ខុទ្ទកនិកាយ អបទាន

តតិយភាគ
ភាគទី៧៤

សូមនមស្ការ ចំពោះព្រះមានព្រះមាន ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

បទុមកេសរិយវគ្គ ទី៣១

បទុមកេសរិយត្ថេរាបទាន ទី១

[១] ក្នុងភពមុន ខ្ញុំកើតជាដំរីឈ្មោះមាតង្គៈ នៅជិតពួកឥសី បានរោយរាយកេសរផ្កាឈូក ដោយចិត្តជ្រះថ្លា ថ្វាយចំពោះព្រះបច្ចេកពុទ្ធទាំងឡាយ ដែលទ្រង់ស្វែងរកនូវគុណដ៏ធំ។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាចំពោះព្រះបច្ចេកពុទ្ធទាំងនោះ ទ្រង់ឈ្នះមារដ៏ប្រសើរ ទ្រង់មានរាគៈ​កំចាត់​បង់ហើយ ប្រកបដោយតាទិគុណ ហើយបានរីករាយក្នុងឋានសួគ៌អស់ ១ កប្ប។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានរោយកេសរផ្កា ខ្ញុំមិន​ដែល​ស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបទុមកេសរិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បទុមកេសរិយត្ថេរាបទាន។

សព្វគន្ធិយត្ថេរាបទាន ទី២

[២] ខ្ញុំបានថ្វាយគ្រឿងក្រអូប និងកម្រងផ្កាដល់ព្រះពុទ្ធព្រះនាមវិបស្សី ទ្រង់ស្វែងរក​គុណ​ដ៏ធំ ទាំងបានថ្វាយសំពត់កោសេយ្យពស្រ្តដ៏ឧត្តម ដល់ព្រះពុទ្ធ ទ្រង់មានព្រះសន្តាន​ដ៏ត្រង់។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយគ្រឿង​ក្រអូប និងកម្រងផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយគ្រឿងក្រអូប។ ក្នុង​កប្ប​ទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសុវេលៈ ទ្រង់បរិបូណ៌​ដោយ​កែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសព្វគន្ធិយត្ថេរមានអាយុ សម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សព្វគន្ធិយត្ថេរាបទាន។

បរមន្នទាយកត្ថេរាបទាន ទី៣

[៣] ខ្ញុំបានឃើញព្រះពុទ្ធព្រះនាមវិបស្សី ទ្រង់ជាឆ្នើមក្នុងលោក ប្រសើរជាងពួកនរៈ ទ្រង់រុងរឿងដូចផ្កាកណិការ ឬក៏ដូចព្រះអាទិត្យដែលទើបនឹងរះ។ ខ្ញុំផ្គងអញ្ជលី និមន្តឲ្យ​ស្តេច​ទៅផ្ទះរបស់ខ្លួន លុះនាំព្រះសម្ពុទ្ធទៅហើយ ក៏បានថ្វាយនូវបាយាសដ៏ប្រសើរ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយបាយាសដ៏ប្រសើរ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបាយាសដ៏ប្រសើរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦​នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះបរមន្នទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បរមន្នទាយកត្ថេរាបទាន។

ធម្មសញ្ញកត្ថេរាបទាន ទី៤

[៤] មានពិធីឆ្លងមហាពោធិព្រឹក្សរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ឯព្រះសម្ពុទ្ធជា​ច្បង​ក្នុង​លោក ប្រសើរជាងនរៈ ទ្រង់ឋិតនៅទៀបដើមពោធិព្រឹក្ស។ ក្នុងសម័យនោះ ព្រះមានព្រះភាគ ទ្រង់មានភិក្ខុសង្ឃចោមរោម ទ្រង់ប្រកាសសច្ចៈ ៤ ទ្រង់បន្លឺឡើង​នូវវាចា​ដ៏អង់អាច។ ព្រះសម្ពុទ្ធ មានកិលេសជាគ្រឿងបិទបើកហើយ ទ្រង់សម្តែងធម៌ដោយ​បង្រួញ​ផង ដោយពិស្តារផង ទ្រង់ញុំាងមហាជនឲ្យរលត់ទុក្ខ។ ខ្ញុំបានស្តាប់ធម៌របស់​ព្រះសម្ពុទ្ធ​អង្គនោះ ទ្រង់ជាឆ្នើមក្នុងលោក ប្រកបដោយតាទិគុណ ហើយថ្វាយបង្គំ​ព្រះបាទា​របស់ព្រះសាស្តា រួចឈមមុខទៅកាន់ឧត្តរទិស ហើយចៀសចេញទៅ។ ក្នុងកប្ប​ទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានស្តាប់ធម៌ ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃការស្តាប់ធម៌។ ក្នុងកប្បទី ៣៣ អំពីកប្បនេះ ខ្ញុំបានកើតជា​ស្តេច​ចក្រពត្តិមួយអង្គ ព្រះនាមសុតវា ជាម្ចាស់ផែនដី ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះធម្មសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធម្មសញ្ញកត្ថេរាបទាន។

ផលទាយកត្ថេរាបទាន ទី៥

[៥] កាលនោះ មានអាស្រមនៅទៀបឆ្នេរស្ទឹង ឈ្មោះភាគីរសី ខ្ញុំជាអ្នកមិនបានសិក្សា កាន់​យកផ្លែឈើដើរតម្រង់មកអាស្រមនោះ ខ្ញុំបានឃើញព្រះវិបស្សី គង់ក្នុងអាស្រមនោះ ទ្រង់​មាន​រស្មីលឿងដូចព្រះអាទិត្យ ខ្ញុំក៏បានថ្វាយផ្លែឈើទាំងអស់របស់ខ្ញុំ ដល់ព្រះសាស្តា។ ក្នុង​កប្បទី ៩១ អំពីកប្បនេះ កាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ផលទាយកត្ថេរាបទាន។

សម្បសាទិកត្ថេរាបទាន ទី៦

[៦] បពិត្រព្រះពុទ្ធមានព្យាយាម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ ព្រះអង្គផុតស្រឡះហើយ ចាកកិលេសទាំងពួង ខ្ញុំព្រះអង្គដល់ហើយនូវសេចក្តីវិនាស សូមព្រះអង្គជាទីពឹងរបស់​ខ្ញុំនោះ។ ព្រះសិទ្ធត្ថ ទ្រង់មិនមានបុគ្គលប្រៀបផ្ទឹមក្នុងលោក ទ្រង់សម្តែងប្រាប់ខ្ញុំថា ព្រះសង្ឃសើ្មដោយមហាសមុទ្រ ប្រមាណមិនបាន ប្រសើរបំផុត អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ទាំងចូរបណ្តុះនូវពូជដ៏ល្អ ក្នុងព្រះសង្ឃដែលទុកជាស្រែមិនមានធូលីគឺរាគៈ ជាស្រែ​ប្រគល់​ឲ្យ​ផលឥតមានទីបំផុត។ ព្រះសព្វញ្ញូ ជាឆ្នើមក្នុងលោក ព្រះអង្គប្រសើរជាងពួកនរៈ លុះទ្រង់សម្តែងនូវពាក្យនេះ ទ្រង់ប្រៀនប្រដៅខ្ញុំយ៉ាងនេះហើយ ក៏ស្តេចហោះឡើងទៅឯ​ផ្ទៃអាកាស។ កាលដែលព្រះសព្វញ្ញូ ប្រសើរជាងពួកនរៈ ស្តេចពុទ្ធដំណើរទៅហើយ មិនយូរប៉ុន្មាន ខ្ញុំក៏ដល់នូវមរណៈ ហើយបានទៅកើតក្នុងឋានតុសិត។ ក្នុងកាលនោះ ខ្ញុំបានញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះសង្ឃ ដែលជាស្រែមិនមានធូលី ជាស្រែប្រគល់ឲ្យ​ផល​ឥត​មានទីបំផុត ខ្ញុំបានរីករាយហើយក្នុងឋានសួគ៌អស់មួយកប្ប។ ក្នុងកប្បទី ៩៤ អំពី​កប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំមានសេចក្តីជ្រះថ្លា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីជ្រះថ្លា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើឲ្យ​ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសម្បសាទិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់សម្បសាទិកត្ថេរាបទាន។

អារាមទាយកត្ថេរាបទាន ទី៧

[៧] ខ្ញុំបានដាំសួនច្បារ ថ្វាយព្រះមានព្រះភាគព្រះនាមសិទ្ធត្ថ ពួកបក្សីចូលទៅ​អាស្រ័យ​ឰដ៏​ដើមឈើទាំងឡាយ ដែលមានម្លប់ត្រជាក់។ ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់មិនមាន​ធូលីគឺ​កិលេស ទ្រង់គួរទទួលនូវគ្រឿងបូជា ទើបនាំព្រះសម្ពុទ្ធ ជាលោកជេដ្ឋ ប្រសើរជាងពួកនរៈ ទៅក្នុងសួនច្បារ។ ខ្ញុំជាអ្នកមានចិត្តរីករាយ បានថ្វាយផ្លែឈើ និងផ្កាឈើ ទាំងមាន​សេចក្តីជ្រះថ្លាខ្លាំងកើតឡើងក្នុងលំដាប់នោះ ហើយបង្អោនថ្វាយនូវទាននោះ។ ខ្ញុំមានចិត្ត​ជ្រះថ្លា បានថ្វាយទានណាដល់ព្រះពុទ្ធ ផលរមែងកើតសម្រាប់ខ្ញុំ ក្នុងភពដែលខ្ញុំកើត​ហើយ (ព្រោះការថ្វាយទាននោះ)។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ​ហេតុដែលខ្ញុំបានថ្វាយសួនច្បារ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសួនច្បារ។ ក្នុង​កប្បទី ៣៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ព្រះនាមបុទុសីតលៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។

បានឮថា ព្រះអារាមទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អារាមទាយកត្ថេរាបទាន។

អនុលេបទាយកត្ថេរាបទាន ទី៨

[៨] ខ្ញុំបានឃើញសាវ័ករបស់ព្រះមុនី ព្រះនាមអត្ថទស្សី កំពុងធ្វើនវកម្ម ខ្ញុំក៏ដើរចូលទៅ​ក្នុងដែន។ កាលដែលនវកម្ម​រួចស្រេច ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ក៏បានថ្វាយថ្នាំ​លាបដល់សាវ័ក ជាបុញ្ញក្ខេត្តដ៏ប្រសើរ។ ក្នុងកប្បទី ១.៨០០ ក្នុងកាលនោះ ព្រោះហេតុ​ដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃថ្នាំលាប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះអនុលេបទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អនុលេបទាយកត្ថេរាបទាន។

ពុទ្ធសញ្ញិកត្ថេរាបទាន ទី៩

[៩] ខ្ញុំបានយល់សប្តិឃើញថា ព្រះសិទ្ធត្ថជាលោកនាយក ទ្រង់ជាឆ្នើមក្នុងត្រៃលោក ទ្រង់ប្រសើរជាងពួកនរៈ ទ្រង់មានឥន្រ្ទិយស្ងប់រម្ងាប់ ស្តេចពុទ្ធដំណើរទៅក្នុងចន្លោះព្រៃ ទ្រង់មានរស្មីដូចព្រះអាទិត្យដែលទើបនឹងរៈ ឬដូចព្រះអាទិត្យដែលមានរស្មីលឿង ខ្ញុំបាន​ញុំាង​ចិត្តឲ្យជ្រះថ្លាចំពោះព្រះអង្គនោះហើយ បានទៅកើតក្នុងសុគតិ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធសញ្ញា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់​ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះពុទ្ធសញ្ញិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពុទ្ធសញ្ញិកត្ថេរាបទាន។

បព្ភារទាយកត្ថេរាបទាន ទី១០

[១០] ខ្ញុំបានសំអាតញកថ្វាយព្រះមានព្រះភាគ ព្រះនាមបិយទស្សី ព្រះអង្គប្រកប​ដោយតាទិគុណ ទាំងបានតម្កល់ទុកនូវក្អមទឹកសម្រាប់ប្រើប្រាស់។ ព្រះពុទ្ធជាមហាមុនី ព្រះនាមបិយទស្សី ទ្រង់ព្យាកររឿងនោះប្រាប់ខ្ញុំថា ប្រាសាទជាវិការៈនៃកែវមណីខៀវ មានកម្ពស់មួយពាន់សង្កាត់ព្រួញ [ព្រួញដែលបាញ់ឡើងទៅអស់សន្ទុះ ហើយធ្លាក់ចុះមក​វិញ ហៅថា មួយសង្កាត់ព្រួញ។ អដ្ឋកថា។] មានជាន់ច្រើន បរិបូណ៌ដោយទង់នោះផង រតនៈដ៏ច្រើនផង នឹងកើតឡើងសម្រាប់អ្នក ខ្ញុំបានថ្វាយញកជាទាន ហើយខ្ញុំបានរីករាយ​ក្នុងឋានសួគ៌អស់មួយកប្ប។ ក្នុងកប្បទី ៣២ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសុពុទ្ធៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះបព្ភារទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បព្ភារទាយកត្ថេរាបទាន។

ឧទ្ទាន

បទុមកេសរិយត្ថេរាបទាន ១ សព្វគន្ធិយត្ថេរាបទាន ១ បរមន្នទាយកត្ថេរាបទាន ១ ធម្មសញ្ញិកត្ថេរាបទាន ១ ផលទាយកត្ថេរាបទាន ១ សម្បសាទិកត្ថេរាបទាន ១ អារាមទាយកត្ថេរាបទាន ១ អនុលេបទាយកត្ថេរាបទាន ១ ពុទ្ធសញ្ញិកត្ថេរាបទាន ១ បព្ភារទាយកត្ថេរាបទាន ១ មានគាថា ៥១ ដែលអ្នកប្រាជ្ញទាំងឡាយ បានគណនាហើយ។

ចប់ បទុមកេសរិយវគ្គ ទី៣១។

អារក្ខទាយកវគ្គ ទី៣២

អារក្ខទាយកត្ថេរាបទាន ទី១

[១១] ខ្ញុំបានឲ្យគេធ្វើរបងផង ខ្ញុំបានថ្វាយជនអ្នករក្សាផង ដល់ព្រះមុនីព្រះនាមធម្មទស្សី ទ្រង់ជាធំជាងសត្វជើងពីរ ប្រកបដោយតាទិគុណ។ ក្នុងកប្បទី ១.៨០០ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ ខ្ញុំបានដល់នូវ​ការអស់ទៅនៃអាសវៈដោយសេសសល់នៃកម្មនោះ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអារក្ខទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អារក្ខទាយកត្ថេរាបទាន។

ភោជនទាយកត្ថេរាបទាន ទី២

[១២] ព្រះជិនស្រី ទ្រង់មានព្រះជាតិដ៏ល្អដូចលំពង់សាលព្រឹក្ស ទ្រង់មានកម្ពស់សមដូច​ដើមម្រុំ ទ្រង់រុងរឿងសព្វកាលដូចលំពង់ឥន្ទព្រឹក្សឰដ៏អាកាស។ ខ្ញុំមានចិត្តជ្រះថ្លាបាន​ថ្វាយ​ភោជន ដល់ព្រះវេស្សភូអង្គនោះ ដែលជាទេវតាក្រៃលែងជាងទេវតា ទ្រង់ស្វែងរក​នូវគុណដ៏ធំ។ ព្រះពុទ្ធជាសយម្ភូទ្រង់ឈ្នះមារ ទ្រង់អនុមោទនាភោជនទានរបស់ខ្ញុំនោះថា ផលចូរសម្រេចដល់អ្នក ក្នុងភពដែលអ្នកកើតចុះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុង​កាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃ​ភោជន​ទាន។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាម​អមិត្តកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះភោជនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ភោជនទាយកត្ថេរាបទាន។

គតសញ្ញកត្ថេរាបទាន ទី៣

[១៣] ខ្ញុំបានឃើញព្រះជិនស្រី ព្រះនាមសិទ្ធត្ថ ស្តេចពុទ្ធដំណើរទៅកាន់ឋានសួគ៌​ឰដ៏​អាកាស ដែលមិនមានស្នាមជើង ខ្ញុំបានឃើញនូវចីវរព្រះសម្មាសម្ពុទ្ធដែល​ខ្យល់បក់ត្រូវ​ហើយ សេចក្តីត្រេកអររបស់ខ្ញុំ ទុកជាគ្រឿងបូជា ព្រោះឃើញដំណើរព្រះមុនី ក្នុងខណៈ​នោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធសញ្ញា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះគតសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ គតសញ្ញកត្ថេរាបទាន។

សត្តបទុមិយត្ថេរាបទាន ទី៤

[១៤] ខ្ញុំជាព្រាហ្មណ៍ឈ្មោះនេសាទ នៅទៀបឆ្នេរស្ទឹង បានបោសសំអាតអាស្រមដោយ​ផ្កាឈូក។ ខ្ញុំមានសេចក្តីរីករាយកើតឡើង ព្រោះឃើញព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថជា​លោកនាយក ទ្រង់មានសម្បុរដូចមាស កាលដែលទ្រង់ពុទ្ធដំណើរទៅតាមព្រៃ។ ខ្ញុំបាន​ក្រោក​ទទួលព្រះសម្ពុទ្ធទ្រង់ជាឆ្នើមក្នុងលោក ប្រសើរជាងពួកនរៈ ហើយនាំទៅឯអាស្រម រួចរោយរាយដោយផ្កាឈូក។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែល​ខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ព្រះនាមបាទបាវរៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសត្តបទុមិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំនេះ ដោយប្រការដូច្នេះ។

ចប់ សត្តបទុមិយត្ថេរាបទាន។

បុប្ផាសនទាយកត្ថេរាបទាន ទី៥

[១៥] (ខ្ញុំបានឃើញ) នូវព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថ ទ្រង់ឈ្នះមារ ទ្រង់មានសម្បុរដូចមាស ឬដូចព្រះអាទិត្យមានរស្មីច្រើន ដែលស្តេចយាងក្នុងទីជិតខ្ញុំ។ ខ្ញុំមានចិត្តជ្រះថ្លាបានក្រោក​ទទួលព្រះសម្ពុទ្ធអង្គនោះ ហើយនិមន្តឲ្យស្តេចចូលទៅឯអាស្រម ហើយថ្វាយអាសនៈ​ផ្កា។ កាលនោះ ខ្ញុំមានសេចក្តីរីករាយកើតឡើង ទើបផ្គងអញ្ជលី ធ្វើចិត្តឲ្យជ្រះថ្លាចំពោះ​ព្រះពុទ្ធ ហើយបង្អោនចិត្តទៅរកអំពើនោះថា បុណ្យណា ដែលខ្ញុំបានធ្វើហើយ ចំពោះ​ព្រះសយម្ភូ ទ្រង់ឈ្នះមារ ខ្ញុំសូមឲ្យជាអ្នកប្រាសចាកមន្ទិល ក្នុងព្រះពុទ្ធសាសនា​ដោយ​កុសលកម្មទាំងអស់នោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែល​ខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយអាសនៈផ្កា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបុប្ផាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បុប្ផាសនទាយកត្ថេរាបទាន។

អាសនត្ថវិកត្ថេរាបទាន ទី៦

[១៦] កាលនោះ ខ្ញុំដើរសំដៅទៅឯឧត្តមចេតិយ នៃព្រះលោកពន្ធុព្រះនាមសិខី ដែលនៅ​ក្នុងព្រៃធំ។ កាលខ្ញុំដើរចេញមកអំពីព្រៃវិញ ក៏បានឃើញព្រះពុទ្ធគង់លើសីហាសនៈ ខ្ញុំធ្វើ​សម្ពត់ឆៀងស្មាម្ខាង ហើយធ្វើអញ្ជលីសរសើរព្រះលោកនាយក។ លុះខ្ញុំសរសើរ​ព្រះសម្ពុទ្ធ​អគ្គនាយក​ក្នុងលោក អស់ចំណែកមួយថ្ងៃ ជាអ្នកមានចិត្តរីករាយ បានពោល​វាចានេះថា បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គជា​បុរសខ្ពង់ខ្ពស់ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គមានព្យាយាមធំ ជាចម្បងក្នុងលោក ទ្រង់ប្រសើរជាងពួកនរៈ ព្រះអង្គជាសព្វញ្ញូពុទ្ធ។ លុះខ្ញុំបានសរសើរព្រះសម្ពុទ្ធព្រះនាម​សិខី ដោយការធ្វើនិមិត្តហើយ ក៏ថ្វាយបង្គំព្រះអង្គ ដែលទ្រង់កំពុងគង់នៅ រួចដើរចេញទៅ ឈមមុខទៅកាន់ឧត្តរទិស។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុ​ដែលខ្ញុំបានសរសើរព្រះពុទ្ធ ទ្រង់ប្រសើរជាងពួកអ្នកប្រាជ្ញ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ព្រះនាមអតុល្យៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើប្រតិបត្តិហើយ។

បានឮថា ព្រះអាសនត្ថវិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អាសនត្ថវិកត្ថេរាបទាន។

សទ្ទសញ្ញកត្ថេរាបទាន ទី៧

[១៧] ព្រះពុទ្ធព្រះនាមសុទស្សនៈ មានព្យាយាមធំ ទ្រង់សម្តែងនូវអមតបទ មានពួក​សាវ័ក​ចោមរោម ទ្រង់គង់នៅក្នុងផ្ទះដ៏ប្រសើរ ទ្រង់សង្រ្គោះមហាជនដោយព្រះវាចាដ៏ពីរោះ សម្លេង​សរសើរព្រះពុទ្ធផ្សាយទៅពេញទេវលោក និងមនុស្សលោក។ ខ្ញុំបានស្តាប់ពាក្យ​ឃោសនាហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លា ក្នុងសំឡេងសរសើរព្រះមហេសី ទ្រង់ញុំាង​ប្រយោជន៍​ឲ្យសម្រេច ទើបខ្ញុំថ្វាយបង្គំព្រះលោកនាយក។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​ពុទ្ធសញ្ញា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសទ្ទសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សទ្ទសញ្ញកត្ថេរាបទាន។

តិរំសិយត្ថេរាបទាន ទី៨

[១៨] (ខ្ញុំបានឃើញ) នូវព្រះសិទ្ធត្ថ ទ្រង់ញុំាងទិសទាំងឡាយឲ្យភ្លឺ គង់​នៅត្រង់ចន្លោះភ្នំ ជាអភិជាតិ ទ្រង់មានរស្មីរុងរឿង ដូចកេសររាជសីហ៍ ឬដូចគំនរភ្លើងលើភ្នំ។ ខ្ញុំមានបីតិ​កើតឡើង ព្រោះឃើញពន្លឺព្រះអាទិត្យផង ពន្លឺព្រះចន្រ្ទផង ពន្លឺព្រះពុទ្ធផង មានសភាព​ដូចគ្នា។ ខ្ញុំឃើញពន្លឺទាំង ៣ ឃើញសាវ័កដ៏ឧត្តម ហើយធ្វើស្បែកខ្លាឃ្មុំឆៀងស្មាម្ខាង រួចសរសើរព្រះលោកនាយក។ សេចក្តីពិតថា ពន្លឺដ៏វិសេស ៣ យ៉ាងក្នុងលោក គឺព្រះចន្រ្ទ ១ ព្រះអាទិត្យ ១ ព្រះពុទ្ធជាលោកនាយក ១ ជាពន្លឺកំចាត់បង់នូវងងឹតក្នុងលោក។ ខ្ញុំបាន​អាងឧបមា ហើយសរសើរព្រះមហាមុនី ព្រោះខ្ញុំបានសរសើរព្រះពុទ្ធ ក៏រីករាយក្នុង​ឋានសួគ៌​អស់មួយកប្ប។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែល​ខ្ញុំបានសរសើរពុទ្ធគុណ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ។ ក្នុងកប្បទី ៦១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមញាណវរៈ ទ្រង់បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។

បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះតិរំសិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តិរំសិយត្ថេរាបទាន។

នាលិបុប្ផិយត្ថេរាបទាន ទី៩

[១៩] កាលនោះ ខ្ញុំបានកើតជាអ្នកភ្ជួររាស់ នៅក្បែរត្រើយទន្លេសិន្ធុ បានប្រកបក្នុងការងារ​របស់ជនដទៃ ចិញ្ចឹមជីវិតដោយថ្លៃឈ្នួលរបស់ជនដទៃ។ កាលខ្ញុំដើរទៅតាមទន្លេសិន្ធុ ក៏បានឃើញ​ព្រះជិនស្រី ព្រះនាមសិទ្ធត្ថ ទ្រង់គង់នៅដោយសមាធិ ទ្រង់មាន​រស្មីរុងរឿង​ដូចផ្កាឈូករីក។ កាលនោះ ខ្ញុំបានកាត់ផ្កាឈូក ៧ ទាំងទង ដាក់ប្រទូលលើក្បាល នាំយកទៅបូជាព្រះសម្ពុទ្ធ ជាព្រះអាទិច្ចពន្ធុ។ ខ្ញុំបានចូលទៅជិតព្រះសម្ពុទ្ធ ដែលទ្រង់​មាន​សម្បុរដូចមាស ទ្រង់គង់ស្មឹងស្មាធិ៍ នៅជិតត្រើយទន្លេ ព្រះអង្គដូចដំរីមាតង្គៈចុះប្រេង ៣ អន្លើ ដែលគ្របសង្កត់បានដោយកម្រ ទ្រង់មានបញ្ញាចាស់ មានឥន្ទ្រិយអប់រំហើយ ទើបខ្ញុំផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តាជាម្ចាស់។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាល​នោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះនាលិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ នាលិបុប្ផិយត្ថេរាបទាន។

កុមុទមាលិយត្ថេរាបទាន ទី១០

[២០] ខ្ញុំយកកម្រងផ្កាកុមុទ ទៅបូជាព្រះពុទ្ធដ៏ប្រសើរ ព្រះនាមវិបស្សី ជាឧសភៈដ៏ប្រសើរ ទ្រង់មានព្យាយាម ជាអ្នកស្វែងរកនូវគុណដ៏ធំ ទ្រង់ឈ្នះមារ ជាមហាវិរបុរស ដូចរាជសីហ៍ ជាអភិជាតិ ទ្រង់គួរទទួលគ្រឿងបូជា កំពុងពុទ្ធដំណើរក្នុងច្រក។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ​ជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះកុមុទមាលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ កុមុទមាលិយត្ថេរាបទាន។

ឧទ្ទាន

អារក្ខទាយកត្ថេរាបទាន ១ ភោជនទាយកត្ថេរាបទាន ១ គតសញ្ញកត្ថេរាបទាន ១ បទុមិយត្ថេរាបទាន ១ បុប្ផាសនទាយកត្ថេរាបទាន ១ អាសនត្ថវិកត្ថេរាបទាន ១ សទ្ទសញ្ញកត្ថេរាបទាន ១ តិរំសិយត្ថេរាបទាន ១ នាលិបុប្ផិយត្ថេរាបទាន ១ កុមុទមាលិយត្ថេរាបទាន ១ មានគាថា ៥៧។

ចប់ អារក្ខទាយកវគ្គ ទី៣២។

ឧម្មាបុប្ផិយវគ្គ ទី៣៣

ឧម្មាបុប្ផិយត្ថេរាបទាន ទី១

[២១] ខ្ញុំបានឃើញព្រះសិទ្ធត្ថប្រសើរជាងពួកនរៈ ទ្រង់មានព្រះទ័យតម្កល់មាំខ្ជាប់ខ្ជួន ទ្រង់ឈ្នះមារ ទ្រង់ចូលសមាធិ។ ខ្ញុំកាន់យកផ្កាត្រកៀតបូជាព្រះពុទ្ធ ផ្កាទាំងអស់មាន​ក្បាលតែមួយ មានទងឡើងលើ មានមុខចុះក្រោម វិចិត្រល្អដូចជាកម្រាលផ្កា ប្រតិស្ថាន​ឰដ៏អាកាស ខ្ញុំបានកើតក្នុងឋានតុសិត ដោយចិត្តជ្រះថ្លានោះ។ ក្នុងកប្បទី ៩៤ អំពី​កប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផល​នៃ​ពុទ្ធបូជា។ ក្នុងកប្បទី ៥៥ អំពីកប្បនេះ ក្នុងកាលនោះ ខ្ញុំបានកើតជាស្តេច​ចក្រពត្តិ​មួយអង្គ ព្រះនាមសមន្តច្ឆទនៈ ជាធំលើផែនដី ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះឧម្មាបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧម្មាបុប្ផិយត្ថេរាបទាន។

បុឡិនបូជកត្ថេរាបទាន ទី២

[២២] ខ្ញុំបានឃើញព្រះពុទ្ធ ប្រសើរជាងនរៈ ទ្រង់យាងយាសដូចលំពង់ថ្ងាន់ ឬដូច​និសភអាជានេយ្យ ទ្រង់រុងរឿងភ្លឺស្វាងដូចផ្កាយព្រឹក។ ខ្ញុំផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តា​ហើយ​សរសើរព្រះសាស្តា ខ្ញុំរីករាយដោយកុសលកម្មរបស់ខ្លួន។ ខ្ញុំបានកើបខ្សាច់ដ៏ស្អាត ដក់មួយថ្នក់ យកទៅរោយរាយត្រង់ផ្លូវដែលព្រះមហេសី ព្រះនាមវិបស្សី ស្តេចយាងទៅ។ លំដាប់នោះ ខ្ញុំមានចិត្តជ្រះថ្លា បានចាក់ខ្សាច់ពាក់កណ្តាលត្រង់បង្ហារ​សម្រាប់សម្រាក​ក្នុងវេលាថ្ងៃនៃព្រះពុទ្ធ ទ្រង់ជាធំជាងសត្វជើងពីរ ប្រកបដោយតាទិគុណ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានរោយរាយខ្សាច់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃ​ការរោយរាយខ្សាច់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបុឡិនបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បុឡិនបូជកត្ថេរាបទាន។

ហាសជនកត្ថេរាបទាន ទី៣

[២៣] ខ្ញុំបានឃើញបំសុកូលិកចីវរ របស់ព្រះសាស្តាដែលព្យួរលើចុងឈើ ហើយផ្គង​អញ្ជលី​បន្លឺវាចាឡើងយ៉ាងខ្លាំង។ សេចក្តីរីករាយក៏កើតមានដល់ខ្ញុំ ព្រោះបានឃើញអំពី​ចម្ងាយ ទើបខ្ញុំផ្គងអញ្ជលី ញុំាងចិត្តឲ្យជ្រះថ្លាក្រៃលែង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​ពុទ្ធសញ្ញា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះហាសជនកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ហាសជនកត្ថេរាបទាន។

យញ្ញសាមិកត្ថេរាបទាន ទី៤

[២៤] ខ្ញុំមានអាយុ ៧ ឆ្នាំ រាប់អំពីឆ្នាំកំណើត បានចេះចប់មន្ត បានទ្រទ្រង់វង្សត្រកូល ខ្ញុំបានលើកតម្កើងយញ្ញវិធី។ កាលនោះ ខ្ញុំនាំយកសត្វចិញ្ចឹម ៨ ម៉ឺន ៤ ពាន់មក​ចងក្រៀក​នឹងសសរខ្លឹម បម្រុងទុកនឹងសម្លាប់បូជាយញ្ញ។ ព្រះសម្ពុទ្ធព្រះនាមសិទ្ធត្ថ ទ្រង់ញុំាង​ប្រយោជន៍ទាំងអស់ឲ្យសម្រេច ទ្រង់ទម្លាក់ចោលនូវរបស់មិនជាប្រយោជន៍ក្នុងត្រៃលោក ទ្រង់ដូចជាមុខគប់ភ្លើងត្រូវខ្យល់បក់ ឬដូចរងើកឧសគគីរ ពុំនោះសោត ដូចព្រះអាទិត្យ​ដែលទើបនឹងរះឡើង ឬដូចព្រះចន្ទពេញវង់ ទ្រង់ចូលមកជិតខ្ញុំ ហើយត្រាស់ព្រះពុទ្ធដីកា​នេះថា នែកុមារ ការមិនបៀតបៀនសត្វទាំងអស់ រមែងពេញចិត្តតថាគត ការវៀរចាក​ការលួច ការប្រព្រឹត្តិកន្លង (បរទារកកម្ម) និងការផឹកទឹកស្រវឹង ១ សេចក្តីត្រេកអរ​ចំពោះ​ការប្រព្រឹត្តិសើ្ម ១ ភាពជាពហុស្សូត ១ កតញ្ញុតា ១ ធម៌ទាំងនេះ បណ្ឌិតសរសើរក្នុង​បច្ចុប្បន្ន ទាំងបរលោក។ អ្នកចូរអប់រំធម៌ទាំងនេះ ហើយត្រេកអរនឹងប្រយោជន៍សព្វសត្វ ចូរញុំាងចិត្តឲ្យជ្រះថ្លា​ចំពោះព្រះពុទ្ធ ហើយអប់រំនូវមគ្គដ៏ប្រសើរ។ លុះព្រះសព្វញ្ញូជាច្បង​ក្នុង​លោក ប្រសើរជាងពួកនរៈ ទ្រង់ត្រាស់នូវភាសិតប្រៀនប្រដៅខ្ញុំយ៉ាងនេះហើយ ទើបស្តេច​ពុទ្ធដំណើរទៅកាន់អាកាសទៅ។ ខ្ញុំបានជម្រះចិត្ត ក្នុងកាលមុន ហើយញុំាង​ចិត្តឲ្យជ្រះថ្លាក្នុងកាលជាខាងក្រោយ ក៏បានចូលទៅកើតក្នុងឋានតុសិត ដោយការធ្វើចិត្ត​ឲ្យជ្រះថ្លានោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ​បាន​ញុំាងចិត្តឲ្យជ្រះថ្លា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធសញ្ញា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះយញ្ញសាមិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ យញ្ញសាមិកត្ថេរាបទាន។

និមិត្តសញ្ញកត្ថេរាបទាន ទី៥

[២៥] ខ្ញុំនៅក្នុងអាស្រម ទៀបឆ្នេរស្ទឹងចន្ទភាគា បានក្រឡេកឃើញម្រឹគមានសម្បុរ​ដូចមាស ដែលកំពុងត្រាច់ក្នុងព្រៃធំ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លាចំពោះម្រឹគ ហើយនឹកដល់​ព្រះសម្ពុទ្ធជាច្បងក្នុងលោក ទាំងនឹកដល់ព្រះពុទ្ធដទៃៗ ទៀត ដោយចិត្តជ្រះថ្លានោះថា ព្រះពុទ្ធទាំងឡាយណា ដែលកន្លងទៅហើយក្តី ដែលកំពុងត្រាស់ដឹងក្នុងបច្ចុប្បន្ននេះក្តី ដែលនឹងមកត្រាស់ដឹងក្នុងអនាគតកាលក្តី ព្រះពុទ្ធទាំង ៣ ពួកនោះ រុងរឿងដូចជា​ស្តេចម្រឹគ យ៉ាងនេះឯង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែល​ខ្ញុំបាននូវសញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធសញ្ញា។ ក្នុងកប្បទី ២៧ អំពី​កប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយព្រះអង្គ ព្រះនាមអរញ្ញសត្ត ជាម្ចាស់ផែនដី ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះនិមិត្តសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ និមត្តសញ្ញកត្ថេរាបទាន។

អន្នសំសាវកត្ថេរាបទាន ទី៦

[២៦] ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ មានវណ្ណៈដូចមាស ប្រាកដស្មើគ្រឿងបូជាមាស មាន​លក្ខណៈ ៣២ ប្រការ ដែលកំពុងទ្រង់ពុទ្ធដំណើរទៅត្រង់រានផ្សារ។ ខ្ញុំនាំព្រះសម្ពុទ្ធ​ព្រះនាម​សិទ្ធត្ថ ទ្រង់ញុំាងប្រយោជន៍ទាំងពួងឲ្យសម្រេច មិនញាប់ញ័រដោយកិលេស ទ្រង់ឈ្នះមារ ហើយខ្ញុំញុំាងព្រះមហាមុនីអង្គនោះ ឲ្យសោយចង្ហាន់។ កាលនោះ ព្រះមុនីទ្រង់ប្រកបដោយករុណា ទ្រង់ញុំាងខ្ញុំឲ្យភ្លឺស្វាងក្នុងលោក ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លា​ចំពោះ​ព្រះពុទ្ធ ហើយបានរីករាយក្នុងឋានសួគ៌អស់មួយកប្ប។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​ការ​ថ្វាយចង្ហាន់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះអន្នសំសាវកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អន្នសំសាវកត្ថេរាបទាន។

និគ្គុណ្ឌិបុប្ផិយត្ថេរាបទាន ទី៧

[២៧] កាលណាទេវតានឹងច្យុតចាកពួកទេវតា ដោយអស់អាយុ សម្លេង ៣ យ៉ាងរបស់ពួក​ទេវតាអ្នករីករាយតាម តែងលាន់ឮឡើងថា ម្នាលអ្នកដ៏ចម្រើន បើអ្នកចុះចាកទេវលោក​នេះ ចូរទៅកាន់សុគតិ កើតជាមួយនឹងពួកមនុស្សចុះ លុះអ្នកបានកើតជាមនុស្សហើយ ចូរបាននូវសទ្ធាដ៏ប្រសើរចំពោះព្រះសទ្ធម្ម សទ្ធានោះដែលអ្នកតម្កល់មាំហើយ នឹងកើតជា​ឫសខ្ជាប់ខ្ជួន មិនកម្រើកក្នុងព្រះសទ្ធម្ម ដែលព្រះមានព្រះភាគទ្រង់សម្តែងល្អហើយ ដរាប​ដល់អស់ជីវិត។ អ្នកចូរធ្វើនូវកុសលដោយកាយ ចូរធ្វើកុសលដោយវាចាឲ្យច្រើន ចូរធ្វើ​កុសល​ដោយចិត្ត មិនមានព្យាបាទ មិនមានឧបធិ។ អ្នកចូរធ្វើបុណ្យឲ្យច្រើនជាងនោះ គឺធ្វើបុណ្យនោះឲ្យច្រើន ដោយការបរិច្ចាគទាន ហើយតាំងនៅក្នុងព្រហ្មចរិយៈ គឺ​ព្រះសទ្ធម្ម​ដ៏​ប្រសើរដទៃទៀតចុះ។ ម្នាលទេវតា អ្នកចូរមក (កាន់ទេវលោក) នេះវិញឲ្យ​រឿយៗ ដោយសេចក្តីអនុគ្រោះនេះ ដូចពួកអ្នកប្រាជ្ញ តែងត្រេកអររកទេវតាដ៏​ប្រសើរ​ដែលច្យុត។ កាលនោះ ខ្ញុំមានសេចក្តីតក់ស្លុត ក្នុងទីប្រជុំពួកទេវតាថា អាត្មាអញច្យុតចាក​ទេវលោកនេះ នឹងទៅកាន់កំណើតណាអេះ។ ស្រាប់តែមានសមណៈ មានឥន្រ្ទិយអប់រំ​ហើយ ជ្រាបសេចក្តីសង្វេគរបស់ខ្ញុំ សមណៈនោះ មានសេចក្តីប្រាថ្នានឹងស្រង់ខ្ញុំ បានមក​កាន់សំណាក់ខ្ញុំ។ កាលនោះ សាវ័ករបស់ព្រះបទុមុត្តរៈ ព្រះនាមសុមនៈ បានប្រៀន​ប្រដៅ​នូវអត្ថ និងធម៌ ហើយញុំាងខ្ញុំឲ្យសង្វេគ។

ចប់ ភាណវារៈ ទី១២។

ខ្ញុំបានស្តាប់ពាក្យនៃព្រះថេរៈនោះហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធជាម្ចាស់ ខ្ញុំថ្វាយ​បង្គំ​ព្រះថេរៈ ជាអ្នកប្រាជ្ញអង្គនោះ មិនយូរប៉ុន្មាន ខ្ញុំក៏ធ្វើមរណកាលក្នុងទីនោះ។ ខ្ញុំនោះ ត្រូវកុសលមូលដាស់តឿន ក៏បានទៅកើតក្នុងទីនោះដដែល កាលខ្ញុំនៅក្នុងផ្ទៃមាតា កុសលក៏ទ្រទ្រង់ខ្ញុំក្នុងផ្ទៃនៃមាតាទៀត។ លុះខ្ញុំច្យុតចាកកាយនោះ ក៏បានទៅកើតក្នុង​ឋាន​ត្រៃត្រឹង្ស កាលនោះ ខ្ញុំមិនបានឃើញទោមនស្សក្នុងរវាងនោះសោះ។ ខ្ញុំច្យុតចាក​ឋាន​តាវត្តិង្សវិញ បានចុះមកកាន់ផ្ទៃមាតា លុះចេញចាកផ្ទៃហើយ ខ្ញុំបានស្គាល់សេចក្តីទុក្​ខតែ​បន្តិចបន្តួច។ ខ្ញុំមានអាយុ ៧ ឆ្នាំ បានចូលទៅកាន់អារាមរបស់ព្រះមានព្រះភាគ ព្រះនាមគោតម ជាសក្យបុត្រ ព្រះអង្គប្រកបដោយតាទិគុណ។ ខ្ញុំបានឃើញពួក​ភិក្ខុក្នុង​អារាមនោះ លោកអ្នកធ្វើតាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ក្នុងពុទ្ធដីកាជាប្រធាន គឺសាសនាដែលទូលំទូលាយ មានជនចុះចូលច្រើន។ ក្នុងពេលនោះ ព្រះរាជាក្នុង​ក្រុងសាវត្ថី ព្រះនាមកោសល ស្តេចធ្វើរាជដំណើរទៅកាន់ដើមពោធិព្រឹក្សដ៏ឧត្តម ដោយ​រាជរថ​ដែលទឹមដំរីដ៏ប្រសើរ។ លុះខ្ញុំឃើញដំរីដ៏ប្រសើរនៃព្រះរាជាអង្គនោះ ក៏នឹកឃើញ​បុព្វកម្មរបស់ខ្លួន បានផ្គងអញ្ជលី ដើរទៅក្នុងសម័យនោះដែរ។ ខ្ញុំមានអាយុ ៧ ឆ្នាំ ក៏បានចូលទៅកាន់ផ្នួសក្នុងសាសនា ឯព្រះអានន្ទជាសាវ័ក អ្នកមានគតិល្អ មានបា្រជ្ញា​ខ្ជាប់ខ្ជួន មានស្មារតីជាពហុស្សូត មានសេចក្តីរុងរឿង តែងបម្រើព្រះសម្ពុទ្ធ លោកញុំាង​ព្រះទ័យព្រះរាជាឲ្យជ្រះថ្លា ហើយញុំាងព្រះរាជាឲ្យប្រគល់កាយថ្វាយខ្លួន (ជាឧបាសកក្នុង​ពុទ្ធសាសនា)។ ខ្ញុំបានស្តាប់ធម៌ព្រះអានន្ទត្ថេរនោះ ហើយក៏រលឹកឃើញបុព្វកម្ម ខ្ញុំបាន​សម្រេចព្រះអរហត្ត ទាំងកំពុងឈរក្នុងទីនោះឯង។ បន្ទាប់មក ខ្ញុំធ្វើចីវរឆៀងស្មាម្ខាង ធ្វើអញ្ជលីលើសិរ្សៈ ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយបន្លឺវាចានេះថា បពិត្រព្រះនរាសភៈ ជាច្បង​ក្នុងលោក ជាធំជាងសត្វជើងពីរ ក្នុងភពមុន ខ្ញុំបានយកផ្កានិគ្គុណ្ឌិព្រឹក្ស ទៅតម្កល់​ទុក​ហើយលើអាសនៈដ៏ប្រសើរ ថ្វាយព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ជាធំជាងសត្វជើងពីរ ព្រះអង្គប្រកបដោយតាទិគុណ ឥឡូវនេះ ខ្ញុំលះបង់នូវការឈ្នះ និងការចាញ់ បានដល់​នូវអចលដ្ឋាន គឺព្រះនិព្វាន ដោយកុសលកម្មនោះ។ ក្នុងកប្បទី ២៥.០០០ ខ្ញុំបានកើត​ជាស្តេច ជាអធិបតីលើមនុស្ស ឋិតនៅអស់ ៨ អព្វុទៈ [អព្វុទៈមួយៗ មាន៥៦ពិន្ទុ។] និងនិរព្វុទៈ [និរព្វុទៈមួយៗ មាន៦៣ពិន្ទុ។]។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនិគ្គុណ្ឌិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ និគ្គុណ្ឌិបុប្ផិយត្ថេរាបទាន។

សុមនាវេឡិយត្ថេរាបទាន ទី៨

[២៨] ជនទាំងពួកមកប្រជុំគ្នា ធ្វើមហាបូជាចំពោះព្រះមានព្រះភាគ ព្រះនាមវេស្សភូ ជាច្បងក្នុងលោក ប្រកបដោយតាទិគុណ។ កាលនោះ ខ្ញុំយកដុំបាយអ ធ្វើជាភួងផ្កាម្លិះ​ដាក់បូជាពីមុខអាសនៈដ៏ប្រសើរ។ ជនទាំងអស់មកប្រជុំគ្នា ក្រឡេកមើលផ្កាដ៏ប្រសើរនោះ ហើយគិតគ្នាថា អ្នកណាបានបូជាផ្កានេះ ចំពោះព្រះពុទ្ធដ៏ប្រសើរ ប្រកបដោយ​តាទិគុណ។ ហេតុតែចិត្តជ្រះថ្លានោះ ខ្ញុំបានទៅកើតឯឋាននិម្មានរតី ទទួលរងកុសល​របស់​ខ្លួន ដែលខ្លួនធ្វើទុកល្អហើយ ក្នុងកាលមុន។ ខ្ញុំទៅយកកំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស រមែងជាទីស្រឡាញ់របស់ជនទាំងពួង នេះជាផលនៃការបូជាផ្កា។ ខ្ញុំពុំស្គាល់​នូវការតិះដៀល ចំពោះពួកលោក ដែលមានសេចក្តីសង្រួម និងមានតបធម៌ ដែលខ្ញុំធ្វើ​ហើយ​ដោយកាយ វាចា ឬដោយចិត្តឡើយ។ ដោយសុចរិតនោះផង ដោយការតម្កល់​ទុកនូវចិត្តនោះផង ខ្ញុំក៏ត្រូវអ្នកទាំងពួងបូជាហើយ នេះជាផលនៃការមិនតិះដៀល។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានកើត​ជាស្តេច​ចក្រពត្តិ ព្រះនាមសហស្សារៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុមនាវេឡិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សុមនាវេឡិយត្ថេរាបទាន។

បុប្ផច្ឆត្តិយត្ថេរាបទាន ទី៩

[២៩] កាលព្រះមានព្រះភាគព្រះនាមសិទ្ធត្ថ ជាច្បងក្នុងលោក ប្រកបដោយតាទិគុណ ទ្រង់ប្រកាសនូវសច្ចៈ ញុំាងពួកសត្វឲ្យរំលត់ទុក្ខ ខ្ញុំបានយកផ្កាឈូកដែលដុះក្នុងទឹក ជាទី​រីករាយ​នៃចិត្ត ធ្វើជាឆត្រផ្កា ហើយបូជាព្រះសម្ពុទ្ធ។ ឯព្រះសាស្តា ព្រះនាមសិទ្ធត្ថ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់ឋិតនៅក្នុងពួកភិក្ខុ ហើយ​សម្តែងនូវគាថាទាំងនេះថា បុគ្គលណា ញុំាងចិត្តឲ្យជ្រះថ្លា បានបាំងឆត្រផ្កាថ្វាយតថាគត បុគ្គលនោះ រមែងមិនទៅកាន់ទុគ្គតិ ដោយចិត្តជ្រះថ្លានោះឡើយ។ លុះព្រះសម្ពុទ្ធ ព្រះនាម​សិទ្ធត្ថ ជាលោកនាយក ទ្រង់ត្រាស់គាថានេះហើយ ទ្រង់បញ្ជូនបរិស័ទទៅ រួចហើយ​ស្តេចពុទ្ធដំណើរទៅកាន់អាកាស ដែលជាទីរីករាយនៃសត្វស្លាប។ កាលព្រះសម្ពុទ្ធ ជាទេវតា​របស់មនុស្ស ទ្រង់ក្រោកឡើង ស្វេតច្ឆត្រក៏អណ្តែតឡើង ឆត្រដ៏ឧត្តមបាន​អណ្តែតទៅពី​ខាងមុខព្រះសម្ពុទ្ធដ៏ប្រសើរ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាឆត្រ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឆត្រផ្កា។ ក្នុងកប្បទី ៧៤ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ មានព្រះនាមជលសិខៈ ទ្រង់បរិបូណ៌​ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបុប្ផច្ឆត្តិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុប្ផច្ឆតិ្តយត្ថេរាបទាន។

សបរិវារច្ឆត្តទាយកត្ថេរាបទាន ទី១០

[៣០] ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គួរទទួលនូវគ្រឿង​បូជា ទ្រង់បង្អុរនូវភ្លៀងគឺធម៌ ដូចជាទឹកភ្លៀងបង្អុរចុះអំពីអាកាស។ ខ្ញុំបានឃើញនូវ​ព្រះសម្ពុទ្ធ​អង្គនោះ កំពុងសម្តែងអមតបទ ខ្ញុំញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយបានទៅ​កាន់ផ្ទះរបស់ខ្លួនវិញ។ ខ្ញុំកាន់ឆត្រដែលស្អិតស្អាងហើយ ដើរចូលទៅរកព្រះសម្ពុទ្ធដ៏​ប្រសើរ​ជាងពួកនរៈ ខ្ញុំជាអ្នកមានចិត្តរីករាយ បានលើកឡើង (នូវឆត្រ) ទៅឰដ៏អាកាស។ (ឆត្រនោះមានលំអ) ដូចជាយាន ដែលជាងផ្គុំស្រួលហើយ ឬដូចសាវ័កជាឆ្នើម ដែលមាន​ឥន្រ្ទិយទូន្មានល្អហើយ អណ្តែតទៅរកព្រះសម្ពុទ្ធ ហើយប្រតិស្ថាននៅលើព្រះសិរ្សៈ។ ព្រះពុទ្ធអគ្គនាយកក្នុងលោក ទ្រង់មានសេចក្តីអនុគ្រោះ ប្រកបដោយសេចក្តីករុណា ទ្រង់គង់នៅក្នុងពួកភិក្ខុ ហើយសម្តែងនូវគាថាទាំងនេះថា បុគ្គលណា បានថ្វាយឆត្រនេះ ដែលតាក់តែងគួរជាទីរីករាយនៃចិត្ត បុគ្គលនោះ រមែងមិនទៅកាន់ទុគ្គតិ ដោយចិត្តជ្រះថ្លា​នោះឡើយ។ បុគ្គលនោះ នឹងបានជាទេវរាជ ក្នុងទេវលោក អស់វារៈ ៧ ដង នឹងបាន​ជាសេ្តចចក្រពត្តិ ៣២ ដង។ នៅមួយសែនកប្បទៀត នឹងមានព្រះសាស្តា ព្រះនាមគោតមៈ កើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងមកត្រាស់ដឹងក្នុងលោក បុគ្គលនោះ នឹងបានជា​ធម្មទាយាទ ជាឱរស ជាធម្មនិម្មិតរបស់ព្រះគោតមនោះ នឹងកំណត់ដឹងនូវអាសវៈទាំងអស់ ជាអ្នកមិនមានអាសវៈ ហើយនឹងបរិនិព្វាន។ ខ្ញុំដឹងនូវព្រះវាចាដ៏អង់អាច ដែលព្រះសម្ពុទ្ធ​សម្តែងហើយ ក៏មានចិត្តជ្រះថ្លា មិនចិត្តរីករាយ ធ្វើសេចក្តីរីករាយឲ្យកើតឡើងយ៉ាងខ្លាំង។ ខ្ញុំលះបង់កំណើតមនុស្សហើយ ក៏បានទៅកាន់កំណើតជាទិព្វ វិមានរបស់ខ្ញុំ ឧត្តមខ្ពស់​ត្រដែត ជាទីរីករាយនៃចិត្ត។ កាលខ្ញុំចេញពីវិមាន គេរមែងបាំងស្វេតច្ឆត្រឲ្យ ខ្ញុំបានសញ្ញា​ក្នុងកាលនោះ នេះជាផលនៃបុព្វកម្ម។ ក្នុងកប្បទី ៧០០ អំពីកប្បនេះ ខ្ញុំច្យុតចាក​ទេវលោក មកកើតជាមនុស្ស បានជាសេ្តចចក្រពត្តិ ៣៦ ជាតិ។ ខ្ញុំច្យុតចាកកាយនោះ មកកាន់បូរីឈ្មោះតាវត្តិង្ស ហើយអន្ទោលទៅមកតាមលំដាប់ ក៏បានមកកាន់កំណើត​មនុស្ស​នេះទៀត។ ពួកទេវតាបាំងស្វេតច្ឆត្រឲ្យខ្ញុំ ខ្ញុំកាលដែលចុះកាន់ផ្ទៃនៃមាតា ខ្ញុំមាន​អាយុ ៧ ឆ្នាំអំពីកំណើត ក៏បានចូលទៅកាន់ផ្នួស។ ព្រាហ្មណ៍ឈ្មោះសុនន្ទ ជាអ្នកចេះចប់​មន្ត ព្រាហ្មណ៍នោះ កាន់យកឆត្រជាវិការៈនៃកែវផ្លេក ប្រគេនដល់អគ្គសាវ័ក។ ព្រះសារីបុត្ត ជាអគ្គសាវ័ក ជាអ្នកមានព្យាយាមធំ មានថ្វីព្រះឱស្ឋដ៏ប្រសើរ បាន​អនុមោទនា ខ្ញុំបានស្តាប់នូវអនុមោទនារបស់ព្រះសារីបុត្តនោះហើយ ក៏បាននឹកឃើញ​បុព្វកម្ម។ ខ្ញុំបានផ្គងអញ្ជលី ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយរលឹកបុព្វកម្ម ក៏បានដល់​ព្រះអរហត្ត។ ខ្ញុំក្រោកអំពីអាសនៈនោះ ហើយធ្វើអញ្ជលីលើក្បាល ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយពោលវាចានេះថា ក្នុងមួយសែនកប្ប អំពីកប្បនេះ ព្រះពុទ្ធដ៏ប្រសើរ ព្រះនាម​បទុមុត្តរៈ ទ្រង់ជា្របច្បាស់នូវលោក ទ្រង់គួរទទួលគ្រឿងបូជា ត្រាស់ឡើងក្នុងលោក។ ខ្ញុំបានថ្វាយឆត្រដ៏វិចត្រ តាក់តែងល្អហើយ ដល់ព្រះបទុមុត្តរៈអង្គនោះ ឯព្រះសយម្ភូ ជាអគ្គបុគ្គល ទ្រង់ទទួលហើយ​ដោយព្រះហស្តទាំងពីរ។ ឱ! ព្រះពុទ្ធ ឱ! ព្រះធម៌ ឱ! សម្បទានៃព្រះសាស្តារបស់យើង ខ្ញុំមិនដែលទៅកាន់ទុគ្គតិ ដោយការថ្វាយឆត្រមួយ​ប៉ុណ្ណោះ។ ខ្ញុំដុតបំផ្លាញកិលេសទាំងឡាយហើយ ខ្ញុំគាស់រំលើងភពទាំងពួងហើយ ខ្ញុំកំណត់​ដឹងនូវអាសវៈទាំងពួងហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈឡើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះសបរិវារច្ឆត្តទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សបរិវារច្ឆត្តទាយកត្ថេរាបទាន។

ឧទ្ទាន

ឧម្មាបុប្ផិយត្ថេរាបទាន ១ បូឡិនបូជកត្ថេរាបទាន ១ ហាសជនកត្ថេរាបទាន ១ យញ្ញសាមិកត្ថេរាបទាន ១ និមិត្តសញ្ញកត្ថេរាបទាន ១ អន្នសំសាវកត្ថេរាបទាន ១ និគ្គុណ្ឌិបុប្ផិយត្ថេរាបទាន ១ សុមនាវេឡិយត្ថេរាបទាន ១ បុប្ផច្ឆត្តិយត្ថេរាបទាន ១ សបរិវារច្ឆត្តទាយកត្ថេរាបទាន ១ មានគាថា ៧០០ ។

ចប់ ឧម្មាបុប្ផិយវគ្គ ទី៣៣។

គន្ធោទកវគ្គ ទី៣៤

គន្ធធូបិយត្ថេរាបទាន ទី១

[៣១] ខ្ញុំបានថ្វាយធូបក្រអូប ដល់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថ ឯធូបក្រអូបនោះ ស្រោបដោយផ្កាម្លិះ ជារបស់សមគួរដល់ព្រះពុទ្ធ។ ខ្ញុំបានឃើញព្រះពុទ្ធជាអគ្គនាយក​ក្នុង​លោក ប្រាកដសើ្មដោយចេតិយមាស ទ្រង់រុងរឿងដូចរាជព្រឹក្ស ឬដូចភ្លើងកំពុងឆេះ ទ្រង់អង់អាចក្រៃលែងដូចជាខ្លាធំ ឬដូចកេសររាជសីហ៍ ជាអភិជាត ព្រះអង្គប្រសើរ​ជាង​ពួងសមណៈ មានភិក្ខុសង្ឃចោមរោម ទ្រង់កំពុងគង់នៅ។ លុះខ្ញុំឃើញហើយ ក៏ញុំាងចិត្ត​ឲ្យជ្រះថ្លា ផ្គងអញ្ជលី ថ្វាយបង្គំព្រះបាទារបស់ព្រះសាស្តា បែរមុខទៅកាន់ទិសឧត្តរ ហើយ​ចៀស​ចេញទៅ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែល​ខ្ញុំបាន​បូជា​គ្រឿងក្រអូប ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាគ្រឿងក្រអូប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ប្រតិបត្តិហើយ។

បានឮថា ព្រះគន្ធធូបិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ គន្ធធូបិយត្ថេរាបទាន។

ឧទកបូជកត្ថេរាបទាន ទី២

[៣២] (ខ្ញុំបានឃើញ) នូវព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់មានវណ្ណៈដូចមាស កំពុង​ពុទ្ធដំណើរទៅឰដ៏អាកាស រុងរឿងដូចភ្លើងឆេះខ្លាញ់ ឬដូចភ្លើងកំពុងឆេះ ខ្ញុំក្បង់យកទឹក​ដោយដៃ សាចឡើងទៅឰដ៏អាកាស ឯព្រះពុទ្ធជាឥសី ទ្រង់ព្យាយាមធំ ប្រកបដោយ​សេចក្តីករុណា ទ្រង់ទទួលយក។ ព្រះសាស្តាព្រះនាមបទុមុត្តរៈ ប្រថាប់នៅឰដ៏អាកាស ទ្រង់ជ្រាបនូវសេចក្តីត្រិះរិះរបស់ខ្ញុំហើយ ទើបត្រាស់នូវគាថានេះថា អ្នកនឹងមិនទៅកាន់​ទុគ្គតិ អស់មួយសែនកប្ប ដោយការថ្វាយទឹកនេះផង ដោយការញុំាងបីតិឲ្យកើត​ឡើង​ផង។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ប្រសើរជាងពួកនរៈ ខ្ញុំព្រះអង្គ​លះបង់នូវការឈ្នះ និងការចាញ់ ហើយបានដល់នូវអចលដ្ឋាន ដោយកុសលកម្មនោះ។ ក្នុងកប្បទី ១៦៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ព្រះនាមសហស្សរាជ ទ្រង់មានសមុទ្រទាំង ៤ ជាទីបំផុត ជាធំជាងពួងជន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះឧទកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧទកបូជកត្ថេរាបទាន។

បុន្នាគបុប្ផិយត្ថេរាបទាន ទី៣

[៣៣] ខ្ញុំបានកើតជាព្រានព្រៃ អាស្រ័យនៅក្នុងព្រៃធំ បានឃើញនូវឈើបុន្នាគ ដែលមាន​ផ្ការីក ក៏នឹកដល់ព្រះសម្ពុទ្ធដ៏ប្រសើរ។ ខ្ញុំបេះយកផ្កាដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់​ល្អ​នោះ ធ្វើជាព្រះស្តូបលើផ្នូកខ្សាច់ ហើយបូជាចំពោះព្រះសម្ពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្ប​នេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុង​កប្ប​ទី ៩១ ខ្ញុំបានកើតជាស្តេចចក្រពត្តិ មួយព្រះអង្គ ព្រះនាមតមោនុទៈ ទ្រង់បរិបូណ៌​ដោយ​កែវ ៧ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំក៏បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះបុន្នាគបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បុន្នាគបុប្ផិយត្ថេរាបទាន។

ឯកទុស្សទាយកត្ថេរាបទាន ទី៤

[៣៤] ខ្ញុំបានកើតជាអ្នកនាំស្មៅ នៅក្នុងក្រុងហង្សវតី តែងចិញ្ចឹមជីវិតដោយការនាំស្មៅ ទាំងចិញ្ចឹមប្រពន្ធកូនដោយការនាំស្មៅនោះដែរ។ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់​នូវ​ត្រើយនៃធម៌ទាំងពួង ជានាយកក្នុងលោក ទ្រង់ញុំាងងងឹតអន្ធការឲ្យវិនាស ហើយ​ត្រាស់ដឹង​ហើយ។ កាលនោះ ខ្ញុំអង្គុយក្នុងផ្ទះរបស់ខ្លួន ហើយគិតយ៉ាងនេះថា ព្រះពុទ្ធ​កើតឡើងហើយក្នុងលោក ឯទេយ្យធម៌របស់អាត្មាអញមិនមាន អាត្មាអញមានតែ​សាដក​មួយនេះ បើអាត្មាអញមិនមានការឲ្យអ្វីមួយទេ នោះការពាល់ត្រូវនូវនរកនាំមកនូវទុក្ខ ហេតុនោះ អាត្មាអញ នឹងបណ្តុះទក្ខិណាទាន។ លុះខ្ញុំគិតយ៉ាងនេះរួចហើយ ក៏ញុំាងចិត្ត​របស់​ខ្លួនឲ្យជ្រះថ្លា ខ្ញុំបានយកសំពត់មួយថ្វាយព្រះសម្ពុទ្ធដ៏ប្រសើរ លុះថ្វាយសំពត់មួយ​រួច​ហើយ ក៏ស្រែកហ៊ោឡើងថា បពិត្រព្រះអង្គទ្រង់មានព្យាយាម ជាមហាមុនី បើព្រះអង្គ​ជាព្រះពុទ្ធពិត សូមចម្លងខ្ញុំព្រះអង្គផង។ ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់​នូវលោក ទ្រង់គួរទទួលគ្រឿងបូជា កាលសម្តែងទានរបស់ខ្ញុំ ទ្រង់បានធ្វើអនុមោទនា​ដល់ខ្ញុំថា កុលបុត្តនេះ នឹងមិនទៅកាន់វិនិបាតអស់មួយសែនកប្ប ដោយផលនៃសំពត់​មួយនេះផង ដោយការតម្កល់ទុកនូវចេតនាផង នឹងបានកើតជាព្រះឥន្រ្ទ គ្រងទេវរាជ្យអស់ ៣៦ ដង នឹងកើតជាស្តេចចក្រពត្តិ ៣៣ ដង នឹងគ្រប់គ្រងប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប អ្នកកាលអន្ទោលទៅក្នុងទេវលោក និងមនុស្សលោក នឹងមានរូបល្អ មានគុណធម៌បរិបូណ៌ មានរាងកាយមិនវិកលវិការៈ សំពត់ច្រើនរាប់មិន​បាន នឹងកើតឡើង (ដល់អ្នក) គួរតាមសេចក្តីប្រាថ្នា។ លុះព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ជាអ្នកប្រាជ្ញ ទ្រង់ត្រាស់នូវពាក្យនេះហើយ ស្តេចហោះឡើងទៅកាន់អាកាស ដូចស្តេច​ហង្សហើរក្នុងអាកាស។ ខ្ញុំបានទៅយកកំណើតណាៗ ទោះបីជាទេវតា ឬមនុស្ស ខ្ញុំមិន​ដែល​ខ្វះខាតភោគៈសោះឡើយ នេះជាផលនៃសំពត់មួយ។ សំពត់តែងកើតឡើងដល់​ខ្ញុំរាល់ជំហាន ខាងក្រោម ខ្ញុំឈរលើសំពត់ ខាងលើ សំពត់ជាដំបូលបាំងខ្ញុំ។ ក្នុងថ្ងៃនេះ សូម្បីខ្ញុំប្រាថ្នានឹងគ្រប ក៏អាចគ្របព្រៃ និងភ្នំ រហូតចក្រវាឡ ដោយសំពត់ទាំងឡាយបាន។ ខ្ញុំកាលអន្ទោលទៅក្នុងភពតូចភពធំ ជាអ្នកមានសម្បុរល្អដូចមាស តែងអន្ទោលទៅក្នុង​ភព​តូចភពធំ ដោយផលនៃការថ្វាយសំពត់មួយនោះ។ ខ្ញុំមិនចេះអស់ផលនៃសំពត់មួយ ក្នុងទីណាមួយឡើយ នេះជាជាតិបំផុតរបស់ខ្ញុំ កុសលកម្មនោះ ឲ្យផលដល់ខ្ញុំ ក្នុងជាតិ​នេះផងទៀត។ ក្នុងកប្បទីមួយសែនកប្ប អំពីកប្បនេះ កាលនោះ ព្រោះហេតុដែល​ខ្ញុំបានថ្វាយសំពត់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសំពត់មួយ។ ខ្ញុំដុត​បំផ្លាញ​ពួកកិលេសអស់ហើយ ខ្ញុំគាស់រំលើងភពទាំងពួងអស់ហើយ ខ្ញុំជាអ្នកមិនមាន​អាសវៈ ដូចដំរីផ្តាច់ខែ្សទន្លីងហើយដូច្នោះដែរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឯកទុស្សទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឯកទុស្សទាយកត្ថេរាបទាន។

ផុស្សិតកម្មិយត្ថេរាបទាន ទី៥

[៣៥] កាលនោះ ព្រះសម្ពុទ្ធ ព្រះនាមវិបស្សី ជាច្បងក្នុងលោក ប្រសើរជាងនរជន បរិបូណ៌​ដោយ​ព្រះខីណាស្រព ទ្រង់គង់នៅក្នុងសង្ឃារាម។ ព្រះវិបស្សីលោកនាយកអង្គនោះ ស្តេចចេញអំពីទ្វារអារាម មួយអន្លើដោយព្រះខីណាស្រព ៨ សែនអង្គ។ ខ្ញុំស្លៀក​ស្បែក​ខ្លាឃ្មុំ ដណ្តប់សម្បកឈើ ហើយដងយកទឹកអណ្តូង កាន់ដើរចូលទៅគាល់ព្រះសម្ពុទ្ធ។ ខ្ញុំញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា មានសេចក្តីត្រេកអរកើតឡើង ក៏ធ្វើអញ្ជលី យកទឹកអណ្តូង​នោះ ប្រស់ព្រំព្រះសម្ពុទ្ធ។ ហេតុតែកុសលកម្មនោះ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ សម្តែងនូវកម្មនោះដល់ខ្ញុំ ហើយស្តេចពុទ្ធដំណើរទៅកាន់ទីគួរតាមបា្រថ្នា ខ្ញុំបានបូជា​ព្រះជិនស្រី ដោយទឹកប្រាំពាន់តំណក់ បានសោយទេវរាជ ៣ ពាន់ដងដោយកន្លះ (២៥០០)។ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ពាន់ដង ដោយកន្លះ បានដល់អរហត្ត ដោយ​កុសលកម្មដ៏សេសសល់។ ខ្ញុំបានជាស្តេចនៃទេវតា ជាធំជាងពួកមនុស្ស ក្នុងកាលណា កាលនោះ ឈ្មោះរបស់ខ្ញុំនោះ ក៏ឈ្មោះថាផុស្សិត។ មួយទៀត កាលខ្ញុំកើតជាទេវតា ឬកើតជាមនុស្ស គ្រាប់ភ្លៀងរមែងបង្អុរចុះដល់ខ្ញុំមួយព្យាយាមដោយជុំវិញ។ ខ្ញុំគាស់រំលើង​ភពចោលហើយ ខ្ញុំដុតបំផ្លាញពួកកិលេសអស់ហើយ ខ្ញុំជាអ្នកអស់អាសវៈទាំងពួងហើយ នេះជាផលនៃតំណក់ទឹក។ កាយរបស់ខ្ញុំមានក្លិនក្រអូបផ្សាយទៅ ដូចក្លិននៃខ្លឹមចន្ទន៍ ក្លិនដែលជាប់នឹងសរីរៈរបស់ខ្ញុំ រមែងផ្សាយទៅបានក្នុងទីកន្លះក្រោស (២៥០ជួរធ្នូ)។ ពួកជន គ្រាន់តែធុំក្លិនខ្ញុំក៏ស្គាល់ខ្ញុំ ដែលមានក្លិនទិព្វផ្សព្វផ្សាយ ប្រកបដោយបុញ្ញកម្មថា ឱ! ផុស្សិតៈមកក្នុងទីនេះហើយ។ សូម្បីតែមែកឈើ ស្លឹកឈើ កំណាត់ឈើ និងស្មៅ ក៏ហាក់ដូចជាដឹងបំណងរបស់ខ្ញុំដោយសព្វគ្រប់ ហើយបញ្ចេញនូវក្លិនក្នុងខណៈនោះ។ ក្នុងមួយសែនកប្ប អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយនូវតំណក់ទឹក ខ្ញុំមិនដែល​ស្គាល់​ទុគ្គតិ នេះជាផលនៃតំណក់ទឹក។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ។ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះផុស្សិតកម្មិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ផុស្សិតកម្មិយត្ថេរាបទាន។

បភង្ករត្ថេរាបទាន ទី៦

[៣៦] ចេតិយរបស់ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ប្រកប​ដោយ​តាទិគុណ តាំងនៅក្នុងព្រៃធំ ជាទីកុះករដោយម្រឹគសាហាវ។ បុគ្គលណាមួយ មិនអាចនឹង​ទៅថ្វាយបង្គំចេតិយបានឡើយ ចេតិយនោះត្រូវស្មៅ និងឈើវល្លិរួបរឹតរលើងរលំ។ កាល​នោះ ខ្ញុំជាអ្នកធ្វើការងារក្នុងព្រៃជាមួយបិតា និងជីតា ក៏បានឃើញព្រះស្តូបក្នុងព្រៃធំ ដែលមានស្មៅវល្លិរួបរឹតរលើងរលំនោះ។ លុះខ្ញុំឃើញពុទ្ធស្តូបហើយ ក៏តាំងចិត្តគោរពថា ព្រះស្តូបរបស់ព្រះសម្ពុទ្ធដ៏ប្រសើនេះ នៅក្នុងព្រៃរលើងរលំ ខូចខាតអស់ អ្នកស្គាល់គុណ និងទោសនៃចេតិយនោះ បើមិនបានជម្រះនូវពុទ្ធស្តូបដែលមិនកំបាំងមិនសមគួរ ត្រឡប់​ទៅ​ប្រកបការងារដទៃវិញ ការណ៍នោះ មិនសមគួរទេ។ ទើបខ្ញុំជម្រះ ស្មៅ និងឈើវល្លិ លើព្រះចេតិយ ហើយថ្វាយបង្គំ រួចថយក្រោយអស់ ៨ ជំហាន រួចដើរចេញទៅ។ លុះខ្ញុំ​លះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស ដោយកុសលកម្ម​ដែលខ្លួនសាងល្អនោះផង ដោយការតាំងចេតនានោះផង វិមានរបស់ខ្ញុំដែលបុញ្ញកម្ម​តាក់តែងល្អហើយ ក្នុងឋានតាវត្តិង្សនោះ មានវណ្ណៈភ្លឺផ្លេកដូចមាស មានកំពស់ ៦០ យោជន៍ មានទំហំ ៣០ យោជន៍។ ខ្ញុំបានសោយទេវរាជ្យ អស់ ៣០០ ដង បានកើត​ជាសេ្តច​ចក្រពត្តិ ២៥ ដងទៀត។ ខ្ញុំកាលអន្ទោលទៅក្នុងភពធំតូចភពតូច រមែងបាន​ភោគៈច្រើន ការខ្វះខាតដោយភោគៈ របស់ខ្ញុំមិនមានឡើយ នេះជាផលនៃការជម្រះ។ កាលខ្ញុំទៅក្នុងព្រៃធំ តែងទៅដោយគ្រែស្នែង ឬជិះលើ ក ដំរី ខ្ញុំទៅកាន់ទិសណាៗ ព្រៃរមែង​សម្រេចជាទីពឹង (របស់ខ្ញុំក្នុងទិសនោះៗ)។ ខ្ញុំប្រកបហើយដោយបុញ្ញកម្ម មិនដែល​ឃើញដង្គត់ ឬបន្លាដោយចក្ខុឡើយ ដង្គត់ជាដើមនោះ តែងចៀសចេញ​ទៅ​ឯងៗ។ ខ្ញុំមិនដែលកើតរោគឃ្លង់ ពក ស្រែង ឆ្កួតជ្រូក ឃ្លង់ដែក ដំនួចពិស ឬកមរមាស់​ឡើយ នេះជាផលនៃការជម្រះ។ ខ្ញុំមានសេចក្តីអស្ចារ្យដទៃទៀត គឺព្រោះតែពុទ្ធស្តូប ដែលខ្ញុំជម្រះនោះ ខ្ញុំមិនដែលស្គាល់ពក ឬផ្តួច កើតក្នុងកាយរបស់ខ្ញុំទេ។ ខ្ញុំមានសេចក្តី​អស្ចារ្យដទៃទៀត គឺព្រោះតែពុទ្ធស្តូប ដែលខ្ញុំជម្រះនោះ ខ្ញុំតែងអន្ទោលទៅកើតក្នុងភពពីរ គឺទេវតា ឬមនុស្ស។ ខ្ញុំមានសេចក្តីអស្ចារ្យដទៃទៀត គឺព្រោះតែពុទ្ធស្តូប ដែលខ្ញុំជម្រះនោះ ខ្ញុំមានសម្បុរដូចមាស មានរស្មីរុងរឿងក្នុងទីទាំងពួង។ ខ្ញុំមានសេចក្តីអស្ចារ្យដទៃទៀត គឺព្រោះតែពុទ្ធស្តូបដែលខ្ញុំជម្រះនោះ សេចក្តីមិនគាប់ចិត្តតែងចៀសវាង សេចក្តីគាប់ចិត្ត​តែងប្រាកដឡើង។ ខ្ញុំមានសេចក្តីអស្ចារ្យដទៃទៀត គឺព្រោះតែពុទ្ធស្តូបដែលខ្ញុំជម្រះនោះ ចិត្តរបស់ខ្ញុំស្អាតល្អ ជាចិត្តមានអារម្មណ៍តែមួយ ជាចិត្តខ្ជាប់ខ្ជួន។ ខ្ញុំមានសេចក្តី​អស្ចារ្យ​ដទៃទៀត គឺព្រោះតែពុទ្ធស្តូបដែលខ្ញុំជម្រះនោះ ខ្ញុំអង្គុយលើអាសនៈតែមួយ ក៏បានដល់​នូវព្រះអរហត្ត។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ កាលនោះ ព្រោះហេតុដែល​ខ្ញុំបានធ្វើ​កុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការជម្រះ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះបភង្គរត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បភង្គរត្ថេរាបទាន។

តិណកុដិទាយកត្ថេរាបទាន ទី៧

[៣៧] ខ្ញុំជាកម្មករនៃជនដទៃ នៅក្នុងក្រុងឈ្មោះពន្ធុមតី ប្រកបការងារនៃជនដទៃ ពឹងផ្អែក​ដោយថ្លៃឈ្នួលនៃជនដទៃ។ កាលនោះ ខ្ញុំទៅអង្គុយក្នុងទីស្ងាត់ ហើយគិតយ៉ាងនេះថា ព្រះពុទ្ធកើតឡើយហើយក្នុងលោក ឯការបរិច្ចាគរបស់អាត្មាអញមិនទាន់មាន កាលនេះ គួរតែអាត្មាជម្រះនូវគតិ ខណៈប្រាកដដល់អាត្មាអញហើយ ការពាល់ត្រូវនូវនរក រមែងជា​ទុក្ខ​របស់ពួកសត្វដែលមិនមានបុណ្យ។ លុះខ្ញុំគិតយ៉ាងនេះហើយ ទើបចូលទៅរកបុគ្គល​អ្នកម្ចាស់ការ ហើយសូមផ្អាកការងារមួយថ្ងៃ រួចដើរចូលទៅក្នុងព្រៃធំ។ កាលនោះ ខ្ញុំយក​ស្មៅឈើ និងវល្លិមកហើយ ខ្ញុំបោះឈើ ៣ កំណាត់ធ្វើជាកុដិស្មៅ ទើបខ្ញុំថ្វាយកុដិនោះ ដើម្បីប្រយោជន៍ដល់សង្ឃ ហើយវិលចូលមករកបុគ្គលជាម្ចាស់ការក្នុងថ្ងៃនោះ។ ហេតុតែ​កុសលកម្ម​ដែលខ្ញុំសាងល្អហើយនោះ ខ្ញុំក៏បានទៅកើតក្នុងឋានតាវត្តិង្ស មានវិមានដ៏​វិសេស​វិសាល ដែលបុញ្ញកម្មតាក់តែងហើយ ក្នុងឋានតាវត្តិង្សនោះ ព្រោះតែកុដិស្មៅ​របស់ខ្ញុំ។ វិមាននោះជាវិការៈនៃកែវមណីខៀវ មានកំពស់មួយពាន់ជួរកូនសរ មានជាន់ ១០០ បរិបូណ៌ដោយទង់ ឯប្រាសាទកំពូលមួយសែន កើតឡើងក្នុងវិមាននៃខ្ញុំនោះ។ ខ្ញុំទៅយកកំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស ប្រាសាទហាក់ដូចជា​ដឹងបំណង​របស់ខ្ញុំ ហើយផុសឡើង។ ភ័យក្តី សេចក្តីតក់ស្លុតក្តី ការព្រឺរោមក្តី មិនដែលមាន​ដល់ខ្ញុំ​ឡើយ ខ្ញុំមិនដែលស្គាល់សេចក្តីតក់ស្លុត នេះជាផលនៃកុដិស្មៅ។ សត្វទាំងពួងគឺ រាជសីហ៍ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន រមែងចៀសវាងខ្ញុំ នេះជាផលនៃកុដិស្មៅ។ សត្វទាំង​នោះ គឺពស់តូច ពស់ធំ ភូត ពស់មានពិស កុម្ភណ្ឌ និងអារក្សទឹក រមែង​ចៀសវាងខ្ញុំ នេះជាផលនៃកុដិស្មៅ។ ខ្ញុំមិនយល់សប្តិនូវសុបិនអាក្រក់សោះ ស្មារតីរបស់ខ្ញុំ ក៏តាំងនៅមាំ នេះជាផលនៃកុដិស្មៅ។ ព្រោះតែកុដិស្មៅនោះ ខ្ញុំបានសោយសម្ប័ទ​ទាំងឡាយ បានធ្វើឲ្យជាក់ច្បាស់នូវធម៌របស់ព្រះមានព្រះភាគ ព្រះនាមគោតម។ ក្នុងកប្ប​ទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃកុដិស្មៅ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតិណកុដិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ តិណកុដិទាយកត្ថេរាបទាន។

ឧត្តរេយ្យទាយកត្ថេរាបទាន ទី៨

[៣៨] កាលនោះ ខ្ញុំជាព្រាហ្មណ៍នៅក្នុងនគរហង្សវតី ជាអ្នកស្វាធ្យាយមន្ត ចេះចាំមន្ត ចេះចប់ត្រៃវេទ។ ជាអ្នកមានជាតិខ្ពង់ខ្ពស់ផង ជាអ្នកសិក្សាស្ទាត់ផង មានពួកសិស្ស​ចោមរោម​ផង កាលនោះ ខ្ញុំចេញអំពីទីក្រុង ដើម្បីនឹងទៅងូតទឹក។ ព្រះជិនស្រី ព្រះនាម​បទុមត្តរៈ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង សេ្តចពុទ្ធ​ដំណើរ​ទៅកាន់ទីក្រុង មួយអន្លើដោយ​ព្រះខីណាស្រពមួយពាន់អង្គ។ ខ្ញុំបានឃើញ​ព្រះសម្ពុទ្ធ ដែលមានព្រះរូបល្អដូចមាស ទ្រង់មិនញាប់ញ័រ​ដូចរូបដែលគេកសាង មានពួក​ព្រះអរហន្ត​ចោមរោម លុះខ្ញុំឃើញហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លា។ ខ្ញុំមានចិត្តជ្រះថ្លា មាន​ចិត្តរីករាយ ធ្វើនូវអញ្ជលីលើត្បូង ហើយនមស្ការចំពោះព្រះសម្ពុទ្ធទ្រង់មានវត្តល្អ ហើយ​ថ្វាយ​សំពស់សាដក។ ខ្ញុំផ្គងអញ្ជលីទាំងសងខាង ហើយលើកឡើងនូវសំពត់សាដកនោះ ពួកពុទ្ធបរិស័ទមានត្រឹមណា សំពត់សាដក ក៏គ្របត្រឹមនោះ។ កាលនោះឯង សាដក​នោះគ្របទៅលើភិក្ខុបរិស័ទ មានចំនួនច្រើនរូប ដែលកំពុងត្រាច់ទៅបិណ្ឌបាត ធ្វើឲ្យខ្ញុំ​រីករាយ​ចិត្តជាខ្លាំងក្រៃលែង។ កាលខ្ញុំចេញអំពីផ្ទះ ព្រះសយម្ភូ ជាអគ្គបុគ្គលសាស្តាចារ្យ ទ្រង់ប្រថាប់ត្រង់ថ្នល់ ហើយធ្វើអនុមោទនាថា បុគ្គលណា មានចិត្តជ្រះថ្លា មានចិត្ត​សោមនស្ស បានថ្វាយសាដកដល់តថាគត តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំង​ឡាយ ចូរស្តាប់តថាគតសម្តែងចុះ បុគ្គលអ្នកថ្វាយសាដកនេះ នឹងបានរីករាយក្នុង​ទេវលោក អស់ ៣០០០០ កប្ប កើតជាព្រះឥន្ទ សោយទេវរាជ្យ ៥០ ដង បុគ្គល​អ្នក​បរិបូណ៌​ដោយបុញ្ញកម្មនេះ កាលនៅក្នុងទេវលោក មានសំពត់បិទបាំងដោយជុំវិញ ១០០ យោជន៍ នឹងបានជាស្តេចចក្រពត្តិ ៣៦ ដង សោយបទេសរាជ្យដ៏ដំទូលាយ រាប់បាន​មួយ​អសង្ខេយ្យកប្ប បុគ្គលដែលបរិបូណ៌ដោយបុញ្ញកម្មនេះ កាលអន្ទោលទៅក្នុង​ភព វត្ថុទាំង​ពួងដែលចិត្តចង់បាន នឹងកើតមួយរំពេច។ បុគ្គលនេះ នឹងបានសំពត់​ទាំងឡាយ គឺសំពត់​សូត្រ សំពត់រោមសត្វ សំពត់សំបកឈើ និងសំពត់កប្បាស ដ៏មាន​តម្លៃ​ច្រើន។ បុគ្គលនេះ នឹងបាននូវសម្បត្តិទាំងពួងតាមចិត្តប្រាថ្នា នឹងបានទទួលនូវ​ផលនៃសំពត់​មួយនេះ សព្វ​កាល។ ខាងក្រោយមក បុគ្គលនោះ ត្រូវកុសលមូលដាស់តឿន នឹងបានបួស ហើយនឹង​ធ្វើឲ្យជាក់ច្បាស់នូវធម៌របស់ព្រះមានព្រះភាគ ព្រះនាមគោតម។ ឱ ហ៎្ន! កុសលកម្ម​ដែលខ្ញុំ​បានសាងល្អហើយ ចំពោះព្រះសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ ព្រោះតែបាន​ថ្វាយសំពត់​សាដកមួយ ខ្ញុំក៏បានដល់នូវព្រះនិព្វាន ឈ្មោះអមតៈ។ កាលខ្ញុំនៅក្នុង​មណ្ឌបក្តី នៅទៀប​គល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ដំបូលសំពត់តែងបិទបាំងខ្ញុំ ប្រវែងមួយ​ព្យាយាម​ដោយ​ជុំវិញ។ ខ្ញុំស្លៀកដណ្តប់ចីវរប្បច្ច័យ មិនបាច់សុំជនដទៃផង ជាអ្នកបាន​នូវបាយ និងទឹកផង នេះជាផលនៃសំពត់សាដក។ ក្នុងមួយសែនកប្ប អំពីកប្បនេះ កាលនោះ ព្រោះហេតុ​ដែល​ខ្ញុំបានធ្វើនូវកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសំពត់​សាដក។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧត្តរេយ្យទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឧត្តរេយ្យទាយកត្ថេរាបទាន។

ធម្មស្សវនិយត្ថេរាបទាន ទី៩

[៣៩] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង កំពុងប្រកាស​សច្ចៈ ៤ ចម្លងមហាជន។ សម័យនោះ ខ្ញុំជាជជិលមានតបៈដ៏ខ្ពង់ខ្ពស់ កំពុងរលាស់សំពត់​សម្បក​ឈើ ហោះទៅឰដ៏អាកាស។ តែខ្ញុំមិនអាចនឹងទៅពីខាងលើនៃព្រះសម្ពុទ្ធដ៏ប្រសើរ​បាន ក្នុងកាលនោះ ខ្ញុំក៏ខានធ្វើដំណើរទៅ ដូចសត្វស្លាបដែលជាប់នៅនឹងភ្នំ។ ទើបខ្ញុំគិត​ថា ការខកដំណើរបែបនេះ អាត្មាអញមិនធ្លាប់កើតមានទេ អាត្មាអញទៅឰដ៏អាកាសម្តង​នេះ ដូចបើកភ្នែកក្នុងទឹក ប្រហែលមានមនុស្សអស្ចារ្យ អង្គុយនៅឰដ៏ខាងក្រោមទេដឹង បើដូច្នោះ អាត្មាអញនឹងស្វែងរកមនុស្សនេះ បើឃើញ គង់នឹងបានប្រយោជន៍ខ្លះ មិនខាន​ឡើយ។ កាលនោះ ខ្ញុំចុះអំពីអាកាសមក បានស្តាប់ព្រះសូរសៀងព្រះសាស្តា ដែលកំពុង​សម្តែង​អនិច្ចតាធម៌ ខ្ញុំក៏បានរៀននូវអនិច្ចតាធម៌នោះ។ លុះខ្ញុំរៀនអនិច្ចសញ្ញាហើយ ក៏ដើរទៅកាន់អាស្រមរបស់ខ្ញុំ ខ្ញុំនៅដរាបដល់អស់អាយុ ក៏ធ្វើមរណកាលក្នុងទីនោះ។ កាលជវនចិត្តទីបំផុតកំពុងប្រព្រឹត្តទៅ ខ្ញុំនឹកឃើញនូវការស្តាប់ធម៌នោះ ក៏បានទៅកើត​ឯឋានតាវត្តិង្ស ព្រោះកុសលកម្មដែលខ្ញុំធ្វើនោះ។ ខ្ញុំបានរីករាយក្នុងទេវលោក អស់ ៣០.០០០ កប្ប បានសោយទេវរាជ្យ ៥១ ដង។ ខ្ញុំបានកើតជាស្តេចចក្រពត្តិអស់ ៧១ ដង បានសោយប្រទេសរាជ្យដ៏ធំ រាប់បានមួយអសង្ខេយ្យកប្ប។ មានសមណៈមួយអង្គ មាន​ឥន្រ្ទិយអប់រំហើយ អង្គុយក្នុងផ្ទះរបស់បិតាខ្ញុំ សម្តែងនូវគាថាទាក់ទងអនិច្ចវត្ថុ [ផ្ទៃរឿង​សេចក្តីយ៉ាងនេះវិញៈ កាលខ្ញុំនៅអន្ទោល​ទៅមក ក្នុងភពតូចភពធំ តែងនឹកឃើញ​នូវសញ្ញា​នោះ តែមិនទាន់​ត្រាស់ដឹង​នូវធម៌​ជាទីបំផុត គឺព្រះនិព្វាន​ជាអច្ចុតបទ​នៅឡើយ។ ស្រាប់តែមាន​សមណៈ​មួយអង្គ មានឥន្ទ្រិយ​អប់រំហើយ គង់នៅក្នុង​ផ្ទះបិតាខ្ញុំ ហើយ​សម្តែង​គាថា ដែលទាក់ទង​អនិច្ចវត្ថុថា សង្ខារទាំងឡាយ​មិនទៀង​មែនពិត មានការកើត​ឡើងហើយ វិនាស​ទៅវិញ​ជាធម្មតា លុះកើត​ឡើងហើយ រមែង​រលត់​ទៅវិញ ការរម្ងាប់​នូវសង្ខារ​ទាំងពួងនោះ ទើបនាំមក​នូវសេចក្តីសុខ។]។ ខ្ញុំកាលអន្ទោលទៅ ក្នុងភពតូចធំ តែងនឹកឃើញសញ្ញានោះ តែមិនទាន់បានត្រាស់ដឹង​នូវធម៌ជាទីបំផុត គឺព្រះនិព្វានជា​អច្ចុតបទ​នៅឡើយថា សង្ខារទាំងឡាយមិនទៀងមែនពិត មានការកើតឡើងហើយ វិនាសទៅវិញជាធម្មតា លុះកើតឡើងហើយ រមែងរលត់ទៅវិញ ការរម្ងាប់នូវសង្ខារ​ទាំង​នោះ ទើបនាំមកនូវសេចក្តីសុខ។ លុះខ្ញុំស្តាប់គាថាប្រដាប់ដោយអនិច្ចវត្ថុហើយ ក៏រលឹក​ឃើញនូវបុព្វកម្ម ខ្ញុំអង្គុយនៅលើអាសនៈតែមួយ ក៏បានដល់នូវព្រះអរហត្ត។ ដែលខ្ញុំដល់​ព្រះអរហត្តនោះ ខ្ញុំអាយុ ៧ ឆ្នាំ ព្រះពុទ្ធមានចក្ខុ ទ្រង់ជា្របគុណរបស់ខ្ញុំ ទើបទ្រង់ឲ្យ​ឧបសម្បទាដល់ខ្ញុំ។ ខ្ញុំបានញុំាងករណើយកិច្ចឲ្យសម្រេចហើយ តាំងពីនៅជាកុមារភាព គឺកិច្ចអ្វីក្នុងសាសនារបស់ព្រះសក្យបុត្រ ខ្ញុំធ្វើឲ្យចប់ស្រេចក្នុងថ្ងៃនេះហើយ។ ក្នុងកប្បទី​មួយ​សែនអំពីកប្បនេះ កាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃការស្តាប់ព្រះសទ្ធម្ម។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះធម្មស្សវនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ធម្មស្សវនិយត្ថេរាបទាន។

ឧក្ខិត្តបទុមិយត្ថេរាបទាន ទី១០

[៤០] កាលនោះ ខ្ញុំជាអ្នកក្រងផ្កា នៅក្នុងក្រុងហង្សវតី បានចុះទៅក្នុងស្រះឈូក ហើយ​កាច់យកផ្កាឈូក។ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង មួយអន្លើដោយព្រះខីណាស្រពមួយសែនអង្គ ជាអ្នកមានចិត្តស្ងប់រម្ងាប់ ប្រកបដោយ​តាទិគុណ មានសន្តានស្អាត បានអភិញ្ញា ៦ និងមានឈាន ទ្រង់ជាបុរសដ៏ខ្ពង់ខ្ពស់ ទ្រង់ស្វែង​រកសេចក្តីចម្រើនដល់ខ្ញុំ បានធ្វើពុទ្ធដំណើរមករកខ្ញុំ។ កាលនោះ ខ្ញុំបាន​ឃើញព្រះសយម្ភូ ជាលោកនាយក ជាទេវតាក្រៃលែងជាងទេវតា ទើបកាច់ផ្កាឈូក​ត្រង់ទង បោះឡើងទៅនាអាកាស។ ខ្ញុំប្រកាសថា បពិត្រព្រះអង្គជាអ្នកប្រាជ្ញ បើព្រះអង្គ​ជាព្រះពុទ្ធ ជាច្បងក្នុងលោក ប្រសើរជាងពួកនរជនមែន សូមផ្កាឈូកទាំងនុ៎ះអណែ្តត​ទៅឯង សូមផ្កាឈូកទាំងនុ៎ះ បាំងពីខាងលើព្រះសិរ្សៈ (របស់ព្រះអង្គ) ចុះ។ ព្រះសម្ពុទ្ធ​ទ្រង់មានព្យាយាមធំ ជាច្បងក្នុងលោកប្រសើរជាងពួកនរជន ទ្រង់អធិដ្ឋានហើយ ផ្កាឈូក​ទាំងនោះ ក៏បាំងពីខាងលើព្រះសិរ្សៈនៃព្រះអង្គ ដោយពុទ្ធានុភាព។ ដោយកុសលកម្ម​ដែលខ្ញុំធ្វើនោះផង ដោយការតាំងចេតនានោះផង លុះខ្ញុំលះរាងកាយជារបស់​មនុស្ស​ហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ វិមានដែលបុញ្ញកម្មតាក់តែងល្អហើយសម្រាប់ខ្ញុំ ក្នុងឋានតាវត្តិង្សនោះ គេហៅថាសត្តបត្តៈ មានកំពស់ ៦០ យោជន៍ មានទំហំ ៣០ យោជន៍ ខ្ញុំបានកើតជាព្រះឥន្ទ សោយទេវរាជ្យអស់មួយពាន់ដង កើតជាសេ្តចចក្រពត្តិ អស់ ៧៥ ដង។ ខ្ញុំបានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប ខ្ញុំសោយនូវ​កុសលកម្មរបស់ខ្លួន ដែលខ្លួនធ្វើទុកល្អហើយក្នុងកាលមុខ។ ខ្ញុំសោយសម្បត្តិទាំងឡាយ ដោយការថ្វាយនូវផ្កាឈូកមួយនោះឯង ទាំងបានធ្វើឲ្យជាក់ច្បាស់ នូវធម៌របស់​ព្រះមានព្រះភាគ ព្រះនាមព្រះគោតម។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញអស់ហើយ ភពទាំងឡាយ ខ្ញុំបានគាល់រំលើងអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចដំរីផ្តាច់​ខ្សែ​ទន្លីងដូច្នោះឯង។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផ្កាឈូកមួយ។ បដិសម្ភិទា ៤ វិមោក្ខ   និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧក្ខិត្តបទុមិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ឧក្ខិត្តបទុមិយត្ថេរាបទាន។

ឧទ្ទាន

គន្ធធូបិយត្ថេរាបទាន ១ ឧទកបូជកត្ថេរាបទាន ១ បុន្នាគបុប្ផិយត្ថេរាបទាន ១ ឯកទុស្សទាយកត្ថេរាបទាន ១ ផុស្សិតកម្មិយត្ថេរាបទាន ១ បភង្ករត្ថេរាបទាន ១ តិណកុដិទាយកត្ថេរាបទាន ១ ឧត្តរេយ្យទាយកត្ថេរាបទាន ១ ធម្មស្សវនិយត្ថេរាបទាន ១ ឧក្ខិត្តបទុមិយត្ថេរាបទាន ១ មានគាថាជាប់គ្នាទាំងអស់ ១០១ ផង ៤៤ ផង (១៤៥)។

ចប់ គន្ធោទកវគ្គ ទី៣៤។

ឯកបទុមវគ្គ ទី៣៥

ឯកបទុមិយត្ថេរាបទាន ទី១

[៤១] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង កំពុងទ្រង់សម្តែង​ធម៌ឲ្យ​បណ្តា​ជនច្រើននាក់ឆ្លងនូវភពតូច និងភពធំ។ កាលនោះ ខ្ញុំកើតជាស្តេច​ហង្ស​ប្រសើរ​ជាងសត្វស្លាបទាំងឡាយ បានចុះកាន់ជាតស្រះ ហើយលេងល្បែងហង្ស។ ខណៈ​នោះ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាប់ច្បាស់នូវត្រៃលោក ទ្រង់គួរទទួល​គ្រឿង​បូជា បានស្តេចពុទ្ធដំណើរមកពីខាងលើជាតស្រះ។ ខ្ញុំបានឃើញព្រះសយម្ភូ​លោក​នាយក ជាទេវតាក្រៃលែងជាងទេវតា ក៏កាច់ផ្កាបទុមជាត គឺផ្កាឈូកជាទីរីករាយនៃចិត្ត ត្រង់ទង ខ្ញុំមានចិត្តជ្រះថ្លា បានពាំយកផ្កានោះដោយចំពុះ ហើយបោះទៅឰដ៏អាកាស បូជាព្រះសម្ពុទ្ធដ៏ប្រសើរ។ ព្រះសាស្តា ព្រះនាមបទុមុត្តរៈ ទ្រង់ជា្រប់ច្បាស់ត្រៃលោក ទ្រង់គួរទទួលគ្រឿងបូជា បានប្រថាប់នៅឰដ៏អាកាស ហើយធ្វើអនុមោទនាថា អ្នកនឹង​មិនទៅកើតក្នុងវិនិបាត អស់មួយសែនកប្ប ដោយផ្កា​ឈូកមួយនេះផង ដោយការតាំង​ចេតនានេះផង។ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ លុះទ្រង់សម្តែងនូវអនុមោទនានេះ ព្រមទាំង​ទ្រង់សរសើរកុសលកម្មរបស់ខ្ញុំរួចហើយ ស្តេចពុទ្ធដំណើរទៅកាន់​ទីគួរតាម​ប្រាថ្នា។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាន​ធ្វើ​កុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះឯកបទុមិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឯកបទុមិយត្ថេរាបទាន។

តិណុប្បលមាលិយត្ថេរាបទាន ទី២

[៤២] កាលនោះ ខ្ញុំកើតជាពានរ នៅទៀបឆ្នេរស្ទឹងចន្ទភាគា បានឃើញព្រះសម្ពុទ្ធ ប្រាសចាក​ធូលីគឺកិលេស ទ្រង់គង់នៅត្រង់ចន្លោះភ្នំ។ ខ្ញុំមានចិត្តត្រេកអរ ព្រោះបាន​ឃើញព្រះពុទ្ធ ទ្រង់ញុំាងទិសទាំងពួងឲ្យភ្លឺ ប្រកបដោយលក្ខណៈ និងអនុព្យញ្ជនៈ ដូចស្តេចសាលព្រឹក្សដែលមានផ្ការីក។ ខ្ញុំមានចិត្តខ្ពស់ឯក មានចិត្តរីករាយ មានចិត្ត​ស្រស់ស្រាយដោយបីតិ បានប្រទូលលើក្បាលនូវផ្កាឧប្បល ៣ ថ្វាយព្រះអង្គ។ លុះខ្ញុំបូជា​ផ្កាទាំងឡាយ ចំពោះព្រះមហេសី ព្រះនាមវិបស្សីរួចហើយ ជាអ្នកមានសេចក្តី​គោរព បែរមុខឆ្ពោះទៅកាន់ទិសឧត្តរ ដើរចេញទៅ។ ខ្ញុំកំពុងមានចិត្តជ្រះថ្លា ដើរត្រឡប់​ថយ​ក្រោយ ក៏ធ្លាក់ទៅក្នុងជ្រោះភ្នំ ដល់នូវការអស់ទៅនៃជីវិត ដោយកុសលកម្ម​ដែលខ្ញុំបាន​ធ្វើនោះផង ដោយការតាំងចេតនានោះផង លុះខ្ញុំលះបង់នូវរាងកាយជារបស់​មនុស្ស​ហើយ បានទៅកើតក្នុងឋានតាវត្តិង្ស។ ខ្ញុំបានសោយរាជ្យ អស់ ៣០០ ដង បានកើតជា​ស្តេចចក្រពត្តិ អស់ ៥០០ ដង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ​បាន​បូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះតិណុប្បលមាលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ តិណុប្បលមាលិយត្ថេរាបទាន។

ធជទាយកត្ថេរាបទាន ទី៣

[៤៣] ព្រះសាស្តាព្រះនាមតិស្សៈ ទ្រង់ជាច្បងក្នុងលោក ប្រសើរជាងពួកនរជន ព្រោះអស់​ឧបធិ ៣ ប្រការ ខ្ញុំបានឃើញ (ព្រះអង្គ) ហើយលើកឡើងនូវទង់ថ្វាយ។ ដោយកុសលកម្ម​ដែល​ខ្ញុំធ្វើនោះផង ដោយការតាំងចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់​មនុស្ស​ហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ខ្ញុំបានសោយទេវរាជ្យ អស់ ៣០០ ដង បានជាសេ្តចចក្រពត្តិ អស់ ៥០០ដង។ បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយ​អសង្ខេយ្យកប្ប ខ្ញុំទទួលកុសលកម្មរបស់ខ្លួន ដែលខ្លួនធ្វើល្អហើយក្នុងភពមុន។ ក្នុងកប្ប​ទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវកុសលកម្ម ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយទង់។ សូម្បីថ្ងៃនេះ ខ្ញុំមានប្រាថ្នានឹងគ្រប ក៏អាចគ្រប​នូវព្រៃ និងភ្នំដោយសំពត់សំបកឈើបាន នេះជាផលនៃអំពីដែលខ្ញុំធ្វើហើយក្នុងភពនោះ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះធជទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធជទាយកត្ថេរាបទាន។

តីណិកិង្កណិបូជកត្ថេរាបទាន ទី៤

[៤៤] មានភ្នំមួយឈ្មោះភូតគណៈ នៅជិតព្រៃហិមពាន្ត ខ្ញុំបានឃើញសំពត់បង្សុកូល ដែលគេព្យួរលើចុងឈើក្បែរភ្នំនោះ។ កាលនោះ ខ្ញុំជាអ្នករីក​រាយ មានចិត្តត្រេកអរ បានបេះផ្កាកណ្តឹង ៣ បូជាចំពោះសំពត់បង្សុកូលនោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ កាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះផលនៃ​ផ្កាកណ្តឹង ៣។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតីណិកិង្កណិបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់តិណិកិង្កណិបូជកត្ថេរាបទាន។

នឡាគារិកត្ថេរាបទានទី

[៤៥] មានភ្នំមួយឈ្មោះហារិកៈ នៅជិតព្រៃហិមពាន្ត កាលនោះ ព្រះពុទ្ធព្រះនាមសយម្ភូ ស្តេចគង់នៅក្បែរគល់ឈើមួយ។ ខ្ញុំបានធ្វើរោងបបុះប្រក់ដោយស្មៅ ខ្ញុំជម្រះទីចង្រ្កម ថ្វាយព្រះសយម្ភូ។ ក្នុងកប្បទី ១៤ ខ្ញុំបានរីករាយក្នុងទេវលោក ខ្ញុំបានសោយទេវរាជ្យ ៧៤ ដង បានកើតជាសេ្តចចក្រពត្តិ ៧៧ ដង សោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយ​អសង្ខេយ្យកប្ប។ វិមានជាលំនៅរបស់ខ្ញុំ ខ្ពស់ទទុង ដូចលំពង់ដើមឥន្ទព្រឹក្សដ៏ខ្ពស់ មានសសរមួយពាន់ដើម មានលំអឥតថ្លឹងបាន មានរស្មីរុងរឿងភ្លឺផ្លេក។ ខ្ញុំបានសោយ​សម្បត្តិទាំងពីរ ត្រូវកុសលមូលដាស់តឿន ក៏បួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមគោតម។ ខ្ញុំមានចិត្តបញ្ជូនទៅកាន់ព្យាយាម មានចិត្តស្ងប់រម្ងាប់ ជាអ្នកមិនមាន​ឧបធិ មិនមានអាសវៈ ដូចដំរីផ្តាច់ខ្សែទន្លីងរួចហើយដូច្នោះឯង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះនឡាគារិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ

ចប់ នឡាគារិកត្ថេរាបទាន។

ចម្បកបុប្ផិយត្ថេរាបទាន ទី៦

[៤៦] មានភ្នំមួយឈ្មោះឆាបលៈ នៅជិតព្រៃហិមពាន្ត ព្រះពុទ្ធព្រះនាមសុទស្សនៈ ស្តេច​គង់​ត្រង់ចន្លោះភ្នំ។ កាលនោះ ខ្ញុំកាន់យកផ្កាមានសម្បុរដូចមាស ហើយហោះទៅ​តាម​អាកាស បានឃើញព្រះសម្ពុទ្ធ ដែលប្រាសចាកធូលីគឺកិលេស ស្តេចទ្រង់ឆ្លងឱឃៈហើយ ទ្រង់មិនមានអាសវៈ។ លុះឃើញ ខ្ញុំតម្កល់នូវផ្កាចម្បា ៧ លើក្បាល បូជាដល់​ព្រះសម្ពុទ្ធ​ជាសយម្ភូ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុ​ដែលខ្ញុំ​បានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះចម្បកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ចម្បកបុប្ផិយត្ថេរាបទាន។

បទុមបូជកត្ថេរាបទាន ទី៧

[៤៧] មានភ្នំមួយឈ្មោះរោមសៈ នៅជិតព្រៃហិមពាន្ត កាលនោះ ព្រះពុទ្ធព្រះនាម​សោភិតៈ ទ្រង់គង់នៅត្រង់ទីវាល។ ខ្ញុំចេញអំពីលំនៅ ហើយកាន់យកនូវផ្កាឈូក បាំង​ថ្វាយ​ព្រះសម្ពុទ្ធ លុះខ្ញុំបាំងថ្វាយអស់មួយថ្ងៃហើយ ត្រឡប់ចូលកាន់លំនៅវិញ។ ក្នុងកប្ប​ទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបទុមបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បទុមបូជកត្ថេរាបទាន។

ចប់ ភាណវារៈ ទី១៣

តិណមុដ្ឋិទាយកត្ថេរាបទាន ទី៨

[៤៨] មានភ្នំមួយឈ្មោះលម្ពកៈ នៅជិតព្រៃហិមពាន្ត ព្រះសម្ពុទ្ធ ព្រះនាមឧបតិស្សៈ ទ្រង់​ចង្រ្កមក្នុងទីវាលជិតភ្នំនោះ។ កាលនោះ ខ្ញុំបានកើតជាព្រានម្រឹគនៅក្នុងព្រៃធំ បានឃើញ​ព្រះសយម្ភូនោះ ជាទេវតាក្រៃលែងជាងទេវតា ទ្រង់ឈ្នះមារ។ លុះឃើញហើយ ខ្ញុំមាន​ចិត្ត​ជ្រះថ្លា បានថ្វាយស្មៅមួយក្តាប់ដល់ព្រះសម្ពុទ្ធអង្គនោះ ទ្រង់ស្វែងរកនូវគុណដ៏ធំ សម្រាប់​ក្រាលគង់។ លុះខ្ញុំថ្វាយដល់ព្រះសម្ពុទ្ធ ជាទេវតាក្រៃលែងជាងទេវតាហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លាដ៏ក្រៃលែង ថ្វាយបង្គំព្រះសម្ពុទ្ធ ឈមមុខទៅកាន់ទិសឧត្តរ ហើយដើរ​ចេញទៅ។ ខ្ញុំកំពុងដើរទៅ មិនយូរប៉ុន្មាន សេ្តចម្រឹគគឺសីហៈក៏ខាំខ្ញុំ ខ្ញុំដែលត្រូវសីហៈ​ខាំផ្តួលហើយនោះ ក៏ធ្វើមរណកាលត្រង់កន្លែងនោះ។ ព្រោះកុសលកម្មដែលខ្ញុំធ្វើហើយ ចំពោះព្រះសម្ពុទ្ធដ៏ប្រសើរ មិនមានអាសវៈ ក្នុងពេលជិតមរណៈនោះ ខ្ញុំក៏បានទៅកើតឯ​ឋានទេវលោក ដូចកម្លាំងសរដែលរបូតចេញ។ ប្រាសាទជាវិការៈនៃកែវមណី​មានពណ៌​ខៀវ ដែលបុញ្ញកម្មនិម្មិតហើយសម្រាប់ខ្ញុំ ក្នុងទេវលោកនោះ ជាប្រាសាទដ៏ល្អ មានកំពស់​មួយពាន់ជួរកូនសរ មានជាន់ ១០០ បរិបូណ៌ដោយទង់។ ពន្លឺនៃប្រាសាទនោះ​ផ្សាយចេញ​ទៅដូចព្រះអាទិត្យរះឡើង ខ្ញុំជាអ្នកប្រាថ្នារីករាយក្នុងកាម កុះករដោយស្រីទេពកញ្ញា។ ខ្ញុំច្យុតចាកទេវលោកហើយ ត្រូវកុសលមូលដាស់តឿន ក៏បានមកកាន់មនុស្សភាព ហើយ​ដល់នូវការក្ស័យនៃអាសវៈ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែល​ខ្ញុំបានថ្វាយ​ស្មៅសម្រាប់អង្គុយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃស្មៅមួយកា្តប់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតិណមុដ្ឋិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ តិណមុដ្ឋិទាយកត្ថេរាបទាន។

តិន្ទុកផលទាយកត្ថេរាបទាន ទី៩

[៤៩] ខ្ញុំឃើញព្រះពុទ្ធ ទ្រង់បា្រសចាកធូលីគឺកិលេស ទ្រង់ឆ្លងឱឃៈហើយ មិនមាន​អាសវៈ សេ្តចគង់ក្នុងចន្លោះភ្នំ រុងរឿងដូចផ្កាកណិការ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្ត​សោមនស្ស បានឃើញដើមទន្លាប់ដែលមានផ្លែ ទើបកាច់យកទាំងទង ថ្វាយព្រះវេស្សភូ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ កាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែទន្លាប់ ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែទន្លាប់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតិន្ទុកផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ តិន្ទុកផលទាយកត្ថេរាបទាន។

ឯកញ្ជលិយត្ថេរាបទាន ទី១០

[៥០] កាលនោះ ព្រះសម្ពុទ្ធព្រះនាមរេវតៈ សេ្តចគង់នៅទៀបឆេ្នរស្ទឹង ខ្ញុំបានឃើញ​ព្រះពុទ្ធ ដែលប្រាសចាកធូលីគឺកិលេស ដូចព្រះអាទិត្យមានរស្មីលឿង ឬដូចមុខភើ្លងគប់ ដែលត្រូវខ្យល់បក់ហើយ ពុំនោះសោត ដូចរងើកភ្លើងនៃឧសគគីរ ទ្រង់រុងរឿងដូច​ផ្កាយ​ព្រឹក ខ្ញុំធ្វើអញ្ជលីម្តង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែល​ខ្ញុំបាន​ធ្វើអញ្ជលី ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការធ្វើអញ្ជលី។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះឯកញ្ជលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឯកញ្ជលិយត្ថេរាបទាន។

ឧទ្ទាន

ឯកបទុមិយត្ថេរាបទាន ១ តីណុប្បលមាលិយត្ថេរាបទាន ១ ធជទាយកត្ថេរាបទាន ១ តីណិកិង្កណិបូជកត្ថេរាបទាន ១ នឡាគារិកត្ថេរាបទាន ១ ចម្បកបុប្ផិយត្ថេរាបទាន ១ បទុមបូជកត្ថេរាបទាន ១ តិណមុដ្ឋិទាយកត្ថេរាបទាន ១ តិន្ទុកផលទាយកត្ថេរាបទាន ១ ឯកញ្ជលិយត្ថេរាបទាន ១ ចំនួន គាថា៦៦ គាថា ដែលពួកអ្នកប្រាជ្ញរាប់ឃើញហើយ។

ចប់ ឯកបទុមវគ្គ ទី៣៥។

សទ្ទសញ្ញិកវគ្គ ទី៣៦

សទ្ទសញ្ញិកត្ថេរាបទាន ទី១

[៥១] ពីជាតិមុន ខ្ញុំជាព្រានម្រឹគនៅក្នុងព្រៃធំ ខ្ញុំបានឃើញព្រះសម្ពុទ្ធ មានពួកទេវតា​ចោមរោម​ក្នុងទីនោះ ដែលកំពុងទ្រង់ប្រកាសនូវសច្ចៈ ៤ ស្រោចស្រង់មហាជន ខ្ញុំបាន​ស្តាប់​នូវព្រះពុទ្ធដីកាដ៏ពីរោះ ឧបមាដូចសម្រែកនៃករវិក។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លាក្នុង​ព្រះសូរ​សៀង​គឹកកង របស់ព្រះមុនីព្រះនាមសិខី ជាលោកពន្ទុ មានព្រះសូរសៀង​ដូចសម្លេង​នៃព្រហ្ម ហើយដល់នូវការអស់ទៅនៃអាសវៈ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​សេចក្តី​ជ្រះថ្លា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសទ្ទសញ្ញិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សទ្ទសញ្ញិកត្ថេរាបទាន។

យវកលាបិយត្ថេរាបទាន ទី២

[៥២] ក្នុងកាលនោះ ខ្ញុំជាអ្នកធ្វើស្រែនៃស្រូវដំណើប នៅក្នុងនរគរអរុណវតី បានឃើញ​ព្រះសម្ពុទ្ធ​ក្នុងផ្លូវ ក៏បានក្រាលកណ្តាប់ស្រូវដំណើប (ថ្វាយព្រះអង្គ)។ ព្រះសិខី ព្រះអង្គជា​អគ្គនាយក​ក្នុងលោក មានសេចក្តីអនុគ្រោះ មានសេចក្តីករុណា ទ្រង់ជា្របនូវសេចក្តី​ត្រិះរិះ​របស់ខ្ញុំ ហើយគង់លើកម្រាលនៃស្រូវដំណើបនោះ។ ខ្ញុំលុះបានឃើញ (ព្រះសម្ពុទ្ធ​នោះ) ព្រះអង្គគ្មានមន្ទិល មានឈានដ៏ប្រសើរ ជាអ្នកដឹកនាំ (សត្វលោក) កំពុងគង់នៅ ក៏ញុំាងប្រាមោទ្យឲ្យកើតឡើង ហើយធ្វើមរណកាលក្នុងទីនោះ។ ក្នុងកប្បទី ៣១ អំពី​កប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាលកណ្តាប់ស្រូវដំណើប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ

បានឮថា ព្រះយវកលាបិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ យវកលាបិយត្ថេរាបទាន។

កឹសុកបូជកត្ថេរាបទាន ទី៣

[៥៣] ខ្ញុំបានឃើញផ្កាចាររីក ហើយបេះផ្គងអញ្ជលីឡើង នឹកដល់ព្រះពុទ្ធព្រះនាមសិទ្ធត្ថ បូជាបោះទៅឰដ៏អាកាស។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកឹសុកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ កឹសុកបូជកត្ថេរាបទាន។

សកោដកកោរណ្ឌទាយកត្ថេរាបទាន ទី៤

[៥៤] ខ្ញុំបានឃើញស្នាមព្រះបាទរបស់ព្រះសិខី ជាផៅពង្សនៃលោក ដែលទ្រង់ជាន់ទុក ហើយ​ធ្វើនូវស្បែកខ្លាឆៀងស្មាម្ខាង ថ្វាយបង្គំស្នាមព្រះបាទដ៏ប្រសើរ។ ខ្ញុំឃើញនូវ​ដើមឈើ​ដែលដុះលើផែនដី ឈ្មោះកោរណ្ឌព្រឹក្ស មានផ្ការីក ហើយក៏កាច់យកទាំងត្រួយ មកបូជានូវចក្រឰដ៏ស្នាមព្រះបាទ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ​ហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសកោដកកោរណ្ឌទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សកោដកកោរណ្ឌទាយកត្ថេរាបទាន។

ទណ្ឌទាយកត្ថេរាបទាន ទី៥

[៥៥] ក្នុងកាលនោះ ខ្ញុំបានចូលទៅក្នុងព្រៃធំ ហើយកាប់នូវឫស្សី យកមកធ្វើបង្កាន់ដៃ ប្រគេនដល់ព្រះសង្ឃ។ ដោយចិត្តជ្រះថ្លានោះ ខ្ញុំថ្វាយបង្គំព្រះសង្ឃដែលមានវត្តដ៏ល្អ លុះប្រគេននូវបង្កាន់ដៃហើយ ក៏បែរមុខឆ្ពោះកាន់ឧត្តរទិស ដើរចេញទៅ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានប្រគេននូវបង្កាន់ដៃ ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃការប្រគេនបង្កាន់ដៃ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះទណ្ឌទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ទណ្ឌទាយកត្ថេរាបទាន។

អម្ពយាគុទាយកត្ថេរាបទាន ទី៦

[៥៦] ព្រះបច្ចេកសម្ពុទ្ធ ព្រះនាមសតរង្សី ត្រាស់ដឹងឯង គ្មានសត្រូវផ្ចាលផ្ចាញ់បាន ទ្រង់ចេញអំពីសមាធិ ហើយស្តេចសំដៅមករកខ្ញុំដើម្បីភិក្ខា។ ខ្ញុំបានឃើញព្រះបចេ្ចកពុទ្ធ​ដែល​មាន​ព្រះហឫទ័យស្អាត ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនបបរស្វាយ ដល់ព្រះបច្ចេកពុទ្ធ​នោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបបរស្វាយ។ បដិសម្ភិទា ៤ វិមោក្ក ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអម្ពយាគុទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អម្ពយាគុទាយកត្ថេរាបទាន។

បុដកបូជកត្ថេរាបទាន ទី៧

[៥៧] ព្រះពុទ្ធព្រះនាមវិបស្សី ជានាយកនៃលោក ទ្រង់ស្តេចចេញអំពីបង្ហារសម្រាប់​សម្រាក​ក្នុងវេលាថ្ងៃ ទ្រង់ធ្វើព្រះដំណើរទៅដើម្បីភិក្ខា បានទ្រង់ចូលសំដៅទៅរកខ្ញុំ។ លំដាប់នោះ ខ្ញុំមានបីតិសោមនស្ស ក៏បានប្រគេននូវកញ្ចប់អំបិល ដល់ព្រះពុទ្ធជាបុគ្គល​ប្រសើរ ប្រកបដោយតាទិគុណ ដោយសារកុសលនេះ ក៏បានរីករាយក្នុងឋានសួគ៌​អស់​មួយ​កប្ប។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយកញ្ចប់អំបិល ខ្ញុំមិន​ដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយកញ្ចប់អំបិល។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះបុដកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុដកបូជកត្ថេរាបទាន។

វច្ឆទាយកត្ថេរាបទាន ទី៨

[៥៨] ខ្ញុំជ្រះថ្លាបានប្រគេនគ្រែមួយ ដល់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាច្បងក្នុង​លោក ជាតាទិបុគ្គល ដោយដៃរបស់ខ្លួន។ ដោយការថ្វាយគ្រែនោះ ខ្ញុំក៏បាននូវយានដំរី យានសេះ ជាយានទិព្វ ទាំងបានដល់នូវការអស់ទៅនៃអាសវៈ។ ក្នុងកប្បទី ៩១ អំពីកប្ប​នេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយគ្រែ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃការថ្វាយគ្រែ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះវច្ឆទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ វច្ឆទាយកត្ថេរាបទាន។

សរណាគមនិយត្ថេរាបទាន ទី៩

[៥៩] ក្នុងកាលនោះ ភិក្ខុ និងខ្ញុំជាអាជីវក បានឡើងជិះទូក កាលទូកបែកធ្លាយ ភិក្ខុបានឲ្យសរណគមន៍ដល់ខ្ញុំ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលភិក្ខុបាន​ឲ្យសរណគមន៍ដល់ខ្ញុំ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃសរណគមន៍។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសរណាគមនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សរណាគមនិយត្ថេរាបទាន។

បិណ្ឌបាតិកត្ថេរាបទាន ទី១០

[៦០] កាលនោះ ព្រះសម្ពុទ្ធព្រះនាមតិស្សៈ គង់នៅក្នុងព្រៃធំ ខ្ញុំចេញអំពីឋានតុសិតមក​ក្នុងទីនេះ បានថ្វាយបិណ្ឌបាត។ ខ្ញុំថ្វាយបង្គំព្រះសម្ពុទ្ធ ព្រះនាមតិស្សៈ ព្រះអង្គមាន​យសធំ ហើយក៏ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយត្រឡប់ទៅកាន់ឋានតុសិតវិញ។ ក្នុង​កប្បទី ៩២ អំពីកប្បនេះ កាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃបិណ្ឌបាត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបិណ្ឌបាតិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បិណ្ឌបាតិកត្ថេរាបទាន។

ឧទ្ទាន

សទ្ទសញ្ញិកត្ថេរាបទាន ១ យវកលាបិយត្ថេរាបទាន ១ កឹសុកបូជកត្ថេរាបទាន ១ សកោដកកោរណ្ឌបុប្ផិយត្ថេរាបទាន ១ អាលម្ពលន ឬទណ្ឌទាយកត្ថេរាបទាន ១ អម្ពយាគុទាយកត្ថេរាបទាន ១ បុដកបូជកត្ថេរាបទាន ១ វច្ឆទាយកត្ថេរាបទាន ១ សរណាគមនិយត្ថេរាបទាន ១ បិណ្ឌបាតិកត្ថេរាបទាន ១ មានគាថា ៤០។

ចប់ សទ្ទសញ្ញិកវគ្គ ទី៣៦។

មន្ទារវបុប្ផិយវគ្គ ទី៣៧

មន្ទារវិយត្ថេរាបទាន ទី១

[៦១] ខ្ញុំជាទេវតាកម្លោះ ឈ្មោះមង្គលៈ ចេញអំពីឋានតាវត្តិង្ស ហើយមកក្នុងទីនេះ បាន​យក​ផ្កាមន្ទារវៈ បាំងលើព្រះសិរ្សៈនៃព្រះពុទ្ធព្រះនាមវិបស្សី ព្រះអង្គស្វែងនូវគុណដ៏ធំ ដែល​គង់នៅដោយសមាធិ លុះខ្ញុំបាំងថ្វាយអស់ ៧ ថ្ងៃហើយ ទើបបានទៅ​កាន់ទេវលោក​វិញ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះមន្ទារវិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មន្ទារវិយត្ថេរាបទាន។

កក្ការុបុប្ផិយត្ថេរាបទាន ទី២

[៦២] ខ្ញុំចេញអំពីទេវលោកជាន់យាមៈ មកក្នុងទីនេះ បានឃើញព្រះគោតម ជា​សិរិវច្ឆយគោត្រ ហើយយកផ្កាត្រឡាចបូជាដល់ព្រះពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុ​ដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកក្ការុបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ កក្ការុបុប្ផិយត្ថេរាបទាន។

ភិសមុឡាលទាយកត្ថេរាបទាន ទី៣

[៦៣] ព្រះសម្ពុទ្ធព្រះនាមផុស្សៈ ព្រះអង្គដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់ប្រាថ្នានូវវិវេក ទ្រង់ប្រកបដោយបញ្ញា បានស្តេចមកក្នុងសំណាក់របស់ខ្ញុំ។ ខ្ញុំបានញុំាងចិត្តឲ្យជ្រះថ្លាក្នុង​ព្រះជិនស្រី ព្រះអង្គប្រកបដោយមហាករុណានោះហើយ បានយកក្រអៅឈូកថ្វាយ​ដល់​ព្រះពុទ្ធដ៏ប្រសើរ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែល​ខ្ញុំបាន​ថ្វាយ​ក្រអៅឈូក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយក្រអៅឈូក។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះភិសមុឡាលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ភិសមុឡាលទាយកត្ថេរាបទាន។

កេសរបុប្ផិយត្ថេរាបទាន ទី៤

[៦៤] ក្នុងកាលនោះ ខ្ញុំកើតជាវិជា្ជធរ នៅលើភ្នំហិមពាន្ត បានឃើញព្រះពុទ្ធ ទ្រង់​ប្រាសចាក​រាគៈ មានយសធំ កំពុងចង្រ្កម។ លុះឃើញហើយ ខ្ញុំបានតម្កល់ផ្កាកេសរ ៣ ទងលើក្បាល ហើយនាំចូលទៅបូជាព្រះសម្ពុទ្ធ ព្រះនាមវេស្សភូ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសល ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ​ជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកេសរបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ កេសរបុប្ផិយត្ថេរាបទាន។

អង្កោលបុប្ផិយត្ថេរាបទាន ទី៥

[៦៥] ក្នុងកាលនោះ ព្រះសម្ពុទ្ធព្រះនាមបទុមៈ គង់នៅលើភ្នំចិត្តកូដ ខ្ញុំបានឃើញព្រះពុទ្ធ ជាសយម្ភូអង្គនោះហើយ ក៏ចូលទៅជិត។ ក្នុងកាលនោះ ខ្ញុំបានឃើញផ្កាអង្កោលរីក ហើយបេះកាន់ដើរចូលទៅបូជាព្រះជិនស្រីសម្ពុទ្ធ ព្រះនាមបទុមៈ។ ក្នុងកប្បទី ៣១ អំពីកប្ប​នេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអង្កោលបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អង្កោលបុប្ផិយត្ថេរាបទាន។

កទម្ពបុប្ផិយត្ថេរាបទាន ទី៦

[៦៦] ខ្ញុំអង្គុយលើប្រាសាទដ៏ប្រសើរ បានឃើញព្រះសម្ពុទ្ធជាលោកនាយក ព្រះអង្គមាន​វណ្ណៈ​ដូចមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ ប្រាកដសើ្មដោយគ្រឿងបូជាមាស កំពុងស្តេចទៅកាន់ចន្លោះនៃរានផ្សារ ខ្ញុំបានយកផ្កាកទម្ព បូជាព្រះពុទ្ធព្រះនាមវិបស្សី។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកទម្ពបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ កទម្ពបុប្ផិយត្ថេរាបទាន។

ឧទ្ទាលកបុប្ផិយត្ថេរាបទាន ទី៧

[៦៧] ក្នុងកាលនោះ ព្រះសម្ពុទ្ធព្រះនាមសុជាត ព្រះអង្គគង់នៅលើច្រាំងនៃទន្លេគង្គា ខ្ញុំបានយកផ្ការាជព្រឹក្សបូជាព្រះពុទ្ធ ទ្រង់ឈ្នះកិលេស។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧទ្ទាលកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឧទ្ទាលកបុប្ផិយត្ថេរាបទាន។

ឯកចម្បកបុប្ផិយត្ថេរាបទាន ទី៨

[៦៨] ព្រះសម្ពុទ្ធមានព្រះហឫទ័យស្ងប់រម្ងាប់ គង់នៅនាចន្លោះភ្នំ ខ្ញុំបានយកផ្កាចម្បាមួយ ដើរចូលទៅគាល់ព្រះសម្ពុទ្ធដ៏ឧត្តម។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានកាន់ផ្កានោះ​ដោយ​ដៃទាំងពីរ ហើយបូជាព្រះបច្ចេកមុនីដ៏ឧត្តម ដែលទ្រង់ឈ្នះកិលេស។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឯកចម្បកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឯកចម្បកបុប្ផិយត្ថេរាបទាន។

តិមិរបុប្ផិយត្ថេរាបទាន ទី៩

[៦៩] ខ្ញុំទៅតាមទីបណ្តោយខ្សែទឹក បានឃើញព្រះពុទ្ធជិតឆ្នេរស្ទឹងចន្ទភាគា ទ្រង់​ប្រាស​ចាក​ធូលីគឺរាគៈ ទ្រង់ដូចសាលរាជព្រឹក្សមានផ្ការីក។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ​ចំពោះព្រះបច្ចេកមុនីដ៏ឧត្តម បាននាំយកផ្កាតិមិរព្រឹក្ស មករោយលើព្រះកេសព្រះអង្គ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតិមិរបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ តិមិរបុប្ផិយត្ថេរាបទាន។

សលឡបុប្ផិយត្ថេរាបទាន ទី១០

[៧០] ក្នុងកាលនោះ ខ្ញុំកើតជាកិន្នរ នៅទៀបឆ្នេរស្ទឹងចន្ទភាគា បានឃើញ (នូវព្រះវិបស្សី​សម្ពុទ្ធ) ព្រះអង្គជាទេវតាកន្លងទេវតា ប្រសើរជាងពួកនរជន កំពុងចង្រ្កមក្នុងទីនោះ។ ខ្ញុំបានបេះផ្កាស្រល់ បូជាដល់ព្រះពុទ្ធដ៏ប្រសើរ ឯព្រះសម្ពុទ្ធមានព្យាយាមធំ ទ្រង់បាន​ស្រងក្លិនផ្កាស្រល់ជាក្លិនទិព្វ។ ក្នុងកាលនោះឯង ព្រះវិបស្សីសម្ពុទ្ធ ជាលោកនាយក មានព្យាយាមធំ ទ្រង់បានទទួល ហើយស្រងក្លិនផ្ការបស់ខ្ញុំ ដែលខ្ញុំកំពុងតែ​ក្រឡេក​មើល។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានផ្គងអញ្ជលីថ្វាយបង្គំព្រះទិបទុត្តមាចារ្យ ហើយឡើងទៅលើភ្នំវិញ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសលឡបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សលឡបុប្ផិយត្ថេរាបទាន។

ឧទ្ទាន

មន្ទារវិយត្ថេរាបទាន ១ កក្ការុបុប្ផិយត្ថេរាបទាន ១ ភិសមុឡាលទាយកត្ថេរាបទាន ១ កេសរបុប្ផិយត្ថេរាបទាន ១ អង្កោលបុប្ផិយត្ថេរាបទាន ១ កទម្ពបុប្ផិយត្ថេរាបទាន ១ ឧទ្ទាលកបុប្ផិយត្ថេរាបទាន ១ ឯកចម្បកបុប្ផិយត្ថេរាបទាន ១ តិមិរបុប្ផិយត្ថេរាបទាន ១ សលឡបុប្ផិយត្ថេរាបទាន ១ មានគាថា ៤០។

ចប់ មន្ទារវបុប្ផិយវគ្គ ទី៣៧។

ពោធិវន្ទនវគ្គ ទី៣៨

ពោធិវន្ទកត្ថេរាបទាន ទី១

[៧១] ខ្ញុំបានឃើញដើមច្រនៀងដ៏រុងរឿង ជាឈើដុះលើផែនដី ហើយខ្ញុំធ្វើ (នូវសំពត់) ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីថ្វាយបង្គំនូវដើមច្រនៀង។ ខ្ញុំផ្គងអញ្ជលី ធ្វើសេចក្តីគោរព​ក្នុងចិត្ត ថ្វាយបង្គំដើមច្រនៀង ហាក់ដូចជាព្រះសម្ពុទ្ធព្រះនាមវិបស្សីគង់នៅចំពោះមុខ ព្រះអង្គស្អាតទាំងក្នុង ស្អាតទាំងក្រៅ ទ្រង់រួចស្រឡះចាកវដ្តទុក្ខ មិនមានអាសវៈ ដែល​ត្រៃលោកបូជាហើយ មានព្រះករុណាញាណដូចសាគរ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គំពោធិព្រឹក្ស ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការ​ថ្វាយបង្គំ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះពោធិវន្ទកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពោធិវន្ទកត្ថេរាបទាន។

បាដលិបុប្ផិយត្ថេរាបទាន ទី២

[៧២] ព្រះជិនស្រីមានព្រះភាគ ព្រះនាមវិបស្សី ព្រះអង្គត្រាស់ដឹងឯង ជាបុគ្គលដ៏ប្រសើរ មានពពួកសិស្សហែហមហើយ ស្តេចចូលទៅកាន់ពន្ធុមតីនគរ។ ខ្ញុំបានដក់ផ្កាច្រនៀង ៣ ទងក្នុងថ្នក់ ខ្ញុំប្រាថ្នានឹងកក់ក្បាល ខ្ញុំបានដើរទៅកាន់ឆ្នេរស្ទឹង។ ខ្ញុំចេញអំពីក្រុងពន្ធុមតី បានឃើញព្រះពុទ្ធជាលោកនាយក ទ្រង់ដូចជាដើមរាជព្រឹក្សដ៏រុងរឿងកំពុងឆេះ ទ្រង់​ដូចជា​ខ្លាធំ ឬដូចគោឧសភដ៏ប្រសើរ ឬក៏ដូចកេសររាជសីហ៍ មានជាតិដ៏ខ្ពស់ ព្រះអង្គ​ប្រសើរជាងពួកសមណៈ កំពុងស្តេចទៅ ដោយមានភិក្ខុសង្ឃចោមរោម ខ្ញុំជ្រះថ្លាចំពោះ​ព្រះសុគតអង្គនោះ ទ្រង់លាងមន្ទិលគឺកិលេសហើយ ខ្ញុំកាន់យកផ្កាច្រនៀងទាំង ៣ ទង បូជាព្រះពុទ្ធដ៏ប្រសើរ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបាដលិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បាដលិបុប្ផិយត្ថេរាបទាន។

តីណុប្បលមាលិយត្ថេរាបទាន ទី៣

[៧៣] ក្នុងកាលនោះ ខ្ញុំកើតជាស្វា នៅទៀបឆ្នេរស្ទឹងចន្ទភាគា បានឃើញព្រះពុទ្ធ ដែល​ប្រាសធូលីគឺរាគៈ គង់នៅនាចន្លោះភ្នំ។ លុះខ្ញុំបានឃើញ (ព្រះសម្ពុទ្ធនោះ) ទ្រង់ប្រកប​ដោយលក្ខណៈ និងព្យពា្ជនៈ ដែលកំពុងញុំាងទិសទាំងពួងឲ្យភ្លឺស្វាង ដូចជាផ្កា​សាលរាជព្រឹក្ស​រីកហើយ ខ្ញុំក៏មានចិត្តត្រេកអរ។ លុះខ្ញុំមានចិត្តខ្ពស់ឡើង មានចិត្ត​សោមនស្ស មានចិត្តរីករាយដោយបីតិ ហើយបូជាផ្កាទាំង ៣ លើព្រះសិរ្សៈ។ លុះខ្ញុំបូជា​ផ្កាទាំងឡាយ ដល់ព្រះផុស្សសម្ពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ហើយខ្ញុំក៏ធ្វើ​សេចក្តី​គោរព រួចបែរមុខឆ្ពោះទៅកាន់ឧត្តរទិស ដើរចៀសចេញទៅ។ ខ្ញុំកំពុងដើរថយក្រោយ ទាំងមាន​ចិត្តជ្រះថ្លា ក៏ធ្លាក់ទៅក្នុងជ្រោះភ្នំ ដល់នូវការអស់ទៅនៃជីវិត ដោយកុសលកម្ម​ដែលខ្ញុំធ្វើនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបុរិមជាតិនោះហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស បានសោយទេវរាជ្យអស់ ៣០០ ដង បានជាស្តេចចក្រពត្តិ អស់ ៥០០ ដង។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិន​ដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតីណុប្បលមាលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ តីណុប្បលមាលិយត្ថេរាបទាន។

បត្តិបុប្ផិយត្ថេរាបទាន ទី៤

[៧៤] វេលាដែលព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គស្វែងរកនូវគុណដ៏ធំ បរិនិព្វាន​ហើយ ពួកជនទាំងអស់នោះ នាំគ្នាមកប្រជុំ រំកិលនូវព្រះសរីរៈ កាលកំពុងរំកិលព្រះសរិរៈ កំពុងវាយស្គរ (លាន់ឮគឹកកងរំពង) ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាផ្កា ជាចំណែកបុណ្យ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាព្រះសរីរៈ ឱ! ខ្ញុំមកក្នុងសំណាក់​ព្រះពុទ្​ធរបស់ខ្ញុំ ល្អណាស់តើហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនាខ្ញុំបាន​ធ្វើហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបត្តិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បត្តិបុប្ផិយត្ថេរាបទាន។

សត្តបណ្ណិយត្ថេរាបទាន ទី៥

[៧៥] ព្រះសម្ពុទ្ធព្រះនាមសុមនៈ ជាលោកនាយក ទ្រង់ត្រាស់ឡើង ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជានូវផ្កាសត្តបណ្ណិ (ដល់ព្រះអង្គ) ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាសត្តបណ្ណិ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការ​បូជា​ផ្កាសត្តបណិ្ណ។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនាខ្ញុំបានធ្វើហើយ។ កិលេសទាំងឡាយ ខ្ញុំដុត​បំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជា​ដំរីកាត់នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសត្តបណ្ណិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សត្តបណ្ណិយត្ថេរាបទាន។

គន្ធមុដ្ឋិយត្ថេរាបទាន ទី៦

[៧៦] កាលគេកំពុងធ្វើជើងថ្ករ កាលក្លិនក្រអូបផ្សេងៗ កំពុងប្រជុំព្រម ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាផ្កាមួយកា្តប់។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុ​ដែល​ខ្ញុំបានបូជាជើងថ្ករ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាជើងថ្ករ។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់ហើយ​ដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញ​ហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីកាត់នូវ​ចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះគន្ធមុដ្ឋិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ គន្ធមុដ្ឋិយត្ថេរាបទាន។

ចិតកបូជកត្ថេរាបទាន ទី៧

[៧៧] កាលព្រះមានព្រះភោគ ព្រះនាមបទុមុត្តរៈ បរិនិព្វាន កាលគេកំពុងលើកជើងថ្ករ ខ្ញុំបានបូជាផ្ការាំងភ្នំ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាជើងថ្ករ។ ឱ! ដំណើរដែលខ្ញុំមក​ក្នុង​សំណាក់​​ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះចិតកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ចិតកបូជកត្ថេរាបទាន។

សុមនតាលវណ្តិយត្ថេរាបទាន ទី៨

[៧៨] ខ្ញុំបានថ្វាយផ្លិតស្លឹកត្នោត ដែលគេរំលេចដោយផ្កាម្លិះទាំងឡាយ ដល់​ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ខ្ញុំបានបាំងថ្វាយព្រះពុទ្ធមានយសធំ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លិតស្លឹកត្នោត ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផលនៃផ្លិតស្លឹកត្នោត។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។ កិលេសទាំង​ឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គលមិន​មានអាសវៈ ដូចជាដំរីកាត់នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុមនតាលវណ្តិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សុមនតាលវណ្តិយត្ថេរាបទាន។

សុមនទាមិយត្ថេរាបទាន ទី៩

[៧៩] ខ្ញុំធ្វើកម្រងផ្កាម្លិះ ហើយឈរបាំងថ្វាយចំពោះព្រះភក្រ្តនៃព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ ព្រះអង្គមានកិលេសលាងហើយ មានតបធម៌។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះ​ហេតុដែលខ្ញុំបានបូជាកម្រងផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រងផ្កាម្លិះ។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់​ហើយ​ដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។ កិលេសទាំងឡាយ ខ្ញុំដុត​បំផ្លាញ​ហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីកាត់​នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុមនទាមិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សុមនទាមិយត្ថេរាបទាន។

កាសុមារិផលទាយកត្ថេរាបទាន ទី១០

[៨០] ខ្ញុំបានឃើញព្រះពុទ្ធ ព្រះអង្គប្រាសចាកធូលីគឺរាគៈ ជាច្បងក្នុងលោក ប្រសើរជាង​នរៈ ដែលគង់នៅនាចន្លោះភ្នំ ទ្រង់រុងរឿងដូចផ្កាកណិការ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្ត​រីករាយ បានធ្វើអញ្ជលីលើត្បូង ហើយកាន់ផ្លែកាសុមារិព្រឹក្សថ្វាយដល់ព្រះពុទ្ធដ៏ប្រសើរ។ ក្នុង​កប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃទាន។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គល​មិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកាសុមារិផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កាសុមារិផលទាយកត្ថេរាបទាន។

ឧទ្ទាន

ពោធិវន្ទកត្ថេរាបទាន ១ បាដលិបុប្ផិយត្ថេរាបទាន ១ តីណុប្បលមាលិយត្ថេរាបទាន ១ បត្តិបុប្ផិយត្ថេរាបទាន ១ សត្តបណិ្ណយត្ថេរាបទាន ១ គន្ធមុដ្ឋិយត្ថេរាបទាន ១ ចិតកបូជកត្ថេរាបទាន ១ សុមនតាលវណ្តិយត្ថេរាបទាន ១ សុមនទាមិយត្ថេរាបទាន ១ កាសុមារិផលទាយកត្ថេរាបទាន ១ មានគាថា ៥៩។

ចប់ ពោធិវន្ទនវគ្គ ទី៣៨។

អម្ពដផលវគ្គ ទី៣៩

អម្ពដផលទាយកត្ថេរាបទាន ទី១

[៨១] ព្រះសម្ពុទ្ធមានព្រះភាគ ព្រះនាមសតរង្សី ព្រះអង្គត្រាស់ដឹងឯង ទ្រង់ឈ្នះកិលេស មានប្រាថ្នានូវវិវេក បានចេញទៅដើម្បីគោចរ។ ខ្ញុំមានផ្លែឈើក្នុងដៃ បានឃើញហើយ ក៏ចូលទៅរកព្រះមានព្រះភាគ ដ៏ប្រសើរជាងនរៈ ខ្ញុំក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ ហើយបានថ្វាយផ្លែម្កាក់។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់​ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បាន​ធ្វើហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញ​ហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះអម្ពុដផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អម្ពុដផលទាយកត្ថេរាបទាន។

លពុជទាយកត្ថេរាបទាន ទី២

[៨២] ក្នុងកាលនោះ ខ្ញុំជាអារាមិកជន (អ្នកថែសួនច្បារ) នៅក្នុងនគរពន្ធុមតី បានឃើញ​ព្រះពុទ្ធ ព្រះអង្គប្រាសចាកធូលីគឺរាគៈ កំពុងស្តេចទៅឰដ៏អាកាស។ ខ្ញុំបានយកផ្លែខ្នុរសម្ល​ថ្វាយព្រះពុទ្ធដ៏ប្រសើរ ឯព្រះសម្ពុទ្ធមានយសដ៏ធំ មានព្រះហឫទ័យស្ងប់រម្ងាប់ បានទ្រង់​ឋិតនៅឰដ៏អាកាស ទទួលយក។ ខ្ញុំមានការកើតឡើងនៃបីតិ ដែលជាគុណនាំ​មកនូវ​សេចក្តី​សុខក្នុងបច្ចុប្បន្ន ព្រោះតែថ្វាយផ្លែខ្នុរដល់ព្រះពុទ្ធ ដោយចិត្តជ្រះថ្លា។ ក្នុងកាល​នោះឯង ខ្ញុំមានបីតិដ៏ទូលំទូលាយផង មានសេចក្តីសុខដ៏ឧត្តមផង រតនៈតែងកើត​ឡើងដល់ខ្ញុំ ដែលកើតហើយក្នុងឋានទាំងពួង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាល​នោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​ផលទាន។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបាន​ដល់ហើយ​ដោយលំដាប់ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ កិលេសទាំងឡាយ ខ្ញុំដុត​បំផ្លាញ​ហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីកាត់​នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះលពុជទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ លពុជទាយកត្ថេរាបទាន។

ឧទុម្ពរផលទាយកត្ថេរាបទាន ទី៣

[៨៣] ព្រះពុទ្ធជាបុរសខ្ពង់ខ្ពស់ គង់នៅទៀបឆ្នេរស្ទឹងនិន្នគា ខ្ញុំបានឃើញព្រះពុទ្ធ ព្រះអង្គ​ប្រាសចាកធូលីគឺរាគៈ មានព្រះហឫទ័យតម្កល់មាំ មានអារម្មណ៍តែមួយ។ ខ្ញុំមាន​ចិត្ត​ជ្រះថ្លា ចំពោះព្រះសម្ពុទ្ធនោះ ព្រះអង្គលាងមន្ទិលគឺកិលេស ខ្ញុំក៏បានយកផ្លែឧទុម្ពរ ថ្វាយ​ដល់​ព្រះសម្ពុទ្ធដ៏ប្រសើរ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុ​ដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ ឱ! ដំណើរដែល​ខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧទុម្ពរផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឧទុម្ពរផលទាយកត្ថេរាបទាន។

មិលក្ខុផលទាយកត្ថេរាបទាន ទី៤

[៨៤] ខ្ញុំបានឃើញព្រះពុទ្ធ ព្រះអង្គយល់ឃើញនូវប្រយោជន៍ មានយសធំ ត្រង់ចន្លោះព្រៃ ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្លែមិលក្ខុព្រឹក្ស (ដីប្លី)។ ក្នុងកប្បទី ១.៨០០ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផល​ទាន។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបាន​ដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។ កិលេសទាំងឡាយ ខ្ញុំដុត​បំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជា​ដំរីកាត់នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះមិលក្ខុផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ មិលក្ខុផលទាយកត្ថេរាបទាន។

ផារុសផលទាយកត្ថេរាបទាន ទី៥

[៨៥] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះអង្គមានវណ្ណៈដូចមាស ព្រះអង្គគួរទទួលនូវគ្រឿង​សក្ការៈ ដែលពួកជននាំមកបូជា កំពុងស្តេចទៅក្នុងច្រក ហើយខ្ញុំប្រគេនផ្លែមាក់ប្រាង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផលនៃផលទាន។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់​តើហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។ កិលេស​ទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គល​មិនមាន​អាសវៈ ដូចជាដំរីកាត់នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះផារុសផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ផារុសផលទាយកត្ថេរាបទាន។

វល្លិផលទាយកត្ថេរាបទាន ទី៦

[៨៦] ក្នុងកាលនោះ ជនទាំងពួងមកប្រជុំគ្នាក្នុងព្រៃ ជនទាំងឡាយនោះ បាននាំគ្នាស្វែង​រកផ្លែឈើ ក៏បាននូវផ្លែឈើ។ ក្នុងកាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះអង្គត្រាស់ដឹងឯង ទ្រង់ឈ្នះកិលេស ក្នុងទីនោះ ខ្ញុំក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្លែវល្លិ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គល​មិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះវល្លិផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ វល្លិផលទាយកត្ថេរាបទាន។

កទលិផលទាយកត្ថេរាបទាន ទី៧

[៨៧] ខ្ញុំបានឃើញព្រះលោកនាយក ទ្រង់រុងរឿងដូចផ្កាកណិការ ឬដូចព្រះចន្រ្ទក្នុងថ្ងៃទី ១៥ កើត ឬក៏ដូចទីបរុក្ខ (ដើមឈើប្រចាំទ្វីប) ដ៏រុងរឿង។ ខ្ញុំក៏មានចិត្តជ្រះថ្លា មានចិត្ត​រីករាយ បានយកផ្លែចេកថ្វាយព្រះសាស្តា ហើយថ្វាយបង្គំដើរចេញទៅ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។ កិលេសទាំង​ឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គល​មិនមាន​អាសវៈ ដូចជាដំរីកាត់នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកទលិផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ កទលិផលទាយកត្ថេរាបទាន។

បនសផលទាយកត្ថេរាបទាន ទី៨

[៨៨] ក្នុងកាលនោះ ព្រះសម្ពុទ្ធព្រះនាមអជ្ជុនៈ ព្រះអង្គបរិបូណ៌ដោយចរណៈផង ជាអ្នក​ប្រាជ្ញ ឈ្លាសវៃក្នុងសមាធិផង គង់នៅក្នុងហិមវន្តប្រទេស។ ខ្ញុំបានយកផ្លែខ្នុរទាំងស្រស់ ប្រមាណប៉ុនក្អម តម្កល់លើស្លឹកឈើមានសណ្ឋានដូចឆត្រ ថ្វាយដល់ព្រះសាស្តា។ ក្នុង​កប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គល​មិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបនសផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បនសផលទាយកត្ថេរាបទាន។

សោណកោដិវីសត្ថេរាបទាន ទី៩

[៨៩] ក្នុងសាសនានៃព្រះពុទ្ធ ព្រះនាមវិបស្សី ខ្ញុំបានធ្វើគុហាមួយ ក្នុងរាជធានីឈ្មោះ​ពន្ធុមតី ដើម្បីសង្ឃដែលមកអំពីទិសទាំង ៤។ ខ្ញុំបានចំណាយសំពត់ក្រាលទីគុហា​ដោយ​សំពត់ ខ្ញុំមានចិត្តខ្ពស់ឡើង មានចិត្តសោមនស្ស ក៏ធ្វើនូវសេចក្តីប្រាថ្នា ក្នុងកាលនោះថា ខ្ញុំសូមឲ្យព្រះសម្ពុទ្ធប្រោសប្រាណផង សូមឲ្យបានបព្វជ្ជាផង សូមពាល់ត្រូវនូវព្រះនិព្វាន​ដ៏ប្រសើរ ជាសន្តិសុខដ៏ឧត្តមផង កុំបីអាក់ខាន។ ដោយកុសលមូលនោះឯង ខ្ញុំអន្ទោល​ទៅ​កើតជាទេវតា និងមនុស្ស បានធ្វើបុណ្យ ហើយរុងរឿងអស់ ៩០ កប្ប។ ក្នុងភព​ជាទីបំផុតនេះ ខ្ញុំបានកើតជាបុត្តឯក របស់សេដ្ឋីដ៏ប្រសើរក្នុងក្រុងចម្បា ដោយសំណល់​នៃ​បុញ្ញកម្មនោះ។ ឆន្ទៈរបស់បិតានៃខ្ញុំនេះ បានកើតឡើងថា អាត្មាអញនឹងឲ្យដល់កុមារនូវ​ទ្រព្យ ២០ កោដិ មិនឲ្យខ្វះខាត ព្រោះឮថា ខ្ញុំកើតហើយ។ រោមទាំងឡាយនៃខ្ញុំ ប្រវែង ៤ ធ្នាប់ ដុះត្រង់ផ្ទៃនៃបាតជើងទាំងគូ ជារោមល្អិត មានសម្ផ័ស្សទន់ល្អដូចប៉ុយគរ។ កន្លងទៅ ៩១ កប្បនឹងកប្បនេះហើយ ខ្ញុំមិនដែលស្គាល់ដាក់ជើងជាន់លើទីដែលគេមិនក្រាល​ឡើយ។ ខ្ញុំបានឲ្យព្រះសម្ពុទ្ធទ្រង់ប្រោសប្រាណ ខ្ញុំបានចូលទៅកាន់ផ្នួស ខ្ញុំបានដល់​ព្រះអរហត្ត​ហើយ ខ្ញុំជាបុគ្គលមានសេចក្តីត្រជាក់ត្រជុំកើតឡើងហើយ ជាបុគ្គលមាន​ទុក្ខរំលត់​អស់ហើយ។ ព្រះសម្ពុទ្ធព្រះអង្គយល់ឃើញសព្វ បានសម្តែងថា បណ្តាបុគ្គល​ដែលមានព្យាយាមប្រារព្ធដ៏ប្រសើរ ខ្ញុំនេះជាបុគ្គលមានអាសវៈអស់ហើយ ជាព្រះអរហន្ត បានអភិញ្ញា ៦ មានឫទ្ធិដ៏ច្រើន។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ​ហេតុដែលខ្ញុំបានឲ្យទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃលេណទាន។ ឱ! ដំណើរ​ដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់​ហើយ​ដោយ​លំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំង​ពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ ព្រះសោណកោដិវីសត្ថេរ បានព្យាករដោយ​សេចក្តី​ពិស្តារ នូវប្រស្នាដែលភិក្ខុសង្ឃសួរហើយ ជិតមហាស្រះឈ្មោះអនោតត្ត។

បានឮថា ព្រះសោណកោដិវីសត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សោណកោដិវីសត្ថេរាបទាន។

បុព្វកម្មបិលោតិ នាម ពុទ្ធាបទាន ទី១០

[៩០] ព្រះលោកនាយក មានភិក្ខុសង្ឃច្រើនចោមរោម ទ្រង់គង់លើផ្ទៃនៃថ្ម ជាទីរីករាយ ជិតស្រះអនោតត្ត រុងរឿងដោយរតនៈផ្សេងៗ ក្នុងចន្លោះនៃព្រៃ មានក្លិនផ្កាផ្សេងៗ ទ្រង់ព្យាករនូវបុព្វកម្មរបស់ព្រះអង្គ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវអំពើរបស់តថាគតដែលបានធ្វើទុកមកហើយ ដូចតទៅនេះ តថាគតបាន​ឃើញ​នូវភិក្ខុមួយរូបនៅក្នុងព្រៃ ហើយបានប្រគេនកំណាត់សំពត់។ ក្នុងកាលនោះ តថាគតបាន​ប្រាថ្នាជាព្រះសម្ពុទ្ធជាដំបូងដើម្បីការត្រាស់ដឹង ឯសេចក្តីប្រាថ្នានោះ ក៏ឲ្យផលក្នុងការ​បាន​ត្រាស់ជាព្រះពុទ្ធ ដោយអំណាចនៃបិលោតិកម្ម។ ក្នុងកាលមុន តថាគតកើត​ជា​នាយគោបាល កៀងមេគោទៅកាន់ទីគោចរ បានឃើញមេគោ​កំពុងផឹកទឹកល្អក់ ហើយ​ដេញ​ចេញ។ ដោយវិបាកនៃកម្មនោះ​ ក្នុងបច្ឆិមភពនេះ តថាគតស្រេកទឹក ហើយមិនបាន​ផឹកដូចសេចក្តីប្រាថ្នា។ កាលភពមុន ក្នុងជាតិដទៃ តថាគតជាអ្នកលេង ឈ្មោះបុនាលិ បានពោលបង្កាច់នូវព្រះបច្ចេកពុទ្ធ ព្រះនាមសុរភី ព្រះអង្គជាបុគ្គលមិនប្រទូស្តឡើយ។ ដោយវិបាកនៃកម្មនោះ តថាគតអន្ទោលទៅក្នុងនរកអស់កាលដ៏យូរ រងទុក្ខវេទនា​អស់ពាន់​នៃឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មនោះ ក្នុងបច្ឆិមភពនេះ តថាគតបាននូវ​ការពោល​ចង្កាច់ ព្រោះហេតុនៃនាងសុន្ទរិកា។ មួយទៀត តថាគតពោលបង្កាច់​សាវ័ក​ឈ្មោះនន្ទ របស់ព្រះពុទ្ធ ទ្រង់គ្របសង្កត់នូវសត្វលោកទាំងពួង តថាគតបានអន្ទោល​ទៅក្នុងនរក អស់កាលដ៏យូរ ព្រោះការពោលបង្កាច់នូវសាវ័កនោះ។ តថាគតបាន​អន្ទោល​ទៅ​ក្នុងនរក អស់កាលដ៏យូរ ចំនួនមួយហ្មឺនឆ្នាំ លុះតថាគតបានមកជាមនុស្ស ក៏បាននូវ​ការពោលបង្កាច់ជាច្រើន។ ដោយសំណល់នៃកម្មនោះ នាងចិញ្ចមានវិកា មកពោល​បង្កាច់តថាគតក្នុងប្រជុំជន ដោយពាក្យមិនពិត។ តថាគតកើតជាព្រាហ្មណ៍ តែងជាអ្នក​ចេះមន្ត មានគេធ្វើសក្ការបូជា បង្ហាញមន្តដល់មាណព ៥០០ នាក់ក្នុងព្រៃធំ។ ឥសីភិមៈ បានអភិញ្ញា ៥ មានឫទ្ធិច្រើន មកក្នុងទីនោះ តថាគតបានឃើញឥសីនោះ លោកជា​អ្នកមិន​ប្រទូស្ត និមន្តមក ក៏បានពោលបង្កាច់។ លំដាប់នោះ តថាគត​និយាយ​នឹងពួក​សិស្សថា ឥសីនេះ ជាអ្នកបរិភោគកាម កាលតថាគតនិយាយប្រាប់ ឯពួកមាណព ក៏បាន​រីករាយតាម។ លំដាប់នោះ មាណពទាំងអស់ត្រាច់ទៅសូមក្នុងត្រកូលតូចធំ និយាយ​ប្រាប់​មហាជនថា ឥសីនេះ ជាអ្នកបរិភោគកាម។ ដោយវិបាកនៃកម្មនោះ ភិក្ខុទាំងអស់ចំនួន ៥០០ នេះ ក៏បាននូវការពោលបង្កាច់ ព្រោះហេតុនៃនាងសុន្ទរិកា។ កាលភពមុន តថាគត​សម្លាប់បងប្រុសម្នាក់ មានមាតាផ្សេងគ្នា ព្រោះហេតុនៃទ្រព្យ ហើយបោះចោល​ទៅក្នុង​ជ្រោះភ្នំឲ្យប៉ះនឹងថ្ម។ ដោយវិបាកនៃកម្មនោះ ទេវទត្តបានប្រមៀលថ្ម ដុំថ្មក៏រមៀល​មកប៉ះ​អង្គុដ្ឋបាទ (មេជើង) នៃតថាគត។ កាលពីជាតិមុន តថាគតជាទារក កំពុងលេងក្នុងផ្លូវធំ បានឃើញព្រះបច្ចេកពុទ្ធ ក៏ដុតព្រៃទាំងមូលក្បែរផ្លូវ។ ដោយវិបាកនៃកម្មនោះ ក្នុង​បច្ឆិមភព​នេះ ទេវទត្តក៏ប្រើខ្មាន់ធ្នូឲ្យសម្លាប់តថាគត។ កាលពីជាតិមុន តថាគតកើត​ជា​ហ្មដំរី បានបរដំរីបំព្រេចព្រះបច្ចេកមុនីដ៏ឧត្តម ព្រះអង្គកំពុងត្រាច់ទៅដើម្បីបិណ្ឌបាត។ ដោយវិបាកនៃកម្មនោះ ដំរីនាឡាគិរីចុះប្រេងកាច ចូលមកព្រេចតថាគតក្នុងគិរិព្វជបុរី​ដ៏​ប្រសើរ (រាជគហៈ)។ តថាគតកើតជាសេ្តច ឈ្មោះបត្តិកៈ បានយកលំពែង​សម្លាប់បុរស​ទាំងឡាយ ដោយវិបាកនៃកម្មនោះ តថាគតឆេះក្នុងភ្លើងនរកក្លាខ្លាំង។ ដោយសំណល់​នៃកម្មនោះ ក្នុងកាលឥឡូវនេះ កម្មវិបាកនោះ ក៏ធ្វើឲ្យរបកស្បែងជើងទាំង​អស់​របស់​តថាគត ព្រោះថាកម្មនៅតែមិនទាន់វិនាស។ តថាគតកើតជាទារក នៃព្រានត្រី ក្នុង​កេវដ្តគ្រាម បានឃើញពួកជនអ្នកសម្លាប់ត្រី ក៏កើតសោមនស្ស។ ដោយវិបាកនៃកម្មនោះ សេ្តចវិដដុភៈ សម្លាប់ពួកសក្យៈ ក្នុងកាលណា ទុក្ខក្នុងក្បាលក៏មានដល់តថាគត (ក្នុងកាល​នោះ) ព្រោះពួកសក្យៈត្រូវគេសម្លាប់។ តថាគតបានពោលផ្តន្ទានូវពួកសាវ័កក្នុងសាសនា​នៃ​ព្រះពុទ្ធព្រះនាមផុស្សៈថា ចូរលោកទាំងឡាយ ទំពារស៊ីបរិភោគនូវបាយដំណើបចុះ កុំបរិភោគនូវបាយស្រូវសាលីឡើយ។ ដោយវិបាកនៃកម្មនោះ ក្នុងកាលនោះ តថាគត​នៅក្នុងស្រុកវេរញ្ជា ព្រាហ្មណ៍និមន្តឲ្យឆាន់តែបាយដំណើបអស់ ៣ ខែ។ តថាគតបាន​ហាមឃាត់កូនអ្នកចំបាប់ ក្នុងកាលដែលគ្មានព្រះពុទ្ធត្រាស់ ដោយវិបាកនៃកម្មនោះ ជំងឺ​ខ្នងក៏កើតដល់តថាគត។ តថាគតកើតជាពេទ្យ បានដាក់ថ្នាំបញ្ចុះសេដ្ឋីបុត្ត ដោយវិបាក​នៃកម្មនោះ ជំងឺចុះឈាម ក៏កើតឡើងដល់តថាគត។ ក្នុងភពមួយនោះ តថាគតកើត​ជា​ជោតិបាល បានផ្ទញ់ផ្ទាល់ព្រះសុគត ព្រះនាមកស្សបថា ព្រោះអ្វីក៏ថា ត្រាស់ដឹង​ពោធិញ្ញាណ​ជាទីផូរផង់ គេរកបានដោយកម្រក្រៃលែង។ ដោយវិបាកនៃកម្មនោះ តថាគត​ប្រព្រឹត្តទុក្ករកិរិយាជាច្រើន ក្នុងឧរុវេលប្រទេស អស់ ៦ វស្សា ទើបបានត្រាស់ដឹងឡើង។ តថាគតមិនបាននូវពោធិញ្ញាណ​ដ៏ឧត្តមដោយផ្លូវនុ៎ះទេ តថាគតហេតុតែបុព្វកម្មនោះដាស់​តឿន ក៏ស្វែងរកតាមផ្លូវខុស។ តថាគតមានបុណ្យ និងបាបអស់រលីងហើយ បានវៀរបង់​នូវ​កម្ដៅទាំងពួង មិនមានសេចក្តីសោក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានអាសវៈ នឹងបរិនិព្វាន។ ព្រះជិនស្រី ទ្រង់ដល់នូវអភិញ្ញា និងពលៈទាំងពួង បានព្យាករដោយ​សេចក្តីពិស្តារ ដល់ភិក្ខុសង្ឃ ជិតមហាស្រះឈ្មោះអនោតត្ត ដូចរៀបរាប់មកនេះឯង។

បានឮថា ព្រះមានព្រះភាគ បានសំដែងនូវពុទ្ធាបទាន ឈ្មោះបុព្វកម្មបិលោតិ ជា​ធម្មបរិយាយ ដែលជាបុព្វចរិតរបស់ព្រះអង្គ ដោយប្រការដូច្នេះ។

ចប់ បុព្វកម្មបិលោតិ នាម ពុទ្ធាបទាន។

ឧទ្ទាន

អម្ពដផលទាយកត្ថេរាបទាន ១ លពុជទាយកត្ថេរាបទាន ១ ឧទុម្ពរផលទាយកត្ថេរាបទាន ១ មិលក្ខុផលទាយកត្ថេរាបទាន ១ ផារុសផលទាយកត្ថេរាបទាន ១ វល្លិផលទាយក​ត្ថេរាបទាន ១ កទលិផលទាយកត្ថេរាបទាន ១ បនសផលទាយកត្ថេរាបទាន ១ សោណកោដិវីស​ត្ថេរាបទាន ១ បុព្វកម្មបិលោតាបទាន នៃព្រះពុទ្ធ​ជាបុគ្គលស្វែងរកនូវ​គុណដ៏ធំ ១ មានគាថា ៩១ ពួកអ្នកប្រាជ្ញបាន​រាប់ឃើញ​ហើយ។

ចប់ អម្ពដផលវគ្គ ទី៣៩។

ចប់ ភាណវារៈ ទី១៤។

បិលិន្ទវគ្គ ទី៤០

បិលិន្ទវច្ឆត្ថេរាបទាន ទី១

[៩១] ខ្ញុំជាឆ្មាំទ្វារ ក្នុងនគរហង្សវតី ខ្ញុំសន្សំភោគសម្បតិ្ត ជាអកោ្ខភិនី រាប់មិនបាន ទុកក្នុង​ផ្ទះ។ ក្នុងកាលនោះ ខ្ញុំទៅអង្គុយក្នុងទីស្ងាត់ ហើយញុំាងចិត្តឲ្យរីករាយ គឺអង្គុយក្នុង​ប្រាសាទ​ដ៏ប្រសើរ ហើយគិតយ៉ាងនេះថា ភោគសម្បត្តិរបស់អញមានច្រើន ទីខាងក្នុងបុរី​របស់​អញក៏ធំទូលាយ សូម្បីព្រះរាជាព្រះនាមអានន្ទ ជាធំលើផែនដី ក៏ទ្រង់ហៅរកអញ។ ព្រះពុទ្ធនេះជាមុនី កើតឡើងព្រោះអាស្រ័យហេតុ ក៏កើតឡើងហើយ ទាំងភោគសម្បត្តិ​របស់​អញក៏មាន អញនឹងថ្វាយទានចំពោះព្រះសាស្តា។ វត្ថុទានដ៏ប្រសើរ គឺបង្អែកក្នុង​បល្ល័ង្កលើដំរី និងវត្ថុមានចំនួនច្រើន ព្រះអង្គម្ចាស់ព្រះនាមបទុមៈ បានថ្វាយចំពោះ​ព្រះពុទ្ធជិនសិរី។ ឯអញនឹងថ្វាយទានចំពោះព្រះសង្ឃ ជាពួកដ៏ប្រសើរខ្ពង់ខ្ពស់ ព្រោះទាន​ដ៏ប្រសើរ អញមិនធ្លាប់ថ្វាយឡើយ អញជាអាទិកម្មិកបុគ្គល។ សេចក្តីសុខជាផលនៃ​អំពើណា ក្នុងការបូជា អញនឹងគិតនូវអំពើនោះឲ្យច្រើន អញបានឃើញបរិក្ខារទាន ជាទី​ញុំាង​សេចក្តីត្រិះរិះរបស់អញឲ្យពេញ។ អញនឹងឲ្យនូវបរិក្ខារចំពោះព្រះសង្ឃ ជាពួកដ៏​ប្រសើរ​ខ្ពង់ខ្ពស់ (ព្រោះថា) អញមិនដែលឲ្យទានដល់ពួកជនដទៃសោះ អញជា​អាទិកម្មិកបុគ្គល។

ខណៈនោះ ខ្ញុំចូលទៅរកពួកជាងត្បាញផែង ហើយឲ្យធ្វើឆត្រ រួចឲ្យគេប្រមូលឆត្រមួយ​សែន​ទុកក្នុងទីមួយ។ ឲ្យគេប្រមូលសំពត់មួយសែនទុកក្នុងទីមួយ ឲ្យគេប្រមូលបាត្រមួយ​សែន​ទុកក្នុងទីមួយ។ ខ្ញុំឲ្យគេធ្វើកាំបិតព្រា កាំបិតកោរ ម្ជុល និងកាំបិតកាត់ក្រចក ឲ្យសម​គួរដល់វត្ថុនោះ ហើយឲ្យគេទុកក្នុងទីខាងក្រោមឆត្រ។ ខ្ញុំឲ្យគេធ្វើផ្លិតសម្រាប់បក់ និងផ្លិត​ស្លឹកត្នោត ផ្លិតស្លាបក្ងោក ផ្លិតរោមមន្ទុយចាមរី តម្រងទឹក និងវត្ថុសំរាប់ទ្រប្រេង ឲ្យសមគួរ​ដល់វត្ថុនោះ ខ្ញុំឲ្យគេធ្វើបំពង់ម្ជុល ខ្សែអាយោគ វត្ថពន្ធចង្កេះ និងជើងបាត្រដែលធ្វើល្អ ឲ្យសមគួរដល់វត្ថុនោះ។ ខ្ញុំបានញុំាងភេសជ្ជៈទាំងឡាយ ឲ្យពេញក្នុងភាជន៍សម្រាប់​បរិភោគ និងក្នុងផ្តិលលោហៈ ហើយទុកក្នុងទីខាងក្រោមឆត្រ។ ខ្ញុំបានញុំាងភាជន៍ទាំង​អស់​ឲ្យពេញដោយលំពាន់ស្បូវភ្លាំង ឈើឯម ដីប្លី និងម្រេច សម៉ ខ្ញី។ ខ្ញុំឲ្យគេធ្វើ​ស្បែកជើង ទ្រនាប់ជើង សំពត់សម្រាប់ជូតទឹក និងឈើច្រត់ ដែលគេធ្វើល្អ ឲ្យសម​គួរដល់វត្ថុនោះ។ (ខ្ញុំឲ្យគេធ្វើ) នូវថ្នាំឱសថ ថ្នាំបន្តក់ភ្នែក ចង្កើះ ធម្មក្រកដ៏ប្រសើរ កូនសោ និងប្រអប់កូនសោ ដែលបុគ្គលដេរដោយចេសមានពណ៌ ៥។ ខ្ញុំឲ្យគេធ្វើនូវសំពត់​អាយោគ ខ្សៀ ជើងប្រទីប ល័ក្កចាន់ និងដប ឲ្យសមគួរដល់វត្ថុនោះ។ ខ្ញុំបានឲ្យគេធ្វើនូវ​ចន្ទាស កាំបិតកាត់ក្រចក កង្វារត្រចៀក និងថង់យាមដាក់ភេសជ្ជៈ ឲ្យសមគួរដល់វត្ថុ​នោះ។ ខ្ញុំបានឲ្យគេធ្វើនូវគ្រែដ៏វិសេស តាំង និងបល្ល័ង្ក សុទ្ធតែមានជើង ៤ ឲ្យសមគួរដល់វត្ថុនោះ ហើយឲ្យទុកក្នុងទីខាងក្រោមឆត្រ។ ខ្ញុំបានឲ្យគេធ្វើនូវពូកញាត់​ដោយ​រោម ពូកញាត់ដោយសំឡី ពូកដេរភ្ជាប់នឹងតាំង នឹងខ្នើយដែលគេធ្វើល្អ ឲ្យសមគួរ​ដល់វត្ថុនោះ។ ខ្ញុំឲ្យគេធ្វើនូវកុរុវិន្ទៈ គឺខ្សែសម្រាប់ដុសក្អែល ក្រមួនឃ្មុំ ជើងក្រានដុតប្រេង​សំរាប់កំដៅដៃ និងគ្រែសិវេដិផលកៈដ៏ស្អាត ព្រមទាំងកម្រាល។ ខ្ញុំឲ្យគេធ្វើសេនាសនៈ គ្រឿងជូតជើង ទីដេក ទីអង្គុយ ឈើច្រត់ ឈើស្ទន់ ឈើរងជើង និងគ្រឿងក្រអូប សម្រាប់លាបសីសៈ។ ខ្ញុំឲ្យគេធ្វើដែកភ្លើង តាំងផែនក្តារ គ្របបាត្រ ថាស បោយ​សម្រាប់ដងទឹក លំអិតសម្រាប់ងូត និងស្នូកសម្រាប់ជ្រលក់។ (ខ្ញុំបានឲ្យគេធ្វើ) សំពត់​ជូតមុខ សំពត់ងូតទឹក សំពត់សម្រាប់ងូតទឹកភ្លៀង និសីទនៈ សំពត់បិទបូស និងស្បង់។ ខ្ញុំឲ្យគេធ្វើចីពរ សង្ឃាដី ថ្នាំហិត ច្រាសដុសធ្មេញ ទឹកជ្រក់ វត្ថុប្រៃ ទឹកឃ្មុំ និងទឹកដោះជូរ។ វត្ថុណា ឈ្មោះថាដែលគេគប្បីឲ្យ គឺក្រមួនឃ្មុំ កំណាត់សំពត់ កន្សែងជូតមុខ និងចេស ឬវត្ថុណា គួរដល់ព្រះសាស្តា ខ្ញុំក៏ប្រមូលរបស់ទាំងអស់នុ៎ះ ហើយនាំចូលទៅគាល់​ព្រះរាជា ព្រះនាមអានន្ទ ព្រះអង្គជាអ្នកចម្លងពួកជន ជាអ្នកមានយសធំ។ ខ្ញុំក្រាបថ្វាយ​បង្គំដោយត្បូង រួចក្រាបទូលថា យើងទាំងពីរនាក់ មានជាតិខ្ពង់ខ្ពស់សើ្មគ្នា មានយស​ថ្កុំថ្កើងសើ្មគ្នា។ យើងទាំងពីរនាក់ ជាសាធារណៈ ប្រព្រឹត្តទៅតាមគ្នាក្នុងសុខ និងទុក្ខ បពិត្រព្រះអង្គអ្នកទូន្មានសត្រូវ សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្ត មានព្រះអង្គជាទីតាំង។ បពិត្រព្រះបរមក្សត្រ បើព្រះអង្គអាច ក៏សូមបន្ទោបង់សេចក្តីទុក្ខនោះចុះ សេចក្តីទុក្ខ​របស់ព្រះអង្គ ក៏ដូចជាទុក្ខរបស់ខ្ញុំ ចិត្តរបស់យើងទាំងពីរនាក់ រមែងមានក្នុងទីដូចគ្នា។ បើព្រះអង្គជ្រាបស្រេចហើយ ព្រះអង្គគប្បីដោះទុក្ខនោះចេញ បពិត្រមហារាជ សូមព្រះអង្គ​ជា្របនូវទុក្ខ ដែលខ្ញុំព្រះអង្គបន្ទោបង់បានដោយក្រចុះ។ សូមព្រះអង្គមាន​ព្រះបន្ទូលទៅ​មើល តើទ្រព្យទាំងប៉ុន្មានក្នុងដែន និងជីវិតទាំងប៉ុន្មានរបស់ខ្ញុំ ទ្រព្យនុ៎ះឯង ព្រះអង្គលះបង់​បានដោយកម្រឬទេ។ បើព្រះអង្គមានសេចក្តីត្រូវការដោយទ្រព្យ និងជីវិតនុ៎ះ ខ្ញុំព្រះអង្គ​នឹងថ្វាយដោយឥតញាប់ញ័រ បពិត្រ​ព្រះសម្មតិទេព ព្រះអង្គធ្លាប់មានបន្ទូលនឹងខ្ញុំ​មក​ហើយ តែព្រះបន្ទូលនោះ ច្រើនតែខុស។ ខ្ញុំនឹងដឹងនូវព្រះអង្គដែលឋិត​នៅក្នុងធម៌ទាំង​ពួងក្នុង​ថ្ងៃនេះ ព្រះអង្គតែងបៀតបៀតចំពោះខ្ញុំ ដែលជាអ្នកឲ្យទានខ្លាំងពេក។ ព្រះអង្គ​មាន​ប្រយោជន៍អ្វី ដោយការចរចាគ្នា សូមព្រះអង្គប្រាប់ខ្ញុំ នូវហេតុដែលព្រះអង្គប្រាថ្នាចុះ បពិត្រមហារាជ ឯខ្ញុំព្រះអង្គចង់បានព្រះពុទ្ធ ជាបុគ្គលប្រសើរខ្ពង់ខ្ពស់។ ខ្ញុំនឹងញុំាង​ព្រះសម្ពុទ្ធឲ្យឆាន់ សូមកុំឲ្យជីវិតរបស់ខ្ញុំមានទោសឡើយ ខ្ញុំថ្វាយពរដទៃដល់ព្រះអង្គថា ព្រះតថាគតមិនត្រូវអ្នកណានិមន្តឡើយ។ ព្រះពុទ្ធដូចជាកែវមណិជោតិរស មិនត្រូវឲ្យ​ដល់​អ្នកណាមួយទេ បពិត្រព្រះសម្មតិទេព ក្រែងព្រះអង្គធ្លាប់មានព្រះបន្ទូលហើយថា ជីវិត​មានប្រយោជន៍ជាដរាប។ ព្រះអង្គកាលឲ្យនូវជីវិត គួរឲ្យព្រះតថាគតដល់ខ្ញុំ ព្រះជិនស្រី​ជាមហាវីរបុរស ដែលគេត្រូវតែតម្កល់ទុក មិនត្រូវឲ្យដល់​បុគ្គល​ណាមួយ​ឡើយ។ ព្រះពុទ្ធ ខ្ញុំមិនទាន់ទទួលទេ សូមព្រះអង្គទទួលទ្រព្យ ដែលរាប់មិនបានចុះ ខ្ញុំព្រះអង្គ​នឹងដល់នូវការវិនិច្ឆ័យ និងសួរក្នុងទីវិនិច្ឆ័យ។ ពួកតុលាការនឹងពោលនូវ​ពាក្យដ៏​ល្អិត យ៉ាងណា ខ្ញុំនឹងសួរតបពាក្យនោះ យ៉ាងនោះ ខ្ញុំចាប់ព្រះហស្តព្រះរាជា ដើរទៅកាន់​ទីវិនិច្ឆ័យ។ ខ្ញុំបានពោលពាក្យនេះ ចំពោះមុខពួកតុលាការថា សូមពួកអ្នកតុលាការ​ស្តាប់​ពាក្យខ្ញុំ ដ្បិតព្រះរាជាបានប្រទានពរដល់ខ្ញុំ។ ខ្ញុំមិនតម្កល់ទុកនូវវត្ថុអ្វីមួយ សូម្បីតែជីវិតក៏​បវារណា​ដែរ កាលព្រះរាជាបានប្រទានពរដល់ខ្ញុំហើយ ខ្ញុំក៏ទទួលយកនូវ​ព្រះពុទ្ធជា​បុគ្គល​ប្រសើរ។ ព្រះរាជាបានប្រទានព្រះពុទ្ធល្អហើយ អ្នកទាំងឡាយ ចូរកាត់នូវ​សេចក្តី​សង្ស័យ​របស់ខ្ញុំ ខ្ញុំនឹងស្តាប់នូវព្រះឱង្ការរបស់ព្រះអង្គ ជាស្តេចរក្សាផែនដី។ (អ្នកតុលាការ​ពោលថា) យើងស្តាប់ពាក្យរបស់ជនទាំងពីរហើយ នឹងកាត់សេចក្តីសង្ស័យក្នុងរឿងនុ៎ះ ដូចតទៅនេះ បពិត្រព្រះសម្មតិទេព ពរទាំងពួងដែលព្រះអង្គប្រទានហើយ ដល់ឆ្មាំទា្វរនេះ ជាពរដែលគេត្រូវតែកាន់យកទាំងអស់។ ខ្ញុំមិនតម្កល់ទុកនូវវត្ថុអ្វីមួយ សូម្បីតែជីវិត ក៏បវារណា​ដែរ ខ្ញុំស៊ូដល់នូវសេចក្តីលំបាក ដរាបដល់អស់ជីវិត ប្រសើរជាង។ ខ្ញុំដឹងច្បាស់​នូវព្រះអង្គនេះ ដែលដល់នូវទុក្ខក្រៃលែង ហើយបានប្រទានពរ​ដែលគេត្រូវតែកាន់​យកទាំង​អស់ បពិត្រព្រះសម្មតិទេព ព្រះអង្គបរាជ័យហើយ គួរតែព្រះរាជានុញ្ញាត​ឲ្យ​ព្រះតថាគត ដល់ឆ្មាំទ្វារនោះចុះ។ សេចក្តីសង្ស័យរបស់អ្នកទាំងពីរនាក់ ខ្ញុំកាត់រួចហើយ សូមព្រះអង្គឋិតនៅក្នុងរោងដ៏សមគួរចុះ។ ព្រះរាជាឋិតនៅក្នុងរោងនោះហើយ ក៏ពោល​ពាក្យនេះ ចំពោះពួកតុលាការថា អ្នកទាំងឡាយ ចូរឲ្យដល់ខ្ញុំដោយប្រពៃចុះ ខ្ញុំត្រូវបាន​ព្រះពុទ្ធម្តងដែរ ខ្ញុំញុំាងសេចក្តីប្រាថ្នារបស់អ្នកឲ្យពេញហើយ ខ្ញុំសូមនិមន្តព្រះតថាគតឲ្យ​ឆាន់ផង។ អ្នកតុលាការពោលនឹងខ្ញុំជាអ្នកឆ្មាំទ្វារថា អ្នកចូរថ្វាយបង្គំមហាក្សត្រ ព្រះនាម​អានន្ទ ចំពោះមុខពួកតុលាការ ហើយថ្វាយព្រះសម្ពុទ្ធដល់ព្រះរាជា ព្រះនាមអានន្ទ មានយសវិញផង។ ខ្ញុំក៏មានចិត្តត្រេកអររីករាយ ហើយចូលទៅគាល់ព្រះសម្ពុទ្ធ លុះចូល​ទៅ​គាល់ព្រះសម្ពុទ្ធព្រះអង្គជាអ្នកឆ្លងនូវឱឃៈ មិនមានអាសវៈហើយ ខ្ញុំក៏បានថ្វាយបង្គំ​ដោយត្បូង ក្រាបបង្គំទូលពាក្យនេះថា បពិត្រព្រះអង្គមានបញ្ញាចក្ខុ សូមព្រះអង្គ ព្រមទាំង​ភិក្ខុអ្នកសង្រួមឥន្រ្ទិយ ចំនួនមួយសែនរូប ទទួលនិមន្តឲ្យទាន។ សូមព្រះអង្គញុំាង​ចិត្តរបស់​ខ្ញុំឲ្យរីករាយ ហើយស្តេចចូលមកកាន់និវេសន៍របស់ខ្ញុំ។ ឯព្រះពុទ្ធ ព្រះនាម​បទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលនូវការបូជា ទ្រង់មានចក្ខុ ជ្រាប​សេចក្តីត្រិះរិះរបស់ខ្ញុំហើយ ក៏ទទួលនិមន្ត។ ខ្ញុំដឹងនូវការទទួលនិមន្តហើយ ទើបថ្វាយបង្គំ​លាព្រះសាស្តា។ ខ្ញុំមានចិត្តត្រេកអរ រីករាយយ៉ាងក្រៃពេក ទើបចូលទៅកាន់និវេសន៍ ប្រមូលពួកមិត្ត និងអាមាត្យ ហើយពោលពាក្យនេះថា ព្រះសម្ពុទ្ធដូចជាកែវមណិជោតិរស ដែលគេបានដោយក្រក្រៃលែង ឥឡូវនេះ ខ្ញុំបានហើយ ខ្ញុំនឹងបូជាព្រះអង្គ​ដោយវត្ថុ​ដូចម្តេច ព្រោះព្រះជិនស្រីជាអ្នកប្រាជ្ញ ប្រមាណមិនបាន មិនមានបុគ្គលប្រៀបផ្ទឹម រកបុគ្គលថ្លឹង​ផងមិនបាន មិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបបាន ព្រះអង្គស្មើដោយ​ព្រះពុទ្ធដែលមិនមានបុគ្គលស្មើដូចគ្នា ប្រសើរជាងជនឥតមានបុគ្គលជាគម្រប់ពីរ។ ពិត​ណាស់ ការកសាងដ៏សមគួរដល់ព្រះពុទ្ធ យើងធ្វើបានដោយក្រ (ហេតុនោះ) យើង​ទាំង​ឡាយ ចូរប្រមូលផ្កាផ្សេងៗ ធ្វើមណ្ឌបដោយផ្កា។ បុប្ផជាតនុ៎ះ គឺផ្កាឧប្បល ផ្កាឈូក ផ្កាម្លិះរួត ផ្ការំដួល ជាផ្កាដ៏សមគួរដល់ព្រះពុទ្ធ នឹងបានឈ្មោះថា ជាគ្រឿងបូជាគ្រប់យ៉ាង។ ខ្ញុំបានឲ្យគេយកផ្កាចម្បា និងផ្កាខ្ទឹង ធ្វើជាមណ្ឌប ហើយក្រាលអាសនៈមួយសែន ក្នុងម្លប់ឆត្រ។ អាសនៈរបស់ខ្ញុំ ខាងក្រោយបង្អស់ ដល់នូវតម្លៃមួយរយកហាបណៈ​ជាយ៉ាង​ក្រៃលែង ខ្ញុំក្រាលអាសនៈមួយសែន ក្នុងម្លប់ឆត្រ។ ខ្ញុំចាត់ចែងបាយ និងទឹករួច​ហើយ ទៅក្រាបទូលនូវភត្តកាល កាលដែលខ្ញុំក្រាបទូលភត្តកាលហើយ ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ ទ្រង់ស្តេចចូលមកកាន់និវេសនដ្ឋានរបស់ខ្ញុំដែលបាំងឆត្រអំពីខាងលើ ក្នុងមណ្ឌបដែលធ្វើអំពីផ្ការីកដ៏ល្អ (ជាមួយ) នឹងពួកភិក្ខុមួយសែនអង្គ ជាអ្នកសង្រួម​ឥន្រ្ទិយ។ ព្រះពុទ្ធជាបុរសឧត្តម (ព្រមទាំង) ពួកភិក្ខុមួយសែនអង្គ ជាអ្នកសង្រួមឥន្រ្ទិយ ក៏គង់នៅគ្រប់ចំនួនឆត្រមួយសែន និងអាសនៈមួយសែន។ បពិត្រព្រះអង្គមានបញ្ញាចក្ខុ សូមព្រះអង្គទទួលកប្បិយវត្ថុ ដែលឥតទោស។ ឯព្រះបទុមុត្តរសម្ពុទ្ធ ជ្រាបច្បាស់នូវលោក ព្រះអង្គគួរទទួលនូវគ្រឿងបូជា ជាមហាមុនី ព្រះអង្គប្រាថ្នាដើម្បីចម្លងខ្ញុំ ក៏ទ្រង់ទទួលវត្ថុ​នោះ ខ្ញុំបានប្រគេនបាត្រ ផ្សេងដោយឡែក ដល់ភិក្ខុមួយរូបៗ។ ពួកភិក្ខុក៏លះបង់បាត្រ​ដែល​ខ្លួនធ្លាប់មាន ហើយទ្រទ្រង់នូវបាត្រជាវិការៈនៃលោហៈ។ ព្រះពុទ្ធទ្រង់គង់ក្នុង​មណ្ឌប ជាវិការៈនៃផ្កា អស់ ៧ យប់ ៧ ថ្ងៃ ទ្រង់ញុំាងពួកសត្វជាច្រើនឲ្យត្រាស់ដឹង ទ្រង់ញុំាងធម្មចក្រឲ្យប្រព្រឹត្តទៅ កាលញុំាងធម្មចក្រឲ្យប្រព្រឹត្តទៅ (ក៏ទ្រង់គង់នៅ) ខាង​ក្រោមមណ្ឌបជាវិការនៃផ្កា។ ពួកសត្វ ៨ ម៉ឺន ៤ ពាន់ ក៏បានត្រាស់ដឹងមគ្គផល លុះដល់​ថ្ងៃជាគម្រប់ ៧ ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ ព្រះអង្គគង់នៅក្នុងម្លប់ឆត្រ បានសម្តែង​នូវគាថាទាំងនេះថា មាណពណា បានឲ្យទានដ៏ប្រសើរ ជាទានមិនខ្វះខាត ដល់តថាគត តថាគតនឹងសរសើរមាណពនោះ ហេតុនោះ អ្នកទាំងឡាយ ចូរស្តាប់នូវពាក្យ​របស់​តថាគតកាលសម្តែង ដូចតទៅនេះចុះ សេនាប្រកបដោយអង្គ ៤ គឺដំរី ១ សេះ ១ រថ ១ ពលថ្មើរជើង ១ នឹងចោមរោមនូវមាណពនោះជានិច្ច នេះជាផលនៃទានទាំងពួង។ យាន​ដំរី យានសេះ គ្រែស្នែង រថទ្រង់គ្រឿង នឹងបម្រើមាណពនោះជានិច្ច នេះជាផលនៃ​ទានទាំង​ពួង។ រថ ៦ ម៉ឺនដែលស្អិតស្អាងដោយគ្រឿងអលង្ការគ្រប់មុខ នឹងចោមរោម​មាណព​នោះជានិច្ច នេះជាផលនៃទានទាំងពួង។ តូរ្យតន្ត្រី ៦ ម៉ឺន និងស្គរដែល​គេតាក់តែងល្អ នឹងប្រគំឲ្យមាណពនោះជានិច្ច នេះជាផលនៃទានទាំងពួង។ ពួកនាងនារី ៨ ម៉ឺន ៦ ពាន់នាក់ដែលតាក់តែងល្អ មានសំពត់ និងគ្រឿងប្រដាប់ដ៏វិចិត្រ ពាក់កុណ្ឌល​នៃកែវមណី និងកែវមុក្តា មានមុខទូលាយ ស្រស់ស្រាយ មានត្រគាកល្អ មានចង្កេះរៀវ នឹងចោមរោមមាណពនោះជានិច្ច នេះជាផលនៃទានទាំងពួង។ មាណពនោះ នឹងរីករាយ​ក្នុងទេវលោក អស់ ៣០ ពាន់កប្ប នឹងបានជាព្រះឥន្រ្ទសោយរាជ្យ​ក្នុងទេវលោក​មួយ​ពាន់ដង នឹងបានជាស្តេចចក្រពត្តិមួយពាន់ដង នឹងបានសោយប្រទេសរាជ្យដ៏ធំទូលាយ ដែលរាប់បានមួយអសង្ខេយ្យកប្ប កាលមាណពនោះនៅក្នុងទេវលោក ជាអ្នកព្រមព្រៀង​ដោយបុញ្ញកម្ម។ ឆត្ររត្ន័ នឹងបាំងក្នុងទីបំផុតទេវលោកទៀត មាណពនេះ នឹងប្រាថ្នា​នូវគ្រឿង​បាំងដែលកើតអំពីសំពត់ និងផ្កា ក្នុងកាលណា (ទេវបុត្រ) ដឹងនូវចិត្តរបស់​មាណពនេះ នឹងបាំងអស់កាលជានិច្ច (ក្នុងកាលនោះ) មាណពនោះ ច្យុតចាកទេវលោក ត្រូវកុសលមូលដាស់តឿន ជាអ្នកប្រកបដោយបុញ្ញកម្ម នឹងមានផៅសន្តានដ៏ប្រសើរ។ ក្នុងមួយសែនកប្បទៀត ព្រះសាស្តា ព្រះនាមគោតម ទ្រង់សម្ភពក្នុងឱក្កាកត្រកូល នឹងត្រាស់​ក្នុងលោក។ ព្រះគោតមសក្យបុង្កវៈ ទ្រង់ជ្រាបហេតុទាំងអស់នុ៎ះហើយ ទ្រង់គង់​នៅក្នុងពួកភិក្ខុ ហើយតាំងមាណពនេះ ក្នុងទីជាឯតទគ្គៈ នឹងបានជាសាវ័ករបស់​ព្រះសាស្តា ឈ្មោះបិលិន្ទវច្ឆៈ។ បិលិន្ទវច្ឆតេ្ថរនោះ មានពួកទេវតា អសុរ គន្ធព្វ ភិក្ខុ ភិក្ខុនី និងគ្រហស្ថ ធ្វើសក្ការៈដូចគ្នា បានជាទីស្រឡាញ់នៃជនទាំងពួង ជាអ្នកមិនមានអាសវៈ។ បុញ្ញកម្មដែលខ្ញុំធ្វើហើយ ក្នុងកប្បទីមួយសែន ឲ្យផលដល់ខ្ញុំក្នុងជាតិនេះ។ ខ្ញុំរួចស្រឡះ​ហើយ ដូចជាកម្លាំងកូនសរ ខ្ញុំដុតបំផ្លាញនូវកិលេសទាំងឡាយហើយ ឱ! កម្មដែលខ្ញុំធ្វើ​ល្អហើយ ចំពោះបុញ្ញក្ខេត្តដ៏ប្រសើរ ព្រោះហេតុដែលខ្ញុំធ្វើគ្រឿង​សក្ការចំពោះបុញ្ញក្ខេត្ត​ទើប​ខ្ញុំដល់នូវអចលបទ គឺព្រះនិព្វាន។ មាណពណា ជាប្រធានខាងដើម បានឲ្យទាន​ដ៏ប្រសើរមិនខ្វះខាត នេះជាផលនៃទានរបស់មាណពនោះ។ ព្រោះតែខ្ញុំបានថ្វាយឆត្រ ចំពោះព្រះសុគត និងព្រះសង្ឃ ជាគណៈសង្ឃដ៏ឧត្តម ទើបបាននូវអានិសង្ស ៨ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំមិនស្គាស់ត្រជាក់ ១ ក្តៅ ១ ផង់ធូលីមិនប្រឡាក់ ១ ខ្ញុំមិនមានឧបទ្រព ១ មិនមានចង្រៃ ១ ខ្ញុំត្រូវគេគោរពកោតក្រែងសព្វៗ កាល ១ ខ្ញុំមាន​សម្បុរដ៏សុខុម ១ ខ្ញុំមានចិត្តក្លៀវក្លា ១។ កាលខ្ញុំអន្ទោលទៅក្នុងភពតូចធំ ឆត្រទាំងមួយ​សែន ប្រកបដោយគ្រឿងអលង្ការគ្រប់មុខ តែងបាំងលើក្បាលរបស់ខ្ញុំ ព្រោះហេតុនៃ​បុញ្ញកម្មនោះ វៀរលែងតែជាតិនេះចេញ ព្រោះហេតុនោះ បានជាក្នុងជាតិនេះ ខ្ញុំមិនមានឆត្របាំង តែអំពើទាំងអស់ដែលខ្ញុំធ្វើហើយ នាំឲ្យបាននូវឆត្រគឺវិមុត្តិ។ ព្រោះតែ​ខ្ញុំ​ថ្វាយនូវសំពត់ចំពោះព្រះសុគត និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបាននូវ​អានិសង្ស ៨ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺខ្ញុំមានវណ្ណៈដូចមាស ១ ប្រាសចាកធូលី ១ ប្រកបដោយពន្លឺ ១ មានតេជះ ១ ខ្លួនរបស់ខ្ញុំជិតសិ្នទ្ធ ១ កាលខ្ញុំអន្ទោល​ទៅក្នុងភព​តូចធំ សំពត់ទាំងមួយសែន ពណ៌ស លឿង និងក្រហម រមែងបាំងលើក្បាលខ្ញុំ ១ នេះជា​ផលនៃទានសំពត់ ខ្ញុំរមែងបាននូវសំពត់កាសេយ្យពស្រ្ត និងសំពត់កម្ពល ១ បាននូវ​សំពត់ដែលធ្វើដោយសំបកឈើ និងសំពត់ធ្វើដោយកប្បាស ក្នុងទីទាំងពួង ១ ព្រោះ​អានិសង្ស​នៃសំពត់ទាំងឡាយនោះ។ ព្រោះតែខ្ញុំបានថ្វាយបាត្រ ចំពោះព្រះសុគត និង​ព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបាននូវអានិសង្ស ១០ ប្រការ ដ៏សមគួរដល់​អំពើរបស់ខ្ញុំ គឺ ខ្ញុំរមែងប្រើប្រាស់ថាសមាស ១ ថាសកែវមណី ១ ថាសប្រាក់ ១ ថាសដែល​ធ្វើអំពីកែវទទឹម គ្រប់កាលទាំងពួង ១ ខ្ញុំជាអ្នកមិនមានឧបទ្រព ១ មិនមានចង្រៃ ១ ខ្ញុំត្រូវគេគោរពកោតក្រែងគ្រប់កាល ១ ខ្ញុំជាអ្នកបាននូវបាយ ទឹក សំពត់ និងទីដេក ១ ភោគៈទាំងឡាយរបស់ខ្ញុំ មិនដែលវិនាសបាត់ ១ ខ្ញុំមានចិត្តខ្ជាប់ខ្ជួន ១។ មិនតែប៉ុណ្ណោះ ខ្ញុំជាអ្នកពេញចិត្តនឹងធម៌គ្រប់កាល មិនមានកិលេស មិនមានអាសវៈ គុណធម៌ទាំងនេះ ជាប់តាមហើយក្នុងទេវលោក ទាំងក្នុងមនុស្សលោក។ គុណធម៌ទាំងឡាយ ជាប់ដោយ​ចំណងគឺចិត្ត រមែងមិនលះបង់ខ្ញុំក្នុងទីទាំងពួង ដូចស្រមោលមិនលះបង់រូប។ ព្រោះតែខ្ញុំ​បាន​ថ្វាយកាំបិតព្រាជាច្រើនដែលខ្ញុំធ្វើល្អហើយ ដល់ព្រះពុទ្ធដ៏ប្រសើរ និងព្រះសង្ឃ ទើបបានអានិសង្ស ៨ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំជាអ្នកក្លៀវក្លា ១ អង់អាច ១ មានបារមីក្នុងធម៌ជាគ្រឿងក្លៀវក្លា ១ ខ្ញុំមានព្យាយាមខ្ជាប់ខ្ជួន ១ មានចិត្តផ្គងទុកគ្រប់កាល ១ ខ្ញុំរមែងបាននូវញាណជាគ្រឿងកាត់បង់នូវកិលេស ១ ញាណដ៏សុខុម ១ ញាណដ៏ស្អាត ឥតមានអ្វីថ្លឹងស្មើក្នុងទីទាំងពួង ១ ដោយអានិសង្សនៃកាំបិតព្រារបស់ខ្ញុំនោះ។ ព្រោះតែខ្ញុំ​មាន​ចិត្តជ្រះថ្លា បានថ្វាយកាំបិតជាច្រើន ជាកាំបិតមិនរឹង មិនអាក្រក់ មិនបាច់សំលៀង ចំពោះព្រះពុទ្ធ និងព្រះសង្ឃ ទើបបានអានិសង្ស ៥ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំបានកល្យាណមិត្រ ១ សេចក្តីព្យាយាម ១ កាំបិតគឺខន្តី និងមេត្រី ១ កាំបិតគឺប្រាជ្ញា​ដ៏ប្រសើរ ព្រោះកាត់នូវសរគឺតណ្ហា ១ ញាណស្មើដោយកែវវជីរ ១ ដោយអានិសង្សនៃ​កាំបិតទាំងនោះ។ ព្រោះតែខ្ញុំបានថ្វាយនូវម្ជុលទាំងឡាយ ចំពោះព្រះសុគត និង​ព្រះសង្ឃជា​គណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៥ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺខ្ញុំគួរគេនមស្ការ អាចកាត់សេចក្តីសង្ស័យ ១ មានរូបល្អ មានភោគសម្បត្តិ ១ កាល​អន្ទោលទៅក្នុងភពតូចធំ ជាអ្នកមានបញ្ញាមុតគ្រប់កាលទាំងពួង ១ ខ្ញុំឃើញនូវអត្ថដ៏​ជ្រាលជ្រៅ និងហេតុដ៏ល្អិតដោយញាណ ១ ញាណរបស់ខ្ញុំស្មើដោយចុងនៃកែវវជីរ សម្រាប់កំចាត់នូវងងឹត ១។ ព្រោះតែខ្ញុំបានថ្វាយនូវកាំបិតកាត់ក្រចក ចំពោះព្រះសុគត និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៥ ប្រការ ដ៏សមគួរដល់​អំពើរបស់ខ្ញុំ គឺ ខ្ញុំបាននូវខ្ញុំប្រុស ខ្ញុំស្រី ១ គោ និងសេះ ១ អ្នករបាំជាអ្នកបម្រើច្រើនអ្នក ១ ជាងកំណោរ ១ អ្នកគ្រួជាអ្នកធ្វើបាយ ក្នុងទីទាំងពួង ១។ ព្រោះតែខ្ញុំបានថ្វាយផ្លិត​សម្រាប់បក់ និងផ្លិតស្លឹកត្នោតដ៏ល្អ ចំពោះព្រះសុគត ទើបបានអានិសង្ស ៨ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺខ្ញុំមិនស្គាល់នូវត្រជាក់ និងក្តៅ ១ មិនមានសេចក្តីអន្ទះអន្ទែង ១ មិនស្គាល់នូវសេចក្តីក្រវល់ក្រវាយ ជាគ្រឿងញុំាងចិត្តខ្ញុំឲ្យក្តៅ ១ ភ្លើងទាំងពួងរបស់ខ្ញុំ គឺភ្លើងរាគៈ ១ ភ្លើងគឺទោសៈ ១ ភ្លើងមោហៈ ១ ភ្លើងគឺមានះ ១ ភ្លើងគឺទិដ្ឋិ ១ ក៏រលត់អស់ហើយ ដោយអានិសង្សនៃការថ្វាយផ្លិតរបស់ខ្ញុំនោះ។ ព្រោះតែខ្ញុំបានថ្វាយ​ផ្លិត​ស្លាប​ក្ងោក និងផ្លិតចាមរី ចំពោះព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបជាអ្នកមាន​កិលេស​ស្ងប់រម្ងាប់ មិនមានទីទួល គឺកិលេស។ ព្រោះតែខ្ញុំបានថ្វាយសំពត់តម្រងទឹក និងធម្មក្រក ចំពោះព្រះសុគត ទើបបានអានិសង្ស ៥ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺខ្ញុំកន្លងផុតនូវជនទាំងពួង បាននូវអាយុជាទិព្វ ១ ពួកចោរជាសត្រូវកំហែងមិនបាន គ្រប់កាលទាំងពួង ១ បុគ្គលមិនហ៊ានធ្វើនូវការបៀតបៀន ដោយគ្រឿងសស្រ្តាវុធ ១ ដោយ​ថ្នាំពិស ១ សេចក្តីស្លាប់ក្នុងចន្លោះមិនមាន ១ ដោយអានិសង្សនៃតម្រងទឹក និងធម្មក្រកទាំងនោះរបស់ខ្ញុំ។ ព្រោះតែខ្ញុំបានថ្វាយវត្ថុសម្រាប់ទ្រប្រេង ចំពោះព្រះសុគត និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៥ប្រការ ដ៏សមគួរដល់អំពើ​របស់ខ្ញុំ គឺ ខ្ញុំមានរូចដូចមាស ១ មានវ័យដ៏ល្អ ១ មានចិត្តខ្ពស់ឡើងដោយល្អ ១ មានចិត្តមិនរវើរវាយ ១ មានគេគ្រប់គ្រងរក្សាហើយ ដោយការរក្សាគ្រប់យ៉ាង ១។ ព្រោះតែ​ខ្ញុំបានថ្វាយបំពង់ម្ជុល ចំពោះព្រះសុគត និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបាននូវ​អានិសង្ស ៣ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំបាននូវគុណធម៌ទាំងនេះ គឺសុខក្នុង​ចិត្ត ១ សុខក្នុងកាយ ១ សុខកើតអំពីឥរិយាបថ ១ ដោយអានិសង្សនៃបំពង់ម្ជុលនោះ។ ព្រោះតែខ្ញុំបានថ្វាយសំពត់អង្សៈ ចំពោះព្រះជិនស្រី និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៣ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺខ្ញុំតែងបាននូវ​ព្រះសទ្ធម្មដ៏​មាំមួន ១ រលឹកឃើញនូវភពជាគម្រប់ពីរ ១ ជាអ្នកមានសម្បុរល្អក្នុងទីទាំងពួង ១ ដោយ​អានិសង្ស​នៃអង្សៈនោះ។ ព្រោះតែខ្ញុំបានថ្វាយវត្ថពន្ធចង្កេះ ចំពោះព្រះជិនស្រី និង​ព្រះសង្ឃ​ជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបាននូវអានិសង្ស ៦ ប្រការដ៏សមគួរ​ដល់អំពើ​របស់ខ្ញុំ គឺខ្ញុំមិនញាប់ញ័រក្នុងសមាធិទាំងឡាយ ១ ជាអ្នកស្ទាត់ក្នុងសមាធិទាំងឡាយ ១ ជាអ្នកមានបរិស័ទមិនបែកខ្ញែក ១ ពាក្យសំដីខ្ញុំ គេតែងជឿស្តាប់សព្វកាល ១ ជាអ្នកមាន​សតិតាំងនៅមាំ ១ ខ្ញុំមិនមានសេចក្តីតក់ស្លុត ១ គុណធម៌ទាំងនេះ ជាប់តាមខ្ញុំទៅក្នុង​ទេវលោក និងមនុស្សលោក។ ព្រោះតែខ្ញុំបានថ្វាយនូវជើងបាត្រមានពណ៌ ៥ ចំពោះ​ព្រះជិនស្រី និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបជាអ្នកមិនមានភ័យ មិនញាប់ញ័រ​ដោយ​ហេតុណាមួយ។ ធម៌ទាំងឡាយណាមួយ ជាគ្រឿងដាស់តឿននូវសតិ និងបញ្ញា​ដែល​ខ្ញុំ​បានចេះដឹងហើយ ធម៌ទាំងនោះ ខ្ញុំចងចាំទុកមិនភ្លេចឡើយ ធម៌ទាំងនោះ ខ្ញុំវិនិច្ឆ័យល្អហើយ។ ព្រោះតែខ្ញុំបានថ្វាយភាជន៍ជាគ្រឿងប្រើប្រាស់ចំពោះព្រះពុទ្ធ និង​ព្រះសង្ឃ​ជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៣ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំបាននូវភាជន៍ទាំងឡាយជាវិការៈនៃមាស ជាវិការៈនៃកែវមណី ជាវិការៈនៃកែវផលិក ឬជាវិការៈនៃកែវទទឹម ១ បាននូវភរិយា ខ្ញុំប្រុស ខ្ញុំស្រី ដំរី សេះ រថ ពលថ្មើរជើង ស្រ្តីជាអ្នកមានវត្តដល់ប្តី និងគ្រឿងប្រើប្រាស់ គ្រប់កាលទាំងពួង ១ ខ្ញុំពិចារណានូវវិជ្ជា បទនៃមន្ត អាគមផ្សេងៗ ជាច្រើន និងសិល្បៈទាំងពួង ជាគ្រឿងប្រើប្រាស់​គ្រប់កាល​ទាំងពួង ១។ ព្រោះតែខ្ញុំបានថ្វាយនូវថាស ចំពោះព្រះសុគត និងព្រះសង្ឃជាគណៈ​សង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៣ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ។ គឺខ្ញុំបានថាស​ជាវិការៈ​នៃមាស ជាវិការៈនៃកែវមណី ជាវិការៈនៃកែវផលិក ឬជាវិការៈនៃកែវទទឹម ១ បាននូវថាសឈ្មោះអស្សដ្ឋកៈ ដែលធ្វើអំពីផែនក្តារ មានសណ្ឋានដូចស្លឹកឈូក ឬមាន​សណ្ឋានដូចស័ង្ខ សម្រាប់ដាក់ទឹកឃ្មុំ ១ បាននូវគុណធម៌ទាំងនេះ គឺវត្តគុណ សេចក្តី​ប្រតិបត្តិក្នុងអាចារៈ និងកិរិយា ១ ដោយអានិសង្សនៃការថ្វាយនូវថាសនោះ។ ព្រោះតែខ្ញុំ​បានថ្វាយនូវភេសជ្ជៈ ចំពោះព្រះសុគត និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ១០ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំជាអ្នកមានអាយុវែង ១ មានកម្លាំង ១ មានប្រាជ្ញា ១ មានពណ៌សម្បុរ ១ មានយស ១ មានសេចក្តីសុខ ១ មិនមានឧបទ្រព ១ មិនមានចង្រៃ ១ ត្រូវគេគោរពកោតក្រែងសព្វកាល ១ ខ្ញុំមិនមានការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រលាញ់ ១ ដោយអានិសង្សនៃការថ្វាយភេសជ្ជៈរបស់ខ្ញុំនោះ។ ព្រោះតែ​ខ្ញុំបានថ្វាយនូវស្បែកជើងចំពោះព្រះជិនស្រី និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើប​បាន​អានិសង្ស ៣ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ។ គឺយានដំរី យានសេះ គ្រែស្នែង និងរថទ្រង់គ្រឿង រថ ៦ ម៉ឺន តែងចោមរោមខ្ញុំ គ្រប់កាលទាំងពួង ១ កាលខ្ញុំអន្ទោល​ទៅក្នុងភព ទ្រនាប់ជើងមាសប្រាក់ ជាវិការៈកែវមណី ជាវិការៈកែវក្រហម តែងកើតឡើង​គ្រប់ជំហាន ១ (ទ្រនាប់ជើងទាំងនោះ) រមែងនាំខ្ញុំឲ្យស្ទុះទៅកាន់សម្មត្តនិយាម ជាគ្រឿង​ជំរះ​នូវអាចារៈ និងគុណធម៌ ១ ខ្ញុំរមែងបាននូវគុណធម៌ទាំងនេះ ដោយអានិសង្ស​នៃការ​ថ្វាយ​ស្បែកជើងនោះ។ ព្រោះតែខ្ញុំបានថ្វាយទ្រនាប់ជើង ចំពោះព្រះសុគត និងព្រះសង្ឃ​ជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានឡើងកាន់ទ្រនាប់ជើងគឺឫទ្ធិសមតាមប្រាថ្នា។ ព្រោះតែ​ខ្ញុំបាន​ថ្វាយកន្សែងជូតមុខចំពោះព្រះសុគត និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើប​បាន​អានិសង្ស ៥ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺខ្ញុំមានវណ្ណៈដូចមាស ១ ប្រាស​ចាកធូលី ១ ប្រកបដោយរស្មី ១ មានតេជះ ១ ខ្លួនខ្ញុំជិតស្និទ្ធ ផង់ធូលីមិនប្រឡាក់ ១។ ខ្ញុំបាននូវគុណធម៌ទាំងនេះ ដោយអានិសង្សនៃការថ្វាយកន្សែងជូតមុខនោះ។ ព្រោះតែ​ខ្ញុំបានថ្វាយឈើច្រត់ចំពោះព្រះសុគត និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៥ ប្រការ ដ៏សមគួរដល់អំពើបស់ខ្ញុំ គឺខ្ញុំមានកូនច្រើន ១ ខ្ញុំមិនតក់ស្លុត ១ ខ្ញុំគេមិនកំហែងបានគ្រប់កាល ត្រូវគេថែរក្សាដោយគ្រឿងរក្សាគ្រប់យ៉ាង ១ ខ្ញុំមិន​ស្គាល់សេចក្តីភ្លាំងភ្លាត់ ១ ចិត្តរបស់ខ្ញុំមិនចេះភ័ន្តច្រឡំ ១។ ព្រោះតែខ្ញុំ​បានថ្វាយ​ឱសថ​បន្តក់ភ្នែក ចំពោះព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៨ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺខ្ញុំមានភ្នែកទូលាយ ១ មានសម្បុរស ១ លឿង ១ ក្រហម ១ មានភ្នែកថ្លាមិនល្អក់ ១ ជាអ្នកវៀរចាករោគគ្រប់យ៉ាង ១ ខ្ញុំបានចក្ខុទិព្យ ១ បញ្ញាចក្ខុ​ដ៏ប្រសើរ ១ ខ្ញុំបានគុណធម៌ទាំងនេះ ដោយអានិសង្សនៃការថ្វាយ​នូវឱសថបន្តក់​ភ្នែក​នោះ។ ព្រោះតែខ្ញុំបានថ្វាយកូនសោ ចំពោះព្រះសុគត និងព្រះសង្ឃជាគណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបានកូនសោគឺញាណ សម្រាប់បើកទ្វារព្រះធម៌។ ព្រោះតែខ្ញុំបានថ្វាយ​ប្រអប់កូនសោ ចំពោះព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ២ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំកាលត្រាស់ទៅក្នុងភព ជាអ្នកមិនមានសេចក្តីក្រោធ ១ មិនមានសេចក្តីតានតឹង ១។ ព្រោះតែខ្ញុំបានថ្វាយខ្សែអាយោគ ចំពោះព្រះសុគត និង​ព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៥ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំមិនញាប់ញ័រក្នុងសមាធិទាំងឡាយ ១ ជាអ្នកស្ទាត់ក្នុងសមាធិ ១ ខ្ញុំមានបរិស័ទ​មិនបែកខ្ញែក ១ មានពាក្យគួរអ្នកផងកាន់យក គ្រប់កាលទាំងពួង ១ ភោគសម្បត្តិរមែង​កើតឡើងដល់ខ្ញុំ កាលអន្ទោលទៅក្នុងភព ១។ ព្រោះតែខ្ញុំបានថ្វាយខ្សៀ​ចំពោះ​ព្រះជិនស្រី និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៣ ប្រការ ដ៏សមគួរ​ដល់អំពើរបស់ខ្ញុំ គឺខ្ញុំមានសតិត្រង់ ១ សរសៃទាំងឡាយ សង្ខារបានចងដោយល្អ ១ ខ្ញុំបានទីដេកទិព្យ ១ ដោយអានិសង្សនៃការថ្វាយខ្សៀនោះ។ ព្រោះតែខ្ញុំបានថ្វាយ​ប្រទីប​ចំពោះ​ព្រះជិនស្រី និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៣ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំជាអ្នកមានជាតិខ្ពង់ខ្ពស់ ១ បរិបូណ៌ដោយអវយវៈ ១ មានប្រាជ្ញាដែលព្រះពុទ្ធសន្មតហើយ ១ ខ្ញុំបានគុណធម៌ទាំងនេះ ដោយអានិសង្ស​នៃការ​ថ្វាយប្រទីបរបស់ខ្ញុំនោះ។ ព្រោះតែខ្ញុំបានថ្វាយល័ក្កចាន់ និងដប ចំពោះព្រះពុទ្ធ និង​ព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ១០ ប្រការ ដ៏សមគួរដល់​អំពើរបស់ខ្ញុំ គឺក្នុងកាលនោះ ខ្ញុំត្រូវគេគ្រប់គ្រង ១ ប្រកបដោយសេចក្តីសុខ ១ មាន​យសបរិវារច្រើន ១ មានដំណើរដ៏ប្រសើរ ១ មានខ្លួនដែលគេគួរគប់រកដោយវិសេស ១ ចម្រើនសេចក្តីសុខ ១ វៀរស្រឡះចាកចង្រៃគ្រប់យ៉ាង ១ ជាអ្នកបាននូវគុណធម៌ដ៏ទូលំ​ទូលាយ ដោយការកម្រើក គឺសេចក្តីរាប់អានរបស់ខ្ញុំ ១ មានសេចក្តីតក់ស្លុតវៀរ​ស្រឡះ​ហើយ ១ ខ្ញុំបានល័ក្កចាន់ ដបមានពណ៌ ៤ និងដំរីកែវ សេះកែវ វត្ថុទាំងនោះរបស់ខ្ញុំ រមែងមិន​វិនាស ១ នេះជាផលក្នុងការថ្វាយល័ក្កចាន់។ ព្រោះតែខ្ញុំបានថ្វាយហត្ថលីល័ង្គ ចំពោះព្រះពុទ្ធ និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបមានអានិសង្ស ៥ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺកាយរបស់ខ្ញុំបរិបូណ៌ដោយលក្ខណៈទាំងពួង ១ ប្រកបដោយ​អាយុវែង ១ ដោយបញ្ញា ១ ចិត្តតម្កល់មាំ ១ ផុតស្រឡះចាកសេចក្តីលំបាក​គ្រប់យ៉ាង​សព្វកាល ១។ ព្រោះតែខ្ញុំបានថ្វាយកន្ត្រៃមានមុខស្តើង ដែលគេសំលៀងយ៉ាងល្អ​ចំពោះ​ព្រះសង្ឃ ទើបបានញាណដែលថ្លឹងមិនបាន ដ៏ស្អាតសម្រាប់កាត់ផ្តាច់នូវកិលេស។ ព្រោះ​តែ​ខ្ញុំ​បានថ្វាយចន្ទាសចំពោះព្រះសុគត និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើប​បាន​នូវញាណដែលថ្លឹងមិនបាន ដ៏ស្អាតសម្រាប់ដកនូវកិលេស។ ព្រោះតែខ្ញុំបានថ្វាយ​នូវថ្នាំ​ហិត ចំពោះព្រះសុគត និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៨ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺសទ្ធា ១ សីល ១ ហិរិ ១ គុណគឺឱត្តប្បៈ ១ សុតៈ ១ ចាគៈ ១ ខន្តី ១ គុណគឺបញ្ញារបស់ខ្ញុំជាគម្រប់ ៨។។ ព្រោះតែខ្ញុំបានថ្វាយតាំងចំពោះព្រះសុគត និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៥ ប្រការ ដ៏សមគួរដល់អំពើ​របស់ខ្ញុំ គឺខ្ញុំកើតក្នុងត្រកូលខ្ពស់ ជាអ្នកមានភោគច្រើន ១ ជនទាំងពួង​តែងគោរព​កោត​ក្រែង​ចំពោះខ្ញុំ ១ កិត្តិសព្ទរបស់ខ្ញុំ ខ្ចរខ្ចាយទៅ ១ បល្ល័ង្កមានជ្រុង ៤ តែងចោមរោម​ខ្ញុំជានិច្ច​អស់មួយសែនកប្ប ១ ខ្ញុំជាអ្នកត្រេកអរក្នុងការចែករំលែក ១។ ព្រោះតែខ្ញុំ​បាន​ថ្វាយពូក ចំពោះព្រះសុគត និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៦ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំជាអ្នកមានចិត្តស្ងប់ មានខ្លួនសមល្អ ត្រូវគេគោរព​កោតក្រែង ១ មានចិត្តទន់ មានកាយល្អ ប្រកបដោយគ្រឿងប្រដាប់មានពណ៌ដូចមាស ១ បាននូវញាណដ៏ប្រសើរ ១ នេះជាផលនៃការថ្វាយពួក ខ្ញុំបាននូវកម្រាលផ្សេងៗ ជាច្រើន​បែប គឺតូលិកៈ (កម្រាលដែលធ្វើដោយគរ)វិកតិកៈ (កម្រាលដែលធ្វើដោយរោមសត្វ ហើយវិចិត្រដោយរូបសត្វដ៏ប្លែកៗ) កដិស្សៈ (កម្រាលដែលប៉ាក់ឌិន ចម្រុះមាស និងសូត្រ ហើយចាក់ស្រេះដោយរតនៈ) ចិត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរូប​សត្វ​សាហាវ) វរបោត្ថកៈ (កម្រាលដែលធ្វើដោយសំពត់សម្បកឈើដ៏ប្រសើរ) កម្ពលៈ (កម្រាលដែលធ្វើដោយរោមសត្វ) ១ ខ្ញុំបានកម្រាលទំាងឡាយ គឺ បាវារកៈដ៏ទន់ អជិនបវេណី (កម្រាលដែលធ្វើដោយស្បែកខ្លាឃ្មុំ) ដ៏ទន់ក្នុងទីផ្សេងៗ ១ នេះជាផល​នៃការថ្វាយពូក កាលណាខ្ញុំរលឹកឃើញនូវខ្លួន កាលណាខ្ញុំបានដល់នូវភាពជាអ្នកដឹងក្តី ខ្ញុំមិនមែនជាបុគ្គលទទេ គឺជាអ្នកមានគ្រែ គឺឈាន ក្នុងកាលនោះ ១ នេះជាផល​នៃការថ្វាយពូក។ ព្រោះតែខ្ញុំបានថ្វាយខ្នើយ ចំពោះព្រះជិនស្រី និងព្រះសង្ឃជាគណៈ​សង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៦ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺខ្ញុំរមែង​ដាក់ក្បាលខ្ញុំលើខ្នើយរោមសត្វកែះ ខ្នើយផ្កាឈូក ឬខ្នើយចន្ទន៍ក្រហម គ្រប់កាលទាំងពួង ១ ខ្ញុំញុំាងញាណឲ្យកើតឡើងក្នុងធម៌ទាំងនោះ គឺ មគ្គមានអង្គ ៨ ដ៏ប្រសើរ និង​សាមញ្ញផល ៤ អស់កាលជានិច្ច ១ ខ្ញុំញុំាងញាណឲ្យកើតឡើងក្នុងធម៌ទាំងនោះ គឺ ទាន ទមៈ សញ្ញមៈ និងអប្បមញ្ញា មានរូបជាអារម្មណ៍ គ្រប់កាលទាំងពួង ១ ខ្ញុំញុំាង​ញាណឲ្យ​កើតឡើងក្នុងធម៌ទាំងនោះ គឺវត្តគុណ ការប្រៀបផ្ទឹមក្នុងអាចារៈ និងកិរិយា គ្រប់កាល​ទាំងពួង ១ ខ្ញុំញុំាងញាណឲ្យកើតឡើងក្នុងធម៌ទាំងនោះ គឺ ការចង្រ្កម ការប្រឹងប្រែង ការ​ព្យាយាម និងពោធិបក្ខិយធម៌ ហើយនៅតាមប្រាថ្នា ១ ខ្ញុំញុំាងញាណឲ្យកើត​ឡើងក្នុង​ធម៌ទាំងនោះ គឺ សីល សមាធិ បញ្ញាវិមុត្តិដ៏ប្រសើរ ហើយនៅជាសុខ ១។ ព្រោះតែខ្ញុំ​បានថ្វាយ​តាំងផែនក្តារ ចំពោះព្រះជិនស្រី និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ២ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំបានបល្ល័ង្កដ៏ប្រសើរ ដែលសម្រេច​ដោយមាស សម្រេចដោយកែវមណី ១ សម្រេចដោយភ្លុក និងខ្លឹមជាច្រើន ១ នេះជាផល​នៃតាំងផែនក្តារ។ ព្រោះតែខ្ញុំបានថ្វាយតាំងមានជើង ចំពោះព្រះជិនស្រី និងព្រះសង្ឃ​ជាគណៈ​សង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ២ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំបានយានដ៏ច្រើន នេះជាផលនៃតាំងមានជើង ១ ជនទាំងឡាយដទៃ ដែលជាអ្នករស់​នៅដោយ​សារ គឺ ទាសី ទាសៈ ភរិយា ជនទាំងនោះ តែងបម្រើនូវខ្ញុំដោយប្រពៃ នេះជាផល​នៃតាំងមានជើង ១។ ព្រោះតែខ្ញុំបានថ្វាយប្រេងសម្រាប់លាប ចំពោះព្រះសង្ឃ​ជា​គណៈ​សង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៥ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺភាពជាអ្នក​មិនមានព្យាធិ ១ ភាពជាអ្នកមានរូបល្អ ១ ភាពជាអ្នក​ពិចារណាធម៌​ដោយរហ័ស ១ ភាពជាអ្នកបានបាយ និងទឹក ១ ខ្ញុំមានអាយុវែង ជាគម្រប់ ៥។ ព្រោះតែខ្ញុំ​បានថ្វាយទឹកដោះថ្លា និងប្រេង ចំពោះព្រះសង្ឃដែលជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៥ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំជាបុគ្គលមានកម្លាំង ១ បរិបូណ៌​ដោយរូប ១ ជាអ្នករីករាយ ១ ជាអ្នកមានកូនសព្វៗ កាល ១ ជាអ្នកមិនមានជំងឺ គ្រប់កាល​ទាំងពួង ១ នេះជាផលនៃទឹកដោះថ្លា និងប្រេង។ ព្រោះតែខ្ញុំបានថ្វាយទឹកលុបមុខ ចំពោះ​ព្រះសង្ឃ ដែលជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៥ ប្រការ ដ៏សមគួរ​ដល់អំពើ​របស់ខ្ញុំ គឺខ្ញុំជាបុគ្គលមានកដ៏ល្អ ១ មានសម្លេងពីរោះ ១ គ្មានរោគក្អក ១ គ្មានរោគហឺត ១ មានក្លិនផ្កាឧប្បល ផ្សាយចេញអំពីមាត់ខ្ញុំ គ្រប់កាលទាំងពួង ១។ ព្រោះតែខ្ញុំបាន​ថ្វាយ​ទឹកដោះជូរដ៏បរិបូណ៌ ចំពោះព្រះពុទ្ធ និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើប​បរិភោគភត្ត​​គឺអមតៈ និងកាយគតាសតិដ៏ប្រសើរ។ ព្រោះតែខ្ញុំបានថ្វាយទឹកឃ្មុំដែលប្រកប​ដោយ​ពណ៌ ក្លិន និងរស ចំពោះព្រះជិនស្រី និងគណៈសង្ឃ ទើបបានវិមុត្តិរស រកអ្វីផ្ទឹម​គ្មាន មិនមែនជាធម៌ផ្តេសផ្តាសឡើយ។ ព្រោះតែខ្ញុំបានថ្វាយភោជនមានរសគួរតាម​បំណង ចំពោះព្រះពុទ្ធ និងព្រះសង្ឃ ជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានផល ៤ ដ៏សមគួរ​ដល់អំពើរបស់ខ្ញុំ។ ព្រោះតែខ្ញុំបានថ្វាយបាយ និងទឹក ចំពោះព្រះពុទ្ធ និងព្រះសង្ឃ ជាគណៈ​សង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ១០ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺខ្ញុំមាន​អាយុវែង ១ មានកម្លាំង ១ ជាអ្នកប្រាជ្ញ ១ មានពណ៌សម្បុរល្អ ១ មានយស ១ មាន​សេចក្តីសុខ ១ ជាអ្នកបានបាយ ១ ទឹក ១ ក្លៀវក្លា ១ មានប្រាជ្ញា ១ កាលខ្ញុំ​អន្ទោល​ទៅក្នុងភព តែងបានគុណធម៌ទាំងនេះឯង។ ព្រោះតែខ្ញុំបានថ្វាយធូបក្រអូប ចំពោះ​ព្រះសុគត និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ១០ ប្រការ ដ៏សមគួរ​ដល់អំពើរបស់ខ្ញុំ គឺខ្ញុំមានរាងកាយក្រអូប ១ មានយស ១ មានប្រាជ្ញារហ័ស ១ មាន​កេរ្តិ៍ឈ្មោះ ១ មានប្រាជ្ញាមុត ១ មានប្រាជ្ញាដូចផែនដី ១ មានប្រាជ្ញាស្រស់ស្រាយ ១ មានប្រាជ្ញាជ្រៅ ១ មានប្រាជ្ញាទូលាយ ១ មានប្រាជ្ញាស្ទុះលឿនទៅ ១ ខ្ញុំកាលអន្ទោល​ទៅក្នុង​ភពតូចភពធំ ជាអ្នកដល់នូវព្រះនិព្វានជាសន្តិសុខ ក្នុងកាលឥឡូវនេះ ព្រោះហេតុ​នៃ​ការថ្វាយធូបក្រអូបនោះឯង ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អ​ណាស់​ហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ កិលេស​ទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចដំរីកាត់នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបិលិន្ទវច្ឆត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បិលិន្ទវច្ឆត្ថេរាបទាន។

សេលត្ថេរាបទាន ទី២

[៩២] ខ្ញុំជាម្ចាស់ថ្នល់ នៅក្នុងនគរហង្សវតី ប្រមូលពួកញាតិរបស់ខ្ញុំមក ហើយពោលពាក្យ​នេះថា ព្រះពុទ្ធជាបុញ្ញក្ខេត្តដ៏ប្រសើរ កើតហើយក្នុងលោក ព្រះអង្គគួរទទួលនូវ​គ្រឿងបូជា​របស់​សត្វលោកទាំងពួង។ ពួកក្សត្រ ពួកអ្នកនិគម និងពួកព្រាហ្មណមហាសាល មានចិត្ត​ជ្រះថ្លា មានចិត្តរីករាយ ពួកជនទាំងនោះ បានធ្វើនូវការប្រជុំគ្នា។ ពលដំរី ពលសេះ ពលរថ ពលថ្មើរជើង មានចិត្តជ្រះថ្លា មានចិត្តរីករាយ ពួកជនទាំងនោះ បានធ្វើនូវការ​ប្រជុំគ្នា។ ពួកឧគ្គជន (ម្តាយជាសូទ្រៈ ឪពុកជាក្សត្រ) ពួករាជបុត្រ ពួកវេស្សៈ និងពួក​ព្រាហ្មណ៍ មានចិត្តជ្រះថ្លា មានចិត្តរីករាយ ពួកជនទាំងនោះ បានធ្វើនូវការប្រជុំគ្នា។ ពួកអ្នកដាំស្ល អ្នកគ្រួ អ្នកកាត់សក់ និងអ្នកធ្វើកម្រងផ្កា មានចិត្តជ្រះថ្លា មានចិត្តរីករាយ ពួកជនទាំងនោះ បានធ្វើនូវការប្រជុំគ្នា។ ពួកជាងជ្រលក់ ជាងតម្បាញ ជាងដេរប៉ាក់ និងស្រីអ្នកកាត់សក់ មានចិត្តជ្រះថ្លា មានចិត្តរីករាយ ពួកជនទាំងនោះ បានធ្វើនូវ​ការប្រជុំគ្នា។ ពួកជាងធ្វើកូនសរ ជាងក្រឡឹង ជាងធ្វើស្បែក និងជាងចាំង មានចិត្តជ្រះថ្លា មានចិត្តរីករាយ ពួកជនទាំងនោះ បានធ្វើនូវការប្រជុំគ្នា។ ពួកជាងដែក ពួកជាងមាស ជាងសំណ និងលោហៈ មានចិត្តជ្រះថ្លា មានចិត្តរីករាយ ពួកជនទាំងនោះ បានធ្វើនូវការ​ប្រជុំគ្នា។ ពួកអ្នកស៊ីឈ្នួល ពួកអ្នកកាន់ទង់សំពត់ និងពួកទាសកម្មករជាច្រើន ជនទាំង​នោះ បានធ្វើនូវការប្រជុំគ្នា តាមកម្លាំងរបស់ខ្ញុំ។ ពួកអ្នកដងទឹក ពួកអ្នករកឧស ពួកអ្នក​ភ្ជួររាស់ ពួកអ្នកនាំស្មៅ ជនទាំងនោះ បានធ្វើនូវការប្រជុំគ្នា តាមកម្លាំងរបស់ខ្លួន។ ពួកអ្នកបេះផ្កា អ្នកក្រងផ្កា អ្នកលក់បន្លែ និងអ្នកនាំផ្លែឈើ ជនទាំងនោះបានធ្វើ​នូវការ​ប្រជុំគ្នា តាមកម្លាំងរបស់ខ្លួន។ ស្រីពេស្យា នាងកុម្ភទាសី ស្រីអ្នកលក់នំ និងអ្នកនេសាទត្រី ជនទាំងនោះ បានធ្វើនូវការប្រជុំគ្នា តាមកម្លាំងរបស់ខ្លួន។ ជនទាំងអស់នុ៎ះឯង មកប្រជុំគ្នា ចងគ្នាជាពួក ក្នុងទីមួយ (ហើយពោលថា) យើងទាំងឡាយ នឹងធ្វើនូវការកសាង ចំពោះ​ព្រះពុទ្ធ ជាបុញ្ញក្ខេត្តដ៏ប្រសើរ។ ជនទាំងនោះ ស្តាប់ពាក្យខ្ញុំហើយ ក៏ចងពួកក្នុង​ខណៈ​នោះ បានឲ្យពួកជាងធ្វើឧបដ្ឋានសាលា ដែលធ្វើដោយល្អ ថ្វាយព្រះភិក្ខុសង្ឃ។ ខ្ញុំធ្វើ​សាលា​នោះ​រួចហើយ ក៏មានចិត្តរីករាយ មានចិត្តត្រេកអរ មានពួកជនទាំងអស់នោះ​ហែហម​ចូលទៅគាល់ព្រះសម្ពុទ្ធ។ លុះចូលទៅគាល់ព្រះសម្ពុទ្ធ ព្រះអង្គជាទីពឹងនៃលោក ប្រសើរជាងជន ហើយថ្វាយបង្គំព្រះបាទាព្រះសាស្តា រួចពោលនូវពាក្យនេះថា បពិត្រ​ព្រះមុនី ជាវីរបុរស ពួកបុរស ៣០០ នាក់នេះ ជាពួកតែមួយ វេរថ្វាយឧបដ្ឋានសាលា ដែលធ្វើយ៉ាងល្អ ចំពោះព្រះអង្គ សូមព្រះអង្គមានបញ្ញាចក្ខុ ទទួល (នូវសាលា) ចំពោះ​មុខភិក្ខុសង្ឃ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សម្តែងនូវគាថាទាំងឡាយនេះ ចំពោះមុខ​បុរស​ទាំង ៣០០ នាក់ថា ពួកបុរស ៣០០ នាក់ និងបុរសជាធំ ប្រព្រឹត្តត្រូវគ្នាតែបែបមួយ ដ្បិតពួកអ្នកទាំងអស់គ្នា ធ្វើអំពើនេះហើយ នឹងបានទទួលសម្បត្តិសុខ។ លុះដល់បច្ឆិមភព អ្នកទាំងឡាយ នឹងឃើញច្បាស់ព្រះនិព្វាន មានភាពដ៏ត្រជាក់ត្រជុំ ជាគុណជាតដ៏ប្រសើរ ឥតចាស់ ឥតស្លាប់ ជាទីក្សេមក្សាន្ត។ ព្រះសព្វញ្ញុពុទ្ធ ជាបុគ្គលប្រសើរ បានព្យាករ​យ៉ាងនេះ ខ្ញុំបានស្តាប់ព្រះពុទ្ធដីកាហើយ ក៏ទទួលនូវសេចក្តីសោមនស្ស។ ខ្ញុំរីករាយក្នុង​ទេវលោក អស់ ៣០ ពាន់កប្ប ខ្ញុំជាធំជាងទេវតា សោយទេវរាជ្យ អស់ ៥០០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់មួយពាន់ដង បានសោយបទេសរាជ្យដ៏ទូលាយ រាប់បានមួយ​អសង្ខេយ្យកប្ប។ ពួកបរិស័ទបានមកជាផៅពង្ស ក្នុងរាជ្យជារបស់មនុស្សនេះ លុះដល់​បច្ឆិមភព មានព្រាហ្មណ៍ឈ្មោះវាសេដ្ឋៈ សន្សំទ្រព្យទុកបាន ៨០កោដិ។ ខ្ញុំក៏បានជាកូន​របស់​វាសេដ្ឋព្រាហ្មណ៍នោះ ពាក្យថាសេលព្រាហ្មណ៍ ជាឈ្មោះរបស់ខ្ញុំ ៗ ជាអ្នកដល់​នូវបារមីក្នុងឆឡង្គទាន។ កាលខ្ញុំដើរទៅកាន់ទីសម្រាកស្មង ពួកសិស្សរបស់ខ្លួនចោមរោម ខ្ញុំឃើញគ្រឿងបូជាដែលគេចាត់ចែង ក៏ពោលពាក្យនេះ នឹងកេនិយតាបស ដែលពេញ​ដោយភារៈ​គឺផ្នួងសក់ថា លោកធ្វើអាវាហមង្គល ឬវិវាហមង្គល ឬក៏លោកអញ្ជើញ​ព្រះរាជា​មក។ (កេនិយតាបសតបថា) ខ្ញុំមានប្រាថ្នាបូជានូវគ្រឿងបូជាចំពោះព្រាហ្មណ៍ដែល​ទេវតា​សន្មតហើយ ខ្ញុំមិនមែនអញ្ជើញព្រះរាជាទេ គ្រឿងបូជា មិនមានដើម្បីខ្ញុំទេ។ អាវាហ​មង្គល​របស់ខ្ញុំក៏មិនមាន ទាំងវិវាហមង្គលរបស់ខ្ញុំក៏មិនមានដែរ ព្រះពុទ្ធព្រះអង្គទ្រង់ញុំាង​សេចក្តី​រីករាយ​របស់ពួកសក្សៈឲ្យកើតឡើង ជាបុគ្គលប្រសើរក្នុងលោក ព្រមទាំង​ទេវលោក។ ព្រះពុទ្ធជាបុគ្គលមានប្រយោជន៍ និងសេចក្តីចម្រើនដល់សត្វលោកទាំងពួង នាំមកនូវសេចក្តីសុខដល់សព្វសត្វ ព្រះពុទ្ធនោះ ខ្ញុំបាននិមន្តហើយក្នុងថ្ងៃនេះ ការចាត់​ចែងនុ៎ះ ដើម្បីព្រះសាស្តានុ៎ះទេតើ។ ព្រះពុទ្ធទ្រង់មានពន្លឺនៃពណ៌ដូចផ្លែទន្លាប់ទុំ មាន​ប្រមាណ​មិនបាន មិនមានបុគ្គលប្រៀបផ្ទឹម មិនមានបុគ្គលស្មើដោយរូប ខ្ញុំបាននិមន្ត​ហើយ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះពុទ្ធជាទីពឹងនោះ ព្រះអង្គរីករាយដូចមាត់បាវមាសផង ប្រាកដស្មើដោយរងើកភ្លើងគគីរផង ជាមហាវីរបុរស ឧបមាដូចផ្លេកបន្ទោរ ខ្ញុំបាននិមន្ត​ហើយ។ ព្រះពុទ្ធនោះ ដូចជាភ្លើងលើកំពូលភ្នំ ឬដូចព្រះចន្រ្ទក្នុងថ្ងៃពេញបូណ៌មី ពុំនោះ​សោត ប្រាកដស្មើពណ៌ភ្លើងដែលឆេះព្រៃបបុះ ខ្ញុំបាននិមន្តហើយ។ ព្រះពុទ្ធនោះ ព្រះអង្គជាអ្នកប្រាជ្ញ មិនតក់ស្លុត មានភ័យកន្លងផុតហើយ ធ្វើនូវទីបំផុតនៃភព ជា​មហាវីរបុរស ឧបមាដូចសីហៈ ខ្ញុំបាននិមន្តហើយ។ ព្រះពុទ្ធនោះ ព្រះអង្គជាអ្នកឈ្លាសវៃ​ក្នុងធម៌របស់ព្រះពុទ្ធទាំងឡាយ ដែលពួកបុគ្គលដទៃកំហែងមិនបាន ជាមហាវីរបុរស ឧបមាដូចដំរី ខ្ញុំបាននិមន្តហើយ។ ព្រះពុទ្ធនោះ ទ្រង់ឈ្លាសវៃក្នុងត្រើយនៃព្រះសទ្ធម្ម ជាព្រះពុទ្ធនាគ មិនមានបុគ្គលស្មើ ជាមហាវីរបុរស ឧបមាដូចគោឧសភ ខ្ញុំបាននិមន្ត​ហើយ។ ព្រះពុទ្ធនោះ មានគុណឥតមានទីបំផុត មានយសរាប់មិនបាន មានលក្ខណៈ​ទាំងអស់ដ៏វិចិត្រ ជាមហាវីរបុរស ឧបមាដូចព្រះឥន្រ្ទ ខ្ញុំបាននិមន្តហើយ។ ព្រះពុទ្ធនោះ ទ្រង់ស្ទាត់ផង មានពួកផង មានអំណាចផង មានតេជះផង គេបៀតបៀនមិនបានផង ជាមហាវីរបុរស ឧបមាដូចព្រហ្ម ខ្ញុំបាននិមន្តហើយ។ ព្រះពុទ្ធនោះ ព្រះអង្គមានធម៌ដ៏​ប្រសើរ​លើស មានកម្លាំង ១០ ប្រការ ដល់នូវត្រើយនៃកម្លាំងតូច-ធំ ជាមហាវីរបុរស ឧបមា​ដូចផែនដី ខ្ញុំបាននិមន្តហើយ។ ព្រះពុទ្ធនោះ ព្រះអង្គកុះករដោយសីល និងសេចក្តី​ព្យាយាម ទ្រង់ញុំាងធម្មវិញ្ញាណឲ្យរំជួល ជាមហាវីរបុរស ឧបមាដូចសមុទ្រ ខ្ញុំបាននិមន្ត​ហើយ។ ព្រះពុទ្ធនោះ គេបៀតបៀនមិនបាន គេគ្របសង្កត់បានដោយក្រ ជាបុគ្គលមិន​ញាប់ញ័រ ខ្ពង់ខ្ពស់ប្រសើរ ជាមហាវីរបុរស ឧបមាដូចភ្នំសិនេរុ ខ្ញុំបាននិមន្តហើយ។ ព្រះពុទ្ធនោះ ទ្រង់មានញាណរកទីបំផុតគ្មាន ឥតមានបុគ្គលស្មើ រកបុគ្គលថ្លឹងស្មើមិនមាន ដល់នូវភាពជាបុគ្គលប្រសើរ ជាមហាវីរបុរស មានឧបមាដូចមេឃ ខ្ញុំបាននិមន្តហើយ។

ចប់ ភាណវារ ទី១៥។

ព្រះពុទ្ធនោះ ព្រះអង្គជាទីពឹងរបស់ពួកសត្វ ដែលមានភ័យភិត ជាទីពំនាក់នៃពួកសត្វ​ដែល​ដល់​នូវសរណៈ ជាមហាវីរបុរស ញុំាងសត្វឲ្យស្រស់ស្រាយ ខ្ញុំបាននិមន្តហើយ។ ព្រះពុទ្ធនោះ ព្រះអង្គជាទីអាស្រ័យនៃពួកបុគ្គលមានប្រាជ្ញា ជាបុញ្ញក្ខេត្តរបស់ពួកជនអ្នក​ស្វែង​រកសុខ ព្រះអង្គជាអណ្តូងនៃរតនវត្ថុ ជាមហាវីរបុរស ខ្ញុំបាននិមន្តហើយ។ ព្រះពុទ្ធ​នោះ ព្រះអង្គញុំាងសត្វឲ្យស្រស់ស្រាយ ធ្វើឲ្យទៅជាទេវតា ទ្រង់ឲ្យនូវ​សាមញ្ញផល ជា​មហាវីរបុរស ឧបមាដូចមេឃ ខ្ញុំបាននិមន្តហើយ។ ព្រះពុទ្ធនោះ ជាវីរបុរស ផុសឡើង​ហើយក្នុងលោក ទ្រង់បន្ទោបង់នូវងងឹតទាំងពួង ជាមហាវីរបុរស ឧបមាដូចព្រះអាទិត្យ ខ្ញុំបាននិមន្តហើយ។ ព្រះពុទ្ធនោះ ព្រះអង្គជាអ្នកប្រាជ្ញ ទ្រង់បង្ហាញនូវសេចក្តីពិត​ក្នុង​អារម្មណ៍ និងវិមុត្តិទាំងឡាយ ជាមហាវីរបុរស ឧបមាដូចព្រះចន្ទ្រ ខ្ញុំបាននិមន្តហើយ។ ព្រះពុទ្ធនោះ ព្រះអង្គផុសឡើងហើយក្នុងលោក ប្រដាប់ហើយដោយលក្ខណៈទាំងឡាយ ជាមហាវីរបុរស មិនមានប្រមាណ ខ្ញុំបាននិមន្តហើយ។ ញាណរបស់ព្រះពុទ្ធណា មិនមាន​ប្រមាណ សីលរបស់ព្រះពុទ្ធណា រកសេចក្តីប្រដូចគ្មាន វិមុត្តិរបស់ព្រះពុទ្ធណា រកអ្វី​ស្មើគ្មាន ព្រះពុទ្ធនោះ ខ្ញុំបាននិមន្តហើយ។ សេចក្តីព្យាយាម របស់ព្រះពុទ្ធណា ឥតមាន​អ្វីស្មើ កម្លាំងរបស់ព្រះពុទ្ធណា ដែលបុគ្គលគិតមិនឃើញ សេចក្តីប្រឹងប្រែងរបស់​ព្រះពុទ្ធ​ណា ជាឧបាយដ៏ប្រសើរ ព្រះពុទ្ធនោះ ខ្ញុំបាននិមន្តហើយ។ ពិសទាំងពួង គឺរាគៈ ទោសៈ មោហៈ ដែលព្រះពុទ្ធអង្គណា គាស់រំលើងហើយ ព្រះពុទ្ធអង្គនោះ ជាមហាវីរបុរស មាន​ឧបមាដូចឱសថ ខ្ញុំបាននិមន្តហើយ។ ព្រះពុទ្ធនោះ ដូចបុគ្គលមានឱសថ ព្រះអង្គជាអ្នក​បន្ទោបង់​នូវព្យាធិគឺកិលេស ដែលជាទុក្ខច្រើនប្រការ ជាមហាវីរបុរស ឧបមាដូចផ្លេក​បន្ទោរ ខ្ញុំបាននិមន្តហើយ។

កេនិយតាបស បានពោលឃោសនាថា ព្រះពុទ្ធៗ ដូច្នេះ ការឃោសនានោះ ខ្ញុំបានឮ​ដោយកម្រណាស់ ខ្ញុំមានបីតិកើតឡើង ព្រោះឮពាក្យឃោសនាថា ព្រះពុទ្ធ។ ចិត្តរបស់​ខ្ញុំឥតប្រកាន់ បីតិរបស់ខ្ញុំ ក៏ផ្សាយចេញទៅខាងក្រៅ ខ្ញុំនោះ មានចិត្តប្រកបដោយបីតិ មានចិត្តស្ងប់ បានពោលពាក្យនេះថា ព្រះមានព្រះភាគនោះ ព្រះអង្គជាចម្បងក្នុងលោក ប្រសើរជាងជន គង់នៅក្នុងទីណា ខ្ញុំនឹងទៅនមស្ការព្រះអង្គក្នុងទីនោះ ទ្រង់ជាអ្នកឲ្យនូវ​សាមញ្ញផល។ ខ្ញុំមានសេចក្តីត្រេកអរកើតឡើង ធ្វើអញ្ជលីលើកដៃខាងស្តាំ (សួរថា) លោកចូរប្រាប់ខ្ញុំផង នូវព្រះពុទ្ធជាស្តេចហេតុធម៌ ទ្រង់បន្ទោបង់នូវសរ គឺសេចក្តីសោក។ (កេនិយតាបសប្រាប់ថា) អ្នកចូរមើលព្រៃធំនុ៎ះ ដែលហាក់ដូចជាមហាមេឃ បើកស្រឡះ ឬដូចផ្កាអញ្ជ័នខៀវ ឬក៏ប្រាកដដូចជាសាគរ ព្រះពុទ្ធនោះ ជាអ្នកប្រាជ្ញ ទូន្មាននូវបុគ្គល ដែលមានខ្លួនមិនទាន់ទូន្មាន ទ្រង់ប្រៀនប្រដៅនូវពួកវេនេយ្យសត្វ ញុំាងវេនេយ្យសត្វ​ឲ្យត្រាស់ដឹងនូវពោធិបក្ខិយធម៌ ទ្រង់គង់នៅក្នុងព្រៃធំនុ៎ះ ខ្ញុំក៏ពិនិត្យមើលនូវព្រះជិនស្រី គួរនាដូចជាបុគ្គលស្រេកទឹក ឬដូចបុគ្គលឃ្លានបាយ ឬក៏ដូចមេគោ ដែលជាប់ចំពាក់​នឹង​កូនគោ ខ្ញុំជាអ្នកស្គាល់នូវអាចារៈ និងឧបចារៈ បានញុំាងពួកសិស្សរបស់ខ្លួន ដែលកំពុង​ដើរទៅកាន់សំណាក់ព្រះជិនស្រី ឲ្យសិក្សានូវការប្រុង ឲ្យសមតាមប្រពៃណីថា ម្នាល​មាណព​ទាំងឡាយ ព្រះមានព្រះភាគទាំងឡាយ គេចូលទៅរកបានដោយក្រ ដូចជាសីហៈ​ដែលត្រាច់ទៅតែឯង អ្នកទាំងឡាយ ចូរដើរដាក់ជើងជិតជើង (សន្សឹម ៗ) ដើរមកចុះ។ ព្រះពុទ្ធទាំងឡាយ អ្នកផងចូលទៅរកបានដោយក្រ ដូចជាពស់អាសិរពិសដ៏ឃោរឃៅ ដូចជាកេសររាជសីហ៍ ជាស្តេចម្រឹគ ឬក៏ដូចជាដំរីកុញ្ជរ បានបទដែលចុះប្រេង។ ម្នាល​មាណពទាំងឡាយ អ្នកទាំងឡាយ ចូរទប់នូវអាការក្អក និងកណ្តាស ចូរដើរដាក់​ជើងជិតជើង ចូលទៅកាន់សំណាក់ព្រះពុទ្ធចុះ។ ព្រះពុទ្ធទាំងឡាយ ព្រះអង្គធ្ងន់ព្រះទ័យ​ក្នុងការពួនសម្ងំ ពេញព្រះហឫទ័យនឹងសំឡេងតិចៗ អ្នកផងចូលទៅរកបានដោយក្រ ចូលទៅ​ជិតបានដោយលំបាក ជាគ្រូក្នុងមនុស្សលោក ព្រមទាំងទេវលោក។ កាលណា​ខ្ញុំកំពុងសាកសួរប្រស្នា ឬកំពុងនិយាយរាក់ទាក់ កាលនោះ អ្នកទាំងឡាយ ចូរនិយាយ​សំឡេងតិចៗ ចូរឋិតនៅស្ងៀម។ កាលណាព្រះពុទ្ធនោះ ទ្រង់សម្តែងព្រះសទ្ធម្ម ជាធម៌​ក្សេមដើម្បីដល់ព្រះនិព្វាន (កាលនោះ) អ្នកទាំងឡាយ ចូរត្រងត្រាប់ស្តាប់សេចក្តីនោះ ដ្បិតការស្តាប់នូវព្រះសទ្ធម្ម ជាការល្អ។ ខ្ញុំបានចូលទៅគាល់ព្រះសម្ពុទ្ធ ហើយនិយាយ​រាក់ទាក់ (ជាមួយ) នឹងព្រះសម្ពុទ្ធជាអ្នកប្រាជ្ញ លុះបញ្ចប់ពាក្យនោះហើយ ក៏ពិនិត្យមើល​លក្ខណៈទាំងឡាយ។ ខ្ញុំមិនទាន់ឃើញលក្ខណៈ ២ ប្រការ ឃើញតែលក្ខណៈ ៣០ ប្រការ ទើបព្រះមុនី ទ្រង់បង្ហាញដោយឫទ្ធិ នូវគុយ្ហៈ ជាវត្ថុបិទបាំងដោយស្រោម។ ព្រះជិនស្រី ទ្រង់លៀនព្រះជិវ្ហា ហើយប៉ះពាល់នូវព្រះកាណ៌ និងព្រះនាសិកៈ បាំងនូវទីបំផុត​ព្រះនលាដៈ​ទាំងអស់។ លុះខ្ញុំឃើញលក្ខណៈរបស់ព្រះអង្គដ៏បរិបូណ៌ ព្រមទាំង​អនុព្យញ្ជនៈ ក៏ដល់នូវសេចក្តីចូលចិត្តថាជាព្រះពុទ្ធ ហើយបួសជាមួយនឹងពួកសិស្ស។ លុះខ្ញុំ ព្រមទាំងពួកសិស្ស ៣០០ នាក់ ចូលទៅកាន់ផ្នួសហើយ កាលមិនទាន់ដល់កន្លះខែ​នៅឡើយ ពួកយើងទាំងអស់ ក៏ដល់នូវសេចក្តីរលត់ទុក្ខ។ ជនទាំងឡាយ បានធ្វើនូវ​បុញ្ញកម្ម​ជាមួយគ្នា ចំពោះបុញ្ញក្ខេត្តដ៏ប្រសើរ អន្ទោលទៅក្នុងទីជាមួយគ្នា វិលមកកើត​ក្នុងទីជាមួយគ្នា។ ខ្ញុំបានប្រគេនបង្កង់ទាំងឡាយ (ចំពោះសង្ឃ) ហើយនៅក្នុងពួក ដោយអំពើដែលខ្ញុំធ្វើល្អនោះ ទើបខ្ញុំបាននូវហេតុ គឺអានិសង្ស ៨ ប្រការ គឺខ្ញុំត្រូវគេបូជា​ក្នុងទិសទាំងឡាយ ១ ភោគៈទាំងឡាយរបស់ខ្ញុំរាប់មិនអស់ ១ ខ្ញុំជាទីពឹងរបស់ពួកជន​ទាំងពួង ១ ខ្ញុំមិនមានសេចក្តីតក់ស្លុត ១ ខ្ញុំមិនមានជំងឺទាំងឡាយ ១ ខ្ញុំរមែងរក្សាអាយុឲ្យ​រស់នៅវែង ១ ជាអ្នកមានសម្បុរថ្ងៃដ៏ល្អិត ១ កាលដែលភ្លៀងធ្លាក់ក្នុងអាវាស ខ្ញុំឲ្យនូវបង្កង់ ៨ ហើយនៅក្នុងពួក អំពើជាកុសលនេះ នាំឲ្យខ្ញុំបានបដិសម្ភិទា និងអរហត្ត នេះជា​អានិសង្សគម្រប់ ៨។ បពិត្រព្រះមហាមុនី កូនរបស់ព្រះអង្គ ឈ្មោះអដ្ឋគោបានសី មានព្រហ្មចរិយធម៌ជាទីបំផុត នៅចប់សព្វគ្រប់ហើយ មានសោឡសកិច្ចធ្វើរួចហើយ មិនមាន​អាសវៈ។ ខ្ញុំបានឲ្យសសរ ៥ ហើយនៅក្នុងពួក ដោយអំពើដែលខ្ញុំធ្វើល្អនោះ ទើបខ្ញុំបាននូវហេតុ គឺបានអានិសង្ស ៥ ប្រការ គឺ ខ្ញុំជាអ្នកមិនកក្រើកចាកមេត្តា ១ មាន​ភោគៈ​មិនខ្វះខាត ១ មានពាក្យសំដីគួរអ្នកផងកាន់យក ១ មិនកំចាត់បង់ (នូវគុណនៃ​បុគ្គល​ដទៃ) ១ ចិត្តរបស់ខ្ញុំមិនភ័ន្តច្រឡំ ខ្ញុំជាអ្នកមិនរឹងចចេស ចំពោះបុគ្គលណាមួយ ១ ដោយអំពើដែលខ្ញុំធ្វើល្អនោះ ទើបខ្ញុំជាអ្នកមិនមានមន្ទិលក្នុងសាសនា។ បពិត្រព្រះមុនី ជាមហាវីរបុរស ភិក្ខុជាសាវ័ករបស់ព្រះអង្គ ប្រកបសេចក្តីគោរព ប្រកបដោយសេចក្តី​កោតក្រែង មានកិច្ចធ្វើរួចហើយ ជាអ្នកមិនមានអាសវៈ រមែងថ្វាយបង្គំព្រះអង្គ។ ខ្ញុំបានធ្វើ​នូវបល្ល័ង្កដែលធ្វើដ៏ល្អ ហើយតាំងទុកក្នុងសាលា ដោយអំពើដែលខ្ញុំធ្វើល្អនោះ ទើបខ្ញុំបាន​នូវ​ហេតុ គឺអានិសង្ស ៥ ប្រការ គឺខ្ញុំកើតក្នុងត្រកូលខ្ពង់ខ្ពស់ ១ ជាអ្នកមានភោគៈច្រើន ១ ជាអ្នកមានសម្បត្តិគ្រប់មុខ ១ ខ្ញុំមិនមានសេចក្តីកំណាញ់ ១ បល្ល័ង្ករមែងផុសឡើងដល់ខ្ញុំ ក្នុងដំណើរដែលខ្ញុំប្រាថ្នា ១ ខ្ញុំរមែងទៅកាន់ទីដែលខ្ញុំបា្រថ្នា ព្រមដោយបល្ល័ង្កដ៏ប្រសើរ។ ខ្ញុំបន្ទោបង់នូវងងឹតទាំងពួងបាន ព្រោះទាននៃបល្ល័ង្កនោះឯង បពិត្រព្រះមុនី ព្រះថេរៈ​ដែលដល់នូវកម្លាំងនៃអភិញ្ញាទាំងពួង រមែងថ្វាយបង្គំនូវព្រះអង្គ។ ខ្ញុំញុំាងកិច្ចទាំងពួង ដែលជាកិច្ចរបស់អ្នកដទៃ និងកិច្ចរបស់ខ្លួនឲ្យសម្រេច ដោយអំពើដែលខ្ញុំធ្វើល្អនោះ ទើប​ខ្ញុំបានចូលទៅកាន់បុរីឥតមានភ័យ។ ខ្ញុំបានឲ្យគ្រឿងប្រើប្រាស់ ទុកក្នុងសាលាដែល​កសាង​ស្រេចហើយ ដោយអំពើដែលខ្ញុំធ្វើល្អនោះ ទើបបានដល់នូវភាពនៃខ្លួន​ជាបុគ្គល​ប្រសើរ។ ពួកជនអ្នកទូន្មានណានីមួយក្នុងលោក ពួកជនអ្នកទូន្មានទាំងនោះ រមែងទូន្មាន​នូវដំរី និងសេះទាំងឡាយ ពួកជនអ្នកទូន្មានទាំងនោះ ធ្វើដោយហេតុផ្សេងៗ ហើយទូន្មាន​ដោយអំពើដ៏អាក្រក់។ បពិត្រព្រះមហាវីរបុរស ព្រះអង្គមិនមែនទូន្មាននូវពួកបុរស​ស្រ្តី​ដូច្នោះ​ទេ ព្រះអង្គតែងទូន្មាននូវពពួកជនដ៏ខ្ពង់ខ្ពស់ ដែលគួរទូន្មាន ដោយហេតុមិន​បាច់​ប្រើដំបង មិនបាច់ប្រើគ្រឿងសស្រ្តាវុធ។ បពិត្រព្រះមហាមុនី ព្រះអង្គឈ្លាសវៃក្នុង​ការ​ទេសនា ទ្រង់សរសើរគុណនៃទាន បពិត្រព្រះមុនី ព្រះអង្គកាលសម្តែងនូវប្រស្នា​តែមួយ​សោះ ក៏ញុំាងពួកបុរស ទាំង ៣០០ នាក់ ឲ្យត្រាស់ដឹងធម៌បាន។ ពួកយើងដែល​ព្រះអង្គជា​សារថីបានទូន្មានហើយ ជាអ្នកមានចិត្តរួចស្រឡះ មិនមានអាសវៈ ដល់នូវកម្លាំងនៃ​អភិញ្ញា​ទាំងពួង មានទុក្ខរលត់ហើយ ព្រោះអស់ទៅនៃឧបធិក្កិលេស។ ក្នុងកប្បទីមួយ​សែន អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ភ័យគ្រប់យ៉ាង ខ្ញុំកន្លង​ផុត​ហើយ នេះជាផលនៃការឲ្យសាលា។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អណាស់ហ៎្ន វិជ្ជា ៣ ប្រការ ខ្ញុំបានដល់ហើយ ទាំងសាសនធម៌របស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើចប់ហើយ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំបាន​គាស់រំលើងចោលហើយ ជាអ្នកមិនមានអាសវៈ ដូចជាដំរីកាត់នូវទន្លីង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះសេលត្ថេរមានអាយុ ព្រមទាំងបរិស័ទ បានពោលនូវគាថាទាំងនេះ ក្នុងសំណាក់​នៃព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ សេលត្ថេរាបទាន។

សព្វកិត្តិកត្ថេរាបទាន ទី៣

[៩៣] ខ្ញុំបានឃើញព្រះលោកនាយក ទ្រង់រុងរឿងដូចផ្កាកណិការ ទ្រង់ភ្លឺដូចឈើប្រចាំទ្វីប ភ្លឺច្រាលដូចផ្កាយព្រឹក ពុំនោះ ដូចផ្លេកបន្ទោរឰដ៏អាកាស។ ព្រះអង្គមិនខ្លាច មិនតក់ស្លុត ដូចកេសររាជសីហ៍ជាស្តេចម្រឹគ ទ្រង់ប្រកាសនូវពន្លឺគឺញាណ ទ្រង់ញាំញីនូវពួកតិរិ្ថយ។ ទ្រង់ស្រង់នូវសត្វលោកនេះ ទ្រង់ផ្តាច់បង់នូវសេចក្តីសង្ស័យ​ទាំងអស់ មិនខ្លាចដូចស្តេច​ម្រឹគ។ ខ្ញុំជាព្រាហ្មណ៍ អ្នកទ្រទ្រង់នូវជដា និងស្បែកខ្លា មានចិត្តត្រង់ មានព្យាយាម បានកាន់យកនូវសំពត់សម្បកឈើ ទៅក្រាលទៀបបាទមូល។ បានយកខ្លឹមក្លាំពាក់​ទៅ​លាបព្រះតថាគត លុះលាបព្រះសម្ពុទ្ធហើយ បានសរសើរព្រះលោកនាយក ដូច្នេះថា

បពិត្រព្រះមហាមុនី ព្រះអង្គទ្រង់ស្រង់នូវសត្វលោកនេះ ទ្រង់បានឆ្លងនូវឱឃធម៌ ទ្រង់ធ្វើ​ញាណដ៏ប្រសើរឧត្តម ឲ្យភ្លឺដោយពន្លឺ គឺញាណ។ ព្រះអង្គញុំាងធម្មចក្រ​ឲ្យប្រព្រឹត្ត​ទៅក្នុង​លោក ទ្រង់ញាំញីនូវអន្យតិរិ្ថយ ជាបុគ្គលប្រសើរ ទ្រង់ឈ្នះសង្រ្គាម ទ្រង់ញុំាងផែនដី​ឲ្យកម្រើក។ ទិដ្ឋិទាំងអស់បែកធ្លាយក្នុងញាណរបស់ព្រះអង្គ ប្រៀបដូចរលកក្នុងមហា​សមុទ្រ រមែងបែកធ្លាយក្នុងទីបំផុតច្រាំង។ សំណាញ់នៃព្រានត្រីដ៏ល្អិត ដែលគេបង់ចុះ​ក្នុងស្រះ ពួកសត្វទាំងនោះ ដែលតាំងនៅក្នុងសំណាញ់ ត្រូវគេបៀតបៀន ក្នុងខណៈនោះ យ៉ាងណា។ បពិត្រព្រះអង្គនិរទុក្ខ ពួកអន្យតិរិ្ថយក្នុងលោក ជាមនុស្សវង្វេង ប្រាសចាក​សច្ចៈ រមែងប្រព្រឹត្តទៅក្នុងខាងក្នុងនៃញាណដ៏ប្រសើររបស់ព្រះអង្គ ក៏យ៉ាងនោះដែរ។ ព្រះអង្គជាទីពឹងរបស់ពួកជន ដែលឥតផៅពង្ស ដូចជាពួកមនុស្ស ដែលជាទីពំនាក់នៃពួក​ជន ដែលហែលលិចលង់ក្នុងអន្លង់ ព្រះអង្គជាទីរលឹករបស់សត្វ ដែលឋិតនៅក្នុងភ័យ ជាទីប្រព្រឹត្តទៅខាងមុខនៃពួកសត្វដែលត្រូវការក្នុងការរួចចាកកិលេស។ ព្រះអង្គទ្រង់​ត្រាច់​ទៅតែមួយអង្គឯង រកបុគ្គលស្មើគ្មាន ទ្រង់ប្រកបដោយមេត្តា និងករុណា ទ្រង់​មាន​ប្រាជ្ញា ទ្រង់ប្រកបក្នុងការលះ ទ្រង់ស្ទាត់ជំនាញ ទ្រង់នឹងធឹង ជាលំនៅនៃគុណ។ ព្រះអង្គ​ជាអ្នកប្រាជ្ញ ប្រាសចាកការវង្វេង មិនញាប់ញ័រ មិនមានសេចក្តីសង្ស័យ ទ្រង់មាន​សេចក្តីសន្តោស មានទោសៈខ្ជាក់ចោលហើយ ព្រះអង្គមិនមានមន្ទិល ទ្រង់សង្រួម​ស្អាតបាត។ ព្រះអង្គកន្លងនូវកិលេសជាគ្រឿងជាប់ចំពាក់ មានសេចក្តីស្រវឹងកន្លងហើយ ទ្រង់មានវិជ្ជា ៣ ទ្រង់ដល់នូវទីបំផុតនៃភព ទ្រង់កន្លងនូវធម៌ជាដែន មានព្រះទ័យធ្ងន់​ក្នុងធម៌ ទ្រង់ផ្សាយសេចក្តីចម្រើន ទ្រង់សាបព្រោះប្រយោជន៍។ ព្រះអង្គជាអ្នកចម្លង​ពួក​សត្វដូចសំពៅ ទ្រង់ធ្វើនូវសេចក្តីទំនុកបម្រុងដូចកំណប់ទ្រព្យ ទ្រង់មិនខ្លាចដូចរាជសីហ៍ ពុំនោះសោត ដូចស្តេចដំរីដែលហ្មទូន្មានហើយ។ ខ្ញុំលុះសរសើរព្រះមហាមុនី ព្រះនាម​បទុមុត្តរៈ​ដោយគាថាទាំង ១០ ហើយ ថ្វាយបង្គំព្រះបាទាព្រះសាស្តា រួចឈរ​នៅស្ងៀមក្នុង​កាលនោះ។

ព្រះលោកវិទូ ព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលគ្រឿងបូជា ទ្រង់ជាសាស្តា ឋិតនៅ​ក្នុងពួកភិក្ខុ ទ្រង់បានពោលនូវគាថាទាំងនេះថា កុលបុត្រណា សរសើរនូវសីល បញ្ញា និងធម៌របស់តថាគត តថាគតនឹងសរសើរកុលបុត្រនោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់​នូវភាសិតដែលតថាគតនឹងសម្តែងចុះ។ បុគ្គលនេះនឹងរីករាយក្នុងលោក នឹងបានជាធំ គ្របសង្កត់ទេវតាដទៃ នឹងសោយនូវឥស្សរភាព អស់ ៦ ម៉ឺនកប្ប។ ក្នុងកាលជា​ខាងក្រោយមក កុលបុត្រនោះនឹងចេញបួស ត្រូវកុសលមូលដាស់តឿនហើយ នឹងបួស​ក្នុង​សាសនានៃព្រះគោតមមានព្រះភាគ។ លុះបួសហើយ បានវៀរបង់នូវបាបកម្មដោយ​កាយ កំណត់ដឹងនូវអាសវធម៌ទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។

មេឃកាលកំទរ ធ្វើផែនដីនេះឲ្យឆ្អែត យ៉ាងណាមិញ បពិត្រព្រះមហាវីរៈ ព្រះអង្គទ្រង់​ញុំាង​ខ្ញុំឲ្យឆ្អែតដោយធម៌ ក៏យ៉ាងនោះដែរ។ ខ្ញុំព្រះអង្គសរសើរនូវសីល បញ្ញា និងធម៌នៃ​ព្រះលោកនាថ ជាអ្នកដល់នូវព្រះនិព្វាន ជាទីស្ងប់ដ៏ក្រៃលែង ជាបទមិនឃ្លៀងឃ្លាត។ ធ្វើម្តេចហ្ន៎! ព្រះមានព្រះភាគអង្គនោះ ទ្រង់មានចក្ខុ នឹងឋិតនៅអស់កាលយូរ អាត្មាអញ​នឹងបានដឹងនូវធម៌ដែលមិនទាន់ដឹងផង នឹងឃើញនូវអមតបទផង។ នេះជាបច្ឆិមជាតិ​របស់ខ្ញុំ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមាន​អាសវៈ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំសរសើរព្រះពុទ្ធ ខ្ញុំមិន​ដែល​ស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ អាសវៈទាំងអស់របស់ខ្ញុំអស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានឡើយ។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើចប់ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះសព្វកិត្តិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សព្វកិត្តិកត្ថេរាបទាន។

មធុទាយកត្ថេរាបទាន ទី៤

[៩៤] អាស្រមបរមសាលារបស់ខ្ញុំ ជាងបានស្ថាបនាល្អហើយ ទៀបឆ្នេរទន្លេឈ្មោះសិន្ធុ ខ្ញុំបានឲ្យពួកសិស្សរៀនគម្ពីរឥតិហាសៈ ព្រមទាំងលក្ខណៈ ក្នុងអាស្រមនោះ។ ពួកសិស្ស​ខ្ញុំ​ទាំងអម្បាលនោះ ជាអ្នកប្រាថ្នានូវធម៌ ជាអ្នកប្រាថ្នាដើម្បីស្តាប់នូវពាក្យប្រៀនប្រដៅដ៏ល្អ ជាអ្នកដល់នូវបារមីក្នុងឆឡង្គធម៌ ខ្ញុំបានទូន្មានហើយ ពួកសិស្សទាំងនោះ នៅក្បែរឆ្នេរ​ទន្លេសិន្ធុ។ ក្នុងកាលនោះ ពួកសិស្យដែលឈ្លាសក្នុងការកើត និងដំណើរមកផង ក្នុង​លក្ខណៈ​ផង ស្វែងរកនូវប្រយោជន៍ដ៏ឧត្តម នៅក្នុងព្រៃធំ។ កាលនោះឯង ព្រះសម្ពុទ្ធ​ព្រះនាមសុមេធៈ ទ្រង់កើតឡើងក្នុងលោក ទ្រង់ជាអ្នកដឹកនាំពួកសត្វ អនុគ្រោះយើងខ្ញុំ បានស្តេចចូលមកជិតខ្ញុំ។ ខ្ញុំបានឃើញព្រះសុមេធៈ ជាលោកនាយក មានព្យាយាមធំ សេ្តចចូលមកដល់ហើយ ក៏ធ្វើកម្រាលស្មៅថ្វាយព្រះលោកជេដ្ឋ ខ្ញុំយកទឹកឃ្មុំអំពីព្រៃធំ មកថ្វាយព្រះពុទ្ធដ៏ប្រសើរ។

ព្រះសម្ពុទ្ធទ្រង់សោយ ហើយសម្តែងនូវព្រះពុទ្ធដីកានេះថា កុលបុត្រណា ជ្រះថ្លាបាន​ថ្វាយ​ទឹកឃ្មុំនោះដល់គថាគត ដោយដៃរបស់ខ្លួន តថាគតនឹងសរសើរនូវកុលបុត្រនោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ពាក្យតថាគត ដែលនឹងសម្តែងចុះ។ ដោយអំណោយ​ទឹកឃ្មុំ​នេះផង ដោយកម្រាលស្មៅនេះផង បុរសនេះ នឹងរីករាយក្នុងទេវលោក អស់ ៣ ម៉ឺនកប្ប។ កន្លងទៅ ៣ ម៉ឺនកប្បទៀត ព្រះសាស្តា ព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូល​នៃ​ឱក្កាករាជ នឹងត្រាស់ឡើងក្នុងលោក។ ឯបុរសនេះ នឹងជាអ្នកទទួលមត៌កក្នុង​ធម៌​របស់​ព្រះសាស្តាអង្គនោះ ជាឱរសដែលធម៌និម្មិតហើយ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នក​មិន​មានអាសវៈ នឹងបរិនិព្វាន។

ខ្ញុំច្យុតចាកទេវលោក មកចាប់ផ្ទៃនៃមាតា ក្នុងមនុស្សលោកនេះ ភ្លៀងទឹកឃ្មុំបានបង្អុរចុះ គ្របនូវផែនដីដោយទឹកឃ្មុំ។ ក្នុងពេលដែលខ្ញុំប្រសូតចេញមក ភ្លៀងទឹកឃ្មុំ រមែងបង្អុរ​ចុះមកឲ្យខ្ញុំ អស់កាលជានិច្ច ក្នុងទីនោះ (ដូចជាគេចាក់ទឹក) អំពីក្អម ផែនដី គេឆ្លងបាន​ដោយក្រ។ ខ្ញុំបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ជាអ្នកបានបាយទឹកជាប្រក្រតី នេះជា​ផល​នៃទានទឹកឃ្មុំ។ ខ្ញុំកើតក្នុងទេវលោក និងមនុស្សលោក ជាអ្នកបាន​សម្រេចដូច​សេចក្តី​ប្រាថ្នាគ្រប់ប្រការ ជាអ្នកដល់នូវធម៌ជាគ្រឿងអស់អាសវៈ ដោយទាន​ទឹកឃ្មុំនោះ​ឯង។

កាលភ្លៀងបង្អុរចុះមក កាលស្មៅ (ដុះ) កំពស់ ៤ ធ្នាប់ កាលដើមឈើលើប្រឹថពី ជាទីគួរ​សាបព្រោះ មានផ្ការីកល្អ ខ្ញុំមិនមានអាសវៈ ដល់នូវសេចក្តីសុខជានិច្ច នៅក្នុងផ្ទះស្ងាត់ ទៀបគល់ឈើជាមណ្ឌប។ ខ្ញុំបានកន្លងបង់នូវភពទាំងឡាយ ដែលជាភពក្នុង​បច្ចុប្បន្ន​របស់ខ្ញុំ ក្នុងថ្ងៃនេះ អាសវៈរបស់ខ្ញុំអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ក្នុង​កប្បទី ៣ ម៉ឺន អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃទានទឹកឃ្មុំ។ កិលេសទាំងឡាយ ខ្ញុំបានដុតចោលហើយ ភពទាំងអស់ ខ្ញុំបានដកចោលហើយ អាសវៈទាំងអស់របស់ខ្ញុំ អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះមធុទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មធុទាយកត្ថេរាបទាន។

បទុមកូដាគារិកត្ថេរាបទាន ទី៥

[៩៥] ព្រះភគវន្តសម្ពុទ្ធ ព្រះនាមបិយទស្សី ទ្រង់ត្រាស់ដឹងឯង ទ្រង់ជានាយកនៃ​សត្វ​លោក ទ្រង់ប្រាថ្នានូសេចក្តីស្ងប់ស្ងាត់ ជាអ្នកប្រាជ្ញឆ្លៀវឆ្លាសក្នុងសមាធិ។ ព្រះមហាមុនី ព្រះនាមបិយទស្សី ជាបុរសខ្ពង់ខ្ពស់ ទ្រង់ចូលទៅកាន់ដងព្រៃ ទ្រង់ក្រាល​នូវចីវរបំសុកូល ហើយគង់នៅហើយ។ ក្នុងកាលនោះ ខ្ញុំបានកើតជាព្រានម្រឹគ ខ្ញុំកំពុងដើរស្វែងរក​ម្រឹគក្តាន់ ក្នុងព្រៃធំ។ ខ្ញុំបានឃើញក្នុងព្រៃនោះ នូវព្រះសម្ពុទ្ធ ទ្រង់ឆ្លងនូវឱឃៈ មិនមាន​អាសវៈ ដូចដើមសាលរាជព្រឹក្សមានផ្ការីក ឬដូចព្រះអាទិត្យដែលរះឡើង។ លុះខ្ញុំឃើញ​នូវ​ព្រះបិយទស្សីសម្ពុទ្ធ ទ្រង់មានយសច្រើន ជាទេវតាកន្លងទេវតា ក្នុងកាលនោះ ខ្ញុំក៏ចុះ​កាន់ជាតស្រះហើយបេះផ្កាឈូក។ ខ្ញុំបេះនាំយកផ្កាឈូក ជាទីរីករាយនៃចិត្ត ហើយធ្វើ​នូវកូដាគារស្ថានប្រក់ដោយផ្កាឈូក។ ព្រះមហាមុនី ព្រះនាមបិយទស្សីជិនស្រី​សម្មាសម្ពុទ្ធ ទ្រង់មានសេចក្តីអនុគ្រោះ ប្រកបដោយករុណា ទ្រង់គង់ក្នុងកូដាគារស្ថាន​អស់ ៧ យប់ ៧ ថ្ងៃ។ ខ្ញុំបកផ្កាឈូកចាស់ចោលចេញ ហើយប្រក់ផ្កាឈូកថ្មីវិញ រួចឈរផ្គង​អញ្ជលី។ ព្រះមហាមុនី ព្រះនាមបិយទស្សី ជាលោកនាយក ទ្រង់ចេញអំពីសមាធិ ហើយ​គង់ប្រមើលមើលទិសទាំងឡាយ។ គ្រានោះ ព្រះថេរៈឈ្មោះសុទស្សនៈ ជាឧបដ្ឋាក​មាន​រឹទ្ធិច្រើន បានជ្រាបព្រះទ័យនៃព្រះបិយទស្សីសម្ពុទ្ធជាសាស្តា។ ព្រះថេរៈនោះ មានភិក្ខុ ៨ ម៉ឺនចោមរោម ហើយចូលទៅគាល់ព្រះលោកនាយក ដែលគង់ជាសុខក្នុងទីបំផុតព្រៃ។ ក្នុង​កាលនោះ ទេវតាទាំងឡាយទាំងអស់ ដែលនៅអាស្រ័យក្នុងដងព្រៃទាំងប៉ុន្មាន បានដឹង​ព្រះទ័យនៃព្រះសម្ពុទ្ធ ក៏មកប្រជុំគ្នា។ កាលពួកយក្ស ពួកកុម្ភណ្ឌ ព្រមទាំងពួក​អារក្ស មកប្រជុំគ្នាផង ភិក្ខុសង្ឃក៏បានមកដល់ព្រមផង ទើបព្រះជិនស្រី ទ្រង់ត្រាស់​ព្រះគាថា​ទាំងឡាយថា

កុលបុត្រណាបានបូជាតថាគតអស់ ៧ ថ្ងៃ ទាំងបានធ្វើអាវាសដល់តថាគត ៗ នឹងសរសើរ​កុលបុត្រនោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវភាសិត ដែលតថាគតនឹងសម្តែងចុះ។ តថាគតនឹងសម្តែងនូវធម៌ដ៏ល្អិតជ្រាលជ្រៅ ដែលបុគ្គលកម្រយល់ឃើញបានដោយងាយ ដែលតថាគតប្រកាសល្អហើយដោយញាណ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវភាសិត​ដែល​តថាគតនឹងសម្តែងចុះ។ បុរសនេះ នឹងបានគ្រប់គ្រងទេវរាជ្យអស់ ១៤ កប្ប ផ្ទះកំពូលដ៏​ធំទូលាយរបស់ទេវតានោះ ប្រក់ដោយផ្កាឈូក។ ផ្កាឈូកទាំងឡាយនឹងបាំងឰដ៏អាកាស នេះជាផលនៃបុព្វកម្ម បុរសនោះ នឹងអន្ទោលទៅច្រឡូកច្រឡំក្នុងកប្បទី ១.៤០០។ វិមានជាវិការៈនៃផ្កានឹងបាំងនៅឰដ៏អាកាសនោះ ទឹកនឹងមិនជាប់ក្នុងស្លឹកឈូកយ៉ាងណា កិលេសទាំងឡាយ នឹងមិនជាប់ក្នុងញាណរបស់បុរសនោះ យ៉ាងនោះដែរ បុរសនេះ នឹងញុំាងនីវរណៈទាំង ៥ ឲ្យឃ្លាតចាកចិត្ត។ បុរសនោះ នឹងញុំាងចិត្តឲ្យកើតក្នុងនេក្ខម្មៈ ហើយចេញចាកផ្ទះទៅបួស លំដាប់នោះ វិមានជាវិការៈនៃផ្កាដែលកំពុងបាំង ក៏នឹងចេញ​ទៅតាមដែរ។ ភិក្ខុនោះ មានប្រាជ្ញា មានស្មារតី កាលនៅទៀបគល់ឈើ វិមានជាវិការៈ​នៃផ្កា នឹងមកបាំងលើព្រះកេសក្នុងទីនោះ។ ភិក្ខុនោះ នឹងឲ្យបច្ច័យគឺចីវរ បិណ្ឌបាត និងទីដេក ទីអង្គុយ ដល់ភិក្ខុសង្ឃ ជាអ្នកមិនមានអាសវៈ ហើយនឹងបរិនិព្វាន។ បុរសនោះ ចេញទៅកាន់បព្វជ្ជា ក្នុងដំណើរជាមួយនឹងផ្ទះកំពូល ឯផ្ទះកំពូលក៏ទ្រទ្រង់បាំងភិក្ខុនោះ ដែលនៅទៀបគល់ឈើ។

ចេតនារបស់ខ្ញុំ មិនមានក្នុងចីវរ និងចង្ហាន់បិណ្ឌបាតទេ ខ្ញុំប្រកបកដោយបុញ្ញកម្ម ទើបបាន​នូវការសម្រេច។ ខ្ញុំមានជាតិកំណើត រាប់ដោយកោដិនៃកប្បជាច្រើន ព្រះលោកនាយក​ទាំងនោះ ទ្រង់មានព្រះហឫទ័យផុតស្រឡះ និព្វានកន្លងផុតទៅទទេៗ ក្នុងកប្បទី ១.៨០០ ព្រះលោកនាយក ព្រះនាមបិយទស្សី (ទ្រង់ត្រាស់ឡើង) ទើបខ្ញុំបានមកចាប់កំណើត​ជាព្រានម្រឹគ បានចូលទៅគាល់ព្រះអង្គ។ ឥឡូវនេះ ខ្ញុំឃើញព្រះគោតមសម្ពុទ្ធ មាន​បញ្ញាចក្ខុ ទ្រង់មិនថោកទាប ខ្ញុំក៏ទៅគាល់ព្រះអង្គ ហើយចូលទៅកាន់ផ្នួស។ ព្រះពុទ្ធជិនស្រី ទ្រង់ធ្វើនូវទីបំផុតនៃទុក្ខ បានសម្តែងនូវព្រះសទ្ធម្ម ខ្ញុំស្តាប់ធម៌របស់​ព្រះអង្គ ក៏បានដល់នូវអចលបទ គឺព្រះនិព្វាន ជាឋានមិនកម្រើក។ ខ្ញុំបានញុំាងព្រះសម្ពុទ្ធ ព្រះនាមគោតម ជាពូជពង្សនៃសក្យៈ ឲ្យទ្រង់ត្រេកអរ ហើយកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទី ១.៨០០ ព្រោះហេតុដែលខ្ញុំបានបូជានូវព្រះសម្ពុទ្ធ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងអស់ ខ្ញុំដកចោលហើយអាសវៈទាំងអស់របស់ខ្ញុំ អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ឱ! ដំណើរដែលមកក្នុងសំណាក់នៃព្រះសម្ពុទ្ធរបស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះសម្ពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបទុមកូដាគារិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បទុមកូដាគារិកត្ថេរាបទាន។

ពក្កុលត្ថេរាបទាន ទី៦

[៩៦] ភ្នំឈ្មោះសោភិតៈ នៅក្នុងទីជិតនៃព្រៃហិមពាន្ត អាស្រមដ៏ល្អរបស់ខ្ញុំ គឺពួកសិស្ស​របស់​ខ្ញុំកសាងហើយ។ មណ្ឌបទាំងឡាយជាច្រើន ដើមឈើភ្លើងមានផ្ការីក ក៏មានក្នុង​ទីនោះ ដើមខ្វិត ដើមច្បា ដើមខ្ទឹង ដើមរំចេក ក៏មានក្នុងទីនោះជាច្រើន ដើមចង្អើរទ្រាយ ដើមពទ្រា ដើមកន្ទួតព្រៃ ដើមមាក់ប្រាង វល្លិឃោ្លក ដើមស្វាយសមានផ្ការីក ក៏មានក្នុង​នោះជាច្រើន ដើមរាក់ស ដើមព្នៅ ដើមចេក ដើមក្រូចថ្លុង ក៏មានក្នុងទីនោះ ដើមជន្លាត់ដៃ ដើមអង្រ្គង ដើមប្រិយង្គុ ក៏មានច្រើនក្នុងទីនោះ។ ដើមស្រូល ដើមស្រល់ ដើមកទម្ព ដើមជ្រៃក្រឹម ដើមក្រសាំង (ក៏មានក្នុងទីនោះ) អាស្រមរបស់ខ្ញុំប្រាកដយ៉ាងនេះ ខ្ញុំ ព្រមទាំងពួកសិស្ស ក៏នៅក្នុងអាស្រមនោះ។ ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាសយម្ភូលោកនាយក ទ្រង់ស្វែងរកទីសម្រាប់ពួនសម្ងំ សេ្តចបានចូលមកកាន់អាស្រម​របស់ខ្ញុំ។ លុះព្រះអនោមទស្សី ព្រះអង្គមានព្យាយាមច្រើន មានយសធំ កំពុងសេ្តច​ចូលមក អាពាធបណ្តាលអំពីខ្យល់ ក៏បានតាំងឡើងដល់ព្រះលោកនាថក្នុងមួយរំពេច។ ខ្ញុំកាលត្រាច់ទៅក្នុងព្រៃ បានឃើញព្រះលោកនាយក ក៏ចូលមកជិតព្រះសម្ពុទ្ធទ្រង់​មាន​ចក្ខុ មានយសច្រើន។ លុះខ្ញុំបានឃើញឥរិយាបថ ក៏កំណត់ទុកក្នុងកាលនោះថា ព្យាធិទាំង​ឡាយ ពិតជានឹងកើតដល់ព្រះពុទ្ធ ដោយឥតសង្ស័យ។ ខ្ញុំបានត្រឡប់មកកាន់​អាស្រមដោយប្រញាប់ប្រញាល់ ខ្ញុំមានបំណងនឹងធ្វើថ្នាំ ក្នុងសំណាក់ពួកសិស្សរបស់ខ្ញុំ ខ្ញុំបានហៅពួកសិស្សក្នុងកាលនោះ។ ពួកសិស្សទាំងអស់ ជាអ្នកមានសេចក្តីគោរព បានទទួលស្តាប់ពាក្យរបស់ខ្ញុំ ហើយមកប្រជុំក្នុងទីជាមួយគ្នា ព្រោះពួកសិស្សទាំងនោះ ជាអ្នកមានសេចក្តីគោរពដល់ខ្ញុំជាគ្រូ។ ខ្ញុំបានឡើងភ្នំជាប្រញាប់ ហើយបានធ្វើនូវឱសថ​ទាំងអស់ ខ្ញុំធ្វើផ្សំនឹងទឹកសម្រាប់ផឹក បានថ្វាយដល់ព្រះពុទ្ធដ៏ប្រសើរ។ កាលព្រះសព្វញ្ញូ លោកនាយកមានព្យាយាមធំ កាលទ្រង់សោយហើយ រោគខ្យល់នៃព្រះសុគត ទ្រង់ស្វែង​រកគុណដ៏ធំ ក៏បានស្ងប់រម្ងាប់យ៉ាងឆាប់។ ព្រះអនោមទស្សី មានយសច្រើន ទ្រង់ឃើញ​សេចក្តីក្រវល់ក្រវាយស្ងប់រម្ងាប់ហើយ ទ្រង់គង់លើអាសនៈរបស់ព្រះអង្គ រួចទ្រង់ពោល​នូវ​គាថាទាំងនេះថា បុរសណា បានប្រគេនភេសជ្ជៈ ដល់តថាគតផង បានរម្ងាប់​ព្យាធិរបស់​តថាគតផង តថាគតនឹងសរសើរបុរសនោះ អ្នកទាំងឡាយ ចូរស្តាប់ភាសិតដែល​តថាគត​នឹងសម្តែងចុះ។ បុរសនេះ នឹងត្រេកអរក្នុងទេវលោក អស់មួយសែនកប្ប នឹងរីករាយ​ក្នុងការ​ប្រគំតន្រ្តីក្នុងទេវលោកនោះសព្វកាល។ លុះត្រឡប់មកកាន់មនុស្សលោកវិញ ត្រូវកុសលមូលដាស់តឿន នឹងបានជាស្តេចចក្រពត្តិ អស់មួយពាន់ដង។ ក្នុងកប្បទី ៥៥ បុរសនេះ នឹងបានកើតជាក្សត្រសោយរាជ្យ ព្រះនាមអនោមិ ជាធំក្នុងជម្ពូទ្វីប ជាធំលើ​ផែនដី ឈ្នះសង្រ្គាម មានសមុទ្រទាំង ៤ ជាទីបំផុត។ នឹងបានជាស្តេចចក្រពត្តិ បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ញុំាងទេវតាក្នុងឋានតាវត្តិង្សឲ្យកម្រើក ហើយនឹងសោយនូវឥស្សរភាព។ បុរសនេះ ទោះនឹងកើតជាទេវតាក្តី ជាមនុស្សក្តី នឹងមិនមានអាពាធ នឹងវៀរបង់នូវព្យាធិ ជាគ្រឿងក្តៅក្រហាយក្នុងលោក។ ក្នុងកប្ប​ប្រមាណ​មិនបាន អំពីកប្បនេះ ព្រះសាស្តាព្រះនាមគោតម ទ្រង់នឹងសម្ភព​ក្នុងត្រកូល​នៃស្តេចឱក្កាកៈ ទ្រង់ត្រាស់ឡើងក្នុងលោក។ ឯបុរសនេះ នឹងបានជាអ្នកទទួល​នូវមត៌ក​ក្នុងធម៌របស់ព្រះសាស្តានោះ ជាឱរសដែលធម៌និម្មិតហើយ ហើយកំណត់ដឹង​អាសវៈ​ទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។ បុរសនេះ នឹងដុតនូវកិលេសទាំងឡាយ ហើយឆ្លង​នូវខ្សែនៃតណ្ហា នឹងបានទីជាសាវ័កនៃព្រះសាស្តា ឈ្មោះពក្កុលៈ។ ព្រះមានព្រះភាគ ព្រះនាមគោតម ជាសក្យៈប្រសើរ ទ្រង់បានជា្របនូវដំណើរទាំងអស់នេះ ទ្រង់គង់ក្នុងពួកភិក្ខុ នឹងតាំងពក្កុលភិក្ខុក្នុងទីជាឯតទគ្គៈ។ ព្រះមានព្រះភាគ ព្រះនាម​អនោមទស្សី ជាសយម្ភូលោកនាយក ទ្រង់ប្រមើលមើលសេចក្តីស្ងប់ស្ងាត់ ក៏បានស្តេច​ចូលមក​អាស្រមរបស់ខ្ញុំ។ លុះព្រះសព្វញ្ញូ ជាលោកនាយក ទ្រង់មានព្យាយាមធំ ស្តេច​ចូលមកដល់ហើយ ខ្ញុំក៏ជ្រះថ្លា បានញុំាងព្រះអង្គឲ្យឆាន់ឆ្អែតស្កប់ស្កល់ដោយឱសថ​ទាំងពួង ដោយដៃរបស់ខ្លួន។ ខ្ញុំនោះ បានធ្វើអំពើល្អហើយ ចំពោះបុញ្ញក្ខេត្តដ៏ល្អ ខ្ញុំមិន​អាច​ញុំាងអំពើដែលខ្ញុំធ្វើល្អហើយ ក្នុងកាលនោះ ឲ្យអស់ទៅបាន ព្រោះការ​ដល់ព្រម​ដោយ​ពូជ។ ខ្ញុំឈ្មោះថាមានលាភ អត្តភាពជាមនុស្ស ឈ្មោះថាខ្ញុំបានល្អហើយ ដ្បិតខ្ញុំ​បាន​ឃើញព្រះនាយក ខ្ញុំក៏បានដល់នូវអចលបទគឺព្រះនិព្វាន ដោយសំណល់នៃ​កម្មនោះ​ឯង។ ព្រះគោតមជាសក្យៈដ៏ប្រសើរ ទ្រង់បានជា្របដំណើរទាំងអស់នេះ ទ្រង់គង់ក្នុង​ពួកភិក្ខុ ហើយតាំងខ្ញុំក្នុងទីជាឯតទគ្គៈ ក្នុងកប្បប្រមាណមិនបានអំពីកប្បនេះ ក្នុងកាល​នោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ​ភេសជ្ជៈ។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ អាសវៈទាំងអស់របស់ខ្ញុំ អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះសម្ពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់​ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះពក្កុលត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ពក្កុលត្ថេរាបទាន។

គិរិមានន្ទត្ថេរាបទាន ទី៧

[៩៧] ភរិយារបស់ខ្ញុំ ធ្វើមរណកាលហើយ កូនប្រុសរបស់ខ្ញុំទៅកាន់ព្រៃស្មសានហើយ មាតា បិតា និងបងប្រុស គេដុតលើជើងថ្ករតែមួយ។ ខ្ញុំមានខ្លួនក្តៅសព្វ ស្គមស្លេកស្លាំង ព្រោះតែសេចក្តីសោកនោះ មិនតែប៉ុណ្ណោះ ចិត្តរបស់ខ្ញុំ ក៏ក្រឡកឆ្កួត ខ្ញុំត្រូវសេចក្តី​សោកនោះ​គ្របសង្កត់ហើយ។ ខ្ញុំលុះត្រូវសរ គឺសេចក្តីសោកគ្របសង្កត់ហើយ ក៏បានចូល​ទៅកាន់ទីជាយព្រៃ បរិភោគតែផ្លែឈើដែលជ្រុះ ហើយនៅទៀបគល់ឈើ។ ព្រះសម្ពុទ្ធ​ជិនស្រី ព្រះនាមសុមេធៈ ទ្រង់ធ្វើនូវទីបំផុតនៃទុក្ខ ព្រះអង្គមានប្រាថ្នានឹងស្រង់ខ្ញុំ ទើប​ស្តេច​មកក្នុងសំណាក់របស់ខ្ញុំ។ ខ្ញុំលុះឮសូរព្រះបាទនៃព្រះសុមេធសម្ពុទ្ធជាមហេសី ក៏​បាន​ងាកក្បាល រមិលមើលព្រះមហាមុនី។ ព្រះសម្មាសម្ពុទ្ធ ទ្រង់មានព្យាយាមធំ សេ្តច​បានចូលមកជិតខ្ញុំ ខ្ញុំក៏មានបីតិកើតឡើង គ្រានោះ ខ្ញុំឃើញព្រះលោកនាយកនោះហើយ ជាអ្នកមានចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ។ ខ្ញុំត្រឡប់បានស្មារតីវិញ បានប្រគេន​ស្លឹកឈើ​មួយក្តាប់ ព្រះមានព្រះភាគ មានបញ្ញាចក្ខុ ទ្រង់គង់​ក្នុងទីនោះដោយ​សេចក្តី​អនុគ្រោះ។

ព្រះសុមេធសម្ពុទ្ធមានជោគ ជាលោកនាយក លុះគង់ក្នុងទីនោះហើយ ទ្រង់សម្តែងធម៌ជា​គ្រឿងបន្ទោបង់នូវសរ គឺសេចក្តីសោករបស់ខ្ញុំថា សត្វទាំងឡាយ មកអំពីភពនោះ ក៏អ្នក​មិនបានហៅមក ដល់ទៅអំពីភពនេះវិញ ក៏អ្នកមិនបានអនុញ្ញាតឲ្យទៅ គេមកយ៉ាងណា គេក៏ទៅយ៉ាងនោះ ការខ្សឹកខ្សួលទៅរកជនទាំងនោះធ្វើអ្វី។ ពួកសត្វស្លាបទាំងឡាយ កាលភ្លៀងបង្អុរចុះ ក៏នាំគ្នាហើរចូលព្រោះចំណីរបស់ខ្លួន សត្វទាំងនោះ ហើរចូលទៅ​ត្រឹមតែភ្លៀងកំពុងធ្លាក់ចុះ។ កាលភ្លៀងរាំងហើយ សត្វទាំងឡាយនោះ ក៏ហើរទៅ​កាន់ទី​តាមប្រាថ្នា យ៉ាងណាមិញ មាតាបិតារបស់អ្នក ក៏យ៉ាងនោះដែរ ការខ្សឹកខ្សួល​ទៅរកជន​ទាំងនោះធ្វើអី្វ។ ពួកភ្ញៀវដែលទើបមកដល់ថ្មីៗ រមែងកម្រើកញាប់ញ័រ ក្នុងកាលទៅវិញ​យ៉ាងណា មាតាបិតារបស់អ្នក ក៏យ៉ាងនោះដែរ ការខ្សឹកខ្សួលទៅរកជនទាំងនោះធ្វើអ្វី។ ពស់សកសំណកចាស់ចោល ហើយលូនទៅយ៉ាងណា មាតាបិតារបស់អ្នក តែងតែ​លះបង់​រាងកាយចោលក្នុងលោកនេះ ក៏យ៉ាងនោះដែរ។

ខ្ញុំកាលបានដឹងព្រះវាចានៃព្រះពុទ្ធ ក៏លះបង់នូវសរ គឺសេចក្តីសោកបាន ហើយញុំាង​ប្រាមោទ្យ​ឲ្យកើត បានថ្វាយបង្គំព្រះពុទ្ធដ៏ប្រសើរ។ លុះខ្ញុំថ្វាយបង្គំព្រះមហានាគហើយ បូជានូវផ្កាឈើភ្នំដ៏បរិបូណ៌ដោយក្លិនជាទិព្វ ចំពោះព្រះលោកនាយក ព្រះនាមសុមេធៈ។ ខ្ញុំបូជាព្រះសម្ពុទ្ធ រួចធ្វើអញ្ជលីលើត្បូង រលឹកនូវគុណដ៏ប្រសើរ សរសើរ​ព្រះលោកនាយក​ថា បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គជាសព្វញ្ញូលោកនាយក ទ្រង់ឆ្លងនូវ​វាលវដ្តសង្សារ​ហើយ បពិត្រមហាមុនី ព្រះអង្គទ្រង់ស្រង់សត្វទាំងពួងដោយញាណ។ បពិត្រព្រះមុនី ព្រះអង្គទ្រង់ផ្តាច់បង់នូវសេចក្តីងឿងឆ្ងល់ និងសេចក្តីសង្ស័យ បពិត្រ​ព្រះអង្គ​មានចក្ខុ ព្រះអង្គទ្រង់ញុំាងមគ្គផលឲ្យសម្រេចដល់ខ្ញុំ ដោយញាណរបស់ព្រះអង្គ។ ព្រះអរហន្តទាំងឡាយ ដែលដល់នូវសេចក្តីសម្រេច បានអភិញ្ញា ៦ មានឫទ្ធិច្រើន ត្រាច់ទៅក្នុងអាកាសបាន ជាអ្នកប្រាជ្ញ តែងចោមរោមក្នុងខណៈនោះ។ សាវ័កទាំងឡាយ កំពុងប្រតិបត្តិក្តី ជាសេក្ខបុគ្គលក្តី ឋិតនៅក្នុងផលក្តី សាវ័ករបស់ព្រះអង្គទាំងនោះ បែកផ្កា​ហើយ ដូចផ្កាឈូកក្នុងពេលព្រះអាទិត្យទើបនឹងរះ។ មហាសមុទ្រមិនកម្រើក ជ្រៅថ្លឹង​មិនបាន កម្របុគ្គលឆ្លងបាន យ៉ាងណា បពិត្រព្រះអង្គមានចក្ខុ ព្រះអង្គបរិបូណ៌​ដោយ​ញាណ​ប្រមាណមិនបាន ក៏យ៉ាងនោះ។ ខ្ញុំថ្វាយបង្គំព្រះជិនស្រីមានចក្ខុ មានយសច្រើន ហើយនមស្ការទិសទាំង ៤ ក៏ដើរថយក្រោយទៅ។ កាលខ្ញុំច្យុតចាកទេវលោក អន្ទោល​ទៅក្នុងភពតូចភពធំ ចុះមកចាប់ផ្ទៃនៃមាតា ជាអ្នកដឹងខ្លួន មានស្មារតី។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស មានព្យាយាម កំចាត់បង់កិលេស មានប្រាជ្ញាចាស់ មានការពួន​សម្ងំជាគោចរ។ ក្នុងកាលនោះ ខ្ញុំតាំងសេចក្តីព្យាយាម ញុំាងព្រះមហាមុនីឲ្យត្រេកអរ ហើយប្រព្រឹត្តទៅ ដូចព្រះចន្រ្ទផុតស្រឡះចាកពពក។ ខ្ញុំជាអ្នកប្រកបរឿយៗ នូវវិវេក ស្ងប់ស្ងាត់ ឥតមានឧបធិក្កិលេស កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទី ៣ ម៉ឺន ព្រោះហេតុដែលខ្ញុំបានបូជានូវព្រះពុទ្ធ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា​ផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ អាសវៈទាំងអស់ អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ឱ! ដំណើរ​ដែលខ្ញុំមកក្នុងសំណាក់ព្រះសម្ពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំដល់ហើយ សាសនា​នៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។

បានឮថា ព្រះគិរិមានន្ទត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ គិរិមានន្ទត្ថេរាបទាន។

សលឡមណ្ឌបិយត្ថេរាបទាន ទី៨

[៩៨] កាលព្រះកកុសន្ធៈ ទ្រង់បានបន្សាត់បាប បានអប់រំព្រហ្មចរិយធម៌ ហើយទ្រង់​បរិនិព្វាន​ទៅ ខ្ញុំបានយកកម្រងផ្កាស្រល់មកធ្វើជាមណ្ឌប។ ខ្ញុំបានទៅកើតក្នុង​ឋាន​តាវត្តិង្ស បាននូវវិមានដ៏ឧត្តម គ្របសង្កត់នូវទេវតាដទៃ នេះជាផលនៃបុញ្ញកម្ម។ ខ្ញុំកាល​ដើរ​ទៅមកក្តី ឈរក្តី ក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ ផ្កាស្រល់តែងគ្របបិទបាំងខ្ញុំ នេះជាផល​នៃបុញ្ញកម្ម។ ក្នុងកប្បនេះឯង ព្រោះហេតុដែលខ្ញុំបានបូជានូវព្រះពុទ្ធ ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចដំរីកាត់ទន្លីង។ ឱ! ដំណើរដែល​ខ្ញុំមកក្នុង​សំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសលឡមណ្ឌបិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សលឡមណ្ឌបិយត្ថេរាបទាន។

សព្វទាយកត្ថេរាបទាន ទី៩

[៩៩] លំនៅរបស់ខ្ញុំលយចូលទៅក្នុងមហាសមុទ្រ ដែលបុញ្ញកម្មនិម្មិតល្អហើយ ស្រះ​បោក្ខរណី ដែលបុញ្ញកម្មនិម្មិតល្អហើយ ជាស្រះមានពួកសត្វចាក្រពាកយាសយំ ដេរដាស​ដោយ​ដើមចង្កុលណីផង ដោយផ្កាឈូក និងផ្កាឧប្បលផង ស្ទឹងតាំងនៅដ៏ល្អ ជាទីរីករាយ​នៃចិត្ត តែងហូរចុះក្នុងស្រះបោក្ខរណីនោះ។ ស្រះនោះ ដេរដាសដោយត្រី និងអណ្តើក ជាទីប្រជុំនៃម្រឹគផ្សេងៗ គឹកកងដោយសំឡេងនៃក្ងោក និងក្រៀល មួយអន្លើដោយ​សត្វទាំងឡាយ មានសត្វតាវៅជាដើម ដែលមានសំឡេងពីរោះ។ ពួកសត្វព្រាប ប្រវឹក ចាក្រពាក ក្អែកទឹក ត្រដេវវិច សាលិកា ចង្កៀលខ្យង ប៉ោលតោក (មានកុះករ) ក្នុង​ស្រះនោះ។ ពួកសត្វហង្ស ក្រៀល ខ្លែងស្រាក គ្រលេងគ្រលោង ដ៏ច្រើន តែងបន្លឺ​សូរសព្ទ​កងរំពង ស្រះនោះបរិបូណ៌ដោយកែវ ៧ ប្រការ មានដីខ្សាច់ជាវិការៈនៃកែវមណី និង​កែវមុក្តា។ ពួកដើមឈើជាវិការៈនៃមាសទាំងអស់ មានក្លិនផ្សេងៗ ផ្សាយចេញទៅ ញុំាង​លំនៅ (របស់ខ្ញុំ) ឲ្យរុងរឿងទាំងថ្ងៃ ទាំងយប់សព្វៗ កាល។ តូរ្យតន្រ្តី ៦ ម៉ឺន មកប្រគំ​រាល់វេលាល្ងាចព្រឹក ស្រីៗ ១ ម៉ឺន ៦ ពាន់ តែងមកចោមរោមខ្ញុំសព្វៗ កាល។ ខ្ញុំចេញអំពី​លំនៅ មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយបង្គំព្រះសុមេធៈ ជាលោកនាយក​ដ៏មានយស​ធំអង្គនោះ។ លុះថ្វាយបង្គំព្រះសម្ពុទ្ធហើយ និមន្តព្រះអង្គ ព្រមទាំងសិស្ស ព្រះសុមេធៈជាលោកនាយក ជាអ្នកប្រាជ្ញអង្គនោះ ទ្រង់បានទទួលនិមន្ត។ ព្រះមហាមុនី ទ្រង់ធ្វើធម្មកថាដល់ខ្ញុំ ហើយបញ្ជូនខ្ញុំទៅ ខ្ញុំក៏បានថ្វាយបង្គំព្រះសម្ពុទ្ធ ចូលទៅឯលំនៅ​របស់ខ្ញុំ។ ខ្ញុំបានហៅជនជាបរិស័ទមកថា អ្នកទាំងអស់គ្នាចូរប្រជុំគ្នា ព្រះសម្ពុទ្ធទ្រង់នឹង​យាងមក​កាន់លំនៅ (របស់យើង) ក្នុងបុព្វណ្ហសម័យ យើងឈ្មោះថា មានលាភហើយ អត្តភាពជាមនុស្ស ឈ្មោះថាយើងបានល្អហើយ ព្រោះយើងនៅរួមគ្នាយ៉ាងនេះ យើងនឹង​ធ្វើការបូជាដល់ព្រះពុទ្ធដ៏ប្រសើរជាសាស្តា ខ្ញុំនឹងតម្កល់បាយ និងទឹក ហើយក្រាបទូល​នូវភត្តកាល។ ព្រះលោកនាយក បាននិមន្តចូលទៅជាមួយនឹងភិក្ខុមួយសែនអង្គ ជាអ្នក​ស្ទាត់ក្នុងឈាន។ ខ្ញុំបានធ្វើនូវការក្រោកទទួល ព្រមទាំងមានតូរ្យតន្រ្តី និងចម្រៀង ប្រគំជាកិត្តិយសផង ព្រះពុទ្ធជាបុរសឧត្តម ទ្រង់គង់លើតាំងជាវិការៈនៃមាសទាំងអស់។ ដំបូលខាងលើ ជាវិការៈនៃមាសទាំងអស់ ក្នុងកាលនោះ ផ្លិតទាំងឡាយ ក៏បក់ក្នុង​ចន្លោះនៃភិក្ខុសង្ឃ។ ខ្ញុំបានញុំាងភិក្ខុសង្ឃឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកដ៏ច្រើន ខ្ញុំបានប្រគេនសំពត់មួយគូៗ ផ្សេងៗ គ្នា ដល់ភិក្ខុសង្ឃ។ ជនទាំងឡាយ ហៅព្រះពុទ្ធអង្គ​ណាថា សុមេធៈ ព្រះពុទ្ធអង្គនោះ ទ្រង់ទទួលការបូជារបស់សត្វលោក ទ្រង់គង់ក្នុង​កណ្តាល​ភិក្ខុសង្ឃ បានពោលគាថាទាំងនេះថា

បុរសណា បានឲ្យតថាគតឆាន់ស្កប់ស្កល់ ដោយបាយ និងទឹកទាំងអស់នេះ តថាគតនឹង​សរសើរនូវបុរសនោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវពាក្យរបស់តថាគតដែលនឹង​សម្តែង​ចុះ។ ក្នុងកប្បទី ១.៨០០ បុរសនេះ នឹងរីករាយក្នុងទេវលោក នឹងបានជាស្តេចចក្រពត្តិមួយ​ពាន់ជាតិ។ នឹងកើតក្នុងកំណើតណា ទោះជាទេវតា ឬជាមនុស្ស នឹងមានដំបូលជាវិការៈ​នៃមាសទាំងអស់ បិទបាំងសព្វៗ កាល។ កន្លងពីនេះទៅ ៣ ម៉ឺនកប្បទៀត ព្រះសាស្តា ទ្រង់ព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូលនៃឱក្កាករាជ នឹងត្រាស់ឡើងក្នុងលោក។ បុរស​នេះ ជាអ្នកទទួលមត៌ក ក្នុងធម៌របស់ព្រះសាស្តាអង្គនោះ ជាឱរសដែលធម៌និម្មិត​ហើយ បានកំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។ បុរសនេះ នឹងអង្គុយកណ្ដាលភិក្ខុសង្ឃហើយ បន្លឺនូវសីហនាទថា ជនទាំងឡាយ តែងបាំងឆត្រលើ​ជើងថ្ករ អ្នកទាំងឡាយ ចូរដុតក្នុងខាងក្រោមនៃឆត្រចុះ។

សាមញ្ញគុណ ខ្ញុំបានដល់ហើយ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ខ្ញុំមិនមាន​សេចក្តីក្តៅប្រហាយក្នុងមណ្ឌប ឬទៀបគល់ឈើឡើយ។ ក្នុងកប្បទី ៣ ម៉ឺន ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសព្វទាន។ កិលេស​ទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីកាត់ទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសព្វទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សព្វទាយកត្ថេរាបទាន។

អជិតត្ថេរាបទាន ទី១០

[១០០] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ជាលោកនាយក ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ស្តេចចូលទៅក្នុងព្រៃហិមពាន្ត ហើយគង់នៅ។ ខ្ញុំមិនធ្លាប់ស្គាល់ព្រះសម្ពុទ្ធ ទាំងមិនធ្លាប់​ឮសូរសព្ទគេប្រាប់អំពីព្រះអង្គ ខ្ញុំកំពុងដើរស្វែងរកភិក្ខាក្នុងព្រៃដើម្បីខ្លួនខ្ញុំ។ ខ្ញុំបានឃើញ​ព្រះសម្ពុទ្ធ ទ្រង់មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ ក្នុងព្រៃនោះ លុះឃើញហើយ ក៏មានសេចក្តីត្រិះរិះថា សត្វនេះជាអ្វីហ្ន៎។ ខ្ញុំខំពិនិត្យមើលលក្ខណៈទាំងឡាយ ក៏បាននឹក​ឃើញនូវវិជ្ជារបស់ខ្ញុំថា សុភាសិតនេះ ខ្ញុំបានឮមកអំពីសំណាក់នៃព្រះពុទ្ធជាអ្នកប្រាជ្ញ។ បុរសនេះ ជាក់ជាព្រះពុទ្ធ សមដូចពាក្យនៃព្រះពុទ្ធទាំងនោះ បើដូច្នោះ អាត្មាអញ​គប្បីធ្វើសក្ការៈចំពោះព្រះអង្គ ព្រះអង្គនឹងញុំាងគតិរបស់អញឲ្យស្អាត។ ខ្ញុំបានត្រឡប់​មកកាន់​អាស្រមដោយរួសរាន់ ហើយកាន់យកទឹកឃ្មុំ ប្រេង និងថ្លាង ដើរចូល​ទៅជិត​ព្រះលោកនាយក។ ខ្ញុំបានកាន់យកឈើ ៣ កំណាត់ មកតម្កល់ទុកក្នុងទីវាល ហើយ​អុជប្រទីប ថ្វាយបង្គំអស់ ៨ លើក។ ព្រះសម្ពុទ្ធជាបុរសដ៏ឧត្តម ជាលោកនាយក ទ្រង់គង់​អស់ ៧ យប់ ៧ ថ្ងៃ លំដាប់តអំពីនោះមក ទ្រង់ក្រោកចាកអាសនៈ ក្នុងវេលាជាទីអស់​នៃរាត្រី។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ អស់យប់ និងថ្ងៃទាំងអស់ ខ្ញុំមានចិត្តជ្រះថ្លា ថ្វាយប្រទីបដល់ព្រះពុទ្ធដោយដៃរបស់ខ្លួន។ គ្រឿងក្រអូបទាំងពួង ដែលកើតក្នុងព្រៃ មាន​នៅលើភ្នំគន្ធមាទន៍ ក៏មកក្នុងសំណាក់នៃព្រះពុទ្ធដោយអានុភាពនៃព្រះពុទ្ធ។ ឈើណា​មួយ ដែលមានផ្ការីក ហើយមានផ្កាក្រអូប ឈើទាំងអស់នោះ ប្រជុំគ្នាហើយ ក្នុងកាល​នោះ ដោយអានុភាពនៃព្រះពុទ្ធ។ នាគ និងគ្រុឌទាំងឡាយ ទាំងអម្បាលម៉ាន (ដែលនៅ) ក្នុងព្រៃហិមពាន្ត សត្វទាំងពីរពួកនោះ មានប្រាថ្នាដើម្បីស្តាប់ធម៌ បាននាំគ្នាមកក្នុង​សំណាក់​នៃព្រះពុទ្ធ។ សមណៈឈ្មោះទេវលៈ ជាអគ្គសាវ័កនៃព្រះពុទ្ធ បានចូលមកកាន់​សំណាក់​នៃព្រះពុទ្ធ ជាមួយនឹងភិក្ខុមួយសែនអង្គ ដែលជាអ្នកស្ទាត់ក្នុងឈាន។ ព្រះបទុមុត្តរៈ ទ្រង់ជា្របច្បាស់នូវត្រៃលោក ទ្រង់គួរទទួលនូវការបូជា ទ្រង់គង់នៅក្នុង​កណ្តាល​នៃពួកភិក្ខុ ហើយបានត្រាស់គាថាទាំងនេះថា

បុរសណាជ្រះថ្លា ហើយញុំាងប្រទីបឲ្យភ្លឺ ដោយដៃរបស់ខ្លួន ដើម្បីតថាគត តថាគត​នឹងសរសើរនូវបុរសនោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវពាក្យរបស់តថាគតដែល​នឹងសម្តែង​ចុះ។ បុរសនេះ នឹងរីករាយក្នុងទេវលោក អស់ ៦ ម៉ឺនកប្ប នឹងបានសោយរាជ្យ ជាស្តេច​ចក្រពត្តិ អស់មួយពាន់ដង។

ចប់ ភាណវារៈ ទី១៦។

បុរសនេះ នឹងបានជាធំជាងទេវតា នឹងសោយរាជ្យក្នុងទេវលោក អស់ ៣៦ ដង នឹង​សោយរាជ្យ​ដ៏ធំទូលាយ លើផែនដី អស់ ៧០០ ដង។ នឹងបានសោយ​ប្រទេសរាជ្យ​ដ៏ធំ​ទូលាយ រាប់បានមួយអសង្ខេយ្យកប្ប នឹងបានជាអ្នកមានចក្ខុជាទិព្វ ដោយផលនៃ​ទីបទាន​នេះ។ បុរសនេះ នឹងមើលឃើញអស់ទីកន្លះក្រោសជុំវិញសព្វកាល កាលបើ​បុរស​នេះ ច្យុតចាកទេវលោក ហើយមកកើត (ក្នុងមនុស្សលោក) នឹងមានគេទ្រទ្រង់ប្រទីបឲ្យ ទាំងយប់ទាំងថ្ងៃ។ កាលបើបុរសអ្នកប្រកបដោយបុញ្ញកម្មនេះ កើតឡើង ទីក្រុងត្រឹមណា នឹងភ្លឺរន្ទាលត្រឹមនោះ។ បុរសនេះ ចាប់កំណើតណា ទោះជាទេវតា ឬជាមនុស្ស ជនទាំង​ឡាយ នឹងបម្រើបុរសនេះ ដោយអំណាចនៃទីបទាននោះផង ដោយផលនៃប្រទីប ៨ ផង នេះជាផលនៃទីបទាន។ កន្លងទៅមួយសែនកប្បទៀត ព្រះសាស្តា ព្រះនាមគោតម ទ្រង់នឹងសម្ភពក្នុងត្រកូលនៃស្តេចឱក្កាកៈ នឹងត្រាស់ក្នុងលោក។ បុរសនេះ ជាអ្នកទទួល​មត៌កក្នុងធម៌ របស់ព្រះគោតមនោះ ជាឱរសដែលធម៌និម្មិត នឹងកំណត់ដឹងនូវអាសវៈ​ទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។ បុរសនេះ នឹងបានជាសាវ័កនៃព្រះសាស្តា ឈ្មោះអជិត នឹងញុំាងព្រះសម្ពុទ្ធ ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ ឲ្យត្រេកអរ។

ខ្ញុំត្រេកអរហើយ ក្នុងទេវលោកអស់ ៦ ម៉ឺនបក្ប ខ្ញុំមានប្រទីបចំនួនមួយរយ តែងភ្លឺរុងរឿង​អស់កាលជានិច្ចក្នុងទីនោះ។ រស្មីរបស់ខ្ញុំ តែងផ្សាយទៅក្នុងទេវលោក ឬក្នុងមនុស្សលោក ខ្ញុំរលឹកឃើញនូវព្រះពុទ្ធដ៏ប្រសើរ ហើយញុំាងសេចក្តីរីករាយក្រៃពេកឲ្យកើតឡើង។ ខ្ញុំ​ច្យុត​ចាកឋានតុសិត មកចាប់ផ្ទៃនៃមាតា កាលខ្ញុំកំពុងកើត ពន្លឺដ៏ធំទូលាយ​កើតប្រាកដ​ឡើង។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស រួចចូលទៅរកពាវរីព្រាហ្មណ៍ ហើយដល់នូវ​ភាពជាសិស្សនៃព្រាហ្មណ៍នោះ។ កាលខ្ញុំនៅក្នុងព្រៃហិមពាន្ត បានឮនូវព្រះលោកនាយក កាលខ្ញុំស្វែងរកប្រយោជន៍ដ៏ឧត្តម បានចូលទៅគាល់ព្រះលោកនាយក។ ព្រះសម្ពុទ្ធ ទ្រង់ជាអ្នកទូន្មាន បានទូន្មានខ្ញុំហើយ ទ្រង់ឆ្លងឱឃៈ មិនមានឧបធិក្កិលេស ព្រះសម្ពុទ្ធ ទ្រង់សម្តែងព្រះនិពា្វន ជាធម៌ញុំាងសត្វឲ្យរួចចាកទុក្ខទាំងពួង។ ដំណើរមករបស់ខ្ញុំនោះ សម្រេចហើយ ខ្ញុំបានញុំាងព្រះមហាមុនី ឲ្យត្រេកអរហើយ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានឲ្យប្រទីប ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលទីបទាន។ កិលេស​ទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចដំរីកាត់ទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះអជិតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អជិតត្ថេរាបទាន។

ឧទ្ទាន

បិលិន្ទវច្ឆត្ថេរាបទាន ១ សេលត្ថេរាបទាន ១ សព្វកិត្តិកត្ថេរាបទាន ១ មធុទាយកត្ថេរាបទាន ១ បទុមកូដាគារិកត្ថេរាបទាន ១ ពក្កុលត្ថេរាបទាន ១ គិរិមានន្ទត្ថេរាបទាន ១ សលឡមណ្ឌបិយត្ថេរាបទាន ១ សព្វទាយកត្ថេរាបទាន ១ អជិតត្ថេរាបទាន ១ ឯគាថា លោករាប់ឃើញ បាន ៥២៥ គាថា។

ចប់ បិលិន្ទវគ្គ ទី៤០។

មួយទៀត ឧទ្ទាននៃវគ្គ

បទុមកេសរិយវគ្គ ១ អារក្ខទាយកវគ្គ ១ ឧម្មាបុប្ផិយវគ្គ ១ គន្ធោទកវគ្គ ១ ឯកបទុមវគ្គ ១ សទ្ទសញ្ញិកវគ្គ ១ មន្ទារវបុប្ផិយវគ្គ ១ ពោធិវន្ទនវគ្គ ១ អម្ពដផលវគ្គ ១ បិលិន្ទវគ្គ ១ ចំណែកគាថា លោករាប់ឃើញ បាន ១.១៧៤ គាថា។

ចប់ បទុមវគ្គទសកៈ។

ចប់ សតកៈ ទី៤។

មេត្តេយ្យវគ្គ ទី៤១

តិស្សមេត្តេយ្យត្ថេរាបទាន ទី១

[១០១] ខ្ញុំជាតាបសឈ្មោះសោភិតៈ អាស្រ័យនៅចុងញកភ្នំ បរិភោគតែផ្លែឈើដែល​ជ្រុះឯង នៅក្នុងចន្លោះភ្នំ។ កាលនោះ ខ្ញុំកំពុងស្វែងរកប្រយោជន៍ដ៏ឧត្តម ដើម្បីនឹងឲ្យបាន​កើតក្នុង​ព្រហ្មលោក ខ្ញុំបាននាំយកឧសសម្រាប់ដុតភ្លើងមកដុតឲ្យឆេះ។ ព្រះបទុមុត្តរៈ ជាលោកវិទូ ទ្រង់គួរទទួលនូវគ្រឿងបូជា ព្រះអង្គមានបំណងនឹងស្រោចស្រង់ខ្ញុំ ស្តេចពុទ្ធ​ដំណើរ​មកក្នុងសំណាក់ខ្ញុំ (ទើបត្រាស់សួរថា)

ម្នាលអ្នកមានបុណ្យធំ អ្នកធ្វើអ្វី អ្នកចូរឲ្យឧសសម្រាប់ដុតភ្លើងមកតថាគត តថាគតនឹង​បម្រើភ្លើង សេចក្តីស្អាតនឹងមានដល់តថាគត ព្រោះការបម្រើភ្លើងនោះ។ ម្នាលអ្នកជា​មនុស្ស អ្នកជាមនុស្សល្អ ម្នាលទេវតា អ្នកចូរស្គាល់ចុះ អ្នកចូរបង្កាត់ភ្លើងចុះ ហ៏ នេះឧស​សម្រាប់បង្កាត់ភើ្លងរបស់អ្នក។ បន្ទាប់មក ព្រះជិនស្រី ទ្រង់កាន់យកឧស ហើយបង្កាត់​ភ្លើងឲ្យឆេះឡើង ឯឧសក៏មិនឆេះក្នុងទីនោះ ព្រោះអាស្រ័យបាដិហារ្យរបស់ព្រះសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ ទើបទ្រង់តា្រស់ថា ភ្លើងរបស់អ្នកក៏មិនឆេះ គ្រឿងបូជារបស់​អ្នកក៏មិនមានដែរ អំពើរបស់អ្នកនោះ ជារបស់ឥតប្រយោជន៍ អ្នកចូរបម្រើភ្លើងរបស់​តថាគត​វិញចុះ។

បពិត្រព្រះអង្គជាមហាវីរបុរស សភាវៈអ្វី ដែលព្រះអង្គហៅថាភ្លើងរបស់ព្រះអង្គ សូម​ព្រះអង្គ​សម្តែងប្រាប់នូវសភាវៈនុ៎ះដល់ខ្ញុំ យើងទាំងពីរនាក់ នឹងបម្រើភ្លើង។

ការរលត់ធម៌ដែលជាហេតុ ១ ការដុតបំផ្លាញកិលេស ១ ការលះបង់ឥស្សា និងមច្ឆរិយ ១ ទាំង ៣ នេះ ឈ្មោះថាភ្លើង ជាគ្រឿងបូជារបស់តថាគត។

បពិត្រព្រះអង្គជាមហាវីរបុរស ព្រះអង្គជាអ្វី បពិត្រព្រះអង្គនិរទុក្ខ ព្រះអង្គជាគោត្រអ្វី អាចារៈ និងសេចក្តីប្រតិបត្តិរបស់ព្រះអង្គ ខ្ញុំគាប់ចិត្តពេកណាស់។

តថាគតកើតក្នុងត្រកូលក្សត្រ ដល់នូវត្រើយអភិញ្ញា អស់អាសវៈទាំងពួងហើយ ឥឡូវនេះ មិនមានភពថ្មីទេ។

បពិត្រព្រះអង្គទ្រង់ធ្វើនូវពន្លឺ ទ្រង់កំចាត់បង់ងងឹត បើព្រះអង្គជាព្រះពុទ្ធមែន បពិត្រព្រះអង្គ​ជា​ទេវតា ខ្ញុំនឹងនមស្ការព្រះអង្គ ព្រះអង្គធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខ។

ទើបខ្ញុំក្រាលស្បែកខ្លាជាកម្រាល ហើយអារាធនាថា បពិត្រព្រះអង្គជាសព្វញ្ញូ សូមព្រះអង្គ​គង់​លើកម្រាលនោះចុះ ខ្ញុំនឹងបម្រើព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់គង់លើស្បែកខ្លានោះ ដែលខ្ញុំក្រាលល្អហើយ ខ្ញុំនិមន្តព្រះសម្ពុទ្ធរួចហើយ ក៏ដើរចូលទៅក្នុងព្រៃភ្នំ។ ខ្ញុំញុំាងភារៈ​គឺអម្រែកឲ្យពេញហើយ ទៅនាំយកផ្លែទន្លាប់ ថ្វាយផ្លែទន្លាប់ចំពោះព្រះសម្ពុទ្ធ លាយ​ដោយ​ទឹកឃ្មុំ។ គ្រានោះ កាលខ្ញុំសម្លឹងមើល ព្រះជិនសិរីក៏ទ្រង់សោយ ខ្ញុំកំពុងសម្លឹងមើល​ព្រះលោកនាយក ញុំាងចិត្តឲ្យជ្រះថ្លា ក្នុងព្រះលោកនាយកនោះ។

ព្រះបទុមុត្តរៈ ជាលោកវិទូ ទ្រង់គួរទទួលនូវគ្រឿងបូជា សេ្តចគង់នៅនាអាស្រមរបស់ខ្ញុំ ហើយត្រាស់គាថាទាំងនេះថា បុគ្គលណា ជ្រះថ្លា ឲ្យតថាគតឆាន់ផ្លែឈើដោយដៃរបស់​ខ្លួន តថាគត នឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់ តថាគតនឹងសម្តែងដូចតទៅ​នេះ។ បុគ្គលនោះ នឹងបានសោយរាជ្យ ជាស្តេចទេវតា អស់ ២៥ ដង នឹងបានជា​ស្តេចចក្រពត្តិ មួយពាន់ដង។ បាយ ទឹក សំពត់ និងទីដេក ដ៏មានថ្លៃច្រើន ប្រកបហើយ​ដោយបុញ្ញកម្ម ហាក់ដូចដឹងបំណងរបស់បុគ្គល អ្នកប្រកបដោយបុព្វកម្ម នឹងកើតឡើង​ក្នុង​ខណៈនោះ។ បុគ្គលនេះ នឹងរីករាយ ជាអ្នកមិនមានរោគសព្វៗ កាល។ បុគ្គលនេះ បើទៅកាន់កំណើតណា ទោះជាទេវតា ឬជាមនុស្ស នឹងជាអ្នកដល់នូវសេចក្តីសុខ ក្នុងទីទាំងពួង។ បុគ្គលនោះ នឹងជាអ្នកស្វាធ្យាយមន្ត ចេះចាំមន្ត ដល់នូវត្រើយនៃត្រៃវេទ នឹងបានចូលទៅគាល់ព្រះសម្ពុទ្ធហើយ នឹងបានជាព្រះអរហន្ត។

ខ្ញុំរលឹកឃើញនូវខ្លួនក្នុងកាលណា ដល់នូវភាពជាអ្នកដឹងក្តីក្នុងកាលណា កាលនោះ ខ្ញុំមិន​មានសេចក្តីខ្វះខាតដោយភោគៈឡើយ នេះជាផលនៃការថ្វាយផ្លែទន្លាប់។ ខ្ញុំបានដល់​នូវធម៌ដ៏​ប្រសើរ គាស់រំលើងនូវរាគៈ ទោសៈ មោហៈ ហើយអស់អាសវៈទាំងពួងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតទេ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំគាស់រំលើងចោលហើយ ជាអ្នកមិនមានអាសវៈ ដូចដំរីផ្តាច់ខ្សែទន្លីង។ ឱ! ដំណើរដែល​ខ្ញុំមកក្នុង​សំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតិស្សមេត្តេយ្យត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ តិស្សមេត្តេយ្យត្ថេរាបទាន។

បុណ្ណកត្ថេរាបទាន ទី២

[១០២] ព្រះពុទ្ធជាសយម្ភូ ទ្រង់ឈ្នះមារ គង់នៅក្នុងចន្លោះភ្នំ ដែលនៅអែបចុងញក ព្រះអង្គ​មានអាពាធក្នុងទីនោះ កាលព្រះពុទ្ធសេ្តចបរិនិព្វានហើយ សំឡេងគឹកកង កើត​មាន​ជុំវិញអាស្រមរបស់ខ្ញុំ ក្នុងខណៈនោះ ពន្លឺក៏កើតឡើងក្នុងវេលានោះដែរ។ ពួកសត្វ​សាហាវ​ទាំងពួង គឺខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន និងកេសររាជសីហ៍ ក្នុងដងព្រៃទាំង​អម្បាល​មាណ ក៏បន្លឺសម្លេងឡើងក្នុងខណៈនោះដែរ។ ខ្ញុំបានឃើញសេចក្តីអស្ចារ្យនោះកើត​ហើយ ក៏ចូលទៅកាន់ញកភ្នំ បានឃើញព្រះសម្ពុទ្ធ ទ្រង់ឈ្នះមារ សេ្តចបរិនិព្វានហើយ ត្រង់ញកភ្នំនោះ។ (លុះខ្ញុំឃើញ) នូវព្រះសម្ពុទ្ធ ទ្រង់ឈ្នះមារ ដែលបរិនិព្វានហើយ ទ្រង់ដូចជាសាលរាជព្រឹក្ស ដែលមានផ្ការីក ឬដូចជាព្រះអាទិត្យដែលទើបនឹងរះឡើង ពុំនោះសោត ដូចជារងើកភ្លើងដែលឥតមានអណ្តាត។ ខ្ញុំបានធ្វើជើងថ្ករ បំពេញស្មៅ និងឧស ក្នុងទីនោះ លុះខ្ញុំធ្វើជើងថ្ករដ៏វិចិត្ររួចហើយ ក៏បូជាសរីរសព។ លុះខ្ញុំបូជា​សរីរសព​រួចហើយ ក៏ស្រោចស្រប់នូវទឹកអប់លើព្រះធាតុ ខណៈនោះ ទេវតាដែលឋិត​នៅឰដ៏អាកាស កាន់យកនូវឈ្មោះ (ខ្ញុំ) ថា អ្នកបំពេញកិច្ចនោះចំពោះព្រះសយម្ភូ ទ្រង់ស្វែង​រកនូវគុណដ៏ធំហើយ អ្នកនៅក្នុងសំណាក់នៃព្រះមុនី ក្នុងកាលណា អ្នកនឹង​បានឈ្មោះថា បុណ្ណកៈ ក្នុងកាលនោះ។ លុះខ្ញុំច្យុតចាកកាយនោះហើយ ក៏បានទៅកើត​ក្នុងទេវលោក ក្លិនជាទិព្វបង្អុរចុះពីអាកាស ត្រង់កន្លែងដែលខ្ញុំនៅនោះ។ កាលនោះ ឈ្មោះរបស់ខ្ញុំថាបុណ្ណកៈ ក្នុងទីនោះ ខ្ញុំកើតជាទេវតា ឬជាមនុស្ស តែងបំពេញ​សេចក្តី​បំណងបាន។ នេះសរីរៈជាទីបំផុតរបស់ខ្ញុំ ភពជាទីបំផុត កំពុងប្រព្រឹត្តទៅ សូម្បីក្នុង​អត្តភាពនេះ គង់អ្នកផងប្រកាសនាម (របស់ខ្ញុំ) ថាបុណ្ណកៈ។ ខ្ញុំបានញុំាងព្រះសម្ពុទ្ធ ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ ឲ្យត្រេកអរ ខ្ញុំកំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិន​មានអាសវៈ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែល​ខ្ញុំបានធ្វើ​កុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាសរីរសពនោះឯង។ កិលេស​ទាំង​ឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំគាស់រំលើងចោលហើយ ជាអ្នកមិនមាន​អាសវៈ ដូចដំរីផ្តាច់ខ្សែទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ ទាំងសាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់​ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបុណ្ណកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុណ្ណកត្ថេរាបទាន។

មេត្តគុត្ថេរាបទាន ទី៣

[១០៣] មានភ្នំមួយឈ្មោះអសោកៈ នៅជិតព្រៃហិមពាន្ត ឯអាស្រមរបស់ខ្ញុំ វិស្សុកម្ម​ទេវបុត្រ​និម្មិតឲ្យហើយ ជិតភ្នំនោះ។ ព្រះសម្ពុទ្ធ ព្រះនាមសុមេធ ជាកំពូលអ្នកប្រាជ្ញ ទ្រង់មានសេចក្តីករុណា ទ្រង់ប្រដាប់ចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចពុទ្ធដំណើរ​តម្រង់​ទៅរកខ្ញុំ ដើម្បីបិណ្ឌបាត។ ខ្ញុំ (បានឃើញ) នូវព្រះលោកនាយក ព្រះនាមសុមេធ ព្រះអង្គ​ជា​មហាវីរបុរស ស្តេចចូលមកដល់ ទើបទទួលយកបាត្រព្រះសុគត ហើយបំពេញសប្បិ និងប្រេង។ លុះខ្ញុំថ្វាយចំពោះព្រះលោកនាយក ទ្រង់ព្រះនាមសុមេធៈ ជាព្រះពុទ្ធដ៏​ប្រសើរ​​ហើយ ក៏ផ្គងអញ្ជលី ញុំាងសេចក្តីរីករាយដ៏ខ្លាំងឲ្យកើតឡើង។ ខ្ញុំកើតជាទេវតា ឬកើតជាមនុស្ស តែងបាននូវសេចក្តីសុខដ៏ធំ ដោយការថ្វាយសប្បិនេះផង ដោយការតាំង​ចេតនានេះផង។ ខ្ញុំវៀរកំណើតវិនិបាត តែងអន្ទោលទៅក្នុងភពតូច និងភពធំ ក៏បានតាំង​ចិត្តប្រណិធាន ក្នុងភពនោះៗ ហើយឥឡូវនេះ ខ្ញុំបានដល់នូវអចលបទ គឺព្រះនិព្វាន។

ម្នាលព្រាហ្មណ៍ [តពីនេះទៅ យើងមិនយល់ មិនដឹងថា ជាពាក្យអ្នកណានិយាយ។] អ្នកឈ្មោះ​ថាមានលាភហើយ អត្តភាពជាមនុស្ស ឈ្មោះថាអ្នកបានល្អហើយ ព្រោះអ្នក​បានឃើញតថាគត ឯបុគ្គលនឹងដល់នូវអរហត្តផល ក៏ព្រោះអាស្រ័យ​ការឃើញ​តថាគត។ អ្នកត្រូវ​ស្និទ្ធស្នាលចុះ កុំខ្លាចឡើយ អ្នកនឹងបានយសធំ នឹងរួចចាកជាតិ ព្រោះបាន​ឲ្យសប្បិ​ដល់​តថាគត។

ខ្ញុំកើតជាទេវតា ឬកើតជាមនុស្ស រមែងបាននូវសុខដ៏ធំ ដោយការថ្វាយសប្បិនេះផង ដោយការតាំងចេតនានេះផង។

បុគ្គលនេះ នឹងរីករាយក្នុងទេវលោក ក្នុងកប្បទី ១៨ ដោយអធិការនេះផង ដោយការ​ប្រព្រឹត្តិមេត្តាចិត្តនេះផង។ នឹងបានជាស្តេចទេវតា អស់ ៥៤ ដង នឹងបាន​សោយ​ប្រទេសរាជ្យ​ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប។ នឹងបានជាស្តេចចក្រពត្តិ មាន​សមុទ្រទាំង ៤ ព័ទ្ធជុំវិញ ទ្រង់ឈ្នះសង្រ្គាម ជាឥស្សរៈលើមណ្ឌលជម្ពូទី្វប អស់ ៥១ ដង។

មហាសមុទ្រមិនរំភើប ផែនដីធ្ងន់គេទ្រទ្រង់បានដោយក្រយ៉ាងណា ភោគៈទាំងឡាយ​របស់ខ្ញុំប្រមាណមិនបាន ក៏យ៉ាងនោះដែរ ខ្ញុំឲ្យប្រាក់អស់ ៦០ កោដិ ហើយទើប​ចេញទៅបួស ខ្ញុំកំពុងស្វែងរកកុសល ក៏បានចូលទៅរកពាវរីព្រាហ្មណ៍។ ខ្ញុំបានរៀន​លក្ខណមន្ត ប្រកបដោយអង្គ ៦ ក្នុងសំណាក់ពាវរីព្រាហ្មណ៍នោះ បពិត្រព្រះមហាមុនី ព្រះអង្គកំចាត់បង់នូវងងឹតអន្ធការ ហើយកើតឡើងហើយ។ បពិត្រព្រះមហាមុនី ខ្ញុំមាន​បំណងចង់ចួបនឹងព្រះអង្គ ទើបមក ខ្ញុំបានស្តាប់ធម៌របស់ព្រះអង្គហើយ ក៏នឹងបាន​ដល់នូវ​អចលបទ គឺព្រះនិព្វាន។

ក្នុងកប្បទី ៣០ ពាន់ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសប្បិដល់ព្រះពុទ្ធ ខ្ញុំមិន​ដែល​ស្គាល់សប្បិដែលខ្ញុំត្រូវសូមគេទេ។ សប្បិដូចដឹងបំណងរបស់ខ្ញុំ ហើយកើតឡើង​តាមសេចក្តីប្រាថ្នា សប្បិកើតឡើងហើយ ព្រោះដឹងចិត្តខ្ញុំ ខ្ញុំញុំាងជនទាំងពួងឲ្យ​ឆ្អែត​ស្កប់ស្កល់។ ឱ! ព្រះពុទ្ធ ឱ! ព្រះធម៌ ឱ! សម្បទានៃព្រះសាស្តារបស់ខ្ញុំ ខ្ញុំគ្រាន់តែថ្វាយ​សប្បិបន្តិចបន្តួច​សោះ ត្រឡប់ជាបានសប្បិរាប់មិនអស់។ ទឹកក្នុងមហាសមុទ្រ ដែលទល់​នឹងភ្នំសុមេរុ ប្រៀបផ្ទឹមនឹងសប្បិរបស់ខ្ញុំ គង់មិនដល់មួយភាគនៃចំណិត។ ឱកាសនៃ​ចក្រវាឡ​ទាំងប៉ុន្មាន ឱកាសនោះ គង់មិនល្មមនឹងសំពត់ទាំងឡាយ ដែលកើតឡើង​សម្រាប់ខ្ញុំ ដែលឲ្យគេធ្វើជាគំនរឡើយ។ សេ្តចភ្នំឈ្មោះហិមវន្ត ជាភ្នំដ៏ប្រសើរ គង់មិនដល់​នូវការប្រៀបធៀបនឹងក្លិនដែលជាប់នឹងកាយរបស់ខ្ញុំដែរ។ ខ្ញុំបានសំពត់ គ្រឿងក្រអូប សប្បិ និងវត្ថុដទៃ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្ន ទាំងបានព្រះនិព្វាន ដែលជាអសង្ខតៈ នេះជាផលនៃការថា្វយសប្បិ។ ក្នុងថ្ងៃនេះ ខ្ញុំមានសតិប្បដ្ឋានជាទីដេក មានសមាធិជ្ឈាន​ជា​គោចរ ញុំាងពោជ្ឈង្គឲ្យកើត នេះជាផលនៃការថ្វាយសប្បិ។ កិលេសទាំងឡាយ ខ្ញុំដុត​បំផ្លាញហើយ ភពទាំងពួង ខ្ញុំគាស់រំលើងចោលហើយ ជាអ្នកមិនមានអាសវៈ ដូចដំរី​កាត់ខ្សែទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះមេត្តគុត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មេត្តគុត្ថេរាបទាន។

ធោតកត្ថេរាបទាន ទី៤

[១០៤] ទឹកស្ទឹងឈ្មោះភាគីរសី ហូរចេញមកអំពីព្រៃហិមពាន្ត ហើយហូរទៅតាមទ្វារក្រុង​ហង្សវតី ក្នុងខណៈនោះ។ អារាមឈ្មោះសោភិតៈ ដែលគេសាងល្អហើយ នៅក្បែរឆ្នេរស្ទឹង​គង្គា ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ជាលោកនាយក សេ្តចប្រថាប់នៅក្នុងអារាមនោះ។ ព្រះមានព្រះភាគ មានពួកមនុស្សចោមរោមហើយ ដូចជាព្រះឥន្រ្ទមានពួកទេវតា​ចោមរោម ស្តេចគង់នៅក្នុងអារាមនោះ ដូចកេសររាជសីហ៍ ដែលឥតមានសេចក្តី​តក់ស្លុត។ ខ្ញុំកើតជាព្រាហ្មណ៍ មាននាមថាឆឡង្គៈ នៅក្នុងនគរហង្សវតី បពិត្រ​ព្រះមហាមុនី ឈ្មោះខ្ញុំយ៉ាងនេះ។ កាលនោះ ពួកសិស្សចំនួន ១៨ រយនាក់ តែងចោមរោម​ខ្ញុំ ខ្ញុំព្រមព្រៀងដោយពួកសិស្សទាំងនោះ ក៏ចូលទៅកាន់ឆ្នេរស្ទឹងគង្គា។ ខ្ញុំកំពុងឆ្លងស្ទឹង​ភាគីរសី បានឃើញពួកសមណៈ ជាបុគ្គលមិនកុហក ជាអ្នកបន្សាត់បង់នូវបាប ត្រង់ឆ្នេរ​ស្ទឹងគង្គានោះ ហើយខ្ញុំគិតយ៉ាងនេះ ក្នុងខណៈនោះថា ពួកសមណៈ ជាពុទ្ធបុត្រ មាន​យសធំទាំងនេះ ឆ្លងស្ទឹងទៅទាំងល្ងាចទាំងព្រឹក នាំឲ្យខ្លួនលំបាក ខ្លួនសមណៈទាំងនោះ​ក៏នឿយហត់។ ព្រះពុទ្ធ អ្នកផងតែងពោលថា ជាកំពូលរបស់សត្វលោក ព្រមទាំង​ទេវលោក ឯអាត្មាអញមិនទាន់មានគ្រឿងសក្ការៈ គឺការជម្រះផ្លូវសម្រាប់ដើរទៅ ចំពោះ​ទក្ខិណេយ្យបុគ្គលនៅឡើយ។ បើដូច្នោះ គួរតែអាត្មាអញញុំាងជន​ឲ្យធ្វើស្ពានត្រង់​ស្ទឹងគង្គា ថ្វាយព្រះពុទ្ធដ៏ប្រសើរ លុះអាត្មាអញឲ្យគេធ្វើស្ពាននេះរួចហើយ ឈ្មោះថា​អាត្មាអញ​បាន​ឆ្លងនូវភពនេះ។ ខ្ញុំបានចំណាយទ្រព្យរាប់រយរាប់ពាន់ ឲ្យគេធ្វើស្ពាន ខ្ញុំ​ជឿថា សក្ការៈដែលខ្ញុំធ្វើហើយ (នេះ) នឹងមានផលធំទូលាយ។ លុះខ្ញុំឲ្យគេធ្វើស្ពាន​នោះរួចហើយ ក៏ចូលទៅគាល់ព្រះលោកនាយក ធ្វើអញ្ជលីលើត្បូង ហើយក្រាបបង្គំ​ទូលពាក្យនេះថា បពិត្រព្រះមហាមុនី ខ្ញុំព្រះអង្គចំណាយទ្រព្យរាប់រយរាប់ពាន់ ឲ្យគេធ្វើ​ស្ពាននេះ ដើម្បីប្រយោជន៍ដល់ព្រះអង្គ សូមព្រះអង្គទទួលយកនូវស្ពានដ៏ធំនេះចុះ។ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់លោក គួរទទួលគ្រឿងបូជា ស្តេចគង់​នៅ​កណ្តាលភិក្ខុសង្ឃ ហើយត្រាស់គាថាទាំងនេះថា បុគ្គលណាជ្រះថ្លា បានឲ្យគេ​ធ្វើស្ពានដោយដៃខ្លួនឯង ដើម្បីតថាគត ៗ នឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគត​នឹងសម្តែងដូចតទៅនេះ

បុគ្គលនេះ បើទុកជាធ្លាក់ទៅក្នុងជ្រោះ ឬធ្លាក់ពីភ្នំ ឬដើមឈើក្តី ច្យុតហើយក្តី រមែងបាន​នូវទីឈរ នេះជាផលនៃការឲ្យស្ពាន។ សត្រូវទាំងឡាយ មិនគ្របសង្កត់ (នូវបុគ្គលនេះ​បាន) ដូចជាខ្យល់ មិនអាចគ្របសង្កត់ដើមជ្រៃ ដែលមានឫសដុះមាំ នេះជាផលនៃការ​ឲ្យស្ពាន។ ចោរទាំងឡាយ មិនអាចនឹងគ្របសង្កត់បុគ្គលនេះបានទេ ពួកក្សត្រក៏មិនមើល​ងាយបានដែរ (បុគ្គលនេះ) នឹងឆ្លងផុតសត្រូវទាំងពួង នេះជាផលនៃការឲ្យស្ពាន។ បុគ្គល​ប្រកបដោយបុញ្ញកម្មនេះ បើទុកជានៅក្នុងទីវាល ដែលហាលដោយកំដៅថ្ងៃដ៏ក្លាខ្លាំង ក៏នឹងមិនមានវេទនាឡើយ។ យានដំរី ដែលជាបុញ្ញកម្មនិម្មិតល្អហើយ ក្នុងទេវលោក ឬក្នុងមនុស្សលោក នឹងកើតឡើងក្នុងខណៈនោះ ព្រោះដឹងនូវសេចក្តីត្រិះរិះរបស់​បុគ្គល​នោះ។ សេះសិន្ធពមួយពាន់ មានសន្ទុះលឿនដូចខ្សល់ ជាពាហនៈដ៏រហ័ស នឹងចូលទៅ​បម្រើ (បុគ្គលនោះ) ទាំងល្ងាចទាំងព្រឹក នេះជាផលនៃការឲ្យស្ពាន។ បុគ្គលនេះ លុះមក​កាន់អត្តភាពជាមនុស្ស នឹងបានសេចក្តីសុខ មួយទៀត យានដំរីនឹងកើតដល់បុគ្គលនេះ ដែលកើតជាមនុស្សក្នុងលោកនេះ។ កន្លងទៅមួយសែនកប្បទៀត នឹងមានព្រះបរម​សាស្តា ព្រះនាមគោតម កើតក្នុងត្រកូលព្រះបាទឱក្កាករាជ ត្រាស់ឡើងក្នុងលោក។ បុគ្គលនេះ នឹងបានទទួលមត៌កក្នុងធម៌របស់ព្រះពុទ្ធអង្គនោះ ជាឱរសដែលធម៌និម្មិត​ហើយ នឹងកំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។

ឱហ្ន៎ ! អំពើដែលខ្ញុំធ្វើល្អហើយ ចំពោះព្រះសម្មាសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ខ្ញុំធ្វើគ្រឿង​សក្ការៈ​ចំពោះព្រះពុទ្ធអង្គនោះហើយ ក៏បានដល់នូវការអស់ទៅនៃអាសវៈ។ ខ្ញុំមានចិត្ត​បញ្ជូន​ទៅកាន់សេចក្តីព្យាយាម ជាអ្នកស្ងប់រម្ងាប់ មិនមានឧបក្កិលេស មិនមានអាសវៈ ដូចដំរីកាត់ផ្តាច់នូវទន្លីង។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញចោលហើយ ភពទាំងពួង ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជាទាំង ៣ ខ្ញុំបានដល់​ហើយដោយលំដាប់ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះធោតកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធោតកត្ថេរាបទាន។

ឧបសីវត្ថេរាបទាន ទី៥

[១០៥] មានភ្នំមួយឈ្មោះអនោមៈ នៅជិតព្រៃហេមពាន្ត អាស្រមរបស់ខ្ញុំធ្វើល្អហើយ បណ្ណសាលា ខ្ញុំក៏បានកសាងល្អហើយដែរ។ មានស្ទឹងមួយ មានកំពង់រាបល្អ គួរជាទី​រីករាយ​នៃចិត្ត តែងហូរចុះទៅក្នុងទីនោះ មានឈូក និងឧប្បលជាច្រើន ដុះនៅតាមកំពង់​ជាលំដាប់។ ឯត្រីស្លាត ត្រីក្បក ត្រីក្រាញ់ ត្រីសណ្តាយ ត្រីឆ្ពិន (មានក្នុងកំពង់នោះ) ទឹកស្ទឹងដ៏ដេរដាសដោយត្រី និងអណ្តើក រមែងហូរទៅ​ក្នុងកាលនោះ។ ក្នុងទីនោះ មាន​តិមិរព្រឹក្ស មានផ្ការីក ដើមអសោកមានផ្កាតូចៗ ទាំងក្រូចឆ្មារ និងក្រូចភ្លា ទោរទៅកាន់​អាស្រមរបស់ខ្ញុំ។ ក្នុងទីនោះ មានដើមខ្លែងគង់ និងព្រៃ ម្លិះរួតមានផ្ការីក ដើមរាំង ដើមស្រល់ និងដើមចម្បាជាច្រើន មានផ្ការីកក្នុងទីនោះដែរ។ ដើមអង្គ្រង ដើមរំដួល ដើមចម្បក់ ដើមធ្នង់ និងដើមចេកទុំ មានផ្ការីក ពួកឈើទាំងនោះ សុទ្ធតែមានផ្ការីកហើយ នៅជិតអាស្រមរបស់ខ្ញុំ។ ដើមរាជព្រឹក្ស ដើមច្រនៀង ដើមយុថ្កា និងដើមប្រិយង្គុ សឹង​ដ៏ដេរដាសដោយវល្លិបាស អស់កន្លះយោជន៍ជុំវិញ។ ដើមមាតករព្រឹក្ស ម្លិះរួត ច្រនៀង ឈើភ្លើង អង្កោល និងតាលកុដព្រឹក្ស ជាច្រើនក្នុងទីនោះ សុទ្ធតែជាឈើមានផ្ការីក។ ស្មៅក្រវាញជ្រូកជាច្រើន សុទ្ធតែជាស្មៅមានផ្ការីកក្បែរអាស្រមរបស់ខ្ញុំនោះ បណ្តាឈើ​មានផ្កាទាំងនុ៎ះ ពួកឈើច្រើន សុទ្ធតែល្អៗ។ ដើមសម៉ កន្ទួតព្រៃ ស្វាយ ព្រីង និងសម៉ពិភេទក៍ ផ្សាយក្លិននោះ ជុំវិញអាស្រមខ្ញុំ។ ដើមពទ្រា ដើមរាក់ខ្មៅ ដើមព្នៅ មាក់ប្រាង ទន្លាប់ ទ្រយឹង ស្រគំ ពង្រ។ ដើមខ្នុរសម្ល ខ្នុរណាំង ចេក ដើមច័ន្ទ ក៏មានក្នុងទីនោះ ដើមម្កាក់ និងដើមគុយ ក៏មានច្រើនក្នុងទីនោះដែរ។ ដើមគូលែន អាលកព្រឹក្ស និងសណ្តែកព្រៃ សុទ្ធតែជាឈើមានផ្លែ នៅជិតអាស្រមរបស់ខ្ញុំ តពីនោះទៅ មានផ្លែសាវម៉ាវជាច្រើន។ អវដព្រឹក្ស ពេញដោយផ្លែទុំ ដើមមិលក្ខុព្រឹក្ស ដើមឧទុម្ពរ ដីប្លី ម្រេច ជ្រៃ និងដើមក្រសាំង មានក្នុងទីនោះ។ ដើមឧទុម្ពរជាច្រើន ខ្លះផ្លែទុំ ខ្លះផ្លែខ្ចី ដើមឈើក្រៅពីនេះជាច្រើន សុទ្ធតែជាឈើមានផ្លែ ជិតអាស្រមរបស់ខ្ញុំ។ សូម្បីឈើ​មានផ្កាជាច្រើន គឺដើមកន្រ្ទំ ដើមក្ទម្ព និងដើមពុកឆ្មា មានផ្ការីក នៅជិតអាស្រមរបស់ខ្ញុំ។ អាលកព្រឹក្ស និងតាលកព្រឹក្ស មាននៅជិតអាស្រមរបស់ខ្ញុំ មានជាតស្រះធំមួយ នៅជិត​អាស្រមរបស់ខ្ញុំ។ ស្រះនោះ មានទឹកថ្លា មានទឹកត្រជាក់ មានកំពង់ល្អ គួរជាទីរីករាយ​នៃចិត្ត មានទាំងឈូកក្រហម និងឧប្បលជាច្រើន លាយចម្រុះដោយឈូកស​នៅក្នុងស្រះ​នោះ ទាំងដេរដាសដោយព្រលិត សាយភាយដោយក្លិនផ្សេងៗ ដើមឈូកកំពង់ចាប់ផ្ទៃ (ក្រពុំ) ពួកដើមកេសរឯទៀតៗ កំពង់រីក ផ្កាឈូក និងផ្កាកណិការជាច្រើន មានត្របកផ្កា​សំយុងចុះក្រោម មានទឹកហូរចេញអំពីក្រអៅឈូកផ្អែមដូចទឹកឃ្មុំ មានទឹកហូរចេញ​អំពី​មើម​ឈូក ឆ្ងាញ់ដូចទឹកដោះស្រស់ និងទឹកដោះថ្លា ផ្កាកុមុទ ស្វាយក្រអូប ផ្កានយិតាព្រឹក្ស​ជាច្រើន ប្រកបដោយក្លិនផ្សេងៗ រមែងប្រាកដដោយក្លិននោះជុំវិញ។ ឆ្នេរជាតស្រះ មានដើមការកេតជាច្រើន មានផ្ការីក ដើមកុឡាបមានផ្កាល្អ ឈូកសមានក្លិនក្រអូប។ ក្រពើ ក្រពា ជាសត្វចាប់គេស៊ី ក៏កើតនៅក្នុងស្រះនោះពស់ថ្លាន់ជាសត្វរួបរឹត ក៏មានច្រើន​ក្នុងស្រះនោះដែរ។ មានត្រីស្លាត ត្រីក្បក ត្រីក្រាញ់ ត្រីសណ្តាយ និងត្រីឆ្ពិន ដ៏ដេរដាស​ដោយត្រី និងអណ្តើក ដោយកន្លែងដែលធ្លាប់​អាស្រ័យនៅ។ ព្រាប ប្រវឹក ខ្វែក ក្អែកទឹក ត្រដេវវិច ចាក្រពាក ចង្កៀលខ្យង ព្រហីត។ មានពួកសត្វកង្ហែន លលក ខ្លែង ជាសត្វហើរដ៏ច្រើន ឆ្កែចចក កូនសេក ក្តាន់ ទ្រាយ ជាច្រើន។ ពួកម្រឹគ គឺកាសេនិយម្រឹគ និងតិលកម្រឹគ សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លាត្រី ចូលទៅអាស្រ័យនឹងស្រះនោះ។ ពួកស្វា ពួកកិន្នរ ក៏ប្រាកដជិតអាស្រមខ្ញុំ ខ្ញុំស្រង់ក្លិនទាំងនោះ ហើយបរិភោគ​ផ្លែឈើ​ទាំងឡាយ។ ខ្ញុំផឹកទឹកក្រអូប នៅក្នុងអាស្រមរបស់ខ្ញុំ មានម្រឹគ ទ្រាយ ជ្រូក ប្រើស និងពួក​សត្វមានរូបតូចៗ។ ភើ្លងមានពន្លឺដ៏រុងរឿង នៅជិតអាស្រមរបស់ខ្ញុំ ពួកសត្វហង្ស ក្រៀល ក្ងោក និងតាវៅ ជាសត្វមានប្រយោជន៍ តែងអាស្រ័យនៅក្បែរអាស្រមរបស់ខ្ញុំដែរ។ ក្នុងទីនោះ មានឆ្មា ខ្លែងស្រាក កេងកង ជាច្រើន និងបិសាច អសុរ កុម្ភណ្ឌ និងអារក្ស ជាច្រើន។ ពួកគ្រុឌ នាគ និងពួកឥសីមានអានុភាពច្រើន មានចិត្តស្ងប់ តម្កល់មាំ នៅជិតអាស្រមរបស់ខ្ញុំ។ ពួកឥសីទាំងអស់ ទ្រទ្រង់នូវកន្ទីទឹក ស្លៀកសម្ពត់ស្បែកខ្លា ពេញដោយភារៈគឺផ្នួងសក់ នៅជិតអាស្រមរបស់ខ្ញុំ។ ពួកឥសីទាំងនោះ ក្រឡេក​មើល​ប្រមាណ​មួយជួរនឹម ជាបុគ្គលមានប្រាជ្ញា មានកិរិយាប្រព្រឹត្តិស្ងប់ជាប្រក្រតី ជាអ្នក​ត្រេកអរ​តាមមានតាមបាន នៅជិតអាស្រមរបស់ខ្ញុំ។ ពួកឥសីទាំងនោះ រលាស់សម្ពត់​សំបក​ឈើ ដំនូវស្បែកខ្លា ជាអ្នករឹងប៉ឹងដោយកម្លាំងរបស់ខ្លួន ទៅឰដ៏អាកាស ក្នុងកាល​នោះ។ ពួកឥសីទាំងនោះ នាំមកនូវទឹកថ្មីៗ ឈើ និងឧស ចូលទៅប្រកបដោយខ្លួនឯង នេះជាផល​នៃសប្បាដិហារិយៈ។ ពួកឥសីទាំងនោះ កាន់យកស្នូកលោហជាតិ នៅក្នុង​កណ្តាលព្រៃ ដូចជាដំរីដ៏ប្រសើរ ឬដូចជាកេសររាជសីហ៍ មិនមានសេចក្តីតក់ស្លុតឡើយ។ ពួកឥសីខ្លះ ទៅកាន់គោយានទ្វីប ខ្លះទៅកាន់បុព្វវិទេហទ្វីប ខ្លះទៅកាន់ឧត្តរកុរុទ្វីប ដោយមិនអើពើនឹងសំពត់កម្ពលរបស់ខ្លួន។ ពួកឥសីទាំងនោះ នាំយកបិណ្ឌបាត​អំពីទ្វីប​នោះៗ មកឆាន់ជាមួយគ្នា កាលបើពួកឥសីទាំងអស់ មានតេជះដ៏ខ្ពង់ខ្ពស់ ប្រកបដោយ​តាទិគុណ ចៀសចេញទៅហើយ ព្រៃក៏លាន់ឮកងរំពងឡើង ដោយសំឡេងនៃស្បែកខ្លា ក្នុងកាលនោះ។ បពិត្រព្រះអង្គមានព្យាយាមធំ ពួកសិស្សរបស់ខ្ញុំទាំងនោះ ប្រាកដបែប​នេះ សុទ្ធតែជាអ្នកមានតបៈដ៏ខ្ពង់ខ្ពស់ ខ្ញុំមានពួកសិស្សទាំងនោះចោមរោមហើយ នៅក្នុង​អាស្រម​របស់ខ្ញុំ។ ពួកសិស្សទាំងនុ៎ះ ដែលមកប្រជុំគ្នា ជាអ្នកត្រេកអរដោយ​កុសលកម្ម​របស់ខ្លួន មានខ្លួនទូន្មានហើយ ជាអ្នកមានសេចក្តីប្រាថ្នា​ចំពោះកុសលកម្មរបស់ខ្លួន មាន​សីល មានប្រាជ្ញាចាស់ ជាអ្នកឈ្លាសវៃ​ក្នុងអប្បមញ្ញាទាំងឡាយ ធ្វើឲ្យខ្ញុំរីករាយ។ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គជា្របច្បាស់ត្រៃលោក គួរទទួលនូវគ្រឿងបូជា ជាអ្នកដឹក​នាំសត្វលោក មានព្យាយាម មានបា្រជ្ញាចាស់ ជាអ្នកប្រាជ្ញ ទ្រង់ជ្រាបច្បាស់​នូវសម័យ ស្តេចយាងចូលមកជិត​ព្រះសម្ពុទ្ធ ទ្រង់កាន់បាត្រ ស្តេចចូលមកដើម្បីភិក្ខា។ (ខ្ញុំបានឃើញ) នូវព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ មានព្យាយាមធំ ទ្រង់ស្តេចចូលមកហើយ ក៏ក្រាលកម្រាលស្មៅ ហើយរោយរាយដោយផ្កាឈើ។ ខ្ញុំមានចិត្តតក់ស្លុត មិនអាចតាំង​នៅបាន ក៏និមន្តព្រះសម្ពុទ្ធឲ្យគង់ ហើយឡើងភ្នំយ៉ាងឆាប់ កាន់យកនូវខ្លឹមក្រឹស្នា។ ខ្ញុំបាន​បេះយកផ្លែខ្នុរប៉ុនឆ្នាំង មានក្លិនក្រអូប ជាទីរីករាយនៃទេវតា ហើយលើកលី នាំចូល​ទៅថ្វាយព្រះលោកនាយក។ លុះខ្ញុំថ្វាយផ្លែខ្នុរ ចំពោះព្រះពុទ្ធរួចហើយ លាបនូវខ្លឹមក្រឹស្នា ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយបង្គំព្រះពុទ្ធដ៏ប្រសើរ។ ព្រះសម្ពុទ្ធ ព្រះនាម​បទុមុត្តរៈ ព្រះអង្គជា្របច្បាស់ត្រៃលោក គួរទទួលនូវគ្រឿងបូជា ទ្រង់គង់ក្នុងកណ្តាល​ពួកឥសី ហើយត្រាស់គាថាទាំងនេះថា

បុគ្គលណាបានឲ្យផ្លែខ្នុរ ខ្លឹមក្រឹស្នា និងអាសនៈ ដល់តថាគត ៗ នឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគតនឹងសម្តែង​ដូចតទៅនេះ បុគ្គលនេះ កាលនៅ​ក្នុងស្រុកក្តី ក្នុងព្រៃក្តី ក្នុងញកភ្នំក្តី ក្នុងគុហាក្តី ភោជននឹងកើតឡើង ព្រោះដឹងចិត្តរបស់បុគ្គលនេះ នរៈនេះ បើទៅកើតក្នុងទេវលោក ឬមនុស្សលោក នឹងឆ្អែតស្កប់ស្កល់​ដោយភោជនផង ដោយសំពត់ផង នរៈនេះ បើអន្ទោលទៅកាន់កំណើតណា ទោះជាទេវតា ឬជាមនុស្ស នឹងជាអ្នកមានភោគៈ មិនរំភើបញាប់ញ័រ។ នឹងត្រេកអរក្នុងទេវលោក អស់ ៣ ម៉ឺនកប្ប នឹងបានជាសេ្តចចក្រពត្តិមួយពាន់ដង។ នឹងបានសោយរាជ្យជាស្តេចទេវតា ៧១ ដង នឹងបានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប កន្លងទៅមួយ​សែនកប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម កើតក្នុងត្រកូលព្រះបាទឱក្កាករាជ ត្រាស់ដឹង​ក្នុងលោក នរៈនេះ នឹងបានទទួលមត៌កក្នុងធម៌របស់ព្រះពុទ្ធនោះ ជាឱរសដែល​ធម៌និម្មិត​ហើយ មាននាមឧបសីវៈ នឹងបានជាសាវ័កនៃព្រះសាស្តា។ នរៈនេះនឹងមិនមាន​អាសវៈ ព្រោះកំណត់ដឹងអាសវៈទាំងពួង។

លាភដែលត្រូវបានដោយល្អ ខ្ញុំបានហើយ ព្រោះខ្ញុំបានជួបនឹងព្រះលោកនាយក។ វិជា្ជ ៣ ខ្ញុំបានដល់ហើយដោយលំដាប់ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ ខ្ញុំ (កាលទៅ) ក្នុងស្រុកក្តី ក្នុងព្រៃក្តី ក្នុងញកភ្នំក្តី ក្នុងគុហាក្តី ភោជន រមែងកើតឡើងដល់ខ្ញុំ ព្រោះដឹងនូវ​សេចក្តីត្រិះរិះរបស់ខ្ញុំ។ កិលេលទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំបាន​គាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់​ហើយ​ដោយលំដាប់ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះឧបសីវត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧបសីវត្ថេរាបទាន។

នន្ទកត្ថេរាបទាន ទី៦

[១០៦] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគ នៅក្នុងព្រៃធំ កំពុងស្វែងរកម្រឹគ ប្រើស ស្រាប់តែ​បានជួបព្រះសយម្ភូ។ គ្រានោះ ព្រះសយម្ភូសម្ពុទ្ធ ព្រះនាមអនុរុទ្ធ ទ្រង់ឈ្នះមារ ព្រះអង្គ​ជាអ្នកប្រាជ្ញ ទ្រង់ប្រាថ្នានូវទីដ៏ស្ងប់ស្ងាត់ ស្តេចយាងចូលទៅក្នុងព្រៃ។ ខ្ញុំយកឈើ ៤ កំណាត់ មកបញ្ឈរទុកក្នុងទីជា ៤ ធ្វើបារាំដ៏វិចិត្រយ៉ាងល្អ ប្រក់ដោយផ្កាឈូកទាំងឡាយ។ ខ្ញុំប្រក់បារាំរួចហើយ ក៏ថ្វាយបង្គំព្រះសយម្ភូ គ្រវែងធ្នូចោលក្នុងទីនោះ ហើយចូលទៅ​កាន់​ផ្នួស។ កាលខ្ញុំទើបតែនឹងបួស ខ្ញុំក៏មានព្យាធិកើតឡើង ខ្ញុំនឹកឃើញនូវបុព្វកម្ម ហើយធ្វើ​មរណកាល​ក្នុងទីនោះ។ ខ្ញុំប្រកបដោយបុព្វកម្ម បានទៅកើតក្នុងឋានតុសិត វិមានជាវិការៈ​នៃមាស កើតឡើងតាមសេចក្តីបា្រថ្នា ក្នុងទីនោះ។ ខ្ញុំអធិដ្ឋាននូវវាហនៈ ដែលទឹមដោយ​សេះមួយពាន់ ជាយានទិព្វ ខ្ញុំឡើងកាន់យាននោះ ហើយទៅតាមសេចក្តីប្រាថ្នា។ កាល​បើខ្ញុំ ដែលបុញ្ញកម្មនាំអំពីទីនោះមក ខ្ញុំបានកើតជាទេវតា បារាំបិទបាំងខ្ញុំ អស់ទីមួយ​រយយោជន៍​ជុំវិញ។ ខ្ញុំនោះ ដេកលើដំណេកដោយរួសរាន់ ដែលគេមិនបានប្រក់ហើយ គ្រាន់តែក្រាលដោយផ្កា ស្រាប់តែផ្កាឈូកធ្លាក់ចុះអំពីអាកាស មកបិទបាំងអស់កាល​ជានិច្ច។ កាលថ្ងៃបណ្តើរកូនកំពុងញាប់ញ័រ កាលកំដៅថ្ងៃកំពុងក្តៅ កំដៅឥតក្តៅដល់​ខ្ញុំឡើយ នេះជាផលនៃការឲ្យបារាំ។ ខ្ញុំបានកន្លងផុតទុគ្គតិ អបាយទាំងឡាយ ខ្ញុំបានបិទ​ហើយ កំដៅក្នុងបារាំក្តី ទៀបគល់នៃឈើក្តី ឥតមានដល់ខ្ញុំឡើយ។ ខ្ញុំអធិដ្ឋានទឹកសមុទ្រ ឲ្យទៅជា​ផែនដី ហើយឆ្លងនូវទឹកប្រៃ ព្រោះអំពើដែលខ្ញុំបានធ្វើល្អហើយនោះ នេះជា​ផលនៃ​ពុទ្ធបូជា។ ខ្ញុំធ្វើផ្លូវឰដ៏អាកាស ហើយទៅឰដ៏អាកាសបាន ឱហ្ន៎! អំពើ​ដែល​ខ្ញុំធ្វើ​ល្អហើយ នេះជាផលនៃពុទ្ធបូជា។ ខ្ញុំដឹងខន្ធរបស់ខ្លួន និងសត្វដទៃ ដែល​អាស្រ័យ​នៅក្នុង​កាលមុន ទិព្វចក្ខុ ខ្ញុំបានជម្រះហើយ អាសវៈទាំងឡាយរបស់ខ្ញុំអស់រលីងហើយ នេះជា​ផល​នៃពុទ្ធបូជា។ ជាតិខាងមុខ ខ្ញុំបានលះបង់ហើយ ខ្ញុំបានជាឱរសនៃព្រះពុទ្ធ ជាអ្នក​ទទួល​មត៌កក្នុងព្រះសទ្ធម្ម នេះជាផលនៃពុទ្ធបូជា។ ខ្ញុំបានញុំាងព្រះសុគត ព្រះនាម​គោតម ជាសក្យៈដ៏ប្រសើរ ឲ្យប្រោសប្រាណ ជាអ្នកទ្រទ្រង់ធម៌ ជាអ្នកទទួលមត៌កក្នុងធម៌ នេះ​ជាផលនៃពុទ្ធបូជា។ ខ្ញុំបានបម្រើព្រះសម្ពុទ្ធ ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ ហើយ​​​បានក្រាបទូលសួរផ្លូវដែលគប្បីទៅកាន់ត្រើយ គឺព្រះនិព្វាន ចំពោះ​ព្រះលោក​នាយក។ ព្រះពុទ្ធដែលខ្ញុំអារាធនាហើយ ទ្រង់សម្តែងនូវបទ គឺព្រះនិព្វាន ជាគុណជាត​ដ៏ល្អិតជ្រាលជ្រៅ ខ្ញុំលុះបានស្តាប់ធម៌របស់ព្រះពុទ្ធនោះហើយ ក៏បានដល់នូវការអស់ទៅ​នៃ​អាសវៈ។ ឱហ្ន៎! អំពើល្អ ខ្ញុំបានធ្វើហើយ ខ្ញុំបានរួចស្រឡះចាកជាតិហើយ មានអាសវៈ​ទាំងពួងអស់​រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ កិលេសទាំងឡាយ ខ្ញុំបានដុត​បំផ្លាញហើយ ភពទាំងពួង ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមាន​អាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃ​ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនន្ទកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ នន្ទកត្ថេរាបទាន។

ហេមកត្ថេរាបទាន ទី៧

[១០៧] កាលនោះ ខ្ញុំជាតាបសឈ្មោះអនោមៈ បានធ្វើអាស្រមបណ្ណសាលាដ៏វិចិត្រល្អ នៅអែបនឹងចុងញកភ្នំ។ ខ្ញុំនោះ បានសម្រេចនូវតបកម្ម ខ្ញុំដល់នូវការសម្រេច​ក្នុងកម្លាំង​របស់​ខ្លួន ជាអ្នកក្លាហាន ក្នុងភាពនៃខ្លួនជាសមណៈ ជាអ្នកមានព្យាយាម ដុតបំផ្លាញ​កិលេស មានប្រាជ្ញាចាស់ ជាអ្នកប្រាជ្ញ ជាអ្នកក្លៀវក្លាក្នុងលទ្ធិរបស់ខ្លួន វាងវៃក្នុងវាទៈ​របស់​បុគ្គលដទៃ មួយទៀត ជាអ្នកតាំងនៅលើផែនដី និងអាកាសបាន វាងវៃក្នុងឧបាទវយធម៌។ ខ្ញុំប្រាសចាកសេចក្តីសោក មិនមានការប្រណាំងប្រជែង មានអាហារតិច មិនមាន​សេចក្តីប្រាថ្នា ជាអ្នកត្រេកអរដោយលាភ និងអលាភ មានឈាន ត្រេកអរក្នុងឈាន ជាអ្នក​ប្រាជ្ញ។ កាលនោះ ព្រះសម្ពុទ្ធ ព្រះនាមបិយទស្សី ជាអ្នកប្រាជ្ញដ៏ប្រសើរ ប្រកប​ដោយ​ករុណា ព្រះអង្គប្រាថ្នាដើម្បីចម្លងនូវសត្វទាំងឡាយ ទ្រង់ផ្សាយព្រះទ័យករុណា។ ព្រះមហាមុនី ព្រះនាមបិយទស្សី ទ្រង់ឃើញនូវជនដែលគួរឲ្យត្រាស់ដឹង ព្រះអង្គជា​អ្នកប្រាជ្ញ ជាអ្នកឲ្យឱវាទ សេ្តចទៅក្នុងចក្រវាឡមួយពាន់។ ព្រះអង្គមានប្រាថ្នា​ស្រោច​ស្រង់​ខ្ញុំ ស្តេចយាងចូលទៅកាន់អាស្រមរបស់ខ្ញុំ ព្រះជិនស្រី ខ្ញុំមិនដែលឃើញ ទាំងមិន​ធ្លាប់​បានឮ អំពីសំណាក់អ្នកណាមួយ ក្នុងកាលមុនឡើយ។ ខ្ញុំបានសុបិននិម្មិតកើតឡើង លក្ខណៈទាំងឡាយ បានប្រកាសល្អហើយ ខ្ញុំជាអ្នកឋិតនៅលើផែនដី និងអាកាស ឈ្លាសវៃក្នុងបទនៃនក្ខត្តឫក្ស។ ខ្ញុំនោះ បានស្តាប់ធម៌របស់ព្រះពុទ្ធហើយ ក៏ញុំាង​ចិត្តឲ្យ​ជ្រះថ្លា​ក្នុងព្រះអង្គ ខ្ញុំទោះឈរ ឬអង្គុយ តែងនឹកឃើញព្រះអង្គជានិច្ច។ កាលខ្ញុំ​កំពុង​នឹកយ៉ាងនេះ ព្រះមានព្រះភាគ ក៏ទ្រង់នឹកដល់ខ្ញុំដែរ ខ្ញុំកំពុងតែនឹកព្រះពុទ្ធ បីតិក៏កើត​មានដល់ខ្ញុំ ក្នុងខណៈនោះ។ ព្រះមហាមុនី ទ្រង់ស្តេចចូលមករកខ្ញុំ អស់កាលម្តងទៀត កាលបើ​ព្រះអង្គស្តេចមកដល់ហើយ ខ្ញុំឥតស្គាល់ថា នោះជាព្រះពុទ្ធ ជាអ្នកប្រាជ្ញ​ដ៏ប្រសើរ​ឡើយ។ ព្រះមហាមុនី ព្រះនាមបិយទស្សី ប្រកបដោយករុណា ទ្រង់អនុគ្រោះខ្ញុំ បានញុំាង​ខ្ញុំឲ្យស្គាល់ព្រះអង្គថា តថាគតជាព្រះពុទ្ធក្នុងលោក ព្រមទាំងទេវលោក។ ខ្ញុំបាន​ស្គាល់ច្បាស់​នូវ​ព្រះសម្ពុទ្ធ ព្រះនាមបិយទស្សី ជាមហាមុនី ហើយក៏ញុំាង​ចិត្តរបស់ខ្លួន​ឲ្យជ្រះថ្លា ក្រាបទូលពាក្យនេះថា ពួកជនទាំងអស់ តែងអង្គុយលើតាំងក្តី លើបល្ល័ង្កក្តី លើតាំងវែងក្តី ព្រះអង្គមានសេចក្តីអាណិតអាសូរដល់សត្វទាំងពួង សូមគង់លើអាសនៈ​ដ៏រុង​រឿង។ ខ្ញុំបាននិម្មិតតាំងជាវិការៈនៃកែវទាំងពួង ជាអាសនៈដែលខ្ញុំនិម្មិតដោយឫទ្ធិ ថ្វាយ​ព្រះមហាមុនី ព្រះនាមបិយទស្សី ក្នុងខណៈនោះ។ កាលព្រះអង្គគង់លើតាំងកែវ​ដែលនិម្មិត​ដោយឫទ្ធិ ខ្ញុំបានថ្វាយផ្លែព្រីងប៉ុនក្អម ក្នុងខណៈនោះ។ ព្រះមហាមុនី ទ្រង់ញុំាង​សេចក្តីរីករាយឲ្យកើតដល់ខ្ញុំ ហើយទ្រង់សោយ (ផ្លែព្រីងនោះ) គ្រានោះ ខ្ញុំញុំាង​ចិត្តឲ្យ​ជ្រះថ្លា ហើយថ្វាយបង្គំព្រះសាស្តា។ ចំណែកព្រះមានព្រះភាគ ព្រះនាមបិយទស្សី ព្រះអង្គប្រសើរបំផុតក្នុងលោក ប្រសើរជាងនរៈ ទ្រង់គង់លើអាសនៈកែវ ហើយត្រាស់​គាថា​ទាំងនេះថា

បុគ្គលណា បានថ្វាយតាំងជាវិការៈនៃកែវ និងផ្លែព្រីងទិព្វ ដល់តថាគត ក្នុងកាលនោះ តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់ តថាគតនឹងសម្តែងដូចតទៅនេះ បុគ្គលនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៧៧ កប្ប នឹងបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង។ នឹងបានជាព្រះឥន្រ្ទសោយទេវរាជ្យ អស់ ៣២ ដង នឹងបានសោយ​ប្រទេសរាជ្យ​ដ៏ធំ​ទូលាយ រាប់បានមួយអសង្ខេយ្យកប្ប។ បុគ្គលនោះ នឹងបាននូវបល័្លង្កជាវិការៈនៃមាស ជាវិការៈនៃវត្ថុជាទីគាប់ចិត្ត ជាវិការៈនៃកែវទទឹម ជាវិការៈនៃកែវជាច្រើន ដែលបុញ្ញកម្ម​បាន​តាក់តែងល្អហើយ។ បល័្លង្កទាំងឡាយជាច្រើន ចោមរោមបុគ្គលអ្នកប្រកបដោយ​បុញ្ញកម្ម​នោះ សូម្បីកាលដើរទៅដើរមកសព្វៗ កាល។ ផ្ទះមានកំពូលប្រាសាទ និងទី​សម្រាប់ដេក មានតម្លៃច្រើន នឹងកើតក្នុងខណៈនោះ ព្រោះដឹងចិត្តរបស់បុគ្គលនេះ។ ដំរី ៦០ ពាន់ ដែលគេស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ជាដំរីដ៏ប្រសើរ មានខ្សែដង្គន់​មាស ប្រកបដោយគ្រឿងតាក់តែងក្បាលជាវិការៈនៃមាស។ ដំរីទាំងនោះ ដែលពួកហ្មមាន​ដៃកាន់​លំពែងស្នែងក្របី និងកង្វេរឡើងជិះហើយ នឹងបម្រើបុគ្គលនេះ នេះជាផលនៃ​ការថ្វាយ​តាំងជាវិការៈនៃកែវ។ សេះ ៦០ ពាន់ ប្រដាប់ដោយគ្រឿងអលង្ការទាំងពួង ជាអាជានេយ្យ អំពីកំណើត ជាសេះសិន្ធព ជាពាហនៈដ៏លឿន។ សេះទាំងនោះ ដែល​នាយ​សារថី មានដៃកាន់ធ្នូ និងខែលឡើងជិះហើយ នឹងបម្រើបុគ្គលនេះ នេះជាផល​នៃការ​ថ្វាយតាំង ជាវិការៈនៃកែវ។ រថទាំង ៦០ ពាន់ ដែលតាក់តែង​ដោយគ្រឿង​ប្រដាប់​គ្រប់យ៉ាង បិទបាំងដោយស្បែកខ្លាដំបង ខ្លាធំ ដែលគេប្រដាប់ហើយ លើកទង់ជ័យ មាន​ពួក​នាយសារថី មានដៃកាន់ធ្នូ និងខែល ឡើងជិះហើយ នឹងចោមរោមបុគ្គលនេះជានិច្ច នេះជាផលនៃការថ្វាយតាំងជាវិការៈនៃកែវ។ ពួកមេគោមានទឹកដោះ ៦០ ពាន់ មេគោ និងពួកគោឧសភដ៏ប្រសើរ នឹងញុំាងកូនទាំងឡាយឲ្យកើត នេះជាផលនៃការថ្វាយ​តាំង​ជាវិការៈនៃកែវ។ ពួកស្ត្រី ១៦ ពាន់ ស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង មានសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់កែវមុក្តា កែវមណី និងកុណ្ឌល ទាំងមានមុខទូលាយ មានមុខស្រស់ស្រាយ មានត្រគាកសាយ ទាំងមានចង្កេះរៀវ នឹងចោមរោមបុគ្គល​នេះ​ជានិច្ច នេះជាផលនៃការថ្វាយតាំងជាវិការៈនៃកែវ។ ក្នុងកប្ប ទី ១.៨០០ នឹងមានព្រះពុទ្ធ ព្រះនាមគោតម មានបញ្ញាចក្ខុ ទ្រង់កំចាត់បង់នូវងងឹតអន្ធការ ត្រាស់ដឹងក្នុងលោក។ បុគ្គល​នេះ មានសេចក្តីខ្វល់ខ្វាយ នឹងបួសព្រោះអាស្រ័យការឃើញនូវព្រះពុទ្ធអង្គនោះ បានញុំាង​ព្រះសាស្តាឲ្យត្រេកអរ នឹងរីករាយក្នុងសាសនា។ បុគ្គលនេះ បានស្តាប់ធម៌​របស់ព្រះពុទ្ធអង្គនោះហើយ នឹងដុតបំផ្លាញនូវកិលេសទាំងឡាយ កំណត់ដឹងនូវអាសវៈ​ទាំងពួង ជាបុគ្គលមិនមានអាសវៈ នឹងបរិនិព្វាន។

សេចក្តីព្យាយាមរបស់ខ្ញុំ គួរនាំទៅនូវធុរៈ ជាទីនាំមកនូវធម៌ដ៏ក្សេមចាកយោគៈ ខ្ញុំប្រាថ្នានូវ​ប្រយោជន៍ដ៏ឧត្តម ក្នុងសាសនា។ នេះជារាងកាយខាងក្រោយបំផុតរបស់ខ្ញុំ ភពជាទីបំផុត​របស់ខ្ញុំ កំពុងប្រព្រឹត្តទៅ ខ្ញុំមានអាសវៈទាំងពួងអស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមាន​ទៀតឡើយ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើង​ចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរ​ដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំដល់តាមលំដាប់ហើយ សាសនា​នៃព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះហេមកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ហេមកត្ថេរាបទាន។

ចប់ ភាណវារៈ ទី១៨។

តោទេយ្យត្ថេរាបទាន ទី៨

[១០៨] គ្រានោះ ក្នុងកេតុមតីបុរីដ៏ឧត្តម ព្រះរាជាព្រះនាមវិជិតជ័យ ជាស្តេចក្លៀវកា្ល បរិបូណ៌​ដោយព្យាយាម នៅគ្រប់គ្រងបុរី។ កាលព្រះរាជាអង្គនោះ ធ្វេសប្រហែសហើយ ពួកជនជាសត្រូវនៅក្នុងដែនឧត្តរៈ និងតុណ្ឌិកៈ បង្កគ្នាឡើង លុកលុយដែនក្នុង​កាល​នោះ។ កាលអ្នកបច្ចន្តគ្រាមបះបោរឡើងហើយ ព្រះរាជាទ្រង់ឲ្យប្រជុំគ្នា​យ៉ាង​ប្រញាប់ គឺទ្រង់ញុំាងអាមាត្យ និងរាជទូតទាំងឡាយឲ្យសង្កត់សង្កិនសត្រូវក្នុងកាលនោះ។ ពលដំរី ពលសេះ ពលពាក់គ្រឿងក្រោះ ពលកាន់ធ្នូ និងពលរថទាំងអស់ សុទ្ធតែជាអ្នកក្លៀវក្លា មកប្រជុំគ្នាក្នុងកាលនោះ។ ពួកអ្នកគ្រួ ពួកអ្នកខ្មាន់ព្រះកេស ពួកអ្នកផ្ងូតទឹក ពួកអ្នកធ្វើ​ផ្កាកម្រង​ទាំងអស់ សុទ្ធតែជាពួកពិជ័យសង្រ្គាមដ៏ក្លាហាន មកប្រជុំគ្នាក្នុងកាលនោះ។ ពួកបុរសមានដាវក្នុងដៃ មានធ្នូ និងខែលក្នុងដៃទាំងអស់ សុទ្ធតែជាពួកពិជ័យសង្រ្គាម​ដ៏កាច មកប្រជុំគ្នាក្នុងកាលនោះ។ ពួកដំរីដ៏ប្រសើរមានអាយុ ៦០ ឆ្នាំ មានខ្សែដង្គន់ និងគ្រឿង​ប្រដាប់ជាវិការៈនៃមាស សុទ្ធតែជាដំរីចុះប្រេង ៣ អន្លើ ទាំងអស់មក​ប្រជុំគ្នាក្នុង​ទីនោះ។ ក្រុមយុទ្ធនាធិការទាំងអស់ ដែលមានការងារធ្វើហើយ ជាអ្នកអត់ធ្មត់ចំពោះ​ត្រជាក់ ក្តៅ និងការបន្ទោបង់នូវលាមក មកប្រជុំគ្នាក្នុងកាលនោះ។ សំឡេងស័ង្ខ សំឡេង​ស្គរ ជាសំឡេងលាន់ឮឡើង ពួកជនទាំងអស់នោះរីករាយដោយសំឡេងនុ៎ះ មកប្រជុំគ្នា​ក្នុង​កាលនោះ។ ពួកជនទាំងអស់ ចាក់ផ្តួលដោយច្បូក កាំបិតចៀស្បែក ធ្នូ និងលំពែង​ស្នែងក្របី មកប្រជុំគ្នាក្នុងកាលនោះ។ កាលនោះ ខ្ញុំហ្នឹងឯង ជាស្តេចឈ្នះ​សង្គ្រាម​ដែលគេ​មិនធ្លាប់ឈ្នះ ពាក់គ្រឿងក្រោះ បានយកដែកស្រួចចាក់សត្វ ៦០ ពាន់ឲ្យតក់ស្លុត។ ពួកមនុស្ស​បានស្រែកកងរំពងថា ឱហ្ន៎ ស្តេចនេះ មិនប្រកបដោយធម៌ទេ កាលបើ​ស្តេច​នេះ​ទៅឆេះក្នុងនរក កាលណា កាលនោះយើងទើបនឹងមានទីបំផុតនៃទុក្ខ។ កាលនោះ ខ្ញុំដេកលើដំណាក់ ស្រាប់តែឃើញសត្វនរក ខ្ញុំដេកឥតលក់ទាំងថ្ងៃទាំងយប់ ពួក​និរយបាល​ទាំងនោះ គម្រាមខ្ញុំដោយដែកស្រួច។ ខ្ញុំគិតថា ប្រយោជន៍អ្វីដោយរាជ្យ ពាហនៈ និងពល ដែលអញប្រមាទហើយ រាជ្យ និងពលទាំងនោះ មិនអាចទ្រទ្រង់​អញបាន​ឡើយ មានតែញុំាងអញឲ្យតក់ស្លុតសព្វៗ កាល។ ប្រយោជន៍អ្វីដោយកូនប្រពន្ធ និងរាជ្យទាំងអស់របស់អញ បើដូច្នោះ អាត្មាអញគួរតែបួស និងជម្រះផ្លូវសម្រាប់ទៅកាន់ (ព្រះនិព្វាន)។ ខ្ញុំឥតអាឡោះអាល័យ បានលះបង់ពួកដំរី ៦០ ពាន់ ដែលប្រដាប់​ដោយគ្រឿងអលង្ការគ្រប់យ៉ាង ជាដំរីដ៏ប្រសើរ មានខ្សែដង្គន់មាស ប្រកបដោយ​គ្រឿង​តាក់តែងក្បាល ជាវិការៈនៃមាស ដែលពួកហ្មដំរីមានដៃកាន់លំពែងស្នែងក្របី និងកង្វេរ​ឡើង​ជិះហើយ ក្នុងទីសមរភូមិ ខ្ញុំក្តៅក្រហាយសព្វដោយកម្មរបស់ខ្លួន ហើយចេញទៅ​កាន់ផ្នួស។ ខ្ញុំលះចោលនូវសេះ ៦០ ពាន់ ដែលប្រដាប់ដោយគ្រឿងអលង្ការទាំងពួង នូវសេះ​អាជានេយ្យអំពីកំណើត និងសេះសិន្ធវៈ ជាពាហនៈដ៏លឿន ដែលពួក​នាយសារថី​មានធ្នូក្នុងដៃ និងពាក់គ្រឿងក្រោះឡើងជិះហើយ ទាំងអស់នោះ ហើយចេញទៅ​កាន់ផ្នួស។ ខ្ញុំបានលះបង់នូវរាជរថចំនួន ៦០ ពាន់ ដែលប្រដាប់ដោយ​គ្រឿងអលង្ការ​គ្រប់​យ៉ាង ដែលប្រកបស្រោបបិទបាំងដោយស្បែកខ្លាងដំបង និងខ្លាធំ មានទង់ជ័យលើក​ឡើង ទាំងអស់នោះ ហើយចេញទៅកាន់ផ្នួស។ ខ្ញុំលះបង់នូវមេគោដែលមានទឹកដោះ ៦០ ពាន់ និងគ្រឿងសម្រាប់ទ្រភាជន៍ទាំងអស់ ហើយចូលទៅកាន់ផ្នួស។ ខ្ញុំលះបង់ពួកស្រី ៦០ ពាន់ ដែលស្អិតស្អាងដោយគ្រឿងអលង្ការគ្រប់យ៉ាង មានសំពត់ និងគ្រឿងអាភរណៈ​ដ៏វិចិត្ត ពាក់កែវមណី និងកុណ្ឌល មានមុខទូលាយ មានមុខស្រស់ស្រាយ មាន​ត្រគាកសាយ មានចង្កេះមូលរៀវ កំពុងកន្ទក់កន្ទេញទាំងនោះ ហើយចូលទៅកាន់ផ្នួស។ ខ្ញុំលះបង់ស្រុក ៦០ ពាន់ បរិបូណ៌ដោយវត្ថុគ្រប់យ៉ាង និងរាជ្យនោះ ហើយចូលទៅ​កាន់​ផ្នួស។ ខ្ញុំចេញចាកនគរហើយ ចូលទៅកាន់ព្រៃហេមពាន្ត សាងអាស្រមមួយទៀប​ឆ្នេរស្ទឹង​ភាគីរសី។ ខ្ញុំធ្វើបណ្ណសាលារួចហើយ ធ្វើរោងភ្លើង ខ្ញុំមានព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅហើយក្នុងអាស្រម។ កាលខ្ញុំចម្រើនឈាននៅក្នុងមណ្ឌបក្តី ទៀបគល់​ឈើក្តី ក្នុងផ្ទះស្ងាត់ក្តី ខ្ញុំមិនមានសេចក្តីតក់ស្លុតឡើយ ខ្ញុំមិនដែលចួបប្រទះភ័យ​ដែលគួរ​ឲ្យ​ខ្លាចឡើយ។ ព្រះសម្ពុទ្ធ ព្រះនាមសុមេធ ជាអ្នកប្រាជ្ញដ៏ប្រសើរ ប្រកបដោយករុណា ទ្រង់រុងរឿងដោយពន្លឺគឺញាណ កើតឡើងក្នុងលោក ក្នុងខណៈនោះឯង។ យក្សមួយមាន​ឫទ្ធិច្រើន នៅជិតអាស្រមរបស់ខ្ញុំ កាលព្រះពុទ្ធដ៏ប្រសើរកើតឡើងហើយ ក៏ប្រាប់ខ្ញុំក្នុង​កាលនោះថា ព្រះពុទ្ធព្រះនាមសុមេធ មានបញ្ញាចក្ខុកើតហើយក្នុងលោក ទ្រង់ញុំាងប្រជុំ​ជន​ទាំងអស់ឲ្យឆ្លងហើយ ទ្រង់មុខជាចម្លងអ្នកដែរ។ ខ្ញុំមានសេចក្តីស្ញប់ស្ញែងកើតឡើង ក្នុងខណៈនោះ ព្រោះឮពាក្យយក្សនោះ ខ្ញុំគិតថា ព្រះពុទ្ធ ព្រះពុទ្ធ ហើយរៀប​ចំនូវ​អាស្រម។ ខ្ញុំលះបង់ឧសសម្រាប់ដុតភ្លើង រៀបក្រាលកម្រាល រួចថ្វាយបង្គំអាស្រម ហើយ​ចេញអំពីព្រៃធំ។ ខ្ញុំកាន់យកខ្លឹមចន្ទន៍អំពីព្រៃធំនោះ ហើយចេញពីស្រុកមួយចូលទៅ​កាន់​ស្រុក​មួយ ចេញពីបុរីមួយ ចូលទៅកាន់បុរីមួយ ស្វែងរកព្រះពុទ្ធ ជាទេវតាដ៏ប្រសើរជាង​ទេវតា ហើយចូលគាល់ព្រះលោកនាយក។

សម័យនោះឯង ព្រះមានព្រះភាគ ព្រះនាមសុមេធ ជាលោកនាយក ទ្រង់កំពុងប្រកាសនូវ​សច្ចៈ ៤ ញុំាងប្រជុំជនដ៏ច្រើននាក់ឲ្យត្រាស់ដឹង។ ខ្ញុំផ្គងអញ្ជលីប្រណម្យលើក្បាល ថ្វាយ​បង្គំ​ព្រះសម្ពុទ្ធ ហើយពោលនូវគាថាទាំងនេះថា កាលបើផ្កាម្លិះកំពុងរីក ក្លិននោះ ក៏ផ្សាយ​ទៅបានតែក្នុងទីជិត កាលបើផ្កាចម្បា ផ្កាខ្ទឹង ផ្កាម្លិះ ផ្ការំដួល ផ្កាការកេត និងផ្ការាំង​កំពុងរីក ក្លិនក៏ផ្សាយទៅបានតែក្នុងទីបណ្តោយខ្យល់ បពិត្រព្រះអង្គជាមហាវីរបុរស ព្រះអង្គ​តែងផ្សាយដោយក្លិនគឺគុណធម៌ សព្វទិសទី។ ខ្ញុំព្រះអង្គចេញចាកព្រៃហិមពាន្ត​មក​ក្នុងទីនេះ ព្រោះបានធុំក្លិនព្រះអង្គ បពិត្រព្រះអង្គជាមហាវីរបុរស ទ្រង់ប្រសើរបំផុត​ក្នុងលោក មានយសច្រើន ខ្ញុំព្រះអង្គសូមបូជាចំពោះព្រះអង្គ។ ខ្ញុំបានលប់លាប​ព្រះសុមេធ ជាលោកនាយក ដោយខ្លឹមចន្ទន៍ដ៏ប្រសើរ រួចហើយញុំាងចិត្តរបស់​ខ្លួនឲ្យ​ជ្រះថ្លា អង្គុយនៅស្ងៀមក្នុងខណៈនោះ។

ព្រះមានព្រះភាគ ព្រះនាមសុមេធ ប្រសើរបំផុតក្នុងលោក ប្រសើរជាងពួកនរៈ ទ្រង់គង់​ក្នុង​ភិក្ខុសង្ឃ ហើយត្រាស់គាថាទាំងនេះថា បុគ្គលណា បានសរសើរគុណតថាគត ទាំងបានបូជាខ្លឹមចន្ទន៍ដល់តថាគត តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតនឹងសម្តែងចុះ។ បុគ្គលនេះ នឹងមានពាក្យសំដីគេគួរជឿ ជាបុគ្គលប្រសើរ មានចិត្តត្រង់ មានព្យាយាមដុតកំដៅកិលេស មានពន្លឺអស់ ២៥ កប្ប។ បុគ្គលនេះ នឹងត្រេកអរក្នុងទេវលោក អស់ ២៦ រយកប្ប នឹងបានជាស្តេចចក្រពត្តិ អស់មួយពាន់ដង នឹងបានជាព្រះឥន្រ្ទ សោយរាជ្យជាស្តេចទេវតា អស់ ៣៣ ដង នឹងបាន​សោយ​ប្រទេសរាជ្យ​ដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប។ មនុស្សនេះឯង លុះច្យុតចាក​ទីនោះមក នឹងបានទៅកើតជាមនុស្ស ប្រកបដោយបុញ្ញកម្ម នឹងមានផៅពង្សដ៏ប្រសើរ។ ព្រាហ្មណ៍ម្នាក់ ឈ្មោះពាវរី ជាអ្នកស្វាធ្យាយមន្ត ចេះចាំមន្ត ដល់នូវត្រើយវេទទាំង ៣ បរិបូណ៌ដោយលក្ខណៈ ៣ យ៉ាង។ បុគ្គលនេះ នឹងបានជាសិស្សពាវរីព្រាហ្មណ៍នោះ ជាអ្នកដល់ត្រើយនៃមន្ត បានចូលគាល់ព្រះសម្ពុទ្ធ ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ។

ខ្ញុំបានទូលសួរនូវប្រស្នាដ៏ល្អិត ហើយញុំាងចិត្តឲ្យរីករាយ កំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ ភ្លើង ៣ យ៉ាង របស់ខ្ញុំ បានរលត់ហើយ ភពទាំងពួង ខ្ញុំបាន​ដកចោលហើយ ខ្ញុំកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ កិលេស​ទាំងពួង ខ្ញុំបានដុតបំផ្លាញចោលហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាអ្នក​មិនមាន​អាសវៈ ដូចដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមក​ក្នុងសំណាក់​នៃព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបាន​ធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះតោទេយ្យត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ តោទេយ្យត្ថេរាបទាន។

ជតុកណ្ណិកត្ថេរាបទាន ទី៩

[១០៩] កាលនោះ ខ្ញុំកើតជាសេដ្ឋីបុត្រ នៅក្នុងនគរហង្សវតី ជាអ្នកឆ្អែតស្កប់ស្កល់ដោយ​កាមគុណ​ទាំងឡាយ ញុំាងគេឲ្យចោមរោម។ កាលនោះ ខ្ញុំឡើងកាន់ប្រាសាទទាំង ៣ ប្រើប្រាស់ភោគៈច្រើន ញុំាងគេឲ្យចោមរោមដោយការរាំច្រៀង ក្នុងប្រាសាទនោះ។ តូរ្យតន្រ្តី​ប្រកបដោយការប្រគំដ៏ពីរោះ ដែលគេនាំមកដើម្បីខ្ញុំ ពួកស្រីទាំងអស់ កាល​ត្រេកអរ រមែងដឹកនាំនូវចិត្តខ្ញុំ។ ពួកស្រីកំពុងពេញល្បែង ពួកស្រីតឿ ពួកស្រីពេញរូបរាង ពួកស្រីចំទង់ ពួកស្រីឡើងរ៉ាវ និងពួកស្រីត្លុក តែងចោមរោមខ្ញុំសព្វៗ កាល។ ពួកអ្នកប្រគំ ពួកអ្នកដំស្គ ពួកអ្នករបាំ ជាច្រើនគ្នា ពួករបាំប្រុសស្រី តែងចោមរោមខ្ញុំសព្វៗ កាល។ ពួកជាងកំណោរ ពួកអ្នកផ្ងូតទឹក ពួកអ្នកដាំស្ល ពួកអ្នកធ្វើផ្កាកម្រង ពួកសុបាសកជន ពួកអ្នកប្រដាល់ ពួកអ្នកចំបាប់ទាំងអស់នោះ តែងចោមរោមខ្ញុំសព្វៗ កាល។ កាលពួក​ជនទាំងនុ៎ះ កំពុងលេងក្នុងការបាញ់ធ្នូដែលសិក្សាស្ទាត់ហើយ ខ្ញុំឥតស្គាល់យប់ និងថ្ងៃ​ឡើយ ដូចជាព្រះឥន្រ្ទឋិតនៅក្នុងតាវត្តិង្សបុរី។ ពួកអ្នកដើរផ្លូវ ពួកអ្នកកំព្រា ពួកយាចក ពួកអ្នកដើរជាច្រើនគ្នា អ្នកទាំងអស់នោះ តែងចូលទៅសុំទានក្នុងផ្ទះខ្ញុំជានិច្ច។ ពួក​សមណៈ និងព្រាហ្មណ៍ជាបុញ្ញក្ខេត្តដ៏ប្រសើរ ញុំាងបុណ្យឲ្យចម្រើនដល់ខ្ញុំ តែងមកកាន់​ផ្ទះខ្ញុំ។ ពួកនិគ្រន្ថទាំងអស់នោះ គឺពួកបដកៈ លដុកៈ បុប្ផសាដកៈ ទណ្ឌិកៈ ឯកសិខៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកប្រព្រឹត្តចិញ្ចឹមជីវិតដោយប្រពៃ ពួកអ្នកប្លន់ដណ្តើមទ្រព្យគេ ពួកអ្នកប្រព្រឹត្តធម៌ដូចគោ ពួកអ្នកប្រព្រឹត្តធម៌ដូចទេវតា ពួកអ្នកទ្រទ្រង់ល្អងធូលីទាំងនុ៎ះ តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកប្រព្រឹត្តធម៌ ពួកអ្នកដល់នូវការសម្រេចហេតុផ្សេងៗ ពួកអ្នក​ប្រជុំគ្នារម្ងាប់ការក្រោធ ពួកអ្នកមានតបៈ និងពួកអ្នកប្រព្រឹត្តនៅក្នុងព្រៃជាច្រើន តែងមក​កាន់ផ្ទះខ្ញុំ។ ពួកជនខ្វាក់ ពួកទមិឡ ពួកអ្នកដែនសាកុឡៈ ពួកអ្នកដែនមលយាលកៈ ពួកអ្នក​ដែនសវរៈ និងពួកអ្នកដែនយោនកៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកដែនគន្ធកៈ ពួកអ្នក​ដែនមុណ្ឌកៈ ពួកអ្នកដែនកុដ្ឋលៈ ពួកអ្នកដែនសានុវិន្ទកៈ ពួកអ្នកដែនអារាព និងពួក​អ្នកដែនចិន តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកអាស្រ័យនៅភ្នំអលសន្ទកៈ ពួកអ្នក​អាស្រ័យ​នៅភ្នំបល្លវៈ ពួកអ្នកឡើងកំពូលភ្នំ និងពួកចេតបុត្ត អ្នកនៅក្រៅដែន តែងមក​កាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនមធុរៈ ពួកជនអ្នកនៅក្នុងដែនកោសល ពួកជនអ្នក​នៅក្នុង​ដែនកាសី ពួកជនអ្នកនៅក្នុងដែនហត្ថិបុរី ពួកជនអ្នកនៅក្នុងដែនឥសិន្ទៈ និងពួក​ជន​អ្នកនៅក្នុងដែនមក្កលៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនចេលាវកៈ ពួកជន​អ្នកនៅក្នុងដែនអារម្ពៈ ពួកជនអ្នកនៅក្នុងដែនឱភាសៈ ពួកជនអ្នកនៅក្នុងដែនមេឃលៈ ពួកជនអ្នកនៅក្នុងដែនខុទ្ទកៈ និងពួកជនអ្នកនៅក្នុងដែនសុទ្ទកៈជាច្រើន តែងមកកាន់​ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនរោហកៈ ពួកជនអ្នកនៅក្នុងដែនសិន្ទវៈ ពួកជនអ្នកនៅ​ក្នុងដែនចិត្តកៈ ពួកជនអ្នកនៅក្នុងដែនឯកកណ្ណិកៈ ពួកជនអ្នកនៅក្នុងដែនសុរដ្ឋៈ និងពួក​ជនអ្នកនៅក្នុងដែនអបរន្តៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកកុមារនៅក្នុងដែនសុបារកៈ នៅក្នុង​ដែនមលយៈ នៅក្នុងសោណភូមិ នៅក្នុងដែនវិជ្ជហារ ពួកជនទាំងអស់នោះ តែងមក​កាន់ផ្ទះខ្ញុំ។ ពួកជាងផ្កាកម្រង ពួកជាងតម្បាញ ពួកជាងធ្វើស្បែក ពួកជាងចាំងឈើ ពួកអ្នកធ្វើការងារ និងពួកស្មូនឆ្នាំង តែងមកកាន់ផ្ទះខ្ញុំ។ ពួកជាងកែវមណី ពួកជាង​លោហៈ ពួកជាងមាស ពួកជាងត្បាញសំពត់ និងពួកជាងសំណ ទាំងអស់នោះ តែង​មកកាន់ផ្ទះខ្ញុំ។ ពួកជាងកូនសរ ពួកជាងក្រឡឹង ពួកជាងតម្បាញ ពួកអ្នកធ្វើទឹកអប់ ពួកជាងជ្រលក់ និងពួកជាងជុល តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកស្លប្រេង ពួកអ្នកនាំឧស ពួកអ្នកដងទឹក ពួកអ្នកចិញ្រ្ចាំសាច់ ពួកអ្នកដាំស្ល និងពួកអ្នកឈ្លាសវៃក្នុងសំឡេង តែងមក​កាន់ផ្ទះខ្ញុំ។ ពួកអ្នកចាំទ្វារ ពួកអ្នករក្សាអង្គ ពួកអ្នកក្រងផ្កា ពួកអ្នកចាក់ចោលផ្កា ពួកអ្នកជិះដំរី និងពួកគង្វាលដំរី តែងមកកាន់ផ្ទះខ្ញុំ។ ខ្ញុំបានឲ្យសាមគ្គី ដល់ស្តេច​ឈ្មោះអានន្ទៈ ខ្ញុំបំពេញសេចក្តីខ្វះខាតដោយរតនៈមានពណ៌ ៧។ ពួកជនជាច្រើន​ទាំង​អស់ណា មានវណ្ណៈផ្សេងៗគ្នា ដែលខ្ញុំបានពណ៌នារួចហើយ ខ្ញុំដឹងចិត្តនៃជននោះ ហើយ​ឲ្យឆ្អែតស្កប់ស្កល់ដោយរតនវត្ថុ។ កាលបើគេនិយាយពាក្យពីរោះ កាលបើគេទួងស្គរឡើង កាលបើគេផ្លុំស័ង្ខឡើង ខ្ញុំត្រេកអរតែក្នុងផ្ទះរបស់ខ្លួន។ សម័យនោះ ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ព្រមទាំងព្រះខីណាស្រពមួយសែនអង្គ កើតមានឡើងហើយ។ ព្រះសម្ពុទ្ធ​មានចក្ខុ ព្រមដោយភិក្ខុទាំងឡាយ ទ្រង់ស្តេចទៅតាមថ្នល់ រុងរឿងដូច​ជាដើមទីបព្រឹក្ស ដែលញុំាងទិសទាំងពួងឲ្យភ្លឺ។ កាលបើព្រះលោកនាយកស្តេចយាងទៅ ស្គរទាំងពួង ក៏លាន់ឮឡើង រស្មីរបស់ព្រះពុទ្ធក៏ផ្សាយចេញទៅ ហាក់ដូចព្រះអាទិត្យ​ទើបនឹងរះ។ ខណៈនោះ ពន្លឺដ៏ធំទូលាយ ចាំងចូលទៅក្នុងផ្ទះទាំងឡាយ ដោយរស្មីផ្សាយ​ចូលទៅតាមចន្លោះសន្ទះទ្វារ។ ខ្ញុំបានឃើញរស្មីរបស់ព្រះពុទ្ធហើយ បានប្រាប់​បរិស័ទខ្ញុំថា ព្រះពុទ្ធដ៏ប្រសើរ ស្តេចយាងមកតាមថ្នល់នេះដោយឥតសង្ស័យ។ ខ្ញុំបានចុះ​អំពី​ប្រាសាទដោយរហ័ស ទៅរង់ចាំពាក់កណ្តាលផ្លូវ ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយក្រាប​បង្គំទូលថា សូមព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ អនុគ្រោះដល់ខ្ញុំព្រះអង្គ។ ព្រះពុទ្ធជាអ្នក​ប្រាជ្ញអង្គ​នោះ ទ្រង់ទទួលនិមន្ត មួយអន្លើដោយពួកភិក្ខុមួយសែនអង្គ។ លុះខ្ញុំនិមន្ត​ព្រះសម្ពុទ្ធរួច​ហើយ នាំព្រះអង្គទៅឯផ្ទះរបស់ខ្ញុំ ញុំាងព្រះមហាមុនីឲ្យឆ្អែតស្កប់ស្កល់​ដោយ​បាយ និងទឹក ក្នុងផ្ទះនោះ។ ខ្ញុំបានដឹងកាលដ៏គួរនៃព្រះពុទ្ធដ៏ប្រសើរ ជាតាទិបុគ្គល ទ្រង់ឆាន់​រួចហើយ ក៏បម្រើព្រះពុទ្ធដ៏ប្រសើរដោយតូរ្យតន្រ្តី ព្រមទាំងចម្រៀង។ ព្រះសម្ពុទ្ធ ទ្រង់ព្រះនាមបទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវលោក គួរទទួលគ្រឿងបូជា ទ្រង់គង់នៅ​ខាងក្នុងផ្ទះ ហើយត្រាស់គាថាទាំងនេះថា

បុគ្គលណា បានបម្រើតថាគតដោយតូរ្យតន្រ្តីផង បានថ្វាយបាយ និងទឹកផង ដល់តថាគត តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគតនឹងសម្តែងដូចតទៅនេះ នរៈនេះ នឹងមានគ្រឿងបរិភោគច្រើន ព្រមទាំងមាសប្រាក់ ភោជន និងបានសោយ​ឯករាជ្យក្នុងទ្វីប ៤។ នរៈនេះ នឹងសមាទានសីល ៥ ត្រេកអរក្នុងកុសលកម្មបថ ១០ ប្រព្រឹត្តសមាទានកុសលធម៌ ហើយនឹងញុំាងបរិស័ទឲ្យសិក្សា។ តូរ្យតន្រ្តីមួយសែន និងពួកនារីមានខ្លួនប្រដាប់ប្រពៃ តែងគាល់បម្រើនរៈនេះជានិច្ច នេះជាផលនៃការបម្រើ។ នរៈនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៣០ ពាន់កប្ប បានជាព្រះឥន្រ្ទ​សោយរាជ្យ​ជាស្តេច​ទេវតា អស់ ៦៤ ដង។ នឹងបានជាស្តេចចក្រពត្តិ អស់ ៧៤ ដង បានសោយ​ប្រទេសរាជ្យ​ដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប។ កន្លងទៅមួយសែនកប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម កើតក្នុងត្រកូលព្រះបាទឱក្កាករាជ្យ ត្រាស់ដឹង​ក្នុង​លោក។ នរៈនេះ បើចូលទៅកាន់កំណើតណា ទោះជាទេវតា ឬជាមនុស្ស នឹងជាអ្នកមាន​ភោគៈមិនខ្វះខាត ក្នុងបច្ឆិមជាតិ នឹងបាននូវភាពជាមនុស្ស។ ក្នុងកាលនោះ នរៈនេះ ជាអ្នក​ស្វាធ្យាយមន្ត ដល់នូវត្រើយនៃវេទទាំង ៣ កាលស្វែងរកប្រយោជន៍ដ៏ឧត្តម នឹងត្រាច់​ទៅតាមផែនដី។ នរៈនោះ លុះកាលជាខាងក្រោយ ក៏ចេញបួស ត្រូវកុសលមូល​ដាស់តឿន នឹងតេ្រកអរក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមគោតម។ នរៈនេះ នឹងញុំាង​ព្រះសម្ពុទ្ធ ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ ឲ្យប្រោសប្រាណ នឹងដុតកំដៅ​នូវ​កិលេសទាំងឡាយ ហើយបានជាព្រះអរហន្ត។

ថ្ងៃនេះ ខ្ញុំនៅក្នុងសាសនានៃព្រះពុទ្ធជាសក្យបុត្រ ខ្ញុំឥតភ័យ ដូចជាស្តេចខ្លាធំ ឬដូចជា​កេសររាជសីហ៍ ជាស្តេចម្រឹគនៅក្នុងព្រៃ។ ខ្ញុំមិនដែលឃើញនូវកំណើតរបស់ខ្ញុំក្នុង​ទេវលោក​កំសត់ ឬក្នុងកំណើតមនុស្សកំសត់ ឬក៏ក្នុងទុគ្គតិឡើយ នេះជាផល​នៃការ​បម្រើ។ ខ្ញុំជាអ្នកប្រកបក្នុងវិវេក ជាអ្នកមានចិត្តស្ងប់ មិនមានឧបធិ មិនមានអាសវៈ ដូចជា​ដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះជតុកណ្ណិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ជតុកណ្ណិកត្ថេរាបទាន។

ឧទេនត្ថេរាបទាន ទី១០

[១១០] មានភ្នំមួយឈ្មោះបទុម នៅជិតព្រៃហិមពាន្ត ខ្ញុំបានធ្វើអាស្រមមួយយ៉ាងល្អ ទាំងសាង​បណ្ណសាលាមួយដ៏ល្អដែរ។ នៅជិតអាស្រមនោះ មានស្ទឹងដែលមានកំពង់ល្អ ជាទីរីករាយនៃចិត្ត ស្ទឹងទាំងនោះ មានទឹកថ្លា មានទឹកត្រជាក់ តែងហូរទៅសព្វៗកាល។ កាលនោះ ពួកត្រីស្លាត ត្រីក្បក ត្រីក្រាញ់ ត្រីសណ្តាយ ត្រីថ្ពិន ត្រីទាំងនុ៎ះ នៅក្នុងស្ទឹង នាំឲ្យល្អស្ទឹង។ ស្ទឹងនោះ ដ៏ដេរដាសដោយដើមស្វាយ ដើមព្រីង ដើមថ្ងាន់ ដើម​ដង្កៀបក្តាម ដើមរាជព្រឹក្ស និងដើមច្រនៀង នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ដើមអង្កោល វល្លិបាស មានផ្ការីក ជាឈើធ្វើដូចជាមានកិច្ចកល មានក្លិនផ្សព្វផ្សាយទៅ នាំឲ្យល្អ​អាស្រម​របស់ខ្ញុំ។ ដើមរំដួល ម្លិះរួត ខ្ទឹង រាំងភ្នំ មានផ្ការីក មានក្លិនជាទិព្វ សាយភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ដើមស្រូល ដើមស្រល់ ដើមក្ទម្ព មានផ្ការីក ដូចជាធ្លាក់​មកក្នុងដៃ មានក្លិនជាទិព្វ សាយភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ដើមសម៉ កន្ទួតព្រៃ ស្វាយ ព្រីង សម៉ពិភេទក៍ ពទ្រា រាក់ខ្មៅ ព្នៅ ជាឈើមានផ្លែច្រើន នៅជិតអាស្រមរបស់ខ្ញុំ។ ដើមក្លាំពាក់ និងដើមចេក បញ្ចេញផ្កា ជិតអាស្រមរបស់ខ្ញុំនោះ ក្លិនជាទិព្វ សាយភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ដើមអសោក វរីព្រឹក្ស និងដើមស្តៅ ជាឈើមានផ្ការីក ក្លិនជាទិព្វ សាយភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ដើមក្រូចឆ្មារ ក្រូចភ្លា និងតិមិរព្រឹក្ស មានផ្ការីក ក្នុងទីនោះ ក្លិនជាទិព្វ សាយភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ និគ្គុណ្ឌិព្រឹក្ស សរិនិគ្គុណ្ឌិព្រឹក្ស និងដើមចម្បា មានផ្ការីកក្នុងទីនោះ ក្លិនជាទិព្វ សាយភាយទៅ នាំឲ្យល្អ​អាស្រមរបស់ខ្ញុំ។ ស្រះបោក្ខរណីនៅជិត (អាស្រមនោះ) មានពួកសត្វចាក្រពាកយំគឹកកង ដេរដាសដោយផ្កាលំចង់ ផ្កាឈូក និងផ្កាឧប្បល។ (ស្រះបោក្ខរណីនោះ) មានទឹកថ្លា មានទឹកត្រជាក់ មានកំពង់ល្អ ជាទីរីករាយនៃចិត្ត មានទឹកថ្លា ដូចជាកែវផលិក នាំឲ្យល្អ​អាស្រមរបស់ខ្ញុំ។ ឈូកក្រហម ឈូកស និងឧប្បល បញ្ចេញផ្កាក្នុងស្រះនោះ ដេរដាស​ដោយផ្កា​លំចង់ទាំងឡាយ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ពួកត្រីស្លាត ត្រីក្បក ត្រីក្រាញ់ ត្រីសណ្តាយ ត្រីថ្ពិន ពួកត្រីទាំងនោះ ហែលទៅមកក្នុងស្រះនោះ នាំឲ្យល្អអាស្រម​របស់​ខ្ញុំ។ ក្រពើ ក្រពា អណ្តើក ជាសត្វចាប់គេស៊ី និងពស់ថ្លាន់ ជាសត្វរួបរឹត នាំឲ្យល្អ​អាស្រម​របស់ខ្ញុំ។ ពួកព្រាប ប្រវឹក ចាក្រពាក ក្អែកទឹក ត្រដេវវិច និងសាលិកា នាំឲ្យល្អអាស្រម​របស់ខ្ញុំ។ នយិតាព្រឹក្ស ស្វាយក្រអូប ដើមការកេត មានផ្ការីក ក្នុងទីនោះ ក្លិនជាទិព្វ សាយ​ភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន ត្រាច់ទៅ​មករឿយៗ ក្នុងព្រៃធំ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ (ពួកតាបស) ពេញដោយ​ភារៈគឺផ្នួងសក់ ស្លៀកពាក់សំពត់ស្បែកខ្លា ត្រាច់ទៅរឿយៗ ក្នុងព្រៃធំ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ តាបស​ពួកខ្លះ ទ្រទ្រង់ស្បែកខ្លា មានប្រាជ្ញាចាស់ ប្រព្រឹត្តស្ងប់រម្ងាប់ ជាអ្នកមានអាហារតិច តាបសទាំងអស់នោះ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ គ្រានោះ តាបសទាំងនោះ កាន់យក​នូវដងរែក និងសង្រែក ចូលទៅក្នុងព្រៃ បរិភោគមើមឈើ និងផ្លែឈើ នៅជិតអាស្រម​របស់ខ្ញុំ។ តាបសទាំងនោះ មិនបាននាំមកនូវឧស និងទឹកសម្រាប់លាងជើងឡើយ (វត្ថុទាំង​នោះ) គឺទេវតានាំមកដោយខ្លួនឯង ដោយអានុភាពនៃតាបសទាំងអស់។ ពួកឥសី ៨៤ ពាន់រូប មកប្រជុំគ្នា​ក្នុងទីនោះ ពួកឥសីទាំងអស់នុ៎ះ សុទ្ធតែជាអ្នកមានឈាន ស្វែងរក​ប្រយោជន៍​ដ៏ឧត្តម។ ក្នុងកាលនោះ ឥសីទាំងអស់នោះ ជាអ្នកមានតបៈ ប្រព្រឹត្តធម៌ដ៏​ប្រសើរ មានអប្បនាឈានដាស់តឿនហើយ ត្រាច់ទៅតាមអាកាស នៅជិតអាស្រម​របស់​ខ្ញុំ។ ពួកឥសីទាំងនោះ ជាអ្នកមានចិត្តនឹងធឹង មានកិរិយាប្រព្រឹត្តស្ងប់ ប្រជុំគ្នា​អស់ ៥ ថ្ងៃ ថ្វាយបង្គំលាគ្នា និងគ្នា មានមុខឆ្ពោះទៅកាន់ទិស ហើយចៀសចេញទៅ។ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ឈ្នះសត្រូវ ព្រះអង្គកំចាត់បង់ងងឹត ទ្រង់កើតឡើង​ក្នុងខណៈនោះ។ មានយក្សមួយ មានឫទ្ធិច្រើន នៅជិតអាស្រមរបស់ខ្ញុំ យក្សនោះសរសើរ​ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ប្រាប់ខ្ញុំថា ព្រះពុទ្ធអង្គនុ៎ះ ជាមហាមុនី ព្រះនាមបទុមុត្តរៈ ទ្រង់កើតឡើងហើយ ម្នាលអ្នកនិទ៌ុក្ខ អ្នកចូរទៅគាល់ព្រះសម្ពុទ្ធ​យ៉ាង​ឆាប់ៗ ខ្ញុំបានឮពាក្យយក្យហើយ មានចិត្តជ្រះថ្លា រៀបចំអាស្រមស្រេចហើយ ក៏ចេញអំពី​ព្រៃធំក្នុង​កាលនោះ។ កាលបើសំពត់​ត្រូវភ្លើងឆេះអស់ហើយ ខ្ញុំចេញអំពីអាស្រម​នៅអស់​មួយរាត្រី ហើយចូលទៅរកព្រះលោកនាយក។ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់​នូវលោក គួរទទួលនូវគ្រឿងបូជា ទ្រង់កំពុងប្រកាសសច្ចៈ ៤ សម្តែងនូវអមតបទ​គឺ​ព្រះនិព្វាន។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ កាន់យកផ្កាឈូករីកល្អ ចូលទៅថ្វាយ​ព្រះមហេសី ហើយថ្វាយបង្គំព្រះពុទ្ធ។ ខ្ញុំបូជាព្រះសម្ពុទ្ធ ជាលោកនាយក ព្រះនាម​បទុមុត្តរៈ រួចហើយធ្វើស្បែកខ្លាឆៀងស្មាម្ខាង ហើយពោលសរសើរព្រះលោកនាយកថា ព្រះសម្ពុទ្ធ​ជាបុគ្គលមិនមានអាសវៈ គង់នៅក្នុងទីនេះ ដោយញាណណា ខ្ញុំសរសើរនូវ​ញាណនោះ អ្នកទាំងឡាយចូរស្តាប់ខ្ញុំនឹងសម្តែង។ ព្រះអង្គកាត់នូវខ្សែ​សំសារវដ្តបាន​ហើយ ទ្រង់ញុំាងសព្វសត្វទាំងឡាយ ឲ្យឆ្លងផុតបានទៀត ពួកសត្វទាំងនោះ ឆ្លងនូវខ្សែ​នៃតណ្ហាបាន ព្រោះតែបានស្តាប់ធម៌របស់ព្រះអង្គ។ មិនតែប៉ុណ្ណោះ ព្រះអង្គជាគ្រូ ជាទី​ប្រព្រឹត្ត​ទៅ​ក្នុងលោកខាងមុខរបស់សត្វទាំងឡាយ ជាទីពឹង ជាប្រទីបដ៏ឧត្តមជាង​សត្វ​ជើង​ពីរ ដូចជាទង់ ឬដូចជាទង់ជ័យ ពុំនោះសោត ដូចប្រាសាទ។ ពួកឈ្មួញជា​ច្រើនក្រុម​ទាំង​​ប៉ុន្មានក្នុងលោក តែងពោលថា ព្រះអង្គជាបុគ្គលប្រសើរ ប្រកបដោយបញ្ញា ពួកជន​ទាំងនោះ សុទ្ធតែលុះក្នុងសំណាញ់ញាណ​របស់ព្រះអង្គ។ ព្រះអង្គប្រកបដោយបញ្ញា ទ្រង់ញុំាងប្រជុំជនច្រើនឲ្យឆ្លងទុក្ខ ដោយញាណរបស់ព្រះអង្គ ជនទាំងឡាយ នឹងធ្វើនូវ​ព្រះនិព្វាន ជាទីបំផុតនៃទុក្ខបាន ព្រោះអាស្រ័យ​នូវការឃើញព្រះអង្គ។ បពិត្រព្រះអង្គ​មានបញ្ញាចក្ខុ ក្លិនណានីមួយ តែងផ្សាយទៅក្នុងលោក បពិត្រព្រះមហាមុនី ក្លិននោះ ពុំស្មើដោយក្លិនរបស់ព្រះអង្គជាបុញ្ញក្ខេត្តឡើយ។ បពិត្រព្រះមហាមុនី ព្រះអង្គមានចក្ខុ សូមញុំាងពួកសត្វឲ្យរួច​ចាកកំណើតតិរច្ឆាន និងនរក សូមសម្តែងនូវសន្តិបទ គឺព្រះនិពា្វន ឥតមានបច្ច័យតាក់តែងឲ្យទាន។

ព្រះលោកវិទូ ព្រះនាមបទុមុត្តរៈ ព្រះអង្គគួរទទួលនូវគ្រឿងបូជា ទ្រង់គង់នៅក្នុងភិក្ខុសង្ឃ ហើយត្រាស់គាថា ទាំងនេះថា បុគ្គលណា មានចិត្តជ្រះថ្លា បានបូជាញាណតថាគត ដោយ​ដៃរបស់ខ្លួន តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគតនឹង​សម្តែង​ដូច​តទៅនេះ បុគ្គលនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៣០ ពាន់កប្ប នឹងបានជា​ស្តេចចក្រពត្តិ អស់មួយពាន់ដង។

ខ្ញុំជាអ្នកមានលាភ ដែលគេត្រូវបានដោយប្រពៃ បានហើយ ព្រោះបានញុំាងព្រះសម្ពុទ្ធ ព្រះអង្គមានវត្តដ៏ល្អឲ្យត្រេកអរ ខ្ញុំកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញចោលហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្កាច់នូវទន្លីង។ ឱ! ដំណើរដែល​ខ្ញុំមកក្នុង​សំណាក់​នៃព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនា​នៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧទេនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧទេនត្ថេរាបទាន។

ឧទ្ទាន

តិស្សមេត្តេយ្យត្ថេរាបទាន ១ បុណ្ណកត្ថេរាបទាន ១ មេត្តគុត្ថេរាបទាន ១ ធោតកត្ថេរាបទាន ១ ឧបសីវត្ថេរាបទាន ១ នន្ទកត្ថេរាបទាន ១ ហេមកត្ថេរាបទាន ១ ជាគម្រប់ ៧ ក្នុងអបទាននោះ។ តោទេយ្យត្ថេរាបទាន ១ ជតុកណ្ណិកត្ថេរាបទាន ១ ឧទេនត្ថេរាបទាន ១ សុទ្ធតែមានយសច្រើន ក្នុងមេត្តេយ្យវគ្គនេះ មានគាថា ៣៨៣។

ចប់ មេត្តេយ្យវគ្គ ទី៤១។

ចប់ ភាគ៧៤។

សូមអនុមោទនា !!!

Oben-pfeil