ខុទ្ទកនិកាយ អបទាន

ទុតិយភាគ
ភាគទី៧៣

សូមនមស្ការព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

ភិក្ខទាយិវគ្គ ទី១១

ភិក្ខទាយកត្ថេរាបទាន ទី១

[១] ខ្ញុំបានឃើញព្រះសម្ពុទ្ធមានវណ្ណៈដូចមាស ទ្រង់គួរទទួលគ្រឿងបូជា ទ្រង់ចេញចាក​ព្រៃធំ គឺតណ្ហា មកកាន់ព្រះនិព្វាន។ ខ្ញុំទៅតាមស្នាមព្រះបាទានៃព្រះពុទ្ធ ទ្រង់ញ៉ាំងជន​ឲ្យរលត់ទុក្ខ ហើយបានថ្វាយភិក្ខាមួយវែក ដល់ព្រះមហេសី ព្រះនាមសិទ្ធត្ថៈ ទ្រង់មាន​ប្រាជ្ញា មានព្រះហឫទ័យស្ងប់រម្ងាប់ មានព្យាយាមច្រើន ទ្រង់មិនញាប់ញ័រដោយ​លោកធម៌។ សេចក្ដីត្រេកអររបស់ខ្ញុំ មានប្រមាណច្រើន ចំពោះព្រះពុទ្ធ ជាអាទិច្ចពន្ធុ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយភិក្ខា។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំបានកើត​ជា​សេ្ដចចក្រពត្តិ ៧ ជាតិ ព្រះនាមមហារេណុដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់​ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះភិក្ខទាយកតេ្ថមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ភិក្ខទាយកតេ្ថរាបទាន។

ញាណសញ្ញិកតេ្ថរាបទាន ទី២

[២] (ខ្ញុំបានឃើញ) នូវព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស ទ្រង់ដូចអាជានេយ្យ​ដ៏ប្រសើរ ឬទ្រង់ដូចដំរីឈ្មោះមាតង្គៈ ដែលចុះប្រេងបីយ៉ាង ព្រះអង្គស្វែងរកនូវគុណដ៏ធំ ទ្រង់ញ៉ាំង​ទិស​ទាំងពួងឲ្យភ្លឺច្បាស់ ទ្រង់ដូចដើមសាលរាជ មានផ្ការីកហើយ ទ្រង់ជាច្បង​ក្នុង​ត្រៃលោក ទ្រង់ឧត្តមជាងនរៈ ទ្រង់ស្តេចនិមន្តទៅតាមច្រក បានញ៉ាំងចិត្តខ្ញុំឲ្យជ្រះថ្លា​ក្នុងញាណ (របស់ព្រះអង្គ) ខ្ញុំបានផ្គងអញ្ជលី មានចិត្តជ្រះថ្លា មានចិត្តរីករាយ ហើយ​ថ្វាយបង្គំ​ព្រះសិទ្ធត្ថៈ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាន​ធ្វើ​កុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសម្គាល់ក្នុងញាណ។ ក្នុង​កប្បទី ៧៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ជាស្តេចឧត្តមជាងជន ទ្រង់​បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះញាណសញ្ញិកត្ថេរ​មានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ញាណសញ្ញិកត្ថេរាបទាន។

ឧប្បលហត្ថិយត្ថេរាបទាន ទី៣

[៣] ក្នុងកាលនោះ ខ្ញុំកើតជាអ្នកក្រងផ្កា នៅអាស្រ័យក្នុងក្រុងឈ្មោះតិវរា បាន​ឃើញព្រះពុទ្ធព្រះនាមសិទ្ធត្ថៈ មានធូលីគឺរាគៈទៅប្រាសហើយ ដែលសត្វលោកបូជា​ហើយ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្កា ១ ក្ដាប់ ខ្ញុំទៅកើតក្នុងភពណាៗ តែង​សោយ​ផលជាទីប្រាថ្នា ដែលខ្លួនធ្វើល្អហើយក្នុងកាលមុន (ក្នុងភពនោះៗ) ដោយ​អំណាច​អានិសង្សនៃកម្មនោះ ខ្ញុំមានផ្កាម្លិះព័ទ្ធព័ន្ធហើយ នេះជាផលនៃសេចក្ដីសម្គាល់។ ក្នុងកប្ប​ទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ​ជាផល​នៃពុទ្ធបូជា។ អាស្រ័យកប្បគម្រប់ ៩៤ វៀរលែងកប្បបច្ចុប្បន្ននេះចេញ ខ្ញុំបាន​កើតជាស្ដេច ៥០០ ជាតិ ព្រះនាមនជ្ជុបមៈដូចគ្នា ក្នុងកប្បនោះ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបតិ្តហើយ។

បានឮថា ព្រះឧប្បលហត្ថិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយ​ប្រការដូច្នេះ។

ចប់ ឧប្បលហត្ថិយត្ថេរាបទាន។

បទបូជកត្ថេរាបទាន ទី៤

[៤] ខ្ញុំបានថ្វាយផ្កាម្លិះ ដល់ព្រះមានព្រះភាគទ្រង់ព្រះនាមសិទ្ធត្ថៈ ខ្ញុំបានរោយរាយ​ផ្កា ៧ ត្រង់ព្រះបាទ ដោយសេចក្ដីរីករាយ។ ខ្ញុំគ្របសង្កត់ពួកជន និងទេវតាក្នុងថ្ងៃនេះ ដោយ​កុសលកម្មនោះ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុង​កប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ​ជាផលនៃការបូជាផ្កា។ ក្នុងកប្បគម្រប់ ៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ១៣ ជាតិ ព្រះនាមសមន្តគន្ធៈដូចគ្នា ទ្រង់ផ្សាយអាណាចក្រទល់នឹងសមុទ្រទាំង ៤ ជាទីបំផុត ទ្រង់ជាធំជាងគណៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់​ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះបទបូជកត្ថេរ​មានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បទបូជកត្ថេរាបទាន។

មុដ្ឋិបុប្ផិយត្ថេរាបទាន ទី៥

[៥] ក្នុងកាលនោះ ខ្ញុំកើតជាអ្នកក្រងផ្កា ឈ្មោះសុទស្សនៈ បានឃើញព្រះពុទ្ធ ព្រះអង្គ​ប្រាស​ចាកធូលីគឺរាគៈ ជាច្បងក្នុងលោក ទ្រង់ប្រសើរជាងពួកនរៈ។ ខ្ញុំកាន់​យក​ផ្កាម្លិះ​បូជាចំពោះព្រះបទុមុត្តរៈ ខ្ញុំមានចក្ខុស្អាត មានចិត្តរីករាយ បានសម្រេចទិព្វចក្ខុ។ ខ្ញុំ​មិនដែលទៅកាន់ទុគ្គតិអស់ ១ សែនកប្ប ដោយពុទ្ធបូជានេះផង ដោយការតម្កល់​ចិត្តផង។ ក្នុងកប្បទី ៣៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពតិ្ត ១៦ ជាតិ ព្រះនាម​ទេវុត្តរៈ​ដូចគ្នា មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះមុដិ្ឋបុប្ផិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មុដ្ឋិបុប្ផិយត្ថេរាបទាន។

ឧទកបូជកត្ថេរាបទាន ទី៦

[៦] ព្រះសម្ពុទ្ធមានវណ្ណៈដូចមាស ស្ដេចនិមន្តទៅឰដ៏អាកាស រុងរឿងដូចភ្លើងឆេះ​ឆ្នាំងខ្លាញ់ ឬដូចភ្លើងកំពុងឆេះភ្លឺរន្ទាល។ ខ្ញុំកាន់យកទឹកដោយដៃ សាចទៅនាអាកាស ព្រះពុទ្ធ​មានព្យាយាមធំ ប្រកបដោយសេចក្ដីករុណាចំពោះខ្ញុំ ទ្រង់ក៏ទទួល (នូវទឹកនោះ) ព្រះសាស្តាព្រះនាមបទុមុត្តរៈឋិតនៅនាអាកាស ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំ ហើយទ្រង់​សម្ដែងគាថាទាំងនេះថា ក្នុង ១ សែនកប្ប អ្នកនឹងមិនទៅកាន់ទុគ្គតិ ដោយការថ្វាយ​ទឹក​នេះផង ដោយការញុំាងបីតិឲ្យកើតឡើងផង។ បពិត្រព្រះអង្គ​ជាធំជាងសត្វ​ជើងពីរ ជា​ច្បងក្នុងលោក ទ្រង់ប្រសើរជាងពួកនរៈ ខ្ញុំព្រះអង្គលះបង់នូវការឈ្នះ និងការ​ចាញ់​ហើយ បានដល់នូវអចលដ្ឋាន ដោយកុសលកម្មនោះ។ ក្នុងកប្បទី ១៦៥ អំពីកប្បនេះ ខ្ញុំបានកើត​ជាស្ដេចចក្រពតិ្ត ៣ ជាតិ ទ្រង់ព្រះនាមសហស្សរាជដូចគ្នា ទ្រង់ផ្សាយ​អាណាចក្រ​ទល់​នឹងសមុទ្រទាំង ៤ ទ្រង់ជាធំជាងពួកជន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះឧទកបូជកត្ថេរ​មានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧទកបូជាត្ថេរាបទាន។

នឡមាលិយត្ថេរាបទាន ទី៧

[៧] ព្រះបទុមុត្តរសម្ពុទ្ធ ជាច្បងក្នុងលោក ជាតាទិបុគ្គល ទ្រង់គង់លើកម្រាល​ស្មៅ មាន​ព្រះហឫទ័យស្ងប់រម្ងាប់ ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំកាន់យក​ផ្កា​បបុស ចងធ្វើ​ជាផ្លិត បង្អោនថ្វាយព្រះពុទ្ធ ទ្រង់ជាធំជាងសត្វជើងពីរ ព្រះអង្គមិនញាប់​ញ័រ​ដោយ​លោកធម៌។ ព្រះសព្វញ្ញូជាលោកនាយក ទ្រង់ទទួលផ្លិតហើយ ទ្រង់ជ្រាបនូវ​តម្រិះ​របស់ខ្ញុំ ទើបទ្រង់សម្តែងគាថានេះថា កាយរបស់តថាគតរលត់ទុក្ខហើយ សេចក្ដី​ក្ដៅ​ក្រហាយ​មិនមានឡើយ យ៉ាងណាមិញ ចិត្តរបស់អ្នក ចូររួចស្រឡះចាកភ្លើង​ទាំងបីប្រការ យ៉ាង​នោះ​ដែរ។ ទេវតាណាមួយ អាស្រ័យដើមឈើ ទេវតាទាំងអស់នោះ ​មកប្រជុំគ្នា ​ (ដោយ​បំណង​ថា) ពួកយើងនឹងស្ដាប់នូវពុទ្ធវចនៈ ដែលញុំាងទាយក​ឲ្យ​រីករាយ។ ឯ​ព្រះមានព្រះភាគ មានពួកទេវតាចោមរោម ទ្រង់គង់លើកម្រាលនោះ ទ្រង់ញុំាងទាយក​ឲ្យរីករាយ ហើយសម្ដែងនូវគាថាទាំងនេះថា កុលបុត្តនេះ នឹងកើត​ជាស្ដេចចក្រពតិ្ត មាន​នាមថាសុព្វតរាជ ដោយការថ្វាយនូវផ្លិតនេះផង ដោយការតម្កល់​ចិត្តផង កុលបុត្តនោះ ជាបុគ្គលត្រូវកុសលមូលដាស់តឿនហើយ នឹងបានជាស្ដេចចក្រពតិ្ត​ទៀត មាននាម​ថា​មាលុតរាជ ដោយសេសផលនៃកម្មនោះ។ ក្នុង ១ សែនកប្ប កុលបុត្តនេះ​ មិនដែល​ទៅ​កាន់ទុគ្គតិ ដោយការថ្វាយផ្លិតនេះផង ដោយការរាប់អានដ៏ធំ​ទូលាយផង។ ក្នុង ៣០.០០០កប្ប នឹងបានជាក្សត្រ ៣៨ ជាតិ ក្សត្រទាំងនោះ ព្រះនាម​ថាសុព្វតរាជ ក្នុង ២៩.០០០កប្ប បានជាក្សត្រ ៨ ជាតិ ទ្រង់ព្រះនាមមាលុតរាជ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបតិ្តហើយ។

បានឮថា ព្រះនឡមាលិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់នឡមាលិយត្ថេរាបទាន។

ចប់ ភាណវារៈ ទី៧។

អាសនុបដ្ឋាយកត្ថេរាបទាន ទី៨

[៨] ខ្ញុំចូលទៅកាន់ព្រៃធំដ៏ស្ងាត់ មិនមានសំឡេង មិនវឹកវរ ខ្ញុំថ្វាយសីហាសនៈដល់​ព្រះសម្ពុទ្ធ ព្រះនាមអត្ថទស្សី ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំកាន់យកផ្កាមួយ​ក្ដាប់ ធ្វើប្រទក្សិណព្រះអង្គ ហើយចូលទៅអង្គុយជិតព្រះសាស្តា រួចដើរចេញទៅ បែរមុខ​ឆ្ពោះ​កាន់ឧត្តរទិស។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ទ្រង់ជាច្បងក្នុងលោក ទ្រង់​ប្រសើរ​ជាងនរៈ ខ្ញុំធ្វើខ្លួនឲ្យរលត់ ឥតមានសេសសល់ ភពទាំងអស់ ខ្ញុំគាស់​រំលើងហើយ ដោយសារកម្មនោះ។ ក្នុងកប្បទី ១.៨០០ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ​បានឲ្យទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសីហាសនៈ។ ក្នុងកប្ប ទី ៧០០ អំពី​កប្ប​នេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ព្រះនាមសន្និព្វាបកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិរមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើឲ្យជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះអាសនុបដ្ឋាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អាសនុបដ្ឋាយកត្ថេរាបទាន។

ពិឡាលិទាយកត្ថេរាបទាន ទី៩

[៩] ខ្ញុំនៅជិតព្រៃហិមពាន្ត អង្គុយលើកម្រាលស្លឹកឈើ ក្នុងកាលនោះ ខ្ញុំមានសេចក្ដីជាប់​ចំពាក់​ក្នុងគ្រឿងទទួលទាន ដូចបុរសល្មោភដេក។ ខ្ញុំកំពុងជីកមើមដំឡូងជ្វា និងដំឡូង​វល្លិផង ដំឡូងដៃខ្លា និងដំឡូងជ្រូកផង ខ្ញុំនាំមកនូវផ្លែពុទ្រា ផ្លែក្រខុប និង​ផ្លែព្នៅ ដែលខ្ញុំ​តាក់តែងហើយ។ ព្រះលោកវិទូ ទ្រង់ព្រះនាមបទុមុត្តរៈ គួរទទួលគ្រឿង​បូជា​ ទ្រង់ជ្រាប​នូវតម្រិះរបស់ខ្ញុំ ទើបនិមន្តមកកាន់សំណាក់ខ្ញុំ។ ខ្ញុំបានឃើញនូវ​ព្រះមហានាគ ជាទេវតា​ប្រសើរជាងទេវតា ជានរាសភៈ ទ្រង់ចូលមកជិត ខ្ញុំក៏យកដំឡូងដៃខ្លា​ ដាក់ចុះក្នុងបាត្រ។ ក្នុងកាលនោះ ព្រះសម្ពុទ្ធ ជាមហាវីរៈ ទ្រង់ញុំាងខ្ញុំឲ្យត្រេកអរហើយ ទ្រង់សោយ លុះ​ព្រះសព្វញ្ញូសោយរួចហើយ ទើបសម្តែងគាថានេះថា អ្នកចូរញុំាងចិត្ត​របស់​ខ្លួនឲ្យជ្រះថ្លា ហើយថ្វាយដំឡូងដៃខ្លាដល់តថាគត អ្នកនឹងមិនទៅកាន់ទុគ្គតិ អស់ ១ សែនកប្ប។ ភពជាទីបំផុតរបស់ខ្ញុំកំពុងប្រព្រឹត្តទៅ ភពទាំងអស់ ខ្ញុំបានគាស់រំលើងហើយ ខ្ញុំទ្រទ្រង់​រាង​កាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៥៤ អំពី​កប្ប​នេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្តឈ្មោះសុមេខលិរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់​មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះពិឡាលិទាយកត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពិឡាលិទាយកត្ថេរាបទាន។

រេណុបូជកត្ថេរាបទាន ទី១០

[១០] ព្រះសម្ពុទ្ធ មានវណ្ណៈដូចមាស ទ្រង់ដូចព្រះអាទិត្យមានរស្មីច្រើន ញុំាង​ទិស​ទាំងពួង​ឲ្យភ្លឺស្វាង ឬដូចព្រះចន្ទពេញវង់ ទ្រង់មានពួកសាវ័កចោមរោម ដូចផែនដីមាន​សមុទ្រ (ព័ទ្ធជុំវិញ) ខ្ញុំយកលំអងផ្កាខ្ទឹងទាំងឡាយ បូជាចំពោះព្រះវិបស្សី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាលំអងផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃពុទ្ធបូជា។ ក្នុងកប្បទី ៤៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ១ អង្គ ទ្រង់ព្រះនាម​រេណុរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបតិ្តហើយ។

បានឮថា ព្រះរេណុបូជកត្ថេរ​មានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់រេណុបូជកត្ថេរាបទាន។

ឧទ្ទាន

ភិក្ខទាយកត្ថេរាបទាន ១ ញាណសញ្ញិកត្ថេរាបទាន ១ ឧប្បលហត្ថិយត្ថេរាបទាន ១ បទបូជកត្ថេរាបទាន ១ មុដ្ឋិបុប្ផិយត្ថេរាបទាន ១ ឧទកបូជកត្ថេរាបទាន ១ នឡមាលិយត្ថេរាបទាន ១ អាសនុបដ្ឋាយកត្ថេរាបទាន ១ ពិឡាលិទាយកត្ថេរាបទាន ១ រេណុបូជកត្ថេរាបទាន ១ មានគាថា ៦៦។

ចប់ភិក្ខទាយិវគ្គ ទី១១។

មហាបរិវារវគ្គ ទី១២

មហាបរិវារត្ថេរាបទាន ទី១

[១១] ក្នុងកាលនោះ ព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាច្បងក្នុងលោក ជា​នរាសភៈ ស្តេចចូលទៅឯក្រុងពន្ធុមៈជាមួយនឹងពួកភិក្ខុ ៦៨,០០០ អង្គ។ ខ្ញុំចេញទៅអំពី​ទីក្រុង ដើរសំដៅទៅកាន់ទីបចេតិយ បានឃើញព្រះសម្ពុទ្ធ មានធូលី គឺរាគៈទៅប្រាស​ហើយ ទ្រង់គួរទទួលនូវគ្រឿងបូជា។ ពួកយក្ខ ៨៤,០០០ រូប តែងបម្រើខ្ញុំដោយគោរព ដូចពួកទេវតាបម្រើព្រះឥន្រ្ទ។ គ្រានោះ ខ្ញុំដើរចេញអំពីលំនៅ កាន់យកសំពត់ រួចថ្វាយ​បង្គំដោយសិរសា ហើយថ្វាយសំពត់នោះ ដល់ព្រះមហេសីសម្ពុទ្ធ (ដោយសេចក្តី​ជ្រះថ្លា​ថា) ឱព្រះពុទ្ធទាំងឡាយ ឱព្រះធម៌ទាំងឡាយ ឱសម្បទារបស់ព្រះសាស្តានៃយើង ផែនដី​នេះញាប់ញ័រ ដោយអានុភាពរបស់ព្រះពុទ្ធ។ ខ្ញុំឃើញនូវហេតុដ៏អស្ចារ្យចំឡែក ​គួរព្រឺរោម​នោះ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ ជាធំជាងសត្វជើងពីរ ទ្រង់មិនញាប់ញ័រដោយ​លោកធម៌។ លុះខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាហើយ ក៏ថ្វាយសំពត់ដល់​ព្រះ​សាស្តា ខ្ញុំព្រមទាំង​អាមាត្យ និងជនជាបរិស័ទ ក៏បានដល់នូវព្រះពុទ្ធជាទីពឹង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែល​ស្គាល់​ទុគ្គតិ នេះជាផល​នៃពុទ្ធបូជា។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ទ្រង់​ព្រះនាមវាហនៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមហាបរិវារត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មហាបរិវារត្ថេរាបទាន។

សុមង្គលត្ថេរាបទាន ទី២

[១២] ព្រះជិនស្រីដ៏ប្រសើរ ព្រះនាមអត្ថទស្សី ជាច្បងក្នុងលោក ជានរាសភៈ ស្តេចចេញ​អំពីវិហារ ចូលសំដៅទៅកាន់ស្រះ។ លុះព្រះសម្ពុទ្ធ ទ្រង់ស្រង់ និងសោយរួច​ហើយ ទ្រង់មានតែចីវរមួយ ស្តេចយាងឡើងមក ព្រះមានព្រះភាគទ្រង់ឈរក្រឡេក​មើល​ទិស​ធំទិសតូច ក្នុងទីនោះ។ ខ្ញុំចូលទៅក្នុងលំនៅ បានឃើញព្រះលោកនាយក កាលនោះ​ខ្ញុំជាអ្នករីករាយ ក៏ទះដៃដោយចិត្តរីករាយ។ ទើបខ្ញុំប្រកបក្នុងការរាំច្រៀង និងប្រគំ​តូរ្យតន្រ្ដីប្រកបដោយអង្គ ៥ ​(ថ្វាយ) ចំពោះព្រះសម្ពុទ្ធ ទ្រង់រុងរឿងដូចព្រះអាទិត្យ ភ្លឺ​ច្រាល​ដូចមាស ខ្ញុំទៅកើតក្នុងកំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស ខ្ញុំតែងគ្រប​សង្កត់នូវសត្វទាំងពួងបាន ខ្ញុំរមែងមានយសដ៏ធំ។ បពិត្រព្រះអង្គ ជាបុរស​អាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ខ្ពង់ខ្ពស់ ខ្ញុំសូម​នមស្ការ​ចំពោះ​ព្រះអង្គ បពិត្រព្រះមុនី ព្រះអង្គទ្រង់ធ្វើព្រះអង្គឲ្យត្រេកអរ ហើយធ្វើអ្នកដទៃ​ឲ្យត្រេកអរ​ផង។ ខ្ញុំអង្គុយកំណត់ធ្វើនូវសេចក្ដីរីករាយ ជាអ្នកមានវត្តល្អ បម្រើនូវព្រះសម្ពុទ្ធ ហើយ​បានទៅកើតក្នុងតុសិត។ ក្នុងកប្បទី ១.៦០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ១៨ ជាតិ ព្រះនាមឯកចិន្តិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះសុមង្គលត្ថេរ​មានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុមង្គលត្ថេរាបទាន។

សរណគមនិយត្ថេរាបទាន ទី៣

[១៣] សង្រ្គាមរបស់ពួកទេវរាជទាំងពីរព្រះអង្គ តាំងផ្ដើមឡើង មានកងទ័ពតាំង​ឡើងព្រម សំឡេងគឹកកងខ្លាំងប្រព្រឹត្តទៅ។ ព្រះលោកវិទូ ព្រះនាមបទុមុត្តរៈ ព្រះអង្គ​គួរទទួល​នូវគ្រឿងបូជា ជាព្រះសាស្ដា ទ្រង់ឋិតនៅនាអាកាស ហើយញុំាងមហាជន​ឲ្យកើតសង្វេគ ទេវតាទាំងអស់ មានចិត្តរីករាយ ក៏ទម្លាក់អាវក្រោះ និងអាវុធចុះ ហើយថ្វាយបង្គំព្រះសម្ពុទ្ធ ជាពួកទេព មានចិត្តមូលតែមួយក្នុងវេលានោះ។ ព្រះលោកវិទូ​ទ្រង់អនុគ្រោះ ទ្រង់ជ្រាប​នូវតម្រិះរបស់ខ្ញុំ ហើយទ្រង់បន្លឺឡើងនូវវាចាដ៏អង់អាច ទ្រង់​ញុំាងមហាជនឲ្យរលត់ទុក្ខ (ដោយព្រះពុទ្ធដីកាថា) មនុស្សមានចិត្តប្រទូស្ត បៀតបៀន​តែសត្វមួយ នឹងទៅកើត​ក្នុងអបាយដោយចិត្តប្រទូស្តនោះ។ អ្នកទាំងឡាយ ​គួរញុំាងចិត្ត​របស់ខ្លួនឲ្យរលត់ អ្នកទាំង​ឡាយកុំបៀតបៀនសត្វរឿយៗ ឡើយ ដូចជាដំរីដ៏ប្រសើរ​ដែលបៀតបៀនសត្វច្រើន ក្នុង​ប្រធាន​នៃសង្រ្គាមនោះឡើយ។ ឯពួកសេនារបស់ស្ដេចនៃ​ទេវតាទាំងសងខាង​បានស្ងប់ ហើយបានដល់នូវព្រះលោកជេដ្ឋៈ ជាតាទិបុគ្គល​ដ៏ប្រសើរ​ជាទីពឹង។ ព្រះចក្ខុមសម្ពុទ្ធ ទ្រង់ធ្វើប្រជុំជនឲ្យយល់ច្បាស់ ទ្រង់ស្រោចស្រង់ប្រជុំជន ហើយ​ទ្រង់ក្រឡេកមើល បែរព្រះភក្រ្ដទៅកាន់ឧត្ដរទិស ចៀសចេញទៅចាកពួកទេវតា។ ខ្ញុំបានដល់នូវសរណគមន៍​ជាដំបូង ចំពោះព្រះពុទ្ធជាធំជាងពួកសត្វជើងពីរ ជាតាទិបុគ្គល ខ្ញុំមិនដែលទៅកាន់​ទុគ្គតិអស់ ១ សែនកប្ប។ ក្នុងកប្បទី ៣០.០០០ ខ្ញុំបានកើតជា​ស្ដេច​ចក្រពតិ្ត ១៦ ជាតិ ទ្រង់ព្រះនាមមហាចុន្ទភិដូចគ្នា ទ្រង់ប្រសើរក្នុងរថ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះសរណគមនិយត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សរណគមនិយត្ថេរាបទាន។

ឯកាសនិយត្ថេរាបទាន ទី៤

[១៤] គ្រានោះ ខ្ញុំកើតជាទេវរាជឈ្មោះវរុណៈ មានយានពលវាហនៈ បានចូល​ទៅ​បម្រើ​ព្រះសម្ពុទ្ធ កាលព្រះអត្ថទស្សីឧត្តមជាងសត្វជើងពីរ ជាលោកនាថ ទ្រង់​បរិនិព្វាន​ហើយ ខ្ញុំនាំយកតូរ្យតន្រ្តីទាំងពួង ទៅកាន់ពោធិព្រឹក្សដ៏ប្រសើរ។ ខ្ញុំប្រមូល​គ្រឿង​ដេញដំទាំងអស់ ចូលទៅបម្រើដើមពោធិព្រឹក្សដ៏ប្រសើរ ដោយការប្រគំ និងការរាំ ដូច​ជាបម្រើព្រះសម្ពុទ្ធ ក្នុងទីចំពោះព្រះភក្រ្ត។ ខ្ញុំបម្រើដើមពោធិព្រឹក្សក្នុងទីនោះ ជាឈើ​ដុះលើផែនដី ខ្ញុំអង្គុយ​ផ្គត់ភ្នែន ធ្វើកាលកិរិយាក្នុងទីនោះ។ ខ្ញុំប្រារព្ធនូវអំពើរបស់ខ្លួន មានចិត្តជ្រះថ្លាចំពោះ​ពោធិព្រឹក្សដ៏ប្រសើរ ក៏បានទៅកើតក្នុងឋាននិម្មានរតី ដោយចិត្តជ្រះ​ថ្លា​នោះ។ តូរ្យតន្រ្តី ៦ ម៉ឺន តែងហែហមខ្ញុំសព្វៗ កាល ដែលកំពុងប្រព្រឹត្តទៅ ក្នុងពួក​មនុស្ស និងទេវតា ក្នុងភពតូច និងភពធំ។ ភ្លើង ៣ ប្រការរបស់ខ្ញុំរលត់ហើយ ភព​ទាំង​អស់ ខ្ញុំគាស់រំលើង​ចោលហើយ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុត ក្នុងសាសនារបស់​ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៥០០ អំពីកប្បនេះ ខ្ញុំបានកើតជាក្សត្រ ៣៤ ជាតិ មានព្រះនាម សុពាហុ​ដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះឯកាសនិយត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកាសនិយត្ថេរាបទាន។

សុវណ្ណបុប្ផិយត្ថេរាបទាន ទី៥

[១៥] ព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់គង់​សម្ដែង​អមតបទ ដល់ពួកជន។ ខ្ញុំស្ដាប់ធម៌របស់ព្រះមានព្រះភាគអង្គនោះ ទ្រង់ជាធំ​ជាងសត្វ​ជើងពីរ ជាតាទិបុគ្គល ហើយបានថ្វាយផ្កា ជាវិការៈនៃមាស ៤ ទង ចំពោះ​ព្រះសម្ពុទ្ធ។ ក្នុងកាលនោះ បរិស័ទមានចំនួនត្រឹមណា ដំបូលជាវិការៈនៃមាស ក៏មានចំនួន​ត្រឹមនោះ ពន្លឺដ៏ធំទូលាយក៏កើតប្រាកដឡើង ព្រោះរស្មីព្រះពុទ្ធ និងរស្មីមាស។ ខ្ញុំមានចិត្ត​ខ្ពស់ឯក មានចិត្តរីករាយ មានសេចក្ដីត្រេកអរកើតឡើង ខ្ញុំធ្វើអញ្ជលី ញុំាងបីតិ​ឲ្យកើត​ឡើង​ចំពោះពន្លឺទាំងនោះ នាំមកនូវសេចក្ដីសុខក្នុងបច្ចុប្បន្ន ទើបថ្វាយបង្គំអារាធនា​ព្រះសម្ពុទ្ធ​ទ្រង់​មានវត្តមានល្អ ញុំាងប្រាមោទ្យឲ្យកើត ហើយចូលទៅកាន់លំនៅរបស់ខ្លួន។ លុះខ្ញុំ​ចូល​ទៅកាន់លំនៅហើយ ក៏រឭកនូវព្រះពុទ្ធដ៏ប្រសើរ ខ្ញុំក៏បានទៅកើតក្នុង​ឋានតុសិត ដោយសេចក្តីជ្រះថ្លានោះឯង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុ​ដែលខ្ញុំបាន​ថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៤៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ១៦ ជាតិ ព្រះនាមនេមិសម្មតៈដូចគ្នា ជាស្តេចចក្រពត្តិ មានកម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសុវណ្ណបុប្ផិយត្ថេរ​មានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុវណ្ណបុប្ផិយត្ថេរាបទាន។

ចិតកបូជកត្ថេរាបទាន ទី៦

[១៦] ខ្ញុំ និងអាមាត្យព្រមទាំងជនជាបរិស័ទ នៅក្បែររាជាយតនៈ (ដើមកែស) កាល​ព្រះមាន​ព្រះភាគ ទ្រង់បរិនិព្វាន ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ដើរទៅកាន់ជើងថ្ករ​របស់ព្រះសិខី ជាលោកពន្ធុ ខ្ញុំប្រគំតូរ្យតន្រ្តី ហើយបានរោយរាយគ្រឿងក្រអូប និងផ្កា​កម្រងក្នុងទីនោះ។ ខ្ញុំបូជាជើងថ្កររួចហើយ ថ្វាយបង្គំជើងថ្ករ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្ត​រីករាយ ទើបចូលទៅកាន់លំនៅរបស់ខ្លួន។ លុះចូលទៅក្នុងលំនៅហើយ ក៏​រឭក​នូវការ​បូជាជើងថ្ករ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ជា​នរាសភៈ ខ្ញុំសោយ​សម្បត្តិក្នុងទេវលោក និងមនុស្សលោក លះបង់នូវការឈ្នះ និង​ការចាញ់ ហើយបាន​ដល់នូវអចលដ្ឋាន ដោយកុសលកម្មនោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុ​ដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជា​ជើងថ្ករ។ ក្នុងកប្បទី ២៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ព្រះនាម​ឧគ្គតរាជដូចគ្នា ទ្រង់មាន​កម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចិតកបូជត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចិតកបូជកត្ថេរាបទាន។

ពុទ្ធសញ្ញកត្ថេរាបទាន ទី៧

[១៧] ព្រះវិបស្សីសម្ពុទ្ធ ជាកំពូលក្នុងលោក ទ្រង់ដាក់អាយុសង្ខារក្នុងកាលណា ផែនដី និងសមុទ្រក៏កម្រើកញាប់ញ័រក្នុងកាលនោះ។ សូម្បីលំនៅរបស់ខ្ញុំដ៏វិចិត្រ​ស្អាត​ទូលាយ ប្រាកដដូចធ្លាក់ចុះ ឃ្លាតចេញ កម្រើកញាប់ញ័រ ក្នុងកាលជាទីអស់ទៅនៃ​ព្រះជន្មាយុរបស់​ព្រះពុទ្ធ។ កាលដែលលំនៅនៃខ្ញុំញាប់ញ័រហើយ ខ្ញុំក៏មានសេចក្តី​តក់ស្លុត​កើតឡើងថា ពន្លឺដ៏ធំ បានកើតឡើងហើយ ដើម្បីអ្វីហ្ន៎ ឬក៏ព្រះបាទវេស្សវ័ណ​ស្តេច​មកក្នុងទីនេះ ញ៉ាំង​មហាជនឲ្យរលត់ទុក្ខ ឱមែន ភ័យដែលកើតដល់ជីវិត មិនមានទេ ខ្លួនអ្នកឯង​ត្រូវតែមាន​សេចក្តីគោរព ត្រូវមានចិត្តនឹងតែមួយ ឱព្រះពុទ្ធ ឱព្រះធម៌ ឱ​សម្បទារបស់​ព្រះសាស្តា​នៃយើង ព្រោះកាលដែលព្រះអង្គត្រាស់ឡើង (ក្នុងលោក) មហា​ប្រឹថពី ក៏កម្រើក​ញាប់ញ័រ​ដែរ។ ខ្ញុំសរសើរនូវពុទ្ធានុភាព (យ៉ាងនេះ) ក៏បាន​រីករាយក្នុងស្ថានសួគ៌ អស់មួយកប្ប ថែមទាំងខ្ញុំធ្វើកុសលកម្ម ក្នុងកប្បដ៏សេស​ទាំងឡាយ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវ​សេចក្តី​សម្គាល់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផល​នៃសេចក្តីសម្គាល់ក្នុងព្រះពុទ្ធ។ ក្នុងកប្បទី ១៤ អំពីកប្បនេះ ខ្ញុំបានកើតជា​សេ្តច​ចក្រពត្តិ មានព្រះនាមសមិតរាជ ទ្រង់មានព្យាយាម មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពុទ្ធសញ្ញកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពុទ្ធសញ្ញកត្ថេរាបទាន។

មគ្គសញ្ញកត្ថេរាបទាន ទី៨

[១៨] ពួកសាវ័ករបស់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ជាអ្នកត្រាច់ទៅក្នុងព្រៃ វង្វេង​គ្នាក្នុងព្រៃធំ ដូចជាមនុស្សខ្វាក់។ ពួកសាវ័កទាំងនោះ ជាបុត្តរបស់ព្រះមុនីនោះ វង្វេង​គ្នាក្នុងព្រៃធំ ក៏រឭកនូវព្រះសម្ពុទ្ធបទុមុត្តរៈជានាយក។ ខ្ញុំក៏ចុះចាកលំនៅ ដើរមក​ក្នុងសម្នាក់​របស់ភិក្ខុ ហើយប្រាប់ផ្លូវផង ប្រគេនភោជនផង ដល់សាវ័កទាំងនោះ។ បពិត្រព្រះអង្គជាធំជាង​សត្វជើងពីរ ទ្រង់ជាច្បងក្នុងលោក ជានរាសភៈ ខ្ញុំមានអាយុ ៧ ឆ្នាំអំពីកំណើត ក៏បាន​ដល់នូវអរហត្ត ដោយកុសលកម្មនោះ។ ក្នុងកប្បទី ៥០០ អំពី​កប្ប​នេះ ខ្ញុំបានកើត​ជាស្តេចចក្រពត្តិ ១២ ជាតិ ព្រះនាមសចក្ខុរាជដូចគ្នា ទ្រង់បរិបូណ៌​ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់​ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមគ្គសញ្ញកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ មគ្គសញ្ញកត្ថេរាបទាន។

បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន ទី៩

[១៩] កាលព្រះសុគត ព្រះនាមអត្ថទស្សី ទ្រង់បរិនិព្វាន ខ្ញុំបានទៅកើតក្នុង​កំណើត​យក្ខ ក្នុងលំដាប់ស្មើគ្នា កាលនោះ ខ្ញុំបានដល់នូវយស។ ខ្ញុំគិតថា អត្តភាពជាមនុស្ស អាត្មាអញ​បានមិនល្អ ភ្លឺស្វាងមិនល្អ តាំងឡើងមិនល្អ ព្រោះថា កាលដែលភោគៈរបស់​អាត្មាអញ​នៅមាន ព្រះសម្ពុទ្ធមានចក្ខុទ្រង់បរិនិព្វាន។ សាវ័កឈ្មោះសាគរៈ ជ្រាបច្បាស់​នូវតម្រិះ​របស់ខ្ញុំ លោកប្រាថ្នានឹងស្រង់ខ្ញុំ ទើបនិមន្តមកក្នុងសំណាក់ខ្ញុំ (ហើយពោលថា) នែបុរស​អ្នក​មានប្រាជ្ញាល្អ អ្នកយំសោកពីរឿងអ្វី អ្នកកុំខ្លាចឡើយ ចូរប្រព្រឹត្តធម៌ចុះ ការបរិបូណ៌​ដោយពូជ គឺកុសល របស់សត្វទាំងអស់ ព្រះពុទ្ធជាម្ចាស់បាន​ប្រគល់​ឲ្យ​ហើយ។ បុគ្គល​ណា​បូជាព្រះសម្ពុទ្ធជាលោកនាយក ដែលទ្រង់គង់ព្រះជន្មនៅក្តី បូជា​ព្រះសារីរិកធាតុ ប្រមាណប៉ុនគ្រាប់ស្ពៃ របស់ព្រះសម្ពុទ្ធដែលបរិនិព្វានហើយក្តី កាល​បើចិត្តមាន​សេចក្តី​ជ្រះថ្លាស្មើ បុណ្យជាមហគ្គតកុសលស្មើគ្នា ​ (គង់ចម្រើនដល់បុគ្គល​នោះ) ហេតុនោះ អ្នក​ចូរធ្វើព្រះស្តូប បញ្ចុះព្រះសារីរិកធាតុរបស់ព្រះជិនស្រីចុះ។ ខ្ញុំបាន​ស្តាប់វាចា​ព្រះសាគរត្ថេរ​ហើយ ខ្ញុំកសាងនូវពុទ្ធស្តូប ថែទាំព្រះស្តូបដ៏ប្រសើរ របស់ព្រះមុនី អស់ ៥ ឆ្នាំ។ បពិត្រ​ព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ជានរាសភៈ ខ្ញុំសោយសម្បត្តិ បានដល់​នូវអរហត្ត ដោយកុសលកម្មនោះ។ ក្នុងកប្បទី ៧០០ អំពី​កប្ប​នេះ ខ្ញុំបានកើត​ជាស្តេច​ចក្រពត្តិ ៤ ជាតិ ទ្រង់មានប្រាជ្ញាក្រាស់ដូចផែនដី បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់​ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន។

ជាតិបូជកត្ថេរាបទាន ទី១០

[២០] កាលព្រះវិបស្សីទ្រង់ប្រសូត ពន្លឺដ៏ធំក៏កើតឡើង ទាំងផែនដី សមុទ្រ និងភ្នំ ក៏ញាប់ញ័រ។ ពួកជនអ្នកទាយនិមិត្ត (ហោរ) បានទាយថា ព្រះសម្ពុទ្ធនឹងកើតឡើងក្នុង​លោក ទ្រង់ជាកំពូលសព្វសត្វ នឹងស្រង់ឡើងនូវប្រជុំជន។ ខ្ញុំបានឮទំនាយពួកហោរ​ហើយ ក៏ធ្វើនូវជាតិបូជា (បូជាក្នុងថ្ងៃប្រសូត) ជាតិបូជានេះ ឥតមានបូជាណា​ប្រហែល​ឡើយ។ ខ្ញុំប្រមូលកុសល ធ្វើចិត្តរបស់ខ្លួនឲ្យជ្រះថ្លា លុះខ្ញុំធ្វើជាតិបូជាហើយ ក៏ធ្វើកាល​កិរិយាក្នុងទីនោះ។ ខ្ញុំចូលទៅកើតក្នុងកំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស តែង​កន្លងលើសពួកសត្វទាំងអស់ នេះជាផលនៃជាតិបូជា។ ពួកស្រីមេនំតែងបម្រើខ្ញុំ ទាំងជន​ដ៏សេស ក៏លុះអំណាចចិត្តរបស់ខ្ញុំ ជនទាំងនោះមិនអាចនឹងធ្វើខ្ញុំឲ្យក្រោធឡើយ នេះជា​ផល​នៃជាតិបូជា។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ​ ព្រោះហេតុដែលខ្ញុំបាន​ធ្វើ​បូជា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃជាតិបូជា។ ក្នុងកប្បទី ៣ អំពីកប្បនេះ ខ្ញុំបាន​កើតជាស្តេចចក្រពត្តិ ៣៤ ជាតិ ព្រះនាមសុបារិចរិយៈដូចគ្នា ទ្រង់ជាធំជាងជន មានកម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះជាតិបូជកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ជាតិបូជកត្ថេរាបទាន។

ឧទ្ទាន

មហាបរិវារត្ថេរាបទាន ១ សុមង្គលត្ថេរាបទាន ១ សរណគមនិយត្ថេរាបទាន ១ ឯកាសនិយត្ថេរាបទាន ១ សុវណ្ណបុប្ផិយត្ថេរាបទាន ១ ចិតកបូជកត្ថេរាបទាន ១ ពុទ្ធសញ្ញកត្ថេរាបទាន ១ មគ្គសញ្ញកត្ថេរាបទាន ១ បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន ១ ជាតិបូជកត្ថេរាបទាន ១ ឯគាថា ៩០ គត់ ពួកអ្នកប្រាជ្ញបានរាប់ជាក់ច្បាស់ហើយ។

ចប់ មហាបរិវារវគ្គ ទី២។

សេរេយ្យវគ្គ ទី១៣

សេរេយ្យកត្ថេរាបទាន ទី១

[២១] ខ្ញុំជាអ្នកស្វាធ្យាយមន្ត អ្នកចងចាំមន្ត អ្នកដល់នូវត្រើយនៃវេទទាំង ៣ កំពុង​ឈរនៅ​ក្នុងទីវាល បានឃើញព្រះលោកនាយក ទ្រង់ស្វែងរកនូវគុណដ៏ធំ ដូចជា​រាជសីហ៍ ​ត្រាច់ទៅក្នុងព្រៃ ឬដូចស្ដេចខ្លាដែលមិនតក់ស្លុត ឬក៏ដូចដំរីឈ្មោះមាតង្គៈ ដែលកំពុង​ចុះប្រេង ៣ កន្លែង។ ខ្ញុំកាន់យកផ្កាសេរមាន់ បោះឡើងនាអាកាស ផ្កាទាំងនោះ ក៏ព័ទ្ធព័ន្ធជុំវិញ ដោយអនុភាពព្រះពុទ្ធ។ ព្រះសព្វញ្ញូជាលោកនាយក មានព្យាយាមធំ ទ្រង់​អធិដ្ឋានថា ផ្កាទាំងឡាយចូររោយរាយ ជារបាំងផ្កាជុំវិញតថាគត ដ៏ប្រសើរជាងនរៈ។ លំដាប់នោះ សំណុំផ្កានោះ មានទងចូលក្នុង មានមុខចេញក្រៅ ធ្វើជារបាំងប្រក់អស់ ៧ ថ្ងៃ តពីនោះមកក៏បាត់អស់ទៅ។ លុះខ្ញុំបានឃើញហេតុជាអស្ចារ្យចម្លែក គួរព្រឺរោមនោះ បានញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ ជាព្រះសុគត លោកនាយក។ ខ្ញុំត្រូវកុសលមូល​ដាស់តឿន មិនដែលទៅកើតក្នុងទុគ្គតិ អស់មួយសែនកប្ប ដោយចិត្តជ្រះថ្លានោះ។ ក្នុង​កប្បទី ១៥.០២៥ ខ្ញុំបានកើតជាស្ដេចចក្រពតិ្តច្រើនជាតិ ព្រះនាមវិលាមាលៈដូចគ្នា ទ្រង់​មាន​កម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះសេរេយ្យកត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សេរេយ្យកត្ថេរាបទាន។

បុប្ផថូបិយត្ថេរាបទាន ទី២

[២២] មានភ្នំមួយឈ្មោះកុក្កុរៈ នៅជិតព្រៃហិមពាន្ត ព្រាហ្មណ៍អ្នកដល់នូវ​ត្រើយនៃមន្ត (គឺខ្ញុំនេះឯង) តែងអាស្រ័យនៅចំកណ្ដាលភ្នំនោះ។ មានសិស្ស ៥.០០០ នាក់ ចោមរោម​ខ្ញុំសព្វៗ កាល សិស្សទាំងនោះ ក្រោកឡើងមុនផង ជាអ្នកក្លៀវក្លា ក្នុងមន្ត​ទាំងឡាយ​ផង (ប្រឹក្សាគ្នាថា) ព្រះសម្ពុទ្ធត្រាស់ហើយក្នុងលោក អ្នកទាំងឡាយ​ចូរដឹង​ច្បាស់​​នូវព្រះសម្ពុទ្ធ​នោះ ថាជាបុគ្គលប្រសើររបស់យើងទាំងឡាយ ព្រះសម្ពុទ្ធនោះ ​ទ្រង់​មាន​ព្យញ្ជនៈ ៨០ មានលក្ខណៈដ៏ប្រសើរ ៣២ ព្រះជិនស្រីដ៏ប្រសើរ មានរស្មីមួយព្យាម តែងរុងរឿង​ដូច​ព្រះអាទិត្យ។ ព្រាហ្មណ៍អ្នកដល់នូវត្រើយនៃមន្ត គឺខ្ញុំនេះឯង លុះឮពាក្យ​របស់​សិស្ស​ហើយ ក៏ចេញអំពីអាស្រម សួររកទិសថា ព្រះលោកនាយក មានព្យាយាមធំ ស្តេចគង់​នៅក្នុងប្រទេសណា។ លុះខ្ញុំបានឃើញព្រះជិនស្រីអង្គនោះ មិនមានបុគ្គល​ប្រៀបផ្ទឹម​ហើយ ក៏បាននមស្ការ ខ្ញុំមានចិត្តអណ្ដែតឡើង មានចិត្តរីករាយ បូជាចំពោះ​ព្រះតថាគត​នោះ។ ខ្ញុំបបួលសិស្សថា នែសិស្សទាំងឡាយ អ្នកចូរមក ពួកយើងនឹងទៅ​គាល់​ព្រះតថាគត យើងនឹងថ្វាយបង្គំព្រះបាទទាំងគូររបស់ព្រះសាស្តា ហើយស្ដាប់នូវ​ពាក្យប្រៀន​ប្រដៅ របស់ព្រះជិនស្រី។ ខ្ញុំតែម្នាក់ឯងចេញទៅ ខ្ញុំមានជំងឺ ត្រូវជំងឺ​បៀត​បៀន ក៏ដើរទៅប្រុងនឹងដេកក្រោមដើមឈើ។ ខ្ញុំប្រជុំពួកសិស្សទាំងអស់ ហើយបានសួរ​អំពីព្រះតថាគត និងសិស្សទាំងនោះថា គុណរបស់ព្រះលោកនាថ ទ្រង់មានប្រាជ្ញាដ៏​ក្រៃ​លែង តើដូចម្ដេច។ ពួកសិស្សទាំងនោះ ដែលខ្ញុំសួរហើយ ក៏ព្យាករសម្ដែងអំពីព្រះពុទ្ធ​ដ៏ប្រសើរនោះ ដោយគោរពចំពោះមុខខ្ញុំ តាមដែលគេបានឃើញ។ លុះខ្ញុំបានស្ដាប់ពាក្យ​របស់​ពួកសិស្សទាំងនោះហើយ ក៏ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បានសាងព្រះស្តូប​ដោយ​ផ្កាទាំងឡាយ ហើយក៏ធ្វើកាលកិរិយាក្នុងទីនោះ។ ពួកសិស្សទាំងនោះ ដុតសរីរៈរបស់​ខ្ញុំរួចហើយ នាំគ្នាទៅក្នុងសំណាក់របស់ព្រះសម្ពុទ្ធ ផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តា។ ខ្ញុំកសាងព្រះស្តូបដោយផ្កាទាំងឡាយ ថ្វាយព្រះសុគតមហេសី ខ្ញុំមិនដែលទៅកាន់​ទុគ្គតិ​អស់មួយសែនកប្ប ដោយកុសលនេះ។ ក្នុងកប្បទី ៤០.០០០ ខ្ញុំបានកើតជាក្សត្រ ១៦ ជាតិ ព្រះនាមអគ្គិសមៈដូចគ្នា ដោយព្រះនាម ជាស្ដេចចក្រពតិ្ត ទ្រង់មានកម្លាំងច្រើន។ ក្នុង​កប្បទី ២០.០០០ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ៣៨ ជាតិ ជាម្ចាស់ផែនដី ព្រះនាម​ឃដាសនសមៈដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបានធ្វើ​ឲ្យ​ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះបុប្ផថូបិយត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយ​ប្រការដូច្នេះ។

ចប់ បុប្ផថូបិយត្ថេរាបទាន។

បាយាសទាយកត្ថេរាបទាប ទី៣

[២៣] ព្រះសម្ពុទ្ធមានវណ្ណៈដូចមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ មានភិក្ខុ​សង្ឃចោមរោម ទ្រង់ចេញអំពីព្រៃធំ ខ្ញុំដួសបាយាសដាក់ក្នុងភាជន៍សម្រឹទ្ធិ៍ ដោយដៃ​របស់ខ្លួន ខ្ញុំប្រាថ្នានឹងបូជានូវគ្រឿងបូជា ក៏ដើរសំដៅទៅកាន់ទីបូជា។ ក្នុងសម័យនោះ ព្រះមានព្រះភាគ ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់ឡើងកាន់ទីចង្រ្កម ឰដ៏អាកាស ជាផ្លូវខ្យល់។ ខ្ញុំឃើញហេតុដ៏អស្ចារ្យចម្លែក គួរព្រឺរោមនោះ ក៏ដាក់ចុះនូវភាជន៍សម្រឹទ្ធិ៍ ថ្វាយបង្គំព្រះវិបស្សី (អារាធនាថា) បពិត្រព្រះមហាមុនី ព្រះអង្គជាសព្វញ្ញុពុទ្ធ ក្នុង​មនុស្ស​​លោក និងទេវតាលោក សូមព្រះអង្គអាស្រ័យសេចក្តីអនុគ្រោះ ទទួលយក។ ព្រះមាន​ព្រះភាគ ជាសព្វញ្ញូលោកនាយក ជាសាស្តាដ៏ប្រសើរក្នុងលោក ទ្រង់ជ្រាប​តម្រិះរបស់ខ្ញុំ ហើយទ្រង់ទទួលយក។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ​ហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបាយាស។ ក្នុងកប្បទី ៤១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ ជាតិ ព្រះនាមពុទ្ធរាជ ទ្រង់បរិបូណ៌​ដោយកែវ ៧ ប្រការ មាន​កម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់​ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបាយាសទាយកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បាយាសទាយកត្ថេរាបទាន។

គន្ធោទកិយត្ថេរាបទាន ទី៤

[២៤] ខ្ញុំអង្គុយក្នុងប្រាសាទដ៏ប្រសើរ បានឃើញព្រះជិនស្រីព្រះនាមវិបស្សី ជា​សព្វញ្ញូ​នាយក​ដ៏ឧត្តម ទ្រង់ល្វាសល្វន់ដូចដើមថ្ងាន់ត្រូវខ្យល់។ ព្រះលោកនាយក ទ្រង់ធ្វើ​ពុទ្ធដំណើរ ទៅជិតប្រាសាទ ពន្លឺរបស់ព្រះអង្គ ផ្សាយចេញក្នុងកាលព្រះអាទិត្យអស្តង្គត។ ខ្ញុំកាន់យកទឹកអប់មកប្រស់ព្រំព្រះសម្ពុទ្ធដ៏ប្រសើរ ដោយចិត្តជ្រះថ្លានោះ ខ្ញុំក៏ធ្វើកាល​កិរិយាក្នុងទីនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំប្រស់ព្រំទឹកអប់ ខ្ញុំមិន​ដែល​ស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ខ្ញុំបានកើត​ជាស្តេច​ចក្រពត្តិ ព្រះនាមគន្ធរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះគន្ធោទកិយត្ថេរ​មានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ គន្ធោទកិយត្ថេរាបទាន។

សម្មុខាថវិកត្ថេរាបទាន ទី៥

[២៥] កាលដែលព្រះវិបស្សីទ្រង់ប្រសូត ខ្ញុំបានទាយនិមិត្តថា ព្រះពុទ្ធនឹងញ៉ាំង​ប្រជុំជនក្នុង​លោកឲ្យរលត់ទុក្ខ។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត លោកធាតុ ១០.០០០ តែង​ញាប់ញ័រ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹង​សម្ដែង​ធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត ពន្លឺដ៏ធំក៏កើតប្រាកដ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាល​ព្រះមានព្រះភាគ​​អង្គ​ណា ទ្រង់ប្រសូត ស្ទឹងទាំងឡាយមិនហូរ ឥឡូវនេះ ព្រះមានព្រះភាគ​អង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាល​ព្រះមានព្រះភាគ​អង្គណា ទ្រង់ប្រសូត ភ្លើងអវិចីមិនឆេះ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ជាសាស្តា ទ្រង់មាន​បញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត ពួកសត្វស្លាប​មិនហើរ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ  ជាសាស្តា ទ្រង់មាន​បញ្ញាចក្ខុ នឹងសម្ដែង​ធម៌។ កាលព្រះមានព្រះភាគអង្គណា ទ្រង់ប្រសូត គំនរខ្យល់​មិន​បក់​ផាត់ ឥឡូវនេះ ព្រះមានព្រះភាគ​អង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាល​ព្រះមានព្រះភាគ​​អង្គណា ទ្រង់ប្រសូត ពួកកែវទាំងពួងក៏រុងរឿង ឥឡូវនេះ ព្រះមានព្រះភាគ​​អង្គនោះ ជាសាស្តាទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ កាល​ព្រះមានព្រះភាគ​​អង្គណា ទ្រង់ប្រសូត ទ្រង់ឈានដើរបាន ៧ ជំហាន ឥឡូវនេះ ព្រះមានព្រះភាគ​អង្គនោះ ជាសាស្តា ទ្រង់មានបញ្ញាចក្ខុ នឹងសម្ដែងធម៌។ ព្រះសម្ពុទ្ធគ្រាន់​តែទ្រង់​ប្រសូតរួចភ្លាម ទ្រង់រមិលមើលសព្វទិស ទ្រង់បន្លឺនូវវាចាដ៏អង់អាច នេះជាធម្មតា​របស់ព្រះពុទ្ធទាំងឡាយ។ ខ្ញុំញ៉ាំងប្រជុំជនឲ្យកើតសង្វេគ ហើយសរសើរព្រះលោក​នាយក ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ហើយបែរមុខទៅកាន់ទិសខាងកើត ដើរចេញទៅ។ ក្នុងកប្បទី ៩១ អំពីកប្ប​នេះ ព្រោះហេតុដែលខ្ញុំបានសរសើរព្រះសម្ពុទ្ធ ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃការ​សរសើរ។ ក្នុងកប្បទី ៩០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច​ចក្រពតិ្ត ឈ្មោះសម្មុខាថវិករាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះបឋវីទុន្ទភិរាជ ទ្រង់​បរិបូណ៌​ដោយកែវ ៧ ប្រការ មាន​កម្លាំងច្រើន។ ក្នុងកប្បទី ៨៨ អំពីកប្បនេះ ខ្ញុំកើត​ជាក្សត្រ ឈ្មោះឱភាសរាជ ជាស្តេច​ចក្រពត្តិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំង​ច្រើន។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពតិ្ត ឈ្មោះសិរិតច្ឆេទនរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មាន​កម្លាំងច្រើន។ ក្នុងកប្បទី ៨៦ ខ្ញុំកើតជា​ស្តេចចក្រពត្តិ ឈ្មោះអគ្គិនិពា្វបនរាជ ទ្រង់​បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៥ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះវាតសមរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨៤ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះគតិបច្ឆេទនរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មាន​កម្លាំងច្រើន។ ក្នុងកប្បទី ៨៣ ខ្ញុំកើតជាស្តេច​ចក្រពត្តិ ឈ្មោះរតនប្បជ្ជលរាជ បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨២ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះ​បទវិក្កមនរាជ ទ្រង់បរិបូណ៌ដោយ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨១ ខ្ញុំកើត​ជាស្តេចចក្រពត្តិ ឈ្មោះវិលោកនរាជ ទ្រង់​បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ ក្នុងកប្បទី ៨០ ខ្ញុំកើតជាស្តេចចក្រពត្តិ ឈ្មោះគិរិសាររាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់​ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសម្មុខាថវិកត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សម្មុខាថវិកត្ថេរាបទាន។

កុសុមាសនិយត្ថេរាបទាន ទី៦

[២៦] គ្រានោះ ខ្ញុំបានកើតជាព្រាហ្មណ៍ នៅក្នុងក្រុងធញ្ញវតី ជាអ្នកឈ្លាសក្នុង​គម្ពីរលក្ខណ​សាស្ត្រ ឥតិហាសសាស្រ្ត ព្រមទាំងនិឃណ្ឌុសាស្រ្ត និងកេដុភសាស្រ្ត។ ជា​អ្នក​ឈ្លាសក្នុងបទ ក្នុងវេយ្យាករណ៍ ក្នុងនិមិត្ត ចេះចប់ត្រៃវេទ បានបង្ហាញមន្ត​ចំពោះពួក​សិស្ស។ ខ្ញុំតម្កល់ផ្កាឧប្បល ៥ កម្រងលើខ្នង ខ្ញុំមានប្រាថ្នាដើម្បីបូជានូវគ្រឿងបូជា ក្នុងការជួបជុំបិតា និងមាតា។ វេលានោះ ព្រះមានព្រះភាគ ព្រះនាមវិបស្សី ទ្រង់ជា​នរាសភៈ មានភិក្ខុសង្ឃចោមរោម ទ្រង់ញ៉ាំងទិសទាំងពួងឲ្យភ្លឺ ហើយស្តេចនិមន្តមក។ ខ្ញុំបានក្រាលអាសនៈ ហើយនិមន្តព្រះមហាមុនី បានក្រាលផ្កានោះ ហើយនាំព្រះអង្គឆ្ពោះ​ទៅកាន់ផ្ទះរបស់ខ្លួន។ អាមិសៈណា ដែលខ្ញុំបានតម្កល់ទុក មានក្នុងផ្ទះរបស់ខ្ញុំ ខ្ញុំជ្រះថ្លា បានថ្វាយអាមិសៈនោះ ចំពោះព្រះសម្ពុទ្ធ ដោយដៃរបស់ខ្លួន។ ខ្ញុំដឹងនូវកាលដែល​ព្រះសម្ពុទ្ធ ទ្រង់សោយរួចហើយ ក៏បានថ្វាយផ្កាមួយក្ដាប់ ព្រះសព្វញ្ញុពុទ្ធ ធ្វើអនុមោទនា​រួចហើយ ឈមព្រះភក្រ្តទៅកាន់ទិសឧត្តរ និមន្តចេញទៅ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​បុប្ផទាន។ ក្នុងកប្បជាលំដាប់ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះវរទស្សនៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកុសុមាសនិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កុសុមាសនិយត្ថេរាបទាន។

ផលទាយកត្ថេរាបទាន ទី៧

[២៧] ខ្ញុំជាអ្នកស្វាធ្យាយមន្ត ចងចាំមន្ត ចេះចប់ត្រៃវេទ នៅក្នុងអាស្រមជិតព្រៃហិមពាន្ត។ ការបូជាភ្លើងរបស់ខ្ញុំតែងមាន ខ្ញុំដាក់ផ្លែឈូកទាំងឡាយក្នុងកញ្ចប់ ហើយព្យួរ​លើចុង​ឈើ។ ព្រះលោកវិទូ ព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់មាន​ប្រាថ្នានឹង​ស្រង់ខ្ញុំ ស្ដេចនិមន្តទៅដើម្បីភិក្ខា ក៏ចូលមកកាន់សំណាកក់នៃខ្ញុំ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានថ្វាយផ្លែឈូកនោះ ចំពោះព្រះពុទ្ធ ព្រះសម្ពុទ្ធជាសាស្ដា ទ្រង់​មាន​វណ្ណៈដូចមាស ទ្រង់ញ៉ាំងបីតិខ្ញុំឲ្យកើត ទ្រង់នាំមកនូវសេចក្តីសុខដល់ខ្ញុំក្នុងបច្ចុប្បន្ន គួរ​ទទួលនូវគ្រឿងបូជា ទ្រង់ឋិតនៅនាអាកាស ហើយសម្ដែងគាថានេះថា កុលបុត្តនេះ នឹងមិនទៅកាន់ទុគ្គតិ អស់មួយសែនកប្ប ដោយផលនៃការថ្វាយផ្លែឈូកនេះផង ដោយ​ផលនៃការតម្កល់ទុកនូវចេតនានេះផង។ ព្រោះកុសលមូលនោះឯង ខ្ញុំបានសោយសម្បត្តិ​ទាំងឡាយ ហើយបានដល់នូវព្រះនិព្វាន ជាស្ថានមិនញាប់ញ័រ ខ្ញុំលះចោលការឈ្នះ និងការចាញ់។ ក្នុងកប្បទី ៧០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះ​សុមង្គលៈ ទ្រង់បរិបូណ៌ដោយកែវទាំង ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ផលទាយកត្ថេរាបទាន។

ញាណសញ្ញកត្ថេរាបទាន ទី៨

[២៨] ខ្ញុំនៅនាភ្នំហិមពាន្ត ឃើញផ្នូកខ្សាច់ដ៏ល្អក្នុងចន្លោះភ្នំ ខ្ញុំរឭកនូវព្រះសម្ពុទ្ធ​ដ៏​ប្រសើរ​ថា ការប្រៀបធៀបក្នុងញាណ (របស់ព្រះសាស្តា) មិនមានឡើយ សង្រ្គាម​របស់​ព្រះសាស្តាក៏មិនមានដែរ ព្រះសាស្តាបានជ្រាបនូវធម៌ទាំងពួង ទ្រង់ស៊ប់សួនដោយ​ញាណ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំចំពោះព្រះអង្គ បពិត្រ​ព្រះអង្គ​​ជាបុរសដ៏ឧត្តម ខ្ញុំសូមថ្វាយបង្គំព្រះអង្គ សភាពដទៃស្មើដោយញាណរបស់​ព្រះអង្គ​​មិនមានឡើយ មានតែញាណរបស់ព្រះអង្គ ទើបឧត្តមជាកំណត់។ ខ្ញុំញ៉ាំង​ចិត្តឲ្យជ្រះថ្លា ក្នុងញាណហើយ ក៏បានទៅរីករាយក្នុងស្ថានសួគ៌ អស់មួយកប្ប ខ្ញុំបាន​កសាងកុសល​ក្នុងកប្បដ៏សេស។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ​ហេតុដែលខ្ញុំ​បាននូវ​សេចក្តីសម្គាល់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តី​សម្គាល់ក្នុងញាណ។ ក្នុង​កប្ប​ទី ៧៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ១ ជាតិ ព្រះនាមបុឡិនបុប្ផិយៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះញាណសញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ញាណសញ្ញកត្ថេរាបទាន។

គន្ធបុប្ផិយត្ថេរាបទាន ទី៩

[២៩] ព្រះមានព្រះភាគព្រះនាមវិបស្សី មានវណ្ណៈដូចមាស ទ្រង់គួរទទួលនូវ​ទក្ខិណា​ទាន មានពួកសាវ័កចោមរោម ស្ដេចចេញអំពីអារាម។ ខ្ញុំឃើញព្រះពុទ្ធដ៏ប្រសើរ ជាសព្វញ្ញូមិន​មានអាសវៈ ក៏មានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានបូជាផ្លូវ​ ដែលស្ដេច​និមន្តទៅ។ ខ្ញុំជាអ្នករីករាយ មានចិត្តរីករាយ ចំពោះព្រះសម្ពុទ្ធជាតាទិបុគ្គល ប្រសើរជាង​សត្វជើងពីរ ទើបថ្វាយបង្គំព្រះតថាគតម្តងទៀត ដោយចិត្តជ្រះថ្លានោះ។  ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ​ជាផលនៃ​ពុទ្ធបូជា។ ក្នុងកប្បទី ៤១ អំពីកប្បនេះ ខ្ញុំកើតជាក្សត្រចក្រពតិ្ត ឈ្មោះវរុណៈ ទ្រង់បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះគន្ធបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ គន្ធបុប្ផិយត្ថេរាបទាន។

បទុមបូជកត្ថេរាបទាន ទី១០

[៣០] មានភ្នំ ១ ឈ្មោះគោតមៈ នៅព្រៃហិមពាន្ត ដេរដាសដោយឈើផ្សេងៗ ជាទីអាស្រ័យនៅនៃពួកភូតច្រើន។ ខ្ញុំបានសាងអាស្រម ត្រង់កណ្ដាលភ្នំនោះ មានពួក​សិស្សចោមរោម តែងនៅក្នុងអាស្រម (ខ្ញុំបបួលពួកសិស្សថា) សូមពួកសិស្ស មក​កាន់​សំណាក់យើង សូមពួកសិស្សនាំផ្កាឈូកមកឲ្យយើងៗ នឹងធ្វើពុទ្ធបូជា ចំពោះព្រះពុទ្ធ​ជាតាទិបុគ្គល ទ្រង់ប្រសើរជាងសត្វជើងពីរ។ ពួកសិស្សទាំងនោះ ទទួលពាក្យខ្ញុំថា យ៉ាងហ្នឹងហើយៗ បានយកផ្កាឈូកមកឲ្យខ្ញុំ ខ្ញុំធ្វើនិមិត្តតាមទំនងដូច្នោះហើយ បាន​បង្អោន​ថ្វាយដល់ព្រះពុទ្ធជាម្ចាស់។ ក្នុងកាលនោះ ខ្ញុំបានប្រជុំពួកសិស្ស ហើយប្រៀន​ប្រដៅដោយប្រពៃថា អ្នកទាំងឡាយ ចូរកុំប្រមាទ សេចក្តីមិនប្រមាទ​ ជាគុណនាំមកនូវ​សេចក្តីសុខ។ ខ្ញុំនោះបានប្រៀនប្រដៅពួកសិស្ស ដែលជាអ្នកគួរដល់ពាក្យនេះហើយ ខ្ញុំ​ប្រកប​ក្នុងអប្បមាទគុណ ក៏បានធ្វើមរណកាលក្នុងពេលនោះ។ ក្នុងកប្បទី ៩១ អំពី​កប្ប​នេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុង​កប្ប​ទី ៥១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមជលុត្តមៈ ទ្រង់បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា បទុមបូជកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងឡាយនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បទុមបូជកត្ថេរាបទាន។

ឧទ្ទាន

សេរេយ្យកត្ថេរាបទាន ១ បុប្ផថូបិយត្ថេរាបទាន ១ បាយាសទាយកត្ថេរាបទាន ១ គន្ធោទកិយត្ថេរាបទាន ១ ថោមកត្ថេរាបទាន ឬសម្មុខាថវិកត្ថេរាបទាន ១ កុសុមាសនិយត្ថេរាបទាន ១ ផលទាយកត្ថេរាបទាន ១ ញាណសញ្ញកត្ថេរាបទាន ១ គន្ធបុប្ផិយត្ថេរាបទាន ១ បទុមបុប្ផិយត្ថេរាបទាន ១ មានគាថា ១០៥ ពួកអ្នកប្រាជ្ញបានរាប់ហើយ។

ចប់ សេរេយ្យកវគ្គ ទី១៣។

សោភិតវគ្គ ទី១៤

សោភិតត្ថេរាបទាន ទី១

[៣១] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ទ្រង់ជានរាសភៈ ទ្រង់​សម្ដែងធម៌ ជាចំណែកព្រះនិព្វាន ដល់ពួកជនច្រើន។ កាលនោះ ខ្ញុំបានស្ដាប់នូវព្រះពុទ្ធដីកា​របស់​ព្រះអង្គនោះ ដែលទ្រង់ពោលដោយវាចាដ៏អង់អាច ខ្ញុំផ្គងអញ្ជលី មានចិត្ត​នឹង​ក្នុងអារម្មណ៍​តែមួយ។ សមុទ្រប្រសើរជាងស្ទឹងទាំងឡាយ ភ្នំព្រះសុមេរុ ប្រសើរជាងភ្នំ​ទាំងឡាយ យ៉ាងណាមិញ ជនណាប្រព្រឹត្តដោយអំណាចចិត្ត ជននោះមិនដល់មួយចំណិត នៃ​ពុទ្ធញ្ញាណឡើយ ក៏យ៉ាងនោះដែរ។ លុះព្រះសម្ពុទ្ធជាឥសី ប្រកបដោយសេចក្ដីករុណា ទ្រង់បញ្ឈប់នូវធម្មវិធី គង់ក្នុងកណ្ដាលជំនុំភិក្ខុសង្ឃ ហើយសម្ដែងនូវគាថា​ទាំងឡាយនេះ​ថា ជនណាបានសរសើរនូវញាណនៃព្រះពុទ្ធ ជាលោកនាយក ជននោះឯង រមែងមិនទៅ​កាន់ទុគ្គតិ អស់មួយសែនកប្ប និងដុតបំផ្លាញកិលេសទាំងឡាយ មានចិត្តនឹងក្នុង​អារម្មណ៍​​តែមួយ មានចិត្តតម្កល់មាំ នឹងបាននាមថាសោភិតៈ ជាសាវ័កនៃព្រះសាស្តា។ ខ្ញុំបានដុតបំផ្លាញកងកិលេសហើយ ភពទាំងពួង ខ្ញុំបានដកចេញហើយ វិជ្ជា ៣ ខ្ញុំបាន​សម្រេច​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។ ក្នុងកប្បទី ៥០.០០០ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ៧ ជាតិ ព្រះនាមសមុគ្គតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវទាំង ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះសោភិតត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សោភិតត្ថេរាបទាន។

សុទស្សនត្ថេរាបទាន ទី២

[៣២] ពួកឈើមិលក្ខុមានផ្លែ នៅក្បែរឆ្នេរស្ទឹងដ៏ធំ ខ្ញុំកំពុងស្វែងរកឈើនោះ បានឃើញ​ព្រះលោកនាយក។ ក្នុងកាលនោះ ខ្ញុំឃើញដើមកែសមានផ្ការីក ទើបកាច់ផ្កា​ទាំងទង នាំចូល​ទៅថ្វាយចំពោះព្រះសម្ពុទ្ធ ព្រះនាមសិខី ជាលោកពន្ធុ ក្រាបទូលថា បពិត្រ​ព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាមហាមុនី ព្រះអង្គដល់ហើយនូវអមតបទ ជាទីមិនឃ្លាត​ដោយ​ញាណណា ខ្ញុំបូជាចំពោះញាណនោះ។ លុះខ្ញុំធ្វើការបូជាចំពោះញាណហើយ ទើបបាន​ឃើញ​នូវឈើមិលក្ខុ ខ្ញុំជាបុគ្គលបាននូវការសម្គាល់នោះ នេះជាផលនៃញាណបូជា។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ​ជាផលនៃញាណបូជា។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១២ ជាតិ ព្រះនាមពលុគ្គតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសុទស្សនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់សុទស្សនត្ថេរាបទាន។

ចន្ទនបូជកត្ថេរាបទាន ទី៣

[៣៣] គ្រានោះ ខ្ញុំកើតជាកិន្នរ នៅទៀបឆ្នេរស្ទឹងចន្ទភាគា ជាអ្នកទទួលទាននូវ​ផ្កាឈើ ជាអ្នកស្លៀកនូវផ្កាឈើ។ កាលនោះ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជា​ច្បង​ក្នុងលោក ជានរាសភៈ ស្តេចហោះទៅតាមទីបំផុតនៃព្រៃធំ ដូចស្តេចហង្ស (ហើរទៅ) នាអាកាស (ខ្ញុំសរសើរពុទ្ធគុណថា) បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំ​ចំពោះព្រះអង្គ ព្រះហឫទ័យរបស់ព្រះអង្គ ស្អាតល្អហើយ ព្រះអង្គមានសម្បុរ​ព្រះភក្រ្ត​ជ្រះថ្លា មានឥន្រ្ទិយ គឺព្រះភក្រ្តស្រស់បស់។ លុះព្រះអត្ថទស្សី មានបញ្ញាដូចផែនដី មាន​បញ្ញាជាគ្រឿងពុះពារ ស្តេចចុះអំពីអាកាស ហើយក្រាលសង្ឃាដី ទ្រង់ចូលមកទាំងភ្នែន។ ខ្ញុំបានយកខ្លឹមចន្ទន៍ដ៏ល្អិតផង់ ហើយដើរចូលមកក្នុងសំណាក់ព្រះជិនស្រី ខ្ញុំមាន​ចិត្ត​ជ្រះថ្លា មានចិត្តសោមនស្ស បានបូជាចំពោះព្រះពុទ្ធ។ ខ្ញុំថ្វាយបង្គំព្រះសម្ពុទ្ធ ​ជាច្បង​ក្នុងលោក ជានរាសភៈ ហើយក៏កើតប្រាមោទ្យ ឈមមុខទៅកាន់ឧត្តរទិស ដើរចេញទៅ។ ក្នុងកប្បទី ១១៨ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាខ្លឹមចន្ទន៍ ខ្ញុំមិនដែល​ស្គាល់​ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១១៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ព្រោះនាមរោហិណីដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញ ៦ នេះ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចន្ទនបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចន្ទនបូជកត្ថេរាបទាន។

ចប់ ភាណវារៈ ទី៨។

បុប្ផឆទនិយត្ថេរាបទាន ទី៤

[៣៤] មានព្រាហ្មណ៍ម្នាក់ មាននាមសុនន្ទៈ ជាអ្នកចេះចប់មន្ត ស្វាធ្យាយមន្ត គួរគេសូម​បាន បានបួងសួងនូវយញ្ញ ឈ្មោះវាជបេយ្យៈ។ កាលនោះ ព្រះលោកវិទូ​ជា​អគ្គបុរស ព្រះនាមបទុមុត្តរៈ ទ្រង់ប្រកបដោយសេចក្ដីករុណា ទ្រង់ស្វែងរកនូវគុណ អនុគ្រោះដល់​ពួកជន ស្ដេចចង្រ្កមនាអាកាស។ លុះព្រះសម្ពុទ្ធ ជាសព្វញ្ញូ ជាលោកនាយក ទ្រង់ចង្រ្កម​រួចហើយ ក៏ផ្សាយមេត្តាចំពោះពួកសត្វ (សព្វទិស) មិនមានប្រមាណ មិនមានឧបធិ។ ព្រាហ្មណ៍ជាអ្នកចេះចប់មន្ត បានបេះយកផ្កាទាំងទង ប្រជុំពួកសិស្សទាំងអស់ ហើយបោះ​ទៅលើអាកាស។ ក្នុងកាលនោះ នគរក៏មានគ្រឿងប្រក់ដោយផ្កាជាកំណត់ ហេតុតែ​អានុភាព​នៃព្រះពុទ្ធ ផ្កាមិនបានវិនាស អស់ ៧ ថ្ងៃ។ ដោយកុសលមូលនោះឯង ខ្ញុំបានសោយសម្បត្តិ កំណត់ដឹងនូវអាសវៈទាំងពួង ឆ្លងនូវតណ្ហាជាគ្រឿងចាក់ស្រែះ​ក្នុងលោក។ ក្នុងកប្បទី ១១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣៥ ជាតិ មាន​ព្រះនាមអម្ពរំសៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា បុប្ផឆទនិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បុប្ផឆទនិយត្ថេរាបទាន។

រហោសញ្ញិកត្ថេរាបទាន ទី៥

[៣៥] មានភ្នំមួយឈ្មោះវសភៈ នៅជិតព្រៃហិមពាន្ត ខ្ញុំសាងអាស្រម នៅនា​ជើងភ្នំនោះ។ កាលនោះខ្ញុំជាព្រាហ្មណ៍ បានបង្រៀនសិស្សបីពាន់នាក់ លុះបង្រៀនសិស្ស​ទាំង​នោះ​រួចហើយ ក៏ចូលទៅកាន់ទីសមគួរ។ លុះព្រាហ្មណ៍ គឺខ្ញុំនេះឯង ជាអ្នកចេះចប់មន្ត អង្គុយក្នុងទីសមគួរហើយ ស្វែងរកមើលភេទរបស់ព្រះពុទ្ធ ក៏បានញ៉ាំងចិត្តឲ្យជ្រះថ្លា​ក្នុង​ញាណ។ លុះខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងញាណនោះរួចហើយ ក៏អង្គុយលើកម្រាល​ស្លឹក​ឈើ ពែនភ្នែនធ្វើមរណកាលក្នុងទីនោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានដល់នូវសេចក្តីសម្គាល់ (ក្នុងញាណ) ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ​ជា​ផល​នៃញាណសញ្ញា។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាមសិរីធរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះរហោសញ្ញិកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ។

ចប់ រហោសញ្ញិកត្ថេរាបទាន។

ចម្បកបុប្ផិយត្ថេរាបទាន ទី៦

[៣៦] (ព្រះសម្ពុទ្ធ) ទ្រង់រុងរឿងដូចផ្កាកណិការ ទ្រង់គង់នៅនាចន្លោះភ្នំ ញ៉ាំង​ទិសទាំងពួង ឲ្យភ្លឺដូចផ្កាយព្រឹក មាណពបីនាក់ ជាអ្នកសិក្សាជំនាញក្នុងសិល្បសាស្រ្ត​របស់ខ្លួន នាំគ្នា​រែក​អម្រែកដើរមកអំពីក្រោយខ្ញុំ ខ្ញុំបានយកផ្កាទាំង ៧ ដែលតាបសដាក់​ក្នុងកញ្ចប់នោះ ហើយថ្វាយផ្កាទាំងនោះ ចំពោះញាណ របស់ព្រះវេស្សភូសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ​ជាផល​នៃ​ញាណបូជា។ ក្នុងកប្បទី ២៩ អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាម​វិហតាភាសៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះចម្បកបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ។

ចប់ ចម្បកបុប្ផិយត្ថេរាបទាន។

អត្ថសន្ទស្សកត្ថេរាបទាន ទី៧

[៣៧] ខ្ញុំអង្គុយនៅក្នុងរោងធំ បានឃើញ (ព្រះបទុមុត្តរៈ) ជាលោកនាយក ទ្រង់អស់​អាសវៈ ទ្រង់ដល់នូវពលធម៌ មានភិក្ខុសង្ឃចោមរោម។ (ខ្ញុំសរសើរថា) ភិក្ខុសង្ឃ​ទាំងមួយ​សែនអង្គ សុទ្ធតែជាអ្នកបានវិជ្ជា ៣ អភិញ្ញា ៦ មានឫទ្ធិច្រើន តែងចោមរោម​ព្រះសម្ពុទ្ធ អ្នកណាឃើញហើយ នឹងមិនជ្រះថ្លាបាន។ (ក្នុងលោក) ព្រមទាំងទេវលោក ឥតមាន​ញាណណា នឹងប្រៀបផ្ទឹមក្នុងញាណព្រះសម្ពុទ្ធបានឡើយ អ្នកណាឃើញ​ព្រះសម្ពុទ្ធមាន​ញាណរកទីបំផុតគ្មានហើយ នឹងមិនជ្រះថ្លាបាន។ ម្យ៉ាងទៀត សាវ័កទាំងឡាយ សម្ដែងនូវធម្មកាយ ជាទីកើតនៃរតនៈតែប៉ុណ្ណោះ តែមិនអាចឲ្យព្រះសម្ពុទ្ធ​កម្រើក​បានទេ អ្នកណាឃើញហើយ នឹងមិនជ្រះថ្លាបាន។ នារទបុរស គឺខ្ញុំនោះ ដើរទៅពីខាងមុខ ហើយពោលសរសើរ នូវព្រះបទុមុត្តរៈសម្មាសម្ពុទ្ធ ទ្រង់ឥតមានបុគ្គលផ្ចាលផ្ចាញ់បាន ដោយគាថាទាំង ៣ នេះ។ ដោយចិត្តជ្រះថ្លានោះផង ដោយការស្និទ្ធស្នាល​នឹងព្រះពុទ្ធ​ជាម្ចាស់ផង ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិ អស់មួយសែនកប្ប។ ក្នុងកប្បទី ១៣០ អំពី​កប្ប​នេះ ខ្ញុំបានកើតជាក្សត្រចក្រពត្តិ ព្រះនាមសុមិត្តៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់​មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអត្ថសន្ទស្សកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អត្ថសន្ទស្សកត្ថេរាបទាន។

ឯករំសនិយត្ថេរាបទាន ទី៨

[៣៨] ខ្ញុំឈ្មោះនារទៈ តែគេស្គាល់ខ្ញុំថា កេសវៈវិញ ខ្ញុំកំពុងស្វែងរកកុសល អកុសល ក៏បានទៅកាន់សំណាក់ព្រះពុទ្ធជាម្ចាស់។ ព្រះអត្ថទស្សីមហាមុនី មាន​ព្រះហឫទ័យ​ប្រកប​ដោយមេត្តាករុណា ព្រះចក្ខុមសម្ពុទ្ធអង្គនោះ ទ្រង់ញ៉ាំងសត្វឲ្យស្រុះស្រួល ហើយ​ទ្រង់​តែងសម្តែងធម៌ (ចំពោះសត្វ)។ ខ្ញុំបានញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយធ្វើ​អញ្ជលី​លើសិរ្សៈ ថ្វាយបង្គំព្រះសាស្តា រួចឈមមុខទៅកាន់បាចីនទិស ចៀសចេញទៅ។ ក្នុង​កប្បទី ១១៧ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ជាម្ចាស់ផែនដី ព្រះនាមអមិត្តតបនៈ ទ្រង់​មាន​កម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯករំសនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឯករំសនិយត្ថេរាបទាន។

សាលទាយកត្ថេរាបទាន ទី៩

[៣៩] គ្រានោះ ខ្ញុំកើតជាកេសរមិគរាជ ជាអភិជាត កំពុងស្វែងរកភ្នំ ​ដែលគេ​ទៅបាន​ដោយ​កម្រ ក៏បានឃើញព្រះលោកនាយក (ទើបគិតថា) ឱហ្ន៎ ព្រះមហាវីរៈ​នេះ​ហើយ ទ្រង់ញ៉ាំងមហាជន ឲ្យរលត់ទុក្ខ បើដូច្នោះ គួរអាត្មាអញចូលទៅអង្គុយជិត​ព្រះពុទ្ធនេះ ព្រះអង្គជាទេវតារបស់ទេវតា ជានរាសភៈ។ ទើបខ្ញុំកាច់យកមែករាំង ព្រម​ទាំងចង្កោមផ្កា ចូលទៅគាល់ព្រះសម្ពុទ្ធ ហើយថ្វាយផ្កាដ៏ប្រសើរ។ ក្នុងកប្បទី ៩១ អំពី​កប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបុប្ផទាន។ ក្នុង​កប្បទី ៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ព្រះនាមវិរោចនៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់​ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសាលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សាលទាយកត្ថេរាបទាន។

ផលទាយកត្ថេរាបទាន ទី១០

[៤០] គ្រានោះ ខ្ញុំកើតជាសត្វបរោធកៈ ជាសត្វបរោធកៈ [ក្នុងបាលីព្រះត្រៃបិដកភូមា បារវកោ ប្រែថា ព្រាប។] យ៉ាងតូចបំផុត ទទួល​ទានដំណេកនៅក្បែរញកភ្នំ ក្នុងទីជិត​សំណាក់​ព្រះសាស្តា ព្រះនាមសិខី។ ខ្ញុំតែងឃើញព្រះពុទ្ធជាលោកគ្គនាយក ទាំង​ល្ងាចព្រឹក តែខ្ញុំនឹងរកទេយ្យធម៌ថ្វាយព្រះសម្ពុទ្ធ មាន​ព្រះទ័យនឹងប្រសើរជាង​សត្វជើងពីរ​ពុំបាន។ ខ្ញុំបានយកផ្លែទ្រយឹង ទៅកាន់សំណាក់ព្រះពុទ្ធ ព្រះមានព្រះភាគ ជាច្បងក្នុង​លោក ជានរាសភៈ ទ្រង់ក៏បានទទួលយក។ លំដាប់តពីនោះ ខ្ញុំធ្វើមរណកាលក្នុងទីនោះ ដោយចិត្តជ្រះថ្លា អាស្រ័យព្រះវិនាយកដែលខ្ញុំប្រាថ្នាហើយ​នោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃ​ផលទាន។ ក្នុងកប្បទី ១៥ អំពីកប្បនេះ បានកើតជាស្ដេចចក្រពត្តិ ៣ ជាតិ ព្រះនាម​មាលភិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ផលទាយកត្ថេរាបទាន។

ឧទ្ទាន

សោភិតត្ថេរាបទាន ១ សុទស្សនត្ថេរាបទាន ១ ចន្ទនបូជកត្ថេរាបទាន ១ បុប្ផឆទនិយត្ថេរាបទាន ១ រហោសញ្ញិកត្ថេរាបទាន ១ ចម្បកបុប្ផិយត្ថេរាបទាន ១ អត្ថសន្ទស្សកត្ថេរាបទាន ១ ឯករំសនិយត្ថេរាបទាន ១ សាលទាយកត្ថេរាបទាន ១ ផលទាយកត្ថេរាបទាន ជាគម្រប់ ១០ គាថា ៧២ ពួកអ្នកប្រាជ្ញ បានគណនាហើយ។

ចប់ សោភិតវគ្គ ទី១៤។

ឆត្តវគ្គ ទី១៥

អធិឆត្តិយត្ថេរាបទាន ទី១

[៤១] កាលព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ទ្រង់ប្រសើរជាងពួកនរៈ ទ្រង់បរិនិព្វាន​ហើយ ខ្ញុំបានឲ្យគេធ្វើឆត្ររួត ហើយឲ្យលើកឡើងត្រង់ព្រះស្តូប។ ខ្ញុំបានមកនមស្ការ​ព្រះលោកនាយកសព្វៗ កាល ហើយធ្វើគ្រឿងប្រក់ដោយផ្កា លើកឡើងតម្កល់ពីខាងលើ​ឆត្រ។ ក្នុងកប្បទី ១១៧ អំពីកប្បនេះ ខ្ញុំបានសោយជាទេវរាជ ខ្ញុំមិនដែលទៅកើតជា​មនុស្ស​ម្ដងឡើយ នេះជាផលនៃថូបបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអធិឆត្តិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អធិឆត្តិយត្ថេរាបទាន។

ថម្ភារោបកត្ថេរាបទាន ទី២

[៤២] កាលព្រះលោកនាថ ព្រះនាមធម្មទស្សី ជានរាសភៈ ទ្រង់បរិនិព្វាន ខ្ញុំបាន​លើក​ដងទង់ ត្រង់ចេតិយរបស់ព្រះសម្ពុទ្ធដ៏ប្រសើរ។ ខ្ញុំបានធ្វើជណ្ដើរសម្រាប់ឡើងទៅកាន់​ព្រះស្តូបដ៏ប្រសើរ បានទាំងយកផ្កាជាតព្រឹក្ស ទៅដោតលើព្រះស្តូប ដោយតាំងចិត្តថា ព្រះពុទ្ធជាបុគ្គលអស្ចារ្យ ព្រះធម៌ជាសភាពអស្ចារ្យ សម្បទារបស់ព្រះសាស្តានៃយើង ជារបស់អស្ចារ្យ។ ដោយសារកុសលកម្មនេះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​ថូបបូជា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ១៦ ជាតិ ព្រះនាម​ថូបសិខៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះថម្ភារោបកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ថម្ភារោបកត្ថេរាបទាន។

វេទិការកត្ថេរាបទាន ទី៣

[៤៣] កាលព្រះលោកនាថ ព្រះនាមបិយទស្សី ជានរៈដ៏ឧត្តម ទ្រង់បរិនិព្វានហើយ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានសាងខឿនចេតិយសម្រាប់ជាពុទ្ធបូជា។ ខ្ញុំព័ទ្ធ​ខឿននោះ ដោយកែវមណី ហើយរៀបចំធ្វើបុណ្យឆ្លងខឿនដ៏ប្រសើរ ហើយក៏ធ្វើ​មរណកាលក្នុងវេលានោះ។ ខ្ញុំទៅកើតក្នុងកំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស ទេវតាទាំងឡាយ តែងបាំងកែវមណីឰដ៏អាកាស (ចំពោះខ្ញុំ) នេះជាផលនៃបុញ្ញកម្ម។ ក្នុង​កប្បទី ១១៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៣២ ជាតិ ព្រះនាមមណិប្បភាស​ដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវេទិការកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ វេទិការកត្ថេរាបទាន។

សបរិវារិយត្ថេរាបទាន ទី៤

[៤៤] ព្រះជិនស្រីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ជានរាសភៈ រុងរឿង​ដូចគំនរភ្លើង ទ្រង់បរិនិព្វានហើយ។ លុះព្រះមហាវីរៈ ទ្រង់បរិនិព្វានហើយ ព្រះស្ដូបជា​របស់​ធំសម្បើម ក៏កើតមានឡើង (ក្នុងកាលនោះ) ពួកជនតែងនាំគ្នាចូលទៅបម្រើព្រះស្តូប ត្រង់ល្វែងតម្កល់ព្រះធាតុដ៏ប្រសើរឧត្តម។ កាលនោះខ្ញុំមានចិត្តជ្រះថ្លា មានចិត្ត​សោមនស្ស បានសាងខឿនខ្លឹមចន្ទន៍ បានថ្វាយធូប និងគ្រឿងក្រអូបដ៏សមគួរ​ដល់​ព្រះស្តូប។ កាល​ខ្ញុំកើតក្នុងភព (ណាៗ) ទោះបីជាទេវតា ឬជាមនុស្ស ខ្ញុំមិនបានជួបនូវភាព​ថោកទាប​ឡើយ នេះជាផលនៃបុព្វកម្ម។ ក្នុងកប្បទី ១១៥ អំពីកប្បនេះ ខ្ញុំបានកើត​ជាស្ដេចចក្រពត្តិ ៨ ជាតិ ព្រះនាមសមត្តៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសបរិវារិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សបរិវារិយត្ថេរាបទាន។

ឧម្មាបុប្ផិយត្ថេរាបទាន ទី៥

[៤៥] កាលព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ដែលពួកសត្វលោកបូជាហើយ គួរ​ទទួលនូវ​គ្រឿងបូជា ទ្រង់បរិនិព្វានហើយ ក៏មានការឆ្លងព្រះស្ដូបដ៏ធំ។ កាលដែលកំពុង​រៀប​ចំឆ្លងព្រះស្ដូប ខ្ញុំក៏បានយកផ្កាទៅដោតលើព្រះស្តូបនៃព្រះសិទ្ធត្ថៈមហេសី។ ក្នុង​កប្ប​ទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃបុប្ផបូជា។ ក្នុងកប្បទី ៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ៨៥ ជាតិ ព្រះនាម​សោមទេវៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធើ្វឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះឧម្មាបុប្ផិយតេ្ថរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ឧម្មាបុប្ផិយត្ថេរាបទាន។

អនុលោមទាយកត្ថេរាបទាន ទី៦

[៤៦] ខ្ញុំបានធ្វើខឿនពោធិព្រឹក្សនៃព្រះមុនី ព្រះនាមអនោមទស្សី បានដាក់ដុំបាយអ ហើយធ្វើនូវបាណិកម្ម (បូក)។ ព្រះសាស្ដា ព្រះនាមអនោមទស្សី ប្រសើរជាងនរៈ គង់​ក្នុង​កណ្ដាលភិក្ខុសង្ឃ ឃើញអំពើដែលខ្ញុំធ្វើល្អនោះហើយ ទើបសម្ដែងគាថានេះថា កុលបុត្ត​នេះ បានសោយសម្បត្តិដោយការបូកបាយអនេះផង ដោយការតម្កល់ទុកនូវចេតនាផង ហើយនឹងធ្វើនូវព្រះនិព្វានជាទីបំផុតទុក្ខ។ ខ្ញុំមានសម្បុរមុខថ្លាស្រស់ មានចិត្ត​នឹងនៅ​ក្នុងអារម្មណ៍តែមួយ មានចិត្តតម្កល់មាំល្អ ខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុង​សាសនា​របស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ១០០ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្តចចក្រពត្តិ ព្រះនាម​សម្បស្សនៈ ទ្រង់បរិបូណ៌ មិនខ្វះខាត (ដោយសម្បត្តិ) មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះសម្ពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអនុលោមទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អនុលោមទាយកត្ថេរាបទាន។

មគ្គទាយកត្ថេរាបទាន ទី៧

[៤៧] ព្រះសម្ពុទ្ធមានបញ្ញាចក្ខុ ព្រះនាមសិទ្ធត្ថៈ ទ្រង់ឆ្លងស្ទឹង សេ្ដចពុទ្ធដំណើរ​ទៅកាន់ព្រៃ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថៈនោះ ទ្រង់មានលក្ខណៈដ៏ប្រសើរ ទើបខ្ញុំកាន់​យកចប និងកញ្ជើ ធ្វើផ្លូវនោះឲ្យរាបស្មើ ហើយថ្វាយបង្គំព្រះសាស្ដា ហើយ​ញ៉ាំងចិត្ត​របស់​ខ្លួនឲ្យជ្រះថ្លា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុ​ដែល​ខ្ញុំបានធ្វើ​កុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លូវ។ ក្នុងកប្បទី ៥៧ អំពី​កប្បនេះ ខ្ញុំនោះបានកើតជាស្តេច ១ អង្គ ព្រះនាមសុប្បពុទ្ធ ជាធំជាងជន ជានាយក ជា​ឥស្សរៈលើពួកនរជន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់​ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមគ្គទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ មគ្គទាយកត្ថេរាបទាន។

ផលទាយកត្ថេរាបទាន ទី៨

[៤៨] កាលពីដើមខ្ញុំជាអ្នកធ្វើយាន បានសិក្សាស្ទាត់ក្នុងការឈើ បានធ្វើផែនក្ដារ​ដោយ​ខ្លឹមចន្ទន៍ ថ្វាយចំពោះព្រះលោកពន្ធុ។ (ដោយកុសលកម្មនោះ) ទើបវិមាននេះ ដែល​បុញ្ញកម្មតាក់តែងដោយមាស តែងភ្លឺស្វាងរុងរឿង មានទាំងយានដំរី យានសេះ យានទិព្វ កើតប្រាកដឡើង (ដល់ខ្ញុំ)។ ទាំងប្រាសាទ និងគ្រែស្នែង ក៏កើតឡើង (ដល់ខ្ញុំ​ដែរ) កែវ​ជារបស់មិនរំភើប គួរតាមប្រាថ្នា (ក៏កើតឡើង) ដល់ខ្ញុំ នេះជាផលនៃផែនក្តារ។ ក្នុង​កប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផែនក្តារ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ​ជាផលនៃផែនក្តារ។ ក្នុងកប្ប ទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ព្រះនាមភវនិម្មិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ផលទាយកត្ថេរាបទាន។

វដំសកិយត្ថេរាបទាន ទី៩

[៤៩] ព្រះសយម្ភូ ព្រះនាមសុមេធៈ ឥតមានបុគ្គលផ្ចាញ់បាន ទ្រង់ចម្រីនវិវេក ស្ដេចចូល​ទៅកាន់ព្រៃធំ។ ខ្ញុំបានឃើញដើមស្រល់មានផ្ការីក (ទើបកាច់យកមក) ដោត​ក្រងធ្វើ​ជាគ្រឿងប្រដាប់ក្បាល បង្អោនថ្វាយព្រះពុទ្ធ ជាលោកនាយក ចំពោះព្រះភក្រ្ត។ ក្នុង​កប្ប ទី ៣០,០០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១១៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ១៦ ជាតិ ព្រះនាមនិម្មិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះវដំសកិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ វដំសកិយត្ថេរាបទាន។

បល្លង្កទាយកត្ថេរាបទាន ទី១០

[៥០] ខ្ញុំបានថ្វាយបល្ល័ង្ក (គ្រែ) ព្រមទាំងពិតាន ចំពោះព្រះមានព្រះភាគ ព្រះនាមសុមេធៈ ជាច្បងក្នុងលោក ទ្រង់ប្រកបដោយតាទិគុណ។ ពេលនោះ បល្ល័ង្កដ៏បរិបូណ៌​ដោយកែវ ៧ ប្រការនោះ (ហាក់ដូចជា) ដឹងតម្រិះរបស់ខ្ញុំ តែងកើតសម្រាប់ខ្ញុំ សព្វៗ​កាល។ ក្នុងកប្បទី ៣០,០០០ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយ​បល្ល័ង្ក ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបល្ល័ង្ក។ ក្នុងកប្បទី ២០,០០០ ខ្ញុំបានកើតជា​ស្ដេច​ចក្រពត្តិ ៣ ជាតិ ព្រះនាមសុវណ្ណាភា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបល្លង្កទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បល្លង្កទាយកត្ថេរាបទាន។

ឧទ្ទាន

អធិឆត្តិយត្ថេរាបទាន ១ ថម្ភារោបកត្ថេរាបទាន ១ វេទិការកត្ថេរាបទាន ១ សបរិវារិយត្ថេរាបទាន ១ ឧម្មាបុប្ផិយត្ថេរាបទាន ១ អនុលោមទាយកត្ថេរាបទាន ១ មគ្គទាយកត្ថេរាបទាន ១ ផលទាយកត្ថេរាបទាន ១ វដំសកិយត្ថេរាបទាន ១ បល្លង្កទាយកត្ថេរាបទាន ១ មានគាថា ៥៦ អ្នកប្រាជ្ញបានពោលទុកហើយ។

ចប់ ឆត្តវគ្គ ទី១៥។

ពន្ធុជីវកវគ្គ ទី១៦

ពន្ធុជីវកត្ថេរាបទាន ទី១

[៥១] (ខ្ញុំបានឃើញព្រះពុទ្ធ ព្រះនាមសិខី) ទ្រង់បរិសុទ្ធប្រាសចាកមន្ទិល ដូច​ព្រះចន្ទ មានព្រះហឫទ័យថ្លាស្អាត មិនល្អក់ មាននន្ទិរាគៈ និងភពអស់ហើយ ព្រះអង្គឆ្លង​ហើយនូវ​វិសត្តិកាតណ្ហាក្នុងលោក ព្រះអង្គញ៉ាំងប្រជុំជនឲ្យរលត់ទុក្ខ ទ្រង់ឆ្លងហើយ ជាព្រះមុនី​របស់ពួកជនអ្នកឆ្លង កំពុងចម្រើនឈាន មានព្រះហឫទ័យ​នឹងក្នុងអារម្មណ៍​តែមួយ តាំង​មាំ​ល្អក្នុងព្រៃ។ ខ្ញុំពាក់នូវផ្កាច្បារលើខ្សែអំបោះ ហើយថ្វាយចំពោះព្រះពុទ្ធ ព្រះនាមសិខី ជាផៅពង្សនៃលោក។ ក្នុងកប្ប ទី ៣១ អំពីកប្បនេះ គ្រានោះ ព្រោះហេតុ​ដែលខ្ញុំ​បានធ្វើ​បុញ្ញកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧ អំពី​កប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមសមន្តចក្ខុ ទ្រង់មានយសច្រើន ជាធំក្នុង​មនុស្ស មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពន្ធុជីវកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ពន្ធុជីវកត្ថេរាបទាន។

តម្ពបុប្ផិយត្ថេរាបទាន ទី២

[៥២] ខ្ញុំប្រកបក្នុងការងាររបស់ជនដទៃ បានធ្វើនូវកំហុស ជាអ្នកពេញប្រៀប​ដោយ​ភ័យ និងពៀរ ហើយក៏ស្ទុះរត់ទៅពួនក្នុងទីព្រៃ។ ខ្ញុំឃើញដើមឈើ ដែលមានផ្ការីក​ស្គុះស្គាយ​ ចងជាចង្កោម ដែលធម្មតានិម្មិតល្អហើយ កាន់យកនូវផ្កាក្រហមរោយរាយ​ចុះទៀប​ពោធិព្រឹក្ស។ ខ្ញុំបោសដើមច្រនៀង ជាឈើដ៏ឧត្តម ជាពោធិព្រឹក្សនោះ ហើយចូល​ទៅជិត​គល់ពោធិព្រឹក្ស អង្គុយផ្គត់ភ្នែន។ កាលពួកជនស្វែងរកផ្លូវដែលខ្ញុំទៅ ក៏មកកាន់​សំណាក់​ខ្ញុំ លុះខ្ញុំឃើញនូវពួកជនទាំងនោះ ក៏នឹកដល់ពោធិព្រឹក្សដ៏ឧត្តម ក្នុងទីនោះ។ ខ្ញុំមាន​ចិត្ត​ជ្រះថ្លា ថ្វាយបង្គំដើមពោធិព្រឹក្ស រួចហើយក៏ធ្លាក់ទៅក្នុងជ្រោះភ្នំដែលគួរខ្លាច មាន​ជម្រៅច្រើនជួរដើមត្នោត។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាពោធិព្រឹក្ស។ ក្នុងកប្បទី ៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមសម្មសិតៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតម្ពបុប្ផិយត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តម្ពបុប្ផិយត្ថេរាបទាប ។

វីថិសម្មជ្ជកត្ថេរាបទាន ទី៣

[៥៣] ខ្ញុំបានឃើញព្រះពុទ្ធ ជានាយកនៃលោក កំពុងស្ដេចទៅ ដូចព្រះអាទិត្យ​មានរស្មីដ៏ច្រើន កាលរះឡើងមានរស្មីពណ៌លឿង ឬដូចព្រះចន្ទក្នុងថ្ងៃទី ១៥ កើត។ ពួក​ព្រះខីណាស្រពទាំងពួង មានប្រមាណ ៦៨,០០០ ចោមរោមព្រះសម្ពុទ្ធ ព្រះអង្គជាធំ​ជាង​សត្វជើងពីរ ជានរាសភៈ។ កាលព្រះលោកនាយកកំពុងយាងទៅ ខ្ញុំមានចិត្តជ្រះថ្លា បាន​បោសថ្នល់នោះ ហើយលើកនូវទង់ជ័យក្នុងទីនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះ​ហេតុដែលខ្ញុំបានថ្វាយទង់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយទង់។ ក្នុង​កប្បទី ៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចព្រះនាមសុធជៈ ទ្រង់មានកម្លាំងច្រើន ទ្រង់បរិបូណ៌​ដោយអាការៈទាំងពួង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់​ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវីថិសម្មជ្ជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ វីថិសម្មជ្ជកត្ថេរាទាន។

កក្ការុបូជកត្ថេរាបទាន ទី៤

[៥៤] ខ្ញុំជាទេវបុត្ត បានបូជាចំពោះព្រះពុទ្ធជានាយក ព្រះនាមសិខី ខ្ញុំកាន់យកផ្កា​ល្ពៅ បង្អោនថ្វាយព្រះពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៩ អំពីកប្បនេះ ខ្ញុំបានជា​ស្តេច​ចក្រពត្តិ ៧ ជាតិ ទ្រង់មានកម្លាំងច្រើន ទ្រង់ឧត្តម បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកក្ការុបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ កក្ការុបូជកត្ថេរាបទាន។

មន្ទារវបុប្ផបូជកត្ថេរាបទាន ទី៥

[៥៥] ខ្ញុំជាទេវបុត្ត បានបូជាចំពោះព្រះពុទ្ធជានាយក ព្រះនាមសិខី ខ្ញុំបានបូជាចំពោះ​ព្រះពុទ្ធដោយផ្កាមន្ទារវៈ។ ផ្កាកម្រងទិព្វ ជាគ្រឿងប្រក់លើព្រះតថាគត អស់ ៧ ថ្ងៃ ពួក​ជនទាំងអស់មកចួបជុំគ្នាហើយ នមស្ការព្រះតថាគត។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះ​ហេតុដែលខ្ញុំបានថា្វយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមជុតិន្ធរៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌​ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមន្ទារវបុប្ផបូជកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មន្ទារវបុប្ផបូជកត្ថេរាបទាន។

កទម្ពបុប្ផិយត្ថេរាបទាន ទី៦

[៥៦] ភ្នំឈ្មោះកុក្កុដៈ មានក្នុងទីជិតភ្នំហិមពាន្ត ព្រះពុទ្ធ ៧ ព្រះអង្គនោះ តែង​គង់នៅទៀប​ជើងភ្នំនោះ ខ្ញុំបានឃើញដើមកទម្ព ដែលមានផ្ការីកស្គុះស្គាយ ដូចព្រះអាទិត្យ​រះឡើង ទើបកាន់យកដោយដៃទាំងពីរ ហើយរោយរាយថ្វាយព្រះពុទ្ធទាំង ៧ អង្គ។ ក្នុង​កប្ប​ទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផល​នៃ​ពុទ្ធបូជា។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៧ ជាតិ ព្រះ​នាម បុប្ផៈដូចគ្នា ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះកទម្ពបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ កទម្ពបុប្ផិយត្ថេរាបទាន។

តិណសូលកត្ថេរាបទាន ទី៧

[៥៧] ភ្នំឈ្មោះភូតគណៈ មានក្នុងទីជិតភ្នំហិមពាន្ត ព្រះជិនស្រីសយម្ភូ ទ្រង់​រលាស់ចេញ​ចាកលោក ទ្រង់គង់មួយអង្គឯង ក្នុងទីនោះ។ ខ្ញុំយកផ្កាម្លិះរួតទាំងឡាយ បូជាព្រះពុទ្ធ ខ្ញុំមិនដែលទៅកើតជាវិនិបាត អស់ ៩៩ ពាន់កប្ប ព្រោះកុសលនេះ។ ក្នុងកប្ប​ទី ១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមធរណីរុហៈ ទ្រង់មាន​កម្លាំង​ច្រើន ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិណសូលកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ តិណសូលកត្ថេរាបទាន។

នាគបុប្ផិយត្ថេរាបទាន ទី៨

[៥៨] ព្រាហ្មណ៍ឈ្មោះសុវច្ឆៈ ជាអ្នកដល់នូវត្រើយនៃមន្ត មានពួកសិស្សចោមរោម តែង​នៅ​ក្នុងចន្លោះភ្នំ។ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលនូវគ្រឿងបូជា ព្រះអង្គ​មានប្រាថ្នាដើម្បីស្រោចស្រង់នូវខ្ញុំ ទើបស្តេចមកកាន់សំណាក់ខ្ញុំ។ ទ្រង់ចង្រ្កម​លើ​អាកាស ដូចប្រទីបរុងរឿង ទ្រង់ជ្រាបច្បាស់នូវសេចក្តីត្រេកអររបស់ខ្ញុំ ហើយមាន​ព្រះភក្រ្តបែរ​ទៅទិសខាងកើត ស្តេចចៀសចេញទៅ។ ចំណែកខាងខ្ញុំ ឃើញហេតុ​អស្ចារ្យ​ចម្លែក គួរជាទីព្រឺរោមនោះហើយ ក៏កាន់យកនូវផ្កាខ្ទឹង រោយរាយលើផ្លូវដែល​ព្រះអង្គ​ស្តេចទៅ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានរោយរាយផ្កា ដោយចិត្ត​ជ្រះថ្លានោះ ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ខ្ញុំបាន​កើតជា​ស្តេចចក្រពត្តិ ព្រះនាមមហារថៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះនាគបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ នាគបុប្ផិយត្ថេរាបទាន។

បុន្នាគបុប្ផិយត្ថេរាបទាន ទី៩

[៥៩] ខ្ញុំជានាយព្រាន បានចូលទៅនៅអាស្រ័យក្នុងព្រៃធំ បានឃើញដើម​បុន្នាគព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយ ហើយនឹករលឹកចំពោះព្រះពុទ្ធ ជាបុគ្គលដ៏ប្រសើរ។ ខ្ញុំបេះផ្កា​នោះ ដែលមានក្លិនក្រអូបយ៉ាងក្រៃលែង ហើយធ្វើជាព្រះស្តូបលើផ្នូរខ្សាច់ បូជា​ចំពោះ​ព្រះពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែល​ស្គាល់​ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ខ្ញុំបានកើតជា​ស្តេច​ចក្រពត្តិ ១ អង្គ ព្រះនាមតមោនុទៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះបុន្នាគបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បុន្នាគបុប្ផិយត្ថេរាបទាន។

កុមុទទាយកត្ថេរាបទាន ទី១០

[៦០] មានស្រះកើតឯងដ៏ធំ ក្នុងទីជិតភ្នំហិមពាន្ត ជាស្រះដេរដាសដោយឈូក និងឧប្បល ព្រោងព្រាតដោយផ្កាឈូកស។ ក្នុងកាលនោះ ខ្ញុំកើតជាមាន់ ជាសកុណជាតិ នៅជិត​ស្រះនោះ ជាសត្វមានសីល បរិបូណ៌ដោយវត្ត ឈ្លាសវៃក្នុងអំពើបុណ្យ និងបាប។ ព្រះពុទ្ធជាមហាមុនី ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ត្រាច់ទៅក្នុងទីមិនឆ្ងាយអំពីជាតស្រះនោះ។ ខ្ញុំបានកាច់ផ្កាកុមុទ ដែលកើតក្នុងទឹក បង្អោន​ចូលមកថ្វាយព្រះមហេសី។ ព្រះពុទ្ធជាមហាមុនី ទ្រង់ជ្រាបនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ទ្រង់​ក៏ទទួលយក។ ខ្ញុំត្រូវកុសលមូលដាស់តឿន ព្រោះបានឲ្យទាននោះ ខ្ញុំក៏មិនទៅកើត​ក្នុងទុគ្គតិ អស់មួយសែនកប្ប។ ក្នុងកប្បទី ១១៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមវរុណៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកុមុទទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ កុមុទទាយកត្ថេរាបទាន។

ឧទ្ទាន

ពន្ធុជីវកត្ថេរាបទាន ១ តម្ពបុប្ផិយត្ថេរាបទាន ១ វីថិសម្មជ្ជកត្ថេរាបទាន ១ កក្ការុបូជកត្ថេរាបទាន ១ មន្ទារវបុប្ផបូជកត្ថេរាបទាន ១ កទម្ពបុប្ផិយត្ថេរាបទាន ១ តិណសូលកត្ថេរាបទាន ១ នាគបុប្ផិយត្ថេរាបទាន ១ បុន្នាគបុប្ផិយត្ថេរាបទាន ១ កុមុទទាយកត្ថេរាបទាន ១ គាថា (ទាំងនេះ) មាន ៥៦ ដែលលោកសម្តែងទុកហើយ។

ចប់ ពន្ធុជីវកវគ្គ ទី១៦។

សុបារិចរិយវគ្គ ទី១៧

សុបារិចរិយត្ថេរាបទាន ទី១

[៦១] ព្រះពុទ្ធព្រះនាមបទុមៈ ព្រះអង្គជាធំជាងសត្វជើងពីរ ជានរាសភៈ ទ្រង់មាន​បញ្ញាចក្ខុ ទ្រង់ចេញចាកព្រៃ គឺតណ្ហា តែងសម្តែងនូវធម៌។ ពួកយក្ខបានប្រជុំគ្នា​ ក្នុង​ទីជិតព្រះពុទ្ធ​មហេសី ដោយកិច្ចដែលពួកយក្ខទាំងនោះមកជួបជុំគ្នាហើយ ប្រាថ្នាមើល (នូវព្រះសម្ពុទ្ធ) ក្នុងខណៈនោះ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តត្រេកអរ ដឹងច្បាស់នូវវាចា​របស់ព្រះពុទ្ធ ជាគ្រឿង​សម្តែងនូវព្រះនិព្វាន ឈ្មោះអមតៈ ទះដៃហើយចូលទៅបម្រើ។ ខ្ញុំជួបនូវផល​នៃការបម្រើ ដែលខ្ញុំសន្សំល្អហើយ ចំពោះព្រះសាស្តា ក្នុងកប្បទីបីម៉ឺន ខ្ញុំមិន​ដែល​ទៅកើតក្នុងទុគ្គតិឡើយ។ ក្នុងកប្បទី ១២៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាម​សមលង្គតៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះសុបារិចរិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សុបារិចរិយត្ថេរាបទាន។

កណវេរបុប្ផិយត្ថេរាបទាន ទី២

[៦២] ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជាចម្បងក្នុងលោក ជានរាសភៈ មានពួក​សាវ័កចោមរោមហើយ ទ្រង់ស្តេចមកកាន់ក្រុង។ ខ្ញុំជាអ្នកគ្រប់គ្រងក្នុងខាងក្នុងបូរី​របស់​ស្តេច ដែលស្តេចតែងតាំង ខ្ញុំចូលទៅក្នុងប្រាសាទ បានឃើញព្រះពុទ្ធជាលោកនាយក។ ខ្ញុំយកផ្កាច្បារោយរាយចំពោះភិក្ខុសង្ឃ រោយរាយចំពោះព្រះពុទ្ធ ធ្វើឲ្យផ្សេង ច្រើន​ក្រៃលែងជាងនោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិន​ដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំបានកើតជា​ស្តេចចក្រពត្តិ ឈ្មោះមហិទ្ធិកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកណវេរបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កណវេរបុប្ផិយត្ថេរាបទាន។

ខជ្ជទាយកត្ថេរាបទាន ទី៣

[៦៣] ក្នុងកាលពីដើម ខ្ញុំបានថ្វាយផ្លែឈើ បានថ្វាយផ្លែដូង ដែលគេសន្មតថា​ជាបង្អែម ចំពោះព្រះមានព្រះភាគ ព្រះនាមតិស្សៈ។ លុះខ្ញុំថ្វាយផ្លែឈើនោះ ចំពោះព្រះពុទ្ធ​ព្រះនាមតិស្សៈ ជាមហេសីហើយ ក៏រីករាយ ខ្ញុំមានសេចក្តីប្រាថ្នាក្នុងកាម ក៏បានទៅកើត​តាម​សេចក្តីប្រាថ្នា។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងគ្រានោះ ព្រោះហេតុដែលខ្ញុំ​បាន​ថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យនូវផ្លែឈើ។ ក្នុងកប្បទី ១៣ អំពី​កប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមឥន្ទសមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះខជ្ជទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ខជ្ជទាយកត្ថេរាបទាន។

ទេសបូជកត្ថេរាបទាន ទី៤

[៦៤] ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាចម្បងក្នុងលោក ជានរាសភៈ ហោះ​ទៅកាន់អាកាស ស្តេចទៅក្នុងផ្លូវអាកាស។ ព្រះសាស្តាជាមហាមុនី ឋិតនៅក្នុង​ប្រទេស​ណា ហើយទ្រង់ហោះទៅ ខ្ញុំជ្រះថ្លា បានបូជាចំពោះប្រទេសនោះ ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ១១៨ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឃើញព្រះមហាមុនី ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃការបូជាចំពោះប្រទេស។ ក្នុងកប្បទី ១១១ អំពីកប្បនេះ ខ្ញុំបាន​កើតជាស្តេចចក្រពត្តិ ព្រះនាមគោសុជាត ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះទេសបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ទេសបូជកត្ថេរាបទាន។

កណិការច្ឆទនិយត្ថេរាបទាន ទី៥

[៦៥] ព្រះសម្ពុទ្ធ ព្រះនាមវេស្សភូ ជាចម្បងក្នុងលោក ជានរាសភៈ ជាអ្នកប្រាជ្ញ ទ្រង់ស្តេច​ចូលទៅកាន់មហាវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ។ ក្នុងកាលនោះ ខ្ញុំកាច់​ផ្កា​កណិការ ធ្វើជាឆត្រ លុះខ្ញុំធ្វើឲ្យជាដំបូលដោយផ្ការួចហើយ ទើបបូជាចំពោះព្រះពុទ្ធ។ ក្នុង​កប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផលនៃ​ពុទ្ធបូជា។ ក្នុងកប្បទី ២០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាម​សោណ្ណាភៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកណិការច្ឆទនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កណិការច្ឆទនិយត្ថេរាបទាន។

សប្បិទាយកត្ថេរាបទាន ទី៦

[៦៦] ព្រះមានព្រះភាគ ព្រះនាមផុស្សៈ ទ្រង់គួរទទួលនូវគ្រឿងបូជា ព្រះអង្គ​ជា​វីរបុរស ស្តេចទៅតាមផ្លូវ ញ៉ាំងមហាជនឲ្យរលត់ទុក្ខ។ ព្រះមានព្រះភាគ ក៏ស្តេចមក​កាន់សំណាក់​របស់ខ្ញុំតាមលំដាប់ ក្នុងកាលនោះ ខ្ញុំទទួលយកបាត្រ ហើយបានថ្វាយ​ទឹកដោះថ្លា និងប្រេង។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែល​ខ្ញុំបានថ្វាយ​ទឹកដោះថ្លា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយទឹកដោះថ្លា។ ក្នុង​កប្ប​ទី ៥៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមសមោទកៈ​ ទ្រង់​បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសប្បិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សប្បិទាយកត្ថេរាបទាន។

យុធិកបុប្ផិយត្ថេរាបទាន ទី៧

[៦៧] ខ្ញុំទៅតាមទីបណ្តោយខ្សែទឹក ទៀបឆ្នេរស្ទឹងឈ្មោះចន្ទភាគា ខ្ញុំបានឃើញ​ព្រះពុទ្ធ​សយម្ភូ ដូចសាលរាជព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយ ជិតស្ទឹងនោះ។ ខ្ញុំកាន់យក​ផ្កាដកខិម ហើយចូលទៅគាល់ព្រះមហាមុនី ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយ​ចំពោះព្រះពុទ្ធ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៦៧ អំពីកប្បនេះ ខ្ញុំបានកើតជា​ស្តេច​ចក្រពតិ្តមួយអង្គ ព្រះនាមសាមុទ្ធរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះសម្ពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះយុធិកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ យុធិកបុប្ផិយត្ថេរាបទាន។

ទុស្សទាយកត្ថេរាបទាន ទី៨

[៦៨] ក្នុងកាលនោះ ខ្ញុំជារាជបុត្ត ក្នុងបូរីឈ្មោះតិវរា ជាទីក្រុងគួររីករាយ ខ្ញុំបាន​នូវ​បណ្ណាការ ហើយថ្វាយព្រះពុទ្ធ ព្រះអង្គជាបុគ្គលស្ងប់រម្ងាប់។ ព្រះមានព្រះភាគ ទ្រង់ទទួល​ហើយ ទ្រង់ពាល់សំពត់ដោយព្រះហស្ត លុះព្រះពុទ្ធព្រះនាមសិទ្ធត្ថៈទទួលហើយ ក៏ហោះ​ទៅកាន់អាកាសវេហាស៍។ កាលព្រះពុទ្ធស្តេចទៅ សំពត់ទាំងឡាយក៏អណ្តែតទៅ​តាម​ក្រោយ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះព្រះពុទ្ធនោះថា ព្រះពុទ្ធជាអគ្គបុគ្គលរបស់យើង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយសំពត់ ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសំពត់។ ក្នុងកប្បទី ៦៧ អំពីកប្បនេះ ក្នុង​កាលនោះ​ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមបរិសុទ្ធៈ ជាធំជាងមនុស្ស ទ្រង់មានកម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះទុស្សទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ទុស្សទាយកត្ថេរាបទាន។

សមាទបកត្ថេរាបទាន ទី៩

[៦៩] ខ្ញុំជាអ្នកមានពួកគណៈច្រើន ក្នុងក្រុងពន្ធុមតី ជាបុគ្គលប្រសើរជាងពួក​ជន​ទាំងនោះ ពួកជនទាំងនោះ សុទ្ធតែប្រព្រឹត្តតាមសេចក្តីប្រាថ្នារបស់ខ្ញុំ។ ខ្ញុំប្រជុំពួក​ជន​ទាំងអស់នោះ ហើយបបួលក្នុងបុញ្ញកម្មថា យើងនឹងធ្វើនូវរោង សម្រាប់ជាបុញ្ញក្ខេត្ត​ដ៏​ប្រសើរ របស់​ព្រះសង្ឃ។ ពួកជនទាំងនោះ ក៏ទទួលស្គាល់ថា ប្រពៃ ហើយប្រព្រឹត្តតាម​អំណាច​សេចក្តីប្រាថ្នារបស់ខ្ញុំ លុះធ្វើរោងនោះឲ្យសម្រេចហើយ ក៏ថ្វាយចំពោះព្រះពុទ្ធ ព្រះនាម​វិបស្សី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយ​រោង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយរោង។ ក្នុងកប្បទី ៥៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមអាវេលៈ ទ្រង់ជាធំជាងជន មានកម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសមាទបកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សមាទបកត្ថេរាបទាន។

បញ្ចង្គុលិយត្ថេរាបទាន ទី១០

[៧០] ព្រះមានព្រះភាគ ព្រះនាមតិស្សៈ ជាទីពឹងនៃសត្វលោក ជានរាសភៈ ខ្ញុំបានឃើញ​ព្រះពុទ្ធមហាមុនី ព្រះអង្គជាអ្នកឈ្លាសវៃក្នុងវិហារធម៌ កំពុងចូលគន្ធកុដិ ទើប​កាន់យកនូវ​ផ្កាកម្រងមានក្លិនក្រអូប ហើយដើរទៅកាន់សំណាក់ព្រះជិនស្រី។ ខ្ញុំមានសទ្ធា​តិចតួច​សោះ បានថ្វាយនូវគ្រឿងក្រអូប ប្រស់ព្រំដោយម្រាមដៃប្រាំ ចំពោះព្រះសម្ពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយគ្រឿងក្រអូប ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃគ្រឿងក្រអូប ដែលប្រស់ព្រំដោយម្រាមដៃប្រាំ។ ក្នុងកប្បទី ៧២ អំពីកប្ប​នេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសយម្បកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចង្គុលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បញ្ចង្គុលិយត្ថេរាបទាន។

ឧទ្ទាន

សុបារិចរិយត្ថេរាបទាន ១ កណវេរបុប្ផិយត្ថេរាបទាន ១ ខជ្ជទាយកត្ថេរាបទាន ១ ទេសបូជកត្ថេរាបទាន ១ កណិការច្ឆទនិយត្ថេរាបទាន ១ សប្បិទាយកត្ថេរាបទាន ១ យុធិកបុប្ផិយត្ថេរាបទាន ១ ទុស្សទាយកត្ថេរាបទាន ១ សមាទបកត្ថេរាបទាន ១ បញ្ចង្គុលិយត្ថេរាបទាន ១ មានគាថា ៥៤។

ចប់ សុបារិចរិយវគ្គ ទី១៧។

កុមុទវគ្គ ទី១៨

កុមុទមាលិយត្ថេរាបទាន ទី១

[៧១] មានស្រះកើតឯងដ៏ធំ នៅទៀបភ្នំហិមពាន្ដ ខ្ញុំជាអារក្សទឹក កើតក្នុងស្រះ​នោះ មានរូបដ៏សម្បើម មានកម្លាំងច្រើន។ កុមុទមានផ្ការីកស្គុះស្គាយក្នុងស្រះនោះ ពួកផ្កាកុមុទ​ប្រមាណប៉ុនកង់រទេះ កើតឡើងក្នុងស្រះនោះ ខ្ញុំតែងបេះផ្កាផង ផ្លែផង ជារឿយៗ។ គាប់ជួនព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាធំជាងសត្វជើងពីរ ជា​នរាសភៈ ទ្រង់​ឃើញផ្កា ដែលខ្ញុំបេះគរទុក ក៏ស្ដេចមកក្នុងសំណាក់របស់ខ្ញុំ។ លុះ (ខ្ញុំ​ឃើញ) នូវ​ព្រះសម្ពុទ្ធ ជាទេវតារបស់ទេវតា ជានរាសភៈហើយ ខ្ញុំក៏យកផ្កាទាំងអស់ មក​ថ្វាយ​ព្រះពុទ្ធ។ ក្នុងកាលនោះ ផ្កាកម្រងទាំងប៉ុន្មាន ក៏ទៅជាគ្រឿងប្រក់ថ្វាយព្រះតថាគត ដែល​ស្ដេចនៅទៀបភ្នំហិមពាន្ដ។ ក្នុងកប្បទី ១១៨ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាន​ថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើត​ជាស្ដេចចក្រពត្ដិ ៧ ជាតិ ជាធំជាងជន ព្រះនាមសហស្សរថ ទ្រង់មាន​កម្លាំង​ច្រើន។ បដិសម្កិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្ដិហើយ។

បានឮថា ព្រះកុមុទមាលិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ កុមុទមាលិយត្ថេរាបទាន។

និស្សេណីទាយកត្ថេរាបទាន ទី២

[៧២] ខ្ញុំបានឲ្យគេធ្វើជណ្ដើរ សម្រាប់ឡើងកាន់ប្រាសាទ ថ្វាយព្រះមានព្រះភាគ ព្រះនាម​កោណ្ឌញ្ញៈ ជាទីពឹងនៃសត្វលោក ទ្រង់ប្រកបដោយតាទិគុណ។ ខ្ញុំបានបំពេញ​សម្បទា (នៃបុណ្យ) ដោយសេចក្ដីជ្រះថ្លានៃចិត្ដនោះ ទើបខ្ញុំទ្រទ្រង់នូវរាងកាយជាទី​បំផុត ក្នុង​សាសនា​នៃព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ១.០៣១ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេច​ចក្រពត្តិ ៣ ជាតិ ព្រះនាមសម្ពហុលៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះនិស្សេណីទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ និស្សេណីទាយកត្ថេរាបទាន។

រត្តិយបុប្ផិយត្ថេរាបទាន ទី៣

[៧៣] ក្នុងជាតិមុន ខ្ញុំជាព្រានម្រឹគ នៅក្នុងព្រៃធំ ខ្ញុំបានឃើញព្រះពុទ្ធ ព្រះនាម​វិបស្សី ជាទេវតារបស់ទេវតា ជានរាសភៈ។ ខ្ញុំបានឃើញដើមឈើខ្លែងគង់ ដែលមាន​ផ្កា​រីក​ស្គុះស្គាយ ប្រកបដោយសេចក្តីត្រេកអរ ហើយកាន់យកទាំងឫស មកថ្វាយព្រះពុទ្ធ​មហេសី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃការថ្វាយផ្កា។ ក្នុងកប្បទី ៨ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមសុប្បសន្នៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះរត្តិយបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ រត្តិយបុប្ផិយត្ថេរាបទាន។

ឧទបានទាយកត្ថេរាបទាន ទី៤

[៧៤] ខ្ញុំបានធ្វើអណ្តូង ថ្វាយចំពោះព្រះមានព្រះភាគ ព្រះនាមវិបស្សី ក្នុងកាលនោះ ខ្ញុំ​យកចង្ហាន់បិណ្ឌបាតថ្វាយ (ថែមទៀត)។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ​ហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយអណ្តូង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឧទបានទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧទបានទាយកត្ថេរាបទាន។

សីហាសនទាយកត្ថេរាបទាន ទី៥

[៧៥] កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ ជានាយក ជាទីពឹងនៃលោក បរិនិព្វានហើយ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយសីហាសនៈ។ សេចក្តីពិត ជនមានប្រមាណ​ច្រើននាក់ បាននូវសេចក្តីសុខក្នុងបរលោក ហើយរំលត់ទុក្ខបាន ព្រោះធ្វើនូវការបូជា​ដោយ​​គ្រឿងក្រអូប និងផ្កាកម្រងជាច្រើន ក្នុងទីបរិនិព្វាននោះ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្ត​រីករាយ ថ្វាយបង្គំនូវពោធិព្រឹក្សដ៏ឧត្តម ខ្ញុំមិនទៅកើតក្នុងទុគ្គតិអស់មួយសែន​កប្ប ព្រោះ​កុសលនេះ។ ក្នុងកប្បទី ១៥.០០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមសីលុច្ចយៈដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសីហាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សីហាសនទាយកត្ថេរាបទាន។

មគ្គទត្តិកត្ថេរាបទាន ទី៦

[៧៦] ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាធំជាងសត្វជើងពីរ ជានរាសភៈ ទ្រង់​ចង្រ្កមក្នុងទីវាលស្រឡះ ដើម្បីប្រយោជន៍ដល់សេចក្តីសុខក្នុងបច្ចុប្បន្ន។ ខ្ញុំមានចិត្ត​ជ្រះថ្លា មានចិត្តរីករាយ បានថ្វាយបង្គំព្រះបាទា ដែលទ្រង់លើកឡើងហើយ ខ្ញុំបេះផ្កា​ទាំងឡាយ​ដែលល្អ ឋិតលើកំពូលភ្នំ មករោយរាយថ្វាយ។ ក្នុងកប្បទី ២០.០០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៥ ជាតិ ព្រះនាមបុប្ផច្ឆទនិយៈដូចគ្នា មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមគ្គទត្តិកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ មគ្គទត្តិកត្ថេរាបទាន។

ឯកទីបិយត្ថេរាបទាន ទី៧

[៧៧] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយប្រទីបមួយដល់ព្រះមុនី ព្រះនាម​បទុមុត្តរៈ ទៀបដើមស្រល់ ជាពោធិព្រឹក្សដ៏ប្រសើរ។ កាលខ្ញុំកើតក្នុងភព កាលការសន្សំ​បុណ្យកើតហើយ ខ្ញុំក៏មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយប្រទីប។ ក្នុងកប្បទី ១៦ ពាន់ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៤ ជាតិ ព្រះនាមចន្ទាភៈដូចគ្នា ទ្រង់​មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯកទីបិយត្ថេរមានអាយុ បានសម្ដែងនូវគាថានេះ ដោយប្រការដូច្នេះ។

ចប់ ឯកទីបិយត្ថេរាបទាន។

ចប់ ភាណវារៈ ទី៩។

មណិបូជកត្ថេរាបទាន ទី៨

[៧៨] ស្ទឹងតែងហូរចេញអំពីខាងអាយភ្នំហិមពាន្ត គាប់ចួនគ្រានោះ ព្រះពុទ្ធ​សយម្ភូ ទ្រង់គង់​នៅក្នុងខេត្តជាបន្ទាប់នៃស្ទឹងនោះ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ យកបល្ល័ង្កកែវមណី ដែលគេរចនាដោយប្រពៃ ជាទីត្រេកអរនៃចិត្ត ថ្វាយចំពោះព្រះពុទ្ធ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបល្ល័ង្កកែវមណី ខ្ញុំមិនដែល​ស្គាល់​ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១២ អំពីកប្បនេះ ខ្ញុំបានកើត​ជាស្ដេច​ចក្រពត្តិ ៨ ជាតិ ព្រះនាមសតរង្សីដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះមណិបូជកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ មណិបូជកត្ថេរាបទាន។

តិកិច្ឆកត្ថេរាបទាន ទី៩

[៧៩] ខ្ញុំជាពេទ្យ មានវេជ្ជសាស្រ្តសិក្សាល្អហើយ នៅក្នុងនគរពន្ធុមតី ជាអ្នក​នាំ​មកនូវ​សេចក្តីសុខដល់មហាជន ពិសេសចំពោះពួកជនអ្នកមានជំងឺ មានទុក្ខខ្លាំង។ ខ្ញុំ​ឃើញសមណៈអ្នកមានសីល មានសេចក្តីរុងរឿងច្រើន ដែលកំពុងឈឺថ្កាត់ ក្នុងកាល​នោះ ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានប្រគេនភេសជ្ជៈ។ សមណៈនោះ ឈ្មោះ​អសោកៈ មានឥន្រ្ទិយសង្រួមល្អ ជាឧបដ្ឋាករបស់ព្រះវិបស្សីសម្ពុទ្ធ ក៏សះជារោគ ដោយ​ភេសជ្ជៈ​នោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានប្រគេនឱសថ ខ្ញុំមិន​ដែល​ស្គាល់ទុគ្គតិ នេះជាផលនៃភេសជ្ជៈ។ ក្នុងកប្បទី ៨ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេច​ចក្រពត្តិ ព្រះនាមសព្វោសថៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិកិច្ឆកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិកិច្ឆកត្ថេរាបទាន។

សង្ឃុបដ្ឋាកត្ថេរាបទាន ទី១០

[៨០] ខ្ញុំជាអារាមិកជន (អ្នកទំនុកបម្រុងអារាម ឬញោមវត្ត) ក្នុងសំណាក់​ព្រះមានព្រះភាគ ព្រះនាមវេស្សកូ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបម្រើព្រះសង្ឃ​ដ៏ឧត្តម។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងគ្រានោះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបម្រើ។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបាន​កើត​ជាស្ដេចចក្រពតិ្ត ៧ ជាតិ ព្រះនាមសមោត្ថកៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះសង្ឃុបដ្ឋាកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សង្ឃុបដ្ឋាកត្ថេរាបទាន។

ឧទ្ទាន

កុមុទមាលិយត្ថេរាបទាន ១ និស្សេណីទាយកត្ថេរាបទាន ១ រត្តិយបុប្ផិយត្ថេរាបទាន ១ ឧទបានទាយកត្ថេរាបទាន ១ សីហាសនទាយកត្ថេរាបទាន ១ មគ្គទតិ្តកត្ថេរាបទាន ១ ឯកទីបិយត្ថេរាបទាន ១ មណិបូជកត្ថេរាបទាន ១ តិកិច្ឆកត្ថេរាបទាន ១ សង្ឃុបដ្ឋាកត្ថេរាបទាន ១ មានគាថា ៤៩។

ចប់ កុមុទវគ្គ ទី១៨

កុដជបុប្ផិយវគ្គ ទី១៩

កុដជបុប្ផិយត្ថេរាបទាន ទី១

[៨១] (ខ្ញុំឃើញ) នូវព្រះផុស្សសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស ទ្រង់ឧត្តមដូច​ព្រះអាទិត្យ ទ្រង់ក្រឡេកមើលទិស ទ្រង់ធើ្វពុទ្ធដំណើរទៅឰដ៏អាកាស។ ខ្ញុំបានឃើញ​ដើម​ខ្លែងគង់ មានផ្ការីក ហើយបេះផ្ការីក និងផ្កាក្រពុំអំពីដើម បូជាដល់ព្រះផុស្សសម្ពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផលនៃ​ពុទ្ធបូជា។ ក្នុងកប្បទី ១៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ព្រះនាម​បុប្ផិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះកុដជបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ កុដជបុប្ផិយត្ថេរាបទាន។

ពន្ធុជីវកត្ថេរាបទាន ទី២

[៨២] ព្រះសម្ពុទ្ធ ព្រះនាមសោភិតៈ ជាព្រះសយម្ភូ ដែលសប្បុរសសរសើរហើយ ព្រះអង្គ​ស្តេចចូលសមាធិ គង់នៅត្រង់ចន្លោះភ្នំ។ ខ្ញុំកំពុងស្វែងរកផ្កាដ៏ប្រសើរ ដែលកើត​ក្នុងទឹកនៃ​ជាតស្រះ ក៏បានឃើញផ្កាច្បារ ក្នុងលំដាប់ស្មើ។ ខ្ញុំកាន់យកដោយដៃទាំងពីរ ចូលទៅ​គាល់​ព្រះមហាមុនី ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាដល់ព្រះសោភិត​សម្ពុទ្ធ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមសមុទ្ទកប្បៈ ជាធំជាងជន មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពន្ធុជីវកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ពន្ធុជីវកត្ថេរាបទាន។

កោតុម្ពរិយត្ថេរាបទាន ទី៣

[៨៣] ខ្ញុំមានចិត្តរីករាយ ចូលទៅរកព្រះសិខីសម្ពុទ្ធ ទ្រង់រុងរឿងដូចផ្កាកណិការ ដែលគង់​នៅត្រង់ចន្លោះភ្នំ ដូចជាសមុទ្រប្រមាណមិនបាន ឬដូចផែនដីដ៏ក្រាស់ ព្រះអង្គ​មានពួក​ទេវតាហែហមហើយ ទ្រង់ដូចជាអាជានេយ្យដ៏ប្រសើរ ទ្រង់ជានរៈដ៏ឧត្តម។ ខ្ញុំយក​ផ្កា ៧ ទង និងសំពត់រោមសត្វដែលលាយល្អ បូជាដល់ព្រះសម្ពុទ្ធ ព្រះនាមសិខី ជា​លោកពន្ធុ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ​មួយអង្គ ព្រះនាមមហានេលៈ ទ្រង់មានតេជះច្រើន មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះកោតុម្ពរិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ កោតុម្ពរិយត្ថេរាបទាន។

បញ្ចហត្ថិយត្ថេរាបទាន ទី៤

[៨៤] ព្រះមានព្រះភាគ ព្រះនាមតិស្សៈ ជាច្បងក្នុងលោក ជានរាសភៈ ដែល​ពួកសាវ័ក​ចោមរោម ស្ដេចទ្រង់ពុទ្ធដំណើរទៅក្នុងថ្នល់។ ខ្ញុំតាំងទុកនូវផ្កាឧប្បល ៥ ក្តាប់ ឬ ៤ ក្តាប់ ខ្ញុំជាកូននៃមាតា ឈ្មោះហិតសិទ្ធិ ប្រាថ្នានឹងថ្វាយគ្រឿងបូជា។ ខ្ញុំដែល​រស្មី​ព្រះពុទ្ធពាល់​ត្រូវហើយ បានបូជាព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចជាមាស ទ្រង់ពុទ្ធដំណើរ​ទៅក្នុង​ចន្លោះរានផ្សារ ព្រះអង្គឧត្តមជាងសត្វជើងពីរ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះ​ហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៥ ជាតិ ព្រះនាមសុលភសម្មតៈដូចគ្នា ទ្រង់​បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចហត្ថិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បញ្ចហត្ថិយត្ថេរាបទាន។

ឥសិមុគ្គទាយកត្ថេរាបទាន ទី៥

[៨៥] ខ្ញុំបាននិមន្តព្រះបទុមុត្តរៈជានាយក ទ្រង់មានរស្មីដូចព្រះអាទិត្យ ដែលទើប​នឹងរះ​ឡើង ឬដូចព្រះអាទិត្យមានរស្មីលឿង ទ្រង់ល្វាសល្វន់ដូចដើមថ្ងាន់ត្រូវខ្យល់។ ខ្ញុំ​ឋិត​នៅលើប្រាសាទ បាននិមន្តព្រះអង្គជាឥសីដ៏ខ្ពង់ខ្ពស់ ហើយថ្វាយផ្លិតឃ្មុំតូចដែលមិនមាន​មេ ដល់ព្រះពុទ្ធជាលោកពន្ធុ។ ពុទ្ធសាវ័កមានចំនួន ៨ សែន ខ្ញុំបំពេញបាត្ររបស់​ពុទ្ធសាវ័ក​ទាំងអស់ឲ្យពេញ ម្យ៉ាងទៀត ខ្ញុំប្រគេននូវវត្ថុច្រើនលើសជាងនោះទៀត។ ខ្ញុំ​ត្រូវ​កុសលមូលដាស់តឿន ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិអស់មួយសែនកប្ប ដោយចិត្ត​ជ្រះថ្លា​នោះ។ ក្នុងកប្បទី ៤០,០៣៨ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមមហិសមន្តៈ ទ្រង់មាន​កម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឥសិមុគ្គទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឥសិមុគ្គទាយកត្ថេរាបទាប។

ពោធិឧបដ្ឋាយកត្ថេរាបទាន ទី៦

[៨៦] ខ្ញុំជាអ្នកវាយសម្ភោរ ក្នុងនគររម្មវតី បានទៅប្រកបការបម្រើជានិច្ច នូវ​ដើម​ពោធិព្រឹក្ស​ដ៏ប្រសើរ។ ខ្ញុំបម្រើល្ងាចព្រឹក ត្រូវកុសលមូលដាស់តឿនហើយ ក្នុងកប្ប​ទី ១,៨០០ ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិ។ ក្នុងកប្បទី ១,៥០០ អំពីកប្បនេះ ខ្ញុំបានកើត​ជាស្ដេចចក្រពត្តិ ជាធំជាងជន មានព្រះនាមទមថៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពោធិឧបដ្ឋាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពោធិឧបដ្ឋាយកត្ថេរាបទាន។

ឯកចិន្តិកត្ថេរាបទាន ទី៧

[៨៧] កាលណាទេវតាច្យុតចាកពួកទេវតា ព្រោះអស់អាយុ សំឡេង ៣ យ៉ាង របស់ពួក​ទេវតា កាលអនុមោទនា តែងលាន់ឮឡើងថា ម្នាលអ្នកដ៏ចម្រើន អ្នកច្យុតអំពី​ទេវលោក​នេះ ហើយទៅកាន់សុគតិ នៅជាមួយនឹងពួកមនុស្ស លុះកើតជាមនុស្សហើយ ចូរបាន​នូវសទ្ធាដ៏ប្រសើរ ក្នុងព្រះសទ្ធម្មចុះ សទ្ធារបស់អ្នកដែលតាំងខ្ជាប់ខ្ជួនហើយនោះ នឹងកើត​ជាមូល តាំងនៅចំពោះ ជាសទ្ធាមិនកម្រើកក្នុងព្រះសទ្ធម្ម ​ដែលព្រះសុគត​សម្ដែង​ល្អ​ហើយ ដរាបដល់អស់ជីវិត។ អ្នកត្រូវធ្វើកុសលដោយកាយ ធ្វើកុសល​ឲ្យ​ច្រើន​ដោយវាចា ធ្វើកុសល គឺមិនព្យាបាទ មិនមានឧបធិដោយចិត្ត។ តពីនោះ អ្នកត្រូវធ្វើ​បុណ្យនោះ ដែលខ្លួន​សន្សំហើយឲ្យច្រើន ដោយការឲ្យទាន មួយវិញទៀត ត្រូវញ៉ាំងពួក​សត្វដទៃ ឲ្យតាំងនៅក្នុងព្រះសទ្ធម្ម និងព្រហ្មចរិយធម៌។ ទេវតាជាអ្នកប្រាជ្ញទាំងឡាយ តែងរីករាយ​នឹងអ្នកដ៏ចម្រើន ដែលជាទេវតាវិសេស ដោយសេចក្តីអនុគ្រោះនេះថា ម្នាល​ទេវតា អ្នកចូរមករឿយៗ។ កាលពួកទេវតាកំពុងប្រជុំគ្នា គ្រានោះ ខ្ញុំមានសេចក្តី​សង្វេគ​ថា អាត្មាអញ​ច្យុតចាកអត្តភាពនេះហើយ នឹងទៅកាន់កំណើតអ្វីហ្ន៎។ មាន​សមណៈ​មួយរូប មានឥន្រ្ទិយស្រគត់ស្រគំ ជ្រាបសេចក្តីសងេ្វគរបស់ខ្ញុំ លោកមាន​ប្រាថ្នា​នឹងស្រង់ខ្ញុំ និមន្តមកក្នុងសំណាក់របស់ខ្ញុំ។ ក្នុងកាលនោះ សមណៈនោះ មាននាមថា សុមនៈ ជាសាវ័ករបស់ព្រះបទុមុត្តរសម្ពុទ្ធ លោកបានប្រដៅអត្ថ និងធម៌ ធ្វើឲ្យខ្ញុំកើត​សងេ្វគ។ ខ្ញុំបានស្ដាប់ពាក្យរបស់សមណៈនោះហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ បានថ្វាយ​បង្គំព្រះសម្ពុទ្ធហើយ ធ្វើកាលកិរិយាក្នុងទីនោះ។ ខ្ញុំនោះ ត្រូវកុសលមូលដាស់​តឿន ក៏ចូល​ទៅកើតក្នុងទេវលោកនោះដដែល ខ្ញុំមិនដែលទៅកាន់ទុគ្គតិ អស់មួយ​សែន​កប្ប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯកចិន្តិកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកចិន្តិកត្ថេរាបទាន។

តិកណ្ណិបុប្ផិយត្ថេរាបទាន ទី៨

[៨៨] ខ្ញុំកើតជាទេវតា មានពួកស្រីអប្សរចោមរោម រឭកនូវបុព្វកម្ម (របស់ខ្លួន) ហើយ​រឭក​នូវព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំកាន់យកផ្កាតិកណ្ណិព្រឹក្ស ធ្វើចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បានបូជា​ដល់​ព្រះពុទ្ធ ព្រះនាមវិបស្សី ជានរាសភៈ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះ​ហេតុដែល​ខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧៣ អំពីកប្ប​នេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៤ ជាតិ ព្រះនាមរមុត្តមៈដូចគ្នា ទ្រង់បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិកណ្ណិបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិកណ្ណិបុប្ផិយត្ថេរាបទាន។

ឯកចារិយត្ថេរាបទាន ទី៩

[៨៩] ក្នុងកាលនោះ មានសំឡេងខ្លាំងក្នុងពួកទេវតាឋានតាវត្តិង្សថា ព្រះពុទ្ធបរិនិព្វាន​ក្នុង​លោកផង ពួកយើងនៅមានរាគៈផង។ កាលទេវតាទាំងនោះ កើតសេចក្តីសង្វេគ ប្រកប​ដោយសរ គឺសេចក្តីសោក ខ្ញុំជាអ្នករឹងប៉ឹងដោយកម្លាំង​របស់ខ្លួន ក៏បានទៅក្នុង​សំណាក់​នៃព្រះពុទ្ធ។ ខ្ញុំយកផ្កាមន្ទារវៈ ដែលពួកទេវតានិមិ្មត​ជា​កម្រង បានបូជាដល់ព្រះពុទ្ធ ក្នុង​កាល​ដែលទ្រង់បរិនិព្វាន។ កាលនោះ ពួកទេវតា​ទាំងអស់ និងពួកទេពអប្សរ ក៏ត្រេកអរ​ចំពោះខ្ញុំ ខ្ញុំមិនដែលទៅកើតក្នុងទុគ្គតិ អស់មួយសែនកប្ប។ ក្នុងកប្បទី ៦០,០០០ អំពី​កប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ព្រះនាម​មហាមល្លជនៈ​ដូចគ្នា ទ្រង់មាន​កម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តហើយ។

បានឮថា ព្រះឯកចរិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឯកចារិយត្ថេរាបទាន។

តិវណ្តិបុប្ផិយត្ថេរាបទាន ទី១០

[៩០] យើងទាំងអស់នោះ ដើរទៅសម្លឹងមើលនូវព្រះថេរៈឈ្មោះអភិភូ កាលយើង​ទាំង​អស់​នោះ កំពុងសម្លឹងមើល សេចក្តីក្តៅក្រហាយក៏កើតឡើង។ កាលនោះ ព្រះថេរៈឈ្មោះ​សុនន្ទៈ ជាសាវ័ករបស់ព្រះសម្ពុទ្ធ ព្រះនាមធម្មទស្សី ជាមហាមុនី និមន្តមកក្នុង​សំណាក់​របស់ខ្ញុំ។ ក្នុងកាលនោះ ពួកជនណាស្និទ្ធស្នាលនឹងខ្ញុំ ពួកជននោះ បានឲ្យផ្កាមកខ្ញុំ ៗ ក៏យកផ្កានោះ ទៅបូជាដល់សាវ័ក។ ខ្ញុំនោះ ធ្វើកាលកិរិយាហើយ ទៅកើតក្នុង​ទីដដែល​នោះទៀត ខ្ញុំមិនដែលទៅកើតក្នុងវិនិបាត អស់ ១,៨០០ កប្ប។ ក្នុងកប្បទី ១.៣០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមធូមកេតុដូចគ្នា ទ្រង់បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិវណ្តិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ តិវណ្តិបុប្ផិយត្ថេរាបទាន។

ឧទ្ទាន

កុដជបុប្ផិយត្ថេរាបទាន ១ ពន្ធុជីវកត្ថេរាបទាន ១ កោតុម្ពរិយត្ថេរាបទាន ១ បញ្ចហត្ថិយត្ថេរាបទាន ១ ឥសិមុគ្គទាយកត្ថេរាបទាន ១ ពោធិឧបដ្ឋាយកត្ថេរាបទាន ១ ឯកចិន្តិកត្ថេរាបទាន ១ តិកណ្ណិបុប្ផិយត្ថេរាបទាន ១ ឯកចារិយត្ថេរាបទាន ១ តិវណ្តិបុប្ផិយត្ថេរាបទាន ១ មានគាថា ៦០ ដែលលោកសម្ដែងទុកហើយ។

ចប់ កុដជបុប្ផិយវគ្គ ទី១៩។

តមាលបុប្ផិយវគ្គ ទី២០

តមាលបុប្ផិយត្ថេរាបទាន ទី១

[៩១] វិមានរបស់ខ្ញុំ មានសសរ ៨៤.០០០ ជាវិការៈនៃមាស ដែលបុញ្ញកម្មនិមិ្មតឲ្យហើយ មានចំណែកប្រៀបដូចលដ្ឋិវ័ន ឧទ្យានរបស់ទេវតា។ ខ្ញុំមានចិត្តជ្រះថ្លា យកផ្កា​ស្លាតឿ បូជាដល់ព្រះពុទ្ធ ព្រះនាមសិខី ជាលោកពន្ធុ។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ក្នុង​កាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​ពុទ្ធបូជា។ ក្នុងកប្បទី ២០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយព្រះអង្គ ព្រះនាម​ចន្ទតិត្តៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះតមាលបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តមាលបុប្ផិយត្ថេរាបទាន។

តិណសន្ថារទាយកត្ថេរាបទាន ទី២

[៩២] ក្នុងកាលដែលខ្ញុំកើតជាឥសី នៅអាស្រ័យក្នុងព្រៃ តែងច្រូតស្មៅថ្វាយព្រះសាស្តា ស្មៅទាំងអស់នោះ ធ្លាក់ចុះលើផែនដី វិលទៅខាងស្តាំ។ ក្នុងកាលនោះ ខ្ញុំយកស្មៅនោះ ក្រាលលើធរណីដ៏ឧត្តម ហើយខ្ញុំយកស្លឹកត្នោត ៣ ធាង ធ្វើជាដំបូល លើកំណាត់ឈើ ៣ ដើម ថ្វាយដល់ព្រះសិទ្ធត្ថសម្ពុទ្ធ ទេវតា និងមនុស្សទាំងឡាយ ទ្រថ្វាយ​ព្រះសាស្តាអស់ ៧ ថ្ងៃ ក្នុងទីនោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុ​ដែលខ្ញុំបាន​ថ្វាយស្មៅ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយស្មៅ។ ក្នុងកប្បទី ៦៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៤ ជាតិ ព្រះនាមមហទ្ធនៈដូចគ្នា ទ្រង់​បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិណសន្ថារទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិណសន្ថារទាយកត្ថេរាបទាន។

ខណ្ឌផុល្លិយត្ថេរាបទាន ទី៣

[៩៣] ព្រះស្ដូបរបស់ព្រះមានព្រះភាគ ព្រះនាមផុស្សៈ នៅក្នុងព្រៃធំ ក្នុងកាលនោះ (ព្រះស្ដូបនោះ) ត្រូវពួកដំរីកម្ទេចហើយ ដើមឈើដុះទ្រុបទ្រុល ក្នុងទីនោះ។ ខ្ញុំធ្វើកន្លែង​រដិបរដុប (ប្រេះឆា) ឲ្យស្មើ ហើយលាបបាយអ ខ្ញុំត្រេកអរដោយគុណទាំងឡាយ របស់​សត្វក្នុងត្រៃលោក។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាន​ធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃដុំបាយអ។ ក្នុងកប្បទី ៧៧ ខ្ញុំបាន​កើតជាស្ដេចចក្រពត្តិ ១៦ ជាតិ ព្រះនាមជិតសេនៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យ​ជាក់​ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះខណ្ឌផុល្លិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ខណ្ឌផុល្លិយត្ថេរាបទាន។

អសោកបូជកត្ថេរាបទាន ទី៤

[៩៤] កាលនោះ មានរាជឧទ្យាន ១ ក្នុងតិបុរាបុរី ជាទីរីករាយ ខ្ញុំជាឧយ្យានបាល ជាអ្នកស្និទ្ធស្នាលនឹងស្តេចក្នុងក្រុងនោះ។ ព្រះសយម្ភូ ព្រះនាមបទុមៈ ស្តេចមក (ក្នុង​ឧទ្យាន​នោះ) ម្លប់មិនលះបង់ព្រះមុនី ទ្រង់គង់នៅក្បែរដើមស្វាយស។ ខ្ញុំឃើញដើម​អសោក មានផ្ការីក មានចង្កោមគួររមិលមើល ទើបខ្ញុំបូជាដល់ព្រះពុទ្ធ ព្រះនាមបទុមៈ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ព្រះនាមអរណញ្ជហៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអសោកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អសោកបូជកត្ថេរាបទាប។

អងោ្កលកត្ថេរាបទាន ទី៥

[៩៥] ខ្ញុំឃើញដើមអង្កោលមានផ្ការីក សំយុងចុះជារបៀបដ៏ល្អ ហើយបេះផ្កា​នោះ​យកទៅ​ក្នុងសំណាក់ព្រះសម្ពុទ្ធ។ ក្នុងសម័យនោះ ព្រះសិទ្ធត្ថមហាមុនី ទ្រង់ពួនសម្ងំ ខ្ញុំរាប់​អានមួយរំពេច ហើយរោយរាយផ្កាក្នុងគុហា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះ​ហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៣៦ អំពី​កប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាមអាសេកទេវគជ្ជិតៈ ទ្រង់បរិបូណ៌ដោយកៃវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធើ្វ​ឲ្យ​ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអងោ្កលកត្ថេរមានអាយុ បានសមែ្តងនូវគាថាទាំងនេះ ដោយប្រការ​ដូចេ្នះ។

ចប់ អងោ្កលកត្ថេរាបទាន។

កិសលយបូជកត្ថេរាបទាន ទី៦

[៩៦] គុម្ពផ្ការបស់ខ្ញុំនៅក្នុងក្រុងទ្វារវតី ទាំងអណ្តូងទឹក និងដើមឈើ ក៏ដុះក្នុង​ក្រុង​នោះដែរ ព្រះសិទ្ធត្ថសម្ពុទ្ធ ទ្រង់ឈ្នះមារ ទ្រង់រឹងប៉ឹងដោយកម្លាំងព្រះអង្គ ព្រះសិទ្ធត្ថ​សម្ពុទ្ធនោះ ទ្រង់អនុគ្រោះចំពោះខ្ញុំ និមន្តទៅឰដ៏អាកាស។ ខ្ញុំគន់រករបស់អ្វីមួយដទៃ​ ដែល​គួ​របូជាដល់ព្រះមហេសី ស្រាប់តែឃើញត្រួយអសោក (ខ្ញុំកាច់) បោះឡើងទៅឰដ៏​អាកាស។ ត្រួយអសោកទាំងនោះ អណ្តែតទៅតាមក្រោយព្រះសម្ពុទ្ធ ដែលកំពុងនិមន្ត​ទៅ ខ្ញុំឃើញហេតុអស្ចារ្យនោះហើយ សង្វេគថា ឱហ្ន៎ ភាពនៃព្រះពុទ្ធជាឧឡារិកណាស់។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយត្រួយអសោក ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំកើតជាស្ដេច​ចក្រពត្តិ​មួយអង្គ ព្រះនាមឯកិស្សរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកិសលយបូជកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កិសលយបូជកត្ថេរាបទាន។

តិន្ទុកទាយកត្ថេរាបទាន ទី៧

[៩៧] ខ្ញុំកើតជាស្វា ជាសត្វមានកម្លាំង និងសន្ទុះ ត្រាច់ទៅលើភ្នំ ដែលគេទៅបាន​ដោយកម្រ ឃើញដើមទន្លាប់មានផ្លែ ក៏នឹកព្រះសម្ពុទ្ធដ៏ប្រសើរ។ ខ្ញុំចេញទៅបាន ២.៣ ថ្ងៃ ពិនិត្យមើលព្រះលោកនាយក ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយចំពោះព្រះសិទ្ធត្ថសម្ពុទ្ធ ទ្រង់ដល់ទីបំផុតនៃត្រៃភព។ ព្រះសាស្តា ព្រះអង្គប្រសើរក្នុងលោក ទ្រង់ជ្រាបតម្រិះ​របស់​ខ្ញុំ ទើបស្ដេចមកក្នុងសំណាក់របស់ខ្ញុំ ជាមួយនឹងព្រះខីណាស្រពមួយពាន់អង្គ។ ខ្ញុំកើត​ប្រាមោទ្យ កាន់យកនូវផ្លែឈើ ចូលទៅគាល់ព្រះមានព្រះភាគ ជាសព្វញ្ញូ ទ្រង់ប្រសើរ​ជាងពួកអ្នកប្រាជ្ញ ទ្រង់ទទួល (នូវផ្លែឈើនោះ)។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាល​នោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ​ផ្លែឈើ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមឧបនន្ទ ទ្រង់​បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិន្ទុកទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ តិន្ទុកទាយកត្ថេរាបទាន។

គិរិនេលមុដ្ឋិបូជកត្ថេរាបទាន ទី៨

[៩៨] ព្រះជិនស្រីមានព្រះភាគ ព្រះនាមសុមេធៈ ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់តាំង​ព្យាយាម ដើម្បីអនុគ្រោះពួកសត្វជាន់ក្រោយ។ ព្រះសុមេធៈអង្គនោះ ជាធំ​ជាង​សត្វជើងពីរ ទ្រង់មិនញាប់ញ័រដោយលោកធម៌ ស្ដេចកំពុងចង្រ្កម ខ្ញុំបូជាផ្កាគិរិនេលព្រឹក្ស​មួយក្ដាប់ ដល់ព្រះសម្ពុទ្ធ។ ខ្ញុំត្រូវកុសលមូលដាស់តឿន ខ្ញុំមិនដែលទៅកាន់ទុគ្គតិ អស់ ៣០,០០០ កប្ប ដោយចិត្តជ្រះថ្លានោះ ក្នុងកប្បទី ២.៣០០ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ​មួយអង្គ ព្រះនាមសុនេលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះគិរិនេលមុដ្ឋិបូជកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនោះ ដោយ​ប្រការ​ដូច្នេះ។

ចប់ គិរិនេលមុដ្ឋិបូជកត្ថេរាបទាន។

តិកណ្ឌិបុប្ផិយត្ថេរាបទាន ទី៩

[៩៩] ព្រះជិនស្រីសយម្ភូ ទ្រង់ឈ្នះមារ ព្រះនាមសុមង្គលៈ ស្ដេចចេញអំពីព្រៃ ហើយ​ចូលទៅកាន់ទីក្រុង។ ព្រះមុនី ស្ដេចទៅបិណ្ឌបាត ហើយចេញអំពីទីក្រុង លុះ​ព្រះសម្ពុទ្ធ​អង្គនោះ ទ្រង់ធ្វើភត្តកិច្ចរួចហើយ ក៏គង់ក្នុងចន្លោះព្រៃ។ ខ្ញុំមានចិត្តជ្រះថ្លា មាន​ចិត្តរីករាយ បានយកផ្កាតិកណ្ឌិព្រឹក្ស បូជាដល់ព្រះពុទ្ធសយម្ភូ ទ្រង់ស្វែងនូវគុណដ៏ធំ។ ក្នុង​កប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផលនៃ​ពុទ្ធបូជា។ ក្នុងកប្បទី ៨៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាម​អបសេលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិ​​ហើយ។

បានឮថា ព្រះតិកណ្ឌិបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិកណ្ឌិបុប្ផិយត្ថេរាបទាន។

យូថិកបុប្ផិយត្ថេរាបទាន ទី១០

[១០០] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុ ព្រះអង្គគួរទទួលគ្រឿង​បូជា ទ្រង់ចេញអំពីព្រៃហើយ ស្ដេចទៅកាន់វិហារ។ ខ្ញុំកាន់ផ្កាយុថកាដ៏ប្រសើរ ដោយដៃ​ទាំងពីរ យកទៅបូជាដល់ព្រះសម្ពុទ្ធ ទ្រង់មានព្រះហឫទ័យប្រកបដោយមេត្តា មិនញាប់ញ័រ​ដោយ​លោកធម៌។ ខ្ញុំបានសម្ប័ទរឿយៗ មិនដែលទៅកាន់ទុគ្គតិ អស់មួយសែនកប្ប ដោយចិត្ត​ជ្រះថ្លានោះ។ ក្នុងកប្បទី ៥០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាង​ជន ព្រះនាមសមិតនន្ទនៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ​ហើយ។

បានឮថា ព្រះយូថិកបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ យូថិកបុប្ផិយត្ថេរាបទាន។

ឧទ្ទាន

តមាលបុប្ផិយត្ថេរាបទាន ១ តិណសន្ថារទាយកត្ថេរាបទាន ១ ខណ្ឌផុល្លិយត្ថេរាបទាន ១ អសោកបូជកត្ថេរាបទាន ១ អង្កោលកត្ថេរាបទាន ១ កិសលយបូជកត្ថេរាបទាន ១ តិន្ទុកទាយកត្ថេរាបទាន ១ គិរិនេលមុដ្ឋិបូជកត្ថេរាបទាន ១ តិកណ្ឌិបុប្ផិយត្ថេរាបទាន ១ យូថិកបុប្ផិយត្ថេរាបទាន ១ មានគាថា ៥៨។

ចប់ តមាលបុប្ផិយវគ្គ ទី២០

មួយទៀត ឧទ្ទាននៃវគ្គ

ភិក្ខទាយិវគ្គ ១ មហាបរិវារវគ្គ ១ សេរេយ្យវគ្គ ១ សោភិតវគ្គ ១ ឆត្តវគ្គ ១ ពន្ធុជីវកវគ្គ ១ សុបារិចរិយវគ្គ ១ កុមុទវគ្គ ១ កុដជវគ្គ ១ តមាលបុប្ផិយវគ្គ ១ ត្រូវជា ១០ វគ្គ មាន​គាថា៦៦៦។

ចប់ ភិក្ខវគ្គទសកៈ និងទុតិយសតកៈ។

កណិការបុប្ផិយវគ្គ ទី២១

កណិការបុប្ផិយត្ថេរាបទាន ទី១

[១០១] ក្នុងកាលនោះ ខ្ញុំឃើញដើមកណិការ មានផ្ការីក ទើបបេះយកទៅបូជា​ព្រះតិស្សសម្ពុទ្ធ ទ្រង់ឆ្លងអន្លង់ហើយ មិនញាប់ញ័រដោយលោកធម៌។ ក្នុងកប្បទី ៩២ អំពី​កប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៣៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៣ ជាតិ ព្រះនាម​អរុណបាល​ដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះកណិការបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កណិការបុប្ផិយត្ថេរាបទាន។

មិនេលបុប្ផិយត្ថេរាបទាន ទី២

[១០២] ព្រះមានព្រះភាគ ព្រះនាមសិខី ទ្រង់មានវណ្ណៈដូចមាស មានរស្មីច្រើន មាន​ពន្លឺដ៏ប្រសើរ មានមេត្តាចិត្ត មានព្រះស្មារតី ស្ដេចទៅកាន់ទីចង្រ្កម។ ខ្ញុំមានចិត្តជ្រះថ្លា មាន​ចិត្តរីករាយ សរសើរនូវញាណក៏ឧត្តម ហើយយកនូវផ្កាមិនេលព្រឹក្ស ទៅបូជាដល់​ព្រះសម្ពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែល​ស្គាល់​ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៩ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាម​សុមេឃឃនៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមិនេលបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មិនេលបុប្ផិយត្ថេរាបទាន។

កឹកណិកបុប្ផិយត្ថេរាបទាន ទី៣

[១០៣] ព្រះសព្វញ្ញូលោកនាយក ប្រាដកស្មើដោយគ្រឿងបូជា ជាវិការៈនៃមាស ព្រះលោកនាយក ស្ដេចចុះកាន់ទឹកស្រះ ហើយទ្រង់ស្រង់។ ខ្ញុំមានចិត្តត្រេកអរ មានចិត្ត​រីករាយ កាន់យកនូវផ្កាកណ្ដឹង ទៅបូជាដល់ព្រះវិបស្សី ជាធំជាងសត្វជើងពីរ ទ្រង់មិន​ញាប់ញ័រ​ដោយលោកធម៌។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើត​ជាស្ដេចចក្រពត្តិ ព្រះនាមភិមរថ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកឹកណិកបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កឹកណិកបុប្ផិយត្ថេរាបទាន។

តរណិយត្ថេរាបទាន ទី៤

[១០៤] ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាធំជាងសត្វជើងពីរ ជានរាសភៈ មានពួក​សាវ័ក​ហែហម ស្ដេចចូលទៅកាន់ឆ្នេរទន្លេគង្គា។ ឯទន្លេគង្គាមានទឹកពេញ​ប្រៀប ល្មម​ក្អែក​ឱនផឹកបាន ជាស្ទឹងដែលគេឆ្លងបានដោយកម្រ ខ្ញុំបានចម្លងភិក្ខុសង្ឃផង ព្រះពុទ្ធ​ដ៏ឧត្តមជាងសត្វជើងពីរផង។ ក្នុងកប្បទី ១,៨០០ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុ​ដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការចម្លង។ ក្នុងកប្បទី ១,៣០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៥ ជាតិ ព្រះនាមសព្វោភវៈដូចគ្នា ទ្រង់​បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតរណិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ តរណិយត្ថេរាបទាន។

និគ្គុណ្ឌិបុប្ផិយត្ថេរាបទាន ទី៥

[១០៥] ខ្ញុំជាអារាមិកជនរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី បានយកផ្កាឈើ​ភ្លើង ទៅបូជាដល់ព្រះពុទ្ធ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៣៥ អំពីកប្បនេះ ខ្ញុំបានកើត​ជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាងជន ព្រះនាមមហាបតាបៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះនិគ្គុណ្ឌិបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ និគ្គុណ្ឌិបុប្ផិយត្ថេរាបទាន។

ឧទកទាយកត្ថេរាបទាន ទី៦

[១០៦] ខ្ញុំឃើញ (នូវព្រះសិទ្ធត្ថសម្ពុទ្ធ) ជាសមណៈកំពុងឆាន់ បានដង​ទឹកថ្លា​មិនល្អក់​មួយក្អម ថ្វាយដល់ព្រះសិទ្ធត្ថៈ។ ក្នុងថ្ងៃនេះ ខ្ញុំមិនមានមន្ទិល ប្រាសចាកមន្ទិល អស់​សេចក្តី​សង្ស័យក្នុងភពដែលខ្ញុំកើតហើយ ផលរមែងកើតដល់ខ្ញុំ។ ក្នុងកប្បទី ៩៤ អំពី​កប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទឹក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផលនៃការថ្វាយទឹក។ ក្នុងកប្បទី ៦១ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមវិមលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះឧទកទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឧទកទាយកត្ថេរាបទាន។

សលឡមាលិយត្ថេរាបទាន ទី៧

[១០៧] (ខ្ញុំបានឃើញ) ព្រះសិទ្ធត្ថសម្ពុទ្ធ ព្រះអង្គជាសារថី ទូន្មាននូវនរៈ ទ្រង់រុងរឿង​ដូចផ្កាកណិការ គង់នៅត្រង់ចន្លោះភ្នំ ទ្រង់ញ៉ាំងទិសទាំងពួងឲ្យភ្លឺស្វាង កាលនោះ​ខ្ញុំ​សៀតព្រួញ ធ្វើធ្នូមិនឲ្យបែកជាពីរ បានកាច់ផ្កាទាំងទង បូជាព្រះពុទ្ធ។ ក្នុងកប្បទី ៩៤ អំពី​កប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៥១ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមជុតិន្ធរៈ ទ្រង់​បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសលឡមាលិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សលឡមាលិយត្ថេរាបទាន។

កោរណ្ឌបុប្ផិយត្ថេរាបទាន ទី៨

[១០៨] ខ្ញុំឃើញស្នាមព្រះបាទ ដែលទ្រង់ជាន់ទុក ប្រដាប់ដោយគ្រឿងអលង្ការ​គឺចក្ក ហើយដើរទៅតាមលំដាប់នៃស្នាមព្រះបាទរបស់ព្រះមហេសី ព្រះនាមវិបស្សី។ ខ្ញុំបាន​ឃើញ​ផ្កាស្មៅកន្ទុយដំរីរីកល្អ ហើយបូជាទាំងឫស ខ្ញុំជាអ្នកមានចិត្តរីករាយ បាន​ថ្វាយ​បង្គំនូវស្នាមព្រះបាទដ៏ប្រសើរ ដោយចិត្តរីករាយ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះ​ហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៥៧ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមវីតមលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកោរណ្ឌបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កោរណ្ឌបុប្ផិយត្ថេរាបទាន។

អាធារទាយកត្ថេរាបទាន ទី៩

[១០៩] ខ្ញុំបានថ្វាយជើងអាធារ ដល់ព្រះសិខីជាលោកពន្ធុ (ដោយកុសលកម្មនេះ) ខ្ញុំទ្រទ្រង់ផែនដីទាំងមូលនេះ។ ខ្ញុំដុតបំផ្លាញកិលេសទាំងឡាយ ភពទាំងអស់ ខ្ញុំដកចោល​ហើយ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុតក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៤ ជាតិ ព្រះនាមសមន្តវរុណដូចគ្នា ទ្រង់មាន​កម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអាធារទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អាធារទាយកត្ថេរាបទាន។

បាបនិវារិយត្ថេរាបទាន ទី១០

[១១០] ខ្ញុំមានចិត្តជ្រះថ្លាបានថ្វាយឆត្រមួយ ដល់ព្រះមានព្រះភាគព្រះនាមតិស្យៈ ជា​ទេវតា​របស់ទេវតា ជាតាទិបុគ្គល។ ខ្ញុំបានឃាត់អំពើបាប ហើយបំពេញតែអំពើកុសល ទេវតាតែងបាំងឆត្រ ​(ឲ្យខ្ញុំ) ឰដ៏អាកាស នេះជាផលនៃបុព្វកម្ម។ ភពជាទីបំផុតរបស់ខ្ញុំ កំពុងប្រព្រឹត្តទៅ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំទ្រទ្រង់រាងកាយជា​ទីបំផុតក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយឆត្រ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឆត្រ។ ក្នុងកប្បទី ៧២ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៨ ជាតិ ជាធំជាងជន ព្រះនាម​មហានិទាន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបាបនិវារិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បាបនិវារិយត្ថេរាបទាន។

ឧទ្ទាន

កណិការបុប្ផិយត្ថេរាបទាន ១ មិនេលបុប្ផិយត្ថេរាបទាន ១ កឹកណិកបុប្ផិយត្ថេរាបទាន ១ តរណិយត្ថេរាបទាន ១ និគ្គុណ្ឌិបុប្ផិយត្ថេរាបទាន ១ ឧទកទាយកត្ថេរាបទាន ១ សលឡមាលិយត្ថេរាបទាន ១ កោរណ្ឌបុប្ផិយត្ថេរាបទាន ១ អាធារទាយកត្ថេរាបទាន ១ បាបនិវារិយត្ថេរាបទាន ១ មានគាថា ៤៨។

ចប់ កណិការបុប្ផិយវគ្គ ទី២១។

ហត្ថិវគ្គ ទី២២

ហត្ថិទាយកត្ថេរាបទាន ទី១

[១១១] ខ្ញុំបានថ្វាយដំរីដ៏ប្រសើរ មានភ្លុក ង មានកម្លាំងព្យាយាមក្លាហាន ដល់​ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជាធំជាងសត្វជើងពីរ ជាតាទិបុគ្គល។ ខ្ញុំបាននូវ​ប្រយោជន៍​ដ៏ឧត្តម គឺសន្តិបទដ៏ប្រសើរនេះឯង ព្រោះខ្ញុំបានថ្វាយដំរីដល់ព្រះសម្ពុទ្ធ ទ្រង់​ស្វែង​រក​នូវប្រយោជន៍ដល់សត្វលោកទាំងពួង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាល​នោះ ​ព្រោះហេតុដែលខ្ញុំបានថ្វាយដំរី ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយដំរី។ ក្នុងកប្បទី ៧៨ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ១៦ ជាតិ ព្រះនាមសមន្តបាសាទិកៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់​ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះហត្ថិទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ហត្ថិទាយកត្ថេរាបទាន។

បានធិទាយកត្ថេរាបទាន ទី២

[១១២] ខ្ញុំបានថ្វាយស្បែកជើង ដល់ឥសីអ្នកមានមេត្តាចិត្ត មានតបធម៌នៅក្នុង​ព្រៃ ចម្រើនឈាន ចម្រើនធម៌។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ជា​នរាសភៈ ខ្ញុំតែងបានទទួលនូវយានជាទិព្វដោយកម្មនោះ នេះជាផលនៃបុព្វកម្ម។ ក្នុង​កប្ប​ទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែល​ស្គាល់​ទុគ្គតិ នេះជាផលនៃស្បែកជើង។ ក្នុងកប្បទី ៧៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេច​ចក្រពត្តិ ៨ ជាតិ ព្រះនាមសុយានៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះបានធិទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការដូច្នេះ។

ចប់ បានធិទាយកត្ថេរាបទាន។

សច្ចសញ្ញកត្ថេរាបទាន ទី៣

[១១៣] ព្រះមានព្រះភាគ ព្រះនាមវេស្សភូ មានភិក្ខុសង្ឃចោមរោម ទ្រង់សម្ដែងអរិយសច្ច ញ៉ាំងមហាជនឲ្យរលត់ទុក្ខ។ ខ្ញុំដល់នូវសេចក្តីករុណា បានទៅកាន់ទីប្រជុំ ខ្ញុំនោះអង្គុយ​ស្ដាប់ធម៌របស់ព្រះសាស្តា។ លុះខ្ញុំស្ដាប់ធម៌របស់ព្រះសាស្ដានោះហើយ ក៏​បានទៅកាន់​ទេវលោក ខ្ញុំនៅក្នុងបូរីក្នុងទេវលោកនោះ អស់ ៣០ កប្ប។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផល​នៃសច្ចសញ្ញា។ ក្នុងកប្បទី ២៦ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជា​ធំជាងជន ព្រះនាមឯកផុស្សិតៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះសច្ចសញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សច្ចសញ្ញកត្ថេរាបទាន។

ឯកសញ្ញកត្ថេរាបទាន ទី៤

[១១៤] ខ្ញុំឃើញសំពត់បង្សុកូល ដែលទើរលើចុងឈើ ក៏ផ្គងអញ្ជលីថ្វាយសំពត់បង្សុកូល​ដល់​ព្រះសាស្តា។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែល​ខ្ញុំបាននូវ​សញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាងជន ព្រះនាមអមិតាភៈ ទ្រង់មានកម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯកសញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឯកសញ្ញកត្ថេរាបទាន។

រំសិសញ្ញកត្ថេរាបទាន ទី៥

[១១៥] (ខ្ញុំបានឃើញ) ព្រះសុជាតសម្ពុទ្ធ ទ្រង់មានរស្មីច្រើន ដូចព្រះអាទិត្យដែល​ទើបនឹង​រះ ឬដូចព្រះចន្ទមានរស្មីលឿង ព្រះអង្គប្រសើរដូចខ្លាធំ និងគោឧសភៈ ត្រង់​ចន្លោះនៃភ្នំ។ អានុភាពរបស់ព្រះពុទ្ធនោះ រុងរឿងក្នុងចន្លោះភ្នំ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាក្នុងរស្មី​ហើយ ក៏បាន​ទៅ​រីករាយ​ក្នុងឋានសួគ៌អស់មួយកប្ប។ ក្នុងកប្បទាំងឡាយដ៏សេស ខ្ញុំបានធ្វើកុសល ដោយចិត្តជ្រះថ្លានោះផង ដោយការរលឹកពុទ្ធគុណផង។ ក្នុងកប្បទី ៣០,០០០ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃសេចក្ដីសំគាល់ក្នុងព្រះពុទ្ធ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជា​ស្ដេចចក្រពត្តិមួយអង្គ ជាធំជាងជន ព្រះនាមសុជាត ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះរំសិសញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ រំសិសញ្ញកត្ថេរាបទាន។

សន្ធិតត្ថេរាបទាន ទី៦

[១១៦] ខ្ញុំមានស្មារតី បាននូវសញ្ញាមួយដែលតាំងនៅក្នុងព្រះពុទ្ធ ត្រង់ដើម​អស្សត្ថព្រឹក្ស ដែលមានរស្មីខៀវ ដុះឡើងទ្រុបទ្រុល។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំដល់នូវការអស់ទៅនៃអាសវៈ ដោយ​អំណាច​នៃសញ្ញា​នោះ។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាម​វនិទ្ធៈ ទ្រង់​បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ​ហើយ។

បានឮថា ព្រះសន្ធិតត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សន្ធិតត្ថេរាបទាន។

តាលវណ្ដទាយកត្ថេរាបទាន ទី៧

[១១៧] ខ្ញុំបានថ្វាយផ្លិតស្លឹកត្នោតដល់ព្រះសម្ពុទ្ធព្រះនាមតិស្សៈទ្រង់មានទិព្វចក្ខុ ដើម្បី​រំលត់​កម្ដៅ និងរម្ងាប់សេចក្ដីក្រហល់ក្រហាយ។ ខ្ញុំបានរំលត់ភ្លើងរាគៈផង ភ្លើង​ទោសៈផង រំលត់ភ្លើងមោហៈផង ដែលជាភ្លើងក្ដៅក្រៃលែងជាងនោះ នេះជាផលនៃផ្លិត​ស្លឹកត្នោត។ ខ្ញុំដុតបំផ្លាញកិលេសទាំងឡាយ គាស់រំលើងភពទាំងអស់ ខ្ញុំទ្រទ្រង់រាង​កាយ​ជាទីបំផុត​ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ​ហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​ផ្លិតស្លឹកត្នោត។ ក្នុងកប្បទី ៦៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាម​មហារាមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ​ហើយ។

បានឮថា ព្រះតាលវណ្តទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តាលវណ្ដទាយកត្ថេរាបទាន។

អក្កន្តសញ្ញកត្ថេរាបទាន ទី៨

[១១៨] ខ្ញុំយកសាដកអាក្រក់ (សាដកសាច់ក្រាស់) ហើយសិក្សាមន្ត ក្នុង​ខាង​មុខនៃ​ព្រះឧបជ្ឈាយ៍ ដើម្បីដល់នូវការទម្លាយនូវពក។ ខ្ញុំបានឃើញព្រះពុទ្ធ ព្រះនាមតិស្សៈ ទ្រង់ប្រាសចាកធូលី គឺកិលេស គួរទទួលនូវគ្រឿងបូជា ព្រះអង្គខ្ពង់ខ្ពស់ប្រសើរលើស​លុប ទ្រង់ត្រាស់ដឹងនូវសច្ចៈ ឧត្តមជាងគណៈ។ លុះខ្ញុំបានឃើញព្រះមហាវីរៈ ជានរៈ​ដ៏ឧត្តម ខ្ពង់ខ្ពស់បំផុត ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់ជាន់សំពត់សាដកដ៏អាក្រក់​ដែល​ខ្ញុំក្រាលហើយ ព្រះអង្គបំភ្លឺលោកដូចព្រះចន្ទ ទ្រង់ប្រាសចាកមន្ទិល បានថ្វាយបង្គំ​ព្រះបាទារបស់ព្រះសាស្ដា ដោយចិត្តជ្រះថ្លា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុ​ដែល​ខ្ញុំបានថ្វាយសាដកអាក្រក់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ​សាដក​អាក្រក់។ ក្នុងកប្បទី ៣៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាងជន ព្រះនាមសុនន្ទៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអក្កន្តសញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អក្កន្តសញ្ញកត្ថេរាបទាន។

សប្បិទាយកត្ថេរាបទាន ទី៩

[១១៩] ខ្ញុំអង្គុយក្នុងប្រាសាទដ៏ប្រសើរ មានពួកនារីចោមរោម បានឃើញ​ព្រះសមណៈ ជាមហាវីរៈ ជាទេវតាដ៏ក្រៃលែង ជានរាសភៈ ទ្រង់មានអាពាធ ស្ដេចចូល​មកជិត ខ្ញុំក៏នាំមកកាន់ផ្ទះ ខ្ញុំបានថ្វាយសប្បិ និងប្រេងដល់ព្រះសិទ្ធត្ថមហេសី។ ខ្ញុំឃើញ (ព្រះអង្គ) មានក្រវល់ក្រវាយរម្ងាប់ហើយ មានមុខិន្រ្ទិយស្រស់បស់ ក៏ថ្វាយបង្គំ​ព្រះបាទា​របស់​ព្រះសាស្ដា ហើយដើរទៅខាងមុខ។ ព្រះវីរសមណៈ ទ្រង់ដល់នូវត្រើយនៃឫទ្ធិ ទ្រង់​ឃើញខ្ញុំនោះមានសេចក្ដីជ្រះថ្លាស្មោះ ក៏ហោះឡើងកាន់អាកាស ដូចស្ដេចហង្សហើរទៅ​ឰដ៏អាកាស។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែល​ខ្ញុំបាន​ថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសប្បិ និងប្រេង។ ក្នុងកប្បទី ១៧ អំពីកប្ប​នេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមទុតិទេវៈ ទ្រង់បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់​ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសប្បិទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សប្បិទាយកត្ថេរាបទាន។

បាបនិវារិយត្ថេរាបទាន ទី១០

[១២០] ខ្ញុំជម្រះទីចង្រ្កម បិទបាំងដោយដើមបបុស ជាគ្រឿងការពារខ្យល់ និងកម្ដៅថ្ងៃ ដើម្បីព្រះមានព្រះភាគ ព្រះនាមបិយទស្សី។ ខ្ញុំតម្កល់ទុកនូវការបំពេញកុសល ដើម្បី​ប្រយោជន៍​ដល់ការវៀរបង់នូវបាប ដើម្បីលះបង់នូវកិលេសទាំងឡាយ ក្នុងសាសនា​នៃ​ព្រះសាស្ដា។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមអគ្គិតេជះ​ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបាបនិវារិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បាបនិវារិយត្ថេរាបទាន។

ឧទ្ទាន

ហត្ថិទាយកត្ថេរាបទាន ១ បានធិទាយកត្ថេរាបទាន ១ សច្ចសញ្ញកត្ថេរាបទាន ១ ឯកសញ្ញកត្ថេរាបទាន ១ រំសិសញ្ញកត្ថេរាបទាន ១ សន្ធិតត្ថេរាបទាន ១ តាលវណ្ដទាយកត្ថេរាបទាន ១ អក្កន្តសញ្ញកត្ថេរាបទាន ១ សប្បិទាយកត្ថេរាបទាន ១ បាបនិវារិយត្ថេរាបទាន ១ មានគាថា ៥៤។

ចប់ ហត្ថិវគ្គ ទី២២។

អាលម្ពនទាយកវគ្គ ទី២៣

អាលម្ពនទាយកតេ្ថរាបទាន ទី១

[១២១] ខ្ញុំបានថ្វាយបង្កាន់ដៃ ដល់ព្រះមានព្រះភាគព្រះនាមអត្ថទស្សី ជាច្បងក្នុង​លោក ទ្រង់នឹងធឹង ជាធំជាងពួកសត្វជើងពីរ ជាតាទិបុគ្គល។ ខ្ញុំគ្រប់គ្រងផែនដីធំ​ទល់នឹងសាគរ ញ៉ាំងឥស្សរិយយសឲ្យប្រព្រឹត្តទៅក្នុងពួកសត្វផង លើផែនពសុធាផង។ ខ្ញុំដុតបំផ្លាញ​កិលេស​ទាំងឡាយហើយ គាស់រំលើងភពទាំងពួងចោលហើយ បាន​ដល់​វិជ្ជា ៣ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ព្រោះកុសលកម្មនេះ។ ក្នុងកប្បទី ៦២ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៣ ជាតិ ព្រះនាមឯកាទស្សិតៈដូចគ្នា ទ្រង់មាន​កម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអាលម្ពនទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អាលម្ពនទាយកត្ថេរាបទាន។

អជិនទាយកត្ថេរាបទាន ទី២

[១២២] ក្នុងកប្បទី ៣១ អំពីកប្បនេះ ខ្ញុំបានកើតជាបុរសអ្នកក្រាលកម្រាលសម្រាប់គណៈ បានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលីគឺរាគៈ គួរទទួលនូវគ្រឿងបូជា។ ខ្ញុំបាន​ថ្វាយ​កំណាត់ស្បែកខ្លា ដល់ព្រះសិខីជាលោកពន្ធុ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បង​ក្នុង​លោក ជានរាសភៈ ខ្ញុំបានទទួលនូវសម្បត្តិ ហើយដុតបំផ្លាញនូវពួកកិលេសដោយ​កម្មនោះ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយស្បែកខ្លា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផល​នៃការថ្វាយ​ស្បែកខ្លា។ ក្នុងកប្បទី ៥០ អំពីកប្បនេះ ខ្ញុំបានកើតជា​ស្ដេចចក្រពត្តិ ព្រះនាម​សុទាយកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះអជិនទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អជិនទាយកត្ថេរាបទាន។

ទ្វេរតនិយត្ថេរាបទាន ទី៣

[១២៣] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃធំ បានឃើញព្រះសម្ពុទ្ធ ទ្រង់ប្រាស​ចាក​ធូលីគឺរាគៈ គួរទទួលនូវគ្រឿងបូជា។ ខ្ញុំបានថ្វាយដុំសាច់ដល់​ព្រះវិបស្សីមហេសី ខ្ញុំបាន​នូវឥស្សរភាពក្នុងលោក ព្រមទាំងទេវលោក។ រតនៈតែងកើត​ឡើងសម្រាប់ខ្ញុំ ដោយការថ្វាយនូវសាច់នេះ រតនៈពីរយ៉ាងក្នុងលោក កើតឡើងដល់ខ្ញុំដោយចំណែកនៃ​ផលបច្ចុប្បន្ន។ ខ្ញុំគ្របសង្កត់នូវសត្វលោកទាំងអស់នោះ ដោយចំណែក​នៃការថ្វាយសាច់ ខ្លួនរបស់ខ្ញុំទន់ភ្លន់ផង ទាំងបញ្ញា (របស់ខ្ញុំ) ក៏ដឹងនូវហេតុដ៏ល្អិតផង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយសាច់ ខ្ញុំមិនដែល​ស្គាល់​ទុគ្គតិ នេះជាផលនៃមំសទាន។ ក្នុងកប្បទី ៤ អំពីកប្បនេះ ខ្ញុំនោះបានកើតជាស្ដេច​ចក្រពត្តិ​មួយអង្គ ជាធំជាងជន ព្រះនាមមហារោហិត ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះទ្វេរតនិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ទ្វេរតនិយត្ថេរាបទាន។

ចប់ ភាណវារៈ ទី១០។

អារក្ខទាយកត្ថេរាបទាន ទី៤

[១២៤] ខ្ញុំឲ្យគេធ្វើបង្កាន់ដៃថ្វាយព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ មួយទៀត ខ្ញុំថ្វាយការ​រក្សាចំពោះព្រះសុគតមហេសី។ ហេតុតែកម្មដ៏វិសេសនោះ ខ្ញុំមិនដែល​ជួប​ភ័យដែល​គួរខ្លាច​ទេ ខ្ញុំដែលកើតក្នុងទីណាៗ មិនចេះមានសេចក្ដីតក់ស្លុតឡើយ។ ក្នុង​កប្ប​ទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យគេធ្វើបង្កាន់ដៃថ្វាយព្រះពុទ្ធក្នុងភពមុន ខ្ញុំមិនដែល​ស្គាល់​ទុគ្គតិ នេះជាផលនៃបង្កាន់ដៃ។ ក្នុងកប្បទី ៦ អំពីកប្បនេះ ខ្ញុំបានកើតជា​ស្ដេចចក្រពត្តិមួយអង្គ ព្រះនាមអបស្សេនៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអារក្ខទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អារក្ខទាយកត្ថេរាបទាន។

អព្យាធិកត្ថេរាបទាន ទី៥

[១២៥] ខ្ញុំបានថ្វាយរោងភ្លើងដល់ព្រះមានព្រះភាគ ព្រះនាមវិបស្សីផង បាន​ប្រគេន​អាវាស​សម្រាប់ទទួលទឹកក្ដៅដល់ភិក្ខុដែលមានជំងឺផង។ អត្តភាពរបស់ខ្ញុំដែល​បុញ្ញកម្ម​និម្មិតល្អហើយ ដោយកម្មណា ខ្ញុំមិនដែលស្គាល់ជំងឺដោយកម្មនោះ នេះជាផល​នៃ​បុញ្ញកម្ម។ ក្នុងកប្ប ទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយ​រោងភ្លើង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃរោងភ្លើង។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាងពួកនរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអព្យាធិកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អព្យាធិកត្ថេរាបទាន។

វកុលបុប្ផិយត្ថេរាបទាន ទី៦

[១២៦] ខ្ញុំឈ្មោះនារទៈ តែគេស្គាល់ខ្ញុំថាកស្សបៈ ខ្ញុំបានឃើញព្រះវិបស្សីសម្ពុទ្ធ ជាកំពូល​នៃពួក​សមណៈ ដែលទេវតាតែងធ្វើសក្ការៈហើយ ជាព្រះពុទ្ធទ្រទ្រង់នូវ​អនុព្យញ្ជនៈ គួរ​ទទួល​នូវគ្រឿងបូជា ខ្ញុំយកផ្កាថ្កុលបូជាដល់ព្រះសម្ពុទ្ធ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧៤ អំពីកប្បនេះ ខ្ញុំបានកើតជាក្សត្រព្រះនាមរោមសៈ ពាក់កម្រងផ្កា និងគ្រឿងអម្ពរ ប្រកបដោយយាន និងពលពាហនៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវកុលបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ វកុលបុប្ផិយត្ថេរាបទាន។

សោវណ្ណវដំសកិយត្ថេរាបទាន ទី៧

[១២៧] ខ្ញុំដើរទៅកាន់ទីឧទ្យាន បានឃើញព្រះលោកនាយក ក៏កាន់ផ្កាប្រដាប់ក្បាល​ធ្វើដោយមាស ដែលជាងនិម្មិតល្អហើយ។ ខ្ញុំដើរទៅដោយរួសរាន់ ឡើងជិះលើ ក ដំរី ហើយ​បូជាដល់ព្រះពុទ្ធ ព្រះនាមសិខីជាលោកពន្ធុ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុង​កប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ជាធំជាងជន ព្រះនាម​មហាបតាបៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសោវណ្ណវដំសកិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សោវណ្ណវដំសកិយត្ថេរាបទាន។

មិញ្ជវដំសកិយត្ថេរាបទាន ទី៨

[១២៨] កាលព្រះលោកនាថ ព្រះនាមសិខី ប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់​បរិនិព្វានហើយ ខ្ញុំបានធ្វើការបូជាដើមពោធិព្រឹក្ស ដេរដាសដោយផ្កាប្រដាប់ក្បាល។ ក្នុង​កប្ប​ទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើបូជាដោយផ្កា ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃពោធិបូជា។ ក្នុងកប្បទី ២៦ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្តច​ចក្រពតិ្តមួយអង្គ ព្រះនាមេឃព្ភៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញ ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះមិញ្ជវដំសកិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មិញ្ជវដំសកិយត្ថេរាបទាន។

សុកតាវេឡិយត្ថេរាបទាន ទី៩

[១២៩] ក្នុងកាលនោះ ខ្ញុំកើតជាអ្នកក្រងផ្កា ឈ្មោះអសិតៈ កាន់កម្រងផ្កា​ប្រដាប់​ក្បាល ដើរទៅ ដើម្បីនឹងថ្វាយស្ដេច។ ខ្ញុំមិនទាន់ដល់ស្ដេច ក៏បានឃើញព្រះសិខីនាយក ខ្ញុំមាន​ចិត្តរីករាយ ក៏បូជាដល់ព្រះពុទ្ធ ដោយចិត្តរីករាយ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលទៅកាន់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុង​កប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមវេភារៈ ទ្រង់មានកម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសុកតាវេឡិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុកតាវេឡិយត្ថេរាបទាន។

ឯកវន្ទនិយត្ថេរាបទាន ទី១០

[១៣០] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយបង្គំព្រះពុទ្ធដ៏ប្រសើរ ព្រះនាម​វេស្សភូ ជាឧសភៈដ៏ប្រសើរ ទ្រង់មានព្យាយាម ទ្រង់ឈ្នះមារ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃ​ការ​ថ្វាយបង្គំ។ ក្នុងកប្បទី ២៤ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមវិគតានន្ទៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯកវន្ទនិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឯកវន្ទនិយត្ថេរាបទាន។

ឧទ្ទាន

អាលម្ពនទាយកត្ថេរាបទាន ១ អជិនទាយកត្ថេរាបទាន ១ ទ្វេរតនិយត្ថេរាបទាន ១ អារក្ខទាយកត្ថេរាបទាន ១ អព្យាធិកត្ថេរាបទាន ១ វកុលបុប្ផិយត្ថេរាបទាន ១ សោវណ្ណវដំសកិយត្ថេរាបទាន ១ មិញ្ជវដំសកិយត្ថេរាបទាន ១ សុកតាវេឡិយត្ថេរាបទាន ១ ឯកវន្ទនិយត្ថេរាបទាន ១ មានគាថា ៥៥ ដែលពួកអ្នក​ប្រាជ្ញឃើញ​នូវប្រយោជន៍​បានរាប់​ហើយ។

ចប់ អាលម្ពនទាយកវគ្គ ទី២៣។

ឧទកាសនទាយិវគ្គ ទី២៤

ឧទកាសនទាយកត្ថេរាបទាន ទី១

[១៣១] ខ្ញុំចេញទៅអំពីទ្វារអារាម បានក្រាលបន្ទះក្តារផង តម្កល់ទឹកទុកផង ដើម្បីសម្រេច​ប្រយោជន៍ដ៏ខ្ពង់ខ្ពស់។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែល​ខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃអាសនៈ និងទឹក។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្តចចក្រពត្តិ ព្រះនាមអភិសាមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឧទកាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឧទកាសនទាយកត្ថេរាបទាន។

ភាជនទាយកត្ថេរាបទាន ទី២

[១៣២] កាលនោះ ខ្ញុំកើតជានាយស្មូនឆ្នាំង នៅក្នុងក្រុងពន្ធុមតី បានរក្សាភាជន៍របស់​ភិក្ខុសង្ឃ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានរក្សាភាជន៍ ខ្ញុំមិនដែល​ស្គាល់​ទុគ្គតិ នេះជាផលនៃភាជន៍។ ក្នុងកប្បទី ៥៣ អំពីកប្បនេះ ខ្ញុំបានកើតជា​សេ្តច​ចក្រពត្តិ​មួយអង្គ ព្រះនាមអនន្តជលិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះភាជនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ភាជនទាយកត្ថេរាបទាន។

សាលបុប្ផិយត្ថេរាបទាន ទី៣

[១៣៣] កាលនោះ ខ្ញុំកើតជាអ្នកធ្វើនំ នៅក្នុងក្រុងអរុណវតី បានឃើញព្រះជិនស្រី ព្រះនាម​សិខី ស្តេចនិមន្តតាមទ្វាររបស់ខ្ញុំ។ ខ្ញុំមានចិត្តជ្រះថ្លា បានទទួលបាត្រ​របស់​ព្រះពុទ្ធ ហើយថ្វាយផ្កាសាលព្រឹក្សដល់ព្រះសម្ពុទ្ធ ដែលកំពុងស្តេចទៅតាមផ្លូវតែ​មួយ​ព្រះអង្គ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះ​ជាផលនៃផ្កាសាលព្រឹក្ស។ ក្នុងកប្បទី ១៤ អំពីកប្បនេះ ខ្ញុំបានកើតជា​ស្តេចចក្រពត្តិ ព្រះនាមអមិតញ្ជលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសាលបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សាលបុប្ផិយត្ថេរាបទាន។

កិលញ្ជទាយកត្ថេរាបទាន ទី៤

[១៣៤] ក្នុងកាលនោះ ខ្ញុំកើតជាអ្នកត្បាញផែង នៅក្នុងតិវរបូរី ជាទីរមណីយដ្ឋាន ឯប្រជុំ​ជន​បានជ្រះថ្លាចំពោះព្រះសិទ្ធត្ថសម្ពុទ្ធ ព្រះអង្គទ្រង់បំភ្លឺលោកក្នុងទីនោះ។ ប្រជុំជនស្វែង​រកកន្ទេល ដើម្បីបូជាព្រះលោកនាថ ខ្ញុំបានឲ្យកន្ទេលដល់ពួកជនអ្នកធ្វើពុទ្ធបូជា។ ក្នុង​កប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិន​ដែល​ស្គាល់ទុគ្គតិ នេះជាផលនៃកន្ទេល។ ក្នុងកប្បទី ៧៧ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាម​ជលន្ធរៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះកិលញ្ជទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កិលញ្ជទាយកត្ថេរាបទាន។

វេទិទាយកត្ថេរាបទាន ទី៥

[១៣៥] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានឲ្យគេធ្វើខឿន ត្រង់ដើម​ពោធិព្រឹក្ស​ដ៏ប្រសើរ របស់ព្រះមានព្រះភាគព្រះនាមវិបស្សី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាល​នោះ ព្រោះហេតុដែលខ្ញុំបានឲ្យគេកសាងខឿន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃខឿន។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសុរិយស្សមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវេទិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ វេទិទាយកត្ថេរាបទាន។

វណ្ណការកត្ថេរាបទាន ទី៦

[១៣៦] ក្នុងកាលនោះ ខ្ញុំកើតជាជាងជ្រលក់ ក្នុងក្រុងអរុណវតី បានជ្រលក់គ្រឿងប្រដាប់​ដាក់សំពត់ក្នុងចេតិយ ឲ្យមានពណ៌ផ្សេងៗ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុង​កាលនោះ ព្រោះហេតុដែលខ្ញុំបានជ្រលក់ពណ៌ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​វណ្ណទាន។ ក្នុងកប្បទី ២៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាម​ចន្ទសមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ​ហើយ។

បានឮថា ព្រះវណ្ណការកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ វណ្ណការកត្ថេរាបទាន។

បិយាលបុប្ផិយត្ថេរាបទាន ទី៧

[១៣៧] ក្នុងភពមុន ខ្ញុំបានកើតជាព្រានម្រឹគនៅក្នុងព្រៃធំ បានឃើញដើមទ្រយឹង​ដែល​មានផ្ការីក ក៏បាចសាចទៅត្រង់ផ្លូវដើរ។ ខ្ញុំមានចិត្តជ្រះថ្លា បានកាន់យកបាត្ររបស់​ព្រះពុទ្ធ ហើយថ្វាយផ្កាទ្រយឹងដល់ព្រះពុទ្ធ ដែលទ្រង់ពុទ្ធដំណើរក្នុងផ្លូវ (នោះ)។ ក្នុង​កប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបិយាលបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បិយាលបុប្ផិយត្ថេរាបទាន។

អម្ពយាគទាយកត្ថេរាបទាន ទី៨

[១៣៨] ខ្ញុំគ្មានសេចក្តីរឹងត្អឹងក្នុងសិប្បៈរបស់ខ្លួន បានដើរទៅក្នុងព្រៃធំ ខ្ញុំឃើញ​ព្រះសម្ពុទ្ធ កំពុងធ្វើពុទ្ធដំណើរទៅ ក៏ថ្វាយនូវការបូជាដោយផ្លែស្វាយ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ​ជាផលនៃ​ការបូជាដោយផ្លែស្វាយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើឲ្យជាក់​ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអម្ពយាគទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អម្ពយាគទាយកត្ថេរាបទាន។

ជគតិការកត្ថេរាបទាន ទី៩

[១៣៩] កាលព្រះអត្ថទស្សី ជាលោកនាថ ទ្រង់ប្រសើរជាងពួកនរៈ ព្រះអង្គ​បរិនិព្វានហើយ ខ្ញុំបានឲ្យគេជម្រះផែនដីត្រង់កន្លែងព្រះស្តូបដ៏ប្រសើររបស់ព្រះពុទ្ធ។ ក្នុងកប្បទី ១ ៨០០ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផល​នៃផែនដី។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះជគតិការកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ជគតិការកត្ថេរាបទាន។

វាសិទាយកត្ថេរាបទាន ទី១០

[១៤០] ក្នុងភពមុន ខ្ញុំកើតជាជាងដែក ក្នុងក្រុងតិវរា ជាបុរីដ៏ប្រសើរ ខ្ញុំបានថ្វាយ​កាំបិតព្រាមួយដល់ព្រះសយម្ភូ ទ្រង់ឈ្នះកិលេស។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុង​កាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយកាំបិតព្រា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃការថ្វាយកាំបិតព្រា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់​ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវាសិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ វាសិទាយកត្ថេរាបទាន។

ឧទ្ទាន

ឧទកាសនទាយកត្ថេរាបទាន ១ ភាជនទាយកត្ថេរាបទាន ១ សាលបុប្ផិយត្ថេរាបទាន ១ កិលញ្ជទាយកត្ថេរាបទាន ១ វេទិទាយកត្ថេរាបទាន ១ វណ្ណការកត្ថេរាបទាន ១ បិយាលបុប្ផិយត្ថេរាបទាន ១ អម្ពយាគទាយកត្ថេរាបទាន ១ ជគតិការកត្ថេរាបទាន ១ វាសិទាយកត្ថេរាបទាន ១ មានគាថា ៣៨។

ចប់ ឧទកាសនទាយិវគ្គ ទី២៤។

តុវរទាយិវគ្គ ទី២៥

តុវរដ្ឋិទាយកត្ថេរាបទាន ទី១

[១៤១] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃធំ ខ្ញុំបានឃើញផ្លែកំញាននោះ មាន​សម្បុរ​ក្រហម ហើយនាំយកទៅប្រគេនដល់ព្រះសង្ឃ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃគ្រាប់​កំញាន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតុវរដ្ឋិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តុវរដ្ឋិទាយកត្ថេរាបទាន។

នាគកេសរិយត្ថេរាបទាន ទី២

[១៤២] ខ្ញុំធ្វើធ្នូមិនឲ្យមុត ហើយដើរចូលទៅក្នុងព្រៃ បានឃើញដើមខ្ទឹង មានផ្ការីក​កញ្ចុំ ដែលតាំងឡើងខាងចុងថ្នាំង ខ្ញុំកាន់យកដោយដៃទាំងពីរ ធ្វើអញ្ជលីលើត្បូង បាន​បូជាដល់ព្រះពុទ្ធ ព្រះនាមតិស្សៈ ជាលោកពន្ធុ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុ​ដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧៧ ខ្ញុំ​បានកើតជាស្តេចចក្រពត្តិ ព្រះនាមសមោក្ខរណៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះនាគកេសរិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ នាគកេសរិយត្ថេរាបទាន។

នឡិនកេសរិយត្ថេរាបទាន ទី៣

[១៤៣] ក្នុងភពមុន ខ្ញុំកើតជាសត្វមាន់ទឹក នៅក្នុងកណ្តាលជាតស្រះ កាលនោះ ខ្ញុំបានឃើញ (ព្រះសម្ពុទ្ធ) ជាទេវតាដ៏ប្រសើរ កំពុងស្តេចធ្វើពុទ្ធដំណើរទៅឰដ៏អាកាស។ ខ្ញុំមានចិត្តជ្រះថ្លា បានពាំយកកេសរ (ផ្កាឈូក) ដោយចំពុះ ហើយបូជា​ដល់ព្រះពុទ្ធ ព្រះនាមតិស្សៈជាលោកពន្ធុ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧៣ ខ្ញុំបាន​កើត​ជា​ស្តេច​ចក្រពត្តិ ព្រះនាមសត្តបត្តៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះនឡិនកេសរិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ នឡិនកេសរិយត្ថេរាបទាន។

វិរវិបុប្ផិយត្ថេរាបទាន ទី៤

[១៤៤] ព្រះលោកនាយក ទ្រង់ធ្វើពុទ្ធដំណើរជាមួយនឹងព្រះខីណាស្រពមួយពាន់​អង្គ ខ្ញុំកាន់យកផ្កាវិរវិព្រឹក្សទៅបូជាដល់ព្រះពុទ្ធ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុ​ដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះវិរវិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ វិរវិបុប្ផិយត្ថេរាបទាន។

កុដិធូបកត្ថេរាបទាន ទី៥

[១៤៥] ខ្ញុំជាអ្នករក្សាកុដិរបស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ខ្ញុំជ្រះថ្លាបាន​បង្ហុយផ្សែង​អប់ ដោយដៃរបស់ខ្លួន អស់កាលទាំងពួង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃធូបទាន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកុដិធូបកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ កុដិធូបកត្ថេរាបទាន។

បត្តទាយកត្ថេរាបទាន ទី៦

[១៤៦] ខ្ញុំមានចិត្តទូន្មានដ៏ក្រៃលែង បានប្រគេនបាត្រដល់ព្រះមហេសី ព្រះនាម​សិទ្ធត្ថៈ មានព្រះទ័យត្រង់ មិនញាប់ញ័រដោយលោកធម៌។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាល​នោះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការ​ថ្វាយ​បាត្រ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបត្តទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បត្តទាយកត្ថេរាបទាន។

ធាតុបូជកត្ថេរាបទាន ទី៧

[១៤៧] កាលព្រះលោកនាថ ព្រះនាមសិទ្ធត្ថៈ ឧត្តមជាងពួកនរៈ ទ្រង់បរិនិព្វាន​ហើយ ខ្ញុំបានព្រះធាតុមួយអង្គរបស់ព្រះសិទ្ធត្ថៈ ព្រះអង្គប្រសើរជាងសត្វជើងពីរ ជា​តាទិបុគ្គល។ ខ្ញុំកាន់យកព្រះធាតុនោះរបស់ព្រះពុទ្ធជាផៅពង្សនៃព្រះអាទិត្យ ហើយ​បម្រើ​អស់ ៥ ឆ្នាំ ដូចកាលបម្រើព្រះអង្គជាបុគ្គលឧត្តមជាងពួកនរៈ កាលទ្រង់គង់ព្រះជន្ម​នៅឡើយដែរ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះធាតុ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបម្រើព្រះធាតុ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះធាតុបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ធាតុបូជកត្ថេរាបទាន។

សត្តសត្តលិបុប្ផបូជកត្ថេរាបទាន ទី៨

[១៤៨] ក្នុងកាលនោះ ខ្ញុំបានក្រងផ្កាម្លិះរួតទាំងឡាយ ៧ កម្រង ដាក់លើក្បាល ហើយបូជាដល់ព្រះពុទ្ធព្រះនាមវេស្សភូ ព្រះអង្គប្រសើរជាងពួកនរៈ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ​ជាផលនៃការបូជាផ្កា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់​ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសត្តសត្តលិបុប្ផបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សត្តសត្តលិបុប្ផបូជកត្ថេរាបទាន។

ពិម្ពិជាលបុប្ផិយត្ថេរាបទាន ទី៩

[១៤៩] ព្រះជិនស្រីសយម្ភូ ព្រះនាមបទុមុត្តរៈ ជាអគ្គបុគ្គល ទ្រង់ប្រកាសនូវសច្ចៈ ៤ សម្តែងនូវអមតបទគឺព្រះនិព្វាន។ ក្នុងកាលនោះ ខ្ញុំធ្វើផ្កាពិម្ពិជាលព្រឹក្ស មាន​ប្រមាណ​ច្រើន បូជាដល់ព្រះពុទ្ធ ទ្រង់ជាធំជាងសត្វជើងពីរ ជាតាទិបុគ្គល។ ក្នុងកប្បទី ៦៨ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ព្រះនាមកិញ្ជកេសរៈដូចគ្នា ទ្រង់បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពិម្ពិជាលបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពិម្ពិជាលបុប្ផិយត្ថេរាបទាន។

ឧទ្ទាលទាយកត្ថេរាបទាន ទី១០

[១៥០] ព្រះសយម្ភូ ទ្រង់ឈ្នះកិលេស មាននាមថាកុក្កុធៈ ស្តេចចេញអំពីព្រៃធំ បាន​ដល់នូវស្ទឹងធំ។ ក្នុងកាលនោះ ខ្ញុំមានចិត្តជ្រះថ្លា កាន់យកផ្ការាជព្រឹក្ស ថ្វាយដល់​ព្រះសយម្ភូ ទ្រង់ជាអ្នកសង្រួម មានព្រះទ័យត្រង់។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះ​ហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបុប្ផទាន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឧទ្ទាលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧទ្ទាលទាយកត្ថេរាបទាន។

ឧទ្ទាន

តុវរដ្ឋិទាយកត្ថេរាបទាន ១ នាគកេសរិយត្ថេរាបទាន ១ នឡិនទាយកត្ថេរាបទាន ១ វិរវិបុប្ផិយត្ថេរាបទាន ១ កុដិធូបកត្ថេរាបទាន ១ បត្តទាយកត្ថេរាបទាន ១ ធាតុបូជកត្ថេរាបទាន ១ សត្តសត្តលិបុប្ផិយត្ថេរាបទាន ១ ពិម្ពិជាលបុប្ផិយត្ថេរាបទាន ១ ឧទ្ទាលទាយកត្ថេរាបទាន ១ មានគាថា ៣៧ ដែលអ្នកប្រាជ្ញទាំងឡាយ បាន​គណនា​ហើយ។

ចប់ តុវរទាយិវគ្គ ទី២៥។

ថោមកវគ្គ ទី២៦

ថោមកត្ថេរាបទាន ទី១

[១៥១] ខ្ញុំជាទេវតាឋិតនៅក្នុងទេវលោក បានស្តាប់ធម៌របស់ព្រះពុទ្ធជាមហេសី ព្រះនាម​វិបស្សី មានចិត្តរីករាយ ហើយបានពោលនូវវាចានេះថា បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសខ្ពង់ខ្ពស់ ខ្ញុំសូមនមស្ការចំពោះ​ព្រះអង្គ ព្រះអង្គសម្តែងនូវអមតបទ គឺព្រះនិព្វាន តែងចម្លងជនច្រើន (ឲ្យដល់នូវ​ត្រើយ គឺព្រះនិព្វាន)។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាន​ពោល​វាចា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះថោមកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ថោមកត្ថេរាបទាន។

ឯកាសនទាយកត្ថេរាបទាន ទី២

[១៥២] ខ្ញុំព្រមទាំងភរិយា បានលះបង់នូវភេទនៃទេវតា ហើយមកក្នុងមនុស្សលោក​នេះ ប្រាថ្នា​នឹងធ្វើនូវការកសាង ក្នុងសាសនារបស់ព្រះពុទ្ធដ៏ប្រសើរ។ មានសាវ័ករបស់​ព្រះបទុមុត្តរៈ ឈ្មោះទេវលៈ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយភិក្ខាដល់ព្រះទេវលៈនោះ។ ក្នុង​កប្បទីមួយសែន អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិន​ដែលស្គាល់ទុគ្គតិ នេះជាផលនៃបិណ្ឌបាត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯកាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកាសនទាយកត្ថេរាបទាន។

ចិតកបូជកត្ថេរាបទាន ទី៣

[១៥៣] ព្រះសយម្ភូសម្ពុទ្ធ ទ្រង់ឈ្នះកិលេស ព្រះនាមអានន្ទ ទ្រង់បរិនិព្វាន​ក្នុងព្រៃធំ ដែល​មិនមានមនុស្ស។ ក្នុងកាលនោះ ខ្ញុំចុះអំពីទេវលោកមកក្នុងទីនេះ ធ្វើជើង​ថ្ករ​បូជា​សរីរៈផង ធ្វើសក្ការៈផង ក្នុងព្រៃនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុ​ដែល​ខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះចិតកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចិតកបូជកត្ថេរាបទាន។

ចម្បកបុប្ផិយត្ថេរាបទាន ទី៤

[១៥៤] មានភ្នំមួយឈ្មោះវិកនៈ នៅជិតព្រៃហិមពាន្ត មានសមណៈមួយអង្គ មានឥន្រ្ទិយ​ស្រគត់ស្រគំ គង់នៅកណ្តាលភ្នំនោះ។ ខ្ញុំមានចិត្តជ្រះថ្លា បានឃើញសេចក្តី​ស្ងប់រម្ងាប់​របស់សមណៈនោះ ទើបកាន់យកផ្កាចម្បា ៣ ទង ចូលទៅរោយរាយ។ ក្នុង​កប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចម្បកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចម្បកបុប្ផិយត្ថេរាបទាន។

សត្តបាដលិយត្ថេរាបទាន ទី៥

[១៥៥] ខ្ញុំបានឃើញព្រះសម្ពុទ្ធ មានរស្មីរុងរឿងដូចផ្កាកណិការ ទ្រង់គង់ត្រង់​ចន្លោះភ្នំ ខ្ញុំបានថ្វាយផ្កាច្រនៀង ៧ ទងដល់ព្រះពុទ្ធ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះ​ហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសត្តបាដលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សត្តបាដលិយត្ថេរាបទាន។

ឧបាហនទាយកត្ថេរាបទាន ទី៦

[១៥៦] ក្នុងកាលនោះ ខ្ញុំឈ្មោះចន្ទនៈ ជាបុត្ររបស់ព្រះសម្ពុទ្ធ ខ្ញុំថ្វាយស្បែកជើងមួយ​សម្រាប់ (ដោយបំណងថា) សូមព្រះអង្គញ៉ាំងពោធិញ្ញាណឲ្យសម្រេចដល់ខ្ញុំ។ ក្នុងកប្ប​ទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយស្បែកជើង ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃស្បែកជើង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឧបាហនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧបាហនទាយកត្ថេរាបទាន។

មញ្ជរិបូជកត្ថេរាបទាន ទី៧

[១៥៧] ខ្ញុំធ្វើនូវផ្កាមញ្ជរិព្រឹក្ស (លើក្បាល) ហើយដើរទៅកាន់ច្រក បាន​ឃើញ​ព្រះសម្ពុទ្ធ​ដ៏ប្រសើរលើសជាងពួកសមណៈ មានពួកភិក្ខុសង្ឃចោមរោមហើយ។ ខ្ញុំមាន​ចិត្តជ្រះថ្លា មានចិត្តរីករាយ ដោយបីតិយ៉ាងក្រៃលែង ហើយកាន់យកដោយដៃទាំងពីរ បូជាចំពោះ​ព្រះពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិន​ដែលស្គាល់​ទុគ្គតិ នេះជាផលនៃការបូជាផ្កា។ ក្នុងកប្បទី ៧៣ អំពីកប្បនេះ ខ្ញុំបានកើត​ជាស្តេច​ចក្រពត្តិ​មួយអង្គ ជាធំលើផែនដី ព្រះនាមជោតិយៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះមញ្ជរិបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មញ្ជរិបូជកត្ថេរាបទាន។

បណ្ណទាយកត្ថេរាបទាន ទី៨

[១៥៨] ខ្ញុំស្លៀកសំពត់សំបកឈើ នៅជិតភ្នំហិមពាន្ត ជាអ្នកបរិភោគស្លឹកឈើ មិនមាន​រសប្រៃផង សង្រួមក្នុងការប្រព្រឹត្តិទាំងឡាយផង។ ក្នុងពេលបាយព្រឹក ព្រះសិទ្ធត្ថ​សម្ពុទ្ធ ស្តេចចូលមករកខ្ញុំ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយចង្ហាន់ស្លឹកឈើនោះ​ដល់ព្រះសម្ពុទ្ធ ដោយ​ដៃ​របស់ខ្លួន។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុ​ដែលខ្ញុំបាន​ថ្វាយស្លឹកឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយស្លឹកឈើ ក្នុង​កប្បទី ២៧ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមយទត្ថិយៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់​ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបណ្ណទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បណ្ណទាយកត្ថេរាបទាន។

កុដិទាយកត្ថេរាបទាន ទី៩

[១៥៩] កាលនោះ ព្រះសម្ពុទ្ធស្តេចទៅក្នុងព្រៃ គង់នៅទៀបគល់ឈើ ខ្ញុំក៏បានធ្វើ​បណ្ណសាលាថ្វាយដល់ព្រះសម្ពុទ្ធ ទ្រង់ឈ្នះកិលេស។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុង​កាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយបណ្ណកុដិ (តូបស្លឹក) ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយកុដិ។ ក្នុងកប្បទី ៣៨ អំពីកប្បនេះ ខ្ញុំបានកើតជាសេ្តចចក្រពត្តិ ១៦ ជាតិ ព្រះនាមអភិវស្សិដូចគ្នា ក្នុងលោកទាំងមូល។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកុដិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ កុដិទាយកត្ថេរាបទាន។

អគ្គបុប្ផិយត្ថេរាបទាន ទី១០

[១៦០] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស គង់នៅចន្លោះភ្នំ ទ្រង់ភ្លឺ​ស្វាង​ដោយរស្មីដូចអណ្តាតភ្លើង។ ខ្ញុំកាន់យកផ្ការុក្ខជាតិដែលរីកមុនគេ ហើយចូលទៅរក​ព្រះសម្ពុទ្ធដ៏ប្រសើរជាងពួកនរៈ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាដល់​ព្រះពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាម​មិត្តឃាតកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះអគ្គបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការដូច្នេះ។

ចប់ អគ្គបុប្ផិយត្ថេរាបទាន។

ឧទ្ទាន

ថោមកត្ថេរាបទាន ១ ភិក្ខាទាយកត្ថេរាបទាន ១ ចិតកបូជកត្ថេរាបទាន ១ ចម្បកបុប្ផិយត្ថេរាបទាន ១ សត្តបាដលិយត្ថេរាបទាន ១ ឧបាហនទាយកត្ថេរាបទាន ១ មញ្ជរិបូជកត្ថេរាបទាន ១ បណ្ណទាយកត្ថេរាបទាន ១ កុដិទាយកត្ថេរាបទាន ១ អគ្គបុប្ផិយត្ថេរាបទាន ១ មានគាថា ៤១ ដែលអ្នកប្រាជ្ញរាប់ហើយក្នុងវគ្គនេះ។

ចប់ ថោមកវគ្គ ទី២៦។

បទុមុក្ខេបវគ្គ ទី២៧

អាកាសុក្ខិបិយត្ថេរាបទាន ទី១

[១៦១] ខ្ញុំ (បានឃើញ) ព្រះសិទ្ធត្ថសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស កំពុងនិមន្ត​ទៅត្រង់​ចន្លោះ​រានផ្សារ ក៏កាន់យកផ្កាឈូក ២ ទង ចូលទៅរកព្រះពុទ្ធ ជានរាសភៈ។ ខ្ញុំដាក់​ចុះនូវផ្កាមួយទង ទៀបព្រះបាទានៃព្រះពុទ្ធដ៏ប្រសើរ ហើយកាន់យកនូវផ្កាមួយ​ទង​បោះ​ឡើង​ទៅនាអាកាស។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា។ ក្នុងកប្បទី ៣២ អំពីកប្បនេះ ខ្ញុំបាន​កើតជាស្តេចចក្រពត្តិមួយអង្គ ជាម្ចាស់ផែនដី ព្រះនាមអន្តលិក្ខករៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអាកាសុក្ខិបិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អាកាសុក្ខិបិយត្ថេរាបទាន។

តេលមក្ខិយត្ថេរាបទាន ទី២

[១៦២] កាលព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជានរាសភៈ បរិនិព្វានហើយ ក្នុងកាល​នោះ ខ្ញុំបានលាបប្រេងត្រង់ខឿនពោធិព្រឹក្ស។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានលាបប្រេង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​ការលាបប្រេង។ ក្នុងកប្បទី ២៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសុច្ឆវិ ទ្រង់បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតេលមក្ខិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ តេលមក្ខិយត្ថេរាបទាន។

អឌ្ឍចន្ទិយត្ថេរាបទាន ទី៣

[១៦៣] ខ្ញុំបានថ្វាយក្បាច់អឌ្ឍចន្ទ ចំពោះពោធិព្រឹក្សដ៏ឧត្តម របស់ព្រះមានព្រះភាគ​ព្រះនាមតិស្សៈ ដែលជាឈើដុះលើធរណី។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែល​ខ្ញុំបានថ្វាយអឌ្ឍចន្ទ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាពោធិព្រឹក្ស។ ក្នុងកប្ប​ទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមទេវលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់​ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអឌ្ឍចន្ទិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អឌ្ឍចន្ទិយត្ថេរាបទាន។

ទីបទាយកត្ថេរាបទាន ទី៤

[១៦៤] ក្នុងកាលនោះ ខ្ញុំកើតជាទេវតា ចុះមកកាន់ផែនដី មានចិត្តជ្រះថ្លា បានថ្វាយ​ប្រទីប ៥ ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ​ហេតុ​ដែលខ្ញុំ​បានថ្វាយប្រទីប ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយប្រទីប។ ក្នុងកប្បទី ៥៥ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ជាម្ចាស់ផែនដី ព្រះនាមសមន្តចក្ខុ ទ្រង់មាន​កម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះទីបទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ទីបទាយកត្ថេរាបទាន។

វិឡាលិទាយកត្ថេរាបទាន ទី៥

[១៦៥] មានភ្នំមួយឈ្មោះរោមសៈ នៅជិតព្រៃហិមពាន្ត ព្រះពុទ្ធជាសមណៈ​មួយអង្គ មាន​ឥន្រ្ទិយស្រគត់ស្រគំ (គង់នៅ) ក្បែរជើងភ្នំនោះ។ ខ្ញុំយកដំឡូងដៃខ្លា​ទៅប្រគេន​ព្រះសមណៈ ឯព្រះសយម្ភូជាមហាវីរៈ ទ្រង់ឈ្នះកិលេស បានអនុមោទនាថា អ្នកមាន​ចិត្តជ្រះថ្លា បានថ្វាយដំឡូងដៃខ្លាដល់តថាគត ផលតែងកើតឡើងដល់អ្នក ក្នុងភពដែល​អ្នកកើត។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយដំឡូង ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃដំឡូងដៃខ្លា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះវិឡាលិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ វិឡាលិទាយកត្ថេរាបទាន។

មច្ឆទាយកត្ថេរាបទាន ទី៦

[១៦៦] ក្នុងកាលនោះ ខ្ញុំកើតជាសត្វអក នៅលើឆ្នេរស្ទឹងចន្ទភាគា ខ្ញុំបានយក​ត្រីដ៏ធំ ថ្វាយ​ដល់ព្រះមុនី ព្រះនាមសិទ្ធត្ថ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុ​ដែលខ្ញុំបានថ្វាយត្រី ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយត្រី។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះមច្ឆទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មច្ឆទាយកត្ថេរាបទាន។

ជវហង្សកត្ថេរាបទាន ទី៧

[១៦៧] កាលនោះ ខ្ញុំត្រាច់ទៅក្នុងព្រៃ ក្បែរឆ្នេរស្ទឹងចន្ទភាគា បានឃើញព្រះពុទ្ធ​ព្រះនាម​សិទ្ធត្ថ និមន្តទៅឰដ៏អាកាស។ ខ្ញុំផ្គងអញ្ជលី ហើយក្រឡេកមើលព្រះមហាមុនី ហើយ​ញ៉ាំង​ចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បានថ្វាយបង្គំព្រះលោកនាយក។ ក្នុងកប្បទី ៩៤ អំពី​កប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គំនូវព្រះនរាសភៈ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផលនៃ​ការថ្វាយបង្គំ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះជវហង្សកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ជវហង្សកត្ថេរាបទាន។

សលឡបុប្ផិយត្ថេរាបទាន ទី៨

[១៦៨] ក្នុងកាលនោះ ខ្ញុំកើតជាកិន្នរ នៅក្បែរឆ្នេរស្ទឹងចន្ទភាគា បានឃើញព្រះពុទ្ធ ព្រះនាម​វិបស្សី ទ្រង់បរិបូណ៌ដោយបណ្តាញ គឺរស្មី។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ដោយ​បីតិយ៉ាង​ក្រៃលែង បានកាន់យកផ្កាស្រល់ រោយរាយថ្វាយចំពោះព្រះវិបស្សី។ ក្នុង​កប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផល​នៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសលឡបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សលឡបុប្ផិយត្ថេរាបទាន។

ឧបាគតហាសនិយត្ថេរាបទាន ទី៩

[១៦៩] មានស្រះដែលធម្មតានិមិ្មតល្អហើយ នៅកណ្តាលព្រៃហិមពាន្ត ឯខ្ញុំកើតជាអារក្ស​ទឹកក្នុងស្រះនោះ ជាអ្នកមានក្បាលសំយុងចុះគួរខ្លាច។ ព្រះលោកនាយក ព្រះនាមវិបស្សី ទ្រង់មានសេចក្តីអនុគ្រោះ មានសេចក្តីករុណា ប្រាថ្នានឹងស្រង់ខ្ញុំ ព្រះអង្គស្តេច​និមន្តមក​ក្នុងសំណាក់របស់ខ្ញុំ។ ខ្ញុំ (ឃើញ) ព្រះមហាវីរៈ ជាទេវតាដ៏ក្រៃលែង ទ្រង់​ជា​នរាសភៈ ស្តេចចូលមកហើយ ទើបខ្ញុំចេញអំពីលំនៅ បានថ្វាយបង្គំចំពោះព្រះសាស្តា។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គំព្រះសម្ពុទ្ធជាបុរសប្រសើរ ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបង្គំ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឧបាគតហាសនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឧបាគតហាសនិយត្ថេរាបទាន។

តរណិយត្ថេរាបទាន ទី១០

[១៧០] ព្រះសម្ពុទ្ធលោកនាយកជាសាស្តា ព្រះនាមវិបស្សី មានវណ្ណៈដូចមាស មាន​ភិក្ខុសង្ឃចោមរោម ទ្រង់ឋិតនៅនាឆ្នេរស្ទឹង។ ឯនាវាសម្រាប់ចម្លងក្នុងស្ទឹង ដែល​មាន​អន្លង់ធំនោះ ក៏មិនមាន ទើបខ្ញុំចេញអំពីស្ទឹង មកចម្លងព្រះលោកនាយក។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានចម្លងព្រះនរុត្តមសម្មាសម្ពុទ្ធ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការចម្លង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតរណិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តរណិយត្ថេរាបទាន។

ឧទ្ទាន

អាកាសុក្ខិបិយត្ថេរាបទាន ១ តេលមក្ខិយត្ថេរាបទាន ១ អឌ្ឍចន្ទិយត្ថេរាបទាន ១ ទីបទាយកត្ថេរាបទាន ១ វិឡាលិទាយកត្ថេរាបទាន ១ មច្ឆទាយកត្ថេរាបទាន ១ ជវហង្សកត្ថេរាបទាន ១ សលឡបុប្ផិយត្ថេរាបទាន ១ ឧបាគតហាសនិយត្ថេរាបទាន ១ តរណិយត្ថេរាបទាន ១ ត្រូវជា ១០ ឯគាថាមាន ៤១ លោកអ្នក​ប្រាជ្ញបាន​រាប់ហើយ​ក្នុងវគ្គនេះ។

ចប់ បទុមុក្ខេបវគ្គ ទី២៧។

សុវណ្ណពិព្វោហនវគ្គ ទី២៨

សុវណ្ណពិព្វោហនិយត្ថេរាបទាន ទី១

[១៧១] ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយអាសនៈមួយដោយដៃរបស់ខ្លួន គឺថ្វាយខ្នើយ ដើម្បីសម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែល​ខ្ញុំបាន​ថ្វាយខ្នើយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃខ្នើយ។ ក្នុងកប្បទី ៦៣ អំពីកប្បនេះ ខ្ញុំ​បានកើតជាក្សត្រចក្រពត្តិ ព្រះនាមអសមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសុវណ្ណពិព្វោហនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុវណ្ណពិព្វោហនិយត្ថេរាបទាន។

តិលមុដ្ឋិយត្ថេរាបទាន ទី២

[១៧២] ព្រះសាស្តា ជាអគ្គនាយកក្នុងលោក ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំ បានស្តេច​មក​ដោយកាយឫទ្ធិ សម្រេចដោយចិត្ត។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ក៏ថ្វាយ​បង្គំ​ព្រះសាស្តា ជាបុរសប្រសើរបំផុត ដែលកំពុងស្តេចចូលមក ហើយថ្វាយល្ង​មួយក្តាប់។ ក្នុង​កប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយល្ង ខ្ញុំមិន​ដែល​ស្គាល់​ទុគ្គតិ នេះជាផលនៃល្ងមួយក្តាប់។ ក្នុងកប្បទី ១៦ អំពីកប្បនេះ ខ្ញុំបានកើត​ជាស្តេច​ចក្រពត្តិ ព្រះនាមគន្ធិយៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិលមុដ្ឋិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិលមុដ្ឋិយត្ថេរាបទាន។

ចង្កោដកិយត្ថេរាបទាន ទី៣

[១៧៣] ព្រះសម្ពុទ្ធទ្រង់គង់នៅត្រង់ចន្លោះភ្នំ អាស្រ័យមហាសមុទ្ទ ខ្ញុំប្រាថ្នានូវ​បុណ្យ ក្រោកទៅទទួល ហើយបានប្រគេនប្រអប់ផ្កា លុះខ្ញុំបានប្រគេនប្រអប់ផ្កា​ដល់​ព្រះសយម្ភូ ព្រះនាមសិទ្ធត្ថៈ ព្រះអង្គស្វែងរកនូវគុណធំ ទ្រង់មានសេចក្តីអនុគ្រោះហើយ បានរីករាយ​ក្នុងឋានសួគ៌ អស់មួយកប្ប។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុ​ដែលខ្ញុំបានថ្វាយប្រអប់ផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃប្រអប់ផ្កា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចង្កោដកិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ចង្កោដកិយត្ថេរាបទាន។

អព្ភញ្ជនទាយកត្ថេរាបទាន ទី៤

[១៧៤] ខ្ញុំបានថ្វាយថ្នាំបន្តក់ភ្នែក ដល់ព្រះមានព្រះភាគ ព្រះនាមកោណ្ឌញ្ញៈ ព្រះអង្គមាន​រាគៈទៅប្រាសហើយ ជាតាទិបុគ្គល មានព្រះទ័យមិនអាក្រក់ មិនមានដំណើរយឺត​យូរ គឺកិលេស ព្រះអង្គមានឈាន ប្រព្រឹត្តកន្លងនូវមោហៈទាំងពួង ទ្រង់ស្វែងរកប្រយោជន៍ ដល់សត្វលោកទាំងពួង ព្រះអង្គជាធំជាងសត្វជើងពីរ ទ្រង់មិនញាប់ញ័រ។ ក្នុងកប្ប​ប្រមាណមិនបាន អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយថ្នាំបន្តក់ភ្នែក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃថ្នាំបន្តក់ភ្នែក។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបាន​កើតជាស្តេចចក្រពត្តិ ព្រះនាមវិរប្បៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអព្ភញ្ជនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អព្ភញ្ជនទាយកត្ថេរាបទាន។

ឯកញ្ជលិយត្ថេរាបទាន ទី៥

[១៧៥] ខ្ញុំបានប្រគេនឱកាស ជាទីនៅលើកម្រាលស្លឹកឈើដែលខ្ញុំតាំងទុក ដល់​ព្រះសមណៈ (ព្រះនាមតិស្សៈ) ទ្រង់ស្វែងរកនូវគុណធំ កាលគង់នៅជិតដើមល្វា។ ខ្ញុំ​ផ្គងអញ្ជលី ហើយក្រាលកម្រាលផ្កាថ្វាយព្រះតិស្សសម្ពុទ្ធ ជាធំជាងសត្វជើងពីរ ជាទីពឹង​នៃសត្វលោក ជាតាទិបុគ្គល។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែល​ខ្ញុំបានធ្វើ​កម្រាលផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាល។ ក្នុងកប្បទី ១៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ជាធំជាងពួកមនុស្ស ព្រះនាមឯកអញ្ជលិកៈ ទ្រង់មានកម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯកញ្ជលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឯកញ្ជលិយត្ថេរាបទាន។

បោត្ថទាយកត្ថេរាបទាន ទី៦

[១៧៦] ខ្ញុំប្រារព្ធនូវព្រះសាស្តាផង ព្រះធម៌ផង ព្រះសង្ឃផង បានប្រគេនបោត្ថទាន (សម្ពត់​ស្លឹកឈើ) ដល់ព្រះសម្ពុទ្ធមហេសី ជាទក្ខិណេយ្យបុគ្គលដ៏ប្រសើរ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃបោត្ថទាន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបោត្ថទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បោត្ថទាយកត្ថេរាបទាន។

ចិតកបូជកត្ថេរាបទាន ទី៧

[១៧៧] ខ្ញុំដើរទៅកាន់ទីបណ្តោយខ្សែទឹក លើឆ្នេរស្ទឹងចន្ទភាគា ខ្ញុំបានយកផ្កាជ្រៃ ៧ ដាក់បូជាជើងថ្ករ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាជើងថ្ករ ខ្ញុំ​មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាជើងថ្ករ។ ក្នុងកប្បទី ៦៧ អំពីកប្បនេះ ខ្ញុំ​បានកើតជាស្តេចចក្រពត្តិ ព្រះនាមបដិជគ្គៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មាន​កម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចិតកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចិតកបូជកត្ថេរាបទាន។

អាលុវទាយកត្ថេរាបទាន ទី៨

[១៧៨] មានស្ទឹងធំមួយ ឈ្មោះសុទស្សនៈ នៅក្បែរភ្នំហិមពាន្ត ខ្ញុំបានឃើញ​ព្រះសម្ពុទ្ធ ព្រះនាមសុទស្សនៈ មានរស្មីល្អ ទ្រង់ប្រាសចាករាគៈ គង់នៅក្បែរស្ទឹងនោះ។ លុះខ្ញុំឃើញ​ព្រះអង្គ ប្រកបក្នុងសេចក្តីស្ងប់រម្ងាប់យ៉ាងក្រៃលែង ខ្ញុំមានចិត្តសង្វេគ​ជ្រះថ្លា បានថ្វាយ​វល្លិភ្នំ ជាខ្សែស្បៀង ដល់ព្រះសុទស្សនៈអង្គនោះ ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយវល្លិភ្នំ ខ្ញុំមិន​ដែល​ស្គាល់ទុគ្គតិ នេះជាផលនៃវល្លិភ្នំ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើ​ឲ្យជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអាលុវទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អាលុវទាយកត្ថេរាបទាន។

បុណ្ឌរីកត្ថេរាបទាន ទី៩

[១៧៩] ក្នុងកាលនោះ ព្រះសយម្ភូ ព្រះនាមរោមសៈ មានរស្មីល្អ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយផ្កាឈូកស។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាន​ថ្វាយផ្កាឈូកស ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឈូកស។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបុណ្ឌរីកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បុណ្ឌរីកត្ថេរាបទាន។

តរណិយត្ថេរាបទាន ទី១០

[១៨០] ខ្ញុំមានចិត្តជ្រះថ្លា បានស្ថាបនាស្ពានត្រង់ផ្លូវធំ ដែលមានជង្ហុក ដើម្បី​ប្រយោជន៍​ដល់ការឆ្លងនៃសត្វលោក ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះ​ហេតុដែលខ្ញុំបានស្ថាបនាស្ពាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យស្ពាន។ ក្នុង​កប្បទី ៥៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមសមោគតៈ ទ្រង់បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតរណិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ តរណិយត្ថេរាបទាន។

ឧទ្ទាន

សុវណ្ណពិព្វោហនិយត្ថេរាបទាន ១ តិលមុដ្ឋិយត្ថេរាបទាន ១ ចង្កោដកិយត្ថេរាបទាន ១ អព្ភញ្ជនទាយកត្ថេរាបទាន ១ ឯកញ្ជលិយត្ថេរាបទាន ១ បោត្ថទាយកត្ថេរាបទាន ១ ចិតកបូជកត្ថេរាបទាន ១ អាលុវទាយកត្ថេរាបទាន ១ បុណ្ឌរីកត្ថេរាបទាន ១ តរណិយត្ថេរាបទាន ១ មានគាថា ៤២ ដែលអ្នកប្រាជ្ញរាប់ហើយ។

ចប់ សុវណ្ណពិព្វោហនវគ្គ ទី២៨។

ចប់ ភាណវារៈ ទី១១។

បណ្ណទាយកវគ្គ ទី២៩

បណ្ណទាយកត្ថេរាបទាន ទី១

[១៨១] ខ្ញុំអង្គុយនៅក្នុងបណ្ណសាលា កំពុងបរិភោគស្លឹកឈើជាភោជន ព្រះសម្ពុទ្ធជា​មហាឥសី ស្តេចចូលមករកខ្ញុំដែលកំពុងអង្គុយ។ ព្រះសម្ពុទ្ធព្រះនាមសិទ្ធត្ថ ជាប្រទីបក្នុង​លោក ព្រះអង្គជាអ្នករក្សានូវសត្វលោកទាំងអស់ ខ្ញុំបានថ្វាយស្លឹកឈើចំពោះ​ព្រះអង្គ ដែលទ្រង់​គង់នៅលើកម្រាលស្លឹកឈើ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាល​នោះ ព្រោះហេតុដែលខ្ញុំបានថ្វាយស្លឹកឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ​ស្លឹកឈើ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបណ្ណទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បណ្ណទាយកត្ថេរាបទាន។

ផលទាយកត្ថេរាបទាន ទី២

[១៨២] ព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថ មានព្រះទ័យសន្តោស ស្មើដោយភ្នំសិនេរុ ឬក៏​ប្រហែល​ដោយធរណី ស្តេចចេញចាកសមាធិ ហើយទ្រង់ស្តេចចូលទៅរកខ្ញុំដើម្បីភិក្ខា។ ខ្ញុំមានចិត្ត​ជ្រះថ្លា បានប្រគេនផ្លែឈើទាំងអស់នោះ គឺផ្លែសម៉ កន្ទួតព្រៃ ស្វាយ ព្រីង ផ្លែសម៉ពិភេទក៍ ពុទ្រា រាក់ខ្មៅ ស្រគំ ព្នៅ និងផ្លែមាក់ប្រាង ដល់ព្រះមហេសី​ព្រះនាមសិទ្ធត្ថ ព្រះអង្គ​មាន​សេចក្តីអនុគ្រោះដល់សត្វលោកទាំងពួង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ​ផ្លែឈើ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមឯកជ្ឈៈ ទ្រង់បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ផលទាយកត្ថេរាបទាន។

បច្ចុគ្គមនិយត្ថេរាបទាន ទី៣

[១៨៣] ខ្ញុំមានចិត្តជ្រះថ្លា បានធ្វើនូវការក្រោកទទួលព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថ ព្រះអង្គជា​ប្រទីបក្នុងលោក ជាអ្នករក្សាសត្វលោកទាំងពួង ទ្រង់ជានរាសភៈ ទ្រង់​ស្តេចមក​ដូច​សត្វសីហៈ ត្រាច់ទៅក្នុងព្រៃ ឬដូចនិសភអាជានេយ្យ ឬក៏ដូចលំពង់ថ្ងាន់​ដ៏ល្វាសល្វន់។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានក្រោក​ទទួល​ព្រះនរាសភៈ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការក្រោកទទួល។ ក្នុងកប្បទី ២៧ អំពី​កប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមបរិវារៈ ជាធំជាងជន ទ្រង់មាន​កម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបច្ចុគ្គមនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បច្ចុគ្គមនិយត្ថេរាបទាន។

ឯកបុប្ផិយត្ថេរាបទាន ទី៤

[១៨៤] កាលនោះ ខ្ញុំកើតជាបិសាច នៅត្រង់ទ្វារខាងត្បូង បានឃើញព្រះសម្ពុទ្ធ ព្រះអង្គ​មិនមានធូលី គឺរាគៈ ដូចជាព្រះអាទិត្យមានរស្មីលឿង។ ខ្ញុំបានថ្វាយផ្កាមួយ ចំពោះ​ព្រះវិបស្សី ព្រះអង្គប្រសើរជាងនរៈ ទ្រង់ស្វែងរកនូវប្រយោជន៍ ដល់​សត្វលោកទាំង​ពួង ព្រះអង្គជាធំជាងសត្វជើងពីរ ប្រកបដោយតាទិគុណ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឯកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឯកបុប្ផិយត្ថេរាបទាន។

មឃវបុប្ផិយត្ថេរាបទាន ទី៥

[១៨៥] ព្រះសយម្ភូ ដែលពួកមារផ្ចាញ់មិនបាន មានឥន្រ្ទិយដ៏ថ្លាស្អាត មិនមានកករ​ល្អក់ ព្រះអង្គទ្រង់ចូលកាន់សមាធិ ក្បែរឆ្នេរស្ទឹងនម្មទា។ កាលនោះ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានឃើញព្រះសម្ពុទ្ធ ដែលពួកមារផ្ចាញ់មិនបាន ហើយបូជាព្រះសយម្ភូ​អង្គនោះ ដោយផ្កាមឃវព្រឹក្ស។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែល​ខ្ញុំបាន​បូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះមឃវបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មឃវបុប្ផិយត្ថេរាបទាន។

ឧបដ្ឋាយិកត្ថេរាបទាន ទី៦

[១៨៦] ខ្ញុំបានឃើញព្រះមហានាគ ព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុង​លោក ទ្រង់ជានរាសភៈ គួរទទួលនូវគ្រឿងបូជា ស្តេចទៅតាមច្រក។ ខ្ញុំបានថ្វាយ​ឧបដ្ឋាក​​ម្នាក់ ដល់ព្រះមហេសី ព្រះនាមសិទ្ធត្ថ ដែលខ្ញុំបានឲ្យគេនិមន្ត ព្រះអង្គស្វែងរកនូវ​ប្រយោជន៍ ដល់សត្វលោកទាំងពួង។ ព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញប្រសើរ ទ្រង់ទទួលហើយ​ប្រគល់​ឲ្យខ្ញុំវិញ ទ្រង់ក្រោកចាកអាសនៈនោះ មានព្រះភក្ត្របែរចេញទៅកាន់បាចីនទិស ហើយ​ទ្រង់​ចៀសចេញទៅ។ ក្នុងកប្ប ទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុ​ដែលខ្ញុំបានថ្វាយឧបដ្ឋាក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឧបដ្ឋាក។ ក្នុង​កប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមពលសេនៈ ទ្រង់បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឧបដ្ឋាយិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឧបដ្ឋាយិកត្ថេរាបទាន។

អបទានិយត្ថេរាបទាន ទី៧

[១៨៧] ខ្ញុំមានចិត្តជ្រះថ្លា សម្តែងនូវអបទាន (រឿង) របស់ព្រះសុគតទាំងឡាយ ព្រះអង្គ​ស្វែងរកនូវគុណដ៏ធំ ហើយក៏ថ្វាយបង្គំព្រះបាទាទាំងគូដោយត្បូង និងដៃរបស់ខ្លួន។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានសម្តែងនូវអបទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសម្តែង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអបទានិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អបទានិយត្ថេរាបទាន។

សត្តាហបព្វជិតត្ថេរាបទាន ទី៨

[១៨៨] ក្នុងភពមុន មានព្រះសង្ឃរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ដែល​ទេវតា និងមនុស្សធ្វើសក្ការៈរាប់អានហើយ ខ្ញុំឯងក៏ដល់នូវសេចក្តីវិនាស បានបែក​ចាក​ពួកញាតិ ខ្ញុំចូលទៅកាន់ផ្នួស ដើម្បីរម្ងាប់ទុក្ខព្រួយ ព្រោះសេចក្តីវិនាសនោះ ខ្ញុំត្រេកអរ​ក្នុងផ្នួសនោះ អស់ ៧ ថ្ងៃ ព្រោះប្រាថ្នាបំពេញកិច្ចក្នុងសាសនារបស់ព្រះសាស្តា។ ក្នុង​កប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបួស ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ​ជាផលនៃបព្វជ្ជា។ ក្នុងកប្បទី ៦៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ជាម្ចាស់ផែនដី គេតែងស្គាល់ថា ព្រះបាទសុនេក្ខម្មៈដូចគា្ន ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសត្តាហបព្វជិតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សត្តាហបព្វជិតត្ថេរាបទាន។

ពុទ្ធុបដ្ឋាយិកត្ថេរាបទាន ទី៩

[១៨៩] កាលនោះ ខ្ញុំឈ្មោះវេធម្ភិនី បិតារបស់ខ្ញុំ ក៏ឈ្មោះវេធម្ភិនីដែរ បិតាខ្ញុំ ដឹកដៃ​ខ្ញុំចូលទៅរកព្រះមហាមុនី ឯព្រះមហាមុនី សម្តែងប្រាប់ខ្ញុំថា ព្រះពុទ្ធទាំងឡាយនេះ ជា​អគ្គនាយកក្នុងលោក ខ្ញុំជ្រះថ្លា បានបម្រើព្រះពុទ្ធទាំងនោះដោយគោរព ដោយដៃរបស់​ខ្លួន។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបម្រើព្រះពុទ្ធ​ទាំងឡាយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបម្រើ។ ក្នុងកប្បទី ២៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ មានព្រះនាមសមណុបដ្ឋាកៈដូចគា្ន ទ្រង់មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពុទ្ធុបដ្ឋាយិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពុទ្ធុបដ្ឋាយិកត្ថេរាបទាន។

បុព្វង្គមនិយត្ថេរាបទាន ទី១០

[១៩០] ពួកយើង ៨៤.០០០ នាក់ មិនមានសេចក្តីកង្វល់ បានបួសហើយ ដើម្បី​សម្រេច​នូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ខ្ញុំឯងជាប្រធានរបស់កុលបុត្រទាំងនោះ។ ឯកុលបុត្រ​ទាំងនុ៎ះ នៅមាន​រាគៈ និងមោហៈ តែមានចិត្តជ្រះថ្លា បានបម្រើព្រះសម្ពុទ្ធ​ ដែលមាន​ឥន្រ្ទិយថ្លា​ស្អាត មិនមានកករល្អក់ ដោយគោរព ដោយដៃរបស់ខ្លួន។ ព្រះសយម្ភូ​ទាំងឡាយ​ ដែលពួកមារផ្ចាញ់មិនបាន ព្រះអង្គជាព្រះខីណាស្រព មានទោសៈខ្ជាក់ចោល​ហើយ មាន​សោឡសកិច្ច ធ្វើរួចហើយ មិនមានអាសវៈ តែងផ្សាយមេត្តាចិត្ត។ ពួក​យើងបាន​បម្រើព្រះសម្ពុទ្ធទាំងនោះ ដោយសេចក្តីកោតក្រែង លុះដល់មរណៈ ក៏បានទៅ​កាន់​អត្តភាពជាទេវតា ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានរក្សាសីល ខ្ញុំមិន​ដែលស្គាល់ទុគ្គតិ នេះជាផលនៃការសង្រួមក្នុងសីល។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះបុព្វង្គមនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បុព្វង្គមនិយត្ថេរាបទាន។

ឧទ្ទាន

បណ្ណទាយកត្ថេរាបទាន ១ ផលទាយកត្ថេរាបទាន ១ បច្ចុគ្គមនិយត្ថេរាបទាន ១ ឯកបុប្ផិយត្ថេរាបទាន ១ មឃវបុប្ផិយត្ថេរាបទាន ១ ឧបដ្ឋាយិកត្ថេរាបទាន ១ អបទានិយត្ថេរាបទាន ១ សត្តាហបព្វជិតត្ថេរាបទាន ១ ពុទ្ធុបដ្ឋាយិកត្ថេរាបទាន ១ បុព្វង្គមនិយត្ថេរាបទាន ១ មានគាថា ៤៨ ដែលអ្នកប្រាជ្ញសម្តែងទុកហើយ។

ចប់ បណ្ណទាយកវគ្គ ទី២៩។

ចិតកបូជកវគ្គ ទី៣០

ចិតកបូជកត្ថេរាបទាន ទី១

[១៩១] កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ឈ្មោះអជិតៈ ខ្ញុំប្រាថ្នានឹងបូជានូវគ្រឿង​បូជា បានប្រមូលផ្កាផ្សេងៗ។ ខ្ញុំឃើញជើងថ្ករ ដែលកំពុងរុងរឿង របស់ព្រះពុទ្ធព្រះនាម​សិខី ព្រះអង្គជាផៅពង្សនៃសត្វលោក ហើយយកផ្កានោះ​មករោយរាយចុះត្រង់ជើងថ្ករ។ ក្នុង​កប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិន​ដែល​ស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច​ចក្រពត្តិ ៧ ជាតិ ជាធំជាងពួកមនុស្ស ព្រះនាមសុបជ្ជលិតៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះចិតកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចិតកបូជកត្ថេរាបទាន។

បុប្ផធារកត្ថេរាបទាន ទី២

[១៩២] ខ្ញុំស្លៀកសម្ពត់សម្បកឈើ ដណ្តប់សំពត់ស្បែកខ្លា ញ៉ាំងអភិញ្ញា ៥ ឲ្យ​កើត ជាអ្នកស្ទាបអង្អែលព្រះចន្ទ្របាន។ ខ្ញុំបានឃើញព្រះវិបស្សី ព្រះអង្គបំភ្លឺលោក ដែល​កំពុងស្តេចមកកាន់សំណាក់របស់ខ្ញុំ ទើបខ្ញុំបាំងផ្កាបារិច្ឆត្តកព្រឹក្សថ្វាយព្រះសាស្តា។ ក្នុង​កប្ប​ទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបាំងផ្កាថ្វាយ ខ្ញុំមិនដែល​ស្គាល់​ទុគ្គតិ នេះជាផលនៃការបាំងផ្កា។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច​ចក្រពត្តិមួយអង្គ ជាម្ចាស់ផែនដី ព្រះនាមសមន្តធរណៈ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបុប្ផធារកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បុប្ផធារកត្ថេរាបទាន។

ឆត្តទាយកត្ថេរាបទាន ទី៣

[១៩៣] ក្នុងកាលនោះ កូនរបស់ខ្ញុំបួស ស្លៀកសម្ពត់កាសាយៈ កូនខ្ញុំនោះ បានដល់​ភាពជាព្រះពុទ្ធ ដែលសត្វលោកបូជា បានបរិនិព្វានហើយ។ ខ្ញុំស្វែងរកកូនរបស់ខ្លួន ក៏ទៅកាន់ជើងថ្ករ របស់ព្រះពុទ្ធដ៏ប្រសើរ ជាកូនរបស់ខ្ញុំ ដែលបរិនិព្វានហើយ នៅខាង​ក្រោយអារាម។ កាលនោះ ខ្ញុំផ្គងអញ្ជលី ថ្វាយបង្គំជើងថ្ករ ត្រង់កន្លែងនោះ ហើយខ្ញុំ​កាន់ស្វេតច្ឆត្រថ្វាយ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាឆត្រ ខ្ញុំមិន​ដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឆត្រ។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើត​ជាស្តេចចក្រពត្តិ ៧ ជាតិ ជាធំជាងជន ព្រះនាមមហារហៈដូចគ្នា ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឆត្តទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឆត្តទាយកត្ថេរាបទាន។

សទ្ទសញ្ញកត្ថេរាបទាន ទី៤

[១៩៤] កាលព្រះអាទិត្យមិនទាន់រះឡើង សេចក្តីជ្រះថ្លាយ៉ាងខ្លាំង ចំពោះព្រះពុទ្ធដ៏ប្រសើរ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ក៏កើតមានប្រាកដក្នុងលោក។ ខ្ញុំបានឮសំឡេង​ប្រកាសថា ព្រះពុទ្ធត្រាស់ហើយក្នុងទីនោះ តែខ្ញុំឥតបានឃើញព្រះជិនស្រីនោះឡើយ លុះ​ដល់ខ្ញុំជិត​នឹងមរណកាល ខ្ញុំបានចាប់ភ្លឹកនឹកដល់ព្រះពុទ្ធ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុង​កាលនោះ ព្រោះហេតុដែលខ្ញុំបាននូវពុទ្ធសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសទ្ទសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សទ្ទសញ្ញកត្ថេរាបទាន។

គោសីសនិក្ខេបកត្ថេរាបទាន ទី៥

[១៩៥] ខ្ញុំបានក្រាលកម្រាលទ្រនាប់ជើង ចេញអំពីទ្វារអារាម (ថ្វាយចំពោះសង្ឃ) ខ្ញុំបាន​ទទួលកុសលកម្មរបស់ខ្លួននេះ នេះជាផលនៃបុព្វកម្ម។ ខ្ញុំបាននូវពាហនៈ​ទាំងអស់នុ៎ះ គឺសេះអាជានេយ្យ មានសន្ទុះដូចខ្យល់ និងសេះសិន្ធព ជាពាហនៈដ៏លឿន នេះជាផល​នៃកម្រាលទ្រនាប់ជើង។ ឱ ! គ្រឿងសក្ការៈ ជាសក្ការៈដ៏ថ្លៃថ្លា ដែលខ្ញុំបានធ្វើ​ហើយដោយ​ប្រពៃ ចំពោះបុញ្ញក្ខេត្តដ៏ល្អ គ្រឿងសក្ការៈដទៃ មិនដល់មួយចំណិតនៃសក្ការៈ ដែលខ្ញុំធ្វើ​ចំពោះសង្ឃឡើយ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ​បានក្រាល​កម្រាល​ទ្រនាប់ជើង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាល។ ក្នុងកប្បទី ៧៥ ខ្ញុំបាន​កើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមសុបតិដ្ឋិតៈ ទ្រង់មានតេជះច្រើន មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះគោសីសនិក្ខេបកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ គោសីសនិក្ខេបកត្ថេរាបទាន។

បទបូជកត្ថេរាបទាន ទី៦

[១៩៦] កាលនោះ ខ្ញុំកើតជាកិន្នរ នៅនាភ្នំហិមពាន្ត បានឃើញព្រះសម្ពុទ្ធ ព្រះអង្គ​ប្រាសចាកធូលី គឺរាគៈ ដូចជាព្រះអាទិត្យមានរស្មីលឿង។ កាលនោះ ខ្ញុំចូលទៅរក​ព្រះពុទ្ធ ព្រះនាមវិបស្សី ព្រះអង្គជានាយកនៃសត្វលោក ហើយស្រោចនូវខ្លឹមចន្ទន៍ និង​ក្រស្នាលើព្រះបាទា ក្នុងកាលនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ​បានបូជា​ព្រះបាទា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាព្រះបាទា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបទបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បទបូជកត្ថេរាបទាន។

ទេសកិត្តិកត្ថេរាបទាន ទី៧

[១៩៧] ក្នុងកាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ឈ្មោះឧបសាល្ហកៈ ខ្ញុំដើរចូលទៅក្នុង​ព្រៃធំ បានឃើញព្រះលោកនាថ ជានរាសភៈ គួរទទួលនូវគ្រឿងបូជារបស់សត្វលោក ហើយខ្ញុំ​ថ្វាយ​បង្គំទៀបព្រះបាទា ព្រះពុទ្ធទ្រង់ជ្រាបថា ខ្ញុំមានចិត្តជ្រះថ្លាហើយ ក៏ស្តេចបាត់ទៅ។ ខ្ញុំចេញចាកព្រៃធំនោះ ក៏បានរលឹកនឹកដល់ព្រះពុទ្ធដ៏ប្រសើរ ខ្ញុំបានសរសើរនូវ​ប្រទេស​នោះ ហើយរីករាយក្នុងឋានសួគ៌ អស់មួយកប្ប។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានពោលសរសើរនូវប្រទេស ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​ការសរសើរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះទេសកិត្តិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ទេសកិត្តិកត្ថេរាបទាន។

សរណគមនិយត្ថេរាបទាន ទី៨

[១៩៨] កាលនោះ ខ្ញុំកើតជាព្រានព្រៃ នៅនាភ្នំហិមពាន្ត បានឃើញព្រះពុទ្ធ ព្រះនាម​វិបស្សី ព្រះអង្គជាច្បងក្នុងលោក ជានរាសភៈ។ ខ្ញុំចូលទៅជិតព្រះសម្ពុទ្ធ ធ្វើនូវ​ការបម្រើ ទាំងបានថ្វាយខ្លួនជាឧបាសក ដល់សរណៈ (ក្នុងសំណាក់) នៃព្រះសម្ពុទ្ធ ព្រះអង្គជាធំ​ជាងសត្វជើងពីរ ប្រកបដោយតាទិគុណ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុ​ដែលខ្ញុំបានដល់សរណៈ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសរណៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសរណគមនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សរណគមនិយត្ថេរាបទាន។

អម្ពបិណ្ឌិយត្ថេរាបទាន ទី៩

[១៩៩] ខ្ញុំឈ្មោះរោមសៈ តែគេស្គាល់រាល់គ្នាថាទានវៈ ខ្ញុំបានថ្វាយផ្លែស្វាយមួយ​ដុំដល់​ព្រះពុទ្ធ ព្រះនាមវិបស្សី ព្រះអង្គស្វែងរកនូវគុណដ៏ធំ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែស្វាយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ​ផ្លែស្វាយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអម្ពបិណ្ឌិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អម្ពបិណ្ឌិយត្ថេរាបទាន។

អនុសំសាវកត្ថេរាបទាន ទី១០

[២០០] ខ្ញុំបានឃើញព្រះជិនស្រី ព្រះនាមវិបស្សី កំពុងត្រាច់ទៅបិណ្ឌបាត បាន​ថ្វាយ​ចង្ហាន់​មួយវែក ដល់ព្រះសម្ពុទ្ធ ព្រះអង្គជាធំជាងសត្វជើងពីរ ទ្រង់ប្រកបដោយ​តាទិគុណ។ កាលនោះ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយបង្គំ ពោលសរសើរ​ព្រះសម្ពុទ្ធ ដើម្បីសម្រេចនូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះ​ហេតុដែល​ខ្ញុំបានសរសើរព្រះពុទ្ធ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះអនុសំសាវកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អនុសំសាវកត្ថេរាបទាន។

ឧទ្ទាន

ចិតកបូជកត្ថេរាបទាន ១ បុប្ផធារកត្ថេរាបទាន ១ ឆត្តទាយកត្ថេរាបទាន ១ សទ្ទសញ្ញកត្ថេរាបទាន ១ គោសីសនិក្ខេបកត្ថេរាបទាន ១ បទបូជកត្ថេរាបទាន ១ ទេសកិត្តិកត្ថេរាបទាន ១ សរណគមនិយត្ថេរាបទាន ១ អម្ពបិណ្ឌិយត្ថេរាបទាន ១ អនុសំសាវកត្ថេរាបទាន ១ មានគាថា ៤៧ ដែលពួកអ្នកប្រាជ្ញរាប់ហើយ។

ចប់ ចិតកបូជកវគ្គ ទី៣០។

មួយទៀត ឧទ្ទាននៃវគ្គ

កណិការបុប្ផិយវគ្គ ១ ហត្ថិវគ្គ ១ អាលម្ពនទាយកវគ្គ ១ ឧទកាសនទាយិវគ្គ ១ តុវរទាយិវគ្គ ១ ថោមកវគ្គ ១ ឧក្ខេបវគ្គ ១ សីសុបធានវគ្គ ១ បណ្ណទាយវគ្គ ១ ចិតកបូជកវគ្គ ១ ក្នុងវគ្គនេះ មានគាថា ៤៥១ ដោយសព្វគ្រប់។ គាថាទាំងអស់ ១២៥ ផង លើសពីនោះ ៧២ ទៀតផង នៃបទ ១៣០ ដែលអ្នប្រាជ្ញជាអ្នកឃើញនូវប្រយោជន៍ បានរាប់ឃើញហើយ។

ចប់ សតកៈ ទី៣។

ចប់ ភាគ៧៣។

សូមអនុមោទនា !!!

Oben-pfeil