថា វិវេក បានដល់ វិវេក ៣ គឺ​កាយវិវេក ចិត្តវិវេក ឧបធិវិវេក។

កាយវិវេក តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ គប់រកសេនាសនៈដ៏ស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ជ្រោះ គុហាភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង ទាំងជា​អ្នកស្ងប់ស្ងាត់​ដោយ​កាយ គឺ​ភិក្ខុនោះ​ដើរម្នាក់​ឯង ឈរម្នាក់ឯង អង្គុយម្នាក់ឯង ដេកម្នាក់ឯង ចូលទៅ​កាន់ស្រុក​ដើម្បី​បិណ្ឌបាត​ម្នាក់ឯង ត្រឡប់​មកវិញ​ម្នាក់ឯង អង្គុយ​ក្នុងទី​ស្ងាត់​ម្នាក់ឯង អធិដ្ឋាន​ទីចង្រ្កម​ម្នាក់ឯង ត្រាច់ទៅ សម្រេចនៅ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យ​ទៅម្នាក់​ឯង នេះ កាយវិវេក។

ចិត្តវិវេក តើដូចម្តេច។ ភិក្ខុចូលបឋមជ្ឈាន ចិត្តស្ងប់ស្ងាត់​ចាក​នីវរណធម៌​ទាំងឡាយ ចូល​ទុតិយជ្ឈាន ចិត្តស្ងប់ស្ងាត់​ចាកវិតក្កៈ និងវិចារៈ ចូល​តតិយជ្ឈាន ចិត្ត​ស្ងប់ស្ងាត់​ចាកបីតិ ចូល​ចតុត្ថជ្ឈាន ចិត្តស្ងប់ស្ងាត់​ចាកសុខ និងទុក្ខ ចូល​អាកាសានញ្ចាយតនៈ ចិត្តស្ងប់ស្ងាត់​ចាករូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញា ចូល​វិញ្ញាណញ្ចា​យតនៈ ចិត្តស្ងប់ស្ងាត់​ចាក​អាកាសានញ្ចាយតនសញ្ញា ចូល​អាកិញ្ចញ្ញាយតនៈ ចិត្តស្ងប់ស្ងាត់ ចាកវិញ្ញាណញ្ចាយតនសញ្ញា ចូល​នេវសញ្ញា​នាសញ្ញាយតនៈ ចិត្តស្ងប់ស្ងាត់ ចាក​អាកិញ្ចញ្ញា​យតនសញ្ញា ចិត្តរបស់​សោតាបន្ន​បុគ្គល រមែង​ស្ងប់ស្ងាត់​ចាក​សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ទាំងចាក​កិលេស​ទាំងឡាយ ដែលតាំង​នៅជាមួយ​នឹង​កិលេស​ទាំងនោះ ចិត្តរបស់​សកទាគាមិ​បុគ្គល រមែង​ស្ងប់ស្ងាត់​ចាក​កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ​ដ៏​គ្រោតគ្រាត ចាក​កាមរាគានុស័យ បដិឃានុស័យ​ដ៏គ្រោតគ្រាត ទាំង​ចាក​កិលេស​ទាំងឡាយ ដែលតាំង​នៅជា​មួយនឹង​កិលេស​ទាំងឡាយ​នោះ ចិត្តរបស់​អនាគាមិបុគ្គល រមែង​ស្ងប់ស្ងាត់​ចាក​កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ​ដ៏ល្អិត ចាក​កាមរាគានុស័យ បដិឃានុស័យដ៏ល្អិត ទាំង​ចាក​កិលេស​ទាំង​ឡាយ ដែលតាំង​នៅជាមួយ​នឹង​កិលេស​ទាំងនោះ ចិត្តរបស់​ព្រះអរហន្ត រមែង​ស្ងប់ស្ងាត់​ចាក​រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ ចាក​កិលេស​ទាំងឡាយ ដែលតាំង​នៅ​ជាមួយ​នឹង​កិលេស​ទាំងនោះ ទាំងចាក​និមិត្រ​ទាំងអស់ ជាខាងក្រៅ នេះ ចិត្តវិវេក។

ឧបធិវិវេក តើដូចម្តេច។ កិលេសទាំងឡាយផង ខន្ធទាំងឡាយផង អភិសង្ខារ​ទាំងឡាយ​ផង លោកហៅថា ឧបធិ។ អមតនិព្វាន លោកហៅថា ឧបធិវិវេក បានដល់ការ​រម្ងាប់​សង្ខារ​ទាំងពួង ការរលាស់​ចោល​ឧបធិ​ទាំងពួង ការអស់​តណ្ហា ការប្រាសចាក​រាគៈ ការ​រលត់​កិលេស និព្វាន នេះ ឧបធិវិវេក។

កាយវិវេក (មាន) ដល់បុគ្គលទាំងឡាយ ដែលមាន​កាយគេច​ចេញ (ចាកពួក) ត្រេកអរ​ក្នុងការ​ចេញចាក​កាម ចិត្តវិវេក (មាន) ដល់បុគ្គល​ទាំងឡាយ អ្នកមាន​ចិត្ត​បរិសុទ្ធ ដល់នូវ​ការ​ផូរផង់​ក្រៃលែង ឯ​ឧបធិវិវេក (មាន) ដល់​បុគ្គល​មិនមាន​ឧបធិ សម្រេច​ព្រះនិព្វាន​ដែលប្រាស​ចាកសង្ខារ។

ពាក្យថា សន្តិ សេចក្តីថា សន្តិក្កី សន្តិបទក្តី ដោយ​អាការ​តែមួយទេ សន្តិបទ​នោះ​ឯង ឈ្មោះថា អមតនិព្វាន បានដល់​ការរម្ងាប់​សង្ខារ​ទាំងពួង ការរលាស់​ចោល​ឧបធិ​ទាំងពួង ការអស់​តណ្ហា ការប្រាស​ចាក​រាគៈ ការរលត់ទុក្ខ និព្វាន សមដូច​ពាក្យនេះ ដែល​ព្រះមានព្រះភាគ​ទ្រង់ត្រាស់​ថា នេះបទស្ងប់​រម្ងាប់ នេះបទ​ដ៏ឧត្តម គឺការ​រម្ងាប់​សង្ខារ​ទាំងពួង ការរលាស់​ចោល​ឧបធិ​ទាំងពួង ការអស់​តណ្ហា ការប្រាស​ចាករាគៈ ការរលត់​ទុក្ខ និព្វាន។ ម្យ៉ាងទៀត ដោយ​អាការដទៃ ធម៌ទាំង​ឡាយណា ប្រព្រឹត្តទៅ ដើម្បីបាន​នូវការ​ស្ងប់រម្ងាប់ ដើម្បីពាល់​ត្រូវនូវ​ការ​ស្ងប់រម្ងាប់ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវការ​ស្ងប់រម្ងាប់ គឺ​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ដ៏ប្រសើរ​ប្រកប​ដោយ​អង្គ ៨ ធម៌ទាំងនេះ លោក​ហៅថា សន្តិបទ តាណបទ (បទ គឺទីពឹង) លេណបទ (បទ គឺទីជ្រកកោន) សរណបទ (បទ គឺទីជាទី​រលឹក) អភយបទ (បទ គឺ​មិនមាន​ភ័យ) អច្ចុតបទ (បទ គឺ​មិនឃ្លាត) អមតបទ (បទ គឺមិនស្លាប់) និព្វានបទ (បទ គឺនិព្វាន)។

ពាក្យថា ទ្រង់ស្វែងរកគុណធំ គឺព្រះមានព្រះកោត ស្វែងរក​គុណធំ។ ព្រះមានព្រះភាគ ស្វែង ស្វែងរក ស្វះស្វែង​រកនូវ​សីលក្ខន្ធធំ ហេតុនោះ ឈ្មោះថា ទ្រង់ស្វែង​រកគុណ​ធំ។ ស្វែង ស្វែងរក ស្វះស្វែង​រកនូវ​សមាធិក្ខន្ធធំ បញ្ញាខន្ធធំ វិមុត្តិក្ខន្ធធំ វិមុត្តិញ្ញាណទស្សនក្ខន្ធធំ ហេតុនោះ ឈ្មោះថា ទ្រង់ស្វែង​រកគុណ​ធំ។ ស្វែង ស្វែងរក ស្វះស្វែង​រកនូវការ​កំចាត់​បង់​នូវគំនរ​ងងឹត​ធំ ទំលាយ​បង់នូវ​វិបល្លាស​ធំ ដកចោល​នូវសរ គឺតណ្ហា​ធំ ទំលុះ​ទំលាយ​នូវសន្ទះ គឺទិដ្ឋិធំ បន្សាត់បង់​នូវមានះ​ដូចជា​ទង់ធំ រម្ងាប់បង់​នូវ​អភិសង្ខារ​ធំ រលាស់​ចោល​នូវឱឃៈ​ធំ ដាក់ចុះ​នូវភារៈ​ធំ ផ្តាច់បង់​នូវសង្សារវដ្ត​ធំ រំលត់​នូវ​សេចក្តី​អន្ទះអន្ទែងធំ គ្របសង្កត់​នូវសេចក្តី​ក្តៅក្រហាយ​ធំ លើកឡើង​នូវទង់ជ័យ គឺធម៌ធំ ហេតុនោះ ឈ្មោះថា ទ្រង់ស្វែង​រកគុណធំ។ ស្វែង ស្វែងរក ស្វះស្វែង​រកនូវ​សតិប្បដ្ឋាន​ធំ សម្មប្បធាន​ធំ ឥទ្ធិបាទ​ធំ ឥន្ទ្រិយធំ ពលៈធំ ពោជ្ឈង្គធំ អដ្ឋង្គិកមគ្គ​ដ៏ប្រសើរ​ធំ អមត​និព្វាន ប្រយោជន៍​ដ៏ក្រៃលែង​ធំ ហេតុនោះ ឈ្មោះថា ទ្រង់ស្វែង​រកគុណធំ។ ម្យ៉ាងទៀត ព្រះមានព្រះភាគ គឺជាបុគ្គល​ដែលពួកសត្វ​មានសក្តិ៍ធំ ស្វែង ស្វែងរក ស្វះស្វែង​រកថា ព្រះពុទ្ធ (គង់នៅ) ក្នុងទីណា ព្រះមានព្រះភាគ ក្នុងទីណា ព្រះមានព្រះភាគ ជាទេវតា​ធំជាង​ទេវតា ក្នុងទីណា ព្រះមានព្រះភាគ ជានរៈ​ប្រសើរក្នុង​ទីណា ហេតុនោះ ឈ្មោះ​ថា ស្វែងរក​គុណធំ ហេតុនោះ (ទ្រង់ត្រាស់​សួរថា) នូវវិវេក​ផង សន្តិបទ​ផង ចំពោះ​ព្រះអង្គ​ស្វែងរក​គុណធំ។

[៤] ពាក្យថា ភិក្ខុឃើញដូចម្តេច ហើយញុំាងកិលេស​ឲ្យរលត់ គឺ​ភិក្ខុ​ឃើញ មើល ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដ​ដូចម្តេច ទើបញុំាង​រាគៈ​របស់ខ្លួន​ឲ្យរលត់ ញុំាង​ទោសៈ​ឲ្យរលត់ ញុំាងមោហៈ​ឲ្យរលត់ ញុំាង​កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ សេចក្តី​ក្រវល់​ក្រវាយ​ទាំងអស់ សេចក្តី​ក្តៅក្រហាយ​ទាំងអស់ សេចក្តី​អន្ទះអន្ទែង​ទាំងអស់ អកុសលាភិសង្ខារ​ទាំងអស់ ឲ្យ​រលត់ ឲ្យស្ងប់ ឲ្យរម្ងាប់ ឲ្យស្ងប់ស្ងៀម ឲ្យរម្ងាប់​ចំពោះ។ ពាក្យថា ភិក្ខុ គឺភិក្ខុ​ជា​កល្យាណបុថុជ្ជន​ក្តី ភិក្ខុជា​សេក្ខៈក្តី ហេតុនោះ (ត្រាស់​សួរថា) ភិក្ខុ​ឃើញ​ដូចម្តេច ហើយញុំាង​កិលេស​ឲ្យរលត់។

[៥] ពាក្យថា មិនប្រកាន់របស់អ្វី​ក្នុងលោក គឺមិនប្រកាន់ មិនកាន់យក មិនស្ទាប​អង្អែល ដោយ​ឧបាទាន​ទាំងបួន។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា របស់អ្វី​មួយ គឺ​រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ​នីមួយ ហេតុនោះ (ត្រាស់សួរថា) មិនប្រកាន់​របស់អ្វី​ក្នុងលោក។ ហេតុនោះ ព្រះពុទ្ធនិម្មិតនោះ (ត្រាស់សួរថា)

ខ្ញុំសូមសួរវិវេកផង សន្តិបទផង ចំពោះព្រះអង្គ​ជាអាទិច្ចពន្ធុ ទ្រង់ស្វែង​រក​គុណធំ ភិក្ខុឃើញ​ដូចម្តេច ហើយញុំាង​កិលេស​ឲ្យរលត់ ទើបមិន​ប្រកាន់​នូវរបស់​អ្វី​ក្នុង​លោក។

[៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលគប្បីរំលត់​ឫសគល់​នៃបបញ្ចសង្ខា និង​អស្មិមានះ​ទាំងពួង​ដោយការ​យល់ តណ្ហា​ទាំងឡាយណាមួយ​ជាខាងក្នុង បុគ្គល​គប្បីមាន​សតិ​សព្វកាល សិក្សាដើម្បី​បន្ទោបង់​តណ្ហា​ទាំងនោះ។

[៧] ពាក្យថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គល​គប្បីរំលត់​ឫសគល់​នៃបបញ្ចសង្ខា និងអស្មិមានះ​ទាំងពួង​ដោយការ​យល់ អធិប្បាយថា កិលេស​ជាគ្រឿង​យឺតយូរ ឈ្មោះ​បបញ្ចសង្ខា បានដល់ តណ្ហាបបញ្ចសង្ខា និង​ទិដ្ឋិបបញ្ចសង្ខា។

ឫសគល់នៃតណ្ហាបបញ្ចសង្ខា តើដូចម្តេច។ គឺ​អវិជ្ជា ជាឫសគល់ អយោនិសោមនសិការៈ​ជាឫសគល់ អស្មិមានះជាឫសគល់ អហិរិកៈ​ជាឫសគល់ អនោត្តប្បៈ​ជាឫសគល់ ឧទ្ធច្ចៈ​ជាឫសគល់ នេះ​ឫសគល់​នៃ​តណ្ហាបបញ្ចសង្ខា។

ឫសគល់នៃទិដ្ឋិបបញ្ចសង្ខា តើដូចម្តេច។ គឺអវិជ្ជា ជាឫសគល់ អយោនិសោមនសិការៈ​ជាឫសគល់ អស្មិមានះ​ជាឫសគល់ អហិរិកៈ​ជាឫសគល់ អនោត្តប្បៈ​ជាឫសគល់ ឧទ្ធច្ចៈ​ជាឫសគល់ នេះ​ឫសគល់​នៃ​ទិដ្ឋិបបញ្ចសង្ខា។

ពាក្យថា ព្រះមានព្រះភាគ គឺជាពាក្យពោល​ដោយគោរព។ ម្យ៉ាងទៀត ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុ​បំបាក់បង់នូវរាគៈ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុ​បំបាក់​បង់នូវ​ទោសៈ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុ​បំបាក់​បង់នូវ​មោហៈ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុ​បំបាក់បង់​នូវមានះ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុ​បំបាក់បង់​នូវទិដ្ឋិ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុ​បំបាក់​បង់នូវ​ចំរូង។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុ​បំបាក់បង់​នូវ​កិលេស។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុ​ទ្រង់ចែក​រំលែក​ញែកនូវ​ធម្មរតនៈ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុ​ធ្វើនៅទីបំផុត​នៃភព​ទាំងឡាយ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុចំរើន​ព្រះកាយ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុ​ចំរើនសីល ព្រោះហេតុ​ចំរើនចិត្ត ព្រោះហេតុ​ចំរើន​បញ្ញា។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ ទ្រង់គប់​រកនូវ​សេនាសនៈ​ទាំងឡាយ​ដ៏ស្ងាត់ គឺព្រៃតូច និងព្រៃធំ ជាព្រៃមិន​មានសំឡេង មិនមាន​ការគឹកកង ជាព្រៃ​ប្រាសចាក​ខ្យល់កាយ​នៃជន ជាព្រៃ​ស្ងប់ស្ងាត់​ចាកមនុស្ស សមគួរ​ដល់ការ​ពួនសម្ងំ។ ឈ្មោះថា មានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ​ទ្រង់​មាន​ភាគនៃ​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មាន​ភាគនៃ​អត្ថរស ធម្មរស វិមុត្តិរស អធិសីស អធិចិត្ត អធិប្បញ្ញា។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ ទ្រង់មានភាគ​នៃឈាន ៤ អប្បមញ្ញា ៤ អរូបសមាបត្តិ ៤។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ ទ្រង់​មានភាគ​នៃវិមោក្ខធម៌ ៨ អភិភាយតនៈ ៨ អនុបុព្វវិហារសមាបត្តិ ៩។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះ​ហេតុ​ព្រះមានព្រះភាគ ទ្រង់មាន​ភាគនៃ​សញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិ សមាធិ អសុភសមាបត្តិ។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ ទ្រង់មាន​ភាគនៃ​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទិ្ធបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរ​ប្រកបដោយ​អង្គ ៨។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុ​ព្រះមានព្រះភាគ ទ្រង់មានភាគ​នៃ​តថាគតពលៈ ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ពុទ្ធធម៌ ៦។ ព្រះនាមថា មានព្រះភាគ​នេះ មិនមែន​មាតាធ្វើ មិនមែន​បិតាធ្វើ មិនមែន​បងប្អូន​ប្រុសធ្វើ មិនមែន​បងប្អូន​ស្រីធ្វើ មិនមែន​ពួក​មិត្តអាមាត្យ​ធ្វើ មិនមែន​ពួកញាតិ​សាលោហិត​ធ្វើ មិនមែន​ពួក​សមណ​ព្រាហ្មណ៍​ធ្វើ មិនមែន​ពួក​ទេវតា​ធ្វើទេ នេះជា​ព្រះនាម​កើតក្នុង​ទីបំផុត​វិមោក្ខ​របស់ព្រះពុទ្ធ​ទាំងឡាយ​មានព្រះភាគ បញ្ញតិថា មានព្រះភាគនុ៎ះ កើតដោយ​ការធ្វើឲ្យ​ជាក់ច្បាស់ ព្រមទាំង​ការបាន​ចំពោះនូវ​សព្វញ្ញុតញ្ញាណ ទៀបគល់​នៃពោធិព្រឹក្ស។

ក្នុងពាក្យថា បុគ្គលគប្បីរំលត់អស្មិមានះទាំងពួង ដោយការ​យល់ សេចក្តីថា បញ្ញា លោកហៅថា ការយល់ បានខាងប្រាជ្ញា ការដឹងច្បាស់។ល។ ការមិនវង្វេង ការពិចារណា​ធម៌ ការយល់ត្រូវ។ ពាក្យថា អស្មិមានះ គឺការ​ប្រកាន់ថា អញមាន​ក្នុងរូប សេចក្តី​ពេញចិត្ត​ថា អញមាន​ការដេកត្រាំ​រឿយៗ ថា អញមាន​សេចក្តី​ប្រកាន់​ ថា​អញ​មាន​ក្នុង​វេទនា សញ្ញា សង្ខារ វិញ្ញាណ សេចក្តី​ពេញចិត្តថា អញមាន​ការដេក​ត្រាំរឿយៗ ថា អញមាន។ ពាក្យថា ព្រះមានព្រះភាគ​ត្រាស់ថា បុគ្គល​គប្បីរំលត់​ឫសគល់​នៃបបញ្ចសង្ខា និង​អស្មិមានះ​ទាំងពួង ដោយការ​យល់ បាន​សេចក្តីថា បុគ្គល​គប្បីរំលត់ គប្បីចូល​ទៅ​រំលត់ គប្បីរំលត់​មិនសល់ គប្បីរម្ងាប់ គប្បីឲ្យវិនាស គប្បីឲ្យ​ស្ងប់រម្ងាប់​នូវឫសគល់​នៃបបញ្ចសង្ខា និង​អស្មិមានះ​ផង​ទាំងពួង ដោយ​ការយល់ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា បុគ្គល​គប្បីរំលត់​ឫសគល់​នៃបបញ្ចសង្ខា និង​អស្មិមានះ​ទាំងពួង ដោយការយល់។

[៨] អធិប្បាយពាក្យថា តណ្ហាទាំងឡាយណាមួយ​ជាខាងក្នុង ត្រង់ពាក្យថា ណាមួយ គឺសព្វ​ទាំងអស់ គ្រប់ទាំងអស់ ឥតសេសសល់ មិនមាន​សេសសល់ ពាក្យថា ណាមួយនុ៎ះ ជាពាក្យ​អស់រលីង ពាក្យថា តណ្ហា បានដល់​រូបតណ្ហា។ល។ ធម្មតណ្ហា។ ពាក្យថា ជាខាងក្នុង គឺ​តណ្ហានោះ រមែងតាំង​ឡើងខាងក្នុង ហេតុនោះ ឈ្មោះថា ខាងក្នុង។ ម្យ៉ាងទៀត ចិត្ត លោកហៅថា ខាងក្នុង បានដល់ ចិត្ត មនៈ មានសៈ ហទយៈ បណ្ឌរៈ មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើត​អំពីវិញ្ញាណក្ខន្ធ។ តណ្ហានោះ ទៅជា​មួយគ្នា កើតជា​មួយគ្នា ច្រឡំគ្នា ប្រកបព្រម​ដោយចិត្ត ដោយមនៈ មាន​ការកើត​ក្នុងទីជា​មួយគ្នា មាន​ការរលត់​ក្នុងទី​ជាមួយគ្នា មាន​វត្ថុតែ​មួយ មាន​អារម្មណ៍​តែមួយ ដូច្នេះទើប​ឈ្មោះថា ខាងក្នុង ហេតុនោះ (ទ្រង់​ត្រាស់ថា) តណ្ហា​ទាំងឡាយ​ណាមួយ ជាខាង​ក្នុង។

[៩] អធិប្បាយពាក្យថា បុគ្គលគប្បីមានសតិ​សព្វកាល សិក្សា​ដើម្បី​បន្ទោបង់​តណ្ហា​ទាំងនោះ ត្រង់ពាក្យថា សព្វកាល គឺ​សព្វកាល គ្រប់កាល អស់កាល​ទាំងពួង អស់កាល​ជានិច្ច អស់កាល​ដ៏ទៀង អស់កាល​មិនដាច់ អស់កាល​រឿយៗ។ មិន​រោយរាយ ថែមហើយ​ថែមទៀត ជាប់តគ្នា មិនមាន​ចន្លោះ ដូចជា​រលកទឹក​ទង្គិចគ្នា ប៉ះពាល់គ្នា អស់​បុរេភត្ត បច្ឆាភត្ត អស់​បឋមយាម មជ្ឈិមយាម បច្ឆិមយាម អស់​កាឡបក្ខ ជុណ្ហបក្ខ អស់​រដូវភ្លៀង រដូវរងា រដូវក្តៅ អស់ចំណែក​បឋមវ័យ អស់ចំណែក​មជ្ឈិមវ័យ អស់ចំណែក​បច្ឆិមវ័យ។ ពាក្យថា មានសតិ គឺ​មានសតិ​ដោយហេតុ ៤ យ៉ាង គឺ​ចំរើន​កាយេ កាយានុបស្សនាសតិប្បដ្ឋាន ឈ្មោះថា មានសតិ (ចំរើន) វេទនាសុ វេទនានុបស្សនាសតិប្បដ្ឋាន ឈ្មោះថា មានសតិ (ចំរើន) ចិត្តេ ចិត្តានុបស្សនាសតិប្បដ្ឋាន ឈ្មោះថា មានសតិ (ចំរើន) ធម្មេសុ ធម្មានុបស្សនាសតិប្បដ្ឋាន ឈ្មោះថា មានសតិ។ មាន​សតិដោយ​ហេតុ ៤ ដទៃទៀត គឺ​មានសតិ ព្រោះវៀរបង់​នូវភាព​មិនមាន​សតិ មានសតិ​ព្រោះ​ធ្វើនូវ​ធម៌​ទាំងឡាយ ដែលគួរ​ធ្វើដោយ​សតិ មានសតិ ព្រោះ​កំចាត់បង់​នូវធម៌​ទាំងឡាយ ជាសត្រូវ​ដល់សតិ មានសតិ ព្រោះ​មិនភ្លេច​ធម៌ទាំងឡាយ ជានិម្មិត​របស់​សតិ។ មានសតិ​ដោយ​ហេតុ ៤ ដទៃទៀត គឺ​មានសតិ ព្រោះប្រកប​ដោយ​សតិ មានសតិ ព្រោះស្ទាត់​ដោយសតិ មានសតិ ព្រោះ​ជំនាញ​ដោយសតិ មានសតិ ព្រោះ​មិនបោះបង់​សតិ។ មានសតិ​ដោយ​ហេតុ ៤ ដទៃ​ទៀត គឺ​មានសតិ​ព្រោះមាន​សតិ​មិនដាច់ មានសតិ​ព្រោះមាន​សតិ​ជាប់ត មានសតិ​ព្រោះមាន​សតិ​រឿយៗ។ មានសតិ ព្រោះ​ប្រកប​ដោយធម៌​ជាប់​តៗគ្នា មានសតិ ព្រោះ​ពុទ្ធានុស្សតិ មានសតិ ព្រោះ​ធម្មានុស្សតិ មានសតិ​ព្រោះ​សង្ឃានុស្សតិ មានសតិ​ព្រោះ​សីលានុស្សតិ មានសតិ​ព្រោះ​ចាគានុស្សតិ មានសតិ​ព្រោះ​ទេវតានុស្សតិ មានសតិ​ព្រោះ​អានាបានស្សតិ មានសតិ​ព្រោះ​មរណស្សតិ មានសតិ ព្រោះ​កាយគតាសតិ មានសតិ ព្រោះ​ឧបសមានុស្សតិ។ សតិណា ការរលឹក​រឿយៗ រលឹក​ចំពោះ ធម្មជាតិ​ជាគ្រឿង​រលឹក ការរលឹក ការចាំបាន ការមិន​ភ្លេច សេចក្តី​មិនវង្វេង ធម្មជាតិ​ជាគ្រឿង​រលឹក សតិន្រ្ទិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គ ជាផ្លូវជាទី​ទៅនៃ​បុគ្គល​ម្នាក់ឯង នេះលោក​ហៅថា សតិ។ បុគ្គលណា ជាអ្នកចូល​ទៅជិត ប្រកប ចូលទៅជិត ប្រកបព្រម ចូលទៅរក ចូលទៅ​រកព្រម ចូលទៅដល់ ចូលទៅ​ដល់ព្រម ប្រកប​ព្រមដោយ​សតិនេះ បុគ្គលនោះ លោក​ហៅថា មានសតិ។

ពាក្យថា សិក្សា បានដល់សិក្ខា ៣ គឺ អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ អធិសីលសិក្ខា តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ មានសីល​ សង្រួម​ល្អ​​ក្នុង​បាតិមោក្ខ​សំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរៈ ឃើញភ័យ​ក្នុងទោស​សូម្បី​បន្តិច​បន្តួច សមាទាន សិក្សា​ក្នុងសិក្ខាបទ​ទាំងឡាយ សីលក្ខន្ធតូច សីលក្ខន្ធធំ សីលជា​ទីពឹង សីលជា​ខាងដើម ការប្រព្រឹត្តិ ការសង្រួម ការរវាំង ជាប្រធាន ជាប្រមុខ ដើម្បី​បាន​កុសលធម៌​ទាំងឡាយ នេះ អធិសីលសិក្ខា។

អធិចិត្តសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នក​ស្ងាត់ចាក​កាមទាំងឡាយ ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ ចូល​បឋមជ្ឈាន ប្រកប​ដោយវិតក្កៈ ប្រកប​ដោយវិចារៈ មានបីតិ និងសុខ ដែលកើត​អំពើសេចក្តី​ស្ងប់ស្ងាត់ ព្រោះ​រម្ងាប់​វិតក្កៈ និង​វិចារៈ ចូល​ទុតិយជ្ឈាន ជាធម្មជាត​កើតក្នុង​សន្តាន​នៃខ្លួន ប្រកប​ដោយសេចក្តី​ជ្រះថ្លា គឺសទ្ធា មាន​សភាព​ជាចិត្ត​ខ្ពស់ឯក មិនមាន​វិតក្កៈ មិនមាន​វិចារៈ មានតែ​បីតិ និងសុខៈ ដែល​កើតអំពី​សមាធិ។ ព្រោះនឿយ​ណាយចាក​បីតិផង ប្រកប​ដោយ​ឧបេក្ខាផង មានស្មារតី​ដឹងខ្លួន​ដោយ​ប្រពៃផង ទទួល​សុខដោយ​នាមកាយ​ផង ព្រះអរិយៈ​ទាំងឡាយ តែង​សរសើរ​បុគ្គល​ដែលបាន​តតិយជ្ឈាននោះ​ថា បុគ្គលនោះ ប្រកប​ដោយ​ឧបេក្ខា មានស្មារតី មានធម៌​ជាគ្រឿង​នៅជា​សុខដូច្នេះ ព្រោះ​តតិយជ្ឈានណា ក៏ចូល​តតិយជ្ឈាននោះ ព្រោះលះបង់​សុខផង ព្រោះ​លះបង់​ទុក្ខផង ព្រោះ​វិនាសទៅ​នៃ​សោមនស្ស និង​ទោមនស្ស​ក្នុង​កាលមុន ចូល​ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសេចក្តី​បរិសុទ្ធិ​ដោយ​ឧបេក្ខា និងសតិ នេះ អធិចិត្តសិក្ខា។

អធិប្បញ្ញាសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនា​នេះ ជាអ្នកមាន​ប្រាជ្ញា ប្រកប​ដោយ​ប្រាជ្ញា ប្រព្រឹត្ត​ទៅ​ក្នុងសេចក្តី​ចំរើន និងការ​វិនាស ជាប្រាជ្ញា​ដ៏ប្រសើរ ជាគ្រឿង​ទំលុះទំលាយ ជាដំណើរ​ទៅដើម្បី​ការអស់​ទុក្ខដោយ​ប្រពៃ ភិក្ខុនោះ ដឹងច្បាស់​តាម​ពិតថា នេះជាទុក្ខ ដឹងច្បាស់​តាមពិត​ថា នេះការ​ឲ្យកើតទុក្ខ ដឹងច្បាស់​តាមពិត​ថា នេះការ​រលត់ទុក្ខ ដឹងច្បាស់​តាមពិតថា នេះ​បដិបទា​ជាដំណើរ​ទៅដើម្បី​រលត់ទុក្ខ ដឹងច្បាស់​តាមពិត​ថា ទាំងនេះ​ជាអាសវៈ ដឹងច្បាស់​តាមពិតថា នេះការ​ឲ្យកើត​អាសវៈ ដឹងច្បាស់​តាមពិតថា នេះការ​រលត់​អាសវៈ ដឹងច្បាស់​តាមពិតថា នេះ​បដិបទា ជាដំណើរ​ទៅដើម្បី​ការរលត់​អាសវៈ នេះ អធិប្បញ្ញាសិក្ខា។

ពាក្យថា បុគ្គលគប្បីមានសតិសព្វកាល សិក្សា ដើម្បីបន្ទោបង់​តណ្ហា​ទាំងនោះ បាន​សេចក្តីថា គប្បី​សិក្សា​អធិសីលផង គប្បីសិក្សា​អធិចិត្តផង គប្បីសិក្សា​អធិប្បញ្ញាផង ដើម្បីនាំ​ចេញ ដើម្បីនាំ​ចេញចំពោះ ដើម្បី​លះបង់ ដើម្បី​រម្ងាប់ ដើម្បី​រលាស់​ចោល ដើម្បី​គ្របសង្កត់​នូវតណ្ហា​ទាំងនោះ គប្បី​នឹកសិក្សា​សិក្ខា​ទាំង ៣ នេះ គប្បីដឹង​សិក្សា គប្បីឃើញ​សិក្សា គប្បីពិចារណា​សិក្សា គប្បី​អធិដ្ឋាន​ចិត្តសិក្សា គប្បី​ជឿដោយ​សទ្ធា​សិក្សា គប្បី​ផ្គងព្យាយាម​សិក្សា គប្បី​តំកល់​នូវសតិ​សិក្សា គប្បី​តំកល់​ចិត្ត​សិក្សា គប្បីដឹង​ច្បាស់ដោយ​បញ្ញាសិក្សា គប្បី​ដឹងចំពោះ​នូវ​អភិញ្ញេយ្យធម៌​សិក្សា គប្បី​កំណត់ដឹង​នូវ​បរិញ្ញេយ្យធម៌​សិក្សា គប្បីលះបង់​នូវ​បហាតព្វធម៌​សិក្សា គប្បី​ចំរើន​ភាវេតព្វធម៌​សិក្សា គប្បីធ្វើ​ឲ្យជាក់ច្បាស់​នូវ​សច្ឆិកាតព្វធម៌​សិក្សា ប្រព្រឹត្តទួទៅ ប្រព្រឹត្ត​ទួទៅព្រម ប្រព្រឹត្ត​សមាទាន ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​គប្បីមាន​សតិសព្វកាល​ សិក្សា​ដើម្បី​បន្ទោបង់​តណ្ហា​ទាំងនោះ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលគប្បី​រំលត់​ឫសគល់​នៃ​បបញ្ចសង្ខា និង​អស្មិមានះ​ទាំងពួង​ដោយការ​យល់ តណ្ហា​ទាំងឡាយ​ណាមួយ ជាខាងក្នុង បុគ្គល​គប្បី​មានសតិ​សព្វកាល​សិក្សា ដើម្បី​បន្ទោបង់​នូវតណ្ហា​ទាំងនោះ។

[១០] បុគ្គលគប្បីដឹងនូវធម៌ណាមួយ ជាខាង​ក្នុង ឬខាងក្រៅ មិនគប្បី​ធ្វើនូវ​កំឡាំង​ដោយ​ធម៌នោះ ការរលត់​នោះ ពួកសប្បុរស​មិនបាន​ពោលហើយ។

[១១] ពាក្យថា បុគ្គលគប្បី​ដឹងនូវធម៌​ណាមួយ​ជាខាងក្នុង អធិប្បាយថា បុគ្គល​គប្បីដឹង​គុណណា​មួយរបស់​ខ្លួន ក្នុង​កុសលធម៌​ក្តី ក្នុង​អព្យាកតធម៌​ក្តី។ គុណរបស់ខ្លួន តើ​ដូចម្តេច។ បុគ្គល (ចេញ) អំពី​ត្រកូលខ្ពស់ ហើយបួសក្តី អំពី​ត្រកូលធំ ហើយបួសក្តី អំពី​ត្រកូល​មានភោគៈ​ច្រើន ហើយបួស​ក្តី អំពី​ត្រកូល​មានភោគៈ​ដ៏លើសលុប ហើយ​បួសក្តី (ដឹង) ថា អាត្មាអញ ជាអ្នក​ល្បីល្បាញ មានយស​ជាងពួក​គ្រហស្ថ និងបព្វជិត​ក្តី (ដឹង) ថា អញជា​អ្នកបាន​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ក្តី ថាជា​អ្នកទ្រទ្រង់​ព្រះសូត្រ​ក្តី ជាអ្នក​ទ្រទ្រង់​វិន័យក្តី ជាធម្មកថិក​ក្តី ជាអ្នក​ប្រព្រឹត្ត​អារញ្ញិក​ធុតង្គ​ក្តី ជាអ្នក​ប្រព្រឹត្ត​បិណ្ឌបាតិកធុតង្គ​ក្តី ជាអ្នក​ប្រព្រឹត្ត​បំសុកូលិកធុតង្គ​ក្តី ជាអ្នក​ប្រព្រឹត្ត​តេចីវរិកធុតង្គ​ក្តី ជាអ្នក​ប្រព្រឹត្ត​សបទានចារិកធុតង្គ​ក្តី ជាអ្នក​ប្រព្រឹត្ត​ខលុបច្ឆាភត្តិកធុតង្គ​ក្តី ជាអ្នក​ប្រព្រឹត្ត​នេសជ្ជិកធុតង្គ​ក្តី ជាអ្នក​ប្រព្រឹត្ត​យថាសន្ថតិកធុតង្គ​ក្តី បាន​បឋមជ្ឈានក្តី បាន​ទុតិយជ្ឈាន​ក្តី បាន​តតិយជ្ឈាន​ក្តី បាន​ចតុត្ថជ្ឈាន​ក្តី បាន​អាកាសានញ្ចាយតន​សមាបត្តិ​ក្តី បាន​វិញ្ញាណញ្ចា​យតនសមាបត្តិ​ក្តី បាន​អាកិញ្ចញ្ញាយតន​សមាបត្តិ​ក្តី បាន​នេវសញ្ញានាសញ្ញាយតន​សមាបត្តិ​ក្តី ទាំងនេះ​ហៅថា គុណរបស់​ខ្លួន។ បុគ្គល​គប្បីដឹង គប្បី​ដឹងទួទៅ គប្បីដឹង​ផ្សេងៗ គប្បីដឹង​ចំពោះ គប្បី​ចាក់ធ្លុះ នូវគុណ​ណាមួយ​របស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់​ថា) គប្បីដឹង​នូវធម៌ណា​មួយជា​ខាងក្នុង។ ពាក្យថា ខាងក្រៅ គឺគុណ​ទាំងនោះ គប្បីមាន​ដល់​ឧបជ្ឈាយ៍ ឬអាចារ្យ ហេតុនោះ (ទ្រង់ត្រាស់) ថា ជាខាងក្នុង ឬខាងក្រៅ។

[១២] ពាក្យថា បុគ្គលមិនគប្បីធ្វើនូវកម្លាំង ដោយធម៌នោះ គឺមិន​គប្បីធ្វើ​នូវកម្លាំង មិនគប្បី​ធ្វើនូវ​សេចក្តី​រឹងត្អឹង មិនគប្បី​ធ្វើនូវសេចក្តី​ប្រកាន់ មិនគប្បី​ធ្វើនូវការ​ប៉ោងឡើង មិនគប្បី​ធ្វើនូវ​ការ​ក្រអឺតក្រអោង​ដោយគុណ​របស់ខ្លួន​ផង ដោយគុណ​របស់​បុគ្គល​ដទៃផង មិនគប្បី​ញុំាង​សេចក្តី​ប្រកាន់ឲ្យ​កើត​ដោយគុណ​នោះ មិនគប្បី​រឹងរូស រឹងរូស​ក្រៃលែង មានក្បាល​ងើបឡើង​ដោយគុណ​នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​ធ្វើនូវកម្លាំង​ដោយធម៌​នោះ។

[១៣] ពាក្យថា សេចក្តីរលត់​នោះ ពួកសប្បុរស​មិនពោល​ហើយ គឺសេចក្តី​រលត់នោះ ពួកអ្នក​ស្ងប់ អ្នករម្ងាប់ សប្បុរស គឺព្រះពុទ្ធ សាវ័ក​របស់​ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ​ទាំងឡាយ មិនពោល មិនពោលសព្វគ្រប់ មិនប្រាប់ មិនសំដែង មិនបញ្ញត្ត មិនតាំងទុក មិនបើក មិនចែក មិនធ្វើឲ្យរាក់ មិនប្រកាស​ហើយ ហេតុនោះ ទ្រង់ត្រាស់​ថា សេចក្តី​រលត់​នោះ ពួកសប្បុរស​មិនពោល​ហើយ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

បុគ្គលគប្បីដឹងនូវធម៌ណាមួយជាខាងក្នុង ឬខាងក្រៅ បុគ្គល​មិនគប្បី​ធ្វើនូវកម្លាំង​ដោយធម៌នោះ សេចក្តី​រលត់នោះ ពួកសប្បុរស​មិនពោល​ហើយ។

[១៤] បុគ្គល មិនគប្បីសំគាល់ថា ប្រសើរជាង ថាថោកទាបជាង ឬថា​ស្មើគ្នា​ដោយគុណ​នោះឡើយ បុគ្គល​បើត្រូវអាការៈ​ទាំងឡាយ មាន​សភាព​ជាអនេក គ្របសង្កត់​ហើយ មិន​គប្បីតាំង​ខ្លួនទេ។

[១៥] ពាក្យថា មិនគប្បីសំគាល់ថា ប្រសើរ​ជាងដោយ​គុណនោះ គឺមិន​គប្បីញុំាង​មានះ​ឲ្យកើតថា អញជា​អ្នកប្រសើរ​ដូច្នេះ ដោយជាតិក្តី គោត្រក្តី ភាពនៃខ្លួន​ជាកូន​អ្នកមាន​ត្រកូលក្តី ភាពនៃ​ខ្លួនមាន​សម្បុរ​ល្អក្តី ទ្រព្យក្តី ការស្វាធ្យាយន៍​ក្តី ការងារក្តី សិល្បៈ​ក្តី ថ្នាក់នៃ​វិជ្ជាក្តី សុតៈក្តី បដិភាណក្តី វត្ថុណាមួយក្តី ហេតុនោះ ទ្រង់ត្រាស់ថា មិនគប្បី​សំគាល់ថា ប្រសើរ​ជាង ដោយគុណ​នោះ។

[១៦] ពាក្យថា ថោកទាបជាង ឬថាស្មើគ្នា គឺបុគ្គល​មិនគប្បី​ញុំាងសេចក្តី​ប្រកាន់ទាប ឲ្យកើត​ឡើងថា អញជា​អ្នកថោកទាប​ដូច្នេះ ដោយជាតិក្តី គោត្រក្តី។បេ។ វត្ថុណា​មួយក្តី មិនគប្បី​ញុំាង​សេចក្តីប្រកាន់​ឲ្យកើតឡើង​ថា អញជាអ្នក​ស្មើគ្នា​ដូច្នេះ ដោយជាតិក្តី គោត្រក្តី ភាពនៃខ្លួន​ជាកូនអ្នក​មានត្រកូល​ក្តី ភាពនៃខ្លួន​មានសម្បុរល្អ​ក្តី ទ្រព្យក្តី ការស្វាធ្យាយន៍​ក្តី ការងារក្តី សិល្បៈក្តី ថ្នាក់នៃ​វិជ្ជាក្តី សុតៈក្តី បដិភាណ​ក្តី វត្ថុណា​មួយក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ថោកទាបជាង ឬថាស្មើគ្នា។

[១៧] ពាក្យថា បុគ្គល បើត្រូវអាការៈទាំងឡាយ មានសភាព​ជាអនេក គ្របសង្កត់​ហើយ គឺអាការៈ​មានប្រការៈ​ជាអនេក គ្របសង្កត់ បៀតបៀន រួបរឹត ចោមរោម​ហើយ ហេតុនោះ (ទ្រង់ត្រាស់​ថា) បុគ្គល បើត្រូវអាការៈ​ទាំងឡាយ មាន​សភាព​ជាអនេក គ្របសង្កត់​ហើយ។

[១៨] ពាក្យថា មិនគប្បីតាំងខ្លួន សេចក្តីថា អត្តា លោកហៅថា ខ្លួន បុគ្គល​មិនគប្បី​តាំង តែងតាំង ដល់នូវ​ការតែងតាំង​ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​តាំងខ្លួន ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គល មិនគប្បីសំគាល់ថាប្រសើរជាង ថា​ថោកទាប​ជាង ឬថា​ស្មើគ្នា ដោយគុណ​នោះឡើយ បុគ្គល បើត្រូវ​អាការៈ​ទាំងឡាយ មានសភាព​ជាអនេក គ្របសង្កត់​ហើយ មិនគប្បី​តាំងខ្លួន​ទេ។

[១៩] ភិក្ខុគប្បីរម្ងាប់កិលេសខាងក្នុងតែម្យ៉ាង មិន​គប្បីស្វែង​រក​នូវការ​ស្ងប់ដោយ​ឧបាយ​ដទៃទេ ភិក្ខុ​រម្ងាប់កិលេស​ខាងក្នុង អត្តា​មិនមាន ឬនិរត្តា នឹង​មានពីណា។

[២០] ពាក្យថា គប្បីរម្ងាប់កិលេសខាងក្នុង​តែម្យ៉ាង គឺគប្បី​រម្ងាប់រាគៈ គប្បី​រម្ងាប់​ទោសៈ គប្បី​រម្ងាប់មោហៈ​ខាងក្នុង គប្បីរម្ងាប់ គប្បីចូល​ទៅរម្ងាប់ គប្បី​ឲ្យស្ងប់ គប្បីឲ្យ​រលត់ គប្បី​ឲ្យរម្ងាប់​ចំពោះ​នូវកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ និងកិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់ក្រវាយ​ទាំងពួង សេចក្តី​ក្តៅក្រហាយ​ទាំងពួង សេចក្តី​អន្ទះអន្ទែង​ទាំងពួង អកុសលាភិសង្ខារ​ទាំងពួង ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បីរម្ងាប់​កិលេស​ខាងក្នុង​តែម្យ៉ាង។

[២១] ពាក្យថា ភិក្ខុមិនគប្បីស្វែងរកនូវការរម្ងាប់​ដោយឧបាយ​ដទៃទេ គឺភិក្ខុ​មិនគប្បី​ស្វែងរក មិនគប្បី​គន់រក មិនគប្បី​គន់រក​រឿយៗ នូវការស្ងប់ ការចូលទៅ​ជិតស្ងប់ ការរម្ងាប់ ការរលត់ ការស្ងប់រម្ងាប់​ដោយផ្លូវ​ដទៃ ផ្លូវមិន​បរិសុទ្ធ បដិបទាខុស ផ្លូវមិនមែន​ជាទី​ស្រោចស្រង់​សត្វ វៀរចាក​សតិប្បដ្ឋាន វៀរចាក​សម្មប្បធាន វៀរចាក​ឥទ្ធិបាទ វៀរចាក​ឥន្ទ្រិយ វៀរចាកពលៈ វៀរចាក​ពោជ្ឈង្គ វៀរចាក​អដ្ឋង្គិកមគ្គ​ដ៏ប្រសើរ ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុមិន​គប្បីស្វែង​រក​នូវការ​រម្ងាប់​ដោយឧបាយ​ដទៃទេ។

[២២] ពាក្យថា ភិក្ខុរម្ងាប់កិលេសខាងក្នុងហើយ គឺរម្ងាប់រាគៈ រម្ងាប់ទោសៈ​ខាងក្នុង។បេ។ រម្ងាប់ ចូលទៅរម្ងាប់ ស្ងប់ រលត់ ឲ្យស្ងប់រម្ងាប់ នូវ​អកុសលាភិសង្ខារ​ទាំងពួង ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុរម្ងាប់កិលេស​ខាងក្នុង​ហើយ។

[២៣] អធិប្បាយពាក្យថា អត្តា មិនមាន ឬថា និរត្តា (នឹងមាន) អំពីណា ត្រង់​ពាក្យថា មិនមាន គឺជាពាក្យ​ហាមឃាត់។

ពាក្យថា អត្តា គឺសស្សតទិដ្ឋិ មិនមាន ពាក្យថា និរត្តា គឺ​ឧច្ឆេទទិដ្ឋិ មិនមាន។ ការ​ប្រកាន់ថា អត្តា មិនមាន ការគប្បី​លែងថា និរត្តា មិនមាន។ ការប្រកាន់​នៃបុគ្គលណា មិនមាន ការគប្បី​លែង​នៃ​បុគ្គលនោះ មិនមាន។ ការគប្បីលែង​នៃបុគ្គល​ណា មាន ការប្រកាន់​នៃបុគ្គល​នោះ ក៏មាន។ ព្រះអរហន្តកន្លង​នូវការប្រកាន់ និងការ​លែង គឺ​ប្រព្រឹត្ត​កន្លងនូវ​សេចក្តី​ចំរើន និង​សេចក្តី​សាបសូន្យ។ ព្រះអរហន្តនោះ មានការនៅ (ក្នុង​អរិយវាសៈ) នៅរួចហើយ មានការប្រព្រឹត្តិ​សន្សំហើយ។បេ។ ភពថ្មីនៃលោក មិនមានទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) អត្តា មិនមាន ឬថា និរត្តា (នឹងមាន) អំពីណា។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ហើយ​ថា

ភិក្ខុគប្បីរម្ងាប់កិលេសខាងក្នុងតែម្យ៉ាង មិនគប្បីស្វែង​រកនូវ​ការរម្ងាប់​ដោយ​ឧបាយ​ដទៃទេ ភិក្ខុ​រម្ងាប់​កិលេសខាង​ក្នុង​ហើយ អត្តា មិនមានទេ ឬថា និរត្តា នឹងមាន​អំពីណា។

[២៤] រលកមិនកើតត្រង់ទីពាក់កណ្តាល​នៃសមុទ្រ (សមុទ្រនោះ) តាំងនៅនឹង យ៉ាងណា​មិញ ភិក្ខុគប្បី​តាំងនៅ​នឹងនួន មិនញាប់ញ័រ យ៉ាងនោះឯង មិនគប្បីធ្វើ​នូវការ​ប៉ោងឡើង​ក្នុងហេតុ​នីមួយ។

[២៥] ពាក្យថា រលកមិនកើតត្រង់ទីពាក់កណ្តាល​នៃសមុទ្រ (សមុទ្រនោះ) តាំងនៅ​នឹង យ៉ាងណាមិញ អធិប្បាយថា សមុទ្រមាន​ជំរៅទៅ​ខាងក្រោម ប្រាំបីម៉ឺន​បួនពាន់​យោជន៍ ទឹកខាងក្រោម​បួនម៉ឺនយោជន៍ កម្រើកដោយ​ហ្វូងត្រី និងអណ្តើក ទឹកខាង​លើ​បួនម៉ឺនយោជន៍ កម្រើកដោយ​ខ្យល់ ទឹកត្រង់កណ្តាល​បួនពាន់យោជន៍ មិនកម្រើក មិនរង្គើ មិនញ័រ មិនរញ្ជួយ មិនរញ្ជួយខ្លាំង មិនវិល ជាសមុទ្រ​មិនកម្រើក មិន​រំជួល មិនកក្រើក មិនកករ មិនផុល ជាសមុទ្រ​ស្ងប់ស្ងាត់ រលកក្នុង​ទីនោះ មិនកើតឡើង តាំងនៅ​នឹង យ៉ាងណា​មិញ ហេតុនោះ (ទ្រង់​ត្រាស់ថា) រលក​មិនកើតឡើង​ត្រង់ទី​ពាក់កណ្តាល​សមុទ្រ តាំងនៅ​នឹង យ៉ាងណា​មិញ (ភិក្ខុតាំង​នៅនឹង) យ៉ាង​នេះឯង។ ម្យ៉ាងទៀត សីទន្តរសមុទ្រ​ក្នុងចន្លោះ​ភ្នំទាំង ៧ ទឹកក្នុង​សមុទ្រនោះ មិនកម្រើក មិនរង្គើ មិនញ័រ មិនរញ្ជួយ មិនរញ្ជួយ​ខ្លាំង មិនវិល ជាសមុទ្រ​មិនកម្រើក មិនរំជួល មិនកក្រើក មិនកករ មិនផុល ជាសមុទ្រ​ស្ងប់ស្ងាត់ រលក​មិនកើតក្នុង​សមុទ្រនោះ សមុទ្រ​តាំងនៅនឹង ហេតុនោះ (ទ្រង់ត្រាស់​ថា) រលក​មិនកើត​ត្រង់ទីពាក់​កណ្តាល​នៃសមុទ្រ (សមុទ្រ​នោះ) តាំងនៅ​នឹង យ៉ាង​ណាមិញ (ភិក្ខុតាំង​នៅនឹង) យ៉ាង​នេះឯង។

[២៦] អធិប្បាយពាក្យថា ភិក្ខុគប្បីតាំងនៅនឹងនួន មិនញាប់ញ័រ​យ៉ាងនោះឯង ត្រង់ពាក្យថា យ៉ាងនោះ គឺជាពាក្យញុំាង​សេចក្តី​ឧបមាឲ្យ​សម្រេច ពាក្យថា តាំងនៅ​នឹងនួន គឺមិនកម្រើក មិនកក្រើក​ព្រោះលាភ មិនកម្រើក​ព្រោះ​ឥតលាភ មិនកម្រើក ព្រោះយស មិនកម្រើក​ព្រោះឥតយស មិនកម្រើក​ព្រោះសេចក្តី​សរសើរ មិនកម្រើក ព្រោះនិន្ទា មិនកម្រើក​ព្រោះសេចក្តី​សុខ មិនកក្រើក មិន​ឃ្លេងឃ្លោង មិនញាប់ញ័រ មិន​ញាប់ញ័រ​ខ្លាំង មិនញាប់ញ័រ​ព្រម សូម្បី​ព្រោះទុក្ខ ហេតុនោះ (ទ្រង់​ត្រាស់ថា) តាំងនៅ​នឹង យ៉ាងនោះ​ឯង។ ពាក្យថា មិនញាប់ញ័រ សេចក្តីថា តណ្ហា ហៅថា ការញាប់ញ័រ បានខាង​តម្រេក តម្រេកខ្លាំង។ល។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហាជាគ្រឿង​ញាប់ញ័រនោះ បុគ្គលណា លះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យ​កើតឡើង​បាន ដុតដោយ​ភ្លើង គឺញាណ​ហើយ បុគ្គលនោះ លោកហៅថា អ្នកមិន​ញាប់ញ័រ។ បុគ្គល​អ្នកមិន​ញាប់ញ័រ ព្រោះលះបង់​តណ្ហាជា​គ្រឿងញាប់ញ័រ។ បុគ្គលនោះ រមែង​មិនញាប់ញ័រ សូម្បី​ព្រោះលាភ មិនញាប់ញ័រ សូម្បីព្រោះ​ឥតលាភ មិនញាប់​ញ័រសូម្បី​ព្រោះយស មិនញាប់​ញា័រ​សូម្បី​ព្រោះ​ឥតយស មិនញាប់ញ័រ​សូម្បីព្រោះ​សេចក្តីសរសើរ មិនញាប់ញ័រ សូម្បី​ព្រោះ​និន្ទា មិនញាប់ញ័រ​សូម្បី​ព្រោះសុខ មិនញាប់ញ័រ មិនឃ្លេងឃ្លោង មិនរន្ធត់ មិន​រន្ធត់ខ្លាំង មិន​ត្រឡប់​រន្ធត់ព្រម សូម្បី​ព្រោះទុក្ខ ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុ​គប្បីតាំង​នៅនឹងនួន មិនញាប់ញ័រ យ៉ាងនោះ​ឯង។

[២៧] អធិប្បាយពាក្យថា មិនគប្បីធ្វើនូវការ​ប៉ោងឡើង​ក្នុងហេតុ​នីមួយ ត្រង់​ពាក្យថា ការប៉ោងឡើង បានដល់ ការប៉ោងឡើង ៧ គឺការប៉ោង​ឡើង​គឺរាគៈ ការប៉ោង​ឡើងគឺ​ទោសៈ ការប៉ោង​ឡើងគឺ​មោហៈ ការប៉ោងឡើង​គឺមានះ ការប៉ោងឡើង​គឺទិដ្ឋិ ការប៉ោង​ឡើងគឺ​កិលេស ការប៉ោងឡើង​គឺកម្ម។ ភិក្ខុមិន​គប្បីធ្វើ មិនគប្បី​ឲ្យកើត មិនគប្បី​ឲ្យកើតព្រម មិន​គប្បីបង្កើត មិនគប្បី​បង្កើត​ចំពោះនូវ​ការប៉ោងឡើង​នោះ។ ពាក្យថា ក្នុងហេតុ​នីមួយ គឺក្នុងហេតុ​នីមួយ អ្វីៗ ណាៗ ខាងក្នុង​ក្តី ខាងក្រៅក្តី ទាំងខាងក្នុង ខាងក្រៅក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​ធ្វើនូវការ​ប៉ោងឡើង​ក្នុងហេតុ​នីមួយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់​ហើយ​ថា

រលកមិនកើតត្រង់ទីពាក់កណ្តាលនៃសមុទ្រ (សមុទ្រនោះ) តាំងនៅ​នឹង យ៉ាងណា​មិញ ភិក្ខុគប្បី​តាំងនៅ​នឹងនួន មិនញាប់ញ័រ យ៉ាងនោះ​ឯង មិនគប្បី​ធ្វើនូវការ​ប៉ោងឡើង​ក្នុងហេតុ​នីមួយ។

[២៨] (ព្រះពុទ្ធនិម្មិតត្រាស់ថា) ព្រះអង្គមានចក្ខុបើកហើយ បានសំដែង​ធម៌ដែល​ព្រះអង្គ​ជ្រាប ដោយ​ព្រះអង្គឯង ជាគ្រឿង​នាំចេញនូវ​អន្តរាយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះអង្គ​សំដែងនូវ​បដិបទា បាតិមោក្ខ និងសមាធិ។

[២៩] អធិប្បាយពាក្យថា ព្រះអង្គមានចក្ខុបើកហើយ បានសំដែង ត្រង់ពាក្យថា បាន​សំដែង គឺបាន​សំដែង ប្រាប់ ពន្យល់ បញ្ញត តែងតាំង បើក ចែក ធ្វើឲ្យងាយ ប្រកាស ហេតុនោះ (ទ្រង់ត្រាស់) ថា បានសំដែង។ ពាក្យថា មានចក្ខុ​បើកហើយ គឺ​ព្រះមានព្រះភាគ ទ្រង់មាន​ចក្ខុបើក​ហើយ ដោយចក្ខុ ៥ គឺមាន​ចក្ខុបើក ដោយ​មំសចក្ខុ ១ មាន​ចក្ខុបើក ដោយ​ទិព្វចក្ខុ ១ មាន​ចក្ខុបើក ដោយ​បញ្ញាចក្ខុ ១ មាន​ចក្ខុបើក ដោយ​ពុទ្ធចក្ខុ ១ មានចក្ខុ​បើក ដោយ​សមន្តចក្ខុ ១។

ព្រះមានព្រះភាគ មានចក្ខុបើក ដោយមំសចក្ខុ តើដូចម្តេច។ ក្នុង​មំសចក្ខុ​របស់​ព្រះមានព្រះភាគ មាន​សម្បុរ ៥ គឺ​សម្បុរខៀវ ១ សម្បុរលឿង ១ សម្បុរក្រហម ១ សម្បុរខ្មៅ ១ សម្បុរ-ស ១។ រោមព្រះនេត្រ​ឋិតនៅ​ត្រង់ទីណា ទីនោះមាន​សម្បុរខៀវ ខៀវល្អ គួរជ្រះថ្លា គួររមិល​មើល ស្រដៀង​នឹង​ផ្កាត្រគៀត។ ទីក្រៅ​អំពីនោះ មាន​សម្បុរលឿង លឿងល្អ ដូច​សម្បុរមាស គួរជ្រះថ្លា គួររមិល​មើល ស្រដៀង​នឹង​ផ្កាកណ្ណិការ។ រណ្តៅ​ព្រះនេត្រ​ទាំងពីរខាង​របស់​ព្រះមានព្រះភាគ មានសម្បុរ​ក្រហម ក្រហម​ល្អ គួរជ្រះថ្លា គួររមិល​មើល ស្រដៀងនឹង​អណ្តើកមាស។ ត្រង់កណ្តាល មាន​សម្បុរខ្មៅ ខ្មៅល្អ មិនមាន​សៅហ្មង យ៉ាងសិ្នទ្ធ គួរជ្រះថ្លា គួររមិល​មើល ស្រដៀង​នឹង​ផ្លែផ្គាំ។ ក្រៅអំពី​ទីនោះ មានសម្បុរស សល្អ សស្រស់ សសុទ្ធ គួរជ្រះថ្លា គួររមិលមើល ស្រដៀង​នឹងផ្កាយព្រឹក។ ព្រះមានព្រះភាគ ទ្រង់ទត​ឃើញជុំវិញ​ចម្ងាយ ១ យោជន៍ ទាំងយប់​ទាំងថ្ងៃ ដោយ​ព្រះមំសចក្ខុ តាមប្រក្រតីនោះ ដែលរាប់​ចូលក្នុង​អត្តភាព កើតអំពី​សុចរិតកម្ម​ក្នុងកាលមុន។ ទោះបី​ងងឹត​ប្រកប​ដោយអង្គ ៤ គឺព្រះអាទិត្យ​អស្តង្គត ១ ថ្ងៃឧបោសថ​ខាងកាឡបក្ខ ១ ដងព្រៃ​ដែលញឹក ១ អាកាស​មេឃដ៏​ធំតាំង​ឡើង ១ ព្រះមានព្រះភាគ ទ្រង់ទត​ឃើញជុំវិញ​ចម្ងាយ ១ យោជន៍ ក្នុងទីងងឹត​ប្រកប​ដោយអង្គ ៤ សូម្បី​មានសភាព​យ៉ាងនេះ។ មិនមាន​ជញ្ជាំង សន្ទះទ្វារ កំពែង ភ្នំ គុម្ពឈើ វល្លិ៍ ជាគ្រឿង​រារាំង​ដើម្បី​ឃើញរូប​ទាំងឡាយ​ទេ។ បើទុកជា​គេដាក់គ្រាប់​ល្ងមួយ​គ្រាប់ ក្នុង​រទេះពេញ​ដោយល្ង ធ្វើឲ្យជា​គ្រឿងចំណាំ ក៏នៅតែ​ព្រះមានព្រះភាគ ទ្រង់រើស​យកគ្រាប់​ល្ងនោះបាន​វិញ​ដដែល។ ព្រះមំសចក្ខុ​ជាប្រក្រតី​របស់​ព្រះមានព្រះភាគ បរិសុទ្ធ​យ៉ាងនេះ។ ព្រះមានព្រះភាគ ឈ្មោះថា មានចក្ខុ​បើកហើយ ដោយ​មំសចក្ខុ យ៉ាងនេះ​ឯង។

ព្រះមានព្រះភាគ មានចក្ខុបើកហើយ​ដោយទិព្វចក្ខុ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់មាន​ចក្ខុដូចជា​ទិព្វ បរិសុទ្ធ​កន្លង​ផុតចក្ខុ​របស់​មនុស្ស ទ្រង់ទត​ឃើញ​ពួកសត្វ​កំពុងច្យុត កំពុងកើត ជាសត្វ​ថោកទាប ខ្ពង់ខ្ពស់ មានវណ្ណៈ​ល្អ មានវណ្ណៈ​អាក្រក់ មានដំណើរ​ល្អ មានដំណើរ​អាក្រក់ ដឹងច្បាស់​នូវពួកសត្វ ដែល​អន្ទោល​ទៅតាម​កម្មថា អើហ្ន៎ ពួកសត្វ​ដ៏ចំរើន​ទាំងឡាយ​នេះ ប្រកបដោយ​កាយទុច្ចរិត ប្រកបដោយ​វចីទុច្ចរិត ប្រកប​ដោយ​មនោទុច្ចរិត ជាអ្នក​តិះដៀល​ពួក​ព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ សមាទាន​អំពើជា​មិច្ឆាទិដ្ឋិ សត្វ​ទាំងនោះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ ក៏ទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្យ៉ាងទៀត ពួកសត្វដ៏​ចំរើន​នេះ ប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជាអ្នកមិន​តិះដៀល​នូវពួក​ព្រះអរិយៈ ជា​សម្មាទិដ្ឋិ សមាទាន​អំពើជា​សម្មាទិដ្ឋិ សត្វទាំងនោះ លុះបែក​ធ្លាយរាង​កាយស្លាប់ទៅ ក៏​ទៅកើត​ក្នុងសុគតិ សួគ៌ ទេវលោក ព្រះមានព្រះភាគ ទ្រង់មាន​ចក្ខុដូចជា​ទិព្វ បរិសុទ្ធ​កន្លង​ផុតចក្ខុ​របស់​មនុស្ស ទ្រង់ឃើញ​ពួកសត្វដែល​កំពុងច្យុត កំពុងកើត ជាសត្វ​ថោកទាប ខ្ពង់ខ្ពស់ មានវណ្ណៈ​ល្អ មានវណ្ណៈ​អាក្រក់ មានដំណើរ​ល្អ មានដំណើរ​អាក្រក់ ទ្រង់ជ្រាប​នូវពួក​សត្វ​ដែលអន្ទោល​ទៅតាមកម្ម​យ៉ាងនេះ។ មួយទៀត កាលបើ​ព្រះមានព្រះភាគ ប្រាថ្នា​នឹងឃើញ គប្បីឃើញ​លោកធាតុ​មួយខ្លះ ឃើញ​លោកធាតុ​ពីរខ្លះ ឃើញ​លោកធាតុ ៣ ខ្លះ ឃើញ​លោកធាតុ ៤ ខ្លះ ឃើញ​លោកធាតុ ៥ ខ្លះ ឃើញ​លោកធាតុ ១០ ខ្លះ ឃើញ​លោកធាតុ ២០ ខ្លះ ឃើញ​លោកធាតុ ៣០ ខ្លះ ឃើញ​លោកធាតុ ៤០ ខ្លះ ឃើញ​លោកធាតុ ៥០ ខ្លះ ឃើញ​លោកធាតុ​យ៉ាងតូច ១ ពាន់ខ្លះ ឃើញ​លោកធាតុ​ជាកណ្តាល​មួយពាន់ [ពាក្យថា មួយពាន់​ពីរជាន់ គឺតាំង​មួយពាន់ យកមួយពាន់​គុណ បាន ១.០០០.០០០។] ពីរជាន់ខ្លះ ទតឃើញ​លោកធាតុ​មួយពាន់ [ពាក្យថា មួយពាន់បីជាន់ គឺតាំង​មួយពាន់ យកមួយពាន់​គុណពីរលើក បានជា ១.០០០.០០០.០០០ ហៅថា មហាហស្សីលោកធាតុ។ អដ្ឋកថា។] បីជាន់ខ្លះ ឈ្មោះថា ទតឃើញ​មហាសហស្សី​លោកធាតុ​ខ្លះ។ មួយទៀត បើ​ព្រះមានព្រះភាគ ទ្រង់ប្រាថ្នា​ត្រឹមណា គប្បី​ទតឃើញ​ត្រឹមណោះ។ ទិព្វចក្ខុ​របស់​ព្រះមានព្រះភាគ បរិសុទ្ធ​យ៉ាងនេះ។ ព្រះមានព្រះភាគ​ឈ្មោះថា មានចក្ខុ​បើកហើយ ដោយ​ចក្ខុដូច​ជាទិព្វ យ៉ាងនេះ។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុបើកហើយ ដោយ​បញ្ញាចក្ខុ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់មាន​ប្រាជ្ញាច្រើន មានប្រាជ្ញា​ក្រាស់ មានប្រាជ្ញា​រីករាយ មាន​ប្រាជ្ញារហ័ស មាន​ប្រាជ្ញាមុត មានប្រាជ្ញា​ទំលុះទំលាយ​នូវកិលេស ឈ្លាស​ក្នុងប្រភេទ​នៃ​ប្រាជ្ញា បែក​ព្រះញាណ ទ្រង់បាន​បដិសម្ភិទា ទ្រង់ដល់​នូវសេចក្តី​ក្លៀវក្លា ៤ យ៉ាង ទ្រទ្រង់​នូវកម្លាំង ១០ ជាបុរស​ដ៏ប្រសើរ ជាបុរស​ដូចសីហៈ ជាបុរសនាគ ជា​បុរស​អាជានេយ្យ ជាបុរស​អាចនាំទៅ​នូវធុរៈ ជា​អនន្តញ្ញាណ មានតេជះ​ជាអនន្ត មានយស​ជាអនន្ត ទ្រង់​ស្តុកស្តម្ភ មាន​ទ្រព្យច្រើន មានធនធាន ដឹកនាំទូន្មាន ប្រៀនប្រដៅ ពន្យល់ ធ្វើសត្វ​ឲ្យពិនិត្យ សំឡឹង ធ្វើសត្វ​ឲ្យជ្រះថ្លា។ ព្រោះថា ព្រះមានព្រះភាគ​នោះ ទ្រង់ញុំាង​មគ្គ​ដែលមិន​ទាន់កើតឡើង ឲ្យកើតឡើង ទ្រង់ញុំាង​មគ្គដែល​មិនទាន់​កើតសព្វគ្រប់ ឲ្យកើត​សព្វគ្រប់ ទ្រង់​ប្រាប់ផ្លូវ​ដែលមិន​ទាន់បាន​ប្រាប់ ទ្រង់យល់​ផ្លូវ ទ្រង់ជ្រាប​ច្បាស់នូវ​ផ្លូវ ទ្រង់វាងវៃ​ក្នុងផ្លូវ។ ឯពួក​សាវ័ក​ក្នុងកាល​ឥឡូវនេះ គ្រាន់តែ​ជាអ្នកដើរ​តាមផ្លូវ មកតាម​ក្រោយ។ ព្រោះថា ព្រះមានព្រះភាគ​នោះ ទ្រង់ជ្រាប​ហេតុដែល​គួរជ្រាប ទ្រង់ឃើញ​ហេតុ​ដែលគួរ​ឃើញ ទ្រង់មាន​ចក្ខុ មានធម៌ មានញាណ មានភាព​ដ៏ប្រសើរ ទ្រង់ពោល សំដែង បង្អោននូវ​ប្រយោជន៍ ទ្រង់ប្រទាន​អមតធម៌ ជាម្ចាស់​នៃធម៌ ជា​ព្រះតថាគត។ ហេតុ​ណាមួយ ដែល​ព្រះមានព្រះភាគ​នោះ មិនជ្រាប មិនឃើញ មិនជ្រាប​ច្បាស់ មិនធ្វើ​ឲ្យជាក់ច្បាស់ មិនប៉ះពាល់​ដោយបញ្ញា មិនមាន។ ធម៌ទាំងពួង រាប់ទាំង​អតីត អនាគត និង​បច្ចុប្បន្ន រមែង​មកកាន់​គន្លងចំមុខ​ព្រះញាណ​នៃ​ព្រះពុទ្ធមានព្រះភាគ ដោយ​អាការៈ​គ្រប់យ៉ាង។ ឈ្មោះថា វត្ថុណាមួយ ដែលត្រូវយល់ ត្រូវដឹង គឺប្រយោជន៍​ខ្លួនក្តី ប្រយោជន៍​ជនដទៃ​ក្តី ប្រយោជន៍​ទាំងពីរក្តី ប្រយោជន៍​ជាបច្ចុប្បន្ន​ក្តី ប្រយោជន៍​ក្នុងលោក​ខាងមុខក្តី ប្រយោជន៍​រាក់ក្តី ប្រយោជន៍​ជ្រៅក្តី ប្រយោជន៍​លាក់ក្តី ប្រយោជន៍​កំបាំងក្តី ប្រយោជន៍​ដែលត្រូវ​នាំចេញ​ក្តី ប្រយោជន៍​ដែលបាននាំ​ចេញស្រាប់​ហើយក្តី ប្រយោជន៍​មិនមាន​ទោសក្តី ប្រយោជន៍​មិនមាន​កិលេសក្តី ប្រយោជន៍​ផូរផង់ក្តី ប្រយោជន៍​យ៉ាងសំខាន់​ក្តី ទាំងអស់​នោះ រមែង​ប្រព្រឹត្ត​ទៅក្នុង​ខាងក្នុង​នៃពុទ្ធញ្ញាណ។ ព្រះពុទ្ធមានព្រះភាគ មាន​ព្រះញាណ​មិនទើស​ទាល់ក្នុង​អតីត មានព្រះញាណ​មិនទើស​ទាល់ក្នុង​អនាគត ក្នុង​បច្ចុប្បន្ន។ កាយកម្ម​ទាំងអស់ ប្រព្រឹត្តទៅ​តាម​ព្រះញាណ​របស់​ព្រះពុទ្ធ​មានព្រះភាគ វចីកម្ម​ទាំងអស់ មនោកម្ម​ទាំងអស់ ប្រព្រឹត្តទៅ​តាមព្រះញាណ​របស់​ព្រះពុទ្ធមាន​ព្រះភាគ។ ហេតុដែល​ត្រូវដឹង មានត្រឹមណា ព្រះញាណ​ក៏មាន​ត្រឹមនោះ ព្រះញាណ​មានត្រឹមណា ហេតុដែល​ត្រូវដឹង ក៏មាន​ត្រឹមនោះ ព្រះញាណ​មានហេតុ​ដែលត្រូវ​ដឹង​ជាទីបំផុត ហេតុដែល​ត្រូវដឹង ក៏មាន​ញាណជា​ទីបំផុត ព្រះញាណ​មិនប្រព្រឹត្ត​កន្លងហេតុ​ដែលត្រូវ​ដឹង ហេតុដែល​ត្រូវដឹង ក៏មិន​ប្រព្រឹត្ត​កន្លងព្រះញាណ ធម៌​ទាំងនោះ រមែង​ឋិតនៅ​ក្នុងទីបំផុត​នៃគ្នានឹងគ្នា។ បាតស្មុគ្គទាំងពីរ ដែលសិ្នទ្ធគ្នាល្អ បាតស្មុគ្គ​ខាងក្រោម មិន​ប្រព្រឹត្ត​ហួស​បាតស្មុគ្គ​ខាងលើ បាតស្មុគ្គ​ខាងលើ មិនប្រព្រឹត្ត​ហួសបាត​ស្មុគ្គខាង​ក្រោម រមែង​តាំងនៅ​ក្នុងទីបំផុត​នៃគ្នា​យ៉ាងណា ហេតុដែល​ត្រូវដឹងផង ព្រះញាណ​ផង របស់​ព្រះពុទ្ធ​មានព្រះភាគ តាំងនៅ​ក្នុងទីបំផុត​នៃគ្នានឹងគ្នា យ៉ាងនោះ​ដែរ គឺហេតុ​ដែលត្រូវ​ដឹង មានត្រឹម​ណា ព្រះញាណ ក៏មានត្រឹមនោះ ព្រះញាណ​មានត្រឹម​ណា ហេតុដែល​ត្រូវដឹង ក៏មាន​ត្រឹមនោះ ព្រះញាណ មានហេតុ​ដែលត្រូវ​ដឹងជាទី​បំផុត ហេតុដែល​ត្រូវដឹង ក៏មាន​ព្រះញាណ​ជាទីបំផុត ព្រះញាណ មិនប្រព្រឹត្ត​កន្លងហេតុ​ដែលត្រូវ​ដឹង គន្លង​ដែលត្រូវ​ដឹង មិន​ប្រព្រឹត្ត​កន្លង​ព្រះញាណ ធម៌ទាំងនោះ រមែង​តាំងនៅក្នុង​ទីបំផុតនៃ​គ្នានឹងគ្នា។ ព្រះញាណ​របស់​ព្រះពុទ្ធ​មានព្រះភាគ ប្រព្រឹត្ត​ទៅក្នុង​ធម៌ទាំងពួង។ ធម៌ទាំង​អស់ ជាប់ដោយ​ការនឹក ជាប់ដោយ​ការប្រាថ្នា ជាប់​ដោយការ​ធ្វើទុក​ក្នុងចិត្ត ជាប់​ដោយ​ចិត្តុប្បាទ​នៃព្រះពុទ្ធ​មានព្រះភាគ។ ព្រះញាណ​របស់​ព្រះពុទ្ធ​មានព្រះភាគ ប្រព្រឹត្ត​ទៅក្នុង​សត្វទាំងពួង។ ព្រះមានព្រះភាគ ទ្រង់ជ្រាបអាសយៈ ជ្រាប​អនុសយៈ ជ្រាបចរិត ជ្រាបនូវ​ការបង្អោន​ទៅនៃសត្វ​ទាំងពួង ជ្រាបពួក​សត្វដែល​មានធូលី​តិចក្នុង​ភ្នែក មាន​ធូលី​ច្រើនក្នុងភ្នែក មានឥន្រ្ទិយ​ក្លៀវក្លា មានឥន្រ្ទិយ​ទន់ មានអាការល្អ មានអាការ​អាក្រក់ ឲ្យដឹងបាន​ដោយងាយ ឲ្យដឹង​បានដោយ​ក្រ ជាសត្វ​មានភ័ព្វ និងឥតភ័ព្វ។ លោក ព្រមទាំង​ទេវលោក ព្រមទាំងមារ ព្រមទាំង​ព្រហ្ម ពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ព្រមទាំង​មនុស្សជា​សម្មតិទេព និងមនុស្ស​សាម័ញ្ញ រមែងប្រព្រឹត្ត​ទៅខាងក្នុង​នៃ​ពុទ្ធញ្ញាណ ហ្វូងត្រី និងអណ្តើក​ណាមួយ ដោយហោច​ទៅ រាប់យក​ត្រីឈ្មោះ​តិមិតិមិង្គលៈ ប្រព្រឹត្តទៅ​ក្នុងខាងក្នុង​នៃ​មហាសមុទ្រ យ៉ាងណា លោក ព្រមទាំង​ទេវលោក ព្រមទាំងមារ ព្រមទាំង​ព្រហ្ម ពួកសត្វ ព្រមទាំង​សមណៈ និង​ព្រាហ្មណ៍ ព្រមទាំង​មនុស្សជា​សម្មតិទេព និងមនុស្ស​សាម័ញ្ញ ប្រព្រឹត្ត​ទៅខាង​ក្នុងនៃ​ពុទ្ធញ្ញាណ យ៉ាងនោះ​ដែរ។ ហ្វូងបក្សី​ណាមួយ ដោយ​ហោចទៅ រាប់យក​គ្រុឌឈ្មោះ​វេនតេយ្យ ប្រព្រឹត្ត​ទៅក្នុងប្រទេស​នៃអាកាស យ៉ាងណា ពួកជន​ណា មានបញ្ញា​ស្មើនឹង​ព្រះសារីបុត្ត សូម្បីជន​ទាំងនោះ ប្រព្រឹត្ត​ទៅក្នុង​ប្រទេសនៃ​ពុទ្ធញ្ញាណ​ យ៉ាងនោះ​ដែរ។ ព្រះពុទ្ធញ្ញាណ រមែងផ្សាយ​គ្របបញ្ញា​នៃពួកទេវតា និងមនុស្ស ហើយ​ឋិតនៅ។ ពួកជន​ណាមួយជា​ខត្តិយបណ្ឌិត​ក្តី ព្រាហ្មណ​បណ្ឌិតក្តី គហបតិ​បណ្ឌិត​ក្តី សមណបណ្ឌិត​ក្តី ជាអ្នកមាន​ប្រាជ្ញាល្អិត មាន​បរប្បវាទ​ធ្វើហើយ មានភាព​ដូចជា​ខ្មាន់ធ្នូ អ្នកបាញ់​រោមកន្ទុយ ហាក់ដូចជា​ទំលុះទំលាយ​នូវទិដ្ឋិ​ទាំងឡាយ ដោយប្រាជ្ញា្ ជនទាំងនោះ តាក់តែង​រឿយៗ នូវប្រស្នា ហើយចូល​ទៅសួរ​ព្រះតថាគត។ ប្រស្នា​ទាំងនោះ លុះ​ព្រះមានព្រះភាគ​ទ្រង់បាន​សំដែង បានដោះហើយ ក៏ទៅជា​ប្រស្នាដែល​ព្រះអង្គទ្រង់​សំដែង​ចេញនូវ​ហេតុ និងជាប្រស្នា​ដែលព្រះអង្គ​ទ្រង់បញ្ឈប់​ទុក។ ជនទាំងនោះ នាំគ្នា​ចុះចូល​ព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់រុង​រឿងក្រៃពេក ក្នុងប្រជុំ​នោះដោយ​ប្រាជ្ញា។ ព្រះមានព្រះភាគ ឈ្មោះថា មានចក្ខុ​បើកហើយ ដោយ​បញ្ញាចក្ខុ យ៉ាងនេះឯង។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុបើកហើយ ដោយពុទ្ធចក្ខុ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ប្រមើល​មើលសត្វ​លោក ដោយពុទ្ធចក្ខុ បានទត​ឃើញពួក​សត្វ ដែល​មានធូលី​តិចក្នុង​ភ្នែក មានធូលី​ច្រើនក្នុងភ្នែក មានឥន្រ្ទិយ​ក្លៀវក្លា មានឥន្រ្ទិយ​ទន់ មាន​អាការៈល្អ មានអាការៈ​អាក្រក់ ឲ្យដឹងបាន​ដោយងាយ ឲ្យដឹងបាន​ដោយក្រ ទាំងសត្វ​ពួកខ្លះ ជាអ្នកឃើញ​ទោសក្នុង​បរលោក​ថា គួរខ្លាច។ ដូចជលជាតិ​ពួកខ្លះ គឺ​ព្រលិត​ក្តី ឈូកក្រហម​ក្តី ឈូកសក្តី ក្នុងត្រពាំង​ព្រលិតក្តី ត្រពាំងឈូក​ក្រហមក្តី ត្រពាំង​ឈូកសក្តី ដុះក្នុង​ទឹក ចំរើនក្នុង​ទឹក លូតតាមទឹក លិចចុះ​ខាងក្នុង ដែលទឹក​ចិញ្ចឹមហើយ ផ្កាជលជាតិ​ពួកខ្លះ គឺ​ព្រលឹតក្តី ឈូកក្រហមក្តី្ ឈូកសក្តី ដុះក្នុងទឹក ចំរើនក្នុងទឹក ឋិតនៅ​ស្មើនឹង​ទឹក ជលជាតិ​ពួកខ្លះ គឺ​ព្រលិត​ក្តី ឈូកក្រហម​ក្តី ឈូកសក្តី ដុះក្នុងទឹក ចំរើនក្នុងទឹក ឋិតនៅ​ផុតអំពីទឹក មិនទទឹក​ដោយទឹក យ៉ាងណា ព្រះមានព្រះភាគ ទ្រង់ប្រមើល​មើលសត្វ​លោកដោយ​ពុទ្ធចក្ខុ បានទតឃើញ​ពួកសត្វ​ដែលមាន​ធូលីតិច​ក្នុងភ្នែក មានធូលី​ច្រើនក្នុងភ្នែក មានឥន្រ្ទិយ​ក្លៀវក្លា មានឥន្រ្ទិយទន់ មាន​អាការល្អ មាន​អាការល្អ ឲ្យដឹងបាន​ដោយងាយ ឲ្យដឹងបាន​ដោយក្រ ទាំងសត្វ​ពួកខ្លះ ជាអ្នក​ឃើញទោស​ក្នុងបរលោក​ថា គួរខ្លាច ក៏យ៉ាង​នោះដែរ។ ព្រះមានព្រះភាគ ទ្រង់ជ្រាប​ថា បុគ្គលនេះ ជារាគចរិត នេះជា​ទោសចរិត នេះជា​មោហចរិត នេះជា​វិតក្កចរិត នេះជា​សទ្ធាចរិត នេះជា​ញាណចរិត។ ព្រះមានព្រះភាគ ទ្រង់សំដែង​អសុភកថា ចំពោះ​បុគ្គល​ជារាគចរិត ព្រះមានព្រះភាគ ទ្រង់ត្រាស់​ប្រាប់​មេត្តាភាវនា​ចំពោះ​បុគ្គលជា​ទោសចរិត។ ព្រះមានព្រះភាគ ទ្រង់ញុំាង​បុគ្គលជា​មោហចរិត ឲ្យតាំងនៅក្នុង​ឧទ្ទេស (ការរៀន​បាលី) ក្នុង​បរិបុច្ឆា (ការរៀន​អដ្ឋកថា) ក្នុងការ​ស្តាប់ធម៌​តាមកាល ក្នុងការ​សាកសួរ​ធម៌តាម​កាល ក្នុងការ​នៅរួមជា​មួយនឹងគ្រូ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ប្រាប់​អានាបានស្សតិ ចំពោះ​បុគ្គល​ជាវិតក្កចរិត។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ប្រាប់​និមិត្ត​គួរជ្រះថ្លា គឺការត្រាស់​ដឹងប្រពៃ​នៃព្រះពុទ្ធ ការទ្រទ្រង់​ល្អនៃធម៌ ការប្រតិបត្តិ​ប្រពៃ​នៃ​ព្រះសង្ឃ និងសីល​ទាំងឡាយ​សម្រាប់ខ្លួន ចំពោះ​បុគ្គលជា​សទ្ធាចរិត។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ប្រាប់នូវ​វិបស្សនានិមិត្ត គឺអាការ​មិនទៀង អាការ​ជាទុក្ខ អាការ​មិនមែនខ្លួន ចំពោះ​បុគ្គលជា​ញាណចរិត។

បុគ្គលឋិតនៅលើកំពូលភ្នំថ្ម គប្បីឃើញប្រជុំជន​ក្នុងទីជុំ​វិញបាន យ៉ាងណា បពិត្រ​ព្រះសុមេធៈ ទ្រង់មាន​សមន្តចក្ខុ ព្រះអង្គ​ជាបុគ្គល​ប្រាសចាក​សេចក្តី​សោក សូមឡើង​កាន់ប្រាសាទ​គឺធម៌ ហើយទត​មើល​ប្រជុំជន ដែលខ្វល់​ដោយ​សេចក្តី​សោក ត្រូវជាតិ និងជរា​គ្របសង្កត់ យ៉ាងនោះ​ដែរ។

ព្រះមានព្រះភាគ ឈ្មោះថា មានចក្ខុបើកហើយ ដោយពុទ្ធចក្ខុ​យ៉ាងនេះ។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុបើកហើយ ដោយសមន្តចក្ខុ តើដូចម្តេច។ ព្រះសព្វញ្ញុតញាណ ហៅថា សមន្តចក្ខុ។ ព្រះមានព្រះភាគ​ទ្រង់ប្រកប ប្រកបព្រម ចូលទៅ​ជិត ចូលទៅ​ជិតព្រម ចូលទៅ​ដល់ ចូលទៅ​ដល់ព្រម ប្រកប​ព្រម ដោយ​សព្វញ្ញុតញាណ។

ហេតុនីមួយក្នុងលោកនេះ ដែលព្រះមានព្រះភាគ​នោះ ទ្រង់មិន​ឃើញ ឬថា​មិនជ្រាប មិនយល់ មិនមានទេ ហេតុណា​ដែលត្រូវដឹង ព្រះមានព្រះភាគ​ទ្រង់ជ្រាប​នូវហេតុ (នោះ) ទាំងអស់ ព្រោះហេតុនោះ ព្រះតថាគត ទើបឈ្មោះថា សមន្តចក្ខុ។

ព្រះមានព្រះភាគ ទ្រង់ឈ្មោះថា មានចក្ខុបើកហើយ ដោយ​សមន្តចក្ខុ យ៉ាងនេះ​ឯង ហេតុនោះ ទ្រង់ត្រាស់ថា មានចក្ខុបើក​ហើយ បានសំដែង។

[៣០] អធិប្បាយពាក្យថា ធម៌ដែលព្រះអង្គជ្រាបដោយព្រះអង្គឯង ជាគ្រឿងនាំ​ចេញនូវ​អន្តរាយ ត្រង់ពាក្យថា ធម៌ដែល​ព្រះអង្គជ្រាប​ដោយព្រះអង្គ​ឯង គឺមិន​ជឿតាម​គេថា​យ៉ាងនេះៗ មិនមែន​ដោយឮ​ថាដូច្នេះៗ មិនមែន​ដោយឮ​តៗគ្នា មិនមែន​ដោយការ​ផ្សែផ្សំ​នឹងក្បួន មិនមែន​ដោយហេតុ​នៃសេចក្តី​ត្រិះរិះ មិនមែន​ដោយហេតុ​នៃការ​គ្នេរគ្នាន់ មិនមែន​ដោយសេចក្តី​ត្រិះរិះ​នូវអាការៈ មិនមែន​ដោយហេតុ​ដែលខ្លួន​យល់ ខ្លួនពិនិត្យ ខ្លួនចូល​ចិត្តទេ គឺព្រះអង្គ​ជ្រាបដោយ​ព្រះអង្គ​ឯងពិត ជាធម៌​ជាក់ច្បាស់​ចំពោះ​ព្រះអង្គ ហេតុនោះ (ទ្រង់ត្រាស់ថា) ធម៌ដែល​ព្រះអង្គ​ជ្រាបដោយ​ព្រះអង្គឯង។ ពាក្យថា ជាគ្រឿង​នាំចេញនូវ​អន្តរាយ ត្រង់ពាក្យថា អន្តរាយ បានដល់ អន្តរាយ​ពីរគឺ អន្តរាយច្បាស់​លាស់ ១ អន្តរាយកំបាំង ១ ។

អន្តរាយច្បាស់លាស់ តើដូចម្តេច។ សីហៈ ខ្លាធំ ខ្លាដម្បង ខ្លាឃ្មុំ ឆ្កែព្រៃ គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ពួកចោរ ឬពួកមាណព ធ្វើចោរកម្មក្តី មិនទាន់​ធ្វើចោរកម្មក្តី រោគភ្នែក រោគត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ រោគក្បាល រោគគុម្ពត្រចៀក រោគមាត់ រោគធ្មេញ ក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ ស្គាំងស្គម រោគផ្ទៃ វិលមុខ ធ្លាក់ឈាម ចុកសៀត ចុកផ្ទៃ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំណួចពិស រមាស់ កម រោគកើត​ក្នុងទី​ខ្វារដោយ​ក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ប្រមេះផ្អែមមាត់ ឫសដូងដុះ បូស ឫសដូងបាត អាពាធ​កើតអំពី​ប្រមាត់ អាពាធ​កើតអំពី​ស្លេស្ម អាពាធ​កើតអំពី​ខ្យល់ អាពាធ​កើតអំពី​ប្រជុំធាតុ​បួន អាពាធកើត​អំពីការ​ប្រែប្រួល​រដូវ អាពាធ​កើតអំពី​ការរក្សា​ឥរិយាបថ​មិនស្មើ អាពាធ​កើតអំពី​សេចក្តី​ព្យាយាម​របស់គេ មានវាយ​ចងជា​ដើម អាពាធ​កើតអំពីផល​កម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំ ទាំងនេះ​លោកហៅថា អន្តរាយ​ច្បាស់លាស់។

អន្តរាយកំបាំង តើដូចម្តេច។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ រាគៈ ទោសៈ មោហៈ ការក្រោធ ការចង​ក្រោធទុក ការលុបគុណ ការវាយ​ឫកស្មើ ការច្រណែន ការកំណាញ់ ការលាក់​ទោសខ្លួន ការអួតអាង ការរឹងរូស ការប្រណាំង​វាសនា ការប្រកាន់ ការ​មើលងាយ ការស្រវឹង ការប្រហែស កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់ក្រវាយ​ទាំងពួង សេចក្តីក្តៅ​ក្រហាយ​ទាំងពួង សេចក្តី​អន្ទះអន្ទែង​ទាំងពួង អកុសលាភិសង្ខារ​ទាំងពួង ទាំងនេះ​លោកហៅថា អន្តរាយ​កំបាំង។

អធិប្បាយពាក្យថា អន្តរាយ ចុះឈ្មោះថា​អន្តរាយ ដោយអត្ថ​ថា​ដូចម្តេច។ ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈ​គ្របសង្កត់។ ឈ្មោះថា អន្តរាយ ព្រោះជា​សភាវៈ​ដែលប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​សាបសូន្យ។ ឈ្មោះថា អន្តរាយ ព្រោះជា​សភាវៈ​អាស្រ័យ​នៅក្នុង​អត្តភាព​នោះ។

ចុះឈ្មោះថា អន្តរាយ ព្រោះជាសភាវៈគ្របសង្កត់ តើដូចម្តេច។ អន្តរាយ​ទាំងនោះ តែង​សង្កត់សង្កិន គ្របសង្កត់ ជិះជាន់ ស្រំពន្លិច រួបរឹត ញាំញី​នូវបុគ្គល​នោះ។ ឈ្មោះថា អន្តរាយ ព្រោះជា​សភាវៈគ្រប​សង្កត់ យ៉ាងនេះ។

ចុះឈ្មោះថាអន្តរាយ ព្រោះជា​សភាវៈប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​សាបសូន្យ តើ​ដូចម្តេច។ អន្តរាយ​ទាំងនោះ តែង​ប្រព្រឹត្តទៅ​ដើម្បីសេចក្តី​សាបសូន្យ ដើម្បី​​អន្តរាយ​កុសលធម៌​ទាំងឡាយ។ តែងប្រព្រឹត្ត​ទៅដើម្បី​សាបសូន្យ ដើម្បី​អន្តរាយ​កុសលធម៌​ទាំងឡាយ តើដូចម្តេច។ តែងប្រព្រឹត្ត​ទៅដើម្បី​សាបសូន្យ ដើម្បី​អន្តរាយ​ដល់កុសលធម៌​ទាំងនេះ គឺសេចក្តី​ប្រតិបត្តិ​ដោយប្រពៃ សេចក្តី​ប្រតិបត្តិ​ជាអនុលោម សេចក្តី​ប្រតិបត្តិ​មិន​ជា​សត្រូវ សេចក្តី​ប្រតិបត្តិ​ជាប្រយោជន៍​សមគួរ សេចក្តី​ប្រតិបត្តិ​ធម៌ដ៏សម​គួរដល់​ធម៌ ការធ្វើ​​ឲ្យពេញ​ក្នុងសីល​ទាំងឡាយ ការគ្រប់​គ្រងទ្វារ​ក្នុងឥន្រ្ទិយ​ទាំងឡាយ ការដឹង​ប្រមាណ​ក្នុងភោជន ការប្រកប​រឿយៗ នូវការ​ភ្ញាក់រឭក ការមាន​ស្មារតី​ដឹងខ្លួន ការប្រកប​រឿយៗ នូវការ​ចំរើន​សតិប្បដ្ឋាន ៤ ការប្រកប​រឿយៗ នូវការ​ចំរើន​សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ ៧ មគ្គប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ។ ឈ្មោះថា ​អន្តរាយ ព្រោះជា​សភាវៈ​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សាបសូន្យ​យ៉ាងនេះ។

ចុះឈ្មោះថា អន្តរាយ ព្រោះជាសភាវៈ​អាស្រ័យ​នៅក្នុង​អត្តភាព​នោះ តើដូច​ម្តេច។ ធម៌អកុសល​ដ៏លាមក​ទាំងនោះ ជាអន្តរាយ អាស្រ័យ​ក្នុងអត្តភាព កើតឡើង​ក្នុង​អត្តភាព​នោះ។ ពួកសត្វ​អាស្រ័យ​នឹងរូង ដេកក្នុងរូង ពួកសត្វ​អាស្រ័យ​នឹងទឹក ដេកក្នុង​ទឹក ពួកសត្វ​អាស្រ័យ​នឹងព្រៃ ដេកក្នុងព្រៃ ពួកសត្វ​អាស្រ័យនឹង​ដើមឈើ ដេកលើ​ដើម​ឈើ យ៉ាងណាមិញ ធម៌អកុសល​ដ៏លាមកទាំងនោះ ជាអន្តរាយ អាស្រ័យ​ក្នុងអត្តភាព កើត​ឡើងក្នុង​អត្តភាពនោះ ក៏យ៉ាងនោះដែរ ហេតុនោះ ឈ្មោះថា អន្តរាយ ព្រោះជា​សភាវៈ​អាស្រ័យ​នៅក្នុងអត្តភាព​នោះ យ៉ាងនេះឯង។

សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុអ្នកនៅរួម​នឹងសិស្ស អ្នកនៅ​រួមនឹង​អាចារ្យ រមែង​នៅជាទុក្ខ មិន​សប្បាយ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុអ្នកនៅ​រួមនឹងសិស្ស នៅរួមនឹង​អាចារ្យ រមែង​នៅជាទុក្ខ មិន​សប្បាយ តើដូចម្តេច ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង​ឡាយជា​អកុសល​ដ៏លាមក ដែល​បុគ្គល​ត្រិះរិះ​ដោយសេចក្តី​រឭក ជាទីតាំង​នៃសញ្ញោជនៈ កើតឡើង​ដល់​ភិក្ខុក្នុង​សាសនា​នេះ ព្រោះ​ឃើញរូប​ដោយភ្នែក ធម៌​អកុសលដ៏​លាមក​ទាំងនោះ រមែងនៅ​ក្នុងខាង​ក្នុង រមែង​ជាប់តាម​ភិក្ខុនោះ ព្រោះហេតុ​នោះ (ភិក្ខុនោះ តថាគត) ហៅថា អ្នកនៅរួម​នឹងសិស្ស ធម៌អកុសល​ដ៏លាមក​ទាំងនោះ រមែង​គ្របសង្កត់​ភិក្ខុនោះ ព្រោះហេតុ​នោះ (ភិក្ខុនោះ តថាគត) ហៅថា អ្នកនៅរួម​នឹងអាចារ្យ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ធម៌​ទាំងឡាយ​ជាអកុសល​ដ៏លាមក ដែលបុគ្គល​ត្រិះរិះ​ដោយសេចក្តី​រឭក ជាទីតាំង​នៃ​សញ្ញោជនៈ កើតឡើង​ដល់ភិក្ខុ​ព្រោះឮ​សំឡេង​ដោយត្រចៀក ហិតក្លិន​ដោយច្រមុះ ជញ្ជក់​រសដោយ​អណ្តាត ប៉ះពាល់​ផ្សព្វ​ដោយកាយ ដឹងធម៌​ដោយចិត្ត ធម៌​អកុសល​ដ៏លាមក​ទាំងនោះ រមែង​នៅខាងក្នុង រមែង​ជាប់តាម​ភិក្ខុនោះ ព្រោះ​ហេតុនោះ (ភិក្ខុនោះ តថាគត) ហៅថា អ្នកនៅ​រួមនឹងសិស្ស ធម៌​អកុសល​ដ៏លាមក​ទាំងនោះ រមែង​គ្របសង្កត់​ភិក្ខុនោះ ព្រោះហេតុ​នោះ (ភិក្ខុនោះ តថាគត) ហៅថា អ្នកនៅ​រួមនឹង​អាចារ្យ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអ្នក​នៅរួមនឹង​សិស្ស អ្នកនៅរួម​នឹងអាចារ្យ រមែងនៅ​ជាទុក្ខ មិនសប្បាយ យ៉ាងនេះ​ឯង។ ឈ្មោះថា អន្តរាយ ព្រោះជា​សភាវៈ​អាស្រ័យនៅ​ក្នុងអត្តភាព​នោះ យ៉ាង​នេះឯង។

មួយទៀត ព្រះពុទ្ធដីកានេះ ព្រះមានព្រះភាគ​ត្រាស់ហើយថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌​ទាំងឡាយ ៣ នេះ ជាមន្ទិល​ខាងក្នុង ជា​បច្ចាមិត្ត​ខាងក្នុង ជាសត្រូវ​ខាងក្នុង ជាអ្នក​សម្លាប់​ខាងក្នុង ជាខ្មាំង​ខាងក្នុង ធម៌ ៣ តើដូចម្តេច ម្នាលភិក្ខុ​ទាំងឡាយ លោភៈ​ជា​មន្ទិល​ខាងក្នុង ជា​បច្ចាមិត្ត​ខាងក្នុង ជាសត្រូវ​ខាងក្នុង ជាអ្នក​សម្លាប់​ខាងក្នុង ជាខ្មាំង​ខាងក្នុង ម្នាលភិក្ខុ​ទាំងឡាយ ទោសៈ ជាមន្ទិល​ខាងក្នុង ជា​បច្ចាមិត្ត​ខាងក្នុង ជាសត្រូវ​ខាងក្នុង ជាអ្នក​សម្លាប់​ខាងក្នុង ជាខ្មាំង​ខាងក្នុង ម្នាលភិក្ខុ​ទាំងឡាយ មោហៈ ជា​មន្ទិល​ខាងក្នុង ជា​បច្ចាមិត្ត​ខាងក្នុង ជាសត្រូវ​ខាងក្នុង ជាអ្នក​សម្លាប់​ខាងក្នុង ជាខ្មាំង​ខាងក្នុង ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ៣ នេះឯង ជា​មន្ទិល​ខាងក្នុង ជា​បច្ចាមិត្ត​ខាងក្នុង ជាសត្រូវ​ខាងក្នុង ជាអ្នក​សម្លាប់​ខាងក្នុង ជាខ្មាំង​ខាងក្នុង។

លោភៈឲ្យកើតវិនាស លោភៈជាគ្រឿងញុំាង​ចិត្តឲ្យកម្រើក ភ័យកើត​ឡើងខាង​ក្នុង តែជន​មិនដឹង​នូវភ័យ​នោះ។ ជនល្មោភ រមែង​មិនដឹង​នូវអត្ថ ជនល្មោភ រមែង​មិនឃើញ​នូវធម៌ លោភៈ គ្របសង្កត់​ជន ក្នុងកាលណា សេចក្តី​ងងឹត​ងងល់ រមែង​កើត​ក្នុងកាល​នោះ ទោសៈ​ឲ្យកើតវិនាស ទោសៈ ជាគ្រឿង​ញុំាងចិត្ត​ឲ្យកម្រើក ភ័យរមែង​កើតខាង​ក្នុង តែជន​មិនដឹង​នូវភ័យនោះ ជនក្រោធ រមែង​មិនដឹង​អត្ថ ជនក្រោធ រមែងមិន​ឃើញធម៌ សេចក្តីក្រោធ គ្របសង្កត់​ជន ក្នុង​កាលណា ការងងឹត​ងងល់ រមែងកើត​ក្នុងកាល​នោះ មោហៈ ឲ្យកើតវិនាស មោហៈ ជាគ្រឿង​ញុំាងចិត្ត​ឲ្យកម្រើក ភ័យរមែង​កើតខាង​ក្នុង តែជន​មិនដឹង​នូវភ័យ​នោះ ជនវង្វេង រមែងមិន​ដឹងអត្ថ ជនវង្វេង រមែង​មិនឃើញ​ធម៌ មោហៈ​គ្របសង្កត់​ជន ក្នុង​កាលណា ការងងឹត​ងងល់ រមែងកើត​ក្នុងកាល​នោះ។

ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈអាស្រ័យនៅ​ក្នុងអត្តភាព​នោះ​យ៉ាងនេះ​ឯង។

មួយវិញទៀត ព្រះពុទ្ធដីកានេះ ព្រះមានព្រះភាគ​ត្រាស់ហើយ​ថា បពិត្រ​មហារាជ ធម៌របស់​បុរស ៣ កាលកើត​ឡើងខាង​ក្នុង រមែង​កើតឡើង ដើម្បី​មិនជា​ប្រយោជន៍ ដើម្បីទុក្ខ ដើម្បី​កិរិយា​នៅមិន​សប្បាយ ធម៌ ៣ តើដូចម្តេច បពិត្រ​មហារាជ លោភៈ ជា​ធម៌​របស់បុរស កាលកើត​ខាងក្នុង រមែងកើត​ដើម្បីមិនជា​ប្រយោជន៍ ដើម្បីទុក្ខ ដើម្បី​កិរិយា​នៅមិន​សប្បាយ បពិត្រ​មហារាជ ទោសៈ ជាធម៌​របស់បុរស កាលកើត​ខាងក្នុង រមែងកើត​ដើម្បី​មិនជា​ប្រយោជន៍ ដើម្បីទុក្ខ ដើម្បីកិរិយានៅ​មិនសប្បាយ បពិត្រ​មហារាជ មោហៈ ជា​ធម៌​របស់​បុរស កាលកើត​ឡើងខាង​ក្នុង រមែងកើត​ដើម្បីមិន​ជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បី​កិរិយា​នៅមិនសប្បាយ បពិត្រ​មហារាជ ធម៌របស់​បុរស ៣ នេះឯង កាលកើត​ឡើងខាង​ក្នុង រមែងកើត​ដើម្បីមិន​ជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីកិរិយា​នៅមិន​​សប្បាយ។

លោភៈ ទោសៈ មោហៈ កើតចេញ​អំពីខ្លួន រមែង​សម្លាប់បុរស ដែល​មានចិត្ត​អាក្រក់ ដូចផ្លែ​ឫស្សី​សម្លាប់​ដើមឫស្សី។

ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈអាស្រ័យនៅ​ក្នុងអត្តភាព​នោះ យ៉ាងនេះឯង។

ន័យមួយទៀត ព្រះពុទ្ធដីកានេះ ព្រះមានព្រះភាគ ត្រាស់​ហើយថា

រាគៈ និងទោសៈ មានអត្តភាព​នេះជា​ហេតុ សេចក្តី​មិនត្រេកអរ តម្រេក កិរិយា​ព្រឺរោម កើតអំពី​អត្តភាព​នេះ សេចក្តី​ត្រិះរិះ​ក្នុងចិត្ត ក៏កើតឡើង​អំពីអត្តភាព​នេះ ដូចពួក​ក្មេងតូច​លែងក្អែក។

ឈ្មោះថា អន្តរាយ ព្រោះជាសភាវៈ​អាស្រ័យនៅ​ក្នុងអត្តភាព​នោះ យ៉ាងនេះ​ឯង។

ពាក្យថា ជាគ្រឿងនាំ​ចេញនូវ​អន្តរាយ គឺជាគ្រឿងនាំ​ចេញអន្តរាយ ជាគ្រឿង​លះបង់​អន្តរាយ ជាគ្រឿង​រម្ងាប់អន្តរាយ ជាគ្រឿង​រលាស់ចោល​អន្តរាយ ជាគ្រឿង​រម្ងាប់​អន្តរាយ គឺ​អមតនិព្វាន ហេតុនោះ (ទ្រង់​ត្រាស់ថា) ធម៌​ដែលព្រះអង្គ​ជ្រាប​ដោយ​ព្រះអង្គ​ឯង ជាគ្រឿង​នាំចេញនូវ​អន្តរាយ។

[៣១] ពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ​សំដែង​នូវបដិបទា សេចក្តីថា សូម​ព្រះអង្គ​សំដែងនូវ​បដិទា គឺសំដែង ប្រាប់ ពោល បញ្ញាត្ត តែងតាំង បើក ចែក ធ្វើឲ្យងាយ ប្រកាស​នូវ​សម្មាបដិបទា អនុលោមបដិបទា បដិបទា​មិនជា​សត្រូវ បដិបទា​ជាប្រយោជន៍​ដ៏សមគួរ ការប្រព្រឹត្ត​ធម៌ដ៏​សមគួរ​ដល់ធម៌ ការបំពេញ​ក្នុងសីល​ទាំងឡាយ ការ​គ្រប់គ្រង​ទ្វារក្នុង​ឥន្រ្ទិយ​ទាំងឡាយ ការដឹង​ប្រមាណ​ក្នុងភោជន ការប្រកប​រឿយៗ នូវការ​ភ្ញាក់រឭក ការមាន​ស្មារតី​ដឹងខ្លួន សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរ​ប្រកប​ដោយអង្គ ៨ និពា្វន និងបដិបទា​ជាដំណើរ​ទៅកាន់​និព្វាន ហេតុនោះ (ទ្រង់​ត្រាស់ថា) សូមព្រះអង្គ​សំដែងនូវ​បដិបទា។ ពាក្យថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន គឺព្រះពុទ្ធ​និម្មិតនោះ ត្រាស់ហៅ​ព្រះពុទ្ធ​មានព្រះភាគ។ មួយទៀត ព្រះអង្គ​ប្រាប់ សំដែង បញ្ញាត្ត តែងតាំង បើក ចែក ធ្វើ​ឲ្យងាយ ប្រកាស​ហើយនូវ​ធម៌ណា ធម៌ទាំង​អស់នោះ ជាធម៌ល្អ ជាធម៌ចំរើន ជាធម៌គួរ​រាប់រក ជាធម៌​មិនមាន​ទោស ជាធម៌​ដែលបុគ្គល​គួរសេព ហេតុនោះ (ទ្រង់​ត្រាស់ថា) បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះអង្គ​សំដែង​នូវ​បដិបទា។

[៣២] អធិប្បាយពាក្យថា បាតិមោក្ខ និងសមាធិ ត្រង់ពាក្យថា បាតិមោក្ខ គឺ​សីល ទីតាំង ទីខាងដើម សេចក្តី​ប្រព្រឹត្តិ សេចក្តី​សង្រួម សេចក្តី​រវាំង ប្រធាន ប្រមុខ នៃការ​បាននូវ​ធម៌ទាំងឡាយ​ជាកុសល។ ពាក្យថា សមាធិ បានដល់​ការតាំងនៅ ការតាំង​នៅព្រម ការតាំង​នៅស៊ប់​នៃចិត្ត ការមិន​កន្ទះរា ការមិន​រាយមាយ ភាពនៃ​ចិត្តមិន​កន្ទះរា សេចក្តីស្ងប់ ឥន្ទ្រិយ គឺសមាធិ កម្លាំង​គឺសមាធិ ការតាំង​ចិត្តដោយ​ប្រពៃ ហេតុនោះ (ទ្រង់​ត្រាស់ថា) បាតិមោក្ខ និងសមាធិ។ ហេតុនោះ ព្រះពុទ្ធ​និម្មិតនោះ​ត្រាស់ថា

ព្រះអង្គមានចក្ខុបើកហើយ បានសំដែងធម៌ ដែលព្រះអង្គ​ជ្រាបដោយ​ព្រះអង្គឯង ជាគ្រឿង​នាំចេញ​នូវអន្តរាយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះអង្គ​សំដែងនូវ​បដិបទា បាតិមោក្ខ និងសមាធិ។

[៣៣] (ព្រះមានព្រះភាគត្រាស់តបថា) បុគ្គលមិនគប្បី​ឡេះឡោះ​ដោយភ្នែក គប្បី​រារាំង​ត្រចៀក​ចាកគាម​កថា មិនគប្បី​ជាប់ចំពាក់​ក្នុងរសផង មិនគប្បី​ប្រកាន់​វត្ថុណា​មួយ​ក្នុងលោក​ផង ។

[៣៤] អធិប្បាយពាក្យថា បុគ្គលមិនគប្បីឡេះឡោះ​ដោយភ្នែក សំនួរថា បុគ្គល​អ្នកឡេះឡោះ​ដោយភ្នែក តើដូចម្តេច។ បុគ្គលខ្លះ​ក្នុងលោកនេះ ជាអ្នក​ឡេះឡោះ​ដោយ​ភ្នែក ប្រកប​ដោយ​សេចក្តី​ឡេះឡោះ​ដោយភ្នែក គិតថា អាត្មាអញ​គួរឃើញ​អារម្មណ៍​ដែលមិន​ធ្លាប់ឃើញ គួររំលង​ចោលអារម្មណ៍​ដែលឃើញ​ហើយ ប្រកប​រឿយៗ នូវការ​ត្រាច់ទៅឆ្ងាយៗ និងការ​ត្រាច់ទៅ​មិនឈប់​ឈរ គឺចេញ​អំពីអារាម ទៅអារាម អំពីឱទ្យាន ទៅ​ឱទ្យាន អំពីស្រុក ទៅស្រុក អំពីនិគម ទៅនិគម អំពីក្រុង​ទៅក្រុង អំពីដែន​ទៅដែន អំពី​ជនបទ ទៅជនបទ ដើម្បី​ឃើញរូប ជាអ្នក​ឡេះឡោះ​ដោយភ្នែក យ៉ាងនេះ​ខ្លះ។ មួយទៀត បុគ្គលខ្លះ​ចូលទៅ​កាន់ចន្លោះ​ផ្ទះ ដើរតាមថ្នល់ ជាអ្នកដើរ​មិនសង្រួម តែង​ក្រឡេក​មើលដំរី ក្រឡេក​មើលសេះ ក្រឡេក​មើលរថ ក្រឡេក​មើលពល​ថ្មើរជើង ក្រឡេក​មើលពួក​ស្រី ក្រឡេកមើល​ពួកបុរស ក្រឡេក​មើលពួក​ក្មេងប្រុស ក្រឡេកមើល​ពួក​ក្មេងស្រី ក្រឡេកមើល​រានផ្សារ ក្រឡេក​មើល​មុខផ្ទះ ក្រឡេក​មើលលើ ក្រឡេក​មើលក្រោម ដើរសំឡឹង​ទិសតូច​ទិសធំ ជាអ្នក​ឡេះឡោះ​ដោយភ្នែក យ៉ាងនេះ​ខ្លះ។ មួយទៀត បុគ្គលខ្លះ​ឃើញរូប​ដោយភ្នែក ហើយជា​អ្នកប្រកាន់​និមិត្ត ជាអ្នក​ប្រកាន់​អនុព្យព្ជានៈ ធម៌ទាំងឡាយ​ជាអកុសល​ដ៏លាមក គឺអភិជ្ឈា និង​ទោមនស្ស គប្បី​ជាប់តាម​ភិក្ខុ អ្នកមិន​សង្រួម​ចក្ខុន្រ្ទិយ​នុ៎ះ ព្រោះហេតុ​តែមិន​សង្រួម​ចក្ខុន្រ្ទិយ​ណា ក៏មិន​ប្រតិបត្តិ​ដើម្បី​សង្រួម​ចក្ខុន្រ្ទិយនោះ មិនរក្សា​នូវ​ចក្ខុន្រ្ទិយ មិនដល់​នូវសេចក្តី​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ ជាអ្នក​ឡេះឡោះ​ដោយភ្នែក យ៉ាងនេះ​ខ្លះ។ ដូចជា​សមណព្រាហ្មណ៍​ពួកមួយ​ដ៏ចំរើន បរិភោគ​ភោជន​ដែលគេ​ឲ្យដោយ​សទ្ធាហើយ តែ​សមណព្រាហ្មណ៍​ទាំងនោះ តែង​ប្រកប​រឿយៗ នូវការ​ស្តាប់ និងមើល​ល្បែង​ដែលជា​សត្រូវ មានសភាព​យ៉ាងនេះ គឺរាំ ច្រៀង ប្រគំ មហោស្រព ចម្បាំង​មហាភារត និងរាមកេរ្តិ៍​ជាដើម គង រគាំង ស្គរមាន​ជ្រុងបួន គូរគំនូរ​រូបរបាំ ល្បែង​ដំដែក ល្បែងរ៉ាវ ការលាងឆ្អឹង ​ប្រជល់ដំរី ប្រខាំសេះ ប្រជល់ក្របី ប្រជល់គោ ប្រជល់ពពែ ប្រជល់​កែះ ប្រជល់​មាន់ ប្រជល់ចាប ល្បែងគុណ​ដំបង ប្រដាល់ ចំបាប់ ចម្បាំង ទីសម្រាប់​រៀបពល ទីនៅ​កងទ័ព ការមើល​កងទ័ព ជាអ្នក​ឡេះឡោះ​ដោយភ្នែក យ៉ាង​នេះខ្លះ។

ភិក្ខុជាអ្នកមិនឡេះឡោះដោយភ្នែក តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ ចូលទៅ​កាន់ចន្លោះ​ផ្ទះ ដើរតាម​ថ្នល់ ក៏ដើរ​សង្រួម មិនក្រឡេក​មើលដំរី មិនក្រឡេក​មើលសេះ មិនក្រលេក​មើលរថ មិនក្រឡេក​មើលពល​ថ្មើរជើង មិនក្រឡេក​មើលពួកស្រី មិនក្រឡេក​មើលពួក​បុរស មិនក្រឡេក​មើលពួក​ក្មេងប្រុស មិនក្រឡេក​មើលពួក​ក្មេងស្រី មិន​ក្រឡេក​មើលរានផ្សារ មិនក្រឡេក​មើលមុខផ្ទះ មិនក្រឡេក​មើលលើ មិនក្រឡេក​មើលក្រោម មិនដើរ​សំឡឹង​ទិសតូច ឬទិសធំ ជាអ្នក​មិនឡេះឡោះ​ដោយភ្នែក យ៉ាងនេះខ្លះ។ មួយ​ទៀត ភិក្ខុឃើញ​នូវរូប​ដោយភ្នែក ហើយជា​អ្នកមិន​ប្រកាន់​និមិត្ត មិនប្រកាន់​អនុព្យព្ជានៈ ធម៌ទាំងឡាយ​ជាអកុសល​ដ៏លាមក គឺ​អភិជ្ឈា និង​ទោមនស្ស គប្បី​ជាប់តាម​ភិក្ខុអ្នក​មិនសង្រួម​ចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុ​តែមិនសង្រួម​ចក្ខុន្រ្ទិយ​ណា ក៏​ប្រតិបត្តិ​ដើម្បីសង្រួម​ចក្ខុន្រ្ទិយ​នោះ រក្សា​ចក្ខុន្រ្ទិយ ដល់នូវ​ការសង្រួម​ក្នុង​ចក្ខុន្រ្ទិយ ជាអ្នក​មិនឡេះឡោះ​ដោយភ្នែក យ៉ាងនេះ​ខ្លះ។ ដូចជា​សមណព្រាហ្មណ៍​ដ៏ចំរើន​ពួកខ្លះ បរិភោគ​ភោជន​ដែលគេឲ្យ​ដោយសទ្ធាហើយ សមណព្រាហ្មណ៍​ទាំងនោះ មិន​ប្រកប​រឿយៗ នូវការ​ស្តាប់ និងការ​មើលល្បែង ដែលជា​សត្រូវ មានសភាព​យ៉ាង​នេះ គឺ​ល្បែង​រាំ ច្រៀង ប្រគំ មហោស្រព ចម្បាំង​មហាភារត និង​រាមកេរ្តិ៍​ជាដើម។ល។ ការមើល​កងទ័ព ជាអ្នក​វៀរស្រឡេះ​ចាកការ​ប្រកប​រឿយៗ នូវការស្តាប់ និងការ​មើលល្បែង​ដែលជា​សត្រូវ មាន​សភាព​យ៉ាងនេះ ជាអ្នក​មិនឡេះឡោះ​ដោយភ្នែក យ៉ាងនេះ​ខ្លះ។

ពាក្យថា បុគ្គលមិនគប្បីឡេះឡោះ​ដោយភ្នែក បានសេចក្តីថា បុគ្គល​គប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យបាត់បង់​នូវការ​ឡេះឡោះ​ដោយភ្នែក ហើយជា​អ្នកឆ្ងាយ វៀរចេញ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល ផុតស្រឡះ ប្រកបប្រាស ចាកការ​ឡេះឡោះ​ដោយភ្នែក សម្រេចនៅ​ដោយចិត្ត​ដែល​ប្រាសចាក​ដែន​គឺកិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​មិនគប្បី​ឡេះឡោះ​ដោយភ្នែក។

[៣៥] ពាក្យថា គប្បីរារាំងត្រចៀកចាកគាមកថា សេចក្តីថា តិរច្ឆានកថា ៣២ លោកហៅថា គាមកថា។ តិរច្ឆានកថា​នោះ តើដូចម្តេច។ គឺនិយាយ​អំពី​ព្រះរាជា និយាយ​អំពីចោរ និយាយ​អំពី​អាមាត្យធំ និយាយ​អំពីសេនា និយាយ​អំពីភ័យ និយាយ​អំពីចម្បាំង និយាយ​អំពីបាយ និយាយ​អំពីទឹក និយាយ​អំពីសំពត់ និយាយ​អំពីយាន និយាយ​អំពីទីដេក និយាយ​អំពីផ្កាកម្រង និយាយ​អំពី​គ្រឿងក្រអូប និយាយ​អំពីញាតិ និយាយ​អំពីស្រុក និយាយ​អំពីនិគម និយាយ​អំពីនគរ និយាយ​អំពី​ជនបទ និយាយ​អំពីស្រ្តី និយាយ​អំពីបុរស និយាយ​អំពីយោធា​ដែលក្លៀវក្លា និយាយ​អំពីច្រក និយាយ​អំពី​កំពង់ទឹក និយាយ​អំពីញាតិ​ដែលចែក​ឋានទៅ​កាន់បរលោក​ហើយ និយាយ​អំពីពាក្យ​ដែលឥត​ប្រយោជន៍​មានសភាព​ផ្សេងៗ និយាយ​អំពីលោក និយាយ​អំពីសមុទ្រ និយាយ​អំពីសេចក្តី​ចំរើន និងមិនចំរើន ហេតុនោះ (ទ្រង់​ត្រាស់ថា) ចាក​គាមកថា។ ពាក្យថា គប្បី​រារាំង​ត្រចៀក គឺ​គប្បី​រារាំង ហាមឃាត់ ខាំងខា រក្សា គ្រប់គ្រង បិទ ផ្តាច់បង់​នូវត្រចៀក​ចាក​គាមកថា ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​រារាំងត្រចៀក ចាក​គាមកថា។

[៣៦] អធិប្បាយពាក្យថា មិនគប្បីជាប់ចំពាក់​ក្នុងរស ត្រង់ពាក្យ​ថា រស គឺរសមើម រសដើម រសសម្បក រសស្លឹក រសផ្កា រសផ្លែ រសជូរ ផ្អែម ល្វីង ហឺរ ប្រៃ ខារ ជូរផ្អែម ចត់ ឆ្ងាញ់ មិនឆ្ងាញ់ ត្រជាក់ ក្តៅ។ សមណព្រាហ្មណ៍​ពួកមួយ ជាប់ចំពាក់​ក្នុងរស។ សមណ​ព្រាហ្មណ៍​ទាំងនោះ តែត្រាច់​ស្វែងរករស​ដ៏ប្រសើរ ដោយចុង​នៃអណ្តាត។ សមណ​ព្រាហ្មណ៍​ទាំងនោះ បានរសជូរ ស្វែងរក​រសមិនជូរ បានរស​មិនជូរ​ហើយ ស្វែងរក​រសជូរ។បេ។. បានរសត្រជាក់​ហើយ ស្វែងរក​រសក្តៅ បានរស​ក្តៅហើយ ស្វែងរក​នូវ​រសត្រជាក់។ សមណ​ព្រាហ្មណ៍​ទាំងនោះ បាន​របស់ណាៗ មិនសន្តោស​នឹងរបស់​នោះៗ ស្វែងរក​រសឯទៀតៗ ជាអ្នក​ត្រេកអរ ជាប់ចំពាក់ ល្មោភ ជក់ជាប់ ញ៉ាម ជាប់ស្អិត មានអាការ​ជាប់ស្អិត ញៀនក្នុង​រសទាំងឡាយ​ជាទី​គាប់ចិត្ត។ បុគ្គលណា បានលះបង់ បាន​ផ្តាច់ផ្តិល​នូវចំណង់​ក្នុងរស​នុ៎ះ។បេ។ ដុតដោយភ្លើង គឺញាណ​ហើយ បុគ្គលនោះ ពិចារណា​ដោយត្រូវ​ទំនង ហើយ​បរិភោគ​អាហារ មិនដើម្បីលេង មិនដើម្បី​ស្រវឹង មិនដើម្បី​ប្រដាប់ មិនដើម្បី​ស្អិតស្អាង គ្រាន់តែ​ដើម្បីឋិត​នៅនៃ​កាយនេះ ដើម្បី​ឲ្យកាយ​ប្រព្រឹត្ត​ទៅ ដើម្បី​បំបាត់បង់​សេចក្តី​លំបាក ដើម្បី​អនុគ្រោះ​ព្រហ្មចរិយៈ។បេ។ ការនៅ​សប្បាយ​ផង។ បុគ្គល​លាបដម្បៅ គ្រាន់តែ​ប្រយោជន៍​ឲ្យដុះសាច់​យ៉ាងណា មួយទៀត បុគ្គល​លាបភ្លៅ​រទេះ គ្រាន់តែ​ប្រយោជន៍​ដល់ការ​ដឹកនាំ​នូវភារៈ យ៉ាងណា មួយទៀត បុគ្គល​បរិភោគ​សាច់កូន គ្រាន់តែ​ប្រយោជន៍​ដល់ការ​ឆ្លងឲ្យ​ផុតផ្លូវ​ដាច់ស្រយាល យ៉ាងណា ភិក្ខុ​ពិចារណា​ដោយត្រូវ​ទំនង ហើយបរិភោគ​អាហារ មិនដើម្បី​លេង។បេ។ សេចក្តី​មិនមាន​ទោសផង ការនៅ​សប្បាយផង ក៏យ៉ាង​នោះដែរ បុគ្គល​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើឲ្យដល់​នូវការ​បាត់បង់​នូវចំណង់​ក្នុងរស ដូច្នេះ ជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ មិនប្រកប​ដោយចំណង់​ក្នុងរស សម្រេច​នៅដោយ​ចិត្ត ដែល​ប្រាសចាក​ដែន គឺកិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​ជាប់ចំពាក់​ក្នុងរស។

[៣៧] អធិប្បាយ​ពាក្យថា មិនគប្បី​ប្រកាន់វត្ថុណា​មួយក្នុង​លោក ត្រង់ពាក្យ​ថា ប្រកាន់ បានដល់​សេចក្តី​ប្រកាន់​ពីរ គឺសេចក្តី​ប្រកាន់​គឺតណ្ហា ១ សេចក្តី​ប្រកាន់​គឺទិដ្ឋិ ១។បេ។ នេះ សេចក្តី​ប្រកាន់ គឺតណ្ហា។បេ។ នេះ សេចក្តី​ប្រកាន់​គឺទិដ្ឋិ។ បុគ្គល​លះបង់​សេចក្តី​ប្រកាន់ គឺតណ្ហា រលាស់ចោល​សេចក្តី​ប្រកាន់​គឺទិដ្ឋិ មិនគប្បី​ប្រកាន់ មិនកាន់​យក មិនស្ទាបអង្អែល មិនប្រកាន់​ស្អិតនូវ​ចក្ខុ មិនគប្បី​ប្រកាន់ មិនកាន់​យក មិនស្ទាប​អង្អែល មិនប្រកាន់​ស្អិត​នូវត្រចៀក ច្រមុះ អណ្តាត កាយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ត្រកូល ពួក អាវាស លាភ យស សេចក្តី​សរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញា​នាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន និងធម៌​ដែលខ្លួន​ឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង។ ពាក្យថា វត្ថុណា​មួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ណាមួយ។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក។បេ។ ក្នុងអាយតនលោក ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​ប្រកាន់​វត្ថុណាមួយ ក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

បុគ្គលមិនគួរឡេះឡោះដោយភ្នែក គប្បីរារាំង​ត្រចៀក​ចាក​គាមកថា មិន​គប្បីជាប់​ចំពាក់​ក្នុងរសផង មិនគប្បី​ប្រកាន់​វត្ថុណា​មួយ ក្នុងលោក​ផង។

[៣៨] ភិក្ខុត្រូវផស្សៈប៉ះពាល់ហើយ ក្នុងកាលណា ក្នុងកាលនោះ មិនគប្បី​ធ្វើនូវ​ការទួញយំ ក្នុងទីណា​មួយទេ មួយទៀត មិនគប្បី​ប្រាថ្នាភព មិនគប្បី​ញាប់ញ័រ​ក្នុង​អារម្មណ៍​ដែលគួរ​ខ្លាចទាំង​ឡាយឡើយ។

[៣៩] ពាក្យថា ភិក្ខុត្រូវផស្សៈប៉ះពាល់ហើយ ក្នុងកាលណា អធិប្បាយថា ភិក្ខុត្រូវផស្សៈ​ គឺរោគ​ប៉ះពាល់ គ្របសង្កត់ ប្រជុំចុះ ប្រកបព្រម គឺត្រូវ​រោគភ្នែក ប៉ះពាល់ គ្របសង្កត់ ប្រជុំចុះ ប្រកប​ព្រម ត្រូវរោគ​ត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ រោគក្បាល រោគ​គុម្ពត្រចៀក រោគមាត់ រោគធ្មេញ ក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ ស្គាំងស្គម រោគផ្ទៃ វិលមុខ ធ្លាក់ឈាម ចុកសៀត ចុះផ្ទៃ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំណួចពិស រមាស់ កម រោគកើត​ក្នុងទីខ្វារ​ដោយ​ក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ប្រមេះ ផ្អែមមាត់ ឫសដូងដុះ បូស ឫសដូងបាត អាពាធ​កើតអំពី​ប្រមាត់ អាពាធ​កើតអំពី​ស្លេស្ម អាពាធ​កើតអំពី​ខ្យល់ អាពាធ​កើតអំពី​ប្រជុំធាតុបួន អាពាធ​កើតអំពី​ការប្រែប្រួល​រដូវ អាពាធ​កើតអំពី​ការរក្សា​ឥរិយាបថ​មិនស្មើ អាពាធ​កើតអំពី​សេចក្តី​ព្យាយាម (របស់គេ មានវាយចង​ជាដើម) អាពាធ​កើតអំពី​ផលកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច​ពស់ធំ ប៉ះពាល់ គ្របសង្កត់ ប្រជុំចុះ ប្រកប​ព្រម ហេតុនោះ (ទ្រង់​ត្រាស់ថា) ត្រូវផស្សៈ​ប៉ះពាល់ហើយ ក្នុងកាល​ណា។

[៤០] ពាក្យថា ភិក្ខុមិនគប្បីធ្វើនូវការទួញយំ ក្នុងទីណាមួយ គឺភិក្ខុ​មិនគប្បី​ធ្វើ មិនគប្បី​ឲ្យកើត មិនគប្បី​ឲ្យកើតព្រម មិនគប្បី​បង្កើត មិនគប្បី​បង្កើត​ចំពោះ​នូវការយំ យំរៀបរាប់ អាការ​នៃការយំ អាការ​នៃការយំ​រៀបរាប់ ភាពនៃ​ការយំ ភាពនៃ​ការយំ​រៀបរាប់ ការរៀបរាប់​ដោយ​វាចា ការរៀប​រាប់ផ្សេងៗ ការចរចា អាការ​នៃការចរចា ភាពនៃ​ការចរចា។ ពាក្យថា ក្នុងទី​ណាមួយ គឺក្នុង​កន្លែង​ណាមួយ ក្នុងទីណាៗ ក្នុងទីខ្លះ ដែលជា​ខាងក្នុងក្តី ខាងក្រៅក្តី ទាំងខាង​ក្នុង ទាំងខាង​ក្រៅក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុ​មិនគប្បី​ធ្វើនូវ​ការទួញយំ ក្នុងទី​ណាមួយ​ទេ។

[៤១] ពាក្យថា មួយទៀត មិនគប្បីប្រាថ្នាភព គឺមិនគប្បី​ប្រាថ្នា​កាមភព មិនគប្បី​ប្រាថ្នា​រូបភព មិនគប្បី​ប្រាថ្នា មិនគប្បី​ប៉ុនប៉ង មិនគប្បី​ចង់បាន​អរូបភព ហេតុនោះ (ទ្រង់​ត្រាស់ថា) មួយទៀត មិនគប្បី​ប្រាថ្នាភព។

[៤២] អធិប្បាយពាក្យថា មិនគប្បី​ញាប់ញ័រ ក្នុង​អារម្មណ៍​ដែលគួរ​ខ្លាច​ទាំងឡាយ​ឡើយ ត្រង់ពាក្យ​ថា អារម្មណ៍​ដែលគួរខ្លាច គឺភ័យក្តី ការខ្លាចក្តី បើដោយ​អាការៈ​តែមួយ​ទេ គឺមានន័យ​ដូចគ្នា។ សមដូច​ព្រះពុទ្ធដីកា​នេះ ដែល​ព្រះមានព្រះភាគ​ត្រាស់ហើយ​ថា ការខ្លាច ការញញើត​នោះ តែងមក​ដោយពិត។ អារម្មណ៍​ខាងក្រៅ​ដែលលោក​ពោលហើយ គឺសីហៈ ខ្លាធំ ខ្លាដម្បង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លាត្រី គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ឬថាពួកចោរ ឬពួក​មាណព​មានការងារ​ធ្វើហើយ​ក្តី មានការ​មិនទាន់​ធ្វើហើយក្តី។ មួយទៀត បើដោយ​អាការៈ​ដទៃវិញ ការខ្លាច អាការខ្លាច ការញាប់ញ័រ​ជាខាងក្នុង មានចិត្ត​ជាសមុដ្ឋាន ការព្រឺរោម ការរន្ធត់ចិត្ត ការតក់ស្លុត ភ័យអំពី​ជាតិ ភ័យអំពី​ជរា ភ័យអំពី​ព្យាធិ ភ័យអំពី​មរណៈ ភ័យអំពី​ព្រះរាជា ភ័យអំពី​ចោរ ភ័យអំពី​ភ្លើង ភ័យអំពី​ទឹក ភ័យអំពី​ការតិះដៀល​ខ្លួនឯង ភ័យអំពី​អ្នកដទៃ​តិះដៀល ភ័យអំពី​អាជ្ញា ភ័យអំពី​ទុគ្គតិ ភ័យអំពី​រលក ភ័យអំពី​ក្រពើ ភ័យ​អំពីអន្លង់ ភ័យអំពី​ត្រីសាហាវ ភ័យអំពី​ការចិញ្ចឹម​ជីវិត ភ័យអំពី​គេមិន​សរសើរ ភ័យអំពី​សេចក្តី​ត្រេកអរ​ក្នុង​បរិស័ទ្យ អាការខ្លាច ការ​ញាប់ញ័រ ការព្រឺរោម ការរន្ធត់ចិត្ត ការតក់ស្លុត លោកហៅថា ភ័យ។ ពាក្យថា មិនគប្បី​ញាប់ញ័រ​ក្នុង​អារម្មណ៍ ដែលគួរ​ខ្លាចទាំង​ឡាយ បាន​សេចក្តីថា ភិក្ខុ​ឃើញក្តី ឮក្តី នូវអារម្មណ៍​ដែលគួរ​ខ្លាចទាំង​ឡាយ​ហើយ មិនគប្បី​រន្ធត់ មិនគប្បី​រន្ធត់ខ្លាំង មិនគប្បី​ញាប់ញ័រ មិនគប្បី​​តក់ស្លុត មិនគប្បី​ស្លន់ មិនគប្បី​ស្លន់ស្លោ មិនគប្បី​ខ្លាច មិនគប្បី​ដល់នូវ​សេចក្តី​តក់ស្លុត ជាបុគ្គល​មិនរន្ធត់ មិនញាប់ញ័រ មិនតក់ស្លុត មិនរត់ លះបង់​ភ័យដែល​គួរខ្លាច ប្រាសចាក​ការព្រឺរោម ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​ញាប់ញ័រ ក្នុង​អារម្មណ៍​ដែលគួរ​ខ្លាចទាំង​ឡាយ​ឡើយ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ភិក្ខុត្រូវផស្សៈប៉ះពាល់ហើយ ក្នុងកាលណា ក្នុងកាល​នោះ មិន​គប្បីធ្វើ​នូវការ​ទួញយំ ក្នុងទីណា​មួយទេ មួយទៀត មិនគប្បី​ប្រាថ្នាភព មិនគប្បីញាប់ញ័រ ក្នុង​អារម្មណ៍​ដែលគួរ​ខ្លាចទាំងឡាយ​ឡើយ។

[៤៣] ភិក្ខុបានបាយក្តី ទឹកក្តី បង្អែមក្តី សំពត់ក្តី មិនគប្បី​ធ្វើនូវការ​សន្សំទុក​ទេ មួយទៀត កាលបើមិន​បានវត្ថុ​ទាំងនោះ ក៏មិនគប្បី​តក់ស្លុត​ឡើយ។

[៤៤] អធិប្បាយពាក្យថា បាយក្តី ទឹកក្តី បង្អែមក្តី សំពត់ក្តី ត្រង់ពាក្យថា បាយ គឺបាយ នំ សដូវ ត្រី សាច់។ ពាក្យថា ទឹក គឺទឹក ៨ យ៉ាង គឺ ទឹកស្វាយ ទឹកព្រីង ទឹកចេកមានគ្រាប់ ទឹកចេកឥតគ្រាប់ ទឹកស្រគំ ទឹកចន្ទ ទឹកក្រអៅឈូក ទឹកមាក់ប្រាង។ ទឹក ៨ យ៉ាងដទៃទៀត គឺ​ទឹកសង្ឃ័រ ទឹកពទ្រាតូច ទឹកពទ្រាធំ ទឹកដោះថ្លា ទឹក​គឺប្រេង ទឹកបបរ ទឹកដោះស្រស់ ទឹករស (ស្លឹកឈើ ជាដើម)។ ពាក្យថា បង្អែម គឺ​បង្អែមដែល​ធ្វើអំពីម្សៅ បង្អែមនំ បង្អែមមើមឈើ បង្អែម​សម្បកឈើ បង្អែម​ស្លឹកឈើ បង្អែម​ផ្កាឈើ បង្អែម​ផ្លែឈើ។ ពាក្យថា សំពត់ បានដល់​សំពត់ ៦ យ៉ាង គឺ​សំពត់​សម្បកឈើ ១ សំពត់​អម្បោះ ១ សំពត់សូត្រ ១ សំពត់រោមសត្វ ១ សំពត់សម្បកធ្មៃ ១ សំពត់​ដែលធ្វើ​ដោយវត្ថុ​ទាំងនោះ​លាយចម្រុះគ្នា ១ ហេតុនោះ (ទ្រង់​ត្រាស់ថា) បាយក្តី ទឹកក្តី បង្អែមក្តី សំពត់ក្តី។

[៤៥] អធិប្បាយពាក្យថា បានហើយ មិនគប្បី​ធ្វើនូវការ​សន្សំទុក​ទេ ត្រង់​ពាក្យថា បាន គឺបាន បានហើយ យកមកហើយ បានស៊ប់​ហើយ បានចំពោះ​ហើយ មិនមែន (បាន) ដោយ​ការកុហក គឺញុំាងសត្វ​លោកឲ្យ​ភាន់ភាំង មិនមែន​ដោយការ​ពោលពាក្យ​រាក់ទាក់ មិនមែន​ដោយការ​ធ្វើនិមិត្ត គឺ​ពោលបញ្ឆិត​បញ្ឆៀង មិនមែន​ដោយការ​កិន​កំទេច​នូវគុណ​គេ មិនមែន​ដោយការ​ស្វែងរក​លាភដោយ​លាភ មិនមែន​ដោយការ​ឲ្យឈើ មិនមែន​ដោយការ​ឲ្យឫស្សី មិនមែន​ដោយការ​ឲ្យស្លឹកឈើ មិនមែន​ដោយការ​ឲ្យផ្កាឈើ មិនមែន​ដោយការ​ឲ្យផ្លែឈើ មិនមែន​ដោយការ​ឲ្យលំអិត​សម្រាប់​ងូត មិនមែន​ដោយការ​ឲ្យលំអិត​សម្រាប់​លាប មិនមែន​ដោយការ​ឲ្យដីស្អិត មិនមែន​ដោយការ​ឲ្យឈើស្ទន់ មិនមែន​ដោយការ​ឲ្យទឹក​សម្រាប់​លប់មុខ មិនមែន​ដោយការ​ពោលលើក​តម្កើងអ្នក​ដទៃ មិនមែន​ដោយការ​ពោលពាក្យ​មិនពិត ដូច​សម្លសណ្តែកបាយ មិនមែន​ដោយការ​ថ្នាក់ថ្នម (នូវកូន​ត្រកូល) មិនមែន​ដោយការ​ចូលទៅអង្គុយ​លើតាំងក្នុង​ផ្ទះយ៉ាង​រហ័ស មិនមែន​ដោយ​វត្ថុវិជ្ជា (ការចេះទាយ​នូវទី​ភូមិស្ថាន) មិនមែន​ដោយ​តិរច្ឆានវិជ្ជា មិនមែន​ដោយ​អង្គវិជ្ជា (ការចេះទាយ​អវយវៈ) មិនមែន​ដោយ​នក្ខត្តវិជ្ជា (ការចេះទាយ​នក្ខត្តឫក្ស) មិនមែន​ដោយការ​ទៅធ្វើខ្លួន​ជាទូត មិនមែន​ដោយការ​ទៅធ្វើខ្លួន​ជាអ្នក​នាំដំណឹង​ដែល​គេផ្តាំ មិនមែន​ដោយការ​ធ្វើជាអ្នក​បំរើគេ​ដោយស្មង មិនមែន​ដោយ​វេជ្ជកម្ម មិនមែន​ដោយ​នវកម្ម មិនមែន​ដោយការ​ឲ្យដុំបាយ​ដោយដុំបាយ មិនមែន​ដោយការ​ឲ្យទៅឲ្យមក គឺបាន បានហើយ យកមកហើយ បានស៊ប់ហើយ បានចំពោះ​ហើយ ដោយធម៌ដ៏ស្មើ ហេតុនោះ (ទ្រង់​ត្រាស់ថា) បានហើយ។ ពាក្យថា មិនគប្បីធ្វើ​នូវការ​សន្សំទេ គឺមិន​គប្បីធ្វើ មិនគប្បី​ឲ្យកើត មិនគប្បី​ឲ្យកើតព្រម មិនគប្បី​បង្កើត មិនគប្បី​បង្កើតចំពោះ​នូវការ​សន្សំ​បាយ ការសន្សំទឹក ការសន្សំ​សំពត់ ការសន្សំយាន ការសន្សំ​ទីដេក ការសន្សំ​គ្រឿងក្រអូប ការសន្សំ​អាមិសៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) បានហើយ មិនគប្បី​ធ្វើនូវការ​សន្សំទេ។

[៤៦] ពាក្យថា កាលបើមិនបានវត្ថុទាំងនោះទេ ក៏មិន​គប្បីតក់ស្លុត គឺមិន​គប្បីតក់ស្លុត មិនគប្បី​រន្ធត់ មិនគប្បី​ញាប់ញ័រ មិនគប្បីខ្លាច មិនគប្បី​ដល់នូវ​ការតក់ស្លុត ជាអ្នក​មិនភ័យ មិនរន្ធត់ មិនតក់ស្លុត មិនរត់ ជាអ្នក​មានការភ័យ​ដែលគួរខ្លាច​លះបង់ហើយ ប្រាសចាក​ការព្រឺរោម​ដោយគិត​ថា អញ​មិនបាន​បាយក្តី មិនបាន​ទឹកក្តី មិនបាន​សំពត់ក្តី មិនបាន​ត្រកូលក្តី មិនបាន​គណៈក្តី មិនបាន​អាវាសក្តី មិនបាន​លាភក្តី មិនបាន​យសក្តី មិនបាន​សេចក្តី​សរសើរក្តី មិនបាន​សុខក្តី មិនបាន​ចីវរក្តី មិនបាន​បិណ្ឌបាតក្តី មិនបាន​សេនាសនៈ​ក្តី មិនបាន​គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារក្តី មិនបាន​បុគ្គល​អ្នកបំរើ​ជម្ងឺក្តី (ព្រោះ) អញជា​អ្នកមិន​ល្បីល្បាញ ហេតុនោះ (ទ្រង់ត្រាស់) ថា កាល​បើ​មិនបាន​នូវវត្ថុ​ទាំងនោះ មិនគប្បី​តក់ស្លុត​ឡើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភិក្ខុបានបាយក្តី ទឹកក្តី បង្អែមក្តី សំពត់ក្តី មិនគប្បី​ធ្វើនូវការ​សន្សំទុក​ទេ មួយទៀត កាលបើ​មិនបាន​វត្ថុទាំង​នោះ ក៏មិន​គប្បីតក់ស្លុត​ឡើយ។

[៤៧] ភិក្ខុជាអ្នកមានឈាន មិនគប្បី​ឡេះឡោះ​ដោយជើង​ទេ គប្បី​វៀរចាក​កុក្កុច្ចៈ (ការរពឹស ឬការរង្កៀស) មិនគប្បី​ប្រហែស​ទេ មួយទៀត គប្បីនៅ​ក្នុងទីអង្គុយ ឬទីដេក​ដែលមិន​មានសំឡេង។

[៤៨] អធិប្បាយពាក្យថា ភិក្ខុជាអ្នកមានឈាន មិនគប្បីឡេះឡោះ​ដោយជើង ត្រង់ពាក្យ​ថា ជាអ្នក​មានឈាន គឺជា​អ្នកមានឈាន​ដោយ​បឋមជ្ឈាន​ក្តី មានឈាន​ដោយ​ទុតិយជ្ឈាន​ក្តី មានឈាន​ដោយ​តតិយជ្ឈាន​ក្តី មានឈាន​ដោយ​ចតុត្ថជ្ឈាន​ក្តី មានឈាន​ដោយឈាន​ដែលប្រកប​ដោយវិតក្កៈ និងវិចារៈក្តី មានឈាន​ដោយឈាន​ដែលមិន​មានវិតក្កៈ មានត្រឹម​តែវិចារៈក្តី មានឈាន​ដោយឈាន​ដែលមិន​មានវិតក្កៈ មិនមាន​វិចារៈក្តី មានឈាន​ដោយឈាន​ដែលប្រកប​ដោយបីតិក្តី មានឈាន​ដោយឈាន​ដែលមិន​មានបីតិក្តី មានឈាន​ដោយឈាន​ដែលប្រកប​ដោយបីតិក្តី មានឈាន​ដោយ​ឈាន​ប្រដោយដោយ​​សេចក្តី​សប្បាយក្តី មានឈាន​ដោយឈាន​ប្រកប​ដោយ​សុខក្តី មាន​ឈាន​ដោយឈាន​ប្រកប​ដោយ​ឧបេក្ខាក្តី មានឈាន​ដោយ​សុញ្ញតជ្ឈានក្តី មានឈាន​ដោយ​អនិមិត្តជ្ឈាន​ក្តី មានឈាន​ដោយ​អប្បណិហិតជ្ឈាន​ក្តី មានឈាន​ដោយ​លោកិយជ្ឈាន​ក្តី មានឈាន​ដោយ​លោកុត្តរជ្ឈាន​ក្តី ជាអ្នក​ត្រេកអរ​ក្នុងឈាន ជាអ្នក​ប្រកបរឿយៗ នូវចិត្ត​មានអារម្មណ៍​តែមួយ ជាអ្នក​ធ្ងន់ក្នុង​ប្រយោជន៍​របស់ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​មានឈាន។ ត្រង់ពាក្យថា ជាអ្នក​មិនគប្បី​រពឹសដោយ​ជើង (មានពាក្យ​បុច្ឆាថា) ជាអ្នកមិន​រពឹសដោយ​ជើង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​រពឹស​ដោយជើង ប្រកប​ដោយការ​រពឹសដោយ​ជើង គឺជា​អ្នកប្រកប​រឿយៗ នូវការ​ត្រាច់ទៅ​ឆ្ងាយៗ និងការ​ត្រាច់ទៅ​មិនឈប់ឈរ គឺចេញ​អំពីអារាម​ទៅអារាម អំពី​ឱទ្យាន​ទៅឱទ្យាន អំពីស្រុក​ទៅស្រុក អំពីនិគម​ទៅនិគម អំពីនគរ​ទៅនគរ អំពីដែន​ទៅដែន អំពីជនបទ​ទៅ​ជនបទ បុគ្គល​ជាអ្នក​រពឹសដោយ​ជើង យ៉ាងនេះ​ខ្លះ។ មួយទៀត ភិក្ខុ​ជាអ្នក​ប្រកបដោយ​ការរពឹស​ដោយជើង ខាងក្នុង​អារាម​នៃសង្ឃ មិនមែន​ព្រោះហេតុ​តែ​ប្រយោជន៍ មិនមែន​ព្រោះហេតុ​តែធ្វើ (នូវកិច្ច​របស់សង្ឃ) ជាអ្នក​មានចិត្ត​រើរុះ មានចិត្ត​មិនស្ងប់​រម្ងាប់ ចេញអំពី​បរិវេណ​ទៅបរិវេណ អំពី​វិហារ​ទៅវិហារ អំពី​អឌ្ឍយោគ​ទៅអឌ្ឍយោគ អំពី​ប្រាសាទ​ទៅប្រាសាទ អំពីប្រសាទ​ត្រងិល​ទៅប្រាសាទ​ត្រងិល អំពីគុហា​ទៅគុហា អំពី​លេណៈ (ទីជ្រកកោន) ទៅលេណៈ អំពីកុដិ​ទៅកុដិ អំពីផ្ទះ​កំពូល​ទៅផ្ទះ​កំពូល អំពីបញ្ចា​ទៅបញ្ចា អំពីរោង​ទៅរោង អំពីទីជ្រក​អាស្រ័យ​ទៅទីជ្រកអាស្រ័យ អំពីឃ្លាំង​ទៅឃ្លាំង អំពី​ឧបដ្ឋានសាលា​ទៅ​ឧបដ្ឋានសាលា អំពីរោងមូល​ទៅរោងមូល អំពីគល់ឈើ​ទៅគល់ឈើ ឬក៏​ពួកភិក្ខុ​អង្គុយក្នុង​ទីណា ក៏ទៅ​ក្នុង​ទីនោះ។ បើក្នុងទីនោះ ភិក្ខុ ១ រូប មានភិក្ខុ​ជាគំរប់​ពីររូប ឬភិក្ខុ ២ រូប មានភិក្ខុជា​គំរប់បីរូប ឬក៏ភិក្ខុ ៣ រូប មានភិក្ខុ​ជាគំរប់ ៤ រូប ក្នុងទីនោះ ភិក្ខុនោះ តែងចរចា​នូវ​ពាក្យឥត​ប្រយោជន៍​ច្រើន គឺពោល​អំពី​ព្រះរាជា ពោល​អំពីចោរ ពោលអំពី​មហាមាត្យ ពោលអំពី​សេនា ពេលអំពី​ភ័យ ពោលអំពី​ចម្បាំង ពោលអំពី​បាយ ពោល​អំពីទឹក ពោលអំពី​សំពត់ ពោលអំពី​យាន ពោលអំពី​ដំណេក ពោលអំពី​ផ្កាកម្រង ពោលអំពី​គ្រឿងក្រអូប ពោលអំពី​ញាតិ ពោលអំពី​ស្រុក ពោលអំពី​និគម ពោលអំពី​ក្រុង ពោលអំពី​ជនបទ ពោលអំពី​ស្រី ពោលអំពី​ប្រុស ពោលអំពី​អ្នកក្លៀវក្លា ពោលអំពីច្រក ពោលអំពី​កំពង់ទឹក ពោលអំពី​បុរស ដែលចែក​ឋានទៅកាន់​បរលោក ក្នុង​កាលមុន ពោលវាចា​មានសភាព​ផ្សេងៗ ពោលអំពី​រឿងលោក ពោលអំពី​សមុទ្រ ឬពោល​អំពីសេចក្តី​ចំរើន និងវិនាស​ថា​ដូច្នេះ ដូច្នោះ ភិក្ខុជាអ្នក​រពឹសដោយ​ជើង យ៉ាងនេះខ្លះ។ ពាក្យថា ជាអ្នកមិន​គប្បីរពឹស​ដោយជើង បានសេចក្តី​ថា គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើតមាន​ការរពឹស​ដោយជើង ជាអ្នកឆ្ងាយ វៀរ វៀរចំពោះ ឃ្លាតចេញ រលាស់​ចោល រួចស្រឡះ មិនប្រកប​ដោយការរពឹស​ដោយជើង ហើយសម្រច​នៅ ប្រព្រឹត្ត ប្រព្រឹត្តព្រម ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រា​ទៅ ដោយចិត្ត​ដែលប្រាសចាក​ដែន​គឺកិលេស។ បុគ្គលនោះ គប្បីជាអ្នក​មានទីពួន​សម្ងំ​ជាទីត្រេកអរ ត្រេកអរ​តែក្នុងទី​ពួនសម្ងំ ប្រកប​រឿយៗ នូវការ​រម្ងាប់ចិត្ត​ខាងក្នុង មានឈាន​មិនបាន​ឃ្លាតចេញ ប្រកប​ដោយ​វិបស្សនា ចំរើន​សុញ្ញាគារដ្ឋាន មានឈាន ត្រេកអរ​ក្នុងឈាន ប្រកប​រឿយៗ នូវចិត្ត​មានអារម្មណ៍​តែមួយ ជាអ្នក​ធ្ងន់ក្នុង​ប្រយោជន៍​របស់ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​មានឈាន មិនគប្បី​រពឹសដោយ​ជើង។

[៤៩] អធិប្បាយពាក្យថា គប្បីវៀរចាកកុក្កុច្ចៈ មិនគប្បី​ប្រហែស​ទេ ត្រង់​ពាក្យ​ថា កុក្កុច្ចៈ  គឺការ​រពឹសដៃ ហៅថា កុក្កុច្ចៈ ការរពឹស​ជើង ហៅថា កុក្កុច្ចៈ ការរពឹស​ដៃ និងជើង ហៅថា កុក្កុច្ចៈ សេចក្តី​សំគាល់​ក្នុងរបស់គួរ​ ថាជា​របស់​មិនគួរ សេចក្តី​សំគាល់​ក្នុង​របស់​មិនគួរ​ថា ជា​របស់គួរ សេចក្តី​សំគាល់​ក្នុងរបស់​មិនមាន​ទោស ថា​ជារបស់​មាន​ទោស សេចក្តី​សំគាល់​ក្នុងរបស់​មានទោស ​ថា​ជារបស់​មិនមាន​ទោស កុក្កុច្ចៈ អាការ​នៃ​កុក្កុច្ចៈ ភាពនៃ​កុក្កុច្ចៈ សេចក្តីក្តៅ​ក្រហាយ​នៃចិត្ត ការស្លាក​ស្នាមនៃចិត្ត​ឯណា មាន​សភាព​​យ៉ាងនេះ នេះហៅថា កុក្កុច្ចៈ។ ម្យ៉ាងទៀត កុក្កុច្ចៈ សេចក្តីក្តៅ​ក្រហាយ​នៃចិត្ត ការ​ស្លាក​​ស្នាមនៃ​ចិត្ត រមែង​កើតដោយ​ហេតុ ២ គឺភាពនៃ​អំពើដែល​ខ្លួនធ្វើ​ហើយ ឬមិនបាន​ធ្វើ។ កុក្កុច្ចៈ ការក្តៅ​ក្រហាយ​នៃចិត្ត ការស្លាក​ស្នាមនៃចិត្ត រមែង​កើតឡើង​ព្រោះអំពើ​ដែល​ធ្វើ​ហើយ ឬមិនបានធ្វើ តើដូចម្តេច។ កុក្កុច្ចៈ ការក្តៅ​ក្រហាយ​នៃចិត្ត ការស្លាក​ស្នាម​នៃ​ចិត្ត​កើតឡើង​ថា កាយទុច្ចរិត អញបាន​ធ្វើហើយ កាយសុចរិត អញមិន​បានធ្វើទេ។ កុក្កុច្ចៈ។បេ។ ការស្លាក​ស្នាមនៃចិត្ត​កើតឡើង​ថា វចីទុច្ចរិត អញបាន​ធ្វើហើយ មនោទុច្ចរិត អញបានធ្វើ​ហើយ បាណាតិបាត អញ​បានធ្វើហើយ ការវៀរចាក​បាណាតិបាត អញ​មិនបាន​ធ្វើទេ។ កុក្កុច្ចៈ ការក្តៅ​ក្រហាយ​នៃចិត្ត ការស្លាក​ស្នាមនៃចិត្ត កើតឡើង​ថា អទិន្នាទាន អញធ្វើ​ហើយ កាមេសុមិច្ឆាចារ អញធ្វើហើយ មុសាវាទ អញធ្វើ​ហើយ បិសុណាវាចា អញធ្វើ​ហើយ ផរុសវាចា អញធ្វើហើយ សម្ផប្បលាបៈ អញធ្វើ​ហើយ អភិជ្ឈា អញធ្វើហើយ ព្យាបាទ អញធ្វើ​ហើយ មិច្ឆាទិដ្ឋិ អញធ្វើហើយ សម្មាទិដ្ឋិ អញមិន​បាន​ធ្វើ​ទេ។ កុក្កុច្ចៈ ការក្តៅ​ក្រហាយ​នៃចិត្ត ការស្លាក​ស្នាមនៃចិត្ត រមែង​កើតឡើង​ព្រោះ​អំពើ​​ដែលធ្វើ​ហើយ ឬមិន​បានធ្វើ យ៉ាងនេះ​ឯង។ មួយទៀត កុក្កុច្ចៈ ការក្តៅ​ក្រហាយ​នៃ​ចិត្ត ការស្លាក​ស្នាមនៃចិត្ត រមែងកើត​ឡើងថា អញជា​អ្នកមិនបាន​ធ្វើនូវការ​បំពេញ​ក្នុង​សីល ថាអញ​ជាអ្នក​មិនបាន​គ្រប់គ្រង​ទ្វារក្នុង​ឥន្រ្ទិយ ថាអញ​ជាអ្នក​មិនដឹង​ប្រមាណ​ក្នុង​ភោជន ថាអញ​ជាអ្នក​មិនប្រកប​នូវការភ្ញាក់​រឭក ថាអញ​ជាអ្នក​មិនប្រកប​ដោយ​សតិសម្បជញ្ញៈ ថា​សតិប្បដ្ឋាន ៤ អញ​មិនបាន​ចំរើន ថាសម្មប្បធាន ៤ អញមិន​បាន​ចំរើន ថា​ឥទ្ធិបាទ ៤ អញមិន​បានចំរើន ថាឥន្រ្ទិ ៥ អញមិន​បានចំរើន ថា​ពលៈ ៥ អញ​មិន​​បានចំរើន ថា​ពោជ្ឈង្គៈ ៧ អញមិន​បានចំរើន ថា​អដ្ឋង្គិកមគ្គ​ដ៏ប្រសើរ អញមិន​បាន​ចំរើន ថាទុក្ខ អញមិន​បានកំណត់​ដឹង ថាសមុទយៈ អញ​មិនបាន​លះបង់ ថាមគ្គ​ អញមិនបាន​ចំរើន ថា​និរោធ អញមិន​បានធ្វើ​ឲ្យជាក់ច្បាស់។ ពាក្យថា គប្បី​វៀរ​ចាកកុក្កុច្ចៈ គឺគប្បីឆ្ងាយ វៀរ វៀរចំពោះ ចាកកុក្កុច្ចៈ គឺគប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើមិន​ឲ្យកើតមាន កុក្កុច្ចៈ គឺថាគប្បី​ជាបុគ្គល​ឆ្ងាយ វៀរ វៀរចំពោះ ឃ្លាតចេញ រលាស់​​ចោល រួចស្រឡះ មិនប្រកប​ដោយកុក្កុច្ចៈ គប្បីសម្រេច​នៅដោយចិត្ត ដែល​ប្រាសចាក​ដែនគឺ​កិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បីវៀរ​ចាក​កុក្កុច្ចៈ។ ពាក្យថា មិនគប្បី​ប្រហែស គឺគប្បី​ជាអ្នកធ្វើ​ដោយ​គោរព ធ្វើរឿយៗ ធ្វើមិនដាច់ ប្រព្រឹត្ត​មិនរួញរា មិនដាក់​ឆន្ទៈ មិនដាក់​ធុរៈ មិនប្រហែស​ក្នុង​កុសលធម៌​ទាំងឡាយ។ គឺបាន​ខាងការ​ពេញចិត្ត ការ​ព្យាយាម ការឧស្សាហ៍ ការប្រឹងប្រែង កំឡាំង ការមិន​ប្រែត្រឡប់វិញ សតិសម្បជញ្ញៈ សេចក្តី​​ព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស ការតាំង​ព្យាយាម អធិដ្ឋាន ការ​ប្រកប​រឿយៗ និង​ការ​មិនប្រហែស​ក្នុងកុសលធម៌​ទាំងឡាយ​ថា កាលណា​អញមិន​បំពេញ​សីលក្ខន្ធ ដែលមិន​ទាន់បំពេញ​ហើយ ឬថែទាំ​សីលក្ខន្ធ ដែល​ពេញ​ហើយ​ដោយប្រាជ្ញា ក្នុង​សីលក្ខន្ធ​នោះ។ មួយទៀត បានខាង​ការពេញ​ចិត្ត ការព្យាយាម ការ​ឧស្សាហ៍ ការ​ប្រឹងប្រែង កំឡាំង ការមិន​ប្រែត្រឡប់​វិញ សតិសម្បជញ្ញៈ សេចក្តី​ព្យាយាម ជាគ្រឿង​ដុត​កំដៅ​កិលេស ការតាំង​ព្យាយាម អធិដ្ឋាន ការប្រកប​រឿយៗ និងសេចក្តី​មិនប្រហែស​ក្នុង​កុសលធម៌​ទាំងឡាយថា កាលណា​អញនឹង​បំពេញ​សមាធិក្ខន្ធ បញ្ញាខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ខ ដែលមិនទាន់​ពេញក្តី កាលណា​អញគប្បី​កំណត់ដឹង​ទុក្ខ ដែល​មិន​​ទាន់កំណត់​ដឹងក្តី នឹងលះបង់​កិលេស​ដែលមិន​ទាន់លះបង់​ក្តី នឹង​ចំរើន​មគ្គ ដែល​មិន​ទាន់​ចំរើនក្តី នឹងធ្វើ​ឲ្យជាក់ច្បាស់​នូវនិរោធ ដែលមិន​ទាន់ធ្វើឲ្យ​ជាក់ច្បាស់​ក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បីវៀរ​ចាក​កុក្កុច្ចៈ មិនគប្បី​ប្រហែស​ទេ។

[៥០] អធិប្បាយពាក្យថា មួយទៀត គប្បីនៅក្នុង​ទីអង្គុយ ឬទីដេក ដែលមិន​មាន​សំឡេង ត្រង់ពាក្យថា មួយទៀត គឺជា​បទតភ្ជាប់។បេ។ ភិក្ខុអង្គុយ​ក្នុងទីណា គឺ​គ្រែ តាំង ពូក កន្ទេល កំណាត់ស្បែក កម្រាលស្មៅ កម្រាលស្លឹក កម្រាលចំបើង ទីនោះ លោក​ហៅ​ថា ទីអង្គុយ។ សេនាសនៈ វិហារ អឌ្ឍយោគ ប្រាសាទ ប្រាសាទ​ត្រងិល គុហា លោក​ហៅ​ថា ទីដេក ហេតុនោះ (ទ្រង់​ត្រាស់ថា) មួយទៀត ក្នុងទី​អង្គុយ ឬទីដេក។ ពាក្យថា គប្បីនៅ​ក្នុង​ទីដែល​មិនមាន​សំឡេង បាន​សេចក្តីថា គប្បី​ត្រាច់ទៅ គប្បីនៅ គប្បីទៅ គប្បីប្រព្រឹត្ត គប្បី​រក្សា គប្បីយាត្រា គប្បី​ឲ្យយាត្រា​ទៅក្នុង​សេនាសនៈ ដែលមិន​មានសំឡេង មិនមាន​ការ​គឹកកង ប្រាសចាក​ខ្យល់កាយ​នៃជន ជាទី​ស្ងប់ស្ងាត់​ចាកមនុស្ស ជាទីដ៏​សមគួរ​ដល់​ការ​​ពួនសម្ងំ ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​នៅក្នុង​ទីអង្គុយ ឬទីដេក ដែលមិន​មាន​សំឡេង។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ភិក្ខុជាអ្នកមានឈាន មិនគប្បីរពឹស​ដោយជើង គប្បី​វៀរចាក​កុក្កុច្ចៈ (ការរពឹស ឬរង្កៀស) មិនគប្បី​ប្រហែសទេ ម្យ៉ាងទៀត គប្បីនៅ​ក្នុងទីអង្គុយ ឬទីដេក ដែលមិន​មានសំឡេង។

[៥១] ភិក្ខុមានព្យាយាមជាគ្រឿងដុតកំដៅកិលេស មិនគប្បី​ធ្វើការ​ដេកលក់​ឲ្យ​ច្រើន​ទេ គប្បីគប់រក​នូវការ​ភ្ញាក់រឭក គប្បី​លះបង់​នូវសេចក្តី​ខ្ជិលច្រអូស មាយា ការ​សើច ការលេង មេថុនធម្ម ព្រមទាំង​ការស្អិតស្អាង​ចេញ។

[៥២] ពាក្យថា មិនគប្បីធ្វើការដេកលក់ឲ្យច្រើន គឺធ្វើយប់ និងថ្ងៃឲ្យមាន ៦ ចំណែក គប្បី​ភ្ញាក់រឭក ៥ ចំណែក គប្បីដេក ១ ចំណែក ហេតុនោះ (ទ្រង់​ត្រាស់ថា) មិន​គប្បី​​ធ្វើការដេក​លក់ឲ្យ​ច្រើនទេ។

[៥៣] ពាក្យថា ភិក្ខុមានព្យាយាមជាគ្រឿង​ដុតកំដៅ​កិលេស គប្បីគប់​រកការ​ភ្ញាក់​រឭក អធិប្បាយ​ថា ភិក្ខុក្នុង​សាសនា​នេះ គប្បីដុស​ខាត់ចិត្ត​ចាកពួក​ធម៌ជាគ្រឿង​រារាំង ដោយ​​ការចង្រ្កម ដោយ​កិរិយាអង្គុយ​អស់វេលាថ្ងៃ គប្បីដុស​ខាត់ចិត្ត​ចាកពួកធម៌ ជា​គ្រឿង​រារាំង ដោយការ​ចង្រ្កម ដោយកិរិយា​អង្គុយ អស់​បឋមយាម​នៃរាត្រី គប្បី​សម្រេច​សីហសេយ្យាស ដោយ​ចំហៀង​ខាងស្តាំ អស់​មជ្ឈិមយាម​នៃរាត្រី យកជើង​តម្រួត​លើជើង ជាអ្នក​មានស្មារតី​ដឹងខ្លួន ធ្វើទុក​ក្នុងចិត្ត​នូវ​ឧដ្ឋានសញ្ញា​ក្រោកឡើង ហើយដុស​ខាត់ចិត្ត ចាកពួក​ធម៌ជា​គ្រឿងរារាំង ដោយការ​ចង្ក្រម ដោយកិរិយា​អង្គុយ អស់​បច្ឆិមយាម​នៃ​រាត្រី។ ពាក្យថា គប្បីគប់​រកការ​ភ្ញាក់រឭក គឺ​គប្បីគប់រក គប្បីគប់​រកព្រម គប្បីសេព​ចំពោះ នូវ​ការ​ភ្ញាក់រឭក ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បីគប់រក​ការភ្ញាក់រឭក។ ពាក្យថា មាន​ព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស សេចក្តីថា ការព្យាយាម លោកហៅថា ការព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស បានដល់ ការព្យាយាម​តឹងតែង ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត ការ​ខ្នះខ្នែង ការសង្វាត ការស្ទុះស្ទា ការព្យាយាម ការឧស្សាហ៍ ការប្រឹងប្រែង កម្លាំងចិត្ត ការ​ព្យាយាម​ដ៏មាំ ការប្រឹងប្រែង​មិនធូរថយ ការមិន​ដាក់ឆន្ទៈ​ចោល ការមិន​ដាក់ធុរៈ​ចោល ការ​ផ្គង​នូវធុរៈ សេចក្តី​ព្យាយាម​ ការព្យាយាម​ជាធំ ព្យាយាម​ជាកម្លាំង ព្យាយាម​ដោយប្រពៃ បុគ្គល​នោះ ព្រមព្រៀង មូលមិត្ត ចូលទៅជិត អែបនែប កៀកកើយ ផ្តេកផ្តិត ប្រកប​ដោយ​ការព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស​នេះ ទើប​លោកហៅថា អ្នកមាន​ព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស​ ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុ​មានព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស គប្បីគប់​រកការភ្ញាក់រឭក។

[៥៤] អធិប្បាយពាក្យថា គប្បីលះបង់នូវសេចក្តីខ្ជិល​ច្រអូស មាយា ការសើច ការលេង មេថុនធម្ម ព្រមទាំង​ការស្អិតស្អាង ត្រង់ពាក្យថា សេចក្តី​ខ្ជិលច្រអូស គឺសេចក្តី​ខ្ជិលច្រអូល អាការ​នៃការខ្ជិល​ច្រអូស ភាពនៃ​ការ​ខ្ជិលច្រអូស ភាពនៃ​ចិត្តខ្ជិល​ច្រអូស សេចក្តី​ខ្ជិល អាការ​ខ្ជិល ភាពនៃ​សេចក្តីខ្ជិល​ណា នេះ លោកហៅថា សេចក្តីខ្ជិល​ច្រអូស។ ពាក្យថា មាយា គឺការប្រព្រឹត្តិ​ប្រកប​ដោយការ​បញ្ឆោត លោកហៅថា មាយា។ បុគ្គលខ្លះ​ក្នុងលោកនេះ ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត តាំងសេចក្តី​ប្រាថ្នា​ដ៏លាមក ព្រោះហេតុ​នៃការ​បិទបាំង​ទុច្ចរិត​នោះ តែង​ប្រាថ្នាថា អ្នកផង​កុំដឹងអញ ត្រិរិះថា អ្នកផង​កុំដឹងអញ ពោលនូវ​វាចាថា អ្នកផង​កុំស្គាល់​អញ ប្រឹងប្រែង​ដោយ​កាយថា អ្នកផង​កុំដឹង​អញ។ មាយា ភាពនៃមាយា ការបំភ្លេច ការ​បញ្ឆោត ការបំភ័ន្ត ការរោយរាយ ការនាំចេញ ការរក្សាពុត ការលាក់ពុត ការលាក់​លៀម ការបិទបាំង ការគ្រប​បិទបាំង អំពើដ៏ជ្រៅ អំពើដ៏​កំបាំង ការគ្រប​ជិតស្និទ្ធ កិរិយា​អាក្រក់​ឯណា មានសភាព​យ៉ាងនេះ នេះ លោកហៅថា មាយា។ ពាក្យថា ការសើច គឺបុគ្គលខ្លះ​ក្នុងលោក​នេះ សើចបង្ហាញ​ធ្មេញហួស​ប្រមាណ។ សមដូច​ព្រះពុទ្ធដីកា​នេះ ដែល​ព្រះមានព្រះភាគ​ត្រាស់ហើយ​ថា ម្នាលភិក្ខុ​ទាំងឡាយ ការសើច​បញ្ចេញ​ធ្មេញហួស​ប្រមាណ​ឯណា នេះ ជាអំពើ​របស់ក្មេង​ក្នុង​អរិយវិន័យ។

ពាក្យថា ការលេង បានដល់ការលេង ២ គឺ​ការលេង​ប្រកប​ដោយកាយ ១ ការលេង​ប្រកប​ដោយ​វាចា ១។ ការលេង​ប្រកប​ដោយកាយ តើដូចម្តេច។ ជនទាំងឡាយ លេង​ដំរីខ្លះ លេង​សេះខ្លះ លេងរថខ្លះ លេងធ្នូខ្លះ លេង​បាស្កា​មានក្រឡា​ប្រាំបីខ្លះ លេង​បាស្កា​មានក្រឡា​ដប់ខ្លះ លេងបាស្កា​ក្នុងអាកាស​ខ្លះ លេង​វាងផ្លូវ​ដែលគួរ​វាងខ្លះ លេង​ផ្ទាត់​គ្រាប់ មានគ្រាប់ក្រួស​ជាដើមខ្លះ លេង​បាស្កា​ក្នុងលាន​សម្រាប់​លេងខ្លះ លេង​ហ៊ឹងខ្លះ លេង​ដោយ​បាចស្លាក​រលាស់ទឹកល័ខ​ជាដើម ឲ្យទាយរូបខ្លះ លេង​អង្គញ់ខ្លះ លេង​ប៉ីស្លឹកខ្លះ លេងនង្គ័ល​តូចខ្លះ លេង​ដាំដូង​ខ្លះ លេង​កង្ហារ​ខ្លះ លេងគ្រឿង​វាល់ដី​ដោយ​ស្លឹក​ខ្លះ លេង​រថតូចខ្លះ លេងធ្នូ​តូចខ្លះ លេងឲ្យ​ទាយអក្សរ​ខ្លះ លេង​ទាយចិត្ត (ស្តេចចង់) ខ្លះ លេងធ្វើ​ត្រាប់គេខ្លះ នេះហៅថា ការលេង​ប្រកប​ដោយកាយ។

ការលេងប្រកបដោយវាចា តើដូចម្តេច។ ការធ្វើ​ឲ្យដូច​ជាស្គរ​ដោយសំឡេង​មាត់ ការធ្វើ​ត្រាប់ស្គរ​ដោយមាត់ ការធ្វើ​សំឡេង​ដោយមាត់ ដូចជា​ស្គរដែល​គេវាយ​ហើយ ការ​ធ្វើ​សំឡេង​ដោយអណ្តាត​ទល់បបូរមាត់ ការបញ្ចេញ​សំឡេង​ដូចស្គរ​ដោយមាត់ ការ​ធ្វើ​​ឲ្យដូចជា​ស្គរតូច​ដោយមាត់ ការនិយាយ​ពន្យល់ឲ្យ​អ្នករាំ ការស្រែកហ៊ោ ការច្រៀង អំពើ​សើចលេង នេះ​ហៅថា ការលេង​ប្រកប​ដោយវាចា។

ឈ្មោះថា មេថុនធម្ម បានដល់​ធម៌អសប្បុរស ធម៌របស់​អ្នកស្រុក ធម៌របស់​អ្នកខូច ធម៌អាក្រក់ មាន​ទឹកជាទីបំផុត ធម៌កំបាំង ការជួបជុំ​របស់បុគ្គល ១ គូៗ។ ព្រោះហេតុអ្វី ទើបលោក​ហៅថា មេថុនធម្ម។ ធម៌របស់​បុគ្គល ២ នាក់ ដែល​ត្រេតអរ ត្រេកអរ​​ក្រៃពេក មានចិត្ត​ទទឹក​ដោយរាគៈ មានកិលេស​រួបរឹត មានចិត្ត​ដែលកិលេស​គ្របសង្កត់ ធម៌របស់​បុគ្គល ២ នាក់​ស្មើគ្នា ព្រោះ​ហេតុនោះ លោកហៅថា មេថុនធម្ម។ ពួកជន​អ្នកធ្វើជម្លោះ ២ នាក់ អ្នកធ្វើ​ការប្រកាន់ ២ នាក់ អ្នកធ្វើ​តិរច្ឆានកថា ២ នាក់ អ្នកធ្វើ​ការជជែក ២ នាក់ អ្នកធ្វើ​អធិករណ៍ ២ នាក់ អ្នកនិយាយ ២ នាក់ អ្នកចរចា ២ នាក់ លោកហៅថា អ្នកធ្វើ​ធម៌ជាគូ យ៉ាងណា ធម៌របស់​បុគ្គល ២ នាក់ ដែល​ត្រេកអរ ត្រេកអរ​ក្រៃពេក មានចិត្ត​ទទឹក​ដោយ​រាគៈ មានកិលេសរួបរឹត មានចិត្ត​ដែល​កិលេស​គ្របសង្កត់ ជាធម៌​របស់បុគ្គល ២ នាក់​ស្មើគ្នា ព្រោះហេតុនោះ លោកហៅថា មេថុនធម្ម យ៉ាងនោះ​ដែរ។

ពាក្យថា ការស្អិតស្អាង បានដល់ការស្អិតស្អាង ២ គឺ ការស្អិតស្អាង​របស់គ្រហស្ថ ១ ការស្អិតស្អាង​របស់​បព្វជិត ១។

ការស្អិតស្អាងរបស់គ្រហស្ថ តើដូចម្តេច។ សក់ ពុកមាត់ ពុកចង្កា ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប គ្រឿងអាភរណៈ គ្រឿងប្រដាប់​សំពត់ គ្រឿង​ស្អិតស្អាង ឆ្នួតក្បាល គ្រឿងអប់ ការច្របាច់រឹត ការផ្ងូតទឹក ការគក់ច្របាច់ កញ្ចក់ គ្រឿងបន្តក់ កម្រងផ្កា និងគ្រឿងលាប គ្រឿងលំអិត​សម្រាប់​ប្រស់មុខ វត្ថុសម្រាប់​លាបមុខ គ្រឿង​ប្រដាប់ដៃ ចំណង​ភ្នួងសក់ ដំបង បំពង់ថ្នាំហិត ព្រះខ័ន ឆត្រ ស្បែកជើង​ដ៏វិចិត្រ មកុដ ឬក្បាំងមុខ ស្នៀតសក់ កែវមណី ផ្លិតធ្វើពី​រោមកន្ទុយសត្វ និងសំពត់​សទាំង​វែង​ទាំងខ្លី នេះហៅថា ការស្អិតស្អាង​របស់​គ្រហស្ថ។

ការស្អិតស្អាងរបស់បព្វជិត តើដូចម្តេច។ ការប្រដាប់ចីវរ ការប្រដាប់​បាត្រ ការ​ប្រដាប់ ការស្អិតស្អាង ការលេង ការលេង​ដោយប្រការៈ ការជាប់ចិត្ត ភាពនៃ​ការជាប់ចិត្ត ការធ្វើ​នូវគ្រឿង​ប្រដាប់ ភាពនៃការ​ធ្វើនូវគ្រឿង​ប្រដាប់​នូវកាយ​ស្អុយនេះក្តី នូវ​បរិក្ខារ​ទាំងឡាយ​ជាខាង​ក្រៅក្តី នេះហៅថា ការស្អិតស្អាង​របស់បព្វជិត។

ពាក្យថា គប្បីលះបង់នូវសេចក្តីខ្ជិលច្រអូស មាយា ការសើច ការលេង មេថុនធម្ម ព្រមទាំង​ការស្អិតស្អាង បានសេចក្តីថា គប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើត​មាន នូវសេចក្តី​ខ្ជិលច្រអូស​ផង មាយាផង ការសើចផង ការលេងផង មេថុនធម្ម ព្រមទាំង​​ការស្អិត​ស្អាង ព្រមទាំង​បរិវារ ព្រម​ទាំងគ្រឿង​ប្រស់ព្រំ ព្រមទាំងបរិក្ខារ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីលះបង់​នូវសេចក្តី​ខ្ជិលច្រអូស មាយា ការសើច ការលេង មេថុនធម្ម ព្រមទាំង​ការស្អិតស្អាង។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភិក្ខុមានព្យាយាមជាគ្រឿងដុតកំដៅកិលេស មិនគប្បីធ្វើការដេកលក់​ឲ្យច្រើនទេ គប្បី​គប់រក​នូវការភ្ញាក់​រឭក គប្បីលះបង់​នូវសេចក្តី​ខ្ជិលច្រអូស មាយា ការសើច ការលេង មេថុនធម្ម ព្រមទាំង​ការស្អិតស្អាង។

[៥៥] ភិក្ខុអ្នករាប់អាន (ព្រះរតនត្រយ័) មិនគប្បីគប់​នូវអំពើ​ធ្មប់ផង សុបិនផង លក្ខណៈ​ផង នក្ខត្តឫក្ស​ផង មិនគប្បីសេព​នូវមន្តសម្រាប់​ទាយ​សម្រែកសត្វផង ថ្នាំសម្រាប់​ធ្វើគភ៌ឲ្យ​តាំងនៅផង ការរក្សា​រោគផង។

[៥៦] ពាក្យថា ភិក្ខុមិនគប្បីគប់នូវអំពើធ្មប់ផង សុបិនផង លក្ខណៈ​ផង នក្ខត្តឫក្សផង អធិប្បាយ​ថា ពួកគ្រូធ្មប់ តែងប្រកប​អំពើធ្មប់ កាលបើ​ទីក្រុងគេ​បិទហើយ ឬសង្រ្គាម​តទល់គ្នា​ហើយ ក៏ញុំាងចង្រៃ​ឲ្យកើត ញុំាងឧបទ្រពឲ្យកើត ញុំាងរោគ​ឲ្យកើត ធ្វើឲ្យចុក ធ្វើឲ្យ​ចុកសៀត ធ្វើឲ្យ​គ្រុនក្តៅ ធ្វើឲ្យ​ចុះឈាម ចំពោះ​ពួកបច្ចាមិត្រ​ជាសត្រូវ ពួកគ្រូធ្មប់​តែងប្រកប​អំពើធ្មប់ យ៉ាងនេះ។ ពួកគ្រូទាយ​សុបិន តែងទាយ​សុបិន​ថា បុគ្គលណា យល់សប្ត​ក្នុងវេលា​ព្រឹកព្រហាម វិបាក​រមែងមាន​យ៉ាងនេះ បុគ្គលណា យល់សប្ត​ក្នុងវេលា​ថ្ងៃត្រង់ វិបាក​រមែងមាន​យ៉ាងនេះ បុគ្គលណា យល់សប្ត​ក្នុងវេលា​ថ្ងៃរសៀល វិបាក​រមែងមាន​យ៉ាងនេះ បុគ្គលណា យល់សប្តិ​ក្នុងបឋមយាម ក្នុង​មជ្ឈិមយាម ក្នុង​បច្ឆិមយាម បុគ្គលណា ដេក​ដោយ​​ចំហៀង​ខាងស្តាំ បុគ្គលណា ដេក​ដោយ​ចំហៀង​ខាងឆ្វេង បុគ្គលណា ដេកផ្ងារ បុគ្គលណា ដេកផ្កាប់ បុគ្គលណា យល់សប្ត​ឃើញព្រះចន្ទ បុគ្គលណា យល់សប្ត​យើញព្រះអាទិត្យ បុគ្គលណា យល់សប្ត​ឃើញ​មហាសមុទ្រ បុគ្គលណា យល់សប្ត​ឃើញ​ស្តេចភ្នំ​ឈ្មោះសិនេរុ បុគ្គលណា​យល់សប្ត​ឃើញដំរី បុគ្គលណាយល់សប្ត​ឃើញសេះ បុគ្គលណា​យល់សប្ត​ឃើញរថ បុគ្គលណា​យល់សប្ត​ឃើញពលថ្មើរជើង បុគ្គលណា​យល់​សប្ត​ឃើញសេនាព្យូហៈ បុគ្គលណា​យល់សប្ត​ឃើញសួន​ជាទី​ត្រេកអរ បុគ្គលណា​យល់សប្ត​ឃើញព្រៃជា​ទីត្រេកអរ បុគ្គលណា យល់សប្ត​ឃើញភូមិ​ជាទីត្រេកអរ បុគ្គល​ណាយល់សប្ត​ឃើញស្រះឈូក​ជាទី​ត្រេកអរ វិបាក​រមែងមាន​យ៉ាងនេះ ពួកគ្រូទាយ​សុបិន តែងទាយ​សុបិន​យ៉ាងនេះ។ ពួកគ្រូទាយ​លក្ខណៈ តែងទាយ​លក្ខណៈ គឺលក្ខណៈ​កែវមណី លក្ខណៈ​ដំបង ឬឈើច្រត់ លក្ខណៈ​សំពត់ លក្ខណៈដាវ លក្ខណៈព្រួញ លក្ខណៈធ្នូ លក្ខណៈ​អាវុធ លក្ខណៈស្រី លក្ខណៈ​ប្រុស លក្ខណៈ​ក្មេងស្រី លក្ខណៈ​ក្មេងប្រុស លក្ខណៈ​ខ្ញុំស្រី លក្ខណៈ​ខ្ញុំប្រុស លក្ខណៈ​ដំរី លក្ខណៈសេះ លក្ខណៈ​ក្របី លក្ខណៈ​គោឧសភ លក្ខណៈ​ពពែ លក្ខណៈកែះ លក្ខណៈ​​មាន់ លក្ខណៈ​ចាប ឬក្រួច លក្ខណៈ​ទន្សង លក្ខណៈគ្រឿង​ប្រដាប់ផ្ទះ ឬ​កំពូល​ផ្ទះ លក្ខណៈ​អណ្តើក លក្ខណៈ​ម្រឹគ ពួកគ្រូទាយ​លក្ខណៈ តែងទាយ​លក្ខណៈ​យ៉ាង​នេះ។ ពួកគ្រូទាយ​នក្ខត្តឫក្ស តែងទាយ​ថា នក្ខត្តឫក្ស ២៨ ការចូល​កាន់ផ្ទះ ត្រូវធ្វើ​ដោយ​នក្ខត្តឫក្ស​នេះ មកុដគេ​ត្រូវចង​ដោយ​នក្ខត្តឫក្ស​នេះ ការដណ្តឹង​កូនគេ ត្រូវធ្វើ​ដោយ​នក្ខត្តឫក្ស​នេះ ការនាំពូជ (ដើម្បី​សាបព្រោះ) ត្រូវធ្វើដោយ​នក្ខក្តឫក្ស​នេះ ការគ្រប់គ្រង​ផ្ទះ ត្រូវធ្វើដោយ​នក្ខត្តឫក្ស​នេះ ពួកគ្រូទាយ​នក្ខត្តឫក្ស រមែងទាយ​នក្ខត្តឫក្ស យ៉ាងនេះ។ ពាក្យថា ភិក្ខុមិន​គប្បីគប់​នូវអំពើ​ធ្មប់ផង សុបិនផង លក្ខណៈផង នក្ខត្តឫក្សផង បាន​សេចក្តីថា មិនគប្បីគប់ មិនគប្បី​ប្រព្រឹត្ត មិនគប្បី​ប្រព្រឹត្តព្រម មិនគប្បី​ប្រព្រឹត្ត​សមាទាន ឬមិន​គប្បីកាន់យក មិនគប្បី​រៀន មិនគប្បី​ទ្រទ្រង់ មិនគប្បី​ចងចាំ មិនគប្បី​កំណត់ មិនគប្បី​ប្រកប​នូវអំពើ​ធ្មប់ផង សុបិនផង លក្ខណៈ​ផង នក្ខត្តឫក្សផង ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុមិន​គប្បីគប់នូវ​អំពើធ្មប់​ផង សុបិនផង លក្ខណៈ​ផង នក្ខត្តឫក្សផង។

[៥៧] ពាក្យថា ភិក្ខុអ្នករាប់អាន (ព្រះរតនត្រ័យ) មិនគប្បី​សេពនូវ​មន្តសម្រាប់​ទាយសម្រែក​សត្វផង ថ្នាំសម្រាប់​ធ្វើគភ៌​ឲ្យតាំងនៅ​ផង ការរក្សា​រោគផង អធិប្បាយថា សម្រែក​ម្រឹគ លោកហៅថា សម្រែកសត្វ។ ពួកគ្រូទាយ​សម្រែក​ម្រឹគ រមែង​ទាយសម្រែក​ម្រឹគ រមែងដឹង​នូវសម្រែក​ស្រែករបស់​ពួកសត្វស្លាប ឬពួក​សត្វចតុប្បាទ ពួកគ្រូទាយ​សម្រែក​ម្រឹគ រមែងទាយ​សម្រែកម្រឹគ​យ៉ាងនេះ។ ពួកគ្រូពេទ្យ​ធ្វើគភ៌ រមែងញុំាង​គភ៌​ឲ្យតាំង​នៅបាន។ គភ៌មិនតាំង​នៅដោយ​ហេតុ ២ គឺ ដោយ​ពួកដង្កូវ ឬដោយ​ខ្យល់​កម្រើក។ ពួកគ្រូពេទ្យ​តែងឲ្យ​ឱសថ​ដើម្បីការពារ​ពួកដង្កូវ ឬ​ខ្យល់កម្រើក ពួកគ្រូពេទ្យ​ធ្វើគភ៌ រមែងញុំាង​គភ៌ឲ្យតាំងនៅ ដោយវិធី​យ៉ាងនេះ។ ពាក្យថា ការរក្សារោគ បានដល់ ការរក្សា ៥ គឺវេជ្ជកម្មខាងស្លាក ១ វេជ្ជកម្មខាងវះ ១ វេជ្ជកម្ម​ខាងការ​រក្សាកាយ ១ វេជ្ជកម្ម​ខាងភូត ១ វេជ្ជកម្ម​ខាងកុមារ ១។ ពាក្យថា អ្នករាប់អាន (ព្រះរតនត្រ័យ) គឺអ្នក​រាប់អាន​ព្រះពុទ្ធ រាប់​អាន​ព្រះធម៌ រាប់អាន​ព្រះសង្ឃ បុគ្គលនោះ រាប់អាន​ព្រះមានព្រះភាគ ព្រះមានព្រះភាគ​ក៏លើក​តំកើង​បុគ្គលនោះ។ សមដូច​ព្រះពុទ្ធដីកា​នេះ ដែល​ព្រះមានព្រះភាគ ត្រាស់​ហើយថា ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុ​ណា ជាអ្នក​កុហក រឹងរូស ពោលអែបអប មានកិលេស​ដូចស្នែង មានមានះ​ខ្ពស់ឡើង មានចិត្ត​មិនតាំងមាំ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទាំងនោះ មិនឈ្មោះ​ថា អ្នករាប់អាន​តថាគតផង ភិក្ខុទាំងនោះ ឈ្មោះថា ជាអ្នក​ប្រាសចាក​ធម្មវិន័យ​នេះផង ភិក្ខុទាំងនោះ​មិនដល់​នូវសេចក្តី​ចំរើន លូតលាស់​ធំទូលាយ ក្នុង​ធម្មវិន័យ​នេះផង ម្នាលភិក្ខុ​ទាំងឡាយ ឯពួក​ភិក្ខុណា ជាអ្នក​មិនកុហក មិនពោល​អែបអប ជាអ្នកប្រាជ្ញ មិនរឹងរូស មានចិត្ត​តាំងមាំ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា​រាប់អាន​តថាគតផង ភិក្ខុទាំងនោះ ឈ្មោះថា​មិនប្រាសចាក​ធម្មវិន័យ​នេះផង ភិក្ខុ​ទាំងនោះ រមែងដល់​នូវសេចក្តី​ចំរើន​លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យ​នេះផង។

ពួកភិក្ខុណា ជាអ្នកកុហក រឹងរូស ពោលពាក្យអែបអប មានកិលេស​ដូចស្នែង មានមានះ​ខ្ពស់ឡើង មានចិត្ត​មិនតាំងមាំ ភិក្ខុទាំងនោះ រមែង​មិនលូតលាស់​ក្នុងធម៌​ដែល​ព្រះសម្មាសម្ពុទ្ធ​ត្រាស់ទុក​ហើយ ឯពួកភិក្ខុណា ជាអ្នក​មិនកុហក មិនពោល​អែបអប ជាអ្នកប្រាជ្ញ មិនរឹងរូស មានចិត្ត​តាំងមាំ ភិក្ខុ​ទាំងនោះ រមែង​លូតលាស់​ក្នុងធម៌​ដែល​ព្រះសម្មាសម្ពុទ្ធ​ត្រាស់ទុក​ហើយ។

ពាក្យថា ភិក្ខុអ្នករាប់អាន (ព្រះរតនត្រ័យ) មិនគប្បី​សេពនូវ​មន្តសម្រាប់​ទាយ​សម្រែក​សត្វផង ថ្នាំសម្រាប់​ធ្វើគភ៌​ឲ្យតាំងនៅផង ការរក្សា​រោគផង បានសេចក្តីថា បុគ្គល​អ្នករាប់​អាន​ព្រះរតនត្រ័យ មិនគប្បី​សេព មិនគប្បី​រាប់រក មិនគប្បី​សេពចំពោះ មិនគប្បី​ប្រព្រឹត្ត មិនគប្បី​អើពើ មិនគប្បីប្រព្រឹត្ត​សមាទាន មិនគប្បី​កាន់យក មិនគប្បី​រៀន មិនគប្បី​ទ្រទ្រង់ មិនគប្បី​ចងចាំ មិនគប្បី​កំណត់ មិនគប្បី​ប្រកបនូវ​មន្តសម្រាប់​ទាយសម្រែក​សត្វផង ថ្នាំសម្រាប់​ធ្វើគភ៌​ឲ្យតាំង​នៅផង ការរក្សា​រោគផង ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុអ្នក​រាប់អាន (ព្រះរតនត្រ័យ) មិនគប្បី​សេពនូវមន្ត​សម្រាប់ទាយ​សម្រែក​សត្វផង ថ្នាំសម្រាប់​ធ្វើគភ៌​ឲ្យតាំង​នៅផង ការរក្សា​រោគផង។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា ភិក្ខុអ្នករាប់អាន (ព្រះរតនត្រ័យ) មិនគប្បី​គប់នូវអំពើ​ធ្មប់ផង សុបិនផង លក្ខណៈ​ផង នក្ខត្តឫក្សផង មិនគប្បី​សេពនូវ​មន្តសម្រាប់​ទាយសម្រែកសត្វផង ថ្នាំសម្រាប់​ធ្វើគភ៌​ឲ្យតាំងនៅផង ការរក្សា​រោគផង។

[៥៨] ភិក្ខុមិនគប្បីញាប់ញ័រដោយនិន្ទា បើត្រូវគេសរសើរហើយ មិនគប្បី​ឡើងជំនោរ គប្បីបន្ទោបង់​លោភៈ ព្រមទាំង​មច្ឆរិយផង ការក្រោធផង ការញុះញង់​ផង។

[៥៩] ពាក្យថា ភិក្ខុមិនគប្បីញាប់ញ័រដោយនិន្ទា អធិប្បាយថា បុគ្គលពួកខ្លះ ក្នុង​លោកនេះ និន្ទាភិក្ខុ គឺនិន្ទា តិះដៀល ត្មះ ដោយ​ជាតិខ្លះ គោត្រខ្លះ ភាពនៃ​ខ្លួនជាកូន​មានត្រកូល​ខ្លះ ភាពនៃខ្លួន​មាន​ពណ៌សម្បុរ​ល្អខ្លះ ទ្រព្យខ្លះ ការរៀន​មន្តខ្លះ ការងារខ្លះ សិប្បៈ​ខ្លះ ថ្នាក់នៃវិជ្ជាខ្លះ ការចេះ​ដឹងខ្លះ ការវាងវៃខ្លះ វត្ថុណា​មួយខ្លះ។ ភិក្ខុត្រូវគេនិន្ទា តិះដៀល ពោលទោសហើយ មិនគប្បី​ញាប់ញ័រ មិនគប្បី​ញាប់ញ័រ​ខ្លាំង មិនគប្បី​ញ័រចំប្រប់ មិនគប្បី​តក់ស្លុត មិនគប្បី​តក់ស្លុត​ខ្លាំង មិនគប្បី​ស្លន់ស្លោ មិនគប្បី​ខ្លាច មិនគប្បី​ដល់នូវការ​តក់ស្លុត ជាអ្នក​មិនភ័យ ជាអ្នក​មិនរន្ធត់ ជាអ្នក​មិនតក់ស្លុត ជាអ្នក​មិនរត់ ជាអ្នក​លះបង់​ភ័យដែល​គួរខ្លាចហើយ ប្រាសចាក​ការព្រឺរោម​ដោយនិន្ទា ដំនៀល ពាក្យត្មះ ការបង្អាប់កេរ្តិ៍ ការនាំមក​នូវទោស ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​ញាប់ញ័រ​ដោយនិន្ទា។

[៦០] ពាក្យថា បើត្រូវគេសរសើរហើយ មិនគប្បី​ឡើងជំនោរ អធិប្បាយថា បុគ្គល​ពួកខ្លះ​ក្នុងលោកនេះ សរសើរភិក្ខុ គឺសរសើរ ស្ងើច តំកើង ពណ៌នា​ដោយ​ជាតិខ្លះ។បេ។ វត្ថុណាមួយខ្លះ។ ភិក្ខុត្រូវ​គេសរសើរ ស្ងើច តំកើង ពណ៌នា មិនគប្បី​ធ្វើនូវ​ការឡើង​ជំនោរ មិនគប្បី​ធ្វើការ​ខ្ពស់ឡើង មិនគប្បី​ធ្វើមានះ មិនគប្បី​ធ្វើការរឹងត្អឹង ព្រោះ​ការសរសើរ ស្ងើច តំកើង ការនាំ​មកនូវ​គុណ មិនត្រូវ​រឹងត្អឹង រឹងរូស មានក្បាលងើប ព្រោះ​ដំណើរ​នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) បើត្រូវ​គេសរសើរហើយ មិនគប្បី​ឡើងជំនោរ។

[៦១] អធិប្បាយពាក្យថា គប្បីបន្ទោបង់​លោភៈ ព្រមទាំង​មច្ឆរិយៈ​ផង ការ​ក្រោធផង ការញុះញង់​ផង ត្រង់ពាក្យថា លោភៈ បានដល់ ការជាប់ចិត្ត អាការ​នៃការ​ជាប់ចិត្ត ភាពនៃ​ការជាប់ចិត្ត តម្រេក​មានកំឡាំង អាការនៃ​តម្រេក​មានកំឡាំង ភាពនៃ​តម្រេក​មានកំឡាំង អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា កំណាញ់ បានដល់ កំណាញ់ ៥ គឺ កំណាញ់អាវាស ១។បេ។ សេចក្តីប្រកាន់ លោកហៅថា កំណាញ់។ ពាក្យថា ក្រោធ បានដល់​សេចក្តីគុំគួន សេចក្តី​ចង្អៀតចង្អល់ សេចក្តី​តានតឹង សេចក្តី​ថ្នាំងថ្នាក់​នៃចិត្ត ការខឹង ការខឹងខ្លាំង ការខឹងក្រៃលែង សេចក្តីប្រទូស្ត សេចក្តី​ប្រទូស្តខ្លាំង សេចក្តី​ប្រទូស្ត​ក្រៃលែង ការប្រែប្រួល​នៃចិត្ត ការប្រទូស​ក្នុងចិត្ត សេចក្តីក្រាធ អាការ​ក្រោធ ភាពនៃក្រាធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃ​ការប្រទូស្ត ការព្យាបាទ អាការ​ព្យាបាទ ភាពនៃ​ការព្យាបាទ ការខុស ការអាក់អន់ ភាពកាច ការចេញ​ទឹកភ្នែក សេចក្តី​មិនត្រេកអរ​នៃចិត្ត។ ពាក្យថា ការញុះញង់ សេចក្តីថា បុគ្គលខ្លះ​ក្នុងលោកនេះ ជាអ្នក​មានវាចា​ញុះញង់ គឺឮអំពី​ពួកជនឯ​ណេះហើយ ប្រាប់ពួក​ជនឯណោះ ដើម្បី​ការបំបែក​ពួក​ជនឯនេះ ឬឮអំពី​ពួកជន​ឯណោះហើយ ប្រាប់ពួក​ជនឯនេះ ដើម្បីការ​បំបែក​ពួកជន​ឯណោះ ជាអ្នកបំបែក​ពួកជនដែល​ព្រមព្រៀង​គ្នាហើយផង ជាអ្នក​បន្ថែម​កំឡាំង​ដល់ពួក​ជនដែល​បែកគ្នា​ហើយផង ជាអ្នក​មានពួក​ជាទីត្រេកអរ​ ត្រេកអរ​ក្នុងពួក រីករាយ​ក្នុងពួក ជាអ្នក​ពោលនូវ​វាចាធ្វើ​ឲ្យជាពួក នេះ លោកហៅថា ការញុះញង់។ មួយទៀត បុគ្គល​បង្កការ​ញុះញង់​ដោយហេតុ ២ គឺដោយ​សេចក្តី​ប្រាថ្នាឲ្យ​គេស្រលាញ់​ខ្លួន ឬជា​អ្នកប៉ុនប៉ង​ឲ្យគេបែក​គ្នា។ បុគ្គល​បង្កការ​ញុះញង់ ដោយប្រាថ្នា​ឲ្យគេស្រលាញ់​ខ្លួន តើ​ដូចម្តេច។ បុគ្គល​បង្កការ​ញុះញង់ ដោយប្រាថ្នា​ឲ្យគេ​ស្រលាញ់ខ្លួន យ៉ាងនេះថា អញនឹង​បានជាទី​ស្រឡាញ់ ជាទី​ពេញចិត្ត ជាទីស្និទ្ធស្នាល ជាអ្នកខាងក្នុង ជាមិត្រ​សំឡាញ់​នៃជន​នេះ។ បុគ្គលប៉ុនប៉ង​ឲ្យគេបែកគ្នា ហើយបង្កការ​ញុះញង់ តើដូចម្តេច។ បុគ្គល​ប៉ុនប៉ង​ឲ្យគេ​បែកគ្នា ហើយបង្កការ​ញុះញង់​យ៉ាងនេះថា ធ្វើដូចម្តេច ជនទាំង​អម្បាល​នេះ គប្បី​ផ្សេងគ្នា គប្បីព្រាត់​ប្រាសគ្នា គប្បីជាពួក គប្បីជា​ចំណែកពីរ គប្បី​បែកជាពីរ គប្បីបែក​ជាពីរពួក គប្បី​បែកគ្នា មិនគប្បី​មកជួបគ្នា គប្បីនៅ​ជាទុក្ខ មិនសប្បាយ។ ពាក្យថា គប្បីបន្ទោបង់​លោភៈ ព្រមទាំង​មច្ឆរិយៈ​ផង ការក្រោធផង ការញុះញង់​ផង បាន​សេចក្តីថា គប្បីបន្ទោបង់ លះបង់ បោះបង់ ធ្វើឲ្យវិនាស ឲ្យដល់​នូវការមិន​កើតមាន​នូវ​លោភៈផង មច្ឆរិយៈផង ការក្រោធផង ការញុះញង់ផង ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​បន្ទោបង់​លោភៈ ព្រមទាំង​មច្ឆរិយៈផង ការក្រោធផង ការញុះញង់​ផង។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ភិក្ខុមិនគប្បីញាប់ញ័រដោយនិន្ទា បើត្រូវគេសរសើរ​ហើយ មិនគប្បី​ឡើងជំនោរ គប្បីបន្ទោបង់​លោភៈ ព្រមទាំង​មច្ឆរិយៈ​ផង ការក្រោធផង ការញុះញង់​ផង។

[៦២] ភិក្ខុមិនគប្បីតាំងនៅក្នុងការទិញ និងការលក់ មិនគប្បី​ធ្វើនូវ​ការឲ្យគេ​តិះដៀល​ក្នុងទី​ណាមួយ មិនគប្បី​ជាប់ក្នុងស្រុក មិនគប្បី​ពោលរាក់ទាក់​នឹងជន ព្រោះ​ប្រាថ្នា​លាភទេ។

[៦៣] ពាក្យថា ភិក្ខុមិនគប្បីតាំងនៅក្នុងការទិញ និងការលក់ អធិប្បាយ​ថា ការទិញ និងការលក់​ទាំងឡាយ​ណា ដែលព្រះមានព្រះភាគ ទ្រង់ឃាត់​ហាមក្នុង​វិន័យ ការទិញ និងការលក់​ទាំងនោះ លោកមិន​បំណង​យកក្នុងសេចក្តី​នេះទេ។ ភិក្ខុ​តាំងនៅ​ក្នុង​ការទិញ និងការលក់ តើដូចម្តេច។ ភិក្ខុធ្វើ​របស់បន្លំ​ក្តី ប្រាថ្នា​ចំណេញ​ក្តី ប្តូរបាត្រ ចីវរ ឬ​បរិក្ខារ​ដទៃណាមួយ ជាមួយ​នឹង​សហធម្មិក​ទាំង ៥ ឈ្មោះថា តាំងនៅ​ក្នុងការទិញ និង​ការ​លក់យ៉ាង​នេះ។ ភិក្ខុមិន​តាំងនៅក្នុង​ការទិញ និងការលក់ តើដូចម្តេច។ ភិក្ខុមិន​ធ្វើ​របស់​បន្លំក្តី មិនប្រាថ្នា​ចំណេញក្តី ប្តូរបាត្រ ចីវរ ឬបរិក្ខារ​ដទៃ​ណាមួយ ជាមួយ​នឹង​សហធម្មិក​ទាំង ៥ ឈ្មោះថា មិនតាំង​នៅក្នុងការ​ទិញ និងការលក់​យ៉ាងនេះ។ ពាក្យថា មិនគប្បី​តាំងនៅក្នុង​ការទិញ និងការលក់ បានសេចក្តី​ថា មិនតាំងនៅ មិនតាំង​នៅព្រម ក្នុង​ការ​ទិញ និងការលក់ គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់​នូវការ​មិនកើត​មាន​នូវការទិញ និងការលក់ គប្បី​ជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ​ចាកការ​ទិញ និងការ​លក់ គប្បីនៅ​ដោយចិត្ត​ដែលប្រាសចាក​ដែន​គឺកិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​តាំងនៅ​ក្នុងការ​ទិញ និងការ​លក់។

[៦៤] ពាក្យថា មិនគប្បីធ្វើនូវការឲ្យគេតិះដៀល ក្នុងទីណាមួយ អធិប្បាយថា ពួកកិលេស​ជាគ្រឿង​ធ្វើនូវការ​ឲ្យគេតិះដៀល តើដូចម្តេច។ មាន​សមណព្រាហ្មណ៍​ពួក​មួយ មានឫទ្ធិ មានទិព្វចក្ខុ ដឹងចិត្ត​របស់បុគ្គល​ដទៃ សមណព្រាហ្មណ៍​ទាំងនោះ ឃើញ​អំពី​ចម្ងាយខ្លះ មិនឃើញ​ក្នុងទីជិតខ្លះ ដឹងចិត្ត​ដោយចិត្តខ្លះ។ មានពួក​ទេវតាខ្លះ មានឫទ្ធិ មានទិព្វចក្ខុ ដឹងចិត្តរបស់​បុគ្គលដទៃ ទេវតា​ទាំងនោះ ឃើញអំពី​ចម្ងាយខ្លះ មិនប្រាកដ​ក្នុងទីជិតខ្លះ ដឹងច្បាស់​នូវចិត្តដោយ​ចិត្តខ្លះ។ ជនទាំង ២ ពួកនោះ រមែងឲ្យ​គេតិះដៀល ដោយកិលេស​គ្រោតគ្រាតខ្លះ ដោយកិលេសជា​កណ្តាលខ្លះ ដោយកិលេស​ដ៏ល្អិតខ្លះ។ ពួកកិលេស​គ្រោតគ្រាត តើដូចម្តេច។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ទាំងនេះហៅថា កិលេស​គ្រោតគ្រាត។ ពួកកិលេសជាកណ្តាល តើដូចម្តេច។ កាមវិតក្កៈ ព្យាបាទវិតក្កៈ វិហឹសាវិតក្កៈ ទាំងនេះ​ហៅថា កិលេស​ជាកណ្តាល។ ពួកកិលេស​ដ៏ល្អិត តើដូចម្តេច។ ការត្រិះរិះ​ចំពោះញាតិ ការត្រិះរិះ​ចំពោះជនបទ ការត្រិះរិះ​ចំពោះការ​មិនចង់ស្លាប់ ការ​ត្រិះរិះ​ប្រកបដោយ​សេចក្តី​អាណិត​ចំពោះ​ជនដទៃ ការត្រិះរិះ​ប្រកបដោយ​លាភសក្ការៈ និង​សេចក្តី​សរសើរ ការត្រិះរិះ​ប្រកបដោយ​ការមិនឲ្យ​គេមើលងាយ ទាំងនេះ​ហៅថា កិលេស​ដ៏ល្អិត។ ជនទាំង ២ ពួកនោះ រមែងឲ្យ​គេតិះដៀល​ដោយ​ពួកកិលេស​គ្រោតគ្រាត​ខ្លះ ដោយពួក​កិលេស​ជាកណ្តាល​ខ្លះ ដោយពួកកិលេស​ដ៏ល្អិតខ្លះ។ ភិក្ខុមិន​គប្បីធ្វើនូវ​ការ​ឲ្យគេតិះដៀល គឺមិនគប្បី​ធ្វើ មិនគប្បីឲ្យកើត មិនគប្បី​ឲ្យកើតព្រម មិនគប្បី​ឲ្យ​លូត​លាស់ មិនគប្បី​ឲ្យដុះដាល នូវពួក​កិលេស​ជាគ្រឿង​ធ្វើនូវ​ការឲ្យគេ​តិះដៀល គឺ​គប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ឲ្យ​ដល់នូវការ​មិនកើតមាន​នូវកិលេស​ជាគ្រឿង​ធ្វើនូវការ​ឲ្យគេតិះដៀល គប្បីជា​អ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់​ចោល រួចស្រឡះ ប្រាសចេញ ចាកពួក​កិលេស​ជាគ្រឿង​ធ្វើនូវការឲ្យ​គេតិះដៀល ហើយនៅ​ដោយចិត្ត​ដែល​ប្រាសចាក​ដែនគឺ​កិលេស។ ពាក្យថា ក្នុងទី​ណាមួយ គឺ​ក្នុងទី​ដូចម្តេច ក្នុងទីណា ក្នុងទីនីមួយ ទោះជា​ខាងក្នុង ឬខាងក្រៅ ឬទាំងខាង​ក្នុង​ខាងក្រៅ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​ធ្វើនូវការ​ឲ្យគេតិះដៀល ក្នុងទី​ណាមួយ។

[៦៥] ពាក្យថា មិនគប្បីជាប់ក្នុងស្រុក អធិប្បាយថា ភិក្ខុជាប់​ក្នុងស្រុក តើដូចម្តេច។ ភិក្ខុក្នុង​សាសនា​នេះ នៅច្រឡូក​ច្រឡំដោយ​ពួកគ្រហស្ថ​ក្នុងស្រុក គឺ​ជាអ្នក​ត្រេកត្រអាល​ជាមួយ មានសេចក្តី​សោកជាមួយ កាលពួក​គ្រហស្ថ​ដល់នូវ​សុខ ក៏ដល់​នូវសុខ កាលពួក​គ្រហស្ថ​ដល់នូវ​ទុក្ខ ក៏ដល់​នូវទុក្ខ កាលបើ​ករណីយកិច្ច​កើតឡើង ក៏ដល់​នូវការ​ខ្វល់ខ្វាយ​ចំពោះ​ខ្លួនឯង ភិក្ខុជាប់​ក្នុងស្រុក យ៉ាង​នេះខ្លះ។ មួយទៀត ភិក្ខុស្លៀក​ក្នុងវេលា​ព្រឹក​ព្រហាម ហើយកាន់​យកបាត្រ និងចីវរ ចូលទៅ​ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ដោយ​កាយដែល​មិនបាន​រក្សា ដោយវាចា​ដែលមិន​បានរក្សា ដោយ​ចិត្ត​ដែលមិន​បានរក្សា ដោយ​ស្មារតី​ដែលមិន​បាន​តំកល់មាំ ដោយ​ឥន្រ្ទិយ​ដែលមិនបាន​សង្រួម ភិក្ខុនោះ​ជាប់ក្នុង​អារម្មណ៍​នោះៗ កួចកាន់​ក្នុង​អារម្មណ៍​នោះៗ ចំពាក់ក្នុង​អារម្មណ៍​នោះៗ ដល់នូវវិនាស​ក្នុងអារម្មណ៍​នោះៗ ភិក្ខុជាប់​ក្នុងស្រុក យ៉ាងនេះ​ខ្លះ។ ភិក្ខុមិន​ជាប់ក្នុងស្រុក តើ​ដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ មិននៅ​ច្រឡូក​ច្រឡំដោយ​ពួកគ្រហស្ថ​ក្នុងស្រុក គឺជាអ្នក​មិន​ត្រេកអរ​ជាមួយ មិនសោក​ជាមួយ កាលពួក​គ្រហស្ថ​ដល់នូវសុខ ក៏មិនដល់​នូវសុខជា (មួយ) កាលបើ​ពួកគ្រហស្ថ​ដល់​នូវទុក្ខ ក៏មិន​ដល់នូវទុក្ខ (ជាមួយ) កាលបើ​ករណីយកិច្ច​កើតឡើង ក៏មិន​ដល់នូវ​ការខ្វល់ខ្វាយ​ដោយខ្លួនឯង ភិក្ខុមិន​ជាប់ក្នុង​ស្រុក យ៉ាងនេះ​ខ្លះ។ មួយទៀត ភិក្ខុស្លៀក​ក្នុងវេលា​ព្រឹកព្រហាម ហើយកាន់​យកនូវបាត្រ និងចីវរ ចូលទៅ​ស្រុក ឬ​និគម​ដើម្បី​បិណ្ឌបាត​ដោយកាយ​ដែលរក្សា​ហើយ ដោយវាចា​ដែលរក្សា​ហើយ ដោយ​​ចិត្ត​ដែលរក្សា​ហើយ ដោយ​ស្មារតី​ដែលតំកល់​មាំហើយ ដោយ​ឥន្រ្ទិយដែល​សង្រួម​ហើយ ភិក្ខុនោះ​មិនជាប់​ក្នុងអារម្មណ៍​នោះៗ មិនកួចកាន់​ក្នុងអារម្មណ៍​នោះៗ មិនចំពាក់​ក្នុង​អារម្មណ៍​នោះ ៗ មិនដល់នូវ​ការវិនាស​ក្នុងអារម្មណ៍​នោះ ៗ ភិក្ខុមិន​ជាប់ក្នុងស្រុក យ៉ាង​នេះខ្លះ។ ពាក្យថា មិនគប្បី​ជាប់ក្នុងស្រុក​ បាន​សេចក្ដីថា មិនគប្បី​ជាប់ មិនគប្បី​កួចកាន់ មិន​គប្បីចំពាក់ មិនគប្បី​កង្វល់​ក្នុងស្រុក ជាអ្នក​មិនជាប់ចិត្ត មិនធ្លាក់ចុះ មិន​ជ្រុលជ្រប់ មិន​ងល់ងប់ ប្រាសចាក​ការជាប់​ចំពាក់ ឃ្លាតចាក​ការជាប់​ចំពាក់ លះបង់​ការជាប់​ចំពាក់។បេ។ គប្បីនៅ​ដោយចិត្ត​ដ៏ប្រសើរ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​ជាប់ក្នុង​ស្រុក។

[៦៦] ពាក្យថា មិនគប្បីពោលរាក់ទាក់​នឹងជន ព្រោះប្រាថ្នា​លាភ អធិប្បាយ​ថា ការរាក់ទាក់ តើដូចម្ដេច។ ការហៅរក ការពោល រាក់ទាក់ ការពោល​ស្រស់ស្រាយ ការពោល​ស្រុសស្រួល​​ ការពោល​រួសរាយ ការលួង​លោម ការបន្ទន់​ចិត្តគ្រហស្ថ ការលើក​បញ្ជោរ ការលើក​តំកើង ការពោល​ពាក្យជាទី​ស្រលាញ់​រឿយ​ ៗ ការបន្ទោ​បន្ទន់កាយ ការពោល​ពាក្យដូច​សម្លសណ្ដែកបាយ ការថ្នាក់ថ្នម​កូនរបស់​គ្រហស្ថ ការពោល​ពាក្យដូច​ស៊ីខ្នង​ជនដទៃ​ទៅរកពួក​ជនដទៃ​ណានៃភិក្ខុអ្នក​អាស្រ័យ​លាភៈ សក្ការៈ និងសេចក្ដី​សរសើរ មានប្រាថ្នា​ដ៏លាមក ត្រូវសេចក្តី​ប្រាថ្នា​គ្របសង្កត់ ជាអ្នក​សំឡឹង​អាមិស អ្នកធ្ងន់​ក្នុងលោកធម៌ ឬការ​ពោលពាក្យ​ផ្អែមល្ហែម ការពោល​ពាក្យទន់ ការពោល​ពាក្យប្រកប​ដោយមេត្តា កាពោល​ពាក្យមិន​អាក្រក់ណា ចំពោះជន​ទាំងនោះ នេះលោក​ហៅថា ការពោល​រាក់ទាក់។​ មួយទៀត ភិក្ខុពោល​រាក់ទាក់​នឹងជន​ដោយហេតុ ២ គឺ ភិក្ខុដាក់ខ្លួន​ឲ្យទាប លើក​បុគ្គល​ដទៃ​ឲ្យខ្ពស់ ពោលរាក់ទាក់​នឹងជន ឬលើកខ្លួនឯង​ឲ្យខ្ពស់ ដាក់បុគ្គល​ដទៃឲ្យ​ទាប​ ពោលរាក់​ទាក់នឹង​ជន។

ភិក្ខុដាក់ខ្លួនឲ្យទាប លើកបុគ្គលដទៃឲ្យ​ខ្ពស់ ពោលរាក់ទាក់​នឹងជន តើដូចម្ដេច។​ ភិក្ខុពោលថា អ្នកទាំងឡាយ​មានឧបការៈ​ច្រើនដល់​អាត្មា អាត្មាអាស្រ័យ​នឹងពួកអ្នក ទើបបាន​ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារ ឯពួកជន​ដទៃណា សំគាល់​ដើម្បីឲ្យ ឬដើម្បីធ្វើ ដល់អាត្មា ពួកជននោះ ក៏អាស្រ័យ​អ្នកទាំងឡាយ យល់អ្នក​ទាំងឡាយ មួយទៀត ឈ្មោះដើមណា​ដែលមាតា​បិតាឲ្យ ឈ្មោះ​របស់អាត្មា​នោះបាត់​ទៅហើយ អាត្មាដែល​បានឋានៈ​ជាជីតុន​​អាមាត្យ​ឯណោះ ​ជាជីតុន​ឧបាសិកា​ឯណោះ ក៏ដោយ​សារអ្នក​ទាំង​ឡាយ ភិក្ខុដាក់​ខ្លួនឲ្យទាប លើកបុគ្គល​ដទៃឲ្យខ្ពស់ ពោលរាក់​ទាក់នឹងជន យ៉ាង​នេះឯង។ ភិក្ខុលើក​ខ្លួនឯងឲ្យ​ខ្ពស់ ដាក់បុគ្គល​ដទៃឲ្យទាប ពោលរាក់​ទាក់នឹងជន តើដូចម្តេច។ ភិក្ខុ​ពោលថា​ អាត្មា​មានឧបការៈ​ច្រើន ដល់អ្នក​ទាំងឡាយ អ្នកទាំងឡាយ​អាស្រ័យ​នឹងអាត្មា ទើបដល់​ព្រះពុទ្ធ​ជាទីពឹង ដល់ព្រះធម៌​ជាទីពឹង ដល់ព្រះសង្ឃ​ជាទីពឹង វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារៈ វៀរចាកមុសាវាទ វៀរចាក​ហេតុ​ជាទីតាំង​នៃសេចក្ដី​ប្រមាទ គឺផឹក​សុរា និងមេរ័យ អាត្មាឲ្យ​ឧទេ្ទស ឲ្យបរិបុច្ឆា ប្រាប់​ឧបោសថ អធិដ្ឋាន​នូវនវកម្ម ដល់អ្នក​ទាំងឡាយ ម្យ៉ាងទៀត អ្នកទាំងឡាយ​ មិនសមបើ​បោះបង់​អាត្មាចោល ទៅធ្វើ​សក្ការៈ ធ្វើគោរព រាប់អាន បូជាបុគ្គល​ដទៃវិញ​សោះ ភិក្ខុលើក​ខ្លួនឯង​ឲ្យខ្ពស់ ដាក់បុគ្គល​ដទៃឲ្យទាប ពោលរាក់ទាក់​នឹងជនដទៃ យ៉ាងនេះ​ឯង។ ពាក្យថា មិនគប្បី​ពោលរាក់ទាក់​នឹងជន ព្រោះ​ប្រាថ្នាលាភ បានសេចក្ដី​ថា ភិក្ខុបង្អាប់​នូវលាភ មិនរាក់ទាក់​នឹងជន​ព្រោះហេតុតែលាភ ព្រោះការណ៍​នៃលាភ ព្រោះ​ការកើត​នៃលាភ គឺគប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់​នូវការមិន​កើតមាន នូវការ​ពោលរាក់ទាក់ គប្បីជាអ្នក​ឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចាក​ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកការ​រាក់ទាក់ នៅ​ដោយ​ចិត្ដដែល​ប្រាសចាក​ដែនគឺកិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​ពោល​រាក់ទាក់​នឹងជន ព្រោះប្រាថ្នា​លាភ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ភិក្ខុមិនគប្បីតាំងនៅក្នុងការទិញ និងការលក់ មិនគប្បី​ធ្វើនូវការ​ឲ្យគេ​តិះដៀល​ក្នុងទី​ណា​មួយ មិនគប្បី​ជាប់ក្នុង​ស្រុក មិនគប្បី​ពោលរាក់ទាក់​នឹងជន​ព្រោះប្រាថ្នា​លាភ​ទេ។

[៦៧] ភិក្ខុមិនគប្បីជាអ្នកអួតអាង មិនគប្បី​ពោលវាចា​កៀរគរ មិនគប្បី​សិក្សា​នូវអំពើ​ឃ្នើសឃ្នង មិនគប្បី​ពោលពាក្យ​ផ្ទញ់ផ្ទាល់។

[៦៨] ពាក្យថា ភិក្ខុមិនគប្បីជាអ្នកអួតអាង សេចក្តីថា ភិក្ខុខ្លះ​ក្នុងសាសនា​នេះ ជាអ្នក​អួតអាង ជាអ្នកពោល​អំនួត ភិក្ខុនោះ​អួតអាង គឺអួតអាង ពោល​អំនួតថា ខ្ញុំជា​អ្នកបរិបូរ​ដោយសីល ឬថា​ជាអ្នក​បរិបូរ​ដោយវ័ត ឬក៏ថា ជាអ្នក​បរិបូរ​ដោយសីល និងវ័ត ដោយ​ជាតិ ដោយគោត្រ ដោយភាព​នៃខ្លួន​ជាកូនអ្នក​មានត្រកូល ដោយ​ភាពនៃ​ខ្លួនមាន​សម្បុរល្អ ដោយទ្រព្យ ដោយការ​រៀន ដោយ​ការងារ ដោយសិប្បៈ ដោយថ្នាក់​នៃវិជ្ជា ដោយ​ការចេះដឹង ដោយ​បដិភាណ ឬដោយ​វត្ថុណាមួយ ថាជា​អ្នកចេញ​អំពីត្រកូល​ខ្ពស់ហើយ​បួស ឬថា​ជាអ្នក​ចេញអំពី​ត្រកូល​មានភោគៈ​ច្រើន​ហើយបួស ថាជា​អ្នកចេញ​អំពីត្រកូល​មាន​ភោគៈ​ដ៏លើសលប់​ហើយបួស ថាជា​អ្នកចេះ​ព្រះសូត្រ ថាជា​អ្នកទ្រទ្រង់​វិន័យ ថាជាធម្មកថិក ថាជាអ្នក​ប្រព្រឹត្ត​អារញ្ញិកធុតង្គ។បេ។ ឬថា​ជាអ្នកបាន​នេវសញ្ញានាសញ្ញា​យតនសមាបត្តិ។ ភិក្ខុមិនគប្បី​ពោលអួត គឺគប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ឲ្យដល់​នូវការមិន​កើតមាន នូវការ​ពោលអួត គឺជា​អ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកការ​ពោលអួត គប្បីនៅ​ដោយចិត្ត​ដែលប្រាស​ចាកដែន​គឺកិលេស យ៉ាងនេះ​ឯង ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុមិន​គប្បីជា​អ្នក​អួតអាង។

[៦៩] ពាក្យថា មិនគប្បីពោលនូវវាចាកៀរគរ សំនួរថា ចុះវាចា​កៀរគរ តើ​ដូចម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ ពោលវាចា​កៀរគរ​ចីវរ ពោលវាចា​កៀរគរ​បិណ្ឌបាត ពោលវាចា​កៀរគរ​សេនាសនៈ ពោលវាចា​កៀរគរ​គិលានប្បច្ចយភេសជ្ជ​បរិក្ខារ នេះ​លោក​ហៅថា វាចាកៀរគរ។ មួយទៀត ភិក្ខុពោល​ពាក្យពិតខ្លះ ពោលពាក្យ​កុហកខ្លះ ពោលពាក្យ​ញុះញង់ខ្លះ ពោលពាក្យ​មិនញុះញង់​ខ្លះ ពោលពាក្យ​អាក្រក់ខ្លះ ពោលពាក្យ​មិន​អាក្រក់ខ្លះ ពោល​សម្ផប្បលាបៈ​ខ្លះ ពោលពាក្យ​មិនមែន​ជា​សម្ផប្បលាបៈ​ខ្លះ ពោលវាចា​ដោយប្រាជ្ញា​ខ្លះ ព្រោះហេតុចីវរ ព្រោះហេតុ​បិណ្ឌបាត ព្រោះហេតុ​សេនាសនៈ ព្រោះហេតុ​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ នេះ​លោកហៅថា វាចាកៀរគរ។ មួយទៀត ភិក្ខុមានចិត្ត​ជ្រះថា្ល សំដែង​ធម៌ដល់​ពួកជន​ដទៃ ដោយគិតថា ធ្វើដូច​ម្តេចហ្ន៎ ពួកជន​គប្បីស្តាប់​ធម៌​របស់អញ លុះស្តាប់​ហើយ គប្បីជ្រះថា្ល​ក្នុងធម៌ លុះជ្រះថា្ល​ហើយ គប្បីធ្វើ​អាការ​ជ្រះថ្លា​ដល់អញ នេះ​លោក​ហៅថា វាចាកៀរគរ។ ពាក្យថា មិនគប្បី​ពោលវាចា​កៀរគរ បាន​សេចក្តីថា មិនគប្បី​ពោល មិនគប្បី​សំដែង មិនគប្បី​ពណ៌នា មិន​គប្បីបំភ្លឺ មិនគប្បី​ថ្លែងនូវ​វាចាកៀរគរ ដោយ​ហោចទៅ រាប់យក​ធម្មទេសនា​វាចាផង គឺ​គប្បីលះបង់ បន្ទោបង់ ធ្វើ​ឲ្យវិនាស ឲ្យដល់នូវ​ការមិន​កើតមាន នូវវាចា​កៀរគរ គប្បីជា​អ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាក​វាចាកៀរគរ គប្បីនៅ​ដោយចិត្ត​ដែលប្រាស​ចាកដែន​គឺកិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​ពោលវាចា​កៀរគរ។

[៧០] អធិប្បាយពាក្យថា មិនគប្បីសិក្សានូវអំពើ​ឃ្នើសឃ្នង ត្រង់ពាក្យថា អំពើ​ឃ្នើសឃ្នង បានដល់​អំពើឃ្នើសឃ្នង ៣ គឺ អំពើឃ្នើសឃ្នង​ប្រកប​ដោយកាយ ១ អំពើ​ឃ្នើសឃ្នង​ប្រកប​ដោយវាចា ១ អំពើ​ឃ្នើសឃ្នង​ប្រកប​ដោយចិត្ត ១។

អំពើឃ្នើសឃ្នងប្រកបដោយកាយ តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ នៅក្នុង​សង្ឃ សំដែងការ​ឃ្នើសឃ្នង​ប្រកប​ដោយកាយ​ក៏មាន នៅក្នុងគណៈ សំដែងការ​ឃ្នើសឃ្នង​ប្រកប​ដោយកាយ​ក៏មាន សំដែងការ​ឃ្នើសឃ្នង​ប្រកប​ដោយកាយ​ក្នុងរោងឆាន់ ក៏មាន សំដែង​ការឃ្នើសឃ្នង​ប្រកប​ដោយកាយ​ក្នុង​រោងភ្លើង​ក៏មាន សំដែង​ការឃ្នើសឃ្នង​ប្រកប​ដោយកាយ​ក្នុងកំពង់​ទឹកក៏មាន​ កំពុង​ចូលទៅ​កាន់ចន្លោះ​ផ្ទះ សំដែងការ​ឃ្នើសឃ្នង​ប្រកប​ដោយកាយ​ក៏មាន ចូលទៅ​កាន់​ចន្លោះផ្ទះ​ហើយ សំដែងការ​ឃ្នើសឃ្នង​ប្រកប​ដោយកាយ​ក៏មាន។

ភិក្ខុនៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នង​ប្រកបដោយ​កាយ តើដូចម្តេច។ ភិក្ខុខ្លះ ក្នុង​សាសនា​នេះ នៅក្នុងសង្ឃ មិនធ្វើ​សេចក្តី​កោតក្រែង គឺឈរ​ប្រជ្រៀត​ពួកភិក្ខុជា​ថេរៈខ្លះ អង្គុយ​ប្រជ្រៀត​ខ្លះ ឈរខាង​មុខខ្លះ អង្គុយ​ខាងមុខខ្លះ អង្គុយ​លើអាសនៈ​ខ្ពស់ខ្លះ អង្គុយ​ទទូរ​ក្បាលខ្លះ ឈរនិយាយ​ខ្លះ និយាយ​វាសដៃខ្លះ ភិក្ខុនៅ​ក្នុងសង្ឃ សំដែង​ការ​ឃ្នើសឃ្នង​ប្រកប​ដោយកាយ យ៉ាងនេះ។​

ភិក្ខុនៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប្រកប​ដោយកាយ តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនា​នេះ នៅក្នុងគណៈ មិនធ្វើ​សេចក្តី​កោតក្រែង គឺកាល​ពួកភិក្ខុ​ជាថេរៈ​មិន​ពាក់ស្បែក​ជើងចង្រ្កម ខ្លួនពាក់​ស្បែកជើង​ចង្រ្កម កាលពួក​ភិក្ខុជាថេរៈ​ចង្រ្កម​ក្នុងទី​ចង្ក្រមទាប ខ្លួនចង្រ្កម​លើទី​ចង្រ្កមខ្ពស់ កាលពួក​ភិក្ខុជាថេរៈ​ចង្រ្កម​លើផែនដី ខ្លួនចង្រ្កម​លើទីចង្រ្កម ឈរប្រជ្រៀត​ខ្លះ អង្គុយ​ប្រជ្រៀតខ្លះ ឈរខាង​មុខខ្លះ អង្គុយ​ខាងមុខខ្លះ អង្គុយ​លើអាសនៈ​ខ្ពស់ខ្លះ អង្គុយ​ទទូរ​ក្បាលខ្លះ ឈរនិយាយ​ខ្លះ និយាយ​វាសដៃ​ខ្លះ ភិក្ខុ​នៅក្នុង​គណៈ សំដែង​ការឃ្នើសឃ្នង​ប្រកបដោយ​កាយ យ៉ាងនេះ។

ភិក្ខុសំដែងការឃ្នើសឃ្នង ប្រកបដោយកាយ ក្នុងរោងឆាន់ តើដូចម្តេច។ ភិក្ខុខ្លះ ក្នុង​សាសនា​នេះ មិនធ្វើ​សេចក្តី​កោតក្រែង​ក្នុងរោងឆាន់ គឺអង្គុយ​ប្រជ្រៀត​ពួកភិក្ខុជា​ថេរៈ ឃាត់ពួកភិក្ខុថ្មី​ដោយអាសនៈ​ខ្លះ ឈរប្រជ្រៀត​ពួកភិក្ខុ​ជាថេរៈខ្លះ អង្គុយ​ប្រជ្រៀត​ខ្លះ ឈរខាង​មុខខ្លះ អង្គុយ​ខាងមុខខ្លះ អង្គុយ​លើអាសនៈ​ខ្ពស់ខ្លះ អង្គុយ​ទទូរក្បាលខ្លះ ឈរ​និយាយ​នឹងពួក​ភិក្ខុជា​ថេរៈខ្លះ និយាយ​វាសដៃខ្លះ ភិក្ខុសំដែង​ការឃ្នើសឃ្នង​ប្រកប​ដោយកាយ​ក្នុងរោង​ឆាន់ យ៉ាងនេះ។

ភិក្ខុសំដែងការឃ្នើសឃ្នងប្រកបដោយកាយ ក្នុងរោងភ្លើង តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ មិនធ្វើ​សេចក្តី​កោតក្រែង​ក្នុងរោងភ្លើង គឺឈរ​ប្រជ្រៀត​ពួកភិក្ខុ​ជាថេរៈ​ខ្លះ អង្គុយ​ប្រជ្រៀតខ្លះ ឈរខាង​មុខខ្លះ អង្គុយ​ខាងមុខខ្លះ អង្គុយ​លើអាសនៈខ្ពស់​ខ្លះ មិនប្រាប់​សិនហើយ​ដាក់ឧសខ្លះ មិនប្រាប់​សិនហើយ​បិទទ្វារខ្លះ ភិក្ខុសំដែង​ការ​ឃ្នើសឃ្នង​ប្រកប​ដោយកាយ ក្នុងរោងភ្លើង យ៉ាងនេះ។

ភិក្ខុសំដែងការឃ្នើសឃ្នងប្រកបដោយកាយ ក្នុងកំពង់ទឹក តើដូចម្តេច។ ភិក្ខុខ្លះ ក្នុង​សាសនានេះ មិនធ្វើ​សេចក្តី​កោតក្រែង​ក្នុងកំពង់ទឹក គឺចុះទៅ​ប្រជ្រៀត​ពួកភិក្ខុជា​ថេរៈខ្លះ ចុះខាង​មុខខ្លះ ងូតប្រជ្រៀត​ខ្លះ ងូតខាង​មុខខ្លះ ងូតខាង​លើខ្លះ ឡើង​ប្រជ្រៀត​ខ្លះ ឡើងខាង​មុខខ្លះ ឡើងខាង​លើខ្លះ ភិក្ខុសំដែង​ការឃ្នើសឃ្នង​ប្រកប​ដោយ​កាយក្នុង​កំពង់ទឹក យ៉ាងនេះ។

ភិក្ខុកំពុងចូលទៅកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នង​ប្រកប​ដោយកាយ តើដូច​ម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ កំពុងចូល​ទៅកាន់​ចន្លោះផ្ទះ មិនធ្វើ​សេចក្តីកោត​ក្រែង គឺដើរ​ប្រជ្រៀត​ពួកភិក្ខុ​ជាថេរៈខ្លះ ដើរខាង​មុខខ្លះ ដើរហួស​ទៅពីមុខ​ពួកភិក្ខុ​ជា​ថេរៈខ្លះ ភិក្ខុកំពុង​ចូលទៅ​កាន់ចន្លោះ​ផ្ទះ សំដែង​ការឃ្នើសឃ្នង​ប្រកប​ដោយកាយ យ៉ាងនេះ។

ភិក្ខុចូល​ទៅកាន់​ចន្លោះផ្ទះ ហើយ​សំដែង​ការឃ្នើសឃ្នង​ប្រកបដោយ​កាយ តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ ចូលទៅកាន់​ចន្លោះផ្ទះ​ហើយ គេមិន​ទាន់និយាយ​ថា លោកម្ចាស់​សូមចូល​មក ក៏ចូលមក គេមិន​ទាន់និយាយ​ថា លោកម្ចាស់​សូមឈរ​រង់ ក៏​នៅឈរ គេមិន​ទាន់និយាយ​ថា លោកម្ចាស់​សូមគង់ ក៏អង្គុយ ចូលទៅ​កាន់ទី​មិនមែនទី​ឱកាសខ្លះ ឈរក្នុង​ទីមិនមែន​ឱកាសខ្លះ អង្គុយក្នុង​ទីមិនមែន​ឱកាសខ្លះ ម្នីម្នា​ចូលទៅ​ក្នុង​បន្ទប់​ទាំងឡាយ​របស់​ត្រកូល​ទាំងឡាយ ជាទីដែល​គេពួនផង បិទបាំងផង ជាទី​ដែលពួក​ស្រីក្នុង​ត្រកូល ពួកកូន​ស្រីរបស់​ត្រកូល ពួកកូន​ប្រសាស្រី​របស់ត្រកូល ពួកកុមារី​របស់​ត្រកូល​អង្គុយខ្លះ ស្ទាបអង្អែល​ក្បាលរបស់​កុមារតូចខ្លះ ភិក្ខុចូល​ទៅកាន់​ចន្លោះផ្ទះ ហើយសំដែង​ការឃ្នើសឃ្នង​ប្រកប​ដោយកាយ យ៉ាងនេះ។ នេះ​ឈ្មោះថា អំពើឃ្នើស​ឃ្នង ប្រកប​ដោយកាយ។

អំពើឃ្នើសឃ្នងប្រកបដោយវាចា តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ នៅក្នុង​សង្ឃ សំដែង​ការឃ្នើសឃ្នង​ប្រកប​ដោយវាចា ក៏មាន នៅក្នុងគណៈ សំដែង​ការឃ្នើស​ឃ្នងប្រកប​ដោយវាចា​ក៏មាន ចូលទៅ​ចន្លោះផ្ទះ ហើយ​សំដែង​ការឃ្នើសឃ្នង​ប្រកប​ដោយវាចា​ក៏មាន។

ភិក្ខុនៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នង​ប្រកបដោយ​វាចា តើដូចម្តេច។ ភិក្ខុខ្លះក្នុង​សាសនា​នេះ នៅក្នុង​សង្ឃ មិនធ្វើ​សេចក្តី​កោតក្រែង គឺមិនប្រាប់​ពួកភិក្ខុ​ជាថេរៈ ឬពួក​ភិក្ខុជាថេរៈ​មិនបាន​អារាធនា ក៏សំដែងធម៌ ឆ្លើយប្រស្នា សំដែង​បាតិមោក្ខ ដល់ពួក​ភិក្ខុ​នៅក្នុង​អារាម ឈរនិយាយ​ខ្លះ និយាយ​វាសដៃខ្លះ ភិក្ខុនៅ​ក្នុងសង្ឃ សំដែង​ការឃ្នើស​ឃ្នងប្រកប​ដោយវាចា យ៉ាងនេះ។

ភិក្ខុនៅក្នុងគណៈ សំដែងការឃ្នើសឃ្នង​ប្រកប​ដោយវាចា តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនា​នេះ នៅក្នុងគណៈ មិនធ្វើ​សេចក្តី​កោតក្រែង គឺមិន​ប្រាប់ភិក្ខុ​ជាថេរៈ ឬពួក​ភិក្ខុជា​ថេរៈ​មិនបាន​អារាធនា ក៏សំដែងធម៌ ឆ្លើយប្រស្នា ដល់ពួក​ភិក្ខុនៅ​ក្នុងអារាម ឈរ​និយាយខ្លះ និយាយ​វាសដៃខ្លះ សំដែងធម៌ ឆ្លើយប្រស្នា​ដល់ពួក​ភិក្ខុនី ពួក​ឧបាសក ពួកឧបាសិកា​ដែលនៅ​ក្នុងអារាម ឈរ​និយាយ​ខ្លះ និយាយ​វាសដៃខ្លះ ភិក្ខុនៅ​ក្នុង​គណៈ សំដែង​ការឃ្នើសឃ្នង​ប្រកប​ដោយវាចា យ៉ាងនេះ។

ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ ហើយសំដែងការឃ្នើសឃ្នង​ប្រកប​ដោយវាចា តើ​ដូចម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ ចូលទៅ​កាន់ចន្លោះ​ផ្ទះហើយ និយាយ​នឹងស្រី ឬ​នឹង​កុមារី និយាយ​មម៉េះមម៉ោះ​ថា នែនាង​ឈ្មោះនេះ នែនាង​គោត្រនេះ មានអ្វីទេ មាន​បបរទេ មានបាយទេ មានបង្អែមទេ ពួកយើង​នឹងផឹកអ្វី បរិភោគអ្វី ស៊ីអ្វី មានអ្វីទេ ពួកនាងនឹង​ឲ្យអ្វី​ដល់អាត្មា ភិក្ខុចូល​ទៅកាន់​ចន្លោះផ្ទះ ហើយ​សំដែង​ការឃ្នើសឃ្នង​ប្រកប​ដោយវាចា យ៉ាងនេះ។ នេះ ឈ្មោះថា អំពើឃ្នើសឃ្នង​ប្រកប​ដោយវាចា។

អំពើឃ្នើសឃ្នងប្រកបដោយចិត្ត តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ ជាអ្នកមិន​ចេញ​អំពីត្រកូល​ខ្ពស់ហើយ​បួសទេ តែតាំង​ចិត្តធ្វើខ្លួន​ឲ្យប្រហែល​នឹងបុគ្គល​ដែលចេញ​អំពី​ត្រកូល​ខ្ពស់ហើយ​បួស ជាអ្នក​មិនចេញ​អំពីត្រកូល​ធំហើយបួស ជាអ្នក​មិនចេញ​អំពី​ត្រកូល​មានភោគៈ​ច្រើន​ហើយបួស ជាអ្នក​មិនចេញ​អំពី​ត្រកូល​មានភោគៈ​ដ៏លើសលប់​ហើយបួស​ទេ តែតាំងចិត្ត​ធ្វើខ្លួន​ឲ្យប្រហែល​នឹង​បុគ្គល​ដែលចេញ​អំពីត្រកូល​មាន​ភោគៈ​លើសលប់​ហើយបួស ជាអ្នក​មិនចេះ​ព្រះសូត្រ​ទេ តែតាំង​ចិត្តធ្វើខ្លួន​ឲ្យប្រហែល​នឹងបុគ្គល​ដែលចេះ​ព្រះសូត្រ ជាអ្នក​មិនទ្រទ្រង់​ព្រះវិន័យ មិនមែន​ជាធម្មកថិក មិន​ប្រព្រឹត្ត​អារញ្ញិកធុតង្គ មិនប្រព្រឹត្ត​បិណ្ឌបាតិកធុតង្គ មិនប្រព្រឹត្ត​បំសុកូលិកធុតង្គ មិន​ប្រព្រឹត្ត​តេចីវរិកធុតង្គ មិនប្រព្រឹត្ត​សបទានចារិក​ធុតង្គ មិនប្រព្រឹត្ត​ខលុបច្ឆាភត្តិកធុតង្គ មិន​ប្រព្រឹត្ត​នេសជ្ជិកធុតង្គ មិន​ប្រព្រឹត្ត​យថាសន្ថតិកធុតង្គ​ទេ តែតាំង​ចិត្តធ្វើ​ខ្លួនឲ្យ​ប្រហែល​នឹងបុគ្គល​ដែលប្រព្រឹត្ត​យថាសន្ថតិកធុតង្គ ជាអ្នកមិន​បាន​បឋមជ្ឈានទេ តែតាំង​ចិត្តធ្វើ​ខ្លួនឲ្យ​ប្រហែល​នឹងបុគ្គល​ដែលបាន​បឋមជ្ឈាន ជាអ្នក​មិនបាន​ទុតិយជ្ឈាន មិនបាន​តតិយជ្ឈាន មិនបាន​ចតុត្ថជ្ឈាន មិនបាន​អាកាសានញ្ចា​យតនសមាបត្តិ មិនបាន​វិញ្ញាណញ្ចាយតន​សមាបត្តិ មិនបាន​អាកិញ្ចញ្ញាយតន​សមាបត្តិ មិនបាន​នេវសញ្ញា​នាសញ្ញាយតន​សមាបត្តិទេ តែតាំង​ចិត្តធ្វើខ្លួន​ឲ្យប្រហែល​នឹងបុគ្គល​ដែលបាន​នេវសញ្ញា​នាសញ្ញា​យតនសមាបត្តិ នេះ ឈ្មោះថា អំពើឃ្នើសឃ្នង​ប្រកបដោយចិត្ត។ ពាក្យថា មិន​គប្បីសិក្សា​នូវអំពើឃ្នើសឃ្នង បានសេចក្តី​ថា មិនគប្បី​សិក្សា មិនគប្បី​ប្រព្រឹត្ត មិនគប្បី​ប្រព្រឹត្តព្រម មិនគប្បី​ប្រព្រឹត្ត​សមាទាន​នូវអំពើ​ឃ្នើសឃ្នង គឺគប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់​នូវការ​មិនកើត​មាននូវ​អំពើឃ្នើសឃ្នង គប្បី​ជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកអំពើ​ឃ្នើសឃ្នង គប្បី​នៅដោយ​ចិត្តដែល​ប្រាសចាក​ដែនគឺ​កិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​សិក្សានូវ​អំពើ​ឃ្នើសឃ្នង។

[៧១] ពាក្យថា មិនគប្បីពោលពាក្យផ្ទញ់ផ្ទាល់ សំនួរថា ពាក្យ​ផ្ទញ់ផ្ទាល់ តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ ជាអ្នក​ធ្វើនូវពាក្យ​ពោល​មានសភាព​យ៉ាងនេះថា អ្នក​មិនយល់​ធម៌វិន័យ​នេះទេ។បេ។ ឬថា បើអ្នកអាច ចូរដោះចុះ។ សមដូច​ព្រះពុទ្ធដីកា​នេះ ដែល​ព្រះមានព្រះភាគ​ត្រាស់ហើយ​ថា ម្នាល​មោគ្គល្លាន កាលបើ​ពាក្យផ្ទញ់ផ្ទាល់​មាន សំដី​ច្រើន​ក៏កើត​ប្រាកដ កាលបើ​ពាក្យច្រើន​មានហើយ សេចក្តី​រាយមាយ​ក៏កើត​ប្រាកដ កាលបើ​បុគ្គល​មានចិត្ត​រាយមាយ​ហើយ សេចក្តី​មិនសង្រួម ក៏កើត​ប្រាកដ កាលបើ​បុគ្គល​មិនសង្រួម​ហើយ ចិត្ត​ក៏ឆ្ងាយ​អំពីសមាធិ។ ពាក្យថា មិនគប្បី​ពោលនូវ​ពាក្យផ្ទញ់​ផ្ទាល់ គឺមិន​គប្បីពោល មិនគប្បី​ពណ៌នា មិនគប្បី​បំភ្លឺ មិនគប្បី​ថ្លែង​នូវពាក្យ​ផ្ទញ់ផ្ទាល់ គឺគប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស មិនឲ្យកើតមាន នូវពាក្យ​ផ្ទញ់ផ្ទាល់ គប្បីជា​អ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញ ចាកពាក្យ​ផ្ទញ់ផ្ទាល់ គប្បីនៅ​ដោយចិត្ត​ដែល​ប្រាសចាក​ដែនគឺកិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​ពោលនូវ​ពាក្យ​ផ្ទញ់ផ្ទាល់។ ព្រោះហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ភិក្ខុមិនគប្បីជាអ្នកអួតអាង មិនគប្បីពោល​នូវវាចា​កៀរគរ មិនគប្បី​សិក្សា​នូវអំពើ​ឃ្នើសឃ្នង មិនគប្បី​ពោលពាក្យ​ផ្ទញ់ផ្ទាល់។

[៧២] បុគ្គលគប្បីវៀរចាកការពោលពាក្យកុហក គប្បី​ជាអ្នក​ដឹងខ្លួន មិនធ្វើ​នូវការ​ពោលអួត​ទាំងឡាយ ទាំងមិន​គប្បីមើល​ងាយនូវ​បុគ្គល​ដទៃ ដោយការ​ចិញ្ចឹមជីវិត​ដោយ​បញ្ញា ដោយសីល និងវ័ត​ឡើយ។

[៧៣] ពាក្យថា បុគ្គលគប្បីវៀរចាកការពោលពាក្យកុហក អធិប្បាយថា មុសាវាទ លោកហៅថា ការពោល​ពាក្យកុហក។ បុគ្គលខ្លះ​ក្នុងលោកនេះ ទៅកាន់​រោងជា​ទីប្រជុំ ទៅកាន់​បរិស័ទ្យ។បេ។ ជាអ្នក​ពោលពាក្យ​កុហក​ទាំងដឹងខ្លួន ព្រោះហេតុ​តែអាមិស​តិច​តួច នេះ​លោកហៅថា ការពោល​ពាក្យកុហក។ ម្យ៉ាងទៀត មុសាវាទ រមែង​មានដោយ​អាការៈ ៣ គឺមុសាវាទ​របស់បុគ្គល​នោះ​ក្នុងកាល​មុនថា អញ​នឹងពោល​ពាក្យកុហក ១ មុសាវាទ​របស់​បុគ្គល​ដែលកំពុង​ពោលថា អញ​កំពុង​ពោលពាក្យ​កុហក ១ មុសាវាទ​របស់បុគ្គល​ដែលពោល​ហើយថា អញ​ពោលពាក្យ​កុហក​ហើយ ១ មុសាវាទ​រមែង​មាន​ដោយ​អាការៈ ៣ នេះ។ មួយទៀត មុសាវាទ រមែងមាន​ដោយ​អាការៈ ៤ ដោយ​អាការៈ ៥ ដោយ​អាការៈ ៦ ដោយ​អាការៈ ៧ ដោយ​អាការៈ ៨ មុសាវាទ​របស់បុគ្គល​នោះ ក្នុង​កាលមុន​ថា អញនឹង​ពោលពាក្យ​កុហក ១ មុសាវាទ​របស់​បុគ្គល​ដែលកំពុង​ពោលថា អញ​កំពុង​ពោលពាក្យ​កុហក ១ មុសាវាទ​របស់បុគ្គល​ដែលពោល​ហើយថា អញពោល​ពាក្យ​កុហកហើយ ១ (មុសាវាទ​របស់​បុគ្គល) ព្រោះ​បិទបាំង​សេចក្តី​យល់ ១ ព្រោះបិទ​បាំងសេចក្តី​ចូលចិត្ត ១ ព្រោះបិទ​បាំងសេចក្តី​គាប់ចិត្ត ១ ព្រោះបិទ​បាំងសេច​ក្តីសំគាល់ ១ ព្រោះបិទ​បាំងការ​កើត ១ មុសាវាទ​រមែង​មានដោយ​អាការៈ ៨ នេះ ពាក្យថា បុគ្គល​គប្បី​វៀរចាក​ការពោល​ពាក្យកុហក បាន​សេចក្តីថា គប្បី​វៀរចាក​ការពោល​ពាក្យកុហក គប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស មិនឲ្យ​កើតមាន​បែបភាព នូវការ​ពោលពាក្យ​កុហក គប្បី​ជាអ្នក​ឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់​ចោល រួចស្រឡះ ប្រាសចេញ ចាក​ការពោល​ពាក្យកុហក គប្បី​នៅដោយ​ចិត្តដែល​ប្រាសចាក​ដែនគឺ​កិលេស ហេតុនោះ (ទ្រង់ត្រាស់​ថា) បុគ្គល​គប្បីវៀរ​ចាកការ​ពោលពាក្យ​កុហក។

[៧៤] អធិប្បាយពាក្យថា គប្បីជាអ្នកដឹងខ្លួន មិនធ្វើនូវការពោល​អួតទាំងឡាយ សំនួរថា ភាពនៃ​ការពោលអួត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​ពោលអួត ពោលអួត​គ្រប់យ៉ាង បានខាង​ការពោល​អួត ភាពនៃ​ការពោល​អួត សេចក្តី​ពោលអួត សំដី​គ្រោតគ្រាត សំដី​គគ្រើម ការអួតខ្លាំង សេចក្តី​អួតខ្លាំង ក្នុងដំណើរ​នោះ នេះលោក​ហៅថា ភាពនៃ​ការអួត។ ពាក្យថា គប្បីជា​អ្នកដឹងខ្លួន មិនធ្វើ​នូវការពោល​អួតទាំង​ឡាយ បាន​សេចក្តីថា ជាអ្នក​ដឹងខ្លួន មិនគប្បីធ្វើ មិនគប្បី​បង្កើត មិនគប្បី​បង្កើតព្រម មិនគប្បី​បញ្ចេញ មិនគប្បី​បញ្ចេញ​ចំពោះ នូវការ​ពោលអួត គឺគប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស មិនឲ្យ​កើតមាន នូវការ​ពោលអួត គប្បីជា​អ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់​ចោល រួចស្រឡះ ប្រាសចេញ ចាកការ​ពោលអួត គប្បីនៅ​ដោយចិត្ត​ដែលប្រាស​ចាកដែន​គឺកិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បីជា​អ្នកដឹងខ្លួន មិនធ្វើ​នូវការ​ពោល​អួតទាំងឡាយ។

[៧៥] អធិប្បាយពាក្យថា ទាំងមិនគប្បីមើលងាយនូវបុគ្គលដទៃ​ដោយជីវិត ដោយ​បញ្ញា ដោយសីល និងវ័ត ត្រង់ពាក្យថា ទាំង គឺ​ជាពាក្យតំណ​នៃបទ។បេ។ ពាក្យថា ទាំង នេះ គឺ​ជាលំដាប់​លំដោយ​នៃបទ។ បុគ្គលខ្លះ​ក្នុងលោក​នេះ កាលចិញ្ចឹម​ជីវិត​ដ៏សៅហ្មង មើល​ងាយ​បុគ្គលដទៃ​ដែល​ចិញ្ចឹម​ជីវិតដ៏​ឧត្តមថា បុគ្គលនេះ ចិញ្ចឹមជីវិត​ដោយវត្ថុ​ច្រើនអ្វីម្ល៉េះ បរិភោគ​វត្ថុគ្រប់មុខ គឺពូជ​ដែលកើត​អំពីមើម ពូជដែល​កើតអំពី​ដើម ពូជដែល​កើតអំពី​ថ្នាំង ពូជដែល​កើតអំពី​ត្រួយ ពូជដែល​កើតអំពី​គ្រាប់ ជាគំរប់ ៥ មិនឆ្លង​សេចក្តី​ព្យាយាម​ដ៏ស្មើ​ដោយ​កាំរន្ទះ និងចុង​នៃភ្លុក [បាលីនេះ មិនឃើញ​មានក្នុង​ទីណាសោះ យើងខ្ញុំ​សង្ស័យ​ក្រែងប្រែ​ថា “មិនឆ្លង​សេចក្តី​ព្យាយាម​ស្មើដោយ​ចុងធ្មេញ​នៃត្បាល់កិន” ដូច្នេះត្រូវ​ជាងដឹង។]។ ព្រោះការ​ចិញ្ចឹម​ជីវិតដ៏​សៅហ្មង​នោះ បុគ្គលនោះ មើលងាយ​បុគ្គល​ដទៃ​ដែលចិញ្ចឹម​ជីវិត​ដ៏ឧត្តម។ បុគ្គលខ្លះ​ក្នុងលោក​នេះ ចិញ្ចឹម​ជីវិតដ៏​ឧត្តម មើលងាយ​បុគ្គលដទៃ​ដែលចិញ្ចឹម​ជីវិតដ៏​សៅហ្មង​ថា បុគ្គលនេះ​មាន​បុណ្យតិច មានសក្តិ​តិចអ្វី​ម្ល៉េះ មិនធ្លាប់​បាននូវ​ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារ។ ព្រោះការ​ចិញ្ចឹម​ជីវិតដ៏​ឧត្តមនោះ បុគ្គលនោះ​មើលងាយ​បុគ្គល​ដទៃ​ដែលចិញ្ចឹម​ជីវិតដ៏​សៅហ្មង។ បុគ្គលខ្លះ​ក្នុងលោក​នេះ ជាអ្នក​បរិបូរ​ដោយបញ្ញា បុគ្គលនោះ​ត្រូវគេ​សួរហើយ ក៏ឆ្លើយ​ប្រស្នា។ បុគ្គលនោះ មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា អញជា​អ្នកបរិបូរ​ដោយបញ្ញា ឯពួក​បុគ្គលឯ​ទៀតនេះ មិនបរិបូរ​ដោយបញ្ញា​ទេ។ ព្រោះ​ការបរិបូរ​ដោយបញ្ញា​នោះ បុគ្គលនោះ​មើលងាយ​បុគ្គលដទៃ។ បុគ្គលខ្លះ​ក្នុងសាសនា​នេះ ជាអ្នក​បរិបូរ​ដោយ​សីល សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បរិបូរ​ដោយអាចារៈ និងគោចរៈ ឃើញភ័យ​ក្នុងទោស​ទាំងឡាយ សូម្បី​បន្តិចបន្តួច សមាទាន សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ។ បុគ្គលនោះ​មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះថា អញជា​អ្នកបរិបូរ​ដោយ​សីល ឯពួក​ភិក្ខុឯ​ទៀតនេះ​ទ្រុស្ត​សីល មានធម៌​អាក្រក់។ ព្រោះការ​បរិបូរ​ដោយសីល​នោះ បុគ្គលនោះ​មើលងាយ​បុគ្គល​ដទៃ។ បុគ្គលខ្លះ​ក្នុងសាសនា​នេះ បរិបូរ​ដោយវត្ត គឺជាអ្នក​ប្រព្រឹត្ត​អារញ្ញិកធុតង្គ ប្រព្រឹត្ត​បិណ្ឌបាតិក​ធុតង្គ ប្រព្រឹត្ត​បំសុកូលិក​ធុតង្គ ប្រព្រឹត្ត​តេចីវរិកធុតង្គ ប្រព្រឹត្ត​សបទានចារិក​ធុតង្គ ប្រព្រឹត្ត​ខលុបច្ឆាភត្តិក​ធុតង្គ ប្រព្រឹត្ត​នេសជ្ជិកធុតង្គ ប្រព្រឹត្ត​យថាសន្ថតិក​ធុតង្គ។ បុគ្គលនោះ​មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា អញ​ជាអ្នក​បរិបូរ​ដោយវ័ត ឯពួក​ភិក្ខុឯទៀត​នេះ មិនបរិបូរ​ដោយវ័ត​ទេ។ ព្រោះការ​បរិបូរ​ដោយវ័ត​នោះ បុគ្គលនោះ​មើលងាយ​បុគ្គល​ដទៃ។ ពាក្យថា ទាំងមិន​គប្បីមើល​ងាយនូវ​បុគ្គល​ដទៃ ដោយ​ការចិញ្ចឹម​ជីវិត ដោយបញ្ញា ដោយសីល និងវ័ត បាន​សេចក្តីថា មិនគប្បី​មើលងាយ មិនគប្បី​បង្អាប់​បុគ្គលដទៃ​ដោយ​ការចិញ្ចឹម​ជីវិតដ៏​សៅហ្មង ដោយការ​ចិញ្ចឹម​ជីវិតដ៏​ឧត្តម ដោយការ​បរិបូរ​ដោយបញ្ញា ដោយ​ការបរិបូរ​ដោយសីល ដោយ​ការបរិបូរ​ដោយវ័ត មិនគប្បី​បង្កើតមានះ​ដោយហេតុ​នោះ មិនគប្បី​ជាអ្នក​រឹងរូស រឹងត្អឹង មានក្បាល​ងើបឡើង​ដោយហេតុ​នោះឡើយ ហេតុ​នោះ (ទ្រង់​ត្រាស់ថា) ទាំង​មិនគប្បី​មើលងាយ​នូវបុគ្គល​ដទៃ ដោយការ​ចិញ្ចឹម​ជីវិតដោយ​បញ្ញា ដោយ​សីល និងវ័ត។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

បុគ្គលគប្បីវៀរចាកការពោលពាក្យកុហក គប្បីជា​អ្នកដឹងខ្លួន មិនធ្វើ​នូវការ​ពោលអួត​ទាំងឡាយ ទាំង​មិនគប្បី​មើលងាយ​នូវបុគ្គល​ដទៃ ដោយការ​ចិញ្ចឹម​ជីវិត​ដោយបញ្ញា ដោយសីល និងវ័ត​ឡើយ។

[៧៦] បុគ្គលត្រូវគេប្រទូស្តហើយ បើឮនូវសំដី​ច្រើនរបស់​សមណៈ​ទាំងឡាយ ឬ​របស់​​ជនមាន​មាត់ពាក្យ​ច្រើន​ទាំងឡាយ​ហើយ មិនត្រូវ​ពោលតប​នឹងជន​ទាំង​នោះ​​ដោយពាក្យ​អាក្រក់​ទេ ព្រោះថា ជនអ្នក​ស្ងប់ រមែង​មិនធ្វើ​នូវសត្រូវ​តប​ឡើយ។

[៧៧] អធិប្បាយពាក្យថា បុគ្គលត្រូវគេប្រទូស្តហើយ បើឮនូវ​សំដីច្រើន​របស់​សមណៈ​ទាំងឡាយ ឬ​របស់​ជនមាន​មាត់ពាក្យ​ច្រើន​ទាំងឡាយ​ហើយ ត្រង់ពាក្យថា ត្រូវ​គេប្រទូស្ត​ហើយ គឺត្រូវគេ​ប្រទូស្ត ជេរ កោសរូស ប្រទេច តិះដៀល បន្តុះបង្អាប់​ហើយ។ ពាក្យថា របស់សមណៈ​ទាំងឡាយ គឺពួកជន​ណាមួយ ក្រៅអំពី​សាសនា​នេះ នៅក្នុងពួក​បរិព្វាជក ប្រកប​ក្នុងពួក​បរិព្វាជក។ ពាក្យថា របស់​ជនមាន​មាត់ពាក្យ​ច្រើនទាំងឡាយ គឺពួក​ក្សត្រិយ៍​ផង ព្រាហ្មណ៍​ផង វេស្សៈផង សុទ្ទៈផង គ្រហស្ថផង បព្វជិតផង ទេវតា​ផង មនុស្ស​ផង។ ពួកជន​នោះ គប្បីជេរ គប្បីផ្តាសា គប្បីខឹង គប្បីខឹងខ្លាំង គប្បី​បៀតបៀន គប្បី​បៀតបៀន​ខ្លាំង គប្បីធ្វើ​ទុក្ខបុកម្នេញ គប្បីធ្វើ​ទុក្ខខ្លាំង គប្បីធ្វើ​នូវការ​បៀតបៀន ដោយ​ពាក្យដ៏​ច្រើន ដែលមិន​ជាទីប្រាថ្នា មិនជាទី​ស្រឡាញ់ មិនជាទី​គាប់ចិត្ត។ បើឮ ស្តាប់ ចាប់បាន ចាំបាន កំណត់បាន នូវសំដី​ច្រើនរបស់​ពួកជន​នោះ ដែលមិន​ជាទីប្រាថ្នា មិនជាទី​ស្រឡាញ់ មិនជាទី​គាប់ចិត្ត ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ត្រូវគេ​ប្រទូស្ត​ហើយ បើឮសំដី​ច្រើនរបស់​សមណៈ​ទាំងឡាយ ឬរបស់​ជនមាន​មាត់ពាក្យ​ច្រើនទាំង​ឡាយ។

[៧៨] អធិប្បាយពាក្យថា មិនត្រូវពោលតបនឹងជនទាំងនោះ​ដោយពាក្យ​អាក្រក់ ត្រង់ពាក្យ​ថា ដោយពាក្យ​អាក្រក់ គឺដោយ​ពាក្យរឹងរូស។ ពាក្យថា មិនត្រូវ​ពោលតប​សេចក្តី​ថា មិនគប្បី​ពោលតប គឺមិន​គប្បីជេរ​តបនឹង​ជនដែល​ជេរ មិនគប្បី​ខឹងតបនឹង​ជនដែល​ខឹង មិនគប្បី​ប្រកួត​តបនឹង​ជនដែល​ប្រកួត មិនគប្បី​ធ្វើជម្លោះ មិនគប្បី​ធ្វើសេចក្តី​ប្រកួត មិនគប្បី​ធ្វើនូវការ​ទាស់ទែង មិនគប្បី​ធ្វើនូវវិវាទ មិនគប្បី​ធ្វើនូវសេចក្តី​បែកខ្ញែកគ្នា​ទេ គឺគប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើតមាន​បែបភាព​នូវជម្លោះ ការប្រកួត សេចក្តី​ទាស់ទែង វិវាទ ការបែក​ខ្ញែកគ្នា គប្បីជា​អ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់​ចោល រួចស្រឡះ ប្រាសចេញ ចាកការ​ជម្លោះ សេចក្តី​ប្រកួត ការទាស់ទែង វិវាទ ការ​បែកខ្ញែកគ្នា គប្បីនៅ​ដោយចិត្ត​ដែលប្រាស​ចាកដែន​គឺកិលេស ហេតុនោះ (ទ្រង់ត្រាស់​ថា) មិនត្រូវ​ពោលតប​នឹងជន​នោះ ដោយពាក្យ​អាក្រក់​ទេ។

[៧៩] ពាក្យថា ព្រោះថា ជនអ្នកស្ងប់ រមែងមិន​ធ្វើសត្រូវ​តបឡើយ ត្រង់ពាក្យថា ជនអ្នក​ស្ងប់ គឺឈ្មោះថា​អ្នកស្ងប់ ព្រោះស្ងប់​រាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ។បេ។ ឈ្មោះថា អ្នកស្ងប់ អ្នកចូល​ទៅជិតស្ងប់ អ្នកស្ងប់​វិសេស អ្នករលត់ អ្នករម្ងាប់ ព្រោះ​ស្ងប់រម្ងាប់ រម្ងាប់​វិសេស ផុត រំលត់ ឃ្លាតចេញ រម្ងាប់​នូវ​អកុសលាភិសង្ខារ​ទាំង​អស់ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនអ្នក​ស្ងប់។ ពាក្យថា ព្រោះថា ជនអ្នក​ស្ងប់ រមែងមិន​ធ្វើសត្រូវ​តបឡើយ បាន​សេចក្តីថា ជនអ្នកស្ងប់ មិនធ្វើ មិនបង្កើត មិនបង្កើត​ព្រម មិនឲ្យ​លេចឡើង មិនឲ្យ​លេចឡើង​ចំពោះ នូវសត្រូវតប នូវចំបាប់តប នូវចំរូងតប នូវបដិប័ក្ខ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះថា ជនអ្នកស្ងប់ មិនធ្វើ​នូវសត្រូវ​តបឡើយ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

បុគ្គលត្រូវគេប្រទូស្តហើយ បើឮនូវសំដី​ច្រើនរបស់​សមណៈ​ទាំងឡាយ ឬរបស់​ជន​មានមាត់​ពាក្យច្រើន​ទាំងឡាយ​ហើយ មិនត្រូវ​ពោលតប​នឹងជន​ទាំងនោះ ដោយ​ពាក្យអាក្រក់​ទេ ព្រោះថា ជនអ្នក​ស្ងប់ រមែង​មិនធ្វើ​នូវសត្រូវ​តបឡើយ។

[៨០] ភិក្ខុដឹងធម៌នេះហើយ គប្បីពិនិត្យ មានស្មារតី សិក្សា​សព្វកាល ដឹងនូវ​ការរលត់ ថាជាការ​ស្ងប់ហើយ មិនគប្បី​ប្រហែស​ក្នុងសាសនា​នៃ​ព្រះគោតម។

[៨១] អធិប្បាយពាក្យថា ដឹងធម៌នេះហើយ ត្រង់ពាក្យថា ធម៌នេះ គឺធម៌ដែល​តថាគត​ប្រាប់ សំដែង បញ្ញត្ត តាំង បើក ចែក ធ្វើឲ្យរាក់ ប្រកាស​ហើយ។ ពាក្យថា ដឹងធម៌ គឺដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ដឹង​ធម៌នេះ យ៉ាងនេះ​ខ្លះ។ ម្យ៉ាងទៀត យល់ ដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យប្រាកដ​ហើយ នូវធម៌​ដ៏ស្មើផង ធម៌មិន​ស្មើផង ធម៌ជា​ផ្លូវផង ធម៌មិនមែន​ជាផ្លូវផង ធម៌មាន​ទោសផង ធម៌មិនមាន​ទោសផង ធម៌ថោក​ទាបផង ធម៌ខ្ពង់​ខ្ពស់ផង ធម៌ខ្មៅផង ធម៌សផង ធម៌ដែល​អ្នកចេះដឹង​តិះដៀល​ផង ធម៌ដែល​អ្នកចេះ​ដឹងសរសើរ​ផង ហេតុនោះ (ទ្រង់​ត្រាស់ថា) ដឹងធម៌​នេះ យ៉ាងនេះ​ខ្លះ។ ឬថា យល់ ដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដហើយ​នូវធម៌​ គឺ​សម្មាបដិបទា អនុលោមប្បដិបទា អបច្ចនីកប្បដិបទា អន្វត្ថប្បដិប្បទា ធម្មានុធម្មប្បដិប្បទា ការបំពេញ​ក្នុងសីល​ទាំងឡាយ ការគ្រប់គ្រង​ទ្វារ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ ការដឹង​ប្រមាណ​ក្នុងភោជន ការប្រកប​រឿយៗ នូវសេចក្តី​ភ្ញាក់​រលឹក សតិ និង​សម្បជញ្ញៈ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏​ប្រសើរ​ប្រកប​ដោយអង្គ ៨ និព្វាន និង​និព្វានគាមិនីបដិបទា ហេតុនោះ (ទ្រង់​ត្រាស់ថា) ដឹងធម៌​នេះ យ៉ាងនេះខ្លះ។

[៨២] អធិប្បាយពាក្យថា ភិក្ខុគប្បីពិនិត្យ មានស្មារតី សិក្សា​សព្វកាល ត្រង់ពាក្យថា ពិនិត្យ គឺពិនិត្យ ពិចារណា ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដថា សង្ខារទាំងអស់​មិនទៀង។បេ។ ពិនិត្យ ពិចារណា ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដថា របស់​ណាមួយ មានការ​កើតឡើង​ជាធម្មតា របស់​ទាំងអស់​នោះ មានការ​រលត់ទៅ​ជាធម្មតា ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បីពិនិត្យ។ ពាក្យថា សព្វកាល គឺសព្វកាល សព្វគ្រា ក្នុង​កាលទាំង​ពួង។បេ។ ក្នុងគំនរ​នៃវ័យជា​បច្ឆិម។ ពាក្យថា មានស្មារតី គឺមានស្មារតី​ដោយ​ហេតុ ៤ គឺ ភិក្ខុចំរើន​កាយេកាយានុបស្សនាសតិប្បដ្ឋាន។បេ។ ភិក្ខុនោះ លោកហៅថា អ្នកមាន​ស្មារតី។ ពាក្យថា គប្បីសិក្សា បានដល់​សិក្ខា ៣ គឺអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា។បេ។ នេះ អធិប្បញ្ញាសិក្ខា។ គប្បីនឹក​សិក្សានូវ​សិក្ខាទាំង ៣ នេះ។បេ។ គប្បីសិក្សា គប្បីប្រព្រឹត្ត គប្បីប្រព្រឹត្ត​ស្មើ គប្បីប្រព្រឹត្ត​សមាទាន ហេតុនោះ (ទ្រង់​ត្រាស់​ថា) ភិក្ខុគប្បី​ពិនិត្យ មានស្មារតី សិក្សាសព្វ​កាល។

[៨៣] ពាក្យថា ដឹងនូវការរលត់ ថាជាការស្ងប់ គឺដឹងនូវ​ការរលត់រាគៈ ថាជា​ការស្ងប់ ដឹង ស្គាល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យប្រាកដ នូវការ​រលត់ទោសៈ មោហៈ។បេ។ អកុសលាភិសង្ខារ​ទាំងអស់ ថាជាការស្ងប់ ហេតុនោះ (ទ្រង់​ត្រាស់ថា) ដឹងនូវការ​រលត់ ថាជាការ​ស្ងប់។

[៨៤] ពាក្យថា មិនគប្បីប្រហែសក្នុងសាសនានៃ​ព្រះគោតម គឺក្នុង​សាសនា​របស់​ព្រះគោតម ក្នុងសាសនា​របស់ព្រះពុទ្ធ ក្នុងសាសនា​របស់​ព្រះជិនស្រី ក្នុងសាសនា​របស់​ព្រះតថាគត ក្នុងសាសនា​របស់ព្រះពុទ្ធ​ជាទេវតា ក្នុងសាសនា​របស់​ព្រះអរហន្ត។ ពាក្យថា​មិនគប្បី​ប្រហែស គឺគប្បី​ជាអ្នកធ្វើ​ដោយសេចក្តី​គោរព ធ្វើមិនដាច់ ធ្វើមិនឈប់ មិនប្រព្រឹត្ត​រួញរា មិនដាក់​ឆន្ទៈ មិនដាក់ធុរៈ មិនធ្វេស​ប្រហែស​ក្នុងធម៌ជា​កុសលទាំង​ឡាយថា កាលណា​អញគប្បី​ញុំាង​សីលក្ខន្ធ​ដែលមិនទាន់​ពេញលេញ​ឲ្យពេញ​លេញ​បាន។បេ។ ឬគប្បី​ញុំាង​សមាធិក្ខន្ធ បញ្ញាខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ធ ដែល​មិនទាន់​ពេញលេញ​ឲ្យពេញបាន ឬកាលណា​អញគប្បី​កំណត់​ដឹងនូវទុក្ខ​ដែល​មិនទាន់​កំណត់​ដឹង ឬគប្បី​លះបង់​កិលេស​ទាំងឡាយ​ដែល​មិនទាន់​លះបង់ ឬគប្បី​ចំរើនមគ្គ​ដែល​មិនទាន់​ចំរើន ឬគប្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវនិរោធ​ដែល​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់ គឺបាន​ដល់ឆន្ទៈ ការព្យាយាម ការឧស្សាហ៍ ការព្យាយាម​ដ៏មាំ កម្លាំង​ចិត្ត ការមិន​ត្រឡប់វិញ សតិ និង​សម្បជញ្ញៈ ការព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស ការតំកល់​ព្យាយាម ការអធិដ្ឋាន ការប្រកប​រឿយៗ និងការ​មិនប្រមាទ ក្នុង​កុសលធម៌​ទាំងឡាយ​នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​ប្រហែស​ក្នុងសាសនាស​នៃ​ព្រះគោតម។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ភិក្ខុដឹងធម៌នេះហើយ គប្បីពិនិត្យ មានស្មារតី សិក្សា​សព្វកាល ដឹងនូវ​ការរលត់ ថាជាការ​ស្ងប់ហើយ មិនគប្បី​ប្រហែស ក្នុងសាសនា​នៃ​ព្រះគោតម។

[៨៥] ព្រះមានព្រះភាគត្រាស់ថា ព្រះមានព្រះភាគ​អង្គនោះ ទ្រង់គ្របសង្កត់ (នូវ​អារម្មណ៍) ព្រះអង្គ​មិនមាន​អ្វីគ្របសង្កត់​បានទេ បានឃើញ​ធម៌ជាក់ច្បាស់ មិនមែន​ដោយការ​ជឿស្តាប់​បុគ្គលដទៃ ព្រោះហេតុ​នោះ បុគ្គលគប្បី​មិនប្រហែស ថ្វាយបង្គំ​ សិក្សា​រឿយ ៗ សព្វកាល ក្នុងសាសនា​នៃ​ព្រះមានព្រះភាគ​នោះ។

[៨៦] ពាក្យថា ព្រះមានព្រះភាគអង្គនោះ ទ្រង់គ្របសង្កត់ (នូវ​អារម្មណ៍) ព្រះអង្គ​មិន​មានអ្វី​គ្របសង្កត់​បានទេ គឺឈ្មោះថា ទ្រង់គ្របសង្កត់​ (អារម្មណ៍) ព្រោះ​ទ្រង់គ្រប​សង្កត់​រូប គ្របសង្កត់​សំឡេង គ្របសង្កត់​ក្លិន គ្របសង្កត់​រស គ្របសង្កត់​ផោដ្ឋព្វៈ គ្របសង្កត់​ធម្មារម្មណ៍ ព្រះអង្គ​មិនត្រូវ​ពួកកិលេស​ណាមួយ​គ្របសង្កត់​បានទេ ព្រោះថា ទ្រង់​គ្របសង្កត់​នូវ​អកុសលធម៌​ទាំងឡាយ​ដ៏លាមក ជាធម៌​ប្រកប​ដោយសេចក្តី​សៅហ្មង ប្រកប​ដោយភព​ថ្មីទៀត មានសេចក្តី​ក្រវល់ក្រវាយ ​មានសេចក្តី​ទុក្ខជាវិបាក ជាបច្ច័យ នៃជាតិ ជរា និងមរណៈ​តទៅ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រះមានព្រះភាគ​នោះ ទ្រង់​គ្រប​សង្កត់ (នូវ​អារម្មណ៍) ព្រះអង្គ​មិនមាន​អ្វីគ្របសង្កត់​បានទេ។

[៨៧] ពាក្យថា បានឃើញធម៌ជាក់ច្បាស់ មិនមែន​ដោយការជឿ​ស្តាប់​បុគ្គលដទៃ ត្រង់​ពាក្យថា ធម៌ជាក់​ច្បាស់ គឺបាន​ឃើញ បានយល់ បានប្រទះ បានចាក់​ធ្លុះនូវធម៌​ដោយខ្លួន​ឯង ដែល​ត្រាស់ដឹង​ដោយខ្លួន​ឯង ជាក់ច្បាស់​ចំពោះខ្លួន មិនមែន​ដោយ​ជឿ​ស្តាប់​បុគ្គលដទៃ មិន​មែនដោយឮ​ថា ដូច្នេះ ៗ មិនមែន​តាមទំនៀម មិនមែន​ដោយការ​ផ្សែផ្សំ​នឹងក្បួន មិនមែន​ដោយហេតុ​នៃការត្រិះរិះ មិនមែន​ដោយហេតុ​នៃការ​គ្នេគ្នាន់ មិនមែន​ដោយការ​ជញ្ជឹង​នូវអាការៈ មិនមែន​ដោយការ​យល់ ការពិនិត្យ និងការ​ចូលចិត្ត​ឡើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) បានឃើញ​ធម៌ជាក់​ច្បាស់ មិនមែន​ដោយការ​ជឿស្តាប់​បុគ្គល​ដទៃ។

[៨៨] ពាក្យថា ព្រោះហេតុនោះ ក្នុងសាសនានៃ​ព្រះមានព្រះភាគ​នោះ ត្រង់ពាក្យថា ព្រោះ​ហេតុនោះ គឺព្រោះ​ហេតុនោះ ព្រោះ​រឿងនោះ ព្រោះ​ដើមចម​នោះ ព្រោះបច្ច័យ​នោះ ព្រោះ​និទាននោះ។ ពាក្យថា ក្នុងសាសនា​នៃ​ព្រះមានព្រះភាគ​នោះ គឺក្នុង​សាសនា​របស់​ព្រះមានព្រះភាគ ក្នុងសាសនា​របស់​ព្រះគោតម ក្នុងសាសនា​របស់​ព្រះពុទ្ធ ក្នុង​សាសនា​របស់​ព្រះជិនស្រី ក្នុង​សាសនា​របស់​ព្រះតថាគត ក្នុងសាសនា​របស់​ព្រះពុទ្ធ​ជា​ទេវតា ក្នុង​សាសនា​របស់​ព្រះអរហន្ត​នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះហេតុ​នោះ ក្នុង​សាសនានៃ​ព្រះមានព្រះភាគ​នោះ។

[៨៩] អធិប្បាយពាក្យថា ព្រះមានព្រះភាគ​ត្រាស់ថា បុគ្គល​គប្បីមិន​ប្រហែស ថ្វាយបង្គំ សិក្សា​រឿយៗ សព្វកាល ត្រង់ពាក្យថា គប្បីមិន​ប្រហែស គឺគប្បី​ជាអ្នកធ្វើ​ដោយ​គោរព។បេ។ មិនប្រហែសក្នុង​កុសល​ទាំងឡាយ។ ពាក្យថា សព្វកាល គឺសព្វកាល សព្វគ្រា។បេ។ ក្នុងគំនរនៃ​វ័យជាបច្ឆិម។ ពាក្យថា ថ្វាយបង្គំ គឺថ្វាយបង្គំ​ដោយ​កាយ ថ្វាយបង្គំ​ដោយវាចា ថ្វាយបង្គំ​ដោយចិត្ត ថ្វាយបង្គំ​ដោយ​អន្វត្ថប្បដិបត្តិ ថ្វាយបង្គំ ធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជា កោតក្រែង ដោយ​ធម្មានុធម្មប្បដិបត្តិ។ ពាក្យថា គប្បីសិក្សា​រឿយ ៗ បានដល់ សិក្ខា ៣ គឺ​អធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា។បេ។ នេះ អធិប្បញ្ញាសិក្ខា។ គប្បី​នឹកសិក្សា​សិក្ខា ៣ នេះ។បេ។ គប្បីធ្វើ​ឲ្យជាក់ច្បាស់ សិក្សា ប្រព្រឹត្ត ប្រព្រឹត្តស្មើ ប្រព្រឹត្ត​សមាទាន​នូវនិរោធ ដែល​ត្រូវធ្វើ​ឲ្យជាក់​ច្បាស់។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យ​ពោលដោយ​គោរព។បេ។ ការបញ្ញាត្តិថា មាន​ព្រះភាគ នេះ (កើត) ព្រោះការ​ធ្វើឲ្យ​ជាក់ច្បាស់ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រះមានព្រះភាគ​ត្រាស់ថា បុគ្គល​គប្បីមិន​ប្រហែស ថ្វាយបង្គំ សិក្សារឿយៗ សព្វកាល។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ព្រះមានព្រះភាគត្រាស់ថា ព្រះមានព្រះភាគ​អង្គនោះ ទ្រង់គ្រប​សង្កត់ (នូវ​អារម្មណ៍) ព្រះអង្គ​មិនមាន​អ្វីគ្របសង្កត់​បានទេ បានឃើញ​ធម៌ជាក់ច្បាស់ មិនមែន​ដោយជឿ​ស្តាប់បុគ្គល​ដទៃ ព្រោះហេតុ​នោះ បុគ្គល​គប្បីមិន​ប្រហែស ថ្វាយបង្គំ សិក្សា​រឿយៗ សព្វកាល ក្នុងសាសនា​នៃ​ព្រះមានព្រះភាគ​នោះ។

ចប់ តុវដកសុត្តនិទ្ទេស ទី១៤។

អត្តទណ្ឌសុត្តនិទ្ទេស ទី១៥

[៩០] (ព្រះមានព្រះភាគត្រាស់ថា) ភ័យកើតអំពី​អាជ្ញារបស់​ខ្លួន អ្នក​ទាំងឡាយ ចូរមើល​ជន​អ្នកឈ្លោះគ្នា តថាគត នឹងសំដែង​សំវេគធម៌ តាមដែល​តថាគត​ធ្លាប់សំវេគ​ហើយ។

[៩១] អធិប្បាយពាក្យថា ភ័យកើតអំពីអាជ្ញារបស់ខ្លួន ត្រង់ពាក្យថា អាជ្ញា បានដល់ អាជ្ញា ៣ គឺ អាជ្ញាដោយកាយ អាជ្ញាដោយវាចា អាជ្ញាដោយចិត្ត។ កាយទុច្ចរិត ៣ ប្រការ ឈ្មោះថា អាជ្ញា​ដោយកាយ វចីទុច្ចរិត ៤​ ប្រការ ឈ្មោះថា អាជ្ញា​ដោយវាចា មនោទុច្ចរិត ៣ ប្រការ ឈ្មោះថា អាជ្ញា​ដោយចិត្ត។ ពាក្យថា ភ័យ បានដល់ ភ័យ ២ ប្រការ គឺ​ទិដ្ឋធម្មិកភ័យ ១ សម្បរាយិកភ័យ ១។

ទិដ្ឋធម្មិកភ័យ តើដូចម្តេច។ បុគ្គលពួក​ខ្លះក្នុង​លោកនេះ ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត សម្លាប់​សត្វខ្លះ កាន់យក​ទ្រព្យដែល​គេ​មិនបាន​ឲ្យខ្លះ កាត់នូវ​តំណ (នៃផ្ទះ) ខ្លះ ប្លន់ធំខ្លះ កំហែង​យកទ្រព្យ​ក្នុងផ្ទះ​មួយខ្លះ ឈរស្កាត់​ច្រកផ្លូវខ្លះ គប់រក​ភរិយា​របស់អ្នក​ដទៃខ្លះ ពោលពាក្យ​កុហកខ្លះ។ ពួករាជ​បុរស ចាប់បុគ្គល​នោះ ថ្វាយព្រះ​រាជា ទូលថា បពិត្រ​ព្រះសម្មតិទេព បុគ្គលនេះ ជាចោរ ប្រព្រឹត្ត​អាក្រក់ ព្រះអង្គ​ទ្រង់សព្វ​ព្រះរាជ​ហឫទ័យ​នឹង​ទណ្ឌកម្ម​ណា ចំពោះ​ចោរនេះ សូមទ្រង់​ដាក់នូវ​ទណ្ឌកម្ម​នោះចុះ។ ព្រះរាជា​ក៏គម្រាម​ចោរនោះ។ ចោរនោះ ទទួល​ទុក្ខទោមនស្ស ព្រោះការ​គម្រាម​ជាបច្ច័យ ក៏មាន។ ភ័យទុក្ខ​ទោមនស្ស​នុ៎ះ កើតមក​ពីណា​ដល់ចោរនោះ។ ភ័យទុក្ខ​ទោមនស្ស​កើត​ឡើង ចំរើនឡើង ដុះដាលឡើង លូតលាស់​ឡើង កើតប្រាកដ​ឡើង អំពីអាជ្ញា​របស់ខ្លួន។ ព្រះរាជា​មិនពេញ​ព្រះទ័យ ដោយអំពើ​សូម្បីត្រឹម​ប៉ុណ្ណេះ។ ព្រះរាជា​ត្រាស់បង្គាប់​ឲ្យ​ចងចោរ​នោះ ដោយចំណង​គឺខ្នោះក្តី ដោយចំណង​គឺខ្សែក្តី ដោយចំណង​គឺច្រវាក់ក្តី ដោយចំណង​គឺផ្តៅក្តី ដោយចំណង​គឺវល្លិក្តី ដោយ​ចំណង​គឺគុកក្តី ដោយចំណង​គឺរបងក្តី ដោយចំណង​គឺស្រុកក្តី ដោយចំណង​គឺនគរ​ក្តី ដោយចំណង​គឺដែនក្តី ដោយ​ចំណងគឺ​ជនបទ​ក្តី ដោយហោច​ទៅ ព្រះរាជា​ក៏រមែង​ធ្វើ (នូវចោរនោះ) ឲ្យស្តាប់​បង្គាប់ថា អ្នកមិនត្រូវ​បានចៀស​ចេញទៅ​អំពីទី​នេះទេ។ ចោរនោះ ទទួលរង​ទុក្ខទោមនស្ស ព្រោះ​ចំណង​ជាបច្ច័យ​ក៏មាន។ ភ័យទុក្ខ​ទោមនស្ស​បែបនុ៎ះ កើតមកពីណា​ដល់ចោរនោះ។ ភ័យទុក្ខ​ទោមនស្ស កើតឡើង ចំរើនឡើង ដុះដាលឡើង លូតលាស់​ឡើង កើតប្រាកដ​ឡើង អំពី​អាជ្ញា​របស់ខ្លួន។ ​ព្រះរាជា​មិនពេញ​ព្រះទ័យ ដោយ​អំពើ​សូម្បីត្រឹម​ប៉ុណ្ណេះ។ ព្រះរាជា​ញុំាងចោរ​នោះឲ្យ​នាំទ្រព្យ​មួយរយក្តី មួយពាន់ក្តី មួយហ្មឺនក្តី មកថ្វាយ​ព្រះអង្គ។ ចោរនោះ ទទួលរង​ទុក្ខទោមនស្ស ព្រោះការ​វិនាសទ្រព្យ​ជាបច្ច័យ​ក៏មាន។ ភ័យទុក្ខ​ទោមនស្ស​នុ៎ះ កើតមក​ពីណា​ដល់ចោរ​នោះ។ ភ័យទុក្ខ​ទោមនស្ស កើតឡើង ចំរើន​ឡើង ដុះដាល​ឡើង លូតលាស់​ឡើង កើតប្រាកដ​ឡើង អំពីអាជ្ញា​របស់ខ្លួន។ ព្រះរាជា​មិនពេញ​ព្រះទ័យ ដោយអំពើ​សូម្បីត្រឹម​ប៉ុណ្ណេះ។ ព្រះរាជា​ទ្រង់ត្រាស់​បង្គាប់រាជ​បុរសឲ្យ​ធ្វើចោរ​នោះ ដោយ​កម្មការណ៍​ផ្សេង ៗ គឺវាយ​ដោយរំពាត់​ខ្លះ វាយដោយ​ផ្តៅខ្លះ វាយ​ដោយដំបង​ខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំង​ដៃទាំងជើង​ខ្លះ កាត់ស្លឹក​ត្រចៀកខ្លះ កាត់​ច្រមុះខ្លះ កាត់ទាំងស្លឹក​ត្រចៀក​ទាំងច្រមុះ​ខ្លះ ធ្វើនូវ​វិលង្គថាលកកម្ម (អំពើដែល​ចោះរលាក្បាល​ធ្វើឲ្យដូច​ជាឆ្នាំង​ជ្រក់) ខ្លះ ធ្វើនូវ​សង្ខមុណ្ឌកកម្ម (អំពើដែល​គេបកស្បែក​ក្បាលឲ្យ​រលីងដូច​ស័ង្ខ) ខ្លះ ធ្វើនូវ​រាហុមុខកម្ម (អំពើដែល​ថ្ពក់ហែក​មាត់ឲ្យដូច​ជាមាត់​រាហូ) ខ្លះ ធ្វើនូវ​ជោតិមាលិកកម្ម (អំពើ​ដែលរុំ​ខ្លួនដុត) ខ្លះ ធ្វើនូវ​ហត្ថប្បជ្ជោតិកកម្ម (អំពើដែល​រុំដៃដុត) ខ្លះ ធ្វើនូវ​ឯរកវត្តិកកម្ម (អំពើ​ដែលពន្លាត់​ស្បែក​កដល់​កជើង) ខ្លះ ធ្វើនូវ​ចីរកវាសិកកម្ម (អំពើ​ដែលបកស្បែក​ធ្វើឲ្យដូច​ជាស្លៀក​សម្បកឈើ) ខ្លះ ធ្វើនូវ​ឯណេយ្យកកម្ម (អំពើ​ដែលដាក់​កងត្រង់ជើង​ដោតឲ្យ​ឈរហើយ​ដុត) ខ្លះ ធ្វើនូវ​ពលិសមំសិកកម្ម (អំពើ​ដែលខ្វារ​សាច់ដោយ​សន្ទូច) ខ្លះ ធ្វើនូវ​កហាបណកកម្ម (អំពើ​ដែលចោះ​សរីរៈ​ប្រមាណ​ប៉ុនៗ​កហាបណៈ) ខ្លះ ធ្វើនូវ​ខារាបតច្ឆិកកម្ម (អំពើ​ដែលយក​ទឹកផ្សារ​ស្រោច) ខ្លះ ធ្វើនូវ​បលិឃបរិវត្តិកកម្ម (អំពើ​ដែលឲ្យ​ដេកផ្អៀង ហើយដោត​ទម្លុះ​ប្រហោង​ត្រចៀក​ទៅក្នុង​ដែនដី​បង្វិលដូច​ជាជើងគុល) ខ្លះ ធ្វើនូវ​បលាលបីឋកកម្ម (អំពើ​ដែលគេ​កិនឆ្អឹង​ឲ្យខ្ទេច ហើយយក​សក់យួរ​ឡើង ធ្វើឲ្យដូច​ជាកណ្តាប់​ចំបើង) ខ្លះ ស្រោច​ដោយប្រេង​ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារ​លើឈើ​អណ្តោត​ទាំងរស់​ខ្លះ កាត់ក្បាល​ដោយ​ដាវខ្លះ។ ចោរនោះ ទទួល​រងទុក្ខ​ទោមនស្ស ព្រោះហេតុ​នៃកម្មការណ៍​ជាបច្ច័យ​ក៏មាន។ ភ័យទុក្ខ​ទោមនស្ស​បែបនុ៎ះ កើតមក​ពីណា​ដល់ចោរ​នោះ។ ភ័យទុក្ខ​ទោមនស្ស​កើតឡើង ចំរើនឡើង ដុះដាលឡើង លូតលាស់​ឡើង កើតប្រាកដ​ឡើង អំពី​អាជ្ញារបស់​ខ្លួន។ ព្រះរាជា​ជាធំ (អាចធ្វើ) នូវអាជ្ញា​ទាំង ៤ យ៉ាងនេះឯង។ ចោរនោះ លុះបែក​ធ្លាយរាង​កាយ​ស្លាប់ទៅ ក៏កើត​ឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះកម្ម​របស់ខ្លួន។ នាយ​និរយបាល​ទាំងឡាយ ក៏ធ្វើនូវ​កម្មការណ៍ ឈ្មោះ​ចំណង ៥ ប្រការ ចំពោះ​សត្វនោះ គឺ​បោះដែកគោល​ដ៏ក្តៅត្រង់ដៃ (ម្ខាង) បោះ​ដែកគោលដ៏​ក្តៅត្រង់​ដៃទីពីរ បោះដែកគោល​ដ៏ក្តៅ​ត្រង់​ជើង (ម្ខាង) បោះ​ដែកគោល​ដ៏​ក្តៅត្រង់​ជើងទីពីរ បោះ​ដែកគោល​ដ៏ក្តៅ​ត្រង់ពាក់​កណ្តាល​ដើមទ្រូង។ សត្វនោះ ក៏ទទួល​រងនូវ​វេទនា ជាទុក្ខ​ដ៏ក្លៀវក្លា ខ្លោចផ្សា​ក្នុងនរក​នោះ បាបកម្ម​នោះ មិនទាន់​អស់ដរាប​ណា សត្វនោះ​ក៏មិន​ធ្វើកាល​កិរិយា​ដរាបនោះ។ ភ័យទុក្ខ​ទោមនស្ស​នុ៎ះ កើតមកពីណា​ដល់ចោរ​នោះ។ ភ័យទុក្ខ​ទោមនស្ស កើតចំរើន ដុះដាល លូតលាស់​ កើតប្រាកដ​អំពីអាជ្ញា​របស់ខ្លួន។ នាយ​និរយបាល​ទាំងឡាយ​ផ្តេកសត្វ​នោះ ហើយចាំង​ដោយដឹង​ទាំងឡាយ។ សត្វនោះ ក៏ទទួល​រងវេទនា ជាទុក្ខ​ដ៏ក្លៀវក្លា ខ្លោចផ្សា ក្នុងនរក​នោះ បាបកម្មនោះ មិនទាន់​អស់ដរាប​ណា សត្វនោះ ក៏មិនធ្វើ​កាលកិរិយា​ដរាប​នោះ។ នាយ​និរយបាល​ទាំងឡាយ ចាប់សត្វ​នោះ ឲ្យមាន​ជើងឡើង​លើ ឲ្យមាន​ក្បាលចុះ​ក្រោម ហើយ​ក៏កាប់​ដោយកាំបិតព្រា​ទាំងឡាយ។ នាយ​និរយបាល​ទាំងឡាយ ទឹមសត្វ​នោះក្នុង​រថហើយ ក៏បរទៅខ្លះ បរមក​វិញខ្លះ​ លើផែនដី​ដ៏ក្តៅ​ដែលភ្លើង​កំពុងឆេះ​សន្ធោសន្ធៅ។បេ។ នាយ​និរយបាល​ទាំងឡាយ ឲ្យសត្វ​នោះឡើង​ទៅលើភ្នំ​រងើកភ្លើង​ដ៏ធំ ដែល​ភ្លើងកំពុង​ឆេះទ្រលោម​សន្ធោសន្ធៅ​ខ្លះ ឲ្យចុះ​ខ្លះ។បេ។ នាយ​និរយបាល​ទាំងឡាយ ចាប់​សត្វនោះ ឲ្យមាន​ជើងឡើង​លើ ឲ្យមាន​ក្បាលចុះ​ក្រោមហើយ បោះ​ចុះទៅ​ក្នុងខ្ទះ​ទង់ដែង​ដ៏ក្តៅ ដែលភ្លើង​កំពុងឆេះ​ទ្រលោម​សន្ធោសន្ធៅ។ សត្វនោះ ត្រូវកម្មស្ងោរ ខ្ជោលឡើង​ដូចពពុះទឹក​ក្នុងខ្ទះ​នោះ។ សត្វនោះ ត្រូវកម្ម​ស្ងោរខ្ជោល​ឡើងដូច​ពពុះទឹក​ក្នុង​ខ្ទះនោះ ក៏អណ្តែត​ឡើងលើម្តង ទៅក្រោម​ម្តង ទៅខាង​ទទឹងម្តង។ សត្វនោះ ទទួលរង​វេទនា​ជាទុក្ខដ៏ក្លៀវក្លា ខ្លោចផ្សា ក្នុង​នរកនោះ បាបកម្ម​នោះ មិនទាន់​អស់​ដរាបណា សត្វនោះ ក៏មិនធ្វើ​កាលកិរិយា​ដរាបនោះ។ ភ័យទុក្ខ​ទោមនស្ស​នុ៎ះ កើតមក​ពីណា​ដល់​ចោរនោះ។ ភ័យទុក្ខ​ទោមនស្ស កើត​ចំរើន ដុះដាល លូតលាស់ កើតប្រាកដ អំពីអាជ្ញា​របស់ខ្លួន។ នាយ​និរយបាល​ទាំងឡាយ ចាប់បោះ​សត្វនោះ​ទៅក្នុង​មហានរក។ ឯមហានរក​នោះសោត

មានជ្រុង ៤ មានទ្វារ ៤ ដែលធម្មតាចែកតាក់តែង​ដោយចំណែក ព័ទ្ធដោយ​កំពែងដែក គ្របដោយដែក។ ទីនៃ​មហានរក​នោះ​ដែកសុទ្ធ ដែល​រុងរឿង ប្រកប​ដោយកំដៅ ផ្សាយទៅ​អស់​មួយរយយោជន៍​ដោយជុំវិញ ឋិតនៅ​សព្វកាល។ មហានរក​ទាំងនោះ ក្តៅដ៏ពន្លឹក​អស់កាល​ជានិច្ច មានអណ្តាត​ភ្លើង​ ដែលបុគ្គល​ចូលទៅ​បានដោយ​ក្រ មានសភាព​គួរជាទី​ព្រឺរោម តក់ស្លុត ជាទុក្ខ គួរខ្លាច។ គំនរ​អណ្តាតភ្លើង ដែលតាំង​ឡើងអំពី​ជញ្ជាំង​ខាងកើត ឆាបឆេះ​សត្វ​ទាំងឡាយ ដែលមាន​បាបកម្ម ផ្ទប់ទៅ​នឹងជញ្ជាំង​ខាងលិច។ គំនរ​អណ្តាតភ្លើង ដែល​តាំងឡើង​អំពីជញ្ជាំង​ខាងលិច ឆាបឆេះ​សត្វ​ទាំងឡាយ ដែលមាន​បាបកម្ម ផ្ទប់ទៅ​នឹងជញ្ជាំង​ខាងកើត។ គំនរ​អណ្តាតភ្លើង ដែលតាំង​ឡើង​អំពី​ជញ្ជាំង​ខាងជើង ឆាបឆេះ​សត្វទាំង​ឡាយដែល​មានបាបកម្ម ផ្ទប់ទៅ​នឹងជញ្ជាំង​ខាងត្បូង។ គំនរ​អណ្តាតភ្លើង ដែលតាំង​ឡើងអំពី​ជញ្ជាំង​ខាងត្បូង ឆាបឆេះ​សត្វទាំងឡាយ​ដែលមាន​បាបកម្ម ផ្ទប់ទៅ​នឹងជញ្ជាំង​ខាងជើង។ គំនរ​អណ្តាត​ភ្លើង​គួរខ្លាច តាំងឡើង​អំពីខាង​ក្រោម ឆាបឆេះ​សត្វ​ទាំងឡាយ ដែលមាន​បាបកម្ម ផ្ទប់ទៅ​នឹងដម្បូល។ គំនរ​អណ្តាភ្លើង ដ៏គួរខ្លាច តាំងឡើង​អំពីដម្បូល ឆាបឆេះ​សត្វទាំងឡាយ​ដែលមាន​បាបកម្ម ផ្ទប់​មកនឹង​ផែនដី។ អម្បែងដែក កំពុងឆេះក្តៅសព្វ​រុងរឿង​យ៉ាងណា នរកអវិចី (ក៏ប្រាកដ) ដល់សត្វ​ដែលតាំង​នៅអំពី​ខាងក្រោម ខាងលើ អំពីខាង ក៏យ៉ាង​នោះដែរ។ សត្វទាំងឡាយ ជាអ្នកលោភ​ធំ ធ្វើអំពើ​អាក្រក់​ច្រើនយ៉ាង មាន​អំពើបាប​តែមួយ​យ៉ាង រមែងឆេះ តែមិន​ស្លាប់ក្នុង​នរកនោះ។​ កាយនៃ​សត្វទាំងឡាយ ដែល​អាស្រ័យ​នៅក្នុងនរក​នោះ ប្រាកដ​ស្មើដោយ​ភ្លើង អ្នកចូរ​មើលភាព​នៃកម្មដ៏​មាំមួនចុះ សត្វ​ទាំងនោះ មិនទៅ​ជាផេះ មិនទៅ​ជាធ្យូង។ សត្វនរក​ទាំងឡាយ រមែង​ស្ទុះទៅ​ទិសខាង​កើត ស្ទុះ​អំពីទិសនោះ មកទិស​ខាងលិច​ខ្លះ ស្ទុះទៅទិស​ខាងជើង ស្ទុះអំពី​ទិសនោះ មកទិស​ខាងត្បូង​ខ្លះ។ សត្វនរក​ទាំងនោះ ស្ទុះទៅ​ទិសណា ៗ ទ្វារក្នុង​ទិសនោះ ៗ ក៏បិទ​ជិតឯង សត្វនរក​ទាំងនោះ សុទ្ធតែ​មានសេចក្តី​ប្រាថ្នា ដើម្បីចេញ ស្វែងរក​នូវការ​រួចចេញ។​ ប៉ុន្តែ​សត្វនរក​ទាំងនោះ មិនបាន​ចេញអំពី​នរក​នោះ ព្រោះកម្ម​ជាបច្ច័យ បាបកម្ម​របស់សត្វ​ទាំងនោះ មានច្រើន​យ៉ាង ដែល ខ្លួន​ធ្វើហើយ ជាកម្ម​ឲ្យផល​មិនទាន់​អស់។

ភ័យទុក្ខទោមនស្សនុ៎ះ កើតមកពីណា ដល់សត្វនោះ។ ភ័យទុក្ខ​ទោមនស្ស កើត​ចំរើន ដុះដាល លូតលាស់ កើតប្រាកដ អំពីអាជ្ញា​របស់ខ្លួន។ ទុក្ខក្នុង​នរកណា ទុក្ខក្នុង​កំណើត​តិរច្ឆានណា ទុក្ខក្នុង​បិត្តិវិស័យ​ណា ទុក្ខក្នុង​មនុស្សណា ទុក្ខ​ទាំងនោះ កើតអំពី​ណា ចំរើន​អំពីណា ដុះដាល​អំពីណា លូតលាស់​អំពីណា កើតប្រាកដ​ឡើងអំពីណា។ ទុក្ខ​ទាំងនោះ កើត ចំរើន ដុះដាល លូតលាស់ កើតប្រាកដ អំពីអាជ្ញា​របស់ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) ភ័យកើត​អំពីអាជ្ញា​របស់ខ្លួន។

[៩២] ពាក្យថា អ្នកទាំងឡាយ ចូរមើលជនអ្នកឈ្លោះគ្នា ត្រង់ពាក្យថា ជន បាន​ដល់ ក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និង​មនុស្ស។ ពាក្យថា អ្នក​ឈ្លោះគ្នា គឺអ្នក​ទាំងឡាយ ចូរមើល ចូរឃើញ ចូរក្រឡេកមើល ចូរពិនិត្យ​មើល ចូរពិចារណា​មើល នូវជន​អ្នកឈ្លោះគ្នា ជនអ្នក​ប្រកែកគ្នា ជនខុស​នឹងគ្នា ជនប្រកាន់​ខុសនឹង​គ្នា ជនដែល​បៀតបៀន​គ្នា ជនដែល​តបតគ្នា ជនដែល​គុំគួនគ្នា ជនដែល​គុំគួន​ចំពោះគ្នា ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកទាំងឡាយ ចូរមើល​ជនអ្នក​ឈ្លោះគ្នា។

[៩៣] ពាក្យថា តថាគតនឹងសំដែងសំវេគធម៌ គឺតថាគត​នឹងសំដែង នឹងបង្ហាញ ប្រាប់ ពន្យល់ បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវសំវេគធម៌ សេចក្តី​រន្ធត់ តក់ស្លុត ភ័យ​លំបាក ចង្អៀតចង្អល់ ឧបទ្រព​ចង្រៃ ហេតុនោះ (ទ្រង់​ត្រាស់ថា) តថាគត នឹង​សំដែង​សំវេគធម៌។

[៩៤] ពាក្យថា តាមដែលតថាគតធ្លាប់សង្វេគហើយ​ គឺ​តថាគត​សង្វេគ រន្ធត់ ដល់​នូវការ​សង្វេគ​ហើយ ដោយខ្លួន​ឯង យ៉ាងណា ហេតុនោះ (ទ្រង់​ត្រាស់ថា) តាមដែល​តថាគត​សង្វេគ​ហើយ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ភ័យកើតអំពីអាជ្ញារបស់ខ្លួន អ្នកទាំងឡាយ ចូរ​មើលជន​អ្នកឈ្លោះគ្នា តថាគត​នឹងសំដែង​សំវេគធម៌ តាមដែល​តថាគត​សំវេគ​ហើយ។

[៩៥] ភ័យ ចូលមកកាន់តថាគត ព្រោះឃើញ​ប្រជាជន​កំពុងញាប់ញ័រ ដូចពួកត្រី​ក្នុងទី​មានទឹកតិច ព្រោះឃើញ​ពួកជន​ដែលទាស់​ទែងគ្នីគ្នា។

[៩៦] អធិប្បាយពាក្យថា ព្រោះឃើញប្រជាជនកំពុងញាប់ញ័រ ត្រង់ពាក្យថា ប្រជា​ជន គឺជា​ឈ្មោះរបស់​សត្វ។ ប្រជាជន​កំពុង​ញាប់ញ័រ ដោយការ​ញាប់ញ័រ ព្រោះតណ្ហា កំពុង​ញាប់ញ័រ​ដោយការ​ញាប់ញ័រ​ព្រោះទិដ្ឋិ កំពុង​ញាប់ញ័រ​ដោយការ​ញាប់ញ័រ ព្រោះ​កិលេស កំពុង​ញាប់ញ័រ​ដោយការ​ញាប់ញ័រ​ព្រោះទុច្ចរិត កំពុង​ញាប់ញ័រ​ដោយការ​ញាប់ញ័រ​ព្រោះបយោគ កំពុង​ញាប់ញ័រ​ដោយការ​ញាប់ញ័រ​ព្រោះវិបាក កំពុង​ញាប់ញ័រ​ដោយរាគៈ​ ដែល​ត្រេកអរ​ហើយ កំពុង​ញាប់ញ័រ​ដោយទោសៈ​ដែលប្រទុស្ត​ហើយ កំពុង​ញាប់ញ័រ​ដោយមោហៈ​ដែលវង្វេង​ហើយ កំពុង​ញាប់ញ័រ​ដោយមានះ​ដែលជាប់​ចំពាក់​ហើយ កំពុង​ញាប់ញ័រ​ដោយទិដ្ឋិ​ដែលស្ទាប​អង្អែល​ហើយ កំពុង​ញាប់ញ័រ​ដោយ​ឧទ្ធច្ចៈ ដែល​រាយមាយ​ហើយ កំពុង​ញាប់ញ័រ​ដោយ​វិចិកិច្ឆា​ដែលមិន​ចូលចិត្ត​ហើយ កំពុង​ញាប់​ញ័រដោយ​អនុសយៈ​ដែលដល់​ហើយនូវ​កំឡាំង កំពុង​ញាប់ញ័រ​ដោយលាភ កំពុង​ញាប់ញ័រ​ដោយការ​មិនមាន​លាភ កំពុង​ញាប់ញ័រ​ដោយយស កំពុង​ញាប់ញ័រ​ដោយការ​មិនមាន​យស កំពុង​ញាប់ញ័រ​ដោយសេចក្តី​សរសើរ កំពុង​ញាប់ញ័រ​ដោយនិន្ទា កំពុង​ញាប់ញ័រ​ដោយសុខ កំពុង​ញាប់ញ័រ​ដោយទុក្ខ កំពុង​ញាប់ញ័រ​ដោយជាតិ កំពុង​ញាប់ញ័រ​ដោយជរា កំពុង​ញាប់ញ័រ​ដោយព្យាធិ កំពុង​ញាប់ញ័រ​ដោយ​មរណៈ កំពុង​ញាប់ញ័រ​ដោយ​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀតចង្អល់ កំពុង​ញាប់ញ័រ​ដោយ​ទុក្ខក្នុង​នរក កំពុង​ញាប់ញ័រ​ដោយទុក្ខ​ក្នុងកំណើត​តិរច្ឆាន កំពុង​ញាប់ញ័រ​ដោយទុក្ខ​ក្នុង​បិត្តិវិស័យ កំពុង​ញាប់ញ័រ​ដោយទុក្ខ​ជារបស់​មនុស្ស ដោយ​ទុក្ខមាន​ការចុះ​កាន់គភ៌​ជាមូល ដោយ​ទុក្ខ មានការឋិត​នៅក្នុងគភ៌​ជាមូល ដោយទុក្ខ មានការ​ចេញចាក​គភ៌ជា​មូល ដោយទុក្ខ មានការ​ជាប់ចំពាក់​នៃសត្វ​ដែលកើត​ហើយ ដោយ​ទុក្ខ ដែល​ទាក់ទង​អំពីបុគ្គល​ដទៃនៃ​សត្វដែល​កើតហើយ ដោយទុក្ខ គឺការ​ព្យាយាម​របស់​ខ្លួន ដោយទុក្ខ គឺការព្យាយាម​របស់បុគ្គល​ដទៃ ដោយទុក្ខទុក្ខ ដោយទុក្ខ គឺសង្ខារ ដោយទុក្ខ ព្រោះការ​ប្រែប្រួល ដោយទុក្ខ គឺរោគភ្នែក រោគត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ រោគក្បាល រោគត្រង់​ស្លឹកត្រចៀក រោគមាត់ រោគធ្មេញ ក្អក ហឺត ឫសដូង​ច្រមុះ ក្តៅក្រហាយ ស្គាំងស្គម រោគក្នុងផ្ទៃ វិលមុខ ធ្លាក់ឈាម ចុកសៀត ចុះផ្ទៃ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគក្នុង​ទីខ្វារដោយ​ក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ទឹកមូត្រផ្អែម ឫសដូងដុះ បូស ឫសដូងបាត អាពាធ​តាំងឡើង​អំពីប្រមាត់ អាពាធ​តាំងឡើង​អំពីស្លេស្ម អាពាធ​តាំងឡើង​អំពីខ្យល់ អាពាធ​តាំងឡើង​អំពីការ​ប្រជុំធាតុ អាពាធ​កើតអំពីផ្លាស់រដូវ អាពាធ​កើតអំពី​​ការរក្សា​ឥរិយាបថ​មិនស្មើគ្នា អាពាធ​កើតអំពី​ការព្យាយាម​ខ្លាំង អាពាធ​កើតអំពី​ផលកម្ម ត្រជាក់ ក្តៅ គំលាន សម្រេក ឧច្ចារៈ បស្សាវៈ សម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ កំពុង​ញាប់ញ័រ ញាប់ញ័រ​ខ្លាំង អន្ទះអន្ទែង អន្ទះសា រន្ធត់ ចំប្រប់​ខ្លាំង ដោយទុក្ខ​ព្រោះមរណៈ​មាតា ដោយទុក្ខ​ព្រោះមរណៈ​បិតា ដោយទុក្ខ ព្រោះមរណៈ​បងប្អូន​ប្រុស ដោយទុក្ខ ព្រោះមរណៈ​បងប្អូនស្រី ដោយទុក្ខ ព្រោះ​មរណៈបុត្រ ដោយ​ទុក្ខ ព្រោះមរណៈ​ធីតា ដោយទុក្ខ ព្រោះមរណៈ​ញាតិ ដោយទុក្ខ ព្រោះ​វិនាសភោគៈ ដោយទុក្ខ ព្រោះវិនាស​គឺរោគ ដោយទុក្ខ ព្រោះវិនាស​សីល ដោយទុក្ខ ព្រោះវិនាស​គឺទិដ្ឋិ។ ពាក្យថា ព្រោះឃើញ គឺព្រោះឃើញ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះឃើញ​ប្រជាជន​កំពុង​ញាប់ញ័រ។

[៩៧] ពាក្យថា ដូចពួកត្រីក្នុងទីមានទឹកតិច សេចក្តីថា ត្រីក្នុង​ទីមាន​ទឹកតិច មានទឹក​ស្តួចស្តើង មានទឹក​រីងទៅ ត្រូវក្អែកក្តី ខ្លែងក្តី កុកក្តី ឆាបឆក់ ចឹកស៊ី ក៏រមែង​ញាប់ញ័រ ញាប់ញ័រ​ខ្លាំង អន្ទះអន្ទែង អន្ទះសា ចំប្រប់ខ្លាំង យ៉ាងណាមិញ ពួក​ប្រជាជន ក៏រមែង​ញាប់ញ័រ​ដោយការ​ញាប់ញ័រ​ព្រោះ​តណ្ហា។បេ។ ញាប់ញ័រ ញាប់ញ័រ​ខ្លាំង អន្ទះអន្ទែង អន្ទះសា រន្ធត់ ចំប្រប់​ខ្លាំង ដោយទុក្ខ​ព្រោះវិនាស​គឺទិដ្ឋិ ហេតុនោះ (ទ្រង់​ត្រាស់ថា) ដូចពួកត្រី​ក្នុងទីមាន​ទឹកតិច។

[៩៨] ពាក្យថា ទាស់ទែងគ្នា សេចក្តីថា ពួកសត្វខឹង ខឹងតប បៀតបៀន បៀតបៀន​តប គុំគួន គុំគួនតប​នូវគ្នានឹងគ្នា គឺពួក​ព្រះរាជា​ទាស់ទែង​នឹងពួក​ព្រះរាជា​ខ្លះ ពួកក្សត្រ​ទាស់ទែង​នឹងពួក​ក្សត្រខ្លះ ពួកព្រាហ្មណ៍​ទាស់ទែង​នឹងពួក​ព្រាហ្មណ៍ខ្លះ ពួក​គហបតី​ទាស់​ទែងនឹង​ពួកគហបតី​ខ្លះ មាតា​ទាស់ទែង​នឹងបុត្រ​ខ្លះ បុត្រ​ទាស់ទែង​នឹងមាតាខ្លះ បិតា​ទាស់ទែង​នឹងបុត្រ​ខ្លះ បុត្រទាស់​ទែងនឹង​បិតាខ្លះ បងប្អូន​ប្រុស​ទាស់ទែង​នឹងបង​ប្អូនប្រុស​ខ្លះ បងប្អូន​ស្រីទាស់​ទែងនឹង​បងប្អូន​ស្រីខ្លះ បងប្អូន​ប្រុស​ទាស់ទែង​នឹងបងប្អូន​ស្រីខ្លះ បងប្អូនស្រី​ទាស់ទែង​នឹងបងប្អូន​ប្រុសខ្លះ សំឡាញ់​ទាស់ទែង​នឹងសំឡាញ់​ខ្លះ។ ពួកជន​ទាំងនោះ ដល់​នូវជំលោះ ប្រកែក​ទាស់ទែង​ក្នុងទីនោះ​ហើយ ប្រហារ​នូវគ្នា​នឹងគ្នា​ដោយ​ដៃខ្លះ ប្រហារ​ដោយដុំ​ដីខ្លះ ប្រហារ​ដោយដំបងខ្លះ ប្រហារ​ដោយគ្រឿង​សស្រ្តាវុធ​ខ្លះ។ ពួកជន​ទាំងនោះ ក្នុងទី​នោះ ក៏ដល់នូវ​សេចក្តី​ស្លាប់ខ្លះ ដល់នូវ​ទុក្ខជិត​ស្លាប់ខ្លះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ទាស់ទែង​គ្នា។

[៩៩] ពាក្យថា ភ័យចូលមកកាន់តថាគតព្រោះឃើញ ត្រង់ពាក្យថា ព្រោះឃើញ សេចក្តី​ថា ភ័យ សេចក្តី​លំបាក ការ​ចង្អៀតចង្អល់ ឧបទ្រពចង្រៃ រមែង​មូលមក (កាន់​តថាគត) ព្រោះឃើញ យល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ ហេតុនោះ (ទ្រង់​ត្រាស់ថា) ភ័យ​ចូលមក​កាន់តថាគត​ព្រោះឃើញ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភ័យចូលមកកាន់តថាគត ព្រោះឃើញ​ប្រជាជន​កំពុង​ញាប់ញ័រ ដូចពួក​ត្រីក្នុង​ទីមានទឹក​តិច ព្រោះឃើញ​ពួកជន​ដែលទាស់​ទែងគ្នីគ្នា។

[១០០] លោក មិនមានខ្លឹមដោយជុំវិញ សង្ខារក្នុង​ទិសទាំង​អស់ ញាប់ញ័រ តថាគត​កាល​ប្រាថ្នា​សេចក្តី​ចំរើន​ដើម្បីខ្លួន មិនបាន​ឃើញ (នូវទី​ណាមួយ ដែល​ទុក្ខ) មិន​ញាំញី​ឡើយ។

[១០១] អធិប្បាយពាក្យថា លោកមិនមានខ្លឹមដោយជុំវិញ (ដូចតទៅ​នេះ) និរយលោក តិរច្ឆានយោនិលោក បិត្តិវិសយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក លោកនេះ លោកមុខ ព្រមទាំង​ព្រហ្មលោក ព្រមទាំង​ទេវលោក នេះហៅថា លោក។ និរយលោក មិនមានខ្លឹម ឥតខ្លឹម ប្រាសចាក​ខ្លឹម គឺចាក​ខ្លឹម គឺ ចាកខ្លឹមគឺ​ខ្លឹមទៀងក្តី ចាកខ្លឹម​គឺខ្លឹមសុខក្តី ចាកខ្លឹម​គឺខ្លឹម​ខ្លួនក្តី ចាក​សភាវៈទៀង​ក្តី ចាកការ​ឋិតថេរ​ក្តី ចាកការ​មាំមួនក្តី ចាកសភាវៈ​មិនប្រែប្រួល​ក្តី។ តិរច្ឆានយោនិលោក បិត្តិវិសយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក លោកនេះ លោកមុខ ព្រមទាំង​ព្រហ្មលោក ព្រមទាំង​ទេវលោក ជាសភាវៈ​មិនមានខ្លឹម ឥតខ្លឹម ប្រាសចាក​ខ្លឹម គឺ ចាកខ្លឹម​គឺខ្លឹមទៀងក្តី ចាកខ្លឹម​គឺខ្លឹមសុខក្តី ចាកខ្លឹម​គឺខ្លឹមខ្លួន​ក្តី ចាកសភាវៈ​ទៀងក្តី ចាកការ​ឋិតថេរក្តី ចាកការ​មាំមួនក្តី ចាកសភាវៈ​មិនប្រែប្រួល​ក្តី។ ដើមបបុស មិនមាន​ខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម យ៉ាងណា ដើមល្ហុង មិនមានខ្លឹម ឥតខ្លឹម ប្រាសចាក​ខ្លឹម យ៉ាងណា ដើមល្វា មិនមាន​ខ្លឹម ឥតខ្លឹម ប្រាសចាក​ខ្លឹម យ៉ាងណា ដើម​កន្ទាំងបាយស មិនមាន​ខ្លឹម ឥតខ្លឹម ប្រាសចាក​ខ្លឹម យ៉ាងណា ដើម​រលួសបាយ មិនមាន​ខ្លឹម ឥតខ្លឹម ប្រាសចាក​ខ្លឹម យ៉ាងណា ដុំពពុះទឹក មិនមានខ្លឹម ឥតខ្លឹម ប្រាសចាក​ខ្លឹម​យ៉ាងណា ក្រពេញទឹក មិនមាន​ខ្លឹម ឥតខ្លឹម ប្រាសចាក​ខ្លឹម យ៉ាងណា ថ្ងៃបណ្តើរកូន មិនមាន​ខ្លឹម ឥតខ្លឹម ប្រាសចាក​ខ្លឹម យ៉ាងណា ដើមចេក មិនមានខ្លឹម ឥតខ្លឹម ប្រាសចាក​ខ្លឹម យ៉ាងណា រស្មី មិនមានខ្លឹម ឥតខ្លឹម ប្រាសចាក​ខ្លឹម យ៉ាងណា និរយលោក មិនមានខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម គឺ ចាកខ្លឹម​គឺខ្លឹមទៀងក្តី ចាកខ្លឹម​គឺខ្លឹមសុខក្តី ចាកខ្លឹម​គឺខ្លឹមខ្លួនក្តី ចាកសភាវៈ​ទៀងក្តី ចាកការ​ឋិតថេរក្តី ចាកការ​មាំមួនក្តី ចាកសភាវៈ​ប្រែប្រួល​ក្តី តិរច្ឆានយោនិលោក​ក្តី បិត្តិវិសយលោក មនុស្សលោក។បេ។ ព្រមទាំង​ទេវលោក មិនមាន​ខ្លឹម ឥតខ្លឹម ប្រាសចាកខ្លឹម គឺ ចាកខ្លឹម​គឺខ្លឹមទៀង​ក្តី ចាកខ្លឹម​គឺខ្លឹម​សុខក្តី ចាកខ្លឹម​គឺខ្លឹម​ខ្លួនក្តី ចាកសភាវៈ​ទៀងក្តី ចាកការ​ឋិតថេរ​ក្តី ចាកការ​មាំមួនក្តី ចាកសភាវៈ​មិនប្រែប្រួល​ក្តី ក៏យ៉ាង​នោះដែរ ហេតុនោះ (ទ្រង់​ត្រាស់ថា) លោកមិន​មានខ្លឹម​ដោយជុំ​វិញ។

[១០២] ពាក្យថា សង្ខារក្នុងទិសទាំងអស់ញាប់ញ័រ អធិប្បាយថា ពួកសង្ខារ​ណា ក្នុងទិស​ខាងកើត សង្ខារ​ទាំងនោះ​ឯង រំភើប ញាប់ញ័រ កក្រើក ខ្ទាំងខ្ទប់ ជាប់តាម​ដោយ​ជាតិ ព្រោះសភាព​សង្ខារនោះ​មិនទៀង គឺត្រូវជរា​ជ្រួតជ្រាប​ចូល ត្រូវព្យាធិ​គ្របសង្កត់ ត្រូវមរណៈ​ញំាញី ជាសង្ខារ​តាំងនៅ​ក្នុងកងទុក្ខ ពុំមាន​ទីពំនាក់ ពុំមាន​ទីជ្រកកោន ពុំមាន​ទីពឹង ពុំមាន​ទីពំនាក់​ឡើយ។ ពួកសង្ខារ​ណា ក្នុងទិស​ខាងលិច ពួក​សង្ខារណា ក្នុងទិស​ខាងជើង ពួកសង្ខារ​ណា ក្នុងទិស​ខាងត្បូង ពួកសង្ខារ​ណា ក្នុង​ទិសអគ្នេយ៍ ពួកសង្ខារ​ណា ក្នុងទិស​ពាយ័ព្យ ពួកសង្ខារ​ណា ក្នុង​ទិសឦសាន ពួកសង្ខារ​ណា ក្នុងទិស​និរតី ពួក​សង្ខារណា ក្នុងទិស​ខាងក្រោម ពួកសង្ខារ​ណា ក្នុងទិស​ខាងលើ ពួកសង្ខារ​ណា ក្នុងទិស​ទាំង ១០ ពួកសង្ខារ​ទាំងនោះ​ឯង រំភើប ញាប់ញ័រ កក្រើក ខ្ទាំងខ្ទប់ ជាប់តាម​ដោយជាតិ ព្រោះសភាព​សង្ខារនោះ​មិនទៀង គឺត្រូវ​ជរាជ្រួត​ជ្រាបចូល ត្រូវព្យាធិ​គ្រប​សង្កត់ ត្រូវមរណៈ​ញាំញី ជាសង្ខារ​តាំងនៅ​ក្នុងទុក្ខ ពុំមាន​ទីពំនាក់ ពុំមាន​ទីជ្រកកោន ពុំមាន​ទីពឹង ពុំមានទី​ពំនាក់ឡើយ។ សមដូច​ពាក្យនុ៎ះ ដែល​ព្រះមានព្រះភាគ​ត្រាស់ថា

វិមាននុ៎ះ ភ្លឺរុងរឿងខ្លាំង​ក្នុងទិស ក៏មែនពិត​ហើយ (តែ) បុគ្គល​អ្នកមាន​ប្រាជ្ញាល្អ ឃើញទោស​ដែលឲ្យ​ញាប់ញ័រ​ក្នុងរូប​សព្វកាល ព្រោះ​ហេតុនោះ ទើបមិន​ត្រេកអរ​ក្នុងរូប លោក ត្រូវ​មច្ចុគ្របសង្កត់ ត្រូវជរា​ចោមរោម ត្រូវសរ គឺតណ្ហាមុត ប្រកប​ដោយផ្សែង គឺសេចក្តី​ប្រាថ្នា​គ្រប់កាល លោកទាំងមូល ត្រូវភ្លើងឆេះ លោកទាំង​មូល ច្រាលរន្ទាល លោកទាំងមូល សន្ធោសន្ធៅ លោកទាំងមូល រំភើប។ ហេតុនោះ (ទ្រង់​ត្រាស់ថា) សង្ខារក្នុង​ទិសទាំងអស់ ញាប់ញ័រ។

[១០៣] ពាក្យថា កាលប្រាថ្នាសេចក្តីចំរើន​ដើម្បីខ្លួន គឺកាល​ចង់បាន ត្រេកអរ ប្រាថ្នា ស្រឡាញ់ កួចកាន់ ចំពោះ​សេចកី្ត​ចំរើន ទី​ពំនាក់ ទីជ្រកកោន ទីពឹង ដំណើរការ​ប្រព្រឹត្ត​ទៅមុខ ដើម្បី​ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) កាលប្រាថ្នា​សេចក្តី​ចំរើន ដើម្បី​ខ្លួន។

[១០៤] ពាក្យថា តថាគតមិនឃើញ (នូវទីណាមួយ​ដែលទុក្ខ) មិនញាំញី គឺមិនបាន​ឃើញទី​ដែលទុក្ខ​មិនស្រោច​ចុះ បានឃើញ​តែទីដែល​ទុក្ខស្រោច​ចុះតែម្យ៉ាង។ សេចក្តី​ចំរើន​ទាំងពួង ត្រូវជរា​ញាំញី ភាពនៃ​ការមិនមាន​រោគទាំងពួង ត្រូវព្យាធិ​ញាំញី ជីវិត​ទាំងពួង ត្រូវមរណៈ​ញាំញី លាភទាំង​ពួង ត្រូវអលាភ​ញាំញី យសទាំង​ពួង ត្រូវអយស​ញាំញី សេចក្តី​សរសើរ​ទាំងពួង ត្រូវនិន្ទា​ញាំញី សុខទាំងពួង ត្រូវទុក្ខ​ញាំញី។

ពួកធម៌ទាំងនុ៎ះ គឺ លាភ អលាភ យស អយស និន្ទា បសំសា សុខ និងទុក្ខ ជា​សភាព​មិនទៀង មិនឋិតថេរ មានការ​ប្រែប្រួល​ជាធម្មតា ក្នុងពួក​មនុស្ស

ហេតុនោះ (ទ្រង់​ត្រាស់ថា) តថាគត​មិនឃើញ (នូវទី​ណាមួយ) ដែលទុក្ខ​មិនញាំញី​ឡើយ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

លោកមិនមានខ្លឹមដោយជុំវិញ សង្ខារក្នុង​ទិសទាំងអស់ ញាប់ញ័រ តថាគត កាល​ប្រាថ្នា​​សេចក្តី​ចំរើន​ដើម្បីខ្លួន មិនបាន​ឃើញ (នូវទី​ណាមួយ ដែលទុក្ខ) មិនញាំញី​ឡើយ។

[១០៥] សេចក្តីមិនត្រេកអរ កើតមាន​ដល់តថាគត ព្រោះឃើញ​សត្វទាំងឡាយ ដែល​ទាស់​ចិត្ត ក្នុងកាល​ជាទី​សាបសូន្យ​តែម្យ៉ាង ទាំង​តថាគត បានឃើញ​សរក្នុង​ពួកសត្វ​នុ៎ះ ជាសរ​អាស្រ័យ​នៅក្នុង​ហឫទ័យ​ ដែលគេ​កម្រឃើញ​បាន។

[១០៦] អធិប្បាយពាក្យថា ដែលទាស់ចិត្តក្នុងកាលជាទី​សាបសូន្យ​តែម្យ៉ាង ត្រង់ពាក្យថា ក្នុងកាល​ជាទី​សាបសូន្យ​តែម្យ៉ាង សេចក្តីថា ជរា​ញុំាងភាព​ក្មេងទាំង​ពួងឲ្យ​សាបសូន្យ ព្យាធិ​ញុំាងភាព​មិនមាន​រោគទាំង​ពួងឲ្យ​សាបសូន្យ មរណៈ​ញុំាងជីវិត​ទាំងពួង​ឲ្យសាបសូន្យ អលាភ​ញុំាងលាភ​ទាំងពួង​ឲ្យ​សាបសូន្យ អយស​ញុំាងយស​ទាំងពួង​ឲ្យ​សាបសូន្យ និន្ទា​ញុំាងសេចក្តី​សរសើរ​ទាំងពួង​ឲ្យសាបសូន្យ ទុក្ខញុំាង​សុខទាំង​ពួងឲ្យ​សាបសូន្យ ហេតុនោះ (ទ្រង់​ត្រាស់ថា) ក្នុងកាល​ជាទី​សាបសូន្យ​តែម្យ៉ាង។ ពាក្យថា ទាស់ចិត្ត សេចក្តីថា សត្វទាំងឡាយ អ្នកប្រាថ្នា​ភាពក្មេង ថ្នាំងថ្នាក់​នឹង​ជរា សត្វទាំង​ឡាយ អ្នក​ប្រាថ្នាភាព​មិនមានរោគ ថ្នាំងថ្នាក់​នឹងព្យាធិ សត្វទាំងឡាយ​អ្នកប្រាថ្នា​ជីវិត ថ្នាំងថ្នាក់​នឹង​មរណៈ សត្វ​ទាំងឡាយ​អ្នកប្រាថ្នា​លាភ ថ្នាំងថ្នាក់​នឹង​អលាភ សត្វទាំងឡាយ​អ្នកប្រាថ្នា​យស ថ្នាំងថ្នាក់​នឹងអយស សត្វទាំងឡាយ​អ្នកប្រាថ្នា​សេចក្តី​សរសើរ ថ្នាំងថ្នាក់​នឹងនិន្ទា សត្វ​ទាំងឡាយ​អ្នកប្រាថ្នា​សុខ ទាស់ ថ្នាំងថ្នាក់ ខ្ទាំងខ្ទាស់ ខ្ទាំងខ្ទាស់​ចំពោះ ចង្អៀតចង្អល់ តានតឹង​ចិត្តដោយ​សារទុក្ខ ហេតុនោះ (ទ្រង់​ត្រាស់ថា) ទាស់ចិត្ត​ក្នុងកាល​ជាទី​សាបសូន្យ​តែម្យ៉ាង។

[១០៧] ពាក្យថា សេចក្តីមិនត្រេកអរ កើតមាន​ដល់តថាគត​ព្រោះឃើញ ត្រង់​ពាក្យថា ព្រោះឃើញ គឺព្រោះជួប យល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យ​ប្រាកដ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះឃើញ។ ពាក្យថា សេចក្តី​មិនត្រេកអរ (កើតមាន) ដល់​តថាគត គឺសេចក្តី​មិនត្រេកអរ​ណា សេចក្តី​មិនរីករាយ​ណា សេចក្តី​មិនស្រស់ស្រាយ​ណា សេចក្តី​អផ្សុក​ណា សេចក្តី​តក់ស្លុត​ណា មានហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) សេចក្តី​មិន​ត្រេកអរ កើតមាន​ដល់តថាគត​ព្រោះឃើញ។

[១០៨] ពាក្យថា ទាំងតថាគតបានឃើញសរ ក្នុងពួក​សត្វនុ៎ះ ត្រង់ពាក្យថា ទាំង គឺ​ជាបទ​តភ្ជាប់។បេ។ ពាក្យថា ទាំងនុ៎ះ ជាលំដាប់​នៃបទ។ ពាក្យថា នុ៎ះ បានដល់ ក្នុងពួក​សត្វ។ ពាក្យថា សរ បានដល់ សរ ៧ សរ​គឺរាគៈ សរគឺ​ទោសៈ សរគឺ​មោហៈ សរគឺ​មានះ សរគឺ​ទិដ្ឋិ សរគឺ​សោក សរគឺ​សង្ស័យ។ ពាក្យថា បានឃើញ គឺបាន​ប្រទះ យល់ ឃើញ ចាក់ធ្លុះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ទាំង​តថាគត​បានឃើញ​សរ ក្នុងពួក​សត្វនុ៎ះ។

[១០៩] អធិប្បាយពាក្យថា ជាសរអាស្រ័យនៅក្នុង​ហឫទ័យ ដែលគេ​កម្រឃើញ​បាន ត្រង់ពាក្យថា ដែល​គេកម្រ​ឃើញបាន គឺជួប​ប្រទះបាន​ដោយក្រ យល់បាន​ដោយក្រ ឃើញ​បានដោយ​ក្រ ត្រាស់ដឹង​បានដោយក្រ ឈ្វេងយល់​បានដោយ​ក្រ ចាក់ធ្លុះ​បាន​ដោយក្រ។ ពាក្យថា ជាសរ​អាស្រ័យ​នៅក្នុង​ហឫទ័យ សេចក្តីថា ចិត្ត លោកហៅថា ហឫទ័យ បានដល់ ចិត្ត មនៈ មានសៈ ហទយៈ បណ្ឌរៈ មនៈ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើត​អំពីមនៈនោះ។ ពាក្យថា ជាសរ​អាស្រ័យនៅ​ក្នុងហឫទ័យ បានសេចក្តីថា អាស្រ័យ​នៅក្នុង​ហឫទ័យ អាស្រ័យ​នូវចិត្ត អាស្រ័យ​នៅព្រម​ក្នុងចិត្ត ប្រព្រឹត្ត​ទៅជាមួយ កើត​ជាមួយ ច្រឡំព្រម ប្រកបព្រម កើតជា​មួយគ្នា រលត់​ជាមួយគ្នា មានវត្ថុ​ជាមួយគ្នា មាន​អារម្មណ៍​ជាមួយគ្នា​នឹងចិត្ត ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាសរ​អាស្រ័យ​នៅក្នុង​ហឫទ័យ ដែលគេ​កម្រឃើញ​បាន។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

សេចក្តីមិនត្រេកអរ កើតមានដល់តថាគត ព្រោះ​ឃើញសត្វ​ទាំងឡាយ ដែលទាស់​ចិត្តក្នុង​កាលជា​ទីសាបសូន្យ​តែម្យ៉ាង ទាំង​តថាគត​បានឃើញ​សរ​ក្នុងពួក​សត្វនុ៎ះ ជាសរ​អាស្រ័យ​នៅក្នុង​ហឫទ័យ ដែលគេ​កម្រឃើញ​បាន។

[១១០] បុគ្គលដែលត្រូវសរណាមុតហើយ រមែងស្ទុះ​ទៅកាន់​ទិសទាំងពួង បុគ្គល​ដកសរ​នោះហើយ ទើបមិន​ស្ទុះទៅ មិនលិច​ចុះ។

[១១១] អធិប្បាយពាក្យថា បុគ្គលដែលត្រូវសរណាមុតហើយ រមែងស្ទុះ​ទៅកាន់​ទិសទាំង​ពួង ត្រង់ពាក្យថា សរ បានដល់សរ ៧ សរគឺរាគៈ សរគឺទោសៈ សរគឺមោហៈ សរគឺមានះ សរគឺទិដ្ឋិ សរគឺ​សេចក្តីសោក សរគឺសេចក្តី​សង្ស័យ។

សរគឺរាគៈ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង សេចក្តី​ស្រើបស្រាល សេចក្តី​ត្រេក​ត្រអាល សេចក្តីរីករាយ តម្រេក​ដែលប្រកប​ដោយសេចក្តី​រីករាយ តម្រេក​ខ្លាំងនៃ​ចិត្ត។បេ។ អភិជ្ឈា លោភៈ អកុសលមូល​ឯណា នេះ សរគឺរាគៈ។

សរគឺទោសៈ តើដូចម្តេច។ គំនុំកើតឡើងថា គេបានប្រព្រឹត្ត​នូវសេចក្តី​វិនាសដល់​អាត្មាអញ គំនុំ​កើតឡើង​ថា គេកំពុង​ប្រព្រឹត្ត​នូវសេចក្តី​វិនាសដល់​អាត្មាអញ គំនុំកើត​ឡើងថា គេនឹង​ប្រព្រឹត្ត​នូវសេចក្តី​វិនាស​ដល់​អាត្មាអញ។បេ។ ភាពនៃ​ចិត្តកាច ការញុំាង​ទឹកភ្នែក​ឲ្យស្រក់ ភាពនៃ​ចិត្តមិន​ត្រេកអរ នេះ សរគឺទោសៈ។

សរគឺមោហៈ តើដូចម្តេច។ ការមិនដឹង​ទុក្ខ។បេ។ ការមិនដឹង​នូវសេចក្តី​ប្រតិបត្តិ ជាដំណើរ​ទៅកាន់​ទីរំលត់ទុក្ខ ការមិន​ដឹងទី​បំផុត​ខាងដើម ការមិន​ដឹងទីបំផុត​ខាងចុង ការមិនដឹង​ទីបំផុត​ខាងដើម និងទីបំផុត​ខាងចុង ការមិនដឹង​ក្នុងធម៌​ទាំងឡាយ ដែលកើត​ឡើង​អាស្រ័យ​គ្នានឹងគ្នា ព្រោះរបស់​នេះជាបច្ច័យ ការមិនឃើញ ការមិន​យល់ច្បាស់ ការមិន​ភ្ញាក់រឭក ការមិន​ត្រាស់ដឹង ការមិន​ចាក់ធ្លុះ ការមិន​កាន់យក​ស៊ប់ ការមិនស្ទង់​ចុះស៊ប់ ការសំឡឹង​មើល​មិនស្មើ ការមិន​ពិចារណា អំពើមិន​ជាក់ច្បាស់ ការមិន​ផូរផង់ ភាពនៃ​សេចក្តី​ល្ងង់ខ្លៅ សេចក្តី​វង្វេង សេចក្តី​វង្វេងខ្លាំង សេចក្តី​វង្វេងជ្រប់ អវិជ្ជា អន្លង់​គឺអវិជ្ជា យោគៈ​គឺអវិជ្ជា អនុស័យ​គឺអវិជ្ជា បរិយុដ្ឋាន​គឺអវិជ្ជា គន្លឹះ​គឺអវិជ្ជា មោហៈ អកុសលមូល​ឯណា មានសភាព​យ៉ាងនេះ នេះ សរគឺមោហៈ។

សរគឺមានះ តើដូចម្តេច។ សេចក្តីប្រកាន់ថា អាត្មាអញ​ជាបុគ្គល​ប្រសើរ ការ​ប្រកាន់ថា អាត្មាអញ​ជាបុគ្គលស្មើ ការប្រកាន់​ថា អាត្មាអញ ជាបុគ្គល​ថោកទាប សេចក្តី​ប្រកាន់ ការប្រកាន់ ភាពនៃ​សេចក្តី​ប្រកាន់ ការឆ្មើងឆ្មៃ ការក្រអឺត​ក្រអោង សភាព​ដូច​ទង់ ការប្រកាន់​ចិត្ត ភាពនៃ​ចិត្តប្រាថ្នា​ដូចទង់​ឯណា មានសភាព​យ៉ាងនេះ នេះ សរគឺ​មានះ។

សរគឺទិដ្ឋិ តើដូចម្តេច។ សកាយទិដ្ឋិ មានវត្ថុ ២០ មិច្ឆាទិដ្ឋិ មានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិ មានវត្ថុ ១០ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ការប្រកាន់​គឺទិដ្ឋិ ផ្លូវលំបាក​គឺទិដ្ឋិ ចម្រូង​គឺទិដ្ឋិ គ្រឿង​ញាប់ញ័រ​គឺទិដ្ឋិ សំយោជនៈ​គឺទិដ្ឋិ ការកាន់យក ការកាន់មាំ ការប្រកាន់ ការស្ទាប​អង្អែល ផ្លូវអាក្រក់ គន្លងខុស ភាពនៃ​សេចក្តីខុស លំនៅ​ដូចជាកំពង់ ការប្រកាន់​ក្នុងការ​ស្វែងរក​ខុស ការ​ប្រកាន់ភ្លាត់ ការប្រកាន់​ឃ្លៀងឃ្លាត ការប្រកាន់​ខុស ការប្រកាន់​ក្នុងវត្ថុ​មិនពិត​ថាជាវត្ថុ​ពិត ទិដ្ឋិ ៦២ ទាំងប៉ុន្មាន មានសភាព​យ៉ាងនេះ នេះ សរគឺទិដ្ឋិ។

សរគឺសេចក្តីសោក តើដូចម្តេច។ ការសោក ​អាការសោក ភាពនៃ​ការសោក ការស្ងួត​ស្ងប់ក្នុង ការស្រពោន​ក្នុង ការក្តៅក្នុង ការក្តៅ​រោលរាល​ខាងក្នុង ការសញ្ជប់​សញ្ជឹង​នៃចិត្ត ការតូចចិត្ត​របស់បុគ្គល​ដែលត្រូវ​វិនាសចាក​ញាតិ​ប៉ះពាល់ក្តី ត្រូវវិនាស​ភោគៈ​ប៉ះពាល់ក្តី ត្រូវវិនាស​គឺរោគ​ប៉ះពាល់ក្តី ត្រូវវិនាស​ចាកសីល​ប៉ះពាល់ក្តី ត្រូវវិនាស​គឺទិដ្ឋិ​ប៉ះពាល់​ក្តី ឬប្រកប​ដោយវិនាស​ណាមួយ​ក្តី ត្រូវទុក្ខធម៌​ណាមួយ​ប៉ះពាល់ក្តី នេះ សរ​គឺសេចក្តី​សោក។

សរគឺសេចក្តីសង្ស័យ តើដូចម្តេច។ សេចក្តីសង្ស័យ​ក្នុងទុក្ខ សេចក្តី​សង្ស័យក្នុង​ទុក្ខសមុទ័យ សេចក្តី​សង្ស័យ​ក្នុងទុក្ខនិរោធ សេចក្តី​សង្ស័យ​ក្នុងទុក្ខ​និរោធគាមិនី​បដិបទា សេចក្តី​សង្ស័យ​ក្នុងទីបំផុត​ខាងដើម សេចក្តី​សង្ស័យ​ក្នុងទីបំផុត​ខាងចុង សេចក្តី​សង្ស័យ​ក្នុងទី​បំផុត​ខាងដើម និងទី​បំផុត​ខាងចុង សេចក្តី​សង្ស័យ​ក្នុងធម៌ទាំង​ឡាយ ដែល​កើតឡើង​អាស្រ័យ​គ្នានឹងគ្នា ព្រោះរបស់​នេះជាបច្ច័យ សេចក្តី​សង្ស័យ អាការ​សង្ស័យ ភាពនៃ​សេចក្តី​សង្ស័យ ការប្រាសចាក​សេចក្តី​យល់ ការ​ងឿងឆ្ងល់ ផ្លូវ​បែកជាពីរ ការអល់អែក ការកាន់​យកនូវ​ចំណែក​ច្រើនយ៉ាង ការស្ទាក់ស្ទើរ ការអង្គឺ​អង្គែ ការមិន​ចុះចិត្តស៊ប់ ភាពនៃ​ចិត្តច្រួលច្រាល់ ការសាំញុំា​នៃចិត្ត​ឯណា មានសភាព​យ៉ាងនេះ នេះ សរគឺ​សេចក្តី​សង្ស័យ។

[១១២] ពាក្យថា បុគ្គលត្រូវសរណាមុតហើយ រមែងស្ទុះទៅ​កាន់ទិស​ទាំងពួង អធិប្បាយ​ថា បុគ្គល​ត្រូវសរ​គឺរាគៈ​មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញាំញី ទន្រ្ទានហើយ រមែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត សម្លាប់​សត្វខ្លះ កាន់យក​ទ្រព្យដែល​គេមិនបាន​ឲ្យខ្លះ កាត់នូវ​តំណ (នៃផ្ទះ) ខ្លះ ប្លន់ធំខ្លះ ធ្វើការប្លន់​ក្នុងផ្ទះ​មួយខ្លះ ឈរស្កាត់​ច្រកផ្លូវខ្លះ គប់រក​ភរិយារបស់​អ្នកដទៃខ្លះ ពោលពាក្យ​កុហក​ខ្លះ។ បុគ្គល​ដែលត្រូវ​សរគឺរាគៈ​មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញាំញី ទន្រ្ទានហើយ រមែង​ស្ទុះទៅ រត់ទៅ រលះ​រលាំងទៅ អន្ទោលទៅ យ៉ាងនេះខ្លះ។ មួយ​ទៀត បុគ្គល​ដែលត្រូវ​សរគឺ​រាគៈ​មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញាំញី ទន្រ្ទានហើយ កាលស្វែង​រកភោគៈ​ទាំងឡាយ រមែង​ស្ទុះទៅកាន់​មហាសមុទ្រ​ដោយនាវា ត្រូវត្រជាក់​បៀតបៀន ត្រូវ​កំដៅ​បៀតបៀន លំបាក​ដោយ​សម្ផស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច និង​ពស់ធំ ត្រូវសេចក្តី​ស្រេកឃ្លាន​បៀតបៀន ក៏ទៅ​កាន់ដែន​ឈ្មោះគុម្ពៈ ទៅកាន់​ស្រុក​តក្កោលៈ ទៅកាន់​ស្រុក​តក្កសិលា ទៅកាន់​ស្រុក​កាលមុខៈ ទៅកាន់​ស្រុក​​មរណបារៈ ទៅកាន់​ស្រុក​វេសុង្គៈ ទៅកាន់ស្រុក​វេរាបថៈ ទៅកាន់ស្រុក​ជវៈ ទៅកាន់ស្រុក​តម្ពលិង្គៈ ទៅកាន់ស្រុក​វង្កៈ ទៅកាន់​ស្រុក​ឯឡវទ្ធនៈ ទៅកាន់​ស្រុក​សុវណ្ណកូដៈ ទៅកាន់ស្រុក​សុវណ្ណភូមិ ទៅកាន់ស្រុក​តម្ពបណ្ណិ ទៅកាន់ស្រុក​សុប្បារៈ ទៅកាន់ស្រុក​ភរុកៈ ទៅ​កាន់​ស្រុក​សុរទ្ធៈ ទៅកាន់ស្រុក​អង្គណេកៈ ទៅកាន់​ស្រុក​គង្គណៈ ទៅកាន់ស្រុក​បរមគង្គណៈ ទៅកាន់ស្រុក​យោនៈ ទៅកាន់ស្រុក​បិនកៈ ទៅ​កាន់​អល្លសណ្ឌៈ ទៅកាន់​មរុកន្តារៈ ទៅកាន់​ជណ្ណុបថ ទៅកាន់​អជបថ ទៅកាន់​មេណ្ឌបថ ទៅកាន់​សង្កុបថ ទៅកាន់​ឆត្តបថ ទៅកាន់​វំសបថ ទៅកាន់​សកុណបថ ទៅកាន់​មូសិកាបថ ទៅកាន់​ទរិបថ ទៅកាន់វេត្តាធារៈ។ កាលស្វែង​រកមិនបាន រមែង​ទទួលទុក្ខ​ទោមនស្ស មានការ​មិនបាន​ជាមូល​ខ្លះ កាលស្វែង​រក ក៏រកបាន លុះបានហើយ ក៏ទទួល​ទុក្ខទោមនស្ស មាន​ការរក្សា​ជាមូល​ថា ធ្វើម្តេចហ្ន៎ ព្រះរាជា​មិនគប្បី​យកភោគៈ​ទាំងឡាយ ចោរទាំងឡាយ​មិនគប្បី​លួច​យកភោគៈ​ទាំងឡាយ​របស់អាត្មាអញ ភ្លើងមិន​គប្បីឆេះ ទឹក​មិនគប្បី​បន្សាត់ ទាយាទ​ទាំងឡាយ​មិនជាទី​ស្រឡាញ់ មិនគប្បី​នាំយក​ទៅបាន ដូច្នេះខ្លះ។ បុគ្គលនោះ កាលរក្សា​គ្រប់គ្រង​យ៉ាងនេះ ភោគៈទាំងនោះ​ក៏គង់វិនាស​ទៅ។ បុគ្គលនោះ ក៏ទទួល​ទុក្ខទោមនស្ស មានការ​ព្រាត់ប្រាស​ជាមូល​ខ្លះ។ បុគ្គល​ដែលត្រូវ​សរគឺរាគៈ​មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែងស្ទុះទៅ រត់ទៅ រលះរលាំង​ទៅ អន្ទោលទៅ យ៉ាងនេះខ្លះ។ បុគ្គល​ដែលត្រូវ​សរគឺទោសៈ សរគឺមោហៈ សរគឺមានះ មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត សម្លាប់​សត្វខ្លះ កាន់យកទ្រព្យ​ដែលគេ​មិន​បានឲ្យខ្លះ កាត់នូវ​តំណខ្លះ ប្លន់ធំខ្លះ ធ្វើការ​ប្លន់ក្នុង​ផ្ទះមួយខ្លះ ឈរស្កាត់​ច្រកផ្លូវ​ខ្លះ គប់​រកភរិយា​របស់អ្នក​ដទៃខ្លះ ពោល​ពាក្យកុហក​ខ្លះ។ បុគ្គល​ដែលត្រូវ​សរគឺមានះ​មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញាំញី ទន្រ្ទានហើយ រមែង​ស្ទុះទៅ រត់ទៅ រលះរលាំង​ទៅ អន្ទោល​ទៅ យ៉ាងនេះឯង។

បុគ្គលដែលត្រូវសរគឺទិដ្ឋិ​មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែង​ទៅជា​អចេលក៍ (គ្មានសំពត់) លះបង់​មារយាទ ស៊ីលិទ្ធដៃ (និងជម្រះ​ឧច្ចារៈដោយ​ម្រាមដៃ) ជាអ្នកមិន​ទទួលភត្ត​ដែលមាន​គេ​ហៅរកថា លោកដ៏​ចំរើនចូរ​មក ជាអ្នកមិន​ទទួលភត្ត​ដែលមាន​គេឃាត់​ថា លោកដ៏​ចំរើន​ចូរឈប់ មិនទទួល​ភត្តដែល​គេនាំមក​មុន មិនទទួល​ភត្តដែល​គេធ្វើ​ចំពោះ មិនត្រេកអរ​នឹងកិច្ចនិមន្ត។ អចេលក៍នោះ មិនទទួល​ភត្ត ដែលឃើញ​គេដោះ​អំពីមាត់ឆ្នាំង មិន​ទទួលភត្ត​ដែលឃើញ​គេដោះ​អំពីមាត់កញ្ជើ មិន​ទទួល​ភត្តនៅចន្លោះ​ធរណីទ្វារ មិនទទួល​ភត្តនៅ​ចន្លោះ​កំណាត់​ឈើ មិនទទួល​ភត្ត​នៅ​ចន្លោះ​អង្រែ មិនទទួល​ភត្តរបស់​មនុស្ស​ពីរនាក់​កំពុង​បរិភោគ មិនទទួល​ភត្តរបស់​ស្រ្តីមានគភ៌ មិនទទួល​ភត្តរបស់ស្រ្តី​កំពុង​បំបៅកូន មិនទទួល​ភត្តរបស់ស្រ្តី​កំពុងនៅ​រួមនឹង​បុរស មិនទទួល​ភត្តដែល​គេ​អង្គាសមក មិន (ទទួលភត្ត) ក្នុងទី​ដែលមាន​ឆ្កែចាំ មិនទទួល​ភត្តក្នុងទី​ដែលមាន​រុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកមេរ័យ មិនផឹកទឹក​ថ្នាំដែល​ត្រាំដោយ​ស្រូវទាំងពួង។ អចេលក៍​នោះ ជាអ្នក​ទទួលភត្ត​តែក្នុងផ្ទះ​មួយ ញុំាងអត្តភាព​ឲ្យប្រព្រឹត្ត​ទៅ​ដោយដុំបាយ​មួយពំនូតខ្លះ ទទួលភត្ត​តែក្នុង​ផ្ទះពីរ ញុំាងអត្តភាព​ឲ្យប្រព្រឹត្ត​ទៅដោយ​ដុំបាយ​ពីរពំនូត​ខ្លះ។បេ។ ទទួលភត្ត​តែក្នុងផ្ទះ ៧ ញុំាងអត្តភាព​ឲ្យប្រព្រឹត្ត​ទៅដោយ​ដុំបាយ ៧ ពំនូតខ្លះ ញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅដោយ​ភត្ត ១ ភាជន៍​តូចខ្លះ ញុំាងអត្តភាព​ឲ្យប្រព្រឹត្តទៅ​ដោយភត្ត ២ ភាជន៍តូច​ខ្លះ។បេ។ ញុំាងអត្តភាព​ឲ្យប្រព្រឹត្ត​ទៅដោយ​ភត្ត ៧ ភាជន៍​តូចខ្លះ ស៊ីអាហារ​រំលង ១ ថ្ងៃខ្លះ ស៊ីអាហារ​រំលង ២ ថ្ងៃខ្លះ។បេ។ ស៊ីអាហារ​រំលង ៧ ថ្ងៃខ្លះ អចេលក៍ ប្រកប​ដោយសេចក្តី​ព្យាយាម​ក្នុងការ​ផ្លាស់ប្តូរ​នូវការ​បរិភោគ​ភត្តរំលង​កន្លះខែ​ខ្លះ មាន​សភាព​យ៉ាងនេះ​ដូច្នេះ​ឯង។ បុគ្គល​ដែលត្រូវ​សរគឺទិដ្ឋិ​មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញុំាញី ទន្រ្ទានហើយ រមែង​ស្ទុះទៅ រត់ទៅ រលះរលាំង​ទៅ អន្ទោលទៅ យ៉ាងនេះ​ខ្លះ។ មួយទៀត បុគ្គលដែល​ត្រូវសរ​គឺទិដ្ឋិ​មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញាំញី ទន្រ្ទានហើយ បុគ្គលនោះ ជាអ្នក​មានបន្លែ​ស្រស់ជា​អាហារខ្លះ មានអង្ករ​ស្រងែ​ជាអាហារ​ខ្លះ មានស្កួយ​ជាអាហារ​ខ្លះ មានចំនៀរ​ស្បែកជា​អាហារខ្លះ មានស្លែ ឬសារាយ​ជាអាហារ​ខ្លះ មានបាយ​ក្តាំងជា​អាហារខ្លះ មាន​មេម្សៅជា​អាហារខ្លះ មានស្មៅ​ជាអាហារ​ខ្លះ មានអាចម៍គោ​ជា​អាហារខ្លះ មានមើម និងផ្លែឈើ​ក្នុងព្រៃ​ជាអាហារ បរិភោគ​តែផ្លែឈើ​ដែលជ្រុះ​ឯងខ្លះ។ បុគ្គលនោះ ទ្រទ្រង់​សំពត់​សំបកធ្មៃ​ខ្លះ ទ្រទ្រង់​សំពត់​ដែលត្បាញ​លាយគ្នា​ខ្លះ ទ្រទ្រង់​សំពត់ដែល​បកចេញ​អំពី​សាកសព​ខ្លះ ទ្រទ្រង់​សំបកឈើ​ខ្លះ ទ្រទ្រង់​ស្បែកខ្លាខ្លះ ទ្រទ្រង់​សំពត់​បង្សុកូលខ្លះ ទ្រទ្រង់​ស្បែកខ្លា​ទាំងក្រចក​ខ្លះ ទ្រទ្រង់​ស្បូវក្រងខ្លះ ទ្រទ្រង់​សំពត់​ត្បាញដោយ​សំបក​ក្រចៅខ្លះ ទ្រទ្រង់​ចំរៀកក្តារ​ជាសំពត់ខ្លះ ទ្រទ្រង់​សំពត់កម្ពល​ដែល​ត្បាញដោយ​សក់មនុស្ស​ខ្លះ ទ្រទ្រង់​សំពត់​ដែលត្បាញ​ដោយ​ស្លាបមៀម​ខ្លះ ទុកសក់ និង​ពុកមាត់ខ្លះ ជាអ្នក​ប្រកប​រឿយៗ នូវការ​ព្យាយាម​ក្នុងការ​ទុកសក់ និង​ពុកមាត់ ជាអ្នក​ឈរងើយ​ឡើងលើ​ ហាមឃាត់​អាសនៈខ្លះ អង្គុយ​ច្រហោង​ ប្រព្រឹត្ត​កាន់វត្ត​ក្នុងការ​ព្យាយាម​អង្គុយ​ច្រហោង​ខ្លះ ដេកលើ​បន្លាខ្លះ សម្រេច​ការដេក​លើបន្លា​ខ្លះ សម្រេចការ​ដេកលើ​ចំរៀកក្តារ​ខ្លះ សម្រេច​ការដេក​លើផែនដី​ទួលខ្លះ ប្រព្រឹត្ត​ដេកផ្អៀង​តែម្ខាង​ខ្លះ ទ្រទ្រង់​ក្អែលខ្លះ [មានខ្លួន​លាបប្រេង ហើយឈរ​នៅក្នុង​ទីដែល​មានធូលី​ហុយឡើង។ អដ្ឋកថា។] ប្រព្រឹត្ត​នៅក្នុង​ទីវាលខ្លះ ប្រព្រឹត្តនៅក្នុង​ទីតាម​តែប្រទះ​ខ្លះ ជាអ្នក​ស៊ីលាមក​ខ្លះ ប្រកប​ក្នុងការ​បរិភោគ​លាមក​ខ្លះ មិនផឹក​ទឹកត្រជាក់ ប្រកប​ក្នុងការ​បរិភោគ​នូវភត្ត​មិនបាច់​ផឹកទឹក​ត្រជាក់​ខ្លះ ប្រកប​រឿយៗ នូវព្យាយាម​ក្នុង​ការចុះ​ត្រាំទឹក​ជាគំរប់ ៣ ដង​នឹងពេល​ល្ងាចខ្លះ បុគ្គល​ជាអ្នក​ប្រកបរឿយ ៗ នូវ​ព្យាយាម​ក្នុងការ​ឆ្អើរកំដៅ​កាយច្រើន​ប្រការ មានសភាព​យ៉ាងនេះ​ដូច្នេះឯង។ បុគ្គល​ដែលត្រូវ​សរគឺ​ទិដ្ឋិ មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែងស្ទុះទៅ រត់ទៅ រលះរលាំង​ទៅ អន្ទោលទៅ យ៉ាងនេះខ្លះ។

បុគ្គលដែលត្រូវសរគឺសោក មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែង​ស្តាយ​ស្រណោះ លំបាក ខ្សឹកខ្សួល គក់ទ្រូង ដល់នូវ​សេចក្តី​វង្វេង។ សមដូច​ពាក្យ​នេះ ដែល​ព្រះមានព្រះភាគ​ត្រាស់ហើយ​ថា ម្នាល​ព្រាហ្មណ៍ ហេតុធ្លាប់​មានមក​ហើយ មាតារបស់​ស្ត្រីម្នាក់ ក្នុងក្រុង​សាវត្ថីនេះ​ឯង បានធ្វើ​មរណកាល​ហើយ ស្រ្តីនោះ​ទៅ​ជាឆ្កួត មានចិត្ត​រវើរវាយ ព្រោះ​កាលកិរិយា​នៃមាតា​នោះ ហើយក៏​ដើរចេញ​អំពីច្រក ចូល​ទៅច្រក ចេញអំពី​ផ្លូវត្រឡែង​កែង ចូលទៅផ្លូវ​ត្រឡែងកែង ហើយពោល​យ៉ាងនេះថា អ្នកទាំងឡាយ​បានឃើញ​មាតារបស់​ខ្ញុំដែរឬ អ្នក​ទាំងឡាយ បានឃើញ​មាតា​របស់ខ្ញុំ​ដែរ​ឬ។ ម្នាលព្រាហ្មណ៍ ហេតុធ្លាប់​មានមក​ហើយ បិតារបស់​ស្រ្តីម្នាក់ ក្នុងក្រុង​សាវត្ថីនេះ​ឯង បានធ្វើ​មរណកាល​ហើយ បងប្អូនប្រុស បានធ្វើ​មរណកាល​ហើយ បងប្អូនស្រី​បាន​ធ្វើ​មរណកាល​ហើយ បុត្របាន​ធ្វើមរណកាល​ហើយ ធីតាបាន​ធ្វើមរណកាល​ហើយ ស្វាមីបាន​ធ្វើមរណកាល​ហើយ។ ស្ត្រីនោះ ក៏ទៅជាឆ្កួត មានចិត្ត​រវើរវាយ ព្រោះកាល​កិរិយា​នៃស្វាមី​នោះ ហើយក៏​ដើរចេញ​អំពីច្រក ចូលទៅ​កាន់ច្រក ចេញអំពី​ផ្លូវត្រឡែង​កែង ចូលទៅ​កាន់ផ្លូវ​ត្រឡែងកែង ហើយពោល​យ៉ាងនេះ​ថា អ្នកទាំងឡាយ បានឃើញ​ស្វាមីរបស់​ខ្ញុំដែរឬ អ្នកទាំងឡាយ​បានឃើញ​ស្វាមីរបស់​ខ្ញុំដែរឬ។ ម្នាល​ព្រាហ្មណ៍ ហេតុធ្លាប់​មានមក​ហើយ មាតារបស់​បុរសម្នាក់ ក្នុងក្រុង​សាវត្ថីនេះ​ឯង បានធ្វើ​មរណ​កាលហើយ។ បុរសនោះ ក៏ទៅជាឆ្កួត មានចិត្ត​រវើរវាយ ព្រោះកាល​កិរិយា​នៃមាតា​នោះ ហើយដើរ​ចេញអំពី​ច្រក ចូលទៅ​កាន់ច្រក ចេញអំពី​ផ្លូវត្រឡែង​កែង ចូលទៅ​កាន់ផ្លូវ​ត្រឡែង​កែង ហើយពោល​យ៉ាងនេះថា អ្នក​ទាំងឡាយ បានឃើញ​មាតារបស់​ខ្ញុំដែរឬ អ្នកទាំងឡាយ បានឃើញ​មាតារបស់​ខ្ញុំដែរឬ។ ម្នាល​ព្រាហ្មណ៍ ហេតុធ្លាប់​មានមក​ហើយ បិតា​របស់​បុរសម្នាក់ ក្នុងក្រុង​សាវត្ថីនេះ​ឯង បានធ្វើ​មរណកាល​ហើយ បងប្អូន​ប្រុស បានធ្វើ​មរណកាល​ហើយ បងប្អូនស្រី បានធ្វើ​មរណកាល​ហើយ បុត្របាន​ធ្វើ​មរណកាល​ហើយ ធីតា​បានធ្វើ​មរណកាល​ហើយ ភរិយា​បានធ្វើ​មរណកាល​ហើយ។ បុរសនោះ ក៏ទៅ​ជាឆ្កួត មានចិត្ត​រវើរវាយ ព្រោះកាល​កិរិយា​នៃភរិយា​នោះ ហើយដើរ​ចេញអំពី​ច្រកចូល​ទៅកាន់​ច្រក ចេញអំពី​ផ្លូវ​ត្រឡែងកែង ចូលទៅ​កាន់ផ្លូវ​ត្រឡែងកែង ហើយពោល​យ៉ាងនេះ​ថា អ្នកទាំងឡាយ​បានឃើញ​ភរិយា​របស់ខ្ញុំ​ដែរឬ។ អ្នកទាំងឡាយ បានឃើញ​ភរិយា​របស់ខ្ញុំ​ដែរឬ។ ម្នាល​ព្រាហ្មណ៍ ហេតុធ្លាប់​មានមក​ហើយ ស្រ្តីម្នាក់​ក្នុងក្រុង​សាវត្ថី​នេះឯង បានទៅកាន់​ត្រកូលញាតិ។ ពួកជន​ជាញាតិ​ទាំងនោះ មានប្រាថ្នា​ផ្តាច់​ស្វាមីរបស់​ស្រ្តីនោះ ហើយឲ្យ​ដល់បុរស​ឯទៀត។ តែស្រ្តីនោះ មិនចង់​បានបុរស​នោះទេ។ គ្រានោះ ស្ត្រីនោះ បានពោល​ពាក្យនេះ នឹងស្វាមីថា ម្នាល​អយ្យបុត្ត ពួកជន​ជាញាតិ​ទាំងនេះ មានប្រាថ្នា​ផ្តាច់អ្នក ហើយឲ្យ​ខ្ញុំដល់​បុរស​ឯទៀត យើងទាំង​ពីរនាក់​នឹងស្លាប់។ គ្រានោះ បុរសនោះ កាត់ស្រ្តីនោះ​ជាពីរ​កំណាត់ ហើយសម្លាប់​ខ្លួនឯងថា យើងទាំងពីរ​នឹងបាន​ជួបគ្នា​ក្នុងបរលោក។ បុគ្គល​ដែលត្រូវ​សរគឺ​សោក មុត ធ្លុះ ពាល់ត្រូវ គ្រប​សង្កត់ ញំាញី ទន្រ្ទានហើយ រមែងស្ទុះទៅ រត់ទៅ រលះរលាំងទៅ អន្ទោលទៅ យ៉ាងនេះ។

បុគ្គលដែលត្រូវសរគឺសេចក្តីសង្ស័យ មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទាន​ហើយ ជាអ្នក​ស្ទុះទៅកាន់​សេចក្តី​សង្ស័យ ស្ទុះទៅ​កាន់សេចក្តី​យល់ខុស ជាអ្នក​យល់បែក​ជាពីរថា ក្នុង​អតីតកាល អាត្មាអញ​បានកើត​ឬហ្ន៎ ក្នុង​អតីតកាល អាត្មាអញ​មិនបាន​កើតទេ​ឬហ្ន៎ ក្នុងអតីតកាល អាត្មាអញ​បានកើត​ដូចម្តេចហ្ន៎ ក្នុង​អតីតកាល អាត្មាអញ​បានកើត​ដោយប្រការ​ដូចម្តេច​ហ្ន៎ ក្នុងអតីតកាល អាត្មាអញ​មានសភាព​ដូចម្តេច បានកើត​ដូចម្តេច​ហ្ន៎ ក្នុង​អនាគតកាល អាត្មាអញ​នឹងមាន​ឬហ្ន៎ ក្នុង​អនាគត​កាល អាត្មាអញ​នឹងមិនមាន​ទេឬហ្ន៎ ក្នុង​អនាគត​កាល អាត្មាអញ​នឹងមិនមាន​ដូចម្តេច​ហ្ន៎ ក្នុង​អនាគតកាល អាត្មាអញ​នឹងមាន​ដោយប្រការ​ដូចម្តេចហ្ន៎​ ក្នុង​អនាគតកាល អាត្មាអញ​មានសភាព​ដូចម្តេច នឹងមាន​ទៀតដូច​ម្តេចហ្ន៎។ បុគ្គល​អ្នកមាន​សេចក្តី​សង្ស័យ​ក្នុង​សន្តាន ក្នុង​បច្ចុប្បន្ន ឥឡូវនេះ​ថា អាត្មាអញ​មានឬហ្ន៎ អាត្មាអញ​មិនមានទេ​ឬហ្ន៎ អាត្មាអញ​មាន​ដូចម្តេចហ្ន៎ អាត្មាអញ​មាន​ដោយប្រការ​ដូចម្តេចហ្ន៎ សត្វមក​អំពីទីណា សត្វនោះ​នឹងទៅក្នុង​ទីណា។ បុគ្គល​ដែលត្រូវ​សរគឺ​សេចក្តី​សង្ស័យ មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែង​ស្ទុះទៅ រត់ទៅ រលះរលាំង​ទៅ អន្ទោលទៅ យ៉ាងនេះ។ បុគ្គល​បង្កើតសរ​ទាំងនោះ កាលបើ​បង្កើតសរ​ទាំងនោះ រមែង​ស្ទុះទៅ​ក្នុង​បុរត្ថិមទិស ស្ទុះទៅក្នុង​បច្ឆិមទិស ស្ទុះទៅ​ក្នុង​ឧត្តរទិស ស្ទុះទៅ​ក្នុង​ទក្ខិណទិស ដោយអំណាច​នៃការបង្កើត​សរ។ ការបង្កើត​សរទាំង​នោះ បើបុគ្គល​មិនបាន​លះបង់​ហើយ បុគ្គល​ក៏រមែង​ស្ទុះទៅ​ក្នុងគតិ ស្ទុះទៅ​ក្នុងនរក ស្ទុះទៅ​ក្នុងកំណើត​តិរច្ឆាន ស្ទុះទៅ​ក្នុង​បិត្តិវិស័យ ស្ទុះទៅ​ក្នុងមនុស្ស​លោក ស្ទុះទៅ​ក្នុង​ទេវលោក ព្រោះការ​បង្កើតសរ​ដែលខ្លួន​មិនទាន់​លះបង់​បាន រមែងស្ទុះ​ទៅ រត់ទៅ រលះរលាំងទៅ អន្ទោល​ទៅអំពីគតិ កាន់គតិ អំពី​កំណើត កាន់​កំណើត អំពីបដិសន្ធិ កាន់​បដិសន្ធិ អំពីភព កាន់ភព អំពីសង្សារ កាន់​សង្សារ អំពីវដ្តៈ កាន់វដ្តៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ដែលត្រូវ​សរណា​មុតហើយ រមែង​ស្ទុះទៅ​កាន់ទិស​ទាំងពួង។

[១១៣] ពាក្យថា បុគ្គលដកសរនោះហើយ ទើបមិន​ស្ទុះទៅ មិនលិចចុះ សេចក្តីថា បុគ្គល​ដក ភើច ទាញ កន្រ្តាក់ គាស់ រំលើង លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតមាន​នូវសរ​គឺរាគៈ សរគឺ​ទោសៈ សរគឺមោហៈ សរគឺមានះ សរគឺ​ទិដ្ឋិ សរគឺសោកៈ សរគឺ​សេចក្តី​សង្ស័យ​នោះឯង​បាន ទើបមិន​ស្ទុះទៅ​ក្នុង​បុរត្ថិមទិស មិនស្ទុះ​ទៅក្នុង​បច្ឆិមទិស មិនស្ទុះ​ទៅក្នុង​ឧត្តរទិស មិនស្ទុះ​ទៅក្នុង​ទក្ខិណទិស​ទេ។ ការបង្កើត​សរទាំង​នោះ បើបុគ្គល​លះបង់​បានហើយ បុគ្គល​រមែង​មិនស្ទុះ​ទៅក្នុង​គតិ មិនស្ទុះ​ទៅក្នុង​នរក មិនស្ទុះ​ទៅក្នុង​កំណើត​តិរច្ឆាន មិនស្ទុះ​ទៅក្នុង​បិត្តិវិស័យ មិនស្ទុះ​ទៅក្នុង​មនុស្សលោក មិនស្ទុះ​ទៅក្នុង​ទេវលោក ព្រោះការ​បង្កើត​សរដែល​បុគ្គល​លះបង់​បានហើយ គឺ​បុគ្គល​មិនស្ទុះ​អំពី​គតិកាន់​គតិ មិនស្ទុះ​អំពី​កំណើត កាន់កំណើត មិនស្ទុះ​អំពី​បដិសន្ធិកាន់​បដិសន្ធិ មិនស្ទុះ​អំពីភព កាន់ភព មិនស្ទុះ​អំពីសង្សារ កាន់សង្សារ មិនស្ទុះ រត់ រលះរលាំង អន្ទោល​អំពីវដ្តៈ កាន់វដ្តៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ដកសរ​នោះហើយ ទើបមិន​ស្ទុះទៅ។ ពាក្យថា មិនលិចចុះ គឺមិនលិច​ចុះក្នុង​អន្លង់គឺ​កាម មិន​លិច​ចុះក្នុង​អន្លង់គឺភព មិនលិច​ចុះក្នុង​អន្លង់គឺ​ទិដ្ឋិ មិនលិចចុះ មិនជ្រមុជ មិនសំយុងចុះ មិនធ្លាក់ចុះ មិន​ឈមចុះ ក្នុងអន្លង់​គឺអវិជ្ជា ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ដកសរ​នោះហើយ ទើបមិន​ស្ទុះទៅ មិនលិចចុះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ហើយថា

បុគ្គលដែលត្រូវសរណាមួយមុតហើយ រមែងស្ទុះទៅ​កាន់ទិស​ទាំងពួង បុគ្គល​ដកសរ​នោះហើយ ទើបមិន​ស្ទុះទៅ មិនលិចចុះ។

[១១៤] (ព្រះមានព្រះភាគ ត្រាស់ថា អារម្មណ៍​ទាំងឡាយណា​ក្នុងលោក ដែល​សត្វជាប់​ចំពាក់) ការសិក្សា​ក្នុងអារម្មណ៍​ទាំងនោះ គេតែង​រៀន បុគ្គល​មិនគប្បី​ខ្វល់ខ្វាយ ក្នុងគ្រឿង​ចំពាក់​ទាំងនោះ​ទេ គប្បីយល់​ច្បាស់នូវ​កាមទាំងឡាយ​ដោយ​សព្វគ្រប់ ហើយគប្បី​សិក្សា​នូវព្រះនិព្វាន​ដើម្បីខ្លួន។

[១១៥] អធិប្បាយពាក្យថា អារម្មណ៍ទាំងឡាយណា​ក្នុងលោក ដែលសត្វជាប់​ចំពាក់ ការសិក្សា​ក្នុងអារម្មណ៍​ទាំងនោះ គេតែងរៀន ត្រង់ពាក្យថា ការសិក្សា បានដល់ ការសិក្សា​ខាងដំរី ការសិក្សា​ខាងសេះ ការសិក្សា​ខាងបររថ ការសិក្សា​ខាងធ្នូ វេជ្ជកម្ម​ដោយស្លាក វេជ្ជកម្ម​ដោយការ​វះកាត់ វេជ្ជកម្ម​ដោយការ​រក្សាកាយ វេជ្ជកម្ម​ខាងខ្មោច វេជ្ជកម្មខាង​ការរក្សា​ក្មេង។ ពាក្យថា គេតែងរៀន គឺគេ​តែងរៀន សំដែង និយាយ បំភ្លឺ បញ្ចេញ។ ឬគេតែង​រៀន កាន់ ទន្ទេញ ទ្រទ្រង់ ចងចាំ កំណត់ ដើម្បី​បាននូវ​អារម្មណ៍​ដែល​ជាប់​ចំពាក់។ កាមគុណ ៥ គឺ រូបទាំងឡាយ ដែលដឹង​ច្បាស់ដោយ​ចក្ខុ ជាទីប្រាថ្នា ត្រេកអរ ពេញចិត្ត ស្រឡាញ់ ប្រកប​ដោយកាម​ដែលគួរ​ត្រេកអរ លោកហៅថា គ្រឿងជាប់​ចំពាក់។ កាមគុណ ៥ លោកហៅថា គ្រឿងជាប់​ចំពាក់ តើហេតុ​ដូចម្តេច។ (ព្រោះថា) ទេវតា និងមនុស្ស​ទាំងឡាយ ច្រើនតែ​ប្រាថ្នា ត្រេកអរ ស្រឡាញ់ ចូលចិត្ត នូវ​កាមគុណ ៥ ហេតុនោះ កាមគុណ ៥ លោកហៅថា គ្រឿងជាប់​ចំពាក់។ ពាក្យថា ក្នុងលោក គឺក្នុងមនុស្សលោក ហេតុនោះ (ទ្រង់​ត្រាស់ថា) អារម្មណ៍​ទាំងឡាយ​ណា ក្នុងលោក​ដែលសត្វ​ជាប់ចំពាក់ ការសិក្សា​ក្នុងអារម្មណ៍​ទាំងនោះ គេតែងរៀន។

[១១៦] ពាក្យថា បុគ្គលមិនគប្បីខ្វល់ខ្វាយក្នុងគ្រឿង​ចំពាក់​ទាំងនោះ សេចក្តីថា បុគ្គល​មិនគប្បី​ខ្វល់ខ្វាយ ក្នុងការ​សិក្សា​ទាំងនោះ ឬក្នុង​កាមគុណ ៥ ទាំងនោះ មិនគប្បី​បង្អោន​ទៅកាន់​កាមគុណ​នោះ មិនគប្បី​ទោរទន់​ទៅរក​កាមគុណនោះ មិនគប្បី​ឈមទៅ​រកកាម​គុណនោះ មិនគប្បី​ចុះស៊ប់​ក្នុងកាម​គុណនោះ មិនគប្បី​​យកកាមគុណ​នោះជាធំ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​មិនគប្បី​ខ្វល់ខ្វាយ​ក្នុងគ្រឿង​ចំពាក់​ទាំងនោះ​ទេ។

[១១៧] ពាក្យថា គប្បីយល់ច្បាស់នូវកាមទាំងឡាយដោយសព្វគ្រប់ ត្រង់ពាក្យថា យល់ច្បាស់ គឺយល់ច្បាស់ យល់ច្បាស់ថា សង្ខារ​ទាំងឡាយ​ទាំងពួង​មិនទៀង យល់​ច្បាស់ថា សង្ខារ​ទាំងឡាយ​ទាំងពួង​ជាទុក្ខ។បេ។ យល់ច្បាស់ថា ធម្មជាត​ណាមួយ​មាន​កិរិយា​កើតឡើង​ជាធម្មតា ធម្មជាត​ទាំងអស់​នោះ មាន​កិរិយា​រលត់ទៅ​វិញជា​ធម្មតា។ ពាក្យថា ដោយសព្វ​គ្រប់ គឺគ្រប់​ទាំងអស់ សព្វទាំងអស់ មិនមានសល់ ឥតសេសសល់ ពាក្យថា សព្វគ្រប់​នុ៎ះ ជាពាក្យ​អស់រលីង។ ពាក្យថា កាម បើតាមឧទាន បានដល់​កាម ២ គឺ​វត្ថុកាម ១ កិលេសកាម ១។បេ។ នេះ​ហៅថា វត្ថុកាម។បេ។ នេះហៅថា កិលេសកាម ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​យល់ច្បាស់​នូវកាម​ទាំងឡាយ​ដោយសព្វ​គ្រប់។

[១១៨] អធិប្បាយពាក្យថា គប្បីសិក្សានូវព្រះនិព្វាន​ដើម្បីខ្លួន ត្រង់ពាក្យថា សិក្សា បានដល់​សិក្ខា ៣ គឺ អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។បេ។ នេះ អធិប្បញ្ញាសិក្ខា។ ពាក្យថា ព្រះនិព្វាន​ដើម្បីខ្លួន សេចក្តីថា បុគ្គល​គប្បីសិក្សា​អធិសីល​ផង គប្បី​សិក្សា​អធិចិត្តផង គប្បីសិក្សា​អធិប្បញ្ញា​ផង ដើម្បីរំលត់​រាគៈ ដើម្បីរំលត់​ទោសៈ ដើម្បីរំលត់​មោហៈ​របស់ខ្លួន។បេ។ ដើម្បីរម្ងាប់ ដើម្បីស្ងប់ ដើម្បីស្ងប់រម្ងាប់ ដើម្បីរំលត់ ដើម្បី​រលាស់​ចេញ ដើម្បីលះបង់ ដើម្បី​កំចាត់បង់​នូវអភិសង្ខារ​ជាអកុសល​ទាំងពួង។ បុគ្គល​​គប្បីពិចារណា​សិក្សានូវ​សិក្ខាទាំង ៣ នេះ គប្បីដឹង​សិក្សា។បេ។ គប្បី​ធ្វើឲ្យជាក់​ច្បាស់នូវ​ធម៌ដែល​គួរធ្វើឲ្យ​ជាក់ច្បាស់​សិក្សា ប្រព្រឹត្ត​ដោយអើពើ ប្រព្រឹត្ត​ដោយ​ត្រឹមត្រូវ ប្រព្រឹត្ត​ជឿកាន់ ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បីសិក្សា​នូវព្រះនិព្វាន​ដើម្បីខ្លួន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(អារម្មណ៍ទាំងឡាយណា ក្នុងលោក ដែលសត្វ​ជាប់ចំពាក់) ការសិក្សា​ក្នុង​អារម្មណ៍​ទាំងនោះ គេតែងរៀន បុគ្គលមិន​គប្បីខ្វល់ខ្វាយ​ក្នុងគ្រឿង​ចំពាក់​ទាំងនោះ​ទេ គប្បី​យល់ច្បាស់​នូវកាម​ទាំងឡាយ ដោយ​សព្វគ្រប់ ហើយសិក្សា​នូវព្រះនិព្វាន​ដើម្បី​ខ្លួន។

[១១៩] មុនិ គប្បីជាអ្នកមានសច្ចៈ ជាអ្នកមិនឃ្នើសឃ្នង មិនមាន​មាយា មានពាក្យ​ញុះញង់​លះបង់​ហើយ ជាអ្នក​មិនក្រោធ រមែងឆ្លង​ផុតលោភៈ​ដ៏លាមក និង​សេចក្តី​កំណាញ់​បាន។

[១២០] អធិប្បាយពាក្យថា គប្បីជាអ្នកមានសច្ចៈ ជាអ្នកមិនឃ្នើសឃ្នង ត្រង់​ពាក្យថា គប្បីជា​អ្នកមាន​សច្ចៈ គឺគួរ​ជាអ្នកប្រកប​ដោយ​សច្ចវាចា គួរប្រកប​ដោយសម្មាទិដ្ឋិ គួរប្រកប​ដោយមគ្គ​ដ៏ប្រសើរ​មានអង្គ ៨ ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បីជា​អ្នកមាន​សច្ចៈ។ ពាក្យថា ជាអ្នកមិន​ឃ្នើសឃ្នង បានដល់ ការឃ្នើសឃ្នង ៣ គឺការ​ឃ្នើសឃ្នង​ដោយកាយ ១ ការឃ្នើសឃ្នង​ដោយវាចា ១ ការឃ្នើសឃ្នង​ដោយចិត្ត ១។បេ។ នេះ ការ​ឃ្នើសឃ្នង​ដោយចិត្ត។ ការឃ្នើសឃ្នង ៣ នេះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើងគឺញាណ​ហើយ បុគ្គលនោះ លោក​ហៅថា អ្នកមិន​ឃ្នើសឃ្នង ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បី​ជាអ្នក​មានសច្ចៈ ជាអ្នកមិន​ឃ្នើសឃ្នង។

[១២១] ពាក្យថា មិនមានមាយា មានពាក្យញុះញង់​លះបង់​ហើយ អធិប្បាយថា ការប្រព្រឹត្តិ​ជាគ្រឿង​បញ្ឆោត លោកហៅថា មាយា។​ បុគ្គល​ពួកខ្លះ​ក្នុងលោកនេះ ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត តាំងប្រាថ្នា​ដ៏លាមក ព្រោះហេតុ​នៃការ​បិទបាំង​នូវអំពើ​ទុច្ចរិត​នោះ រមែងប្រាថ្នាថា សូមកុំ​ឲ្យអ្នកផង​ដឹងនូវ​អញ រមែង​ត្រិះរិះថា សូមកុំ​ឲ្យអ្នកផង​ដឹងនូវអញ ពោល​វាចាថា សូមកុំ​ឲ្យអ្នកផង​ដឹងនូវអញ ប្រឹងប្រែង​ដោយកាយ​ថា សូមកុំ​ឲ្យអ្នកផង​ដឹងនូវ​អញ។ មាយា ភាពនៃ​បុគ្គល​មាន​កលលាក់ពុត ការប្រព្រឹត្តិ​ឈ្លានពាន ការបញ្ឆោត ការលាក់​កំនួច ការលួច​គំនិត ការវាសវាង ការគេចកែ ការលាក់លៀម ការគៃកាញ់ ការបិទបាំង ការបិទទុក​ដោយ​ជុំវិញ អំពើ​មិនផ្ងារ អំពើ​មិនច្បាស់ ការបិទ​ជិតស្លុង កិរិយា​ដ៏លាមក​ណា មាន​សភាព​យ៉ាងនេះ នេះលោក​ហៅថា មាយា។ មាយានុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺ​ញាណហើយ បុគ្គលនោះ លោក​ហៅថា អ្នកមិន​មានមាយា។ ពាក្យថា មានពាក្យ​ញុះញង់​លះបង់​ហើយ ត្រង់ពាក្យថា ញុះញង់ សេចក្តីថា បុគ្គលខ្លះ​ក្នុងលោក​នេះ ជាអ្នក​ពោលពាក្យ​ញុះញង់។បេ។ បុគ្គល​មានសេចក្តី​ប៉ុនប៉ង​ដើម្បីបំបែក រមែង​នាំមកនូវ​ពាក្យញុះញង់​យ៉ាងនេះ​ឯង។ ពាក្យ​ញុះញង់​នុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធ្វើ​មិនគួរ​ឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺ​ញាណហើយ បុគ្គលនោះ លោកហៅថា អ្នក​មានពាក្យ​ញុះញង់​លះបង់​ហើយ គឺមាន​ពាក្យញុះញង់​ប្រាសចេញ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់​ថា) បុគ្គល​មិនមាន​មាយា មានពាក្យ​ញុះញង់​លះបង់​ហើយ។

[១២២] អធិប្បាយពាក្យថា មុនិ ជាអ្នកមិនក្រោធ រមែងឆ្លង​ផុតលោភៈ​ដ៏លាមក និងសេចក្តី​កំណាញ់​បាន ត្រង់ពាក្យថា ជាអ្នក​មិនក្រោធ លោកបាន​ពោលហើយ ក៏ពិត​មែនហើយ។ តែខ្ញុំ​គួរពោល​ពីសេចក្តី​ក្រោធ​ជាមុន​សិន។ សេចក្តី​ក្រោធ រមែងកើត​ឡើងដោយ​អាការៈ ១០ យ៉ាង។បេ។ សេចក្តី​ក្រោធនុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺញាណ​ហើយ បុគ្គលនោះ លោក​ហៅថា អ្នក​មិនក្រោធ។ បុគ្គល​ឈ្មោះថា អ្នកមិនក្រោធ ព្រោះលះ​បង់ក្រោធ​ ឈ្មោះថា អ្នកមិនក្រោធ ព្រោះកំណត់​ដឹងវត្ថុក្រោធ ឈ្មោះថា អ្នក​មិនក្រោធ ព្រោះ​ផ្តាច់ផ្តិល​ហេតុ​ក្រោធ។ ពាក្យថា លោភៈ បានដល់​សេចក្តី​ជាប់ចំពាក់ អាការ​ជាទី​ជាប់ចំពាក់ ភាពនៃ​ចិត្តជាប់​ចំពាក់។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តី​កំណាញ់ លោកពោល​សំដៅ​មច្ឆរិយៈ ៥ គឺ​អាវាសមច្ឆរិយៈ។បេ។ ការប្រកាន់ស្អិត លោកហៅថា សេចក្តី​កំណាញ់។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាង​ប្រាជ្ញា ការដឹង​ច្បាស់។បេ។ មុនិនោះ កន្លង​នូវបណ្តាញ ជាគ្រឿង​ជាប់ចំពាក់។ ពាក្យថា មុនិ ជាអ្នក​មិនក្រោធ រមែង​ឆ្លងផុតលោភៈ​ដ៏លាមក និងសេចក្តី​កំណាញ់​បាន បាន​សេចក្តី​ថា មុនិបានឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្ត​កន្លង លោតរំលង នូវ​លោភៈ​ដ៏លាមក និង​សេចក្តី​កំណាញ់ ហេតុនោះ (ទ្រង់​ត្រាស់ថា) មុនិ ជាអ្នក​មិនក្រោធ រមែង​ឆ្លងផុត​លោភៈ​ដ៏លាមក និងសេចក្តី​កំណាញ់​បាន។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

មុនិគប្បីជាអ្នកមានសច្ចៈ ជាអ្នកមិនឃ្នើសឃ្នង មិនមាន​មាយា មានពាក្យ​ញុះញង់​លះបង់​ហើយ ជាអ្នក​មិនក្រោធ រមែង​ឆ្លងផុត​លោភៈដ៏​លាមក និង​សេចក្តី​កំណាញ់​បាន។

[១២៣] ជនមានចិត្តស្លុងទៅកាន់ព្រះនិព្វាន គប្បីគ្រប​សង្កត់​នូវការ​ដេកលក់ នូវការ​ខ្ជិល នូវការ​រួញរា មិនគប្បី​នៅរួមដោយ​សេចក្តី​ប្រហែស មិនគប្បី​តាំងនៅ​ក្នុងការ​មើលងាយ​ឡើយ។

[១២៤] អធិប្បាយពាក្យថា គប្បីគ្របសង្កត់នូវការដេកលក់ នូវការខ្ជិល នូវការ​រួញរា ត្រង់ពាក្យថា ការដេកលក់ បានខាងភាព​នៃកាយ​ឈឺចាប់ ភាពនៃ​កាយមិន​គួរដល់​ការងារ ការទន់ទោរចុះ ការងោកងក់ ការងុយ​ស្រឡេត​ខាងក្នុង​សន្តាន ការងុយងក់ ការលក់ ការញ័រ​ត្របកភ្នែក អាការ​ជាទីលក់ ភាពនៃ​ចិត្តលក់​ស៊ប់។ ពាក្យថា ការខ្ជិល បានដល់ សេចក្តីខ្ជិល អាការកំជិល ភាពនៃ​ចិត្តខ្ជិល សេចក្តី​ច្រអូស អាការ​ច្រអូស ភាពនៃ​ចិត្ត​ច្រអូស។ ពាក្យថា ការរួញរា បានខាង ភាពនៃ​ចិត្តឈឺចាប់ ភាពនៃ​ចិត្តមិន​គួរដល់​ការងារ អាការ​ជាទី​ធុញថប់ ការរួញថយ ការកៀច​ក្រាញ អាការ​ជាទី​កៀចក្រាញ ភាពនៃចិត្ត​កៀចក្រាញ ការរួញ អាការ​ជាទីរួញ ភាពនៃ​ចិត្តរួញ។ ពាក្យថា គប្បី​គ្រប​សង្កត់​នូវការ​ដេកលក់ នូវ​ការខ្ជិល នូវការ​រួញរា បាន​សេចក្តីថា គប្បី​សង្កត់ គប្បីគ្រប​សង្កត់ គប្បីបង្គ្រប គប្បី​សង្កត់សង្កិន គប្បី​រួបរឹត គប្បីញំាញី នូវការ​ដេកលក់ ១ ការខ្ជិល ១ ការរួញរា ១ ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​គ្របសង្កត់​នូវការ​ដេកលក់ នូវការខ្ជិល និង​ការ​រួញរា។

[១២៥] អធិប្បាយពាក្យថា មិនគប្បីនៅរួមដោយ​សេចក្តី​ប្រហែស ឯសេចក្តី​ប្រហែស ខ្ញុំត្រូវ​ពោលដូច​តទៅ​នេះ។ ការបណ្តោយ​ចិត្ត ការឲ្យ​កម្លាំង​ដល់ការ​បណ្តោយ​ចិត្តទៅ​ក្នុង​កាយទុច្ចរិត​ក្តី ក្នុង​វចីទុច្ចរិត​ក្តី ក្នុង​មនោទុច្ចរិត​ក្តី ក្នុង​កាមគុណ ៥ ក្តី ឬការ​ធ្វើដោយ​មិន​គោរព ការធ្វើ​មិនឲ្យរឿយ ៗ ការធ្វើ​មិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិ​ទំរន់ ការដាក់​ចោលនូវ​សេចក្តី​ប្រាថ្នា ការដាក់​ចោល​នូវធុរៈ ការមិន​សេព ការ​មិនចំរើន ការ​ធ្វើមិនឲ្យ​ច្រើន ការមិន​តាំងទុក ការមិន​ប្រកប​រឿយ ៗ ការធ្វេស​ក្នុងការ​ចំរើននូវ​កុសលធម៌ ការប្រហែស អាការ​ជាទីធ្វេស ភាពនៃ​ចិត្តធ្វេស​ណា មាន​សភាពយ៉ាង​នេះ នេះលោក​ហៅថា សេចក្តី​ប្រហែស។ ពាក្យថា មិនគប្បី​នៅរួម​ដោយសេចក្តី​ប្រហែស បានសេចក្តីថា មិនគប្បី​នៅរួម មិនគប្បី​នៅ​អាស្រ័យ មិនគប្បី​នៅជិត ដោយ​ការប្រហែស គប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើមិនឲ្យ​កើតមាន​នូវការ​ប្រហែស គឺ​គប្បីជា​បុគ្គល​ចៀសវាង គេចចេញ វៀរស្រឡះ រត់ចេញ រលាស់ចេញ រួចចេញ ប្រាស​ចេញ ចាកការ​ប្រហែស គប្បី​ជាអ្នក​មានចិត្ត​ប្រាសចាក​សេចក្តី​សល់វល់ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​នៅរួម​ដោយសេចក្តី​ប្រហែស។

[១២៦] អធិប្បាយពាក្យថា មិនគប្បីតាំងនៅ ក្នុងការ​មើលងាយ ត្រង់ពាក្យថា ការមើលងាយ សេចក្តីថា បុគ្គល​ខ្លះក្នុង​លោកនេះ រមែងមើល​ងាយអ្នក​ឯទៀត ដោយ​ជាតិក្តី ដោយ​គោត្រក្តី។បេ។ ដោយ​វត្ថុដ៏វិសេស​ណាមួយក្តី។ សេចក្តី​ប្រកាន់ អាការ​ប្រកាន់ ភាពនៃ​ចិត្តប្រកាន់ ការឆ្មើងឆ្មៃ អាការ​ឆ្មើងឆ្មៃ ចិត្តដូច​ទង់ជ័យ ការប្រកាន់​ខ្លាំង ភាពនៃ​ចិត្តប្រាថ្នា ដូចទង់​ណា មានសភាព​យ៉ាងនេះ នេះលោក​ហៅថា ការមើលងាយ។ ពាក្យថា មិនគប្បី​តាំងនៅក្នុង​ការមើល​ងាយ គឺមិន​គប្បីឋិត​នៅ មិនគប្បី​តាំងនៅ​ក្នុងការ​មើលងាយ បាន​សេចក្តីថា គប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើត​មាននូវ​ការមើលងាយ គឺគួរ​ចៀសវាង គេចចេញ វៀរស្រឡះ រត់ចេញ រលាស់ចេញ រួច​ចេញ ប្រាសចេញ ចាកការ​មើលងាយ គប្បីជា​អ្នកមាន​ចិត្តប្រាសចាក​សេចក្តី​សល់វល់ ហេតុ​នោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​តាំងនៅ​ក្នុងការ​មើលងាយ។

[១២៧] ពាក្យថា ជនមានចិត្តស្លុងទៅកាន់ព្រះនិព្វាន អធិប្បាយថា បុគ្គលខ្លះ​ក្នុង​លោកនេះ កាលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម តំកល់​ទុកទឹក​ដែលបុគ្គល​គប្បីផឹក និង​ភោជន​ដែលបុគ្គល​គប្បី​បរិភោគ បោសច្រាស​ទីបរិវេណ ថ្វាយបង្គំ​ព្រះចេតិយ រៀបចំ​គ្រឿង​ក្រអូប និងកម្រងផ្កា​ថ្វាយព្រះចេតិយ ធ្វើប្រទក្សិណ​ព្រះចេតិយ កសាង​អភិសង្ខារ​ជាកុសល​ណាមួយ ដែល​ប្រព្រឹត្តទៅ​ក្នុងត្រៃធាតុ មិនមែន​ព្រោះ​ហេតុ​គតិ មិនមែន​ព្រោះហេតុ​ការកើត មិនមែន​ព្រោះហេតុ​បដិសន្ធិ មិនមែន​ព្រោះហេតុ​ភព មិនមែន​ព្រោះហេតុ​សំសារ មិនមែន​ព្រោះហេតុ​វដ្តៈទេ រមែង​ជាអ្នក​មានបំណង​ដើម្បី​ប្រាសចាក​យោគៈ ជាអ្នក​ឱនទៅ​កាន់ព្រះនិព្វាន ឈមទៅ​កាន់​ព្រះនិព្វាន ទោរទន់​ទៅ​កាន់​ព្រះនិព្វាន កសាង​កុសល​ទាំងអស់​នោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនមាន​ចិត្តស្លុងទៅ​កាន់ព្រះនិព្វាន យ៉ាង​នេះខ្លះ។ មួយទៀត បុគ្គល​ញុំាងចិត្ត​ឲ្យងាក​ចេញចាក​សង្ខារធាតុ​ទាំងពួង ហើយ​ប្រមូលចិត្ត ដើម្បី​អមតធាតុ (ព្រះនិព្វាន) ថា គុណជាត​នុ៎ះស្ងប់ គុណជាត​នុ៎ះប្រសើរ គឺការ​រម្ងាប់​សង្ខារទាំងពួង ការរលាស់​ចេញ​នូវឧបធិ​ទាំងពួង ការអស់​តណ្ហា ការប្រាស​ចាករាគៈ ការរលត់ និព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ជនមាន​ចិត្តស្លុង​ទៅ​កាន់ព្រះនិព្វាន​ យ៉ាងនេះ​ខ្លះ។

បណ្ឌិតទាំងឡាយ ឲ្យទានមិនមែនព្រោះហេតុសុខ​នៃឧបធិ​ដើម្បី​ភពថ្មីទេ បណ្ឌិត​ទាំងនោះ ឲ្យទាន​ដើម្បីការ​អស់ឧបធិ មិនដើម្បី​ភពថ្មី​ដោយពិត។ បណ្ឌិតទាំងឡាយ ចំរើនឈាន មិនមែន​ព្រោះហេតុ​សុខនៃឧបធិ​ដើម្បី​ភពថ្មីទេ បណ្ឌិត​ទាំងនោះ ចំរើន​ឈាន ដើម្បីការ​អស់​ឧបធិ មិនដើម្បី​ភពថ្មី​ដោយពិត។ បណ្ឌិទាំងនោះ មានចិត្ត​ត្រេកអរ​ស៊ប់ចំពោះ​ការរលត់​ទុក្ខ ទើបឲ្យទាន មានចិត្ត​ទន់ទោរ​ទៅកាន់​ព្រះនិព្វាន​នោះ មានចិត្ត​ចុះស៊ប់​ទៅកាន់​ព្រះនិព្វាននោះ បណ្ឌិត​ទាំងនោះ មាន​ព្រះនិព្វាន​ជាទី​ប្រព្រឹត្តទៅ​ខាងមុខ ដូចស្ទឹង​ទាំងឡាយ ដែលហូរ​ទៅកាន់​ទីកណ្តាល​នៃ​សាគរ។

ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនមានចិត្តស្លុងទៅ​កាន់ព្រះនិព្វាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ជនមានចិត្តស្លុងទៅ​កាន់ព្រះនិព្វាន គប្បីគ្រប​សង្កត់​នូវការ​ដេកលក់ នូវការខ្ជិល នូវការ​រួញរា មិនគប្បី​នៅរួម​ដោយសេចក្តី​ប្រហែស មិនគប្បី​តាំងនៅ​ក្នុងការ​មើលងាយ​ឡើយ។

[១២៨] បុគ្គលគប្បីគេចចេញចាកពាក្យកុហក មិនគប្បីធ្វើ​សេចក្តី​ស្នេហា​ក្នុងរូប គប្បី​ស្គាល់មានះ ទាំងគប្បី​ប្រព្រឹត្ត​វៀរស្រឡះ​ចាក​សាហសាចរិយា [ការប្រព្រឹត្តិ​សាហ័ស គឺការ​ប្រព្រឹត្តិ​រហ័ស ដោយកម្លាំង​រាគៈ ទោសៈ មោហៈ ជាដើម ហៅថា សាហសាចរិយា។]។

[១២៩] ពាក្យថា គប្បីគេចចេញចាកពាក្យកុហក អធិប្បាយថា មុសាវាទ លោក​ហៅថា ពាក្យកុហក។ បុគ្គលខ្លះ​ក្នុងលោក​នេះ នៅក្នុង​ទីប្រជុំក្តី នៅក្នុង​បរិស័ទក្តី នៅ​ក្នុងកណ្តាល​ញាតិក្តី នៅក្នុង​កណ្តាល​ពួកក្តី នៅក្នុង​កណ្តាល​រាជត្រកូល​ក្តី ដែលគេ​នាំ​យកទៅ​សួរជា​សាក្សីថា នែបុរស​ដ៏ចំរើន អ្នកចូរមក អ្នកដឹង​ហេតុណា ចូរអ្នក​ប្រាប់​ហេតុនោះ បុគ្គលនោះ​មិនដឹង និយាយថា ខ្ញុំដឹងក្តី ដឹង និយាយថា ខ្ញុំមិន​ដឹងក្តី មិនឃើញ និយាយថា ខ្ញុំឃើញក្តី ឃើញ និយាយថា ខ្ញុំមិន​ឃើញក្តី ជាអ្នកពោល​វាចាកុហក​ទាំង​ដឹងខ្លួន ព្រោះហេតុ​ខ្លួនខ្លះ ព្រោះហេតុ​បុគ្គល​ដទៃខ្លះ ព្រោះហេតុ​អាមិសៈ​បន្តិចបន្តួច​ខ្លះ នេះ​ហៅថា ពាក្យកុហក។ មួយទៀត មុសាវាទ ដោយ​អាការ​បី ដោយអាការៈ​បួន ប្រាំ ប្រាំមួយ ប្រាំពីរ ប្រាំបី។បេ។ នេះ មុសាវាទ ដោយអាការៈ​ប្រាំបី។ ពាក្យថា គប្បីគេច​ចេញ​ចាកពាក្យ​កុហក បាន​សេចក្តីថា មិនគប្បី​បណ្តោយ មិនគប្បី​បន្សាត់ មិនគប្បី​បង្ហើរ ដោយ​ពាក្យ​កុហក គឺគប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតមាន នូវពាក្យ​កុហក គប្បីជា​អ្នកចៀសវាង គេចចេញ វៀរស្រឡះ រត់ចេញ រលាស់ចេញ រួចចេញ ប្រាសចេញ ចាកពាក្យ​កុហក ជាអ្នក​មានចិត្ត​ប្រាសចាក​សេចក្តី​សល់វល់ ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​គេចចេញ​ចាកពាក្យ​កុហក។

[១៣០] ពាក្យថា មិនគប្បីធ្វើសេចក្តីស្នេហាក្នុងរូប ត្រង់ពាក្យថា រូប បានដល់ មហាភូតរូប ៤ និងឧបាទាយរូប​របស់​មហាភូតរូប ៤។ ពាក្យថា មិនគប្បី​ធ្វើសេចក្តី​ស្នេហា​ក្នុង​រូប គឺមិន​គប្បីធ្វើ​ស្នេហា មិនគប្បីធ្វើ​សេចក្តី​ពេញចិត្ត មិនគប្បី​ធ្វើសេចក្តី​ស្រឡាញ់ មិន​គប្បីធ្វើ មិនគប្បី​ឲ្យកើត មិនគប្បី​ឲ្យដុះដាល មិនគប្បី​ឲ្យលូតលាស់ មិនគប្បី​ឲ្យកើត​ឡើងនូវ​តម្រេក​ក្នុងរូប ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បី​ធ្វើសេចក្តី​ស្នេហាក្នុង​រូប។

[១៣១] អធិប្បាយពាក្យថា គប្បីស្គាល់មានះ ត្រង់ពាក្យថា មានះ សេចក្តីថា មានះ​ដោយ​ចំណែក ១ បានដល់ ការក្រអឺត​ក្រអោង​នៃចិត្ត។ មានះ​ដោយ​ចំណែក ២ គឺ មានះ​ដោយការ​លើកខ្លួន​ឯង ១ មានះ​ដោយការ​បង្អាប់អ្នក​ដទៃ ១។ មានះ​ដោយ​ចំណែក ៣​ គឺ មានះ​ថា អញជា​បុគ្គល​ប្រសើរ ១ មានះ​ថា អញជា​បុគ្គលស្មើ ១ មានះថា អញជា​បុគ្គល​ថោកទាប ១។ មានះ​ដោយ​ចំណែក ៤ គឺ បុគ្គល​ញុំាងមានះ​ឲ្យកើត​ព្រោះលាភ ១ ញុំាង​មានះឲ្យ​កើត​ព្រោះយស ១ ញុំាង​មានះឲ្យ​កើត​ព្រោះសេចក្តី​សរសើរ ១ ញុំាង​មានះឲ្យ​កើត​ព្រោះសុខ ១។ មានះ​ដោយ​ចំណែក ៥ គឺ បុគ្គល​ញុំាងមានះ​ឲ្យកើតថា អញបានរូប​ជាទី​ពេញចិត្ត ញុំាងមានះ​ឲ្យកើតថា អញបាន​សំឡេង ក្លិន រស ផ្សព្វជាទី​ពេញចិត្ត។ មានះ​ដោយ​ចំណែក ៦ គឺ បុគ្គលញុំាង​មានះឲ្យកើត​ព្រោះ​ចក្ខុសម្ប័ទ ញុំាងមានះ​ឲ្យកើត​ព្រោះ​សោតសម្ប័ទ ឃានសម្ប័ទ ជិវ្ហាសម្ប័ទ កាយសម្ប័ទ មនោសម្ប័ទ។ មានះ​ដោយ​ចំណែក ៧ គឺ មានះ អតិមានះ មានាតិមានះ ឱមានះ អធិមានះ អស្មិមានះ មិច្ឆាមានះ។ មានះ​ដោយ​ចំណែក ៨ គឺបុគ្គល​ញុំាងមានះ​ឲ្យកើត​ព្រោះលាភ ញុំាងឱមានះឲ្យ​កើត​ព្រោះ​អលាភ ញុំាង​មានះឲ្យកើត​ព្រោះយស ញុំាងឱមានះ​ឲ្យកើត​ព្រោះអយស ញុំាងមានះ​ឲ្យកើត​ព្រោះបសំសា ញុំាងឱមានះ​ឲ្យកើត​ព្រោះនិន្ទា ញុំាងមានះ​ឲ្យកើត​ព្រោះសុខ ញុំាងឱមានះ​ឲ្យកើត​ព្រោះទុក្ខ។ មានះ​ដោយ​ចំណែក ៩ គឺ មានះថា អញ​ប្រសើរ​ជាងបុគ្គល​ប្រសើរ មានះថា អញស្មើ​នឹងបុគ្គល​ប្រសើរ មានះថា អញថោក​ទាបជាង​បុគ្គល​ប្រសើរ មានះថា អញប្រសើរ​ជាងបុគ្គល​អ្នកស្មើ មានះថា អញស្មើ​នឹងបុគ្គល​អ្នកស្មើ មានះថា អញ​ថោកទាប​ជាងបុគ្គល​អ្នកស្មើ មានះថា អញប្រសើរ​ជាងបុគ្គល​អ្នកថោកទាប មានះថា អញស្មើ​នឹងបុគ្គល​អ្នក​ថោកទាប មានះថា អញ​ថោកទាប​ជាងបុគ្គល​អ្នក​ថោកទាប។ មានះ​ដោយ​ចំណែក ១០ គឺ បុគ្គល​ពួកខ្លះ​ក្នុងលោកនេះ ញុំាងមានះ​ឲ្យកើត​ដោយជាតិក្តី គោត្រក្តី។បេ។ ដោយវត្ថុ​ណាមួយក្តី សេចក្តី​ប្រកាន់ អាការ​ជាទីប្រកាន់ ភាពនៃ​ចិត្តប្រកាន់ ការឆ្មើងឆ្មៃ អាការ​ឆ្មើងឆ្មៃ ចិត្តដូច​ទង់ ការប្រកាន់​ខ្លាំង ភាពនៃចិត្ត​ប្រាថ្នា​ដូចទង់​ឯណា មានសភាព​យ៉ាងនេះ នេះ​លោកហៅថា មានះ។

ពាក្យថា គប្បីស្គាល់មានះ គឺគប្បីស្គាល់មានះ ដោយបរិញ្ញា ៣ គឺ ញាតបរិញ្ញា ១ តិរណបរិញ្ញា ១ បហានបរិញ្ញា ១។ ញាតបរិញ្ញា តើដូចម្តេច។ បុគ្គល​ស្គាល់​មានះថា មានះ​នេះដោយ​ចំណែក ១ គឺ ការឆ្មើងឆ្មៃ​នៃចិត្ត មានះ​នេះដោយ​ចំណែក ២ គឺ មានះ​ដោយការ​លើកខ្លួន​ឯង មានះ​ដោយការ​បន្តុះបង្អាប់​អ្នកដទៃ។បេ។ មានះ​នេះដោយ​ចំណែក ១០ គឺ បុគ្គល​ខ្លះក្នុង​លោកនេះ ញុំាង​មានះឲ្យ​កើត​ដោយជាតិក្តី គោត្រក្តី។បេ។ ដោយ​វត្ថុណា​មួយក្តី បុគ្គលដឹង ឃើញដូច្នេះ នេះ ញាតបរិញ្ញា។ តិរណបរិញ្ញា តើដូចម្តេច។ បុគ្គលដឹង​យ៉ាងនេះ​ហើយ ពិចារណា​នូវមានះ ដោយ​សេចក្តី​ថា មិនទៀង ជាទុក្ខ។បេ។ ពិចារណានូវ​មានះ ដោយ​សេចក្តីថា មិនជាទី​រលាស់ចេញ នេះ តិរណបរិញ្ញា។ បហានបរិញ្ញា តើដូចម្តេច។ បុគ្គល​ពិចារណា​យ៉ាងនេះហើយ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើត​មាន​នូវមានះ នេះ បហានបរិញ្ញា។ ពាក្យថា គប្បីស្គាល់​មានះ គឺ គប្បីស្គាល់​មានះ​ដោយបរិញ្ញា ៣ នេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីស្គាល់​មានះ។

[១៣២] ពាក្យថា ទាំងគប្បីប្រព្រឹត្តវៀរស្រឡះចាក​សាហសាចរិយា សំនួរថា សាហសាចរិយា តើដូចម្តេច។ ការប្រព្រឹត្តិ​ដោយតម្រេក​របស់​បុគ្គល​ដែល​ត្រេកអរ ឈ្មោះ​ថា សាហសាចរិយា ការប្រព្រឹត្តិ​ដោយកំហឹង​របស់បុគ្គល​ដែលខឹង ឈ្មោះថា សាហសា​ចរិយា ការប្រព្រឹត្តិ​ដោយល្ងង់ខ្លៅ របស់​បុគ្គល​ដែលល្ងង់ ឈ្មោះថា សាហសាចរិយា ការ​ប្រព្រឹត្តិ​​ដោយមានះ របស់​បុគ្គលដែល​ប្រកាន់មាំ ឈ្មោះថា សាហសាចរិយា ការប្រព្រឹត្តិ​ដោយ​ទិដ្ឋិ របស់បុគ្គល​ដែលស្ទាប​អង្អែល ឈ្មោះថា សាហសាចរិយា ការប្រព្រឹត្តិ​ដោយ​ឧទ្ធច្ចៈ របស់​បុគ្គល​ដែលដល់​នូវសេចក្តី​រាយមាយ ឈ្មោះថា សាហសាចរិយា ការប្រព្រឹត្តិ​ដោយ​វិចិកិច្ឆា របស់​បុគ្គលអ្នក​ដល់នូវ​សេចក្តីមិន​ដាច់ស្រេច ឈ្មោះថា សាហសាចរិយា ការប្រព្រឹត្តិ​ដោយ​អនុស័យ របស់​បុគ្គលដែល​ដល់នូវ​កំឡាំង ឈ្មោះថា សាហសាចរិយា នេះ សាហសាចរិយា។ ពាក្យថា​ គប្បីប្រព្រឹត្ត​វៀរស្រឡះ ចាក​សាហសាចរិយា គឺ គប្បី​ចៀសវាង គេចចេញ វៀរចេញ រត់ចេញ រលាស់ចេញ រួចចេញ ប្រាសចេញ ចាក​សាហសាចរិយា គប្បីនៅ ត្រាច់ទៅ ទៅ សម្រេច​ឥរិយាបថ ប្រព្រឹត្ត រក្សា យាត្រា យាត្រាទៅ ដោយចិត្ត​ប្រាសចាក​សេចក្តី​សល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បី​ប្រព្រឹត្ត​វៀរស្រឡះ ចាក​សាហសាចរិយា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

បុគ្គលគប្បីគេចចេញចាកពាក្យកុហក មិនគប្បីធ្វើ​សេចក្តី​ស្នេហា​ក្នុងរូប គប្បីស្គាល់​មានះ ទាំងគប្បី​ប្រព្រឹត្ត​វៀរស្រឡះ ចាក​សាហសាចរិយា។

[១៣៣] បុគ្គលមិនគប្បីត្រេកអរចំពោះបុរាណក្ខន្ធ (ខន្ធចាស់) មិនគប្បី​ធ្វើសេចក្តី​ពេញចិត្ត​ក្នុង​នវក្ខន្ធ (ខន្ធថ្មី) មិនគប្បី​សោកស្តាយ ចំពោះ​វត្ថុកាល​វិនាស មិនគប្បី​ជាអ្នក​អាស្រ័យ​សភាវៈ​ជាគ្រឿង​ទាញមក។

[១៣៤] ពាក្យថា មិនគប្បីត្រេកអរចំពោះបុរាណក្ខន្ធ សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាអតីត លោកហៅថា បុរាណក្ខន្ធ។ បុគ្គលមិន​គប្បីត្រេកអរ មិនគប្បី​សរសើរ មិនគប្បី​ជ្រុលជ្រប់ គឺគប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើតមាន នូវការ​ត្រេកអរ ការសរសើរ ការជ្រុលជ្រប់ ការប្រកាន់ ការស្ទាប​អង្អែល ការជាប់​ចំពាក់​ចំពោះ​សង្ខារ​ជាអតីត ដោយ​អំណាច​តណ្ហា ដោយ​អំណាច​ទិដ្ឋិ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​ត្រេកអរ​ចំពោះ​បុរាណក្ខន្ធ។

[១៣៥] ពាក្យថា មិនគប្បីធ្វើសេចក្តីពេញចិត្ត​ក្នុងនវក្ខន្ធ សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាបច្ចុប្បន្ន លោកហៅថា នវក្ខន្ធ។ បុគ្គល​មិនគប្បី​ធ្វើសេចក្តី​ពេញចិត្ត មិនគប្បី​ធ្វើសេចក្តី​ប្រាថ្នា មិនគប្បី​ធ្វើសេចក្តី​ស្រឡាញ់ គឺមិន​គប្បីធ្វើ មិនគប្បី​ឲ្យកើត មិនគប្បី​ឲ្យលូតលាស់ មិនគប្បី​ដុះដាល មិនគប្បី​ឲ្យកើត​នូវតម្រេក​ចំពោះ​សង្ខារ​ជាបច្ចុប្បន្ន ដោយ​អំណាច​តណ្ហា ដោយអំណាច​ទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បី​ធ្វើសេចក្តី​ពេញចិត្ត​ក្នុង​នវក្ខន្ធ។

[១៣៦] ពាក្យថា មិនគប្បីសោកស្តាយ ចំពោះវត្ថុកាល​វិនាស គឺ​មិនគប្បី​សោក​ស្តាយ មិនគប្បី​លំបាក មិនគប្បី​ស្ទាបអង្អែល មិនគប្បី​ខ្សឹកខ្សួល មិនគប្បី​គក់ទ្រូង មិន​គប្បីដល់​នូវសេចក្តី​វង្វេង ចំពោះ​វត្ថុកាល​វិនាស ខូចខាត សាបសូន្យ បាត់បង់ ព្រាត់​ប្រាស អន្តរធាន គឺមិន​គប្បី​សោកស្តាយ មិនគប្បី​លំបាក មិនគប្បី​ស្ទាបអង្អែល មិនគប្បី​ខ្សឹកខ្សួល មិនគប្បី​គក់ទ្រូង មិនគប្បី​ដល់នូវ​សេចក្តី​វង្វេង ចំពោះចក្ខុ​កាលវិនាស ខូចខាត សាបសូន្យ បាត់បង់ ព្រាត់ប្រាស អន្តរធាន ចំពោះ​សោតៈ ឃានៈ ជិវ្ហា កាយ រូប សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ ត្រកូល គណៈ អាវាស លាភ យស បសំសា សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាលវិនាស ខូចខាត សាបសូន្យ បាត់បង់ ព្រាត់ប្រាស អន្តរធាន ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​សោកស្តាយ​ចំពោះ​វត្ថុកាល​វិនាស។

[១៣៧] ពាក្យថា មិនគប្បីជាអ្នកអាស្រ័យសភាវៈជា​គ្រឿងទាញ​មក អធិប្បាយថា តណ្ហា លោកហៅថា សភាវៈ​ជាគ្រឿង​ទាញមក បានដល់ រាគៈ រាគៈ​មានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា លោកហៅថា សភាវៈ​ជាគ្រឿង​ទាញមក តើ​ដូចម្តេច។ បុគ្គល​តែងទាញមក ប្រមូលមក កាន់យក ស្ទាបអង្អែល ជាប់ចំពាក់ ចំពោះ​រូប បុគ្គល​តែងទាញ​មក ប្រមូលមក កាន់យក ស្ទាបអង្អែល ជាប់​ចំពាក់​ចំពោះវេទនា សញ្ញា សង្ខារ វិញ្ញាណ គតិ ឧបបត្តិ បដិសន្ធិ ភព សំសារ វដ្តៈ ដោយ​តណ្ហាណា ព្រោះ​ហេតុនោះ តណ្ហានោះ លោកហៅថា ជាគ្រឿង​ទាញមក។ ពាក្យថា មិនគប្បី​ជាអ្នក​អាស្រ័យ​សភាវៈ​ជាគ្រឿង​ទាញមក គឺមិន​គប្បីជា​អ្នកអាស្រ័យ​នូវតណ្ហា គឺគប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើត​មាននូវ​តណ្ហា បុគ្គល​គប្បីចៀសវាង គេចចេញ វៀរស្រឡះ រត់ចេញ រលាស់ចេញ រួចចេញ ប្រាសចេញ ចាកតណ្ហា ជាអ្នក​មានចិត្ត​ប្រាសចាក​សេចក្តី​សល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បី​អាស្រ័យ​សភាវៈ​ជាគ្រឿង​ទាញមក។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលមិនគប្បីត្រេកអរចំពោះបុរាណក្ខន្ធ (ខន្ធចាស់) មិនគប្បី​ធ្វើសេចក្តី​ពេញចិត្ត​ក្នុង​នវក្ខន្ធ (ខន្ធថ្មី) មិនគប្បី​សោកស្តាយ ចំពោះ​វត្ថុកាល​វិនាស មិនគប្បី​អាស្រ័យ​សភាវៈ​ជាគ្រឿង​ទាញមក។

[១៣៨] តថាគតពោលថា សេចក្តីប្រាថ្នា ជាអន្លង់ធំ ពោលថា តណ្ហា ជាអាចម ជាបំណង ជាអារម្មណ៍ ជាគ្រឿង​ញាប់ញ័រ ថា កាមជាភក់ ដែលសត្វ​កន្លង​បាន​ដោយ​​ក្រ។

[១៣៩] ពាក្យថា តថាគតពោលថា សេចក្តីប្រាថ្នា ជាអន្លង់ធំ សេចក្តីថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់រាគៈ រាគៈមាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា លោកហៅថា អន្លង់ធំ បានខាងរាគៈ រាគៈមាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា តថាគត​ពោលថា សេចក្តី​ប្រាថ្នា​ជាអន្លង់ធំ បាន​សេចក្តីថា តថាគត​ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវសេចក្តី​ប្រាថ្នា ថាជា​អន្លង់ធំ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត​ពោលថា សេចក្តី​ប្រាថ្នា ជាអន្លង់ធំ។

[១៤០] ពាក្យថា តថាគតពោលថា តណ្ហាជាអាចម ជាបំណង សេចក្តីថា តណ្ហា លោកហៅ​ថា អាចម បានដល់​រាគៈ រាគៈមាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា លោកហៅថា បំណង បានដល់រាគៈ រាគៈមាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា តថាគត​ពោលថា តណ្ហា​ជាអាចម ជាបំណង បាន​សេចក្តីថា តថាគត​ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវតណ្ហាថា ​ដូចជា​អាចម ថាជាបំណង ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត​ពោលថា តណ្ហា​ជាអាចម ​ជាបំណង។

[១៤១] ពាក្យថា ជាអារម្មណ៍ ជាគ្រឿងញាប់ញ័រ សេចក្តីថា តណ្ហា លោកហៅថា អារម្មណ៍ បានដល់ រាគៈ រាគៈមាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា លោក​ហៅថា គ្រឿង​ញាប់ញ័រ បានដល់ រាគៈ រាគៈមាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអារម្មណ៍ ជាគ្រឿង​ញាប់ញ័រ។

[១៤២] ពាក្យថា កាមជាភក់ ដែលសត្វកន្លងបាន​ដោយក្រ សេចក្តីថា កាមដូចជា​ភក់ កាមដូច​ជាល្បាប់ សេចក្តី​សៅហ្មង​គឺកាម គ្រឿងស្អិត​គឺកាម សេចក្តី​កង្វល់​គឺកាម ដែលសត្វ​ឆ្លងបាន​ដោយក្រ កន្លង​បាន​ដោយក្រ រម្លង​បានដោយ​ក្រ ឆ្លងឡើង​បាន​ដោយក្រ ឈានកន្លង​បានដោយក្រ ប្រព្រឹត្ត​កន្លងបាន​ដោយក្រ ហេតុនោះ (ទ្រង់​ត្រាស់ថា) កាមជាភក់ ដែល​សត្វកន្លង​បានដោយ​ក្រ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

តថាគតពោលថា សេចក្តីប្រាថ្នាជាអន្លង់ធំ ពោលថា តណ្ហា ជាអាចម ជាបំណង ជា​អារម្មណ៍ ជាគ្រឿង​ញាប់ញ័រ ថា កាមជាភក់ ដែលសត្វ​កន្លងបាន​ដោយក្រ។

[១៤៣] មុនិ មិនឃ្លាតចាកសច្ចៈ ជាព្រាហ្មណ៍ ឋិតនៅលើ​ទីទួល មុនិនោះ លះបង់​វត្ថុទាំង​ពួង មុនិនោះឯង តថាគត​ហៅថា អ្នកស្ងប់។

[១៤៤] ពាក្យថា មុនិ មិនឃ្លាតចាកសច្ចៈ គឺ មិនឃ្លាតចាក​សច្ចវាចា មិនឃ្លាត​ចាក​សម្មាទិដ្ឋិ មិនឃ្លាត​ចាក​អដ្ឋង្គិកមគ្គ​ដ៏ប្រសើរ។ ពាក្យថា មុនិ សេចក្តីថា​ ញាណ លោក​ហៅថា មោនៈ បានខាង​ប្រាជ្ញា ការដឹងច្បាស់។បេ។ មុនិនោះ កន្លង​នូវបណ្តាញ​ជាគ្រឿង​ចំពាក់ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ មិនឃ្លាត​ចាកសច្ចៈ។

[១៤៥] ពាក្យថា ជាព្រាហ្មណ៍ ឋិតនៅលើទីទួល សេចក្តីថា អមតនិព្វាន លោក​ហៅថា ទីទួល បានខាង ការរម្ងាប់​សង្ខារទាំងពួង ការលះបង់​ឧបធិ​ទាំងពួង ការអស់​តណ្ហា ការប្រាស​ចាកតម្រេក ការរលត់ និព្វាន។ ពាក្យថា ព្រាហ្មណ៍ គឺ ឈ្មោះថា ព្រាហ្មណ៍ ព្រោះលះ​ធម៌ ៧។បេ។ ជាអ្នក​មិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) ប្រកប​ដោយ​តាទិគុណ បុគ្គលនោះ លោកហៅថា ព្រាហ្មណ៍។ ពាក្យថា ជាព្រាហ្មណ៍ ឋិតនៅ​លើទីទួល បាន​សេចក្តីថា ព្រាហ្មណ៍​ឋិតនៅ​លើទីទួល គឺឋិត​នៅលើ​កោះ ឋិតនៅ​លើទី​ពំនាក់ ឋិតនៅ​លើទីពួន ឋិតនៅ​លើទីពឹង ឋិតនៅ​លើទីមិន​មានភ័យ ឋិតនៅ​លើទីមិន​ច្យុត ឋិតនៅ​លើទី​មិនស្លាប់ ឋិតនៅ​លើទីមិន​មានវានៈ (ព្រះនិព្វាន) ហេតុនោះ (ទ្រង់​ត្រាស់ថា) ជា​ព្រាហ្មណ៍ ឋិតនៅ​លើទីទួល។

[១៤៦] ពាក្យថា មុនិនោះ លះបង់វត្ថុទាំងពួង អធិប្បាយថា វត្ថុទាំងពួង លោក​ពោល​សំដៅ​អាយតនៈ ១២ គឺចក្ខុ ១ រូប ១។បេ។ ចិត្ត ១ ធម៌ ១។ ឆន្ទរាគៈ​ក្នុងអាយតនៈ​ទាំងឡាយ ទាំងខាងក្នុង និងខាងក្រៅ មុនិនោះ បានលះបង់ ផ្តាច់បង់​ឫសគល់ ធ្វើមិនឲ្យ​មានទី​កើត ដូចជា​ទីកើត​នៃដើមត្នោត ដល់នូវ​ភាវៈ​មិនមាន មិនឲ្យ​មានការ​កើតជា​ធម្មតា​តទៅ ក្នុងកាលណា វត្ថុទាំងពួង ឈ្មោះថា មុនិនោះ បានលះចោល ខ្ជាក់ចេញ រួចស្រឡះ លះបង់ រលាស់ចោល ដោយហេតុ​មានប្រមាណ​ប៉ុណ្ណេះ​ ក្នុងកាលនោះ។ តណ្ហា ១ ទិដ្ឋិ ១ មានះ ១ មុនិនោះ​បានលះបង់ ផ្តាច់បង់​ឫសគល់ ធ្វើមិនឲ្យ​មានទីកើត​ដូចជាទី​កើតនៃ​ដើមត្នោត ដល់នូវភាវៈ​មិនមាន មិនឲ្យ​មានការ​កើតជា​ធម្មតា​តទៅ ក្នុងកាល​ណា វត្ថុ​ទាំងពួង ឈ្មោះថា មុនិនោះ​លះចោល ខ្ជាក់ចេញ រួចស្រឡះ លះបង់ រលាស់ចោល ដោយហេតុ​មានប្រមាណ​ប៉ុណ្ណេះ ក្នុងកាល​នោះ។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និង​អនេញ្ជាភិសង្ខារ មុនិនោះ​បានលះបង់ ផ្តាច់បង់​ឫសគល់ ធ្វើមិនឲ្យ​មានទីកើត ដូចជាទី​កើតនៃ​ដើមត្នោត ដល់នូវ​ភាវៈ​មិនមាន មិនឲ្យ​មានការ​កើតជា​ធម្មតា​តទៅ ក្នុងកាល​ណា វត្ថុទាំង​ពួង ឈ្មោះថា មុនិនោះ​បាន​លះចោល ខ្ជាក់ចេញ រួចស្រឡះ លះបង់ រលាស់​ចោល ដោយហេតុ​មានប្រមាណ​ប៉ុណ្ណេះ ក្នុងកាល​នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) មុនិ​នោះ លះបង់​វត្ថុទាំង​ពួង។

[១៤៧] ពាក្យថា មុនិនោះឯង តថាគតហៅថា អ្នកស្ងប់ គឺមុនិនោះ តថាគតពោល សំដែង និយាយ បំភ្លឺ បញ្ចេញ ថាជាអ្នកស្ងប់ រម្ងាប់ ស្ងប់រម្ងាប់ រលត់ សះស្បើយ ហេតុ​នោះ (ទ្រង់ត្រាស់ថា) មុនិនោះ តថាគតហៅថា អ្នកស្ងប់។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

មុនិ មិនឃ្លាតចាកសច្ចៈ ជាព្រាហ្មណ៍​ ឋិតនៅ​លើទីទួល មុនិនោះ លះបង់​វត្ថុ​ទាំងពួង មុនិនោះឯង តថាគត ហៅថា អ្នកស្ងប់។

[១៤៨] មុនិនោះ ឈ្មោះថាអ្នកដឹង មុនិនោះ ឈ្មោះថា អ្នកដល់​នូវវេទ ឈ្មោះថា មិន​អាស្រ័យធម៌ ព្រោះដឹង មុនិនោះ ឈ្មោះថា​រស់នៅ​ក្នុងលោក​ដោយប្រពៃ តែង​មិនស្រឡាញ់​ចំពោះ​បុគ្គល​ណាមួយ​ក្នុងលោក​នេះ។

[១៤៩] អធិប្បាយពាក្យថា មុនិនោះ ឈ្មោះថា អ្នកដឹង មុនិនោះ ឈ្មោះថា អ្នកដល់​នូវវេទ ត្រង់ពាក្យថា អ្នកដឹង គឺអ្នក​ចេះដឹង អ្នកតាំង​នៅក្នុងវិជ្ជា មានញាណ មានប្រាជ្ញា មានប្រាជ្ញា​ឈ្វេងយល់ មានប្រាជ្ញា​ធ្លុះធ្លាយ។ ពាក្យថា​ អ្នកដល់​នូវវេទ សេចក្តីថា ញាណ​ក្នុងមគ្គ ៤ លោកហៅថា វេទ។បេ។ មុនិនោះ ជាអ្នក​ប្រាសចាក​រាគៈ​ក្នុងវេទនា​ទាំងពួង កន្លង​វេទ​ទាំងពួង ឈ្មោះថា អ្នកដល់​នូវវេទ ហេតុនោះ (ទ្រង់​ត្រាស់ថា) មុនិនោះ ឈ្មោះថា អ្នកដឹង មុនិនោះ ឈ្មោះថា អ្នកដល់​នូវវេទ។

[១៥០] ពាក្យថា ឈ្មោះថាមិនអាស្រ័យធម៌ ព្រោះដឹង គឺ ព្រោះដឹង ស្គាល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួង​មិនទៀង ព្រោះដឹង ស្គាល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំង​ពួងជាទុក្ខ។បេ។ ព្រោះដឹង ស្គាល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យ​ប្រាកដថា ធម្មជាត​ណាមួយ មានកិរិយា​កើតឡើង​ជាធម្មតា ធម្មជាត​ទាំងអស់​នោះ មានកិរិយា​រលត់ទៅ​វិញជា​ធម្មតា។ ពាក្យថា មិនអាស្រ័យ បានដល់​និស្ស័យ ២ គឺ តណ្ហានិស្ស័យ ១ ទិដ្ឋិនិស្ស័យ ១។បេ។ នេះ តណ្ហានិស្ស័យ។បេ។ នេះ ទិដ្ឋិនិស្ស័យ។ មុនិលះបង់​តណ្ហានិស្ស័យ រលាស់​ចេញ​នូវទិដ្ឋិនិស្ស័យ មិនអាស្រ័យ​ចក្ខុ មិនអាស្រ័យ​សោតៈ មិនអាស្រ័យ​ឃានៈ។បេ។ មិនអាស្រ័យ​ធម៌ដែល​គប្បីឃើញ ឮ ប៉ះពាល់ ឬ​ដឹង មិនក្រាញនៅ មិនចូល​ទៅជិត មិនជ្រុលជ្រប់ មិនចុះស៊ប់ គឺជាអ្នក​រត់ចេញ រលាស់ចេញ រួចស្រឡះ ប្រាសចេញ មានចិត្ត​ប្រាសចាក​សេចក្តី​សល់វល់ ហេតុនោះ (ទ្រង់​ត្រាស់ថា) ឈ្មោះថា មិនអាស្រ័យធម៌ ព្រោះដឹង។

[១៥១] ពាក្យថា មុនិនោះ ឈ្មោះថា រស់នៅ​ក្នុងលោកដោយប្រពៃ អធិប្បាយថា ឆន្ទរាគ​ក្នុង​អាយតនៈ​ទាំងខាង​ក្នុង​ខាងក្រៅ មុនិនោះ​បានលះបង់ ផ្តាច់ឫសគល់ ធ្វើមិន​ឲ្យមាន​ទីកើត ដូចជាទី​កើតនៃ​ដើមត្នោត ដល់នូវ​ភាវៈមិន​មាន មិនឲ្យ​មានការ​កើតជា​ធម្មតា​តទៅ ក្នុងកាលណា មុនិនោះ ឈ្មោះថា ត្រាច់ទៅ នៅ សម្រេច​ឥរិយាបថ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ​ក្នុងលោក​ដោយប្រពៃ ដោយហេតុ​មានប្រមាណ​ប៉ុណ្ណេះ ក្នុង​កាល​នោះ។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និង​អនេញ្ជាភិសង្ខារ មុនិនោះ​បានលះបង់ ផ្តាច់​ឫសគល់ ធ្វើមិនឲ្យ​មានទីកើត ដូចជា​ទីកើតនៃ​ដើមត្នោត ដល់នូវ​ភាវៈមិន​មាន មិន​ឲ្យមាន​ការកើត​ជាធម្មតា​តទៅ ក្នុង​កាលណា មុនិនោះ ឈ្មោះថា ត្រាច់ទៅ នៅ សម្រេច​ឥរិយាបថ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ​ក្នុងលោក​ដោយប្រពៃ ដោយ​ហេតុមាន​ប្រមាណ​ប៉ុណ្ណេះ ក្នុងកាលនោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) មុនិនោះ ឈ្មោះថា​រស់នៅ​ក្នុងលោក​ដោយប្រពៃ។

[១៥២] ពាក្យថា តែងមិនស្រឡាញ់​ចំពោះបុគ្គលណាមួយ​ក្នុងលោក​នេះ សេចក្តី​ថា តណ្ហា លោកហៅថា សេចក្តី​ស្រឡាញ់ បានដល់រាគៈ រាគៈមាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តី​ស្រឡាញ់ គឺតណ្ហានុ៎ះ មុនិណា​បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយភ្លើង គឺញាណ​ហើយ មុនិនោះ មិនស្រឡាញ់​ចំពោះ​បុគ្គល​ណាមួយ ទោះជា​ក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សុទ្ទៈ​ក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) តែងមិន​ស្រឡាញ់​ចំពោះ​បុគ្គលណា​មួយ​ក្នុងលោក​នេះ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

មុនិនោះ ឈ្មោះថាអ្នកដឹង មុនិនោះ ឈ្មោះថាអ្នក​ដល់នូវវេទ ឈ្មោះថា​មិនអាស្រ័យ​ធម៌ ព្រោះដឹង មុនិនោះ ឈ្មោះថា​រស់នៅ​ក្នុងលោក​ដោយប្រពៃ តែងមិន​ស្រឡាញ់​ចំពោះ​បុគ្គលណា​មួយ​ក្នុងលោក​នេះ។

[១៥៣] បុគ្គលណា បានឆ្លងនូវកាមផង នូវគ្រឿចំពាក់​ដែល​សត្វឆ្លង​បានដោយ​ក្រ​ក្នុងលោក​ផង បុគ្គលនោះ រមែង​មិនសោកស្តាយ មិនសញ្ជប់​សញ្ជឹង (ព្រោះ) ជាអ្នក​មានខ្សែ​ដាច់ហើយ ជាអ្នក​មិនមាន​ចំណង។

[១៥៤] អធិប្បាយពាក្យថា បុគ្គលណា បានឆ្លងនូវកាមផង នូវគ្រឿងចំពាក់ ដែល​សត្វឆ្លង​បានដោយ​ក្រក្នុង​លោកផង ត្រង់ពាក្យថា បុគ្គលណា គឺជនណា បែបណា ប្រកប​យ៉ាងណា មានបែបផែន​យ៉ាងណា មានប្រការ​យ៉ាងណា ដល់នូវ​ឋានៈ​យ៉ាងណា ប្រកប​ដោយធម៌​ណា ទោះជា​ក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សុទ្ទៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី។ ពាក្យថា កាម តាមឧទ្ទាន កាមមាន ២ គឺ​វត្ថុកាម ១ កិលេសកាម ១។បេ។ នេះហៅថា វត្ថុកាម។បេ។ នេះហៅថា កិលេសកាម។ ពាក្យថា គ្រឿងចំពាក់ បានដល់​គ្រឿងចំពាក់ ៧ គឺ គ្រឿងចំពាក់​គឺរាគៈ ១ គ្រឿងចំពាក់​គឺទោសៈ ១ គ្រឿង​ចំពាក់គឺ​មោហៈ ១ គ្រឿងចំពាក់​គឺមានះ ១ គ្រឿងចំពាក់​គឺទិដ្ឋិ ១ គ្រឿងចំពាក់​គឺកិលេស ១ គ្រឿងចំពាក់​គឺទុច្ចរិត ១។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា ដែលសត្វ​ឆ្លងបាន​ដោយ​ក្រ​ សេចក្តីថា បុគ្គលណា បានឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្ត​កន្លង នូវកាម និងគ្រឿង​ចំពាក់ ដែលសត្វ​ឆ្លងបាន​ដោយក្រ លោត​រំលង​បានដោយ​ក្រ ឆ្លងចេញ​បាន​ដោយក្រ ឆ្លងកាត់​បានដោយ​ក្រ ឈានកន្លង​បានដោយ​ក្រ ប្រព្រឹត្ត​កន្លងបាន​ដោយក្រ ក្នុង​លោក ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលណា​បានឆ្លង​នូវកាម​ផង នូវគ្រឿង​ចំពាក់ ដែល​សត្វឆ្លង​បានដោយ​ក្រក្នុង​លោកផង។

[១៥៥] ពាក្យថា បុគ្គលនោះ រមែងមិនសោកស្តាយ មិនសញ្ជប់សញ្ជឹង អធិប្បាយ​ថា បុគ្គលនោះ រមែង​មិនសោក​ស្តាយរកវត្ថុ​ដែលត្រូវ​ប្រែប្រួល ឬ​កាលវត្ថុ​ប្រែប្រួល​ហើយ មិន​សោកស្តាយ គឺ​មិនសោក​ស្តាយថា ចក្ខុរបស់អញ​ប្រែប្រួល​ហើយ មិនសោក​ស្តាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង មិនដល់​នូវសេចក្តី​វង្វេងថា សោតៈ​របស់​អញ ឃានៈ​របស់អញ ជិវ្ហា​របស់អញ កាយ​របស់អញ រូប​របស់អញ សំឡេង​របស់អញ ក្លិនរបស់​អញ រសរបស់​អញ ផ្សព្វ​របស់អញ ត្រកូល​របស់អញ ពួក​របស់អញ អាវាស​របស់អញ លាភ​របស់អញ យសរបស់​អញ សេចក្តី​សរសើរ​របស់អញ សុខរបស់​អញ ចីវរ​របស់អញ បិណ្ឌបាត​របស់អញ សេនាសនៈ​របស់អញ គិលានប្បច្ចយភេសជ្ជ​បរិក្ខារ​របស់អញ មាតា​របស់អញ បិតា​របស់អញ បងប្អូន​ប្រុសរបស់​អញ បងប្អូនស្រី​របស់អញ បុត្រ​របស់អញ ធីតា​របស់អញ មិត្រ​របស់អញ អាមាត្យ​របស់អញ ញាតិ​សាលោហិត​របស់អញ ប្រែប្រួលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) រមែង​មិនសោកស្តាយ។ ពាក្យថា មិន​សញ្ជប់​សញ្ជឹង គឺ មិនទ្រមឹង​ទ្រមើយ មិនស្រពោន​ស្រពាប់ មិនទង្គឹះ មិនជ្រប់ មិនស្ញុលស្ញប់។ ឬថា មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនឧបបត្តិ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ រមែង​មិនសោកស្តាយ មិនសញ្ជប់​សញ្ជឹង។

[១៥៦] ពាក្យថា ជាអ្នកមានខ្សែដាច់ហើយ ជាអ្នក​មិនមាន​ចំណង សេចក្តីថា តណ្ហា លោក​ហៅថា ខ្សែ បានដល់ រាគៈ រាគៈមាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា ឈ្មោះថា​ខ្សែនុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិន​គួរឲ្យ​កើតឡើង​បាន ដុតដោយ​ភ្លើងគឺ​ញាណហើយ​ បុគ្គលនោះ លោកហៅថា អ្នក​មានខ្សែ​ដាច់ហើយ។ ពាក្យថា ជាអ្នក​មិនមាន​ចំណង សេចក្តីថា ចំណង ៧ ចំណង​គឺរាគៈ ១ ចំណង​គឺ​ទោសៈ ១ ចំណង​គឺមោហៈ ១ ចំណង​គឺមានះ ១ ចំណង​គឺទិដ្ឋិ ១ ចំណងគឺ​កិលេស ១ ចំណង​គឺទុច្ចរិត ១។ ចំណង​ទាំងនុ៎ះ បុគ្គលណា​បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺញាណ​ហើយ បុគ្គលនោះ លោក​ហៅថា អ្នកមិន​មានចំណង ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​មានខ្សែ​ដាច់ហើយ ជាអ្នក​មិនមាន​ចំណង។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

បុគ្គលណា បានឆ្លងនូវកាមផង នូវគ្រឿងចំពាក់ ដែលសត្វ​ឆ្លងបាន​ដោយក្រ​ក្នុង​លោកផង បុគ្គលនោះ រមែង​មិនសោកស្តាយ មិនសញ្ជប់​សញ្ជឹង (ព្រោះ) ជាអ្នក​មានខ្សែ​ដាច់ហើយ ជាអ្នក​មិនមាន​ចំណង។

[១៥៧] កិលេសជាតណា (ដែលកើត) ក្នុងកាលមុន អ្នកចូរញុំាង​កិលេសជាត​នោះ ឲ្យរីងស្ងួត កិលេសជាត​ជាគ្រឿង​កង្វល់ កុំមាន​ដល់អ្នក ក្នុងកាល​ជាខាង​ក្រោយ​ឡើយ បើអ្នក​មិនកាន់​យកក្នុង​ខន្ធជា​កណ្តាលទេ អ្នកនឹង​ជាបុគ្គល​ស្ងប់ ត្រាច់ទៅ។

[១៥៨] ពាក្យថា កិលេសជាតណា (ដែលកើត) ក្នុងកាលមុន អ្នកចូរ​ញុំាងកិលេស​ជាតនោះ​ឲ្យរីងស្ងួត អធិប្បាយថា កិលេស​ទាំងឡាយ​ណា គប្បីកើតឡើង ព្រោះប្រារព្ធនូវ​សង្ខារ​ជាអតីត អ្នកចូរ​ញុំាងកិលេស​ទាំងនោះ ឲ្យស្ងួត ឲ្យរីង ឲ្យក្រៀម គឺចូរលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតមាន នូវកិលេស​ទាំងនោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) កិលេសជាត​ណា (ដែលកើត) ក្នុង​កាលមុន អ្នកចូរ​ញុំាង​កិលេសជាត​នោះឲ្យ​រីងស្ងួត យ៉ាងនេះ​ខ្លះ។ មួយទៀត កម្មាភិសង្ខារ​ណា​មានផល​មិនទាន់ចាស់ ជាអតីត អ្នកចូរ​ញុំាង​កម្មាភិសង្ខារ​ទាំងនោះ​ឲ្យស្ងួត ឲ្យរីង ឲ្យក្រៀម គឺចូរធ្វើ​មិនឲ្យជា​ពូជ ចូរលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតមាន នូវកម្មាភិសង្ខារ​នោះ ហេតុ​នោះ (ទ្រង់​ត្រាស់ថា) កិលេសជាត​ណា (ដែលកើត) ក្នុង​កាលមុន អ្នកចូរ​ញុំាង​កិលេសជាត​នោះឲ្យ​រីងស្ងួត យ៉ាងនេះ​ខ្លះ។

[១៥៩] ពាក្យថា កិលេសជាតជាគ្រឿងកង្វល់ ចូរកុំមាន​ដល់អ្នក ក្នុងកាល​ជាខាង​ក្រោយឡើយ សេចក្តីថា អនាគត លោកហៅថា កាលខាង​ក្រោយ។ គ្រឿងកង្វល់​ទាំង​ឡាយណា គប្បី​កើតឡើង ព្រោះប្រារព្ធ​នូវសង្ខារ​ជាអនាគត គ្រឿងកង្វល់​ទាំងនេះ គឺ កង្វល់​គឺរាគៈ កង្វល់​គឺទោសៈ កង្វល់​គឺមោហៈ កង្វល់​គឺមានះ កង្វល់​គឺទិដ្ឋិ កង្វល់​គឺកិលេស កង្វល់​គឺទុច្ចរិត កុំមាន​ដល់អ្នក​ឡើយ ទាំងអ្នក​ កុំធ្វើឲ្យ​ប្រាកដ កុំញុំាង​គ្រឿងកង្វល់​ឲ្យកើតឡើង កុំឲ្យ​ដុះដាល កុំឲ្យ​លូតលាស់ កុំឲ្យ​កើតឡើង​ចំពោះ គឺចូរ​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតមាន​នូវគ្រឿង​កង្វល់​ទាំងនោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) កិលេសជាត​ជាគ្រឿងកង្វល់ ចូរកុំមាន​ដល់អ្នក ក្នុង​កាលជា​ខាងក្រោយ​ឡើយ។

[១៦០] ពាក្យថា បើអ្នកមិនកាន់យកក្នុងខន្ធជាកណ្តាល សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាបច្ចុប្បន្ន ហៅថា ខន្ធជា​កណ្តាល។ បើអ្នក​មិនកាន់ មិនស្ទួយ មិនចាប់ មិនពាល់ មិនត្រេកអរ មិនស្រស់ស្រាយ មិនជ្រុលជ្រប់ ចំពោះ​សង្ខារ​ជាបច្ចុប្បន្ន ដោយ​អំណាច​តណ្ហា និងទិដ្ឋិទេ គឺថា បើអ្នក​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតមាន នូវសេចក្តី​ត្រេកអរ សេចក្តី​ស្រស់ស្រាយ សេចក្តី​ជ្រុលជ្រប់ សេចក្តី​ប្រកាន់ ការស្ទាប​អង្អែល ការជាប់​ចំពាក់ទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) បើអ្នក​មិនកាន់​យក ក្នុង​ខន្ធជា​កណ្តាល។

[១៦១] ពាក្យថា អ្នកនឹងជាបុគ្គលស្ងប់ ត្រាច់ទៅ គឺអ្នកនឹងជា​បុគ្គលស្ងប់ ព្រោះ​ស្ងប់រាគៈ ជាបុគ្គល​ស្ងប់ ព្រោះស្ងប់​ទោសៈ។បេ។ នឹងជា​អ្នកស្ងប់ អ្នករម្ងាប់ អ្នកស្ងប់​រម្ងាប់ អ្នករលត់​ទុក្ខ អ្នកសះ​ស្បើយទុក្ខ ព្រោះស្ងប់ ព្រោះរម្ងាប់ ព្រោះស្ងប់រម្ងាប់​ ព្រោះ​ផុត ព្រោះ​រលត់ទុក្ខ ព្រោះ​ប្រាសទៅ ព្រោះទ្រុឌ​ទ្រោមទៅ នៃ​អភិសង្ខារ​ជាអកុសល​ទាំង​ពួង ហើយនឹង​ត្រាច់ទៅ នៅ សម្រេច​ឥរិយាបថ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកនឹង​ជាបុគ្គល​ស្ងប់ ត្រាច់ទៅ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

កិលេសជាតណា (ដែលកើត) ក្នុងកាលមុន អ្នកចូរ​ញុំាង​កិលេសជាត​នោះ ឲ្យរីងស្ងួត កិលេសជាត ជាគ្រឿងកង្វល់ កុំមាន​ដល់អ្នក ក្នុងកាលជា​ខាងក្រោយ​ឡើយ បើអ្នក​មិនកាន់​យក ក្នុងខន្ធជា​កណ្តាលទេ អ្នកនឹង​ជាបុគ្គល​ស្ងប់ ត្រាច់ទៅ។

[១៦២] សេចក្តីប្រកាន់ ក្នុងនាម និងរូប ដោយសព្វគ្រប់​នៃបុគ្គលណា មិនមានទេ បុគ្គលនោះ រមែងមិន​សោក ព្រោះសត្វ និងសង្ខារ​ដែលមិនមាន បុគ្គល​នោះឯង រមែង​មិន​សាបសូន្យ​ក្នុងលោក​ឡើយ។

[១៦៣] អធិប្បាយពាក្យថា សេចក្តីប្រកាន់​ក្នុងនាម និងរូប ដោយ​សព្វគ្រប់ នៃ​បុគ្គលណា មិនមានទេ ត្រង់ពាក្យថា ដោយសព្វ​គ្រប់ គឺគ្រប់ទាំងអស់ សព្វទាំង​អស់ ឥត​សេសសល់ មិនមាន​សេសសល់ ពាក្យថា ដោយសព្វ​គ្រប់​នុ៎ះ គឺជាពាក្យ​ប្រមូល។ ពាក្យ​ថា នាម បានដល់ អរូបក្ខន្ធ ៤។ ពាក្យថា រូប បានដល់ មហាភូតរូប ៤ និង​ឧបាទាយរូប​របស់​មហាភូតរូប ៤។ ពាក្យថា នៃបុគ្គលណា គឺនៃ​ព្រះអរហន្ត​ខីណាស្រព។ ពាក្យថា សេចក្តី​ប្រកាន់ បានខាង​សេចក្តី​ប្រកាន់ ២ សេចក្តី​ប្រកាន់​គឺតណ្ហា ១ សេចក្តី​ប្រកាន់​គឺទិដ្ឋិ ១។បេ។ នេះ សេចក្តី​ប្រកាន់​គឺតណ្ហា។បេ។ នេះ សេចក្តី​ប្រកាន់គឺ​ទិដ្ឋិ។ ពាក្យថា ការ​ប្រកាន់​ក្នុងនាម និងរូប​ដោយសព្វ​គ្រប់​នៃបុគ្គល​ណា មិនមានទេ បាន​សេចក្តីថា សេចក្តី​ប្រកាន់​ក្នុងនាម និងរូប​ដោយសព្វ​គ្រប់នៃ​បុគ្គលណា មិនមាន ឥតមាន មិនបាន គឺ​បុគ្គលណា​បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុត​ដោយភ្លើង​គឺញាណ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) សេចក្តី​ប្រកាន់​ក្នុងនាម និងរូប​ដោយសព្វ​គ្រប់នៃ​បុគ្គលណា មិនមាន​ទេ។

[១៦៤] ពាក្យថា បុគ្គលនោះរមែងមិនសោក ព្រោះសត្វ និងសង្ខារ​ដែលមិនមាន អធិប្បាយ​ថា បុគ្គល​រមែង​មិនសោក​រកវត្ថុ​ដែលត្រូវ​ប្រែប្រួល ឬកាលវត្ថុ​ប្រែប្រួល​ហើយ មិនសោក គឺមិន​សោកថា ចក្ខុរបស់​អញ ប្រែប្រួលហើយ មិនសោក មិនលំបាក មិន​ខ្សឹកខ្សួល មិនគក់ទ្រូង មិនដល់​នូវការ​វង្វេងថា សោតៈ​របស់អញ ឃានៈ​របស់អញ ជិវ្ហា​របស់អញ កាយ​របស់អញ រូប​របស់អញ សំឡេង​របស់អញ ក្លិន​របស់អញ រសរបស់​អញ ផ្សព្វ​របស់​អញ ត្រកូល​របស់អញ ពួករបស់​អញ អាវាស​របស់អញ លាភ​របស់​អញ។បេ។ ញាតិ​សាលោហិត​របស់អញ​ប្រែប្រួលហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​រមែង​មិនសោក ព្រោះសត្វ និង​សង្ខារដែល​មិនមាន យ៉ាងនេះ​ខ្លះ។ មួយទៀត បុគ្គល​ដែលត្រូវ​ទុក្ខវេទនា មិនជាទី​ត្រេកអរ ពាល់ត្រូវ គ្របសង្កត់ រួបរឹត ទន្រ្ទានហើយ រមែង​មិនសោក មិន​លំបាក មិនខ្សឹកខ្សួល មិនគក់​ទ្រូង មិនដល់​នូវការ​វង្វេង ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​នោះ រមែង​មិនសោក ព្រោះសត្វ និង​សង្ខារ​ដែលមិន​មាន យ៉ាងនេះ​ខ្លះ។ មួយទៀត បុគ្គល​ដែលត្រូវ​ចក្ខុរោគ​ពាល់ត្រូវ គ្រប​សង្កត់។បេ។ ត្រូវសម្ផស្ស​នៃ​របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ ពាល់ត្រូវ គ្របសង្កត់ រួបរឹត ទន្រ្ទានហើយ រមែងមិន​សោក មិន​លំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង មិនដល់​នូវការ​វង្វេង ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​រមែង​មិនសោក ព្រោះសត្វ និង​សង្ខារ​ដែលមិនមាន យ៉ាងនេះ​ខ្លះ។ មួយ​វិញទៀត កាលសត្វ និងសង្ខារ​មិនមាន ឥតមាន ដែល​មិនបាន បុគ្គល​ក៏មិនសោក មិនលំបាក មិន​ខ្សឹកខ្សួល មិនគក់​ទ្រូង មិនដល់​នូវការ​វង្វេងថា ឱហ្ន៎ វត្ថុនោះ មានដល់​អញហើយ ឱហ្ន៎ វត្ថុនោះ មិនមាន​ដល់អញ​ទេ ឱហ្ន៎ សូមឲ្យ​វត្ថុនោះ មាន​ដល់អញ ឱហ្ន៎ អញមិន​បានវត្ថុ​នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​រមែង​មិនសោក ព្រោះ​សត្វ និង​សង្ខារ​ដែល​មិនមាន យ៉ាងនេះ​ខ្លះ។

[១៦៥] ពាក្យថា បុគ្គលនោះឯង រមែងមិន​សាបសូន្យ​ក្នុងលោក អធិប្បាយ​ថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ណាមួយ ដែលគួរ​កាន់យក គួរស្ទាប​អង្អែល គួរជាប់​ចំពាក់ គួរ​ជ្រុលជ្រប់ គួរចុះ​ស៊ប់ថា នេះរបស់​អញក្តី ថានេះ​របស់បុគ្គល​ដទៃក្តី នៃបុគ្គល​ណា មាន ឯសេចក្តី​សាបសូន្យ​នៃបុគ្គល​នោះ ក៏មាន។ សមដូច​ភាសិត​នុ៎ះថា

ព្រះអង្គសាបសូន្យចាករថ សេះ កែវមណី និងកណ្ឌល សាបសូន្យ​ចាកបុត្រ និង​ភរិយា ដូច្នោះដែរ កាល​ភោគៈ​ទាំងអស់ ព្រះអង្គ​មិនបាន​សេពសោយ​ហើយ ហេតុអ្វី ទើប​ព្រះអង្គ​មិនក្តៅ​ក្រហាយ​ក្នុងកាល​ដែល​គួរសោក។ ភោគៈ​ទាំងឡាយ លះបង់​សត្វមុន ក៏មាន សត្វ​លះបង់​ភោគៈ​ទាំងនោះ​មុនជាង​ទៅទៀត ក៏មាន បពិត្រ​ព្រះអង្គ​អ្នកមាន​ប្រាថ្នាកាម ពួកជន​អ្នកមាន​ភោគៈ មិនមានអ្វី​ជារបស់​ខ្លួនទេ ហេតុនោះ ទើបខ្ញុំ​មិនសោក​ក្នុង​កាលដែល​គួរសោក។ ព្រះច័ន្ទ​រមែង​រះឡើង រួច​ពេញវង់ ហើយអស់​ទៅវិញ ព្រះអាទិត្យ​អស្តង្គត​ទៅ លោកធម៌​ទាំង ៨ ខ្ញុំដឹង​ច្បាស់​ហើយ ហេតុនោះ ទើបខ្ញុំ​មិនសោក ក្នុងកាល​ដែលគួរ​សោក។

រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ណាមួយ ដែលគួរ​កាន់យក គួរស្ទាប​អង្អែល គួរជាប់​ចំពាក់ គួរជ្រុលជ្រប់ គួរចុះ​ស៊ប់ថា នេះរបស់​អញក្តី ថានេះ​របស់​បុគ្គល​ដទៃក្តី នៃ​បុគ្គល​ណា មិនមានទេ សេចក្តី​សាបសូន្យ​នៃបុគ្គល​នោះ​ក៏មិនមាន។ សមដូច​ភាសិតនុ៎ះ​ថា បពិត្រ​សមណៈ លោក​ត្រេកអរឬ ម្នាល​អ្នកមាន​អាយុ យើងត្រេកអរ​ព្រោះបាន​អ្វី បពិត្រ​សមណៈ បើដូច្នោះ លោកសោកឬ ម្នាលអ្នក​មានអាយុ យើង​សាបសូន្យ​អ្វី​ហើយ បពិត្រ​សមណៈ បើដូច្នោះ លោកមិន​ត្រេកអរ មិនសោកឬ ម្នាលអ្នក​មានអាយុ យ៉ាងហ្នឹង​ហើយ។

យូរណាស់ហើយ យើងទើបឃើញព្រាហ្មណ៍ ដែល​មានទុក្ខ​រលត់ហើយ ដែល​មិនមាន​សេចក្តី​ត្រេកអរ ដែល​មិនមាន​សេចក្តី​តានតឹង ជាភិក្ខុ​ឆ្លងតណ្ហា ដែល​ផ្សាយ​ទៅកាន់​អារម្មណ៍​ផ្សេងៗ​ក្នុងលោក។ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​នោះឯង រមែង​មិនសាបសូន្យ​ក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

សេចក្តីប្រកាន់ក្នុងនាម និងរូប ដោយសព្វគ្រប់​នៃបុគ្គលណា មិនមានទេ បុគ្គល​នោះ រមែងមិន​សោក ព្រោះសត្វ និងសង្ខារ​ដែល​មិនមាន បុគ្គល​នោះឯង រមែង​មិន​សាបសូន្យ​ក្នុងលោក។

[១៦៦] ខន្ធនីមួយដែលគួរប្រកាន់ថា នេះរបស់អញ ឬថា នេះរបស់​បុគ្គល​ដទៃ នៃ​បុគ្គល​ណា មិនមានទេ បុគ្គលនោះ កាល​មិនបាន​សេចក្តី​ប្រកាន់ រមែងមិន​សោកថា អញ​មិនមាន​របស់នេះ ដូច្នេះ​ឡើយ។

[១៦៧] អធិប្បាយពាក្យថា ខន្ធនីមួយដែលគួរប្រកាន់ថា នេះរបស់អញ ឬថា នេះ​របស់​បុគ្គល​ដទៃ នៃបុគ្គល​ណា មិនមានទេ ត្រង់ពាក្យថា នៃបុគ្គល​ណា គឺ​នៃ​ព្រះអរហន្ត​ខីណាស្រព។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ណាមួយ ដែល​គួរកាន់ គួរស្ទាប​អង្អែល គួរជាប់​ចំពាក់ គួរជ្រុលជ្រប់ គួរចុះ​ស៊ប់ថា នេះរបស់អញ ឬថា នេះរបស់​បុគ្គលដទៃ នៃបុគ្គល​ណា មិនមាន មិនមាន​ព្រម ដែល​មិនបាន គឺបុគ្គល​ណា បានលះបង់ ផ្តាច់ផ្តិល ឲ្យ​ស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរ​ឲ្យកើតឡើង ដុតដោយ​ភ្លើង​គឺញាណហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ខន្ធនីមួយ​ដែលគួរ​ប្រកាន់ថា នេះរបស់​អញ ឬថា នេះ​របស់​បុគ្គលដទៃ នៃ​បុគ្គលណា មិនមាន យ៉ាងនេះ​ខ្លះ។ ពាក្យនេះ ព្រះមានព្រះភាគ​ក៏បាន​ត្រាស់​ហើយ​ថា ម្នាលភិក្ខុ​ទាំងឡាយ កាយនេះ មិនមែន​របស់អ្នក​ទាំងឡាយទេ ទាំង​មិនមែន​របស់អ្នក​ដទៃទេ ម្នាល​ភិក្ខុ​ទាំងឡាយ កម្មនេះ​ជារបស់​ចាស់ ដែល​គេតាក់តែង​ហើយ ដែលចិត្ត​សន្សំ​ហើយ ជាទី​តាំងនៃ​វេទនា អ្នកទាំងឡាយ​ត្រូវឃើញ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងដំណើរ​នោះ អរិយសាវ័ក​អ្នកចេះដឹង រមែង​កំណត់​ទុកក្នុងចិត្ត​ដោយឧបាយ ចំពោះ​បដិច្ចសមុប្បាទធម៌​ដោយល្អ​ថា កាលបើ​នេះមាន នេះក៏មាន នេះកើតឡើង ព្រោះនេះ​កើត កាលបើនេះ​មិនមាន នេះក៏​មិនមាន នេះរលត់ ព្រោះនេះ​រលត់ គឺថា សង្ខារ​ទាំងឡាយ (កើតមាន) ព្រោះអវិជ្ជា​ជាបច្ច័យ វិញ្ញាណ (កើតមាន) ព្រោះ​សង្ខារជា​បច្ច័យ។បេ។ ការ​កើតឡើង​នៃកងទុក្ខ​ទាំងអស់​នុ៎ះ រមែងមាន​យ៉ាងនេះ។ ការរលត់​សង្ខារ ព្រោះការ​រលត់​រលាយ​អស់អវិជ្ជា​មិនមាន​សេសសល់។បេ។ ការរលត់​កងទុក្ខ​ទាំងអស់នុ៎ះ រមែងមាន​យ៉ាងនេះ​ឯង។ ខន្ធនីមួយ (ដែលគួរ​ប្រកាន់ថា) នេះរបស់​អញ ឬថា នេះរបស់​បុគ្គលដទៃ នៃបុគ្គល​ណា មិនមាន យ៉ាងនេះ​ខ្លះ។ ពាក្យនេះ ព្រះមានព្រះភាគ​ក៏បាន​ត្រាស់ហើយ​ថា

ម្នាលមោឃរាជ អ្នកចូរមានស្មារតីគ្រប់កាល សំឡឹងមើល​នូវលោក ថាជា​របស់​សូន្យចុះ បុគ្គល​ដក​អត្តានុទិដ្ឋិ​ហើយ គប្បីឆ្លង​មច្ចុបាន​ដោយវិធី​យ៉ាងនេះ មច្ចុរាជ​រមែង​មិនជួប​ប្រទះ​នូវបុគ្គល​ដែលសំឡឹង​មើលលោក​យ៉ាងនោះ។

ខន្ធនីមួយ (ដែលគួរប្រកាន់ថា) នេះរបស់អញ ឬថា នេះរបស់​បុគ្គលដទៃ នៃ​បុគ្គល​ណា មិនមាន យ៉ាងនេះ​ខ្លះ។

មួយទៀត ពាក្យនេះ ព្រះមានព្រះភាគត្រាស់ហើយថា ម្នាលភិក្ខុ​ទាំងឡាយ ធម្មជាត​ណា មិនមែន​ជារបស់​អ្នកទាំងឡាយ​ទេ អ្នកទាំងឡាយ​ចូរលះបង់​នូវធម្មជាត​នោះ​ចេញ ធម្មជាត​នោះ ដែលអ្នក​ទាំងឡាយ​លះបង់​បានហើយ នឹងមាន​ប្រយោជន៍ មាន​សេចក្តី​សុខ អស់កាល​ដ៏វែង។ ម្នាលភិក្ខុ​ទាំងឡាយ ធម្មជាត​ដូចម្តេច មិនមែន​របស់​អ្នក​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ រូប មិនមែន​របស់អ្នក​ទាំងឡាយ​ទេ អ្នកទាំង​ឡាយ ចូរលះ​រូបនោះ​ចេញ រូបនោះ​ដែលអ្នក​ទាំងឡាយ​លះហើយ នឹង​មាន​ប្រយោជន៍ មានសេចក្តី​សុខអស់​កាលវែង វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនមែន​របស់​អ្នកទាំង​ឡាយទេ អ្នកទាំងឡាយ​ចូរលះបង់​នាមខន្ធ​នោះចេញ នាមខន្ធនោះ ដែលអ្នក​ទាំងឡាយ​លះ​បង់ហើយ នឹងមាន​ប្រយោជន៍ មានសេចក្តី​សុខ អស់កាលវែង ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​សំគាល់​ហេតុនោះ​ដូចម្តេច ស្មៅឈើ មែកឈើ ស្លឹកឈើណា មាននៅក្នុង​វត្តជេតពន​នេះ អ្នកផង​គប្បីនាំ​យកចេញ ឬដុត ឬក៏ធ្វើ​នូវស្មៅ​ជាដើមនោះ ឲ្យសមគួរ​ដល់បច្ច័យ ចុះអ្នក​ទាំងឡាយ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះ​ដែរឬទេ​ថា អ្នកផង​នាំយក ឬដុត ឬក៏ធ្វើ​នូវយើង​ទាំងឡាយ ឲ្យសម​គួរដល់​បច្ច័យ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ដំណើរ​នុ៎ះ មិនដូច្នោះ​ទេ។ ដំណើរនុ៎ះ ព្រោះហេតុអ្វី។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្លួនក្តី វត្ថុ​ជារបស់​ខ្លួនក្តី នុ៎ះ​មិនមែន​ជារបស់​យើងខ្ញុំ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនោះ​មែនហើយ វត្ថុណា មិនមែន​របស់អ្នក​ទាំងឡាយ​ទេ អ្នកទាំងឡាយ ចូរលះបង់​វត្ថុនោះ​ចេញ វត្ថុនោះ ដែលអ្នក​ទាំងឡាយ​លះបង់​ហើយ នឹងមាន​ប្រយោជន៍ មាន​សេចក្តីសុខ អស់កាល​វែង។ ម្នាលភិក្ខុ​ទាំងឡាយ វត្ថុអ្វី មិនមែន​របស់អ្នក​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ រូប មិនមែន​របស់អ្នក​ទាំងឡាយ​ទេ អ្នកទាំងឡាយ ចូរលះបង់​រូបនោះ​ចេញ រូបនោះ​ដែលអ្នក​ទាំង​ឡាយ​លះបង់​ហើយ នឹងមាន​ប្រយោជន៍ មានសេចក្តី​សុខ អស់កាលវែង។ វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនមែន​របស់អ្នក​ទាំងឡាយ​ទេ អ្នកទាំងឡាយ ចូរលះបង់​នាមខន្ធ​នោះចេញ នាមខន្ធ​នោះ ដែលអ្នក​ទាំងឡាយ លះបង់​ហើយ នឹងមាន​ប្រយោជន៍ មាន​សេចក្តី​សុខ អស់កាល​ដ៏វែង។ ខន្ធនីមួយ (ដែលគួរ​ប្រកាន់ថា) នេះរបស់​អញ ឬថា នេះ​របស់​បុគ្គល​ដទៃ នៃបុគ្គល​ណា មិនមាន​យ៉ាងនេះ​ខ្លះ។ មួយទៀត មានភាសិត​នេះថា

បពិត្រអ្នកជាធំ បុគ្គលកាលឃើញ​នូវការកើត​ឡើងនៃ​ការ​ប្រព្រឹត្ត​ទៅសុទ្ធ នូវ​តំណនៃ​សង្ខារសុទ្ធ ភ័យ​រមែង​មិនមាន​ដោយពិត បុគ្គល​ឃើញដោយ​បញ្ញានូវ​សត្វលោក ទុកស្មើ​ដោយស្មៅ និង​កំណាត់ឈើ ក្នុង​កាលណា ក្នុងកាល​នោះ រមែង​មិនប្រាថ្នា​នូវវត្ថុ​ដទៃ​បន្តិចបន្តួច ក្រៅអំពី​មិន​បដិសន្ធិ។

វជិរាភិក្ខុនី បានពោលពាក្យនុ៎ះ នឹងមារមាន​ចិត្តបាបថា

ម្នាលមារ អ្នកជឿនូវអ្វីហ្ន៎ ថាជាសត្វ ទិដ្ឋិរបស់​អ្នកដូច្នោះឬ នេះជា​គំនរនៃ​សង្ខារសុទ្ធ សត្វក្នុង​គំនរនេះ បុគ្គល​រកមិនបានទេ ពាក្យថា រថដូច្នេះ រមែង​កើតមាន ព្រោះគ្រឿង​ផ្សំនៃអវយវៈ យ៉ាងណា​មិញ កាលបើ​ខន្ធ​ទាំងឡាយ​មាន សេចក្តី​សន្មត​ថាសត្វ ក៏រមែងមាន យ៉ាងនោះដែរ ពិតណាស់ ទុក្ខហ្នឹងឯង រមែង​កើតឡើង ទុក្ខ​រមែង​ឋិតនៅផង រលត់​ទៅផង មិនមាន​ធម្មជាត​ណាមួយ ក្រៅអំពីទុក្ខ កើតឡើង មិនមាន​ធម្មជាត​ដទៃ ក្រៅអំពីទុក្ខ រលត់ទៅ។

ខន្ធនីមួយ (ដែលគួរប្រកាន់) ថា នេះរបស់​អញ ឬថា នេះរបស់​បុគ្គល​ដទៃ នៃ​បុគ្គល​ណា មិនមាន យ៉ាង​នេះខ្លះ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្វែងរករូប រហូតដល់គតិ​របស់រូប ស្វែងរកវេទនា សញ្ញា សង្ខារ វិញ្ញាណ រហូត​ដល់គតិ​របស់​វិញ្ញាណ កាលបើ​ភិក្ខុនោះ ស្វែងរក​រូបរហូត​ដល់​គតិ​របស់រូប ស្វែងរក​វេទនា សញ្ញា សង្ខារ វិញ្ញាណ រហូត​ដល់គតិ​របស់​វិញ្ញាណ យ៉ាងនេះ​ហើយ (សេចក្តី​ប្រកាន់) ណាថា អញ ដូច្នេះក្តី ថារបស់​អញ ដូច្នេះក្តី (ថាអញ) មាន ដូច្នេះក្តី របស់​ភិក្ខុណា (សេចក្តី​ប្រកាន់) នោះ របស់​ភិក្ខុនោះ មិនមានទេ។ ហេតុនោះ (ទ្រង់​ត្រាស់ថា) ខន្ធនីមួយ​ដែលគួរ​ប្រកាន់ថា នេះរបស់​អញ ឬថា នេះរបស់​បុគ្គលដទៃ នៃ​បុគ្គលណា មិនមាន យ៉ាងនេះ​ខ្លះ។

ព្រះអានន្ទមានអាយុ ក្រាបទូលសួរដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពាក្យដែល​ព្រះអង្គ​ពោលថា លោកសូន្យ លោកសូន្យ​ដូច្នេះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពាក្យ​ដែល​ព្រះអង្គ​ពោលថា លោកសូន្យ តើដោយ​ហេតុ​ដូចម្តេច។ ម្នាល​អានន្ទ ធម្មជាត​សូន្យចាក​ខ្លួន ឬចាក​វត្ថុជា​របស់ខ្លួន ព្រោះ​ហេតុណា ហេតុនោះ បានជា​តថាគត​ពោលថា លោក​សូន្យ។ ម្នាលអានន្ទ ធម្មជាត​ដូចម្តេច ដែល​សូន្យចាក​ខ្លួន ឬចាក​វត្ថុជា​របស់ខ្លួន ម្នាល​អានន្ទ ចក្ខុ​ហ្នឹងឯង សូន្យចាក​ខ្លួន ឬចាកវត្ថុ​ជារបស់ខ្លួន រូប​ទាំងឡាយ​សូន្យ ចក្ខុវិញ្ញាណ​សូន្យ ចក្ខុសម្ផស្សសូន្យ សុខក្តី ទុក្ខក្តី អទុក្ខមសុខក្តី ណា ដែលបុគ្គល​ដឹងហើយ រមែង​កើតឡើង ព្រោះ​ចក្ខុសម្ផស្ស​ជាបច្ច័យ ធម្មជាត មានសុខ​ជាដើម​នោះឯង ជារបស់​សូន្យ សោតៈ​សូន្យ សទ្ទៈសូន្យ ឃានៈសូន្យ គន្ធៈសូន្យ ជិវ្ហាសូន្យ រស​ទាំងឡាយ​សូន្យ កាយសូន្យ ផោដ្ឋព្វៈ​ទាំងឡាយ​សូន្យ មនៈសូន្យ ធម្មៈសូន្យ មនោវិញ្ញាណ​សូន្យ មនោសម្ផស្ស​សូន្យ សុខក្តី ទុក្ខក្តី អទុក្ខមសុខក្តី​ណា ដែល​បុគ្គល​ដឹងហើយ រមែងកើត​ឡើង​ព្រោះ​មនោសម្ផស្ស​ជាបច្ច័យ ធម្មជាត មាន​សុខ​ជាដើម​នោះ​ឯង ជារបស់​សូន្យ​ចាក​ខ្លួន ឬចាក​វត្ថុជា​របស់ខ្លួន ម្នាលអានន្ទ ធម្មជាត​ដែលសូន្យ​ចាកខ្លួន ឬចាក​វត្ថុជារបស់​ខ្លួន ព្រោះ​ហេតុណា ហេតុនោះ តថាគត​ពោលថា លោកសូន្យ។ ហេតុនោះ (ទ្រង់ត្រាស់ថា) ខន្ធនីមួយ​ដែលគួរ​ប្រកាន់ថា នេះរបស់​អញ ឬថា នេះរបស់​បុគ្គល​ដទៃ នៃ​បុគ្គលណា មិនមាន យ៉ាងនេះខ្លះ។

[១៦៨] ពាក្យថា បុគ្គលនោះ កាលមិនបានសេចក្តីប្រកាន់ ត្រង់ពាក្យថា សេចក្តី​ប្រកាន់ បានដល់ សេចក្តី​ប្រកាន់ ២ សេចក្តីប្រកាន់គឺ​តណ្ហា ១ សេចក្តី​ប្រកាន់​គឺទិដ្ឋិ ១។បេ។ នេះ សេចក្តី​ប្រកាន់​គឺតណ្ហា។បេ។ នេះ សេចក្តី​ប្រកាន់​គឺទិដ្ឋិ។ បុគ្គល​កាល​លះបង់​សេចក្តី​ប្រកាន់​គឺតណ្ហា រលាស់​ចោលសេចក្តី​ប្រកាន់​គឺទិដ្ឋិ ហើយ​មិនចួប មិន​ប្រទះ មិនបាន មិនបាន​ចំពោះ នូវសេចក្តី​ប្រកាន់ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​នោះ កាល​​មិនបាន​នូវសេចក្តី​ប្រកាន់។

[១៦៩] ពាក្យថា រមែងមិនសោកថា អញមិនមាន​របស់នេះ គឺបុគ្គល​មិនសោក​រក​របស់​ដែលត្រូវ​ប្រែប្រួល ឬកាល​វត្ថុដែល​ប្រែប្រួល​ហើយ មិនសោក គឺមិន​សោកថា ចក្ខុ​របស់​អញ​ប្រែប្រួល សោតៈ​របស់​អញ។បេ។ មិនសោក មិនលំបាក មិន​ខ្សឹកខ្សួល មិន​គក់ទ្រូង មិនដល់​នូវការ​វង្វេងថា ញាតិ​សាលោហិត​របស់អញ ប្រែប្រួល​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​មិនសោក​ថា អញមិនមាន​របស់នេះ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ខន្ធនីមួយ (ដែលគួរប្រកាន់ថា) នេះ​របស់អញ ឬថា នេះរបស់​បុគ្គល​ដទៃ នៃបុគ្គល​ណា មិនមានទេ បុគ្គលនោះ កាល​មិនបាន​សេចក្តីប្រកាន់ រមែង​មិនសោក​ថា អញ​មិនមាន​របស់នេះ ដូច្នេះ​ឡើយ។

[១៧០] តថាគតដែលត្រូវគេសួរ អំពីពួកបុគ្គល​អ្នកមិន​ញាប់ញ័រ​ហើយ នឹង​ពោលនូវ​អានិសង្ស (នៃពួក​បុគ្គល) នោះ គឺបុគ្គល​អ្នកមិនមាន​សេចក្តី​ច្រណែន អ្នកមិន​ប្រាថ្នា អ្នកមិន​មានការ​ញាប់ញ័រ អ្នកមាន​ចិត្តស្មើ​ក្នុងធម៌​ទាំងពួង។

[១៧១] អធិប្បាយពាក្យថា បុគ្គលអ្នកមិនមានសេចក្តីច្រណែន អ្នកមិនប្រាថ្នា សំនួរ​ថា សេចក្តី​ច្រណែន តើដូចម្តេច។ បុគ្គលខ្លះ​ក្នុងលោក​នេះ ជាអ្នក​ច្រណែន រមែង​ច្រណែន ឈ្នានីស ចងនូវ​សេចក្តី​ច្រណែន​ទុក ក្នុងលាភ​ សក្ការៈ ការគោរព ការរាប់អាន ការ​ថ្វាយបង្គំ ការបូជា របស់​បុគ្គល​ដទៃ សេចក្តី​ច្រណែន អំពើ​នៃសេចក្តី​ច្រណែន សេចក្តី​ឫស្យា អាការ​នៃឫស្យា ភាពនៃ​សេចក្តី​ឫស្យា សេចក្តី​ឈ្នានីស អាការនៃ​ឈ្នានីស ភាព​នៃសេចក្តី​ឈ្នានីស​ឯណា មានសភាព​យ៉ាងនេះ នេះ​លោកហៅថា សេចក្តី​ច្រណែន។ សេចក្តី​ច្រណែន​នុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើង គឺញាណ​ហើយ បុគ្គលនោះ លោក​ហៅថា អ្នក​មិនមាន​សេចក្តី​ច្រណែន ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកមិនមាន​សេចក្តី​ច្រណែន។ ពាក្យថា អ្នក​មិន​ប្រាថ្នា សេចក្តីថា តណ្ហា លោក​ហៅថា សេចក្តីប្រាថ្នា បាន​ខាង​រាគៈ រាគៈ​មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តី​ប្រាថ្នានុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុតដោយភ្លើង គឺញាណហើយ បុគ្គល​នោះ លោកហៅថា អ្នកមិន​ប្រាថ្នា។ បុគ្គលនោះ មិនប្រាថ្នា​ក្នុងរូប។បេ។ មិនប្រាថ្នា មិនចង់បាន មិនល្មោភ មិន​ជ្រុលជ្រប់ ក្នុង​អារម្មណ៍​ទាំងឡាយ ដែលឃើញ ឮ ប៉ះពាល់ ឬគប្បី​ដឹង គឺជា​អ្នកអស់​ចំណង់ គ្មាន​ចំណង់ លះបង់​ចំណង់ ខ្ជាក់ចោល​ចំណង់ មាន​ចំណង់​រួចស្រឡះ មាន​ចំណង់​វិនាស មានចំណង់​រលាស់​ចេញ ជាអ្នក​អស់តម្រេក គ្មាន​តម្រេក លះបង់​តម្រេក ខ្ជាក់ចោល​តម្រេក មានតម្រេក​រួចស្រឡះ មាន​តម្រេក​វិនាស មាន​តម្រេក​រលាស់ចេញ ជាអ្នកមិន​ឃ្លាន រលត់​ចំណង់ មានចិត្ត​ត្រជាក់ ទទួលសុខ មានខ្លួន​ដ៏ប្រសើរ សម្រាន្ត​នៅ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នក​មិនមាន​សេចក្តី​ច្រណែន អ្នកមិន​ប្រាថ្នា។

[១៧២] ពាក្យថា អ្នកមិនមានការញាប់ញ័រ អ្នកមានចិត្ត​ស្មើក្នុង​អារម្មណ៍​ទាំងពួង អធិប្បាយ​ថា តណ្ហា លោកហៅថា សេចក្តី​ញាប់ញ័រ បានខាង​រាគៈ រាគៈ​មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា ជាគ្រឿង​ញាប់ញ័រនុ៎ះ បុគ្គលណា បាន​លះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺ​ញាណ​ហើយ បុគ្គលនោះ លោកហៅថា អ្នកមិន​មានការ​ញាប់ញ័រ។ បុគ្គលនោះ ឈ្មោះថា អ្នក​មិនមាន​ការញាប់ញ័រ ព្រោះលះ​តណ្ហា​ជាគ្រឿង​ញាប់ញ័រ​ហើយ រមែង​មិន​ញាប់ញ័រ​ក្នុងលាភខ្លះ មិនញាប់ញ័រ​ក្នុងអលាភខ្លះ មិនញាប់ញ័រ​ក្នុងយសខ្លះ មិន​ញាប់ញ័រ​ក្នុងអយស​ខ្លះ មិនញាប់ញ័រ​ក្នុងបសំសាខ្លះ មិនញាប់ញ័រ​ក្នុងនិន្ទាខ្លះ មិន​ញាប់ញ័រ​ក្នុងសុខខ្លះ មិនញាប់ញ័រ មិនកំរើក មិនរំភើប មិនរន្ធត់ មិនស្លន់ស្លោ ក្នុងទុក្ខខ្លះ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកមិន​មានការ​ញាប់ញ័រ។ ពាក្យថា អ្នកមាន​ចិត្តស្មើ​ក្នុងធម៌​ទាំងពួង សេចក្តីថា ធម៌​ទាំងពួង លោកពោល​សំដៅ​អាយតនៈ ១២ គឺ ចក្ខុ ១ រូប ១។បេ។ មនៈ ១ ធម្មៈ ១។ កាលណា​ឆន្ទរាគៈ ក្នុងអាយតនៈ​ទាំងខាង​ក្នុង ខាងក្រៅ បុគ្គល​បាន​លះបង់ ផ្តាច់ផ្តិល​ឫសគល់ ធ្វើមិនឲ្យ​មានទីកើត ដូចជា​ទីកើតនៃ​ដើមត្នោត ដល់នូវ​ភាព​មិនមាន មិនឲ្យ​មានការ​កើតតទៅ​ជាធម្មតា បុគ្គលនោះ លោក​ហៅថា អ្នកមាន​ចិត្តស្មើ​ក្នុងធម៌​ទាំងពួង អ្នកនឹងធឹង​ក្នុងធម៌​ទាំងពួង អ្នកកណ្តាល ក្នុងធម៌​ទាំងពួង អ្នក​ព្រងើយ​កន្តើយ​ក្នុងធម៌​ទាំងពួង ក្នុងកាល​នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកមិន​មានការ​ញាប់ញ័រ អ្នក​មានចិត្ត​ស្មើក្នុង​ធម៌ទាំងពួង។

[១៧៣] ពាក្យថា តថាគត ដែលត្រូវគេសួរ អំពីពួកបុគ្គល​អ្នកមិនញាប់ញ័រ នឹង​ពោល​នូវ​អានិសង្ស (នៃពួក​បុគ្គល) នោះ គឺ តថាគតដែល​ត្រូវគេសួរ គេដេញដោល គេសូម គេអារាធនា គេជ្រះថ្លា អំពី​ពួកបុគ្គល​អ្នកមិន​ញាប់ញ័រ នឹងពោល នឹងសំដែង នឹងប្រាប់។បេ។ នឹងប្រកាស​នូវ​អានិសង្ស ៤ នេះ ថា បុគ្គលនោះ ជាអ្នក​មិនមាន​សេចក្តី​ច្រណែន ១ អ្នកមិនប្រាថ្នា ១ អ្នកមិនមាន​ការញាប់ញ័រ ១ អ្នកមាន​ចិត្តស្មើ​ក្នុងធម៌​ទាំងពួង ១ ហេតុនោះ (ទ្រង់​ត្រាស់ថា) តថាគត ដែលត្រូវ​គេសួរ អំពី​ពួកបុគ្គល​អ្នកមិន​ញាប់ញ័រ នឹង​ពោលនូវ​អានិសង្ស (នៃពួក​បុគ្គល) នោះ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

តថាគតដែលត្រូវគេសួរ អំពីពួកបុគ្គល​អ្នកមិន​ញាប់ញ័រ នឹងពោល​នូវ​អានិសង្ស (នៃពួក​បុគ្គល) នោះ គឺបុគ្គល​អ្នកមិនមាន​សេចក្តី​ច្រណែន អ្នកមិន​ប្រាថ្នា អ្នកមិន​មានការ​ញាប់ញ័រ អ្នកមាន​ចិត្តស្មើ ក្នុង​ធម៌ទាំងពួង។

[១៧៤] ការតាក់តែងណានីមួយ នៃបុគ្គល​អ្នកមិន​មានការ​ញាប់ញ័រ អ្នកដឹងច្បាស់ មិនមានទេ បុគ្គលនោះ វៀរចាក​ការផ្តើម​ផ្សេងៗ រមែង​ឃើញ​សេចក្តី​ក្សេមក្នុង​ទីទាំង​ពួង។

[១៧៥] ពាក្យថា អ្នកមិនមានការញាប់ញ័រ អ្នកដឹងច្បាស់ សេចក្តីថា តណ្ហា លោក​ហៅថា ការញាប់ញ័រ បានខាង រាគៈ រាគៈមាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា​ជាគ្រឿង​ញាប់ញ័រនុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរ​ឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺ​ញាណហើយ បុគ្គលនោះ លោក​ហៅថា អ្នក​មិនមាន​ការ​ញាប់ញ័រ។ បុគ្គល​ឈ្មោះថា អ្នកមិន​មានការ​ញាប់ញ័រ​នោះ ព្រោះលះ​តណ្ហា ជាគ្រឿង​ញាប់ញ័រ​ហើយ រមែង​មិនញាប់ញ័រ​ក្នុងលាភខ្លះ មិន​ញាប់ញ័រ​ក្នុង​អលាភខ្លះ មិនញាប់ញ័រ​ក្នុងយសខ្លះ មិនញាប់ញ័រ​ក្នុងអយសខ្លះ មិនញាប់ញ័រ​ក្នុង​បសំសា​ខ្លះ មិន​ញាប់ញ័រ​ក្នុងនិន្ទា​ខ្លះ មិនញាប់ញ័រ​ក្នុងសុខខ្លះ មិនញាប់ញ័រ មិនកំរើក មិនរំភើប មិនរន្ធត់ មិនស្លន់ស្លោ ក្នុងទុក្ខខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិន​មានការ​ញាប់ញ័រ។ ពាក្យថា អ្នកដឹងច្បាស់ គឺអ្នកដឹង ដឹងទួទៅ ដឹងច្បាស់ ដឹងចំពោះ យល់​ច្បាស់ថា សង្ខារ​ទាំងពួង​មិនទៀង អ្នកដឹង ដឹងទួទៅ ដឹងច្បាស់ ដឹងចំពោះ យល់ច្បាស់​ថា សង្ខារ​ទាំងពួង​ជាទុក្ខ។បេ។ អ្នកដឹង ដឹងទួទៅ ដឹងច្បាស់ ដឹងចំពោះ យល់ច្បាស់​ថា ធម្មជាត​ណាមួយ មានការ​កើតឡើង​ជាធម្មតា ធម្មជាត​ទាំងអស់​នោះ មានការ​រលត់​ទៅវិញជា​ធម្មតា ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកមិន​មានការ​ញាប់ញ័រ អ្នកដឹង​ច្បាស់។

[១៧៦] ពាក្យថា ការតាក់តែងណានីមួយ មិនមាន សេចក្តីថា ការតាក់តែង​ទាំង​ឡាយ លោកពោល​សំដៅយក​បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អនេញ្ជាភិសង្ខារ។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អនេញ្ជាភិសង្ខារ បុគ្គល​លះបង់ ផ្តាច់ឫសគល់ ធ្វើមិន​ឲ្យមាន​ទីកើត ដូចជា​ទីកើតនៃ​ដើមត្នោត ដល់នូវ​ភាព​មិនមាន មិនឲ្យ​មានការ​កើតតទៅ​ជាធម្មតា ក្នុងកាលណា ការតាក់តែង​ទាំងឡាយ​នៃបុគ្គល មិនមាន ឥតមាន ដែល​មិនបាន គឺលោក​បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុត​ដោយភ្លើង​គឺ​ញាណហើយ ដោយហេតុ​ប៉ុណ្ណេះ ក្នុង​កាលនោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ការតាក់​តែងណា​នីមួយ មិនមាន។

[១៧៧] ពាក្យថា បុគ្គលនោះ វៀរចាកការផ្តើមផ្សេង ៗ សេចក្តីថា បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អនេញ្ជាភិសង្ខារ លោកហៅថា ការផ្តើម​ផ្សេងៗ។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អនេញ្ជាភិសង្ខារ បុគ្គល​លះបង់ ផ្តាច់​ឫសគល់ ធ្វើមិន​ឲ្យមាន​ទីកើត ដូចជាទី​កើតនៃ​ដើមត្នោត ដល់នូវ​ភាពមិនមាន មិនឲ្យ​មានការ​កើតតទៅ​ជាធម្មតា ក្នុង​កាលណា បុគ្គល​ជាអ្នក​ចៀសវាង គេចចេញ វៀរស្រឡះ​ផ្សេង ៗ រត់ចេញ រលាស់ចេញ រួចស្រឡះ ប្រកបប្រាស ចាកការ​ផ្តើមផ្សេង ៗ មានចិត្ត​ប្រាសចាក​សេចក្តី​សល់វ៉ល់ ដោយហេតុ​ប៉ុណ្ណេះ ក្នុងកាលនោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ វៀរចាក​ការតាក់តែង​ផ្សេងៗ។

[១៧៨] ពាក្យថា រមែងឃើញសេចក្តីក្សេមក្នុងទីទាំងពួង សេចក្តីថា រាគៈ​ជាគ្រឿង​ធ្វើនូវភ័យ ទោសៈ​ជាគ្រឿង​ធ្វើនូវភ័យ មោហៈ​ជាគ្រឿង​ធ្វើនូវ​ភ័យ។បេ។ កិលេស​ទាំង​ឡាយ ជាគ្រឿង​ធ្វើនូវភ័យ។ ព្រោះរាគៈ​ជាគ្រឿង​ធ្វើនូវភ័យ លោក​លះបង់​ហើយ។បេ។ ព្រោះ​កិលេស​ជាគ្រឿង​ធ្វើនូវភ័យ លោក​លះបង់​ហើយ ទើប​ឈ្មោះថា ឃើញសេចក្តី​ក្សេមក្នុង​ទីទាំងពួង គឺឃើញ​ហេតុ​មិនមាន​ភ័យក្នុង​ទីទាំងពួង ឃើញ​វត្ថុមិនមាន​ចង្រៃក្នុង​ទីទាំង​ពួង ឃើញ​វត្ថុមិនមាន​ឧបទ្រព​ក្នុងទី​ទាំងពួង ឃើញការ​មិនមាន​ឧបសគ្គ​ក្នុង​ទីទាំង​ពួង ឃើញគុណ​ដ៏ស្ងប់​រម្ងាប់ក្នុង​ទីទាំងពួង ហេតុនោះ (ទ្រង់​ត្រាស់ថា) រមែង​ឃើញ​សេចក្តី​ក្សេមក្នុង​ទីទាំងពួង។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ការតាក់តែងណានីមួយ នៃបុគ្គល​អ្នកមិនមាន​ការញាប់ញ័រ អ្នក​ដឹងច្បាស់ មិន​មានទេ បុគ្គលនោះ វៀរចាក​ការផ្តើម​ផ្សេង ៗ រមែង​ឃើញសេចក្តី​ក្សេមក្នុង​ទីទាំង​ពួង។

[១៧៩] មុនិ មិននិយាយក្នុងហេតុដ៏ស្មើទេ មិននិយាយ​ក្នុងហេតុ​ដ៏ថោកទាប​ទេ មិន​និយាយ​ក្នុងហេតុ​ដ៏ខ្ពង់ខ្ពស់ទេ (ព្រោះ) លោកជា​អ្នកស្ងប់ ប្រាសចាក​កំណាញ់ មិនប្រកាន់ មិនរលាស់​ចោល (ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ)។

[១៨០] ពាក្យថា មុនិ មិននិយាយក្នុងហេតុដ៏ស្មើទេ មិននិយាយ​ក្នុងហេតុ​ដ៏ថោកទាប មិននិយាយ​ក្នុងហេតុ​ដ៏ខ្ពង់ខ្ពស់​ទេ សេចក្តីថា ញាណ លោកហៅថា មោនៈ បានដល់ ប្រាជ្ញា ការដឹងសព្វ។បេ។ មុនិនោះ កន្លងនូវ​បណ្តាញ​ជាគ្រឿង​ចំពាក់។ មុនិ រមែង​មិននិយាយ មិនសំដែង មិនពោល មិនបំភ្លឺ មិនបញ្ចេញថា អញជា​បុគ្គល​ប្រសើរ ឬថា អញ​ជាបុគ្គល​ស្មើ ឬក៏ថា អញជា​បុគ្គល​ថោកទាប ដូច្នេះ​ឡើយ ហេតុនោះ ទ្រង់​ត្រាស់ថា មុនិ មិននិយាយ​ក្នុងហេតុ​ដ៏ស្មើទេ មិន​និយាយ​ក្នុងហេតុ​ដ៏ថោកទាប​ទេ មិន​និយាយ​ក្នុងហេតុ​ដ៏ខ្ពង់ខ្ពស់​ទេ។

[១៨១] អធិប្បាយពាក្យថា លោកជាអ្នកស្ងប់ ប្រាសចាកកំណាញ់ ត្រង់ពាក្យថា ជាអ្នក​ស្ងប់ គឺជា​អ្នកស្ងប់ ព្រោះ​ស្ងប់រាគៈ ជាអ្នកស្ងប់ អ្នករម្ងាប់ អ្នកស្ងប់រម្ងាប់ អ្នក​រលត់​ទុក្ខ អ្នក​សះស្បើយ​ទុក្ខ ព្រោះស្ងប់​ទោសៈ មោហៈ។បេ។ ព្រោះស្ងប់ ព្រោះរម្ងាប់ ព្រោះ​ធ្លុះធ្លាយ ព្រោះរលត់ ព្រោះប្រាសចេញ ព្រោះសះស្បើយ នូវអភិសង្ខារ ជា​អកុសល​ទាំងពួង ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នកស្ងប់។ ពាក្យថា ប្រាសចាក​កំណាញ់ សេចក្តីថា កំណាញ់ ៥ គឺកំណាញ់​អាវាស។បេ។ ការប្រកាន់ នេះ លោកហៅ​ថា ការកំណាញ់។ ការ​កំណាញ់​នុ៎ះ បុគ្គលណា លះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើ​មិនគួរ​ឲ្យកើត​ឡើងបាន ដុត​ដោយភ្លើង គឺញាណ​ហើយ បុគ្គលនោះ លោក​ហៅថា អ្នក​មាន​កំណាញ់​ទៅប្រាស មាន​កំណាញ់​ឃ្លាតចេញ មានកំណាញ់​លះបង់ មានកំណាញ់​ខ្ជាក់ចោល មាន​កំណាញ់​រួចចេញ មាន​កំណាញ់​បន្សាត់​ចេញ មាន​កំណាញ់​រលាស់ចេញ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) លោកជា​អ្នកស្ងប់ ប្រាសចាក​កំណាញ់។

[១៨២] អធិប្បាយពាក្យថា មិនប្រកាន់ មិនលះចោល ព្រះមានព្រះភាគ​ត្រាស់​ដូច្នេះ ត្រង់ពាក្យថា មិនប្រកាន់ គឺមិនប្រកាន់ មិនកួចកាន់ មិនទង់​ទាញទុក មិនកាន់យក មិន​ស្ទាបអង្អែល មិនជាប់​ចំពាក់ ចំពោះរូប មិនប្រកាន់ មិនកួចកាន់ មិនទង់​ទាញទុក មិនស្ទាប​អង្អែល មិនជាប់​ចំពាក់ ចំពោះវេទនា សញ្ញា សង្ខារ វិញ្ញាណ គតិ ឧបបត្តិ បដិសន្ធិ ភព សំសារ វដ្តៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនប្រកាន់។ ពាក្យថា មិនរលាស់​ចោល គឺមិន​លះបង់ មិន​បន្ទោបង់ មិនធ្វើ​ឲ្យវិនាស មិនឲ្យ​ដល់ការ​មិនមាន​នូវរូប មិនលះ​បង់ មិនបន្ទោបង់ មិនធ្វើ​ឲ្យវិនាស មិនឲ្យ​ដល់ការ​មិនមាន​នូវវេទនា សញ្ញា សង្ខារ វិញ្ញាណ គតិ ឧបបត្តិ បដិសន្ធិ ភព សំសារ វដ្តៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនរលាស់​ចោល។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យ​ពោលដោយ​គោរព។បេ។ ការ​បញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការ​ធ្វើឲ្យ​ជាក់ច្បាស់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

មុនិ មិននិយាយក្នុងហេតុដ៏ស្មើទេ មិននិយាយ​ក្នុងហេតុ​ដ៏ថោកទាប​ទេ មិន​និយាយ​ក្នុងហេតុ​ដ៏ខ្ពង់ខ្ពស់ទេ (ព្រោះ) លោកជា​អ្នកស្ងប់ ប្រាសចាក​កំណាញ់ មិនប្រកាន់ មិនរលាស់​ចោល (ព្រះមានព្រះភាគ ត្រាស់​ដូច្នេះ)។

ចប់ អត្តទណ្ឌសុត្តនិទ្ទេស ទី១៥។

សារីបុត្តសុត្តនិទ្ទេស ទី១៦

[១៨៣] (ព្រះសារីបុត្តមានអាយុ ពោលដូច្នេះថា) ក្នុងកាល​មុនអំពី​កាលនេះ ខ្ញុំមិន​បាន​ឃើញ ទាំងមិន​បានឮ (អំពី​សំណាក់) អ្នកណា​មួយទេ ព្រះសាស្តា មាន​ព្រះសូរសៀង​ដ៏ពីរោះ​យ៉ាងនេះ ទ្រង់ចុះ​ចាកឋាន​តុសិត​មកកាន់​ពួក។

[១៨៤] ពាក្យថា ក្នុងកាលមុនអំពីកាលនេះ ខ្ញុំមិន​បានឃើញ គឺ​ក្នុងកាល​មុនអំពី​កាលនេះ ព្រះមានព្រះភាគ​អង្គនោះ ខ្ញុំមិនធ្លាប់​ឃើញ ដោយ​ចក្ខុនេះ ដោយ​អត្តភាព​នេះ​ទេ។ កាល​ដែល​ព្រះមានព្រះភាគ គង់ចាំ​វស្សាលើ​ថ្មបណ្ឌុកម្ពល​ក្រោមម្លប់​បារិឆ្ឆត្តកព្រឹក្ស នា​ឋានតាវត្តិង្ស មានពួក​ទេវតា​ហែហម ទ្រង់យាង​ចុះកាន់​ក្រុង​សង្កស្ស តាម​ជណ្តើរកែវ ត្រង់​កណ្តាល ខ្ញុំមិនបាន​ឃើញក្នុង​កាលមុន វៀរលែង​នូវការ​ឃើញនេះ។ ហេតុនោះ (លោក​ពោលថា) ក្នុងកាល​មុន​អំពី​កាលនេះ ខ្ញុំមិន​បានឃើញ។

[១៨៥] ពាក្យថា ព្រះសារីបុត្តមានអាយុ (ពោល) ថាដូច្នេះ ត្រង់ពាក្យថា ដូច្នេះ ជាពាក្យ​តបទ ភ្ជាប់បទ បំពេញបទ ប្រជុំអក្ខរៈ ជាពាក្យ​សម្រួល​ព្យព្ជានៈ ពាក្យថា ដូច្នេះ​នុ៎ះ គឺជា​លំដាប់​បទ។ ពាក្យថា មានអាយុ គឺពាក្យ​ជាទី​ស្រឡាញ់ ជាពាក្យ​គោរព ពាក្យថា មាន​អាយុ​នុ៎ះ ជាពាក្យ​ប្រកប​ដោយសេចក្តី​គោរព​កោតក្រែង។ ពាក្យថា ព្រះសារីបុត្ត គឺជា​ឈ្មោះ ជាការរាប់ ជាពាក្យ​សំគាល់ ជាបញ្ញត្តិ ជាពាក្យហៅ ជានាម ជានាមកម្ម ជា​នាមបញ្ញត្តិ ជាសំដី ជាគ្រឿង​បញ្ជាក់ ជាគ្រឿង​ប្រកាស របស់​ព្រះថេរៈ​នោះ ហេតុនោះ (លោក​ពោលថា) ព្រះសារីបុត្ត​មានអាយុ ពោល​ដូច្នេះ។

[១៨៦] ពាក្យថា ទាំងមិនបានឮ អំពីសំណាក់​អ្នកណា​មួយទេ ត្រង់ពាក្យថា មិន ជា​ពាក្យហាម​ឃាត់។ ពាក្យថា ទាំង ជាពាក្យ​តបទ ភ្ជាប់បទ បំពេញបទ ប្រជុំអក្ខរៈ ជាពាក្យ​សម្រួល​ព្យព្ជានៈ ពាក្យថា ទាំងនុ៎ះ គឺជា​លំដាប់​បទ។ ពាក្យថា អ្នកណាមួយ គឺអ្នក​ណា​មួយ ទោះក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សុទ្ទៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី ហេតុនោះ (លោក​ពោលថា) ទាំងមិន​បានឮ អំពី​សំណាក់​អ្នកណា​មួយទេ។

[១៨៧] ពាក្យថា ព្រះសាស្តាមានព្រះសូរសៀងពីរោះ​យ៉ាងនេះ អធិប្បាយថា ព្រះអង្គ​មាន​ព្រះសូរសៀង​ពីរោះ សូរសៀងទន់ ផ្អែម សូរសៀង​គួរជាទី​ស្រឡាញ់ សូរសៀង​ជាទី​គាប់ចិត្ត សូរសៀង​ពីរោះ ដូច​សំឡេង​សត្វករវិក​យ៉ាងនេះ។ ​ព្រះសូរ​សៀងដែល​ផ្សាយ​ចេញចាក​ព្រះឱស្ឋ​របស់​ព្រះមានព្រះភាគ​នោះ ប្រកប​ដោយអង្គ ៨ គឺ​ក្បោះក្បាយ ១ គប្បីដឹង​បានដោយ​ងាយ ១ ទន់ពីរោះ ១ ស្រួលស្តាប់ ១ មូល ១ មិនបែក​ព្រែក ១ ក្រអួន ១ លាន់រំពង ១។ កាលណា​ព្រះមានព្រះភាគ​អង្គនោះ ទ្រង់ញុំាង​បរិស័ទ​ឲ្យដឹង​ដោយ​ព្រះសូរសៀង ព្រះសូរសៀង​ព្រះមានព្រះភាគ​អង្គនោះ មិនខ្ចាយ​ចេញទៅ​ខាងក្រៅ​អំពី​បរិស័ទ។ ព្រះមានព្រះភាគ​អង្គនោះ មាន​ព្រះសូរសៀង​ដូចជា​សំឡេងព្រហ្ម មាន​ព្រះសូរសៀង​ដូចជា​សំឡេងសត្វ​ករវិក ហេតុនោះ លោក​ពោលថា ព្រះមានព្រះភាគ មាន​ព្រះសូរសៀង​ពីរោះ​យ៉ាងនេះ។ ពាក្យថា ព្រះសាស្តា គឺ​ព្រះមានព្រះភាគ​ជាអ្នកនាំ​ពួក។ នាយពួក ញុំាងពួក​ទាំងឡាយ​ឲ្យឆ្លង​ផ្លូវលំបាក គឺឲ្យ​ឆ្លងផ្លូវ​លំបាក​គឺចោរ ឲ្យឆ្លង​ផ្លូវលំបាក​គឺម្រឹគ​សាហាវ ឲ្យឆ្លង​ផ្លូវលំបាក​គឺការ​អត់ឃ្លាន ឲ្យឆ្លង ឲ្យឆ្លងឡើង ឲ្យឆ្លង​ចេញ ឲ្យឆ្លង​ផុតផ្លូវ​លំបាក​គឺការ​មិនមានទឹក ឲ្យបាន​ដល់​ទីក្សេម យ៉ាង​ណាមិញ ព្រះមានព្រះភាគ​ជាអ្នក​នាំពួក តែងញុំាង​ពួកសត្វ​ឲ្យឆ្លងផ្លូវ​លំបាក គឺឲ្យឆ្លង​ផ្លូវលំបាក​គឺជាតិ ឲ្យឆ្លង​ផ្លូវលំបាក​គឺជរា ឲ្យឆ្លង​ផ្លូវលំបាក​គឺព្យាធិ ឲ្យឆ្លង​ផ្លូវលំបាក​គឺ​មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ ឲ្យឆ្លង​ផ្លូវលំបាក​គឺរាគៈ ឲ្យឆ្លង​ផ្លូវលំបាក​គឺទោសៈ មោហៈ មានះ ទិដ្ឋិ កិលេស ទុច្ចរិត ឲ្យឆ្លង​សេចក្តី​សាំញុំា​គឺរាគៈ ឲ្យឆ្លង​សេចក្តី​សាំញុំា​គឺទោសៈ មោហៈ មានះ ទិដ្ឋិ ឲ្យឆ្លង ឲ្យឆ្លងឡើង ឲ្យឆ្លងចេញ ឲ្យឆ្លងផុត នូវសេចក្តី​សាំញុំា​គឺកិលេស ឲ្យដល់​ទីក្សេម គឺ​អមតនិព្វាន ក៏យ៉ាង​នោះដែរ ហេតុនោះ ព្រះមានព្រះភាគ​ជាអ្នក​នាំពួក យ៉ាងនេះ​ខ្លះ។ មួយទៀត ព្រះមានព្រះភាគ​ទ្រង់ទូន្មាន ណែនាំ ប្រៀនប្រដៅ ឲ្យស្គាល់ ឲ្យចាក់ធ្លុះ ឲ្យសំឡឹង​មើល ឲ្យជ្រះថ្លា ហេតុនោះ ព្រះមានព្រះភាគ​ជាអ្នក​នាំពួក យ៉ាងនេះ​ខ្លះ។ មួយទៀត ព្រះមានព្រះភាគ ទ្រង់ធ្វើ​មគ្គដែល​មិន​ទាន់កើត ឲ្យកើតឡើង ទ្រង់ធ្វើ​មគ្គដែល​មិនទាន់​កើត ឲ្យកើត​ព្រម ទ្រង់​ប្រាប់មគ្គ​ដែលមិន​ទាន់បាន​ប្រាប់ ជាអ្នក​ដឹងនូវ​មគ្គ ជ្រាបច្បាស់​នូវមគ្គ ឈ្លាស​ក្នុងមគ្គ។ ឯពួក​សាវ័កឥឡូវនេះ ជាអ្នកដើរ​តាមមគ្គ ជាអ្នក​ប្រកប​តាមក្រោយ ហេតុនោះ ព្រះមានព្រះភាគ ឈ្មោះថា​ជាអ្នក​នាំពួក យ៉ាងនេះ​ខ្លះ ហេតុនោះ (លោកពោលថា) ព្រះសាស្តា​មាន​ព្រះសូរ​សៀង​ពីរោះ យ៉ាងនេះ​ឯង។

[១៨៨] ពាក្យថា ចុះចាកឋានតុសិត មកកាន់ពួក អធិប្បាយថា ព្រះមានព្រះភាគ ចុះចាក​កាយតុសិត ស្តេចមក​កាន់​ផ្ទៃមាតា ទាំងមាន​ស្មារតី ដឹងច្បាស់ ហេតុនោះ (លោក​ពោលថា) ព្រះសាស្តា​ចុះចាក​ឋានតុសិត​មកកាន់ពួក យ៉ាងនេះ​ខ្លះ។ មួយទៀត ពួក​ទេវតា លោកហៅថា តុសិត។ ពួកទេវតា​ទាំងនោះ ជាអ្នក​ត្រេកអរ ត្រេកអរព្រម ពេញចិត្ត រីករាយ មានបីតិ និងសោមនស្ស ព្រះសាស្តា​ចុះចាកឋាន​តុសិត​ទេវលោក មក​កាន់ពួក ហេតុនោះ (លោក​ពោលថា) ចុះចាក​ឋានតុសិត មកកាន់ពួក យ៉ាង​នេះខ្លះ។ មួយ​វិញទៀត ព្រះអរហន្ត​ទាំងឡាយ លោកហៅថា តុសិត។ ព្រះអរហន្ត​ទាំងនោះ ជាអ្នក​ត្រេកអ ត្រេកអរព្រម ពេញចិត្ត រីករាយ មានបីតិ និង​សោមនស្ស ព្រះមានព្រះភាគ ស្តេច​មកកាន់​ពួក​ព្រះអរហន្ត​ទាំងឡាយ ហេតុនោះ (លោក​ពោលថា) ចុះចាក​ឋានតុសិត មកកាន់​ពួក យ៉ាងនេះ​ខ្លះ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះ​មានពួក។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះជា​អាចារ្យ​នៃពួក។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះជា​សាស្តា​នៃពួក។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះទ្រង់​រក្សាពួក។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះទ្រង់​ទូន្មានពួក។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះទ្រង់​ប្រៀនប្រដៅ​ពួក។ ព្រះមាន​ព្រះភាគ ឈ្មោះថា មានពួក ព្រោះទ្រង់​អង់អាច ចូលទៅ​រកពួក។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះពួក តែង​ស្តាប់ដោយ​គោរព (នូវពាក្យ) នៃ​ព្រះមានព្រះភាគ​នោះ ផ្ទៀងសោតៈ​ស្តាប់ ដំកល់ទុកនូវ​ចិត្តដើម្បី​ដឹង។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក ព្រោះ​ទ្រង់ញុំាង​ពួកឲ្យ​ក្រោកចេញ​អំពី​អកុសលធម៌ ហើយឲ្យ​តាំងនៅ​ក្នុង​កុសលធម៌។ ព្រះមានព្រះភាគ ឈ្មោះថា មាន​ពួក របស់ពួក​នៃភិក្ខុ។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់ពួក​នៃភិក្ខុនី។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់ពួក​នៃឧបាសក។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់​ពួកនៃ​ឧបាសិកា។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់ពួក​នៃព្រះរាជា។ ព្រះមានព្រះភាគ ឈ្មោះថា មានពួក របស់​ពួកនៃ​ក្សត្រ របស់ពួក​នៃព្រាហ្មណ៍ របស់ពួក​នៃ​វេស្សៈ របស់ពួក​នៃសុទ្ទៈ របស់​ពួកនៃ​ទេវតា របស់​ពួកនៃ​ព្រហ្ម។ ព្រះមានព្រះភាគ មានសង្ឃ មានគណៈ ជាគណាចារ្យ បានស្តេច​មកចូល​ទៅជិត ចូលទៅ​ជិតព្រម បាន​ដល់នូវ​សង្កស្សនគរ ហេតុនោះ (លោក​ពោលថា) ព្រះមានព្រះភាគ ចុះចាក​ឋានតុសិត មកកាន់​ពួក។ ហេតុនោះ ព្រះសារីបុត្តត្ថេរ​ពោលថា

(ព្រះសារីបុត្តមានអាយុ ពោលដូច្នេះថា) ក្នុងកាល​មុនអំពី​កាលនេះ ខ្ញុំមិន​បានឃើញ ទាំងមិន​បានឮ (អំពី​សំណាក់) អ្នកណា​មួយទេ ព្រះសាស្តា មាន​ព្រះសូរសៀង​ពីរោះ យ៉ាងនេះ ទ្រង់​ចុះចាក​ឋានតុសិត មកកាន់​ពួក។

[១៨៩] ព្រះមានព្រះភាគ ទ្រង់មានចក្ខុ​ប្រាកដ​ដល់លោក ព្រមទាំង​ទេវលោក ទ្រង់​កំចាត់បង់​នូវងងឹត​ទាំងពួង តែមួយ​អង្គឯង បានដល់​នូវសេចក្តី​ត្រេកអរ។

[១៩០] ពាក្យថា ដល់លោក ព្រមទាំងទេវលោក គឺដល់លោក ព្រមទាំង​ទេវលោក ព្រមទាំង​មារលោក ព្រមទាំង​ព្រហ្មលោក ដល់​ពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រមទាំង​មនុស្ស​ជាសម្មតិទេព និងមនុស្ស​ដ៏សេស ហេតុនោះ (លោក​ពោលថា) ដល់លោក ព្រមទាំង​ទេវលោក។

[១៩១] ពាក្យថា ទ្រង់មានចក្ខុប្រាកដ អធិប្បាយថា ពួក​ទេវតា​ឃើញ​ព្រះមានព្រះភាគ កាលគង់​លើថ្មបណ្ឌុកម្ពល ក្រោមម្លប់​បារិច្ឆត្តកព្រឹក្ស នាឋាន​តាវត្តិង្ស ទ្រង់​សំដែងធម៌​យ៉ាងណា ពួកមនុស្ស​ក៏រមែង​ឃើញ​យ៉ាងនោះ។ មនុស្ស​ទាំងឡាយ ឃើញ​យ៉ាងណា ពួកទេវតា​ឃើញ​យ៉ាងនោះ។ ព្រះមានព្រះភាគ​ប្រាកដ​ដល់ពួក​ទេវតា យ៉ាង​ណា ប្រាកដ​ដល់ពួក​មនុស្ស​យ៉ាងនោះ។ ព្រះមានព្រះភាគ​ប្រាកដ​ដល់ពួក​មនុស្ស​យ៉ាង​ណា ប្រាកដ​ដល់ពួក​ទេវតា​យ៉ាងនោះ ហេតុនោះ (លោក​ពោលថា) មានចក្ខុ​ប្រាកដ យ៉ាង​នេះខ្លះ។ មួយទៀត ពួកសមណ​ព្រាហ្មណ៍​ដ៏ចំរើន​នុ៎ះ ដែលមាន​ចិត្តមិនទាន់​ទូន្មាន​ទេ ប្រាកដ​ដោយភេទ​នៃអ្នក​មានចិត្ត​ទូន្មាន មានចិត្ត​មិនទាន់​រម្ងាប់ទេ ប្រាកដ​ដោយភេទ​នៃ​អ្នកមាន​ចិត្តរម្ងាប់ មានចិត្ត​មិនទាន់​ស្ងប់ស្ងាត់​ទេ ប្រាកដ​ដោយភេទ​នៃអ្នកមាន​ចិត្តស្ងប់​ស្ងាត់ មិនទាន់​មានទុក្ខ​រលត់ទេ ប្រាកដ​ដោយភេទ​នៃអ្នកមាន​ទុក្ខរលត់ យ៉ាងណា​មិញ។

ពួកសមណព្រាហ្មណ៍ ដែលមានបរិវារហែហម មិនមាន​សេចក្តី​បរិសុទ្ធ​ខាងក្នុង មានលំអ​ខាងក្រៅ ត្រេចទៅ​ក្នុងលោក ដូចជា​កុណ្ឌល​ដែលធ្វើ​អំពីដីស្អិត មាន​សភាព​ដ៏សមគួរ ឬដូចជា​មាសកៈ​ទង់ដែង ដែល​ក្រឡៃមាស (យ៉ាងណា​មិញ)។

ចំណែកព្រះមានព្រះភាគ មិនប្រាកដ​យ៉ាងនោះទេ។ ព្រះមានព្រះភាគ ទ្រង់មាន​ព្រះទ័យ​ទូន្មានហើយ ប្រាកដ​ដោយភេទ​នៃអ្នក​មានចិត្ត​ទូន្មាន ទ្រង់មាន​ព្រះទ័យ​រម្ងាប់​ហើយ ប្រាកដ​ដោយភេទ​នៃអ្នកមាន​ចិត្តរម្ងាប់ ទ្រង់មាន​ព្រះទ័យ​ស្ងប់រម្ងាប់​ហើយ ប្រាកដ​ដោយ​ភេទនៃ​អ្នកមាន​ចិត្តស្ងប់រម្ងាប់ ទ្រង់មាន​ទុក្ខរលត់​ហើយ ប្រាកដ​ដោយភេទ​នៃអ្នក​មានទុក្ខ​រលត់​ហើយ ដោយពិត ប្រាកដ ទៀងទាត់ មិនប្រែប្រួល មិនវិបរិត ពិតមែន។ មួយទៀត ព្រះពុទ្ធ​ទាំងឡាយ​មានព្រះភាគ មាន​ព្រះឥរិយាបថ​មិនបាន​ញាប់ញ័រ សឹង​បរិបូណ៌​ដោយ​សេចក្តី​ប្រាថ្នា ហេតុនោះ (លោក​ពោលថា) ព្រះមានព្រះភាគ មានចក្ខុ​ប្រាកដ យ៉ាងនេះ​ខ្លះ។ មួយទៀត ព្រះមានព្រះភាគ ព្រះអង្គ​មាន​កិត្តិសព្ទ​ដ៏បរិសុទ្ធ មាន​កិតិ្តសព្ទ និងសេចក្តី​សរសើរ​ដ៏ពោរពេញ​ក្នុងភព​នៃនាគផង ក្នុងភព​នៃគ្រុឌផង ក្នុងភព​នៃ​យក្ខផង ក្នុងភពនៃ​អសុរផង ក្នុងភព​នៃគន្ធព្វ​ផង ក្នុងភព​នៃមហារាជ​ផង ក្នុងភព​នៃ​ព្រះឥន្ទផង ក្នុងភពនៃ​ព្រហ្មផង គឺថា ព្រះអង្គ​មានកិតិ្តសព្ទ និងសេចក្តី​សរសើរ​ប្រាកដ​បែបនេះ​ផង ប្រាកដបែប​នោះផង លើសលប់​ជាងនោះផង ហេតុនោះ (លោក​ពោលថា) ព្រះមានព្រះភាគ មានចក្ខុ​ប្រាកដ យ៉ាងនេះ​ខ្លះ។ មួយទៀត ព្រះមានព្រះភាគ ព្រះអង្គ​ប្រកប​ដោយ​កំឡាំង ១០ តែងប្រាកដ​ជាក់​ច្បាស់ដោយ​វេសារជ្ជញ្ញាណ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ពុទ្ធធម៌ ៦ តេជះ ១ ពលៈ ១ គុណ ១ វីរិយៈ ១ បញ្ញា ១។

សប្បុរសទាំងឡាយ រមែងប្រាកដក្នុងទីឆ្ងាយ ដូចភ្នំហិមវន្ត អសប្បុរស​ទាំងឡាយ មិន​ប្រាកដ​ក្នុងទីឆ្ងាយ​នោះបាន​ទេ ដូចជា​សរដែលគេ​បាញ់ទៅក្នុង​ពេលយប់។

ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគ មានចក្ខុប្រាកដ យ៉ាងនេះខ្លះ។

ពាក្យថា ទ្រង់មានចក្ខុ សេចក្តីថា ព្រះមានព្រះភាគ មានចក្ខុ ដោយ​ចក្ខុ ៥ គឺមាន​ចក្ខុដោយ​មំសចក្ខុ ១ មានចក្ខុ​ដោយទិព្វចក្ខុ ១ មានចក្ខុ​ដោយបញ្ញាចក្ខុ ១ មានចក្ខុ​ដោយ​ពុទ្ធចក្ខុ ១ មានចក្ខុ​ដោយ​សមន្តចក្ខុ ១។

ព្រះមានព្រះភាគ មានចក្ខុដោយមំសចក្ខុ តើដូចម្តេច។ ក្នុងមំសចក្ខុ​របស់​ព្រះមានព្រះភាគ មានសម្បុរ ៥ គឺសម្បុរខៀវ ១ សម្បុរលឿង ១ សម្បុរក្រហម ១ សម្បុរខ្មៅ ១ សម្បុរស ១។ រោមព្រះនេត្រ​របស់​ព្រះមានព្រះភាគ តាំងនៅ​ត្រង់ទីណា ទីនោះ​មាន​សម្បុរខៀវ ខៀវស្រងាត់ គួរជ្រះថ្លា គួររមិលមើល ស្រដៀង​នឹងផ្កាត្រកៀត។ ទីក្រៅអំពី​នោះ មានសម្បុរលឿង លឿងទុំ ដូចសម្បុរមាស គួរជ្រះថ្លា គួររមិលមើល ស្រដៀង​នឹង​ផ្កាកណ្ណិការ។ រណ្តៅ​ព្រះនេត្រ​ទាំងពីរខាង​របស់​ព្រះមានព្រះភាគ មាន​សម្បុរក្រហម ក្រហមឆ្អៅ គួរជ្រះថ្លា គួររមិលមើល ស្រដៀង​នឹង​អណ្តើកមាស។ ត្រង់​កណ្តាល មានសម្បុរខ្មៅ ខ្មៅស្រិល មិនមាន​សៅហ្មង យ៉ាងស្និទ្ធ គួរជ្រះថ្លា គួររមិលមើល ស្រដៀង​នឹងផ្លែផ្គាំ។ ក្រៅអំពីនោះ មានសម្បុរស សសុទ្ធ សក្បុះ សត្រសុះ គួរជ្រះថ្លា គួរ​រមិលមើល ស្រដៀង​នឹងផ្កាយព្រឹក។ ព្រះមានព្រះភាគ ទ្រង់ទត​ឃើញជុំវិញ​ចម្ងាយ ១ យោជន៍ ទាំងយប់​ទាំងថ្ងៃ ដោយ​ព្រះមំសចក្ខុ​តាមប្រក្រតី​នោះ ដែលកើត​អំពី​សុចរិតកម្ម ក្នុងកាល​មុន រាប់ទាំង​អត្តភាពផង។​ ទោះបី​ងងឹតប្រកប​ដោយអង្គ ៤ គឺព្រះអាទិត្យ​អស្តង្គត ១ ថ្ងៃឧបោសថ​ជាចំណែក​ខាងរនោច ១ ដងព្រៃ​ជិតស៊្លុប ១ ភ្លៀងធំ​ខុសកាល​តាំងឡើង ១។ ព្រះមានព្រះភាគ ទ្រង់ទតឃើញ​ជុំវិញ​ចម្ងាយ ១ យោជន៍ ក្នុងទីងងឹត ប្រកប​ដោយអង្គ ៤ សូម្បី​មានសភាព​យ៉ាងនេះ។ ព្រះអង្គ​មិនមាន​ជញ្ជាំង ឬសន្ទះទ្វារ កំផែង ឬភ្នំ គុម្ពឈើ ឬវល្លិ៍ ជាគ្រឿង​រាំងនូវកិរិយា​ឃើញរូប​ទាំងឡាយ​ទេ។ បើទុកជា​គេដាក់​គ្រាប់ល្ង ១ គ្រាប់ ក្នុងរទេះ​ពេញដោយល្ង ធ្វើឲ្យ​ជាគ្រឿង​ចំណាំ ក៏នៅ​តែ​ព្រះមានព្រះភាគ ទ្រង់រើស​យកគ្រាប់ល្ង​នោះបាន​វិញដដែល។ ព្រះមំសចក្ខុ​ជាប្រក្រតី​របស់​ព្រះមានព្រះភាគ បរិសុទ្ធ​យ៉ាងនេះ​ឯង។ ព្រះមានព្រះភាគ មាន​ចក្ខុដោយ​មំសចក្ខុ​យ៉ាងនេះ។

ព្រះមានព្រះភាគ មានចក្ខុដោយទិព្វចក្ខុ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់មាន​ចក្ខុដូច​ជាទិព្វ​ដ៏បរិសុទ្ធ កន្លងផុត​ចក្ខុរបស់​មនុស្ស ទ្រង់ទត​ឃើញពួក​សត្វ​កំពង់ច្យុត កំពុងកើត ជាសត្វ​ថោកទាប ឧត្តម មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មាន​ដំណើរល្អ មានដំណើរ​អាក្រក់ ដឹងច្បាស់​នូវពួកសត្វ​ដែលអន្ទោល​ទៅតាម​កម្មថា អើហ្ន៎ ពួកសត្វ​ដ៏ចំរើន​ទាំងនេះ ប្រកប​ដោយ​កាយទុច្ចរិត ប្រកប​ដោយ​វចីទុច្ចរិត ប្រកប​ដោយ​មនោទុច្ចរិត តិះដៀល​ព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ កាន់យក​អំពើនៃ​មិច្ឆាទិដ្ឋិ ពួកសត្វនោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ​ហើយ ក៏ទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្យ៉ាងទៀត ពួកសត្វ​ដ៏ចំរើន​នេះ ប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត មិនតិះដៀល​ព្រះអរិយៈ ជាសម្មាទិដ្ឋិ កាន់យក​អំពើនៃ​សម្មាទិដ្ឋិ សត្វ​ទាំងនោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ​ហើយ ក៏ទៅកើត​ក្នុងសុគតិ សួគ៌ ទេវលោក ព្រះមានព្រះភាគ ទ្រង់មាន​ចក្ខុ​ដូចជាទិព្វ​ដ៏បរិសុទ្ធ កន្លងផុត​ចក្ខុរបស់​មនុស្ស ទ្រង់ឃើញ​ពួកសត្វ​ដែលកំពុង​ច្យុត កំពុងកើត ជាសត្វ​ថោកទាប ឧត្តម មានវណ្ណៈល្អ មានវណ្ណៈ​អាក្រក់ មានដំណើរ​ល្អ មានដំណើរ​អាក្រក់ ទ្រង់ជ្រាប​នូវពួក​សត្វដែល​អន្ទោល​ទៅតាម​កម្ម​យ៉ាងនេះ។ មួយទៀត ព្រះមានព្រះភាគ កាលបើ​ចង់ឃើញ គប្បី​ឃើញ​លោកធាតុ ១ ខ្លះ ឃើញ​លោកធាតុ ២ ខ្លះ ឃើញ​លោកធាតុ ៣ ខ្លះ ឃើញ​លោកធាតុ ៤ ខ្លះ ឃើញ​លោកធាតុ ៥ ខ្លះ ឃើញ​លោកធាតុ ១០ ខ្លះ ឃើញ​លោកធាតុ ២០ ខ្លះ ឃើញ​លោកធាតុ ៣០ ខ្លះ ឃើញ​លោកធាតុ ៤០ ខ្លះ ឃើញ​លោកធាតុ ៥០ ខ្លះ ឃើញ​លោកធាតុ​តូច ១ពាន់ ខ្លះ ឃើញ​លោកធាតុ​ជាកណ្តាល ១ ពាន់ ២ ជាន់ ខ្លះ (១ លាន) ឃើញ​លោកធាតុ ១ ពាន់ ៣ ជាន់ខ្លះ (១០០ កោដិ) ឃើញ​លោកធាតុ​ច្រើនពាន់ខ្លះ។ ព្រះមានព្រះភាគ​អង្គនោះ ទ្រង់ប្រាថ្នា​ត្រឹមណា គប្បីទត​ឃើញ​ត្រឹមនោះ។ ទិព្វចក្ខុ​របស់​ព្រះមានព្រះភាគ​បរិសុទ្ធ​យ៉ាងនេះ។ ព្រះមានព្រះភាគ ទ្រង់មានចក្ខុ​ដោយទិព្វចក្ខុ យ៉ាងនេះ។

ព្រះមានព្រះភាគ មានចក្ខុដោយបញ្ញាចក្ខុ តើដូចម្តេច។ ព្រះមានព្រះភាគ មាន​បញ្ញាច្រើន មានបញ្ញា​ក្រាស់ មានបញ្ញា​រីករាយ មានបញ្ញា​រហ័ស មានបញ្ញា​ក្លាហាន មាន​បញ្ញា​ទំលាយ​បង់នូវ​កិលេស ឈ្លាស​ក្នុងប្រភេទ​នៃបញ្ញា មានញាណ​បែកធ្លាយ បាន​សម្រេច​បដិសម្ភិទា បានសម្រេច​ចតុវេសារជ្ជញ្ញាណ ទ្រទ្រង់​នូវកម្លាំង ១០ ជាបុរស​ដ៏ប្រសើរ ជាសីហបុរស ជានាគបុរស ជាអាជញ្ញបុរស ជាបុរស​អ្នកនាំ​នូវធុរៈ មាន​ញាណ​មិន​មានទីបំផុត មានតេជះ​មិនមាន​ទីបំផុត មានយស​មិនមាន​ទីបំផុត ស្តុកស្តម្ភ មាំមួន មានទ្រព្យ ទ្រង់ទូន្មាន ណែនាំ ប្រៀនប្រដៅ​ឲ្យស្គាល់ ឲ្យចាក់ធ្លុះ ឲ្យប្រាថ្នា ឲ្យជ្រះថ្លា។ ព្រោះ​ព្រះមានព្រះភាគ​អង្គនោះ ទ្រង់ញុំាង​មគ្គដែល​មិនទាន់​កើត ឲ្យកើត​ឡើង ទ្រង់ញុំាង​មគ្គដែល​មិនទាន់​កើតឡើង​ព្រម ឲ្យកើត​ឡើងព្រម ទ្រង់ប្រាប់​មគ្គដែល​មិនទាន់​បានប្រាប់ ជាអ្នក​ដឹងនូវមគ្គ ជ្រាបច្បាស់​នូវមគ្គ ឈ្លាសវៃ​ក្នុងមគ្គ។ ឯពួក​សាវ័ក​ក្នុងកាល​ឥឡូវនេះ គ្រាន់តែ​ជាអ្នកដើរ​តាមផ្លូវ​មកតាម​ក្រោយ។ ព្រោះថា ព្រះមានព្រះភាគ​នោះ ទ្រង់ជ្រាប​ហេតុដែល​គួរជ្រាប ទ្រង់ឃើញ​ហេតុដែល​គួរឃើញ ទ្រង់មាន​ចក្ខុ មានធម៌ មានញាណ មានភាព​ដ៏ប្រសើរ ទ្រង់ពោល សំដែង បង្អោន​នូវ​ប្រយោជន៍ ជាអ្នក​ឲ្យនូវ​ព្រះនិព្វាន ជាម្ចាស់​ហេតុធម៌ ជាព្រះតថាគត។ ហេតុណា​មួយ ដែល​ព្រះមានព្រះភាគ​នោះ​មិនជ្រាប មិនឃើញ មិនជាក់ច្បាស់ មិនធ្វើ​ឲ្យប្រាកដ មិនពាល់​ត្រូវដោយ​បញ្ញា មិនដែល​មានទេ។ ធម៌ទាំងអស់ រាប់ទាំង​អតីត អនាគត បច្ចុប្បន្ន រមែង​មកកាន់​គន្លងចំមុខ​ព្រះញាណ​នៃ​ព្រះពុទ្ធ​ដ៏មានព្រះភាគ ដោយអាការ​ទាំងពួង។ ឈ្មោះថា វត្ថុណាមួយ​ដែលត្រូវ​យល់ ត្រូវដឹង ប្រយោជន៍​ខ្លួនក្តី ប្រយោជន៍​អ្នកដទៃ​ក្តី ប្រយោជន៍​ទាំងពីរក្តី ប្រយោជន៍ជា​បច្ចុប្បន្ន​ក្តី ប្រយោជន៍​ក្នុងលោក​ខាងមុខក្តី ប្រយោជន៍​រាក់ក្តី ប្រយោជន៍​ជ្រៅក្តី ប្រយោជន៍​លាក់ក្តី ប្រយោជន៍​កំបាំងក្តី ប្រយោជន៍​ដែល​ត្រូវណែនាំ​ក្តី ប្រយោជន៍​ដែល​បាននាំ​ចេញស្រាប់​ហើយក្តី ប្រយោជន៍​មិនមាន​ទោស​ក្តី ប្រយោជន៍​មិនមាន​កិលេសក្តី ប្រយោជន៍​ដ៏ផូរផង់ក្តី ប្រយោជន៍​ដ៏សំខាន់ក្តី ទាំងអស់​នោះ រមែង​ប្រព្រឹត្ត​ទៅក្នុង​ខាងក្នុង​នៃពុទ្ធញាណ។ ព្រះពុទ្ធមានព្រះភាគ មាន​ព្រះញាណ​មិនទើស​ទាក់​ក្នុងអតីត មាន​ព្រះញាណ​មិនទើសទាក់​ក្នុងអនាគត មានព្រះញាណ​មិនទើសទាក់​ក្នុងបច្ចុប្បន្ន។ កាយកម្ម​ទាំងអស់ ប្រព្រឹត្ត​ទៅតាម​ព្រះញាណ​របស់​ព្រះពុទ្ធ​មានព្រះភាគ វចីកម្ម​ទាំងអស់ មនោកម្ម​ទាំងអស់ ប្រព្រឹត្ត​ទៅតាម​ព្រះញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះភាគ។ ហេតុដែល​ត្រូវដឹង មានត្រឹមណា ព្រះញាណ​ក៏មាន​ត្រឹមនោះ ព្រះញាណ​មានត្រឹមណា ហេតុដែល​ត្រូវដឹង ក៏មាន​ត្រឹមនោះ ព្រះញាណ​មានហេតុ​ដែលត្រូវ​ដឹង​ជាទីបំផុត ហេតុ​ដែលត្រូវ​ដឹង ក៏មាន​ញាណ​ជាទីបំផុត ព្រះញាណ​មិនប្រព្រឹត្ត​កន្លងហេតុ​ដែលត្រូវ​ដឹង ​គន្លងដែល​ត្រូវដឹង ប្រព្រឹត្ត​កន្លង​ព្រះញាណ​ក៏មិនមាន ធម៌ទាំងនោះ រមែង​ឋិតនៅ​ក្នុងទីបំផុត​នៃគ្នា​នឹងគ្នា។ ផ្ទៃស្មុគ្រ​ទាំងពីរ​ដែល​ស្និទ្ធគ្នាល្អ ផ្ទៃស្មុគ្រ​ខាងក្រោម មិនប្រព្រឹត្ត​ហួសផ្ទៃ​ស្មុគ្រខាងលើ ផ្ទៃស្មុគ្រ​ខាងលើ មិនហួស​ផ្ទៃស្មុគ្រ​ខាងក្រោម ផ្ទៃស្មុគ្រ​ទាំងពីរ រមែង​ឋិតនៅ​ក្នុងទីបំផុត​នៃគ្នា​នឹងគ្នា យ៉ាងណាមិញ ហេតុ​ដែលត្រូវ​ដឹងផង ព្រះញាណ​ផង របស់​ព្រះពុទ្ធមានព្រះភាគ តាំងនៅ​ក្នុងទីបំផុត​នៃគ្នា​នឹងគ្នា យ៉ាង​នោះឯង គឺហេតុ​ដែលត្រូវ​ដឹងមាន​ត្រឹមណា ព្រះញាណ​ក៏មាន​ត្រឹមនោះ ព្រះញាណ​មានត្រឹមណា ហេតុដែល​ត្រូវដឹង ក៏មាន​ត្រឹមនោះ ព្រះញាណ​មានហេតុ​ដែលត្រូវដឹង​ជា​ទីបំផុត ហេតុ​ដែលត្រូវ​ដឹង ក៏មាន​ព្រះញាណ​ជាទី​បំផុត ព្រះញាណ​មិនប្រព្រឹត្ត​កន្លង​ហេតុ​​ដែលត្រូវ​ដឹង គន្លងដែល​ត្រូវដឹង ប្រព្រឹត្ត​កន្លង​ព្រះញាណ​ក៏មិនមាន ធម៌ទាំងនោះ រមែង​តាំងនៅ​ក្នុងទីបំផុត​នៃគ្នានឹងគ្នា។ ព្រះញាណ​របស់​ព្រះពុទ្ធមានព្រះភាគ ប្រព្រឹត្ត​ទៅក្នុងធម៌​ទាំងពួង។ ធម៌ទាំងពួង​ជាប់​ដោយ​ការ​ពិចារណា ជាប់ដោយ​សេចក្តី​ប្រាថ្នា ជាប់ដោយ​ការធ្វើ​ទុកក្នុង​ចិត្ត ជាប់ដោយ​ចិត្តុប្បាទ​នៃ​ព្រះពុទ្ធមានព្រះភាគ។ ព្រះញាណ​របស់​ព្រះពុទ្ធ​មានព្រះភាគ ប្រព្រឹត្ត​ទៅក្នុង​ពួកសត្វ​ទាំងពួង។ ព្រះមានព្រះភាគ ទ្រង់​ជ្រាប​​អធ្យាស្រ័យ ជ្រាបអនុស័យ ជ្រាប​ចរិត ជ្រាបនូវ​អធិមុត្តិ​នៃសត្វ​ទាំងពួង ជ្រាបច្បាស់​នូវ​សត្វ​ទាំងឡាយ ដែលមាន​ធូលីតិច​ក្នុងភ្នែក មានធូលី​ច្រើនក្នុងភ្នែក មានឥន្រ្ទិយ​ក្លៀវក្លា មានឥន្រ្ទិយ​ទន់ មានអាការល្អ មានអាការ​អាក្រក់ ឲ្យដឹង​បានដោយ​ងាយ ឲ្យដឹងបាន​ដោយកម្រ ជាសត្វ​គួរ និងមិនគួរ​ត្រាស់ដឹង។ លោក ព្រមទាំង​ទេវលោក ព្រមទាំងមារ ព្រមទាំងព្រហ្ម ពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ ព្រមទាំង​មនុស្ស​ជាសម្មតិទេព និងមនុស្ស​ដ៏សេស រមែង​ប្រព្រឹត្តទៅ​ក្នុង​ពុទ្ធញ្ញាណ។ ហ្វូងត្រី និង​អណ្តើក​ណានីមួយ ដោយ​ហោចទៅ រាប់តាំង​ពីត្រីឈ្មោះ​តិមិ និង​ត្រីឈ្មោះ​តិមិង្គលៈ ប្រព្រឹត្ត​ទៅក្នុងខាង​ក្នុង​មហាសមុទ្រ​យ៉ាងណា លោក ព្រម​ទាំង​ទេវលោក ព្រមទាំងមារ ព្រមទាំង​ព្រហ្ម ពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រម​ទាំង​មនុស្សជា​សម្មតិទេព និងមនុស្ស​ដ៏សេស ក៏ប្រព្រឹត្ត​ទៅខាង​ក្នុងពុទ្ធញ្ញាណ​ក៏យ៉ាង​នោះឯង។ ពួកបក្សី​ណាមួយ ដោយ​ហោចទៅ រាប់តាំង​ពីគ្រុឌឈ្មោះ​វេនតេយ្យ ប្រព្រឹត្ត​ទៅក្នុង​ប្រទេស​នៃអាកាស យ៉ាងណា ពួកជនណា មាន​បញ្ញាស្មើនឹង​ព្រះសារីបុត្ត សូម្បី​ជនទាំង​នោះ ក៏ប្រព្រឹត្ត​ទៅក្នុង​ប្រទេស​នៃ​​ពុទ្ធញ្ញាណ យ៉ាងនោះ​ឯង។ ពុទ្ធញ្ញាណផ្សាយ​គ្របនូវ​បញ្ញានៃ​ទេវតា និងមនុស្ស​ទាំងឡាយ ហើយឋិតនៅ។ ពួកជន​ណាមួយ ជាខត្តិយ​បណ្ឌិតក្តី ព្រាហ្មណ​បណ្ឌិតក្តី គហបតិ​បណ្ឌិតក្តី សមណ​បណ្ឌិតក្តី ជាបណ្ឌិត មានប្រាជ្ញា​ល្អិត មាន​បរប្បវាទ​ធ្វើហើយ មានសភាព​ដូចជា​ខ្មាន់ធ្នូអ្នក​បាញ់រោមកន្ទុយ អាច​ទំលាយ​នូវទិដ្ឋិ​ទាំងឡាយ​ដោយ​ប្រាជ្ញា​បាន ពួកជន​ទាំងនោះ ក៏តាក់តែង រៀបចំ​នូវបញ្ហា ហើយ​ចូលទៅ​សួរ​ព្រះតថាគត។ បញ្ហា​ទាំងនោះ ព្រះមានព្រះភាគ ទ្រង់សំដែង ទាំង​ដោះស្រាយ​ហើយ ជាប្រស្នា​ដែល​ព្រះមានព្រះភាគ​គួរសំដែង​ចេញនូវ​ហេតុ ទាំងជា​ប្រស្នា​ដែលព្រះអង្គ​គួរបញ្ឈប់​ទុក។ ជនទាំងនោះ នាំគ្នាចុះចូល​ព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់រុងរឿង​ក្នុងទី​ប្រជុំនោះ ដោយបញ្ញា ព្រះមានព្រះភាគ មានចក្ខុ​ដោយបញ្ញា​ចក្ខុ យ៉ាងនេះ។

ព្រះមានព្រះភាគ មានចក្ខុដោយពុទ្ធចក្ខុ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់​ប្រមើល​មើលសត្វ​លោក​ដោយពុទ្ធចក្ខុ បានឃើញ​នូវសត្វ​ទាំងឡាយ មានធូលី​ស្រាល​ស្តើងក្នុង​ភ្នែក មានធូលី​ក្រាស់ក្នុងភ្នែក មាន​ឥន្រ្ទិយក្លៀវក្លា​ មានឥន្រ្ទិយ​ទន់ មានអាការ​ល្អ មានអាការ​អាក្រក់ ជាសត្វ​ឲ្យដឹងបាន​ដោយងាយ ឲ្យដឹង​បានដោយ​កម្រ នូវសត្វ​ពួក​ខ្លះ ជាអ្នក​ឃើញទោស​ក្នុងបរលោក ថាគួរខ្លាច។ ដូច​ជលជាត​ពួកខ្លះ គឺព្រលិត​ក្តី ឈូកក្រហម​ក្តី ឈូកសក្តី ក្នុងត្រពាំង​ព្រលិតក្តី ក្នុងត្រពាំង​ឈូកក្រហម​ក្តី ក្នុងត្រពាំង​ឈូកស​ក្តី ដុះក្នុងទឹក ចំរើន​ក្នុងទឹក លូតតាមទឹក លិចចុះ​ខាងក្នុង​ដែលទឹក​ចិញ្ចឹម​ហើយ ផ្កា​ជលជាត​ពួកខ្លះ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដុះក្នុងទឹក ចំរើនក្នុង​ទឹក ឋិតនៅ​ស្មើនឹងទឹក ជលជាត​ពួកខ្លះ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដុះក្នុងទឹក ចំរើន​ក្នុងទឹក ឋិតនៅ​ផុតពីទឹក មិនទទឹក​ដោយទឹក យ៉ាងណា ព្រះមានព្រះភាគ ទ្រង់​ប្រមើល​មើលសត្វ​លោកដោយ​ពុទ្ធចក្ខុ ទ្រង់ទត​ឃើញនូវ​សត្វទាំងឡាយ ដែល​មានធូលី​តិចក្នុង​ភ្នែក មានធូលី​ច្រើនក្នុង​ភ្នែក មានឥន្រ្ទិយ​ក្លៀវក្លា មានឥន្រ្ទិយ​ទន់ មានអាការ​ល្អ មានអាការ​អាក្រក់ ជាសត្វ​ឲ្យដឹងបាន​ដោយងាយ ឲ្យដឹង​បានដោយ​កម្រ នូវសត្វ​ពួកខ្លះ ជាអ្នក​ឃើញទោស​ក្នុងបរលោក​ថា គួរខ្លាច ក៏យ៉ាង​នោះឯង។ ព្រះមានព្រះភាគ ទ្រង់​ជ្រាបថា បុគ្គលនេះ ជារាគចរិត នេះជា​ទោសចរិត នេះជា​មោហចរិត នេះជា​វិតក្កចរិត នេះជា​សទ្ធាចរិត នេះជា​ញាណចរិត។ ព្រះមានព្រះភាគ ទ្រង់សំដែង​អសុភកថា ដល់​បុគ្គល​ជា​រាគចរិត។ ព្រះមានព្រះភាគ​ទ្រង់ប្រាប់​មេត្តាភាវនា ដល់បុគ្គលជា​ទោសចរិត។ ព្រះមានព្រះភាគ​ទ្រង់ញុំាង​បុគ្គលជា​មោហចរិត ឲ្យតាំង​នៅក្នុង​ឧទ្ទេស (ការរៀន​បាលី) ក្នុង​បរិបុច្ឆា (ការរៀន​អដ្ឋកថា) ក្នុងការ​ស្តាប់ធម៌​តាមកាល ក្នុងការ​សន្ទានា​គ្នាទៅ​វិញទៅមក​នូវធម៌​តាមកាល ក្នុងការ​នៅជាមួយ​នឹងគ្រូ។ ព្រះមានព្រះភាគ ទ្រង់​ប្រាប់​អានាបានស្សតិ ដល់បុគ្គល​ជា​វិតក្កចរិត។ ព្រះមានព្រះភាគ ទ្រង់ប្រាប់​និមិត្ត​ដែលគួរ​ជ្រះថ្លា គឺការ​ត្រាស់ដឹង​ដ៏ប្រពៃ​នៃព្រះពុទ្ធ ការទ្រទ្រង់​ល្អនៃព្រះធម៌ សេចក្តី​ប្រតិបត្តិ​ល្អនៃ​ព្រះសង្ឃ និងសីល​ទាំងឡាយ​សម្រាប់ខ្លួន ដល់​បុគ្គលជា​សទ្ធាចរិត។ ព្រះមានព្រះភាគ​ទ្រង់ប្រាប់​នូវ​វិបស្សនា​និមិត្ត គឺអាការ​មិនទៀង អាការ​ជាទុក្ខ អាការមិន​មែនខ្លួន ដល់បុគ្គល​ជាញាណចរិត។

បុគ្គលឈរលើកំពូលភ្នំថ្ម គប្បីឃើញប្រជុំជន ដោយជុំវិញ យ៉ាងណាមិញ បពិត្រ​ព្រះអង្គ​មានប្រាជ្ញា​ល្អ មាន​សមន្តចក្ខុ ព្រះអង្គ​មានសេចក្តី​សោកទៅ​ប្រាសហើយ សូមទ្រង់​យាងឡើង​កាន់ប្រាសាទ​គឺធម៌ ហើយ​ទតមើល​ប្រជុំជន ដែលខ្វល់​ដោយ​សេចក្តី​សោក ត្រូវជាតិ និងជរា​គ្របសង្កត់ ក៏យ៉ាង​នោះឯង។

ព្រះមានព្រះភាគ មានចក្ខុដោយពុទ្ធចក្ខុ យ៉ាងនេះ។

ព្រះមានព្រះភាគ មានចក្ខុដោយសមន្តចក្ខុ តើដូចម្តេច។ ព្រះសព្វញ្ញុតញ្ញាណ លោក​ហៅថា សមន្តចក្ខុ។ ព្រះមានព្រះភាគ​ទ្រង់ចូល ចូលព្រម ទៅជិត ជិតព្រម ដល់ ដល់ព្រម ប្រកប​ដោយ​សព្វញ្ញុតញ្ញាណ។

ហេតុនីមួយក្នុងលោកនេះ ដែលព្រះមានព្រះភាគ​នោះ ទ្រង់​មិនឃើញ ឬថា​មិនទ្រង់​ជ្រាប មិនគួរជ្រាប មិនមានទេ ហេតុ​ណា​ដែលត្រូវដឹង ព្រះមានព្រះភាគ ទ្រង់​ជ្រាបហេតុ​នោះទាំងអស់ ព្រោះហេតុនោះ ព្រះតថាគត​ទើបឈ្មោះថា សមន្តចក្ខុ។

ព្រះមានព្រះភាគ មានចក្ខុដោយសមន្តចក្ខុ យ៉ាងនេះ ហេតុនោះ (លោក​ពោលថា) ព្រះមានព្រះភាគ មានចក្ខុ​ប្រាកដ។

[១៩២] ពាក្យថា កំចាត់បង់នូវងងឹតទាំងពួង គឺទ្រង់បន្សាត់ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស មិនឲ្យ​ដល់នូវ​ភាវៈមិន​មានបែបភាព នូវងងឹត​គឺរាគៈ ងងឹត​គឺទោសៈ ងងឹត​គឺមោហៈ ងងឹត​គឺមានះ ងងឹត​គឺទិដ្ឋិ ងងឹត​គឺកិលេស ងងឹត​គឺទុច្ចរិត គ្រឿងធ្វើ​ឲ្យងងឹត គ្រឿធ្វើមិន​ឲ្យមាន​បញ្ញាចក្ខុ គ្រឿងធ្វើ​មិនឲ្យ​មានញាណ ជាគ្រឿង​រលត់បញ្ញា ជាចំណែក​នៃការ​បៀតបៀន ដែល​មិនប្រព្រឹត្ត​ទៅដើម្បី​ព្រះនិព្វាន ហេតុនោះ (លោក​ពោលថា) កំចាត់​បង់នូវ​ងងឹត​ទាំងពួង។

[១៩៣] ពាក្យថា ដល់នូវការត្រេកអរ​តែមួយព្រះអង្គឯង អធិប្បាយថា ព្រះមានព្រះភាគ​មួយព្រះអង្គ​ឯង ដោយចំណែក​បព្វជ្ជា មួយព្រះអង្គ​ឯង​ដោយ​សេចក្តី​ថា មិនមាន​បុគ្គល​ជាទីពីរ មួយព្រះអង្គ​ឯងដោយ​អត្ថថា លះបង់តណ្ហា មួយព្រះអង្គឯង ព្រោះ​ព្រះអង្គ​ប្រាសចាក​រាគៈ​ដោយចំណែក​មួយ មួយ​ព្រះអង្គឯង ព្រោះ​ព្រះអង្គ​ប្រាសចាក​ទោសៈ​ដោយចំណែក​មួយ មួយព្រះអង្គ​ឯង ព្រោះ​ព្រះអង្គ​ប្រាសចាក​មោហៈ​ដោយ​ចំណែកមួយ មួយ​ព្រះអង្គ​ឯង ព្រោះ​ព្រះអង្គ​មិនមាន​កិលេស​ដោយចំណែក​មួយ មួយ​ព្រះអង្គ​ឯង ព្រោះ​ព្រះអង្គ​យាងទៅកាន់​ផ្លូវជាទីទៅ​នៃបុគ្គល​ម្នាក់ឯង មួយ​ព្រះអង្គ​ឯង ព្រោះ​ព្រះអង្គ​តែម្នាក់​ឯង ទ្រង់ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិ ហេតុនោះ (លោក​ពោលថា) តែមួយ​ព្រះអង្គ​ឯង។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ដោយចំណែក​បព្វជ្ជានោះ តើដូចម្តេច។ ព្រះមានព្រះភាគ កាលនៅ​ជាកំឡោះ​នៅឡើយ មានព្រះកេសា​ខ្មៅស្រិល ប្រកបដោយ​វ័យកំពុង​ចំរើន គឺបឋមវ័យ កាល​ដែល​ព្រះមាតាបិតា ទ្រង់មិន​ពេញព្រះទ័យ (នឹងការ​ទ្រង់ផ្នួស) ដែលមាន​ព្រះភក្រ្ត​ជោកទៅ​ដោយទឹក​ព្រះនេត្រ ទ្រង់ព្រះកន្សែង​សោយសោក​ហើយ ទ្រង់ក៏​លះបង់​ពួកញាតិ កាត់​យសបលិពោធ​ទាំងអស់ កាត់​បុត្តទារបលិពោធ កាត់ញាតិ​បលិពោធ កាត់​មិត្តាមច្ចបលិពោធ កាត់​សន្និធិបលិពោធ ហើយ​កោរសក់ និងពុកមាត់ ស្លៀក​ដណ្តប់​សំពត់​កាសាយៈ ចេញចាក​ផ្ទះ ចូលទៅ​កាន់ផ្នួស ដល់នូវ​ភាព​មិនមាន​ការកង្វល់ ត្រាច់ទៅ ប្រព្រឹត្តនៅ ចរទៅ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាងអត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​មួយអង្គឯង ព្រះមានព្រះភាគ ឈ្មោះថា មួយព្រះអង្គ​ឯង ដោយចំណែក​បព្វជ្ជា យ៉ាងនេះ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ដោយសេចក្តីថា មិនមាន​បុគ្គល​ជាទីពីរ តើ​ដូចម្តេច។ ព្រះមានព្រះភាគ​នោះ កាលទ្រង់​ព្រះផ្នួស​ហើយ​យ៉ាងនេះ តែមួយ​ព្រះអង្គ ទ្រង់​អាស្រ័យ​សេនាសនៈ​ស្ងាត់ ដែលតាំង​នៅក្នុងព្រៃ​តូចធំ មានសំឡេង​តិច មានគឹក​កងតិច ប្រាសចាក​សំដី​មនុស្ស​អ្នកដើរ​ទៅមក សមគួរ​ដល់ការ​កំបាំងអំពី​ពួកមនុស្ស គួរជា​ទីលាក់​ខ្លួនពួន​សម្ងំបាន ព្រះមានព្រះភាគ​អង្គនោះ យាងទៅ​មួយអង្គឯង ឈរមួយ​អង្គឯង គង់នៅ​មួយអង្គឯង សម្រេច​ការផ្ទំ​មួយអង្គឯង ចូលទៅ​កាន់ស្រុក​ដើម្បី​បិណ្ឌបាត​មួយ​អង្គឯង ចៀសចេញ​ទៅមួយ​អង្គឯង គង់នៅ​ក្នុងទីស្ងាត់​មួយអង្គឯង អធិដ្ឋាន​ទីចង្រ្កម​មួយអង្គ​ឯង ត្រាច់ទៅ ប្រព្រឹត្តនៅ ចរទៅ ប្រព្រឹត្តទៅ រក្សា រស់នៅ ញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅ មួយព្រះអង្គ​ឯង ព្រះមានព្រះភាគ ឈ្មោះថា មួយព្រះអង្គឯង ដោយ​សេចក្តីថា មិនមាន​បុគ្គលជា​ទីពីរ យ៉ាងនេះ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ដោយសេចក្តីថា លះបង់​តណ្ហានោះ តើ​ដូចម្តេច។ ព្រះមានព្រះភាគ​អង្គនោះ មួយព្រះអង្គឯង មិនមាន​បុគ្គលជាទីពីរ យ៉ាងនេះ​ហើយ ព្រះអង្គ​មិនមាន​សេចក្តី​ប្រហែស មានព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស មាន​ព្រះទ័យ​បញ្ជូនទៅ​កាន់​ព្រះនិព្វាន ទ្រង់គង់​នៅក្រោម​ដើម​ពោធិព្រឹក្ស ទៀបឆ្នេរ​ស្ទឹង​នេរញ្ជរា តាំង​ទុកនូវ​មហាបធាន កំចាត់បង់​នូវមារ ដែល​មិនលែង​ជនឲ្យរួច ព្រមទាំង​សេនា​ជាផៅពង្ស​នៃអ្នក​ប្រហែស ហើយលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើ​មិនឲ្យ​មាន​បែបភាព​នូវតណ្ហា ដែលជា​បណ្តាញ ជាគ្រឿង​ហូរទៅ ជាប់នៅ​ក្នុងអារម្មណ៍​ផ្សេង ៗ។

បុរសដែលមានតណ្ហាជាទីពីរ រមែងអន្ទោល​ទៅអស់​កាល​ជាយូរអង្វែង មិន​ប្រព្រឹត្ត​កន្លង​នូវ​សំសារវដ្ត ជាភាព​មានប្រការ​យ៉ាងនេះ ជាភាព​មានប្រការ​ដទៃ ភិក្ខុដឹង​នូវទោស​នុ៎ះហើយ គប្បីជា​អ្នកប្រាស​ចាកតណ្ហា មិនមាន​ការប្រកាន់ មាន​ស្មារតី វៀរនូវតណ្ហា​ដែលជា​ដែនកើត​ទុក្ខ។

ព្រះមានព្រះភាគ ឈ្មោះថា មួយព្រះអង្គឯង ដោយសេចក្តីថា លះបង់​តណ្ហា យ៉ាងនេះ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះព្រះអង្គ​ប្រាសចាក​រាគៈ​ដោយចំណែក​មួយ តើដូចម្តេច។ ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះប្រាស​ចាករាគៈ​ដោយ​ចំណែក​មួយ ព្រោះលះបង់​រាគៈហើយ។ ព្រះមានព្រះភាគ មួយព្រះអង្គ​ឯង ព្រោះប្រាស​ចាកទោសៈ​ដោយ​ចំណែកមួយ ព្រោះលះបង់​ទោសៈ​ហើយ។ ព្រះមានព្រះភាគ​មួយព្រះ​អង្គឯង ព្រោះប្រាស​ចាកមោហៈ​ដោយចំណែក​មួយ ព្រោះលះបង់​មោហៈ​ហើយ។ ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះ​មិនមាន​កិលេស ដោយ​ចំណែក​មួយ ព្រោះលះ​បង់នូវ​កិលេស​ទាំងឡាយ​ហើយ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះស្តេច​ទៅកាន់​ផ្លូវជាទីទៅ​នៃបុគ្គល​ម្នាក់ឯង តើដូចម្តេច។ ដែលហៅថា ផ្លូវជា​ទីទៅនៃ​បុគ្គលម្នាក់​ឯង (នោះ) សំដៅយក​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ។

ព្រះមានព្រះភាគ មានប្រក្រតីឃើញនូវទីបំផុត​នៃធម៌ជា​គ្រឿងអស់​ទៅនៃ​ជាតិ មាន​សេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍ ទ្រង់ជ្រាប​ច្បាស់​នូវផ្លូវ​ជាទីទៅ​នៃបុគ្គល​ម្នាក់ឯង ជនទាំងឡាយ​ក្នុងកាលមុន បានឆ្លង​ហើយតាម​ផ្លូវនុ៎ះ ជន​ទាំងឡាយ​បម្រុង​នឹងឆ្លង ទាំងជន​ទាំងឡាយ​កំពុងឆ្លង​នូវឱឃៈ (ក៏ឆ្លង​តាមផ្លូវនុ៎ះ)។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះស្តេច​ទៅកាន់ផ្លូវ​ជាទី​ទៅនៃ​បុគ្គល​ម្នាក់ឯង យ៉ាងនេះ។

ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះព្រះអង្គ​តែម្នាក់ឯង ទ្រង់ត្រាស់​ដឹងនូវ​អនុត្តរសម្មាសម្ពោធិ តើដូចម្តេច។ ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ ធម្មវិចយៈ សម្ពោជ្ឈង្គ វិមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គ ៤ លោកហៅថា ពោធិ។ ដោយសារ​ពោធិញ្ញាណនោះ ព្រះមានព្រះភាគ ទើបទ្រង់​ត្រាស់ដឹង​ថា សង្ខារ​ទាំងពួង​មិនទៀង ត្រាស់​ដឹងថា សង្ខារ​ទាំងពួង​ជាទុក្ខ ត្រាស់ដឹងថា ធម៌ទាំង​ពួងជា​អនត្តា ត្រាស់ដឹងថា សង្ខារទាំង​ឡាយមាន​អវិជ្ជា​ជាបច្ច័យ។បេ។ ត្រាស់ដឹងថា ជរា មរណៈ មានជាតិ​ជាបច្ច័យ ត្រាស់ដឹង​ថា សេចក្តី​រលត់​នៃសង្ខារ ព្រោះរលត់​អវិជ្ជា។បេ។ ត្រាស់ដឹងថា ការរលត់​នៃជរា មរណៈ ព្រោះ​រលត់​ជាតិ ត្រាស់ដឹងថា នេះទុក្ខ ត្រាស់ដឹងថា នេះ​ទុក្ខសមុទ័យ ត្រាស់ដឹងថា នេះទុក្ខនិរោធ ត្រាស់ដឹងថា នេះ​ទុក្ខនិរោធគាមិនី​បដិបទា ត្រាស់ដឹងថា នេះអាសវៈ ត្រាស់ដឹងថា នេះ​អាសវសមុទ័យ ត្រាស់ដឹងថា នេះ​អាសវនិរោធ ត្រាស់ដឹងថា នេះ​អាសវនិរោធគាមិនី​បដិបទា ត្រាស់ដឹងថា ធម៌ទាំងនេះ​គប្បីដឹង ត្រាស់​ដឹងថា ធម៌ទាំងនេះ ត្រូវកំណត់ ត្រាស់ដឹងថា ធម៌ទាំងនេះ ត្រូវលះបង់ ត្រាស់ដឹងថា ធម៌​ទាំងនេះ ត្រូវចំរើន ត្រាស់ដឹង​ថា ធម៌ទាំងនេះ ត្រូវធ្វើ​ឲ្យជាក់ច្បាស់ ត្រាស់ដឹង​នូវហេតុ​ដែលនាំ​ឲ្យកើត​ឡើងផង នូវ​សេចក្តី​អស់ផង នូវ​អានិសង្សផង នូវ​ទោសផង នូវ​កិរិយា​រលាស់​ចោលផង នៃ​ផស្សាយតនៈ ៦ ត្រាស់ដឹង​នូវហេតុ​ដែលនាំ​ឲ្យកើត​ឡើងផង នូវសេចក្តី​អស់ផង នូវ​អានិសង្សផង នូវ​ទោសផង នូវ​កិរិយា​រលាស់​ចោលផង នៃ​ឧបាទានក្ខន្ធ ៥ ត្រាស់ដឹង​នូវហេតុ​ដែល​នាំឲ្យ​កើតឡើងផង នូវសេចក្តី​អស់ផង នូវ​អានិសង្ស​ផង នូវទោសផង នូវកិរិយា​រលាស់​ចោលផង នៃ​មហាភូតរូប ៤ ត្រាស់ដឹងថា ធម្មជាត​ណាមួយ មានការ​កើតឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ តែងរលត់​ទៅវិញ​ជាធម្មតា។ មួយទៀត ធម្មជាតណា​មួយ ដែល​ព្រះមានព្រះភាគ​គប្បីជ្រាប គប្បីជ្រាប​ចំពោះ គប្បីជ្រាបព្រម គប្បីត្រាស់ដឹង គប្បីពាល់ត្រូវ គប្បីធ្វើ​ឲ្យជាក់ច្បាស់ ព្រះមានព្រះភាគ ក៏ទ្រង់​ជ្រាប ជ្រាបតាម​លំដាប់ ជ្រាបចំពោះ ជ្រាបព្រម ជ្រាបដោយ​ប្រពៃ ត្រាស់ដឹង​បានចំពោះ ពាល់ត្រូវ ធ្វើឲ្យ​ជាក់ច្បាស់ នូវធម្មជាត​ទាំងអស់​នោះ ដោយ​ពោធិញ្ញាណ​នោះ ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះព្រះអង្គ​តែមួយ​ព្រះអង្គឯង ត្រាស់ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ យ៉ាងនេះ។

ពាក្យថា សេចក្តីត្រេកអ ក្នុងបទថា បានដល់នូវ​សេចក្តី​ត្រេកអរ មាន​សេចក្តីថា ព្រះមានព្រះភាគ ដល់ សម្រេច ពាល់ត្រូវ ធ្វើឲ្យ​ជាក់ច្បាស់ នូវសេចក្តី​ត្រេកអរ​ក្នុង​នេក្ខម្មៈ នូវសេចក្តី​ត្រេកអរ​ក្នុងបវិវេក នូវសេចក្តី​ត្រេកអរ​ក្នុងការ​ស្ងប់រម្ងាប់ នូវសេចក្តី​ត្រេកអរ​ក្នុង​សម្ពោធិ ហេតុនោះ (លោក​ពោលថា) បានដល់​នូវសេចក្តី​ត្រេកអរ មួយព្រះអង្គ​ឯង។ ហេតុនោះ ព្រះសារីបុត្តត្ថេរ​ពោលថា

ព្រះមានព្រះភាគ មានចក្ខុប្រាកដដល់លោក ព្រមទាំង​ទេវលោក ទ្រង់​កំចាត់បង់​នូវងងឹត​ទាំងពួង តែមួយ​អង្គឯង បានដល់​នូវសេចក្តី​ត្រេកអរ។

[១៩៤] ខ្ញុំមកនឹងសួរប្រស្នា ដើម្បីពួកជនអ្នកជាប់ច្រើននាក់ ក្នុងទីនេះ ចំពោះ​ព្រះពុទ្ធ​អង្គនោះ ព្រះអង្គមិន​អាស្រ័យ ទ្រង់នឹងធឹង ព្រះអង្គ​មិនកុហក ព្រះអង្គ​ជាមេ​ពួក ទ្រង់យាងមក។

[១៩៥] អធិប្បាយពាក្យថា ចំពោះព្រះពុទ្ធអង្គនោះ ព្រះអង្គ​មិនអាស្រ័យ ជា​តាទិបុគ្គល​ ត្រង់ពាក្យថា ព្រះពុទ្ធ បានដល់ ព្រះមានព្រះភាគ​ជាសយម្ភូ ឥតមានគ្រូ​អាចារ្យ បានត្រាស់​ដឹងសច្ចៈ​ដោយ​ព្រះអង្គឯង ក្នុងធម៌​ទាំងឡាយ​ដែលមិន​ធ្លាប់ឮ​ក្នុង​កាលមុន​ផង ទ្រង់ដល់​នូវ​សព្វញ្ញុតញ្ញាណ​ក្នុងសច្ចៈ​នោះផង ទ្រង់ដល់​នូវភាវៈ​ស្ទាត់ក្នុង​ពលៈ​ទាំងឡាយ​ផង។ សំនួរ​ត្រង់ពាក្យ​ថា ព្រះពុទ្ធ ចុះព្រះនាម​ថា​ព្រះពុទ្ធ ដោយ​អត្ថថា​ដូច​ម្តេច។ ព្រះនាមថា​ព្រះពុទ្ធ ព្រោះហេតុ​ព្រះអង្គ​​ត្រាស់ដឹង​សច្ចៈ​ទាំងឡាយ។ ព្រះនាម​ថា​ព្រះពុទ្ធ ព្រោះហេតុ​ព្រះអង្គ​ញុំាង​ពួកសត្វ​ឲ្យត្រាស់​ដឹង។ ព្រះនាម​ថា ព្រះពុទ្ធ ព្រោះ​ទ្រង់ត្រាស់​ដឹងនូវ​ធម៌ទាំង​អស់។ ព្រះនាមថា ព្រះពុទ្ធ ព្រោះទ្រង់​ឃើញ​ច្បាស់នូវ​ធម៌ទាំង​អស់។ ព្រះនាមថា​ព្រះពុទ្ធ ព្រោះ​ទ្រង់ត្រាស់​ដឹងដោយ​ព្រះអង្គឯង។ ព្រះនាម​ថា ព្រះពុទ្ធ ព្រោះព្រះអង្គ​រីកហើយ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះការ​រាប់ថាជា​ព្រះខីណាស្រព។ ព្រះនាមថា ព្រះពុទ្ធ ព្រោះ​ការរាប់ថា​មិនមាន​ឧបក្កិលេស។ ព្រះនាម​ថា ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​ប្រាសចាក​រាគៈ ដោយ​ចំណែក​មួយ។ ព្រះនាម​ថា ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​ប្រាសចាក​ទោសៈ ដោយ​ចំណែក​មួយ។ ព្រះនាម​ថា ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​ប្រាសចាក​មោហៈ ដោយ​ចំណែក​មួយ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​មិនមាន​កិលេស​ដោយ​ចំណែក​មួយ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​យាងទៅ​កាន់ផ្លូវ​ជាទីទៅ​តែមួយ​អង្គ​ឯង ព្រះនាមថា ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​ត្រាស់ដឹង​អនុត្តរ​សម្មាសម្ពោធិ​តែមួយ​អង្គឯង។ ព្រះនាមថា ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​កំចាត់បង់​នូវសេចក្តី​មិនដឹង ព្រោះ​ព្រះអង្គ​បាននូវ​សេចក្តី​ត្រាស់ដឹង។ ព្រះនាមថា ព្រះពុទ្ធនុ៎ះ ព្រះមាតា​មិនបាន​ថ្វាយ ព្រះបិតា​មិនបាន​ថ្វាយ បងប្អូន​ប្រុសមិន​បានថ្វាយ បងប្អូនស្រី​មិនបានថ្វាយ ពួកមិត្ត និងអាមាត្យ​មិនបាន​ថ្វាយ ពួកញាតិ​សាលោហិត​មិនបាន​ថ្វាយ ពួក​សមណ​ព្រាហ្មណ៍​មិនបាន​ថ្វាយ ពួកទេវតា​ក៏មិនបាន​ថ្វាយ ព្រះនាមថា ព្រះពុទ្ធ​នុ៎ះ ជា​ព្រះនាម​មានក្នុង​ទីបំផុត​នៃ​វិមោក្ខ​របស់​ព្រះពុទ្ធ​ទាំងឡាយ ទ្រង់មាន​ជោគ ការបញ្ញាតិ​ថា ព្រះពុទ្ធនេះ (កើត) ដោយ​ការធ្វើ​ឲ្យជាក់ច្បាស់ ព្រមដោយ​ការបាន​ចំពោះ​នូវ​សព្វញ្ញុតញ្ញាណ​ទៀបគល់​ពោធិព្រឹក្ស ហេតុនោះ (លោក​ពោលថា) ចំពោះ​ព្រះពុទ្ធ​នោះ។

[១៩៦] ពាក្យថា ព្រះអង្គមិនអាស្រ័យ អធិប្បាយថា គ្រឿង​អាស្រ័យ​មាន ២ គ្រឿង​អាស្រ័យ​គឺតណ្ហា ១ គ្រឿងអាស្រ័យ​គឺទិដ្ឋិ ១។

គ្រឿងអាស្រ័យគឺតណ្ហា តើដូចម្តេច។ បុគ្គលប្រកាន់​វត្ថុដែល​ខ្លួន​ធ្វើឲ្យជា​សីមា ធ្វើឲ្យ​ជាព្រំ ធ្វើឲ្យ​ជាប្រទល់​ដែន ធ្វើឲ្យ​ជាទីបំផុត កាន់​កាប់ ប្រកាន់ ដោយចំណែក​តណ្ហា​ទាំង​អម្បាល​ម៉ានថា នេះរបស់​អញ នុ៎ះរបស់​អញ ប៉ុណ្ណេះ​របស់អញ អម្បាល​ម៉ាន​នេះរបស់​អញ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ កំរាល គ្រឿង​ដណ្តប់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល សេះញី ស្រែ ចម្ការ ប្រាក់ មាស ស្រុក និគម រាជធានី ដែន ជនបទ ឃ្លាំង និងជង្រុក​របស់អញ សូម្បី​ការប្រកាន់​នូវផែនដី​ធំទាំងមូល ដោយ​អំណាច​តណ្ហា ការ​ប្រែប្រួល​នៃតណ្ហា ១០៨ ទាំងអម្បាល​ម៉ាន នេះគ្រឿង​អាស្រ័យ​គឺតណ្ហា។

គ្រឿងអាស្រ័យគឺទិដ្ឋិ តើដូចម្តេច។ សក្កាយទិដ្ឋិ មានវត្ថុ ២០ មច្ឆាទិដ្ឋិមានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិ​មានវត្ថុ ១០ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃស្បាត​គឺទិដ្ឋិ ផ្លូវលំបាក​គឺទិដ្ឋិ ធម្មជាត​ជំទាស់​គឺទិដ្ឋិ ធម្មជាត​ញញាក់​ញញ័រ​គឺទិដ្ឋិ គ្រឿងចង​ក្រៀកគឺ​ទិដ្ឋិ កំណាន់ កំណាន់ស៊ប់​សួន ការប្រកាន់មាំ ការស្ទាប​អង្អែល ផ្លូវគួរខ្ពើម ផ្លូវខុស សភាពខុស ទីដូច​ជាកំពង់ កំណាន់​ដោយការ​ស្វះស្វែង​រកផ្សេងៗ កំណាន់​ផ្ទុយ កំណាន់​ប្រែប្រួល កំណាន់​ខុស កំណាន់ថា មែនក្នុង​វត្ថុដែល​មិនមែន ទិដ្ឋិ ៦២ ទាំងអម្បាល​ម៉ាន នេះគ្រឿង​អាស្រ័យ​គឺទិដ្ឋិ។

ព្រះពុទ្ធមានព្រះភាគ លះបង់គ្រឿងអាស្រ័យ​គឺតណ្ហា រលាស់ចោល​គ្រឿង​អាស្រ័យ​គឺទិដ្ឋិ​ហើយ។ ព្រោះលះបង់​គ្រឿងអាស្រ័យ​គឺតណ្ហា រលាស់ចោល​គ្រឿង​អាស្រ័យ​គឺទិដ្ឋិ ព្រះមានព្រះភាគ មិនអាស្រ័យ​ចក្ខុ មិនអាស្រ័យ​សោតៈ ឃានៈ ជិវ្ហា កាយ ចិត្ត មិន​អាស្រ័យ មិនស្អិត មិនចូល​ទៅជិត មិនជក់ចិត្ត មិនចុះចិត្ត ស្ទុះចេញ ខ្ទាត​ចេញ ឃ្លាតចេញ ប្រាសចេញ ចាករូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ត្រកូល ពួក អាវាស លាភ យស សេចក្តី​សរសើរ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញា​នាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព ជា​អតីត អនាគត បច្ចុប្បន្ន ធម៌ទាំងឡាយ​ដែលខ្លួន​ឃើញ ឮ ប៉ះពាល់ ឬគប្បី​ដឹង មានព្រះទ័យ​សម្រេច​សម្រាន្តនៅ ហេតុនោះ (លោក​ពោលថា) ព្រះពុទ្ធ​អង្គនោះ ព្រះអង្គ​មិនអាស្រ័យ។

[១៩៧] ពាក្យថា ទ្រង់នឹងធឹង អធិប្បាយថា ព្រះមានព្រះភាគ ទ្រង់​នឹងធឹង​ដោយ​អាការ ៥ គឺ ទ្រង់​នឹងធឹង​ក្នុង​ឥដ្ឋារម្មណ៍ និង​អនិដ្ឋារម្មណ៍ ១ ទ្រង់​នឹងធឹង ព្រោះ​ព្រះអង្គ​បាន​លះ ១ ទ្រង់​នឹងធឹង​ព្រោះព្រះអង្គ​បានឆ្លង ១ ទ្រង់នឹងធឹង ព្រោះព្រះអង្គ​បានរួច ១ ទ្រង់នឹង​ធឹង ព្រោះការ​សំដែង​ចេញនូវ​គុណនោះ ១។

ព្រះមានព្រះភាគ ទ្រង់នឹងធឹងក្នុង​ឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង​ក្នុងលាភផង ទ្រង់នឹងធឹង​ក្នុងការមិន​មានលាភ​ផង ទ្រង់​នឹង​ធឹង​ក្នុងយស​ផង ទ្រង់នឹងធឹង​ក្នុងការ​មិនមាន​យសផង ទ្រង់នឹង​ធឹងក្នុង​សេចក្តី​សរសើរ​​ផង ទ្រង់នឹងធឹង​ក្នុងនិន្ទា​ផង ទ្រង់នឹងធឹង​ក្នុងសុខ​ផង ទ្រង់នឹង​ធឹងក្នុង​ទុក្ខផង។ បើពួក​ជនគប្បី​លាប​ព្រះពាហា​ម្ខាងដោយ​គ្រឿងក្រអូប គប្បីច្រាស់​ព្រះពាហា​ម្ខាងដោយ​កាំបិតព្រា។ តម្រេក​ក្នុងការ​លាបដោយ​គ្រឿងក្រអូប​ឯណោះ មិនមាន សេចក្តី​ថ្នាំងថ្នាក់​ក្នុងការ​ច្រាស់ដោយ​កាំបិតព្រា​ឯណោះ​មិនមាន។ ព្រះមាន​ព្រះភាគ​ លះស្រឡះ​នូវ​សេចក្តី​​ស្រឡាញ់​ស្អិត និងសេចក្តី​ថ្នាំងថ្នាក់ កន្លង​ផុតនូវ​សេចក្តី​កាន់ជើង និងសេចក្តី​ផ្ទញ់ផ្ទាល់ កន្លង​ផុតស្រឡះ​នូវសេចក្តី​ត្រូវចិត្ត និងសេចក្តី​ខុសចិត្ត។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង​ក្នុង​ឥដ្ឋារម្មណ៍ និង​អនិដ្ឋារម្មណ៍ យ៉ាងនេះ។

ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះព្រះអង្គ​បានលះ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់បាន​លះ ខ្ជាក់ លែង កំចាត់ លះបង់រាគៈ។ ទ្រង់បាន​លះ ខ្ជាក់ លែង កំចាត់ លះបង់​ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងអស់ ទុច្ចរិត​ទាំង​អស់ សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់ ការអន្ទះ​អន្ទែង​ទាំងអស់ ការក្តៅ​ក្រហាយ​ទាំង​អស់ អភិសង្ខារ​ជាអកុសល​ទាំងអស់។ ព្រះមានព្រះភាគ ទ្រង់​នឹងធឹង ព្រោះព្រះអង្គ​បានលះ យ៉ាងនេះ។

ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះទ្រង់​បានឆ្លង តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់បាន​ឆ្លង​កាមោឃៈ ឆ្លងភវោឃៈ ឆ្លងទិដ្ឋោឃៈ ឆ្លងអវិជ្ជោឃៈ ឆ្លង ឆ្លងផុត ឆ្លងរួច កន្លង កន្លង​ដោយ​ប្រពៃ រំលង នូវផ្លូវ​សង្សារ​ទាំងអស់។ ព្រះអង្គ​គង់នៅ​ក្នុង​អរិយវាស ប្រព្រឹត្ត​ចរណៈ ដើរហួស​ផ្លូវឆ្ងាយ គឺសង្សារ ដល់នូវ​ទិស គឺ (ព្រះនិព្វាន) ដល់នូវ​ទីបំផុត (អនុបាទិសេសនិព្វាន) រក្សា​ព្រហ្មចរិយៈ ដល់នូវ​ទិដ្ឋិដ៏ឧត្តម ចំរើនមគ្គ លះបង់​កិលេស ចាក់ធ្លុះ​ព្រះអរហត្តផល ដែល​មិនកំរើក ធ្វើឲ្យច្បាស់​លាស់នូវ​និរោធ។ ព្រះអង្គ​កំណត់​ដឹងទុក្ខ លះបង់​សមុទយៈ ចំរើនមគ្គ ធ្វើឲ្យច្បាស់​លាស់នូវនិរោធ ត្រាស់ដឹង​ធម៌ដែល​ត្រូវត្រាស់​ដឹង កំណត់​ធម៌ដែល​ត្រូវកំណត់​ដឹង លះបង់​ធម៌ដែល​ត្រូវលះបង់ ចំរើនធម៌​ដែល​ត្រូវចំរើន ធ្វើឲ្យ​ច្បាស់លាស់​នូវធម៌​ដែលត្រូវ​ធ្វើឲ្យ​ច្បាស់លាស់។ ព្រះអង្គដក​គន្លឹះទ្វារ គឺអវិជ្ជា កំចាត់​ស្នាមភ្លោះ​គឺកម្មាភិសង្ខារ ដក​សសរខឿន គឺតណ្ហា មិនមាន​សន្ទះទ្វារ គឺ​ឱរម្ភាគិយសំយោជនៈ ជាបុគ្គល​បរិសុទ្ធ ទំលាក់​ទង់ជ័យ គឺមានះ​ហើយ ដាក់ភារៈ គឺខន្ធ​ជាដើម ប្រាសចាក​យោគៈ និងកិលេស លះស្រឡះ​នូវអង្គ ៥ គឺនីវរណៈ ប្រកប​អង្គ ៦ គឺឧបេក្ខា មានការ​ឃុំគ្រង​យ៉ាងឯក គឺសតិ មាន​អបស្សេនធម៌ ៤ បន្ទោបង់​បច្ចេកសច្ចៈ មានការ​ស្វែងរក​គ្រប់យ៉ាង​លះចោល​ហើយដោយ​ប្រពៃ មាន​សង្កប្បៈ​មិនល្អក់​ រម្ងាប់​កាយសង្ខារ មានចិត្ត​រួចស្រឡះ​ដោយល្អ មានបញ្ញា​រួចស្រឡះ​ដោយល្អ មានគុណ​ដ៏បរិបូណ៌ អប់រំ​ព្រហ្មចរិយៈ ជាបុរស​ដ៏ខ្ពង់ខ្ពស់ ជាបុរស​ដ៏ក្រៃលែង ដល់ហើយ​នូវកិរិយា​បាននូវ​អមតៈ។ ព្រះអង្គ​ឈប់កពូន ឈប់កំចាត់​កំចាយ ឈ្មោះថា ទ្រង់នឹងនួន​ព្រោះ​កំចាត់​កំចាយ (កិលេស) ព្រះអង្គ​ឈប់ លះបង់ ឈប់ប្រកាន់មាំ ឈ្មោះ​ថា ទ្រង់នឹងនួន ព្រោះលះបង់ ព្រះអង្គ​ឈប់ចាក់​ស្រេះ ឈប់ក្រអឺត​ក្រអោង ឈ្មោះថា ទ្រង់​នឹងនួន ព្រោះមិន​ចាក់ស្រេះ ព្រះអង្គ​ឈប់រំលត់ ឈប់បង្កាត់ ឈ្មោះថា ទ្រង់នឹងនួន ព្រោះ​រំលត់ ឈ្មោះថា ទ្រង់នឹងនួន ព្រោះ​ប្រកប​ដោយ​អសេក្ខសីលក្ខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះ​ប្រកប​ដោយ​អសេក្ខសមាធិក្ខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះ​ប្រកប​ដោយ​អសេក្ខបញ្ញាខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះ​ប្រកប​ដោយ​អសេក្ខវិមុត្តិក្ខន្ធ ឈ្មោះថា ទ្រង់​នឹងនួន ព្រោះ​ប្រកប​ដោយ​អសេក្ខវិមុត្តិញ្ញាណទស្សនក្ខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះដឹង​អរិយសច្ច ឈ្មោះថា ទ្រង់នឹងនួន ព្រោះកន្លង (តណ្ហា​ជាគ្រឿង​ញាប់ញ័រ) យ៉ាងនេះ ឈ្មោះ​ថា ទ្រង់នឹងនួន ព្រោះ​រំលត់ភ្លើង​គឺកិលេស ឈ្មោះថា ទ្រង់នឹងនួន ព្រោះមិន​មានការ​ត្រឡប់​វិញ ឈ្មោះថា ទ្រង់នឹងនួន ព្រោះ​ចាប់កំពូល (គឺជំនះ) បាន​ ឈ្មោះថា ទ្រង់នឹងនួន ព្រោះការ​សេពចំពោះ​នូវការរួច ឈ្មោះថា ទ្រង់នឹងនួន ព្រោះ​មេត្តា​ដ៏បរិសុទ្ធិ ឈ្មោះថា ទ្រង់នឹងនួន ព្រោះករុណា​ដ៏បរិសុទ្ធិ ឈ្មោះថា ទ្រង់នឹងនួន ព្រោះ​មុទិតាដ៏​បរិសុទ្ធិ ឈ្មោះថា ទ្រង់នឹងនួន ព្រោះ​ឧបេក្ខា​ដ៏បរិសុទ្ធិ ឈ្មោះថា ទ្រង់​នឹងនួន ព្រោះ​បរិសុទ្ធិ​យ៉ាងដាច់​ខាត ឈ្មោះថា ទ្រង់​នឹងនួន ព្រោះ​បរិសុទ្ធិ មិនមាន​តណ្ហា ទិដ្ឋិ មានះ ឈ្មោះថា ទ្រង់នឹងនួន ព្រោះទ្រង់រួច​ស្រឡះ (ចាកកិលេស) ឈ្មោះថា ទ្រង់នឹងនួន ព្រោះជា​អ្នក​សន្តោស ឈ្មោះថា ទ្រង់នឹង​នួន ក្នុងទីបំផុត​ខន្ធ ឈ្មោះថា ទ្រង់​នឹងនួន ក្នុងទី​បំផុតធាតុ ឈ្មោះថា ទ្រង់នឹងនួន​ក្នុងទីបំផុត​អាយតនៈ ឈ្មោះថា ទ្រង់​នឹងនួន ក្នុងទី​បំផុតគតិ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទី​បំផុត​ឧបបត្តិ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទី​បំផុត​បដិសន្ធិ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទី​បំផុតភព ឈ្មោះថា ទ្រង់នឹងនួន ក្នុងទី​បំផុត​សង្សារ ឈ្មោះថា ទ្រង់នឹងនួន​ក្នុងទីបំផុត​វដ្តៈ ឈ្មោះថា ទ្រង់នឹងនួន ក្នុង​ភពចុង​បង្អស់ ឈ្មោះថា ទ្រង់នឹងនួន​ក្នុងសរីរៈ​ចុងបង្អស់ គឺទ្រទ្រង់​នូវសរីរៈ​ចុងបង្អស់ រើចេញ​នូវដំណើរ​ទៅកាន់​ភពថ្មី។

នេះជាភពចុងបង្អស់របស់ព្រះអង្គ នេះជា​សរីរៈ​ក្រោយ​បង្អស់​របស់​ព្រះអង្គ ព្រះអង្គ​មិនមាន​ជាតិ មរណៈ សង្សារ និងភពថ្មី​ទៀតទេ។

ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះបាន​ឆ្លង យ៉ាងនេះ។

ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះបានរួច តើដូចម្តេច។​ ព្រះហឫទ័យ​របស់​ព្រះមានព្រះភាគ រួច រួចស្រឡះ រួចផុត​ចាករាគៈ។ ព្រះហឫទ័យ​រួច រួចស្រឡះ រួចផុត ចាកទោសៈ។ ព្រះហឫទ័យ រួច រួចស្រឡះ រួចផុតចាក​មោហៈ។ ព្រះហឫទ័យ រួច រួច​ស្រឡះ រួចផុត​ចាកកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់​ក្រវាយ​ទាំងពួង សេចក្តី​អន្ទះអន្ទែង​ទាំងពួង សេចក្តីក្តៅ​ក្រហាយ​ទាំងពួង អភិសង្ខារ​ជាអកុសល​ទាំងពួង។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះបានរួច យ៉ាងនេះ។

ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះការសំដែង​ចេញនូវ​គុណនោះ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះការ​សំដែង​ចេញនូវ​គុណនោះ​ថា កាលបើ​សីលមាន ទ្រង់ក៏​មានសីល។ ទ្រង់នឹងធឹង ព្រោះការ​សំដែង​ចេញនូវ​គុណនោះថា កាលបើសទ្ធា​មាន ទ្រង់ក៏​មានសទ្ធា។ ទ្រង់នឹងធឹង ព្រោះការ​សំដែង​ចេញនូវគុណ​នោះថា កាលបើ​វីរិយៈ​មាន ទ្រង់ក៏​មានវីរិយៈ ទ្រង់នឹងធឹង ព្រោះការ​សំដែង​ចេញនូវ​គុណនោះ​ថា កាលបើ​សតិមាន ទ្រង់ក៏​មានសតិ។ ទ្រង់នឹងធឹង ព្រោះការ​សំដែងចេញ​នូវគុណ​នោះថា កាល​បើសមាធិ​មាន ទ្រង់ក៏តាំង​ព្រះហ្ឫទ័យ​ខ្ជាប់។ ទ្រង់នឹងធឹង ព្រោះការ​សំដែង​ចេញនូវ​គុណ​នោះថា កាលបើ​បញ្ញាមាន ទ្រង់ក៏​មានបញ្ញា។ ទ្រង់នឹងធឹង ព្រោះការ​សំដែង​ចេញ​នូវគុណ​នោះថា កាលបើ​វិជ្ជាមាន ទ្រង់ក៏មាន​ត្រៃវិជ្ជា។ ទ្រង់នឹងធឹង ព្រោះការ​សំដែង​ចេញនូវ​គុណនោះ​ថា កាលបើ​អភិញ្ញាមាន ទ្រង់ក៏​មាន​អភិញ្ញា ៦។ ទ្រង់នឹងធឹង ព្រោះការ​សំដែង​ចេញនូវ​គុណនោះថា​ កាលបើ​ពលៈមាន ទ្រង់ក៏​មានពលៈ ១០។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះការ​សំដែង​ចេញនូវ​គុណនោះ យ៉ាងនេះ ហេតុនោះ (លោកពោលថា) ចំពោះ​ព្រះពុទ្ធ​អង្គនោះ ព្រះអង្គ​មិនអាស្រ័យ ទ្រង់នឹងធឹង។

[១៩៨] អធិប្បាយពាក្យថា ព្រះអង្គមិនកុហក ព្រះអង្គ​ជាមេពួក ទ្រង់យាងមក ត្រង់​ពាក្យថា មិនកុហក សេចក្តីថា វត្ថុនៃ​ការកុហក​មាន ៣ គឺវត្ថុ​នៃការ​កុហក​ចំណែក​ខាង​ការសេព​បច្ច័យ ១ វត្ថុនៃ​ការកុហក​ចំណែក​ខាង​ឥរិយាបថ ១ វត្ថុនៃ​ការកុហក​ចំណែក​ខាងការពោល​ក្នុងទីជិត ១។

វត្ថុនៃការកុហកចំណែកខាងការសេពបច្ច័យ តើដូចម្តេច។ ពួកគហបតី​ក្នុង​សាសនា​នេះ និមន្ត​ភិក្ខុដោយ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ។ ភិក្ខុនោះ មាន​សេចក្តី​ប្រាថ្នា​អាក្រក់ ត្រូវសេចក្តី​ប្រាថ្នា​គ្របសង្កត់ មានសេចក្តី​ត្រូវការ អាស្រ័យ​សេចក្តី​ប្រាថ្នា​នូវ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដ៏លើសលប់ ហើយ​ហាមឃាត់​ចីវរ ហាមឃាត់​បិណ្ឌបាត ហាមឃាត់​សេនាសនៈ ហាម​ឃាត់​គិលានប្បច្ចយភេសជ្ជបរិក្ខារ។ ភិក្ខុនោះ បាននិយាយ​យ៉ាងនេះថា ស្រមណ៍ មាន​ប្រយោជន៍​អ្វី ដោយ​ចីវរ​មានថ្លៃ​ច្រើន ឯការ​សមគួរនុ៎ះ ស្រមណ៍ ត្រូវតែរើស​សំពត់​ដែល​មិនមាន​ជាយ​ទាំងឡាយ អំពី​ព្រៃស្មសាន ឬអំពី​គំនរសម្រាម ឬក៏ដែល​ធ្លាក់ក្នុង​ចន្លោះផ្សារ យកមក​ធ្វើសង្ឃាដិ​ប្រើប្រាស់ ស្រមណ៍​មានប្រយោជន៍​អ្វីដោយ​បិណ្ឌបាត​មានថ្លៃ​ច្រើន ឯការ​សមគួរនុ៎ះ ស្រមណ៍​ត្រូវតែចិញ្ចឹម​ជីវិត​ដោយពំនូត​បាយ ដែលធ្វើ​ឲ្យទៅ​ជាដុំ ដោយការ​ដើរទៅ​ស្វែងរក ស្រមណ៍​មាន​ប្រយោជន៍​អ្វី​ដោយ​សេនាសនៈ​មានថ្លៃ​ច្រើន ឯការ​សមគួរនុ៎ះ ស្រមណ៍​ត្រូវតែ​ជាអ្នកនៅ​ជិតដើមឈើ ឬនៅ​ក្នុងព្រៃ​ស្មសាន ពុំនោះ​សោត នៅក្នុង​ទីវាល ស្រមណ៍​មានប្រយោជន៍​អ្វី ដោយ​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​មានថ្លៃ​ច្រើន ឯការ​សមគួរនុ៎ះ ស្រមណ៍​ត្រូវតែធ្វើ​ថ្នាំដោយ​ទឹកមូត្រស្អុយ ដោយ​ចំណិត​ផ្លែសម៉ តាំងអំពី​កាលនោះ ក៏ប្រើប្រាស់​ចីរស្មៅហ្មង បរិភោគ​បិណ្ឌបាត​សៅហ្មង សេព​សេនាសនៈ​សៅហ្មង សេព​សោយ​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ដ៏សៅហ្មង។ ពួក​គហបតី​ដឹងភិក្ខុនោះ យ៉ាងនេះថា ស្រមណ៍​នេះ មានសេចក្តី​ប្រាថ្នាតិច ជាអ្នក​សន្តោស ស្ងប់ស្ងាត់ មិនច្របូក​ច្របល់ ផ្គងព្យាយាម ពោល​ធុតគុណ ដូច្នេះ​ហើយ ក៏រឹង​រឹតតែនិមន្ត​ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជ​បរិក្ខារ។ ភិក្ខុនោះ​បាន​និយាយ​យ៉ាងនេះថា កុលបុត្រ​មានសទ្ធា បានបុណ្យ​ច្រើន ព្រោះវត្ថុ ៣ ប្រការ មានក្នុង​ទីចំពោះ​មុខ គឺកុលបុត្រ​មានសទ្ធា​បានបុណ្យ​ច្រើន ព្រោះសទ្ធា​មានក្នុងទី​ចំពោះមុខ ១ កុលបុត្រ​មានសទ្ធា បានបុណ្យ​ច្រើន ព្រោះទេយ្យធម៌​មានក្នុង​ទីចំពោះ​មុខ ១ កុលបុត្រ​មានសទ្ធា បានបុណ្យ​ច្រើន ព្រោះពួក​ទក្ខិណេយ្យបុគ្គល​មានក្នុង​ទីចំពោះ​មុខ ១ សទ្ធា​របស់ពួក​អ្នកក៏មាន ទេយ្យធម៌​ក៏មាន​ព្រម អាត្មាក៏​ជាអ្នកទទួល បើអាត្មា​នឹងមិន​ទទួល កាលបើ​យ៉ាងនេះ ពួកអ្នក​មុខជា​ឃ្លាតឆ្ងាយ​ចាកបុណ្យ​មិនខាន អាត្មា​មិនមាន​សេចក្តី​ត្រូវការ​ដោយវត្ថុ​នេះទេ ប៉ុន្តែ​អាត្មាទទួល ដើម្បី​អនុគ្រោះ​ដល់ពួក​អ្នកទេតើ តាំងពីនោះ​មក ភិក្ខុនោះ​ទទួល​ចីវរក៏ច្រើន ទទួល​បិណ្ឌបាត​ក៏ច្រើន ទទួល​សេនាសនៈ​ក៏​ច្រើន ទទួល​គិលានប្បច្ចយភេសជ្ជ​បរិក្ខារ​ក៏ច្រើន។​ ការធ្វើមុខ​ស្រពោន ភាពនៃ​ការធ្វើ​មុខស្រពោន ការបំភាន់ អាការ​នៃការបំភាន់ ភាពនៃ​ការបំភាន់ មានសភាព​យ៉ាងនេះ ឯណា នេះលោក​ហៅថា វត្ថុនៃ​ការកុហក​ចំណែក​ខាងការ​សេពបច្ច័យ។

វត្ថុនៃការកុហកចំណែកខាងឥរិយាបថ តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ មាន​សេចក្តី​ប្រាថ្នា​អាក្រក់ ត្រូវសេចក្តី​ប្រាថ្នា​គ្របសង្កត់ ប្រាថ្នា​ការសរសើរ (គិត) ថា អ្នក​ផងនឹង​សរសើរ​អាត្មាអញ​យ៉ាងនេះ ហើយរៀប​ចំដំណើរ រៀបចំ​ការឈរ រៀបចំការ​អង្គុយ រៀបចំ​ការដេក ប្រុងចិត្ត​ហើយ​ទើបដើរ ប្រុងចិត្ត​ហើយទើបឈរ ប្រុងចិត្ត​ហើយ​ទើបអង្គុយ ប្រុងចិត្ត​ហើយទើប​សម្រច​នូវការដេក ដើរធ្វើ​ហាក់ដូច​ជាចូល​កាន់សមាធិ ឈរធ្វើ​ហាក់ដូច​ជាចូលកាន់​សមាធិ អង្គុយ​ធ្វើហាក់ដូច​ជាចូល​កាន់សមាធិ សម្រេច​ការដេក​ធ្វើហាក់​ដូចជាចូលកាន់​សមាធិ ជាបុគ្គល​ហាក់ដូច​ជាចូលឈាន​ក្នុងគន្លង​ចក្ខុ (នៃអ្នក​ផង)។ កិរិយា​ផ្គូផ្គង កិរិយា​តំកល់ កិរិយា​រៀបចំ​នូវឥរិយាបថ កិរិយា​ធ្វើមុខ​ស្រពោន ភាពនៃ​ការធ្វើមុខ​ស្រពោន កិរិយាបំភាន់ អាការ​នៃការបំភាន់ ភាពនៃ​ការបំភាន់ មាន​សភាព​យ៉ាងនេះ​ឯណា នេះលោក​ហៅថា វត្ថុនៃ​ការកុហក ចំណែកខាង​ឥរិយាបថ។

វត្ថុនៃការកុហក ​ចំណែកខាងការពោលក្នុងទីជិត តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុង​សាសនា​នេះ មានសេចក្តី​ប្រាថ្នា​អាក្រក់ ត្រូវសេចក្តី​ប្រាថ្នាគ្រប​សង្កត់ ប្រាថ្នាការ​សរសើរ (គិត) ថា អ្នកផង​នឹងសរសើរ​អាត្មាអញ​យ៉ាងនេះ ហើយ​ពោលវាចា​ដែល​អាស្រ័យ​ព្រមនូវ​អរិយធម៌ គឺពោល​ថា ស្រមណ៍​ណា ទ្រទ្រង់​ចីវរមាន​សភាព​យ៉ាងនេះ ស្រមណ៍​នោះ មានស័ក្តិធំ ពោលថា ស្រមណ៍ណា ទ្រទ្រង់បាត្រ ទ្រទ្រង់​ផ្តិលលោហៈ ទ្រទ្រង់​ធម្មក្រក ទ្រទ្រង់​សំពត់​តម្រងទឹក ទ្រទ្រង់​កូនសោ ទ្រទ្រង់​ស្បែកជើង ទ្រទ្រង់វត្ថពន្ធន៍ចង្កេះ ទ្រទ្រង់​សំពត់​អាយោគៈ មានសភាព​យ៉ាងនេះ ស្រមណ៍នោះ មានស័ក្តិធំ។ ពោលថា ស្រមណ៍ណា​មាន​ឧបជ្ឈាយ៍​បែបនេះ ស្រមណ៍នោះ មានស័ក្តិធំ។ ពោលថា ស្រមណ៍ណា មាន​អាចារ្យ មាន​ឧបជ្ឈាយ៍​ស្មើគ្នា មានអាចារ្យ​ស្មើគ្នា មានពួក​មិត្រ មានពួក​ភឿន យ៉ាងជិតដិត យ៉ាង​ស្ទាក់ស្ទើរ​បែបនេះ ស្រមណ៍នោះ មានស័ក្តិធំ។ ពោលថា ស្រមណ៍​ណា នៅក្នុង​វិហារ​បែបនេះ ស្រមណ៍នោះ មានស័ក្តិធំ។ ពោលថា ស្រមណ៍ណា នៅក្នុង​បង្ហា នៅក្នុង​ប្រាសាទ នៅក្នុងផ្ទះ​មានដំបូល​រលីង នៅក្នុង​រូងភ្នំ នៅក្នុង​ទីសម្រាប់​ជ្រកកោន នៅក្នុង​កុដិ នៅ​ក្នុងផ្ទះ​មានកំពូល នៅក្នុងប៉ម នៅក្នុងផ្ទះ​មូល នៅក្នុងថែវ នៅក្នុង​រោងឆាន់ នៅក្នុង​បារាំ នៅក្នុង​ម្លប់ឈើ​បែបនេះ ស្រមណ៍​នោះមាន​ស័ក្តិធំ។ មួយទៀត ភិក្ខុធ្វើ​មុខស្រងូត​ស្រងាត់ ធ្វើមុខ​ស្រពោន​ស្រពាប់ បំភាន់បំភាំង និយាយ​រាក់ទាក់ ត្រូវគេ​សរសើរ​ដោយអំណាច​មាត់ ក៏ពោល​សំដីដ៏ជ្រៅ កំបាំង ល្អិត ដ៏បិទបាំង ប្រកប​ព្រមដោយ​ព្រះនិព្វាន​ដែលជា​លោកុត្តរធម៌ ប្រាកដដូច​នោះថា ស្រមណ៍នេះ ជាអ្នក​បាន​វិហារសមាបត្តិ​ទាំងឡាយ ដ៏រំងាប់ មានសភាព​យ៉ាងនេះ។ កិរិយា​ធ្វើមុខ​ស្រពោន ភាពនៃ​ការធ្វើមុខ​ស្រពោន កិរិយា​បំភាន់ អាការ​នៃការ​បំភាន់ ភាពនៃ​ការបំភាន់ មាន​សភាព​យ៉ាងនេះ​ឯណា ​នេះ​លោកហៅថា វត្ថុនៃ​ការកុហក​ចំណែក​ខាងការ​ពោលក្នុង​ទីជិត។

វត្ថុនៃការកុហកទាំង ៣ នេះ ព្រះពុទ្ធ​មានជោគ​បានលះបង់ ក្បិលក្របែល រំលត់ រំលាយ រំសាយរំសោះ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើងគឺ​ញាណហើយ ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា ព្រះអង្គមិនកុហក ហេតុនោះ (លោក​ពោលថា) ព្រះអង្គមិន​កុហក។

[១៩៩] អធិប្បាយពាក្យថា ព្រះអង្គជាមេពួក ទ្រង់យាង​មក ត្រង់ពាក្យថា ព្រះអង្គ​ជា​មេពួក គឺ​ព្រះមានព្រះភាគ​ជាមេពួក។ ព្រះមានព្រះភាគ ឈ្មោះថា មេពួក ព្រោះជា​អាចារ្យ​របស់ពួក។ ឈ្មោះថា មេពួក ព្រោះជា​គ្រូរបស់ពួក។ ឈ្មោះថា មេពួក ព្រោះ​គ្រប់គ្រង​ពួក។ ឈ្មោះថា មេពួក ព្រោះទូន្មានពួក។ ឈ្មោះថា មេពួក ព្រោះ​ប្រដែ​ប្រដៅពួក។ ឈ្មោះថា មេពួក ព្រោះ​ក្លៀវក្លា​ចូលទៅ​កាន់ពួក។ ឈ្មោះថា មេពួក ព្រោះពួក​ប្រាថ្នា​ដើម្បីស្តាប់ ផ្អៀងសោតៈ ដំកល់ចិត្ត​ដើម្បីដឹង (ព្រះពុទ្ធដីកា) របស់​ព្រះអង្គ។ ឈ្មោះថា មេពួក ព្រោះ​ញុំាងពួក​ឲ្យចេញ​ចាកអកុសល ហើយ​ឲ្យតាំងនៅ​មាំ​ក្នុង​កុសល។ ឈ្មោះថា មេពួក​របស់ពួក​ភិក្ខុ។ ឈ្មោះថា មេពួក​របស់ពួក​ភិក្ខុនី។ ឈ្មោះថា មេពួក​របស់ពួក​ឧបាសក។ ឈ្មោះថា មេពួក​របស់ពួក​ឧបាសិកា។ ឈ្មោះថា មេពួក​របស់ពួក​ព្រះរាជា។ ឈ្មោះថា មេពួក​របស់ពួក​ក្សត្រិយ៍។ ឈ្មោះថា មេពួក​របស់ពួក​ព្រាហ្មណ៍។ ឈ្មោះថា មេពួក​របស់ពួក​វេស្សៈ។ ឈ្មោះថា មេពួក​របស់ពួក​សុទ្ទៈ។ ឈ្មោះថា មេពួក​របស់​ពួកព្រហ្ម។ ឈ្មោះថា មេពួក​របស់​ពួកទេវតា។ ទ្រង់មាន​ក្រុម មានពួក ជាអាចារ្យ​របស់ពួក យាង​មកហើយ ចូលមក​ជិតហើយ ចូល​មកជិត​ព្រមហើយ ដល់ព្រម​ហើយ​នូវ​សង្កស្សនគរ ហេតុនោះ (លោក​ពោលថា) ព្រះអង្គ​មិនកុហក ព្រះអង្គ​ជាមេពួក ទ្រង់យាង​មក។

[២០០] ពាក្យថា ដើម្បីពួកជនអ្នកជាប់ច្រើននាក់​ក្នុងទីនេះ ត្រង់ពាក្យថា ច្រើននាក់ គឺ ដើម្បីពួក​ក្សត្រិយ៍ ពួកព្រាហ្មណ៍ ពួកវេស្សៈ ពួកសុទ្ទៈ ពួកគ្រហស្ថ ពួកបព្វជិត ពួកទេវតា ពួកមនុស្ស​ច្រើននាក់។ ពាក្យថា ដើម្បី​ពួកជន​អ្នកជាប់ គឺដើម្បី​ពួកជនអ្នក​ជាប់ អ្នក​ប្រព្រឹត្តជាប់ អ្នកបំរើ គឺដើម្បីពួក​សិស្ស ហេតុនោះ (លោក​ពោលថា) ដើម្បីពួក​ជនអ្នក​ជាប់ដ៏ច្រើន​នាក់ក្នុង​ទីនេះ។

[២០១] ពាក្យថា ខ្ញុំមកនឹងសួរប្រស្នា គឺខ្ញុំជាបុគ្គល​មកហើយ ដោយត្រូវ​ការប្រស្នា ខ្ញុំជា​បុគ្គលចង់​សួរប្រស្នា ទើបមក ជាបុគ្គល​ចង់ស្តាប់​ប្រស្នា ទើបមក ហេតុនោះ (លោក​ពោលថា) ខ្ញុំមក​នឹងសួរ​ប្រស្នា យ៉ាងនេះ​ខ្លះ។ មួយទៀត កិរិយាមក កិរិយា​ឈានទៅមុខ កិរិយា​ឈាន​ចូលទៅជិត កិរិយា​អង្គុយជិត នៃពួកជន​ដែលមាន​សេចក្តី​ត្រូវការ​ដោយ​ប្រស្នា នៃពួក​ជនអ្នក​សួរប្រស្នា នៃពួក​ជនអ្នកចង់​ស្តាប់ប្រស្នា ហេតុនោះ (លោក​ពោល​ថា) ខ្ញុំមក​នឹងសួរ​ប្រស្នា យ៉ាងនេះ​ខ្លះ។ មួយវិញទៀត ព្រះអង្គ​មានការ​មក​ដោយប្រស្នា ព្រះអង្គ​ជាបុគ្គល​អាច​ដើម្បីឲ្យ​ខ្ញុំព្រះអង្គ​សួរ ដើម្បី​សំដែង ដើម្បីឆ្លើយ នេះ​ជាភារៈ​របស់​ព្រះអង្គ​អ្នក​សំដែង ហេតុនោះ (លោក​ពោលថា) ខ្ញុំមក​នឹងសួរ​ប្រស្នា យ៉ាង​នេះខ្លះ។ ហេតុនោះ ព្រះសារីបុត្តត្ថេរ​ពោលថា​

ខ្ញុំមកនឹងសួរប្រស្នា ដើម្បីពួកជនអ្នកជាប់​ច្រើននាក់ ក្នុងទីនេះ ចំពោះ​ព្រះពុទ្ធ​អង្គនោះ ព្រះអង្គ​មិនអាស្រ័យ ទ្រង់នឹងធឹង ព្រះអង្គ​មិនកុហក ព្រះអង្គ​ជាមេពួក ទ្រង់យាង​មក។

[២០២] ភិក្ខុខ្ពើមរអើម តែងគប់អាសនៈទទេ គឺគល់ឈើ ឬព្រៃស្មសាន ឬក្នុង​រូងភ្នំទាំង​ឡាយ។

[២០៣] អធិប្បាយពាក្យថា ភិក្ខុខ្ពើមរអើម ត្រង់ពាក្យថា ភិក្ខុ គឺភិក្ខុជា​កល្យាណ​បុថុជ្ជន ឬជាសេក្ខៈ ហេតុនោះ (លោក​ពោលថា) ភិក្ខុ។ ពាក្យថា ខ្ពើមរអើម គឺខ្ពើម​រអើមជាតិ ខ្ពើម​រអើមជរា ព្យាធិ មរណៈ សេចក្តីសោក សេចក្តី​ខ្សឹកខ្សួល សេចក្តីទុក្ខ សេចក្តី​តូចចិត្ត សេចក្តី​សង្រេង​សង្រៃ ខ្ពើមរអើម ព្រួយចិត្ត អៀន ឆ្អើមទុក្ខ​ដែលកើត​ក្នុងនរក ទុក្ខដែល​កើតក្នុង​កំណើត​តិរច្ឆាន ទុក្ខដែល​កើតក្នុង​បិត្តិវិស័យ ទុក្ខដែល​កើត​ក្នុង​មនុស្ស ទុក្ខ មានកិរិយា​ចូលកាន់​គភ៌ជាដើម​ចម ទុក្ខ​ មានកិរិយា​ឋិតនៅ​ក្នុងគភ៌​ជា​ដើមចម ទុក្ខ មានកិរិយា​ចេញចាក​គភ៌ជាដើម​ចម ទុក្ខ ដែលចូល​ទៅចង​ក្រៀកនូវ​សត្វ​ដែលកើត​ហើយ ទុក្ខ ដែលជាប់​តអំពីអ្នក​ដទៃ នៃសត្វ​ដែលកើត​ហើយ ទុក្ខដោយ​សេចក្តី​ព្យាយាម​របស់ខ្លួន ទុក្ខដោយ​សេចក្តី​ព្យាយាម​របស់គេ ទុក្ខដោយ​សេចក្តី​លំបាក ទុក្ខ​ដោយ​សង្ខារ ទុក្ខដោយ​ការប្រែក្លាយ ទុក្ខដោយ​រោគភ្នែក ទុក្ខដោយ​រោគ​ត្រចៀក ទុក្ខដោយ​រោគច្រមុះ ទុក្ខដោយ​រោគអណ្តាត ទុក្ខដោយ​រោគកាយ ទុក្ខដោយ​រោគ​ក្បាល ទុក្ខដោយ​រោគត្រចៀក ទុក្ខដោយ​រោគមាត់ ទុក្ខដោយ​រោគធ្មេញ ក្អក ហឺត រោគច្រមុះ ក្តៅក្នុង គ្រាំគ្រា ឃ្លង់ ពក រោគក្នុង​ពោះ សន្លប់ សន្ធំ ចុះឈាម ចុកសៀត ចុះរាករូស ស្រែង របេង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគកើត​ត្រង់កន្លែង​ដែល​ខ្វារដោយ​ក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ប្រមេះ ទឹកមូត្រផ្អែម ឫសដូងដុះ រលកកែវ ឫសដូងបាត អាពាធ​កើតអំពី​ប្រមាត់ អាពាធ​កើតអំពី​ស្លេស្ម អាពាធ​កើតអំពី​ខ្យល់ អាពាធ​កើតអំពី​ប្រជុំខ្យល់​ប្រមាត់ និងស្មេស្ល អាពាធ​កើតអំពី​រដូវប្រែប្រួល អាពាធ​កើត​ដោយការ​ផ្លាស់ប្តូរ​ឥរិយាបថ​មិនស្មើគ្នា អាពាធ​កើតដោយ​ការព្យាយាម (មានវាយ និងចង​ជាដើម) អាពាធ​កើតដោយ​វិបាកនៃ​កម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ជុះ នោម ទុក្ខ គឺសម្ផស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងសត្វលូន ទុក្ខ​ព្រោះមាតា​ស្លាប់ ទុក្ខ​ព្រោះបិតាស្លាប់ ទុក្ខ​ព្រោះបង​ប្អូនប្រុស​ស្លាប់ ទុក្ខ​ព្រោះបង​ប្អូនស្រីស្លាប់ ទុក្ខព្រោះ​កូនប្រុស​ស្លាប់ ទុក្ខ​ព្រោះ​កូនស្រី​ស្លាប់ ទុក្ខ​ព្រោះ​វិនាសញាតិ ព្រោះ​វិនាសភោគៈ ព្រោះវិនាស​គឺរោគ ព្រោះវិនាស​សីល ព្រោះវិនាស​ទិដ្ឋិ ហេតុនោះ (លោក​ពោលថា) ភិក្ខុខ្ពើម​រអើម។

[២០៤] ពាក្យថា តែងគប់អាសនៈទទេ សេចក្តីថា គេអង្គុយ​លើទីណា ទីនោះ លោកហៅ​ថា អាសនៈ គឺ គ្រែ តាំង ពូក កន្ទេល កំណាត់ស្បែក កម្រាលស្មៅ កម្រាលស្លឹកឈើខ្ចី កម្រាលស្លឹកឈើទុំ។ អាសនៈ​នោះទទេ ស្ងាត់ ស្ងាត់សូន្យ ចាក​ការឃើញ​រូបមិនជាទី​សប្បាយ ទទេ ស្ងាត់ ស្ងាត់សូន្យ ចាកការ​ឮសំឡេង​មិនជាទី​សប្បាយ។បេ។ ទទេ ស្ងាត់ ស្ងាត់សូន្យ ចាកកាមគុណ ៥ មិនជា​ទីសប្បាយ។ គប់ គប់​ព្រម សេព សេពដោយ​អស់ជើង សេពព្រម សេពស៊ប់​នូវអាសនៈ​នោះ ហេតុនោះ (លោក​ពោលថា) គប់អាសនៈ​ទទេ។

[២០៥] ពាក្យថា គល់ឈើ ឬព្រៃស្មសាន សេចក្តីថា គល់ឈើហ្នឹងឯង ឈ្មោះថា គល់ឈើ ព្រៃស្មសាន​ហ្នឹងឯង ឈ្មោះថា​ព្រៃស្មសាន ហេតុនោះ (លោក​ពោលថា) គល់​ឈើ ឬព្រៃស្មសាន។

[២០៦] ពាក្យថា ឬក្នុងរូងភ្នំទាំងឡាយ សេចក្តីថា ភ្នំទាំងឡាយ​ហ្នឹងឯង ឈ្មោះថា ភ្នំ ច្រកទាំងឡាយ​ហ្នឹងឯង ឈ្មោះថា ច្រកភ្នំ រូងភ្នំទាំងឡាយ​ហ្នឹងឯង ឈ្មោះថា រូងភ្នំ ផ្ទៃភ្នំ​របស់ភ្នំ​ទាំងឡាយ ឈ្មោះថា ចន្លោះភ្នំ​ទាំងឡាយ ហេតុនោះ (លោក​ពោលថា) ឬក្នុងរូងភ្នំ​ទាំងឡាយ។ ហេតុនោះ ព្រះសារីបុត្តត្ថេរ​ពោលថា

ភិក្ខុខ្ពើមរអើម តែងគប់អាសនៈទទេ គឺគល់ឈើ ឬព្រៃស្មសាន ឬក្នុង​រូងភ្នំ​ទាំងឡាយ។

[២០៧] ពួកសត្វគួរខ្លាច ស្រែកក្នុងសយនៈ ខ្ពស់ និងទាបនោះ ជាពួកសត្វ​ដែលភិក្ខុ​មិនគប្បី​រន្ធត់ ក្នុង​សយនាសនៈ មិនមាន​សំឡេង​គឹកកង។

[២០៨] ពាក្យថា ខ្ពស់ និងទាប ក្នុងបទថា ក្នុងសយនៈខ្ពស់ និងទាប គឺខ្ពស់ និងទាប ថោក និងថ្លៃ ល្អ និងអាក្រក់។ ពាក្យថា ក្នុងសយនៈ សេចក្តីថា សេនាសនៈ លោកហៅ​ថា សយនៈ គឺ​វិហារ បង្ហា ប្រាសាទ ផ្ទះមាន​ដំបូលរលីង រូងភ្នំ ហេតុនោះ (លោក​ពោលថា) ក្នុង​សយនៈ​ខ្ពស់ និងទាប។

[២០៩]  ពាក្យថា ពួកសត្វគួរខ្លាច ស្រែកក្នុងសយនៈនោះ ត្រង់ពាក្យថា ស្រែក គឺ​ស្រែកសន្ធាប់ បន្លឺ ធ្វើសំឡេង។ មួយទៀត មានប៉ុន្មាន ប៉ុន្មាន មានប្រមាណ​ប៉ុន្មាន មាន​កំណត់​ប៉ុន្មាន ច្រើនប៉ុន្មាន។

ពាក្យថា ពួកសត្វគួរខ្លាច គឺពួកសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ខ្លារខិន ឆ្កែព្រៃ គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ពួកចោរ ឬពួក​មាណពមាន​ការងារ​ធ្វើហើយក្តី មានការងារ​មិនទាន់​ធ្វើហើយ​ក្តី ហេតុនោះ (លោក​ពោលថា) ពួកសត្វ​គួរខ្លាច ស្រែកក្នុង​សយនៈ​នោះ។

[២១០] ពាក្យថា ជាពួកសត្វដែលភិក្ខុមិនគប្បីរន្ធត់ ត្រង់ពាក្យថា ដែលភិក្ខុ បាន​សេចក្តីថា ភិក្ខុមិន​គប្បីរន្ធត់ មិនគប្បី​ញាប់ញ័រ មិនគប្បី​ញាប់ញ័រ​ព្រម មិនគប្បី​តក់ស្លុត មិនគប្បី​ស្លន់ស្លោ មិនគប្បី​ឡឺនឡង់ មិនគប្បី​ខ្លាច មិនគប្បី​ដល់​នូវការ​ស្ញប់ស្ញែង គប្បីជា​បុគ្គល​មិនខ្លាច មិនរន្ធត់ មិនស្លន់ មិនរត់ លះបង់​សេចក្តីខ្លាច និងសេចក្តី​ចំប្រប់ ប្រាស​ចាកសេចក្តី​ព្រឺព្រួច​នៃរោម ព្រោះពួក​សត្វគួរ​ខ្លាច គឺព្រោះឃើញ ឬព្រោះឮ នូវពួក​សត្វ​គួរខ្លាច ហេតុនោះ (លោក​ពោលថា) ជាពួក​សត្វដែល​ភិក្ខុ​មិនគប្បី​រន្ធត់។

[២១១] ពាក្យថា ក្នុងសយនាសនៈ មិនមានសំឡេងគឹកកង គឺ​ក្នុង​សេនាសនៈ​មិន​មាន​សំឡេង មិនមាន​សំឡេង​គឹកកង ប្រាសចាក​ខ្យល់កាយ​របស់ជន គួរដល់​សេចក្តី​ស្ងាត់របស់​មនុស្ស គួរដល់​សេចក្តី​សម្ងំ ហេតុនោះ (លោកពោលថា) ក្នុង​សយនាសនៈ​មិនមាន​សំឡេង​គឹកកង។ ហេតុនោះ ព្រះសារីបុត្តត្ថេរ ពោលថា​

ពួកសត្វគួរខ្លាច ស្រែកក្នុងសយនៈ​ខ្ពស់ និងទាបនោះ ជាពួក​សត្វដែល​ភិក្ខុ​មិនគប្បី​រន្ធត់ ក្នុង​សយនាសនៈ​មិនមាន​សំឡេង​គឹកកង។

[២១២] ភិក្ខុគប្បីគ្របសង្កត់ពួកបរិស្សយៈ (អន្តរាយ) ណា ក្នុង​សយនាសនៈ ទីបំផុត​បរិស្សយៈ (ទាំងនោះ) ក្នុងលោក របស់ភិក្ខុ​ទៅកាន់​ទិសដែល​មិនដែលទៅ តើមាន​ប៉ុន្មាន។

[២១៣] អធិប្បាយពាក្យថា បរិស្សយៈទាំងឡាយ ក្នុងលោក តើមានប៉ុន្មាន ត្រង់​ពាក្យថា តើមានប៉ុន្មាន គឺ​មានប៉ុន្មាន មានប្រមាណ​ប៉ុន្មាន មានកំណត់​ប៉ុន្មាន ច្រើន​ប៉ុន្មាន។ ពាក្យថា បរិស្សយៈ​ទាំងឡាយ គឺ​បរិស្សយៈ មាន ២ គឺ បាកដបរិស្សយៈ (អន្តរាយ​ប្រាកដ) ១ បដិច្ឆន្នបរិស្សយៈ (អន្តរាយកំបាំង) ១។

ពួកបាកដបរិស្សយៈ តើដូចម្តេច។ ពួកសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ខ្លារខិន ឆ្កែព្រៃ គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ពួកចោរ ឬមាណព​មានការងារ​ធ្វើហើយ​ក្តី មានការងារ​មិនទាន់​ធ្វើ​ហើយក្តី រោគភ្នែក រោគត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ រោគ ក្បាល រោគស្លឹក​ត្រចៀក រោគមាត់ រោគធ្មេញ ក្អក ហឺត រោគច្រមុះ រោគក្តៅក្នុង រោគគ្រាំគ្រា រោគក្នុងពោះ សន្លប់ សន្ធំ ចុះឈាម ចុកសៀត រាករូស ឃ្លង់ ពក ស្រែង របេង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគកើត​ត្រង់កន្លែង​ដែលខ្វារ​ដោយក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ប្រមេះ ទឹកមូត្រផ្អែម ឫសដូងដុះ រលកកែវ ឫសដូងបាត ពួក​អាពាធ​កើតអំពី​ប្រមាត់ ពួកអាពាធ​កើតអំពី​ស្លេស្ម ពួកអាពាធ​កើតអំពី​ខ្យល់ ពួក​អាពាធ​កើតដោយ​ការប្រជុំ (ខ្យល់ ប្រមាត់ និង​ស្លេស្ម) ពួកអាពាធ​កើតអំពី​ការប្រែប្រួល​រដូវ ពួក​អាពាធ​កើតអំពីការ​ផ្លាស់ប្តូរ​ឥរិយាបថ​មិនស្មើ ពួកអាពាធ​កើតដោយ​ការព្យាយាម​របស់អ្នក​ដទៃ ពួក​អាពាធ​កើតដោយ​វិបាកនៃ​កម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផ័ស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងសត្វលូន ទាំងនេះ លោកហៅថា ពួកបាកដបរិស្សយៈ ដូច្នេះខ្លះ។

ពួកបដិច្ឆន្នបរិស្សយៈ តើដូចម្តេច។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត កាមច្ឆន្ទនីវរណៈ ព្យាបាទនីវណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ រាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់ក្រវាយ​ទាំងពួង សេចក្តី​អន្ទះអន្ទែង​ទាំងពួង សេចក្តី​ក្តៅក្រហាយ​ទាំងពួង អភិសង្ខារ​ជា​អកុសល​ទាំងពួង ទាំងនេះ លោកហៅថា ពួក​បដិច្ឆន្នបរិស្សយៈ។

សំនួរត្រង់ពាក្យថា បរិស្សយៈ ចុះ​បរិស្សយៈ តើដោយ​សេចក្តី​ដូចម្តេច។ បរិស្សយៈ ព្រោះហេតុ​គ្របសង្កត់។ បរិស្សយៈ ព្រោះហេតុ​ប្រព្រឹត្ត​ទៅព្រម ដើម្បី​សេចក្តី​សាបសូន្យ។ បរិស្សយៈ ព្រោះហេតុ​អាស្រ័យ​ក្នុងសរីរៈ​នោះ។

បរិស្សយៈ ព្រោះហេតុគ្របសង្កត់ តើដូចម្តេច។ បរិស្សយៈ​ទាំងនោះ រមែងសង្កត់ គ្របសង្កត់ បង្រ្គប រួបរឹត ក្តោប ញំាញីបុគ្គល​នោះ។ បរិស្សយៈ ព្រោះហេតុ​គ្របសង្កត់ យ៉ាងនេះ។

បរិស្សយៈ ព្រោះហេតុប្រព្រឹត្តទៅព្រម ដើម្បីសេចក្តី​សាបសូន្យ តើដូចម្តេច។ បរិស្សយៈ​ទាំងនោះ រមែង​ប្រព្រឹត្ត​ទៅព្រម ដើម្បី​សេចក្តី​សាបសូន្យ ដើម្បី​អន្តរាយ​នៃកុសលធម៌​ទាំងឡាយ។ ពួក​កុសលធម៌ តើដូចម្តេច។ (ពួក​បរិស្សយៈ) រមែង​ប្រព្រឹត្ត​ទៅព្រម ដើម្បី​សេចក្តី​សាបសូន្យ ដើម្បី​អន្តរាយ​នៃកុសលធម៌ទាំងនេះ គឺ​សម្មាបដិបទា អនុលោមប្បដិបទា អបច្ចនីកប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទា កិរិយា​ធ្វើឲ្យ​ពេញលេញ​ក្នុងសីល​ទាំងឡាយ កិរិយា​គ្រប់គ្រង​ទ្វារ​ក្នុងឥន្រ្ទិយ​ទាំងឡាយ កិរិយា​ដឹង​ប្រមាណ​ក្នុងភោជន កិរិយា​ប្រកប​រឿយៗ នូវសេចក្តី​ភ្ញាក់រឭក កិរិយា​ប្រកប​រឿយៗ ក្នុង​ភាវនា​នូវសតិ និង​សម្បជញ្ញៈ សតិប្បដ្ឋាន ៤ កិរិយា​ប្រកប​រឿយ ៗ ក្នុង​ភាវនានូវ​សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ ៧​ មគ្គដ៏ប្រសើរ​ប្រកប​ដោយអង្គ ៨។ បរិស្សយៈ ព្រោះហេតុ​ប្រព្រឹត្ត​ទៅព្រម ដើម្បី​សេចក្តី​សាបសូន្យ យ៉ាងនេះ។

បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ តើដូចម្តេច។ ពួក​អកុសលធម៌​ដ៏អាក្រក់​នេះ អាស្រ័យ​ព្រម នូវអត្តភាព កើតក្នុង​អត្តភាព​នោះ។ ពួកសត្វ​អាស្រ័យរូង ដេកក្នុង​រូង ពួកសត្វ​អាស្រ័យទឹក ដេកក្នុងទឹក ពួកសត្វ​អាស្រ័យព្រៃ ដេកក្នុង​ព្រៃ ពួក​សត្វអាស្រ័យ​ដើមឈើ ដេកលើ​ដើមឈើ យ៉ាងណា​មិញ ពួក​អកុសលធម៌​ដ៏អាក្រក់​នេះ អាស្រ័យ​ព្រមនូវ​អត្តភាព កើតក្នុង​អត្តភាព​នោះ យ៉ាងនោះ​ដែរ បរិស្សយៈ ព្រោះហេតុ​អាស្រ័យ​ក្នុងសរីរៈ​នោះ​យ៉ាងនេះ ដូច្នេះខ្លះ។

សមដូចព្រះតម្រាស់នេះ ដែលព្រះមានព្រះភាគ​បានត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអ្នក​នៅរួម​នឹងសិស្ស អ្នកនៅរួម​នឹងអាចារ្យ រមែង​នៅជាទុក្ខ មិនសប្បាយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអ្នក​នៅរួម​នឹងសិស្ស អ្នកនៅរួម​នឹងអាចារ្យ រមែង​នៅជាទុក្ខ មិនសប្បាយ តើដូចម្តេច ម្នាលភិក្ខុ​ទាំងឡាយ ពួក​អកុសលធម៌​ដ៏អាក្រក់ ជាតម្រិះ​ដោយអំណាច កិរិយា​អន្ទោល​ទៅ (ក្នុង​អារម្មណ៍​ផ្សេង ៗ) ជាគ្រឿង​ទំនុកបំរុង​របស់​សំយោជនៈ កើតដល់​ភិក្ខុក្នុង​សាសនា​នេះ ព្រោះឃើញ​រូបដោយ​ចក្ខុ ពួក​អកុសលធម៌​ដ៏អាក្រក់​នោះ នៅ​ជាប់ដិតដាម​ខាងក្នុង​នៃភិក្ខុ​នោះ ហេតុនោះ តថាគត​ហៅភិក្ខុ​នោះថា អ្នកនៅ​រួមនឹង​សិស្ស ពួក​អកុសលធម៌​ដ៏អាក្រក់​នោះ ត្រួតត្រា​នូវភិក្ខុ​នោះ ហេតុនោះ តថាគត​ហៅ​ភិក្ខុនោះថា អ្នកនៅ​រួមនឹង​អាចារ្យ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យ​ដទៃនៅ​មានទៀត ពួក​អកុសលធម៌​ដ៏អាក្រក់ ជាតម្រិះ​កើតដោយ​អំណាច​កិរិយា​អន្ទោលទៅ ជាគ្រឿង​ទំនុក​បំរុង​នៃសំយោជនៈ កើតដល់​ភិក្ខុ ព្រោះឮសំឡេង​ដោយត្រចៀក ធុំក្លិន​ដោយច្រមុះ ក្រេបជញ្ជក់​រសដោយ​អណ្តាត ពាល់ត្រូវ​ផ្សព្វដោយ​កាយ ដឹងច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត ពួក​អកុសលធម៌​ដ៏អាក្រក់​នោះ រមែង​ជាប់ដិតដាម​ខាងក្នុង​ភិក្ខុនោះ ហេតុនោះ តថាគត​ហៅភិក្ខុ​នោះថា អ្នកនៅ​រួមនឹង​សិស្ស ពួកអកុសល​ធម៌ដ៏អាក្រក់​នោះ ត្រួតត្រា​ភិក្ខុនោះ ហេតុនោះ តថាគត​ហៅភិក្ខុ​នោះថា អ្នកនៅ​រួមនឹង​អាចារ្យ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអ្នក​នៅរួម​នឹងសិស្ស អ្នកនៅ​រួមនឹង​អាចារ្យ ជាទុក្ខ មិនសប្បាយ យ៉ាងនេះឯង។ បរិស្សយៈ ព្រោះហេតុអាស្រ័យ​ក្នុងសរីរៈ​នោះ យ៉ាងនេះខ្លះ។

មួយទៀត ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុ​ទាំងឡាយ ពួកមន្ទិល​ខាងក្នុង ពួកខ្មាំង​ខាងក្នុង ពួកអ្នក​មាន​ពៀរខាងក្នុង ពួកអ្នក​សំឡាប់​ខាងក្នុង ពួក​បច្ចាមិត្រ​ខាងក្នុង​នេះមាន ៣ ចុះមាន ៣ គឺអ្វីខ្លះ ម្នាលភិក្ខុ​ទាំងឡាយ លោភៈ ជាមន្ទិល​ខាងក្នុង ជាខ្មាំង​ខាងក្នុង ជាអ្នក​មានពៀរ​ខាងក្នុង ជាអ្នក​សំឡាប់ខាង​ក្នុង ជា​បច្ចាមិត្រ​ខាងក្នុង ម្នាលភិក្ខុ​ទាំងឡាយ ទោសៈ ជាមន្ទិល​ខាងក្នុង ជាខ្មាំង​ខាងក្នុង ជាអ្នក​មាន​ពៀរខាង​ក្នុង ជាអ្នក​សំឡាប់​ខាងក្នុង ជាបច្ចាមិត្រ​ខាងក្នុង ម្នាលភិក្ខុ​ទាំងឡាយ មោហៈ ជាមន្ទិល​ខាងក្នុង ជាខ្មាំង​ខាងក្នុង ជាអ្នក​មានពៀរ​ខាងក្នុង ជាអ្នក​សំឡាប់ខាង​ក្នុង ជាបច្ចាមិត្រ​ខាងក្នុង ម្នាលភិក្ខុ​ទាំងឡាយ ពួកមន្ទិល​ខាងក្នុង ពួកខ្មាំង​ខាងក្នុង ពួកអ្នក​មានពៀរ​ខាងក្នុង ពួក​បច្ចាមិត្រ​ខាងក្នុង មាន ៣ យ៉ាង​នេះឯង។ លោភៈ ឲ្យកើត​វិនាស លោភៈ បណ្តាល​ឲ្យចិត្ត​កំរើក ភ័យកើត​ហើយក្នុង​ខាងក្នុង អ្នកផង​មិនដឹង​នូវភ័យ​នោះ ជនល្មោភ រមែង​មិនស្គាល់​ផល ជនល្មោភ រមែង​មិនឃើញ​ហេតុ ងងឹត​ឈឹងតែង​មាន​ក្នុងកាល​ដែលលោភៈ​គ្របសង្កត់​នរៈ ទោសៈ​ឲ្យកើត​វិនាស ទោសៈ បណ្តាល​ឲ្យចិត្ត​កំរើក ភ័យ​កើតហើយ​ក្នុងខាង​ក្នុង អ្នកផង​មិនដឹង​នូវភ័យនោះ ជនខឹង រមែង​មិនស្គាល់​ផល ជនខឹង រមែង​មិនឃើញ​ហេតុ ងងឹតឈឹង តែងមាន​ក្នុង​កាលដែល​កោធៈ​គ្របសង្កត់​នរៈ មោហៈឲ្យ​កើតវិនាស មោហៈ បណ្តាល​ឲ្យចិត្ត​កំរើក ភ័យកើត​ហើយ​ក្នុងខាងក្នុង អ្នកផង​មិនដឹង​នូវភ័យ​នោះ ជនវង្វេង រមែង​មិនស្គាល់​ផល ជនវង្វេង រមែង​មិនឃើញ​ហេតុ ងងឹតឈឹង តែងមាន​ក្នុងកាល​ដែលមោហៈ​គ្រប​សង្កត់​នរៈ។

បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។

មួយវិញទៀត ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា បពិត្រ​មហារាជ ពួកធម៌ ៣ កាល​ដែលកើត​ខាងក្នុង​នៃបុរស ក៏កើត​ដើម្បីមិន​ឲ្យមាន​សេចក្តី​ចំរើន ដើម្បី​ឲ្យលំបាក ដើម្បី​ឲ្យនៅមិន​ស្រួល ពួកធម៌ ៣ គឺអ្វីខ្លះ បពិត្រ​មហារាជ លោភៈ ជាធម៌​កាលដែល​កើតឡើង​ក្នុងសន្តាន​នៃបុរស ក៏កើត​ឡើងដើម្បី​មិនឲ្យ​មានសេចក្តី​ចំរើន ដើម្បីឲ្យ​លំបាក ដើម្បីឲ្យ​នៅមិនស្រួល បពិត្រ​មហារាជ ទោសៈ ជាធម៌​កាលដែល​កើត​ឡើងក្នុង​សន្តាន​នៃបុរស ក៏កើត​ឡើង ដើម្បីមិន​ឲ្យមាន​សេចក្តី​ចំរើន ដើម្បី​ឲ្យលំបាក ដើម្បីឲ្យ​នៅមិន​ស្រួល បពិត្រ​មហារាជ មោហៈ ជាធម៌​កាលដែល​កើតឡើង​ក្នុងសន្តាន នៃបុរស ក៏កើតឡើង ដើម្បី​មិនឲ្យ​មានសេចក្តី​ចំរើន ដើម្បី​ឲ្យលំបាក ដើម្បី​ឲ្យនៅមិន​ស្រួល បពិត្រ​មហារាជ ពួកធម៌ ៣ នេះឯង កាល​ដែលកើត​ឡើងក្នុង​សន្តាន​នៃបុរស ក៏កើត​ឡើង ដើម្បី​មិនឲ្យមាន​សេចក្តី​ចំរើន ដើម្បី​ឲ្យលំបាក ដើម្បី​ឲ្យនៅ​មិនស្រួល។

លោភៈ ទោសៈ និងមោហៈ កកើត​អំពីចិត្ត តែងបៀត​បៀនបុរស ដែល​មានចិត្ត​អាក្រក់ ដូច​ដើមឫស្សី​ស្លាប់​ដោយសារ​ផ្លែរបស់​ខ្លួន។

បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ។ មួយទៀត ព្រះមានព្រះភាគ បានត្រាស់​ព្រះតម្រាស់​នេះថា

រាគៈ និងទោសៈ មានអត្តភាពនេះជាដើមទង សេចក្តី​អផ្សុក សេចក្តី​ត្រេកអរ និងសេចក្តី​ព្រឺព្រួចរោម កើតអំពី​អត្តភាព​នេះ សេចក្តី​ជញ្ជឹងក្នុង​ចិត្តទាំងឡាយ តាំងឡើង​អំពី​អត្តភាព​នេះ ហើយលែង (នូវចិត្ត) ដូចពួក​ក្មេងតូច​លែងក្អែក។

បរិស្សយៈ ព្រោះហេតុអាស្រ័យក្នុងសរីរៈ​នោះ យ៉ាងនេះខ្លះ។ ពាក្យថា ក្នុងលោក គឺក្នុង​មនុស្សលោក ហេតុនោះ (លោកពោលថា) បរិស្សយៈ​ទាំងឡាយ ក្នុងលោក មានប៉ុន្មាន។

[២១៤] ពាក្យថា ទៅកាន់ទិសដែលមិនដែលទៅ សេចក្តីថា​ អមតនិព្វាន លោក​ហៅថា ទិសដែល​មិនដែល​ទៅ បានខាង​ការរម្ងាប់​សង្ខារ​ទាំងពួង ការរលាស់​ចោល​នូវឧបធិ​ទាំងពួង ការអស់តណ្ហា ការរសាយ ការរលត់ ព្រះនិព្វាន។ ទិសដែល​មិន​ដែលទៅ មិនធ្លាប់​ទៅ ដោយកាល​ដ៏អង្វែង​នេះ។ បុគ្គល​ថ្នមនូវ​ភាជន៍ប្រេង ដែល​ពេញស្មើ​មិនហៀរហូរ យ៉ាងណា បុគ្គល​កាលប្រាថ្នា​នូវទិស​ដែលមិន​ធ្លាប់ទៅ ត្រូវឃុំ​គ្រងចិត្ត​របស់ខ្លួន យ៉ាងនោះ។ កាលដល់ កាលទៅ កាលឈានទៅ កាន់ទិស​ដែលមិន​ធ្លាប់ទៅ ហេតុនោះ (លោក​ពោលថា) ទៅកាន់​ទិសដែល​មិនដែល​ទៅ។

[២១៥] ពាក្យថា ភិក្ខុគប្បីគ្របសង្កត់ពួកបរិស្សយៈ​ណា គឺគប្បី​គ្របសង្កត់ គប្បីគ្រប គប្បីសង្រ្គប គប្បីបង្រ្គប គប្បីញំាញី​នូវពួក​បរិស្សយៈ​ណា ហេតុនោះ (លោក​ពោលថា) ភិក្ខុគប្បី​គ្របសង្កត់​ពួកបរិស្សយៈ​ណា។

[២១៦] ពាក្យថា ក្នុងសយនាសនៈទីបំផុត គឺក្នុង​សេនាសនៈ​ទីបំផុត ខាងចុង ខាងចុង​បង្អស់ គឺទីបំផុត​ភ្នំក្តី ទីបំផុត​ព្រៃក្តី ទីបំផុត​ទឹកក្តី ទីបំផុត​ទន្លេក្តី បានដល់​ទីដែល​គេមិនភ្ជួរ មិនសាប​ព្រោះ មិនមែន​ជាឧបចារៈ​របស់​ពួកមនុស្ស កន្លង​នូវទីបំផុត​នៃជន ហេតុនោះ (លោក​ពោលថា) ក្នុង​សយនាសនៈ​ទីបំផុត។ ហេតុនោះ ព្រះសារីបុត្តត្ថេរ​ពោលថា

ភិក្ខុគប្បីគ្របសង្កត់ពួកបរិស្សយៈណា ក្នុងសយនាសនៈ​ទីបំផុត បរិស្សយៈ​ទាំងនោះ​ក្នុង​លោក របស់​ភិក្ខុទៅ​កាន់ទិស​ដែលមិន​ដែលទៅ តើមាន​ប៉ុន្មាន។

[២១៧] ភិក្ខុមានចិត្តបញ្ជូនទៅហើយនោះ ត្រូវមានសំដីដូចម្តេច ភិក្ខុនោះ ត្រូវមាន​គោចរ​ដូចម្តេច ក្នុងសាសនា​នេះ ត្រូវមាន​សីល និងវត្ត​ដូចម្តេច។

[២១៨] ពាក្យថា ត្រូវមានសំដីដូចម្តេច គឺព្រះសារីបុត្តត្ថេរ​សួរនូវ​វចីបារិសុទ្ធិ​ថា ភិក្ខុ​គប្បីប្រកប​ដោយសំដី​ប្រាកដ​ដូចម្តេច មាន​ទ្រង់ទ្រាយ​ដូចម្តេច មានបែប​ដូចម្តេច មាន​យ៉ាង​ដូចម្តេច។

វចីបារិសុទ្ធិ តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ លះបង់​មុសាវាទ ជាអ្នក​វៀរ​ស្រឡះ​ចាក​មុសាវាទ ពោលតែ​ពាក្យពិត តពាក្យពិត មានវាចា​ខ្ជាប់ខ្ជួន គួរឲ្យ​អ្នកផង​ជឿបាន មិនពោល​បំភាន់​សត្វលោក លះបង់​បិសុណាវាចា ជាអ្នក​វៀរស្រឡះ​ចាក​បិសុណាវាចា គឺ​ឮអំពី​ពួកជន​នេះ មិនប្រាប់​ពួកជន​ឯណោះ ដើម្បី​បំបែក​ពួកជន​នេះ ឬឮ​អំពីពួក​ជន​ឯណោះ មិនប្រាប់​ដល់ពួក​ជននេះ ដើម្បី​បំបែក​ពួកជន​ឯណោះ ជាអ្នក​បង្រួប​បង្រួម​ពួកជន​ដែលបែក​គ្នាហើយ ឬជា​អ្នកឲ្យកំឡាំង​ដល់ពួក​ជនដែល​ស្រុះស្រួល​គ្នាហើយ មាន​សេចក្តី​ព្រមព្រៀង​ជាទី​ត្រេកអរ ត្រេកអរ​ក្នុងសេចក្តី​ព្រមព្រៀង រីករាយ​ក្នុងការ​ព្រមព្រៀង ពោលវាចា​ដែលធ្វើ​ឲ្យព្រមព្រៀង​គ្នា ដោយ​ប្រការ​ដូច្នេះ លះបង់​ផរុសវាចា ជាអ្នក​វៀរស្រឡះ​ចាក​ផរុសវាចា វាចាណា ដែលជា​សំដីឥត​មានទោស ស្រួសដល់​ត្រចៀក គួរឲ្យ​ស្រឡាញ់ ពេញហឫទ័យ ជាសំដី​របស់អ្នក​ក្រុង ជាទី​ត្រេកអរ​ដល់ជន​ច្រើន​នាក់ ពេញចិត្ត​ដល់ជន​ច្រើននាក់ តែង​ពោលតែ​វាចាបែប​នោះ​ឯង លះបង់​សម្ផប្បលាបៈ ជាអ្នក​វៀរស្រឡះ​ចាក​សម្ផប្បលាបៈ ពោលក្នុង​កាលគួរ ពោលពាក្យពិត ពោលអត្ថ ពោលធម៌ ពោលវិន័យ ពោលពាក្យ​ជាទី​តំកល់ទុក​ក្នុងហឫទ័យ​តាមកាល ប្រកប​ដោយ​គ្រឿងអាង មានគ្រឿង​កំណត់ ប្រកបដោយ​ប្រយោជន៍ ប្រកប​ដោយ​វចីសុចរិត ៤ ពោលវាចា​ប្រាសចាក​ទោស ៤ គប្បី​ជាអ្នកតម វៀរ វៀរស្រឡះ ចេញ ខ្ទាត ឃ្លាត ប្រាសចេញ ចាក​តិរច្ឆានកថា ៣២ នៅដោយ​ចិត្តដែល​ធ្វើឲ្យ​ប្រាសចាក​ដែន ពោល​កថាវត្ថុ ១០ គឺ អប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា សតិប្បដ្ឋានកថា សម្មប្បធានកថា ឥទ្ធិបាទកថា ឥន្រ្ទិយកថា ពលកថា ពោជ្ឈង្គកថា មគ្គកថា ផលកថា និព្វានកថា ជាអ្នក​ប្រុងប្រយ័ត្ន រវាំង គ្រប់គ្រង ឃុំគ្រង រក្សា សង្រួម​ដោយវាចា នេះ វចីបារិសុទ្ធិ។ គប្បីជា​អ្នកប្រកប​ដោយ​វចីបារិសុទ្ធិ ប្រាកដ​ដូច្នេះ ហេតុនោះ (លោក​ពោលថា) ត្រូវមាន​សំដី​ដូចម្តេច។

[២១៩] ពាក្យថា ភិក្ខុនោះត្រូវមានគោចរដូចម្តេច ក្នុងសាសនា​នេះ គឺ​ព្រះសារីបុត្តត្ថេរ សួរ​គោចរថា (ភិក្ខុនោះ) គប្បី​ជាអ្នកប្រកប​ដោយគោចរ​ប្រាកដ​ដូចម្តេច មាន​ទ្រង់ទ្រាយ​ដូចម្តេច មានបែប​ដូចម្តេច មានយ៉ាង​ដូចម្តេច។ អគោចរ​ក៏មាន គោចរ​ក៏មាន។

អគោចរ តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ ជាអ្នក​ត្រាច់ទៅ​កាន់ផ្ទះ​ស្រ្តីពេស្យា ជាអ្នក​ត្រាច់ទៅ​កាន់ផ្ទះ​ស្រ្តីមេម៉ាយ ជាអ្នក​ត្រាច់ទៅ​កាន់​ផ្ទះស្រ្តីក្រមុំ​ចាស់ ជាអ្នក​ត្រាច់ទៅ​កាន់សំណាក់​មនុស្សខ្ទើយ ជាអ្នកត្រាច់​ទៅកាន់​សំណាក់​ភិក្ខុនី ជាអ្នក​ត្រាច់ទៅ​កាន់​រោងស្រា នៅច្របូក​ច្របល់​នឹងពួក​ព្រះរាជា ពួកមហាមាត្យ​របស់​ព្រះរាជា និងពួក​តិរ្ថិយ និងពួក​សាវ័ក​នៃតិរ្ថិយ និងការ​ច្របូក​ច្របល់​ដោយគ្រហស្ថ​មិន​ត្រូវទំនង សេព​គប់ ចូលទៅ​អង្គុយ​ជិត​ពួកត្រកូល​មិនមាន​ជំនឿ មិនជ្រះថ្លា មិនមែន​ជាអណ្តូង ជាអ្នក​ជេរជំលាប ប្រាថ្នាការ​មិនចំរើន ប្រាថ្នា​ការមិនជា​ប្រយោជន៍ ប្រាថ្នាការ​មិនស្រួល ប្រាថ្នាការ​មិនក្សេម​ចាកយោគៈ ដើម្បី​ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា នេះ​ហៅថា អគោចរ។ មួយទៀត ភិក្ខុចូល​ទៅកាន់​ចន្លោះផ្ទះ ដើរតាមថ្នល់ មិនសង្រួម ដើរទៅ​ក្រឡេក​មើល​ដំរី មើលសេះ មើលរថ មើល​ពលថ្មើរជើង មើលពួកស្រ្តី មើល​ពួកប្រុស មើលពួក​ក្មេងប្រុស មើលពួក​ក្មេងស្រី មើល​ចន្លោះផ្សារ មើលទ្វារ​ផ្ទះ មើលលើ មើលក្រោម មៀងមើល​ទិស និងទិស ឆៀង​ដើរទៅ នេះក៏ហៅថា អគោចរដែរ។ មួយទៀត ភិក្ខុឃើញ​រូបដោយ​ចក្ខុ ជាអ្នក​កាន់យក​នូវនិមិត្ត កាន់យក​នូវ​អនុព្យព្ជានៈ ពួក​អកុសលធម៌​ដ៏អាក្រក់ គឺអភិជ្ឈា និងទោមនស្ស គប្បី​ដិតដាម ជាប់តាម​ភិក្ខុនេះ ព្រោះហេតុ​នៃការ​មិនសង្រួម​ចក្ខុន្រ្ទិយ​ណា។បេ។ មិនសង្រួម​មនិន្រ្ទិយ មិន​ប្រតិបត្តិ​ដើម្បី​សង្រួម​នូវ​មនិន្ទ្រិយ​នោះ មិនរក្សា​មនិន្ទ្រិយ មិនដល់​នូវការ​សង្រួម​ក្នុង​មនិន្ទ្រិយ នេះក៏​ហៅថា អគោចរដែរ។ ពុំនោះ​សោត ដូចជា​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ដ៏ចំរើន​ពួក​មួយ បរិភោគ​ភោជន ដែលគេ​ឲ្យដោយ​សទ្ធាហើយ សមណ​ព្រាហ្មណ៍​ទាំងនោះ តែងប្រកប​រឿយ ៗ នូវការ​មើលល្បែង ដែលជា​សត្រូវ​ដល់​កុសលធម៌ មានសភាព​យ៉ាងនេះ គឺ រាំ ច្រៀង ប្រគំ មហោស្រព និយាយ​រឿង គង រគាំង ស្គរមានជ្រុង ៤ រូបគំនូរ ល្បែងដំដែក ល្បែងរ៉ាវ ល្បែងលាងឆ្អឹង ប្រជល់ដំរី ប្រខាំសេះ ប្រជល់ក្របី ប្រជល់គោ ប្រជល់ពពែ ប្រជល់កែះ ប្រជល់មាន់ ប្រជល់​ចាប ល្បែង​គុនដំបង ប្រដាល់ ចំបាប់ ទីសម្រាប់​ច្បាំងគ្នា ទីសម្រាប់​រៀបពល លំនៅ​កងទ័ព ទីសម្រាប់​មើលសេនា​ប្រកប​ដោយអង្គ ៤ ជាអ្នក​ប្រកប​រឿយ ៗ នូវការ​មើលល្បែង ដែលជា​សត្រូវដល់​កុសលធម៌ មាន​សភាព​យ៉ាងនេះ ដូច្នេះ ៗ ខ្លះ នេះ​ក៏ហៅថា អគោចរ​ដែរ។ សូម្បីតែ​កាមគុណ​ទាំង ៥ ក៏ឈ្មោះថា អគោចរ។ សមដូច​ព្រះតម្រាស់​នេះ ដែល​ព្រះមានព្រះភាគ​បានត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​កុំប្រព្រឹត្ត​ក្នុង​អគោចរ​ដែលជា​វិស័យ​នៃសត្រូវ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​អ្នក​ទាំងឡាយ​ប្រព្រឹត្ត​ក្នុង​អគោចរ ដែលជា​វិស័យ​នៃសត្រូវ មារនឹង​បានចន្លោះ មារនឹង​បាន​អារម្មណ៍ ម្នាល​ភិក្ខុ​ទាំងឡាយ អគោចរ របស់ភិក្ខុ​ដែលជា​វិស័យ​នៃសត្រូវ គឺអ្វី គឺ​កាមគុណ​ទាំង ៥ កាមគុណ​ទាំង ៥ តើដូចម្តេច​ខ្លះ គឺរូប​ទាំងឡាយ ដែល​គប្បីដឹង​ច្បាស់ដោយ​ចក្ខុ ជាទីប្រាថ្នា ជាទី​ត្រេកអរ ជាទី​គាប់ចិត្ត មាន​សភាព​ជាទី​ស្រឡាញ់ ប្រកប​ដោយកាម គួរឲ្យ​ត្រេកត្រអាល សំឡេង​ទាំងឡាយ ដែលគប្បី​ដឹងច្បាស់​ដោយ​ត្រចៀក ក្លិនទាំងឡាយ ដែលគប្បីដឹង​ច្បាស់ដោយ​ច្រមុះ រសទាំង​ឡាយ ដែល​គប្បីដឹង​ច្បាស់ដោយ​អណ្តាត ផោដ្ឋព្វៈ​ទាំងឡាយ​ដែលគប្បី​ដឹងច្បាស់​ដោយកាយ ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​គាប់ចិត្ត មាន​សភាព​ជាទី​ស្រឡាញ់ ប្រកប​ដោយកាម គួរឲ្យ​ត្រេកត្រអាល ម្នាលភិក្ខុ​ទាំងឡាយ នេះ តថាគត​ហៅថា អគោចរ​របស់ភិក្ខុ ដែលជា​វិស័យ​នៃសត្រូវ។ នេះ​ក៏លោក​ហៅថា អគោចរ​ដែរ។

គោចរ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មិនត្រាច់​ទៅកាន់​សំណាក់​ស្រ្តីពេស្យា មិនត្រាច់​ទៅកាន់​សំណាក់​ស្រ្តីមេម៉ាយ មិនត្រាច់​ទៅកាន់​សំណាក់ស្រ្តី​ក្រមុំចាស់ មិនត្រាច់​ទៅកាន់​សំណាក់​មនុស្សខ្ទើយ មិនត្រាច់​ទៅកាន់​សំណាក់​ភិក្ខុនី មិនត្រាច់​ទៅកាន់​រោងស្រា មិននៅ​ច្របូក​ច្របល់​នឹងពួក​ព្រះរាជា និងពួក​មហាមាត្យ​របស់​ព្រះរាជា និងពួក​តិរ្ថិយ និងពួក​សាវ័កតិរ្ថិយ និងការ​ច្របូកច្របល់​ដោយ​គ្រហស្ថ មិនត្រូវ​ទំនង សេពគប់ ចូលទៅ​អង្គុយជិត​នឹងពួក​ត្រកូល​ដែលមាន​ជំនឿ​ជ្រះថ្លា ជាអណ្តូង ចិញ្ចែង​ចិញ្ចាច​ដោយ​កាសាវពស្រ្ត សាយភាយ​ដោយខ្យល់​ឥសី ប្រាថ្នា​សេចក្តី​ចំរើន ប្រាថ្នា​ប្រយោជន៍ ប្រាថ្នា​សេចក្តី​ស្រួល ប្រាថ្នា​សេចក្តី​ក្សេមចាក​យោគៈ ដើម្បីពួក​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា នេះហៅថា គោចរ។ មួយទៀត ភិក្ខុចូល​ទៅកាន់​ចន្លោះផ្ទះ ដើរតាម​ថ្នល់ សង្រួម​ដើរទៅ មិនក្រឡេក​មើលដំរី មិនមើល​សេះ មិនមើលរថ មិនមើល​ពលថ្មើរជើង។បេ។ មិនមៀង​មើលទិស​ និងទិស ឆៀង​ដើរទៅ នេះក៏ហៅថា គោចរដែរ។ មួយ​វិញទៀត ភិក្ខុឃើញ​រូបដោយ​ចក្ខុ ជាអ្នកមិន​កាន់យក​នូវនិមិត្ត។បេ។ ដល់នូវ​សេចក្តី​សង្រួម​ក្នុង​មនិន្រ្ទិយ នេះហៅថា គោចរដែរ។ ពុំនោះ​សោត ដូចជា​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ដ៏ចំរើន​ពួកមួយ បរិភោគ​ភោជន​ដែលគេ​ឲ្យដោយ​សទ្ធាហើយ សមណ​ព្រាហ្មណ៍​ទាំងនោះ មិនប្រកប​រឿយៗ នូវការ​មើលល្បែង​ដែលជា​សត្រូវដល់​កុសលធម៌ មាន​សភាព​យ៉ាងនេះ គឺល្បែង រាំ ច្រៀង ប្រគំ។បេ។ ទីសម្រាប់​មើលសេនា​ប្រកប​ដោយ​អង្គ ៤ ជាអ្នក​វៀរស្រឡះ​ចាកកិរិយា​ប្រកប​រឿយៗ នូវការ​មើលល្បែង​ដែលជា​សត្រូវ​ដល់​កុសលធម៌ មានសភាព​យ៉ាងនេះ​ឯង នេះ​ក៏ហៅថា គោចរដែរ។ សូម្បី​សតិប្បដ្ឋាន​ទាំង ៤ ក៏ឈ្មោះថា គោចរដែរ។ សមដូច​ព្រះតម្រាស់​នេះ ដែល​ព្រះមានព្រះភាគ​បានត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ចូរប្រព្រឹត្ត​ក្នុងគោចរ ដែលជា​វិស័យ​របស់បិតា​ខ្លួន ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​អ្នកទាំងឡាយ​ប្រព្រឹត្ត​ក្នុងគោចរ ដែល​ជាវិស័យ​របស់​បិតាខ្លួន មារនឹង​មិនបាន​ចន្លោះ មារនឹងមិន​បានអារម្មណ៍ ម្នាលភិក្ខុ​ទាំងឡាយ គោចរ ដែលជា​វិស័យ​របស់បិតា​ខ្លួន គឺអ្វី គឺសតិប្បដ្ឋាន ៤ ចុះ​សតិប្បដ្ឋាន ៤ តើដូចម្តេច ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ឃើញរឿយ ៗ នូវកាយ​ក្នុងកាយ មាន​ព្យាយាម ដុតកំដៅ​កិលេស ដឹងខ្លួន មានស្មារតី កំចាត់បង់​អភិជ្ឈា និងទោមនស្ស ក្នុងលោក (ជាអ្នក​ឃើញរឿយ ៗ នូវវេទនា) ក្នុងវេទនា​ទាំងឡាយ (ជាអ្នក​ឃើញរឿយ ៗ នូវចិត្ត) ក្នុងចិត្ត ជាអ្នក​ឃើញ​រឿយ ៗ នូវធម៌​ក្នុងធម៌​ទាំងឡាយ មាន​ព្យាយាម​ដុតកំដៅ​កិលេស ដឹងខ្លួន មានស្មារតី កំចាត់បង់​អភិជ្ឈា និងទោមនស្ស​ក្នុងលោក ម្នាលភិក្ខុ​ទាំងឡាយ នេះ​តថាគត​ហៅថា គោចរ ដែលជា​វិស័យ​របស់​បិតាខ្លួន។ នេះក៏​លោក​ហៅថា គោចរដែរ។ ភិក្ខុគប្បីជា​អ្នកប្រកប​ដោយគោចរ​ប្រាកដ​ដូច្នេះ ហេតុនោះ (លោក​សួរថា) ភិក្ខុនោះ មានគោចរ​ដូចម្តេច ក្នុងសាសនា​នេះ។

[២២០] ពាក្យថា ត្រូវមានសីល និងវត្តដូចម្តេច គឺព្រះសារីបុត្តត្ថេរ សួរ​សីលព្វតបារិសុទ្ធិថា គប្បីជា​អ្នកប្រកប​ដោយសីល និងវត្ត ប្រាកដ​ដូចម្តេច មាន​ទ្រង់ទ្រាយ​ដូចម្តេច មានបែប​ដូចម្តេច មានយ៉ាង​ដូចម្តេច។

សីលព្វតបារិសុទ្ធិ តើដូចម្តេច។ សីលផង វត្តផង ក៏មាន វត្ត មិនមែនសីល ក៏មាន។

សីលផង វត្តផង តើដូចម្តេច។ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​មានសីល ជាអ្នក​សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរ ឃើញភ័យ​ក្នុងទោស​ទាំងឡាយ ត្រឹមតែ​បន្តិចបន្តួច សមាទាន​សិក្សា​ក្នុងសិក្ខាបទ​ទាំងឡាយ សេចក្តី​រវាំង សេចក្តី​សង្រួម សេចក្តី​មិនប្រព្រឹត្តិ​ល្មើស​ណា ក្នុងសិក្ខាបទ​ទាំងនោះ នេះ សីល។ ការសមាទាន​ណា ការសមាទាន​នោះ​ជាវត្ត។ ឈ្មោះថា សីល ដោយ​សេចក្តីថា​ សង្រួម ឈ្មោះថា​វត្ត ដោយ​សេចក្តីថា​ សមាទាន។ នេះលោក​ហៅថា សីលផង វត្តផង។

វត្ត មិនមែនសីល តើដូចម្តេច។ ធុតង្គ ៨ គឺ អរញ្ញិកង្គៈ បិណ្ឌបាតិកង្គៈ បំសុកូលិកង្គៈ តេចីវរិកង្គៈ សបទានចារិកង្គៈ ខលុបច្ឆាភត្តិកង្គៈ នេសជ្ជិកង្គៈ យថាសន្ថតិកង្គៈ នេះ​លោក​ហៅថា វត្ត មិនមែនសីល។ វីរិយសមាទាន ក៏លោក​ហៅថា វត្ត មិនមែនសីល។ ភិក្ខុផ្គង តំកល់​ចិត្តថា ស្បែក សរសៃ និងឆ្អឹង ចូរសល់​នៅតាម​ប្រាថ្នាចុះ សាច់ និងឈាម ចូររីង​ស្ងួតក្នុង​សរីរៈចុះ គុណជាត​ណា ដែលគេ​គប្បីសម្រេច​ដោយកំឡាំង​កាយនៃ​បុរស ដោយ​កំឡាំង​ប្រាជ្ញា​នៃបុរស ដោយការ​ព្យាយាម​នៃបុរស ដោយ​សេចក្តី​ប្រឹងប្រែង​នៃបុរស ការមិន​ទាន់សម្រេច​នូវគុណជាត​នោះទេ នឹងមិនឈប់​ព្យាយាម​ឡើយ វីរិយសមាទាន មាន​សភាព​យ៉ាងនេះ លោក​ហៅថា វត្ត មិនមែនសីល។ ភិក្ខុផ្គង​តំកល់​ចិត្តថា

អាត្មាអញ នឹងមិនបរិភោគ នឹងមិនផឹក នឹងមិនចេញ​អំពីវត្ត នឹងមិន​ទម្រេត បើព្រួញ​គឺតណ្ហា ​អាត្មាអញ​ដកមិនទាន់​រួចទេ

វីរិយសមាទាន មានសភាព​យ៉ាងនេះ លោក​ហៅថា វត្ត មិនមែន​សីល។ ភិក្ខុផ្គង តាំង​ចិត្តថា ចិត្តរបស់​អាត្មាអញ មិនទាន់​រួចស្រឡះ​ចាកអាសវៈ ព្រោះមិន​ប្រកាន់​មាំដរាប​ណា អាត្មាអញ​នឹងមិន​ទំលាយភ្នែន​ចេញ​ដរាបនោះ វីរិយសមាទាន មានសភាព​យ៉ាង​នេះ លោក​ហៅថា វត្ត មិនមែន​សីល។ ភិក្ខុផ្គង តំកល់ចិត្តថា ចិត្តរបស់​អាត្មាអញ បើមិន​ទាន់រួច​ស្រឡះ​ចាកអាសវៈ ព្រោះមិន​ប្រកាន់មាំ ដរាបណា អាត្មាអញ​នឹង​មិនក្រោក​ចាក​អាសនៈ​នេះ មិនចុះ​អំពីទីចង្រ្កម មិនចេញ​អំពីវត្ត មិនចេញ​អំពី​អឌ្ឍយោគ មិនចេញ​អំពី​ប្រាសាទ មិនចេញ​អំពីប្រាសាទ​ត្រងិល មិនចេញ​អំពីគុហា មិនចេញ​អំពីទីពួន មិនចេញ​អំពីកុដិ មិនចេញ​អំពីផ្ទះ​កំពូល មិនចេញ​អំពីប៉ម មិនចេញ​អំពីរោង មិនចេញ​អំពី​ទីអាស្រ័យ មិនចេញ​អំពី​រោងឆាន់ មិនចេញ​អំពីមណ្ឌប មិនចេញ​អំពី​គល់ឈើ ដរាប​នោះ វីរិយសមាទាន មានសភាព​យ៉ាងនេះ លោកហៅថា​ វត្ត មិនមែន​សីល។ ភិក្ខុផ្គង តំកល់​ចិត្តថា ក្នុង​បុព្វណ្ហសម័យ​នេះឯង អាត្មាអញ​នឹងនាំមក នឹងប្រមូល​មក នឹង​ត្រាស់ដឹង នឹងពាល់ត្រូវ នឹងធ្វើ​ឲ្យជាក់ច្បាស់ នូវ​អរិយធម៌​ឲ្យទាល់​តែបាន ​វីរិយសមាទាន មាន​សភាព​យ៉ាងនេះ លោកហៅ​ថា វត្ត មិនមែន​សីល។ ភិក្ខុផ្គង​តំកល់​ចិត្តថា ក្នុងវេលា​ថ្ងៃត្រង់​នេះឯង ក្នុងវេលា​ថ្ងៃរសៀល ក្នុងវេលា​មុនបាយ ក្នុងវេលា​ក្រោយបាយ ក្នុងយាម​ដើមដំបូង ក្នុងយាម​កណ្តាល ក្នុងយាម​ខាងក្រោយ ក្នុងកាលខាង​រនោច ក្នុងកាល​ខាងខ្នើត ក្នុង​រដូវភ្លៀង ក្នុងរដូវ​ត្រជាក់ ក្នុង​រដូវក្តៅ ក្នុង​វយោខន្ធ​ដំបូង ក្នុង​វយោខន្ធ​កណ្តាល​នេះ ក្នុង​វយោខន្ធ​ខាងក្រោយ អាត្មាអញ​នឹងនាំមក នឹងប្រមូល​មក នឹង​ត្រាស់ដឹង នឹងពាល់​ត្រូវ នឹងធ្វើ​ឲ្យជាក់ច្បាស់​នូវ​អរិយធម៌​ឲ្យទាល់​តែបាន ​វីរិយសមាទាន មាន​សភាព​យ៉ាងនេះ លោក​ហៅថា វត្ត មិនមែន​សីល។ នេះ សីលព្វតបារិសុទ្ធិ។ ភិក្ខុគប្បី​ជាអ្នក​ប្រកប​ដោយ​សីលព្វតបារិសុទ្ធិ ប្រាកដ​ដូច្នេះ ហេតុនោះ (លោក​សួរថា) ត្រូវមាន​សីល និងវត្ត ដូចម្តេច។

[២២១] អធិប្បាយពាក្យថា ភិក្ខុមានចិត្តបញ្ជូនទៅ ត្រង់ពាក្យថា មានចិត្ត​បញ្ជូន​ទៅ គឺមាន​សេចក្តី​ព្យាយាម​តឹងតែង មាន​កំឡាំងចិត្ត មានសេចក្តី​ប្រឹងប្រែង​ដ៏មុតមាំ មាន​ឆន្ទៈ​មិនដាក់​ចុះ មានធុរៈ​មិនដាក់​ចុះ ក្នុង​កុសលធម៌​ទាំងឡាយ។ មួយទៀត មានចិត្ត​បញ្ជូន​ទៅ បានដល់​ខ្លួន​នៃបុគ្គល​ដែលបញ្ជូន​ចិត្តទៅ​ក្នុង​ប្រយោជន៍​ខ្លួនផង ក្នុងធម៌ [អរិយដ្ឋង្គិកមគ្គ។] គួរដឹងផង ក្នុង​លក្ខណៈ​ផង ក្នុងហេតុផង ក្នុងហេតុ​គួរ ឬមិន​គួរផង។ មានចិត្ត​បញ្ជូន​ទៅថា សង្ខារ​ទាំងពួង​មិនទៀង។ មានចិត្ត​បញ្ជូន​ទៅថា សង្ខារ​ទាំងពួង​ជាទុក្ខ។ មានចិត្ត​បញ្ជូន​ទៅថា ធម៌​ទាំងពួង មិនមែន​ខ្លួន។ មានចិត្ត​បញ្ជូនទៅថា សង្ខារ (កើតមាន) ព្រោះ​អវិជ្ជា​ជា​បច្ច័យ។បេ។ មានចិត្ត​បញ្ជូន​ទៅថា ជរា មរណៈ (កើតមាន) ព្រោះ​ជាតិជា​បច្ច័យ។ មានចិត្ត​បញ្ជូន​ទៅថា ការរលត់​សង្ខារ ព្រោះ​រលត់​អវិជ្ជា។បេ។ មានចិត្ត​បញ្ជូន​ទៅថា ការរលត់​ជរា មរណៈ ព្រោះ​រលត់ជាតិ។ មានចិត្ត​បញ្ជូន​ទៅថា នេះ ទុក្ខ។បេ។ មាន​ចិត្តបញ្ជូន​ទៅថា នេះ បដិបទា ជាដំណើរ​ទៅកាន់​ទីរលត់ទុក្ខ។ មានចិត្ត​បញ្ជូន​ទៅថា នេះ អាសវៈ។បេ។ មានចិត្ត​បញ្ជូន​ទៅថា នេះ បដិបទា ជាដំណើរ​ទៅកាន់​ទីរលត់​អាសវៈ។ មានចិត្ត​បញ្ជូន​ទៅថា ធម៌​ទាំងឡាយ​នេះ គួរដឹង​ច្បាស់។បេ។ មានចិត្ត​បញ្ជូន​ទៅថា ធម៌នេះ គួរធ្វើ​ឲ្យជាក់​ច្បាស់។ មានចិត្ត​ស្លុងទៅ​កាន់ការ​កើត ការរលត់ អានិសង្ស ទោស និងការ​រលាស់​ចេញនៃ​ផស្សាយតនៈ ៦។ មានចិត្ត​ស្លុងទៅកាន់​ការកើត ការវិនាស អានិសង្ស ទោស និងការ​រលាស់ចេញ​នៃ​ឧបាទានក្ខន្ធ​ទាំង ៥ ផង នៃ​មហាភូតរូប​ទាំង ៤ ផង។ មានចិត្ត​បញ្ជូន​ទៅថា របស់ណា មានការ​កើតជា​ធម្មតា របស់ទាំង​អស់នោះ មាន​ការរលត់​ជាធម្មតា។ ពាក្យថា ភិក្ខុ គឺ​ភិក្ខុជា​កល្យាណ​បុថុជ្ជន ឬភិក្ខុជា​សេក្ខៈ ហេតុនោះ (លោក​សួរថា) ភិក្ខុ​មានចិត្ត​បញ្ជូនទៅ។ ហេតុនោះ ព្រះសារីបុត្ត ពោលថា​

ភិក្ខុមានចិត្តបញ្ជូនទៅហើយនោះ ត្រូវមានសំដី​ដូចម្តេច ភិក្ខុនោះ ត្រូវមាន​គោចរ​ដូចម្តេច ក្នុង​សាសនា​នេះ ត្រូវមាន​សីល និងវត្ត​ដូចម្តេច។

[២២២] ភិក្ខុនោះ សមាទានសិក្ខាដូចម្តេច មានចិត្ត​ខ្ពស់ឯក មានប្រាជ្ញា មានស្មារតី (ដូចម្តេច) ទើប​កំចាត់បង់​មន្ទិល​របស់​ខ្លួនបាន ដូចជាង​លោហៈ ដេញ​មន្ទិល​ប្រាក់។

[២២៣] ពាក្យថា ភិក្ខុនោះ សមាទានសិក្ខាដូចម្តេច គឺភិក្ខុនោះ កាន់ សមាទាន កាន់យក កួចកាន់ បបោសអង្អែល ប្រកាន់ស្អិត នូវសិក្ខា​ដូចម្តេច ហេតុនោះ (លោកសួរ​ថា) ភិក្ខុនោះ សមាទាន​សិក្ខា​ដូចម្តេច។ ពាក្យថា មានចិត្ត​ខ្ពស់ឯក មានប្រាជ្ញា មានស្មារតី ត្រង់ពាក្យថា មានចិត្ត​ខ្ពស់ឯក គឺមានចិត្ត មានអារម្មណ៍​តែមួយ មានចិត្ត​មិន​រវើរវាយ មានចិត្ត​មិន​រសេមរសាម ហេតុនោះ (លោក​សួរថា) មានចិត្ត​ខ្ពស់ឯក។  ពាក្យថា មាន​ប្រាជ្ញា គឺមាន​ប្រាជ្ញាចាស់ ជាបណ្ឌិត​មានប្រាជ្ញា មានការដឹង មានញាណ មានការ​ភ្លឺច្បាស់ មានប្រាជ្ញា​កំចាត់បង់​កិលេស។ ពាក្យថា មានស្មារតី គឺមាន​ស្មារតី ដោយហេតុ ៤ គឺមាន​ស្មារតី ចំរើន​សតិប្បដ្ឋាន​ជាគ្រឿង​ពិចារណា​នូវ​កាយ​ក្នុងកាយ មានស្មារតី ចំរើន​សតិប្បដ្ឋាន​ជាគ្រឿង​ពិចារណា​នូវវេទនា​ក្នុងវេទនា​ទាំងឡាយ មានស្មារតី ចំរើន​សតិប្បដ្ឋាន​ជាគ្រឿង​ពិចារណា​នូវចិត្ត​ក្នុងចិត្ត មាន​ស្មារតី​ចំរើន​សតិប្បដ្ឋាន​ជាគ្រឿង​ពិចារណា​នូវធម៌​ក្នុងធម៌​ទាំងឡាយ។ ភិក្ខុនោះ ហៅថា អ្នកមាន​ស្មារតី។ ត្រង់ពាក្យថា ភិក្ខុនោះ សមាទាន​សិក្ខា​ដូចម្តេច គឺ​លោកសួរ​អធិសីលសិក្ខា។ ត្រង់ពាក្យថា មានចិត្ត​ខ្ពស់​ឯក គឺលោក​សួរអធិចិត្តសិក្ខា។ ត្រង់ពាក្យថា មានប្រាជ្ញា​ គឺ​លោកសួរ​អធិប្បញ្ញាសិក្ខា។ ត្រង់ពាក្យថា មានស្មារតី គឺលោក​សួរសតិបារិសុទ្ធិ ហេតុនោះ (លោក​សួរថា) ភិក្ខុនោះ មានចិត្ត​ខ្ពស់ឯក មាន​ប្រាជ្ញា មានស្មារតី សមាទាន​សិក្ខា ដូចម្តេច។

[២២៤] ពាក្យថា ទើបកំចាត់បង់មន្ទិល​របស់ខ្លួនបាន ដូចជាង​លោហៈ​ដែល​ដេញ​មន្ទិលប្រាក់ អធិប្បាយថា ជាងមាស លោកហៅថា ជាងលោហៈ។ ជាតរូប លោកហៅថា ប្រាក់។ ជាងមាស កំចាត់ ដុសខាត់ ដេញមន្ទិល​ប្រាក់ដ៏គ្រោត​គ្រាតផង កំចាត់ ដុសខាត់ ដេញ​មន្ទិល​ធុនកណ្តាល​ផង កំចាត់ ដុសខាត់ ដេញ​មន្ទិលធុន​ល្អិតផង។ មាន​ឧបមា​យ៉ាងណា ភិក្ខុ​កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើមិន​ឲ្យមាន​បែបភាព​នូវកិលេស​គ្រោតគ្រាត​របស់ខ្លួន​ផង កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​មានបែបភាព​នូវកិលេស​ជាកណ្តាល​ផង កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យមាន​បែបភាព​នូវកិលេស​ដ៏ល្អិតផង ក៏មាន​ឧបមេយ្យ​យ៉ាងនោះ​ឯង។ មួយទៀត ភិក្ខុ​កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យមាន​បែបភាព​នូវមន្ទិល​គឺរាគៈ មន្ទិល​គឺទោសៈ មន្ទិលគឺ​មោហៈ មន្ទិលគឺ​មានះ មន្ទិល​គឺទិដ្ឋិ មន្ទិល​គឺកិលេស មន្ទិល​គឺទុច្ចរិត​របស់ខ្លួន ជា​កិលេសជាត​ធ្វើឲ្យ​ងងឹត ធ្វើមិន​ឲ្យមានចក្ខុ ធ្វើមិន​ឲ្យមាន​ញាណ ជាគ្រឿង​ធ្វើឲ្យរលត់​បញ្ញា ជា​កិលេសជាត​ប្រព្រឹត្ត​ទៅក្នុង​ពួកធម៌ ធ្វើឲ្យ​ចង្អៀត​ចង្អល់ចិត្ត ប្រព្រឹត្ត​ទៅក្នុងទី​មិនមែន​ជា​ព្រះនិព្វាន។ មួយទៀត ភិក្ខុ​កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើមិនឲ្យ​មានបែបភាព​នូវមិច្ឆាទិដ្ឋិ ដោយ​សម្មាទិដ្ឋិ កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើមិន​ឲ្យមាន​បែបភាព​នូវមិច្ឆាសង្កប្បៈ ដោយសម្មាសង្កប្បៈ នូវមិច្ឆាវាចា ដោយ​សម្មាវាចា នូវ​មិច្ឆាកម្មន្តៈ ដោយ​សម្មាកម្មន្តៈ នូវ​មិច្ឆាអាជីវៈ ដោយ​សម្មាអាជីវៈ នូវ​មិច្ឆាវាយាមៈ ដោយ​សម្មាវាយាមៈ នូវ​មិច្ឆាសតិ ដោយ​សម្មាសតិ នូវ​មិច្ឆាសមាធិ ដោយ​សម្មាសមាធិ នូវ​មិច្ឆាញាណ ដោយ​សម្មាញាណ នូវ​មិច្ឆាវិមុត្តិ ដោយ​សម្មាវិមុត្តិ។ មួយ​វិញទៀត ភិក្ខុ​កំចាត់ ដុសខាត់ ដេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យមានបែប​ភាព​នូវកិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់ សេចក្តីក្តៅ​ក្រហាយ​ទាំងអស់ សេចក្តី​ក្រហល់​ក្រហាយ​ទាំងអស់ អភិសង្ខារ ជា​អកុសល​ទាំងអស់ ដោយ​អដ្ឋង្គិកមគ្គ​ដ៏ប្រសើរ ហេតុនោះ (លោក​សួរថា) ទើប​កំចាត់បង់​មន្ទិល​របស់ខ្លួន​បាន ​ដូចជាង​លោហៈ​ដេញមន្ទិល​ប្រាក់។ ហេតុនោះ ព្រះសារីបុត្តត្ថេរ​ពោលថា

ភិក្ខុនោះ សមាទានសិក្ខាដូចម្តេច មានចិត្តខ្ពស់ឯក មានប្រាជ្ញា មានស្មារតី (ដូចម្តេច) ទើប​កំចាត់បង់​មន្ទិល​របស់​ខ្លួនបាន ដូចជាង​លោហៈ​ដេញមន្ទិល​ប្រាក់។

[២២៥] (ព្រះមានព្រះភាគត្រាស់តបថា ម្នាលសារីបុត្ត) ការសប្បាយណា របស់​ភិក្ខុកាល​ខ្ពើមរអើម សេព​ទីអង្គុយ ទីដេកដ៏ស្ងាត់ មានបំណង​នូវសម្ពោធិញ្ញាណ តាម​លំដាប់ធម៌ តថាគត​នឹងប្រាប់​ការសប្បា​យនោះ​ដល់អ្នក តាម​ទំនង​ដែល​តថាគត​ដឹង។

[២២៦] អធិប្បាយពាក្យថា ការសប្បាយណា របស់ភិក្ខុ​កាលខ្ពើម​រអើម ត្រង់​ពាក្យថា កាល​ខ្ពើមរអើម គឺខ្ពើមរអើម​ព្រោះជាតិ ព្រោះជរា ព្រោះព្យាធិ ព្រោះ​មរណៈ ព្រោះសោក ព្រោះ​សេចក្តី​ខ្សឹកខ្សួល ព្រោះទុក្ខ ព្រោះតូចចិត្ត ព្រោះសេចក្តី​តានតឹង។បេ។ ខ្ពើមរអើម ជិនឆ្អន់ នឿយណាយ ព្រោះទុក្ខ​គឺវិនាស​ទិដ្ឋិ ហេតុនោះ (ទ្រង់​ត្រាស់ថា) កាលខ្ពើម​រអើម ពាក្យថា ការសប្បាយ​ណា សេចក្តីថា ការសប្បាយ ការនៅ​សប្បាយ​ណា តថាគត​នឹង​សំដែង​ការនៅ​សប្បាយ​នោះ។ ការនៅ​សប្បាយ តើដូចម្តេច។ ការប្រតិបត្តិ​ដោយប្រពៃ ការ​ប្រតិបត្តិ​ជា​អនុលោម ការប្រតិបត្តិ​មិនជា​សត្រូវ ការប្រតិបត្តិ​តាមលំដាប់​ប្រយោជន៍ ការ​ប្រតិបត្តិ​នូវធម៌​ដ៏សមគួរ​ដល់ធម៌ ភាពជា​អ្នកបំពេញ​ក្នុងសីល ភាពជា​អ្នកគ្រប់​គ្រងទ្វារ​ក្នុង​ឥន្រ្ទិយ ភាពជា​អ្នកដឹង​ប្រមាណ​ក្នុងភោជន ការប្រកប​រឿយៗ នូវការ​ភ្ញាក់រឭក សតិសម្បជញ្ញៈ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទិ្ធបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ និព្វាន និង​បដិបទា​ជាដំណើរ​ទៅកាន់​ព្រះនិព្វាន នេះ​ឈ្មោះថា ការនៅ​សប្បាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ការ​សប្បាយ​ណា របស់​ភិក្ខុកាល​ខ្ពើមរអើម។

[២២៧] ពាក្យថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​សារីបុត្ត គឺទ្រង់​ហៅ​ព្រះថេរ​នោះតាម​នាម។ ពាក្យថា​ ព្រះមានព្រះភាគ ជាពាក្យ​និយាយ​ដោយគោរព។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​ចោលនូវ​រាគៈ។ ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​ចោលទោសៈ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​ចោល​មោហៈ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះ​ហេតុទ្រង់​បំបាក់​ចោល​មានះ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​ចោលទិដ្ឋិ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​ចោល​កិលេស​ដូចបន្លា។ ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះហេតុ​ទ្រង់បំបាក់​ចោល​កិលេស។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះ​ហេតុទ្រង់​ចែករលែក បំបែក នូវ​ធម្មរតនៈ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះ​ព្រះអង្គ​ធ្វើនូវទី​បំផុត​នៃភព។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុ​ព្រះអង្គ​មានកាយ​អប់រំហើយ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុ​ព្រះអង្គ​មានសីល​អប់រំ​ហើយ ព្រោះព្រះអង្គ​មាន​ព្រះទ័យ​អប់រំហើយ ព្រោះព្រះអង្គ​មានប្រាជ្ញា​អប់រំ​ហើយ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុ​ព្រះមាន​បុណ្យ ទ្រង់​គប់រក​ព្រៃតូច និងព្រៃធំ ជាសេនាសនៈ​ដ៏ស្ងាត់ មាន​សំឡេងតិច មានសូរ​កងរំពង​តិច ប្រាសចាក​ខ្យល់ដែល​កើត (អំពីសរីរៈ​មនុស្ស) ជាទីគួរ​ដល់ការ​កំបាំង​អំពីមនុស្ស​សមគួរ​ដល់ការ​ពួន​សម្ងំ។ មួយ​ទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុ​ព្រះមានបុណ្យ ទ្រង់មាន​ភាគចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿង​បរិក្ខារ​គឺថ្នាំជា​បច្ច័យ​នៃអ្នក​ជម្ងឺ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុ​ព្រះមាន​បុណ្យ ទ្រង់​មានភាគ​នៃអត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត អធិប្បញ្ញា។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុ​ព្រះមានបុណ្យ ទ្រង់មាន​ភាគនៃ​ឈាន ៤ អប្បមញ្ញា​ ៤ អរូបសមាបត្តិ ៤។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុ​ព្រះមាន​បុណ្យ ទ្រង់​មានភាគ​នៃវិមោក្ខ ៨ អភិភាយតនៈ ៨ អនុបុព្វវិហារសមាបត្តិ ៩។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុព្រះ​មានបុណ្យ​ទ្រង់​មានភាគ​នៃ​សញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិសមាធិ អសុភសមាបត្តិ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុ​ព្រះមាន​បុណ្យ ទ្រង់មាន​ភាគនៃ​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកប​ដោយអង្គ ៨ ដ៏​ប្រសើរ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះហេតុ​ព្រះមាន​បុណ្យ ទ្រង់​មានភាគ​នៃ​តថាគតពលៈ ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ពុទ្ធធម៌ ៦។ ព្រះនាមថា ព្រះមានព្រះភាគ​នេះ មិនមែន​ព្រះមាតា​ថ្វាយ មិនមែន​ព្រះបិតា​ថ្វាយ មិនមែន​បងប្អូន​ប្រុសថ្វាយ មិនមែន​បងប្អូនស្រី​ថ្វាយ មិនមែនពួក​មិត្រអាមាត្យ​ថ្វាយ មិនមែន​ពួកញាតិ​សាលោហិត​ថ្វាយ មិនមែន​ពួកសមណ​ព្រាហ្មណ៍​ថ្វាយ មិនមែន​ពួកទេវតា​ថ្វាយ ព្រះនាមថា ព្រះមានព្រះភាគ​នេះ មានក្នុងទី​បំផុតនៃ​វិមោក្ខ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ដ៏មានព្រះភាគ ការបញ្ញាត្តិថា ព្រះមានព្រះភាគ​នេះ កើតដោយ​ការធ្វើ​ឲ្យជាក់​ច្បាស់ ព្រមទាំង​ការបាន​ចំពោះនូវ​សព្វញ្ញុតញ្ញាណ ទៀបគល់​ពោធិព្រឹក្ស ព្រោះ​ហេតុនោះ (លោក​ពោលថា) ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​សារីបុត្ត។

[២២៨] ពាក្យថា សេពនូវទីអង្គុយ ទីដេកដ៏ស្ងាត់ អធិប្បាយថា គេអង្គុយ​លើទី​ណា ទីនោះ លោកហៅថា ទីអង្គុយ គឺគ្រែ ​តាំង ពូក កន្ទេល ចម្មខ័ណ្ឌ កម្រាលស្មៅ កម្រាល​ស្លឹក កម្រាល​ចម្បើង។ ទីសេនាសនៈ​គឺវិហារ អឌ្ឍយោគ ប្រាសាទ ប្រាសាទ​ត្រងិល គុហា លោកហៅថា ទីដេក។ ទីដេក ទីអង្គុយ​ដ៏ស្ងាត់ ស្ងាត់ឈឹង ស្ងាត់ជ្រងំ ចាកការ​ឃើញរូប​មិនជាទី​សប្បាយ ចាកការ​ឮសំឡេងមិន​ជាទី​សប្បាយ។បេ។ ដ៏ស្ងាត់ ស្ងាត់ឈឹង ស្ងាត់ជ្រងំ ចាកកាមគុណ ៥ មិនជាទី​សប្បាយ។ កាលគប់ គប់រក សមគប់ គប់ស្និទ្ធ នូវទី​ដេក ទីអង្គុយ​ដ៏ស្ងាត់ ហេតុនោះ (ទ្រង់​ត្រាស់ថា) សេពនូវ​ទីអង្គុយ ទីដេក​ដ៏ស្ងាត់។

[២២៩] ពាក្យថា មានបំណងនូវសម្ពោធិញ្ញាណ តាមលំដាប់ធម៌ សេចក្តីថា ការដឹង បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ ធម្មវិចយសម្ពោជ្ឈង្គៈ វីមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គ ៤ លោក​ហៅថា សម្ពោធិ។ មានបំណង​ដើម្បីត្រាស់ដឹង មានបំណង​ដើម្បី​ត្រាស់ដឹងតាម មាន​បំណង​ដើម្បីត្រាស់​ដឹងចំពោះ មានបំណង​ដើម្បីត្រាស់​ដឹងព្រម មានបំណង​ដើម្បី​បាន មានបំណង​ដើម្បីពាល់​ត្រូវ មានបំណង​ដើម្បីធ្វើ​ឲ្យជាក់ច្បាស់ នូវ​សម្ពោធិញ្ញាណ​នោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) មានបំណង​ដើម្បី​សម្ពោធិញ្ញាណ។ សំនួរ​ត្រង់ពាក្យថា តាម​លំដាប់​ធម៌ ចុះតាម​លំដាប់ធម៌​នៃពោធិញ្ញាណ តើដូចម្តេច។ ការប្រតិបត្តិ​ដោយ​ប្រពៃ ការប្រតិបត្តិ​ជាអនុលោម ការប្រតិបត្តិ​មិនជា​សត្រូវ ការប្រតិបត្តិ​តាមលំដាប់​ប្រយោជន៍ ការប្រតិបត្តិ​ធម៌ដ៏សម​គួរដល់​ធម៌ ភាពជាអ្នក​បំពេញ​ក្នុងសីល ភាពជា​អ្នកគ្រប់គ្រង​ទ្វារក្នុង​ឥន្រ្ទិយ ភាពជា​អ្នកដឹង​ប្រមាណ​ក្នុងភោជន ការប្រកប​រឿយៗ នូវសេចក្តី​ភ្ញាក់រឭក សតិសម្បជញ្ញៈ ធម៌ទាំងនេះ លោកហៅថា តាម​លំដាប់ធម៌​នៃ​ពោធិញ្ញាណ។ មួយទៀត វិបស្សនា​ក្នុងចំណែក​ខាងដើម​នៃមគ្គ ៤ នេះ លោកហៅថា តាម​លំដាប់​ធម៌​នៃពោធិញ្ញាណ ហេតុនោះ (ទ្រង់​ត្រាស់ថា) មានបំណង​នូវ​ពោធិញ្ញាណ តាម​លំដាប់​ធម៌។

[២៣០] អធិប្បាយពាក្យថា តថាគតនឹងប្រាប់ការសប្បាយនោះ​ដល់អ្នក តាមទំនង​ដែល​តថាគត​ដឹង ត្រង់ពាក្យថា ការសប្បាយ​នោះ គឺធម៌​ជាលំដាប់​នៃ​ពោធិញ្ញាណ។ ពាក្យថា តថាគត​នឹងប្រាប់ គឺតថាគត​នឹងពោល​ប្រាប់ ចង្អុល បង្ហាញ សំដែង ធ្វើឲ្យដឹង​ច្បាស់ តាំងផ្តើម បើក ចែក ធ្វើឲ្យរាក់ ប្រកាស។ ពាក្យថា តាមទំនង​ដែលតថាគត​ដឹង គឺតថាគត​កាលដឹង យល់ ចូលចិត្ត ដឹងប្រាកដ ចាក់ធ្លុះ​យ៉ាងណា នឹងសំដែង​នូវធម៌នោះ​យ៉ាងនោះ​ដោយខ្លួន​ឯង ជាធម៌ដឹង​ចំពោះ​ខ្លួនឯង ប្រាកដ​ចំពោះខ្លួន មិនមែន​ដោយយល់​ថា យ៉ាងនេះ យ៉ាងនោះទេ មិនមែន​តាមឮថា ដូច្នេះ មិនមែន​ឮតៗ គ្នាមកទេ មិនមែន​ដោយការ​ប្រកាន់​តាមក្បួន មិនមែន​ដោយការ​ប្រកាន់តាម​ត្រិះរិះ មិនមែន​ដោយការ​ប្រកាន់​តាមន័យ មិនមែន​ត្រិះរិះ​ដោយអាការៈ មិនមែន​ដោយការ​ពិចារណា​តាមការគួរ​ដោយ​ទិដ្ឋិទេ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត នឹងប្រាប់​ការសប្បាយ​នោះ​ដល់អ្នក តាម​ទំនង​ដែលតថាគត​ដឹង។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

(ព្រះមានព្រះភាគ ត្រាស់តបថា ម្នាលសារីបុត្ត) ការសប្បាយ​ណា របស់​ភិក្ខុកាល​ខ្ពើមរអើម សេពទី​អង្គុយ ទីដេក​ដ៏ស្ងាត់ មានបំណង​នូវ​សម្ពោធិញ្ញាណ តាម​លំដាប់​ធម៌ តថាគត​នឹងប្រាប់​ការសប្បាយ​នោះ​ដល់អ្នក តាមទំនង​ដែល​តថាគត​ដឹង។

[២៣១] ភិក្ខុជាធីរៈ មានស្មារតី ប្រព្រឹត្តធម៌​ប្រកប​ដោយ​ទីបំផុត​ជុំវិញ មិនគប្បីខ្លាច​ចំពោះ​ភ័យ ៥ យ៉ាង គឺរបោម មមាច ពស់ សម្ផ័ស្ស​របស់មនុស្ស និង​សត្វចតុប្បាទ។

[២៣២] ពាក្យថា ធីរៈ ក្នុងបទថា ធីរៈ មិនគប្បី​ខ្លាចចំពោះ​ភ័យ ៥ យ៉ាង បានដល់ ធីរៈ បណ្ឌិត អ្នកមានប្រាជ្ញា មានការ​ត្រាស់ដឹង មាន​ញាណ មានការ​ភ្លឺច្បាស់ មានប្រាជ្ញា​ជាគ្រឿង​កំចាត់បង់​នូវកិលេស។ ភិក្ខុជា​ធីរៈ មិនគប្បីខ្លាច មិនគប្បី​តក់ស្លុត មិនគប្បី​រន្ធត់ មិនគប្បី​ស្លន់ស្លោ មិនគប្បី​ដល់នូវ​សេចក្តី​តក់ស្លុត មិនគប្បី​ជាអ្នកស្លន់ មិនញាប់ញ័រ មិនតក់ស្លុត មិនរត់ចេញ លះបង់​នូវសេចក្តី​ខ្លាច និងសេចក្តី​ភ្លឹក ជាអ្នក​ប្រាសចាក​សេចក្តី​ព្រឺរោម​ចំពោះភ័យ ៥ យ៉ាង ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុជា​ធីរៈ មិន​គប្បីខ្លាច​ចំពោះ​ភ័យ ៥ យ៉ាង។

[២៣៣] អធិប្បាយពាក្យថា ភិក្ខុមានស្មារតី ប្រព្រឹត្តធម៌​ប្រកប​ដោយ​ទីបំផុត​ជុំវិញ ត្រង់ពាក្យ​ថា ភិក្ខុ បានដល់​ភិក្ខុជា​កល្យាណ​បុថុជ្ជន ឬភិក្ខុ​ជាសេក្ខៈ។ ពាក្យថា មានស្មារតី បានដល់​ភិក្ខុមាន​ស្មារតី​ដោយហេតុ ៤ គឺមានស្មារតី​ចំរើន​សតិប្បដ្ឋាន ជាគ្រឿង​ពិចារណា​នូវកាយ​ក្នុងកាយ មានស្មារតី​ចំរើន​សតិប្បដ្ឋាន ជាគ្រឿង​ពិចារណា​នូវវេទនា​ក្នុងវេទនា មាន​ស្មារតី​ចំរើន​សតិប្បដ្ឋាន ជាគ្រឿង​ពិចារណា​នូវចិត្តក្នុង​ចិត្ត មានស្មារតី ចំរើន​សតិប្បដ្ឋាន​ជាគ្រឿង​ពិចារណា​នូវធម៌​ក្នុងធម៌ ភិក្ខុនោះ លោក​ហៅថា អ្នកមាន​ស្មារតី។ ពាក្យថា ប្រព្រឹត្តធម៌​ប្រកប​ដោយទី​បំផុតជុំវិញ បានដល់ ទីបំផុត​ជុំវិញ ៤ គឺទី​បំផុត​ជុំវិញ​ដោយការ​សង្រួមសីល ១ ទីបំផុត​ជុំវិញ​ដោយការ​សង្រួម​ឥន្រ្ទិយ ១ ទីបំផុត​ជុំវិញ​ដោយការ​ដឹងប្រមាណ​ក្នុងភោជន ១ ទីបំផុត​ជុំវិញ​ដោយ​ការប្រកប​រឿយៗ នូវការ​ភ្ញាក់រលឹក ១។

ទីបំផុតជុំវិញដោយការសង្រួមសីល តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មានសីល សង្រួម​ក្នុង​បាតិមោក្ខ​សំវរសីល បរិបូណ៌​ដោយអាចារៈ និងគោចរៈ ឃើញ​ភ័យក្នុង​ទោសមាន​ប្រមាណ​តិចតួច សមាទាន​សិក្សា​ក្នុងសិក្ខាបទ​ទាំងឡាយ ពិចារណា​ឃើញច្បាស់​នូវភាព​ស្អុយក្នុង​ខាងក្នុង ប្រព្រឹត្ត​នូវទីបំផុត​ជុំវិញ​ដោយការ​សង្រួម​សីលក្នុង​ខាងក្នុង មិន​ទំលាយនូវ​ខេត្តដែន (នៃសីល) នេះទីបំផុត​ជុំវិញ​ដោយការ​សង្រួមសីល។

ទីបំផុតជុំវិញដោយការសង្រួមឥន្រ្ទិយ តើដូចម្តេច។ ភិក្ខុក្នុង​សានានេះ ឃើញ​រូប​ដោយភ្នែក ជាអ្នក​មិនកួចកាន់​នូវនិមិត្ត មិនកួច​កាន់នូវ​អនុព្យព្ជានៈ ធម៌ជា​អកុសល​ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីដិត​តាមបុគ្គល​មិនសង្រួម​នូវចក្ខុន្រ្ទិយ ព្រោះការ​មិនសង្រួម​ចក្ខុន្រ្ទិយ​ណា​ជាហេតុ ​ប្រតិបត្តិ​ដើម្បីសង្រួម​ចក្ខុន្រ្ទិយ​នោះ រក្សា​ចក្ខុន្រ្ទិយ ដល់​នូវ​​ការសង្រួម​ក្នុងចក្ខុន្រ្ទិយ ឮសំឡេង​ដោយ​ត្រចៀក ធុំក្លិន​ដោយច្រមុះ លិទ្ធរស​ដោយ​អណ្តាត ប៉ះពាល់​សម្ផ័ស្ស​ដោយកាយ ដឹងធម្មារម្មណ៍​ដោយចិត្ត ជាអ្នក​មិនកួច​កាន់នូវ​និមិត្ត មិនកួច​កាន់នូវ​អនុព្យព្ជានៈ ធម៌ជា​អកុសល​ដ៏លាមក គឺអភិជ្ឈា និង​ទោមនស្ស មិន​ដិត​​តាមបុគ្គល​មិនសង្រួម​មនិន្រ្ទិយ ព្រោះការ​មិនសង្រួម​មនិន្រ្ទិយណា​ជាហេតុ ប្រតិបត្តិ​ដើម្បីសង្រួម​មនិន្រ្ទិយ​នោះ រក្សាមនិន្រ្ទិយ ដល់នូវ​ការសង្រួម​ក្នុង​មនិន្រ្ទិយ ពិចារណា​នូវ​អាទិត្តបរិយាយសូត្រ ប្រព្រឹត្ត​ក្នុងទីបំផុត​ជុំវិញ ដោយការ​សង្រួមឥន្រ្ទិយ​ខាងក្នុង មិន​ទំលាយ​​ខេត្តដែន នេះ ទី​បំផុតជុំវិញ ដោយការ​សង្រួម​ឥន្រ្ទិយ។

ទីបំផុតជុំវិញ ដោយការដឹងប្រមាណក្នុងភោជន តើដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណា​ដោយឧបាយ ហើយ​បរិភោគ​អាហារ​ថា អាត្មាអញ​មិនបរិភោគ​ដើម្បី​ការលេង មិនដើម្បី​ការស្រវឹង មិនដើម្បី​ការតាក់តែង មិនដើម្បី​ការ​ផូរផង់ គ្រាន់តែ​ដើម្បី​ការតាំង​នៅនៃកាយ​នេះ ដើម្បី​ការញុំាង​ជីវិតិន្រ្ទិយ​ឲ្យ​ប្រព្រឹត្តទៅ ដើម្បី​បំបាត់បង់​នូវ​សេចក្តី​លំបាក ដើម្បីអនុគ្រោះ​ដល់​ព្រហ្មចារ្យ និងកំចាត់​បង់នូវ​វេទនា​ចាស់ផង និងមិន​ញុំាង​វេទនាថ្មី​ឲ្យកើត​ឡើងផង កិរិយា​ប្រព្រឹត្តទៅ (នៃឥរិយាបថ​ទាំង ៤) ផង សេចក្តី​មិនមាន​ទោសផង ការនៅ​សប្បាយផង នឹងមានដល់​អាត្មាអញ ដូច្នេះ ភិក្ខុ​ពិចារណា​នូវ​អាហារ ឧបមា​ដោយប្រេង​សម្រាប់​លាបភ្លៅរទេះ និងសំពត់​សម្រាប់​រុំដំបៅ និងសាច់កូន ប្រព្រឹត្តក្នុង​ទីបំផុត​ជុំវិញ​ដោយការ​ដឹងប្រមាណ​ក្នុងភោជន​ខាងក្នុង មិន​ទំលាយ​នូវ​ខេត្ត​ដែន នេះទី​បំផុត​ជុំវិញ ដោយការ​ដឹងប្រមាណ​ក្នុងភោជន។

ទីបំផុតជុំវិញ ដោយការប្រកបរឿយ ៗ នូវការ​ភ្ញាក់រលឹក តើដូចម្តេច។ ភិក្ខុក្នុង​សាសនា​នេះ ញុំាងចិត្ត​ឲ្យបរិសុទ្ធ​ចាកធម៌​ជាគ្រឿង​រារាំង ដោយ​ការចង្រ្កម ដោយការ​អង្គុយ អស់វេលាថ្ងៃ ញុំាងចិត្ត​ឲ្យបរិសុទ្ធ ចាកធម៌​ជាគ្រឿង​រារាំង ដោយការ​ចង្រ្កម ដោយការ​អង្គុយអស់​បឋមយាម​នៃរាត្រី សម្រេច​សីហសេយ្យា ដោយ​ផ្អៀងខាងស្តាំ អស់​មជ្ឈិមយាម​នៃរាត្រី យកជើង​តម្រួត​លើជើង មានស្មារតី ដឹងខ្លួន ធ្វើទុកក្នុង​ចិត្តនូវសញ្ញា​ថានឹង​ក្រោក ហើយក្រោក​ក្នុងបច្ឆិមយាម​នៃរាត្រី ញុំាងចិត្ត​ឲ្យបរិសុទ្ធ​ចាកធម៌​ជាគ្រឿង​រារាំង ដោយ​ការចង្រ្កម ដោយការអង្គុយ ពិចារណា​នូវការនៅ​តាម​ភទ្ទេករត្តសូត្រ ប្រព្រឹត្ត​ក្នុងទី​បំផុត​ជុំវិញ​ដោយការ​ប្រកបរឿយៗ នូវការ​ភ្ញាក់រលឹក​ខាងក្នុង មិនទំលាយ​នូវខេត្ត​ដែន នេះទីបំផុត​ជុំវិញ ដោយការ​ប្រកបរឿយៗ នូវការ​ភ្ញាក់រលឹក ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុមាន​ស្មារតី ប្រព្រឹត្ត​ធម៌ប្រកប​ដោយទីបំផុត​ជុំវិញ។

[២៣៤] ពាក្យថា របោម មមាច ពស់ សេចក្តីថា រុយក្រហម លោកហៅថា របោម។ ពួករុយ​ទាំងអស់ លោកហៅថា មមាច។ ព្រោះអ្វី បានជា​ពួករុយ​ទាំងអស់ លោកហៅថា មមាច។ ពួករុយ​ទាំងនោះ តែងហើរ​ឆ្វៀលឆ្វាត់​ទៅខាំ ព្រោះហេតុនោះ ពួករុយ​ទាំងអស់ លោក​ហៅថា មមាច។ ពស់​ទាំងឡាយ លោកហៅថា ពស់ ហេតុនោះ (ទ្រង់​ត្រាស់ថា) របោម មមាច ពស់។

[២៣៥] ពាក្យថា សម្ផ័ស្សរបស់មនុស្ស និងសត្វចតុប្បាទ សេចក្តីថា ពួកចោរក្តី មាណព​មានការងារ​ធ្វើហើយ​ក្តី មានការងារ​ធ្វើមិនទាន់​ហើយក្តី លោក​ហៅថា សម្ផ័ស្ស​របស់​មនុស្ស។ ពួកជន​ទាំងនោះ គប្បី​សួរប្រស្នា​ចំពោះ​ភិក្ខុក្តី លើកវាទៈក្តី ជេរក្តី ប្រទេចក្តី ខឹងក្តី ក្រេវក្រោធក្តី បៀតបៀនក្តី បៀតបៀន​ផ្សេងៗក្តី គ្របសង្កត់​ក្តី ជិះជាន់ក្តី ប្រហារក្តី ប្រហារ​មាំក្តី ធ្វើនូវ​ការបៀតបៀន​មាំក្តី។ ការបៀតបៀន​អំពីមនុស្ស​ណានីមួយ (ការបៀត​បៀននោះ) ឈ្មោះថា សម្ផ័ស្ស​របស់​មនុស្ស។ ពាក្យថា សត្វចតុប្បាទ គឺសត្វសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ខ្លារខិន ឆ្កែព្រៃ គោ ក្របី ដំរី។ សត្វទាំងនោះ គប្បីញំាញី ខាំស៊ី បៀតបៀន បៀតបៀន​ផ្សេងៗ គ្របសង្កត់ ជិះជាន់ ប្រហារ ប្រហារមាំ ធ្វើការ​ប្រហារ​មាំចំពោះ​ភិក្ខុ។ ការបៀត​បៀនមាំ អំពី​សត្វចតុប្បាទ ភ័យ​អំពីសត្វ​ចតុប្បាទ​ណានីមួយ ហេតុនោះ (ទ្រង់​ត្រាស់ថា) សម្ផ័ស្ស​របស់​មនុស្ស និងសត្វ​ចតុប្បាទ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ភិក្ខុជាធីរៈ មានស្មារតី ប្រព្រឹត្តធម៌​ប្រកប​ដោយទី​បំផុត​ជុំវិញ មិនគប្បី​ខ្លាចចំពោះ​ភ័យ ៥ យ៉ាងគឺ របោម មមាច ពស់ សម្ផ័ស្ស​របស់​មនុស្ស និង​សត្វចតុប្បាទ។

[២៣៦] ភិក្ខុឃើញហេតុគួរខ្លាចដ៏ច្រើន របស់ពួកអ្នក​កាន់ធម៌​ដទៃនោះ មិនគប្បី​តក់ស្លុត​ទេ មួយទៀត ភិក្ខុ​ទាំងឡាយ​អ្នកស្វែង​រកកុសលធម៌ គប្បី​គ្របសង្កត់​អន្តរាយ​ទាំងឡាយ​ដទៃបាន។

[២៣៧] ពាក្យថា ភិក្ខុឃើញហេតុគួរខ្លាចដ៏ច្រើន របស់ពួក​អ្នកកាន់ធម៌​ដទៃ​នោះ មិនគប្បី​តក់ស្លុត​ទេ អធិប្បាយថា ជន​ទាំងឡាយ​ណានីមួយ មិនជ្រះថ្លា​ក្នុងព្រះពុទ្ធ មិនជ្រះថ្លា​ក្នុងព្រះធម៌ មិនជ្រះថ្លា​ក្នុងព្រះសង្ឃ លើកតែ​សហធម្មិកបុគ្គល ៧ ពួកចេញ លោក​ហៅថា ពួកអ្នក​កាន់ធម៌​ដទៃ។ ពួកជននោះ គប្បីសួរ​ប្រស្នា​នឹងភិក្ខុ ឬលើក​វាទៈ ជេរប្រទេច ខឹងក្រេវក្រោធ បៀតបៀន បៀតបៀន​ផ្សេងៗ គ្របសង្កត់ ជិះជាន់ ប្រហារ​ ប្រហារខ្លាំង ធ្វើនូវ​ការបៀតបៀន​ខ្លាំង ភិក្ខុ​ឃើញក្តី ឮក្តី នូវហេតុ​គួរខ្លាច​ដ៏ច្រើន របស់​ជននោះ មិនគប្បី​ញាប់ញ័រ មិនគប្បីរន្ធត់ មិនគប្បី​សស្លើតសស្លក់ មិនគប្បី​តក់ស្លុត មិនគប្បី​ស្លុតរន្ធត់ មិនគប្បីរំភើប មិនគប្បី​ញ័រចំប្រប់ មិនគប្បីខ្លាច មិនគប្បី​ដល់នូវការ​តក់ស្លុត គប្បីជា​អ្នកមិនខ្លាច មិនញាប់ញ័រ មិនតក់ស្លុត មិនរត់ចេញ លះបង់​នូវសេចក្តី​ខ្លាច និងការភ្លឹក មានការ​ព្រឺរោម​ទៅប្រាស​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុឃើញ​ហេតុគួរ​ខ្លាចដ៏​ច្រើន របស់ពួក​អ្នកកាន់​ធម៌ដទៃ​នោះ មិនគប្បី​តក់ស្លុត​ទេ។

[២៣៨] ពាក្យថា មួយទៀត ភិក្ខុទាំងឡាយ អ្នកស្វែងរក​កុសលធម៌ គប្បីគ្រប​សង្កត់​អន្តរាយ​ទាំងឡាយ​ដទៃបាន សេចក្តីថា មួយទៀត សេចក្តី​អន្តរាយ​ទាំងឡាយ​ដទៃ ដែលគួរ​គ្របសង្កត់ ជិះជាន់ សង្កត់សង្កិន បំផ្លាញ ញំាញី ក៏មាន។ ពាក្យថា សេចក្តី​អន្តរាយ បានដល់ សេចក្តី​អន្តរាយ ២ គឺ អន្តរាយ​ប្រាកដ ១ អន្តរាយ​កំបាំង ១។បេ។ ឈ្មោះថា អន្តរាយ ព្រោះជា​សភាព​អាស្រ័យ​ក្នុងសរីរៈ​នោះ យ៉ាងនេះខ្លះ ពាក្យថា អ្នកស្វែង​រកកុសលធម៌ គឺ​ភិក្ខុអ្នក​ស្វែងរក ស្វះស្វែងរក ប្រមើល​រកនូវ​ការប្រតិបត្តិ​ល្អ ការប្រតិបត្តិ​ជា​អនុលោម ការប្រតិបត្តិ​ដ៏សមគួរ​ដល់អត្ថ។បេ។ នូវមគ្គ​ដ៏ប្រសើរ​មានអង្គ ៨ ព្រះនិព្វាន ការប្រតិបត្តិ​ជាដំណើរ​ទៅកាន់​ព្រះនិព្វាន គប្បីគ្រប​សង្កត់ ជិះជាន់ សង្កត់​សង្កិន បំផ្លាញ ញំាញី នូវសេចក្តី​អន្តរាយ​ទាំងឡាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) មួយទៀត ភិក្ខុ​ទាំងឡាយ អ្នកស្វែង​រកកុសលធម៌ គប្បីគ្រប​សង្កត់​អន្តរាយ​ទាំងឡាយ​ដទៃ​បាន។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ភិក្ខុឃើញហេតុគួរខ្លាចដ៏ច្រើន របស់ពួក​អ្នកកាន់​ធម៌ដទៃ​នោះ មិនគប្បី​តក់ស្លុត​ទេ មួយទៀត ភិក្ខុ​ទាំងឡាយ អ្នកស្វែង​រកកុសលធម៌ គប្បី​គ្របសង្កត់​អន្តរាយ​ទាំងឡាយ​ដទៃ​បាន។

[២៣៩] ភិក្ខុត្រូវសម្ផ័ស្សជម្ងឺ ឬគម្លានពាល់ត្រូវហើយ គប្បី​ទ្រាំអត់​ចំពោះ​ត្រជាក់ និងក្តៅ ភិក្ខុនោះ ដែលអាការ​ដ៏ច្រើននោះ ពាល់ត្រូវហើយ មិនគប្បី​ជាអ្នក​ធ្វើឱកាស គប្បីធ្វើ​ព្យាយាម ប្រឹងប្រែង​ឲ្យនៅតែ​ម៉ឺងម៉ាត់។

[២៤០] ពាក្យថា ភិក្ខុត្រូវសម្ផ័ស្សជម្ងឺ (ឬ) គម្លាន ពាល់ត្រូវហើយ សេចក្តីថា សម្ផ័ស្ស​នៃរោគ លោកហៅថា សម្ផ័ស្សជម្ងឺ។ ភិក្ខុត្រូវ​សម្ផ័ស្ស​នៃរោគ​ពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកបព្រម គឺថា ត្រូវរោគ​ភ្នែកពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកបព្រម ត្រូវរោគ​ត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ។បេ។ ត្រូវសម្ផ័ស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ ពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកបព្រម។ សេចក្តីឃ្លាន លោក​ហៅថា គំលាន។ ភិក្ខុត្រូវ​គំលាន​ពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកបព្រម ហេតុនោះ (ទ្រង់​ត្រាស់ថា) ត្រូវសម្ផ័ស្ស​រោគ​ពាល់ត្រូវ​ហើយ។

[២៤១] ពាក្យថា គប្បីទ្រាំអត់ ចំពោះត្រជាក់ និងក្តៅ ត្រង់ពាក្យថា ត្រជាក់ បានដល់ ត្រជាក់​ដោយហេតុ ២​ គឺ ត្រជាក់​ដោយ​អំណាចធាតុ​ខាងក្នុង​កម្រើក ១ ត្រជាក់ដោយ​អំណាច​រដូវខាង​ក្រៅ ១។ ពាក្យថា ក្តៅ បានដល់​ការក្តៅ​ដោយហេតុ ២ គឺ ក្តៅដោយ​អំណាច​ធាតុខាង​ក្នុង​កម្រើក ១ ក្តៅ​ដោយអំណាច​រដូវ​ខាងក្រៅ ១។ ពាក្យថា គប្បីទ្រាំ​អត់ចំពោះ​ត្រជាក់ និងក្តៅ បានសេចក្តីថា ភិក្ខុគប្បី​ជាអ្នកអត់​ធន់ចំពោះ​ត្រជាក់ ក្តៅ សេចក្តី​ឃ្លាន សេចក្តីស្រេក សម្ផ័ស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់ ចំពោះ​គន្លង​ពាក្យ​ដែលគេ​ពោលអាក្រក់ មកអាក្រក់ គប្បីជា​អ្នកប្រកប​ដោយជាតិ ជាអ្នក​អត់ធន់​វេទនា ប្រព្រឹត្ត​ទៅក្នុង​សរីរៈ​ដែលកើត​ហើយ ជាទុក្ខ​ខ្លាំងក្លា ខ្លោចផ្សា ក្តៅផ្សា មិនស្រួល មិនជា​ទីគាប់​ចិត្ត ដែល​អាចនាំ​យកជីវិត​បាន ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុ​គប្បីអត់​សង្កត់​ចំពោះ​ត្រជាក់ និងក្តៅ។

[២៤២] អធិប្បាយពាក្យថា ភិក្ខុនោះ ដែលអាការ​ដ៏ច្រើននោះ​ពាល់ត្រូវ​ហើយ មិន​គប្បីជា​អ្នកធ្វើ​ឱកាស ត្រង់ពាក្យថា ភិក្ខុនោះ​ដែលអាការ​នោះ គឺ​ភិក្ខុនោះ​ជាអ្នកត្រូវ​សម្ផ័ស្ស​ជម្ងឺផង គម្លានផង ត្រជាក់ផង ក្តៅផង ពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកប​ព្រម ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុនោះ ដែលអាការ​នោះ​ពាល់ត្រូវ​ហើយ។ ពាក្យថា ដោយ​ច្រើន គឺត្រូវ​អាការ​ច្រើនយ៉ាង​ពាល់ត្រូវ គ្របសង្កត់ ស្រោចចុះ ប្រកប​ព្រម ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុនោះ​ដែលអាការ​ដ៏ច្រើន​នោះ​ពាល់ត្រូវ​ហើយ។ ពាក្យថា មិនគប្បី​ជាអ្នក​ធ្វើឱកាស គឺ​ឈ្មោះថា​មិនធ្វើ​ឱកាស ព្រោះមិន​ធ្វើ​ឱកាស​ដល់​វិញ្ញាណ ដែល​ប្រកប​ដោយ​អភិសង្ខារ​ក៏មាន ឬឈ្មោះថា មិនធ្វើ​ឱកាស ព្រោះមិនធ្វើ​ឱកាស​ដល់​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត​ ក៏មាន ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុ​នោះ ដែល​អាការ​ដ៏ច្រើន​នោះ ពាល់ត្រូវ​ហើយ មិនគប្បី​ជាអ្នក​ធ្វើឱកាស។

[២៤៣] ពាក្យថា គប្បីធ្វើព្យាយាមប្រឹងប្រែង​ឲ្យនៅ​តែម៉ឺងម៉ាត់ សេចក្តីថា ការព្យាយាម​តឹងតែង ការសង្វាត ការប្រឹងប្រែង ការឱហាត ការព្យាយាម ការ​ឧស្សាហ៍ ការខ្មីឃ្មាត ការមិន​បន្ធូរបន្ថយ​ កម្លាំងកាយ ការតាំងមាំ ការប្រឹងប្រែង​មិនធូរ​ថយ ការមិន​ដាក់ចុះ​នូវសេចក្តី​ប្រាថ្នា ការមិន​ដាក់ធុរៈ ការផ្គងធុរៈ ការព្យាយាម ការ​ព្យាយាម​ជាធំ ការព្យាយាម​ជាកំឡាំង ការព្យាយាម​ត្រូវ ដែលប្រព្រឹត្ត​ទៅក្នុងចិត្ត​ឯណា នោះ លោក​ហៅថា ការព្យាយាម​ប្រឹងប្រែង។ ភិក្ខុគប្បី​ធ្វើព្យាយាម​ប្រឹងប្រែង​ឲ្យម៉ឺងម៉ាត់ គឺគប្បី​ជាអ្នក​សមាទាន​ដ៏មាំទាំ ជាអ្នក​សមាទាន​ដ៏មុតមាំ ហេតុ​នោះ (ទ្រង់​ត្រាស់ថា) ភិក្ខុគប្បី​ធ្វើព្យាយាម​ប្រឹងប្រែង​ឲ្យម៉ឺងម៉ាត់។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ភិក្ខុត្រូវសម្ផស្សជម្ងឺ (ឬ) គំលានពាល់ត្រូវហើយ គប្បីទ្រាំអត់​ចំពោះ​ត្រជាក់ និងក្តៅ ភិក្ខុនោះ ដែលអាការ​ដ៏ច្រើននោះ​ពាល់ត្រូវ​ហើយ មិនគប្បី​ជាអ្នក​ធ្វើឱកាស គប្បី​ធ្វើព្យាយាម​ប្រឹងប្រែង​ឲ្យនៅតែ​ម៉ឺងម៉ាត់។

[២៤៤] ភិក្ខុមិនគប្បីធ្វើការលួច មិនគប្បី​ពោលកុហក គប្បី​ផ្សព្វផ្សាយ​មេត្តា ចំពោះ​ពួកសត្វ ដែលមាន​សន្តាន​តក់ស្លុត និងមាន​សន្តាន​រឹងប៉ឹង ភិក្ខុបើ​ដឹងសេចក្តី​ល្អក់ចិត្ត​ក្នុងកាលណា គប្បីបន្ទោបង់​នូវសេចក្តី​ល្អក់ចិត្តនោះ (ដោយគិត) ថា នេះ​ប័ក្ខពួក​របស់ខ្មៅ ក្នុងកាលនោះ។

[២៤៥] អធិប្បាយពាក្យថា ភិក្ខុមិនគប្បីធ្វើការលួច មិនគប្បីពោល​កុហក ត្រង់​ពាក្យថា មិនគប្បី​ធ្វើការ​លួច សេចក្តីថា ភិក្ខុក្នុង​សាសនា​នេះ គប្បីជា​អ្នកលះបង់​អទិន្នាទាន វៀរស្រឡះ​ចាក​អទិន្នាទាន កាន់យក​តែរបស់​ដែលគេ​ឲ្យ ប្រាថ្នាតែ​របស់​ដែលគេ​ឲ្យ មានខ្លួន​ជាអ្នក​មិនលួច មានសភាព​ដ៏ស្អាត ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគប្បី​ធ្វើ​ការលួច។ ពាក្យថា មិនគប្បី​ពោលកុហក គឺភិក្ខុក្នុង​សាសនា​នេះ គប្បីជា​អ្នក​លះបង់​មុសាវាទ វៀរស្រឡះ​ចាក​មុសាវាទ ជាអ្នកពោល​តែពាក្យពិត តពាក្យពិត មានវាចា​ខ្ជាប់ខ្ជួន គួរឲ្យ​អ្នកផង​ជឿបាន មិនពោល​បំភាន់សត្វ​លោក ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុ​មិនគប្បី​ធ្វើការ​លួច មិនគប្បី​ពោល​កុហក។

[២៤៦] អធិប្បាយពាក្យថា គប្បីផ្សព្វផ្សាយមេត្តា ចំពោះ​ពួកសត្វ​ដែលមាន​សន្តាន​តក់ស្លុត និងមាន​សន្តាន​រឹងប៉ឹង ត្រង់ពាក្យថា មេត្តា បានដល់ សេចក្តី​រាប់អាន អាការនៃ​សេចក្តី​រាប់អាន ភាពនៃ​សេចក្តី​រាប់អាន សេចក្តី​អាណិត អាការ​នៃសេចក្តី​អាណិត ភាពនៃ​សេចក្តី​អាណិត ការស្វែង​រក​ប្រយោជន៍ សេចក្តី​អនុគ្រោះ ការមិន​ព្យាបាទ ការ​មិន​ចងពៀរ ការមិន​ប្រទុស្ត កុសលមូល ចំពោះពួកសត្វ។ ពួកសត្វ​ដែលមិន​ទាន់លះ​បង់សេចក្តី​តក់ស្លុត គឺតណ្ហា​ផង ពួកសត្វ​ដែលមិន​លះបង់​សេចក្តីភ័យ​ដ៏ពន្លឹក​ផង ឈ្មោះថា ពួកសត្វ​មានសន្តាន​តក់ស្លុត។ ព្រោះហេតុអ្វី ទើបលោក​ហៅថា ពួកសត្វ​មាន​សន្តាន​តក់ស្លុត។ ព្រោះថា ពួកសត្វនោះ តែងតក់ស្លុត រន្ធត់ ញាប់ញ័រ ភិតភ័យ ដល់នូវ​សេចក្តី​តក់ស្លុត ហេតុនោះ ទើបលោក​ហៅថា ពួកសត្វ​មានសន្តាន​តក់ស្លុត។ ពួកសត្វ​ដែលលះបង់​សេចក្តី​តក់ស្លុត គឺតណ្ហា​ផង ពួកសត្វ​ដែលលះបង់​សេចក្តីភ័យ​ដ៏ពន្លឹក​ផង ឈ្មោះថា ពួកសត្វ​មានសន្តាន​រឹងប៉ឹង។ ព្រោះហេតុ​អ្វី ទើបលោក​ហៅថា ពួកសត្វ​មាន​សន្តាន​រឹងប៉ឹង។ (ព្រោះថា) ពួកសត្វ​ទាំងនោះ រមែង​មិនតក់ស្លុត មិនរន្ធត់ មិនញាប់ញ័រ មិនខ្លាច មិនដល់​នូវការ​តក់ស្លុត ហេតុនោះ ទើបលោក​ហៅថា ពួកសត្វ​មានសន្តាន​រឹងប៉ឹង។ ពាក្យថា គប្បីផ្សព្វ​ផ្សាយមេត្តា ចំពោះ​ពួកសត្វ​ដែលមាន​សន្តាន​តក់ស្លុត និងមាន​សន្តាន​រឹងប៉ឹង បាន​សេចក្តីថា គប្បី​ប៉ះពាល់ គប្បីផ្សាយ​មេត្តា ចំពោះ​សត្វមាន​សន្តាន​តក់ស្លុត និងមាន​សន្តាន​រឹងប៉ឹង គឺថា គប្បីផ្សាយ​ទៅដោយចិត្ត ដែល​ប្រព្រឹត្ត​ទៅក្នុង​មេត្តា​ដ៏ទូលាយ ជាសភាពធំ មិនមាន​ប្រមាណ មិនមានពៀរ មិនមាន​ព្យាបាទ ហេតុនោះ (ទ្រង់ត្រាស់ថា)​ គប្បីផ្សព្វ​ផ្សាយមេត្តា ចំពោះពួក​សត្វដែល​មានសន្តាន​តក់ស្លុត និងមាន​សន្តាន​រឹងប៉ឹង។

[២៤៧] ពាក្យថា ភិក្ខុ បើដឹងនូវសេចក្តីល្អក់ចិត្ត​ក្នុងកាលណា ត្រង់ពាក្យថា ក្នុង​កាលណា គឺក្នុង​វេលាណា។ ពាក្យថា ចិត្ត បានដល់ ចិត្ត មនោ មានសៈ ហទយៈ បណ្ឌរៈ មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើត​អំពី​វិញ្ញាណក្ខន្ធ​នោះ។ ចិត្តតែង​ល្អក់ វឹកវរ រំភើប ខ្ទាំងខ្ទប់ ញាប់ញ័រ ភ្ញាក់ផ្អើល មិនស្ងប់ ព្រោះ​កាយទុច្ចរិត ចិត្តតែងល្អក់ វឹកវរ រំភើប ខ្ទាំងខ្ទប់ ញាប់ញ័រ ភ្ញាក់ផ្អើល មិនស្ងប់ ព្រោះ​វចីទុច្ចរិត  មនោទុច្ចរិត រាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់ក្រវាយ​ទាំងពួង សេចក្តី​អន្ទះអន្ទែង​ទាំងពួង កំដៅ​ទាំងពួង អភិសង្ខារ​ជាអកុសល​ទាំងពួង។ ពាក្យថា ភិក្ខុបើ​ដឹងសេចក្តី​ល្អក់ចិត្ត​ក្នុងកាល​ណា គឺ​គប្បីដឹង​ គប្បីយល់ គប្បីចូលចិត្ត គប្បីដឹងច្បាស់ គប្បីចាក់ធ្លុះ នូវភាព​នៃចិត្តល្អក់ ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​ដឹងសេចក្តី​ល្អក់ចិត្ត​ក្នុងកាល​ណា។

[២៤៨] ពាក្យថា គប្បីបន្ទោបង់នូវសេចក្តីល្អក់ចិត្តនោះ (ដោយគិត) ថា នេះប័ក្ខពួក​របស់ខ្មៅ ត្រង់ពាក្យថា ខ្មៅ គឺមារ ឈ្មោះថា ខ្មៅ អធិបតី អ្នកដល់​នូវទីបំផុត អ្នកមិន​ឲ្យ​រួច ផៅពង្ស​អ្នកប្រមាទ។ ពាក្យថា គប្បី​បន្ទោបង់​នូវសេចក្តី​ល្អក់ចិត្ត​នោះ (ដោយគិត) ថា នេះប័ក្ខពួក​របស់ខ្មៅ សេចក្តីថា ភិក្ខុគប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវ​ភាព​មិនមាន ដោយគិតថា នេះជា​ប័ក្ខពួក​របស់ខ្មៅ ជាពួក​របស់មារ ជាអន្ទាក់​របស់មារ ជាសន្ទូច​របស់មារ ជានុយ​របស់មារ ជាវិស័យ​របស់មារ ជាតបៈ ទីបំផុត​របស់មារ ជាគោចរ​របស់មារ ជាចំណង​របស់មារ ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​បន្ទោបង់​នូវ​សេចក្តី​ល្អក់ចិត្ត​នោះ (ដោយគិត) ថា នេះប័ក្ខ​ពួករបស់​ខ្មៅ យ៉ាងនេះខ្លះ។ មួយវិញ​ទៀត ភិក្ខុគប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ឲ្យដល់នូវ​ភាពមិនមាន (ដោយគិត) ថា នេះជា​ប័ក្ខ​ពួករបស់ខ្មៅ ជាពួក​របស់មារ ជាពួក​អកុសល ជាកិលេស​ចំរើន​តែទុក្ខ ជាផលនៃទុក្ខ ជាកិលេស​ប្រកប​ក្នុងការ​ប្រព្រឹត្តិ​ទៅក្នុងនរក ប្រកប​ក្នុងការ​ប្រព្រឹត្តិទៅ​ក្នុង​សត្វតិរច្ឆាន ប្រកប​ក្នុងការ​ប្រព្រឹត្តិ​ទៅក្នុង​បិត្តិវិស័យ ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​បន្ទោបង់​នូវសេចក្តី​ល្អក់ចិត្ត​នោះ (ដោយគិត) ថា នេះប័ក្ខ​ពួករបស់ខ្មៅ យ៉ាងនេះខ្លះ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ភិក្ខុមិនគប្បីធ្វើការលួច មិនគប្បីពោលកុហក គប្បី​ផ្សព្វផ្សាយ​មេត្តាចំពោះ​ពួកសត្វ​ដែលមាន​សន្តាន​តក់ស្លុត និងមាន​សន្តាន​រឹងប៉ឹង ភិក្ខុ​បើដឹង​សេចក្តី​ល្អក់ចិត្ត​ក្នុង​កាលណា គប្បី​បន្ទោបង់​នូវសេចក្តី​ល្អក់ចិត្តនោះ (ដោយគិត) ថា នេះ​ប័ក្ខពួក​របស់ខ្មៅ ក្នុងកាល​នោះ។

[២៤៩] ភិក្ខុមិនគប្បីលុះអំណាចក្រោធ និងការ​មើលងាយ ទាំងគប្បី​គាស់ឫស​នៃកិលេស​ទាំងនោះ​ចេញ មួយទៀត គប្បី​គ្របសង្កត់​ឲ្យមាំ​នូវសភាវៈ​ជាទី​ស្រឡាញ់ ឬមិន​ជាទី​ស្រឡាញ់។

[២៥០] ពាក្យថា ភិក្ខុមិនគប្បីលុះអំណាក្រោធ និងការ​មើលងាយ ត្រង់ពាក្យថា ក្រោធ បានដល់​ការអាឃាត ការគំនុំ​របស់ចិត្ត។បេ។ ភាពជា​អ្នកកាច ការចេញ​ទឹកភ្នែក ការ​អាក់អន់​ចិត្ត។ ពាក្យថា ការ​មើលងាយ សេចក្តីថា បុគ្គលខ្លះ​ក្នុងលោក​នេះ មើលងាយ​បុគ្គល​ដទៃ​ដោយជាតិ​ក៏មាន ដោយគោត្រ​ក៏មាន។បេ។ ដោយវត្ថុ​ណាមួយ ក៏មាន។ ពាក្យថា មិនគប្បី​លុះអំណាច​ក្រោធ និងការ​មើលងាយ បានសេចក្តីថា មិនគប្បី​លុះ​អំណាច​ក្រោធផង ការ​មើលងាយ​ផង គប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើ​មិនឲ្យ​មាន​បែបភាព នូវសេចក្តី​ក្រោធផង នូវការ​មើលងាយ​ផង ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុ​មិនគប្បី​លុះ​អំណាច​ក្រោធ និងការ​មើលងាយ។

[២៥១] សំនួរត្រង់ពាក្យថា ទាំងគប្បីគាស់ឫសនៃកិលេស​ទាំងនោះចេញ តើឫស​ក្រោធ ដូចម្តេច។ អវិជ្ជាជាឫស អយោនិសោមនសិការៈ​ជាឫស អស្មិមានះ​ជាឫស អហិរិកៈ​ជាឫស អនោត្តប្បៈ​ជាឫស ឧទ្ធច្ចៈ​ជាឫស នេះឫស​នៃក្រោធ។ ឫសនៃការ​មើលងាយ តើដូចម្តេច។ អវិជ្ជា​ជាឫស អយោនិសោមនសិការៈ​ជាឫស អស្មិមានះ​ជាឫស អហិរិកៈ​ជាឫស អនោត្តប្បៈ​ជាឫស ឧទ្ធច្ចៈ​ជាឫស នេះឫស​នៃការ​មើលងាយ។ ពាក្យថា គប្បី​គាស់ឫស​នៃកិលេស​ទាំងនោះ​ចេញ បាន​សេចក្តីថា គប្បី​គាស់រំលើង រើចោល ផ្តាច់ចោល ផ្តាច់ផ្តិល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់​នូវភាព​មិនមាន​នូវឫសនៃ​ក្រោធផង នៃការ​មើលងាយ​ផង ហេតុនោះ (ទ្រង់ត្រាស់ថា)​ ទាំងគប្បី​គាស់ឫស​នៃកិលេស​ទាំងនោះ​ចេញ។

[២៥២] អធិប្បាយពាក្យថា មួយទៀត គប្បីគ្រប​សង្កត់ឲ្យ​មាំនូវ​សភាវៈ​ជាទី​ស្រឡាញ់ ឬមិនជា​ទីស្រឡាញ់ ត្រង់ពាក្យថា មួយទៀត គឺ​ជាពាក្យ​តបទ ជាពាក្យ​ជាប់​ដោយបទ បំពេញបទ រួបរួមអក្ខរៈ សម្រួល​ព្យព្ជានៈ ពាក្យថា មួយទៀត​នេះ ជាលំដាប់​បទ។ ពាក្យថា សភាវៈ​ជាទី​ស្រឡាញ់ បានដល់​របស់​ជាទី​ស្រឡាញ់ ២ គឺពួកសត្វ ឬពួក​សង្ខារ។ ពួកសត្វ​ជាទី​ស្រឡាញ់ តើដូចម្តេច។ សត្វទាំងនោះ​ឯណា ក្នុងលោក​នេះ មានប្រាថ្នា​សេចក្តី​ចំរើន ប្រាថ្នា​ប្រយោជន៍ ប្រាថ្នា​សេចក្តី​សប្បាយ ប្រាថ្នា​សេចក្តី​ក្សេមចាក​យោគៈ គឺជា​មាតាក្តី បិតាក្តី បងប្អូន​ប្រុសក្តី បងប្អូន​ស្រីក្តី កូនប្រុសក្តី កូនស្រី​ក្តី មិត្តក្តី អាមាត្យក្តី ញាតិក្តី សាលោហិតក្តី របស់​ជននោះ នេះពួក​សត្វជាទី​ស្រឡាញ់។ ពួកសង្ខារ​ជាទី​ស្រឡាញ់ តើដូចម្តេច។ រូបទាំងឡាយ​ជាទីពេញ​ចិត្ត សំឡេង​ជាទីពេញ​ចិត្ត ក្លិនជា​ទីពេញ​ចិត្ត រសជាទី​ពេញចិត្ត ផ្សព្វជា​ទីពេញ​ចិត្ត នេះពួក​សង្ខារជាទី​ស្រឡាញ់។ ពាក្យថា មិនជាទី​ស្រឡាញ់ បានដល់ សភាវៈ​មិនជាទី​ស្រឡាញ់ ២ គឺពួកសត្វ ១ ឬពួកសង្ខារ ១ ។ ពួកសត្វ​មិនជាទី​ស្រឡាញ់ តើដូចម្តេច។ ពួកសត្វ​ណា ក្នុងលោកនេះ ប្រាថ្នា​ការមិន​ចំរើន ប្រាថ្នា​ការឥត​ប្រយោជន៍ ប្រាថ្នា​ការ​មិនសប្បាយ ប្រាថ្នា​ការមិន​ក្សេមចាក​យោគៈ ប្រាថ្នា​ដើម្បី​ផ្តាច់ផ្តិល​ចាកជីវិត​របស់ជន​នោះ នេះពួក​សត្វមិនជាទី​ស្រឡាញ់។ ពួកសង្ខារ​មិនជាទី​ស្រឡាញ់ តើដូចម្តេច។ រូបទាំងឡាយ មិនជាទី​ពេញចិត្ត សំឡេង ក្លិន រស ផ្សព្វ មិនជាទី​ពេញចិត្ត នេះពួក​សង្ខារ​មិនជាទី​ស្រឡាញ់។ ពាក្យថា ឲ្យមាំ ជាពាក្យ​ដោយ​ចំណែក​មួយ ជាពាក្យ​មិនឲ្យ​សង្ស័យ ជាពាក្យ​មិនឲ្យ​សន្ទិះ ជាពាក្យ​មិនបែក​ជាពីរ ជាពាក្យ​មិន​មានហឫទ័យ​ពីរ ជាពាក្យ​ប្រកប​ដាច់ស្រេច ជាពាក្យ​មិនខុស ពាក្យថា ឲ្យមាំ នេះជាពាក្យ​មានកំណត់។​ ពាក្យថា មួយទៀត គប្បី​គ្របសង្កត់​នូវសភាវៈ​ជាទី​ស្រឡាញ់ ឬមិនជាទី​ស្រឡាញ់ បាន​សេចក្តីថា គប្បីគ្រប​សង្កត់ គប្បីសង្កត់​គ្រប​នូវសភាវៈ​ជាទី​ស្រឡាញ់ និងមិនជាទី​ស្រឡាញ់ នូវ​អារម្មណ៍​ដ៏ឆ្ងាញ់ និងមិនឆ្ងាញ់ នូវសុខ និងទុក្ខ នូវ​សោមនស្ស និងទោមនស្ស នូវអារម្មណ៍​ជាទីប្រាថ្នា និងមិន​ជាទីប្រាថ្នា ហេតុនោះ (ទ្រង់​ត្រាស់ថា) មួយទៀត គប្បីគ្រប​សង្កត់នូវ​សភាវៈ​ជាទី​ស្រឡាញ់ ឬមិន​ជាទី​ស្រឡាញ់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភិក្ខុមិនគប្បីលុះអំណាចក្រោធ និងការមើលងាយ ទាំងគប្បី​គាស់ឫស​នៃកិលេស​ទាំងនោះ​ចេញ មួយទៀត គប្បីគ្រប​សង្កត់ឲ្យ​មាំនូវសភាវៈ​ជាទី​ស្រឡាញ់ ឬមិន​ជាទី​ស្រឡាញ់។

[២៥៣] ភិក្ខុមានបីតិដ៏ល្អ គប្បីធ្វើបញ្ញាឲ្យ​ជាប្រធាន ហើយ​សង្កត់​សង្កិននូវ​អន្តរាយ​ទាំងនោះ គប្បី​គ្របសង្កត់​នូវសេចក្តី​អផ្សុក ក្នុងសេនាសនៈ​ដ៏ស្ងាត់ គប្បី​គ្របសង្កត់​នូវ​បរិទេវធម៌ ៤។

[២៥៤] អធិប្បាយពាក្យថា ភិក្ខុមានបីតិដ៏ល្អ គប្បីធ្វើបញ្ញាឲ្យ​ជាប្រធាន ត្រង់ពាក្យ​ថា បញ្ញា បានដល់​ប្រាជ្ញា ការដឹងច្បាស់ ការពិច័យ ការពិច័យ​ដោយវិសេស ការ​ពិចារណា​ធម៌។បេ។ ការមិន​វង្វេង ការពិចារណា​ធម៌ សេចក្តី​យល់ឃើញ​ត្រូវ។ ពាក្យថា ធ្វើបញ្ញា​ឲ្យ​ជា​ប្រធាន សេចក្តីថា បុគ្គលខ្លះ​ក្នុងលោក​នេះ ប្រព្រឹត្ត​ធ្វើបញ្ញា​ឲ្យជា​ប្រធាន មានប្រាជ្ញា​ជាទង់​ជ័យ មានប្រាជ្ញា​ជាទង់ មានប្រាជ្ញា​ជាអធិបតី ជាអ្នកច្រើន​ដោយការ​ពិចារណា ជាអ្នក​ច្រើនដោយ​ការជ្រើសរើស ច្រើន​ដោយការ​ឈ្វេងយល់ ច្រើន​ដោយការ​ស្វែងរក នៅដោយ​ការដឹង​ប្រាកដ ប្រព្រឹត្ត​ដោយប្រាជ្ញា​នោះ ច្រើនដោយ​ប្រាជ្ញានោះ ធ្ងន់​ដោយប្រាជ្ញា​នោះ បង្អោន​ទៅដោយ​ប្រាជ្ញានោះ ទោរទៅ​ដោយប្រាជ្ញា​នោះ បន្ទន់​ទៅដោយ​ប្រាជ្ញា​នោះ មានចិត្ត​ចុះស៊ប់​ក្នុងប្រាជ្ញា​នោះ មានប្រាជ្ញា​នោះជា​អធិបតី ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុធ្វើ​ប្រាជ្ញាឲ្យ​ជាប្រធាន យ៉ាងនេះ​ខ្លះ ន័យមួយ​ទៀត ភិក្ខុ​កំពុង​ដើរក្តី ក៏ដឹងច្បាស់​ថា អញដើរ កំពុងឈរក្តី ក៏ដឹងច្បាស់​ថា អញឈរ កំពុង​អង្គុយក្តី ក៏ដឹង​ច្បាស់ថា អញអង្គុយ កំពុងដេកក្តី ក៏ដឹង​ច្បាស់ថា អញដេក ឬកាយ​របស់ភិក្ខុ​នោះ ជា​អត្តភាព​តាំងនៅ​ដោយ​ប្រការណា ៗ ក៏ដឹង​ច្បាស់កាយ​នោះ ដោយ​ប្រការនោះៗ ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុធ្វើ​បញ្ញាឲ្យ​ជាប្រធាន យ៉ាងនេះ​ខ្លះ។ ន័យមួយ​វិញទៀត ភិក្ខុតែង​ធ្វើនូវ​ការដឹងខ្លួន ក្នុងការ​ឈានទៅ​មុខ ឈានថយ​ក្រោយ តែងធ្វើ​នូវការដឹង​ខ្លួន ក្នុងការ​រមិល​មើលទៅ​មុខ រមិលមើល​ផ្សេង ៗ តែង​ធ្វើនូវការ​ដឹងខ្លួន ក្នុងការ​បត់ដៃ​ចូល លាតដៃ​ចេញ តែងធ្វើ​នូវការ​ដឹងខ្លួន ក្នុងការ​ទ្រទ្រង់​នូវសង្ឃាដិ បាត្រ ចីវរ តែងធ្វើ​នូវ​ការដឹង​ខ្លួន ក្នុងការស៊ី ផឹក ទំពាស៊ី លិទ្ធ ភ្លក្ស តែងធ្វើនូវ​ការដឹងខ្លួន ក្នុងការ​ធ្វើឧច្ចារៈ បស្សាវៈ តែងធ្វើ​នូវការ​ដឹងខ្លួន ក្នុង​ការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់រឭក និយាយ ស្ងៀម ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុធ្វើ​ប្រាជ្ញាឲ្យជា​ប្រធាន យ៉ាងនេះខ្លះ។ ពាក្យថា មាន​បីតិដ៏ល្អ សេចក្តី​ថា បីតិ បាមោជ្ជៈ កើតឡើង​ដោយអំណាច​ពុទ្ធានុស្សតិ ឈ្មោះថា បីតិដ៏​ល្អ បីតិ បាមោជ្ជៈ កើតឡើង​ដោយ​អំណាច​ធម្មានុស្សតិ ដោយ​អំណាច​សង្ឃានុស្សតិ ដោយ​អំណាច​សីលានុស្សតិ ដោយ​អំណាច​ចាគានុស្សតិ ដោយ​អំណាច​ទេវតានុស្សតិ ដោយ​អំណាច​អានាបានស្សតិ ដោយ​អំណាច​មរណានុស្សតិ ដោយ​អំណាច​កាយគតាសតិ ដោយ​អំណាច​ឧបសមានុស្សតិ ឈ្មោះថា បីតិដ៏ល្អ ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុមាន​បីតិដ៏ល្អ ធ្វើប្រាជ្ញា​ឲ្យជា​ប្រធាន។

[២៥៥] ពាក្យថា អន្តរាយ ក្នុងបទថា គប្បីសង្កត់សង្កិន​អន្តរាយ​ទាំងនោះ បានដល់ អន្តរាយ ២ គឺអន្តរាយ​ប្រាកដ ១ អន្តរាយកំបាំង ១។បេ។ ទាំងនេះ ហៅថា អន្តរាយ​ប្រាកដ។បេ។ ទាំងនេះ​ហៅថា អន្តរាយ​កំបាំង។បេ។ ឈ្មោះថា អន្តរាយ ព្រោះជា​សភាវៈ​អាស្រ័យ​ក្នុងសរីរៈ​នោះ យ៉ាងនេះខ្លះ។ ពាក្យថា គប្បី​គ្របសង្កត់​អន្តរាយ​ទាំងនោះ គឺ​គប្បីអត់​សង្កត់ គ្របសង្កត់ សង្កត់សង្កិន រួបរឹត ញាំញី នូវអន្តរាយ​ទាំងនោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​គ្របសង្កត់​អន្តរាយ​ទាំងនោះ។

[២៥៦] ពាក្យថា គប្បីគ្របសង្កត់សេចក្តីអផ្សុក ក្នុងសេនាសនៈ​ដ៏ស្ងាត់ ត្រង់ពាក្យ​ថា សេចក្តី​អផ្សុក បានដល់ សេចក្តី​មិនត្រេកអរ អាការ​នៃសេចក្តី​មិនត្រេកអរ សេចក្តី​មិនរីករាយ អាការ​នៃសេចក្តី​មិនរីករាយ អាការ​នៃសេចក្តី​អផ្សុក សេចក្តី​រសាប់រសល់។ ពាក្យថា ក្នុង​សេនាសនៈ​ដ៏ស្ងាត់ គឺគប្បី​អត់ធន់ គ្របសង្កត់ រួបរឹត ក្រសោប ញាំញី នូវ​សេចក្តី​អផ្សុក ក្នុងសេនាសនៈ​ដ៏ស្ងាត់ ឬក្នុង​ធម៌ជា​អធិកុសល​ណាមួយ ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​គ្របសង្កត់​នូវសេចក្តី​អផ្សុក​ក្នុងសេនាសនៈ​ដ៏ស្ងាត់។

[២៥៧] ពាក្យថា គប្បីគ្របសង្កត់នូវបរិទេវធម៌ ៤ គឺ គប្បីអត់សង្កត់ គ្របសង្កត់ រួបរឹត ក្រសោប ញាំញី នូវធម៌​ដែលគេ​គប្បី​ខ្សឹកខ្សួល ៤ ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​គ្របសង្កត់​នូវ​បរិទេវធម៌ ៤។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភិក្ខុមានបីតិដ៏ល្អ គប្បីធ្វើបញ្ញាឲ្យជាប្រធាន ហើយសង្កត់​សង្កិននូវ​អន្តរាយ​ទាំងនោះ គប្បី​គ្របសង្កត់​សេចក្តី​អផ្សុក​ក្នុងសេនាសនៈ​ដ៏ស្ងាត់ គប្បីគ្រប​សង្កត់នូវ​បរិទេវធម៌ ៤។

[២៥៨] អាត្មាអញនឹងបរិភោគអ្វី ឬនឹងបរិភោគ​ក្នុងទីណា ឱហ្ន៎ អាត្មាអញ​ដេកមិន​ស្រួលសោះ​ក្នុងថ្ងៃនេះ អាត្មាអញ នឹង​ដេកក្នុង​ទីណា ភិក្ខុជា​សេក្ខៈ ជាអ្នក​ត្រេចទៅ​ដោយការ​មិនអាឡោះ​អាល័យ គប្បីកំចាត់​បង់នូវ​វិតក្កៈ ដែល​គប្បីទួញ​យំទាំងនេះ​ចេញ។

[២៥៩] ពាក្យថា អាត្មាអញនឹងបរិភោគអ្វី ក្នុងបទថា អាត្មាអញ​នឹងបរិភោគ​អ្វី ឬនឹង​បរិភោគ​ក្នុងទីណា គឺអាត្មាអញ​នឹង​បរិភោគអ្វី បាយ ឬនំកុម្មាស សដូវ ឬត្រី ឬក៏សាច់ ហេតុនោះ (ទ្រង់​ត្រាស់ថា) អាត្មាអញ នឹងបរិភោគ​អ្វី។ ពាក្យថា ឬនឹង​បរិភោគ​ក្នុងទីណា គឺ អាត្មាអញ​នឹងបរិភោគ​ក្នុងទីណា ក្នុងខត្តិយ​ត្រកូល ឬព្រាហ្មណត្រកូល វេស្សត្រកូល ឬសុទ្ទត្រកូល ហេតុនោះ (ទ្រង់​ត្រាស់ថា) អាត្មាអញ​នឹង​បរិភោគ​អ្វី ឬនឹង​បរិភោគ​ក្នុងទី​ណា។

[២៦០] ពាក្យថា ឱហ្ន៎ អាត្មាអញ​ដេកមិនស្រួល​សោះក្នុង​ថ្ងៃនេះ អាត្មាអញ​នឹងដេក​ក្នុងទីណា គឺ យប់នេះ អាត្មាអញ​ដេកមិន​ស្រួល​ហើយលើ​បន្ទះក្តារ ឬលើ​កន្ទេល លើ​ចម្មខ័ណ្ឌ ឬលើ​កម្រាលស្មៅ លើ​កម្រាលស្លឹក ឬលើ​កម្រាល​ចំបើង លុះដល់​យប់មកទៀត តើ​អាត្មាអញ​នឹងដេក​ឲ្យស្រួល​ក្នុងទីណា លើគ្រែ ឬលើតាំង លើពូក ឬលើខ្នើយ ​ក្នុងវិហារ ឬក្នុង​អឌ្ឍយោគ ក្នុងប្រាសាទ ឬក្នុង​ប្រាសាទត្រងិល ឬក៏ក្នុង​គុហា ហេតុនោះ (ទ្រង់​ត្រាស់ថា) ឱហ្ន៎ អាត្មាអញ​ដេកមិន​ស្រួលសោះ ក្នុងថ្ងៃ​នេះ អាត្មាអញ​នឹងដេក​ក្នុងទីណា។

[២៦១] ពាក្យថា នូវវិតក្កៈទាំងនេះ ក្នុងបទថា នូវវិតក្កៈ ដែលគប្បី​ទួញយំ​ទាំងនេះ គឺនូវ​វិតក្កៈ​ប្រកប​ដោយ​បិណ្ឌបាត​ពីរ នូវវិតក្កៈ​ប្រកប​ដោយ​សេនាសនៈ​ពីរ ដែលគប្បី​ទួញយំ ទួញយំទួទៅ ហេតុនោះ (ទ្រង់​ត្រាស់ថា) នូវវិតក្កៈ​ដែលគប្បី​ទួញយំ ទាំងនេះ។

[២៦២] អធិប្បាយពាក្យថា ភិក្ខុជាសេក្ខៈ ជាអ្នកត្រេចទៅ ដោយការ​មិនអាឡោះ​អាល័យ គប្បី​កំចាត់​បង់ សំនួរ​ត្រង់ពាក្យ​ថា សេក្ខៈ ចុះ​ព្រោះហេតុអ្វី ភិក្ខុ លោក​ហៅថា សេក្ខៈ។ ឈ្មោះថា សេក្ខៈ ព្រោះហេតុ​លោកសិក្សា។​ ចុះសិក្សាអ្វី។ សិក្សា​អធិសីលផង សិក្សា​អធិចិត្ត​ផង សិក្សា​អធិប្បញ្ញា​ផង។ អធិសីលសិក្ខា តើដូចម្តេច។បេ។ នេះ​ហៅថា អធិប្បញ្ញាសិក្ខា។ ភិក្ខុកាល​រំពឹង​ត្រៃសិក្ខា​ទាំងនេះ ឈ្មោះថា សិក្សា កាលដឹង ឈ្មោះថា សិក្សា កាលឃើញ ឈ្មោះថា សិក្សា កាលពិចារណា ឈ្មោះ​ថា សិក្សា កាលតាំងចិត្ត ឈ្មោះថា សិក្សា កាលចុះ​ចិត្តស៊ប់​ដោយសទ្ធា ឈ្មោះថា សិក្សា កាលផ្គង​ព្យាយាម ឈ្មោះថា សិក្សា កាល​តំកល់​ស្មារតី ឈ្មោះថា សិក្សា កាលតំកល់​ចិត្តមាំ ឈ្មោះថា​សិក្សា កាលដឹង​ច្បាស់​ដោយប្រាជ្ញា ឈ្មោះថា​សិក្សា កាលដឹង​ច្បាស់​នូវធម៌​ដែលគួរ​ដឹង ឈ្មោះ​ថា​សិក្សា កាល​កំណត់ដឹង​ធម៌ដែល​គួរកំណត់​ដឹង ឈ្មោះ​ថាសិក្សា កាល​លះបង់​ធម៌ដែល​គួរលះបង់ ឈ្មោះថា​សិក្សា កាលធ្វើ​ឲ្យជាក់ច្បាស់​នូវ​ធម៌ដែល​គួរធ្វើ​ឲ្យជាក់​ច្បាស់ ឈ្មោះថា​សិក្សា កាល​ចំរើនធម៌​ដែលគួរ​ចំរើន ឈ្មោះថា​សិក្សា ថាប្រព្រឹត្ត ថាប្រព្រឹត្តព្រម ថា​សមាទាន ថា​សិក្សា។ ព្រោះ​ហេតុនោះ ទើបលោក​ហៅថា សេក្ខៈ។ សេក្ខបុគ្គល​គប្បី​សិក្សា​អធិសីលផង គប្បីសិក្សា​អធិចិត្ត​ផង គប្បីសិក្សា​អធិប្បញ្ញាផង ដើម្បី​កំចាត់បង់ បន្ទោបង់ លះបង់ រម្ងាប់ លះចោល ឲ្យ​ស្ងប់រម្ងាប់ គឺថា កាលរំពឹង គប្បីសិក្សា នូវសិក្ខាទាំង ៣ នេះ កាលដឹង។បេ។ កាលធ្វើឲ្យ​ជាក់ច្បាស់នូវ​ធម៌ដែល​គួរធ្វើ​ឲ្យជាក់ច្បាស់ គប្បី​សិក្សា គប្បី​ប្រព្រឹត្ត គប្បីប្រពឹត្ត​ព្រម គប្បី​សមាទាន​ប្រព្រឹត្ត ហេតុនោះ (ទ្រង់​ត្រាស់ថា) សេក្ខៈ គប្បី​កំចាត់បង់។

[២៦៣] សំនួរត្រង់ពាក្យថា ជាអ្នកត្រាច់ទៅដោយការមិន​អាឡោះ​អាល័យ ចុះភិក្ខុ​ជាអ្នក​ត្រាច់ទៅ​ដោយការ​អាឡោះអាល័យ តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ ជាអ្នក​ប្រកប​ដោយការ​កង្វល់​ព្រោះត្រកូល ដោយការ​កង្វល់​ព្រោះពួក ដោយ​ការ​កង្វល់​ព្រោះ​អាវាស ដោយការ​កង្វល់​ព្រោះចីវរ ដោយការ​កង្វល់​ព្រោះ​បិណ្ឌបាត ដោយការ​កង្វល់​ព្រោះ​សេនាសនៈ ជាអ្នក​ប្រកប​ដោយការ​កង្វល់​ព្រោះថ្នាំ​ជាគ្រឿង​កែរោគ ដែល​ជាបរិក្ខារ​សម្រាប់​ជីវិត ភិក្ខុជា​អ្នកត្រាច់​ទៅដោយ​ការអាឡោះ​អាល័យ​យ៉ាងនេះ។ ភិក្ខុជា​អ្នកត្រាច់​ទៅដោយ​ការមិន​អាឡោះ​អាល័យ តើដូចម្តេច។ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​មិនប្រកប​ដោយការ​កង្វល់​ព្រោះត្រកូល ជាអ្នក​មិនប្រកប​ដោយការ​កង្វល់​ព្រោះ​ពួក អាវាស ចីវរ បិណ្ឌបាត សេនាសនៈ និងថ្នាំជា​បច្ច័យ​គ្រឿង​កែរោគ ដែលជា​បរិក្ខារ​សម្រាប់​ជីវិត ភិក្ខុជាអ្នក​ត្រាច់ទៅ​ដោយការ​មិនអាឡោះ​អាល័យ យ៉ាងនេះ។

បុគ្គលពួកខ្លះ (ចេញហើយ) អំពីដែនវជ្ជី ទៅកាន់ដែន​មគធៈ ទៅកាន់​ដែន​កោសល ពួកភិក្ខុ​នៅក្នុង​ដែនមគធៈ ជាអ្នក​ត្រាច់ទៅ ប្រាសចាក​ពួក ឥតមាន​អាឡោះ​អាល័យ ការ​ត្រាច់ទៅ ជាការប្រពៃ ការប្រព្រឹត្តិ​ល្អ ជាការប្រពៃ ការនៅ​ដោយមិន​អាឡោះ​អាល័យ​សព្វកាល ជាការប្រពៃ ការសាក​សួរអត្ថ និងការងារ​របស់ជន​អ្នកប្រសប់ នុ៎ះជា​កិច្ចទួទៅ​របស់បុគ្គល​អ្នកមិន​មានកង្វល់។

ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុជា​សេក្ខៈ ជាអ្នក​ត្រាច់ទៅ​ដោយការ​មិនអាឡោះ​អាល័យ គប្បីកំចាត់​បង់។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

អាត្មាអញនឹងបរិភោគអ្វី ឬនឹងបរិភោគក្នុងទីណា ឱហ្ន៎ អាត្មាអញ​ដេកមិន​ស្រួល​សោះ​ក្នុងថ្ងៃនេះ អាត្មាអញ​នឹងដេក​ក្នុងទី​ណា ភិក្ខុជា​សេក្ខៈ ជាអ្នក​ត្រាច់ទៅ​ដោយការ​មិនអាឡោះ​អាល័យ គប្បី​កំចាត់បង់​នូវវិតក្កៈ ដែលគប្បី​ទួញយំ​ទាំងនេះ​ចេញ។

[២៦៤] ភិក្ខុនោះ ក្នុងសាសនានេះ បានម្ហូបចំណី និងគ្រឿង​ស្លៀកដណ្តប់ ក្នុងកាល​ដ៏គួរ​ហើយ គប្បីដឹង​ប្រមាណ ដើម្បី​សន្តោស ភិក្ខុនោះ​ជាអ្នក​គ្រប់គ្រង​ក្នុងបច្ច័យ​ទាំង ៤ នោះ ជាអ្នក​ប្រុងប្រយ័ត្ន ហើយត្រាច់​ទៅក្នុង​ស្រុក សូម្បី​ត្រូវគេ​កោសរូស ក៏​មិន​គប្បីពោល​ពាក្យទ្រគោះ​ទេ។

[២៦៥] អធិប្បាយពាក្យថា បានម្ហូបចំណី និងគ្រឿស្លៀក​ដណ្តប់​ក្នុងកាល​ដ៏គួរ ត្រង់ពាក្យថា ម្ហូបចំណី បានដល់បាយ នំកុម្មាស សដូវ ត្រី សាច់។ ពាក្យថា គ្រឿងស្លៀក​ដណ្តប់ បានដល់​ចីវរ ៦ យ៉ាងគឺ ចីវរដែល​ធ្វើដោយ​សំបកឈើ ធ្វើដោយ​កប្បាស ធ្វើ​ដោយសូត្រ ធ្វើដោយ​រោមសត្វ ធ្វើដោយ​សំបកធ្មៃ ធ្វើលាយ​ដោយវត្ថុ ៥ យ៉ាងខាង​ដើម។ ពាក្យថា បានម្ហូបចំណី និងគ្រឿង​ស្លៀកដណ្តប់​ក្នុងកាល​ដ៏គួរ បាន​សេចក្តី​ថា ភិក្ខុបាន​ចីវរ បាន​បិណ្ឌបាត មិនមែន​ដោយកុហក មិនមែន​ដោយការ​រួសរាយ មិនមែន​ដោយការ​ធ្វើនិមិត្ត មិនមែន​ដោយ​ការកិនបំបាក់ មិនមែន​ដោយការ​ស្វែងរក​លាភ​ដោយលាភ មិនមែន​ដោយការ​ឲ្យឈើ មិនមែន​ដោយការ​ឲ្យឫស្សី មិនមែន​ដោយការ​ឲ្យស្លឹក មិនមែន​ដោយការ​ឲ្យផ្កា មិនមែន​ដោយការ​ឲ្យផ្លែ មិនមែន​ដោយការ​ឲ្យគ្រឿង​កក់ មិនមែន​ដោយការ​ឲ្យគ្រឿង​លំអិត មិនមែន​ដោយការ​ឲ្យដីស្អិត មិនមែន​ដោយការ​ឲ្យឈើស្ទន់ មិនមែន​ដោយការ​ឲ្យទឹក​លុបមុខ មិនមែន​ដោយភាព​ជាអ្នក​ប្រព្រឹត្ត​បន្ទាប​ខ្លួន មិនមែន​ដោយភាព​ជាអ្នក​ពោលពាក្យ​ដូចសម្ល​សណ្តែកបាយ មិនមែន​ដោយ​ភាពជា​អ្នកបំរើ​ត្រកូល មិនមែន​ដោយភាព​ជាអ្នក​រលះរលាំង​ចូលទៅ​កាន់ផ្ទះ ហើយអង្គុយ​លើ​តាំង មិនមែន​ដោយ​វិជ្ជាទាយ​ភូមិឋាន មិនមែន​ដោយ​តិរច្ឆានវិជ្ជា មិនមែន​ដោយ​វិជ្ជាទាយ​អវយវៈ មិនមែន​ដោយ​វិជ្ជាទាយនក្ខត្តឫក្ស មិនមែន​ដោយដំណើរ​ជាទូត មិនមែន​ដោយ​ដំណើរ​ដែលគេ​បញ្ជូនទៅ មិនមែន​ដោយការ​បំរើ​ដោយស្មង មិនមែន​ដោយ​វេជ្ជកម្ម មិនមែន​ដោយឲ្យ​ដុំបាយ មិនមែន​ដោយឲ្យ​ទៅឲ្យមក គឺបាន បានហើយ បានចំពោះ បាន​ចំពោះហើយ ដោយធម៌​ដ៏ស្មើ ហេតុនោះ (ទ្រង់​ត្រាស់ថា) បានម្ហូប​ចំណី និងគ្រឿង​ស្លៀកដណ្តប់​ក្នុងកាល​ដ៏គួរ។

[២៦៦] អធិប្បាយពាក្យថា ភិក្ខុនោះ ក្នុងសាសនានេះ គប្បីដឹង​ប្រមាណ ដើម្បី​សន្តោស​ ត្រង់ពាក្យថា ភិក្ខុនោះ គប្បីដឹង​ប្រមាណ សេចក្តីថា ភិក្ខុ​ដឹងប្រមាណ​ដោយ​ហេតុ ២ គឺ ដោយ​ការទទួល ឬដោយ​ការ​បរិភោគ។

ភិក្ខុដឹងប្រមាណដោយការទទួល តើដូចម្តេច។ ទោះវត្ថុតិច ដែល​ទាយក​ឲ្យ ភិក្ខុ​ទទួល​ដើម្បី​អាណិត​ត្រកូល ដើម្បី​តាមរក្សា​ត្រកូល ដើម្បី​អនុគ្រោះ​ត្រកូល ទោះវត្ថុ​ច្រើន​ដែល​ទាយកឲ្យ ភិក្ខុ​ទទួល​ចីវរល្មម​តែរក្សាកាយ ទទួល​បិណ្ឌបាត​ល្មមតែ​រក្សាផ្ទៃ ភិក្ខុដឹង​ប្រមាណ​ដោយការ​ទទួល យ៉ាងនេះ។

ភិក្ខុដឹងប្រមាណដោយការបរិភោគ តើដូចម្តេច។ ភិក្ខុពិចារណា​ដោយ​ឧបាយ ហើយ​ប្រើប្រាស់​ចីវរ គ្រាន់តែ​ដើម្បីការពារ​ត្រជាក់ ដើម្បី​ការពារ​កំដៅ ដើម្បី​ការពារ​សម្ផ័ស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់​ទាំងឡាយ គ្រាន់តែ​ដើម្បី​នឹងបិទបាំង​អវយវៈ ដែលធ្វើ​សេចក្តី​ខ្មាសឲ្យ​កម្រើក ភិក្ខុ​ពិចារណា​ដោយឧបាយ ហើយ​បរិភោគ​បិណ្ឌបាត​ថា អាត្មាអញ (បរិភោគ) ដើម្បី​ការលេង​ក៏ទេ ដើម្បីការ​ស្រវឹងក៏ទេ ដើម្បីការ​ប្រដាប់​ក៏ទេ ដើម្បី​ការផូរផង់​ក៏ទេ គ្រាន់តែ​ដើម្បីឲ្យ​តាំងនៅ​នៃកាយ​នេះ ដើម្បី​នឹងញុំាង​ជីវិតិន្រ្ទិយ​ឲ្យប្រព្រឹត្ត​ទៅ ដើម្បី​បំបាត់​សេចក្តី​លំបាក ដើម្បី​អនុគ្រោះ​ព្រហ្មចរិយៈ អាត្មា​អញ នឹងកំចាត់​បង់នូវ​វេទនា​ចាស់ផង នឹងញុំាង​វេទនាថ្មី​មិនឲ្យ​កើតឡើង​ផង ការ​ប្រព្រឹត្តិ​ទៅ​នៃឥរិយាបថ​ទាំង ៤ ផង សេចក្តី​មិនមាន​ទោសផង ការនៅ​សប្បាយ​ផង នឹង​មានដល់​អាត្មាអញ ដោយ​បាន​បរិភោគ​នូវចង្ហាន់​បិណ្ឌបាត​នេះ។ ភិក្ខុ​ពិចារណា​ដោយ​ឧបាយ ហើយ​សេពសេនាសនៈ គ្រាន់តែ​ដើម្បីការពារ​ត្រជាក់ ដើម្បីការពារ​កំដៅ ដើម្បី​ការពារ​សម្ផស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់​ទាំងឡាយ គ្រាន់តែ​ដើម្បី​បន្ទោ​បង់នូវ​អន្តរាយ គឺរដូវ និងការ​ត្រេកអរ​ក្នុងការ​សម្ងំនៅ។ ភិក្ខុ​ពិចារណា​ដោយឧបាយ ហើយសេព​នូវថ្នាំ​ជាគ្រឿង​កែរោគ ដែលជា​បរិក្ខារ​របស់ជីវិត គ្រាន់តែ​ដើម្បី​កំចាត់បង់​វេទនា​ទាំងឡាយ ដែល​បៀតបៀន​ផ្សេងៗ ដែលកើត​ឡើងហើយ ដើម្បី​ប្រាសចាក​ទុក្ខខ្លាំង​ជាធម្មតា។ ភិក្ខុ​ដឹងប្រមាណ​ដោយការ​បរិភោគ​ យ៉ាងនេះ។ ពាក្យថា ភិក្ខុនោះ គប្បីដឹង​ប្រមាណ គឺ គប្បីដឹង យល់ ដឹងច្បាស់ ដឹងចំពោះ ចាក់ធ្លុះ​ចំពោះ នូវប្រមាណ​ដោយ​ហេតុ ២ នេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុនោះ គប្បីដឹង​ប្រមាណ។

[២៦៧] ពាក្យថា ក្នុងសាសនានេះ ដើម្បីសន្តោស សេចក្តីថា ភិក្ខុក្នុង​សាសនានេះ ជាអ្នក​សន្តោស​ដោយចីវរ​តាមមាន​តាមបាន ទាំងជា​អ្នកសរសើរ​គុណ​សន្តោសដោយ​ចីវរតាម​មានតាម​បាន តែង​មិនដល់​នូវ​អនេសនៈ ជាកម្ម​មិនសមគួរ​ព្រោះហេតុ​នៃចីវរ មិនបាន​ចីវរ​ក៏មិនអន្ទះសា បានចីវរ​ហើយ ក៏មិន​ជាប់ចំពាក់ មិនជ្រប់ មិនងប់ មានប្រក្រតី​ឃើញទោស មានប្រាជ្ញា​ជាគ្រឿង​រលាស់​ខ្លួនចេញ ហើយ​បរិភោគ មួយទៀត មិនលើក​តំកើង​ខ្លួន មិនបង្អាប់​អ្នកដទៃ ព្រោះតែ​សន្តោស​ដោយចីវរ​តាមមាន​តាមបាន​នោះ ភិក្ខុណា​ឈ្លាសវៃ មិនខ្ជិល មានការ​ដឹងខ្លួន ប្រុងស្មារតី ក្នុងចីវរ​សន្តោសនោះ ភិក្ខុនោះ លោក​ហៅថា អ្នកឋិត​នៅក្នុង​អរិយវង្ស ជាវង្ស​គេស្គាល់​ថាប្រសើរ ដែលមាន​មកតាំង​អំពី​ដើម។ មួយទៀត ភិក្ខុជា​អ្នកសន្តោស​ដោយ​បិណ្ឌបាត​តាមមាន​តាមបាន ទាំងជា​អ្នក​សរសើរ​គុណសន្តោស​ដោយបិណ្ឌបាត​តាមមាន​តាមបាន តែង​មិនដល់​នូវអនេសនៈ​ជាកម្ម​មិនសមគួរ ព្រោះហេតុ​នៃបិណ្ឌបាត មិនបាន​បិណ្ឌបាត​ក៏មិន​អន្ទះសា បាន​បិណ្ឌបាត​ហើយ ក៏មិនជាប់​ចំពាក់ មិនជ្រប់ មិនងប់ មាន​ប្រក្រតីឃើញ​ទោស មានប្រាជ្ញា​ជាគ្រឿង​រលាស់​ខ្លួនចេញ ហើយ​បរិភោគ មួយទៀត មិន​លើកតំកើង​ខ្លួន មិនបង្អាប់​អ្នក​ដទៃ​ព្រោះតែ​សន្តោស​ដោយ​បិណ្ឌបាត​តាមមាន​តាមបាន​នោះ ភិក្ខុណា​ឈ្លាសវៃ មិនខ្ជិល មានការ​ដឹងខ្លួន ប្រុងស្មារតី ក្នុង​បិណ្ឌបាត​សន្តោស​នោះ ភិក្ខុនេះ លោកហៅថា អ្នកឋិត​នៅក្នុង​អរិយវង្ស ជាវង្ស​គេស្គាល់​ថាប្រសើរ ដែលមាន​មកតាំង​អំពីដើម។ មួយទៀត ភិក្ខុជា​អ្នកសន្តោស​ដោយ​សេនាសនៈ តាមមាន​តាមបាន ទាំងជា​អ្នក​សរសើរ​គុណ​សន្តោស​ដោយ​សេនាសនៈ តាមមាន​តាមបាន តែងមិន​ដល់នូវ​អនេសនៈ ជាកម្ម​មិន​សមគួរ ព្រោះហេតុ​នៃសេនាសនៈ មិនបាន​សេនាសនៈ ក៏មិនអន្ទះសា​ បាន​សេនាសនៈ​ហើយ ក៏មិនជាប់​ចំពាក់ មិនជ្រប់ មិនងប់ មានប្រក្រតី​ឃើញទោស មានប្រាជ្ញា​ជាគ្រឿង​រលាស់​ខ្លួនចេញ ហើយ​បរិភោគ មួយទៀត មិនលើក​តំកើងខ្លួន មិនបង្អាប់​អ្នកដទៃ ព្រោះ​តែសន្តោស​ដោយ​សេនាសនៈ តាមមាន​តាមបាន​នោះ ភិក្ខុណា ឈ្លាសវៃ មិនខ្ជិល មាន​ការដឹង​ខ្លួន ប្រុងស្មារតី ក្នុង​សេនាសន​សន្តោស​នោះ ភិក្ខុនេះ លោកហៅថា អ្នកឋិតនៅ​ក្នុង​អរិយវង្ស ជាវង្ស​គេស្គាល់​ថាប្រសើរ ដែលមាន​មកតាំង​អំពីដើម។ មួយវិញទៀត ភិក្ខុជា​អ្នកសន្តោស​ដោយ​គិលានប្បច្ចយភេសជ្ជបរិក្ខារ​តាមមាន​តាមបាន ទាំងជាអ្នក​សរសើរ​គុណ​សន្តោស​ដោយ​គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន​តាមបាន តែងមិន​ដល់នូវ​អនេសនៈ ជាកម្ម​មិនសមគួរ ព្រោះហេតុ​គិលានប្បច្ចយភេសជ្ជបរិក្ខារ មិនបាន​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ ក៏មិន​អន្ទះសា បាន​គិលានប្បច្ចយភេសជ្ជ​បរិក្ខារ​ហើយ ក៏មិន​ជាប់​ចំពាក់ មិនជ្រប់ មិនងប់ មានប្រក្រតី​ឃើញទោស មានប្រាជ្ញា​ជាគ្រឿង​រលាស់​ខ្លួន ហើយ​បរិភោគ មួយទៀត មិនលើក​តំកើងខ្លួន មិនបង្អាប់​ជនដទៃ ព្រោះសន្តោស​ដោយ​គិលានប្បច្ចយភេសជ្ជ​បរិក្ខារ​តាមមាន​តាមបាន​នោះ ភិក្ខុណា ឈ្លាសវៃ មិនខ្ជិល មានការ​ដឹងខ្លួន ប្រុងស្មារតី ក្នុង​គិលានប្បច្ចយភេសជ្ជបរិក្ខារ​សន្តោសនោះ ភិក្ខុនេះ លោក​ហៅថា អ្នកឋិត​នៅក្នុង​អរិយវង្ស ជាវង្ស​គេស្គាល់​ថាប្រសើរ ដែលមាន​មកតាំង​អំពីដើម ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះ ក្នុង​សាសនានេះ គប្បីស្គាល់​ប្រមាណ​ដើម្បី​សន្តោស។

[២៦៨] អធិប្បាយពាក្យថា ភិក្ខុនោះ ជាអ្នកគ្រប់គ្រង​ក្នុងបច្ច័យ​ទាំង ៤ នោះ ជាអ្នក​ប្រុងប្រយ័ត្ន ហើយ​ត្រាច់ទៅ​ក្នុងស្រុក ត្រង់ពាក្យថា ភិក្ខុនោះ​ជាអ្នក​គ្រប់គ្រង​ក្នុងបច្ច័យ​ទាំង ៤ នោះ គឺជា​អ្នកគ្រប់គ្រង​បីបាច់ រក្សា សង្រួម ក្នុងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុនោះ​ជាអ្នក​គ្រប់គ្រង​ក្នុង​បច្ច័យ​ទាំង ៤ នោះ យ៉ាងនេះ​ក៏មាន។ មួយទៀត ភិក្ខុជាអ្នក​គ្រប់គ្រង បីបាច់ រក្សា សង្រួម ក្នុង​អាយតនៈ​ទាំងឡាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុនោះ​ជាអ្នក​គ្រប់គ្រង​អាយតនៈ​ទាំងនោះ យ៉ាងនេះ​ក៏មាន។ ពាក្យថា ជាអ្នក​ប្រុងប្រយ័ត្ន​ហើយ ត្រាច់ទៅក្នុង​ស្រុក គឺជាអ្នក​ប្រយ័ត្ន ប្រុងប្រៀប រៀបចំ គ្រប់គ្រង បីបាច់ រក្សា សង្រួម ក្នុងស្រុក ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុនោះ​ ជាអ្នក​គ្រប់គ្រង​ក្នុងបច្ច័យ​ទាំង ៤ នោះ ជាអ្នក​ប្រុងប្រយ័ត្ន ហើយ​ត្រាច់ទៅ​ក្នុងស្រុក។

[២៦៩] ពាក្យថា សូម្បីត្រូវគេកោសរូស ក៏មិនគប្បី​ពោលពាក្យ​ទ្រគោះ គឺត្រូវគេ​កោសរូស ជេរ ប្រទេច ខ្ទាំងខ្ទប់ តិះដៀល បង្អាប់បង្អោន ក៏មិន​គប្បីនិយាយ​តនឹងគេ ដែល​និយាយ​ដោយពាក្យ​ទ្រគោះ​អាក្រក់ មិន​គប្បីជេរ​តនឹងគេ​ដែលជេរ មិនគប្បី​ខឹងត​នឹងគេ​ដែលខឹង មិនគប្បី​បង្កហេតុ​នឹងគេ​ដែល​បង្កហេតុ មិនគប្បី​ធ្វើជំលោះ មិនគប្បី​ធ្វើ​ការបង្ក​ហេតុ មិនគប្បី​ធ្វើការ​ប្រកួតប្រកាន់ មិនគប្បី​ធ្វើវិវាទ មិនគប្បី​ធ្វើការប្រកែ​ប្រកាន់ គឺគប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យ​បាត់បង់​នូវជំលោះ ការបង្ក​ហេតុ ការប្រកួត​ប្រកាន់ វិវាទ និងការ​ប្រកែប្រកាន់ គប្បីជា​បុគ្គល​វៀរឆ្ងាយ វៀរស្រឡះ វៀរផុត ចេញទៅ រលាស់​ចេញ ផុត​ស្រឡះ បា្រសចេញ ចាកជំលោះ ការបង្កហេតុ ការប្រកួត​ប្រកាន់ វិវាទ និង​ការប្រកែ​ប្រកាន់ ហើយនៅ​ដោយចិត្ត​ដែលធ្វើ​ឲ្យប្រាសចាក​ដែន ហេតុនោះ (ទ្រង់​ត្រាស់ថា) សូម្បី​ត្រូវគេ​កោសរូស ក៏មិន​គប្បីពោល​ពាក្យ​ទ្រគោះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភិក្ខុនោះ ក្នុងសាសនានេះ បានម្ហូបចំណី និងគ្រឿង​ស្លៀក​ដណ្តប់ ក្នុងកាល​ដ៏គួរ​ហើយ គប្បី​ដឹងប្រមាណ ដើម្បី​សន្តោស ភិក្ខុនោះ ជាអ្នក​គ្រប់គ្រង​ក្នុងបច្ច័យ​ទាំង ៤ នោះ ជាអ្នក​ប្រុងប្រយ័ត្ន ហើយត្រាច់​ទៅក្នុង​ស្រុក សូម្បី​ត្រូវគេ​កោសរូស ក៏មិន​គប្បីពោល​ពាក្យទ្រគោះ​ទេ។

[២៧០] ភិក្ខុគប្បីមានភ្នែកសំឡឹងចុះក្រោម មិនគប្បី​រលោរលាំ​ដោយជើង គប្បី​ប្រកប​រឿយៗ ក្នុងឈាន ទាំងជា​អ្នកភ្ញាក់​រលឹកច្រើន គប្បី​ប្រារព្ធ​ឧបេក្ខា ហើយជា​អ្នកមាន​ចិត្ត​តាំងមាំ គប្បី​ផ្តាច់បង់​នូវសេចក្តី​ត្រិះរិះផង នូវធម៌​ជាទី​អាស្រ័យ​នៃសេចក្តី​ត្រិះរិះ​ផង នូវកុក្កុច្ចៈ​ផង។

[២៧១] អធិប្បាយពាក្យថា ភិក្ខុគប្បីមានភ្នែកសំឡឹង​ចុះក្រោម គប្បី​មិនរលោរលាំ​ដោយជើង សំនួរថា ភិក្ខុមាន​ភ្នែកក្រឡេក​មើល តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ ជាអ្នក​រឡេះរឡោះ​ដោយភ្នែក ប្រកប​ដោយការ​រឡេះរឡោះ​ដោយភ្នែក គិតថា អាត្មា​អញគួរ​ឃើញរបស់​ដែលមិន​ទាន់ឃើញ គួររំលង​របស់ដែល​ឃើញហើយ ប្រកប​រឿយៗ នូវការ​ត្រាច់ទៅ​ឆ្ងាយ ត្រាច់ទៅ​មិនឈប់​ឈរ អំពី​សួនច្បារ​ទៅសួនច្បារ អំពី​ឧទ្យានទៅ​ឧទ្យាន អំពី​ស្រុកទៅស្រុក អំពី​និគម​ទៅនិគម អំពី​នគរទៅ​នគរ អំពី​ដែនទៅ​ដែន អំពី​ជនបទ ទៅជនបទ ដើម្បី​មើលរូប ភិក្ខុមាន​ភ្នែកក្រឡេក​មើល យ៉ាងនេះ​ក៏មាន។ មួយទៀត ភិក្ខុចូល​ទៅចន្លោះ​ផ្ទះ ដើរតាម​ថ្នល់ ទៅមិនសង្រួម ក្រឡេក​មើលដំរី មើលសេះ មើលរថ មើល​ពលថ្មើរជើង មើលពួកស្រី មើលពួកប្រុស មើលពួក​ក្មេងប្រុស មើលពួក​ក្មេងស្រី មើលចន្លោះ​រានផ្សារ មើលមុខផ្ទះ មើលលើ មើលក្រោម សំឡឹង​មើល​ទិសតូច និងទិសធំ ភិក្ខុ​មានភ្នែក​ក្រឡេកមើល យ៉ាងនេះ​ក៏មាន។ មួយទៀត ភិក្ខុបាន​ឃើញរូប​ដោយភ្នែក ហើយជា​អ្នកកាន់​យកនិមិត្ត កាន់​យក​អនុព្យព្ជានៈ ធម៌​ទាំងឡាយ ជាអកុសល​ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បី​ជាប់តាម​នូវភិក្ខុ​អ្នកមិន​សង្រួម​ចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុ​តែការ​មិនសង្រួម​ចក្ខុន្រ្ទិយណា មិនប្រតិបត្តិ​ដើម្បី​សង្រួម​ចក្ខុន្រ្ទិយ​នោះ មិនរក្សា​ចក្ខុន្រ្ទិយ មិនដល់​នូវការសង្រួម​ក្នុងចក្ខុន្រ្ទិយ ភិក្ខុ​មានភ្នែក​ក្រឡេក​មើល យ៉ាងនេះ​ក៏មាន។ មួយវិញទៀត ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ ពួក​ខ្លះ បរិភោគ​ភោជនដែល​គេឲ្យ​ដោយសទ្ធា តែសមណ​ព្រាហ្មណ៍​ទាំងនោះ តែង​ប្រកប​រឿយៗ នូវការ​ស្តាប់ និងការ​មើលល្បែង​ជាសត្រូវ​ដល់​កុសលធម៌ មាន​សភាព​យ៉ាងនេះ គឺ​ល្បែង​រាំ ច្រៀង ប្រគំ មហោស្រព ចម្បាំង​ស្តេចភារតៈ និងព្រះរាម​ជាដើម គង​រគាំង ស្គរ​មានជ្រុងបួន រូបគំនូរ ល្បែងដុំដែក ល្បែករ៉ាវ ល្បែងលាងឆ្អឹង ប្រជល់ដំរី ប្រខាំសេះ ប្រជល់​ក្របី ប្រជល់គោ ប្រជល់ពពែ ប្រជល់កែះ ប្រជល់មាន់ ប្រជល់ចាប ល្បែង​គុណដម្បង ប្រដាល់ ចម្បាប់ ទីសម្រាប់​ច្បាំងគ្នា ទីសម្រាប់​រៀបពល ទីលំនៅ​កងទ័ព សេនាព្យូហ៍ ទីមើល​កងទ័ព ដូចនេះ​ខ្លះ ភិក្ខុ​មានភ្នែក​ក្រឡេក​មើលយ៉ាង​នេះ ក៏មាន។ ភិក្ខុមាន​ភ្នែក​មិនក្រឡេក​មើល តើដូចម្តេច។ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​មិនរឡេះរឡោះ​ដោយភ្នែក ជាអ្នក​មិនប្រកប​ដោយការ​រឡេះរឡោះ​ដោយភ្នែក ដោយ​គិតថា អាត្មាអញ​ត្រូវឃើញ​របស់​ដែល​មិនទាន់​ឃើញ ត្រូវរំលង​របស់ដែល​ឃើញហើយ មិនប្រកប​រឿយៗ នូវការ​ត្រាច់ទៅ​ឆ្ងាយ ត្រាច់ទៅ​មិនឈប់ឈរ អំពី​សួនច្បារ​ទៅសួនច្បារ អំពី​ឧទ្យាន​ទៅឧទ្យាន អំពី​ស្រុកទៅ​ស្រុក អំពី​និគម​ទៅនិគម អំពីក្រុង​ទៅក្រុង អំពីដែន​ទៅដែន អំពី​ជនបទ ទៅជនបទ ដើម្បី​មើលរូបទេ ភិក្ខុមាន​ភ្នែកមិន​ក្រឡេកមើល យ៉ាងនេះ​ខ្លះ។ មួយទៀត ភិក្ខុចូល​ទៅចន្លោះផ្ទះ ដើរតាមថ្នល់ ទៅ​សង្រួម មិនក្រឡេក​មើលនូវ​ដំរី។បេ។ មិន​សំឡឹង​មើលទិសតូច និងទិសធំ ដើរទៅ ភិក្ខុ​មានភ្នែក​មិនក្រឡេក​មើល យ៉ាងនេះ​ខ្លះ។ មួយទៀត ភិក្ខុ​ឃើញរូប​ដោយភ្នែក មិនកាន់​យកនូវនិមិត្ត។បេ។ ដល់នូវ​ការសង្រួម​ក្នុងចក្ខុន្រ្ទិយ ភិក្ខុ​មានភ្នែក​មិនក្រឡេក​មើល យ៉ាងនេះ​ខ្លះ។ មួយ​វិញទៀត ដូចជា​សមណព្រាហ្មណ៍​ទាំង​ឡាយ​ពួកខ្លះ​ បរិភោគ​ភោជន​ដែលគេឲ្យ​ដោយសទ្ធា​ហើយ។បេ។ ទីមើល​កងទ័ព ដូចនេះ​ខ្លះ ភិក្ខុនោះ​ជាអ្នកវៀរ​ស្រឡះ​ចាក​កិរិយា​ប្រកបរឿយ ៗ នូវការ​ស្តាប់ និងការ​មើលល្បែង ដែលជា​សត្រូវ មាន​សភាព​យ៉ាងនេះ ភិក្ខុ​មានភ្នែក​មិនក្រឡេក​មើល យ៉ាងនេះខ្លះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុគប្បី​មានភ្នែក​សំឡឹងចុះ​ក្រោម។

[២៧២] អធិប្បាយពាក្យថា មិនគប្បីរលោរលាំ​ដោយជើង សំនួរថា ភិក្ខុអ្នក​រលោរលាំ​ដោយជើង តើដូចម្តេច។ ភិក្ខុខ្លះ​ក្នុងសាសនា​នេះ ជាអ្នក​រលោរលាំដោយ​ជើង ប្រកប​ដោយការ​រលោរលាំ​ដោយជើង ​ប្រកប​រឿយៗ នូវការ​ត្រាច់​ទៅ​ឆ្ងាយ ត្រាច់​ទៅមិន​ឈប់ឈរ អំពី​សួនច្បារ​ទៅសួន​ច្បារ។បេ។ ដើម្បី​កិរិយា​ឃើញរូប ភិក្ខុ​អ្នក​រលោ​រលាំ​ដោយជើង យ៉ាងនេះ​ក៏មាន។ មួយទៀត ភិក្ខុជា​អ្នក​រលោរលាំ​ដោយ​ជើង ប្រកប​ដោយការ​រលោរលាំ​ដោយជើង ខាងក្នុង​សង្ឃារាម ជាអ្នក​មានចិត្ត​អណ្តែត​អណ្តូង មានចិត្ត​មិនស្ងប់ ទៅអំពី​បរិវេណ កាន់បរិវេណ មិនមែន​ព្រោះហេតុ​នៃអត្ថ មិន​មែន​ព្រោះហេតុ​នៃការណ៍។បេ។ ពោល​នូវកថា អំពី​សេចក្តី​ចំរើន និងវិនាស ដូច្នេះ​ខ្លះ ដូច្នោះ​ខ្លះ ភិក្ខុអ្នក​រលោរលាំ​ដោយជើង យ៉ាងនេះ​ក៏មាន។ ពាក្យថា មិនគប្បី​រលោរលាំ​ដោយ​ជើង បានសេចក្តី​ថា គប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យ​បាត់បង់​នូវការ​រលោរលាំ​ដោយជើង គប្បីជា​អ្នកវៀរឆ្ងាយ វៀរចេញ វៀរស្រឡះ ​ចេញទៅ រលាស់​ចេញ ផុត​ស្រឡះ ប្រាសចេញ ចាកការ​រលោរលាំ​ដោយជើង សម្រាន្ត​នៅដោយចិត្ត​ដែលធ្វើ​ឲ្យ​ប្រាសចាក​ដែន ជា​អ្នកមាន​ការត្រេកអរ​ក្នុងការ​ពួនសម្ងំ ជាអ្នក​ត្រេកអរ​ក្នុងការ​ពួន​សម្ងំ ជាអ្នក​ប្រកប​នូវសេចក្តី​ស្ងប់ចិត្ត​របស់ខ្លួន មានឈាន​មិនសាបសូន្យ​ ប្រកប​ដោយ​វិបស្សនា ជាអ្នក​ចំរើន​នូវការ​នៅក្នុង​ផ្ទះស្ងាត់ មានឈាន ត្រេកអរ​ក្នុងឈាន ប្រកបនូវ​ការនៅ​ម្នាក់​ឯង ធ្ងន់ក្នុង​ប្រយោជន៍​របស់ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុ​គប្បីមាន​ភ្នែកសំឡឹង​ចុះ​ក្រោម មិនគប្បី​រលោរលាំ​ដោយជើង។

[២៧៣] អធិប្បាយពាក្យថា គប្បីប្រកបរឿយៗ ក្នុងឈាន ទាំងជា​អ្នកភ្ញាក់រលឹក​ច្រើន ត្រង់ពាក្យថា ប្រកប​រឿយៗ​ក្នុងឈាន គឺប្រកប​រឿយៗ​ក្នុងឈាន​ដោយហេតុ​ ២ គឺ​ប្រកប លៃលក ផ្សែផ្សំ ប្រកប​ព្រម ដើម្បីញុំាង​បឋមជ្ឈាន ដែល​មិនទាន់​កើតឲ្យ​កើតឡើង ឬប្រកប​ លៃលក ផ្សែផ្សំ ប្រកបព្រម ដើម្បី​ញុំាង​ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ដែល​មិន​ទាន់កើត ឲ្យកើតឡើង ហេតុនោះ ឈ្មោះថា ប្រកប​រឿយៗ ក្នុងឈាន យ៉ាងនេះ​ក៏មាន។ មួយទៀត ភិក្ខុគប់រក​ដោយច្រើន ចំរើន ធ្វើ​ឲ្យ​ច្រើន​​នូវបឋមជ្ឈាន ដែលកើត​ឡើង​ហើយ ឬគប់រក​ដោយច្រើន ចំរើន ធ្វើឲ្យច្រើន​នូវ​ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ដែលកើត​ហើយ ហេតុនោះ ឈ្មោះថា ប្រកបរឿយៗ ក្នុងឈាន យ៉ាងនេះ​ក៏មាន។ ពាក្យថា ទាំងជា​អ្នកភ្ញាក់​រលឹកច្រើន គឺ​ភិក្ខុក្នុង​សាសនា​នេះ ញុំាងចិត្ត​ឲ្យស្អាត ចាក​ធម៌​ជាគ្រឿង​រារាំង ដោយ​ការចង្រ្កម ដោយការ​អង្គុយ​អស់វេលា​ថ្ងៃ ញុំាង​ចិត្តឲ្យស្អាត ចាក​ធម៌​ជាគ្រឿង​រារាំង​ដោយការ​ចង្រ្កម ដោយការ​អង្គុយ អស់​បឋមយាម​នៃរាត្រី សម្រេច​​​សីហសេយ្យា​ដោយបង្អៀង​ខាងស្តាំ ដាក់តម្រួត​ជើងម្ខាង​លើជើងម្ខាង មាន​សតិ មានសម្បជញ្ញៈ ធ្វើទុក​ក្នុងចិត្ត​នូវ​សញ្ញាថា​នឹងក្រោក អស់មជ្ឈិមយាម​នៃរាត្រី ញុំាងចិត្ត​ឲ្យស្អាត ចាកធម៌​ជាគ្រឿង​រារាំង ដោយ​ការចង្រ្កម ដោយការ​អង្គុយ អស់​បច្ឆិមយាម​នៃរាត្រី ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​ប្រកប​រឿយៗ ក្នុងឈាន ទាំងជា​អ្នកភ្ញាក់​រលឹកច្រើន។

[២៧៤] ពាក្យថា គប្បីប្រារព្ធឧបេក្ខា ហើយជាអ្នកមាន​ចិត្តតាំងមាំ ត្រង់ពាក្យថា ឧបេក្ខា បានដល់ ការតាំងចិត្ត​ជាកណ្តាល ការព្រងើយ ការសំឡឹងឆ្ពោះ ការមាន​ចិត្តស្មើ ការមាន​ចិត្តស្ងប់ ការមាន​ចិត្តជា​កណ្តាល ក្នុង​ចតុត្ថជ្ឈាន។ ពាក្យថា ជាអ្នក​មានចិត្ត​តាំងមាំ គឺការ​តាំងនៅ ការឋិតនៅ ការឋិត​នៅនឹង ការមិន​កន្ទះរា ការមិន​រវើរវាយ ការមិន​រសាប់រសល់ ការស្ងប់​នៃចិត្ត សមាធិន្រ្ទិយ សមាធិពលៈ សម្មាសមាធិ។ ពាក្យថា គួរប្រារព្ធ​ឧបេក្ខា ហើយជា​អ្នកមាន​ចិត្តតាំងមាំ បាន​សេចក្តីថា គួរប្រារព្ធ​ឧបេក្ខា ក្នុង​ចតុត្ថជ្ឈាន ហើយជា​អ្នកមាន​ចិត្តមូល ក្នុង​អារម្មណ៍​តែមួយ មានចិត្ត​មិនរាយមាយ មានចិត្ត​មិនរសាប់​រសល់ ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​ប្រារព្ធ​ឧបេក្ខា ហើយ​ជាអ្នក​មានចិត្ត​តាំងមាំ។

[២៧៥] អធិប្បាយពាក្យថា គប្បីផ្តាច់បង់នូវសេចក្តីត្រិះរិះផង នូវធម៌​ជាទី​អាស្រ័យ​នៃសេចក្តី​ត្រិះរិះ​ផង នូវ​កុក្កុច្ចៈ​ផង ត្រង់ពាក្យថា សេចក្តី​ត្រិះរិះ បានដល់ សេចក្តី​ត្រិះរិះ ៩ គឺការ​ត្រិះរិះកាម ការត្រិះរិះ​ព្យាបាទ ការត្រិះរិះ​វិហឹសា ការត្រិះរិះ​ញាតិ ការត្រិះរិះ​ជនបទ ការត្រិះរិះ​ទេវតា ការត្រិះរិះ​ប្រកបដោយ​ការអាណិត​ជនដទៃ ការត្រិះរិះ​ប្រកប​ដោយ​លាភ​សក្ការៈ និងសេចក្តី​សរសើរ ការត្រិះរិះ​ប្រកប​ដោយសេចក្តី​មិនឲ្យគេ​មើលងាយ នេះ លោក​ហៅថា សេចក្តីត្រិះរិះ​ទាំងប្រាំបួន។ កាមសញ្ញា ជាទីអាស្រ័យនៃ​កាមវិតក្កៈ ព្យាបាទសញ្ញា ជាទី​អាស្រ័យ​នៃ​ព្យាបាទវិតក្កៈ វិហឹសាសញ្ញា ជាទី​អាស្រ័យ​នៃ​វិហឹសាវិតក្កៈ។ មួយទៀត អវិជ្ជា ជាទីអាស្រ័យ អយោនិសោមនសិការ ជាទី​អាស្រ័យ អស្មិមានះ ជាទីអាស្រ័យ អនោតប្បៈ ជាទីអាស្រ័យ ឧទ្ធច្ចៈ ជាទីអាស្រ័យ​នៃវិតក្កៈ គឺ​សេចក្តី​ត្រិះរិះ។ ពាក្យថា កុក្កុច្ចៈ គឺកុក្កុច្ចៈ បានដល់​ការរពឹស​ដៃក៏មាន កុក្កុច្ចៈ បានដល់​ការរពឹស​ជើង​ក៏មាន កុក្កុច្ចៈ បានដល់​ការរពឹស​ទាំងដៃ​ទាំងជើង​ក៏មាន សេចក្តី​សំគាល់ថា​គួរ ក្នុង​របស់​ដែលមិនគួរ សេចក្តី​សំគាល់ថា​មិនគួរ ក្នុងរបស់​ដែលគួរ សេចក្តី​សំគាល់​ថា​មានទោស ក្នុងរបស់​ដែលមិន​មានទោស សេចក្តី​សំគាល់ថា​មិនមាន​ទោស ក្នុងរបស់​ដែលមាន​ទោស សេចក្តី​សង្ស័យ អាការ​នៃសេចក្តី​សង្ស័យ ភាពនៃ​សេចក្តី​សង្ស័យ សេចក្តី​ក្តៅក្រហាយ​នៃចិត្ត សភាវៈ​ជាគំនូស​នៃចិត្ត​ឯណា មានសភាព​យ៉ាងនេះ នេះ លោក​ហៅថា កុក្កុច្ចៈ។ មួយទៀត កុក្កុច្ចៈ សេចក្តី​ក្តៅក្រហាយ​នៃចិត្ត គំនូស​នៃចិត្ត កើតឡើង​ដោយហេតុ ២ គឺ ភាព​ដែលបាន​ធ្វើ ១ ភាព​ដែលមិន​បានធ្វើ ១។

កុក្កុច្ចៈ គឺសេចក្តីក្តៅក្រហាយនៃចិត្ត គំនូសនៃចិត្ត កើតឡើង​ដោយភាព​ដែលបាន​ធ្វើ និង​ភាព​ដែលមិន​បានធ្វើ តើដូចម្តេច។ កុក្កុច្ចៈ សេចក្តីក្តៅ​ក្រហាយ​នៃចិត្ត គំនូស​នៃចិត្ត កើតឡើង​ដោយ​គិតថា កាយទុច្ចរិត អាត្មាអញ​បានធ្វើ​ កាយសុចរិត អាត្មាអញ​មិនបាន​ធ្វើទេ។ វចីទុច្ចរិត អាត្មាអញ​បានធ្វើ។ មនោទុច្ចរិត អាត្មាអញ​បានធ្វើ។ កុក្កុច្ចៈ សេចក្តីក្តៅ​ក្រហាយ​នៃចិត្ត គំនូស​នៃចិត្ត កើតឡើង​ដោយគិតថា បាណាតិបាត អាត្មាអញ​បានធ្វើ ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត អាត្មាអញ​មិនបាន​ធ្វើទេ។ អទិន្នាទាន អាត្មាអញ​បានធ្វើ។ កាមេសុមិច្ឆាចារ អាត្មាអញ​បានធ្វើ។ មុសាវាទ អាត្មាអញ​បានធ្វើ។ បិសុណាវាចា អាត្មាអញ​បានធ្វើ។ ផរុសវាចា អាត្មាអញ​បានធ្វើ។ សម្ផប្បលាបៈ អាត្មាអញ​បានធ្វើ។ អភិជ្ឈា អាត្មាអញ​បានធ្វើ។ ព្យាបាទ អាត្មាអញ​បានធ្វើ។ កុក្កុច្ចៈ សេចក្តីក្តៅ​ក្រហាយ​នៃចិត្ត គំនូស​នៃចិត្ត កើតឡើង ដោយគិតថា មិច្ឆាទិដ្ឋិ អាត្មាអញ​បានធ្វើ សម្មាទិដ្ឋិ អាត្មាអញ​មិនបាន​ធ្វើទេ។ កុក្កុច្ចៈ សេចក្តីក្តៅ​ក្រហាយ​នៃចិត្ត គំនូស​នៃចិត្ត​កើតឡើង ដោយភាព​ដែលបាន​ធ្វើ និងភាព​ដែលមិន​បានធ្វើ យ៉ាងនេះ។ មួយ​វិញ​ទៀត កុក្កុច្ចៈ សេចក្តីក្តៅ​ក្រហាយ​នៃចិត្ត គំនូស​នៃចិត្ត កើតឡើង​ដោយគិតថា អាត្មាអញ​ជាអ្នក​មិនធ្វើ​ឲ្យបរិបូរ​ក្នុងសីល​ទាំងឡាយ។ ថា អាត្មាអញ​ជាអ្នក​មិនមាន​ទ្វារគ្រប់គ្រង​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ។ ថា អាត្មាអញ​ជាអ្នក​មិនស្គាល់​ប្រមាណ​ក្នុងភោជន។ ថា អាត្មាអញ​ជាអ្នក​មិនប្រកប​រឿយៗ នូវការ​ភ្ញាក់រលឹក។ ថា អាត្មាអញជាអ្នក​​មិនប្រកប​ដោយ​សតិ និង​សម្បជញ្ញៈ។ ថា អាត្មាអញ​មិនបាន​ចំរើន​សតិប្បដ្ឋាន ៤។ ថា អាត្មាអញ​មិនបាន​ចំរើន​សម្មប្បធាន ៤។ ថា អាត្មាអញ​មិនបាន​ចំរើនឥទ្ធិបាទ ៤។ ថា អាត្មាអញ​មិនបាន​ចំរើន​​ឥន្រ្ទិយ ៥។ ថា អាត្មាអញ​មិនបាន​ចំរើន​ពលៈ ៥។ ថា អាត្មាអញ​មិនបាន​ចំរើន​ពោជ្ឈង្គ ៧។ ថា អាត្មាអញ​មិនបាន​ចំរើន​អដ្ឋង្គិកមគ្គ​ដ៏​ប្រសើរ។ ថា អាត្មាអញ​មិនបាន​កំណត់​ដឹងនូវទុក្ខ។ ថា អាត្មាអញ​មិនបាន​លះបង់​ទុក្ខ​សមុទ័យ។ ថា អាត្មាអញ​មិនបាន​ចំរើន​មគ្គ។ កុក្កុច្ចៈ គឺសេចក្តី​ក្តៅក្រហាយ​នៃចិត្ត គំនូស​នៃចិត្ត កើតឡើង​ដោយ​គិតថា អាត្មាអញ​​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ​ទេ។ ពាក្យថា គប្បី​ផ្តាច់បង់​នូវសេចក្តី​ត្រិះរិះ​ផង នូវធម៌​ជាទី​តាំងនៃ​សេចក្តី​ត្រិះរិះផង នូវ​កុក្កុច្ចៈ​ផង បាន​សេចក្តីថា គប្បី​ផ្តាច់បង់ គាស់ផ្តាច់ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើឲ្យ​បាត់បង់​នូវការ​ត្រិះរិះ​ផង នូវសភាវៈ​ជាទី​អាស្រ័យ​នៃសេចក្តី​ត្រិះរិះ​ផង នូវកុក្កុច្ចៈ​ផង ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​ផ្តាច់បង់ នូវ​សេចក្តី​ត្រិះរិះ​ផង នូវធម៌​ជាទី​តាំងនៃ​សេចក្តី​ត្រិះរិះ​ផង នូវ​កុក្កុច្ចៈ​ផង។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ភិក្ខុគប្បីមានភ្នែកសំឡឹងចុះក្រោម មិនគប្បីរលោរលាំ​ដោយជើង គប្បី​ប្រកប​រឿយៗ ក្នុង​ឈាន ទាំងជា​អ្នកភ្ញាក់​រលឹកច្រើន គប្បីប្រារព្ធឧបេក្ខា ហើយ​ជាអ្នក​មានចិត្ត​តាំងមាំ គប្បីផ្តាច់​បង់នូវ​សេចក្តី​ត្រិះរិះ​ផង នូវធម៌​ជាទី​អាស្រ័យ​នៃសេចក្តី​ត្រិះរិះផង នូវ​កុក្កុច្ចៈ​ផង។

[២៧៦] បុគ្គលដែលគេដាស់តឿនដោយវាចាហើយ គួរជា​អ្នកមាន​ស្មារតី ត្រេកអរ​ចំពោះ គួរទំលាយ​ចោលនូវ​សេចក្តី​រឹងត្អឹង ចំពោះ​ពួក​សព្រហ្មចារី គួរ​បញ្ចេញ​វាចា​ជាកុសល កុំឲ្យ​ហួសកម្រិត មិនគួរ​គិតគូរ​អំពីវាទធម៌​របស់អ្នក​ផងទេ។

[២៧៧] អធិប្បាយពាក្យថា បុគ្គលដែលគេដាស់តឿន​ដោយ​វាចា​ហើយ គួរជា​អ្នក​មាន​ស្មារតី ត្រេកអរ​ចំពោះ ត្រង់ពាក្យថា ដែល​គេដាស់​តឿន សេចក្តីថា ឧបជ្ឈាយ៍​ក្តី អាចារ្យក្តី ភិក្ខុ​ដែលមាន​ឧបជ្ឈាយ៍​ស្មើគ្នាក្តី ភិក្ខុ​មាន​អាចារ្យ​ស្មើគ្នាក្តី មិត្តក្តី ជនដែល​ធ្លាប់​ឃើញគ្នា​ក្តី ជនដែល​ធ្លាប់គប់​រកគ្នាក្តី សំឡាញ់ក្តី ដាស់តឿន​ថា នែលោកមាន​អាយុ អំពើ​របស់​លោកនេះ មិនគួរទេ អំពើ​របស់លោក​នេះ មិនសម​ល្មមទេ អំពើរបស់​លោកនេះ មិនសម​គួរទេ អំពើ​របស់លោក​នេះ មិនមែន​តាំងនៅ​ក្នុងសីល​ទេ ដូច្នេះ បុគ្គល​គួរប្រុង​ស្មារតី ហើយ​ត្រេកអរ ត្រេកអរ​ចំពោះ រីករាយ រីករាយតាម ប្រាថ្នា រួសរាយ ប៉ុនប៉ង ស្រឡាញ់​ជាប់ចិត្ត​នឹងការ​ដាស់តឿន​នោះ។ ដូចស្រ្តី ឬបុរស​ដែលនៅ​ក្មេង ជា​ក្រមុំ​កំឡោះ មានជាតិ​ជាអ្នក​ប្រដាប់កាយ មានក្បាល​កក់ហើយ បានកម្រង​ផ្កាឧប្បល​ក្តី កម្រង​ផ្កាម្លិះក្តី កម្រង​ផ្ការំដួលក្តី ហើយ​ទទួល​យកដោយ​ដៃទាំងពីរ ប្រដាប់​លើក្បាល ដែល​ជាអវយវៈ​ដ៏ឧត្តម រួចត្រេកអរ ត្រេកអរ​ចំពោះ រីករាយ រីករាយតាម ប្រាថ្នា រួសរាយ ប៉ុនប៉ង ស្រឡាញ់​ជាប់ចិត្ត យ៉ាងណា បុគ្គល​គួរប្រុង​ស្មារតី ហើយ​ត្រេកអរ ត្រេកអរ​ចំពោះ រីករាយ រីករាយតាម ប្រាថ្នា រួសរាយ ប៉ុនប៉ង ស្រឡាញ់ ជាប់ចិត្ត​នូវការ​ដាស់តឿន​នោះ ក៏យ៉ាង​នោះដែរ។

បុគ្គលបើឃើញនូវអ្នកប្រាជ្ញណា ដែលមាន​ប្រក្រតី​បង្ហាញ​ទោស ដែល​ឧស្សាហ៍​ពោល​ផ្ទញ់ផ្ទាល់ ដូចជន​អ្នកបង្ហាញ​កំណប់​ទ្រព្យ គួរតែ​គប់រក​នូវបណ្ឌិត​ប្រាកដ​ដូច្នោះ កាលបើ​បុគ្គល​គប់រក​បណ្ឌិត​ប្រាកដ​ដូច្នោះ សេចក្តីល្អ រមែង​កើតមាន មិនមែន​​ជាការ​អាក្រក់​ទេ ជនគួរ​ទូន្មានគេ គួរប្រៀន​ប្រដៅគេ ទាំងគួរ​ជួយរារាំង​ចាក​អសប្បុរស ដ្បិតថា ជនអ្នក​ទូន្មាន​គេនោះ រមែង​ជាទី​ស្រឡាញ់​នៃពួក​សប្បុរស តែមិន​ជាទីស្រឡាញ់​នៃពួក​អសប្បុរស​ទេ។

ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលគេ​ដាស់តឿន​ដោយវាចា​ហើយ គួរជា​អ្នកត្រេកអរ​ចំពោះ។

[២៧៨] ពាក្យថា គួររំលាយចោលនូវសេចក្តី​រឹងត្អឹង​ចំពោះពួក​សព្រហ្មចារី សេចក្តី​ថា បុគ្គល​មាន​សង្ឃកម្ម​ជាមួយគ្នា មាន​ឧទ្ទេសជា​មួយគ្នា មានការ​សិក្សាស្មើ​គ្នា ឈ្មោះថា សព្រហ្មចារី។ ពាក្យថា គួរទំលាយ​ចោលនូវ​សេចក្តី​រឹងត្អឹង​ចំពោះពួក​សព្រហ្មចារី គឺគួរ​ទំលាយ​ចោល​នូវភាព​នៃចិត្ត​ចង្អៀត​ចង្អល់ ភាពនៃ​ចិត្តរឹងត្អឹង​ចំពោះ​ពួកសព្រហ្មចារី គួរ​ទំលាយ​ចោល​នូវការ​រឹងត្អឹង​នៃចិត្ត ៥ ផង គួរទំលាយ​ចោលនូវ​ការរឹងត្អឹង​នៃចិត្ត ៣ ផង គួរ​ទំលាយ​ចោល បំបែក​ចោល កំទេច​ចោល នូវការ​រឹងត្អឹង​ដោយ​រាគៈ ការរឹងត្អឹង​ដោយ​ទោសៈ ការរឹងត្អឹង​ដោយ​មោហៈ ព្រោះ​ហេតុនោះ (ទ្រង់​ត្រាស់ថា) គួរទំលាយ​ចោល​នូវ​សេចក្តី​រឹងត្អឹង​ចំពោះ​ពួក​សព្រហ្មចារី។

[២៧៩] ពាក្យថា គួរបញ្ចេញវាចាជាកុសល កុំឲ្យ​ហួសសម្រិត គឺ​គួរបញ្ចេញ​វាចា ដែល​ផុសផុល​ឡើងអំពី​ប្រាជ្ញា គឺថា គួរបញ្ចេញ គួរចរចា គួរស្រដី​នូវវាចា ដែល​ប្រកប​ដោយ​អត្ថ ប្រកប​ដោយធម៌ តាម​កាលគួរ ប្រកប​ដោយគ្រឿង​អាង ជាវាចា​មានទី​បំផុត អាស្រ័យ​ប្រយោជន៍ ហេតុនោះ (ទ្រង់​ត្រាស់ថា) គួរបញ្ចេញ​វាចាជា​កុសល។ ពាក្យថា កម្រិត ក្នុងបទថា គួរបញ្ចេញ​វាចា​កុំឲ្យ​ហួសកម្រិត បានដល់​កម្រិត ២ គឺ កម្រិត​កាល ១ កម្រិត​សីល ១។

កម្រិតកាល តើដូចម្តេច។ បុគ្គលមិនគួរពោលវាចា​ឲ្យហួស​កាល មិនគួរ​ពោល​វាចាឲ្យ​ហួសកម្រិត មិនគួរ​ពោលវាចា​ឲ្យកន្លង​ហួសកាល និងកម្រិត មិនគួរ​ពោលវាចា ដែល​មិនទាន់​ដល់កាល មិនគួរ​ពោលវាចា​ដែលមិន​ទាន់ដល់​កម្រិត មិនគួរ​ពោលវាចា ដែល​មិនទាន់​ដល់កាល និងកម្រិត។

ជនណា កាលបើមិនទាន់ដល់កាលគួរទេ ហើយពោល​ឲ្យហួស​កម្រិត ជននោះ រមែង​ដេកជា​ទុក្ខ ដូចកូន​តាវ៉ៅ ដែលក្អែក​រក្សា យ៉ាងនោះ​ឯង។

នេះ កម្រិតកាល។

កម្រិតសីល តើដូចម្តេច។ បុគ្គលត្រេកត្រអាល​ហើយ មិនគួរពោល​វាចា​ ប្រទូស្ត​ហើយ មិនគួរ​ពោលវាចា​ វង្វេង​ហើយ មិនគួរ​ពោលវាចា មិនគួរ​ពោលពាក្យ​កុហក មិនគួរ​ពោលពាក្យ​ញុះញង់ មិនគួរ​ពោលពាក្យ​ទ្រគោះ មិនគួរពោល មិនគួរ​និយាយ មិនគួរ​ចរចា មិនគួរ​ពណ៌នា មិនគួរ​ស្រដី​នូវពាក្យ​ឥតប្រយោជន៍ នេះកម្រិត​សីល ព្រោះ​ហេតុនោះ (ទ្រង់​ត្រាស់ថា) គួរបញ្ចេញ​វាចាជា​កុសល កុំឲ្យហួស​កម្រិត។

[២៨០] ពាក្យថា មិនគួរគិតគូរអំពីវាទធម៌របស់​អ្នកផង ត្រង់ពាក្យថា អ្នកផង បានដល់ ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្យៈ សូទ្រៈ គ្រហស្ថ បព្វជិត ទេវតា និង​មនុស្ស។ បុគ្គល​មិនគួរ​គិតគូរ មិនគួរញុំាង​ចេតនា​ឲ្យកើតឡើង មិនគួរ​ញុំាងសេចក្តី​ត្រិះរិះ​ក្នុងចិត្តឲ្យ​កើតឡើង មិនគួរ​ញុំាងការ​ធ្វើទុក​ក្នុងចិត្ត​ឲ្យកើត​ឡើង អំពីវាទៈ ការពោលបង្អាប់ ការនិន្ទា ការបន្តុះ​បង្អាប់ ការតិះដៀល ការនាំទោស​របស់ជន ព្រោះសីល​វិបត្តិក្តី ព្រោះ​អាចារ​វិបត្តិក្តី ព្រោះទិដ្ឋិ​វិបត្តិក្តី ព្រោះអាជីវ​វិបត្តិក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនគួរ​គិត​គូរអំពី​វាទធម៌​របស់អ្នក​ផង។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

បុគ្គលដែលគេដាស់តឿនដោយវាចាហើយ គួរជាអ្នក​មាន​ស្មារតី ត្រេកអរ​ចំពោះ គួរ​ទំលាយ​ចោលនូវ​សេចក្តី​រឹងត្អឹង​ចំពោះ​ពួក​សព្រហ្មចារី គួរបញ្ចេញ​វាចាជា​កុសល​កុំឲ្យហួស​កម្រិត មិនគួរ​គិតគូរ​អំពីវាទធម៌​របស់អ្នក​ផងទេ។

[២៨១] មួយទៀត ភិក្ខុមានស្មារតី គួរសិក្សា​ដើម្បី​កិរិយា​នាំចេញ​នូវ​ធូលី​ទាំងឡាយ​ណា ធូលី (ទាំងនោះ) មាន ៥ ក្នុងលោក គួរសង្កត់​សង្កិន​តម្រេក​ក្នុងរូប សំឡេង រស ក្លិន និងផស្សៈ​ទាំងឡាយ។

[២៨២] ពាក្យថា មួយទៀត ធូលី (ទាំងនោះ) មាន ៥ ក្នុងលោក ត្រង់ពាក្យថា មួយទៀត គឺ​ជាពាក្យតបទ ជាពាក្យ​ជាប់ជំពាក់​ដោយបទ ជាពាក្យ​បំពេញ​បទ ជាពាក្យ​រួបរួម​អក្ខរៈ ជាពាក្យ​សម្រួល​ព្យព្ជានៈ ពាក្យថា មួយទៀត​នុ៎ះ ជាលំដាប់​នៃបទ។ តម្រេក​ក្នុងរូប ១ តម្រេក​ក្នុងសំឡេង ១ តម្រេក​ក្នុងក្លិន ១ តម្រេក​ក្នុងរស ១ តម្រេក​ក្នុងផ្សព្វ ១ ឈ្មោះថា ធូលី ៥។ មួយទៀត

ធូលី គឺរាគៈ មិនមែន​សំដៅយក​លំអងទេ ពាក្យថា​ធូលី​នុ៎ះ ជាឈ្មោះ​នៃរាគៈ បណ្ឌិត​ទាំងនោះ រមែង​លះបង់​នូវធូលី​នុ៎ះ ហើយ​សម្រាក​សម្រាន្ត​នៅ​ក្នុង​សាសនា​នៃព្រះពុទ្ធ ដែលប្រាស​ចាកធូលី។

ធូលី គឺទោសៈ មិនមែនសំដៅយកលំអងទេ ពាក្យថា​ធូលីនុ៎ះ ជាឈ្មោះ​នៃទោសៈ បណ្ឌិត​ទាំងនោះ រមែង​លះបង់​នូវធូលី​នុ៎ះ ហើយ​សម្រាកសម្រាន្ត​នៅ ក្នុងសាសនា នៃព្រះពុទ្ធ​ដែលប្រាស​ចាកធូលី។

ធូលី គឺមោហៈ មិនមែនសំដៅ​យកលំអងទេ ពាក្យថា​ធូលីនុ៎ះ ជាឈ្មោះ​នៃមោហៈ បណ្ឌិត​ទាំងនោះ រមែង​លះបង់​នូវធូលី​នុ៎ះ ហើយ​សម្រាក​សម្រាន្តនៅ ក្នុង​សាសនា​នៃព្រះពុទ្ធ ដែលប្រាស​ចាកធូលី។

ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត ធូលី (ទាំងនោះ) មាន ៥ ក្នុងលោក។

[២៨៣] អធិប្បាយពាក្យថា ភិក្ខុមានស្មារតី គួរសិក្សាដើម្បី​កិរិយា​នាំចេញ​នូវធូលី​ទាំងឡាយ​ណា ត្រង់ពាក្យថា នូវធូលី​ទាំងឡាយ​ណា គឺនូវ​តម្រេក​ក្នុងរូប តម្រេក​ក្នុង​សំឡេង តម្រេក​ក្នុងក្លិន តម្រេក​ក្នុងរស តម្រេក​ក្នុងផ្សព្វ។ ពាក្យថា មានស្មារតី សេចក្តីថា ការរលឹក ការរលឹករឿយៗ ការរលឹក​ចំពោះ ការនឹក​ឃើញ ការភ្នក​ឃើញ ការចាំទុក ការមិន​ភាន់ច្រឡំ ការមិនភ្លេច​សតិ ឥន្រ្ទិយ​គឺសតិ កំឡាំង​គឺសតិ ការរលឹក​ប្រពៃ សម្ពោជ្ឈង្គ​គឺសតិ ផ្លូវជាទី​ទៅនៃបុគ្គល​ម្នាក់ឯង​ឯណា នេះ លោកហៅថា ស្មារតី។ ភិក្ខុណា ប្រកប ប្រកបព្រម ចូលទៅជិត ចូលទៅ​ជិតព្រម ចូលទៅដល់ ចូលទៅដល់​ព្រម បរិបូណ៌​ដោយ​ស្មារតី​នេះ។ ភិក្ខុនោះ លោកហៅថា អ្នកមាន​ស្មារតី។ ពាក្យថា គួរ​សិក្សា បានដល់​សិក្ខា ៣ គឺ​អធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា។ អធិសីលសិក្ខា តើដូច​ម្តេច។បេ។ នេះ អធិប្បញ្ញាសិក្ខា។ ពាក្យថា ភិក្ខុមានស្មារតី គួរសិក្សា​ដើម្បី​កិរិយា​នាំចេញ​នូវធូលី​ទាំងឡាយ​ណា​ បានសេចក្តីថា បុគ្គល​អ្នកមាន​ស្មារតី គួរសិក្សា​អធិសីល​ផង គួរសិក្សា​អធិចិត្ត​ផង គួរសិក្សា​អធិប្បញ្ញា​ផង គប្បីនឹករំពឹងសិក្សា គប្បីដឹង​សិក្សា។បេ។ គប្បីធ្វើ​ឲ្យជាក់ច្បាស់​នូវធម៌​ដែលគួរ​ធ្វើ​ឲ្យជាក់​ច្បាស់​សិក្សា គប្បី​ប្រព្រឹត្ត ប្រព្រឹត្ត​ដោយ​ប្រពៃ ប្រព្រឹត្ត​សមាទាន​នូវសិក្សាទាំង ៣ នេះ ដើម្បី​កិរិយា​នាំចេញ ការបន្ទោបង់ ការលះបង់ ការរម្ងាប់ ការរលាស់​ចេញ ការកំចាត់​បង់ នូវតម្រេក​ក្នុងរូប តម្រេក​ក្នុង​សំឡេង តម្រេក​ក្នុងក្លិន តម្រេក​ក្នុងរស តម្រេក​ក្នុងផ្សព្វ​ឯណា ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុមាន​ស្មារតី គួរ​សិក្សា​ដើម្បី​កិរិយា​នាំចេញ​នូវធូលី​ទាំង​ឡាយណា។

[២៨៤] ពាក្យថា គួរសង្កត់សង្កិននូវតម្រេកក្នុងរូប សំឡេង រស ក្លិន និងផស្សៈ​ទាំងឡាយ គឺ គួរសង្កត់សង្កិន គ្របសង្កត់ រឹបជាន់ ស្រំពន្លិច ជាន់កំទេច ញំាញី នូវ​តម្រេក​ក្នុងរូប សំឡេង ​ក្លិន រស ផ្សព្វទាំងឡាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) គួរ​សង្កត់​សង្កិន​នូវ​តម្រេកក្នុង​រូប សំឡេង រស ក្លិន និងផស្សៈ​ទាំងឡាយ។ ហេតុនោះ ព្រះមាន​ព្រះភាគ​ត្រាស់ថា

មួយទៀត ភិក្ខុ​មានស្មារតី គួរសិក្សា ដើម្បី​កិរិយា​នាំចេញ​នូវធូលី​ទាំងឡាយ​ណា ធូលី​ (ទាំងនោះ) មាន ៥ ក្នុងលោក គួរសង្កត់សង្កិន​តម្រេក​ក្នុងរូប សំឡេង រស ក្លិន និង​ផស្សៈ​ទាំងឡាយ។

[២៨៥] ព្រះមានព្រះភាគត្រាស់ថា ភិក្ខុមានស្មារតី មានចិត្ត​ផុតស្រឡះ​ល្អ គប្បី​បន្ទោបង់​នូវសេចក្តី​ប្រាថ្នា​ក្នុងអារម្មណ៍​ទាំងនុ៎ះ​ចេញ ភិក្ខុនោះ កាល​ពិចារណា​ធម៌​ដោយប្រពៃ តាមកាលគួរ ភិក្ខុនោះ នឹងជាអ្នក​មានចិត្តខ្ពស់ឯក កំចាត់​បង់នូវ​ងងឹត​បាន។

[២៨៦] ពាក្យថា គប្បីបន្ទោបង់នូវសេចក្តីប្រាថ្នាក្នុង​អារម្មណ៍​ទាំងនុ៎ះ​ចេញ ត្រង់​ពាក្យថា ក្នុងអារម្មណ៍​ទាំងនុ៎ះ គឺ​ក្នុងរូប សំឡេង ក្លិន រស និងផ្សព្វ។ ពាក្យថា សេចក្តី​ប្រាថ្នា បានដល់ សេចក្តី​ប្រាថ្នា​គឺកាម តម្រេក​គឺកាម សេចក្តី​រីករាយ​គឺកាម ចំណង់​គឺ​កាម ស្នេហា​គឺកាម ការក្តៅ​ក្រហាយ​គឺកាម ការជ្រប់​គឺកាម ការលិច​លង់គឺកាម ឱឃៈគឺកាម យោគៈ​គឺកាម ឧបាទាន​គឺកាម នីវរណៈ​គឺ​កាមច្ឆន្ទៈ ក្នុងកាម​ទាំងឡាយ។ ពាក្យថា គប្បី​បន្ទោបង់​នូវសេចក្តី​ប្រាថ្នា​ក្នុង​អារម្មណ៍​ទាំងនុ៎ះ​ចេញ គឺគប្បី​នាំចេញ កំចាត់បង់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យ​បាត់បង់​នូវសេចក្តី​ប្រាថ្នា​ក្នុងអារម្មណ៍​ទាំងនុ៎ះ​ចេញ ហេតុ​នោះ (ទ្រង់​ត្រាស់ថា) គប្បី​បន្ទោបង់​នូវសេចក្តី​ប្រាថ្នា​ក្នុងអារម្មណ៍​ទាំងនុ៎ះ​ចេញ។

[២៨៧] អធិប្បាយពាក្យថា ភិក្ខុជាអ្នកមានស្មារតី មានចិត្តផុត​ស្រឡះល្អ ត្រង់​ពាក្យថា ភិក្ខុ គឺភិក្ខុ​ជាកល្យាណ​បុថុជ្ជន ឬភិក្ខុ​ជាសេក្ខៈ។ ពាក្យថា ជាអ្នក​មានស្មារតី សេចក្តីថា ការរលឹក ការរលឹក​រឿយៗ។បេ។ ការរលឹក​ដោយប្រពៃ សម្ពោជ្ឈង្គៈ​គឺសតិ ផ្លូវជាទីទៅ​នៃបុគ្គល​ម្នាក់ឯង នេះ លោកហៅថា ស្មារតី។ ភិក្ខុប្រកប​ដោយ​ស្មារតី​នេះ។។បេ។ ភិក្ខុនោះ លោកហៅថា អ្នកមាន​ស្មារតី ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុជាអ្នក​មានស្មារតី។ ពាក្យថា មានចិត្តផុត​ស្រឡះល្អ សេចក្តីថា ចិត្តរបស់​ភិក្ខុចូល​បឋមជ្ឈាន ជាចិត្ត​ផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកនីវរណៈ​ទាំងឡាយ ចិត្តរបស់​ភិក្ខុចូល​ទុតិយជ្ឈាន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកវិតក្កៈ និងវិចារៈ​ទាំងឡាយ ចិត្ត​របស់ភិក្ខុ​ចូល​តតិយជ្ឈាន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកបីតិ ចិត្តរបស់​ភិក្ខុចូល​ចតុត្ថជ្ឈាន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាកសុខ និងទុក្ខ​ទាំងឡាយ ចិត្ត​របស់ភិក្ខុ​ចូល​អាកាសានញ្ចាយតនៈ ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាក​រូបសញ្ញា ចាក​បដិឃសញ្ញា ចាក​នានត្តសញ្ញា ចិត្តរបស់​ភិក្ខុ​ចូល​វិញ្ញាណញ្ចាយតនៈ ជាចិត្ត (ផុត) ចាក​អាកាសានញ្ចាយតនសញ្ញា ចិត្តរបស់​ភិក្ខុ​ចូល​អាកិញ្ចញ្ញាយតនៈ ជាចិត្ត (ផុត) ចាក​វិញ្ញាណញ្ចាយតនសញ្ញា ចិត្តរបស់​ភិក្ខុ​ចូល​នេវសញ្ញានាសញ្ញាយតនៈ ជាចិត្ត​ផុត ផុតស្រឡះ ផុតស្រឡះល្អ ចាក​អាកិញ្ចញ្ញាយតនសញ្ញា ចិត្តរបស់​ភិក្ខុជា​សោតាបន្ន ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាក​សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងកិលេស​ទាំងឡាយ ដែលនៅ​ជាមួយ​នឹង​សំយោជនៈ​នោះ ចិត្តរបស់​ភិក្ខុ​ដែលជា​សកទាគាមិ ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះ​ល្អ ចាកកាមរាគានុស័យ បដិឃានុស័យ​ដ៏គ្រោតគ្រាត និងកិលេស​ទាំងឡាយ​ដែលតាំង​នៅ​ជាមួយ​សំយោជនៈ​នោះ ចិត្តរបស់​ភិក្ខុជា​អនាគាមិ ជាចិត្តផុត ផុតស្រឡះ ផុត​ស្រឡះល្អ ចាក​កាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈ​ដ៏ល្អិត ចាក​កាមរាគានុស័យ ចាក​បដិឃានុស័យ​ដ៏ល្អិត និងកិលេស​ទាំងឡាយ​ដែលតាំង​នៅជាមួយ​អនុស័យ​នោះ ចិត្ត​របស់​ភិក្ខុ​ជាអរហន្ត ជាចិត្តផុត ផុតស្រឡះ ផុតស្រឡះល្អ ចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ និងកិលេស​ទាំងឡាយ ដែល​តាំងនៅ​ជាមួយ​អនុស័យ​នោះ និង​និមិត្ត​ទាំងពួង​ឰដ៏​ខាងក្រៅ ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុជា​អ្នកមាន​ស្មារតី មានចិត្ត​ផុតស្រឡះ​ល្អ។

[២៨៨] អធិប្បាយពាក្យថា ភិក្ខុនោះ កាលពិចារណា​ធម៌ដោយ​ប្រពៃ តាមកាល​គួរ ត្រង់ពាក្យថា តាមកាលគួរ គឺ​កាលបើ​ចិត្តរាយមាយ នេះជា​កាលគួរ​ដល់សមថៈ កាលបើ​ចិត្តតាំង​មាំ នេះជា​កាលគួរ​ដល់​វិបស្សនា។

ព្រះយោគី ជាអ្នកឈ្លាសវៃក្នុងកាល តែងផ្គង​ចិត្តក្នុង​កាលគួរ មួយទៀត តែង​សង្កត់​សង្កិន​ចិត្ត ក្នុងកាល​ដទៃ តែង​ពង្រីក​ពង្រាយចិត្ត​ក្នុង​កាលគួរ តែងតាំង​ចិត្តឲ្យមាំ ក្នុង​កាលគួរ តែងព្រងើយ​កន្តើយ​ក្នុងកាលគួរ ការគួរ​ផ្គង (ចិត្ត) ក្នុងកាល​ដូចម្តេច ការគួរ​សង្កត់​សង្កិន (ចិត្ត) ក្នុងកាល​ដូចម្តេច កាលជា​ទីពង្រីក​ពង្រាយ (ចិត្ត) ក្នុង​កាល​ដូចម្តេច កាលជាទី​ធ្វើនូវ​សមថៈ តើដូចម្តេច ព្រះមានព្រះភាគ សំដែង​នូវកាល​គួរ​ដល់ការ​ព្រងើយ​នៃចិត្ត​របស់​ព្រះយោគី ដោយ​ប្រការ​ដូចម្តេច ការគួរផ្គង​ក្នុង​កាល​​ចិត្តរួញរា ការគួរ​សង្កត់​សង្កិន ក្នុងកាល​ចិត្តរាយមាយ ព្រះយោគី​គួរពង្រីក​ពង្រាយ​ចិត្ត ដែលគ្មាន​សេចក្តី​រីករាយ​ក្នុងខណៈ​នោះឯង កាលណា​ចិត្តរីករាយ មិន​រួញរា មិនរវើរវាយ កាលនោះ ជាកាល​គួរដល់​សមថៈ ព្រះយោគី​គួរធ្វើ​ចិត្តឲ្យ​រីករាយ​ខាងក្នុង កាលណា​ចិត្តតាំង​មាំដោយ​ឧបាយនុ៎ះ​យ៉ាងនេះ កាល​នោះ ព្រះយោគី​គួរធ្វើចិត្ត​ដែល​តាំងមាំ ឲ្យព្រងើយ​កន្តើយ ដោយប្រាជ្ញា អ្នកប្រាជ្ញ​ជាអ្នក​ដឹងកាល ស្គាល់កាល ឈ្លាសវៃ​ក្នុងកាល គួរកំណត់​នូវនិមិត្ត​នៃចិត្ត​សព្វកាល យ៉ាងនេះ។

ពាក្យថា ភិក្ខុនោះកាលពិចារណាធម៌ដោយប្រពៃ តាមកាលគួរ បាន​សេចក្តីថា ពិចារណា​ធម៌ដោយ​ប្រពៃថា សង្ខារ​ទាំងពួង​មិនទៀង ពិចារណា​ធម៌ដោយ​ប្រពៃថា សង្ខារ​ទាំងពួង​ជាទុក្ខ ពិចារណា​ធម៌ដោយ​ប្រពៃថា ធម៌​ទាំងពួង​មិនមែន​ខ្លួន។បេ។ ពិចារណា​ធម៌ដោយ​ប្រពៃថា ធម្មជាត​ណាមួយ មានកិរិយា​កើតជា​ធម្មតា ធម្មជាត​ទាំង​អស់នោះ មាន​កិរិយា​រលត់​ជាធម្មតា ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុនោះ កាល​ពិចារណា​ធម៌ដោយ​ប្រពៃ។

[២៨៩] អធិប្បាយពាក្យថា ព្រះមានព្រះភាគត្រាស់ថា ភិក្ខុនោះ​នឹងជា​អ្នកមាន​ចិត្ត​ខ្ពស់ឯក កំចាត់​បង់នូវ​ងងឹត ត្រង់ពាក្យថា ជាអ្នកមាន​ចិត្តខ្ពស់ឯក គឺមាន​ចិត្តប្រសើរ​តែមួយ មានចិត្ត​មិនរាយមាយ មានចិត្ត​មិនកន្ទះរា ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមាន​ចិត្តខ្ពស់​ឯក។ ពាក្យថា ភិក្ខុនោះ​នឹងកំចាត់​បង់នូវ​ងងឹត គឺនឹង​សម្លាប់ កំចាត់បង់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យ​បាត់បង់ នូវងងឹត​គឺរាគៈ ងងឹត​គឺទោសៈ ងងឹតគឺ​មោហៈ ងងឹត​គឺមានះ ងងឹតគឺទិដ្ឋិ ងងឹត​គឺកិលេស ងងឹត​គឺទុច្ចរិត ធម្មជាត​ជាគ្រឿង​ធ្វើឲ្យ​ងងឹត ធ្វើមិន​ឲ្យមាន​ចក្ខុ ធ្វើមិនឲ្យ​មានញាណ ធ្វើឲ្យ​រលត់ប្រាជ្ញា ជាចំណែក​នៃសេចក្តី​ចង្អៀត​ចង្អល់ មិន​ប្រព្រឹត្តទៅ​ដើម្បី​និព្វាន។ ពាក្យថា ព្រះមានព្រះភាគ គឺជា​ពាក្យពោល​ដោយ​គោរព។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់​កាច់បង់​រាគៈ។ ព្រះមាន​ថា មានព្រះភាគ ព្រោះទ្រង់​កាច់បង់​ទោសៈ។ ព្រះនាមថា មានព្រះភាគ ព្រោះ​ទ្រង់កាច់​បង់មោហៈ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់​កាច់បង់​មានះ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់​កាច់បង់​ទិដ្ឋិ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់​កាច់បង់​បន្លា​គឺកាមគុណ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់​កាច់បង់​កិលេស។ ព្រះនាមថា មាន​ព្រះភាគ ព្រោះទ្រង់​ចែក ញែក រំលែក នូវធម្មរតនៈ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់​ធ្វើនូវ​ទីបំផុត​នៃភព។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់​បានចំរើន​កាយ គឺរូប និងនាម។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់​បានចំរើន​សីល ព្រោះទ្រង់​បានចំរើន​ចិត្ត ព្រោះទ្រង់​បានចំរើន​ប្រាជ្ញា។ មួយទៀត ព្រះនាមថា មាន​ព្រះភាគ ព្រោះ​ព្រះមានបុណ្យ ទ្រង់បាន​គប់រក​ព្រៃតូច និងព្រៃធំ ជា​សេនាសនៈ​ស្ងាត់ មាន​សម្លេងតិច មានការ​គឹកកងតិច ប្រាសចាក​ខ្យល់កាយ​នៃជន គួរដល់​អំពើស្ងាត់​របស់​មនុស្ស សមគួរ​ដល់កិរិយា​ពួនសម្ងំ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះ​ព្រះមាន​បុណ្យ ទ្រង់មាន​ភាគនៃ​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះ​ព្រះមានបុណ្យ​ទ្រង់មាន​ភាគនៃ​អត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត និងអធិប្បញ្ញា មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះ​ព្រះមាន​បុណ្យ ទ្រង់មាន​ភាគនៃ​ឈាន ៤ អប្បមញ្ញា ៤ និង​អរូបសមាបត្តិ ៤។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះ​មានបុណ្យ ទ្រង់​មានភាគ​នៃ​វិមោក្ខ ៨ អភិភាយតនៈ ៨ និង​អនុបុព្វវិហារសមាបត្តិ ៩។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះ​ព្រះមាន​បុណ្យ ទ្រង់មាន​ភាគ​នៃ​សញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិសមាធិ និង​អសុភសមាបត្តិ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះ​ព្រះមាន​បុណ្យ ទ្រង់មាន​ភាគ​នៃសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ ៧ និងមគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ។ មួយវិញ​ទៀត ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះព្រះ​មានបុណ្យ ទ្រង់មាន​ភាគ​នៃ​តថាគតពលៈ ១០ វេសារជ្ជញ្ញាណ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ និងពុទ្ធធម៌ ៦។ ព្រះនាមថា ព្រះមានព្រះភាគ នេះ មិនមែន​ព្រះមាតាថ្វាយ មិនមែន​ព្រះបិតាថ្វាយ មិនមែន​បងប្អូន​ប្រុសថ្វាយ មិនមែន​បងប្អូន​ស្រីថ្វាយ មិនមែន​ពួកមិត្ត និងអាមាត្យ​ថ្វាយ មិនមែន​ពួកញាតិ​សាលោហិត​ថ្វាយ មិនមែន​ពួកសមណ​ព្រាហ្មណ៍​ថ្វាយ មិនមែន​ពួកទេវតា​ថ្វាយទេ ឯ​ព្រះនាមថា ព្រះមានព្រះភាគ​នេះ មានក្នុង​ទីបំផុត​នៃវិមោក្ខ​របស់​ព្រះពុទ្ធ​ទាំងឡាយ ទ្រង់មាន​ជោគ ការបញ្ញត្តិ​ថា ព្រះមានព្រះភាគ នេះ (កើត) ដោយការ​ធ្វើឲ្យ​ជាក់ច្បាស់ ព្រមទាំង​ការបាន​នូវ​សព្វញ្ញុតញ្ញាណ ទៀបគល់​ពោធិព្រឹក្ស ហេតុនោះ (ទើបមាន​ពាក្យថា) ព្រះមានព្រះភាគ​ត្រាស់ថា ភិក្ខុនោះ នឹងជា​អ្នកមាន​ចិត្តខ្ពស់ឯក កំចាត់​បង់នូវ​ងងឹត​បាន។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ភិក្ខុមានស្មារតី មានចិត្តផុតស្រឡះល្អ គប្បីបន្ទោបង់​នូវសេចក្តី​ប្រាថ្នា ក្នុង​អារម្មណ៍​ទាំងនុ៎ះ​ចេញ ភិក្ខុនោះ កាល​ពិចារណា​ធម៌​ដោយប្រពៃ តាមកាលគួរ ភិក្ខុនោះ នឹង​ជាអ្នក​មានចិត្ត​ខ្ពស់ឯក កំចាត់បង់​នូវងងឹត​បាន ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ។

ចប់ សារីបុត្តសុត្តនិទ្ទេស ទី១៦ ។

ចប់ សុត្តនិទ្ទេសទាំង ១៦ ក្នុងអដ្ឋកវគ្គ។

ចប់ ភាគ ៦៦។

សូមអនុមោទនា !!!

Oben-pfeil