ខុទ្ទកនិកាយ ចូឡនិទ្ទេស

បឋមភាគ
ភាគទី៦៧

សូមនមស្ការ ចំពោះព្រះអរហន្ត សម្មាសម្ពុទ្ធព្រះអង្គនោះ។

បារាយនវគ្គ

វត្ថុគាថា

[១] ពាវរីព្រាហ្មណ៍ អ្នកដល់ត្រើយនៃមន្ត បា្រថ្នាសេចក្តី​មិនមាន​កង្វល់ ចេញ​ចាក​បុរី​ជាទីរីករាយ​នៃពួក​អ្នកដែន​កោសល ទៅកាន់​ទក្ខិណាបថ​ជនបទ។

[២] គាត់អាស្រ័យនៅទៀបច្រាំងស្ទឹងគោធាវរី ក្នុងទីព្រំដែន​អស្សកៈ និងមុឡកៈ (ចិញ្ចឹម​ជីវិត) ដោយការ​សែ្វងរក​មើម និងផលាផល។

[៣] សុ្រកអាស្រ័យជិតស្ទឹងគោធាវរីនោះ ជាស្រុកសម្បូរ ព្រាហ្មណ៍​ក៏បាន​បរិច្ចាគ​មហាយ័ញ្ញ ដោយសួយ​ដែលកើត​អំពីស្រុក​នោះ។

[៤] លុះពាវរីព្រាហ្មណ៍បរិច្ចាគមហាយ័ញ្ញ​រួចហើយ ក៏ចូល​មកកាន់​អាស្រមវិញ កាលគាត់​ត្រឡប់​ចូលមក​ហើយ ព្រាហ្មណ៍ដទៃ​បានមក​ដល់ដែរ។

[៥] ព្រាហ្មណ៍នោះ មានជើងងឡើង សស្លក់សស្លើត មានធេ្មញ​ពណ៌ភក់ ក្បាល​ប្រឡាក់​ធូលី ចូល​មករក​ពាវរីព្រាហ្មណ៍​នោះ ហើយសូម​ទ្រព្យ ចំនួន ៥០០។

[៦] ពាវរីព្រាហ្មណ៍​ លុះឃើញព្រាហ្មណ៍​យាចក​នោះហើយ ក៏អញ្ជើញ​ដោយ​អាសនៈ ហើយ​សាកសួរ​សេចក្តី​សប្បាយ​ស្រួល ទើបពោល​នូវពាក្យ​នេះថា

[៧] ទេយ្យធម៌ណា ដែលខ្ញុំគប្បីឲ្យ ទេយ្យធម៌​ទាំងអស់​នោះ ខ្ញុំបរិច្ចាគ​អស់រលីង​ហើយ ម្នាល​ព្រាហ្មណ៍ អ្នកចូរ​អនុញ្ញាត​ដល់ខ្ញុំ​ផងចុះ ​ខ្ញុំមិនមាន​ទ្រព្យ​ ៥០០ ទេ។

[៨] (ព្រាហ្មណ៍យាចកពោលថា) អ្នកដ៏ចំរើន កាលបើខ្ញុំសូម ប្រសិនបើ​អ្នកដ៏​ចំរើន​មិនឲ្យ សូមឲ្យ​ក្បាលអ្នក​បែកជា ៧ ភាគ ក្នងថ្ងៃ​ជាគំរប់ ៧។

[៩] ព្រាហ្មណ៍អ្នកកុហកនោះ បានក្លែងក្លាយ ពោលពាក្យ​គួរខ្លាច ពាវរីព្រាហ្មណ៍ បាន​ឮពាក្យ​នៃព្រាហ្មណ៍​នោះហើយ ក៏កើតទុក្ខ។

[១០] គាត់អត់អាហារ ដោតដោយសរ​ គឺសោក ក្រៀមក្រំ​ មួយទៀត កាល​ព្រាហ្មណ៍​មានចិត្ត​យ៉ាងនេះ​ហើយ ចិត្តក៏​មិនរីករាយ​ក្នុងការ​លះបង់ [បានដល់​ចិត្ត​ដែលមិន​រីករាយ ក្នុងការ​ចំរើន​ឈាន។ អដ្ឋកថា។]។

[១១] ទេវតាអ្នកប្រាថ្នាប្រយោជន៍ បានឃើញ​ពាវរីព្រាហ្មណ៍​កំពុង​មានសេចក្តី​តក់ស្លុត កើតទុក្ខ ទើបចូល​ទៅរក​ពាវរីព្រាហ្មណ៍ ហើយពោល​ពាក្យនេះថា

[១២] (ព្រាហ្មណ៍នោះ) មិនដឹងប្រាកដ​នូវអំបែងក្បាល ព្រាហ្មណ៍​នោះ ជាអ្នក​កុហក ប្រាថ្នាទ្រព្យ ញាណ​សម្រាប់​ដឹងនូវ​ក្បាល ឬធម៌​ធើ្វក្បាល​ឲ្យធ្លាក់ចុះ​របស់គាត់​នោះ មិនមាន​ទេ។

[១៣] (ពាវរីព្រាហ្មណ៍សួរថា) នរណា អាចដឹង​នូវក្បាល ដឹងធម៌​ធើ្វក្បាល​ឲ្យធ្លាក់​ចុះ ខ្ញុំសួរហើយ អ្នកចូរ​ប្រាប់ដំណើរ​នោះដល់​ខ្ញុំ ខ្ញុំនឹងស្តាប់​ពាក្យរបស់​អ្នកនោះ។

[១៤] (ទេវតាតបថា) ខ្ញុំក៏មិនដឹងដំណើរនោះដែរ ការដឹងក្នុង​ដំណើរនុ៎ះ​របស់​ខ្ញុំ មិនមាន​ទេ លុះតែ​ព្រះជិនៈ ទើបទ្រង់​ជ្រាបនូវ​ក្បាល និងធម៌​ធើ្វក្បាល​ឲ្យធ្លាក់ចុះ។

[១៥] (ពាវរីព្រាហ្មណ៍សួរថា) លើប្រថពីមណ្ឌលនេះ តើនរណា ទើបដឹង​នូវក្បាល និង​ធម៌ធើ្វក្បាល​ឲ្យធ្លាក់ចុះ មា្នលទេវតា អ្នកចូរ​ប្រាប់បុគ្គល​អ្នកដឹង​នោះ ដល់ខ្ញុំ។

[១៦] (ទេវតាតបថា) ព្រះលោកនាយក ជាពូជពង្ស​របស់​ព្រះបាទ​ឱក្កាកៈ​ ជា​សក្យបុត្រ ជាអ្នក​ធើ្វនូវ​ពន្លឺ ព្រះអង្គ​សេ្តចចេញ​ចាក​កបិលវត្ថុបុរី (ទ្រង់​ព្រះផ្នួស)។

[១៧] ម្នាលព្រាហ្មណ៍ ព្រះលោកនាយកនោះ ជាអ្នក​ត្រាស់ដឹង ដល់នូវ​ត្រើយ​នៃធម៌​ទាំងពួង ទ្រង់ដល់​ហើយនូវ​អភិញ្ញា និងពលៈ​សព្វគ្រប់ ប្រកបដោយ​សមន្តចក្ខុ​ ក្នុង​ធម៌​ទាំងពួង ទ្រង់ដល់​នូវធម៌​ទាំងពួង ជា​ទីអស់​កិលេស ទ្រង់ផុត​វិសេស​ហើយ និមិត្ត​ធម៌ជា​ទីក្ស័យ​នៃឧបធិ។

[១៨] ព្រះមានព្រះភាគអង្គនោះ ទ្រង់ជាព្រះពុទ្ធ​ក្នុងលោក មានបញ្ញាចក្ខុ តែង​សំដែង​ធម៌ អ្នកចូរ​ទៅក្រាប​ទូលសួរ​ព្រះសម្ពុទ្ធ​អង្គនោះ​ចុះ ទ្រង់នឹង​ព្យាករ​នូវធម៌​នោះ ដល់អ្នក។

[១៩] ពាវរីព្រាហ្មណ៍ ឮពាក្យថា សម្ពុទ្ធ ដូច្នេះហើយ ក៏មានចិត្ត​អណែ្តត​ឡើង មាន​សោកស្រាល ទាំងបាន​បីតិដ៏ខ្លាំងក្លា។

[២០] ពាវរីព្រាហ្មណ៍នោះ មានចិត្តត្រេកអរ មានចិត្ត​អណែ្តតឡើង មានចិត្ត​រីករាយ សួរទេវតា​នោះថា ព្រះលោកនាថ​ ទ្រង់គង់នៅ​ក្នុងស្រុកណា និគមណា ឬក្នុង​ជនបទ​ណា យើងនឹង​ទៅនមស្ការ​ព្រះសម្ពុទ្ធ​ដ៏ឧត្តម​ជាងសត្វ​ជើងពីរ​នោះ​ក្នុងទីណា។

[២១] (ទេវតាតបថា) ព្រះជិនៈ ទ្រង់សម្រេចសម្រាន្ត​ព្រះឥរិយាបថ​ក្នុង​កោសលមន្ទីរ ជិត​ក្រុង​សាវត្ថី ទ្រង់មាន​បញ្ញាច្រើន មានបញ្ញា​ដូចផែនដី​ដ៏ប្រសើរ ព្រះអង្គ​ជាសក្យបុត្រ​ ទ្រង់មិន​មានធុរៈ មិនមាន​អាសវៈ ជាឧត្តម​បុរស ប្រសើរ​ជាងជន ជ្រាប​ច្បាស់នូវ​ក្បាល និង​ធម៌ធើ្វ​ក្បាល​ឲ្យធ្លាក់ចុះ។

[២២] លំដាប់នោះ ពាវរីព្រាហ្មណ៍ ហៅពួកព្រាហ្មណ៍​ជាសិស្ស​អ្នកដល់​នូវត្រើយ​នៃ​មន្ត​ថា ម្នាល​មាណព​ទាំងឡាយ អ្នកទាំង​ឡាយ​ចូរមក យើងនឹង​ប្រាប់ អ្នកទាំង​ឡាយចូរ​ស្តាប់​ពាក្យរបស់​យើង។

[២៣] ការកើតប្រាកដរឿយ ៗ ក្នុងលោក នៃព្រះសម្ពុទ្ធ​អង្គណា ដែល​រកកម្របាន ថ្ងៃនេះ ​ព្រះសម្ពុទ្ធ​ជាម្ចាស់​អង្គនោះ ទ្រង់កើត​ហើយក្នុង​លោក គេដឹង​ឮល្បីល្បាញ​ប្រាកដ​ថា ព្រះអង្គ​ត្រាស់ដឹង​ឯង អ្នកទាំងឡាយ ចូរប្រញាប់​ទៅកាន់​ក្រុងសាវត្ថី គាល់​ព្រះអង្គ ទ្រង់​ឧត្តមជាង​សត្វជើងពីរ​នោះ។

[២៤] (ព្រាហ្មណ៍ជាសិស្សច្បងសួរថា) បពិត្រព្រាហ្មណ៍ ធើ្វម្តេច​យើងទាំងឡាយ ឃើញ​ហើយ ទើបស្គាល់​ថាជាព្រះពុទ្ធ សូមលោក​ប្រាប់ឧបាយ​ជាហេតុ​ឲ្យយើង​ស្គាល់​នូវ​ព្រះសម្ពុទ្ធ​នោះ ដល់យើង​ទាំងឡាយ​ដែលមិន​ធ្លាប់ស្គាល់។

[២៥] (ពាវរីព្រាហ្មណ៍តបថា) មហាបុរិសលក្ខណៈ​ទាំងឡាយ ៣២ ប្រការ មានមក​ក្នុងមន្ត​ទាំងឡាយ (ដែល​ពួក​ព្រាហ្មណាចារ្យ) ព្យាករ​គ្រប់គ្រាន់​ហើយ តាមលំដាប់។

[២៦] មហាបុរិសលក្ខណៈ​ទាំងនុ៎ះ រមែងមាន​ក្នុងកាយ​របស់​មហាបុរស​ណា មហា​បុរសនោះ មានគតិ​ទៀងតែ ២ មិនមាន​គតិ​ទៅជា​គំរប់បីទេ។

[២៧] បើមហាបុរសនោះ នៅគ្រប់គ្រងផ្ទះ គប្បីឈ្នះប្រថពី​មណ្ឌល​នេះ ដោយមិន​មាន​ប្រើអាជ្ញា សស្រ្តាវុធ ទាំងគ្រប់​គ្រងតាម​ច្បាប់។

[២៨] ប្រសិនបើមហាបុរសនោះ (ចេញ) ចាកផ្ទះ ហើយ​បួសក្នុង​ភេទនៃ​បុគ្គល​មិនមានផ្ទះ​ នឹងបាន​ជាព្រះពុទ្ធ មានដម្បូល​គឺកិលេស​បើកហើយ ជាអរហន្ត ឥតមាន​បុគ្គល​ដទៃប្រសើរ​ដូច។

[២៩] អ្នកទាំងឡាយ ចូរសួរនូវជាតិ គោត្ត លក្ខណៈ មន្ត នឹងសិស្ស​ទាំងឡាយ​ដទៃ​ទៀតផង នូវក្បាល និងធម៌​ធើ្វក្បាល​ឲ្យធ្លាក់​ចុះផង ដោយចិត្ត​តែម្យ៉ាង។

[៣០] ប្រសិនបើព្រះអង្គជាព្រះពុទ្ធ មានកិរិយា​ឃើញ ឥតមាន​អ្វីទើស​ទាល់ កាលបើ​អ្នក​ទាំងឡាយ​សួរប្រស្នា​ដោយចិត្ត​ហើយ ទ្រង់នឹង​វិសជ្ជនា​ដោយវាចា។

[៣១] លុះស្តាប់ពាក្យពាវរីព្រាហ្មណ៍ហើយ ព្រាហ្មណ៍​ជាសិស្ស ១៦ នាក់គឺ អជិតៈ ១ តិស្សមេត្តេយ្យៈ ១ បុណ្ណកៈ ១ មេត្តគូ ១ ធោតកៈ ១ ឧបសីវៈ ១ នន្ទៈ ១ ហេមកៈ ១ តោទេយ្យៈ ១ កប្បៈ ១ ជតុកណ្ណីបណ្ឌិត ១ ភទ្រាវុធ ១ ឧទយៈ ១ បោសាលព្រាហ្មណ៍ ១ មោឃរាជមេធាវី ១ បិង្គិយមហាឫសី ១។

[៣២] អ្នកទាំងអស់គ្នា ជាគណាចារ្យមួយ ៗ ល្បីទួទៅ​ពេញ​លោកថា ជាអ្នកមាន​ឈាន ត្រេកអរ​ក្នុងឈាន ជាអ្នកប្រាជ្ញ សឹងមាន​វាសនា​អប់រំ​មកហើយ ក្នុង​បុព្វជាតិ។

[៣៣] (ព្រាហ្មណ៍ទាំងនោះ) ក៏ក្រាបអភិវាទ ធ្វើប្រទក្សិណ​នូវពាវរី​ព្រាហ្មណ៍​នោះ ទាំង​អស់គ្នា ជាអ្នក​មានជដា ទ្រទ្រង់​អជិនចម្មាភរណៈ មានមុខ​ឆ្ពោះទៅ​កាន់​ឧត្តរទិស ដើរ​ចេញទៅ។

[៣៤] ក្នុងកាលនោះ តាបសទាំងនោះ ទៅកាន់​ក្រុងឈ្មោះ​មហិស្សតី ជាទី​ប្រតិស្ឋាន​នៃដែន​មុឡកៈ ១ ក្រុង​ឧជេ្ជនី ១ ក្រុង​គោនទ្ធៈ ១ ព្រៃវេទិសៈ ១ ក្រុង​កោសម្ពី ១ ក្រុង​សាកេត ១ ក្រុង​សាវត្ថីដ៏​ឧត្តម ១ ក្រុង​សេតព្យៈ ១ ក្រុង​កបិលវត្ថុ ១ ក្រុង​កុសិនារា ១ ក្រុង​បាវា ១ ភោគនគរ ១ ក្រុង​វេសាលី ១ ក្រុងក្នុង​ដែនមគធៈ ១ និង​បាសាណកចេតិយស្ថាន​ជាទីត្រេកអរ​រីករាយចិត្ត ១។

[៣៥] (ពួកព្រាហ្មណ៍ទាំងនោះ) នាំគ្នាឡើងកាន់ភ្នំ​ប្រញាប់ប្រញាល់ ដូចជា​បុគ្គល​ស្រេក បានទឹក​ត្រជាក់ ដូចជា​ពាណិជ​បានលាភ​ធំ ឬ​ដូចជា​បុគ្គល​ដែលត្រូវក្តៅ បានម្លប់។

[៣៦] សម័យនោះ ព្រះមានព្រះភាគ មានភិក្ខុសង្ឃ​ចោមរោម កំពុង​សំដែងធម៌​ដល់ពួក​ភិក្ខុ ដូចសីហៈ​កំពុងបន្លឺ​ក្នុងព្រៃ។

[៣៧] អជិតមាណព បានឃើញព្រះសម្ពុទ្ធ ហាក់ដូច​ព្រះអាទិត្យ​កំពុងផ្សាយ​ចេញនូវ​រស្មី ពុំ​នោះសោត ដូចព្រះចន្ទ​ពេញវង់ រះឡើង​ក្នុងថ្ងៃ​ពេញបូណ៌មី។

[៣៨] លុះអជិតមាណព ឃើញព្រះកាយ​របស់ព្រះសម្ពុទ្ធ​ដ៏បរិបូណ៌​ដោយ​ព្យញ្ជនៈ ក៏​មានចិត្ត​រីករាយ ឋិតនៅ​ក្នុងទីសមគួរ ហើយ​សួរបញ្ហា​ដោយចិត្ត​នឹកថា

[៣៩] សូមព្រះអង្គ ទ្រង់សំដែងអាង​នូវចំណាស់ សំដែង​នូវគោត្ត ព្រមទាំង​លក្ខណៈ សំដែង​នូវសេចក្តី​សម្រេច​ក្នុងមន្ត​ទាំងឡាយ តើព្រាហ្មណ៍ (ជា​អាចារ្យ​របស់ខ្ញុំ​ព្រះអង្គ) បង្រៀន​សិស្ស​ប៉ុន្មាន។

[៤០] (ព្រះមានព្រះភាគត្រាស់ថា) ព្រាហ្មណ៍​ជាអាចារ្យ​របស់អ្នក​នោះ ឈ្មោះពាវរី​ដោយគោត្ត មាន​អាយុ ១២០ វស្សា កាយរបស់​គាត់មាន​លក្ខណៈ ៣ យ៉ាង អ្នកដល់​នូវត្រើយ​នៃវេទ​ទាំងបី។

[៤១] គាត់បង្រៀនលក្ខណៈ និងឥតិហាសសាស្ត្រ ព្រមទាំង​និឃណ្ឌុសាស្ត្រ និង​កេដុភសាស្រ្ត ដល់សិស្ស ៥០០ នាក់ ដល់នូវ​ការសម្រេច​ក្នុងធម៌​របស់ខ្លួន។

[៤២] (អជិតមាណពទូលសួរថា) បពិត្រព្រះអង្គ​ឧត្តម​ជាងជន ជាអ្នក​ផ្ដាច់បង់​នូវ​តណ្ហា សូមព្រះអង្គ​ជ្រើសរើស​លក្ខណៈ​ទាំងឡាយ របស់​ពាវរីព្រាហ្មណ៍ ហើយ​ប្រកាស កុំឲ្យ​យើងខ្ញុំ​សង្ស័យ​ឡើយ។

[៤៣] (ព្រះមានព្រះភាគត្រាស់ថា) ពាវរីព្រាហ្មណ៍​បិទបាំងមុខ​ដោយជិវ្ហា​បាន មាន​ឧណ្ណាលោម​ត្រង់ចន្លោះ​ចិញ្ចើម មាន​វត្ថុគុយ្ហៈ​នៅក្នុងស្រោម ម្នាល​មាណព អ្នកចូរ​ដឹងយ៉ាង​នេះចុះ។

[៤៤] ពួកជនទាំងពួង មិនឮនូវការសួរនីមួយ​សោះ លុះឮ​បញ្ហាដែល​ព្រះមានព្រះភាគ​ព្យាករ​ហើយ​ ក៏កើត​សេចក្តី​រីករាយ ប្រណម្យ​អញ្ជលី​គិតផេ្សងៗ ថា

[៤៥] នរណាហ្ន៎ ជាទេវតា ឬ​ជាព្រហ្ម ឬជាព្រះឥន្ទ​ឈ្មោះ​សុជម្បតិ កាលបើគេ​សួរ​ប្រស្នា​ដោយចិត្ត ម្តេចក៏ទ្រង់​ឆ្លើយតប​ប្រស្នា​នោះបាន។

[៤៦] (អជិតមាណព ទូលសួរដោយចិត្តតទៅទៀតថា) បពិត្រ​ព្រះមានព្រះភាគ​ ពាវរី​ពា្រហ្មណ៍​សួរនូវក្បាល និងធម៌​ធើ្វក្បាល​ឲ្យធ្លាក់ចុះ សូមព្រះអង្គ​ព្យាករ​ប្រស្នា​នោះ បពិត្រ​ព្រះអង្គ​ជាឥសី សូមព្រះអង្គ​កំចាត់បង់​នូវ​កង្ខា​របស់យើង​ទាំងឡាយ។

[៤៧] (ព្រះមានព្រះភាគត្រាស់ថា) អ្នកចូរដឹងថា អវិជ្ជា ជាក្បាល វិជ្ជាដែល​ប្រកប​ដោយសទ្ធា សតិ សមាធិ ឆន្ទៈ​ វីរិយៈ ជាធម៌​ធ្វើក្បាល​ឲ្យធ្លាក់ចុះ។

[៤៨] លំដាប់នោះ (អជិតមាណព) មានបីតិ​មានកម្លាំង​ក្លាខ្លាំង​កើតហើយ ទើបធ្វើ​អជិនចម្មាភរណៈ ឆៀងស្មាម្ខាង ក្រាបទៀប​ព្រះបាទ​ដោយសិរសា ទូលថា។

[៤៩] បពិត្រព្រះអង្គទ្រង់និរទុក្ខមានចក្ខុ ពាវរីព្រាហ្មណ៍ ព្រមទាំងពួក​សិស្ស មាន​ចិត្ត​រីករាយ សោមនស្ស ថ្វាយបង្គំ​ព្រះបាទ​នៃព្រះអង្គ​ដ៏ចំរើន។

[៥០] (ព្រះមានព្រះភាគ ត្រាស់តបថា) ពាវរីព្រាហ្មណ៍ ព្រមទាំង​ពួកសិស្ស ចូរ​បានសុខ ម្នាល​មាណព ទាំងអ្នក​ក៏ចូរបាន​សុខ ចូរមាន​ជន្មាយុ​យឺនយូរ។

[៥១] អ្នកទាំងឡាយ តថាគតបើកឱកាសឲ្យហើយ ប្រាថ្នាក្នុងចិត្ត (ដើម្បីសួរ) នូវប្រស្នា​ណាមួយ ចូរសួរ​មកចុះ ដើម្បី​កំចាត់បង់​សេចកី្ត​សង្ស័យ​គ្រប់ប្រការ របស់ពាវរីព្រាហ្មណ៍​ផង របស់អ្នក​ផង ទាំងអស់គ្នា។

[៥២] អជិតមាណព ដែលព្រះសម្ពុទ្ធទ្រង់បើកឱកាសឲ្យហើយ​ ក៏អង្គុយ​ប្រណម្យ​អញ្ជលី សួរប្រស្នា​ជាបឋម ចំពោះ​ព្រះតថាគត ក្នុង​បាសាណកចេតិយ​នោះ។

ចប់ វត្ថុគាថា។

អជិតមាណវកប្បញ្ហានិទ្ទេស ទី១

[៥៣] (អជិតមាណពមានអាយុ សួរដូច្នេះថា) លោកត្រូវអី្វ​បិទបាំង លោក​មិន​ភ្លឺស្វាង​ព្រោះហេតុអ្វី សូម​ព្រះអង្គ​ត្រាស់ប្រាប់​នូវធម៌​អី្វ ថាជាគ្រឿង​លាប​លោក​នោះ អី្វជា​ភ័យ​ធំ​របស់លោក​នោះ។

[៥៤] ពាក្យថា លោកត្រូវអី្វបិទបាំង សេចកី្តថា និរយលោក តិរច្ឆានលោក បិត្តិវិសយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក លោកនេះ លោក​ខាងមុខ ព្រហ្មលោក ព្រមទាំង​ទេវលោក នេះហៅថា លោក។ លោកនេះ​ត្រូវអ្វី​បិទបាំង បិទ​ទាំងខាង​ក្រោម បិទទាំង​ខាងលើ បិទភ្ជិត គ្រប ហេតុនោះ (លោក​សួរថា) លោក ត្រូវអ្វី​បិទបាំង។

[៥៥] ពាក្យថា ដូច្នេះ នៃពាក្យថា អជិតៈ​មានអាយុ​សួរដូច្នេះ គឺជា​ពាក្យតបទ ជា​ពាក្យ​ភ្ជាប់បទ ជាពាក្យ​បំពេញបទ ជាទី​ប្រជុំនៃ​អក្ខរៈ ជាសេចក្តី​ពីរោះ​ដោយ​ព្យញ្ជនៈ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់​នៃបទ។ ពាក្យថា មានអាយុ គឺពាក្យជាទី​ស្រឡាញ់ ជាពាក្យ​គោរព ពាក្យថា មានអាយុនុ៎ះ ជាពាក្យ​ពោលដោយ​គោរព​កោតក្រែង។ ពាក្យថា អជិតៈ គឺជានាម ជា​សង្ខា ជាឈ្មោះ ជាបញ្ញត្តិ ជាវោហារ ជានាម ជានាមកម្ម ជា​នាមធេយ្យ ជាភាសា ជា​ព្យញ្ជនៈ ជា​ពាក្យហៅ​របស់ព្រាហ្មណ៍​នោះ ហេតុនោះ មាន​ពាក្យថា អជិតមាណព​មានអាយុ​សួរដូច្នេះ។

[៥៦] ពាក្យថា លោកមិនភ្លឺស្វាងព្រោះហេតុអ្វី គឺលោកមិនភ្លឺស្វាង មិនមានរស្មី មិន​មាន​ពន្លឺ មិនរុងរឿង មិនយល់​ច្បាស់ មិនប្រាកដ ព្រោះហេតុអ្វី ហេតុនោះ លោកសួរថា លោក​មិនភ្លឺ​ស្វាង​ព្រោះហេតុ​អ្វី។

[៥៧] ពាក្យថា សូមព្រះអង្គត្រាស់ប្រាប់​នូវធម៌អ្វី​ជាគ្រឿងលាប​លោកនោះ គឺ​អ្វីជា​គ្រឿងលាប ជាគ្រឿង​ចំពាក់ ជាគ្រឿងចង ជាឧបក្កិលេស​របស់លោកនោះ លោកត្រូវ​អ្វីលាប​ស្រឡាប​ធើ្វឲ្យ​សៅហ្មង​ ឲ្យសៅហ្មងព្រម ឲ្យប្រឡាក់ ឲ្យច្រឡំព្រម ឲ្យជាប់ ឲ្យចំពាក់ ឲ្យជាប់ស្អិត សូមព្រះអង្គ​ត្រាស់ប្រាប់ សំដែង បញ្ញាត្ត តាំងទុក បើក ចែក រំលែក ធើ្វឲ្យងាយ ប្រកាស ហេតុនោះ សូមព្រះអង្គ​ត្រាស់ប្រាប់​នូវអ្វី​ជាគ្រឿង​លាប​លោកនោះ។

[៥៨] ពាក្យថា អ្វីជាភ័យធំរបស់លោកនោះ គឺអ្វីជា​ភ័យធំ ជា​គ្រឿង​បៀតបៀន ជា​គ្រឿង​គាប ជាឧបទ្រព ជា​ឧបស័គ្គ​របស់​លោកនោះ ហេតុនោះ លោក​សួរថា អ្វីជា​ភ័យធំ​របស់​លោកនោះ។ ហេតុនោះ ព្រាហ្មណ៍នោះ​ពោលហើយ​ថា

លោក ត្រូវអ្វីបិទបាំង លោក​មិនភ្លឺស្វាង ព្រោះហេតុអ្វី សូមព្រះអង្គ​ត្រាស់​ប្រាប់នូវ​ធម៌អ្វី​ជាគ្រឿងលាប​លោកនោះ អ្វីជា​ភ័យធំ​របស់​លោកនោះ។

[៥៩] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអជិតៈ) លោកត្រូវ​អវិជ្ជា​បិទបាំង លោក​មិន​ភ្លឺស្វាង​ព្រោះសេចក្តី​ប្រាថ្នា​ផ្សេងៗ (និង​សេចក្តី​ប្រហែស) តថាគត​ពោល​នូវសេចក្តី​ប្រាថ្នា ថាជា​គ្រឿងលាប ទុក្ខជា​ភ័យធំ​របស់​លោកនោះ។

[៦០] អធិប្បាយពាក្យថា លោក ត្រូវអវិជ្ជាបិទបាំង ត្រង់ពាក្យថា អវិជ្ជា បានន័យថា សេចក្តី​មិនដឹង​ក្នុងទុក្ខ សេចក្តី​មិនដឹង​ក្នុងតណ្ហា​ជាហេតុ​ឲ្យកើតទុក្ខ សេចក្តី​មិនដឹង​ក្នុង​កិរិយា​រលត់ទុក្ខ សេចក្តី​មិនដឹង​ក្នុង​បដិបទា​ជាដំណើរ​ទៅកាន់​ទីរលត់ទុក្ខ សេចក្តី​មិនដឹង​ក្នុងទី​បំផុត​ខាងដើម សេចក្តី​មិនដឹង​ក្នុងទី​បំផុតខាង​ចុង សេចក្តី​មិនដឹង​ក្នុងទី​បំផុតខាង​ដើម និងទី​បំផុត​ខាងចុង សេចក្តី​មិនដឹង​ក្នុងធម៌​ដែលកើត​ឡើងហើយ អាស្រ័យ​ធម៌នេះ​ជាបច្ច័យ កិរិយា​មិនដឹង ការមិនឃើញ ការមិន​ត្រាស់ដឹង ការមិន​ត្រាស់ដឹង​តាម ការ​មិន​ត្រាស់ដឹង​ព្រម ការ​មិនចាក់ធ្លុះ ការមិន​ចុះចិត្ត ការមិន​ចុះចិត្តស៊ប់ ការមិន​មានការ​រំពៃ ការមិនមាន​ការពិចារណា ការមិន​មានការ​យល់ច្បាស់ ការយល់​បានដោយ​ក្រ ភាព​ជាពាល ភាពមិន​មានសម្បជញ្ញៈ សេចក្តី​វងេ្វងទួទៅ សេចក្តី​វងេ្វងព្រម ឱឃៈ​គឺអវិជ្ជា យោគៈ​គឺអវិជ្ជា អនុស័យ​គឺអវិជ្ជា ការស្ទាក់​ដំណើរ​គឺអវិជ្ជា បណ្តាញ​គឺអវិជ្ជា មោហៈ អកុសលមូល​ណា មានសភាព​យ៉ាងនេះ នេះហៅថា អវិជ្ជា។ ពាក្យថា លោក គឺ​និរយលោក​ តិរច្ឆានលោក បិត្តិវិស័យលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក លោកនេះ លោក​ខាងមុខ ព្រហ្មលោក ព្រមទាំង​ទេវលោក នេះហៅថា លោក។ លោក ត្រូវអវិជ្ជានេះ​បិទបាំង បិទ បិទខាងក្រោម បិទខាងលើ បិទភ្ជិត គ្រប ហេតុនោះ (ទ្រង់ត្រាស់ថា) លោកត្រូវ​អវិជ្ជាបិទបាំង។

[៦១] ពាក្យថា អជិតៈ គឺព្រះមានព្រះភាគ​​ទ្រង់ត្រាស់​ហៅ​នូវ​ព្រាហ្មណ៍​នោះ​ចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ​​នេះ ជាពាក្យ​ពោលដោយ​គោរព។ មួយទៀត ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះទ្រង់​បំបាក់​បង់រាគៈ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់​បំបាក់បង់​ទោសៈ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់​បំបាក់បង់​មោហៈ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់​បំបាក់បង់​មានះ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះ​ទ្រង់បំបាក់​បង់​ទិដ្ឋិ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់​បំបាក់បង់​បន្លា គឺកាម។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់​បំបាក់បង់​កិលេស។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះ​ទ្រង់​ចែក បែង រំលែក​នូវធម្មរតនៈ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះ​ទ្រង់​ធ្វើ​នូវទី​បំផុត​ភព។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់​មានកាយ​ចំរើន។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់​មានសីល​​ចំរើន ព្រោះ​ទ្រង់មាន​ចិត្តចំរើន ព្រោះទ្រង់មាន​បញ្ញាចំរើន។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះ​ព្រះមាន​បុណ្យ ទ្រង់គប់រក​សេនាសនៈ​ដ៏ស្ងាត់ ដែលតាំង​នៅក្នុង​ព្រៃតូច ព្រៃធំ មិនមាន​សូរសព្ទ មិនមាន​គឹកកង ជាទី​ប្រាសចាក​ខ្យល់ដែល​កើតអំពី​សរីរៈ​នៃមនុស្ស គួរជាទី​កំបាំង​នៃមនុស្ស គួរដល់​កិរិយា​សម្ងំនៅ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះ​មានបុណ្យ ទ្រង់​មានភាគ​នៃចីវរ បិណ្ឌបាត សេនាសេនៈ និងគ្រឿង​បរិក្ខារ គឺថ្នាំ​កែរោគ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះ​​មានបុណ្យ ទ្រង់មាន​ភាគនៃ​អត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត និង​អធិប្បញ្ញា។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះ​ព្រះមាន​បុណ្យ មាន​ភាគនៃឈាន ៤ អប្បមញ្ញា ៤ និង​អរូបសមាបត្តិ ៤ ព្រះនាម​ថា ព្រះមានព្រះភាគ ព្រោះព្រះ​មានបុណ្យ ទ្រង់​មានភាគ​នៃវិមោក្ខ ៨ អភិភាយតនៈ ៨ និង​អនុបុព្វវិហារសមាបត្តិ ៩។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះ​មានបុណ្យ ទ្រង់​មានភាគ​នៃ​សញ្ញាភាវនា ១០ កសិណ​សមាបត្តិ ១០ អានាបានស្សតិសមាធិ និង​អសុភសមាបត្តិ។ ព្រះនាមថា មានព្រះភាគ ព្រោះព្រះ​មានបុណ្យ ទ្រង់​មានភាគ​នៃ​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ និងមគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះ​មានបុណ្យ ទ្រង់​មានភាគ​នៃតថាគតពលៈ ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ និង​ពុទ្ធធម៌ ៦។ ពាក្យថា ព្រះមានព្រះភាគ​នេះ មិនមែន​ព្រះមាតាថ្វាយ មិនមែន​ព្រះបិតា​ថ្វាយ មិនមែន​បងប្អូន​ប្រុសថ្វាយ មិនមែន​បងប្អូន​ស្រីថ្វាយ មិនមែន​មិត្ត និង​អាមាត្យ​ថ្វាយ មិនមែន​ញាតិ​សាលោហិត​ថ្វាយ ​មិនមែន​សមណៈ និង​ព្រាហ្មណ៍​ថ្វាយ មិនមែន​ទេវតា​ទាំងឡាយ​ថ្វាយទេ ពាក្យថា ព្រះមានព្រះភាគ​នុ៎ះ កើតក្នុង​ទីបំផុត​វិមោក្ខ របស់​ព្រះពុទ្ធ​ទាំងឡាយ ទ្រង់​មានភាគ។ បញ្ញាត្តិថា ព្រះមានព្រះភាគនេះ (កើតហើយ) ដោយកិរិយា​ធ្វើឲ្យ​ជាក់ច្បាស់ ព្រមទាំង​ការបាន​ចំពោះ​នូវសព្វញ្ញុតញាណ​ ទៀបគល់​ពោធិព្រឹក្ស ហេតុនោះ ទើបមាន​ពាក្យថា ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​អជិតៈ។

[៦២] ពាក្យថា លោក​មិនភ្លឺស្វាង ព្រោះសេចក្តីបា្រថ្នាផ្សេងៗ​ (និងសេចក្តី​ប្រហែស) អធិប្បាយ​​ថា សេចក្តី​កំណាញ់ ៥ គឺ កំណាញ់អាវាស កំណាញ់ត្រកូល កំណាញ់​លាភ កំណាញ់វណ្ណៈ​ កំណាញ់ធម៌ ហៅថា​សេចក្តីបា្រថ្នា​ផេ្សងៗ។ សេចកី្ត​កំណាញ់ អាការ​នៃសេចកី្ត​កំណាញ់ ភាពនៃ​សេចកី្ត​កំណាញ់ សេចកី្ត​កំណាញ់​ផ្សេងៗ សេចក្តី​កំណាញ់​រឹង ភាពនៃសេចកី្ត​កំណាញ់ក្តៅ​ ភាពនៃចិត្ត​ហួងហែងមាំ​​ណា មានសភាព​យ៉ាងនេះ នេះហៅថា សេចកី្ត​កំណាញ់។ មួយទៀត សេចកី្តកំណាញ់ខន្ធ ហៅថាកំណាញ់ សេចកី្ត​កំណាញ់ធាតុ ហៅថា​​កំណាញ់ សេចក្តីកំណាញ់​អាយតនៈ ហៅថាកំណាញ់ សេចកី្ត​កាន់​ (ក្តាប់ទុក) ហៅថា កំណាញ់។ សេចកី្តប្រហែល ខ្ញុំគប្បីពោល​ដូចតទៅ​នេះ ការ​បណែ្តត​បណ្តោយចិត្ត ការឲ្យ​កម្លាំងដល់​ការបណែ្តត​បណ្តោយចិត្ត ទៅក្នុង​កាយទុច្ចរិត​ក្តី​ ក្នុង​វចីទុច្ចរិត​ក្តី ក្នុង​មនោ​ទុច្ចរិតកី្ត ក្នុងកាមគុណ​​បំា្រកី្ត ឬភាព​នៃការធើ្វ​មិនគោរព ភាពនៃ​កិរិយា​មិនធើ្វ​ព្យាយាម​រឿយៗ ភាពនៃចិត្ត​មិនតាំងនៅមាំ ភាពនៃចិត្ត​ប្រព្រឹត្តរួញរា ភាពនៃ​សេចកី្ត​បា្រថ្នា​ដាក់ចុះ ភាព​នៃ​​ធុរៈ​ដាក់ចុះ ការមិនសេព ការមិន​ចំរើន អំពើ​មិនសន្សំ​រឿយៗ ការមិន​តាំងចិត្ត ការមិន​​ប្រកប​​ព្យាយាម​រឿយៗ សេចកី្ត​ប្រហែស​ក្នុងការចំរើន​នូវកុសលធម៌​ទាំងឡាយ សេចក្តី​ប្រហែស អាការនៃ​សេចកី្ត​ប្រហែស ភាពនៃ​សេចកី្ត​ប្រហែសណា មានសភាព​​យ៉ាងនេះ នេះហៅថា សេចកី្ត​ប្រហែស។​ ពាក្យថា លោក​មិនភ្លឺស្វាង ព្រោះសេចកី្ត​បា្រថ្នាផ្សេងៗ (និង​សេចកី្ត​ប្រហែស) បាន​សេចកី្តថា លោក​មិនភ្លឺស្វាង មិនមានរស្មី មិនមានពន្លឺ មិនរុងរឿង មិនយល់ច្បាស់ មិនបា្រកដ ព្រោះសេចកី្ត​កំណាញ់នេះ ព្រោះសេចកី្ត​ប្រហែសនេះ ហេតុ​នោះ (ទ្រង់ត្រាស់ថា) លោកមិន​ភ្លឺស្វាង ព្រោះសេចកី្ត​បា្រថ្នាផ្សេងៗ (និងសេចកី្ត​ប្រហែស)។

[៦៣] ពាក្យថា តថាគត ពោលនូវសេចកី្តបា្រថ្នាថាជា​គ្រឿងលាប អធិប្បាយថា តណា្ហ លោកហៅថា សេចកី្តប្រាថ្នា បានដល់តម្រេក តម្រេកខ្លាំង សេចក្តី​តេ្រកអរ សេចក្តី​ត្រេកអរ​​ខ្លាំង សេចក្តី​ត្រេកត្រអាល​ សេចក្តី​ត្រេកត្រអាល​ខ្លាំង គឺតម្រេក ចិត្ត​ត្រេកខ្លាំង សេចក្តីប្រាថ្នា សេក្តីជ្រប់ចុះ កិរិយា​លង់ចុះ ចំណង់​ ចំណង់ខ្លាំង ការជាប់​ភក់ ញាប់ញ័រ ការលាក់ពុត ធម្មជាត​ញុំាងសត្វ​ឲ្យកើត គ្រឿងញុំាង​ទុក្ខឲ្យកើត គ្រឿង​ចាក់​ស្រេះ​បណ្តាញ គ្រឿង​ហូរទៅ ធម្មជាត​ដូចពិស ខែ្សតណ្ហា គ្រឿងផ្សព្វ​ផ្សាយ គ្រឿងញុំាង​អាយុ​ឲ្យវិនាស សំឡាញ់ ប្រណិធាន គ្រឿងនាំ​សត្វទៅ​កាន់ភព​ ព្រៃធំ​ ព្រៃតូច សន្ថវៈ ស្នេហា អាល័យ សេចក្តី​ជាប់​ចំពាក់ បំណង សេចកី្ត​ប៉ុនប៉ង​ ភាពនៃ​សេចក្តី​ប៉ុនប៉ង បំណង​រូប បំណង​សម្លេង បំណងក្លិន បំណងរស បំណង​ផ្សព្វ បំណង​លាភ បំណង​ទ្រព្យ បំណង​បុត្រ បំណង​ជីវិត ការជាប់ចិត្ត ការជាប់​ចិត្តខ្លាំង ការជាប់​ចិត្តក្រៃង​លែង អាការ​ជាប់ចិត្ត ភាពនៃការ​ជាប់ចិត្ត សេចក្តី​​លោភលន់ អាការ​លោភលន់ ភាពនៃ​សេចក្តី​លោភលន់ សេចក្តី​ប្រាថ្នា​អន្ទះអន្ទែង​ សេចក្តី​​ប្រាថ្នា​ក្នុងអារម្មណ៍​ស្រួល តម្រេក​ខុសធម៌ លោភ​ខុសទំនង អាល័យ អាការ​អាល័យ ការប្រាថ្នា សេចក្តី​ស្រឡាញ់ ការ​ប្រាថ្នាខ្លាំង​ ចំណង់​កាម ចំណង់ភព ចំណង់​វិភវភព ចំណង់រូប ចំណង់អរូប ចំណង់​និរោធ ចំណង់រូប ចំណង់​សម្លេង ចំណង់​ក្លិន ចំណង់​រស ចំណង​ផ្សព្វ ចំណង់​ធម្មារម្មណ៍ អន្លង់ គ្រឿង​ប្រកប​ គ្រឿងសាំញុំា គ្រឿងប្រកាន់ គ្រឿងរារាំង គ្រឿងហាម​ គ្រឿងប្រក់ គ្រឿងចង គ្រឿងចូល​ទៅឲ្យ​សៅហ្មង គ្រឿងដេកត្រាំ គ្រឿងស្ទាក់​ដំណើរ វល្លិ៍ សេចក្តី​ប្រាថ្នា​ផ្សេង​ៗ ឫសនៃទុក្ខ ហេតុ​នៃទុក្ខ កំណើតទុក្ខ អន្ទាក់មារ​ សន្ទូចមារ វិស័យមារ គោចរ​មារ ចំណងមារ ស្ទឹង គឺតណ្ហា​ បណ្តាញ​គឺតណ្ហា ​ ទន្លីងគឺ​តណ្ហា សមុទ្ទគឺ​តណ្ហា សេចក្តី​សំឡឹង​ លោភ អកុសលមូលណា នេះហៅថា សេចក្តី​ប្រាថ្នា។​ គ្រឿងលាប​ គ្រឿងជាប់ គ្រឿងចង គ្រឿង​ចូលទៅ​ឲ្យសៅហ្មង​របស់លោក លោក​​លាប លាបប្រឡាប សៅហ្មង សៅហ្មងព្រម ប្រឡាក់ ច្រឡំ​ព្រម ជាប់ចំពាក់​ ជាប់ស្អិត​ហើយ ដោយ​សេចក្តី​ប្រាថ្នានេះ។​ តថាគត​ពោល ​ប្រាប់ សំដែង បញ្ញាត្ត តាំងទុក បើក ចែក រំលែក ធើ្វឲ្យងាយ ប្រកាស ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត ពោលនូវ​សេចក្តីប្រាថ្នា ថាជា​​គ្រឿងលាប។

[៦៤] អធិប្បាយពាក្យថា ទុក្ខជាភ័យធំរបស់លោកនោះ ត្រង់ពាក្យថា ទុក្ខ ​គឺ​ទុក្ខព្រោះ​កំណើត ទុក្ខព្រោះ​សេចក្តីចាស់ ទុក្ខព្រោះ​ជម្ងឺ ទុក្ខព្រោះ​សេចក្តីស្លាប់ ទុក្ខ​ព្រោះ​សេចក្តី​សោក សេចក្តី​ខ្សឹកខ្សួល សេចក្តី​លំបាកកាយ សេចក្តី​តូចចិត្ត សេចក្តី​ក្រៀមក្រំ ទុក្ខក្នុង​កំណើតនរក ទុក្ខក្នុង​កំណើត​តិរច្ឆាន ទុក្ខក្នុង​កំណើត​បិត្តិវិស័យ ទុក្ខ​ក្នុង​កំណើត​មនុស្ស ទុក្ខមាន​ការចុះ​កាន់គភ៌ជាមូល ទុក្ខមាន​ការឋិតនៅ​ក្នុងគភ៌​ជាមូល ទុក្ខមាន​កិរិយា​ចេញចាក​គភ៌ជាមូល ទុក្ខជា​ចំណង​របស់សត្វ [បានដល់​សេចក្តី​ទុក្ខដោយ​ការថែទាំ គឺ​ងូតទឹក លាបប្រេង ទំពាស៊ី ហុត ផឹក ជាដើម។ អដ្ឋកថា។] ដែល​កើត​ហើយ ទុក្ខ​ទាក់ទង​ដោយ​បុគ្គល​ដទៃនៃសត្វ​ដែលកើត​ហើយ ទុក្ខកើត​ព្រោះព្យាយាម​របស់ខ្លួន ទុក្ខកើត​ព្រោះ​ព្យាយាម​របស់បុគ្គល​ដទៃ ទុក្ខ គឺ​ទុក្ខវេទនា (ប្រព្រឹត្ត​ទៅក្នុង​កាយ និងចិត្ត) ទុក្ខ​ព្រោះសង្ខារ ទុក្ខព្រោះ​ការផ្លាស់ប្តូរ រោគភែ្នក រោគត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ រោគក្បាល រោគស្លឹកត្រចៀក រោគមាត់ រោគធ្មេញ ក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ ស្គាំងស្គម រោគផ្ទៃ វិលមុខ ធ្លាក់ឈាម ចុកសៀត ចុះរាក ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំណួចពិស រមាស់ កម រោគក្នុង​ទីខ្វារដោយ​ក្រចក កមរលាយ ប្រមាត់ក្រហម ទឹកនោមផ្អែម ឫសដូងដុះ រលកកែវ ឫសដូងបាត អាពាធ​កើតអំពី​ប្រមាត់ អាពាធ​កើតអំពី​សេ្លស្ម អាពាធ​កើតអំពី​ខ្យល់ អាពាធ​កើតអំពី​ការប្រជុំ (ខ្យល់ ប្រមាត់ សេ្លស្ម) អាពាធ​កើតអំពី​ការផ្លាស់ប្តូរ​រដូវ អាពាធ​​កើតអំពី​ការរក្សា​ឥរិយាបថ​មិនសើ្ម អាពាធ​កើតអំពី​ព្យាយាម (មានការសម្លាប់ និងចង​ជាដើម) អាពាធ​កើតអំពី​ផលកម្ម​ត្រជាក់ ក្តៅ សេចក្តីឃ្លាន សេចក្តី​ស្រេក ឧច្ចារៈ បស្សាវៈ ទុក្ខកើត​អំពីសម្ជ័ស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ ការស្លាប់​មាតា ជាទុក្ខ ការស្លាប់​បិតា ជាទុក្ខ ការ​ស្លាប់​បងប្អូន​ប្រុស​ ជាទុក្ខ ការស្លាប់​បងប្អូន​ស្រី ជាទុក្ខ ការស្លាប់​កូនប្រុស ជាទុក្ខ ការ​ស្លាប់កូន​ស្រី ជាទុក្ខ ការព្រាត់ប្រាស​ញាតិ ជាទុក្ខ ការវិនាស​​ភោគៈ ជាទុក្ខ វិនាសគឺរោគ ជាទុក្ខ វិនាស​សីល ជាទុក្ខ វិនាសទិដ្ឋិ ជាទុក្ខ ការកើត​ឡើងនៃធម៌​ទាំងឡាយណា រមែង​ប្រាកដ​ក្នុងខាងដើម ការរលត់ទៅ (នៃធម៌​ទាំងឡាយនោះ) រមែង​ប្រាកដ​ដោយការ​វិនាស វិបាក​អាស្រ័យកម្ម កម្មអាស្រ័យវិបាក រូបអាស្រ័យនាម​ នាមអាស្រ័យរូប ត្រូវ​ជាតិ​ទៅតាម​ហើយ ត្រូវជរា​ផេ្តតផ្តិត​ហើយ ត្រូវព្យាធិ​គ្របសង្កត់​ហើយ ត្រូវមរណៈ​​កំចាត់​ហើយ តាំង​នៅ​ស៊ប់​ក្នុង​សេចក្តី​ទុក្ខ ឥតមាន​ទីពឹង ឥតមាន​ទីជ្រក ឥតមាន​ទីរលឹក ឥតមាន​ទីសង្ឃឹម នេះហៅ​ថាទុក្ខ។ ទុក្ខជា​ភ័យធំ ជាគ្រឿង​បៀតបៀន ជាគឿងគាប ជា​គ្រឿង​ឧបទ្រព ជា​ឧបស័គ្គ​របស់លោក​នោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ទុក្ខជា​ភ័យធំ​របស់​លោកនោះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់​ហើយថា

(ព្រះមានព្រះភាគត្រាស់ថា) ម្នាលអជិតៈ លោក ត្រូវអវិជា្ជបិទបាំង លោកមិន​ភ្លឺស្វាង ​ព្រោះសេចក្តី​បា្រថ្នាផ្សេង ៗ (និង​សេចកី្ត​​​ប្រហែស) តថាគត​ពោល​នូវ​សេចកី្ត​បា្រថ្នាថា ជាគ្រឿងលាប ទុក្ខជា​ភ័យធំ​របស់​លោក​​នោះ។

[៦៥] (អជិតមាណពមានអាយុ ក្រាបបងំ្គទូល​សួរដូច្នេះ​ថា) ខែ្សទាំងឡាយ មែងហូរ​ទៅក្នុង​ទីទាំងពួង អ្វីជាគ្រឿង​រារាំង​នូវខែ្សទាំងឡាយ សូមព្រះអង្គ​ទ្រង់សំដែង​​ធម៌​ជាគ្រឿង​បិទ​ខ្សែទាំងឡាយ បុគ្គលបិទ​ខ្សែទាំងឡាយ​ដោយអ្វី។

[៦៦] អធិប្បាយពាក្យថា ខ្សែទាំងឡាយ រមែងហូរទៅក្នុងទីទាំងពួង​ ត្រង់ពាក្យថា ខ្សែ​ទាំងឡាយ បានដល់​ខ្សែគឺតណា្ហ ខ្សែគឺទិដ្ឋិ ខ្សែគឺ​កិលេស ខ្សែគឺ​ទុច្ចរិត ខ្សែគឺអវិជ្ជា។ ពាក្យថា ក្នុងទី​ទាំងពួង គឺក្នុង​អាយតនៈទាំងពួង។​ ពាក្យថា​ ហូរទៅ សេចកី្តថា ហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅ គឺហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅ អំពី​ភែ្នកទៅ​កាន់រូប ហូរអំពី​ត្រចៀក​ទៅកាន់សមេ្លង ហូរអំពី​ច្រមុះ​ទៅកាន់ក្លិន ហូរអំពី​អណា្តត​ទៅកាន់រស ហូរអំពីកាយ​ទៅកាន់ផ្សព្វ ហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្ត​ទៅ​​អំពីចិត្ត​ទៅកាន់​​ធម្មារម្មណ៍ រូបតណា្ហ ហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅ​អំពីភែ្នក សទ្ទតណ្ហា​ហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅ​អំពី​ត្រចៀក គន្ធតណា្ហ ហូរទៅ​អំពីច្រមុះ រសតណា្ហ ហូរទៅ​អំពីអណ្ដាត ផោដ្ឋព្វតណា្ហ ហូរទៅ​អំពីកាយ ធម្មតណ្ហា ហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅ​អំពីចិត្ត ហេតុនោះ លោកសួរថា ខែ្ស​ទាំង​ឡាយ រមែងហូរទៅ​ក្នុងទី​ទាំងពួង។

[៦៧] ពាក្យថា ដូច្នេះនៃបទថា អជិតៈមានអាយុ (ទូលសួរ) ដូច្នេះ គឺជា​ការតបទ ជាការ​ជាប់ដោយ​បទ ជាការ​បំពេញបទ ជាការ​ប្រជុំ​នៃអក្ខរៈ ជាសេចក្តី​ពីរោះ ដោយ​ព្យញ្ជនៈ ពាក្យ​ថា ដូចេ្នះ​នេះ ជាលំដាប់​នៃបទ។ ពាក្យថា​ មានអាយុ គឺពាក្យ​ជាទី​ស្រលាញ់ ជាពាក្យ​គោរព ពាក្យថា មាន​អាយុនេះ ជាពាក្យ​ពោល​ដោយ​គោរព​កោតក្រែង។ ពាក្យថា អជិតៈ គឺជានាម ជាសង្ខារ ជាឈ្មោះ ជាបញ្ញត្តិ ជាវោហារ ជានាម ជា​នាមកម្ម ជា​នាមធេយ្យ ជាភាសា ជា​ព្យពា្ជនៈ ជាពាក្យហៅ​របស់​ព្រាហ្មណ៍​នោះ ហេតុនោះ មាន​ពាក្យ​ថា អជិតៈ​មានអាយុ (ទូលសួរ) ដូច្នេះ។

[៦៨] ពាក្យថា អ្វីជាគ្រឿងរារាំងនូវខ្សែទាំងឡាយ គឺអ្វីជា​គ្រឿងឃាត់ខាំង ជាគ្រឿង​រារាំង ជាគ្រឿងបិទ ជាគ្រឿង​រក្សា ជាគ្រឿង​គ្រប់គ្រង​នូវខ្សែ​ទាំងឡាយ ហេតុ​នោះ លោក​សួរ​ថា អ្វី​ជាគ្រឿង​រារាំង​នូវខ្សែ​ទាំងឡាយ។

[៦៩] ពាក្យថា សូមព្រះអង្គទ្រង់សំដែងធម៌ជាគ្រឿងបិទខ្សែ​ទាំងឡាយ គឺសូម​ព្រះអង្គ​ពោល បា្រប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធើ្វឲ្យងាយ ប្រកាស​នូវធម៌ ជាគ្រឿង​ឃាត់​ខាំង គ្រឿងរារាំង គ្រឿងបិទ គ្រឿងរក្សា គ្រឿងគ្រប់​គ្រងខ្សែ​ទាំងឡាយ ហេតុនោះ លោក​សួរថា សូមព្រះអង្គ ទ្រង់សំដែង​ធម៌ជា​គ្រឿងបិទខ្សែ​ទាំងឡាយ។

[៧០] ពាក្យថា បុគ្គលបិទខ្សែទាំងឡាយដោយអ្វី គឺខ្សែទាំងឡាយ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរ​សំយុង មិនហូររឿយៗ មិនប្រព្រឹត្ត​ទៅ​ដោយអ្វី​ ហេតុនោះ លោកសួរថា បុគ្គល​បិទខ្សែ​ទាំងឡាយ​ដោយអ្វី។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

ខ្សែទាំងឡាយ រមែងហូរទៅក្នុងទីទាំងពួង អ្វីជាគ្រឿង​រារាំង​នូវខ្សែ​ទាំងឡាយ សូម​ព្រះអង្គ​ទ្រង់សំដែង​ធម៌ ជាគ្រឿង​បិទខ្សែ​ទាំងឡាយ បុគ្គល​បិទខ្សែ​ទាំងឡាយ​ដោយអ្វី។

[៧១] (ព្រះមានព្រះភាគត្រាស់ថា ម្នាលអជិតៈ) ខ្សែទាំងឡាយ​ណា ក្នុងលោក សតិ ជាគ្រឿង​បិទខ្សែ​ទាំងនោះ តថាគត ពោលនូវ​ការបិទខ្សែ​ទាំងឡាយ ខ្សែទាំង​នុ៎ះ បុគ្គល​បិទបាន​ដោយបញ្ញា។

[៧២] ពាក្យថា ខ្សែទាំងឡាយណា ក្នុងលោក សេចកី្តថា ខ្សែទាំងឡាយ​ណា ដែល​តថាគត​ពោល បា្រប់ សំដែង បញ្ញត្ត តាំងទុក ញែក ចែក ធើ្វឲ្យងាយ ប្រកាស​ហើយថា ខ្សែគឺ​តណា្ហ ខ្សែគឺទិដ្ឋិ ខ្សែគឺកិលេស ខ្សែគឺ​ទុច្ចរិត​ ខ្សែគឺ​អវិជ្ជា។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនៈលោក ហេតុនោះ (ទ្រង់​ត្រាស់ថា) ខ្សែទាំងឡាយ​ណា ក្នុងលោក។ ពាក្យថា អជិតៈ គឺ​ព្រះមានព្រះភាគ​ទ្រង់ត្រាស់​ហៅព្រាហ្មណ៍​នោះ​ចំឈោ្មះ។​

[៧៣] ពាក្យថា សតិជាគ្រឿងបិទទាំងនោះ ត្រង់ពាក្យថា សតិ បានដល់​សេចកី្តរឭក សេចកី្ត​រឭករឿយៗ សេចកី្ត​រឭកចំពោះ សេចកី្តរឭក អាការនៃ​សេចកី្តរឭក សេចកី្ត​ចាំ​ សេចកី្ត​ជ្រួតជ្រាប សេចកី្ត​មិនវងេ្វង សេចក្តី​រឭក ឥន្រ្ទិយ​គឺសតិ អង្គនៃ​ធម៌ជាគ្រឿង​ត្រាស់​ដឹង គឺសតិ ផ្លូវជាទី​ទៅនៃបុគ្គល​តែមួយ នេះហៅថា សតិ។ ពាក្យថា ជាគ្រឿងបិទ គឺជា​គ្រឿង​រារាំង ជាគ្រឿងបិទ ជាគ្រឿង​ឃាត់ខាំង ជាគ្រឿង​រក្សា ជាគ្រឿង​គ្រប់គ្រង ហេតុនោះ ទ្រង់ត្រាស់ថា សតិ ជាគ្រឿង​បិទខ្សែ​ទាំងនោះ។

[៧៤] ពាក្យថា តថាគតពោលនូវការបិទខ្សែទាំងឡាយ គឺ​តថាគតពោល បា្រប់ សំដែង បញ្ញត តាំងទុក ញែក ចែក ធើ្វឲ្យងាយ ប្រកាសនូវ​ការរារាំង ឃាត់ខាំង បិទ រក្សា គ្រប់គ្រង​នូវខ្សែ​ទាំងឡាយ ហេតុនោះ ទ្រង់ត្រាស់​ថា តថាគតពោល​នូវការ​បិទខ្សែ​ទាំងឡាយ។

[៧៥] អធិប្បាយពាក្យថា ខ្សែទាំងនុ៎ះ បុគ្គល​បិទបាន​ដោយបញ្ញា ត្រង់ពាក្យថា បញ្ញា បានដល់ ប្រាជ្ញា​ ការដឹងច្បាស់។បេ។ សេចក្តី​មិនវង្វេង ការពិចារណា​ធម៌ សេចក្តី​យល់ត្រូវ។ ពាក្យថា ខ្សែទាំងនុ៎ះ បុគ្គលបិទបាន​ដោយបញ្ហា គឺខែ្សទាំងនោះ បុគ្គលបិទ ដាច់​សូន្យ មិនហូរ​ទៅ មិនហូរសំយុង មិនហូរ​រឿយៗ មិនប្រព្រឹត្តទៅ​ដោយ​បញ្ញា។ ខ្សែទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រពឹត្ត​ទៅ​ដោយបញ្ញា​របស់បុគ្គល​អ្នកដឹង អ្នក​ឃើញថា សង្ខារទាំង​ពួងមិនទៀង។ ខែ្សទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរ​សំយុង​ មិនហូររឿយៗ មិនប្រព្រឹត្ត​ទៅ​​ដោយ​បញ្ញា​របស់​បុគ្គល​អ្នកដឹង អ្នកឃើញថា សង្ខារទាំងពួង​ជាទុក្ខ។ ខែ្សទាំងនុ៎ះ បុគ្គល​បិទ ដាច់សូន្យ មិនហូរទៅ មិនហូរ​សំយុង មិន​ហូរ​រឿយ ៗ​ មិនប្រពឹ្រត្តទៅ​ដោយបញ្ញា​របស់​បុគ្គល​អ្នកដឹង អ្នកឃើញថា ធម៌ទាំងពួង​ជាអនត្តា។ ខែ្សទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរ​សំយុង មិនហូរ​រឿយ​ៗ​ មិនប្រព្រឹត្តទៅ​ដោយបញ្ញា​របស់បុគ្គល​អ្នកដឹង អ្នកឃើញ​ថា សង្ខារ​ទាំងឡាយ (កើតមាន) ព្រោះ​អវិជ្ជា​ជាបច្ច័យ។ ខ្សែទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរ​សំយុង មិនហូរ​រឿយ ៗ មិនប្រព្រឹត្ត​ទៅ​ដោយ​បញ្ញា​របស់​បុគ្គល​អ្នកដឹង អ្នកឃើញថា វិញ្ញាណ (កើតមាន) ព្រោះសង្ខារ​ជាបច្ច័យ ថានាម និងរូប (កើតមាន) ព្រោះ​វិញ្ញាណ​ជាបច្ច័យ ថា​អាយតនៈ​ប្រាំមួយ (កើតមាន) ព្រោះនាម និងរូប​ជាបច្ច័យ ថាផស្សៈ (កើតមាន) ព្រោះអាយតនៈ​ប្រាំមួយ​ជាបច្ច័យ ថា​វេទនា (កើតមាន) ព្រោះផស្សៈ​ជាបច្ច័យ ថាតណ្ហា (កើតមាន) ព្រោះ​វេទនា​ជាបច្ច័យ ថា​ឧបាទាន (កើត​មាន) ព្រោះ​តណ្ហា​ជាបច្ច័យ ថាភព (កើតមាន) ព្រោះ​ឧបាទាន​ជាបច្ច័យ ថាជាតិ​(កើតមាន) ព្រោះភពជា​បច្ច័យ ថាជរា និង​មរណៈ (កើតមាន) ព្រោះ​ជាតិជា​បច្ច័យ។ ខ្សែទាំង​នុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរ​សំយុង មិន​ហូររឿយ​ៗ មិន​ប្រព្រឹត្តទៅ​ដោយបញ្ញា​របស់បុគ្គល​អ្នកដឹង​ អ្នកឃើញថា សេចក្តី​រលត់​សង្ខារ ព្រោះការ​រលត់អវិជ្ជា ថាសេចក្តី​រលត់វិញ្ញាណ​ ព្រោះការ​រលត់សង្ខារ ថា​សេចក្តី​រលត់នាម និងរូប ព្រោះការ​រលត់​វិញ្ញាណ ថាសេចក្តី​រលត់​អាយតនៈ​ប្រាំមួយ ព្រោះការ​រលត់នាម និងរូប​ ថាសេចក្តី​រលត់ផស្សៈ ព្រោះការ​រលត់​អាយតនៈ​ប្រាំមួយ ថាសេចក្តី​រលត់វេទនា ព្រោះការ​រលត់​ផស្សៈ ថាសេចក្តី​រលត់តណ្ហា ព្រោះការ​រលត់​វេទនា ថាសេចក្តី​រលត់​ឧបាទាន ព្រោះការ​រលត់តណ្ហា ថាសេចក្តី​រលត់ភព ព្រោះការ​រលត់ឧបាទាន ថាសេចក្តី​រលត់​ជាតិ ព្រោះការ​រលត់ភព ថា​សេចក្តី​រលត់ជរា និងមរណៈ ព្រោះការ​រលត់ជាតិ ខ្សែទាំង​នុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូរ​រឿយ​ៗ មិន​ប្រព្រឹត្តទៅ​ដោយបញ្ញា​របស់​បុគ្គលអ្នកដឹង​ អ្នកឃើញថា នេះទុក្ខ ថានេះ​ហេតុឲ្យ​កើតទុក្ខ ថានេះសេចក្តី​រលត់ទុក្ខ ថានេះ​បដិបទា​ដំណើរទៅកាន់​ទីរលត់ទុក្ខ។ ខ្សែទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរ​សំយុង មិនហូរ​រឿយ ៗ ​មិនប្រព្រឹត្តទៅ​ដោយបញ្ញា​របស់​បុគ្គល​អ្នកដឹង អ្នកឃើញថា នេះពួក​អាសវៈ ថានេះ​ហេតុឲ្យកើត​អាសវៈ ថា​នេះ​សេចក្តី​រលត់​អាសវៈ​ ថានេះ​បដិបទា​ដំណើរ​ទៅកាន់ទី​រលត់​អាសវៈ។ ខែ្សទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិន​ហូរទៅ មិនហូរ​សំយុង មិនហូររឿយ ៗ​ មិនប្រព្រឹត្តទៅ​ដោយបញ្ញា​របស់​បុគ្គល​អ្នកដឹង អ្នកឃើញថា ធម៌ទាំងនេះ គប្បី​ត្រាស់ដឹង ថាធម៌​ទាំងនេះ គប្បីកំណត់​ដឹង ថាធម៌​ទាំងនេះ គប្បីលះ ថាធម៌​ទាំងឡាយ​នេះ គប្បីចំរើន ថា​ធម៌​ទាំង​ឡាយនេះ គប្បីធ្វើ​ឲ្យជាក់​ច្បាស់។​ ខ្សែទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ​ មិនហូរ​សំយុង មិនហូរ​រឿយៗ​ មិន​ប្រព្រឹត្តទៅ​ដោយបញ្ញា​របស់បុគ្គល​អ្នកដឹង អ្នកឃើញ​សេចក្តី​កើតឡើង វិនាសទៅ អានិសង្ស ទោស និងកិរិយា​រលាស់ចេញ​នូវផស្សាយតនៈ​ទាំង​ប្រាំមួយ។ ខ្សែទាំងនោះ ​បុគ្គលបិទ​ ដាច់សូន្យ​ មិនហូរទៅ​ មិនហូរ​សំយុង មិនហូរ​រឿយៗ មិនប្រព្រឹត្ត​ទៅដោយ​បញ្ញា​របស់បុគ្គល​អ្នកដឹង អ្នកឃើញ សេចក្តី​កើតឡើង វិនាសទៅ អានិសង្ស ទោស និង​កិរិយា​រលាស់​ចេញ​នូវផស្សាយតនៈ​ទាំងប្រាំមួយ។ ខ្សែទាំង​នុ៎ះ បុគ្គលបិទ​ ដាច់សូន្យ​ មិនហូរទៅ​ មិនហូរ​សំយុង មិនហូរ​រឿយ​ៗ មិន​ប្រព្រឹត្តទៅ​ដោយ​បញ្ញា​របស់បុគ្គល​អ្នកដឹង អ្នកឃើញ សេចក្តី​កើតឡើង វិនាសទៅ​ អានិសង្ស ​ទោស និងកិរិយា​រលាស់ចេញ​នូវ​ឧបាទានក្ខន្ធ​ ៥ អ្នកដឹង អ្នកឃើញ នូវការ​កើតឡើង វិនាសទៅ អានិសង្ស ទោស និង​កិរិយា​រលាស់ចេញ​នូវមហាភូត​ទាំង ៤ អ្នកដឹង អ្នកឃើញថា ធម៌​ណាមួយ​មានសភាព​កើតឡើង​ហើយ ធម៌ទាំង​អស់នោះ មានកិរិយា​រលត់​ទៅវិញ​ជាធម្មតា (ហេតុនោះ ទ្រង់​ត្រាស់ថា) ខ្សែទាំងនុ៎ះ បុគ្គល​បិទបាន​ដោយបញ្ញា។​ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ម្នាលអជិតៈ ខ្សែទាំងឡាយណា ក្នុងលោក សតិជា​គ្រឿងបិទ​ខ្សែទាំងនោះ តថាគត​ពោល​នូវការបិទ​ខ្សែទាំងឡាយ ខ្សែទាំងនុ៎ះ បុគ្គល​បិទបាន​ដោយបញ្ញា។

[៧៦] (អជិតៈមានអាយុ ក្រាបបង្គំទូលថា) បពិត្រព្រះអង្គ​និរទុក្ខ បញ្ញា ១ សតិ ១ នាម និងរូប ១ ខ្ញុំ​ព្រះអង្គ​សួរហើយ សូមទ្រង់​សំដែងប្រាប់​នូវសេចក្តី​នុ៎ះ ដល់ខ្ញុំ​ព្រះអង្គ តើធម៌នុ៎ះ រលត់ទៅ​ក្នុងទីណា។

[៧៧] ពាក្យថា បញ្ញា ១ សតិ ១ ត្រង់ពាក្យថា បញ្ញា បានខាងប្រាជ្ញា ការដឹងច្បាស់ ការពិចារណា ការពិចារណា​ឃើញ ការកំណត់ ការកំណត់ដឹង ការកំណត់​ដឹងសព្វ ភាពនៃ​ការឈ្លាសវៃ ភាពនៃ​ការវាងវៃ ភាពនៃ​បញ្ញាដ៏​ពេញលេញ សេចក្តី​យល់ច្បាស់ ការគិត ការរំពឹង ប្រាជ្ញាក្រាស ប្រាជ្ញា​សម្រាប់​ទំលាយបង់​នូវកិលេស ប្រាជ្ញា​សម្រាប់​ដឹកនាំ ប្រាជ្ញា​សម្រាប់​ឃើញច្បាស់ សេចក្តី​ដឹងច្បាស់ សភាព​នៃការ​ទំលុះបញ្ញា ឥន្រ្ទិយ​គឺបញ្ញា កំលាំង​គឺបញ្ញា សស្រ្តា​គឺបញ្ញា ប្រាសាទគឺ​បញ្ញា​ ពន្លឺគឺបញ្ញា រស្មីគឺបញ្ញា ការរុង​រឿងគឺ​បញ្ញា កែវគឺ​បញ្ញា សេចក្តី​មិនវង្វេង ការពិចារណាធម៌​ សេចក្តីយល់ត្រូវ។ ពាក្យថា សតិ បាន​ដល់ សេចក្តី​រឭក សេចក្តី​រឭករឿយ ៗ។បេ។ សេចក្តី​រឭកត្រូវ ហេតុនោះ (មានពាក្យថា) អជិតមាណព​ដ៏មាន​អាយុ ពោលថា បញ្ញា​ ១ សតិ​ ១។

[៧៨] ពាក្យថា បពិត្រព្រះអង្គជានិរទុក្ខ នាម និងរូប​ ១ ត្រង់ពាក្យថា នាម បានដល់ អរូបក្ខន្ធ ៤។ ពាក្យថា រូប គឺមហាភូតរូប ៤ និងរូប​ដែលអាស្រ័យ​មហាភូតរូប​ទាំង ៤។ ពាក្យថា បពិត្រ​ព្រះអង្គនិរទុក្ខ គឺពាក្យ​ជាទីស្រឡាញ់ ជាពាក្យ​គោរព ពាក្យថា បពិត្រ​ព្រះអង្គ​ជានិរទុក្ខ ជាពាក្យ​ពោល​ដោយគោរព​ កោតក្រែង ហេតុនោះ (លោកសួរថា) បពិត្រ​ព្រះអង្គ​និរទុក្ខ នាម និងរូប ១។

[៧៩] ពាក្យថា ខ្ញុំព្រះអង្គសួរហើយ សូមទ្រង់សំដែងប្រាប់​នូវសេចក្តីនុ៎ះ ដល់ខ្ញុំ​ព្រះអង្គ ត្រង់ពាក្យថា នូវសេចក្តី​នុ៎ះ​ដល់ខ្ញុំព្រះអង្គ គឺ​ខ្ញុំព្រះអង្គ​សួរសេចក្តី​ណា សូមសេចក្តី​ណា អារាធនា​សេចក្តីណា ជ្រះថ្លា​សេចក្តីណា។ ពាក្យថា ខ្ញុំព្រះអង្គ​សួរហើយ គឺខ្ញុំ​ព្រះអង្គ​សួរ សូមអារាធនា ជ្រះថ្លាហើយ។ ពាក្យថា សូមទ្រង់សំដែង​ប្រាប់ គឺសូមទ្រង់​ពោល ប្រាប់ សំដែង បញ្ញត តាំងទុក ញែក ចែក ធ្វើឲ្យ​ងាយ ប្រកាស ហេតុនោះ (លោកសួរថា) ខ្ញុំ​ព្រះអង្គ​សួរហើយ សូមទ្រង់​សំដែង​ប្រាប់នូវ​សេចក្តី​នុ៎ះ ដល់ខ្ញុំ​ព្រះអង្គ។

[៨០] ពាក្យថា តើធម៌នុ៎ះ រលត់ទៅក្នុងទីណា គឺធម៌នុ៎ះ រលត់ទៅ រម្ងាប់ទៅ ដល់​នូវសេចក្តី​វិនាស ស្ងប់រម្ងាប់​ទៅក្នុងទីណា ហេតុនោះ (លោកសួរថា) ធម៌នុ៎ះ​រលត់ទៅ​ក្នុងទី​ណា។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

បពិត្រព្រះអង្គជានិរទុក្ខ បញ្ញា ១ សតិ ១ នាម និងរូប ១ ខ្ញុំព្រះអង្គ​សួរហើយ សូម​ទ្រង់សំដែង​ប្រាប់នូវ​សេចក្តីនុ៎ះ​ដល់ខ្ញុំ​ព្រះអង្គ តើធម៌នុ៎ះ រលត់​ទៅក្នុង​ទីណា។

[៨១] (ព្រះមានព្រះភាគត្រាស់ថា) ម្នាលអជិតៈ អ្នកបាន​សួរហើយ នូវប្រស្នាណា តថាគត​នឹងពោល​នូវប្រស្នា​នោះដល់​អ្នក នាម និងរូប រលត់​មិនមាន​សេសសល់​ក្នុងទីណា នាម និងរូបនុ៎ះ រលត់​ក្នុងទីនុ៎ះ ព្រោះ​កិរិយា​រលត់​វិញ្ញាណ។

[៨២] ពាក្យថា អ្នកបានសួរហើយនូវប្រស្នាណា ត្រង់ពាក្យថា នូវប្រស្នា​ណា គឺ​នូវបញ្ញា​ សតិ និងនាមរូប។ ពាក្យថា បានសួរហើយ គឺសួរ សូមអារាធនា ជ្រះថ្លាហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកបាន​សួរហើយ​នូវប្រស្នា​ណា។

[៨៣] ពាក្យថា អជិតៈ នៃបទថា ម្នាលអជិតៈ តថាគត​នឹងពោល​ប្រស្នា​នោះដល់​អ្នក គឺព្រះមានព្រះភាគ​ត្រាស់ហៅ​ព្រាហ្មណ៍នោះ​ចំឈ្មោះ។ ពាក្យថា នូវប្រស្នានោះ គឺនូវ​បញ្ញាផង សតិផង នាម និងរូប​ផង។ ពាក្យថា នឹងពោល គឺនឹងពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក ញែក ចែក ធ្វើឲ្យងាយ ប្រកាស នូវប្រស្នានោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ម្នាលអជិតៈ តថាគត​នឹងពោល​នូវប្រស្នា​នោះដល់​អ្នក។

[៨៤] ពាក្យថា នាម និងរូប រលត់មិនមាន​សេសសល់​ក្នុងទីណា ត្រង់ពាក្យថា នាម បានដល់ អរូបក្ខន្ធ ៤។ ពាក្យថា រូប គឺ​មហាភូតរូប ៤ និងរូប​អាស្រ័យ​មហាភូតរូប ៤។ ពាក្យថា មិនមាន​សេសសល់ គឺគ្រប់​ទាំងអស់ សព្វទាំងអស់ មិនមាន​សេសសល់ រក​សេសសល់​គ្មាន ពាក្យថា មិនមាន​សេសសល់​នេះ ជាពាក្យ​រួមយក។ ពាក្យថា រលត់ គឺរលត់ រម្ងាប់ ដល់នូវ​ការវិនាស ស្ងប់រម្ងាប់ ហេតុនោះ (ទ្រង់​ត្រាស់ថា) នាម និងរូប​រលត់​មិនមាន​សេសសល់​ក្នុងទីណា។

[៨៥] ពាក្យថា នាម និងរូបនុ៎ះ រលត់​ក្នុងទីនុ៎ះ ព្រោះកិរិយា​រលត់​វិញ្ញាណ អធិប្បាយ​ថា ធម៌ទាំងឡាយ​ណា គឺនាម និងរូប គប្បីកើត​ក្នុងសង្សារ មានទី​បំផុតខាង​ដើម ដែលគេ​មិនអាច​ដឹងបាន វៀរលែងតែ​កំណើត​ប្រាំពីរចេញ ធម៌ទាំងនុ៎ះ រលត់ រម្ងាប់ ដល់នូវ​ការវិនាស ស្ងប់​រម្ងាប់ ក្នុង​សោតាបត្តិមគ្គ​នុ៎ះ ព្រោះកិរិយា​រលត់​អភិសង្ខារវិញ្ញាណ [បានដល់​ចិត្តដ៏​សម្បយុត្ត ដោយ​កុសលាកុសល​ចេតនា។ អដ្ឋកថា។] ដោយ​សោតាបត្តិមគ្គញ្ញាណ។ ធម៌ទាំងឡាយ​ណា គឺនាម និងរូប គប្បីកើតក្នុង​កំណើតប្រាំ វៀរលែង​តែកំណើត​ពីរ ធម៌ទាំងនុ៎ះ រលត់ រម្ងាប់ ដល់នូវ​ការវិនាស​ ស្ងប់រម្ងាប់ ក្នុង​សកទាគាមិមគ្គ​នុ៎ះ ព្រោះកិរិយា​រលត់​អភិសង្ខារវិញ្ញាណ ដោយ​សកទាគាមិមគ្គញ្ញាណ។ ធម៌​ទាំងឡាយ​ណា គឺនាម និងរូប គប្បីកើត​ក្នុង​កាមធាតុ​កី្ត រូបធាតុកី្ត អរូបធាតុកី្ត វៀរលែង​តែកំណើត​មួយ ធម៌ទាំងនុ៎ះ រលត់ រម្ងាប់ ដល់នូវ​ការវិនាស​ ស្ងប់​រម្ងាប់ ក្នុង​អនាគាមិមគ្គ​នុ៎ះ ព្រោះកិរិយា​រលត់​អភិសងា្ខរវិញ្ញាណ ដោយ​អនាគាមិមគ្គញ្ញាណ។ ធម៌​ទាំងឡាយ​ណា គឺនាម និងរូប គប្បីកើត ធម៌ទាំងនុ៎ះ រលត់ រម្ងាប់ ដល់នូវ​ការវិនាស ស្ងប់រម្ងាប់ ក្នុង​អរហត្តមគ្គ​នុ៎ះ ព្រោះ​កិរិយា​រលត់​អភិសង្ខារវិញ្ញាណ ដោយ​អរហត្តមគ្គញ្ញាណ។ ព្រះអរហន្ត កាល​បរិនិព្វាន​ដោយ​អនុបាទិសេស​បរិនិព្វានធាតុ បញ្ញាផង សតិផង នាម និងរូបផង ធម៌ទាំង​នុ៎ះ តែងរលត់ រម្ងាប់ ដល់នូវ​ការវិនាស ស្ងប់​រម្ងាប់ ក្នុង​អរហត្តមគ្គ​នុ៎ះ ព្រោះ​កិរិយា​រលត់វិញ្ញាណ​មុន ហេតុនោះ (ទ្រង់​ត្រាស់ថា) នាម និងរូបនុ៎ះ រលត់​ក្នុងទីនុ៎ះ ព្រោះ​កិរិយា​រលត់​វិញ្ញាណ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ម្នាលអជិតៈ អ្នកបានសួរហើយនូវប្រស្នាណា តថាគត​នឹងពោល​នូវប្រស្នានោះ​ដល់អ្នក នាម និងរូប រលត់​មិនមាន​សេសសល់​ក្នុងទីណា នាម និងរូបនុ៎ះ រលត់​ក្នុង​ទីនុ៎ះ ព្រោះ​កិរិយា​រលត់​វិញ្ញាណ។

[៨៦] (អជិតៈសួរថា) បុគ្គលទាំងឡាយណា មានធម៌​ពិចារណា​ឃើញហើយ និង​បុគ្គល​ទាំងឡាយ​ណា ជាសេក្ខៈ មានប្រមាណ​ច្រើន​ក្នុងទីនេះ បពិត្រ​ព្រះអង្គ​និរទុក្ខ ព្រះអង្គ​ជា​បុគ្គលមាន​បញ្ញាចាស់ក្លា ខ្ញុំព្រះអង្គ​សួរហើយ សូមទ្រង់​ត្រាស់ប្រាប់​នូវ​សេចក្តី​ប្រព្រឹត្តិ​របស់​បុគ្គល​ទាំងឡាយ​នោះ ដល់ខ្ញុំ​ព្រះអង្គ។

[៨៧] ពាក្យថា បុគ្គលទាំងឡាយណា មានធម៌​ពិចារណា​ឃើញហើយ អធិប្បាយ​ថា អរហន្ត​ខីណាស្រព​ទាំងឡាយ លោកហៅថា អ្នកមាន​ធម៌ពិចារណា​ឃើញហើយ។ ព្រោះ​ហេតុអ្វី​ អរហន្ត​ខីណាស្រព​ទាំងឡាយ លោកហៅថា អ្នកមាន​ធម៌ពិចារណា​ឃើញ​ហើយ។ អរហន្ត​ខីណាស្រព​ទាំងនោះ មានធម៌​ពិចារណា​ឃើញហើយ មានធម៌​ដឹងហើយ មានធម៌​ថ្លឹងហើយ មានធម៌​ពិនិត្យ​ហើយ មានធម៌​ប្រាកដ​ហើយ មានធម៌​ចំរើន​ច្បាស់ហើយ គឺមានធម៌​ពិចារណា​ឃើញហើយ មានធម៌​ដឹងហើយ មានធម៌​ថ្លឹងហើយ មានធម៌​ពិនិត្យ​ហើយ មានធម៌​ប្រាកដ​ហើយ មានធម៌​ចំរើនច្បាស់​ហើយថា សង្ខារទាំង​ពួងមិន​ទៀង មានធម៌​ពិចារណា​ឃើញហើយ។បេ។ ថា សង្ខារ​ទាំងពួង​ជាទុក្ខ មាន​ធម៌​ពិចារណា​ឃើញហើយ។បេ។ ថា ធម៌​ទាំងពួង​​ជាអនត្តា មានធម៌​ពិចារណា​ឃើញ​ហើយ។បេ។ ថា សង្ខារ​ទាំងឡាយ​កើតមាន ព្រោះ​អវិជ្ជា​ជាបច្ច័យ មានធម៌​ពិចារណា​ឃើញហើយ មានធម៌​ដឹងហើយ មានធម៌​ថ្លឹងហើយ មានធម៌​ពិនិត្យហើយ មានធម៌​ប្រាកដ​ហើយ មានធម៌​ចំរើនច្បាស់​ហើយថា ធម្មជាត​ណា​មួយ មានកិរិយា​កើតឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់នោះ មានកិរិយា​រលត់ទៅ​វិញ​ជា​ធម្មតា។ មួយទៀត​ថា ព្រះអរហន្ត​ទាំងនោះ មានខន្ធ​ពិចារណា​ឃើញហើយ មានធាតុ​ពិចារណា​ឃើញហើយ មាន​អាយតនៈ​ពិចារណា​ឃើញហើយ មានគតិ​ពិចារណា​ឃើញ​ហើយ មាន​ឧបបត្តិ​ពិចារណា​ឃើញហើយ មាន​បដិសន្ធិ​ពិចារណា​ឃើញហើយ មានភព​ពិចារណា​ឃើញ​ហើយ មានសង្សារ​ពិចារណាឃើញ​ហើយ មានវដ្តៈ​ពិចារណា​ឃើញហើយ។ មួយទៀត​ថា ព្រះអរហន្ត​ខីណាស្រព​ទាំងឡាយនោះ តាំងនៅ​ក្នុងទី​បំផុតខន្ធ តាំងនៅ​ក្នុងទីបំផុត​ធាតុ តាំង​នៅក្នុង​ទីបំផុត​អាយតនៈ តាំងនៅ​ក្នុងទី​បំផុតគតិ តាំងនៅ​ក្នុងទីបំផុត​ឧបបត្តិ តាំងនៅ​ក្នុង​ទីបំផុត​បដិសន្ធិ តាំងនៅ​ក្នុងទី​បំផុតភព តាំងនៅ​ក្នុងទី​បំផុតសង្សារ តាំងនៅ​ក្នុងទីបំផុត​វដ្ដៈ តាំងនៅ​ក្នុងភពជា​ទីបំផុត តាំងនៅ​ក្នុងសរីរៈ​ជាទីបំផុត មាន​កិរិយា​ទ្រទ្រង់​នូវរាងកាយ​ជាទី​បំផុត។

នេះ រាងកាយជាទីបំផុត នេះ រាងកាយខាង​ក្រោយរបស់​ព្រះអរហន្ត​ទាំងនោះ ការ​អន្ទោល​ទៅកាន់​ជាតិ និងមរណៈ និងការ​កើតក្នុង​ភពថ្មី​របស់​ព្រះអរហន្ត​ទាំងនោះ មិនមាន​ទេ។

ហេតុនោះ ព្រះអរហន្ត​ខីណាស្រព​ទាំងឡាយ លោក​ហៅថា អ្នកមាន​ធម៌ពិចារណា​ឃើញហើយ ហេតុនោះ លោកសួរថា បុគ្គល​ទាំងឡាយ​ណា មានធម៌​ពិចារណា​ឃើញហើយ។

[៨៨] អធិប្បាយពាក្យថា បុគ្គលទាំងឡាយណា ជាសេក្ខៈ មានប្រមាណ​ច្រើនក្នុង​ទីនេះ បុច្ឆា​ត្រង់ពាក្យថា សេក្ខៈ​បុគ្គល​ទាំងឡាយ ដែលលោក​ហៅថា សេក្ខៈ ព្រោះ​ហេតុអ្វី។ ឈ្មោះថា សេក្ខៈ ព្រោះនៅ​សិក្សា។ នៅសិក្សាអ្វី។ នៅសិក្សា​អធិសីល​ខ្លះ សិក្សា​អធិចិត្តខ្លះ សិក្សា​អធិប្បញ្ញាខ្លះ។

អធិសីលសិក្ខា តើដូចម្តេច។ ភិក្ខុ​ក្នុងធម្មវិន័យ​នេះ ជាអ្នក​មានសីល សង្រួមក្នុង​បាតិមោក្ខ​សំវរសីល បរិបូណ៌​ដោយអចារៈ និង​គោចរៈ ឃើញភ័យ​ក្នុងទោស​បន្តិចបន្តួច សមាទាន​សិក្សាក្នុង​សិក្ខាបទ​ទាំងឡាយ សីលក្ខន្ធ​តូចក្តី សីលក្ខន្ធ​ធំក្តី សីលជា​ទីពឹង ជា​គ្រឿង​រារាំង ជាការសង្រួម ជាការបិទ ជាប្រធាន ជាប្រមុខ​នៃការ​បាននូវ​កុសលធម៌​ទាំងឡាយ នេះជា​អធិសីលសិក្ខា។

អធិចិត្តសិក្ខា តើដូចម្តេច។ ភិក្ខុ​ក្នុងធម្មវិន័យនេះ ស្ងាត់ចាក​កាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ ចូល​បឋមជ្ឈាន ប្រកប​ដោយវិតក្កៈ វិចារៈ និងបីតិ សុខៈ ដែលកើត​អំពីវិវេក ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន នេះជា​អធិចិត្តសិក្ខា។

អធិប្បញ្ញាសិក្ខា តើដូចម្តេច។ ភិក្ខុក្នុង​ធម្មវិន័យ​នេះ ជាអ្នក​មានប្រាជ្ញា ប្រកប​ដោយ​ប្រាជ្ញា ទៅក្នុង​សេចក្តី​ចំរើន និង​សេចក្តីវិនាស ជាប្រាជ្ញា​ដ៏ប្រសើរ ចាក់ធ្លុះ​ដល់នូវ​សេចក្តី​អស់ទុក្ខ​ដោយប្រពៃ ភិក្ខុនោះ ដឹងច្បាស់​តាមពិតថា នេះទុក្ខ ដឹងច្បាស់​តាម​ពិតថា នេះហេតុ​ឲ្យកើតទុក្ខ នេះសេចក្តី​រលត់ទុក្ខ នេះ​បដិបទា​ដំណើរ​ទៅកាន់ទី​រលត់ទុក្ខ ដឹងច្បាស់​តាមពិតថា នេះអាសវៈ​ នេះហេតុ​ឲ្យកើត​អាសវៈ នេះសេចក្តី​រលត់អាសវៈ នេះ​បដិបទា​ដំណើទៅ​កាន់ទីរលត់​អាសវៈ នេះជា​អធិប្បញ្ញាសិក្ខា។

សេក្ខបុគ្គលទាំងឡាយ ពិចារណា​សិក្សាសិក្ខា​ទាំង ៣ នេះ ដឹងសិក្សា តាំងចិត្ត​សិក្សា ចុះចិត្ត​ស៊ប់ដោយ​សទ្ធា​សិក្សា ផ្គងព្យាយាម​សិក្សា តាំងសតិ​សិក្សា​ តាំងចិត្ត​ដោយ​ប្រពៃ​សិក្សា ដឹងច្បាស់​ដោយបញ្ញា​សិក្សា ដឹងប្រាកដ​នូវធម៌​ដែលគួរ​ដឹងប្រាកដ​សិក្សា កំណត់​ដឹងធម៌​ដែលគួរ​កំណត់​ដឹងសិក្សា លះបង់​ធម៌ដែល​គួរលះបង់​សិក្សា ចំរើនធម៌​ដែលគួរ​ចំរើន​សិក្សា ធ្វើឲ្យ​ជាក់ច្បាស់​នូវធម៌​ដែលគួរ​ធ្វើឲ្យជាក់ច្បាស់​សិក្សា ប្រព្រឹត្ត ប្រព្រឹត្ត​ដោយ​គោរព ប្រព្រឹត្ត​ដោយប្រពៃ សមាទាន ប្រព្រឹត្ត ហេតុនោះ ទើប​លោក​ហៅថា សេក្ខៈ។ ពាក្យថា មានប្រមាណ​ច្រើន សេក្ខបុគ្គល​ទាំងឡាយ​នុ៎ះ មាន​ប្រមាណ​ច្រើន គឺ សោតាបន្នបុគ្គល ១ បុគ្គលប្រតិបត្តិ ​(ដើម្បីសោតៈ ១) សកទាគាមិបុគ្គល ១ បុគ្គល​ប្រតិបត្តិ (ដើម្បី​សកទាគាមិ ១) អនាគាមិបុគ្គល ១ បុគ្គល​ប្រតិបត្តិ (ដើម្បី​អនាគាមិ ១) អរហន្ត ១ បុគ្គល​ប្រតិបត្តិ (ដើម្បី​ព្រះអរហត្ត ១) ពាក្យថា ក្នុងទីនេះ គឺក្នុង​ទិដ្ឋិនេះ ក្នុងការ​គួរនេះ ក្នុងសេចក្តី​គាប់ចិត្ត​នេះ ក្នុងសេចក្តី​ប្រកាន់នេះ ក្នុង​វិន័យនេះ ក្នុងធម៌​នេះ ក្នុង​ធម្មវិន័យ​នេះ ក្នុងសាសនា​នេះ ក្នុង​ព្រហ្មចរិយ​នេះ ក្នុង​សត្ថុសាសនា​នេះ ក្នុង​អត្ថភាព​នេះ ក្នុង​មនុស្ស​លោកនេះ ហេតុនោះ (លោក​សួរថា) បុគ្គល​ទាំងឡាយណា ជាសេក្ខៈ មាន​ប្រមាណ​ច្រើន ក្នុងទីនេះ។

[៨៩] ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ ព្រះអង្គ​ជាបុគ្គល​មាន​បញ្ញាចាស់ក្លា ខ្ញុំព្រះអង្គ​សួរ​ហើយ សូមព្រះអង្គ​ត្រាស់សំដែង​សេចក្តី​ប្រព្រឹត្តិ​របស់បុគ្គល​ទាំងឡាយ​នោះ ដល់ខ្ញុំ​ព្រះអង្គ សេចក្តីថា ព្រះអង្គ​ជាបុគ្គល​មានបញ្ញា​ចាស់ក្លា ជាបណ្ឌិត​មានបញ្ញា មានបញ្ញា​ជាគ្រឿង​ត្រាស់​ដឹង មានញាណ មានបញ្ញា​ជាគ្រឿង​ជ្រាបច្បាស់ មានបញ្ញា​ជាគ្រឿង​ទំលាយ​កិលេស (សូម​ទ្រង់ត្រាស់​ប្រាប់) នូវសេចក្តី​ប្រព្រឹត្តិ ចរិយា ការ​ប្រព្រឹត្តិ មារយាទ គោចរ ឥរិយាបថ បដិបទា​នៃអរហន្ត និង​សេក្ខបុគ្គល​ទាំងឡាយ​នោះ ដល់ខ្ញុំ​ព្រះអង្គ។ សួរហើយ គឺសួរ ដណ្ដឹង សូម អារាធនា ជ្រះថ្លាហើយ។ ពាក្យថា សូមទ្រង់​ត្រាស់ប្រាប់ គឺ​សូមទ្រង់​ពោល ត្រាស់​បញ្ចេញ សំដែង​ បញ្ញត្ត តាំងទុក វែកញែក ចែក ធ្វើឲ្យងាយ ប្រកាស។ ពាក្យថា បពិត្រ​ព្រះអង្គ​និរទុក្ខ នេះជាពាក្យ​ជាទីស្រលាញ់ ជា​ពាក្យគោរព ពាក្យ​ថា បពិត្រ​ព្រះអង្គ​និរទុក្ខ នេះ​ជាពាក្យ​ពោល​ដោយគោរព កោតក្រែង ហេតុនោះ (លោក​សួថា) បពិត្រ​ព្រះអង្គ​និរទុក្ខ ព្រះអង្គជា​បុគ្គល​មានបញ្ញា​ចាស់ក្លា ខ្ញុំព្រះអង្គ​សួរហើយ សូម​ទ្រង់ត្រាស់​ប្រាប់​សេចក្តី​ប្រព្រឹត្តិ​នៃបុគ្គល​ទាំងឡាយ​នោះ ដល់ខ្ញុំ​ព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

បុគ្គលទាំងឡាយណា មានធម៌ពិចារណា​ឃើញហើយ និងបុគ្គល​ទាំងឡាយ​ណា ជា​សេក្ខៈ មាន​ប្រមាណ​ច្រើន​ក្នុងទីនេះ បពិត្រ​ព្រះអង្គ​និរទុក្ខ ព្រះអង្គ​ជាបុគ្គល​មាន​បញ្ញា​ចាស់ក្លា ខ្ញុំព្រះអង្គ​សួរហើយ សូមទ្រង់​ត្រាស់ប្រាប់​សេចក្តី​ប្រព្រឹត្តិ​នៃបុគ្គល​ទាំង​ឡាយនោះ ដល់ខ្ញុំ​ព្រះអង្គ។

[៩០] (ព្រះមានព្រះភាគត្រាស់ថា) បុគ្គលមិនគប្បីប្រាថ្នាក្នុង​កាមទាំងឡាយ មិន​គប្បី​ធ្វើចិត្ត​ឲ្យល្អក់ ជាបុគ្គល​ឈ្លាសវៃ​ក្នុងធម៌​ទាំងពួង គប្បី​ប្រព្រឹត្ត មានសតិ​ជាភិក្ខុ។

[៩១] អធិប្បាយពាក្យថា បុគ្គលមិនគប្បីប្រាថ្នា​ក្នុងកាម​ទាំងឡាយ ត្រង់ពាក្យថា កាម បើតាម​ឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ កិលេសកាម ១។

វត្ថុកាម តើដូចម្តេច។ រូបជាទីគាប់ចិត្ត សំឡេងជាទី​គាប់ចិត្ត ក្លិនជា​ទីគាប់​ចិត្ត រស​ជាទី​គាប់ចិត្ត ផ្សព្វ​ជាទី​គាប់ចិត្ត កម្រាល គ្រឿងស្លៀកពាក់ ខ្ញុំស្រី​ ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ​ដំរី គោ សេះឈ្មោល ញី ស្រែ ចម្ការ ប្រាក់ មាស ស្រុក និគម រាជធានី ដែន ជនបទ សេនានិករ ឃ្លាំង វត្ថុជាទី​តាំងនៃ​សេចក្តី​ត្រេកអរ​ណាមួយ ឈ្មោះថា វត្ថុកាម។ មួយទៀត កាម​ជាអតីត កាមជា​អនាគត កាមជា​បច្ចុប្បន្ន កាមខាងក្នុង​ កាមខាងក្រៅ កាមទាំង​ខាងក្នុង​ទាំងខាង​ក្រៅ កាមថោកទាប កាមយ៉ាង​កណ្តាល កាមខ្ពង់ខ្ពស់ កាម​ប្រព្រឹត្ត​ទៅក្នុង​អបាយ កាមជា​របស់​មនុស្ស កាមជាទិព្វ កាមដែល​តាំងឡើង​ឯង កាម​ដែល​និម្មិត កាមដែល​បុគ្គល​ដទៃ​និម្មិត កាមដែល​ហួងហែង កាមដែល​មិនហួងហែង កាមដែល​រាប់អាន កាមដែល​មិនរាប់អាន ធម៌​ជា​កាមាវចរ​ទាំងអស់ក្តី ធម៌ជា​រូបាវចរ​ទាំងអស់ក្តី ធម៌ជា​អរូបាវចរ​ទាំងអស់ក្តី ជាវត្ថុ​នៃតណ្ហា ជាអារម្មណ៍​នៃតណ្ហា ឈ្មោះថា កាម ដោយ​សេចក្តីថា គប្បី​ប្រាថ្នា ដោយ​សេចក្តីថា គប្បីត្រេកអរ ដោយ​សេចក្តីថា គប្បី​ស្រវឹង ទាំងនេះ លោកហៅថា វត្ថុកាម។

កិលេសកាម តើដូចម្តេច។ ចំណង់ ឈ្មោះថា កាម តម្រេក​ឈ្មោះថា កាម ចំណង់ និង​តម្រេក​ឈ្មោះថា កាម តម្រិះ ឈ្មោះថា កាម តម្រេក ឈ្មោះថា កាម តម្រិះ និង​តម្រេក ឈ្មោះថា កាម បានដល់ ចំណង់​គឺកាម​ក្នុង​កាមទាំងឡាយ តម្រេក​គឺកាម សេចក្តី​រីករាយ​គឺកាម តណ្ហា​គឺកាម សេចក្តី​ស្នេហាគឺ​កាម សេចក្តី​ស្រេកឃ្លាន​គឺកាម សេចក្តី​អន្ទះអន្ទែង​គឺកាម សេចក្តី​ប្រាថ្នា​គឺកាម សេចក្តី​ជ្រប់គឺកាម កិរិយា​លង់​ចុះគឺ​កាម អន្លង់​គឺកាម គ្រឿង​ប្រកប​គឺកាម សេចក្តី​ប្រកាន់គឺ​កាម នីវរណៈ​គឺកាមច្ឆន្ទៈ។

ម្នាលកាម តថាគតឃើញទីតាំងរបស់អ្នកហើយ ម្នាលកាម អ្នកកើត​អំពី​សេចក្តី​ត្រិះរិះ តថាគត​នឹងលែង​ត្រិះរិះ​រកអ្នក ម្នាលកាម អ្នកនឹងមិន​មាន​ដោយប្រការ​យ៉ាងនេះ។​

ពួកនេះ លោកហៅថា កិលេសកាម។ តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បាន​ខាង តម្រេក តម្រេកខ្លាំង។បេ។​ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា បុគ្គលមិន​គប្បីប្រាថ្នា​ក្នុងកាម​ទាំងឡាយ បានសេចក្តីថា បុគ្គល​មិនគប្បី​ប្រាថ្នា មិនគប្បី​ជាប់នៅ ក្នុង​កិលេសកាម និងវត្ថុកាម​ទាំងឡាយ គឺជាអ្នក​មិនប្រាថ្នា មិនលង់ចុះ មិនជ្រប់ មិនងប់ ប្រាសចាក​ប្រាថ្នា ចោល​ប្រាថ្នា ខ្ជាក់ប្រាថ្នា លែងប្រាថ្នា លះប្រាថ្នា លះចោល​ប្រាថ្នា ប្រាសចាក​រាគៈ ចោលរាគៈ ខ្ជាក់រាគៈ លែងរាគៈ លះរាគៈ រលាស់​ចោលរាគៈ ចេញ​ចាកតណ្ហា មានសភាព​រលត់ មាន​ត្រជាក់​កើតហើយ មានកិរិយា​បានចំពោះ​នូវសុខ គប្បីនៅ​ដោយខ្លួន​ដ៏ប្រសើរ ហេតុនោះ ទ្រង់​ត្រាស់ថា បុគ្គលមិន​គប្បីប្រាថ្នា​ក្នុងកាមទាំង​ឡាយ។

[៩២] អធិប្បាយពាក្យថា មិនគប្បីធ្វើចិត្តឲ្យល្អក់ ត្រង់ពាក្យថា ចិត្ត បានដល់ ធម្មជាត​សម្រាប់ត្រិះរិះ សម្រាប់ដឹង សម្រាប់​ប្រាថ្នា ហឫទ័យ ភវង្គចិត្ត មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ។ ចិត្ត ជាធម្មជាត​ល្អក់ វឹកវរ ញាប់ញ័រ ចង្អៀត​ចង្អល់ ឃ្លេងឃ្លោង ភ្ញាក់ផ្អើល មិនស្ងប់ ដោយ​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រាគៈ ទោសៈ មោហៈ ក្រោធ ការចង​ក្រោធទុក ការលុប​លាងគុណ ការវាយ​ឫកស្មើ សេចក្តី​ឈ្នានីស សេចក្តី​កំណាញ់ ការលាក់ពុត ការអួតអាង ការចចេស ការ​ប្រណាំង​វាសនា មានះ ការមើលងាយ សេចក្តី​ស្រវឹង និងសេចក្តី​ប្រហែស ចិត្តនោះ ជាធម្មជាត​ល្អក់ វឹកវរ ញាប់ញ័រ ចង្អៀត​ចង្អល់ ឃ្លេងឃ្លោង ភ្ញាក់ផ្អើល មិនស្ងប់ ដោយ​កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់​ក្រវាយ​ទាំងពួង សេចក្តី​អន្ទះអន្ទែង​ទាំងពួង សេចក្តី​ក្តៅក្រហាយ​ទាំងពួង អកុសលាភិសង្ខារ​ទាំងពួង។ ពាក្យថា មិនគប្បី​ធ្វើចិត្ត​ឲ្យល្អក់ បាន​ន័យថា មិនគប្បី​មានចិត្តល្អក់ មិន​វឹកវរ មិន​ញាប់ញ័រ មិនចង្អៀត​ចង្អល់ មិន​ឃ្លេងឃ្លោង មិន​ភ្ញាក់ផ្អើល ស្ងប់ គប្បីលះបង់ លះបង់ផ្តាច់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យមាន​បែបភាព​នូវកិលេស​ទាំងឡាយជាគ្រឿង​ធ្វើឲ្យល្អក់ មួយទៀត ជា​បុគ្គលឆ្ងាយ វៀរ វៀរស្រឡះ ចេញផុត ស្ងប់ រួចស្រឡះ ប្រកប ប្រាស ចាកកិលេស​ទាំងឡាយ​ជាគ្រឿង​ធ្វើឲ្យ​ល្អក់ គប្បីទៅ​ដោយចិត្ត​ប្រាសចាក​សេចក្តី​សល់វ៉ល់ (ហេតុនោះ ទ្រង់ត្រាស់ថា) មិនគប្បី​ធ្វើចិត្តឲ្យល្អក់។

[៩៣] ពាក្យថា ឈ្លាសវៃក្នុងធម៌ទាំងពួង អធិប្បាយថា ឈ្លាសវៃ​ក្នុងធម៌ទាំង​ពួងថា សង្ខារ​ទាំងពួង​មិនទៀង ឈ្លាសវៃ​ក្នុងធម៌​ទាំងពួងថា សង្ខារ​ទាំងពួង​ជាទុក្ខ ឈ្លាសវៃ​ក្នុងធម៌​ទាំង​ពួងថា ធម៌ទាំង​ពួងជាអនត្តា ឈ្លាសវៃ​ក្នុងធម៌​ទាំងពួងថា សង្ខារ​ទាំងឡាយ (មាន) ព្រោះអវិជ្ជា​ជាបច្ច័យ។បេ។ ឈ្លាសវៃ​ក្នុងធម៌​ទាំងពួងថា ធម្មជាត​ណាមួយ មាន​សភាព​កើតឡើង ធម្មជាត​ទាំងអស់​នោះ មានសភាព​រលត់ទៅ​ជាធម្មតា បុគ្គល​ឈ្លាសវៃ​ក្នុងធម៌​ទាំងពួង យ៉ាងនេះ​ឯង។ មួយទៀត ឈ្លាសវៃ​ក្នុងធម៌​ទាំងពួង​ថា មិនទៀង ថា​ជាទុក្ខ ជារោគ​ ជាបូស ជាសរ ជាអន្តរាយ ជាជម្ងឺ ជារបស់​ដទៃ ជារបស់​វិនាស ជាចង្រៃ ជា​ឧបទ្រព ជារបស់​មិនគួរ​ប្រាថ្នា ជាភ័យ ជា​ឧបស័គ្គ ជារបស់​ញាប់ញ័រ ជា​របស់​ពុករលួយ ជារបស់​មិនឋិតឋេរ ជារបស់​ពឹងមិនបាន ជារបស់​ពួនមិនបាន ជារបស់​មិនមែន​ជាទីរឭក ជារបស់​សង្ឃឹម​មិនបាន ជារបស់​ឥតអំពើ ជារបស់​ទទេ ជារបស់​សូន្យ ជារបស់​មិនមែន​ខ្លួន ជាទោស ជារបស់​តែងប្រែប្រួល ជារបស់​ឥតខ្លឹម ជាទីតាំង​នៃទុក្ខ ជាអ្នក​សម្លាប់ ជារបស់​ប្រាសចាក​សេចក្តី​ចំរើន ជារបស់​ប្រកប​ដោយអាសវៈ ជារបស់​ដែល​បច្ច័យ​តាក់តែង ជានុយ​របស់មារ ជារបស់​មានជាតិ​ជា​ធម្មតា មានជរា​ជាធម្មតា មាន​ព្យាធិជា​ធម្មតា មានមរណៈ​ជាធម្មតា មានសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តី​តានតឹង​ជាធម្មតា មានគ្រឿង​សៅហ្មង​ជាធម្មតា មាន​ការកើត មានការវិនាស មាន​សភាព​មិនគួរ​ជ្រះថ្លា ជាទោស មានការ​រើចេញ​មិនបាន បុគ្គល​ឈ្លាស​វៃក្នុងធម៌​ទាំងពួង យ៉ាង​នេះឯង។ មួយទៀត ឈ្លាសវៃ​ក្នុងខន្ធ ឈ្លាសវៃ​ក្នុងធាតុ ឈ្លាសវៃ​ក្នុងអាយតនៈ ឈ្លាសវៃ​ក្នុង​បដិច្ចសមុប្បាទ ឈ្លាសវៃ​ក្នុង​សតិប្បដ្ឋាន ឈ្លាសវៃ​ក្នុង​សម្មប្បធាន ឈ្លាសវៃ​ក្នុង​ឥទ្ធិបាទ ឈ្លាសវៃ​ក្នុងឥន្រ្ទិយ ឈ្លាសវៃ​ក្នុងពលៈ ឈ្លាសវៃ​ក្នុង​ពោជ្ឈង្គ ឈ្លាសវៃ​ក្នុងមគ្គ ឈ្លាសវៃ​ក្នុងផល ឈ្លាសវៃ​ក្នុងនិព្វាន បុគ្គល​ជាអ្នក​ឈ្លាសវៃ​ក្នុងធម៌​ទាំងពួង យ៉ាង​នេះឯង។ មួយទៀត អាយតនៈ ១២ គឺភែ្នក និងរូប ត្រចៀក និងសំឡេង ច្រមុះ និងក្លិន អណ្ដាត និងរស កាយ និងផ្សព្វ ចិត្ត និងធម៌ ហៅថា ធម៌ទាំងពួង។ តម្រេក​ក្នុង​អាយតនៈ​ជាខាង​ក្នុង ខាងក្រៅ​ទាំងឡាយ ជាកិលេស​ដែលបុគ្គល​នោះលះបង់ មានឫស​ផ្តាច់ចោល​ហើយ​ ធ្វើមិនឲ្យ​មានទីតាំង ដូចជា​ដើមត្នោត មិនឲ្យ​មានបែបភាព មិនឲ្យមាន​សភាព​កើតឡើង​តទៅ ដោយ​ហេតុណា បុគ្គលនោះ​ឈ្មោះថា ឈ្លាសវៃ​ក្នុងធម៌​ទាំង​ពួង ដោយ​ហេតុប៉ុណ្ណេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ឈ្លាសវៃ​ក្នុងធម៌​ទាំងពួង។

[៩៤] អធិប្បាយពាក្យថា គប្បីប្រព្រឹត្ត មានសតិជាភិក្ខុ ត្រង់ពាក្យថា មានសតិ គឺឈ្មោះ​ថា មានសតិ ដោយហេតុ ៤ គឺ ចំរើន​កាយានុបស្សនាសតិប្បដ្ឋាន​ក្នុងកាយ ឈ្មោះថា​មាន​សតិ ចំរើន​វេទនានុបស្សនាសតិប្បដ្ឋាន​ក្នុងវេទនា​ទាំងឡាយ ឈ្មោះថា​មាន​សតិ ចំរើន​ចិត្តានុបស្សនាសតិប្បដ្ឋាន​ក្នុងចិត្ត ឈ្មោះថា​មានសតិ ចំរើន​ធម្មានុបស្សនា​សតិប្បដ្ឋាន​ក្នុងធម៌​ទាំងឡាយ ឈ្មោះថា​មានសតិ។ មាន​សតិដោយ​ហេតុ ៤ ដទៃទៀត​គឺ ឈ្មោះថា មានសតិ ព្រោះវៀរ​ចាកការ​មិនមានសតិ មានសតិ ព្រោះ​បានធ្វើ​ធម៌​ដែលគប្បី​ធ្វើដោយ​សតិ មានសតិ ព្រោះកំចាត់​ចោលធម៌​ដែលជា​សត្រូវ​ដល់សតិ មានសតិ ព្រោះមិន​ភ្លេចធម៌​ជានិមិត្ត​របស់សតិ។ មាន​សតិ ដោយហេតុ ៤ ដទៃទៀត​គឺ ឈ្មោះថា មានសតិ ព្រោះជា​អ្នកបរិបូណ៌​ដោយសតិ មានសតិ​ព្រោះថ្នឹក​ដោយសតិ មាន​សតិ ព្រោះស្ទាត់​ជំនាញដោយ​សតិ មានសតិ ព្រោះមិន​ងាកចោល​សតិ។ មានសតិ​ដោយហេតុ ៤ ដទៃទៀតគឺ ឈ្មោះថា មានសតិ ព្រោះជាអ្នក​មានសតិ មានសតិ ព្រោះជា​អ្នកស្ងប់ មានសតិ ព្រោះជាអ្នក​រម្ងាប់ មានសតិ ព្រោះ​បរិបូណ៌​ដោយ​សប្បុរិសធម៌។ ឈ្មោះថា មានសតិ ព្រោះការ​រឭករឿយ ៗ នូវព្រះពុទ្ធ មានសតិ​ ព្រោះការ​រឭករឿយ ៗ នូវព្រះធម៌ មានសតិ ព្រោះការ​រឭករឿយ ៗ នូវព្រះសង្ឃ មានសតិ ព្រោះការ​រឭករឿយ ៗ នូវសីល​មានសតិ ព្រោះការ​រឭករឿយ ៗ នូវចាគៈ មានសតិ ព្រោះការ​រឭករឿយ ៗ នូវធម៌ ដែល​ធ្វើឲ្យ​ជាទេវតា មាន​សតិ ព្រោះការ​រឭករឿយ ៗ នូវខ្យល់​ដង្ហើម​ចេញចូល មានសតិ ព្រោះការ​រឭករឿយ ៗ នូវ​សេចក្តី​ស្ងប់ មានសតិ ដោយការ​រឭក ប្រព្រឹត្តទៅ​ក្នុងកាយ មានសតិ ព្រោះការ​រឭករឿយ ៗ នូវ​ព្រះនិព្វាន។ ការរឭក។បេ។ ការរឭក​ត្រូវ ការរឭក​ជាអង្គ​នៃធម៌ ជាគ្រឿង​ត្រាស់ដឹង ជាផ្លូវ​ជាទីទៅនៃ​បុគ្គល​ម្នាក់ឯង​ណា នេះ លោកហៅថា សតិ។ ភិក្ខុប្រកប ប្រកបព្រម ចូលទៅ ចូលទៅ​ជិតព្រម ចូលទៅដល់ ចូលទៅ​ដល់ព្រម ប្រកប​ព្រមហើយ ដោយ​សតិនោះ ភិក្ខុនោះ លោក​ហៅថា មានសតិ។ ពាក្យថា ភិក្ខុ គឺថាភិក្ខុ ព្រោះជា​អ្នកទំលាយ​ធម៌ប្រាំពីរ​គឺ ទំលាយ​សក្កាយទិដ្ឋិ ទំលាយ​វិចិកិច្ឆា ទំលាយ​សីលព្វតបរាមាស ទំលាយ​រាគៈ ទំលាយ​ទោសៈ ទំលាយមោហៈ ទំលាយ​មានះ ទំលាយ​អកុសលធម៌​ដ៏លាមក​ទាំងឡាយ ប្រកប​ដោយ​គ្រឿងសៅហ្មង​ព្រម ដែលឲ្យ​បដិសន្ធិ​ក្នុង​ភពថ្មី ប្រកប​ដោយសេចក្តី​ក្រវល់ក្រវាយ មានទុក្ខ​ជាផល ជាបច្ច័យ​នៃជាតិ ជរា មរណៈ ក្នុង​អនាគត។

ព្រះមានព្រះភាគត្រាស់ថា ម្នាលសភិយៈ បុគ្គលដល់​នូវបរិនិព្វាន ដោយមគ្គ​ដែល​ខ្លួន​ចំរើនហើយ មាន​សេចក្តី​សង្ស័យ​ឆ្លងហើយ លះបង់​នូវសេចក្តី​វិនាស និង​សេចក្តី​ចំរើន មានមគ្គ​អប់រំហើយ មាន​ភពថ្មី​អស់ហើយ បុគ្គលនោះ ហៅថា ភិក្ខុ។

ពាក្យថា គប្បីប្រព្រឹត្តមានសតិជាភិក្ខុ បានន័យថា គប្បីប្រព្រឹត្តមាន​ស្មារតី​ជាភិក្ខុ គឺ​គប្បី​មានសតិ​ដើរទៅ មាន​សតិឈរ មានសតិ​អង្គុយ មានសតិ​សម្រេច​នូវ​សេយ្យាសន៍ មានសតិ​ឈានទៅ មាន​សតិឈានថយ មានសតិ​ក្រឡេកមើល មាន​សតិក្រឡេក​មើល​ផ្សេង ៗ មានសតិ​បត់ចូល (នូវអវយវៈ) មានសតិលា (នូវ​អវយវៈ) មានសតិ​ទ្រទ្រង់​សង្ឃាដី បាត្រ និងចីវរ មានសតិ​ត្រាច់ទៅ គប្បីមាន​សតិ​សម្រាន្តនៅ ប្រព្រឹត្ត​ទៅ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ ទ្រង់​ត្រាស់ថា គប្បី​ប្រព្រឹត្ត​មាន​សតិ​ជាភិក្ខុ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

បុគ្គលមិនគប្បីប្រាថ្នាក្នុងកាមទាំងឡាយ មិនគប្បី​ធ្វើចិត្ត​ឲ្យល្អក់ ជាបុគ្គល​ឈ្លាសវៃ​ក្នុងធម៌​ទាំងពួង គប្បី​ប្រព្រឹត្ត​មានសតិ​ជាភិក្ខុ។

[៩៥] ព្រាហ្មណ៍ទាំងឡាយ មានអធ្យាស្រ័យតែមួយ មាន​បយោគតែមួយ មាន​សេចក្តី​ប៉ុនប៉ង​តែមួយ[បយោគមាន ៣ គឺ កាយប្បយោគ ១ វចីបយោគ ១ មនោបយោគ ១។] មានធម៌​ជាគ្រឿង​អប់រំ​តែមួយ អប់រំហើយ (ក្នុងពុទ្ធ​សាសនា​ជាអតីត) ជាមួយគ្នា មួយអន្លើ​ដោយព្រាហ្មណ៍ (ឈ្មោះ​អជិតៈ) នោះ ធម្មចក្ខុ គឺ​សោតាបត្តិមគ្គ មាន​ធូលីទៅ​ប្រាសហើយ មានមន្ទិល​ទៅប្រាស​ហើយ កើតឡើង​ដល់​ពាន់នៃសត្វដ៏​ច្រើនទាំង​នោះថា ធម្មជាត​ណាមួយ មានកិរិយា​កើតឡើង​ជាធម្មតា ធម្មជាត​ទាំងអស់​នោះ មានកិរិយា​រលត់ទៅ​វិញជា​ធម្មតា ឯ (អជិតៈ) ព្រាហ្មណ៍នោះ មានចិត្ត​ផុតស្រឡះ​ហើយ ចាកអាសវៈ​ទាំងឡាយ ព្រោះមិន​ប្រកាន់មាំ ដំណាល​គ្នាដោយ​ការចប់​គាថា។ (លំដាប់នោះ) ស្បែកខ្លាជដា សំពត់សំបកឈើ ឈើច្រត់ កុណ្ឌីទឹក និងសក់ ពុកមាត់ ពុកចង្កា ក៏បាត់ទៅជា​មួយនឹងពេល​ដែលដល់​នូវភាព​នៃខ្លួនជា​ព្រះអរហន្ត។ (អជិតព្រាហ្មណ៍)​ ជាឯហិភិក្ខុ ស្លៀក​ដណ្តប់នូវ​ភណ្ឌ គឺសំពត់​កាសាយៈ ទ្រទ្រង់​នូវសង្ឃាដី បាត្រ និងចីវរ អង្គុយ​ប្រណម្យ​អញ្ជលី នមស្ការ​ព្រះមានព្រះភាគ ដោយ​ប្រតិបត្តិ​សមគួរ​ដល់ប្រយោជន៍ (ហើយ​ប្រកាសថា) បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ​ជាសាស្តា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំព្រះអង្គ​ជាសាវ័ក។

ចប់ អជិតមាណវកប្បញ្ហានិទ្ទេស ទី១។

តិស្សមេត្តេយ្យមាណវកប្បញ្ហានិទ្ទេស ទី២

[៩៦] (តិស្សមេតេ្តយ្យមានអាយុ​ទូលសួរ​ដូច្នេះថា) បុគ្គលណា ក្នុងលោកនេះ ជាអ្នក​ត្រេកអរ​ពេញលេញ បុគ្គលណា មិនមាន​សេចក្តី​ញាប់ញ័រ បុគ្គល​ណាដឹង​ច្បាស់​នូវទី​បំផុត​ទាំងពីរ និងកណ្តាល​ដោយប្រាជ្ញា​ហើយ ព្រះអង្គ​ទ្រង់ហៅ​បុគ្គល​ណាថា មហាបុរស បុគ្គលណា បានកន្លង​នូវតណ្ហា ជាគ្រឿង​ចាក់ស្រេះ​ក្នុង​លោកនេះ។

[៩៧] ពាក្យថា បុគ្គលណា ក្នុងលោកនេះ ជាអ្នកត្រេកអរ​ពេញលេញ គឺជាអ្នក​ត្រេកអរ​ពេញ​ហើយ មានចិត្តរីករាយ មានសេចក្តី​ត្រិះរិះ​ពេញលេញ ហេតុនោះ (លោក​សួរថា) បុគ្គលណា ក្នុងលោកនេះ ជាអ្នក​ត្រេកអរ​ពេញលេញ។ ពាក្យថា ដូច្នេះ ក្នុងបទថា​ តិស្សមេត្តេយ្យ​មានអាយុ (ទូលសួរ) ដូច្នេះ គឺជា​បទភ្ជាប់ ជាពាក្យ​ភ្ជាប់បទ បំពេញបទ ប្រជុំអក្ខរៈ សម្រួល​ព្យញ្ជនៈ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់​បទ។ ពាក្យថា មាន​អាយុ គឺពាក្យ​ជាទី​ស្រឡាញ់ ជាពាក្យ​គោរព ពាក្យថា មានអាយុ​នុ៎ះ ជាពាក្យ​ពោល​ដោយ​គោរព​កោតក្រែង។ ពាក្យថា តិស្សៈ គឺជាឈ្មោះ ជាពាក្យ​សម្រាប់ហៅ សម្រាប់​សំគាល់ ជាបញ្ញត្តិ ជាវោហារ ជានាម ជានាមកម្ម ជានាមបញ្ញត្តិ ជាសំដី ជាគ្រឿង​បញ្ជាក់ ជាគ្រឿង​ប្រកាស​នៃព្រាហ្មណ៍​នោះ។ ពាក្យថា មេត្តេយ្យ គឺជាគោត្រ ជាពាក្យ​សម្រាប់​ហៅ ជាពាក្យ​សម្រាប់​សំគាល់ ជាបញ្ញត្តិ ជាវោហារ​នៃព្រាហ្មណ៍​នោះ ហេតុ​នោះ (លោក​ពោលថា) តិស្សមេត្តេយ្យ​មានអាយុ (ទូលសួរ) ដច្នេះ។

[៩៨] ពាក្យថា បុគ្គលណា មិនមានសេចក្តីញាប់ញ័រ សេចក្តីថា ការញាប់ញ័រ​ដោយ​តណ្ហា ញាប់ញ័រ​ដោយទិដ្ឋិ ញាប់ញ័រ​ដោយមានះ ញាប់ញ័រ​ដោយកិលេស ញាប់ញ័រ​ដោយកម្ម សេចក្តី​ញាប់ញ័រ​ទាំងនេះ របស់​បុគ្គលណា គ្មាន មិនមាន មិនមានព្រម មិនបាន គឺ​បុគ្គលណា លះបង់ ផ្តាច់បង់ ចូលទៅ​រម្ងាប់ រម្ងាប់​ចំពោះ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុត​​ដោយភ្លើង​គឺ ញាណហើយ ហេតុនោះ (លោកសួរថា) បុគ្គលណា មិនមាន​សេចក្តី​ញាប់ញ័រ។

[៩៩] ពាក្យថា បុគ្គលណា ដឹងច្បាស់នូវទីបំផុតទាំងពីរ គឺបុគ្គល​ណា ដឹងច្បាស់ ដឹង ថ្លឹង ពិចារណា សំដែង ធ្វើឲ្យជាក់ច្បាស់​នូវទីបំផុត​ទាំងពីរ ហេតុនោះ (លោកសួរថា) បុគ្គលណា ដឹងច្បាស់​នូវទីបំផុត​ទាំងពីរ។

[១០០] ពាក្យថា និងកណ្តាល ដោយប្រាជ្ញា ហើយមិនជាប់ គឺមិនជាប់ មិនចូលទៅ​ជិតជាប់ ចេញ រលាស់ចេញ រួចស្រឡះ ប្រាសចេញ នៅដោយចិត្ត​ដែលប្រាសចាក​ទំនប់ គឺកិលេស ហេតុនោះ (លោក​សួរថា) និងកណ្តាល​ដោយប្រាជ្ញា ហើយមិនជាប់។

[១០១] ពាក្យថា ព្រះអង្គទ្រង់ហៅបុគ្គលណាថា មហាបុរស គឺព្រះអង្គ ទ្រង់​ហៅបុគ្គល​ណា ទ្រង់សំដែង​បុគ្គលណា ទ្រង់សំគាស់​បុគ្គលណា ទ្រង់ត្រាស់​បុគ្គល​ណា ទ្រង់ឃើញ​បុគ្គលណា ទ្រង់ប្រកាស​បុគ្គលណា​ថា មហាបុរស បុរសលើស បុរស​ប្រសើរ បុរស​វិសេសផុត បុរសចម្បង បុរសឧត្តម បុរសថ្លៃថ្លា​ ហេតុនោះ (លោកសួរថា) ព្រះអង្គ​ទ្រង់ហៅ​បុគ្គល​ណាថា មហាបុរស។

[១០២] ពាក្យថា បុគ្គលណាបានកន្លងនូវតណ្ហា ជាគ្រឿងចាក់ស្រេះ ក្នុងលោកនេះ គឺ​បុគ្គលណា បានកន្លង កន្លងបង់ ឈានកន្លង កន្លងព្រម ប្រព្រឹត្តកន្លង នូវតណ្ហា ជា​គ្រឿង​​ចាក់ស្រេះ ហេតុនោះ (លោកសួរថា) បុគ្គលណា បានកន្លង​នូវតណ្ហា ជាគ្រឿង​ចាក់ស្រេះ​ក្នុងលោកនេះ។ ហេតុនោះ​ ព្រាហ្មណ៍នោះ ពោលហើយថា

(តិស្សមេត្តេយ្យមានអាយុ ទូលសួរ​ដូច្នេះថា) បុគ្គលណា ក្នុងលោកនេះ ជាអ្នក​ត្រេកអរ​ពេញលេញ បុគ្គលណា មិនមាន​សេចក្តី​ញាប់ញ័រ បុគ្គលណា ដឹងច្បាស់​នូវទីបំផុត​ទាំងពីរ និងកណ្តាល ដោយប្រាជ្ញា​ហើយ មិនជាប់ ព្រះអង្គ​ទ្រង់​ហៅ​បុគ្គលណា​ថា មហាបុរស បុគ្គលណា បានកន្លង​នូវតណ្ហា​ជាគ្រឿង​ចាក់ស្រេះ​ក្នុងលោក​នេះ។

[១០៣] (ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលមេត្តេយ្យ) ភិក្ខុណា មានព្រហ្មចរិយៈ សង្រួម​ក្នុងកាម​ទាំងឡាយ ប្រាសចាក​តណ្ហា មានស្មារតី​សព្វកាល ដឹងហើយ រលត់​ហើយ ឯសេចក្តី​ញាប់ញ័រ​របស់ភិក្ខុនោះ​ មិនមានទេ ភិក្ខុនោះ ដឹងច្បាស់​ទីបំផុត​ទាំងពីរ និង​កណ្តាល ដោយការដឹង ហើយមិនជាប់ តថាគត​ហៅភិក្ខុនោះ​ថា មហាបុរស ភិក្ខុនោះ បាន​កន្លង​នូវ​តណ្ហាជា​គ្រឿងចាក់ស្រេះ​ក្នុងលោកនេះ។

[១០៤] អធិប្បាយពាក្យថា មានព្រហ្មចរិយៈ​ក្នុងកាមទាំងឡាយ ត្រង់ពាក្យថា កាមទាំង​ឡាយ បើតាម​ឧទ្ទាន កាមមាន ២ គឺ វត្ថុកាម​ ១ កិលេសកាម ១។បេ។ នេះ​ ហៅថា វត្ថុកាម។បេ។ នេះហៅថា កិលេសកាម។ ពាក្យថា មានព្រហ្មចរិយៈ សេចក្តីថា ការ​វៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញ​បង់នូវពៀរ កិរិយា​មិនធ្វើ ការមិនធ្វើ ការមិនត្រូវ ការមិន​ប្រព្រឹត្ត​កន្លងនូវដែន ចាកការ​ដល់ព្រម​នៃ​អស្សទ្ធម្ម លោកហៅថា ព្រហ្មចរិយៈ។​ មួយទៀត​ ដោយ​និប្បរិយាយ មគ្គប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ គឺប្រាជ្ញា​យល់ត្រូវ សេចក្តី​ត្រិះរិះត្រូវ វាចាត្រូវ ការងារត្រូវ ការចិញ្ចឹម​ជីវិតត្រូវ ព្យាយាមត្រូវ សេចក្តី​រឭកត្រូវ ការតាំង​ចិត្តនឹងត្រូវ លោកហៅថា ព្រហ្មចរិយៈ។ បុគ្គលណា ប្រកប ប្រកបព្រម ចូលមកជិត ចូលមក​ជិតព្រម ចូលទៅ​ដល់ ចូលទៅ​ដល់ព្រម ប្រកបព្រម ដោយមគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរនេះ បុគ្គលនោះ លោកហៅថា អ្នកមាន​ព្រហ្មចរិយៈ។ ឧបមា​ដូចជា​បុគ្គល​ដែលលោក​ហៅថា អ្នកមានទ្រព្យ ព្រោះទ្រព្យ ហៅថា អ្នកមានភោគៈ ព្រោះភោគៈ ហៅថា​អ្នកមានយស ព្រោះយស ហៅថា អ្នកមាន​សិល្បៈ ព្រោះសិល្បៈ ហៅថា​អ្នកមានសីល ព្រោះសីល ហៅថា​អ្នកមាន​ព្យាយាម ព្រោះ​ព្យាយាម ហៅថា​អ្នកមាន​ប្រាជ្ញា ព្រោះប្រាជ្ញា ហៅថា​អ្នកមានវិជ្ជា ព្រោះវិជ្ជា យ៉ាងណា​មិញ បុគ្គលណា ប្រកប ប្រកបព្រម ចូលមកជិត ចូលមក​ជិតព្រម ចូលទៅដល់ ចូលទៅ​ដល់ព្រម ប្រកបព្រម ដោយមគ្គ​ប្រកបដោយ​អង្គ ៨ ដ៏ប្រសើរនេះ បុគ្គលនោះ លោក​ហៅថា អ្នកមាន​ព្រហ្មចរិយៈ យ៉ាងនោះឯង ហេតុនោះ​ (ទ្រង់ត្រាស់ថា) អ្នកមាន​ព្រហ្មចរិយៈ ក្នុងកាម​ទាំងឡាយ។ ពាក្យថា ម្នាល​មេត្តេយ្យ គឺព្រះមានព្រះភាគ ទ្រង់ហៅ​ព្រាហ្មណ៍​នោះ​ដោយគោត្រ ពាក្យថា ព្រះមានព្រះភាគ នេះគឺជា​ពាក្យសំរាប់​ហៅដោយ​គោរព។បេ។ ការបញ្ញតិ្ត​ថា មានព្រះភាគ​នេះ (កើត) ព្រោះការ​ធ្វើឲ្យជាក់​ច្បាស់ ហេតុនោះ ​(លោកពោលថា) ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលមេត្តេយ្យ។

[១០៥] អធិប្បាយពាក្យថា ប្រាសចាកតណ្ហា មានស្មារតីសព្វកាល ត្រង់ពាក្យថា តណ្ហា បានដល់​រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ តណ្ហានេះ បុគ្គលណា​បានលះបង់ ផ្តាច់បង់ រម្ងាប់ រម្ងាប់ចំពោះ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺញាណ​ហើយ បុគ្គលនោះ​លោកហៅថា អ្នកប្រាស​ចាកតណ្ហា អ្នក​លះបង់​តណ្ហា មាន​តណ្ហា​ខ្ជាក់ចោល មានតណ្ហា​លែងហើយ អ្នកលះតណ្ហា អ្នក​រលាស់​ចោលតណ្ហា អ្នកប្រាស​ចាក​រាគៈ អ្នកលះរាគៈ អ្នកខ្ជាក់រាគៈ អ្នកលែង​រាគៈ អ្នក​លះបង់រាគៈ អ្នករលាស់​ចោលរាគៈ មិនមាន​សេចក្តី​ស្រេកឃ្លាន មានទុក្ខ​រលត់​ហើយ មានសេចក្តី​ត្រជាក់​កើតហើយ អ្នកសោយ​សុខ មានខ្លួន​ដ៏ប្រសើរ។ ពាក្យថា សព្វកាល គឺក្នុង​កាលទាំងពួង ក្នុងកាល​ទាំងអស់ អស់កាល​ទាំងស្រុង អស់កាល​ជានិច្ច អស់កាល​ដ៏ទៀង​រឿយ ៗ ប្រព្រឹត្ត​ទៅព្រម ច្រឡូក​ច្រឡំ មិនឃ្លាត គ្មានចន្លោះ ប្រកប​ដោយសេចក្តី​ព្រមព្រៀង ពាល់ត្រូវ ​កាលមុននៃភត្ត កាលជា​ខាងក្រោយ​នៃភត្ត យាម​ខាងដើម យាមកណ្តាល យាមខាង​ក្រោយ រនោច ខ្នើត​ រដូវភ្លៀង រដូវរងា រដូវ​ក្តៅ ខន្ធអស់ទៅ​ ក្នុងខាងដើម ខន្ធអស់ទៅ ​ក្នុងកណ្តាល ខន្ធអស់ទៅ​ ក្នុងខាងក្រោយ។ ពាក្យថា មាន​ស្មារតី គឺឈ្មោះថា​អ្នកមាន​ស្មារតី ដោយហេតុ ៤ គឺមានស្មារតី ព្រោះបាន​ចំរើន​សតិប្បដ្ឋាន គឺការ​ពិចារណា​រឿយ ៗ​ នូវកាយ​ក្នុងកាយ ១ មានស្មារតី ព្រោះបាន​ចំរើន​សតិប្បដ្ឋាន គឺការ​ពិចារណា​រឿយ ៗ នូវវេទនា​ក្នុងវេទនា​ទាំងឡាយ ១ មានស្មារតី ព្រោះ​បាន​ចំរើន​សតិប្បដ្ឋាន គឺការ​ពិចារណា​រឿយ ៗ នូវចិត្ត​ក្នុងចិត្ត ១ មានស្មារតី ព្រោះបាន​ចំរើន​សតិប្បដ្ឋាន គឺការ​ពិចារណា​រឿយ ៗ នូវធម៌​ក្នុងធម៌​ ១។បេ។ បុគ្គល​នោះ លោក​ហៅថា អ្នកមាន​ស្មារតី ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រាសចាក​តណ្ហា មានស្មារតី​សព្វកាល។

[១០៦] ពាក្យថា ដឹងហើយ​ រលត់ហើយ ជាភិក្ខុ អធិប្បាយថា ញាណ ឈ្មោះថា ការដឹង បានដល់បញ្ញា ការដឹងច្បាស់ ការពិចារណា។បេ។ ការមិនវង្វេង ការ​ពិចារណា​ធម៌ សេចក្តី​ឃើញត្រូវ។ ពាក្យថា ដឹងហើយ គឺបានដឹង យល់ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យ​ជាក់ច្បាស់ គឺថា ដឹង យល់ ពិចារណា ត្រិះរិះ​ សំដែង ធ្វើឲ្យជាក់​ច្បាស់ថា សង្ខារ​ទាំងពួង​មិនទៀង បានដឹង យល់​ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យជាក់​ច្បាស់ថា សង្ខារ​ទាំងពួង​ជាទុក្ខ ថា ធម៌ទាំង​ពួង​ជា​អនត្តា ថា សង្ខារ (កើត) ព្រោះអវិជ្ជា​ជាបច្ច័យ។បេ។ ជាធម្មជាត​ណាមួយ មានកិរិយាកើត​ឡើងជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ មានកិរិយា​រលត់ទៅ​ជាធម្មតា។ មួយទៀត បានដឹង យល់ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យ​ជាក់ច្បាស់​ថា​មិនទៀង បានដឹង យល់ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យជាក់ច្បាស់ ថា ជាទុក្ខ ជារោគ ជាបូស ជាសរ។បេ។ ថាមិនមែន​ជាគ្រឿង​រលាស់​ខ្លួន​ចេញចាកទុក្ខ។ ពាក្យថា រលត់​ហើយ គឺរលត់​ហើយ​ព្រោះលោភៈ ញុំាងរាគៈឲ្យរលត់ រលត់​ហើយ ព្រោះ​ញុំាង​ទោសៈ​ឲ្យរលត់ រលត់ហើយ ព្រោះញុំាង​មោហៈ​ឲ្យរលត់ រលត់ហើយ ព្រោះញុំាង​ក្រោធ ការចង​ក្រោធទុក សេចក្តី​លុបគុណ ការវាយ​ឫកស្មើ សេចក្តី​ច្រណែន សេចក្តី​កំណាញ់ ការបិទ​បាំងទោស​របស់ខ្លួន សេចក្តី​អួតអាង សេចក្តី​រឹងត្អឹង ការប្រណាំង​ប្រជែង​ មានះ ​សេចក្តី​មើលងាយ សេចក្តី​ស្រវឹង សេចក្តីធ្វេស កិលេស​ទាំងពួង ទុច្ចរិត​ទាំង​ពួង សេចក្តី​ក្រវល់ក្រវ៉ាយ​ទាំងពួង សេចក្តី​រោលរាល​ទាំងពួង សេចក្តី​ក្តៅក្រហាយ​ទាំងពួង អភិសង្ខារ ជាអកុសល​ទាំងពួង​ឲ្យរលត់។ ពាក្យថា ភិក្ខុ គឺឈ្មោះថា ភិក្ខុ ព្រោះទំលាយ​បង់ធម៌​ប្រាំពីរ។បេ។ មានមគ្គអប់រំ មានភព​ថ្មីអស់ បុគ្គលនោះ លោកហៅ​ថាភិក្ខុ ហេតុនោះ (ទ្រង់​ត្រាស់ថា) ដឹងហើយ រលត់ហើយ ជាភិក្ខុ។

[១០៧] អធិប្បាយពាក្យថា សេចក្តីញាប់ញ័រ របស់ភិក្ខុនោះ មិនមាន ត្រង់ពាក្យថា របស់​ភិក្ខុនោះ បានដល់​ការញាប់ញ័រ​ទាំងឡាយ គឺការ​ញាប់ញ័រ​ដោយតណ្ហា ញាប់ញ័រ​ដោយទិដ្ឋិ ញាប់ញ័រ​ដោយមានះ ញាប់ញ័រ​ដោយកិលេស ញាប់ញ័រ​ដោយកម្ម​របស់​ព្រះអរហន្ត​ខីណាស្រព។ សេចក្តី​ញាប់ញ័រ​ទាំងនេះ របស់​ព្រះខីណាស្រព​នោះ គ្មាន​ មិន​មាន មិនមានព្រម មិនបាន (គឺលោក)​ បានលះបង់ ផ្តាច់បង់ រម្ងាប់ រម្ងាប់ចំពោះ ធ្វើមិន​គួរឲ្យ​កើតឡើង​បាន ដុតដោយ​ភ្លើងគឺញាណ​ហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តី​ញាប់ញ័រ​របស់​ភិក្ខុនោះ​ មិនមាន។​

[១០៨] អធិប្បាយពាក្យថា ភិក្ខុនោះ ដឹងច្បាស់នូវទីបំផុតទាំងពីរ និងកណ្តាល ដោយ​ការដឹង ហើយ​មិនជាប់ ត្រង់ពាក្យថា ទីបំផុត គឺ ផស្សៈ​ជាទី​បំផុតមួយ ការកើត​ឡើង​នៃផស្សៈ ជាទីបំផុត​ទីពីរ ការរលត់​នៃផស្សៈ​ ទុកជា​កណ្តាល អតីត​ជាទីបំផុត​មួយ អនាគត​ជាទីបំផុត​ទីពីរ បច្ចុប្បន្ន​ទុកជា​កណ្តាល សុខវេទនា​ជាទីបំផុត​មួយ ទុក្ខវេទនា​ជា​ទីបំផុត​ទីពីរ អទុក្ខមសុខវេទនា ទុកជា​កណ្តាល នាមជា​ទីបំផុត​មួយ រូបជា​ទីបំផុត​ទីពីរ វិញ្ញាណ ទុកជា​កណ្តាល អាយតនៈ​​ ខាងក្នុង ៦ ជាទីបំផុត​មួយ អាយតនៈ​ខាងក្រៅ ៦ ជាទី​បំផុតទីពីរ វិញ្ញាណ ទុកជា​កណ្តាល សក្កាយៈ​ជាទីបំផុតមួយ ការកើត​ឡើងនៃ​សក្កាយៈ ជាទី​បំផុតទីពីរ ការរលត់​នៃសក្កាយៈ ទុកជា​កណ្តាល។ បញ្ញា លោកហៅថា ការដឹង គឺបញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ សេចក្តី​ឃើញត្រូវ។ ពាក្យថា ការជាប់ បានដល់​ការជាប់​ជំពាក់ពីរគឺ ការជាប់​ជំពាក់​ដោយតណ្ហា ១ ការជាប់​ជំពាក់​ដោយទិដ្ឋិ ១។ ការជាប់​ជំពាក់​ដោយតណ្ហា តើដូចម្តេច។ សេចក្តី​ហួងហែង សេចក្តី​ប្រកាន់​ដែលធ្វើ​ឲ្យជាដែន ធ្វើឲ្យ​ជាទំនប់ ធ្វើឲ្យជា​ចំណែក ធ្វើឲ្យជា​ទីបំផុត​ដោយចំណែក​នៃតណ្ហា​ជាកំណត់​ថា នេះរបស់អញ នុ៎ះរបស់អញ វត្ថុមាន​ប្រមាណ​ប៉ុណ្ណេះ របស់អញ ធម្មជាតិ​មានប្រមាណ​ប៉ុណ្ណេះ របស់អញ រូប សំឡេង ក្លិន រស ផ្សព្វ កម្រាល សំពត់ដណ្តប់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល ញី ស្រែ ចំការ ប្រាក់ មាស ស្រុក និគម រាជធានី ដែន ជនបទ ឃ្លាំង​ ជង្រុក របស់អញ មួយ​វិញទៀត បុគ្គល​ប្រកាន់​មហាប្រថពី​ទាំងមូល ដោយ​អំណាច​នៃតណ្ហា តណ្ហាវិបរិត យ៉ាងពិស្តារ ១០៨ ជាកំណត់ នេះឈ្មោះថា ការជាប់​ចំពាក់​ដោយតណ្ហា។ ការជាប់​ចំពាក់​ដោយទិដ្ឋិ តើដូចម្តេច។ សក្កាយទិដ្ឋិ មានវត្ថុ ២០ មិច្ឆាទិដ្ឋិ មាន​វត្ថុ ១០ អន្តគ្គាហិកាទិដ្ឋិ មានវត្ថុ ១០ ទិដ្ឋិ​​ ដំណើរគឺទិដ្ឋិ ព្រៃស្បាត​គឺទិដ្ឋិ ផ្លូវលំបាក​គឺទិដ្ឋិ ចំរូង​គឺទិដ្ឋិ សេចក្តី​ញាប់ញ័រ​គឺទិដ្ឋិ សញ្ញោជនៈ គឺទិដ្ឋិ ការប្រកាន់ ការប្រកាន់​ចំពោះ​ ការផ្តេកផ្តិត ការស្ទាប​អង្អែល ផ្លូវខុស ផ្លូវអាក្រក់ ភាពនៃ​សេចក្តីខុស លទ្ធិដូច​ជាកំពង់ សេចក្តី​ប្រកាន់​ដោយការ​ស្វែងខុស សេចក្តី​ប្រកាន់​វិបរិត សេចក្តី​ប្រកាន់​វិបល្លាស សេចក្តី​ប្រកាន់ខុស សេចក្តី​ប្រកាន់ថា ជារបស់ពិត ក្នុងរបស់​ដែល​មិនពិត ទិដ្ឋិ ៦២​ ទាំងប៉ុន្មាន​ឯណា មានសភាព​យ៉ាងនេះ នេះឈ្មោះថា ការជាប់​ចំពាក់​ដោយទិដ្ឋិ។ ពាក្យថា ភិក្ខុនោះ ដឹងច្បាស់​ទីបំផុត​ទាំងពីរ និងកណ្តាល ដោយការដឹង ហើយមិនជាប់​ បានន័យថា ភិក្ខុនោះ​ដឹងច្បាស់ យល់ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យប្រាកដ ទីបំផុត​ទាំងពីរ និង​កណ្តាល ដោយការ​ដឹងហើយ មិនចូល​ទៅជិតជាប់ គឺជាអ្នក​មិនជាប់​ចំពាក់ មិនចូលទៅ​ជិតជាប់ ចេញ រលាស់ ចេញ​ផុតស្រឡះ មិនប្រកបព្រម​​ នៅដោយ​ចិត្ត​ដែលធ្វើ​កិលេស​ដូច​ជាទំនប់​ទៅប្រាសហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះ​ដឹងច្បាស់​ទីបំផុត​ទាំងពីរ និងកណ្តាល ដោយការ​ដឹងហើយ។​

[១០៩] ពាក្យថា តថាគតហៅបុគ្គលនោះថាមហាបុរស អធិប្បាយថា តថាគត ហៅបុគ្គល​នោះ ​ប្រាប់បុគ្គលនោះ សំគាល់​បុគ្គលនោះ ពោលបុគ្គលនោះ​ ឃើញបុគ្គល​នោះ ហៅបុគ្គល​នោះថា​មហាបុរស បុរសដ៏លើស បុរសដ៏ប្រសើរ បុរស​វិសេស​បំផុត បុរសជា​ប្រធាន បុរសឧត្តម បុរសថ្លៃថ្លា។​ ឧទាហរណ៍​ដូចព្រះសារីបុត្ត​មានអាយុ ទូល​សួរពាក្យនេះ​នឹងព្រះមានបុណ្យ​ថា សូមទ្រង់​ព្រះមេត្តា​ប្រោស បុគ្គល​ដែលគេ​ហៅថា​មហាបុរស សូមទ្រង់​ព្រះមេត្តា​ប្រោស បុគ្គលដែល​ជាមហាបុរស តើដោយ​ហេតុ​ប៉ុន្មាន។ ម្នាលសារីបុត្ត តថាគត ហៅថា​មហាបុរស ព្រោះបុគ្គលនោះ មានចិត្តរួច​ស្រឡះហើយ មិនហៅថា មហាបុរស ព្រោះបុគ្គលនោះ​ មានចិត្តគ្រាន់​តែជឿទេ ម្នាលសារីបុត្ត បុគ្គល​មានចិត្ត​រួចស្រឡះ​ហើយ ដោយប្រការ​ដូចម្តេច ម្នាលសារីបុត្ត ភិក្ខុក្នុង​សាសនានេះ ពិចារណា​ឃើញរឿយ ៗ នូវកាយ​ក្នុងកាយ​ជាខាងក្នុង ជាអ្នកមាន​ព្យាយាម​ដុតកំដៅ​កិលេស ដឹងច្បាស់ មានស្មារតី បន្ទោបង់​អភិជ្ឈា និងទោមនស្ស​ក្នុងលោក ភិក្ខុនោះ កាល​ពិចារណា​ឃើញរឿយ ៗ នូវកាយ​ក្នុងកាយ ចិត្ត​ក៏ប្រាសចាក​តម្រេក រួចស្រឡះ​ចាក​អាសវៈ​ទាំងឡាយ ព្រោះមិន​ប្រកាន់មាំ ជាអ្នក​ពិចារណា​ឃើញរឿយ ៗ​ (នូវវេទនា) ក្នុងវេទនា​ទាំងឡាយ ពិចារណា​ឃើញ​រឿយ ៗ (នូវចិត្ត) ក្នុងចិត្ត ពិចារណា​ឃើញរឿយ ៗ នូវធម៌​ក្នុងធម៌​ទាំងឡាយ ជាអ្នក​មានព្យាយាម ដុតកំដៅ​កិលេស ដឹងច្បាស់ មានស្មារតី បន្ទោបង់អភិជ្ឈា និងទោមនស្ស​ក្នុងលោក ភិក្ខុនោះ កាល​ពិចារណា​ឃើញរឿយ ៗ នូវធម៌​ក្នុងធម៌​ទាំងឡាយ ចិត្តក៏​ប្រាសចាក​តម្រេក រួចស្រឡះចាក​អាសវៈ​ទាំងឡាយ​ ព្រោះមិន​ប្រកាន់មាំ ម្នាល​សារីបុត្ត ភិក្ខុមាន​ចិត្តរួចស្រឡះ​ហើយ យ៉ាងនេះ​ឯង ម្នាល​សារីបុត្ត តថាគត​ហៅថា មហាបុរស ព្រោះភិក្ខុនោះ មានចិត្ត​ផុតស្រឡះ​ហើយ មិន​ហៅថា មហាបុរស ព្រោះភិក្ខុនោះ​មានចិត្ត​គ្រាន់តែ​ជឿទេ ហេតុនោះ ​(ទ្រង់ត្រាស់ថា) តថាគត​ហៅបុគ្គល​នោះថា​មហាបុរស។

[១១០] ពាក្យថា ភិក្ខុនោះបានកន្លងតណ្ហាជាគ្រឿង​ចាក់ស្រេះក្នុង​លោកនេះ សេចក្តី​ថា តណ្ហា លោក​ហៅថា ធម្មជាតិ​ជាគ្រឿង​ចាក់ស្រេះ បានខាង​សេចក្តី​ត្រេកអរ សេចក្តី​ត្រេកអរ​ខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា​ជាគ្រឿងចាក់​ស្រេះនេះ ដែល​បុគ្គល​ណា លះបង់ ផ្តាច់បង់ រម្ងាប់ រម្ងាប់ចំពោះ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺ​ញាណហើយ បុគ្គល​នោះបាន​កន្លង ចូលទៅកន្លង ឈានកន្លង ឈានកន្លងព្រម ប្រព្រឹត្ត​កន្លង​នូវតណ្ហា​ជាគ្រឿង​ចាក់ស្រេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុនោះ​បានកន្លង​តណ្ហាជាគ្រឿងចាក់​ស្រេះ​ក្នុងលោកនេះ។​ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលមេត្តេយ្យ) (ភិក្ខុណា) មានព្រហ្មចរិយៈ (សង្រួម) ក្នុងកាម​​ទាំងឡាយ ប្រាសចាក​តណ្ហា មានស្មារតី​សព្វកាល ដឹងហើយ រលត់​ហើយ សេចក្តី​ញាប់ញ័រ​របស់​ភិក្ខុ​នោះ មិនមានទេ ភិក្ខុនោះ​ដឹងច្បាស់​ទីបំផុត​ទាំង​ពីរ និង​កណ្តាល ដោយការដឹង ហើយមិនជាប់ តថាគត​ហៅភិក្ខុ​នោះថា មហា​បុរស ភិក្ខុនោះ បានកន្លង​តណ្ហាជា​គ្រឿងចាក់ស្រេះ​ក្នុងលោកនេះ។​

[១១១] ព្រាហ្មណ៍មាណពទាំងឡាយ មានអធ្យាស្រ័យ​តែមួយ មាន​ប្រយោគតែ​មួយ មានសេចក្តី​ប៉ុនប៉ង​តែមួយ មានធម៌​ជាគ្រឿង​អប់រំតែ​មួយ បានអប់រំ​ហើយ (ក្នុង​ពុទ្ធសាសនា​ជាអតីត) ជាមួយគ្នា​មួយអន្លើ ដោយព្រាហ្មណ៍ (ឈ្មោះ​តិស្សមេត្តេយ្យ) នោះ ធម្មចក្ខុ (សោតាបត្តិមគ្គ) មានធូលី​ទៅប្រាស​ហើយ មានមន្ទិល​ទៅប្រាស​ហើយ កើតឡើងដល់​ពាន់​នៃសត្វដ៏​ច្រើនទាំងនោះថា ធម្មជាត​ណាមួយ មានកិរិយា​កើតឡើង​ជាធម្មតា​​ ធម្មជាត​ទាំង​អស់នោះ មានកិរិយា​រលត់​ទៅវិញជា​ធម្មតា ឯ (តិស្សមេត្តេយ្យ​ព្រាហ្មណ៍​នោះ) មានចិត្តផុត​ស្រឡះហើយ ចាកអាសវៈ​ទាំងឡាយ ព្រោះមិន​ប្រកាន់ ដំណាលគ្នា​នឹងការ​ចប់គាថា។ (លំដាប់​នោះ) ស្បែកខ្លា ជដា សំពត់​សម្បកឈើ ឈើច្រត់ កុណ្ឌីទឹក និងសក់ ពុកមាត់ ពុកចង្កា ក៏បាត់ទៅ ជាមួយ​នឹងពេល​ដែលដល់​នូវភាព​នៃខ្លួន​ជាព្រះអរហន្ត។ (តិស្សមេត្តយ្យ​ព្រាហ្មណ៍ បានជា​ឯហិភិក្ខុ) ស្លៀកដណ្តប់​នូវភណ្ឌៈ គឺសំពត់​កាសាយៈ ទ្រទ្រង់​នូវសង្ឃាដី បាត្រ​ និងចីវរ អង្គុយ​ប្រណម្យ​អញ្ជលី​នមស្សការ​ព្រះមានព្រះភាគ ដោយ​ប្រតិបត្តិ​សមគួរ​ដល់​ប្រយោជន៍ (ហើយ​ប្រកាសថា) បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំព្រះអង្គ​ជាសាវ័ក។

ចប់ តិស្សមេត្តេយ្យមាណវកប្បញ្ហានិទ្ទេស ទី២។

បុណ្ណកមាណវកប្បញ្ហានិទ្ទេស ទី៣

[១១២] (បុណ្ណកៈមានអាយុ ក្រាបទូលសួរថា) យើងខ្ញុំ​មកដោយ​ត្រូវការសួរ​ប្រស្នា ចំពោះ​ព្រះអង្គ ជាបុគ្គល​មិនមាន​ការ​ញាប់ញ័រ ទ្រង់ឃើញ​នូវមូល ចុះពួក​មនុស្ស គឺឥសី ក្សត្រ និង​ព្រាហ្មណ៍​ច្រើននាក់ ក្នុងលោកនេះ អាស្រ័យអ្វី ទើបបាន​សម្រេច​យញ្ញៈ ដល់ទេវតា​ទាំង​ឡាយ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ទូលសួរ​ព្រះអង្គ សូម​ព្រះអង្គ ​ប្រាប់​សេចក្តីនោះ ដល់​ខ្ញុំព្រះអង្គ។

[១១៣] ពាក្យថា ជាបុគ្គលមិនមានការញាប់ញ័រ ទ្រង់ឃើញនូវ​មូល​ អធិប្បាយថា តណ្ហា លោកហៅថា ការញាប់ញ័រ បានដល់​សេចក្តី​ត្រេកអរ សេចក្តី​ត្រេកអរ​ខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។​ ការញាប់ញ័រ គឺតណ្ហានោះ ព្រះពុទ្ធ​មានព្រះភាគ លះបង់​ហើយ មានឫស​ផ្តាច់ផ្តិលហើយ ធើ្វមិន​ឲ្យមាន​ទីកើត ដូចជា​ទីកើតនៃ​ដើមត្នោត ធើ្វឲ្យដល់​នូវការ​មិន​មានបែប​ភាព មិនឲ្យ​មានការ​កើតឡើង​តទៅ​ជាធម្មតា ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា មិនមាន​ការញាប់ញ័រ។ ព្រះពុទ្ធ​ឈ្មោះថា មិនញាប់ញ័រ ព្រោះ​ព្រះអង្គលះ​នូវការ​ញាប់ញ័រ។ ទុកជាក្នុង​លាភ ព្រះមានព្រះភាគ ក៏មិនញាប់ញ័រ ទុកជា​ក្នុងអលាភ ក៏មិន​ញាប់ញ័រ ទុកជា​ក្នុង​យស ក៏​មិន​ញាប់ញ័រ ទុកជា​ក្នុងអយស ក៏មិន​ញាប់ញ័រ ទុកជា​ក្នុងសេចក្តី​សរសើ​ក៏មិន​ញាប់ញ័រ ទុក​ជា​ក្នុង​សេចក្តី​តិះដៀល ក៏មិន​ញាប់ញ័រ ទុកជា​ក្នុង​សុខក៏​មិនញាប់ញ័រ ទុកជា​ក្នុងទុក្ខក៏​មិន​ញាប់​ញ័រ មិនកម្រើក មិនរំភើប​ មិនរន្ធត់ ហេតុនោះ (លោកសួរថា) ជាបុគ្គល​មិនមានការ​ញាប់ញ័រ។ ពាក្យថា ឃើញមូល គឺព្រះមានព្រះភាគ​ទ្រង់ឃើញ​ឫសគល់​ ឃើញហេតុ ឃើញ​និទាន ឃើញ​សម្ភវៈ ឃើញ​សមុដ្ឋាន ឃើញ​អាហារ ឃើញអារម្មណ៍ ឃើញបច្ច័យ ឃើញ​សមុទ័យ។ អកុសលមូល ៣ គឺ លោភៈ ជាអកុសលមូល ទោសៈ ជាអកុសលមូល មោហៈ ជា​អកុសល​មូល។ សមដូច​ព្រះមានព្រះភាគ​ត្រាស់ព្រះតម្រាស់​នេះថា ម្នាលភិក្ខុ​ទាំងឡាយ ធម្មជាត ៣ នេះ ជាហេតុ ឲ្យកើត​កម្មទាំងឡាយ គឺលោភៈ ជាហេតុ​ឲ្យកើតកម្ម ទោសៈ​ជាហេតុ​ឲ្យកើតកម្ម មោហៈ​ជាហេតុ​ឲ្យកើតកម្ម ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​ដោយ​កម្មកើត​អំពីលោភៈ ដោយ​កម្ម​​​កើតអំពីទោសៈ ដោយកម្ម​កើតអំពី​មោហៈ​ទេ ដែល (ធ្វើ​ឲ្យ) ពួកទេវតា​ប្រាកដ ពួក​មនុស្ស​ប្រាកដ ឬក៏ពួក​សុគតិណា​នីមួយ​សូម្បីដទៃ (ប្រាកដ) ម្នាលភិក្ខុ​ទាំងឡាយ តាមពិត ដោយ​កម្មកើត​អំពីលោភៈ ដោយ​កម្មកើត​អំពីទោសៈ ដោយកម្ម​កើតអំពី​មោហៈ នរក​ទើប​ប្រាកដ កំណើត​តិរច្ឆាន​ប្រាកដ វិស័យនៃ​ប្រេតប្រាកដ ឬក៏ពួក​ទុគ្គតិ​ឯណានី​មួយសូម្បី​ដទៃ ដើម្បី​ញុំាងអត្តភាព​ឲ្យកើត​ក្នុងនរក ក្នុង​កំណើត​តិរច្ឆាន ក្នុងវិស័យនៃ​ប្រេត​ (ក៏ប្រាកដ) នេះ​អកុសល​មូល ៣ ព្រះមានព្រះភាគ ទ្រង់ជ្រាប ទ្រង់​ឃើញដូច្នេះ។ ព្រះមាន​ព្រះភាគ ព្រះអង្គឃើញ​ឫសគល់។បេ។ ឃើញ​សមុទ័យ យ៉ាងនេះឯង។ កុសលមូល មាន ៣ គឺអលោភៈ ជា​កុសលមូល អទោសៈ ជាកុសលមូល អមោហៈ ជាកុសលមូល។ ដូច​ព្រះមានព្រះភាគ ត្រាស់​ព្រះតម្រាស់​នេះថា កុសលមូល​ទាំង ៣ នេះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​ដោយ​កម្មកើត​អំពីអលោភៈ ដោយកម្ម​កើតអំពី​អទោសៈ ដោយកម្ម​កើតអំពី​អមោហៈ​ទេ ដែលនរក​ប្រាកដ កំណើត​តិរច្ឆានប្រាកដ វិស័យនៃ​ប្រេត​ប្រាកដ ឬក៏ពួក​ទុគ្គតិ​ឯណា​នីមួយ​សូម្បីដទៃ (ប្រាកដ)​ ម្នាលភិក្ខុទាំង​​ឡាយ តាមពិត​ដោយ​កម្ម​​កើត​​អំពី​អលោភៈ ដោយកម្មកើតអំពី​អទោសៈ ដោយកម្មកើត​អំពីអមោហៈ ពួកទេវតា​ទើប​ប្រាកដ ពួក​មនុស្ស​ប្រាកដ ឬក៏ពួក​សុគតិ​ឯណានីមួយ សូម្បីដទៃ​ដើម្បីញុំាង​អត្តភាព​ឲ្យកើត​ក្នុង​ទេវតា និងមនុស្ស (ក៏ប្រាកដ) នេះ កុសល​មូល ៣ ព្រះមានព្រះភាគ ទ្រង់ជ្រាប ទ្រង់​ឃើញ​ដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់​ឃើញ​ឫសគល់។បេ។ ឃើញ​សមុទ័យ​យ៉ាងនេះ​ឯង។ មួយទៀត ព្រះមានព្រះភាគ​ត្រាស់​ព្រះតម្រាស់​នេះថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង​ឡាយណា​នីមួយ ជាអកុសល ជា​ចំណែក​អកុសល ប្រព្រឹត្តទៅ​ក្នុងពួក​អកុសល ធម៌ទាំង​អស់នោះ មាន​អវិជ្ជា​ជាឫស ប្រជុំចុះ​ក្នុងអវិជ្ជា ធម៌ទាំង​អស់នោះ ដល់នូវ​ការរបើកឡើង ព្រោះរបើក​ឡើងនៃ​អវិជ្ជា ព្រះមាន​ព្រះភាគ ទ្រង់ជ្រាប ទ្រង់ឃើញ​ដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់ឃើញ​ឫសគល់។បេ។ ឃើញសមុទ័យ​យ៉ាងនេះឯង។​ មួយវិញ​ទៀត ព្រះមានព្រះភាគ ត្រាស់​ព្រះតម្រាស់​នេះថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង​ឡាយណា​នីមួយ ជាកុសល ជាចំណែក​កុសល ប្រព្រឹត្ត​ទៅក្នុង​ពួកកុសល ​ធម៌ទាំង​អស់នោះ មានសេចក្តី​មិនប្រហែស​ជាឫស ប្រជុំចុះក្នុង​សេចក្តីមិន​ប្រហែស សេចក្តី​មិន​ប្រហែស​ប្រាកដ​ជាកំពូលធម៌​ទាំងនោះ ព្រះមានព្រះភាគ​ទ្រង់​​ជ្រាប ទ្រង់​ឃើញ​​​ដូច្នេះ ព្រះមាន​ព្រះភាគ ទ្រង់ឃើញ​ឫសគល់។បេ។ ឃើញ​សមុទ័យ យ៉ាង​នេះឯង។ ន័យមួយ​ទៀត ព្រះមាន​ព្រះភាគ ទ្រង់ជ្រាប ទ្រង់ឃើញថា អវិជ្ជា​ជាមូល​នៃសង្ខារ សង្ខារ​ជាមូល​នៃ​វិញ្ញាណ វិញ្ញាណ​ជាមូល​នៃនាមរូប នាមរូប​ជាមូល​នៃ​សឡាយតនៈ សឡាយតនៈ​ជា​មូលនៃ​ផស្សៈ ផស្សៈ​ជា​មូល​​នៃវេទនា វេទនា​ជាមូល​នៃតណ្ហា តណ្ហា​ជាមូល​នៃឧបាទាន ឧបាទាន​ជាមូល​នៃភព ភព​ជាមូល​នៃជាតិ ជាតិ​ជាមូល​នៃជរា មរណៈ ព្រះមានព្រះភាគ ទ្រង់ជ្រាប ទ្រង់ឃើញ​ដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់ឃើញ​ឫសគល់។បេ។ ឃើញ​សមុទ័យ​យ៉ាងនេះ​ឯង។ ហេតុនោះ ទើបព្រះមាន​ព្រះភាគ ត្រាស់​ព្រះតម្រាស់​នេះថា ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង​ឡាយ​ណានីមួយ ជា​អកុសល ជាចំណែក​នៃអកុសល ប្រព្រឹត្តទៅ​ក្នុងពួក​នៃអកុសល ​ធម៌ទាំង​អស់​នោះ មាន​អវិជ្ជាជាឫស ប្រជុំចុះ​ក្នុងអវិជ្ជា ធម៌ទាំង​អស់នោះ ដល់នូវការ​របើក​ឡើង ព្រោះ​របើក​ឡើងនៃ​អវិជ្ជា ព្រះមានព្រះភាគ​ទ្រង់ជ្រាប ទ្រង់ឃើញ​ដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់​ឃើញ​ឫសគល់ ឃើញហេតុ​ ឃើញនិទាន ឃើញ​សម្ភវៈ ឃើញ​សមុដ្ឋាន ឃើញ​អាហារ ឃើញ​អារម្មណ៍ ឃើញ​បច្ច័យ ឃើញ​សមុទ័យ យ៉ាងនេះឯង ហេតុនោះ (លោកសួរថា)​ មិនមាន​ការ​ញាប់ញ័រ ទ្រង់ឃើញ​នូវមូល។ ពាក្យ​ថា ដូច្នេះ ក្នុងបទថា ព្រះបុណ្ណកៈ​មាន​អាយុ​ (ក្រាបទូល​សួរ) ដូច្នេះ គឺជា​ពាក្យតបទ។ ពាក្យថា មានអាយុ គឺពាក្យជាទី​ស្រលាញ់។​ ពាក្យថា បុណ្ណកៈ ជាឈ្មោះនៃ​ព្រាហ្មណ៍​នោះ។

[១១៤] ពាក្យថា យើងខ្ញុំ​មក​ដោយត្រូវការ​សួរប្រស្នា អធិប្បាយ​ថា យើងខ្ញុំមក មាន​សេចក្តី​ត្រូវការ​ដោយប្រស្នាមក​ មានប្រាថ្នា​សួរប្រស្នាមក​ មានប្រាថ្នា​នឹងស្តាប់​ប្រស្នា ហេតុនោះ (លោកសួរថា) យើងខ្ញុំមក​ ដោយត្រូវ​ការសួរប្រស្នា​យ៉ាងនេះ​ឯង។ មួយទៀត​ការមក ការឈាន​មកចំពោះ ការចូល​ទៅរក ការចូល​ទៅ​អង្គុយជិត (នៃ​យើងខ្ញុំ) ជាអ្នក​មាន​​សេចក្តី​ត្រូវការដោយ​ប្រស្នា ជាអ្នកប្រាថ្នា​នឹងសួរប្រស្នា ជាអ្នក​ប្រាថ្នា​នឹង​ស្តាប់ប្រស្នា ហេតុ​នោះ (លោកសួរថា) យើងខ្ញុំមក ដោយត្រូវ​ការសួរប្រស្នា យ៉ាងនេះឯង។ មួយវិញ​ទៀត ការមក​ដោយ​ប្រស្នាមាន​ចំពោះ​ព្រះអង្គ ព្រះអង្គ​មាន​បញ្ញាច្រើន មានព្យាយាម អាច​ដើម្បី​សំដែង ដោះស្រាយ ពន្យល់ ពោលប្រស្នា ដែលខ្ញុំ​ព្រះអង្គ​សួរហើយ ហេតុនោះ (លោក​សួរ​ថា) យើងខ្ញុំមក ដោយត្រូវ​ការសួរប្រស្នា យ៉ាងនេះឯង។

[១១៥] ពាក្យថា ចុះពួកមនុស្ស គឺឥសី អាស្រ័យអ្វី ត្រង់ពាក្យថា អាស្រ័យអ្វី គឺ​អាស្រ័យ ​ផ្តេកផ្តួល ភ្ជាប់ ចូលទៅ​ជិតដល់ ស្របចុះ ជឿនូវអ្វី។ ពាក្យថា ឥសី គឺជន​ទាំងឡាយ​ណានីមួយ ជាអាជីវក និគ្រន្ថ ជដិល​ តាបស ដែលបួស​ជាឥសី ជនទាំងនោះ ឈ្មោះថា ឥសី។ ពួកមនុស្ស លោកហៅថា មនុស្ស ហេតុនោះ (លោកសួរថា) ចុះពួក​មនុស្ស គឺឥសី អាស្រ័យអ្វី។

[១១៦] អធិប្បាយពាក្យថា ក្សត្រ និងព្រាហ្មណ៍ ទើបបាន​សម្រេច​យញ្ញៈ​ដល់​ទេវតា ទាំង​ឡាយ ត្រង់ពាក្យថា ក្សត្រ គឺជនទាំងឡាយ​ណានីមួយ មានជាតិ​ជាក្សត្រ។ ពាក្យថា ព្រាហ្មណ៍ គឺជន​ទាំងឡាយ​ណានីមួយ​ជាភោវាទី។ ពាក្យថា ដល់ទេវតា​ទាំងឡាយ គឺពួក​អាជីវក ជាទេវតា​របស់ពួក​សាវ័កនៃ​អាជីវក ពួកនិគ្រន្ថ ជាទេវតា របស់​ពួកសាវ័ក​នៃនិគ្រន្ថ ពួក​ជដិល ជាទេវតា​របស់ពួក​សាវ័កនៃ​ជដិល ពួកបរិព្វាជក ជាទេវតា​របស់​ពួកសាវ័ក​នៃ​បរិព្វាជក ពួក​អវរុទ្ធកៈ ជាទេវតា​របស់ពួក​សាវ័ក​នៃ​អវរុទ្ធកៈ ពួកដំរី ជាទេវតា​របស់​អ្នក​ប្រព្រឹត្ត​វត្តដំរី ពួក​សេះ ជាទេវតា​របស់អ្នក​ប្រព្រឹត្ត​វត្តសេះ ពួកគោ ជាទេវតា​របស់អ្នក​ប្រព្រឹត្តវត្ត​គោ ពួកឆ្កែ ជាទេវតា​របស់អ្នក​ប្រព្រឹត្តវត្តឆ្កែ ពួកក្អែក​ ជាទេវតា​របស់​ពួកអ្នក​ប្រព្រឹត្ត​វត្តក្អែក វាសុទេព ជាទេវតា​របស់​អ្នកប្រព្រឹត្ត​វត្តវាសុទេព ពលទេព ជាទេវតា​របស់​អ្នក​ប្រព្រឹត្ត​វត្តពលទេព បុណ្ណភទ្ទៈ ជា​ទេវតា​របស់អ្នក​ប្រព្រឹត្ត​វត្តបុណ្ណភទ្ទៈ មណិភទ្ទៈ ជាទេវតា​របស់អ្នក​ប្រព្រឹត្ត​វត្ត​មណិភទ្ទៈ ភ្លើង​ ជាទេវតា​របស់អ្នក​ប្រព្រឹត្ត​វត្តភ្លើង ពួកនាគ ជាទេវតា​របស់​​អ្នក​​ប្រព្រឹត្ត​វត្តនាគ ពួកគ្រុឌ ជាទេវតា​របស់អ្នក​ប្រព្រឹត្ត​វត្តគ្រុឌ ពួកយក្យ​ជាទេវតា​របស់អ្នក​ប្រព្រឹត្តវត្ត​យក្យ ពួកអសុរ ជាទេវតា​របស់អ្នក​ប្រព្រឹត្ត​វត្តអសុរ ពួកគន្ធព្វ ជាទេវតា​របស់អ្នក​ប្រព្រឹត្ត​វត្តគន្ធព្វ មហារាជ ជាទេវតា​របស់អ្នក​ប្រព្រឹត្ត​វត្តមហារាជ ព្រះចន្រ្ទ​ ជា​ទេវតា​​របស់អ្នក​ប្រព្រឹត្ត​​វត្ត​​ព្រះចន្រ្ទ ព្រះអាទិត្យ ជាទេវតា​របស់អ្នក​ប្រព្រឹត្ត​វត្តព្រះអាទិត្យ ព្រះ​ឥន្រ្ទ​ ជា​ទេវតា​របស់អ្នក​ប្រព្រឹត្តវត្ត​ព្រះឥន្រ្ទ ព្រហ្ម ជាទេវតា​របស់អ្នក​ប្រព្រឹត្តវត្ត​ព្រហ្ម ពួក​ទេវតា ជាទេវតា​របស់អ្នក​ប្រព្រឹត្តវត្ត​ទេវតា ទិសជា​ទេវតា​របស់អ្នក​ប្រព្រឹត្តវត្តទិស ជន​ទាំង​ឡាយ​​ណា ជា​ទក្ខិណេយ្យ​បុគ្គល​របស់ពួក​ជនណា ជនទាំងនោះ​ ជាទេវតា​របស់ពួកជន​នោះ ហេតុនោះ ​(លោក​​​សួរថា) ក្សត្រ និង​​​ពា្រហ្មណ៍ ទើបបាន​​សម្រេចយញ្ញៈ​ដល់​​ទេវតា​ទាំង​ឡាយ។

[១១៧] ពាក្យថា ច្រើននាក់ ក្នុងលោកនេះ ទើបបានសម្រេច​យញ្ញៈ សេចក្តីថា ទេយ្យធម៌ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿងប្រទីប លោកហៅ​ថា យញ្ញៈ។ ពាក្យថា ទើបបាន​សម្រេចយញ្ញៈ គឺពួក​ជនណា ស្វែងរក ស្វះស្វែងរក ដើររក​នូវយញ្ញៈ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿង​​ក្រអូប​ គ្រឿងលាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿងប្រទីប ពួកជន​ទាំងនោះ ឈ្មោះថា សម្រេចយញ្ញៈ។ សូម្បីពួក​ជនណា តាក់តែង​នូវយញ្ញៈ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជ​បរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿងប្រទីប ពួកជន​ទាំងនោះ ក៏ឈ្មោះថា សម្រេចយញ្ញៈ។ ពួកជនណា ឲ្យ​បូជា លះបង់​នូវយញ្ញៈ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿងប្រទីប ជនទាំងនោះ ក៏ឈ្មោះថា សម្រេចយញ្ញៈ។ ពាក្យថា​ ច្រើន គឺពួកយញ្ញៈ​នុ៎ះច្រើន ឬពួក​អ្នកបូជា​យញ្ញៈ​នុ៎ះច្រើន ឬក៏ពួក​ជនដែល​គួរដល់​ទក្ខិណានុ៎ះ​ច្រើន។ ពួកយញ្ញៈ​នុ៎ះ​ច្រើន តើដូចម្តេច។ ពួកយញ្ញៈនុ៎ះ​ មានច្រើន គឺ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក​ សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿងប្រទីប ពួកយញ្ញៈនុ៎ះ មានច្រើន យ៉ាងនេះ។ ពួកអ្នក​បូជាយញ្ញៈនុ៎ះ មានច្រើន តើដូចម្តេច។ ពួកអ្នក​បូជាយញ្ញៈនុ៎ះ មានច្រើន គឺក្សត្រ ព្រាហ្មណ៍ អ្នកជំនួញ​ អ្នកគ្រួ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស ពួកអ្នក​បូជាយញ្ញៈ​នុ៎ះ មានច្រើន យ៉ាងនេះ។ ពួកជន​ដែល​គួរដល់​ទក្ខិណានុ៎ះ មានច្រើន តើដូចម្តេច។ ពួកជនដែល​គួរដល់​ទក្ខិណានុ៎ះ​ មានច្រើន គឺ​សមណព្រាហ្មណ៍ ស្មូម ជនអ្នក​ពណ៌នា​ហើយសូម និងសាវ័ក ពួកជន​ដែលគួរ​ដល់​ទក្ខិណា​នុ៎ះ មានច្រើន យ៉ាងនេះ។ ពាក្យថា ក្នុង​លោកនេះ គឺក្នុង​មនុស្ស​លោក ហេតុនោះ លោកសួរថា ច្រើនគ្នា ក្នុងលោកនេះ សម្រេចយញ្ញៈ។

[១១៨] អធិប្បាយពាក្យថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ ទួលសួរព្រះអង្គ សូម​ព្រះអង្គ​ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ ត្រង់​ពាក្យថា សួរ បានដល់​ ការសួរ ៣ គឺការសួរ សម្រាប់​បំភ្លឺសេចក្តី​ដែលមិនយល់ ១ ការសួរ​សម្រាប់ប្រៀប​ផ្ទឹមសេចក្តី​ដែល​ខ្លួនយល់​ហើយ ១ ការសួរ​សម្រាប់កាត់​សេចក្តី​សង្ស័យ ១។

ការសួរសម្រាប់បំភ្លឺសេចក្តីដែលមិនយល់ តើដូចម្តេច។ ​លក្ខណៈ​​ជាធម្មជាត ដែល​បុគ្គល​មិនបាន​ដឹង មិនបានឃើញ​ មិនបាន​ថ្លឹង មិនបាន​ពិចារណា មិនបានយល់​ច្បាស់​ មិនបាន​ប្រាកដ ដោយប្រក្រតី បុគ្គល​សួរប្រស្នា​ដើម្បី​ដឹង ឃើញ ថ្លឹង ពិចារណា ដើម្បី​ប្រយោជន៍​ដល់ការ​យល់ច្បាស់ ដើម្បីប្រយោជន៍​ឲ្យប្រាកដ​នូវលក្ខណៈ​នោះ​​ នេះការ​សួរសម្រាប់​បំភ្លឺ​សេចក្តី​ដែលមិន​យល់។​

ការសួរសម្រាប់ប្រៀបផ្ទឹមសេចក្តីដែលខ្លួនយល់ហើយ តើដូចម្តេច។ លក្ខណៈជា​ធម្មជាត​ដែលបុគ្គល​បានដឹង បាន​ឃើញ បានថ្លឹង បានពិចារណា បានយល់ច្បាស់ ប្រាកដ​ដោយ​ប្រក្រតី បុគ្គល​សួរប្រស្នា​ ដើម្បី​ប្រយោជន៍​ដល់ការ​ប្រៀបផ្ទឹម​ជាមួយនឹង​បណ្ឌិត​ទាំងឡាយ​ឯទៀតនេះ​ ការសួរ​សម្រាប់​ប្រៀប​​ផ្ទឹមសេចក្តី​ដែលខ្លួន​យល់ហើយ។

ការសួរសម្រាប់​កាត់សេចក្តីសង្ស័យ តើដូចម្តេច។ បុគ្គលស្ទុះ​ទៅកាន់​សេចក្តី​សង្ស័យ​ដោយប្រក្រតី​ ស្ទុះទៅកាន់​សេចក្តី​ងឿងឆ្ងល់ មានចិត្តបែក​ជាពីរថា យ៉ាងនេះទេ​ឬ ឬមិនមែនទេ​ ហេតុដូច​ម្តេចហ្ន៎ ប្រការ​ដូចម្តេច​ហ្ន៎ បុគ្គលនោះ​ សួរ​ប្រស្នា​​ដើម្បីកាត់​សេចក្តី​សង្ស័យ​ នេះ​ការសួរ​សម្រាប់​កាត់សេចក្តី​សង្ស័យ។ នេះ​ ការសួរ ៣។

ការសួរ ៣ ដទៃទៀត គឺការសួររបស់មនុស្ស ១ ការសួរ​របស់​អមនុស្ស ១ ការសួរ​របស់​​ពុទ្ធនិម្មិត ១។

ការសួររបស់មនុស្ស តើដូចម្តេច។​ មនុស្សទាំងឡាយ​ចូលទៅ​គាល់ព្រះពុទ្ធ​មានព្រះភាគ​​​​​សួរប្រស្នា គឺពួកភិក្ខុ​សួរ ពួកភិក្ខុនី​សួរ ពួកឧបាសក​សួរ ពួកឧបាសិកា​សួរ ពួក​ព្រះរាជា​សួរ ពួកក្សត្រ​សួរ ពួក​ព្រាហ្មណ៍​សួរ ពួកអ្នក​ជំនួញ​សួរ ពួក​អ្នកគ្រួ​សួរ ពួក​គ្រហស្ថ​សួរ ពួកបព្វជិត​សួរ នេះ ការសួរ​របស់​មនុស្ស។​

ការសួររបស់អមនុស្ស តើដូចម្តេច។ អមនុស្សទាំងឡាយ​ចូលទៅ​គាល់​ព្រះ​ពុទ្ធ​មានព្រះភាគ សួរប្រស្នា គឺពួកនាគសួរ ពួកគ្រុឌសួរ ពួកយក្សសួរ ពួកអសុរសួរ ពួក​គន្ធព្វសួរ ពួក​មហារាជ​សួរ ពួកព្រះឥន្រ្ទ​សួរ ពួកព្រហ្មសួរ ពួកទេវតាសួរ នេះ ការសួរ​របស់​អមនុស្ស។

ការសួររបស់ពុទ្ធនិមិ្មត តើដូចម្តេច។ ព្រះមានព្រះភាគ​និមិ្មតរូប​ណា ដ៏សម្រេច​ដោយ​ព្រះទ័យ មានអវយវៈ​តូចធំគ្រប់​សព្វ មានឥន្រ្ទិយ​មិនខ្វះខាត ពុទ្ធនិមិ្មតនោះចូល​ទៅ​​គាល់ព្រះពុទ្ធ​មានព្រះភាគ​សួរប្រស្នា​ ព្រះមានព្រះភាគ ទ្រង់ដោះ​ស្រាយ នេះ ការសួរ​របស់​​ពុទ្ធនិម្មិត។ នេះ ការសួរ ៣។

ការសួរ ៣ ដទៃទៀត គឺការសួរប្រយោជន៍​របស់ខ្លួន ១ ការសួរ​ប្រយោជន៍​របស់​បុគ្គល​ដទៃ ១ ការសួរ​ប្រយោជន៍​ទាំងពីរ ១។

ការសួរ ៣ ដទៃទៀត គឺការ​សួរ​​ប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ការសួរ​ប្រយោជន៍ក្នុង​បរលោក ១ ការសួរ​ប្រយោជន៍​ដ៏ក្រៃលែង គឺ​ព្រះនិព្វាន ១។

ការសួរ ៣ ដទៃទៀត គឺការសួរប្រយោជន៍​មិនមាន​ទោស ១ ការសួរ​ប្រយោជន៍​មិនមាន​សេចក្តី​សៅហ្មង ១​​ ការសួរប្រយោជន៍​ដ៏ផូរផង់ ១។

ការសួរ ៣ ដទៃ​ទៀត គឺការសួរហេតុជាអតីត ១ ការសួរហេតុ​ជាអនាគត​ ១ ការ​សួរ​ហេតុជា​បច្ចុប្បន្ន ១។

ការសួរ ៣​ ដទៃទៀត គឺការសួរធម៌ខាងក្នុង ១ ការសួរធម៌​ខាងក្រៅ ១ ​ការសួរ​ធម៌ទាំង​ខាងក្នុង ទាំងខាងក្រៅ ១។

ការសួរ ៣ ដទៃទៀត គឺការសួរធម៌ជាកុសល ១​ ការសួរធម៌​ជាអកុសល ១ ការ​សួរ​ធម៌ជា​អព្យាកត ១។

ការសួរ ៣ ដទៃទៀត គឺការសួរខន្ធ ១ ការសួរធាតុ ១​ ការសួរអាយតនៈ ១។

ការសួរ ៣ ដទៃទៀត គឺការសួរសតិប្បដ្ឋាន ១ ការសួរសម្មប្បធាន ១ ការសួរឥទ្ធិបាទ​ ១។

ការសួរ ៣​ ដទៃទៀត គឺការសួរឥន្រ្ទិយ ១ ការសួរពលៈ ១ ការសួរ​ពោជ្ឈង្គ ១។

ការសួរ ៣ ដទៃទៀត គឺការសួរមគ្គ ១ ការសួរ​ផល ១ ការសួរនិព្វាន ១។

ពាក្យថា ខ្ញុំព្រះអង្គទូលសួរព្រះអង្គ គឺខ្ញុំព្រះអង្គទូលសួរ​ព្រះអង្គ អង្វរព្រះអង្គ អារាធនា​​ព្រះអង្គ ញុំាងព្រះអង្គ​ឲ្យជ្រះថ្លា សូមព្រះអង្គ​ប្រាប់ (សេចក្តីនោះ) ដល់ខ្ញុំ​ព្រះអង្គ ហេតុនោះ (លោកសួរថា) ខ្ញុំព្រះអង្គទូលសួរព្រះ​អង្គ។ ពាក្យថា បពិត្រ​ព្រះមានព្រះភាគ នេះ គឺ ពាក្យ​ហៅ​ដោយគោរព។បេ។ ការបញ្ញត្តិថា មានព្រះភាគ នេះ កើតហើយ ព្រោះការ​ត្រាស់ដឹង។

ពាក្យថា សូមព្រះអង្គប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ គឺសូមព្រះអង្គ​ពោល ប្រាប់ សំដែង បញ្ញត្ត ផ្តើម​ បើក ចែករលែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកសួរថា) បពិត្រ​ព្រះមាន​ព្រះ​ភាគ ខ្ញុំព្រះអង្គ​ទូលសួរ​ព្រះអង្គ សូមព្រះអង្គ​ប្រាប់សេចក្តី​នោះ ដល់ខ្ញុំ​ព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

(ព្រះបុណ្ណកៈមានអាយុ ក្រាបទូលសួរថា) យើងខ្ញុំមកដោយត្រូវ​ការ​សួរប្រស្នា ចំពោះ​ព្រះអង្គ ជាបុគ្គល​មិនមាន​ការញាប់ញ័រ ​ឃើញនូវ​មូល ចុះពួក​មនុស្ស គឺឥសី ក្សត្រ​ និង​ព្រាហ្មណ៍​ជាច្រើននាក់ ក្នុងលោក​នេះ អាស្រ័យអ្វី ទើប​បានសម្រេច​យញ្ញៈ ដល់​ទេវតា​ទាំងឡាយ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំ​ព្រះអង្គ​ទូលសួរព្រះអង្គ សូមព្រះ​អង្គ​​ប្រាប់​សេចក្តី​នោះ​ដល់ខ្ញុំព្រះអង្គ។

[១១៩] (ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ) ពួកមនុស្ស​ណានីមួយ គឺឥសី ក្សត្រ និងព្រាហ្មណ៍​ជាច្រើននាក់ ក្នុងលោកនេះ សម្រេចយញ្ញៈ​ដល់ទេវតា​ទាំងឡាយ ម្នាល​បុណ្ណកៈ ពួកសត្វ​ទាំងនោះ ប្រាថ្នា​ភាពនេះ អាស្រ័យ​ជរា ទើបបាន​សម្រេច​យញ្ញៈឡើង។

[១២០] ពាក្យថា ពួកមនុស្សណានីមួយ គឺឥសី ត្រង់ពាក្យថា ណានីមួយ គឺ​សព្វគ្រប់ សព្វ​ទាំងអស់ ឥតសេសសល់ គ្មានសេសសល់ ពាក្យថា ណានីមួយ នេះជា​ពាក្យរួបរួម។ ពាក្យថា ឥសី គឺជនទាំងឡាយ​ណានីមួយ ជាអាជីវក និគ្រន្ថ ជដិល តាបស​បួសជាឥសី​(ជន​ទាំងនោះ) ឈ្មោះថា​ ឥសី។​ ពួកមនុស្ស លោកហៅថា មនុស្ស ហេតុនោះ (ទ្រង់​ត្រាស់ថា) ​ពួក​មនុស្ស​ណានីមួយ គឺឥសី។ ពាក្យថា ម្នាលបុណ្ណកៈ គឺ​ព្រះមានព្រះភាគ ទ្រង់ហៅ​ព្រាហ្មណ៍​នោះ​ដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ​នេះ ជា​ពាក្យហៅ​ដោយ​គោរព។បេ។​ ការ​បញ្ញត្តិថា មានព្រះភាគ​នេះ (កើតហើយ) ព្រោះ​ការត្រាស់ដឹង ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលបុណ្ណកៈ។

[១២១] ពាក្យថា ក្សត្រ និងព្រាហ្មណ៍ (សម្រេចយញ្ញៈ) ដល់​ទេវតាទាំងឡាយ ត្រង់​ពាក្យ​ថា ក្សត្រ គឺជន​ទាំងឡាយ​ណានីមួយ មានជាតិ​ជាក្សត្រិយ៍។ ពាក្យថា ព្រាហ្មណ៍ គឺជន​ទាំងឡាយ​ណា​នីមួយ ជាភោវាទី។ ពាក្យថា ដល់ទេវតា​ទាំងឡាយ គឺពួក​អាជីវក ជាទេវតា​របស់ពួក​សាវ័កនៃ​អាជីវក។បេ។ ទិសទាំងឡាយ ជាទេវតា​របស់អ្នក​ប្រព្រឹត្ត​វត្តទិស ពួក​ជន​​ណា ជាទក្ខិណេយ្យបុគ្គល​របស់ពួក​ជនណា ជនទាំងនោះ ជា​ទេវតា​របស់ពួក​ជននោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ក្សត្រ និង​ព្រាហ្មណ៍ (សម្រេច​យញ្ញៈ) ដល់​ទេវតា​ទាំងឡាយ។

[១២២] ពាក្យថា ជាច្រើននាក់ ក្នុងលោកនេះ សម្រេចយញ្ញៈ សេចកី្តថា ទេយ្យធម៌ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កា​កម្រង គ្រឿង​ក្រអូប គ្រឿងលាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿងប្រទីប លោក​ហៅថា យញ្ញៈ។ ពាក្យ​ថា សម្រេចយញ្ញៈ សេចកី្តថា សូម្បីជន​ទាំងឡាយ​ណា ប្រាថ្នារក ស្វែងរក ស្វះស្វែងរក នូវ​យញ្ញៈ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿង​ប្រទីប ជនទាំងនោះ​ ឈ្មោះថា សម្រេច​យញ្ញៈ។ ពាក្យថា ជាច្រើននាក់ គឺយញ្ញៈ​ទាំងនុ៎ះ​ច្រើន ឬ​ពួកអ្នក​ស្វែង​រក​យញ្ញៈនោះ​ច្រើន ឬក៏ពួក​ជន​ដែលគួរ​ដល់ទក្ខិណា​នុ៎ះ ច្រើន។ ពួកយញ្ញៈ​ទាំងនុ៎ះ​ច្រើន តើ​ដោយ​ប្រការដូចម្តេច។បេ។ ពួកជន​ដែលគួរ​ដល់ទក្ខិណា​ទាំងនោះ​ច្រើន យ៉ាងនេះ។ ពាក្យថា ក្នុងលោកនេះ គឺក្នុង​មនុស្សលោក ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាច្រើននាក់ ក្នុងលោកនេះ សម្រេចយញ្ញៈ។

[១២៣] អធិប្បាយពាក្យថា ម្នាលបុណ្ណកៈ (ជនទាំងនោះ) បា្រថ្នានូវ​ភាពនេះ ត្រង់​ពាក្យ​ថា បា្រថ្នា គឺបា្រថា្ន​ការបាន​ចំពោះរូប ប្រាថា្នការ​បាន​ចំពោះ​សំឡេង ប្រាថ្នាការ​បាន​ចំពោះ​ក្លិន ប្រាថ្នាការ​បានចំពោះ​រស ប្រាថ្នាការ​បានចំពោះ​ផ្សព្វ បា្រថ្នាការ​បានចំពោះ​កូន បា្រថ្នាការ​បាន​ចំពោះ​ប្រពន្ធ ប្រាថ្នាការ​បានចំពោះ​ទ្រព្យ ប្រាថ្នាការ​បានចំពោះ​យស ប្រាថ្នា​ការ​បានចំពោះ​ភាព​ជាឥស្សរៈ ប្រាថ្នាការ​បានចំពោះ​អត្តភាព​ក្នុងត្រកូលនៃ​ខត្តិយ​មហាសាល ប្រាថ្នាការ​បាន​ចំពោះ​អត្តភាព​ក្នុងត្រកូល​នៃព្រាហ្មណ​មហាសាល ប្រាថ្នា​ការ​បាន​ចំពោះ​អត្តភាព​ក្នុងត្រកូល​នៃគហបតិ​មហាសាល ប្រាថ្នាការ​បានចំពោះ​អត្តភាព​ក្នុងពួក​ទេវតា​ជាន់ចាតុម្មហារាជិកៈ ប្រាថ្នាចង់​បាន ត្រេកអរ បំណង ស្រឡាញ់ ​ ជាប់ចិត្ត នូវការ​បាន​ចំពោះ​អត្តភាព ក្នុង​ពួក​ទេវតា​ជាន់តាវតិ្តង្ស ក្នុងពួក​ទេវតា​ជាន់យាមៈ ក្នុង​ពួក​ទេវតា​ជាន់តុសិត ក្នុងពួក​ទេវតា​ជាន់និម្មារតី ក្នុងពួក​ទេវតាជាន់​បរនិមិ្មតវសវត្តី ក្នុងពួក​ទេវតា​ដែលប្រព្រឹត្ត​ទៅក្នុងពួក​នៃព្រហ្ម​ ហេតុនោះ (ទ្រង់​ត្រាស់​ថា) ប្រាថ្នា។ ពាក្យថា ម្នាលបុណ្ណកៈ (ជនទាំងនោះ​ប្រាថ្នា) នូវភាពនេះ សេចក្តីថា ប្រាថ្នាការ​កើត​អត្តភាព​ក្នុងត្រកូល​ទាំងនេះ គឺ ប្រាថ្នា​ការកើត​អត្តភាព​ក្នុងត្រកូលខត្តិយ​មហាសាល​នេះ ប្រាថ្នា​ការ​កើតអត្តភាព​ក្នុងត្រកូល​ព្រាហ្មណ​មហាសាល​នេះ ប្រាថ្នាការកើត​អត្តភាព​ក្នុង​ត្រកូល​គហបតិ​មហាសាល​នេះ ប្រាថ្នាការ​កើតអត្តភាព​ក្នុងពួក​ទេវតាជាន់​ចាតុម្មហារាជិកៈ​នេះ ប្រាថ្នាចង់​បាន ត្រេកអរ បំណង ស្រឡាញ់ ជាប់ចិត្ត នូវការកើត​អត្តភាព​ក្នុង​ពួកទេវតា​ជាន់តាវតិ្តង្ស​នេះ ក្នុងពួក​ទេវតា​ជាន់យាមៈ​នេះ ក្នុងពួក​ទេវតា​ជាន់​​តុសិតនេះ ក្នុងពួក​ទេវតាជាន់​និម្មានរតីនេះ ក្នុងពួក​ទេវតា​ជាន់​បរនិម្មិតវសវតី្តនេះ ក្នុងពួក​ទេវតា​ដែល​ប្រព្រឹត្ត​ទៅ​ក្នុងពួក​ព្រហ្មនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាល​បុណ្ណកៈ (ពួកជន​ទាំងនោះ) ប្រាថ្នា​ភាពនេះ។

[១២៤] អធិប្បាយពាក្យថា អាស្រ័យជរា ទើបបានសម្រេច​យ័ញ្ញឡើង ត្រង់​ពាក្យ​ថា អាស្រ័យជរា គឺអាស្រ័យជរា អាស្រ័យព្យាធិ អាស្រ័យ​មរណៈ អាស្រ័យ​សោក សេចក្តី​ខ្សឹក​ខ្សួល ទុក្ខ សេចក្តី​តូចចិត្ត និងសេចក្តី​ចង្អៀត​ចង្អល់ សត្វទាំង​នោះ អាស្រ័យ​ជាតិ​ក្នុង​កាល​​ណា សត្វទាំងនោះ អាស្រ័យជរា​ក្នុងកាលនោះ សត្វទាំងនោះ​អាស្រ័យ​ជរា​ក្នុងកាល​ណា សត្វទាំងនោះ អាស្រ័យព្យាធិ​ក្នុងកាលនោះ សត្វទាំង​នោះ អាស្រ័យ​ព្យាធិ​ក្នុងកាល​ណា សត្វទាំងនោះ​អាស្រ័យ​មរណៈ​ក្នុងកាលនោះ សត្វទាំង​នោះ​អាស្រ័យមរណៈ​ក្នុងកាល​ណា សត្វទាំងនោះ​អាស្រ័យ​សោក សេចក្តី​ខ្សឹកខ្សួល ទុក្ខ សេចក្តី​តូចចិត្ត និង​សេចក្តី​ចង្អៀត​ចង្អល់​ក្នុងកាលនោះ សត្វទាំង​នោះ អាស្រ័យ​សោក សេចក្តី​ខ្សឹកខ្សួល ទុក្ខ សេចក្តី​តូចចិត្ត និងសេចក្តី​ចង្អៀត​ចង្អល់​ក្នុងកាលណា សត្វទាំងនោះ ​អាស្រ័យគតិ ក្នុង​កាលនោះ សត្វ​ទាំងនោះ អាស្រ័យ​គតិក្នុង​កាលណា សត្វ​ទាំងនោះ អាស្រ័យ​ឱបបត្តិ​ក្នុងកាល​នោះ សត្វ​ទាំង​នោះ អាស្រ័យ​ឱបបត្តិ​ក្នុង​កាលណា សត្វ​ទាំងនោះ អាស្រ័យ​បដិសន្ធិ​ក្នុងកាល​នោះ សត្វ​ទាំង​នោះ អាស្រ័យ​បដិសន្ធិ​ក្នុងកាលណា សត្វទាំងនោះ អាស្រ័យ​ភពក្នុង​កាលនោះ សត្វ​ទាំង​នោះ​ អាស្រ័យភព​ក្នុងកាលណា សត្វទាំងនោះ អាស្រ័យ​សង្សារ​ក្នុងកាលនោះ សត្វទាំង​នោះ អាស្រ័យ​សង្សារ​ក្នុងកាលណា សត្វ​ទាំងនោះ អាស្រ័យ​វដ្តៈ អាស្រ័យនៅ ជាប់នៅ ចូលទៅ​ជិតដល់​ លិចចុះ ចុះស៊ប់ ក្នុង​កាលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) អាស្រ័យ​ជរា ទើបសម្រេច​យញ្ញៈ​ឡើង។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាល​បុណ្ណកៈ) ពួកមនុស្ស​ណានីមួយ គឺឥសី ក្សត្រ និង​ព្រាហ្មណ៍​ជាច្រើននាក់​ក្នុងលោក​នេះ សម្រេច​យញ្ញៈ​ដល់ទេវតា​ទាំងឡាយ ម្នាល​បុណ្ណកៈ ពួកសត្វ​ទាំងនោះ ប្រាថ្នា​ភាពនេះ អាស្រ័យ​ជរា ទើបសម្រេច​យញ្ញៈ​ឡើង។

[១២៥] (បុណ្ណកៈមានអាយុ ទូលសួរដូច្នេះថា) ពួកមនុស្ស​ណានីមួយ គឺឥសី ក្សត្រ និង​ព្រាហ្មណ៍​ជាច្រើន​នាក់​ក្នុងលោកនេះ សម្រេច​យ័ញ្ញ​ដល់​ទេវតា​ទាំង​ឡាយ បពិត្រ​ព្រះមានព្រះភាគ ពួកមនុស្ស​ទាំងនោះ មិនធ្វេស​ក្នុងផ្លូវ​យ័ញ្ញ បពិត្រ​ព្រះអង្គ​និរទុក្ខ (មនុស្ស​ទាំង​នោះ) ឆ្លងជាតិ និងជរា​បានដែរឬ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ទូល​សួរព្រះអង្គ សូម​ព្រះអង្គ​ប្រាប់​សេចក្តីនោះ​ដល់ខ្ញុំ​ព្រះអង្គ។

[១២៦] ពាក្យថា ណានីមួយ ក្នុងបទថា ពួកមនុស្ស​ណានីមួយ គឺឥសី។បេ។ អធិប្បាយ​ពាក្យថា បពិត្រ​ព្រះមានព្រះភាគ ពួកមនុស្ស​ទាំងនោះ មិនធ្វេស​ក្នុងផ្លូវយ័ញ្ញ ឆ្លងជាតិ និងជរា​បានដែរឬ ត្រង់ពាក្យថា ដែរឬ គឺការ​សួរដោយ​សង្ស័យ ការសួរ​ដោយ​សេចក្តី​ងឿងឆ្ងល់ ការ​សួរ​ដោយ​ចិត្តបែកជាពីរ ការសួរ​ដោយ​ចំណែកច្រើន​ថា យ៉ាង​នេះ​ឬ មិនមែន​ទេឬ ដូចម្តេចហ្ន៎ ដោយ​ប្រការដូច​ម្តេចហ្ន៎ ហេតុនោះ (លោកសួរថា) ដែរឬ។​ ពាក្យថា មនុស្ស​ទាំងនោះ បាន​ដល់​ពួកមនុស្ស​អ្នកបូជាយ័ញ្ញ។ ពាក្យថា មានព្រះភាគ​នុ៎ះ ជាពាក្យហៅ​ដោយគោរព។បេ។ ការបញ្ញតិ្តថា មានព្រះភាគ​នេះ ​(កើត) ព្រោះ​ការត្រាស់​ដឹង ហេតុនោះ (លោកសួរថា) បពិត្រ​ព្រះមានព្រះភាគ មនុស្ស​ទាំងនោះ ដែរឬ។ ពាក្យថា មិនធ្វេស​ក្នុងផ្លូវ​យញ្ញៈ សេចក្តីថា យញ្ញៈ​ហ្នឹងឯង លោក​ហៅថា ផ្លូវ​យញ្ញៈ។ មគ្គប្រសើរ ផ្លូវប្រសើរ ផ្លូវទេវតា មាគ៌ាព្រហ្ម ផ្លូវ​ព្រហ្ម យ៉ាងណា យញ្ញៈហ្នឹង​ឯង លោកហៅថា ផ្លូវយញ្ញៈ យ៉ាងនោះ​ឯង។ ពាក្យថា មិនធ្វេស គឺមិនធ្វេស ធ្វើដោយ​គោរព ធ្វើរឿយ ៗ មាន​កិរិយាធ្វើ​តាំងមាំ មានកិរិយា​ប្រព្រឹត្ត​មិនរួញរា មានឆន្ទៈ​មិន​ដាក់​ចុះ មានធុរៈ​មិនដាក់ចុះ ប្រព្រឹត្ត​ក្នុងផ្លូវយញ្ញៈ​នោះ ច្រើនក្នុង​ផ្លូវយញ្ញៈ​នោះ ធ្ងន់ក្នុងផ្លូវ​យញ្ញៈ​នោះ ឱនទៅក្នុង​ផ្លូវយញ្ញៈនោះ ទោរទៅ​ក្នុងផ្លូវ​យញ្ញៈនោះ​ ញោចទៅ​ក្នុងផ្លូវ​យញ្ញៈ​នោះ​ ចុះស៊ប់ក្នុង​ផ្លូវយញ្ញៈ​នោះ មានផ្លូវ​យញ្ញៈនោះ ជាអធិបតី ហេតុនោះ (លោកសួរថា) មិន​ធ្វេសក្នុង​ផ្លូវយញ្ញៈ។​​ សូម្បីពួក​ជនណា ស្វែង ស្វះស្វែង​ ស្វែងរក​នូវយញ្ញៈ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿង​ក្រអូប គ្រឿង​លាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿងប្រទីប ជាអ្នកធ្វើ​ដោយគោរព។បេ។ មាន​ផ្លូវ​យញ្ញៈនោះ​ជាអធិបតី ជនទាំងនោះ ឈ្មោះថា មិនធ្វេស​ក្នុងផ្លូវយញ្ញៈ។ សូម្បី​ពួក​ជនណា តាក់តែងយញ្ញៈ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿងប្រទីប ជាអ្នក​ធ្វើដោយ​គោរព។បេ។ មានផ្លូវ​យ័ញ្ញនោះ ជាអធិបតី ជនទាំងនោះ​ឈ្មោះថា មិនធ្វេសក្នុង​ផ្លូវ​យញ្ញៈ សូម្បីពួក​ជនណា ឲ្យ​បូជា លះបង់នូវ​យ័ញ្ញ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ បាយ ទឹក សំពត់​ យាន ផ្កាកម្រង គ្រឿងក្រអូប ​គ្រឿងលាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿងប្រទីប ជាអ្នក​ធ្វើដោយ​គោរព។បេ។ ​មានផ្លូវ​យ័ញ្ញនោះ ជា​អធិបតី ជនទាំង​នោះ ឈ្មោះថា មិនធ្វេស​ក្នុងផ្លូវយ័ញ្ញ ហេតុនោះ ​(លោកសួរថា) បពិត្រ​ព្រះមានព្រះភាគ មនុស្ស​ទាំងនោះ មិនធ្វេស​ក្នុង​ផ្លូវយ័ញ្ញ (ឆ្លងជាតិ និងជរាបាន) ដែរឬ។

[១២៧] ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ មនុស្ស​ទាំងនោះឆ្លង​ជាតិ និងជរាបាន (ដែរ​ឬ) គឺឆ្លង ឆ្លងឡើង ឆ្លងទួទៅ កន្លងព្រម ប្រព្រឹត្តកន្លង នូវជាតិ ជរា និងមរណៈ​បាន (ដែរ​ឬ)។ ពាក្យថា បពិត្រ​ព្រះអង្គ​និរទុក្ខ នេះគឺពាក្យ​ជាទីស្រឡាញ់ ជាពាក្យ​គោរព ពាក្យ​ថា បពិត្រ​ព្រះអង្គ​និរទុក្ខ នេះ​ជាពាក្យហៅ​ដោយគោរព​កោតក្រែង ហេតុនោះ​ (លោក​សួរថា)​ បពិត្រ​ព្រះអង្គ​និរទុក្ខ មនុស្ស​ទាំងនោះ ឆ្លងជាតិ និងជរា​បាន (ដែរឬ)។

[១២៨] អធិប្បាយពាក្យថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ទូលសួរ​ព្រះអង្គ សូមព្រះអង្គ​ប្រាប់សេចក្តី​នោះ ដល់ខ្ញុំ​ព្រះអង្គ ត្រង់ពាក្យថា ខ្ញុំព្រះអង្គ​ទូលសួរ​ព្រះអង្គ គឺ​ខ្ញុំព្រះអង្គ ទូលសួរ​ព្រះអង្គ អង្វរព្រះអង្គ អារាធនា​ព្រះអង្គ ញុំាង​ព្រះអង្គ​ឲ្យជ្រះថ្លា សូម​ព្រះអង្គ​ប្រាប់ (សេចក្តី​នោះ) ដល់ខ្ញុំព្រះអង្គ ហេតុនោះ (លោកសួរថា) ខ្ញុំព្រះអង្គ​ទូល​សួរ​ព្រះអង្គ។ ពាក្យ​ថា បពិត្រ​ព្រះមានព្រះភាគ នុ៎ះជា​ពាក្យហៅ​ដោយគោរព។បេ។ ការបញ្ញត្តិ​ថា មានព្រះភាគ នេះ (កើត) ព្រោះការ​ត្រាស់ដឹង។ ពាក្យថា សូម​ព្រះអង្គ​ប្រាប់​សេចក្តីនោះ​ដល់ខ្ញុំ​ព្រះអង្គ គឺសូម​ព្រះអង្គ​ប្រាប់ បង្ហាញ សំដែង បញ្ញត្ត តាំងផ្តើម បើក​ ចែករំលែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកសួរថា) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ទូលសួរ​ព្រះអង្គ សូមព្រះអង្គ​ប្រាប់សេចក្តី​នោះ​ដល់ខ្ញុំ​ព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍​នោះពោលថា

(បុណ្ណកៈមានអាយុ ទូលសួរដូច្នេះថា) ពួកមនុស្ស​ណាមួយ គឺឥសី ក្សត្រ និង​ព្រាហ្មណ៍​ជា​ច្រើននាក់​ក្នុងលោក​នេះ​ សម្រេច​យញ្ញៈដល់​ទេវតា​ទាំងឡាយ បពិត្រ​ព្រះមានព្រះភាគ ពួកមនុស្ស​ទាំងនោះ មិន​ធ្វេសក្នុង​ផ្លូវយញ្ញៈ បពិត្រ​ព្រះអង្គ​និរទុក្ខ (មនុស្ស​ទាំងនោះ) ឆ្លងជាតិ និងជរា​បានដែរឬ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំ​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ សូមព្រះអង្គ​ប្រាប់សេចក្តី​នោះ ដល់ខ្ញុំ​ព្រះអង្គ។​

[១២៩] (ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ) ជនទាំងឡាយ​ណា ប្រាថ្នា​សរសើរ (ជាប់ចិត្ត) បូជា ជាប់ចិត្ត​ក្នុងកាម ព្រោះអាស្រ័យ​លាភ តថាគត​ពោលថា ជន​ទាំងនោះ ប្រកប​ក្នុងបូជា ត្រេកអរ​ក្នុងភវរាគៈ ឆ្លងជាតិ និងជរា​មិនបាន​ទេ។

[១៣០] អធិប្បាយពាក្យថា ប្រាថ្នា​ សរសើរ (ជាប់ចិត្ត) បូជា ត្រង់ពាក្យថា ប្រាថ្នា គឺ​ប្រាថ្នា​ការបាន​នូវរូប ប្រាថ្នាការ​បាននូវ​សំឡេង ប្រាថ្នាការ​បាននូវក្លិន ប្រាថ្នា​ការបាន​នូវរស ប្រាថ្នា​ការបាន​នូវផ្សព្វ ប្រាថ្នាការ​បាននូវកូន ប្រាថ្នាការ​បាន​នូវប្រពន្ធ ប្រាថ្នាការ​បាន​នូវទ្រព្យ ប្រាថ្នា​ការបាន​នូវយស ប្រាថ្នា​ការបាន​នូវភាព​ជាឥស្សរ ប្រាថ្នា​ការបាន​នូវអត្តភាព​ក្នុង​ត្រកូល​ខត្តិយ​មហាសាល ប្រាថ្នា ត្រេកអរ បំណង ស្រលាញ់ នូវការបាន​ចំពោះ​អត្តភាព​ក្នុង​ត្រកូល​នៃព្រាហ្មណ​មហាសាល ក្នុងត្រកូល​នៃគហបតិ​មហាសាល ក្នុងពួកទេវតា​ជាន់​ចាតុម្មហារាជិកៈ។បេ។ ក្នុងពួក​ទេវតា​ប្រព្រឹត្តទៅ​ក្នុងពួកព្រហ្ម ហេតុនោះ (ទ្រង់​ត្រាស់ថា) ប្រាថ្នា។

ពាក្យថា សរសើរ គឺសរសើរយញ្ញៈក្តី សរសើរផលក្តី សរសើរ​ទក្ខិណេយ្យ​បុគ្គលក្តី។ សរសើរ​យញ្ញៈ តើដូចម្តេច។ ជនទាំងឡាយ សរសើរ សំដែង ពណ៌នា ស្ងើចថា បុគ្គល​ឲ្យវត្ថុ​ជាទី​ស្រឡាញ់​ ឲ្យវត្ថុជា​ទីគាប់ចិត្ត ឲ្យវត្ថុ​ដ៏ថ្លៃថ្លា ឲ្យវត្ថុដ៏គួរ ឲ្យវត្ថុដែល​ពិចារណា​រួចហើយ ឲ្យវត្ថុ​មិនមានទោស ឲ្យរឿយ ៗ កាលឲ្យ ក៏ញុំាងចិត្ត​ឲ្យជ្រះថ្លា សរសើរ​យញ្ញៈ​យ៉ាងនេះ។ សរសើរផល តើដូចម្តេច។ ជនទាំងឡាយ សរសើរ សំដែង ពណ៌នា ស្ងើចថា ព្រោះការ​ឲ្យ​នេះជាហេតុ នឹងបានរូប នឹងបាន​សំឡេង នឹងបានក្លិន នឹងបានរស នឹងបាន​ផ្សព្វ នឹងបាន​អត្តភាព​ក្នុងត្រកូល​នៃខត្តិយ​មហាសាល ក្នុងត្រកូល​នៃព្រាហ្មណ​មហាសាល។បេ។ ក្នុងពួក​ទេវតា​ដែលប្រពឹ្រត្ត​ទៅក្នុង​ពួកព្រហ្ម សរសើរផល យ៉ាងនេះ។ សរសើរ​ទក្ខិណេយ្យ​បុគ្គល តើដូច​ម្តេច។ ជន​ទាំងឡាយ សរសើរ សំដែង ពណ៌នា ស្ងើច​ថា ទក្ខិណេយ្យបុគ្គល​ទាំងឡាយ ជាអ្នក​បរិបូណ៌​ដោយជាតិ បរិបូណ៌​ដោយគោត្រ ជាអ្នក​ស្វាធ្យាយ ទ្រទ្រង់មន្ត ដល់នូវ​ត្រើយនៃ​វេទ ៣ ព្រមទាំង​គម្ពីរនិឃណ្ឌុ និងគម្ពីរ​កេតុភៈ អក្ខរប្បភេទ មានគម្ពីរ​ឥតិហាសៈ​ជាគំរប់ ៥ ជាអ្នក​ចេះបទ ជាអ្នកចេះ​វេយ្យាករណ៍ មិន​ខ្វះខាត ក្នុងគម្ពីរ​លោកាយតៈ និង​មហាបុរិស​លក្ខណៈ ជា​អ្នក​មាន​រាគៈទៅប្រាស​ហើយ ឬ​ប្រតិបត្តិ​ដើម្បី​បន្ទោបង់​រាគៈ ជាអ្នកមាន​ទោសៈទៅ​ប្រាស​ហើយ ឬ​ប្រតិបត្តិ​ដើម្បី​បន្ទោបង់​ទោសៈ មានមោហៈ​ទៅប្រាសហើយ ឬប្រតិបត្តិ​ដើម្បី​បន្ទោបង់​មោហៈ ជាអ្នក​បរិបូណ៌​ដោយ​សទ្ធា បរិបូណ៌​ដោយសីល បរិបូណ៌​ដោយ​សមាធិ បរិបូណ៌​ដោយប្រាជ្ញា បរិបូណ៌​ដោយ​វិមុត្តិ បរិបូណ៌​ដោយ​វិមុតិ្តញ្ញាណទស្សនៈ សរសើរ​ទក្ខិណេយ្យ​បុគ្គល យ៉ាងនេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ប្រាថ្នា ​សរសើរ។

ពាក្យថា ជាប់ចិត្ត គឺជាប់ចិត្តត្រង់ការបានរូប ជាប់ចិត្ត​ត្រង់ការ​បានសំឡេង ជាប់ចិត្ត​ត្រង់ការ​បានក្លិន ជាប់ចិត្ត​ត្រង់​ការ​បានរស ជាប់ចិត្ត​ត្រង់ការ​បានផ្សព្វ ជាប់ចិត្ត​ត្រង់ការ​បាន​អត្តភាព​ក្នុងត្រកូល​នៃ​ខត្តិយ​មហាសាល។បេ។ ជាប់ចិត្ត​ត្រង់ការ​បានអត្តភាព​ក្នុងពួក​ទេវតា​ដែល​ប្រពឹ្រត្តទៅ​ក្នុងពួកព្រហ្ម ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រាថ្នា​ សរសើរ ជាប់ចិត្ត។

ពាក្យថា បូជា គឺបូជា ឲ្យ​លះ បរិច្ចាគ​នូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿងប្រទីប​ ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រាថ្នា សរសើរ ជាប់ចិត្ត បូជា។ ពាក្យថា ព្រះមានព្រះភាគ (ត្រាស់ថា) ម្នាលបុណ្ណកៈ ត្រង់​ពាក្យ​ថា ម្នាលបុណ្ណកៈ គឺ​ព្រះមានព្រះភាគ ហៅព្រាហ្មណ៍​នោះ​ដោយចំឈ្មោះ។ ពាក្យថា មានព្រះភាគ​នេះ ជា​ពាក្យ​ហៅ​ដោយគោរព។បេ។ ថា ព្រះមានព្រះភាគ​នេះ ហេតុនោះ (មាន​ពាក្យថា) ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលបុណ្ណកៈ។

[១៣១] ពាក្យថា ជាប់ចិត្តក្នុងកាម ព្រោះអាស្រ័យលាភ​ គឺជាប់​ចិត្តក្នុងកាម ព្រោះ​អាស្រ័យ​ការបានរូប​ ជាប់ចិត្ត​ក្នុងកាម ព្រោះអាស្រ័យ​ការបាន​សំឡេង។បេ។ ជាប់ចិត្ត ជាប់ចិត្តស៊ប់ ជាប់ចំពាក់​ក្នុងកាម ព្រោះអាស្រ័យ​ការបាន​អត្តភាព​ក្នុងពួក​ទេវតា​ដែល​ប្រព្រឹត្ត​ទៅក្នុង​ពួកព្រហ្ម ហេតុនោះ​ (ទ្រង់​ត្រាស់ថា) ជាប់ចិត្ត​ក្នុងកាម​ព្រោះ​អាស្រ័យ​លាភ។

[១៣២] អធិប្បាយពាក្យថា តថាគតពោលថា ជនទាំងនោះ ជាអ្នកប្រកប​ក្នុងបូជា ត្រេកអរ​ក្នុងភវរាគៈ ឆ្លងជាតិ និង​ជរាមិន​បានទេ ត្រង់ពាក្យថា ជន​ទាំងនោះ គឺពួកជន​អ្នកបូជា​យញ្ញៈ។ ពាក្យថា ប្រកប​ក្នុងបូជា គឺជាអ្នកប្រកប​ ប្រកបទួទៅ ប្រកបព្រម​ ក្នុង​បូជា​ទាំងឡាយ ជាអ្នក​ប្រព្រឹត្ត​ក្នុងបូជានោះ​ ច្រើនក្នុង​បូជានោះ ធ្ងន់ក្នុង​បូជានោះ ឱនទៅ​ក្នុងបូជា​នោះ ទោរទៅ​ក្នុងបូជានោះ ញោចទៅ​ក្នុងបូជានោះ ចុះស៊ប់​ក្នុងបូជានោះ មាន​បូជា​នោះ​ជាអធិបតី ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងនោះ ជាអ្នក​ប្រកប​ក្នុងបូជា។​ ពាក្យថា ត្រេកអរ​ក្នុងភវរាគៈ សេចក្តី​ថា តណ្ហា ហៅថា ភវរាគៈ បានខាង​សេចក្តី​ប៉ុនប៉ង​ក្នុងភព សេចក្តី​ត្រេកអរ​ក្នុងភព សេចក្តី​ប្រាថ្នា​ក្នុងភព​ ការស្នេហា​ក្នុងភព សេចក្តី​ស្រេក​ឃ្លានក្នុង​ភព សេចក្តី​ក្តៅក្រហាយ​ក្នុងភព សេចក្តី​ជ្រប់ក្នុងភព​ សេចក្តី​ចូលចិត្តមាំ​ក្នុងភព ​ក្នុងភព​ទាំងឡាយ​ ជន​ទាំងឡាយ​ ត្រេកអរ ធ្លាក់ចុះ​ ជ្រុលជ្រប់ ងុលងប់ ជាប់ ចំពាក់​ ព័ន្ធព័ទ្ធ​ក្នុងភព​ទាំងឡាយ ដោយ​សេចក្តី​រីករាយ​ក្នុងភព​ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជន​ទាំងនោះ ជាអ្នក​ប្រកប​ក្នុងការបូជា ត្រេកអរ​ក្នុង​ភវរាគៈ។ ពាក្យថា តថាគត​ពោលថា ជន​ទាំងនោះ ឆ្លងជាតិ និងជរា​មិនបានទេ គឺជន​ទាំងនោះ ជាអ្នក​ប្រកប​ក្នុងបូជា ត្រេកអរ​ក្នុងភវរាគៈ ឆ្លង​មិនបាន​ ឆ្លងឡើង​មិនបាន ឆ្លងទួទៅ​មិនបាន កន្លងព្រម​មិនបាន ប្រព្រឹត្ត​កន្លង​មិនបាន នូវជាតិ ជរា និងមរណៈ មិនចេញ មិន​រលាស់ចេញ មិន​ឈានកន្លង មិនឈាន​កន្លងព្រម មិនប្រព្រឹត្ត​កន្លង ចាកជាតិ ជរា និងមរណៈ រមែង​វិលវល់​នៅតែ​ខាងក្នុង​នៃជាតិ​ ជរា និងមរណៈ វិលវល់​ខាងក្នុង​ផ្លូវសង្សារ ​ប្រព្រឹត្តទៅ​តាមជាតិ ត្រូវ​ជរា​ជាប់តាម ត្រូវព្យាធិ​គ្របសង្កត់ ត្រូវមរណៈ​កំចាត់ហើយ គ្មាន​ទីពំនាក់ គ្មានទី​ជ្រកកោន គ្មានទី​ពឹង គ្មានទីផ្អែក តថាគត​ពោល ប្រាប់ សំដែង បញ្ញត្ត​ តាំងផ្តើម បើក​ ចែក រលែក ធ្វើឲ្យ​រាក់ ប្រកាស​ដូច្នេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងនោះ​ ជាអ្នក​ប្រកប​ក្នុងបូជា ត្រេកអរ​ក្នុងភវរាគៈ ឆ្លងជាតិ និងជរា​មិនបាន​ទេ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

(ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលបុណ្ណកៈ) ជនទាំងឡាយណា ប្រាថ្នា សរសើរ (ជាប់ចិត្ត) លះបង់ ប្រាថ្នា​ចំពោះ​នូវកាម ព្រោះអាស្រ័យ​លាភ​ តថាគត​ពោលថា ជន​ទាំងនោះ ជាអ្នកប្រកប​ក្នុងការបូជា ត្រេកអរ​ក្នុងភវរាគៈ ឆ្លង​ជាតិ និងជរា​មិន​បាន​ទេ។​

[១៣៣] (បុណ្ណកៈមានអាយុ ក្រាបទូលសួរដូច្នេះថា) បពិត្រ​ព្រះអង្គ​និរទុក្ខ បើជន​ជា​អ្នក​ប្រកប​ក្នុងការ​បូជាទាំង​នោះ ឆ្លងជាតិ និងជរា​ដោយយ័ញ្ញ​មិនបាន​ទេ បពិត្រ​ព្រះអង្គ​និរទុក្ខ ​តើអ្នកណា ក្នុងទេវលោក និងមនុស្សលោក អាចឆ្លង​ជាតិ និង​ជរា​បាន ក្នុង​កាល​ឥឡូវនេះ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ទូលសួរ​ព្រះអង្គ សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ​ដល់ខ្ញុំ​ព្រះអង្គ។

[១៣៤] ពាក្យថា បើជន​ជាអ្នកប្រកប​ក្នុងការបូជា​ទាំងនោះ ឆ្លងមិន​បានទេ សេចក្តី​ថា ជនជា​អ្នកបូជា​យ័ញ្ញ​ ប្រកប​ក្នុងការបូជា ត្រេកអរ​ក្នុងភវរាគៈ​ទាំងនោះ មិនឆ្លងចុះ មិនឆ្លង​ឡើង មិនឆ្លង​ទួទៅ មិនកន្លង​ព្រម មិនប្រព្រឹត្ត​កន្លងបាន នូវជាតិ ជរា និង​មរណៈ ជន​ទាំងនោះ មិន​ចេញ មិនរលាស់​ចេញ មិនឈាន​កន្លង មិនឈាន​កន្លងព្រម មិន​ប្រព្រឹត្ត​កន្លង ចាកជាតិ ជរា និងមរណៈ វិលវល់​ខាងក្នុង​នៃជាតិ ជរា និងមរណៈ វិលវល់​ខាង​ក្នុងផ្លូវនៃ​សង្សារ ប្រព្រឹត្ត​ទៅតាម​ជាតិ ត្រូវជរា​ជាប់តាម ត្រូវព្យាធិ​គ្របសង្កត់ ត្រូវ​មរណៈ​កំចាត់​ហើយ គ្មានទីពំនាក់ គ្មាន​ទីជ្រកកោន គ្មានទីពឹង គ្មានទីផ្អែក ហេតុនោះ (លោក​សួរថា) បើជន​ជាអ្នកប្រកប​ក្នុង​ការ​បូជាទាំងនោះ ឆ្លងមិនបានទេ។ ពាក្យថា ដូច្នេះ​ ក្នុង​បទថា បុណ្ណកៈ​មានអាយុ ក្រាបទូលសួរ​ដូច្នេះ គឺជាបទ​តភ្ជាប់។បេ។ បុណ្ណកៈ​មានអាយុ។

[១៣៥] ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ (បើជនទាំងឡាយឆ្លង) ជាតិ និងជរា​ដោយ​យ័ញ្ញ​មិនបានទេ សេចក្តីថា ដោយយ័ញ្ញ​ទាំងឡាយ​ដ៏ច្រើន ដោយយ័ញ្ញ​ទាំងឡាយ​ផ្សេង ៗ ដោយយ័ញ្ញ​ដ៏​​ក្រាស់ក្រែល។ ពាក្យថា បពិត្រ​ព្រះអង្គ​និរទុក្ខ គឺពាក្យ​ជាទីស្រឡញ់​ ជា​ពាក្យ​គោរព ពាក្យថា បពិត្រ​ព្រះអង្គ​និរទុក្ខ នុ៎ះ​ជាពាក្យ​សំរាប់ហៅ​ដោយគោរព​កោត​ក្រែង ហេតុនោះ (លោកសួរ​ថា) បពិត្រ​ព្រះអង្គ​និរទុក្ខ (បើជន​ទាំងឡាយឆ្លង)​ ជាតិ និង​ជរា​​ដោយយ័ញ្ញ​មិនបានទេ។

[១៣៦] ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ តើអ្នកណា ក្នុងទេវលោក និងមនុស្សលោក ឆ្លង​ជាតិ និងជរាបាន​ ក្នុងកាល​ឥឡូវនេះ សេចក្តីថា តើអ្នកណា ក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រមទាំង​មនុស្ស ជា​សម្មតិទេព និងមនុស្ស​ដ៏សេស ឆ្លងចុះ ឆ្លងឡើង ​ឆ្លងទួទៅ កន្លងព្រម ​ប្រព្រឹត្ត​កន្លង នូវជាតិ ជរា និងមរណៈ​បាន។​ ពាក្យថា បពិត្រ​ព្រះអង្គ​និរទុក្ខ គឺពាក្យ​ជាទី​ស្រឡាញ់ ជាពាក្យ​គោរព​ ពាក្យថា បពិត្រ​ព្រះអង្គ​និរទុក្ខ នុ៎ះ​ជាពាក្យ​សំរាប់ហៅ​ដោយ​គោរព​កោតក្រែង ហេតុនោះ (លោក​​សួរថា) បពិត្រ​ព្រះអង្គ​និរទុក្ខ តើអ្នកណា ក្នុង​ទេវលោក និងមនុស្ស​លោក ឆ្លងជាតិ និង​ជរាបាន​ ក្នុងកាល​ឥឡូវនេះ។

[១៣៧] ពាក្យថា បពិត្រព្រះមានព្រះភាគ​ ខ្ញុំព្រះអង្គ​ទូលសួរ​ព្រះអង្គ សូម​ព្រះអង្គ​សំដែង​សេចក្តីនោះ​ដល់ខ្ញុំ​ព្រះអង្គ ត្រង់ពាក្យថា ខ្ញុំព្រះអង្គ​ទូលសួរ​ព្រះអង្គ គឺខ្ញុំ​ព្រះអង្គ​ទូលសួរ​ព្រះអង្គ អង្វរព្រះអង្គ អារាធនា​ព្រះអង្គ ញុំាងព្រះអង្គ​ឲ្យជ្រះថ្លា សូម​ព្រះអង្គ​ប្រាប់​សេចក្តីនោះ​ដល់ខ្ញុំព្រះអង្គ ហេតុនោះ (លោកសួរថា) ខ្ញុំព្រះអង្គ​ទូលសួរ​ព្រះអង្គ។ ពាក្យថា បពិត្រ​ព្រះមានព្រះភាគ​ នុ៎ះជាពាក្យ​សម្រាប់ហៅ​ដោយគោរព។បេ។​ ការបញ្ញតិ្ត​ថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះ​ការ​ត្រាស់​ដឹង​ ពាក្យថា សូម​ព្រះអង្គ​សំដែង​សេចក្តីនោះ​ដល់ខ្ញុំ​ព្រះអង្គ គឺសូម​ព្រះអង្គ​ពោល ប្រាប់ សំដែង បញ្ញត្ត តាំង​ផ្តើម វែកញែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកសួរ​ថា) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ទូលសួរ​ព្រះអង្គ សូមព្រះអង្គ​សំដែង​សេចក្តី​នោះ​ដល់ខ្ញុំ​ព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះ​ពោលថា

(បុណ្ណកៈមានអាយុ ក្រាបទូលសួរដូច្នេះថា) បពិត​ព្រះអង្គ​និរទុក្ខ បើជន​ជាអ្នក​ប្រកប​ក្នុងការ​បូជាទាំងនោះ ឆ្លងជាតិ និងជរា​ដោយ​យ័ញ្ញមិន​បានទេ បពិត្រ​ព្រះអង្គ​និរទុក្ខ តើ​អ្នកណា ​ក្នុងទេវលោក និងមនុស្ស​លោក ឆ្លងជាតិ និងជរា​បាន ក្នុង​កាលឥឡូវនេះ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ទូលសួរ​ព្រះអង្គ សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ ដល់ខ្ញុំ​ព្រះអង្គ។

[១៣៨] (ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ) សេចក្តីញាប់ញ័រ​ក្នុងទីនីមួយ​ក្នុង​លោក​នៃបុគ្គលណា មិនមានទេ ព្រោះដឹង​នូវត្រើយ​នាយ និងត្រើយ​អាយ​ក្នុងលោក តថាគត​ពោលថា ​បុគ្គលនោះ ជាអ្នកស្ងប់ អ្នកកំចាត់បង់ អ្នក​មិនមាន​ទុក្ខ អ្នកមិន​មាន​ប្រាថ្នា អាចឆ្លង​ជាតិ និងជរា​បាន។

[១៣៩] ពាក្យថា ព្រោះដឹងនូវត្រើយនាយ និងត្រើយ​អាយក្នុង​លោក សេចក្តីថា ញាណ លោកហៅថា ការដឹង បានខាងបញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការ​ពិចារណា​ធម៌ សេចក្តី​ឃើញត្រូវ។ ពាក្យថា ត្រើយនាយ និងត្រើយអាយ គឺមនុស្សលោក ហៅថា ត្រើយអាយ ទេវលោក ហៅថា​ត្រើយនាយ កាមធាតុ ហៅថា ត្រើយអាយ រូបធាតុ និង​អរូបធាតុ ហៅថា ត្រើយនាយ កាមធាតុ និងរូបធាតុ ហៅថា ត្រើយអាយ​ អរូបធាតុ ហៅថា ត្រើយនាយ។ ពាក្យថា ព្រោះដឹង​នូវត្រើយនាយ និង​ត្រើយអាយ​ក្នុងលោក គឺព្រោះ​ដឹងនូវ​ត្រើយនាយ និង​ត្រើយអាយ​ថា មិនទៀង ព្រោះដឹង យល់ ថ្លឹង ពិចារណា សំដែង ធ្វើឲ្យប្រាកដ ថាជាទុក្ខ ជារោគ ជាបូស ជាសរ។បេ។ ថា រលាស់​ចេញ​មិនបាន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះ​ដឹង​នូវត្រើយនាយ និង​ត្រើយអាយ​ក្នុងលោក។ ពាក្យថា ម្នាលបុណ្ណកៈ ក្នុងបទថា ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលបុណ្ណកៈ គឺ​ព្រះមានព្រះភាគ​ត្រាស់ហៅ​ព្រាហ្មណ៍​នោះដោយ​ចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ នុ៎ះ​ជាពាក្យ​ហៅដោយ​គោរព។បេ។ (ការបញ្ញតិ្ត) ថា ព្រះមានព្រះភាគ​នេះ ហេតុនោះ (មាន​ពាក្យថា) ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលបុណ្ណកៈ។

[១៤០] ពាក្យថា សេចក្តីញាប់ញ័រក្នុងទីនីមួយ​ក្នុងលោក នៃ​បុគ្គលណា មិន​មានទេ ត្រង់​ពាក្យថា នៃបុគ្គលណា គឺនៃ​ព្រះអរហន្ត​ខីណាស្រព។ ពាក្យថា សេចក្តីញាប់​ញ័រ គឺការ​ញាប់ញ័រ​ដោយតណ្ហា ការញាប់ញ័រ​ដោយ​ទិដ្ឋិ ការញាប់ញ័រ​ដោយកិលេស ការញាប់ញ័រ​ដោយ​មានះ ការញាប់ញ័រ​ដោយកម្ម។ ការញាប់ញ័រ​ទាំងនេះ នៃ​បុគ្គលណា​មិន​មាន មិនមានព្រម (បុគ្គល​នោះ) មិនបាន បានលះបង់ កាត់ផ្តាច់ ចូលទៅ​រម្ងាប់ រម្ងាប់​ចំពោះ ធ្វើមិនគួរឲ្យ​កើត​ឡើងបាន ដុតដោយភ្លើង​គឺញាណហើយ។ ពាក្យថា ក្នុងទី​នីមួយ គឺក្នុង​ទីនីមួយ​តិចតួច ដូចម្តេចខ្លះ ខាងក្នុងក្តី ខាងក្រៅក្តី ​ ទាំងខាង​ក្នុងខាង​ក្រៅក្តី។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក។បេ។ ក្នុង​អាយតនលោក ហេតុនោះ (ទ្រង់​ត្រាស់ថា) សេចក្តី​ញាប់ញ័រ​ក្នុង​ទី​នីមួយ​ក្នុងលោក នៃបុគ្គលណា មិនមានទេ។

[១៤១] អធិប្បាយពាក្យថា តថាគតពោលថា បុគ្គលនោះ​ជាអ្នកស្ងប់ អ្នកកំចាត់បង់ អ្នក​មិន​​មានទុក្ខ អ្នកមិនមាន​ប្រាថ្នា អាចឆ្លង​ជាតិ និងជរាបាន ត្រង់ពាក្យថា ជាអ្នកស្ងប់ គឺឈ្មោះ​ថា អ្នកស្ងប់ ព្រោះស្ងប់រាគៈ ឈ្មោះថា អ្នកស្ងប់ ព្រោះស្ងប់ទោសៈ ឈ្មោះថា អ្នកស្ងប់ ព្រោះស្ងប់​មោហៈ ឈ្មោះថា អ្នកស្ងប់ អ្នករម្ងាប់ អ្នករម្ងាប់​ឈឹង អ្នករំលត់ អ្នករម្ងាប់​ចំពោះ ព្រោះស្ងប់ រម្ងាប់ រម្ងាប់ឈឹង រលត់ រំលត់​ ទៅប្រាស រម្ងាប់​ចំពោះ​នូវ​ក្រោធ ការចង​ក្រោធទុក សេចក្តី​លុបគុណ ការវាយឫកស្មើ សេចក្តី​ច្រណែន កំណាញ់ កិច្ចកល សេចក្តី​អួតអាង សេចក្តីរឹងត្អឹង ការប្រណាំង​ប្រជែង មានះ សេចក្តី​មើលងាយ សេចក្តី​ស្រវឹង សេចក្តី​ប្រហែស កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តីក្រវល់​ក្រវាយ​ទាំងពួង សេចក្តី​ក្រហល់​ក្រហាយ​ទាំងពួង សេចក្តី​ក្តៅក្រហាយ​ទាំងពួង អភិសង្ខារ​ជា​អកុសល​ទាំងពួង ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នកស្ងប់។ ពាក្យថា អ្នក​កំចាត់បង់ គឺ​អ្នក​កំចាត់បង់ ផ្លុំចេញ ធ្វើឲ្យ​រីងស្ងួត ធ្វើឲ្យ​វិនាស​នូវកាយទុច្ចរិត អ្នកកំចាត់បង់ ផ្លុំចេញ ធ្វើឲ្យ​រីងស្ងួត ធ្វើឲ្យ​វិនាសនូវ​វចីទុច្ចរិត នូវមនោទុច្ចរិត អ្នកកំចាត់បង់ ផ្លុំចេញ ធ្វើឲ្យ​រីងស្ងួត ធ្វើឲ្យ​វិនាស​នូវរាគៈ អ្នក​កំចាត់បង់ ផ្លុំចេញ ធ្វើឲ្យរីងស្ងួត ធ្វើឲ្យវិនាស​នូវ​ទោសៈ មោហៈ ក្រោធ ការចង​ក្រោធទុក សេចក្តី​លុបគុណ ការវាយឫកស្មើ សេចក្តី​ច្រណែន សេចក្តី​កំណាញ់ កិច្ចកល សេចក្តី​អួតអាង សេចក្តី​រឹងត្អឹង ការប្រណាំង​ប្រជែង មានះ សេចក្តី​មើលងាយ ​សេចក្តី​ស្រវឹង និងសេចក្តី​ប្រហែស អ្នក​កំចាត់បង់ ផ្លុំ​ចេញ ធ្វើឲ្យរីងស្ងួត ធ្វើឲ្យ​វិនាសនូវ​កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់​ក្រវ៉ាយ​​ទាំងពួង សេចក្តី​ក្រហល់​ក្រហាយ​ទាំងពួង សេចក្តី​ក្តៅក្រហាយ​ទាំងពួង អភិសង្ខារ​ជាអកុសល​ទាំងពួង។ មួយទៀត ក្រោធ លោកពោលថា​ផ្សែង

ម្នាលព្រាហ្មណ៍ សេចក្តីពិតថា មានះរបស់អ្នក ទុកជា​អម្រែកដ៏ធ្ងន់ សេចក្តីក្រោធ ទុកជា​ផ្សែង ការពោល​ពាក្យកុហក ទុកជា​ផេះ អណ្តាត ទុកជាវែក ហឫទ័យ​របស់​អ្នកដែល​យកចិត្ត​ទុកដាក់ ទុកជា​កន្លែង​ភ្លើង ខ្លួនដែល​ទូន្មាន​ល្អហើយ ទុកជា​ជាតិរបស់​បុរស។​​

មួយទៀត ការក្រោធ កើតដោយអាការ ១០ គឺក្រោធ​កើតដោយ​គិតថា គេបាន​ប្រព្រឹត្ត​អំពើ​មិនជា​ប្រយោជន៍​ដល់អញ ១ ក្រោធកើត​ដោយគិតថា គេកំពុង​ប្រព្រឹត្ត​អំពើ​មិនជា​ប្រយោជន៍​ដល់អញ ១ ក្រោធកើត​ដោយ​គិតថា គេនឹង​ប្រព្រឹត្ត​អំពើ​មិនជា​ប្រយោជន៍​ដល់អញ ១ ក្រោធកើត​ដោយ​គិតថា គេ​បាន​​ប្រព្រឹត្តអំពើ​មិនជា​ប្រយោជន៍ ១ ថា កំពុង​ប្រព្រឹត្ត​អំពើមិន​ជាប្រយោជន៍ ១ ថា នឹងប្រព្រឹត្ត​អំពើមិន​ជាប្រយោជន៍​ដល់សត្វ និង​សង្ខារ​ជាទីស្រឡាញ់ ជាទីពេញ​ចិត្តនៃអញ ១ ក្រោធកើត​ដោយគិតថា គេបាន​ប្រព្រឹត្ត​ប្រយោជន៍ ១ ថាកំពុង​ប្រព្រឹត្ត​ប្រយោជន៍ ១ ថានឹង​ប្រព្រឹត្ត​ប្រយោជន៍​ដល់សត្វ និង​សង្ខារ​មិនជាទី​ស្រឡាញ់ មិនជា​ទីពេញចិត្ត​នៃអញ ១ ឬសេចក្តី​ក្រោធ​កើតក្នុង​ទីមិនគួរ ១។ សេចក្តីគំនុំ ការគុំគួន ការថ្នាំងថ្នាក់ ការតាន​តឹង​នៃចិត្ត សេចក្តី​ខឹង ការខឹងខ្លាំង ការខឹង​ក្រៃលែង ទោសៈ ទោសៈខ្លាំង ទោសៈក្រៃលែង ការ​ព្យាបាទ​នៃចិត្ត ការ​ប្រទូសរ៉ាយ​ក្នុងចិត្ត ការក្រោធ អាការក្រោធ ភាពនៃ​ការក្រោធ ការ​ប្រទូស្ត អាការ​ប្រទូស្ត ភាពនៃ​ការប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃ​ការព្យាបាទ សេចក្តី​ខឹង ការ​ខឹង​ខ្លាំង សេចក្តីកាច ការញុំាង​ទឹកភ្នែក​ឲ្យហូរធ្លាក់ សេចក្តី​មិនរីករាយ​នៃចិត្ត​ឯណា មាន​សភាព​យ៉ាងនេះ នេះហៅថា ការក្រោធ។ មួយទៀត បណ្ឌិតគប្បី​ដឹងថា ក្រោធ​ប្រមាណ​ច្រើន និងតិច។ ក្នុងកាលខ្លះ ក្រោធគ្រាន់​តែធ្វើចិត្ត​ឲ្យល្អក់ តែមិនទាន់​ធ្វើមុខឲ្យ​ក្រញូវ​នៅ​ឡើយ​ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់​តែធ្វើមុខ​ឲ្យក្រញូវ តែមិនទាន់​ញុំាង​ចង្កាឲ្យ​កំរើក​​នៅ​ឡើយ​ក៏មាន។ ក្នុងកាលខ្លះ​ ក្រោធគ្រាន់​តែញ៉ាំង​ចង្កាឲ្យកំរើក តែមិនទាន់​បញ្ចេញ​វាចា​អាក្រក់​នៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ​ ក្រោធគ្រាន់​តែបញ្ចេញ​វាចា​អាក្រក់ តែមិនទាន់​ក្រឡេក​មើល​ទិសតូច និងទិសធំ​នៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធ​គ្រាន់តែ​ក្រឡេក​មើលទិស​តូច និងទិសធំ តែមិនទាន់​ចាប់កាន់​ដំបង និង​កាំបិត​នៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់​តែចាប់កាន់​ដំបង និងកាំបិត តែមិន​ទាន់ងា​ឡើងនូវ​ដំបង និងកាំបិត​នៅឡើយ ក៏មាន។ ​ក្នុងកាលខ្លះ ក្រោធគ្រាន់​តែងាឡើង​នូវដំបង និងកាំបិត តែមិនទាន់​សំពង​កាប់​ដោយដំបង និងកាំបិតនៅ​ឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់​តែសំពង​កាប់ដោយ​ដំបង និងកាំបិត តែមិនទាន់​ធ្វើឲ្យ​ធ្លុះធ្លាយ ដាច់ដាចនៅ​ឡើយ ​ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែ​ធ្វើឲ្យធ្លុះ​ធ្លាយ​ដាច់ដាច តែមិន​ទាន់បំបាក់​បំបែក​​នៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់​តែបំបាក់​បំបែក តែមិនទាន់​អូស​ទាញ​មក​នូវអវយវៈតូច និងអវយវៈធំ​នៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធ​គ្រាន់តែទាញ​កន្រ្តាក់មកនូវ​អវយវៈតូច និងអវយវៈធំ តែមិនទាន់​ញ៉ាំងជីវិត​ឲ្យវិនាស​នៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់​តែញុំាងជីវិត​ឲ្យវិនាស តែមិន​ទាន់តាំង​នៅក្នុង​ការលះ និងការ​បរិច្ចាគ (ជីវិត) ទាំងអស់គ្នា​នៅឡើយ​ក៏មាន។ ក្នុងកាលណា បុគ្គល​អ្នកក្រោធ​សម្លាប់​បុគ្គល​ដទៃ ហើយសម្លាប់ខ្លួន ក្នុងកាលនោះ ក្រោធក៏ដល់​នូវ​សភាព​ដ៏ចំរើន​ក្រៃលែង ដល់នូវ​សភាព​ដ៏ទូលំទូលាយ​ដ៏ក្រៃលែង ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណោះ។ ក្រោធនុ៎ះ ដែល​បុគ្គលណា បានលះបង់ កាត់ផ្ដាច់ ចូលទៅ​រម្ងាប់ រម្ងាប់ចំពោះ ធ្វើមិនគួរ​ឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើង គឺញាណ​ហើយ បុគ្គលនោះ ហៅថា អ្នកកំចាត់បង់។ បុគ្គល​នោះ ឈ្មោះថា អ្នកកំចាត់បង់ ព្រោះលះ​ក្រោធហើយ ឈ្មោះថា អ្នកកំចាត់បង់ ព្រោះ​កំណត់​ដឹង​នូវវត្ថុ​ក្រោធហើយ ឈ្មោះថា អ្នកកំចាត់បង់ ព្រោះ​កាត់ផ្តាច់​នូវហេតុនៃ​ក្រោធ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកកំចាត់បង់។ ពាក្យថា អ្នកមិនមានទុក្ខ សេចក្តីថា រាគៈ​ជាទុក្ខ ទោសៈជាទុក្ខ មោហៈជាទុក្ខ ក្រោធជាទុក្ខ ការចងក្រោធ​ទុកជាទុក្ខ។បេ។ អភិសង្ខារ ជាអកុសល​ទាំងពួង​ជាទុក្ខ។ ទុក្ខទាំងនុ៎ះ បុគ្គលណា​លះបង់ កាត់​ផ្តាច់ ចូលទៅ​រម្ងាប់ រម្ងាប់ចំពោះ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុត​ដោយ​ភ្លើងគឺញាណ​ហើយ បុគ្គលនោះ​ លោកហៅថា អ្នកមិន​មានទុក្ខ។ ពាក្យថា អ្នកមិន​មានសេចក្តី​ប្រាថ្នា សេចក្តីថា តណ្ហា ហៅថា សេចក្តី​ប្រាថ្នា បាន​ដល់សេចក្តី​រីករាយ សេចក្តី​រីករាយ​ខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា គឺការប្រាថ្នានុ៎ះ បុគ្គលណា លះបង់ កាត់ផ្តាច់ ចូលទៅ​រម្ងាប់ រម្ងាប់ចំពោះ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើង​គឺ​ញាណ​ហើយ បុគ្គល​នោះ​ លោក​ហៅថា អ្នកមិនមាន​សេចក្តីប្រាថ្នា។ ពាក្យថា ជាតិ បានដល់​ការកើត ការកើតព្រម កិរិយា​ឈានចុះ ការកើត ការកើតចំពោះ ការកើត​ប្រាកដ​នៃខន្ធ​ទាំងឡាយ ការបាន​ចំពោះ​នូវ​អាយតនៈ​ទាំងឡាយ នៃសត្វ​ទាំងឡាយនោះ ៗ ក្នុងពួកនៃ​សត្វ​នោះ ៗ​​ ពាក្យថា ជរា គឺការចាស់​ ភាពនៃ​សេចក្តី​គ្រាំគ្រា ភាពនៃ​ធ្មេញបាក់ ភាពនៃ​សក់ស្កូវ ភាពនៃ​ស្បែកជ្រួញជ្រីវ សេចក្តី​សាបសូន្យ​នៃអាយុ សេចក្តី​ចាស់ជុំ​វិញ​នៃឥន្រ្ទិយ នៃសត្វទាំង​ឡាយ​​នោះ ៗ ក្នុងពួក​នៃសត្វ​នោះៗ។ ពាក្យថា តថាគត​ពោលថា បុគ្គលនោះ ជាអ្នកស្ងប់ អ្នកកំចាត់បង់ អ្នកមិនមាន​ទុក្ខ អ្នកមិនមាន​សេចក្តី​ប្រាថ្នា អាច​ឆ្លងជាតិ និងជរា​បាន បាន​សេចក្តីថា តថាគត​ពោល ប្រាប់ សំដែង​ បញ្ញត្ត តាំងផ្តើម បើក ចែក​ ធ្វើឲ្យរាក់ ប្រកាសថា បុគ្គលណា​ជាអ្នក​ស្ងប់ផង អ្នក​កំចាត់​បង់ផង អ្នក​មិនមាន​ទុក្ខផង អ្នកមិនមាន​សេចក្តី​ប្រាថ្នាផង បុគ្គលនោះ​បានឆ្លង ឆ្លងឡើង ឆ្លងរំលង ​ផ្លោះកន្លង លោតរំលង នូវជាតិ ជរា និងមរណៈបាន​ ហេតុនោះ (ទ្រង់​ត្រាស់ថា) តថាគត​ពោលថា បុគ្គលនោះ ជាអ្នកស្ងប់ អ្នក​កំចាត់បង់ អ្នក​មិនមានទុក្ខ អ្នកមិន​មានសេចក្តី​ប្រាថ្នា អាចឆ្លង​ជាតិ និង​ជរាបាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលបុណ្ណកៈ) សេចក្តី​ញាប់ញ័រក្នុង​ទីនីមួយក្នុង​លោក នៃបុគ្គលណា​មិនមានទេ ព្រោះ​ដឹងនូវ​ត្រើយ​​នាយ និង​ត្រើយអាយ​ក្នុងលោក តថាគត​ពោលថា បុគ្គលនោះ ជាអ្នកស្ងប់ អ្នក​កំចាត់បង់ អ្នកមិន​មានទុក្ខ អ្នក​មិនមាន​សេចក្តីប្រាថ្នា ​អាចឆ្លង​ជាតិ និង​ជរាបាន។

ក្នុងពេលដែលចប់ព្រះគាថា។បេ។ បុណ្ណកៈមានអាយុ អង្គុយ​ប្រណម្យ​អញ្ជលី​នមស្ការ​ព្រះមានព្រះភាគ ពោលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ ព្រះមានព្រះភាគ ជាសាស្តា​នៃខ្ញុំ​ព្រះអង្គ ខ្ញុំព្រះអង្គជា​សាវ័ក។

ចប់ បុណ្ណកមាណវកប្បញ្ហានិទ្ទេស ទី៣។

មេត្តគូមាណវកប្បញ្ហានិទ្ទេស ទី៤

[១៤២] (មេត្តគូមាណពមានអាយុទូលសួរដូច្នេះថា) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​សូមទូល​សួរ​ព្រះអង្គ សូមព្រះអង្គ​ត្រាស់ប្រាប់​នូវសេចក្តី​នោះដល់​ខ្ញុំព្រះអង្គ​ឲ្យទាន ខ្ញុំព្រះអង្គ​សំគាល់​ឃើញថា ព្រះអង្គ​ជាអ្នក​ដល់នូវវេទ ជាអ្នក​មានខ្លួន​បានអប់រំ​ហើយ សេចក្តីទុក្ខ​ទាំងឡាយ​ណាមួយ ជាច្រើនប្រការ​ក្នុងលោក សេចក្តី​ទុក្ខទាំង​នេះ កើតមក​អំពីទី​ណា​ហ្ន៎។ ​

[១៤៣] អធិប្បាយពាក្យថា បពិត្រ​ព្រះមានព្រះភាគ​ ខ្ញុំព្រះអង្គ​សូមទូល​សួរព្រះអង្គ សូម​ព្រះអង្គត្រាស់ប្រាប់​នូវសេចក្តី​នោះ​ដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា សួរ បានដល់សំនួរ ​៣ គឺ អទិដ្ឋជោតនាបុច្ឆា (សំនួរ​ជាគ្រឿង​បំភ្លឺហេតុ​ដែល​មិនទាន់​បានឃើញ) ១ ទិដ្ឋសំសន្ទនាបុច្ឆា (សំនួរ​ជាគ្រឿង​ប្រៀបផ្ទឹម​ហេតុ​ដែលធ្លាប់​ឃើញ​ហើយ) ១ ​វិមតិច្ឆេទនាបុច្ឆា (សំនួរជា​គ្រឿង​កាត់សេចក្តី​ងឿងឆ្ងល់) ១។

អទិដ្ឋជោតនាបុច្ឆា តើដូចម្តេច។ លក្ខណៈ​ដែលបុគ្គល​មិនទាន់​ដឹង មិនទាន់ឃើញ​ មិនទាន់​ថ្លឹង មិនទាន់​ពិចារណា មិនទាន់​យល់ច្បាស់ មិនទាន់​ប្រាកដ ដោយ​ប្រក្រតី បុគ្គល​សួរប្រស្នា​ដើម្បី​ការដឹង ការឃើញ ការថ្លឹង ការពិចារណា ដើម្បី​ប្រយោជន៍​ដល់ការ​យល់ច្បាស់ ដើម្បី​ប្រយោជន៍​ឲ្យប្រាកដ​នូវលក្ខណៈ​នោះ នេះ អទិដ្ឋជោតនាបុច្ឆា។

ទិដ្ឋសំសន្ទនាបុច្ឆា តើដូចម្តេច។ លក្ខណៈ​ដែលបុគ្គល​បានដឹង ឃើញ ថ្លឹង ពិចារណា យល់ច្បាស់ ប្រាកដ​ដោយប្រក្រតី​ហើយ បុគ្គល​សួរនូវ​ប្រស្នា ដើម្បី​ប្រយោជន៍​ប្រៀបផ្ទឹម​ជា​មួយ​នឹងពួក​អ្នកប្រាជ្ញ​ដទៃ នេះ ទិដ្ឋសំសន្ទនាបុច្ឆា។

វិមតិច្ឆេទនាបុច្ឆា តើដូចម្តេច។​ បុគ្គល​ស្ទុះទៅកាន់​សេចក្តី​សង្ស័យ ស្ទុះទៅកាន់​សេចក្តី​ងឿងឆ្ងល់ ​មានគំនិត​បែកជាពីរ ដោយ​ប្រក្រតី​ថា យ៉ាងនេះ​ទេឬ ឬមិន​មែនទេ ដូចម្តេច​ហ្ន៎ ប្រការ​ដូចម្តេចហ្ន៎ បុគ្គលនោះ សួរប្រស្នា ដើម្បីកាត់​សេចក្តី​ងឿងឆ្ងល់ នេះ វិមតិច្ឆេទនាបុច្ឆា។ ​នេះ​បុច្ឆា ៣។ បុច្ឆា (សំនួរ) ៣ ដទៃទៀត ​គឺ មនុស្សបុច្ឆា អមនុស្សបុច្ឆា និម្មិតបុច្ឆា។

មនុស្សបុច្ឆា តើដូចម្តេច។ ពួកមនុស្ស​ចូលទៅ​គាល់​ព្រះពុទ្ធមាន​ព្រះភាគ ហើយ​សួរ​ប្រស្នាគឺ ពួកភិក្ខុសួរ ពួកភិក្ខុនីសួរ ពួកឧបាសកសួរ ពួកឧបាសិកាសួរ ពួក​ព្រះរាជា​សួរ ពួក​ក្សត្រសួរ ពួកព្រាហ្មណ៍​សួរ ពួកវេស្សៈសួរ ពួកសុទ្ទៈសួរ ពួក​គ្រហស្ថសួរ ពួក​បព្វជិតសួរ នេះ​មនុស្សបុច្ឆា។

អមនុស្សបុច្ឆា តើដូចម្តេច។ ពួកអមនុស្ស​ចូលទៅគាល់​ព្រះពុទ្ធ​មានព្រះភាគ ហើយ​​សួរ​​ប្រស្នា គឺ ពួកនាគសួរ ​ពួកគ្រុឌសួរ ពួកយក្ខសួរ ពួកអសុរសួរ ពួកគន្ធព្វសួរ ពួក​មហារាជសួរ ពួកព្រះឥន្ទសួរ ពួកព្រហ្មសួរ ពួកទេវតាសួរ នេះ អមនុស្សបុច្ឆា។

និម្មិតបុច្ឆា តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់និមិ្មតរូបណា មានអវយវៈ​សព្វគ្រប់ មាន​ឥន្រ្ទិយ​មិនខ្វះខាត ដែលសម្រេច​អំពីចិត្ត។ រូបនិម្មិតនោះ ចូលទៅគាល់​ព្រះពុទ្ធ​មាន​ព្រះភាគ ហើយ​សួរប្រស្នា ព្រះមានព្រះភាគ​ក៏ទ្រង់​ដោះស្រាយ នេះ និម្មិតបុច្ឆា។ នេះ បុច្ឆា ៣។ ​

បុច្ឆា ៣ ដទៃទៀតគឺ បុច្ឆាចំពោះ​ប្រយោជន៍​នៃខ្លួន ១ បុច្ឆា​ចំពោះ​ប្រយោជន៍​បុគ្គល​ដទៃ ១ បុច្ឆាចំពោះ​ប្រយោជន៍​ទាំងពីរ ១។

បុច្ឆា ៣ ដទៃទៀតគឺ បុច្ឆាចំពោះ​ប្រយោជន៍​បច្ចុប្បន្ន ១ បុច្ឆាចំពោះ​ប្រយោជន៍​បរលោក ១ បុច្ឆាចំពោះ​ប្រយោជន៍​ដ៏ក្រៃលែង ១។

បុច្ឆា ៣ ដទៃទៀត គឺ បុច្ឆា​ចំពោះ​ប្រយោជន៍​មិនមានទោស ១ បុច្ឆាចំពោះ​ប្រយោជន៍​មិន​មានកិលេស ១ បុច្ឆាចំពោះ​ប្រយោជន៍​ដ៏ផូរផង់ ១។

បុច្ឆា ៣ ដទៃទៀត គឺ អតីតបុច្ឆា ១ អនាគតបុច្ឆា ១ បច្ចុប្បន្នបុច្ឆា ១។

បុច្ឆា ៣ ដទៃទៀត គឺ បុច្ឆាធម៌ក្នុង ១ បុច្ឆាធម៌ក្រៅ ១ បុច្ឆាធម៌ទាំង​ក្នុងទាំងក្រៅ ១។

បុច្ឆា ៣ ដទៃទៀត គឺកុសលបុច្ឆា ១ អកុសលបុច្ឆា ១ អព្យាកតបុច្ឆា ១។

បុច្ឆា ៣ ដទៃទៀត គឺ ខន្ធបុច្ឆា ១ ធាតុបុច្ឆា ១ អាយតនៈបុច្ឆា ១។

បុច្ឆា ៣ ដទៃទៀតគឺ​ សតិប្បដ្ឋានបុច្ឆា ១ សម្មប្បធានបុច្ឆា ១ ឥទ្ធិបាទបុច្ឆា ១។

បុច្ឆា ៣ ដទៃទៀត គឺ ឥន្រ្ទិយបុច្ឆា ១ ពលបុច្ឆា ១ ពោជ្ឈង្គបុច្ឆា ១។

បុច្ឆា ៣ ដទៃទៀត គឺ មគ្គបុច្ឆា ១ ផលបុច្ឆា ១ និព្វានបុច្ឆា ១។

ពាក្យថា ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ គឺ​ខ្ញុំព្រះអង្គ​សូមទូល​សួរព្រះអង្គ សូម​អង្វរ​ព្រះអង្គ អារាធនា​ព្រះអង្គ ជ្រះថ្លា​ចំពោះព្រះអង្គ សូម​ព្រះអង្គ​ត្រាស់ប្រាប់​ដល់​ខ្ញុំព្រះអង្គ ហេតុនោះ (លោក​ពោលថា) ខ្ញុំព្រះអង្គ​ទូលសួរ​ព្រះអង្គ។ ពាក្យថា ព្រះមានព្រះភាគ នុ៎ះ​ជាពាក្យ​ពោលដោយ​គោរព។បេ។ ការបញ្ញត្តិ​ថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការ​ត្រាស់ដឹង។ ពាក្យថា សូមព្រះអង្គ​ត្រាស់ប្រាប់​សេចក្តី​នោះ ​ដល់ខ្ញុំ​ព្រះអង្គ គឺ​សូម​ព្រះអង្គ​ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់​ ប្រកាស ​ហេតុនោះ​ (លោក​ពោលថា) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​សូមទូល​សួរ​ព្រះអង្គ សូម​ព្រះអង្គ​ត្រាស់ប្រាប់​សេចក្តីនោះ​ដល់ខ្ញុំ​ព្រះអង្គ។ ​ពាក្យថា ដូច្នេះ របស់​បទថា មេត្តគូ​មានអាយុ (ទូលសួរ) ដូច្នេះ គឺជា​បទតភ្ជាប់។បេ។ មេត្តគូមានអាយុ (ទូលសួរ) ​ដូច្នេះ។

[១៤៤] ពាក្យថា ខ្ញុំព្រះអង្គសំគាល់ឃើញថា ព្រះអង្គ​ជាអ្នក​ដល់នូវវេទ ជាអ្នកមាន​ខ្លួន​បាន​អប់រំហើយ អធិប្បាយថា ខ្ញុំព្រះអង្គ​សំគាល់​ព្រះអង្គ​ថា ជាអ្នក​ដល់នូវវេទ សំគាល់​ព្រះអង្គថា ជាអ្នក​មានខ្លួន​អប់រំហើយ ខ្ញុំព្រះអង្គ​សំគាល់​យ៉ាងនេះ ដឹង​យ៉ាងនេះ យល់យ៉ាង​នេះ ដឹង​ច្បាស់​យ៉ាងនេះ ដឹងចំពោះ​យ៉ាងនេះ ចាក់ធ្លុះ​យ៉ាងនេះថា ព្រះអង្គ​ដល់​នូវវេទ មានខ្លួន​បានអប់រំ​ហើយ។

ព្រះមានព្រះភាគឈ្មោះថា ទ្រង់ដល់នូវវេទ តើដូចម្តេច។ ញាណ ប្រាជ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ ធម្មវិចយសម្ពោជ្ឈង្គ វីមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គ ៤ លោកហៅថា វេទ។ ព្រះមានព្រះភាគ​ទៅកាន់​ទីបំផុត ដល់នូវ​ទីបំផុត​នៃជាតិ ជរា និងមរណៈ ដោយ​វេទ​ទាំងឡាយ​នោះ​ ទៅកាន់​ទីខាងចុង ដល់ទី​ខាងចុង ទៅកាន់​ទីបំផុត​ជុំវិញ ដល់ទី​បំផុត​ជុំវិញ ទៅកាន់​ទីចប់ ដល់ទីចប់ ទៅកាន់​ទីពំនាក់ ដល់​ទីពំនាក់ ទៅកាន់​ទីជ្រកកោន ដល់ទី​ជ្រកកោន ទៅកាន់​ទីពឹង ដល់ទីពឹង ទៅកាន់​ទីមិនមាន​ភ័យ ដល់ទី​មិនមានភ័យ ទៅកាន់ទី​មិនច្យុត ដល់ទី​មិនច្យុត ទៅ​កាន់​អមតៈ ដល់អមតៈ ទៅកាន់​ព្រះនិញ្វន ដល់​ព្រះនិញ្វន។ មួយទៀត ព្រះអង្គ​ឈ្មោះថា ទ្រង់​ដល់​នូវវេទ ព្រោះទ្រង់​ដល់ទី​បំផុត​នៃវេទ​ទាំងឡាយ។ មួយទៀត ព្រះអង្គ​ឈ្មោះថា ទ្រង់ដល់​នូវ​វេទ ព្រោះទ្រង់​ដល់ទី​បំផុត​ដោយវេទ​ទាំងឡាយ មួយវិញ​ទៀត ព្រះអង្គ​ឈ្មោះថា ទ្រង់​ដល់នូវ​វេទ ព្រោះដឹង​ច្បាស់នូវ​ធម៌ទាំង ៧។ គឺព្រះអង្គ​ទ្រង់ដឹង​ច្បាស់​សក្កាយទិដ្ឋិ ដឹងច្បាស់​វិចិកិច្ឆា ដឹង​ច្បាស់​​សីលព្វតបរាមាសៈ ដឹងច្បាស់រាគៈ​ ទោសៈ មោហៈ មានះ។ ធម៌ជា​អកុសល​ដ៏លាមក​ជាគ្រឿង​សៅហ្មង នាំឲ្យ​កើតក្នុង​ភពថី្មទៀត ប្រកប​ដោយសេចក្តី​ក្រវល់ក្រវាយ មាន​ផល​​ជាទុក្ខ មានជាតិ ជរា មរណៈ ប្រព្រឹត្ត​ទៅខាងមុខ ជាធម៌ គឺព្រះអង្គ​ទ្រង់ជ្រាប​ច្បាស់​ហើយ។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណា​ពិនិត្យច្បាស់​នូវវេទ​ទាំង​អស់ ​ដែលជា​របស់​សមណព្រាហ្មណ៍​ទាំងឡាយ ជាអ្នក​មានតម្រេក​ទៅ​ប្រាស ក្នុង​វេទនា​ទាំង​ពួង កន្លងផុត​នូវវេទ​ទាំងពួង បុគ្គលនោះ ឈ្មោះថា អ្នកដល់​នូវវេទ។

ព្រះមានព្រះភាគ ឈ្មោះថា មានខ្លួនបាន​អប់រំហើយ តើដូចម្តេច។​ ព្រះមានព្រះភាគ មាន​ព្រះកាយ​អប់រំហើយ មានសីល​អប់រំ​ហើយ មានព្រះទ័យ​អប់រំ​ហើយ មានប្រាជ្ញា​អប់រំ​ហើយ មាន​សតិប្បដ្ឋាន​អប់រំហើយ មានសម្មប្បធាន​អប់រំហើយ មានឥទ្ធិបាទ​អប់រំហើយ មានឥន្រ្ទិយ​អប់រំហើយ មានពលៈ​អប់រំហើយ មាន​ពោជ្ឈង្គ​អប់រំហើយ មានមគ្គ​អប់រំ​ហើយ មានកិលេស​លះបង់ហើយ មាន​អកុប្បធម៌​ត្រាស់ដឹង​ហើយ មាន​និរោធធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ។ ទុក្ខក៏​ព្រះមានព្រះភាគ​នោះ កំណត់​ដឹងហើយ សមុទយៈ ទ្រង់​លះបង់​​ហើយ មគ្គ ព្រះអង្គ​ចំរើន​ហើយ និរោធ ព្រះអង្គ​ធើ្វឲ្យ​ជាក់ច្បាស់​ហើយ គុណជាត​ដែល​គប្បីជ្រាប​ច្បាស់ ព្រះអង្គ​ជា្រប​ច្បាស់ហើយ ធម្មជាត​ដែល​គួរកំណត់ដឹង ព្រះអង្គ​កំណត់ដឹង​ហើយ កិលេសជាត​ដែល​ត្រូវ​លះ ព្រះអង្គ​លះបង់​ហើយ គុណជាត​ដែលត្រូវ​ចំរើន ព្រះអង្គ​ចំរើនហើយ គុណជាត​ដែល​ត្រូវ​ធើ្វឲ្យ​ជាក់ច្បាស់​ ព្រះអង្គ​ធើ្វឲ្យជាក់​ច្បាស់ហើយ។ ព្រះមានព្រះភាគ មិនមែន​ជាបុគ្គល​តូចតាចទេ ជាបុគ្គលធំ ជា​បុគ្គល​ជ្រៅ មានប្រមាណ​មិនបាន ដែលអ្នក​ផងស្ទង់មើល​បានដោយក្រ​ មានរតនៈ​ច្រើន ប្រៀប​ដូចសាគរ ជាបុគ្គល​ប្រកប​ដោយ​ឆឡង្គុបេក្ខា។ ព្រះអង្គ​ទតឃើញ​រូបដោយ​ចក្ខុហើយ មិន​ត្រេកអរ មិនអាក់អន់ ទ្រង់គង់​ព្រងើយ​កន្តើយ មានស្មារតី​ជ្រាប​ច្បាស់​ ព្រះអង្គ​ឮសំឡេង​ដោយ​សោតៈ ធុំក្លិន​ដោយឃានៈ លិទ្ធរស​ដោយជិវ្ហា ពាល់ត្រូវ​ផ្សព្វ​ដោយកាយ ជ្រាប​ធម្មារម្មណ៍​ដោយ​ព្រះទ័យ​ហើយ មិនត្រេកអរ មិន​អាក់អន់ ទ្រង់គង់​ព្រងើយ​កនើ្តយ មាន​ស្មារតី​ជ្រាប​ច្បាស់។ ព្រះអង្គ​ទតឃើញ​រូបដោយ​ចក្ខុហើយ មិនជាប់ មិន​ស្រឡាញ់​ចំពោះរូប​ជាទី​ពេញចិត្ត មិនញុំាង​រាគៈឲ្យ​កើតឡើង។ ព្រះអង្គ​មានព្រះកាយ​ខ្ជាប់ខ្ជួន មានព្រះទ័យ​ខ្ជាប់ខ្ជួន ជាព្រះទ័យ​ឋិតនៅ​ដោយល្អ​ខាងក្នុង​សន្តាន រួច​ស្រឡះ​ដោយប្រពៃ។ ព្រះអង្គ​ទតឃើញ​រូបនុ៎ះ ដោយ​ចក្ខុហើយ ក៏មិនស្អប់​ចំពោះរូប​មិន​ជា​ទីពេញចិត្ត ព្រះអង្គ​មាន​ព្រះទ័យ​មិនអាក់អន់ មានព្រះទ័យ​មិនរួញរា មានព្រះទ័យ​មិន​គុំគួន។ ព្រះអង្គ​មានព្រះកាយ​ខ្ជាប់ខ្ជួន មានព្រះទ័យ​ខ្ជាប់ខ្ជួន ជាព្រះទ័យ​ឋិតនៅ​ដោយល្អ​ខាងក្នុង​សន្តាន ជាព្រះទ័យរួច​ស្រឡះ​​ដោយ​​ប្រពៃ។ ព្រះអង្គ​ឮសំឡេង​ដោយសោតៈ ធុំក្លិន​ដោយឃានៈ លិទ្ធរស​ដោយជិវ្ហា​ពាល់ត្រូវ​ផ្សព្វដោយកាយ ជ្រាបច្បាស់​ធម្មារម្មណ៍​ដោយព្រះទ័យ​ហើយ មិនជាប់​ មិន​ស្រឡាញ់​ចំពោះ​អារម្មណ៍ជា​ទីពេញចិត្ត មិនញុំាង​រាគៈឲ្យកើត​ឡើង។​ ព្រះអង្គ​មាន​ព្រះកាយ​ខ្ជាប់ខ្ជួន មានព្រះទ័យ​ខ្ជាប់ខ្ជួន ជាព្រះទ័យ​ឋិត​នៅ​​​ដោយល្អ​ខាងក្នុង​សន្តាន រួចស្រឡះ​ដោយប្រពៃ។ ព្រះអង្គ​ជ្រាបច្បាស់​នូវ​ធម្មារម្មណ៍​នុ៎ះ ដោយ​ព្រះទ័យហើយ មិនស្អប់​ចំពោះ​អារម្មណ៍​មិនជាទី​ពេញចិត្ត មាន​ព្រះទ័យ​​មិនថ្នាំងថ្នាក់ មានព្រះទ័យ​មិនរួញរា មានព្រះទ័យ​មិនគុំគួន។ ព្រះអង្គ​មាន​ព្រះកាយ​ខ្ជាប់ខ្ជួន មានព្រះទ័យ​ខ្ជាប់ខ្ជួន ជាព្រះទ័យ​ឋិតនៅដោយ​ល្អខាងក្នុង​សន្តាន រួចស្រឡះ​ដោយប្រពៃ។ ព្រះអង្គ​ទតឃើញ​រូបដោយ​ចក្ខុហើយ មានព្រះកាយ​ខ្ជាប់ខ្ជួនក្នុងរូប​ទាំងឡាយ​ជាទីពេញ​ចិត្ត និងមិនជា​ទីពេញចិត្ត ព្រះអង្គ​មានព្រះកាយ​ខ្ជាប់ខ្ជួន មានព្រះទ័យ​ខ្ជាប់ខ្ជួន ជាព្រះទ័យ​ឋិតនៅ​ដោយ​ល្អ​ខាង​ក្នុងសន្តាន រួចស្រឡះ​ដោយប្រពៃ។​ ព្រះអង្គ​ឮសំឡេង​ដោយសោតៈ ធុំក្លិន​ដោយឃានៈ លិទ្ធរស​ដោយជិវ្ហា ពាល់ត្រូវ​ផ្សព្វដោយ​ព្រះកាយ ជ្រាប​ធម្មារម្មណ៍​ដោយ​ព្រះទ័យ​ហើយ មាន​ព្រះកាយ​ខ្ជាប់ខ្ជួន​ក្នុងធម្មារម្មណ៍​ទាំងឡាយ​ជាទីពេញ​ចិត្ត និងមិន​ជាទីពេញ​ចិត្ត មានព្រះទ័យ​ខ្ជាប់ខ្ជួន ជាព្រះទ័យ​ឋិត​នៅ​ដោយល្អខាង​ក្នុងសន្តាន រួចស្រឡះ​ដោយ​ប្រពៃ។ ព្រះអង្គទត​ឃើញ​រូបដោយ​ចក្ខុហើយ មិនត្រេកអរ​ក្នុង​អារម្មណ៍​ដែលគួរ​ត្រេកអរ មិនប្រទូស្ត​ក្នុង​អារម្មណ៍​ដែលគួរប្រទូស្ត មិន​វង្វេងក្នុង​អារម្មណ៍​ដែល​គួរវង្វេង មិនកម្រើក​ក្នុងអារម្មណ៍​ដែល​គួរកម្រើក មិនស្រវឹង​ក្នុងអារម្មណ៍​ដែល​គួរស្រវឹង មិនសៅហ្មង​ក្នុងអារម្មណ៍​ដែល​គួរ​សៅហ្មង។ ព្រះអង្គឮ​សំឡេង​ដោយ​សោតៈ ធុំក្លិន​ដោយឃានៈ លិទ្ធរស​ដោយជិវ្ហា ពាល់ត្រូវ​ផ្សព្វដោយ​កាយ ជ្រាបច្បាស់​ធម្មារម្មណ៍​ដោយ​​ព្រះទ័យ​ហើយ មិនត្រេកអរ​ក្នុងអារម្មណ៍​ដែល​គួរ​ត្រេកអរ មិនប្រទូស្ត​ក្នុងអារម្មណ៍​ដែល​គួរប្រទូស្ត មិនវង្វេង​ក្នុងអារម្មណ៍​ដែលគួរ​វង្វេង មិនកម្រើក​ក្នុងអារម្មណ៍​ដែល​គួរ​កម្រើក មិនស្រវឹង​ក្នុងអារម្មណ៍​ដែលគួរ​ស្រវឹង មិន​សៅហ្មង​ក្នុង​អារម្មណ៍​ដែល​គួរសៅហ្មង។ ព្រះអង្គ​គ្រាន់តែទត​ឃើញចំពោះ​រូបដែល​ឃើញ គ្រាន់តែ​ឮ​ចំពោះ​សំឡេងដែលឮ គ្រាន់តែ​ប៉ះពាល់​ចំពោះ​អារម្មណ៍​ដែលប៉ះពាល់ គ្រាន់តែ​ជ្រាប​​ចំពោះ​​ធម្មារម្មណ៍​ដែលជ្រាប មិនប្រឡាក់​ក្នុងរូប​ដែលឃើញ មិនប្រឡាក់​ក្នុង​សំឡេង​ដែលឮ មិនប្រឡាក់​ក្នុងអារម្មណ៍​ដែលប៉ះពាល់ មិនប្រឡាក់​ក្នុងធម្មារម្មណ៍​ដែលជ្រាប​ហើយ ព្រះអង្គ​មិន​ស្រើបស្រាល មិនអាស្រ័យ មិនជាប់​ចំពាក់ក្នុង​រូបដែល​ឃើញ ទ្រង់រួច​ស្រឡះ ប្រាសចេញ មានព្រះទ័យ​ប្រាសចាក​សេចក្តី​សល់វល់ ព្រះអង្គ​មិន​ស្រើបស្រាល មិនអាស្រ័យ មិនជាប់​ចំពាក់ក្នុង​សំឡេង​ដែលឮ ក្នុងអារម្មណ៍​ដែលប៉ះពាល់ ក្នុង​ធម្មារម្មណ៍​​ដែល​ជ្រាប​ច្បាស់ ព្រះអង្គ​រួចស្រឡះ ប្រាសចេញ មានព្រះទ័យ​ប្រាសចាក​សេចក្តី​សល់វល់។ ចក្ខុរបស់​ព្រះមានព្រះភាគ មានគ្រប់គ្រាន់ ព្រះមានព្រះភាគ ទត​ឃើញរូប​ដោយចក្ខុ តែឆន្ទរាគ នៃ​ព្រះមានព្រះភាគ មិនមានទេ (ព្រោះ) ព្រះមានព្រះភាគ មានព្រះទ័យ​រួចស្រឡះ​ដោយ​ប្រពៃ។ សោតៈ​របស់​ព្រះមានព្រះភាគ មាន​គ្រប់គ្រាន់ ព្រះមានព្រះភាគ​ទ្រង់ឮ​សំឡេង​ដោយសោតៈ តែឆន្ទរាគ​នៃ​ព្រះមានព្រះភាគ មិនមានទេ (ព្រោះ) ព្រះមានព្រះភាគ មានព្រះទ័យ​រួចស្រឡះ​ហើយដោយ​ប្រពៃ។ ឃានៈរបស់​ព្រះមានព្រះភាគ មាន​គ្រប់គ្រាន់ ព្រះមានព្រះភាគ ទ្រង់​ធុំក្លិន​ដោយឃានៈ តែ​ឆន្ទរាគ នៃ​ព្រះមានព្រះភាគ មិនមានទេ (ព្រោះ) ព្រះមានព្រះភាគ មានព្រះទ័យ​រួចស្រឡះ​ដោយ​ប្រពៃ។ ជិវ្ហារបស់​ព្រះមានព្រះភាគ មានគ្រប់គ្រាន់ ព្រះមានព្រះភាគ ទ្រង់​លិទ្ធ​រសដោយ​ជិវ្ហា តែឆន្ទរាគ​នៃ​ព្រះមានព្រះភាគ មិនមានទេ (ព្រោះ) ព្រះមានព្រះភាគ មាន​ព្រះទ័យរួច​ស្រឡះ​ដោយប្រពៃ។ កាយរបស់​ព្រះមានព្រះភាគ មានគ្រប់គ្រាន់ ព្រះមានព្រះភាគ ទ្រង់ប៉ះពាល់​ផ្សព្វ​ដោយកាយ តែឆន្ទរាគ​នៃ​ព្រះមានព្រះភាគ មិនមាន​ទេ (ព្រោះ) ព្រះមានព្រះភាគ មានព្រះទ័យ​រួចស្រឡះ​ដោយប្រពៃ។ ព្រះទ័យ​របស់​ព្រះមានព្រះភាគ មានគ្រប់​គ្រាន់ ព្រះមានព្រះភាគ​ទ្រង់ជ្រាប​ច្បាស់​ធម្មារម្មណ៍​ដោយ​ព្រះទ័យ តែឆន្ទរាគ​នៃ​ព្រះមានព្រះភាគ មិនមានទេ (ព្រោះ) ព្រះមានព្រះភាគ មាន​ព្រះទ័យ​រួចស្រឡះ​ដោយ​ប្រពៃ។ ភ្នែកមានរូប​ជាទី​ត្រេកអរ ត្រេកអរ​ហើយក្នុង​រូប រីករាយព្រម​ចំពោះរូប ព្រះមានព្រះភាគ ទ្រង់បានទូន្មាន គ្រប់គ្រង​រក្សា​ សង្រួមហើយ ទាំងទ្រង់​សំដែងធម៌ ដើម្បី​ការសង្រួម​ភ្នែកនោះ។ ត្រចៀក​មានសំឡេង​ជាទីត្រេកអរ ត្រេកអរ​ហើយក្នុង​សំឡេង ច្រមុះមានក្លិន​ជាទីត្រេកអរ ត្រេកអរ​ហើយ​ក្នុងក្លិន អណ្តាត​មានរស​ជាទីត្រេកអរ ត្រេកអរ​ហើយក្នុង​រស រីករាយ​ព្រមចំពោះ​រស ព្រះមានព្រះភាគ ទ្រង់បាន​ទូន្មាន គ្រប់គ្រង​រក្សា សង្រួមហើយ ទាំងទ្រង់​សំដែងធម៌ ដើម្បីការ​សង្រួម​អណ្តាត​នោះ។ កាយមាន​ផ្សព្វជាទី​ត្រេកអរ ចិត្តមាន​ធម្មារម្មណ៍​ជាទីត្រេកអរ ត្រេកអរ​ហើយក្នុង​ធម្មារម្មណ៍ រីករាយ​ព្រមចំពោះ​ធម្មារម្មណ៍ ព្រះមានព្រះភាគ ទ្រង់បាន​ទូន្មាន គ្រប់គ្រង រក្សា សង្រួម​ហើយ ទាំងទ្រង់​សំដែងធម៌​ដើម្បីការ​សង្រួម​កាយនោះ។ ពួក​ជន​រមែងនាំ​នូវពាហនៈ​ដែល​ហាត់ហើយ ទៅកាន់​ទីប្រជុំ ព្រះរាជា​រមែងឡើង​គង់ពាហនៈ​ដែល​ហាត់ហើយ បណ្តា​មនុស្ស​ទាំងឡាយ មនុស្សណា អត់ធន់​នឹងពាក្យពោល​ទ្រគោះ មនុស្សនោះ​ឈ្មោះ​ថាជាអ្នក​ហាត់ហើយ ជាបុគ្គល​ប្រសើរផុត។ សេះអស្សតរ​ក្តី សេះសិន្ធព​អាជានេយ្យក្តី ដំរីដ៏ប្រសើរ​ជាកុញ្ជរជាតិក្តី ដែលគេ​បង្ហាត់ហើយ ឈ្មោះថា​ជាសត្វ​ប្រសើរ តែបុគ្គល​អ្នកមាន​ខ្លួន​ទូន្មានហើយ ប្រសើរជាង​សត្វទាំងនោះ។ បុគ្គល​មិនគប្បី​ទៅកាន់ទិស​ដែល​មិនដែល​ទៅ គឺព្រះនិញ្វន ដោយយាន​ទាំងឡាយ​នោះបាន​ទេ លុះតែ​បុគ្គលអ្នក​មានខ្លួន​ទូន្មានហើយ ទើបទៅ (កាន់ទិស គឺព្រះ​និញ្វន) ដោយខ្លួន​ដែលទូន្មាន​ហើយ ទូន្មានល្អ​ហើយ។ ព្រះអរហន្ត​ទាំងឡាយ រួចចាក​ភពថ្មី ដល់ហើយ​នូវទន្តភូមិ គឺអរហត្តផល រមែង​មិនកម្រើក​ក្នុងតណ្ហា និងទិដ្ឋិផេ្សងៗ ព្រះអរហន្ត​ទាំងនោះ ឈ្មោះថា ជាអ្នក​មានជ័យជំនះ​ក្នុងលោក។

ឥន្រ្ទិយទាំងឡាយ ដែលព្រះខីណាស្រពណា ចំរើនហើយ ព្រះខីណាស្រព​នោះ ឈ្មោះថា​មានធម៌​ចំរើនហើយ មានខ្លួន​ទូន្មានល្អហើយ ដឹងច្បាស់​នូវអារម្មណ៍ ទាំងខាង​ក្នុងខាងក្រៅ ក្នុង​លោកទាំងពួងផង នូវលោក​នេះផង នូវលោក​ខាង​មុខ​ផង រមែង​រង់ចាំនូវ​កាលកិរិយា​តែ​ប៉ុណ្ណោះ។

ព្រះមានព្រះភាគ ទ្រង់មានខ្លួនបានអប់រំហើយ យ៉ាងនេះ ហេតុនោះ ខ្ញុំព្រះអង្គ​សំគាល់​ឃើញ​ថា ព្រះអង្គជា​អ្នកដល់​នូវវេទ ជាអ្នក​មានខ្លួនបាន​អប់រំហើយ។

[១៤៥] អធិប្បាយពាក្យថា សេចក្តីទុក្ខទាំងនេះ កើតអំពីទី​ណាហ្ន៎ ត្រង់ពាក្យថា អំពីទី​ណាហ្ន៎ គឺ​ជាសំនួរ​ចំពោះ​សេចក្តី​សង្ស័យ សំនួរចំពោះ​សេចក្តី​ងឿងឆ្ងល់ សំនួរ​ចំពោះហេតុ​ដែលបែក​ជាចំពាមពីរ សំនួរ​ចំពោះហេតុ​ច្រើនយ៉ាង​ថា យ៉ាងនេះ​ឬហ្ន៎ មិនមែន​ទេឬហ្ន៎ ដូចម្តេចហ្ន៎ ដោយ​ប្រការ​ដូចម្តេចហ្ន៎ ហេតុនោះ (លោកសួរថា) អំពីណា​ហ្ន៎។ ពាក្យថា ទុក្ខ បានដល់ ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ​ មរណទុក្ខ សោកបរិទេវទុក្ខ ទោមនស្សុបាយាសទុក្ខ ទុក្ខក្នុងនរក ទុក្ខក្នុង​កំណើត​តិរច្ឆាន ទុក្ខក្នុង​បិត្តិវិស័យ ទុក្ខជា​របស់​មនុស្ស ទុក្ខមាន​ការចុះកាន់​គភ៌ជាមូល ទុក្ខ មានការ​តាំង​នៅក្នុង​គភ៌ជា​មូល ទុក្ខមានការ​ចេញ​ចាក​គភ៌ជា​មូល ទុក្ខដែល​ជាប់ចំពាក់​របស់​សត្វ​កើត​ហើយ ទុក្ខទាក់​ទងអំពី​អ្នកដទៃ របស់​សត្វដែលកើត​ហើយ ទុក្ខកើត​អំពីការ​ព្យាយាម​របស់ខ្លួន ទុក្ខកើត​អំពី​ការព្យាយាម​របស់​បុគ្គលដទៃ​ ទុក្ខទុក្ខ [បានដល់ ទុក្ខវេទនា។] សង្ខារទុក្ខ [ឧបេក្ខាវេទនា។] បរិណាមទុក្ខ [សុខវេទនា។ អដ្ឋកថា នាមសុត្តនិទ្ទេស។] រោគភ្នែក រោគត្រចៀក រោគ​ច្រមុះ រោគអណ្តាត រោគកាយ រោគក្បាល រោគត្រចៀក រោគមាត់ រោគធេ្មញ ក្អក ហឺត រោគច្រមុះ រោគកៅ្ត​ក្រហាយ រោគ​ស្គាំងស្គម រោគផៃ្ទ រោគខ្យល់ចាប់ វិលមុខ រោគធ្លាក់​ឈាម រោគចុកសៀត រោគចុះរាក ឃ្លង់ បូស ស្រែង រីងរៃ ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគកើត​ក្នុងទី​ដែលខ្វារ​ដោយ​ក្រចក ឃ្លង់ដែក ប្រមាត់ក្រហម ប្រមេះទឹកបាយ ឫសដូង​ដុះ រលកកែវ ឫសដូងបាត អាពាធ​កើតអំពី​ប្រមាត់ អាពាធ​កើតអំពី​ស្លេស្ម អាពាធកើត​អំពី​ខ្យល់ អាពាធកើត​អំពី​សន្និបាត (គឺការ​កម្រើក​ប្រមាត់ ស្លេស្ម និងខ្យល់​ប្រជុំគ្នា) អាពាធ​កើត​អំពីការ​ប្រែប្រួល​រដូវ អាពាធ​កើតអំពី​ការផ្លាស់ប្តូរ​ឥរិយាបថ​មិនសើ្ម អាពាធ​កើតអំពី​ការ​ព្យាយាម​របស់អ្នក​ឯទៀត អាពាធ​កើតអំពី​ផលកម្ម ត្រជាក់ ក្តៅ សម្រេក គម្លាន ឧច្ចារៈ បស្សាវៈ ទុក្ខព្រោះ​សម្ផស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ ទុក្ខគឺ​មរណៈមាតា ទុក្ខគឺ​មរណៈបិតា ទុក្ខគឺ​មរណៈ​បងប្អូនប្រុស ទុក្ខគឺ​មរណៈ​បងប្អូនស្រី ទុក្ខគឺ​មរណៈបុត្ត ទុក្ខគឺ​មរណៈ​ធីតា ទុក្ខគឺការ​វិនាសញាតិ ទុក្ខគឺការ​វិនាសភោគៈ ទុក្ខគឺ​ការវិនាស​សីល ទុក្ខគឺ​ការវិនាស​ទិដ្ឋិ។ ការកើត​ឡើង​អំពីខាង​ដើមនៃ​ធម៌ទាំង​ឡាយណា ប្រាកដ ការរលត់​ដោយ​ការវិនាស (នៃធម៌​ទាំងនោះ) ក៏ប្រាកដ។ ផល​អាស្រ័យកម្ម កម្ម​អាស្រ័យ​ផល រូបអាស្រ័យនាម នាមអាស្រ័យ​រូប ជារបស់​ត្រូវជាតិ​ជាប់តាម ត្រូវ​ជរារួបរឹត ត្រូវព្យាធិ​ញាំញី ត្រូវមរណៈ​គ្របសង្កត់ តាំង​នៅក្នុង​ទុក្ខ ឥតមាន​ទីពំនាក់ ឥតមាន​ទីជ្រក ឥតមាន​ទីពឹង ឥតមាន​ទីពំនឹង ធម៌ទាំងនេះ លោក​ហៅថា ទុក្ខ។ ទុក្ខទាំងនេះ​ផ្សំផ្គុំមក​អំពីណា កើតមក​អំពីណា កើតព្រម​អំពីណា លូតលាស់​អំពីណា ដុះដាល​អំពីណា កើតប្រាកដ​អំពីណា មានអ្វី​ជានិទាន មានអ្វី​ជាទី​ប្រជុំកើត មានអ្វីជា​ដែន​ផើ្តមកើត (មេត្តគូមាណព) សួរឫសគល់ សួរហេតុ សួរនិទាន សួរកំណើត សួរ​ហេតុជា​ដែនផ្តើម​កើត សួរសមុដ្ឋាន សួរអាហារ សួរអារម្មណ៍ សួរបច្ច័យ សួរ សូម អារាធនា ជ្រះថ្លា ចំពោះទី​ប្រជុំកើត​នៃទុក្ខ​ទាំងនេះ ហេតុនោះ (លោកសួរថា) សេចក្តី​ទុក្ខ​ទាំងនេះ កើតអំពីទី​ណាហ្ន៎។

[១៤៦] ពាក្យថា សេចក្តីទុក្ខទាំងឡាយណាមួយ​ជាច្រើន​ប្រការ​ក្នុងលោក ត្រង់​ពាក្យ​​ថា ឯណាមួយ គឺគ្រប់​ទាំងអស់ សព្វទាំងអស់ មិនមានសល់ ឥតសល់ ពាក្យថា ឯណាមួយ នុ៎ះជា​ពាក្យរួម។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា ជាច្រើនប្រការ គឺទុក្ខ​ទាំង​ឡាយ​ផ្សេង ៗ ជាច្រើន មានប្រការ​ផ្សេង ៗ ហេតុនោះ (លោកសួរថា) ទុក្ខ​ទាំងឡាយ​ណាមួយ​ជាច្រើន​ប្រការ​ក្នុង​លោក។ ហេតុនោះ ព្រាហ្មណ៍នោះ​សួរថា

(មេត្តគូមានអាយុ ទូលសួរដូច្នេះថា) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​សូមទូល​សួរ​ព្រះអង្គ សូមព្រះអង្គ​ត្រាស់ប្រាប់​នូវសេចក្តី​នោះដល់​ខ្ញុំព្រះអង្គ​ឲ្យទាន ខ្ញុំ​ព្រះអង្គ​សំគាល់​ឃើញថា ព្រះអង្គ​ជាអ្នក​ដល់នូវវេទ​ ជាអ្នក​មានខ្លួន​បានអប់រំ​ហើយ សេចក្តី​ទុក្ខ​ទាំងឡាយ​ណាមួយ ជាច្រើន​ប្រការ​ក្នុងលោក សេចក្តី​ទុក្ខទាំងនេះ កើតមក​អំពី​ទីណា​ហ្ន៎។

[១៤៧] (ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តគូ) អ្នកសួរ​ហេតុជា​ដែនផ្តើម​កើតនៃ​សេចក្តី​ទុក្ខ​នឹងតថាគត តថាគត​ដឹងយ៉ាង​ណា នឹងប្រាប់​ហេតុជា​ដែនផ្តើម​កើតនៃ​សេចក្តីទុក្ខនោះ​ដល់អ្នក​យ៉ាងនោះ សេចក្តី​ទុក្ខទាំង​ឡាយណា​មួយ ជាច្រើនប្រការ ក្នុងលោក សេចក្តី​ទុក្ខ (ទាំងនោះ) ផ្តើមកើត​ឡើង ព្រោះ​ឧបធិជា​និទាន។

[១៤៨] អធិប្បាយពាក្យថា អ្នកសួរហេតុជា​ដែនផ្តើម​កើតនៃ​សេចក្តីទុក្ខ​នឹង​តថាគត ត្រង់​ពាក្យថា នៃសេចក្តីទុក្ខ គឺនៃ​ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោក​បរិទេវទុក្ខ​ទោមនស្សុបាយាសទុក្ខ ហេតុនោះ (ទ្រង់​ត្រាស់ថា) នៃសេចក្តី​ទុក្ខ។ ពាក្យថា អ្នក​សួរហេតុ​ជាដែន​ផ្តើមកើត (នៃសេចក្តី​ទុក្ខ) នឹង​តថាគត គឺអ្នកសួរ​ឫសគល់នៃ​ទុក្ខ​នឹង​តថាគត សួរ​ហេតុ សួរនិទាន សួរកំណើត សួរការ​ផ្តើមកើត សួរសមុដ្ឋាន សួរអាហារ សួរអារម្មណ៍ សួរ​បច្ច័យ​នៃទុក្ខ សួរ សូម អារាធនា ជ្រះថ្លា ចំពោះ​ហេតុជាទី​ប្រជុំកើត ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកសួរ​ហេតុជាដែន​ផ្តើមកើត​នៃ​សេចក្តីទុក្ខ​នឹងតថាគត។ ពាក្យថា មេត្តគូ គឺ​ព្រះមានព្រះភាគ ទ្រង់ហៅ​ព្រាហ្មណ៍​នោះតាម​ឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ​នុ៎ះ ជាពាក្យ​ពោល​ដោយ​គោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការ​ត្រាស់ដឹង​ ហេតុ​នោះ (មានពាក្យថា) ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលមេត្តគូ។

[១៤៩] អធិប្បាយពាក្យថា តថាគតដឹងយ៉ាងណា នឹងប្រាប់​ហេតុជាដែន​ផ្តើម​កើតនោះ​ដល់អ្នក​យ៉ាងនោះ ត្រង់ពាក្យថា តថាគត​នឹងប្រាប់​ហេតុជា​ដែនផ្តើម​កើតនុ៎ះ គឺ​តថាគត​នឹង​ប្រាប់​ឫសគល់​នៃទុក្ខនោះ​ដល់អ្នក នឹងប្រាប់ហេតុ នឹងប្រាប់និទាន នឹងប្រាប់​កំណើត នឹងប្រាប់​ហេតុជា​ដែនផ្តើម​កើត នឹង​ប្រាប់​សមុដ្ឋាន នឹងប្រាប់​អាហារ នឹងប្រាប់​អារម្មណ៍ នឹងប្រាប់បច្ច័យ គឺនឹងប្រាប់ នឹងបង្ហាញ នឹងសំដែង នឹងបញ្ញត្ត នឹងតាំងទុក នឹងបើក នឹងចែក នឹងធ្វើ​ឲ្យរាក់ នឹងប្រកាស​នូវហេតុ​ជាទី​ប្រជុំកើត ហេតុនោះ (ទ្រង់ត្រាស់​ថា) នឹង​ប្រាប់ហេតុ​ជាដែនផ្តើម​កើត​នោះ​ដល់អ្នក។ ពាក្យថា តថាគត​ដឹង​យ៉ាងណា គឺ​តថាគត​ដឹង ដឹងទួទៅ ដឹងច្បាស់ ដឹង​ចំពោះ ចាក់ធ្លុះ​ដោយ​ប្រការ​យ៉ាងណា គឺ​មិនមែន​ដោយអាង​ថាដូច្នេះ ៗ មិនមែន​ដោយឮ​ថាដូច្នេះ មិនមែន​ដោយតៗគ្នា មិនមែន​ដោយ​ការផ្សំ​តាមតម្រា មិនមែន​ដោយហេតុ​នៃសេចក្តី​ត្រិះរិះ មិនមែន​ដោយហេតុ​នៃ​ការយល់ មិនមែន​ដោយ​សេចក្តី​រិះគិតតាម​អាការ មិនមែន​តាម​សេចក្តី​យល់ឃើញ ការ​ពិនិត្យ និង​សេចក្តី​ចូលចិត្តទេ តថាគត​សំដែង​ធម៌ដែល​តថាគត​ត្រាស់ដឹង​ឯង ដោយ​ខ្លួនឯង ជាធម៌​ជាក់ច្បាស់​ចំពោះ​ខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) តថាគត​ដឹង​យ៉ាងណា។

[១៥០] ពាក្យថា សេចក្តីទុក្ខ (ទាំងនោះ) ផ្តើមកើតឡើង ព្រោះ​ឧបធិជា​និទាន ត្រង់ពាក្យថា ឧបធិ បានដល់​ឧបធិ ១០ គឺ​តណ្ហូបធិ ទិដ្ឋូបធិ កិលេសូបធិ កម្មូបធិ ទុច្ចរិតូបធិ អាហារូបធិ បដិឃូបធិ ឧបាទិន្នធាតុ ៤ ជាឧបធិ អាយតនៈ​ខាងក្នុង ៦ ជាឧបធិ វិញ្ញាណកាយ ៦ ជាឧបធិ សូម្បី​ទុក្ខទាំងអស់ ឈ្មោះថា​ឧបធិ ដោយ​សេចក្តីថា ជាទុក្ខ ទាំងនេះ​លោកហៅថា ឧបធិ ១០។ ពាក្យថា ទុក្ខ បានដល់​ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខ ទោមនស្សុបាយាសទុក្ខ។ ការត្រូវ​ព្យាធិ​គ្របសង្កត់ ការ​ត្រូវ​មរណៈ​កំចាត់បង់ ការតាំង​នៅក្នុងទុក្ខ ការឥត​ទីពំនាក់ ការឥត​មានទី​ជ្រកកោន ការឥត​ទីពឹង ការឥត​ទីពំនឹង ទាំងនេះ​ហៅថា ទុក្ខ។ ទុក្ខទាំងនេះ មាន កើត​មាន ផ្តើមកើត កើតឡើង លូតលាស់ ដុះដាល ព្រោះ​ឧបធិ​ជានិទាន ព្រោះ​ឧបធិ​ជាហេតុ ព្រោះ​ឧបធិ​ជាបច្ច័យ ព្រោះ​ឧបធិជា​ការណ៍ ហេតុនោះ (ទ្រង់​ត្រាស់ថា) សេចក្តី្ត​ទុក្ខ (ទាំងនោះ) ផ្តើមកើត​ឡើង ព្រោះ​ឧបធិ​ជានិទាន។

[១៥១] ពាក្យថា សេចក្តីទុក្ខទាំងឡាយណា​មួយជា​ច្រើនប្រការ​ក្នុងលោក ត្រង់ពាក្យថា ណា​មួយ គឺ គ្រប់ទាំងអស់ សព្វទាំងអស់ មិនមានសល់ ឥតសល់ ពាក្យថា ណាមួយ នុ៎ះជា​ពាក្យប្រមូល។ ពាក្យថា ក្នុងលោក គឺ​ក្នុង​អបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា ជាច្រើន​ប្រការ គឺ​ទុក្ខ​ទាំងឡាយ​ផ្សេង ៗ ជាច្រើន មានប្រការ​ផ្សេង ៗ ហេតុនោះ (ទ្រង់​ត្រាស់ថា) សេចក្តីទុក្ខ​ទាំងឡាយ​ណាមួយ ជាច្រើន​ប្រការ​ក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាល​មេត្តគូ) អ្នកសួរ​ហេតុជា​ដែនផ្តើម​កើត​នៃសេចក្តី​ទុក្ខ​នឹងតថាគត តថាគត​ដឹងយ៉ាង​ណា នឹង​ប្រាប់​ហេតុ​ជាដែន​ផ្តើមកើត​នៃ​សេចក្តី​ទុក្ខនោះ​ដល់អ្នក​យ៉ាងនោះ សេចក្តីទុក្ខ​ទាំងឡាយ​ណាមួយ​ជាច្រើន​ប្រការ​ក្នុង​លោក សេចក្តី​ទុក្ខ (ទាំងនោះ) ផ្តើមកើតឡើង ព្រោះ​ឧបធិ​ជានិទាន។

[១៥២] បុគ្គលណា មិនចេះ តែងធ្វើឧបធិឲ្យ​កើតឡើង បុគ្គល​ល្ងង់ខ្លៅ​នោះ រមែងបាន​ទុក្ខរឿយ ៗ ព្រោះហេតុនោះ បុគ្គលកាល​ដឹងច្បាស់ ជាអ្នក​ពិចារណា​ឃើញ​នូវជាតិ​ជាដែន​ផ្តើមកើត​នៃទុក្ខ មិនគប្បី​ធ្វើនូវ​ឧបធិ​ឡើយ។

[១៥៣] ពាក្យថា បុគ្គលណា មិនចេះ តែងធ្វើ​ឧបធិឲ្យ​កើតឡើង ត្រង់ពាក្យថា ណា គឺ​ឯណា បែបណា ប្រកប​យ៉ាងណា មានបែប​ផែនយ៉ាងណា មានប្រការ​យ៉ាងណា ដល់​នូវឋានៈ​យ៉ាងណា ប្រកប​ដោយធម៌​ណា ទោះជា​ក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សុទ្ទៈក្តី គ្រហស្ថ​ក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី។ ពាក្យថា មិនចេះ គឺបុគ្គល​ជាអ្នក​មិនចេះ តាំងនៅ​ក្នុងអវិជ្ជា ជា​អ្នកគ្មាន​ញាណ មិនឈ្វេង​យល់ អាប់ឥត​ប្រាជ្ញា។ ពាក្យថា ធ្វើឧបធិ គឺធ្វើ​តណ្ហូបធិ ធ្វើ​ទិដ្ឋូបធិ ធ្វើកិលេសូបធិ ធ្វើកម្មូបធិ ធ្វើទុច្ចរិតូបធិ ធ្វើ​អាហារូបធិ ធ្វើ​បដិឃូបធិ ធ្វើឧបធិ គឺ​ឧបាទិន្នធាតុ ៤ ធ្វើឧបធិ គឺអាយតនៈ​ខាងក្នុង ៦ ធ្វើ​ឲ្យកើត ឲ្យកើត​ព្រម បង្កើត​នូវឧបធិ គឺពួក​វិញ្ញាណ ៦ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលណា មិនចេះ តែងធ្វើ​ឧបធិឲ្យ​កើតឡើង។

[១៥៤] ពាក្យថា បុគ្គលល្ងង់ខ្លៅ (នោះ) រមែងបាន​ទុក្ខរឿយ ៗ ត្រង់ពាក្យថា រមែងបាន​ទុក្ខរឿយ ៗ គឺ​ដល់ ចូលដល់ ចូលទៅដល់ កាន់យក ស្ទាបអងែ្អល ជាប់ចំពាក់ ចំពោះ​ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោក​បរិទេវទុក្ខ ទោមនស្សុបាយាសទុក្ខ​រឿយ ៗ ហេតុនោះ (ទ្រង់​ត្រាស់ថា) រមែងបាន​ទុក្ខរឿយ ៗ។ ពាក្យថា ល្ងង់ខ្លៅ គឺជាអ្នក​ល្ងង់ វងេ្វង មិនចេះ តាំង​នៅក្នុង​អវិជ្ជា ជាអ្នក​គ្មានញាណ មិន​ឈ្វេងយល់ ឥតប្រាជ្ញា ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គល​ល្ងង់ខ្លៅ (នោះ) រមែងបាន​ទុក្ខរឿយៗ។

[១៥៥] អធិប្បាយពាក្យថា ព្រោះហេតុនោះ បុគ្គលកាល​ដឹងច្បាស់ មិនគប្បី​ធ្វើនូវ​ឧបធិ​ឡើយ ត្រង់ពាក្យថា ព្រោះ​ហេតុនោះ គឺ​ព្រោះហេតុ​ដូច្នោះ ព្រោះ​ដំណើរនោះ ព្រោះ​ហេតុនោះ ព្រោះ​បច្ច័យនោះ ព្រោះ​និទាននោះ បុគ្គល​កាលឃើញ​ច្បាស់នូវ​ទោសនុ៎ះ​ ក្នុង​ឧបធិ​ទាំងឡាយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះ​ហេតុនោះ។ ពាក្យថា កាល​ដឹងច្បាស់ គឺ​កាលដឹង​ច្បាស់ កាលដឹង​ទួទៅ កាលដឹង​វិសេស កាលដឹង​ចំពោះ កាល​ចាក់ធ្លុះ​ថា សង្ខារទាំង​ពួងមិនទៀង កាលដឹង​ច្បាស់ កាលដឹង​ទួទៅ កាលដឹង​វិសេស កាលដឹង​ចំពោះ កាលចាក់​ធ្លុះថា សង្ខារ​ទាំងពួងជាទុក្ខ ថា​ធម៌ទាំងពួង ជាអនត្តា។បេ។ កាលដឹងច្បាស់ កាលដឹង​ទួទៅ កាលដឹង​វិសេស កាលដឹង​ចំពោះ កាលចាក់​ធ្លុះថា ធម្មជាត​ណាមួយ មាន​កិរិយា​កើតឡើង​ជាធម្មតា ធម្មជាត​ទាំងអស់​នោះ មានកិរិយា​រលត់ទៅ​វិញជា​ធម្មតា។ ពាក្យថា មិនគប្បី​ធ្វើឧបធិ​ឡើយ គឺមិន​គប្បីធ្វើ​តណ្ហូបធិ មិនគប្បី​ធ្វើទិដ្ឋូបធិ មិនគប្បី​ធ្វើ​កិលេសូបធិ មិនគប្បី​ធ្វើកម្មូបធិ មិនគប្បី​ធ្វើ​ទុច្ចរិតូបធិ មិនគប្បី​ធ្វើ​អាហារូបធិ មិនគប្បី​ធ្វើ​បដិឃូបធិ មិនគប្បី​ធ្វើឧបធិ​​ គឺ​ឧបាទិន្នធាតុ ៤ មិនគប្បីធ្វើ មិនគប្បី​ធ្វើឲ្យកើត មិនគប្បី​ឲ្យកើតព្រម មិនគប្បី​បង្កើតនូវ​ឧបធិ គឺអាយតនៈ​ខាង​ក្នុង ៦​ ហេតុនោះ (ទ្រង់​ត្រាស់ថា)​​ ព្រោះ​ហេតុនោះ បុគ្គលកាល​ដឹងច្បាស់​ មិនគប្បី​ធ្វើ​ឧបធិឡើយ។

[១៥៦] ពាក្យថា នៃទុក្ខ សេចក្តីថា​​ បុគ្គលពិចារណា​ឃើញហេតុ​ជាដែន​ផ្តើមកើត ពិចារណា​​ឃើញឫសគល់ ពិចារណា​ឃើញហេតុ ពិចារណា​ឃើញនិទាន ពិចារណា​ឃើញ​កំណើត​​ ពិចារណា​ឃើញសមុដ្ឋាន ពិចារណា​ឃើញអាហារ ពិចារណា​ឃើញ​អារម្មណ៍ ពិចារណា​ឃើញបច្ច័យ ពិចារណា​ឃើញទី​ប្រជុំកើតឡើង​នៃជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោក​បរិទេវទុក្ខ ទោមនស្សុបាយាសទុក្ខ។ បញ្ញា លោកហៅថា ការពិចារណាឃើញ បានដល់​ប្រាជ្ញា ការដឹងច្បាស់។បេ។ ការមិន​វង្វេង ការពិចារណាធម៌ ​ការឃើញត្រូវ។ បុគ្គលជា​អ្នកអែបនែប មូលមិត្រ ជិតដិត កៀកកើយ ផ្ដេកផ្ដួល កើត​ឡើង​ជាមួយ ​ប្រកប​ដោយការ​ពិចារណា​ឃើញ គឺបញ្ញានេះ បុគ្គលនោះ លោកហៅថា អ្នក​ពិចារណា​ឃើញ ​ព្រោះហេតុនោះ ទើបទ្រង់​ត្រាស់ថា ជាអ្នក​ពិចារណា​ឃើញនូវ​ជាតិ ជាដែន​ផ្ដើម​កើតនៃទុក្ខ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា​

បុគ្គលមិនចេះ តែងធ្វើនូវឧបធិឲ្យកើតឡើង បុគ្គល​ល្ងង់ខ្លៅនោះ រមែង​បានទុក្ខ​រឿយ ៗ ព្រោះ​ហេតុនោះ បុគ្គល​កាល​ដឹងច្បាស់ ជាអ្នក​ពិចារណា​ឃើញ​នូវជាតិ ជាដែន​ផ្ដើមកើត​នៃទុក្ខ មិនគប្បី​ធ្វើនូវ​ឧបធិ​ឡើយ។

[១៥៧] (មេត្តគូទូលថា) យើងខ្ញុំបានទូលសួរ​សេចក្តី​ណា ព្រះអង្គ​បានត្រាស់​ប្រាប់​សេចក្តី​នោះដល់​យើងខ្ញុំ យើងខ្ញុំ​សូមសួរ​សេចក្តី​ឯទៀត​ចំពោះ​ព្រះអង្គ​ សូម​ព្រះអង្គ​សំដែង​សេចក្តីនោះ អ្នកប្រាជ្ញ​ទាំងឡាយ ឆ្លងឱឃៈ​ផង ជាតិ ជរាផង សោកៈ និង​បរិទេវៈ​ផង ដោយប្រការ​ដូចម្តេច​ហ្ន៎ សូមព្រះអង្គ​ជាមុនិ ដោះស្រាយ​នូវ​ឧបាយ​ជា​គ្រឿង​ឆ្លងនោះ ដល់យើងខ្ញុំ ព្រោះ​ព្រះអង្គ​ជ្រាបច្បាស់​ធម៌នោះ​ហើយ។

[១៥៨] ពាក្យថា យើងខ្ញុំបានទូលសួរនូវសេចក្តីណា ព្រះអង្គ​បានត្រាស់​ប្រាប់​សេចក្តី​នោះ ដល់យើងខ្ញុំ គឺយើង​ខ្ញុំបាន​សួរ បានសូម បាន​អារាធនា បាន​ជ្រះថ្លាចំពោះ​សេចក្តី​ណា។ ពាក្យថា ព្រះអង្គ​បានត្រាស់​ប្រាប់សេចក្តី​នោះ ដល់យើងខ្ញុំ គឺ​ព្រះអង្គ​បាន​សំដែង​ប្រាប់សេចក្តី​នោះ ពន្យល់​សេចក្តីនោះ បញ្ញត្ត​សេចក្តីនោះ ផ្តួចផ្តើម​នូវសេចក្តី​នោះ បើក​សេចក្តី​នោះ ចែក​សេចក្តីនោះ ធ្វើឲ្យ​រាក់សេចក្តី​នោះ ប្រកាស​សេចក្តីនោះ ដល់​យើងខ្ញុំ ហេតុនោះ (លោក​សួរថា) យើងខ្ញុំ​បានទូល​សួរនូវ​សេចក្តីណា ព្រះអង្គ​បាន​ត្រាស់ប្រាប់​សេចក្តីនោះ​ដល់យើងខ្ញុំ។

[១៥៩] អធិប្បាយពាក្យថា យើងខ្ញុំសូមសួរសេចក្តី​ឯទៀត​ចំពោះ​ព្រះអង្គ សូមព្រះអង្គ​សំដែង​សេចក្តីនោះ អ្នកប្រាជ្ញ​ទាំងឡាយ ឆ្លងឱឃៈផង ជាតិ ជរាផង សោកៈ និង​បរិទេវៈផង ដោយ​ប្រការ​ដូចម្តេចហ្ន៎ ត្រង់ពាក្យថា ដោយប្រការ​ដូចម្តេចហ្ន៎ គឺជា​សំនួរ​ចំពោះ​សេចក្តី​សង្ស័យ សំនួរ​ចំពោះ​សេចក្តី​ងឿងឆ្ងល់ សំនួរ​ចំពោះផ្លូវ​បែកជា​ចំពាមពីរ សំនួរ​ចំពោះហេតុ​ច្រើនយ៉ាង​ថា យ៉ានេះឬហ្ន៎ មិនមែន​ទេឬហ្ន៎ ដូចម្តេច​ហ្ន៎ ដោយប្រការ​ដូចម្តេចហ្ន៎ ហេតុនោះ (លោក​សួរថា) ដោយប្រការ​ដូចម្តេចហ្ន៎។ ពាក្យថា អ្នក​ប្រាជ្ញ​ទាំងឡាយ គឺអ្នក​ប្រាជ្ញ បណ្ឌិត អ្នកមាន​ប្រាជ្ញា អ្នកមាន​យោបល់ អ្នកមានញាណ អ្នកមាន​ការឈ្វេងយល់ អ្នកមាន​ប្រាជ្ញា​ធ្លុះធ្លាយ។ ពាក្យថា ឱឃៈ បានដល់ ឱឃៈគឺកាម ឱឃៈ​គឺភព ឱឃៈ​គឺទិដ្ឋិ ឱឃៈ​គឺអវិជ្ជា។ ពាក្យថា ជាតិ បានដល់​កំណើត ការកើតព្រម ការចុះ​កាន់គភ៌​ ការផ្ដួច​ផ្ដើមឡើង​ ការកើត​ឡើងចំពោះ ការប្រាកដ​ឡើងនៃខន្ធ ការបាន​ចំពោះ​នូវ​អាយតនៈ​នៃ​ពួកសត្វនោះ ៗ ក្នុង​សត្តនិកាយ​នោះ ៗ។ ពាក្យថា ជរា បានដល់​ការចាស់ ការ​គ្រាំគ្រា ការរង្គោះធ្មេញ ការស្កូវសក់ ការជ្រួញជ្រីវ​ស្បែក ការរួញ​ថយអាយុ ការចាស់ទុំនៃ​ឥន្រ្ទិយ របស់ពួក​សត្វនោះ ៗ ក្នុង​សត្តនិកាយ​នោះ ៗ។ ពាក្យថា សោក គឺ​ការ​សោកស្តាយ អាការ​ជាទី​សោកស្តាយ ភាពនៃ​ការសោកស្តាយ ការស្ងួតខាង​ក្នុង ការស្រពោន​ខាងក្នុង ការ​ក្តៅ​ខាងក្នុង ការរោល​រាលខាងក្នុង អាការ​ជាទីសញ្ជប់​សញ្ជឹង​នៃចិត្ត​ ការ​អាក់អន់ចិត្ត ​សរគឺ​ការសោក​របស់បុគ្គល​ដែលត្រូវ​សេចក្តី​វិនាស​ញាតិ​ប៉ះពាល់ ឬ​ត្រូវសេចក្តី​វិនាសនៃ​ភោគៈ​ប៉ះពាល់ ត្រូវសេចក្តី​វិនាស​គឺរោគ​ប៉ះពាល់ ឬត្រូវ​សេចក្តី​វិនាស​សីល​ប៉ះពាល់ ត្រូវសេចក្តី​វិនាស​គឺទិដ្ឋិ​ប៉ះពាល់ ឬ​ប្រកប​ដោយសេចក្តី​វិនាស​ណាមួយ ឬ​ក៏ត្រូវ​ទុក្ខធម៌​ណាមួយ​ប៉ះពាល់។ ពាក្យថា សេចក្តី​ខ្សឹកខ្សួល គឺ​ការខ្សឹកខ្សួល អាការយំ អាការ​ខ្សឹកខ្សួល ភាពនៃ​ការយំ ភាពនៃ​ការខ្សឹកខ្សួល ការទួញ​រៀបរាប់ ការពោល​រៀបរាប់ ការរៀប​រាប់ដែល ៗ ការពោល​រំលឹក អាការ​នៃការ​ពោលរំលឹក ភាពនៃ​ការពោល​រំលឹក នៃ​បុគ្គល​ដែលត្រូវ​សេចក្តី​វិនាសញាតិ​ប៉ះពាល់ ឬ​ត្រូវសេចក្តី​វិនាសភោគៈ​ប៉ះពាល់ ត្រូវសេចក្តី​វិនាសរោគ​ប៉ះពាល់ ឬ​ត្រូវសេចក្តី​វិនាសសីល​ប៉ះពាល់ ត្រូវសេចក្តី​វិនាស គឺទិដ្ឋិប៉ះពាល់ ឬប្រកប​ដោយ​សេចក្តី​វិនាស​ណាមួយ ឬក៏​ត្រូវទុក្ខធម៌​ណាមួយ​ប៉ះពាល់។ ពាក្យថា អ្នក​ប្រាជ្ញ​ទាំងឡាយ​ឆ្លងឱឃៈផង ជាតិ ជរាផង សោកៈ និងបរិទេវៈ​ផង ដោយប្រការ​ដូចម្តេចហ្ន៎ បាន​សេចក្តីថា អ្នកប្រាជ្ញ​ទាំងឡាយ ឆ្លង​ឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង នូវ​ឱឃៈផង នូវជាតិ ជរាផង នូវសោកៈ បរិទេវៈផង ដោយ​ប្រការ​ដូចម្តេច ហេតុនោះ (លោក​សួរថា) អ្នក​ប្រាជ្ញ​ទាំងឡាយ ឆ្លងឱឃៈ​ផង ជាតិ ជរាផង សោកៈ និងបរិទេវៈ​ផង ដោយ​ប្រការដូច​ម្តេចហ្ន៎។

[១៦០] អធិប្បាយពាក្យថា សូមព្រះអង្គ​ជាមុនិ ដោះស្រាយ​នូវឧបាយ​ជាគ្រឿង​ឆ្លងនោះ ត្រង់ពាក្យថា នោះ គឺខ្ញុំព្រះអង្គ​ទូលសួរ​សេចក្តីណា សូមសេចក្តី​ណា អារាធនា​សេចក្តី​ណា ជ្រះថ្លា​ចំពោះ​សេចក្តីណា។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាង​ប្រាជ្ញា ការដឹង​ច្បាស់។បេ។ ការមិនវងេ្វង ការពិចារណាធម៌ ការ​ឃើញត្រូវ។ ព្រះមានព្រះភាគ​ប្រកបដោយ​ញាណនោះ ទើបទ្រង់​ព្រះនាមថា មុនិ ព្រះអង្គ​ដល់នូវ​មោនៈ។ មោនេយ្យៈ ៣ គឺ កាយមោនេយ្យៈ វចីមោនេយ្យៈ មនោមោនេយ្យៈ។

កាយមោនេយ្យៈ តើដូចម្តេច។ ការលះបង់​កាយទុច្ចរិត ៣ ឈ្មោះថា កាយមោនេយ្យៈ កាយសុចរិត ៣ ឈ្មោះថា កាយមោនេយ្យៈ ញាណ ​មានកាយ​ជាអារម្មណ៍ ឈ្មោះថា កាយមោនេយ្យៈ ការកំណត់​ដឹងនូវកាយ ឈ្មោះថា កាយមោនេយ្យៈ មគ្គប្រកប​ដោយ​ការ​កំណត់​ដឹង ឈ្មោះថា កាយមោនេយ្យៈ ការលះបង់​ឆន្ទរាគ​ក្នុងកាយ ឈ្មោះថា កាយមោនេយ្យៈ ការរលត់​កាយសង្ខារ គឺចតុត្ថជ្ឈាន​សមាបត្គិ ឈ្មោះថា កាយមោនេយ្យៈ នេះ កាយមោនេយ្យៈ។

វចីមោនេយ្យៈ តើដូចម្តេច។ ការលះបង់​វចីទុច្ចរិត ៤ ឈ្មោះថា វចីមោនេយ្យៈ វចីសុចរិត ៤ ឈ្មោះថា វចីមោនេយ្យៈ ញាណ មាន​វាចាជា​អារម្មណ៍ ឈ្មោះថា វចីមោនេយ្យៈ ការកំណត់​ដឹងនូវវាចា ឈ្មោះថា វចីមោនេយ្យៈ មគ្គ​ប្រកប​ដោយការ​កំណត់​ដឹង ឈ្មោះថា វចីមោនេយ្យៈ ការលះបង់​ឆន្ទរាគ​ក្នុងវាចា ឈ្មោះថា វចីមោនេយ្យៈ ការរលត់​វចីសង្ខារ និង​ទុតិយជ្ឈានសមាបត្តិ ឈ្មោះថា វចីមោនេយ្យៈ នេះ​វចីមោនេយ្យៈ។

មនោមោនេយ្យៈ តើដូចម្តេច។ ការលះបង់​មនោទុច្ចរិត ៣ ឈ្មោះថា មនោមោនេយ្យៈ មនោសុចរិត ៣ ឈ្មោះថា មនោមោនេយ្យៈ ញាណ មានចិត្ត​ជាអារម្មណ៍ ឈ្មោះថា មនោមោនេយ្យៈ ការកំណត់​ដឹងចិត្ត ឈ្មោះថា មនោមោនេយ្យៈ មគ្គប្រកប​ដោយការ​កំណត់​ដឹង ឈ្មោះថា មនោមោនេយ្យៈ ការលះបង់​ឆន្ទរាគ​ក្នុងចិត្ត​ ឈ្មោះថា មនោមោនេយ្យៈ ការរលត់​ចិត្តសង្ខារ គឺ​សញ្ញាវេទយិតនិរោធ​សមាបត្តិ ឈ្មោះថា មនោមោនេយ្យៈ​ នេះ មនោមោនេយ្យៈ។

អ្នកប្រាជ្ញទាំងឡាយ បានពោលនូវបុគ្គល ​ជា​កាយមុនិ ជាវាចាមុនិ ជាមនោមុនិ ជា​អនាសវមុនិ ដែល​បរិបូណ៌​ដោយ​មោនេយ្យៈ ថាជា​អ្នកលះបង់​នូវកិលេស​ទាំងពួង អ្នកប្រាជ្ញ​ទាំងឡាយ បាន​ពោល​នូវបុគ្គល​ជាកាយមុនិ ជាវាចាមុនិ ជាមនោមុនិ ជា​អនាសវមុនិ ដែលបរិបូណ៌​ដោយ​មោនេយ្យៈ ថាជាអ្នក​លាងបាប​ហើយ។

មុនិ មាន ៦ ពួក ដែលប្រកបដោយ​មោនេយ្យធម៌​ទាំងនេះ គឺ​អាគារមុនិ ១ អនាគារមុនិ ១ សេក្ខមុនិ ១ អសេក្ខមុនិ​ ១ បចេ្ចកមុនិ ១ មុនិមុនិ ១។ អាគារមុនិ តើដូចម្តេច។ ពួក​ជនណា ជាអ្នក​គ្រប់គ្រង​ផ្ទះទេ តែមាន​ព្រះនិញ្វន​ឃើញហើយ មាន​សាសនធម៌​ដឹងច្បាស់​ហើយ ពួកជន​នេះ ឈ្មោះថា អាគារមុនិ។ អនាគារមុនិ តើ​ដូចម្តេច។ ពួកបុគ្គល​ណា ជាបព្វជិត មាន​ព្រះនិញ្វន​ឃើញហើយ មាន​សាសនធម៌​ដឹងច្បាស់​ហើយ ពួកបុគ្គល​នេះឈ្មោះថា អនាគារមុនិ។ សេក្ខបុគ្គល​ទាំងឡាយ ៧ ពួក ឈ្មោះថា សេក្ខមុនិ។ ព្រះបចេ្ចកពុទ្ធ​ទាំងឡាយ ឈ្មោះថា បចេ្ចកមុនិ។ ព្រះតថាគត​ទាំងឡាយ ជា​អរហន្ត​​សម្មាសម្ពុទ្ធ ឈ្មោះថា មុនិមុនិ។

បុគ្គលល្ងង់ខ្លៅ ជាអ្នកមិនចេះ មិនឈ្មោះថា មុនិ​ដោយ​ការស្ងៀមទេ លុះតែបុគ្គល​ណា ជាបណ្ឌិត កាន់យក​ធម៌ដ៏ប្រសើរ វៀរនូវបាប​ទាំងឡាយ ដូចបុគ្គល​អ្នក​ថ្លឹងនូវ​របស់​ដោយ​ជញ្ជីង បុគ្គលនោះ​ឈ្មោះថា មុនិ បុគ្គលនោះ ទើប​ឈ្មោះថា មុនិ ដោយ​ហេតុ​នោះ បុគ្គលណា ដឹង​នូវប្រយោជន៍​ទាំង ២ ក្នុងលោក បុគ្គលនោះ លោកហៅ​ថា មុនិ ដោយ​ហេតុនោះ។

បុគ្គលណា ដឹងនូវធម៌របស់ពួកអសប្បុរស​ផង របស់​ពួក​សប្បុរស​ផង ដឹងនូវ​អាយតនៈ​ខាងក្នុងផង ខាងក្រៅ​ផង ក្នុងលោក​ទាំងពួង ជាបុគ្គល​ដែល​ទេវតា និង​មនុស្ស​ទាំងឡាយ​បូជាហើយ កន្លងផុត​នូវបណ្តាញ គឺកិលេស ជាគ្រឿង​ជាប់ចំពាក់ បុគ្គល​នោះ ឈ្មោះថា មុនិ។

ពាក្យថា សូមព្រះអង្គដោះស្រាយ គឺសូមព្រះអង្គ​ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោក​សួរថា) សូមព្រះអង្គ​ជាមុនិ ដោះ​ស្រាយនូវ​ឧបាយ​ជាគ្រឿង​ឆ្លងនោះ។

[១៦១] ពាក្យថា ព្រោះព្រះអង្គជ្រាបច្បាស់ធម៌នោះហើយ គឺព្រោះ​ព្រះអង្គ​ជ្រាប ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ប្រាកដនូវ​ធម៌នោះហើយ ហេតុនោះ (លោកសួរថា) ព្រោះ​ព្រះអង្គ​ជ្រាបច្បាស់​ធម៌នោះ​ហើយ។ ហេតុនោះ ព្រាហ្មណ៍នោះ​ពោលថា

យើងខ្ញុំបានទូលសួរសេចក្តីណា ព្រះអង្គ​បានត្រាស់​ប្រាប់សេចក្តី​នោះ ដល់យើងខ្ញុំ យើងខ្ញុំ​សូមសួរ​សេចក្តី​ឯទៀត​ចំពោះព្រះអង្គ សូមព្រះអង្គ​សំដែង​សេចក្តីនោះ អ្នក​ប្រាជ្ញ​ទាំងឡាយ​ឆ្លងឱឃៈ​ផង ជាតិ ជរាផង សោកៈ និងបរិទេវៈ​ផង ដោយ​ប្រការ ដូច​ម្តេចហ្ន៎ សូមព្រះអង្គ​ជាមុនិ ដោះស្រាយ​នូវ​ឧបាយ​ជាគ្រឿង​ឆ្លងនោះ ដល់យើង​ខ្ញុំ ព្រោះព្រះអង្គ​ជ្រាបធម៌​នោះហើយ។

[១៦២] (ព្រះមានព្រះភាគ ត្រាស់ថា មា្នលមេត្តគូ) តថាគត​នឹងសំដែង​ធម៌ដល់​អ្នក ដែលជា​ធម៌​ជាក់ច្បាស់​ក្នុងខ្លួន ចំពោះធម៌​ដែលឃើញ​ហើយ ជាធម៌​ដែលបុគ្គល​មាន​សតិ ដឹង​ហើយ​ប្រព្រឹត្ត គប្បីឆ្លង​វិសត្តិកាតណ្ហា​ក្នុងលោក​បាន។

[១៦៣] ពាក្យថា តថាគតនឹងសំដែងធម៌​ដល់អ្នក គឺតថាគត​នឹងសំដែង នឹងពន្យល់ នឹងបញ្ញត្ត នឹងតាំងទុក នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់ នឹងប្រកាស​នូវ​ព្រហ្មចរិយធម៌​ដ៏បរិសុទ្ធ​បរិបូណ៌​ទាំងអស់ ព្រមទាំង​អត្ថ និង​ព្យញ្ជនៈ មានលំអ​ក្នុងខាង​ដើម មាន​លំអត្រង់​កណ្តាល មានលំអ​ក្នុងទី​បំផុតផង នូវ​សតិប្បដ្ឋាន ៤ ផង នូវ​សម្មប្បធាន ៤ ផង នូវ​ឥទ្ធិបាទ ៤ ផង នូវ​ឥន្រ្ទិយ ៥ ផង នូវ​ពលៈ ៥ ផង នូវ​ពោជ្ឈង្គៈ ៧ ផង នូវមគ្គ​ដ៏ប្រសើរ​ប្រកប​ដោយអង្គ ៨ ផង នូវ​ព្រះនិញ្វន​ផង នូវ​បដិបទា​ជាដំណើរ​ទៅកាន់​ព្រះនិញ្វន​ផង ហេតុ​នោះ​ទ្រង់​ត្រាស់ថា តថាគត​នឹងសំដែង​ធម៌​ដល់អ្នក។ ពាក្យថា មេត្តគូ គឺ​ព្រះមានព្រះភាគ ទ្រង់ហៅ​ព្រាហ្មណ៍​នោះ​ដោយចំ​ឈ្មោះ។

[១៦៤] អធិប្បាយពាក្យថា ដែលជាធម៌ជាក់ច្បាស់​ក្នុង​ខ្លួនចំពោះ​ធម៌​ដែលឃើញ​ហើយ ត្រង់​ពាក្យថា ចំពោះ​ធម៌ដែល​ឃើញហើយ គឺចំពោះ​ធម៌ដែល​ឃើញ ធម៌ដែល​ដឹង ធម៌ដែល​ថ្លឹង ធម៌ដែល​ពិចារណា ធម៌ដែល​ឈ្វេងយល់ ធម៌ដែល​ច្បាស់ហើយ​ថា សង្ខារ​ធម៌ទាំងពួង​មិនទៀង។បេ។ ចំពោះធម៌​ដែលឃើញ ធម៌ដែលថ្លឹង ធម៌ដែល​ពិចារណា​ ធម៌ដែល​ឈ្វេង​យល់ ធម៌ដែល​ច្បាស់ហើយ​ថា ធម្មជាត​ណាមួយ មាន​កិរិយា​កើតឡើង​ជាធម្មតា ធម្មជាត​ទាំងអស់​នោះ មានកិរិយា​រលត់ទៅ​វិញជា​ធម្មតា ហេតុនោះ តថាគត​នឹងសំដែង​ធម៌ ដែល​ឃើញ​ហើយ យ៉ាងនេះ​ខ្លះ។ មួយទៀត តថាគត​នឹងសំដែង​ទុក្ខ ចំពោះ​ទុក្ខដែល​ឃើញហើយ នឹងសំដែង​សមុទ័យ​ចំពោះ​សមុទ័យ​ដែល​ឃើញ​​ហើយ នឹង​សំដែងមគ្គ ចំពោះ​មគ្គដែល​ឃើញ​ហើយ នឹងសំដែង​និរោធ​ចំពោះ​និរោធ​ដែលឃើញ​ហើយ ហេតុនោះ តថាគត​នឹងសំដែង​ចំពោះ​ធម៌ ដែលឃើញ​ហើយ​យ៉ាងនេះខ្លះ។ មួយទៀត គុណជាត​ដែលបុគ្គល​គប្បី​ឃើញជាក់​ច្បាស់​ដោយខ្លួនឯង​ក្នុងបច្ចុប្បន្ន ជាគុណ​ឲ្យផល​មិនរង់​ចាំកាល ជាធម៌​ហាក់ដូច​ជានឹងហៅថា អ្នក​ចូរមក​មើលចុះ ជាធម៌​គួរបង្អោន​មកទុក​ក្នុងខ្លួនបាន ជា​ធម៌ដែល​អ្នកប្រាជ្ញ​ទាំងឡាយ គប្បី​ដឹង​ជាក់ច្បាស់​ចំពោះខ្លួន ហេតុនោះ តថាគត​នឹងសំដែង​ចំពោះធម៌ ដែលឃើញ​ហើយ យ៉ាង​នេះខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) ចំពោះ​ធម៌ដែល​ឃើញហើយ។ ពាក្យថា ដែលជា​ធម៌ជាក់​ច្បាស់​ក្នុងខ្លួន គឺ​តថាគត​សំដែងធម៌ ដែលត្រាស់​ដឹងឯង​ដោយខ្លួនឯង ជាក់​ច្បាស់​ចំពោះ​ខ្លួន មិនមែន​ដោយ​អាងថា​ដូច្នេះ ៗ មិនមែន​ដោយឮ​ថាដូច្នេះ ៗ មិនមែន​ដោយ​ទំនៀម មិនមែន​ដោយការ​ផ្សំតាម​តម្រា មិនមែន​ដោយហេតុ​នៃ​សេចក្តី​ត្រិះរិះ មិនមែន​ដោយហេតុ​នៃការយល់ មិនមែន​ដោយ​សេចក្តី​​រិះគិត​តាមអាការៈ មិនមែន​តាមសេចក្តី​ឃើញ​ការ​ពិនិត្យ និងសេចក្តី​ចូលចិត្តទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) ដែល​ជាធម៌​ជាក់ច្បាស់​ក្នុងខ្លួន ចំពោះធម៌​ដែលឃើញ​ហើយ។

[១៦៥] ពាក្យថា ជាធម៌ដែលបុគ្គលមានសតិ​ដឹងហើយ​ប្រព្រឹត្ត​ សេចក្តីថា បុគ្គល​ធ្វើ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ​នូវធម៌ណា ឲ្យច្បាស់ថា សង្ខារទាំងពួង​មិន​ទៀង។បេ។ ធ្វើ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យ​ប្រាកដនូវ​ធម៌ឲ្យ​ច្បាស់ថា ធម្មជាត​ណាមួយ មាន​កិរិយា​កើតឡើង​ជាធម្មតា ធម្មជាត​ទាំងអស់នោះ មានកិរិយា​រលត់​ទៅវិញ​ជាធម្មតា។ ពាក្យថា មានសតិ គឺបុគ្គល​មានសតិ​ដោយហេតុ ៤ គឺបុគ្គល​ចំរើននូវ​កាយានុបស្សនា​សតិប្បដ្ឋាន​ក្នុងកាយ​ ឈ្មោះថា មានសតិ។បេ។ បុគ្គលនោះ លោក​ហៅថា អ្នកមានសតិ។ ពាក្យថា ប្រព្រឹត្ត ​គឺបុគ្គល​កាលត្រាច់​រង្គាត់ សម្រេច ប្រព្រឹត្ត រក្សា យាត្រា យាត្រាទៅ ហេតុនោះ (ទ្រង់​ត្រាស់ថា)​ ជា​ធម៌​ដែលបុគ្គល​មានសតិ​ដឹងហើយ​ប្រព្រឹត្ត។

[១៦៦] ពាក្យថា គប្បីឆ្លងវិសត្តិកាតណ្ហា​ក្នុងលោក បានសេចក្តីថា តណ្ហា លោក​ហៅថា វិសត្តិកា បានដល់រាគៈ រាគៈមាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរ​ត្រង់ពាក្យថា វិសត្តិកា ដែលឈ្មោះថា វិសត្តិកា តើដោយ​អត្ថ​ដូចម្តេច។​ ឈ្មោះ​វិសត្តិកា ព្រោះ​ជាធម្មជាតិ​ផ្សាយទៅ។ ឈ្មោះ​វិសត្តិកា ព្រោះទូលាយ។ ឈ្មោះ​វិសត្តិកា ព្រោះលាទៅ។ ឈ្មោះ​វិសត្តិកា ព្រោះរួញរា។ ឈ្មោះ​វិសត្តិកា ព្រោះ​ពោល​ខុស។ ឈ្មោះ​វិសត្តិកា ព្រោះមាន​ឫសគល់​ជាពិស។ ឈ្មោះ​វិសត្តិកា ព្រោះ​មានផ្លែ​ជាពិស។ ឈ្មោះ​វិសត្តិកា ព្រោះមាន​​គ្រឿង​​បរិភោគ​ជាពិស។ មួយទៀត ឈ្មោះ​វិសត្តិកា ព្រោះ​តណ្ហានោះ ជាកិលេស​ជាតិ​ដ៏ទូលាយ ផ្សាយទៅ ត្រដាងទៅ ក្នុងរូប សំឡេង ក្លិន រស ផ្សព្វ ត្រកូល គណៈ អាវាស លាភ យស សេចក្តី​សរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព​ សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន ក្នុងធម៌​ទាំងឡាយ ដែល​ឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា គប្បីឆ្លង វិសត្តិកាតណ្ហា​ក្នុង​លោកបាន បាន​សេចក្តីថា តណ្ហាណា ឈ្មោះ​វិសត្តិកា​ក្នុងលោក បុគ្គល​មានសតិ គប្បី​ឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង នូវតណ្ហា ឈ្មោះ​វិសត្តិកានោះ ក្នុងលោក ព្រោះ​ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីឆ្លង​វិសត្តិកាតណ្ហា​ក្នុងលោកបាន។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តគូ) តថាគត​នឹងសំដែង​ធម៌ដល់អ្នក ដែល​ជាធម៌​ជាក់ច្បាស់​ក្នុងខ្លួន ចំពោះធម៌​ដែលឃើញ​ហើយ ជាធម៌​ដែលបុគ្គល​មាន​សតិ​ដឹងហើយ​ប្រព្រឹត្ត គប្បីឆ្លង​វិសត្តិកាតណ្ហា​ក្នុងលោកបាន។

[១៦៧] (មេត្តគូទូលថា) ព្រះមានព្រះភាគ ព្រះអង្គ​សែ្វងរក​គុណដ៏ធំ មានសតិ ទ្រង់ជ្រាប​នូវធម៌ណា ជាធម៌​ដ៏ឧត្តម​ហើយ​ប្រព្រឹត្ត​ គប្បីឆ្លង​វិសត្តិកាតណ្ហា ក្នុងលោក​បាន ចំណែក​ខ្ញុំព្រះអង្គ​ត្រេកអរ​ចំពោះធម៌នោះ។

[១៦៨] ពាក្យថា ខ្ញុំព្រះអង្គត្រេកអរចំពោះធម៌នោះ ត្រង់ពាក្យថា ចំពោះធម៌​នោះគឺ​ចំពោះ​ពាក្យ គន្លងពាក្យ ទេសនា អនុសន្ធិ​របស់ព្រះអង្គ។ ពាក្យថា ខ្ញុំព្រះអង្គ​ត្រេកអរ គឺខ្ញុំ​ព្រះអង្គ ស្រស់ស្រាយ ត្រេកអរ ​រីករាយ រីករាយតាម បា្រថ្នា​ ចង់បាន សូម ត្រូវការ​ ស្រឡាញ់​ ជាប់ចិត្ត ​ហេតុ​នោះ (លោកពោលថា) ខ្ញុំព្រះអង្គ​ត្រេកអរ​ចំពោះធម៌​នោះ។

[១៦៩] អធិប្បាយពាក្យថា ព្រះអង្គសែ្វងរកគុណដ៏ធំ … ជាធម៌​ដ៏ឧត្តម សំនួរត្រង់​ពាក្យថា សែ្វង​រកគុណ​ដ៏ធំ ចុះឈ្មោះថា​សែ្វងរក​គុណដ៏ធំ តើដោយ​អត្ថដូចម្តេច។ ឈ្មោះ​ថា សែ្វង​រកគុណ​ដ៏ធំ ព្រោះ​ព្រះមានព្រះភាគ ទ្រង់រក ស្វែង ស្វះស្វែង​នូវសីលក្ខន្ធ​ដ៏ធំ ឈ្មោះថា​ស្វែងរក​គុណដ៏ធំ ​ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវ​សមាធិក្ខន្ធដ៏ធំ បញ្ញាខន្ធដ៏ធំ វិមុត្តិក្ខន្ធ​ដ៏ធំ វិមុត្តិញ្ញាណទស្សនក្ខន្ធ​ដ៏ធំ។ មួយទៀត ឈ្មោះថា ស្វែងរក​គុណ​ដ៏ធំ ព្រោះ​ទ្រង់រក ​ស្វែង ​​ស្វះស្វែង នូវការ​ទំលាយ ​នូវគំនរ​នៃងងឹត​ដ៏ធំ។ ឈ្មោះថា ស្វែងរក​គុណដ៏​ធំ ព្រោះ​ទ្រង់រក ​ស្វែង ​​ ស្វះស្វែង ​ នូវការ​បំបែកនូវ​វិប្បល្លាស​ដ៏ធំ។ ឈ្មោះថា ស្វែងរក​គុណដ៏ធំ ព្រោះទ្រង់រក ​ស្វែង ស្វះស្វែង នូវការដកឡើង នូវ​សរ គឺតណ្ហាដ៏ធំ។ ​ ឈ្មោះថា ស្វែងរក​គុណដ៏ធំ ព្រោះ​ទ្រង់រក​ ស្វែង ស្វះស្វែង នូវការ​ទំលុះទំលាយ នូវឃ្នាប​គឺទិដ្ឋិដ៏ធំ។ ឈ្មោះថា ស្វែងរក​គុណដ៏ធំ ព្រោះទ្រង់​រក ស្វែង ​ស្វះស្វែង ​​នូវការ​ទំលាក់​ចុះនូវ​ទង់គឺមានះ​ដ៏ធំ។ ឈ្មោះថា ស្វែងរក​គុណដ៏ធំ ព្រោះ​ទ្រង់រក ស្វែង ស្វះស្វែង នូវការ​រម្ងាប់នូវ​អភិសង្ខារ​ដ៏ធំ។​ ឈ្មោះថា​សែ្វង​រកគុណ​ដ៏ធំ ព្រោះទ្រង់​រក ស្វែង ស្វះស្វែង នូវការ​រើឡើង​នូវឱឃៈ​ដ៏ធំ។ ឈ្មោះថា​ស្វែង​រកគុណ​ដ៏ធំ ព្រោះទ្រង់រក ​ស្វែង ស្វះស្វែង នូវការ​ដាក់ចុះ​នូវភារៈដ៏ធំ។ ឈ្មោះថា ស្វែងរក​គុណដ៏ធំ ​​ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការ​ផ្ដាច់បង់​នូវ​សំសារវដ្ត​ដ៏ធំ។ ឈ្មោះថា ស្វែងរក​គុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការរំលត់​នូវកំដៅដ៏ធំ។ ឈ្មោះថា ស្វែងរក​គុណដ៏ធំ ព្រោះ​ទ្រង់រក ស្វែង ស្វះស្វែង នូវការ​រម្ងាប់សេចក្តី​រោលរាល​ដ៏ធំ។ ឈ្មោះថា សែ្វងរក​គុណដ៏ធំ ព្រោះទ្រង់រក សែ្វង ស្វះសែ្វង នូវការ​លើកឡើង​នូវទង់ គឺធម៌​ដ៏ធំ។ ឈ្មោះថា សែ្វងរក​គុណដ៏ធំ ព្រោះ​ទ្រង់រក ស្វែង ស្វះស្វែង នូវ​សតិប្បដ្ឋាន​ដ៏ធំ សម្មប្បធាន​ដ៏ធំ ឥទ្ធិបាទដ៏ធំ ឥន្ទ្រិយ​ដ៏ធំ ពលៈដ៏ធំ ពោជ្ឈង្គៈធំ មគ្គដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ ដ៏ធំ អមត​និញ្វន​​មានអត្ថ​ដ៏ក្រៃលែង​ដ៏ធំ។ មួយទៀត ឈ្មោះថា ស្វែង​រក​គុណដ៏ធំ ព្រោះពួក​សត្វ​មាន​សក្តិ​ដ៏ធំ រក ស្វែង ស្វះស្វែង​ថា ព្រះពុទ្ធគង់​ក្នុងទីណា ព្រះមានព្រះភាគ គង់ក្នុង​ទីណា ព្រះអង្គ​​ជាទេវតា​ប្រសើរ​ជាងទេវតា គង់ក្នុង​ទីណា ព្រះអង្គ​​ជានរៈ​ដ៏ក្លៀវក្លា គង់ក្នុង​ទីណា។ ពាក្យថា ជាធម៌ដ៏​ឧត្តម សេចក្តីថា អមតនិញ្វន លោក​ហៅថា ធម៌ដ៏ឧត្តម បានខាង​ការរម្ងាប់​សង្ខារ​ទាំងពួង ការរលាស់​ចោល​ឧបធិ​ទាំង​ពួង ការអស់តណ្ហា ការប្រាស​ចាកតម្រេក ការរលត់​និញ្វន។ ពាក្យថា ឧត្តម គឺធម៌​ជាកំពូល ប្រសើរ ប្រសើរវិសេស ជាប្រធាន ខ្ពង់ខ្ពស់ ថ្លៃថ្លា ហេតុនោះ (លោក​ពោលថា) ព្រះអង្គ​ស្វែងរក​គុណដ៏ធំ … ជាធម៌ដ៏​ឧត្តម។

[១៧០] ពាក្យថា មានសតិ ជ្រាបច្បាស់​នូវធម៌ណា ហើយ​ប្រព្រឹត្ត គឺធ្វើ​ឲ្យច្បាស់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យ​ប្រាកដ​ថា សង្ខារ​ទាំងពួង​មិនទៀង។បេ។ ធ្វើឲ្យ​ច្បាស់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យ​ប្រាកដថា ធម្មជាត​ឯណា​នីមួយ មាន​កិរិយា​កើត​ឡើងជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ មានកិរិយា​រលត់ទៅ​វិញជា​ធម្មតា។ ពាក្យថា មានសតិ សេចក្តី​ថា មានសតិ​ដោយហេតុ ៤ គឺបុគ្គល​ចំរើន​កាយានុបស្សនាសតិប្បដ្ឋាន​ក្នុងកាយ ឈ្មោះ​ថា អ្នកមាន​សតិ។បេ។ បុគ្គលនោះ លោកហៅថា អ្នក​មានសតិ។ ពាក្យថា ប្រព្រឹត្ត​គឺប្រព្រឹត្ត ត្រួតត្រា សម្រេច ទៅ រក្សា យាត្រា យាត្រា​ទៅ ហេតុនោះ (លោកពោលថា) មាន​សតិ ជា្របច្បាស់​នូវធម៌ណា​ហើយ​ប្រព្រឹត្ត។

[១៧១] ពាក្យថា គប្បីឆ្លងវិសត្តិកាតណ្ហា​ក្នុងលោកបាន សេចក្តីថា តណ្ហា លោក​ហៅថា វិសត្តិកា បានដល់ រាគៈ រាគៈ​មានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសល​មូល។ សំនួរ​ត្រង់ពាក្យថា វិសត្តិកា ចុះឈ្មោះ​វិសត្តិកា តើដោយ​អត្ថ​ដូចម្តេច។បេ។ ឈ្មោះ​វិសត្តិកា ព្រោះផ្សាយ​ទៅ ត្រដាងទៅ។ ពាក្យថា ក្នុងលោកៈ គឺក្នុង​អបាយលោក។បេ។ អាយតនលោក។ ពាក្យថា គប្បីឆ្លង​វិសត្តិកាតណ្ហា​ក្នុងលោក​បាន សេចក្តីថា តណ្ហា​ណា ឈ្មោះ​វិសត្តិកា​ក្នុងលោក ព្រះមហេសី​មានសតិ គប្បីឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈាន​កន្លង ប្រព្រឹត្ត​កន្លងនូវ​វិសត្តិកាតណ្ហា​នោះ​ក្នុងលោក ហេតុនោះ (លោក​ពោលថា) គប្បីឆ្លង​វិសត្តិកាតណ្ហា​ក្នុងលោក​បាន។ ហេតុនោះ ព្រាហ្មណ៍នោះ​ពោលថា

ព្រះមានព្រះភាគ ព្រះអង្គស្វែងរកនូវគុណ​ដ៏ធំ មានសតិ ទ្រង់ជ្រាប​ច្បាស់​នូវធម៌​ណា ជា​ធម៌ដ៏ឧត្តម​ហើយ​ប្រព្រឹត្ត គប្បីឆ្លង​ធម្មវិសត្តិកាតណ្ហា​ក្នុងលោកបាន​ចំណែក​ខ្ញុំ​ព្រះអង្គ​ត្រេកអរ​ចំពោះ​ធម៌នោះ។

[១៧២] (ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តគូ) អ្នកបើដឹងច្បាស់​នូវធម្មជាតិ​ណា​មួយ ទាំងខាងលើ ខាងក្រោម និងទទឹង គឺកណ្តាល​ហើយ អ្នកចូរ​បនោ្ទបង់​នូវ​សេចក្តី​ត្រេកត្រអាល​ផង សេចក្តី​ប្រកាន់ផង វិញ្ញាណ​ផង​ក្នុងធម៌​ទាំងឡាយ​នុ៎ះចេញ ទើប​មិនឋិត​នៅក្នុងភព។

[១៧៣] ពាក្យថា អ្នកបើដឹងច្បាស់នូវធម្មជាតិ​ណាមួយ គឺបើ​អ្នកដឹងច្បាស់ ដឹង​ទួទៅ ដឹងវិសេស ដឹងចំពោះ យល់ច្បាស់​នូវធម្មជាតិ​ណាមួយ ហេតុនោះ (ទ្រង់ត្រាស់​ថា) អ្នកបើ​ដឹងច្បាស់​នូវធម្មជាតិ​ណាមួយ។ ព្រះមានព្រះភាគ ទ្រង់ហៅ​ព្រាហ្មណ៍​នោះ តាមឈ្មោះថា មេត្តគូ។ ពាក្យថា ព្រះមានព្រះភាគ​នុ៎ះ គឺជាពាក្យ​ហៅដោយ​គោរព។បេ។ ការ​បញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការ​ត្រាស់ដឹង ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមេត្តគូ។

[១៧៤] ពាក្យថា ទាំងខាងលើ ខាងក្រោម និងទទឹង គឺកណ្តាល អធិប្បាយថា អនាគត លោកហៅថា ខាងលើ។ អតីត លោកហៅថា ខាងក្រោម បច្ចុប្បន្ន លោកហៅ​ថា ទទឹង គឺ​កណ្តាល។ ទេវលោក លោកហៅថា ខាងលើ។ និរយលោក លោក​ហៅថា ខាងក្រោម។ មនុស្សលោក លោកហៅថា​ទទឹង គឺកណ្តាល។ ពាក្យថា ខាងលើ បានដល់ កុសលធម៌។ ពាក្យថា ខាងក្រោម បានដល់ អកុសលធម៌។ ពាក្យថា​ទទឹង គឺកណ្តាល បានដល់ អព្យាកតធម៌។ ពាក្យថា ខាងលើ បានដល់​អរូបធាតុ។ ពាក្យថា ខាងក្រោម បានដល់ កាមធាតុ។ ពាក្យថា ទទឹង គឺ​កណ្តាល បានដល់​រូបធាតុ។ ពាក្យថា ខាងលើ បានដល់ សុខវេទនា។ ពាក្យថា ខាង​ក្រោម បាន​ដល់​ទុក្ខវេទនា។ ពាក្យថា ទទឹង គឺកណ្តាល បានដល់​អទុក្ខមសុខវេទនា។ ពាក្យថា ខាងលើ គឺខាងលើ​អំពីបាតជើង​ឡើង​ទៅ។ ពាក្យថា ខាងក្រោម គឺខាង​ក្រោម​តាំងពី​ចុងសក់​ចុះមក។ ពាក្យថា ទទឹង គឺកណ្តាល បានដល់ ក្នុងទីពាក់​កណ្តាលខ្លួន ហេតុនោះ (ទ្រង់​ត្រាស់ថា) ខាងលើ ខាងក្រោម និងទទឹង គឺកណ្តាល។

[១៧៥] អធិប្បាយពាក្យថា អ្នកចូរបន្ទោបង់​នូវសេចក្តី​ត្រេកត្រអាល​ផង សេចក្តី​ប្រកាន់​ផង វិញ្ញាណផង ក្នុងធម៌​ទាំងឡាយ​នុ៎ះចេញ ទើបមិន​ឋិតនៅ​ក្នុងភព ត្រង់​ពាក្យថា ក្នុងធម៌​ទាំងឡាយ​នុ៎ះ គឺក្នុង​ធម៌ទាំងឡាយ ដែលតថាគត​ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើ​ឲ្យរាក់ ប្រកាស​ហើយ។ តណ្ហា លោកហៅថា សេចក្តី​ត្រេកត្រអាល បានដល់​រាគៈ រាគៈ​មានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា សេចក្តី​ប្រកាន់ បានដល់ សេចក្តី​ប្រកាន់ ២ គឺ​ការប្រកាន់​គឺតណ្ហា ១ ការប្រកាន់​គឺទិដ្ឋិ ១។ ការប្រកាន់​គឺតណ្ហា តើដូច​ម្តេច។ ពោលគឺ តណ្ហា​មានកំណត់​ត្រឹមណា។បេ។ នេះ សេចក្តី​ប្រកាន់​គឺតណ្ហា។ សេចក្តី​ប្រកាន់​គឺទិដ្ឋិ តើដូចម្តេច។ សក្កាយទិដ្ឋិ​មានវត្ថុ ២០។បេ។ នេះ សេចក្តី​ប្រកាន់​គឺទិដ្ឋិ។ ពាក្យថា ចូរបន្ទោបង់​វិញ្ញាណ សេចក្តីថា វិញ្ញាណ​ប្រកប​ដោយ​បុញ្ញាភិសង្ខារ វិញ្ញាណ​ប្រកប​ដោយ​អបុញ្ញាភិសង្ខារ វិញ្ញាណប្រកប​ដោយ​អនេញ្ជាភិសង្ខារ។ អ្នកចូរ​ខ្ជាក់ រលាស់ បន្សាត់ ផាត់ លះ ច្រាន បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើមិន​ឲ្យមាន​បែបភាព នូវសេចក្តី​ត្រេកត្រអាល​ផង នូវសេចក្តី​ប្រកាន់ផង នូវ​វិញ្ញាណ​ប្រកប​ដោយ​អភិសង្ខារ​ផង ក្នុងធម៌​ទាំងឡាយ​នោះ ហេតុ​នោះ (ទ្រង់​ត្រាស់ថា) អ្នកចូរ​បន្ទោបង់​សេចក្តី​ត្រេកត្រអាលផង​ សេចក្តី​ប្រកាន់ផង វិញ្ញាណផង ក្នុងធម៌​ទាំងឡាយ​នុ៎ះ។ ពាក្យថា ភព​របស់​បទថា មិនឋិត​នៅក្នុងភព បានដល់ភព ២ គឺ កម្មភព ១ បុនព្ភព គឺ​បដិសន្ធិ ១។ កម្មភព តើដូចម្តេច។ គឺ​បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អនេញ្ជាភិសង្ខារ នេះ​កម្មភព។ បុនព្ភព គឺបដិសន្ធិ តើដូចម្តេច។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលប្រកប​ដោយបដិសន្ធិ​ នេះ បុនព្ភព គឺបដិសន្ធិ។ ពាក្យថា មិនឋិត​នៅក្នុងភព គឺបុគ្គល​កាល​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យ​មានបែបភាព​នូវសេចក្តី​ត្រេកត្រអាល​ផង នូវសេចក្តី​ប្រកាន់ផង នូវវិញ្ញាណ​ដែលប្រកប​ដោយ​អភិសង្ខារផង នូវកម្មភព​ផង នូវ​បុនព្ភព​គឺបដិសន្ធិ​ផង ទើបមិន​គប្បីឋិតក្នុង​កម្មភព មិនគប្បី​ឋិតនៅ មិនគប្បី​តាំងនៅ ក្នុង​បុនព្ភព​​គឺបដិសន្ធិ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកចូរ​បន្ទោបង់​វិញ្ញាណ ទើបមិនឋិត​នៅក្នុង​ភព។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តគូ) អ្នកបើដឹងច្បាស់​នូវធម្មជាតិ​ណាមួយ ទាំង​ខាងលើ ខាងក្រោម និងទទឹង​គឺកណ្តាល​ហើយ អ្នកចូរ​បន្ទោបង់​នូវសេចក្តី​ត្រេកត្រអាល​ផង សេចក្តី​ប្រកាន់ផង វិញ្ញាណ​ផង ក្នុងធម៌​ទាំងឡាយ​នុ៎ះចេញ ទើបមិន​ឋិត​នៅ​ក្នុងភព។

[១៧៦] ភិក្ខុមានការនៅយ៉ាងនេះ មានសតិ អ្នកមិន​ប្រហែស លះបង់​សេចក្តី​ប្រកាន់​ហើយ​ប្រព្រឹត្ត ជាអ្នក​ចេះដឹង គប្បី​លះបង់​នូវទុក្ខ គឺជាតិ ជរា សោកៈ និងបរិវេទៈ ក្នុងលោក​នេះបាន។

[១៧៧] អធិប្បាយពាក្យថា មានការនៅយ៉ាងនេះ មានសតិ​ អ្នកមិនប្រហែស ត្រង់​ពាក្យថា មានការ​នៅយ៉ាងនេះ គឺភិក្ខុ​កាលលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមាន​បែបភាព​នូវសេចក្តី​ត្រេកត្រអាល​ផង នូវសេចក្តី​ប្រកាន់ផង នូវវិញ្ញាណ​ដែលប្រកប​ដោយ​អភិសង្ខារ​ផង នូវកម្មភពផង នូវ​បុនព្ភព​គឺបដិសន្ធិផង ហេតុនោះ (ទ្រង់ត្រាស់) ថា មានការ​នៅ​យ៉ាងនេះ។ ពាក្យថា មានសតិ គឺបុគ្គល​មានសតិ​ដោយហេតុ ៤ គឺបុគ្គល​ចំរើន​កាយានុបស្សនាសតិប្បដ្ឋាន​ក្នុងកាយ។បេ។ បុគ្គល​នោះ លោក​ហៅថា អ្នក​មាន​សតិ។ ពាក្យថា អ្នកមិន​ប្រហែស គឺអ្នកធ្វើ​ដោយគោរព អ្នកធ្វើ​មិនឈប់ អ្នក​ប្រព្រឹត្ត​មិនរួញរា មាន​បំណង​មិនដាក់ចុះ មានធុរៈ​មិនដាក់​ចុះ អ្នកមិន​ប្រហែស​ក្នុង​កុសលធម៌ គឺបាន​ខាងបំណង ការព្យាយាម សេចក្តី​ខ្មីឃ្មាត ការប្រឹងប្រែង ការមិន​ថយក្រោយ សតិ និង​សម្បជញ្ញៈ ការខ្នះខ្នែង ការដំកល់ទុក ការអធិដ្ឋាន ការប្រកប​រឿយ ៗ ការមិន​ធ្វេសប្រហែស​ក្នុងកុសលធម៌​ទាំង​នោះថា អង្កាល់ណា អាត្មាអញ​នឹងបំពេញ​សីលក្ខន្ធ​ ដែលមិន​ទាន់ពេញ ឬជ្រោមជ្រែង​ទុកនូវ​សីលក្ខន្ធ​ដែលពេញ​ហើយ ដោយ​ប្រាជ្ញា ក្នុង​ធម៌នោះ (ឬ) បំណង ការព្យាយាម សេចក្តី​ខ្មីឃ្មាត សេចក្តី​ប្រឹងប្រែង ការ​មិន​ថយក្រោយ សតិ និងសម្បជញ្ញៈ ការខ្នះខ្នែង ការតំកល់ទុក ការអធិដ្ឋាន ការ​ប្រកប​រឿយៗ ការមិន​ធ្វេសប្រហែស​ក្នុងកុសលធម៌​ទាំងនោះថា អង្កាល់ណា អាត្មាអញ​នឹង​បំពេញ​សមាធិក្ខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលមិន​ទាន់ពេញ និង​ជ្រោមជ្រែង​ទុក នូវ​វិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលពេញ​ហើយ​ដោយបញ្ញា​ក្នុងធម៌​ទាំងនោះ (ឬក៏) បំណង ការព្យាយាម សេចក្តី​ខ្មីឃ្មាត សេចក្តី​ប្រឹងប្រែង ការមិន​ថយក្រោយ សតិ និង​សម្បជញ្ញៈ ការខ្នះខ្នែង ការតំកល់​ទុក ការអធិដ្ឋាន ការប្រកប​រឿយ ៗ ការមិន​ធ្វេស​ប្រហែស ក្នុង​កុសលធម៌​ទាំងនោះថា អង្កាល់ណា អាត្មាអញ​នឹងកំណត់​ដឹងនូវទុក្ខ ដែល​មិន​ទាន់បាន​កំណត់​ដឹង ឬនឹងលះ​នូវកិលេស​ដែលមិន​ទាន់លះ នឹងចំរើន​មគ្គ ដែល​មិន​ទាន់ចំរើន​នឹងធ្វើឲ្យជាក់​ច្បាស់នូវ​និរោធ ដែលមិន​ទាន់ធ្វើឲ្យ​ជាក់ច្បាស់ ហេតុនោះ (ទ្រង់​ត្រាស់ថា) មានការ​នៅយ៉ាង​នេះ មានសតិ អ្នកមិនប្រហែស។

[១៧៨] ពាក្យថា ភិក្ខុ របស់បទថា ភិក្ខុលះបង់​នូវសេចក្តី​ប្រកាន់​ហើយ​ប្រព្រឹត្ត បានដល់ ភិក្ខុ​ជា​កល្យាណបុថុជ្ជន ឬភិក្ខុ​ជាសេក្ខៈ។ ពាក្យថា ប្រព្រឹត្ត គឺប្រព្រឹត្ត ត្រួតត្រា​មើល សម្រេច ទៅ រក្សា យាត្រា ឲ្យយាត្រា​ទៅ។ ពាក្យថា សេចក្តីប្រកាន់ បាន​ដល់សេចក្តី​ប្រកាន់ ២ គឺ សេចក្តី​ប្រកាន់​គឺតណ្ហា ១ សេចក្តី​ប្រកាន់​គឺទិដ្ឋិ ១។បេ។ នេះ សេចក្តី​ប្រកាន់គឺ​តណ្ហា។បេ។ នេះ សេចក្តី​ប្រកាន់​គឺទិដ្ឋិ។ ភិក្ខុលះបង់​សេចក្តី​ប្រកាន់គឺ​តណ្ហា រលាស់​ចោល​សេចក្តី​ប្រកាន់​គឺទិដ្ឋិ លះបង់ លះចោល បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យមាន​បែបភាព​នូវសេចក្តី​ប្រកាន់ ព្រោះ​ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុ​លះបង់​សេចក្តី​​ប្រកាន់​ហើយប្រព្រឹត្ត។

[១៧៩] អធិប្បាយពាក្យថា ជាអ្នកចេះដឹង គប្បីលះបង់​ទុក្ខ គឺជាតិ ជរា សោកៈ និង​បរិទេវៈ ក្នុងលោក​នេះបាន​ ត្រង់ពាក្យថា ជាតិ បានដល់ កំណើត​ ការកើតព្រម ការចុះ​កាន់​គភ៌ ការផ្តួចផ្តើម​ឡើង ការកើត​ឡើងចំពោះ ការប្រាកដ​ឡើងនៃខន្ធ ការបាន​ចំពោះ​អាយតនៈ​នៃពួក​សត្វនោះ ៗ ក្នុង​សត្តនិកាយនោះ ៗ។ ពាក្យថា ជរា បានដល់ ការ​ចាស់ ការគ្រាំគ្រា ការរង្គោះ​ធ្មេញ ការស្កូវសក់ ការជ្រួញជ្រីវស្បែក ការរួញ​ថយនៃអាយុ ការចាស់​ទុំ​នៃឥន្ទ្រិយ របស់ពួក​សត្វនោះៗ ក្នុង​សត្តនិកាយ​នោះៗ។ ពាក្យថា សោក គឺសោក អាការសោក ភាពនៃសោក ការស្ងួតស្ងប់​ក្នុងសន្តាន ការស្រពោន​ក្នុងសន្តាន ការក្តៅ​ក្នុងសន្តាន ការរោល​រាលក្នុង​សន្តាន អាការ​ជាទីសញ្ជប់​សញ្ជឹងចិត្ត ការអាក់​អន់ចិត្ត សរ​គឺសោក របស់បុគ្គល​ដែលត្រូវ​វិនាសញាតិ​ប៉ះពាល់ក្តី ត្រូវវិនាស​ភោគៈ​ប៉ះពាល់​ក្តី ត្រូវវិនាស​គឺរោគ​ប៉ះពាល់ក្តី ត្រូវ​វិនាសសីល​ប៉ះពាល់ក្តី ត្រូវវិនាស​គឺទិដ្ឋិ​ប៉ះពាល់​ក្តី ប្រកប​ដោយវិនាស​ណាមួយក្តី ត្រូវទុក្ខធម៌​ណាមួយ​ប៉ះពាល់ក្តី។ ពាក្យថា សេចក្តី​ខ្សឹកខ្សួល គឺការយំ ការខ្សឹកខ្សួល អាការយំ អាការ​ខ្សឹកខ្សួល ភាពនៃ​ការយំ ភាពនៃការ​ខ្សឹកខ្សួល ការទួញ​រៀបរាប់ ការពោល​រៀបរាប់ ការរៀបរាប់​ដដែល ៗ ការពោល​រំលឹក អាការ​ពោលរៀបរាប់ ភាពនៃ​ការពោល​រៀបរាប់​របស់​បុគ្គល​ដែលត្រូវ​វិនាស​ញាតិប៉ះពាល់​ក្តី ត្រូវវិនាស​ភោគៈ​ប៉ះពាល់ក្តី ត្រូវវិនាស​គឺរោគ​ប៉ះពាល់ក្តី ត្រូវវិនាស​សីល​ប៉ះពាល់​ក្តី ត្រូវវិនាស​គឺទិដ្ឋិប៉ះពាល់​ក្តី ប្រកប​ដោយវិនាស​ណាមួយ​ក្តី ត្រូវទុក្ខធម៌​ណា​មួយ​ប៉ះពាល់ក្តី។ ពាក្យថា ក្នុងលោកនេះ គឺក្នុង​ទិដ្ឋិនេះ។បេ។ ក្នុងមនុស្ស​លោកនេះ។ ពាក្យថា ជាអ្នក​ចេះដឹង បានដល់ អ្នកចេះ អ្នកតាំងនៅ​ក្នុងវិជ្ជា មានញាណ មានការ​ឈ្វេងយល់ មានប្រាជ្ញា​ធ្លុះធ្លាយ។ ពាក្យថា ទុក្ខ បានដល់​ជាតិទុក្ខ។បេ។ សោកបរិទេវ​ទុក្ខ ទោមនស្សុបាយាសទុក្ខ។ ពាក្យថា អ្នកចេះដឹង គប្បី​លះបង់ទុក្ខ គឺជាតិ ជរា សោកៈ និង​បរិទេវៈ​ក្នុងលោក​នេះ បានន័យថា បុគ្គល​អ្នកចេះ អ្នកតាំង​នៅក្នុងវិជ្ជា មានញាណ មានការ​ឈ្វេងយល់ មានប្រាជ្ញា​ធ្លុះធ្លាយ គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យមាន​បែប​ភាព នូវជាតិ និងជរា​ផង សោកៈ និងបរិទេវៈ​ផង ក្នុងលោកនេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​ចេះដឹង គប្បី​លះបង់ទុក្ខ គឺជាតិ ជរា សោកៈ និងបរិទេវៈ​ក្នុងលោកនេះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភិក្ខុមាន​ការនៅ​យ៉ាងនេះ មានសតិ អ្នកមិនប្រហែស លះបង់​សេចក្តី​ប្រកាន់ហើយ​ប្រព្រឹត្ត ជាអ្នកចេះដឹង គប្បី​លះបង់​នូវទុក្ខ គឺជាតិ ជរា សោកៈ និងបរិទេវៈ​ក្នុង​លោក​នេះបាន។

[១៨០] (មេត្តគូមាណពទូលថា) ខ្ញុំព្រះអង្គ​ត្រេកអរ​ចំពោះ​ព្រះវាចានុ៎ះ របស់​ព្រះមហេសី បពិត្រ​ព្រះគោតម ព្រះនិញ្វន​ជាគុណជាតិ​មិនមាន​ឧបធិ ព្រះអង្គ​បាន​សំដែង​ហើយ​ដោយប្រពៃ ព្រះមានព្រះភាគ លះទុក្ខ​បានដោយ​ពិត ព្រោះធម៌​នុ៎ះ ព្រះអង្គ​ជ្រាបច្បាស់​ហើយ។

[១៨១] ពាក្យថា ខ្ញុំព្រះអង្គត្រេកអរចំពោះព្រះវាចានុ៎ះ របស់​ព្រះមហេសី ត្រង់ពាក្យ​ថា ចំពោះ​ព្រះវាចានុ៎ះ គឺចំពោះ​ពាក្យ គន្លងនៃ​ពាក្យទេសនា អនុសន្ធិ​របស់​ព្រះអង្គ។ ពាក្យថា ត្រេកអរ​ចំពោះ គឺខ្ញុំព្រះអង្គ​ស្រស់ស្រាយ ត្រេកអរ រីករាយ រីករាយតាម ប្រាថ្នា ចង់បាន សូម ត្រូវការ ស្រឡាញ់ ជាប់ចិត្ត។ ពាក្យថា របស់​ព្រះមហេសី គឺ​ព្រះមានព្រះភាគ ទ្រង់ព្រះនាម មហេសី ព្រោះ​ទ្រង់សែ្វង សែ្វងរក ស្វះស្វែង​នូវសីលក្ខន្ធ​ដ៏ធំ។បេ។ ទ្រង់ព្រះនាម​មហេសី ព្រោះព្រះអង្គ​ជានរៈ​ដ៏អង់អាច តាមតែ​ក្នុងទីណា ហេតុនោះ (លោក​ពោលថា) ខ្ញុំព្រះអង្គ ត្រេកអរ​ចំពោះ​ព្រះវាចានុ៎ះ​របស់​ព្រះមហេសី។

[១៨២] អធិប្បាយពាក្យថា បពិត្រព្រះគោតម ព្រះនិញ្វន​ជាគុណជាត​មិនមាន​ឧបធិ ព្រះអង្គ​សំដែង​ហើយ​ដោយប្រពៃ ត្រង់ពាក្យថា ព្រះអង្គ​សំដែង​ហើយ​ដោយប្រពៃ គឺព្រះអង្គ​សំដែង​ដោយល្អ ប្រាប់ដោយល្អ ពន្យល់​ដោយល្អ សំដែង​ដោយប្រពៃ បញ្ញត្ត​ទុកដោយ​ល្អ តាំងទុក​ដោយល្អ បើក​ដោយល្អ ចែក​ដោយល្អ ធ្វើឲ្យរាក់​ដោយល្អ ប្រកាស​ទុកហើយ​ដោយល្អ ហេតុនោះ (លោក​ពោលថា) ព្រះអង្គ​សំដែង​ហើយ​ដោយប្រពៃ។ ពាក្យថា បពិត្រ​ព្រះគោតម ព្រះនិញ្វន​ជាគុណជាត​មិនមាន​ឧបធិ សេចក្តីថា ពួក​កិលេសខន្ធ និង​អភិសង្ខារ លោកហៅថា ឧបធិ។ ការលះ​ឧបធិ ការរម្ងាប់​ឧបធិ ការរលាស់​ចោល​ឧបធិ ការស្ងប់រម្ងាប់​ឧបធិ ឈ្មោះថា អមតនិញ្វន ហេតុនោះ (លោក​ពោលថា) បពិត្រ​ព្រះគោតម ព្រះនិញ្វន​ជាគុណជាត​មិនមាន​ឧបធិ ព្រះអង្គ​សំដែង​ហើយដោយ​ប្រពៃ។

[១៨៣] អធិប្បាយពាក្យថា ព្រះមានព្រះភាគ ទ្រង់លះបង់​ទុក្ខដោយ​ពិត ត្រង់ពាក្យ​ថា ដោយពិត គឺជាពាក្យ​ដាច់ខាត ជាពាក្យ​ឥតសង្ស័យ ជាពាក្យ​ឥតងឿងឆ្ងល់ ជាពាក្យ​មិនបែក​ជាពីរ ជាពាក្យ​មិនមាន​ចំពាមពីរ ជាពាក្យ​ស្រោចស្រង់ ជាពាក្យ​មិនខុស ពាក្យ​ថា ដោយពិត ជាពាក្យតាំងមាំ។ ពាក្យថា ព្រះមានព្រះភាគ​នុ៎ះ ជាពាក្យ​ពោលដោយ​គោរព។បេ។ ការបញ្ញត្តិ​ថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការ​ត្រាស់ដឹង។ ពាក្យថា ទ្រង់លះទុក្ខ គឺលះបង់ ​លះចេញ បន្ទោបង់ ធ្វើឲ្យ​វិនាស មិនឲ្យមាន​បែបភាព​នូវជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខ​ទោមនស្សុបាយាសទុក្ខ ហេតុនោះ (លោក​សួរថា) ព្រះមានព្រះភាគ​ទ្រង់លះទុក្ខ​បានដោយ​ពិត។

[១៨៤] ពាក្យថា ព្រោះធម៌នុ៎ះ ព្រះអង្គជ្រាបច្បាស់​ហើយ គឺព្រោះ​ធម៌នុ៎ះ ព្រះអង្គ​ជ្រាបច្បាស់ ដឹង ថ្លឹង ពិចារណា ​ ឈ្វេងយល់ ប្រាកដ ហេតុនោះ (លោក​សួរថា) ព្រោះ​ធម៌​នុ៎ះ ព្រះអង្គ​ជ្រាបច្បាស់​ហើយ។ ហេតុនោះ​ ព្រាហ្មណ៍នោះ​ពោលថា

ខ្ញុំព្រះអង្គត្រេកអរចំពោះ​ព្រះវាចានុ៎ះ​របស់​ព្រះមហេសី បពិត្រ​ព្រះគោតម ព្រះនិពា្វន ជា​គុណជាត​មិនមាន​ឧបធិ ព្រះអង្គ​សំដែង​ហើយ​ដោយប្រពៃ ព្រះមានព្រះភាគ លះ​ទុក្ខបាន​ដោយពិត ព្រោះធម៌នុ៎ះ ព្រះអង្គ​ជ្រាបច្បាស់​ហើយ។

[១៨៥] បពិត្រព្រះមុនិ ព្រះអង្គទូន្មានពួកជនណា​ដោយត្រឹមត្រូវ ពួកជន​ទាំងនោះ ក៏​លះទុក្ខ​បាន​ដោយពិត ព្រោះ​ហេតុនោះ ខ្ញុំព្រះអង្គ​ចូលមក​នមស្ការ​ចំពោះ​ព្រះអង្គ ជា​ព្រះពុទ្ធនាគ សូម​ព្រះមានព្រះភាគ​ទូន្មាន​ខ្ញុំព្រះអង្គ​ដោយត្រឹម​ត្រូវចុះ។

[១៨៦] ពាក្យថា ពួកជនទាំងនោះរបស់បទថា ពួកជន​ទាំងនោះ ក៏លះទុក្ខ​បាន​ដោយពិត បានដល់​ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និង​មនុស្ស ក៏លះបង់ (ទុក្ខបាន)។ ពាក្យថា ទុក្ខ គឺ​គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើ​មិន​ឲ្យមាន​បែបភាព​នូវជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវ​ទុក្ខ​ទោមនស្សុបាយាសទុក្ខ ហេតុនោះ (លោក​ពោលថា) ពួកជន​ទាំងនោះ​ក៏លះទុក្ខ​បាន​ដោយពិត។

[១៨៧] ពាក្យថា ណា របស់បទថា បពិត្រព្រះមុនិ ព្រះអង្គ​ទូន្មាន​ពួកជនណា ដោយ​ត្រឹមត្រូវ បានដល់ ពួកជន​ជាក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និង​មនុស្ស។ ពាក្យថា ព្រះអង្គ គឺព្រាហ្មណ៍​ពោលចំពោះ​ព្រះមានព្រះភាគ។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ។បេ។ ព្រះមុនិ​នោះកន្លង​នូវ​បណ្តាញ គឺកិលេស​ជា​គ្រឿងជាប់​ចំពាក់។ ពាក្យថា ទូន្មាន​ដោយត្រឹមត្រូវ គឺគប្បី​ទូន្មាន ទូន្មាន​ដោយ​គោរព ទូន្មានរឿយ ៗ ទូន្មាន ប្រៀន​ប្រដៅញយ ៗ ដាស់តឿន ហេតុនោះ (លោក​ពោលថា) បពិត្រ​ព្រះមុនិ ព្រះអង្គ​ទូន្មាន​ពួកជនណា​ដោយត្រឹមត្រូវ។

[១៨៨] អធិប្បាយពាក្យថា ខ្ញុំព្រះអង្គចូលមក​នមស្ការ​ចំពោះ​ព្រះអង្គ​ជា​ព្រះពុទ្ធនាគ ត្រង់ពាក្យថា ចំពោះ​ព្រះអង្គ គឺព្រាហ្មណ៍​ពោលចំពោះ​ព្រះមានព្រះភាគ។ ពាក្យថា នមស្ការ គឺ​ខ្ញុំព្រះអង្គ​សូមថ្វាយ​បង្គំដោយ​កាយក្តី ថ្វាយបង្គំ​ដោយចិត្តក្តី ថ្វាយបង្គំ​ដោយ​សេចក្តី​ប្រតិបត្តិដ៏​សមគួរ​ដល់អត្ថក្តី ថ្វាយបង្គំ​ដោយសេចក្តី​ប្រតិបត្តិ​ដ៏សមគួរ​ដល់ធម៌ក្តី ធ្វើសក្ការៈ​គោរព រាប់អាន បូជា។ ពាក្យថា ចូលមក គឺខ្ញុំព្រះអង្គ​សំដៅមក សំដៅមក​ចំពោះ មកត្រង់ ឆ្ពោះមក នមស្ការ​ព្រះអង្គ​ចំពោះ​ព្រះភក្ត្រ ពាក្យថា ព្រះពុទ្ធនាគ គឺ​ព្រះមានព្រះភាគ​ជាបុគ្គល​ដ៏ប្រសើរ។ ព្រះនាម​ថា នាគ ព្រោះ​ព្រះមានព្រះភាគ មិនធ្វើ​អំពើ​អាក្រក់។ ព្រះនាមថា នាគ ព្រោះ​ទ្រង់មិនលុះ។ ព្រះនាមថា នាគ ព្រោះទ្រង់​មិនមក។

ព្រះនាមថានាគ ព្រោះព្រះមានព្រះភាគ​មិនធ្វើ​អំពើអាក្រក់ តើដូចម្តេច។ អកុសល​ធម៌​ទាំងឡាយ​ដ៏លាមក ប្រកប​ដោយ​សេចក្តី​សៅហ្មង នាំមកនូវ​ភពថ្មី ប្រកប​ដោយ​សេចក្តី​ក្រវល់​ក្រវាយ មានផល​ជាទុក្ខ គួរដល់ជាតិ ជរា មរណៈតទៅ លោក​ពោលថា អំពើ​អាក្រក់។

ព្រះមានព្រះភាគ មិនធ្វើអំពើអាក្រក់ណាមួយ​ក្នុងលោក ទ្រង់​ស្រាយ​ចំណង​គឺ​កិលេស ក្នុងការ​ប្រកប​ទុកនូវ​សត្វទាំងពួង ព្រះអង្គ​រួចហើយ មិនជាប់​ក្នុងអារម្មណ៍​ទាំងពួង ព្រះអង្គជា​បុគ្គល​នឹងធឹង ទើបហៅថា នាគ ព្រោះ​ព្រះអង្គ​ជាបុគ្គល​ទៀង។

ព្រះនាមថា នាគ ព្រោះព្រះមានព្រះភាគ មិនធ្វើ​អំពើអាក្រក់​យ៉ាងនេះ​ឯង។

ព្រះនាមថា នាគ ព្រោះទ្រង់មិនលុះ តើដូចម្តេច។ ព្រះមានព្រះភាគ​មិនលុះ​ឆន្ទាគតិ មិន​លុះ​ទោសាគតិ មិនលុះ​មោហាគតិ មិនលុះ​ភយាគតិ មិនលុះ​ដោយ​អំណាច​រាគៈ មិនលុះ​ដោយ​អំណាច​ទោសៈ មិនលុះ​ដោយអំណាច​មោហៈ មិនលុះ​ដោយអំណាច​ទិដ្ឋិ មិនលុះ​ដោយ​អំណាច​មានះ មិនលុះ​ដោយអំណាច​ឧទ្ធច្ចៈ មិនលុះ​ដោយ​អំណាច​វិចិកិច្ឆា មិនលុះ​ដោយ​អំណាច​អនុស័យ គឺព្រះអង្គ​មិនទៅ មិនឃ្លាត មិនរសាត់ មិន​ដោយ​តាមធម៌​ជាពួក​ទាំងឡាយ ព្រះនាមថា នាគ ព្រោះ​ព្រះមានព្រះភាគ មិនលុះ យ៉ាងនេះ​ឯង។

ព្រះនាមថា នាគ ព្រោះព្រះមានព្រះភាគ មិនមក តើដូចម្តេច។ កិលេស​ទាំងឡាយ​ណា ដែលព្រះអង្គ​លះហើយ ដោយ​សោតាបត្តិមគ្គ ព្រះអង្គ​មិនមក មិនបែរមក មិន​ត្រឡប់​មក​កាន់​កិលេស​ទាំងនោះ​វិញ កិលេស​ទាំងឡាយ​ណា ដែល​ព្រះអង្គលះ​ហើយ ដោយ​សកទាគាមិមគ្គ អនាគាមិមគ្គ ព្រះអង្គ​មិនមក មិនបែរមក មិនត្រឡប់មក កាន់​កិលេស​ទាំងនោះ​វិញ កិលេស​ទាំងឡាយ​ណា ដែលព្រះអង្គ​លះហើយ ដោយ​អរហត្ត​មគ្គ ព្រះអង្គ​មិនមក មិនបែរមក មិន​ត្រឡប់​មកកាន់​កិលេស​ទាំងនោះ​វិញទេ ព្រះនាម​ថា នាគ ព្រោះ​ព្រះមានព្រះភាគ មិនមក យ៉ាង​នេះឯង ហេតុនោះ (លោក​ពោលថា) ខ្ញុំ​ព្រះអង្គ ចូលមក​នមស្ការ​ព្រះអង្គជា​ព្រះពុទ្ធនាគ។

[១៨៩] ពាក្យថា សូមព្រះមានព្រះភាគ​ទូន្មានខ្ញុំ​ព្រះអង្គ​ដោយ​ត្រឹមត្រូវចុះ គឺសូម​ព្រះមានព្រះភាគ ទូន្មាន​ខ្ញុំព្រះអង្គ​ដោយត្រឹមត្រូវ សូមទូន្មាន​ដោយ​គោរព ទូន្មាន​រឿយ ៗ ទូន្មាន​ប្រៀន​ប្រដៅ​ញយ ៗ ហេតុនោះ (លោក​ពោលថា) សូម​ព្រះមានព្រះភាគ ទូន្មានខ្ញុំ​ព្រះអង្គ​ដោយត្រឹម​ត្រូវចុះ។ ហេតុនោះ ព្រាហ្មណ៍​ពោលថា

បពិត្រព្រះមុនិ ព្រះអង្គទូន្មានពួកជនណា​ដោយ​ត្រឹមត្រូវ ពួកជន​ទាំងនោះ ក៏លះ​ទុក្ខបាន​ដោយពិត ព្រោះ​ហេតុនោះ ខ្ញុំព្រះអង្គ​ចូលមក​នមស្ការ​ចំពោះ​ព្រះអង្គ​ជា​ព្រះពុទ្ធនាគ សូម​ព្រះមានព្រះភាគ ទូន្មានខ្ញុំ​ព្រះអង្គ​ដោយត្រឹម​ត្រូវចុះ។

[១៩០] (ព្រះមានព្រះភាគត្រាស់តបថា) បុគ្គលគប្បី​ដឹងច្បាស់​នូវព្រាហ្មណ៍​ណា ដែលជា​អ្នកដល់​នូវវេទ អ្នក​មិនមាន​កង្វល់ មិនជាប់​នៅក្នុង​កាមភព ព្រាហ្មណ៍នោះ ឈ្មោះថា បានឆ្លង​ឱឃៈនេះ​ដោយពិត ទាំងឆ្លង​ដល់ត្រើយ ជាអ្នក​មិនមាន​បង្គោល មិនមាន​សេចក្តី​ងឿងឆ្ងល់។

[១៩១] អធិប្បាយពាក្យថា បុគ្គលគប្បីដឹងច្បាស់​នូវពា្រហ្មណ៍​ណា​ ដែលជាអ្នក​ដល់​នូវវេទ ត្រង់ពាក្យថា ព្រាហ្មណ៍ សេចក្តីថា ដែលឈ្មោះថា ពា្រហ្មណ៍ ព្រោះបន្សាត់​បង់​ធម៌ ៧។ គឺ​ បន្សាត់បង់​សក្កាយទិដិ្ឋ បន្សាត់​បង់វិចិកិច្ឆា បន្សាត់បង់​សីលព្វតបរាមាសៈ បន្សាត់​បង់រាគៈ បន្សាត់​បង់ទោសៈ បន្សាត់​បង់មោហៈ បន្សាត់​បង់មានះ។ លោក​បានលះ​បង់​នូវ​អកុសលធម៌​ទាំងឡាយ​ដ៏លាមក ប្រកប​ដោយ​សេចក្តី​សៅហ្មង នាំមក​នូវភពថ្មី ប្រកប​ដោយសេចក្តី​ក្រវល់ក្រវាយ មានផល​ជាទុក្ខ ជាទី​តាំងនៃ​ជាតិ ជរា មរណៈតទៅ។

(ព្រះមានព្រះភាគត្រាស់ថា ម្នាលសភិយៈ) ព្រះមានព្រះភាគ​បន្សាត់បង់​នូវបាប​ទាំងពួង ជាបុគ្គល​ប្រាសចាក​មន្ទិល មាន​ព្រះហឫទ័យ​តំកល់​នៅដោយល្អ មានខ្លួន​ខ្ជាប់ខ្ជួន ព្រះមានព្រះភាគ​នោះ ជាបុគ្គល​បរិសុទ្ធ កន្លងនូវ​សំសារ មិន​អាស្រ័យ (តណ្ហា និងទិដ្ឋិ) ជាបុគ្គល​នឹងធឹង លោកហៅថា ព្រាហ្មណ៍។

ពាក្យថា អ្នកដល់នូវវេទ សេចក្តីថា ញាណ​ក្នុងមគ្គ ៤ លោកហៅថា​វេទ។បេ។ បុគ្គលនោះ​ដល់​នូវវេទ កន្លង​នូវវេទ​ទាំងពួង។ ពាក្យថា គប្បី​ដឹងច្បាស់ គឺគប្បី​ដឹងចំពោះ ដឹងទួទៅ ដឹងវិសេស ដឹងច្បាស់ យល់ច្បាស់ ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​ដឹងច្បាស់​នូវ​ព្រាហ្មណ៍​ណា ដែលជា​អ្នកដល់​នូវវេទ។

[១៩២] អធិប្បាយពាក្យថា អ្នកមិនមាន​កង្វល់ មិនជាប់​នៅក្នុង​កាមភព ត្រង់ពាក្យ​ថា អ្នកមិន​មានកង្វល់ សេចក្តីថា កង្វល់​គឺរាគៈ កង្វល់​គឺទោសៈ កង្វល់​គឺមោហៈ កង្វល់​គឺមានះ កង្វល់​គឺទិដ្ឋិ កង្វល់​គឺកិលេស កង្វល់​គឺទុច្ចរិត។ គ្រឿងកង្វល់​ទាំងឡាយ​នុ៎ះ ព្រះខីណាស្រព​ណា បាន​លះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធើ្វមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើងគឺ​ញាណ​ហើយ ព្រះខីណាស្រព​នោះ លោកហៅថា អ្នកមិន​មានកង្វល់។ ពាក្យថា កាម បើតាម​ឧទ្ទាន បានដល់ កាម ២ គឺ វត្ថុកាម​ ១ កិលេសកាម ១។បេ។ នេះហៅថា វត្ថុកាម។បេ។ នេះ​ហៅថា កិលេសកាម។បេ។ ពាក្យថា ភព បានដល់ភព ២ គឺ​កម្មភព ១ បុនព្ភព​គឺបដិសន្ធិ ១។បេ។ នេះ​កម្មភព។បេ។ នេះ បុនព្ភព​គឺបដិសន្ធិ។ ពាក្យថា អ្នកមិន​មានកង្វល់ មិនជាប់​នៅ​ក្នុង​កាមភព គឺអ្នក​មិនមាន​កង្វល់ មិនជាប់​នៅ មិនថ្ពក់​នៅ មិនស្អិតនៅ មិនចាក់​កណ្តាញ់​នៅក្នុង​កាមភព ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកមិន​មានកង្វល់ មិនជាប់នៅ​ក្នុងកាមភព។

[១៩៣] ពាក្យថា ព្រាហ្មណ៍នោះ ឈ្មោះថា បានឆ្លង​ឱឃៈនេះ​ដោយពិត ត្រង់ពាក្យ​ថា ដោយពិត គឺជាពាក្យ​ដាច់ខាត។បេ។ ពាក្យថា ដោយពិត​នុ៎ះ ជាពាក្យ​ប្រាកដ។ ពាក្យថា ឱឃៈ បានដល់ ឱឃៈ​គឺកាម ឱឃៈគឺភព ឱឃៈគឺទិដ្ឋិ ឱឃៈ​គឺអវិជ្ជា។ ពាក្យថា បានឆ្លង គឺបាន​ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្ត​កន្លង ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍​នោះ ឈ្មោះថា បានឆ្លង​ឱឃៈនេះ​ដោយពិត។

[១៩៤] អធិប្បាយពាក្យថា ទាំងឆ្លងដល់ត្រើយ ជាអ្នក​មិនមាន​បង្គោល មិនមាន​សេចក្តី​ងឿងឆ្ងល់ ត្រង់ពាក្យថា ឆ្លង គឺព្រាហ្មណ៍ណា​ឆ្លង​កាមោឃៈ ឆ្លង​ភវោឃៈ ឆ្លង​ទិដ្ឋោឃៈ ឆ្លង​អវិជ្ជោឃៈ ឆ្លងឡើង ឆ្លងចេញ កន្លង ប្រព្រឹត្ត​កន្លង ព្រាហ្មណ៍នោះ ឈ្មោះថា ជាអ្នក​មាន​ព្រហ្មចរិយធម៌​អប់រំ​ហើយ មានចរណធម៌​ប្រព្រឹត្ត​ហើយ មានកាល​វែង​កន្លង​ហើយ មានទិស គឺនិញ្វន​ដល់ហើយ មានទី​បំផុតដល់​ហើយ មាន​ព្រហ្មចរិយធម៌​រក្សាហើយ ដល់នូវ​សម្មាទិដ្ឋិ​ដ៏ឧត្តម មានមគ្គ​ចំរើនហើយ មាន​កិលេស​លះបង់ហើយ មាន​អកុប្បធម៌​ត្រាស់ដឹង​ហើយ មាន​និរោធធម៌​ធើ្វឲ្យជាក់​ច្បាស់ហើយ។ ព្រះអរិយ​បុគ្គលនោះ កំណត់ដឹងទុក្ខហើយ លះបង់​សមុទយៈ​ហើយ ចំរើនមគ្គ​ហើយ ធ្វើឲ្យ​ជាក់​ច្បាស់​នូវនិរោធ​ហើយ ត្រាស់ដឹង​នូវគុណជាត ដែលគប្បី​ត្រាស់ដឹង កំណត់ដឹង ទុក្ខដែល​គប្បីកំណត់​ដឹង លះបង់​នូវកិលេសជាត​ដែលគប្បីលះ ចំរើន​នូវធម្មជាត ដែលគប្បី​ចំរើន ធ្វើឲ្យជាក់ច្បាស់​នូវគុណជាត​ដែលគប្បី​ធ្វើឲ្យ​ជាក់ច្បាស់។ ព្រះអរិយបុគ្គល​នោះ មានសសរគោល (គឺអវិជ្ជា) ដក​ចេញហើយ មាន​ស្នាមភ្លោះ គឺ​សំសារ​លុបចោល​ហើយ មានសសរ​គឺតណ្ហា​ដកចេញ​ហើយ មាន​សន្ទះទ្វារ គឺ​នីវរណៈ​បើកចេញ​ហើយ មានទង់​គឺមានះ​ដកចេញហើយ មានភារៈ​ដាក់ចេញ​ហើយ ជាអ្នក​ប្រាសចាក (វដ្តៈ) ជាអ្នក​មានអង្គ ៥ លះបង់​ហើយ ជាអ្នក​ប្រកប​ដោយអង្គ ៦ មានការ​រក្សា​តែមួយ គឺសតិ មានធម៌​ជាគ្រឿង​ពឹងផែ្អក ៤ យ៉ាង មាន​សច្ចធម៌​ផ្សេងបន្ទោបង់​ហើយ មានការ​សែ្វងរក​ទាំងអស់​លះបង់ហើយ មានការ​ត្រិះរិះ​មិនល្អក់ មាន​កាយសង្ខារ​ស្ងប់រម្ងាប់ មានចិត្ត​រួចស្រឡះ​ដោយប្រពៃ មានប្រាជ្ញា​រួចស្រឡះ​ប្រពៃ ជា​បុគ្គល​បរិសុទ្ធ មាន​ព្រហ្មចរិយធម៌​ប្រព្រឹត្ត​ចប់ហើយ ជា​ឧត្តមបុរស ជា​បរមបុរស ជាអ្នក​ដល់នូវ​គុណជាត​ជាគ្រឿង​ដល់ដ៏​ក្រៃលែង។ អរិយបុគ្គល​នោះ មិនសន្សំ មិនប្រមូល ឈ្មោះថា ខ្ជាប់ខ្ជួន​ព្រោះ​មិនប្រមូល មិនលះបង់ មិនប្រកាន់ ឈ្មោះថា អ្នកខ្ជាប់ខ្ជួន ព្រោះ​លះបង់ មិន​ចាក់ស្រេះ មិនក្រអឺត​ក្រអោង ឈ្មោះថា អ្នកខ្ជាប់ខ្ជួន ព្រោះលែង​ចាក់ស្រេះ មិនលត់ មិនបង្កាត់ ឈ្មោះថា អ្នកខ្ជាប់ខ្ជួន​ ព្រោះរលត់ ឈ្មោះថា អ្នកខ្ជាប់ខ្ជួន ព្រោះប្រកប​ដោយ​សីលក្ខន្ធ​ជាអសេក្ខៈ ឈ្មោះថា​អ្នកខ្ជាប់ខ្ជួន ព្រោះ​ប្រកបដោយ​សមាធិក្ខន្ធ​ជា​អសេក្ខៈ ដោយ​បញ្ញាខន្ធ​ជាអសេក្ខៈ ដោយ​វិមុត្តិក្ខន្ធ​ជាអសេក្ខៈ ដោយ​វិមុត្តិញ្ញាណទស្សនក្ខន្ធ ជា​អសេក្ខៈ ឈ្មោះថា អ្នក​ខ្ជាប់ខ្ជួន ព្រោះ​សម្រេចនូវ​កិច្ចទាំងពួង ឈ្មោះថា​អ្នកខ្ជាប់ខ្ជួន ព្រោះ​កន្លង (តណ្ហា) យ៉ាងនេះ ឈ្មោះថា អ្នកខ្ជាប់ខ្ជួន ព្រោះ​រំលត់ភ្លើង​គឺកិលេស​ ឈ្មោះ​ថាអ្នក​ខ្ជាប់ខ្ជួន ព្រោះកិរិយា​មិនត្រឡប់​មកវិញ ឈ្មោះថា​អ្នកខ្ជាប់ខ្ជួន ព្រោះ​កាន់យកនូវ​ជ័យជំនះ ឈ្មោះថា​អ្នកខ្ជាប់ខ្ជួន ព្រោះកិរិយា​សេពនូវ​វិមុត្តិ ឈ្មោះថា អ្នកខ្ជាប់ខ្ជួន ព្រោះ​ការបរិសុទ្ធិ​ដោយមេត្តា ឈ្មោះថា​អ្នកខ្ជាប់ខ្ជួន ព្រោះ​ការបរិសុទ្ធិ​ដោយ​ករុណា មុទិតា​ ឧបេក្ខា ឈ្មោះថា​អ្នកខ្ជាប់ខ្ជួន ព្រោះសេចក្តី​បរិសុទ្ធិ​ដ៏ក្រៃលែង ឈ្មោះថា​អ្នកខ្ជាប់ខ្ជួន ព្រោះភាព​នៃលោក​មិនគួរ​ដល់ការងារ [ពាក្យថា ការងារ ក្នុងទី​នេះ បានដល់ តណ្ហា ទិដ្ឋិ មានះ។ អដ្ឋកថា។] ឈ្មោះថា​អ្នកខ្ជាប់ខ្ជួន ព្រោះ​លោក​រួចស្រឡះ ឈ្មោះថា​អ្នកខ្ជាប់ខ្ជួន ព្រោះភាព​នៃលោក​មានចិត្តស្ងប់ ឈ្មោះថា អ្នក​ខ្ជាប់ខ្ជួន​ក្នុងទី​បំផុតខន្ធ ខ្ជាប់ខ្ជួន​ក្នុងទី​បំផុតធាតុ ខ្ជាប់ខ្ជួន​ក្នុងទីបំផុត​អាយតនៈ ខ្ជាប់ខ្ជួន​ក្នុង​ទីបំផុត​គតិ ខ្ជាប់ខ្ជួន​ក្នុងទីបំផុត​ការកើត ខ្ជាប់ខ្ជួន​ក្នុងទីបំផុត​បដិសន្ធិ ខ្ជាប់ខ្ជួន​ក្នុងទី​បំផុត​ភព ខ្ជាប់ខ្ជួន​ក្នុងទី​បំផុតសំសារ ខ្ជាប់ខ្ជួន​ក្នុងទី​បំផុតវដ្តៈ ខ្ជាប់ខ្ជួន​ក្នុងភព​ទីបំផុត ខ្ជាប់ខ្ជួន​ក្នុង​រាងកាយ​ជាទីបំផុត ឈ្មោះថា​ព្រះអហន្ត​ទ្រទ្រង់នូវ​អត្តភាព​ជាទីបំផុត។

ភពនេះនៃព្រះអរហន្តនោះ ចាត់ថាមាន​ក្នុងទីបំផុត រាងកាយនេះ ចាត់ថា​មានជា​ខាង​ក្រោយ​បង្អស់ ភពថ្មីគឺ​ការអន្ទោល​ទៅដោយ​ជាតិ ជរា និងមរណៈ នៃព្រះអរហន្ត​នោះ មិនមាន។

ពាក្យថា ទាំងឆ្លងដល់ត្រើយ សេចក្តីថា អមតនិញ្វន លោក​ហៅថា ត្រើយ បានដល់​ការ​រម្ងាប់នូវសង្ខារ​ទាំងពួង ការរលាស់​ចេញនូវ​ឧបធិ​ទាំងពួង ការអស់​តណ្ហា ការប្រាសចាក​តម្រេក ទីរលត់​និព្វាន។ ព្រះអរហន្ត​នោះ ទៅកាន់​ត្រើយ ដល់ត្រើយ ទៅកាន់​ទីបំផុត ដល់​ទីបំផុត ទៅកាន់​ទីខាងចុង ដល់ខាងចុង ទៅកាន់​ទីបំផុត​ជុំវិញ ដល់ទី​បំផុតជុំវិញ ទៅកាន់​ទីចប់ ដល់ទីចប់ ទៅកាន់​ទីពំនាក់ ដល់ទី​ពំនាក់ ទៅកាន់​ទីជ្រកកោន ដល់ទី​ជ្រកកោន ទៅកាន់​ទីពឹង ដល់ទីពឹង ទៅកាន់​ទីមិនមានភ័យ ដល់ទី​មិនមានភ័យ ទៅកាន់ទី​មិនច្យុត ដល់ទី​មិនច្យុត ទៅកាន់​អមតៈ ដល់អមតៈ ទៅកាន់​ព្រះនិព្វាន ដល់​ព្រះនិព្វាន ព្រះអរហន្ត​នោះ មានការអប់រំ​នៅស្រេចហើយ មានចរណធម៌​ប្រព្រឹត្ត​ហើយ។បេ។ ភពថ្មី​គឺការអន្ទោល​ទៅ​ដោយជាតិ ជរា និងមរណៈ របស់​ព្រះអរហន្ត​នោះ​មិនមាន ហេតុ​នោះ (ទ្រង់ត្រាស់ថា) ទាំងឆ្លង​ទៅដល់ត្រើយ។ ពាក្យថា មិនមាន​បង្គោល សេចក្តីថា បង្គោល​គឺរាគៈ បង្គោល​គឺទោសៈ បង្គោល​គឺមោហៈ បង្គោល​គឺកោធៈ បង្គោលគឺ​ឧបនាហៈ។បេ។ បង្គោលគឺ​ការតាក់តែង​អកុសល​ទាំងពួង។ បង្គោល​ទាំងនោះ ព្រះអរហន្ត​ណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើងគឺ​ញាណហើយ ព្រះអរហន្តនោះ លោកហៅថា អ្នកមិនមាន​បង្គោល។ ពាក្យថា មិនមាន​សេចក្តី​ងឿងឆ្ងល់ សេចក្តីថា ការងឿងឆ្ងល់​ក្នុងទុក្ខ ការងឿងឆ្ងល់​ក្នុង​សមុទ័យ ការងឿងឆ្ងល់​ក្នុងទុក្ខនិរោធ ការងឿង​ឆ្ងល់ក្នុង​ទុក្ខនិរោធគាមិនីបដិបទា ការងឿងឆ្ងល់​ក្នុងទីបំផុត​ខាងដើម ការងឿងឆ្ងល់​ក្នុងទី​បំផុតខាង​ចុង ការងឿងឆ្ងល់​ក្នុងទី​បំផុត​ខាងដើម និងខាងចុង ការងឿងឆ្ងល់​ក្នុង​ធម៌​ទាំងឡាយ ដែល​កើតឡើង ព្រោះ​អាស្រ័យ​ឥទប្បច្ច័យ គឺបាន​ដល់សេចក្តី​ងឿងឆ្ងល់ អាការ​ងឿងឆ្ងល់ ភាពនៃ​សេចក្តី​ងឿងឆ្ងល់ ការ​ប្រាសចាក​គំនិត សេចក្តី​សង្ស័យ ហេតុបែក​ជាពីរ ផ្លូវបែក​ជាពីរ ការអល់ឯក ការកាន់​យកច្រើន​យ៉ាង ការកន្ទះរា ការអង្គឺអង្គែ ការមិន​ចុះស៊ប់ ភាពនៃ​ចិត្តស្លន់ស្លោ ការប្រេះឆារ​នៃចិត្ត​មានសភាព​យ៉ាងនេះ។ សេចក្តី​ងឿងឆ្ងល់​ទាំងនុ៎ះ ព្រះអរហន្ត​ណា បានលះបង់ ផ្តាច់​ផ្តិល ស្ងប់​រម្ងាប់ ឲ្យ​ស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺញាណ​ហើយ ព្រះអរហន្ត​នោះ លោក​ពោលថា អ្នកមិន​មានសេចក្តី​ងឿងឆ្ងល់ ហេតុនោះ (ទ្រង់​ត្រាស់ថា) ទាំងឆ្លង​ដល់ត្រើយ ជាអ្នក​មិនមាន​បង្គោល មិនមាន​សេចក្តី​ងឿងឆ្ងល់។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

បុគ្គលគប្បីដឹងច្បាស់នូវព្រាហ្មណ៍​ណា ដែលជាអ្នក​ដល់នូវ​វេទ អ្នក​មិនមាន​កង្វល់ មិនជាប់​នៅក្នុង​កាមភព ព្រាហ្មណ៍នោះ ឈ្មោះថា បានឆ្លង​ឱឃៈនេះ​ដោយ​ពិត ទាំងឆ្លង​ដល់ត្រើយ ជាអ្នក​មិនមាន​បង្គោល មិនមាន​សេចក្តី​ងឿងឆ្ងល់។

[១៩៥] នរៈណា ជាអ្នកចេះដឹង អ្នកដល់នូវវេទ​ក្នុងលោក​នេះ បានស្រាយ​នូវ​ការជាប់​ចំពាក់នេះ ក្នុងភពតូច និងភពធំ តថាគត​ពោលថា នរៈនោះ ជាអ្នក​ប្រាស​ចាក​តណ្ហា មិនមាន​សេចក្តី​តានតឹង មិនមាន​សេចក្តី​ប៉ុនប៉ង ទាំងពោល​ថា នរៈនោះ បានឆ្លង​នូវជាតិ និង​ជរា។

[១៩៦] ពាក្យថា នរៈណា ជាអ្នកចេះដឹង អ្នកដល់នូវវេទ​ក្នុងលោកនេះ សេចក្តីថា នរៈ​ដែល​សម្រេចវិជ្ជា មានញាណ មានការ​ឈ្វេងយល់ មានប្រាជ្ញា​ធ្លុះធ្លាយ (ឈ្មោះថា ជាអ្នក​ចេះដឹង)។ ពាក្យថា ណា គឺ អ្នកណា បែបណា។បេ។ ទោះជា​មនុស្សក្តី។ ពាក្យថា អ្នកដល់​នូវវេទ សេចក្តីថា ញាណ​ក្នុងមគ្គ ៤ លោកហៅថា វេទ។បេ។ បុគ្គលនោះ​ដល់នូវ​វេទ ព្រោះ​កន្លង​នូវវេទ​ទាំងពួង។ ពាក្យថា នរៈ បានដល់ សត្វ នរៈ​ មាណព បុរស បុគ្គល ជីវៈ ជនជាតិ សត្វធាតុ សត្វទៅ​ដោយឥន្រ្ទិយ សត្វកើត​អំពី​មនុស្ស។ ពាក្យថា ក្នុង​លោកនេះ គឺក្នុង​ទិដ្ឋិនេះ។បេ។ ក្នុងមនុស្ស​លោកនេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) នរៈណា ជាអ្នក​ចេះដឹង អ្នកដល់​នូវវេទ​ក្នុងលោក​នេះ។

[១៩៧] ពាក្យថា បានស្រាយនូវការជាប់ចំពាក់នេះ ក្នុងភពតូច និងភពធំ ត្រង់​ពាក្យ​ថា ក្នុងភពតូច និងភពធំ គឺក្នុង​កម្មភព បុនព្ភព ឈ្មោះថា​ភពតូច និងភពធំ កាមភព ឈ្មោះ​ថា កម្មភព កាមភព ឈ្មោះថា​បុនព្ភព រូបភព ឈ្មោះថា​កម្មភព រូបភព ឈ្មោះថា​បុនព្ភព អរូបភព ឈ្មោះថា​កម្មភព អរូបភព​ឈ្មោះថា​បុនព្ភព គឺក្នុង​ការកើត​រឿយ ៗ ក្នុងការ​ទៅរឿយ ៗ ក្នុងការ​ចូលទៅ​រឿយ ៗ ក្នុង​បដិសន្ធិ​រឿយ ៗ ក្នុងការ​កើត​អត្តភាព​រឿយ ៗ។ ពាក្យថា ការជាប់​ចំពាក់ បានដល់ ការជាប់​ចំពាក់ ៧ គឺការជាប់​ចំពាក់​គឺរាគៈ ការជាប់​ចំពាក់​​គឺទោសៈ ការជាប់​ចំពាក់គឺ​មោហៈ ការជាប់​ចំពាក់​គឺមានះ ការជាប់​ចំពាក់គឺ​ទិដ្ឋិ ការជាប់​ចំពាក់​គឺកិលេស ការជាប់​ចំពាក់​គឺទុច្ចរិត។ ពាក្យថា ស្រាយ គឺរលាស់​ចោល ឬដោះនូវ​ការជាប់​ចំពាក់​ទាំងឡាយ។ មួយទៀត បុគ្គលដោះ ឬស្រាយ​នូវការ​ជាប់ចំពាក់ គឺ​ចំណង​ដែលចង ចងទួទៅ ថ្ពក់ ទាក់ ចំពាក់ ពួក​ជនរុះរើ ធ្វើឲ្យខ្ទេចខ្ទី នូវយាន​ក្តី វក្តី រថក្តី រទេះក្តី រថទ្រង់​គ្រឿងក្តី យ៉ាង​ណាមិញ បុគ្គល​រលាស់​ចោល ឬលះចេញ នូវការ​ជាប់ចំពាក់​ទាំងនោះ ក៏យ៉ាង​នោះដែរ មួយវិញ​ទៀត បុគ្គលដោះ​ចេញ ឬស្រាយ​នូវការ​ជាប់​ចំពាក់ គឺចំណង​ដែលចង ចងទួទៅ ថ្ពក់ ទាក់ ​ ចំពាក់ ហេតុនោះ (ទ្រង់​ត្រាស់ថា) បានស្រាយ​នូវការជាប់​ចំពាក់នេះ​ក្នុងភពតូច និងភពធំ។

[១៩៨] អធិប្បាយពាក្យថា តថាគតពោលថា នរៈនោះ​ជាអ្នក​ប្រាសចាក​តណ្ហា មិន​មាន​សេចក្តី​តានតឹង មិនមាន​សេចក្តី​ប៉ុនប៉ង ទាំងពោល​ថា នរៈនោះ បានឆ្លង​នូវជាតិ និង​ជរា ត្រង់ពាក្យថា តណ្ហា បានដល់ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា​ ធម្មតណ្ហា។ តណ្ហានុ៎ះ នរៈណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យកើត​ឡើងបាន​ ដុតដោយ​ភ្លើងគឺ​ញាណហើយ នរៈនោះ លោកហៅថា អ្នក​ប្រាស​ចាកតណ្ហា លះចោល​តណ្ហា ខ្ជាក់ចោល​តណ្ហា ផុតចាក​តណ្ហា បន្សាត់ចោល​តណ្ហា រលាស់​ចេញចាក​តណ្ហា ប្រាសចាក​រាគៈ លះចោល​រាគៈ ខ្ជាក់ចោល​រាគៈ ផុត​ចាក​រាគៈ បន្សាត់​ចោលរាគៈ រលាស់​ចេញចាករាគៈ មិនមាន​សេចក្តី​ប្រាថ្នា រលត់ទុក្ខ មានចិត្ត​ត្រជាក់ សោយសុខ មានចិត្ត​ត្រជាក់ ហេតុនោះ (ទ្រង់​ត្រាស់ថា) នរៈនោះ​ប្រាសចាក​តណ្ហា។ ពាក្យថា មិនមាន​សេចក្តី​តានតឹង សេចក្តី​ថា រាគៈ ជាសេចក្តី​តាន​តឹង ទោសៈ ជាការ​តានតឹង មោហៈ ជាការ​តានតឹង កោធៈ ជាការ​តានតឹង ឧបនាហៈ ជាការ​តានតឹង។បេ។ ការតាក់តែង​នូវអកុសល​ទាំងពួង ជាការ​តានតឹង។ សេចក្តី​តានតឹង​ទាំងនុ៎ះ នរៈណា បាន​លះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យ​កើត​ឡើងបាន ដុតដោយ​ភ្លើងគឺ​ញាណហើយ នរៈនោះ លោកហៅថា អ្នកមិន​មានសេចក្តី​តានតឹង។ ពាក្យថា មិនមាន​សេចក្តី​ប៉ុនប៉ង សេចក្តីថា តណ្ហា លោកហៅថា សេចក្តី​ប៉ុនប៉ង បានដល់ រាគៈ រាគៈមាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា​គឺសេចក្តី​ប៉ុនប៉ង​នោះ នរៈណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុតដោយ​ភ្លើងគឺ​ញាណហើយ នរៈនោះ​ លោកហៅថា អ្នកមិនមាន​សេចក្តី​ប៉ុនប៉ង។ ពាក្យថា ជាតិ បានដល់ កំណើត ការកើតព្រម ការចុះកាន់គភ៌ ការផ្តួចផ្តើម ការចំរើន​ឡើង ការកើត​ប្រាកដ​នៃខន្ធ ការបាន​ចំពោះនូវ​អាយតនៈ​នៃពួក​សត្វនោះ ៗ ក្នុង​សត្តនិកាយ​នោះ ៗ។ ពាក្យថា ជរា បានដល់ ការចាស់ ការគ្រាំគ្រា ការ​បាក់ធ្មេញ ការស្កូវសក់ ការជ្រួញ​ជ្រីវស្បែក ការរួញ​ថយនៃអាយុ ការចាស់​ឥន្រ្ទិយ​នៃពួក​សត្វនោះ ៗ ក្នុង​សត្តនិកាយ​នោះ ៗ។ ពាក្យថា មរណៈ បានដល់ ការចុតិ ការឃ្លាត ការបែកធ្លាយ ការអន្តរធាន មច្ចុ​ មរណៈ កាលកិរិយា ការបែក​ធ្លាយខន្ធ ការដាក់​ចោល​នូវសាកសព ការដាច់​សូន្យជីវិតិន្រ្ទិយ​នៃពួក​សត្វនោះ ៗ ក្នុង​សត្តនិកាយ​នោះ ៗ។​ ពាក្យថា តថាគត​ពោលថា នរៈនោះ ជាអ្នក​ប្រាសចាក​តណ្ហា មិនមាន​សេចក្តី​តានតឹង មិនមាន​សេចក្តី​ប៉ុនប៉ង ទាំង​ពោលថា នរៈនោះ​បានឆ្លង​នូវ​ជាតិ និងជរា បាន​សេចក្តីថា តថាគត​ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសថា នរៈ​ណានោះ ប្រាសចាក​តណ្ហាផង មិនមាន​សេចក្តី​តានតឹង​ផង មិនមាន​សេចក្តី​ប៉ុនប៉ងផង នរៈនោះ បានឆ្លង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្ត​កន្លង នូវជាតិ ជរា និងមរណៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) តថាគត​ពោលថា នរៈនោះ ជាអ្នក​ប្រាសចាក​តណ្ហា មិនមាន​សេចក្តី​តានតឹង មិនមាន​សេចក្តី​ប៉ុនប៉ង ទាំង​ពោលថា នរៈនោះ បានឆ្លង​នូវជាតិ និងជរា។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

នរៈណា ជាអ្នកចេះដឹង អ្នកដល់នូវវេទ​ក្នុងលោក​នេះ បានស្រាយ​នូវការ​ជាប់​ចំពាក់​នេះ ក្នុងភពតូច និងភពធំ តថាគត​ពោលថា នរៈនោះ ជាអ្នក​ប្រាសចាក​តណ្ហា មិនមាន​សេចក្តី​តានតឹង មិនមាន​សេចក្តី​ប៉ុនប៉ង ទាំង​ពោលថា នរៈនោះ បានឆ្លង​នូវជាតិ និងជរា។

(មេត្តគូបានប្រកាសខ្លួន) ដំណាលគ្នានឹងកាល​ជាទីចប់​គាថា។បេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំព្រះអង្គ​ជាសាវ័ក។

ចប់ មេត្តគូមាណវកប្បញ្ហានិទ្ទេស ទី៤។

ធោតកមាណវកប្បញ្ហានិទ្ទេស ទី៥

[១៩៩] ធោតកៈមានអាយុ (ទូលសួរដូច្នេះថា) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​សូមទូល​សួរព្រះអង្គ សូម​ព្រះអង្គ​សំដែង​សេចក្តីនោះ ដល់ខ្ញុំ​ព្រះអង្គ បពិត្រ​ព្រះមហេសី ខ្ញុំព្រះអង្គ​ប្រាថ្នា (ស្តាប់) ព្រះពុទ្ធដីកា​របស់​ព្រះអង្គ​ ព្រោះថា) បុគ្គល​ស្តាប់​ទេសនា​របស់​ព្រះអង្គ​ហើយ នឹង​សិក្សានូវ​ការរំលត់ (កិលេស) របស់​ខ្លួនបាន។

[២០០] អធិប្បាយពាក្យថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​សូមទូល​សួរព្រះអង្គ សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ ដល់ខ្ញុំ​ព្រះអង្គ ត្រង់ពាក្យថា សូមសួរ បានដល់ បុច្ឆា ៣​ គឺ​អទិដ្ឋជោតនាបុច្ឆា ១ ទិដ្ឋសំសន្ទនាបុច្ឆា ១ វិមតិច្ឆេទនាបុច្ឆា​ ១។បេ។ នេះ បុច្ឆា ៣។បេ។ និញ្វនបុច្ឆា។ ពាក្យថា ខ្ញុំព្រះអង្គ​សូមទូល​សួរព្រះអង្គ គឺខ្ញុំព្រះអង្គ​ សូមសួរ​ចំពោះ​ព្រះអង្គ សូមអង្វរ​ព្រះអង្គ សូម​អារាធនា​ព្រះអង្គ សូមជ្រះថ្លា​នឹងព្រះអង្គ សូមព្រះអង្គ​សំដែង​ដល់​ខ្ញុំព្រះអង្គ ហេតុនោះ (លោក​ពោលថា) ខ្ញុំព្រះអង្គ​សូមទូលសួរ​ព្រះអង្គ។ ពាក្យថា ព្រះមានព្រះភាគ​នេះ ជាពាក្យ​ពោល​ដោយ​គោរព។បេ។ ការបញ្ញតិ្ត​ថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការ​ធ្វើឲ្យ​ជាក់ច្បាស់។ ពាក្យថា សូមព្រះអង្គ​សំដែង​សេចក្តី​នោះ ដល់ខ្ញុំ​ព្រះអង្គ គឺសូម​ព្រះអង្គ​ពោល ប្រាប់ សំដែង​ បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយ ប្រកាស ហេតុនោះ (លោក​ពោលថា) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​សូមទូល​សួរ​ព្រះអង្គ សូមព្រះអង្គ​សំដែង​សេចក្តីនុ៎ះ ដល់ខ្ញុំ​ព្រះអង្គ។ ពាក្យថា ដូច្នេះ នៃបទថា ធោតកៈ​មានអាយុ ពោលដូច្នេះ គឺជា​បទតភ្ជាប់។ ពាក្យថា មានអាយុ គឺពាក្យ​ជាទី​ស្រឡាញ់។ ពាក្យថា ធោតកមាណព ជាឈ្មោះ។បេ។ ជាពាក្យហៅ​របស់​ព្រាហ្មណ៍​នោះ។ ហេតុនោះ (មានពាក្យថា) ធោតកៈ​មានអាយុ ទូលសួរដូច្នេះ។

[២០១] ពាក្យថា បពិត្រព្រះមហេសី ខ្ញុំព្រះអង្គប្រាថ្នា (ស្តាប់) ព្រះពុទ្ធដីកា​របស់​ព្រះអង្គ គឺខ្ញុំព្រះអង្គ ប្រាថ្នា ប្រាថ្នាចំពោះ ប៉ង ជ្រះថ្លា ផ្គង ស្រឡាញ់ ជាប់ចិត្ត នូវព្រះ​ពុទ្ធដីកា គន្លងនៃ​ព្រះពុទ្ធដីកា ទេសនា អនុសន្ធិ​របស់ព្រះអង្គ។ សំនួរ​ត្រង់ពាក្យថា មហេសី ចុះឈ្មោះថា មហេសី ដោយ​អត្ថដូច​ម្តេច។ ឈ្មោះថា មហេសី ព្រោះ​ព្រះមានព្រះភាគ ទ្រង់រក ស្វែង ស្វះស្វែង នូវកង​សីលដ៏ធំ។បេ។ ឈ្មោះថា មហេសី ព្រោះ​ព្រះអង្គ ជានរៈ​ប្រសើរ គង់ក្នុង​ទីណា ហេតុនោះ (លោកពោលថា) បពិត្រ​ព្រះមហេសី ខ្ញុំព្រះអង្គ​ប្រាថ្នា (ស្តាប់) ព្រះពុទ្ធដីកា​របស់​ព្រះអង្គ។

[២០២] ពាក្យថា បុគ្គលស្តាប់ទេសនា​របស់ព្រះអង្គហើយ គឺបុគ្គល​ស្តាប់ ឮ រៀន​ទ្រទ្រង់ កំណត់​ទុកហើយ នូវព្រះពុទ្ធដីកា គន្លង​ព្រះពុទ្ធដីកា ទេសនា អនុសន្ធិ របស់​ព្រះអង្គ ហេតុនោះ (លោកពោលថា) បុគ្គល​ស្តាប់ទេសនា​របស់ព្រះអង្គ​ហើយ។

[២០៣] អធិប្បាយពាក្យថា សិក្សា នូវការរំលត់ (កិលេស) របស់​ខ្លួនបាន ត្រង់​ពាក្យថា សិក្សា បានដល់សិក្ខា ៣ គឺ​អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។បេ។ នេះ អធិប្បញ្ញាសិក្ខា។ ពាក្យថា នូវការរំលត់ (កិលេស) របស់​ខ្លួនបាន គឺនឹង​សិក្សា​អធិសីលផង នឹងសិក្សា​អធិចិត្តផង នឹងសិក្សា​អធិប្បញ្ញា​ផង ដើម្បី​ការរំលត់​រាគៈ រំលត់​ទោសៈ រំលត់​មោហៈ រំលត់​កោធៈ រំលត់​ឧបនាហៈ។បេ។ ដើម្បី​សេចក្តី​ស្ងប់ រម្ងាប់ ចូលទៅ​ជិតស្ងប់ រំលត់ លះបង់ លះបង់ផ្តាច់ នូវ​អភិសង្ខារ ជាអកុសល​ទាំងពួង គឺនឹង​ពិចារណា​សិក្សា នូវសិក្ខាទាំង ៣ នេះ នឹងដឹងសិក្សា នឹងឃើញសិក្សា នឹងពិចារណា​សិក្សា នឹងតាំង​ចិត្តសិក្សា នឹងចុះចិត្ត​ស៊ប់ដោយ​សទ្ធាសិក្សា នឹងផ្គងព្យាយាម​សិក្សា នឹងប្រុង​សតិសិក្សា នឹងតំកល់​ចិត្តឲ្យស្រួល​សិក្សា នឹងដឹង​ដោយប្រាជ្ញា​សិក្សា នឹងដឹង​ជាក់​ដោយ​អភិញ្ញាសិក្សា នឹងកំណត់ដឹង​ដោយ​បរិញ្ញាសិក្សា នឹងលះបង់​នូវធម៌​ដែលគួរ​លះ​បង់សិក្សា នឹងចំរើន​នូវធម៌ដែល​គួរចំរើន​សិក្សា នឹងធ្វើ​ឲ្យជាក់ច្បាស់​នូវធម៌​ដែលគួរ​ធ្វើ​ឲ្យជាក់​ច្បាស់សិក្សា នឹងប្រព្រឹត្ត​សមាទាន នឹងប្រតិបត្តិ​សមទាន ហេតុ​នោះ លោក​ពោល​ថា សិក្សា​នូវការរំលត់ (កិលេស) របស់​ខ្លួនបាន។ ហេតុនោះ ព្រាហ្មណ៍​នោះ​ពោលថា

បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​សូមទូល​សួរព្រះអង្គ សូមព្រះអង្គ​សំដែង​សេចក្តី​នោះ​ដល់ខ្ញុំ​ព្រះអង្គ បពិត្រ​ព្រះមហេសី ខ្ញុំព្រះអង្គ​ប្រាថ្នា (ស្តាប់) ព្រះពុទ្ធដីកា​របស់​ព្រះអង្គ (ព្រោះថា) បុគ្គល​ស្តាប់ទេសនា​របស់​ព្រះអង្គ​ហើយ នឹង​សិក្សានូវ​ការរំលត់ (កិលេស) របស់​ខ្លួនបាន។

[២០៤] (ព្រះមានព្រះភាគ ត្រាស់ថា) ម្នាលធោតកៈ បើដូច្នោះ ចូរអ្នកធ្វើ​សេចក្តី​ព្យាយាម​ចុះ បុគ្គល​ក្នុង​លោកនេះ ជាអ្នក​មានបញ្ញា​ចាស់ក្លា មាន​ស្មារតី ស្តាប់​ទេសនា​អំពីទី​នេះហើយ នឹងសិក្សា​នូវការ​រំលត់ (កិលេស) របស់​ខ្លួនបាន។

[២០៥] ពាក្យថា បើដូច្នោះ ចូរអ្នកធ្វើសេចក្តីព្យាយាមចុះ គឺអ្នក​ចូរធ្វើ​សេចក្តី​ព្យាយាម ចូរធ្វើ​ឧស្សាហ៍ ចូរធ្វើ​សេចក្តី​ប្រឹងប្រែង ចូរធ្វើ​សេចក្តី​សង្វាត ចូរធ្វើ​សេចក្តី​ឱហាត ចូរធ្វើ​សេចក្តី​ខ្នះខ្នែង ចូរធ្វើ​សេចក្តី​ខ្មីឃ្មាត ចូរញុំាង​សេចក្តី​ពេញចិត្ត​ឲ្យ​កើត ឲ្យកើតព្រម ឲ្យតាំង​នៅស៊ប់សួន ឲ្យដុះ ឲ្យដុះចំពោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) បើដូច្នោះ​ អ្នកចូរធ្វើ​សេចក្តី​ព្យាយាមចុះ។ ពាក្យថា ធោតកៈ នៃបទថា ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​ធោតកៈ គឺ​ព្រះមានព្រះភាគ ហៅព្រាហ្មណ៍​នោះដោយ​ចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនេះ ជាពាក្យពោល​ដោយ​គោរព។បេ។ ការបញ្ញត្តិ​ថា ព្រះមានព្រះភាគ​នេះ (កើត) ព្រោះការ​ធ្វើឲ្យ​ជាក់ច្បាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលធោតកៈ។

[២០៦] អធិប្បាយពាក្យថា បុគ្គលក្នុងលោកនេះ ជាអ្នក​មានបញ្ញា​ចាស់ក្លា មាន​ស្មារតី ត្រង់ពាក្យថា ក្នុងលោកនេះ គឺក្នុង​ទិដ្ឋិនេះ ក្នុងសេចក្តី​ពេញចិត្ត​នេះ ក្នុងសេចក្តី​គាប់​ចិត្ត​នេះ ក្នុងការ​កាន់យក​នេះ ក្នុងធម៌នេះ ក្នុងវិន័យ​នេះ ក្នុងធម្មវិន័យ​នេះ ក្នុងពាក្យ​ជាប្រធាន​នេះ ក្នុង​ព្រហ្មចារ្យ​នេះ ក្នុងសាសនា​ព្រះសាស្តា​នេះ ក្នុង​អត្តភាពនេះ ក្នុងមនុស្ស​លោក​នេះ។

ពាក្យថា មានបញ្ញាចាស់ក្លា គឺ​មានបញ្ញាឆ្អិន​ ជាបណ្ឌិត​មាន​ប្រាជ្ញា មានការ​ចេះដឹង មានញាណ ជាអ្នកប្រាជ្ញ មានប្រាជ្ញា​ជាគ្រឿង​ទំលាយបង់​នូវកិលេស។ ពាក្យថា មាន​ស្មារតី គឺមានស្មារតី​ដោយហេតុ ៤ គឺ បុគ្គល​កំពុងចំរើន​កាយានុបស្សនាសតិប្បដ្ឋាន​ក្នុងកាយ ឈ្មោះថា អ្នកមាន​សា្មរតី។បេ។ បុគ្គលនោះ លោកហៅថា អ្នកមាន​ស្មារតី ហេតុ​នោះ (ទ្រង់ត្រាស់ថា) បុគ្គល​ក្នុងលោកនេះ ជាអ្នក​មានបញ្ញា​ចាស់ក្លា មានស្មារតី។

[២០៧] ពាក្យថា ស្តាប់ទេសនាអំពីទីនេះហើយ គឺស្តាប់ ត្រង់ត្រាប់ រៀន ទ្រទ្រង់ កំណត់ទុក នូវពាក្យ គន្លងពាក្យ ទេសនា អនុសន្ធិ របស់​តថាគត អំពីទីនេះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ស្តាប់នូវ​ទេសនា អំពីទីនេះ​ហើយ។

[២០៨] អធិប្បាយពាក្យថា នឹងសិក្សា​នូវការរំលត់ (កិលេស) របស់​ខ្លួន ត្រង់ពាក្យថា នឹងសិក្សា បានដល់សិក្ខា ៣ គឺ​អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា​ ១។បេ។ នេះ អធិប្បញ្ញាសិក្ខា។ ពាក្យថា ការរំលត់ (កិលេស) របស់ខ្លួន គឺនឹងសិក្សា​អធិសីលផង នឹង​សិក្សា​អធិចិត្តផង នឹង​សិក្សា​អធិប្បញ្ញាផង ដើម្បីការ​រំលត់រាគៈ ការរំលត់​ទោសៈ ការរំលត់​មោហៈ ការរំលត់​កោធៈ ការរំលត់​ឧបនាហៈ។បេ។ ដើម្បី​ការស្ងប់ រម្ងាប់ ស្ងប់រម្ងាប់ រំលត់ លះបង់ រម្ងាប់នូវ​អភិសង្ខារ ជាអកុសល​ទាំងពួង នឹង​ពិចារណា​សិក្សា នូវ​សិក្ខាទាំង ៣ នេះ នឹងដឹង​សិក្សា។បេ។ នឹងធ្វើ​ឲ្យជាក់ច្បាស់​នូវធម៌​ដែលគួរ​ធ្វើឲ្យ​ជាក់ច្បាស់​សិក្សា នឹង​ប្រព្រឹត្ត​សមាទាន នឹង​ប្រតិបត្តិ​សមាទាន ហេតុនោះ (ទ្រង់ត្រាស់ថា) នឹងសិក្សា​នូវការ​រំលត់ (កិលេស) របស់​ខ្លួនបាន។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ម្នាលធោតកៈ បើដូច្នោះ ចូរអ្នកធ្វើសេចក្តីព្យាយាមចុះ បុគ្គល​ក្នុងលោក​នេះ ជាអ្នក​មាន​បញ្ញា​ចាស់ក្លា មានស្មារតី ស្តាប់ទេសនា​អំពីទី​នេះហើយ នឹងសិក្សា​នូវ​ការរំលត់ (កិលេស) របស់​ខ្លួនបាន។

[២០៩] (ធោតកៈពោលថា) ខ្ញុំព្រះអង្គ​បានឃើញ​ព្រះអង្គ ជាទេវតា​ក្នុង​មនុស្ស​លោក ព្រះអង្គ​មិនមាន​កង្វល់ ជាព្រាហ្មណ៍​កំពុង​ប្រព្រឹត្ត បពិត្រ​ព្រះអង្គ​ជា​សមន្តចក្ខុ ខ្ញុំព្រះអង្គ​សូម​នមស្ការ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជាសក្កៈ សូម​ព្រះអង្គ​ដោះខ្ញុំ​ព្រះអង្គ​ឲ្យ​ផុតចាក​សេចក្តី​សង្ស័យ​ទាំងឡាយ។

[២១០] អធិប្បាយពាក្យថា ខ្ញុំព្រះអង្គ​បានឃើញ​ព្រះអង្គ ជាទេវតា​ក្នុង​មនុស្សលោក ត្រង់​ពាក្យថា ទេវតា បានដល់ ពួកទេព ៣ គឺ​សម្មតិទេព ១ ឧបបត្តិទេព ១ វិសុទ្ធិទេព ១។ សម្មតិទេព តើដូចម្តេច។ ពួកព្រះរាជា ព្រះរាជកុមារ និងព្រះទេពី លោកហៅថា សម្មតិទេព។ ឧបបត្តិទេព តើដូចម្តេច។ ពួកទេព​ឋិតនៅ​ក្នុង​ចាតុម្មហារាជិកា ពួក​ទេពឋិត​នៅក្នុង​តាវត្តឹង្ស ពួកទេព​ឋិតនៅ​ក្នុងយាមា ពួកទេព​ឋិតនៅ​ក្នុងតុសិត ពួកទេព​ឋិតនៅ​ក្នុង​និម្មានរតី ពួកទេព​ឋិតនៅ​ក្នុង​បរនិម្មិតវសវត្តី និង​ពួកទេព​ជាពួក​នៃព្រហ្ម ជាពួក​ទេពដែល​ឋិតនៅ​ខាងលើ ពួកទេព​ទាំងនុ៎ះ លោក​ហៅថា ឧបបត្តិទេព។ វិសុទ្ធិទេព តើដូចម្តេច។ ពួក​ព្រះអរហន្ត​ខីណាស្រព ជាសាវ័ក​របស់​ព្រះតថាគត និង​ពួក​ព្រះខីណាស្រព​ដែលជា​ព្រះបច្ចេកពុទ្ធ លោក​ហៅថា វិសុទ្ធិទេព។ ព្រះមានព្រះភាគ ជាទេព​របស់​ពួក​សម្មតិទេព ឧបបត្តិទេព និង​វិសុទ្ធិទេព ជាទេព​ដ៏ក្រៃលែង​ផង ជាទេពធំ​កន្លង​ជាងពួក​ទេពផង ជាសីហៈ​ធំជាង​សីហៈផង ជានាគធំ​ជាងនាគផង ជាមេគណៈធំ​ជាង​មេគណៈ​ផង ជាមុនី​ធំជាង​មុនីផង ជាព្រះរាជា​ធំជាង​ព្រះរាជា​ផង។ ពាក្យថា ខ្ញុំព្រះ​អង្គបាន​ឃើញព្រះអង្គ​ជាទេវតា ក្នុងមនុស្ស​លោក បានន័យថា ខ្ញុំព្រះអង្គ​ឃើញ​ព្រះអង្គ​ជា​ទេវតា គឺខ្ញុំព្រះអង្គ​ឃើញ​ព្រះអង្គ​ជាទេវតា​កន្លងទេវតា ឃើញ ប្រទះឃើញ រមិល​ឃើញ សំឡឹងមើល ពិចារណា​មើល នូវព្រះអង្គ​ជាទេព​ធំជាង​ពួកទេព ហេតុនោះ លោកពោល​ថា ខ្ញុំព្រះអង្គ​បានឃើញ​ព្រះអង្គ​ជាទេវតា ក្នុងមនុស្ស​លោក។

[២១១] អធិប្បាយពាក្យថា ព្រះអង្គមិនមានកង្វល់ ជាព្រាហ្មណ៍​កំពុង​ប្រព្រឹត្ត ត្រង់​ពាក្យថា ព្រះអង្គ​មិនមាន​កង្វល់ បានដល់ កង្វល់​គឺរាគៈ កង្វល់​គឺទោសៈ កង្វល់​គឺមោហៈ កង្វល់​គឺមានះ កង្វល់​គឺទិដ្ឋិ កង្វល់​គឺកិលេស កង្វល់​គឺទុច្ចរិត កង្វល់ទាំ​ងនុ៎ះ ព្រះពុទ្ធ​មានព្រះភាគ ទ្រង់លះបង់ ផ្តាច់ផ្តិល​ឫសគល់ ធ្វើឲ្យ​នៅតែទីកើត​ដូចដើមត្នោត ធ្វើមិនឲ្យ​មាន​បែបភាព ឲ្យជា​របស់មាន​សភាព​មិនកើត​តទៅទៀត ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមាន​កង្វល់។ ពាក្យថា ជាព្រាហ្មណ៍ គឺ​ព្រះមានព្រះភាគ ឈ្មោះថា ព្រាហ្មណ៍ ព្រោះ​ទ្រង់​បន្សាត់​ចោលធម៌ ៧ ​គឺបន្សាត់​សក្កាយទិដ្ឋិ បន្សាត់​វិចិកិច្ឆា បន្សាត់​សីលព្វតបរាមាសៈ បន្សាត់​រាគៈ បន្សាត់​ទោសៈ បន្សាត់​មោហៈ បន្សាត់​មានះ ទាំង​អកុសលធម៌​ដ៏លាមក​ទាំងឡាយ ច្រឡូក​ច្រឡំដោយ​សេចក្តី​សៅហ្មង នាំឲ្យ​កើតក្នុង​ភពថ្មី ប្រកបដោយ​សេចក្តី​ក្រវល់ក្រវ៉ាយ មាន​ទុក្ខជាផល ជាទីតាំង​នៃជាតិ ជរា និង​មរណៈ​ទៅខាងមុខ ព្រះអង្គ​បន្សាត់​ចោល​ហើយ។ ​

ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ ព្រះមានព្រះភាគ បន្សាត់បង់​នូវ​បាប​ទាំងពួង ទ្រង់មិន​មានមន្ទិល មាន​ព្រះទ័យ​តំកល់​ដោយប្រពៃ មាន​ព្រះទ័យ​នឹងនួន ព្រះមានព្រះភាគ​នោះ ព្រះអង្គ​បរិបូណ៌​ដោយគុណ​គ្រប់យ៉ាង កន្លង​បង់នូវ​សំសារ មិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) ទ្រង់មិន​ញាប់ញ័រ (ដោយ​លោកធម៌) ទើប​លោក​ហៅថា ព្រាហ្មណ៍។

ពាក្យថា កំពុងប្រព្រឹត្ត គឺកំពុងត្រាច់ទៅ ត្រាច់ទៅ​ផ្សេងៗ ទៅប្រព្រឹត្ត ទៅ រក្សា យាត្រា យាត្រាទៅ ហេតុនោះ (លោក​ពោលថា) ព្រះអង្គ​មិនមាន​កង្វល់ ជាព្រាហ្មណ៍​កំពុង​ប្រព្រឹត្ត។

[២១២] ពាក្យថា បពិត្រព្រះអង្គជាសមន្តចក្ខុ ខ្ញុំព្រះអង្គ​សូម​នមស្ការ​ព្រះអង្គ ត្រង់​ពាក្យថា ព្រះអង្គ គឺលោកហៅ​ព្រះមានព្រះភាគ។ ពាក្យថា សូមនមស្ការ គឺ​សូមនមស្ការ​ដោយ​កាយក្តី សូម​នមស្ការ​ដោយ​វាចារក្តី សូម​នមស្ការ​ដោយចិត្តក្តី សូម​នមស្ការ​ដោយ​សេចក្តី​ប្រតិបត្តិ​ដែលមាន​ប្រយោជន៍​ជាលំដាប់ៗ ក្តី សូម​នមស្ការ ធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជា ដោយ​ធម្មានុធម្មប្បដិបតិ្ត​ក្តី។ ពាក្យថា សមន្តចក្ខុ សេចក្តីថា សព្វញ្ញុតញ្ញាណ លោកហៅថា សមន្តចក្ខុ។ ព្រះមានព្រះភាគ ដល់ ដល់ព្រម មកដល់ មកដល់​ព្រម ចូលទៅជិត ចូលទៅ​ជិតព្រម ប្រកប​ហើយដោយ​សព្វញ្ញុតញ្ញាណ​នោះ។

វត្ថុនីមួយក្នុងលោកនេះ ដែលព្រះមានព្រះភាគ​មិនឃើញ ឬ​មិនដឹង មិនគប្បី​ដឹង មិនមានទេ ព្រះតថាគត ទង់ជ្រាប​ច្បាស់នូវ​វត្ថុទាំងអស់​ដែលគួរ​ជ្រាប ហេតុ​នោះ ព្រះ​តថាគត ឈ្មោះថា សមន្តចក្ខុ។

ហេតុនោះ (លោកពោលថា) បពិត​ព្រះអង្គ​ជាសមន្តចក្ខុ ខ្ញុំព្រះអង្គ សូម​នមស្ការ​ព្រះអង្គ។

[២១៣] អធិប្បាយពាក្យថា បពិត្រ​ព្រះអង្គជាសក្កៈ សូមព្រះអង្គ​ដោះខ្ញុំព្រះអង្គ​ឲ្យផុត​ចាកសេចក្តី​សង្ស័យ​ទាំងឡាយ ត្រង់ពាក្យថា បពិត្រ​ព្រះអង្គ​ជាសក្កៈ សេចក្តីថា ព្រះមានព្រះភាគ ចេញចាក​សក្យត្រកូល ហើយទ្រង់​បព្វជ្ជា ​ហេតុនោះ ទើបទ្រង់​ព្រះនាម​ថា សក្កៈ ក៏មាន។ មួយទៀត ព្រះមានព្រះភាគ ស្តុកស្តម្ភ ​មានទ្រព្យច្រើន មានទ្រព្យធន ហេតុនោះ​ ទើបទ្រង់​ព្រះនាមថា សក្កៈ ក៏មាន។ ទ្រព្យទាំងនោះ​របស់​ព្រះអង្គ​ គឺ ទ្រព្យសទ្ធា ទ្រព្យសីល ទ្រព្យហិរិ ទ្រព្យឱត្តប្បៈ ទ្រព្យសុត្តៈ ទ្រព្យចាគៈ ​ ទ្រព្យបញ្ញា ទ្រព្យសតិប្បដ្ឋាន ​ ទ្រព្យសមប្បធាន ទ្រព្យឥទ្ធិបាទ ទ្រព្យឥន្រ្ទិយ ទ្រព្យពលៈ ទ្រព្យពោជ្ឈង្គៈ ​ ទ្រព្យមគ្គៈ ទ្រព្យផល ​ទ្រព្យព្រះនិព្វាន។ ព្រះមានព្រះភាគ ស្តុកស្តម្ភ មាន​ទ្រព្យច្រើន ​មានទ្រព្យធន ​ដោយទ្រព្យ​ប្រសើរ​ទាំងឡាយ​ច្រើនប្រការនេះ ហេតុនោះ​​ទើបទ្រង់ព្រះ​នាមថា សក្កៈ ក៏មាន។​ មួយទៀត ព្រះមានព្រះភាគ ទ្រង់អង់អាច អាចហ៊ាន ក្លាហាន មោះមុត​ ក្លៀវក្លា ​មានព្យាយាម ធ្លាប់ចូល​កាន់សង្គ្រាម មិនខ្លាច មិនរន្ធត់ មិនតក់ស្លុត មិនរត់ចោល លះភ័យ​គួរខ្លាច ទ្រង់មិន​ព្រឺរោម ហេតុនោះ ទើបទ្រង់​ព្រះនាម​ថា សក្កៈ ក៏មាន។ សេចក្តី​ស្ទាក់ស្ទើរ លោកហៅថា សេចក្តី​សង្ស័យ គឺសង្ស័យ​ក្នុងទុក្ខ សង្ស័យ​ក្នុងតណ្ហា ជាហេតុ​ឲ្យកើតទុក្ខ សង្ស័យ​ក្នុងសេចក្តី​រំលត់ទុក្ខ សង្ស័យ​ក្នុងបដិបទា ជា​ដំណើរ​ទៅដើម្បី​រំលត់ទុក្ខ សង្ស័យ​ក្នុងចំណែក​ខាងដើម សង្ស័យ​ក្នុងចំណែក​ខាងចុង សង្ស័យ​ទាំងចំណែក​ខាងដើម និងខាងចុង សង្ស័យ​ក្នុងធម៌​ទាំងឡាយ ដែល​កើតឡើង​អាស្រ័យ ​ព្រោះបច្ច័យនេះ គឺបានខាង​ការសង្ស័យ អាការនៃ​ការសង្ស័យ ភាពនៃការ​សង្ស័យ ការងឿងឆ្ងល់ ការស្ទាក់ស្ទើរ ការយល់ជា​ពីរយ៉ាង ការបែក​គំនិតជា​ពីរផ្លូវ ការសន្ទិះ​សង្ស័យ ការប្រកាន់​ច្រើនចំណែក ការរសេមរសាម ការស្មុគស្មាញ ការ​ប្រកាន់​ឆ្វេង ភាពនៃចិត្ត​ញាប់ញ័រ គំនូស​នៃចិត្ត​មានសភាព​យ៉ាងនេះ។ ពាក្យថា បពិត្រ​ព្រះអង្គ​ជាសក្កៈ សូមព្រះអង្គ​ដោះខ្ញុំព្រះអង្គ​ឲ្យផុតចាក​សេចក្តី​សង្ស័យ​ទាំងឡាយ បានន័យថា សូមព្រះអង្គ​ដោះខ្ញុំ​ព្រះអង្គ សូមស្រាយ​ខ្ញុំព្រះអង្គ សូមលែង​ខ្ញុំព្រះអង្គ សូមជ្រោង​ឡើងនូវ​ខ្ញុំព្រះអង្គ សូមស្រង់​ឡើងនូវ​ខ្ញុំព្រះអង្គ សូមញ៉ាំង​ខ្ញុំព្រះអង្គ​ឲ្យរួចផុត​ស្រឡះ​អំពី​សរ គឺសេចក្តី​សង្ស័យ ហេតុនោះ (លោក​ពោលថា) បពិត្រ​ព្រះអង្គ​ជាសក្កៈ សូមព្រះ​អង្គដោះ​ខ្ញុំព្រះអង្គ ឲ្យផុត​ចាកសេចក្តី​សង្ស័យ​ទាំងឡាយ។ ហេតុនោះ ព្រាហ្មណ៍នោះ​ពោលថា

ខ្ញុំព្រះអង្គ បានឃើញព្រះអង្គ ជាទេវតាក្នុង​មនុស្សលោក ព្រះអង្គ​មិនមាន​កង្វល់ ជា​ព្រាហ្មណ៍​កំពុងប្រព្រឹត្ត បពិត្រ​ព្រះអង្គ​ជា​សមន្តចក្ខុ ខ្ញុំព្រះអង្គ សូមនមស្ការ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជាសក្កៈ សូមព្រះអង្គ​ដោះខ្ញុំ​ព្រះអង្គឲ្យ​ផុត​ចាកសេចក្តី​សង្ស័យ​ទាំងឡាយ។

[២១៤] (ព្រះមានព្រះភាគត្រាស់ថា) ម្នាលធោតកៈ តថាគត មិនអាចដើម្បី​ដោះ​អ្នកណា​មួយ ក្នុងលោកនេះ ដែលមាន​សេចក្តី​សង្ស័យ​បានទេ ប៉ុន្តែកាល​បើ​អ្នក​បានដឹង​ច្បាស់​នូវធម៌​ដ៏ប្រសើរ​យ៉ាងនេះ នឹងឆ្លង​ឱឃៈនេះ​បាន។

[២១៥] ពាក្យថា តថាគត មិនអាចដើម្បីដោះ អធិប្បាយ​ថា តថាគត មិនអាច​ដោះអ្នក ស្រាយចេញ ស្រាយលែង ដោះលែង ជ្រោងឡើង ស្រង់ឡើង ឲ្យក្រោកចេញ​អំពី​សរគឺ​សេចក្តី​សង្ស័យ​បាន ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត មិនអាច​ដើម្បីដោះ យ៉ាងនេះ​ខ្លះ។ មួយទៀត តថាគត មិនខ្វល់ខ្វាយ មិនខ្វល់ខ្វាយខ្លាំង មិនឧស្សាហ៍ មិន​ព្យាយាម មិនធ្វើ​ឧស្សាហ៍ មិនធ្វើ​សេចក្តី​ប្រឹងប្រែង មិនធ្វើ​នូវសេចក្តី​ខ្នះខ្នែង មិនធ្វើ​សេចក្តី​ឱហាត មិនធ្វើ​ព្យាយាម មិនញុំាង​ឆន្ទៈឲ្យ​កើត មិនឲ្យ​កើតព្រម មិនឲ្យ​ដុះ មិនឲ្យ​ដុះដាល (ដើម្បី​ដោះ) នូវពួក​បុគ្គល​មិនមាន​ឆន្ទៈ ខ្ជិលច្រអូស ថយព្យាយាម មិនប្រតិបត្តិតាម​ដោយ​ធម្មទេសនា​បានទេ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត មិនអាច​ដោះ យ៉ាងនេះខ្លះ។ មួយទៀត បុគ្គល​ដទៃណា​មួយ ញ៉ាំងបុគ្គល​ដទៃឲ្យរួច​បាន មិនមានទេ​ ត្រូវតែ​បុគ្គលទាំង​នោះ រួចដោយ​សេចក្តី​ព្យាយាម​ដ៏តឹងរឹង​របស់ខ្លួន ​ដោយ​កំឡាំង​របស់ខ្លួន ដោយការ​ព្យាយាម​របស់ខ្លួន ដោយ​សេចក្តី​ប្រឹងប្រែង​របស់ខ្លួន ដោយការ​ព្យាយាម​ដ៏តឹងរឹងនៃ​បុរស​របស់ខ្លួន ដោយ​កំឡាំង​បុរស​របស់ខ្លួន ​ដោយការ​ព្យាយាម​បុរស​របស់ខ្លួន ដោយ​សេចក្តី​ប្រឹងប្រែង​បុរស​របស់ខ្លួន គឺប្រតិបត្តិ​នូវ​សម្មាបដិបទា អនុលោមប្បដិបទា អន្វត្ថប្បដិបទា ​ធម្មានុធម្មប្បដិបទា ដោយ​ខ្លួនឯង ទើបរួចបាន ហេតុនោះ ​ទ្រង់ត្រាស់ថា តថាគត មិនអាច​ដើម្បីដោះ យ៉ាងនេះខ្លះ។ សមដូច​ព្រះពុទ្ធ​តម្រាស់នេះ​ដែល​ព្រះមានព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាលចុន្ទៈ បុគ្គលនោះ ​លិចចុះ​ក្នុងភក់​ខ្លួនឯង នឹងស្រង់​បុគ្គលដទៃ ដែលលិច​ចុះក្នុងភក់បាន​ ហេតុនេះ មិនដែល​មានទេ ​​ម្នាលចុន្ទៈ បុគ្គលនោះ មិនបាន​ទូន្មាន មិនបាន​ប្រៀនប្រដៅ មិនបាន​រំលត់កិលេស​ដោយខ្លួនឯង ​នឹងទូន្មាន​ប្រៀនប្រដៅ​បុគ្គលដទៃ ឬ​ថា​ញុំាងកិលេស​របស់បុគ្គល​ដទៃ ឲ្យរលត់បាន ហេតុនេះ មិនដែល​មានទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) តថាគត មិនអាចដោះ យ៉ាងនេះខ្លះ។ មួយទៀត សមដូច​ព្រះពុទ្ធ​តម្រាស់នេះ ​ដែល​ព្រះមានព្រះភាគ​ទ្រង់ត្រាស់ថា

បុគ្គលធ្វើបាបដោយខ្លួនឯង រមែងសៅហ្មងដោយខ្លួនឯង មិនធ្វើ​បាបដោយ​ខ្លួនឯង រមែង​ស្អាតដោយ​ខ្លួនឯង ​សេចក្តី​បរិសុទ្ធិ និងសេចក្តី​មិនបរិសុទ្ធិ មាន​ចំពោះ​ខ្លួន បុគ្គលដទៃ មិនគប្បីញុំាង​បុគ្គលដទៃ​ឲ្យស្អាត​បានទេ។ ​

ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត មិនអាចដោះ យ៉ាងនេះខ្លះ។ មួយទៀត សមដូច​ព្រះពុទ្ធ​តម្រាស់នេះ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ព្រះនិព្វាន ក៏មាននៅ​ស្រាប់ ទាំងផ្លូវ​ទៅកាន់​ព្រះនិព្វាន ក៏មាន​នៅស្រាប់ តថាគត​ជាអ្នក​បបួល ក៏មាន​​នៅស្រាប់ តែថា ពួកសាវ័ក​របស់តថាគត ដែល​តថាគត​ទូន្មាន​យ៉ាងនេះ​ ប្រៀន​ប្រដៅ​យ៉ាងនេះ ​ពួកខ្លះ បានសម្រេច​ព្រះនិព្វានជា​ទីបំផុត​ដោយពិត ពួកខ្លះ​ក៏មិនបាន​សម្រេច ម្នាលព្រាហ្មណ៍ តថាគត​នឹងធ្វើដូចម្តេច​ក្នុងបុគ្គល​ពួកនេះ ​ម្នាល​ព្រាហ្មណ៍ ព្រះតថាគត ជាអ្នក​ប្រាប់ផ្លូវ បើគេសួរ​ផ្លូវហើយ ទើប​ព្រះតថាគត​ប្រាប់បាន បុគ្គលកាល​ប្រតិបត្តិ​ដោយខ្លួន​ឯង គប្បីរួចបាន ហេតុនោះ (ទ្រង់ត្រាស់ថា)​ តថាគត​មិនអាច​ដោះ យ៉ាងនេះខ្លះ។ ​

[២១៦] ពាក្យថា ម្នាលធោតកៈ (តថាគតមិនអាចដើម្បីដោះ) អ្នកណាមួយ ក្នុងលោក​នេះ ដែលមាន​សេចក្តី​សង្ស័យ​បានទេ គឺបុគ្គល​ដែលមាន​សេចក្តី​សង្ស័យ ប្រកប​ដោយ​សេចក្តី​ងឿងឆ្ងល់ មានសេចក្តី​រឹងរូស មានការ​យល់ជា​ពីរផ្លូវ មានសេចក្តី​ស្ទាក់​ស្ទើរ។ ពាក្យថា អ្នកណាមួយ គឺក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សុទ្ទៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី ណាមួយ។ ពាក្យថា ក្នុងលោក គឺ​ក្នុងអបាយលោក។បេ។ ក្នុង​អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលធោតកៈ តថាគត​មិនអាច​ដើម្បី​ដោះអ្នក​ណាមួយ​ក្នុងលោកនេះ ​ដែលមាន​សេចក្តី​សង្ស័យ​បានទេ។

[២១៧] ពាក្យថា ប៉ុនែ្តកាលបើអ្នកបានដឹងច្បាស់នូវធម៌ដ៏ប្រសើរ សេចក្តីថា អមតនិព្វាន លោកហៅថា ធម៌ដ៏ប្រសើរ បានខាង​ការរម្ងាប់​សង្ខារទាំពួង ការលះបង់​ឧបធិ​ទាំងពួង ការអស់​តណ្ហា ការប្រាស​ចាករាគៈ ការរលត់​និព្វាន។ ពាក្យថា ប្រសើរ គឺធម៌​ដ៏លើស ដ៏ប្រសើរ ប្រសើរវិសេស ជាប្រធាន ឧត្តម ថ្លៃថ្លា។ ពាក្យថា ដឹងច្បាស់ គឺដឹង​ប្រាកដ យល់ច្បាស់ ជ្រាបច្បាស់ ចាក់ធ្លុះចំពោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ប៉ុន្តែ កាលបើ​អ្នកបាន​ដឹងច្បាស់​នូវ​ធម៌ដ៏ប្រសើរ។

[២១៨] ពាក្យថា យ៉ាងនេះ នឹងឆ្លងនូវ​ឱឃៈ​នេះបាន គឺអ្នក​គប្បីឆ្លង ​គប្បី​ឈានកន្លង គប្បី​ប្រព្រឹត្ត​កន្លង​នូវ​កាមោឃៈ ភវោឃៈ ទិដ្ឋោឃៈ អវិជ្ជោឃៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) យ៉ាងនេះ ​នឹងឆ្លង​ឱឃៈ​នេះបាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ម្នាលធោតកៈ តថាគតមិនអាចដើម្បីដោះអ្នកណាមួយ​ក្នុងលោកនេះ ​ដែលមាន​សេចក្តី​សង្ស័យ​បានទេ ប៉ុន្តែ កាលបើ​អ្នកបាន​ដឹងច្បាស់​នូវធម៌​ដ៏ប្រសើរ យ៉ាង​នេះ នឹងឆ្លង​ឱឃៈ​នេះបាន។

[២១៩] (ធោតកៈក្រាបទូលថា) បពិត្រព្រះអង្គជាព្រហ្ម សូមព្រះអង្គ​ទ្រង់​ព្រះ​ករុណា ប្រៀនប្រដៅ​នូវវិវេកធម៌​ឲ្យខ្ញុំព្រះអង្គ​ដឹងច្បាស់ ដើម្បីកុំ​ឲ្យខ្ញុំព្រះអង្គ​ទើសទាក់ ដូច​អាកាស ជាបុគ្គលស្ងប់ ​មិនអាស្រ័យ​នៅ (ដោយកិលេស) ប្រពឹ្រត្ត​ក្នុងទី​នេះឯង។

[២២០] ពាក្យថា បពិត្រព្រះអង្គជាព្រហ្ម សូមព្រះអង្គ​ប្រៀនប្រដៅ នៃបទថា បពិត្រ​ព្រះអង្គ​ជាព្រហ្ម សូម​ព្រះអង្គ​ទ្រង់​ព្រះករុណា ប្រៀនប្រដៅ គឺបពិត្រ​ព្រហ្ម សូម​ព្រះអង្គ​ប្រៀនប្រដៅ បពិត្រ​ព្រហ្ម សូមព្រះអង្គ​អនុគ្រោះ បពិត្រ​ព្រហ្ម សូមព្រះអង្គ​ស្រោចស្រង់ ហេតុនោះ (លោក​ពោលថា) បពិត្រ​ព្រះអង្គ​ជាព្រហ្ម សូមព្រះអង្គ​ប្រៀនប្រដៅ។ ពាក្យថា ទ្រង់​ព្រះករុណា គឺទ្រង់​ព្រះករុណា ទ្រង់អាណិត ទ្រង់អាសូរ ទ្រង់អនុគ្រោះ ទ្រង់ស្រោច​ស្រង់ ហេតុនោះ (លោកពោលថា) បពិត្រ​ព្រះអង្គ​ជាព្រហ្ម សូមព្រះអង្គ​ទ្រង់ព្រះករុណា​ប្រៀន​ប្រដៅ។

[២២១] ពាក្យថា នូវវិវេកធម៌ ឲ្យខ្ញុំព្រះអង្គ​ដឹងច្បាស់ សេចក្តីថា អមតនិព្វាន ​លោកហៅថា​ វិវេកធម៌ បានដល់ ការរម្ងាប់​សង្ខារ​ទាំងពួង ការលះបង់​ឧបធិ​ទាំងពួង ការអស់​តណ្ហា ការប្រាស​ចាករាគៈ ការរលត់​និព្វាន។ ពាក្យថា ឲ្យខ្ញុំព្រះអង្គ​ដឹងច្បាស់ គឺឲ្យខ្ញុំ​ព្រះអង្គ​ចេះដឹង ដឹងច្បាស់ យល់ច្បាស់ ចាក់ធ្លុះចំពោះ ហេតុនោះ (លោក​ពោល​ថា) នូវវិវេកធម៌ ឲ្យខ្ញុំព្រះអង្គ​ដឹងច្បាស់។

[២២២] ពាក្យថា ដើម្បីកុំឲ្យខ្ញុំព្រះអង្គទើសទាក់​ដូចអាកាស គឺឲ្យខ្ញុំ​ព្រះអង្គ​មិន​ទើសទាល់ មិនជាប់​ចំពាក់ មិនជាប់ស្អិត ដូចអាកាស មិនទើសទាល់ មិនជាប់​ចំពាក់ មិនជាប់​ស្អិត ដូច្នោះឯង ហេតុនោះ (លោក​ពោលថា) មិនទើសទាក់ ​ដូចអាកាស ដោយ​ប្រាការ​ដូច្នេះខ្លះ។ ឲ្យខ្ញុំ​ព្រះអង្គ មិនត្រេកអរ មិនប្រទូស្ត មិនវង្វេង មិនលំបាកដូច​អាកាស មិនដិត​ដោយល័ខ ឬ​ដោយល្មៀត ដោយវត្ថុ​ពណ៌ខៀវ ឬដោយ​វត្ថុពណ៌​ហង្សបាទ ដូច្នោះ​ឯង ហេតុនោះ (លោក​ពោលថា) មិនទើសទាក់ ដូចអាកាស ដោយ​ប្រការ​ដូច្នេះខ្លះ។ ឲ្យខ្ញុំ​ព្រះអង្គ​មិនក្រោធ មិនបៀតបៀន មិនវិល​វល់នៅ មិនលំបាក ដូចអាកាស មិនកំរើក មិនបៀតបៀន មិនវិលវល់​នៅ​ មិនលំបាក ដូច្នោះឯង ហេតុនោះ (លោក​ពោលថា) មិនទើសទាក់​ដូចអាកាស ដោយប្រការ​ដូច្នេះខ្លះ។

[២២៣] អធិប្បាយពាក្យថា ជាបុគ្គលស្ងប់ មិនអាស្រ័យនៅ (ដោយកិលេស) ប្រព្រឹត្ត​ក្នុងទី​នេះឯង ត្រង់ពាក្យថា ជាបុគ្គល​ស្ងប់​ក្នុងទីនេះឯង គឺជាអ្នក​នៅក្នុង​ទីនេះឯង ជាអ្នក​កំពុង​អង្គុយ​ក្នុងទីនេះឯង ជាអ្នក​អង្គុយ​លើអាសនៈ​នេះឯង ជាអ្នក​អង្គុយក្នុង​បរិស័ទ​នេះឯង ហេតុនោះ (លោក​ពោលថា) ជាបុគ្គល​ស្ងប់ក្នុងទីនេះឯង ដោយប្រការ​ដូច្នេះខ្លះ។ មួយទៀត ជាអ្នក​មានចិត្ត​ស្ងប់រម្ងាប់ មានចិត្ត​ស្ងប់រម្ងាប់ មានចិត្ត​រលត់ មានចិត្ត​ស្ងប់ស្ងាត់ ក្នុង​ទីនេះឯង ហេតុនោះ (លោក​ពោលថា) ជាអ្នក​ស្ងប់ក្នុង​ទីនេះឯង ដោយប្រការ​ដូច្នេះខ្លះ។ ​ពាក្យថា មិនអាស្រ័យ សេចក្តីថា ការអាស្រ័យ ២ គឺ​ការអាស្រ័យ គឺតណ្ហា ១ ការអាស្រ័យ​គឺទិដ្ឋិ ១។បេ។ នេះ​ ការអាស្រ័យ​គឺតណ្ហា។បេ។ នេះ ការអាស្រ័យគឺទិដ្ឋិ។ បុគ្គល​លះបង់​​នូវការ​អាស្រ័យ​គឺតណ្ហា ​លះលែង​នូវការអាស្រ័យ​គឺទិដ្ឋិ មិនអាស្រ័យ​ភ្នែក ​មិនអាស្រ័យ​ត្រចៀក មិនអាស្រ័យ​ច្រមុះ មិនអាស្រ័យ​អណ្តាត មិន​អាស្រ័យ​កាយ មិនអាស្រ័យ​ចិត្ត រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ត្រកូល ពួក អាវាស លាភ ​យស ​ សេចក្តី​សរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ​ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ ​រូបធាតុ អរូបធាតុ ​ កាមភព ​រូបភព ​អរូបភព សញ្ញាភព ​អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន មិនអាស្រ័យ មិនផ្តេកផ្តិត មិនចូលទៅជិត មិនងប់​ចុះ មិនលង់ចុះ​ ងាកចេញ មិនជាប់ រលាស់ចេញ​នូវធម៌​ដែលឃើញ ​ឮ ប៉ះពាល់ ឬ​គប្បី​ដឹង ជាបុគ្គល​មានចិត្ត​មិនសល់វល់ ហេតុនោះ (លោកពោលថា) មិនអាស្រ័យ។ ពាក្យថា ប្រព្រឹត្ត គឺនៅ ត្រាច់ទៅផ្សេង ៗ ​ទៅប្រព្រឹត្ត ទៅ រក្សា យាត្រា ​ ឲ្យយាត្រាទៅ ហេតុនោះ (លោក​ពោលថា)​ ជាអ្នកស្ងប់ មិនអាស្រ័យនៅ (ដោយកិលេស) ប្រព្រឹត្ត​ក្នុងទីនេះឯង។ ហេតុនោះ ព្រាហ្មណ៍នោះ​ពោលថា

បពិត្រព្រះអង្គជាព្រហ្ម សូមព្រះអង្គទ្រង់​ព្រះករុណា ប្រៀនប្រដៅ​នូវវិវេកធម៌ ឲ្យ​ខ្ញុំព្រះអង្គ​ដឹងច្បាស់ ដើម្បីកុំ​ឲ្យខ្ញុំព្រះអង្គ​ទើសទាក់ ដូចអាកាស ជាបុគ្គល​ស្ងប់ មិន​អាស្រ័យ​នៅ (ដោយកិលេស) ប្រពឹ្រត្ត​ក្នុងទី​នេះឯង។ ​

[២២៤] (ព្រះមានព្រះភាគទ្រង់ត្រាស់ថា) ម្នាលធោតកៈ បុគ្គល​មានស្មារតី ដឹង​ច្បាស់​នូវ​សន្តិបទណា ហើយ​គប្បី​ប្រព្រឹត្ត​ឆ្លងនូវ​វិសត្តិកាតណ្ហា ក្នុង​លោកបាន តថាគត នឹងសំដែង​ប្រាប់អ្នក​នូវសន្តិបទ​នោះ ដែលតថាគត​ជាក់ច្បាស់​ក្នុងខ្លួន ចំពោះធម៌​ដែលឃើញ​ហើយ។ ​

[២២៥] ពាក្យថា តថាគតនឹងសំដែងប្រាប់អ្នកនូវសន្តិបទនោះ ​គឺ​តថាគត នឹងត្រាស់​ប្រាប់​ សំដែង​ បញ្ញត្ត តែងតាំង បើក ចែក ធ្វើឲ្យងាយ ប្រកាស​នូវការ​ស្ងប់រាគៈ ការស្ងប់​ទោសៈ ការស្ងប់​មោហៈ នូវការ​រម្ងាប់ ការស្ងប់ ការរំលត់ ការស្ងប់​ស្ងាត់នៃ​កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ ពួកកិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង ការក្រវល់​ក្រវាយ​ទាំងពួង ការក្រហល់​ក្រហាយ​ទាំងពួង ការក្តៅ​ក្រហាយ​ទាំងពួង អកុសលាភិសង្ខារទាំង​ពួង ព្រោះហេតុ​នោះ (ទ្រង់ត្រាស់ថា) តថាគត​នឹងសំដែង​ប្រាប់អ្នកនូវ​សន្តិបទ​នោះ។ ពាក្យថា ម្នាល​ធោតកៈ នៃបទថា ព្រះមានព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាលធោតកៈ គឺ​ព្រះមានព្រះភាគ ត្រាស់ហៅ​ព្រាហ្មណ៍​នោះ​ដោយ​ចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ នេះ​ជាពាក្យ​ពោល​ដោយ​គោរព។បេ។ ការបញ្ញត្តិ​ថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះ​ការធ្វើឲ្យ​ជាក់ច្បាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​ធោតកៈ។

[២២៦] អធិប្បាយពាក្យថា ដែលតថាគតជាក់ច្បាស់​ក្នុងខ្លួន ចំពោះ​ធម៌ដែល​ឃើញ​ហើយ ត្រង់ពាក្យថា ចំពោះ​ធម៌ដែល​ឃើញហើយ គឺ​ចំពោះធម៌​ដែលឃើញ ធម៌ដែល​ដឹង ធម៌ដែលថ្លឹង ធម៌ដែល​ពិចារណា ធម៌ដែល​ចំរើន ធម៌ដែល​កើតប្រាកដ​ហើយ​ថា សង្ខារ​ទាំងពួង​មិនទៀង។បេ។ ចំពោះ​ធម៌ដែល​ឃើញ ធម៌ដែលដឹង ធម៌​ដែលថ្លឹង ធម៌ដែល​ពិចារណា ធម៌ដែល​ចំរើន ធម៌ដែល​ប្រាកដ​ហើយថា ធម្មជាត​ណា​មួយ មានការ​កើតឡើង​ជាធម្មតា ធម្មជាត​ទាំងពួងនោះ មានការ​រលត់ទៅ​វិញជា​ធម្មតា ហេតុនោះ (ទ្រង់​ត្រាស់ថា) ចំពោះធម៌​ដែលឃើញ​ហើយ ដោយប្រការ​ដូច្នេះខ្លះ។ មួយទៀត តថាគត​នឹងសំដែង​នូវសេចក្តី​ទុក្ខ ក្នុងទុក្ខ​ដែលឃើញ​ហើយ សំដែង​នូវ​សមុទ័យ ក្នុង​សមុទ័យ​ដែលឃើញ​ហើយ សំដែង​នូវមគ្គ​ក្នុងមគ្គ​ដែលឃើញ​ហើយ សំដែង​និរោធ ក្នុង​និរោធ​ដែលឃើញ​ហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ចំពោះធម៌​ដែលឃើញ​ហើយ ដោយ​ប្រការ​ដូច្នេះខ្លះ។ មួយទៀត (តថាគនឹង​សំដែងធម៌) ដែល​ឃើញច្បាស់​ដោយខ្លួនឯង ដែលឲ្យ​ផលមិន​រង់ចាំកាល ដែលគួរ​នឹងហៅថា អ្នកចូរមក​មើលចុះ ដែលគួរ​បង្អោន​ចូលមក ដែលពួក​វិញ្ញូជន​គប្បីដឹង​ចំពោះខ្លួន ​ចំពោះ​ធម៌​ដែល​តថាគត​ឃើញហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) ចំពោះធម៌​ដែលឃើញ​ហើយ ដោយ​ប្រការ​ដូច្នេះខ្លះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ចំពោះធម៌​ដែលឃើញ​ហើយ។ ពាក្យថា ដែល​តថាគត​ជាក់ច្បាស់​ក្នុងខ្លួន គឺ​តថាគត​នឹងសំដែង​ធម៌ដែល​ដឹងច្បាស់​ចំពោះខ្លួន​ឯង ជាក់ច្បាស់​ក្នុងខ្លួន មិនមែន​ដោយជឿ​ស្តាប់បុគ្គល​ដទៃ មិនមែន​ជឿដោយ​អាង​ថាឮមក​ដូច្នេះ មិនមែនដោយ​ឮតៗ គ្នា មិនមែន​ដោយការ​ផ្សែផ្សំនឹងក្បួន ​មិនមែន​ដោយហេតុ​នៃ​ការ​ត្រិះរិះ មិនមែន​ដោយហេតុ​នៃការ​គ្នេរគ្នាន់ មិនមែន​ដោយការ​ជញ្ជឹងនូវ​អាការៈ មិនមែន​ដោយហេតុ​ដែលខ្លួន​យល់ ខ្លួនពិនិត្យ ខ្លួនចូល​ចិត្តហើយ ហេតុនោះ  (ទ្រង់ត្រាស់​ថា) ដែល​តថាគត​ជាក់ច្បាស់​ក្នុងខ្លួន​ចំពោះធម៌​ដែលឃើញ​ហើយ។

[២២៧] ពាក្យថា បុគ្គលមានស្មារតី ដឹងច្បាស់​នូវ​សន្តិបទណា ហើយគប្បី​ប្រព្រឹត្ត សេចក្តីថា បុគ្គល​ធ្វើឲ្យដឹង ថ្លឹង ពិចារណា ចំរើន ធ្វើ​ឲ្យជាក់ច្បាស់​នូវធម៌ណាថា សង្ខារ​ទាំងពួង​មិនទៀង។បេ។ ធ្វើឲ្យដឹង ថ្លឹង ពិចារណា ចំរើន​ ធ្វើឲ្យប្រាកដថា​ ធម្មជាត​ណា​មួយ​មាន​ការកើត​ឡើងជា​ធម្មតា ធម្មជាត​ទាំងអស់នោះ មានការ​រលត់ទៅវិញ​ជា​ធម្មតា។ ពាក្យថា មានស្មារតី គឺមានស្មារតី​ដោយហេតុ ៤ គឺ​បុគ្គល​ចំរើន​កាយានុបស្សនា​សតិប្បដ្ឋាន​ក្នុងកាយ ឈ្មោះថា អ្នកមាន​ស្មារតី។បេ។ បុគ្គលនោះ លោកហៅថា អ្នក​មាន​ស្មារតី។ ពាក្យថា ប្រព្រឹត្ត គឺប្រតិបត្តិ ប្រព្រឹត្ត​ផ្សេង ៗ ទៅ ប្រព្រឹត្តទៅ​ រក្សា យាត្រា ឲ្យយាត្រា​ទៅ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​មានស្មារតី គួរដឹងច្បាស់​នូវ​សន្តិបទ​ណា ហើយ​ប្រព្រឹត្ត។​​

[២២៨] ពាក្យថា ឆ្លងវិសត្តិកាតណ្ហា ​ក្នុងលោកបាន សេចក្តីថា តណ្ហា លោក​ហៅ​ថា វិសត្តិកា បានខាង តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរ​ត្រង់ពាក្យ​ថា វិសត្តិកា ចុះតណ្ហា​ឈ្មោះថា វិសត្តិកា ដោយអត្ថ​ដូចម្តេច។បេ។ ឈ្មោះថា វិសត្តិកា ព្រោះជា​ធម្មជាតិ​ផ្សាយទួទៅ ផ្សព្វផ្សាយ​ទៅ។ ពាក្យថា ក្នុង​លោក គឺ​ក្នុង​អបាយលោក។បេ។ ក្នុង​អាយតនលោក។ ពាក្យថា ឆ្លង​វិសត្តិកាតណ្ហា​ក្នុងលោកបាន មានន័យ​ថា តណ្ហាណា ដែលផ្សាយ​ទៅកាន់​អារម្មណ៍​ផ្សេង ៗ ​ក្នុងលោក បុគ្គល​មានស្មារតី គប្បីឆ្លង ឆ្លងឡើង ឆ្លងរំលង ឆ្លងកាត់ ផ្លោះរំលង នូវតណ្ហា​ដែល​ផ្សាយ​ទៅកាន់​អារម្មណ៍​ផ្សេងនោះ ៗ ក្នុងលោក​បាន ហេតុនោះ (ទ្រង់​ត្រាស់ថា) ឆ្លងនូវ​វិសត្តិកា​តណ្ហា ក្នុងលោក​បាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ម្នាលធោតកៈ បុគ្គលមានស្មារតី ដឹងច្បាស់នូវ​សន្តិបទ​ណា ហើយគប្បី​ប្រព្រឹត្ត​ឆ្លង​វិសត្តិកាតណ្ហា​ក្នុងលោក​បាន តថាគត​នឹងសំដែង​ប្រាប់អ្នក​នូវ​សន្តិបទ​នោះ ដែល​តថាគត​ជាក់​ច្បាស់ក្នុងខ្លួន​ ចំពោះ​ធម៌​ដែលឃើញ​ហើយ។

[២២៩] (ធោតកៈ ក្រាបទូលថា) បពិត្រព្រះមហេសី បុគ្គលមាន​ស្មារតី ដឹងនូវ​សន្តិបទ​ណា ហើយគប្បី​ប្រព្រឹត្ត​ឆ្លងនូវ​វិសត្តិកាតណ្ហា​ក្នុងលោក​បាន ខ្ញុំព្រះអង្គ នឹង​ត្រេកអរ​ចំពោះ​សន្តិបទ​ដ៏ឧត្តមនោះ។

[២៣០] អធិប្បាយពាក្យថា ខ្ញុំព្រះអង្គនឹងត្រេកអរ​ចំពោះ​សន្តិបទ​នោះ ត្រង់ពាក្យថា ចំពោះ​សន្តិបទ​នោះ គឺចំពោះ​ព្រះពុទ្ធដីកា គន្លងព្រះពុទ្ធដីកា ទេសនា អនុសន្ធិ របស់​ព្រះអង្គ។ ពាក្យថា នឹងត្រេកអរ គឺខ្ញុំព្រះអង្គ​នឹងត្រេកអរ ត្រេកអរ​ចំពោះ រីករាយ រីករាយ​តាម ជ្រះថ្លា ប្រាថ្នា ស្រឡាញ់​ជាប់ចិត្ត ហេតុនោះ (លោក​ពោលថា) ខ្ញុំព្រះអង្គ​នឹង​ត្រេកអរ​ចំពោះ​សន្តិបទ​នោះ។ ពាក្យថា បពិត្រ​ព្រះមហេសី … សន្តិបទ​ដ៏ឧត្តម ត្រង់​ពាក្យ​ថា ព្រះមហេសី សេចក្តីថា ព្រះនាមថា មហេសី ព្រោះ​ព្រះមានព្រះភាគ​ទ្រង់រក ស្វែង ស្វះស្វែង នូវកង​សីលដ៏ធំ។ ព្រះនាមថា មហេសី (ព្រោះ​ព្រះមានព្រះភាគ​ស្វែងរក) នូវ​កង​សមាធិ​ដ៏ធំ។បេ។ ព្រះពុទ្ធ​ជាទេវតា កន្លងជាង​ទេវតា គង់ក្នុង​ទីណា ព្រះពុទ្ធ​ជានរៈ​អង់អាច គង់ក្នុងទីណា។ ពាក្យថា សន្តិបទ​ដ៏ឧត្តម សេចក្តីថា អមតនិព្វាន លោកហៅ​ថា សន្តិបទ​ បានខាង​ការរម្ងាប់សង្ខារ​ទាំងពួង ការលះបង់​ឧបធិ​ទាំងពួង ការអស់​តណ្ហា ការប្រាស​ចាករាគៈ ការរលត់ ​និព្វាន។ ពាក្យថា ដ៏ឧត្តម ​គឺ​ប្រសើរ ប្រសើរ​បំផុត ប្រសើរ​វិសេស ជាប្រធាន ឧត្តម ថ្លៃថ្លា ហេតុនោះ​ (លោកពោលថា)​ បពិតព្រះមហេសី … សន្តិបទ​ដ៏ឧត្តម។ ​

[២៣១] ពាក្យថា បុគ្គលមានស្មារតី ដឹងនូវសន្តិបទណា​ហើយ ​គប្បីប្រព្រឹត្ត គឺ​បុគ្គល​ធ្វើឲ្យដឹង ថ្លឹង ពិចារណា ចំរើន ធ្វើឲ្យប្រាកដ​នូវធម៌ណា​ថា សង្ខារទាំងពួង​មិន​ទៀង។បេ។ ​ធ្វើឲ្យដឹង​ ថ្លឹង ពិចារណា ចំរើន ធ្វើឲ្យប្រាកដ​នូវធម៌ណា​ថា ធម្មជាត​ណាមួយ មាន​ការ​​កើតឡើង​ជាធម្មតា ធម្មជាត​ទាំងអស់នោះ មានការ​រលត់ទៅ​វិញជា​ធម្មតា។ ពាក្យថា មានស្មារតី គឺមានស្មារតី​ដោយហេតុ ៤ គឺ​បុគ្គល​ចំរើន​កាយានុបស្សនា​សតិប្បដ្ឋាន​ក្នុង​កាយ ឈ្មោះថា អ្នកមាន​ស្មារតី។បេ។ បុគ្គលនោះ លោក​ហៅថា ​អ្នកមាន​ស្មារតី។​ ពាក្យថា​ ប្រព្រឹត្ត គឺ​ប្រព្រឹត្ត​ត្រាច់ទៅ​ផ្សេងៗ ទៅ ប្រព្រឹត្តទៅ​ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ (លោក​ពោលថា) មានស្មារតី​ដឹងនូវ​សន្តិបទ​ណា ហើយគប្បី​ប្រព្រឹត្ត។

[២៣២] អធិប្បាយពាក្យថា ឆ្លងវិសត្តិកាតណ្ហា​​ក្នុងលោកបាន សេចក្តីថា តណ្ហា លោកហៅថា វិសត្តិកា បានខាង តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរ​ត្រង់ពាក្យថា វិសត្តិកា ចុះតណ្ហា​ឈ្មោះថា វិសត្តិកា ដោយ​អត្ថ​ដូចម្តេច។បេ។ តណ្ហា​ឈ្មោះ​វិសត្តិកា ព្រោះផ្សាយ​ទួទៅ ផ្សព្វផ្សាយ​ទៅ។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក។បេ។ ក្នុង​អាយតនលោក។ ពាក្យថា ឆ្លងនូវ​វិសតិ្តកាតណ្ហា ក្នុងលោកបាន សេចក្តី​ថា តណ្ហា​ឈ្មោះ វិសត្តិកា​ណា ក្នុងលោក បុគ្គលមាន​ស្មារតី គប្បីឆ្លង ឆ្លងឡើង ឆ្លងរំលង​ ឆ្លងកាត់ ​ផ្លោះរំលង​ នូវតណ្ហា​ឈ្មោះ​វិសត្តិកានោះ​ ក្នុងលោក​បាន​​ ហេតុនោះ​ (លោកពោលថា)​​ ឆ្លងនូវ​វិសត្តិកាតណ្ហា​ក្នុង​លោកបាន។ ​ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

បពិត្រព្រះមហេសី បុគ្គលមានស្មារតី ដឹងនូវ​សន្តិបទណា ហើយគប្បី​ប្រព្រឹត្ត​ឆ្លងនូវ​វិសត្តិកាតណ្ហា​ក្នុងលោកបាន ខ្ញុំព្រះអង្គ​នឹងត្រេកអរ​ចំពោះ​សន្តិបទ​ដ៏ឧត្តម​នោះ។

[២៣៣] (ព្រះមានព្រះភាគទ្រង់ត្រាស់ថា) ម្នាលធោតកៈ បើអ្នកដឹង​ច្បាស់នូវ​អារម្មណ៍​ណាមួយ​ក្នុងចំណែក​ខាងលើ ក្នុងចំណែក​ខាងក្រោម និងក្នុង​ចំណែក​ទទឹង គឺកណ្តាល លុះអ្នក​បានដឹង​នូវអារម្មណ៍​នុ៎ះ ថាជា​គ្រឿងជាប់​នៅ​ក្នុង​លោក​យ៉ាងនេះហើយ អ្នកកុំ​ធ្វើនូវ​ចំណង់​ក្នុងភពតូច​ភពធំ​ឡើយ។​

[២៣៤] ពាក្យថា បើអ្នកដឹងច្បាស់នូវអារម្មណ៍​ណាមួយ គឺបើអ្នក​ដឹងច្បាស់ យល់​ច្បាស់ យល់ជាក់ ជ្រាបច្បាស់​នូវអារម្មណ៍​ណាមួយ ហេតុនោះ (ទ្រង់ត្រាស់ថា) បើអ្នក​ដឹងច្បាស់​នូវអារម្មណ៍​ណាមួយ។ ពាក្យថា​ ម្នាលធោតកៈ នៃបទថា ព្រះមានព្រះភាគ​ត្រាស់ថា ​ម្នាលធោតកៈ គឺព្រះមានព្រះភាគ ត្រាស់ហៅ​ព្រាហ្មណ៍នោះ​ដោយ​ចំឈ្មោះ។ ​ពាក្យថា ព្រះមានព្រះភាគ នេះជាពាក្យ​ពោលដោយ​គោរព។បេ។ ការបញ្ញត្តិ​ថា ព្រះមានព្រះភាគ​នេះ (កើត) ព្រោះការ​ធ្វើឲ្យ​ជាក់ច្បាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​ធោតកៈ។ ​

[២៣៥] ពាក្យថា ខាងលើ ខាងក្រោម និងទទឹង គឺកណ្តាល សេចក្តីថា អនាគត លោក​ហៅថា ខាងលើ អតីត លោកហៅថា ខាងក្រោម បច្ចុប្បន្ន លោកហៅថា ទទឹងគឺ​កណ្តាល។ មួយទៀត សុខវេទនា លោកហៅថា ខាងលើ ទុក្ខវេទនា លោកហៅថា ខាង​ក្រោម អទុក្ខមសុខវេទនា លោកហៅថា ទទឹង​គឺកណ្តាល។ ពួក​កុសលធម៌ លោក​ហៅ​ថា ខាងលើ ពួកអកុសលធម៌ លោកហៅថា ខាងក្រោម ពួកធម៌​អព្យាក្រិត លោកហៅថា ទទឹង​គឺកណ្តាល។ ទេវលោក លោកហៅថា ខាងលើ អបាយលោក លោកហៅថា ខាងក្រោម មនុស្សលោក លោកហៅថា ទទឹង​គឺកណ្តាល។ អរូបធាតុ លោកហៅថា ខាងលើ កាមធាតុ លោកហៅថា ខាងក្រោម​ រូបធាតុ លោកហៅថា​ទទឹង​គឺកណ្តាល។​ តាំងអំពី​ផ្ទៃបាតជើង​ឡើងមក ហៅថា ខាងលើ តាំងអំពី​ចុងសក់​ចុះទៅ ហៅថា ខាងក្រោម ត្រង់ទីពាក់​កណ្តាលខ្លួន ហៅថា ទទឹង​គឺកណ្តាល ហេតុនោះ (ទ្រង់​ត្រាស់ថា) ខាងលើ ខាងក្រោម ទទឹង​គឺកណ្តាល។​

[២៣៦] ពាក្យថា លុះអ្នកបានដឹងនូវអារម្មណ៍នុ៎ះ ថាជាគ្រឿង​ជាប់នៅ​ក្នុងលោក គឺបុគ្គល​ដឹង យល់ ​ថ្លឹង ពិចារណា ចំរើន ធ្វើឲ្យ​ប្រាកដថា នុ៎ះការជាប់​ នុ៎ះការចំពាក់ នុ៎ះចំណង នុ៎ះកង្វល់ ហេតុនោះ ​(ទ្រង់ត្រាស់ថា) លុះអ្នក​បានដឹងនូវ​អារម្មណ៍​នុ៎ះ ថាជា​គ្រឿងជាប់​នៅក្នុង​លោក។

[២៣៧] ពាក្យថា អ្នកកុំធ្វើនូវចំណង់​ក្នុងភពតូច​ភពធំឡើយ គឺចំណង់​ក្នុងរូប ចំណង់​ក្នុងសំឡេង ចំណង់​ក្នុងក្លិន ចំណង់​ក្នុងរស ចំណង់​ក្នុងផ្សព្វ ចំណង់​ក្នុង​ធម្មារម្មណ៍។ ពាក្យថា ក្នុងភពតូច​ភពធំ គឺអ្នកកុំធ្វើ កុំបង្កើត កុំបង្កើតព្រម កុំបង្កើត​ប្រាកដ កុំបង្កើតឡើង ចំពោះ គឺថា លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យមាន​បែបភាព​តទៅ​នូវចំណង់​ក្នុងភព​តូចភពធំ គឺកម្មភព បុនព្ភព ​គឺថា ក្នុងកាមភព កម្មភព ក្នុង​កាមភព​ បុនព្ភព ក្នុងរូបភព ​ កម្មភព ​ក្នុងរូបភព បុនព្ភព ក្នុងអរូបភព ​កម្មភព ក្នុង​អរូបភព បុនព្ភព​ គឺក្នុង​កំណើត​រឿយ ៗ ក្នុងដំណើរ​រឿយ​ ៗ ​​ក្នុងការ​កើតរឿយ ៗ ​ក្នុង​បដិសន្ធិ​រឿយ ៗ ក្នុងការ​បាន​នូវអត្តភាព​រឿយ ៗ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកកុំធ្វើ​នូវចំណង់​ក្នុងភពតូច​ភពធំឡើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ម្នាលធោតកៈ បើអ្នកដឹងច្បាស់នូវអារម្មណ៍ណាមួយ​ក្នុងចំណែក​ខាងលើ ក្នុង​ចំណែក​ខាងក្រោម និងក្នុង​ចំណែក​ទទឹង គឺកណ្តាល លុះអ្នក​បានដឹង​នូវ​អារម្មណ៍នុ៎ះ ​ថាជាគ្រឿងជាប់​នៅក្នុងលោក​យ៉ាងនេះហើយ​​ អ្នកកុំធ្វើ​នូវចំណង់​ក្នុង​ភពតូច​ភពធំ​ឡើយ។​​​

លុះចប់គាថាហើយ។បេ។ (ធោតកៈ ក៏ប្រកាសខ្លួនថា) បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ព្រះមានព្រះភាគ ជាព្រះសាស្តា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំព្រះអង្គ​ជាសាវ័ក។​

ចប់ ធោតកមាណវកប្បញ្ហានិទ្ទេស ទី៥។

ឧបសីវមាណវកប្បញ្ហានិទ្ទេស ទី៦

[២៣៨] (ឧបសីវៈមានអាយុ ទូលសួរដូច្នេះថា) បពិត្រ​ព្រះអង្គ​ជាសក្កៈ ខ្ញុំព្រះអង្គ​ម្នាក់ឯង មិនបាន​អាស្រ័យបុគ្គល ឬធម៌ ទើបមិន​អាចឆ្លង​អន្លង់ដ៏​ធំបាន បពិត្រ​ព្រះអង្គ​ជា​សមន្តចក្ខុ សូមព្រះអង្គ​សំដែងនូវ​អារម្មណ៍​ដែលនាំ​ឲ្យខ្ញុំ​ព្រះអង្គ​អាស្រ័យ ហើយឆ្លង​នូវ​អន្លង់នេះ​បាន។​​

[២៣៩] អធិប្បាយពាក្យថា បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គ​ម្នាក់ឯង … អន្លង់​ធំ​បាន ត្រង់ពាក្យថា ម្នាក់ឯង​ គឺបុគ្គល​ជាគំរប់ពីរ​នឹងខ្ញុំ មិនមាន​ ឬធម៌ជា​គំរប់ពីរ​នឹង​ខ្ញុំ មិនមាន ដែលជា​បុគ្គល ឬជាធម៌​ដែលខ្ញុំ​ព្រះអង្គ​អាស្រ័យ​ហើយ គប្បីឆ្លង ឆ្លងឡើង ឆ្លងរំលង ឆ្លងកាត់​ ផ្លោះរំលង ​នូវអន្លង់​គឺកាម អន្លង់គឺភព អន្លង់គឺទិដ្ឋិ អន្លង់គឺ​អវិជ្ជាដ៏ធំ​បាន​ ហេតុនោះ (លោកពោលថា) ម្នាក់ឯង។ ពាក្យថា បពិត្រព្រះអង្គ​ជាសក្កៈ គឺ​ព្រះមានព្រះភាគ ទ្រង់ព្រះនាម​ថា សក្កៈ។ ព្រះមានព្រះភាគ ទ្រង់ព្រះនាម សក្កៈ ព្រោះ​ទ្រង់ចេញ​ចាកសក្យ​ត្រកូល ហើយ​បព្វជ្ជា ក៏បាន។ មួយទៀត ទ្រង់​ព្រះនាម​សក្កៈ ព្រោះទ្រង់​ស្តុកស្តម្ភ មានទ្រព្យច្រើន មានទ្រព្យ​ធន ក៏បាន។ ​ទ្រព្យទាំង​ឡាយនេះ​ របស់​ព្រះមានព្រះភាគនោះ គឺ​ទ្រព្យសទ្ធា ទ្រព្យសីល​ ទ្រព្យហិរិ​​ ទ្រព្យឱត្តប្បៈ​ ទ្រព្យសុតៈ ទ្រព្យចាគៈ ទ្រព្យបញ្ញា ទ្រព្យ​សតិប្បដ្ឋាន។បេ។ ទ្រព្យ​គឺនិព្វាន។ ព្រះនាមថា​សក្កៈ​ ព្រោះ​ទ្រង់​ស្តុកស្តម្ភ ​ មានទ្រព្យ​ច្រើន មានទ្រព្យធន ដោយ​ធនរតន៍​ទាំងនេះ ច្រើនប្រការ ​ក៏បាន។ ឬថា ព្រះនាមថា​សក្កៈ ព្រោះ​ព្រះមានព្រះភាគ ទ្រង់អង់អាច អាចហ៊ាន ​ក្លាហាន មោះមុត ក្លៀវក្លា មានព្យាយាម​ ធ្លាប់ចូលកាន់​សង្រ្គាម មិនខ្លាច ​មិនរន្ធត់ មិនតក់ស្លុត មិនរត់​ចោល​ លះភ័យ​គួរខ្លាច​ មិនព្រឺរោម ក៏បាន​ ហេតុនោះ (លោក​ពោលថា)​​ បពិត្រ​ព្រះអង្គ​ជាសក្កៈ ខ្ញុំព្រះអង្គ​ម្នាក់ឯង … អន្លង់ធំ​ក៏បាន។ ​ពាក្យថា ដូច្នេះ នៃបទថា ​ឧបសីវៈ​មានអាយុ​ ទូលសួរ​ដូច្នេះ គឺជា​ពាក្យតភ្ជាប់។ ពាក្យថា មានអាយុ ​ គឺពាក្យ​ជាទី​ស្រឡាញ់។ ពាក្យថា ឧបសីវៈ គឺជានាម​របស់​ព្រាហ្មណ៍​នោះ។បេ។ ជាពាក្យហៅ​ព្រាហ្មណ៍នោះ ហេតុនោះ (មាន​ពាក្យថា) ឧបសីវៈ​មានអាយុ​ ទូលសួរ​ដូច្នេះ។​

[២៤០] ពាក្យថា ខ្ញុំព្រះអង្គមិនបានអាស្រ័យ (បុគ្គល ឬធម៌) ទើបមិន​អាចឆ្លង ត្រង់ពាក្យថា មិនបាន​អាស្រ័យ គឺមិនបាន​អាស្រ័យ​បុគ្គល ឬមិន​បាន​អាស្រ័យធម៌។ ពាក្យថា មិនអាច គឺមិនអាច មិនហ៊ាន មិនប្រតិពល។ ពាក្យថា ឆ្លង គឺរម្លង ឆ្លងឡើង ឆ្លងរំលង ឆ្លងកាត់ ផ្លោះរំលង នូវអន្លង់គឺកាម [ដែលថា​ឆ្លងអន្លង់ គឺឆ្លងអន្លង់កាម ដោយ​អនាគាមិមគ្គ។] អន្លង់គឺភព [ឆ្លងអន្លង់ភព​ដោយ​អរហត្តមគ្គ។] អន្លង់គឺទិដ្ឋិ [ឆ្លង​អន្លង់​ទិដ្ឋិ​ដោយ​សោតាបត្តិមគ្គ។] អន្លង់គឺអវិជ្ជា [ឆ្លងអន្លង់​អវិជ្ជា ដោយ​អរហត្តមគ្គ។ អដ្ឋកថា។] ដ៏ធំ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គ​មិនបាន​អាស្រ័យ (បុគ្គល ឬធម៌) ទើប​មិន​អាចឆ្លង។ ​

[២៤១] ពាក្យថា បពិត្រព្រះអង្គជាសមន្តចក្ខុ សូមព្រះអង្គ​សំដែង​អារម្មណ៍ ត្រង់​ពាក្យថា សូម​ព្រះអង្គ​សំដែង​អារម្មណ៍ គឺសូម​ព្រះអង្គ​ពោល ប្រាប់ បង្ហាញ បញ្ញត្ត តាំង​ទុក បើក ចែក ធ្វើឲ្យងាយ ប្រកាស​នូវសភាព​ត្រេកអរ ជាទីតោង ជាទីអាស្រ័យ ជាទី​ពឹងផ្អែក ហេតុនោះ (លោក​ពោលថា) សូមព្រះអង្គ​សំដែង​អារម្មណ៍។ ពាក្យថា សមន្តចក្ខុ សេចក្តីថា សព្វញ្ញុតញ្ញាណ លោកហៅថា សមន្តចក្ខុ។ ព្រះមានព្រះភាគ ដល់ ដល់ព្រម មកដល់ មកដល់ព្រម ចូលទៅជិត ចូលទៅ​ជិតព្រម ​ប្រកបហើយ ដោយ​សព្វញ្ញុតញ្ញាណនោះ។ ​

អ្វីមួយក្នុងលោក ដែលព្រះតថាគតនោះមិនឃើញ មិនជ្រាប ឬមិន​គប្បីជ្រាប មិន​មានទេ របស់ណា​ដែលគួរដឹង ព្រះតថាគត ​ទ្រង់ជ្រាប​របស់​ទាំងអស់​នោះ ហេតុនោះ ​ព្រះតថាគត ទ្រង់ព្រះនាម​ថា សមន្តចក្ខុ។

ហេតុនោះ (ទើបមានពាក្យថា) បពិត្រ​ព្រះអង្គ ជាសមន្តចក្ខុ សូមព្រះអង្គ​សំដែង​អារម្មណ៍។ ​

[២៤២] ពាក្យថា ដែលនាំឲ្យខ្ញុំព្រះអង្គអាស្រ័យ ហើយគប្បីឆ្លង​អន្លង់នេះបាន ត្រង់​ពាក្យថា ដែលនាំ​ឲ្យអាស្រ័យ គឺអាស្រ័យ​បុគ្គល ឬអាស្រ័យ​ធម៌។ ពាក្យថា គប្បី​ឆ្លងអន្លង់​នេះបាន​ គឺគប្បីឆ្លង ឆ្លងរំលង ឆ្លងកាត់ ផ្លោះរំលង នូវអន្លង់​គឺកាម អន្លង់គឺភព អន្លង់គឺទិដ្ឋិ អន្លង់គឺ​អវិជ្ជាដ៏ធំ ហេតុនោះ (លោក​ពោលថា) ដែលនាំឲ្យ​ខ្ញុំព្រះអង្គ​អាស្រ័យ ហើយឆ្លង​អន្លង់​នេះបាន។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គម្នាក់ឯង មិនបានអាស្រ័យ (បុគ្គល ឬធម៌) ទើបមិន​អាច​ឆ្លងនូវអន្លង់​ដ៏ធំបាន បពិត្រ​ព្រះអង្គ​ជាសមន្តចក្ខុ សូម​ព្រះអង្គ​សំដែង​អារម្មណ៍​ដែលនាំ​ឲ្យខ្ញុំព្រះអង្គ​អាស្រ័យ ហើយឆ្លង​អន្លង់នេះ។

[២៤៣] (ព្រះមានព្រះភាគត្រាស់ថា) ម្នាលឧបសីវៈ​ អ្នកចូរមានស្មារតី សំឡឹង​អាកិញ្ចញ្ញាយតនជ្ឈាន អាស្រ័យ (អាកិញ្ចញ្ញាយតនសមាបត្តិ) ដោយ​បរិកម្ម​ថា មិនមានៗ ហើយ​ឆ្លងអន្លង់ចុះ​ អ្នកចូរលះបង់កាម​ទាំងឡាយ ​ហើយវៀរ​ចាក​កថាទាំង​ឡាយចេញ ហើយសំឡឹង​នូវការអស់​តណ្ហា ទាំងយប់​ទាំងថ្ងៃ។

[២៤៤] ពាក្យថា អ្នកចូរមានស្មារតី សំឡឹង​អាកិញ្ចញ្ញាយតនជ្ឈាន អធិប្បាយថា ព្រាហ្មណ៍​នោះ បាន​អាកិញ្ចញ្ញាយតនសមាបត្តិ​តាមប្រក្រតី តែមិនដឹង​ការអាស្រ័យ​ថា អាកិញ្ចញ្ញាយតន​សមាបត្តិ​នេះ ជាទី​អាស្រ័យ​របស់​អាត្មាទេ។ ​ព្រះមានព្រះភាគ ទ្រង់ប្រាប់​ទី​អាស្រ័យ​ផង​ ទ្រង់ប្រាប់​ផ្លូវជាទី​ស្រោចស្រង់​តទៅទៀតផង​ ដល់ព្រាហ្មណ៍​នោះថា​ អ្នកចូល​កាន់​នេវសញ្ញានាសញ្ញាយតន​សមាបត្តិ ហើយ​ចេញអំពី​សមាបត្តិ​នោះ ហើយ​ពិចារណា​ធម៌គឺចិត្ត និង​ចេតសិក​ទាំងឡាយ ដែល​កើតហើយ​ក្នុង​សមាបត្តិ​នោះ ដោយ​សភាព​ថាមិនទៀង ពិចារណា​មើល​ រំពឹងមើល សំឡឹងមើល រមិលមើល ដោយ​សភាព​ថាជាទុក្ខ ​ជារោគ ជាបូស ជាសរ ជាអន្តរាយ ជាជម្ងឺ ជារបស់​អ្នកដទៃ ជា​របស់​វិនាស ​ជាចង្រៃ ជាឧបទ្រព ជារបស់​មិនគួរប្រាថ្នា ​ជាភ័យ ជាឧបស័គ្គ ជារបស់​ញាប់ញ័រ ជា​របស់​ពុករលួយ ជារបស់​មិនឋិតថេរ ជារបស់​ឥតទី​ពឹងផ្អែក​​ ជារបស់​ឥតទីពួន​ ជា​របស់​ឥតទីរឭក ជារបស់​ឥតទីពំនឹង ជារបស់​ឥតអំពើ ជារបស់​ទទេ ជារបស់​សូន្យ​ មិនមែន​ជារបស់​ខ្លួន​​ ជាទោស ជាសភាវៈ​ប្រែប្រួល​ ជារបស់​ឥតខ្លឹម ជារបស់​ជាទីតាំង​នៃទោស ជារបស់​ប្រាសចាក​សេចក្តី​ចំរើន ជារបស់​ប្រកប​ដោយ​អាសវៈ​ ជាអ្នក​សម្លាប់​ ជាទី​តាក់តែង ជានុយ​របស់មារ មានជាតិ​ជាធម្មតា​ មានជរា​ជាធម្មតា​ មានព្យាធិ​ជា​ធម្មតា មាន​មរណៈ​ជាធម្មតា​ មានសោកៈ​ បរិទេវៈ ទុក្ខៈ ទោមនស្សៈ​ ឧបាយាសៈ ជា​ធម្មតា ជារបស់​មានធម៌​ជាគ្រឿង​ប្រជុំកើត​​ជាធម្មតា ជារបស់​ដល់នូវ​ការវិនាស​ជា​ធម្មតា ជារបស់​មិនមាន​អានិសង្ស ជារបស់​មានទោស មិនជា​ទីរលាស់​ចេញជា​ធម្មតា។ ​ពាក្យថា មានស្មារតី​ សេចក្តីថា​ ស្មារតី​ ការរឭករឿយៗ ការរឭក​ចំពោះ។បេ។ ការ​រឭកប្រពៃ​ណា នេះ​ ហៅថា ស្មារតី។ បុគ្គលណា ដល់ ដល់ព្រម ចូលទៅដល់ ចូលទៅ​ដល់ព្រម ចូលទៅជិត ចូលទៅ​ជិតព្រម ប្រកប​ហើយដោយ​ស្មារតី​នេះ​ បុគ្គលនោះ​ លោកហៅថា អ្នកមាន​ស្មារតី ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរ​មានស្មារតី​ សំឡឹង​អាកិញ្ចញ្ញា​យតនជ្ឈាន។ ពាក្យថា ម្នាល​ឧបសីវៈ នៃបទថា ព្រះមានព្រះភាគ​ត្រាស់ថា ​ម្នាល​ឧបសីវៈ​ គឺ​ព្រះមានព្រះភាគ​​ ហៅព្រាហ្មណ៍​នោះ​ ដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ ​​នេះជា​ពាក្យពោល​ដោយ​គោរព។បេ។​ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះ​ការធ្វើ​ឲ្យច្បាស់​លាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​ឧបសីវៈ។​

[២៤៥] ពាក្យថា អាស្រ័យ (អាកិញ្ចញ្ញាយតនសមាបត្តិ) ​ដោយបរិកម្មថា មិនមាន ៗ ហើយឆ្លង​អន្លង់ចុះ បានដល់ គឺ​អាកិញ្ចញ្ញាយតន​សមាបត្តិ ដោយ​បរិកម្មថា វត្ថុតិចតួច​មិន​មាន។ ចុះ​អាកិញ្ចញ្ញាយតន​សមាបត្តិ ​ដោយ​បរិកម្មថា វត្ថុតិចតួច​មិនមាន តើព្រោះ​ហេតុអ្វី។ បុគ្គល​មានស្មារតី ចូល​វិញ្ញាណញ្ចាយតន​សមាបត្តិ ចេញអំពី​សមាបត្តិ​នោះហើយ មិនចំរើន មិនអប់រំ ធ្វើឲ្យវិនាស នូវវិញ្ញាណ​នោះឯង ទើប​ឃើញថា វត្ថុតិច​តួច​មិនមាន ព្រោះហេតុ​នោះ អាកិញ្ចញ្ញាយតន​សមាបត្តិ ដោយ​បរិកម្មថា វត្ថុតិចតួចមិន​មាន។ ​អ្នកចូរ​អាស្រ័យ អាស្រ័យ​ស៊ប់នូវ​អាកិញ្ចញ្ញាយតន​សមាបត្តិនោះ ហើយ​ធ្វើឲ្យជា​អារម្មណ៍ ឲ្យជា​ទីតោង ហើយឆ្លង ឆ្លងឡើង ឆ្លងរំលង ឆ្លងកាត់ ផ្លោះរំលង នូវអន្លង់​គឺកាម អន្លង់​គឺភព អន្លង់​គឺទិដ្ឋិ អន្លង់​គឺអវិជ្ជា ហេតុនោះ (ទ្រង់ត្រាស់ថា) អាស្រ័យ (អាកិញ្ចញ្ញាយតនសមាបត្តិ) ដោយ​បរិកម្មថា មិនមាន ៗ ហើយឆ្លង​អន្លង់ចុះ។

[២៤៦] អធិប្បាយពាក្យថា អ្នកចូរលះបង់កាមទាំងឡាយ ហើយវៀរចាក​កថា​ទាំងឡាយ​ចេញ បើតាម​ឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ នេះ​ លោក​ហៅថា វត្ថុកាម។បេ។ នេះ លោកហៅថា កិលេសកាម។ ពាក្យថា អ្នកចូរ​លះបង់​កាម​ទាំងឡាយ គឺអ្នក​ចូរកំណត់​ដឹងវត្ថុកាម ហើយ​លះបង់ បោះបង់ បន្ទោបង់ ​ធ្វើឲ្យ​វិនាស ធ្វើមិនឲ្យ​មានបែបភាព​តទៅ នូវកិលេស​កាមទាំងឡាយ ហេតុ​នោះ (ទ្រង់​ត្រាស់ថា) អ្នកចូរ​លះបង់កាម​ទាំងឡាយ។ ពាក្យថា វៀរចាក​កថា​ទាំងឡាយ សេចក្តីថា វិចិកិច្ឆា លោក​ហៅថា កថង្កថា។ សេចក្តី​ងឿងឆ្ងល់​ក្នុងទុក្ខ។បេ។ ភាពនៃ​ចិត្តញាប់ញ័រ ការ​រសេមរសាម​នៃចិត្ត។ បុគ្គលវៀរ វៀរស្រឡះ លះបង់ ចេញផុត លះលែង រួចស្រឡះ ប្រាសចេញ​ចាកសេចក្តី​សង្ស័យ ជាអ្នក​មានចិត្ត​មិនសល់វ៉ល់ បុគ្គល​វៀរចាក​កថា​ទាំងឡាយ ដោយប្រការ​ដូច្នេះ ក៏បាន។​ មួយទៀត បុគ្គលវៀរ ​វៀរស្រឡះ លះបង់ ចេញផុត លះលែង រួចស្រឡះ ប្រាស​ចេញចាក​តិរច្ឆានកថា​ ៣២ ជាបុគ្គល​មានចិត្ត​មិន​សល់វ៉ល់ បុគ្គល​វៀរចាក​កថាទាំងឡាយ ដោយ​ប្រការដូច្នេះ ក៏បាន ហេតុដូច្នោះ (ទ្រង់​ត្រាស់ថា) អ្នកចូរ​លះបង់​កាមទាំងឡាយ ហើយវៀរ​ចាកកថា​ទាំងឡាយ​ចេញ។​​

[២៤៧] អធិប្បាយពាក្យថា សំឡឹងនូវការអស់តណ្ហា​ទាំងយប់​ទាំងថ្ងៃ ត្រង់ពាក្យថា តណ្ហា គឺរូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា យប់ គឺរាត្រី ពាក្យថា ថ្ងៃ គឺ វេលាដែល​មានពន្លឺ​ព្រះអាទិត្យ​ប្រាកដ។ អ្នកចូរ​មើល មើលចំពោះ ចូរឃើញ ចូររមិលមើល ចូរសំឡឹង​មើល ចូរពិចារណា នូវការ​អស់​តណ្ហា ការអស់រាគៈ ការអស់​ទោសៈ ការអស់​មោហៈ ការអស់​គតិ នូវការ​អស់ឧបបត្តិ ការអស់​បដិសន្ធិ ការអស់ភព ការអស់​សង្សារ ការអស់​វដ្តៈ ទាំងយប់​ទាំងថ្ងៃ ហេតុនោះ (ទ្រង់​ត្រាស់ថា) សំឡឹង​នូវការ​អស់តណ្ហា​ទាំងយប់​ទាំងថ្ងៃ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ) អ្នកចូរមានស្មារតី​សំឡឹង​អាកិញ្ចញ្ញាយតនជ្ឈាន អាស្រ័យ​អាកិញ្ចញ្ញាយតនសមាបត្តិ ដោយ​បរិកម្មថា មិនមាន ៗ ហើយឆ្លង​អន្លង់ចុះ អ្នកចូរ​លះបង់​កាមទាំងឡាយ ហើយវៀរ​ចាកកថា​ទាំងឡាយ​ចេញ ហើយសំឡឹង​នូវការអស់​តណ្ហា​ទាំងយប់​ទាំងថ្ងៃ។

[២៤៨] (ឧបសីវៈមាណពមានអាយុ ទូលសួរដូច្នេះថា) បុគ្គល​ណាមិន​មាន​តម្រេក​ក្នុងកាម​ទាំងឡាយ​ទាំងពួង លះបង់​សមាបត្តិ​ដទៃ អាស្រ័យ​អាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់​ក្នុង​សញ្ញាវិមោក្ខ​ដ៏ប្រសើរ បុគ្គលនោះ ជាអ្នកមិន​ឃ្លាត គប្បីតាំង​នៅក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​បានដែរឬទេ។

[២៤៩] អធិប្បាយពាក្យថា បុគ្គលណា មិនមានតម្រេកក្នុងកាម​ទាំងឡាយ​ទាំងពួង ត្រង់ពាក្យថា ទាំងពួង គឺសព្វ​ទាំងអស់ គ្រប់ទាំងអស់ មិនសល់ ឥតសល់ ពាក្យថា ទាំងពួង នេះជា​ពាក្យ​រួបរួម។ ពាក្យថា ក្នុងកាម​ទាំងឡាយ បើតាម​ឧទ្ទាន កាមមាន ២ គឺ​វត្ថុកាម ១ កិលេសកាម ១។បេ។ នេះហៅថា វត្ថុកាម។បេ។ នេះហៅថា កិលេសកាម។ ពាក្យថា បុគ្គលណា មិនមាន​តម្រេក​ក្នុងកាម​ទាំងឡាយ​ទាំងពួង មានន័យថា បុគ្គលណា មិនមាន​រាគៈ ខ្ជាក់រាគៈ ខ្ជាក់ចោល​រាគៈ ផុតរាគៈ លះបង់រាគៈ លះបង់​ផ្តាច់រាគៈ សង្កត់​សង្កិន​រាគៈ ក្នុងកាម​ទាំងឡាយ​ទាំងពួង ហេតុនោះ (លោកសួរថា) បុគ្គលណា មិនមាន​តម្រេក​ក្នុងកាម​ទាំងឡាយ​ទាំងពួង។ ពាក្យថា ដូច្នេះ នៃបទថា ឧបសីវៈ​មានអាយុ​សួរដូច្នេះ ជាពាក្យ​តភ្ជាប់។ ពាក្យថា មានអាយុ គឺ​ពាក្យជាទី​ស្រឡាញ់។ ពាក្យថា ឧបសីវៈ ជាឈ្មោះ​នៃព្រាហ្មណ៍​នោះ។បេ។ ជាពាក្យ​ហៅព្រាហ្មណ៍​នុ៎ះ ហេតុ​នោះ (មានពាក្យថា) ឧបសីវៈ​មានអាយុ សួរដូច្នេះ។

[២៥០] ពាក្យថា លះបង់សមាបត្តិដទៃ អាស្រ័យ​អាកិញ្ចញ្ញាយតនជ្ឈាន គឺលះបង់ វៀរបង់ បោះបង់ កន្លងបង់ កន្លងរំលង ប្រព្រឹត្តកន្លង នូវសមាបត្តិ​ទាំង ៦ ឰដ៏ខាងក្រោម ហើយ​អាស្រ័យ ផ្តេកផ្តិត ចូលមកជិត ចូលមក​ជិតព្រម មានចិត្ត​ឱនចុះ មានចិត្ត​ឱនចុះ​ស៊ប់ កាន់​អាកិញ្ចញ្ញាយតនសមាបត្តិ ហេតុនោះ (លោកសួរថា) លះបង់​សមាបត្តិ​ដទៃ អាស្រ័យ​អាកិញ្ចញ្ញាយតនជ្ឈាន។ ​

[២៥១] ពាក្យថា ចុះចិត្តស៊ប់ ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ សេចក្តីថា សញ្ញាសមាបត្តិ ទាំង ៧ លោកហៅថា សញ្ញាវិមោក្ខ។ អាកិញ្ចញ្ញាយតនសមាបត្តិ ជាវិមោក្ខ​ដ៏ប្រសើរ​ផង វិសេស​ផង ប្រសើរ​វិសេសផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ជាងសញ្ញាសមាបត្តិ​ទាំង​នោះ។ បុគ្គលចុះ​ចិត្តស៊ប់​ក្នុង​សញ្ញាវិមោក្ខ​ដ៏ប្រសើរ ជាកំពូល​វិសេស ប្រសើរ​វិសេស ជាប្រធាន ឧត្តម ថ្លៃថ្លា ដោយ​អធិមុត្តវិមោក្ខ ចុះចិត្តស៊ប់​ក្នុង​សញ្ញាវិមោក្ខ​នោះ មានចិត្ត​ឱនចុះ​ក្នុង​សញ្ញាវិមោក្ខ​នោះ មានចិត្ត​ជឿស៊ប់​ក្នុង​សញ្ញាវិមោក្ខ​នោះ ត្រាច់ទៅកាន់​សញ្ញាវិមោក្ខ​នោះ ច្រើនដោយ​សញ្ញាវិមោក្ខ​នោះ ធ្ងន់ក្នុង​សញ្ញាវិមោក្ខ​នោះ ឱនទៅកាន់​សញ្ញាវិមោក្ខ​នោះ ទោរទៅកាន់​សញ្ញាវិមោក្ខ​នោះ ឈមទៅកាន់​សញ្ញាវិមោក្ខ​នោះ មាន​សញ្ញាវិមោក្ខ​នោះជា​អធិបតី ហេតុនោះ (លោកសួរថា) ចុះចិត្តស៊ប់​ក្នុង​សញ្ញាវិមោក្ខ​ដ៏ប្រសើរ។

[២៥២] ពាក្យថា បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បីតាំង​នៅក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​បានដែរឬទេ ត្រង់ពាក្យថា គប្បីតាំង​នៅបាន​ដែរឬទេ គឺជាពាក្យ​សួរដោយ​សង្ស័យ សួរដោយ​ចិត្តបែក​ជាចំពាមពីរ សួរដោយ​ការយល់​ច្រើនយ៉ាងថា យ៉ាងនេះ​ទេឬ ៗ មិនមែនទេ ដូចម្តេច​ហ្ន៎ ដោយប្រការ​ដូចម្តេចហ្ន៎ ហេតុនោះ (លោកសួរថា) គប្បី​តាំងនៅ​បានដែរឬ​ទេ។ ពាក្យថា ក្នុងនោះ គឺក្នុង​អាកិញ្ចញ្ញាយតនៈ។ ពាក្យថា ជាអ្នក​មិនឃ្លាត គឺជាអ្នក​មិនបែកចេញ មិនកម្រើក មិនប្រាស មិនវិនាស មិន​សាបសូន្យ។ ឬថា ជាអ្នក​មិនត្រេកអរ មិនប្រទូស្ត មិនវង្វេង មិនលំបាក ហេតុនោះ (លោក​សួរថា) បុគ្គលនោះ​ជាអ្នក​មិនឃ្លាត គប្បីតាំង​នៅក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​បានដែរ​ឬទេ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

បុគ្គលណាមិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង លះបង់​សមាបត្តិដទៃ អាស្រ័យ​អាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់​ក្នុង​សញ្ញាវិមោក្ខ​ដ៏ប្រសើ បុគ្គល​នោះ ជាអ្នក​មិនឃ្លាត គប្បីតាំង​នៅក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​បានដែរឬទេ។

[២៥៣] (ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបសីវៈ) បុគ្គលណា មិនមាន​តម្រេក​ក្នុងកាម​ទាំងឡាយ​ទាំងពួង លះបង់​សមាបត្តិដទៃ អាស្រ័យ​អាកិញ្ចញ្ញា​យតនជ្ឈាន ចុះចិត្តស៊ប់​ក្នុង​សញ្ញាវិមោក្ខ​ដ៏ប្រសើរ បុគ្គលនោះ ជាអ្នក​មិនឃ្លាត គប្បីតាំងនៅ​ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​នោះបាន។

[២៥៤] អធិប្បាយពាក្យថា បុគ្គលណា មិនមានតម្រេក​ក្នុងកាម​ទាំងឡាយ​ទាំងពួង ត្រង់ពាក្យថា ទាំងពួង គឺគ្រប់​ទាំងអស់ សព្វទាំងអស់ មិនសល់ ឥតសល់ ពាក្យថា ទាំងពួង នេះជា​ពាក្យរួប​រួម។ ពាក្យថា ក្នុងកាម​ទាំងឡាយ បើតាម​ឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ នេះ ហៅថា វត្ថុកាម។បេ។ នេះ ហៅថា កិលេសកាម។ ពាក្យថា បុគ្គលណា មិនមាន​តម្រេកក្នុង​កាមទាំងឡាយ​ទាំងពួង បាន​សេចក្តី​ថា បុគ្គលណា​មិនមាន​រាគៈ លះរាគៈ ខ្ជាក់រាគៈ លែងរាគៈ ចោលរាគៈ លះបង់​រាគៈ សង្កត់​សង្កិនរាគៈ​ក្នុងកាម​ទាំងឡាយ​ទាំងពួង ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលណា មិនមាន​តម្រេក​ក្នុងកាម​ទាំងឡាយ​ទាំងពួង។ ពាក្យថា ម្នាល​ឧបសីវៈ នៃបទថា ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​ឧបសីវៈ គឺ​ព្រះមានព្រះភាគ ទ្រង់ហៅ​ព្រាហ្មណ៍នោះ​ដោយ​ចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ​នេះ ជាពាក្យ​ពោលដោយ​គោរព។បេ។ ការបញ្ញត្តិ​ថា ព្រះមានព្រះភាគ​នេះ (កើត) ព្រោះការ​ធ្វើឲ្យ​ជាក់ច្បាស់ ហេតុនោះ (មាន​ពាក្យថា) ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​ឧបសីវៈ។

[២៥៥] ពាក្យថា លះបង់សមាបត្តិដទៃ អាស្រ័យ​អាកិញ្ចញ្ញាយតនជ្ឈាន គឺលះបង់ វៀរបង់ បោះបង់ កន្លងបង់ កន្លងរំលង ប្រព្រឹត្ត​កន្លង នូវ​សមាបត្តិ​ទាំង ៦ ខាងក្រោម ហើយ​អាស្រ័យ ផ្តេកផ្តិត ចូលមកជិត ចូលមក​ជិតព្រម ឱនចុះ ចុះស៊ប់​កាន់​អាកិញ្ចញ្ញាយតន​សមាបត្តិ ហេតុនោះ (ទ្រង់​ត្រាស់ថា) លះបង់​សមាបត្តិ​ដទៃ អាស្រ័យ​អាកិញ្ចញ្ញាយតនជ្ឈាន។​

[២៥៦] ពាក្យថា ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ សេចក្តី​ថា សញ្ញាសមាបត្តិ​ទាំង ៧ ហៅថា សញ្ញាវិមោក្ខ។ អាកិញ្ចញ្ញាយតនសមាបត្តិ ជាវិមោក្ខ​ដ៏ប្រសើរ​ផង វិសេស​ផង ប្រសើរវិសេស​ផង ជាប្រធាន​ផង ឧត្តមផង ​ថ្លៃថ្លាផង​ ជាង​សញ្ញាសមាបត្តិ​ទាំង​នោះ។ បុគ្គល​ចុះចិត្តស៊ប់​ក្នុង​សញ្ញាវិមោក្ខ​ដ៏ប្រសើរ ជាកំពូល ​វិសេស ប្រសើ​រវិសេស ជាប្រធាន ឧត្តម ថ្លៃថ្លា ដោយ​អធិមុត្តវិមោក្ខ មានចិត្ត​ឱនចុះ​ក្នុង​សញ្ញាវិមោក្ខនោះ ចុះចិត្តស៊ប់​ក្នុង​សញ្ញាវិមោក្ខ​នោះ ត្រាច់ទៅ​កាន់​សញ្ញាវិមោក្ខ​នោះ ច្រើនដោយ​សញ្ញាវិមោក្ខ​នោះ ធ្ងន់ក្នុង​សញ្ញាវិមោក្ខ​នោះ ឱនទៅកាន់​សញ្ញាវិមោក្ខ​នោះ ទោរទៅកាន់​សញ្ញាវិមោក្ខ​នោះ ឈមទៅ​កាន់​សញ្ញាវិមោក្ខ​នោះ មាន​សញ្ញាវិមោក្ខ​នោះជា​អធិបតី ហេតុនោះ (ទ្រង់​ត្រាស់ថា) ចុះចិត្ត​ស៊ប់ក្នុង​សញ្ញាវិមោក្ខ​ដ៏ប្រសើរ។ ​

[២៥៧] ពាក្យថា បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បីតាំង​នៅក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​នោះបាន ត្រង់ពាក្យថា គប្បីតាំងនៅ គឺ​គប្បីតាំង​នៅអស់​ពាន់នៃកប្ប ៦០។ ពាក្យថា ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាននោះ គឺក្នុង​អាកិញ្ចញ្ញាយតនៈ។ ពាក្យថា ជាអ្នកមិន​ឃ្លាត គឺជាអ្នកមិន​បោះបង់ មិនកំរើក មិនទៅប្រាស មិនវិនាស មិន​សាបសូន្យ។ ឬថា មិនត្រេកអរ មិនប្រទូស្ត មិនវង្វេង មិនលំបាក ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ ជា​អ្នកមិនឃ្លាត គប្បីតាំង​នៅក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​នោះបាន។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាល​ឧបសីវៈ) បុគ្គលណា មិនមាន​តម្រេកក្នុង​កាម​ទាំងឡាយ​ទាំងពួង លះបង់​សមាបត្តិ​ដទៃ អាស្រ័យ​អាកិញ្ចញ្ញាយតនជ្ឈាន ចុះ​ចិត្តស៊ប់​ក្នុង​សញ្ញាវិមោក្ខ​ដ៏ប្រសើរ បុគ្គលនោះ ជាអ្នក​មិនឃ្លាត គប្បីតាំង​នៅ​ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​នោះបាន។ ​

[២៥៨] (ឧបសីវមាណពទូលសួរថា) បពិតព្រះអង្គជា​សមន្តចក្ខុ បើបុគ្គល​នោះ​ជាអ្នក​សាបសូន្យ គប្បីតាំង​នៅក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​នោះ សូម្បី​អស់គំនរ​នៃឆ្នាំ​ទាំងឡាយ បុគ្គលនោះ គប្បីជា​អ្នកត្រជាក់ រួចស្រឡះ​ក្នុង​អាកិញ្ចញ្ញា​យតនជ្ឈាន​នោះឯង​ចុះ វិញ្ញាណ​របស់បុគ្គល​មានសភាព​ដូច្នោះ ត្រូវ​កើតទៀត​ឬទេ។

[២៥៩] ពាក្យថា បើបុគ្គលនោះ ជាអ្នកមិនសាបសូន្យ គប្បីតាំង​នៅក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​នោះ ត្រង់ពាក្យថា បើបុគ្គលនោះ គប្បីតាំងនៅ គឺ​ប្រសិនបើ​បុគ្គលនោះ​គប្បីតាំងនៅ​អស់ពាន់​នៃកប្ប ៦០។ ពាក្យថា ក្នុងនោះ គឺក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន។ ពាក្យថា ជាអ្នក​មិនសាបសូន្យ គឺជាអ្នក​មិនឃ្លាត មិនកំរើក មិនទៅប្រាស ​មិនវិនាស ​មិនសាបសូន្យ ឬថា ជាអ្នក​មិនត្រេកអរ មិនប្រទូស្ត មិនវង្វេង មិនលំបាក ហេតុនោះ (លោកសួរថា) បើបុគ្គលនោះ ជាអ្នក​មិនសាបសូន្យ គប្បីតាំងនៅ​ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​នោះ។​

[២៦០] ពាក្យថា បពិត្រព្រះអង្គជាសមន្តចក្ខុ … សូម្បីអស់គំនរ​នៃឆ្នាំ​ទាំងឡាយ ត្រង់ពាក្យថា សូម្បី​អស់គំនរ​នៃឆ្នាំ​ទាំងឡាយ គឺសូម្បី​អស់ពួកនៃ​ឆ្នាំទាំងឡាយ នៃឆ្នាំ​ដ៏​ច្រើន នៃរយឆ្នាំ​ដ៏ច្រើន នៃពាន់ឆ្នាំ​ដ៏ច្រើន នៃសែនឆ្នាំដ៏​ច្រើន នៃរយកប្ប​ដ៏ច្រើន នៃពាន់កប្ប​ដ៏ច្រើន នៃសែនកប្ប​ដ៏ច្រើន។ ពាក្យថា បពិត្រ​ព្រះអង្គ​ជា​សមន្តចក្ខុ សេចក្តីថា សព្វញ្ញុតញ្ញាណ ហៅថា សមន្តចក្ខុ។បេ។ ព្រះតថាគត ព្រះនាមថា សមន្តចក្ខុ ដោយ​ហេតុនោះ ហេតុនោះ (លោកសួរថា) បពិត្រ​ព្រះអង្គ​ជាសមន្តចក្ខុ… សូម្បីអស់​គំនរនៃ​ឆ្នាំទាំងឡាយ។ ​

[២៦១] ពាក្យថា បុគ្គលនោះ គប្បីជាអ្នកត្រជាក់ រួចស្រឡះ​ក្នុង​អាកិញ្ចញ្ញាយតន​ជ្ឈាន​នោះឯង ចុះវិញ្ញាណ​របស់បុគ្គល​មានសភាព​ដូច្នោះ ត្រូវកើត​ទៀតឬទេ គឺ​ព្រះឧបសីវៈ ​សួរនូវការ​ទៀងទាត់ផង ការដាច់​សូន្យផង របស់បុគ្គល​ដែលកើត​ហើយ​ក្នុង​អាកិញ្ចញ្ញាយតនៈ​ថា ​បុគ្គលនោះ ដល់នូវ​ភាពជាអ្នក​ត្រជាក់ ក្នុង​អាកិញ្ចញ្ញៈ​នោះឯង ជាបុគ្គល​ទៀង ឋិតថេរ មិនប្រែប្រួល​ជាធម្មតា គប្បីតាំង​នៅក្នុង​អាកិញ្ចញ្ញៈ​នោះឯង ស្មើដោយ​សស្សតិវត្ថុ ឬថា វិញ្ញាណ​របស់បុគ្គល​នោះ គប្បីឃ្លាត ដាច់សូន្យ វិនាស មិន​គប្បីកើត គឺ​បដិសន្ធិវិញ្ញាណ មិនគប្បីកើត​ក្នុងកាមធាតុក្តី ក្នុងរូបធាតុក្តី ក្នុង​អរូបធាតុ​ក្តី មួយទៀត លោកសួរ​នូវ​បរិនិព្វានផង បដិសន្ធិផង របស់បុគ្គល​ដែលកើត​ហើយ​ក្នុង​អាកិញ្ចញ្ញាយតនៈ​ថា (បុគ្គលនោះ) គប្បី​បរិនិព្វាន ដោយ​អនុបាទិសេសនិព្វានធាតុ ក្នុង​អាកិញ្ចញ្ញាយតនៈ​នោះឯង ឬថា វិញ្ញាណ​របស់បុគ្គល​នោះ គប្បីឃ្លាត គឺ​បដិសន្ធិវិញ្ញាណ គប្បីកើត​ទៀត​ក្នុងកាមធាតុក្តី ក្នុងរូបធាតុក្តី ក្នុងអរូបធាតុក្តី។ ពាក្យថា របស់បុគ្គល​មាន​សភាពដូច្នោះ​ គឺរបស់បុគ្គល​មានសភាព​បែបនោះ ប្រហែល​ដូច្នោះ ទ្រង់ទ្រាយ​ដូច្នោះ មាន​ប្រការ​ដូច្នោះ មានចំណែក​ប្រៀបដូច្នោះ កើត​ហើយក្នុង​អាកិញ្ចញ្ញាយតនៈ ហេតុនោះ (លោកសួរថា) បុគ្គលនោះ គប្បីជា​អ្នកត្រជាក់ រួច​ស្រឡះ​ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​នោះឯង ចុះវិញ្ញាណ​របស់​បុគ្គល​មានសភាព​ដូច្នោះ គប្បីកើត​ទៀតឬទេ។ ហេតុនោះ ព្រាហ្មណ៍នោះ​ពោលថា

បពិត្រព្រះអង្គជាសមន្តចក្ខុ បើបុគ្គលនោះ ជាអ្នក​មិនសាបសូន្យ គប្បីតាំង​នៅ​ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​នោះ សូម្បីអស់​គំនរនៃឆ្នាំ​ទាំងឡាយ បុគ្គលនោះ គប្បីជា​អ្នក​ត្រជាក់ រួចស្រឡះ​ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​នោះឯង ចុះវិញ្ញាណ​របស់​បុគ្គល​មានសភាព​ដូច្នោះ ត្រូវកើត​ទៀតឬទេ។

[២៦២] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​ឧបសីវៈ) អណ្តាតភ្លើង​ដែល​ត្រូវកំឡាំង​ខ្យល់ផាត់​ហើយ រមែងដល់​នូវការ​រលត់ មិនដល់​នូវការ​រាប់ (ថា ទៅក្នុង​ទីណា)  យ៉ាងណា មុនិ រួចស្រឡះ​ហើយចាក​នាមកាយ រមែង​ដល់នូវ​ការរលត់ មិនដល់​នូវការរាប់ (ថា ទៅក្នុង​ទីណា) ក៏យ៉ាង​នោះដែរ។

[២៦៣] ពាក្យថា អណ្តាតភ្លើង ដែលត្រូវកំឡាំងខ្យល់ផាត់ហើយ​យ៉ាងណា សេចក្តី​ថា អណ្តាត​នៃភ្លើង លោកហៅថា អណ្តាតភ្លើង។ ពាក្យថា ខ្យល់ គឺ ខ្យល់​ទិសខាងកើត ខ្យល់ទិស​ខាងលិច ខ្យល់ទិស​ខាងជើង ខ្យល់ទិស​ខាងត្បូង ខ្យល់មាន​ធូលី ខ្យល់​មិនមាន​ធូលី ខ្យល់ត្រជាក់ ខ្យល់ក្តៅ ខ្យល់ខ្លាំងក្លា ខ្យល់កំបុតត្បូង ខ្យល់​អំពី​ស្លាបសត្វ ខ្យល់​អំពីគ្រុឌ ខ្យល់អំពី​ស្លឹកត្នោត ខ្យល់កើត​អំពីការបក់។ ពាក្យថា ដែលត្រូវ​កំឡាំង​ខ្យល់ផាត់​ហើយ គឺកំឡាំង​ខ្យល់ផាត់​ហើយ ផាត់ឡើង​ហើយ បន្ទោបង់​ហើយ បន្ទោបង់​ចោលហើយ ញាំញី​ហើយ សង្កត់​សង្កិនហើយ ហេតុនោះ (ទ្រង់ត្រាស់​ថា) អណ្តាតភ្លើង ដែល​ត្រូវកំឡាំង​ខ្យល់ផាត់​ហើយ​យ៉ាងណា។ ត្រង់ពាក្យថា ម្នាល​ឧបសីវៈ នៃបទថា ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​ឧបសីវៈ គឺ​ព្រះមានព្រះភាគ ត្រាស់​ហៅ​ព្រាហ្មណ៍នោះ ដោយ​ចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ​នេះ ជាពាក្យ​ពោល​ដោយ​គោរព។បេ។ ការបញ្ញត្តិ​ថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការធ្វើ​ឲ្យជាក់​ច្បាស់ ហេតុនោះ (ទើប​មានពាក្យ​ថា) ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​ឧបសីវៈ។

[២៦៤] ពាក្យថា ដល់នូវការរលត់ មិនដល់នូវការរាប់ ត្រង់ពាក្យថា ដល់នូវការ​រលត់ គឺដល់​នូវការបាត់ ទៅបាត់ ដល់នូវ​ការបាត់ រលត់ រម្ងាប់ ស្ងប់រម្ងាប់។ ពាក្យថា មិនដល់​នូវការរាប់ គឺមិន​ដល់នូវ​ការពោល មិនដល់​នូវការ​សំដែងឡើង មិនដល់​នូវការ​គណនា មិនដល់​នូវការ​បញ្ញត្តិថា ​(ភ្លើងនោះ) ទៅកាន់​ទិសឯណោះ ហេតុនោះ (ទ្រង់​ត្រាស់ថា) ដល់នូវ​ការរលត់ មិនដល់​នូវការរាប់។

[២៦៥] ពាក្យថា មុនិរួចស្រឡះហើយ​ចាកនាមកាយ​ ក៏យ៉ាងនោះដែរ ​ត្រង់ពាក្យ យ៉ាងនោះ គឺជាពាក្យ​ញុំាងសេចក្តី​ឧបមា​ឲ្យសម្រេច។ ពាក្យថា មុនិ ​សេចក្តីថា ញាណ លោក​ហៅថា មោនៈ។បេ។ មុនិនោះ ប្រព្រឹត្ត​កន្លងនូវ​បណ្តាញនៃ​សេចក្តី​ជាប់ចំពាក់។ ពាក្យថា រួចស្រឡះ​ហើយចាក​នាមកាយ គឺមុនិនោះ រួចស្រឡះ​ហើយ​ចាកនាមកាយ ក្នុង​កាលមុន​ដោយ​ប្រក្រតីផង រួចស្រឡះ​ហើយ​ចាករូបកាយ​ផង លះបង់​ហើយដោយ​វិក្ខម្ភនប្បហានៈ ព្រោះប្រព្រឹត្ត​កន្លងនូវ​តទង្គប្បហានៈ អរិយមគ្គ​ទាំង ៤ មុនិនោះ អាស្រ័យ​នូវភព​ទីបំផុត​បានហើយ ឯនាមកាយ និង​រូបកាយ លោកកំណត់​ដឹងហើយ ព្រោះ​បាននូវ​អរិយមគ្គ​ទាំង ៤ លោក​រួចហើយ រួចស្រឡះ​ហើយ ចាកនាមកាយ និង​រូបកាយ ព្រោះ​កំណត់ដឹង​នាមកាយ និង​រូបកាយ ដោយ​អច្ចន្តវិមោក្ខ ហេតុនោះ (ទ្រង់​ត្រាស់ថា) មុនិ​រួចស្រឡះហើយ​ចាកនាមកាយ ក៏​យ៉ាងនេះ​ដែរ។

[២៦៦] ពាក្យថា ដល់នូវការរលត់ មិនដល់ការរាប់ ត្រង់ពាក្យថា ដល់នូវ​ការរលត់ គឺ​មុនិ​បរិនិព្វាន​ដោយ​អនុបាទិសេសនិព្វានធាតុ ​បរិនិព្វាន​ហើយ​ដោយ​អនុបាទិសេសនិព្វាន​ធាតុ។ ពាក្យថា មិនដល់​នូវការរាប់ ​គឺមិនដល់​នូវការពោល មិនដល់​នូវការ​សំដែងឡើង មិនដល់​នូវការ​គណនា មិនដល់​នូវការ​បញ្ញត្តិថា ក្សត្រិយ៍ក្តី ថាព្រាហ្មណ៍ក្តី ថាវេស្សៈក្តី ថាសុទ្ទៈក្តី ថាគ្រហស្ថក្តី ថាបុព្វជិតក្តី ថាទេវតាក្តី ថាមនុស្សក្តី ថាមានរូបក្តី ថាឥតរូបក្តី ថាមាន​សញ្ញាក្តី ថាឥតសញ្ញាក្តី ថាមាន​សញ្ញា​ក៏មិនមែន មិនមាន​សញ្ញាក៏​មិនមែនក្តី មុនិ​គប្បីដល់​នូវការរាប់ ដោយ​ហេតុណា ហេតុនោះ​មិនមាន បច្ច័យ​មិនមាន សមុដ្ឋានមិន​មាន ហេតុនោះ ​(ទ្រង់​ត្រាស់ថា) ដល់នូវ​ការរលត់ មិនដល់​នូវការរាប់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាល​ឧបសីវៈ) អណ្តាតភ្លើង​ដែលត្រូវ​កំឡាំង​ខ្យល់​ផាត់ហើយ រមែង​ដល់នូវ​ការរលត់ មិនដល់​នូវការរាប់ (ថាទៅក្នុង​ទីណា) យ៉ាងណា មុនិរួច​ស្រឡះ​ហើយចាក​នាមកាយ រមែងដល់​នូវ​ការរលត់ មិនដល់​នូវការរាប់ (ថាទៅក្នុង​ទីណា) ក៏យ៉ាង​នោះដែរ។ ​

[២៦៧] (ឧបសីវមាណព ​ក្រាបទូលថា) បុគ្គលនោះ ដល់នូវការ​រលត់ ឬថា បុគ្គល​នោះលែង​មាន ពុំនោះសោត បុគ្គលនោះ​មិនមាន​រោគ ប្រៀបដោយ​សស្សតិវត្ថុ បពិត្រ​ព្រះមុនិ ​សូមព្រះអង្គ​សំដែង​ប្រាប់ខ្ញុំ​ព្រះអង្គ​ឲ្យជាក់ច្បាស់ នូវហេតុនោះ ដ្បិតថា ធម៌នុ៎ះ ព្រះអង្គ​ជ្រាបហើយ។ ​

[២៦៨] ពាក្យថា បុគ្គលនោះ ដល់នូវការរលត់ ឬថា បុគ្គលនោះ​លែងមាន គឺ​បុគ្គលនោះ ដល់នូវ​ការបាត់ ឬថាបុគ្គល​នោះមិនមាន គឺថា បុគ្គលនោះ​រលត់ ​ដាច់សូន្យ វិនាស​​ហើយ ហេតុនោះ ​(លោកសួរថា) បុគ្គលនោះ ដល់នូវការ​រលត់ ឬថា ​បុគ្គលនោះ លែងមាន។ ​

[២៦៩] ពាក្យថា ពុំនោះសោត បុគ្គលនោះ មិនមានរោគ ប្រៀប​ដោយ​សស្សតិវត្ថុ គឺ​ពុំនោះ​សោត បុគ្គលនោះ ​ទៀងទាត់ ឋិតថេរ មិនប្រែប្រួល​ជាធម្មតា គប្បី​ឋិតនៅ​ក្នុង​អាកិញ្ចញ្ញាយតនៈ​នោះឯង ស្មើដោយ​សស្សតិវត្ថុ ហេតុនោះ (លោក​សួរថា) ពុំនោះសោត បុគ្គលនោះ​ មិនមានរោគ ប្រៀបដោយ​សស្សតិវត្ថុ។

[២៧០] ពាក្យថា នោះ នៃបទថា បពិត្រ​ព្រះមុនិ សូមព្រះអង្គ​សំដែង​ប្រាប់ខ្ញុំ​ព្រះអង្គ ឲ្យ​ជាក់ច្បាស់​នូវហេតុនោះ គឺខ្ញុំ​ព្រះអង្គ​សួរនូវ​ហេតុណា អង្វរ​នូវហេតុ​ណា អារាធនា​នូវហេតុណា ជ្រះថ្លានូវ​ហេតុណា។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា​មោនៈ។បេ។ មុនិនុ៎ះ ​ប្រព្រឹត្តកន្លង​នូវបណ្តាញ គឺសេចក្តី​ជាប់ចំពាក់។ ពាក្យថា ​សូមព្រះអង្គ​សំដែងឲ្យ​ជាក់ច្បាស់ គឺសូម​ព្រះអង្គ​ប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក ចែក ធ្វើឲ្យងាយ ប្រកាស ហេតុនោះ (លោកសួរថា) បពិត្រ​ព្រះមុនិ សូមព្រះអង្គ​សំដែង​ប្រាប់ខ្ញុំ​ព្រះអង្គ​ឲ្យជាក់ច្បាស់​នូវហេតុនោះ។

[២៧១] ពាក្យថា ដ្បិតថា ធម៌នុ៎ះ ព្រះអង្គជ្រាបហើយ គឺព្រោះថា ធម៌នុ៎ះ ព្រះអង្គ​ជ្រាប យល់ ថ្លឹង ពិចារណា ចំរើន​ ធ្វើឲ្យ​ប្រាកដ​ហើយ ហេតុនោះ (លោកសួរថា) ដ្បិតថា ធម៌នុ៎ះ ព្រះអង្គ​ជ្រាបហើយ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

បុគ្គលនោះដល់នូវការរលត់ ឬថា បុគ្គលនោះ​លែងមាន ពុំនោះសោត (បុគ្គល​នោះ) មិនមាន​រោគប្រៀប​ដោយ​សស្សតិវត្ថុ ​បពិត្រ​ព្រះមុនិ សូមព្រះអង្គ​សំដែងប្រាប់​ខ្ញុំព្រះអង្គ​ឲ្យជាក់ច្បាស់ នូវហេតុនោះ ​ដ្បិតថា ធម៌នុ៎ះ ព្រះអង្គ​ជ្រាបហើយ។

[២៧២] (ព្រះមានព្រះភាគត្រាស់ថា ម្នាល​ឧបសីវៈ)​ បុគ្គលដែល​រលត់​ហើយ ប្រមាណ​ពុំមានទេ បុគ្គល​ទាំងឡាយ ពោល​ចំពោះ​បុគ្គលនោះ​ដោយ​កិលេស​ណា កិលេសនុ៎ះ របស់​បុគ្គលនោះ​ មិនមានឡើយ​ កាលបើ​ធម៌ទាំង​ពួង បុគ្គល​គាស់រំលើង​អស់ហើយ ​សូម្បី​គន្លង​នៃវាទៈ​ទាំងពួង ​ក៏បុគ្គល​នោះ គាស់​រំលើង​ហើយ​ដែរ។ ​

[២៧៣] ពាក្យថា បុគ្គលដែលរលត់ហើយ ប្រមាណ​ពុំមានទេ សេចក្តីថា បុគ្គល​ដែល​រលត់​ហើយ គឺដែល​បរិនិព្វាន​ហើយ​ដោយ​អនុបាទិសេសនិព្វានធាតុ ប្រមាណ​គឺរូបមិន​មាន ប្រមាណ​គឺវេទនា​មិនមាន ប្រមាណ គឺសញ្ញា​មិនមាន ប្រមាណ គឺសង្ខារ​មិនមាន ប្រមាណ គឺវិញ្ញាណ​មិនមាន មិនមាន​សោះ ដែលមិន​បាន គឺលោក​លះបង់​ហើយ លះបង់​ផ្តាច់ហើយ រម្ងាប់ហើយ ស្ងប់រម្ងាប់​ហើយ ធ្វើមិនគួរ​ឲ្យកើត​ឡើងបាន​ដុតដោយ​ភ្លើង​គឺ​ញាណហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ដែលរលត់​ហើយ ប្រមាណ​ពុំមានទេ។ ពាក្យថា ម្នាល​ឧបសីវៈ នៃបទថា ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​ឧបសីវៈ​គឺ​ព្រះមានព្រះភាគ ត្រាស់​ហៅព្រាហ្មណ៍​នោះ ដោយចំ​ឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ នេះជា​ពាក្យពោល​ដោយ​គោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការ​ធ្វើឲ្យ​ជាក់ច្បាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​ឧបសីវៈ។​​

[២៧៤] ពាក្យថា បុគ្គលទាំងឡាយ ពោលចំពោះ​បុគ្គលនោះ ដោយ​កិលេស​ណា កិលេស​នុ៎ះ របស់បុគ្គល​នោះ មិនមាន​ឡើយ អធិប្បាយ​ថា បុគ្គលទាំ​ងឡាយ គប្បីពោល​ដោយ​រាគៈណា ពោលដោយ​ទោសៈណា ​ពោលដោយ​មោហៈណា ពោលដោយ​មានះ​ណា ពោលដោយ​ទិដ្ឋិណា ពោលដោយ​ឧទ្ធច្ចៈ​ណា ពោលដោយ​វិចិកិច្ឆា​ណា ពោលដោយ​អនុស័យ​ណា ថា បុគ្គលនេះ​ជាអ្នក​ត្រេកអរ ឬ​ជាអ្នក​ប្រទូស្ត ជាអ្នក​វង្វេង ឬជាអ្នក​ជាប់ចំពាក់ ជាអ្នក​ស្ទាបអង្អែល ឬ​ជាអ្នក​ដល់នូវ​ការរាយមាយ ជាអ្នក​ដល់នូវ​ការមិន​សម្រេច ឬជា​អ្នកដល់​នូវកំឡាំង អភិសង្ខារ​ទាំងនោះ បុគ្គលនោះ​លះបង់​ហើយ ព្រោះ​លះបង់​អភិសង្ខារ​ទាំងឡាយ​ហើយ ជន​ទាំងឡាយ គប្បី​ពោលដោយ​ហេតុណា តាម​គតិថា បុគ្គលនោះ​ជាសត្វ​នរក ឬជា​អ្នកយក​កំណើត​ជាតិរច្ឆាន ជា​បិត្តិវិស័យ ជា​មនុស្ស ទេវតា ជារបស់​មានរូប ឥតរូប មានសញ្ញា ឥតសញ្ញា ឬថាជា​សត្វមាន​សញ្ញា​ក៏មិនមែន ឥតសញ្ញា​ក៏មិនមែន បុគ្គល​គប្បីពោល និយាយ ហៅ ដោយ​ហេតុណា​ហេតុនោះ​មិនមាន បច្ច័យមិនមាន សមុដ្ឋាន​មិនមាន ​ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​ទាំងឡាយ ពោលនូវ​បុគ្គលនោះ ដោយ​កិលេសណា កិលេសនុ៎ះ របស់​បុគ្គល​នោះ មិនមាន​ទេ។ ​

[២៧៥] ពាក្យថា កាលបើធម៌ទាំងពួង បុគ្គលនោះ​គាស់រំលើង​អស់ហើយ គឺកាល​បើធម៌​ទាំងអស់ ​ខន្ធទាំងអស់ អាយតនៈ​ទាំងអស់ ធាតុ​ទាំងអស់ គតិ​ទាំងអស់ ឧបបត្តិ​ទាំងអស់ បដិសន្ធិ​ទាំងអស់ ភពទាំងអស់ សំសារ​ទាំងអស់ វដ្តៈ​ទាំងអស់ បុគ្គលនោះ គាស់ គាស់​រំលើង រើ រើឡើង បោចរោច បោចរោច​ឡើង លះបង់ ក្របែល រម្ងាប់ ឲ្យ​ស្ងប់រម្ងាប់ ធ្វើមិន​គួរឲ្យ​កើតឡើងបាន​ ដុតដោយ​ភ្លើងគឺញាណ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) កាលបើ​ធម៌ទាំងពួង បុគ្គលនោះ គាស់រំលើង​អស់ហើយ។

[២៧៦] ពាក្យថា សូម្បីគន្លងនៃវាទៈទាំងពួង បុគ្គលនោះ គាស់រំលើងអស់​ហើយ​ដែរ សេចក្តីថា កិលេស ខន្ធ និងអភិសង្ខារ​ទាំងឡាយ លោកហៅថា គន្លង​នៃវាទៈ។ វាទៈ គន្លង​នៃវាទៈ ឈ្មោះ គន្លង​នៃឈ្មោះ សំដី គន្លង​នៃសំដី បញ្ញត្តិ និងគន្លង​នៃបញ្ញត្តិ​ទាំងឡាយ បុគ្គល​នោះគាស់​រំលើង គាស់រំលើង​ឡើង រើ រើឡើង បោចរោច បោចរោច​ឡើង លះបង់ ក្របែល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរ​ឲ្យកើតឡើង​បាន ដុត​ដោយភ្លើង​គឺញាណ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) សូម្បី​គន្លងនៃ​វាទៈ​ទាំងពួង បុគ្គល​នោះ គាស់​រំលើង​អស់ហើយ​ដែរ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ) បុគ្គលដែល​រលត់ហើយ ប្រមាណ​ពុំមាន​ទេ បុគ្គល​ទាំងឡាយ ពោល​ចំពោះបុគ្គល​នោះ​ដោយ​កិលេស​ណា កិលេសនុ៎ះ របស់​បុគ្គលនោះ មិនមាន​ឡើយ កាលបើ​ធម៌​ទាំងពួង បុគ្គល​នោះ គាស់​រំលើង​ហើយ សូម្បី​គន្លងនៃ​វាទៈ​ទាំងពួង ក៏បុគ្គល​នោះ គាស់រំលើង​ហើយដែរ។

លុះចប់គាថាហើយ។បេ។ (ឧបសីវមាណព ​ប្រកាសខ្លួន) ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ ព្រះមានព្រះភាគ ជា​ព្រះសាស្តា​របស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ​ជាសាវ័ក។

ចប់ ឧបសីវមាណវកប្បញ្ហានិទ្ទេស ទី៦។

នន្ទមាណវកប្បញ្ហានិទ្ទេស ទី៧

[២៧៧] (នន្ទៈមានអាយុ ទួលសួរដូច្នេះថា) ជនទាំងឡាយ តែង​ពោលថា ពួកមុនិ រមែង​មានក្នុង​លោក ដំណើរ​នោះ តើយ៉ាងណា ជនទាំងឡាយ តែង​ហៅបុគ្គល​ដែល​ប្រកប​ដោយញាណ ថាជាមុនិឬ ឬក៏ហៅ​បុគ្គលដែល​ប្រកប​ដោយ​ការចិញ្ចឹម​ជីវិត (ថាជា​មុនិ)។

[២៧៨] ពាក្យថា ពួកមុនិរមែងមានក្នុងលោក ត្រង់ពាក្យថា រមែងមាន គឺរមែង​មាន មានព្រម កើតមាន។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក។បេ។ ក្នុង​អាយតនលោក។ ពាក្យថា ពួកមុនិ គឺ​ពួកអាជីវក និគ្រន្ថ ជដិល តាបស មាន​ឈ្មោះថា មុនិ ហេតុនោះ​ (លោក​សួរថា) ពួកមុនិ រមែងមាន​ក្នុងលោក។​ ពាក្យថា ដូច្នេះ របស់​បទថា នន្ទៈ​មានអាយុ​ទូល​សួរដូច្នេះ គឺជា​តំណបទ។ ​ពាក្យថា មានអាយុ គឺពាក្យ​ជាទីស្រឡាញ់។ ពាក្យថា នន្ទៈ ជាឈ្មោះ។បេ។ ជាពាក្យ​សម្រាប់ហៅ​ព្រាហ្មណ៍​នោះ ហេតុនោះ (មានពាក្យថា) នន្ទៈ​មានអាយុ ទូលសួរ​ដូច្នេះ។

[២៧៩] ពាក្យថា ជនទាំងឡាយតែងពោល ដំណើរនោះតើយ៉ាងណា ត្រង់ពាក្យថា ជន​ទាំងឡាយ បានដល់​ក្សត្រ ព្រាហ្មណ៍ វេស្សៈ សូទ្រៈ គ្រហស្ថ បព្វជិត ទេវតា និង​មនុស្ស។ ពាក្យថា ពោល គឺ​សំដែង ពណ៌នា បំភ្លឺ ថ្លែង។ ពាក្យថា ដំណើរ​នោះតើ​យ៉ាងណា គឺការ​សួរដោយ​សង្ស័យ សួរដោយ​សេចក្តី​ងឿងឆ្ងល់ សួរដោយ​ការព្រែកចិត្ត សួរដោយ​ចំណែក​ជាអនេកថា យ៉ាងនេះ​ឬហ្ន៎ មិនមែន​ទេឬហ្ន៎ ដូចម្តេច​ទៅហ្ន៎ ដោយ​ប្រការដូច​ម្តេច​ហ្ន៎ ហេតុនោះ (លោកសួរថា) ជនទាំងឡាយ តែងពោល​ដំណើរនោះ​ តើយ៉ាង​ណា។

[២៨០] ពាក្យថា ជនទាំឡាយ តែងហៅបុគ្គល​ដែលប្រកប​ដោយញាណ ថាជាមុនិឬ ​សេចក្តីថា ជនទាំងឡាយ តែងពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវបុគ្គល​ដែលប្រកប​ ប្រកបព្រម ចូលទៅជិត ចូលទៅ​ជិតព្រម ដល់ ដល់ព្រម បរិបូណ៌ ដោយ​អដ្ឋសមាបត្តិញ្ញាណ​ក្តី ដោយ​បញ្ចអភិញ្ញាញាណក្តី ថាជាមុនិឬ ហេតុនោះ (លោក​សួរថា) ជនទាំងឡាយ តែងហៅ​បុគ្គលអ្នក​ប្រកប​ដោយញាណ ថាជា​មុនិឬ។

[២៨១] ពាក្យថា ឬក៏ហៅបុគ្គលដែលប្រកបដោយការ​ចិញ្ចឹមជីវិត ថាជាមុនិ សេចក្តីថា ជន​ទាំងឡាយ តែងពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវបុគ្គល​ដែលប្រកប ប្រកបព្រម ចូលទៅជិត ចូលទៅ​ជិតព្រម ដល់ ដល់ព្រម បរិបូណ៌ ដោយការ​ប្រកបរឿយ ​ៗ នូវការ​ចិញ្ចឹម​ជីវិត​ដ៏សៅហ្មង ជាអំពើ​ដែលបុគ្គល​គប្បីធ្វើ​បានដោយ​កម្រលើសលុប មានប្រការ​ផ្សេងៗ ជាអនេក​ ថាជាមុនិ ហេតុនោះ (លោកសួរថា) ឬក៏ហៅ​បុគ្គល​ប្រកប​​ដោយការ​ចិញ្ចឹមជីវិត ថាជាមុនិ។ ហេតុនោះ ព្រាហ្មណ៍នោះ​ពោលថា

(នន្ទៈមានអាយុទូលសួរដូច្នេះថា) ជនទាំងឡាយ​ តែងពោលថា ពួកមុនិ រមែង​មានក្នុង​លោក ដំណើរនោះ តើយ៉ាងណា ជន​ទាំងឡាយ តែងហៅ​បុគ្គល​ដែល​ប្រកប​ហើយ​ដោយញាណ ថាជា​មុនិ​ឬ ឬក៏ហៅ​បុគ្គលដែល​ប្រកប​ដោយ​ការចិញ្ចឹម​ជីវិត​ ថាជាមុនិ។

[២៨២] (ព្រះមានព្រះភាគត្រាស់ថា) ម្នាលនន្ទៈ ជនអ្នក​ឈ្លាសវៃ​ទាំងឡាយ តែងហៅ​បុគ្គល​ថាមុនិ​ក្នុងលោកនេះ មិនមែន​ព្រោះការ​ឃើញ មិនមែន​ព្រោះការឮ មិនមែន​ព្រោះ​ញាណទេ ពួកបុគ្គល​ណា ធ្វើសេនា​ឲ្យ​វិនាស ជាអ្នក​មិនមាន​ទុក្ខ មិនមាន​សេចក្តី​ប្រាថ្នា ប្រព្រឹត្តនៅ តថាគត​ហៅ​ពួកបុគ្គល​នោះ ថាមុនិ។

[២៨៣] ពាក្យថា មិនមែនព្រោះការឃើញ មិនមែន​ព្រោះការឮ មិនមែន​ព្រោះ​ញាណ​ទេ ត្រង់ពាក្យថា មិនមែន​ព្រោះការ​ឃើញ គឺមិនមែន​ព្រោះស្អាត​ដោយការ​ឃើញ។ ពាក្យថា មិនមែន​ព្រោះការឮ គឺមិនមែន​ព្រោះស្អាត​ដោយការ​ស្តាប់។ ពាក្យថា មិន​មែន​ព្រោះញាណ គឺមិនមែន​ព្រោះ​អដ្ឋសមាបត្តិញ្ញាណ​ផង មិនមែន​ព្រោះ​មិច្ឆាញាណ​ផង ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនមែន​ព្រោះការ​ឃើញ មិនមែន​ព្រោះការឮ មិនមែន​ព្រោះ​ញាណទេ។

[២៨៤] អធិប្បាយពាក្យថា ម្នាលនន្ទៈ ជនអ្នកឈ្លាសវៃ​ទាំងឡាយ តែងហៅ​បុគ្គល​ថា​មុនិក្នុង​លោកនេះ ត្រង់ពាក្យថា អ្នកឈ្លាស​វៃទាំងឡាយ បានដល់ ពួកបុគ្គល​ណា ជាអ្នក​ឈ្លាសវៃ​ក្នុងខន្ធ អ្នក​ឈ្លាសវៃ​ក្នុងធាតុ អ្នក​ឈ្លាសវៃ​ក្នុងអាយតនៈ អ្នក​ឈ្លាសវៃ​ក្នុង​បដិច្ចសមុប្បាទ ​អ្នកឈ្លាសវៃ​ក្នុង​សតិប្បដ្ឋាន អ្នក​ឈ្លាសវៃ​ក្នុង​សម្មប្ប​ធាន អ្នកឈ្លាសវៃ​ក្នុង​ឥទ្ធិបាទ អ្នកឈ្លាស​វៃក្នុង​ឥន្ទ្រិយ អ្នកឈ្លាស​វៃក្នុងពលៈ អ្នកឈ្លាស​វៃក្នុង​ពោជ្ឈង្គ អ្នក​ឈ្លាសវៃ​ក្នុងមគ្គ អ្នក​ឈ្លាសវៃ​ក្នុងផល អ្នក​ឈ្លាសវៃ​ក្នុងនិព្វាន បុគ្គល​អ្នកឈ្លាសវៃ​ទាំងឡាយ​នោះ មិនពោល មិនសំដែង មិនពណ៌នា មិនបំភ្លឺ មិនថ្លែង នូវបុគ្គល​ដែល​ប្រកប ប្រកបព្រម ចូលទៅជិត ចូលទៅ​ជិតព្រម ដល់ ដល់ព្រម បរិបូណ៌ ដោយការ​ស្អាត​ព្រោះការ​ឃើញក្តី ដោយការ​ស្អាតព្រោះ​ការឮក្តី ដោយ​អដ្ឋសមាបត្តិញ្ញាណ​ក្តី ដោយ​មិច្ឆាញាណ​ក្តី ថាជា​មុនិទេ ហេតុនោះ (ទ្រង់​ត្រាស់ថា) ម្នាល​នន្ទៈ ជន​អ្នកឈ្លាសវៃ​ទាំងឡាយ តែងហៅ​បុគ្គលថា​មុនិក្នុង​លោកនេះ។

[២៨៥] ពាក្យថា ពួកបុគ្គលណា ធ្វើសេនាឲ្យវិនាស ជាអ្នក​មិនមាន​ទុក្ខ មិនមាន​សេចក្តី​ប្រាថ្នា ប្រព្រឹត្តនៅ តថាគត​ហៅពួក​បុគ្គល​នោះថា មុនិ អធិប្បាយថា មារសេនា លោកហៅថា សេនា។ កាយទុច្ចរិត ជាមារសេនា វចីទុច្ចរិត​ជាមារសេនា មនោទុច្ចរិត​ជា​មារសេនា រាគៈជា​មារសេនា ទោសៈជា​មារសេនា មោហៈជា​មារសេនា កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់ក្រវាយ​ទាំងពួង សេចក្តី​ក្រហល់​ក្រហាយ​ទាំងពួង សេចក្តី​អន្ទះអន្ទែង​ទាំងពួង អកុសលាភិសង្ខារ​ទាំងពួង ជា​មារសេនា។ សមដូច​ព្រះពុទ្ធដីកា​នេះ ដែល​ព្រះមានព្រះភាគ​ត្រាស់ថា

កាម ជាសេនាទី ១ របស់អ្នក សេចក្តី​មិនត្រេកអរ ហៅថា សេនាទី ២ សេចក្តី​ស្រេក​ឃ្លាន ជាសេនាទី ៣ របស់អ្នក តណ្ហា ហៅថាសេនាទី ៤ ថីនមិទ្ធៈ ជាសេនាទី ៥ របស់អ្នក សេចក្តីតក់ស្លុត ហៅថា សេនាទី ៦ វិចិកិច្ឆា ជាសេនាទី ៧ របស់​អ្នក សេចក្តី​លុបគុណ សេចក្តី​រឹងត្អឹង ជាសេនាទី ៨ របស់អ្នក លាភ សេចក្តី​សរសើរ សក្ការៈ យសដែល​បានខុស​ផង បុគ្គល​លើកតំកើង​ខ្លួនឯង​ផង បង្អាប់​បង្អោន​អ្នកដទៃ​ផង ម្នាលមារ​ នុ៎ះជាសេនា​របស់អ្នក ជាកិលេស បំផ្លាញនូវ​បុគ្គល​ចិត្តខ្មៅ ឯបុគ្គល​អ្នកមិនក្លៀវក្លា រមែង​មិនឈ្នះនូវ​កិលេស​នោះទេ លុះតែ​បុគ្គល​ឈ្នះហើយ ទើបបាន​សុខ។

កាលណាមារសេនាទាំងពួងផង កិលេស​ទាំងពួងផង បុគ្គល​បានឈ្នះ​ហើយ ផ្ចាញ់​ហើយ បំបាត់​ចោលហើយ លុបលាង​ចោលហើយ ក្នុងទី​កំបាំងមុខ ដោយ​អរិយមគ្គ​ទាំង ៤ ​បុគ្គល​ទាំងនោះ លោកពោលថា ធ្វើសេនាឲ្យវិនាស។ ពាក្យថា មិនមានទុក្ខ សេចក្តី​ថា រាគៈ​ជាទុក្ខ ទោសៈ​ជាទុក្ខ មោហៈ​ជាទុក្ខ កោធៈ​ជាទុក្ខ ឧបនាហៈ​ជាទុក្ខ។បេ។ អកុសលាភិសង្ខារ​ទាំងអស់​ជាទុក្ខ។ ទុក្ខ​ទាំងនោះ បុគ្គល​ទាំងឡាយ​ណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ ធ្វើមិនគួរ​ឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺ​ញាណហើយ បុគ្គល​ទាំងនោះ លោកហៅថា អ្នកមិន​មានទុក្ខ។ ពាក្យថា មិនមាន​សេចក្តី​ប្រាថ្នា សេចក្តី​ថា តណ្ហា ​លោកហៅថា សេចក្តី​ប្រាថ្នា បានខាង​តម្រេក តម្រេក​ដ៏មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តី​ប្រាថ្នាគឺ​តណ្ហានុ៎ះ បុគ្គល​ទាំងឡាយណា បានលះ​បង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ ធ្វើមិនគួរ​ឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺ​ញាណ​ហើយ​ បុគ្គល​ទាំងនោះ លោកហៅថា អ្នកមិនមាន​សេចក្តី​ប្រាថ្នា។ ពាក្យថា ពួក​បុគ្គល​ណា ធ្វើសេនា​ឲ្យវិនាស មិនមាន​ទុក្ខ មិនមាន​សេចក្តីប្រាថ្នា ប្រព្រឹត្តនៅ តថាគត​ហៅពួក​បុគ្គល​ទាំងនោះ ថាមុនិ បាន​សេចក្តីថា ព្រះអរហន្ត​ខីណាស្រព​ទាំងឡាយណា ធ្វើ​សេនា​ឲ្យវិនាស​ផង មិនមាន​ទុក្ខផង មិនមាន​សេចក្តី​ប្រាថ្នាផង ត្រាច់ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រា​ទៅ តថាគត ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវ​ព្រះអរហន្ត​ខីណាស្រព​ទាំងនោះ ថាមុនិ​ក្នុងលោក ហេតុនោះ (ទ្រង់​ត្រាស់ថា) ពួក​បុគ្គលណា ធ្វើសេនា​ឲ្យវិនាស មិនមាន​ទុក្ខ មិនមាន​សេក្តីប្រាថ្នា ប្រព្រឹត្ត​នៅ តថាគត ហៅពួក​បុគ្គល​ទាំងនោះ ថាមុនិ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ម្នាលនន្ទៈ ជនអ្នកឈ្លាសវៃទាំងឡាយ តែងហៅបុគ្គល​ថាមុនិ​ក្នុងលោកនេះ មិន​មែន​ព្រោះការ​ឃើញ មិនមែន​ព្រោះការឮ មិនមែន​ព្រោះញាណ​ទេ ​ពួកបុគ្គល​ណា ធ្វើសេនា​ឲ្យវិនាស ជាអ្នក​មិនមានទុក្ខ មិនមាន​សេចក្តី​ប្រាថ្នា ប្រព្រឹត្ត​នៅ តថាគត​ហៅពួក​បុគ្គល​ទាំងនោះ​ ថាមុនិ។ ​

[២៨៦] (នន្ទៈមានអាយុ ទូលសួរ​ដូច្នេះថា) សមណព្រាហ្មណ៍​ទាំងឡាយ​ណា​មួយនេះ ពោលថា ​សេចក្តី​បរិសុទ្ធិ​ព្រោះ​អារម្មណ៍​ដែល​ឃើញខ្លះ ដែល​ស្តាប់ឮ​ខ្លះ​ ពោលថា ​សេចក្តី​បរិសុទ្ធិ ព្រោះសីល និងវ័តខ្លះ ពោលថា សេចក្តី​បរិសុទ្ធិ ព្រោះវិធី​ច្រើនយ៉ាង​ខ្លះ (បពិត្រ​ព្រះមានព្រះភាគ) អ្នកនិរទុក្ខ សមណព្រាហ្មណ៍​ទាំងនោះ ជាអ្នក​សង្រួម​ប្រព្រឹត្ត​ក្នុងវ័តនោះ តើបាន​ឆ្លងផុត​ជាតិ និងជរា​ខ្លះដែរឬ ​បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​សូមសួរ​ព្រះអង្គ សូមព្រះអង្គ​ត្រាស់ប្រាប់​​សេចក្តីនោះ ដល់ខ្ញុំ​ព្រះអង្គ។ ​

[២៨៧] ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយ​ណាមួយ​នេះ ត្រង់ពាក្យថា ណាមួយ គឺ គ្រប់​ទាំងអស់ សព្វ​ទាំងអស់ មិនសល់ ឥតសល់ ពាក្យថា ណាមួយ នេះជា​ពាក្យ​ប្រមូល។ ពាក្យថា សមណៈ​ទាំងឡាយ គឺបុគ្គល​ណាមួយ ចូលកាន់​បព្វជ្ជា ខាងក្រៅ​អំពី​សាសនានេះ បួសជា​បរិព្វាជក។ ពាក្យថា ព្រាហ្មណ៍​ទាំងឡាយ គឺបុគ្គល​ណាមួយ ជា​ភោវាទី ហេតុនោះ (លោកសួរថា) សមណព្រាហ្មណ៍​ទាំងឡាយ​ណាមួយ​នេះ។ ពាក្យថា ដូច្នេះ របស់​បទថា នន្ទៈ​មានអាយុ​ទូលសួរ​ដូច្នេះ គឺជាតំណបទ។ ពាក្យថា មានអាយុ គឺពាក្យ​ជាទី​ស្រឡាញ់។ ពាក្យថា នន្ទៈ ជាឈ្មោះ​របស់​ព្រាហ្មណ៍​នោះ។បេ។ ជាពាក្យ​សំរាប់​ហៅព្រាហ្មណ៍​នោះ ហេតុនោះ (មាន​ពាក្យថា) នន្ទៈ​មានអាយុ​ទូលសួរ​ដូច្នេះ។

[២៨៨] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍​ដែលឃើញ​ខ្លះ ដែល​ស្តាប់​ឮខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួច​វិសេស រួចស្រឡះ ព្រោះ​អារម្មណ៍​ដែលឃើញ​ក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការ​ស្អាត ស្អាតវិសេស បរិសុទ្ធ ការរួច រួចវិសេស រួចស្រឡះ ​ព្រោះអារម្មណ៍​ដែលឮក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស ​រួច​ស្រឡះ ព្រោះ​អារម្មណ៍​ដែលឃើញ ឬដែល​ឮក្តី ហេតុ​នោះ (លោកសួរថា) ពោលថា សេចក្តី​បរិសុទ្ធិ ព្រោះ​អារម្មណ៍​ដែលឃើញ​ខ្លះ ដែល​ស្តាប់ឮខ្លះ។

[២៨៩] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះសីល និងវ័តខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះ​សីលក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួច​វិសេស រួចស្រឡះ ព្រោះវ័តក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាត​វិសេស បរិសុទ្ធិ ការរួច រួចវិសេស​ រួចស្រឡះ ព្រោះសីល និងវ័តក្តី ហេតុនោះ (លោក​សួរថា) ពោល​នូវសេចក្តី​បរិសុទ្ធិ ព្រោះសីល និងវ័តខ្លះ។

[២៩០] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះវិធី​ច្រើន​យ៉ាងខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះវ័ត និង​មង្គល​ភ្ញាក់ផ្អើល​មានប្រការ​ផ្សេង ៗ ជាអនេក ហេតុនោះ (លោកសួរថា) ពោលនូវ​សេចក្តី​បរិសុទ្ធិ ព្រោះវិធី​ច្រើនយ៉ាង​ខ្លះ។

[២៩១] អធិប្បាយពាក្យថា (បពិត្រព្រះមានព្រះភាគ) សមណព្រាហ្មណ៍​ទាំងនោះ ជាអ្នក​សង្រួម ប្រព្រឹត្ត​ក្នុងវ័តនោះ …. ដែរឬ ត្រង់ពាក្យថា ដែរឬ គឺជាសំនួរ​ដោយ​សេចក្តី​សង្ស័យ សំនួរ​ដោយ​សេចក្តី​ងឿងឆ្ងល់ សំនួរ​ដោយ​សេចក្តី​កន្ធែកចិត្ត សំនួរ​ដោយ​ចំណែក​ជាអនេក​ថា យ៉ាងនេះ​ឬហ្ន៎ មិនមែន​ទេឬហ្ន៎ ដូចម្តេច​ទៅហ្ន៎ ដោយប្រការ​ដូចម្តេច​ទៅហ្ន៎ ហេតុនោះ (លោក​សួរថា) ដែរឬ។ ពាក្យថា បុគ្គល​ទាំងនោះ បានដល់​ពួកបុគ្គល​អ្នកលុះ​ក្នុងទិដ្ឋិ។ ​ពាក្យថា បពិត្រ​ព្រះមានព្រះភាគ នេះ ជាពាក្យ​ពោល​ដោយ​គោរព។បេ។ ការបញ្ញត្តិ​ថា ​ព្រះមានព្រះភាគ (កើត) ព្រោះការ​ត្រាស់ដឹង ហេតុនោះ (លោក​សួរថា) បពិត្រ​ព្រះមានព្រះភាគ​ សមណព្រាហ្មណ៍​ទាំងនោះ ….ដែរឬ។ ពាក្យថា ជាអ្នកសង្រួម ប្រព្រឹត្ត​ក្នុងវត្ត​នោះ ត្រង់ពាក្យថា ក្នុងវត្ត​នោះ គឺក្នុង​ទិដ្ឋិរបស់​ខ្លួន ក្នុង​សេចក្តី​គួរ​របស់ខ្លួន ក្នុងសេចក្តី​គាប់ចិត្ត​របស់ខ្លួន ក្នុងលទ្ធិ​របស់ខ្លួន។ ពាក្យថា ជាអ្នក​សង្រួម គឺជា​អ្នកសង្រួម សង្រួម​ចំពោះ គ្រប់គ្រង រក្សា រវាំង។ ពាក្យថា ប្រព្រឹត្ត គឺប្រព្រឹត្ត ប្រព្រឹត្ត​ផ្សេង ៗ ទៅ ប្រព្រឹត្ត​ទៅ រក្សា យាត្រា ​ឲ្យយាត្រា​ទៅ ហេតុនោះ (លោក​សួរថា) (បពិត្រ​ព្រះមានព្រះភាគ) សមណ​ព្រាហ្មណ៍​ទាំងនោះ ជាអ្នក​សង្រួម ប្រព្រឹត្ត​ក្នុងវត្ត​នោះ … ដែរឬ។

[២៩២] ពាក្យថា (បពិត្រព្រះអង្គ) អ្នកនិរទុក្ខ សមណព្រាហ្មណ៍​ទាំងនោះ តើបាន​ឆ្លង​ជាតិ និងជរា (ដែរឬ) គឺឆ្លង ឆ្លងឡើង ឆ្លងចេញ កន្លងព្រម ប្រព្រឹត្ត​កន្លង​នូវជាតិ ជរា និង​មរណៈ។ ពាក្យថា អ្នកនិរទុក្ខ ​គឺពាក្យ​ជាទី​ស្រឡាញ់ ពាក្យថា អ្នកនិរទុក្ខ នេះជា​ពាក្យ​ពោល​ដោយគោរព កោតខ្លាច ហេតុនោះ​ (លោក​សួរថា) បពិត្រ​ព្រះអង្គ​អ្នកនិរទុក្ខ សមណ​ព្រាហ្មណ៍​ទាំងនោះ តើបាន​ឆ្លងជាតិ និងជរា​ដែរឬ។

[២៩៣] ពាក្យថា ខ្ញុំសូមសួរព្រះអង្គ របស់បទថា បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​សូមសួរ​ព្រះអង្គ សូមព្រះអង្គ​ត្រាស់ប្រាប់​សេចក្តី​នោះ ដល់ខ្ញុំ​ព្រះអង្គ ត្រង់ពាក្យថា ខ្ញុំព្រះអង្គ​​សូម​សួរព្រះអង្គ​ គឺខ្ញុំព្រះអង្គ​សូមសួរ​ព្រះអង្គ សូមអង្វរ​ព្រះអង្គ សូម​អារាធនា​ព្រះអង្គ សូមជ្រះថ្លា​នឹងព្រះអង្គ សូមព្រះអង្គ​ប្រាប់សេចក្តី​នោះ​ដល់ខ្ញុំ​ព្រះអង្គ​ឲ្យទាន ហេតុនោះ (លោក​សួរថា) ខ្ញុំព្រះអង្គ​សូមសួរ​ព្រះអង្គ។ ពាក្យថា បពិត្រ​ព្រះមានព្រះភាគ នេះជា​ពាក្យពោល​ដោយ​គោរព។បេ។ ការបញ្ញត្តិ​ថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការ​ត្រាស់ដឹង។ ពាក្យថា សូម​ព្រះអង្គ​ត្រាស់ប្រាប់​សេចក្តីនោះ​ដល់ខ្ញុំ​ព្រះអង្គ គឺសូម​ព្រះអង្គពោល ​ប្រាប់​ សំដែង បញ្ញត្ត ​តាំងទុក បើក ចែក ធ្វើឲ្យងាយ ប្រកាស ហេតុនោះ (លោក​សួរថា) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​សូមសួរ​ព្រះអង្គ សូមព្រះអង្គ​ត្រាស់​ប្រាប់​សេចក្តីនោះ​ដល់ខ្ញុំ​ព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះ​ពោលថា

(នន្ទៈមានអាយុ ទូលសួរដូច្នេះថា) សមណព្រាហ្មណ៍​ទាំងឡាយ​ណាមួយ​នេះ ពោលថា​សេចក្តី​បរិសុទ្ធិ ព្រោះ​អារម្មណ៍​ដែលឃើញខ្លះ ដែល​ស្តាប់ឮខ្លះ ពោលថា សេចក្តី​បរិសុទ្ធិ​ព្រោះ​សីល និងវត្តខ្លះ ពោលថា សេចក្តី​បរិសុទ្ធ ព្រោះ​វិធី​ច្រើន​យ៉ាង ខ្លះ (បពិត្រ​ព្រះមានព្រះភាគ) អ្នកនិរទុក្ខ សមណព្រហ្មណ៍​ទាំងនោះ ជាអ្នកសង្រួម ប្រព្រឹត្ត​ក្នុងវត្ត​នោះ តើបាន​ឆ្លងជាតិ និងជរាខ្លះ​ដែរឬ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​សូមសួរ​ព្រះអង្គ សូម​ព្រះអង្គ​ត្រាស់ប្រាប់​សេចក្តី​នោះដល់ខ្ញុំ​ព្រះអង្គ។

[២៩៤] (ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលនន្ទៈ) សមណព្រាហ្មណ៍​ទាំងឡាយ​ណាមួយ​នេះ ពោលថា សេចក្តី​បរិសុទ្ធិ​ព្រោះអារម្មណ៍​ដែលឃើញ​ខ្លះ ដែល​ស្តាប់ឮខ្លះ ពោលថា សេចក្តី​បរិសុទ្ធិ​ព្រោះ​សីល និងវត្តខ្លះ ពោលថា​សេចក្តី​បរិសុទ្ធិ ព្រោះវិធី​ច្រើនយ៉ាង​ខ្លះ សមណព្រាហ្មណ៍​ទាំងនោះ ជាអ្នក​សង្រួម ប្រព្រឹត្ត​ក្នុងសភាវៈ​នោះ ​ក៏ពិតមែន​ហើយ (ប៉ុន្តែ) តថាគត​ពោលថា សមណព្រាហ្មណ៍​ទាំងនោះ ឆ្លងជាតិ និងជរា​មិនបាន​ទេ។

[២៩៥] ពាក្យថា ណាមួយ គឺគ្រប់ទាំងអស់ សព្វទាំងអស់ មិនសល់ ឥតសល់ ពាក្យថា ណាមួយ នេះ ពាក្យប្រមូល។ ពាក្យថា សមណៈ គឺបុគ្គលណាមួយ ចូលកាន់​បព្វជ្ជា ខាងក្រៅ​អំពីសាសនា​នេះ បួសជា​បរិព្វាជក។ ពាក្យថា ព្រាហ្មណ៍ គឺបុគ្គល​ណាមួយ ជាភោវាទី ហេតុនោះ (ទ្រង់ត្រាស់ថា) សមណព្រាហ្មណ៍​ណាមួយ​នេះ។ ពាក្យ​ថា នន្ទៈ របស់បទថា ព្រះមានព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាលនន្ទៈ គឺ​ព្រះមានព្រះភាគ​ហៅ​ព្រាហ្មណ៍​នោះតាម​ឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ​នេះ ជា​ពាក្យពោល​ដោយ​គោរព។បេ។ ការបញ្ញត្តិ​ថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការ​ត្រាស់ដឹង ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រះមានព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​នន្ទៈ។

[២៩៦] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍​ដែលឃើញ​ខ្លះ ដែលស្តាប់​ឮខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួច​ស្រឡះ ព្រោះអារម្មណ៍​ដែលឃើញ​ក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការ​ស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស​ រួចស្រឡះ ព្រោះអារម្មណ៍​ដែល​ឮក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការ​ស្អាត ស្អាត​វិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះអារម្មណ៍​ដែល​ឃើញ ឬឮក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) ពោលថា​សេចក្តី​បរិសុទ្ធិ ព្រោះអារម្មណ៍​ដែល​ឃើញខ្លះ ដែលស្តាប់​ឮខ្លះ។

[២៩៧] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះសីល និងវត្ត​ខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះ​សីលក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះ​វត្តក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាត​វិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះសីល និងវត្តក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) ពោលថា​សេចក្តី​បរិសុទ្ធិ ព្រោះ​សីល និងវត្តខ្លះ។

[២៩៨] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះវិធី​ច្រើនយ៉ាង​ខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះវត្ត និងមង្គល​ភ្ញាក់ផ្អើល​មានប្រការ​ផ្សេង ៗ ជាអនេក ហេតុនោះ (ទ្រង់​ត្រាស់ថា) ពោលថា សេចក្តី​បរិសុទ្ធិ ព្រោះវិធី​ច្រើនយ៉ាង​ខ្លះ។

[២៩៩] ពាក្យថា សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកសង្រួម ប្រព្រឹត្តក្នុង​សភាវៈ​នោះ ក៏ពិតមែន​ហើយ ត្រង់ពាក្យថា ក៏ពិត​មែនហើយ គឺជា​ពាក្យតំណបទ ជាពាក្យ​ទាក់ទង​ដោយបទ ជាពាក្យ​បំពេញបទ ជាពាក្យ​ប្រជុំអក្ខរៈ ជាពាក្យ​សម្រួល​ព្យញ្ជនៈ ពាក្យថា ក៏ពិតមែន​ហើយ នេះជា​លំដាប់បទ។ ពាក្យថា សមណព្រាហ្មណ៍​ទាំងនោះ បានដល់​បុគ្គល​អ្នកលុះ​ក្នុងទិដ្ឋិ។ ពាក្យថា ក្នុងសភាវៈនោះ​ គឺក្នុង​ទិដ្ឋិរបស់​ខ្លួន ក្នុង​សេចក្តីគួរ​របស់​ខ្លួន ក្នុងសេចក្តី​គាប់ចិត្ត​របស់ខ្លួន ក្នុងលទ្ធិ​របស់ខ្លួន។ ពាក្យថា ជាអ្នក​សង្រួម គឺជាអ្នក​សង្រួម សង្រួម​ចំពោះ គ្រប់គ្រង រក្សា រវាំង។ ពាក្យថា ប្រព្រឹត្ត គឺប្រព្រឹត្ត ប្រព្រឹត្ត​ផ្សេងៗ ទៅ​ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រា​ទៅ ហេតុនោះ (ទ្រង់​ត្រាស់ថា) សមណព្រាហ្មណ៍​ទាំងនោះ​ជាអ្នក​សង្រួម ប្រព្រឹត្ត​ក្នុងសភាវៈ​នោះ ក៏ពិតមែន​ហើយ។

[៣០០] ពាក្យថា ប៉ុន្តែតថាគតពោលថា សមណព្រាហ្មណ៍ទាំងនោះ​ ឆ្លងជាតិ និង​ជរា​​មិនបាន​ទេ គឺតថាគត ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក​​ បើក ចែក ធ្វើឲ្យរាក់ ប្រកាសថា សមណព្រាហ្មណ៍​ទាំងនោះ ឆ្លង​មិនបាន ឆ្លងឡើង​មិនបាន ឆ្លងកាត់​មិនបាន កន្លង​មិនបាន ប្រព្រឹត្ត​កន្លង​មិនបាន នូវជាតិ ជរា និងមរណៈ គឺថា ជាអ្នក​មិនឃ្លាត​ចេញ មិន​រលាស់​ចេញ មិនកន្លង មិនប្រព្រឹត្ត​កន្លង ចាកជាតិ ជរា និងមរណៈ តែងនៅ​វិលវល់ ក្នុង​ខាង​ក្នុងនៃ​ជាតិ ជរា និងមណៈ តែងវិលវល់​ក្នុងខាងក្នុង​នៃគន្លង​សង្សារ ត្រូវជាតិជាប់​តាម​ហើយ ត្រូវជរា​រឹតរួត​ហើយ ត្រូវព្យាធិ​សង្កត់​សង្កិនហើយ ត្រូវមរណៈ​កំចាត់ហើយ ឥតមាន​ទីជ្រក ឥតមាន​ទីពួន ឥតមាន​ទីរឭក ឥតមាន​បុគ្គលជា​ទីរឭក ហេតុនោះ (ទ្រង់​ត្រាស់ថា) តថាគត​ពោលថា សមណ​ព្រាហ្មណ៍​ទាំងនោះ ឆ្លងជាតិ និងជរា​មិនបានទេ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលនន្ទៈ) សមណព្រាហ្មណ៍​ទាំងឡាយ​ណាមួយនេះ ពោលថា​សេចក្តី​បរិសុទ្ធិ ព្រោះអារម្មណ៍​ដែលឃើញ​ខ្លះ​​ ដែលស្តាប់​ឮខ្លះ ពោលថា​សេចក្តី​បរិសុទ្ធិ ព្រោះសីល និងវត្តខ្លះ ពោលថា​សេចក្តី​បរិសុទ្ធិ​ព្រោះ​វិធី​ច្រើន​យ៉ាងខ្លះ សមណព្រាហ្មណ៍​ទាំងនោះ ជាអ្នក​សង្រួម ប្រព្រឹត្តក្នុង​សភាវៈ​នោះ ក៏ពិត​មែនហើយ (ប៉ុន្តែ) តថាគត ពោលថា​សមណព្រាហ្មណ៍​ទាំងនោះ ឆ្លងជាតិ និងជរា​មិនបាន​ទេ។

[៣០១] (នន្ទៈមានអាយុពោលដូច្នេះថា) សមណព្រាហ្មណ៍​ទាំងឡាយណា​មួយនេះ ពោលថា សេចក្តី​បរិសុទ្ធិ ព្រោះ​អារម្មណ៍​ដែលឃើញ​ខ្លះ ដែលស្តាប់​ឮខ្លះ ពោលថា សេចក្តី​បរិសុទ្ធិ ព្រោះសីល និងវត្តខ្លះ ពោលថា សេចក្តី​បរិសុទ្ធិ​ ព្រោះ​វិធីច្រើន​យ៉ាងខ្លះ បពិត្រ​ព្រះមុនិ បើព្រះអង្គ​ត្រាស់ថា សមណ​ព្រាហ្មណ៍​ទាំង​នោះ ឆ្លងឱឃៈ​មិនបានទេ បពិត្រ​ព្រះអង្គ​ទ្រង់និរទុក្ខ កាលបើ​ដូច្នេះ តើ​នរណា​ក្នុងទេវលោក និង​មនុស្សលោក ទើបឆ្លង​ជាតិ និង​ជរាបាន បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូម​ទូលសួរ​ព្រះអង្គ សូមព្រះអង្គ​ទ្រង់ប្រាប់​សេចក្តីនោះ​ដល់ខ្ញុំ​ព្រះអង្គ។

[៣០២] ពាក្យថា ណាមួយ របស់បទថា សមណព្រាហ្មណ៍​ទាំងឡាយ​ណាមួយ​នេះ គឺគ្រប់​ទាំងអស់ សព្វទាំងអស់ មិនសល់ ឥតសល់ ពាក្យថា ណាមួយ នេះជាពាក្យ​ប្រមូល។ ពាក្យថា សមណៈ គឺបុគ្គល​ណាមួយ ចូលកាន់​ផ្នួសខាង​ក្រៅ​អំពីសាសនា​នេះ បួស​ជា​បរិព្វាជក។ ពាក្យថា ព្រាហ្មណ៍ គឺបុគ្គល​ណាមួយ​ជាភោវាទី ហេតុនោះ (លោក​សួរថា) សមណព្រាហ្មណ៍​ទាំងឡាយ​ណាមួយនេះ។ ពាក្យថា ដូច្នេះ របស់បទ​ថា នន្ទៈ​មានអាយុ​ពោល​ដូច្នេះ គឺជា​តំណបទ។ ពាក្យថា មានអាយុ គឺពាក្យជាទី​ស្រឡាញ់។ ពាក្យថា នន្ទៈ ជាឈ្មោះ​នៃព្រាហ្មណ៍​នោះ។បេ។ ជាពាក្យ​ហៅព្រាហ្មណ៍​នោះ ហេតុនោះ (មានពាក្យថា) នន្ទៈមាន​អាយុពោល​ដូច្នេះ។

[៣០៣] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ​ព្រោះអារម្មណ៍​ដែលឃើញខ្លះ ដែលស្តាប់​ឮខ្លះ គឺពោល ​សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះអារម្មណ៍​ដែលឃើញ​ក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការ​ស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះអារម្មណ៍​ដែលឃើញ ឬឮក្តី ហេតុនោះ ​(លោកសួរថា) ពោលថា សេចក្តី​បរិសុទ្ធិ​ព្រោះអារម្មណ៍​ដែល​​ឃើញខ្លះ ដែលស្តាប់​ឮខ្លះ។

[៣០៤] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ​ព្រោះសីល និងវត្តខ្លះ គឺ ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះ​សីលក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះវត្តក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះសីល និងវត្តក្តី ហេតុនោះ (លោកសួរថា) ពោលថា​សេចក្តី​បរិសុទ្ធិ ព្រោះសីល និងវត្តខ្លះ។​

[៣០៥] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះវិធី​ច្រើនយ៉ាងខ្លះ គឺ ពោល សំដែង ពណ៌នា បំភ្លឺ​ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះ​វត្ត និងមង្គល​ភ្ញាក់ផ្អើល មានប្រការ​ផ្សេង ៗ ជាអនេក ហេតុនោះ (លោកសួរថា) ពោលថា សេចក្តីបរិសុទ្ធិ ​​ព្រោះវិធី​ច្រើន​យ៉ាងខ្លះ។

[៣០៦] ពាក្យថា បពិត្រព្រះមុនិ បើព្រះអង្គ​ត្រាស់ថា សមណព្រាហ្មណ៍​ទាំងនោះ ឆ្លងឱឃៈ​មិនបានទេ ត្រង់ពាក្យថា សមណព្រាហ្មណ៍​ទាំងនោះ គឺពួក​បុគ្គលអ្នកលុះ​ក្នុងទិដ្ឋិ។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ។បេ។ មុនិនោះ បានកន្លងនូវ​បណ្តាញ ​គឺការ​ជាប់ចំពាក់។ ពាក្យថា បើព្រះអង្គ​ត្រាស់ថា សមណព្រាហ្មណ៍​ទាំងនោះ ឆ្លងឱឃៈ​មិនបានទេ គឺឆ្លង​មិនបាន ឆ្លងឡើង​មិនបាន ឆ្លងចេញ​មិនបាន ឆ្លងរំលង​មិនបាន កន្លង​មិនបាន ប្រព្រឹត្ត​កន្លង​មិនបាន នូវឱឃៈ​គឺកាម ឱឃៈគឺភព ឱឃៈគឺទិដ្ឋិ ឱឃៈគឺអវិជ្ជា គឺវិលវល់នៅ​ក្នុងខាងក្នុងនៃ​ជាតិ ជរា និងមរណៈ វិលវល់នៅ​ក្នុងខាង​ក្នុងគន្លង​សង្សារ ត្រូវជាតិ​ជាប់តាម​ហើយ ត្រូវជរា​រឹតរួតហើយ ត្រូវព្យាធិ​សង្កត់​សង្កិន​ហើយ ត្រូវមរណៈ​កំចាត់ហើយ ជាអ្នក​ឥតមាន​ទីជ្រក ឥតមាន​ទីពួន ឥតមាន​ទីរឭក ឥតមាន​បុគ្គលជា​ទីរឭក។ ពាក្យថា ត្រាស់ គឺ ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ​ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកសួរថា) បពិត្រ​ព្រះមុនិ បើព្រះអង្គ​ត្រាស់ថា សមណព្រាហ្មណ៍​ទាំងនោះ ឆ្លងឱឃៈ​មិនបានទេ។

[៣០៧] ពាក្យថា បពិត្រព្រះអង្គទ្រង់និរទុក្ខ កាលបើដូច្នេះ តើនរណាក្នុង​ទេវលោក និង​មនុស្សលោក ទើបឆ្លងជាតិ និងជរាបាន គឺកាល​បើដូច្នេះ តើនរណា​ក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ក្នុងពួក​មនុស្ស ជាសម្មតិទេព និងមនុស្ស​សាមញ្ញ ឆ្លង ឆ្លងឡើង ឆ្លងកាត់ កន្លង ប្រព្រឹត្តកន្លង នូវជាតិ ជរា និងមរណៈ​បាន។ ពាក្យថា បពិត្រ​ព្រះអង្គ​ទ្រង់និរទុក្ខ គឺ​ពាក្យ​​ជាទីស្រឡាញ់ ពាក្យជា​ទីគោរព ពាក្យថា បពិត្រ​ព្រះអង្គ​ទ្រង់និរទុក្ខ នេះជា​ពាក្យពោល​ដោយ​គោរព កោតខ្លាច ហេតុនោះ (លោកសួរថា)​ បពិត្រ​ព្រះអង្គ​ទ្រង់និរទុក្ខ កាលបើ​ដូច្នេះ តើនរណា ក្នុងទេវលោក និងមនុស្សលោក ឆ្លងជាតិ និងជរា​បាន។

[៣០៨] ពាក្យថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​សូមទូល​សួរព្រះអង្គ សូម​ព្រះអង្គ​ទ្រង់ប្រាប់​សេចក្តីនោះ​ដល់ខ្ញុំ​ព្រះអង្គ ត្រង់ពាក្យថា ខ្ញុំព្រះអង្គ​សូមទូល​សួរព្រះអង្គ គឺខ្ញុំ​ព្រះអង្គ​សូម​សួរព្រះអង្គ សូមអង្វរ​ព្រះអង្គ សូម​អារាធនា​ព្រះអង្គ សូម​ព្រះអង្គត្រាស់​ប្រាប់សេចក្តី​នោះដល់ខ្ញុំ​ព្រះអង្គ ហេតុនោះ (លោកសួរថា) ខ្ញុំព្រះអង្គសូម​ទូលសួរ​ព្រះអង្គ។ ពាក្យថា បពិត្រ​ព្រះមានព្រះភាគ​នេះ ជាពាក្យ​ពោលដោយ​គោរព។បេ។ ការបញ្ញត្តិ​ថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការ​ត្រាស់ដឹង។ ពាក្យថា សូមប្រាប់​សេចក្តី​នោះដល់​ខ្ញុំព្រះអង្គ គឺសូមទ្រង់​ប្រាប់ បង្ហាញ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកសួរថា) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​សូម​ទូលសួរ​ព្រះអង្គ សូមព្រះអង្គ​ទ្រង់ប្រាប់​សេចក្តីនោះ​ដល់ខ្ញុំ​ព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍​នោះ​ពោលថា

(នន្ទៈមានអាយុពោលដូច្នេះថា) សមណព្រាហ្មណ៍​ទាំងឡាយ​ណា​មួយនេះ ពោលថា សេចក្តី​បរិសុទ្ធិ​ព្រោះអារម្មណ៍​ដែលឃើញខ្លះ ដែល​ស្តាប់ឮខ្លះ ពោលថា​សេចក្តី​បរិសទ្ធិ​ព្រោះសីល និងវត្តខ្លះ ពោលថា សេចក្តី​បរិសុទ្ធិ​ព្រោះ​វិធីច្រើន​យ៉ាងខ្លះ បពិត្រ​ព្រះមុនិ បើព្រះអង្គ​ត្រាស់ថា សមណព្រាហ្មណ៍​ទាំងនោះ ឆ្លង​ឱឃៈ​មិនបានទេ បពិត្រ​ព្រះអង្គ​ទ្រង់​និរទុក្ខ កាលបើ​ដូច្នេះ តើនរណា ក្នុង​ទេវលោក និង​មនុស្សលោក ទើបឆ្លង​ជាតិ និងជរា​បាន បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូម​ទូលសួរ​ព្រះអង្គ សូម​ព្រះអង្គ​ទ្រង់ប្រាប់​សេចក្តី​នោះដល់​ខ្ញុំព្រះអង្គ។

[៣០៩] (ព្រះមានព្រះភាគត្រាស់ថា ម្នាលនន្ទៈ) តថាគត មិនបានពោលថា ពួក​សមណព្រាហ្មណ៍​ទាំងអស់ ត្រូវជាតិ និងជរា​បិទបាំងទេ តថាគត​ពោលថា ជនទាំង​ឡាយណា ក្នុងលោកនេះ លះបង់​នូវអារម្មណ៍​ទាំងអស់​ដែលឃើញ​ក្តី ដែលឮក្តី ដែល​ប៉ះពាល់ក្តី នូវសីល និងវត្តក្តី លះបង់​នូវវិធី​ច្រើនប្រការ​ទាំងអស់ក្តី ឬជន​ទាំងឡាយ​ណា កំណត់​ដឹងនូវ​តណ្ហា ជាអ្នក​មិនមាន​អាសវៈ ជនទាំង​នោះឯង ឈ្មោះថា ឆ្លងផុត​ឱឃៈបាន។

[៣១០] ពាក្យថា (ព្រះមានព្រះភាគពោលថា ម្នាលនន្ទៈ) តថាគត​មិនបាន​ពោលថា ពួក​សមណ​ព្រាហ្មណ៍​ទាំងអស់ ត្រូវជាតិ និងជរា​បិទបាំងទេ សេចក្តីថា ម្នាលនន្ទៈ តថាគត មិនបាន​ពោលថា សមណព្រាហ្មណ៍​ទាំងអស់ ត្រូវជាតិ ជរា ខ្ទប់ រាំង ហ៊ុមភ្ជិត បិទ បង្រួម ផ្កាប់​ហើយ តថាគត ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ថា ជាតិក្តី ជរា និងមរណៈក្តី ដែល​សមណព្រាហ្មណ៍​ទាំងឡាយ​ណា លះបង់​ហើយ ផ្តាច់​ឫសគល់​ហើយ ធ្វើមិន​ឲ្យមានទី​កើតដូចជា​ទីកើតនៃ​ដើមត្នោត ធ្វើមិនឲ្យ​កើត​មានបែប​ភាព ឲ្យជាធម៌​លែងកើត​តទៅទៀត សមណព្រាហ្មណ៍​ទាំងនោះ​គង់មាន ហេតុនោះ (មាន​ពាក្យថា) (ព្រះមានព្រះភាគ​ពោលថា ម្នាលនន្ទៈ) តថាគត​មិនបាន​ពោលថា ពួកសមណ​ព្រាហ្មណ៍​ទាំងអស់ ត្រូវជាតិ និងជរា​បិទបាំងទេ។

[៣១១] ពាក្យថា ជនទាំងឡាយណាក្នុងលោកនេះ លះបង់​នូវអារម្មណ៍​ទាំងអស់ ដែល​ឃើញក្តី ដែលឮក្តី ដែលប៉ះពាល់ក្តី នូវសីល និងវត្តក្តី សេចក្តីថា ជនទាំង​ឡាយណា លះបង់ ផ្តាច់បង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ដល់នូវ​ការមិន​កើតមាន​នូវសេចក្តី​បរិសុទ្ធិ ព្រោះ​អារម្មណ៍​ដែលឃើញទាំងអស់ ជនទាំង​ឡាយណា លះបង់ ផ្ដាច់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតមាន​បែបភាព​នូវសេចក្តី​បរិសុទ្ធិ ព្រោះ​អារម្មណ៍​ដែលឮ​ទាំងអស់ នូវ​សេចក្តី​បរិសុទ្ធិ ព្រោះអារម្មណ៍​ដែលឃើញ ដែលឮ​ទាំងអស់ នូវសេចក្តី​បរិសុទ្ធិ ព្រោះ​អារម្មណ៍​ដែលប៉ះ​ពាល់ទាំង​អស់ នូវសេចក្តី​បរិសុទ្ធិ ព្រោះ​សីល​ទាំងអស់ នូវសេចក្តី​បរិសុទ្ធិ ព្រោះវត្ត​ទាំងអស់ នូវសេចក្តី​បរិសុទ្ធិ​ព្រោះសីល និងវត្ត​ទាំងអស់ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនទាំង​ឡាយណា ក្នុង​លោកនេះ លះបង់​នូវអារម្មណ៍​ទាំងអស់​ដែលឃើញ​ក្តី ដែលឮក្តី ដែលប៉ះពាល់ក្តី នូវសីល និងវត្តក្តី។

[៣១២] ពាក្យថា លះបង់នូវវិធីច្រើនប្រការទាំងអស់ក្តី គឺលះបង់ ផ្តាច់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើត​មានបែប​ភាពនូវ​ការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួច​វិសេស រួចស្រឡះ​ដោយវត្ត និងមង្គល​ភ្ញាក់ផ្អើល​មានប្រការ​ផ្សេងៗ ជាអនេក ហេតុនោះ (ទ្រង់​ត្រាស់ថា) លះបង់​នូវវិធី​ច្រើនប្រការ​ទាំងអស់ក្តី។

[៣១៣] អធិប្បាយពាក្យថា តថាគតពោលថា … ឬជនទាំង​ឡាយណា កំណត់ដឹង​នូវតណ្ហា ជាអ្នក​មិនមាន​អាសវៈ ជនទាំង​នោះឯង ឈ្មោះថា ឆ្លងផុត​ឱឃៈបាន ត្រង់ពាក្យ​ថា តណ្ហា បានដល់​រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា កំណត់ដឹង គឺកំណត់​ដឹងនូវ​តណ្ហា​ដោយ​បរិញ្ញា ៣ គឺ ញាតបរិញ្ញា ១ តីរណបរិញ្ញា ១ បហានបរិញ្ញា ១។

ញាតបរិញ្ញា តើដូចម្តេច។ បុគ្គលដឹងច្បាស់​នូវតណ្ហា គឺដឹងច្បាស់ ឃើញច្បាស់ថា នេះ​រូបតណ្ហា នេះ​សទ្ទតណ្ហា នេះ​គន្ធតណ្ហា នេះ​រសតណ្ហា នេះ​ផោដ្ឋព្វតណ្ហា នេះ​ធម្មតណ្ហា​ដូច្នេះ នេះ​ញាតបរិញ្ញា។

តិរណបរិញ្ញា តើដូចម្តេច។ បុគ្គលធ្វើ​ការដឹងយ៉ាង​នេះហើយ ត្រិះរិះ​នូវតណ្ហា​ថា មិន​ទៀង ជាទុក្ខ ជារោគ ជាបូស។បេ។ ត្រិះរិះ​នូវតណ្ហា​ថា មិនមែន​ជា​គ្រឿង​រលាស់​ចេញដូច្នេះ នេះ តិរណបរិញ្ញា។

បហានបរិញ្ញា តើដូចម្តេច។ បុគ្គលត្រិះរិះ​យ៉ាងនេះ​ហើយ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើមិន​ឲ្យកើត​មានបែបភាព​នូវតណ្ហា។ សមដូច​ព្រះពុទ្ធដីកា​នេះ ដែល​ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ឆន្ទរាគៈ​ក្នុងតណ្ហា​ណា អ្នក​ទាំងឡាយ ចូរលះបង់​ឆន្ទរាគៈ​នោះចេញ កាលបើ​ធ្វើបាន​យ៉ាងនេះ តណ្ហានោះ ឈ្មោះថា ជាធម្មជាតិ​ដែលអ្នក​លះបង់​ហើយ ផ្តាច់ឫស​ចោលហើយ ធ្វើមិន​ឲ្យមានទី​កើតដូច​ជាទីកើត​នៃដើម​ត្នោត ធ្វើមិនឲ្យ​កើតមាន​បែបភាព ឲ្យជា​ធម៌លែង​កើតតទៅ​ទៀត​ដូច្នេះ នេះ​បហានបរិញ្ញា។ បុគ្គល​កំណត់​ដឹងតណ្ហា ដោយ​បរិញ្ញា​ទាំង ៣ នេះ ហេតុនោះ (ទ្រង់ត្រាស់ថា) កំណត់​ដឹងនូវ​តណ្ហា។

ពាក្យថា មិនមានអាសវៈ សេចក្តីថា អាសវៈ​ ៤ គឺ កាមាសវៈ ភវាសវៈ​ ទិដ្ឋាសវៈ អវិជ្ជាសវៈ អាសវៈ​ទាំងនេះ បុគ្គល​ទាំងឡាយ​ណា បាន​លះបង់ ផ្តាច់ឫស​ចោល ធ្វើមិន​ឲ្យមាន​ទីកើត ដូចជា​ទីកើតនៃ​ដើមត្នោត​ ធ្វើមិន​ឲ្យកើត​មានបែប​ភាព ឲ្យជា​ធម៌លែង​កើត​​តទៅ​ទៀត បុគ្គល​ទាំងនោះ លោកហៅថា អ្នក​មិនមាន​អាសវៈ។ ពាក្យថា បុគ្គល​ទាំងឡាយ​ណា គឺព្រះអរហន្ត​ខីណាស្រព។

ពាក្យថា តថាគតពោលថា … ឬជនទាំងឡាយណា កំណត់​ដឹងនូវ​តណ្ហា ជាអ្នក​មិនមាន​អាសវៈ​ ជនទាំងឡាយ​នោះឯង ឈ្មោះថា ឆ្លងផុត​ឱឃៈបាន បានន័យថា តថាគត​ពោល ប្រាប់ សំដែង បញ្ញត តាំងទុក ​បើក ចែក ធ្វើឲ្យរាក់ ប្រកាសថា ជនទាំង​ឡាយ​ណា កំណត់​ដឹងតណ្ហា ជាអ្នក​មិនមាន​អាសវៈ ជនទាំងនោះ ឆ្លងឱឃៈ​គឺកាម ឆ្លងឱឃៈ​គឺភព ឆ្លងឱឃៈ​គឺទិដ្ឋិ ឆ្លងឱឃៈ​គឺអវិជ្ជា ឆ្លង ឆ្លងឡើង ឆ្លងចេញ កន្លង កន្លងព្រម ប្រព្រឹត្ត​កន្លង នូវគន្លង​សង្សារ​ទាំងអស់ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត​ពោលថា … ឬជន​ទាំងឡាយ​ណា កំណត់​ដឹងនូវ​តណ្ហា ជាអ្នក​មិនមាន​អាសវៈ ជនទាំង​នោះ​ឯង ឈ្មោះថា ឆ្លងផុត​ឱឃៈបាន។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលនន្ទៈ) តថាគតមិនបាន​ពោលថា ពួកសមណ​ព្រាហ្មណ៍​ទាំងអស់ ត្រូវជាតិ និង​ជរាបិទ​បាំងទេ តថាគត​ពោលថា ជនទាំងឡាយ​ណា ក្នុងលោកនេះ លះបង់​នូវ​អារម្មណ៍​ទាំងអស់​ដែលឃើញ​ក្តី ដែល​ឮក្តី ដែល​ប៉ះ​ពាល់​ក្តី នូវសីល និងវត្តក្តី លះបង់​នូវវិធី​ច្រើនប្រការ​ទាំងអស់ក្តី ឬជន​ទាំងឡាយ​ណា កំណត់​ដឹងនូវ​តណ្ហា ជាអ្នក​មិនមាន​អាសវៈ ជន​ទាំងនោះ​ឯង ឈ្មោះថា​ឆ្លងផុត​ឱឃៈបាន។

[៣១៤] ខ្ញុំព្រះអង្គរីករាយចំពោះពាក្យនុ៎ះ របស់​ព្រះអង្គ ទ្រង់ស្វែង​រកគុណ​ដ៏ធំ បពិត្រ​ព្រះគោតម ព្រះនិព្វាន​មិនមាន​ឧបធិ ព្រះអង្គ​ត្រាស់ទុក​ល្អហើយថា តថាគត​​ពោលថា ជនទាំង​ឡាយណា​ក្នុងលោក​នេះ លះបង់​នូវ​អារម្មណ៍​ទាំងអស់ ដែល​ឃើញក្តី ដែលឮក្តី ដែល​ប៉ះពាល់ក្តី នូវសីល និងវត្តក្តី លះបង់​នូវ​វិធីច្រើន​ប្រការ​ទាំងអស់​ក្តី ឬជន​ទាំងឡាយ​ណាកំណត់​ដឹងនូវ​តណ្ហា ជាអ្នក​មិនមាន​អាសវៈ ជន​ទាំងនោះ​ឯង ឈ្មោះថា ឆ្លងផុត​ឱឃៈ​បាន។

[៣១៥] អធិប្បាយពាក្យថា ខ្ញុំព្រះអង្គរីករាយ​ចំពោះពាក្យនុ៎ះ របស់​ព្រះអង្គ ទ្រង់​ស្វែងរក​គុណដ៏ធំ ត្រង់ពាក្យថា នុ៎ះ គឺខ្ញុំ​ព្រះអង្គ​ត្រេកអរ ​ត្រេកអរ​ចំពោះ រីករាយ រីករាយ​តាម​ ចង់បាន ជ្រះថ្លា ប្រាថ្នា ស្រឡាញ់ ជាប់ចិត្ត​ចំពោះពាក្យ ចំពោះ​កិរិយា​ពោល ចំពោះ​ទេសនា ចំពោះ​អនុសន្ធិ​របស់​ព្រះអង្គ។ ពាក្យថា ទ្រង់ស្វែង​រកគុណ​ដ៏ធំ គឺ​ព្រះមានព្រះភាគ ទ្រង់ស្វែងរក​គុណដ៏ធំ។ ឈ្មោះថា ទ្រង់ស្វែង​រកគុណ​ដ៏ធំ ព្រោះ​ទ្រង់រក ស្វែង ស្វះស្វែង នូវ​សីលក្ខន្ធដ៏ធំ ឈ្មោះថា ទ្រង់ស្វែង​រកគុណ​ដ៏ធំ ព្រោះ​ត្រូវគេ​ស្វែងរក​ថា។បេ។ ព្រះពុទ្ធ​ជាទេវតា​ធំជាង​ទេវតា (គង់) ក្នុងទីណា ព្រះពុទ្ធ​ជានរៈ​ដ៏អង់អាច (គង់) ក្នុងទីណា ហេតុនោះ (លោក​ពោលថា) ខ្ញុំព្រះអង្គ​រីករាយ​ចំពោះ​ពាក្យនុ៎ះ​ របស់​ព្រះអង្គ ទ្រង់​ស្វែង​រកគុណ​ដ៏ធំ។

[៣១៦] អធិប្បាយថា បពិត្រព្រះគោតម ព្រះនិព្វាន​មិនមាន​ឧបធិ ព្រះអង្គ​ត្រាស់ទុក​ល្អហើយ ត្រង់ពាក្យថា ត្រាស់ល្អ​ហើយ គឺព្រះអង្គ​ប្រាប់ល្អ សំដែងល្អ បញ្ញតល្អ តាំងទុកល្អ បើកល្អ ចែកល្អ ធ្វើឲ្យរាក់ល្អ ​ប្រកាស​ល្អហើយ។ ពាក្យថា បពិត្រ​ព្រះគោតម ព្រះនិព្វាន​មិនមាន​ឧបធិ សេចក្តីថា កិលេស​ផង ខន្ធផង អភិសង្ខារ​ផង លោក​ហៅថា ឧបធិ។ គឺការ​លះបង់​ឧបធិ ការរម្ងាប់​ឧបធិ ការរលាស់​ចោលឧបធិ ការស្ងប់​ឧបធិ អមតនិព្វាន ហេតុនោះ (លោកពោលថា) បពិត្រ​ព្រះគោតម ព្រះនិព្វាន​មិនមាន​ឧបធិ ព្រះអង្គ​ទ្រង់ត្រាស់​ល្អហើយ។

[៣១៧] ពាក្យថា ជនទាំងឡាយណា​ក្នុងលោកនេះ លះបង់​នូវអារម្មណ៍​ទាំងអស់ ដែល​ឃើញក្តី ដែលឮក្តី ដែលប៉ះពាល់​ក្តី នូវសីល និងវត្តក្តី សេចក្តីថា ជន​ទាំងឡាយ​ណា លះបង់ ផ្តាច់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតមាន​បែបភាព​នូវសេចក្តី​បរិសុទ្ធិ ព្រោះ​អារម្មណ៍​ដែលឃើញ​ទាំងអស់​ ជនទាំង​ឡាយណា លះបង់ ផ្តាច់បង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើមិន​ឲ្យកើតមាន​បែបភាព​នូវសេចក្តី​បរិសុទ្ធិ ព្រោះអារម្មណ៍​ដែលឃើញ ឬឮ​ទាំងអស់ នូវសេចក្តី​បរិសុទ្ធិ ព្រោះ​អារម្មណ៍​ដែលប៉ះ​ពាល់ទាំង​អស់ នូវសេចក្តី​បរិសុទ្ធិ ព្រោះ​សីល​ទាំងអស់ នូវសេចក្តី​បរិសុទ្ធិ ព្រោះវត្ត​ទាំងអស់ នូវសេចក្តី​បរិសុទ្ធ ព្រោះសីល និងវត្ត​ទាំងអស់ ហេតុនោះ (លោក​ពោលថា) ជន​ទាំងឡាយណា​ក្នុងលោកនេះ លះបង់​នូវ​អារម្មណ៍​ទាំងអស់ ដែល​ឃើញក្តី ដែលឮក្តី ដែលប៉ះពាល់ក្តី នូវសីល និងវត្តក្តី។

[៣១៨] ពាក្យថា លះបង់នូវវិធីច្រើនប្រការទាំងអស់ក្តី គឺលះបង់ ផ្តាច់បង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើមិន​ឲ្យកើតមាន​បែបភាព​នូវការ​ស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួច​វិសេស រួចស្រឡះ ព្រោះវត្ត និងមង្គល​ភ្ញាក់ផ្អើល​មានប្រការ​ផ្សេង ៗ ជាអនេក ហេតុនោះ (លោក​ពោលថា) លះបង់​នូវវិធី​ច្រើនប្រការ​ទាំងអស់ក្តី។

[៣១៩] អធិប្បាយពាក្យថា តថាគតពោលថា … ឬជន​ទាំងឡាយ​ណា កំណត់ដឹង​តណ្ហា ជាអ្នក​មិនមាន​អាសវៈ ជនទាំង​ឡាយនោះ​ឯង ឈ្មោះថា ឆ្លងផុត​ឱឃៈបាន ត្រង់​ពាក្យថា តណ្ហា បានដល់​រូបតណ្ហា​ សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា។ ពាក្យថា កំណត់ដឹង​នូវតណ្ហា​ គឺកំណត់​ដឹង​នូវតណ្ហា​ដោយ​បរិញ្ញា ៣ គឺញាតបរិញ្ញា ១ តិរណបរិញ្ញា ១ បហានបរិញ្ញា ១។

ញាតបរិញ្ញា តើដូចម្តេច។ បុគ្គលដឹងច្បាស់​នូវតណ្ហា គឺដឹងច្បាស់ ឃើញច្បាស់ថា នេះ​រូបតណ្ហា នេះ​សទ្ទតណ្ហា នេះ​គន្ធតណ្ហា នេះ​រសតណ្ហា នេះ​ផោដ្ឋព្វតណ្ហា នេះ​ធម្មតណ្ហា​ ដូច្នេះ នេះ​ញាតបរិញ្ញា។ ​

តិរណបរិញ្ញា តើដូចម្តេច។ បុគ្គល​ធ្វើ​នូវការដឹង​យ៉ាងនេះ​ ហើយត្រិះរិះ​នូវតណ្ហា​ គឺត្រិះរិះថា មិនទៀង ជាទុក្ខ ជារោគ​ ជាបូស ជាសរ ជាសេចក្តី​តានតឹង ជាអាពាធ ជារបស់​បុគ្គលដទៃ ជារបស់​សាបសូន្យ ជាចង្រៃ ជាឧបទ្រព ជាភ័យ ជាឧបសគ្គ ជារបស់​ប្រែប្រួល ជារបស់​ពុករលួយ ជារបស់​មិនឋិតឋេរ ឥតទីពឹង ឥតទីជ្រក ឥតទីរឭក ឥតបុគ្គល​ជាទីរឭក គ្មាន ទទេ សោះសូន្យ មិនមែនខ្លួន ជាទោស ជារបស់​ប្រែប្រួល​ជា​ធម្មតា ឥតខ្លឹម ជាទីតាំង​នៃសេចក្តី​តានតឹង ជាអ្នក​សម្លាប់ ប្រកប​ដោយ​អាសវៈ ជារបស់​មានបច្ច័យ​តាក់តែង ជាអាមិស​នៃមារ មានជាតិ​ជាធម្មតា មាន​ជរាជា​ធម្មតា មានព្យាធិ​ជាធម្មតា មាន​សេចក្តី​ស្លាប់ជា​ធម្មតា មានការ​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀត​ចង្អល់​ជាធម្មតា ជាហេតុ​ឲ្យកើត ជារបស់​វិនាស ជារបស់​ឥតសង្ឃឹម ជាទោស មិនជា​ទីរលាស់​ចេញ នេះ​តិរណបរិញ្ញា។

បហានបរិញ្ញា តើដូចម្តេច។ បុគ្គលត្រិះរិះ​យ៉ាងនេះ​ហើយ លះបង់​ បន្ទោបង់​ ធ្វើឲ្យ​វិនាស ធ្វើមិន​ឲ្យកើត​មានបែបភាព​នូវតណ្ហា នេះ​បហានបរិញ្ញា។ បុគ្គល​កំណត់​ដឹងនូវ​តណ្ហា ដោយ​បរិញ្ញា ៣ នេះ ហេតុនោះ (លោកពោលថា) កំណត់​ដឹងនូវ​តណ្ហា។

ពាក្យថា ជាអ្នកមិនមានអាសវៈ សេចក្តីថា អាសវៈ ៤ គឺ កាមាសវៈ​ ភវាសវៈ​ ទិដ្ឋាសវៈ អវិជ្ជាសវៈ។ អាសវៈ​ទាំងនេះ បុគ្គល​ទាំងឡាយ​ណា បានលះបង់ ផ្តាច់ឫស​ចោល ​ធ្វើឲ្យសល់​តែទីនៅ​ដូចជា​ទីនៅនៃ​ដើមត្នោត ធ្វើមិន​ឲ្យកើត​មានបែប​ភាព ឲ្យជា​ធម៌លែង​កើត​តទៅទៀត ជន​ទាំងនោះ លោក​ហៅថា អ្នកមិនមាន​អាសវៈ។ ពាក្យថា ជន​ទាំងឡាយ​ណា បានដល់​ពួក​ព្រះអរហន្ត​ខីណាស្រព។

ពាក្យថា តថាគតពោលថា … ឬជន​ទាំងឡាយ​ណា កំណត់​ដឹងនូវ​តណ្ហា ជាអ្នក​មិនមាន​អាសវៈ ជនទាំង​នោះឯង ឈ្មោះថា ឆ្លងផុត​ឱឃៈ​ បាន​សេចក្តីថា ជន​ទាំងឡាយ​ណា កំណត់​ដឹងតណ្ហា ​ជាអ្នក​មិនមាន​អាសវៈ ​តថាគត​ពោលថា និយាយថា ជនទាំង​នោះ បានឆ្លង​ឱឃៈ​គឺកាម ឆ្លងឱឃៈ​គឺភព ឆ្លងឱឃៈ​គឺទិដ្ឋិ ឆ្លងឱឃៈ​គឺអវិជ្ជា ឆ្លងឡើង ​ឆ្លងចេញ កន្លង រំលង ប្រព្រឹត្ត​កន្លង នូវគន្លង​នៃសង្សារ​ទាំងអស់ ហេតុនោះ (លោក​ពោល​ថា) តថាគត ពោលថា … ឬជន​ទាំងឡាយ​ណា កំណត់​ដឹងនូវ​តណ្ហា ជាអ្នកមិន​មាន​អាសវៈ ជនទាំង​នោះឯង ឈ្មោះថា ឆ្លង​ផុតឱឃៈ​បាន។​ ហេតុនោះ ព្រាហ្មណ៍នោះ​ពោលថា

ខ្ញុំព្រះអង្គរីករាយចំពោះពាក្យនុ៎ះ របស់ព្រះអង្គ ទ្រង់ស្វែង​រកគុណ​ដ៏ធំ បពិត្រ​ព្រះគោតម ព្រះនិពា្វន​មិនមាន​ឧបធិ ព្រះអង្គ​ត្រាស់ទុក​ល្អហើយ​ថា តថាគត​ពោល​ថា ជន​ទាំងឡាយ​ណា​ក្នុងលោក​នេះ លះបង់​នូវអារម្មណ៍​ទាំងអស់ ដែល​ឃើញ​ក្តី​ ដែលឮក្តី ដែលប៉ះពាល់ក្តី នូវសីល និងវត្តក្តី លះបង់​នូវ​វិធី​ច្រើន​ប្រការទាំង​អស់ក្តី ​ឬជន​ទាំងឡាយ​ណា កំណត់​ដឹងនូវ​តណ្ហា ជាអ្នក​មិនមាន​អាសវៈ ជនទាំង​នោះឯង ឈ្មោះថា ឆ្លងផុត​ឱឃៈ​បាន។

លុះចប់គាថាហើយ។បេ។ នន្ទៈ​ពោលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំព្រះអង្គ​ជាសាវ័ក។ ​

ចប់ នន្ទមាណវកប្បញ្ហានិទ្ទេស ទី៧។

ហេមកមាណវកប្បញ្ហានិទ្ទេស ទី៨

[៣២០] (ហេមកៈមានអាយុទូលសួរដូច្នេះថា) ក្នុងកាលមុន អំពី​សាសនា​ព្រះគោតម ជន​ទាំងឡាយ​ណា​ ព្យាករថា ហេតុធ្លាប់​មានហើយ​ដូច្នេះ នឹងមាន​ដូច្នេះ ពាក្យ​ទាំងអស់​នោះ ជាពាក្យ​ជឿស្តាប់​បុគ្គល​ដទៃ ពាក្យ​ទាំងអស់​នោះ ជា​ពាក្យ​ធ្វើសេចក្តី​ត្រិះរិះ​ឲ្យចំរើន ខ្ញុំព្រះអង្គ​មិនត្រេកអរ​ក្នុងពាក្យ​នោះឡើយ។

[៣២១] អធិប្បាយពាក្យថា ជនទាំងឡាយណា ព្យាករ ត្រង់​ពាក្យថា ជន​ទាំងឡាយ​ណា គឺ​ពាវរីព្រាហ្មណ៍​ណាផង ព្រាហ្មណ៍​ទាំងឡាយ​ដទៃណា ជាអាចារ្យ​របស់​ពាវរីព្រាហ្មណ៍​នោះផង ព្រាហ្មណ៍​ទាំងនោះ ព្យាករ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស​ហើយ នូវទិដ្ឋិ​របស់ខ្លួន សេចក្តី​គួររបស់​ខ្លួន សេចក្តី​គាប់ចិត្តរបស់​ខ្លួន លទ្ធិ​របស់ខ្លួន អធ្យាស្រ័យ​របស់ខ្លួន សេចក្តី​ប៉ុនប៉ង​របស់ខ្លួន ហេតុនោះ (លោក​ពោលថា) ជន​ទាំងឡាយ​ណា​ ព្យាករ។ ពាក្យថា ដូច្នេះ របស់​បទថា ហេមកៈ​មានអាយុ​ទូលសួរ​ដូច្នេះ ជាពាក្យ​តំណបទ។បេ។​ ពាក្យថា ដូច្នេះ នេះ ជាលំដាប់​លំដោយ​នៃបទ។ ពាក្យថា មានអាយុ គឺពាក្យ​ជាទី​ស្រឡាញ់ ជាពាក្យ​គោរព ពាក្យថា មានអាយុ នេះជា​ពាក្យពោល​ដោយ​គោរព កោតខ្លាច។ ពាក្យថា ហេមកៈ គឺជា​ឈ្មោះ។បេ។ ជាពាក្យ​សម្រាប់​ហៅ ហេតុនោះ (មានពាក្យថា) ហេមកៈ​មានអាយុ​ទូលសួរ​ដូច្នេះ។

[៣២២] ពាក្យថា ក្នុងកាលមុនអំពីសាសនាព្រះគោតម គឺមុន​អំពី​សាសនានៃ​ព្រះគោតម ខាងនាយ​អំពីសាសនា​របស់​ព្រះគោតម ខាងដើម​អំពីសាសនា​របស់​ព្រះគោតម ដំបូង​បង្អស់​អំពី​សាសនា​របស់​ព្រះគោតម អំពី​សាសនា​របស់​ព្រះពុទ្ធ អំពី​សាសនា​របស់​ព្រះជិនស្រី អំពី​សាសនា​របស់​ព្រះតថាគត អំពី​សាសនា​របស់​ព្រះអរហន្ត ហេតុនោះ (លោក​ពោលថា) ក្នុងកាល​មុនអំពី​សាសនា​ព្រះគោតម។

[៣២៣] ពាក្យថា ហេតុធ្លាប់មានហើយដូច្នេះ នឹងមានដូច្នេះ គឺ​ឮថា ​ហេតុយ៉ាងនេះ មាន​មកហើយ ​ឮថា​ហេតុយ៉ាងនេះ​នឹងមាន ហេតុនោះ​ (លោកពោលថា) ហេតុធ្លាប់​មានហើយ​ដូច្នេះ នឹងមាន​ដូច្នេះ។

[៣២៤] ពាក្យថា ពាក្យទាំងអស់នោះ ជាពាក្យ​ជឿស្តាប់​បុគ្គលដទៃ គឺពាក្យ​ទាំង​អស់នោះ ជាពាក្យ​ជឿស្តាប់​បុគ្គលដទៃ សេចក្តីថា ព្រាហ្មណ៍​ទាំងឡាយ​សំដែងធម៌ ដោយ​ឮថា​ដូច្នេះៗ ដោយឮតៗ គ្នា ដោយការ​ផ្សែផ្សំ​នឹងក្បួន ដោយហេតុ​នៃការត្រិះរិះ ដោយ​ហេតុនៃ​ការគ្នេរគ្នាន់ ដោយការ​ជញ្ជឹងនូវ​អាការៈ ដោយហេតុ​ដែលខ្លួន​យល់ ខ្លួន​ពិនិត្យ ខ្លួន​ចូលចិត្ត មិនមែន​ត្រាស់ដឹង​ចំពោះ​ខ្លួនឯង មិនមែន​ជាក់ច្បាស់​ចំពោះ​ខ្លួន ហេតុនោះ (លោក​ពោលថា) ពាក្យទាំង​អស់នោះ ជាពាក្យ​ជឿស្តាប់​បុគ្គល​ដទៃ។

[៣២៥] ពាក្យថា ពាក្យទាំងអស់នោះ ជាពាក្យធ្វើ​សេចក្តី​ត្រិះរិះ ឲ្យចំរើន គឺ​ពាក្យ​ទាំងអស់​នោះ ជាពាក្យ​ធ្វើសេចក្តី​ត្រិះរិះ​ឲ្យចំរើន ធ្វើសេចក្តី​ត្រិះរិះ​ផ្សេង ៗ ឲ្យចំរើន ធ្វើតម្រិះ​ឲ្យចំរើន ធ្វើសេចក្តី​ត្រិះរិះ​ក្នុងកាម​ឲ្យចំរើន ធ្វើសេចក្តី​ត្រិះរិះ​ក្នុងព្យាបាទ ឲ្យចំរើន ធ្វើសេចក្តី​ត្រិះរិះ​ក្នុងការ​បៀតបៀន​ឲ្យចំរើន ធ្វើសេចក្តី​ត្រិះរិះ​ញាតិ​ឲ្យចំរើន ធ្វើសេចក្តី​ត្រិះរិះ​ជនបទ​ឲ្យចំរើន ធ្វើសេចក្តី​ត្រិះរិះ​ការមិន​ស្លាប់ឲ្យ​ចំរើន ធ្វើ​សេចក្តី​ត្រិះរិះ​ដែល​ប្រកប​ដោយ​សេចក្តី​អាណិត ចំពោះ​បុគ្គលដទៃ​ឲ្យចំរើន ធ្វើ​សេចក្តី​ត្រិះរិះ​ដែលប្រកប​ដោយលាភៈ​ សក្ការៈ និងសេចក្តី​សរសើរ​ឲ្យចំរើន ​ធ្វើសេចក្តី​ត្រិះរិះ​ដែល​ប្រកប​ដោយ​សេចក្តី​មិនមើលងាយ​ឲ្យចំរើន ហេតុនោះ (លោក​ពោល​ថា) ពាក្យ​ទាំងអស់​នោះ ជាពាក្យ​ធ្វើសេចក្តី​ត្រិះរិះ​ឲ្យចំរើន។​

[៣២៦] ពាក្យថា ខ្ញុំព្រះអង្គមិនត្រេកអរក្នុងពាក្យ​នោះឡើយ គឺ​ខ្ញុំព្រះអង្គ មិនបាន មិនលុះ មិនបាន​ចំពោះ ហេតុនោះ​ (លោក​ពោលថា) ខ្ញុំព្រះអង្គ​មិនត្រេកអរ​ក្នុង​ពាក្យនោះ​ឡើយ។ ហេតុនោះ ព្រាហ្មណ៍នោះ​ពោលថា

(ហេមកៈមានអាយុទូលសួរដូច្នេះថា) ក្នុងកាលមុន​អំពី​សាសនា​ព្រះគោតម ជន​ទាំងឡាយណា ព្យាករថា ហេតុធ្លាប់មាន​ហើយដូច្នេះ នឹងមាន​ដូច្នេះ ពាក្យទាំង​អស់​នោះ ជាពាក្យ​ជឿស្តាប់​បុគ្គលដទៃ ពាក្យ​ទាំងអស់​នោះ ជាពាក្យ​ធ្វើ​សេចក្តី ត្រិះរិះ​ឲ្យចំរើន ខ្ញុំព្រះអង្គ​មិនត្រេកអរ​ក្នុងពាក្យ​នោះឡើយ។

[៣២៧] បពិត្រព្រះមុនិ សូមព្រះអង្គ​សំដែងធម៌ សម្រាប់​ដកចេញ​នូវតណ្ហា ជា​ធម៌ដែល​នាំឲ្យ​បុគ្គល​ដឹងច្បាស់ មានសតិ ប្រព្រឹត្ត​ឆ្លងនូវ​វិសត្តិកាតណ្ហាក្នុង​លោក ​ដល់ខ្ញុំ​ព្រះអង្គ។

[៣២៨] ពាក្យថា សូមព្រះអង្គសំដែលធម៌ដល់ខ្ញុំ​ព្រះអង្គ ត្រង់ពាក្យថា ព្រះអង្គ គឺ​ព្រាហ្មណ៍​ពោល​ចំពោះ​ព្រះមានព្រះភាគ។ ពាក្យថា ធម៌ របស់បទថា សូម​សំដែង​ធម៌ គឺ​សូម​ព្រះអង្គ ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក​ បើក ចែក ធ្វើឲ្យរាក់ ​ប្រកាស​នូវធម៌ មាន​ពីរោះបទ​ខាងដើម មានពីរោះ​បទកណ្តាល មានពីរោះ​បទខាងចុង នូវ​ព្រហ្មចរិយៈ ព្រមទាំង​អត្ថ ព្រមទាំង​ព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌​សព្វគ្រប់ នូវសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ​ ៧​ មគ្គប្រកប​ដោយអង្គ ៨​ ដ៏ប្រសើរ ព្រះនិព្វាន និង​បដិបទា​ជាដំណើរ​ទៅកាន់​ព្រះនិព្វាន ហេតុនោះ (លោក​ពោលថា) សូម​ព្រះអង្គ សំដែងធម៌​ដល់ខ្ញុំ​ព្រះអង្គ។ ​

[៣២៩] ពាក្យថា បពិត្រព្រះមុនិ … សម្រាប់ដកចេញ​នូវតណ្ហា ត្រង់ពាក្យថា តណ្ហា បានដល់​រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា​ ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា សម្រាប់​ដកចេញ​នូវតណ្ហា គឺជា​គ្រឿងធ្វើ​តណ្ហា​ឲ្យវិនាស ជាគ្រឿង​លះបង់​តណ្ហា ជាគ្រឿង​រម្ងាប់តណ្ហា ជាគ្រឿង​រលាស់​ចោលតណ្ហា ជាគ្រឿង​ស្ងប់រម្ងាប់​តណ្ហា អមតនិព្វាន។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា ​មោនៈ។បេ។ មុនិនោះ​ បានកន្លង​នូវបណ្តាញ គឺការ​ជាប់ចំពាក់ ហេតុនោះ (លោក​ពោលថា) បពិត្រ​ព្រះមុនិ … សម្រាប់​ដកចេញ​នូវ​តណ្ហា។

[៣៣០] ពាក្យថា ដែលនាំឲ្យបុគ្គលដឹងច្បាស់ មានសតិ ប្រព្រឹត្ត គឺធ្វើឲ្យដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដ​នូវធម៌ណា គឺធ្វើ​ឲ្យដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដថា សង្ខារ​ទាំងពួង មិនទៀង ថា​សង្ខារ​ទាំងពួង​ជាទុក្ខ ថា​ធម៌ទាំង​ពួងជា​អនត្តា។បេ។ ធ្វើឲ្យដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដថា របស់​ណាមួយ មានការ​កើតឡើង​ជាធម្មតា របស់​ទាំងអស់​នោះ មានការ​រលត់​ទៅវិញ​ជាធម្មតា។​ ពាក្យថា មានសតិ គឺ​មានសតិ​ដោយអាការ ៤ គឺ​បុគ្គល​កំពុងចំរើន​កាយេកាយានុបស្សនាសតិប្បដ្ឋាន ឈ្មោះថា អ្នកមាន​សតិ។បេ។ បុគ្គលនោះ ហៅថា អ្នកមាន​សតិ។ ពាក្យថា ប្រព្រឹត្ត គឺប្រព្រឹត្ត ប្រព្រឹត្ត​ផ្សេងៗ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រា​ទៅ ហេតុនោះ (លោក​ពោលថា) ដែលនាំ​ឲ្យបុគ្គល​ដឹងច្បាស់ មានសតិ ប្រព្រឹត្ត។

[៣៣១] ពាក្យថា ឆ្លងវិសត្តិកាតណ្ហាក្នុងលោក សេចក្តីថា តណ្ហា លោកហៅថា វិសត្តិកា បានខាង​តម្រេក តម្រេក​ដ៏មាន​កម្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរត្រង់​ពាក្យថា វិសត្តិកា ចុះ​វិសតិ្តកា ដោយអត្ថ​ដូចម្តេច។បេ។ ឈ្មោះ​វិសត្តិកា ព្រោះហេតុ​ជា​ធម្មជាតិ​លាត ផ្សាយទៅ។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា ឆ្លង​វិសត្តិកាតណ្ហា ក្នុងលោក បានសេចក្តីថា ​តណ្ហាណា ឈ្មោះ​វិសត្តិកា​ក្នុងលោក បុគ្គល​មានសតិ គប្បីឆ្លង ឆ្លងឡើង ឆ្លងកាត់ កន្លង ប្រព្រឹត្ត​កន្លង នូវធម្មជាតិ​ឈ្មោះ​វិសត្តិកា​ក្នុងលោក ហេតុនោះ (លោក​ពោលថា) ឆ្លងនូវ​វិសត្តិកាតណ្ហា​ក្នុងលោក។ ហេតុនោះ ព្រាហ្មណ៍នោះ​​ពោលថា

បពិត្រព្រះមុនិ សូមព្រះអង្គសំដែងធម៌​សម្រាប់​ដកចេញ​នូវតណ្ហា ជាធម៌​ដែល​នាំឲ្យ​បុគ្គល​ដឹងច្បាស់ មានសតិ ប្រព្រឹត្ត​ឆ្លងនូវ​វិសត្តិកាតណ្ហា​ក្នុងលោក ដល់ខ្ញុំ​ព្រះអង្គ។

[៣៣២] (ព្រះមានព្រះភាគត្រាស់ថា) ម្នាលហេមកៈ និព្វានបទ ជាធម្មជាត​មិនឃ្លៀង​ឃ្លាត ជាគ្រឿង​បន្ទោបង់​ឆន្ទរាគ​ក្នុងអារម្មណ៍​ទាំងឡាយ មាន​សភាព​ជា​ទី​ស្រឡាញ់ ដែលឃើញ ឮ ប៉ះពាល់ (ឬដឹងច្បាស់) ក្នុង​លោកនេះ។

[៣៣៣] ពាក្យថា ដែលឃើញ ឮ ប៉ះពាល់ ឬ​ដឹងច្បាស់ ក្នុងលោកនេះ ត្រង់​ពាក្យថា ដែលឃើញ គឺដែល​ឃើញដោយ​ភ្នែក។ ពាក្យថា ឮ គឺឮដោយត្រចៀក។ ពាក្យ​ថា ប៉ះពាល់ គឺប៉ះពាល់ គឺធុំក្លិន​ដោយច្រមុះ លិទ្ធភ្លក្ស​ដោយអណ្តាត ប៉ះពាល់​ដោយ​កាយ។ ពាក្យថា ដឹងច្បាស់ គឺដឹងដោយចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលឃើញ ឮ ប៉ះពាល់ ឬដឹងច្បាស់ ក្នុងលោកនេះ។

[៣៣៤] អធិប្បាយពាក្យថា ម្នាលហេមកៈ … ក្នុងអារម្មណ៍​ទាំងឡាយ មាន​សភាព​ជាទី​ស្រឡាញ់ សំនួរថា អារម្មណ៍​ដូចម្តេច មានសភាព​ជាទីស្រឡាញ់ មាន​សភាព​​ជាទី​ត្រេកអរ​ក្នុងលោក។ ចក្ខុ​ មានសភាព​ជាទីស្រឡាញ់​ មានសភាព​ជាទី​ត្រេកអរ​ក្នុងលោក សោតៈ​ ឃានៈ ជិវ្ហា កាយ ចិត្ត មានសភាព​ជាទី​ស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុងលោក រូប មានសភាព​ជាទីស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុងលោក សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ​ ធម្មារម្មណ៍ មានសភាព​ជាទី​ស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុងលោក ចក្ខុវិញ្ញាណ មាន​សភាព​ជាទី​ស្រឡាញ់ មានសភាព​ជាទីត្រេអរ​ក្នុងលោក សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មានសភាព​ជាទីស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុងលោក ចក្ខុសម្ផស្ស មានសភាព​ជាទី​ស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុងលោក សោតសម្ផស្ស ឃានសម្ផស្ស ជិវ្ហាសម្ផស្ស ​កាយសម្ផស្ស មនោសម្ផស្ស មាន​សភាព​ជាទីស្រឡាញ់ មាន​សភាព​ជាទី​​ត្រេកអរ​​ក្នុងលោក វេទនា​កើត​អំពី​ចក្ខុសម្ផស្ស មាន​សភាព​ជាទី​ស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុងលោក វេទនា​កើតអំពី​សោតសម្ផស្ស វេទនា​កើតអំពី​ឃានសម្ផស្ស វេទនា​កើតអំពី​ជិវ្ហាសម្ផស្ស វេទនា​កើត​អំពី​កាយសម្ផស្ស វេទនា​កើតអំពី​មនោសម្ផស្ស មាន​សភាព​ជាទី​ស្រឡាញ់ មាន​សភាព​ជាទីត្រេកអរ​ក្នុងលោក សេចក្តី​សំគាល់​ក្នុងរូប មាន​សភាព​ជាទី​ស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុងលោក សេចក្តី​សំគាល់​ក្នុងសំឡេង សេចក្តី​សំគាល់​ក្នុងក្លិន សេចក្តី​សំគាល់​ក្នុងរស សេចក្តី​សំគាល់​ក្នុងផ្សព្វ សេចក្តី​សំគាល់​ក្នុង​ធម្មារម្មណ៍ មាន​សភាព​ជាទី​ស្រឡាញ់ មាន​សភាព​ជាទីត្រេកអរ​ក្នុងលោក ការគិតរូប មាន​សភាព​ជាទី​ស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុងលោក ការគិត​សំឡេង ការគិត​ក្លិន ការគិត​រស ការគិត​ផ្សព្វ ការគិត​ធម្មារម្មណ៍ មាន​សភាព​ជាទី​ស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុង​លោក សេចក្តី​ប្រាថ្នារូប មាន​សភាព​ជាទី​ស្រឡាញ់ មានសភាព​ជាទីត្រេកអរ​ក្នុងលោក សេចក្តី​ប្រាថ្នា​សំឡេង សេចក្តី​ប្រាថ្នា​ក្លិន សេចក្តី​ប្រាថ្នា​រស សេចក្តី​ប្រាថ្នា​ផ្សព្វ សេចក្តី​ប្រាថ្នាក្នុង​ធម្មារម្មណ៍ មាន​សភាពជា​ទីស្រឡាញ់ មាន​សភាពជា​ទីត្រេកអរ​ក្នុងលោក សេចក្តី​ត្រិះរិះរូប មាន​សភាព​ជាទី​ស្រឡាញ់ មានសភាព​ជាទីត្រេកអរ​ក្នុងលោក សេចក្តី​ត្រិះរិះ​សំឡេង សេចក្តី​ត្រិះរិះក្លិន សេចក្តី​ត្រិះរិះរស សេចក្តី​ត្រិះរិះផ្សព្វ សេចក្តី​ត្រិះរិះ​ធម្មារម្មណ៍ មាន​សភាព​ជាទី​ស្រឡាញ់ មាន​សភាព​ជាទី​ត្រេអរ​ក្នុងលោក ការ​ពិចារណា​រូប មាន​សភាព​ជាទី​ស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុងលោក ការ​ពិចារណា​សំឡេង ការ​ពិចារណា​ក្លិន ការ​ពិចារណា​រស ការ​ពិចារណា​ផ្សព្វ ការ​ពិចារណា​ធម្មារម្មណ៍ ​មាន​សភាព​ជាទី​ស្រឡាញ់ មាន​សភាព​ជាទី​ត្រេកអរ​ក្នុងលោក​ ហេតុនោះ (ទ្រង់ត្រាស់ថា) ក្នុង​អារម្មណ៍ មាន​សភាព​ជាទី​ស្រឡាញ់។ ពាក្យថា ម្នាលហេមកៈ គឺ​ព្រះមានព្រះភាគ​ត្រាស់ហៅ​ព្រាហ្មណ៍នោះ​តាមឈ្មោះ។

[៣៣៥] ពាក្យថា ជាគ្រឿងបន្ទោបង់ឆន្ទរាគ ត្រង់ពាក្យថា ឆន្ទរាគ បានខាង​កាមច្ឆន្ទៈ​​ក្នុងកាម​ទាំងឡាយ តម្រេក​ក្នុងកាម សេចក្តី​រីករាយ​​ក្នុងកាម សេចក្តី​ប្រាថ្នាក្នុង​កាម សេចក្តី​ស្នេហា​ក្នុងកាម សេចក្តី​ក្តៅក្រហាយ​ក្នុងកាម ការជ្រប់​​ចុះក្នុងកាម​ ការងល់​ងប់ក្នុង​កាម អន្លង់​គឺកាម​ ធម៌ជា​គ្រឿងប្រកប​គឺកាម សេចក្តី​ប្រកាន់​​គឺកាម នីវរណៈ​គឺ​កាមច្ឆន្ទ។ ពាក្យថា ជាគ្រឿង​បន្ទោបង់​ឆន្ទរាគ បានន័យ​ថា គ្រឿង​លះបង់​​ឆន្ទរាគ រម្ងាប់​ឆន្ទរាគ រលាស់​ចោល​​ឆន្ទរាគ គ្របសង្កត់​ឆន្ទរាគ អមតនិព្វាន ហេតុនោះ (ទ្រង់​​ត្រាស់ថា) ជាគ្រឿង​បន្ទោបង់​ឆន្ទរាគ។

[៣៣៦] ពាក្យថា និព្វានបទ​ ជាធម្មជាត​មិនឃ្លៀងឃ្លាត សេចក្តីថា បទ​គឺ​និព្វាន បទគឺ​ទីពឹង បទ​គឺ​ទីជ្រក បទ​គឺ​ធម៌ជាគ្រឿង​ប្រព្រឹត្ត​ទៅខាង​មុខ បទ​គឺ​ទីមិន​មានភ័យ។ ពាក្យថា មិនឃ្លៀងឃ្លាត គឺទៀងទាត់ ឋិតថេរ ខ្ជាប់ខ្ជួន មិនប្រែប្រួល​ជាធម្មតា ហេតុនោះ (ទ្រង់​ត្រាស់ថា) និព្វានបទ ជាធម្មជាត​មិនឃ្លៀងឃ្លាត។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ម្នាលហេមកៈ និព្វានបទ ជាធម្មជាត​មិនឃ្លៀងឃ្លាត ជាគ្រឿង​បន្ទោបង់ឆន្ទរាគ​ក្នុង​អារម្មណ៍ មានសភាព​គួរស្រឡាញ់ ដែលឃើញ ឮ ប៉ះពាល់ (ឬដឹងច្បាស់) ក្នុង​លោកនេះ។

[៣៣៧] ជនទាំងឡាយណា ដឹងនិព្វាននុ៎ះ ជាអ្នក​មានសតិ មានធម៌​ឃើញហើយ រលត់​កិលេស​ហើយ ជនទាំងនោះ ជាអ្នក​ស្ងប់រម្ងាប់​សព្វកាល ឈ្មោះថា​ឆ្លង​នូវ​វិសត្តិកាតណ្ហា​ក្នុងលោក​បាន។ ​

[៣៣៨] អធិប្បាយពាក្យថា ជនទាំងឡាយណា ដឹងនិព្វាននុ៎ះ ជាអ្នក​មានសតិ ត្រង់ពាក្យថា និព្វាននុ៎ះ គឺ​អមតនិព្វាន បានខាង​ការរម្ងាប់​សង្ខារ​ទាំងពួង ការរលាស់​ចោល​ឧបធិ​ទាំងពួង ការអស់​តណ្ហា ការ​ប្រាសចាក​តម្រេក ការរំលត់ទុក្ខ និព្វាន។ ពាក្យថា ដឹង គឺ​ដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដ គឺ​ដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដ​ថា សង្ខា​រទាំងពួង​មិនទៀង ដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យច្បាស់ ធ្វើឲ្យ​ប្រាកដថា សង្ខារ​ទាំងពួង​ជាទុក្ខ ថាធម៌ទាំង​ពួងជាអនត្តា។បេ។ ថារបស់​ណាមួយ មាន​ការកើតឡើង​ជាធម្មតា របស់​ទាំងអស់​នោះ មានការ​រលត់ទៅ​ជាធម្មតា។ ពាក្យថា ជន​ទាំងឡាយ​ណា បានដល់ពួក​ព្រះអរហន្ត​ខីណាស្រព។ ពាក្យថា ជាអ្នក​មានសតិ គឺ​មានសតិ ដោយហេតុ ៤ គឺ​បុគ្គល​កំពុង​ចំរើន​កាយេកាយានុបស្សនាសតិប្បដ្ឋាន ឈ្មោះថា អ្នកមាន​សតិ។បេ។ បុគ្គល​ទាំងនោះ លោក​ហៅថា អ្នក​មានសតិ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនទាំង​ឡាយណា ដឹងនិព្វាន​នុ៎ះ ជាអ្នក​មានសតិ។

[៣៣៩] ពាក្យថា មានធម៌ឃើញហើយ រំលត់​កិលេស​ហើយ គឺមាន​ធម៌ឃើញ​ហើយ មានធម៌​ដឹងហើយ មានធម៌​ថ្លឹងហើយ មានធម៌​ត្រិះរិះ​ហើយ មានធម៌​ជាក់ច្បាស់​ហើយ មានធម៌​ប្រាកដ​ហើយ ថាសង្ខារ​ទាំងពួង​មិនទៀង។បេ។ មានធម៌​ឃើញហើយ មានធម៌​ដឹងហើយ មានធម៌​ថ្លឹងហើយ​ មានធម៌​ត្រិះរិះ​ហើយ មានធម៌​ជាក់ច្បាស់​ហើយ មានធម៌​ប្រាកដ​ហើយថា របស់​ណាមួយ មានការ​កើតឡើង​ជាធម្មតា របស់​ទាំងអស់នោះ មានការ​រលត់ទៅ​ជាធម្មតា។ ពាក្យថា រលត់ហើយ គឺឈ្មោះថា​រលត់​ហើយ ព្រោះរំលត់​រាគៈ រលត់​ហើយ ព្រោះរំលត់ទោសៈ រលត់ហើយ ព្រោះ​រំលត់មោហៈ កោធៈ ឧបនាហៈ។បេ។ រលត់ហើយ ព្រោះរលត់​អកុសលាភិសង្ខារ​ទាំងអស់ ហេតុនោះ (ទ្រង់​ត្រាស់ថា) មានធម៌​ឃើញហើយ រលត់​កិលេស​ហើយ។

[៣៤០] ពាក្យថា ជនទាំងនោះ ជាអ្នកស្ងប់រម្ងាប់​សព្វកាល ត្រង់ពាក្យថា ជាអ្នក​ស្ងប់រម្ងាប់ គឺស្ងប់​រម្ងាប់​ព្រោះ​ស្ងប់រាគៈ ស្ងប់រម្ងាប់​ព្រោះស្ងប់​ទោសៈ ស្ងប់រម្ងាប់​ព្រោះស្ងប់​មោហៈ កោធៈ ឧបនាហៈ។បេ។ ជាអ្នកស្ងប់​រម្ងាប់ ចូលទៅ​រម្ងាប់ រំលត់ ស្ងប់រម្ងាប់​ព្រោះស្ងប់​រម្ងាប់ ដុត រលត់ ​ទៅប្រាស គ្របសង្កត់ នូវ​អកុសលាភិសង្ខារ​ទាំងអស់ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាអ្នក​ស្ងប់រម្ងាប់។ ពាក្យថា ជនទាំងនោះ បានដល់​ពួក​អរហន្ត​ខីណាស្រព។ ពាក្យថា សព្វកាល គឺសព្វកាល គ្រប់កាល អស់​កាល​ទាំងពួង អស់កាល​ជានិច្ច អស់កាល​ដ៏ទៀងទាត់ អស់កាល​មិនដាច់ អស់កាល​រឿយៗ មិនច្រឡូក​ច្រឡំ ថែមហើយ​ថែមទៀត ជាប់តគ្នា មិនមាន​ចន្លោះដូច​រលកទឹក​បន្តគ្នា ប៉ះពាល់គ្នា អស់​បុរេភត្ត បច្ឆាភត្ត បឋមយាម មជ្ឈិមយាម បច្ឆិមយាម កាឡបក្ខ សុក្កបក្ខ វស្សានរដូវ ហេមន្តរដូវ គិម្ហរដូវ ចំណែក​បឋមវ័យ ចំណែក​មជ្ឈិមវ័យ ចំណែក​បច្ឆិមវ័យ ហេតុនោះ (ទ្រង់​ត្រាស់ថា) ជនទាំង​ឡាយនោះ ជាអ្នក​ស្ងប់រម្ងាប់​សព្វកាល។

[៣៤១] ពាក្យថា ឈ្មោះថាឆ្លងនូវវិសតិ្តកាតណ្ហា​ក្នុងលោក សេចក្តីថា តណ្ហា លោក​ហៅថា វិសត្តិកា បានខាង​តម្រេក ​តម្រេក​ដ៏មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរ​ត្រង់ពាក្យ​ថា វិសត្តិកា ចុះវិសត្តិកា​ដោយអត្ថ​ដូចម្តេច។បេ។ ឈ្មោះ​វិសតិ្តកា ព្រោះហេតុ​ជាធម្មជាតិ​លាត ​ផ្សាយទៅ។ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក។បេ។ អាយតនលោក។ ពាក្យថា ឈ្មោះថា ឆ្លង​នូវវិសត្តិកាតណ្ហា​ក្នុងលោក គឺតណ្ហា​ណា ឈ្មោះ​វិសត្តិកា​ក្នុងលោក​ ជនទាំងឡាយ បានឆ្លង ឆ្លងឡើង ឆ្លងចេញ​ កន្លង រំលង ប្រព្រឹត្ត​កន្លង​នូវតណ្ហា​ឈ្មោះ​វិសតិ្តកា​នោះ​ក្នុងលោក ហេតុនោះ (ទ្រង់​ត្រាស់ថា) ឆ្លងនូវ​វិសត្តិកាតណ្ហា​ក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគ​ទ្រង់ត្រាស់​ថា

ជនទាំងឡាយណា ដឹងនិព្វាននុ៎ះ ជាអ្នក​មានសតិ មានធម៌​ឃើញហើយ រលត់​កិលេស​ហើយ ជនទាំងនោះ ជាអ្នក​ស្ងប់រម្ងាប់​សព្វកាល ឈ្មោះថា ឆ្លងនូវ​វិសត្តិកា​តណ្ហា​ក្នុងលោក​បាន។ ​

លុះចប់គាថាហើយ។បេ។ (ហេមកមាណព​ប្រកាស​ខ្លួនថា) បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំព្រះអង្គ​ជាសាវ័ក។

ចប់ ហេមកមាណវកប្បញ្ហានិទ្ទេស ទី៨។

តោទេយ្យមាណវកប្បញ្ហានិទ្ទេស ទី៩

[៣៤២] (តោទេយ្យមានអាយុ ទូលសួរ​ដូច្នេះថា) កាម​ទាំងឡាយ មិនមាន​នៅក្នុង​បុគ្គល​ណា តណ្ហា​របស់​បុគ្គលណា​មិនមាន​ មួយទៀត បុគ្គល​ណា ឆ្លង​សេចក្តី​សង្ស័យ​បានហើយ វិមោក្ខធម៌​របស់​បុគ្គល​នោះ តើដូចម្តេច​ទៅ។

[៣៤៣] ពាក្យថា កាមទាំងឡាយ មិនមាននៅ​ក្នុងបុគ្គលណា គឺកាម​ទាំងឡាយ មិនមាន​នៅ មិននៅព្រម មិននៅ​ទួទៅក្នុង​បុគ្គលណា។ ពាក្យថា ដូច្នេះ របស់បទថា តោទេយ្យ​មានអាយុ ពោលដូច្នេះ ជា​តំណបទ។បេ។ ពាក្យថា ដូច្នេះនេះ ជាលំដាប់​បទ។ ពាក្យថា មានអាយុ គឺពាក្យ​ជាទី​ស្រឡាញ់ ជាពាក្យ​គោរព ពាក្យថា មានអាយុ នេះជា​ពាក្យពោល​ដោយ​សេចក្តី​​គោរព​កោតខ្លាច។ ពាក្យថា តោទេយ្យ ជាឈ្មោះ​របស់​ព្រាហ្មណ៍​នោះ។បេ។ ជាពាក្យ​សម្រាប់ហៅ​ព្រាហ្មណ៍នោះ​ ហេតុនោះ (មានពាក្យថា) តោទេយ្យ​មានអាយុ ទូលសួរ​ដូច្នេះ។

[៣៤៤] ពាក្យថា តណ្ហារបស់បុគ្គលណា មិនមាន ​គឺតណ្ហា​នៃបុគ្គល​ណា មិនមាន មិនមាន​ព្រម មិនកើត​មាន គឺបុគ្គលណា លះបង់ រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺ​ញាណហើយ ហេតុនោះ (លោក​ពោលថា) តណ្ហារបស់​បុគ្គល​ណា មិនមាន។

[៣៤៥] ពាក្យថា មួយទៀត បុគ្គលណា ឆ្លងសេចក្តី​សង្ស័យ​បាន គឺ​មួយទៀត បុគ្គលណា ឆ្លង ឆ្លងឡើង ឆ្លងចេញ កន្លង រំលង ប្រព្រឹត្ត​កន្លង​សេចក្តី​សង្ស័យ​បាន ហេតុនោះ (លោក​ពោលថា) មួយទៀត បុគ្គលណា ឆ្លងសេចក្តី​សង្ស័យ​បានហើយ។

[៣៤៦] ពាក្យថា វិមោក្ខធម៌របស់បុគ្គលនោះ តើដូចម្តេច គឺ​តោទេយ្យមាណព សួរ​វិមោក្ខធម៌​ថា វិមោក្ខធម៌​របស់បុគ្គល​នោះ ដូចម្តេចទៅ​ តាំងនៅ​ដូចម្តេច មានប្រការ​ដូចម្តេច មានចំណែក​ប្រៀបដូចម្តេច ដែល​បុគ្គល​គប្បីប្រាថ្នា ហេតុនោះ (លោក​ពោលថា) វិមោក្ខធម៌​របស់បុគ្គល​នោះ តើដូចម្តេច​ទៅ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

(តោទេយ្យមានអាយុ ទូលសួរដូច្នេះថា) កាមទាំងឡាយ មិនមាន​នៅក្នុង​បុគ្គលណា តណ្ហា​របស់​បុគ្គលណា​មិនមាន មួយទៀត បុគ្គលណា ឆ្លង​សេចក្តី​សង្ស័យ​បាន​ហើយ វិមោក្ខធម៌​របស់​បុគ្គល​នោះ តើដូចម្តេច​ទៅ។

[៣៤៧] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​តោទេយ្យ) កាមទាំងឡាយ​មិន​មាននៅ​ក្នុងបុគ្គល​ណា តណ្ហា​របស់បុគ្គល​ណាមិនមាន មួយទៀត បុគ្គល​ណា​ឆ្លង​សេចក្តី​សង្ស័យ​បានហើយ​ វិមោក្ខធម៌​របស់​បុគ្គលនោះ មិនមែន​ទៅ​ជាដទៃ​ទេ។

[៣៤៨] ពាក្យថា កាមទាំងឡាយ​មិនមាន​នៅក្នុង​បុគ្គលណា ត្រង់ពាក្យថា ក្នុង​បុគ្គល​ណា គឺក្នុង​ព្រះអរហន្ត​ខីណាស្រព។ ពាក្យថា កាមទាំងឡាយ តាមឧទ្ទាន កាម​មាន ២ គឺ​វត្ថុកាម ១ កិលេសកាម ១។បេ។ នេះ វត្ថុកាម។បេ។ នេះ កិលេសកាម។ ពាក្យថា មិនមាន​នៅ គឺកាម​ទាំងឡាយ មិននៅ មិននៅព្រម មិននៅ​ទួទៅ ក្នុងបុគ្គល​ណា ហេតុនោះ (ទ្រង់​ត្រាស់ថា) កាមទាំងឡាយ មិនមាន​នៅក្នុង​បុគ្គលណា។ ពាក្យថា តោទេយ្យ របស់​បទថា ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​តោទេយ្យ គឺ​ព្រះមានព្រះភាគ​ត្រាស់ហៅ​ព្រាហ្មណ៍​នោះ​តាមឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ​នេះ​ ជាពាក្យ​ពោល​ដោយ​គោរព។បេ។ ការបញ្ញត្តិ​ថា ព្រះមានព្រះភាគ នេះ​ (កើត) ព្រោះការ​ត្រាស់ដឹង ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​តោទេយ្យ។

[៣៤៩] ពាក្យថា តណ្ហា របស់បុគ្គលណា មិនមាន ត្រង់ពាក្យថា តណ្ហា បាន​ដល់​រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យ​ថា របស់​បុគ្គលណា គឺរបស់​ព្រះអរហន្ត​ខីណាស្រព។ ពាក្យថា តណ្ហា របស់​បុគ្គល​ណា មិនមាន គឺតណ្ហា​នៃបុគ្គល​ណា មិនមាន មិនមាន​ព្រម មិនកើតមាន គឺបុគ្គលណា លះបង់ រម្ងាប់ ឲ្យស្ងប់​រម្ងាប់ ធ្វើមិនគួរ​ឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺញាណ​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា)​ តណ្ហា​ របស់បុគ្គល​ណា មិនមាន។

[៣៥០] ពាក្យថា មួយទៀត បុគ្គលណា ឆ្លងសេចក្តី​សង្ស័យបាន សេចក្តីថា វិចិកិច្ឆា លោក​ហៅថា សេចក្តី​សង្ស័យ គឺសេចក្តី​ងឿងឆ្ងល់​ក្នុងទុក្ខ។បេ។ ភាពនៃចិត្ត​ញាប់ញ័រ ការស្លាក​ស្នាមនៃចិត្ត។ ពាក្យថា ណា គឺ​ព្រះខីណាស្រព​ណា។ ពាក្យថា មួយទៀត បុគ្គល​ណា ឆ្លងសេចក្តី​សង្ស័យបាន បានន័យថា មួយទៀត បុគ្គលណា ឆ្លង ឆ្លងឡើង ឆ្លងចេញ កន្លង រំលង ប្រព្រឹត្ត​កន្លង នូវសេចក្តី​សង្ស័យ ​ហេតុនោះ (ទ្រង់​ត្រាស់ថា) មួយទៀត បុគ្គលណា ឆ្លង​សេចក្តី​សង្ស័យ​បាន។

[៣៥១] ពាក្យថា វិមោក្ខធម៌របស់បុគ្គលនោះ មិនមែន​ទៅជា​ដទៃទេ គឺវិមោក្ខធម៌​ដទៃ របស់​បុគ្គលនោះ មិនមាន បុគ្គល​គប្បីរួច​ដោយ​វិមោក្ខណា កិច្ចដែល​បុគ្គលនោះ​គប្បីធ្វើ​ដោយ​វិមោក្ខ​នោះ ដូចម្តេច​កើត ហេតុនោះ (ទ្រង់​ត្រាស់ថា) វិមោក្ខធម៌​របស់​បុគ្គលនោះ ​មិនមែន​ទៅជា​ដទៃទេ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

(ព្រះមានព្រះភាគ ត្រាស់ថា ម្នាលតោទេយ្យ) កាមទាំងឡាយ មិនមាននៅក្នុង​បុគ្គល​ណា តណ្ហា​របស់​បុគ្គលណា មិនមាន មួយទៀត ​បុគ្គលណា ឆ្លង​សេចក្តី​សង្ស័យ​បាន វិមោក្ខធម៌​របស់​បុគ្គលនោះ មិនមែន​ទៅជា​ដទៃទេ។

[៣៥២] (តោទេយ្យព្រាហ្មណ៍ទូលសួរថា) បុគ្គលនោះ ជាអ្នក​មិនមាន​សេចក្តី​ប្រាថ្នា​ទេ ឬនៅមាន​សេចក្តី​ប្រាថ្នា បុគ្គលនោះ មានបញ្ញា ឬមាន​ការកំណត់​ដោយ​បញ្ញា​ បពិត្រ​ព្រះសក្កៈ ខ្ញុំព្រះអង្គ​គប្បី​ស្គាល់នូវ​មុនិណា បពិត្រ​ព្រះអង្គ​ជា​សមន្តចក្ខុ សូម​ព្រះអង្គ​ត្រាស់ប្រាប់​មុនិនោះ ដល់ខ្ញុំ​ព្រះអង្គ។

[៣៥៣] ពាក្យថា បុគ្គលនោះ ជាអ្នកមិន​មានសេចក្តី​ប្រាថ្នាទេ ឬនៅ​មានសេចក្តី​ប្រាថ្នា គឺបុគ្គល​នោះ មិនមាន​តណ្ហាទេ ឬប្រកប​ដោយតណ្ហា គឺប៉ង​នូវរូប នឹកប៉ង​ ចង់បាន ត្រេកអរ ប្រាថ្នា ស្រឡាញ់ ជាប់ចិត្ត នូវសម្លេង ក្លិន រស ផ្សព្វ ត្រកូល ​ពួក អាវាស លាភ យស សេចក្តី​សរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន អារម្មណ៍​ដែលឃើញ ឮ ប៉ះពាល់ ឬដឹងច្បាស់ ហេតុនោះ (លោកសួរថា) បុគ្គល​នោះ ជាអ្នក​មិនមាន​សេចក្តី​ប្រាថ្នាទេ ឬនៅមាន​សេចក្តី​ប្រាថ្នា។

[៣៥៤] ពាក្យថា បុគ្គលនោះមានបញ្ញា ឬមានការ​កំណត់​ដឹងដោយ​បញ្ញា ​ត្រង់​ពាក្យ​ថា បុគ្គលនោះ មានបញ្ញា គឺបុគ្គលនោះ ជាបណ្ឌិត​មានប្រាជ្ញា មានប្រាជ្ញា​ជាគ្រឿង​ត្រាស់ដឹង មានញាណ មានប្រាជ្ញា​ភ្លឺច្បាស់ មានប្រាជ្ញា​ជាគ្រឿង​ទំលាយ​កិលេស។ ពាក្យថា ឬមាន​ការកំណត់​ដោយបញ្ញា គឺ​កំណត់ បង្កើត បង្កើតព្រម បង្កើត បង្កើត​ចំពោះ នូវតណ្ហាកប្បៈ ឬទិដ្ឋិកប្បៈ ដោយញាណ​ដែលប្រកប​ដោយ​សមាបត្តិ ៨ ក្តី ដោយ​ញាណ​ដែលប្រកប​ដោយ​អភិញ្ញា ៥ ក្តី ដោយ​មិច្ឆាញាណ​ក្តី ហេតុនោះ (លោក​សួរថា) បុគ្គលនោះ មាន​បញ្ញា ឬ​មានការ​កំណត់​ដោយបញ្ញា។

[៣៥៥] ពាក្យថា បពិត្រព្រះសក្កៈ ខ្ញុំព្រះអង្គ​គប្បីស្គាល់​នូវមុនិ​ណា ត្រង់ពាក្យ​ថា ព្រះសក្កៈ បានដល់​ព្រះមានព្រះភាគ​ជាសក្កៈ។ ម្យ៉ាងទៀត ព្រះនាមថា សក្កៈ ព្រោះ​ហេតុ​ទ្រង់​ចេញចាក​សក្យត្រកូល មកបួស​ក៏បាន។ ឬថា ព្រះនាមថាសក្កៈ ព្រោះទ្រង់​ស្តុកស្តម្ភ មាន​ទ្រព្យច្រើន មានទ្រព្យ​ក៏បាន។ ទ្រព្យ​ទាំងនេះ របស់​ព្រះមានព្រះភាគ​នោះគឺ ទ្រព្យ​គឺសទ្ធា ទ្រព្យ​គឺសីល ទ្រព្យ​គឺហិរិ ទ្រព្យ​គឺឱត្តប្បៈ ទ្រព្យ​គឺសុតៈ ទ្រព្យ​គឺចាគៈ ទ្រព្យ​គឺបញ្ញា ទ្រព្យគឺ​សតិប្បដ្ឋាន ទ្រព្យ​គឺ​សម្មប្បធាន ទ្រព្យ​គឺ​ឥទ្ធិបាទ ទ្រព្យគឺ​ឥន្ទ្រិយ ទ្រព្យ​គឺពលៈ ទ្រព្យគឺ​ពោជ្ឈង្គ ទ្រព្យ​គឺមគ្គ ទ្រព្យ​គឺផល ទ្រព្យគឺ​និព្វាន។ ព្រះនាមថា​សក្កៈ ព្រោះហេតុ​ទ្រង់​ស្តុកស្តម្ភ មាន​ទ្រព្យច្រើន មានទ្រព្យ​ដោយរតនៈ ទ្រព្យ​ទាំងនោះ មានប្រការ​ជាអនេក ក៏បាន។ ឬថា​ព្រះនាម​ថាសក្កៈ​ ព្រោះហេតុ​មាន​ព្យាយាម​ច្រើន មានចិត្ត​អង់អាច ក្លៀវក្លា ប្រកប​ដោយព្យាយាម​ មាន​ព្យាយាម​មោះមុត មិនខ្លាច មិនព្រឺរោម មិន​តក់ស្លុត មិនរត់ មានភ័យ​គួរខ្លាច​លះបង់​ហើយ ប្រាសចាក​ការ​ព្រឺរោម ក៏បាន។ ពាក្យថា បពិត្រ​ព្រះអង្គ​ជាសក្កៈ ខ្ញុំព្រះអង្គ​គប្បី​ដឹងនូវ​មុនិណា គឺបពិត្រ​ព្រះអង្គ​ជាសក្កៈ ខ្ញុំព្រះអង្គ​គប្បី​ដឹង​ គប្បីដឹង​ច្បាស់ គប្បីដឹង​ចំពោះ គប្បីចាក់​ធ្លុះនូវ​មុនិណា ហេតុនោះ (លោកសួរថា) បពិត្រ​ព្រះសក្កៈ ខ្ញុំព្រះអង្គ​គប្បី​ស្គាល់​នូវមុនិណា។

[៣៥៦] ពាក្យថា បពិត្រព្រះអង្គជាសមន្តចក្ខុ សូមព្រះអង្គ​ត្រាស់ប្រាប់​នូវមុនិនោះ ដល់ខ្ញុំ​ព្រះអង្គ ត្រង់ពាក្យថា មុនិនោះ គឺខ្ញុំសួរ​នូវមុនិ​ណា អង្វរ​មុនិណា អារាធនា​មុនិណា ដណ្តឹង​នូវ​មុនិណា។ ពាក្យថា សូម​ត្រាស់ប្រាប់ គឺសូម​ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយ ប្រកាស។ ពាក្យថា សមន្តចក្ខុ សេចក្តីថា សព្វញ្ញុតញ្ញាណ លោក​ហៅថា សមន្តចក្ខុ។បេ។ ព្រះតថាគត​ ទ្រង់ព្រះនាម​​សមន្តចក្ខុ ដោយ​ហេតុនោះ ហេតុនោះ (លោកសួរថា) បពិត្រ​ព្រះអង្គ​ជា​សមន្តចក្ខុ សូមព្រះអង្គ​ត្រាស់ប្រាប់​នូវមុនិ​នោះ ដល់ខ្ញុំ​ព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះ​ទូលសួរថា

បុគ្គលនោះ ជាអ្នកមិនមានសេចក្តី​ប្រាថ្នាទេ ឬនៅ​មានសេចក្តី​ប្រាថ្នា បុគ្គល​នោះ​ មានបញ្ញា ឬមាន​ការកំណត់​ដោយបញ្ញា បពិត្រ​ព្រះសក្កៈ ខ្ញុំព្រះអង្គ​គប្បី​ស្គាល់​នូវ​មុនិណា បពិត្រ​ព្រះអង្គ ជា​សមន្តចក្ខុ សូម​ព្រះអង្គ​ត្រាស់ប្រាប់​នូវមុនិនោះ ដល់ខ្ញុំ​ព្រះអង្គ។ ​

[៣៥៧] (ព្រះមានព្រះភាគត្រាស់ថា) បុគ្គលនោះ ជាអ្នក​មិនមាន​សេចក្តី​ប្រាថ្នា ទាំងមិន​ប្រកប​ដោយ​សេចក្តី​ប្រាថ្នាទេ បុគ្គលនោះ ជាអ្នក​មានបញ្ញា ទាំងមិន​មាន​ការកំណត់​ដោយបញ្ញា​ទេ ម្នាល​តោទេយ្យ អ្នកចូរ​ស្គាល់នូវ​បុគ្គល​នោះ ថាជាមុនិ ជាអ្នក​មិនមាន​កង្វល់ មិនជាប់​នៅក្នុង​កាម និងភព យ៉ាងនេះចុះ។

[៣៥៨] ពាក្យថា បុគ្គលនោះ ជាអ្នកមិនមាន​សេចក្តី​ប្រាថ្នា ទាំងមិន​ប្រកប​ដោយ​សេចក្តី​ប្រាថ្នាទេ គឺបុគ្គល​នោះ​ ជាអ្នក​មិនមាន​តណ្ហា មិនប្រកប​ដោយ​តណ្ហា គឺមិនប៉ង​ចំពោះ​នូវរូប សទ្ទៈ គន្ធៈ។បេ។ មិនប៉ង មិនចង់បាន មិនត្រេកអរ មិនប្រាថ្នា មិនស្រឡាញ់ មិន​ជាប់ចិត្ត នូវអារម្មណ៍​ដែលឃើញ ឮ ប៉ះពាល់ ឬដឹងច្បាស់ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​នោះ ជាអ្នក​មិនមាន​សេចក្តី​ប្រាថ្នា ទាំងមិន​ប្រកប​ដោយ​សេចក្តី​ប្រាថ្នាទេ។

[៣៥៩] ពាក្យថា បុគ្គលនោះ ជាអ្នកមានបញ្ញា ទាំងមិន​មានការ​កំណត់​ដោយបញ្ញា ត្រង់​ពាក្យថា បុគ្គលនោះ ជាអ្នក​មានបញ្ញា គឺជា​បណ្ឌិត​មានប្រាជ្ញា មានប្រាជ្ញា​ជាគ្រឿង​ត្រាស់ដឹង មានញាណ មានប្រាជ្ញា​ភ្លឺច្បាស់ មានប្រាជ្ញា​ជាគ្រឿង​ទំលាយ​បង់នូវ​កិលេស។ ពាក្យថា ទាំងមិន​មានការ​កំណត់​ដោយបញ្ញា គឺ​មិនកំណត់ មិនបង្កើត មិនបង្កើត​ព្រម មិន​បង្កើត មិនបង្កើត​ចំពោះ​នូវតណ្ហាកប្បៈ ឬទិដ្ឋិកប្បៈ​ដោយញាណ​ប្រកប​ដោយ​សមាបត្តិ ៨ ក្តី ដោយញាណ គឺ​អភិញ្ញា ៥ ក្តី ដោយ​មិច្ឆាញាណ​ក្តី ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គលនោះ ជាអ្នក​មានបញ្ញា ទាំងមិន​មានការ​កំណត់​ដោយបញ្ញា។

[៣៦០] ពាក្យថា មុនិ របស់បទថា ម្នាល​តោទេយ្យ អ្នកចូរ​ស្គាល់នូវ​បុគ្គលនោះ​ថាជា​មុនិ យ៉ាងនេះចុះ ត្រង់ពាក្យថា មុនិ​ សេចក្តីថា ញាណ លោកហៅថា ​មោនៈ។ប។ មុនិនោះ​ កន្លងហើយ​នូវបណ្តាញ គឺកិលេស​ជាគ្រឿង​ជាប់ចំពាក់។ ពាក្យថា ម្នាល​តោទេយ្យ អ្នកចូរ​ស្គាល់នូវ​បុគ្គលនោះ​ថាជាមុនិ យ៉ាងនេះចុះ បាន​សេចក្តីថា ម្នាល​តោទេយ្យ អ្នកចូរដឹង ចូរដឹងច្បាស់ ចូរដឹង​ចំពោះ​នូវបុគ្គល​នោះថា ជាមុនិ យ៉ាងនេះចុះ​ ហេតុនោះ (ទ្រង់​ត្រាស់ថា)​ ម្នាល​តោទេយ្យ អ្នកចូរ​ស្គាល់នូវ​បុគ្គលនោះ​ថាជាមុនិ យ៉ាងនេះ​ចុះ។ ​

[៣៦១] អធិប្បាយពាក្យថា ជាអ្នកមិនមាន​កង្វល់ មិនជាប់​នៅក្នុង​កាម និងភព ត្រង់​ពាក្យថា ជាអ្នក​មិនមាន​កង្វល់ សេចក្តីថា កង្វល់​គឺរាគៈ កង្វល់​គឺទោសៈ​ កង្វល់​គឺមោហៈ​ កង្វល់​គឺមានះ កង្វល់​គឺទិដ្ឋិ កង្វល់​គឺកិលេស កង្វល់​គឺទុច្ចរិត កង្វល់​ទាំងនុ៎ះ បុគ្គលណា បាន​លះបង់ ផ្តាច់បង់ រម្ងាប់ ឲ្យរម្ងាប់ ​ធ្វើមិន​គួរឲ្យកើត​ឡើងបាន​ ដុតដោយ​ភ្លើង​គឺញាណ​ហើយ បុគ្គល​នោះ លោកហៅថា អ្នកមិនមាន​កង្វល់។ ពាក្យថា កាម​ទាំងឡាយ របស់​បទថា ក្នុងកាម និងភព​ តាមឧទ្ទាន កាមមាន ២ គឺ​វត្ថុកាម ១ កិលេសកាម ​១។បេ។ ទាំងនេះ​ លោក​ហៅថា វត្ថុកាម។បេ។ ​ទាំងនេះ លោកហៅថា កិលេសកាម។ ​ពាក្យថា ភព បានដល់​ភព ២ គឺកម្មភព ១ បុនព្ភព គឺ​បដិសន្ធិ ១។បេ។ នេះ បុនព្ភព គឺ​បដិសន្ធិ។ ពាក្យថា ជាអ្នក​មិនមាន​កង្វល់ មិនជាប់នៅ​ក្នុងកាម និងភព​ បានសេចក្តី​ថា មិនមាន​កង្វល់ មិនជាប់ មិនចំពាក់ មិនជាប់​ចំពាក់ មិនខ្វល់នៅ គឺជា​អ្នកចេញ​ទៅ រលាស់ចោល​ រួចស្រឡះ មិន​ប្រកប​ក្នុងកាម​ផង ក្នុងភព​ផង នៅដោយ​ចិត្តដែល​ប្រាសចាក​ដែន គឺកិលេស ហេតុនោះ (ទ្រង់​ត្រាស់ថា) មិនមាន​កង្វល់ មិនជាប់នៅ​ក្នុងកាម និងភព។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលនោះ ជាអ្នកមិនមានសេចក្តីប្រាថ្នា ទាំងមិនប្រកប​ដោយ​សេចក្តី​ប្រាថ្នា​ទេ បុគ្គលនោះ ជាអ្នក​មានបញ្ញា ទាំងមិន​មានការ​កំណត់​ដោយ​បញ្ញាទេ ម្នាល​តោទេយ្យ អ្នកចូរ​ស្គាល់នូវ​បុគ្គលនោះ ថាជាមុនិ ជាអ្នក​មិនមាន​កង្វល់ មិនជាប់​នៅ​ក្នុងកាម និងភព យ៉ាងនេះ​ចុះ។

លុះចប់គាថាហើយ។បេ។ បពិត្រព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំព្រះអង្គ​ជាសាវ័ក។

ចប់ តោទេយ្យមាណវកប្បញ្ហានិទ្ទេស ទី៩។

កប្បមាណវកប្បញ្ហានិទ្ទេស ទី១០

[៣៦២] (កប្បមាណពមានអាយុ ទូលសួរដូច្នេះថា) បពិត្រ​ព្រះអង្គ​និរទុក្ខ សូម​ព្រះអង្គ​ត្រាស់ប្រាប់​នូវទីពឹង​របស់ពួក​សត្វ​អ្នកឋិត​នៅក្នុង​កណ្តាល​នៃស្រះ ដែលត្រូវ​ជរា និង​មច្ចុគ្រប​សង្កត់ ព្រោះឱឃៈ​ជាភ័យ​ធំកើតឡើង​ហើយ ចុះសេចក្តី​ទុក្ខ (ក្នុងស្រះ) នេះ មិនគប្បី​មានតទៅ​ទៀត ដោយ​ប្រការណា សូមព្រះអង្គ​ប្រាប់នូវ​ទីពឹង​ដល់ខ្ញុំ​ព្រះអង្គ ដោយ​ប្រការ​នោះ។

[៣៦៣] ពាក្យថា អ្នកឋិតនៅក្នុងកណ្តាលនៃស្រះ អធិប្បាយថា សង្សារ លោក​ហៅថា ស្រះ បានដល់​ដំណើរមក ដំណើរទៅ ដំណើរទៅ និងមក កាលៈ គតិ ភពតូចធំ ការចុតិ​ផង ការចាប់​កំណើត​ផង ការកើត​ផង ការបែក​ធ្លាយផង ជាតិ​ផង ជរាផង មរណៈ​ផង។ ទីបំផុត​ខាងដើម​នៃសង្សារ​មិនប្រាកដ ទាំងទីបំផុត​ខាងចុង ក៏មិន​ប្រាកដ។ ពួកសត្វ​ដែល​ឋិតនៅ តាំងនៅ ជាប់ស្អិត នៅកុះករ ជ្រុលជ្រប់ ចុះស៊ប់​ក្នុងសង្សារ តែត្រង់​កណ្តាល។ ទីបំផុត​ខាង​ដើមនៃ​សង្សារ​ មិនប្រាកដ តើដូចម្តេច។ វដ្តៈវិល​ទៅហើយ អស់ជាតិ​ទាំងឡាយ​ប៉ុណ្ណេះ នឹង​មិនវិល​ហួសអំពី​នោះ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈវិល​ទៅហើយ អស់រយ​នៃជាតិ​ប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈវិល​ទៅហើយ អស់ពាន់​នៃជាតិ​ប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ​យ៉ាងនេះ​ខ្លះ។ វដ្តៈវិល​ទៅហើយ អស់សែន​នៃ​ជាតិប៉ុណ្ណេះ នឹងមិនវិល​ហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ យ៉ាង​នេះខ្លះ។ វដ្តៈវិល​ទៅហើយ អស់កោដិ​នៃជាតិ​ប៉ុណ្ណេះ ​នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងដើមនៃ​សង្សារ មិនប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈ​វិលទៅ​ហើយ អស់រយ​កោដិនៃជាតិ​ប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងដើមនៃ​សង្សារ មិនប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈវិល​ទៅហើយ អស់ពាន់កោដិ​នៃជាតិ​ប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈវិល​ទៅហើយ អស់សែនកោដិ​នៃជាតិ​ប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈវិល​ទៅហើយ អស់ឆ្នាំ​ប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមាន​ទេ ទីបំផុត​ខាងដើម​នៃសង្សារ​ មិន​ប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈវិល​ទៅហើយ អស់រយ​នៃឆ្នាំប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងដើមនៃ​សង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិល​ទៅហើយ អស់ពាន់នៃ​ឆ្នាំប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈវិល​ទៅហើយ អស់សែន​នៃឆ្នាំប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមាន​ទេ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅ​ហើយ អស់កោដិ​នៃឆ្នាំប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងដើម​នៃសង្សារ មិន​ប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈវិល​ទៅហើយ អស់រយកោដិ​នៃឆ្នាំប៉ុណ្ណេះ នឹងមិន​វិលហួស​អំពី​នោះ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ​ យ៉ាងនេះ​ខ្លះ។ វដ្តៈវិល​ទៅហើយ អស់ពាន់​កោដិនៃឆ្នាំ​ប៉ុណ្ណេះ នឹងមិនវិល​ហួសអំពី​នោះ ការ​ដឹងយ៉ាង​នេះ មិនមានទេ ទីបំផុត​ខាងដើម​នៃ​សង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិល​ទៅហើយ អស់សែន​កោដិនៃឆ្នាំ​ប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមាន​ទេ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈវិល​ទៅហើយ អស់​កប្បប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងដើម​នៃសង្សារ មិន​ប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈវិល​ទៅហើយ អស់រយ​នៃកប្ប​ប៉ុណ្ណោះ នឹងមិន​វិលហួស​អំពី​នោះ ការដឹង​យ៉ាងនេះ ​មិនមានទេ ទីបំផុត​ខាងដើមនៃ​សង្សារ មិនប្រាកដ​យ៉ាងនេះ​ខ្លះ។ វដ្តៈ​វិលទៅ​ហើយ អស់ពាន់​នៃកប្ប​ប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមាន​ទេ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈវិល​ទៅហើយ អស់សែន​នៃកប្ប​ប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមាន​ទេ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈវិល​ទៅហើយ អស់​កោដិ​នៃកប្ប​ប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅ​ហើយអស់​រយកោដិ​នៃកប្ប​ប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ ​យ៉ាងនេះ​ខ្លះ។ វដ្តៈវិល​ទៅហើយ អស់ពាន់​កោដិនៃ​កប្បប៉ុណ្ណេះ នឹងមិនវិល​ហួស​​អំពីនោះ​ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ ​យ៉ាងនេះ​ខ្លះ។ វដ្តៈវិល​ទៅហើយ​អស់សែនកោដិ​នៃកប្ប​ប៉ុណ្ណេះ នឹងមិន​វិលហួស​អំពី​នោះ​ ការដឹងយ៉ាង​នេះ មិនមានទេ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ​យ៉ាងនេះ​ខ្លះ។

សមដូចពាក្យនេះ ដែលព្រះមានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ សង្សារនេះ​ មានទី​បំផុត​ដឹងមិនបាន ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ​ទេ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​ដែលត្រូវ​អវិជ្ជាជា​គ្រឿង​រារាំង មានតណ្ហា​ជាគ្រឿង​ប្រកបទុក រង្គាត់ទៅ អន្ទោល​ទៅ ទទួល​ទុក្ខយ៉ាងខ្លាំង ជាគ្រឿង​វិនាស ញ៉ាំងព្រៃ​ស្មសានឲ្យ​ចំរើន​អស់កាល​យូរយារ យ៉ាងនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុនោះ​ អ្នកទាំងឡាយ គួរតែនឿយ​ណាយ គួរតែ​ប្រាស គួរតែ​គេចចេញ​ចាកសង្ខារ​ទាំងពួង។ ទីបំផុត​ខាងដើម​នៃសង្សារ មិនប្រាកដ យ៉ាងនេះ​ខ្លះ។

ទីបំផុតខាងចុងនៃសង្សារ មិនប្រាកដ តើដូចម្តេច។ វដ្តៈនឹងវិល​ទៅអស់ជាតិ​ប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ ការដឹង​យ៉ាងនេះ មិនមានទេ ទីបំផុត​ខាងចុង​នៃសង្សារ មិន​ប្រាកដ យ៉ាងនេះ​ខ្លះ។ វដ្តៈនឹង​វិលទៅ​អស់រយ​នៃជាតិ​ប៉ុណ្ណេះ អស់ពាន់​នៃជាតិ​ប៉ុណ្ណេះ អស់សែន​នៃជាតិ​ប៉ុណ្ណេះ។បេ។ អស់កោដិ​នៃជាតិ​ប៉ុណ្ណេះ អស់រយ​កោដិនៃ​ជាតិប៉ុណ្ណេះ អស់ពាន់​កោដិនៃ​ជាតិប៉ុណ្ណេះ អស់សែន​កោដិនៃជាតិ​ប៉ុណ្ណេះ អស់ឆ្នាំ​ប៉ុណ្ណេះ អស់រយ​នៃ​ឆ្នាំ​ប៉ុណ្ណេះ អស់ពាន់​នៃឆ្នាំប៉ុណ្ណេះ​ អស់សែន​នៃឆ្នាំប៉ុណ្ណេះ អស់កោដិ​នៃឆ្នាំប៉ុណ្ណេះ​​ អស់រយ​កោដិនៃ​ឆ្នាំប៉ុណ្ណេះ អស់ពាន់​កោដិនៃឆ្នាំ​ប៉ុណ្ណេះ អស់សែន​កោដិនៃ​ឆ្នាំប៉ុណ្ណេះ អស់​កប្ប​ប៉ុណ្ណេះ​ អស់រយ​នៃកប្ប​ប៉ុណ្ណេះ អស់ពាន់​នៃកប្ប​ប៉ុណ្ណេះ​ អស់សែន​នៃកប្ប​ប៉ុណ្ណេះ អស់កោដិ​នៃកប្ប​ប៉ុណ្ណេះ អស់រយ​កោដិនៃ​កប្បប៉ុណ្ណេះ អស់ពាន់​កោដិនៃ​កប្ប​ប៉ុណ្ណេះ អស់សែន​កោដិនៃ​កប្បប៉ុណ្ណេះ នឹងមិន​វិលហួស​អំពីនោះ​ ការដឹង​យ៉ាងនេះ មិនមាន​ទេ ទីបំផុត​ខាងចុង​នៃសង្សារ មិនប្រាកដ យ៉ាងនេះ​ខ្លះ។ ទីបំផុត​ខាងដើម​នៃសង្សារ ក៏មិន​ប្រាកដ ទាំងទី​បំផុតខាង​ចុងនៃ​សង្សារ ក៏មិនប្រាកដ យ៉ាងនេះឯង។ ពួកសត្វ​អ្នកឋិតនៅ តាំងនៅ​ ជាប់ស្អិត ចូលទៅ នៅ កុះករ ជ្រុលជ្រប់ ចុះស៊ប់​ហើយ ក្នុង​សង្សារតែ​ត្រង់​កណ្តាល ហេតុនោះ (លោកសួរថា) អ្នកនៅ​ក្នុងកណ្តាល​នៃស្រះ។ ពាក្យថា ដូច្នេះ របស់បទថា ​កប្បមាណព​មានអាយុ ទូលសួរ​ដូច្នេះ ជាពាក្យ​តបទ។បេ។​ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់​បទ។ ពាក្យថា មានអាយុ គឺពាក្យ​ជាទី​ស្រឡាញ់ ជាពាក្យគោរព ពាក្យថា​ មានអាយុ នុ៎ះ ជាពាក្យ​ពោលដោយ​គោរព​កោតក្រែង។ ពាក្យថា កប្បៈ ជាឈ្មោះ​របស់ព្រាហ្មណ៍។បេ។ ជាពាក្យ​ហៅព្រាហ្មណ៍​នោះ ហេតុនោះ (មាន​ពាក្យថា) កប្បមាណព​មានអាយុ ទូលសួរដូច្នេះ។

[៣៦៤] ពាក្យថា ព្រោះឱឃៈជាភ័យធំកើតឡើងហើយ គឺ ព្រោះកាមោឃៈ ភវោឃៈ ទិដ្ឋោឃៈ អវិជ្ជោឃៈ កើត កើតព្រម កកើត កើតចំពោះ កើតប្រាកដ។ ពាក្យថា ភ័យធំ បានដល់ ភ័យអំពីជាតិ ភ័យអំពី​ជរា ភ័យអំពី​ព្យាធិ ភ័យអំពី​មរណៈ ហេតុនោះ (លោក​សួរថា) ព្រោះឱឃៈ​ជាភ័យធំ កើតឡើង​ហើយ។

[៣៦៥] ពាក្យថា ដែលត្រូវជរា និងមច្ចុ គ្របសង្កត់ គឺត្រូវជរា​ប៉ះពាល់ គ្របសង្កត់ រួបរឹត ទន្រ្ទាន ត្រូវមច្ចុ​ប៉ះពាល់ គ្របសង្កត់ រួបរឹត ទន្ទ្រាន ត្រូវជាតិ​ជាប់តាម ត្រូវជរា​ជ្រួតជ្រាប​ចូល ត្រូវព្យាធិ​គ្របសង្កត់ ត្រូវមរណៈ​កំចាត់ មិនមាន​ទីការពារ មិនមាន​ទីជ្រក មិនមាន​ទីពឹង មិនមាន​បុគ្គលជា​ទីពំនាក់ ហេតុនោះ (លោកសួរថា) ដែលត្រូវ​ជរា និងមច្ចុ​គ្របសង្កត់។

[៣៦៦] ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ សូមព្រះអង្គ​ត្រាស់ប្រាប់​នូវទីពឹង គឺ​សូម​ព្រះអង្គ​ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវទីពឹង ទីការពារ ទីជ្រក ទីពំនាក់ ទីពឹង ការប្រព្រឹត្តិ​នៃដំណើរ។ ពាក្យថា បពិត្រ​ព្រះអង្គ​និរទុក្ខ គឺពាក្យ​ជាទី​ស្រឡាញ់ ជាពាក្យ​គោរព ពាក្យថា បពិត្រ​ព្រះអង្គ​និរទុក្ខ នេះជា​ពាក្យពោល​ដោយ​គោរព កោតក្រែង ហេតុនោះ (លោក​សួរថា) បពិត្រ​ព្រះអង្គ​និរទុក្ខ សូម​ព្រះអង្គ​ត្រាស់ប្រាប់​នូវទីពឹង។

[៣៦៧] ពាក្យថា ព្រះអង្គ របស់បទថា សូមព្រះអង្គ​ប្រាប់នូវ​ទីពឹង​ដល់ខ្ញុំ​ព្រះអង្គ​ គឺ​កប្បមាណព​ពោល​ចំពោះ​ព្រះមានព្រះភាគ។ ពាក្យថា សូមត្រាស់​ប្រាប់នូវ​ទីពឹង គឺ សូម​ព្រះអង្គ​ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស​នូវទីពឹង នូវទី​ការពារ នូវទីជ្រក នូវទីពំនាក់ នូវការ​ប្រព្រឹត្តិទៅ​នៃគតិ ហេតុនោះ (លោកសួរថា) សូម​ព្រះអង្គ​ប្រាប់​នូវទីពឹង​ដល់ខ្ញុំ​ព្រះអង្គ។

[៣៦៨] ពាក្យថា ចុះសេចក្តីទុក្ខ (ក្នុងស្រះ) នេះ​ មិនគប្បី​មានតទៅ​ទៀត​ដោយ​ប្រការ​ណា សេចក្តីថា ទុក្ខនេះ គប្បីរលត់ រម្ងាប់ ដល់នូវ​ការវិនាស ស្ងប់រម្ងាប់ ក្នុង​ស្រះ​នេះឯង គឺសេចក្តី​ទុក្ខដែល​កើតអំពី​បដិសន្ធិ​ទៀត មិនគប្បី​កើតបាន គឺថា មិនគប្បី​កើត មិនគប្បី​កើតព្រម មិនគប្បី​កកើតក្នុង​កាមធាតុក្តី​ រូបធាតុក្តី អរូបធាតុក្តី កាមភពក្តី រូបភពក្តី អរូបភពក្តី សញ្ញាភពក្តី អសញ្ញាភពក្តី នេវសញ្ញានាសញ្ញាភពក្តី ឯកវោការភព​ក្តី ចតុវោការភពក្តី បញ្ចវោការភពក្តី​ គតិទៀតក្តី ឧបបត្តិទៀតក្តី បដិសន្ធិ​ទៀតក្តី ភពក្តី សង្សារក្តី វដ្តៈក្តី គឺថា សេចក្តី​ទុក្ខនេះ គប្បីរលត់ រម្ងាប់ ដល់នូវ​ការវិនាស ស្ងប់រម្ងាប់​ក្នុង​ស្រះនេះ​ឯង ដោយ​ប្រការណា​ ហេតុនោះ (លោកសួរថា) ចុះសេចក្តី​ទុក្ខ (ក្នុងស្រះ) នេះ មិនគប្បី​មានតទៅ​ទៀត ដោយ​ប្រការណា។ ហេតុនោះ ព្រាហ្មណ៍​នោះពោលថា

(កប្បមាណពមានអាយុ ទូលសួរដូច្នេះថា) បពិត្រ​ព្រះអង្គ​និរទុក្ខ សូមព្រះអង្គ​ត្រាស់​ប្រាប់​នូវ​ទីពឹង​របស់ពួក​សត្វអ្នកឋិត​នៅក្នុង​កណ្តាល​នៃស្រះ ដែលត្រូវ​ជរា និង​មច្ចុ​គ្របសង្កត់ ព្រោះឱឃៈ​ជាភ័យធំ​កើតឡើង​ហើយ ចុះសេចក្តី​ទុក្ខ (ក្នុងស្រះ) នេះ មិនគប្បី​មានតទៅ​ទៀត ​ដោយ​ប្រការណា សូមព្រះអង្គ​ត្រាស់​ប្រាប់នូវ​ទីពឹង​ដល់ខ្ញុំ​ព្រះអង្គ​ដោយប្រការ​នោះ។

[៣៦៩] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកប្បៈ) តថាគត​នឹងប្រាប់អ្នក​នូវទីពឹង​របស់​ពួកសត្វ​អ្នកឋិត​នៅក្នុង​កណ្តាល​នៃស្រះ ដែលត្រូវ​ជរា និង​មច្ចុ​គ្របសង្កត់ ព្រោះឱឃៈ​ជា​ភ័យធំ​កើតឡើង​ហើយ។

[៣៧០] ពាក្យថា អ្នកឋិតនៅក្នុងកណ្តាលនៃស្រះ អធិប្បាយថា សង្សារ​ លោក​ហៅថា ស្រះ បានដល់​ដំណើរ​មក ដំណើរទៅ ដំណើរទៅ និងមក មរណកាល គតិ ភពតូច ភពធំ ការច្យុតិ​ផង ការចាប់​កំណើត​ផង ការកើត​ផង ការបែក​ធ្លាយផង ជាតិផង ជរាផង មរណៈ​ផង។ ទីបំផុត​ខាងដើម​នៃសង្សារ​មិនប្រាកដ ទាំង​ទីបំផុត​ខាងចុង ក៏មិន​ប្រាកដ។បេ។ ពួកសត្វ​ឋិតនៅ តាំងនៅ ជាប់ស្អិត​ នៅកុះករ ជ្រុលជ្រប់ ចុះស៊ប់​ហើយ ក្នុង​សង្សារ​តែត្រង់​កណ្តាល។ ទីបំផុត​ខាងដើម​នៃសង្សារ​មិនប្រាកដ តើដូចម្តេច។បេ។ ទីបំផុត​ខាងដើម​នៃ​សង្សារ មិនប្រាកដ​យ៉ាងនេះ​ខ្លះ។ ទីបំផុតខាង​ចុងនៃ​សង្សារ មិនប្រាកដ តើដូចម្តេច។បេ។ ទីបំផុត​ខាងចុង​នៃសង្សារ មិន​ប្រាកដ​យ៉ាងនេះខ្លះ។ ទីបំផុត​ខាងដើម​នៃ​សង្សារ ក៏មិន​ប្រាកដ ទាំងទី​បំផុត​ខាងចុង ក៏មិន​ប្រាកដ​យ៉ាងនេះ។ ពួកសត្វ​ឋិតនៅ តាំងនៅ ជាប់ស្អិត​នៅ កុះករ ជ្រុលជ្រប់ ចុះស៊ប់​ហើយ​ក្នុងសង្សារ​តែត្រង់​កណ្តាល ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកឋិត​នៅក្នុង​កណ្តាល​នៃស្រះ។ ពាក្យថា ម្នាល​កប្បៈ របស់​បទថា ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលកប្បៈ គឺ​ព្រះមានព្រះភាគ​ត្រាស់ហៅ​ព្រាហ្មណ៍​នោះតាម​ឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ​នុ៎ះ ជាពាក្យ​ពោល​ដោយ​គោរព។បេ។ ការបញ្ញត្តិ​ថា ព្រះមានព្រះភាគ នេះ​ (កើត) ព្រោះការ​ធ្វើឲ្យ​ជាក់ច្បាស់ ហេតុនោះ (មាន​ពាក្យថា) ព្រះមានព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាលកប្បៈ។

[៣៧១] ពាក្យថា ព្រោះឱឃៈជាភ័យធំ​កើតឡើង​ហើយ គឺ ព្រោះកាមោឃៈ ភវោឃៈ ទិដ្ឋោឃៈ អវិជ្ជោឃៈ កើត កើតព្រម កកើត ដុះដាល កើតប្រាកដ។ ពាក្យថា ជាភ័យធំ គឺជា​ភ័យអំពី​ជាតិ ភ័យអំពីជរា ភ័យ​អំពីព្យធិ ភ័យអំពី​មរណៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះ​ឱឃៈជា​ភ័យធំ​កើតឡើង​ហើយ។

[៣៧២] ពាក្យថា ដែលត្រូវជរា និងមច្ចុ​គ្របសង្កត់ គឺត្រូវជរា​ប៉ះពាល់ គ្របសង្កត់ ប្រជុំចុះ ទន្រ្ទាន ត្រូវមច្ចុ​ប៉ះពាល់ គ្របសង្កត់ ប្រជុំចុះ ទន្រ្ទាន ត្រូវជាតិ​ជាប់តាម ត្រូវជរា​ជ្រួតជ្រាប​ចូល ត្រូវព្យាធិ​គ្របសង្កត់ ត្រូវមរណៈ​កំចាត់ មិនមាន​ទីការពារ មិនមាន​ទីជ្រក មិនមាន​ទីពឹង មិនមាន​បុគ្គលជា​ទីសង្ឃឹម ហេតុនោះ (ទ្រង់​ត្រាស់ថា) ដែល​ត្រូវជរា និងមច្ចុ​គ្រប​សង្កត់។

[៣៧៣] ពាក្យថា ម្នាលកប្បៈ តថាគតនឹងប្រាប់អ្នក​នូវទីពឹង គឺ​តថាគត​នឹងពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ នូវទីពឹង ទីការពារ ទីជ្រក ទីពំនាក់ ការប្រព្រឹត្តិ​ទៅនៃគតិ ហេតុនោះ (ទ្រង់​ត្រាស់ថា) តថាគត​នឹងប្រាប់​នូវទីពឹង។ ពាក្យថា ម្នាល​កប្បៈ របស់​បទថា ម្នាលកប្បៈ … ដល់អ្នក គឺព្រះមានព្រះភាគ ហៅព្រាហ្មណ៍​នោះ​តាម​ឈ្មោះ ហេតុនោះ   (ទ្រង់​ត្រាស់ថា) ម្នាលកប្បៈ តថាគត​នឹងប្រាប់អ្នក​នូវទីពឹង។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា) ម្នាលកប្បៈ តថាគតនឹង​ប្រាប់អ្នក នូវទីពឹង​របស់​ពួកសត្វ​អ្នកឋិតនៅក្នុង​កណ្តាល​នៃស្រះ ដែល​ត្រូវ​ជរា និង​មច្ចុ​គ្របសង្កត់ ព្រោះឱឃៈ​ជាភ័យធំ​កើតឡើង​ហើយ។

[៣៧៤] ការមិនកង្វល់ ការមិនប្រកាន់មាំ នុ៎ះឯង​ជាទីពឹង ឯទីពឹង​ក្រៅពីនេះ ពុំមាន​ទេ តថាគត​ហៅនូវ​ទីពឹងនោះ ថានិព្វាន ជាទី​អស់ជរា និងមច្ចុ​ដោយ​ប្រការ​ដូច្នេះ។​

[៣៧៥] ពាក្យថា ការមិនកង្វល់ ការមិន​ប្រកាន់មាំ ត្រង់ពាក្យថា ការ​មិនកង្វល់​ សេចក្តីថា កង្វល់​គឺរាគៈ កង្វល់​គឺទោសៈ កង្វល់​គឺមោហៈ កង្វល់​គឺមានះ​ កង្វល់​គឺទិដ្ឋិ កង្វល់គឺ​កិលេស កង្វល់​គឺទុច្ចរិត ការលះបង់​កង្វល់ ការរម្ងាប់​កង្វល់ ការរលាស់​កង្វល់ ការស្ងប់​កង្វល់ អមតនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ការមិន​កង្វល់។ ពាក្យថា ការមិន​ប្រកាន់​មាំ សេចក្តីថា តណ្ហា លោក​ហៅថា ការប្រកាន់មាំ បានដល់​រាគៈ រាគៈ​មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល ការលះបង់​សេចក្តី​ប្រកាន់មាំ ការរម្ងាប់​សេចក្តី​​ប្រកាន់ ការរលាស់​ចោល​សេចក្តី​ប្រកាន់មាំ ការស្ងប់​សេចក្តី​ប្រកាន់មាំ អមតនិព្វាន ហេតុនោះ (ទ្រង់​ត្រាស់ថា) ការមិន​កង្វល់ ការមិន​ប្រកាន់មាំ។

[៣៧៦] ពាក្យថា នុ៎ះឯងជាទីពឹង ឯទីពឹងក្រៅពីនេះ ពុំមានទេ គឺ នុ៎ះជា​ទីពឹង ជាទី​ការពារ ជាទីជ្រក ជាទីពុំនាក់ ជាដំណើរ​ប្រព្រឹត្តទៅ​នៃគតិ។ ពាក្យថា ឯទីពឹងក្រៅ​ពីនេះ ពុំមានទេ គឺទីពឹង​ដទៃ​ឯទៀត​អំពី​ទីពឹងនោះ មិនមាន មានតែ​ទីពឹង​នោះឯង ជាគុណ​ដ៏លើស​ផង ប្រសើរ​ផុតផង វិសេសផង ជាប្រធាន​ផង ខ្ពង់ខ្ពស់​ផង ថ្លៃថ្លាផង ហេតុនោះ (ទ្រង់​ត្រាស់ថា) ឯទីពឹង​ក្រៅពីនេះ ពុំមានទេ។

[៣៧៧] អធិប្បាយពាក្យថា តថាគតហៅ​នូវទីពឹង​នោះថា និព្វាន ដោយ​ប្រការ​ដូច្នេះ សេចក្តីថា តណ្ហា លោកហៅថា វានៈ បានដល់​រាគៈ រាគៈ​ដ៏មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល ការលះបង់​វានៈ​ រម្ងាប់វានៈ រលាស់​ចោលវានៈ ស្ងប់វានៈ អមតនិព្វាន។ ពាក្យថា ដោយ​ប្រការ​ដូច្នេះ ជាពាក្យ​ភ្ជាប់បទ។បេ។ ពាក្យថា ដោយ​ប្រការ​​ដូច្នេះ នុ៎ះ ជា​លំដាប់បទ។ ពាក្យថា តថាគត​ហៅ គឺ​តថាគត​ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (ទ្រង់​ត្រាស់ថា) តថាគត​ហៅ​នូវទី​ពឹងនោះ ថានិព្វាន ដោយប្រការ​ដូច្នេះ។

[៣៧៨] ពាក្យថា ជាទីអស់ជរា និងមច្ចុ គឺការលះបង់ ការរម្ងាប់ ការរលាស់ ការ​ស្ងប់រម្ងាប់ នូវជរា និង​មរណៈ អមតនិព្វាន ហេតុនោះ (ទ្រង់​ត្រាស់ថា) ជាទី​អស់ជរា និង​មច្ចុ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ការមិនមានកង្វល់ ការមិនប្រកាន់មាំ នុ៎ះឯង​ជាទីពឹង ឯទីពឹង​ក្រៅពីនេះ ពុំមានទេ តថាគត​ហៅ​នូវទីពឹង​នោះ ថានិព្វាន ជាទី​អស់ជរា និងមច្ចុ ដោយ​ប្រការ​ដូច្នេះ។

[៣៧៩] ពួកជនណា ជាអ្នកមានសតិ ដឹងនូវ​ទីពឹងនុ៎ះ មានធម៌​ឃើញហើយ ជាអ្នក​រំលត់​ហើយ ពួកជន​នោះ ជាអ្នក​មិនលុះ​អំណាច​មារ ពួកជន​នោះ ជាអ្នក​មិនដល់​នូវភាព​ជាអ្នក​បំរើមារ។

[៣៨០] ពាក្យថា ពួកជនណា ជាអ្នកមានសតិ ដឹងនូវ​ទីពឹងនុ៎ះ ត្រង់ពាក្យថា ទីពឹងនុ៎ះ គឺអមតនិព្វាន បានដល់​ការរម្ងាប់​សង្ខារ​ទាំងពួង ការលះ​ឧបធិ​ទាំងពួង ការអស់​តណ្ហា ការប្រាស​ចាកតម្រេក ការរលត់​ និព្វាន។ ពាក្យថា ដឹង គឺដឹងច្បាស់ ស្គាល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យ​ប្រាកដថា សង្ខារ​ទាំងឡាយ​ទាំងពួង​មិនទៀង។បេ។​​ ដឹងច្បាស់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យ​ប្រាកដថា វត្ថុណា​មួយ​មានកិរិយា​កើត​ឡើងជា​ធម្មតា វត្ថុទាំង​អស់នោះ មានកិរិយា​រលត់​វិញជា​ធម្មតា។ ពាក្យថា ពួក​ជនណា បានដល់ពួក​ព្រះអរហន្ត​ខីណាស្រព។ ពាក្យថា មានសតិ គឺមាន​សតិដោយ​ហេតុ ៤ ​គឺ កំពុង​ចំរើន​កាយេកាយានុបស្សនាសតិប្បដ្ឋាន ឈ្មោះថា​មានសតិ។បេ។ ​ហេតុនោះ ពួកនោះ លោកហៅថា អ្នកមានសតិ ហេតុនោះ (ទ្រង់​ត្រាស់ថា) ពួកជនណា មានសតិ​ដឹងនូវ​ទីពឹង​នុ៎ះ។

[៣៨១] ពាក្យថា មានធម៌ឃើញហើយ ​ជាអ្នក​រំលត់ហើយ គឺមាន​ធម៌ឃើញ​ហើយ មានធម៌​ដឹងហើយ មានធម៌​ថ្លឹងហើយ មានធម៌​ពិចារណា​ហើយ មានធម៌​យល់ច្បាស់​ហើយ មានធម៌​ប្រាកដ​ហើយ។ ពាក្យថា ជាអ្នក​រំលត់ គឺ ជាអ្នក​រំលត់​ព្រោះរំលត់​រាគៈ ជាអ្នករំលត់​ព្រោះរំលត់​ទោសៈ ជាអ្នក​រំលត់​ព្រោះរំលត់​មោហៈ ជាអ្នក​រំលត់​ព្រោះ​រំលត់​​កោធៈ ឧបនាហៈ។បេ។ ជាអ្នក​រំលត់​ព្រោះរំលត់​អភិសង្ខារ​ជាអកុសល​ទាំងពួង ហេតុនោះ (ទ្រង់​ត្រាស់ថា) មានធម៌​ឃើញហើយ ជាអ្នក​រំលត់​ហើយ។

[៣៨២] ពាក្យថា ពួកជននោះជាអ្នកមិនលុះក្នុងអំណាច​មារ ត្រង់ពាក្យថា មារ បាន​ដល់ អ្នកសំឡាប់ អ្នកមាន​ធម៌ខ្មៅ អ្នកជា​អធិបតី អ្នកដល់​នូវទីបំផុត (អកុសលកម្ម) អ្នក​មិនលែង អ្នកជា​ផៅពង្ស​នៃបុគ្គល​ធ្វេស​ប្រហែស។ ពាក្យថា ពួកជននោះ ជាអ្នក​មិនលុះ​អំណាច​មារ បាន​សេចក្តី​ថា ពួកជននោះ ជាអ្នក​មិនលុះ​ក្នុងអំណាច​មារ ទាំងមារ​ក៏មិនញ៉ាំង​អំណាច​ឲ្យប្រព្រឹត្ត​ទៅ​ក្នុងពួក​ជននោះ​បាន ពួកជននោះ គ្របសង្កត់ ញាំញី រួបរឹត​ រារាំង ជិះជាន់ នូវមារផង អន្ទាក់​មារផង សន្ទូច​មារផង នុយមារ​ផង វិស័យមារ​ផង លំនៅមារ​ផង គោចរមារ​ផង ចំណងមារ​ផង ហើយនៅ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រា​ទៅ ហេតុនោះ (ទ្រង់​ត្រាស់ថា) ពួកជន​នោះ ជាអ្នកមិនលុះ​ក្នុងអំណាច​មារ។

[៣៨៣] ពាក្យថា ពួកជននោះ ជាអ្នកមិនដល់នូវភាព​ជាអ្នក​បំរើមារ គឺពួក​ជននោះ មិនមែន​ជាអ្នក​ប្រើប្រាស់ ជាអ្នក​ប្រព្រឹត្ត​ក្នុងការ​ប្រើប្រាស់ ជាអ្នកបំរើ​បំរាស់ ជាអ្នកបំរើ​របស់​មារទេ ពួកជននោះ ជាអ្នក​ប្រើប្រាស់ ប្រព្រឹត្ត​ក្នុងការ​ប្រើប្រាស់ ជាអ្នក​បំរើ​បំរាស់ ជាអ្នក​បំរើ​របស់​ព្រះពុទ្ធ​មានជោគ ហេតុនោះ (ទ្រង់​ត្រាស់ថា) ពួកជន​នោះជា​អ្នក​មិនដល់​នូវភាព​ជាអ្នក​បំរើមារ។ ហេតុនោះ​ ព្រះមានព្រះភាគ​ត្រាស់ថា

ពួកជនណា ជាអ្នកមានសតិ ដឹងនូវទីពឹងនុ៎ះ មានធម៌​ឃើញហើយ ជាអ្នក​រំលត់​ហើយ ពួកជននោះ ជាអ្នក​មិនលុះ​អំណាច​មារ ពួកជននោះ ជាអ្នក​មិន​ដល់​នូវភាព​ជាអ្នក​បំរើមារ។

ដំណាល​គ្នានឹង​កាលជា​ទីចប់​នៃគាថា។បេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំព្រះអង្គ​ជាសាវ័ក។

ចប់ កប្បមាណវកប្បញ្ហានិទ្ទេស ទី១០។

ជតុកណ្ណីមាណវកប្បញ្ហានិទ្ទេស ទី១១

[៣៨៤] (ជតុកណ្ណីមានអាយុ ទូលសួរដូច្នេះថា) បពិត្រ​ព្រះអង្គ ជាវីរបុរស ខ្ញុំ​ព្រះអង្គ​បាន​ឮហើយ ទើបមក​ដើម្បីទូល​សួរព្រះអង្គ ទ្រង់​មិនមាន​ប្រាថ្នា​ក្នុងកាម ទ្រង់ឆ្លង​ឱឃៈ ទ្រង់​មិនមាន​សេចក្តី​ប្រាថ្នា បពិត្រ​ព្រះអង្គ​មានព្រះនេត្រ​កើតព្រម​គ្នា សូម​ព្រះអង្គ​សំដែង​នូវ​សន្តិបទ បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ​សំដែង​នូវ​សន្តិបទ​នោះ ដែលជា​ធម៌ពិត ដល់ខ្ញុំ​ព្រះអង្គ​ឲ្យទាន។

[៣៨៥] ពាក្យថា បពិត្រព្រះអង្គជាវីរបុរស ខ្ញុំព្រះអង្គ​បានឮ​ហើយ … ទ្រង់មាន​ប្រាថ្នា​ក្នុងកាម អធិប្បាយ​ថា ខ្ញុំព្រះអង្គឮ ស្តាប់ រៀន ចាំទុក កំណត់ទុក​ថា ព្រះមានព្រះភាគ​ព្រះអង្គ​នោះ ជា​ព្រះអរហន្ត ព្រោះហេតុ​ដូច្នេះខ្លះ។បេ។ ព្រះអង្គ​ត្រាស់ដឹង​ហើយ ព្រះអង្គ​មានចំណែក​ធម៌ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គ​បានឮ​ហើយ។ ពាក្យថា បពិត្រ​ព្រះអង្គ​ជាវីរបុរស គឺព្រះពុទ្ធ​ជាវីរជន។ ព្រះមានព្រះភាគ​ជាវីរបុរស ព្រោះទ្រង់មាន​សេចក្តី​ព្យាយាម។ ជាវីរបុរស ព្រោះព្រះអង្គ​ជាអ្នក​សម្បូណ៌​ដោយ​គុណ។ ជាវីរបុរស ព្រោះព្រះអង្គ​ញ៉ាំងសេចក្តី​ព្យាយាម​ឲ្យកើត (ក្នុង​សន្តាន​របស់អ្នក​ដទៃ)។ ជាវីរបុរស ព្រោះព្រះអង្គ​មាន​ព្រះហ្ឫទ័យ​អង់អាច។ ជាវីរបុរស ព្រោះ​ព្រះអង្គ​ជាបុគ្គល​ក្លៀវក្លា មោះមុត មិនខ្លាច​ មិនរន្ធត់ មិនស្លន់ មិនរត់ បានលះបង់​នូវសេចក្តី​ខ្លាច និង​សេចក្តីញ័រ​ចំប្រប់ ប្រាសចាក​សេចក្តី​ព្រឺព្រួចរោម។

ព្រះខីណាស្រព វៀរហើយចាកបាបទាំងពួង ក្នុងលោកនេះ មានកិរិយា​អប់រំ ដោយ​សេចក្តី​ព្យាយាម កន្លង​និរយទុក្ខ លោក​មានព្យាយាម មាន​សេចក្តី​ប្រឹងប្រែង មិន​ញាប់ញ័រ មានសភាព​ដូច្នោះ ទើបលោក​ហៅថា វីរបុរស។

ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជា​វីរបុរស ខ្ញុំព្រះអង្គ​បានឮហើយ។ ពាក្យថា កាម​ របស់បទថា ទ្រង់មិន​មានប្រាថ្នា​ក្នុងកាម បើតាម​ឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ ​កិលេសកាម ១។បេ។ ទាំងនេះ​លោកហៅ​ថា វត្ថុកាម។បេ។​ ទាំងនេះ​ លោក​ហៅថា កិលេសកាម។ វត្ថុកាម ព្រះពុទ្ធ​មានជោគ ទ្រង់កំណត់​ដឹងហើយ កិលេសកាម ព្រះអង្គ​លះបង់​ហើយ ព្រោះទ្រង់​កំណត់ដឹង​វត្ថុកាម ព្រោះលះ​បង់កិលេស​កាម ព្រះមានព្រះភាគ ទើបមិន​ត្រូវការ​នឹងកាម​ទាំងឡាយ មិនរីករាយ​រកកាម​ទាំងឡាយ មិន​ប្រាថ្នា​កាមទាំង​ឡាយថា កាម​ទាំងឡាយ​ប្រសើរ​បំផុត ហេតុនោះ ព្រះពុទ្ធ​ឈ្មោះថា មិនប្រាថ្នា​កាម ចេញ​ចាកកាម លះចោល​កាម ខ្ជាក់ចោល​កាម លែងកាម លះកាម រលាស់​ចោលកាម ប្រាសចាក​រាគៈ ឃ្លាតចាក​រាគៈ លះចោល​រាគៈ ខ្ជាក់ចោល​រាគៈ លែងរាគៈ លះរាគៈ រលាស់​ចោលរាគៈ មិនមាន​ប្រាថ្នា រលត់ទុក្ខ ត្រជាក់ សោយសុខ មាន​ព្រះទ័យ​ប្រសើរ ហេតុនោះ​ (លោក​ពោលថា) បពិត្រ​ព្រះអង្គ​ជាវីរបុរស ខ្ញុំព្រះអង្គ​បានឮ​ហើយ … ទ្រង់មិន​មានប្រាថ្នា​ក្នុងកាម។ ពាក្យថា ដូច្នេះ របស់បទថា ជតុកណ្ណីមាន​អាយុ ទូល​សួរដូច្នេះ គឺជា​ពាក្យតបទ។បេ។ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់​បទ។ ពាក្យថា មានអាយុ គឺពាក្យ​ជាទី​ស្រឡាញ់ ពាក្យថា មានអាយុ​នុ៎ះ ជាពាក្យ​ពោលដោយ​គោរព​កោតក្រែង។ ពាក្យថា ជតុកណ្ណី គឺជាគោត្រ។បេ។ ជាពាក្យ​ហៅព្រាហ្មណ៍​នោះ ហេតុនោះ (មាន​ពាក្យថា) ជតុកណ្ណី​មានអាយុ ទូលសួរ​ដូច្នេះ។

[៣៨៦] អធិប្បាយពាក្យថា ទើបមក​ដើម្បីទូល​សួរព្រះអង្គ ទ្រង់ឆ្លង​ឱឃៈ ទ្រង់មិន​មានសេចក្តី​ប្រាថ្នា ត្រង់ពាក្យថា ទ្រង់ឆ្លង​ឱឃៈ គឺទ្រង់​កន្លងឱឃៈ ឈានកន្លង រំលងផុត ប្រព្រឹត្ត​កន្លង​ឱឃៈ ហេតុនោះ (លោក​ពោលថា) ទ្រង់ឆ្លង​ឱឃៈ។ ពាក្យថា ដើម្បីទូល​សួរ គឺដើម្បី​សាកសួរ ដើម្បី​ដណ្តឹង ដើម្បីសូម ដើម្បី​អារាធនា ដើម្បី​ឲ្យជ្រះថ្លា។ ពាក្យថា ទើបមក​ … ទ្រង់មិន​មានសេចក្តី​ប្រាថ្នា គឺយើងខ្ញុំ​មកហើយ ជាអ្នក​មកហើយ ចូលមក​ហើយ សំដៅ​មកហើយ គឺជា​អ្នកមក​ជួបនឹង​ព្រះអង្គ ដើម្បីទូល​សួរព្រះអង្គ ទ្រង់​មិនមាន​ប្រាថ្នា ទ្រង់ចេញ​ចាកកាម ទ្រង់​ចោលកាម ទ្រង់​ខ្ជាក់កាម ទ្រង់លែង​កាម ទ្រង់​លះកាម ទ្រង់រលាស់​កាម​ ទ្រង់ប្រាស​ចាករាគៈ ទ្រង់ចោលរាគៈ ទ្រង់ខ្ជាក់រាគៈ ទ្រង់លែងរាគៈ​ ទ្រង់លះរាគៈ ទ្រង់រលាស់​ចោលរាគៈ ហេតុនោះ (លោក​ទូលសួរថា) ខ្ញុំព្រះអង្គ​ទើបមក​ដើម្បី​ទូលសួរ​ព្រះអង្គ ទ្រង់ឆ្លង​ឱឃៈ​ ទ្រង់មិនមាន​សេចក្តី​ប្រាថ្នា។

[៣៨៧] អធិប្បាយពាក្យថា បពិត្រព្រះអង្គមាន​ព្រះនេត្រ​កើតព្រមគ្នា សូមព្រះអង្គ​សំដែង​​នូវសន្តិបទ ត្រង់ពាក្យថា សន្តិ សេចក្តីថា សន្តិក្តី សន្តិបទក្តី ដោយអាការ​តែមួយ គឺ​អមតនិព្វាន​នោះឯង បានដល់​ការ​រម្ងាប់សង្ខារ​ទាំងពួង ការរលាស់​ចោល​ឧបធិទាំង​ពួង ការអស់​តណ្ហា ការប្រាស​ចាកតម្រេក ការរលត់​ និព្វាន។ សមដូច​ពាក្យនេះ​ដែល​ព្រះមានព្រះភាគ​ត្រាស់ថា នុ៎ះជា​ចំណែក​ដ៏ស្ងប់ នុ៎ះជា​ចំណែក​ដ៏ឧត្តម គឺការ​រម្ងាប់សង្ខារ​ទាំងពួង ការលះបង់​ឧបធិ​ទាំងពួង ការអស់​តណ្ហា ការប្រាសចាក​តម្រេក ការរលត់ ព្រះនិព្វាន។ មួយទៀត បើដោយ​អាការ​ដទៃ ពួកធម៌​ណាប្រព្រឹត្ត​ទៅ ដើម្បី​កិរិយាបាន​សេចក្តី​ស្ងប់ ដើម្បីការ​ពាល់ត្រូវ​សេចក្តីស្ងប់ ដើម្បីការធ្វើ​ឲ្យជាក់លាក់ គឺ​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ​ប្រកប​ដោយអង្គ ៨ ពួកធម៌នេះ លោកហៅថា សន្តិបទ។ សូមព្រះអង្គ​ពោល ប្រាប់ សំដែង បញ្ញត្ត បើក ចែក ធ្វើឲ្យរាក់ ប្រកាស​នូវសន្តិបទ ឧបាយ​ជាគ្រឿង​ការពារ ឧបាយ​ជាគ្រឿង​ជ្រក ឧបាយ​ជាគ្រឿង​ពឹង ឧបាយ​មិនមាន​ភ័យ ឧបាយ​មិនច្យុត ឧបាយ​មិនមាន​ស្លាប់ ឧបាយគឺ​ព្រះនិពា្វន។ ពាក្យថា បពិត្រ​ព្រះអង្គ​ទ្រង់មាន​ព្រះនេត្រ​កើតព្រមគ្នា គឺ​សព្វញ្ញុតញ្ញាណ លោក​ហៅថា ព្រះនេត្រ។ ព្រះពុទ្ធ​មានព្រះភាគ មានព្រះនេត្រ និងភាព​នៃព្រះជិនសិរី (អ្នកឈ្នះ​កិលេស) កើតឡើង​មិនមុន​មិនក្រោយ គឺក្នុងខណៈ​តែមួយ ទៀបគល់នៃ​ពោធិព្រឹក្ស ហេតុនោះ ព្រះពុទ្ធ​ឈ្មោះថា មាន​ព្រះនេត្រ​កើតដំណាល​គ្នា ហេតុនោះ (លោក​ទូលសួរ​ថា)​ បពិត្រ​ព្រះអង្គ មានព្រះនេត្រ​កើតព្រមគ្នា សូមព្រះអង្គ​សំដែងនូវ​សន្តិបទ។

[៣៨៨] ពាក្យថា បពិត្រព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវសន្តិបទ​នោះ ដែល​ជា​ធម៌ពិត ដល់ខ្ញុំព្រះអង្គ សេចក្តីថា អមតនិព្វាន លោកហៅថា ធម៌ពិត បានខាង ការ​រម្ងាប់​សង្ខារទាំងពួង ​ការលះបង់​ឧបធិ​ទាំងពួង ការអស់​តណ្ហា ការប្រាសចាក​តម្រេក ការរលត់ ​និព្វាន។ ពាក្យថា ព្រះមានព្រះភាគ នុ៎ះ ជាពាក្យ​ពោលដោយ​គោរព។បេ។ ​ការបញ្ញត្តិថា ​ព្រះមានព្រះភាគ​នេះ (កើត) ព្រោះការ​ធ្វើឲ្យ​ជាក់ច្បាស់។ ពាក្យថា សូម​ព្រះអង្គ​សំដែង​នូវសន្តិបទ​នោះ ដល់ខ្ញុំ​ព្រះអង្គ គឺសូម​ព្រះអង្គ​សំដែង ប្រាប់។បេ។ ប្រកាស ហេតុនោះ (លោក​ពោលថា) បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវសន្តិបទ​នោះ ដែលជា​ធម៌ពិត ដល់ខ្ញុំ​ព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍​នោះ ពោលថា

(ជតុកណ្ណីមានអាយុ ទូលសួរ​ដូច្នេះថា) បពិត្រ​ព្រះអង្គ​ជាវីរបុរស ខ្ញុំព្រះអង្គ​បានឮ​ហើយ ទើបមក​ដើម្បីទូល​សួរព្រះអង្គ ទ្រង់​មិនមាន​ប្រាថ្នា​ក្នុងកាម ទ្រង់ឆ្លង​ឱឃៈ ទ្រង់មិន​មានសេចក្តី​ប្រាថ្នា បពិត្រ​ព្រះអង្គ​មានព្រះនេត្រ​កើតព្រមគ្នា សូមព្រះអង្គ​សំដែង​នូវ​សន្តិបទ បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ​សំដែង​នូវសន្តិបទ​នោះ ដែលជា​ធម៌ពិត ដល់ខ្ញុំ​ព្រះអង្គ​ឲ្យទាន។

[៣៨៩] ព្រោះថា ព្រះមានព្រះភាគ ប្រព្រឹត្តគ្របសង្កត់​នូវកាម ដូច​ព្រះអាទិត្យ​មាន​តេជះ គ្របសង្កត់​នូវប្រឹថពី​មណ្ឌល​ដោយតេជះ សូមព្រះអង្គ​មានប្រាជ្ញា​ស្មើ​ដោយ​ផែនដី ត្រាស់​ប្រាប់ធម៌​ដែលល្មម​ខ្ញុំព្រះអង្គ​យល់បាន ជាគ្រឿង​លះបង់​ស្រឡះ​នូវជាតិ និងជរា​ក្នុងលោក​នេះ ដល់ខ្ញុំ​ព្រះអង្គ​ជាអ្នក​មានប្រាជ្ញា​ស្តួចស្តើង ឲ្យទាន។

[៣៩០] អធិប្បាយពាក្យថា ព្រោះថា ព្រះមានព្រះភាគ ប្រព្រឹត្ត​គ្របសង្កត់​នូវកាម ត្រង់ពាក្យថា ព្រះមានព្រះភាគ​នេះ គឺជាពាក្យ​ពោលដោយ​សេចក្តី​គោរព។បេ។ ការបញ្ញត្តិ​ថា ព្រះមានព្រះភាគ​នេះ (កើត) ព្រោះការ​ធ្វើឲ្យ​ជាក់ច្បាស់។ ពាក្យថា កាម បើតាមឧទ្ទាន កាមមាន ២ គឺ​វត្ថុកាម ១ កិលេសកាម ១។បេ។ ​ទាំងនេះ លោកហៅថា វត្ថុកាម។បេ។ ទាំងនេះ លោកហៅថា កិលេសកាម។ ព្រះមានព្រះភាគ កំណត់ដឹង​វត្ថុកាម​ទាំងឡាយ ​លះបង់ គ្របសង្កត់ បៀតបៀន រួបរឹត ឈ្លេចឈ្លី ញាំញី នូវកិលេស​កាមទាំងឡាយ​ហើយ ត្រាច់ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ លោកពោលថា ព្រោះថា ព្រះមានព្រះភាគ ប្រព្រឹត្ត​គ្របសង្កត់​នូវកាម។

[៣៩១] ពាក្យថា ដូចព្រះអាទិត្យមានតេជះ គ្របសង្កត់​នូវប្រឹថពី​មណ្ឌល​ដោយ​តេជះ សេចក្តីថា សុរិយទេវបុត្រ លោកហៅ​ថា ព្រះអាទិត្យ។ ផែនដី លោក​ហៅថា ប្រឹថពី។ សុរិយទេវបុត្រ​មានតេជះ ដោយតេជះ ប្រកប​ដោយតេជះ គ្របសង្កត់ បៀតបៀន រួបរឹត ឈ្លេចឈ្លី កំដៅ នូវប្រឹថពី ញ៉ាំវត្ថុ​ដែលតាំង​នៅក្នុង​អាកាស​ទាំងអស់ ឲ្យវិនាស កំចាត់​បង់ងងឹត​ ឆ្លុះនូវ​ពន្លឺ ហើយចរទៅ​ក្នុងផ្លូវ​ជាទីចរ​ទៅ គឺអាកាស​ទទេ យ៉ាង​ណាមិញ ព្រះមានព្រះភាគ​មានតេជះ គឺញាណ ប្រកបដោយ​តេជះ គឺញាណ កំចាត់​បង់​នូវកិរិយា​កើតឡើង​នៃ​អភិសង្ខារ​ទាំងពួង។បេ។ នូវងងឹត​គឺកិលេស នូវងងឹត​គឺអវិជ្ជា សំដែង​នូវពន្លឺ​គឺញាណ កំណត់​ដឹងវត្ថុកាម​ទាំងឡាយ លះបង់ គ្របសង្កត់ ឃាត់បង់ រួបរឹត ឈ្លេចឈ្លី ញាំញី នូវ​កិលេសកាម​ទាំងឡាយ ហើយ​ត្រាច់ទៅ ប្រព្រឹត្រ​ទៅ រក្សា យាត្រា ឲ្យយាត្រា​ទៅ ហេតុនោះ (លោក​ពោលថា) ដូច​ព្រះអាទិត្យ​មានតេជះ គ្របសង្កត់​នូវប្រឹថពី​មណ្ឌល​ដោយតេជះ។

[៣៩២] ពាក្យថា ព្រះអង្គមានប្រាជ្ញាស្មើដោយផែនដី … ដល់ខ្ញុំព្រះអង្គ ជាអ្នកមាន​ប្រាជ្ញា​ស្តួចស្តើង គឺខ្ញុំព្រះអង្គ​ជាបុគ្គល​មានប្រាជ្ញា​តិច មានប្រាជ្ញា​ឱនថយ មានប្រាជ្ញា​ជ្រោកជ្រាក ចំណែខាង​ព្រះអង្គ​មានប្រាជ្ញា​ច្រើន មានប្រាជ្ញា​ក្រាស់ មានប្រាជ្ញា​រីករាយ មានប្រាជ្ញា​លឿន មានប្រាជ្ញា​មុត មានប្រាជ្ញា​ធ្លុះធ្លាយ ប្រឹថពី ហៅថាផែនដី ព្រះអង្គ​ប្រកប​ដោយ​ប្រាជ្ញាស្មើ​ដោយ​ផែនដី​នោះ ជាបញ្ញា​ដ៏ទូលាយ ជ្រាលជ្រៅ ហេតុនោះ (លោក​ពោលថា) ព្រះអង្គ​មានប្រាជ្ញា​ស្មើដោយ​ផែនដី … ដល់ខ្ញុំ​ព្រះអង្គ ជាអ្នក​មានប្រាជ្ញា​ស្តួចស្តើង។

[៣៩៣] ពាក្យថា សូមព្រះអង្គត្រាស់ប្រាប់ធម៌​ដែលល្មម​ខ្ញុំព្រះអង្គ​យល់បាន ត្រង់​ពាក្យថា សូម​ព្រះអង្គ​ត្រាស់ប្រាប់​ធម៌ គឺសូម​ព្រះអង្គ​ប្រាប់ សំដែង បញ្ញត្ត តាំងទុក ​បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវព្រហ្មចរិយៈ មានលំអ​ក្នុងខាង​ដើម មានលំអ​ក្នុង​កណ្តាល មានលំអ​ក្នុងទី​បំផុត ប្រកប​ដោយអត្ថ ប្រកប​ដោយ​ព្យញ្ជនៈ បរិបូណ៌​ទាំងអស់​ដ៏បរិសុទ្ធ នូវ​សតិប្បដ្ឋាន ៤។បេ។ នូវ​ព្រះនិព្វាន​ផង នូវ​បដិបទា ជាដំណើរ​ទៅ​កាន់​ព្រះនិព្វានផង ហេតុនោះ (លោក​ពោលថា) សូមព្រះអង្គ​ត្រាស់ប្រាប់​ធម៌។ ពាក្យថា ដែលល្មម​ខ្ញុំព្រះអង្គ​យល់បាន គឺ ដែលល្មម​ខ្ញុំព្រះអង្គ​ដឹង ​យល់ច្បាស់ ចាក់ធ្លុះ ពាល់ត្រូវ ធ្វើឲ្យ​ជាក់ច្បាស់​បាន ហេតុនោះ (លោក​ពោលថា) សូមព្រះអង្គ​ត្រាស់ប្រាប់​ធម៌ ដែលល្មម​ខ្ញុំព្រះអង្គ​យល់បាន។

[៣៩៤] ពាក្យថា ជាគ្រឿងលះបង់ស្រឡះ​នូវជាតិ និងជរា ក្នុងលោកនេះ គឺជា​គ្រឿង​លះបង់ រម្ងាប់ រលាស់ចេញ ស្ងប់រម្ងាប់ នូវជាតិ ជរា និងមរណៈ ក្នុងលោកនេះ​ឯង គឺ​អមតនិព្វាន ហេតុនោះ (លោក​ពោលថា) ជាគ្រឿង​លះបង់​ស្រឡះ​នូវជាតិ និងជរា ក្នុងលោក​នេះ។ ហេតុនោះ ព្រាហ្មណ៍​នោះ ពោលថា

ព្រោះថា ព្រះមានព្រះភាគ ប្រព្រឹត្តគ្របសង្កត់​នូវកាម ដូច​ព្រះអាទិត្យ​មាន​តេជះ គ្របសង្កត់​ប្រឹថពី​មណ្ឌល​ដោយតេជះ សូម​ព្រះអង្គ​មាន​ប្រាជ្ញាស្មើ​ដោយ​ផែនដី ត្រាស់ប្រាប់​ធម៌ ដែលល្មម​ខ្ញុំព្រះអង្គ​យល់បាន ជាគ្រឿង​លះបង់​ស្រឡះ​នូវជាតិ និងជរា ក្នុង​លោកនេះ ដល់ខ្ញុំ​ព្រះអង្គ​ជាអ្នក​មានប្រាជ្ញា​ស្តួចស្តើង ឲ្យទាន។

[៣៩៥] (ព្រះមានព្រះភាគត្រាស់ថា ម្នាល​ជតុកណ្ណី) អ្នកចូរឃើញ​នូវនេក្ខម្មៈ ថាជា​សេចក្តី​ក្សេម ហើយ​កំចាត់បង់​នូវសេចក្តី​ប្រាថ្នា​ក្នុងកាម​ទាំងឡាយ​ចេញ ការ​ប្រកាន់ក្តី ការត្រូវ​រលាស់​ចេញក្តី កង្វល់ក្តី កុំមាន​ដល់អ្នក​ឡើយ។

[៣៩៦] អធិប្បាយពាក្យថា កំចាត់បង់នូវសេចក្តី​ប្រាថ្នា​ក្នុងកាម​ទាំងឡាយ​ចេញ ត្រង់​ពាក្យថា ក្នុងកាម​ទាំងឡាយ គឺ​តាមឧទ្ទាន កាមមាន ២ គឺវត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះ​ហៅថា វត្ថុកាម។បេ។ ទាំងនេះ​ហៅថា កិលេសកាម។ ពាក្យថា សេចក្តី​ប្រាថ្នា សេចក្តីថា តណ្ហា លោកហៅថា សេចក្តី​ប្រាថ្នា បានដល់រាគៈ រាគៈមាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា កំចាត់​នូវសេចក្តី​ប្រាថ្នា​ក្នុងកាម​ទាំងឡាយ​ចេញ គឺកំចាត់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើតមាន ហេតុនោះ (ទ្រង់​ត្រាស់ថា) កំចាត់​បង់នូវ​សេចក្តីប្រាថ្នា​ក្នុងកាម​ទាំងឡាយ​ចេញ។ ពាក្យថា ម្នាល​ជតុកណ្ណី គឺ​ព្រះមានព្រះភាគ​ត្រាស់​ហៅព្រាហ្មណ៍​នោះ​តាមគោត្រ។ ពាក្យថា ព្រះមានព្រះភាគ​នុ៎ះ ជាពាក្យ​ពោលដោយ​គោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ​នេះ (កើត) ព្រោះការ​ធ្វើឲ្យ​ជាក់ច្បាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​ជតុកណ្ណី។

[៣៩៧] ពាក្យថា នេក្ខម្មៈ របស់បទថា អ្នកចូរ​ឃើញ​នូវនេក្ខម្មៈ ថាជា​សេចក្តី​ក្សេម គឺអ្នកចូរ​ឃើញ យល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យ​ប្រាកដ​នូវសេចក្តី​ប្រតិបត្តិ​ដ៏ប្រពៃ សេចក្តី​ប្រតិបត្តិ​ដ៏សមគួរ សេចក្តី​ប្រតិបត្តិ​ជាសឹក​សត្រូវ សេចក្តី​ប្រតិបត្តិ​សមគួរ​ដល់​ប្រយោជន៍ សេចក្តី​ប្រតិបត្តិ​ធម៌សមគួរ​ដល់ធម៌ ការធ្វើឲ្យ​ពេញលេញ​ក្នុងសីល​ទាំងឡាយ ការគ្រប់​គ្រងទ្វារ​ក្នុងឥន្ទ្រិយ​ទាំងឡាយ ការដឹង​ប្រមាណ​ក្នុងភោជន ការ​ប្រកប​រឿយ ៗ នូវសេចក្តី​ភ្ញាក់រឭក សតិ និងសម្បជញ្ញៈ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ​ប្រកប​ដោយអង្គ ៨ ព្រះនិព្វាន និង​បដិបទា​ជាដំណើរ​ទៅកាន់​ព្រះនិព្វាន ថាជា​សេចក្តីក្សេម ថាជា​ទីការពារ ថាជា​ទីជ្រក ថាជា​ទីពឹង ថាជា​ទីពំនាក់ ថាជា​ទីមិនមាន​ភ័យ ថាជា​ទីមិនច្យុត ថាជា​ទីមិនមាន​សេចក្តី​ស្លាប់ ថាជា​ទីចេញ​ចាកវានៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកចូរ​ឃើញនូវ​នេក្ខម្មៈ ថាជា​សេចក្តី​ក្សេម។

[៣៩៨] ពាក្យថា ការប្រកាន់ របស់បទថា ការប្រកាន់ក្តី ការត្រូវរលាស់​ចេញក្តី គឺ​ការប្រកាន់ ការស្ទាប​អង្អែល ការជាប់​ចំពាក់ ការជ្រុលជ្រប់ ការចុះស៊ប់ ដោយ​អំណាច​តណ្ហា ដោយ​អំណាច​ទិដ្ឋិ។ ពាក្យថា ការត្រូវ​រលាស់ចេញ គឺ​ការត្រូវ​លះលែង ការ​ត្រូវដក​ចេញ ការត្រូវ​លះបង់ ការត្រូវ​ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើត​មាន ហេតុនោះ (ទ្រង់​ត្រាស់ថា) ការប្រកាន់​ក្តី ការត្រូវ​រលាស់​ចេញក្តី។

[៣៩៩] ពាក្យថា កង្វល់ក្តី កុំមានដល់អ្នកឡើយ សេចក្តីថា កង្វល់គឺរាគៈ កង្វល់​គឺទោសៈ ​កង្វល់​គឺមោហៈ កង្វល់​គឺមានះ កង្វល់​គឺទិដ្ឋិ កង្វល់​គឺកិលេស កង្វល់​គឺទុច្ចរិត កង្វល់​នេះកុំមាន កុំដិតដល់ កុំមាន​ប្រាកដ​ដល់អ្នក គឺថា អ្នកចូរ​លះបង់​ បន្ទោបង់ ធ្វើឲ្យ​វិនាស មិនឲ្យ​កើតមាន ហេតុនោះ (ទ្រង់​ត្រាស់ថា) កង្វល់ក្តី កុំមាន​ដល់អ្នក​ឡើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលជតុកណ្ណី) អ្នកចូរឃើញ​នូវនេក្ខម្មៈ ថាជា​សេចក្តី​ក្សេម ហើយ​កំចាត់បង់​នូវសេចក្តី​ប្រាថ្នា​ក្នុងកាម​ទាំងឡាយ​ចេញ មួយទៀត ការ​ប្រកាន់​ក្តី ការត្រូវ​រលាស់ចេញ​ក្តី កង្វល់ក្តី ​កុំមាន​ដល់អ្នក​ឡើយ។

[៤០០] កិលេសជាតណា (ធ្លាប់មានហើយ) ក្នុងកាលមុន អ្នកចូរ​ញ៉ាំង​កិលេស​ជាតនោះ ឲ្យរីងស្ងួតទៅ កង្វល់​ខាងក្រោយ កុំមាន​ដល់អ្នក​ឡើយ បើអ្នក​នឹង​មិន​កាន់​យកខន្ធ​ជា​កណ្តាល​ទេ អ្នកនឹងជា​បុគ្គលស្ងប់ ត្រាច់ទៅ។

[៤០១] ពាក្យថា កិលេសជាតណា (ធ្លាប់មានហើយ) ក្នុងកាលមុន អ្នកចូរញ៉ាំង​កិលេសជាត​នោះ ឲ្យរីង​ស្ងួតទៅ គឺពួក​កិលេស​ណា គប្បីកើត​ព្រោះប្រារព្ធ​សង្ខារទាំង​ឡាយ​ជាអតីត អ្នកចូរ​ញ៉ាំងកិលេស​ទាំងនោះ ឲ្យរីង ឲ្យស្ងួត ឲ្យខះ ឲ្យហួតហែង ចូរធ្វើ​កុំឲ្យ​មានពូជ ចូរលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើតមាន ហេតុនោះ (ទ្រង់​ត្រាស់ថា) កិលេសជាតណា (ធ្លាប់​មានហើយ) ​ក្នុងកាល​មុន អ្នកចូរ​ញ៉ាំង​កិលេសជាត​នោះ​ឲ្យរីង​ស្ងួតទៅ យ៉ាងនេះ​ក៏មាន។ មួយទៀត ពួក​កម្មាភិសង្ខារ​ណា ជាអតីត មានវិបាក​ចាស់ក្លា​ហើយ អ្នកចូរញ៉ាំង​កម្មាភិសង្ខារ​ទាំងនោះ ឲ្យរីង ឲ្យស្ងួត ឲ្យខះ ឲ្យ​ហួតហែង ចូរធ្វើកុំ​ឲ្យមានពូជ ចូរលះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើមិន​ឲ្យកើតមាន ​ហេតុនោះ (ទ្រង់​ត្រាស់ថា) កិលេសជាតណា (ធ្លាប់​មានហើយ) ក្នុងកាលមុន អ្នកចូរ​ញ៉ាំង​កិលេសជាត​នោះ ឲ្យរីងស្ងួតទៅ យ៉ាងនេះ​ក៏មាន។

[៤០២] ពាក្យថា កង្វល់ខាងក្រោយ កុំមានដល់អ្នកឡើយ សេចក្តីថា កង្វល់ជា​អនាគត ហៅថា កង្វល់​ខាងក្រោយ បានដល់​កង្វល់​គឺរាគៈ កង្វល់​គឺទោសៈ កង្វល់​គឺ​មោហៈ ​កង្វល់​គឺមានះ កង្វល់​គឺទិដ្ឋិ កង្វល់​គឺកិលេស កង្វល់​គឺទុច្ចរិត ព្រោះប្រារព្ធ​សង្ខារ​ទាំងឡាយ​ជា​អនាគត កង្វល់នេះ កុំមាន កុំឲ្យ​កើតមាន​ដល់អ្នក អ្នកចូរ​កុំញ៉ាំង​កង្វល់​ឲ្យកើត កុំបង្ក កុំឲ្យ​លូតលាស់​ឡើង ចូរលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យ​កើតមាន ហេតុនោះ (ទ្រង់​ត្រាស់ថា) កង្វល់​ខាងក្រោយ កុំមាន​ដល់អ្នក​ឡើយ។

[៤០៣] ពាក្យថា បើអ្នកនឹងមិនកាន់យក​ខន្ធជា​កណ្តាល​ទេ សេចក្តី​ថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាបច្ចុប្បន្ន លោកហៅថា ខន្ធជា​កណ្តាល អ្នកនឹង​មិនកាន់​យក មិនចាប់ មិនស្ទាប​អង្អែល មិនរីករាយ មិនជ្រុលជ្រប់ ចំពោះ​សង្ខារ​ទាំងឡាយ​ជា​បច្ចុប្បន្ន ដោយ​អំណាច​តណ្ហា​ ដោយ​អំណាច​ទិដ្ឋិ គឺថា បើអ្នកនឹង​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើតមាន​នូវសេចក្តី​រីករាយ ការ​ជ្រុលជ្រប់ ការប្រកាន់ ការស្ទាប​អង្អែល ការជាប់​ចំពាក់ ហេតុនោះ (ទ្រង់​ត្រាស់ថា) បើអ្នក​នឹងមិន​កាន់យក​ខន្ធជា​កណ្តាល​ទេ។

[៤០៤] ពាក្យថា អ្នកនឹងជាបុគ្គលស្ងប់ត្រាច់ទៅ​ គឺឈ្មោះថា អ្នកស្ងប់ ព្រោះស្ងប់រាគៈ ឈ្មោះថា​អ្នកស្ងប់ ព្រោះស្ងប់​ទោសៈ ឈ្មោះថា​អ្នកស្ងប់ ព្រោះ​ស្ងប់មោហៈ ឈ្មោះថា​អ្នកស្ងប់ ស្ងប់រម្ងាប់ រម្ងាប់សូន្យ រលត់ រសាយ​ រលាយ ព្រោះស្ងប់ រម្ងាប់ រម្ងាប់សូន្យ ផុតរំលត់ ទៅប្រាស រសាយ រលាយ នូវកោធៈ ឧបនាហៈ។បេ។ អភិសង្ខារ​ជាអកុសល​ទាំងពួង ហើយ​នឹងត្រាច់ទៅ ត្រាច់ទៅផ្សេងៗ ប្រព្រឹត្ត រក្សា យាត្រា យាត្រាទៅ ហេតុនោះ (ទ្រង់​ត្រាស់ថា) អ្នកនឹង​ជាបុគ្គល​ស្ងប់ត្រាច់ទៅ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

កិលេសជាតណា (ធ្លាប់មានហើយ) ក្នុង​កាលមុន អ្នកចូរ​ញ៉ាំង​កិលេសជាត​នោះ ឲ្យរីង​ស្ងួតទៅ កង្វល់​ខាងក្រោយ កុំមាន​ដល់អ្នក​ឡើយ បើអ្នក​នឹងមិន​កាន់​យក​ខន្ធ​ជា​កណ្តាល​ទេ អ្នកនឹង​ជាបុគ្គល​ស្ងប់ ត្រាច់​ទៅ។

[៤០៥] ម្នាលព្រាហ្មណ៍ បុគ្គលតែងលុះអំណាចមច្ចុ ដោយអាសវៈ​ទាំងឡាយ​ណា អាសវៈ (ទាំងនោះ) របស់​បុគ្គល​ដែលប្រាស​ចាកតម្រេក​ក្នុង​នាមរូប ដោយ​ប្រការ​ទាំងពួង​នោះ មិនមាន​ទេ។

[៤០៦] អធិប្បាយពាក្យថា ម្នាលព្រាហ្មណ៍ …ដែលប្រាសចាក​តម្រេក​ក្នុង​នាមរូប ដោយ​ប្រការ​ទាំងពួង ត្រង់ពាក្យថា ដោយ​ប្រការ​ទាំងពួង គឺគ្រប់​ទាំងអស់ សព្វ​ទាំងអស់ មិនមាន​សល់ ឥតសេស​សល់។ ពាក្យថា ដោយ​ប្រការ​ទាំងពួង​នុ៎ះ ជាពាក្យ​ប្រមូល។ ពាក្យថា នាម បានដល់​អរូបក្ខន្ធ ៤។ ពាក្យថា រូប បានដល់​មហាភូតរូប ៤ និង​ឧបាទាយរូប​របស់​មហាភូតរូប ៤។ តណ្ហា លោក​ហៅថា តម្រេក បានដល់​រាគៈ​ រាគៈ​មាន​កំឡាំង។បេ។ ​អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា ម្នាលព្រាហ្មណ៍ …. ដែល​ប្រាសចាក​តម្រេក​ក្នុងនាមរូប ដោយ​ប្រការ​ទាំងពួង​បាន សេចក្តីថា ប្រាសចាក​ប្រាថ្នា ឃ្លាតចាក​ប្រាថ្នា ចោលប្រាថ្នា ខ្ជាក់ប្រាថ្នា លែងប្រាថ្នា លះប្រាថ្នា រលាស់​ប្រាថ្នា គឺជាអ្នក​ប្រាសចាក​រាគៈ ឃ្លាតចាក​រាគៈ ចោលរាគៈ​ ខ្ជាក់រាគៈ លែងរាគៈ លះរាគៈ រលាស់រាគៈ ក្នុង​នាមរូប​ដោយប្រការ​ទាំងពួង ហេតុនោះ (ទ្រង់​ត្រាស់ថា) ម្នាលព្រាហ្មណ៍ … ដែល​ប្រាសចាក​តម្រេក​ក្នុងនាមរូប​ដោយប្រការ​ទាំងពួង។

[៤០៧] អធិប្បាយពាក្យថា អាសវៈទាំងឡាយ របស់បុគ្គល​នោះ មិនមានទេ ត្រង់ពាក្យ​ថា អាសវៈ បានដល់ អាសវៈ ៤ គឺ​កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។ ពាក្យថា របស់​បុគ្គលនោះ គឺរបស់​ព្រះអរហន្ត​ខីណាស្រព។ ពាក្យថា មិនមាន គឺ​អាសវៈ​ទាំងនេះ របស់​ព្រះអរហន្ត​នោះ មិនមាន ឥតមាន លែងមាន គឺលោក​មិនបាន លោក​លះបង់ ផ្តាច់ផ្តិល រម្ងាប់ ធ្វើឲ្យ​ស្ងប់រម្ងាប់ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើង​គឺ​ញាណ​​ហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) អាសវៈ​ទាំងឡាយ របស់​បុគ្គល​នោះ មិនមាន​ទេ។

[៤០៨] ពាក្យថា បុគ្គលតែងលុះអំណាចមច្ចុ ដោយអាសវៈ​ទាំងឡាយ​ណា សេចក្តី​ថា បុគ្គល​តែងលុះ​អំណាច​មច្ចុក្តី លុះអំណាច​មរណៈ​ក្តី លុះ​អំណាច​មារក្តី ដោយ​អាសវៈ​ទាំងឡាយ​ណា អាសវៈ​ទាំងនោះ របស់​ព្រះអរហន្ត​នោះ មិនមាន ឥតមាន លែងមាន គឺលោក​មិនបាន លោក​លះបង់ ផ្តាច់ផ្តិល​ ឲ្យស្ងប់​រម្ងាប់ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុតដោយ​ភ្លើងគឺ​ញាណហើយ ហេតុនោះ (ទ្រង់​ត្រាស់ថា) បុគ្គល​តែង​លុះអំណាច​មច្ចុ ដោយ​អាសវៈ​ទាំងឡាយ​ណា។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ម្នាលព្រាហ្មណ៍ បុគ្គលតែងលុះអំណាច​មច្ចុ ដោយ​អាសវៈ​ទាំងឡាយ​ណា អាសវៈ (ទាំងនោះ) របស់បុគ្គល​ដែល​ប្រាសចាក​តម្រេក​ក្នុង​នាមរូប ដោយ​ប្រការ​ទាំងពួង​នោះ មិនមាន​ទេ។

ដំណាលគ្នានឹងកាលជាទីចប់នៃគាថា។បេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំព្រះអង្គ​ជាសាវ័ក។

ចប់ ជតុកណ្ណីមាណវកប្បញ្ហានិទ្ទេស ទី១១។

ភទ្រាវុធមាណវកប្បញ្ហានិទ្ទេស ទី១២

[៤០៩] (ភទ្រាវុធមានអាយុ ពោលដូច្នេះថា) ខ្ញុំព្រះអង្គ​សូម​អារាធនា​ព្រះមានព្រះភាគ ព្រះអង្គ​លះបង់​ទីលំនៅ កាត់បង់​តណ្ហា មិនមាន​ការ​ញាប់ញ័រ លះបង់​សេចក្តី​ត្រេកអរ ឆ្លងអន្លង់ មានព្រះទ័យ​រួចស្រឡះ លះបង់​គ្រឿង​កំណត់ មាន​បញ្ញាល្អ ពួកជន​បានស្តាប់ (ព្រះតម្រាស់) របស់​ព្រះអង្គ ជា​ព្រះពុទ្ធនាគ​ហើយ នឹង​ចៀសចេញ​អំពីទីនេះ។

[៤១០] អធិប្បាយពាក្យថា ព្រះអង្គលះបង់ទីលំនៅ​ កាត់បង់​តណ្ហា មិនមាន​ការ​ញាប់ញ័រ ត្រង់ពាក្យថា ព្រះអង្គ​លះបង់​ទីលំនៅ សេចក្តី​ថា ឆន្ទៈណា រាគៈណា នន្ទិណា តណ្ហា​ណា ការចូល​ទៅជិត​ប្រកាន់​ជាគ្រឿង​តាំងស៊ប់​របស់ចិត្ត ជាទី​មកដេក​ត្រាំជាប់​ណា ក្នុងរូប​ធាតុ កិលេស​ទាំងនោះ ព្រះពុទ្ធ​មានជោគ​លះបង់ ផ្តាច់​ឫសគល់ ធ្វើមិន​ឲ្យមាន​ទីកើត ដូចជា​ទីកើតនៃ​ដើមត្នោត ធ្វើមិនឲ្យ​មាន​បែបភាព មិនឲ្យ​កើតឡើង​ជា​ធម្មតា​តទៅ ហេតុនោះ ព្រះពុទ្ធ​ឈ្មោះថា​លះបង់​ទីលំនៅ។ ឆន្ទៈ​ណា រាគៈណា នន្ទិណា តណ្ហាណា ការចូល​ទៅជិត​ប្រកាន់ ជាគ្រឿង​តាំងស៊ប់​របស់ចិត្ត ជាទី​មកដេក​ត្រាំជាប់​ណា ក្នុង​វេទនាធាតុ សញ្ញាធាតុ សង្ខារធាតុ វិញ្ញាណធាតុ កិលេស​ទាំងនោះ ព្រះពុទ្ធ​មាន​ព្រះភាគ លះបង់ ផ្តាច់ឫសគល់ ធ្វើមិន​ឲ្យមាន​ទីកើត ដូចជា​ទីកើតនៃ​ដើមត្នោត ធ្វើមិន​ឲ្យមាន​បែបភាព មិនឲ្យ​កើតឡើង​ជាធម្មតា​តទៅ ហេតុនោះ ព្រះពុទ្ធ​ឈ្មោះថា​លះបង់​ទីលំនៅ។ ពាក្យថា តណ្ហា​ របស់បទថា កាត់បង់​តណ្ហា បានដល់​រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា តណ្ហានោះ ព្រះពុទ្ធ​មានព្រះភាគ​កាត់បង់ ផ្តាច់បង់ ផ្តិលផ្តាច់ រម្ងាប់ ឲ្យស្ងប់រម្ងាប់​ ធ្វើមិន​គួរឲ្យកើត​ឡើងបាន ដុត​ដោយភ្លើង គឺញាណ​ហើយ ហេតុនោះ ព្រះពុទ្ធ​ឈ្មោះថា កាត់បង់​តណ្ហា។ ពាក្យថា មិនមាន​ការញាប់ញ័រ សេចក្តីថា តណ្ហា ហៅថា ការញាប់ញ័រ បានដល់​រាគៈ រាគៈមាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ​ អកុសលមូល។ ការញាប់ញ័រ គឺតណ្ហា​នោះ ព្រះពុទ្ធ​មានជោគ លះបង់ ផ្តាច់ឫសគល់ ធ្វើមិន​ឲ្យមាន​ទីកើត ដូចជា​ទីកើតនៃ​ដើមត្នោត ដល់នូវ​ការមិនមាន​បែបភាព មិនឲ្យ​កើតឡើង​ជាធម្មតា​តទៅ ហេតុនោះ ព្រះពុទ្ធ​ឈ្មោះ​ថា មិនមាន​ការញាប់ញ័រ។ ព្រះពុទ្ធ ឈ្មោះថា មិនមាន​ការញាប់ញ័រ ព្រោះ​ទ្រង់លះបង់​ការ​ញាប់ញ័រ​ហើយ។ ព្រះមានព្រះភាគ មិនរំភើប​ក្នុងលាភផង មិនរំភើប​ក្នុង​អលាភផង មិនរំភើប​ក្នុងយស​ផង មិនរំភើប​ក្នុង​អយស​ផង មិន​រំភើបក្នុង​បសំសាផង​ មិន​រំភើបក្នុង​និន្ទាផង មិនរំភើប​ក្នុងសុខ​ផង មិនរំភើប មិនកំរើក មិន​ញាប់ញ័រ មិនរញ្ជួយ មិនកក្រើក​ក្នុង​ទុក្ខផង ហេតុនោះ ព្រះពុទ្ធ​ឈ្មោះថា មិនមាន​ការ​ញាប់ញ័រ ហេតុនោះ (លោក​ពោលថា) ព្រះអង្គ​លះបង់​លំនៅ កាត់បង់​តណ្ហា មិនមាន​ការ​ញាប់ញ័រ។ ពាក្យថា ដូច្នេះ របស់​បទថា ភទ្ទ្រាវុធមានអាយុ ពោលដូច្នេះ ជាពាក្យ​តបទ។បេ។ ពាក្យថា ដូច្នេះ​នុ៎ះ ជាលំដាប់​បទ។ ពាក្យថា មានអាយុ គឺពាក្យ​ជាទី​ស្រឡាញ់ ជាពាក្យ​គោរព ពាក្យថា មាន​អាយុ​នុ៎ះ ជាពាក្យ​ពោលដោយ​គោរព​កោតក្រែង។ ពាក្យថា ភទ្រ្ទាវុធ ជាឈ្មោះ។បេ។ ជាពាក្យ​ហៅព្រាហ្មណ៍​នោះ ហេតុនោះ (មានពាក្យថា) ភទ្រ្ទាវុធ​មានអាយុ ពោល​ដូច្នេះ។

[៤១១] ពាក្យថា លះបង់សេចក្តីត្រេកអរ ឆ្លងអន្លង់ មានព្រះទ័យ​រួចស្រឡះ អធិប្បាយ​ថា តណ្ហា លោកហៅថា សេចក្តី​ត្រេកអរ បានដល់​រាគៈ រាគៈមាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តី​ត្រេកអរ គឺតណ្ហា​នោះ ព្រះពុទ្ធ​មានព្រះភាគ លះបង់ ​ផ្តាច់ឫស​គល់ ធ្វើមិន​ឲ្យមាន​ទីកើត ដូចជា​ទីកើត​នៃ​ដើមត្នោត ធ្វើមិន​ឲ្យមាន​បែប​ភាព មិនឲ្យ​កើតតទៅ​ជាធម្មតា ហេតុនោះ ព្រះពុទ្ធ​ទើប​ឈ្មោះថា លះបង់​សេចក្តី​ត្រេកអរ។ ពាក្យថា ឆ្លងអន្លង់ គឺ​ព្រះមានព្រះភាគ ទ្រង់ឆ្លង​កាមោឃៈ ឆ្លង​ភវោឃៈ ឆ្លង​ទិដ្ឋោឃៈ ឆ្លង​អវិជ្ជោឃៈ ឆ្លង ឆ្លងឡើង ឆ្លងកាត់ កន្លង ឈានរំលង ផ្លោះរំលង នូវផ្លូវ​គឺសង្សារ​ទាំងអស់ ព្រះអង្គ​មានការ​អប់រំនៅ​ហើយ មាន​ចរណៈ​ប្រព្រឹត្ត​ហើយ។បេ។ ភពថ្មី គឺ​ជាតិ ជរា មរណៈ និងសង្សារ​នៃព្រះអង្គ មិនមាន​ឡើយ ហេតុនោះ ទើប​ឈ្មោះថា ទ្រង់លះបង់​សេចក្តី​ត្រេកអរ ឆ្លងអន្លង់។ ពាក្យថា មានព្រះទ័យ​រួចស្រឡះ គឺ​ព្រះហឫទ័យ​របស់​ព្រះមានព្រះភាគ ផុត រួចស្រឡះ រួចស្រឡះ​ដោយ​ប្រពៃ​ចាករាគៈ ព្រះហឫទ័យ​ផុត រួចស្រឡះ រួចស្រឡះ​ដោយប្រពៃ​ចាកទោសៈ ព្រះហឫទ័យ​ផុត រួចស្រឡះ រួចស្រឡះ​ដោយ​ប្រពៃ ចាកមោហៈ ព្រះហឫទ័យ​ផុត រួចស្រឡះ​ រួចស្រឡះ​ដោយប្រពៃ​ចាកកោធៈ ឧបនាហៈ។បេ។ អកុសលាភិសង្ខារ​ទាំងអស់ ហេតុនោះ (លោក​ពោលថា) លះបង់​សេចក្តី​ត្រេកអរ ឆ្លងអន្លង់ មាន​ព្រះហឫទ័យ​រួចស្រឡះ។

[៤១២] ពាក្យថា ខ្ញុំព្រះអង្គសូមអារាធនា​ព្រះមានព្រះភាគ ទ្រង់លះបង់​គ្រឿង​កំណត់ មានបញ្ញាល្អ ត្រង់ពាក្យថា គ្រឿងកំណត់ បានដល់ កប្បៈ (គ្រឿងកំណត់) ២ គឺ​តណ្ហាកប្បៈ ១ ទិដ្ឋិកប្បៈ ១។បេ។ នេះ តណ្ហាកប្បៈ។បេ។ នេះ ទិដ្ឋិកប្បៈ។ ព្រះពុទ្ធ​មានព្រះភាគ លះបង់​តណ្ហាកប្បៈ រលាស់​ចោល​ទិដ្ឋិកប្បៈ​ ព្រះពុទ្ធ​ឈ្មោះថា លះបង់​កប្បៈ ព្រោះ​លះបង់​តណ្ហាកប្បៈ ព្រោះ​រលាស់ចោល​ទិដ្ឋិកប្បៈ។ ពាក្យថា សូម​អារាធនា គឺខ្ញុំ​ព្រះអង្គ​សូមអង្វរ អារាធនា និមន្ត ត្រេកអរ ​ប្រាថ្នា ស្រឡាញ់ ប៉ុនប៉ង។ ពាក្យ​ថា មាន​បញ្ញាល្អ សេចក្តីថា ប្រាជ្ញា ហៅថា បញ្ញា បានដល់ ប្រាជ្ញា​ការដឹង​ច្បាស់។បេ។ សេចក្តី​មិនវង្វេង ការពិនិត្យ​ធម៌ ឃើញត្រូវ។ ព្រះមានព្រះភាគ​ ប្រកប ប្រកបព្រម ចូលទៅ​ប្រកប ចូល​ទៅប្រកប​ព្រម ចូលដល់ ចូលដល់ព្រម មកដល់ព្រម ដោយ​បញ្ញាជា​គ្រឿងកំចាត់​នេះឯង ហេតុនោះ ព្រះពុទ្ធ​ទើបឈ្មោះថា មាន​បញ្ញាដ៏ល្អ ហេតុនោះ (លោក​ពោលថា) ខ្ញុំព្រះអង្គ​សូមអារាធនា​ព្រះអង្គ ទ្រង់លះបង់​គ្រឿង​កំណត់ មាន​បញ្ញាល្អ។

[៤១៣] ពាក្យថា ពួកជនបានស្តាប់ (ព្រះតម្រាស់) របស់ព្រះអង្គ ជាព្រះពុទ្ធនាគ​ហើយ នឹង​ចៀសចេញ​អំពី​ទីនេះ ត្រង់ពាក្យថា នាគ​ គឺ (ព្រះពុទ្ធ) ទ្រង់​ព្រះនាម​ថា ព្រះនាគ។ ព្រះមានព្រះភាគ ទ្រង់​ព្រះនាម​ថា នាគ ព្រោះមិន​ធ្វើអំពើ​អាក្រក់។ ទ្រង់​ព្រះនាម​ថា នាគ ព្រោះ​មិនលុះ (អគតិ)។ ទ្រង់​ព្រះនាម​ថា នាគ ព្រោះ​មិនមក។បេ។ ព្រះមានព្រះភាគ ព្រះនាម​ថា នាគ ព្រោះ​មិនមក យ៉ាងនេះ​ឯង។ ​ពាក្យថា ពួកជនស្តាប់ (ព្រះតម្រាស់) របស់​ព្រះអង្គ​ជា​ព្រះពុទ្ធនាគ​ហើយ នឹង​ចៀសចេញ​អំពី​ទីនេះ គឺ​ពួកជន​ស្តាប់ ឮ កួចកាន់ ចាំទុក កំណត់ទុក នូវព្រះតម្រាស់ គន្លង​នៃវាចា ទេសនា អនុសន្ធិ របស់​ព្រះអង្គ​ហើយ នឹងចៀស​ចេញ នឹងគេច​ចេញ​អំពីទីនេះ ទៅកាន់​ទិសផ្សេងៗ ហេតុនោះ (លោក​ពោលថា) ពួក​ជនស្តាប់ (ព្រះតម្រាស់) របស់​ព្រះអង្គ​ជា​ព្រះពុទ្ធនាគ​ហើយ នឹងចៀស​ចេញអំពីទី​នេះ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

(ភទ្រ្ទាវុធមានអាយុ ពោលដូច្នេះថា) ខ្ញុំព្រះអង្គ​សូម​អារាធនា ព្រះមានព្រះភាគ ព្រះអង្គ​លះលំនៅ កាត់បង់​តណ្ហា មិនមាន​ការញាប់ញ័រ លះបង់​សេចក្តី​ត្រេកអរ ឆ្លងអន្លង់ មាន​ព្រះហឫទ័យ​រួចស្រឡះ លះបង់​គ្រឿង​កំណត់ មានបញ្ញា​ល្អ ពួកជន​ស្តាប់ (ព្រះតម្រាស់) របស់​ព្រះអង្គ​ជា​ព្រះពុទ្ធនាគ​ហើយ នឹងចៀស​ចេញ​អំពីទី​នេះ។

[៤១៤] បពិត្រព្រះអង្គជាវីរបុរស ពួកជនផ្សេងៗ ចេញ​អំពី​ជនបទ​ទាំងឡាយ មក​ប្រជុំគ្នា ត្រូវការ​ព្រះតម្រាស់​របស់​ព្រះអង្គ សូម​ព្រះអង្គ​សំដែង​ដោះប្រស្នា ដើម្បី​​ជន​ទាំងនោះ ព្រោះថា ធម៌នុ៎ះ ព្រះអង្គ​ជ្រាបហើយ​ដោយពិត។

[៤១៥] អធិប្បាយពាក្យថា ពួកជនផ្សេងៗ ចេញអំពី​ជនបទ​ទាំងឡាយ មកប្រជុំគ្នា ត្រង់​ពាក្យថា ពួកជន​ផ្សេងៗ បានដល់ ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស។ ពាក្យថា ចេញ​អំពីជនបទ​ទាំងឡាយ មកប្រជុំគ្នា គឺចេញ​អំពី​ជនបទ ឈ្មោះអង្គៈ​ផង មគធៈ​ផង កាសីផង កោសលៈ​ផង វជ្ជីផង មល្លៈផង ចេតិយៈ​ផង សាគរៈ​ផង បញ្ចាលៈ​ផង អវនិ្ត​ផង យោនៈ​ផង កម្ពោជៈ​ផង។ ពាក្យថា មកប្រជុំ​គ្នា គឺមកផ្តុំ មកព្រមគ្នា មកស្រុះគ្នា មកជួបជុំគ្នា ហេតុនោះ (លោក​ពោលថា) ពួកជន​ផ្សេងៗ ចេញ​អំពីជនបទ​ទាំងឡាយ មកប្រជុំគ្នា។ ​

[៤១៦] ពាក្យថា បពិត្រព្រះអង្គជាវីរបុរស (ពួកជន) ត្រូវការ​ព្រះតម្រាស់​របស់​ព្រះអង្គ ត្រង់ពាក្យថា បពិត្រ​ព្រះអង្គ​ជាវីរបុរស គឺព្រះពុទ្ធ​ជាវីរបុរស។ ព្រះមានព្រះភាគ ព្រះនាម​ថា វីរបុរស ព្រោះ​ទ្រង់មាន​ព្យាយាម។ ព្រះនាម​ថា វីរបុរស ព្រោះទ្រង់​សម្បូណ៌​ដោយ​គុណ។ ព្រះនាម​ថា វីរបុរស ព្រោះទ្រង់​ជាអ្នកបណ្តុះ​សេចក្តី​ព្យាយាម។ ព្រះនាម​ថា​​វីរ​បុរស ព្រោះទ្រង់​អង់អាច។បេ។ ព្រះនាម​ថា វីរបុរស ព្រោះទ្រង់​ប្រាសចាក​ការព្រឺរោម។

បុគ្គលណាវៀរហើយ ចាកបាបទាំងពួង ក្នុងលោកនេះ ជាអ្នក​មាន​ព្យាយាម​ជា​លំនៅ កន្លង​និរយទុក្ខ បុគ្គលនោះ ជាអ្នក​មានព្យាយាម មាន​សេចក្តី​ប្រឹងប្រែង មាន​សភាព​ដូច្នោះ លោកហៅ​ថា វីរបុរស ជាបុគ្គល​មិនកម្រើក។

ហេតុនោះ (លោកពោលថា) ​បពិត្រ​ព្រះអង្គ ជាវីរបុរស … របស់​ព្រះអង្គ។ ពាក្យថា ត្រូវការ​ព្រះតម្រាស់ គឺ​ព្រះតម្រាស់ គន្លងនៃវាចា ទេសនា អនុសន្ធិ របស់ព្រះអង្គ។ ពាក្យថា ត្រូវការ គឺប៉ុនប៉ង ត្រូវការប្រាថ្នា ត្រេកអរ ចង់បាន ស្រឡាញ់ ជាប់ចិត្ត ហេតុនោះ (លោកពោលថា) បពិត្រ​ព្រះអង្គ​ជាវីរបុរស ពួកជន​ត្រូវការ​ព្រះតម្រាស់​របស់​ព្រះអង្គ។

[៤១៧] ពាក្យថា សូមព្រះអង្គសំដែងដោះប្រស្នា ដើម្បី​ជនទាំង​នោះ ត្រង់ពាក្យថា ដើម្បី​ជនទាំង​នោះ គឺដើម្បី​ជន​ទាំងនោះ បាន​ដល់ក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស។ ពាក្យថា ព្រះអង្គ គឺភទ្រ្ទាវុធ​និយាយ​ចំពោះ​ព្រះមានព្រះភាគ។ ពាក្យថា សូមព្រះអង្គ​សំដែង​ គឺសូម​ព្រះអង្គ​ប្រាប់ សំដែង បញ្ញត្ត ផ្តើម បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោក​ពោលថា) សូមព្រះអង្គ​សំដែង។

[៤១៨] ពាក្យថា ធម៌នុ៎ះ ព្រះអង្គជ្រាបហើយ​ដោយពិត គឺធម៌នុ៎ះ ព្រះអង្គ​ជ្រាប ដឹង ថ្លឹង ពិចារណា ឈ្វេងយល់ ប្រាកដ ដោយពិត ហេតុនោះ (លោកពោលថា) ធម៌នុ៎ះ ព្រះអង្គ​ជ្រាបហើយ​ដោយ​ពិត។ ហេតុនោះ ព្រាហ្មណ៍នោះ​ពោលថា

បពិត្រ​ព្រះអង្គ​ជា​វីរបុរស ពួកជន​ផ្សេងៗ ចេញ​អំពីជនបទ​ទាំងឡាយ មក​ប្រជុំគ្នា ត្រូវការ​ព្រះតម្រាស់​របស់​ព្រះអង្គ ​សូម​ព្រះអង្គ​សំដែង​ដោះប្រស្នា ដើម្បី​ជនទាំង​នោះ ព្រោះថា ធម៌នុ៎ះ ព្រះអង្គ​ជ្រាបហើយ​ដោយពិត។

[៤១៩] (ព្រះមានព្រះភាគត្រាស់ថា ម្នាល​ភទ្រ្ទាវុធ) បុគ្គល​គប្បីកំចាត់​អាទានតណ្ហា (តណ្ហា​ជាគ្រឿង​ប្រកាន់) ទាំងអស់ ទាំងខាងលើ ទាំងខាងក្រោម ទាំងទទឹង គឺកណ្តាល ព្រោះថា ពួកសត្វ​ប្រកាន់​នូវ​ខន្ធបញ្ចកៈ​ណាៗ ក្នុងលោក មារ​តែងជាប់​តាម​នូវសត្វ​ដោយ​អភិសង្ខារ គឺកម្ម​នោះឯង។

[៤២០] ពាក្យថា បុគ្គលត្រូវកំចាត់អាទានតណ្ហាទាំងអស់ គឺ រូបតណ្ហា ហៅថា អាទានតណ្ហា។ ព្រោះហេតុអ្វី រូបតណ្ហា ហៅថា អាទានតណ្ហា។ ពួកសត្វ​រមែងកាន់ ប្រកាន់​ កួចកាន់ ស្ទាបអង្អែល ជាប់ចំពាក់ ចំពោះរូប ដោយតណ្ហានោះ កាន់ ប្រកាន់ កួចកាន់ ស្ទាបអង្អែល ជាប់ចំពាក់ ចំពោះវេទនា សញ្ញា ពួកសង្ខារ វិញ្ញាណ គតិ ឧបបត្តិ បដិសន្ធិ ភព សង្សារ វដ្តៈ ហេតុនោះ រូបតណ្ហា ហៅថា អាទានតណ្ហា។ ពាក្យថា បុគ្គល​ត្រូវកំចាត់​អាទានតណ្ហា​ទាំងអស់ គឺបុគ្គល​ត្រូវកំចាត់ បណ្តេញ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើមិន​ឲ្យមាន​បែបភាព នូវ​អាទានតណ្ហា​ទាំងអស់ ហេតុនោះ (ទ្រង់ត្រាស់​ថា) បុគ្គល​ត្រូវកំចាត់​អាទានតណ្ហា​ទាំងអស់។ ពាក្យថា ភទ្រ្ទាវុធ របស់បទថា ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​ភទ្រ្ទាវុធ គឺ​ព្រះមានព្រះភាគ​ត្រាស់ហៅ​ព្រាហ្មណ៍​នោះ​តាមឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ​នុ៎ះ ជាពាក្យ​ពោលដោយ​គោរព។បេ។ ការបញ្ញត្តិ​ថា មានព្រះភាគ​នេះ (កើត) ព្រោះការ​ធ្វើឲ្យ​ជាក់ច្បាស់ ហេតុនោះ (មាន​ពាក្យថា) ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​ភទ្រ្ទាវុធ។

[៤២១] ពាក្យថា ទាំងខាងលើ ទាំងខាងក្រោម ទាំងទទឹង គឺកណ្តាល សេចក្តីថា អនាគត ហៅថា ខាងលើ។ អតីត ហៅថា ខាងក្រោម។ បច្ចុប្បន្ន ហៅថា ទទឹង គឺ​កណ្តាល។ ពួក​កុសលធម៌ ហៅថា ខាងលើ។ ពួកអកុសលធម៌ ហៅថា ខាងក្រោម។ ពួក​អព្យាកតធម៌ ហៅថា ទទឹង គឺកណ្តាល។ ទេវលោក ហៅថា ខាងលើ។ អបាយលោក ហៅថា ខាងក្រោម។ មនុស្សលោក ហៅថា ទទឹង គឺកណ្តាល។ ​សុខវេទនា ហៅថា ខាងលើ។ ទុក្ខវេទនា ហៅថា ខាងក្រោម។ អទុក្ខមសុខវេទនា ហៅថា ទទឹង គឺកណ្តាល។ អរូបធាតុ ហៅថា ខាងលើ។ កាមធាតុ ហៅថា ខាងក្រោម។ រូបធាតុ ហៅថា ទទឹង គឺកណ្តាល។ សរីរៈ​ខាងលើ​អំពីបាត​ជើងឡើង​ទៅ ហៅថា ខាងលើ។ សរីរៈ​ខាងក្រោម​អំពី​ចុងសក់​ចុះមក ហៅថា ខាងក្រោម។ សរីរៈ​ត្រង់ពាក់​កណ្តាល ហៅថា ទទឹង គឺកណ្តាល ហេតុនោះ (ទ្រង់ត្រាស់ថា) ទាំងខាងលើ ទាំងខាងក្រោម ទាំងទទឹង គឺកណ្តាល។

[៤២២] ពាក្យថា ព្រោះពួកសត្វប្រកាន់នូវខន្ធបញ្ចកៈ​ណាៗ ក្នុងលោក គឺព្រោះពួក​សត្វកាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល ជាប់ចំពាក់ ចំពោះរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ​ណាៗ ពាក្យថា ក្នុងលោក គឺក្នុង​អបាយលោក។បេ។ ក្នុង​អាយតនលោក ហេតុនោះ (ទ្រង់​ត្រាស់ថា) ពួកសត្វ​ប្រកាន់នូវ​ខន្ធបញ្ចកៈ​ណា ៗ ក្នុងលោក។

[៤២៣] ពាក្យថា មារតែងជាប់តាមនូវសត្វ ដោយ​អភិសង្ខារ គឺកម្ម​នោះឯង បានដល់ មារគឺខន្ធ មារគឺធាតុ មារគឺ​អាយតនៈ មារគឺគតិ មារគឺ​ឧបបត្តិ មារគឺ​បដិសន្ធិ មារគឺភព មារគឺ​សង្សារ មារគឺ​វដ្តៈ ដែលប្រកប​ដោយ​បដិសន្ធិ តែង​ជាប់តាម ទៅតាម ប្រព្រឹត្ត​តាម ដោយ​អំណាចនៃ​អភិសង្ខារ គឺកម្ម​នោះឯង។ ពាក្យថា សត្វ គឺសត្វ នរៈ មាណព បុរស បុគ្គល ជីវៈ សត្វមាន​ជាតិ មានជរា សត្វទៅ​ដោយឥន្រ្ទិយ សត្វកើត​អំពី​មនុស្ស ហេតុនោះ (ទ្រង់​ត្រាស់ថា) មារតែង​ជាប់តាម​នូវសត្វ ដោយ​អភិសង្ខារ​គឺកម្មនោះ​ឯង។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាល​ភទ្រ្ទាវុធ) បុគ្គល​ត្រូវកំចាត់​អាទានតណ្ហា​ទាំង​អស់ ទាំងខាងលើ ទាំងខាងក្រោម ទាំងទទឹង​គឺកណ្តាល ព្រោះថា ពួកសត្វ​ប្រកាន់​នូវខន្ធ​បញ្ចកៈ​ណា ៗ ក្នុងលោក មារតែង​ជាប់តាម​សត្វ ដោយ​អភិសង្ខារ គឺកម្មនោះ​ឯង។

[៤២៤] ព្រោះហេតុដូច្នោះ ភិក្ខុដឹងច្បាស់ នឹករលឹកឃើញ​ កាល​សំឡឹង​ឃើញ​នូវ​ពួកសត្វ​ដែលជាប់​ក្នុងអារម្មណ៍​ជាគ្រឿង​ប្រកាន់ នូវ​ប្រជាជន​នេះ ដែលជាប់​ចំពាក់​ក្នុងហេតុ​ជាទី​តាំងនៃ​មន្ទៈ​ដូច្នេះ មិនគប្បី​ប្រកាន់នូវ​ខន្ធបញ្ចកៈ​នីមួយ​ក្នុង​លោក​ទាំងពួង។

[៤២៥] ពាក្យថា ​ព្រោះហេតុដូច្នោះ … ដឹងច្បាស់ … មិនគប្បី​ប្រកាន់ គឺ​ព្រោះហេតុ​ដូច្នោះ ព្រោះដំ​ណើរ​នោះ ​ព្រោះ​ហេតុនោះ ព្រោះ​បច្ច័យនោះ ព្រោះ​និទាននោះ ឃើញច្បាស់​នូវទោស​នុ៎ះ ក្នុង​អាទានតណ្ហា ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះហេតុ​ដូច្នោះ។ ពាក្យថា ដឹងច្បាស់ គឺ ដឹង ដឹងច្បាស់ យល់ច្បាស់ ដឹងវិសេស យល់ ធ្លុះធ្លាយ ត្រាស់​ដឹងថា សង្ខារ​ទាំងឡាយ​ទាំងពួង​មិនទៀង។បេ។ ដឹង ដឹងច្បាស់ យល់ច្បាស់ ដឹង​វិសេស យល់​ធ្លុះធ្លាយ ត្រាស់ដឹងថា ធម្មជាត​ណានីមួយ មានកិរិយា​កើតឡើង​ជាធម្មតា ធម្មជាត​ទាំងអស់នោះ មានកិរិយា​រលត់​ទៅវិញ​ជាធម្មតា។ ពាក្យថា មិនគប្បី​ប្រកាន់ គឺមិន​ត្រូវកួច​កាន់ មិនត្រូវ​កាន់យក មិនត្រូវ​ស្ទាបអង្អែល មិនត្រូវ​ជាប់ចំពាក់​ចំពោះរូប មិនត្រូវ​ប្រកាន់ មិនត្រូវ​កួចកាន់ មិនត្រូវ​កាន់យក មិនត្រូវ​ស្ទាបអង្អែល មិនត្រូវ​​ចំពាក់​ចំពោះ​វេទនា សញ្ញា ពួកសង្ខារ វិញ្ញាណ គតិ ឧបបត្តិ បដិសន្ធិ ភព សង្សារ វដ្តៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) ព្រោះហេតុ​ដូច្នោះ ដឹងច្បាស់ មិន​គប្បី​ប្រកាន់។

[៤២៦] ពាក្យថា ភិក្ខុនឹករលឹកឃើញនូវខន្ធបញ្ចកៈ​នីមួយ​ក្នុងលោក​ទាំងពួង ត្រង់​ពាក្យ​ថា ភិក្ខុ គឺភិក្ខុ​ជា​កល្យាណ​បុថុជ្ជន ឬភិក្ខុ​ជាសេក្ខៈ ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុ។ ពាក្យថា នឹករលឹក​ឃើញ គឺនឹក​រលឹក​ដោយហេតុ ៤ គឺកំពុង​ចំរើន​កាយេកាយានុបស្សនា​សតិប្បដ្ឋាន ឈ្មោះថា​នឹករលឹក​ឃើញ។បេ។ ភិក្ខុនោះ​លោកហៅ​ថា អ្នករលឹក​ឃើញ ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុ​នឹករលឹក​ឃើញ។ ពាក្យថា ខន្ធបញ្ចកៈ​នីមួយ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ​ណានីមួយ។ ពាក្យថា ក្នុងលោក​ទាំងពួង គឺ​ក្នុងអបាយលោក​ទាំងមូល ក្នុង​ទេវលោក​ទាំងមូល ក្នុង​មនុស្សលោក​ទាំងមូល ក្នុងខន្ធ​លោក​ទាំងមូល ក្នុង​អាយតនលោក​ទាំងមូល ក្នុងធាតុលោក​ទាំងមូល ហេតុនោះ (ទ្រង់​ត្រាស់ថា) ភិក្ខុនឹក​រលឹកឃើញ​ខន្ធបញ្ចកៈ​នីមួយ ក្នុងលោក​ទាំងពួង។

[៤២៧] ពាក្យថា កាលសំឡឹងឃើញនូវពួកសត្វដែល​ជាប់ក្នុង​អារម្មណ៍​ជាគ្រឿង​ប្រកាន់​ដូច្នេះ គឺពួក​សត្វណា កាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល ជាប់ចំពាក់ ចំពោះរូប កាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល ជាប់ចំពាក់​ចំពោះវេទនា សញ្ញា ពួកសង្ខារ វិញ្ញាណ គតិ ឧបបត្តិ បដិសន្ធិ ភព សង្សារ វដ្តៈ សត្វទាំងនោះ លោកហៅថា អ្នកជាប់​ក្នុង​អារម្មណ៍​ជាគ្រឿង​ប្រកាន់។ ពាក្យថា ដូច្នេះ គឺជា​ពាក្យតបទ។បេ។ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់​បទ។ ពាក្យថា កាល​សំឡឹង​ឃើញ គឺកាល​ឃើញ មើលឃើញ យល់ឃើញ រមិលមើល គន់មើល ពិចារណា​មើល ហេតុនោះ (ទ្រង់​ត្រាស់ថា) កាល​សំឡឹងឃើញ​នូវពួក​សត្វ​ដែលជាប់​ក្នុងអារម្មណ៍​ជាគ្រឿង​ប្រកាន់​ដូច្នេះ។

[៤២៨] ពាក្យថា ប្រជាជននេះដែលជាប់ចំពាក់​ក្នុងហេតុ​ជាទីតាំង​នៃមច្ចុ ត្រង់​ពាក្យថា ប្រជាជន គឺជាឈ្មោះ​នៃសត្វ។ ពាក្យថា ហេតុជា​ទីតាំងនៃ​មច្ចុ គឺ ពួក​កិលេសក្តី ខន្ធក្តី អភិសង្ខារក្តី លោកហៅថា ហេតុជា​ទីតាំង​នៃមច្ចុ។ ប្រជាជន ជាប់ ជាប់ទួទៅ ថ្ពក់ ទាក់ ជាប់​ចំពាក់ ក្នុងហេតុ​ជាទីតាំង​នៃមច្ចុ ហេតុជា​ទីតាំងនៃ​មារ ហេតុជា​ទីតាំង​នៃ​មរណៈ។ វត្ថុដែល​ជាប់ ជាប់ទួទៅ ថ្ពក់ ទាក់ ជាប់ចំពាក់ ត្រង់ចម្រឹង​ជញ្ជាំង ឬដៃកែវ​យ៉ាងណា ពួក​សត្វជាប់ ជាប់ទួទៅ ថ្ពក់ ទាក់ ជាប់ចំពាក់​ក្នុងហេតុ​ជាទីតាំង​នៃមច្ចុ ក្នុងហេតុ​ជាទីតាំង​នៃមារ ក្នុងហេតុ​ជាទីតាំង​នៃមរណៈ ក៏​យ៉ាងនោះ​ដែរ ហេតុនោះ (ទ្រង់​ត្រាស់ថា) ប្រជាជន​នេះ ដែលជាប់​ក្នុង​ហេតុជាទី​តាំងនៃ​មច្ចុ។ ហេតុនោះ ព្រះមានព្រះភាគ​ត្រាស់ថា

ព្រោះហេតុដូច្នោះ ភិក្ខុដឹងច្បាស់ នឹករឭកឃើញ កាលសំឡឹង​ឃើញ នូវពួក​សត្វដែល​ជាប់ក្នុង​អារម្មណ៍​ជាគ្រឿង​ប្រកាន់ នូវប្រជាជន​នេះ ដែលជាប់​ចំពាក់​ក្នុង​ហេតុជា​ទីតាំងនៃ​មច្ចុ​ដូច្នេះ មិនគប្បី​ប្រកាន់​នូវខន្ធ​បញ្ចកៈ​នីមួយ​ក្នុងលោក​ទាំងពួង។

ដំណាលគ្នានឹងកាលជាទីចប់នៃគាថា។បេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ​ជាសាស្តា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំព្រះអង្គ​ជាសាវ័ក។

ចប់ ភទ្រាវុធមាណវកប្បញ្ហានិទ្ទេស ទី១២។

ចប់ ភាគ៦៧។

សូមអនុមោទនា !!!

Oben-pfeil