ខុទ្ទកនិកាយ អបទាន

បញ្ចមភាគ
ភាគទី៧៦

ថេរិយាបទាន

សុមេធាវគ្គ ទី១

សុមេធាថេរិយាបទាន ទី១

លំដាប់តទៅនេះ ចូរចាំស្តាប់នូវថេរិកាបទានទាំងឡាយចុះ

[១] កាលព្រះមានព្រះភាគ ព្រះនាមកោនាគមនៈ គង់នៅក្នុងសង្ឃារាម យើងជាស្រ្តី ៣ នាក់ ជាសំឡាញ់នឹងគ្នា បានថ្វាយនូវវិហារទាន។ ពួកយើងបានទៅកើតក្នុង​ពួកទេវតា អស់ ១០ ជាតិផង មួយរយជាតិផង មួយម៉ឺនជាតិផង ចាំបាច់​និយាយថ្វី​ក្នុងការ​កើត​ជា​របស់​មនុស្ស។ ខ្ញុំជាស្រីមានឫទ្ធិច្រើន ក្នុងពួកទេវតាទាំងឡាយ ចាំបាច់និយាយ​ថ្វី ក្នុងការ​កើត​ជា​របស់​មនុស្ស ខ្ញុំកើតជាស្រីកែវ ធ្វើជាមហេសីរបស់ស្តេច មានរតនៈ ៧។ ជន ៣ នាក់​នោះ គឺនាងធនញ្ជានី ១ នាងខេមា ១ និងខ្ញុំ ១ បានកើតក្នុង​ត្រកូលដែល​សម្រេច​ល្អ​ដោយ​កុសល ដែលយើងបានសន្សំហើយក្នុងភពនោះ។ ខ្ញុំបានកសាង​អារាមល្អ ដ៏ប្រដាប់​ដោយ​អវយវៈ (គ្រឿងតាក់តែង) គ្រប់យ៉ាង ហើយមានចិត្ត​រីករាយ​វេរថ្វាយដល់ព្រះសង្ឃ មាន​ព្រះពុទ្ធ​ជាប្រធាន។ ដោយផលនៃ​កុសលកម្មនោះ ខ្ញុំចូលទៅ​កើតក្នុងភពណាៗ តែង​ដល់​នូវ​ភាពដ៏ប្រសើរ ក្នុងទេវលោក ក្នុងមនុស្សលោក​ក៏ដូចគ្នា។ ក្នុងកប្បនេះ ព្រះពុទ្ធ​ព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសធំ ដ៏ប្រសើរ​ជាង​អ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើង។ កាលនោះ ស្តេច​ក្នុង​ដែនកាសី ទ្រង់​ព្រះនាមកិកី ជាឥស្សរៈ​របស់​ជន​ក្នុង​ពារាណសីបុរីដ៏ឧត្តម ជា​ឧបដ្ឋាក​នៃព្រះកស្សបៈ ព្រះអង្គស្វែង​រកនូវគុណដ៏ធំ។ ព្រះរាជា​អង្គនោះ មានរាជកញ្ញាជាធីតា ៧ អង្គ ជា​ស្រី​ឋិតនៅ​ក្នុងសេចក្តីសុខ ត្រេកអរ​ក្នុងការ​បម្រើ​ព្រះពុទ្ធ ធីតាទាំងនុ៎ះ ប្រព្រឹត្ត​ព្រហ្មចរិយធម៌។ ខ្ញុំជា​សំឡាញ់នៃធីតាទាំងនោះ មាន​ចិត្ត​តម្កល់មាំក្នុងសីល ឲ្យនូវទានទាំងឡាយដោយ​គោរព ប្រព្រឹត្តនូវវត្តក្នុងផ្ទះ។ ដោយ​កុសលកម្ម​ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់​នូវសេចក្តី​ប្រាថ្នានោះផង លុះខ្ញុំលះបង់​រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុង​ឋានតាវត្តឹង្ស។ ខ្ញុំច្យុតអំពីឋាននោះមក ក៏បានទៅកើតក្នុងឋានយាមៈ លុះច្យុតអំពី​ឋានយាមៈនោះ បានទៅ​កើតក្នុងឋានតុសិត លុះច្យុតអំពីតុសិតនោះ បានទៅកើតក្នុង​ឋាននិម្មានរតី លុះច្យុត​អំពីនិម្មានរតីនោះ បាន​ទៅកើតក្នុងវសវត្តីបុរី។ ខ្ញុំជាស្រីប្រកប​ដោយបុញ្ញកម្មនោះ ទៅ​កើតក្នុងឋានណាៗ តែង​បាន​នូវភាពជាមហេសីរបស់​ស្តេច​ទាំងឡាយ ក្នុងឋាននោះៗ។ លុះខ្ញុំច្យុត​អំពីអត្តភាព​នោះហើយ បានមកកើត​ជាមនុស្ស ក៏បាននូវភាពជាមហេសីនៃ​ស្តេចចក្រពត្តិ​ទាំងឡាយ​ផង នៃស្តេចដែលមានមណ្ឌលទាំង​ឡាយផង។ ខ្ញុំទទួលនូវ​សម្បត្តិក្នុងទេវតា​ទាំងឡាយ​ផង ក្នុងមនុស្សទាំងឡាយផង ជាស្រ្តីមានសេចក្តីសុខ ក្នុង​ទីទាំងពួង អនោ្ទលទៅ​អស់​ច្រើន​ជាតិ។ ហេតុនោះក្តី ដើមកំណើតនោះក្តី ឫសគល់នោះក្តី សេចក្តីគាប់ចិត្តក្នុង​សាសនា​​​នោះក្តី ការប្រជុំចុះជាដំបូងនោះក្តី ធម្មជាតទាំងនោះបានរលត់ហើយ ដោយ​សេចក្តី​ត្រេកអរក្នុងធម៌។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដក​ចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុង​សំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣​ ខ្ញុំបាន​សម្រេច​ហើយ សាសនា​របស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះសុមេធាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការដូច្នេះ។

ចប់ សុមេធាថេរិយាបទាន។

មេខលទាយិកាថេរិយាបទាន ទី២

[២] ខ្ញុំបានធ្វើព្រះស្តូបថ្វាយព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ហើយបានថ្វាយ​ខ្សែក្រវាត់​ចំពោះព្រះសាស្តា ដើម្បីនវកម្ម។ កាលមហាស្តូបសម្រេចហើយ ខ្ញុំមាន​ចិត្តជ្រះថ្លា បាន​បូជា​ខ្សែក្រវាត់ ចំពោះព្រះមុនិលោកនាថ ដោយដៃរបស់ខ្លួនទៀត។ ក្នុង​កប្បទី ៩៤ អំពី​កទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយខ្សែក្រវាត់ ក្នុងកាលនោះ ខ្ញុំមិនដែល​ស្គាល់ទុគ្គតិ នេះជាផលនៃការធ្វើស្តូប។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភព​ទាំងអស់ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំជាស្រ្តីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជា​មេដំរីកាត់​ផ្តាច់នូវ​ទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏​បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះមេខលទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ មេខលទាយិកាថេរិយាបទាន។

មណ្ឌបទាយិកាថេរិយាបទាន ទី៣

[៣] ខ្ញុំបានកសាងមណ្ឌបថ្វាយព្រះពុទ្ធ ព្រះនាមកោនាគមនៈ ហើយថ្វាយ​ព្រះស្តូបដ៏​ប្រសើរ ដល់ព្រះពុទ្ធ ជាផៅពង្សនៃលោកថែមទៀត។ ខ្ញុំទៅកាន់ជនបទ និគម រាជធានី​ណាៗ ជាស្រី ត្រូវគេបូជាក្នុងទីទាំងពួង នេះជាផលនៃបុញ្ញកម្ម។ កិលេស​ទាំងឡាយ ខ្ញុំដុត​បំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រ្តីមិនមានអាសវៈ ព្រោះ​បានកាត់​ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់​នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏​បាន​​ប្រតិបត្តិហើយ។

បានឮថា ព្រះមណ្ឌបទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ មណ្ឌបទាយិកាថេរិយាបទាន។

សង្កមនទាថេរិយាបទាន ទី៤

[៤] កាលព្រះមានព្រះភាគ ព្រះនាមកោណ្ឌញ្ញៈ ជាធំជាងលោក ជាតាទិបុគ្គល ទ្រង់ស្តេច​ទៅក្នុងច្រក ទ្រង់ញ៉ាំងសត្វទាំងឡាយឲ្យឆ្លង។ ខ្ញុំចេញអំពីផ្ទះ ហើយឱន​ក្រាបចុះ កាល​នោះ ព្រះពុទ្ធជាធំជាងលោក ព្រះអង្គជាអ្នកអនុគ្រោះ បានជាន់លើ​ក្បាលខ្ញុំ។ លុះ​ព្រះលោកនាយក ទ្រង់ជាន់លើក្បាលខ្ញុំ ហើយស្តេចហួសទៅ ខ្ញុំក៏បាន​ទៅកើតក្នុង​ឋានតុសិត ដោយសេចក្តីជ្រះថ្លាក្នុងចិត្តនោះ។ កិលេសទាំងឡាយ ខ្ញុំដុត​បំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រ្តីមិនមានអាសវៈ ព្រោះបាន​កាត់​ចំណង ដូចជា​មេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏​បាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះសង្កមនទាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សង្កមនទាថេរិយាបទាន។

នឡមាលិកាថេរិយាបទាន ទី៥

[៥] កាលនោះ ខ្ញុំជាកិន្នរញី ​នៅជិតឆេ្នរ​ស្ទឹងចន្ទភាគា បានឃើញព្រះពុទ្ធ​ ទ្រង់បា្រស​ចាក​ធូលី គឺកិលេស ត្រាស់ដឹងឯង ទ្រង់ឈ្នះកិលេសហើយ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តល្អ កើតសេចក្តីរីករាយ ធើ្វអព្ជាលី ហើយយកកម្រង​ផ្កាបបុស បូជាព្រះសយម្ភូ។ ដោយ​កុសលកម្មដែលខ្ញុំធើ្វល្អនោះផង ដោយការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាង​កាយ​ជាកិន្នរញីហើយ ក៏បានទៅកើតក្នុងឋានត្រៃត្រឹង្ស។ ខ្ញុំបាននូវភាពជាមហេសីនៃ​ទេវរាជ​ ៣៦ ដង បាននូវភាពជាមហេសីនៃស្តេចចក្រពត្តិ ១០ ដង។ ខ្ញុំទទួលរងកុសល បានចូល​ទៅកាន់ផ្នួស កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដក​ចោលហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដក​ចោលហើយ ខ្ញុំជាសី្រមិនមានអាសវៈ ព្រោះ​បានកាត់ចំណង ដូចជា​មេដំរី​កាត់ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់​នៃព្រះ​ពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់​ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា ​របស់​ព្រះ​ពុទ្ធ ខ្ញុំក៏​បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះនឡមាលិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ នឡមាលិកាថេរិយាបទាន។

ឯកបិណ្ឌបាតទាយិកាថេរិយាបទាន ទី៦

[៦] ព្រះមហាក្សត្រព្រះនាមពន្ធុមៈ ក្នុងក្រុងពន្ធុមវតី ខ្ញុំជាអគ្គមហេសីរបស់ស្តេច​នោះ បាន​ពោលនូវពាក្យខ្លះ (នឹងស្តេចនោះ)។ កាលនោះ ខ្ញុំអង្គុយក្នុងទីស្ងាត់ ហើយគិត​យ៉ាង​នេះ​ថា កុសលដែលអញគួរយកទៅបរលោក អញមិនបានធ្វើសោះ អញនឹង​ទៅ​កាន់​នរក ដែល​ជា​ឋានក្តៅខ្លាំងខ្លោចផ្សា មានសភាពគួរខ្លាច អាក្រក់ក្រៃលែងដោយ​ពិត អញ​មិន​មាន​​​សេចក្តី​សង្ស័យក្នុងដំណើរនេះឡើយ។ ខ្ញុំចូលទៅគាល់ព្រះរាជា ហើយ​ក្រាប​ទូល​ដូច្នេះ​ថា បពិត្រ​ព្រះមហាក្សត្រ សូមព្រះអង្គប្រទាននូវសមណៈមួយអង្គដល់​ខ្ញុំម្ចាស់ ខ្ញុំម្ចាស់​​នឹង​និមន្ត​លោក​​ឲ្យ​​ឆាន់។ ព្រះមហារាជ ទ្រង់ប្រទាននូវសមណៈមួយអង្គ ដែល​មាន​ឥន្រ្ទិយ​អប់រំ​ហើយ​ដល់ខ្ញុំ ខ្ញុំទទួលនូវបាត្ររបស់លោកហើយ បំពេញដោយបាយ​ដ៏​ប្រសើរ។ លុះខ្ញុំ​បំពេញហើយ ធ្វើនូវបាយដ៏​​ប្រសើរ​ ឲ្យជា​បាយលាយដោយ​វត្ថុ​មានក្លិន​ក្រអូប បិទដោយ​សំណាញ់ គ្រប​ដោយ​សំពត់លឿង។ កុសល​នុ៎ះ ជាអារម្មណ៍​របស់ខ្ញុំ ខ្ញុំរលឹក​ដរាប​ដល់​អស់ជីវិត ខ្ញុំទៅកើតក្នុងឋានតាវត្តឹង្ស ព្រោះញុំាងចិត្ត​ឲ្យជ្រះថ្លា​ក្នុង​កុសល​​នោះ។ ខ្ញុំបាន​នូវភាពនៃខ្លួនជា​មហេសីនៃស្តេចទេវតា​ទាំងឡាយ ៣០ ដង សេចក្តី​ប្រាថ្នាដែលខ្ញុំប្រាថ្នា​ហើយក្នុងចិត្ត ក៏កើតឡើងដល់ខ្ញុំ ដូច​សេចក្តីប្រាថ្នា។​ ខ្ញុំបាន​នូវ​​ភាព​ជាមហេសីនៃ​ស្តេច​ចក្រពតិ្ត ២០ ដង ខ្ញុំជាស្រីមានកុសល​សន្សំហើយ តែង​អន្ទោល​ទៅ​ក្នុង​ភពតូច និងភពធំ។ ខ្ញុំរួចចាក​ចំណងទាំងអស់ហើយ ខ្ញុំជាអ្នកប្រាសចាក​កំណើត​ហើយ អស់​អាសវៈ ទាំងពួង​រលីងហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ ក្នុងកប្បទី ៩១ អំពី​ភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែល​ស្គាល់​ទុគ្គតិ នេះជា​ផលនៃ​បិណ្ឌបាតទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញ​ហើយ ភពទាំង​អស់ ខ្ញុំដកចោល​ហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះ​បានកាត់ចំណង ដូចជា​មេដំរីកាត់​ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់​នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបាន​សម្រេច​ហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏​បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះឯកបិណ្ឌបាតទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកបិណ្ឌបាតទាយិកាថេរិយាបទាន។

កដច្ឆុភិក្ខទាយិកាថេរិយាបទាន ទី៧

[៧] កាលព្រះសាស្តា ព្រះនាមតិស្សៈ ទ្រង់ត្រាច់ទៅបិណ្ឌបាត ខ្ញុំបានយក​ចង្ហាន់មួយ​វែក ថ្វាយដល់ព្រះពុទ្ធដ៏ប្រសើរ។ ព្រះសម្ពុទ្ធ ព្រះនាមតិស្សៈ ជាសាស្តា ជានាយកដ៏លើស​លុបក្នុងលោក ទ្រង់ទទួលហើយ ទ្រង់គង់នៅក្នុងផ្លូវ ទ្រង់ធ្វើអនុមោទនាដល់ខ្ញុំថា

នាងប្រគេនចង្ហាន់មួយវែក នឹងបានទៅកើតក្នុងឋានតាវត្តឹង្ស នឹងបានជា​អគ្គ​មហេសីនៃ​ស្តេច​ទេវតា ៣៦ ដង។ នឹងបានជាមហេសីនៃស្តេចចក្រពតិ្ត ៥០ ដង នឹងបាន​នូវ​សម្បតិ្ត​ទាំងពួង ដែលនាងប្រាថ្នាហើយ តាមចិត្តប្រាថ្នា ក្នុងកាលទាំងពួង។ នាងនឹង​ទទួល​នូវសម្បតិ្ត ជាស្ត្រីមិនមានសេចក្តីកង្វល់ នឹងបួស កំណត់ដឹងនូវអាសវៈ​ទាំងពួង ​ជាអ្នកមិន​មាន​អាសវៈ​ នឹងបរិនិព្វាន។ ព្រះសម្ពុទ្ធព្រះនាមតិស្សៈ ជានាយក​ដ៏លើសលុបក្នុងលោក ព្រះអង្គជាអ្នកប្រាជ្ញ លុះ​ត្រាស់នូវពាក្យនេះហើយ ក៏ហោះទៅឯ​អាកាស ដូចជាស្តេច​ហង្សហើរ​ទៅឰដ៏អាកាស។

ទាន​ដែលខ្ញុំបានថ្វាយល្អហើយ យាគសម្បទា ខ្ញុំបានបូជាល្អហើយ ខ្ញុំបានថ្វាយនូវ​ចង្ហាន់​មួយវែក ហើយដល់នូវអចលបទ គឺព្រះនិព្វាន។ ក្នុងកប្បទី ៩២ អំពីភទ្ទកប្បនេះ ព្រោះ​ហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃការ​ថ្វាយ​ចង្ហាន់។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញ​ហើយ ភពទាំងពួង ខ្ញុំបានដក​ចោល​ហើយ ខ្ញុំជា​ស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជា​មេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អ​ហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំ បានសម្រេចហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏​បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះកដច្ឆុភិក្ខទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កដច្ឆុភិក្ខទាយិកាថេរិយាបទាន។

ត្តឧប្បលមាលិកាថេរិយាបទានទី៨

[៨] ក្នុងក្រុងអរុណវតី មានក្សត្រមួយព្រះអង្គ ទ្រង់ព្រះនាមអរុណៈ ខ្ញុំជា​អគ្គមហេសី​របស់​ស្តេចនោះ បានចាត់ចែងនូវផ្កា ដែលមិនទាន់ក្រងទុក។ ខ្ញុំកាន់យកនូវ​ផ្កា​ឧប្បល ៧ កម្រង មានក្លិនដូចជាក្លិនទិព្វ អង្គុយលើប្រាសាទដ៏ប្រសើរ គិតយ៉ាងនេះ ក្នុង​ខណៈ​នោះថា អញមានប្រយោជន៍អ្វីដោយកម្រងផ្កានេះ ដែលអញពាក់លើក្បាល​របស់អញ បើអញបូជា​ចំពោះញាណព្រះពុទ្ធដ៏ប្រសើរ ប្រសើរជាង។ ជនទាំងឡាយ តែងរាប់​អាន​នូវព្រះសម្ពុទ្ធ អញអង្គុយនៅជិតទ្វារ កាលណាព្រះ​សម្ពុទ្ធទ្រង់ហៅថា នាងចូរមក អញនឹង​បូជា​នូវ​ព្រះមហាមុនី ក្នុងកាលនោះ។ ព្រះជិន​ស្រីប្រកបដោយភិក្ខុសង្ឃ ស្តេច​មកតាម​ផ្លូវថ្នល់ ទ្រង់​ល្វាសល្វន់ដូចជាដើមថ្ងាន់ត្រូវ​ខ្យល់ ឬដូចជាកេសររាជសីហ៍​ជា​ស្តេចម្រឹគ។ ខ្ញុំជាអ្នក​មានចិត្តរីករាយ លុះឃើញរស្មីព្រះពុទ្ធ ក៏មានចិត្តសង្វេគ មិនទាន់​ដល់ទ្វារ ក៏បូជា​ចំពោះ​ព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំធ្វើផ្កាឧប្បល ៧ កម្រង ត្រដាង​ឰដ៏អាកាស ផ្កាទាំងនោះ ក៏បាំង​ខាងលើព្រះសីរនៃព្រះពុទ្ធ។ ខ្ញុំមានចិត្តខ្ពស់ឡើង មានចិត្តរីករាយ មានចិត្តត្រេកអរ ធ្វើ​អញ្ជលី ហើយញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះពុទ្ធនោះ ក៏បានទៅ​កើត​ក្នុង​ឋានតាវត្តឹង្ស។ ផ្កា​ទាំងឡាយ បាំងធ្វើជាដំបូលនៃរោងធំ ខាងលើក្បាលខ្ញុំ ក្លិនជាទិព្វ ក៏ផ្សាយទៅ នេះជា​ផលនៃផ្កាឧប្បល ៧ កម្រង។ កាលពួកញាតិនាំខ្ញុំទៅ ក្នុង​កាលម្តងៗ បរិស័ទរបស់ខ្ញុំ មាន​ចំនួន​ត្រឹមណា ផ្កាទាំងឡាយក៏បាំងជារោង មាន​ចំនួនត្រឹមនោះ។ ខ្ញុំបានជា​មហេសី​នៃទេវរាជ ៧០ ដង ខ្ញុំអន្ទោលទៅក្នុងភពតូចភពធំ រមែងបានជា​ធំក្នុង​ទីទាំងពួង។ ខ្ញុំបាន​ជា​មហេសីនៃស្តេចចក្រពតិ្ត ៦៣ ដង ជនទាំងពួង តែងប្រព្រឹត្តតាមខ្ញុំ ខ្ញុំមានពាក្យ ត្រូវអ្នក​ផងជឿកាន់តាម។ ពណ៌ និងក្លិនរបស់ខ្ញុំ តែង​ផ្សាយ​ទៅ ដូចជា​ក្លិននៃផ្កាឧប្បល ខ្ញុំមិន​ដែល​​ស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ខ្ញុំជាស្រីឈ្លាស​ក្នុង​ឥទ្ធិបាទ ត្រេកអរក្នុង​ការ​ចម្រើន​ពោជ្ឈង្គ ដល់នូវអភិញ្ញាបារមី នេះជាផលនៃ​ពុទ្ធបូជា។ ខ្ញុំជាស្រីឈ្លាស​ក្នុង​សតិប្បដ្ឋាន មាន​សមាធិជ្ឈានជាអារម្មណ៍ ប្រកបរឿយៗ នូវ​សម្មប្បធាន នេះជាផល​នៃ​ពុទ្ធបូជា។ សេចក្តី​ព្យាយាមរបស់ខ្ញុំ ជាគ្រឿងនាំទៅនូវធុរៈ នាំ​មក​នូវធម៌ដ៏​ក្សេមចាក​យោគៈ ខ្ញុំមាន​អាសវៈអស់ហើយ ឥឡូវនេះ ភពថ្មីមិនមាន​ទៀត​ឡើយ។ ក្នុងកប្បទី ៣១ អំពី​ភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃ​ពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញ​ហើយ ភពទាំងអស់ ខ្ញុំដក​ចោល​ហើយ ខ្ញុំជាអ្នក​មិនមានអាសវៈ ព្រោះ​បានកាត់ចំណង ដូចជា​មេដំរីកាត់​ផ្តាច់នូវ​ទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់​ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើឲ្យជាក់​ច្បាស់​ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏​បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះសត្តឧប្បលមាលិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​​ដូច្នេះ។

ចប់ សត្តឧប្បលមាលិកាថេរិយាបទាន។

បញ្ចទីបិកាថេរិយាបទាន ទី៩

[៩] ក្នុងកាលនោះ ខ្ញុំជាអ្នកដំណើរ នៅអាស្រ័យក្នុងនគរហង្សវតី ជាស្រីពេញចិត្តក្នុង​កុសល តែងទៅអំពីអារាម ទៅកាន់អារាម។ ខ្ញុំបានឃើញនូវពោធិព្រឹក្សដ៏ឧត្តម ក្នុង​ថ្ងៃ​កាឡប័ក្ខ ញ៉ាំងចិត្តឲ្យជ្រះថ្លា ចំពោះពោធិព្រឹក្សនោះ ហើយអង្គុយនៅក្បែរគល់នៃ​ពោធិព្រឹក្ស។ ខ្ញុំតាំងចិត្តគោរព ធ្វើអញ្ជលីលើក្បាល ហើយទទួលនូវសោមនស្ស ក៏គិត​យ៉ាងនេះ ក្នុងខណៈនោះថា បើព្រះពុទ្ធមានគុណរាប់មិនបាន មិនមានបុគ្គលប្រៀប​ផ្ទឹម​ស្មើបាន​មែន ​សូមឲ្យ​ពោធិព្រឹក្សនេះ សម្តែងនូវបាដិហារ្យដល់អាត្មាអញ គឺសូមឲ្យ​ភ្លឺស្វាង​ចុះ។ ក្នុងខណៈនោះ ពោធិព្រឹក្សប្រែជាមាសទាំងអស់ ភ្លឺស្វាងឡើងដំណាលគ្នានឹងខ្ញុំកំពុង​ពិចារណា ឯទិសទាំងពួង ក៏ភ្លឺរុងរឿងឡើង។ ខ្ញុំអង្គុយនៅក្បែរគល់ពោធិព្រឹក្សនោះ អស់ ៧ យប់ ៧ ថ្ងៃ ដល់ថ្ងៃទី ៧ ខ្ញុំបានបូជាប្រទីប។ ប្រទីបទាំង ៥ ក៏ភ្លឺរុងរឿងព័ទ្ធអាសនៈ កាល​​នោះ ប្រទីបទាំងឡាយរបស់ខ្ញុំ ក៏ភ្លឺរុងរឿង ដរាប​ដល់ព្រះអាទិត្យរះឡើង។ ខ្ញុំលះបង់​នូវរាង​កាយជារបស់មនុស្ស បានទៅ​កើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្មដែលខ្ញុំធ្វើ​ល្អនោះ​ផង ដោយ​ការតម្កល់នូវចេតនានោះផង។ ប្រាសាទរបស់ខ្ញុំ ដែល​បុញ្ញកម្ម​ធ្វើល្អ​ហើយ ក្នុង​ឋានតាវត្តឹង្សនោះ ហៅថា បញ្ចទីបប្រាសាទ មានកម្ពស់ ១០០ យោជន៍ មាន​ទំហំ ៦០​ យោជន៍។ ប្រទីបទាំងឡាយរបស់ខ្ញុំរាប់មិនអស់ តែងភ្លឺរុងរឿងជុំវិញខ្ញុំ ទាំងភព​ទេវតា ក៏ភ្លឺ​ដោយពន្លឺប្រទីបនោះដែរ។ ខ្ញុំអង្គុយបែរមុខទៅរកទិសខាងកើត បើខ្ញុំប្រាថ្នា​ដើម្បី​​មើល​ខាងលើ ខាងក្រោម និងទីទទឹង​ ខ្ញុំនឹងឃើញនូវវត្ថុទាំងពួងដោយចក្ខុ។ ខ្ញុំប្រាថ្នា​ដើម្បី​ឃើញ​នូវកម្ម ដែលខ្ញុំធ្វើល្អ និងអាក្រក់ដរាបណា គ្រឿងបិទបាំងក្នុងវត្ថុទាំងនោះ ទោះ​ជាឈើ ឬ​ភ្នំ ក៏មិនមានដរាបនោះ។ ខ្ញុំបានជាមហេសីនៃទេវរាជ ៨០ ដង បានជា​មហេសី​នៃស្តេចចក្រពត្តិ ១០០ ដង។ ខ្ញុំដែលទៅកាន់កំណើតណាៗ ទោះជាទេវតា ឬជា​មនុស្ស ប្រទីប​​មួយសែន តែងបំភ្លឺជុំវិញខ្លួនខ្ញុំ។ ខ្ញុំច្យុតចាកទេវលោក មកកើត​ក្នុងផ្ទៃនៃ​មាតា ភ្នែករបស់ខ្ញុំ ដែលនៅក្នុងផ្ទៃនៃមាតានោះ មិនដែលធ្មេចឡើយ។ ប្រទីបមួយសែន ប្រកប​ដោយបុញ្ញកម្ម រមែងរុងរឿង ក្នុងផ្ទះជាទីប្រសូត នេះជាផលនៃប្រទីប ៥។ កាលភព​ជាទីបំផុតដល់ព្រម​ហើយ​ ខ្ញុំញ៉ាំងចិត្តឲ្យប្រព្រឹត្តទៅ ខ្ញុំឃើញនូវព្រះនិព្វាន ដែលមិន​មាន​ជរា និង​មរណៈ មានសេចក្តីត្រជាក់។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត បានដល់នូវ​ព្រះអរហត្ត ព្រះពុទ្ធព្រះនាមគោតម ទ្រង់ជ្រាបនូវគុណ ហើយឲ្យខ្ញុំបានឧបសម្បទា។ ប្រទីប​ទាំង ៥ របស់ខ្ញុំ រមែងឆេះឡើងក្នុងមណ្ឌប ជិតគល់ឈើក្នុងប្រាសាទ ក្នុងគុហា ក្នុង​ផ្ទះស្ងាត់។ ទិព្វចក្ខុរបស់ខ្ញុំស្អាតវិសេស ខ្ញុំជាស្រីឈ្លាសក្នុងសមាធិ ដល់នូវ​អភិញ្ញាបារមី នេះជាផល​នៃប្រទីប ៥។ បពិត្រព្រះអង្គមានព្យាយាមធំ ទ្រង់មានចក្ខុ ខ្ញុំព្រះអង្គមាន​ការប្រព្រឹត្តិធម៌​ទាំងពួង ចប់អស់ហើយ មានសោឡសកិច្ចធ្វើស្រេចហើយ មិនមានអាសវៈ មានប្រទីប ៥ ខ្ញុំសូមថ្វាយបង្គំព្រះបាទា។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រោះ​ហេតុ​ដែលខ្ញុំបានថ្វាយប្រទីប ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃប្រទីប ៥។ កិលេសទាំង​ឡាយ ខ្ញុំដុតបំផ្លាញ​ហើយ ភពទាំងពួង ខ្ញុំដក​ចោល​ហើយ ខ្ញុំជាអ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់ចំណង ដូចជា​មេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុង​សំណាក់​​នៃ​ព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបាន​ធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន​ធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏​បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចទីបិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បញ្ចទីបិកាថេរិយាបទាន។

ឧទកទាយិកាថេរិយាបទាន ទី១០

[១០] ខ្ញុំជាស្រីដងទឹក ក្នុងនគរពន្ធុមតី រស់នៅដោយការដងទឹក ចិញ្ចឹមទារកដោយ​ការដង​ទឹកនោះ។ ឯទេយ្យធម៌របស់ខ្ញុំមិនមាន ខ្ញុំចូលទៅក្នុងបន្ទប់ បានតម្កល់ទុកនូវទឹក ចំពោះ​បុគ្គលជាបុញ្ញកេ្ខត្តដ៏ប្រសើរ។ ខ្ញុំបានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្ម​ដែលខ្ញុំធ្វើ​ល្អហើយនោះ ខ្ញុំមានវិមានខ្ញុំដ៏ល្អ ដែលជាផលនៃការដងទឹក បាននិម្មិតឲ្យ ក្នុង​ឋានតាវត្តឹង្ស​នោះ ក្នុងកាលនោះ ខ្ញុំប្រសើរជាងពួកស្រីអប្សរ ១.០០០ នាក់ កាលនោះ ខ្ញុំគ្របសង្កត់នូវស្រីអប្សរទាំងនោះ ដោយហេតុ ១០ យ៉ាង។ ខ្ញុំបានជាមហេសីនៃទេវរាជ ៥០ ដង បានជាមហេសីនៃស្តេចចក្រពត្តិ ២០ ដង។ ខ្ញុំអន្ទោលទៅក្នុងភពទាំងពីរ គឺទេវតា និងមនុស្ស ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផល​នៃទានទឹក។ កាលណាខ្ញុំចង់​បាន​ទឹក លើកំពូលភ្នំក្តី លើចុងឈើក្តី ឰដ៏អាកាសក្តី លើផែនដីក្តី ខ្ញុំក៏បាននូវទឹកយ៉ាងឆាប់ ក្នុង​កាល​នោះ ទិសទាំងឡាយ មិនធ្លាប់ភ្លៀងធ្លាក់សោះ​ ក៏ក្តៅសព្វ ខ្ញុំស្រេកទឹក មហាមេឃ បានដឹងនូវតម្រិះរបស់ខ្ញុំ ក៏បង្អុលភ្លៀងចុះមក។ ជួនណា កាលពួកញាតិកំពុងនាំខ្ញុំទៅ ខ្ញុំចង់បានទឹកក្នុងកាលណា មហាមេឃក៏ញុំាងភ្លៀងឲ្យកើតក្នុងកាលនោះ។ កម្តៅក្តី សេចក្តី​ក្រហល់ក្រហាយក្តី មិនមានក្នុងសរីរៈរបស់ខ្ញុំឡើយ ធូលីក៏មិនមានក្នុងកាយ​របស់​ខ្ញុំ នេះជាផលនៃទានទឹក។ ក្នុងថ្ងៃនេះ ខ្ញុំមានចិត្តស្អាតបរិសុទ្ធ បា្រសចាកចិត្តលាមក មាន​អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀត​ឡើយ។ ក្នុងកប្បទី ៩១ អំពី​ភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទានទឹក។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដក​ចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧទកទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧទកទាយិកាថេរិយាបទាន។

ឧទ្ទាន

សុមេធាថេរិយាបទាន ១ មេខលទាយិកាថេរិយាបទាន ១ មណ្ឌបទាយិកាថេរិយាបទាន ១ សង្កមនទាថេរិយាបទាន ១ នឡមាលិកាថេរិយាបទាន ១ ឯកបិណ្ឌបាតទាយិកា​ថេរិយា​បទាន ១ កដច្ឆុភិក្ខទាយិកាថេរិយាបទាន ១ សត្តឧប្បលមាលិកាថេរិយាបទាន ១ បញ្ចទីបិកាថេរិយាបទាន ១ ឧទកទាយិកាថេរិយាបទាន ១ ក្នុងវគ្គនេះ មានគាថា ១១៨ ដែលអ្នកបា្រជ្ញទាំងឡាយរាប់ឃើញហើយ។

ចប់ សុមេធាវគ្គ ទី១។

ឯកុបោសថវគ្គ ទី២

ឯកុបោសថិកាថេរិយាបទាន ទី១

[១១] មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់ព្រះនាមពន្ធុមៈ សោយរាជ្យក្នុងនគរពន្ធុមតី ព្រះអង្គរក្សាឧបោសថក្នុងថ្ងៃពេញបូណ៌មី។ សម័យនោះ ខ្ញុំជាកុម្ភទាសី នៅក្នុងទីនោះ ខ្ញុំបាន​ឃើញសេនា ព្រមទាំងព្រះរាជា ហើយក៏គិតយ៉ាងនេះថា សូម្បីស្តេច ក៏ទ្រង់លះបង់​រាជសម្បត្តិ ហើយរក្សាឧបោសថ កម្មនោះ ពិតជាប្រកបដោយផល បានជាពួក​ជនរីករាយ​ហើយ។ ខ្ញុំពិចារណានូវទុគ្គតិផង នូវសេចក្តីក្រីក្រផង ដោយឧបាយនៃបា្រជ្ញា ក៏ញុំាងចិត្ត​ឲ្យរីករាយ ហើយរក្សាឧបោសថ។ លុះខ្ញុំរក្សាឧបោសថ ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ ខ្ញុំក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះ។ វិមានរបស់ខ្ញុំ ដែលកុសលធ្វើល្អហើយក្នុងទីនោះ មានកំពស់ទៅខាងលើមួយយោជន៍ ប្រដាប់ដោយ​ផ្ទះកំពូលដ៏ប្រសើរ មានអាសនៈធំ ស្អិតស្អាងល្អហើយ។ ស្រីអប្សរមួយសែន តែង​បម្រើខ្ញុំ​សព្វៗកាល ខ្ញុំរុងរឿងកន្លងលើសទេវតាទាំងឡាយដទៃសព្វៗកាល។ ខ្ញុំបានជាមហេសី​នៃ​ទេវរាជ ៦៤ ដង បានជាមហេសីនៃស្តេចចក្រពត្តិ ៣៦ ដង។ ខ្ញុំមានពណ៌ដូចជាមាស តែងអន្ទោលទៅក្នុងភពទាំងឡាយ ខ្ញុំជាស្រីប្រសើរ ក្នុងទីទាំងពួង នេះជាផលនៃ​ឧបោសថ។ ខ្ញុំតែងបាននូវវត្ថុទាំងពួងនេះ គឺយានដំរី យានសេះ យានរថ ទាំងអស់​នេះជា​ផលនៃ​ឧបោសថ។ ខ្ញុំបាននូវវត្ថុទាំងពួង ជាវិការៈនៃមាស ជាវិការៈនៃប្រាក់ ជាវិការៈនៃ​កែវផលិក ជាវិការៈនៃកែវមានពណ៌ក្រហម។ ខ្ញុំបាននូវវត្ថុទាំងពួង គឺសំពត់​កោសេយ្យ​ពស្ត្រ និងសំពត់កម្ពលផង សំពត់សម្បកឈើ និងសំពត់អំបោះផង សំពត់មានថ្លៃ​ដ៏ច្រើន​ផង។ ខ្ញុំបាននូវវត្ថុទាំងពួងនេះ គឺបាយ ទឹក ខាទនីយៈ សំពត់ និងសេនាសនៈ នេះជា​ផលនៃឧបោសថ។ ខ្ញុំបាននូវវត្ថុទាំងពួងនេះ គឺគ្រឿងក្រអូបដ៏ប្រសើរ និងកម្រងផ្កា លំអិតសម្រាប់លាប នេះជាផលនៃឧបោសថ។ ខ្ញុំបាននូវវត្ថុទាំងនេះ គឺផ្ទះមានកំពូល ប្រាសាទ មណ្ឌប ប្រាសាទមាន​ដំបូលរលីង និងគុហា នេះជាផលនៃឧបោសថ។ ខ្ញុំមាន​អាយុ ៧ ឆ្នាំ អំពីកំណើត បានចូលទៅកាន់ផ្នួស មិនទាន់បានកន្លះខែ ក៏មានសម្រេច​ព្រះអរហត្ត ខ្ញុំមានអាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិន​ដែល​ស្គាល់ទុគ្គតិ នេះជាផលនៃឧបោសថ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជា​មេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបាន​សម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបតិ្ត​ហើយ។

បានឮថា ព្រះឯកុបោសថិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកុបោសថិកាថេរិយាបទាន។

សលឡបុប្ផិកាថេរិយាបទាន ទី២

[១២] ក្នុងកាលនោះ ខ្ញុំកើតជាកិន្នរញី នៅក្បែរឆ្នេរស្ទឹងចន្ទភាគា គ្រានោះ ខ្ញុំបានឃើញ​ព្រះសម្ពុទ្ធ ទ្រង់ជាទេវតាប្រសើរជាងទេវតា ព្រះអង្គប្រសើរជាងនរជន ទ្រង់កំពុងចង្រ្កម។ ខ្ញុំបានបេះផ្កាស្រល់ យកទៅថ្វាយព្រះសម្ពុទ្ធដ៏ប្រសើរ ឯព្រះមហាវីរៈ ទ្រង់ហិតនូវ​ផ្កាស្រល់ ដែលមានក្លិនដូចជាទិព្វ។ ព្រះសម្មាសម្ពុទ្ធ ព្រះនាមវិបស្សី ជាលោកនាយក មាន​ព្យាយាមធំ ទ្រង់បានទទួលយកហើយ កាលដែលខ្ញុំកំពុងតែសំឡឹង​មើល ទ្រង់ក៏ហិត​ក្នុងកាលនោះ។ ខ្ញុំផ្គងអញ្ជលីថ្វាយបង្គំព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងសត្វជើងពីរ ខ្ញុំញុំាងចិត្ត​របស់ខ្លួនឲ្យជ្រះថ្លា ឡើងទៅកាន់ភ្នំ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែល​ខ្ញុំបានថ្វាយផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេស​ទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមាន​អាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់​នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំ​បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំ​បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។

បានឮថា ព្រះសលឡបុប្ផិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សលឡបុប្ផិកាថេរិយាបទាន។

មោទកទាយិកាថេរិយាបទាន ទី៣

[១៣] ខ្ញុំជាកុម្ភទាសី នៅក្នុងនគរពន្ធុមតី បានកាន់យកនូវចំណែក (នំអន្សម) របស់ខ្ញុំ ហើយទៅកាន់កំពង់ទឹក។ ខ្ញុំបានឃើញសមណៈមួយរូប​ ក្នុងទីពាក់កណ្តាលផ្លូវ លោក​មាន​ចិត្តស្ងប់ស្ងាត់ មានចិត្តតម្កល់មាំមួន ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានប្រគេន​នំអន្សម ៣។ ខ្ញុំមិនដែលទៅកាន់វិនិបាតអស់ ២៩ កប្ប ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង។ ខ្ញុំធ្វើនូវកុសលហើយ ខ្ញុំបានទទួលសម្បត្តិ​ទាំង​អស់ ព្រោះបានធ្វើកុសលឲ្យជាសម្បតិ្ត ខ្ញុំបានដល់នូវអចលបទ គឺព្រះនិព្វាន ព្រោះ​ប្រគេន​នំអន្សម ៣។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមាន​អាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមក​ល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។

បានឮថា ព្រះមោទកទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មោទកទាយិកាថេរិយាបទាន។

ឯកាសនទាយិកាថេរិយាបទាន​ ទី៤

[១៤] ក្នុងកាលនោះ ខ្ញុំជាស្រីក្រងផ្កា នៅក្នុងនគរហង្សវតី មាតាបិតារបស់ខ្ញុំ​ទាំងនោះ​បានទៅធ្វើការងារ។ កាលព្រះអាទិត្យកំពុងត្រង់ជាក់ ខ្ញុំឃើញព្រះសម្ពុទ្ធ ជា​សាមណៈ​កំពុងនិមន្តទៅតាមថ្នល់ ខ្ញុំក៏ក្រាលអាសនៈ។ ខ្ញុំក្រាលអាសនៈដោយកម្រាល មានព្រំ​ដែល​មានរោមវែង ៤ ធ្នាប់ និង​កម្រាល ដែលធ្វើដោយរោមសត្វ វិចិត្រដោយ​រូប​សត្វសាហាវ​ជាដើម ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានពោលពាក្យនេះថា ផែនដី​ក្តៅណាស់ ឈរនៅពុំបាន ព្រះអាទិត្យកំពុងត្រង់ជាក់ ខ្យល់ក៏មិនបក់ ទាំងភត្តកាល ក៏ជិត​អស់។ បពិត្រព្រះមហាមុនី អាសនៈនេះ ខ្ញុំក្រាលហើយ ដើម្បីប្រយោជន៍ដល់ព្រះអង្គ សូម​ព្រះអង្គអាស្រ័យ​នូវសេចក្តីអនុគ្រោះ គង់លើអាសនៈរបស់ខ្ញុំ។ ព្រះសមណៈ​មាន​ព្រះទ័យ​ទូន្មានហើយ​ មានព្រះទ័យបរិសុទ្ធ គង់លើអាសនៈនោះ ខ្ញុំទទួលយកបាត្រនៃព្រះអង្គ បានប្រគេនចង្ហាន់សមគួរដល់ការចំអិន។ ខ្ញុំលះបង់រាងកាយជារបស់មនុស្ស ក៏បានទៅ​កើត​ក្នុងឋានតាវត្តឹង្ស ដោយកុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់​ទុកនូវ​ចេតនានោះផង។ វិមានរបស់ខ្ញុំល្អ ត្រូវផលនៃអាសនៈនិមិ្មតហើយ ក្នុងឋានតាវត្តឹង្សនោះ មានកំពស់ ៦០ យោជន៍ មានទំហំ ៣០ យោជន៍។ បល្ល័ង្កផ្សេងៗ របស់ខ្ញុំ ជាវិការៈនៃមាស ជាវិការៈនៃកែវមណី ជាវិការៈនៃកែវផលិក ជាវិការៈនៃមាសមានពណ៌​ក្រហម។ កម្រាល​ធ្វើដោយរោមសត្វ មានរោមច្រាងទាំងពីរខាង បល្ល័ង្ករបស់ខ្ញុំតាំងនៅល្អហើយ ដោយ​កម្រាល​ដែលញាត់ដោយគរ និងកម្រាលដែលធ្វើដោយរោមសត្វដ៏វិចិត្រដោយរូបសត្វ មានសីហៈ និងខ្លាធំជាដើមផង ដោយកម្រាលដែលធ្វើដោយឌិនមាសនិងសូត្រ ហើយ​ចាក់​ស្រេះដោយរតនៈ និង​កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរោមសត្វសាហាវ​ផង។ ខ្ញុំស្កប់ស្កល់ដោយការសើច និងការលេង កាលណាខ្ញុំចង់ទៅ ខ្ញុំក៏ទៅកាន់​ទីដែល​ខ្ញុំប្រាថ្នា មួយអន្លើដោយបល្ល័ង្កដ៏ប្រសើរ (ក្នុងកាលនោះ)។ ខ្ញុំបានជាមហេសីនៃទេវរាជ ៨០ ដង បានជាមហេសីនៃ​ស្តេចចក្រពត្តិ ៧០ ដង។ ខ្ញុំអន្ទោលទៅក្នុងភពតូចភពធំ តែង​បាននូវភោគៈដ៏ច្រើន ខ្ញុំមិនដែលខ្វះខាតភោគៈ​ឡើយ ជាផលនៃអាសនៈឯក។ ខ្ញុំតែង​អន្ទោលទៅក្នុងភពពីរ គឺទេវតា និងមនុស្ស ខ្ញុំមិនដែលស្គាល់ភពដទៃឡើយ នេះជាផល​នៃ​អាសនៈ​ឯក។ ខ្ញុំតែង​កើតក្នុងត្រកូលពីរ គឺក្សត្រ និងព្រាហ្មណ៍ ប្រកបដោយត្រកូលខ្ពស់ ក្នុងទីទាំងពួង នេះជាផលនៃអាសនៈឯក។ ខ្ញុំមិនស្គាល់ទោមនស្ស ដែលញ៉ាំងចិត្តរបស់​ខ្ញុំឲ្យក្តៅ ខ្ញុំមិនស្គាល់នូវភេទផ្សេងៗ នេះជាផលនៃអាសនៈឯក។ មេនំ ស្រីគម ស្រីកំពុង​ពេញល្បែងច្រើននាក់ តែងបម្រើខ្ញុំ ខ្ញុំទៅពីចង្កេះមួយទៅចង្កេះមួយ គឺគេពផ្លាស់ប្តូរគ្នា មិនដែលដើរដី នេះជាផលនៃអាសនៈឯក។ ពួកស្រីដទៃផ្ងូតទឹកឲ្យខ្ញុំ ពួកស្រីដទៃឲ្យខ្ញុំ​បរិភោគ​ភោជន ពួកស្រីដទៃប្រដាប់តាក់តែងឲ្យខ្ញុំ ពួកស្រីដទៃឲ្យខ្ញុំត្រេកអរសព្វៗកាល។ ពួកស្រីដទៃលាបគ្រឿងក្រអូបឲ្យខ្ញុំ នេះជាផលនៃអាសនៈឯក។ កាលខ្ញុំនៅក្នុងមណ្ឌបក្តី នៅជិតគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី បល្ល័ង្កតែងកើតឡើង ព្រោះដឹងនូវតម្រិះរបស់ខ្ញុំ នេះភពទីបំផុតរបស់​ខ្ញុំ ភពជាទីបំផុតនេះកំពុងប្រព្រឹត្តទៅ ថ្ងៃនេះខ្ញុំទំលាក់ចោលនូវរាជ្យ ហើយចូលទៅកាន់ផ្នួស។ ក្នុងកប្បទីមួយសែន​ អំពីភទ្ទកប្បនេះ ព្រោះហេតុដែល​ខ្ញុំបាន​ឲ្យទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃអាសនៈឯក។ កិលេស​ទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមាន​អាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុង​សំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។

បានឮថា ព្រះឯកាសនទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកាសនទាយិកាថេរិយាបទាន។

បញ្ចទីបទាយិកាថេរិយាបទាន​ ទី៥

[១៥] ក្នុងកាលនោះ ខ្ញុំជាស្រីអ្នកដំណើរ នៅក្នុងនគរហង្សវតី ខ្ញុំជាស្រីត្រូវការដោយ​កុសល តែងដើរទៅរកអារាម ទៅ​រកវិហារ។ ខ្ញុំបានឃើញដើមពោធិព្រឹក្សដ៏ឧត្តម ក្នុងថ្ងៃកាឡប័ក្ខ ហើយញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះ​ពោធិព្រឹក្សនោះ ក៏អង្គុយ​នៅក្បែរគល់នៃ​ពោធិព្រឹក្ស។​ ខ្ញុំតម្កល់ចិត្តគោរព ធ្វើនូវអញ្ជលីលើសិរ្សៈ ហើយរងនូវសោមនស្ស ក៏គិត​យ៉ាងនេះ ក្នុង​ខណៈនោះថា បើព្រះពុទ្ធមានគុណរាប់មិនបាន មិនមានបុគ្គល​ផ្ទឹមស្មើមែន សូមឲ្យពោធិព្រឹក្សនេះ សម្តែងនូវបាដិហារ្យដល់​អាត្មាអញ គឺសូមឲ្យពោធិព្រឹក្សភ្លឺស្វាង។ ដំណាលគ្នានឹងខ្ញុំកំពុងពិចារណា ពោធិព្រឹក្សក៏​ភ្លឺស្វាង ក្លាយទៅជាពណ៌មាសទាំងអស់ ទិសទាំងពួងក៏រុងរឿងក្នុងខណៈនោះ។ ខ្ញុំអង្គុយក្បែរគល់ពោធិព្រឹក្សនោះ អស់ ៧ ថ្ងៃ ៧ យប់ ដល់ថ្ងៃទី ៧ ខ្ញុំបានបូជាប្រទីប។ ប្រទីបទាំង ៥ នោះ ក៏ភ្លឺរុងរឿងឡើង ព័ទ្ធអាសនៈ កាលនោះ ប្រទីបទាំងឡាយរបស់ខ្ញុំភ្លឺរុងរឿង ដរាបដល់ព្រះអាទិត្យរះឡើង។ លុះខ្ញុំលះ​បង់​រាងកាយជារបស់មនុស្ស ក៏បានទៅកើតក្នុងឋានតាវត្តឹង្សដោយកុសលកម្ម ដែលខ្ញុំធ្វើ​ល្អ​នោះផង ដោយការតម្កល់ទុកនូវចេតនានោះផង។ ប្រាសាទរបស់ខ្ញុំដែលបុញ្ញកម្មធ្វើ​ល្អហើយ ក្នុងឋានតាវត្តឹង្សនោះ លោកហៅថា បញ្ចទីបប្រាសាទ មានកំពស់ ៦០ យោជន៍ មានទំហំ ៣០ យោជន៍។ ប្រទីបទាំងឡាយរបស់ខ្ញុំ មានចំនួនរាប់មិនអស់ តែងភ្លឺរុងរឿង​ជុំវិញ ភពទេវតាក៏ភ្លឺដោយពន្លឺប្រទីបនោះដែរ។ ខ្ញុំអង្គុយបែរមុខទៅកាន់ទិសខាងកើត បើខ្ញុំប្រាថ្នាដើម្បីមើលខាងលើ ខាងក្រោម និងទិសទទឹង ខ្ញុំក៏ឃើញនូវវត្ថុទាំងអស់​ដោយ​ចក្ខុ។ ខ្ញុំប្រាថ្នាដើម្បីឃើញនូវកម្មដែលខ្ញុំធ្វើល្អធ្វើអាក្រក់ ដរាបណា គ្រឿងបិទបាំងក្នុង​វត្ថុទាំង​នោះ ទោះជាឈើ ឬភ្នំ ក៏មិនមានដរាបនោះ។ ខ្ញុំបានជាមហេសីនៃទេវរាជ ៨០ ដង បានជាមហេសីនៃសេ្តចចក្រពត្តិ ១០០ ដង។ ខ្ញុំទៅកាន់កំណើតណាៗ ជាទេវតា ឬមនុស្ស ប្រទីបមានចំនួនមួយសែន​ភ្លឺជុំវិញខ្ញុំ។ លុះខ្ញុំច្យុតចាកទេវលោក មកកើតក្នុងផ្ទៃមាតា កាលខ្ញុំនៅក្នុងផ្ទៃនៃមាតា ភ្នែករបស់ខ្ញុំមិនដែលធ្មេចឡើយ។ ប្រទីបចំនួនមួយសែន ដែល​ប្រកបដោយបុញ្ញកម្ម រមែងភ្លឺក្នុងផ្ទះជាទីប្រសូត នេះជាផលនៃប្រទីប ៥។ កាលភព​ជាទីបំផុត ដល់ព្រមហើយ​ ខ្ញុំញ៉ាំងចិត្តឲ្យប្រព្រឹត្តទៅ ខ្ញុំឃើញព្រះនិព្វាន មិនមានជរា និងមរណៈ មានសេចក្តីត្រជាក់។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ក៏បានសម្រេច​ព្រះអរហត្ត ព្រះពុទ្ធទ្រង់ឲ្យឧបសម្បទាដល់ខ្ញុំ នេះជាផលនៃប្រទីប ៥។ កាលខ្ញុំនៅ​ក្នុងមណ្ឌបក្តី ជិតគល់ឈើក្តី ក្នុងផ្ទះស្ងាត់ក្តី ប្រទីបតែងភ្លឺរុងរឿងសព្វៗកាល នេះជា​ផល​នៃប្រទីប ៥។ ទិព្វចក្ខុរបស់ខ្ញុំ ស្អាតវិសេស ខ្ញុំជាស្រីឈ្លាសក្នុងសមាធិ ដល់នូវ​អភិញ្ញាបារមី នេះជាផលនៃប្រទីប ៥។ បពិត្រព្រះអង្គមានព្យាយាមធំ ទ្រង់មានចក្ខុ ខ្ញុំមាន​ការប្រព្រឹត្តិ​ធម៌ចប់ស្រេចហើយ មានសោឡសកិច្ចធ្វើរួចហើយ មិនមានអាសវៈ ជាស្រី​មានប្រទីប ៥ សូមថ្វាយបង្គំនូវព្រះបាទទាំងគូ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល​នៃ​ប្រទីប ៥។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមាន​​អាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា​របស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។

បានឮថា ព្រះបញ្ចទីបទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បញ្ចទីបទាយិកាថេរិយាបទាន។

នឡមាលិកាថេរិយាបទាន ទី៦

[១៦] កាលនោះឯង ខ្ញុំកើតជាកិន្នរញី នៅទៀបឆ្នេរស្ទឹងចន្ទភាគា ខ្ញុំបានឃើញព្រះពុទ្ធជា​ព្រះសយម្ភូ ទ្រង់ប្រាសចាកធូលី ទ្រង់ឈ្នះកិលេស។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ​ខ្លាំង មានចិត្តត្រេកអរ ធ្វើនូវអញ្ជលី ហើយកាន់យកនូវកម្រងផ្កាបបុស ទៅបូជាចំពោះ​ព្រះសយម្ភូ។ ខ្ញុំលះបង់រាងកាយជាកិន្នរញី បានទៅកើតក្នុងឋានតាវត្តឹង្ស ដោយ​កុសលកម្ម​ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង។ ខ្ញុំបានជា​មហេសី​នៃទេវរាជ ៣៦ ដង សេចក្តីប្រាថ្នាដោយចិត្ត​របស់ខ្ញុំ រមែងកើតឡើង តាមសមគួរ​ដល់សេចក្តីប្រាថ្នា។ ខ្ញុំបានជាអគ្គមហេសី នៃសេ្តចចក្រពត្តិ ១០ ដង ព្រោះបាន​សន្សំកង​កុសល ខ្ញុំតែងអន្ទោលទៅក្នុងភពទាំងឡាយ។ កុសលរបស់ខ្ញុំរមែងមាន ខ្ញុំបានចូល​ទៅ​កាន់ផ្នួស ថ្ងៃនេះ ខ្ញុំជាស្រីគួរដល់ការបូជា ក្នុងសាសនានៃព្រះសក្យបុត្ត។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់​ទុគ្គតិ នេះជាផលនៃកម្រងផ្កាបបុស។ ថ្ងៃនេះ ខ្ញុំមានចិត្តស្អាត ប្រាសចាកចិត្តលាមក មាន​អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមាន​​អាសវៈ ព្រោះ​បាន​កាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់​នៃ​ព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។

បានឮថា ព្រះនឡមាលិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ នឡមាលិកាថេរិយាបទាន។

មហាបជាបតិគោតមីថេរិយាបទាន ទី

[១៧] ក្នុងសម័យមួយ ព្រះសម្ពុទ្ធជាប្រទីបនៃលោក ព្រះអង្គជាសារថី ទូន្មាននូវបុរស​ដែលគួរទូន្មាន ទ្រង់គង់នៅក្នុងកូដាគារសាសា ក្នុងមហាវ័ន ទៀបក្រុងវេសាលី។ កាល​នោះ ភិក្ខុនីឈ្មោះមហាបជាបតិគោតមី ជាព្រះមាតុច្ឆានៃព្រះជិនស្រី នៅក្នុងសំណាក់​ភិក្ខុនី ជិតបុរីជាទីរីករាយនោះឯង។ ព្រះនាង​មហាបជាបតិគោតមីភិក្ខុនី នៅក្នុងទីស្ងាត់​ជាមួយ​នឹងពួកភិក្ខុនី ដែលមានចិត្តរួចស្រឡះ ចាកកិលេសចំនួន ៥០០ រូប ព្រះនាង​មានចិត្តត្រិះរិះយ៉ាងនេះថា អញ (បើរស់នៅ) មិនបានទាន់ការបរិនិព្វាននៃព្រះសម្ពុទ្ធ នៃ​គូសាវ័ក នៃរាហុល អានន្ទ និងនន្ទទេ នឹងសុំអនុញ្ញាតព្រះលោកនាថជាមហេសី លះបង់​នូវ​អាយុសង្ខារ ទៅកាន់ព្រះនិព្វានភ្លាមៗ។ សេចក្តីត្រិះរិះរបស់នាងភិក្ខុនី ៥០០ រូបក្តី សេចក្តីត្រិះរិះរបស់នាងភិក្ខុនីទាំងឡាយ មាននាងភិក្ខុនីឈ្មោះខេមាជាដើមនេះក្តី ក៏ដូច​ព្រះនាងគោតមីដែរ។ គ្រានោះ មានការកក្រើកផែនដី ទាំងផ្គរក៏លាន់ឮឡើង ទេវតា​ទាំងឡាយ ដែលអាស្រ័យនៅក្នុងសំណាក់ភិក្ខុនី ក៏ត្រូវសេចក្តីសោកបៀតបៀន។ (ទេវតា​ទាំងនោះ) យំទួញ ញ៉ាំងទឹកភែ្នកនិងសេចក្តីករុណា ឲ្យប្រព្រឹត្តទៅក្នុងទីនោះ ភិក្ខុនី​ទាំងអស់ ចូលទៅជិតនាងគោតមីភិក្ខុនី ជាមួយនឹងទេវតាទាំងនោះ ហើយក្រាបចុះដោយ​សិរ្សៈទៀបបាទា ពោលនូវពាក្យនេះថា បពិត្រព្រះនាងជាម្ចាស់ យើងទាំងឡាយ​នៅក្នុង​ទីស្ងាត់ ត្រូវដំណក់ទឹកស្រោចស្រប់ហើយ ក្នុងទីនោះ។ បពិត្រព្រះនាងគោតមីជាម្ចាស់ ផែនដីនោះ កក្រើកញាប់ញ័រ ទាំងផ្គរក៏លាន់ឮឡើង ទាំងសេចក្តីខ្សឹកខ្សួល ពួកយើង​ក៏បាន​ឮដែរ តើមានហេតុដូចម្តេច។ គ្រានោះ ព្រះនាងក៏ប្រាប់នូវហេតុទាំងអស់ ដែលនាង​ត្រិះរិះ។ លំដាប់នោះ ភិក្ខុនីទាំងអស់ បានប្រាប់នូវហេតុដែលខ្លួនត្រិះរិះហើយដែរថា បពិត្រព្រះនាងជាម្ចាស់ ព្រះនិព្វានជាទីក្សេមយ៉ាងក្រៃលែង បើព្រះនាងពេញចិត្តហើយ បពិត្រព្រះនាង ដែលបានព្រះពុទ្ធអនុញ្ញាតហើយ យើងទាំងអស់គ្នានឹងនិព្វានដែរ។ យើង​ទាំងឡាយនឹងចេញចាកផ្ទះ ចាកភព ជាមួយនឹងព្រះនាងដែរ យើងនឹងទៅកាន់ព្រះនិព្វាន​ជាបុរីដ៏ឧត្តម ជាមួយនឹងព្រះនាងទៀត។ កាលភិក្ខុនីទាំងឡាយ ពោលដើម្បីនិព្វាន គ្រានោះ ព្រះនាងក៏ពោលថា ខ្ញុំនឹងថាអ្វី ហើយក៏ចេញទៅចាកលំនៅភិក្ខុនី ជាមួយ​នឹងភិក្ខុនីទាំងអស់ រួចពោលថា ទេវតាណា ដែលអាស្រ័យនៅក្នុងសំណាក់ភិក្ខុនី ទេវតា​ទាំងនោះ​ សូមអត់ទោសដល់ខ្ញុំ ការឃើញលំនៅនាងភិក្ខុនីនេះ ជាការឃើញ​ទីបំផុត​របស់ខ្ញុំ។ ជរាក្តី មច្ចុក្តី មិនមានក្នុងទីណា ការជួបប្រទះដោយសត្វ និងសង្ខារ​មិនជាទី​ស្រឡាញ់​ក្តី ការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ក្តី មិនមានក្នុងទីណា ទីនោះ ហៅថា អសង្ខតៈ។ ពួកភិក្ខុនីជាឱរសរបស់ព្រះសុគត ដែលមិនទាន់​ប្រាសចាក​រាគៈ បានស្តាប់នូវពាក្យនោះហើយ ត្រូវសេចក្តីសោកគ្របសង្កត់ ក៏ខ្សឹកខ្សួលថា ឱហ្ន៎! យើងទាំងឡាយ ជាបុគ្គលឥតបុណ្យ។ ទីលំនៅភិក្ខុនីនេះ បើវៀរចាកពួកភិក្ខុនីទាំងនោះ​ហើយ ក៏នឹងសូន្យឈឹង ពួកនាងភិក្ខុនី ជាឱរសរបស់ព្រះជិនស្រី ក៏លែងប្រាកដ ដូចជា​ផ្កាយដែលមិនប្រាកដក្នុងពេលភ្លឺច្បាស់។ ព្រះនាងគោតមី នឹងទៅកាន់និព្វានជាមួយភិក្ខុនី ៥០០ រូប ដូចទន្លេគង្គាហូរទៅកាន់សាគរជាមួយស្ទឹង ៥០០ ដូច្នោះ។ ពួកឧបាសិកា​ដែល​មាន​សទ្ធាចេញអំពីផ្ទះ ដើរទៅតាមច្រក បានឃើញព្រះនាងគោតមីនោះ ក៏ក្រាប​ទៀប​បាទា ហើយពោលនូវពាក្យនេះថា ព្រះនាងម្ចាស់ ចូរជ្រះថ្លាក្នុងភោគៈដ៏ច្រើនចុះ ព្រះនាង​មិនគួរលះបង់នូវយើងខ្ញុំទាំងឡាយ ឲ្យនៅឥតទីពឹងហើយនិព្វានទេ ឧបាសិកាទាំងនោះ ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ហើយ ក៏យំរៀបរាប់ (យ៉ាងនេះ)។ ព្រះនាងគោតមី​បានពោល​វាចាដ៏ពីរោះ ដើម្បីបន្ទោបង់នូវសេចក្តីសោករបស់ស្រីទាំងនោះថា​​ ម្នាលកូនទាំងឡាយ នាងទាំងឡាយ មិនគួរយំស្រែកទេ ថ្ងៃនេះជាកាលគួរនាងទាំងឡាយសើច​សប្បាយ​ទេតើ។ ព្រោះសេចក្តីទុក្ខ ខ្ញុំបានកំណត់ដឹងហើយ ហេតុនាំឲ្យកើតទុក្ខ​ ខ្ញុំវៀរស្រឡះហើយ ព្រះនិព្វានជាទីរលត់ទុក្ខ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងមគ្គទៀត ខ្ញុំក៏បានអប់រំ​ល្អ​ហើយ។

ចប់ ភាណវរៈ ទី១។

ព្រះសាស្តា ខ្ញុំបំរើហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះ​ហើយ តណ្ហាជាធម្មជាតិនាំសត្វទៅក្នុងភព ខ្ញុំក៏បានដកចោលហើយ។ ស្រីទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍ជាទីអស់ទៅ​នៃ​សំយោជនៈ​ទាំងពួងនោះ ខ្ញុំក៏បានដល់ហើយ។ ព្រះពុទ្ធក្តី ព្រះសទ្ធម្មរបស់ព្រះពុទ្ធនោះក្តី ឋិតនៅមិនខ្វះខាត ដរាបណា កាលនេះ ជាកាលគួរដើម្បីខ្ញុំនឹងនិព្វានដរាបនោះ ម្នាល​កូនស្រី​ទាំងឡាយ នាងទាំងឡាយ កុំសោកស្តាយខ្ញុំឡើយ។ ព្រះកោណ្ឌញ្ញៈ ព្រះអានន្ទ ព្រះនន្ទ ព្រះរាហុល ព្រះជិនស្រី ព្រមទាំងព្រះសង្ឃ ចូរឋិតនៅជាសុខចុះ ទាំងពួក​តិរិ្ថយដែលមានសេចក្តីល្ងង់ខ្លៅសាបសូន្យហើយ ក៏ឋិតនៅជាសុខចុះ។ យសនៃវង្សរបស់​ស្តេចឱក្កាកៈ ចម្រើនឡើងហើយ ញំាញីនូវមារ ម្នាលកូនស្រីទាំងឡាយ ក្រែង (កាលនេះ) ជាសម្បត្តិកាល ដើម្បីឲ្យខ្ញុំនិព្វានហើយឬ។​ ចាប់​តាំងអំពីយូរយារមកហើយ សេចក្តីប្រាថ្នា​ណា ដែលខ្ញុំតម្កល់ទុក (សេចក្តីប្រាថ្នានោះ) នឹងសម្រេចក្នុងថ្ងៃនេះ កាលនេះ ជាកាល​គួរ​ទូងភេរី គឺសេចក្តីត្រេកអរក្នុងធម៌ ម្នាលកូនស្រីទាំងឡាយ នាងទាំងឡាយ មានប្រយោជន៍​អ្វីនឹងសម្រក់ទឹកភ្នែក។ បើនាងទាំងឡាយមានសេចក្តីអាណិតខ្ញុំ ឬក៏ជាអ្នកកតញ្ញូនឹងខ្ញុំ នាងទាំងអស់គ្នា ចូរធ្វើព្យាយាមឲ្យមាំ ដើម្បីញ៉ាំងព្រះសទ្ធម្មឲ្យតាំងនៅមាំចុះ។ ព្រះសម្ពុទ្ធ​ដែលខ្ញុំអង្វរសុំហើយ ព្រះអង្គក៏ទ្រង់ប្រទាននូវផ្នួសដល់ស្រីទាំងឡាយ ព្រោះហេតុនោះ ខ្ញុំនឹងត្រេកអរយ៉ាងណា នាងទាំងឡាយ ចូរប្រព្រឹត្តតាមដំណើរនោះ យ៉ាងនោះចុះ។ ព្រះនាងគោតមី បានប្រៀនប្រដៅនូវពួកឧបាសិកាទាំងនោះយ៉ាងនេះហើយ ពួកភិក្ខុនីក៏​ហែហម ហើយចូលទៅថ្វាយបង្គំព្រះសម្ពុទ្ធ បានពោល​នូវពាក្យនេះថា បពិត្រព្រះសុគត ខ្ញុំព្រះអង្គ ជាព្រះមាតារបស់ព្រះអង្គ បពិត្រព្រះអង្គទ្រង់មានប្រាជ្ញា តែព្រះអង្គជាព្រះបិតា​នៃខ្ញុំព្រះអង្គ បពិត្រព្រះលោកនាថ ព្រោះព្រះអង្គ​ទ្រង់​​ប្រទាននូវព្រះសទ្ធម្ម និងសេចក្តីសុខ បពិត្រព្រះគោតម ខ្ញុំព្រះអង្គឈ្មោះថា កើតអំពីព្រះអង្គ។ បពិត្រព្រះសុគត រូបកាយ​នៃ​ព្រះអង្គនេះ ខ្ញុំឲ្យចម្រើនហើយ ធម្មកាយជាទីត្រេកអររបស់ខ្ញុំ ព្រះអង្គឲ្យចម្រើន​ហើយ។ ខ្ញុំម្ចាស់ឲ្យព្រះអង្គបៅទឹកក្សីរ ដែលរម្ងាប់នូវសេចក្តីស្រេកឃ្លានមួយរំពេច ព្រះអង្គ​ឲ្យ​ខ្ញុំបៅ​ទឹកក្សីរ​គឺធម៌ មានសេចក្តីស្ងប់រម្ងាប់ជាទីបំផុត បព្រិតព្រះមហាមុនី ព្រះអង្គ​មិនមាន​បំណុលដល់ខ្ញុំ ក្នុងការរក្សានូវចំណងទេ ស្រីទាំងឡាយចង់បានកូន កាល​បន់ស្រន់ រមែង​បានកូនប្រាកដដូចព្រះអង្គ។ បពិត្រព្រះអង្គជាឱរស មាតាណា របស់ស្តេច​ជាធំជាងនរៈ មានស្តេចមន្ធាតុជាដើម មាតានោះ គឺខ្ញុំព្រះអង្គ ដែលលិចចុះក្នុង​សមុទ្ទ​គឺភព បាន​ព្រះអង្គចម្លងហើយ ចាកសមុទ្ទគឺភព។ ព្រះនាមជាព្រះមាតា ជាព្រះមហេសី​របស់​​ស្តេច គឺស្រីទាំងឡាយ តែងបានដោយងាយទេ ឯព្រះនាម​ថា​ព្រះពុទ្ធមាតានេះ គឺស្រីទាំងឡាយ សឹងបានដោយកម្រក្រៃពេក។ បពិត្រព្រះមហាវីរៈ ឯសេចក្តីប្រាថ្នាជាដំបូងនោះ ខ្ញុំព្រះអង្គ​បាន​ហើយ ដោយសារព្រះអង្គ សេចក្តីប្រាថ្នាទាំងអស់នោះ ទោះតូចក្តីធំក្តី ព្រះអង្គបាន​បំពេញ​ឲ្យហើយ។ ខ្ញុំម្ចាស់ សូមលះបង់នូវសាកសពនេះ ប្រាថ្នានឹងបរិនិព្វាន បពិត្រ​ព្រះអង្គ​​មានព្យាយាម ជានាយក ទ្រង់ធ្វើនូវទីបំផុតនៃទុក្ខ សូមព្រះអង្គអនុញ្ញាត​ដល់​ខ្ញុំព្រះអង្គ។ សូមព្រះអង្គសណ្តូកនូវព្រះបាទទាំងគូដ៏ទន់ល្វន់ដូចផ្កាឈូក ដេរដាសដោយ​ស្នាមចក្រ កង្វេរ និងទង់ ខ្ញុំព្រះអង្គមានសេចក្តីស្រឡាញ់ចំពោះព្រះឱរស នឹងថ្វាយ​បង្គំ​ព្រះបាទ​ទាំងគូនោះ។ សរីរៈរបស់ព្រះអង្គ ប្រាកដស្មើដោយគំនរមាស ដែលប្រាកដ​ក្នុង​ដែនកុរុ សូមព្រះអង្គធ្វើឲ្យជារាងកាយ គឺខ្ញុំព្រះអង្គឃើញបានដោយងាយ បពិត្រ​ព្រះនាយក ខ្ញុំព្រះអង្គនឹងទៅកាន់ព្រះនិព្វាន ជាទីស្ងប់រម្ងាប់។ ព្រះជិនស្រី ទ្រង់សម្តែងនូវ​រាងកាយ ប្រកបដោយលក្ខណៈ ៣២ ប្រដាប់ដោយពន្លឺដ៏ល្អ ដូចព្រះអាទិត្យ​ដ៏ស្រទន់​នាអាកាស ក្នុងវេលាល្ងាច។ លំដាប់នោះ ព្រះនាងគោតមីនោះ ក្រាបចុះ​ដោយសិរ្សៈ​ទៀបព្រះបាទា ប្រាកដស្មើដោយផ្កាឈូករីក មានរស្មីដូចព្រះអាទិត្យទើបនឹងរះ ប្រដាប់​ដោយចក្រ ហើយទូលថា ខ្ញុំសូមថ្វាយបង្គំព្រះអង្គជាព្រះអាទិត្យរបស់នរជន ជាទង់ក្នុង​អាទិច្ចត្រកូល ព្រះអង្គជាទីពឹងរបស់ខ្ញុំ ក្នុងកាលជាទីបំផុត ខ្ញុំមិនបានឃើញ​ព្រះអង្គ​ទៀត​ទេ។ បពិត្រព្រះអង្គជាកំពូលនៃលោក ធម្មតាស្រ្តីទាំងឡាយ ធ្វើនូវទោសទាំងពួង ហើយ​ស្លាប់ទៅ បើទោសរបស់ខ្ញុំមានបន្តិចបន្តួច បពិត្រព្រះអង្គទ្រង់ធ្វើសេចក្តីករុណា សូម​ព្រះអង្គ​អត់ទោសនោះដល់ខ្ញុំ។ ម្យ៉ាងទៀត ខ្ញុំសូមផ្នួសរឿយៗ ដើម្បីស្រីទាំងឡាយ បើខ្ញុំ​មាន​ទោស ក្នុងហេតុនោះ បពិត្រព្រះអង្គដ៏ប្រសើរជាងនរជន សូមព្រះអង្គអត់​នូវទោស​នោះ។ បពិត្រព្រះអង្គមានព្យាយាម ភិក្ខុនីទាំងឡាយ ដែលខ្ញុំប្រៀនប្រដៅហើយ តាម​សេចក្តី​អនុញ្ញាតរបស់ព្រះអង្គ បើខ្ញុំទូន្មានមិនល្អក្នុងរឿងនោះទេ បពិត្រព្រះអង្គទ្រង់មាន​សេចក្តីអត់ធន់​ និងមានព្យាយាម សូមព្រះអង្គអត់នូវទោសនោះដល់ខ្ញុំ។

(ព្រះសម្ពុទ្ធត្រាស់តបថា) តថាគតអត់ទោស ក្នុងហេតុដែលតថាគតមិនទាន់អត់ ប្រយោជន៍​​អ្វីក្នុងភព ដែលប្រដាប់ដោយគុណ តថាគតនឹងពោលនូវអ្វី​ដ៏លើសលុប​ជាង​នាង ដែលពោលដើម្បីនិព្វាន។ កាលភិក្ខុសង្ឃរបស់តថាគត ស្អាតគ្រប់គ្រាន់ ភិក្ខុសង្ឃក៏​គួរដើម្បីរើខ្លួនចេញចាកលោកនេះ ដូចកាលព្រះចន្ទ្រ និងផ្កាយទាំងឡាយ ដល់នូវ​សេចក្តី​វិនាស ក្នុងកាលព្រះអាទិត្យរះឡើង ស្នាមព្រះចន្ទ្រដែលគេឃើញច្បាស់ ក៏រលុបបាត់ទៅ។

ភិក្ខុនីដទៃ ក្រៅអំពីព្រះនាងមហាបជាបតិគោតមីនោះ ធ្វើប្រទក្សិណព្រះជិនស្រីដ៏ប្រសើរ ដូចជាផ្កាយប្រព្រឹត្តទៅតាមព្រះចន្ទ្រ ដើរប្រទក្សិណភ្នំសិនេរុ ហើយក្រាបចុះទៀប​ព្រះបាទា រួចឈររមិលមើលនូវព្រះភក្រ្តនៃព្រះសាស្តានោះ។ ព្រះនាង​បជាបតិគោតមី​ក្រាបទូលថា ភ្នែករបស់ខ្ញុំ មិនធ្លាប់ឆ្អែតដោយការឃើញនូវព្រះអង្គ ត្រចៀករបស់ខ្ញុំ មិន​ធ្លាប់​ឆ្អែតដោយភាសិតរបស់ព្រះអង្គ។ ចិត្តរបស់ខ្ញុំតែមួយប៉ុណ្ណោះ ដល់នូវសេចក្តីឆ្អែត ដោយរសនៃធម៌ដ៏ពេញលេញ។

កាលព្រះមានព្រះភាគទ្រង់បន្លឺឡើង ក្នុងកណ្តាលបរិស័ទ ទ្រង់ប្រហារនូវសេចក្តីរឹងត្អឹង​របស់​ជនអ្នកមានវាទៈ ពួកជនណាបានឃើញព្រះឱស្ឋ បពិត្រព្រះអង្គជាធំជាងនរៈ ជន​ទាំងឡាយនោះ ឈ្មោះថាមានបុណ្យ។ ជនទាំងឡាយណា ថ្វាយបង្គំនូវព្រះបាទា មាន​ព្រះអង្គុលីវែង មានព្រះនខាក្រហម មានព្រះបណ្ហិវែងល្អ បពិត្រព្រះអង្គទ្រង់ដល់​នូវទី​បំផុត​នៃសេចក្តីសៅហ្មង ជនទាំងឡាយនោះ ឈ្មោះថាមានបុណ្យ។ ជនទាំងឡាយណា ស្តាប់នូវពាក្យទាំងឡាយដ៏ពីរោះ ជាទីរីករាយចិត្ត ជាគ្រឿងដុតចោលនូវទោស ជាទីនាំ​មក​នូវប្រយោជន៍ បពិត្រព្រះអង្គប្រសើរជាងនរៈ ជនទាំងឡាយនោះ ឈ្មោះថាមានបុណ្យ។ បពិត្រព្រះមហាវីរៈ ខ្ញុំជាស្រីមានបុណ្យ ជាអ្នកយកចិត្តទុកដាក់ ក្នុងការបូជានូវព្រះបាទា​របស់ព្រះអង្គ ជាស្រីឆ្លងចាកផ្លូវលំបាកគឺសង្សារ តាមព្រះពុទ្ធដីការបស់ព្រះអង្គមានសិរី។ លំដាប់​នោះ ព្រះនាងគោតមី បានក្រាបទូលព្រះមានព្រះភាគ ជាស្រីមានវត្តល្អចំពោះ​ភិក្ខុសង្ឃ រួចថ្វាយបង្គំព្រះរាហុល ព្រះអានន្ទ និងព្រះនន្ទ ហើយពោលនូវពាក្យនេះថា ខ្ញុំមានសេចក្តីនឿយណាយក្នុងសាកសព ជាលំនៅរបស់រោគ ស្មើដោយលំនៅនៃសត្វ​មាន​ពិស ជាគ្រឿងកំណត់នៃទុក្ខ ជាទីគោចរនៃជរា និង​មរណៈ។ ជារូបដេរដាស​ដោយ​មន្ទិល គឺសាកសពផ្សេងៗ ជាអាយត្ត [ដែលពឹងផ្អែកអ្នកដទៃ ដែលឥតអំណាច​លើខ្លួន​ឯង។] នៃបុគ្គលដទៃ ជារូបប្រាសចាកអំណាច ព្រោះហេតុនោះ ខ្ញុំប្រាថ្នាដើម្បីព្រះនិព្វាន បពិត្រកូនទាំងឡាយ លោកទាំងឡាយ ចូរសំគាល់ចុះ។

ព្រះនន្ទ និងព្រះរាហុលដ៏ចម្រើន ជាអ្នកមិនមានសេចក្តីសោក មិនមានអាសវៈ មានចិត្ត​នឹងធឹង មិនមានកម្រើក មានប្រាជ្ញា មានព្យាយាម គិតរំពឹងនូវធម៌ថា ថ្វើយ! សង្ខតធម៌ ជារបស់វិនាស ជារបស់មិនមានខ្លឹម មានឧបមាដូចដើមចេក ប្រាកដស្មើដោយកល់មាយា និងថ្ងៃបណ្តើរកូនជារបស់តិចតួច មិនបានតាំងនៅយឺនយូរឡើយ។ ព្រះនាងគោតមីនេះ ជាព្រះមាតុច្ឆានៃព្រះជិនស្រី បានចិញ្ចឹមព្រះសម្ពុទ្ធ ដើរទៅកាន់សេចក្តីស្លាប់ក្នុងទីណា (ទីនោះ) មិនទៀង ត្រូវមានបច្ច័យតាក់តែងទាំងអស់។ ចំណែកឯព្រះអានន្ទ នៅជា​សេក្ខបុគ្គល ជាប្អូនជាទីស្រលាញ់នៃព្រះជិនស្រី ព្រះអានន្ទនោះ បង្ហូរទឹកភ្នែកក្នុងទីនោះ ធ្វើនូវសេចក្តីករុណា ទួញយំខ្សឹកខ្សួលថា ព្រះនាងគោតមី ពោលលាទៅកាន់​ព្រះនិព្វាន​ហើយ មិនយូរប៉ុន្មានទេ ព្រះសម្ពុទ្ធក៏គង់ទៅកាន់ព្រះនិព្វានពុំខានដែរ ដូចភ្លើងមិនមាន​កំញម។ ព្រះនាងគោតមី បានមានព្រះសវនីយ៍ទៅកាន់ព្រះអានន្ទ ដែលកំពុងតែយំរៀប​រាប់​យ៉ាងនេះ ជាអ្នកមានវេទដ៏ជ្រៅដូចសាគរ ជាអ្នកយកចិត្តទុកដាក់ក្នុងការបម្រើ​ព្រះសម្ពុទ្ធថា បពិត្រលោកកូន កាលបើកាលជាទីរីករាយ ប្រាកដហើយ លោកកូនមិន​គួរសោយសោកទេ បពិត្រលោកកូន សេចក្តីស្លាប់របស់ខ្ញុំនោះ ជាកិច្ចចូលទៅ​កាន់​ព្រះនិព្វាន ជាទីបំផុតវិញតើ។ បពិត្រលោកកូន ព្រះសាស្តាដែលលោកកូន​បានទូល​សុំ​ហើយ​ ទ្រង់ក៏អនុញ្ញាតនូវផ្នួសដល់យើង បពិត្រលោកកូន ចូរលោកកូនកុំតូចចិត្តឡើយ ព្រោះ​សេចក្តីខ្វល់ខ្វាយរបស់លោកកូន ជាការមួយប្រកបដោយផល។ បទណាដែលពួក​កតិ្ថកាចារ្យ​ជាន់ចាស់ មិនបានយល់ បទនោះ សូម្បីពួកកុមារីដែលមានអាយុ ៧​ ឆ្នាំ ក៏យល់ច្បាស់ហើយ។ លោកកូនចូររក្សាព្រះពុទ្ធសាសនាចុះ ការឃើញលោកកូន​ (គ្រានេះ) ជាកិច្ចទីបំផុត (របស់ខ្ញុំ) បពិត្រលោកកូន បុគ្គលទៅហើយមិនប្រាកដក្នុងទីណា ខ្ញុំនឹងទៅក្នុងទីនោះ។ ព្រះនាយក ជាកំពូលនៃលោក ទ្រង់សម្តែងធម៌ផ្សាយទៅក្នុង​កាល​ណា កាលនោះ ខ្ញុំជាស្រ្តីអនុគ្រោះ ខ្ញុំបានពោលនូវាចាឲ្យពរថា បពិត្រព្រះអង្គមាន​ព្យាយាម​ធំ សូមព្រះអង្គគង់ព្រះជន្មនៅអស់កាលយូរ បពិត្រព្រះមហាមុនី សូមព្រះអង្គគង់​នៅអស់មួយកប្បចុះ សូមព្រះអង្គកុំមានជរា និងមរណៈ ដើម្បីជាប្រយោជន៍ដល់​សត្វ​លោក​ទាំងអស់។ ព្រះពុទ្ធនោះ ទ្រង់ត្រាស់នឹងខ្ញុំ ដែលជាអ្នកក្រាបទូលដូច្នោះ នូវពាក្យ​នេះថា បពិត្រព្រះនាងគោតមី ​ព្រះនាងថ្វាយបង្គំយ៉ាងណា ព្រះពុទ្ធទាំងឡាយ គេមិន​ដែល​ថ្វាយបង្គំ យ៉ាងនោះទេ។

ព្រះតថាគតទាំងឡាយ ជាសព្វញ្ញូ បុគ្គលគប្បីថ្វាយបង្គំដោយប្រការដូចម្តេច ព្រះពុទ្ធទាំង​ឡាយ បុគ្គលមិនគប្បីថ្វាយបង្គំ តើដោយប្រការដូចម្តេច ព្រះអង្គដែលខ្ញុំសួរហើយ សូម​ប្រាប់​នូវហេតុនោះឲ្យទាន។

នាងចូរមើលនូវសាវ័កទាំងឡាយ ដែលមានព្យាយាមតឹងតែង មានចិត្តបញ្ជូនទៅកាន់​ព្រះនិព្វាន មានសេចក្តីប្រឹងប្រែងដ៏មាំជានិច្ច ជាអ្នកព្រមព្រៀងគ្នា នេះឈ្មោះថា ការថ្វាយ​បង្គំ​នូវព្រះពុទ្ធទាំងឡាយ។

លំដាប់នោះ ខ្ញុំទៅកាន់លំនៅភិក្ខុនីតែម្នាក់ឯង ក៏គិតយ៉ាងនេះថា ព្រះលោកនាថ ទ្រង់​ដល់នូវទីបំផុតនៃត្រៃភព ទ្រង់ពេញព្រះហឫទ័យ​នឹងបរិស័ទដែលព្រមព្រៀងគ្នា។ ណ្ហើយ​ចុះ ខ្ញុំនឹងបរិនិព្វាន កុំឲ្យឃើញនូវវិបត្តិនោះ ខ្ញុំគិតយ៉ាងនេះហើយ ក៏ឃើញនូវព្រះពុទ្ធ ជាឥសីទី ៧។ ខ្ញុំក្រាបទួលនូវកាលបរិនិព្វានរបស់ខ្ញុំ ចំពោះព្រះនាយក លំដាប់នោះ ព្រះអង្គ​ទ្រង់អនុញ្ញាតថា បពិត្រព្រះនាងគោតមី ព្រះនាងចូរដឹងនូវកាលជាទីបរិនិព្វានចុះ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមាន​​អាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុង​សំណាក់​នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។

ពួកជនពាលណា ដល់នូវសេចក្តីសង្ស័យក្នុងការត្រាស់ដឹងនូវធម៌ នៃស្រ្តីទាំង​ឡាយ បពិត្រ​ព្រះនាងគោតមី ព្រះនាងចូរសម្តែងនូវឫទ្ធិ ដើម្បីកំចាត់បង់នូវទិដ្ឋិនៃពួក​ជនពាល​នោះ។

គ្រានោះ ព្រះនាងគោតមី ក្រាបថ្វាយបង្គំព្រះសម្ពុទ្ធ ហើយហោះឡើងទៅឯអាកាស សម្តែង​នូវឫទ្ធិដ៏ច្រើនជាអនេក តាមពុទ្ធានុញ្ញាត គឺស្រ្តីតែម្នាក់ ធ្វើឲ្យទៅជាច្រើនអ្នកក៏បាន ស្រ្តីច្រើននាក់ ធ្វើឲ្យទៅជាម្នាក់ក៏បាន ទៅកាន់ទីវាល ជាទីខាងក្រៅ ខាងក្រៅជញ្ជាំង ខាងក្រៅភ្នំក៏បាន ដើរទៅមិនទើសទាក់ មុជចុះក្នុងផែនដីក៏បាន ដើរលើទឹកមិនបែកធ្លាយ​ទឹក ហាក់ដូចជាដើរលើផែនដីក៏បាន។ ទៅទាំងភ្នែនលើអាកាស ដូចជាសត្វស្លាបក៏បាន ញ៉ាំងអំណាចកាយឲ្យអណ្តែតទៅ ដរាបដល់លំនៅនៃព្រហ្មក៏បាន។ យកភ្នំសិនេរុធ្វើជា​ដងឆ័ត្រ យកផែនដីធំធ្វើជាឆ័ត្រ បង្វិលដងឆ័ត្រ បាំងដើរលើផ្ទៃអាកាស។ ធ្វើនូវលោក​ឲ្យរុងរឿង ដូចជាព្រះអាទិត្យ ៦ រះឡើងផង ធ្វើនូវលោកនោះ ឲ្យជាកម្រងសំណាញ់ ដូចជា​នៅលើភ្នំយុគន្ធរផង។ កាន់យកនូវវត្ថុទាំងពួងគឺ ដើមមុច្ចលិន្ទ ថ្មធំ ភ្នំសិនេរុ ដើម​មន្ទារ និងដើមទទ្ទរៈទាំងឡាយ ដោយក្តាប់ដៃមួយ ដូចជាកាន់គ្រាប់ស្ពៃ។ បិទបាំង​ព្រះអាទិត្យ ព្រះចន្រ្ទ ដោយចុងម្រាម ទ្រនូវព្រះចន្ទ្រ ព្រះអាទិត្យមួយពាន់ ដូចជាទ្រនូវ​គ្រឿង​ប្រដាប់ក្បាល ទ្រនូវទឹកក្នុងសមុទ្រទាំង ៤ ដោយដៃម្ខាង ញ៉ាំងភ្លៀង​ធំមានអាការ​ដូចជាទឹក ហូរអំពីភ្នំយុគន្ធរឲ្យបង្អុរចុះ។ ព្រះនាងគោតមីនោះ បាននិម្មិតជាស្តេចចក្រពត្តិ ព្រមទាំងបរិស័ទ សម្តែងនូវអត្តភាពជាគ្រុឌផង ដំរីផង សីហៈផង បន្លឺនូវសម្រែក​លើផ្ទៃនៃ​អាកាស។ ព្រះនាងតែម្នាក់ឯង និម្មិតនូវពួកភិក្ខុនីដ៏ច្រើនប្រមាណមិនបាន ហើយឲ្យបាត់​ទៅវិញ នៅតែម្នាក់ឯង ទើបពោលនឹងព្រះមុនីថា បពិត្រព្រះមហាវីរៈ ខ្ញុំជាមាតុច្ឆារបស់​ព្រះអង្គ ជាស្រ្តីអ្នកធ្វើតាមនូវសាសនារបស់ព្រះអង្គ បានសម្រេចប្រយោជន៍របស់​ខ្លួន​ហើយ បពិត្រព្រះអង្គមានចក្ខុ ខ្ញុំសូមថ្វាយបង្គំព្រះបាទាទាំងគូ។ ព្រះនាងគោតមីនោះ លុះ​សម្តែងឫទ្ធិផ្សេងៗហើយ ក៏ចុះចាកផ្ទៃនៃអាកាស មកថ្វាយបង្គំព្រះសម្ពុទ្ធ ជាពន្លឺនៃលោក ហើយអង្គុយក្នុងទីដ៏សមគួរ រួចក្រាបទូលថា បពិត្រព្រះមហាមុនី ខ្ញុំកើតមកបានអាយុ ១២០ ហើយ បពិត្រព្រះមហាវីរៈ ខ្ញុំល្មមប៉ុណ្ណេះហើយ បពិត្រព្រះនាយក ខ្ញុំនឹងបរិនិព្វាន។ គ្រានោះ បរិស័ទទាំងពួងនោះ មានសេចក្តីអស្ចារ្យ​ក្រៃពេក ផ្គងអញ្ជលី ហើយពោលថា បពិត្រព្រះនាងមានឫទ្ធិថ្លឹងពុំបាន មានព្យាយាម កិច្ចទាំងពួង ព្រះនាងបានធ្វើហើយ។

ព្រះជិនស្រីព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ជានាយក ទ្រង់ត្រាស់ឡើង​ក្នុង​កប្បទីមួយសែន អំពីកប្បនេះ។ ក្នុងកាល​នោះ ខ្ញុំកើតក្នុងត្រកូលនៃអាមាត្យ ក្នុងនគរ​ហង្សវតី ជាត្រកូលបរិបូណ៌​ដោយ​ឧបការៈទាំងពួង ដ៏ស្តុកស្តម្ភមាំមួន មានទ្រព្យ​ច្រើន។ ក្នុងកាល​មួយ ខ្ញុំទៅជាមួយនឹងបិតា មានពពួកខ្ញុំស្រីចោមរោម មានបរិវារច្រើន ចូលទៅ​គាល់ព្រះសម្ពុទ្ធអង្គនោះ ព្រះអង្គប្រសើរជាងនរៈ។ ខ្ញុំបាន​ឃើញ​ព្រះជិនស្រី មិនមាន​អាសវៈ ប្រាកដស្មើដោយព្រះអាទិត្យ ក្នុង​សរទកាល ដ៏ដេរដាសដោយកម្រងគឺរស្មី ទ្រង់​បង្អុរ​ចុះ​នូវភ្លៀងគឺធម៌ ដូចជាព្រះឥន្រ្ទ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លា បានស្តាប់សុភាសិតនៃ​ព្រះពុទ្ធ​​នោះ ព្រះអង្គជានាយកនៃនរៈ ទ្រង់តាំង នូវនាងភិក្ខុនី ជាព្រះមាតុច្ឆា​ក្នុងទី​ដ៏ប្រសើរលើស។ លុះខ្ញុំស្តាប់ហើយ ក៏បានថ្វាយនូវមហាទានផង នូវបច្ច័យដ៏ច្រើនផង ដល់ព្រះសម្ពុទ្ធ ដ៏ប្រសើរជាងនរជនអង្គនោះ ទ្រង់​ជាតាទិបុគ្គល ព្រមទាំងព្រះសង្ឃ អស់ ៧ ថ្ងៃ រួចខ្ញុំក្រាបចុះ​ទៀប​ព្រះបាទា ហើយប្រាថ្នានូវតំណែងនោះ។

លំដាប់នោះ ព្រះពុទ្ធជាឥសីទី ៧ បានពោលក្នុងបរិស័ទច្រើនថា ស្រ្តីណាបាន​ញុំាង​ព្រះលោកនាយក ព្រមទាំងព្រះសង្ឃឲ្យឆាន់ អស់ ៧ ថ្ងៃ តថាគតនឹងសរសើរនូវស្រ្តីនោះ អ្នកទាំងឡាយចូរស្តាប់នូវពាក្យ​ដែលតថាគតនឹងសម្តែងដូចតទៅនេះ។ ក្នុងកប្បទីមួយ​សែន អំពី​ភទ្ទកប្ប​នេះ ព្រះសាស្តា ព្រះនាមគោតម ទ្រង់សម្ភពក្នុង​ត្រកូល​ក្សត្រ​ឱក្កាកៈ នឹងត្រាស់ឡើងក្នុងលោក។ ស្រ្តីនោះ នឹងបានជាឱរស ជាអ្នក​ទទួលមត៌កក្នុងធម៌នៃ​ព្រះពុទ្ធនោះ ជាធម្មនិមិ្មតិ ឈ្មោះនាង គោតមី នឹងបានជាសាវិកានៃព្រះសាស្តាអង្គនោះ។ នាង​គោតមីនេះ ជា​ព្រះមាតុច្ឆា ជាអ្នករក្សានូវជីវិតនៃព្រះពុទ្ធនោះ នឹងបាននូវទីដ៏ប្រសើរ លើសជាងភិក្ខុនីទាំងឡាយ ជាអ្នកដឹងនូវរាត្រីដ៏វែង (មានអាយុវែង)។ គ្រានោះ ខ្ញុំស្តាប់​នូវព្រះពុទ្ធដីកានោះ ក៏មានចិត្តរីករាយ បានបម្រើនូវ​ព្រះជិនស្រី ដោយបច្ច័យទាំងឡាយ ដរាបដល់អស់​ជីវិត តមក ខ្ញុំក៏ធ្វើ​មរណកាល។ ខ្ញុំបានទៅកើតក្នុងពួកទេវតាជាន់តាវត្តឹង្ស សម្រេចនូវ​សេចក្តីប្រាថ្នាទាំងពួង បានគ្របសង្កត់នូវទេវតាទាំងឡាយ ដទៃដោយ​អង្គ ១០ យ៉ាង គឺដោយរូប សំឡេង ក្លិន រស សម្ផ័ស្ស អាយុ វណ្ណៈ សុខៈ យស។ មួយទៀត ខ្ញុំឈ្នះ​ឈ្នាន រុងរឿង ដោយ​អធិបតេយ្យ (ជាគម្រប់ ១០) ខ្ញុំបានជាមហេសីរបស់ព្រះឥន្រ្ទ ក្នុងឋាន​នោះ។ ខ្ញុំត្រូវខ្យល់ គឺកម្មបក់ផាត់ទៅ អន្ទោលទៅក្នុងសង្សារ បានទៅកើតក្នុង​ស្រុក​ទាសគ្រាម ក្នុងដែននៃស្តេចឈ្មោះកាសិកៈ។ គ្រានោះ ខ្ញុំប្រុស ៥០០ នាក់ ឥត​ខ្វះខាត នៅក្នុងស្រុកនោះ ជនណាជាធំជាងជនទាំងពួង ក្នុងស្រុកនោះ ខ្ញុំបានជា​ប្រពន្ធ​របស់​​ជននោះ។ ភិក្ខុប្រាំ​រយអង្គ​របស់​ព្រះសយម្ភូ បានចូលទៅកាន់ស្រុកនោះ ដើម្បី​បិណ្ឌបាត ខ្ញុំ ព្រមទាំងញាតិទាំងអស់ ឃើញភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ ខ្ញុំព្រមទាំងប្តី មានចិត្តជ្រះថ្លា បានធ្វើកុដិប្រាំរយខ្នង (ប្រគេន) ចូលទៅ​បម្រើអស់ ៤ ខែ ហើយ​ប្រគេននូវត្រៃចីវរ។ ខ្ញុំព្រមទាំងប្តី លុះច្យុត​ចាកអត្តភាពនោះ បានទៅកើតក្នុងឋានតាវត្តឹង្ស ឥឡូវនេះ ខ្ញុំកើតក្នុង​បូរីឈ្មោះទេវទហៈ ក្នុងភពជាទីបំផុត។ ព្រះបិតារបស់​ខ្ញុំជាសាក្យៈ ព្រះនាមអញ្ជនៈ ព្រះមាតារបស់ខ្ញុំ ព្រះនាមសុលក្ខណា លំដាប់នោះ ខ្ញុំបានទៅកាន់​ដំណាក់ (អគ្គទេពី) នៃព្រះរាជា​ព្រះនាមសុទ្ធោទនៈ ក្នុងក្រុងកបិលពស្តុ។ ស្រ្តីទាំងអស់ កើតក្នុង​​សាក្យត្រកូល បានទៅ​កាន់ដំណាក់ (ស្រំស្នំ) របស់ព្រះបាទ​សុទ្ធោទនៈនោះ ខ្ញុំប្រសើរ​ជាង​ស្រ្តីទាំងអស់ បានជាអ្នករក្សា​នូវព្រះជិនស្រី។ ព្រះសម្ពុទ្ធនោះ ជា​នាយក ជាបុត្តរបស់ខ្ញុំ ទ្រង់ចេញទៅ​បព្វជ្ជា លុះកាលជាខាងក្រោយ ខ្ញុំក៏ចេញទៅបួសជាមួយ នឹងស្រ្តីប្រាំរយនាក់។ ខ្ញុំបានពាល់ត្រូវនូវ​សន្តិសុខ ជាមួយនឹងពួកនាង​សាកិយានីទាំង​ឡាយ ជាស្រ្តីមាន​ព្យាយាម ក្នុងកាលនោះ ជន ទាំងឡាយណា ជាស្វាមីរបស់​យើង​ក្នុង​ជាតិមុន។ ជនទាំងនោះ ជាអ្នកធ្វើបុណ្យ អ្នកធ្វើលទ្ធិដ៏ធំ ដែល​ព្រះសុគតអនុគ្រោះហើយ ក៏បាននូវព្រះអរហត្ត។

ភិក្ខុនីទាំងឡាយដទៃ ក្រៅអំពីព្រះនាងមហាបជាបតិគោតមីនោះ ហោះ​ទៅកាន់ផ្ទៃ​អាកាស មានឫទ្ធិច្រើន រុងរឿងដូចជា​ផ្កាយប្រជុំគា្ន សម្តែងឫទ្ធិជាអនេក ជាស្រ្តីសិក្សាក្នុង​បុញ្ញកម្មទាំងឡាយ ដូចជា​ជាងមាសធ្វើនូវគ្រឿងប្រដាប់ដ៏ប្លែកៗ។ គ្រានោះ ភិក្ខុនី​ទាំង​ឡាយ សម្តែងនូវបាដិហារ្យផ្សេងៗ ជាច្រើន ញុំាងព្រះមុនីដ៏​ប្រសើរដូច​ជា​ព្រះអាទិត្យ ព្រម​ទាំងបរិស័ទឲ្យត្រេកអរ។ ចុះអំពីផ្ទៃអាកាស មកថ្វាយ​បង្គំព្រះពុទ្ធ ជាឥសីទី ៧ លុះ​ព្រះពុទ្ធដ៏ប្រសើរជាងនរៈ ទ្រង់​អនុញ្ញាត​ហើយ ក៏គង់ក្នុងទីដដែលវិញ រួច​ទូលថា បពិត្រ​ព្រះមហាវីរៈ ព្រះនាង​គោតមី បានអនុគ្រោះខ្ញុំព្រះអង្គទាំងអស់គ្នា ពួកខ្ញុំព្រះអង្គបាន​ព្រះនាង​គោតមីនោះ អប់រំដោយបុណ្យទាំងឡាយ ក៏បានដល់​នូវការអស់ទៅ​នៃអាសវៈ។ កិលេសទាំងឡាយ ពួកខ្ញុំម្ចាស់​ដុតបំផ្លាញ​ហើយ ភពទាំង​ពួង ពួកខ្ញុំម្ចាស់ដកចោលហើយ ពួកខ្ញុំជាអ្នក​មិនមាន​អាសវៈ ព្រោះបាន​កាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ពួកខ្ញុំម្ចាស់មក​ល្អ​ហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ពួកខ្ញុំ ម្ចាស់បាន​ដល់​ហើយ សាសនារបស់ព្រះពុទ្ធ ពួកខ្ញុំម្ចាស់បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ពួកខ្ញុំម្ចាស់បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ពួក​ខ្ញុំព្រះអង្គ​ក៏បាន ប្រតិបត្តិហើយ។ បពិត្រព្រះមហាមុនី ពួកខ្ញុំម្ចាស់ជាអ្នកស្ទាត់ក្នុងឫទ្ធិផង ស្ទាត់ក្នុង​ទិព្វសោតធាតុ និងចេតោបរិយញ្ញាណផង។ ពួកខ្ញុំម្ចាស់ ដឹងនូវ​បុព្វនិវាសៈ ជម្រះ​នូវទិព្វចក្ខុ អស់អាសវៈទាំងពួងហើយ ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ។ បពិត្រ​ព្រះមហាវីរៈ ញាណរបស់ខ្ញុំម្ចាស់ កើតឡើងក្នុងសំណាក់នៃព្រះអង្គ រមែងមានក្នុង​អត្ថផង ក្នុងធម៌ផង ក្នុងនិរុត្តិផង ក្នុងបដិភាណផង។ បពិត្រព្រះនាយក ពួកខ្ញុំព្រះអង្គ​មានមេត្តាចិត្ត បានបម្រើព្រះអង្គហើយ បពិត្រ​ព្រះមហាមុនី សូម​ព្រះអង្គអនុញ្ញាតពួកខ្ញុំព្រះអង្គទាំងអស់​ដើម្បី​បរិនិព្វាន។ ព្រះជិនស្រី​ទ្រង់​ត្រាស់ថា តថាគតនឹងពោលដូចម្តេច ចំពោះនាង​ទាំងឡាយ ដែលចេះតែទទូចនិយាយយ៉ាងនេះថា យើង​ទាំងឡាយ សុំបរិនិព្វាន​ឥឡូវនេះ (កាលបើយ៉ាងនេះ) នាងទាំងឡាយ ចូរសំគាល់នូវកាល​គួរដើម្បីនិព្វានចុះ។ កាលនោះ ភិក្ខុនីទាំងឡាយ​នោះ មានព្រះនាង​គោតមី​ជាដើម ថ្វាយបង្គំព្រះជិនស្រី ក្រោកចាក​អាសនៈ​ ហើយដើរ​ទៅ។ ព្រះលោកនាយក ជាកំពូលនៃលោក ជាអ្នកប្រាថ្នា មួយអន្លើ​ដោយពួកជនដ៏ច្រើន បានស្តេចទៅ​តាម​ព្រះមាតុច្ឆា ដរាបដល់បន្ទប់។ គ្រានោះឯង ព្រះនាងគោតមី ក្រាបចុះទៀប​ព្រះបាទាទាំង​គូនៃ​ព្រះលោកពន្ធុ ជាមួយនឹងពួកភិក្ខុនី​ទាំងអស់នុ៎ះ នេះឈ្មោះថាការ​ថ្វាយបង្គំនូវព្រះបាទជាទីបំផុត។

ការឃើញព្រះលោកនាថនៃខ្ញុំនេះ ជាការឃើញទីបំផុត ខ្ញុំនឹងមិន​បានឃើញនូវ​ព្រះភក្រ្ត​របស់​ព្រះអង្គ ដែលមានអាការមិនស្លាប់ ទៀត​ឡើយ។ បពិត្រព្រះអង្គមានព្យាយាម ការ​ថ្វាយបង្គំរបស់ខ្ញុំ ចំពោះ​ព្រះបាទារបស់ព្រះអង្គដ៏ទន់ល្វន់ នឹងមិនមានទៀតឡើយ បពិត្រ​ព្រះអង្គ​ជាកំពូលនៃលោក ខ្ញុំនឹងទៅកាន់ព្រះនិព្វានក្នុងថ្ងៃនេះ។ (ព្រះសម្ពុទ្ធ​ទ្រង់ត្រាស់​តបថា) ព្រះនាងនឹងមានប្រយោជន៍អ្វី ដោយរូប​ក្នុងបច្ចុប្បន្ននេះ ព្រោះរូបទាំងអស់នុ៎ះ សុទ្ធតែមាន​បច្ច័យតាកតែង ជារបស់មិនមាំមួន ជារបស់ស្តួចស្តើង។ ព្រះនាង​គោតមីនោះ ទៅកាន់សំណាក់ភិក្ខុនី មួយអន្លើដោយភិក្ខុនីទាំនោះ អង្គុយបត់ជើង​លើអាសនៈប្រសើរ។ គ្រានោះ ឧបាសិកាទាំងឡាយ​ក្នុងទីនោះ ជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនា បានឮដំណឹង​ព្រះនាងគោតមី ក៏ទៅ​ថ្វាយ​បង្គំព្រះបាទា។ យកដៃគក់ទ្រូង យំស្រែក គួរអាណិត សោយ​សោក ផ្តួលខ្លួនលើផែនដី ដូចជាវល្លិដែលគេកាត់ឰដ៏គល់ ពោលដូច្នេះ​ថា បពិត្រព្រះនាង​ជាទីពឹងទីរលឹក ព្រះនាងកុំ​លះបង់នូវយើង​ទាំង​ឡាយ ទៅកាន់ព្រះនិព្វានឡើយ យើង​ទាំងអស់គ្នា ក្រាបចុះដោយ​សិរ្សៈ សូមអង្វរឃាត់។ ឧបាសិកាណា មានសទ្ធា មានបញ្ញា ជាប្រធាន​នៃស្រីទាំងនោះ ព្រះនាងគោតមី បានពោល​នូវពាក្យនេះ នឹង​ឧបាសិកានោះ ដែលកំពុង​ច្របាច់ព្រះសិរ​របស់ព្រះនាង​ថា នែ​កូនស្រី កុំពិលាបឡើយ ព្រោះការយំសោក ជាហេតុនាំឲ្យប្រព្រឹត្តទៅ​តាមនូវ​អន្ទាក់នៃមារទេ រូបទាំងអស់ ដែលមាន​បច្ច័យប្រជុំ​តាក់​តែង​ហើយ សុទ្ធតែមិនទៀង មានការព្រាត់ប្រាស​ជាទីបំផុត ជារបស់នាំឲ្យ​ចលាចល។ លំដាប់នោះ ព្រះនាង​លះបង់​នូវពួកឧបាសិកាទាំងនោះ ចូល​កាន់បឋមជ្ឈានដ៏ឧត្តម ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ចូល​កាន់អាកាសានញ្ចាយតនជ្ឈាន វិញ្ញាណញ្ចា​យតនជ្ឈាន អាកិញ្ចញ្ញាយតនជ្ឈាន នេវសញ្ញានាសញ្ញាយតនជ្ឈាន តាមលំដាប់។ ព្រះនាងគោតមី ចូលកាន់ឈានទាំងឡាយ ជាបដិលោមតាំងពី​ចតុត្ថជ្ឈាន មកដល់​បឋមជ្ឈាន។ ព្រះនាងគោតមីមិនមានអាសវៈ ចេញពី​ចតុត្ថជ្ឈាន​នោះហើយ ក៏និព្វាន ដូចជាប្រទីបអស់ប្រឆេះ ការកម្រើកផែនដីដ៏ធំ ក៏កើតមានឡើង ផ្លេកបន្ទោរ ក៏ឆ្វៀលឆ្វាត់​ធ្លាក់ចុះពីអាកាស។ ទាំងផ្គរក៏លាន់ឮគគ្រឹកគគ្រេង ទេវតាទាំងឡាយ​ក៏យំខ្សឹកខ្សួល ភ្លៀងផ្កា​ក៏ធ្លាក់ចុះអំពីអាកាស មកកាន់ផែនដី។ ស្តេចភ្នំ​ ឈ្មោះសិនេរុ ក៏កក្រើកញាប់ញ័រ ដូចអ្នករបាំក្នុងកណ្តាល​រឿណរង្គ ទាំងសាគរក៏ស្រែក ហាក់ដូចជា​មានសេចក្តីសោក​គ្រប​សង្កត់។ ទេវតា នាគ អសុរ ព្រហ្ម មានសេចក្តី​សង្វេគ បានពោលក្នុងខណៈនោះថា ឱហ៎្ន សង្ខារទាំងឡាយ​មិនទៀងទេ ដូចយ៉ាងព្រះនាងគោតមីនេះ គង់ដល់នូវការរលាយ​បាត់ទៅ។ ស្រីទាំងឡាយណា ជាអ្នកធ្វើតាម​សាសនានៃព្រះសាស្តា ចោមរោម​ព្រះនាង​គោតមីនេះ ស្រីទាំងនោះ មិនមានឧបាទាន និព្វាន​ហើយ ដូចជាអណ្តាត​ប្រទីបដែល​រលត់។ ហឺ! ការប្រកប មានសេចក្តីព្រាត់ប្រាស់ជាទីបំផុត ហឺ! រូបទាំងពួង​ដែលបច្ច័យ​តាក់តែងហើយ សុទ្ធតែមិនទៀង ហឺ! ជីវិត មានសេចក្តី​វិនាសជាទីបំផុត មានសេចក្តី​ខ្សឹកខ្សួល​ដូច្នេះឯង។ លំដាប់នោះ ទេវតា ព្រហ្ម ចូលទៅគាល់ព្រះពុទ្ធជាឥសីទី ៧ ធ្វើនូវការប្រព្រឹត្តិ ទៅតាម​ធម្មតា​លោក ដ៏សមគួរតាមកាល។ គ្រានោះ ព្រះសាស្តា ទ្រង់​ត្រាស់​​ហៅ​ព្រះអានន្ទ ដែលមានវេទដ៏ជ្រៅដូចសាគរថា ម្នាលអានន្ទ អ្នកចូរទៅ​ប្រាប់នូវ​បរិនិព្វានរបស់ព្រះមាតា ដល់ភិក្ខុទាំងឡាយចុះ។ គ្រានោះ ព្រះអានន្ទមានសេចក្តីទុក្ខ មានភ្នែកពេញដោយទឹកភ្នែក មានសំឡេង​រអាក់រអួល ពោលថា ភិក្ខុទាំងឡាយណា នៅក្នុងទិសខាងកើត ខាងត្បូង ខាងលិច ខាងជើង ភិក្ខុទាំងឡាយនោះ ចូរប្រជុំគ្នា ម្នាល​ភិក្ខុទាំងឡាយ នាងភិក្ខុនីនោះ ជាព្រះមាតារបស់ខ្ញុំ ជាឱរស​របស់​ព្រះសុគត។ ព្រះនាង​គោតមី​ណា ថ្វាយបង្គំព្រះសរីរៈរបស់ព្រះមុនី ជាទីបំផុត​ដោយការផ្ចិតផ្ចង់ ព្រះនាង​គោតមីនោះ ទៅហើយ កាន់ទីស្ងប់​រម្ងាប់គឺព្រះនិព្វាន ដូចជាផ្កាយបាត់ទៅ ក្នុងកាលជាទី​រះឡើង​នៃ​ព្រះអាទិត្យ។ ព្រះលោកនាយក​សូម្បីមានព្រះនេត្រ ៥ មិនឃើញ (នូវគតិ​របស់​ព្រះនាងបជាបតិគោតមី) ទីស្ងប់រម្ងាប់ណា ព្រះនាង​បជាបតិ​គោតមីភិក្ខុនី តម្កល់ទុកនូវ​ឈ្មោះថា​ពុទ្ធមាតា ទៅហើយ កាន់​ទីស្ងប់រម្ងាប់នោះ។ បុគ្គលណា មានជំនឿ​ចំពោះ​ព្រះសុគត ម្យ៉ាងទៀត សិស្សណា របស់ព្រះមហាមុនី សិស្សនោះ ជាឱរស​របស់ព្រះសុគត ចូរធ្វើសក្ការៈដល់ព្រះពុទ្ធមាតាចុះ។ ភិក្ខុទាំងឡាយ សូម្បីនៅក្នុងទី​ឆ្ងាយក្រៃពេក លុះឮ​ដំណឹងនោះ ក៏មកដោយរហ័ស ភិក្ខុពួកខ្លះ មកដោយពុទ្ធានុភាព ភិក្ខុពួកខ្លះ ជាអ្នក​ឈ្លាសក្នុងឫទ្ធិទាំងឡាយ ក៏មកដោយឫទ្ធិ។ ព្រះនាងគោតមី ផ្ទំលើគ្រែណា ជនទាំង​ឡាយ លើកនូវគ្រែនោះ ដាក់ក្នុងផ្ទះកំពូលដ៏ប្រសើរ ជាទីរីករាយដ៏ស្អាត ជាវិការៈនៃ​មាសទាំង​អស់។ លោកបាលទាំង ៤ ក៏សែងដោយ​ស្មាទាំងឡាយ ទេវតាដ៏សេស មានព្រះឥន្រ្ទជាដើម ក៏បាន​ចាប់​កាន់​ផ្ទះកំពូល។ ផ្ទះកំពូលទាំងអស់ មានចំនួន ៥០០ ខ្នង ដែល​ព្រះវិស្សុកម្ម​ទេវបុត្រនិមិ្មតហើយ មានពណ៌ដូចជាព្រះអាទិត្យ ក្នុងសរទកាល។ ភិក្ខុនីទាំងអស់ សិងនៅលើគ្រែក្នុងទីនោះ ទេវតា​ទាំងឡាយ សែងគ្រែ​លើស្មា នាំចេញ​ទៅតាមលំដាប់។ ផ្ទៃអាកាស​បិទបាំង​ដោយពិតាន​ទាំងអស់ ព្រះចន្រ្ទ ព្រះអាទិត្យ និងផ្កាយ សឹងមាន​ស្នាមសុទ្ធតែមាស​ទាំងអស់។ ទង់ទាំងឡាយ ជាអនេកដ៏វិចិត្រ ដូចជា​អាវផ្កា ដែលគេ​លើក​ឡើងហើយ មានផ្កាឈូកធ្លាក់ចុះអំពីអាកាស ផ្កាផុសឡើងអំពី​ផែនដី។ ព្រះចន្រ្ទ និងព្រះអាទិត្យក៏ប្រាកដ ទាំងផ្កាយ​ក៏រុងរឿង ព្រះអាទិត្យ​ត្រង់ជាក់ តែមិន​ក្តៅដូចព្រះចន្រ្ទ។ ទេវតា​ទាំងឡាយ ក៏បូជាដោយគ្រឿងក្រអូប កម្រងផ្កាជាទិព្វ មានក្លិន​ឈ្ងុយឈ្ងប់ផង ដោយគ្រឿងប្រគំផង ដោយការរាំ ច្រៀងផង។ នាគ អសុរ ព្រហ្ម ក៏បូជាសមគួរតាមសេចក្តីអង់អាច សម​គួរតាមកម្លាំង នាំចេញទៅ​នូវពុទ្ធមាតាដែល​និព្វានហើយ។ ភិក្ខុនីទាំងអស់ ជាឱរស​ព្រះសុគត​ដែលនិព្វានហើយ ជនទាំងឡាយ នាំទៅខាងមុខ ឯព្រះនាង​គោតមី ដែលចិញ្ចឹមព្រះពុទ្ធ ទេវតាធ្វើនូវសក្ការៈ ហើយនាំ​ចេញទៅ​ខាង​ក្រោយ។ ទេវតា មនុស្ស ព្រមទាំងនាគ អសុរ ព្រហ្ម ដើរខាងមុខ ឯព្រះពុទ្ធ ព្រមទាំងសាវ័ក យាងទៅខាងក្រោយ ដើម្បីបូជាព្រះមាតា។ បរិនិព្វានរបស់ព្រះនាង​គោតមី ជាការណ៍អស្ចារ្យក្រៃពេក យ៉ាងណា បរិនិព្វានរបស់ព្រះពុទ្ធមិនដូច្នោះទេ។ (ព្រោះថា) ក្នុងពុទ្ធបរិនិព្វាន មិនមានព្រះពុទ្ធ និងពួកភិក្ខុ មានព្រះសារីបុត្តជាដើម (ជាអធិបតីទេ) ក្នុងគោតមីបរិនិព្វាន មានព្រះពុទ្ធ និងពួកភិក្ខុ មានព្រះសារីបុត្តជាដើម (ជាអធិបតី) ទេវតាទាំងឡាយ ធ្វើជើងថ្ករទាំងឡាយ ជាវិការនៃ​គ្រឿងក្រអូបទាំងអស់ ដេរដាសដោយលំអិតមានក្លិនក្រអូប ហើយ​បូជាសព​ភិក្ខុនីទាំងឡាយក្នុងទីនោះ។ ចំណែក​នៃសរីរាវយវៈ​សេស​សល់ និងឆ្អឹងដែលសេសសល់ ក៏ឆេះ​សុស​អស់ គ្រានោះ ព្រះអានន្ទ​បានពោលនូវវាចា ដែលញុំាងសេចក្តីសង្វេគឲ្យកើតថា ព្រះនាងគោតមី ទៅ​កាន់​សេចក្តីស្លាប់ ទាំងសរីរៈរបស់ព្រះនាង ក៏ឆេះសុសអស់ មិន​យូរប៉ុន្មាន ព្រះពុទ្ធនឹង​បរិនិព្វានជាប្រាកដដែរ។ លំដាប់នោះ ព្រះអានន្ទ​នោះ ដែលព្រះពុទ្ធទ្រង់ដាស់តឿន ក៏បង្អោននូវព្រះធាតុរបស់ព្រះនាង​គោតមី ដែលតម្កល់ទុកក្នុងបាត្ររបស់ព្រះនាង មក​ថ្វាយ​​ព្រះលោកនាថ។ ព្រះពុទ្ធជាឥសីទី​៧ ទ្រង់ទទួលនូវព្រះធាតុទាំងឡាយ​នោះ​ដោយ​ព្រះហស្ត ហើយទ្រង់ត្រាស់ដូច្នេះថា ដើមឈើធំមានខ្លឹម កាលនៅរស់ ទាំងទំហំដើមក៏ធំ គប្បីបាក់ទៅ ព្រោះសភាវៈមិនទៀង យ៉ាងណា ព្រះនាងគោតមី ជាប្រធាននៃភិក្ខុនីសង្ឃ បរិនិព្វានហើយ ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ អ្នកចូរមើលចុះ ព្រះពុទ្ធមាតា ដែល​បរិនិព្វានហើយ សល់តែសរីរៈទេ អ្នកកុំសោកខ្សឹកខ្សួលឡើយ។ ព្រះនាងគោតមីនោះ ឆ្លងចាកសាគរ គឺសង្សារហើយ វៀរចាក​សេចក្តីក្តៅក្រហាយ មានសេចក្តីត្រជាក់ មាន​ទុក្ខរលត់ហើយ មិនមែន​ព្រោះតែសេចក្តីសោករបស់ពួកជនដទៃឡើយ។ ព្រះនាងគោតមី​ភិក្ខុនី​នោះ ជាបណ្ឌិត មានបញ្ញាច្រើន មានប្រាជ្ញាក្រាស់ មួយទៀត ព្រះនាង​ជាអ្នក​ដឹងនូវរាត្រីវែង គឺអាយុវែងជាងភិក្ខុនីទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរដឹងយ៉ាងនេះចុះ។ ព្រះនាងគោតមី ស្ទាត់ក្នុងឫទ្ធិផង ស្ទាត់ក្នុងទិព្វសោតធាតុ និង​ចេតោបរិយញ្ញាណ​ផង ដឹងបុព្វេនិវាសៈ ជម្រះទិព្វចក្ខុ មានអាសវៈ​ទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ញាណក្នុង​អត្ថផង ក្នុងធម៌ផង ក្នុងនិរុត្តិផង ក្នុង​បដិភាណផង ដ៏បរិសុទ្ធ ព្រោះ​ហេតុនោះ អ្នកមិន​គួរសោកស្តាយ​ព្រះនាង​គោតមី​នោះ​ឡើយ។ គតិរបស់​បុគ្គលដែល​មាន​ចិត្តស្ងប់រម្ងាប់ តាមលំដាប់ រមែងមិនប្រាកដ ដូចដុំដែក​ដែល​បុគ្គល​ដំហើយ ក៏ភ្លឺរុងរឿងដោយសារភ្លើង​យ៉ាងណា។

គតិរបស់បុគ្គល មានចិត្តផុតចាកកិលេសហើយ ដោយប្រពៃ ឆ្លង​ចាក​បំណងគឺកាម និង​ឱឃៈ ដល់នូវអចលបទ គឺព្រះនិព្វានហើយ ក៏មិនប្រាកដ​យ៉ាងនោះដែរ។ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹងចុះ មានសតិប្បដ្ឋានជាអារម្មណ៍ចុះ ចូរចម្រើននូវសត្តពោជ្ឈង្គចុះ ចូរធ្វើ​​នូវទីបំផុតនៃកងទុក្ខចុះ។

បានឮថា ព្រះមហាបជាបតិគោតមីភិក្ខុនីមានអាយុ បានសម្តែងនូវ​គាថាទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មហាបជាបតិគោតមីថេរិយាបទាន។

ខេមាថេរិយាបទាន ទី៨

[១៨] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ​ មានបញ្ញាចក្ខុ ចំពោះធម៌ទាំងពួង ជាលោកនាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ក្នុងនគរហង្សវតី ដែលរុងរឿង​ដោយរតនៈផ្សេងៗ ខ្ញុំឆ្អែតស្កប់ស្កល់ហើយ ដោយសេចក្ដី​សុខច្រើន។ ខ្ញុំចូលទៅគាល់ព្រះមហាវីរបុរស ហើយបានស្ដាប់ធម្មទេសនា លំដាប់​នោះ ខ្ញុំមានសេចក្ដីជ្រះថ្លាកើតឡើង ហើយដល់នូវ​ព្រះជិនស្រី​ជាទីពឹង។ ខ្ញុំសូមអង្វរមាតាបិតា ហើយនិមន្តព្រះពុទ្ធជានាយក ព្រមទាំងព្រះសាវ័កមកឆាន់អស់ ៧ ថ្ងៃ។ លុះកន្លង ៧ ថ្ងៃផុតទៅ ព្រះពុទ្ធជានរសារថី ទ្រង់តាំងភិក្ខុនី ដែលឧត្តមជាង​ពួកភិក្ខុនី​មាន​បញ្ញាច្រើន ក្នុងទីជាឯតទគ្គៈ។ ខ្ញុំឮព្រះពុទ្ធវាចានោះហើយ ក៏រីករាយ បានធ្វើសក្ការៈ​ចំពោះ​ព្រះពុទ្ធជាមហេសី​នោះទៀត ក្រាបចុះ ហើយ​ប្រាថ្នានូវ​តំណែងនោះ។

លំដាប់នោះ ព្រះជិនស្រីទ្រង់ត្រាស់ចំពោះខ្ញុំថា សេចក្ដីប្រាថ្នារបស់​នាងសម្រេចហើយ សក្ការៈ​​ដែលនាងធ្វើហើយចំពោះតថាគត ព្រមទាំង​ព្រះសង្ឃ ជាសក្ការៈមានផល​រាប់មិន​បាន។ ក្នុងកប្បទី​មួយសែន អំពីកប្បនេះ ព្រះសាស្ដាព្រះនាមគោតម ទ្រង់សម្ភព​ក្នុងត្រកូល​ក្សត្រ​ឱក្កាកៈ នឹងឧប្បត្តិ​ឡើងក្នុងលោក។ នាងនឹងបានជាភិក្ខុនី ឈ្មោះខេមា ជាធម្មទាយាទ ជាឱរស ជាធម្មនិម្មិតនៃព្រះសាស្ដានោះ ដល់នូវទី​ជាឯតទគ្គៈ។

ខ្ញុំលះបង់រាងកាយជារបស់មនុស្ស ហើយចូលទៅកើតក្នុងឋាន​តាវត្តឹង្ស ដោយបុញ្ញកម្ម​ដែលខ្ញុំ​ធ្វើល្អនោះ ផង ដោយការតម្កល់នូវ​ចេតនាផង។ លុះខ្ញុំច្យុតចាក ឋានតាវត្តឹង្ស​នោះហើយ ទើបទៅកើត​ក្នុងឋានយាមៈ លុះច្យុតចាកឋានយាមៈនោះហើយ ក៏ទៅកើត​ក្នុង​​តុសិត លុះច្យុតចាកឋានតុសិតនោះហើយ ក៏ទៅកើតក្នុងឋាននិម្មានរតី ទៅកើតក្នុង​ឋានបរនិម្មិតវសវត្តីបុរី។ ខ្ញុំកើតក្នុងត្រកូលណាៗ ខ្ញុំ​បានធ្វើភាពជាមហេសី​នៃពួកស្ដេច​ក្នុងត្រកូលនោះៗ ព្រោះអានិសង្ស​នៃ​បុញ្ញកម្មនោះ។ លុះច្យុត​ចាកអត្តភាពនោះហើយ បានធ្វើជាមហេសី​នៃ​ពួកស្ដេចចក្រពត្តិផង នៃពួកស្ដេចមានមណ្ឌលផង ក្នុងអត្តភាពជា​របស់មនុស្ស។ ខ្ញុំបានទទួលសម្បត្តិក្នុងទេវលោកទាំងឡាយផង ក្នុង​មនុស្ស​លោកទាំង​ឡាយផង ដល់នូវសេចក្ដីសុខក្នុងទីទាំងពួង ហើយ​អន្ទោលទៅក្នុងកប្បទាំង​ឡាយដ៏​ច្រើន។ ក្នុងកប្បទី ៩១ ​អំពីកប្បនេះ ព្រះពុទ្ធវិបស្សី ជាលោកនាយក មាន​ព្រះនេត្រដ៏រុងរឿង ឃើញនូវ​ពួកធម៌ទាំងអស់ ទ្រង់​កើតឡើងហើយ។ ខ្ញុំចូលទៅគាល់​ព្រះលោក​នាយកនោះ ព្រះអង្គជានរសារថី បានស្ដាប់ធម៌ដ៏ប្រសើរ ហើយចូល​ទៅកាន់ផ្នួស។ ខ្ញុំបានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសាសនានៃ​ព្រះពុទ្ធជាវីរបុរសនោះ ប្រកបព្យាយាម ជាពហុស្សូត អស់មួយម៉ឺនឆ្នាំ។ ខ្ញុំជាអ្នកឈ្លាសវៃក្នុងធម៌ ជាបច្ចយាការ ក្លៀវក្លាក្នុងចតុរារិយសច្ច មានបញ្ញាដ៏ល្អិត ជាធម្មកថិកាដ៏វិចិត្រ ជាអ្នកធ្វើតាមសាសនា​របស់​ព្រះសាស្ដា។ លុះខ្ញុំច្យុត​ចាកអត្តភាពនោះហើយ ក៏បានទៅកើត​ក្នុងឋានតុសិត ជាទេវតាមានយស គ្របសង្កត់ពួកទេវតាដទៃ​ ក្នុងឋាន​តុសិត​នោះ ដោយផលនៃ​ព្រហ្មចរិយធម៌។ ខ្ញុំទៅកើតក្នុងទីណាៗ ជាស្រីមានភោគៈច្រើន មាន​ទ្រព្យច្រើន មាន​ប្រាជ្ញា មានរូបល្អ ទាំងបរិស័ទក៏មានសណ្ដាប់ធ្នាប់។ ខ្ញុំតែងកើតទាន់សាសនានៃ​ព្រះជិនស្រី ដោយបុញ្ញកម្ម និងសេចក្ដីព្យាយាមនោះ សម្បត្តិទាំងអស់ ខ្ញុំរកបាន​ដោយងាយ ទាំងជាទីស្រឡាញ់ពេញចិត្តរបស់ខ្ញុំ។ សូម្បីបុរស​ណា ជាភស្ដារបស់ខ្ញុំ ដែលខ្ញុំ​ដើរទៅក្នុងទីណាៗ ភស្ដា​នោះៗ មិនដែលមើលងាយខ្ញុំឡើយ ព្រោះផលនៃ​ការប្រតិបត្តិរបស់ខ្ញុំ។ ក្នុង​ភទ្ទកប្បនេះ ព្រះពុទ្ធព្រះនាមកោនាគមនៈ ទ្រង់មានផៅពង្ស​ប្រសើរ មានយសច្រើន ប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់កើតឡើង។ កាលនោះ ជន ៣ នាក់ គឺនាងធនញ្ជានី ១ សុមេធា ១ ខ្លួនខ្ញុំ ១ កើតក្នុងត្រកូលដ៏ស្ដុកស្ដម្ភ ក្នុងនគរពារាណសី។ យើងទាំងឡាយ ជាអ្នកកសាងវិហារ ហើយឧទ្ទិសថ្វាយចំពោះព្រះពុទ្ធ ព្រមទាំង​ព្រះសង្ឃ​ បានវេរថ្វាយសង្ឃារាម និងទាន រាប់ដោយពាន់ដ៏ច្រើន ចំពោះព្រះមុនី។ លុះយើង​ទាំងឡាយគ្រប់គ្នា ច្យុតចាកអត្តភាព​នោះ​ហើយ បានទៅកើតក្នុងឋានតាវត្តឹង្ស ដល់នូវ​ភាព​ជាបុគ្គលប្រសើរ​ដោយយស ទាំងក្នុងមនុស្សលោក ក៏ដូចគ្នា។ ក្នុងកប្បនេះដដែល ព្រះពុទ្ធព្រះនាមកស្សបៈ មានផៅពង្សប្រសើរ មានយសធំ​ ប្រសើរ​ជាងពួកអ្នកប្រាជ្ញ ទ្រង់កើតឡើង។ គ្រានោះ ព្រះរាជាក្នុងដែនកាសី ព្រះនាមកិកី ជាធំលើប្រជាជន​ក្នុងនគរ​ពារាណសី ជាបុរីដ៏ឧត្តម​ ជាឧបដ្ឋាករបស់ព្រះពុទ្ធជាមហេសី។ ខ្ញុំត្រូវជាធីតាច្បង​របស់​ព្រះរាជា​អង្គនោះ ដែលគេឮប្រាកដថាឈ្មោះសមណី ខ្ញុំបានស្ដាប់ព្រះធម៌របស់​ព្រះជិនស្រី​ដ៏ប្រសើរ ហើយពេញចិត្តនឹងបព្វជ្ជា។ ព្រះវររាជបិតា ទ្រង់ពុំអនុញ្ញាតដល់យើង គ្រានោះ យើងជាអ្នកមិនខ្ជិលច្រអូសទេ​ ប្រព្រឹត្តព្រហ្មចរិយៈសម្រាប់កុមារី អស់ ២០ ពាន់ឆ្នាំក្នុងផ្ទះ ជា​ព្រះរាជកញ្ញា ឋិតនៅក្នុងសេចក្ដីសុខ ​ត្រេកអររីករាយក្នុងការ​បម្រើ​ព្រះពុទ្ធ ជាព្រះរាជធីតា ៧ អង្គ គឺ នាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ​ភិក្ខុទាសិកា ១ ធម្មា​ ១ សុធម្មា ១ សង្ឃទាសិកា ជាគម្រប់ប្រាំពីរ។ (ក្នុងពុទ្ធុប្បាទព្រះសមណគោតមនេះ​ ធីតាទាំង ៧ នោះ) គឺ ខ្លួនខ្ញុំ ១ ឧប្បលវណ្ណា ១ បដាចារា ១ កុណ្ឌលកេសី ១ កិសាគោតមី ១ ធម្មទិន្នា ១ ​វិសាខា ជាគម្រប់ប្រាំពីរ។ ក្នុងកាលមួយ ព្រះអង្គជាអាទិច្ចវង្សរបស់ជន កំពុងសម្ដែងធម៌ ខ្ញុំបានស្ដាប់​មហានិទាន​សូត្រ ដែលជាសូត្រមិនទាន់ដែលកើតមាន ហើយក៏រៀនយក​នូវសូត្រនោះ។ ខ្ញុំលះបង់នូវ​រាងកាយជារបស់មនុស្សហើយ ក៏ទៅកើត​ក្នុងឋានតាវត្តឹង្ស ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការ​តម្កល់នូវចេតនានោះផង។ លុះដល់មកក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំបានជាធីតា ជាទីពេញចិត្ត ជាទីស្រឡាញ់ ជាទី​ប្រោសប្រាណ របស់​ស្ដេច​ព្រះនាមមទ្ទៈ ក្នុងបុរីដ៏ឧត្ដមឈ្មោះសាកលា។ ការក្សេមក្សាន្ត កើតមានឡើងក្នុងបុរីនោះ ដំណាលគ្នានឹង​ការដែលខ្ញុំកើតឡើង ព្រោះ​ហេតុនោះ ពាក្យថា នាងខេមា ​ជាឈ្មោះរបស់ខ្ញុំ កើតឡើង​ដោយគុណ។ កាលណា ខ្ញុំដល់នូវវ័យដ៏ចម្រើន ស្អិតស្អាងរូប និងពណ៌ ក្នុងកាលនោះ ព្រះវររាជបិតាបានប្រទានខ្លួនខ្ញុំ ទៅព្រះបាទ​ពិម្ពិសារ។ ខ្លួនខ្ញុំជាទីស្រឡាញ់ដ៏ក្រៃលែង របស់ព្រះរាជាអង្គនោះ ជាស្រីត្រេកអរ​ក្នុងការ​ប្រកាន់រូប ខ្ញុំមិនដែលបានចូលទៅគាល់ព្រះពុទ្ធ ព្រះអង្គមាន​សេចក្ដីអាណិតធំ ដោយខ្ញុំ​គិត​ឃើញថា ព្រះពុទ្ធជាអ្នកពោលទោស ចំពោះរូប។

គ្រានោះ ព្រះបាទពិម្ពិសារ ទ្រង់ញ៉ាំងអ្នកច្រៀង ឲ្យច្រៀង​សរសើរវត្តវេឡុវ័នឲ្យខ្ញុំស្ដាប់ ដោយ​ឧបាយក្នុងការអនុគ្រោះ​ចំពោះ​ខ្លួនខ្ញុំ​ដូច្នេះថា ពួកយើងសំគាល់ថា បុគ្គលណា មិនឃើញនូវវត្តវេឡុវ័ន ជាទីរីករាយ ជាលំនៅនៃព្រះសុគតទេ នន្ទនឧទ្យាន ក៏ឈ្មោះថា បុគ្គលនោះមិនឃើញដែរ។ វត្តវេឡុវ័ន ជាទីរីករាយដ៏ក្រៃលែង​របស់​ប្រជាជន បុគ្គលណា បានឃើញហើយ ឧទ្យានឈ្មោះនន្ទនៈ ជាទី​រីករាយ​ដ៏ក្រៃលែង របស់សម្ដេចអមរិន្ទ្រាធិរាជ ក៏ឈ្មោះថា បុគ្គលនោះ ឃើញហើយដែរ។ ពួកទេវតាលះបង់នន្ទនឧទ្យាន ចុះមកលើ​ផ្ទៃផែនដី បានឃើញវត្តវេឡុវ័នជាទីរីករាយហើយ ក៏អស្ចារ្យចំឡែក មិន​ឆ្អែតក្នុង​ការមើល។ វត្តវេឡុវ័ននេះ កើតឡើងដោយបុណ្យ ព្រះរាជា​ដែលស្អិតស្អាង​ហើយ​ដោយបុណ្យ របស់ព្រះពុទ្ធ នរណាឡើយ អាចពោលនូវការសន្សំគុណរបស់វត្តវេឡុរ័ន ដោយ​សព្វគ្រប់បាន។

គ្រានោះ ខ្ញុំឮនូវសមិទ្ធិនៃវត្តវេឡុវ័ន ជារឿងនាំមកដល់​ត្រចៀក និងចិត្តរបស់ខ្ញុំ ខ្ញុំមាន​ប្រាថ្នាចង់​ទៅមើលឧទ្យាននោះ ទើបក្រាបទូល​ព្រះរាជា។ គ្រានោះ ព្រះរាជា​ម្ចាស់ផែន​ដីអង្គនោះ ទ្រង់បញ្ជូនខ្ញុំ​ដែល​កំពុងខ្វល់ខ្វាយ ដើម្បីទៅមើលឧទ្យាន ដោយបរិវារច្រើន ដោយ​ព្រះបន្ទូលថា ម្នាលនាងមានភោគៈច្រើន ព្រៃណាដែល​គេត្រេកអរ​ហើយ ដោយពន្លឺ ព្រះសុគត រមែងភ្លឺដោយសិរី គ្រប់កាលទាំងពួង ចូរ​នាងទៅចុះ ចូរនាងមើលព្រៃនោះ ដែល​ជា​ទីត្រេកអរនៃភ្នែក។ ព្រះមុនីសម្ពុទ្ធ ស្ដេចទៅកាន់បុរីដ៏ឧត្ដមឈ្មោះ​គិរិព្វជៈ ដើម្បី​បិណ្ឌបាត​​ក្នុងកាលណា ខ្ញុំក៏ចូលទៅមើលវត្តវេឡុវ័ន ក្នុងកាលនោះ។ គ្រានោះ​ វត្តវេឡុវ័ន​នោះ មានដើមឈើរីក ផ្កាស្គុះស្គាយ ដែលទ្រហឹង​ដោយ​ភមរជាតិផ្សេងៗ ប្រកបដោយ​ចម្រៀងនៃសត្វតាវ៉ៅ ដែលពួកក្ងោក​កំពុង​ពង់ពេន។ វត្តវេឡុវ័ន ជាវត្តមានសំឡេងតិច មិនកុះករ​ដោយមនុស្ស ស្អិតស្អាងដោយទី​ចង្ក្រមផ្សេងៗ មានកុដិ និងមណ្ឌប រៀបជា​ជួរ​រៀងរាយ ដែលយោគីវីរ​បុរសគួរត្រេកអរដ៏វិសេស។ កាលខ្ញុំ​ដើរទៅ បានសំគាល់​ឃើញថា ភ្នែករបស់ខ្ញុំប្រកបដោយផល ក្នុង​គ្រានោះ ខ្ញុំបានឃើញភិក្ខុកំឡោះមួយរូប ជាអ្នក​ព្យាយាម ខ្ញុំគិតថា ភិក្ខុនេះ ឋិតនៅក្នុងព្រៃគួររីករាយបែបនេះ ប្រកបដោយរូប ជាទី​ត្រេកអរ ហាក់ដូចជារូបកាលនៅក្នុងវ័យក្មេង។ យី! ភិក្ខុត្រងោលនេះ ឃ្លុំសង្ឃាដី​អង្គុយ​ពិនិត្រទៀបគល់ឈើ លះបង់នូវតម្រេក​ដែលកើតអំពីអារម្មណ៍។ ធម៌នេះ ជាធម៌ដ៏ល្អ ក្រែង​គ្រហស្ថចាស់ទុំ បរិភោគ​កាមសុខ​តាម​សប្បាយ គប្បីប្រព្រឹត្តក្នុងកាលខាងក្រោយ​ទេឬ។ ខ្ញុំដឹង​ច្បាស់ថា ព្រៃនេះស្ងាត់ ហើយចូលទៅកាន់គុន្ធកុដិ ជាលំនៅព្រះជិនស្រី បាន​ឃើញ​ព្រះជិនស្រី ដូចជាព្រះ​អាទិត្យកំពុងរះឡើង។ ខ្ញុំបានឃើញ​ព្រះអង្គ គង់ជាសុខ​តែមួយ​ព្រះអង្គ ដែលស្រីដ៏ប្រសើរ កំពុងបក់ថ្វាយ ហើយគិតយ៉ាងនេះថា ព្រះជិនស្រីនេះ ជាបុគ្គលប្រសើរជាងជន មិនសៅហ្មងទេ។ នាងកញ្ញានោះ​ មានរស្មីដូចមាស មានមាត់ និងភ្នែក ដូចត្របកផ្កាឈូក មានបបូរមាត់ក្រហម មានមុខស្រស់បស់ ជាទី​ត្រេកអរ​នៃចិត្តនិងភ្នែក។ មានដងខ្លួនល្អ មានសម្បុរដូចមាស មាន​មាត់ល្អ មានស្ដនល្អ មានអាការ​ដូច​ផ្កាឈូក មានពាក់កណ្ដាល​ដងខ្លួន​មូលក្លំ មានត្រគាកល្អ មានភ្លៅគួរជាទីត្រេកអរ មាន​គ្រឿងស្អិត​ស្អាងល្អ។ មានសំពត់បង់លើស្មាពណ៌ក្រហម មានសំពត់សម្លៀក​សាច់ម៉ដ្ឋ ទាំង​មានពណ៌ខៀវ ជាកញ្ញាប្រដាប់ដោយអាភរណៈគ្រប់បែប ដោយសភាពគួរមើលមិន​ចេះ​ឆ្អែត។ លុះខ្ញុំឃើញយ៉ាងនេះហើយ ទើប​គិតថា ឱហ្ន៎ ស្រីនេះមានរូបល្អណាស់ តាំង​ពីកាលណាមក អញមិន​ដែលឃើញដោយភ្នែកនេះទេ។ លំដាប់នោះ ស្រីនោះត្រូវ​ជរា​គ្រប​សង្កត់ ទៅជាមានសម្បុរប្លែក មានមាត់វៀច មានធ្មេញបាក់​ មានក្បាលស្កូវព្រោង មាន​មាត់កខ្វក់ ប្រកបដោយទឹកមាត់​ហៀរកក្លាក់។ មានស្លឹកត្រចៀកខ្មូរ មាន​ភ្នែកសល្អក់ មានស្ដនមិនល្អ ស្វិតយុរយារ មានអវយវៈទាំងអស់ជ្រួញជ្រីវ មានសាច់រទុះ មានរាង​កាយ​រវាមដោយ​សរសៃ។ មានខ្នងកោង មានឈើច្រត់ជាគម្រប់ពីរ មានសម្បុរ​លឿងស្លេក​ស្លាំង ស្គាំងស្គម ញាប់ញ័រចំប្រប់ ដួល​ដេក​ស្រតឹក ដកដង្ហើមផ្តឺកៗ។ លំដាប់នោះ ខ្ញុំមាន​សេចក្ដី​សង្វេគដ៏ចំឡែក ជាគ្រឿងព្រឺព្រួចរោមថា ថ្វឺយ ពួកជនពាល តែងរីករាយចំពោះ​រូបណា រូបនោះជារបស់មិនស្អាត។ ក្នុងកាលនោះឯង ព្រះបរមសាស្តា ប្រកប​ដោយ​មហាករុណា ឃើញខ្ញុំមានចិត្តសង្វេគ ព្រះអង្គក៏មានព្រះហឫទ័យរីករាយត្រេកអរ បាន​សម្តែង​នូវគាថាទាំងនេះថា ម្នាលនាង​ខេមា ចូរនាងមើលគ្រោងកាយជារបស់ក្ដៅ ជារបស់​មិនស្អាត ជារបស់ស្អុយរលួយ ដែលហូរខ្ពុរចុះខ្ពុរចេញ ដែលមានតែ​ពួកជន​ពាលទេ ត្រេក​ត្រអាល។ នាងចូរអប់រំចិត្ត ដោយអសុភសញ្ញា ឲ្យជាចិត្តមានអារម្មណ៍មូលតែមួយ ឲ្យជា​សមាធិចិត្តដ៏ល្អ ចូរនាងមាន​កាយគតាសតិចុះ ចូរនាងច្រើនដោយនិព្វិទានុបស្សនាចុះ។​ រូបនេះ​យ៉ាងណា សរីរៈនៃនាងនុ៎ះ ក៏យ៉ាងនោះ សរីរៈនៃនាងនុ៎ះ យ៉ាងណា រូបនេះ​ក៏យ៉ាងនោះដែរ នាង​ចូរបន្សាត់នូវសេចក្ដីប្រាថ្នា ក្នុងកាយទាំង​ខាងក្នុង និងខាង​ក្រៅ​ចេញ។ មួយទៀត ចូរនាងអប់រំនូវអនិមិត្តសមាធិ លះបង់ចោលនូវមានានុស័យ តពីនោះ នាងនឹងបានជាបុគ្គលស្ងប់ ព្រោះយល់ច្បាស់នូវ​មានានុស័យ។

ពួកជនណា ដែលត្រេកអរដោយរាគៈ រមែងធ្លាក់ទៅកាន់ខ្សែគឺតណ្ហា ដូចជាសត្វពីងពាង​ដែល​ជាប់នឹងបណ្ដាញ ដែលខ្លួនឯងធ្វើ លុះតែពួក​ជនទាំងនោះ ជាអ្នកមិនមានអាល័យ កាត់នូវខ្សែគឺតណ្ហា​នុ៎ះ លះបង់​នូវកាមសុខហើយ ទើបចេញបួសបាន។

លំដាប់នោះ ព្រះមានព្រះភាគ ជានរសារថី ជ្រាបច្បាស់នូវខ្ញុំថា ជាអ្នកមានចិត្តស្រួល ក៏ទ្រង់​សម្ដែងនូវមហានិទានសូត្រ ដើម្បីបន្ទោបង់ (នូវកិលេស) របស់ខ្ញុំ។ លុះខ្ញុំបាន​ស្ដាប់​នូវព្រះសូត្រ ដ៏ប្រសើរ​នោះ​ហើយ ក៏រលឹកឃើញនូវសញ្ញាក្នុងកាលមុន ខ្ញុំឋិតនៅក្នុង​ទីនោះ បានជម្រះ​នូវធម្មចក្ខុ គឺសោតាបត្តិផល ជាគុណដ៏ស្ងប់។ ខ្ញុំក្រាបចុះ​ទៀបបាទមូល នៃព្រះសម្ពុទ្ធជាមហេសី ក្នុងខណៈនោះភ្លាម បាន​ពោល​ពាក្យនេះ ដើម្បីសម្ដែងទោសថា បពិត្រព្រះអង្គទ្រង់ឃើញ​នូវហេតុទាំងពួង (ខ្ញុំម្ចាស់) សូម​នមស្ការចំពោះព្រះអង្គ បពិត្រ​ព្រះអង្គ​ទ្រង់មានករុណាជាលំនៅ (ខ្ញុំម្ចាស់) សូមនមស្ការចំពោះព្រះអង្គ​ ​បពិត្រព្រះអង្គ​ទ្រង់​​មានសង្សារ​ឆ្លងហើយ (ខ្ញុំម្ចាស់) សូមនមស្ការ​ចំពោះព្រះអង្គ បពិត្រព្រះអង្គទ្រង់ឲ្យ​នូវអមតធម៌ (ខ្ញុំម្ចាស់) សូម​នមស្ការ​ចំពោះព្រះអង្គ។ ពួកជនដែល​ស្ទុះទៅកាន់ព្រៃស្បាត គឺទិដ្ឋិ​ដែល​វង្វេងឈ្លប់ក្នុងកាមរាគ ព្រះអង្គបានទូន្មានឲ្យត្រេកអរក្នុងវិន័យ ដោយឧបាយ​ដ៏ប្រពៃ។ ពួកសត្វដែល​ឃ្វាងចាកប្រយោជន៍ ព្រោះ​មិនបាន​ជួបប្រទះនូវព្រះមហេសី ដែល​ប្រាកដដូចជាព្រះអង្គទេ រមែង​រងសេចក្ដីទុក្ខធំ ក្នុងសាគរគឺសង្សារ។ ក្នុងកាលណា ខ្ញុំមិន​បានឃើញ​ព្រះពុទ្ធជាទីពឹងរបស់សត្វលោក​ ព្រះអង្គមិនមាន​កង​កិលេស ដល់នូវ​ទីបំផុតនៃមរណៈ ខ្ញុំនឹងសម្ដែងទោសនោះ មានអត្ថដ៏ពីរោះ ក្នុង​កាលនោះ។ ខ្ញុំព្រះអង្គ​ឥតមានរង្កៀសចំពោះព្រះពុទ្ធ ព្រះអង្គមាន​ប្រយោជន៍ធំ ឲ្យនូវគុណដ៏ប្រសើរថា ​ព្រះអង្គ​ឥតប្រយោជន៍ ដូច្នេះ​ឡើយ ខ្ញុំជាអ្នកត្រេកអរក្នុងរូប ទើបមិនបានចូលមកគាល់ព្រះអង្គ ខ្ញុំនឹង​សូមសម្ដែងនូវទោសនោះ។ កាលនោះ ព្រះពុទ្ធជិនស្រី មានសម្លេង​ពីរោះ ប្រកប​ដោយមហាករុណា ​ស្រោចខ្ញុំដោយទឹក គឺអម្រឹត ហើយបានត្រាស់ថា ម្នាលនាងខេមា ចូរនាងឈប់សិន។ ក្នុងកាលនោះ ខ្ញុំ​អោនប្រណម្យដោយត្បូង ធ្វើប្រទក្សិណ​ចំពោះ​ព្រះអង្គ ហើយទើប​ដើរចេញទៅ លុះខ្ញុំឃើញព្រះនរបតី​ហើយ ខ្ញុំពោលពាក្យនេះថា បពិត្រ​ព្រះអង្គទូន្មាននូវសត្រូវ ឱហ្ន៎! ឧបាយនេះ ព្រះអង្គទ្រង់​ព្រះចិន្ដា​ហើយ​ដោយប្រពៃ បពិត្រព្រះអង្គជាអ្នកប្រាជ្ញ ការរំលត់ (កិលេស) ដែលខ្ញុំម្ចាស់ប្រាថ្នាដើម្បីមើលនូវវត្ត​វេឡុវ័ន ក៏បានឃើញហើយ។ បពិត្រ​ព្រះរាជា បើព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ​ចំពោះ​សាសនា​​របស់ព្រះពុទ្ធ ជាបុគ្គលនឹងធឹងនោះ បពិត្រព្រះអង្គជាអ្នកប្រាជ្ញ ខ្ញុំម្ចាស់ជាអ្នក​នឿយណាយក្នុងរូប ​ដោយព្រះវាចា នឹងសូមបួស​ក្នុងកាលឥឡូវនេះ។

ចប់ ភាណវារៈ ទី២។

កាលនោះ ព្រះរាជាជាម្ចាស់ផែនដី ផ្គងអញ្ជលីត្រាស់ថា ម្នាលនាង​ដ៏ចម្រើន ខ្ញុំអនុញ្ញាត​ឲ្យនាង​ សូមបព្វជ្ជារបស់នាងសម្រេចចុះ។ ក្នុងកាលនោះ ខ្ញុំបួសរួចហើយ លុះដល់ខែ ៧ ប្រាកដហើយ ខ្ញុំបាន​ឃើញនូវការកើតឡើង និងការបែកធ្លាយនៃប្រទីបហើយ ក៏មានចិត្ត​តក់ស្លុតរន្ធត់។ ខ្ញុំជាអ្នកនឿយ​ណាយក្នុងសង្ខារទាំងពួង ឆ្លៀវឆ្លាស​ក្នុងបច្ចយាការ កន្លង​ផុត​នូវឱឃៈទាំង ៤ ហើយបាននូវភាព​នៃខ្លួនជាព្រះអរហន្ត។ ខ្ញុំជាស្រីស្ទាត់ក្នុងឫទ្ធិផង ក្នុងទិព្វសោតធាតុផង ជាអ្នកស្ទាត់ក្នុងចេតោបរិយញ្ញាណ​ផង។ ខ្ញុំដឹងនូវបុព្វេនិវាសៈ ទាំង​ទិព្វចក្ខុ ក៏ខ្ញុំបានជម្រះហើយ អាសវៈទាំងអស់របស់ខ្ញុំអស់​រលីងហើយ​ ឥឡូវនេះ ភពថ្មី​ទៀតមិនមានទេ ញាណរបស់ខ្ញុំដ៏បរិសុទ្ធ ក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ កើតឡើង​ហើយ​ក្នុងពុទ្ធសាសនា។ ខ្ញុំជាស្រីវាងវៃ​ក្នុងវិសុទ្ធិទាំងឡាយផង ក្លៀវក្លាក្នុងកថាវត្ថុ​ទាំង​ឡាយ​ផង​ ស្គាល់ន័យ​ក្នុងអភិធម្មផង ដល់នូវការស្ទាត់ក្នុងសាសនាផង។ លំដាប់នោះ ខ្ញុំដែលព្រះរាជាម្ចាស់ដែនកោសល ទ្រង់សាកសួរទៀបទីក្លោងទ្វារ ក៏ដោះនូវប្រស្នា​ទាំង​ឡាយ​ដ៏ល្អិត តាមសេចក្ដីពិត។ គ្រានោះ ព្រះរាជានោះ ទ្រង់ចូលទៅ​គាល់ព្រះសុគត​ហើយទូលសួរ ឯព្រះពុទ្ធក៏​ទ្រង់ដោះស្រាយ ដូចខ្ញុំបាន​ដោះស្រាយប្រស្នាទាំងនោះដែរ។ ព្រះជិនស្រី ព្រះអង្គជាបុគ្គលឧត្ដមជាងជន ត្រេកអរចំពោះគុណ​នោះ ហើយតាំងខ្ញុំក្នុង​ទីជា​ឯតទគ្គៈថា ខេមាភិក្ខុនីនេះ ប្រសើរផុតជាង​ភិក្ខុនីទាំងឡាយ ដែលមានប្រាជ្ញា​ច្រើន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នក​មិន​មានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃ​ព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់​ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់​ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះខេមាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំង​នេះ ដោយប្រការដូច្នេះ។

ចប់ ខេមាថេរិយាបទាន។

ឧប្បលវណ្ណាថេរិយាបទាន ទី៩

[១៩] ឧប្បលវណ្ណាភិក្ខុនី ដល់នូវត្រើយនៃឫទ្ធិ បានថ្វាយបង្គំ​ព្រះបាទា​ព្រះសាស្ដា ហើយ​ពោល​នូវ​ពាក្យនេះថា បពិត្រព្រះមហាមុនី ខ្ញុំម្ចាស់ឆ្លងផុតនូវជាតិសង្សារហើយ ដល់នូវ​ព្រះនិព្វាន ជាទីមិនកម្រើក ខ្ញុំម្ចាស់សូមក្រាបទូលនូវទុក្ខទាំងពួង របស់ខ្ញុំម្ចាស់ដែល​អស់​ហើយ។ ពួកបរិស័ទទាំងប៉ុន្មាន ជ្រះថ្លាក្នុងសាសនានៃព្រះជិនស្រី កំហុស​របស់ខ្ញុំ​ម្ចាស់ មានចំពោះពួកជនណា សូមពួកជននោះ អត់ទោស​ក្នុងទីចំពោះព្រះភក្រ្តនៃ​ព្រះជិនស្រី​ឲ្យ​ទាន។ បពិត្រព្រះអង្គ ជា​មហាវីរបុរស ខ្ញុំម្ចាស់កំពុងអន្ទោលទៅ​ក្នុងសង្សារ បើខ្ញុំម្ចាស់មាន​សេចក្ដី​ភ្លាត់ភ្លាំង ខ្ញុំម្ចាស់សូមអង្វរ សូមព្រះអង្គអត់ទោស ចំពោះ​កំហុសនៃ​ខ្ញុំម្ចាស់នោះ។ ម្នាលនាងអ្នកធ្វើតាមសាសនារបស់តថាគត បើដូច្នោះ ចូរនាងសម្ដែងនូវឫទ្ធិចុះ ចូរ​នាង​ញ៉ាំង​បរិស័ទទាំង ៤ ឲ្យកាត់នូវសេចក្ដីសង្ស័យទាំងប៉ុន្មាន ក្នុងថ្ងៃនេះចុះ។ បពិត្រព្រះអង្គ ជា​មហា​វីរបុរស ទ្រង់មានបញ្ញា ទ្រទ្រង់នូវសេចក្ដីរុងរឿង ខ្ញុំម្ចាស់ជាធីតា​របស់​ព្រះអង្គ ចំណែក​ខាងអំពើដ៏​ច្រើន ដែលគេកម្រធ្វើបាន ខ្ញុំព្រះអង្គ​បានធ្វើឲ្យជា​អំពើរឹតតែ​កម្រ​ក្រៃលែង។ បពិត្រព្រះអង្គ ជាមហាវីរ​បុរស ទ្រង់មានបញ្ញាចក្ខុ សម្បុររបស់ខ្ញុំម្ចាស់​ដូចជា​សម្បុរនៃផ្កាឧប្បល ខ្ញុំម្ចាស់​មាន​ឈ្មោះថាឧប្បល​វណ្ណា ជាធីតារបស់ព្រះអង្គ សូមថ្វាយ​បង្គំ​ព្រះបាទា។ ព្រះរាហុលត្ថេរ និងខ្ញុំម្ចាស់ ធ្លាប់កើតក្នុងភពតែ​មួយ អស់​រយ​នៃជាតិជាច្រើន ជាអ្នកមានចិត្ត និងឆន្ទៈស្មើគ្នា។ ការកើតឡើង​ក្នុងទីជា​មួយគ្នាក៏មាន ​ក្នុងជាតិជា​មួយ​គ្នាក៏មាន លុះដល់បច្ឆិមភព ជន​ទាំង​ពីរនាក់ កើតដោយឈ្មោះ (ផ្សេងគ្នា)។ ព្រះរាជ​បុត្រ បានមក​ជា​កុមារឈ្មោះរាហុល ខ្ញុំម្ចាស់បានមកជាធីតាឈ្មោះ ឧប្បលវណ្ណា បពិត្រ​ព្រះអង្គ​ជាវីរបុរស សូមព្រះអង្គទតឫទ្ធិនៃខ្ញុំម្ចាស់ចុះ ខ្ញុំម្ចាស់​នឹងសម្ដែង​កម្លាំង​ថ្វាយព្រះសាស្ដា។ នាងឧប្បលវណ្ណា​ ដាក់មហាសមុទ្រទាំង ៤ លើ​ផ្ទៃបាតដៃ ហាក់ដូចកូនក្មេងលេងប្រេង ដែលតាំងនៅលើបាតដៃ។ នាងឧប្បលវណ្ណា ឆ្កិះផែនដីដាក់លើផ្ទៃបាតដៃ ដូចជាក្មេង​ជំទង់​​ដកនូវ​ស្មៅយាប្លង​ដ៏វិចិត្រ។ នាងឧប្បលវណ្ណា បាំងនូវបាតដៃស្មើចក្រវាឡ​លើ​ក្បាល ហើយញ៉ាំងគ្រាប់ភ្លៀង មានពណ៌ផ្សេងៗ ឲ្យធ្លាក់ចុះ។​ នាងធ្វើផែនដីជាត្បាល់ ធ្វើគ្រួស​ជាស្រូវ ធ្វើភ្នំសិនេរុជាអង្រែ ដូច​ក្មេងស្រី​បុកស្រូវ។ ខ្ញុំម្ចាស់ឈ្មោះ​ឧប្បលវណ្ណា ជាធីតា​របស់​​ព្រះពុទ្ធ​ដ៏​ប្រសើរ ជាអ្នកស្ទាត់ក្នុងអភិញ្ញាទាំងឡាយ ជាអ្នកធ្វើតាមសាសនារបស់​ព្រះពុទ្ធអង្គ។ បពិត្រព្រះអង្គមានបញ្ញាចក្ខុ ខ្ញុំម្ចាស់សូមធ្វើនូវ​វិកុព្វនឫទ្ធិ​ផ្សេងៗ សម្ដែង​ថ្វាយ​​ព្រះលោកនាយក ហើយប្រកាសនូវនាម និង​គោត្រ ទើបថ្វាយ​បង្គំព្រះបាទា​ព្រះអង្គ។ បពិត្រព្រះមហាមុនី ខ្ញុំម្ចាស់​ជាអ្នកស្ទាត់ក្នុងឫទ្ធិផង ក្នុងទិព្វសោតធាតុឫទ្ធិផង ជាអ្នក​ស្ទាត់​ក្នុង​ចេតោបរិយញ្ញាណផង។ ខ្ញុំម្ចាស់ដឹងនូវបុព្វេនិវាសៈ ទាំងទិព្វចក្ខុ​ក៏ខ្ញុំម្ចាស់​ជម្រះហើយ អាសវៈទាំងអស់ ក៏អស់រលីង​ហើយ ឥឡូវនេះ ភពថ្មីទៀត មិនមានទៀតទេ។ ញាណរបស់ខ្ញុំម្ចាស់ ដ៏ទូលាយ​ស្អាត​ក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ តាមសភាព​របស់​ព្រះពុទ្ធជាមហេសី។ បពិត្រព្រះមហាមុនី ព្រះអង្គធ្លាប់សម្ដែងនូវ​សង្រ្គាម ចំពោះ​ព្រះជិនស្រី​​ដ៏ប្រសើរ​ទាំងឡាយ ក្នុងកាលមុន កិច្ចការដ៏ក្រៃលែងច្រើនយ៉ាង របស់ខ្ញុំម្ចាស់​ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ព្រះអង្គ។ បពិត្រ​ព្រះមហាមុនី អំពើណាមាន​ក្នុងកាលមុន ដែលខ្ញុំ​ម្ចាស់​ធ្វើហើយ សូមព្រះអង្គ រលឹកនូវ​អំពើជា​កុសលរបស់​ខ្ញុំម្ចាស់នោះ បពិត្រ​ព្រះមហាវីរបុរស បុណ្យ​ដែលខ្ញុំម្ចាស់សន្សំទុកហើយ ដើម្បីប្រយោជន៍​ដល់​ព្រះអង្គ។ បពិត្រ​ព្រះអង្គជាមហាវីរបុរស ខ្ញុំម្ចាស់​វៀរ (នូវអំពើ) ក្នុងទី​មិនគួរ ហើយ​បាន​ទាត់​ចោល​នូវ​អានាចារ ជីវិតដ៏ឧត្ដម ដែល​ខ្ញុំម្ចាស់​លះបង់ហើយ​ ដើម្បីប្រយោជន៍​ដល់ព្រះអង្គ។ បពិត្រ​ព្រះមហាមុនី ព្រះអង្គបានប្រទានជីវិតដល់ខ្ញុំម្ចាស់ អស់ ១០ ពាន់​កោដិ ទាំងខ្លួន​ខ្ញុំម្ចាស់ ដែលខ្ញុំម្ចាស់បានលះបង់ហើយ ដើម្បីប្រយោជន៍​ដល់​ព្រះអង្គ។ គ្រានោះ បរិស័ទទាំងអស់​ស្ញប់ស្ញែងក្រៃលែង ធ្វើអញ្ជលី​ដោយ​ត្បូង ពោលថា បពិត្រនាងម្ចាស់ សេចក្ដីព្យាយាមមាន​ឫទ្ធិថ្លឹង​មិនបាន ដែលនាងធ្វើហើយ តើដូចម្ដេច។

ក្នុងកប្បទីមួយសែន អំពីកប្បនេះ កាលនោះ ខ្ញុំកើតជាកញ្ញានៃនាគ ឈ្មោះនាងវិមលា ដែល​គេ​សន្មតហៅថាស្រីល្អជាងនាងនាគកញ្ញា​ទាំង​ឡាយ។ ពស់ធំឈ្មោះមហានាគ ជ្រះថ្លា​ក្នុងសាសនានៃព្រះជិនស្រី បាននិមន្តព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់មាន​តេជះ​ច្រើន ព្រមទាំង​សាវ័ក។ មហានាគនោះ បាន​រៀបចំនូវមណ្ឌប ជាវិការៈនៃកែវផង នូវបល្ល័ង្ក​ជាវិការៈនៃកែវផង នូវគ្រឿងឧបភោគ ជាវិការៈនៃកែវ​ដែល​លាយ​ដោយខ្សាច់ ជាវិការៈ​នៃ​កែវផង នូវផ្លូវដែលស្អិតស្អាងដោយទង់​ជ័យ ជាវិការៈនៃកែវផង ហើយប្រគំដោយតូរ្យតន្រ្តី ទទួល​ព្រះសម្ពុទ្ធ។ ចំណែកខាងព្រះលោកនាយក ដែលបរិស័ទទាំង ៤ បាន​ហែហម​ហើយ ទ្រង់គង់លើអាសនៈដ៏ប្រសើរ ក្នុងលំនៅនៃមហានាគ។ ស្ដេចនាគ​បានថ្វាយ​នូវ​បាយ​ទឹក​ផង នូវភោជន​ដែលគួរបរិភោគមានថ្លៃច្រើនផង នូវពរដ៏ប្រសើរផង ចំពោះ​ព្រះពុទ្ធ​​ទ្រង់មានយសធំ។ លុះព្រះសម្ពុទ្ធ​នោះ ទ្រង់សោយហើយ ទ្រង់លាងបាត្រ ហើយ​ធ្វើអនុមោទនា ដោយ​ឧបាយនៃប្រាជ្ញាថា ចូរនាងនាគកញ្ញា មានឫទ្ធិច្រើនចុះ។ នាងនាគ​កញ្ញា បានឃើញព្រះសព្វញ្ញុពុទ្ធដែលទ្រង់ស្រស់បស់​ មានយសច្រើន ចិត្តក៏ជ្រះថ្លា​ចំពោះ​ព្រះសាស្ដាផង ចិត្តក៏ប្រតិព័ទ្ធចំពោះ​ព្រះសាស្ដា​ផង។ ក្នុងខណៈ​នោះ ព្រះសម្ពុទ្ធជា​មហាវីរបុរស ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវចិត្តរបស់ខ្ញុំ ទ្រង់បង្ហាញនូវភិក្ខុនី​ដោយ​ឫទ្ធិ។ ភិក្ខុនីនោះ ក្លៀវក្លា សម្ដែងនូវឫទ្ធិច្រើនប្រការ ខ្ញុំក៏រីករាយត្រេកអរ បានពោលពាក្យ​នេះ ចំពោះព្រះសាស្ដាថា បពិត្រព្រះអង្គជាអ្នកប្រាជ្ញ ខ្ញុំម្ចាស់បានឃើញ​ឫទ្ធិទាំងនេះ ដែល​រាប់ថាក្រៃលែងជាងឫទ្ធិឯទៀត ភិក្ខុនីនោះ ក្លៀវក្លា​ដោយឫទ្ធិខ្លាំងម៉េ្លះ តើដោយ​ប្រការ​ដូចម្ដេច។

ភិក្ខុនីនេះ ជាធីតា ជាឱរសកើតអំពីមាត់របស់តថាគត ទើបជាភិក្ខុនី មានឫទ្ធិច្រើន ជាអ្នក​ធ្វើ​​តាមអនុសាសនីរបស់តថាគត បានជាមាន​សេចក្ដី​ក្លៀវក្លាក្រៃលែងដោយឫទ្ធិ។

លុះខ្ញុំស្ដាប់ព្រះវាចានៃព្រះពុទ្ធហើយ ក៏ត្រេកអរ ពោលនូវពាក្យ​យ៉ាង​នេះថា សូមឲ្យ​ខ្ញុំម្ចាស់​ជាស្រ្តីក្លៀវក្លាក្រៃលែង​ដោយឫទ្ធិ ប្រាកដ​ដូចជា​ភិក្ខុនីនោះ។ បពិត្រ​ព្រះអង្គជា​នាយក ខ្ញុំម្ចាស់មានចិត្តអរ​សប្បាយ រីករាយ មានចិត្តខ្ពង់ខ្ពស់ សូមឲ្យបានដូចភិក្ខុនីនេះ ក្នុង​កាល​​អនាគត​ពុំខាន។ (ខ្ញុំបានថ្វាយ) ​នូវបល្ល័ង្កជាវិការៈនៃ​កែវមណីផង នូវ​មណ្ឌប​ដ៏ភ្លឺផ្លេកផង ហើយញ៉ាំងព្រះពុទ្ធជាលោកនាយក ព្រមទាំង​ព្រះសង្ឃឲ្យឆាន់​ឆ្អែតស្កប់​ស្កល់​ដោយបាយ និងទឹក។ ខ្ញុំបូជា​ផ្កាឧប្បល​ឈ្មោះ​អរុណ ជាផ្កាដ៏ប្រសើរ របស់​ពួកនាគ ចំពោះព្រះពុទ្ធជាលោកនាយក ហើយ​សូមឲ្យពណ៌សម្បុរ​របស់ខ្ញុំដូចផ្កានេះ។ ដោយអំពើ​ដែល​ខ្ញុំធ្វើល្អ​នោះផង ដោយការតម្កល់ទុកនូវចេតនានោះផង ខ្ញុំលះបង់រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ លុះខ្ញុំច្យុត​ចាក​ឋានតាវត្តឹង្សនោះហើយ ក៏មកកើតក្នុងឋាន​មនុស្ស បានថ្វាយ​បិណ្ឌបាត​ដែលបិទបាំងដោយផ្កាឧប្បលទាំងឡាយ ចំពោះ​ព្រះពុទ្ធជាសយម្ភូ។ ក្នុង​កប្បទី ៩១ អំពីកប្បនេះ ព្រះពុទ្ធជានាយក ព្រះនាមវិបស្សី មាន​ព្រះនេត្រ​ដ៏ភ្លឺថ្លា មានបញ្ញាចក្ខុក្នុងធម៌ទាំង​ពួង ទ្រង់កើតឡើង។ ក្នុង​កាល​នោះ ខ្ញុំបាន​កើតជាសេដ្ឋីធីតាក្នុងបុរីដ៏ឧត្ដមឈ្មោះពារាណសី បាន​និមន្តព្រះសម្ពុទ្ធ ជាលោកនាយក ព្រមទាំងព្រះសង្ឃ ខ្ញុំថ្វាយ​មហាទាន បូជាព្រះពុទ្ធជានាយក ដោយផ្កា​ឧប្បលទាំងឡាយ ហើយ​ប្រាថ្នាឲ្យមានពណ៌សម្បុរល្អដូចផ្កាឧប្បលទាំងនោះ។ ក្នុងភទ្ទកប្បនេះ ព្រះពុទ្ធ​ព្រះនាម​កស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសច្រើន ប្រសើរ​ជាងពួកជនអ្នកពោល ទ្រង់កើតឡើង។ គ្រានោះ ព្រះរាជា​ដែនកាសី ព្រះនាមកិកី ជាឥស្សរៈលើប្រជាជន ក្នុង​ពារាណសី​បុរីដ៏​ប្រសើរ បានជា​ឧប្បដ្ឋាកនៃព្រះពុទ្ធជាមហេសី។ ខ្ញុំជាធីតាទីពីរ របស់​ព្រះរាជា​អង្គនោះ ឈ្មោះនាងសមណីគុត្តា បាន​ស្ដាប់ធម៌​របស់​ព្រះពុទ្ធ​ជិនស្រី ជាបុគ្គល​ប្រសើរ ហើយពេញចិត្តនឹងបព្វជ្ជា។ ក្នុងគ្រានោះ ព្រះវររាជ​បិតារបស់យើង​ទ្រង់មិន​អនុញ្ញាត យើងក៏មិនខ្ជិលច្រអូស ប្រព្រឹត្តព្រហ្មចរិយៈសម្រាប់កុមារី អស់ ២០ ពាន់ឆ្នាំ នៅក្នុង​ផ្ទះ ជាព្រះរាជកញ្ញា ឋិតនៅក្នុងសេចក្ដីសុខ ត្រេកអររីករាយ​ក្នុងការ​បម្រើព្រះពុទ្ធ ជា​ព្រះរាជធីតា ៧ អង្គគឺ នាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជា​គំរប់​ប្រាំពីរ។ (ក្នុងពុទ្ធុប្បាទព្រះសមណគោតមនេះ ធីតា​ទាំង​នោះ បានមកជា) ខ្លួនខ្ញុំ ១ នាងខេមាមានប្រាជ្ញា ១ បដាចារា ១ កុណ្ឌលកេសី ១ កិសាគោតមី ១ ធម្មទិន្នា ១ វិសាខា ជាគម្រប់ប្រាំពីរ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយ​ការតម្កល់ចេតនានោះផង ខ្ញុំ​លះបង់​រាងកាយ ជារបស់​មនុស្ស​ហើយ បានទៅកើត​ក្នុងឋានតាវត្តឹង្ស។ លុះច្យុតចាកឋានតាវត្តឹង្សនោះហើយ ក៏មកកើតក្នុងមនុស្សត្រកូលធំ បាន​ថ្វាយនូវសំពត់សាច់ម៉ដ្ឋ មានពណ៌លឿង ដល់ព្រះអរហន្ត។ លុះខ្ញុំ​ច្យុតចាក​អត្តភាព​នោះ​​ហើយ មកកើតក្នុងអរិដ្ឋបុរី ក្នុងត្រកូលព្រាហ្មណ៍ ជាធីតានៃតិរិដិវច្ឆសេដ្ឋី ឈ្មោះនាង​ឧម្មាទន្តី ជាទី​ពេញចិត្ត (របស់ជន)។ លុះខ្ញុំច្យុតចាកអត្តភាពនោះហើយ មកកើតក្នុង​ជនបទ ក្នុងត្រកូលមួយ ជា​អ្នកខ្វល់ខ្វាយ មិនជាអ្នកស្ដុកស្ដម្ភណាស់ណាទេ។ គ្រានោះ ខ្ញុំថែរក្សា​នូវស្រូវសាលី ខ្ញុំបានឃើញ​ព្រះបច្ចេកសម្ពុទ្ធ ហើយថ្វាយលាជ​ប្រាំរយកន្ទោង ដែល​គ្របដោយផ្កាឈូក ហើយប្រាថ្នានូវកូនប្រាំរយរូប ខ្ញុំថ្វាយ​ទឹកឃ្មុំ​ដល់ព្រះពុទ្ធជា​សយម្ភូ ព្រោះតែកូនទាំងនោះ លុះច្យុត​ចាក​អត្តភាពនោះហើយ បានមក​កើតក្នុង​ត្របក​ផ្កាឈូក​នៅក្នុងព្រៃ។ ខ្ញុំបានជាមហេសីរបស់ស្ដេចដែនកាសី ដែលគេធ្វើសក្ការបូជា ​បាន​បង្កើត​ព្រះរាជបុត្រចំនួនប្រាំរយឥតខ្វះ។ កាលណា ព្រះរាជបុត្រ​ទាំងនោះ ដល់នូវវ័យ​ចម្រើន​ឡើង កំពុងលេងល្បែងក្នុងទឹក បានឃើញ​ស្លឹក និងផ្កាឈូកសំយុងចុះ (មានចិត្ត​នឿយណាយ​ក្នុងសង្ខារ ក៏​ចេញបួស) បានជាព្រះបច្ចេកពុទ្ធជានាយក ក្នុងកាលនោះ។ ខ្ញុំនោះ​​ជា​អ្នកព្រាត់ប្រាសចាករាជបុត្រដ៏ប្រសើរទាំងនោះ ក៏មានសេចក្ដី​សោកស្ដាយ លុះ​ច្យុត (ចាកអត្តភាពនោះហើយ) បានមកកើតក្នុងស្រុក​តូចមួយ ទៀបភ្នំឥសិគិលិ។ កាល​ណា ខ្ញុំមានចិត្ត​ភ្នកនឹកដល់​កូន ដែល​ជា​ព្រះបច្ចេកពុទ្ធ ក៏នាំយកបបរ​ដើរទៅ ដើម្បីកូន​ទាំងឡាយ​ផង ដើម្បី​ខ្លួនផង ខ្ញុំបានឃើញព្រះបច្ចេកពុទ្ធជានាយក ៨ ព្រះអង្គ ដែលកំពុង​ដើរទៅ​កាន់ស្រុក ដើម្បីភិក្ខា ក៏នឹករលឹកកូនទាំងឡាយ កាលនោះ ទរនៃទឹកដោះ​របស់ខ្ញុំក៏​ខ្ពុរចេញ ព្រោះ​សេចក្ដីស្រឡាញ់ចំពោះកូន។ លំដាប់នោះ ខ្ញុំជ្រះថ្លា បានប្រគេន​បបរដល់​ព្រះបច្ចេកពុទ្ធទាំងនោះ ដោយដៃរបស់ខ្លួន លុះច្យុតចាកអត្តភាពនោះ ក៏បានទៅកើតឯ​ឧទ្យាន ឈ្មោះនន្ទនៈ ក្នុងឋានត្រៃត្រឹង្ស។​ បពិត្រ​ព្រះអង្គ​ជា​មហាវីរបុរស ខ្ញុំម្ចាស់បាន​ទទួល​សុខទុក្ខ អន្ទោលទៅក្នុងភពតូចភពធំ ទាំងជីវិតក៏ខ្ញុំលះបង់ ដើម្បីប្រយោជន៍នៃ​ព្រះអង្គ។ សេចក្ដីទុក្ខផ្សេងៗ ជាច្រើនយ៉ាងក្ដី សម្បត្តិផ្សេងៗ ជាច្រើនក្ដី (របស់ខ្ញុំ) រមែង​មាន​យ៉ាងនេះឯង លុះដល់បច្ឆិមភព ខ្ញុំមកកើតក្នុងសាវត្ថីបូរី។ ខ្ញុំកើតក្នុង​ត្រកូលនៃ​សេដ្ឋី មានទ្រព្យច្រើន ដល់នូវសេចក្ដីសុខ ជាត្រកូល​ចាត់ចែង​ល្អហើយ រុងរឿងដោយរតនវត្ថុ​ផ្សេងៗ សម្រេចសេចក្ដី​ប្រាថ្នា​គ្រប់យ៉ាង។ ខ្ញុំត្រូវគេធ្វើសក្ការបូជាផង រាប់អាន​កោតក្រែង​ដូច្នោះផង ដល់នូវ​រូបសិរី ត្រូវគេធ្វើសក្ការៈក្រៃលែង ក្នុងត្រកូលទាំងឡាយ។ ខ្ញុំជាស្រ្តី​ដែល​ពួកជនអ្នកមានសិរីដោយ​រូប និងភោគៈ​ប្រាថ្នាលើសលុប​ផង ដែលពួកកូន​សេដ្ឋីជា​ច្រើន​រយនាក់ ប្រាថ្នាហើយផង។ ខ្ញុំលះបង់​នូវផ្ទះ​ហើយ ចូលទៅកាន់ផ្នួស កាលមិនទាន់​ដល់កន្លះខែនៅឡើយ ក៏បានលុះនូវសច្ចៈ ៤។ ខ្ញុំនិម្មិតនូវរថមាន​ជ្រុង ៤ ដោយឫទ្ធិ ហើយ​ថ្វាយបង្គំនូវព្រះបាទានៃព្រះពុទ្ធ ព្រះអង្គជាទីពឹងដ៏មានសិរី​របស់​សត្វលោក។

(មារពោលថា) នាងអាស្រ័យនូវដើមឈើដែលមានចុង​រីកផ្កា​ស្គុះស្គាយ ឋិតនៅទៀប​គល់រាំង​​តែម្នាក់ឯង ទាំងអ្នកណាមួយ ជាគម្រប់​ពីរនឹងនាង ក៏មិនមាន តើនាងមិន​ខ្លាចពួក​ជនពាល ឬពួកអ្នក​លេងទេឬ។

(ខ្ញុំឆ្លើយថា) ពួកជនអ្នកលេង ចំនួនមួយរយក្ដី មួយពាន់ក្ដី ដែលប្រាកដ​ដូច្នោះ មកក្នុង​ទីនេះ យើងក៏ឥតព្រឺរោម ឥតញាប់ញ័រ ម្នាលមារ អ្នកជាបុគ្គលម្នាក់ឯង តើនឹងធ្វើម្ដេច​ដល់​យើង។

យើងនុ៎ះ អាចបំបាត់ខ្លួនក៏បាន ចូលទៅក្នុងពោះអ្នកឯងក៏បាន កាល​យើងឋិតនៅត្រង់​ប្រជុំចិញ្ចើម ក៏​អ្នកមើលមិនឃើញ។ យើងជា​ស្រីស្ទាត់​ក្នុងផ្លូវចិត្ត ទាំងឥទ្ធិបាទទាំងឡាយ​ យើងក៏បានចម្រើនល្អហើយ យើងជា​ស្រីរួចចាកចំណងទាំងអស់ហើយ នែអាវុសោ យើង​មិនខ្លាច​អ្នកទេ។ អ្នកពោលនូវសេចក្ដី​ត្រេកអរក្នុងកាម ចំពោះគំនរកាមណា គំនរកាមនោះ ឧបមា​ដូចមុខលំពែងដ៏មុតក្រៃលែង ឥឡូវនេះ ​យើងមិន​មានសេចក្ដីត្រេកអរ​ក្នុង​កាមនោះ​ទៀតទេ។ សេចក្ដីរីករាយក្នុង​អារម្មណ៍​​ទាំងអស់ យើង​បានកំចាត់បង់ហើយ ទាំងគំនរនៃ​សេចក្ដី​ងងឹត យើងក៏ទំលាយចេញហើយ ម្នាលមារមានចិត្តបាប អ្នក​ចូរដឹង​យ៉ាងនេះចុះ ខ្លួនអ្នក ត្រូវយើងកំចាត់បានហើយ។ ព្រះជិនស្រី​ជានាយក ត្រេកអរចំពោះគុណនោះ តាំង​ខ្ញុំក្នុងទីជាឯតទគ្គៈ ក្នុង​បរិស័ទ​​ទាំងឡាយ​ថា នាងឧប្បលវណ្ណា ជាស្រីប្រសើរបំផុតជាង​ភិក្ខុនី ដែល​មានឫទ្ធិ​ទាំងឡាយ។ ព្រះសាស្ដា ខ្ញុំបានប្រព្រឹត្តតាមហើយ ទាំងសាសនា​របស់​​ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំក៏ទំលាក់​ចេញហើយ តណ្ហាជា​គ្រឿងនាំសត្វ​ទៅ​កាន់ភព ខ្ញុំបានគាស់រំលើង​ចេញហើយ។ ខ្ញុំចេញ​ចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បី​ប្រយោជន៍ដល់​គុណវិសេសណា ប្រយោជន៍ គឺគុណវិសេស​នោះឯង ជាគ្រឿងអស់​ទៅនៃ​សំយោជនៈ​ទាំង​អស់ ខ្ញុំក៏បានដល់ជាលំដាប់ហើយ។ ចំនួន​ពាន់នៃពួកជន​ដោយ​ជុំវិញ រមែងបង្អោនមកនូវបច្ច័យ គឺចីវរ បិណ្ឌបាត សេនាសនៈ ដោយកាលភ្លាមៗ។ កិលេស​ទាំងឡាយ ខ្ញុំដុត​បំផ្លាញហើយ ភពទាំង​អស់ ខ្ញុំគាស់រំលើងហើយ ខ្ញុំជាអ្នកមិនមាន​អាសវៈ ព្រោះបាន​កាត់​ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់​ព្រះពុទ្ធជាបុគ្គលប្រសើរ​ វិជ្ជា ៣ ខ្ញុំបាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំបានធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ ​នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះឧប្បលវណ្ណាភិក្ខុនីមានអាយុ បានសម្ដែងនូវ​គាថា​ទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ឧប្បលវណ្ណាថេរិយាបទាន។

បដាចារាថេរិយាបទាន ទី១០

[២០] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយ​នៃធម៌​ទាំងពួង ជានាយក ទ្រង់​កើត​ឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ក្នុងគ្រានោះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ក្នុង​នគរហង្សវតី រុងរឿង​ដោយ​រតនៈផ្សេងៗ​ ជាស្រីឆ្អែតស្កប់ស្កល់​ដោយសេចក្ដីសុខ​ច្រើន​យ៉ាង។ ខ្ញុំ​បាន​ចូលទៅគាល់ព្រះអង្គ ជាមហាវីរបុរសនោះ បានស្ដាប់​ធម្មទេសនា លំដាប់​នោះ ខ្ញុំកើតសេចក្ដីជ្រះថ្លា ហើយដល់នូវព្រះជិនស្រីជាទីពឹង។ លំដាប់នោះ ព្រះពុទ្ធជា​នាយក ទ្រង់សរសើរភិក្ខុនីជាអ្នកអៀនខ្មាស មាន​ចិត្តនឹងធឹង ក្លៀវក្លាក្នុងហេតុគួរ និងមិន​គួរ ជាភិក្ខុនីខ្ពង់ខ្ពស់​ជាង​ភិក្ខុនីទាំងឡាយ អ្នកទ្រទ្រង់នូវវិន័យ។ ក្នុងកាល​នោះ ខ្ញុំមានចិត្ត​រីករាយ ប៉ុនប៉ងចំពោះតំណែងនោះ ហើយនិមន្តព្រះទសពល ជាលោកនាយក ព្រមទាំង​ព្រះសង្ឃ​ឲ្យឆាន់ អស់ ៧ ថ្ងៃ ហើយបានថ្វាយបាត្រ និងចីវរ ក្រាបទៀបព្រះបាទា​ដោយ​ត្បូង ហើយពោល​ពាក្យនេះថា បពិត្រ​ព្រះមុនី​ជាធីរបុរស ភិក្ខុនីណា ដែលព្រះអង្គ​សរសើរ​ហើយ បពិត្រ​ព្រះអង្គ​ជានាយក ខ្ញុំម្ចាស់សូមឲ្យបានដូចភិក្ខុនីនោះ ក្នុងកប្បទី ៨ អំពីកប្ប​នេះ បើសេចក្ដីប្រាថ្នានឹងសម្រេច។ ក្នុងកាល​នោះ ព្រះសាស្ដា​បានត្រាស់នឹងខ្ញុំថា ម្នាល​នាង​ដ៏ចម្រើន នាងកុំខ្លាច ចូរនាងត្រេកអរចុះ ក្នុងកាលអនាគត នាងនឹងបាន​តំណែង​នុ៎ះ​ដូចចិត្តប្រាថ្នា។ ព្រះសាស្ដា​ព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូលក្សត្រ​ឱក្កាកៈ នឹងមាន​ក្នុង​លោក ក្នុងកប្បទីមួយសែន អំពីកប្បនេះ។ នាងនឹងបានជាផៅពង្សក្នុងធម៌ទាំង​ឡាយ នៃព្រះសាស្ដាអង្គនោះ ជាឱរស ជាធម្មនិម្មិត មានឈ្មោះថា នាងបដាចារា ជាសាវិកា​របស់​ព្រះសាស្ដា។ ក្នុងគ្រានោះ ខ្ញុំមាន​ចិត្តរីករាយ មានមេត្តាចិត្ត បម្រើព្រះជិនស្រី ជា​លោកនាយក ព្រមទាំង​ព្រះសង្ឃ ដរាបអស់ជីវិត។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយ​ការ​តម្កល់ទុកនូវចេតនានោះផង ​លុះខ្ញុំលះបង់រាងកាយជារបស់​មនុស្ស​ហើយ បាន​ទៅ​កើតក្នុងឋានតាវត្តឹង្ស។ ព្រះពុទ្ធព្រះនាមកស្សបៈ ​មាន​ផៅពង្សដ៏ប្រសើរ មានយសធំ ប្រសើរជាងពួកជន​អ្នកពោល ទ្រង់​កើត​ឡើង​ក្នុងភទ្ទកប្បនេះ។ ក្នុងកាលនោះ ព្រះរាជា​ក្នុងដែនកាសី ព្រះនាម​កិកី ជាឧបដ្ឋាករបស់ព្រះពុទ្ធជាមហេសី ជាឥស្សរៈលើ​ប្រជាជន ក្នុង​ក្រុង​ពារាណសីបូរីដ៏ឧត្ដម។ ខ្ញុំបានជាធីតាទី ៣ នៃព្រះបាទ​កិកីនោះ ដែល​ប្រាកដថា ភិក្ខុនី ​បានស្ដាប់ធម៌របស់​ព្រះជិនស្រី​ដ៏ប្រសើរ ហើយ​ពេញចិត្ត​នឹងបព្វជ្ជា។ តែក្នុងកាល​នោះ ព្រះបិតារបស់​យើង ទ្រង់ពុំ​អនុញ្ញាត យើងក៏ជាស្រ្តីមិនខ្ជិលច្រអូស បាន​ប្រព្រឹត្ត​ព្រហ្មចរិយៈ​​សម្រាប់​កុមារី អស់ ២០ ពាន់ ឆ្នាំ នៅក្នុងផ្ទះ ជា​ព្រះរាជកញ្ញា ឋិតនៅ​ក្នុង​សេចក្ដី​សុខ ត្រេកអរ រីករាយ​ក្នុងការ​បម្រើ​ព្រះពុទ្ធ ជាធីតា ៧ អង្គគឺ នាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជាគំរប់ប្រាំពីរ។ (រាជកញ្ញា​ទាំងនោះ ​លុះចេរវិលវឹងមក​ក្នុង​ពុទ្ធុប្បាទនេះ) បានមក​ជាខ្ញុំ ១ ឧប្បលវណ្ណា ១ ខេមា ១ ភទ្ទាភិក្ខុនី ១ កិសាគោតមី ១ ធម្មទិន្នា ១ វិសាខា ជាគំរប់ប្រាំពីរ។ ដោយ​អំពើ​ដែលខ្ញុំធ្វើល្អ​នោះផង ដោយការ​តម្កល់​ទុកនូវចេតនា​នោះផង លុះខ្ញុំលះបង់នូវរាងកាយជា​របស់​​មនុស្ស​ហើយ បាន​ទៅកើតក្នុងឋានតាវត្តឹង្ស។ ឥឡូវនេះ មកដល់បច្ឆិមភព ខ្ញុំកើត​ក្នុង​​ត្រកូលសេដ្ឋី ក្នុងក្រុងសាវត្ថី ជា​បូរីដ៏ប្រសើរមាំមួន ស្ដុកស្ដម្ភ មាន​ធនធានច្រើន។ ខ្ញុំកំពុង​ប្រកបដោយវ័យដ៏ចម្រើន លុះក្នុង​អំណាចនៃ​​វិតក្កៈ ខ្ញុំបានឃើញនូវបុរសអ្នកនៅ​ក្នុងជនបទ​ហើយ ក៏បានទៅនៅ​ជាមួយនឹងបុរសនោះ។ ខ្ញុំមានបុត្រប្រុស ១ នាក់ ប្រសូត​ហើយ បុត្រទី ២ នៅក្នុងផ្ទៃរបស់ខ្ញុំ ក្នុង​កាលនោះ ខ្ញុំកាត់ចិត្តថា អញត្រូវទៅរក​ជួបមាតា​បិតា​វិញ។ គ្រានោះ ខ្ញុំមិនបានប្រាប់​ស្វាមី​របស់​ខ្ញុំទេ លុះស្វាមីនោះឃ្លាតចេញទៅ ខ្ញុំជាស្រ្តី​តែ​​ម្នាក់ឯង រត់ចេញចាកផ្ទះ ដើរទៅកាន់​ក្រុងសាវត្ថីដ៏ឧត្ដម។ លំដាប់នោះ ប្ដីរបស់ខ្ញុំ​មកតាម​ទាន់​ក្នុងផ្លូវ បបួលខ្ញុំទៅវិញ ក្នុងគ្រានោះ ខ្យល់កម្មជវាត (ខ្យល់កើតអំពីកម្ម) ដ៏អាក្រក់ពន់ពេក កើតឡើងដល់ខ្ញុំ។ ​ស្រាប់តែ​ភ្លៀងធំ​តាំងឡើង​ក្នុងសម័យ​ជាទីប្រសូតិ​នូវកូននៃខ្ញុំ គ្រានោះ ប្ដី (របស់ខ្ញុំ) ទៅដើម្បី​ប្រយោជន៍​ដល់ឧស ត្រូវពស់ចឹក​ស្លាប់ទៅ។ គ្រា​នោះ ខ្ញុំជាស្រីកំព្រា មិនមាន​ទីពឹង ដោយសេចក្ដីទុក្ខព្រោះ​សម្រាលកូន ខ្ញុំដើរទៅ​កាន់​លំនៅ​​នៃត្រកូល​របស់ខ្លួន ឃើញនូវស្ទឹងតូច មានទឹក​ពេញព្រៀប។ ខ្ញុំជាស្រី​ម្នាក់ឯង នាំយក​កូនតូច ឆ្លងទៅដាក់ឯច្រាំងត្រើយនាយ ហើយញ៉ាំងកូនតូចឲ្យបៅ រួចត្រឡប់មក​ចម្លង​​កូនបង។ មានសត្វខ្លែង​មួយ ឆាបយកកូនតូចដែលកំពុងយំ ទាំងខ្សែទឹកក៏កួច​យក​កូនបង​ទៅ​ទៀត ​ខ្ញុំជា​ស្រីចុកណែនដោយ​សេចក្ដីសោក។ ខ្ញុំដើរទៅកាន់​ក្រុងសាវត្ថី បាន​ឮថា ពួកជនរបស់ខ្លួន គឺមាតាបិតា​ត្រូវស្លាប់អស់ហើយ គ្រានោះ ខ្ញុំមានសេចក្ដីសោក​គ្រប​សង្កត់ ចុកណែន​ដោយសេចក្ដី​សោកដ៏ធំ ហើយបានពោលថា កូនទាំងពីរធ្វើមរណកាល​ហើយ ទាំងប្ដី​របស់ខ្ញុំ ក៏ស្លាប់ក្នុងព្រៃ មាតាបិតា និងបង​ប្រុស ក៏ត្រូវគេដុតលើជើង​ថ្ករជា​មួយគ្នា។ កាលនោះ ខ្ញុំជាស្រីស្គាំងស្គមផង កើតរោគលឿងផង ឥត​មានទីពឹង មានចិត្ត​ប្រកប​ដោយសេចក្ដីទុក្ខ លំដាប់នោះ ខ្ញុំដើរចេញ​ទៅអំពីទីនេះ បានឃើញព្រះពុទ្ធ ព្រះ​អង្គជាសារថីរបស់ប្រជាជន។ លំដាប់នោះ ព្រះសាស្ដា ទ្រង់ត្រាស់ចំពោះខ្ញុំថា នាងចូរ​កុំសោកស្ដាយ ចំពោះកូនទាំងឡាយ​ឡើយ ចូរនាងស្រស់ស្រាយឡើង ចូរនាងស្វែងរក​ខ្លួនរបស់នាងវិញ នាងព្រួយឥត​ប្រយោជន៍សោះទេ។ កូនទាំងឡាយ ពឹងពុំបាន ញាតិក៏​ពឹងពុំបាន ទាំងផៅពង្សក៏ពឹងពុំបាន បុគ្គលដែល​ត្រូវ​សេចក្ដីស្លាប់គ្របសង្កត់ ទីពឹងចំពោះ​ញាតិពុំបានឡើយ។ លុះខ្ញុំ​បានស្ដាប់ព្រះវាចានោះរបស់ព្រះមុនី​ ក៏បាននូវផលទី ១​ ខ្ញុំបួស​មិន​យូរប៉ុន្មាន ក៏បានសម្រេចនូវព្រះអរហត្ត។ ខ្ញុំជាអ្នកស្ទាត់ក្នុងឫទ្ធិផង ក្នុង​សោតធាតុ​ជាទិព្វផង ខ្ញុំជាអ្នកធ្វើតាមសាសនានៃព្រះសាស្ដា រមែងដឹង​នូវចិត្តនៃបុគ្គលដទៃផង។ ខ្ញុំដឹង​​នូវបុព្វេនិវាសៈ ទាំងទិព្វចក្ខុ ខ្ញុំបាន​ជម្រះហើយ ខ្ញុំជាភិក្ខុនីបរិសុទ្ធឥតមានមន្ទិល ព្រោះ​បានញ៉ាំងអាសវៈ​ទាំងពួងឲ្យអស់ហើយ។ លំដាប់នោះ ខ្ញុំបានរៀនវិន័យ​ទាំងអស់​ក្នុង​​សំណាក់របស់ព្រះពុទ្ធ ព្រះអង្គ​ឃើញហេតុទាំងអស់ផង ខ្ញុំឆ្លើយដោះ​ស្រាយនូវសេចក្តី​ពិស្ដារគ្រប់យ៉ាង តាមពិតផង។ ព្រះជិនស្រី​ត្រេកអរ ចំពោះគុណនោះហើយ តាំងខ្ញុំក្នុង​ទីជា​ឯតទគ្គៈថា នាងបដាចារា ជាភិក្ខុនីឯក ប្រសើរជាង​ពួក​ភិក្ខុនីអ្នកទ្រទ្រង់វិន័យ។ ព្រះសាស្ដា ខ្ញុំបាន​ប្រព្រឹត្តតាមហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ​ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចេញហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានគាស់​រំលើង​ចេញ​ហើយ។​​ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍​ដល់​គុណធម៌ណា ប្រយោជន៍​គឺ​គុណធម៌នោះរបស់​ខ្ញុំ ជាទីអស់ទៅ​នៃ​សញ្ញោជនៈទាំងពួង ខ្ញុំក៏បានសម្រចហើយ។ កិលេស​ទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ​​ភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ខ្ញុំជាអ្នក​មិន​មាន​​អាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់​ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុង​សំណាក់​នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបាន​សម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់ហើយ ទាំង​សាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបដាចារាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថា​ទាំង​នេះ ដោយប្រការដូច្នេះ។

ចប់ បដាចារាថេរិយាបទាន។

ទ្ទា

ឯកុបោសថិការិយាបទាន ១ សឡលបុប្ផិកាថេរិយាបទាន ១ មោទកទាយិកាថេរិយាបទាន ១ ​ឯកាសនទាយិកាថេរិយាបទាន ១ ​បញ្ចទីបទាយិកាថេរិយាបទាន ១ នឡមាលិកា​ថេរិយា​បទាន ១ បជាបតិគោតមីថេរិយាបទាន ១​ ខេមាថេរិយាបទាន ១ ឧប្បលវណ្ណា​ថេរិយា​បទាន ១ បដាចារាថេរិយាបទាន ១ មានគាថា​ ៥០៩ គាថា។

ចប់ ឯកុបោសថវគ្គ ទី២។

កុណ្ឌលកេសវគ្គ ទី៣

កុណ្ឌលកេសីថេរិយាបទាន ទី១

[២១] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយ​នៃធម៌​ទាំង​ពួង ជានាយក ទ្រង់​កើត​ឡើង​ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ។ គ្រានោះ ខ្ញុំកើតក្នុងត្រកូលនៃសេដ្ឋី ក្នុង​ក្រុងហង្សវតី ជាត្រកូល​រុងរឿង​ដោយ​រតនវត្ថុផ្សេងៗ​ ខ្ញុំជាស្រី​ស្កប់ស្កល់​ដោយ​សេចក្ដីសុខ​ច្រើន​ប្រការ។ ខ្ញុំចូលទៅ​រកព្រះពុទ្ធ ជាមហាវីរបុរសអង្គនោះ ហើយបានស្ដាប់​ធម៌​ដ៏ឧត្ដម លំដាប់នោះ ខ្ញុំមានសេចក្ដីជ្រះថ្លាកើត​ឡើងហើយ បានដល់​ព្រះជិនស្រី​ជាទីពឹង។ ក្នុង​កាល​នោះឯង ព្រះពុទ្ធជានាយក ព្រះនាម​បទុមុត្តរៈ ប្រកបដោយមហាករុណា ទ្រង់តាំង​សុភាភិក្ខុនី ថាជាភិក្ខុនី​ប្រសើរ​ជាងពួកភិក្ខុនី​ដែលត្រាស់ដឹងឆាប់​រហ័ស។ លុះខ្ញុំបានស្ដាប់​ព្រះពុទ្ធវាចានោះហើយ ខ្ញុំមានសេចក្ដីរីករាយ បានថ្វាយ​ទានដល់​ព្រះពុទ្ធ​ជា​មហេសី ហើយ​ក្រាបចុះទៀបព្រះបាទាដោយត្បូង ប្រាថ្នានូវ​តំណែងនោះ។

ព្រះពុទ្ធជាមហាវីរបុរស ទ្រង់អនុមោទនាថា ម្នាលនាងដ៏ចម្រើន តំណែងណា ដែលនាង​ប្រាថ្នា​ហើយ តំណែងទាំងអស់នោះ នឹង​សម្រេច​ពុំខាន ចូរនាងបានសេចក្ដីសុខ រំលត់​ទុក្ខ​ចុះ។ ក្នុងកប្បទីមួយ​សែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម ទ្រង់​សម្ភព​ក្នុង​ត្រកូល​​ក្សត្រ​ឈ្មោះ​ឱក្កាកៈ នឹងកើត​ឡើងក្នុងលោក។ នាង​នឹងបានជា​ញាតិក្នុង​ធម៌​របស់​ព្រះ​សាស្ដា​អង្គនោះ ជាឱរស ជាធម្មនិម្មិត ជា​សាវិកានៃ​ព្រះសាស្ដា ឈ្មោះនាង​កុណ្ឌលកេសី​​ដ៏ចម្រើន។

ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនា​នោះ​ផង ខ្ញុំលះបង់រាង​កាយ​​ជា​របស់មនុស្សហើយ បានទៅកើតក្នុង​ឋាន​តាវត្តឹង្ស។ លុះខ្ញុំច្យុតចាកឋានតាវត្តឹង្ស​នោះ ទៅកើតក្នុងឋាន​យាមៈ ច្យុតចាកឋានយាមៈនោះ បានទៅកើតក្នុងឋានតុសិត ច្យុត​ចាក​ឋាន​តុសិត​នោះ ក៏បានទៅកើតក្នុង​ឋាននិម្មានរតី រួចទៅកើត​ក្នុង​បរនិម្មិតវសវត្តី​បូរី។ ខ្ញុំកើតក្នុងទីណាៗ​ ខ្ញុំបាននូវភាពជាមហេសី​របស់​ស្ដេច​ទាំងឡាយក្នុងទីនោះៗ​ ព្រោះ​អានិសង្ស​នៃបុញ្ញកម្មនោះឯង។ ខ្ញុំ​ច្យុតចាកអត្តភាពនោះ ហើយ​បាន​មកកើតក្នុង​មនុស្ស​លោក បាននូវ​ភាព​ជាមហេសី របស់ស្ដេចចក្រពត្តិទាំងឡាយផង របស់ស្ដេច​ក្នុង​មណ្ឌល​ទាំងឡាយផង។ ខ្ញុំបាននូវសម្បត្តិក្នុង​ទេវលោកផង ក្នុងមនុស្ស​លោកផង ហើយជាស្រី​ដល់នូវសេចក្ដីសុខក្នុងទីទាំងពួង អន្ទោលទៅ​ក្នុងកប្បដ៏ច្រើន។ ព្រះពុទ្ធព្រះនាមកស្សបៈ ព្រះអង្គមានផៅ​ពង្សដ៏​ប្រសើរ មានយសច្រើន ប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់កើត​ឡើង​ក្នុង​​ភទ្ទកប្បនេះ។ គ្រានោះ ព្រះ​រាជាក្នុងដែនកាសី ព្រះនាមកិកី ក្នុង​ពារាណសី​បូរីដ៏ឧត្ដម ជា​ឥស្សរៈលើប្រជាជន បានជាឧបដ្ឋាកនៃព្រះ​ពុទ្ធជាមហេសី។ ខ្ញុំជាធីតាទី ៤ របស់​ព្រះរាជា​អង្គនោះ ដែលប្រាកដថា ភិក្ខុទាសី បានស្ដាប់ធម៌របស់​​ព្រះជិនស្រីដ៏ប្រសើរ ហើយ​ក៏ពេញចិត្ត​ចំពោះបព្វជ្ជា។ ព្រះបិតាយើង ទ្រង់មិនអនុញ្ញាតឲ្យបួសទេ កាល​នោះ យើងជាអ្នកមិនខ្ជិលច្រអូស បានប្រព្រឹត្តព្រហ្មចរិយសម្រាប់កុមារី អស់​ពីរម៉ឺនឆ្នាំក្នុងផ្ទះ។ យើង​ជាព្រះរាជធីតា ៧ នាក់ ជាកញ្ញា​ឋិតនៅ​ក្នុង​សេចក្ដីសុខ ត្រេកអររីករាយ ក្នុងការ​បម្រើ​ព្រះពុទ្ធ គឺនាង​សមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១​ នាង​សង្ឃទាសិកា ជាគំរប់ប្រាំពីរ។ កាលនោះ (ព្រះរាជធីតាទាំង ៧ នាក់នោះ ចេរវិល​វឹងមក) បានជានាងខេមា ១ ឧប្បលវណ្ណា ១ បដាចារា ១ ខ្ញុំ ១ កិសាគោតមី ១ ធម្មទិន្នា ១ វិសាខា ជាគំរប់ប្រាំពី។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវ​ចេតនា​នោះផង លុះខ្ញុំលះបង់នូវរាងកាយជា​របស់មនុស្សហើយ បានទៅកើតក្នុង ឋានតាវត្តឹង្ស។ ឥឡូវនេះ ដល់មកបច្ឆិមភព ខ្ញុំកើតក្នុងត្រកូល​សេដ្ឋី​ដ៏ស្ដុកស្ដម្ភក្នុងបូរីដ៏ឧត្ដម ឈ្មោះ​គិរិព្វជៈ ឋិតនៅក្នុងវ័យដ៏ចម្រើន។ ខ្ញុំឃើញ​នូវចោរដែលគេកំពុង​បណ្ដើរយកទៅ​ដើម្បី​សម្លាប់ ហើយ​ស្រឡាញ់​ចំពោះចោរនោះ លំដាប់នោះ បិតារបស់ខ្ញុំដោះចោរនោះ ចេញ​អំពី​ទោសដែលត្រូវសម្លាប់ ដោយកហាបណៈមួយពាន់។​ បិតា​បានឲ្យខ្ញុំទៅចោរនោះ ព្រោះ​ដឹងច្បាស់​នូវចិត្តខ្ញុំ ខ្លួនខ្ញុំជាស្រីឥតរង្កៀស ជាអ្នកអាណិតអនុគ្រោះក្រៃពេក ចំពោះ​ចោរនោះ។ ឯចោរនោះ នាំមក​នូវគ្រឿងបូជា ហើយនាំខ្ញុំទៅកាន់ជ្រោះសម្រាប់​ទំលាក់​ចោរ ហើយគិត​សម្លាប់ខ្ញុំលើភ្នំ ដោយ​សេចក្ដីចង់បាននូវគ្រឿងប្រដាប់របស់ខ្ញុំ។ គ្រានោះ ខ្ញុំធ្វើអញ្ជលីដ៏ល្អ ប្រណម្យចំពោះចោរឈ្មោះ​សត្តុកៈ រក្សានូវ​ជីវិត​របស់ខ្លួនទុកសិន ហើយ​ពោលពាក្យនេះថា បពិត្រអ្នកដ៏ចម្រើន អ្នកចូរនាំយកនូវ​សង្វាជាវិការនៃមាស ព្រមទាំង​កែវមុក្តា កែវពៃទូរ្យ​ដ៏ច្រើន​ទាំងអស់នេះទៅចុះ រួចសូមឲ្យអ្នកប្រាប់​គេឲ្យដឹងថា ខ្ញុំជា​ទាសី​ចុះ។ ម្នាលនាងកល្យាណី នាងចូរដាក់នូវគ្រឿងប្រដាប់មកឲ្យអញចុះ នាងកុំ​ខ្សឹកខ្សួល​ខ្លាំងឡើយ អញមិនដែលថា មិនសម្លាប់​នូវ​មនុស្ស​ដែលមកក្នុងព្រៃសោះទេ។ អញនឹករក​មើលខ្លួនអញ ចាប់តាំង​ពី​អញដល់នូវភាពជាអ្នកដឹងក្ដីមក អញមិនដែលស្គាល់អ្នកដទៃឲ្យ​ជា​ទី​ស្រឡាញ់ជាងនាងឡើយ។ អ្នកចូរមកនេះ ខ្ញុំនឹងបាន​កៀកកើយ​អ្នក​សិន ហើយសូម​ធ្វើប្រទក្សិណអ្នក ​ថ្វាយបង្គំអ្នក ព្រោះថា ការរួបរួមគ្នា​រវាងខ្ញុំនឹងអ្នក មិនមានទៀតទេ។ (ទេវតាពោលថា) ប្រុសមិនមែន​ឈ្មោះថាបណ្ឌិតក្នុងហេតុទាំងអស់ទេ សូម្បីស្រីសោះ តែ​ជាអ្នកមាន​ឧបាយវាងវៃ ក្នុងហេតុនោះៗ​ ក៏ឈ្មោះថាបណ្ឌិតបាន។ ប្រុសមិន​មែន​ឈ្មោះ​ថា​បណ្ឌិត ក្នុងហេតុទាំងអស់ទេ សូម្បីស្រីសោះ តែជាអ្នក​គិតឃើញនូវប្រយោជន៍រហ័ស ក៏ឈ្មោះថាបណ្ឌិតដែរ។ បុគ្គលណា ត្រិះរិះឃើញនូវប្រយោជន៍ច្រើនដ៏​រហ័សផង ឆាប់ផង ដូចជាបុគ្គល​កាល​ឃើញតាមហេតុនៃសំបុត្រ  ឬតម្រាដ៏វិចិត្រ បុគ្គលនោះឈ្មោះថា​បណ្ឌិត គ្រានោះ ខ្ញុំបានសម្លាប់នូវចោរឈ្មោះសត្តុកៈ។ បុគ្គលណា មិនយល់ឆាប់នូវប្រយោជន៍​ ដែល​កើតឡើងហើយ បុគ្គលនោះ​ឈ្មោះថា មានគំនិតទន់ រមែងទុក្ខព្រួយដូចជា​ចោរដែល​ធ្លាក់ចុះទៅ​ក្នុងជ្រោះភ្នំ។ បុគ្គលណា យល់ច្បាស់ឆាប់នូវប្រយោជន៍ ដែលកើត​ឡើងហើយ បុគ្គលនោះ រមែងរួចអំពី​ការចង្អៀតដោយសត្រូវ ដូចជា​ខ្លួន​ខ្ញុំរួចចាកបុរសឈ្មោះសត្តុកៈ ក្នុងកាលនោះឯង។ ខ្ញុំច្រានបុរស​ឈ្មោះ​សត្តុកៈ ទៅក្នុងជ្រោះភ្នំ រួចហើយចូលទៅ​កាន់​សំណាក់ពួកតាបស អ្នកស្លៀក​ពាក់សំពត់ស ហើយបួស។ ក្នុងកាលនោះ ខ្ញុំទុក​សក់​របស់​ខ្ញុំ ដោយចន្ទាស ដោយប្រការទាំងពួង ហើយទើបបួស ពួកតាបស​ក៏ប្រាប់​នូវលទ្ធិឥត​មាន​ចន្លោះឡើយ។ លំដាប់នោះ ខ្ញុំរៀននូវលទ្ធិនោះ ហើយ​អង្គុយតែម្នាក់​ឯង គិតនូវលទ្ធិនោះ (គាប់ចួន) ឆ្កែក៏ពាំយកដៃ​របស់​មនុស្ស។ ឆ្កែពាំដៃរបស់មនុស្សដែលដាច់ មក​ទំលាក់ចោល​ក្នុងទី​ជិតខ្ញុំ​ ហើយចៀសចេញទៅ ខ្ញុំបានឃើញហើយ ក៏បាននូវនិមិត្តចំពោះ​ត្រកូល​នៃ​ដង្កូវ ដែលឋិតនៅ (ក្នុងសាកសពនោះ)។ លំដាប់នោះ ខ្ញុំតក់ស្លុត ហើយក្រោក​ទៅសួរ​ពួក​សហធម្មិក​​ ឯពួកសហធម្មិកទាំងនោះប្រាប់ថា ពួកភិក្ខុជាសក្យបុត្រ ទើបដឹងច្បាស់​នូវ​សេចក្ដី​នោះបាន។ ខ្ញុំនោះ បាន​ចូលទៅរកពួកសាវ័ករបស់ព្រះពុទ្ធ ហើយសួរសេចក្ដីនោះ ពួកសាវ័ក​ទាំងនោះ ក៏នាំខ្ញុំទៅក្នុងសំណាក់​នៃព្រះពុទ្ធ ជាបុគ្គលប្រសើរ។​ ព្រះពុទ្ធ​ជា​នាយក​នោះ ទ្រង់សម្ដែងនូវព្រះធម៌ ចំពោះខ្ញុំថា ខន្ធ អាយតនៈ​ ធាតុ ជាធម្មជាតិ​មិន​ស្អាតផង មិនទៀងផង ជាទុក្ខផង ជាអនត្តាផង។ លុះខ្ញុំបានស្ដាប់នូវធម៌​របស់​ព្រះអង្គ​ហើយ បានជម្រះធម្មចក្ខុ គឺ​សោតាបត្តិផល លំដាប់នោះ ខ្ញុំបានដឹងច្បាស់​នូវព្រះសទ្ធម្ម​ហើយ ក៏​សូមនូវបព្វជ្ជា និងឧប្បសម្បទា។ កាលនោះ ព្រះពុទ្ធជានាយក ដែលខ្ញុំ​សូម​ហើយ ទើបទ្រង់ត្រាស់ថា ម្នាលនាងដ៏ចម្រើន នាងចូរមកចុះ កាលនោះ ខ្ញុំក៏បាន​ឧប្បសម្បទា ហើយបានឃើញទឹកបន្តិច។ ខ្ញុំដឹង​នូវរូបប្រកបដោយការកើតឡើង និងការ​សូន្យ​ទៅ ដោយគ្រាន់តែ​លាង​ជើង ហើយគិតក្នុងកាលនោះ​ថា សង្ខាទាំងឡាយទាំងពួង មាន​​សភាព​ដូចគ្នា។ លំដាប់នោះ ចិត្តរបស់ខ្ញុំ ក៏រួចស្រឡះចាកអាសវៈ ​ព្រោះមិន​ប្រកាន់​ដោយប្រការទាំងពួង គ្រានោះ ព្រះជិនស្រី ទ្រង់តាំងខ្ញុំថា ​ប្រសើរ​លើសជាងភិក្ខុនី ដែល​ត្រាស់ដឹងឆាប់រហ័ស ខ្ញុំជាស្រីស្ទាត់ក្នុង​ឫទ្ធិ​ទាំងឡាយផង ក្នុងសោតធាតុជាទិព្វផង ខ្ញុំជា​អ្នក​ធ្វើ​តាមសាសនា​របស់​ព្រះសាស្ដា ដឹងនូវចិត្តនៃបុគ្គលដទៃផង។ ខ្ញុំដឹងនូវបុព្វេនិវាសៈ ទាំង​ទិព្វចក្ខុ ខ្ញុំបាន​ជំរះហើយ ខ្ញុំជាភិក្ខុនីបរិសុទ្ធ មិនមានមន្ទិល ព្រោះញ៉ាំង​អាសវៈ​ទាំងពួង​ឲ្យអស់ហើយ។ ព្រះសាស្ដា ខ្ញុំ​បានប្រព្រឹត្តតាមហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំដក​ចេញហើយ តណ្ហាជា​គ្រឿងនាំទៅកាន់ភពថ្មី ខ្ញុំគាស់​រំលើង​​ចេញ​ហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បី​ប្រយោជន៍​ដល់​គុណធម៌​ណា ប្រយោជន៍ គឺគុណធម៌នោះរបស់ខ្ញុំ ជាទីអស់​ទៅនៃ​សញ្ញោជនៈទាំងពួង ​ខ្ញុំបាន​សម្រេច​ហើយ។ ញាណរបស់ខ្ញុំ​ដ៏ទូលាយ​ស្អាត ក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ ក៏ដូចគ្នា ព្រោះ​ហេតុនៃ​ព្រះពុទ្ធ​ជាបុគ្គលប្រសើរ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំង​អស់ ខ្ញុំគាស់​រំលើងចេញហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់​ចំណង ដូចជាមេដំរី​កាត់ផ្ដាច់​​នូវទន្លីង។ ឱ! ​ខ្ញុំមកល្អហើយ ក្នុងសំណាក់​នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបាន​សម្រេចហើយ សាសនារបស់​ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ ​នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះកុណ្ឌលកេសីភិក្ខុនីមានអាយុ បានសម្ដែងនូវគាថា​ទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ កុណ្ឌលកេសីថេរិយាបទាន។

កិសាគោតមីថេរិយាបទាន ទី២

[២២] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់​​កើតឡើងក្នុងកប្បទីមួយសែន គិតអំពី​ភទ្ទកប្ប​នេះទៅ។ ​កាលនោះ ខ្ញុំកើតក្នុងត្រកូល​មួយ នៅក្នុង​ក្រុងហង្សវតី បាន​ចូលទៅគាល់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ប្រសើរ​ជាង​នរជននោះ ហើយយកព្រះអង្គជាទីពឹង។ ខ្ញុំបានស្ដាប់ធម៌ដ៏ពីរោះរបស់ព្រះអង្គ ជា​ធម៌​ប្រកប​ដោយសច្ចៈ ៤ មានអានិសង្សដ៏ក្រៃលែង នាំមកនូវសេចក្ដី​ស្ងប់ និងសេចក្ដីសុខក្នុង​ចិត្ត។ កាលនោះ ព្រះពុទ្ធជាអ្នកប្រាជ្ញ ជាបុរស​ដ៏ខ្ពង់​ខ្ពស់ ទ្រង់សរសើរតាំងភិក្ខុនី អ្នក​ទ្រទ្រង់​ចីវរ​ដ៏​សៅហ្មង ក្នុងទីជា​ឯតទគ្គៈ។ ខ្ញុំញ៉ាំងបីតិមានប្រមាណ​ច្រើនឲ្យកើត ស្ដាប់នូវ​គុណនៃភិក្ខុនី ខ្ញុំធ្វើនូវគ្រឿងសក្ការៈដល់ព្រះពុទ្ធ តាមគួរដល់សេចក្ដីអង់អាច ​តាមគួរ​ដល់​កម្លាំង។ ខ្ញុំបានក្រាបចុះជិតព្រះអង្គ ជាអ្នកប្រាជ្ញ មានប្រាជ្ញា​ខ្ជាប់ខ្ជួននោះ ហើយប្រាថ្នានូវ​តំណែងនោះ កាលនោះ ព្រះសម្ពុទ្ធ ជានាយក ទ្រង់អនុមោទនា​ចំពោះការបាននូវ​តំណែង​នោះថា ក្នុង​កប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម ទ្រង់កើតក្នុង​ឱក្កាកៈ​ត្រកូល នឹងត្រាស់ឡើង​ក្នុងលោក។ នាងនេះ​នឹងបាន​ជាព្រះញាតិ ក្នុងធម៌​ទាំង​ឡាយ​​នៃព្រះគោតមនោះ ជាឱរស ជាធម្មនិម្មិត​ បានជាសាវិកានៃព្រះសាស្ដា មានឈ្មោះ​ថា កិសាគោតមី។ កាលនោះ ខ្ញុំស្ដាប់នូវពុទ្ធព្យាករណ៍នោះ​ ក៏រីករាយ មានចិត្តប្រកប​ដោយមេត្តា បានបម្រើព្រះជិនស្រី​ជានាយក ដោយបច្ច័យ​ទាំងឡាយ​ដរាប​ដល់អស់ជីវិត។ ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់​នូវចេតនានោះផង លុះខ្ញុំលះបង់រាង​កាយជារបស់មនុស្សហើយ ក៏បាន​ទៅកើតក្នុងឋានតាវត្តឹង្ស។ ព្រះពុទ្ធ ទ្រង់ព្រះនាម​កស្សបៈ មានផៅ​ពង្សដ៏ប្រសើរ មានយសធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើត​ឡើងហើយ ក្នុងភទ្ទកប្បនេះ។ ​កាលនោះ ព្រះរាជាក្នុងដែនកាសី ទ្រង់ព្រះនាមកិកី ព្រះអង្គ​ជាធំជាងនរជន ក្នុងក្រុងពារាណសីដ៏ឧត្ដម​ ទ្រង់ជាឧបដ្ឋាកនៃព្រះពុទ្ធ ព្រះអង្គ​ស្វែងរកនូវគុណដ៏ធំ។ ខ្ញុំជាធីតាទី ៥ នៃព្រះរាជានោះ មានឈ្មោះ​ប្រាកដថា ធម្មា បានស្ដាប់ធម៌​ព្រះជិនស្រី​ដ៏ប្រសើរ ហើយពេញចិត្តនឹងផ្នួស។ ព្រះបិតានៃយើង ទ្រង់មិន​អនុញ្ញាតឲ្យបួសទេ កាលនោះ យើងជាអ្នកមិនខ្ជិលច្រអូស បានប្រព្រឹត្ត​ព្រហ្មចរិយធម៌​សម្រាប់កុមារី​អស់ ២ ម៉ឺនឆ្នាំក្នុងផ្ទះ។ យើងជា​ព្រះរាជធីតា ៧ នាក់ ជាកញ្ញានៃស្ដេច ឋិតនៅ​ក្នុងសេចក្ដីសុខ ត្រេកអរ រីករាយក្នុងការបម្រើព្រះពុទ្ធ គឺ នាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជាគំរប់ ៧។ (ព្រះរាជធីតា ៧ អង្គនោះ ចេរវិលវឹងមកបានជា) នាង​ខេមា ១ ឧប្បលវណ្ណា ១ បដាចារា ១ កុណ្ឌលា ១ ខ្ញុំ ១ ធម្មទិន្នា ១ វិសាខា ជាគំរប់ ៧។ ដោយកម្មដែល​ខ្ញុំធ្វើល្អនោះផង ដោយ​ការ​តម្កល់​នូវ​ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏​បាន​ទៅ​កើត​ក្នុងឋានតាវត្តឹង្ស។ ឥឡូវនេះ មកដល់បច្ឆិមភព ខ្ញុំកើត​ក្នុងត្រកូល​សេដ្ឋី ដែលជាអ្នកធ្លាក់​ខ្លួនកំសត់​ឥតទ្រព្យ ជាត្រកូល​ទន់ទាបវិញ តែខ្ញុំបានមានប្ដីត្រកូលសម្បូណ៌​ដោយទ្រព្យ​សម្បត្តិ។ ជន​ទាំងឡាយដ៏សេស វៀរលែងតែប្ដីរបស់ខ្ញុំចេញ សុទ្ធតែជាអ្នកឥតទ្រព្យ ខ្ញុំប្រសូត​កូនក្នុងកាលណា ជន​ទាំងពួងក៏អាណិតខ្ញុំក្នុងកាលនោះ។​ កាលណា កូនខ្ចី​របស់ខ្ញុំនោះ ជាកុមារតូច ឋិតនៅក្នុងសេចក្ដី​សុខ ជាទីស្រឡាញ់របស់ខ្ញុំ ដូចជាជីវិត​របស់​ខ្លួន កាលនោះ កូននោះ ក៏លុះអំណាចនៃសេចក្ដីស្លាប់​ទៅ។ ខ្ញុំមានសេចក្ដីសោក​គ្រប​សង្កត់ មានមុខប្រកបដោយសេចក្ដីទុក្ខ មានភ្នែកពេញដោយទឹកភ្នែក មាន​មាត់យំ ព​សាកសព​ដែលស្លាប់នោះ ដើរយំត្អូញត្អែរ។ កាលនោះ ខ្ញុំបាន​ជួបបុរសម្នាក់ ក៏ចូលទៅរក​ព្រះពុទ្ធជាគ្រូពេទ្យដ៏ប្រសើរ ហើយពោលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គ​ឲ្យថ្នាំ​ប្រោះ​កូនឲ្យរស់។​ ព្រះជិនស្រី ព្រះអង្គជាអ្នកឈ្លាសវៃ​ក្នុងឧបាយនៃការទូន្មាន ទ្រង់ត្រាស់​ថា ជនទាំងឡាយ​ដែលស្លាប់​ហើយ មិនមានក្នុងផ្ទះណា ចូរនាង​យកគ្រាប់ស្ពៃ​អំពីផ្ទះ​នោះមក (ឲ្យតថាគត)។ កាលនោះ ខ្ញុំដើរទៅ​កាន់ក្រុងសាវត្ថី រកមិនបានផ្ទះប្រាកដដូច្នោះ ព្រោះហេតុនោះ នឹងរកគ្រាប់ស្ពៃ​អំពីផ្ទះណាបាន លំដាប់​នោះ ខ្ញុំក៏បាននូវស្មារតីឡើង។ ខ្ញុំចោលនូវសាកសព ហើយចូលទៅគាល់ព្រះពុទ្ធ ជាលោកនាយក​ ចំណែកខាងព្រះអង្គ មានសម្លេងពីរោះ ទ្រង់ទតឃើញខ្ញុំអំពីចម្ងាយ ហើយត្រាស់ថា បុគ្គលណា កាល​​មិន​បានឃើញនូវការកើត និងការ​សូន្យទៅ (នៃបញ្ចក្ខន្ធ) ទេ ហើយរស់នៅមួយរយឆ្នាំក៏ដោយ ជីវិត​របស់​បុគ្គល អ្នកឃើញនូវការកើតឡើង និងការសូន្យទៅ (នៃបញ្ចក្ខន្ធ) សូម្បី​រស់​នៅ​តែមួយថ្ងៃ ក៏ប្រសើរជាង។

អនិច្ចតាធម៌នេះ នឹងថាជាធម៌សម្រាប់ស្រុកមួយក៏ទេ ជាធម៌​សម្រាប់​និគមមួយក៏ទេ ​ជាធម៌​សម្រាប់ត្រកូលមួយក៏ទេ ធម៌នុ៎ះឯង សម្រាប់​លោក ព្រមទាំងទេវលោកទាំងអស់។

ខ្ញុំនោះ បានស្ដាប់នូវគាថាទាំងឡាយនេះ ​ហើយជម្រះនូវធម្មចក្ខុ គឺសោតាបត្តិមគ្គ លំដាប់​នោះ ខ្ញុំក៏ដឹងច្បាស់នូវព្រះសទ្ធម្ម ហើយចូល​ទៅកាន់ផ្នួស។ លុះខ្ញុំបួសរួចហើយ ក៏មាន​ចិត្ត​ស្ងប់ ប្រកប​ក្នុង​សាសនា​ព្រះជិនស្រី អស់កាលមិនយូរប៉ុន្មាន ខ្ញុំក៏បានសម្រេច​នូវ​ព្រះអរហត្ត។ ខ្ញុំជាអ្នកធ្វើនូវ​សាសនានៃព្រះសាស្ដា ស្ទាត់ក្នុងឫទ្ធិទាំងឡាយ ដឹងនូវ​ចិត្តនៃ​បុគ្គលដទៃ ដោយសោតធាតុដ៏ជាទិព្វ។​ ខ្ញុំដឹងនូវ​បុព្វេនិវាសញ្ញាណ ទិព្វចក្ខុ ខ្ញុំក៏បាន​ជម្រះ​ហើយ ​​​ខ្ញុំបានញ៉ាំង​អាសវៈ​ទាំងពួងឲ្យអស់ទៅ ជាអ្នក​បរិសុទ្ធស្អាត មិនមានមន្ទិលសោះ​ឡើយ។ ព្រះសាស្ដា ខ្ញុំបានបម្រើហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាដែលជា​គ្រឿងនាំសត្វ​ទៅ​កាន់ភព ខ្ញុំគាស់រំលើង​ចោល​ហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺកិរិយា​អស់​​ទៅនៃសំយោជនៈ​ទាំងពួង​នោះ ខ្ញុំបានសម្រេចហើយ។ ញាណរបស់ខ្ញុំដ៏ធំទូលាយ​ស្អាត ក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ ព្រោះអំណាចនៃព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំនាំសំពត់អំពី​គំនរ​សម្រាមផង អំពីព្រៃស្មសាន​ផង អំពីច្រកផង ហើយធ្វើជាសង្ឃាដី ទ្រទ្រង់នូវចីវរ​ដ៏​សៅហ្មង។ ព្រះជិនស្រីជានាយក ទ្រង់ត្រេកអរ​ក្នុងគុណរបស់ខ្ញុំ គឺការទ្រទ្រង់នូវចីវរ​ដ៏​សៅហ្មង​នោះ បាន​តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ក្នុងពួកបរិស័ទ។ កិលេសទាំងឡាយ ខ្ញុំដុត​បំផ្លាញ​ហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិន​មាន​អាសវៈ ព្រោះ​បានកាត់​ចំណង ដូចជាមេដំរីដ៏ប្រសើរកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់​នៃ​ព្រះពុទ្ធ​​ដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំបាន​សម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកិសាគោតមីភិក្ខុនីមានអាយុ បានសម្ដែងនូវគាថា​ទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ កិសាគោតមីថេរិយាបទាន។

ធម្មទិន្នាថេរិយាបទាន ទី៣

[២៣] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ជាអ្នកដឹកនាំ​សត្វ​លោក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ កាលនោះ ខ្ញុំកើតក្នុងត្រកូល​មួយ ក្នុងក្រុងហង្សវតី ជាអ្នកធ្វើ​នូវការងារនៃជនដទៃ ខ្ញុំមានប្រាជ្ញាចាស់ សង្រួមក្នុង​សីល។ ព្រះថេរៈ​ឈ្មោះសុជាត ជាអគ្គសាវ័កនៃព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ចេញអំពី​វត្តទៅ​ដើម្បីបិណ្ឌបាត។ កាលនោះ ខ្ញុំចេញទៅដងទឹក កាន់ក្អមដើរទៅ បានឃើញព្រះថេរៈនោះ ក៏មានសេចក្ដីជ្រះថ្លា បានប្រគេននំ​ដោយដៃ​របស់ខ្លួន។ ព្រះថេរៈនោះ ទទួលនំហើយ ក៏​គង់ឆាន់ក្នុងទីនោះ លំដាប់​នោះ ម្ចាស់របស់ខ្ញុំ មានចិត្តត្រេកអរនឹងខ្ញុំ បានយកខ្ញុំធ្វើជា​កូនប្រសា​របស់ខ្លួន ខ្ញុំទៅជាមួយនឹងម្ដាយក្មេក ថ្វាយបង្គំព្រះសម្ពុទ្ធ។ ​គ្រានោះ ព្រះអង្គ​ទ្រង់តាំង​ភិក្ខុនីមួយរូប ជាធម្មកថិកា អ្នកសម្ដែងធម៌ដល់បរិស័ទ ​ក្នុងទីជាឯតទគ្គៈ ខ្ញុំបាន​ស្ដាប់ពុទ្ធតម្រាស់នោះហើយ ក៏មានចិត្តរីករាយ​ខ្លាំង។ ខ្ញុំនិមន្តព្រះសុគត ជាលោកនាយក ព្រមទាំងភិក្ខុសង្ឃ ថ្វាយ​មហាទាន ហើយប្រាថ្នានូវតំណែងនោះ។ លំដាប់នោះ ព្រះសុគត ព្រះអង្គ​មានសម្លេងណែនរំពងពីរោះ ត្រាស់នឹងខ្ញុំថា នាងជាស្រី​ត្រេកអរ​ក្នុងការបម្រើ​តថាគត ជាអ្នកអង្គាសតថាគត ព្រមទាំង​ភិក្ខុសង្ឃ។ នាងជា​អ្នកប្រកបក្នុងការ​ស្ដាប់នូវ​ព្រះសទ្ធម្ម មានចិត្ត​ចម្រើន​ដោយគុណ ម្នាលនាងដ៏ចម្រើន នាងចូររីករាយ​ចុះ ​នាងនឹង​បាន​​ផល​ដែលនាងតាំងប្រាថ្នានុ៎ះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាម​​​គោតម កើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងត្រាស់​ឡើងក្នុងលោក។ នាងនឹងបាន​ជាញាតិ​ក្នុងធម៌នៃព្រះពុទ្ធអង្គនោះ ជាឱរស ជាធម្មនិម្មិត បានជាសាវិកានៃព្រះសាស្ដា មានឈ្មោះថា ធម្មទិន្នា។ ខ្ញុំបានស្ដាប់​ព្យាករណ៍នោះ ក៏រីករាយ មានចិត្តប្រកប​ដោយ​មេត្តា បម្រើព្រះមហាមុនី ​ជានាយក ដោយបច្ច័យទាំងឡាយ​ ដរាប​ដល់​អស់ជីវិត។ ដោយ​កុសលកម្ម​ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់​ចេតនា​នោះផង លុះខ្ញុំ​លះបង់​រាងកាយ​ជារបស់មនុស្សហើយ ក៏បាន​ទៅ​កើតក្នុងឋានតាវត្តឹង្ស។ ព្រះពុទ្ធ មានផៅពង្សដ៏​ប្រសើរ មានយសធំ ព្រះអង្គប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់ព្រះនាមកស្សបៈ កើតឡើង​ហើយ​ក្នុង​ភទ្ទកប្បនេះ។ ​កាលនោះ ព្រះរាជាក្នុងដែនកាសី ព្រះនាមកិកី ជាឥស្សរៈនៃនរៈ ក្នុងក្រុង​ពារាណសីដ៏ឧត្ដម ជាឧបដ្ឋាក​នៃព្រះពុទ្ធ ទ្រង់ស្វែងរកគុណដ៏ធំ។ ​ខ្ញុំជាធីតាទី ៦ នៃ​ព្រះរាជា​អង្គនោះ មានឈ្មោះ​ប្រាកដថា នាងសុធម្មា​ បានស្ដាប់ធម៌នៃព្រះជិនស្រីដ៏ប្រសើរ ហើយ​​ពេញចិត្តនឹងផ្នួស។ ព្រះបិតារបស់យើង ទ្រង់មិនអនុញ្ញាត កាលនោះ យើងជា​អ្នកមិនខ្ជិលច្រអូស បានប្រព្រឹត្តព្រហ្មចរិយធម៌​សម្រាប់​កុមារី​អស់ ២ ម៉ឺនឆ្នាំ ក្នុងផ្ទះ។

ចប់ ភាណវារៈ ទី៣។

ធីតា ៧ អង្គ ជាកញ្ញានៃស្ដេច តាំងនៅក្នុងសេចក្ដីសុខ ត្រេកអរ​រីករាយ​ក្នុងការបម្រើ​ព្រះពុទ្ធ គឺនាង​សមណី ១ សមណគុត្តា ​១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជាគម្រប់ ៧។ (ធីតា ៧ អង្គនោះ ចេរវិលវឹងមកបានជា) នាងខេមា ១ ឧប្បលវណ្ណា ១ បដាចារា ១ កុណ្ឌលា ១ គោតមី ១ ខ្លួនខ្ញុំ ១ វិសាខា ជាគម្រប់ ៧។ ដោយ​កុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវ​ចេតនានោះផង លុះខ្ញុំលះបង់​រាងកាយ​ជារបស់មនុស្សហើយ ក៏បានទៅកើត​ក្នុង​ឋាន​តាវត្តឹង្ស។ ឥឡូវ​នេះ មកដល់​បច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋី​ដ៏​ស្ដុកស្ដម្ភ ក្នុងក្រុងគិរិព្វជៈដ៏ឧត្ដម អាចសម្រេច​សេចក្ដី​ប្រាថ្នា​ទាំងពួង​បាន។ កាលណា ខ្ញុំប្រកបដោយគុណ គឺរូបសម្បត្តិ តាំងនៅក្នុង​បឋមវ័យ​ហើយ កាល​នោះឯង ខ្ញុំបានទៅកាន់ត្រកូលនៃបុរសដទៃ (មានប្ដី) ហើយនៅ​ស្កប់ស្កល់​ដោយសេចក្ដីសុខ។ ឯស្វាមីរបស់ខ្ញុំនោះ មានប្រាជ្ញាល្អ បានចូលទៅគាល់ព្រះពុទ្ធ ជាទី​ពឹង​នៃសត្វលោក ស្ដាប់ធម៌ទេសនា​ហើយ ក៏បានដល់នូវអនាគាមិផល។ កាលនោះ ខ្ញុំបានញ៉ាំងស្វាមីនោះ ឲ្យអនុញ្ញាតហើយ ចូលទៅកាន់ផ្នួស អស់កាល​មិនយូរប៉ន្មាន ក៏បាន​ដល់ព្រះអរហត្ត។ កាលនោះ ឧបាសកនោះ ចូលមករកខ្ញុំ ហើយ​សួរនូវ​ប្រស្នា​ទាំងឡាយ​​ដ៏ជ្រាលជ្រៅ ខ្ញុំក៏បាន​ព្យាករ​ប្រស្នាទាំងអស់នោះ។ ព្រះជិនស្រី ត្រេកអរក្នុង​គុណនោះហើយ បានតាំងខ្ញុំក្នុងទីជាឯតទគ្គៈថា តថាគតមិនឃើញភិក្ខុនីជាធម្មកថិកា​ដទៃ ប្រាកដដូច​ភិក្ខុនីនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកយ៉ាងនេះថា នាងធម្មទិន្នាជាអ្នកប្រាជ្ញ។

ខ្ញុំឈ្មោះថាជាស្រីបណ្ឌិត ដែលព្រះលោកនាយកអនុគ្រោះ ដោយ​ប្រការ​យ៉ាងនេះឯង។ ព្រះសាស្ដា ខ្ញុំបានបម្រើដោយ​គោរពហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈ​ដ៏ធ្ងន់ ខ្ញុំបានដាក់​ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានរំលើង​ចោល​ហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់​​ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការ​អស់​ទៅនៃសំយោជនៈទាំងពួង ខ្ញុំបានសម្រេចហើយ។ ខ្ញុំជាអ្នក​ស្ទាត់ក្នុងឫទ្ធិទាំងឡាយ ​ជាអ្នកធ្វើតាមពុទ្ធសាសនា ដឹងនូវចិត្ត​នៃ​បុគ្គលដទៃ ដោយសោតធាតុដ៏ជាទិព្វ។ ខ្ញុំដឹងនូវ​បុព្វេនិវាសញ្ញាណ ទិព្វចក្ខុ ខ្ញុំបានជម្រះហើយ ខ្ញុំញ៉ាំងអាសវៈទាំងពួងឲ្យអស់ហើយ ជា​អ្នក​​បរិសុទ្ធស្អាត មិនមានមន្ទិលសោះឡើយ។ កិលេសទាំងឡាយ ខ្ញុំដុត​បំផ្លាញហើយ ភព​ទាំងអស់ ខ្ញុំគាស់រំលើងចោលអស់ហើយ ខ្ញុំជា​អ្នក​មិនមានអាសវៈ ព្រោះបាន​កាត់​ចំណង ដូចជាមេដំរី​កាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃ​ព្រះពុទ្ធជា​បុគ្គល​ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេច​ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់ហើយ ទាំងសាសនា​របស់​ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះធម្មទិន្នាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថា​ទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធម្មទិន្នាថេរិយាបទាន។

សកុលាថេរិយាបទាន ទី៤

[២៤] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើត​ឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ព្រះអង្គប្រសើរជាងអ្នកប្រាជ្ញ​ទាំង​ឡាយ ជាបុរសអាជានេយ្យ ប្រតិបត្តិ​ដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដើម្បីសេចក្ដី​ចម្រើន ដល់សព្វសត្វ ក្នុងមនុស្សលោក ព្រម​ទាំងទេវលោក។ ព្រះជិនស្រី ទ្រង់ដល់​នូវ​យស​ដ៏ប្រសើរ មានសិរី ពេញពោរដោយកេរ្តិ៍ឈ្មោះ និងសេចក្ដីសរសើរ ដែល​លោក​ទាំង​ពួងបូជាហើយ ប្រាកដក្នុងទិសទាំងពួង។ ព្រះអង្គ​មាន​សេចក្ដីសង្ស័យឆ្លង​ហើយ មាន​សេចក្ដីងឿងឆ្ងល់កន្លងបង់ហើយ មាន​សេចក្ដីត្រិះរិះក្នុងព្រះទ័យ​បរិបូណ៌ហើយ ទ្រង់ដល់​នូវ​​សម្ពោធិញ្ញាណ​ដ៏ឧត្ដម។ ព្រះសម្ពុទ្ធប្រសើរជាងនរជន ទ្រង់ញ៉ាំងមគ្គដែលមិនទាន់កើត ឲ្យកើត​ឡើងផង សម្ដែងនូវមគ្គដែលមិនទាន់សម្ដែងផង បណ្ដុះ​នូវមគ្គ​ដែលមិន​ទាន់​បណ្ដុះ​ផង។ ព្រះសម្ពុទ្ធ​ជាអ្នកអង់អាចជាងនរជន ព្រះអង្គ​ជ្រាបនូវមគ្គ ត្រាស់ដឹងនូវមគ្គ ប្រាប់​នូវមគ្គ ជាគ្រូប្រៀនប្រដៅដ៏ឧត្ដម ប្រសើរជាងសារថីទាំងឡាយ។ ព្រះសម្ពុទ្ធ ព្រះអង្គ​ប្រកប​​ដោយ​ព្រះទ័យករុណាដ៏ធំ ជាទីពឹងនៃសត្វ​លោក ជាអ្នកដឹកនាំសត្វលោក ទ្រង់​សម្ដែងធម៌ស្រោចស្រង់នូវសត្វទាំងឡាយ ដែលមុជចុះក្នុងភក់​គឺកាម។ កាលនោះ ខ្ញុំកើត​ក្នុងក្រុងហង្សវតី ឈ្មោះ​ខត្តិយនន្ទា ជាស្រី​មាន​រូបល្អ ប្រកបដោយទ្រព្យ មាន​ចិត្ត​អាណិត​អាសូរចំពោះអ្នកដទៃ ជាស្រីមានសិរី។ ខ្ញុំជាធីតានៃមហារាជ ព្រះនាមអានន្ទ ជាស្រីមាន​លំអដ៏ប្រសើរ ជាប្អូនស្រីមានមាតាផ្សេងគ្នា នៃព្រះពុទ្ធ​ព្រះនាម​បទុមុត្តរៈ។ ខ្ញុំស្អិតស្អាង​ដោយគ្រឿង​អាភរណៈទាំងពួង ជាមួយនឹង​ព្រះរាជកញ្ញាទាំងឡាយ ហើយចូលទៅគាល់​ព្រះពុទ្ធ ទ្រង់មាន​ព្យាយាម​ធំ ហើយស្ដាប់ធម៌ទេសនា។ គ្រានោះ ព្រះអង្គជ្រាបច្បាស់នូវ​លោក ទ្រង់តាំងភិក្ខុនីនោះ ដែលមានចក្ខុដូចជាទិព្វ ក្នុងឋានៈដ៏ប្រសើរ​ក្នុងកណ្ដាល​នៃ​បរិស័ទ ៤។ ខ្ញុំ​បានស្ដាប់ព្យាករណ៍​នោះហើយ ក៏មាន​ចិត្តរីករាយ ថ្វាយទានដល់​ព្រះសាស្ដា បូជាព្រះសម្ពុទ្ធ ហើយ​ប្រាថ្នា​នូវទិព្វចក្ខុ។ លំដាប់នោះ ព្រះសាស្ដា បាន​ត្រាស់​នឹងខ្ញុំថា ម្នាល​នាងនន្ទា នាងនឹងបានតំណែងដែល​នាងប្រាថ្នា ​ឋានៈដែលនាងប្រាថ្នា ដោយ​ប្រពៃនុ៎ះ ជាផលនៃធម្មទានដូចជាប្រទីប។ ក្នុងកប្បទីមួយសែន ​អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹង​ត្រាស់ដឹងឡើងក្នុងលោក។ នាង​នឹង​បានជាព្រះញាតិ ក្នុងធម៌ទាំង​ឡាយ​នៃព្រះសាស្ដានោះ ជាឱរស ជាធម្មនិម្មិត ជា​សាវិកា​ព្រះសាស្ដា មានឈ្មោះថា សកុលា។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយ​ការតម្កល់ចេតនានោះផង ​លុះខ្ញុំលះបង់រាងកាយ​ជារបស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុងឋានតាវត្តឹង្ស។ ព្រះពុទ្ធ ព្រះនាម​កស្សបៈ ព្រះអង្គមានផៅពង្សដ៏ប្រសើរ មាន​យសធំ ​ប្រសើរជាង​អ្នកប្រាជ្ញ​ទាំងឡាយ ទ្រង់កើត​ឡើងក្នុងភទ្ទកប្បនេះ។ កាលនោះ ខ្ញុំបួស​ជា​នាង​បរិព្វាជិកា ប្រព្រឹត្តិម្នាក់ឯង ត្រាច់ទៅដើម្បីភិក្ខា ហើយបាននូវ​វត្ថុត្រឹម​តែ​ប្រេង​ប៉ុណ្ណោះ។ ខ្ញុំមានចិត្តជ្រះថ្លា បានអុជប្រទីបដោយប្រេងនោះ បម្រើព្រះចេតិយ ប្រសើរ​សមរម្យ​ជាងចេតិយ​ទាំងពួងនៃ​ព្រះពុទ្ធ​ប្រសើរ​ជាង​សត្វមានជើងពីរ។ ដោយ​កុសល​កម្ម​ដែលខ្ញុំធ្វើល្អនោះផង ដោយ​ការតម្កល់ចេតនានោះផង លុះខ្ញុំ​លះបង់​រាងកាយ​ជា​របស់មនុស្ស​ហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ដោយផលនៃកម្មនោះ ខ្ញុំកើតក្នុង​ទី​ណាៗ ប្រទីបដ៏ធំទាំង​ឡាយ បំភ្លឺដល់ខ្ញុំដែលនៅក្នុងទីនោះៗ។ ខ្ញុំប្រាថ្នា​របស់ណា ខ្ញុំ​ឃើញ (របស់នោះ) ឆ្លុះរហូតខាងក្រៅ​ជញ្ជាំង ឆ្លុះរហូតខាងក្រៅនៃភ្នំថ្ម នេះជាផល​នៃ​ការ​ឲ្យប្រទីប។ ខ្ញុំជាអ្នកមាន​ភ្នែកស្អាត រុងរឿងដោយ​យស មានសទ្ធា មានប្រាជ្ញា នេះជា​ផល​នៃ​ការឲ្យប្រទីប។ ឥឡូវនេះ ​​មកដល់បច្ឆិមភព ខ្ញុំកើតក្នុង​ត្រកូលព្រាហ្មណ៍ មាន​ទ្រព្យ និងស្រូវ​ច្រើន ជាត្រកូលរីករាយ ដែលស្ដេចរាប់អាន​បូជា​ហើយ។ ខ្ញុំបរិបូណ៌​ដោយ​អវយវៈ​គ្រប់យ៉ាង ​ស្អិតស្អាងដោយ​អាភរណៈ​ទាំងពួង ខ្ញុំឈរនៅត្រង់បង្អួច ឃើញព្រះ​សុគត ត្រង់​ប្រទេស​​ជាទីចូល​ទៅកាន់បូរី។ ខ្ញុំឃើញព្រះពុទ្ធរុងរឿងដោយយស ដែលទេវតា និង​មនុស្ស ធ្វើសក្ការៈហើយ ទ្រង់បរិបូណ៌​ដោយអនុព្យញ្ជនៈ ស្អិតស្អាង​ដោយ​លក្ខណៈ​ទាំង​ឡាយ។ ខ្ញុំមានចិត្ត​អណ្ដែតឡើង មានចិត្តល្អ ពេញចិត្ត​នឹងផ្នួស អស់កាលមិនយូរប៉ន្មាន ក៏បានដល់ព្រះអរហត្ត។ ខ្ញុំជាអ្នក​ស្ទាត់ជំនាញ ក្នុងឫទ្ធិទាំងឡាយ ជាអ្នកធ្វើ​តាមសាសនា​នៃ​​ព្រះសាស្ដា ដឹងនូវចិត្តនៃបុគ្គលដទៃ ដោយ​សោតធាតុដ៏ជាទិព្វ។ ខ្ញុំដឹង​នូវ​បុព្វេនិវាស​ញ្ញាណ ទិព្វចក្ខុ ខ្ញុំបានជម្រះហើយ ខ្ញុំបាន​ញ៉ាំង​អាសវៈ​ទាំងពួង​ឲ្យអស់ហើយ ជាអ្នក​បរិសុទ្ធ​ស្អាត មិនមានមន្ទិលឡើយ។ ព្រះសាស្ដា ខ្ញុំបានបម្រើហើយ សាសនា​របស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាជា​គ្រឿងនាំ​សត្វទៅ​កាន់​ភព ខ្ញុំបាន​ដកចោលហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បី​ប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់​ទៅនៃសំយោជនៈទាំងពួង ខ្ញុំបានសម្រេចហើយ។ លំដាប់នោះ ព្រះពុទ្ធប្រសើរជាងនរជន ​ព្រះអង្គ​ប្រកបដោយមហាករុណា ទ្រង់តាំងខ្ញុំជាឯតទគ្គៈ ដោយ​ព្រះពុទ្ធដីកាថា នាងសកុលាថេរី ជាភិក្ខុនីប្រសើរផុតជាងថេរីទាំងឡាយ ដែល​មាន​ទិព្វចក្ខុ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់​រំលើងហើយ ​ខ្ញុំជា​អ្នក​មិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជា​មេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមក​ល្អហើយ ​ក្នុងសំណាក់ព្រះពុទ្ធ​ជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ​ខ្ញុំបាន​ធ្វើឲ្យ​ជាក់​ច្បាស់​ហើយ ទាំង​សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះសកុលាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថា​ទាំងនេះ ​ដោយប្រការដូច្នេះ។

ចប់ សកុលាថេរិយាបទាន។

នន្ទាថេរិយាបទាន ទី៥

[២៥] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់​កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ​ព្រះពុទ្ធទ្រង់ទូន្មានសត្វលោក ញ៉ាំង​សត្វ​លោកឲ្យដឹង​ច្បាស់ ចម្លង​សត្វ​ទាំងពួង ឈ្លាសវៃក្នុងទេសនា ទ្រង់ញ៉ាំង​ប្រជុំជន​ជា​ច្រើន ឲ្យឆ្លង​ហើយ។ ព្រះអង្គ​ជាអ្នកអនុគ្រោះ ប្រកបដោយករុណា ស្វែងរកនូវ​ប្រយោជន៍​ដល់​សត្វទាំងពួង ទ្រង់ញ៉ាំងតិរ្ថិយទាំងពួង​ដែល​មកដល់​ហើយ ឲ្យតាំងនៅក្នុងសីល ៥។ សីល ៥ ជារបស់មិនវឹកវរយ៉ាងនេះ ជារបស់សូន្យ​ពួកតិរ្ថិយ ជារបស់ដែល​ព្រះអរហន្ដ​ទាំង​ឡាយ អ្នកមាន​សេចក្ដី​ស្ទាត់ជំនាញ ប្រកបដោយតាទិគុណវិចិត្រ​ហើយ។ ​ព្រះពុទ្ធ​ព្រះនាម​បទុមុត្តរៈនោះ ជាអ្នកប្រាជ្ញធំ មានកំពស់ ៥៨ហត្ថ មាន​ទ្រង់ទ្រាយ​ដូចចេតិយ​មាស មាន​លក្ខណៈ ៣២ ដ៏ប្រសើរ។ ព្រះអង្គ​មានព្រះជន្មមួយសែនឆ្នាំជាកំណត់ ទ្រង់ឋិតនៅអស់​កាល​ប៉ុណ្ណោះ ទ្រង់​ញ៉ាំងប្រជុំជនជាច្រើនឲ្យឆ្លងហើយ។ កាលនោះ ខ្ញុំកើតក្នុងត្រកូល​សេដ្ឋី ​ជាត្រកូល​រុងរឿងដោយកែវផ្សេងៗ ជាអ្នក​ស្កប់ស្កល់​ដោយ​សេចក្ដី​សុខដ៏ធំ នៅក្នុង​ក្រុង​ហង្សវតី។ ខ្ញុំបានចូល​ទៅគាល់​ព្រះពុទ្ធ​អង្គនោះ ព្រះអង្គមានព្យាយាមធំ ខ្ញុំបានស្ដាប់​នូវ​ធម៌ទេសនា គឺអមតនិព្វាន ជាធម៌មានអានិសង្សក្រៃលែង មានប្រយោជន៍​យ៉ាង​ល្អិត​ល្អន់ ជាធម៌ដែលព្រះអង្គសំដែងហើយ។ គ្រានោះ ខ្ញុំមានចិត្ត​ជ្រះថ្លាខ្លាំង បាននិមន្ត​ព្រះលោកនាយក ព្រមទាំងភិក្ខុសង្ឃ ហើយថ្វាយ​មហាទានដល់ព្រះអង្គ ដោយ​ដៃ​របស់​ខ្លួន។ ខ្ញុំក្រាបជិតព្រះលោក​នាយក ព្រះអង្គមានព្យាយាម ព្រមទាំងព្រះសង្ឃដោយត្បូង ហើយ​​ប្រាថ្នា​នូវតំណែងដ៏ប្រសើរ ជាងពួកភិក្ខុនីដែលមានឈាន។ កាលនោះ ព្រះអង្គ​ទូន្មាន​សត្វដែល​មិនទាន់ទូន្មានហើយ ជាទីពឹងនៃលោកទាំង ៣ មានរស្មី ព្រះអង្គ​ជានាយ​សារថី​របស់ពួកនរជន ទ្រង់​ព្យាករថា នាង​នឹង​បាន​នូវតំណែងដែលនាង​ប្រាថ្នា​ហើយ​ដោយ​ប្រពៃនុ៎ះ។ ក្នុងមួយសែន​កប្ប អំពី​កប្បនេះ ព្រះសាស្ដា ព្រះនាមគោតម សម្ភព​ក្នុង​ឱក្កាក​ត្រកូល នឹងត្រាស់ឡើងក្នុងលោក។ នាងនឹង​បានជាញាតិក្នុងធម៌ទាំងឡាយ របស់​ព្រះសាស្ដាអង្គនោះ ជាឱរស ជាធម្មនិម្មិត ជាសាវិកានៃព្រះ​សាស្ដា មានឈ្មោះថា នាង​នន្ទា។ កាលនោះ ខ្ញុំបានស្ដាប់​ពុទ្ធព្យាករណ៍​នោះហើយ ក៏មានចិត្តរីករាយ មានចិត្ត​ប្រកប​ដោយ​មេត្តា បម្រើ​ព្រះជិនស្រី ព្រះអង្គជានាយក ដោយបច្ច័យទាំងឡាយ ដរាប​ដល់អស់​ជីវិត។ ដោយកុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការ​តម្កល់​នូវ​ចេតនានោះផង ខ្ញុំ​លះបង់​រាងកាយជារបស់មនុស្សហើយ ក៏បានទៅ​កើត​ក្នុងឋានតាវត្តឹង្ស។ លុះខ្ញុំ​ច្យុតចាក​ឋានតាវត្តឹង្សនោះ បានទៅកើតឯឋានយាមៈ ច្យុតចាកឋានយាមៈនោះ បានទៅកាន់​ឋានតុសិត ច្យុត​ចាកឋានតុសិតនោះ បានទៅកាន់និម្មានរតី ច្យុតចាកនិម្មានរតីនោះ​ហើយ បាន​ទៅ​កាន់បរនិម្មិតវសវត្តីបុរី។ ដោយផលនៃកុសលកម្មនោះ ខ្ញុំកើតក្នុងទីណាៗ តែង​បាន​​ជាមហេសី​នៃស្ដេច​ទាំងឡាយ ​ក្នុងទី​នោះៗ។ ខ្ញុំច្យុតចាកទីនោះហើយ កើត​ជាមនុស្ស បានជាមហេសីនៃ​ស្ដេចចក្រពត្តិទាំងឡាយផង នៃស្ដេចមានមណ្ឌលទាំងឡាយផង។ ខ្ញុំ​សោយនូវសម្បត្តិក្នុងទេវតា និងមនុស្ស ហើយដល់នូវ​សេចក្ដីសុខ ក្នុងទីទាំងពួង អន្ទោល​ទៅ អស់កប្ប​ច្រើន។ លុះដល់មកក្នុងបច្ឆិមភព ខ្ញុំកើតជាធីតានៃព្រះបាទសុទ្ធោទនៈ មិន​មាន​អ្នកណាមួយតិះដៀល​បាន ក្នុងបុរីឈ្មោះ កបិលពស្ដុ។ ត្រកូលនោះ ក៏ដល់នូវ​សេចក្ដី​ត្រេកអរ ព្រោះបានឃើញខ្ញុំ ជាស្រីមាន​រស្មី ព្រោះហេតុនោះ ឈ្មោះរបស់ខ្ញុំថា នាងនន្ទា ខ្ញុំជាស្រីល្អប្រសើរ។ មួយទៀត ខ្ញុំប្រាកដជាស្រីមានលំអ ជាងស្រីក្រមុំទាំងអស់ វៀរលែង​តែ​ព្រះនាងយសោធរា ​ក្នុងនគរជាទី​រីករាយ​នោះចេញ។ បង​ប្រុសច្បង (របស់ខ្ញុំ) បាន​ជា​កំពូល​​នៃលោក​ទាំង ៣ បងប្រុសបន្ទាប់ខាងក្រោយ ជាព្រះអរហន្ដដូចគ្នា ខ្ញុំនៅជា​គ្រហស្ថ​តែ​ម្នាក់ឯង ដែលមានមាតាតែងដាស់តឿនថា នាងជា​ព្រះអនុជា​នៃព្រះពុទ្ធ កើតក្នុង​ត្រកូល​សក្យបុត្រ នាងបើវៀរចាកសេចក្ដី​ត្រេកអរក្នុងធម៌ហើយ តើនឹងបាននូវអ្វីក្នុងផ្ទះ។ សេចក្ដី​ចម្រើន ​មានជរា​ជាទីបំផុត រូបជារបស់ដែលសន្មតថាមិនស្អាត ការមិនមានរោគ មានរោគជាទីបំផុត ជីវិតមានសេចក្ដីស្លាប់ជាទីបំផុត។ រូបរបស់នាង​នេះល្អ គួររមិលមើល គួររីករាយ ជាគ្រឿងប្រដាប់​របស់អ្នក​ស្អិតស្អាង​ទាំងឡាយ ដូចជាទីលំនៅដែលមានសិរី។ (រូបរបស់នាង) ដែលគេ​បូជាហើយ ដូចជាវត្ថុមានខ្លឹមក្នុងលោក ជាទីនាំមកនូវ​រសដល់ភ្នែក​ទាំងឡាយ ជាទីញ៉ាំងកិត្តិស័ព្ទឲ្យកើតដល់ជនអ្នកមានបុណ្យទាំងឡាយ ជាទីញ៉ាំងឱក្កាក​ត្រកូល​ឲ្យត្រេកអរ។ អស់កាលមិនយូរប៉ុន្មាន ជរានឹង​គ្រប​សង្កត់ ​(នូវរូបរបស់នាង) មិន​ខាន នាងគួរលះបង់ផ្ទះ ដែល​អ្នកប្រាជ្ញគប្បីតិះដៀល ហើយប្រព្រឹត្តធម៌​ ​ដែលអ្នកប្រាជ្ញមិន​តិះដៀល​វិញ។ ខ្ញុំបានស្ដាប់ពាក្យរបស់មាតា ជាអ្នកមានចិត្តមិនរលោរលាំ​ដោយ​រាងកាយ និងរូប និងវ័យ ហើយចូលទៅកាន់ផ្នួស។ មាតារបស់ខ្ញុំ ​ពោល​ដើម្បី​ធ្វើនូវសេចក្ដីរំឭក ដោយការរៀនឈានដ៏ធំ ជាធម្មជាតស្អាត តែខ្ញុំមិនបានខ្វល់ខ្វាយ ក្នុងការរៀន​ឈាន​នោះ​ទេ។ ​លំដាប់​នោះ ​ព្រះជិនស្រី ប្រកបដោយមហាករុណា ឃើញខ្ញុំមានមុខដូចផ្កាឈូក ទ្រង់​និម្មិតស្រីល្អគួររមិល​មើល រុងរឿងក្រៃពេក មានរូបល្អជាងខ្ញុំ ក្នុង​រង្វង់ចក្ខុរបស់ខ្ញុំ ដើម្បី​ឲ្យខ្ញុំនឿយណាយក្នុងរូប ដោយអានុភាព​នៃ​ព្រះអង្គ។ ខ្ញុំឃើញស្រីនោះ មានរាងកាយ​អស្ចារ្យ​ក្រៃពេក ក៏ស្ងើចគិតថា ភ្នែករបស់អញ ប្រកបដោយផល ព្រោះរូប​ជារបស់​មនុស្ស​នេះ ​ជាលាភ​នៃភ្នែក។ ខ្ញុំនិយាយនឹងស្រីនោះថា ម្នាលស្រីល្អ​ល្អះ នាងចូរមក នាងមាន​សេចក្ដី​ត្រូវការដោយវត្ថុណា នាងចូរប្រាប់វត្ថុនោះដល់ខ្ញុំ បើ (ពាក្យរបស់ខ្ញុំ) ​ជាទី​ស្រឡាញ់​នៃនាង។ ចូរនាងប្រាប់ខ្ញុំនូវត្រកូលនាម និងគោត្ររបស់នាង។ ​ម្នាលស្រីល្អ (កាលនេះ) មិនមែនជាកាល​គួរ​ដោះស្រាយប្រស្នាទេ នាងចូរឲ្យខ្ញុំឋិតនៅលើភ្លៅ អវយវៈទាំងឡាយ​របស់​ខ្ញុំស្រុត​ចុះ នាងចូរឲ្យខ្ញុំដេកមួយរំពេច។ លំដាប់នោះ ស្រីដែល​ព្រះពុទ្ធ​និមិត្តដ៏​ល្អ​នោះ ដេកកើយក្បាលលើភ្លៅ​នៃខ្ញុំ ខ្ញុំជាស្រីអាក្រក់​យ៉ាងក្រៃលែង ក៏ដួលទៅលើ​ថ្ងាសស្រី​នោះ។ ​ពកក៏កើតឡើង​ដល់​ស្រីនោះ ដំណាលគ្នានឹងការដួលចុះ ខ្ទុះ និងឈាមទាំងឡាយ ហូរ​ចេញ​ចាកសាកសព ដែលបែកធ្លាយហើយ​ផង មាត់មានក្លិនស្អុយ ដូចសាកសព​បែក​ធ្លាយហើយផង ​សរីរៈទាំងមូល ហើមប៉ោងឡើង មាន​សម្បុរ​ខៀវផង។ ស្រីនោះ មាន​អវយវៈ​ទាំងពួងញ័ររន្ធត់ ដកដង្ហើម​ចេញម្ហបៗ ទទួលរងទុក្ខរបស់ខ្លួន ខ្សឹកខ្សួល (ព្រោះ​អាស្រ័យ) នូវសេចក្ដី​ករុណាថា អាត្មាអញលំបាកដោយសេចក្ដីទុក្ខ ប៉ះពាល់នូវ​វេទនា ជ្រមុជ​ចុះក្នុងទុក្ខធំ អាត្មាអញ មានសំឡាញ់ជា​ទីពឹង​នៃ​អាត្មាអញ។ ឱ! លំអមុខរបស់នាង ​បាត់ទៅឯណាទៅ ច្រមុះ​កោង​របស់នាង បាត់ទៅឯណាទៅ បបូរមាត់ដ៏​ប្រសើរដូចជា​ផ្លែបាសទុំរបស់​នាង បាត់ទៅឯណាទៅ មាត់របស់នាងបាត់ទៅឯណាទៅ។ សម្បុរ​របស់​នាងប្រហែលដោយព្រះចន្ទ្រ​ បាត់ទៅឯណាទៅ កដ៏ប្រដាប់ដោយ​មាសរបស់នាង បាត់​ទៅ​ឯណាទៅ ចង្កោមផ្កា និងកម្រងផ្កា និង​ត្រចៀក​របស់នាង ប្រកបដោយសម្បុរខុសគ្នា។ ដោះរបស់នាងក្បំ មានអាការដូចផ្កាឈូកក្ដោប សាកសពមានក្លិនស្អុយបែកធ្លាយហើយ មានក្លិនអាក្រក់ក្រៃពេក។ នាងមានចង្កេះរល មានទ្រគាកធំ​ មានខ្លួន​អាក្រក់ក្រៃលែង​ដូច​ជ្រញ់ ពេញដោយវត្ថុមិនស្អាត ឱហ្ន៎! រូបមិនទៀង​ទេតើ។ ពួកពាលតែង​ត្រេកអរក្នុង​រូប​ណា ​​រូបទាំងអស់នោះ ដែល​កើតហើយ ជាសរីរៈមានក្លិនស្អុយ គួរខ្លាច ជាទីខ្ពើមរអើម​ដូចជា​​ព្រៃស្មសាន។ កាលនោះ ព្រះសាស្ដាជាបងរបស់ខ្ញុំ ប្រកបដោយ​មហាករុណា ជា​នាយកនៃសត្វ​លោក ទ្រង់ឃើញខ្ញុំមានចិត្តតក់ស្លុត ទ្រង់បានត្រាស់នូវគាថាទាំងនេះថា ម្នាល​នាងនន្ទា នាងចូរមើល​នូវ​សាកសព ដែលឈឺជានិច្ច មានក្លិនស្អុយ មានឆ្អឹង ៣០០ កំណាត់​លើកឡើងហើយ នាងចូរចម្រើនចិត្ត​ដោយអសុភកម្មដ្ឋាន ឲ្យជាចិត្ត​មាន​អារម្មណ៍​តែមួយ តាំងនៅមាំដោយប្រពៃចុះ។ រូបរបស់នាងនេះ​យ៉ាងណា រូបរបស់ស្រីនុ៎ះ ក៏យ៉ាង​នោះ​ដែរ រូបរបស់ស្រីនុ៎ះយ៉ាងណា រូបរបស់នាងនេះ ក៏យ៉ាងនោះដែរ ​រូបនេះមាន​ក្លិន​អាក្រក់​ស្អុយ​ផ្សាយ​ទៅ តែពួកពាលប្រាថ្នាក្រៃពេក។ ជនទាំងឡាយ ដែលមិនខ្ជិលទាំង​យប់ទាំងថ្ងៃ រមែងពិចារណាឃើញរូបនុ៎ះ យ៉ាងនេះឯង នាង​នឿយណាយ​ចាករូបនោះ ហើយ​ឃើញ​ដោយប្រាជ្ញារបស់ខ្លួនចុះ។ លំដាប់​នោះ ខ្ញុំបានស្ដាប់នូវគាថាជាសុភាសិត ក៏មានចិត្តតក់ស្លុត ខ្ញុំឋិតនៅក្នុងទី​នោះ មានចិត្តស្ងប់ បានដល់នូវព្រះអរហត្ត។ កាលនោះ ខ្ញុំអង្គុយ​ក្នុងទីណាៗ ក៏មានឈានជាទីប្រព្រឹត្តទៅខាងមុខ ព្រះជិនស្រី ត្រេកអរ​ក្នុងគុណ​នោះ​ហើយ ទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ កិលេសទាំង​ឡាយ ខ្ញុំដុតបំផ្លាញហើយ ភព​ទាំង​អស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិន​មានអាសវៈ ព្រោះបានកាត់​ចំណង ដូចមេដំរី​កាត់ផ្ដាច់​នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃ​ព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបាន​សម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនារបស់​ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិ​ហើយ។

បានឮថា ព្រះនន្ទាភិក្ខុនីជនបទកល្យាណីមានអាយុ បានសម្ដែង​នូវគាថាទាំងនេះ ដោយ​ប្រការ​​ដូច្នេះ។

ចប់ នន្ទាថេរិយាបទាន។

សោណាថេរិយាបទាន ទី៦

[២៦] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើត​ឡើងហើយ ក្នុងកប្បទីមួយសែន អំពី​កប្បនេះ។ កាលនោះ ខ្ញុំកើតក្នុង​ត្រកូល​សេដ្ឋី ដល់នូវសេចក្ដីសុខ​ ជាស្រី​មានគេជាប់ចិត្ត ជាទីស្រឡាញ់ (នៃជនដទៃ) ខ្ញុំបានចូល​ទៅ​គាល់​​ព្រះពុទ្ធអង្គនោះ ជាអ្នកប្រាជ្ញ​ដ៏ប្រសើរ បានស្ដាប់​តម្រាស់​ដ៏ពីរោះ។ ព្រះជិនស្រី ទ្រង់សរសើរភិក្ខុនី អ្នកមានព្យាយាមលើសលុប ជាងភិក្ខុនី​ទាំងឡាយ អ្នកមានព្យាយាម​ប្រារព្ធ ខ្ញុំបានស្ដាប់ព្រះពុទ្ធ​តម្រាស់​នោះ ក៏មានចិត្តរីករាយ ហើយ​ធ្វើនូវសក្ការៈចំពោះ​ព្រះសាស្ដា។ កាលនោះ ខ្ញុំថ្វាយបង្គំព្រះសម្ពុទ្ធ ហើយប្រាថ្នានូវតំណែងនោះ ព្រះមហា​វីរបុរស ទ្រង់អនុមោទនាថា សេចក្ដីប្រាថ្នានៃនាង​នឹងសម្រេច។ ក្នុងកប្បទី​មួយ​សែន អំពី​កប្ប​​នេះ ព្រះសាស្ដា ព្រះនាម​គោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងឡើង​ក្នុង​លោក។ នាងនឹងបាន​​ជាញាតិ ក្នុងធម៌ទាំង​ឡាយ​នៃព្រះសាស្ដានោះ ជាឱរស ជាធម្មនិម្មិត ជាសាវិកានៃ​ព្រះសាស្ដា មាន​ឈ្មោះថា សោណា។ កាលនោះ ខ្ញុំបានស្ដាប់​ពុទ្ធព្យាករណ៍​នោះហើយ ក៏មានចិត្តរីករាយ មានចិត្តប្រកប​ដោយមេត្តា បម្រើព្រះជិនស្រី ជានាយកនៃ​សត្វ​លោក ដោយបច្ច័យទាំងឡាយ ដរាប​ដល់អស់ជីវិត។ ​ដោយកុសលកម្មដែល​ខ្ញុំធ្វើល្អ​ហើយ​នោះផង ដោយ​ការតម្កល់នូវចេតនានោះផង លុះខ្ញុំ​លះបង់​រាង​កាយជារបស់​មនុស្ស​ហើយ ក៏បានទៅកើតក្នុង​ឋានតាវត្តឹង្ស។ ឥឡូវនេះ ​ដល់មក​ក្នុងបច្ឆិមភព ខ្ញុំកើត​ក្នុង​ត្រកូល​​​នៃសេដ្ឋី ជាត្រកូលស្ដុកស្ដម្ភធំទូលាយ មានទ្រព្យច្រើន ក្នុងក្រុងសាវត្ថី ជាបុរីដ៏​ប្រសើរ។ កាលណា ​ខ្ញុំដល់នូវវ័យទៅត្រកូលប្ដី បានបង្កើតកូន ១០ នាក់ មានរូបល្អប្លែកៗ គ្នា។ កូនទាំងអស់​នោះ ​ឋិតនៅក្នុង​សេចក្ដីសុខ ជាទីគាប់ភ្នែក និងចិត្តនៃជន សូម្បីសត្រូវ​ទាំង​ឡាយ ក៏គង់គាប់ចិត្តដែរ នឹងបាច់​និយាយ​ទៅថ្វីដល់កូនទាំងនោះ ដែលជាទី​ស្រឡាញ់​នៃខ្ញុំ។ លំដាប់​នោះ ប្ដីរបស់ខ្ញុំនោះ មានកូន ១០ នាក់​ចោមរោម ទៅបួសក្នុង​សាសនា​ព្រះពុទ្ធ ជាទេវតាកន្លងទេវតា ដោយ​ខុសបំណងរបស់ខ្ញុំ។ គ្រានោះ ​ខ្ញុំតែម្នាក់ឯង បានគិតថា ជីវិតមិនគួរ​ដល់អញ ដែលជា​ស្រីចាស់ កំព្រា​ព្រាត់ប្រាស​ចាកប្ដី និងកូនទាំង​ឡាយឡើយ ដូច្នេះ ប្ដីរបស់​អញនៅ​ក្នុងទីណា អញនឹងទៅក្នុងទីនោះ លុះខ្ញុំគិតយ៉ាង​នេះហើយ ក៏ចូល​ទៅកាន់ផ្នួស។ លំដាប់នោះ ភិក្ខុនីទាំងឡាយ លះបង់ខ្ញុំម្នាក់ឯង ក្នុង​លំនៅ​នៃភិក្ខុនី ហើយក៏ទៅឲ្យឱវាទ​ថា នាងចូរដាំទឹក។ គ្រានោះ ខ្ញុំនាំទឹកមក ហើយ​ចាក់​អំពីក្អម តម្កល់ទុកក្នុងភាជន៍តូច ហើយអង្គុយ តម្កល់ចិត្តមាំ ក្នុងខណៈនោះ។ ខ្ញុំឃើញ​នូវខន្ធ​ទាំងឡាយ ថាមិន​ទៀងផង ជាទុក្ខផង ជាអនត្តាផង បាន​ញ៉ាំងអាសវៈ​ទាំងពួង​ឲ្យ​អស់ ហើយដល់ព្រះអរហត្ត។ គ្រានោះ មានភិក្ខុនីទាំងឡាយ មកសួរ​រកទឹក​ក្ដៅ ខ្ញុំក៏បាន​អធិដ្ឋាន​តេជោធាតុ ហើយញ៉ាំងទឹកឲ្យក្ដៅយ៉ាងរហ័ស។ ភិក្ខុនីទាំងនោះស្ងើច ហើយក្រាប​ទូលសេចក្ដីនុ៎ះ ចំពោះព្រះជិនស្រី​ដ៏ប្រសើរ ព្រះពុទ្ធជាទីពឹងនៃ​សត្វលោក ទ្រង់​ព្រះសណ្ដាប់​សេចក្ដីនោះ​ហើយ ក៏រីករាយ ត្រាស់គាថា​នេះថា បុគ្គលណាមួយ ជាអ្នក​ខ្ជិលច្រអូស មានព្យាយាមថោកថយ​ គប្បីរស់នៅអស់មួយរយឆ្នាំ ជីវិតរបស់បុគ្គល​ដែល​មាន​ព្យាយាម​ប្រារព្ធមាំ រស់នៅតែមួយថ្ងៃ ប្រសើរ​ជាង។ ព្រះមហាមុនី មានព្យាយាមធំ ខ្ញុំបាន​ធ្វើឲ្យរីករាយហើយ ដោយសេចក្ដី​ប្រតិបត្តិ​ដ៏ប្រពៃ ហើយ​ទ្រង់ត្រាស់ថា ខ្ញុំជា​ស្រី​ប្រសើរផុត ជាងភិក្ខុនី​ទាំងឡាយ អ្នកមានព្យាយាមប្រារព្ធហើយ។ កិលេសទាំង​ឡាយ ​ខ្ញុំដុតបំផ្លាញ​ហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចេញហើយ ខ្ញុំជាស្រី​មិន​មានអាសវៈ ព្រោះ​បាន​កាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អ​ហើយ ក្នុងសំណាក់​នៃ​ព្រះពុទ្ធជាបុគ្គល​ប្រសើរ ​វិជ្ជា ៣ ខ្ញុំបាន​សម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសោណាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថា​ទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សោណាថេរិយាបទាន។

ភទ្ទកាបិលានីថេរិយាបទាន ទី៧

[២៧] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក​នៃ​សត្វ​​លោក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ កាលនោះ សេដ្ឋីឈ្មោះ វិទេហៈ មានកែវដ៏ច្រើន ​នៅក្នុង​ក្រុងហង្សវតី ខ្ញុំជាប្រពន្ធនៃសេដ្ឋីនោះ។ ក្នុងកាលមួយ សេដ្ឋីនោះ ព្រមទាំងជនជាបរិស័ទ​ ចូលទៅគាល់ព្រះពុទ្ធ ជាព្រះអាទិត្យ​របស់​នរជន ហើយ​ស្ដាប់ធម៌របស់ព្រះពុទ្ធ ជាទីនាំមកនូវការអស់​ទៅ​នៃទុក្ខ​ទាំងពួង។ ព្រះពុទ្ធជានាយក ទ្រង់​សរសើរនូវសាវ័ក ថាជាអ្នក​ប្រសើរ​ជាងភិក្ខុទាំងឡាយ ​អ្នកពោលពាក្យ​ជា​គ្រឿង​កម្ចាត់​បង់នូវកិលេស។ ខ្ញុំបានស្ដាប់ហើយ ថ្វាយទានដល់ព្រះពុទ្ធ​ជាតាទិបុគ្គល អស់ ៧ ថ្ងៃ។ ខ្ញុំក្រាប​ទៀបព្រះបាទាដោយសិរ្សៈ ប្រាថ្នាតំណែងនោះ គ្រានោះ ព្រះអង្គជាអ្នក​ឆ្នើម​ជាង​នរៈ ទ្រង់​ញ៉ាំងបរិស័ទឲ្យរីករាយ ហើយទ្រង់​ត្រាស់​គាថាទាំងនេះ ដើម្បីអនុគ្រោះសេដ្ឋីថា ម្នាលកូន អ្នកនឹងបាន​តំណែង​ដែលអ្នកប្រាថ្នាហើយ អ្នកចូរបានរំលត់ទុក្ខចុះ។ ក្នុងកប្បទី​មួយសែន​ អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម កើតក្នុង​ឱក្កាកត្រកូល នឹងត្រាស់​ឡើង​ក្នុងលោក។ សេដ្ឋី​នោះ នឹងបានជាញាតិ ក្នុងធម៌ទាំងឡាយនៃព្រះសាស្ដានោះ ​ជាឱរស ជាធម្មនិម្មិត ជាសាវ័ក​នៃព្រះ​សាស្ដា មានឈ្មោះថា កស្សប។ កាលនោះ ខ្ញុំបាន​ស្ដាប់​​ព្យាករណ៍​នោះហើយ ក៏រីករាយ មានចិត្តប្រកប​ដោយមេត្តា បម្រើ​ព្រះជិនស្រី ព្រះអង្គជានាយកនៃសត្វលោក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់​ជីវិត។ ព្រះពុទ្ធ​អង្គនោះ ញ៉ាំងសាសនាឲ្យរុងរឿង ញាំញី​នូវតិរ្ថិយអាក្រក់ទាំងឡាយ ទូន្មាននូវវេនេយ្យ​សត្វ ព្រះអង្គ ព្រមទាំង​សាវ័ក បរិនិព្វានហើយ។ កាលព្រះមានព្រះភាគ ជាកំពូល​នៃ​សត្វលោក​នោះ និព្វានហើយ មហាជនបានប្រជុំញាតិ និងមិត្ត មួយអន្លើដោយ​សាវ័ក​ទាំង​ឡាយ​នោះ បានញ៉ាំងជនឲ្យធ្វើ​ព្រះស្ដូប ជាវិការៈនៃកែវ កម្ពស់ ៧ យោជន៍ ដ៏រុងរឿង​ដូច​ព្រះអាទិត្យ ឬដូចស្ដេចឈើមានផ្ការីក ដើម្បី​បូជាព្រះសាស្ដា។ ខ្ញុំបានឲ្យគេសាងភាជន៍ ៧ អស់ទ្រព្យ ៧ សែន ភាជន៍ទាំងនោះ រុងរឿងដោយកែវ ៧ ​ដូចភ្លើងឆេះបបុស។ ខ្ញុំញ៉ាំង​ប្រទីប​ទាំងនោះ ឲ្យពេញដោយប្រេងក្រអូប ហើយអុជបំភ្លឺក្នុងទីនោះ ​ដើម្បី​បូជាព្រះពុទ្ធ ទ្រង់ស្វែងរកគុណធំ ទ្រង់អនុគ្រោះ​ដល់សត្វ​ទាំងពួង។ ខ្ញុំសាងក្អមដ៏ពេញចំនួន ៧ សែន ដ៏ពេញដោយកែវ ៧ ដើម្បីបូជា​ដល់ព្រះពុទ្ធ ទ្រង់ស្វែងរកគុណដ៏ធំ។ គ្រឿងបូជាជា​វិការៈ​នៃមាស ដែល​បុគ្គលលើកឡើងហើយ ក្នុងកណ្ដាលនៃក្អមប្រាំបីៗ ដ៏រុងរឿង​ដោយសម្បុរ ដូចជាព្រះអាទិត្យក្នុង​សរទសម័យ។ ក្លោងទ្វារ​ជាវិការៈ​នៃកែវល្អ ក្នុងទ្វារទាំង ៤ ផែនក្ដារ ជាវិការៈនៃកែវ ជាទីរីករាយ ដែល​បុគ្គលលើកឡើងហើយក៏ល្អ។ របងទាំងឡាយ មាន​កំពូល ដែលបុគ្គល​តាក់តែងល្អរុងរឿង ទង់ទាំង​ឡាយ ជាវិការៈនៃកែវ​ ដែល​បុគ្គល​លើក​ឡើង​ហើយ ក៏រុងរឿង។ ចេតិយនេះ ជាវិការៈនៃកែវមាន​សម្បុរ​ក្រហម​ល្អ ដែលបុគ្គល​ធ្វើ​ហើយ​ដោយប្រពៃ រុងរឿងដោយសម្បុរ ដូចជា​ព្រះអាទិត្យក្នុងវេលា​ថ្ងៃល្ងាច។ ខ្ញុំបាន​ញ៉ាំង​ទិសទាំង ៣ នៃព្រះស្ដូប​របស់ខ្ញុំឲ្យពេញ គឺទិសមួយ ពេញដោយថ្មហរិតាល ទិសមួយ ពេញ​ដោយថ្មមនោសិលា ទិសមួយ ពេញដោយ​ថ្មមាន​ពណ៌ខៀវ។ ខ្ញុំបាន​ញ៉ាំងជន​ឲ្យធ្វើ​នូវ​ការបូជា ជាទីរីករាយ ប្រាកដ​ដូចនុ៎ះ ដល់ព្រះពុទ្ធមានវាទៈដ៏ប្រសើរ ហើយឲ្យទាន​ដល់​ព្រះសង្ឃ តាម​សមគួរដល់កម្លាំង ដរាបដល់អស់ជីវិត។ ខ្ញុំធ្វើបុណ្យទាំងនោះ ដោយ​សព្វគ្រប់ ជាមួយនឹងសេដ្ឋីនោះ ​ដរាបដល់អស់ជីវិត ហើយក៏​បានទៅកាន់​សុគតិ​ជាមួយ​គ្នា។ ខ្ញុំបានសោយសម្បត្តិទាំងឡាយ ក្នុង​អត្តភាពជាទេវតា និងមនុស្ស អន្ទោលទៅ​ជា​មួយ​នឹងសេដ្ឋីនោះ ដូចជា​ស្រមោលអន្ទោលទៅតាម​​សរីរៈ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះពុទ្ធ​ជានាយក ទ្រង់ព្រះនាមវិបស្សី មានព្រះនេត្រដូចមាស ពិចារណា​ឃើញច្បាស់​នូវធម៌​ទាំងពួង ទ្រង់កើតឡើង។ គ្រានោះ មានព្រាហ្មណ៍​ម្នាក់ក្នុងក្រុងពន្ធុមតី​ គេសន្មត​ថាជា​សប្បុរស ជាអ្នកមាំមួន ស្ងប់ស្ងាត់​ដោយគុណ តែជាអ្នកខ្សត់ទ្រព្យក្រៃពេក។ កាលនោះ ​ខ្ញុំជា​ព្រាហ្មណី​របស់ព្រាហ្មណ៍នោះ មានចិត្តស្មើគ្នា ជួនកាល ព្រាហ្មណ៍​ប្រសើរ​នោះ បានគប់រកព្រះ​មហាមុនី ដែលគង់សម្ដែងអមតនិព្វានក្នុងពួកជន គាត់​បាន​ស្ដាប់ធម៌ ក៏មាន​ចិត្តរីករាយ បានថ្វាយ​សំពត់សាដកមួយ ហើយ​ទៅកាន់ផ្ទះដោយសំពត់មួយ ហើយ​ពោលពាក្យនេះនឹងខ្ញុំថា ម្នាលនាង​មាន​បុណ្យធំ នាងចូររីករាយចំពោះសំពត់សាដក ដែល​បងបានថ្វាយ​ដល់ព្រះពុទ្ធចុះ។ កាលនោះ ខ្ញុំដឹង​ច្បាស់ បានធ្វើអញ្ជលីអនុមោទនាថា បពិត្រ​ស្វាមី ខ្ញុំសូមអនុមោទនាសាដកដែលអ្នកថ្វាយហើយ ដោយ​ប្រពៃដល់​ព្រះពុទ្ធដ៏​ប្រសើរ ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ប្ដីនៃ​ខ្ញុំនោះ ដល់ហើយនូវសេចក្ដីសុខ ត្រូវ​បុញ្ញកម្ម​ចាត់ចែង កាល​អន្ទោល​ទៅក្នុងភពតូច និងភពធំ បានកើតជា​ស្ដេច​ម្ចាស់ផែនដី​ក្នុង​ក្រុង​ពារាណសី ជាទីរីករាយ។ កាលនោះ ខ្ញុំជាមហេសីនៃស្ដេចនោះ ជាអ្នក​ខ្ពង់ខ្ពស់​ជាង​ពួកស្រី ហើយជា​អគ្គមហេសីដ៏ប្រសើរក្រៃលែង ជាង​សេចក្ដីស្រឡាញ់នៃស្ដេចនោះ ដែលមានក្នុងភពមុន។ ស្ដេចនោះ ​ឃើញព្រះបច្ចេកពុទ្ធ ៨ អង្គ និមន្តទៅដើម្បីបិណ្ឌបាត ក៏មានចិត្តរីករាយ ប្រគេនចង្ហាន់បិណ្ឌបាតមានថ្លៃ​ច្រើន។ ស្ដេចនោះ និមន្តព្រះបច្ចេកពុទ្ធ​ទាំងឡាយ ហើយធ្វើបារាំកែវជាវិការៈនៃមាស មានប្រមាណ ១០០ ហត្ថ មានសណ្ឋាន​រលីង ដែលពួកជាងធ្វើហើយ។ ព្រះរាជានោះ ទ្រង់​រាប់អានព្រះបច្ចេកពុទ្ធទាំង​អស់នោះ មាន​សេចក្ដីជ្រះថ្លា ហើយបាន​ថ្វាយទាន​ដល់ព្រះបច្ចេកពុទ្ធទាំងនោះ ដែលចូលទៅកាន់ទី​សេនាសនៈ ដោយ​ព្រះហស្ដនៃព្រះអង្គ។ កាលនោះ ខ្ញុំបានឲ្យទាននោះ​ជាមួយ​នឹង​ស្ដេច​ក្នុង​ដែនកាសី ​ខ្ញុំកើតក្នុងកាសិកគ្រាម ជិតក្រុងពារាណសី​ម្ដង​ទៀត។ ស្ដេចនោះ កើតក្នុង​ត្រកូល​កុដុម្ពិកៈដ៏ធំ​ទូលាយ ដល់នូវ​សេចក្ដី​សុខ ព្រមទាំងបងប្អូន ខ្ញុំជាប្រពន្ធនៃបងច្បង ​ជាស្រីមានវត្តដល់​ប្ដីដោយប្រពៃ។ ប្អូនរបស់ប្ដីខ្ញុំបានឃើញព្រះបច្ចេកពុទ្ធហើយ ប្រគេន​ភត្តរបស់បងដល់ព្រះបច្ចេកពុទ្ធនោះ កាលបើបង​នោះត្រឡប់មក ខ្ញុំ​បាន​និយាយប្រាប់​សព្វ​គ្រប់។ បងនោះ មិនត្រេកអរចំពោះទាន លំដាប់​នោះ ខ្ញុំបានឲ្យ​ភត្តដល់ប្ដីនោះ ​ប្ដីនោះ នាំបាយ​នោះ ហើយថ្វាយ​ដល់​ព្រះពុទ្ធ​នោះទៀត។ កាលនោះ ខ្ញុំចោលនូវទាននោះ​ ហើយ​ប្រទុស្ដ​ចំពោះព្រះពុទ្ធ ខ្ញុំបានឲ្យបាត្រដ៏ពេញដោយភក់ ដល់ព្រះពុទ្ធនោះ ទ្រង់​មិន​ញាប់ញ័រ​ដោយ​លោកធម៌។ កាលនោះ ខ្ញុំឃើញព្រះពុទ្ធមាន​ព្រះទ័យស្មើ ក្នុងការ​ឲ្យទាន​ផង ក្នុងការទទួលផង ក្នុង​សេចក្ដី​កោតក្រែង​ផង ក្នុងសេចក្ដីប្រទូស្ដផង ហើយសង្វេគ​ក្រៃលែង។ ​ខ្ញុំកាន់​យកបាត្រម្ដងទៀត ជម្រះដោយគឿងក្រអូប ​​មានចិត្តជ្រះថ្លា ញ៉ាំងបាត្រ​ឲ្យ​ពេញ ហើយឲ្យស្ករ ព្រមទាំងទឹកដោះថ្លា។ ខ្ញុំកើត​ក្នុងទីណាៗ ជា​ស្រីមាន​រូបល្អ​ព្រោះ​ទាននោះ ខ្ញុំជាស្រីមានក្លិនអាក្រក់ ព្រោះប្រទូស្ដ​ចំពោះ​ព្រះពុទ្ធផង ​ព្រោះសេចក្ដី​ស្រវឹង​ផង។ កាលចេតិយនៃព្រះពុទ្ធ ព្រះនាមកស្សប ​ជាអ្នកប្រាជ្ញ គេឲ្យសម្រេចហើយ ខ្ញុំមាន​ចិត្តរីករាយ បានឲ្យឥដ្ឋជាវិការៈនៃមាសដ៏ប្រសើរទៀត។ ខ្ញុំជ្រលក់ឥដ្ឋនោះឲ្យទទឹកដោយ​គ្រឿង​ក្រអូប មានជាតិ ៤ យ៉ាង ក៏បានរួចស្រឡះ ចាកទោស​មានក្លិនអាក្រក់ ប្រកប​ដោយ​អវយវៈទាំងពួង​ដ៏ល្អ។ ខ្ញុំឲ្យធ្វើភាជន៍ ៧ ពាន់ ដោយកែវ ៧ ប្រការផង ប្រឆេះមួយពាន់​ដ៏ពេញ​ដោយ​ខ្លាញ់ផង។ ខ្ញុំមាន​ចិត្តជ្រះថ្លា បានចាក់ប្រេង អុជបំភ្លឺតម្កល់ទុក ៧ ជួរ ដើម្បីបូជាព្រះលោកនាថ។ គ្រានោះ ខ្ញុំជាស្រីមាន​ចំណែក្នុង​បុណ្យនោះ ដោយវិសេស (បុរសនោះ) កើតក្នុងដែនកាសីទៀត ប្រាកដ​ដោយឈ្មោះថា សមិត្តបុរស។ កាលនោះ ខ្ញុំជាភរិយាបុរសនោះ ជាអ្នក​ដល់នូវសេចក្ដីសុខ មានគេជាប់ចិត្ត ជាទី​ស្រឡាញ់នៃជន ឯប្ដីខ្ញុំ​បានប្រគេនឈ្នួតមានសាច់ក្រាស់ ដល់ព្រះបច្ចេកមុនី។ ម្យ៉ាងទៀត ខ្ញុំជាស្រីមាន​ចំណែកដោយបុណ្យ ត្រេកអរនូវទានដ៏ឧត្ដមរបស់ប្ដីនោះ ឯបុរសនោះ កើតក្នុង​ជាតិ​កោលិយជន ក្នុង​ដែនកាសីទៀត។ កាលនោះ សមិត្តបុរសនោះ បម្រើព្រះបច្ចេកពុទ្ធ ៥០០ អង្គ មួយអន្លើដោយ​កោលិយ​បុត្រ ៥០០ នាក់។ រួចហើយនិមន្តព្រះបច្ចេកពុទ្ធទាំងឡាយ ឲ្យគង់នៅអស់ ៣ ខែ ហើយប្រគេនត្រៃចីវរ​ កាលនោះ ខ្ញុំជាប្រពន្ធនៃ​សមិត្តបុរសនោះ ជា​អ្នក​ប្រព្រឹត្តទៅតាមគន្លងនៃបុញ្ញកម្ម។ សមិត្តបុរស​នោះ ​ច្យុតចាកអត្តភាពនោះ បានកើត​ជាស្ដេច​ព្រះនាមនន្ទៈ មាន​យសធំ ខ្ញុំជាមហេសីនៃស្ដេចនោះ ជាអ្នក​សម្រេចនូវ​សេចក្ដី​ប្រាថ្នា​ទាំងពួង។ លុះច្យុតអំពីអត្តភាពនោះហើយ បានកើតជាស្ដេចព្រហ្មទត្ត ជា​ម្ចាស់​ផែនដី កាលនោះ ខ្ញុំបម្រើព្រះបច្ចេកមុនី ជាបុត្រនៃនាង​បទុមាវតី។ ខ្ញុំបម្រើព្រះបច្ចេកមុនី ៥០០ អង្គ​ ដរាបដល់អស់ជីវិត ហើយនិមន្តព្រះបច្ចេកមុនីទាំងឡាយ ឲ្យនៅក្នុងឧទ្យាននៃ​ស្ដេច ​ហើយ​បូជានូវព្រះ​បច្ចេកមុនីទាំងឡាយ ដែលនិព្វានហើយ។ យើងទាំងពីរនាក់ បាន​ឲ្យ​ជាងធ្វើចេតិយទាំងឡាយ ហើយ​បួស ចម្រើនអប្បមញ្ញា​ទាំង​ឡាយ ក៏បានទៅកើត​ក្នុង​ព្រហ្មលោក។ លុះច្យុតចាកព្រហ្មលោក ប្ដីកើត​ក្នុងមហាតិត្ថៈ ជាកូនចៅនៃបិប្ផលគោត្រ ឯមាតា​ឈ្មោះសុមនទេវី បិតាជាព្រាហ្មណ៍កោសិគោត្រ។​ ខ្ញុំ (កើត) ក្នុងក្រុងសាកលា ជា​បុរី​ដ៏ឧត្ដម ក្នុងជនបទឈ្មោះមទ្ទៈ។ ខ្ញុំជាធីតានៃកបិលព្រាហ្មណ៍ មាតា​ឈ្មោះសុចិមតី បិតា​ស្អិតស្អាងខ្ញុំ ដោយរូបភាពជាវិការៈនៃមាសតាន់ បានឲ្យខ្ញុំដល់កស្សបបណ្ឌិត ជាអ្នក​វៀរ​ចាកកាមទាំងឡាយ កាលដែល​កស្សបបណ្ឌិតនោះនៅក្មេង បានទៅមើលការងារ ឃើញ​​សត្វតូចៗ ត្រូវពួកសត្វមានក្អែកជាដើម ទំពាស៊ី ក៏សង្វេគ។ ខ្ញុំឃើញគ្រាប់ល្ង​ទាំង​ឡាយ ដែលគេ​ហាលក្នុងកំដៅថ្ងៃជិតផ្ទះ ត្រូវពួកដង្កូវ និងក្អែកទំពាស៊ី បាននូវសេចក្ដី​សង្វេគ ក្នុងកាលនោះ។ កាល​នោះ កស្សបបណ្ឌិត នោះបួសហើយ ខ្ញុំក៏បួស​តាមកស្សប​បណ្ឌិត​នោះដែរ ខ្ញុំនៅអាស្រ័យ​ក្នុងគន្លងនៃបរិព្វាជកវត្ត អស់ ៥ វស្សា។ កាលណា នាង​គោតមី​​ជាអ្នកចិញ្ចឹម​ព្រះជិនស្រីបួសហើយ កាលនោះ​ ខ្ញុំក៏ចូលទៅរកនាង​គោតមី​នោះ ដែលព្រះពុទ្ធប្រៀនប្រដៅហើយ។ អស់កាល​មិនយូរ​ប៉ុន្មាន ខ្ញុំក៏បាន​ដល់ព្រះអរហត្ត ឱហ្ន៎! ព្រះកស្សបមាន​សិរីជាមិត្តល្អ។ ព្រះកស្សបជាកូន ជាញាតិនៃព្រះពុទ្ធ មានចិត្ត​តម្កល់​ខ្ជាប់ហើយ​ដោយ​ប្រពៃ លោកដឹងនូវបុព្វេនិវាសផង ឃើញនូវឋានសួគ៌ និងអបាយផង។ ម្យ៉ាង​ទៀត ព្រះកស្សបនោះជាអ្នកប្រាជ្ញ មានអភិញ្ញានៅរួចហើយ បាន​ដល់នូវ​ការអស់​ទៅនៃជាតិ ជាខីណា​សវព្រាហ្មណ៍ មានវិជ្ជា ៣ ដោយ​វិជ្ជាទាំង ៣ នេះ។ ភទ្ទកាបិលានី មានវិជ្ជា ៣ លះបង់មច្ចុ ទ្រទ្រង់រាង​កាយមានក្នុងទីបំផុត ឈ្នះមារ ព្រមទាំងវាហនៈ ដូចគ្នា​ដែរ។ យើងទាំង​ពីរនាក់ ឃើញទោសក្នុងលោក ហើយបួស យើងទាំងពីរនាក់នោះ មាន​អាសវៈអស់ហើយ មានខ្លួនទូន្មានហើយ មានសេចក្ដីត្រជាក់​កើតហើយ មានទុក្ខរំលត់​ហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភព​ទាំងអស់ ខ្ញុំដកចោល​ហើយ ខ្ញុំជាស្ត្រី​មិនមានអាសវៈ ព្រោះបានកាត់​ចំណង ដូចជាមេដំរីដ៏ប្រសើរកាត់ផ្ដាច់នូវទន្លីង។ ឱ!​ ខ្ញុំមក​ល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនា​របស់​ព្រះពុទ្ធ​ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ​ឲ្យជាក់​ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន​ប្រតិបត្តិហើយ។

បានឮថា ព្រះភទ្ទកាបិលានីភិក្ខុនីមានអាយុ បានសម្ដែងនូវគាថា​ទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ ភទ្ទកាបិលានីថេរិយាបទាន។

យសោធរាថេរិយាបទាន ទី៨

[២៨] ខ្ញុំជាអ្នកមានឫទ្ធច្រើន មានប្រាជ្ញាច្រើន មាននាងភិក្ខុនីទាំងឡាយ មួយសែនអង្គ ចោម​រោមហើយ ចូលទៅគាល់ព្រះសម្ពុទ្ធ។ ថ្វាយបង្គំ​ព្រះសម្ពុទ្ធ និងលក្ខណៈ គឺចក្រនៃ​ព្រះសាស្ដា អង្គុយក្នុង​ទីសមគួរ ហើយ​ពោលពាក្យនេះថា ខ្ញុំមានវស្សា ៧៨ កន្លងបច្ឆិមវ័យ ខ្ញុំមកដល់​ញកហើយ ក្រាបទូល​ព្រះមហាមុនីថា វ័យរបស់ខ្ញុំចាស់ណាស់ហើយ ជីវិតរបស់​ខ្ញុំតិចណាស់ ខ្ញុំនឹងលះបង់ព្រះអង្គហើយ​ទៅ ទីពឹង​របស់​ខ្លួន ខ្ញុំបានធ្វើហើយ។ ក្នុងកាល​ជា​បច្ឆិមវ័យ សេចក្ដីស្លាប់កាន់តែ​រំកិល​ចូល​មកជិត​ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំម្ចាស់​នឹង​​ដល់នូវ​និព្វាន​ក្នុង​វេលាយប់ថ្ងៃនេះ។ បពិត្រព្រះមហាមុនី ជាតិ ជរា ព្យាធិ និងមរណៈ មិនមាន ខ្ញុំនឹងដល់នូវបុរីដែលជាទីឥតមានជរា ឥតមានមរណៈ ឥត​មានភ័យ មិនមាន​បច្ច័យ​តាក់តែងឡើយ។ បពិត្រព្រះមហាមុនី ធម្មតា​ បរិស័ទទាំងឡាយ តែងចូលទៅ​អង្គុយ​​ជិតព្រះសាស្ដា ដឹងច្បាស់​នូវ​កំហុស និងសេចក្ដីគួរក្នុងទីចំពោះព្រះភក្រ្ត។ បពិត្រ​ព្រះអង្គ​​មាន​ព្យាយាម​ធំ ខ្ញុំព្រះអង្គអន្ទោលទៅក្នុងសំសារ សូមក្រាបទូលនូវការ​ភ្លាំងភ្លាត់​របស់ខ្ញុំ ចំពោះព្រះអង្គ សូមព្រះអង្គ​អត់នូវកំហុសនោះ​ដល់ខ្ញុំ​ព្រះអង្គ។ នាងជាអ្នកធ្វើតាម​ពាក្យប្រៀនប្រដៅនៃតថាគត ចូរនាង​សម្ដែង​នូវឫទ្ធិ ចូរកាត់នូវសេចក្ដីសង្ស័យ​នៃបរិស័ទ​ទាំងពួងក្នុង​សាសនា។ បពិត្រព្រះអង្គមានព្យាយាមធំ​ ខ្ញុំឈ្មោះ​យសោធរា ជាភរិយា​នៃ​ព្រះអង្គ (កាលនៅ) ក្នុងផ្ទះ កើតក្នុងត្រកូលសក្យៈ តាំងនៅក្នុងអង្គ​ជាស្រ្ដី។ បពិត្រព្រះអង្គ​មាន​ព្យាយាម ខ្ញុំជាប្រធាននៃ​ស្រ្ដីទាំងឡាយ​មួយសែន ៩៦ ជាធំជាងស្រ្ដីទាំងពួង​ក្នុងផ្ទះ​នៃ​ព្រះអង្គ។ ​ស្រ្ដីទាំង​ពួង​ប្រកប​ដោយគុណ គឺរូប និងមារយាទ តាំងនៅក្នុងបឋមវ័យសព្វៗ កាល​ គោរពកោតក្រែងខ្ញុំ ដូចជាមនុស្សទាំងឡាយ គោរពកោត​ក្រែង​ទេវតា។ ស្រ្ដីទាំង​នោះ មានពួកនាង​កញ្ញាមួយពាន់ជាប្រធាន មានសុខ និងទុក្ខស្មើគ្នា ក្នុងដំណាក់នៃ​សក្យបុត្រ ដូចជាពួកទេវតា ក្នុងនន្ទនវន័។ ​បណ្ឌិតទាំងឡាយ កន្លងនូវកាមធាតុ ប្រាកដ​ស្មើដោយ​រូបក្នុងរូបធាតុ វៀរលែងតែព្រះលោក​នាយកចេញ មិនមានទេ។ យសោធរាថេរី ថ្វាយបង្គំ​ព្រះសម្ពុទ្ធហើយ សំដែងឫទ្ធិចំពោះព្រះសាស្ដា​ ទាំងសម្ដែង​ឫទ្ធិច្រើន មាន​អាការៈ​​ផ្សេងៗច្រើនយ៉ាង។ គឺធ្វើកាយជាភ្នំចក្រវាឡ ក្បាល​ជាឧត្ដរកុរុ​ទ្វីប ទ្វីបទាំងពីរ​ជា​ស្លាបទាំងពីរ ជម្ពូទ្វីបជាសរីរៈ។ សមុទ្រខាងត្បូងជាសំណុំកន្ទុយ ស្ទឹងជាលំពង់​ស្លាប​ ព្រះចន្រ្ទ និង​ព្រះអាទិត្យជាភ្នែក ភ្នំមេរុជាកំប៉ោយ។ ភ្នំចក្រវាឡជាចំពុះ ដើមព្រីង​ជាទីប្រជុំ ហើយ​ចូលទៅជិតថ្វាយបង្គំ អង្គុយបក់ព្រះលោកនាយក។ សម្ដែងនូវភេទនៃដំរី សេះ ភ្នំ ជលជាត ព្រះចន្រ្ទ ព្រះអាទិត្យ ភ្នំមេរុ ភេទនៃ​ព្រះឥន្រ្ទក៏ដូចគ្នា។ បពិត្រព្រះអង្គមាន​ព្យាយាម មាន​ចក្ខុ ខ្ញុំព្រះអង្គ​ឈ្មោះ យសោធរា សូមក្រាបថ្វាយបង្គំព្រះបាទា គ្របនូវ​លោក​ធាតុ​មួយពាន់ដោយផ្ការីក។ ខ្ញុំនិម្មិត​ភេទជាព្រហ្ម ហើយសម្ដែង​ធម៌ដ៏​សូន្យ បពិត្រ​ព្រះអង្គ​មានព្យាយាម មានចក្ខុ ខ្ញុំព្រះអង្គ ឈ្មោះ​យសោធរា សូមក្រាបថ្វាយ​បង្គំ​ព្រះបាទា។ បពិត្រព្រះមហាមុនី ខ្ញុំព្រះអង្គ​ជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិ​ទាំងឡាយ ទាំង​ស្ទាត់​ជំនាញ​ក្នុង​ចេតោបរិយញ្ញាណ ដោយសោតធាតុជាទិព្វ។ ខ្ញុំព្រះអង្គដឹងនូវ​បុព្វេនិវាស ទិព្វចក្ខុ ខ្ញុំព្រះអង្គបានជម្រះហើយ អាសវៈទាំងពួង អស់​រលីងហើយ ឥឡូវនេះ ភពថ្មី​ទៀត​មិនមាន​ឡើយ។ ​​បពិត្រព្រះអង្គ​មាន​ព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ កើតឡើងហើយ​ដល់ខ្ញុំ ក្នុងសំណាក់នៃព្រះអង្គ។ បពិត្រព្រះមហាមុនី ការគប់រក​ព្រះលោកនាថ​ទាំងឡាយ ព្រះអង្គបាន​សម្ដែងហើយដោយប្រពៃ សេចក្ដី​កសាងដ៏​ច្រើន​របស់ខ្ញុំ ដើម្បីប្រយោជន៍ដល់ព្រះអង្គ។ បពិត្រ​ព្រះមុនី​ សូមព្រះអង្គរលឹកកុសលកម្ម​របស់​ខ្ញុំ ដែលមានក្នុងកាលមុន បពិត្រ​ព្រះអង្គមានព្យាយាមធំ បុណ្យ ខ្ញុំបាន​សន្សំហើយ ដើម្បី​ប្រយោជន៍​ដល់ព្រះអង្គ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំបានលះបង់​នូវ​អភព្វដ្ឋាន ​ហាម​ឃាត់នូវអនាចារៈ ហើយលះបង់​ជីវិត ដើម្បី​ប្រយោជន៍​ដល់ព្រះអង្គ។ បពិត្រព្រះមហាមុនី ព្រះអង្គ​ទ្រង់ប្រទាន​ខ្ញុំម្ចាស់ អស់ជាតិ មានពាន់នៃកោដិដ៏ច្រើន ដើម្បីជាភរិយា (នៃជន​ដទៃវិញ) ខ្ញុំមិនតូចចិត្តក្នុង​រឿងនោះ ព្រោះជាប្រយោជន៍ដល់ព្រះអង្គ។ បពិត្រ​ព្រះមហា​មុនី ព្រះអង្គបានប្រទានខ្ញុំម្ចាស់ អស់ជាតិ មានពាន់​នៃកោដិដ៏ច្រើន ដើម្បីជាឧបការៈ (នៃជនដទៃ) ​ខ្ញុំក៏មិនតូចចិត្តក្នុង​រឿងនោះ ព្រោះជាប្រយោជន៍​ដល់ព្រះអង្គ។ ​បពិត្រ​ព្រះមហាមុនី ព្រះអង្គបានប្រទានខ្ញុំម្ចាស់អស់ជាតិ មានពាន់នៃកោដិដ៏ច្រើន ដើម្បី​ការ​ប្រើប្រាស់ ​(នៃជនដទៃ) ខ្ញុំមិនតូចចិត្តក្នុងរឿងនោះ ព្រោះជាប្រយោជន៍​ដល់ព្រះអង្គ។ ​ខ្ញុំបាន​លះបង់​ជីវិត មានពាន់នៃកោដិដ៏ច្រើន ជនទាំង​ឡាយ នឹងធ្វើការរួចចាកភ័យ ខ្ញុំឲ្យ​នូវ​ជីវិតរបស់ខ្ញុំ។ បពិត្រព្រះ​មហាមុនី ខ្ញុំមិនលាក់ទុកនូវគ្រឿងប្រដាប់សម្រាប់អវយវៈ គ្រឿង​អលង្ការ សំពត់​ដ៏ច្រើន ​មានប្រការ​ផ្សេងៗ និងភណ្ឌៈរបស់ស្រីប្រុស ដើម្បីជា​ប្រយោជន៍​ដល់ព្រះអង្គ។ បពិត្រព្រះមហាមុនី ការបរិច្ចាគ​ទ្រព្យធន និងស្រូវ ទាំងស្រុក និគម ស្រែ បុត្រ និងធីតា ខ្ញុំក៏បានលះបង់ហើយ។ បពិត្រ​ព្រះអង្គមាន​ព្យាយាមធំ ដំរី សេះ គោ និងខ្ញុំស្រី អ្នកបម្រើ​មានចំនួន​រាប់មិនបាន ខ្ញុំក៏បានលះបង់ហើយ ដើម្បី​ប្រយោជន៍នៃ​ព្រះអង្គ។ ព្រះអង្គប្រឹក្សានូវទានណានឹងខ្ញុំ ខ្ញុំឲ្យនូវទាននោះ ដល់ស្មូម​ទាំង​ឡាយ កាល​ព្រះអង្គឲ្យទានដ៏ឧត្ដម ខ្ញុំមិនឃើញសេចក្ដីតូចចិត្ត​របស់ខ្ញុំទេ។ ​បពិត្រព្រះអង្គមាន​ព្យាយាម​ធំ ខ្ញុំរងទុក្ខ​ដ៏ច្រើន មានប្រការ​ផ្សេងៗ មានចំនួនរាប់មិនបាន ក្នុងសំសារដ៏ច្រើន ដើម្បីប្រយោជន៍នៃ​ព្រះអង្គ។ បពិត្រ​ព្រះមហាមុនី កាលព្រះអង្គដល់នូវសេចក្ដីសុខ ខ្ញុំក៏​ត្រេកអរ មួយទៀត ខ្ញុំមិនតូចចិត្ត ព្រោះទុក្ខទាំងឡាយ​របស់ខ្ញុំ ខ្ញុំជាអ្នក​ត្រេកអរ​ក្នុងទី​ទាំងពួង ដើម្បីជាប្រយោជន៍នៃព្រះអង្គ។ បពិត្រ​ព្រះមហាមុនី ព្រះអង្គ​សោយសុខ និងទុក្ខ ត្រាស់ដឹងតាមលំដាប់មគ្គ ហើយដល់នូវពោធិញ្ញាណ រួចនាំមកនូវធម៌។ ខ្ញុំមាន​ការគប់រក​ព្រះលោកនាថ​ដទៃច្រើនអង្គ (ព្រោះអាស្រ័យ) នូវព្រះសម្ពុទ្ធ ជា​ព្រះលោកនាយក ព្រះនាម​​គោតម ជាទេវតាប្រសើរ។ បពិត្រ​ព្រះមហាមុនី ការកសាងដ៏ច្រើនរបស់ខ្ញុំ ដើម្បី​ប្រយោជន៍នៃព្រះអង្គ ខ្ញុំជាអ្នកបំរើព្រះអង្គ ដែលស្វែងរកនូវពុទ្ធធម៌។ ព្រះពុទ្ធ ព្រះនាម​ទីបង្ករ មានព្យាយាមធំ ជានាយកនៃ​សត្វលោកកើតហើយ ក្នុងកប្បទី​បួនអសង្ខេយ្យ និង​មួយ​សែន។ ជនទាំងឡាយនៅក្នុងបច្ចន្តប្រទេស​ មានចិត្តត្រេកអរ និមន្ដព្រះតថាគត ហើយ​ជម្រះ​ផ្លូវជាទីស្ដេច​មកនៃ​ព្រះទីបង្ករនោះ។ កាលនោះ ព្រះអង្គ​ជាព្រាហ្មណ៍ ឈ្មោះ​សុមេធៈ តាក់តែងផ្លូវសម្រាប់ថ្វាយព្រះពុទ្ធទីបង្ករ ទ្រង់ឃើញធម៌ទាំងពួង កាល​ស្ដេចមក​ដល់ ខ្ញុំជាកញ្ញាកើតក្នុងត្រកូលព្រាហ្មណ៍ ឈ្មោះនាងសុមិត្តា បានចូលទៅកាន់ទីប្រជុំ។​ ខ្ញុំយកផ្កាឧប្បល ៨ ក្ដាប់ ដើម្បីបូជា​ព្រះសាស្ដា បានឃើញឥសីដ៏ឧត្ដម ក្នុងកណ្ដាល​នៃ​ជន។ កាលនោះ​ ខ្ញុំបានឃើញ​ព្រះសម្ពុទ្ធ ទ្រង់ខានយាងមកអស់កាលយូរ ទ្រង់មាន​ព្រះទ័យ​​ប្រកបដោយករុណា ​ក៏​បណ្ដាលឲ្យចិត្តត្រេកអរក្រៃលែង ហើយ​សំគាល់ថា ជីវិត​របស់​អាត្មាអញប្រកបដោយផល។ កាល​នោះ ​ខ្ញុំបានឃើញសេចក្ដីព្យាយាម​ប្រកប​ដោយ​ផល របស់ឥសីនោះ ទាំងចិត្ត​របស់ខ្ញុំក៏ជ្រះថ្លាក្នុង​ព្រះពុទ្ធ ដោយកុសលកម្មមាន​ក្នុង​កាល​មុន។ ខ្ញុំញ៉ាំង​ចិត្តឲ្យជ្រះថ្លាក្រៃលែងក្នុងឥសី មានចិត្តខ្ពង់ខ្ពស់​ ហើយទូលថា បពិត្រឥសី ខ្ញុំមិន​ឃើញវត្ថុដទៃ ដែលគួរថ្វាយទេ ខ្ញុំសូមថ្វាយផ្កា​ទាំង​ឡាយ ដល់លោក។ ​បពិត្រឥសី ផ្កា ៥ ក្ដាប់ ចូរមានដល់លោក ផ្កា ៣ ក្ដាប់ ចូរមានដល់ខ្ញុំ បពិត្រឥសី ផ្កាទាំងឡាយ ចូរជា​របស់​ស្មើគ្នា មួយអន្លើ​ដោយឥសីនោះ ដើម្បីប្រយោជន៍​ដល់​ពោធិញ្ញាណ​របស់​ព្រះអង្គ។

ចប់ ភាណវារៈ ទី៤។

ឥសីយកផ្កាទាំងឡាយ បូជាព្រះពុទ្ធជាមហាឥសី មានយសធំ ដែល​មកក្នុងកណ្ដាលនៃ​ពួក​ជន ដើម្បី​ប្រយោជន៍ដល់ពោធិញ្ញាណ។ ព្រះមហាមុនី ព្រះនាមទីបង្ករ មានព្យាយាមធំ ឃើញឥសីមានចិត្តខ្ពង់​ខ្ពស់ ទ្រង់ព្យាករក្នុងកណ្ដាលនៃជន។

ព្រះមហាមុនី ព្រះនាមទីបង្ករ ជាអ្នកប្រាជ្ញ ទ្រង់ព្យាករនូវអំពើរបស់ខ្ញុំ ដែលជាស្រីមានភាព​ត្រង់ ក្នុងកប្បមានប្រមាណមិនបាន អំពីកប្ប​នេះថា ម្នាលមហាឥសី ស្រីនេះនឹងជាអ្នក​មានចិត្តស្មើគ្នា មាន​ការងារ​ស្មើគ្នា ជាអ្នកធ្វើការស្មើគ្នា ជាទីស្រឡាញ់ដោយការងារ ស្មើគ្នា​នឹងអ្នក ដើម្បីប្រយោជន៍នៃ​អ្នក។ មួយទៀត ស្រីនេះនឹងជាអ្នកមាន​រូបគួរឲ្យរមិល​មើល​ក្រៃលែង គួរឲ្យស្រឡាញ់ ពេញចិត្តក្រៃ​លែង ពោលពាក្យជា​ទីស្រឡាញ់ ជាអ្នកមានឫទ្ធិ នឹងបានជាញាតិក្នុងធម៌នៃព្រះពុទ្ធនោះ។ ប្រៀបដូច​ជនជាម្ចាស់ទ្រព្យ រមែងរក្សាស្មុគ្រ​សម្រាប់​ដាក់នូវភណ្ឌៈ យ៉ាងណា ស្រីនេះ នឹងរក្សាធម៌ជាកុសល​ទាំងឡាយ ក៏យ៉ាង​នោះដែរ។ ស្រីនេះ កាលអនុគ្រោះនូវកុសលធម៌នោះ របស់ព្រះពុទ្ធនោះ នឹងញ៉ាំង​បារមី​ទាំងឡាយ​ឲ្យពេញ នឹងដល់នូវពោធិញ្ញាណ ដូចសត្វសីហៈ​លះបង់ទ្រុងដូច្នោះ។

ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រះពុទ្ធទ្រង់ព្យាករ​ខ្ញុំដោយ​វាចាណា ខ្ញុំត្រេកអរ​ចំពោះ​​វាចា​នោះ ជាអ្នកធ្វើយ៉ាង​នោះ កាល​កុសលកម្ម​ដែលខ្ញុំធ្វើល្អហើយនោះ ខ្ញុំញ៉ាំង​ចិត្តឲ្យ​ជ្រះថ្លា ក្នុង​កុសល​នោះ ហើយបានកំណើតជារបស់នៃទេវតា និងមនុស្សរាប់​មិន​អស់។ លុះ​ទទួលនូវសេចក្ដីសុខ និងទុក្ខ ក្នុងទេវតា និងមនុស្សហើយ ដល់មកក្នុង​បច្ឆិមភព បានកើតក្នុងត្រកូលសក្យៈ។ លំដាប់នោះ​ ខ្ញុំជាអ្នកមានរូបល្អ មានភោគៈ ​មាន​យស និងសីល បរិបូណ៌ដោយ​អវយវៈទាំងពួង ជាអ្នកគោរពចំពោះ​ប្ដី ក្នុងត្រកូលទាំង​ឡាយ។ ឯចិត្ត​របស់ខ្ញុំដែលប្រជុំចុះក្នុងលោកធម៌ មានលាភៈ សេចក្ដីសរសើរ និង​សក្ការៈ​ជា​ដើម ជាចិត្តមិនដល់នូវសេចក្ដីទុក្ខទេ តើខ្ញុំនឹងមានភ័យ​អំពី​ណា។ ​សមដូចជា​ព្រះមានព្រះភាគ​​បានត្រាស់​ចំពោះព្រះរាជា​ខាងក្នុង​បូរីដូច្នេះថា បពិត្រព្រះអង្គមាន​ព្យាយាម ព្រះអង្គសម្ដែងឧបការ​គុណរបស់នារីនៃពួកក្សត្រិយ៍ក្នុងបូរីនោះ គឺនារីធ្វើសេចក្ដី​ទំនុក​បំរុង នារីដឹងសុខ និងទុក្ខ នារីប្រាប់ប្រយោជន៍ និងនារីជាអ្នកអនុគ្រោះ។ (ដោយ​សារនារី​នោះ) តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ​ដល់ព្រះពុទ្ធប្រាំរយកោដិ និង​ប្រាំបួនរយកោដិ ជាទេវតាក្រៃលែង​ជាង​ទេវតា។ បពិត្រមហារាជ សេចក្ដីកសាងដ៏ធំ​របស់​តថាគត សូមព្រះអង្គ​ស្ដាប់​តថាគត ព្រះពុទ្ធទាំងឡាយជានាយក ជាកំពូលនៃ​លោក ដប់មួយ​រយកោដិ។ តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅដល់​ព្រះពុទ្ធ​ទាំងនុ៎ះ ដែល​ជា​ទេវតា​ក្រៃលែងជាងទេវតា បពិត្រមហារាជ ការកសាង​ដ៏ធំរបស់តថាគត សូមព្រះអង្គ​ស្ដាប់​តថាគត។ ព្រះពុទ្ធទាំងឡាយពីរ​ពាន់​កោដិផង បីពាន់កោដិផង តថាគតបានញ៉ាំង​មហាទាន​ឲ្យប្រព្រឹត្តទៅ ដល់ព្រះ​ពុទ្ធទាំងនុ៎ះ ដែលជាទេវតាក្រៃលែងជាងទេវតា។ បពិត្រ​មហារាជ សេចក្ដីកសាងដ៏ធំរបស់តថាគត​ សូមព្រះអង្គស្ដាប់​តថាគត ព្រះពុទ្ធទាំងឡាយ បួនពាន់កោដិផង ប្រាំរយកោដិផង តថាគតបានញ៉ាំងមហា​​ទានឲ្យប្រព្រឹត្តទៅ ដល់​ព្រះពុទ្ធ​ទាំងឡាយនុ៎ះ ដែលជាទេវតាក្រៃលែងជាងទេវតា បពិត្រមហារាជ ការ​កសាងដ៏ធំ​របស់​តថាគត សូមព្រះអង្គស្ដាប់តថាគត។ ព្រះពុទ្ធទាំងឡាយ ប្រាំមួយ​ពាន់កោដិផង ប្រាំពីរ​ពាន់កោដិផង តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនុ៎ះ ដែល​ជាទេវតាក្រៃលែង​ជាងទេវតា។ បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គ​ស្ដាប់​តថាគត ព្រះពុទ្ធទាំង​ឡាយ ប្រាំបីពាន់កោដិផង ប្រាំបួនពាន់កោដិផង តថាគត​បានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធ​ទាំងនុ៎ះ ដែលជាទេវតា ក្រៃលែងជាង​ទេវតា។ បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះ​អង្គស្ដាប់តថាគត។ ព្រះពុទ្ធ​ទាំងឡាយ ជានាយកដ៏ប្រសើរ​ក្នុងលោក មួយសែនកោដិ តថាគតបាន​ញ៉ាំង​មហាទាន​ឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនុ៎ះ ​ដែលជាទេវតាក្រៃលែងជាងទេវតា។ បពិត្រ​មហា​រាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត ព្រះពុទ្ធ​ទាំងឡាយ ជា​នាយកនៃសត្វ​លោកដទៃទៀត ប្រាំបួនពាន់កោដិ។ តថាគតបានញ៉ាំងមហាទានឲ្យ​ប្រព្រឹត្ត​​ទៅ ​ដល់ព្រះពុទ្ធទាំងនុ៎ះ ដែល​ជាទេវតាក្រៃលែងជាងទេវតា បពិត្រមហារាជ ការ​កសាង​ដ៏ធំរបស់​តថាគត សូមព្រះអង្គស្ដាប់តថាគត។​ ព្រះពុទ្ធជាមហេសី ៨៥ សែន​កោដិផង ១ សែនកោដិផង ៨៥ កោដិផង ២៧ កោដិផង តថាគតបាន​ញ៉ាំងមហាទាន​ឲ្យ​ប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនុ៎ះ ដែល​ជា​ទេវតាក្រៃលែងជាងទេវតា។ បពិត្រមហា​រាជ​ ការកសាងដ៏​ធំរបស់​តថាគត សូមព្រះអង្គស្ដាប់តថាគត។ ព្រះបច្ចេកពុទ្ធទាំងឡាយ ដែល​ប្រាស​ចាករាគៈ ចំនួនប្រាំបីៗកោដិ បពិត្រមហារាជ ការកសាង​ដ៏ធំ​របស់​តថាគត (ចំពោះ​ព្រះបច្ចេកពុទ្ធទាំង​នុ៎ះ) សូមព្រះអង្គ​ស្ដាប់តថាគត។ ព្រះខីណាស្រពទាំងឡាយ ជាសាវ័ក​នៃ​ព្រះពុទ្ធ មានប្រមាណរាប់មិន​បាន មានមន្ទិលអស់ហើយ បពិត្រមហារាជ ការកសាង​ដ៏​ធំរបស់​តថាគត (ចំពោះព្រះខីណាស្រពទាំង​នុ៎ះ) សូម​ព្រះអង្គ​ស្ដាប់តថាគត។ កាលបុគ្គល​អ្នកសន្សំ​ក្នុងធម៌ទាំងឡាយ កាលបុគ្គលអ្នកប្រព្រឹត្តនូវព្រះសទ្ធម្មទាំងឡាយសព្វៗកាល បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌យ៉ាងនេះ តែងដេកជាសុខក្នុងលោកនេះ ​និងលោក​ខាង​មុខ។ បុគ្គល​គប្បីប្រព្រឹត្តធម៌ឲ្យជាសុចរិត មិនគប្បីប្រព្រឹត្តធម៌នោះឲ្យជាទុច្ចរិតឡើយ ​បុគ្គលអ្នក​ប្រព្រឹត្ត​ធម៌ តែងដេកជាសុខក្នុងលោកនេះ និងលោកខាងមុខ។ ខ្ញុំនឿយណាយក្នុងសង្សារ​ ហើយ​ចូលទៅ​កាន់ផ្នួស ដោយបរិវារមួយពាន់ លុះបួសហើយ មិនមានសេចក្ដី​ក្រវល់​ក្រវាយ។ ខ្ញុំលះ​បង់ផ្ទះហើយ ចូលទៅកាន់ផ្នួស មិនទាន់ដល់​កន្លះខែផង ក៏បានដល់សច្ចៈ ៤។ ជនទាំងឡាយជាច្រើន ​នាំចីវរ បិណ្ឌបាត និងទីដេក ទីអង្គុយចូលមក ដូចជារលក​ក្នុង​សាគរ។ កិលេសទាំងឡាយ ខ្ញុំដុត​បំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រី​មិន​មានអាសវៈ ព្រោះបានកាត់ចំណង ដូចជា​មេដំរីកាត់​ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុង​សំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ ខ្ញុំដល់នូវ​សេចក្ដីទុក្ខច្រើន​ប្រការផង នូវសម្បត្តិច្រើនប្រការផង នូវភាវនា​ស្អាតផង ហើយបាននូវសម្បទាទាំងពួង។ បុគ្គលណា​ ឲ្យខ្លួនរបស់ខ្លួន ដល់ព្រះពុទ្ធមហេសី ដើម្បីប្រយោជន៍ដល់បុណ្យ សហាយសម្បទា និង​ចំណែក​នៃព្រះ​និព្វាន មិនមានបច្ច័យតាក់តែង រមែងមានដល់បុគ្គល​នោះ។ កិលេសជាត ជាអតីតក្ដី ជាបច្ចុប្បន្នក្ដី ជាអនាគតក្ដី អស់​រលីង​ហើយ កម្មទាំងពួងរបស់ខ្ញុំអស់ហើយ បពិត្រព្រះអង្គមានបញ្ញាចក្ខុ ខ្ញុំសូមក្រាបថ្វាយ​បង្គំព្រះបាទា។

បានឮថា ព្រះយសោធរាភិក្ខុនីមានអាយុ បានសម្ដែង​នូវគាថា​ទាំងនេះ ចំពោះព្រះភក្រ្ដនៃ​ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ យសោធរាថេរិយាបទាន។

ទសសហស្សថេរីនមបទាន ទី៩

[២៩] ក្នុងកប្បទី ៤ អសង្ខេយ្យ និងមួយសែន ព្រះជិនស្រី ព្រះនាម​ទីបង្ករ ជាលោកនាយក ទ្រង់​កើតឡើង។ ព្រះពុទ្ធព្រះនាម​ទីបង្ករ ជាមហាវីរបុរស ទ្រង់ព្យាករនូវសុមេធតាបសផង នាងសុមិត្តា​ផង ដែលរួមសុខទុក្ខជាមួយគ្នា។ ព្រះមហាមុនី ព្រះអង្គឃើញ​មនុស្សលោក ព្រមទាំងទេវលោក ទាំង​ទ្រង់ស្ដេចទៅកាន់មនុស្សលោក ព្រមទាំង​ទេវលោក ហើយចូល​មក​កាន់ទីប្រជុំនៃយើងខ្ញុំ ដែលកំពុង​សរសើរ​ជនទាំងនោះ។ ប្ដីទាំងអស់របស់យើងខ្ញុំ មាន​ក្នុងទី​សមាគមជា​អនាគត ប្រពន្ធទាំងអស់របស់​ព្រះអង្គ ជាទីពេញព្រះទ័យនៃ​ព្រះអង្គ ជាអ្នក​​ពោលពាក្យជាទីស្រឡាញ់។ ទាន សីល ភាវនាទាំងអស់​ យើងខ្ញុំ​បាន​អប់រំ​ដោយ​ល្អ​ហើយ បពិត្រព្រះមហាមុនី វត្ថុទាំងអស់នេះ ខ្ញុំបាន​លះបង់ចោល អស់កាល​ជាយូរ​អង្វែង​ហើយ។ វត្ថុណាមួយ គឺគ្រឿង​ក្រអូប កម្រងផ្កា គ្រឿងលាប និងប្រទីបជាវិការៈនៃកែវ​ ដែល​យើង​ខ្ញុំបាន​តម្កល់ទុកហើយ បពិត្រព្រះមហាមុនី វត្ថុទាំងអស់ (នោះ) យើងខ្ញុំបាន​លះបង់ចោល​ហើយ។ ន័យមួយទៀត អំពើដទៃ និងគ្រឿង​បរិភោគ ជារបស់​មនុស្ស​ដែល​យើងបានធ្វើហើយ បពិត្រ​ព្រះមហាមុនី របស់ទាំងអស់នុ៎ះ យើងខ្ញុំបានលះបង់ចោល​អស់​កាល​​យូរអង្វែង​ហើយ។ បុណ្យមាន​ប្រមាណច្រើន ដែលយើងបានធ្វើហើយ បានសោយ​នូវភាពជាឥស្សរៈ ត្រាច់រង្គាត់ក្នុងភពតូចភពធំ អស់​សំសារវដ្ដ​មានជាតិច្រើន។ លុះដល់​មក​ក្នុង​បច្ឆិមភព ​​យើងខ្ញុំបានកើត​ក្នុង​ត្រកូលផ្សេងៗគ្នា​ ក្នុងលំនៅនៃព្រះសក្យបុត្រ ជាស្រី​មាន​ពណ៌សម្បុរ​​ជា​ទីប្រាថ្នា បីដូចជាស្រីទេពអប្សរ។ បានដល់​នូវយស ​ដែលជនទាំងពួង ធ្វើសក្ការបូជាហើយ ដោយលាភដ៏ប្រសើរ បាននូវ​បាយ និងទឹក ដែលពួកជនរាប់​អាន​សព្វៗកាល។ យើងខ្ញុំលះបង់នូវផ្ទះ ហើយចូលទៅកាន់ផ្នួស មិនទាន់បានដល់កន្លះខែ ក៏បាន​ដល់​សេចក្ដី​រំលត់​ទុក្ខទាំងអស់គ្នា។ យើងខ្ញុំជាអ្នកបាននូវបាយ និងទឹកផង នូវ​សំពត់ និងសេនាសនៈផង ​បច្ច័យទាំងពួង រមែងមានគ្រប់គ្រាន់ យើងខ្ញុំត្រូវ​គេធ្វើ​សក្ការបូជា​សព្វកាល។ កិលេសទាំងឡាយ​ យើងខ្ញុំដុត​បំផ្លាញហើយ ភពទាំងអស់ យើង​ខ្ញុំគាស់រំលើងហើយ យើងខ្ញុំជាអ្នក​មិន​មានអាសវៈ​ ព្រោះ​បានកាត់ចំណង ដូចជាមេដំរី​កាត់ផ្ដាច់នូវទន្លីង។ ឱ! យើងខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធជា​បុគ្គលប្រសើរ វិជ្ជា ៣ យើងខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ យើងខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ យើងខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះ​ពុទ្ធ យើងខ្ញុំក៏បានប្រតិបត្តិ​ហើយ។

បានឮថា ព្រះភិក្ខុនីមួយម៉ឺនរូប មានព្រះនាងយសោធរាភិក្ខុនី​ជាប្រធានមានអាយុ បាន​សម្ដែង​​នូវគាថាទាំងនេះ ចំពោះព្រះភ័ក្រ្ត​ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ ទសសហស្សថេរីនមបទាន។

អដ្ឋារសថេរីសហស្សានមបទាន ទី១០

[៣០] ភិក្ខុនី ១៨ ពាន់ មាននាងយសោធរាជាប្រធាន ដែលកើតក្នុង​ត្រកូលសាក្យៈ បាននាំ​គ្នា​​ចូលទៅគាល់ព្រះសម្ពុទ្ធ។ ភិក្ខុនីទាំង ១៨ ពាន់នោះ សឹងមានឫទ្ធិច្រើន នាំគ្នាចូលទៅ​ថ្វាយបង្គំព្រះបាទា​ព្រះមុនី ក្រាបទូលតាមសមគួរដល់កម្លាំងថា បពិត្រព្រះមហាមុនី ជាតិ ជរា ព្យាធិ និងមរណៈ (នៃយើង​ខ្ញុំ) អស់ហើយ បពិត្រព្រះអង្គជានាយក យើងខ្ញុំទាំងឡាយ នឹងទៅកាន់ព្រះនិព្វានឈ្មោះអមតៈ​ ដែលមិន​មានអាសវៈ ជាផ្លូវដ៏ស្ងប់រម្ងាប់។ បពិត្រ​ព្រះមហាមុនី កាលពីដើម ពួកភិក្ខុនីទាំងអស់ ​​មានសេចក្ដីភ្លាំងភ្លាត់ ពួកភិក្ខុនីដឹង​ច្បាស់​នូវ​កំហុស បពិត្រព្រះអង្គជានាយក សូមព្រះអង្គអត់ទោសដល់យើងខ្ញុំ។

នាងទាំងឡាយ ជាអ្នកធ្វើតាមសាសនារបស់តថាគត ចូរសម្ដែង​នូវឫទ្ធិ ឲ្យទាល់តែកាត់​សេចក្ដី​សង្ស័យរបស់ពួកបរិស័ទទាំងអស់។

បពិត្រព្រះមហាវីរៈ ខ្ញុំម្ចាស់យសោធរា ជាទីពេញព្រះហឫទ័យ ជាទីស្រឡាញ់ គួររមិល​មើល បពិត្រមហាវីរៈ ស្រ្ដីទាំងពួងជាព្រះជាយា ក្នុងដំណាក់របស់ព្រះអង្គ។ បពិត្រព្រះអង្គ​មានព្យាយាម ​បណ្ដាពួក​ស្រីមួយសែន ៩៦ រូប ខ្ញុំម្ចាស់ជាប្រធាន ជាឥស្សរៈ​លើ​ស្រីទាំង​ពួង ក្នុងព្រះរាជដំណាក់​របស់ព្រះអង្គ។ ពួកស្រីទាំងអស់ ជាអ្នកបរិបូណ៌​ដោយ​គុណ គឺរូប និងអាចារៈ ឋិតនៅក្នុងបឋមវ័យ ពោលពាក្យជាទី​ស្រឡាញ់ តែងគោរពកោតក្រែងខ្ញុំម្ចាស់ ដូចពួកមនុស្សគោរពកោតក្រែងពួកទេវតា។ ពួកស្រីទាំង ១៨ ពាន់ កើតក្នុងត្រកូលសាក្យៈ ក្នុងកាល​នោះ ស្រីមួយពាន់ ទ្រទ្រង់យស ជាប្រធាន ជាធំ។ បពិត្រព្រះមហាមុនី ស្រីទាំង​ឡាយ កន្លងនូវកាមធាតុ ឋិតនៅក្នុង​រូបធាតុ ប្រាកដស្មើ​ដោយរូប​នៃស្រីទាំងមួយពាន់ គ្មាន​ទេ។ ថេរីទាំង​ឡាយ មានឫទ្ធិច្រើន លុះថ្វាយបង្គំព្រះសម្ពុទ្ធហើយ សម្ដែងឫទ្ធិ​ថ្វាយ​ព្រះសាស្ដា សម្ដែងនូវ​មហិទ្ធិឫទ្ធិ មានអាការផ្សេងៗដ៏ច្រើន។ គឺសម្ដែងកាយ​ស្មើនឹង​ចក្កវាឡ​ ឧត្តរកុរុទ្វីបជាក្បាល ទ្វីបទាំងពីរ​ជាស្លាបទាំងពីរខាង ជម្ពូទ្វីបជាសរីរៈ។ ស្រះខាង​ត្បូង ជាសំណុំកន្ទុយ​ស្ទឹងផ្សេងៗ ជាបំពង់ស្លាប ព្រះចន្រ្ទ និង​ព្រះអាទិត្យ ជាភ្នែក ភ្នំមេរុជា​សិរ។ ភ្នំចក្កវាឡ និងដើមព្រីង ព្រម​ទាំងឫស ​​ជាចំពុះ កាលបក់ហើយ ចូលមក​ថ្វាយ​បង្គំព្រះលោកនាយក ។ កាលនោះ បានសម្ដែងភេទ​នៃដំរី សេះ ភ្នំ ជលជាតិ ព្រះចន្រ្ទ ព្រះអាទិត្យ ភ្នំមេរុ និងភេទព្រះឥន្ទ។ បពិត្រព្រះអង្គមានព្យាយាម​​ មានចក្ខុ យើងខ្ញុំ និង​នាង​យសោធរា ​សូមថ្វាយបង្គំព្រះបាទា បពិត្រ​ព្រះអង្គជា​នាយកនៃជន យើងខ្ញុំ​សម្រេច​ហើយ ដោយអានុភាព​របស់​ព្រះអង្គ អស់កាលដ៏យូរ។ បពិត្រព្រះមហាមុនី យើងខ្ញុំ​ជា​អ្នក​ស្ទាត់​ជំនាញ​ក្នុងឫទ្ធិទាំងឡាយផង ក្នុងសោតធាតុជាទិព្វផង ជាអ្នក​ស្ទាត់​ជំនាញ​ក្នុង​ចេតោបរិយញ្ញាណផង។ យើងខ្ញុំដឹងបុព្វេនិវាសៈ ទិព្វចក្ខុ យើងខ្ញុំជម្រះស្អាត​ហើយ យើង​ខ្ញុំ​មានអាសវៈទាំងពួង​អស់ហើយ ឥឡូវ​នេះ ភពថ្មីទៀតមិនមានឡើយ។ បពិត្រ​ព្រះអង្គ​មាន​​ព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និង​បដិភាណប្បដិសម្ភិទានៃយើងខ្ញុំ កើតឡើង​ហើយក្នុងសំណាក់របស់ព្រះអង្គ។ ​ការគប់​រក​នូវ​ព្រះពុទ្ធទាំងឡាយ ដែលជាទីពឹងរបស់សត្វលោក យើងខ្ញុំបានសម្ដែងហើយ បពិត្រ​ព្រះមហាមុនី ការកសាងជាច្រើន យើងខ្ញុំបានធ្វើហើយ ដើម្បី​ប្រយោជន៍​ព្រះអង្គ។ បពិត្រ​ព្រះមុនី កុសលកម្មណា ដែលជាកម្មចាស់​របស់ខ្ញុំ សូមព្រះអង្គនឹកនូវកុសលកម្មនោះ បពិត្រ​ព្រះអង្គមាន​ព្យាយាមធំ បុណ្យទាំងឡាយ យើងខ្ញុំសន្សំហើយ ដើម្បីប្រយោជន៍​ព្រះអង្គ។ បពិត្រព្រះអង្គមានព្យាយាមធំ យើងខ្ញុំបានវៀរក្នុងទីមិនគួរ​ហើយ ហាមឃាត់​នូវ​អនាចារ សូម្បីជីវិត យើងខ្ញុំក៏បានលះបង់​ដើម្បីប្រយោជន៍ព្រះអង្គ។ ព្រះអង្គទ្រង់ប្រទាន​យើងខ្ញុំ ដើម្បីប្រយោជន៍​ជាភរិយា នៃបុគ្គលដទៃវិញ អស់​ជាតិមានពាន់នៃកោដិដ៏ច្រើន បពិត្រ​ព្រះមហាមុនី យើងខ្ញុំឥតមានតូចចិត្តក្នុងរឿងនោះទេ ដើម្បីប្រយោជន៍​ព្រះអង្គ។ ព្រះអង្គបានប្រទាននូវយើងខ្ញុំ ដើម្បីទំនុកបម្រុង (ជនដទៃ) អស់ជាតិមានពាន់នៃកោដិដ៏​ច្រើន បពិត្រព្រះមហាមុនី យើងខ្ញុំឥតមាន​តូចចិត្តក្នុងរឿងនោះទេ ដើម្បីប្រយោជន៍​ព្រះអង្គ។ ព្រះអង្គ​ទ្រង់​ព្រះរាជទាន​នូវយើងខ្ញុំ ដើម្បីប្រយោជន៍ដល់ការប្រើប្រាស់នៃជន​ដទៃ អស់ជាតិមានពាន់នៃកោដិដ៏​​ច្រើន បពិត្រព្រះមហាមុនី យើងខ្ញុំ​ទាំងឡាយ ឥត​មាន​តូចចិត្តក្នុងរឿងនោះទេ ដើម្បីប្រយោជន៍ព្រះអង្គ។ យើងខ្ញុំបានលះបង់ជីវិតទាំងឡាយ មាន​ពាន់នៃកោដិដ៏ច្រើន គឺធ្វើឲ្យគេរួចចាកទុក្ខភ័យ ស៊ូលះបង់ជីវិត​នៃខ្លួន។ បពិត្រ​ព្រះមហា​មុនី យើងខ្ញុំមិនដែលលាក់ទុកនូវគ្រឿងប្រដាប់ដែលជាប់នឹងអង្គ ដូចយ៉ាង​សំពត់​ផ្សេងៗជាច្រើន ភណ្ឌៈរបស់ស្រី ដើម្បីប្រយោជន៍ព្រះអង្គ។ បពិត្រព្រះមហាមុនី យើងខ្ញុំ​បាន​បរិច្ចាគទ្រព្យ និងស្រូវ ​បានបរិច្ចាគ​ស្រុក និគម ស្រែ កូនប្រុស កូនស្រី។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាមធំ យើងខ្ញុំបានបរិច្ចាគដំរី សេះ គោ ខ្ញុំស្រី អ្នកបម្រើ​រាប់មិនអស់ ​ដើម្បីប្រយោជន៍ព្រះអង្គ។ ព្រះអង្គបាន​ប្រឹក្សានឹងយើងខ្ញុំ ដោយទាន​ណា យើងខ្ញុំក៏​បានឲ្យ​ទាននោះ ដល់ស្មូមទាំងឡាយ យើងខ្ញុំមិន​បានឃើញ​នូវសេចក្ដីតូចចិត្តចំពោះព្រះអង្គ កាល​ដែលឲ្យទានដ៏ឧត្ដម​នោះ​សោះឡើយ។ បពិត្រព្រះអង្គមាន​ព្យាយាមធំ យើងខ្ញុំ​ទាំងឡាយ បានទទួលនូវសេចក្ដីទុក្ខ មានចំណែកច្រើនចំពូកណាស់ រាប់មិនអស់​ក្នុង​សំសារ មានចំណែកច្រើន ដើម្បីប្រយោជន៍ព្រះអង្គ។ បពិត្រព្រះមហាមុនី យើងខ្ញុំបាន​រីករាយ តាម​ចំណែកបុណ្យដែលនាំមក​នូវសេចក្ដីសុខ ​ទាំងមិនតូចចិត្តចំពោះទុក្ខទាំង​ឡាយ ជាអ្នកត្រេកអរ​ក្នុងទី​ទាំងពួង ដើម្បីប្រយោជន៍ព្រះអង្គ។ បពិត្រព្រះមហាមុនី ព្រះសម្ពុទ្ធ​​ទ្រង់​សោយនូវសុខទុក្ខ ហើយដល់​នូវការត្រាស់ដឹង នាំមក​នូវធម៌​ដោយ​លំដាប់​មគ្គ។ ​ការគប់រកព្រះសម្ពុទ្ធ ព្រះនាមគោតម ជាលោក​នាយក ដែលជាទេវតាប្រសើរផង ព្រះលោកនាថ​ទាំងឡាយ​ដទៃផង យើងខ្ញុំ (បានជួបហើយ) ​ជាច្រើនដង។ សេចក្ដីកសាង​ដ៏ច្រើននៃយើងខ្ញុំ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ព្រះអង្គ បពិត្រព្រះ​មហាមុនី យើងខ្ញុំ​ជា​ស្រីបម្រើរបស់ព្រះអង្គ កាលដែលទ្រង់ស្វែង​រកនូវពុទ្ធធម៌។ ក្នុងកប្បទី ៤ អសង្ខេយ្យ និង ១ សែន ព្រះសម្ពុទ្ធ​ព្រះនាម​ទីបង្ករ ជាមហាវីរបុរស ជាលោកនាយក ទ្រង់កើតឡើង។ ជនទាំងឡាយនៅបច្ចន្តប្រទេស និមន្តព្រះតថាគត មានចិត្តត្រេកអរ នាំគ្នាជម្រះផ្លូវ​សម្រាប់​យាងមក​នៃព្រះតថាគតនោះ។ ក្នុងកាលនោះ ព្រះអង្គជាព្រាហ្មណ៍ ឈ្មោះ​សុមេធៈ បានចាត់ចែងរៀងចំផ្លូវ ដើម្បី​ព្រះសម្ពុទ្ធទីបង្ករ ទ្រង់ឃើញហេតុទាំងពួង ទ្រង់​យាង​មក។ ក្នុងកាលនោះ យើងខ្ញុំទាំងអស់គ្នា កើត​ក្នុងត្រកូលព្រាហ្មណ៍ បានទៅ​នាំ​យក​ផ្កា ផលុកជាតិមកកាន់ទីប្រជុំ។ ក្នុងសម័យនោះ ព្រះពុទ្ធទ្រង់​ព្រះ​នាមទីបង្ករ មានយសធំ មានព្យាយាមធំនោះ ទ្រង់បានព្យាករនូវ​សុមេធតាបស ជាឥសីមានចិត្ត​រីករាយ។ កាល​ព្រះពុទ្ធទីបង្ករ ទ្រង់ប្រកាស​កម្មរបស់សុមេធតាបសនោះថា ជាឥសីមានចិត្តរីករាយ​ផែនដី​ក៏កក្រើក រំភើបញាប់ញ័រ ក្នុងមនុស្សលោក ព្រមទាំងទេវលោក។ ពួកទេវកញ្ញា ពួកមនុស្ស ទាំង​យើងខ្ញុំ ព្រមទាំងទេវតា សឹងនាំគ្នា​បូជាគ្រឿងប្រដាប់ដែលគួរបូជាផ្សេងៗ ហើយតាំង​ប្រាថ្នា។ ព្រះពុទ្ធ​ជាម្ចាស់ មានព្រះនាមទីបង្ករ ទ្រង់បានព្យាករដល់ពួកជនទាំងនោះថា ជន​ទាំងឡាយណា មានសេចក្ដី​ប្រាថ្នាក្នុងថ្ងៃនេះ ជនទាំងនោះ ឈ្មោះថា មានក្នុងទី​ចំពោះ​មុខ (នៃព្រះពុទ្ធ)។ ក្នុងកប្បប្រមាណ​មិនបាន​អំពីកប្បនេះ ព្រះពុទ្ធព្យាករនូវយើងខ្ញុំ ដោយ​ព្រះពុទ្ធដី​កាណា យើងខ្ញុំរមែងរីករាយ តាមព្រះពុទ្ធដីកានោះ​ ជាអ្នកធ្វើតាមយ៉ាងនោះ។ ជនទាំងឡាយ បានចាប់កំណើតជារបស់ទេវតា និងមនុស្ស រាប់មិន​អស់ ​ហើយញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លាក្នុងព្រះពុទ្ធនោះ ដោយអំណាចនៃ​កម្មនោះ ដែលខ្លួនធ្វើល្អហើយ។ យើងខ្ញុំបាន​សោយសុខទុក្ខក្នុង​ទេវតា​ផង មនុស្សផង ដល់មកក្នុងបច្ឆិមភពនេះ បានមកកើតក្នុង​ត្រកូល​​សក្យៈ។ ​យើងខ្ញុំជាអ្នកមានរូបល្អ មានភោគសម្បត្តិច្រើន មានយស និងសីលដ៏ល្អ បរិបូណ៌ដោយអវយវៈសព្វ​គ្រប់ ជាអ្នក​អង់អាច​លើសក្នុង​ត្រកូលទាំងឡាយ។ ចិត្តនៃយើង​ខ្ញុំ ដែលប្រជុំចុះក្នុង​លោកធម៌ មាន​លាភៈ សេចក្ដីសរសើរ និងគ្រឿងសក្ការៈ ជាចិត្ត​មិនដល់​នូវសេចក្ដីទុក្ខទេ តើយើងខ្ញុំនឹងមានភ័យអំពី​ណា។ សមដូចជា​ព្រះមានព្រះភាគ ទ្រង់ត្រាស់នូវព្រះតម្រាស់នេះ ចំពោះ​ស្ដេចខាង​ក្នុងបុរី ក្នុងកាល​នោះដូច្នេះថា មហារាជ​បាន​សម្ដែង​នូវ​ឧបការគុណ​របស់​នារីនៃពួកក្សត្រក្នុងបុរីនោះ គឺនារីអ្នកមានឧបការៈ​ នារីរួម​សុខ​ទុក្ខ នារីដែលប្រាប់នូវប្រយោជន៍ និងនារីជាអ្នកមានសេចក្ដីអនុគ្រោះ។ បុគ្គល​គប្បី​ប្រព្រឹត្ត​​ធម៌ឲ្យជាសុចរិត កុំគប្បីប្រព្រឹត្តធម៌នោះឲ្យជាទុច្ចរិត​ឡើយ បុគ្គលអ្នកប្រព្រឹត្តធម៌ រមែង​ដេកជាសុខ ​ក្នុងលោកនេះផង ក្នុងលោកខាងមុខផង។ យើងខ្ញុំបានលះបង់​ផ្ទះ​ហើយ ហើយចូលទៅ​កាន់ផ្នួស មិន​ទាន់បានដល់កន្លះខែ ស្រាប់តែយើងខ្ញុំបាននូវសច្ចៈ ៤។ ពួកជនដ៏ច្រើន តែងបង្អោនមកនូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ និង​សេនាសនប្បច្ច័យ​ចំពោះយើងខ្ញុំ បីដូចរលកនៃសាគរ។ កិលេស​ទាំងឡាយ យើង​ខ្ញុំដុតបំផ្លាញហើយ ភព​ទាំងអស់ យើងខ្ញុំដកចោល​ចេញហើយ យើងខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះ​បានកាត់​ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! យើងខ្ញុំមកល្អហើយ ក្នុងសំណាក់​នៃព្រះពុទ្ធដ៏​ប្រសើរ វិជ្ជា ៣ យើងខ្ញុំបានសម្រេចហើយ សាសនា​របស់ព្រះពុទ្ធ យើងខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ យើងខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​​របស់ព្រះពុទ្ធ យើងខ្ញុំក៏​បានប្រតិបត្តិហើយ។ យើងខ្ញុំដល់នូវភាពបរិសុទ្ធ បរិបូណ៌​ដោយគុណទាំងពួង តែងបាននូវទុក្ខមាន​ប្រការច្រើន និង​សម្បត្តិ មានប្រការច្រើន​យ៉ាង​នេះឯង។ ស្រីទាំងឡាយណា ឲ្យនូវខ្លួន​ជា​របស់ខ្លួន ដល់​បុគ្គលស្វែងរកនូវគុណដ៏ធំ ដើម្បី​ប្រយោជន៍​ដល់​បុណ្យ ស្រីទាំងឡាយនោះ ឈ្មោះថាអ្នកបរិបូណ៌ដោយសំឡាញ់ តែងបាន​នូវព្រះនិព្វាន មានចំណែក មិនមានបច្ច័យប្រជុំតាក់តែង។ កម្មជាអតីត ជាបច្ចុប្បន្ន​ ជា​អនាគត​នៃយើងខ្ញុំអស់ហើយ កម្មទាំងពួង​របស់យើងខ្ញុំ អស់រលីងហើយ បពិត្រព្រះអង្គ​មាន​ចក្ខុ ​យើងខ្ញុំសូម​ថ្វាយ​បង្គំនូវព្រះបាទា។ បុគ្គលណា មានទោស គឺបច្ច័យ​ប្រជុំ​តាក់​តែង​​ស្ងប់រម្ងាប់​ហើយ​ ដល់នូវចំណែកព្រះនិព្វាន ឈ្មោះអមតៈ យើងខ្ញុំ​នឹងក្រាប​ទូលដល់​ព្រះអង្គ នូវបុគ្គលនោះ ឲ្យក្រៃលែង​ជាងពួកស្រី ដែលពោលពីព្រះនិព្វានដូចម្ដេចកើត។

បានឮថា ព្រះភិក្ខុនី ១៨.០០០ រូប មានព្រះនាងយសោធរា​ភិក្ខុនីជាប្រមុខ បានសម្ដែងនូវ​គាថា​​ទាំងនេះ ចំពោះព្រះភក្រ្ត​ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ អដ្ឋារសថេរីសហស្សានមបទាន។

ឧទ្ទាន

កុណ្ឌលកេសីថេរិយាបទាន ១ កិសាគោតមីថេរិយាបទាន ១ ធម្មទិន្នាថេរិយាបទាន ១ សកុលាថេរិយាបទាន ១ នន្ទាថេរិយាបទាន ១ សោណាថេរិយាបទាន ១ ភទ្ទកាបិលានីថេរិយាបទាន ១ យសោធរាថេរិយាបទាន ១ ទសសហស្សថេរីនមបទាន ១ អដ្ឋារសថេរីសហស្សានមបទាន ១ មានគាថាចំនួន ៤៧៨។

ចប់ កុណ្ឌលកេសវគ្គ ទី៣។

ខត្តិយកញ្ញាវគ្គ ទី៤

អដ្ឋារសសហស្សខត្តិយកញ្ញាថេរីនមបទាន ទី

[៣១] បពិត្រព្រះមហាមុនី យើងខ្ញុំសូមក្រាបទូលថា ភពទាំងពួងនៃ​យើង​ខ្ញុំអស់ហើយ តំណ​នៃភព ​យើងខ្ញុំបានដោះចេញហើយ អាសវៈ​ទាំងពួងរបស់យើងខ្ញុំមិនមានឡើយ។ បពិត្រព្រះមហាមុនី កុសល​ណាមួយ ដែលយើងខ្ញុំបរិកម្មហើយ ទាំងប្រាថ្នាដោយ​ប្រពៃ​ហើយ គ្រឿងប្រើប្រាស់ យើងខ្ញុំបាន​ឲ្យហើយ ដើម្បីប្រយោជន៍ព្រះអង្គ។​ បពិត្រព្រះមហា​មុនី គ្រឿងប្រើប្រាស់ យើងខ្ញុំបានឲ្យហើយ ដល់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវ័ក​ទាំង​ឡាយ បានប្រាថ្នាហើយ ដើម្បីប្រយោជន៍​នៃព្រះអង្គ។ បពិត្រព្រះមហាមុនី កម្មខ្ពស់ និង​ទាប យើងខ្ញុំបាន​តម្កល់​ទុក ដើម្បីពួកភិក្ខុដោយប្រពៃ ការបរិកម្មក្នុង​ត្រកូលដ៏ខ្ពស់ យើងខ្ញុំ​បាន​​ធ្វើរួចហើយ។ នាងខត្តិយកញ្ញាទាំងឡាយ ជាអ្នកបរិបូណ៌ដោយកម្ម ត្រូវ​កុសលមូល​នោះឯងមកដាស់តឿន ហើយកន្លងនូវធម៌របស់មនុស្ស បានមកកើតក្នុងខត្តិយត្រកូល។​ កម្ម​ដែលយើងខ្ញុំបានសន្សំ បានធ្វើ​ហើយ​ក្នុងជាតិជាមួយគ្នា ក្នុងបច្ឆិមជាតិ យើងខ្ញុំក៏កើត​ក្នុង​ខត្តិយ​ត្រកូល​ជាមួយគ្នា។ បពិត្រព្រះអង្គ មានព្យាយាមធំ យើងខ្ញុំមានរូបល្អ ទាំងមាន​ភោគសម្បត្តិច្រើន ទាំង​មានលាភៈ និងគ្រឿងសក្ការៈ ត្រូវពួក​ជន​បូជាហើយ នៅក្នុង​ព្រះរាជវាំង បីដូចជានៅក្នុងនន្ទនឧទ្យាននៃ​ពួកទេវតា។ យើងខ្ញុំទាំងអស់គ្នា នឿយណាយ ហើយ​ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស នៅអាស្រ័យ​ត្រឹមតែពីរបីថ្ងៃ ក៏បានដល់ព្រះនិព្វាន។ ជនទាំងឡាយដ៏ច្រើន តែងបង្អោននូវចីវរប្បច្ច័យផង បិណ្ឌបាតប្បច្ច័យ​ផង សេនាសនប្បច្ច័យ​ផង ដើម្បីយើងខ្ញុំ បូជានូវគ្រឿងសក្ការៈ​ដល់យើងខ្ញុំសព្វៗកាល។ កិលេស​ទាំងឡាយ យើងខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ យើងខ្ញុំក៏ដកចោលហើយ យើងខ្ញុំ​ជាបុគ្គល​មិនមាន​អាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! យើងខ្ញុំមក​ល្អហើយ ក្នុង​សំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ យើងខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ យើងខ្ញុំបានធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ យើងខ្ញុំបានធ្វើឲ្យជាក់ច្បាស់​ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ យើងខ្ញុំក៏បានប្រតិបត្តិ​ហើយ។

បានឮថា ព្រះខត្តិយកញ្ញាភិក្ខុនី ​ចំនួន ១៨.០០០ រូប មានព្រះនាង​យសោធរាភិក្ខុនី ជា​ប្រធាន​ បាន​សម្ដែងនូវគាថាទាំងនេះ ចំពោះព្រះភក្រ្ដព្រះមានព្រះភាគ ដោយប្រការ​ដូច្នេះ។

ចប់ អដ្ឋារសសហស្សខត្តិយកញ្ញាថេរីនមបទាន។

ចតុរាសីតិសហស្សព្រាហ្មណកញ្ញាថេរីនមបទាន ទី២

[៣២] បពិត្រព្រះមហាមុនី ភិក្ខុនី ៨៤.០០០ កើតក្នុងត្រកូល​ព្រាហ្មណ៍ មានជើងដៃទន់ល្វន់ ក្នុងបុរីនៃព្រះអង្គ។ បពិត្រព្រះមហាមុនី ពួកស្រ្ដីកើតក្នុង​វេស្សត្រកូល និងសុទ្រត្រកូល ពួក​ទេវតា​ ពួក​នាគ ពួកកិន្នរ ពួកនាងកញ្ញាដ៏ច្រើន ទាំង ៤ ទ្វីប ក្នុងបុរីរបស់ព្រះអង្គ។ ពួកស្រី​ខ្លះ ក៏បានបួស ពួកទេវតា​ច្រើន ពួកកិន្នរ និងពួកនាគ​ដែលជា​អ្នកឃើញធម៌ទាំងពួងហើយ គង់នឹង​បានត្រាស់ដឹងក្នុងអនាគត​កាល។ ជនទាំងឡាយនោះ បានទទួលនូវយសទាំងពួង សម្រេចសម្បត្តិ​ទាំងពួង ហើយបាននូវសេចក្ដី​ជ្រះថ្លាក្នុងព្រះអង្គ មុខជានឹងបាន​ត្រាស់ដឹង​ក្នុង​អនាគតកាល។ បពិត្រព្រះអង្គមានព្យាយាមធំ មានចក្ខុ យើងខ្ញុំជាធីតានៃព្រាហ្មណ៍ កើតក្នុងត្រកូលព្រាហ្មណ៍ ប្រកបដោយ​លក្ខណៈ សូមក្រាបថ្វាយបង្គំ​ព្រះបាទា (របស់​ព្រះអង្គ)។ ភពទាំងឡាយ យើងខ្ញុំលះបង់ចោលហើយ ឫសគល់នៃតណ្ហា យើងខ្ញុំ​បានដក​ចេញ​​ហើយ ​អនុស័យ យើងខ្ញុំបានផ្ដាច់ផ្ដិលហើយ បុញ្ញាភិសង្ខារ យើងខ្ញុំបាន​ទំលាយ​ចេញ​​ហើយ។ យើងខ្ញុំទាំងអស់មាន សមាធិជាអារម្មណ៍ ជាអ្នក​ស្ទាត់ជំនាញក្នុងសមាបត្តិ នឹង​ប្រព្រឹត្តនៅ​ដោយការត្រេកអរក្នុងធម៌ ដោយ​ឈានសព្វៗកាល។ បពិត្រព្រះអង្គ​ជា​នាយក តណ្ហាដែលនាំសត្វ​ទៅកាន់ភព អវិជ្ជា និងសង្ខារទាំងឡាយ យើងខ្ញុំបានធ្វើឲ្យអស់​ហើយ យើងខ្ញុំយល់ច្បាស់នូវធម៌ ព្រោះ​ដល់នូវ​បទគឺព្រះនិព្វាន ដែលបុគ្គល​ឃើញបាន​ដោយ​កម្រ។

នាងទាំងឡាយ មានឧបការៈដល់តថាគត នាងទៅកាន់ផ្លូវឆ្ងាយ អស់កាលមានរាត្រីវែង នាង​ទាំងអស់គ្នា ចូរកាត់នូវសេចក្ដីសង្ស័យនៃ​បរិស័ទទាំង ៤ ហើយទៅកាន់​ព្រះនិព្វាន​ចុះ។

ពួកភិក្ខុនីខ្លះ ថ្វាយបង្គំព្រះបាទានៃព្រះមុនីរួចហើយ ក៏ធ្វើនូវការផ្លែងឫទ្ធិ សម្ដែងនូវពន្លឺ ហើយ​​សម្ដែងនូវងងឹតដទៃទៀត ពួកភិក្ខុនីខ្លះ សម្ដែងព្រះចន្រ្ទ និងព្រះអាទិត្យ ខ្លះសម្ដែង​សាគរ ប្រកបដោយត្រី ​ខ្លះសម្ដែងភ្នំសិនេរុ និងភ្នំបរិភ័ណ្ឌ ខ្លះសម្ដែងដើមបារិច្ឆត្តព្រឹក្ស។ ខ្លះ​សម្ដែង​ភពតាវត្តឹង្ស ខ្លះសម្ដែងភព​ឈ្មោះយាមៈដោយឫទ្ធិ ខ្លះនិម្មិត​ជា​ទេវតាមាន​ឥស្សរៈ​​ធំ នៅក្នុងជាន់តុសិត និងវសវត្តី។ ពួកខ្លះនិម្មិត​ជាព្រហ្ម សម្ដែងទីចង្រ្កមមាន​តម្លៃ​ច្រើន ខ្លះនិម្មិតភេទជាព្រហ្ម សម្ដែង​នូវ​ធម៌ដ៏សូន្យ។ លុះពួកស្រីទាំង​អស់ បានផ្លែងឫទ្ធិ​ប្លែកៗ​ហើយ សម្ដែងឫទ្ធិ សម្ដែងកម្លាំងថ្វាយព្រះសាស្ដារួចហើយ ថ្វាយបង្គំព្រះ​បាទា​ព្រះសាស្ដា ទូលថា បពិត្រព្រះមហាមុនី យើងខ្ញុំ​ជាអ្នកស្ទាត់​ជំនាញក្នុងឫទ្ធិទាំងឡាយផង ក្នុង​សោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់​ជំនាញក្នុងចេតោបរិយញ្ញាណផង។ យើងខ្ញុំដឹង​ច្បាស់​នូវបុព្វេនិវាស ទិព្វចក្ខុ ​យើងខ្ញុំបានជម្រះស្អាតហើយ អាសវៈទាំងពួងរបស់​យើងខ្ញុំ​អស់ហើយ ភពថ្មីទៀត ក្នុង​កាលឥឡូវនេះ គ្មានឡើយ។ បពិត្រព្រះអង្គ​មានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទាផង ក្នុង​ធម្មប្បដិសម្ភិទា​ផង ​ក្នុងនិរុត្តិប្បដិសម្ភិទាផង ក្នុង​បដិភាណប្បដិសម្ភិទា​ផង របស់​យើងខ្ញុំ កើតឡើងហើយ​ក្នុងសំណាក់ព្រះអង្គ។ បពិត្រ​ព្រះមហាមុនី ការគប់រកព្រះពុទ្ធទាំងឡាយ ដែលជាទីពឹងនៃសត្វលោក​ យើងខ្ញុំ​បានជួប​ហើយ យើងខ្ញុំបានកសាងបុណ្យដ៏ច្រើន ដើម្បីប្រយោជន៍នៃ​ព្រះអង្គ។ បពិត្រព្រះមហា​​មុនី កម្មណា ​ដែលយើងខ្ញុំបានធ្វើហើយ ​ក្នុងកាលមុន សូមព្រះអង្គរឭកនូវកម្មជា​កុសល​នោះ​ចុះ​ បពិត្រ​ព្រះមហាវីរៈ បុណ្យទាំងឡាយ យើងខ្ញុំបានសាងសន្សំហើយ ដើម្បីប្រយោជន៍​នៃ​ព្រះអង្គ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មាន​ព្រះមហាមុនីមួយព្រះអង្គ ព្រះនាម​បទុមុត្តរៈ ឯបុរីឈ្មោះហង្សវតី ជា​លំនៅនៃត្រកូលព្រះសម្ពុទ្ធ។ ស្ទឹងគង្គាតែងហូរទៅក្នុងបុរី ឈ្មោះ​​ហង្សវតី តាមទ្វារសព្វៗកាល ពួកភិក្ខុទាំងនោះ ត្រូវទឹកស្ទឹងបៀតបៀន ក៏ទៅមក​មិន​បាន។ ភិក្ខុទាំងឡាយនោះ ​ទៅមិនបានអស់ពីរថ្ងៃ​ អស់បីថ្ងៃ អស់ ៧ ថ្ងៃ អស់មួយខែ ដរាបទាល់ពេញបួនខែ។ គ្រានោះ មានបុរសជាខ្លឹមសាររបស់សត្វ​ ឈ្មោះជជ្ជៈ ​ជាអ្នក​នៅក្នុងដែន បានឃើញ​ពួកភិក្ខុ នៅត្រើយខាងអាយ ក៏ឲ្យគេសាងស្ពានត្រង់ស្ទឹង​គង្គា។ គ្រានោះ បុរសនោះ បានសាងស្ពាននាស្ទឹងគង្គា ​​ដោយតម្លៃ​មួយសែនកហាបណៈផង បាន​​សាង​​វិហារក្នុងត្រើយខាងនាយ​និងត្រើយខាងអាយ ដើម្បីភិក្ខុសង្ឃផង។ ពួកស្រី ពួក​បុរស ​ពួកត្រកូលខ្ពស់ និងទាប ជនទាំងនោះ បានធ្វើស្ពានផង វិហារផង មានភាគស្មើគ្នា ដើម្បី​ភិក្ខុសង្ឃនោះ។ ពួកយើងខ្ញុំផង ​ពួកមនុស្ស​ដទៃផង ក្នុងនគរ ក្នុងជនបទ ​មាន​ចិត្ត​ជ្រះថ្លា ​​ជាអ្នកទទួលមត៌កក្នុង​ធម៌នៃ​ព្រះសម្ពុទ្ធនោះ។ ពួកស្រី ពួកប្រុស ពួកកុមារ ពួក​កុមារិកា​​ជាច្រើន ជនទាំងនោះ បាននាំគ្នារោយរាយដីខ្សាច់ ដល់ស្ពាន​ផង ដល់វិហារផង។ ជនទាំងនោះ នាំគ្នាដាំដើមចេក តម្កល់ក្អមពេញ​ដោយទឹក លើកទង់ បោសសំអាតផ្លូវថ្នល់ បូជាធូប គ្រឿងលំអិត កម្រងផ្កា ជាគ្រឿងសក្ការៈថ្វាយព្រះសាស្ដា។ លុះជនទាំងនោះ​ បាន​ធ្វើស្ពាន និងវិហាររួចហើយ និមន្តព្រះសាស្ដាជានាយក ថ្វាយ​មហាទាន ហើយប្រាថ្នា​នូវ​សម្ពោធិញ្ញាណ។

ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ ជាមហាវីរៈ ជាទីគោរព​របស់​សព្វសត្វ​ទាំងឡាយ ទ្រង់​បាន​ធ្វើ​អនុមោទនា ហើយព្យាករថា ក្នុងកប្ប​ទីមួយសែនកន្លងទៅ មានភទ្ទកប្បកើតឡើង បុរស​នោះ បាននូវ​សេចក្ដីសុខក្នុងភពតូចភពធំ ហើយនឹងដល់ពោធិញ្ញាណ។ ពួកនរៈ​នារី​ណាមួយ ដែលបានធ្វើនូវហត្ថកម្ម លុះដល់កាលជាអនាគត ជនទាំងអស់នោះ នឹងមាន​ក្នុងទី​ចំពោះព្រះភក្រ្ត (នៃព្រះពុទ្ធនោះ)។

ពួកស្រីជាអ្នកបម្រើទាំងអស់នោះរបស់ព្រះអង្គ កើតហើយក្នុងភព​នៃទេវតា ព្រោះផលនៃ​កុសល​កម្មនោះផង ព្រោះការតម្កល់ទុកនូវ​ចេតនា​នោះផង។ ជនទាំងនោះ សោយ​ទិព្វសុខ​​រាប់មិនអស់ផង សោយសុខ​របស់មនុស្សរាប់មិនអស់ផង ត្រាច់រង្គាត់​ក្នុងភព​តូច​ភព​ធំ អស់កាលជាយូរអង្វែង។ ក្នុង​កប្បទីមួយសែន អំពីកប្បនេះ កម្មសម្បត្តិ យើងខ្ញុំ​ធ្វើល្អ​ហើយ ក្នុងពួកមនុស្សជាអ្នកល្អិតល្អ ទាំងក្នុង​ទេវបុរីដ៏​ប្រសើរ។ យើងខ្ញុំតែង​បាននូវ​រូបល្អ នូវ​ភោគសម្បត្តិ និងយស នូវសេចក្ដី​សរសើរ សេចក្ដីសុខ និងសេចក្ដីស្រឡាញ់ ឯកម្មសម្បត្តិ​​ទាំងអស់ យើងខ្ញុំធ្វើល្អហើយ ដល់មកក្នុងបច្ឆិមភព យើងខ្ញុំបានមក​កើតក្នុង​ត្រកូល​​ព្រាហ្មណ៍ មានដៃជើងទន់ល្វន់ ក្នុងព្រះរាជនិវេសន៍​នៃ​សក្យបុត្រ។ បពិត្រព្រះមហា​មុនី យើងខ្ញុំមិនដែលឃើញផែនដី ដែល​ពួក​ជនមិនបានប្រដាប់រៀបចំសព្វកាលផង មិន​ដែល​ឃើញដំណើរ​ទៅកាន់​ទីមានភក់ផង។ កាលយើងខ្ញុំនៅគ្រប់គ្រងផ្ទះ ពួងជនតែងនាំ​គ្រឿងសក្ការៈ ប្រកបដោយកាល​ទាំងពួង ​អស់កាលគ្រប់កាល ដោយផល​នៃបុព្វកម្ម​របស់​យើងខ្ញុំ។ យើងខ្ញុំបានលះបង់ផ្ទះ ហើយចូល​ទៅកាន់ផ្នួស បានឆ្លងផ្លូវ គឺសំសារវដ្ដ ឥឡូវ​នេះ ភពថ្មីទៀត​មិនមាន​ឡើយ។ ជនទាំងឡាយ តែងនាំនូវ​ចីវរប្បច្ច័យផង បិណ្ឌបាតប្បច្ច័យ​​ផង សេនាសនប្បច្ច័យផង ឲ្យដល់យើងខ្ញុំ ចំនួនមួយពាន់កហាបណៈ​ អំពី​ទីនោះៗ សព្វៗកាល។ កិលេសទាំងឡាយ យើងខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ យើងខ្ញុំដកចោល​ហើយ យើងខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជា​មេដំរី​កាត់ផ្ដាច់នូវទន្លីង។ ឱ! យើងខ្ញុំមក​ល្អហើយ ក្នុងសំណាក់ព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ យើងខ្ញុំបានដល់​ហើយ សាសនា​របស់ព្រះពុទ្ធ យើងខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ យើងខ្ញុំបានធ្វើឲ្យជាក់​ច្បាស់ហើយ ទាំងសាសនា​របស់​ព្រះពុទ្ធ យើងខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះព្រាហ្មណកញ្ញាភិក្ខុនី ៨៤.០០០ រូប បានសម្ដែង​នូវគាថាទាំងនេះ ចំពោះ​ព្រះភក្រ្តព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ ចតុរាសីតិសហស្សព្រាហ្មណកញ្ញាថេរីនមបទាន។

ឧប្បលទាយិកាថេរិយាបទាន ទី៣

[៣៣] ក្នុងនគរអរុណវតី មានក្សត្រមួយព្រះអង្គ ព្រះនាមអរុណៈ ខ្ញុំជាអគ្គមហេសី​របស់​ស្ដេច​នោះ ខ្ញុំបានញ៉ាំងជនពួកខ្លះឲ្យបម្រើ។ ក្នុង​កាលនោះ ខ្ញុំអង្គុយក្នុងទីស្ងាត់ ហើយ​ត្រិះរិះ​យ៉ាងនេះថា បើ​អាត្មាអញ​មិនបានធ្វើកុសល ដែលគប្បីកាន់យកទៅបានទេ អាត្មាអញ​​នឹងទៅ​កាន់នរក មានសេចក្ដី​ក្ដៅក្រហាយធំ ខ្លោចផ្សា មានសភាពឃោរឃៅ ​អាក្រក់​ក្រៃលែងដោយពិត សេចក្ដីសង្ស័យរបស់​អាត្មាអញ ក្នុងរឿង​នេះគ្មាន​ទេ។ លុះខ្ញុំ​គិត​យ៉ាងនេះហើយ ក៏ញ៉ាំងចិត្តឲ្យរីករាយ ចូលទៅ​គាល់ព្រះ​រាជា ហើយក្រាបបង្គំទូល​នូវ​ពាក្យ​នេះថា បពិត្រ​ព្រះសម្មតិទេព យើងខ្ញុំជាស្រី យើងខ្ញុំមិនមែនជាប្រុស បពិត្រ​ព្រះមហា​ក្សត្រ សូមព្រះអង្គព្រះរាជទានសមណៈមួយរូបដល់ខ្ញុំម្ចាស់ៗ នឹងញ៉ាំងសមណៈនោះ​ឲ្យ​ឆាន់។ គ្រានោះឯង ព្រះរាជាបានទ្រង់​ប្រទានសមណៈ មានឥន្ទ្រិយអប់រំហើយដល់ខ្ញុំ ទាំងខ្ញុំ បានកាន់​យកបាត្ររបស់សមណៈនោះ ហើយញ៉ាំងបាត្រឲ្យពេញដោយបាយ​ដ៏​ឧត្ដម។ លុះដាក់បាយដ៏ឧត្ដម​ ព្រមទាំងគ្រឿងអប់ និងគ្រឿងលាប​ហើយ ក៏មានចិត្ត​ត្រេកអរ បានយកសំពត់ផ្ទាំងធំគ្របបាត្រ ហើយ​នាំយកទៅប្រគេន។ ដោយកុសលកម្ម​ដែល​ខ្ញុំធ្វើល្អនោះផង ដោយ​ការតម្កល់នូវចេតនានោះផង លុះ​ខ្ញុំលះបង់​រាងកាយ​ជារបស់​មនុស្ស​ហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ខ្ញុំបានធ្វើជាមហេសីនៃ​ស្ដេច​ទេវតាមួយ​ពាន់ដង បានធ្វើជាមហេសីនៃស្តេចចក្រពត្តិមួយពាន់ដង។ ខ្ញុំបានធ្វើជាមហេសីនៃស្ដេច​ប្រទេសរាជដ៏ធំទូលាយ រាប់ជាតិមិនអស់​ ឯបុណ្យដទៃច្រើន មានប្រការផ្សេងៗ​ ​ផលនៃ​បុណ្យនោះ ច្រើនលើស​នោះទៅទៀត។ សម្បុររបស់ខ្ញុំដូច​ផ្កាឧប្បល ខ្ញុំជាស្រីមានរូប​ល្អល្អះ គួររមិលមើល បរិបូណ៌ដោយអវយវៈទាំងអស់ កើតក្នុងត្រកូលខ្ពស់​ទ្រទ្រង់​សេចក្ដី​រុងរឿង ដល់មកក្នុងបច្ឆិមភព ខ្ញុំបានមកកើតក្នុង​សក្យត្រកូល ជាប្រធាននៃស្រីមួយ​ពាន់ នៃ​ព្រះរាជបុត្ររបស់ព្រះបាទសុទ្ធោទនៈ។ ខ្ញុំនឿយណាយក្នុងផ្ទះ ហើយចូលទៅកាន់ផ្នួស លុះគ្រប់ ៧ ​រាត្រី ក៏បានយល់ច្បាស់នូវសច្ចៈ ៤។ ខ្ញុំមិនអាចនឹងរាប់នូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្ប​ច្ច័យបានទេ នេះឯងជាផលនៃ​បិណ្ឌបាត។ ​បពិត្រព្រះមុនី មាន​ព្យាយាមធំ កុសលកម្មណា ដែលខ្ញុំ​បាន​ធ្វើហើយក្នុងកាលមុន សូមព្រះអង្គរលឹក​នូវ​កម្មជាកុសលនោះចុះ ឯអំពើល្អមានច្រើន ដែលខ្ញុំបានលះបង់ហើយ ដើម្បីប្រយោជន៍នៃ​ព្រះអង្គ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យបិណ្ឌបាត​ទាន ក្នុងកាល​នោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃបិណ្ឌបាត។ ខ្ញុំស្គាល់តែគតិពីរ គឺទេវតា និង​មនុស្ស ខ្ញុំមិនដែលស្គាល់គតិដទៃឡើយ នេះជាផលនៃបិណ្ឌបាត។ ខ្ញុំស្គាល់តែ​ត្រកូល​ខ្ពស់ ជាមហាសាល មានទ្រព្យច្រើន មិនដែលស្គាល់​ត្រកូល​ដទៃ​ឡើយ នេះជាផលនៃ​បិណ្ឌបាត។ ខ្ញុំត្រាច់រង្គាត់ទៅ​ក្នុងភពតូចភពធំ ត្រូវកុសលមូលដាស់តឿន មិនដែលបាន​ជួបប្រទះនឹង​វត្ថុមិនពេញចិត្ត​ឡើយ នេះជា​ផលនៃសេចក្ដីត្រេកអរ។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នក​ស្ទាត់ក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ក្នុង​សោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់​ក្នុង​ចេតោបរិយញ្ញាណផង។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ​ ខ្ញុំបានជម្រះស្អាតហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ បពិត្រព្រះ​អង្គមាន​ព្យាយាមធំ សេចក្ដីដឹង​ក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និង​បដិភាណប្បដិសម្ភិទា​​​នៃខ្ញុំព្រះអង្គ កើតឡើងក្នុងសំណាក់របស់​ព្រះអង្គ។ កិលេស​ទាំង​ឡាយ ខ្ញុំដុតបំផ្លាញហើយ ភព​ទាំងអស់ ខ្ញុំដក​ចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះ​បានកាត់ចំណង ដូចជា​មេដំរីកាត់ផ្ដាច់នូវ​ទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនា​របស់ព្រះពុទ្ធ ខ្ញុំបានធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ​ហើយ។

បានឮថា ព្រះឧប្បលទាយិកាភិក្ខុនីមានអាយុ បានសម្ដែង​នូវគាថា​ទាំងនេះ ចំពោះ​ព្រះភក្រ្ត​នៃព្រះ​មានព្រះភាគ ដោយប្រការ​ដូច្នេះ។

ចប់ ឧប្បលទាយិកាថេរិយាបទាន។

សិង្គាលមាតាថេរិយាបទាន ទី៤

[៣៤] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌​ទាំង​ពួង ជានាយក ទ្រង់​កើតឡើងក្នុង​កប្បទីមួយសែន អំពីភទ្ទកប្ប​នេះ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលអាមាត្យ ដែលរុងរឿងដោយកែវ​ផ្សេងៗ ដ៏ស្ដុកស្ដុម្ភទូលំទូលាយ មានទ្រព្យច្រើន នៅក្នុងនគរ​ហង្សវតី។ ខ្ញុំបាន​ទៅ​ជាមួយនឹងបិតា មាន​មហាជនចោមរោម បានស្ដាប់ធម៌​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ ហើយក៏ចូលទៅកាន់ផ្នួស។ លុះខ្ញុំបួសរួច​ហើយ បាន​វៀរ​​បាបកម្មដោយកាយ លះបង់​វចីទុច្ចរិត ហើយជំរះអាជីវៈ។ ខ្ញុំជ្រះថ្លា​ចំពោះព្រះពុទ្ធ​​ ព្រះធម៌ ព្រះសង្ឃ មាន​សេចក្ដីគោរពដ៏ក្លៀវក្លា ប្រកបក្នុងការស្ដាប់នូវព្រះសទ្ធម្ម ទាំងប្រកបដោយ​សេចក្ដី​អាល័យ​ចង់​ឃើញនូវព្រះពុទ្ធ។ គ្រានោះ ខ្ញុំបានឮនូវភិក្ខុនីដ៏ប្រសើរលើសជាង​ពួកភិក្ខុនី​ដែល​មាន​សទ្ធាស៊ប់សួន ខ្ញុំប្រាថ្នានូវតំណែងនោះ បានបំពេញ​នូវត្រៃសិក្ខា។ លំដាប់នោះ ព្រះសុគត​មាន​អធ្យា​ស្រ័យ ប្រព្រឹត្តទៅ​តាមសេចក្ដីករុណា ទ្រង់ត្រាស់នឹងខ្ញុំថា បុគ្គលណា មានសទ្ធា​មិន​ញាប់ញ័រ តម្កល់មាំ​ក្នុងតថាគត។ បុគ្គលណា មានសីលល្អជា​ទីពេញចិត្ត​​នៃព្រះអរិយៈ ដែលអ្នកប្រាជ្ញសរសើរហើយ បុគ្គលណា មាន​សេចក្ដី​ជ្រះថ្លា មានការឃើញត្រង់​ក្នុង​ព្រះសង្ឃ។ តថាគតត្រាស់ហៅ​នូវបុគ្គល​នោះ​ ថាជាអ្នកមិនទ័លក្រ ទាំងជីវិត​របស់​បុគ្គល​នោះ ក៏មិនសោះសូន្យ ហេតុនោះ បុគ្គលមានប្រាជ្ញាជាគ្រឿង​កម្ចាត់​បង់កិលេស កាលរឭក​ឃើញ​​ព្រះពុទ្ធសាសនា គប្បីប្រកបរឿយៗ នូវសទ្ធាផង សីលផង សេចក្ដីជ្រះថ្លាផង ការ​ឃើញធម៌ផង។ លុះខ្ញុំបាន​ស្ដាប់​ពុទ្ធភាសិត​នោះ​ហើយ ក៏រីករាយ ហើយបាន​ទូល​សួរនូវ​សេចក្ដី​ប្រាថ្នារបស់ខ្ញុំ។

វេលានោះ ព្រះនាយកមិនថោកទាប មានគុណរាប់មិនអស់ ទ្រង់​ព្យាករថា នាងមានលំអ ជ្រះថ្លា​ក្នុងព្រះពុទ្ធ នឹងបានតំណែងនុ៎ះ ដែលនាង​ប្រាថ្នាល្អហើយ។ ក្នុងកប្បទីមួយសែន អំពី​កប្បនេះ ព្រះមហា​បុរស សម្ភពក្នុងត្រកូលនៃស្ដេចឱក្កាកៈ នឹងបានជាសាស្ដា ព្រះនាម​​គោតម​​ក្នុងលោក។ នាងនឹងបានជាឱរស ដែលព្រះធម៌និម្មិតហើយ ជាអ្នក​ទទួល​មត៌ក ក្នុងធម៌នៃព្រះសម្ពុទ្ធនោះ ជាមាតានៃសិង្គាល​មាណព នឹងបានជាសាវិកា​របស់​ព្រះសាស្ដា។ គ្រានោះ ខ្ញុំបានស្ដាប់​ពុទ្ធភាសិតនោះហើយ ក៏រីករាយ មានចិត្តមេត្តា ខំបម្រើ​ព្រះជិនស្រី ជា​នាយក ដោយការប្រតិបត្តិដរាបដល់អស់ជីវិត។ ខ្ញុំលះបង់​រាងកាយ ជា​របស់​មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្ម​ដែលខ្ញុំធ្វើល្អនោះ​ផង ដោយការតម្កល់នូវចេតនានោះផង។ ដល់មក​ក្នុង​បច្ឆិមភព ឥឡូវនេះ ខ្ញុំបានកើតក្នុង​គិរិព្វជបូរី​ដ៏ឧត្ដម ក្នុងត្រកូល​សេដ្ឋីស្ដុកស្ដម្ភ ទូលំទូលាយ ពាសពេញដោយកែវដ៏ច្រើន។ កូនប្រុស​របស់ខ្ញុំ ឈ្មោះ​សិង្គាល ជាអ្នកត្រេកអរក្នុងផ្លូវខុស ស្ទុះទៅ​កាន់ទីសាំញុំា គឺទិដ្ឋិ មានចិត្តជាប់ចំពាក់ក្នុងការបូជា​ទិស តែង​នមស្ការទិសផ្សេងៗ។ ព្រះពុទ្ធជានាយក ទ្រង់​ស្ដេចទៅបិណ្ឌបាតក្នុងវជនគរ ទ្រង់ឃើញ​សិង្គាលមាណពនោះ ទ្រង់គង់នៅប្របផ្លូវហើយ​ឲ្យឱវាទ។ កាល​ព្រះពុទ្ធ​ជាម្ចាស់នោះ ទ្រង់សម្ដែងធម៌​ ក៏កើតមានសម្លេងគឹកកងអស្ចារ្យ ពួកនារីពីរកោដិក្នុងទីក្រុង ក៏បានសម្រេចមគ្គផល។ កាលនោះ​ ខ្ញុំ​បានទៅកាន់បរិស័ទនោះ ស្ដាប់ភាសិតរបស់ព្រះសុគតហើយ បាន​សម្រេច​សោតាបត្តិផល ក៏ចូលទៅ​កាន់ផ្នួស។ ខ្ញុំប្រកបដោយ​សេចក្ដី​អាល័យ ក្នុងការឃើញនូវព្រះពុទ្ធ មិនយូរប៉ុន្មាន ក៏ចម្រើនអនុស្សតិ​នោះ ​​ ហើយបានដល់ព្រះអរហត្ត។ ខ្ញុំទៅដើម្បីប្រយោជន៍ដល់ការចូលគាល់​ព្រះពុទ្ធគ្រប់​កាល ខ្ញុំមិន​ចេះឆ្អែតឆ្អន់ (ក្នុងការមើលរូប) តែងមើលរូប​ដែលជាទី​ត្រេកអរនៃភ្នែកនោះ។ ខ្ញុំនៅតែមិនឆ្អែតឆ្អន់​នឹងរូបដទៃ ដែល​កើត​អំពីបារមីធម៌ទាំងអស់ ជាទីកើតនៃបុណ្យ កុះករ​ដោយ​ធម៌ដ៏ល្អ​ទាំងអស់ឡើយ។ ព្រះជិនស្រី ទ្រង់ត្រេកអរក្នុងគុណនៃខ្ញុំនោះ ទ្រង់តាំង​ខ្ញុំក្នុងទីជាឯតទគ្គៈ ជាមាតានៃសិង្គាលមាណព ថា​ជាស្រីប្រសើរ មាន​សទ្ធាស៊ប់សួន។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិ​ទាំងឡាយផង​ ជាអ្នកស្ទាត់ជំនាញក្នុង​សោតធាតុដ៏​ជាទិព្វផង ជាអ្នក​ស្ទាត់ជំនាញ​ក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំដឹង​នូវ​បុព្វេនិវាស ទាំងទិព្វចក្ខុ ខ្ញុំបានជម្រះស្អាតល្អហើយ ឥឡូវនេះ ភពថ្មីទៀត​មិនមានឡើយ ព្រោះ​​កំណត់​ដឹងនូវអាសវៈទាំងពួង។ បពិត្រព្រះអង្គ​មានព្យាយាមធំ សេចក្ដី​ដឹង​ក្នុង​អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទានៃខ្ញុំ កើត​ឡើងក្នុង​សំណាក់​របស់ព្រះអង្គ។ កិលេសទាំង​ឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោល​ចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ​ព្រោះបានកាត់​ចំណង ដូចជាមេដំរី​កាត់ផ្ដាច់​នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់​នៃ​ព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣​ ខ្ញុំបាន​សម្រេច​ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦នេះ​ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ​ហើយ។

បានឮថា ព្រះសិង្គាលមាតាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថា​ទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ សិង្គាលមាតាថេរិយាបទាន។

សុក្កាថេរិយាបទាន ទី៥

[៣៥] ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះនាយកព្រះនាមវិបស្សី មាន​ព្រះនេត្រដូចមាស ពិចារណា​​ឃើញធម៌ទាំងអស់ កើតឡើងហើយ។ គ្រានោះ ខ្ញុំកើតក្នុងត្រកូល​មួយក្នុង​នគរពន្ធុមតី បានស្ដាប់ធម៌​របស់​ព្រះមុនី ហើយចូលទៅកាន់ផ្នួស។ ខ្ញុំជាអ្នកស្ដាប់ច្រើន ចង​ចាំនូវធម៌ ជាអ្នកមានប្រាជ្ញា មួយ​ទៀត ជាអ្នកពោលពាក្យវិចិត្រ ទាំងជាអ្នកធ្វើ​តាម​​សាសនា​នៃព្រះជិនស្រី។ កាលនោះ ខ្ញុំបានធ្វើនូវ​ធម្មកថា ដើម្បី​ប្រយោជន៍​ដល់ប្រជុំជន​គ្រប់កាល លុះខ្ញុំច្យុតចាកអត្តភាពនោះ ក៏ចូល​ទៅកើតក្នុងឋាន​តុសិត ជាស្រីមានយស។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រះជិនស្រី ព្រះនាមសិខី រុងរឿងដោយយស​ ដូច​ជាភ្លើង ប្រសើរជាង​អ្នកប្រាជ្ញទាំងឡាយ កើតឡើងក្នុងលោក។ គ្រានោះ ខ្ញុំបានបួស ជាស្រីវាងវៃ​ក្នុងព្រះពុទ្ធសាសនា ញ៉ាំងព្រះពុទ្ធដីកាព្រះជិនស្រីឲ្យរុងរឿង លុះច្យុតចាកអត្តភាពនោះ ក៏បានទៅកាន់ឋាន​តាវត្តឹង្ស។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រះនាយក ព្រះនាមវេស្សភូ ទ្រង់កើត​ឡើង (ក្នុងលោក) ឯខ្ញុំក៏​កើតឡើង តំណាលនឹងព្រះនាយកនោះ ក្នុងកាល​នោះ​ដែរ ជាអ្នកមានយានដ៏ធំ។ ខ្ញុំបួសហើយ ជាអ្នក​ចងចាំនូវធម៌ ញ៉ាំងសាសនាព្រះជិនស្រី​ឲ្យរុង​រឿង ហើយទៅ​កើតក្នុង​បុរីរបស់ទេវតា ដែលជាទីរីករាយ ទទួលសេចក្ដីសុខ​ដ៏​ច្រើន។ ក្នុងភទ្ទកប្ប​នេះ​ ព្រះជិនស្រីដ៏ឧត្ដម ព្រះនាមកកុសន្ធៈ ជានរៈដ៏ខ្ពង់ខ្ពស់​ កើត​ឡើង​ក្នុង​លោក កាលនោះ ខ្ញុំក៏បានកើតឡើងដែរ។ ខ្ញុំបានបួស​រួចហើយ ញ៉ាំង​សាសនា​នៃ​ព្រះជិនស្រី ឲ្យរុងរឿងតាមសប្បាយ ខ្ញុំច្យុត​ចាកអត្តភាព​នោះ ក៏បានទៅកើតក្នុង​ឋាន​ត្រៃត្រឹង្ស ដូចជាភពរបស់​ខ្លួនដដែល។ ក្នុងកប្បនេះដដែល ព្រះនាយក ព្រះនាម​កោនាគមនៈ ប្រសើរ​​ជាងអ្នកប្រាជ្ញ ឧត្ដមជាងពួក​សត្វទាំងពួង ទ្រង់កើតឡើង។ គ្រានោះ ខ្ញុំបានបួសក្នុងសាសនានៃព្រះកោនាគមនៈនោះ ព្រះអង្គ​ប្រកប​​ដោយតាទិគុណ ជាអ្នក​បាន​ស្ដាប់ច្រើន ចងចាំនូវធម៌ ញ៉ាំងសាសនា​នៃព្រះជិនស្រីឲ្យរុងរឿង។ ក្នុង​កប្បនេះឯង ព្រះមុនីទី ៧ ព្រះនាម​កស្យបៈ ជាទីពឹងនៃសត្វលោក មិនមានកិលេស ដល់នូវ​ព្រះនិព្វាន ជាទីបំផុតនៃមរណៈ កើតឡើង។ ចំណែកខ្ញុំបានបួស ក្នុង​សាសនា​របស់ព្រះពុទ្ធ ជាអ្នក​ប្រាជ្ញជាងពួក​ជននោះ មាន​ព្រះសទ្ធម្ម​ចែក​​សព្វគ្រប់ ដ៏ក្លៀវក្លាខាងការសាកសួរ។ បពិត្រ​ព្រះមហាមុនី ខ្ញុំជាអ្នក​មាន​សីលល្អ មានសេចក្ដីអៀនខ្មាស វាងវៃក្នុងត្រៃសិក្ខា ហើយ​ធ្វើ​នូវធម្មកថា​មានប្រមាណច្រើន ដរាបដល់​អស់ជីវិត។ ដោយកម្មវិបាក​នោះផង ដោយការ​តម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់នូវរាងកាយ​ ជារបស់មនុស្ស ក៏បានទៅកើត​ក្នុង​ឋានតាវត្តឹង្ស។ ដល់មកក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំបានកើតក្នុងត្រកូលនៃសេដ្ឋី ដ៏ធំ​ទូលាយ ដេរដាស​ដោយរតនៈ​ច្រើន ក្នុងគិរិព្វជបូរីដ៏ឧត្ដម។ កាលព្រះលោកនាយក ​មាន​ភិក្ខុចំនួន​មួយពាន់រូបចោមរោម ទ្រង់ស្ដេចទៅកាន់ក្រុងរាជគ្រឹះ ព្រះឥន្រ្ទ​ក៏បាន​ពោល​សរសើរ​​ថា ​

ព្រះមានព្រះភាគ ​មានឥន្រ្ទិយ​ទូន្មាន​ហើយ មានព្រះហឫទ័យផុតចាកកិលេសហើយ ព្រម​ដោយ​បុរាណជដិល​​ទាំងឡាយ ដែលមានឥន្រ្ទិយ​ទូន្មាន មានចិត្តផុត​ស្រឡះ​ហើយ ទ្រង់មានពណ៌បី ដូចជាពណ៌នៃ​មាសឆ្ដោ​ឈ្មោះសិង្គី ស្ដេចយាង​ចូលទៅកាន់​ក្រុង​រាជគ្រឹះ។

ខ្ញុំបានឃើញអានុភាព​​នៃ​ព្រះពុទ្ធនោះផង បានស្ដាប់ការប្រជុំ​នូវគុណ​នោះផង ហើយញ៉ាំង​ចិត្តឲ្យ​ជ្រះថ្លាក្នុងគុណរបស់​ព្រះពុទ្ធ បានបូជា​ព្រះពុទ្ធនោះ សមគួរតាមកម្លាំង។ ក្នុងកាល​ជាខាងក្រោយមក​ ខ្ញុំចេញ​ចាក​ផ្ទះ ចូលទៅកាន់ផ្នួស ក្នុងសំណាក់នៃនាងធម្មទិន្នាថេរី។ កាលសក់​កំពុង​ដាច់ចុះ ខ្ញុំបាន​ដុត​បំផ្លាញពួកកិលេសហើយ ខ្ញុំបួសមិនយូរប៉ុន្មាន ក៏បាន​រៀននូវព្រះពុទ្ធសាសនាចប់សព្វគ្រប់។ លំដាប់​តពីនោះមក ខ្ញុំបាន​​សម្ដែងធម៌ ក្នុងទី​ប្រជុំជន​ដ៏ច្រើន កាលដែលខ្ញុំកំពុង​តែសម្ដែង​ធម៌ ធម្មាភិសម័យ​ក៏កើតមាន (ដល់ជន​ទាំង​ឡាយ)។ បណ្ដាពួកសត្វ​ជាច្រើនពាន់ មានយក្សមួយ ដឹងច្បាស់នូវ​ធម៌នោះ ​ហើយសង្វេគ​ ជ្រះថ្លានឹងខ្ញុំ ហើយបានទៅកាន់ក្រុង​គិរិព្វជៈ ដោយគិតថា មនុស្សណា មិនចូលទៅអង្គុយ​ជិតនាងសុក្កាថេរី ដែលកំពុងសម្ដែង​នូវអមតបទ​គឺនិព្វាន អាត្មាអញធ្វើដូចម្ដេចហ្ន៎ ឲ្យ​មនុស្សទាំង​នោះ ដែលនៅក្នុង​ក្រុងរាជគហៈ មូលគ្នា ដូចពួកសត្វ រោមផឹកនូវទឹកផ្អែម។ ចំណែក​ខាងពួកបុគ្គលអ្នកប្រកបដោយបញ្ញា ទំនងជាផឹកទឹកអម្រឹតនោះ ដែលកិលេស​មិន​គប្បីតស៊ូបាន មានឱជាមិនបាច់​ស្រោចថែម ដូចជា​បុគ្គលដើរផ្លូវឆ្ងាយ ផឹកទឹកភ្លៀង។

បពិត្រព្រះពុទ្ធជាមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយ​ផង ជាអ្នកស្ទាត់ជំនាញ​ក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញ ក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំដឹងច្បាស់​នូវ​បុព្វេនិវាស​ ទិព្វចក្ខុ ខ្ញុំជម្រះ​ស្អាតល្អហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មី​ទៀតមិន​មានឡើយ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្ដីដឹងក្នុង​អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និង​បដិភាណប្បដិសម្ភិទា​​នៃខ្ញុំព្រះអង្គ កើតឡើង​ក្នុង​សំណាក់​នៃព្រះអង្គ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញ​ហើយ ភពទាំងពួង ខ្ញុំដក​ចោល​ចេញ​​ហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរី​កាត់ផ្ដាច់​នូវ​ទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ​៣ ខ្ញុំបានសម្រេចហើយ​​ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់​ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុក្កាភិក្ខុនី​មានអាយុ បានសម្ដែង​នូវគាថាទាំង​នេះ ដោយប្រការដូច្នេះ។

ចប់ សុក្កាថេរិយាបទាន។

ចប់ ភាណវារៈ ទី៥។

អភិរូបនន្ទាថេរិយាបទាន ទី៦

[៣៦] ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះនាយកព្រះនាមវិបស្សី មានព្រះនេត្រដូចជាមាស មានចក្ខុ​ក្នុងធម៌ទាំងពួង កើតឡើង។ គ្រានោះ ​ខ្ញុំកើតក្នុងត្រកូលធំស្ដុកស្ដម្ភ ទូលំទូលាយ ក្នុង​ពន្ធុមតីនគរ ជា​ស្រ្ដីមាន​រូបល្អ គួរមហាជនបូជា។ ខ្ញុំបានចូលទៅគាល់​ព្រះលោកនាយក ព្រះនាម​វិបស្សី ទ្រង់មានព្យាយាមធំ បានស្ដាប់ធម៌ហើយ ដល់នូវ​ព្រះពុទ្ធ​​ជានាយកនៃពួកជនជាទីពឹង។ ខ្ញុំជាអ្នកសង្រួមល្អ ក្នុង​សីល​ទាំងឡាយ កាល​ដែល​ព្រះលោកនាយក ដ៏ខ្ពង់ខ្ពស់ជាងពួកជន ទ្រង់​បរិនិព្វាន​ទៅហើយ ខ្ញុំបាន​បូជា​ឆត្រមាស តម្កល់ពីខាងលើ​នៃព្រះស្ដូប​ដែល​បញ្ចុះព្រះធាតុ។ ខ្ញុំបានបរិច្ចាគទាន​រួចផុត​ហើយ ជា​អ្នក​មាន​សីលល្អ រស់នៅរហូតកំណត់អាយុ ក៏បានច្យុតចាកទីនោះ លុះខ្ញុំ​លះបង់​រាងកាយ​ជា​របស់​នៃ​មនុស្សហើយ ក៏បានទៅកើត​ក្នុងឋាន​តាវត្តឹង្ស។ កាលនោះ ខ្ញុំគ្រប​សង្កត់​នូវ​ពួក​ទេវតាដទៃ មិនសេស​សល់ ដោយហេតុ ១០ យ៉ាង គឺបានរុងរឿង គ្រប​សង្កត់ដោយរូប ១ សម្លេង ១ ក្លិន ១ រស ១ សម្ផ័ស្ស ១ អាយុ ១ ពណ៌ ១ សេចក្ដីសុខ ​១ យស ១ ភាព​នៃ​ខ្លួន​ជាធំ ១។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំបាន​កើតជាធីតា​នៃ​ខេមកសាក្យៈ ប្រាកដ​នាមថា​នន្ទា ក្នុងក្រុងកបិលពស្ដុ។ កាលណា​ខ្ញុំដល់នូវសេចក្ដី​ចម្រើន ស្អិតស្អាងដោយរូប និង​ពណ៌ កាល​នោះ ពួកជនបានពោលថា ខ្ញុំជាស្រីស្រួចមួយ មានរូបសម្បត្តិ​ល្អ។ សេចក្ដី​វិវាទ​ដ៏ធំក្រៃលែង កើតមានដល់ពួកសក្យៈក្នុងនគរនេះ ព្រោះតែ​ស្រឡាញ់ខ្ញុំ លំ​ដាប់នោះ បិតាបានឲ្យខ្ញុំបួស ដោយគិតថា កុំឲ្យពួកសក្យៈវិនាសឡើយ។ លុះខ្ញុំបួសរួចហើយ បាន​ឮព្រះ​តថាគត ជាបុគ្គលប្រសើរជាងពួកជន ទ្រង់តិះដៀលរូប ខ្ញុំជាស្រីប្រកាន់រូប មិនចូល​ទៅ​ជិតព្រះអង្គ។ ខ្ញុំជាអ្នកមានសេចក្ដីខ្លាច​ក្នុងការឃើញ​ព្រះពុទ្ធ មិនហ៊ានចូលទៅ​ស្ដាប់​ឱវាទសោះ គ្រានោះ ព្រះជិនស្រី​ទ្រង់ដឹកនាំខ្ញុំទៅកាន់សំណាក់របស់ព្រះអង្គ ដោយ​ឧបាយ។ ព្រះជិនស្រី ទ្រង់វាងវៃខាងផ្លូវឫទ្ធិ បាន​និម្មិតនូវស្រ្ដីភេទ ៣ នាក់ គឺស្រ្ដីក្រមុំ មាន​រូបល្អ ស្រដៀងនឹងស្រ្ដីអប្សរ ១ ស្រ្ដីចាស់ ១ ស្រ្ដីស្លាប់ ១។ លុះខ្ញុំបានឃើញនូវស្រ្ដីទាំង ៣ នោះហើយ ក៏មានសេចក្ដីសង្វេគ ធុញទ្រាន់ក្នុងរាងកាយ មានសេចក្ដី​នឿយណាយ​ក្នុង​ភព លំដាប់នោះ ព្រះលោកនាយកទ្រង់ត្រាស់នឹងខ្ញុំថា

ម្នាលនាងនន្ទា នាងចូររមិលមើលនូវរូបនេះ ដែលក្ដៅក្រហាយ មិនស្អាត ស្អុយ ហូរ​ចេញ​ហូរ​ចូល ដែលជនពាលទាំងឡាយប្រាថ្នា​ក្រៃពេក។ នាងចូរចម្រើននូវចិត្ត ដែលមាន​អារម្មណ៍​តែមួយ ជាចិត្ត​តម្កល់មាំ ដោយអសុភភាវនាចុះ រូបនេះយ៉ាងណា រូបនៃនាងនុ៎ះ ក៏យ៉ាងនុ៎ះដែរ រូបនៃនាងនុ៎ះយ៉ាងណា ​រូបនេះ ក៏យ៉ាងនេះដែរ។

កាលខ្ញុំពិចារណារូបនុ៎ះ យ៉ាងនេះហើយ ​ក៏មិនមានខ្ជិលច្រអូស ទាំងយប់ទាំងថ្ងៃ លំដាប់​នោះ ក៏​នឿយណាយដោយបញ្ញាជារបស់ខ្លួន ខ្ញុំនោះ មិនមានសេចក្ដីប្រមាទ ពិចារណា​ក្នុងទី​នេះដោយឧបាយ​ ក៏ឃើញកាយនេះ ទាំងខាងក្នុង ទាំងខាងក្រៅ តាមសភាពពិត។ កាលនោះ ខ្ញុំនឿយណាយក្នុង​កាយ​ផង ប្រាសចាកការត្រេកអរ​នឹងកាយ ប្រព្រឹត្តទៅខាង​ក្នុងផង ហើយជាអ្នកមិនមានសេចក្ដីប្រមាទ អស់កិលេសជា​គ្រឿងផ្សំ ស្ងប់រម្ងាប់កិលេស មាន​ទុក្ខរលត់ហើយ។ បពិត្រ​ព្រះមហាមុនី ខ្ញុំជាអ្នក​ស្ទាត់ជំនាញ ក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញ ក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់​ជំនាញ ក្នុង​ចេតោបរិយញ្ញាណ​ផង។ ខ្ញុំដឹងច្បាស់នូវបុព្វេ​និវាស ទិព្វចក្ខុ ខ្ញុំជម្រះស្អាតល្អហើយ អាសវៈ​ទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ សេចក្ដី​ដឹង​ក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និង​បដិភាណប្បដិសម្ភិទា​​នៃខ្ញុំព្រះអង្គ កើត​ឡើងក្នុងសំណាក់នៃព្រះអង្គ។ កិលេសទាំង​ឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោល​ចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជា​មេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អ​ហើយ ក្នុងសំណាក់​នៃព្រះពុទ្ធ​ដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ​ទាំងសាសនា​របស់​​ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអភិរូបនន្ទាភិក្ខុនីមានអាយុ បានសម្ដែង​នូវគាថា​ទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អភិរូបនន្ទាថេរិយាបទាន។

អឌ្ឍកាសីថេរិយាបទាន ទី៧

[៣៧] ព្រះជិនស្រីព្រះនាមកស្សបៈ មានផៅពង្សប្រសើរ ​មានយសធំ ប្រសើរជាង​អ្នក​ប្រាជ្ញ​ទាំងឡាយ​ ទ្រង់កើតឡើងក្នុងភទ្ទកប្បនេះ។ កាលនោះ ខ្ញុំបានបួសក្នុងសាសនា​របស់​ព្រះពុទ្ធអង្គនោះ បានសង្រួម​ក្នុងបាតិមោក្ខផង ក្នុងឥន្រ្ទិយទាំង ៥ ផង។ ខ្ញុំជាអ្នក​ដឹង​ប្រមាណ​ក្នុងអាសនៈដ៏ទាបផង ប្រកបក្នុងការភ្ញាក់រឭកផង មានសេចក្ដីព្យាយាម​ប្រកប​ហើយ​ផង កាលនោះ ខ្ញុំមានចិត្តប្រទូស្ត បានជេរភិក្ខុនី ដែលប្រាសចាកអាសវៈ អស់វារៈ​ម្ដង​ថា នែស្រ្ដីផ្កាមាស ខ្ញុំក៏ទៅឆេះ​ក្នុងនរក ព្រោះបាបកម្មនោះឯង។ ដោយកម្មដ៏​សេស​នោះ ដល់មកក្នុង​បច្ឆិមជាតិ ខ្ញុំកើតក្នុងត្រកូលនៃស្រ្ដីផ្កាមាស ជាអ្នកអាស្រ័យ​ចិញ្ចឹមជីវិត​ដោយ​បុគ្គលដទៃទៀតជាច្រើន។ ខ្ញុំបានកើតក្នុង​ត្រកូលសេដ្ឋី នៅក្នុងដែនកាសី ដោយ​ផល​ដែលបានប្រព្រឹត្តព្រហ្មចរិយធម៌ ជាអ្នក​បរិបូណ៌​ដោយរូប បីដូចជាស្រីអប្សរ ក្នុង​ទេវលោក។ ជនទាំងឡាយ បានឃើញខ្ញុំដែលគួររមិលមើល ក្នុងគិរិព្វជបុរីដ៏ឧត្ដម ក៏ញ៉ាំង​ខ្ញុំឲ្យ​នៅក្នុងពួកនៃស្រ្ដីផ្កាមាស ព្រោះផលនៃការជេររបស់ខ្ញុំនោះ។ ខ្ញុំនោះ​បានស្ដាប់​នូវ​ព្រះសទ្ធម្ម ដែលព្រះពុទ្ធដ៏ប្រសើរ ទ្រង់សម្ដែងហើយ ក៏បរិបូណ៌ដោយបុព្វវាសនា ហើយ​បាន​ចូលទៅកាន់ផ្នួស។ ខ្ញុំទៅកាន់​សំណាក់ព្រះជិនស្រី ដើម្បីប្រយោជន៍​ដល់ឧបសម្បទា​នោះ បានឃើញ​ពួកអ្នក​លេងឈរនៅក្បែរផ្លូវ ក៏បានឧបសម្បទាអំពីទូត។ កម្មទាំង​ពួង​របស់​ខ្ញុំអស់ហើយ បុណ្យ និងបាបអស់ហើយ សំសារវដ្ដទាំងពួង ខ្ញុំបានឆ្លងផុត ទាំង​ភាព​ជា​ស្រ្ដីផ្កាមាស ខ្ញុំធ្វើឲ្យអស់ហើយ។ បពិត្រ​ព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញ​ក្នុងឫទ្ធិ​ទាំងឡាយ​ផង ស្ទាត់​ជំនាញក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញក្នុង​ចេតោបរិយញ្ញាណ​​ផង។ ខ្ញុំដឹងច្បាស់បុព្វេនិវាស ទាំងទិព្វចក្ខុ ខ្ញុំបានជម្រះឲ្យ​ស្អាត​ល្អ​ហើយ អាសវៈទាំងពួងរបស់ខ្ញុំអស់ហើយ ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ។ បពិត្រ​ព្រះអង្គ​មានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និង​បដិភាណប្បដិសម្ភិទានៃខ្ញុំ កើតឡើងក្នុងសំណាក់នៃព្រះអង្គ។ កិលេស​ទាំងឡាយ ខ្ញុំដុត​បំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះ​បានកាត់ចំណង ​ដូច​ជាមេដំរីកាត់​ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់​នៃ​ព្រះពុទ្ធ​ដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ​ជាក់ច្បាស់ហើយ ទាំងសាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអឌ្ឍកាសីភិក្ខុនីមានអាយុ បានសម្ដែងនូវគាថា​ទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ អឌ្ឍកាសីថេរិយាបទាន។

បុណ្ណិកាថេរិយាបទាន ទី៨

[៣៨] ខ្ញុំបានបួសក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមវិបស្សីផង ព្រះនាមសិខីផង ព្រះនាមវេស្សភូផង ព្រះនាមកកុសន្ធៈផង ព្រះនាមកោនាគមនៈ ប្រកបដោយ​តាទិគុណ​ផង ព្រះនាមកស្សបៈផង ខ្ញុំជាភិក្ខុនីបរិបូណ៌ដោយសីល មានប្រាជ្ញាចាស់ក្លា មានឥន្រ្ទិយ​សង្រួម​ល្អ។ ជាពហុស្សូត ចងចាំនូវធម៌ ជាអ្នកសាកសួរនូវធម៌ និងអត្ថ ហើយរៀនធម៌ ស្ដាប់​ធម៌ ទាំងជាអ្នកចូលទៅអង្គុយ​ជិតព្រះពុទ្ធ​ជា​ម្ចាស់។ ខ្ញុំបានសម្ដែងនូវសាសនារបស់​ព្រះជិនស្រី ក្នុងកណ្ដាល​នៃប្រជុំជន ខ្ញុំមានសីលជាទីស្រឡាញ់ បានមើលងាយគេ ដោយ​អាង​ខ្លួនជាពហុស្សូតនោះ។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំបានកើតក្នុងផ្ទៃនៃ​ស្រី​កុម្ភទាសី ក្នុងផ្ទះនៃអនាថបិណ្ឌិកសេដ្ឋី ក្នុងបុរីដ៏ឧត្តម ឈ្មោះ​សាវត្ថី។ ខ្ញុំទៅកាន់កំពង់ទឹក បានឃើញសោត្ថិយព្រាហ្មណ៍ ដែលជា​អ្នកត្រូវត្រជាក់គ្របសង្កត់ ក្នុងកណ្តាលទឹក លុះខ្ញុំ​ឃើញ​ព្រាហ្មណ៍​នោះហើយ បានពោលពាក្យនេះថា ខ្ញុំជាស្រីដងទឹក ចុះទឹកដ៏ត្រជាក់ សព្វៗ​កាល ព្រោះភ័យភិតនឹងអាជ្ញានៃម្ចាស់ ព្រោះភ័យនឹង​ពាក្យកំហឹង​គ្របសង្កត់។ នែ​ព្រាហ្មណ៍ ចុះអ្នកខ្លាចនរណា បានជាមកចុះ​ត្រាំទឹកសព្វៗកាល មានខ្លួនញាប់ញ័រ រងនូវ​ត្រជាក់​ដ៏ក្រៃលែង។

ម្នាលនាងបុណ្ណិកាដ៏ចម្រើន យីអើ! នាងស្គាល់យើងច្បាស់ បានជា​ហ៊ានសាកសួរយើង ដែល​​កំពុងធ្វើកុសលកម្ម បន្ទោបង់នូវកម្ម​ដ៏លាមក។ បុគ្គលណា ទោះបីចាស់ក្តី ក្មេងក្តី ធ្វើ​បាបកម្ម​ហើយ បុគ្គលនោះឯង លុះតែដងទឹកមកស្រោចស្រពកាយ ទើបរួចចាក​បាបកម្ម​​បាន។

កាលព្រាហ្មណ៍នោះ ឡើងមកពីទឹកវិញ ខ្ញុំក៏បានពោលនូវបទ ប្រកបដោយធម៌ និងអត្ថ ឯ​ព្រាហ្មណ៍បានឮភាសិតនោះហើយ ក៏តក់ស្លុត ចេញទៅបួស បានសម្រេចជាព្រះអរហន្ត។ ខ្ញុំតាំងពីកើតក្នុង​ទាសីត្រកូល បានបំពេញជាទាសីមួយរយខ្វះមួយ ចាប់ដើមអំពី​នោះមក នាមរបស់ខ្ញុំឈ្មោះថាបុណ្ណា ជនទាំងនោះ បានធ្វើខ្ញុំឲ្យរួចជា​អ្នកជា។ លំដាប់នោះ ខ្ញុំបាន​ញុំាងសេដ្ឋីឲ្យរីករាយតាម ហើយចូល​ទៅកាន់ផ្នួស អស់កាលមិនយូរប៉ុន្មាន ក៏បាន​សម្រេច​ព្រះអរហត្ត។ បពិត្រ​ព្រះមហាមុនី ខ្ញុំម្ចាស់ជាអ្នកស្ទាត់ជំនាញ ក្នុងឫទ្ធិ​ទាំង​ឡាយ​ផង ជាអ្នកស្ទាត់ជំនាញក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញ ក្នុង​ចេតោ​បរិយញ្ញាណ​ផង។ ខ្ញុំម្ចាស់ដឹងច្បាស់នូវបុព្វេនិវាស ទាំងទិព្វចក្ខុ ខ្ញុំម្ចាស់​បានជម្រះ​ស្អាត​ល្អ​ហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ ខ្ញុំម្ចាស់​មាន​សេចក្តីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និង​បដិភាណប្បដិសម្ភិទា ជាញាណ​ស្អាតឥតមានមន្ទិល ព្រោះហេតុនៃព្រះពុទ្ធប្រសើរ។ ខ្ញុំ​មានប្រាជ្ញាច្រើន ព្រោះការអប់រំ ជាអ្នកចេះដឹងព្រោះការស្តាប់ ជាអ្នកកើតក្នុងត្រកូលទាប ព្រោះមានះ ព្រោះថា កម្មរបស់ខ្ញុំ មិនបានវិនាសឡើយ។ កិលេស​ទាំងឡាយ ខ្ញុំដុត​បំផ្លាញ​ហើយ ភពទាំងអស់ ខ្ញុំដកចោលចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបាន​កាត់​ចំណង ដូចជាមេដំរី​កាត់ផ្តាច់​នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃ​ព្រះពុទ្ធដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់​ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនាងបុណ្ណិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថា​ទាំងនេះ ដោយប្រការ​ដូច្នេះ។

ចប់ បុណ្ណិកាថេរិយាបទាន។

អម្ពបាលីថេរិយាបទាន ទី៩

[៣៩] ព្រះមហាមុនី ព្រះនាមផុស្សៈណា មានជួរនៃរស្មីដ៏រុងរឿង ខ្ញុំបានកើត​ក្នុងខត្តិយ​ត្រកូល ជាប្អូនស្រីនៃព្រះមហាមុនីនោះ។ ខ្ញុំបាន​ស្តាប់​ព្រះធម៌ នៃព្រះមហាមុនីនោះហើយ មានចិត្តជ្រះថ្លា បានថ្វាយ​មហាទាន ហើយប្រាថ្នានូវរូបសម្បត្តិ។ ក្នុងកប្បីទី ៣១ អំពី​ភទ្ទកប្បនេះ ព្រះជិនស្រី ព្រះនាមសិខី ជានាយកដ៏ប្រសើរក្នុងលោក ជាពន្លឺនៃលោក ជាទីពឹងនៃត្រៃភពកើតឡើង។ កាលនោះ ខ្ញុំកើតក្នុងត្រកូលនៃ​ព្រាហ្មណ៍ ក្នុងអរុណបុរី ជាទីក្រុងរីករាយ បានខឹង ជេរផ្តាសាភិក្ខុនី ដែលមានចិត្តរួចស្រឡះចាកកិលេសហើយ។ មួយទៀត ខ្ញុំបានកើតជាស្រីផ្កាមាស ឥតមានអាចារៈ ជាអ្នកប្រទូស្តចំពោះ​សាសនានៃ​ព្រះជិនស្រីសម្ពុទ្ធ បានជេរភិក្ខុនីតាមទំនងដូចគ្នា ព្រោះតែបាបកម្ម​នោះឯង ខ្ញុំបានទៅ​កើតក្នុង​នរកដ៏អាក្រក់ ឆ្អែតឆ្អល់ដោយ​សេចក្តី​ទុក្ខយ៉ាងខ្លាំង លុះខ្ញុំរួចចាកនរកនោះ បាន​មក​កើតក្នុងមនុស្ស ជាស្រី​មានតបៈ។ ខ្ញុំកើតជាស្រីផ្កាមាស អស់ ១០ ពាន់ជាតិ ខ្ញុំមិនរួច​ចាកបាប​នោះទេ ដូចបុគ្គលបរិភោគថ្នាំពិសដ៏កាចអាក្រក់។ ខ្ញុំបានសេពគប់​នូវភេទ​ដ៏​ប្រសើរ កើតក្នុងសាសនានៃព្រះជិនស្រី ព្រះនាមកស្សប ដោយ​អំណាចនៃផលកម្មនោះ ខ្ញុំបានទៅកើតក្នុងបុរីឋានត្រៃត្រឹង្ស។ លុះមក​ដល់បច្ឆិមភព ខ្ញុំជាឱបបាតិកកំណើត បាន​កើតក្នុងចន្លោះ​នៃ​មែក​ស្វាយ ព្រោះហេតុនោះ បានជាខ្ញុំឈ្មោះថា អម្ពបាលី។ ខ្ញុំមាន​ពួក​សត្វ​មួយកោដិចោមរោមហើយ បួសក្នុងសាសនាព្រះជិនស្រី បានជាធីតា ជាឱរស​នៃ​ព្រះពុទ្ធ ហើយបានដល់ឋានដ៏មិនកម្រើក។ បពិត្រ​ព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញ​ក្នុង​ឫទ្ធិទាំងឡាយផង ជាអ្នក​ស្ទាត់ជំនាញក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញក្នុង​ចេតោបរិយញ្ញាណ​ផង។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបាន​ជម្រះ​ស្អាតហើយ អាសវៈ​ទាំងពួងរបស់ខ្ញុំអស់ហើយ ឥឡូវនេះ ភពថ្មីទៀត​មិនមានឡើយ។ ខ្ញុំមានសេចក្តី​ដឹងច្បាស់ ក្នុង​អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និង​បដិភាណប្បដិសម្ភិទា ជា​ញាណស្អាតឥតមានមន្ទិល ព្រោះហេតុ​នៃ​ព្រះពុទ្ធដ៏ប្រសើរ។ កិលេសទាំងឡាយ ខ្ញុំ​បាន​ដុតបំផ្លាញអស់ហើយ ភពទាំងពួង ខ្ញុំដកចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះ​បានកាត់​ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់​នៃ​ព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង​សាសនា​របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ​ហើយ។

បាន​ឮថា ព្រះអម្ពបាលីភិក្ខុនីមានអាយុ បានសម្តែងនូវគាថា​ទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អម្ពបាលីថេរិយាបទាន។

សេលាថេរិយាបទាន ទី១០

[៤០] ព្រះជិនស្រី ព្រះនាមកស្សប មានផៅពង្សប្រសើរ ទ្រង់​មានយសធំ ប្រសើរ​ជាង​អ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើង ក្នុងភទ្ទកប្បនេះ។ ខ្ញុំកើតក្នុងត្រកូលនៃឧបាសក ក្នុង​ក្រុងសាវត្ថី ជាបុរីដ៏ប្រសើរ ជាអ្នក​ខ្វល់ខ្វាយ បានឃើញ​ព្រះជិនស្រីដ៏ប្រសើរ​នោះ​ផង បាន​ស្តាប់នូវ​ទេសនា​ផង។ ខ្ញុំដល់នូវព្រះពុទ្ធ ទ្រង់មានសេចក្តី​ព្យាយាម​​នោះ ជាទីពឹង​ផង សមាទាន​នូវសីលទាំងឡាយផង ជួនកាល ព្រះពុទ្ធមាន​ព្យាយាម​ធំនោះ ប្រសើរជាង​ពួកជន ទ្រង់ប្រកាសនូវ​អភិសម្ភោធិញ្ញាណ​របស់​ព្រះអង្គ ក្នុងទីប្រជុំមហាជន ក្នុងសច្ចៈ​ទាំង​​ឡាយ មានទុក្ខសច្ចជាដើម ជាធម៌ដែលព្រះអង្គ មិនធ្លាប់ឮក្នុង​កាលមុន។ ចក្ខុក្តី ញាណក្តី បញ្ញាក្តី វិជ្ជាក្តី ពន្លឺក្តី កើតមានដល់ខ្ញុំ បពិត្រភិក្ខុទាំងឡាយ ខ្ញុំបានស្តាប់​ បាន​រៀន​នូវរឿងនោះ ហើយ​សាកសួរ។ ដោយកុសលកម្មដែល​ខ្ញុំធ្វើល្អ​នោះ​ផង ដោយ​ការតម្កល់នូវ​ចេតនានោះផង លុះខ្ញុំលះបង់រាងកាយ​ជារបស់​នៃមនុស្ស ក៏បានទៅ​កើតក្នុង​ឋាន​តាវត្តឹង្ស។ ឥឡូវនេះ ដល់មក​ក្នុងបច្ឆិមភព ខ្ញុំកើតក្នុង​ត្រកូលមហាសេដ្ឋី បានចូល​ទៅជិត​ព្រះពុទ្ធ ហើយបាន​ស្តាប់នូវព្រះសទ្ធម្ម ដែលប្រកបព្រមដោយមច្ចុ។ ខ្ញុំបួស​ហើយមិន​យូរ​ប៉ុន្មាន ក៏បានត្រិះរិះនូវប្រយោជន៍ទាំងពួង បានញុំាង​អាសវៈ​ទាំងពួង​ឲ្យអស់ ហើយបាន​សម្រេច​ព្រះអរហត្ត។ បពិត្រ​ព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញក្នុង​ឫទ្ធិទាំង​ឡាយ​ផង ជា​អ្នកស្ទាត់​ជំនាញ​ក្នុង​សោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញ​ក្នុង​ចេតោបរិយញ្ញាណ​ផង។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជម្រះ​ស្អាតល្អហើយ អាសវៈទាំងពួងរបស់​ខ្ញុំអស់​ហើយ ឥឡូវនេះ ភពថ្មីទៀតមិន​មានឡើយ។ ខ្ញុំមាន​សេចក្តី​ដឹង​ក្នុង​អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និង​បដិភាណប្បដិសម្ភិទា ជា​ញាណស្អាត ឥតមាន​មន្ទិល ព្រោះហេតុនៃ​ព្រះពុទ្ធដ៏ប្រសើរ។ កិលេសទាំងឡាយ ខ្ញុំដុត​បំផ្លាញហើយ ភពទាំង​ពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបាន​កាត់ចំណង ដូចជា​មេដំរី​កាត់​ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃ​ព្រះពុទ្ធដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំបាន​សម្រេចហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ​ហើយ។

បានឮថា ព្រះសេលាភិក្ខុនីមានអាយុ បានសម្តែងនូវគាថា​ទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សេលាថេរិយាបទាន។

ទ្ទា

អដ្ឋារសសហ្សខត្តិយកញ្ញាថេរីនមបទាន ១ ចតុរាសីតិសហស្ស ព្រាហ្មណកញ្ញាថេរីនម​បទាន ១ ឧប្បលទាយិកាថេរិយាបទាន ១​ សិង្គាលមាតាថេរិយាបទាន ១​ សុក្កាថេរិយា​បទាន ១ អភិរូបនន្ទាថេរិយាបទាន ១ អឌ្ឍកាសីថេរិយាបទាន ១ បុណ្ណិកាថេរិយាបទាន ១ អម្ពបាលីថេរិយាបទាន ១ សេលាថេរិយាបទាន ១។

ចប់ ខត្តិយកញ្ញាវគ្គ ទី៤។

ចប់ អបទាន។

ចប់ ភាគ៧៦។

សូមអនុមោទនា !!!

Oben-pfeil