ខុទ្ទកនិកាយ អបទាន

បឋមភាគ
ភាគទី៧២

សូមនមស្ការ ចំពោះព្រះអរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ។

ពុទ្ធវគ្គ ទី១

ពុទ្ធាបទាន ទី១

[១] នតង្គៈ ជាអ្នកប្រាជ្ញ ជាបុត្រនៃនាងទេវី ក្នុងដែនវេទេហៈ បានសួរព្រះតថាគត កាលគង់នៅក្នុងវត្តជេតពនថា បានឮថា ព្រះសព្វញ្ញុពុទ្ធទាំងឡាយ តែងមាន តើ​ព្រះសព្វញ្ញុពុទ្ធ ជាអ្នកប្រាជ្ញទាំងនោះ ទ្រង់កើតមានដោយហេតុដូចម្តេច។ គ្រានោះ ព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរ ទ្រង់ស្វែងរកនូវគុណដ៏ធំ ទ្រង់បែរទៅត្រាស់​នឹងព្រះអានន្ទដ៏​ចម្រើន ដោយព្រះសូរសៀងដ៏ពីរោះថា

ពោធិសត្វទាំងឡាយណា មានការកសាងបានធ្វើទុកហើយ ក្នុងសំណាក់នៃ​ព្រះពុទ្ធ​​ទាំងពួង តែមិនទាន់បានមោក្ខធម៌ ក្នុងសាសនានៃព្រះជិនស្រីទេ ពោធិសត្វទាំង​នោះ ជាអ្នកប្រាជ្ញ មានបញ្ញាមុតថ្លា រមែងបាននូវភាពជាសព្វញ្ញុពុទ្ធ ព្រោះប្រធាន​នៃការ​ត្រាស់ដឹងនោះផង ព្រោះអធ្យាស្រ័យមានកម្លាំងដ៏ធំនោះផង ព្រោះតេជះនៃបញ្ញា​នោះផង។

សូម្បីតថាគត ក៏បានប្រាថ្នានូវភាពជាព្រះពុទ្ធ ក្នុងសំណាក់នៃព្រះពុទ្ធមុនៗ ទាំងឡាយ​រាប់មិនអស់ ដែលជាព្រះរាជា ហេតុធម៌បរិបូណ៍ដោយបារមី ៣០។ តថាគត​បាន​នមស្ការថ្វាយបង្គំ​ដោយម្រាមដៃ ១០ ដោយក្បាល ចំពោះ​ព្រះសម្ពោធិញ្ញាណ របស់​ព្រះពុទ្ធដ៏ប្រសើរទាំងឡាយផង ចំពោះព្រះសម្ពុទ្ធទាំងឡាយ ជានាយកនៃសត្វលោក ព្រមទាំងព្រះសង្ឃផង។ រតនៈទាំងឡាយរាប់មិនអស់ មានក្នុងពុទ្ធកេ្ខត្តទាំងប៉ុន្មាន ទេវតា​ដែលឋិតនៅឰដ៏អាកាសផង ឋិតនៅលើដែនដីផង រមែងនាំមកនូវរតនៈទាំងពួងនោះ ដោយចិត្ត។ ក្នុងទីនោះ តថាគតបានសាងប្រាសាទជាវិការៈនៃកែវ មានជាន់ច្រើន ខ្ពស់​ត្រដែតទៅក្នុងអាកាស ត្រង់ភូមិភាគជាវិការៈនៃប្រាក់ មានសសរធ្វើល្អដ៏វិចិត្រហើយ ចែក​ជាល្វែងល្អហើយ ជាប្រាសាទមានតម្លៃច្រើន មានក្របជាវិការៈនៃមាស ប្រដាប់​ដោយ​ឆត្រ​កំពូលស្រួច។ ជាន់ទីមួយ ជាវិការៈនៃកែវពៃទូរ្យ ប្រាសចាកមន្ទិល ល្អស្មើពពក ដ៏ដេរដាស​ដោយឈូក ដ៏ល្អជាងជាន់ដែលក្រាលដោយមាសដ៏ប្រសើរ។ (ជាន់ខ្លះ) វិចិត្រ​ដោយកែវប្រពាឡ មានពណ៌នៃកែវប្រពាឡ (ជាន់ខ្លះ) មានពណ៌ក្រហមល្អ (ជាន់ខ្លះ) មាន​ពន្លឺដូចស្លាបអណ្តើកមាស (ជាន់ខ្លះ) ភ្លឺផ្លេកគ្រប់ទិស។ ទីអង្គុយ ដៃកែវ បង្អួច សុទ្ធសឹង​ចាត់ត្រូវរបៀប មានកម្រងផ្កាក្លិនក្រអូបជាទីគាប់ចិត្ត (សំយុងចុះមក) តាមចម្រឹង ទាំង ៤ និងតាមសន្ទះបង្អួច។ (ជាន់ប្រាសាទទាំងឡាយ) មានពណ៌ខៀវ លឿង ក្រហម ស និងពណ៌ខ្មៅសុទ្ធ ដែលប្រដាប់ដោយផ្ទះកំពូលដ៏ប្រសើរ តាក់តែងហើយដោយកែវ ៧ ប្រការ។ មានក្បាច់ផ្កាឈូកគួរក្រឡេកមើល ស្រស់ដោយរូបម្រឹគ និងបក្សី ដេរដាស​ដោយ​រូបផ្កាយនក្ខត្តឫក្ស ដោយរូបព្រះចន្ទ្រ និងព្រះអាទិត្យ ទាំងដាសពាសដោយ​បណ្តាញ​មាស ប្រកបដោយកណ្តឹងមាស សន្លឹកផ្កាមាស ជាទីត្រេកអរនៃចិត្ត រមែងលាន់ឮ ដោយ​កម្លាំងខ្យល់។ (ផ្ទៃនៃប្រាសាទនោះ) មានទង់ពណ៌ហង្សបាទ ពណ៌ក្រហម ពណ៌លឿង ពណ៌លឿងទុំ មានទង់វិចិត្រល្អដោយពណ៌ផ្សេងៗ ប្រកបរបៀបទង់​ដែលគេលើកឡើង។ មានផែនក្តារផ្សេងៗ ច្រើនរយជាអនេក ជាក្តារប្រាក់ខ្លះ ក្តារកែវមណីខ្លះ ក្តារកែវទទឹមខ្លះ ក្តារកែវមរកតខ្លះ។ (ផ្ទៃខាងក្នុងប្រាសាទនោះ) វិចិត្រដោយសយនៈផ្សេងៗ ក្រាលដោយ​សំពត់កាសិកៈ មានសាច់ល្អិត សំពត់រោមសត្វ សំពត់សូត្រ សំពត់ស្រុកចីនៈ សំពត់​ស្រុកបត្តុណ្ណៈ សំពត់ស្រុកបណ្ឌុ។ តថាគតបានក្រាលនូវកម្រាលផ្សេងៗ ទាំងអស់ ដោយ​ចិត្តឯង តថាគតតាក់តែងនូវហោជាងកែវ ក្នុងជាន់នោះៗ។ មានពួកជន ឈរកាន់​ប្រទីបកែវមណីភ្លឺរុងរឿង ឯសសរខឿន សសរផ្ទះ ខ្លោងទ្វារជាវិការៈនៃមាស ជាវិការៈ​នៃមាសជម្ពូនទៈ ជាវិការៈនៃឈើខ្លឹម ជាវិការៈនៃប្រាក់ដ៏ស្រស់ល្អ ទាំងទីតំណដ៏​ច្រើនដែល​ចែកល្អ វិចិត្រដោយសន្ទះទ្វារ និងគន្លឹះ សុទ្ធសឹងល្អៗ។ ក្អមពេញ (ដោយទឹក) ច្រើន ដែលដាក់ផ្កាឈូក និងឧប្បលជាតិ រៀបតាំងទាំងសងខាងនៃប្រាសាទនោះ។ ព្រះ បច្ចេកពុទ្ធទាំងពួង ព្រមទាំងសាវ័ក និមិត្តនូវព្រះសព្វញ្ញុពុទ្ធ ជានាយកនៃសត្វលោក ព្រមទាំងព្រះសង្ឃ ក្នុងកាលដ៏កន្លងទៅហើយផង (នូវព្រះបច្ចេកពុទ្ធទាំងឡាយ) ព្រមទាំង​សាវ័ក ដោយរូបភេទជាប្រក្រតីផង ហើយចូលទៅតាមទ្វារនោះ រួចគង់ជា​អរិយមណ្ឌល លើតាំងជាវិការៈនៃមាសទាំងអស់ ព្រះពុទ្ធទាំងឡាយណា ប្រសើរផុត​ក្នុងលោក មានក្នុង​កាល​ឥឡូវនេះក្តី ព្រះពុទ្ធទាំងឡាយណា កន្លងទៅហើយក្តី ព្រះពុទ្ធទាំងអស់អង្គនោះ បានឡើងមកគង់ក្នុងប្រាសាទរបស់តថាគត ឯតថាគត ក៏បានអង្គាសព្រះបច្ចេកពុទ្ធជា​ច្រើន​រយអង្គ ដែលជាអ្នកត្រាស់ដឹងឯង ជាអ្នកឈ្នះមារ ក្នុងអតីតកាល និងបច្ចុប្បន្នកាល (ឲ្យឆ្អែតស្កប់ស្កល់)។ មានដើមកប្បព្រឹក្សច្រើនដើម ទាំងជាទិព្វ ទាំងជារបស់មនុស្ស តថាគតបាននាំយកសំពត់ទាំងពួង (អំពីដើមកប្បព្រឹក្សនោះ) មកធ្វើជាត្រៃចីវរ ហើយ​ថ្វាយ (ព្រះបច្ចេកពុទ្ធ) ឲ្យស្លៀកដណ្តប់ (រួចនិមន្តឲ្យឆាន់) នូវបង្អែម និងចំអាប ដែល​មានរសឆ្ងាញ់ ព្រមទាំងទឹក និងភោជន។ តថាគតបានញុំាងបាត្រដ៏ល្អ ជាវិការៈនៃ​កែវមណីឲ្យពេញ (ដោយវត្ថុទាំងនោះ) ហើយប្រគេន​សំពត់ទិព្វ មានសាច់ដ៏រលីង ដែល​គួរដល់ចីវរ។ មណ្ឌលនៃព្រះអរិយៈ​ទាំងអស់ ឆ្អែតស្កប់ស្កល់ហើយ ដោយទឹកឃ្មុំផង ស្ករក្រាមផង ប្រេងផង ទឹកឃ្មុំ និង​ស្ករអំពៅផង បាយដ៏ប្រសើរផង។ (ព្រះអរិយៈ​ទាំង​នោះ) ចូលទៅកាន់បន្ទប់កែវ សម្រេច​សីហសេយ្យាលើសយនៈមានតម្លៃច្រើន ដូចកេសរ​រាជសីហ៍​ក្នុងគូហា។ (ព្រះអរិយៈទាំង​នោះ) មានសម្បជញ្ញៈក្រោកឡើង ហើយផ្គត់​ព្រះភ្នែន​លើសំណិង បំពេញសេចក្តីត្រេកអរ ក្នុង​ឈានជាអារម្មណ៍របស់​ព្រះពុទ្ធ​ទាំង​ពួង។ ពួកព្រះអរិយៈខ្លះ សំដែងធម៌ ពួកខ្លះ​ក្រសាល​ដោយឫទ្ធិ ពួកខ្លះក្រសាល​ដោយ​អប្បនាសមាធិ ពួកខ្លះចម្រើននូវវសីក្នុង​អភិញ្ញា ធ្វើវិកុព្វនាឥទ្ធិ [បានដល់ឫទ្ធិដែល​ធ្វើមនុស្ស​ម្នាក់ឲ្យទៅជាមនុស្សច្រើននាក់។] ច្រើន​សែន។ ព្រះពុទ្ធទាំងឡាយ​ ទ្រង់សួរនូវ​ប្រស្នាជាវិស័យព្រះពុទ្ធ ជារបៀបនៃសព្វញ្ញុពុទ្ធ ចំពោះ​ព្រះពុទ្ធទាំងឡាយ ដែលត្រាស់ដឹង​ហេតុដ៏ជ្រៅល្អិតដោយប្រាជ្ញា សាវ័ក​ទាំងឡាយ សួរព្រះពុទ្ធទាំងឡាយ ឯព្រះពុទ្ធទាំង​ឡាយ​ក៏សួរសាវ័កទាំងឡាយ។ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវ័កជាអ្នកបម្រើទាំងនោះ សួរគ្នានិងគ្នាផង ឆ្លើយដល់គ្នានិងគ្នាផង។ ព្រះអរិយបុគ្គលទាំងនោះ កាលត្រេកអរ​ក្នុងពុទ្ធកិច្ច យ៉ាងនេះហើយ រមែងរីករាយ​លើប្រាសាទ ឯឆត្ររួតប្រាកដស្មើដោយ​របៀបនៃកែវ ក៏ឋិតនៅ។ តថាគតប្រកាសថា ឆត្រដែលប៉ាក់ដោយបណ្តាញមាស ដែលរចនា​ដោយបណ្តាញប្រាក់ ដែលព័ន្ធព័ទ្ធ​ដោយបណ្តាញកែវមុក្តា ឆត្រទាំងអស់នោះ សូមបាំងលើព្រះកេសព្រះពុទ្ធ។ ពិតានសំពត់ ដែលវិចិត្រដោយរូបផ្កាមាស ដែលវិចិត្រ​ដោយរបៀបផ្កា ពិតានទាំងនោះ សូមបាំងលើ​ព្រះកេសព្រះពុទ្ធ។ សូមស្រះបោក្ខរណី ដេរដាសដោយចង្កោមផ្កា (មានក្លិនក្រអូប) និង ចង្កោមផ្កាឈើមានក្លិនក្រអូប ល្អដោយ​ចង្កោមផ្កាក្រអូប ដេរដាសដោយផ្ទាំងសំពត់ តាក់តែងដោយចង្កោមកែវ។ សូមស្រះ​បោក្ខរណី ដេរដាសដោយផ្កាវិចិត្រល្អ អប់​ដោយក្លិនក្រអូប តាក់តែងដោយគ្រឿង​ប្រស់ព្រំ​ដ៏ក្រអូប បិទបាំងដោយពិតានមាស។ សូមស្រះបោក្ខរណីក្នុងទិសទាំង ៤ ព្រោងព្រាត​ដោយឈូក និងឧប្បល រោយរាយ​ដោយលម្អងផ្កាឈូក កើតប្រាកដកែ្បរប្រាសាទមាស។ ដើមឈើទាំងអស់ជុំវិញប្រាសាទ សូមបញ្ចេញផ្កា លុះបញ្ចេញផ្កាហើយ សូមរោយ​រាយ​ក្លិនទៅលើប្រាសាទ។ សូមពួកក្ងោកពង់លើប្រាសាទនោះ សូមពួកហង្សជាទិព្វ ស្រែក​កញ្រ្ជៀវ សូមពួកករវិកយំ សូមពួកបក្សីរងាវជុំវិញប្រាសាទនោះ។ សូមពួកស្គរទាំងអស់​លាន់​ឮខ្ទរខ្ទារ សូមពួកពិណទាំងអស់លាន់ឮ សូមពួកចម្រៀងទាំងអស់ច្រៀងជុំវិញ​ប្រាសាទ។ សូមបល្ល័ង្កមាសដ៏ធំ ដែលបរិបូណ៍ដោយពន្លឺមិនដាច់ ដែលរចនាដោយកែវ ឋិតនៅក្នុងចក្រវាឡ ជាពុទ្ធក្ខេត្តទាំងប៉ុន្មានផង ក្នុងចក្រវាឡ (ដទៃពីនោះផង)។ សូមពួក​ឈើប្រទីបភ្លឺរុងរឿង សូមឈើទាំងហ្មឺន មានពន្លឺតែបែបមួយតៗ គ្នា។ សូមពួកស្រ្តីគណិកា ពួកស្រ្តីរបាំ និងពួកស្ត្រីអប្សរ ដែលប្រដាប់ដោយពណ៌ផ្សេងៗ នាំ គ្នារាំ នាំគ្នាច្រៀង​ជុំវិញប្រាសាទ។ តថាគតឲ្យគេលើកទង់ជ័យទាំងអស់ ដ៏វិចិត្រមានពណ៌ ៥ លើចុង​ឈើខ្លះ លើកំពូលភ្នំខ្លះ លើកំពូលភ្នំសិនេរុខ្លះ។ តថាគតប្រកាសថា សូមពួកមនុស្ស នាគ គន្ធព្វ និងទេវតាទាំងអស់នោះ នាំគ្នាមកនមស្ការ ធ្វើអញ្ជលិកម្ម ចោមរោមប្រាសាទ​របស់យើងនេះ។ អំពើជាកុសលណាមួយ ដែលខ្ញុំគប្បីធ្វើដោយកាយ វាចា ចិត្ត (អំពើ​ជាកុសលនោះ) ដែលខ្ញុំបានធ្វើហើយ ជាកុសលគួរដល់ការកើតក្នុងសុគតិ ក្នុងត្រៃត្រឹង្ស។ សត្វទាំងឡាយណា មានសញ្ញា និងសត្វទាំងឡាយណា មិនមានសញ្ញា សត្វទាំង​អស់នោះ ចូរបាននូវចំណែកផលនៃបុណ្យដែលខ្ញុំបានធ្វើហើយ សត្វទាំងឡាយ​ណា ​បានដឹងច្បាស់ នូវបុណ្យដែលខ្ញុំបានធ្វើហើយនោះ សត្វទាំងនោះ (ចូរបានទទួល) នូវផលនៃបុណ្យដែលខ្ញុំឲ្យហើយ ម្យ៉ាងទៀត បណ្តាសត្វទាំងនោះ សត្វទាំងឡាយណា មិនបានដឹង សូមទេវតាទាំងឡាយអញ្ជើញទៅឲ្យដំណឹង (ដល់សត្វទាំងនោះ) ផង។ សត្វទាំងអស់ណាក្នុងលោក ដែលអាស្រ័យអាហារហើយរស់នៅ សត្វទាំងអស់នោះ ចូរបាននូវភោជនជាទីគាប់ចិត្ត តាមចិត្តខ្ញុំចុះ។ តថាគតបានឲ្យទានដោយចិត្ត តថាគត​បាន​បណ្តុះនូវសេចក្តីជ្រះថ្លាដោយចិត្ត បានបូជាចំពោះព្រះសម្ពុទ្ធទាំងពួង បូជា​ចំពោះ​ព្រះបច្ចេកពុទ្ធទាំងឡាយ។ តថាគតលះបង់រាងកាយជារបស់មនុស្សហើយ ទៅកើតក្នុង​ឋាន​តាវត្តឹង្ស ព្រោះកម្មដែលតថាគតធ្វើល្អនោះផង ព្រោះការតម្កល់ទុក​ចេតនា​នោះផង។ តថាគតស្គាល់ច្បាស់នូវភពទាំងពីរ គឺភពជារបស់ទេវតា ១ ជារបស់មនុស្ស ១ តថាគត​មិនស្គាល់គតិដទៃឡើយ នេះជាផលនៃសេចក្តីប្រាថ្នាដោយ​ចិត្ត។ តថាគតបានជាបុគ្គល​ប្រសើរ ជាងទេវតាទាំងឡាយ ជាធំក្នុងពួក​មនុស្ស បរិបូណ៌ដោយរូបឆោម និងលក្ខណៈ ឥត​មានបុគ្គលស្មើដោយប្រាជ្ញា។ ភោជនដ៏​ប្រសើរផ្សេងៗ ផង កែវច្រើនយ៉ាងផង សំពត់​មានបែបផ្សេង​ៗ ផង ក៏ធ្លាក់ចុះចាក អាកាស មកកាន់ទីជិតតថាគតឆាប់រហ័ស។ តថាគត​លាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ អាហារជាទិព្វ ក៏មកដល់តថាគត (អំពីទី​នោះ)។ តថាគតលាដៃក្នុងទីណា គឺ ផែនដី ភ្នំ អាកាស ទឹក និងព្រៃ កែវទាំងពួង ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ គ្រឿងក្រអូបទាំងពួង ក៏មក​ដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ យានទាំងពួង ក៏មកដល់តថាគត (អំពី​ទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ កម្រងផ្កាទាំងពួង ក៏មកដល់​តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ គ្រឿងអលង្ការទាំងឡាយ ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ ស្រ្តីកញ្ញាទាំងអស់ ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺ ផែនដី ភ្នំ អាកាស ទឹក និងព្រៃ ទឹកឃ្មុំ និងស្ករ ក៏មកដល់​តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ គ្រឿង​បង្អែមគ្រប់យ៉ាង ក៏មកដល់តថាគត (អំពីទីនោះ)។ ដើម្បីដល់នូវ​សម្ពោធិញ្ញាណ​ដ៏ប្រសើរ តថាគតឲ្យនូវទានដ៏ប្រសើរនោះ ដល់ជនអ្នកឥតទ្រព្យ (ជនអ្នកដំណើរ) យាចក និងអ្នកដើរតាមផ្លូវ។ តថាគតញុំាងភ្នំថ្មឲ្យលាន់ឮ ញុំាងភ្នំដ៏ក្រាស់ឲ្យឮខ្ទរខ្ទារ ញុំាងលោក ព្រមទាំងទេវតាឲ្យរីករាយ ទើបបានជាព្រះពុទ្ធក្នុងលោក។ ទីបំផុតនៃសត្វ កាលទៅកាន់​ទិសទាំង ១០ ក្នុងលោក មិនមានឡើយ ចំណែកខាងពុទ្ធក្ខេត្ត ក្នុងចំណែកនៃទិសនោះ គេមិនអាច​រាប់បាន។ ពន្លឺជាគ្រឿងនាំទៅនូវរស្មីទាំងគូ ប្រាកដហើយដល់តថាគត ពន្លឺគឺ​បណ្តាញ​នៃរស្មីដ៏ធំទូលាយ ក៏កើតឡើងក្នុងចន្លោះនៃលោកធាតុនេះ។ ចូរពួកជនទាំង​អស់​នេះ ក្នុងលោកធាតុ ឃើញនូវតថាគតចុះ ចូរពួកជនគ្រប់គ្នាមានចិត្តល្អចុះ ចូរពួកជន​រាល់រូប ប្រព្រឹត្តតាមតថាគតចុះ។ តថាគតទួងស្គរ គឺព្រះនិញ្វនឈ្មោះអមតៈ ដោយពាក្យ​ដ៏ពីរោះ​ប្រសើរក្រៃលែង ចូរពួកជនគ្រប់គ្នា ក្នុងលោកធាតុនេះ ស្តាប់នូវសំឡេង​ដ៏ពីរោះ​ចុះ។ កាលបើតថាគតបង្អុរចុះដោយទឹកភ្លៀងគឺធម៌ ចូរពួកជនគ្រប់គ្នា ជាអ្នកមិនមាន​អាសវៈចុះ បណ្តាសត្វទាំងនោះ ពួកសត្វណា មាននិស្ស័យជាន់ក្រោម ចូរពួក​សត្វទាំង​នោះ​​បានជាសោតាបន្នបុគ្គលចុះ។ ព្រោះតថាគត ឲ្យទានដែលគួរឲ្យ បាន​បំពេញសីល ឥតមានសេសសល់ ដល់នូវនេក្ខម្មបារមី ទើបបាននូវ​សម្ពោធិញ្ញាណ​ដ៏ឧត្តម។ ព្រោះ​តថាគត​បានប្រឹក្សានឹងពួកបណ្ឌិត ហើយធ្វើនូវវីរិយបារមីឲ្យខ្ពង់ខ្ពស់​ដល់នូវខន្តិបារមី ទើប​បាន​នូវសម្ពោធិញ្ញាណដ៏ឧត្តម។ ព្រោះតថាគតធ្វើអធិដ្ឋានបារមីឲ្យមាំមួន បំពេញនូវ​សច្ចបារមី ដល់នូវមេត្តាបារមី ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម។ ព្រោះតថាគតជាអ្នក​មាន​ចិត្តស្មើ ក្នុងលោកធម៌ទាំងអស់ គឺលាភ និងឥតលាភ សុខ និងទុក្ខ ការសរសើរ និងនិន្ទា ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម។ អ្នកទាំងឡាយ ចូរឃើញនូវកោសជ្ជៈ ថាជាភ័យផង ឃើញនូវវីរិយៈ ថាជាធម៌ក្សេមផង ហើយចូរ​ជាអ្នក​ប្រារព្ធព្យាយាមឡើង នេះជាអនុសាសនីរបស់ព្រះពុទ្ធ។ អ្នកទាំងឡាយ ចូរឃើញនូវវិវាទ ថាជាភ័យផង ឃើញនូវការមិនវិវាទ ថាជាគុណដ៏ក្សេមផង ហើយចូរជាអ្នកព្រមព្រៀង ស្រុះស្រួល​នឹងគ្នាចុះ នេះជាអនុសាសនីរបស់ព្រះពុទ្ធ។ អ្នកទាំងឡាយ ចូរឃើញ​នូវបមាទៈ ថាជាភ័យផង ឃើញនូវអប្បមាទៈ ថាជាគុណ​ដ៏ក្សេមផង ហើយចូរ​ចម្រើនមគ្គមានអង្គ ៨ នេះជាអនុសាសនីរបស់ព្រះពុទ្ធ។ ព្រះពុទ្ធ និងព្រះអរហន្តច្រើន​អង្គ បានមកជួបជុំដោយ​សព្វគ្រប់ហើយ អ្នកទាំងឡាយ ចូរថ្វាយបង្គំនមស្ការ ចំពោះ​ព្រះសម្ពុទ្ធ និងព្រះអរហន្ត​ចុះ។ ព្រះពុទ្ធទាំងឡាយ ជាអចិន្តិយបុគ្គល (បុគ្គលដែលគេមិន​គប្បីគិតកើត) ធម៌របស់​ព្រះពុទ្ធ ជាអចិន្តិយធម៌ យ៉ាងនេះ កាលបុគ្គលជ្រះថ្លា​ចំពោះគុណ​ជាអចិន្តិយៈ រមែងបាន​ផលជាអចិន្តិយៈ។

បានឮថា ព្រះមានព្រះភាគ កាលត្រាស់ដឹងនូវពុទ្ធចរិតរបស់ព្រះអង្គ ទើបសម្តែង​នូវ​ធម្មបរិយាយ ឈ្មោះ​ពុទ្ធាបទាន ដោយប្រការដូច្នេះ។

ចប់ ពុទ្ធាបទាន។

បច្ចេកពុទ្ធាបទាន ទី២

អ្នកទាំងឡាយ ចូរស្តាប់បច្ចេកពុទ្ធាបទាន ដូចតទៅនេះ

[២] នតង្គៈ ជាអ្នកប្រាជ្ញ ជាបុត្រនៃនាងទេវីក្នុងដែនវេទហៈ បានសួរព្រះតថាគត កាលគង់​នៅ​ក្នុងវត្តជេតពនថា ឮថាព្រះបច្ចេកពុទ្ធទាំងឡាយ រមែងមាន តើព្រះបច្ចេកពុទ្ធ​ជាអ្នក​ប្រាជ្ញទាំងនោះ រមែងកើតឡើងដោយហេតុដូចម្តេចខ្លះ។ គ្រានោះ ព្រះសព្វញ្ញុពុទ្ធដ៏​ប្រសើរ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ទ្រង់បែរទៅត្រាស់នឹងព្រះអានន្ទដ៏​ចម្រើន ដោយ​ព្រះសូរ​សៀងដ៏ពីរោះថា

ពួកជនណា មានការកសាងបានធ្វើទុកហើយ ក្នុងសំណាក់នៃព្រះពុទ្ធទាំងពួង តែមិនទាន់​បានមោក្ខធម៌ក្នុងសាសនានៃព្រះជិនស្រីទេ។ ជនទាំងនោះ ជាអ្នកប្រាជ្ញ ជាអ្នកមានប្រាជ្ញា​មុតថ្លា វៀរលែងតែព្រះពុទ្ធទាំងឡាយ រមែងបាននូវបច្ចេកពោធិញ្ញាណ ដោយប្រធាននៃ​សង្វេគនោះផង ដោយអារម្មណ៍ដ៏ស្តើងស្តួចនោះផង ក្នុងលោកទាំងមូល វៀរលែងតែ​តថាគត​ចេញ មិនមានបុគ្គលណាស្មើនឹងព្រះបច្ចេកពុទ្ធឡើយ តថាគត នឹង​សម្តែងនូវ​គុណត្រឹមតែសង្ខេបនេះ របស់ព្រះបច្ចេកពុទ្ធទាំងឡាយនោះ (អ្នកទាំងឡាយ ចូរស្តាប់​នូវគុណ) របស់ពួកព្រះបច្ចេកពុទ្ធ ជាមហាមុនី ដោយប្រពៃចុះ។ អ្នកទាំងឡាយ កាលប្រាថ្នានូវភេសជ្ជៈដ៏ប្រសើរផុត គឺព្រះនិញ្វន ចូរមានចិត្តជ្រះថ្លាទាំងអស់គ្នា ស្តាប់នូវ​ពាក្យដ៏ពីរោះ ដូចជាទឹកឃ្មុំផ្លិត របស់ព្រះមហាឥសីដែលត្រាស់ដឹងឯង។ ព្រះបច្ចេកពុទ្ធ​ទាំងឡាយ ដែលមកប្រជុំគ្នា មានព្យាករណ៍ មានទោស មានវត្ថុនៃសេចក្តី​រសាយចិត្ត ទាំងមានហេតុដែលបានសម្រេចនូវពោធិញ្ញាណផ្សេងៗ គ្នា។ (ព្រះបច្ចេកពុទ្ធ​ទាំងនោះ) មានសេចក្តីសំគាល់ក្នុងការរសាយចិត្ត ក្នុងវត្ថុដែលប្រកបដោយរាគៈ មានចិត្ត​រសាយ​ក្នុងលោក ដែលគេត្រេកត្រអាល លះបង់នូវបបញ្ចធម៌ [បានដល់ធម៌ ៣យ៉ាង គឺ រាគៈ ១ ទោសៈ ១ កិលេសទាំងអស់ ១ ដែលធ្វើដំណើរសត្វឲ្យយឺតយូរ។ អដ្ឋកថា។] និង​កិលេសជាត ដែលញុំាងសត្វឲ្យអន្ទះសា ហើយបានសម្រេចនូវពោធិញ្ញាណ ក្នុង​ទីនោះ​ឯង។ បុគ្គលទម្លាក់ចោលនូវអាជ្ញា ចំពោះសត្វទាំងពួង មិនបៀតបៀននូវសត្វ​ទាំងនោះ សូម្បីសត្វណាមួយទេ ទាំងជាអ្នកអនុគ្រោះ ចំពោះប្រយោជន៍ ដោយមេត្តាចិត្ត គប្បី​ប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលទម្លាក់ចោលនូវអាជ្ញា ចំពោះពួកសត្វ​ទាំងពួង មិនបៀតបៀនចំពោះសត្វទាំងនោះ សូម្បីសត្វណាមួយទេ មិនបានប្រាថ្នានូវបុត្រ (ទៅ​ហើយ) តើនឹងប្រាថ្នានូវសម្លាញ់អំពីណា គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ សេចក្តីស្រលាញ់របស់សត្វដែលនៅច្រឡូកច្រឡំគ្នា រមែងមាន ឯសេចក្តីទុក្ខ​នេះមាន​ឡើង ព្រោះអាស្រ័យសេចក្តីស្រឡាញ់ បុគ្គលកាល​ឃើញទោស ដែលកើតអំពី​សេចក្តី​ស្រលាញ់ គប្បីប្រព្រឹត្តតែ​ម្នាក់ឯង ដូចកុយរមាស។ បុគ្គលមានចិត្តជាប់ចំពាក់ កាល​អនុគ្រោះចំពោះពួកមិត្ត និងសំឡាញ់ រមែងញុំាងប្រយោជន៍ឲ្យ​វិនាស បុគ្គលកាល​ឃើញនូវភ័យ ក្នុងសេចក្តីសិ្នទ្ធស្នាលនុ៎ះ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ សេចក្តី​ស្រឡាញ់ក្នុងបុត្រ និងភរិយា ដូចជាឫស្សីមានមែកចាក់កណ្តាញ់ បុគ្គល កាល​មិនជាប់​ចំពាក់ ដូចជាទំពាំងឫស្សី គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ ម្រឹគក្នុងព្រៃ មិនជាប់ចំណង ដើរទៅរកចំណីតាមចំណង់បាន យ៉ាងណា វិញ្ញូជនកាលបើប្រាថ្នា​សេរីភាព (យ៉ាងនោះ) គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ ការហៅរក រមែងមាន​ក្នុងកណ្តាលនៃសម្លាញ់ គឺ ក្នុងលំនៅ ក្នុងទីបំរើ ក្នុងការដើរ ក្នុងការត្រាច់ចារិក បុគ្គល​កាលប្រាថ្នានូវសេរីភាព ដែលពួកជនពាលមិនប្រាថ្នា គប្បីប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ល្បែង និងតម្រេក រមែងមាន ក្នុងកណ្តាលនៃសម្លាញ់ ទាំងសេចក្តី​ស្រលាញ់ដ៏ធំទូលាយ រមែងមានក្នុងបុត្រទាំងឡាយ បុគ្គលកាលខ្ពើមរអើមចំពោះ​ការ​ព្រាត់​ប្រាស​ចាកសត្វ និងសង្ខារជាទីស្រលាញ់ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច​កុយរមាស។ បុគ្គលជាអ្នកនៅជាសុខ ក្នុងទិសទាំង ៤ មិនមានថ្នាំងថ្នាក់ចិត្ត ត្រេកអរ​ក្នុងវត្ថុតាម​មានតាមបាន ជាអ្នកអត់ធន់ចំពោះអន្តរាយ ជាអ្នកមិនតក់ស្លុត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បព្វជិតពួកខ្លះ ឬពួកគ្រហស្ថ ដែលនៅ​គ្រប់គ្រងផ្ទះខ្លះ គេសង្រ្គោះ​បានដោយកម្រ បុគ្គលអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ចំពោះពួកកូននៃបុគ្គលដទៃ គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូចកុយរមាស។ វីរបុគ្គលលះបង់ នូវវត្ថុទាំងឡាយ ជាគ្រឿង​ប្រាកដ​របស់គ្រហស្ថ កាត់បង់នូវចំណង របស់គ្រហស្ថ​ទាំងឡាយ ដូចដើមរលួសផ្អុងជម្រុះស្លឹក គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បើបុគ្គលបានសម្លាញ់ជាអ្នកប្រាជ្ញ មានបញ្ញា​ខ្ជាប់ខ្ជួន ជាអ្នកប្រព្រឹត្តត្រូវគ្នា មានធម៌​ជាគ្រឿងនៅដ៏ល្អ គប្បីជាអ្នកមានស្មារតី គ្របសង្កត់​នូវអន្តរាយទាំងពួង ហើយមាន​ចិត្តរីករាយ ប្រព្រឹត្តជាមួយសម្លាញ់នោះចុះ។ បើបុគ្គលមិន​បានសម្លាញ់ជាអ្នកប្រាជ្ញ​មានបញ្ញាខ្ជាប់ខ្ជួន ជាអ្នកប្រព្រឹត្តត្រូវគ្នា មានធម៌ជាគ្រឿងនៅ​ដ៏ល្អទេ គប្បីប្រព្រឹត្តតែ​ម្នាក់ឯង ដូចព្រះរាជាទ្រង់លះបង់នូវដែន ដែលទ្រង់ឈ្នះហើយ ឬដូចដំរីឈ្មោះមាតង្គៈ (លះបង់នូវហ្វូង កាលត្រាច់ទៅ) ក្នុងព្រៃ។ តាមពិតយើង​សរសើរ​នូវការបរិបូណ៌ ដោយ​សម្លាញ់ហើយ តែបុគ្គលគួរគប់រកសម្លាញ់ដែលមានគុណប្រសើរ​ជាងខ្លួន ឬសម្លាញ់មាន​គុណស្មើនឹងខ្លួន បើរកមិនបានពួកសម្លាញ់ទាំងនុ៎ះទេ គប្បីជាអ្នក​បរិភោគនូវ​ចតុប្បច្ច័យ​ដែលមិនមានទោស ហើយប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលឃើញនូវ​កងមាសទាំងពីរ ដែលកូនជាងមាសធ្វើសម្រេចល្អហើយ រណ្តំគ្នាត្រង់កដៃ គប្បីប្រព្រឹត្តតែ​ម្នាក់ឯង ដូចកុយរមាស។ ឯការឆ្លើយឆ្លងដោយវាចាក្តី ការជាប់ចំពាក់ក្តី ជាមួយនឹង​បុគ្គលគម្រប់ពីរ របស់អញ ដូចកងមាសមួយគូមានយ៉ាងនុ៎ះ បុគ្គលកាលរំពឹង​ឃើញ នូវភ័យនុ៎ះក្នុងកាលខាងមុខ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មានរសផ្អែម ជាទីរីករាយនៃចិត្ត រមែងញាំញីនូវចិត្ត ដោយ​សភាព​ដ៏ប្លែកៗ បុគ្គលឃើញទោស ក្នុងកាមគុណទាំងឡាយហើយ គប្បីប្រព្រឹត្តតែ​ម្នាក់ឯង ដូចកុយរមាស។ បុគ្គលឃើញនូវភ័យនុ៎ះ ក្នុងកាមគុណទាំងឡាយថា នេះជាចង្រៃ ជាបូស ជាឧបទ្រព ជារោគ ជាសរ ទាំងជាភ័យ របស់អញហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច​កុយរមាស។ បុគ្គលគ្របសង្កត់នូវសត្រូវទាំងអស់នុ៎ះ គឺ ត្រជាក់ ក្តៅ គម្លាន សម្រេក ខ្យល់ និងកំដៅថ្ងៃ របោម និងសត្វលូនហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ ដំរីមានខ្លួនសមរម្យមាំមួន មានសម្បុរដូចផ្កាឈូក កាលលះបង់ហ្វូង ហើយនៅក្នុងព្រៃ គួរដល់អធ្យាស្រ័យ យ៉ាងណា បុគ្គលគប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស យ៉ាងនោះ​ឯង។ បុគ្គលបាននូវសាមយិកវិមុត្តិ ដោយហេតុណា ហេតុនោះ មិនមែនជាទីតាំង​នៃ​បុគ្គល​អ្នកត្រេកអរក្នុងពួកទេ បុគ្គលពិចារណានូវពាក្យ​នៃព្រះពុទ្ធជា​អាទិច្ចពន្ធុហើយ គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូចកុយ​រមាស។ បុគ្គលកន្លងចម្រូង គឺទិដ្ឋិ ដល់នូវធម៌ទៀង គឺមគ្គទី ១ មានមគ្គ (ដ៏សេស) បានហើយ មិនមានអ្នកដទៃដឹកនាំ ព្រោះដឹងថា អាត្មាអញ​មានញាណកើតឡើងហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច​កុយរមាស។ បុគ្គលមិនជាប់ចិត្ត (ក្នុងអាហារ) មិនកុហក មិនស្រេកឃ្លាន មិនលុបគុណគេ កម្ចាត់បង់មោហៈ ដូចជាទឹកចត់ មិនមានទីអាស្រ័យនៅគឺតណ្ហា ក្នុងលោកទាំង​ពួងហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយ​រមាស។ បុគ្គលគប្បីវៀរស្រឡះ នូវសម្លាញ់អាក្រក់ អ្នកមិនឃើញនូវសេចក្តីវិនាស អ្នក​អាស្រ័យនៅក្នុងកម្មមិនស្មើ មិនគប្បីគប់រកនូវសម្លាញ់ ដែលជាប់ចំពាក់ ដែលស្រវឹង (ក្នុងកាមគុណ) ដោយខ្លួនឯង គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលគប្បី​គប់រក​នូវបុគ្គលជាពហុសូត្រ អ្នកទ្រទ្រង់ធម៌ អ្នកប្រកប​ដោយគុណដ៏ក្រៃលែង មានប្រាជ្ញាវាងវៃ បុគ្គលដឹងច្បាស់នូវ​ប្រយោជន៍ទាំងឡាយ គួរបន្ទោបង់សេចក្តីសង្ស័យ គប្បីប្រព្រឹត្តតែ​ម្នាក់ឯង ដូចកុយរមាស។ បុគ្គលមិនអើពើ មិនអាឡោះអាល័យ នូវល្បែងផង តម្រេកផង កាមសុខក្នុងលោកផង ជាអ្នកវៀរស្រឡះ​ចាកគ្រឿងស្អិតស្អាង អ្នកពោលនូវពាក្យសច្ចៈ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលលះបង់នូវកាមទាំងឡាយតាមចំណែក គឺបុត្រ ភរិយា បិតាមាតា ទ្រព្យ សម្បត្តិ ស្រូវ អង្ករ និងផៅពង្សហើយ គប្បីប្រព្រឹត្តតែ​ម្នាក់ឯង ដូចកុយរមាស។ កាមគុណនេះ ជាគ្រឿងជាប់ចំពាក់ ឯសេចក្តីសុខ ក្នុងកាមនុ៎ះ មានប្រមាណតិច កាមគុណនុ៎ះ មានសេចក្តីត្រេកអរតិច បុគ្គលអ្នកមាន​គំនិតប្រាជ្ញា លុះដឹងច្បាស់ថា កាមគុណនុ៎ះ ដូចជាដំបៅពកដូច្នេះហើយ គប្បីប្រព្រឹត្តតែ​ម្នាក់ឯង ដូច​កុយរមាស។ បុគ្គលទម្លាយ​នូវសំយោជនៈ ដូចត្រីក្នុងទឹកទម្លាយនូវសំណាញ់ មិនត្រឡប់​មករកសំយោជនៈវិញ ដូចភ្លើងឆេះ (មិនត្រឡប់វិញ) គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច​កុយរមាស។ បុគ្គលមានចក្ខុ​ដាក់​ចុះ មានជើងមិនរពឹស ជាអ្នកគ្រប់គ្រងឥន្រ្ទិយ រក្សាចិត្តទុក (ដោយល្អ) មិនជោកជាំ មិនរោលរាល (ដោយកិលេស) គប្បីប្រព្រឹត្តតែ​ម្នាក់ឯង ដូចកុយរមាស។ បុគ្គល​លះបង់នូវភេទគ្រហស្ថ ដូចដើម​បារិច្ឆត្តព្រឹក្ស ដែលមាន​ស្លឹកដាច់ហើយ មានសំពត់​កាសាយៈ ចេញបួសហើយ គប្បីប្រព្រឹត្តតែ​ម្នាក់ឯង ដូច​កុយរមាស។ បុគ្គលមិនធ្វើ​នូវសេចក្តីប្រាថ្នា ក្នុងរសទាំងឡាយ ជាអ្នកមិនល្មោភ មិនចិញ្ចឹម​នូវបុគ្គលដទៃ ជាអ្នកត្រាច់​ទៅសព្វច្រក មិនជាប់ចិត្តក្នុង​ត្រកូលមួយៗ គប្បីប្រព្រឹត្តតែ​ម្នាក់ឯង ដូចកុយរមាស។  បុគ្គលលះបង់នូវហេតុ ជាគ្រឿងរារាំង ៥ យ៉ាង របស់ចិត្ត បន្ទោបង់នូវឧបក្កិលេសទាំងពួង ទាំងមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) កាត់បង់​នូវទោសនៃសេចក្តីស្រឡាញ់ហើយ គប្បីប្រព្រឹត្តតែម្នាក់​ឯង ដូចកុយរមាស។ បុគ្គលធ្វើ​នូវសុខ ទុក្ខ សោមនស្ស និង​ទោមនស្សក្នុងកាលមុន ឲ្យនៅពីក្រោយខ្នង បាននូវឧបេក្ខា​ជា​សមថៈដ៏ស្អាត គប្បីប្រព្រឹត្ត​តែម្នាក់ឯង ដូចកុយរមាស។ បុគ្គលប្រារព្ធព្យាយាម ដើម្បីដល់នូវព្រះនិញ្វន មាន​ចិត្តមិនរួញរា មានការប្រព្រឹត្តិ​មិនខ្ជិលច្រអូស មានសេចក្តី​ប្រឹងប្រែងដ៏មាំមួន ប្រកបដោយកម្លាំងកាយ និងកម្លាំងបញ្ញា​ហើយ គប្បីប្រព្រឹត្តតែម្នាក់​ឯង ដូចកុយរមាស។ បុគ្គលកាល​មិនលះបង់​នូវឈានដ៏​ស្ងប់ស្ងាត់ (ចាកសត្វ និងសង្ខារ) ជាអ្នកប្រព្រឹត្តនូវ​ធម៌ដ៏សមគួរក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច ពិចារណានូវទោស ក្នុងភពទាំងឡាយ​ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលកាលប្រាថ្នានូវ​ការអស់តណ្ហា ជាអ្នកមិនប្រហែស មិនល្ងង់ មានការចេះដឹង មានស្មារតី មានធម៌​ពិចារណា​ហើយ ជាបុគ្គលទៀង មានសេចក្តីខ្មីឃ្មាត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច​កុយរមាស។ បុគ្គល​កាលមិនតក់ស្លុតក្នុងលក្ខណៈ មានមិនទៀងជាដើម ដូចសីហៈ​មិនតក់ស្លុតក្នុងសំឡេង​ទាំងឡាយ មិនជាប់ចំពាក់​ក្នុងធម៌ទាំងឡាយ មានខន្ធជាដើម ដូចខ្យល់មិនជាប់នឹង​សំណាញ់ មិនប្រឡាក់​ដោយ​លោភៈជាដើម ដូចស្លឹកឈូកមិន​ប្រឡាក់​ដោយទឹក គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច​កុយរមាស។ សីហៈជាសេ្តចសត្វ មានចង្កូម​ជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែងនូវ​ពួក​ម្រឹគ យ៉ាងណា បុគ្គលគប់រកនូវ​សេនាសនៈ​ដ៏ស្ងាត់ (មានព្រៃជាគ្រឿងអាង) ក៏យ៉ាងនោះ​ដែរ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលកាលចម្រើននូវមេត្តា ឧបេក្ខា ករុណា និងមុទិតា ជាហេតុរួចចាកកិលេស ក្នុង​កាលដ៏គួរ មិនខឹងសម្បានឹងលោកទាំងពួង គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។ បុគ្គលលះបង់នូវរាគៈផង ទោសៈផង មោហៈផង ហើយទំលាយចេញនូវសំយោជនៈ មិនតក់ស្លុតក្នុងការអស់ទៅនៃជីវិតហើយ គប្បីប្រព្រឹត្តតែ​ម្នាក់ឯង ដូចកុយរមាស។ ពួកជនមានប្រយោជន៍ជាហេតុ ទើបគប់រកផង បម្រើផង ឯពួកមិត្តដែលឥតហេតុ គេរកបានដោយក្រក្នុងថ្ងៃនេះ ឯពួកមនុស្សអ្នក​មានបញ្ញា ប្រាថ្នាប្រយោជន៍ផ្ទាល់ខ្លួន ឈ្មោះថាជាមនុស្សមិនស្អាត បុគ្គលគប្បីប្រព្រឹត្ត​តែម្នាក់ឯង ដូចកុយរមាស។ ពួក​ព្រះបច្ចេកពុទ្ធ មានសីលបរិសុទ្ធ មានប្រាជ្ញាបរិសុទ្ធល្អ មានចិត្តតម្កល់មាំ ប្រកបរឿយៗ នូវព្យាយាមជា គ្រឿងភ្ញាក់រឭក អ្នកពិចារណានូវសង្ខារ ឃើញនូវធម៌ដ៏វិសេស ដឹងច្បាស់នូវធម៌ ដែលជាអង្គនៃមគ្គ និងពោជ្ឈង្គ។ ពួកជនជាអ្នកប្រាជ្ញណា ចម្រើន​នូវសុញ្ញតវិមោក្ខ អប្បណិហិតវិមោក្ខ និងអនិមិត្តវិមោក្ខ ក្នុងសាសនានៃព្រះជិនស្រីហើយ តែមិនសម្រេចនូវភាពជាសាវ័កទេ ពួកជនជាអ្នកប្រាជ្ញនោះ គង់បានជាព្រះបច្ចេកពុទ្ធ ត្រាស់ដឹងឯង។ ពួកជននោះ ជាអ្នកមានធម៌ដ៏ច្រើន មានធម្មកាយដ៏សម្បូណ៌ មាន​ចិត្តជាធំ ឆ្លងនូវទុក្ខ និងឱឃៈទាំងពួង មានចិត្តខ្ពង់ខ្ពស់ផុត ជាអ្នកឃើញនូវប្រយោជន៍​ដ៏ក្រៃលែង គឺព្រះនិញ្វន មានឧបមាដូចសីហៈ (តែងប្រព្រឹត្តតែម្នាក់ឯង) ដូចកុយរមាស។ ព្រះបច្ចេកពុទ្ធទាំងឡាយ ជាបុគ្គលមានឥន្រ្ទិយស្ងប់ មានចិត្តស្ងប់ស្ងាត់ មានចិត្តជាសមាធិ ប្រព្រឹត្តដោយប្រាជ្ញា ចំពោះសត្វ ក្នុងទីបំផុតដែន ដូចប្រទីបឆ្លុះបំភ្លឺក្នុងលោកខាងមុខ និងលោកនេះ ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ពួកសត្វ។ ព្រះបច្ចេកពុទ្ធទាំងឡាយ ជាធំជាងជន លះកិលេសជាគ្រឿងរារាំងទាំងពួងហើយ ជាប្រទីបនៃលោក មានរស្មីដូច​មាសដុំ ជាទក្ខិណេយ្យបុគ្គលដ៏ល្អរបស់សត្វលោក ដោយឥតសង្ស័យ ជា​បុគ្គលសម្រេច​ដោយ​និរោធសមាបត្តិជារឿយៗ។ សុភាសិតរបស់ព្រះបច្ចេកពុទ្ធ​ទាំងឡាយ រមែង​ប្រព្រឹត្តទៅក្នុងមនុស្សលោក ព្រមទាំងទេវលោក ពួកជនពាលណា​ស្តាប់ហើយ តែ​មិនបានធ្វើតាមសុភាសិត មានសភាពដូច្នោះទេ ពួកជនពាលនោះឯង រមែងធ្លាក់​ទៅរងទុក្ខទាំងឡាយរឿយៗ។ សុភាសិតរបស់ព្រះ​បច្ចេកពុទ្ធទាំងឡាយ ផ្អែមល្ហែម​ដូច​ទឹកឃ្មុំផ្លិតដែលហូរចុះ ពួក​ជនណាបានស្តាប់ហើយ ប្រកបនូវសេចក្តី​ប្រតិបត្តិតាមយ៉ាង​នោះ ពួកជននោះ ប្រកបដោយប្រាជ្ញា រមែងឃើញនូវសច្ចធម៌។ គាថាដ៏​ខ្ពង់ខ្ពស់ណា ដែលព្រះបច្ចេកពុទ្ធទាំងឡាយ ជាអ្នកឈ្នះកិលេស សម្តែងហើយនោះ ព្រះសម្ពុទ្ធ​ជាសីហៈក្នុងសក្យវង្ស ទ្រង់ខ្ពង់ខ្ពស់ជាងជន ទ្រង់ចេញបព្វជ្ជាហើយ បាន​ប្រកាសទុក ដើម្បីការដឹងច្បាស់នូវធម៌។ សុភាសិតទាំងនេះ ដែលព្រះបច្ចេកពុទ្ធទាំងនោះ សំដែង​ផ្សេងៗ គ្នា ដើម្បីអនុគ្រោះដល់សត្វលោក ព្រះសយម្ភូដូចជាសីហៈ ទ្រង់ប្រកាស​ទុកហើយ ដើម្បីញុំាងសំវេគធម៌ សង្គហធម៌ និងឧបាយប្រាជ្ញា ឲ្យចម្រើនឡើង។

ចប់ បច្ចេកពុទ្ធាបទាន។

សារីបុត្តត្ថេរាបទាន ទី៣

អ្នកទាំងឡាយចូរស្តាប់ថេរាបទាន ដូចតទៅនេះ

[៣] មានភ្នំមួយឈ្មោះ លម្ពកៈ នៅក្នុងទីមិនឆ្ងាយអំពីភ្នំហិមពាន្ត គេបានសង់​អាស្រម សាងបណ្ណសាលាឲ្យខ្ញុំ។ ស្ទឹង​មានច្រាំងដ៏រាក់ មានកំពង់ល្អ ជាទីគាប់ចិត្ត ដ៏ដេរដាស​ដោយ​ផ្នូកខ្សាច់ដ៏ស្អាត មានក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ។ ​ស្ទឹង (នោះ) មិនមាន​ក្រួសរវាន មិនចោត មានទឹកដ៏ឆ្ងាញ់ មិនមានក្លិនអាក្រក់ តែងហូរទៅក្នុងទីនោះ ជាលម្អដល់​អាស្រមខ្ញុំ។ មានក្រពើ មករ ឆ្លាម អណ្តើក លេងក្នុងស្ទឹងនុ៎ះ ហែបហែល​ក្នុងស្ទឹងនោះ ជាលម្អដល់អាស្រមខ្ញុំ។ មានទាំងត្រីស្លាត ត្រីសណ្តាយ ត្រីក្រាញ់ ត្រីក្រពុលបាយ ត្រីឆ្ពិន ត្រីខ្ជឹង តែងហែលឆ្វៀលឆ្វាត់ទៅមក ជាលម្អដល់អាស្រមខ្ញុំ។ នៅត្រើយស្ទឹងទាំង​សងខាង មានដើមឈើដ៏សម្បូណ៌ដោយផ្កា និងផ្លែសំយុងចុះមក​អំពីត្រើយស្ទឹងទាំង​សង​ខាង ជាលម្អដល់អាស្រមខ្ញុំ។ ស្វាយ សាលព្រឹក្ស ដង្កៀបក្តាម ច្រនៀង ឈើភ្លើង មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ក្នុងអាស្រមខ្ញុំ។ ចម្បក់ ស្រល់ ក្តុល ខ្ទឹង បុន្នាគ រំចេក មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ក្នុងអាស្រមខ្ញុំ។ រំដួល អាសោក នួនស្រី មានផ្ការីក អង្កោល វល្លិបាស មាន​ផ្ការីក​ ផ្សាយក្លិនទៅក្នុងអាស្រមខ្ញុំ។ រំចេក ចេក ខ្មួញ មិ្លះរួត ផ្សាយក្លិនដូចជាទិព្វ ក្នុងអាស្រមខ្ញុំ។ ឈើជាច្រើន គឺកណិកា កណ្ណិការ ធ្នង់ អញ្ជន់ ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃអាស្រមខ្ញុំ។ មានក្រូចឆ្មារ ក្រូចភ្លា រលួស មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃអាស្រមខ្ញុំ។ ឈើជាច្រើនយ៉ាង គឺរាជព្រឹក្ស ក្លែងគង់ ក្ទម្ព ពកុល ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃអាស្រមខ្ញុំ។ អាឡកព្រឹក្ស សណ្តែកក្រហម ចេក ក្រូចថ្លុង តែងលូតលាស់ដោយទឹកដ៏មានក្លិន ឈើទាំងនោះទ្រទ្រង់ផ្លែ (ជានិច្ច)។ ឈូកខ្លះកំពុងផ្កា ខ្លះកំពុងបញ្ចេញកេសរ ខ្លះជម្រុះផ្កា រីកស្គុះស្គាយក្នុងស្រះ ក្នុង​កាលនោះ។ ពួកឈូកកំពុងលេចពន្លក មានក្រអៅកំពុងលូតលាស់ ដេរដាសដោយ​ត្របកផ្កា និងស្លឹក ល្អក្នុងស្រះក្នុងកាលនោះ។ គុម្ពផ្កានយិតាផង អម្ពគណ្ឌីផង ឧត្តរាហិផង ពន្ធុជីវកៈផង មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ទៀបស្រះ​ក្នុងកាលនោះ។ ពួកត្រីស្លាត ត្រីសណ្តាយ ត្រីក្រាញ់ ត្រីក្រពុលបាយ ត្រីឆ្ពិន ត្រីចង្វា ត្រីផ្ទោង នៅក្នុង​ស្រះ​ក្នុងកាលនោះ។ ក្រពើ ឆ្លាម តន្តិគ្គាហៈ អារក្សទឹក ឱគាហៈ ថ្លាន់នៅក្នុងស្រះ ក្នុងកាល​នោះ។ ព្រាប ព្រហ៊ីត ចាក្រពាក ក្អែកទឹក តាវ៉ៅ សេក និងសារិកា តែងអាស្រ័យ​រស់នៅនឹងស្រះនោះ។ មានបក្សីខ្វែក ក្តាម មាន់ព្រៃ ត្រដេវវិច សេក អាស្រ័យ​រស់នៅ​នឹងស្រះនោះ។ ពួកបក្សី គឺ ហង្ស ក្រៀល ក្ងោក តាវ៉ៅ មាន់ទោ ចង្កៀលខ្យង ប៉ោលតោក តែងអាស្រ័យរស់នៅនឹងស្រះនោះ។ ពួកបក្សីជាច្រើន គឺ មៀម ខ្លែងស្រាក លលក ខ្លែង អង្កត់ខ្មៅ តែងអាស្រ័យរស់នៅនឹងស្រះនោះ។ ពួកម្រឹគជាច្រើន គឺ បសទម្រឹគ ជ្រូក ឆ្កែព្រៃ រមាំង ប្រើស រមាស តែងអាស្រ័យរស់នៅនឹងស្រះនោះ។ សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លាត្រី ដំរីចុះប្រេង តែងអាស្រ័យរស់នៅនឹងស្រះនោះ។ ពួកកិន្នរ ពានរ ឬពួកមនុស្ស អ្នកធ្វើការក្នុងព្រៃ មនុស្សអ្នកបម្រើ ព្រានព្រៃ តែងអាស្រ័យ​រស់នៅ​នឹងស្រះនោះ។ ដើមទន្លាប់ ដើមទន្លា ដើមស្រគម ពង្រ ទ្រទ្រង់ផ្លែអស់កាលជានិច្ច ក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ។ ដើមស្រូល ដើមស្រល់ ដើមក្ទម្ព ប្រកបដោយខ្លឹម និងផ្លែ តែងទ្រទ្រង់ផ្លែជានិច្ច ក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ។ ដើមសម៉ កន្ទួតព្រៃ ស្វាយ ព្រីង សម៉ពិភេទន៍ ស្តៅ រាក់ខ្មៅ ព្នៅ តែងទ្រទ្រង់ផ្លែជានិច្ច។ ដំឡូងស្រំ ដំឡូងដូង ដំឡូងដៃខ្លា និងដំឡូងឈាមមាន់ ទាំងឈើជាថ្នាំ ក៏មានច្រើននៅជិត​អាស្រមខ្ញុំ។ ស្រះដែល​ធម្មតានិមិ្មតល្អហើយ ក៏មាននៅក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ មានទឹកថ្លា មានទឹកត្រជាក់ មានកំពង់រាបទាបល្អ គួរជាទីរីករាយចិត្ត។ ស្រះនោះសឹង​ដ៏បរិបូណ៌ដោយឈូក និង​ឧប្បល ប្រកបដោយឈូកស ព្រោងព្រាតដោយស្គន់ មានក្លិនដូចជាទិព្វ រមែងផ្សាយទៅ។ ក្នុងកាលនោះ ខ្ញុំតែងនៅក្នុងអាស្រមជាទីត្រេកអរ ដែលធម្មតាធ្វើទុកល្អហើយ ក្នុងព្រៃ​ដែលមានផ្កា មានផ្លែ បរិបូណ៌ដោយអង្គគ្រប់សព្វ យ៉ាងនេះ។ ខ្ញុំជាតាបសឈ្មោះ សុរុចិ ជាអ្នកមានសីល បរិបូណ៌ដោយវត្ត មានឈាន ត្រេកអរក្នុងឈាន ដល់នូវ​កម្លាំង​នៃអភិញ្ញាទាំង ៥ គ្រប់កាលទាំងពួង។ ពួកព្រាហ្មណ៍ទាំងអស់នុ៎ះ ជាសិស្សរបស់​ខ្ញុំចំនួន ២៤ ពាន់​នាក់ ជាអ្នកមានជាតិ មានយស នៅចាំបម្រើខ្ញុំ។ (ពួកព្រាហ្មណ៍​ទាំងនោះ) ជាអ្នកចេះបទ ចេះវេយ្យាករណ៍ ដល់នូវត្រើយ​នៃវិជ្ជាក្នុងសទ្ធម្ម គឺលក្ខណសាស្រ្ត ឥតិហាសសាស្រ្ត ព្រមទាំងនិឃណ្ឌុសាស្រ្ត និង​កេដុភសាស្រ្ត។ ពួកសិស្សរបស់ខ្ញុំ​ជាអ្នក​ឈ្លាសវៃក្នុងឧត្បាត ក្នុងនិម្មិត និងលក្ខណៈទាំងឡាយ បានសិក្សា​ល្អក្នុងផែនដី ក្នុងទី​ក្នុងអាកាស។ ពួកសិស្សទាំងនុ៎ះ ជាអ្នកប្រាថ្នាតិច មានប្រាជ្ញាខ្ជាប់ខ្ជួន មានអាហារតិច មិនល្មោភ សន្តោសដោយលាភ និងឥតលាភ តែងចោមរោម​ខ្ញុំសព្វ​កាល។ ពួកសិស្ស​ទាំងនុ៎ះ ជាអ្នកប្រាជ្ញ មានឈាន ត្រេកអរក្នុងឈាន មានចិត្តស្ងប់រម្ងាប់ មានសមាធិ ប្រាថ្នានូវការមិនមានកង្វល់ តែងចោមរោមខ្ញុំសព្វកាល។ ពួកសិស្សទាំងនុ៎ះ ជាអ្នកប្រាជ្ញ​ដល់នូវត្រើយនៃអភិញ្ញា ត្រេកអរក្នុងគោចរ ជាកេរ្ត៍នៃបិតា ត្រាច់ទៅក្នុង​អាកាសបាន តែងចោមរោមខ្ញុំសព្វកាល។ ពួកសិស្សខ្ញុំនោះ ជាអ្នកប្រាជ្ញ សង្រួមក្នុងទ្វារ ៦ មិនមាន​តណ្ហាជាគ្រឿងញាប់ញ័រ មានឥន្រ្ទិយរក្សាហើយ មិនច្រឡូកច្រឡំ (ដោយ​ពួកគណៈ) ដែលគេគ្របសង្កត់បានដោយ​ក្រ។ ពួកសិស្សរបស់ខ្ញុំទាំងនោះ ដែលគេគ្រប​សង្កត់បាន​ដោយក្រ រមែងញុំាងរាត្រីឲ្យកន្លងទៅ ដោយការអង្គុយផ្គត់ភ្នែន ការឈរ និងការចង្រ្កម។ ពួកសិស្សរបស់ខ្ញុំ ដែលគេគ្របសង្កត់បានដោយក្រ រមែងមិន​ត្រេកត្រអាល​ក្នុងអារម្មណ៍ ដែលគួរត្រេកអរ មិនខឹងក្នុងអារម្មណ៍ដែលគួរខឹង មិនវង្វេងក្នុងអារម្មណ៍ដែលគួរវង្វេង។ ពួកសិស្សទាំង​នោះ កាលល្បងឫទ្ធិ រមែង​ប្រព្រឹត្តអស់កាលជានិច្ច ពួកសិស្សទាំងនោះ តែងញុំាងផែនដីឲ្យញាប់ញ័រ ជាបុគ្គល​ដែលគេមិនងាយគ្របសង្កត់បាន ដោយការ​ប្រណាំង​ប្រជែង។ ពួកសិស្សទាំងនោះ កាលបើលេង រមែងលេងតែឈាន តែងយក​ផ្លែព្រីងអំពីដើមព្រីង ពួកសិស្សរបស់ខ្ញុំ ជា​បុគ្គលដែលគេគ្របសង្កត់បានដោយក្រ។ ពួកខ្លះ​ទៅគោយានទ្វីប ពួកខ្លះទៅ​បុព្វវិទេហទ្វីប ពួកខ្លះទៅកាន់ឧត្តរកុរុទ្វីប ពួកសិស្សខ្ញុំ គេគ្របសង្កត់បាន​ដោយក្រ។ ពួកសិស្សទាំងនោះ រមែងបញ្ជូននូវអម្រែកទៅមុន ពួក​សិស្ស​ទាំងនោះ រមែងទៅខាង​ក្រោយ ទាំងផ្ទៃអាកាសក៏សឹងតែបិទបាំង ដោយពួកតាបស ២៤ ពាន់រូប។ (ពួកសិស្សរបស់​ខ្ញុំខ្លះ បរិភោគ) ផ្លែឈើដែលចំអិនដោយភ្លើង (ខ្លះបរិភោគ) ផ្លែឈើមិន​បាច់ចំអិន​ដោយភ្លើង ខ្លះទំពាដោយធ្មេញ ខ្លះបុកក្នុងត្បាល់ ខ្លះដំដោយថ្ម ខ្លះ​បរិភោគផ្លែឈើ​ជ្រុះឯង។ ពួកខ្លះទៀត ចុះត្រាំទឹកក្នុងវេលាល្ងាចព្រឹក ជាអ្នកត្រេកអរ​ក្នុងអំពើដ៏ស្អាត ប្រព្រឹត្តស្រោចស្រប់ដោយទឹក ពួកសិស្សរបស់ខ្ញុំ គេគ្របសង្កត់បាន​ដោយក្រ។ ជាអ្នកមាន​រោមក្លៀក និងក្រចកដុះវែង មានធ្មេញប្រកប​ដោយមន្ទិល មាន​ក្បាល​ប្រឡាក់ដោយធូលី ក្រអូបដោយក្លិននៃសីល ពួកសិស្សរបស់ខ្ញុំ គេគ្របសង្កត់​បានដោយក្រ។ ពួកជដិល​ប្រជុំគ្នាក្នុងវេលាព្រឹក មានតបៈដ៏ខ្លាំង សម្តែងនូវលាភធំ និងលាភតូច ហើយទៅក្នុង​អាកាស ក្នុងកាលនោះ។ កាលពួកតាបសទាំងនុ៎ះ ចៀសចេញ​ទៅ សូរសព្ទខ្លាំង ក៏លាន់ឮឡើង ពួកទេវតាក៏រីករាយ ដោយសូរសព្ទស្បែកខ្លា (របស់ពួក​តាបសទាំងនោះ)។ ពួកឥសីជាអ្នកត្រាច់ទៅ ក្នុងអាកាស តែងចេញទៅកាន់ទិសតូច ទិសធំ ឥសីទាំងនោះ ជាអ្នករឹងប៉ឹងដោយកម្លាំងរបស់ខ្លួន ទៅកាន់ទីតាមប្រាថ្នា។ ពួកឥសី​ទាំងអស់នុ៎ះឯង ជាអ្នកញុំាងផែនដីឲ្យកម្រើក ត្រាច់ទៅក្នុងអាកាស ជាអ្នកមានតេជះខ្លាំង គេគ្របសង្កត់​បានដោយក្រ មិនញាប់ញ័រ ប្រៀបដូចសាគរ។ ពួកខ្លះជាអ្នកកាន់​វត្តឈរ​ចង្រ្កម ពួកខ្លះទៀតកាន់វត្តអង្គុយ ពួកខ្លះបរិភោគផ្លែឈើដែលជ្រុះឯង ពួកសិស្សខ្ញុំ គេគ្រប​សង្កត់បានដោយក្រ។ ពួកឥសីទាំងនុ៎ះ ជាអ្នកនៅដោយមេត្តាធម៌ ជាអ្នកស្វែងរក​ប្រយោជន៍ ដល់ពួកសត្វទាំងពួង ពួកឥសីទាំងអស់នោះ ជាអ្នកមិនលើកខ្លួនឯង មិនបង្អាប់បុគ្គលណាមួយ។ ពួកឥសីទាំងនោះ ជាអ្នកមិនញាប់ញ័រ ដូចសេ្តចសីហៈ មានកម្លាំងដូចសេ្តចដំរី ឬដូចខ្លាធំ ដែលគេគ្របសង្កត់បានដោយក្រ រមែងមកកាន់​ទីជិតនៃខ្ញុំជានិច្ច។ ពួកវិជ្ជាធរ និងទេវតា នាគ គន្ធព្វ អារក្សទឹក កុម្ភណ្ឌ អសុរ គ្រុឌ ក៏មកអាស្រ័យរស់នៅនឹងស្រះនោះ។ ពួកឥសីទាំងនោះ ជាអ្នកទ្រទ្រង់ផ្នួងសក់ និងបរិក្ខារ ស្លៀកដណ្តប់នូវសំពត់ ដែលធ្វើដោយស្បែកខ្លា អាចត្រាច់ទៅក្នុងអាកាសបាន ក៏មក​អាស្រ័យរស់នៅនឹងស្រះនោះ។ ពួកឥសីទាំងនុ៎ះ មានការប្រព្រឹត្តិដ៏សមគួរ ប្រកប​ដោយសេចក្តីគោរពដល់គ្នានិងគ្នា ទាំងសំដីទ្រគោះរកគ្នារបស់ពួកឥសីទាំង ២៤ ពាន់រូប ក៏មិនមានក្នុងកាលនោះ។ ពួកឥសីទាំងអស់នោះ កាលនឹងដាក់ជើងក្នុងពេលឈានជើង មានសំឡេងតិចៗ សង្រួមដោយល្អ ចូលមកជិតថ្វាយបង្គំខ្ញុំដោយត្បូង។ ខ្ញុំមានឈាន ត្រេកអរក្នុងឈាន ត្រូវពួកសិស្សទាំងនោះ ដែលជាអ្នកស្ងប់ មានតបៈចោមរោមហើយ នៅក្នុងអាស្រមនោះ។ អាស្រមក្រអូបដោយក្លិនរបស់ពួកឥសី និង​ក្លិនទាំងពីរ គឺ ក្លិនផ្កា និងក្លិនផ្លែឈើ របស់ឈើ ដែលមានផ្លែ។ ខ្ញុំមិនស្គាល់យប់ថ្ងៃ ខ្ញុំមិនមានសេចក្តីអផ្សុក ខ្ញុំកាលទូន្មាន​ពួកសិស្សរបស់ខ្ញុំ តែងមាននូវសេចក្តីរីករាយយ៉ាងក្រៃលែង។ ក្លិនទាំង​ឡាយ របស់ផ្កាឈើ ដែលកំពុងផ្កា និងផ្លែ ដែលកំពុងទុំ ក៏មានក្លិនដូចជាទិព្វ រមែង​ផ្សព្វផ្សាយទៅ ញុំាងអាស្រមរបស់ខ្ញុំឲ្យរុងរឿង។ ខ្ញុំជាអ្នកមានព្យាយាមដុតកិលេស មាន​បញ្ញាខ្ជាប់ខ្ជួន ចេញអំពីសមាធិហើយ តែងកាន់យកនូវភារៈ គឺអម្រែក ដើរទៅក្នុងព្រៃ។ ខ្ញុំជាអ្នក​សិក្សាល្អហើយក្នុងឧត្បាត យល់សប្ន និងលក្ខណៈទាំងឡាយ ចេះចាំនូវបទមន្ត​ដែល​​គេនិយម ក្នុងកាលនោះ។ ព្រះសម្ពុទ្ធមានជោគ ព្រះនាមអនោមទស្សី ជាចំបង​ក្នុងលោក ជានរាសភៈ ទ្រង់ប្រាថ្នាវិវេកធម៌ បានសេ្តចមកកាន់ហិមវន្តប្រទេស។ លុះ​ព្រះមុនី​ដ៏​ខ្ពង់ខ្ពស់ ប្រកបដោយករុណា ជាបុរសដ៏ឧត្តម សេ្តចចូលមកកាន់​ហិមវន្ត​ប្រទេសហើយ ទ្រង់គង់ផ្គត់ព្រះភ្នែន (ទៀបអាស្រមរបស់ខ្ញុំ)។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ​នោះ​ប្រកបដោយ​ពន្លឺ ជាទីត្រេកអរនៃចិត្ត រុងរឿងដូចផ្ការាជព្រឹក្ស ឬក៏ដូចគំនរភ្លើង​ឆេះនូវគ្រឿងយ័ញ្ញដែល​គេដុត។ លុះខ្ញុំបានឃើញព្រះសម្ពុទ្ធ ជានាយកនៃលោក ព្រះអង្គ​រុងរឿងដូច​ដើមឈើ​ប្រចាំទ្វីប ឬដូចផ្លេកបន្ទោរក្នុងអាកាស ឬក៏ដូចសាលរាជព្រឹក្សមាន​ផ្ការីកដ៏ល្អ។ ខ្ញុំរំពឹងថា ព្រះមុនីដ៏ប្រសើរនេះ ជាមហាវីរបុរស ទ្រង់ធ្វើនូវទីបំផុតទុក្ខ បុគ្គលអាស្រ័យការឃើញនេះ រមែងរួចចាកទុក្ខទាំងពួង។ លុះខ្ញុំឃើញព្រះសម្ពុទ្ធ ជា​ទេវតា​របស់ទេវតាហើយ ក៏ពិនិត្យមើលលក្ខណៈថា ព្រះពុទ្ធមែនឬហ្ន៎ ឬក៏មិនមែនជា​ព្រះពុទ្ធទេអេះ បើដូច្នោះ អាត្មាអញនឹងសង្កេតមើលនូវព្រះសម្ពុទ្ធព្រះអង្គមានចក្ខុ។ ចក្រ​ទាំង​ឡាយមានកាំមួយ​ពាន់ ក៏ប្រាកដក្នុងផ្ទៃព្រះបាទាដ៏ប្រសើរ លុះខ្ញុំឃើញលក្ខណៈ របស់ព្រះសម្ពុទ្ធនោះហើយ ក៏ដល់នូវសេចក្តីចូលចិត្ត ចំពោះព្រះតថាគត។ ក្នុងគ្រានោះ ខ្ញុំចាប់យកអំបោស​មកបោសលំនៅ រួចហើយប្រមូលយកផ្កា ៨ ក្តាប់មកបូជា​ចំពោះ​ព្រះសម្ពុទ្ធដ៏ប្រសើរ។ លុះខ្ញុំបូជាចំពោះព្រះពុទ្ធអង្គនោះ ជាបុគ្គលឆ្លងឱឃៈ មិនមាន​អាសវៈ​ហើយ ទើបធ្វើនូវ​ស្បែកខ្លាឆៀងស្មាម្ខាង រួចនមស្ការចំពោះព្រះសម្ពុទ្ធ ជានាយកនៃ​សត្វលោក។ ព្រះសម្ពុទ្ធ ព្រះអង្គមិនមានអាសវៈ សម្រេចដោយញាណណា ខ្ញុំនឹងសម្តែង​នូវញាណរបស់​ព្រះអង្គ​នោះ សូមអ្នកទាំងឡាយស្តាប់ខ្ញុំសម្តែងចុះ។ បពិត្រព្រះអង្គ ជាព្រះសយម្ភូមានករុណា​មិនមាន​ប្រមាណ សូមព្រះអង្គស្រង់សត្វលោកនេះឲ្យទាន ដ្បិត​ពួក​សត្វនឹងឆ្លងនូវខ្សែទឹក គឺសេចក្តីសង្ស័យបាន ព្រោះអាស្រ័យនូវការចួបប្រទះ​នឹង​ព្រះអង្គ។ ព្រះអង្គជាសាស្តាចារ្យ​ផង ទុកដូចជាទង់ផង ដូចជាទង់ជ័យផង ដូចជា​ប្រាសាទ​របស់​ពួកសត្វ ព្រះអង្គជាអ្នក​ដឹកនាំផង ជាទីពឹងផង ជាពុំនាក់ផង ជាបុគ្គល​ប្រសើរ​ជាង​សត្វជើងពីរផង។ ទឹកក្នុង​សមុទ្រ​គេអាចវាល់ដោយអាឡ្ហកៈបាន សព្វញ្ញុតញ្ញាណ​របស់​ព្រះអង្គ គេមិនអាចវាល់​បាន​ឡើយ។ គេអាចដាក់ដីក្នុងមណ្ឌលនៃជញ្ជីង ហើយថ្លឹងបាន ឯសព្វញ្ញុតញ្ញាណ​របស់ព្រះអង្គ គេមិនអាចនឹងថ្លឹងបានឡើយ។ គេអាចវាស់អាកាស​ដោយខ្សែ ឬដោយ​ម្រាមដៃបាន ឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេមិនអាចនឹងវាស់​បានឡើយ។ បុគ្គល​គប្បីធ្វើទឹកក្នុងមហាសមុទ្រ និងផែនដីឲ្យស្មើបាន តែមិនគប្បីយក​ពុទ្ធញ្ញាណ មកប្រកប​ដោយឧបមាបានឡើយ។ ចិត្តរបស់​សត្វទាំងឡាយណា ប្រព្រឹត្ត​ទៅក្នុងលោក ព្រមទាំង​ទេវលោក បពិត្រព្រះអង្គមានចក្ខុ សត្វទាំងឡាយនុ៎ះ តាំងនៅ​ខាងក្នុងនៃ​សំណាញ់​ញាណ​របស់ព្រះអង្គ។ ព្រះអង្គបានដល់នូវពោធិញ្ញាណដ៏ឧត្តម ដោយ​សព្វគ្រប់ ដោយញាណណា បពិត្រព្រះសព្វញ្ញូ ព្រះអង្គរមែងញាំញីតិរិ្ថយដទៃ ដោយញាណ​នោះ។ តាបសឈ្មោះសុរុចិនោះ សរសើរដោយគាថានេះហើយ ក៏​ក្រាល​នូវស្បែកខ្លា ទើបអង្គុយលើផែនដី។ ភ្នំដែលលិចចុះទៅក្នុងមហាសមុទ្រ អស់ប្រមាណ ៨ ហ្មឺន ៤ ពាន់យោជន៍ ខ្ពស់ឡើងក៏ប៉ុណ្ណោះដែរ គេហៅថាស្តេចភ្នំ។ កំពស់ក្តី បណ្តោយក្តី ទទឹងក្តី នៃភ្នំសិនេរុនោះ មានប្រមាណមួយសែនកោដិយោជន៍ ដោយចំណែកនៃការ​រាប់ដ៏ល្អិត។ ខ្នាច់ដែលគេតាំងទុក ខ្នាច់នោះក៏ដល់នូវការអស់ទៅ ឯសព្វញ្ញុតញ្ញាណ​របស់ព្រះអង្គ គេមិនអាចរាប់បានឡើយ។ បុគ្គលណាព័ទ្ធព័ន្ធទឹក ដោយសំណាញ់​មានក្រឡាញឹក ពួកសត្វណាមួយក្នុងទឹក គប្បីតាំងនៅខាងក្នុងសំណាញ់ យ៉ាងណា​មិញ។ បពិត្រ​ព្រះអង្គជាមហាវីរបុរស ពួកតិរ្ថិយជាច្រើនណាមួយ ស្ទុះទៅកាន់ទីសាំញុំាគឺ​ទិដ្ឋិ ដែល​វង្វេង​ហើយ ដោយការប្រកាន់មាំ ក៏យ៉ាងនោះដែរ។ ពួកសត្វទាំងអស់នុ៎ះ តាំងនៅក្នុងខាងក្នុងសំណាញ់ញាណដ៏បរិសុទ្ធរបស់ព្រះអង្គ ជាគ្រឿងឃើញ មិនមានអ្វី​រារាំងបាន រមែងមិនកន្លងនូវញាណរបស់ព្រះអង្គបានឡើយ។ គាប់ជួនសម័យនោះ ព្រះមានព្រះភាគជិនសិរី ព្រះនាមអនោមទស្សី ព្រះអង្គមានយសធំ (ទ្រង់ឈ្នះមារ) ចេញអំពីសមាធិហើយ ទ្រង់ប្រមើលមើលទិស។ សាវ័កឈ្មោះ និសភៈ របស់ព្រះមុនី ព្រះនាមអនោមទស្សី មានពួកព្រះខីណាស្រពមួយសែនអង្គ ជាអ្នកមានចិត្តស្ងប់រម្ងាប់ មិនញាប់ញ័រដោយលោកធម៌ អ្នកបរិសុទ្ធ មានអភិញ្ញា ៦ មានចិត្តនឹងធឹងចោមរោមហើយ បានដឹងព្រះហឫទ័យរបស់ព្រះពុទ្ធ ក៏ចូលមកគាល់ព្រះសម្ពុទ្ធ ជាលោកនាយក។ ពួក​សាវ័ក​ទាំងនោះ ឋិតនៅឰដ៏អាកាស ធ្វើប្រទក្សិណក្នុងទីនោះ ផ្គងអញ្ជលីនមស្ការ ចុះមកក្នុងសំណាក់ព្រះពុទ្ធ។ ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាចំបងក្នុងលោក ជានរាសភៈ ព្រះអង្គឈ្នះមារ ទ្រង់គង់ត្រង់កណ្តាលពួកភិក្ខុ ហើយធ្វើនូវការញញឹម​ឲ្យប្រាកដ។ (លំដាប់នោះ) ភិក្ខុអ្នកបម្រើ ឈ្មោះវរុណៈ របស់ព្រះសាស្តា ព្រះនាម​អនោមទស្សី ធ្វើនូវចីវរឆៀងស្មាម្ខាង ហើយទូលសួរព្រះសម្ពុទ្ធ ជានាយកនៃលោកថា បពិត្រព្រះមានព្រះភាគ អ្វីជាហេតុនៃការញញឹមរបស់ព្រះសាស្តា ព្រោះថា ព្រះពុទ្ធ​ទាំងឡាយ មិនដែលធ្វើនូវការញញឹមឲ្យប្រាកដ ដោយឥតហេតុទេ។ ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាចំបងក្នុងលោក ជានរាសភៈ ទ្រង់គង់ក្នុងកណ្តាលពួកភិក្ខុ បានពោលគាថានេះថា តាបសណា បូជាតថាគតដោយផ្កាផង សរសើរនូវញាណផង តថាគតនឹងសម្តែងចំពោះតាបសនោះ ហេតុនេះ អ្នកទាំងឡាយ ចូរស្តាប់​តថាគត​សម្តែងចុះ។ ពួកទេវតាទាំងអស់នោះ ព្រមទាំងមនុស្ស ចង់ស្តាប់ព្រះសទ្ធម្ម ទើបនាំគ្នា​ចូលមកគាល់ព្រះសម្ពុទ្ធ ព្រោះដឹងច្បាស់នូវព្រះវាចា របស់ព្រះពុទ្ធ។ ពួកទេវតា​មានឫទ្ធិច្រើន ក្នុងលោកធាតុទាំង ១០ ចង់ស្តាប់ព្រះសទ្ធម្ម ក៏ចូលមកគាល់ព្រះសម្ពុទ្ធ។ សេនាមានអង្គ ៤ គឺសេនាដំរី ១ សេនាសេះ ១ សេនារថ ១ សេនាថ្មើរជើង ១ នឹងចោមរោមតាបសនេះ អស់កាលជានិច្ច នេះជាផលនៃពុទ្ធបូជា។ ពួកដូរ្យតន្រ្តី ៦០ ពាន់ ស្គរទាំងឡាយដែលតាក់តែងល្អ នឹងបម្រើតាបសនេះ អស់កាលជានិច្ច នេះជាផល​នៃពុទ្ធបូជា។ ពួកស្រ្តី ១៦ ពាន់ ពួកនារីដែលតាក់តែងល្អ មានសំពត់ និងគ្រឿង​ប្រដាប់ដ៏វិចិត្រ ពាក់កុណ្ឌលជាវិការៈនៃកែវមណី ពួកនារីទាំងនោះ មានមុខទូលាយ ស្រស់ស្រាយ មានសញ្ញាដ៏ល្អ មានដងខ្លួនពាក់កណ្តាលដ៏រៀវ នឹងចោមរោមតាបសនេះ អស់កាលជានិច្ច នេះជាផលនៃពុទ្ធបូជា។ (សុរុចិតាបស) នឹងរីករាយក្នុងទេវលោក អស់មួយសែនកប្ប នឹងបានជាសេ្តចចក្រពត្រក្នុងដែន អស់មួយពាន់ដង។ បានជា​ព្រះឥន្រ្ទ​សោយរាជ្យក្នុងឋានទេវតា អស់មួយពាន់ដង នឹងសោយរាជ្យក្នុងប្រទេស​ដ៏ទូលាយ មិនអាចរាប់បាន។ តាបសនេះ នឹងទៅកាន់អត្តភាពជាមនុស្ស ក្នុងកាលដែល​ដល់នូវបច្ឆិមភព នឹងទៅកើតក្នុងផ្ទៃនៃនាងព្រាហ្មណីឈ្មោះសារី។ តាបសនេះ នឹងបានជា​អ្នក​មាន​បញ្ញាមុតថ្លា មាននាមថាសារីបុត្ត តាមនាម និងគោត្ររបស់មាតា។ តាបសនេះ ជាអ្នកមិនមានកង្វល់ នឹងលះបង់នូវទ្រព្យ ៨០ កោដិ ហើយចេញបួស ស្វែងរកនូវសន្តិបទ គឺព្រះនិញ្វន នឹងត្រាច់មកកាន់ផែនដីនេះ។ ព្រះសាស្តា ព្រះនាមគោតម កើតក្នុង​ត្រកូលក្សត្រិយ៍ឈ្មោះឱក្កាកៈ ក្នុងកប្បដែលប្រមាណមិនបានអំពីកប្បនេះ នឹងកើត​ឡើងក្នុងលោក។ តាបសនេះ នឹងបានជាឱរស ជាអ្នកទទួលមត៌កក្នុងធម៌ទាំងឡាយ របស់ព្រះសាស្តាអង្គនោះ ជាធម្មនិម្មិត ជាអគ្គសាវ័ក មានឈ្មោះសារីបុត្ត។  ស្ទឹងឈ្មោះ​ភាគីរសីនេះ ដែលបែកចេញមកអំពីភ្នំហិមពាន្ត រមែងហូរចុះទៅកាន់មហាសមុទ្រ ញុំាង​មហាសមុទ្រឲ្យឆ្អែត យ៉ាងណាមិញ។ ព្រះសារីបុត្តនេះ ជាបុគ្គលអង់អាចភ្លៀវក្លា ក្នុងការ​បែកធ្លាយ ៣ យ៉ាង ដល់នូវបញ្ញាបារមី នឹងញុំាងពួកសត្វឲ្យឆ្អែត ក៏យ៉ាង​នោះដែរ។ គំនរខ្សាច់ណាក្នុងចន្លោះនេះ រាប់យកទាំងភ្នំហិមពាន្ត និងមហាសមុទ្រសាគរ គំនរខ្សាច់​នោះ គេមិនគប្បីរាប់បានឡើយ។ តែបើការរាប់នូវគ្រាប់ខ្សាច់នោះ បុគ្គលអាច​រាប់ដោយ​មិនសល់បាន យ៉ាងណា ទីបំផុតនៃប្រាជ្ញារបស់ព្រះសារីបុត្ត នឹងមិនមែន​យ៉ាងនោះទេ។ កាលបើគេដាក់ខ្នាច់ គ្រាប់ខ្សាច់ក្នុងស្ទឹងគង្គា គប្បីអស់ទៅ ឯទីបំផុតនៃ​ប្រាជ្ញារបស់​ព្រះសារីបុត្ត នឹងមិនអស់ដូច្នោះទេ។ រលកក្នុងមហាសមុទ្រ ដែលគេមិន​គប្បីរាប់បាន ដោយការរាប់យ៉ាងណា ទីបំផុតនៃប្រាជ្ញារបស់ព្រះសារីបុត្ត ក៏គេនឹងមិន​អាច​រាប់បាន យ៉ាងនោះ។ តាបសនេះ នឹងសម្រេចបញ្ញាបារមី បានជាអគ្គសាវ័ក ញុំាងព្រះសម្ពុទ្ធ ព្រះនាម​គោតម ជាឆ្នើមក្នុងពួកសត្វឲ្យត្រេកអរ នឹងបង្អុរនូវភ្លៀងគឺធម៌​ដោយប្រពៃ ប្រព្រឹត្តតាមធម្មចក្ក ដែលព្រះសម្ពុទ្ធជាសក្យបុត្តព្រះអង្គជាបុគ្គលនឹងធឹង ឲ្យប្រព្រឹត្តទៅ​ហើយ។ ព្រះសម្ពុទ្ធព្រះនាមគោតម ជាឆ្នើមក្នុងពួកសក្យៈ ទ្រង់ជ្រាបច្បាស់​នូវហេតុ​ទាំងនុ៎ះ ទ្រង់គង់ក្នុងកណ្តាលនៃពួកភិក្ខុហើយ នឹងតាំង (ព្រះសារីបុត្ត) ក្នុងទីជា​អគ្គសាវ័ក។

ឱហ្ន៎ ខ្ញុំបានធ្វើអធិការ ចំពោះព្រះសាស្តា ព្រះនាមអនោមទស្សីអង្គណា ហើយបាន​សម្រេចបារមីក្នុងទីទាំងពួង អំពើដែលខ្ញុំធ្វើចំពោះព្រះសាស្តាអង្គនោះ ចំជាត្រូវល្អ។ កម្មដែលខ្ញុំធ្វើហើយក្នុងកាលប្រមាណមិនបាន ឲ្យផលហើយក្នុងជាតិនេះ ខ្ញុំរួចស្រឡះ​ហើយ ដូចជាសន្ទុះនៃសរ ដុតបំផ្លាញហើយនូវកិលេសទាំងឡាយ។ ខ្ញុំនុ៎ះកាលស្វែងរកនូវ​អសង្ខតធម៌គឺព្រះនិញ្វន ជាផ្លូវមិនកម្រើក កាលពិនិត្យមើលនូវពួកតិរ្ថិយទាំងអស់ បាន​អន្ទោល​ទៅក្នុងភព។ បុរសអ្នកមានព្យាធិ ស្វែងរកឱសថ ជ្រើសរើសនូវទ្រព្យទាំងអស់ ដើម្បីសះស្បើយ ចាកព្យាធិ យ៉ាងណាមិញ។ បុគ្គលស្វែងរកផ្លូវនៃអមតនិញ្វន ជា​អសង្ខតធម៌ បួសជាឥសីមិនដែលដាច់អស់ ៥០០ ជាតិ ក៏យ៉ាងនោះដែរ។ ខ្ញុំពេញ​ហើយដោយ​ភារៈគឺផ្នួងសក់ ស្លៀកដណ្តប់នូវស្បែកខ្លាដ៏ប្រសើរ ដល់នូវអភិញ្ញាបារមី ហើយបានទៅកើតក្នុងព្រហ្មលោក។ ការបរិសុទ្ធិក្នុង​សាសនាខាង​ក្រៅ វៀរលែងសាសនា​នៃព្រះជិនសិរី មិនមានទេ ពួកសត្វណាមួយ ជាអ្នកមានប្រាជ្ញា រមែងបរិសុទ្ធក្នុងសាសនា​នៃព្រះជិនសិរី។ ខ្ញុំមិនទាន់យល់ច្បាស់នៅឡើយថា ដំណើរនុ៎ះ ជាកិច្ចប្រាថ្នានូវប្រយោជន៍​របស់ខ្ញុំ ទើបខ្ញុំស្វែងរកអសង្ខតធម៌ អន្ទោលទៅកាន់លទ្ធិដ៏អាក្រក់។ បុរសអ្នកត្រូវការខ្លឹម កាត់ ពុះដើមចេក មិនគប្បីបានខ្លឹម ក្នុងដើមចេកនោះទេ ពិតណាស់ បុរសនោះជាអ្នក​ទទេចាកខ្លឹម យ៉ាងណាមិញ។ ពួកជនជាច្រើននាក់ ជាតិរិ្ថយ មានទិដ្ឋិផ្សេងៗ គ្នា ក្នុងលោក ជាអ្នកទទេសោះ ចាកអសង្ខតធម៌ ក៏យ៉ាងនោះដែរ ដូចជាបុរសកាត់ដើមចេក ទទេចាក​ខ្លឹម។ ក្នុងកាលដែលដល់នូវភពទីបំផុត ខ្ញុំបានកើតជាព្រាហ្មណ៍ លះបង់​ភោគសម្ប័ទ​​ជាច្រើន ហើយចូលទៅកាន់ផ្នួស។

ចប់ ភាណវារៈ ទី១។

ព្រាហ្មណ៍ ឈ្មោះសញ្ជ័យ ជាអ្នកបង្រៀនមន្ត ចេះចាំមន្ត ចេះចប់ត្រៃវេទ ខ្ញុំនៅក្នុង​សំណាក់​​ព្រាហ្មណ៍នោះ។ បពិត្រព្រះអង្គមានព្យាយាមធំ ព្រាហ្មណ៍ឈ្មោះ​អស្សជិ ដែល​គេ​គ្របសង្កត់បានដោយក្រ មានតេជះខ្ពង់ខ្ពស់ ជាសាវ័ករបស់ព្រះអង្គ ត្រាច់ទៅបិណ្ឌបាត ក្នុងកាលនោះ។ ខ្ញុំព្រះអង្គបានឃើញព្រះអស្សជិនោះជាមុនី ប្រកបដោយបញ្ញាខ្ជាប់ខ្ជួន​ក្នុងញាណ មានចិត្តស្ងប់រម្ងាប់ ជាមហានាគ (លោករីក​ពេញដោយគុណ) ដូចផ្កាឈូករីក។ លុះខ្ញុំឃើញព្រះអស្សជិ មានឥន្រ្ទិយទូន្មានល្អ មានចិត្តស្អាត ដូចឧសភៈ លោកប្រសើរ មានព្យាយាម ខ្ញុំក៏គិតថា ស្រមណ៍នេះ​ប្រាកដជាព្រះអរហន្ត ទើបមានរូបល្អ សង្រួមល្អ គួរជាទីជ្រះថ្លា ទូន្មានឥន្រ្ទិយដែល​គួរទូន្មានដ៏ប្រសើរ ប្រាកដជាឃើញនូវព្រះនិញ្វន ឈ្មោះ​អមតៈ។ បើដូច្នោះ មានតែ​អាត្មាអញសួរអត្ថដ៏ឧត្តមនឹងស្រមណ៍ ជាអ្នកមាន​ចិត្ត​រីករាយ ប្រសិនបើអញសួរទៅហើយ លោកនឹងតបបាន អាត្មាអញនឹងសូម​សួរលោក​តទៅទៀត ក្នុងវេលានោះ។ កាល​ព្រះអស្សជិ កំពុងនិមន្តទៅបិណ្ឌបាត ខ្ញុំក៏បានដើរ​តាមពីក្រោយ រិះរកឱកាសដើម្បីសួរ​នូវអមតបទ។ ខ្ញុំបានចូលទៅសួរព្រះអស្សជិត្ថេរ ដែលនិមន្តដល់ត្រង់ចន្លោះថ្នល់ថា បពិត្រលោកមានព្យាយាម លោកជាគោត្រអ្វី បពិត្រលោកនិរទុក្ខ លោកជាសិស្ស​របស់គ្រូណា។ ព្រះអស្សជិត្ថេរនោះ កាលបើខ្ញុំ​សួរហើយ ក៏បានដោះស្រាយថា ម្នាលអាវុសោ ព្រះសម្ពុទ្ធ ដូចកេសររាជសីហ៍ មិនចេះ​ខ្លាច កើតហើយក្នុងលោក អាត្មាជាសិស្សរបស់ព្រះសម្ពុទ្ធនោះ។ បពិត្រលោកមាន​ព្យាយាមធំ ជាអនុជាតមានយសធំ ចុះពាក្យប្រដៅនៃព្រះសម្ពុទ្ធរបស់លោក តើដូចម្តេច សូមលោកសម្តែងធម៌គឺពាក្យប្រដៅ (របស់ព្រះសម្ពុទ្ធនោះ) ដល់ខ្ញុំ។ ព្រះអស្សជិត្ថេរនោះ កាលបើខ្ញុំសួរហើយ ទើបសម្តែង​នូវសាសនធម៌ទាំងពួង ដែលល្អិតជ្រាលជ្រៅ ជាចំណែក (និញ្វន) ជាគុណកម្ចាត់​បង់នូវសរគឺតណ្ហា ដែលបន្ទោបង់នូវកងទុក្ខទាំងពួងថា ធម៌ទាំង​ឡាយណា មានហេតុ​ជាដែនកើតមុន ព្រះតថាគតបានសម្តែងនូវហេតុរបស់ធម៌ទាំង​នោះផង នូវការរលត់​នៃធម៌​ទាំងនោះផង ព្រះមហាសមណៈ តែងពោលយ៉ាងនេះ។ កាលព្រះអស្សជិត្ថេរ បានដោះស្រាយបញ្ហាហើយ ខ្ញុំក៏បានសម្រេចផលជាបឋម បាន​ប្រាសចាកធូលី ប្រាសចាកមន្ទិល ព្រោះបានស្តាប់ពាក្យប្រដៅរបស់ព្រះជិនស្រី។ លុះខ្ញុំ​បាន​ស្តាប់​ព្រះពុទ្ធដីកា របស់ព្រះមុនីហើយ ឃើញនូវធម៌ដ៏ឧត្តម ទាំងមានចិត្តចុះស៊ប់​សួនក្នុង​ព្រះសទ្ធម្ម ហើយបានពោលនូវគាថានេះថា ធម៌នេះ ជាគន្លងនៃសេចក្តី​ជាក់ច្បាស់ មិនមានសោក ដែលខ្ញុំមិនទាន់ឃើញ កន្លងទៅយូរហើយ ដោយសែន​នៃកប្បជាច្រើន។ កាលខ្ញុំស្វែងរកធម៌ បានត្រាច់ទៅហើយក្នុងលទ្ធិអាក្រក់ ឥឡូវ​ប្រយោជន៍​​នោះ ខ្ញុំបានសម្រេចហើយ វេលានេះ ជាកាលគួរខ្ញុំមិនប្រមាទ។ ខ្ញុំដែលបាន​ព្រះអស្សជិត្ថេរ ប្រោសប្រាណហើយ ក៏បានសម្រេចអចលបទ គឺព្រះនិញ្វន ទើបទៅ​ស្វែងរក​ជួបនឹងសម្លាញ់ ក៏បានទៅឯអាស្រម។ សម្លាញ់របស់ខ្ញុំ ជាអ្នកសិក្សាល្អ បរិបូណ៌​ដោយឥរិយាបថ បានឃើញខ្ញុំអំពីចម្ងាយ ក៏សួរខ្ញុំថា អ្នកមានមុខ និងភ្នែកដ៏ស្រស់បស់ មានភាពជាអ្នកប្រាជ្ញ អ្នកប្រហែលជាបានសម្រេចនូវចំណែកនៃព្រះនិញ្វន ឈ្មោះអមតៈ ជាធម៌មិនច្យុតហើយឬ នែព្រាហ្មណ៍ អ្នកមានសភាពល្អបានដើរមក អ្នកទូន្មានខ្លួនក្នុងធម៌ ដែលគប្បីទូន្មានរបស់អ្នកទូន្មានហើយ មានចិត្តស្ងប់រម្ងាប់ ដូចដំរីដែលគេបង្ហាត់មិន​ឲ្យញាប់ញ័រ។ ខ្ញុំប្រាប់សម្លាញ់ថា ព្រះនិញ្វនឈ្មោះអមតៈ ជាគុណបន្ទោបង់នូវសរ គឺសេចក្តីសោក ខ្ញុំបានសម្រេចហើយ អ្នកចូរសម្រេចព្រះនិញ្វននោះចុះ យើងនឹងនាំគ្នា​ទៅកាន់សំណាក់ព្រះពុទ្ធ។ សម្លាញ់របស់ខ្ញុំនោះ ជាអ្នកសិក្សាល្អ បានទទួលពាក្យថា ប្រពៃហើយ រួចចាប់ដៃគ្នា ដើរចូលមកសំណាក់ព្រះអង្គ ក្រាបទូលថា បពិត្រព្រះសក្យបុត្ត ខ្ញុំព្រះអង្គទាំងពីរនាក់ នឹងបួសក្នុងសំណាក់នៃព្រះអង្គ ជាអ្នកមិនមានអាសវៈ ព្រោះបាន​អាស្រ័យនូវសាសនធម៌របស់ព្រះអង្គហើយ។ កោលិតជាបុគ្គលប្រសើរដោយឫទ្ធិ ឯខ្ញុំ​ព្រះអង្គ ជាបុគ្គលដល់នូវត្រើយនៃបញ្ញា យើងខ្ញុំទាំងពីរនាក់ បានញុំាងសាសនធម៌​ឲ្យល្អ​ដូចគ្នា។ កាលដែលខ្ញុំព្រះអង្គ មានបំណងមិនទាន់បានសម្រេចនៅឡើយ បានត្រាច់ទៅ​ក្នុងលទ្ធិអាក្រក់ លុះបាន​មកចួបប្រទះនឹងព្រះអង្គ ទើបបំណងរបស់ខ្ញុំព្រះអង្គ ពេញ​បរិបូណ៌ឡើង។ ឈើទាំងឡាយ ដែលដុះលើផែនដី រមែងមានផ្ការីកក្នុងរដូវ ក្លិនទាំង​ឡាយ​ជាទិព្វ រមែងផ្សាយទៅ ញុំាងពួកសត្វទាំងពួងឲ្យត្រេកអរបាន (យ៉ាងណាមិញ)។ បពិត្រព្រះអង្គ មានព្យាយាមធំ ជាសក្យបុត្ត មានយសធំ ខ្ញុំព្រះអង្គតាំងនៅ​ក្នុងសាសនា​របស់ព្រះអង្គ ខំស្វែងរក (នូវសម័យ) ដើម្បីផ្កា ខ្ញុំស្វែងរកផ្កា គឺវិមុត្តិ ជាគ្រឿងរួច​ចាកភវសង្សារ តែងធ្វើពួកសត្វទាំងពួងឲ្យត្រេកអរ ដោយការបាន​នូវផ្កាគឺ​វិមុត្តិ ក៏យ៉ាង​នោះ​ដែរ។ បពិត្រព្រះអង្គមានបញ្ញាចក្ខុ ក្នុងពុទ្ធក្ខេត្តទាំងប៉ុន្មាន លើកលែងតែ​ព្រះមហាមុនី​ចេញ មិនមានបុគ្គលណានឹងប្រហែលដោយប្រាជ្ញា នៃបុត្រ​របស់​ព្រះអង្គ​ទេ។​ ពួកសិស្សរបស់ព្រះអង្គបានទូន្មានល្អហើយផង ពួកបរិស័ទ​សិក្សាល្អហើយផង គប្បីទូន្មាន​ឥន្រ្ទិយដ៏ប្រសើរ លោកទាំងនោះ មានឥន្រ្ទិយទូន្មានហើយ តែងចោមរោម​ព្រះអង្គសព្វៗ កាល។ ពួកបរិស័ទ ដែលមានឈាន ត្រេកអរក្នុងឈាន មានប្រាជ្ញា មានចិត្តស្ងប់រម្ងាប់ មានចិត្តតំកល់មាំ ជាមុនី បរិបូណ៌ដោយញាណ តែងចោមរោម​ព្រះអង្គសព្វៗ កាល។ ពួកបរិស័ទដែលជាអ្នកប្រាថ្នាតិច មានបញ្ញាឆ្អិន មានបញ្ញាជា​គ្រឿង​ទ្រទ្រង់ មានអាហារតិច មិនល្មោភ ជាអ្នកសន្តោសតាមមានតាមបាន តែង​ចោមរោម​ព្រះអង្គសព្វៗ កាល។ ពួកបរិស័ទដែលជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ត្រេកអរ​ក្នុង​ការកម្ចាត់បង់នូវកិលេស មានឈាន មានចីវរសៅហ្មង ត្រេកអរតែក្នុងទីស្ងាត់ មាន​ប្រាជ្ញាជាគ្រឿងចងចាំ តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកសេក្ខបុគ្គល​កំពុងប្រតិបត្តិខ្លះ ឋិតនៅក្នុងផលខ្លះ និងព្រះអរហន្តបរិបូណ៌ដោយផលខ្លះ ជាអ្នកស្វែង​រកប្រយោជន៍ដ៏ខ្ពង់ខ្ពស់ តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកសោតាបន្នបុគ្គល មិនមានធម៌ជាមន្ទិលផង សកទាគាមិបុគ្គលផង អនាគាមិនបុគ្គលផង អរហន្តផង តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកសាវ័កជាច្រើនរបស់ព្រះអង្គ ជាអ្នកឈ្លាសវៃ​ក្នុងសតិប្បដ្ឋាន ត្រេកអរក្នុងការចម្រើនពោជ្ឈង្គ តែងចោមរោមព្រះអង្គសព្វៗ កាល ។ ពួកសាវ័ក អ្នកឈ្លាសវៃក្នុងឥទ្ធិបាទ ត្រេកអរក្នុងការចម្រើនសមាធិ ប្រកបនូវសម្មប្បធាន តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកសាវ័កអ្នកបាននូវត្រៃវិជ្ជាផង បានអភិញ្ញា   ៦ ផង ដល់នូវត្រើយនៃឫទ្ធិផង ដល់នូវត្រើយនៃប្រាជ្ញាផង តែងចោមរោមព្រះអង្គសព្វៗ កាល។ បពិត្រព្រះអង្គមានព្យាយាមធំ ពួកសិស្សរបស់ព្រះអង្គបែប​នេះ បានសិក្សាល្អ កម្របុគ្គលគ្របសង្កត់បាន មានតេជះខ្ពង់ខ្ពស់ តែងចោមរោមព្រះអង្គសព្វៗ កាល។ ព្រះអង្គ ត្រូវពួកសិស្សទាំងនោះ ដែលជាអ្នកសង្រួម មានតបៈចោមរោមហើយ ទ្រង់មិនខ្លាច ដូចស្តេចម្រឹគ រុងរឿងដូចព្រះចន្រ្ទ។ ឈើទាំងឡាយ ដុះនៅលើផែនដី តែងលូតលាស់ចម្រើនឡើង ឈើទាំងនោះ តែងបញ្ចេញផ្លែ។ បពិត្រព្រះសក្យបុត្ត មានយសធំ ព្រះអង្គដូចផែនដី ពួកសាវ័កតាំងនៅក្នុងសាសនធម៌របស់ព្រះអង្គហើយ តែងបាននូវផ្លែ គឺអមតមហានិញ្វន។ សាគរទទួលទឹករបស់ស្ទឹងទាំងនុ៎ះ គឺសិន្ធុ សរស្សតី ចន្ទភាគា គង្គា យមុនា សរភូ និងមហី ដែលហូរមក។ ទឹកស្ទឹងទាំងនោះ តែងលះបង់​ឈ្មោះដើមចោលចេញ គេដឹងថាជាសាគរតែម្យ៉ាង (យ៉ាងណាមិញ)។ វណ្ណៈទាំង ៤ នេះ [បានដល់ ខត្តិយៈ ព្រាហ្មណៈ វេស្សៈ សូទ្រៈ។] លុះបួសក្នុង​សំណាក់​របស់ព្រះអង្គហើយ តែងលះឈ្មោះដើមចោលចេញ គេដឹងថាជាពុទ្ធបុត្តតែម្យ៉ាង ក៏យ៉ាងនោះដែរ។ មួយទៀត ព្រះចន្រ្ទប្រាសចាកមន្ទិល [មន្ទិល ៥ គឺ ពពក ១ ទឹកសន្សើម ១ ធូលី ១ រាហូចាប់ ១ ផ្សែង ១។ អដ្ឋកថា។] អណ្តែតទៅក្នុងអាកាសធាតុ មានពន្លឺរុងរឿងកន្លងនូវពួកផ្កាយទាំងអស់​ក្នុងលោក យ៉ាងណាមិញ។ បពិត្រព្រះអង្គ​មានព្យាយាមធំ ព្រះអង្គមានពួកទេវតា និងមនុស្សចោមរោមហើយ ទ្រង់រុងរឿង​កន្លងនូវពុទ្ធក្ខេត្តសព្វកាល ក៏យ៉ាងនោះដែរ។ រលកដែលតាំងឡើងក្នុងទឹកជ្រៅ មិនប្រព្រឹត្តកន្លងនូវច្រាំង រលកទាំងនោះ រមែង​មកផ្ទប់នឹងច្រាំងទាំងអស់ សឹងបែក​ខ្ទេចខ្ទីរោយរាយទៅ (យ៉ាងណាមិញ)។ ពួកតិរ្ថិយ​ជាច្រើន មានទិដ្ឋិផ្សេងៗ គ្នាក្នុងលោក មានប្រាថ្នាដើម្បីនឹងឆ្លងនូវធម៌របស់ព្រះអង្គ ក៏មិនប្រព្រឹត្តកន្លងនូវព្រះអង្គជាមុនីឡើយ ក៏យ៉ាង​នោះដែរ។ បពិត្រព្រះអង្គមានបញ្ញាចក្ខុ ប្រសិនបើពួកតិរ្ថិយ​ទាំងនោះ មកដល់ព្រះអង្គ ដោយលំដាប់នៃវារៈទាំងឡាយ លុះ​ចូលមកកាន់សំណាក់ព្រះអង្គហើយ រមែងខ្ទេចខ្ទី។ មួយទៀត ដើមកុមុទ និងចង្កុលណី​ជាច្រើន កើតឡើងក្នុងទឹក តែងទទឹកដោយទឹកផង ប្រឡាក់ដោយភក់ និងល្បាប់ផង យ៉ាងណាមិញ។ ពួកសត្វជាច្រើន តែងកើតឡើង ចម្រើនឡើងក្នុងលោក ជាសត្វទទឹក​ដោយរាគៈ និងទោសៈ ដូចកុមុទក្នុងភក់ ក៏យ៉ាងនោះដែរ។ ឈូកដែលដុះឡើងក្នុងទឹក រមែងរុងរឿងក្នុងកណ្តាលទឹក ឈូកនោះមិនជាប់ដោយទឹក នៅជាឈូកមានកេសរ​ដ៏បរិសុទ្ធ យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំ ជាមហាមុនី ព្រះអង្គកើត​ឡើងក្នុងលោក ព្រះអង្គមិនជាប់ចំពាក់ដោយលោក ដូចឈូក (មិនជាប់) ដោយទឹក ក៏យ៉ាងនោះដែរ។ ពួកវារិជាតិជាច្រើន តែងរីកក្នុងខែជាទីត្រេកអរ (ខែកត្តិក) មិនកន្លង​ខែនោះទៅបានឡើយ ព្រោះខែនោះ ជាសម័យរីក យ៉ាងណាមិញ។ បពិត្រព្រះសក្យបុត្ត ព្រះអង្គរីកហើយដោយវិមុត្តិ ពួកសាវ័កទាំងនោះ រមែងមិនប្រព្រឹត្តកន្លងនូវសាសនាឡើយ ដូចផ្កាឈូករីកដោយទឹក។ ស្តេចសាលព្រឹក្សមានផ្ការីកហើយ តែងផ្សាយនូវក្លិនដូចជាទិព្វ ស្តេចសាលព្រឹក្ស មានពួកសាលព្រឹក្សដទៃចោមរោម តែងល្អដោយនាមជាសាលព្រឹក្ស យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គរីកហើយដោយពុទ្ធញ្ញាណ មានភិក្ខុសង្ឃចោមរោមហើយ រុងរឿងដូចជាស្តេចសាលព្រឹក្ស ក៏យ៉ាងនោះដែរ។ មួយ​ទៀត ភ្នំហិមពាន្ត ជាឱសថរបស់សត្វទាំងអស់ផង ជាទីនៅនៃពួកនាគ អសុរ និងពួក​ទេវតាផង យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គដូចជាឱសថ នៃពួក​សត្វដែលបានត្រៃវិជ្ជា បានឆឡភិញ្ញា ដល់ហើយនូវបារមីនៃឫទ្ធិផង ក៏យ៉ាងនោះ​ដែរ។ បពិត្រព្រះអង្គមានព្យាយាមធំ សត្វទាំងនោះដែលព្រះអង្គមានព្រះហឫទ័យករុណា ទ្រង់​ប្រដៅ​ហើយ តែងរីករាយដោយតម្រេកធម៌ តែងនៅក្នុងសាសនានៃព្រះអង្គ។ សីហៈ​ជាមិគរាជ ចេញអំពីទីអាស្រ័យហើយ តែងក្រឡេកមើលទិសទាំង ៤ ទើបបន្លឺឡើង  ៣ ដង។ កាលមិគរាជបន្លឺឡើង ពួកម្រឹគទាំងអស់ តែងតក់ស្លុតយ៉ាងខ្លាំង ព្រោះតែស្តេច​ម្រឹគនុ៎ះ ជាសត្វមានជាតិខ្ពស់ តែងធ្វើសត្វឲ្យតក់ស្លុតសព្វៗ កាល (យ៉ាងណាមិញ)។ បពិត្រព្រះអង្គមានព្យាយាមធំ កាលព្រះអង្គមានបន្ទូល ផែនដីនេះ​កម្រើក ពួកសត្វ​ដែល​គួរត្រាស់ដឹង រមែងត្រាស់ដឹង ពួកមារតែងតក់ស្លុត។ បពិត្រព្រះមហាមុនី កាលបើ​ព្រះអង្គទ្រង់បន្លឺឡើង ពួកតិរិ្ថយទាំងអស់តែងតក់ស្លុត ដូចពួកក្អែក និងខ្លែង ដែល​ភ្ញាក់ផ្អើល ឬដូចជាពួកម្រឹគដែលភ្ញាក់ផ្អើលដោយ​សារសេ្តចម្រឹគ។ ពួកមេគណៈណា ដែលគេហៅថា សាស្តាក្នុងលោក មេគណៈទាំងនោះ តែងសម្តែងប្រាប់បរិស័ទនូវធម៌ ដែលនាំមកតៗ គ្នា។ បពិត្រព្រះអង្គមានព្យាយាមធំ ឯព្រះអង្គមិនសម្តែងធម៌ដល់ពួកសត្វ ដូច្នោះទេ ព្រោះត្រាស់ដឹងនូវសច្ចធម៌ទាំងឡាយ ដោយព្រះអង្គឯង ព្រមទាំងត្រាស់ដឹង​នូវពោធិបក្ខិយធម៌ទាំងអស់ ដោយព្រះអង្គឯង។ ព្រះអង្គទ្រង់ជ្រាបនូវអាសយានុសយៈ នូវឥន្រ្ទិយទាំងឡាយ នូវពលៈ និងមិនមែនពលៈ ទ្រង់ជ្រាបច្បាស់នូវពួកសត្វ ដែល​មានភ័ព្វ និងឥតភ័ព្វ ហើយទ្រង់សម្តែងធម៌ ដូចមហាមេឃ (គម្រាមហើយ)។ បរិស័ទ​អង្គុយក្នុងទីបំផុតនៃចក្រវាឡ មានទិដ្ឋិផ្សេងៗ គ្នា តែងត្រិះរិះនូវធម៌នោះ ដើម្បីនឹងផ្តាច់បង់​សេចក្តីសង្ស័យ។ ព្រះមុនីទ្រង់ឈ្លាសវៃ ក្នុងបទឧបមា បានជ្រាបនូវចិត្ត របស់សត្វ​ទាំងអស់ ទ្រង់សម្តែងតែបញ្ហាមួយ ក៏បានកាត់បង់នូវសេចក្តីសង្ស័យរបស់ពួកសត្វបាន។ ផែនដីដែលពេញដោយមនុស្ស ប្រកបដោយរាគាទិក្កិលេស មនុស្សទាំងអស់នោះ នាំគ្នា​ប្រណមអញ្ជលី សរសើរគុណ​ព្រះនាយក។ ម្យ៉ាងទៀត មនុស្សទាំងនោះកាល​សរសើរគុណ គប្បីសរសើរដោយគុណ​ផ្សេងៗ អស់មួយកប្ប ក៏មិនគប្បីសម្រេចនូវ​ការរាប់​បានឡើយ (ព្រោះ) ព្រះតថាគត មានគុណគេមិនគប្បីរាប់បាន។ ព្រះជិនស្រី​ដ៏ប្រសើរ ដែលមនុស្ស និងទេវតា​សរសើរ​ហើយ ដោយកម្លាំងរបស់ខ្លួនយ៉ាងនោះ មនុស្ស​ទាំងឡាយ កាលសរសើរ គប្បីសរសើរ​យ៉ាងនេះឯង អស់កោដិនៃកប្ប។ ប្រសិនបើ​បុគ្គលណាមួយ ទោះជាទេវតា ឬមនុស្សដែលសិក្សាល្អហើយ គប្បីកំណត់ដើម្បីនឹងរាប់ (នូវធារទឹកក្នុងសមុទ្រ) បុគ្គលនោះ នឹងបានតែសេចក្តីលំបាក។ បពិត្រព្រះសក្យបុត្ត មានយសធំ ខ្ញុំព្រះអង្គឋិត​នៅហើយក្នុងសាសនារបស់ព្រះអង្គ ដល់នូវបញ្ញាបារមី ជា​បុគ្គល​មិនមានអាសវៈ។ ថ្ងៃនេះ ខ្ញុំព្រះអង្គជាធម្មសេនាបតី ក្នុងសាសនារបស់​ព្រះសក្យបុត្ត បានញាំញីពួកតិរ្ថិយ ញុំាងសាសនានៃព្រះជិនស្រីឲ្យប្រព្រឹត្តទៅ។ អំពើដែល​ខ្ញុំធ្វើហើយ អស់កប្បប្រមាណ​មិនបាន ឲ្យផលដល់ខ្ញុំក្នុងជាតិនេះ ខ្ញុំព្រះអង្គបាន​ផុត​ស្រឡះហើយចាកកិលេស ដូចកម្លាំងសរ (ដែលផុតចាកធ្នូ) ទាំងបានដុត​បំផ្លាញនូវ​កិលេស​អស់ហើយ។ មនុស្សណា​មួយ បាននាំទៅនូវភារៈលើក្បាលសព្វៗ កាល (មនុស្សនោះ) ក៏ដល់នូវសេចក្តីទុក្ខ​ដោយភារៈ ព្រោះភារៈជារបស់ធ្ងន់។ ឯខ្ញុំព្រះអង្គ ត្រូវភ្លើងកិលេសទាំង ៣ គឺលោភៈ ទោសៈ មោហៈ ដុតរោលហើយ បានអន្ទោល​ទៅក្នុងភពទាំងឡាយ សឹងតែធ្ងន់ហើយ​ដោយទម្ងន់ គឺភព ដូចជាគេដកយកភ្នំសិនេរុ (មកទូលលើក្បាល)។ ភារៈនោះ ខ្ញុំព្រះអង្គ បានទំលាក់ចោលហើយ ភពទាំងឡាយ ខ្ញុំព្រះអង្គ ក៏បានទម្លាយចោលហើយ កិច្ចទាំងពួងដែលគួរធ្វើក្នុងសាសនា របស់​ព្រះសក្យបុត្ត ខ្ញុំព្រះអង្គបានធ្វើរួចហើយ។ ពុទ្ធក្ខេត្តមានកំណត់ត្រឹមណា វៀរលែង​តែព្រះអង្គ ជាបុគ្គលប្រសើរក្នុងសក្យត្រកូលចេញ ខ្ញុំព្រះអង្គជាបុគ្គលប្រសើរដោយប្រាជ្ញា នឹងរកបុគ្គលណា ឲ្យស្មើនឹងខ្ញុំព្រះអង្គពុំបាន។ ខ្ញុំព្រះអង្គឈ្លាសវៃ ចំណាប់ក្នុងសាមាធិ ដល់នូវបារមីញាណដោយឫទ្ធិ ថ្ងៃនេះ (បើ) ខ្ញុំព្រះអង្គប្រាថ្នា (នឹងធ្វើឫទ្ធិ) ក៏គប្បី​និម្មិតប្រមាណ ១ ពាន់ឫទ្ធិបាន។ ព្រះមហាមុនី​ទ្រង់ស្ទាត់ស្ទាញ ខាងអនុបុព្វវិហារធម៌ បានសម្តែងនូវសាសនធម៌ដល់ខ្ញុំព្រះអង្គ ឯព្រះនិញ្វន ជាគ្រឿងរំលត់ទុក្ខ ជាដំណេក​របស់ខ្ញុំព្រះអង្គ។ ទិព្វចក្ខុរបស់ខ្ញុំព្រះអង្គ​ស្អាតហើយ ខ្ញុំព្រះអង្គជាបុគ្គលឈ្លាសវៃក្នុង​សមាធិ បានប្រកបក្នុងសម្មប្បធាន ត្រេកអរក្នុងការចម្រើននូវពោជ្ឈង្គ។ កិច្ចណាដែល​សាវ័កគួរដល់ កិច្ចទាំងអស់នោះ ខ្ញុំព្រះអង្គធ្វើស្រេចហើយ វៀរលែងតែព្រះលោកនាថ​ចេញ នឹងរកបុគ្គលណា ឲ្យស្មើនឹងខ្ញុំព្រះអង្គ ពុំបានឡើយ។ ខ្ញុំព្រះអង្គ ជាបុគ្គល​ឈ្លាសវៃក្នុងសមាបត្តិ ជាអ្នក​បាននូវឈាន និងវិមោក្ខយ៉ាងរហ័ស ត្រេកអរក្នុងការ​ចម្រើននូវពោជ្ឈង្គ ដល់ហើយនូវ​បារមីញាណនៃសាវកគុណ។ ចិត្ត (របស់ខ្ញុំព្រះអង្គ) ដែលសង្គ្រោះដោយសទ្ធា ក្នុងពួក​សព្រហ្មចារីសព្វៗ កាល ព្រោះសេចក្តីគោរព ចំពោះ​បុរសប្រសើរដោយប្រាជ្ញា ដោយការបាននូវសាវកគុណ។ ខ្ញុំព្រះអង្គមានសេចក្តីឆោត គឺមានះដាក់ចុះហើយ ដូចពស់មានចង្កូមគេដកហើយ ពុំនោះសោត ដូចគោមាន​ស្នែងបាក់ ខ្ញុំព្រះអង្គ ចូលមកកាន់ទីប្រជុំសង្ឃ ដោយសេចក្តីគោរពក្រៃពេក។ ឯបញ្ញា​របស់​ខ្ញុំព្រះអង្គ ប្រសិនបើមានរូប គប្បីស្មើនឹងសេ្តចផែនដីក៏បាន នេះជាផលនៃការ​សរសើរនូវញាណ របស់ព្រះមានព្រះភាគ ទ្រង់ព្រះនាមអនោមទស្សី។ ធម្មចក្រដែល​ព្រះសក្យបុត្ត ជាតាទិបុគ្គល ទ្រង់ឲ្យប្រព្រឹត្តទៅហើយ ខ្ញុំព្រះអង្គឲ្យប្រព្រឹត្តទៅតាម​ដោយប្រពៃ នេះជាផលនៃការសរសើរនូវញាណ។ (មួយទៀត) បុគ្គលអ្នកមាន​សេចក្តី​ប្រាថ្នាលាមក ជាបុគ្គលខ្ជិល មានព្យាយាមថោកថយ មិនចេះដឹង ប្រព្រឹត្តអានាចារ កុំឲ្យមកជួបប្រទះនឹងខ្ញុំព្រះអង្គ ក្នុងទីណាមួយបានឡើយ។ បុគ្គលជាអ្នកចេះដឹងច្រើន អ្នកមានប្រាជ្ញា អ្នកមានចិត្តតម្កល់មាំក្នុងសីល និងអ្នកប្រកបរឿយៗ នូវចេតោសមថៈ សូម​ចូលមកតម្កល់នៅលើក្បាល (របស់ខ្ញុំ)។ ព្រោះហេតុនោះ ខ្ញុំសូមពោលនឹង​លោក​ទាំងឡាយ សូមអំពើដ៏ចម្រើន (មាន) ដល់លោកទាំងឡាយទាំងអស់ ដែល​បានមក​ជួបជុំក្នុងទីនេះ សូមលោកទាំងឡាយមានប្រាថ្នាតិច សន្តោស នាំគ្នាឲ្យទានសព្វៗ កាលចុះ។ ខ្ញុំបានចួបនូវអាចារ្យអង្គណាជាដំបូង ហើយបានប្រាសចាកធូលី ប្រាសចាក​មន្ទិល អាចារ្យខ្ញុំនោះ ជាអ្នកប្រាជ្ញ ជាសាវ័កឈ្មោះអស្សជិ។ ខ្ញុំជាអ្នក​ស្តាប់ពាក្យ​នៃ​ព្រះអស្សជិអង្គនោះ បានជាធម្មសេនាបតី បានដល់នូវបារមីក្នុងទីទាំងពួង​ហើយ ជាអ្នក​មិន​មានអាសវៈ។ ព្រះសាវ័កឈ្មោះអស្សជិ ជាអាចារ្យរបស់ខ្ញុំ គង់ក្នុងទិសណា ខ្ញុំធ្វើ​ទីក្បាលដំណេក ទៅក្នុងទិសនោះ។ ព្រះគោតម ជាបុគ្គលប្រសើរ​ក្នុង​សក្យត្រកូល ទ្រង់​រឭក​ឃើញនូវអំពើរបស់ខ្ញុំ ទ្រង់គង់ក្នុងកណ្តាលជំនុំសង្ឃ ហើយតម្កល់ទុកនូវខ្ញុំក្នុងទី​ដ៏​ប្រសើរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសារីបុត្តត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សារីបុត្តត្ថេរាបទាន។

មហាមោគ្គល្លានត្ថេរាបទាន ទី៤

[៤] ព្រះមានព្រះភាគព្រះនាមអនោមទស្សី ជាច្បងក្នុងលោក ជានរាសភៈ មានពួកទេវតា​ចោមរោម ទ្រង់គង់នៅក្នុងព្រៃហិមពាន្ត។ គ្រានោះ ខ្ញុំកើតជាស្តេចនាគ ឈ្មោះវរុណៈ នៅក្នុងមហាសមុទ្រ ចេះប្លែងរូបបានតាម​សេចក្តី​ប្រាថ្នា។ វេលានោះ ខ្ញុំបានលះបង់នូវ​ពួកនាគជាបរិវារ ហើយបានផ្តើមប្រគំតូរ្យតន្រ្តី ឯពួក​ស្រីអប្សរ (នាងនាគមានវិកា) ក៏​ចោមរោម​ប្រគំថ្វាយព្រះសម្ពុទ្ធដែរ។ កាលមានតូរ្យតន្រ្តីរបស់​ពួកនាគហើយ ពួកទេវតាក្នុង​ចាតុម្មហារាជិកា ក៏បានប្រគំនូវតូរ្យតន្រ្តីទិព្វ ឯព្រះសម្ពុទ្ធ​ទ្រង់ឮ ទ្រង់ជ្រាបច្បាស់នូវ​សម្លេងនៃតូរ្យតន្រ្តីទាំងពីរពួកនោះ។ បន្ទាប់មក ខ្ញុំបាននិមន្ត​ព្រះសម្ពុទ្ធ ហើយវិល​ត្រឡប់​ចូលទៅកាន់​ពិភពរបស់ខ្លួនវិញ បានក្រាល​អាសនៈរួចហើយ ទៅក្រាបបង្គំទូលភត្តកាល។ ព្រះលោកនាយក មានពួកព្រះខីណាស្រព​មួយពាន់ចោមរោម ទ្រង់ផ្សាយនូវពន្លឺរស្មី​សព្វ​ទិស ហើយស្តេចចូលទៅ​កាន់លំនៅ​របស់ខ្ញុំ។ វេលានោះ ខ្ញុំបានអង្គាស​ព្រះពុទ្ធមាន​ព្យាយាម​ធំ ទ្រង់ជាទេវតា​ប្រសើរជាង​ទេវតា ជានរាសភៈ និងភិក្ខុសង្ឃដែលចូលទៅ​ក្នុង​លំនៅនៃខ្ញុំ ឲ្យឆ្អែតស្កប់ស្កល់​ដោយបាយ និងទឹក។

ព្រះសយម្ភូ ជាអគ្គបុគ្គល មានព្យាយាមធំ លុះទ្រង់ធ្វើអនុមោទនារួចហើយ ទើបទ្រង់គង់​ក្នុងកណ្តាលនៃភិក្ខុសង្ឃ ហើយទ្រង់សម្តែងនូវព្រះគាថាទាំងឡាយនេះថា នាគរាជនេះ បានបូជាព្រះពុទ្ធ ជាលោកនាយកផង ព្រះសង្ឃផង ដោយចិត្តជ្រះថ្លានោះ នឹងបាន​ទៅកើតក្នុងទេវលោក។ នាគរាជនេះ នឹងសោយទេវរជ្ជសម្បត្តិអស់ ៧៧ ដង នឹងគ្រប់គ្រង​រាជ្យ​លើ​ផែនដី អស់ ១០៨ ដង។ នឹងបានជាស្តេចចក្រពត្តិអស់ ៥៥ ដង ឯទ្រព្យសម្បត្តិ​រាប់មិនអស់ នឹងកើតឡើងសម្រាប់ស្តេចចក្រពត្តិនោះ ក្នុងកាលនោះ។ ក្នុងកប្បរាប់មិន​បាន​អំពីកប្បនេះ នឹងមានព្រះពុទ្ធមួយអង្គ ព្រះនាមគោតម កើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក។ វរុណនាគរាជនោះ នឹងឃ្លាតចេញអំពីនរក មកកើតជា​មនុស្ស មានឈ្មោះ​ថាកោលិត ជាជាតិព្រាហ្មណ៍។ លុះខាងក្រោយមក កោលិតមាណព​នោះ ត្រូវកុសលមូលដាស់តឿន ក៏បានចេញបួស នឹងបានជាទុតិយសាវ័ករបស់​ព្រះមានព្រះភាគ​ព្រះនាមគោតម លោកផ្គងសេចក្តី​ព្យាយាម មានចិត្តស្លុងចុះទៅរក​ព្រះនិញ្វន លោកដល់នូវបារមីដោយឫទ្ធិ កំណត់ដឹងនូវ​អាសវៈធម៌ទាំងពួង ជាអ្នកមិនមាន​អាសវៈធម៌ នឹងបរិនិញ្វន។

ខ្ញុំលុះក្នុងអំណាចនៃកាមរាគ ព្រោះអាស្រ័យនឹងបាបមិត្ត មានចិត្តប្រទូស្ត ក៏បាន​សម្លាប់​មាតា និងបិតា។ ខ្ញុំចូលទៅយកកំណើតណាៗ ទោះបីជានរកក្តី ជាមនុស្សក្តី សឹងបរិបូណ៌​ដោយបាបកម្ម ស្លាប់តែនឹងដាច់ក្បាល។ ជាតិនេះ ជាបច្ឆិមជាតិរបស់ខ្ញុំ ភពជាខាង​ក្រោយ​ប្រព្រឹត្តទៅហើយ ក្នុងពេលនេះ ខ្ញុំនឹងធ្វើមរណកាលបែបនេះទៀត។ ខ្ញុំប្រកបរឿយៗ ក្នុងវិវេក ត្រេកអរក្នុងការចម្រើនសមាធិ កំណត់ដឹងនូវអាសវធម៌ទាំងពួង ទាំងជាអ្នកមិន​មានអាសវធម៌។ ខ្ញុំបានដល់នូវបារមីនៃឫទ្ធិ ហើយញុំាងព្រះធរណី​ដ៏ជ្រៅ និងក្រាស់ ដែល​បុគ្គលមិនអាចឲ្យកម្រើកបាន ឲ្យកម្រើកបានដោយចុងម្រាមជើងឆ្វេង។ ខ្ញុំមិនដែលឃើញ​អស្មិមានះ មានះរបស់ខ្ញុំមិនដែលមានទេ ខ្ញុំធ្វើចិត្តគោរព​ចំពោះ​សមណៈ តាំងពី​សាមណេរ​​ទៅ។ ក្នុងកប្បរាប់មិនបាន រហូតមកដល់កប្បនេះ ខ្ញុំបាន​បំពេញ​នូវបុញ្ញកម្ម​ណាៗ ក៏បានសម្រេចនូវសាវកភូមិនោះ ទាំងបានដល់នូវអាសវក្ខ័យ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះមហាមោគ្គល្លានត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ មហាមោគ្គល្លានត្ថេរាបទាន។

មហាកស្សបត្ថេរាបទាន ទី៥

[៥] កាលព្រះមានព្រះភាគ ទ្រង់ព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ទ្រង់មិន​ញាប់ញ័រ​ដោយលោកធម៌ ជាទីពឹងនៃសត្វលោក ទ្រង់បរិនិញ្វនទៅ ពួកជននាំគ្នា​ធ្វើការបូជា​ព្រះសាស្តា​អង្គនោះ។ ប្រជុំជនមានចិត្តខ្ពស់ មានចិត្តសប្បាយរីករាយ កាល​ញាតិ និងមិត្តនៃខ្ញុំទាំងនោះ កំពុងកើតសង្វេគ បីតិកើតឡើងដល់ខ្ញុំ។ ខ្ញុំប្រជុំញាតិ និងមិត្ត​ទាំងឡាយ ទើបពោលពាក្យនេះថា ព្រះលោកនាថ មានព្យាយាមធំ ទ្រង់បរិនិញ្វន​ហើយ បើដូច្នោះ យើងនឹងធ្វើការបូជា។ ញាតិ និងមិត្តទាំងនោះទទួលស្តាប់ថា ប្រពៃ​ហើយ ក៏ញុំាងសេចក្តីរីករាយឲ្យកើតដល់ខ្ញុំដោយច្រើន ខ្ញុំបានធ្វើនូវការសន្សំបុណ្យក្នុង​ព្រះពុទ្ធ​ជា​ទី​ពឹងនៃសត្វលោក អង្គនោះ។ ខ្ញុំបានសង់វិមាន មានកំពស់ ១០០ ហត្ថ មាន​ទំហំ ១៥០ ហត្ថ ខ្ពស់ទើសអាកាស ជាវិមានមានដំឡៃ ដែលរចនាយ៉ាងល្អ។ ខ្ញុំសង់វិមានដ៏មានដំឡៃ វិចិត្រដោយគំនរកុសលទាំងឡាយ ក្នុងទីនោះហើយ បានញុំាង​ចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បានបូជានូវចេតិយដ៏ប្រសើរ។ ឯចេតិយនោះរុងរឿង ដូចគំនរភ្លើង ឬដូចស្តេច​សាលព្រឹក្ស​មានផ្ការីក ភ្លឺស្វាងក្នុងទិសទាំង ៤ ដូចឥន្ទធនូក្នុងអាកាស។ ខ្ញុំញុំាងចិត្ត​ឲ្យជ្រះថ្លាក្នុង​ធាតុចេតិយនោះ ហើយធ្វើកុសលដ៏ច្រើន ខ្ញុំបានទៅកើត​ក្នុងឋានតាវត្តឹង្ស ព្រោះរឭកនូវ​បុព្វកម្មនោះ។ ខ្ញុំជិះយានទិព្វ ទឹមដោយសេះមួយពាន់ ឯវិមាន ៧ ជាន់ដ៏ខ្ពស់ កើតឡើង​សម្រាប់ខ្ញុំ។ ផ្ទះមានកំពូលមួយពាន់ ជាវិការៈនៃមាសសុទ្ធ រុងរឿងជានិច្ច ទិសទាំងពួង​សឹងតែភ្លឺដោយតេជះរបស់ខ្លួន។ ផ្ទះខាងមុខដទៃទៀត ជាវិការៈ​នៃកែវក្រហម មានក្នុង​កាលនោះ ផ្ទះទាំងនោះភ្លឺរន្ទាលដោយរស្មី ទៅកាន់​ទិសទាំង ៤ ដោយជុំវិញ។ ផ្ទះមាន​កំពូលទាំងឡាយ កើតឡើងដោយបុញ្ញកម្មដ៏​តាក់តែងល្អ ជាវិការៈនៃកែវមណី តែងភ្លឺ​ច្រាល​ទៅកាន់ទិសតូចទិសធំ ដោយជុំវិញ។ ផ្ទះកំពូលទាំងនោះ កាលភ្លឺឡើង រស្មីធំ​ទូលាយ ខ្ញុំគ្របសង្កត់នូវទេវតាទាំងពួង នេះជាផល​នៃបុញ្ញកម្ម។ ក្នុងកប្ប ៦ ហ្មឺន អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិព្រះនាមឧព្វិទ្ធៈ មានសមុទ្រទាំង ៤ ជាព្រំដែន ជាស្តេចឈ្នះលើផែនដី គ្រប់គ្រងផែនដី។ ក្នុងភទ្ទកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ​មាន​កម្លាំងច្រើន អស់ ៣០ ដង ខ្ញុំបានប្រារព្ធនូវកម្មរបស់ខ្លួន (ប្រព្រឹត្តខ្ជាប់ដោយរាជធម៌ ១០)។ ខ្ញុំបរិបូណ៌ដោយកែវទាំង ៧ ជាឥស្សរៈក្នុងទ្វីបទាំង ៤ ប្រាសាទរបស់ខ្ញុំខ្ពស់​ភ្លឺផ្លេកដូច​ផ្លេកបន្ទោរ ក្នុងរជ្ជកាលនៃស្តេចចក្រពត្តិនោះ។ ទីក្រុង​ឈ្មោះ​រម្មកៈ មានបណ្តោយ ២៤ យោជន៍ ទទឹង ១២ យោជន៍ មានកំពែង និងក្លោងទ្វារ​ដ៏មាំ។ ឯកំពែងនោះ មានបណ្តោយ ៥០០ យោជន៍ មានទទឹង ២៥០ យោជន៍ កុះករដោយពួកជនទាំងឡាយ ដូចជាបុរីនៃ​ទេវតាក្នុងជាន់ត្រៃត្រឹង្ស។ ម្ជុលមានចំនួន ២៥ ដែលគេយកទៅច្រកក្នុង​បំពង់ម្ជុល​ពេញ​ណែន រមែងកកិតដិតជាប់គ្នា យ៉ាងណាមិញ។ ទីក្រុងរបស់ខ្ញុំ កុះករដោយដំរី សេះ រថ ទីក្រុងនោះ ច្រើនដោយពួកមនុស្ស ជាក្រុងវិសេសគួរជាទីត្រេកអរ ក៏យ៉ាងនោះដែរ។ ខ្ញុំបរិភោគ (ភោជន) ផង ផឹកទឹកផង ក្នុងបុរីនោះ រួចហើយទៅកាន់អត្តភាពជាទេវតាទៀត ក្នុងបច្ឆិមភព ខ្ញុំបរិបូណ៌​ដោយត្រកូលខ្ពង់ខ្ពស់។ ខ្ញុំកើតក្នុងត្រកូលព្រាហ្មណ៍ ជាអ្នក​សម្បូណ៌​ដោយរតនៈច្រើន បានលះបង់ហិរញ្ញៈចំនួន ៨០ កោដិ ហើយចេញបួស។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះមហាកស្សបត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ មហាកស្សបត្ថេរាបទាន។

អនុរុទ្ធត្ថេរាបទាន ទី៦

[៦] ខ្ញុំបានឃើញព្រះមានព្រះភាគ ទ្រង់ព្រះនាមសុមេធៈ ជាច្បងក្នុងលោក ជានរាសភៈ ជាលោកនាយក ទ្រង់ចេញចាកគណៈ ហើយគង់នៅតែមួយអង្គឯង។ ទើបខ្ញុំចូលទៅជិត​ព្រះសុមេធសម្ពុទ្ធ ជាលោកនាយក ហើយផ្គងអញ្ជលីអារាធនា ព្រះសម្ពុទ្ធដ៏ប្រសើរថា បពិត្រព្រះអង្គ ទ្រង់មានព្យាយាមធំ ជាច្បងក្នុងលោក ជានរាសភៈ សូមព្រះអង្គអនុគ្រោះ ខ្ញុំព្រះអង្គសូមថ្វាយប្រទីប ដល់ព្រះអង្គដែលទ្រង់ចម្រើនឈាន ក្បែរគល់ឈើ។ ព្រះសយម្ភូ ជាអ្នកប្រាជ្ញ ប្រសើរជាងពួកអ្នកប្រាជ្ញនោះ ទ្រង់បាន​ទទួលហើយ ក្នុងវេលា​នោះ ខ្ញុំបានទម្លុះឈើទាំងឡាយ ដើម្បីប្រកបនូវប្រទីប។ មិនតែប៉ុណ្ណោះ ខ្ញុំបានថ្វាយ​ប្រឆេះចង្កៀងមួយពាន់ ដល់ព្រះសម្ពុទ្ធជាលោកពន្ធុ ឯប្រទីបទាំងឡាយ ក៏ឆេះរុងរឿង​ឡើងអស់ ៧ ថ្ងៃ ហើយទើបរលត់ទៅវិញ។ លុះខ្ញុំលះរាងកាយ​ជារបស់មនុស្សហើយ ទៅកើតក្នុងវិមាន (ឋានសួគ៌) ដោយចិត្តជ្រះថ្លា​នោះផង ដោយការតាំងចេតនានោះផង។ កាលដែលខ្ញុំទៅកើតជាទេវតាហើយ មានប្រាសាទ​ដែលបុញ្ញកម្មតាក់តែងដោយល្អ ភ្លឺ​រុងរឿង​ដោយជុំវិញ នេះជាផល​នៃការថ្វាយនូវប្រទីប។ ខ្ញុំកើតជាស្តេចចក្រពត្តិអស់ ២៨ ដង បានឃើញរូបចម្ងាយ ១ យោជន៍ជុំវិញ ទាំងថ្ងៃទាំងយប់ក្នុងកាលនោះ។ ខ្ញុំតែង​ធ្វើនូវ​ទិសទាំងពួងចម្ងាយ ១ យោជន៍ដោយជុំវិញ ឲ្យភ្លឺរុងរឿងក្នុងកាលនោះ ខ្ញុំគ្របសង្កត់​ទេវតាទាំងអស់ នេះជា​ផលនៃការថ្វាយប្រទីប។ ខ្ញុំជាធំជាងទេវតា បានសោយរាជ្យ​ក្នុងពួក​ទេវតា អស់ ៣០ កប្ប ឥតមានពួកទេវតាណាមើលងាយខ្ញុំបានឡើយ នេះជាផល​នៃ​ការថ្វាយនូវប្រទីប។ ខ្ញុំបាន​សម្រេចទិព្វចក្ខុក្នុងសាសនានៃព្រះសាស្តា តែងឃើញ​លោកធាតុ​មួយពាន់ដោយញាណ នេះជាផលនៃការថ្វាយនូវប្រទីប។ ព្រោះតែខ្ញុំបាន​ថ្វាយ​ប្រទីបដោយ​ចិត្តជ្រះថ្លា ដល់​ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ទ្រង់កើតក្នុងកាល ៣០ ពាន់កប្បនោះ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ​ហើយ។

បានឮថា ព្រះអនុរុទ្ធត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការដូច្នេះ។

ចប់ អនុរុទ្ធត្ថេរាបទាន។

បុណ្ណមន្តានីបុត្តត្ថេរាបទាន ទី៧

[៧] ខ្ញុំជាអ្នកបង្រៀនមន្ត ចេះចាំមន្ត សម្រេចត្រៃវេទ មានពួកសិស្សចោមរោមហើយ បានចូលទៅគាល់ព្រះសម្មាសម្ពុទ្ធ ដ៏ប្រសើរជាងនរជន។ ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវសត្វលោក ព្រះអង្គជាអ្នកគួរ​ទទួលគ្រឿងបូជា បានសម្តែងនូវកម្មរបស់​ខ្ញុំដោយសង្ខេប។ ខ្ញុំបានស្តាប់ធម៌នោះហើយ ក៏ផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តា ហើយ​បែរមុខឆ្ពោះទៅកាន់ទិសទក្សិណ ដើរចេញទៅ។ ខ្ញុំបានស្តាប់ដោយសង្ខេបទេ តែអាច​សម្តែង​ដោយពិស្តារបាន ពួកសិស្សទាំងអស់ បានស្តាប់ភាសិតដែលខ្ញុំសម្តែង ក៏មានចិត្ត​រីករាយគ្រប់ៗ គ្នា។ ពួកសិស្សទាំងនោះ លះចោលនូវទិដ្ឋិរបស់ខ្លួនហើយ ធ្វើចិត្តឲ្យជ្រះថ្លា​ក្នុងព្រះពុទ្ធ ខ្ញុំសម្តែងដោយ​សង្ខេបក៏បាន ដោយពិស្តារយ៉ាងនោះ ក៏បាន។ ខ្ញុំឈ្លាសវៃ​ក្នុងន័យព្រះអភិធម្ម ឈ្លាសវៃក្នុងវិសុទ្ធិ ក្នុងកថាវត្ថុ ញុំាងជនជាបណ្ឌិតទាំងពួង ឲ្យត្រាស់​ដឹង ទាំងជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទី ៥០០ អំពីភទ្ទកប្បនេះទៅ ខ្ញុំកើតជា​ស្តេចចក្រពត្តិ ៤ ដង មានកេរ្តិ៍ឈ្មោះល្បីល្បាញទួទៅ បរិបូណ៌ដោយកែវទាំង ៧ ប្រការ ជាឥស្សរៈក្នុងទ្វីប ៤។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបុណ្ណមន្តានីបុត្តត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បុណ្ណមន្តានីបុត្តត្ថេរាបទាន។

ឧបាលិត្ថេរាបទាន ទី៨

[៨] ខ្ញុំកើតជាព្រាហ្មណ៍ ឈ្មោះសុជាត ក្នុងក្រុងហង្សវតី ជាអ្នកសន្សំនូវ​ទ្រព្យសម្បត្តិ ចំនួន ៨០ កោដិ មានទ្រព្យ និងស្រូវជាច្រើន។ ខ្ញុំជាអ្នកបង្រៀនមន្ត ចេះចាំមន្ត សម្រេចត្រៃវេទ ដល់នូវត្រើយក្នុងធម៌របស់ខ្លួន គឺក្បួនទាយលក្ខណៈ និងក្បួនឈ្មោះឥសិហាសៈ។ ក្នុង​គ្រានោះ ពួកបរិញ្វជក អ្នកមានផ្នួងសក់មួយ ពួកពុទ្ធសាវ័ករបស់ព្រះគោតម និងពួក​តាបស​អ្នកប្រព្រឹត្តតបៈ តែងនាំគ្នាត្រាច់ទៅ​លើផែនដី។ ពួកទាំងនោះ តែងចោមរោមខ្ញុំ ពួកជនជាច្រើនតែងបូជាខ្ញុំ ដោយសំគាល់​ថាជាព្រាហ្មណ៍មានកិត្តិស័ព្ទល្បីល្បាញ ខ្ញុំមិន​បូជា​ជនណាមួយ។ វេលានោះ ខ្ញុំជា​មនុស្សរឹងត្អឹងដោយមានះ មិនឃើញបុគ្គលគួរបូជា ទាំងពាក្យថាព្រះពុទ្ធ ក៏មិនដែលមាន ព្រោះព្រះជិនស្រី ទ្រង់មិនទាន់កើតឡើង​នៅ​ឡើយ។ លុះកន្លងថ្ងៃ និងយប់ទៅ ព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុ កម្ចាត់បង់នូវងងឹតទាំងពួង ទ្រង់កើតឡើងក្នុងលោក។ កាលបើពួកជនជាអ្នកប្រាជ្ញ មាន​ចំនួនច្រើនផ្សាយទៅផង សាសនារីកក្រាស់ក្រែលផង គ្រានោះ ព្រះសម្ពុទ្ធស្តេច​ចូលទៅ​កាន់ក្រុងហង្សវតី។ ព្រះពុទ្ធមានបញ្ញាចក្ខុនោះ ទ្រង់សម្តែងធម៌ដើម្បីប្រយោជន៍ដល់​ព្រះបិតា​ក្នុងវេលានោះ ពួកបរិស័ទប្រមាណមួយយោជន៍ ដោយជុំវិញ (មកគាល់ព្រះអង្គ) តាមកាលដ៏គួរនោះ។ គ្រានោះ តាបសឈ្មោះ សុនន្ទៈ ដែលពួកមនុស្សរាប់អាន បានបិទ​បាំងពុទ្ធបរិស័ទទាំងអស់ ដោយផ្កាទាំងឡាយ។ កាលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាស​សច្ចៈទាំង ៤ ក្នុងមណ្ឌបដ៏ហើយ​ដោយផ្កាដ៏ប្រសើរ ពួកបរិស័ទមួយសែនកោដិ ក៏បាន​សម្រេចធម្មាភិសម័យ។ ព្រះសម្ពុទ្ធ ទ្រង់បង្អុរភ្លៀងគឺព្រះធម៌ អស់ ៧ យប់ ៧ ថ្ងៃ លុះដល់​ថ្ងៃទី ៨ ព្រះជិនស្រី ក៏ទ្រង់បានទំនាយនូវតាបសឈ្មោះសុនន្ទៈថា សុនន្ទតាបសនេះ កាលអន្ទោលទៅ​ក្នុងភពគឺទេវលោក ឬមនុស្សលោក នឹងបានជាអ្នកប្រសើរជាងទេវតា ទាំងជាងមនុស្ស​ទាំងអស់ នឹងអន្ទោលទៅក្នុងភពទាំងឡាយ។ លុះដល់រវាងមួយ​សែន​កប្ប នឹងមាន​ព្រះសម្ពុទ្ធព្រះនាមគោតម កើតឡើងក្នុងត្រកូលឱក្កាកៈ នឹងបានជា​សាស្តាក្នុងលោក។ សុនន្ទតាបសនេះ នឹងបានជាទាយាទក្នុងធម៌ ជាឱរស ជាធម្មនិម្មិត ជាសាវ័កឈ្មោះបុណ្ណៈ ជាបុត្តនៃនាងមន្តានី របស់ព្រះសាស្តានោះ។ លុះព្រះសម្ពុទ្ធ​បាន​ព្យាករ​សុនន្ទតាបស​យ៉ា់ងនេះហើយ បានញុំាងជនទាំងពួង​ឲ្យរីករាយ ទ្រង់សម្តែងតាម​កម្លាំងរបស់ព្រះអង្គ។ វេលា​នោះ ពួកបរិស័ទបានប្រណមអញ្ជលីនមស្ការចំពោះ​សុនន្ទ​តាបស សុនន្ទតាបស ក៏ធ្វើសក្ការបូជាចំពោះព្រះសម្ពុទ្ធ រួចហើយទើបធ្វើគតិរបស់​ខ្លួនឲ្យ​ស្អាត។ ខ្ញុំបានស្តាប់​ព្រះពុទ្ធដីកា របស់ព្រះមុនី (ព្រះនាមបទុមុត្តរៈ) ក៏មានបំណង​ក្នុងវេលានោះថា អាត្មាអញ នឹងបានឃើញព្រះគោតមយ៉ាងណា នឹងធ្វើសក្ការបូជា​យ៉ាងនោះ។ លុះខ្ញុំគិតយ៉ាងនេះ​រួចហើយ ទើបគិតរកបុញ្ញកិរិយាវត្ថុ ដែលខ្ញុំគួរធ្វើថា អាត្មាអញនឹងប្រព្រឹត្តអំពើអ្វីហ្ន៎ ក្នុងបុញ្ញក្ខេត្តដ៏ប្រសើរ។ ឯភិក្ខុជាអ្នកសូត្រអង្គនេះ ព្រះនាម​ព្រះភាគបានតាំងថា ជាអ្នកប្រសើរខាងព្រះវិន័យ ជាងភិក្ខុអ្នកសូត្រទាំងពួងក្នុងសាសនា ដូច្នេះ អាត្មាអញ នឹងប្រាថ្នាយកតំណែងនោះ។ ទ្រព្យរបស់អាត្មាអញនេះ ច្រើនណាស់ រាប់មិនអស់ ឧបមាដូចសាគរ បុគ្គលមិនអាចនឹងឲ្យញាប់ញ័របានឡើយ ហេតុនេះ អាត្មាអញ គួរសាងអារាមថ្វាយព្រះសម្ពុទ្ធដោយទ្រព្យនោះ។ ខ្ញុំបានសាងអារាមមួយ ឈ្មោះ​សោភនៈ នៅខាងមុខទីក្រុង ឲ្យជាអារាមសម្រាប់សង្ឃ អស់ចំនួនមួយសែន​កហាបណៈ។ ខ្ញុំបានសាងផ្ទះមានកំពូលផង ប្រាសាទវែងផង មណ្ឌបផង ប្រាសាទ​មានដំបូលរលីងផង គុហាផង ទីចង្រ្កមដ៏ល្អផង ក្នុងអារាមរបស់សង្ឃ។ មួយទៀត ខ្ញុំបានសាងរោងកម្តៅកាយ រោងភ្លើង រោងទឹក បន្ទប់សម្រាប់ស្រង់ទឹក ថ្វាយចំពោះ​ព្រះភិក្ខុសង្ឃ។ ខ្ញុំបានថ្វាយ​ជើងម៉ា តាំង គ្រឿងប្រើប្រាស់ ភាជន៍ ភេសជ្ជៈ ទាំងអស់នុ៎ះ សម្រាប់អារាម។ ខ្ញុំបានតម្កល់ទុក​បុគ្គលអ្នករក្សា ឲ្យគេធ្វើកំពែងយ៉ាងមាំ (ការពារ) កុំឲ្យមានសត្រូវណាមួយ មកបៀតបៀនព្រះអង្គ ទ្រង់ជាតាទិបុគ្គល មានព្រះហឫទ័យ​ស្ងប់រម្ងាប់។ ខ្ញុំបានឲ្យគេសាងអាវាស ជាអារាមសម្រាប់សង្ឃ អស់ចំនួនទ្រព្យមួយសែន លុះសាងអារាមមាន​សភាពស្តុកស្តម្ភរួចហើយ ក៏បានបង្អោនថ្វាយដល់ព្រះសម្មាសម្ពុទ្ធថា បពិត្រព្រះមុនី អារាមខ្ញុំបានឲ្យគេសាងស្រេចហើយ សូមព្រះអង្គទទួលយក បពិត្រ​ព្រះធីរៈ ខ្ញុំព្រះអង្គ នឹងថ្វាយទានចំពោះព្រះអង្គ បពិត្រព្រះអង្គមានចក្ខុ សូមព្រះអង្គទ្រង់​ទទួលនិមន្ត។ ព្រះលោកនាយក ព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវសត្វលោក ទ្រង់គួរ​ទទួល​យក​នូវគ្រឿងបូជា ទ្រង់ទទួលនិមន្តហើយ ព្រោះទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ។ លុះខ្ញុំបាន​ដឹងថា ព្រះអង្គទ្រង់ទទួលនិមន្តហើយ ទើបចាត់ចែងនូវភោជនាហារ បម្រុង​ថ្វាយ​ដល់​ព្រះសព្វញ្ញូ ទ្រង់ស្វែងរកគុណដ៏ធំ រួចហើយទើបក្រាបទូលភត្តកាល។ លុះខ្ញុំ​ក្រាប​ទូល​នូវភត្តកាលរួចហើយ ទើបព្រះលោកនាយក ព្រះនាមបទុមុត្តរៈ ស្តេចមកកាន់​អារាម​របស់ខ្ញុំ (មួយអន្លើ) ដោយព្រះខីណាស្រព ប្រមាណមួយពាន់អង្គ។ ខ្ញុំដឹងនូវវេលា​ដែលព្រះអង្គ ទ្រង់គង់ស៊ប់ហើយ ក៏បានញុំាងព្រះអង្គ ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក លុះខ្ញុំដឹងនូវវេលាដែលព្រះអង្គសោយស្រេចហើយ ទើបក្រាបបង្គំទូល​នូវពាក្យ​នេះ​ថា បពិត្រព្រះមហាមុនី ខ្ញុំព្រះអង្គបានជាវទីដី អស់តម្លៃមួយសែន​កហាបណៈ បានឲ្យ​គេសាងអារាម ឈ្មោះសោភនៈ ដោយតម្លៃកហាបណៈប៉ុណ្ណេះដែរ សូមព្រះអង្គ​ទ្រង់​ទទួល។ ដោយការថ្វាយភូមិនេះផង ដោយការតម្កល់ចេតនាទាំងនេះផង ខ្ញុំព្រះអង្គកាល​ទៅកើតក្នុងភព (ណាៗ) សូមឲ្យបានសម្រេច តាមដែលខ្ញុំព្រះអង្គប្រាថ្នា។

ព្រះសម្ពុទ្ធទ្រង់បានទទួលសង្ឃារាម ដែលខ្ញុំបានសាងល្អហើយ ព្រះអង្គគង់​កណ្តាល​នៃជំនុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់នូវព្រះពុទ្ធដីកានេះថា បុគ្គលណា បានថ្វាយសង្ឃារាម ដែលខ្លួនបានសាងល្អហើយ ដល់ព្រះពុទ្ធ តថាគតនឹងព្យាករបុគ្គល​នោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ សេនាមានអង្គ ៤ គឺ ដំរី សេះ រថ ពលថ្មើរជើង រមែង​ចោម​បុគ្គលនេះជានិច្ច នេះជាផលនៃសង្ឃារាម។ តូរ្យតន្ត្រី ៦០ ពាន់ និងស្គរ ប្រដាប់ល្អហើយ រមែង​ចោមរោមបុគ្គលនេះជានិច្ច នេះជាផលនៃសង្ឃារាម។ ពួកនារីចំនួន ៨៦ ពាន់ ស្អិតស្អាងល្អហើយ សឹងស្លៀកសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់កុណ្ឌល ជាវិការៈ​នៃកែវមណី។ (នារីទាំងនោះ) មានមុខស្រស់រីករាយ មានសរីរៈល្អ មានចង្កេះរៀវ រមែង​ចោមរោមបុគ្គលនេះជានិច្ច នេះផលនៃសង្ឃារាម។ បុគ្គលនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៣០ ពាន់កប្ប បានជាធំជាងទេវតា សោយទេវរាជ្យ អស់​ចំនួនមួយពាន់ដង។ នឹងបានសម្បត្តិទាំងពួង ដែលទេវរាជគប្បីបាន ជាអ្នកមានភោគៈ​មិនខ្វះខាត ហើយ​សោយរាជ្យក្នុងឋានទេវលោក។ នឹងបានជាស្តេចចក្រពត្តិក្នុងដែន អស់មួយពាន់ដង នឹងបានជាស្តេចផែនដីដ៏ស្តុកស្តម្ភ គណនារាប់មិនបាន។ លុះដល់​មួយសែនកប្បទៀត ព្រះគោតមបរមគ្រូ កើតក្នុងត្រកូលឱក្កាកៈ នឹងបានជាសាស្តា​ក្នុងលោក។ បុគ្គលនេះ នឹងបានជាឱរស ជាទាយាទក្នុងធម៌ ជាធម្មនិម្មិត មាននាមថា ឧបាលិ នឹងបាន​ជាសាវ័កនៃព្រះសាស្តាអង្គនោះ។ នឹងដល់នូវត្រើយក្នុងព្រះវិន័យផង ឈ្លាសវៃក្នុងហេតុ និងមិនមែនហេតុផង ទ្រទ្រង់នូវសាសនារបស់ព្រះជិនស្រី ទាំងជាបុគ្គលមិនមានអាសវៈ។ ព្រះគោតមជាបុគ្គលប្រសើរ ក្នុងសក្យត្រកូល ទ្រង់ជ្រាប​ដំណើរនុ៎ះសព្វគ្រប់ហើយ ទ្រង់គង់​ក្នុងកណ្តាលនៃភិក្ខុសង្ឃ ហើយនឹងតាំងឧបាលិនុ៎ះ ក្នុងឋានៈជាឯតទគ្គៈ។

ខ្ញុំប្រាថ្នានូវសាសនា គឺពាក្យប្រៀនប្រដៅរបស់ព្រះអង្គ អាស្រ័យនូវកប្ប​រាប់មិនបាន ប្រយោជន៍គឺការអស់ទៅនៃសញ្ញោជនៈទាំងពួងនោះ ខ្ញុំក៏បានសម្រេច​ហើយ។ បុរសជាប់​ក្នុងដែកអណ្តោត ត្រូវរាជទណ្ឌគម្រាមហើយ មិនបានស្រួលក្នុងដែក​អណ្តោត ប្រាថ្នាចង់​ឲ្យរួចវិញ ដូចម្តេចមិញ។ បពិត្រព្រះអង្គ មានព្យាយាមធំ ខ្ញុំព្រះអង្គ​ត្រូវអាជ្ញាគឺភព​គម្រាមហើយ ជាប់នៅហើយ ក្នុងដែកអណ្តោត គឺកម្ម​ ឋិតនៅហើយ ដោយ​កម្លាំងវេទនា គឺសេចក្តីស្រេកឃ្លាន។ មិនបានស្រួលក្នុងភព ក្តៅក្រហាយដោយភ្លើងទាំង ៣ ស្វែងរកឧបាយដើម្បីនឹងរួចស្រឡះ ដូចបុរសដែលប្រាថ្នាដើម្បីរួចចាករាជទណ្ឌ យ៉ាង​នោះ។ មួយទៀត បុរសអ្នកក្លៀវក្លា ត្រូវពិសបៀតបៀនហើយ គេក៏គប្បីស្វែង​រកនូវឱសថ ជាឧបាយដើម្បីបន្សាបនូវពិស។ កាលស្វែងរក ក៏បានឃើញនូវឱសថ ដែលជាគ្រឿង​បន្សាបនូវពិស ក៏ផឹកនូវឱសថនោះ ហើយក៏បានសេចក្តីសុខ ព្រោះរួច​ផុតអំពីពិស យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមដ៏ធំ ខ្ញុំព្រះអង្គ ក៏ដូចជាជនអ្នក​លង់នៅ​ក្នុងពិស ត្រូវអវិជ្ជាបៀតបៀនហើយ បានស្វែងរកឱសថ​គឺព្រះសទ្ធម្ម។ កាលស្វែងរក​ឱសថ​គឺធម៌ ក៏ប្រទះនូវសាសនារបស់ព្រះសក្យមុនីសម្ពុទ្ធ ជាឱសថគឺសច្ចៈ ដ៏ប្រសើរបំផុត ជាថ្នាំសម្រាប់បន្ទោបង់នូវសរទាំងពួង។ ខ្ញុំព្រះអង្គ បានផឹកឱសថគឺធម៌ ហើយដកនូវ​ពិសទាំងពួងចោលចេញ ក៏បានឃើញព្រះនិញ្វន ជាគុណឥតមានចាស់ស្លាប់ មានសភាព​ត្រជាក់ ក៏យ៉ាងនោះដែរ។ បុរសត្រូវខ្មោច​គម្រាមហើយ ត្រូវគ្រោះថ្នាក់គឺខ្មោចបៀតបៀន​ហើយ គប្បីស្វែងរកពេទ្យសម្រាប់​ចាប់ខ្មោច ដើម្បីឲ្យរួចផុតអំពីខ្មោច។ បុរសនោះ កំពុងតែស្វែងរក ក៏បានឃើញបុគ្គល អ្នកឈ្លាសវៃក្នុងវិជ្ជាចាប់ខ្មោច បុគ្គលនោះ ក៏បានបំបរបង់ខ្មោច ព្រមទាំងធ្វើឫសគល់ឲ្យវិនាស អំពីបុរសនោះចេញ យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គត្រូវគ្រោះថ្នាក់គឺងងឹតបៀតបៀនហើយ ក៏ខំស្វែង​រកពន្លឺគឺញាណ ដើម្បីឲ្យផុតអំពីងងឹត ក៏បានប្រទះឃើញព្រះសក្យមុនី ទ្រង់ជម្រះងងឹត គឺកិលេសរួចហើយ ព្រះអង្គទ្រង់កម្ចាត់ងងឹតរបស់ខ្ញុំព្រះអង្គ ដូចជាពេទ្យចាប់ខ្មោច បានបណ្តេញ​បង់នូវ​ខ្មោចចេញ។ ខ្ញុំព្រះអង្គបានផ្តាច់បង់នូវខ្សែគឺសង្សារ ហាមឃាត់នូវ​ខ្សែ គឺតណ្ហា ដកចោលនូវភពទាំងអស់ ប្រៀបដូចពេទ្យចាប់​ខ្មោច (បៀតបៀនខ្មោច) ឲ្យអស់​ឫសគល់ ក៏យ៉ាងនោះដែរ។ សត្វគ្រុឌ ឆាបយកពួកនាគ ជាចំណីរបស់ខ្លួន ធ្វើមហា​ស្រះទំហំ ១០០ យោជន៍ ដោយជុំវិញ ឲ្យរំភើបញាប់ញ័រ។ លុះគ្រុឌនោះឆាបយកនាគ ធ្វើឲ្យមានក្បាលចុះក្រោម ឲ្យបានសេចក្តីលំបាក ហើយនាំយកទៅកាន់ទី​តាមសេចក្តី​ប្រាថ្នារបស់ខ្លួន យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គ មានកម្លាំង​ខ្លាំងដូចគ្រុឌ ខ្ញុំព្រះអង្គកំពុងស្វែងរកអសង្ខតធម៌ គឺព្រះនិញ្វន ហើយបាន​ខ្ជាក់ទោស​ចោលចេញអស់ហើយ។ ខ្ញុំព្រះអង្គ បានឃើញព្រះធម៌ដ៏ប្រសើរ ជាចំណែកនៃ​សេចក្តី​ស្ងប់រម្ងាប់ មិនមានគុណជាតដទៃប្រសើរលើស ហើយកាន់យកនូវធម៌នោះ ដូចគ្រុឌឆាប​យកនាគ ក៏យ៉ាងនោះដែរ។ វល្លិ ឈ្មោះអាសាវតី កើតក្នុងចិត្តលតាវ័ន កន្លងទៅមួយ​ពាន់ឆ្នាំ វល្លិនោះក៏កើតផ្លែមួយឡើង។ ពួកទេវតា (ក្នុងឋានតាវត្តឹង្ស) តែងនាំគ្នាចូល​ទៅអង្គុយជិតវល្លិនោះ ដែលមានផ្លែយូរៗ ម្តង តាមពិត វល្លិឈ្មោះអាសាវតីនោះ មានផ្លែ​ដ៏ឧត្តម ជាទីពេញចិត្តរបស់ពួកទេវតាយ៉ាងនេះ។ ចំណែកខាងខ្ញុំព្រះអង្គ ខំបម្រើព្រះមុនី​អង្គនោះរាប់សែនកប្ប (ប៉ុណ្ណោះ) តែង​នមស្ការ​រាល់ព្រឹកល្ងាច ដូចជាពួកទេវតា តែងចូល​ទៅអង្គុយជិតវល្លិអាសាវតី។ ការបម្រើ (របស់ខ្ញុំព្រះអង្គ) មិនឥតអំពើ ទាំងការនមស្ការ ក៏មិនជាមោឃៈ ពុទ្ធុប្បាទក្ខណៈ ក៏មិនបានប្រព្រឹត្តកន្លងនូវខ្ញុំព្រះអង្គ អស់កាលជាយូរ​អង្វែង។ ឥឡូវនេះ ខ្ញុំព្រះអង្គ​ត្រិះរិះ​ទៅមិនឃើញបដិសន្ធិ ក្នុងភពថ្មីទៀតទេ ខ្ញុំព្រះអង្គ មិនមានឧបធិក្កិលេស រួចស្រឡះ​ចាកសង្សារ មានចិត្តស្ងប់រម្ងាប់។ ធម្មតាផ្កាឈូក តែងរីកដោយសាររស្មីនៃព្រះអាទិត្យ យ៉ា់ងណាមិញ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គ​បានរីកដោយសាររស្មីព្រះពុទ្ធ ១ក៏យ៉ាងនោះដែរ។ កំណើតកុកស មិនមាន​ឈ្មោលសព្វៗ កាលទេ កាលបើមេឃគម្រាម (ផ្គរលាន់) កុកទាំងនោះ ក៏កាន់យក​នូវ​គភ៌សព្វៗ កាល។ កុកទាំងនោះ ទ្រទ្រង់គភ៌​អស់កាល​ដ៏យូរ ដរាបទាល់តែមេឃ​លែង​គម្រាម ទាល់តែមេឃបង្អុរភ្លៀង ទើបកុក​ទាំងនោះរួចផុតចាកភារៈ យ៉ាងណាមិញ។ កាលព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់​គម្រាមដោយមេឃគឺធម៌ ខ្ញុំព្រះអង្គបានកាន់​យកនូវគភ៌គឺធម៌ ដោយសម្លេងនៃមេឃគឺ​ធម៌។ ខ្ញុំព្រះអង្គទ្រទ្រង់នូវគភ៌ គឺបុណ្យរាប់​សែនកប្ប មេឃគឺធម៌មិនគម្រាម (ដរាបណា) ខ្ញុំក៏មិនបានរួចចាកភារៈធ្ងន់ (ដរាបនោះ)។ បពិត្រព្រះសក្យមុនី ពេលណាព្រះអង្គទ្រង់​គម្រាមដោយមេឃគឺធម៌ ក្នុងក្រុងកបិលព័ស្តុ ដែលជាទីត្រេកអរ ខ្ញុំព្រះអង្គក៏បាន​រួចចាកភារៈដ៏ធ្ងន់យ៉ាងនោះដែរ។ ខ្ញុំព្រះអង្គ (បានទាំង​ធ្វើឲ្យជាក់ច្បាស់) នូវ​សុញ្ញតវិមោក្ខ​ផង អនិមិត្តវិមោក្ខផង អប្បណិហិតវិមោក្ខផង ត្រាស់ដឹង​នូវធម៌ទាំងពួង គឺផលទាំង ៤ ផង ទម្លាយនូវធម៌គឺបណ្តាញនោះផង។

ចប់ ទុតិយភាណវារៈ។

ខ្ញុំព្រះអង្គ ប្រាថ្នានូវសាសនារបស់ព្រះអង្គ រាប់កប្បប្រមាណមិនបាន ប្រយោជន៍​គឺចំណែក​នៃសេចក្តីស្ងប់ដ៏ប្រសើរបំផុត ខ្ញុំព្រះអង្គបានសម្រេចហើយ។ ខ្ញុំព្រះអង្គដល់​នូវត្រើយក្នុង​ព្រះវិន័យ ដូចភិក្ខុអ្នកស្វែងរកនូវគុណ អ្នកសូត្រ (ក្នុងជំនាន់សាសនាព្រះពុទ្ធ ព្រះនាម​បទុមុត្តរៈ​នោះដែរ) ភិក្ខុជាអ្នកមានគុណស្មើនឹងខ្ញុំព្រះអង្គ មិនមានឡើយ ខ្ញុំព្រះអង្គ​ទ្រទ្រង់សាសនា។ សេចក្តីសង្ស័យរបស់ខ្ញុំព្រះអង្គ ក្នុងវិន័យនុ៎ះផង ក្នុង​ខន្ធកវិន័យផង ក្នុងតិកច្ឆេទផង ក្នុងបញ្ចកៈផង សូម្បីតែអក្ខរៈមួយ ឬក៏ព្យញ្ជនៈមួយ មិនមានឡើយ។ ខ្ញុំព្រះអង្គដល់នូវត្រើយក្នុងព្រះវិន័យទាំងពួង វាងវៃក្នុងការសង្កត់សង្កិន​ភិក្ខុបាបផង ក្នុង​បដិកម្ម គឺការសម្តែងអាបត្តិផង ក្នុងហេតុដ៏គួរ និងមិនគួរផង ក្នុង​ឱសារណកម្ម គឺហៅភិក្ខុ​ចូលកាន់ទីប្រជុំសង្ឃ ក្នុងកាលញុំាងភិក្ខុឲ្យចេញចាកអាបត្តិផង។ ខ្ញុំព្រះអង្គបានរៀប​ទុកដាក់នូវចំណែកក្នុងវិន័យផង ក្នុងខន្ធកៈផង ក្នុងឧភតោវិភង្គផង ហើយគប្បីឲ្យប្រជុំ​ចុះដោយកិច្ចបាន។ ខ្ញុំព្រះអង្គ ជាអ្នកឈ្លាសវៃក្នុងវោហារផង វាងវៃក្នុងហេតុចម្រើន និង​ហេតុមិនចម្រើនផង សភាពដែលខ្ញុំព្រះអង្គ មិនចេះដឹង (នោះ) មិនមានឡើយ ខ្ញុំព្រះអង្គ​ជាភិក្ខុខ្ពស់ឯក ក្នុងសាសនារបស់ព្រះសាស្តា។ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គជាបុគ្គលយល់រូប ក្នុងសាសនានៃព្រះពុទ្ធជាសក្យបុត្ត ហើយបន្ទោបង់នូវកង្ខា​ទាំង​ពួង កាត់បង់នូវ​សង្ស័យ​ទាំងអស់បាន។ ខ្ញុំព្រះអង្គ (ដឹងច្បាស់) នូវបទផង អនុបទផង អក្ខរៈផង ព្យញ្ជនៈផង ឈ្លាសវៃក្នុងហេតុសព្វអន្លើ គឺហេតុជាទីតាំង (ខាងដើម) និងហេតុជាទីតាំងខាងចុង (នៃសិក្ខាបទ)។ ព្រះរាជាមានកម្លាំង ទ្រង់សង្កត់សង្កិន​នូវពួកសេ្តចជាសត្រូវ លុះទ្រង់​ឈ្នះសង្គ្រាមហើយ ទើបសាងទីក្រុង ក្នុងដែនដែល​ទ្រង់ឈ្នះហើយនោះ។ ទ្រង់ឲ្យជាង​ធ្វើកំពែង ស្នាមភ្លោះ សសរខឿន ក្លោងទ្វារ និងប៉មទាំងឡាយផ្សេងៗ ជាច្រើន ក្នុងនគរ។ ទ្រង់ឲ្យជាងធ្វើនូវផ្លូវត្រឡែងកែង ផ្លូវថ្នល់ រានផ្សារជាចន្លោះ ដែលតាក់តែងល្អ ព្រមទាំង​សភាសម្រាប់វិនិច្ឆ័យនូវសេចក្តីចម្រើន និងសេចក្តីមិនចម្រើន ក្នុងនគរនោះ។ ព្រះរាជា​អង្គនោះ ទ្រង់តាំងសេនាមាត្យដើម្បីឲ្យសង្កត់សង្កិននូវពួកសត្រូវ ឲ្យស្គាល់ទោស និងមិន​មែនទោស ដើម្បីរក្សានូវពួកពល។ ព្រះរាជាអង្គនោះ ទ្រង់តាំងបុរសអ្នករក្សានូវភណ្ឌៈ ជាអ្នកឈ្លាសវៃក្នុងការទុកដាក់​ដើម្បីប្រយោជន៍រក្សានូវភណ្ឌៈ ដោយព្រះរាជបំណងថា កុំឲ្យភណ្ឌៈរបស់អាត្មាអញ វិនាសទៅបានឡើយ។ បុរសនោះជាអ្នកមានចិត្តស្វាមីភក្តិ ចំពោះព្រះរាជា ព្រោះព្រះរាជា ប្រាថ្នាការចម្រើនដល់បុរសណា ទ្រង់ក៏ព្រះរាជទាន​នូវឥស្សរៈ ក្នុងការវិនិច្ឆ័យអធិករណ៍ ដល់បុរសនោះ ដើម្បីប្រតិបត្តិ កុំឲ្យបែកមិត្ត។ ព្រះរាជា​នោះ ទ្រង់តាំងបុរសអ្នកវាងវៃ ក្នុងឧប្បាទហេតុទាំងឡាយផង ក្នុងនិមិត្ត​ទាំងឡាយ​ផង ក្នុងលក្ខណៈទាំងឡាយផង ជាអ្នកបង្រៀនមន្ត ចេះចាំមន្ត ក្នុងឋានៈ​ជាបុរោហិត។ ព្រះរាជាបរិបូណ៌​ដោយអង្គ​ទាំងឡាយនុ៎ះហើយ ទើបហៅថាក្សត្រិយ៍ បុរសទាំងនោះ តែងរក្សាព្រះរាជានោះ សព្វៗ កាល ដូចសត្វចាក្រពាក រក្សាក្រុមញាតិ ដែលដល់សេចក្តីទុក្ខ។ បពិត្រព្រះអង្គ មានព្យាយាមធំ អ្នកផងតែងហៅព្រះអង្គថា ធម្មរាជរបស់សត្វលោក ព្រមទាំងទេវលោក ដូចក្សត្រិយ៍ដែលកម្ចាត់សត្រូវហើយ ដូច្នោះ​ដែរ។ ព្រះធម្មរាជនោះ ទ្រង់ញាំញីនូវពួក​តិរ្ថិយទាំងឡាយផង នូវមារព្រមទាំងសេនាផង ទ្រង់ទម្លាយមោហន្ធការដ៏ងងឹត រួចហើយកសាងធម្មនគរ។ បពិត្រព្រះអង្គមាន​បញ្ញាជា​គ្រឿងទ្រទ្រង់ ឯក្នុងធម្មនគរនោះ មានសីលជាកំពែង មានញាណរបស់ព្រះអង្គ​ជា​ក្លោងទ្វារ មានសទ្ធារបស់ព្រះអង្គ ជាសសរខឿន មានការសង្រួមជានាយឆ្មំាទ្វារ។ បពិត្រព្រះមុនី សតិប្បដ្ឋានជាប៉ម បញ្ញារបស់ព្រះអង្គជាផ្លូវថ្នល់ ឥទ្ធិបាទជាផ្លូវត្រឡែងកែង ថ្នល់គឺពោធិបក្ខិយធម៌ទាំង ៣៧ ព្រះអង្គទ្រង់និមិ្មតទុកល្អហើយ។ ព្រះសូត្រ ព្រះអភិធម្ម និងព្រះវិន័យ ពុទ្ធវចនៈមានអង្គ ៩ ទាំងអស់នុ៎ះ ជាធម្មសភារបស់ព្រះអង្គ។ សុញ្ញតវិហារ អនិមិត្តវិហារ អប្បណិហិតវិហារ ការមិនមានតណ្ហា ជាគ្រឿងញាប់ញ័រ និងការរំលត់ទុក្ខ នេះជាធម្មកុដិរបស់ព្រះអង្គ។ ព្រះថេរៈជាបុគ្គលប្រសើរខាងប្រាជ្ញា ដែលព្រះអង្គតាំង​ទុកហើយ ជាអ្នកវាងវៃក្នុងប្រាជ្ញា មានឈ្មោះថាសារីបុត្ត ជាធម្មសេនាបតីរបស់ព្រះអង្គ។ បពិត្រព្រះមុនី ព្រះថេរៈដែល​ឈ្លាសវៃ​ក្នុងចុតូបបាតញ្ញាណ គឺប្រាជ្ញាដែលដឹងនូវចុតិ និងបដិសន្ធិរបស់សត្វ ដល់នូវត្រើយនៃឫទ្ធិ មានឈ្មោះថា កោលិត ជាបុរោហិត​របស់​ព្រះអង្គ។ បពិត្រព្រះមុនី ព្រះថេរៈឈ្មោះកស្សប អ្នកទ្រទ្រង់វង្សបុរាណ មានតេជះ​ដ៏ខ្ពង់ខ្ពស់ ដែលគេគ្របសង្កត់​បានដោយក្រ ប្រសើរក្នុងគុណ មានការកម្ចាត់បង់នូវ​ទោសជាដើម គឺទ្រទ្រង់ធុតង្គទាំង ១៣ ជាអ្នកសម្រាប់ពិភាក្សារបស់ព្រះអង្គ។ បពិត្រ​ព្រះមុនី ព្រះថេរៈជាពហូស្សុត អ្នកទ្រទ្រង់ធម៌ ចេះចាំពុទ្ធវចនៈទាំងអស់ក្នុងសាសនា មាននាមថាអានន្ទ ជាអ្នករក្សាធម៌របស់ព្រះអង្គ។ ព្រះមានព្រះភាគរបស់ខ្ញុំ ជាអ្នកស្វែង​រកគុណដ៏ធំ ទ្រង់ប្រទានការវិនិច្ឆ័យក្នុងវិន័យ ដែលវិញ្ញុភិក្ខុទាំងឡាយ សម្តែងហើយ​ដល់ខ្ញុំព្រះអង្គ រំលងព្រះថេរៈទាំងអស់នុ៎ះ។ ពុទ្ធសាវ័កណាមួយ សួរបញ្ហាក្នុងវិន័យ (នឹងខ្ញុំព្រះអង្គ) ខ្ញុំព្រះអង្គមិនបាច់គិតក្នុងបញ្ហានោះទេ ខ្ញុំព្រះអង្គប្រាប់​សេចក្តីនោះតែ​ម្តង។ ពុទ្ធក្ខេត្ត កំណត់ត្រឹមណា វៀរលែងតែព្រះមហាមុនីចេញ មិនមានភិក្ខុណា នឹង​ស្មើ​ដោយ​ខ្ញុំព្រះអង្គក្នុងវិន័យ តើនឹងមានភិក្ខុប្រសើរលើសខ្ញុំព្រះអង្គពីណា។ ព្រះគោតម​ទ្រង់គង់​ក្នុងកណ្តាលជំនុំភិក្ខុសង្ឃ ហើយទ្រង់ប្រកាសយ៉ាងនេះថា ភិក្ខុណាមួយជាអ្នក​ស្មើដោយឧបាលិ ក្នុងវិន័យ និងខន្ធកៈ មិនមានឡើយ។ សត្ថុសាសនាមានអង្គ ៩ ដែលព្រះអង្គសម្តែងហើយ ទាំងអម្បាលមាណ ខ្ញុំព្រះអង្គជាអ្នកឃើញឫសគល់​របស់​វិន័យ (កាត់បង់) នូវសេចក្តីជាប់ចំពាក់ទាំងពួង ដែលព្រះអង្គសម្តែងហើយក្នុង​វិន័យ។ ព្រះគោតមជាបុគ្គលប្រសើរ ក្នុងសក្យត្រកូល ទ្រង់រំលឹកឃើញនូវអំពើរបស់ខ្ញុំ ហើយគង់​ក្នុងភិក្ខុសង្ឃ ទ្រង់តម្កល់ខ្ញុំក្នុងទីជាឯតទគ្គៈ។ ខ្ញុំបានប្រាថ្នាយកនូវតំណែងនេះ រាប់សែន​កប្បមកហើយ ឥឡូវនេះ ប្រយោជន៍នោះ ខ្ញុំបានសម្រេចហើយ ខ្ញុំបានដល់នូវត្រើយ ក្នុងព្រះវិន័យហើយ។ កាលពីដើម ខ្ញុំជានាយខ្មាន់ព្រះកេស ជាអ្នកបណ្តុះសេចក្តីត្រេកអរ ដល់ពួកសក្យៈ លះបង់កំណើតនោះចោលចេញ បានមកជាបុត្តរបស់ព្រះមហេសីសម្ពុទ្ធ​វិញ។ ក្នុងកប្បទី ២ រាប់អំពីភទ្រកប្បនេះទៅ មានក្សត្រិយ៍ឈ្មោះអញ្ជសៈ មានតេជះរកទី​បំផុត​គ្មាន មានយសរាប់មិនបាន ជាម្ចាស់ផែនដី មានទ្រព្យច្រើន។ ខ្ញុំជាព្រះរាជបុត្តរបស់​ព្រះរាជានោះ ជាក្សត្រិយ៍ ឈ្មោះចន្ទនៈ ជាអ្នករឹងត្អឹង ដោយស្រវឹងព្រោះជាតិផង ដោយ​ស្រវឹង​ព្រោះយសស័ក្ត និងភោគៈផង។ មានពួកដំរីមាតង្គៈចំនួន ១ សែន សុទ្ធតែចុះប្រេង ដោយហេតុ ៣ ប្រការ [ដំរីចុះប្រេង បែកអាការចេញប្រេង ៣កន្លែង គឺបែកក្បែរភ្នែក ១ បែកក្បែរត្រចៀក ១ បែកស្នាប់ភ្លុក (កន្សោមសាច់ត្រង់គល់ភ្លុក) ១។ អដ្ឋកថា។] ដ៏ប្រដាប់​ដោយគ្រឿង​អលង្ការទាំងពួង ចោមរោមខ្ញុំ​សព្វៗ កាល។ វេលានោះ ខ្ញុំមានពួក​ពលរបស់ខ្លួន​ចោមរោមហើយ ប្រាថ្នាទៅកាន់ឧទ្យាន ឡើងជិះដំរីឈ្មោះសិរិកៈ ចេញអំពី​នគរទៅ។ ស្រាប់តែមានព្រះបច្ចេកសម្ពុទ្ធ ព្រះនាមរេវតៈ ទ្រង់បរិបូណ៌ដោយចរណៈ មាន​ទ្វារគ្រប់គ្រង សង្រួមល្អ បាននិមន្តមកចំពោះមុខខ្ញុំ។ វេលានោះ ខ្ញុំបានបរដំរីឈ្មោះសិរិកៈ ទៅឲ្យបៀត​បៀនព្រះសម្ពុទ្ធ លំដាប់នោះ ដំរីក៏ក្រោធខឹង​មិនលើកជើង។ លុះខ្ញុំឃើញ​ដំរីមានចិត្តខឹង ក៏ក្រេវក្រោធ​នឹងព្រះពុទ្ធជាម្ចាស់ បៀតបៀនព្រះសម្ពុទ្ធហើយ ក៏ទៅក្នុង​ឱទ្យាន។ ខ្ញុំមិនបាននូវសេចក្តីសុខស្រួល ក្នុងឱទ្យាននោះ ក្បាល (របស់ខ្ញុំ) ហាក់ដូច​ជាភ្លើងឆេះ ខ្ញុំក្តៅអន្ទះអន្ទែង​ដោយសេចក្តីក្រហល់ក្រហាយ ដូចត្រីជាប់សន្ទូច។ ផែនដី​ដែលមានសាគរជាទីបំផុត ហាក់ដូចជាដុតកំដៅខ្ញុំ ទើបខ្ញុំចូលទៅកាន់សំណាក់​នៃ​ព្រះបិតា ហើយក្រាបបង្គំទូលថា យើងខ្ញុំបៀតបៀនព្រះពុទ្ធសយម្ភូណា ដូច​បុគ្គល​បៀតបៀន​អាសិរពិស ដែលកំពុងក្រោធ ឬដូចបុគ្គលបៀតបៀនគំនរភ្លើង ដែលឆេះ​រាលមក ឬក៏ដូចបុគ្គលបៀតបៀនដំរីមានភ្លុកដែលចុះប្រេង។ ព្រះពុទ្ធជាម្ចាស់​អង្គនោះ មានតបៈដ៏ខ្ពង់ខ្ពស់ ក្លៀវក្លា ជាព្រះជិនស្រី យើងខ្ញុំបៀតបៀនហើយ យើងខ្ញុំទាំងអស់គ្នា​នឹងវិនាស យើងខ្ញុំនឹងញុំាងព្រះសយម្ភូ ជាមុនីអង្គនោះ ឲ្យអត់ទោស។ ប្រសិនបើយើងខ្ញុំ នឹងមិនបានញុំាងព្រះពុទ្ធ ដែលមានខ្លួនទូន្មានហើយ មានព្រះហឫទ័យ​ខ្ជាប់ខ្ជួននោះ ឲ្យអត់ទោសទេ ដែនរបស់យើងខ្ញុំ មុខជាវិនាសថយពីថ្ងៃទី ៧ ទៅមិនខាន។ ក្សត្រិយ៍ ៤ ព្រះអង្គ ព្រះនាមសុមេខលៈ ១ កោសិយៈ ១ សិគ្គវៈ ១ សត្តកៈ ១ ជាមួយ​នឹងពួកសេនា​នោះ បានបៀតបៀនឥសីទាំងឡាយ ហើយដល់នូវសេចក្តីវិនាស។ ពួកឥសីអ្នកសង្រួម ប្រព្រឹត្តព្រហ្មចរិយធម៌ ក្រោធខឹងក្នុងកាលណា រមែងធ្វើសត្វលោក ព្រមទាំងទេវលោក ទាំងសមុទ្រ និងភ្នំឲ្យវិនាសទៅបាន។ ខ្ញុំបានប្រជុំពួកបុរសក្នុងទី ៣ ពាន់យោជន៍ បានចូលទៅគាល់ព្រះសយម្ភូ ដើម្បីនឹងសម្តែងទោស។ ពួកបុរសទាំងពួង ស្លៀក​សំពត់ទទឹក មានក្បាលទទឹក ធ្វើក្រពុំម្រាមដៃ ក្រាបទៀបព្រះពុទ្ធ ហើយទូលថា បពិត្រព្រះអង្គមានព្យាយាមធំ សូមព្រះអង្គអត់ទោស (ព្រោះ) ជនសូមទោសនឹងព្រះអង្គ សូមព្រះអង្គរម្ងាប់ក្រវល់ក្រវាយ សូមព្រះអង្គកុំធ្វើដែន (របស់យើងខ្ញុំ) ឲ្យវិនាសឡើយ។ (ប្រសិនបើព្រះអង្គមិនអនុគ្រោះទេ) ពួកបុរសទាំងអស់ ព្រមទាំងទេព្តា និងមនុស្ស ទាំងអ្នកធ្វើទាន ទាំងអ្នកថែរក្សា គេនឹងយកញញួរដែក មកទម្លាយអម្បែងក្បាលយើងខ្ញុំ សព្វៗ កាល។ (ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា) ភ្លើងមិនឋិតនៅក្នុងទឹក ពូជមិនដុះលើថ្មភ្នំ ដង្កូវមិនឋិតនៅក្នុងឱសថ សេចក្តីក្រោធមិនកើតក្នុងព្រះពុទ្ធ។ ផែនដីមិនកម្រើក សមុទ្រ​សាគរប្រមាណមិនបាន អាកាសរកទីបំផុតគ្មាន យ៉ាងណាមិញ ព្រះពុទ្ធទាំងឡាយ មានព្រះហឫទ័យមិនរំជួយញាប់ញ័រ ក៏យ៉ាងនោះដែរ។ ព្រះពុទ្ធទាំងឡាយមាន​ព្យាយាមធំ មានខ្លួនទូន្មាន ទ្រងអត់ធន់ មានតបៈ ពួកបុគ្គលអ្នកអំណត់អត់ធន់ មិនមាន​ការលុះ​ក្នុងអគតិ។ ព្រះបច្ចេកសម្ពុទ្ធ ទ្រង់ពោលដូច្នេះហើយ ទើបរម្ងាប់​ក្រវល់ក្រវាយ​របស់ខ្ញុំ ហើយហោះទៅតាមអាកាសក្នុងទីចំពោះមុខមហាជន ក្នុងកាលនោះ។ បពិត្រព្រះ​អង្គមានព្យាយាម ព្រោះអំពើនោះហើយ បានជាខ្ញុំព្រះអង្គ ចូលទៅកាន់ភាព​ជាអ្នកថោក​ទាប លុះកន្លងជាតិនោះមកហើយ ក៏បានចូលទៅកាន់អភយបុរី គឺព្រះនិញ្វន។ បពិត្រ​ព្រះអង្គមានព្យាយាមធំ វេលានោះ ព្រះពុទ្ធបានញុំាងខ្ញុំព្រះអង្គ ដែលកំពុងក្តៅក្រហាយ នៅមិនទាន់រលត់ ឲ្យបន្ទោបង់ក្រវល់ក្រវាយចេញ ខ្ញុំព្រះអង្គ បានញុំាង​ព្រះសយម្ភូ​ឲ្យអត់ទោស។ បពិត្រព្រះអង្គមានព្យាយាមធំ ក៏ក្នុងថ្ងៃនេះ ព្រះអង្គបានញុំាងខ្ញុំព្រះអង្គ ដែលកំពុងក្តៅក្រហាយដោយភ្លើងទាំង ៣ ឲ្យរលត់ផង ញុំាងភ្លើងទាំង ៣ ឲ្យរលត់ផង ឥឡូវនេះ ខ្ញុំព្រះអង្គបានដល់នូវភាពត្រជាក់ហើយ។ លោកទាំងឡាយណា មានការតម្កល់​នូវសោតប្រសាទ លោកទាំងនោះ ចូរស្តាប់ខ្ញុំចុះ ខ្ញុំនឹងប្រាប់ប្រយោជន៍ដល់អ្នក ដូចជា​ចំណែកដែលខ្ញុំបានឃើញ។ ខ្ញុំបានមើលងាយព្រះ​សយម្ភូនោះ ដែលមានព្រះហឫទ័យ​ស្ងប់រម្ងាប់ មានព្រះហឫទ័យខ្ជាប់ខ្ជួន ដោយកម្មនោះហើយ បានជាក្នុងថ្ងៃនេះ ខ្ញុំមកកើត​ក្នុងកំណើតថោកទាប។ អ្នកទាំងឡាយ កុំឲ្យខណៈឃ្លាតទៅទទេ ព្រោះបុគ្គល​ដែលខណៈ​កន្លងហើយ រមែងសោកសៅ អ្នកទាំងឡាយគប្បីព្យាយាម ក្នុងប្រយោជន៍របស់ខ្លួន (ព្រោះ) ខណៈប្រាកដដល់​អ្នកទាំងឡាយហើយ។ ជនពួកខ្លះ បានថ្នាំក្អួត ជនពួកខ្លះ​បានថ្នាំ​បញ្ចុះ ជនពួកខ្លះ បានថ្នាំពិសដែលខ្លាំង ជនពួកខ្លះបានឱសថ។ ថ្នាំក្អួតសម្រាប់​ពួកបុគ្គលអ្នកប្រតិបត្តិ (នូវមគ្គ) ថ្នាំបញ្ចុះសម្រាប់ពួកបុគ្គលអ្នកឋិតនៅក្នុងផល ឱសថ​សម្រាប់​ពួកបុគ្គលអ្នក​បាននូវផល ជាអ្នកស្វែងរកបុញ្ញក្ខេត្ត។ ពិសដែលខ្លាំង សម្រាប់​បុគ្គលអ្នក​ប្រតិបត្តិខុស​ចាកសាសនា អាសិរពិសដែលមានពិសកាច តែងដុតនរៈនោះ​តែមួយដង។ ពិសដ៏​ខ្លាំងដែលបុគ្គលផឹកហើយ បៀតបៀនជីវិតបានតែមួយដង ឯបុគ្គល​អ្នកប្រតិបត្តិខុស​ចាកសាសនា រមែងក្តៅក្រហាយ អស់កោដិនៃកប្ប។ គេតែងឆ្លង​ចាកលោក ព្រមទាំងទេវលោក ដោយការអត់ធន់ ១ ដោយការមិនបៀតបៀន ១ ដោយមាន​ចិត្តមេត្តា ១ ហេតុនោះ បុគ្គលមិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះ។ ព្រះពុទ្ធ​ទាំងឡាយ មានព្រះហឫទ័យស្មើដោយផែនដី មិនជាប់ចំពាក់ក្នុងលាភ និងអលាភ ក្នុងការរាប់អាន ក្នុងការមើលងាយ ហេតុនោះ បុគ្គល មិនគប្បីឲ្យ​ឆ្គាំឆ្គងនឹង​ព្រះពុទ្ធ​ទាំងនោះ។ ព្រះមុនីមានហឫទ័យស្មើចំពោះសត្វទាំងពួង គឺទេវទត្ត ខ្មាន់ធ្នូ ចោរ​អង្គុលិមាល រាហុល និងដំរីធនបាល។ ព្រះពុទ្ធមិនមានសេចក្តីស្អប់ជនទាំងនុ៎ះ មិនមាន​សេចក្តីស្រឡាញ់​ជនទាំងនុ៎ះទេ មានព្រះហឫទ័យស្មើ ចំពោះជនទាំងអស់ គឺចំពោះខ្មាន់ធ្នូ និងចំពោះឱរស។ បុគ្គលបើឃើញសំពត់កាសាវៈ ជាទង់ជ័យរបស់ព្រះពុទ្ធ ដែលប្រឡាក់​ដោយលាមក ដែលគេចោលហើយក្នុងផ្លូវ គប្បីធ្វើអញ្ជលីថ្វាយបង្គំដោយត្បូង។ ព្រះសម្ពុទ្ធ​ទាំងឡាយ ដែលកន្លងទៅហើយក្តី ក្នុងបច្ចុប្បន្ននេះក្តី ក្នុងអនាគតក្តី តែង​បរិសុទ្ធដោយទង់ជ័យនេះ ព្រោះហេតុនោះ ព្រះសម្ពុទ្ធទាំងនុ៎ះ បុគ្គលគប្បីនមស្ការ។ ខ្ញុំចាំវិន័យដោយប្រពៃ គួរតាមអធ្យាស្រ័យរបស់ព្រះសាស្តាដោយហឫទ័យ ខ្ញុំតែងនមស្ការ​វិន័យនោះសព្វៗ កាល។ វិន័យជាទីអាស្រ័យ វិន័យជាទីឈរ ទាំងជាទីចង្រ្កមរបស់ខ្ញុំ ខ្ញុំតែងដេកនៅក្នុងវិន័យ វិន័យជាទីគោចរ របសខ្ញុំ។ បពិត្រព្រះអង្គមានព្យាយាមធំ ឧបាលិដល់នូវត្រើយក្នុងវិន័យផង ឈ្លាសវៃក្នុងសមថៈផង តែងថ្វាយបង្គំនូវព្រះបាទា​របស់​ព្រះសាស្តា។ ខ្ញុំព្រះអង្គនោះ នឹងត្រាច់ទៅអំពីស្រុកមួយ ទៅកាន់ស្រុកមួយ អំពីបុរីមួយទៅកាន់បុរីមួយ ហើយនមស្ការនូវព្រះសម្ពុទ្ធផង នូវភាពនៃធម៌ជាធម៌ដ៏ល្អផង។ ខ្ញុំព្រះអង្គដុតកិលេសទាំងឡាយហើយ ដក​ចោលនូវភពទាំងអស់ហើយ អាសវៈទាំងពួង​អស់រលីងហើយ ឥឡូវនេះ ភពថ្មី មិនមានទេ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់​របស់ព្រះពុទ្ធដ៏ប្រសើរ (នេះ) ជាដំណើរមកដោយល្អ វិជ្ជាទាំង ៣ ខ្ញុំព្រះអង្គបាន​សម្រេចហើយ សាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំព្រះអង្គក៏បានប្រតិបត្តិហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧបាលិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឧបាលិត្ថេរាបទាន។

អញ្ញាកោណ្ឌញ្ញត្ថេរាបទាន ទី៩

[៩] ខ្ញុំបានឃើញជាដំបូង នូវព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ព្រះអង្គជាច្បងក្នុង​លោក ជាអ្នក​ដឹកនាំសត្វលោក ទ្រង់ដល់នូវពុទ្ធភូមិ។ ពួកយក្សទាំងអស់មកជួបជុំគ្នា ចោមរោមធ្វើ​អញ្ជលី ថ្វាយបង្គំព្រះសម្ពុទ្ធ ទៀបគល់នៃពោធិព្រឹក្ស។ ពួកទេវតាទាំង​អស់នោះ មានចិត្ត​ត្រេកអរ សញ្ចរទៅឰដ៏អាកាស (ពោលថា) ព្រះពុទ្ធអង្គនេះ ទ្រង់បាន​ដល់ដោយលំដាប់ ទ្រង់កម្ចាត់បង់ងងឹត ដែលជាធម៌ធ្វើឲ្យខ្វាក់។ ពួកទេវតាទាំងអស់នោះ មានសេចក្តី​រីករាយ​ប្រព្រឹត្តទៅខាងមុខ សំឡេងកងរំពងដ៏ខ្លាំង ប្រព្រឹត្តទៅថា យើងទាំងឡាយនឹង​ដុតបំផ្លាញ​នូវពួកកិលេស ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ លុះខ្ញុំដឹងពាក្យរបស់ទេវតា​ទាំង​ឡាយ ដែលពោលដោយវាចា ហើយក៏ត្រេកអរ បានថ្វាយចង្ហាន់ជាដំបូង ដោយចិត្ត​ដែលត្រេកអរ។ ព្រះសាស្តា ព្រះអង្គប្រសើរក្នុងលោក ទ្រង់ជ្រាបបំណងរបស់ខ្ញុំ ទ្រង់គង់​ក្នុង​កណ្តាលនៃពួកទេវបរិស័ទ ហើយត្រាស់គាថាទាំងនេះថា

តថាគតចេញទៅទ្រង់ព្រះផ្នួសអស់ ៧ ថ្ងៃ ក៏បានដល់នូវពោធិញាណ ភត្តជាដម្បូងរបស់​តថាគតនេះ ញុំាងព្រហ្មចារីបុគ្គលឲ្យប្រព្រឹត្តទៅបាន។ បុគ្គលណា ចុះចាកឋានតុសិត មកកើតក្នុងមនុស្សលោកនេះ ហើយថ្វាយចង្ហាន់ដល់តថាគត តថាគតនឹងសម្តែងសរសើរ​បុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់តថាគតសម្តែងចុះ។ បុគ្គលនេះ នឹងបានសោយ​រាជ្យ​ជា​ស្តេចនៃទេវតា អស់ ៣០ ពាន់កប្ប នឹងគ្របសង្កត់​ទេវតាទាំងអស់ ហើយនៅគ្រប់គ្រង​ទេវលោក។ លុះច្យុតចាកទេវលោក មកកាន់អត្តភាព​ជាមនុស្ស នឹងបានជាស្តេចចក្រពត្តិ សោយរាជ្យក្នុងមនុស្សលោកនោះ អស់មួយពាន់ដង។ កន្លងទៅមួយសែនកប្ប ព្រះសាស្តា​​ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងបានត្រាស់ដឹងក្នុងលោក។ កុលបុត្រ​នោះ ច្យុតចាកទេវលោក មកកាន់អត្តភាព​ជា​មនុស្ស នឹងចេញចាកផ្ទះទៅបួស នៅអស់ ៦ វស្សា។ លំដាប់អំពីនោះមក ព្រះពុទ្ធនឹង​ទ្រង់សម្តែងនូវអរិយសច្ច ក្នុងវស្សាជា​គម្រប់ ៧ កុលបុត្រមានឈ្មោះថាកោណ្ឌញ្ញៈ នឹងបានធ្វើឲ្យជាក់ច្បាស់នូវធម៌ជាដម្បូង។

ខ្ញុំបួសតាមព្រះពោធិសត្វ ដែលចេញទៅទ្រង់ព្រះផ្នួសហើយ បានធ្វើសេចក្តី​ព្យាយាម​ដោយ​ប្រពៃ ខ្ញុំចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដុតបំផ្លាញ​នូវកិលេស​ទាំងឡាយ។ ព្រះសព្វញ្ញុពុទ្ធ លុះបានត្រាស់ដឹងក្នុងលោក ព្រមទាំងទេវលោកហើយ ទ្រង់យកសច្ចៈ​នេះទួងស្គរ គឺអមតនិញ្វន ក្នុងព្រៃធំដល់ខ្ញុំ។ ឥឡូវនេះ ខ្ញុំនោះបានដល់នូវអមតនិញ្វន ជាសន្តិបទដ៏ប្រសើរ ជាអ្នកមិនមានអាសវៈ ព្រោះកំណត់​ដឹងនូវអាសវៈទាំងពួង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអញ្ញាកោណ្ឌញ្ញត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អញ្ញាកោណ្ឌញ្ញត្ថេរាបទាន។

បិណ្ឌោលភារទ្វាជត្ថេរាបទាន ទី១០

[១០] កាលនោះ ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ជាព្រះសយម្ភូ ជាអគ្គបុគ្គល ស្តេចគង់នៅ​នា​ភ្នំចិត្តកូដ ដែលនៅពីខាងមុខនៃព្រៃហិមពាន្ត។ ខ្ញុំកើតជាស្តេចម្រឹគ (រាជសីហ៍) មាន​ជើង ៤ មានសភាពមិនចេះខ្លាច បាននៅនាភ្នំចិត្តកូដនោះ ដែលពួកជនជាច្រើន បានឮ​សម្លេង​នោះហើយ រមែងតក់ស្លុត។ ខ្ញុំកាន់ផ្កាឈូកដែលរីកល្អ ចូលទៅរកព្រះសម្ពុទ្ធ ព្រះអង្គប្រសើរជាងនរៈ ហើយបង្អោនចូលទៅបូជា ចំពោះព្រះសម្ពុទ្ធ ដែលទ្រង់ចេញ​អំពីសមាធិ។ គ្រានោះ ខ្ញុំនមស្ការព្រះសម្ពុទ្ធដ៏ប្រសើរ ព្រះអង្គខ្ពង់ខ្ពស់ជាងនរៈ ញុំាងចិត្ត​របស់ខ្លួនឲ្យជ្រះថ្លា ហើយបន្លឺឡើងនូវសីហនាទ ក្នុងទិសទាំង ៤។ ព្រះសម្ពុទ្ធ​ព្រះនាម​បទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គគួរទទួលនូវគ្រឿងបូជា ទ្រង់​គង់​លើអាសនៈរបស់ព្រះអង្គ ហើយត្រាស់​គាថាទាំងឡាយនេះ។

ពួកទេវតាទាំងអស់ បានដឹងនូវព្រះពុទ្ធដីកា របស់ព្រះសម្ពុទ្ធ ហើយក៏មកជួបជុំគ្នា (ដោយ​ពាក្យថា) ព្រះសម្ពុទ្ធដ៏ប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់ស្តេចមកហើយ ពួកយើងនឹង​ស្តាប់ធម៌នោះ។ ព្រះលោកនាយក ជាអ្នកប្រាជ្ញដ៏ប្រសើរ ព្រះអង្គឃើញកាលវែង ទ្រង់​សម្តែងសំឡេងរបស់ខ្ញុំ ក្នុងទីចំពោះមុខនៃទេវតាទាំងឡាយនោះ ដែលមានសេចក្តី​រីករាយ​​ប្រព្រឹត្តទៅខាងមុខ ដូច្នេះថា

ផ្កាឈូកនេះ ដែលស្តេចម្រឹគណា ថ្វាយហើយក្តី សីហនាទ ដែលស្តេចម្រឹគណា បន្លឺឡើង​ហើយក្តី តថាគតនឹងសម្តែងសរសើរនូវស្តេចម្រឹគនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគត​សម្តែងចុះ។ ស្តេចម្រឹគនោះ នឹងបានជាស្តេចចក្រពត្តិ ជាធំក្នុងទ្វីបទាំង ៤ បរិបូណ៌​ដោយកែវ ៧ ប្រការ ក្នុងកប្បទី ៨ អំពីកប្បនេះ។ ឯស្តេចចក្រពត្តិ (នោះ) ទ្រង់ព្រះនាម​បទុមៈ មានកម្លាំងច្រើន នឹងបានសោយរាជ្យ ជាធំលើផែនដី ប្រមាណ ៦៤។ កន្លងទៅ​មួយសែនកប្បទៀត ព្រះសាស្តា ព្រះនាមគោតមៈ ទ្រង់កើតក្នុងឱក្កាកត្រកូល នឹងបាន​ត្រាស់ដឹងក្នុងលោក។ កាលសាសនា ដែលព្រះសាស្តាព្រះនាមគោតម ទ្រង់ប្រកាស​ហើយ ស្តេចចក្រពត្តិនោះ នឹងកើតជាព្រាហ្មណ៍ នឹងចេញចាកភាពព្រាហ្មណ៍ ហើយទៅ​បួសក្នុងខណៈនោះ។ កុលបុត្រនោះ មានចិត្តបញ្ជូនទៅកាន់​ព្យាយាម មានចិត្តស្ងប់ មិន​មាន​ឧបធិក្កិលេស កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។ កុលបុត្រនោះ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វនក្នុង​សេនាសនៈ​ដ៏ស្ងាត់ ដែលប្រាសចាកជន ដ៏កុះករដោយម្រឹគសាហាវ។

បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់​ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបិណ្ឌោលភារទ្វាជត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បិណ្ឌោលភារទ្វាជត្ថេរាបទាន។

ខទិរវនិយរេវតត្ថេរាបទាន ទី១១

[១១] មានស្ទឹងមួយ ឈ្មោះភាគីរសី ហូរចេញអំពីព្រៃហិមពាន្ត (កាលនោះ) ខ្ញុំកើតជានាយ​ទូក​ក្នុងកំពង់មិនល្អ ជាកំពង់សម្រាប់ឆ្លងមកកាន់ត្រើយអាយ។ ព្រះសម្ពុទ្ធ​ជា​នាយក ព្រះនាម​បទុមុត្តរៈ ព្រះអង្គប្រសើរជាងសត្វជើងពីរ បម្រុងនឹងឆ្លងខ្សែ​ទឹកក្នុងស្ទឹង ជាមួយ​នឹង​ភិក្ខុសង្ឃមួយសែនអង្គ។ ខ្ញុំបានប្រមូលទូកជាច្រើនមក ហើយធ្វើ​ដំបូលទូក ដែលពួក​ជាងឈើតាក់តែងល្អហើយ ទៅទទួលព្រះនរាសភៈ។ ព្រះសម្ពុទ្ធ ទ្រង់ស្តេចមក​ឡើង​គង់លើទូក ព្រះសាស្តា ទ្រង់ឋិតត្រង់កណ្តាលទឹកស្ទឹង ហើយត្រាស់​គាថាទាំងនេះថា

បុគ្គលណា បានចម្លងព្រះសម្ពុទ្ធ ព្រមទាំងភិក្ខុសង្ឃ ជាអ្នកមិនមានអាសវៈ បុគ្គលនោះ​នឹង​ត្រេកអរក្នុងទេវលោក ដោយចិត្តជ្រះថ្លានោះឯង។ វិមានមានសណ្ឋាន​ដូចទូក ដែល​បុញ្ញកម្ម​ធ្វើល្អហើយ នឹងកើតដល់អ្នក វិមាននោះ នឹងទ្រទ្រង់នូវដំបូល ជាវិការៈនៃ​ផ្កាឰដ៏អាកាសសព្វៗ កាល។ ក្នុងកប្បទី ៥៨ បុគ្គលនោះ នឹងបានជា​ស្តេចចក្រពត្តិ​ព្រះនាមតារណៈ (ជាឥស្សរៈលើផែនដី) មានសមុទ្រទាំង ៤ ជាទីបំផុត ទ្រង់ឈ្នះ​សង្រ្គាម។ ក្នុងកប្បទី ៥៧ នឹងបានជាស្តេច ព្រះនាមចម្ពកៈ មានកម្លាំងច្រើន រុងរឿងដូច​ព្រះអាទិត្យកំពុងរះ។ ក្នុងកប្បទីមួយសែន ព្រះសាស្តា ព្រះនាមគោតម កើតក្នុងឱក្កាក​ត្រកូល នឹងត្រាស់ដឹងក្នុងលោក។ ស្តេចចម្ពកៈ (នោះ) ច្យុតចាកទេវលោក មកកាន់​អត្តភាព​ជាមនុស្ស នឹងកើតជាព្រាហ្មណ៍ឈ្មោះរេវតៈ។ រេវតកុមារនោះ ត្រូវ​កុសលមូល​ដាស់តឿន នឹងចេញចាកផ្ទះទៅបួសក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមគោតម។ រេវតភិក្ខុនោះ លុះបួសរួចហើយ ក្នុងកាលជាខាងក្រោយ ប្រកបសេចក្តីព្យាយាម ខំចម្រើន​វិបស្សនា កំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមាន​អាសវៈ នឹងបរិនិញ្វន។

សេចក្តីព្យាយាមរបស់ខ្ញុំ គួរដើម្បីនាំមកនូវធុរៈ ជាទីនាំមកនូវធម៌ដ៏ក្សេម ចាកយោគៈ ខ្ញុំទ្រទ្រង់រាងកាយ មានក្នុងទីបំផុត គឺបច្ឆិមជាតិ ក្នុងសាសនានៃព្រះសម្ពុទ្ធ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះខទិរវនិយរេវតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ខទិរវនិយរេវតត្ថេរាបទាន។

អានន្ទត្ថេរាបទាន ទី១២

[១២] ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ កាលស្តេចចេញអំពីទ្វារអារាម ហើយបង្អុរភ្លៀងគឺ​អមតៈ ញុំាងមហាជនឲ្យរលត់ទុក្ខ។ ពួកអ្នកប្រាជ្ញមួយសែននាក់ បានអភិញ្ញា ៦ ជាអ្នកមានឫទ្ធិធំ តែងហែហមព្រះសម្ពុទ្ធ ដូចស្រមោលអន្ទោលតាម​ប្រាណ។ (លំដាប់​នោះ) ខ្ញុំជិះលើកដំរី បានឃើញស្វេតច្ឆត្រ ដ៏ឧត្តមប្រសើរ មានសភាពសមរម្យ ដោយ​សរសៃសូត្រ ខ្ញុំក៏មានបីតិកើតឡើង។ ខ្ញុំចុះអំពីកដំរី ចូលទៅគាល់ព្រះនរាសភ​សម្ពុទ្ធ ខ្ញុំយក​ឆត្ររបស់ខ្ញុំ ជាវិការៈនៃកែវ បាំងថ្វាយព្រះសម្ពុទ្ធ​ដ៏ប្រសើរ។ ព្រះបទុមុត្តរៈ ព្រះអង្គ​ស្វែងរកគុណដ៏ធំ ទ្រង់ជ្រាបបំណងរបស់ខ្ញុំ ហើយទ្រង់​បញ្ឈប់កថានោះ ទើប​ត្រាស់​គាថាទាំងឡាយនេះថា

កុលបុត្រណា បានបាំងឆត្រ ដ៏ស្អិតស្អាងដោយគ្រឿងអលង្ការជាវិការៈនៃមាស តថាគត​នឹង​សម្តែងសរសើរកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ បុរសនេះ នឹងទៅអំពីលោកនេះហើយ នឹងគ្រប់គ្រងឋានតុសិត សោយទិព្វសម្បត្តិ មានពួកស្រី​អប្សរចោមរោម។ មិនតែប៉ុណ្ណោះ បុរសនេះ នឹងបានសោយរាជ្យ ជាស្តេចនៃទេវតា អស់ ៣៤ ដង នឹងបានជាធំជាងពួកនរៈ គ្រប់គ្រងផែនដី ៨ រយដង។ នឹងបានជាស្តេចចក្រពត្តិ អស់ ៥៨ ដង (រួចពីនោះ) នឹងបានសោយប្រទេសរាជ្យ ដ៏ធំទូលាយលើផែនដី​។ កន្លងទៅមួយសែនកប្បទៀត ព្រះសាស្តាព្រះនាមគោតម កើតក្នុង​ឱក្កាកត្រកូល នឹងបាន​ត្រាស់ដឹងក្នុងលោក។ បុរសនេះ នឹងបានជា​ព្រះញាតិផៅពង្សនៃព្រះពុទ្ធ ជាទង់ក្នុង​ត្រកូល​របស់ពួកសក្យៈ មាននាមថា​អានន្ទ ជាឧបដ្ឋាករបស់ព្រះពុទ្ធ ទ្រង់ស្វែងរកនូវ​គុណធំ។ នឹងជាអ្នកមានព្យាយាម មានប្រាជ្ញាចាស់ វាងវៃក្នុងសភាពជាពហុស្សូត ប្រព្រឹត្តឱនលំទោន មិនរឹងត្អឹង ទ្រទ្រង់នូវពុទ្ធវចនៈទាំងអស់។ អានន្ទនោះ នឹងផ្គង​ព្យាយាម មានចិត្ត​បញ្ជូនទៅកាន់សមាធិ មានចិត្តស្ងប់ មិនមានឧបធិក្កិលេស កំណត់ដឹង​អាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។

ហត្ថិនាគមាតង្គៈទាំងឡាយ មានអាយុ ៦០ ទើបថយកម្លាំង នៅក្នុងព្រៃ ចុះប្រេងដោយ​អាការ ៣ ប្រការ មានភ្លុកងដូច​ចន្ទោល មានភ្លៅដ៏មាំមួន។ ហត្ថិនាគទាំងអស់នោះ មានច្រើន​សែន ជាសត្វបណ្ឌិតមានឫទ្ធិច្រើន ក៏មិនហ៊ាន​មើលងាយព្រះ​ពុទ្ធនាគ។ ខ្ញុំនឹង​នមស្ការព្រះពុទ្ធនាគ ក្នុងបឋមយាម មជ្ឈិម​យាម និងបច្ឆិមយាម ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ​ បម្រើ​ព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំមានព្យាយាម មានប្រាជ្ញាចាស់ មានសតិ និងសម្បជញ្ញៈ ដល់នូវសោតាបត្តិផល វាងវៃក្នុងសេក្ខភូមិទាំង​ឡាយ។ ព្រោះហេតុដែល​ខ្ញុំបានសន្សំអំពើជាកុសល ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ទើបខ្ញុំបានដល់​នូវឧបដ្ឋាកភូមិនោះ ហើយជំនឿ (របស់ខ្ញុំ) ក៏តាំងនៅស៊ប់សួន ជាជំនឿមានផលច្រើន។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ ជាដំណើរមកប្រពៃហើយ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអានន្ទត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អានន្ទត្ថេរាបទាន។

ឧទ្ទាន

រឿងព្រះពុទ្ធ ១ ព្រះបច្ចេកសម្ពុទ្ធ ១ ព្រះសារីបុត្ត ១ កោលិតគឺព្រះមោគ្គល្លាន ១ ព្រះកស្សប ១ ព្រះអនុរុទ្ធ ១ ព្រះបុណ្ណត្ថេរ ១ ព្រះឧបាលិ ១ ព្រះកោណ្ឌញ្ញៈ ១ ព្រះបិណ្ឌោលភារទ្វារជៈ ១ ព្រះរេវតៈ ១ ព្រះអានន្ទជាបណ្ឌិត ១ ឯគាថា ៦៥០ សុទ្ធតែ​ជាគាថាពេញលេញទាំងអស់។

ចប់ អបទាន ពុទ្ធវគ្គ ទី១។

សីហាសនិយវគ្គ ទី២

សីហាសនទាយកត្ថេរាបទាន ទី១

[១៣] កាលព្រះលោកនាថព្រះនាមសិទ្ធត្ថៈ ព្រះអង្គប្រសើរជាងសត្វជើងពីរ ទ្រង់បរិនិញ្វន​ហើយ កាលពាក្យជាប្រធានគឺសាសនា ផ្សាយទៅហើយក្នុងជនច្រើន។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានកសាងសីហាសនៈ លុះកសាង​សីហាសនៈ​រួចហើយ ខ្ញុំធ្វើតាំងរង​ព្រះបាទទៀត។ កាលបើភ្លៀងបង្អុរចុះលើសីហាសនៈ ខ្ញុំក៏ធ្វើ​រោងលើសីហាសនៈនោះ ដោយចិត្តជ្រះថ្លានោះ ខ្ញុំបានទៅកើតក្នុងឋានតុសិត។ វេលានោះ វិមានមានបណ្តាយ ២៤ យោជន៍ ទទឹង ១៤ យោជន៍ ដែលបុញ្ញកម្ម​តាក់តែង​ឡើងសម្រាប់ខ្ញុំ។ ក្នុងវិមាននោះ មានកញ្ញា ៧ ពាន់ តែងចោមរោមខ្ញុំសព្វៗ កាល មានទាំងបល្ល័ង្កជាវិការៈនៃមាស ដែលបុញ្ញកម្មនិម្មិតល្អហើយ។ យានដំរី យានសេះ និងយានជាទិព្វ កើតឡើងសម្រាប់ខ្ញុំ ប្រាសាទ និងសិវិកា (អង្រឹង) កើតតាម​សេចក្តី​ប្រាថ្នាខ្ញុំ។ បល្ល័ង្កជាវិការៈនៃកែវមណី បល្ល័ង្កឯទៀតជាច្រើន ជាវិការៈនៃឈើ បល្ល័ង្ក​ទាំងអស់នោះ កើតឡើងសម្រាប់ខ្ញុំ នេះជា​ផលនៃសីហាសនៈ។ ខ្ញុំតែងពាក់ទ្រនាប់​ជើង ជាវិការៈនៃមាស ជាវិការៈនៃវត្ថុគាប់ចិត្ត ជាវិការៈនៃកែវផលិក និងជាវិការៈនៃ​កែវពៃទូរ្យ នេះជាផលនៃតាំងរងព្រះបាទ។ ព្រោះ​ហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ក្នុងកាលនោះ ខ្ញុំមិនស្គាល់​ទុគ្គតិឡើយ នេះជាផលនៃបុញ្ញកម្មនោះ។ ក្នុងកប្បទី ៧៣ អំពីភទ្ទកប្បនេះ ខ្ញុំបានកើត​ជាជនឈ្មោះឥន្ទៈ ៣ ដង ក្នុងកប្បទី ៧២ អំពីភទ្ទកប្បនេះ ខ្ញុំបានកើតជាជនឈ្មោះសុមនៈ ៣ ដង ក្នុងកប្បទី ៧០ អំពីភទ្ទកប្បនេះ ខ្ញុំបានកើតជាជនឈ្មោះវរុណៈ ៣ ដង ដែលជាស្តេចធំ ក្នុងទ្វីបទាំង ៤ បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះសីហាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សីហាសនទាយកត្ថេរាបទាន។

ឯកត្ថម្ភិកត្ថេរាបទាន ទី២

[១៤] ពួកគណៈធំ របស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ពួកជនទាំងនោះ បានដល់នូវ​ព្រះពុទ្ធជាទីពឹង ហើយជឿព្រះតថាគត។ ពួកជនទាំងពួង ជួបជុំប្រឹក្សាគ្នា ហើយធ្វើ​រោងថ្វាយ​ព្រះសាស្តា តែនៅខ្វះសសរ ១ ក៏នាំគ្នាជ្រើសរកក្នុងព្រៃធំ។ កាលនោះ ខ្ញុំឃើញ​ជនទាំងនោះក្នុងព្រៃហើយ ចូលទៅជិតជនទាំងនោះ ក៏ផ្គងអញ្ជលីសាកសួរ​ពួកនោះ។ ពួកឧបាសក អ្នកមានសីលទាំងនោះ ដែលខ្ញុំសួរហើយ ក៏ប្រាប់ថា ពួកយើង​ប្រាថ្នានឹងធ្វើរោង តែនៅខ្វះសសរ ១។ ខ្ញុំតបថា អ្នកទាំងឡាយ ចូរឲ្យសសរ ១ ដែល​ខ្វះមកខ្ញុំចុះ ខ្ញុំនឹងថ្វាយចំពោះព្រះសាស្តា ខ្ញុំនឹងនាំសសរមក សូមពួកឧបាសក​ទាំងនោះ កុំមានសេចក្តីខ្វល់ខ្វាយឡើយ។ ពួកឧបាសកទាំងនោះ មានចិត្តជ្រះថ្លា​ត្រេកអរហើយ នាំសសររបស់ខ្ញុំទៅ លុះត្រឡប់អំពីទីនោះវិញ ក៏មកកាន់ផ្ទះរៀងខ្លួន។ ក្នុងកាលនោះ កាលពួកគណៈ ដែលទើបនឹងទៅមិនទាន់យូរប៉ុន្មាន ខ្ញុំបានថ្វាយសសរ ខ្ញុំមានចិត្ត​ត្រេកអរហើយ បានលើកសសរជាដំបូង។ ដោយចិត្តជ្រះថ្លានោះ ខ្ញុំចូលទៅកាន់​វិមាន មានកំពស់ ៧ ជាន់ ដែលផុះឡើងសម្រាប់ខ្ញុំ។ ក្នុងកប្បទី ៥៥ ខ្ញុំកើតជាស្តេច ឈ្មោះ​យសោធរៈ កាលបើស្គរដែលគេកំពុងប្រគំ ខ្ញុំក៏ឲ្យគេបម្រើសព្វៗ កាល។ លំនៅរបស់ខ្ញុំ​ក្នុងទីនោះ មានកំពស់ ៧ ជាន់ ប្រកបដោយផ្ទះមានកំពូលដ៏ប្រសើរ មានសសរតែមួយ ជាទីរីករាយនៃចិត្ត។ ក្នុងកប្បទី ២១ ខ្ញុំកើតជាក្សត្រិយ៍ឈ្មោះឧទេនៈ លំនៅរបស់​ខ្ញុំក្នុងទីនោះ មានជាន់ ៧ ដែលគេតាក់តែងល្អហើយ។ ខ្ញុំកើតក្នុងកំណើត​ណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំតែងទទួលសេចក្តីសុខគ្រប់ប្រការ នេះជាផលនៃ​សសរមួយ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសសរ ក្នុងកាល​នោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសសរមួយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះឯកត្ថម្ភិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឯកត្ថម្ភិកត្ថេរាបទាន។

នន្ទត្ថេរាបទាន ទី៣

[១៥] ខ្ញុំបានថ្វាយសំពត់សម្បកឈើ ចំពោះព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ជាចំបង​ក្នុងលោក ទ្រង់ប្រកបដោយតាទិគុណ ជាព្រះសយម្ភូ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ ព្រះពុទ្ធ​ជានាយក ព្រះនាម​ជលជុត្តមៈ [ជាពាក្យផ្លាស់ប្តូរគ្នានឹងបទុមុត្តរៈ ព្រោះជលជុត្តមៈ ប្រែថា ជលជាតិដ៏ឧត្តម បទុមុត្តរៈ ប្រែថា ឈូកដ៏ឧត្តម។] ទ្រង់ព្យាកររឿងនោះប្រាប់​ខ្ញុំថា

អ្នកនឹងមានពណ៌សម្បុរដូចមាស ដោយការថ្វាយសំពត់នេះ។ អ្នកនឹងបានទទួល​សម្បត្តិ​ទាំងពីរប្រការ ត្រូវកុសលមូលដាស់តឿនហើយ នឹងបានជាប្អូននៃ​ព្រះមានព្រះភាគ ព្រះនាម​គោតម។ អ្នកនឹងមានសេចក្តីត្រេកអរដោយរាគៈ មាន​សេចក្តី​សុខជាប្រក្រតី មានសេចក្តីជាប់ចំពាក់ដោយចំណង់ក្នុងកាមទាំងឡាយ តែលុះ​ព្រះពុទ្ធ​ទ្រង់​ដាស់តឿន នឹងប្រែជាបុគ្គលស្ងប់ ហើយចេញបួសក្នុងកាលនោះ។ អ្នកលុះបួសហើយ ត្រូវកុសលមូល​ដាស់តឿន នឹងកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វនក្នុងទី​នោះ។ ក្នុងកប្បទីមួយសែន អ្នកនឹងបានជា​ព្រះរាជា ព្រះនាមចេលៈ ៤ ដង ក្នុងកប្បទី ៦០ ពាន់ នឹងបានកើតជាជន ឈ្មោះឧបចេលៈ ៤ ដង។ ក្នុងកប្បទី ៥ ពាន់ នឹងបានជាជន ឈ្មោះចេលៈ ៤ ដងទៀត ជាធំក្នុងទ្វីបទាំង ៤ បរិបូណ៌ដោយកែវ ៧ ប្រការ។

បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនន្ទត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ នន្ទត្ថេរាបទាន។

ចុល្លបន្ថកត្ថេរាបទាន ទី៤

[១៦] កាលនោះ ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលគ្រឿងបូជា គេច​ចេញចាក​គណៈ ទៅគង់ក្នុងព្រៃហិមពាន្ត។ គ្រានោះ ខ្ញុំនៅក្នុងអាស្រមនាព្រៃហិមពាន្ត បានចូលទៅ​គាល់ព្រះលោកនាយក ព្រះអង្គមានព្យាយាមធំ ដែលទ្រង់ទើបស្តេច​មកដល់ថ្មីៗ។ ខ្ញុំកាន់​ឆត្រជាវិការៈនៃផ្កា ហើយចូលទៅគាល់ព្រះនរាសភៈ ដែលកំពុង​ចូលសមាធិ ហើយបាន​ធ្វើឲ្យខូចសមាធិព្រះអង្គ។ ខ្ញុំផ្គងដៃទាំងពីរ ហើយថ្វាយឆត្រផ្កា ព្រះមានព្រះភាគជា​មហាមុនី ព្រះនាមបទុមុត្តរៈ ទ្រង់បានទទួល។ ពួកទេវតាទាំងអស់ មានចិត្តរីករាយ ចូលទៅ​កាន់ព្រៃហិមពាន្ត ពួកទេវតាទាំងនោះ បានញុំាងសាធុការឲ្យប្រព្រឹត្តទៅ (ហើយ​ពោលថា) ព្រះពុទ្ធមានបញ្ញាចក្ខុ នឹងធ្វើអនុមោទនា។ ទេវតាទាំងនោះ លុះពោលពាក្យ​នេះហើយ ក៏ចូលទៅគាល់ព្រះសម្ពុទ្ធដ៏ប្រសើរជាងនរៈ ដែលកំពុងបាំង​ឆត្រផ្កាឈូកដ៏​ឧត្តម​របស់ខ្ញុំឰដ៏អាកាស។

(ព្រះបទុមុត្តរៈត្រាស់ថា) តាបសបានលើកឆត្រប្រដាប់ដោយស្រទាប់ ៧ ថ្វាយ​តថាគត តថាគតនឹងសម្តែងសរសើរតាបសនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគត​សម្តែង​ចុះ។ តាបសនេះ នឹងសោយទេវរាជ្យ អស់ ២៥ កប្ប មួយទៀត នឹងបានជាស្តេចចក្រពត្តិ អស់ ៣៤ ដង។ តាបសនេះ បើអន្ទោលទៅកាន់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ផ្កាឈូក នឹងបាំងតាបសនោះ ដែលកំពុងឋិតនៅក្នុងទីវាល។ កន្លងទៅមួយសែនកប្ប ព្រះបរមសាស្តា ព្រះនាមគោតម ទ្រង់កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងក្នុងលោក។ លុះដល់សាសនា ដែលព្រះពុទ្ធព្រះនាមគោតម ទ្រង់ប្រកាស​ហើយ តាបសនោះ នឹងបាន​នូវអត្តភាពជាមនុស្ស ជាអ្នកប្រសើរក្នុងកាយ​ដ៏សម្រេច​ដោយចិត្ត។ មានបងប្អូនពីរនាក់ ឈ្មោះបន្ថកៈដូចគ្នា ទាំងពីរនាក់ នឹងបានទទួល​នូវប្រយោជន៍ដ៏ឧត្តម ហើយធ្វើ​ពុទ្ធសាសនា​ឲ្យរុងរឿង។

ខ្ញុំមានអាយុ ១៨ ឆ្នាំ បានចូលទៅកាន់ផ្នួស តែខ្ញុំមិនសម្រេចគុណវិសេស ក្នុង​សាសនាព្រះពុទ្ធជាសក្យបុត្រទេ។ គតិរបស់ខ្ញុំយឺត (ព្រោះ) ខ្ញុំបានមើលងាយគេ ក្នុងកាល​មុន ឯភិក្ខុជាបង ក៏បណ្តេញខ្ញុំថា លោកចូរទៅកាន់ផ្ទះរបស់ខ្លួនឥឡូវនេះចុះ។ ខ្ញុំនោះ ដែលត្រូវបងបណ្តេញចេញហើយ ក៏តូចចិត្ត បានទៅឈរអែបត្រង់ក្លោងទ្វារ​នៃអារាម​របស់សង្ឃនោះ ឥតមានសេចក្តីអាឡោះអាល័យក្នុងសមណភេទឡើយ។ គ្រានោះ ព្រះសាស្តាស្តេចមកដល់ទីនោះហើយ អង្អែលសីសៈរបស់ខ្ញុំ ចាប់ខ្ញុំត្រង់ដើមដៃ ហើយនាំ​ចូលទៅកាន់អារាមនៃសង្ឃវិញ។ ព្រះសាស្តាបានប្រទានសំពត់​ជូតជើងដល់ខ្ញុំ ហើយទ្រង់​ត្រាស់ដោយសេចក្តីអនុគ្រោះថា អ្នកចូរអធិដ្ឋានសំពត់ដ៏ស្អាត យ៉ាងនេះចុះ សំពត់នេះ​តថាគតអធិដ្ឋានហើយ ក្នុងទីដ៏សមគួរ។ ខ្ញុំក៏បានទទួលយកសំពត់នោះ ដោយដៃទាំងពីរ ហើយនឹកនូវកម្មដ្ឋាន មានផ្កាឈូកក្រហមជាអារម្មណ៍ ចិត្តរបស់ខ្ញុំក៏រួច​ស្រឡះ (ចាក​កិលេស) ក្នុងទីនោះ ខ្ញុំបានដល់អរហត្តផលហើយ។ ខ្ញុំបានដល់នូវ​បារមីញាណ​ក្នុងទី​ទាំងពួង ក្នុងកាយដ៏សម្រេចដោយចិត្ត ហើយកំណត់ដឹងអាសវៈ​ទាំងពួង ជាអ្នកមិនមាន​អាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះចុល្លបន្ថកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ចុល្លបន្ថកត្ថេរាបទាន។

បិលិន្ទវច្ឆត្ថេរាបទាន ទី៥

[១៧] កាលព្រះលោកនាថ ព្រះនាមសុមេធៈ ទ្រង់ជាអគ្គបុគ្គល ទ្រង់បរិនិញ្វន​ហើយ ខ្ញុំមាន​ចិត្តជ្រះថ្លា មានចិត្តរីករាយ បានធ្វើនូវការបូជាព្រះស្តូប។ ព្រះខីណាស្រព​ទាំងឡាយ​ណា ដែលបានអភិញ្ញា ៦ មានឫទ្ធិច្រើន នៅក្នុងទីនោះ ខ្ញុំក៏បានប្រជុំ​ព្រះខីណាស្រពទាំងនោះ ក្នុងទីនោះ ហើយបានធ្វើសង្ឃភត្ត។ កាលនោះ ព្រះថេរៈ​ឈ្មោះសុមេធៈ ជាឧបដ្ឋាករបស់ព្រះមានព្រះភាគព្រះនាមសុមេធៈ ព្រះថេរៈនោះ បាន​ធ្វើអនុមោទនា ក្នុងកាលនោះ។ ដោយចិត្តជ្រះថ្លានោះ ខ្ញុំបានចូលទៅក្នុងវិមាន ដែលមានស្រីអប្សរ ៨៦ ពាន់ កើតឡើងសម្រាប់ខ្ញុំ។ ពួកស្រីអប្សរនោះ ប្រព្រឹត្តតម្រូវចិត្តខ្ញុំ ដោយកាមទាំងពួងសព្វៗ កាល ខ្ញុំគ្របសង្កត់នូវពួកទេវតាដទៃ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ២៥ កាលនោះ ខ្ញុំបានជាស្តេចចក្រពត្តិ ឈ្មោះវរុណៈ មានភោជនដ៏បរិសុទ្ធ។ មនុស្សទាំងឡាយនោះ មិនបាច់សាបព្រោះពូជ មិនបាច់ភ្ជួរដោយនង្គ័ល តែងបរិភោគស្រូវ​សាលី ដែលដុះក្នុងទីមិនបាច់ភ្ជួរ។ ខ្ញុំសោយរាជ្យក្នុងអត្តភាពជាមនុស្សនោះហើយ ក៏បានទៅកាន់អត្តភាពជាទេវតាម្តងទៀត ការបរិបូណ៌ដោយភោគៈបែបនេះ ក៏កើតឡើង​សម្រាប់ខ្ញុំក្នុងកាលនោះ។ សត្វទាំងអស់ ទោះបីជាមិត្តក្តី មិនមែនជាមិត្តក្តី មិនដែល​បៀតបៀនខ្ញុំ ខ្ញុំរមែងជាទីស្រឡាញ់នៃសត្វទាំងពួង នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ៣០ ពាន់ ព្រោះហេតុដែលខ្ញុំបានឲ្យទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ​ឡើយ នេះជាផលនៃគ្រឿងក្រអូប និងគ្រឿងលាប។ ក្នុងភទ្ទកប្បនេះ ខ្ញុំបានជាស្តេច​ចក្រពត្តិ​មួយអង្គ ជាធំជាងជន មានអានុភាពច្រើន ជារាជឥសីមានកម្លាំងច្រើន។ ខ្ញុំនោះតាំង​នៅក្នុងសីល ៥ ហើយញុំាងពួកជនច្រើននាក់ឲ្យដល់នូវសុគតិ ខ្ញុំជាទី​ស្រឡាញ់នៃទេវតា​ទាំងឡាយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបិលិន្ទវច្ឆត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បិលិន្ទវច្ឆត្ថេរាបទាន។

រាហុលត្ថេរាបទាន ទី៦

[១៨] ខ្ញុំបានក្រាលកញ្ចក់ក្នុងប្រាសាទ ៧ ជាន់ ថ្វាយព្រះមាន​ព្រះភាគ​ព្រះនាម​បទុមុត្តរៈ ជាច្បងក្នុងលោក ទ្រង់ប្រកបតាទិគុណ។ ព្រះមហាមុនី ជាធំជាងសត្វជើងពីរ ព្រះអង្គ​ប្រសើរ​ជាងនរៈ មានពួកព្រះខីណាស្រពមួយពាន់អង្គ​ចោមរោម ស្តេច​ចូលទៅ​កាន់​គន្ធកុដិ។ ព្រះសាស្តាជាទេវតាប្រសើរជាងទេវតា ព្រះអង្គប្រសើរជាងនរៈ ទ្រង់ញុំាង​គន្ធកុដិ​​ឲ្យរុងរឿង ឋិតនៅក្នុងកណ្តាលភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងឡាយនេះថា

ទីសេយ្យាសន៍នេះ ដែលបុគ្គលណា ធ្វើឲ្យរុងរឿងហើយ ដូចកញ្ចក់ដែលគេក្រាល​ដោយ​ល្អល្អះ តថាគតនឹងសម្តែងសរសើរបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគត​សម្តែង​ចុះ។ ប្រាសាទណាមួយ ជាទីស្រឡាញ់ពេញចិត្ត ប្រាសាទទាំងនោះ សុទ្ធតែ​ជាវិការៈ​នៃមាស ទាំងជាវិការៈនៃកែវពៃទូរ្យ នឹងកើតឡើងសម្រាប់បុគ្គលនេះ។ បុគ្គលនោះនឹង​សោយរាជ្យជាធំជាងទេវតា អស់ ៦៤ ដង ក្នុងជាតិជាលំដាប់មក នឹងបានជាស្តេច​ចក្រពត្តិអស់មួយពាន់ដង ក្នុងកប្បទី ២១ នឹងបានជាស្តេចចក្រពត្តិ ព្រះនាមវិមលៈ។ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង ៤ ព័ទ្ធជុំវិញ ជាស្តេចឈ្នះ​សង្រ្គាម។ ទីក្រុង (របស់ព្រះបាទវិមលៈនោះ) ឈ្មោះ​រេណុវតី ដែលគេស្ថាបនាដោយឥដ្ឋ មានបណ្តាយ ៣០០ យោជន៍ ប្រកបដោយជ្រុង ៤។ ប្រាសាទឈ្មោះសុទស្សនៈ ប្រកប​ដោយផ្ទះ​កំពូលដ៏ប្រសើរ ស្អិតស្អាងដោយកែវ ៧ ប្រការ ដែលវិស្វករ​បានសាងថ្វាយ។ ទីក្រុងនោះ ស្ងប់ស្ងាត់ចាកសម្លេងទាំង ១០ ដ៏ដេរដាសដោយពួកវិជ្ជាធរ ដូចជាទី​ក្រុងឈ្មោះ​សុទស្សនៈ របស់ទេវតាទាំងឡាយដែរ។ កាលព្រះអាទិត្យរះឡើង ពន្លឺរបស់​ក្រុងនោះ នឹងរុងរឿងជានិច្ចដោយជុំវិញ អស់ចម្ងាយ ៨ យោជន៍។ ក្នុងកប្បទីមួយសែន ព្រះសាស្តា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹង​ក្នុងលោក។ កុលបុត្រនោះ នឹងច្យុតចាកឋានតុសិតនោះមកវិញ ត្រូវកុសលមូល​ដាស់តឿន បាន​មកកើតជាព្រះរាជ​ឱរសរបស់ព្រះមានព្រះភាគ ព្រះនាមគោតម។ កុលបុត្រនោះ ប្រសិនបើ​នៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្រពត្តិ តែមិនមានហេតុដែលឲ្យកុលបុត្តជាតាទិបុគ្គលនុ៎ះ បានដល់​នូវសេចក្តី​ត្រេកអរក្នុងផ្ទះឡើយ កុលបុត្រនោះនឹង​ចេញចាកផ្ទះទៅបួស ជាអ្នកមានវត្តល្អ នឹងបានជាព្រះអរហន្ត ឈ្មោះរាហុល។

ព្រះមហាមុនី ព្រះអង្គមានប្រាជ្ញាចាស់ បរិបូណ៌ដោយសីល ទ្រង់រក្សាខ្ញុំ ថែទាំខ្ញុំ ដូចជា​មេបក្សីត្រដេវវិចរក្សាស៊ុត ពុំនោះសោត ដូចជាមេចាមរីរក្សារោម។ ខ្ញុំបានដឹងធម៌​របស់​ព្រះគោតមសម្ពុទ្ធនោះ ត្រេកអរក្នុងសាសនា ហើយកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នក​មិន​មានអាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះរាហុលត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ រាហុលត្ថេរាបទាន។

ឧបសេនវង្គន្តបុត្តត្ថេរាបទាន ទី៧

[១៩] ខ្ញុំចូលទៅគាល់ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ព្រះអង្គជាឆ្នើមក្នុង​លោក អង់អាចជាងនរៈ ប្រសើរជាងនរៈ ដែលទ្រង់គង់នៅក្នុងញកភ្នំ។ គ្រានោះ ខ្ញុំបានឃើញផ្កា​កណិការរីក ក៏កាច់ផ្កានោះត្រង់ទង យកមកធ្វើប្រដាប់លើឆត្រហើយ បង្អោន​ចូលទៅ​ថ្វាយ​ព្រះសម្ពុទ្ធ។ ទាំងបានថ្វាយចង្ហាន់បិណ្ឌបាត ជាភោជនដ៏ល្អឧត្តម ញុំាងសមណៈ ៨ អង្គ គម្រប់ ៩ នឹងព្រះសម្ពុទ្ធ ឲ្យឆាន់ស្កប់ស្កល់ក្នុងទីនោះ។ ព្រះសយម្ភូមានព្យាយាមធំ ព្រះអង្គប្រសើរ ទ្រង់អនុមោទនាចំពោះការថ្វាយឆត្រ និងការថ្វាយចង្ហាន់ដ៏ប្រសើរនេះថា

ដោយចិត្តជ្រះថ្លានោះ បុគ្គលនេះ នឹងបានទទួលសម្បត្តិ គឺនឹងបានគ្រប់គ្រង​ទេវរាជ្យ ជាធំជាងទេវតាអស់ ៣០ ដង។ នឹងបានជាស្តេចចក្រពត្តិ អស់ ២១ ដង នឹង​បាន​គ្រប់គ្រងប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសំខេយ្យកប្ប។ ព្រះសម្ពុទ្ធ​ទាំងឡាយ ទ្រង់ត្រាស់ហៅបណ្ឌិតណា ជាអ្នកមានប្រាជ្ញាដូចផែនដី មានប្រាជ្ញាល្អ ថាជាអ្នកមាន​ប្រាជ្ញា​ល្អ បណ្ឌិតនោះ នឹងកើតក្នុងឱក្កាកត្រកូល ក្នុងកប្បទីមួយសែន​អំពីកប្បនេះ។ បណ្ឌិត​នុ៎ះ នឹងបានជាព្រះពុទ្ធព្រះនាមគោតម កាលបើសាសនា​នៃព្រះគោតមរុងរឿង បុគ្គល (អ្នកថ្វាយផ្កា) នោះ នឹងទៅកាន់អត្តភាពជាមនុស្ស ឈ្មោះឧបសេនៈ នឹងបាន​ជា​សាវ័ក​របស់ព្រះសាស្តាព្រះនាមគោតមនោះ។

គុណវិសេស ជាទីបំផុតរបស់ខ្ញុំកំពុងប្រព្រឹត្តទៅ ភពទាំងអស់ ខ្ញុំបានដក​ចោល​ហើយ ខ្ញុំ​បាន​ឈ្នះមារ ព្រមទាំងសេនារបស់មារ ហើយទ្រទ្រង់នូវរាងកាយ​ជាទីបំផុត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់​ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧបសេនវង្គន្តបុត្តត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧបសេនវង្គន្តបុត្តត្ថេរាបទាន។

ចប់ ភាណវារៈ ទី៣។

រដ្ឋបាលត្ថេរាបទាន ទី៨

[២០] ខ្ញុំបានថ្វាយដំរីដ៏ប្រសើរ មានភ្លុកងដូចចន្ទោល មានភ្លៅដ៏មាំមួន ដល់ព្រះមាន​ព្រះភាគ ព្រះនាមបទុមុត្តរៈ ជាឆ្នើមក្នុងលោក ព្រះអង្គមិនញាប់ញ័រ​ដោយលោកធម៌។ ដំរីនោះ មានស្វេត្រឆត្រសម្រាប់ប្រដាប់ មានពេទ្យសម្រាប់ព្យាបាល មានបុរសសម្រាប់​រក្សា ខ្ញុំកាត់ថ្លៃរបស់ទាំងអស់នោះ (លក់ចំណាយ) ធ្វើអារាមរបស់​សង្ឃ។ ខ្ញុំបានធ្វើ​ប្រាសាទ​អស់ប្រាក់ ៥៤ ពាន់ ធ្វើទានដូចជាទឹកជំនន់ដ៏ធំ ហើយវេរ​ថ្វាយព្រះមហេសី។ ព្រះសយម្ភូមានព្យាយាមធំ ជាបុគ្គលប្រសើរ ទ្រង់អនុមោទនា ញុំាងជនទាំងពួងឲ្យរីករាយ សម្តែងនូវអមតនិញ្វន។ ព្រះពុទ្ធជានាយក ព្រះនាមបទុមុត្តរៈ គង់ក្នុងភិក្ខុសង្ឃ ទ្រង់ព្យាករ​ទានរបស់ខ្ញុំនោះ ហើយសម្តែងគាថាទាំងឡាយនេះថា

កុលបុត្តនេះ បានធ្វើប្រាសាទអស់ប្រាក់ ៥៤ ពាន់ (ថ្វាយតថាគត) តថាគត​នឹងសម្តែង​នូវផលនៃទាន (របស់កុលបុត្តនុ៎ះ) អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ ផ្ទះមាន​កំពូល ចំនួន ១៨ ពាន់ នឹងកើតឡើងសម្រាប់កុលបុត្តនេះ ផ្ទះមានកំពូលទាំងនោះ សុទ្ធតែ​ជា​វិការៈនៃមាសទាំងអស់ កើតឡើងក្នុងវិមានដ៏ឧត្តម។ កុលបុត្តនេះ នឹងបាន​សោយ​ទេវរាជ្យ ជាធំជាងទេវតា អស់ ៥០ ដង នឹងបានជាស្តេចចក្រពត្តិ អស់ ៥៨ ដង។ ក្នុងកប្បទីមួយសែន ព្រះសាស្តាព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងក្នុង​លោក។ ខណៈនោះ កុលបុត្តនេះ នឹងច្យុតចាកទេវលោក ត្រូវកុសលមូលដាស់តឿន នឹងកើតក្នុងត្រកូលស្តុកស្តម្ភ មានភោគៈច្រើន។ កុលបុត្តនោះឈ្មោះ រដ្ឋបាល លុះកាល​ជាខាងក្រោយមក ក៏ចេញបួស ត្រូវកុសលមូលដាស់តឿន នឹងបានជាសាវ័ក​នៃ​ព្រះសាស្តា ព្រះនាមគោតមនោះ។ កុលបុត្តនោះឯង មានចិត្តបញ្ជូនទៅកាន់ព្យាយាម ជាអ្នកមានចិត្តស្ងប់ មិនមានឧបធិក្កិលេស កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមាន​អាសវៈ នឹងបរិនិញ្វន។

ខ្ញុំក្រោកទៅសាងផ្នួស លះចោលភោគសម្បត្តិ ខ្ញុំមិនមានសេចក្តីស្រឡាញ់​ភោគសម្ប័ទ ទុកដូចជាដុំទឹកមាត់។ សេចក្តីព្យាយាមរបស់ខ្ញុំ គួរនាំទៅនូវធុរៈ ជាទីនាំមក​នូវ​ធម៌ដ៏ក្សេម​ចាកយោគៈ ឥឡូវនេះ ខ្ញុំទ្រទ្រង់រាងកាយ ដែលជាទីបំផុតក្នុងសាសនា របស់ព្រះសម្មា​សម្ពុទ្ធ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះរដ្ឋបាលត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ រដ្ឋបាលត្ថេរាបទាន។

សោបាកត្ថេរាបទាន ទី៩

[២១] កាលខ្ញុំកំពុងតែសំអាតញកជិតភ្នំដ៏ឧត្តមប្រសើរ ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ទ្រង់ស្តេចមកកាន់សំណាក់ខ្ញុំ។ លុះខ្ញុំឃើញព្រះសម្ពុទ្ធស្តេចមកដល់ ក៏ក្រាលកម្រាល ហើយបូជាអាសនៈជាវិការៈនៃផ្កាចំពោះព្រះសម្ពុទ្ធ ជាលោកជេដ្ឋ ព្រះអង្គមិនញាប់ញ័រ​ដោយលោកធម៌។ ព្រះលោកនាយកព្រះនាមសិទ្ធត្ថៈ គង់លើ​បុប្ផាសនៈ ហើយជ្រាប​គតិរបស់ខ្ញុំ ទើបទ្រង់បន្លឺឡើងនូវអនិច្ចតាធម៌ថា សង្ខារទាំងឡាយ មិនទៀងទាត់ពិត មានការកើតឡើង និងការសូន្យទៅវិញជាធម្មតា លុះកើតឡើងហើយ រមែងរលត់ទៅវិញ ការរម្ងាប់នូវសង្ខារទាំងឡាយនោះបាន ទើបនាំមកនូវសេចក្តីសុខ។ ព្រះសព្វញ្ញុពុទ្ធ ព្រះអង្គជាឆ្នើមក្នុងលោក ជានរាសភៈ ជាអ្នកប្រាជ្ញ លុះទ្រង់​សម្តែងអនិច្ចតាធម៌​នេះចប់​ហើយ ទើបស្តេចហោះឡើងទៅឰដ៏អាកាស ដូចស្តេចហង្ស កាលហើរទៅឰដ៏អាកាស។ ខ្ញុំបានលះបង់នូវទិដ្ឋិរបស់ខ្លួន ហើយចម្រើននូវអនិច្ចសញ្ញា ខ្ញុំក៏បានចម្រើន អស់ ១ ថ្ងៃ ហើយធ្វើមរណកាលក្នុងទីនោះ។ ខ្ញុំសោយសម្បត្តិទាំងពីរ ត្រូវ​កុសលមូល​ដាស់តឿន ក៏បានដល់នូវបច្ឆិមភព ខ្ញុំចូលទៅកាន់កំណើតប្រកបដោយផល។ ខ្ញុំមានអាយុ ៧ ឆ្នាំ ខ្ញុំចេញចាកផ្ទះចូលទៅកាន់ផ្នួស បានដល់អរហត្តផល។ ខ្ញុំមាន​ព្យាយាម​តឹងរ៉ឹងណាស់ មានចិត្តបញ្ជូនទៅកាន់សមាធិ មានចិត្តតម្កល់ខ្ជាប់ល្អក្នុងសីល ញុំាងព្រះពុទ្ធជាមហានាគ​ឲ្យប្រោស​ប្រាណ ហើយបានឧបសម្បទា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុ​ដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​ការថ្វាយផ្កា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានចម្រើន​នូវអនិច្ចសញ្ញា ក្នុងកាលនោះ ការអស់អាសវៈក៏បានសម្រេចដល់ខ្ញុំ ដែលចម្រើន​សញ្ញានោះ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់​ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសោបាកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សោបាកត្ថេរាបទាន។

សុមង្គលត្ថេរាបទាន ទី១០

[២២] ខ្ញុំមានប្រាថ្នានឹងបូជានូវគ្រឿងបូជា កំពុងតាក់តែងភោជនទទួលពួកព្រាហ្មណ៍ បាន​ឋិតនៅក្នុងរោងដ៏ធំ។ គ្រានោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធព្រះនាមបិយទស្សី ព្រះអង្គមាន​យសធំ ទ្រង់ទូន្មានសត្វលោកទាំងពួង ព្រះអង្គជាព្រះសយម្ភូ ជាបុគ្គល​ដ៏ប្រសើរ។ ព្រះអង្គមានជោគ មានរស្មីរុងរឿង មានពួកសាវ័កចោមរោម កំពុង​ស្តេច​ទៅក្នុងផ្លូវ រុងរឿង​ដូចជាព្រះអាទិត្យ។ ខ្ញុំផ្គងអញ្ជលីហើយធ្វើចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បាន​និមន្ត​ព្រះអង្គ​ដោយ​ចិត្តថា សូមព្រះមហាមុនីស្តេចនិមន្តមក។ ព្រះសាស្តាប្រសើរ​ក្នុង​លោក ទ្រង់ជ្រាបបំណង​របស់ខ្ញុំហើយ ស្តេចចូលទៅកាន់ទ្វារផ្ទះរបស់ខ្ញុំ (ជាមួយ) និងព្រះខីណាស្រព​មួយពាន់​អង្គ។ (ខ្ញុំក្រាបទូលថា) បពិត្របុរសអាជានេយ្យ ខ្ញុំសូម​នមស្ការព្រះអង្គ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមនមស្ការព្រះអង្គ សូមព្រះអង្គស្តេចឡើង កាន់ប្រាសាទរបស់ខ្ញុំ ហើយគង់លើ​អាសនៈដ៏ប្រសើរ។ ព្រះសម្ពុទ្ធ​ ព្រះនាមបិយទស្សី ព្រះអង្គមានឥន្រ្ទិយទូន្មានហើយ ព្រះអង្គមានភិក្ខុព្រះខីណាស្រពជាបរិវារ ដែលមាន​ឥន្រ្ទិយទូន្មានហើយដែរ ព្រះអង្គឆ្លង​វដ្តសង្សារ ប្រសើរជាងពួកជនអ្នកឆ្លង ទ្រង់បាន​ឡើងកាន់ប្រាសាទ ហើយគង់លើអាសនៈ​ដ៏ប្រសើរ។ អាមិសៈណា ដែលខ្ញុំតាក់តែង​បម្រុងទុកក្នុងផ្ទះរបស់ខ្លួន ខ្ញុំមានចិត្តជ្រះថ្លា​ថ្វាយ​អាមិសៈនោះ ចំពោះព្រះពុទ្ធ​ដោយដៃ​ទាំងពីររបស់ខ្លួន។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្ត​ល្អ មានសេចក្តីត្រេកអរ ធ្វើអញ្ជលី​នមស្ការនូវព្រះពុទ្ធដ៏ប្រសើរថា ឱហ្ន៎ ព្រះពុទ្ធមាន​អានុភាពថ្លៃថ្លា។ បណ្តាភិក្ខុ ៨ អង្គ ដែលចូលមកកាន់ទីឆាន់ មានព្រះខីណាស្រព​ច្រើនអង្គនេះ ជាអានុភាពរបស់ព្រះអង្គ ខ្ញុំសូមដល់នូវព្រះអង្គជាទីពឹង។ ព្រះមានព្រះភាគ ព្រះនាមបិយទស្សី ជាច្បងក្នុងលោក ជានរាសភៈ គង់ក្នុងភិក្ខុសង្ឃ ហើយសម្តែង​គាថា​ទាំងនេះថា

កុលបុត្តណា បាននិមន្តព្រះសង្ឃ ជាអ្នកមានចិត្តត្រង់ មានចិត្តនឹងនួន ព្រម​ទាំងតថាគត​ជាព្រះសម្ពុទ្ធ ឲ្យឆាន់ស្កប់ស្កល់ អ្នកទាំងឡាយ ចូរស្តាប់តថាគត​សម្តែងចុះ។ កុលបុត្តនោះ​នឹងសោយទេវរាជ្យ អស់ ២៧ ដង កុលបុត្តនោះប្រារព្ធនូវកុសល​កម្ម របស់ខ្លួនហើយ នឹងរីករាយក្នុងទេវលោក។ កុលបុត្តនោះ នឹងបានជាស្តេច​ចក្រពត្តិ ១៨ ដង នឹងបាន​សោយប្រថពីរាជ្យ គ្រប់គ្រងផែនដីអស់ ៥០០ ដង។

ខ្ញុំចូលទៅក្នុងព្រៃធំ ជាអរញ្ញវ័ន ដែលពួកខ្លាអាស្រ័យនៅ ក៏តាំងព្យាយាម​ដុត​បំផ្លាញនូវ​ពួកកិលេស។ ក្នុងកប្បទី ១១៨ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិន​ដែល​ស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយភត្ត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុមង្គលត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សុមង្គលត្ថេរាបទាន។

ឧទ្ទាន

រឿងព្រះសីហាសនទាយកត្ថេរ ១ ព្រះឯកត្ថម្ភិកត្ថេរ ១ ព្រះនន្ទត្ថេរ ១ ព្រះចុល្លបន្ថកត្ថេរ ១ ព្រះបិលិន្ទវច្ឆត្ថេរ ១ ព្រះរាហុលត្ថេរ ១ ព្រះឧបសេនវង្គន្តបុត្តត្ថេរ ១ ព្រះរដ្ឋបាលត្ថេរ ១ ព្រះសោបាកត្ថេរ ១ ព្រះសុមង្គលត្ថេរ ១ ត្រូវជា ១០ រឿង ជាវគ្គគម្រប់ពីរ គាថាដែល​លោក​សម្តែងហើយ ក្នុងវគ្គនោះមាន ១៣៧ គាថា។

ចប់ សីហាសនិយវគ្គ ទី២។

សុភូតិវគ្គ ទី៣

សុភូតិត្ថេរាបទាន ទី១

[២៣] មានភ្នំមួយឈ្មោះនិសភៈ នៅជិតព្រៃហិមពាន្ត អាស្រមរបស់ខ្ញុំ ទាំង​បណ្ណសាលា​របស់ខ្ញុំ គេសង់ល្អហើយ ក្បែរភ្នំនោះ។ ក្នុងកាលនោះ ខ្ញុំជាជដិល ឈ្មោះកោសិយៈ មានតបៈ​ដ៏ឧក្រិដ្ឋ ប្រព្រឹត្តតែម្នាក់ឯង ឥតមានបុគ្គលជាទីពីរ អាស្រ័យ​នៅនាភ្នំនិសភៈ។ ខ្ញុំមិនបរិភោគផ្លែឈើ មើមឈើ និងស្លឹកឈើទេ ខ្ញុំចិញ្ចឹមជីវិត​ដោយផ្លែឈើជ្រុះឯង ក្នុងវេលាព្រឹក។ ខ្ញុំស៊ូលះបង់ជីវិត មិនញុំាងអាជីវៈឲ្យកម្រើក ខ្ញុំញុំាងចិត្តរបស់​ខ្លួនឲ្យ​រីករាយ ចៀសវាងនូវអនេសនៈ។ ចិត្តរបស់ខ្ញុំប្រកបដោយរាគៈ កើតឡើងក្នុងកាលណា ខ្ញុំពិចារណាដោយខ្លួនឯង ខ្ញុំតែម្នាក់ឯងទូន្មាននូវចិត្តនោះ ក្នុងកាលនោះថា អ្នកឯងនៅ​តែត្រេកអរក្នុងអារម្មណ៍ ដែលគប្បីត្រេកអរផង ប្រទុស្តក្នុង​អារម្មណ៍ដែលគប្បីប្រទុស្តផង វង្វេងក្នុងអារម្មណ៍ដែលគប្បីវង្វេងផង អ្នកចូរចៀសចេញ​ចាកព្រៃទៅ។ ប្រទេសនេះ ជាលំនៅរបស់ពួកបុគ្គលជាអ្នកស្អាត ដែលមិនមានមន្ទិល មាន​តបធម៌ អ្នកកុំប្រទុស្តទី​ស្អាតនេះឡើយ អ្នកចូរចៀសចេញចាកព្រៃទៅ។ បើអ្នកជាគ្រហស្ថ នឹងបាននូវគូប្រកប​ក្នុងកាលណា អ្នកកុំធ្វើជនទាំងពីរនាក់ឲ្យអាក់អន់ឡើយ (ក្នុងកាល​នោះ) អ្នកចូរចៀស​ចេញចាកព្រៃទៅ។ ឧសដែលគេដុតសាកសពហើយ ជារបស់ធ្វើ​កិច្ចមិនបានក្នុង​ទីណាមួយ គឺមិនបានការក្នុងស្រុក ឬក្នុងព្រៃ ព្រោះថាឧសនោះ គេមិនសន្មតថា​ជាឧសឡើយ យ៉ាងណាមិញ។ អ្នកឯងទុកដូចជាឧស ដែលគេ​ដុត​សាកសព គឺមិនមែន​ជាគ្រហស្ថ មិនមែនជាបព្វជិតសង្រួមទេ ជាមនុស្សផុតចាក​ភេទទាំងពីរ ក្នុងថ្ងៃនេះ អ្នកចូរចៀសចេញចាកព្រៃទៅ។ ក្រែងអ្នកគប្បីមានអំពើនុ៎ះឬ ព្រោះអ្នកណានឹងដឹង​នូវអំពើ​របស់អ្នកនេះ អ្នកនឹងនាំទៅនូវធុរៈ ចាកភាពនៃយើង ដែលជាអ្នកច្រើន​ដោយ​សេចក្តីខ្ជិលច្រអូស យ៉ាងឆាប់។ អ្នកប្រាជ្ញទាំងឡាយ នឹងខ្ពើម​រអើមអ្នក ដូចអ្នកក្រុង​ខ្ពើមរអើមវត្ថុមិនស្អាត ឥសីទាំងឡាយ នឹងកោះហៅអ្នក​មកចោទ​សព្វៗ កាល។ អ្នកប្រាជ្ញ​ទាំងឡាយ នឹងតិះដៀលអ្នកថា ជាមនុស្សប្រព្រឹត្ត​កន្លងសាសនា អ្នកកាលមិនបាន​នៅរួមជាមួយ (នឹងប្រាជ្ញទាំងឡាយ) តើនឹងរស់នៅ​ដូចម្តេច។ ដំរីមានកម្លាំងចូល​ទៅជិត​ដំរីដ៏ប្រសើរ មានអាយុ ៦០ ទើបថយកម្លាំង ចុះប្រេងដោយ​ចំណែក ៣ ហើយបណ្តេញដំរី (នុ៎ះ) ចាកហ្វូង។ ដំរីនុ៎ះ កាលត្រូវ​ដំរីមានកម្លាំង បណ្តេញ​ចេញចាកហ្វូងហើយ រមែងស្ងប់ស្ងៀម មិនបានសុខស្រួលទេ ជាសត្វដល់នូវសេចក្តីទុក្ខ ខូចចិត្ត សញ្ជប់សញ្ជឹង ញាប់ញ័រ យ៉ាងណា។ ពួកជដិល​នឹងបណ្តេញអ្នកឯង ដែលមាន​គំនិតអាក្រក់ចេញ អ្នកឯងត្រូវពួកជដិលទាំងនោះ បណ្តេញចេញហើយ រមែងស្ងប់ស្ងៀម មិនបានសុខ​ស្រួលទេ ក៏យ៉ាងនោះឯង។ អ្នកឯងកំពុងពោរពេញដោយសរ គឺសេចក្តីសោកឆេះ​រោលរាល ព្រោះសេចក្តីក្តៅ​ក្រហាយ​ទាំងថ្ងៃទាំងយប់ ដូចជាដំរី​ចុះប្រេង ដែលត្រូវដំរីមាន​កម្លាំងបណ្តេញចាកហ្វូង។ ជាតរូបក្លែងក្លាយ ចាយមិន​ដាច់ក្នុងទីណាមួយ យ៉ាងណា អ្នកឯងជាបុគ្គលសាបសូន្យ​ចាកសីល នឹងចាយមិនដាច់​ក្នុងទីណាមួយ យ៉ាងនោះដែរ។ អ្នកឯងកាលបើនៅគ្រប់គ្រង​ផ្ទះ នឹងរស់នៅដូចម្តេចបាន ព្រោះទ្រព្យជារបស់នៃមាតាក្តី ជារបស់នៃបិតាក្តី ដែលអ្នកបម្រុងទុក មិនមានទេ។ អ្នកឯង​លុះតែធ្វើការងារ​របស់ខ្លួន​ហើយ ញុំាងញើសក្នុងខ្លួនឲ្យហូរចេញ ទើបនឹងរស់នៅក្នុងផ្ទះ​បាន ហេតុនេះ ខ្ញុំសូមអង្វរ អ្នកកុំគាប់ចិត្តនឹងការងារនោះឡើយ។ ខ្ញុំឃាត់នូវចិត្តដែលដល់​នូវសេចក្តីសៅហ្មង ក្នុងទី​នោះ យ៉ាងនេះហើយ ខ្ញុំធ្វើនូវធម្មកថាផ្សេងៗ ហើយឃាត់​ចិត្តចាកអំពើអាក្រក់។ កាលបើខ្ញុំនៅដោយសេចក្តីមិនប្រហែស យ៉ាងនេះ ៣០ ពាន់ឆ្នាំរបស់ខ្ញុំ កន្លងហើយ​ក្នុងព្រៃ។ ព្រះបទុមុត្តរសម្ពុទ្ធ ទ្រង់ឃើញខ្ញុំ ជាអ្នកស្វែង​រកនូវប្រយោជន៍ដ៏ឧត្តម ដោយ​សេចក្តីមិនប្រហែស ហើយស្តេចមកកាន់សំណាក់នៃខ្ញុំ។ កាលនោះ ព្រះពុទ្ធមានពន្លឺដូច​ជាសម្បុរនៃផ្លែទន្លាប់ នឹងប្រមាណមិនបាន មិនមាន​គ្រឿងប្រៀប មិនមានរូបដទៃប្រាកដ​ស្មើដោយព្រះរូប (របស់ព្រះអង្គ) ទ្រង់ចង្រ្កមឰដ៏​អាកាស។ កាលនោះ ព្រះពុទ្ធមិនមានអ្វី​ប្រាកដ​ស្មើដោយញាណ ទ្រង់ចង្រ្កមឰដ៏អាកាស ដូចជាសាលព្រឹក្ស ដែលមានផ្ការីកល្អ ពុំនោះសោត ដូចផ្លេកបន្ទោរ ក្នុងចន្លោះនៃដុំពពក។ កាលនោះ ព្រះពុទ្ធទ្រង់​ចង្រ្កមឰដ៏អាកាស ដូចជាស្តេចសីហៈមិនមានសេចក្តីព្រឺព្រួច ឬដូចស្តេចដំរី ដែលគេហាត់​បាន​ហើយ ពុំនោះសោត ដូចស្តេចខ្លា ដែលមិនមាន​សេចក្តីខ្លាច។ គ្រានោះ ព្រះសម្ពុទ្ធ​មានរស្មីដូចមាសឆ្តោរឈ្មោះសិង្គិ ឬដូច​រងើកភ្លើង​ឧសគគីរ ពុំនោះសោត ដូចកែវមណី​មានរស្មីដ៏រុងរឿង ទ្រង់ចង្រ្កមឰដ៏អាកាស។ គ្រានោះ ព្រះសម្ពុទ្ធដូចភ្នំ​កៃលាស​ដ៏បរិសុទ្ធ ឬដូចព្រះចន្រ្ទក្នុងថ្ងៃពេញបូណ៌មី ពុំនោះសោត ដូច​ព្រះអាទិត្យ​តាំងនៅក្នុងទី​ពាក់​កណ្តាល (ថ្ងៃត្រង់) ទ្រង់ចង្រ្កមឰដ៏អាកាស។ គ្រានោះ ខ្ញុំឃើញ​ព្រះសម្ពុទ្ធ ដែលកំពុង​ចង្រ្កមឰដ៏អាកាស ក៏គិតយ៉ាងនេះថា សត្វនេះជាទេវតាឬ ឬថាសត្វនេះជាមនុស្ស។ នរៈបែបនេះលើផែនដី ខ្ញុំមិនដែលឮ មិនដែលឃើញ ទំនងជា​មានចំណែកនៃមន្ត សត្វនេះ​ប្រហែលជាសាស្តា។ ខ្ញុំលុះគិតយ៉ាងនេះហើយ ក៏ញុំាងចិត្ត​របស់​ខ្លួនឲ្យជ្រះថ្លា គ្រានោះ ខ្ញុំប្រមូលផ្កាផ្សេងៗ និងគ្រឿងក្រអូប។ ខ្ញុំក្រាលបុប្ផាសនៈ​ដ៏វិចិត្រល្អ ដែលជាទីរីករាយ​នៃចិត្ត ហើយពោលពាក្យនេះទៅរកព្រះមានព្រះភាគ ជាសារថីនៃនរជនដ៏ប្រសើរថា បពិត្រ​ព្រះអង្គមានព្យាយាម អាសនៈដែលខ្ញុំព្រះអង្គក្រាល​ហើយនេះ សមគួរដល់ព្រះអង្គ សូមព្រះអង្គញុំាងចិត្តខ្ញុំព្រះអង្គឲ្យរីករាយ ហើយគង់លើ​អាសនៈជាវិការៈនៃផ្កា។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ជាវិការៈនៃផ្កា​ដ៏ប្រសើរ​នោះ អស់ ៧ យប់ ៧ ថ្ងៃ ដូចជាកេសររាជសីហ៍ ឥតតក់ស្លុតឡើយ ខ្ញុំបានឈរនមស្ការ អស់ ៧ យប់ ៧ ថ្ងៃ។

ព្រះសាស្តា ព្រះអង្គប្រសើរក្នុងលោក ទ្រង់ចេញចាកសមាធិ កាលនឹងទ្រង់សម្តែង​នូវអំពើរបស់ខ្ញុំ ទ្រង់ត្រាស់ដូច្នេះថា អ្នកចូរចម្រើននូវពុទ្ធានុស្សតិ ដែលជាគុណជាតិដ៏​ប្រសើរ ជាងការចម្រើននូវអនុស្សតិទាំងឡាយដទៃ។ លុះអ្នកចម្រើននូវពុទ្ធានុស្សតិនេះ​ហើយ នឹងបានញុំាងចិត្តឲ្យពេញ នឹងរីករាយក្នុងទេវលោក អស់ ៣០ ពាន់កប្ប។ អ្នកនឹងបានសោយទេវរាជ្យ ជាធំជាងទេវតា អស់ ៨០ ដង នឹងបានជាស្តេចចក្រពត្តិ ក្នុងដែនអស់មួយពាន់ដង។ នឹងបានជាស្តេចក្នុងប្រទេសដ៏ធំទូលាយ សោយនូវសម្បត្តិ​ទាំង​អស់នោះ រាប់បានមួយអសង្ខេយ្យកប្ប នេះជាផលនៃពុទ្ធានុស្សតិ។ អ្នកកាលបើ​អន្ទោលទៅក្នុងភពតូច និងភពធំ នឹងបាននូវភោគៈដ៏ច្រើន ការខ្វះខាត​ដោយភោគៈ​ទាំងឡាយរបស់អ្នក មិនមានឡើយ នេះជាផលនៃពុទ្ធានុស្សតិ។ លុះកន្លងទៅមួយ​សែនកប្ប ព្រះសាស្តា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹង​ឡើងក្នុង​លោក។ អ្នកនឹងលះចោលនូវទ្រព្យ ៨០ កោដិ និងពួកទាស​កម្មករជាច្រើន ហើយទៅ​បួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមគោតមនោះ។ អ្នកមានឈ្មោះថា​សុភូតិ នឹងញុំាងព្រះសម្ពុទ្ធ ព្រះនាមគោតម ទ្រង់ប្រសើរជាងពួកសក្យឲ្យប្រោសប្រាណ ហើយ​នឹង​បានជាសាវ័កនៃព្រះសាស្តា។ ព្រះគោតមសម្ពុទ្ធ ទ្រង់គង់ក្នុង​កណ្តាលនៃភិក្ខុសង្ឃ ហើយទ្រង់តាំងអ្នកថាជាភិក្ខុប្រសើរ ក្នុងឋានៈទាំងពីរ គឺក្នុងពួកនៃទក្ខិណេយ្យបុគ្គល ១ ក្នុងការនៅមិនមានកិលេស (ដោយធម្មទេសនា) ១។

ព្រះសម្ពុទ្ធជាអ្នកប្រាជ្ញ ជានាយក ព្រះនាមបទុមុត្តរៈ លុះត្រាស់នូវពាក្យនេះហើយ ទ្រង់ហោះ​ឡើងកាន់អាកាស ដូចស្តេចហង្ស ហើរទៅឰដ៏អាកាស។ ខ្ញុំដែលព្រះលោកនាថ ទ្រង់ប្រៀនប្រដៅហើយ ក៏មានចិត្តរីករាយ នមស្ការព្រះតថាគត ហើយចម្រើនពុទ្ធានុស្សតិ​ដ៏ឧត្តមសព្វៗ កាល។ ខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ បានទៅកើតក្នុង​តាវត្តឹង្សទេវលោក ដោយសារកុសលកម្ម ដែលខ្ញុំធ្វើល្អហើយនោះផង ដោយការតម្កល់​ចេតនា​នោះផង។ ខ្ញុំបានសោយទេវរាជ្យ ជា​ធំជាងទេវតា អស់ ៨០ ដង បានជា​ស្តេច​ចក្រពត្តិ អស់មួយ​ពាន់ដង។ ខ្ញុំសោយរាជ្យក្នុងប្រទេសដ៏ធំទូលាយ ជាសម្បត្តិ​ដ៏​ប្រពៃ រាប់បានមួយអសង្ខេយ្យជាតិ នេះជាផលនៃពុទ្ធានុស្សតិ។ ខ្ញុំកាលអន្ទោលទៅ ក្នុងភពតូច និងភពធំ តែងបាននូវភោគៈដ៏ច្រើន ការខ្វះខាតដោយភោគៈរបស់ខ្ញុំ មិនមានឡើយ នេះជាផលនៃពុទ្ធានុស្សតិ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រោះហេតុដែល​ខ្ញុំបានធ្វើនូវកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផល​នៃពុទ្ធានុស្សតិ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុភូតិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សុភូតិត្ថេរាបទាន។

ឧបវាណត្ថេរាបទាន ទី២

[២៤] ព្រះជិនស្រីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ដល់ត្រើយនៃធម៌ទាំងពួង រុងរឿងដូចគំនរ​ភ្លើង ទ្រង់បរិនិញ្វនហើយ។ មហាជនមកជួបជុំគ្នា បូជាព្រះតថាគត ធ្វើជើងថ្ករដ៏វិចិត្រ ហើយលើកតម្កល់ព្រះសរីរៈ។ ពួកមហាជនទាំងនោះ ព្រមទាំងទេវតា និងមនុស្ស លុះធ្វើ​ព្រះសរីរកិច្ចរួចហើយ ប្រមូលព្រះធាតុត្រង់កន្លែងជើងថ្ករនោះ មកធ្វើព្រះពុទ្ធស្តូប។ ជាន់ទី ១ ធ្វើដោយមាស ជាន់ទី ២ ធ្វើដោយកែវមណី ជាន់ទី ៣ ធ្វើដោយប្រាក់ ជាន់ទី ៤ ធ្វើដោយ​កែវផលិក។ ជាន់ទី ៥ នៃព្រះស្តូបនោះ ធ្វើដោយ​កែវទទឹម ជាន់ទី ៦ ធ្វើដោយ​កែវមរកត ខាងលើធ្វើដោយរតនៈគ្រប់យ៉ាង។ ទ្រនាប់ខ្សាច់ (នៃព្រះស្តូប) ធ្វើដោយ​កែវមណី បង្កាន់ដៃធ្វើដោយកែវ តួព្រះស្តូបធ្វើដោយ​មាស​សុទ្ធទាំងអស់ កំពស់ឡើងទៅ​លើមួយ​យោជន៍។ កាលនោះ ទេវតាមកជួបជុំគ្នា ត្រង់កន្លែង​នោះ ហើយប្រឹក្សា​ជាមួយគ្នាថា ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ជា​តាទិបុគ្គល។ ព្រះធាតុឥត​មាន​បែកខ្ញែក​ចេញពីគ្នា ព្រះសរីរធាតុនៅជាដុំមួយ (បើដូច្នោះ) ពួកយើងនឹងធ្វើព្រះស្តូប ស្រោបលើ​ព្រះពុទ្ធស្តូបនេះ។ ពួកទេវតាបាន​បង្កើនកំពស់​មួយយោជន៍ដទៃទៀត ដោយ​កែវ​ទាំង ៧ ប្រការ ព្រះស្តូបនោះទៅជាមាន​កំពស់ ២ យោជន៍ តែងកម្ចាត់បង់​នូវងងឹត​សព្វៗ កាល។ គ្រានោះ ពួកនាគមកជួបជុំគ្នា ត្រង់កន្លែង​ព្រះស្តូបនោះ ហើយប្រឹក្សា​ជាមួយគ្នាថា ពួកមនុស្ស និងទេវតា បានធ្វើព្រះស្តូប​ថ្វាយ​ព្រះពុទ្ធ។ ពួកយើងកុំប្រហែស​ឡើយ ព្រោះមនុស្ស និងទេវតាមិនប្រហែស បើដូច្នោះ ពួកយើងនឹងធ្វើព្រះស្តូបថ្វាយ​ព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល។ ពួកនាគទាំងនោះ​ប្រមូលកែវឥន្ទនីល កែវមហា​នីល ទាំងកែវមណី មានរស្មីរុងរឿង ក្នុងទីជាមួយគ្នា ហើយស្រោបព្រះពុទ្ធស្តូប។ ព្រះពុទ្ធចេតិយទាំងមូល ប្រដាប់ដោយ​កែវមណី មានកំពស់ ៣ យោជន៍ តែងផ្សាយ​ចេញនូវពន្លឺ ក្នុងកាលនោះ។ កាលនោះ ពួកគ្រុឌមកជួបជុំគ្នា ហើយ​ប្រឹក្សាជាមួយគ្នាថា ពួកមនុស្ស ទេវតា និងនាគទាំងឡាយ បានធ្វើព្រះស្តូប​ថ្វាយព្រះពុទ្ធ។ ពួកយើងកុំ​ប្រហែស​ឡើយ ព្រោះមនុស្ស និងទេវតា​ទាំងឡាយ មិនប្រហែស បើដូច្នោះ ពួកយើង​នឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ព្រះអង្គជា​តាទិបុគ្គល។ គ្រុឌទាំងនោះ​បានធ្វើ​ព្រះស្តូប ប្រដាប់ដោយកែវមណីសុទ្ធឲ្យជាគ្រឿងស្រោប មានទំហំប៉ុនគ្នា ពួកគ្រុឌ​ទាំងនោះ បានធ្វើពុទ្ធចេតិយឲ្យមានកំពស់​កើនមួយយោជន៍ទៀត។ ព្រះពុទ្ធស្តូបទៅជា​មានកំពស់ ៤ យោជន៍ រុងរឿង ញុំាងទិសទាំងអស់ឲ្យភ្លឺដូចព្រះអាទិត្យដែលរះឡើង។ កាលនោះ ពួកកុម្ភណ្ឌមកជួបជុំគ្នា ហើយប្រឹក្សាជាមួយគ្នាថា ពួកមនុស្ស ទេវតា នាគ និងគ្រុឌទាំងឡាយ បាននាំគ្នាធ្វើ​ព្រះស្តូបដ៏ថ្លៃថ្លា ថ្វាយព្រះពុទ្ធដ៏ប្រសើរផ្សេងៗ គ្នា ពួកយើងកុំធ្វេសប្រហែសឡើយ ព្រោះមនុស្ស និងទេវតាទាំងឡាយមិនប្រហែស បើដូច្នោះ ពួកយើងនឹងធ្វើព្រះស្តូប​ថ្វាយព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល ពួកយើង​នឹងស្រោបពុទ្ធចេតិយ ដោយ​កែវទាំងឡាយតទៅទៀត។ ពួកកុម្ភណ្ឌទាំងនោះ បាន​ធ្វើពុទ្ធចេតិយឲ្យកើនកំពស់​មួយយោជន៍ទៅទៀត ព្រះស្តូបទៅជាមានកំពស់ ៥ យោជន៍ តែងរុងរឿងក្នុងកាលនោះ។ លំដាប់នោះ ពួកយក្ខមកជួបជុំគ្នា ត្រង់កន្លែងព្រះស្តូបនោះ ហើយប្រឹក្សាជាមួយគ្នាថា ពួកមនុស្ស ទេវតា នាគ កុម្ភណ្ឌ និងគ្រុឌទាំងឡាយ បានធ្វើ​ព្រះស្តូបដ៏ថ្លៃថ្លា ថ្វាយព្រះពុទ្ធ​ដ៏ប្រសើរផ្សេងៗ គ្នា ពួកយើងកុំធ្វេសប្រហែសឡើយ ព្រោះ​មនុស្ស និងទេវតាទាំងឡាយ មិនប្រហែស ពួកយើងនឹងធ្វើព្រះស្តូបថ្វាយ​ព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល ពួកយើងនឹងស្រោបពុទ្ធចេតិយ ដោយកែវផលិក​តទៅ​ទៀត។ ពួកយក្ខទាំងនោះ បានធ្វើ​ពុទ្ធចេតិយឲ្យកើនកំពស់មួយយោជន៍ទៅទៀត ព្រះស្តូបទៅជា​មាន​កំពស់ ៦ យោជន៍ តែងរុងរឿងក្នុងកាលនោះ។ គ្រានោះ ពួកគន្ធព្វ​ប្រជុំប្រឹក្សាក្នុង​ទីជាមួយគ្នាថា ពួកមនុស្ស ទេវតា នាគ គ្រុឌ កុម្ភណ្ឌ និងយក្ខទាំងឡាយ ទាំងអស់គ្នា​បានធ្វើព្រះស្តូបថ្វាយព្រះពុទ្ធ ឯពួកយើងមិនបានធ្វើព្រះស្តូបក្នុងទីនោះឡើយ បើដូច្នោះ ពួកយើងនឹងធ្វើព្រះស្តូបថ្វាយ​ព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល។ ពួកគន្ធព្វ​ទាំងនោះ បានធ្វើថ្នាក់ ៧ ជាន់ ដរាបតាំងពីទ្រនាប់ខ្សាច់ឡើងទៅ បានធ្វើព្រះស្តូប​សុទ្ធតែជាវិការៈ​នៃមាសទាំងអស់ ក្នុងកាល​នោះ។ ព្រះស្តូបទៅជាមានកំពស់ ៧ យោជន៍តែងរុងរឿង ក្នុងកាលនោះ គេឥតដឹងថាយប់ថ្ងៃ ព្រោះពន្លឺមាននៅសព្វៗ កាល។ ព្រះចន្រ្ទ ព្រះអាទិត្យព្រមទាំង​ពួកផ្កាយ គ្របសង្កត់ពន្លឺព្រះស្តូបនោះមិនបាន ឯប្រទីប​រុងរឿង​តែក្នុងទីចម្ងាយ ១០០ យោជន៍ជុំវិញ។ ក្នុងកាលនោះ មនុស្សទាំងឡាយណាមួយ បូជាព្រះស្តូប មនុស្ស​ទាំងនោះមិនឡើងកាន់ព្រះស្តូប មនុស្សទាំងនោះ តែងបោះទៅ​ឰដ៏អាកាស។ មានយក្ខមួយ ឈ្មោះអភិសម្មតៈ ដែលពួក​ទេវតាតាំងទុកហើយ ចាំទទួលទង់ ឬកម្រងផ្កា​ឰដ៏ខាងលើ។ មនុស្សទាំងនោះ មិនឃើញយក្ខនោះទេ ឃើញ​តែកម្រងនៃផ្កា​អណ្តែតទៅ លុះឃើញកម្រងផ្កាទាំងនោះហើយ ក៏ដើរទៅ ពួក​មនុស្សទាំងអស់នោះឯង តែងទៅកាន់​សុគតិ។ ពួកមនុស្ស ទាំងអ្នកខុសក្នុងសាសនា ទាំងអ្នកជ្រះថ្លាក្នុងសាសនា ដែល​ចង់ឃើញបាដិហារ តែងបូជាព្រះស្តូប។ គ្រានោះ ខ្ញុំកើតជា​អ្នកកំសត់នៅក្នុងក្រុងហង្សវតី បានឃើញជនរីករាយហើយ ក៏គិតយ៉ាងនេះក្នុង​កាល​នោះថា ព្រះស្តូបដែលបញ្ចុះ​ព្រះសរីរធាតុ ប្រាកដដូចនេះ របស់ព្រះមានព្រះភាគ​អង្គណា ព្រះមានព្រះភាគអង្គនុ៎ះ មានបុណ្យដ៏លើសលុប ពួកជននេះមានចិត្តត្រេកអរ​ហើយ ចំពោះជនអ្នកធ្វើនូវសក្ការៈ រមែងមិនក្តៅក្រហាយ។ អាត្មាអញនឹងធ្វើសក្ការៈ ថ្វាយ​ព្រះលោកនាថ ជាតាទិបុគ្គលដែរ នឹងបានជាព្រះទាយាទក្នុងធម៌របស់​ព្រះលោកនាថ​អង្គនោះ ក្នុងកាលជាអនាគត។ ខ្ញុំក៏លើកឡើងនូវសំពត់របស់ជាងជ្រលក់ដែលបោក​គក់​យ៉ាងស្អាត ព្យួរនឹងចុងឫស្សី ហើយលើកឡើងជាទង់ឰដ៏អាកាស។ អភិសម្មតយក្ស រីករាយកាន់ទង់របស់ខ្ញុំ (ឋិតនៅ) ឰដ៏អាកាស ខ្ញុំឃើញទង់ដែលត្រូវខ្យល់បក់រវិចហើយ ក៏ញុំាងសេចក្តីរីករាយឲ្យកើត ដោយក្រៃលែង។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាចំពោះទង់នោះហើយ ក៏ចូលទៅរកព្រះសមណៈ ថ្វាយបង្គំទូលសួរនូវផលទង់នឹងភិក្ខុនោះ។

ភិក្ខុនោះសម្តែងនូវកិរិយាកើតឡើងនៃសេចក្តីត្រេកអរ និងបីតិរបស់ខ្ញុំ ប្រាប់ខ្ញុំថា អ្នកនឹង​បាន​ទទួលផលរបស់ទង់នោះសព្វៗ កាល។ សេនាមានអង្គ ៤ គឺ ដំរី សេះ រថ ពលថ្មើរជើង នឹងចោមរោមអ្នកអស់កាលជានិច្ច នេះជាផលនៃការថ្វាយទង់ ។ តូរ្យតន្រ្តី ៦០ ពាន់ និងស្គរដែលគេតាក់តែងយ៉ាងល្អ នឹងចោមរោមអ្នកអស់កាលជានិច្ច នេះជាផល​នៃការថ្វាយទង់។ ពួកនារី ៨៦ ពាន់ មានខ្លួនតាក់តែងយ៉ាងល្អ មានសំពត់ និងគ្រឿង​អម្ពរដ៏វិចិត្រ ពាក់កែវមណី និងកុណ្ឌល។ ពួកនារីទាំងនោះ មានមុខទូលាយ មានមុខ​ស្រស់ស្រាយ មានត្រគាកសាយ មានដងខ្លួនរៀវល្អ នឹងចោមរោមអ្នកអស់កាលជានិច្ច នេះជាផលនៃការថ្វាយទង់។ អ្នកនឹងរីករាយក្នុងទេវលោកអស់ ៣០ ពាន់កប្ប នឹង​បានសោយទេវរាជ្យ ជាធំជាងទេវតាអស់ ៨០ ដង។ នឹងបានជាស្តេចចក្រពត្តិ អស់​មួយពាន់ដង នឹងសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។ កន្លងទៅមួយសែនកប្ប ព្រះសាស្តាព្រះនាមគោតម ទ្រង់សម្ភពក្នុងឱក្កាកៈត្រកូល នឹង​ត្រាស់ដឹងក្នុងលោក។ អ្នកនឹងច្យុតចាកទេវលោកមក ត្រូវកុសលមូលដាស់តឿន ប្រកប​ដោយបុញ្ញកម្ម នឹងកើតជាព្រាហ្មណ៍។ អ្នកនឹងលះចោលទ្រព្យ ៨០ កោដិ និង​ទាសកម្មករជាច្រើន ហើយបួសក្នុងសាសនា របស់ព្រះមានព្រះភាគព្រះនាមគោតម។ អ្នកនឹងមានឈ្មោះថា ឧបវាណៈ ញុំាងព្រះសម្ពុទ្ធព្រះនាមគោតមដ៏ប្រសើរជាងពួកសក្យៈ ឲ្យប្រោសប្រាណ ហើយនឹងបានជាសាវ័ករបស់ព្រះសាស្តា។

កុសលកម្មដែលខ្ញុំធ្វើហើយ ក្នុងរវាងមួយសែនកប្ប បានឲ្យផលដល់ខ្ញុំ ក្នុងជាតិ​នេះ ខ្ញុំផុតស្រឡះហើយ (ចាកអាសវធម៌) ដូចសន្ទុះនៃព្រួញ (ដែលផុតស្រឡះចាកធ្នូ) ខ្ញុំដុតបំផ្លាញនូវកិលេសទាំងឡាយរបស់ខ្ញុំហើយ។ កាលដែលខ្ញុំកើតជាស្តេចចក្រពត្តិ ជា​ឥស្សរៈក្នុងទ្វីបទាំង ៤ ទង់ផុសឡើងក្នុងរវាង ៣ យោជន៍ដោយជុំវិញសព្វៗ កាល។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃការថ្វាយទង់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះឧបវាណត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឧបវាណត្ថេរាបទាន។

តីណិសរណាគមនិយត្ថេរាបទាន ទី៣

[២៥] ខ្ញុំជាអ្នកបម្រើមាតាបិតាក្នុងក្រុងចន្ទវតី មាតាបិតារបស់ខ្ញុំខ្វាក់ ខ្ញុំចិញ្ចឹម​លោកទាំង​នោះ ក្នុងកាលនោះ។ កាលនោះ ខ្ញុំទៅក្នុងទីស្ងាត់អង្គុយគិតយ៉ាងនេះថា អាត្មាអញកាល​ចិញ្ចឹមមាតាបិតា ក៏មិនបាននូវបព្វជ្ជា។ បុគ្គលទាំងឡាយដែល​ត្រូវងងឹតធំ​បិទបាំងហើយ រមែងឆេះដោយភ្លើង ៣ យ៉ាង គ្មានអ្នកណានីមួយជាអ្នកដឹកនាំ ក្នុងភព​ប្រាកដដូចនេះ​ទេ។ ឥឡូវនេះ ព្រះពុទ្ធត្រាស់ឡើងក្នុងលោកហើយ តែងញុំាង​សាសនាឲ្យរុងរឿង សត្វអ្នកប្រាថ្នាបុណ្យ អាចនឹងរើខ្លួនបាន។ ខ្ញុំដល់នូវត្រៃសរណគមន៍ ហើយ​រក្សាពេញ​លេញ មានមុខងាកចេញពីទុគ្គតិ ដោយសារអំពើដែលខ្ញុំធ្វើដោយ​ប្រពៃនោះ។ មាន​សមណៈមួយអង្គ ឈ្មោះនិសភៈ ជាអគ្គសាវ័ករបស់ព្រះពុទ្ធ ខ្ញុំ​បានចូលទៅ​រកព្រះនិសភៈ​នោះ ហើយទទួលនូវសរណគមន៍។ ក្នុងសម័យនោះ អាយុ (របស់សត្វ) មានប្រមាណ​មួយសែនឆ្នាំ ខ្ញុំបានរក្សាសរណគមន៍ ឲ្យពេញលេញ អស់កាល​ប៉ុណ្ណោះ​ដែរ។ ក្នុងកាល​ជាទីបំផុតកំពុងប្រព្រឹត្តទៅ ខ្ញុំរលឹករឿយៗ នូវសរណគមន៍​នោះ ខ្ញុំបាន​ទៅកាន់ឋាន​តាវត្តិង្ស ដោយសារកុសលកម្មដែលខ្ញុំបានធ្វើល្អហើយនោះ។ ខ្ញុំកាល​ទៅកើត​ក្នុង​ទេវលោក ដែលខ្ជាប់ខ្ជួនដោយបុញ្ញកម្ម បើចូលទៅកាន់ប្រទេសណាៗ រមែងបាននូវហេតុ ៨ ប្រការ (ក្នុងប្រទេសនោះៗ)។ គឺគេតែងបូជាខ្ញុំក្នុងទិសទាំងឡាយ ១ ខ្ញុំជាអ្នកមានប្រាជ្ញា​មោះមុត ១ ពួកទេវតាទាំងអស់រមែងប្រព្រឹត្តទៅ (តាមខ្ញុំ) ១ ខ្ញុំតែង​បាននូវភោគៈ​មានចំនួនរាប់មិនបាន ១។ ខ្ញុំមានសម្បុរដូចមាសក្នុងទីទាំងពួង ១ មាន​បញ្ញាវាងវៃ ១ មិនកម្រើកចាកមិត្រទាំងឡាយ ១ យសរបស់ខ្ញុំខ្ពង់ខ្ពស់ ១។ ខ្ញុំបាន​ជាធំជាងទេវតា សោយទេវរាជ្យ មានពួកស្រីអប្សរចោមរោម សោយសេចក្តី​សុខដ៏ជាទិព្វ អស់ ៨០ ដង។ បានជាស្តេចចក្រពត្តិ អស់ ៧៥ ដង សោយប្រទេសរាជ្យ​ដ៏ធំទូលាយ រាប់បានមួយ​អសង្ខេយ្យ​ជាតិ។ លុះដល់បច្ឆិមភព ខ្ញុំប្រកបដោយបុញ្ញកម្ម កើតក្នុងត្រកូល​មហាសាល​ដ៏ស្តុកស្តម្ភក្នុងក្រុងសាវត្ថី។ ខ្ញុំបរិបូរដោយល្បែង មានពួកទារក​ចោមរោម ចេញចាក​ទីក្រុងហើយ ចូលទៅកាន់អារាមរបស់សង្ឃ ក្នុងវេលាល្ងាច។ ក្នុងអារាមនោះ ខ្ញុំឃើញសមណៈ លោកផុតស្រឡះចាកកិលេស មិនមានឧបធិ លោកបាន​សម្តែង​ធម៌ដល់ខ្ញុំ ទាំងបានឲ្យសរណគមន៍ដល់ខ្ញុំ។ ខ្ញុំបានស្តាប់សរណគមន៍ បានរលឹកឃើញនូវ​សរណគមន៍របស់ខ្ញុំ ខ្ញុំអង្គុយលើអាសនៈមួយ ហើយបានដល់​អរហត្ត។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត បានដល់អរហត្ត ព្រះពុទ្ធមានចក្ខុ ជ្រាបនូវគុណ (របស់ខ្ញុំ) ហើយឲ្យឧបសម្បទាជាភិក្ខុដល់ខ្ញុំ។ ខ្ញុំបានដល់នូវសរណគមន៍ ក្នុងកប្ប​ប្រមាណ​មិនបាន អំពីភទ្ទកប្បនេះ ឯអំពើដែលខ្ញុំបានធ្វើហើយប៉ុណ្ណោះ បានឲ្យផលដល់ខ្ញុំ ក្នុងសាសនា​នេះ។ សរណគមន៍ ខ្ញុំបានរក្សាល្អហើយ ចិត្តខ្ញុំបានតាំងទុក​ល្អហើយដែរ ខ្ញុំបានទទួលនូវ​យសទាំងពួង ហើយដល់នូវព្រះនិញ្វន ជាធម្មជាតមិនមាន​ការញាប់ញ័រ។ អ្នកទាំងឡាយ​ណា មានការប្រុងត្រចៀកស្តាប់ អ្នកទាំងឡាយនោះ ចូរស្តាប់ខ្ញុំពោលចុះ ខ្ញុំនឹងសម្តែង​ប្រាប់​អ្នក​ទាំងឡាយនូវអត្ថ គឺបទដែលខ្ញុំឃើញដោយ​ខ្លួនឯង។ ព្រះសម្ពុទ្ធត្រាស់ដឹងហើយ​ក្នុងលោក សាសនាព្រះជិនស្រីកំពុងផ្សាយទៅ ស្គរគឺអមតនិញ្វន ជាគ្រឿងបន្ទោបង់នូវ​សរគឺសោក ព្រះអង្គទួងហើយ។ អ្នក​ទាំងឡាយគប្បីធ្វើនូវការកសាង​ក្នុងបុញ្ញក្ខេត្តដ៏​ប្រសើរ គួរ​តាមកម្លាំងរបស់ខ្លួនចុះ អ្នកទាំងឡាយនឹងឃើញនូវការរំលត់​ទុក្ខ។ អ្នក​ទាំងឡាយ​គួរទទួលត្រៃសរណគមន៍ រក្សាសីល ៥ ញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ នឹងធ្វើ​ទីបំផុតទុក្ខបាន។ អ្នក​ទាំងឡាយ គួរធ្វើនូវខ្ញុំឲ្យជាគ្រឿងប្រៀបធៀប ហើយរក្សាសីល​ទាំងឡាយ មិនយូរប៉ុន្មាន អ្នកទាំងឡាយគ្រប់គ្នានឹងបានដល់នូវព្រះអរហត្ត។ ខ្ញុំជាអ្នក​មានវិជ្ជា ៣ ជាអ្នកដល់នូវឫទ្ធិ ស្ទាត់ជំនាញក្នុងការកំណត់ដឹងនូវចិត្ត បពិត្រព្រះអង្គមាន​ព្យាយាមធំ ខ្ញុំជាសាវ័ករបស់ព្រះអង្គ សូមថ្វាយបង្គំចំពោះព្រះបាទព្រះសាស្តា។ ខ្ញុំព្រះអង្គបានដល់នូវព្រះពុទ្ធជាទីពឹង ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ (នេះ) ជាផលនៃការដល់នូវត្រៃសរណគមន៍។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់​ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះតីណិសរណាគមនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តីណិសរណាគមនិយត្ថេរាបទាន។

បញ្ចសីលសមាទានិយត្ថេរាបទាន ទី៤

[២៦] គ្រានោះ ខ្ញុំកើតជាបុរសអ្នកស៊ីឈ្នួល ក្នុងក្រុងចន្ទវតី ខ្ញុំរវល់តែនឹង​ការងាររបស់​ជន​ដទៃ មិនបាននូវបព្វជ្ជា។ ខ្ញុំគិតថា បុគ្គលទាំងឡាយ ដែលត្រូវងងឹត​ធំបិទបាំងហើយ រមែង​ឆេះដោយភ្លើង ៣ យ៉ាង អញគប្បីគេចចេញ​ដោយឧបាយ​ណាហ្ន៎។ អញជាមនុស្សកំព្រា ធ្វើនូវការឈ្នួល ទាំងទេយ្យធម៌របស់អញក៏មិនមាន បើដូច្នោះ គួរតែអញរក្សាសីល ៥ ឲ្យពេញលេញ។ មានព្រះថេរៈមួយអង្គឈ្មោះនិសភៈ ជាសាវ័ករបស់ព្រះមុនីព្រះនាម​អនោមទស្សី ខ្ញុំក៏ចូលទៅរកព្រះថេរៈអង្គនោះ ហើយ​ទទួលនូវសិក្ខាបទទាំង ៥។ ក្នុងសម័យនោះ អាយុ (របស់សត្វ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំរក្សាសីល ៥ ឲ្យបរិបូណ៌ អស់កាលប៉ុណ្ណោះដែរ។ លុះមរណកាលមកដល់ព្រមហើយ ទេវតាទាំងឡាយលួងលោម​ខ្ញុំថា នែអ្នកនិទ៌ុក្ខ រថដែលទឹមដោយសេះមួយពាន់នេះ មកប្រាកដដល់អ្នកហើយ។ កាលបើចិត្តជាខាងក្រោយ កំពុងប្រព្រឹត្តទៅ ខ្ញុំបានរលឹកនូវ​សីលរបស់ខ្ញុំ ខ្ញុំបានទៅកាន់​ឋាន​តាវត្តិង្ស ដោយសារអំពើដែលខ្ញុំធ្វើល្អហើយនោះ។ ខ្ញុំបានជាធំជាងទេវតា សោយ​ទេវរាជ្យ មានពួកស្ត្រីអប្សរចោមរោម សោយសេចក្តីសុខដ៏ជាទិព្វ អស់ ៣០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង បានសោយប្រទេសរាជ្យដ៏​ធំទូលាយរាប់​បានមួយ​អសង្ខេយ្យជាតិ។ ខ្ញុំច្យុតចាកទេវលោក ត្រូវកុសលមូលដាស់តឿន ក៏មកកើតក្នុង​ត្រកូល​មហាសាលដ៏ស្តុកស្តម្ភ ក្នុងក្រុងវេសាលី។ កាលសាសនារបស់ព្រះជិនស្រីកំពុងរុងរឿង មាតា និងបិតារបស់ខ្ញុំ បានទទួលនូវសិក្ខាបទទាំង ៥ ក្នុងកាលជិតចូលវស្សា។ ខ្ញុំបាន​ទទួល​សីលជាមួយ (នឹងមាតា) ហើយបានរលឹកឃើញនូវសីលរបស់ខ្ញុំ ខ្ញុំអង្គុយលើ​អាសនៈ​មួយ ហើយបានដល់នូវអរហត្ត។ ខ្ញុំមានអាយុ ៥ ឆ្នាំអំពីកំណើត បានដល់នូវ​អរហត្ត ព្រះពុទ្ធមានចក្ខុ ទ្រង់ជ្រាបនូវគុណ (របស់ខ្ញុំ) ហើយទ្រង់ឲ្យឧបសម្បទា​ជាភិក្ខុដល់ខ្ញុំ។ ខ្ញុំរក្សានូវសិក្ខាបទទាំង ៥ ពេញលេញ ខ្ញុំមិនដែលទៅកាន់​កំណើត​អសុរកាយ អស់កប្បនឹងប្រមាណមិនបាន អំពីភទ្ទកប្បនេះ។ ខ្ញុំនោះបានទទួលនូវយស ព្រោះហេតុនៃសីលទាំងនោះ ខ្ញុំកាលសម្តែងនូវកោដិនៃកប្ប គប្បីសម្តែងជាឯកទេស (មួយចំណែកៗ)។ ខ្ញុំរក្សាសីលទាំង ៥ ហើយបាននូវត្រៃហេតុ គឺខ្ញុំជាអ្នកមានអាយុវែង ១ មានទ្រព្យច្រើន ១ មានប្រាជ្ញាមោះមុត ១។ មួយទៀត ខ្ញុំសម្តែងនូវភាពនៃខ្លួនជា​បុរសដ៏ក្រៃលែងជាងជនទាំងពួង អន្ទោលទៅក្នុងភពតូច និងភពធំ ហើយតែង​បាននូវ​ឋានៈទាំងនុ៎ះ។ សាវ័កទាំងឡាយ របស់ព្រះជិនស្រី កាលប្រព្រឹត្តក្នុងសីល នឹងប្រមាណ​មិនបាន បើលោកនៅត្រេកអរក្នុងភព តើនឹងបានផលដូចម្តេចទៅ។ សីល ៥ ដែលខ្ញុំជា​អ្នកស៊ីឈ្នួលគេ មានព្យាយាមប្រព្រឹត្តល្អហើយ ខ្ញុំបានរួចចាកចំណងទាំងពួងក្នុងថ្ងៃនេះ ដោយសារសីលនោះ។ ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រោះហេតុដែល​ខ្ញុំរក្សាសីល ៥ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសីល ៥។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចសីលសមាទានិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បញ្ចសីលសមាទានិយត្ថេរាបទាន។

អន្នសំសាវកត្ថេរាបទាន ទី៥

[២៧] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថៈ មានព្រះវណ្ណៈដូចមាស មានលក្ខណៈ ៣២ ដ៏ប្រសើរ ប្រាកដស្មើដោយចេតិយមាស ដែលកំពុងស្តេចទៅក្នុងចន្លោះរានផ្សារ ព្រះអង្គ​ជា​ប្រទីបបំភ្លឺសត្វលោក មានគុណនឹងប្រមាណមិនបាន មិនមានបុគ្គលប្រៀបផ្ទឹម មាន​ឥន្ទ្រិយ​ទូន្មានហើយ ទ្រទ្រង់នូវរស្មីដ៏រុងរឿង ហើយក៏បាននូវបីតិដ៏ឧត្តម។ ខ្ញុំបានថ្វាយ​បង្គំព្រះសម្ពុទ្ធ ជាមហាមុនិ ហើយនិមន្តព្រះអង្គឲ្យឆាន់ គ្រានោះ ព្រះមុនិប្រកបដោយ​សេចក្តីករុណាចំពោះសត្វលោក ទ្រង់អនុមោទនាទានរបស់ខ្ញុំ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លា​ចំពោះ​ព្រះសម្ពុទ្ធអង្គនោះ ព្រះអង្គប្រកបដោយមហាករុណា ទ្រង់ជាអ្នកធ្វើនូវសេចក្តី​រីករាយ​ដ៏ក្រៃលែង ហើយខ្ញុំត្រេកអរក្នុងឋានសួគ៌អស់មួយកប្ប។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយចង្ហាន់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអន្នសំសាវកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អន្នសំសាវកត្ថេរាបទាន។

ធូបទាយកត្ថេរាបទាន ទី៦

[២៨] ខ្ញុំមានចិត្តជ្រះថ្លាបានថ្វាយធូប សម្រាប់អុជក្នុងកុដិ ចំពោះព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ ព្រះអង្គជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំចាប់​កំណើត​ណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំរមែងជាទីស្រឡាញ់របស់ជនទាំងពួង នេះជាផលនៃការថ្វាយធូប។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយធូប ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយធូប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះធូបទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធូបទាយកត្ថេរាបទាន។

បុឡិនបូជកត្ថេរាបទាន ទី៧

[២៩] ខ្ញុំកើបខ្សាច់ចាស់ចោល ហើយរោយរាយនូវខ្សាច់ថ្មីដ៏ស្អាត ត្រង់ខឿននៃពោធិព្រឹក្ស​របស់​ព្រះមានព្រះភាគព្រះនាមវិបស្សី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុ​ដែលខ្ញុំបានថ្វាយខ្សាច់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការ​ថ្វាយ​ខ្សាច់។ ក្នុងកប្បទី ៥៣ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ជាធំជាងជន មានកម្លាំង​ច្រើន ព្រះនាមមហាបុឡិនៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបុឡិនបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បុឡិនបូជកត្ថេរាបទាន។

ឧត្តិយត្ថេរាបទាន ទី៨

[៣០] គ្រានោះ ខ្ញុំកើតជាក្រពើនៅនាឆ្នេរស្ទឹង ឈ្មោះចន្ទភាគា ខ្ញុំកំពុងខ្វល់ខ្វាយរកចំណី​ដើម្បីខ្លួន ហើយបានទៅកាន់កំពង់ស្ទឹង។ សម័យនោះ ព្រះសយម្ភូព្រះនាមសិទ្ធត្ថៈ ជាបុគ្គលប្រសើរ ព្រះអង្គមានប្រាថ្នានឹងឆ្លងស្ទឹង ទ្រង់ស្តេចចូលទៅកាន់កំពង់នៃស្ទឹង​នោះ។ កាលព្រះសម្ពុទ្ធស្តេចមកដល់ហើយ ខ្ញុំក៏ចូលមកដល់ត្រង់កំពង់នោះដែរ លុះចូល​មកដល់ហើយ បានពោលវាចានេះនឹងព្រះសម្ពុទ្ធថា បពិត្រព្រះអង្គមានព្យាយាមធំ សូមព្រះអង្គឡើងកាន់ (ខ្នងរបស់ខ្ញុំ) ចុះ ខ្ញុំនឹងចំឡងព្រះអង្គ បពិត្រព្រះមហាមុនិ សូមព្រះអង្គអនុគ្រោះនូវវិស័យជារបស់នៃបិតា ដល់ខ្ញុំឲ្យទាន។ ព្រះមហាមុនិទ្រង់​ព្រះសណ្តាប់​នូវសម្រែករបស់ខ្ញុំហើយ ស្តេចឡើងកាន់ (ខ្នងរបស់ខ្ញុំ) ខ្ញុំមានចិត្តរីករាយ​ស្រស់ស្រាយ ចំឡងព្រះលោកនាយក។ ព្រះលោកនាយក ព្រះនាមសិទ្ធត្ថៈ ញុំាងខ្ញុំឲ្យ​ស្រស់ស្រាយឰដ៏ត្រើយខាងនាយនៃស្ទឹងនោះថា អ្នកនឹងដល់នូវព្រះនិញ្វន ឈ្មោះ​អមតៈ។ ខ្ញុំច្យុតចាកកាយនោះ បានទៅកាន់ទេវលោក មានពួកស្រីអប្សរចោមរោម សោយសេចក្តីសុខដ៏ជាទិព្យ។ ខ្ញុំបានជាធំជាងទេវតា សោយទេវរាជ្យ អស់ ៧ ដង ខ្ញុំបានជាស្តេចចក្រពត្តិ ជាធំលើផែនដី អស់ ៧ ដង។ ខ្ញុំប្រកបរឿយៗ នូវវិវេក ជាអ្នកមានប្រាជ្ញាចាស់ សង្រួមល្អ ទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងពុទ្ធសាសនារបស់​ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្ប ទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានចម្លងព្រះនរាសភៈ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការចំឡង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះឧត្តិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧត្តិយត្ថេរាបទាន។

ឯកញ្ជលិកត្ថេរាបទាន ទី៩

[៣១] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះនាមវិបស្សី មានព្រះវណ្ណៈដូចមាស ទ្រង់នាំនូវពួកដ៏​ប្រសើរ ជានរៈដ៏ក្លៀវក្លា ជាអ្នកដឹកនាំនូវសត្វលោកយ៉ាងវិសេស កំពុងស្តេចទៅក្នុង​ចន្លោះផ្សារ។ ខ្ញុំលុះឃើញព្រះសម្ពុទ្ធ ព្រះអង្គទូន្មាននូវបុគ្គលដែលមិនទាន់ទូន្មាន ជា​តាទិបុគ្គល មានវាទៈដ៏ប្រសើរ មានយោបល់ច្រើន ហើយមានចិត្តជ្រះថ្លា សោមនស្ស បានធ្វើអញ្ជលិកម្មម្តង (ចំពោះព្រះសម្ពុទ្ធនោះ)។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើអញ្ជលិ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​អញ្ជលិ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឯកញ្ជលិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកញ្ជលិកត្ថេរាបទាន។

ខោមទាយកត្ថេរាបទាន ទី១០

[៣២] គ្រានោះ ខ្ញុំកើតជាអ្នកជំនួញ នៅក្នុងក្រុងឈ្មោះពន្ធុមតី តែងចិញ្ចឹមភរិយាដោយរបរ​ជំនួញ​នោះ តែងបណ្តុះសម្ប័ទគឺពូជ។ ខ្ញុំបានថ្វាយសំពត់សម្បកឈើ ១ ដើម្បីប្រយោជន៍​ដល់កុសលចំពោះព្រះសាស្តាព្រះនាមវិបស្សី ព្រះអង្គស្វែងរកនូវគុណធំ ដែលកំពុងស្តេច​ទៅ​តាមថ្នល់។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយ​សំពត់​សម្បកឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសំពត់​សម្បក​ឈើ។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានជាក្សត្រ ១ អង្គ ឈ្មោះសិទ្ធវសន្ទនៈ ជាឥស្សរៈក្នុងទ្វីបទាំង ៤ ទ្រង់បរិបូណ៌ដោយកែវទាំង ៧។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះខោមទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ខោមទាយកត្ថេរាបទាន។

ឧទ្ទាន

រឿងព្រះសុភូតិ ១ ព្រះឧបវាណៈ ១ ព្រះតីណិសរណាគមនិយៈ ១ ព្រះបញ្ចសីលសមាទានិយៈ ១ ព្រះអន្នសំសាវកៈ ១ ព្រះធូបទាយកៈ ១ ព្រះបុឡិនបូជកៈ ១ ព្រះឧត្តិយៈ ១។ ព្រះឯកញ្ជលិកៈ ១ ព្រះខោមទាយកៈ ១ ត្រូវជា ១០ រឿង គាថាទាំងឡាយ (ដែលព្រះថេរៈទាំងនោះ) បានពោលហើយ ប្រមូលរួមទាំងអស់ ត្រូវជា ១៨៥ ក្នុងតតិយវគ្គ។

ចប់ សុភូតិវគ្គ ទី៣។

ចប់ ភាណវារៈ ទី៤។

កុណ្ឌធានវគ្គ ទី៤

កុណ្ឌធានត្ថេរាបទាន ទី១

[៣៣] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបម្រើព្រះសម្ពុទ្ធដ៏ប្រសើរ ព្រះអង្គជា​ព្រះសយម្ភូ ជាអគ្គបុគ្គល ទ្រង់គេចចេញចាកពួក សម្ងំនៅក្នុងកម្មដ្ឋានអស់ ៧ ថ្ងៃ។ ខ្ញុំដឹងនូវកាលដែលទ្រង់ចេញអំពីទីសម្ងំ ហើយខ្ញុំកាន់ចេកមួយស្និតធំ នាំចូលទៅថ្វាយ​ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ។ ព្រះមានព្រះភាគជាសព្វញ្ញូ ជាលោកនាយក ទ្រង់បានទទួល ព្រះមហាមុនី ញុំាងចិត្តរបស់ខ្ញុំឲ្យជ្រះថ្លា ទ្រង់សោយ (ចេកនោះ)។ លុះព្រះសម្ពុទ្ធ ទ្រង់ជាអ្នកដឹកនាំពួក ជាបុគ្គលប្រសើរផុត ទ្រង់សោយរួចហើយ គង់លើ​អាសនៈរបស់ព្រះអង្គ ហើយត្រាស់នូវគាថាទាំងឡាយនេះថា

ពួកយក្សណា ដែលមកជួបជុំនៅនាភ្នំនេះ និងពួកភូតទាំងពួង ដែលនៅអាស្រ័យក្នុងព្រៃ​នេះ (ពួកយក្ស និងភូតទាំងនោះ) ចូរស្តាប់ពាក្យរបស់តថាគតចុះ។ កុលបុត្រណា បានបម្រើនូវព្រះពុទ្ធ ព្រះអង្គដូចជាកេសររាជសីហ៍ ជាស្តេចនៃម្រឹគ តថាគតនឹងសម្តែង​សរសើរ​នូវ​កុលបុត្រនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែង។ កុលបុត្រនោះ នឹងបានជាស្តេចនៃទេវតា អស់ ១១ ដង នឹងបានជាស្តេចចក្រពត្តិ អស់ ៣៤ ដង។ កន្លងទៅមួយសែនកប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល ត្រាស់ដឹងក្នុងលោក។ កុលបុត្រនោះ នឹងបាននូវនាម (ថាកុណ្ឌធាន) ដោយវិបាក​នៃបាបកម្ម ព្រោះជេរនូវសមណៈទាំងឡាយ ជាអ្នកមានសីល មិនមានអាសវៈ។ កុលបុត្រ​ដែលឈ្មោះកុណ្ឌធាននោះ នឹងបានជាទាយាទក្នុងធម៌ របស់ព្រះពុទ្ធព្រះនាមគោតមនោះ នឹងជាព្រះឱរស ជាធម្មនិម្មិត ទាំងបានជាសាវ័ករបស់ព្រះពុទ្ធអង្គនោះ។

ខ្ញុំតែងប្រកបរឿយៗ នូវវិវេក ជាអ្នកមានឈាន ត្រេកអរក្នុងឈាន ញុំាងព្រះសាស្តាឲ្យ​ត្រេកអរ ជាអ្នកមិនមានអាសវៈ។ ព្រះជិនស្រី មានសាវ័កចោមរោម និងពួកភិក្ខុចោមរោម ទ្រង់គង់ក្នុងកណ្តាលភិក្ខុសង្ឃ ហើយញុំាងខ្ញុំឲ្យកាន់យកស្លាក។ ខ្ញុំធ្វើនូវចីវរឆៀងស្មាម្ខាង ហើយថ្វាយបង្គំព្រះលោកនាយក កាន់យកនូវស្លាកជាដម្បូង ក្នុងទីចំពោះព្រះភក្ត្រ​ព្រះសម្ពុទ្ធដ៏ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ។ ព្រះមានព្រះភាគ ញុំាងលោកធាតុ​មួយម៉ឺនឲ្យញាប់ញ័រ ទ្រង់គង់ក្នុងភិក្ខុសង្ឃហើយ តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ដោយសារ​អំពើនោះ។ សេចក្តីព្យាយាមរបស់ខ្ញុំ គួរដើម្បីនាំទៅនូវធុរៈ ជាទីនាំមកនូវធម៌​ដ៏ក្សេម​ចាកយោគៈ ខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកុណ្ឌធានត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កុណ្ឌធានត្ថេរាបទាន។

សាគតត្ថេរាបទាន ទី២

[៣៤] គ្រានោះ ខ្ញុំកើតជាព្រាហ្មណ៍ ឈ្មោះសោភិតៈ មានពួកសិស្សហែហម ដើរទៅកាន់​អារាម។ សម័យនោះ ព្រះមានព្រះភាគ ជាបុរសឧត្តម មានពួកភិក្ខុចោមរោម ស្តេចចេញ​អំពីទ្វារអារាម ហើយឋិតនៅ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធអង្គនោះ ព្រះអង្គមានឥន្រ្ទិយ​ទូន្មានហើយ មានសាវ័កដែលមានឥន្រ្ទិយទូន្មានហើយដែរជាបរិវារ ខ្ញុំក៏ញុំាងចិត្តរបស់ខ្លួន​ឲ្យជ្រះថ្លា ហើយពោលសរសើរព្រះលោកនាយកថា ពួកឈើទាំងអស់ណាមួយ ពួកឈើទាំងនោះ រមែងដុះលូតលាស់លើផែនដី យ៉ាងណាមិញ សត្វទាំងឡាយជាអ្នក​មាន​ប្រាជ្ញា តែងចម្រើនលូតលាស់ឡើងក្នុងសាសនារបស់ព្រះជិនស្រី ក៏យ៉ាងនោះ។ ព្រះអង្គជាអ្នកដឹកនាំពួក ជាសព្វញ្ញូ ស្វែងរកនូវគុណធំ សូមស្រោចស្រង់នូវពួកជន​ជាច្រើនអំពីផ្លូវខុស ហើយប្រាប់ផ្លូវត្រូវ។ ព្រះអង្គមានឥន្រ្ទិយទូន្មានហើយ ទាំងមានសាវ័ក ដែលមានឥន្រ្ទិយទូន្មានហើយ ចោមរោម ព្រះអង្គមានឈាន មានពួកអ្នកត្រេកអរ​ក្នុងឈាន អ្នកមានព្យាយាម និងអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន អ្នកមានចិត្ត​ស្ងប់រម្ងាប់ អ្នកមិនញាប់ញ័រដោយលោកធម៌ ចោមរោម។ ព្រះអង្គប្រដាប់ហើយ​ដោយ​ពួកបរិស័ទ ទ្រង់ល្អដោយបុណ្យ និងញាណ រស្មីរបស់ព្រះអង្គផ្សាយចេញដូចព្រះអាទិត្យ ដែលទើបនឹងរះឡើង។ ព្រះមហេសីជាសាស្តាព្រះនាមបទុមុត្តរៈ ទ្រង់ឋិតនៅក្នុងភិក្ខុសង្ឃ ឃើញខ្ញុំមានចិត្តជ្រះថ្លាហើយ ត្រាស់នូវគាថាទាំងឡាយនេះថា

ព្រាហ្មណ៍ណា ញុំាងសេចក្តីរីករាយឲ្យកើតឡើងហើយ ពោលសរសើរតថាគត ព្រាហ្មណ៍​នោះនឹងរីករាយក្នុងទេវលោក អស់សែននៃកប្បទាំងឡាយ។ ព្រាហ្មណ៍នោះលុះច្យុត​ចាក​ឋានតុសិតមក ត្រូវកុសលមូលដាស់តឿន នឹងបួសក្នុងសាសនា​របស់​ព្រះមានព្រះភាគ ព្រះនាមគោតម។ ព្រាហ្មណ៍នោះ បួសក្នុងសាសនាហើយ នឹងបាននូវសេចក្តីត្រេកអរ​រីករាយ មាននាមថាសាគតៈ នឹងបានជាសាវ័ករបស់ព្រះសាស្តានោះ។

ខ្ញុំលុះបួសរួចហើយ ក៏វៀរចាកបាបកម្មដោយកាយ លះបង់នូវវចីទុច្ចរិត ជម្រះ​សំអាត​នូវអាជីវបារិសុទ្ធិសីល។ ខ្ញុំកាលនៅយ៉ាងនេះ ជាអ្នកឈ្លាសវៃក្នុងតេជោធាតុ កំណត់​ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសាគតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សាគតត្ថេរាបទាន។

មហាកច្ចាយនត្ថេរាបទាន ទី៣

[៣៥] ខ្ញុំបានធ្វើចេតិយឈ្មោះបទុមៈ ជាវិការៈនៃផ្ទាំងថ្មលាបដោយទឹកមាស ថ្វាយ​ព្រះលោកនាថ ព្រះនាមបទុមុត្តរៈ។ ខ្ញុំលើកឆត្រជាវិការៈនៃកែវ និងផ្លិតរោមសត្វ ថ្វាយ​ព្រះពុទ្ធជាផៅពង្សនៃលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ គ្រានោះ ពួកភុម្មទេវតា​ទាំងអស់ទាំងប៉ុន្មាន បានមកប្រជុំគ្នាថា ព្រះលោកនាថ នឹងសម្តែងផលនៃអាសនៈ និងឆត្រជាវិការៈនៃកែវ។ ពួកយើងនឹងស្តាប់នូវផលទាំងពួងនោះ កាលបើព្រះសាស្តា​កំពុងសម្តែង ពួកយើងនឹងញុំាងសេចក្តីរីករាយ ឲ្យកើតដោយក្រៃលែង ក្នុងសាសនា​របស់​ព្រះសម្មាសម្ពុទ្ធ។ ព្រះសយម្ភូ ជាអគ្គបុគ្គល មានភិក្ខុសង្ឃចោមរោម ទ្រង់គង់លើ​អាសនៈ​មាសហើយ ត្រាស់នូវគាថាទាំងឡាយនេះថា

កុលបុត្រណា បានថ្វាយអាសនៈមាស ប្រដាប់ដោយកែវនេះ តថាគតនឹងសម្តែងសរសើរ​កុលបុត្រនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្រនោះនឹងបាន​ជាធំជាងទេវតា សោយទេវរាជ្យ អស់ ៣០ កប្ប នឹងមានរស្មីគ្របសង្កត់ទី ១០០ យោជន៍ ដោយជុំវិញ។ កុលបុត្រនោះ លុះត្រឡប់មកកាន់មនុស្សលោកវិញ នឹងបានជាស្តេច​ចក្រពត្តិ មាននាមថាបភស្សរៈ នឹងមានតេជះដ៏ខ្ពង់ខ្ពស់។ ព្រះបរមក្សត្រនោះ នឹងរុងរឿង​អស់ទី ៨ ហត្ថ ដោយជុំវិញទាំងថ្ងៃទាំងយប់ ដូចជាព្រះអាទិត្យរះឡើង។ កន្លងទៅមួយ​សែនកប្ប នឹងងមានព្រះសាស្តា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល ត្រាស់ដឹងក្នុង​លោក ។ កុលបុត្រនោះ ច្យុតចាកឋានតុសិតមក ត្រូវកុសលមូលដាស់តឿន នឹងបានជា​ព្រាហ្មណ៍ មាននាមកច្ចានៈ។ លុះកាលជាខាងក្រោយមក កច្ចានៈនោះចេញបួស នឹងបាន​ជា​អ្នកប្រាជ្ញ មិនមានអាសវៈ ព្រះគោតមជាប្រទីបក្នុងលោក ទ្រង់នឹងតាំង (កច្ចានៈនោះ) ក្នុងទីជាឯតទគ្គៈ។ កច្ចានៈនោះ នឹងសម្តែងនូវប្រស្នាដែលគេសួរយ៉ាងសង្ខេប ដោយ​ពិស្តារ​​បាន មួយវិញទៀត កច្ចានៈនោះ កំពុងសម្តែងនូវប្រស្នានោះ អាចនឹងបំពេញ​អធ្យាស្រ័យ (របស់អ្នកសួរ) បាន។ កុលបុត្រនោះ កើតក្នុងត្រកូលស្តុកស្តម្ភ ជាព្រាហ្មណ៍​ដល់នូវត្រើយនៃមន្ត លះបង់ទ្រព្យ និងស្រូវ ចូលទៅកាន់ផ្នួស។

កាលបើមានប្រស្នាដែលជនទាំងឡាយសួរដោយបំព្រួញ ខ្ញុំសម្តែងដោយពិស្តារ បំពេញ​អធ្យាស្រ័យនៃពួកជននោះ ខ្ញុំញុំាងព្រះសម្ពុទ្ធប្រសើរជាងសត្វជើងពីរ ឲ្យត្រេកអរ។ ព្រះសយម្ភូ ជាអគ្គបុគ្គល ព្រះអង្គមានព្យាយាមធំ ដែលខ្ញុំធ្វើឲ្យរីករាយហើយ ទ្រង់គង់ក្នុង​ភិក្ខុសង្ឃ ហើយទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកច្ចាយនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កច្ចាយនត្ថេរាបទាន។

កាឡុទាយិត្ថេរាបទាន ទី៤

[៣៦] គ្រានោះ ព្រះបទុមុត្តរសម្ពុទ្ធ ព្រះអង្គជាច្បងក្នុងលោក មិនញាប់ញ័រដោយ​លោកធម៌ ស្តេចយាងតាមផ្លូវឆ្ងាយត្រាច់ទៅកាន់ចារិក។ ខ្ញុំកាន់ផ្កាឈូក ផ្កាឧប្បល ផ្កាម្លិះ ដែលរីកស្គុះស្គាយ ទាំងយកចង្ហាន់ដ៏ថ្លៃថ្លា បង្អោនទៅថ្វាយព្រះសាស្តា។ ព្រះសម្ពុទ្ធ ព្រះអង្គមានព្យាយាមធំ ទ្រង់ឆាន់ចង្ហាន់ដ៏ប្រសើរ ជាភោជនដ៏ល្អរួចហើយ ទ្រង់កាន់នូវ​ផ្កាទាំងនោះ បង្ហាញដល់ប្រជុំជនថា

បុរសនោះ បានថ្វាយផ្កាឈូកណា ដល់តថាគត ផ្កាឈូកនេះ ដ៏ឧត្តម ជាទីប្រាថ្នា ជាទី​ត្រេកអរ (របស់ជន) ក្នុងលោក អំពើដែលគេធ្វើបានដោយកម្រ បុរសនោះ ក៏បានធ្វើ​ហើយ។ បុរសណា បានបូជាផ្កា ទាំងថ្វាយចង្ហាន់ដ៏ប្រសើរដល់តថាគត តថាគតនឹង​សម្តែង​សរសើរបុរសនោះ អ្នកទាំងឡាយ ចូរស្តាប់​តថាគតសម្តែងចុះ។ បុរសនោះ​នឹងបានសោយទេវរាជ្យ អស់ ១៨ ដង ឯផ្កាឧប្បល ផ្កាឈូក ផ្កាម្លិះ និងផ្កាដទៃក្រៅពីនោះ ដែលប្រកបដោយក្លិនដ៏ជាទិព្វ នឹងអណ្តែត ធ្វើឲ្យជាគ្រឿងប្រក់ឰដ៏អាកាសក្នុងខណៈនោះ ដោយផលនៃបុណ្យរបស់បុរសនោះ។ បុរសនោះ នឹងបានជាស្តេចចក្រពត្តិអស់ ២៥ ដង នឹងបានសោយរាជ្យលើផែនដី គ្រប់គ្រងផែនដីអស់ ៥០០ ដង។ កន្លងទៅមួយសែនកប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម ទ្រង់កើតក្នុងឱក្កាកត្រកូល ត្រាស់ដឹងក្នុងលោក។ បុរសនោះ មានកម្មរបស់ខ្លួនប្រារព្ធហើយ មានកុសលមូលដាស់តឿនហើយ នឹងបានកើត​ជាព្រះញាតិផៅពង្ស ជាអ្នកញុំាងពួកសក្យៈឲ្យកើតសេចក្តីត្រេកអរ។ លុះកាលជាខាង​ក្រោយមក បុរសនោះនឹងចេញបួស ត្រូវកុសលមូលដាស់តឿន កំណត់ដឹងនូវអាសវៈ​ទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។ ព្រះគោតម ព្រះអង្គជាផៅពង្ស​នៃសត្វ​លោក នឹងតាំងភិក្ខុនោះ ដែលដល់​បដិសម្ភិទាហើយ មានសោឡសកិច្ចធ្វើរួចហើយ ជាអ្នកមិនមានអាសវៈ ក្នុងទីជាឯតទគ្គៈ។ ភិក្ខុនោះតាំងព្យាយាម មានចិត្តបញ្ជូន​ទៅកាន់​ព្រះនិញ្វន មានចិត្តស្ងប់រម្ងាប់ មិនមានឧបធិ មាននាមថាឧទាយិ នឹងបានជាសាវ័ក​របស់​ព្រះសាស្តាអង្គនោះ។

ខ្ញុំកម្ចាត់បង់រាគៈ ទោសៈ មោហៈ មានះ និងមក្ខៈ កំណត់ ដឹងនូវអាសវៈទាំងពួង ជាអ្នក​មិនមាន​អាសវៈ។ មួយវិញទៀត ខ្ញុំមានព្យាយាម មានប្រាជ្ញាចាស់ បានញុំាង​ព្រះសម្ពុទ្ធ​ឲ្យត្រេកអរ ឯព្រះសម្ពុទ្ធ ដែលខ្ញុំបានធ្វើឲ្យជ្រះថ្លាហើយ ទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកាឡុទាយិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កាឡុទាយិត្ថេរាបទាន។

មោឃរាជត្ថេរាបទាន ទី៥

[៣៧] កាលនោះ ព្រះមានព្រះភាគព្រះនាមអត្ថទស្សី ជាព្រះសយម្ភូ ឥតមានបុគ្គលផ្ចាញ់​បាន មានភិក្ខុសង្ឃចោមរោម ស្តេចយាងទៅតាមថ្នល់។ ខ្ញុំមានពួកសិស្សហែហម​ដើរចេញ​អំពីផ្ទះ លុះចេញទៅ ក៏បានឃើញព្រះលោកនាយកត្រង់ទីនោះ។ ខ្ញុំធ្វើអញ្ជលី​លើសិរ្សៈ ថ្វាយបង្គំព្រះសម្ពុទ្ធ ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយពោលសរសើរ​ព្រះលោកនាយកថា ពួកសត្វមានរូបក្តី ឥតរូបក្តី ឥតសញ្ញាក្តី ទាំងប៉ុន្មាន ពួកសត្វ​ទាំងអស់នោះ តែងប្រជុំចុះខាងក្នុងញាណរបស់ព្រះអង្គ។ បុគ្គលណា បិទបាំងទឹក​ដោយសំណាញ់ មានក្រឡាញឹក ពួកសត្វណាមួយនៅក្នុងទឹក ពួកសត្វទាំងនោះ រមែងមាននៅខាងក្នុងសំណាញ់ (របស់បុគ្គលនោះដូចម្តេចមិញ)។ សត្វទាំងឡាយណា ដែលមានចេតនា ទោះបីមានរូបក្តី ឥតរូបក្តី ពួកសត្វទាំងអស់នោះ រមែងប្រជុំចុះ​ខាងក្នុងញាណរបស់ព្រះអង្គ (ដូច្នោះដែរ)។ ព្រះអង្គស្រោចស្រង់សត្វលោកនេះ ដែល​ច្រឡូក​ច្រឡំដោយងងឹត សត្វទាំងនោះស្តាប់នូវធម៌របស់ព្រះអង្គហើយ ឆ្លងនូវខ្សែទឹកគឺ​សេចក្តីសង្ស័យបាន។ សត្វលោកមានអវិជ្ជារួបរឹត មានងងឹតគ្របសង្កត់ហើយ នឹងកម្ចាត់​ងងឹតទាំងឡាយ ព្រោះញាណរបស់ព្រះអង្គដែលទ្រោលឡើង។ ព្រះអង្គមានចក្ខុ បន្ទោបង់​នូវងងឹតធំរបស់សត្វទាំងពួង ជនជាច្រើន លុះស្តាប់ធម៌របស់ព្រះអង្គហើយ នឹងបានសម្រេចព្រះនិញ្វន។ ខ្ញុំញុំាងភោជនឲ្យពេញ ដោយឃ្មុំផ្លិតដែលឥតមេ ហើយ​ទ្រដោយដៃទាំងពីរ បង្អោនចូលទៅថ្វាយព្រះមហេសី។ ព្រះពុទ្ធជាមហាឥសី ព្រះអង្គ​មានព្យាយាមធំ ទ្រង់ទទួលដោយព្រះហស្តរបស់ព្រះអង្គ ព្រះសព្វញ្ញូ ទ្រង់សោយនូវ​ឃ្មុំនោះរួចហើយ ស្តេចហោះឡើងកាន់អាកាសវេហាស៍។ ព្រះសាស្តា ព្រះនាមអត្ថទស្សី ជានរាសភៈ ឋិតនៅឰដ៏អាកាស ទ្រង់ញុំាងចិត្តរបស់ខ្ញុំឲ្យជ្រះថ្លា ហើយត្រាស់គាថា​ទាំងឡាយនេះថា

កុលបុត្រណា សរសើរញាណនេះផង សរសើរព្រះពុទ្ធដ៏ប្រសើរផង កុលបុត្រនោះ នឹងមិនទៅកាន់ទុគ្គតិដោយចិត្តដែលជ្រះថ្លានោះ។ កុលបុត្រនោះ នឹងបានសោយទេវរាជ្យ អស់ ៦៤ ដង នឹងបានសោយប្រទេសរាជ្យ គ្រប់គ្រងផែនដី អស់ ៨០០ ដង នឹងបានជា​ស្តេចចក្រពត្តិ អស់ ៥០០ ដង។ កុលបុត្រនោះ នឹងបានសោយប្រទេសរាជ្យលើផែនដី អស់មួយអសង្ខេយ្យ ជាអ្នកស្វាធ្យាយមន្ត ចងចាំមន្ត ដល់នូវត្រើយនៃវេទទាំង ៣។ កុលបុត្រនោះនឹងបួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមគោតម នឹងពិចារណា​នូវអត្ថដ៏ល្អិតជ្រាលជ្រៅដោយញាណបាន។ កុលបុត្រនោះ មាននាមថាមោឃរាជ នឹង​បាន​ជាសាវ័ករបស់ព្រះសាស្តាអង្គនោះ ជាអ្នកបរិបូរដោយវិជ្ជា ៣ មានសោឡសកិច្ច​ធ្វើរួចហើយ ជាអ្នកមិនមានអាសវៈ។ ព្រះគោតម ជាអ្នកដឹកនាំពួកដ៏ប្រសើរ នឹងតាំងភិក្ខុ​នោះ​ក្នុងទីជាឯតទគ្គៈ។

ខ្ញុំលះបង់នូវយោគធម៌ ជារបស់នៃមនុស្ស កាត់ផ្តាច់នូវចំណងក្នុងភពហើយ កំណត់ដឹងនូវ​អាសវៈទាំងពួង ទាំងជាអ្នកមិនមានអាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះមោឃរាជត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មោឃរាជត្ថេរាបទាន។

អធិមុត្តកត្ថេរាបទាន ទី៦

[៣៨] កាលព្រះលោកនាថ ព្រះនាមអត្ថទស្សី ព្រះអង្គប្រសើរជាងពួកនរៈ បរិនិញ្វនហើយ ខ្ញុំមានចិត្តជ្រះថ្លា និមន្តភិក្ខុសង្ឃ លុះនិមន្តព្រះសង្ឃរត្ន ដែលមានសន្តានត្រង់ មានចិត្តតម្កល់​មាំហើយ ខ្ញុំធ្វើមណ្ឌបដោយដើមអំពៅ បាននិមន្តព្រះសង្ឃដ៏ប្រសើរ​ឲ្យឆាន់។ ខ្ញុំទៅចាប់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំគ្របសង្កត់នូវ​ពួកសត្វ​ទាំងអស់ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ១.៨០០ អំពីកប្បនេះ ព្រោះហេតុ​ដែលខ្ញុំបានឲ្យទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យអំពៅ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអធិមុត្តកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អធិមុត្តកត្ថេរាបទាន។

លសុណទាយកត្ថេរាបទាន ទី៧

[៣៩] គ្រានោះ ខ្ញុំកើតជាតាបស នៅជិតព្រៃហិមពាន្ត ចិញ្ចឹមជីវិត (អាស្រ័យ) នឹងការដាំខ្ទឹម ខ្ទឹមជាភោជនរបស់ខ្ញុំ។ ខ្ញុំបានរែកខ្ទឹមពេញមួយអម្រែក ទៅកាន់អារាម​របស់សង្ឃ ខ្ញុំមានចិត្តរីករាយ បានប្រគេនខ្ទឹមដល់សង្ឃដោយចិត្តរីករាយ។ ខ្ញុំបានប្រគេន​ខ្ទឹម​ដល់ព្រះសង្ឃ ដែលមិនត្រេកអរនឹងកាម ក្នុងសាសនានៃព្រះពុទ្ធ ព្រះនាមវិបស្សី ទ្រង់ប្រសើរជាងពួកនរៈ ខ្ញុំរីករាយក្នុងឋានសួគ៌អស់មួយកប្ប។ ក្នុងកប្បទី ៩១ អំពី​កប្បនេះ ព្រោះហេតុដែលខ្ញុំបានប្រគេនខ្ទឹម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផលនៃខ្ទឹមទាំងឡាយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះលសុណទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ លសុណទាយត្ថេរាបទាន។

អាយាតទាយកត្ថេរាបទាន ទី៨

[៤០] កាលព្រះលោកនាថ ព្រះនាមសិខី ព្រះអង្គប្រសើរជាងពួកអ្នកប្រាជ្ញ បរិនិញ្វនហើយ ខ្ញុំរីករាយ បានថ្វាយបង្គំព្រះស្តូបដ៏ប្រសើរដោយចិត្តរីករាយ។ កាលនោះ ខ្ញុំបានឲ្យជាង​ឈើ​និយាយកាត់ថ្លៃ ហើយឲ្យថ្លៃ ខ្ញុំរីករាយឲ្យជាងឈើធ្វើរោងសំណាក់ ដោយចិត្ត​រីករាយ។ ខ្ញុំនៅជាប់មិនដាច់ក្នុងទេវលោក អស់ ៨ កប្ប ខ្ញុំអន្ទោលទៅ​រាត់រាយ​ក្នុងកប្បដ៏សេស។ ពិសមិនជ្រាបទៅក្នុងកាយ ទាំងគ្រឿងសស្ត្រាក៏មិនមុតខ្ញុំ ខ្ញុំមិនស្លាប់​ក្នុងទឹក នេះជាផលនៃរោងសំណាក់។ បើខ្ញុំប្រាថ្នាទឹកភ្លៀង មហាមេឃក៏បង្អុរភ្លៀងមក ទាំងពួកទេវតា តែងលុះអំណាចរបស់ខ្ញុំ នេះជាផលនៃបុញ្ញកម្ម។ ខ្ញុំបរិបូណ៌ដោយកែវ ៧ ប្រការ អស់ ៣០ ដង ពួកជនណាមួយមិនមើលងាយខ្ញុំឡើយ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យជាងធ្វើរោងសំណាក់ ក្នុងកាល​នោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃរោងសំណាក់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះអាយាតទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អាយាតទាយកត្ថេរាបទាន។

ធម្មចក្កិកត្ថេរាបទាន ទី៩

[៤១] ធម្មចក្កដ៏វិចិត្រល្អ ដែលអ្នកប្រាជ្ញសរសើរហើយ ខ្ញុំ​បានតម្កល់ទុកខាងមុខ​សីហាសនៈ របស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ។ ខ្ញុំមានយាន និងពលពាហនៈ រមែង​រុងរឿងដោយវណ្ណៈ ៤ យ៉ាង ពួកជនដ៏ច្រើន ដើរតាមហែហមខ្ញុំជានិច្ច។ ខ្ញុំមានតូរ្យតន្ត្រី ៦០.០០០ ហែហមសព្វកាល ខ្ញុំរមែងល្អដោយបរិវារ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានតម្កល់ទុកនូវចក្ក ក្នុងកាលនោះ ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃធម្មចក្ក។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៨ ដង ព្រះនាមសហស្សរាជដូចគ្នា ជាធំជាងជនមានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះធម្មចក្កិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធម្មចក្កិកត្ថេរាបទាន។

កប្បរុក្ខិយត្ថេរាបទាន ទី១០

[៤២] ខ្ញុំបានដាំនូវដើមកប្បព្រឹក្សមួយដើម ព្រមទាំងព្យួរនូវសំពត់ដ៏វិចិត្រទាំងឡាយ នៅខាងមុខនៃព្រះស្តូបដ៏ប្រសើរ របស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ។ ខ្ញុំទៅចាប់​កំណើត​ណាៗ ទោះជាទេវតា ឬជាមនុស្ស សឹងមានដើមកប្បព្រឹក្សដ៏​ល្អប្រតិស្ថាន​ទៀបមាត់ទ្វារផ្ទះនៃខ្ញុំ។ យើងទាំងឡាយ គឺខ្ញុំផង បរិស័ទផង ពួកជនណានីមួយ​ដែលមានឆ្នាំស្មើគ្នានឹងខ្ញុំផង តែងកាន់យកសំពត់ អំពីដើមកប្បព្រឹក្សនោះមក​ស្លៀក​ដណ្តប់ ក្នុងកាលនោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ​ដាំដើម​ឈើក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃដើមកប្បព្រឹក្ស។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានជាក្សត្រិយ៍ចក្រពត្តិ ៨ ដង ព្រះនាមសុចេលៈដូចគ្នា ទ្រង់បរិបូណ៌​ដោយកែវ ៧ ប្រការ ទាំងមានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកប្បរុក្ខិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កប្បរុក្ខិយត្ថេរាបទាន។

ឧទ្ទាន

កុណ្ឌធានត្ថេរ ១ សាគតត្ថេរ ១ កច្ចាយនត្ថេរ ១ កាឡុទាយិត្ថេរ ១ មោឃរាជត្ថេរ ១ អធិមុត្តកត្ថេរ ១ លសុណទាយកត្ថេរ ១ អាយាតទាយកត្ថេរ ១ ធម្មចក្កិកត្ថេរ ១ កប្បរុក្ខិយត្ថេរ ១ ជាគម្រប់ ១០ មាន គាថា ១១២។

ចប់ កុណ្ឌធានវគ្គ ទី៤។

ឧបាលិវគ្គ ទី៥

ឧបាលិត្ថេរាបទាន ទី១

[៤៣] ព្រះលោកនាយក ទ្រង់ព្រះនាមបទុមុត្តរៈ មានពួកព្រះ​ខីណាស្រពមួយពាន់អង្គ​ចោមរោម ទ្រង់ប្រកបរឿយៗ នូវវិវេក កំពុងពុទ្ធដំណើរទៅដើម្បីពួនសម្ងំ។ ខ្ញុំស្លៀក​ស្បែកខ្លាឃ្មុំ កាន់ឈើច្រត់ចំពាម ៣ ដើរទៅ បានឃើញព្រះលោកនាយក កុះករដោយ​ភិក្ខុសង្ឃ ទើបខ្ញុំធ្វើស្បែកខ្លាឃ្មុំឆៀងស្មាម្ខាង រួចហើយធ្វើអញ្ជលីលើសិរ្សៈ ថ្វាយបង្គំ​ព្រះសម្ពុទ្ធ សរសើរព្រះលោកនាយកថា សត្វទាំងឡាយដែលកើតអំពីពងក្តី ដែលកើតអំពី​ញើសក្តី ដែលជាឱបបាតិកៈក្តី ដែលកើតអំពីទឹកក្តី ពួកបក្សីទាំងអស់ មានក្អែកជាដើមក្តី នឹងត្រាច់ទៅតែក្នុងអាកាសសព្វៗ កាល យ៉ាងណាមិញ។ ពួកសត្វណាមួយ ដែលមាន​សញ្ញាក្តី ឥតសញ្ញាក្តី សត្វទាំងអស់នោះ សឹងប្រជុំចុះក្នុងខាងក្នុងនៃ​ព្រះញាណរបស់​ព្រះអង្គ ក៏យ៉ាងនោះដែរ។ មួយវិញទៀត ក្លិនឈើភ្នំទាំងឡាយណា លើភ្នំហិមពាន្តដ៏ឧត្តម ក្លិនទាំងអស់នោះ មិនបានមួយចំណិតនឹងក្លិនសីលរបស់ព្រះអង្គ។ លោកនេះ ព្រមទាំង​ទេវលោក តែងស្ទុះទៅក្នុងងងឹតគឺមោហៈ កាលបើញាណរបស់ព្រះអង្គទ្រោលឡើង​ហើយ ងងឹតក៏ខ្ចាត់ចេញទៅ។ កាលបើព្រះអាទិត្យអស្តង្គតហើយ ពួកសត្វក៏ដល់នូវ​សេចក្តីងងឹត យ៉ាងណា កាលព្រះពុទ្ធមិនទាន់បានត្រាស់ លោកក៏ដល់នូវសេចក្តីងងឹត​យ៉ាងនោះដែរ។ ព្រះអាទិត្យកាលរះឡើង តែងបន្ទោបង់នូវងងឹតសព្វកាល យ៉ាងណា បពិត្រព្រះពុទ្ធដ៏ប្រសើរ ព្រះអង្គកម្ចាត់បង់នូវងងឹតសព្វកាល យ៉ាងនោះដែរ។ ព្រះអង្គមាន​ព្រះទ័យបញ្ជូនទៅកាន់ព្យាយាម បានជាព្រះពុទ្ធក្នុងលោក ព្រមទាំងទេវលោក ទ្រង់ញុំាង​ប្រជុំជនដ៏ច្រើនឲ្យត្រេកអរដោយការប្រារព្ធនូវអំពើរបស់ព្រះអង្គ។ ព្រះបទុមុត្តរៈមហាមុនី ជាអ្នកប្រាជ្ញ បានទ្រង់ព្រះសណ្តាប់នូវពាក្យនោះហើយ ក៏ទ្រង់អនុមោទនា ហោះឡើងទៅ​ឰដ៏អាកាស ដូចជាស្តេចហង្សហើរទៅឰដ៏អាកាស ដូច្នោះដែរ។ ព្រះសម្ពុទ្ធជាមហេសី ព្រះនាមបទុមុត្តរៈជាសាស្តា លុះទ្រង់ហោះឡើងហើយ ក៏ឋិតនៅឰដ៏អាកាស ទើបសម្តែង​នូវគាថាទាំងនេះ ថា

បុគ្គលណា សរសើរញាណនេះ ប្រកបដោយឧបមាទាំងឡាយ តថាគតនឹងសម្តែង​សរសើរ​នូវបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ បុគ្គលនោះនឹងបាន​ជាទេវរាជ អស់ ១៨ ដង នឹងសោយរាជ្យលើផែនដី គ្រប់គ្រងផែនដីអស់ ៣០០ ដង។ នឹងបានជាស្តេចចក្រពត្តិ ២៥ ដង (បានគ្រប់គ្រង) នូវប្រទេសរាជ្យដ៏ធំទូលាយ រាប់បាន​អសង្ខេយ្យជាតិ។ កន្លងទៅមួយសែនកប្ប ព្រះសាស្តា ព្រះនាមគោតម ទ្រង់កើតក្នុង​ត្រកូលក្សត្រិយ៍ឱក្កាកៈ នឹងទ្រង់កើតឡើងក្នុងលោក។ បុគ្គលនោះ ច្យុតចាកតុសិត​ទេវលោកមក ត្រូវកុសលមូលដាស់តឿន ទោះជាអ្នកថោកទាបដោយជាតិ ឈ្មោះថា​ឧបាលិ​ក៏ដោយ។ តែលុះដល់កាលជាខាងក្រោយ ឧបាលិនោះនឿយណាយនឹងអំពើបាប ក៏ចេញបួស កំណត់ដឹងនូវអាសវៈទាំងអស់ ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។ ព្រះពុទ្ធព្រះនាមគោតម ជាសក្យបុត្ត ទ្រង់មានយសច្រើនត្រេកអរហើយ ទ្រង់តាំងឧបាលិ​នោះ ដែលចេះដឹងនូវវិន័យក្នុងទីជាឯតទគ្គៈ។

ខ្ញុំបួសដោយសទ្ធា មានសោឡសកិច្ចធ្វើស្រេចហើយ ជាអ្នកមិនមានអាសវៈ កំណត់ដឹង​នូវ​អាសវៈ​ទាំងពួង ជាអ្នកអស់អាសវៈ។ ព្រះមានព្រះភាគ ទ្រង់អនុគ្រោះខ្ញុំ ខ្ញុំជាអ្នក​ក្លៀវក្លាក្នុងវិន័យ ប្រារព្ធនូវកម្មរបស់ខ្ញុំ ជាអ្នកមិនមានអាសវៈ។ ខ្ញុំសង្រួមក្នុងបាតិមោក្ខផង ក្នុងឥន្រ្ទិយទាំង ៥ ផង ទ្រទ្រង់នូវវិន័យទាំងអស់ ដែលជាទីកើតនៃរតនៈគ្រប់យ៉ាង។ ព្រះសាស្តាប្រសើរក្នុងលោក ទ្រង់ជ្រាបនូវគុណរបស់ខ្ញុំហើយ ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយតាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧបាលិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧបាលិត្ថេរាបទាន។

សោណកោដិយវេស្សត្ថេរាបទាន ទី២

[៤៤] ខ្ញុំឲ្យគេធ្វើទីចង្រ្កម ធ្វើនូវការលាបដោយកំបោរថ្វាយព្រះមុនីព្រះនាមអនោមទស្សី ទ្រង់ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំក្រាលទីចង្រ្កមដោយផ្កាមាន​ពណ៌ផ្សេងៗ ធ្វើនូវពិតានឰដ៏អាកាស និមន្តព្រះពុទ្ធដ៏ប្រសើរ ឲ្យឆាន់ភត្ត។ គ្រានោះ ខ្ញុំផ្គងអញ្ជលី ថ្វាយបង្គំព្រះសម្ពុទ្ធ ទ្រង់មានវត្តដ៏ល្អ ហើយថ្វាយទីឃសាលា ចំពោះ​ព្រះមានព្រះភាគ។ ព្រះសាស្តា ទ្រង់ប្រសើរផុតក្នុងលោក ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ព្រះមានព្រះភាគមានចក្ខុ ទ្រង់បានទទួល (សាលានោះ) ដោយអនុគ្រោះ។ ព្រះសម្ពុទ្ធ ជាទក្ខិណេយ្យបុគ្គលក្នុងលោក ព្រមទាំងទេវលោក លុះទទួលរួចហើយ ទ្រង់គង់ក្នុង​ភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងឡាយនេះថា

កុលបុត្តណា មានចិត្តរីករាយ បានថ្វាយទីឃសាលាចំពោះតថាគត តថាគតនឹងសម្តែង​សរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្តដែល​បរិបូណ៌​ដោយបុញ្ញកម្មនេះ នឹងមានរថទឹមដោយសេះមួយពាន់ កើតឡើងប្រាកដក្នុង​មរណកាល។ បុរសនេះ នឹងទៅកាន់ទេវលោក ដោយយាននោះ ពួកទេវតារីករាយ​ក្នុងភពជាកុសល ដែលសម្រេចដល់បុរសនោះ។ ទេវបុត្តនោះ នឹងនៅគ្រប់គ្រងវិមាន​ដ៏ប្រសើរ ដែលមានថ្លៃច្រើន លាបលនដោយដីកែវ ជាវិមានប្រកបដោយ​កំពូលដ៏​ប្រសើរ។ ទេវបុត្តនោះ នឹងរីករាយក្នុងទេវលោក អស់ ៣០.០០០ កប្ប នឹងបានជាទេវរាជ អស់ ២៥ កប្បទៀត។ នឹងបានជាស្តេចចក្រពត្តិ អស់ ៧៧ ដង ស្តេចចក្រពត្តិ​ទាំងអស់នោះ មាននាមតែមួយ គឺនាមថាយសោធរៈ។ លុះកុលបុត្តនោះ សោយ​សម្បត្តិទាំងពីររួចហើយ សន្សំនូវបុណ្យ នឹងបានជាស្តេចចក្រពត្តិក្នុងកប្បទី ២៨។ ស្តេច​ចក្រពត្តិនោះ នឹងនៅគ្រប់គ្រងប្រាសាទដ៏ប្រសើរ ដែលវិស្សុកម្មនិម្មិតថ្វាយក្នុងទីនោះ ជាបុរីមិនស្ងាត់ចាកសម្លេង ១០ ប្រការ [សម្លេងដំរី សម្លេងសេះ សម្លេងរថ សម្លេងស្គរ សម្លេងសម្ភោ សម្លេងពិណ សម្លេងច្រៀង សម្លេងស័ង្ខ សម្លេងមហោស្រព សម្លេងដេញ​ដំប្រគំ។ អដ្ឋកថា។]។ ក្នុងកប្បច្រើន ប្រមាណមិនបានអំពីកប្បនេះ កុលបុត្តនោះ នឹងបាន​ជាស្តេចក្នុងដែន គ្រប់គ្រងផែនដី មានឫទ្ធិធំ មាននាមថាឱក្កាកៈ។ អភិជាតខត្តិយានី (របស់ស្តេចនោះ) ដ៏ប្រសើរលើសជាងស្រីស្នំ ១៦ ពាន់ ទាំងអស់ ព្រះនាងនឹង​ប្រសូតនូវព្រះរាជបុត្រ ៩ ព្រះអង្គ។ នាងខត្តិយានី លុះប្រសូតបុត្រ ៩ ព្រះអង្គហើយ ក៏នឹងធ្វើកាលកិរិយាទៅ នឹងមាននាងកញ្ញា (ដទៃទៀត) ជាស្រ្តីក្មេង ជាទីគាប់ព្រះទ័យ នឹងបានមកជាមហេសី។ នាងកញ្ញាធ្វើក្សត្រឱក្កាកៈឲ្យត្រេកអរហើយ នឹងបាននូវពរ លុះនាង​កញ្ញានោះបានទទួលពរហើយ ក៏ញុំាងព្រះរាជាឲ្យបំបរបង់ព្រះរាជបុត្រដើម​ទាំង​ឡាយចោល។ ព្រះរាជបុត្តទាំងអស់នោះ លុះព្រះបិតាបំបរបង់ហើយ ក៏នាំគ្នាទៅកាន់​ភ្នំហិមពាន្ត ព្រះរាជបុត្រទាំងអស់ ខ្លាចបែកធ្លាយជាតិ ក៏នៅរួមសង្វាសនឹងប្អូនស្រី​ទាំងឡាយរបស់ខ្លួន។ ឯនាងកញ្ញាម្នាក់ នឹងកើតព្យាធិ៍ពេញខ្លួន ក្សត្រទាំងឡាយនឹងជីក (រណ្តៅឲ្យនៅ ដោយបំណងថា) ជាតិរបស់យើងកុំធ្លាយឡើយ។ មានក្សត្រ (វង្សដទៃ) មួយអង្គ នាំនាងកញ្ញានោះយកទៅនៅរួមសង្វាសជាមួយ ក្នុងការកើត ត្រកូលក្សត្រ​ឱក្កាកៈ នឹងបែកធ្លាយក្នុងកាលនោះ។ ព្រះរាជឱរសទាំងឡាយ របស់ក្សត្រទាំងពីរអង្គ​នោះ នឹងបានឈ្មោះថា​កោលិយៈ (ក្សត្រទាំងពីរអង្គនោះ) នឹងសោយភោគៈជា​របស់មនុស្ស ប្រមាណមិនបានក្នុងទីនោះ។ លុះកុលបុត្តនោះ ច្យុតចាកកាយនោះ នឹងទៅកើតក្នុងទេវលោក នឹងបាននូវប្រាសាទដ៏ប្រសើរ ដែលជាទីគាប់ចិត្តក្នុង​ទេវលោក​នោះ។ លុះច្យុតចាកទេវលោក ត្រូវកុសលមូលដាស់តឿន ទើបមកកាន់អត្តភាពជាមនុស្ស មាននាមថាសោណៈ។ សោណមាណព ប្រារព្ធព្យាយាម មានចិត្តបញ្ជូនទៅ​កាន់​ព្រះនិញ្វន តាំងនៅក្នុងសាសនារបស់ព្រះសាស្តា កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិន​មាន​អាសវៈ នឹងបរិនិញ្វន។ ព្រះអនន្តទស្សីមានព្រះភាគព្រះនាមគោតម ជាសក្យៈប្រសើរ ទ្រង់ជ្រាបវិសេស មានព្យាយាមធំ នឹងតាំង (សោណៈនោះ) ក្នុងឋានៈដ៏ប្រសើរ។

កាលភ្លៀងធ្លាក់លិចស្មៅអស់ ៤ ធ្នាប់ នៅសល់មួយធ្នាប់ ត្រូវខ្យល់បក់ទៀត (នៅតែប្រឹង​ដុះ) វៀរលែងតែតាទិបុគ្គល អ្នកមានព្យាយាម មិនមានអ្វីប្រឹងលើសជាង​ស្មៅនោះ​ទៀត​ទេ។

ខ្ញុំមានខ្លួនទូន្មានហើយ ក្នុងការទូន្មានដ៏ឧត្តម ចិត្តរបស់ខ្ញុំ​តម្កល់ស៊ប់ហើយ ភារៈទាំងអស់ ខ្ញុំដាក់ចុះហើយ ខ្ញុំជាអ្នកមិនមានអាសវៈ មានទុក្ខរលត់ហើយ។ ព្រះមហានាគជាអង្គីរស មានជាតិដ៏ប្រសើរ ដូចជាកេសររាជសីហ៍ គង់ក្នុងភិក្ខុសង្ឃ ហើយតាំងខ្ញុំក្នុងទីជា​ឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសោណកោដិយវេស្សត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សោណកោដិយវេស្សត្ថេរាបទាន។

ភទ្ទិយកាឡិគោធាយបុត្តត្ថេរាបទាន ទី៣

[៤៥] ប្រជុំជនទាំងពួង បានចូលគាល់ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់មានព្រះហឫទ័យ​ប្រកបដោយមេត្តា ជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់ដឹកនាំសត្វដ៏វិសេស ក្នុងលោកទាំងមូល។ ពួកជនទាំងពួង តែងថ្វាយនូវសដូវផង នំឈ្មោះបវាកៈផង អាមិសៈ ទឹក និងភោជនផង ដល់ព្រះសាស្តា ជាបុញ្ញក្ខេត្តដ៏ប្រសើរ។ ឯខ្ញុំក៏គិតថា នឹងនិមន្តព្រះពុទ្ធដ៏ប្រសើរផង ព្រះសង្ឃដ៏ប្រសើរផង ហើយនឹងថ្វាយទានដល់ព្រះសម្ពុទ្ធ ជាទេវតាដ៏ក្រៃលែងជាង​ទេវតា ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ពួកជនទាំងនុ៎ះ ដែលខ្ញុំបញ្ជូនទៅឲ្យនិមន្ត ក៏បាននិមន្តព្រះតថាគតផង ភិក្ខុសង្ឃទាំងអស់ ជាបុញ្ញក្ខេត្តដ៏ប្រសើរផង។ ខ្ញុំបាន​ក្រាលបល្ល័ង្ក មានថ្លៃមួយសែន ជាវិភារៈនៃមាស កម្រាលឈ្មោះគោណកៈ ព្រមដោយ​កម្រាលញាត់គ កម្រាលធ្វើដោយរោមសត្វ ជាផ្កាចង្កោមផង កម្រាលដែលធ្វើដោយ​សម្បកឈើ កម្រាលដែលត្បាញដោយអំបោះផង។ ខ្ញុំក្រាលនូវអាសនៈ មានថ្លៃដ៏ច្រើនគួរ​ដល់​ព្រះពុទ្ធ ឯព្រះបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់ជាទេវតាប្រសើរជាងទេវតា ជានរាសភៈ ទ្រង់កុះករដោយភិក្ខុសង្ឃ ស្តេចចូលមកកាន់ទ្វារផ្ទះរបស់ខ្ញុំ ខ្ញុំក្រោកទទួល​ព្រះសម្ពុទ្ធ ជាលោកនាថដ៏ទ្រង់យស។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ញុំាងភិក្ខុសង្ឃ​មួយសែនអង្គ ទាំងព្រះពុទ្ធជាលោកនាយក ឲ្យចូលមកកាន់ផ្ទះរបស់ខ្លួន។ ខ្ញុំមានចិត្ត​ជ្រះថ្លា មានចិត្តរីករាយ (ញុំាងព្រះសម្ពុទ្ធ និងភិក្ខុសង្ឃ) ឲ្យឆ្អែតស្កប់ស្កល់​ដោយ​ចង្ហាន់​ដ៏ថ្លៃថ្លា ព្រះបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលគ្រឿងបូជា ទ្រង់គង់ក្នុង​ភិក្ខុសង្ឃ ហើយត្រាស់នូវគាថាទាំងនេះថា

កុលបុត្តណា ថ្វាយអាសនៈជាវិការៈនៃមាស ក្រាលដោយកម្រាលគោណកៈនេះ តថាគត​នឹង​សម្តែងសរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្ត​នោះ នឹងសោយទេវរជ្ជសម្បត្តិអស់ ៧៤ ដង នឹងសោយទិព្វសម្បត្តិ មានពួក​ស្រីអប្សរ​ចោមរោម នឹងបានគ្រប់គ្រងផែនដី បានជាស្តេចក្នុងប្រទេសមួយពាន់ដង។ នឹងកើតជា​ស្តេចចក្រពត្តិ អស់ចំនួន ៥១ ដង នឹងបានជាអ្នកមានត្រកូលខ្ពស់ ក្នុងកំណើតដែល​មានក្នុងភពទាំងពួង។ លុះកាលជាខាងក្រោយ កុលបុត្តនោះ ត្រូវកុសលមូលដាស់តឿន ក៏ចេញបួស មាននាមថាភទ្ទិយៈ នឹងបានជាសាវ័ករបស់ព្រះសាស្តា។

ខ្ញុំប្រកបរឿយៗ នូវវិវេក អាស្រ័យនៅក្នុងសេនាសនៈដ៏ស្ងាត់ ផលទាំងអស់ ខ្ញុំបានសម្រេច​ហើយ ក្នុងថ្ងៃនេះ ខ្ញុំមានកិលេសលះបង់ហើយ។ ព្រះសព្វញ្ញូជាលោកនាយក ទ្រង់ជ្រាប​នូវ​ហេតុសព្វគ្រប់របស់ខ្ញុំ ទើបទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយតាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះភទ្ទិយកាឡិគោធាយបុត្តត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការដូច្នេះ។

ចប់ ភទិ្ទយកាឡិគោធាយបុត្តត្ថេរាបទាន។

សន្និដ្ឋាបកត្ថេរាបទាន ទី៤

[៤៦] ខ្ញុំធ្វើខ្ទមក្នុងព្រៃ ត្រង់ចន្លោះភ្នំហើយនៅ ជាអ្នកសន្តោសដោយលាភ និងឥតលាភ​ផង ដោយយស និងឥតយសផង។ ព្រះសម្ពុទ្ធបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក គួរទទួលនូវគ្រឿងបូជា ទ្រង់ធ្វើពុទ្ធដំណើរមកក្នុងសំណាក់របស់ខ្ញុំជាមួយនឹងភិក្ខុសង្ឃ​ប្រមាណ​មួយ​សែន​អង្គ។ ព្រះសម្ពុទ្ធជាមហានាគ ព្រះនាមបទុមុត្តរៈ ស្តេចយាង​មកដល់ហើយ ខ្ញុំក្រាលកម្រាលស្មៅថ្វាយព្រះសាស្តា។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្លែល្ហុងប្រេងផង​ ទឹកផង ចំពោះព្រះសាស្តា ទ្រង់មានសន្តានត្រង់ ដោយចិត្ត​ដែលជ្រះថ្លា។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែល្ហុងប្រេង។ ក្នុងកប្បទី ៤១ ខ្ញុំបានជាស្តេចមួយព្រះអង្គ ឈ្មោះអរិន្ទមៈ ជាស្តេចចក្រពត្តិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសន្និដ្ឋាបកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សន្និដ្ឋាបកត្ថេរាបទាន។

បញ្ចហត្ថិយត្ថេរាបទាន ទី៥

[៤៧] ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ទ្រង់សង្រួមចក្ខុ ពោលពាក្យល្មមកំណត់ មានស្មារតី សង្រួមឥន្រ្ទិយ ទ្រង់និមន្តទៅក្នុងចន្លោះរានផ្សារ។ ពួកជនធ្វើផ្កាឧប្បល ៥ ក្តាប់ ឲ្យជាគ្រឿងប្រដាប់ក្បាលសម្រាប់ខ្ញុំ ខ្ញុំមានចិត្តជ្រះថ្លា បានយកគ្រឿងប្រដាប់ក្បាលនោះ បូជាព្រះពុទ្ធដោយដៃរបស់ខ្លួន។ ផ្កាទាំងនោះ ដែលខ្ញុំលើកឡើងហើយ ក៏ទៅជា​គ្រឿងបិទបាំង ថ្វាយព្រះសាស្តានោះ (ចោមរោម) ព្រះមហានាគក្នុងសមាធិ ដូចជាសិស្ស (ចោមរោម) អាចារ្យដូច្នោះដែរ។ ក្នុងកប្បទី ៣០.០០០ អំពីភទ្ទកប្បនេះ ព្រោះហេតុ​ដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២.០០០ អំពីភទ្ទកប្បនេះ ខ្ញុំបានជាក្សត្រិយ៍ ៥ ដង ព្រះនាមហត្ថិយៈដូចគ្នា ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចហត្ថិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បញ្ចហត្ថិយត្ថេរាបទាន។

បទុមច្ឆនិយត្ថេរាបទាន ទី៦

[៤៨] កាលព្រះលោកនាថ ជាអគ្គបុគ្គល ព្រះនាមវិបស្សី ទ្រង់បរិនិញ្វនហើយ ខ្ញុំយក​ផ្កាឈូកដែលរីកល្អ លើកតម្កល់លើជើង​ថ្ករ។ លុះខ្ញុំលើកជើងថ្ករឡើង ផ្កាក៏អណ្តែត​ត្រសែត​ទៅឯអាកាស ជាទីរីករាយនៃពួកសត្វស្លាប ធ្វើជាដម្បូលបិទបាំងកំដៅថ្ងៃនា​អាកាស ខ្ញុំក៏បានទ្រនូវជើងថ្ករនោះ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុ​ដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៤៧ អំពីភទ្ទកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ មាននាមថាបទុមិស្សរៈ ទ្រង់ឈ្នះ​សង្គ្រាម មានទីបំផុតទល់នឹងសមុទ្រទាំង ៤ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះបទុមច្ឆទនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បទុមច្ឆទនិយត្ថេរាបទាន។

សយនទាយកត្ថេរាបទាន ទី៧

[៤៩] ខ្ញុំថ្វាយទីព្រះបន្ទំដ៏ប្រសើរ ដែលក្រាលដោយសំពត់ចំពោះព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ ទ្រង់មានមេត្តាចិត្ត មិនញាប់ញ័រដោយលោកធម៌។ ព្រះមានព្រះភាគ ទ្រង់ទទួលកប្បិយសយនាសនៈហើយ ព្រះជិនស្រី ទ្រង់ក្រោកឡើងអំពីទីព្រះបន្ទំនោះ ហើយទ្រង់ហោះឡើងទៅឯអាកាស។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែល​ខ្ញុំបានថ្វាយទីសយនៈ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទីសយនៈ។ ក្នុងកប្បទី ៥១ អំពីភទ្ទកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាមវរុណទេវៈ ទ្រង់បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសយនទាកយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សយនទាយកត្ថេរាបទាន។

ចង្កមទាយកត្ថេរាបទាន ទី៨

[៥០] ខ្ញុំបានឲ្យជាងធ្វើទីចង្រ្កម ក្រាលឥដ្ឋ (ថ្វាយ) ចំពោះព្រះមុនី ព្រះនាមអត្ថទស្សី ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ទីចង្រ្កមនោះមានកំពស់ ៥០ ហត្ថក្រពុំ បណ្តោយ ១០០ ហត្ថ ជាទីគួរសរសើរ គួររីករាយនៃចិត្ត ខ្ញុំបានកសាង​ហើយ​ដោយប្រពៃ។ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សីដ៏ប្រសើរជាងពួកនរៈ ទ្រង់បានទទួល​ហើយ ទ្រង់ចាប់យកខ្សាច់ដោយព្រះហស្ត ហើយសម្តែងនូវគាថាទាំងនេះថា

ដោយការឲ្យដីខ្សាច់នេះផង ដោយការធ្វើទីចង្រ្កមល្អនេះផង បុគ្គលនេះ នឹងបានទទួលនូវ​ផ្នូរខ្សាច់ដ៏​បរិបូណ៌ដោយកែវ ៧ ប្រការ។ កុលបុត្តនោះ នឹងគ្រប់គ្រងទេវរាជ្យ​សោយទិព្វ​សម្បត្តិ ជាស្តេចនៃទេវតាក្នុងទេវលោក មានពួកស្រ្តីអប្សរចោមរោម អស់ ៣ កប្ប។ លុះត្រឡប់មកកាន់មនុស្សលោក នឹងបានជាស្តេចក្នុងដែន កុលបុត្តនោះនឹងបានជា​ស្តេចចក្រពត្តិលើផែនដីអស់ ៣ ដង។

ក្នុងកប្បទី ១.៨០០ ព្រោះហេតុដែលខ្ញុំធ្វើកុសលកម្មក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទីចង្រ្កម។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះចង្កមទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ចង្កមទាយកត្ថេរាបទាន។

សុភទ្ទត្ថេរាបទាន ទី៩

[៥១] ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវត្រៃលោក គួរទទួលគ្រឿងបូជា មានយសច្រើន ទ្រង់ស្រោចស្រង់នូវប្រជុំជន ហើយទ្រង់បរិនិញ្វន។ កាលព្រះសម្ពុទ្ធ​បរិនិញ្វន លោកធាតុមួយហ្មឺន ក៏ញាប់ញ័រ ពួកជនច្រើន និងពួកទេវតា ក៏ប្រជុំគ្នាក្នុង​កាលនោះ។ ខ្ញុំបានញុំាងទីនោះឲ្យពេញដោយខ្លឹមច័ន្ទ ខ្លឹមក្រឹស្នា និងខ្លឹមក្លាំពាក់ ខ្ញុំមាន​ចិត្ត​ត្រេកអររីករាយ បានលើកឡើងនូវព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងពួកនរៈ។ ព្រះសាស្តា ជាបុគ្គលប្រសើរផុតក្នុងលោក ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ព្រះសម្ពុទ្ធ ទ្រង់ផ្ទំសម្តែង​នូវគាថាទាំងនេះថា

ក្នុងកាលជាទីបំផុតនៃជន្មាយុរបស់តថាគត បុរសណា បានបិទបាំងតថាគត ដោយថូមាន​ក្លិនក្រអូប តថាគតនឹងសម្តែងសរសើរនូវបុរសនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគត​សម្តែងចុះ។ បុរសនោះ លុះច្យុតចាកអត្តភាពនេះ នឹងទៅកាន់ពួកទេវតា ក្នុងឋានតុសិត សោយរាជសម្បត្តិក្នុងឋានតុសិតនោះ ហើយនឹងទៅកាន់ឋាននិម្មានរតីទៀត។ បុរសនោះ បានឲ្យថូដ៏ឧត្តមប្រសើរ ដោយឧបាយនុ៎ះឯង ជាអ្នកប្រារព្ធនូវកម្មរបស់ខ្លួន នឹងទទួលនូវ​សម្បត្តិ។ នរជននេះ នឹងកើតក្នុងពួកទេវតាក្នុងឋានតុសិតម្តងទៀត លុះច្យុតចាកពួក​ទេវតា​ក្នុងឋានតុសិតនោះ នឹងមកកាន់អត្តភាពជាមនុស្ស។ ព្រះសក្យបុត្ត ជាមហានាគ ជាអគ្គបុគ្គលក្នុងលោក ព្រមទាំងទេវលោក ទ្រង់មានបញ្ញាចក្ខុ បានញុំាងពួកសត្វច្រើន ឲ្យត្រាស់ដឹងហើយ នឹងបរិនិញ្វន។ ក្នុងកាលនោះ បុរសនោះ បានចូលទៅ មានចិត្ត​ស្ងប់រម្ងាប់ មានកុសលមូលដាស់តឿន ហើយក៏ចូលទៅគាល់ព្រះសម្ពុទ្ធ នឹងសួរនូវប្រស្នា​ក្នុងកាលនោះ។ ព្រះសម្ពុទ្ធជាសព្វញ្ញូលោកនាយក ទ្រង់ធ្វើឲ្យរីករាយហើយ នឹងបើកនូវ​សច្ចធម៌​ទាំងឡាយ ព្រោះទ្រង់ជ្រាបនូវបុព្វកម្ម។ បុរសនោះ ប្រារព្ធប្រស្នានេះហើយ ជាអ្នកត្រេកអរ មានចិត្តខ្ពស់ឯក នឹងថ្វាយបង្គំព្រះសាស្តា ហើយសូមផ្នួស។ ព្រះពុទ្ធនោះ ទ្រង់ជាបុគ្គលឈ្លាសក្នុងធម៌ដ៏ប្រសើរ ទ្រង់ឃើញបុរសនោះ មាន​ចិត្ត​ជ្រះថ្លា ត្រេកអរ​ដោយ​កម្មរបស់ខ្លួនហើយ នឹងទ្រង់បំបួស។ បុរសនេះ ព្យាយាមក្នុងសាសនារបស់​ព្រះសម្មាសម្ពុទ្ធ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។

ចប់ ភាណវារៈ ទី៥។

ខ្ញុំប្រកបព្រមហើយ ដោយបុព្វកម្មរបស់ខ្លួន មានចិត្តមូលតែមួយ មានចិត្តតាំងមាំ ជាធម្មនិម្មិត ជាបុត្តកើតអំពីទ្រូងរបស់ព្រះសម្មាសម្ពុទ្ធ។ ខ្ញុំចូលទៅអង្គុយជិតព្រះពុទ្ធ ជាធម្មរាជ ហើយសួរប្រស្នាដ៏ប្រសើរ ឯព្រះអង្គកាលនឹងសម្តែងនូវប្រស្នាដល់ខ្ញុំ ទ្រង់នាំ​មកនូវធម្មសោតៈ។ ខ្ញុំដឹងនូវធម៌របស់ព្រះធម្មរាជនោះហើយ ត្រេកអរនឹងសាសនា កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្ប​នេះ ព្រះនាយក ព្រះនាមបទុមុត្តរៈ ទ្រង់បរិនិញ្វន មិនមានឧបាទាន ដូចប្រទីបដែលរលត់ ព្រោះអស់ប្រេង។ ព្រះស្តូបជាវិការៈនៃកែវ ប្រកបដោយយោជន៍ ៧ ណា​ ខ្ញុំបានបូជា​ទង់ដ៏ល្អ ជាងទង់ទាំងអស់ ជាទីរីករាយនៃចិត្ត ចំពោះព្រះស្តូបនោះ។ កូនដែលកើត​អំពីទ្រូងរបស់ខ្ញុំ ឈ្មោះតិស្សៈ ជាអគ្គសាវ័ករបស់ព្រះពុទ្ធ ព្រះនាមកស្សបៈ ជាទាយាទ​ក្នុងសាសនានៃព្រះជិនស្រី។ ខ្ញុំមានចិត្តថោកទាប បានពោលពាក្យមិនពីរោះ ដល់ព្រះតិស្សៈនោះ ព្រោះតែផលកម្មប៉ុណ្ណោះ ទើបខ្ញុំមានសេចក្តីល្អ ក្នុងកាលជាខាង​ក្រោយបំផុត។ ព្រះមុនីទ្រង់មានព្យាយាមធំ ស្វែងរកប្រយោជន៍ មានសេចក្តីករុណា ទ្រង់ឈ្នះកិលេស បានបំបួសខ្ញុំ ក្នុងបច្ឆិមសយនៈ ក្នុងសាលវ័ន ជាទីសម្រាប់ចេញចូល។ ឥឡូវនេះ បព្វជ្ជា (របស់ខ្ញុំ) មានក្នុងថ្ងៃនេះ ឧបសម្បទា ក៏មានក្នុងថ្ងៃនេះ បរិនិញ្វនក៏​មានក្នុងថ្ងៃនេះ ក្នុងទីចំពោះព្រះភ័ក្រ្តនៃព្រះសម្ពុទ្ធ ទ្រង់ឧត្តមជាងសត្វជើងពីរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុភទ្ទត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុភទ្ទត្ថេរាបទាន។

ចុន្ទត្ថេរាបទាន ទី១០

[៥២] ខ្ញុំធ្វើចេតិយ ស្រោបដោយផ្កាម្លិះទាំងឡាយ បូជាចំពោះព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ លុះខ្ញុំរៀបចំស្រេចហើយ ទើបបង្អោនថ្វាយផ្កានោះចំពោះព្រះពុទ្ធ ហើយយកផ្កាដ៏សេស បង្អោនថ្វាយទៀត។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ នាំចេតិយផ្កាទៅថ្វាយចំពោះព្រះពុទ្ធ ជាអគ្គនាយក​ក្នុងលោក ព្រះអង្គប្រាកដស្មើដោយចេតិយមាស។ ព្រះសម្ពុទ្ធ មានសេចក្តីសង្ស័យកន្លង​បង់ហើយ មានពួកព្រះខីណាស្រពដែលមានអន្លង់ឆ្លងផុត ចោមរោមហើយ ព្រះអង្គគង់​នៅ​ក្នុងភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងនេះថា

កុលបុត្តណា បានថ្វាយដល់តថាគតនូវចេតិយដែលធ្វើដោយផ្កា មានក្លិនដូចជាទិព្វផ្សាយ​ទៅ តថាគតនឹងសម្តែងសរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយចូរស្តាប់តថាគតសម្តែង​ចុះ។ បុរសនេះ លុះច្យុតចាកអត្តភាពនេះទៅ នឹងទៅកើតក្នុងទេវលោក មានពួកទេវតា​ចោមរោម ជាអ្នកបរិបូណ៌ដោយផ្កាម្លិះ។ ទីនៅរបស់កុលបុត្តនោះ ដ៏ខ្ពស់ជាវិការៈនៃមាស និងកែវមណី ប្រាសាទទាំងឡាយ ដែលបុញ្ញកម្មតាក់តែងហើយ នឹងកើតប្រាកដ។ កុលបុត្រនោះ នឹងសោយទេវរាជ្យ នឹងសោយទិព្វសម្បត្តិ មានពួកស្រ្តីអប្សរចោមរោមអស់ ៧៤ ដង។ នឹងបានសោយរាជសម្បត្តិលើផែនដី គ្រប់គ្រងផែនដីអស់ ៣០០ ដង នឹងបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង។ កុលបុត្តនោះ នឹងកើតជាក្សត្រ ជាអធិបតីនៃ​មនុស្ស មាននាមថាទុជ្ជយៈ អាស្រ័យនូវបុញ្ញកម្មរបស់ខ្លួន ហើយរងនូវផលបុណ្យនោះ។ កុលបុត្តនោះនឹងមិនទៅយកកំណើតជាវិនិបាតឡើយ ទៅយកអត្តភាពតែជាមនុស្ស កុលបុត្តនោះ បានសន្សំប្រាក់ទុកច្រើនរាប់រយកោដិ។ កុលបុត្តនោះ នឹងកើតក្នុងកំណើត​ជាព្រាហ្មណ៍ ជាអ្នក​ចេះដឹង មានប្រាជ្ញា ជាឱរស ជាទីស្រឡាញ់នៃវង្គន្តព្រាហ្មណ៍ និងនាង​សារីព្រាហ្មណី។ លុះកាល​ជាខាងក្រោយ កុលបុត្តនោះ មាននាមថាចូឡចុន្ទៈ នឹងបាន​បួសក្នុងសាសនារបស់ព្រះសម្ពុទ្ធ ជាអង្គីរស នឹងបានជាសាវ័ករបស់ព្រះសាស្តា។ ចូឡចុន្ទៈនោះ ជាសាមណេរ មានសន្តានស្ងប់ស្ងាត់ បានជាព្រះខីណាស្រព កំណត់ដឹងនូវ​អាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។

ខ្ញុំបានបម្រើព្រះសម្ពុទ្ធ មានព្យាយាមធំផង បម្រើពួកភិក្ខុអ្នកមានសីលជាទីស្រឡាញ់ដទៃ​ច្រើនអង្គផង បម្រើព្រះថេរៈជាបងនៃខ្ញុំផង ដើម្បីសម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់។ ខ្ញុំបម្រើ​ព្រះថេរៈ​ជាបងរបស់ខ្ញុំរួចហើយ រើសព្រះធាតុដាក់ក្នុងបាត្រ នាំមកថ្វាយព្រះសម្ពុទ្ធ ជាច្បងក្នុងលោកដ៏ប្រសើរជាងនរៈ។ ព្រះពុទ្ធ (ព្រះអង្គប្រសើរ) ក្នុងលោក ព្រមទាំង​ទេវលោក ទ្រង់ទទួលដោយព្រះហស្តទាំងពីរ ហើយបង្ហាញនូវព្រះធាតុនោះ ទើបប្រកាស​តាំងខ្ញុំជាអគ្គសាវ័ក។ ឯចិត្តរបស់ខ្ញុំរួចស្រឡះហើយ សទ្ធារបស់ខ្ញុំតម្កល់ខ្ជាប់ហើយ ខ្ញុំកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះចុន្ទត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចុន្ទត្ថេរាបទាន។

ឧទ្ទាន

ឧបាលិត្ថេរាបទាន ១ សោណកោដិវេស្សត្ថេរាបទាន ១ ភទ្ទិយកាឡិគោធាយបុត្តត្ថេរា​បទាន ១ សន្និដ្ឋាបកត្ថេរាបទាន ១ បញ្ចហត្ថិយត្ថេរាបទាន ១ បទុមច្ឆទនិយត្ថេរាបទាន ១ សយនទាយកត្ថេរាបទាន ១ ចង្កមទាយកត្ថេរាបទាន ១ សុភទ្ទត្ថេរាបទាន ១ ចុន្ទត្ថេរាបទាន ១ ក្នុងវគ្គនោះ មានគាថា ១៤៤។

ចប់ ឧបាលិវគ្គ ទី៥។

វីជនីវគ្គ ទី៦

វិធូបនទាយកត្ថេរាបទាន ទី១

[៥៣] ខ្ញុំថ្វាយផ្លិតមួយ ចំពោះព្រះបទុមុត្តរៈ ជាច្បងក្នុងលោក មិនញាប់ញ័រដោយ​លោកធម៌ ទ្រង់ជាធំជាងសត្វជើងពីរ ប្រកបដោយតាទិគុណ។ ខ្ញុំញុំាងចិត្តរបស់ខ្លួន​ឲ្យជ្រះថ្លា ហើយផ្គងអញ្ជលីថ្វាយបង្គំព្រះសម្ពុទ្ធ ហើយបែរមុខទៅទិសខាងជើង ដើរចេញ​ទៅ។ ព្រះសាស្តា ជាអគ្គនាយកក្នុងលោក លុះទ្រង់ទទួលយកផ្លិតហើយ ក៏ឋិតនៅក្នុង​ភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងនេះថា

ព្រោះការថ្វាយផ្លិតនេះផង ព្រោះការតម្កល់ចិត្តនេះផង កុលបុត្តនេះ នឹងមិនទៅយក​កំណើត​ជាវិនិបាតអស់មួយសែនកប្ប។

ខ្ញុំអាយុ ៧ ឆ្នាំ បានប្រារព្ធព្យាយាម បញ្ជូនចិត្តទៅកាន់ព្រះនិញ្វន តម្កល់ខ្ជាប់ក្នុង​ចេតោគុណ ក៏បានដល់ព្រះអរហត្ត។ ក្នុងកប្ប ទី ៦០.០០០ ខ្ញុំបានជាស្តេចចក្រពត្តិ ២៦ ដង ព្រះនាមពិជ្ជមានៈដូចៗ គ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះវិធូបនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ វិធូបនទាយកត្ថេរាបទាន។

សតរំសិយត្ថេរាបទាន ទី២

[៥៤] ព្រះបទុមុត្តរៈសម្ពុទ្ធ ជាបុរសដ៏ប្រសើរ ទ្រង់ឡើងគង់លើភ្នំ ខ្ញុំជាព្រាហ្មណ៍ដល់​ត្រើយ​នៃ​មន្ត នៅក្នុងទីជិតភ្នំខ្ពស់នោះ។ ខ្ញុំផ្គងអញ្ជលី សរសើរព្រះលោកនាយក ជាមហាវីរបុរស ជាទេវតាក្រៃលែងជាងទេវតា ទ្រង់ជានរាសភៈ ដែលស្តេចចូលមកជិត​ដោយពាក្យថា ព្រះពុទ្ធនេះមានព្យាយាមធំ ទ្រង់ប្រកាសធម៌ដ៏ប្រសើរ មានភិក្ខុសង្ឃ​ចោមរោម តែងរុងរឿងដូចគំនរភ្លើង។ ព្រះសម្ពុទ្ធមានបញ្ញាចក្ខុ ទ្រង់ដូចមហាសមុទ្រ មិន​រំភើប ឬដូចអន្លង់ដែលគេឆ្លងបានដោយក្រ ឬក៏ដូចស្តេចម្រឹគ ដែលមិនតក់ស្លុត តែង​សម្តែងធម៌។ ព្រះសាស្តាព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ស្តេចឋិតនៅ​ក្នុងភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងនេះថា

កុលបុត្តណា ថ្វាយអញ្ជលីនេះផង សរសើរព្រះពុទ្ធដ៏ប្រសើរផង កុលបុត្តនោះ នឹងសោយ​ទេវរជ្ជសម្បត្តិអស់ ៣០ ពាន់កប្ប។ កន្លងទៅមួយសែនកប្ប ព្រះសម្ពុទ្ធជា​អង្គីរស មានគ្រឿង​ប្រក់គឺកិលេសបើកហើយ នឹងបានត្រាស់ដឹង (ក្នុងលោក)។ កុលបុត្តនោះ​បានមកកើតជាបុរស មាននាមថាសតរំសី នឹងជាធម្មទាយាទ ជាធម្មនិម្មិត ជាឱរសរបស់​ព្រះសម្ពុទ្ធនោះ នឹងបានជាព្រះអរហន្ត។

ខ្ញុំមានអាយុ ៧ ឆ្នាំ រាប់អំពីកំណើតមក បានបួសក្នុងព្រះពុទ្ធសាសនា មាននាមថាសតរំសី រស្មីរបស់ខ្ញុំតែងផ្សាយចេញ។ ខ្ញុំត្រេកអរនឹងឈាន ចម្រើនឈាន ក្នុងមណ្ឌល ឬជិត​គល់ឈើ ខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុតក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ខ្ញុំបានជា​ក្សត្រ​ចក្រពត្តិ ៤ ដង ព្រះនាមរោមៈដូចគ្នា បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មាន​កម្លាំងច្រើន អស់ ៦០.០០០ កប្ប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសតរំសិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សតរំសិយត្ថេរាបទាន។

សយនទាយកត្ថេរាបទាន ទី៣

[៥៥] ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនទីព្រះបន្ទំដល់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ដែលទ្រង់​អនុគ្រោះសព្វសត្វលោក។ ភោគសម្បត្តិ តែងកើតឡើងសម្រាប់ខ្ញុំ ព្រោះការឲ្យនូវ​ទីព្រះបន្ទំនោះ ព្រោះបរិបូណ៌ដោយពូជ ក្នុងស្រែដ៏ល្អនោះ នេះជាផលនៃសយនៈនោះ។ ខ្ញុំអាចដេកក្នុងអាកាសបាន ខ្ញុំអាចទ្រនូវផែនដីនេះបាន ឥស្សរិយយសរបស់ខ្ញុំផ្សាយទៅ​ក្នុង​ពួកសត្វ នេះជាផលនៃសយនៈ។ ក្នុងកប្បទី ៥ ពាន់ ខ្ញុំបានជាមហាវីរក្សត្រ ៨ ដង ក្នុងកប្បទី ៣.៤០០ ខ្ញុំបានជាក្សត្រមានកម្លាំងច្រើន ៤ ដង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះសយនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សយនទាយកត្ថេរាបទាន។

គន្ធោទកទាយកត្ថេរាបទាន ទី៤

[៥៦] កាលគេធ្វើពិធីឆ្លងមហាពោធិព្រឹក្សរបស់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ខ្ញុំបានយក​ទឹកក្រអូប​មួយក្អមដ៏វិចិត្រ ហើយស្រោចទឹកក្រអូបនោះ លើដើមពោធិនោះ។ ក្នុងកាល​ដែល​កំពុងតែស្រោចដើមពោធិ មហាមេឃក៏បង្អុរភ្លៀង ផ្គរលាន់គឹកកងយ៉ាងខ្លាំង ព្រមទាំង​រន្ទះបាញ់ ក៏កើតឡើង។ ខ្ញុំក៏បានធ្វើមរណកាលត្រង់កន្លែងនោះ ដោយកម្លាំង​នៃរន្ទះនោះបាញ់ត្រូវ ខ្ញុំបានទៅឋិតនៅក្នុងទេវលោក ហើយសម្តែងនូវគាថានេះថា ឱហ្ន៎ ព្រះពុទ្ធ ឱហ្ន៎ ព្រះធម៌ ឱហ្ន៎ សម្បទានៃព្រះសាស្តារបស់ខ្ញុំ ឱ សាកសពរបស់ខ្ញុំធ្លាក់​ចុះហើយ ខ្ញុំបានមកត្រេកអរក្នុងទេវលោកនេះ។ ភពជាទីនៅរបស់ខ្ញុំមានជាន់ ៧ ខ្ពស់​ត្រដែតត្រដឹម ពួកនាងកញ្ញាមួយសែន តែងចោមរោមខ្ញុំសព្វៗ កាល។ ខ្ញុំមិនមានអាពាធ ខ្ញុំមិនមានសោក ខ្ញុំមិនចួបសេចក្តីក្រហល់ក្រហាយ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ២.៨០០ ខ្ញុំបានជាស្តេចចក្រពត្តិ គ្រប់គ្រងផែនដី បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះគន្ធោទកទាយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ គន្ធោទកទាយកត្ថេរាបទាន។

ឱបវុយ្ហត្ថេរាបទាន ទី៥

[៥៧] ខ្ញុំបានថ្វាយសេះអាជានេយ្យ ដល់ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ លុះប្រគល់ចំពោះ​ព្រះសម្ពុទ្ធហើយ ក៏ទៅកាន់ផ្ទះរបស់ខ្លួន។ ព្រះថេរៈឈ្មោះទេវិលៈ ជាអគ្គសាវ័ករបស់​ព្រះសាស្តា ជាធម្មទាយាទដ៏ប្រសើរ បានមកកាន់សំណាក់របស់ខ្ញុំ ហើយ (មានថេរវាចា) នឹងខ្ញុំថា ព្រះមានព្រះភាគ ព្រះអង្គនាំមកនូវប្រយោជន៍ទាំងពួង ទ្រង់ជាអាជានេយ្យ មិនញាប់ញ័រ ព្រះចក្ខុមសម្ពុទ្ធ ទ្រង់ទទួលហើយ ព្រោះទ្រង់ជ្រាបនូវតំរិះរបស់អ្នក។

ខ្ញុំកាត់ថ្លៃសេះសិន្ធវៈ ជាវាហនៈដ៏លឿន មានសន្ទុះដូចខ្យល់ ជាវាហនៈចេះអត់ធន់ ហើយថ្វាយដល់ព្រះពុទ្ធព្រះនាមបទុមុត្តរៈ។ ខ្ញុំចូលទៅកាន់កំណើតណាៗ ទោះបីជា​ទេវតា ឬជាមនុស្ស សេះអាជានេយ្យទាំងឡាយ មានសន្ទុះដូចខ្យល់ ជាសម្បត្តិជា​ទីត្រេកអរ រមែងកើតសម្រាប់ខ្ញុំ។ មួយទៀត លាភ កុលបុត្តទាំងឡាយនោះ បានល្អហើយ ព្រោះបាននូវឧបសម្បទា ប្រសិនបើព្រះពុទ្ធកើតមានក្នុងលោក ខ្ញុំសូមចូលទៅអង្គុយជិត​ព្រះអង្គទៀត។ ខ្ញុំបានជាស្តេច មានកម្លាំងច្រើន ជាស្តេចឈ្នះសឹកសង្គ្រាម មានសមុទ្រ​ទាំង ៤ ជាព្រំប្រទល់ ទ្រង់ជាឥស្សរៈក្នុងជម្ពូទ្វីបអស់ ២៨ ដង។ (ខ្ញុំទ្រទ្រង់) នូវរាង​កាយនេះជាទីបំផុត ភពជាទីបំផុតកំពុងប្រព្រឹត្តទៅ ខ្ញុំលះបង់នូវការឈ្នះ និងការចាញ់ ហើយបានដល់នូវទីមិនកម្រើក គឺព្រះនិញ្វន។ ក្នុងកប្បទី ៣៤.០០០ ខ្ញុំបានកើត​ជាស្តេចចក្រពត្តិ ជាក្សត្រមានតេជះច្រើន ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់​ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឱបវុយ្ហត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឱបវុយ្ហត្ថេរាបទាន។

សបរិវារាសនត្ថេរាបទាន ទី៦

[៥៨] ខ្ញុំដើរទៅកាន់ទីសៅហ្មង ដែលគេគ្របដោយផ្កាមល្លិកាទាំងឡាយ ហើយបានថ្វាយ​ចង្ហាន់បិណ្ឌបាតដល់ព្រះពុទ្ធព្រះនាមបទុមុត្តរៈ។ ព្រះសម្ពុទ្ធ អគ្គនាយកក្នុងលោក ទ្រង់មានសន្តានត្រង់ មានព្រះហឫទ័យខ្ជាប់ខ្ជួន ទ្រង់គង់លើអាសនៈនោះ ហើយសម្តែង​សរសើរនូវចង្ហាន់បិណ្ឌបាតថា

ពូជសូម្បីបន្តិចដែលគេសាបព្រោះហើយ ក្នុងស្រែដ៏ល្អ ទាំងភ្លៀងក៏បង្ហូរទរទឹកដោយ​ស្រួល ផលរមែងញុំាងអ្នកម្ចាស់ស្រែឲ្យត្រេកអរ យ៉ាងណាមិញ។ ចង្ហាន់បិណ្ឌបាតនេះ ដែលអ្នកតម្កល់ទុកហើយ ក្នុងបុញ្ញកេ្ខត្រដ៏ល្អ ផលនឹងធ្វើអ្នកឲ្យត្រេកអរក្នុងភពដែលអ្នក​កើត ក៏យ៉ាងនោះដែរ។

លុះព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ បានត្រាស់នូវពាក្យនេះហើយ ទ្រង់ទទួលចង្ហាន់​បិណ្ឌបាត បែរព្រះភក្រ្តឆ្ពោះទៅកាន់ឧត្តរទិស ទ្រង់ចៀសចេញទៅ។ ខ្ញុំសង្រួមល្អក្នុង​បាតិមោក្ខផង ក្នុងឥន្រ្ទិយទាំង ៥ ផង ប្រកបរឿយៗ នូវវិវេក ជាអ្នកមិនមានអាសវៈ គឺកិលេសជាគ្រឿងត្រាំក្នុងចិត្ត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសបរិវារាសនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សបរិវារាសនត្ថេរាបទាន។

បញ្ចទីបកត្ថេរាបទាន ទី៧

[៥៩] ខ្ញុំជឿស៊ប់ក្នុងព្រះសទ្ធម្មរបស់ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់អនុគ្រោះដល់​សព្វសត្វ ទ្រង់មានទិដ្ឋិត្រង់។ ខ្ញុំបានថ្វាយប្រទីបជាទាន ព័ទ្ធជុំវិញដើមពោធិព្រឹក្ស កាលខ្ញុំជឿហើយ បានថ្វាយប្រទីបទាំងឡាយ ក្នុងវេលានោះ លុះខ្ញុំទៅកើតក្នុង​កំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស ពួកទេវតាតែងទ្រោលបំភ្លឺគប់ភ្លើង​ឰដ៏​អាកាស នេះជាផលនៃការថ្វាយប្រទីប។ ខ្ញុំបានទទួលនូវទស្សនកិច្ច (ឃើញរូបទាំងពួង) ចម្ងាយ ១០០ យោជន៍ ដោយជុំវិញ ឃើញធ្លុះទៅខាងក្រៅជញ្ជាំង ខាងក្រៅផែនថ្ម និងភ្នំបាន។ ដោយសេសផលនៃកុសលកម្មនោះ ខ្ញុំបានដល់នូវការអស់ទៅនៃអាសវៈ ខ្ញុំទ្រទ្រង់នូវរាងកាយ ជាទីបំផុតក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ ជាធំជាងសត្វជើងពីរ។ ក្នុងកប្បទី ៣.៤០០ ខ្ញុំបានជាស្តេចចក្រពត្តិច្រើនជាតិ មាននាមថាសតចក្ខុដូចគ្នា មានតេជះច្រើន ទាំងមានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចទីបកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បញ្ចទីបកត្ថេរាបទាន។

ធជទាយកត្ថេរាបទាន ទី៨

[៦០] ខ្ញុំមានចិត្តរីករាយ បានលើកឡើងនូវទង់ ជិតគល់ពោធិព្រឹក្សដ៏ឧត្តម របស់ព្រះសម្ពុទ្ធ ព្រះនាម​បទុមុត្តរៈ។ ខ្ញុំរើសស្លឹកពោធិដែលជ្រុះមក យកទៅចោលខាងក្រៅខឿន ខ្ញុំបាន​ថ្វាយបង្គំពោធិព្រឹក្សដ៏ប្រសើរ ដូចថ្វាយបង្គំព្រះសម្ពុទ្ធចំពោះព្រះភក្រ្ត ទ្រង់ស្អាតខាងក្នុង ស្អាតខាងក្រៅ ទ្រង់មានព្រះហឫទ័យផុតស្រឡះ ទាំងមិនមានអាសវៈ។ ព្រះសាស្តា ព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក គួរទទួលនូវគ្រឿងបូជា ទ្រង់ឋិតនៅក្នុង​កណ្តាលនៃភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងនេះថា

កុលបុត្តនោះ នឹងមិនទៅកាន់ទុគ្គតិ អស់មួយសែនកប្ប ដោយផលទាំង ២ យ៉ាង គឺ ការថ្វាយទង់ និងការបម្រើនេះ។ កុលបុត្តនោះ នឹងទទួលនូវភាពជាទេវតា មានជោគល្អ ជាច្រើនជាតិរាប់មិនអស់ ក្នុងឋានទេវលោក។ នឹងបានជាស្តេចក្នុងដែនអស់ច្រើនរយជាតិ នឹងបានជាស្តេចចក្រពត្តិព្រះនាមឧគ្គតៈ។ កុលបុត្តនោះ លុះទទួលសម្បត្តិហើយ មាន​កុសលមូលដាស់តឿន នឹងបានត្រេកអរក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាម​គោតម។

ខ្ញុំមានចិត្តបញ្ជូនទៅកាន់ព្យាយាម មានចិត្តស្ងប់រម្ងាប់ មិនមានឧបក្កិលេស ទ្រទ្រង់នូវ​រាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៥១ ពាន់ ខ្ញុំបានជា​ក្សត្រច្រើនជាតិ ព្រះនាមឧគ្គតៈដូចគ្នា ក្នុងកប្បទី ៥០ ពាន់ ខ្ញុំបានជាក្សត្រ ប្រមុខសេនា​ច្រើនជាតិ ព្រះនាមខេមៈដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះធជទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធជទាយកត្ថេរាបទាន។

បទុមត្ថេរាបទាន ទី៩

[៦១] ព្រះបទុមុត្តរសម្ពុទ្ធ កំពុងទ្រង់ប្រកាសសច្ចៈ ៤ ញុំាងធម៌ដ៏ប្រសើរឲ្យប្រព្រឹត្តទៅ ទ្រង់បង្អុរនូវភ្លៀងគឺអមតៈ ញុំាងមហាជនឲ្យរលត់ទុក្ខ។ ខ្ញុំកាន់យកផ្កាឈូក ព្រមទាំងទង់ ឋិតនៅក្នុងទីកន្លះកោសៈ មានចិត្តរីករាយចំពោះព្រះមុនី ព្រះនាមបទុមុត្តរៈ ហើយព្រាច (ផ្កាឈូក) ឰដ៏អាកាស។ កាលដែលផ្កាឈូកអណ្តែតមក មានសេចក្តីអស្ចារ្យ ក្នុងខណៈ​នោះ ព្រះពុទ្ធប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ហើយទ្រង់​ទទួល។ ព្រះសាស្តាទ្រង់ទទួលយកជលជាត ជាផ្កាដ៏ឧត្តម ដោយព្រះហស្តដ៏​ប្រសើរ ទ្រង់ឋិតនៅ​ក្នុងភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងនេះថា

កុលបុត្តណា ព្រាចផ្កាឈូកនេះថ្វាយព្រះសព្វញ្ញូ ជានាយកប្រសើរ តថាគតនឹង​សម្តែង​សរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្តនេះ នឹងបានជាធំជាងទេវតា សោយទេវរជ្ជសម្បត្តិអស់ ៣០ កប្ប នឹងសោយប្រថពីរជ្ជសម្បត្តិ គ្រប់គ្រងផែនដីអស់ ៧០០ កប្ប។ នឹងបានជាស្តេចចក្រពត្តិ គ្រប់គ្រងសត្វក្នុងភពនោះ ភ្លៀងផ្កានឹងបង្អុរចុះអំពីអាកាស ក្នុងកាលនោះ។ កន្លងទៅមួយសែនកប្ប ព្រះបរម​សាស្តា​ព្រះនាមគោតម កើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងត្រាស់ដឹងក្នុងលោក។ កុលបុត្តនោះ នឹងកើតជាឱរស ជាធម្មទាយាទ ជាធម្មនិម្មិត របស់ព្រះគោតមនោះ កំណត់ដឹងនូវអាសវៈ​ទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។

ខ្ញុំប្រសូតចេញអំពីផ្ទៃនៃមាតា ជាអ្នកមានសម្បជញ្ញៈ មានសតិ លុះដល់ខ្ញុំអាយុ ៥ ឆ្នាំ បានសម្រេចព្រះអរហត្ត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបទុមត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បទុមត្ថេរាបទាន។

អសនពោធិយត្ថេរាបទាន ទី១០

[៦២] ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត បានឃើញព្រះលោកនាយក ក៏មានចិត្ត​ជ្រះថ្លា មានចិត្តរីករាយ ហើយចូលទៅគាល់ព្រះសម្ពុទ្ធ ជាបុគ្គលប្រសើរជាងពួកនរៈ។ ខ្ញុំជាអ្នកមានចិត្តរីករាយ បានដាំ (ដើមធ្នង់) ជាពោធិព្រឹក្សដ៏ឧត្តម ថ្វាយព្រះមានព្រះភាគ ព្រះនាមតិស្សៈ ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ លុះដើមធ្នង់នោះ ដុះឡើងផុតអំពីផែនដី ខ្ញុំក៏បានថែទាំដើមធ្នង់ ជាពោធិដ៏ឧត្តមនោះអស់ ៥ ឆ្នាំ។ ខ្ញុំបានឃើញដើមធ្នង់មានផ្កាល្អចំឡែក គួរព្រឺរោម ហើយក៏ប្រកាសនូវកម្មរបស់ខ្លួន ទើប​ចូល​ទៅគាល់ព្រះសម្ពុទ្ធដ៏ប្រសើរ។ គ្រានោះឯង ព្រះសម្ពុទ្ធព្រះនាមតិស្សៈ ជា​សយម្ភូអគ្គបុគ្គល​នោះ ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយទ្រង់សម្តែងនូវគាថាទាំងនេះថា

កុលបុត្តណា ដាំដើមឈើជាពោធិព្រឹក្សនេះផង ធ្វើពុទ្ធបូជាដោយគោរពផង តថាគត​នឹងសម្តែងសរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្តនោះ នឹងបាននូវទេវសម្បត្តិក្នុងទេវលោកអស់ ៣០ កប្ប នឹងបានជាស្តេចចក្រពត្តិ​អស់ ៦៤ ដង។ លុះច្យុតចាកតុសិតទេវលោក មានកុសលមូលដាស់តឿន នឹងបាន​នូវសម្បត្តិទាំងពីរ ហើយនឹងត្រេកអរក្នុងអត្តភាពជាមនុស្ស។ កុលបុត្តនោះ មានចិត្តបញ្ជូន​ទៅកាន់ព្យាយាម មានចិត្តស្ងប់រម្ងាប់ មិនមានឧបធិក្កិលេស កំណត់ដឹងនូវអាសវៈ​ទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។

ខ្ញុំប្រកបរឿយៗ ក្នុងទីស្ងាត់ មានចិត្តស្ងប់រម្ងាប់ មិនមានឧបធិក្កិលេស ជាអ្នកមិន​មានអាសវៈ ដូចដំរីកាត់ផ្តាច់នូវទន្លីង។ ក្នុងកប្បទី ៩២ អំពីភទ្ទកប្បនេះ ព្រោះហេតុដែល​ខ្ញុំដាំដើមពោធិ (ថ្វាយព្រះសម្ពុទ្ធ ព្រះនាមតិស្សៈ) ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការដាំដើមពោធិ។ ក្នុងកប្បទី ៧៤ អំពីភទ្ទកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ មានព្រះនាមប្រាកដថាទណ្ឌសេនៈ ទ្រង់បរិបូណ៌ដោយកែវទាំង ៧ ប្រការ ក្នុងកាល​នោះ។ ក្នុងកប្បទី ៧៣ អំពីភទ្ទកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ជាធំលើផែនដី ៧ ដង មានព្រះនាមថាសមន្តនេមិដូចគ្នា។ ក្នុងកប្បទី ២០ គត់ អំពីភទ្ទកប្បនេះ ខ្ញុំបាន​ជាស្តេចចក្រពត្តិមួយព្រះអង្គ ទ្រង់ព្រះនាមបុណ្ណកៈ បរិបូណ៌ដោយ​កែវ ៧ ប្រការ ទ្រង់មាន​កម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអសនពោធិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អសនពោធិយត្ថេរាបទាន។

ឧទ្ទាន

វិធូបនទាយកត្ថេរាបទាន ១ សតរំសិយត្ថេរាបទាន ១ សយនទាយកត្ថេរាបទាន ១ គន្ធោទកទាយកត្ថេរាបទាន ១ ឱបវុយ្ហត្ថេរាបទាន ១ បរិវារាសនត្ថេរាបទាន ១ បញ្ចទីបកត្ថេរាបទាន ១ ធជទាយកត្ថេរាបទាន ១ បទុមបូជកត្ថេរាបទាន ១ អសនពោធិយត្ថេរាបទាន ១ ជាគម្រប់ ១០ ឯគាថាមាន ៩២ ដែលលោក​ពោល​ទុក​ហើយ។

ចប់ វីជនីវគ្គ ទី៦។

សកចិត្តនិយវគ្គ ទី៧

សកចិត្តនិយត្ថេរាបទាន ទី១

[៦៣] ខ្ញុំបានឃើញព្រៃផ្សៃ មិនមានសូរស័ព្ទ ជាទីមិនល្អក់ចិត្ត គួរទទួល​នូវគ្រឿង​បូជា ដែលពួកឥសីធ្លាប់សន្សំហើយ។ ខ្ញុំ​រោយផ្កាផ្សេងៗ ឲ្យជាគំនរ ធ្វើជាព្រះស្តូប ហើយ​ថ្វាយបង្គំព្រះ​ស្តូបដែលខ្ញុំកសាងនោះ ហាក់ដូចជាថ្វាយបង្គំព្រះសម្ពុទ្ធ គង់​ក្នុងទី​ចំពោះ​មុខ។ ខ្ញុំបានជាស្តេច ជាធំក្នុងដែន បរិបូណ៌ដោយ​រតនៈ ៧ ប្រការ ប្រារព្ធ​នូវកម្មរបស់ខ្លួន នេះជាផលនៃការបូជា។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុ​ដែល​ខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៨០ ខ្ញុំបានជាស្តេចចក្រពត្តិ ព្រះនាមអនន្តយស ជាអ្នកបរិបូណ៌ដោយរតនៈ ៧ ប្រការ ជាស្តេចធំក្នុងទ្វីបទាំង ៤។ បដិសម្ភិទា   ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសកចិត្តនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការ​ដូច្នេះ។

ចប់ សកចិត្តនិយត្ថេរាបទាន។

អាបោបុប្ផិយត្ថេរាបទាន ទី២

[៦៤] កាលព្រះសិខីសម្ពុទ្ធ ទ្រង់ចេញអំពីវត្ត ស្តេចទៅសណ្ឋិតក្នុងទីចង្រ្កម ទ្រង់ប្រកាស​នូវសច្ចៈ ៤ សម្តែងនូវផ្លូវនៃអមតៈ។ ខ្ញុំដឹងច្បាស់នូវព្រះវាចារបស់ព្រះពុទ្ធ ព្រះនាមសិខី ជាបុគ្គលប្រសើរ មានព្រះហឫទ័យនឹងធឹងហើយ ក៏បេះយកផ្កាផ្សេងៗ បាចសាចទៅនា​អាកាស។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាចម្បងក្នុងលោក ប្រសើរជាងពួកជន ខ្ញុំលះបង់នូវការឈ្នះ និងការចាញ់ ហើយដល់នូវទីមិនកម្រើកគឺ​និញ្វន ដោយសារបុញ្ញកម្ម​នោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែល​ខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា។ ក្នុង​កប្បទី ២០ អំពីកប្បនេះ ខ្ញុំបានកើតជាមហាក្សត្រចក្រពត្តិ ព្រះនាមសុមេធៈ ទ្រង់មាន​កម្លាំងច្រើន បរិបូណ៌ដោយ​រតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអាបោបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការ​ដូច្នេះ។

ចប់ អាបោបុប្ផិយត្ថេរាបទាន។

បច្ចាគមនិយត្ថេរាបទាន ទី៣

[៦៥] កាលនោះ ខ្ញុំជាបក្សីចាក្រពាក នៅនាឆ្នេរស្ទឹងសិន្ធុ ខ្ញុំមាន​សារាយសុទ្ធ​ជាអាហារផង ខ្ញុំសង្រួមល្អក្នុងសត្វទាំងឡាយផង។ ខ្ញុំបានឃើញព្រះពុទ្ធ ជាបុគ្គល​ប្រាសចាក​ធូលីគឺ​កិលេស កំពុងនិមន្តទៅឰដ៏អាកាស ខ្ញុំពាំនូវផ្ការាំងដោយចំពុះ បង្អោន​មកថ្វាយព្រះពុទ្ធ ព្រះនាមវិបស្សី។ សទ្ធាមិនញាប់ញ័រដែលបុគ្គលណា តម្កល់ល្អ​ហើយ​ចំពោះព្រះតថាគត បុគ្គលនោះ រមែងមិនទៅកាន់ទុគ្គតិ ដោយសេចក្តីជ្រះថ្លានៃចិត្តនោះ។

ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធ ព្រះអង្គជាបុគ្គលប្រសើរ ឱ ! ពូជដ៏ល្អ គឺបុណ្យ ខ្ញុំជាបក្សី បណ្តុះទុកល្អហើយ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុ​ដែលខ្ញុំបាន​បូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៧ អំពីកប្បនេះ ខ្ញុំបានជាក្សត្រ ៨ ដង មានព្រះនាមដូចគ្នា គឺព្រះនាមថាសុចារុទស្សនៈ ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបច្ចាគមនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បច្ចាគមនិយត្ថេរាបទាន។

បរប្បសាទកត្ថេរាបទាន ទី៤

[៦៦] បុគ្គលណា ឃើញព្រះសម្ពុទ្ធ មានសម្បុរដូចមាស ជាឧសភបុរស ជាវីរបុរសប្រសើរ ទ្រង់ស្វែងរកនូវគុណធម៌ដ៏ធំ មានជ័យជំនះហើយ នឹងខានជ្រះថ្លា​ម្តេចបាន។ ភ្នំហិមពាន្ត មានប្រមាណមិនបាន និងសមុទ្រសាគរ គេឆ្លងបានដោយក្រ យ៉ាងណាមិញ ឈានរបស់​ព្រះពុទ្ធ ក៏យ៉ាងនោះដែរ បុគ្គលឃើញហើយ នឹងខាងជ្រះថ្លា​ម្តេចបាន។ ផែនដីមាន​ប្រមាណ​មិនបាន របៀបផ្កាឈើក្នុងព្រៃដ៏ត្រកាល យ៉ាងណាមិញ សីលរបស់ព្រះពុទ្ធ ក៏យ៉ាងនោះដែរ បុគ្គលណាឃើញហើយ នឹងខានជ្រះថ្លាម្តេចបាន។ អាកាសមិនញាប់ញ័រ​ដោយផ្លូវខ្យល់ បុគ្គលរាប់មិនបាន យ៉ាងណាមិញ ញាណ​របស់ព្រះពុទ្ធ ក៏យ៉ាងនោះដែរ បុគ្គលណាឃើញហើយ នឹងខានជ្រះថ្លាម្តេចបាន។ ព្រាហ្មណ៍ឈ្មោះសោនៈ សរសើរ​នូវព្រះសិទ្ធត្ថៈ ជាព្រះពុទ្ធប្រសើរ ព្រះអង្គឈ្នះ​កិលេសមារ ដោយគាថាទាំង ៤ នេះហើយ មិនទៅកាន់ទុគ្គតិអស់ ៩៤ កប្ប។

ខ្ញុំបានទទួលសម្បត្តិដ៏ល្អ ក្នុងសុគតិទាំងឡាយ មិនមែនតិចឡើយ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ខ្ញុំសរសើរព្រះសម្ពុទ្ធ ជានាយកនៃសត្វលោក ហើយមិនស្គាល់នូវទុគ្គតិ នេះជាផលនៃការសរសើរព្រះពុទ្ធ។ ក្នុងកប្បទី ១៤ ខ្ញុំបានជាស្តេចចក្រពត្តិ ៤ ដង ព្រះនាមឧគ្គតៈដូចគ្នា ទ្រង់បរិបូណ៌ដោយរតនៈ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបរប្បសាទកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បរប្បសាទកត្ថេរាបទាន។

ភិសទាយកត្ថេរាបទាន ទី៥

[៦៧] ព្រះពុទ្ធ ព្រះនាមវេស្សភូ ជាបុរសដ៏ឧត្តម ជាព្រះពុទ្ធទី ៣ របស់ពួកព្រះពុទ្ធ ទ្រង់ស្វែងរក (នូវគុណធំ) ស្តេចទៅគង់នៅក្នុងព្រៃផ្សៃ។ ខ្ញុំមានចិត្តជ្រះថ្លា បានកាន់​ក្រអៅឈូក ហើយដើរទៅក្នុងទីជិតនៃព្រះពុទ្ធ ថ្វាយក្រអៅឈូកនោះ ចំពោះព្រះពុទ្ធ​ដោយ​ដៃរបស់ខ្លួន។ ព្រះពុទ្ធ ព្រះនាមវេស្សភូ មានព្រះប្រាជ្ញាដ៏ប្រសើរ ទ្រង់បានទទួល​ដោយព្រះហស្ត ខ្ញុំមិនដែលស្គាល់សុខណាដ៏ស្មើ ឬលើសជាងសុខ ដែលកើត​អំពី​បុណ្យនោះសោះឡើយ។ ភពជាទីបំផុតរបស់ខ្ញុំ កំពុងប្រព្រឹត្តទៅ ភពទាំងពួង ខ្ញុំគាស់​រំលើងចោលហើយ ខ្ញុំផ្តាច់ចំណង ដូចជាដំរី (ផ្តាច់ទន្លីង) ហើយជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយក្រអៅឈូក។ ក្នុងកប្បទី ១៣ ខ្ញុំបានជា​ស្តេចចក្រពត្តិ ១៦ ដង ព្រះនាមសមោធានៈដូចគ្នា ជាធំក្នុងពួកមនុស្ស មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះភិសទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ភិសទាយកត្ថេរាបទាន។

សុចិន្តិតត្ថេរាបទាន ទី៦

[៦៨] ខ្ញុំបានកើតជាកេសររាជសីហ៍ មានជាតិដ៏ខ្ពង់ខ្ពស់ ត្រាច់ទៅតាមជ្រោះភ្នំ សម្លាប់នូវ​ពួកម្រឹគ ចិញ្ចឹមជីវិតក្នុងចន្លោះភ្នំ។ គាប់ជួនព្រះមានព្រភាគ ព្រះនាមអត្ថទស្សី ព្រះអង្គជា​សព្វញ្ញូ ទ្រង់ប្រសើរជាងពួកអ្នកប្រាជ្ញ ព្រះអង្គប្រាថ្នាស្រោចស្រង់ខ្ញុំ ទើបស្តេច​មកកាន់ភ្នំ​ដ៏ឧត្តម។ ក្នុងសម័យនោះ ខ្ញុំសម្លាប់នូវបសទម្រឹគ យកមកបំរុងបរិភោគ ព្រះមានព្រះភាគ​ប្រព្រឹត្តបិណ្ឌបាត ស្តេចចូលមកជិតខ្ញុំ។ ខ្ញុំរើសយកសាច់ដ៏ល្អ ថ្វាយព្រះសាស្តាអង្គនោះ ឯព្រះសាស្តា ជាមហាវីរបុរស (សម្តែងធម៌) ញុំាងខ្ញុំឲ្យរលត់ទុក្ខ ហើយទ្រង់អនុមោទនា​ក្នុងកាលនោះ។ ខ្ញុំចូលទៅកាន់ជ្រោះភ្នំ ញុំាងបីតិឲ្យកើតឡើង ដោយសេចក្តីជ្រះថ្លានៃ​ចិត្តនោះ ខ្ញុំក៏ធ្វើកាលកិរិយាក្នុងទីនោះ។ ក្នុងកប្បទី ១.៥០០ ខ្ញុំបានរីករាយក្នុងទេវលោក ដោយទានសាច់នុ៎ះផង ដោយសេចក្តីតម្កល់ចិត្តនុ៎ះផង។ ដោយ​អំណោយនៃទានសាច់​នោះផង ដោយការរលឹកនូវព្រះពុទ្ធផង កុសល ខ្ញុំក៏បាន​ធ្វើថែមទៀត ក្នុងកប្បដ៏សេស។ ក្នុងកប្បទី ៣៨ ខ្ញុំបានកើតជាស្តេច មាននាមថាទីឃាយុ ៨ ដង ក្នុងកប្បទី ៦.០០០ អំពីកប្បនេះ ខ្ញុំបានជាស្តេចពីរដង ព្រះនាមសរណៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុចិន្តិតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សុចិន្តិតត្ថេរាបទាន។

វត្ថទាយកត្ថេរាបទាន ទី៧

[៦៩] ក្នុងកាលនោះ ខ្ញុំកើតជាបក្សីគ្រុឌ ជាធំលើពួកគ្រុឌ បានឃើញព្រះពុទ្ធ ព្រះអង្គមាន​ធូលីគឺកិលេសប្រាសចេញហើយ កំពុងស្តេចទៅកាន់ភ្នំគន្ធមាទន៍។ ខ្ញុំបាន​លះបង់​ភេទជា​គ្រុឌ ហើយប្លែងខ្លួនជាមាណព ខ្ញុំបានថ្វាយសំពត់មួយ ចំពោះព្រះពុទ្ធ ព្រះអង្គជា​បុគ្គល​នឹងធឹង ទ្រង់ជាធំជាងសត្វជើងពីរ។ ចំណែកខាងព្រះពុទ្ធ ជា​អគ្គនាយក​នៃស្វត​លោក ជា​សាស្តា ទ្រង់ឈរទទួលនូវសំពត់នោះ នៅលើ​អាកាស​ហើយសម្តែង​នូវគាថា​ទាំង​នេះថា បក្សីគ្រុឌនេះ លុះលះបង់នូវកំណើតគ្រុឌហើយ នឹង​ទៅត្រេកអរ ក្នុង​ទេវលោក​ព្រោះ​ទាននៃ​សំពត់នេះផង ព្រោះការតម្កល់ចិត្តនេះផង។ ចំណែក​ព្រះមានព្រះភាគ ព្រះនាម​អត្ថទស្សី ជាចំបងក្នុងលោក ជានរាសភៈ ទ្រង់សរសើរទាន​សំពត់ ហើយទ្រង់ងាក​ព្រះភក្រ្តឆ្ពោះទៅទិសខាងជើង ទ្រង់ស្តេចចៀស​ចេញទៅ។ កាលខ្ញុំ​កើតក្នុងភព ខ្ញុំតែង​មានការបរិបូណ៌ដោយសំពត់ តែងមានគ្រឿង​ប្រក់បាំងឰដ៏អាកាស នេះជាផលនៃទាន​សំពត់។ ក្នុងកប្បទី ៣៦ ខ្ញុំបានជាស្តេចចក្រពត្តិ ៧ ដង ព្រះនាម​អរុណសៈ មានកម្លាំងច្រើន ជាអធិបតីលើពួកមនុស្ស។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះវត្ថទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ វត្ថទាយកត្ថេរាបទាន។

អម្ពទាយកត្ថេរាបទាន ទី៨

[៧០] ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ទ្រង់គង់នៅក្នុងទីចន្លោះភ្នំ ព្រះអង្គ​មិនមានឧបធិក្កិលេស (មានព្រះហឫទ័យ) ផ្សាយមេត្តាទៅក្នុងលោកមិនមានប្រមាណ។ គ្រានោះ ខ្ញុំបានកើតជាស្វា លើភ្នំដ៏ឧត្តមឈ្មោះហិមពាន្ត បានឃើញព្រះពុទ្ធ មាន​គុណ​មិនថោកថយ មានគុណដ៏ក្រៃលែង ក៏ញុំាងចិត្តឲ្យជ្រះថ្លាចំពោះព្រះពុទ្ធ។ ក្នុងគ្រានោះ មាន​ដើមស្វាយមានផ្លែ ក្នុងទីមិនឆ្ងាយអំពីភ្នំហិមពាន្ត ខ្ញុំក៏បានបេះផ្លែស្វាយទុំ​មានរស​ផ្អែម អំពីដើមស្វាយនោះ ព្រមទាំងទឹកឃ្មុំ ហើយថ្វាយព្រះសម្ពុទ្ធ។ ព្រះពុទ្ធ​ព្រះនាម​អនោមទស្សី ជាមហាមុនី ទ្រង់ព្យាករខ្ញុំនោះដោយទានរបស់ខ្ញុំទាំង ២ គឺទានទឹកឃ្មុំនេះ និងទានទឹកផ្លែស្វាយនេះថា

ស្វានេះ នឹងរីករាយក្នុងទេវលោកអស់ ៥៧ កប្ប នឹងអន្ទោលទៅកាន់​ភពដ៏​ច្រឡូកច្រឡំ ក្នុងកប្បដ៏សេស។ លុះអស់បាបកម្ម មកអំពីអបាយភូមិ មានអសុរកាយ ជាដើម (បានមកជាមនុស្ស) ហើយញុំាងកិលេសឲ្យរីងស្ងួត ដោយសេចក្តីចម្រើនដ៏​ចាស់ក្លា។

ខ្ញុំដែលព្រះពុទ្ធ ស្វែងរកនូវគុណដ៏ធំ ទូន្មានហើយដោយការទូន្មានដ៏ឧត្តម ក៏បាន​លះបង់នូវការឈ្នះ និងការចាញ់ហើយ ដល់នូវទីមិនញាប់ញ័រ គឺព្រះនិញ្វន។ ក្នុងកប្បទី ៧.៧០០ ខ្ញុំបានជាស្តេចចក្រពត្តិ ១៤ ដង ព្រះនាមអម្ពដ្ឋជ័យ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអម្ពទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការដូច្នេះ។

ចប់ អម្ពទាយកត្ថេរាបទាន។

សុមនត្ថេរាបទាន ទី៩

[៧១] ក្នុងគ្រានោះ ខ្ញុំជានាយមាលាការ (អ្នកធ្វើកម្រងផ្កា) ឈ្មោះសុមនៈ បាន​ឃើញព្រះពុទ្ធ មានធូលីគឺកិលេសប្រាសចេញហើយ ព្រះអង្គជាអ្នកទទួលនូវគ្រឿងបូជា​របស់សត្វលោក។ ខ្ញុំលើកផ្គងនូវផ្កាម្លិះដ៏ឧត្តមដោយដៃទាំងពីរ បង្អោនថ្វាយព្រះពុទ្ធ​ព្រះនាមសិខី ព្រះអង្គជាផៅពង្សនៃលោក។ ខ្ញុំមិនដែលស្គាល់ទុគ្គតិ ដោយការបូជា​ផ្កានេះផង ដោយការតម្កល់ចេតនានេះផង នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៦ ខ្ញុំបានជាស្តេចចក្រពត្តិ ៤ ដង ព្រះនាម​មហាយសៈ ទ្រង់បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុមនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ។

ចប់ សុមនត្ថេរាបទាន។

បុប្ផចង្កោដិយត្ថេរាបទាន ទី១០

[៧២] (ខ្ញុំបានឃើញ) ព្រះពុទ្ធព្រះនាមសិខី ព្រះអង្គមានសភាពមិនខ្លបខ្លាច ដូចសីហៈ ដូចគ្រុឌប្រសើរជាងពួកបក្សី ដូចខ្លាធំដ៏ល្អប្រសើរ ដូចកេសររាជសីហ៍ មាន​ជាតិខ្ពង់ខ្ពស់ ព្រះអង្គជាសរណៈនៃលោកទាំង ៣ មិនញាប់ញ័រ ទ្រង់ឈ្នះមារ ប្រសើរជាងពួកសមណៈ ទ្រង់គង់នៅដោយមានភិក្ខុសង្ឃចោមរោម។ ខ្ញុំបានដាក់​ផ្កាននោងដ៏ប្រសើរក្នុងប្រអប់ ហើយថ្វាយទាំងប្រអប់ធំ ចំពោះព្រះពុទ្ធជាបុគ្គលប្រសើរ។ បពិត្រព្រះអង្គជាធំជាង​សត្វជើងពីរ ជានរាសភៈ ខ្ញុំលះបង់នូវការឈ្នះ និងការចាញ់ ហើយដល់នូវទីមិនកម្រើក គឺព្រះនិញ្វន ដោយសេចក្តីជ្រះថ្លានៃចិត្តនោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុ​ដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៣០ គត់ ខ្ញុំបានជាស្តេចចក្រពត្តិ ៥ ដង ព្រះនាមទេវភូតិសៈ ទ្រង់បរិបូណ៌​ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះបុប្ផចង្កោដិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បុប្ផចង្កោដិយត្ថេរាបទាន។

ឧទ្ទាន

សកចិត្តនិយត្ថេរាបទាន ១ អាបោបុប្ផិយត្ថេរាបទាន ១ បច្ចាគមនិយត្ថេរាបទាន ១ បរប្បសាទកត្ថេរាបទាន ១ ភិសទាយកត្ថេរាបទាន ១ វត្ថទាយកត្ថេរាបទាន ១ អម្ពទាយកត្ថេរាបទាន ១ សុមនត្ថេរាបទាន ១ បុប្ផចង្កោដិយត្ថេរាបទាន ១ ឯគាថា​ទាំងឡាយ ជាគ្រឿងសម្តែងនូវអត្ថដែលលោកពោលហើយ រាប់ទៅឃើញ ៧១ គាថា។

ចប់ សកចិត្តនិយវគ្គ ទី៧។

នាគសមាលវគ្គ ទី៨

នាគសមាលត្ថេរាបទាន ទី១

[៧៣] ខ្ញុំបានរើសផ្កាដែលគេចោលក្នុងផ្លូវធំ ហើយបូជាព្រះស្តូបរបស់ព្រះសិខី ជាផៅពង្ស​នៃ​លោក។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់នូវទុគ្គតិ នេះជាផលនៃការបូជាចំពោះព្រះស្តូប។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ព្រះនាមបុប្ផិយៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយ​រតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនាគសមាលត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ នាគសមាលត្ថេរាបទាន។

បទសញ្ញកត្ថេរាបទាន ទី២

[៧៤] ខ្ញុំបានឃើញស្នាមព្រះបាទរបស់ព្រះតិស្សសម្មាសម្ពុទ្ធ ព្រះអង្គជា​ព្រះអាទិច្ចពន្ធុ ទ្រង់ជាន់ទុកហើយ ខ្ញុំមានចិត្តត្រេកអររីករាយ បានញុំាងចិត្តឲ្យជ្រះថ្លា ចំពោះស្នាម​ព្រះបាទ​នោះ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាននូវសេចក្តី​សំគាល់ក្នុង​ស្នាមព្រះបាទ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តី​សំគាល់ក្នុង​ស្នាមនៃព្រះបាទ។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានជាក្សត្រឈ្មោះសុមេធៈ ជាស្តេច​ចក្រពត្តិ មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះបទសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បទសញ្ញកត្ថេរាបទាន។

សុសញ្ញកត្ថេរាបទាន ទី៣

[៧៥] ខ្ញុំឃើញសំពត់បង្សុកូលរបស់ព្រះសាស្តា ដែលព្រះអង្គពាក់ទុកលើ​ចុងមែកឈើ លំដាប់នោះ ខ្ញុំធ្វើនូវអញ្ជលីថ្វាយបង្គំចំពោះសំពត់បង្សុកូល។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់នូវទុគ្គតិ នេះជាផល​នៃការសំគាល់នូវសំពត់បង្សុកូល។ ក្នុងកប្បទី ៤ អំពីកប្បនេះ ខ្ញុំបានកើតជា​ក្សត្រ​ឈ្មោះទុមហរៈ ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន មានសមុទ្រទាំង ៤ ជាព្រំប្រទល់ ជាស្តេចមានជ័យជំនះ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សុសញ្ញកត្ថេរាបទាន។

ភិសាលុវទាយកត្ថេរាបទាន ទី៤

[៧៦] ខ្ញុំចូលទៅក្នុងព្រៃផ្សៃ ហើយនៅក្នុងព្រៃ បានឃើញព្រះពុទ្ធព្រះនាមវិបស្សី ព្រះអង្គគួរ​ទទួលគ្រឿងបូជា។ ខ្ញុំបានថ្វាយក្រអៅឈូក និងទឹកសម្រាប់លាងព្រះហស្ត ខ្ញុំថ្វាយបង្គំចំពោះព្រះបាទាដោយត្បូង ហើយបែរមុខទៅកាន់ទិសខាងជើង ដើរចៀស​ចេញទៅ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយក្រអៅឈូក ក្នុងកាលនោះ ខ្ញុំក៏មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ៣ អំពី​កប្បនេះ ខ្ញុំបានជាក្សត្រឈ្មោះភិសសម្មតៈ ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន បរិបូណ៌​ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះភិសាលុវទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ភិសាលុវទាយកត្ថេរាបទាន។

ចប់ ភាណវារៈ ទី៦។

ឯកសញ្ញកត្ថេរាបទាន ទី៥

[៧៧] ព្រះអគ្គសាវ័ករបស់ព្រះវិបស្សីសម្មាសម្ពុទ្ធ មាននាមថាខណ្ឌត្ថេរ ជាអ្នកគួរ​ទទួលនូវ​គ្រឿងបូជារបស់សត្វលោក ខ្ញុំបានថ្វាយភិក្ខាមួយមុខ (ចំពោះអគ្គសាវ័កនោះ)។ បពិត្រ​ព្រះអង្គជាធំជាងសត្វជើងពីរ ជានរាសភៈ ខ្ញុំមិនដែលស្គាល់ទុគ្គតិ ដោយសេចក្តី​ជ្រះថ្លា​នៃចិត្តនោះ នេះជាផលនៃការថ្វាយ​ភិក្ខាមួយមុខ។ ក្នុងកប្បទី ៤០ អំពីកប្បនេះ ខ្ញុំបានជា​ក្សត្រឈ្មោះវរុណៈ បានជាស្តេចចក្រពត្តិ មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឯកសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឯកសញ្ញកត្ថេរាបទាន។

តិណសន្ថារទាយកត្ថេរាបទាន ទី៦

[៧៨] មានស្រះកើតឯងធំមួយ នៅក្នុងទីជិតនៃព្រៃហិមពាន្ត ជាស្រះដេរដាស​ដោយ​ឧប្បលជាតឈ្មោះសត្តបត្តៈ [ពាក្យ សត្តបត្តៈ នេះ ជាឈ្មោះឧប្បលដែលដុះនៅក្នុងទឹក មានស្លឹក ៧ ឬស្លឹកមានឆែក ៧ ឬក៏ឈូកមានត្របក ៧។] ជាលំនៅនៃបក្សីផ្សេងៗ។ ខ្ញុំងូតផង ផឹកផង ក្នុងស្រះនោះ ហើយនៅក្នុងទីមិនឆ្ងាយ ខ្ញុំបានឃើញព្រះពុទ្ធ ព្រះអង្គ​ប្រសើររបស់ពួកសមណៈ កំពុងស្តេចទៅក្នុងអាកាស។ ព្រះសាស្តា ព្រះអង្គ​ប្រសើរផុត​ក្នុងលោក បានជ្រាបបំណងរបស់ខ្ញុំ ហើយទ្រង់យាងចុះអំពីអាកាស មកឋិតលើផែនដី​ក្នុងខណៈ​នោះ។ ខ្ញុំបានយកកណ្តៀវច្រូតស្មៅ មកថ្វាយជាគ្រឿងគង់ ឯព្រះមានព្រះភាគ ព្រះអង្គជាម្ចាស់នៃលោកទាំង ៣ ជានាយក គង់លើស្មៅនោះ។ ខ្ញុំបានញុំាងចិត្តរបស់​ខ្លួនឲ្យជ្រះថ្លា ហើយថ្វាយបង្គំព្រះលោកនាយក រួចដើរថយក្រោយ សំឡឹងមើលព្រះពុទ្ធ ជាមហាមុនី។ ខ្ញុំក៏បានទៅកើតឯឋាននិម្មានរតី ដោយសេចក្តីជ្រះថ្លានៃចិត្តនោះ ខ្ញុំមិន​ដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាល។ ក្នុងកប្បទី ២ អំពីកប្បនេះ ខ្ញុំបានជាក្សត្រ​ឈ្មោះ​មិត្តសម្មតៈ ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់​ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតិណសន្ថារទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ តិណសន្ថារទាយកត្ថេរាបទាន។

សូចិទាយកត្ថេរាបទាន ទី៧

[៧៩] ក្នុងកប្បទី ៣០.០០០ ព្រះសម្ពុទ្ធជានាយកនៃលោក ព្រះនាមសុមេធៈ មាន​ព្រះលក្ខណៈ ៣២ ប្រការ ដ៏ប្រសើរ (ឧប្បត្តិឡើង)។ ខ្ញុំបានប្រគេនម្ជុល ៥ ចំពោះ​ព្រះសុមេធៈ ជាធំជាងសត្វជើងពីរនោះ ព្រះអង្គមានសម្បុរដូចមាស មានព្រះហឫទ័យ​នឹងធឹង ដើម្បីប្រយោជន៍ដល់ការដេរចីវរ។ ប្រាជ្ញាញាណដ៏មុតរហ័សផង ជាគ្រឿងឃើញ​ច្បាស់​នូវអត្ថដ៏ល្អិតផង ជាសុខសប្បាយផង បានកើតឡើងដល់ខ្ញុំ ព្រោះការថ្វាយនូវម្ជុល​នោះឯង។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញអស់ហើយ ភពទាំងអស់ ខ្ញុំគាស់រំលើង​ចោលហើយ ខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ។ ខ្ញុំបានជា​ព្រះរាជា ៤ ដង ឈ្មោះទិបទាធិបតីដូចគ្នា ជាស្តេចចក្រពត្តិ ទ្រង់មានកម្លាំងច្រើន បរិបូណ៌​ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសូចិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សូចិទាយកត្ថេរាបទាន។

បាដលិបុប្ផិយត្ថេរាបទាន ទី៨

[៨០] (ខ្ញុំបានឃើញ) ព្រះសម្ពុទ្ធ ព្រះអង្គមានសម្បុរដូចជាសម្បុរនៃមាស កំពុងយាងទៅ​ក្នុង​ចន្លោះរានផ្សារ មានព្រះលក្ខណៈ ៣២ ប្រការដ៏ប្រសើរ ដូចជា​ចេតិយមាស។ ក្នុងគ្រានោះ ខ្ញុំកើតជាសេដ្ឋីបុត្ត ជាសុខុមាលជាត ឋិតនៅ​ក្នុងសេចក្តីសុខ បានដក់​ផ្កាច្រនៀង​ក្នុងថ្នក់ ហើយបង្អោនផ្កានោះ (ថ្វាយព្រះអង្គ)។ ខ្ញុំជាអ្នកមានចិត្ត​រីករាយ​ស្រស់ស្រាយ បានបូជាផ្កានោះ រួចខ្ញុំនមស្ការចំពោះព្រះពុទ្ធ ព្រះនាមតិស្សៈ ព្រះអង្គ​ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ជាទីពឹង ជាវិសុទ្ធិទេពរបស់ពួកជន។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា។ ក្នុងកប្បទី ៦៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ មានព្រះនាមថាអភិសម្មតៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបាដលិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បាដលិបុប្ផិយត្ថេរាបទាន។

ឋិតញ្ជលិយត្ថេរាបទាន ទី៩

[៨១] ក្នុងភពមុន ខ្ញុំជាព្រានម្រឹគនៅក្នុងព្រៃផ្សៃ បានឃើញ​ព្រះសម្ពុទ្ធ​មាន​ព្រះគុណ ៣២ ដ៏ប្រសើរក្នុងទីនោះ។ ខ្ញុំធ្វើអញ្ជលីចំពោះព្រះពុទ្ធ ព្រះអង្គគង់នៅ​លើ​កម្រាលស្លឹកឈើ ដែលខ្ញុំចាត់ចែងទុកក្នុងទីមិនឆ្ងាយអំពីទីនោះ ហើយខ្ញុំបែរមុខ​ឆ្ពោះទៅ​ទិសខាងកើត ដើរ​ចៀស​ចេញទៅ។ លំដាប់នោះ ការធ្លាក់ចុះរន្ទះ ក៏ធ្លាក់ត្រូវក្បាលខ្ញុំ ក្នុងកាលនោះ ខ្ញុំក៏បានធ្វើអញ្ជលីម្តងទៀត ក្នុងកាលទៀបស្លាប់។ ក្នុងកប្បទី ៩២ អំពី​កប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវអញ្ជលីកម្មក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃ​អញ្ជលីកម្ម។ ក្នុងកប្បទី ៥៤ ខ្ញុំបានជាស្តេចចក្រពត្តិព្រះនាមមិគកេតុ មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឋិតញ្ជលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឋិតញ្ជលិយត្ថេរាបទាន។

តីណិបទុមិយត្ថេរាបទាន ទី១០

[៨២] គ្រានោះ ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់មានឥន្រ្ទិយទូន្មានហើយ ដែលសាវ័កមានឥន្រ្ទិយទូន្មានចោមរោម ទ្រង់ស្តេចចេញ​អំពីទីក្រុង។ គ្រានោះ ខ្ញុំជានាយមាលាការ ក្នុងក្រុងហង្សវតី បានកាន់ផ្កាឈូក ៣ ដែលជាផ្កាដ៏ឧត្តម ក្នុងពួកផ្កានោះ។ ក្នុងគ្រានោះ ខ្ញុំបានឃើញព្រះពុទ្ធ ព្រះអង្គមានធូលី គឺកិលេសប្រាសចេញហើយ ក្នុងចន្លោះផ្សារ ត្រង់ផ្លូវជួបគ្នានោះ លុះឃើញព្រះសម្ពុទ្ធ​ហើយ បានគតិយ៉ាងនេះថា

អញមានប្រយោជន៍ដូចម្តេច ដោយផ្កានេះ ដែលអញថ្វាយដល់ព្រះរាជា (ព្រោះ​បើថ្វាយ) អញបានតែត្រឹមស្រុក ១ ឬខែត្ររបស់ស្រុក ១ ឬទ្រព្យមួយពាន់ប៉ុណ្ណោះ។ បើអញបូជា​ព្រះលោកនាថ ជាវីរបុរស អ្នកទូន្មាននូវបុគ្គលដែលមិនទាន់ទូន្មាន ព្រះអង្គ​នាំមក​នូវសុខ​ដល់សត្វទាំងពួងវិញ រមែងបាននូវទ្រព្យឧត្តមគឺអមតៈ។ លុះខ្ញុំគិតយ៉ាងនេះ​ហើយ ក៏ញុំាង​ចិត្តរបស់ខ្លួនឲ្យជ្រះថ្លា កាលនោះ ខ្ញុំក៏បានយកផ្កាឈូកក្រហម ៣ បោះ​ឡើងទៅ​ឰដ៏អាកាស។ ផ្កាទាំងនោះដែលខ្ញុំគ្រាន់តែបោះឡើងទៅ ក៏ទើរនៅលើអាកាស មានទង​ឡើងលើ មានមុខសំយុងចុះមកក្រោម បាំងនៅខាងលើព្រះសិរ្សៈនៃព្រះពុទ្ធ ក្នុងទីនោះ។ ពួកមនុស្សណាមួយ បានឃើញហើយ ក៏នាំគ្នាញុំាងសម្លេងហ៊ោគឹកកងឲ្យប្រព្រឹត្តទៅ ទាំង​ពួកទេវតា ក៏ញុំាងសាធុការឲ្យប្រព្រឹត្តទៅក្នុងអាកាសថា

ហេតុអស្ចារ្យ កើតហើយក្នុងលោក យើងទាំងអស់គ្នានឹងស្តាប់ព្រះធម៌ តាមហេតុ​ភេទនៃ​ព្រះពុទ្ធ ជាបុគ្គលប្រសើរ តាមហេតុភេទនៃផ្កាទាំងឡាយ។ ឯព្រះពុទ្ធព្រះនាម​បទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក គួរទទួលនូវគ្រឿងបូជា ទ្រង់ឈរក្នុងថ្នល់ ត្រាស់នូវគាថា​ទាំងនេះថា

មាណពណា បានបូជាចំពោះព្រះពុទ្ធ ដោយផ្កាឈូកក្រហម តថាគតនឹងសម្តែង​សរសើរ​នូវមាណពនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ មាណពនេះ​នឹងរីករាយ​ក្នុងទេវលោក អស់ ៣០ ពាន់កប្ប នឹងបានជាធំជាងទេវតា សោយ​ទេវរាជសម្បត្តិ អស់ ៣០ ដង។ វិមានឈ្មោះមហាវិត្ថារិកៈ មានកំពស់ ៣០០ យោជន៍ ទទឹង ១៥០ យោជន៍ នឹងផុះឡើង (សម្រាប់មាណពនេះ) ក្នុងខណៈនោះ។ ផ្ទះប្រធានទាំងឡាយ មានប្រមាណ ៤ សែន ប្រកបដោយផ្ទះកំពូលដ៏ប្រសើរ សឹង​ប្រដាប់ដោយ​សេយ្យាសនៈ​ដ៏ប្រសើរ ដែលបុញ្ញកម្មនិម្មិតល្អហើយ។ ពួកស្រីអប្សរប្រមាណមួយសែនកោដិ ជាអ្នក​ឈ្លាសក្នុង​ការរាំ និងការច្រៀងផង វាងវៃក្នុងការប្រគំផង រមែងចោមរោម​ត្រៀបត្រា​ជានិច្ច។ ក្នុងគ្រានោះ ភ្លៀងជាវិការៈនៃផ្កាទិព្វ មានពណ៌ក្រហម ក៏បង្អុរចុះលើ​វិមានដ៏​ប្រសើរ ប្រាកដដូច្នោះ ដែលកុះករដោយពួកនារី។ ផ្កាឈូកក្រហម​ប៉ុនកង់រទេះ សំយុង​ចុះត្រង់​សសរ​ជញ្ជាំងផង ត្រង់ដៃកែវផង ត្រង់មេទ្វារផង ត្រង់ក្លោងទ្វារផង ក្នុងខណៈ​នោះ។ ផ្កាឈូកទាំងនោះ ក្រាលបិទបាំងនូវលំនៅនេះ ជាវិមានប្រសើរ ដែលព្រោងព្រាត​ដោយ​ស្លឹកឈើគ្រប់ពណ៌ វិលវង់នៅខាងក្នុង ក្នុងខណៈនោះ។ ផ្កាឈូកក្រហម​សុទ្ធទាំងនោះ ព័ទ្ធព័ន្ធនូវលំនៅមានប្រមាណ ១០០ យោជន៍ជុំវិញ ហើយផ្សាយនូវ​ក្លិនជាទិព្វ។ មាណពនេះ នឹងបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង (នឹងសោយ) បទេសរាជ្យ​ដ៏ធំទូលាយ​រាប់ជាតិមិនអស់។ មាណពនោះ នឹងបានបរិភោគ​នូវសម្បត្តិ​ទាំងពីរ មិនមានចង្រៃឧបទ្រព លុះដល់ទីបំផុត នឹងបានដល់ព្រះនិញ្វន។

ឱ ព្រះពុទ្ធ ខ្ញុំបានឃើញច្បាស់ហើយ ពាណិជ្ជកម្ម ខ្ញុំបានប្រកបហើយ ខ្ញុំបូជានូវផ្កាឈូក ៣ ហើយ ទើបបាននូវសម្បត្តិបីប្រការ។ ក្នុងថ្ងៃនេះ ផ្កាឈូកក្រហមរីក​ល្អបាំង​លើក្បាលខ្ញុំ ដែលបាននូវធម៌ រួចស្រឡះដោយប្រការទាំងពួង។ កាលព្រះសាស្តា ព្រះនាមបទុមុត្តរៈ កំពុងសម្តែងនូវបុព្វកម្មរបស់ខ្ញុំ ធម្មាភិសម័យគឺមគ្គផល ក៏កើតមាន​ដល់​ពួកសត្វ​មាន​ប្រមាណ​ច្រើន។ ក្នុងកប្បទីមួយសែនអំពីកប្បនេះ ព្រោះហេតុ​ដែលខ្ញុំ​បាន​បូជាផ្កា​ចំពោះ​ព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃផ្កាឈូក ៣។ កិលេស​ទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំគាស់រំលើង​ចេញ​ហើយ អាសវៈទាំង​ពួងក៏អស់រលីងហើយ ក្នុងកាលឥឡូវនេះ ភពថ្មីមិនមានទេ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះតីណិបទុមិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តីណិបទុមិយត្ថេរាបទាន។

ឧទ្ទាន

នាគសមាលត្ថេរាបទាន ១ បទសញ្ញកត្ថេរាបទាន ១ សុសញ្ញកត្ថេរាបទាន ១ ភិសាលុវទាយកត្ថេរាបទាន ១ ឯកសញ្ញកត្ថេរាបទាន ១ តិណសន្ថារទាយកត្ថេរាបទាន ១ សូចិទាយកត្ថេរាបទាន ១ បាដលិបុប្ផិយត្ថេរាបទាន ១ ឋិតញ្ជលិយត្ថេរាបទាន ១ តីណិបទុមិយត្ថេរាបទាន ១ មានគាថា ៧៥។

ចប់ នាគសមាលវគ្គ ទី៨។

តិមិរបុប្ផិយវគ្គ ទី៩

តិមិរបុប្ផិយត្ថេរាបទាន ទី១

[៨៣] ខ្ញុំដើរទៅកាន់ទីបណ្តោយខ្សែទឹក ក្បែរឆ្នេរស្ទឹងចន្ទភាគា ក៏បានឃើញ​ព្រះសមណ​សម្ពុទ្ធ ព្រះអង្គកំពុងគង់ មានព្រះកាយស្អាតថ្លា មិនមានសៅហ្មង។ ខ្ញុំញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លាចំពោះព្រះអង្គនោះ ក្នុងគ្រានោះ ខ្ញុំក៏គិតយ៉ាងនេះថា ព្រះពុទ្ធនេះ ព្រះអង្គ​ឆ្លងរួចហើយ នឹងញុំាងសត្វឲ្យឆ្លងផង ព្រះពុទ្ធនេះ មានឥន្រ្ទិយទូន្មានហើយ នឹងទូន្មាន (នូវពួកសត្វ) ផង។ ព្រះអង្គជាអ្នកស្រស់ស្រាយ នឹងញុំាងសត្វឲ្យ​ស្រស់​ស្រាយផង ព្រះអង្គជាអ្នកស្ងប់រម្ងាប់ នឹងញុំាងសត្វឲ្យស្ងប់រម្ងាប់ផង ព្រះអង្គរលត់ទុក្ខ​ហើយ នឹងញុំាង​សត្វឲ្យរលត់ផង។ លុះខ្ញុំគិតយ៉ាងនេះហើយ ទើបកាន់យកនូវផ្កា​តិមិរព្រឹក្ស ហើយព្រាច​ទៅលើព្រះសិរ្សៈនៃព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈ ព្រះអង្គស្វែងរកនូវ​គុណដ៏ធំ ក្នុងកាលនោះ។ ខ្ញុំផ្គងអញ្ជលីធ្វើប្រទក្សិណចំពោះព្រះអង្គ ហើយថ្វាយបង្គំ​ព្រះបាទា​របស់ព្រះសាស្តា រួចដើរចេញទៅកាន់ទិសដទៃ។ ស្តេចម្រឹគបានដេញខាំខ្ញុំ ដែលកំពុងតែដើរទៅ អស់កាល​មិនយូរប៉ុន្មាន ខ្ញុំកាលរត់ទៅតាមទីទៀបជ្រោះ ក៏ធ្លាក់ទៅ​ក្នុង​ជ្រោះនោះឯង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុង​កាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៥៦ ខ្ញុំបានជា​ស្តេចចក្រពត្តិ ៧ ដង ព្រះនាមមហារហៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌​ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតិមិរបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ តិមិរបុប្ផិយត្ថេរាបទាន។

គតសញ្ញកត្ថេរាបទាន ទី២

[៨៤] ខ្ញុំមានអាយុ ៧ ឆ្នាំ បានចូលទៅកាន់ផ្នួស បានថ្វាយបង្គំ​ព្រះបាទា​នៃព្រះសាស្តា ដោយចិត្តជ្រះថ្លា។ ខ្ញុំបោះផ្កាឈើឈ្មោះ​សត្តនង្គលកីទៅលើអាកាស ឧទ្ទិសចំពោះ​ព្រះពុទ្ធ ព្រះនាមតិស្សៈ ព្រះអង្គមានគុណមិនមានទីបំផុត ប្រៀបដូច​សាគរ។ ខ្ញុំមានចិត្ត​ត្រេកអរ បានបូជាផ្លូវដែលព្រះសុគតយាងមក ហើយមានចិត្តជ្រះថ្លា បានធ្វើ​អញ្ជលីកម្ម​ដោយដៃទាំងពីរក្នុងគ្រានោះ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុ​ដែល​ខ្ញុំបានធ្វើ​បុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៨ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៣ ដង ព្រះនាមអគ្គិសិខៈដូចគ្នា ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះគតសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ គតសញ្ញកត្ថេរាបទាន។

និបន្នញ្ជលិកត្ថេរាបទាន ទី៣

[៨៥] ខ្ញុំអង្គុយនៅទៀបគល់ឈើ ក្នុងព្រៃញាតស្បាតធំ ខ្ញុំត្រូវរោគដ៏ក្រៃលែង​បៀតបៀន ហើយដល់នូវភាពគួរគេអាណិតក្រៃលែង។ ព្រះសាស្តា ព្រះនាមតិស្សៈ ទ្រង់​ចូលមកជិតខ្ញុំ ដោយអាស្រ័យសេចក្តីអនុគ្រោះ ខ្ញុំនោះជាអ្នកដេកស្ងប់ស្ងៀម ហើយធ្វើ​អញ្ជលី (ចំពោះ​ព្រះសាស្តា) ដោយត្បូង។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តល្អ បានថ្វាយ​បង្គំ​ព្រះសម្ពុទ្ធ ព្រះអង្គជាបុគ្គលឧត្តមជាងសត្វទាំងពួង ហើយធ្វើនូវកាលកិរិយា ក្នុងទីនោះ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គំនូវព្រះសម្ពុទ្ធ ជាបុរសឧត្តម ក្នុងកាល​នោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបង្គំ។ ក្នុងកប្បទី ៥ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៥ ដង ព្រះនាមមហាសិខៈដូចគ្នា ទ្រង់បរិបូណ៌​ដោយរតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនិបន្នញ្ជលិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ និបន្នញ្ជលិកត្ថេរាបទាន។

អធោបុប្ផិយត្ថេរាបទាន ទី៤

[៨៦] មានភិក្ខុមួយរូប ព្រះនាមអភិភូ ជាអគ្គសាវ័ករបស់ព្រះពុទ្ធព្រះនាមសិខី លោកមាន​អានុភាព​ច្រើន មានត្រៃវិជ្ជា បានចូលមកកាន់ភ្នំហិមពាន្ត។ កាលនោះ ខ្ញុំជាឥសី ជាអ្នកស្ទាត់ក្នុងអប្បមញ្ញា និងឫទ្ធិ នៅក្នុងអាស្រមជាទីគួរត្រេកអរ ទៀបភ្នំហិមពាន្តនោះ។ ខ្ញុំប្រាថ្នារកផ្លែឈើក្នុងព្រៃភ្នំ ដូចជាបក្សី កាលហើរទៅក្នុងអាកាស ខ្ញុំកាន់យក​នូវផ្កា​អធោព្រឹក្ស ហើយត្រឡប់មកឯលំនៅជិតភ្នំនោះវិញ។ ខ្ញុំបានយកផ្កា ៧ រោយលើ​ព្រះសីរ្សៈ (នៃអគ្គសាវ័កនោះ) លុះដល់អគ្គសាវ័ក ជាវីរបុរសនោះ ក្រឡេកមើលមកចំខ្ញុំ ខ្ញុំក៏បែរមុខទៅទិសខាងកើត ហើយដើរចៀសចេញទៅ។ ខ្ញុំបានទៅដល់អាស្រមហើយ ក៏បានចាត់ចែងនូវអាវាស រួចយកនូវអម្រែកដើរទៅកាន់ចន្លោះភ្នំ។ គាប់ជួនពស់ថ្លាន់មាន​រូបដ៏សម្បើម មានកម្លាំងច្រើន បៀតបៀន (នូវខ្ញុំ) ខ្ញុំក៏នឹកដល់បុព្វកម្ម ហើយធ្វើ​កាល​កិរិយាក្នុងទីនោះ។ ក្នុងកប្បទី ៣៩ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ​បានបូជា​ផ្កាក្នុង​កាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះអធោបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អធោបុប្ផិយត្ថេរាបទាន។

រំសិសញ្ញកត្ថេរាបទាន ទី៥

[៨៧] ក្នុងភពមុន ខ្ញុំសម្រេចការនៅក្បែរភ្នំហិមពាន្ត ខ្ញុំស្លៀកពាក់ឧត្តរាសង្គៈ ជាស្បែកខ្លា នៅត្រង់ចន្លោះភ្នំ។ ខ្ញុំឃើញព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស មានរស្មីច្រើន ដូចព្រះអាទិត្យ ឬដូចសាលរាជព្រឹក្សមានផ្ការីក ទ្រង់ធ្វើពុទ្ធដំណើរទៅក្នុងចន្លោះព្រៃ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លា ក្នុងរស្មីរបស់ព្រះមហេសី ព្រះនាមវិបស្សី ទើបអង្គុយច្រហោង ផ្គង​អញ្ជលីថ្វាយបង្គំដោយសិរ្សៈ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាន​ធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសំគាល់នូវរស្មី។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះរំសិសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ រំសិសញ្ញកត្ថេរាបទាន។

រំសិសញ្ញិកត្ថេរាបទាន ទី៦

[៨៨] ខ្ញុំស្លៀកសំប្បកឈើ នៅកែ្បរភ្នំហិមពាន្ត ខ្ញុំឡើងកាន់ទីចង្រ្កម រួចអង្គុយ​បែរមុខ​ទៅទិសខាងកើត។ ខ្ញុំបានឃើញព្រះសុគត ព្រះនាមផុស្សៈក្បែរភ្នំ ទ្រង់ត្រេកអរ​នឹងឈានសព្វៗ កាល ហើយខ្ញុំផ្គងអញ្ជលី ញុំាងចិត្តឲ្យជ្រះថ្លាក្នុងរស្មី។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសម្គាល់រស្មី។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំ​បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏​បានប្រតិបត្តិហើយ។

បានឮថា ព្រះរំសិសញ្ញិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការដូច្នេះ។

ចប់ រំសិសញ្ញិកត្ថេរាបទាន។

ផលទាយកត្ថេរាបទាន ទី៧

[៨៩] ខ្ញុំស្លៀកស្បែកខ្លាទាំងក្រចក (នៅ) ជិតភ្នំហិមពាន្ត មាន​ផ្លែឈើក្នុងដៃ បាន​ឃើញព្រះជិនស្រីដ៏ប្រសើរ ព្រះនាម​ផុស្សៈ ហើយថ្វាយផ្លែឈើ (ចំពោះព្រះពុទ្ធនោះ)។ ខ្ញុំមាន​ចិត្តជ្រះថ្លា បានថ្វាយផ្លែឈើណា កាលបើភពរបស់ខ្ញុំនៅមាន ផ្លែឈីនោះ តែង​កើតដល់ខ្ញុំ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុង​កាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ផលទាយកត្ថេរាបទាន។

សទ្ទសញ្ញកត្ថេរាបទាន ទី៨

[៩០] ខ្ញុំនៅលើកម្រាលស្លឹកឈើ នាភ្នំហិមពាន្ត បានធ្វើចិត្តឲ្យជ្រះថ្លា ក្នុង​សំឡេង​របស់ព្រះសម្ពុទ្ធ ព្រះនាមផុស្សៈ ដែលកំពុងសម្តែងធម៌។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជា​ផល​នៃបុញ្ញកម្ម។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសទ្ទសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សទ្ទសញ្ញកត្ថេរាបទាន។

ពោធិសិញ្ចកត្ថេរាបទាន ទី៩

[៩១] មានពិធីឆ្លងព្រះមហាពោធិព្រឹក្សរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ក្នុងកាល​នោះ ខ្ញុំជាអ្នកបួសមានចិត្តស្ងប់រម្ងាប់ ដើរចូលទៅ (ជិតដើមពោធិព្រឹក្សនោះ)។ ខ្ញុំដងទឹក​ត្រពាំង ស្រោចដើមពោធិព្រឹក្ស (ដោយគិតថា) ព្រះវិបស្សីសម្ពុទ្ធ ទ្រង់រួចចាក​ទុក្ខហើយ នឹងញុំាងយើងឲ្យរួចទុក្ខផង ទ្រង់រំលត់ទុក្ខហើយ នឹងញុំាងយើងឲ្យរលត់ផង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានស្រោចស្រប់ដើមពោធិព្រឹក្ស ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការស្រោចពោធិព្រឹក្ស។ កាលកប្បទី ៣៣ កំពុង​ប្រព្រឹត្តទៅ ខ្ញុំបានជាស្តេចចក្រពត្តិ ៨ ដង ជាធំលើពួកជន ទ្រង់ព្រះនាម​ឧទកាសេចនៈ​ដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះពោធិសិញ្ចកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ពោធិសិញ្ចកត្ថេរាបទាន។

បទុមបុប្ផិយត្ថេរាបទាន ទី១០

[៩២] ខ្ញុំចូលទៅក្នុងព្រៃ ដែលមានស្រះឈូក កំពុងកាច់ផ្កាឈូក បានឃើញ​ព្រះសម្ពុទ្ធ ព្រះនាមផុស្សៈ ទ្រង់មានលក្ខណៈ ៣២ ប្រការដ៏ប្រសើរ។ ខ្ញុំបានយក​ផ្កាឈូក​បោះឡើង​ទៅនាអាកាស (ថ្វាយព្រះអង្គ) ខ្ញុំរលឹកឃើញនូវបាបកម្មហើយ ក៏ចូលបួសក្នុង​ព្រះពុទ្ធ​សាសនា។ លុះខ្ញុំបួសហើយ បានសង្រួមកាយ និងចិត្ត លះបង់នូវវចីទុច្ចរិត ជម្រះនូវ​អាជីវបារិសុទ្ធិសីល។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបូជាផ្កា ក្នុងកាល​នោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៨ ខ្ញុំបានកើតជាក្សត្រ ១៨ ដង និង ៤៨ ដង (៦៦) ជាធំលើផែនដី ទ្រង់ព្រះនាម​បទុមភាសៈ​ដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបទុមបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បទុមបុប្ផិយត្ថេរាបទាន។

ឧទ្ទាន

តិមិរបុប្ផិយត្ថេរាបទាន ១ កតសញ្ញកត្ថេរាបទាន ១ និបន្នញ្ជលិកត្ថេរាបទាន ១ អធោបុប្ផិយត្ថេរាបទាន ១ រំសិសញ្ញកត្ថេរាបទាន ២ ផលទាយកត្ថេរាបទាន ១ សទ្ទសញ្ញកត្ថេរាបទាន ១ ពោធិសិញ្ចកត្ថេរាបទាន ១ បទុមបុប្ផិយត្ថេរាបទាន ១ ឯគាថាចំនួន ៥៦ លោកបានសម្តែងហើយ។

ចប់ តិមិរបុប្ផិយវគ្គ ទី៩។

សុធាវគ្គ ទី១០

សុធាបិណិ្ឌយត្ថេរាបទាន ទី១

[៩៣] កាលបុគ្គលបូជាចំពោះបុគ្គលគួរបូជា ទោះបីព្រះពុទ្ធ ឬសាវ័ក ដែលកន្លង​ផុតនូវធម៌ជាគ្រឿងយឺតយូរ ឆ្លងផុតនូវសេចក្តីសោក និងការខ្សឹកខ្សួល។ កាលបុគ្គល​បូជាចំពោះបុគ្គលទាំងនោះ ដែលមានសភាពដូច្នោះ មានទុក្ខរលត់ហើយ លោកមិនមាន​ភ័យអំពីទីណា បុគ្គលណាមួយមិនអាចនឹងរាប់បុណ្យថា បុណ្យនេះ មានប្រមាណ​ប៉ុណ្ណេះ ឬមានប្រមាណប៉ុណ្ណោះឡើយ។ ក្នុងលោកនេះ បុគ្គលណាមួយទទួលនូវភាព​ជាធំក្នុងទ្វីប​ទាំង ៤ ការទទួលនូវឥស្សរភាពនេះ របស់បុគ្គលនុ៎ះ មិនដល់មួយចំណែកទី ១៦ នៃការ​បូជា​នេះឡើយ។ ខ្ញុំមានចិត្តជ្រះថ្លា បានបូកបាយអក្នុងចន្លោះឥដ្ឋចេតិយ របស់ព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថៈ ទ្រង់ប្រសើរជាងពួកនរៈ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុ​ដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃ​ការ​ជួសជុលចេតិយ។ ក្នុងកប្បទី ៣០ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ១៣ ដង មាននាមថាបដិសង្ខារសៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះសុធាបិណ្ឌិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សុធាបិណ្ឌិយត្ថេរាបទាន។

សុបីឋិយត្ថេរាបទាន ទី២

[៩៤] ខ្ញុំមានចិត្តរីករាយ បានថ្វាយតាំងដ៏ស្អាតចំពោះព្រះពុទ្ធ ព្រះនាមតិស្សៈ ជា​លោកនាថ ជាផៅពង្សនៃព្រះអាទិត្យ។ ក្នុងកប្បទី ៣៨ អំពីកប្បនេះ ខ្ញុំបានជា​ស្តេចព្រះនាមមហារុចិ មានភោគៈច្រើន មានទីដេកច្រើន។ ព្រោះតែខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយតាំងចំពោះព្រះសម្ពុទ្ធ ទើបខ្ញុំទទួលរងកុសលកម្មជារបស់ខ្លួន ដែលខ្លួន​បាន​សាងល្អហើយក្នុងភពមុន។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែល​ខ្ញុំបានថ្វាយ​តាំង ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយតាំង។ ក្នុងកប្បទី ៣៨ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៣ អង្គ ព្រះនាម រុចិ ១ ឧបរុចិ ១ មហារុចិ ១ ជាគម្រប់ ៣។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុបីឋិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សុបីឋិយត្ថេរាបទាន។

អឌ្ឍចេលកត្ថេរាបទាន ទី៣

[៩៥] ខ្ញុំជាបុគ្គលពេញទៅដោយសេចក្តីទាល់ក្រ ដល់នូវភាពគួរគេអាណិត​ក្រៃពេក ខ្ញុំបានប្រគេន​សំពត់ពាក់កណ្តាល ចំពោះព្រះមានព្រះភាគ ព្រះនាមតិស្សៈ។ លុះខ្ញុំថ្វាយ​សំពត់ពាក់កណ្តាលរួចហើយ បានរីករាយក្នុងឋានសួគ៌អស់មួយកប្ប មិនតែប៉ុណ្ណោះ ខ្ញុំបានធ្វើ​កុសលកម្ម (ដទៃទៀត) ក្នុងកប្បទាំងឡាយដ៏សេសផង។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសំពត់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសំពត់។ ក្នុងកប្បទី ៥១ ខ្ញុំបានជាក្សត្រចក្រពត្តិ ជាធំជាងពួក​ជន ព្រះនាមសមន្តាឱទនៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអឌ្ឍចេលកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អឌ្ឍចេលកត្ថេរាបទាន។

សូចិទាយកត្ថេរាបទាន ទី៤

[៩៦] ក្នុងជាតិមុន ខ្ញុំកើតជាជាងដែកក្នុងបុរីដ៏ប្រសើរ ឈ្មោះពន្ធុមៈ ខ្ញុំបានថ្វាយម្ជុល​ដល់​ព្រះវិបស្សី ព្រះអង្គស្វែងរកនូវគុណដ៏ធំ។ ញាណ (របស់ខ្ញុំ) ស្មើចុងនៃកែវវជីរប្រាកដ​ដូច្នោះ កើតប្រាកដដោយកម្មនោះ ខ្ញុំមានរាគៈវិនាសហើយ មានចិត្តរួចស្រឡះហើយ ដល់នូវធម៌ជាគ្រឿងអស់ទៅនៃអាសវៈ។ អតីតភព បច្ចុប្បន្នភព អនាគតភពទាំងអស់ណា ខ្ញុំ​ពិចារណាឃើញភពទាំងអស់នោះដោយញាណ នេះជាផល​នៃការថ្វាយម្ជុល។ ក្នុងកប្ប​ទី ៩១ អំពីកប្បនេះ ខ្ញុំបានជា​ស្តេចចក្រពត្តិ ៧ ដង ព្រះនាមវជីរាសមៈដូចគ្នា បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសូចិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សូចិទាយកត្ថេរាបទាន។

គន្ធមាលិយត្ថេរាបទាន ទី៥

[៩៧] ខ្ញុំបានកសាងព្រះស្តូប ប្រកបដោយគ្រឿងក្រអូប ស្រោបបិទបាំងដោយ​ផ្កាម្លិះ ដ៏សមគួរដល់ព្រះពុទ្ធ (ថ្វាយ) ចំពោះព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ។ (ខ្ញុំថ្វាយបង្គំ) ព្រះសម្ពុទ្ធជាអគ្គនាយកក្នុងលោក ប្រាកដស្មើដោយចេតិយ ជាវិការៈនៃ​មាស ទ្រង់រុងរឿង​ដូច​ផ្កា​រាជព្រឹក្ស ឬដូចភ្លើងកំពុងឆេះ ទ្រង់ប្រសើរ​ដូចខ្លាធំ និងគោឧសភៈ ឬដូចកេសរ​រាជសីហ៍ មានជាតិដ៏ខ្ពស់ ទ្រង់គង់លើអាសនៈ ទ្រង់ជាកំពូល​នៃពួកសមណៈ មាន​ភិក្ខុសង្ឃ​ចោមរោម។ លុះខ្ញុំថ្វាយបង្គំព្រះបាទារបស់ព្រះសាស្តា​ហើយ បែរមុខទៅឧត្តរ​ទិស ដើរចេញទៅ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ខ្ញុំបានថ្វាយ​គ្រឿងក្រអូប និងកម្រងផ្កា ក្នុងកាលណា។ (កាលនោះ) ខ្ញុំមិនដែលស្គាល់ទុគ្គតិ ដោយ​ផលនៃសក្ការៈដែលខ្ញុំធ្វើ​ចំពោះព្រះពុទ្ធដោយវិសេស នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៣៩ ខ្ញុំបានជា​ក្សត្រចក្រពត្តិ ១៦ ដង ព្រះនាមទេវគន្ធៈដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះគន្ធមាលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ គន្ធមាលិយត្ថេរាបទាន។

តិបុប្ផិយត្ថេរាបទាន ទី៦

[៩៨] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃធំ បានឃើញដើមច្រនៀង (ជា​ពោធិព្រឹក្ស) មានពណ៌ខៀវបំព្រងហើយ ខ្ញុំរោយផ្កា ៣ ទង (ត្រង់គល់ច្រនៀងនោះ)។ កាលនោះ ខ្ញុំរើសស្លឹកស្ងួតៗ យកទៅចោលខាងក្រៅ ហើយថ្វាយបង្គំដើមច្រនៀងនោះ ដូចជាថ្វាយបង្គំព្រះសម្ពុទ្ធព្រះនាមវិបស្សី ជាលោកនាយក ទ្រង់ស្អាតខាងក្នុង ស្អាតខាង​ក្រៅ មានព្រះទ័យផុតស្រឡះ (ចាកកិលេស) មិនមានអាសវៈ ក្នុងទីចំពោះមុខ ហើយធ្វើ​កាល​កិរិយាក្នុងទីនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ​បានបូជា​ដើមពោធិព្រឹក្ស ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជា​ដើម​ពោធិព្រឹក្ស។ ក្នុងកប្បទី ៣០ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ១៣ ដង ព្រះនាម​សមន្តបាសាទិកៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ តិបុប្ផិយត្ថេរាបទាន។

មធុបិណ្ឌិកត្ថេរាបទាន ទី៧

[៩៩] ខ្ញុំបានឃើញព្រះសម្ពុទ្ធព្រះនាមសិទ្ធត្ថៈ ប្រសើរជាងពួកឥសី គួរទទួលនូវ​គ្រឿង​បូជាក្នុងព្រៃធំ ជាទីស្ងាត់មិនមានសំឡេង មិនមានការវឹកវរ ទ្រង់ជាមហានាគ មានទុក្​ខរលត់​ហើយ ជាបុរសអាជានេយ្យដ៏ប្រសើរ ទ្រង់រុងរឿងដូចផ្កាយព្រឹក មានពួក​ទេវតា​នមស្ការហើយ។ សេចក្តីត្រេកអររបស់ខ្ញុំ មានប្រមាណច្រើនកើតឡើងមុន ញាណ​ក៏កើតឡើងក្នុងវេលានោះដែរ ខ្ញុំថ្វាយទឹកឃ្មុំចំពោះព្រះសាស្តា ដែលទើបចេញអំពី​សមាធិ។ ខ្ញុំមានចិត្តជ្រះថ្លា ថ្វាយបង្គំព្រះបាទារបស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ដោយសិរ្សៈ ហើយបែរមុខទៅទិសខាងកើត ដើរចេញទៅ។ ក្នុងកប្បទី ៣៤ ខ្ញុំកើតជា​ស្តេច​ឈ្មោះសុទស្សនៈ មានទឹកឃ្មុំហូរចេញអំពីក្រអៅឈូក (ស្រក់ចុះទៅ) ក្នុងភោជន​ក្នុងវេលា​នោះ ទាំងភ្លៀងទឹកឃ្មុំ ក៏បង្អុរចុះ នេះជាផលនៃបុព្វកម្ម។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំថ្វាយទឹកឃ្មុំក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផល​នៃការ​ថ្វាយ​ទឹកឃ្មុំ។ ក្នុងកប្បទី ៣២ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៤ ដង ព្រះនាមសុទស្សនៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះមធុបិណ្ឌិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មធុបិណ្ឌិកត្ថេរាបទាន។

សេនាសនទាយកត្ថេរាបទាន ទី៨

[១០០] ខ្ញុំបានថ្វាយកម្រាលស្លឹកឈើ ចំពោះព្រះមានព្រះភាគ​ព្រះនាមសិទ្ធត្ថៈ ទាំងបាន​រោយ​រាយ​ផ្កាច្បា ជាឧបការៈ (ដល់កម្រាលស្លឹកឈើ) ដោយជុំវិញទៀត។ (ដោយ​កុសលកម្ម​នេះ) ខ្ញុំបានសោយ (គ្រប់គ្រង) ប្រាសាទទាំងឡាយផង គុហាជាទីរីករាយ​មានថ្លៃច្រើនផង ផ្កាទាំងឡាយមានថ្លៃច្រើន តែងបង្អុរចុះលើសយនៈរបស់ខ្ញុំផង។ ខ្ញុំដេក​ននៀលលើសយនៈដ៏វិចិត្រ ក្រាលដោយផ្កាឈើ ទាំងភ្លៀងជាវិការៈនៃផ្កាឈើ ក៏តែង​បង្អុរចុះលើសយនៈ (របស់ខ្ញុំ) ក្នុងកាលនោះ។ ក្នុងកប្ប ទី ៩៤ អំពីកប្បនេះ ព្រោះហេតុ​ដែលខ្ញុំបានថ្វាយកម្រាលស្លឹកឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ​ឡើយ នេះជា​ផល​នៃកម្រាលស្លឹកឈើ។ ក្នុងកប្បទី ៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច​ចក្រពត្តិ ៧ ដង ព្រះនាមឋិតាសន្ថារកៈដូចគ្នា ទ្រង់ជាធំជាងពួកជន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសេនាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សេនាសនទាយកត្ថេរាបទាន។

វេយ្សាវច្ចកត្ថេរាបទាន ទី៩

[១០១] ព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាមេគណៈ ខ្ញុំជាអ្នកបម្រើ ជាអ្នក​ខ្វល់ខ្វាយ​ក្នុងកិច្ចទាំងពួង។ ឯទេយ្យធម៌របស់ខ្ញុំគ្មាន ខ្ញុំមានចិត្តជ្រះថ្លា ថ្វាយបង្គំ​ព្រះបាទារបស់​ព្រះសាស្តា ជាព្រះសុគត ស្វែងរកគុណដ៏ធំ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុ​ដែល​ខ្ញុំបានធ្វើការខ្វល់ខ្វាយបម្រើក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ​ជាផល​នៃការខ្វល់ខ្វាយបម្រើ។ ក្នុងកប្បទី ៨ អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាម​សុចិន្តិយៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះវេយ្យាវច្ចកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វេយ្យាវច្ចកត្ថេរាបទាន។

ពុទ្ធុបដ្ឋាកត្ថេរាបទាន ទី១០

[១០២] ខ្ញុំកើតជាអ្នកផ្លុំសង្ខ័ ជាអ្នកប្រកបដោយការបម្រើព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាព្រះសុគត ព្រះអង្គស្វែងរកនូវគុណដ៏ធំជានិច្ច។ ខ្ញុំតែងជួបផល​នៃការបម្រើ​ព្រះលោកនាថ ទ្រង់ប្រកបដោយតាទិគុណ គឺតូរ្យតន្ត្រី ៦០ ពាន់ តែងចោម​រោមខ្ញុំសព្វៗ កាល។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបម្រើព្រះពុទ្ធ ជាមហាឥសី ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបម្រើ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ១៦ ដង ព្រះនាមមហានិគ្ឃោសៈដូចគ្នា ទ្រង់មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះពុទ្ធុបដ្ឋាកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពុទ្ធុបដ្ឋាកត្ថេរាបទាន។

ឧទ្ទាន

សុធាបិណ្ឌិយត្ថេរាបទាន ១ សុបីឋិយត្ថេរាបទាន ១ អឌ្ឍចេលកត្ថេរាបទាន ១ សូចិទាយកត្ថេរាបទាន ១ គន្ធមាលិយត្ថេរាបទាន ១ តិបុប្ផិយត្ថេរាបទាន ១ មធុបិណ្ឌិយត្ថេរាបទាន ១ សេនាសនទាយកត្ថេរាបទាន ១ វេយ្យាវច្ចកត្ថេរាបទាន ១ ពន្ធុបដ្ឋាកត្ថេរាបទាន ១ ឯគាថាមានចំនួន ៩០ គត់ ដែលលោកសម្តែងហើយ ក្នុងវគ្គនេះ។

ចប់ សុធាវគ្គ ទី១០។

មួយទៀត ឧទ្ទាននៃវគ្គ

ពុទ្ធវគ្គជាបឋម ១ សីហាសនិយវគ្គ ១ សុភូតិវគ្គ ១ កុណ្ឌធានវគ្គ ១ ឧបាលិវគ្គ ១ វីជនីវគ្គ ១ សកចិត្តនិយវគ្គ ១ នាគសមាលវគ្គ ១ តិមិរបុប្ផិយវគ្គ ១ ជាគម្រប់ ១០ និងសុធាវគ្គ មានគាថា ១.៤៥៥។

ចប់ ពុទ្ធវគ្គទសកៈ។

ចប់ បឋមសតកៈ។

ចប់ ភាគ ៧២។

សូមអនុមោទនា !!!

Oben-pfeil