ខុទ្ទកនិកាយ

ពុទ្ធវំសៈ ចរិយាបិដក

ភាគទី៧៧

ពុទ្ធវង្ស

សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

រតនចង្កមនក័ណ្ឌ

[១] គ្រានោះ សហម្បតីព្រហ្ម ជាអធិបតីនៃលោក ធ្វើអញ្ជលីអារាធនាព្រះសម្ពុទ្ធថា ពួក​សត្វ​ក្នុងលោកនេះ មានធូលី គឺរាគាទិក្កិលេសក្នុងភ្នែកស្រាលស្តើងហើយ សូម​ព្រះអង្គ​សម្តែង​ធម៌ សូមព្រះអង្គអនុគ្រោះពួកសត្វនេះ។ ពួកព្រហ្មធ្វើអញ្ជលី អារាធនា​ព្រះមានព្រះភាគ ជាអធិបតីនៃលោក ខ្ពង់ខ្ពស់ជាងនរជនថា ពួកសត្វក្នុងលោកនេះ មាន​ប្រាជ្ញា មានធូលី គឺរាគាទិក្កិលេសក្នុងភ្នែកស្រាលស្តើងហើយ សូមព្រះអង្គសម្តែងធម៌ សូម​ព្រះអង្គអនុគ្រោះពួកសត្វនេះ។

សូមព្រះសុគតសម្តែងធម៌ សូមសម្តែងព្រះនិព្វានឈ្មោះអមតៈ បពិត្រព្រះនាយក សូម​ព្រះមានព្រះភាគសម្តែងធម៌ ដើម្បីអនុគ្រោះដល់សត្វលោកទាំងឡាយ។

ព្រះតថាគត ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាតាទិបុគ្គល ទ្រទ្រង់នូវពន្លឺ ទ្រទ្រង់​នូវ​រាងកាយជាទីបំផុត ព្រះអង្គឥតមានបុគ្គលផ្ទឹមបាន ទ្រង់    មានសេចក្តីករុណាកើតឡើង ក្នុងសត្វទាំងពួង។   ព្រះមានព្រះភាគជាសាស្តា ទ្រង់ព្រះសណ្តាប់ពាក្យនោះហើយ ក៏ទ្រង់​ពោល​នូវពាក្យនេះថា

ទ្វារនៃព្រះនិព្វាននោះ របើកហើយ សត្វទាំងឡាយណា មានសោតប្បសាទ សត្វទាំងនោះ ចូរបញ្ចេញនូវសទ្ធាចុះ ម្នាលព្រហ្ម តថាគតសម្គាល់នូវសេចក្តីនឿយលំបាក បានជាមិន​សម្តែង​ធម៌ដ៏ឧត្តម ដែលតថាគតស្ទាត់ហើយ ចំពោះមនុស្សទាំងឡាយ។

សម័យនោះ ព្រះមានព្រះភាគ ទ្រង់អនុគ្រោះដល់ពួកវេនេយ្យសត្វ ព្រះអង្គ​ទ្រង់​ជាអ្នក​ប្រាជ្ញដ៏ប្រសើរ ទ្រង់ពុទ្ធដំណើរទៅអំពីដើមអជបាលនិគ្រោធ។ ព្រះអង្គស្តេចចូលទៅកាន់​ក្រុងពារាណសី ដោយព្រះពុទ្ធដំណើរតាមលំដាប់ គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់​លើ​បល្ល័ង្កដ៏ប្រសើរនោះឯង។ ព្រះមានព្រះភាគ ទ្រង់ញ៉ាំងធម្មចក្រ គឺទុក្ខសច្ច ១ ទុក្ខសមុប្បាទសច្ច ១ និរោធសច្ច ១ មគ្គសច្ចដ៏ឧត្តម ១ ឲ្យប្រព្រឹត្ត​ទៅដល់​ពួក​បញ្ចវគ្គិយភិក្ខុ។ លុះព្រះមានព្រះភាគ ទ្រង់ញ៉ាំងធម្មចក្រនោះឲ្យប្រព្រឹត្តទៅហើយ គ្រា​នោះ ពួកឥសី គឺបញ្ចវគ្គិយភិក្ខុទាំងនោះ គឺកោណ្ឌញ្ញៈ ភទ្ទិយៈ វប្បៈ មហានាម អស្សជិ ព្រម​ទាំងពួកព្រហ្ម និងទេវតា ១៨ កោដិ ក៏បានត្រាស់ដឹងនូវធម៌ក្នុងបឋមសន្និបាត។ គ្រានោះ​ឯង ពួកបញ្ចវគ្គិយភិក្ខុទាំងអស់ ព្រមទាំងពួកព្រហ្ម និងទេវតា ១៨ កោដិ ដែល​ព្រះមានព្រះភាគ ទ្រង់ណែនាំពន្យល់ដោយធម្មចក្រនោះ និងដោយធម៌ដទៃទៀត ក៏បាន​លុះសោតាបត្តិផលក្នុងបឋមសន្និបាតនោះ តាមលំដាប់។ ព្រះសាស្តា ស្តេចទៅកាន់​ក្រុង​រាជគ្រឹះ ដោយពុទ្ធដំណើរតាមលំដាប់។ ព្រះពុទ្ធជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់គង់នៅ​ក្នុង​វេឡុវន​មហាវិហារ ព្រះបាទពិម្ពិសារ ទ្រង់ឮដំណឹងនោះហើយ ក៏ស្តេចចូលទៅ​គាល់​ព្រះមានព្រះភាគ។ ព្រះរាជាមានពួកបរិវារច្រើន ចំនួន ១១ ម៉ឺនរូប កាន់ប្រទីប គ្រឿង​ក្រអូប ធូប និងផ្កាកម្រងជាដើម បូជាព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់សម្តែង​ទោស​នៃកាម ក្នុងទីប្រជុំនោះឯង លុះចប់ទេសនា ព្រះរាជាកើត​សេចក្តីរីករាយ​ក្នុង​កាល​នោះ។ ពួកសត្វ ៨ ម៉ឺន ៤ ពាន់រូប បានត្រាស់ដឹងធម៌ ព្រះរាជាជាពុទ្ធបិតា លុះឮ​ដំណឹង​នោះហើយ ទើបបញ្ជូនទូត ៩ រូបទៅ។ ទូតទាំងឡាយ ព្រមទាំងបរិវារ ៩ ពាន់ ក៏សូម​ផ្នួស​នឹងព្រះមុនី ពួកទូតទាំងនោះ មានបរិវារ ៩ ពាន់ ក៏បានលុះព្រះអរហត្ត។ ក្នុងកាល​ជាខាង​ក្រោយបំផុត កាឡុទាយិមានបរិវារមួយពាន់ កាន់យកភេទជាភិក្ខុហើយ លោកក៏​និមន្ត​ព្រះមានព្រះភាគមក។ ព្រះពុទ្ធជាសក្យដ៏ប្រសើរ ទ្រង់ទទួលនិមន្តហើយ ក៏ស្តេច​ទៅ​កាន់ផ្លូវធំ ស្តេចទៅជាមួយនឹងភិក្ខុពីរម៉ឺនរូប។ ព្រះអង្គស្តេចទៅកាន់ក្រុងកបិលវត្ថុ ដោយ​ព្រះដំណើរតាមលំដាប់ ទ្រង់ធ្វើបាដិហារិយ៍ត្រង់ឆ្នេរស្ទឹងរោហិណី។ ព្រះមានព្រះភាគ ជា​សក្យៈដ៏ប្រសើរ ទ្រង់គង់ត្រង់កណ្តាលនៃបល្ល័ង្កនោះ សម្តែងមហាវេស្សន្តរជាតក ថ្វាយ​ព្រះវរបិតា ពួកសត្វ ៨ ម៉ឺន ៤ ពាន់រូប ក៏បានត្រាស់ដឹងនូវធម៌។

ពួកមនុស្ស ព្រមទាំងទេវតានុ៎ះ មិនបានដឹងដូច្នេះថា ព្រះពុទ្ធអង្គនោះ ទ្រង់​ឧត្តមជាង​នរជន​ដូចម្តេច ឥទ្ធិពល និងបញ្ញាពល តើដូចម្តេច ពុទ្ធពលរបស់ព្រះសាស្តា ជា​ប្រយោជន៍​ដល់​សត្វលោក ដូចម្តេច។ ពួកមនុស្ស ព្រមទាំងទេវតានុ៎ះ មិនបានដឹងដូច្នេះថា ព្រះពុទ្ធ​អង្គនេះ ទ្រង់ឧត្តមជាងនរជនបែបនេះ ឥទ្ធិពល និងបញ្ញាពលបែប នេះ ពុទ្ធពល​របស់​ព្រះសាស្តា ជាប្រយោជន៍ សត្វលោកបែបនេះ។

(ព្រះសាស្តា ទ្រង់ជ្រាបអធ្យាស្រ័យនៃមនុស្ស និងទេវតាទាំងនោះដូច្នោះហើយ) ទើប​ទ្រង់​ព្រះចិន្តាថា បើដូច្នោះ តថាគតនឹងសម្តែងនូវពុទ្ធពលដ៏ប្រសើរ និម្មិតទីចង្ក្រម ប្រដាប់​ដោយ​កែវឰដ៏អាកាស។

ទេវតាទាំងឡាយណា គឺភុម្មទេវតាក្តី មហារាជិកទេវតាក្តី តាវត្តឹង្សទេវតាក្តី យាមទេវតាក្តី តុសិតទេវតាក្តី និម្មានរតីទេវតាក្តី បរនិម្មិតវសវត្តីទេវតាក្តី ព្រហ្មទាំងឡាយណាក្តី ពួក​ទេវតា និងព្រហ្មទាំងនោះ រីករាយហើយ បានធ្វើនូវសំឡេងឲ្យឮកងរំពងខ្ទរខ្ទារ។ ផែនដី ព្រមទាំងទេវលោក ក៏ភ្លឺព្រោងព្រាត ទាំងពួកសត្វនរក នៅក្នុងលោកន្តរដ៏ច្រើន ក៏ឥត​មាន​អ្វីបិទបំាង ទាំងងងឹតដ៏ខ្លាំងក្លាទៀតសោត ក៏ខ្ចាត់ខ្ចាយចេញក្នុងកាលនោះ គេអាច​មើល​ឃើញនូវបាដិហារ្យជាអស្ចារ្យបាន។ ពន្លឺដ៏ធំទូលាយលើសលុប កើតឡើងដល់ពួកទេវតា គន្ធព្វ មនុស្ស និងអារក្ស។ ព្រះសាស្តា ព្រះអង្គឧត្តមជាងសត្វ មិនមានអ្នក​ណាមួយ​ប្រសើរ​លើស តែងដឹកនាំសត្វដែលទេវតា និងមនុស្សតែងបូជា មានអានុភាពច្រើន មាន​បុញ្ញលក្ខណៈច្រើន ទ្រង់សម្តែងបាដិហារិយ៍ជាអស្ចារ្យ ផ្សាយទៅក្នុងលោកទាំងពីរ គឺ​លោក​នេះ និងលោកដទៃផង ក្នុងទិសខាងក្រោម ទិសខាងលើ និងទិសទទឹងផង។

ព្រះជិនស្រី ជាសាស្តាចារ្យ ទ្រង់ហោះទៅឰដ៏ផ្ទៃអាកាស ទ្រង់និម្មិតភ្នំសិនេរុជាទីរីករាយ ឲ្យជាទីចង្ក្រមក្នុងទីប្រជុំនោះ។ ទេវតាទាំងមួយម៉ឺនលោកធាតុនោះ ក៏បានក្រាប​ថ្វាយបង្គំ​ព្រះតថាគត ក្នុងសំណាក់នៃព្រះជិនស្រី ហើយធ្វើពុទ្ធបូជា។

គ្រានោះ ព្រះពុទ្ធមានចក្ខុអង្គនោះ ទ្រង់ឧត្តមជាងនរៈ ដែលទេវតាដ៏ប្រសើរ​អារាធនា​ហើយ ក៏ទ្រង់ពិចារណានូវអត្ថ ព្រះលោកនាយក ទ្រង់និម្មិតទីចង្ក្រម តាក់តែង​ដោយ​រតនៈ​ទាំងអស់ សម្រេចដោយល្អហើយ។ ព្រះមានព្រះភាគ ទ្រង់ស្ទាត់ក្នុងបាដិហារ្យ ៣ យ៉ាង គឺឥទ្ធិបាដិហារ្យ ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបាដិហារ្យ ១ ព្រះលោកនាយក ទ្រង់​និម្មិតទីចង្ក្រម តាក់តែងដោយរតនៈទាំងអស់ សម្រេចល្អហើយ។

ព្រះអង្គទ្រង់សម្តែង (នូវបាដិហារ្យ) លើទីចង្ក្រម សម្រេចដោយកែវ លើភ្នំសិនេរុ​ដ៏ឧត្តម​ដោយលំដាប់ ដូចជាសសរនៃលោកធាតុទាំងមួយម៉ឺន។ ព្រះជិនស្រី ទ្រង់និម្មិតទីចង្ក្រម ជា​វិការៈនៃមាសសុទ្ធ ត្រង់ខាងនៃទីចង្ក្រមដ៏សម្រេចដោយកែវ កន្លងលោកធាតុមួយម៉ឺន។ ទ្រង់និម្មិតនូវថែវទាំងឡាយ ជាវិការៈនៃមាសសុទ្ធ មានមេដម្បូល និងផ្ទោងប្រព្រឹត្តទៅ ក្រាលដោយក្តារមាស ត្រង់ចំហៀងទាំងសងខាង (នៃរតនចង្ក្រម និង​សុវណ្ណចង្ក្រម​នោះ)។ ព្រះសម្ពុទ្ធ ទ្រង់និម្មិតរតនចង្ក្រមដ៏ពោរពាសដោយខ្សាច់ ជាវិការៈនៃកែវមណី និង​កែវមុក្តា ញ៉ាំងទិសទាំងពួងឲ្យភ្លឺព្រោងព្រាត ហាក់ដូចជាព្រះអាទិត្យរះឡើង។ ព្រះសម្ពុទ្ធ ជា​អ្នកប្រាជ្ញ ទ្រង់មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ ទ្រង់រុងរឿងក្នុងទីចង្ក្រមនោះ ព្រះជិនស្រី ទ្រង់ចង្ក្រមលើទីចង្ក្រម។ ទេវតាទាំងអស់ មកប្រជុំគ្នា​ហើយរោយរាយ​នូវ​ផ្កាមន្ទារវៈ ផ្កាឈូក និងផ្កាបារិច្ឆត្តកព្រឹក្សជាទិព្វក្នុងទីចង្ក្រម។ ពួកទេវតា​មួយម៉ឺនលោក​ធាតុ ដែលមកប្រជុំគ្នា បានឃើញព្រះមានព្រះភាគអង្គនោះ ក៏មានចិត្តត្រេកអររីករាយ ហើយ​ក្រាបថ្វាយបង្គំ។ ទេវតាទាំងឡាយណា ជាន់តាវត្តឹង្សផង ជាន់យាមៈផង ជាន់​តុសិត​ផង ទេវតាជាន់និម្មានរតីផង ទេវតាជាន់វសវត្តីផង ទេវតាទាំងនោះ មានចិត្ត​អណ្តែត​ខ្ពស់​ឡើង មានចិត្តរីករាយ រមិលមើលព្រះលោកនាយក។

ពួកទេវតា ពួកគន្ធព្វ ពួកមនុស្ស និងពួកអារក្ស ពួកនាគ ពួកគ្រុឌ ទាំងពួកកិន្នរ ក៏ឃើញ​ព្រះសម្ពុទ្ធម្ចាស់ ទ្រង់មានព្រះទ័យអនុគ្រោះដោយប្រយោជន៍ ដល់សត្វលោកនោះ ហាក់​ដូច​ជាមណ្ឌលព្រះចន្ទ្រខ្ពស់ត្រដែតឰដ៏អាកាស។

ពួកព្រហ្មជាន់អាភស្សរៈផង ជាន់សុភកិណ្ហៈផង ជាន់វេហប្ផលៈផង ជាន់អកនិដ្ឋៈផង ស្លៀក​សំពត់សសុទ្ធ ឈរផ្គងអញ្ជលី។

(ពួកព្រហ្មទាំងនោះ) បញ្ចេញនូវផ្កាមន្ទារវៈមានពណ៌ ៥ ដ៏លាយដោយលំអិតខ្លឹមចន្ទន៍ផង បង្វិលគ្រវីសំពត់ទាំងឡាយផង ឰដ៏អាកាសក្នុងកាលនោះ (ហើយពោលថា) អើហ្ន៎ ព្រះជិនស្រី ទ្រង់អនុគ្រោះដោយប្រយោជន៍ដល់សត្វលោក។

ព្រះអង្គជាសាស្តាចារ្យផង ជាទង់ផង ជាទង់ជ័យផង ជាប្រាសាទផង ជាទីពឹង​ប្រព្រឹត្ត​ទៅ​ខាងមុខផង ជាប្រទីបរបស់ពួកសត្វផង ទ្រង់ឧត្តមជាងសត្វជើង ២ ផង។ ពួកទេវតា​ក្នុង​មួយម៉ឺនលោកធាតុ ដែលមានឫទ្ធិច្រើន មានចិត្តត្រេកអរ ស្រស់ស្រាយ រីករាយ មក​ចោមរោម ហើយថ្វាយបង្គំ។ ពួកទេវតា និងពួកទេពកញ្ញា មានចិត្តជ្រះថ្លា មានចិត្តត្រេកអរ បូជាព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងនរៈ ដោយផ្កាមានពណ៌ ៥។ ពួកទេវតាទាំងឡាយ មាន​ចិត្តជ្រះថ្លា មានចិត្តត្រេកអរ ឃើញព្រះអង្គ ក៏នាំគ្នាបូជាព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងនរៈ ដោយផ្កាមានពណ៌ ៥ (ហើយពោលថា) ឱហ្ន៎! អស្ចារ្យចម្លែកណាស់ គួរឲ្យព្រឺរោម​ក្នុង​លោក ឯសេចក្តីអស្ចារ្យគួរឲ្យព្រឺរោមបែបនេះ មិនដែលកើតឡើងសោះឡើយ។ ពួកទេវតា​ទាំង​នោះ អង្គុយក្នុងភពរបស់ខ្លួនៗ រីករាយខ្លាំង ព្រោះឃើញនូវសេចក្តី​អស្ចារ្យឰដ៏​អាកាស។ ពួកអាកាសដ្ឋកទេវតា ពួកភុម្មដ្ឋកទេវតា និងពួក​ទេវតាដែលនៅ​អាស្រ័យ​ឰដ៏​ស្មៅ និងឈើជាថ្នាំ ត្រេកអរស្រស់ស្រាយ រីករាយខ្លាំង នាំគ្នាផ្គងអញ្ជលីនមស្ការ។ ទាំង​ពួកនាគ​ដែលមានអាយុវែង មានបុណ្យច្រើន មានឫទ្ធិច្រើន ក៏រីករាយ ថ្វាយបង្គំបូជា​ព្រះពុទ្ធ​ដ៏ខ្ពង់ខ្ពស់ជាងនរៈដែរ។ ចម្រៀងទាំងឡាយប្រព្រឹត្តទៅឰដ៏អាកាស ជាផ្លូវនៃខ្យល់ ពួក​ទេវតាក៏វាយស្គរ ព្រោះឃើញនូវសេចក្តីអស្ចារ្យឰដ៏អាកាស ស័ង្ខ ស្រឡៃ សំភោរដ៏​ច្រើន ក៏ប្រគំលាន់ឮឡើង ក្នុងកណ្តាលអាកាស ព្រោះឃើញនូវសេចក្តីអស្ចារ្យឰ​ដ៏​អាកាស។ ការព្រឺរោមកើតឡើងដល់ពួកយើងក្នុងថ្ងៃនេះ ចម្លែកពេកណាស់ហ្ន៎ ពួកយើង​បាន​​នូវការសម្រេចប្រយោជន៍ដ៏ទៀងទាត់ ខណៈ ឈ្មោះថាពួកយើងបានទាន់ហើយ។ បីតិ​ក៏កើតឡើងដល់ទេវតាទាំងនោះ ក្នុងខណៈនោះឯង ព្រោះឮពាក្យថាព្រះពុទ្ធ ទេវតា​ទាំង​នោះ ឈរផ្គងអញ្ជលី ពោលសរសើរថា ព្រះពុទ្ធៗ។ ពួកសត្វផ្សេងៗ ផ្គងអញ្ជលី ញ៉ាំង​សំឡេង​ទ្រហឹងអឺងកង សំឡេងសាធុការ សំឡេងហ៊ោឲ្យប្រព្រឹត្តទៅ ក្នុងកណ្តាល​អាកាស។

ទេវតាទាំងឡាយ ច្រៀង ហួច ប្រគំ ទះដៃ រាំ ជម្រុះនូវផ្កាមន្ទារវៈ មានពណ៌ ៥ ដែល​លាយ​ច្រឡំ​ដោយលំអិតនៃខ្លឹមចន្ទន៍។

(ហើយពោលថា) បពិត្រព្រះអង្គមានព្យាយាមធំ លក្ខណៈនៃចក្រ ទង់ជ័យ កែវវជីរ ទង់​ជ្រុង តាក់តែងដោយកង្វេរ កំពុងចម្រើនត្រង់ព្រះបាទាទាំងគូរបស់ព្រះអង្គ។ ព្រះមានព្រះ​ភាគ ឥតមានបុគ្គលស្មើ ចំពោះព្រះរូបផង សីលផង សមាធិផង ប្រាជ្ញាផង ព្រះអង្គ​ស្មើ​ដោយ​ព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ ចំពោះវិមុត្តិ និងការញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ។ កម្លាំងក្នុងព្រះកាយនៃព្រះអង្គ ជាកម្លាំងប្រក្រតី ស្មើនឹងកម្លាំងដំរី ១០ ព្រះអង្គ​ឥត​មាន​បុគ្គល​ប្រៀបផ្ទឹមស្មើ ដោយកម្លាំងនៃឫទ្ធិ ក្នុងការញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ។ អ្នក​ទាំង​ឡាយ ចូរនាំគ្នាក្រាបថ្វាយបង្គំនូវព្រះមហាមុនី ព្រះអង្គបរិបូណ៌ដោយគុណទាំងពួង ប្រកប​ដោយអវយវៈទាំងពួង ទ្រង់មានករុណាជាទីពឹងនៃលោក។ ព្រះអង្គជាបុគ្គលគួរទទួលនូវ​កិច្ច​ទាំងពួង​របស់ពួកជន គឺការក្រាបសំពះ ការស្ងើច ការថ្វាយបង្គំ ការសរសើរ ការ​នមស្ការ និងការបូជា។ ជនទាំងឡាយណាមួយ ក្នុងលោក ដែលគួរគេថ្វាយបង្គំ ឬជន​ទាំងឡាយ​ណា គួរដល់ការថ្វាយបង្គំ បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គជា​បុគ្គល​ប្រសើរ​បំផុតជាងជនទាំងអស់នោះ បុគ្គលស្មើនឹងព្រះអង្គមិនមានឡើយ។ ព្រះសារីបុត្ត​មាន​ប្រាជ្ញាច្រើន ជាអ្នកឈ្លាសក្នុងសមាធិ និងឈាន ឋិតនៅលើភ្នំគិជ្ឈកូដ ឃើញ​ព្រះលោកនាយក។ សំឡឹងមើលព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងនរៈ ហាក់ដូចជាដើមរាំងភ្នំ ដែល​មានផ្ការីកស្គុះស្គាយ ដូចព្រះចន្ទ្រកណ្តាលអាកាស ឬដូចជាព្រះអាទិត្យត្រង់ជាក់។ ឃើញ​ព្រះលោកនាយក មានរស្មីផ្សាយចេញ ១ ព្យាម រុងរឿងដូចឈើប្រចាំទ្វីប ឬដូច​ព្រះអាទិត្យស្រទន់ ដែលទើបនឹងរះឡើង។ ខណៈនោះ ព្រះសារីបុត្រ បានប្រជុំ​ពួក​ភិក្ខុចំនួន ៥០០ រូប ជាអ្នកមានសោឡសកិច្ចធ្វើហើយ ជាតាទិបុគ្គល ជាព្រះខីណាស្រព ប្រាស​ចាកមន្ទិល ហើយសម្តែងនូវបាដិហារិយៈ ឈ្មោះលោកប្បសាទនៈថា ពួកយើង​នឹងទៅ​ក្នុងទីនោះ ហើយថ្វាយបង្គំព្រះជិនស្រី។ លោកទាំងឡាយចូរមក យើងទាំងអស់គ្នា នឹងទៅសាកសួរព្រះជិនស្រី បានចួបព្រះលោកនាយកហើយ នឹងបន្ទោបង់នូវ​សេចក្តី​សង្ស័យ។ ឯពួកភិក្ខុទាំងនោះ ជាអ្នកមានប្រាជ្ញាចាស់ក្លា សង្រួមឥន្ទ្រិយ ក៏ទទួលព្រមថា សាធុ ហើយប្រដាប់បាត្រ និងចីវរ ដើរទៅជាប្រញាប់។ ព្រះសារីបុត្រមានប្រាជ្ញាច្រើន (ឋិត​នៅ) ក្នុងការទូន្មានដ៏ឧត្តម ក៏ចូលទៅរក (ព្រះមានព្រះភាគ) ដោយឫទ្ធិ ជាមួយនឹង​ព្រះខីណាស្រព​ទាំងឡាយ ដែលជាអ្នកប្រាសចាកមន្ទិល មានឥន្ទ្រិយទូន្មាន។ ព្រះសារីបុត្រ ដែលមានពួកភិក្ខុទាំងនោះហែហម ជាអ្នកមានពួកដ៏ធំ ចូលទៅដោយឫទ្ធិ ដូច​ទេវតាកាលលេងសប្បាយឰដ៏អាកាស។ ពួកភិក្ខុទាំងនោះ ជាអ្នកមានវត្តល្អ ប្រកប​ដោយ​សេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង អត់ទ្រាំនូវការក្អក និងកណ្តាស់ ចូល​គាល់​ព្រះសម្ពុទ្ធ។ លុះចូលទៅគាល់ហើយ ក៏បានឃើញព្រះសយម្ភូ ជាលោកនាយក មាន​ព្យាយាម ទ្រង់ហោះទៅឰដ៏អាកាស ហាក់ដូចជាព្រះចន្ទ្រនាកណ្តាលអាកាស។ ឃើញ​ព្រះលោកនាយក រុងរឿងដូចឈើប្រចាំទ្វីប ដូចផ្លេកបន្ទោរឰដ៏អាកាស ឬដូច​ព្រះអាទិត្យ​ត្រង់ជាក់។ ភិក្ខុទាំង ៥០០ រូប ឃើញព្រះលោកនាយក ទ្រង់ថ្លាស្អាត ដូចអន្លង់ទឹក ឬដូច​ផ្កាឈូកដែលរីកស្គុះស្គាយ ក៏ត្រេកអរ ស្រស់ស្រាយ រីករាយ ហើយផ្គងអញ្ជលី ក្រាប​ថ្វាយ​បង្គំព្រះបាទា ដ៏ប្រដាប់ដោយលក្ខណៈនៃចក្ររបស់ព្រះសាស្តា។ ព្រះសារីបុត្រ មាន​ប្រាជ្ញា​ច្រើន ប្រាកដស្មើដោយផ្កាស្មៅកន្ទុយដំរី ជាអ្នកឈ្លាសក្នុងសមាធិ និងឈាន ក្រាប​ថ្វាយ​បង្គំនូវព្រះលោកនាយក។ ព្រះមោគ្គល្លាន មានឫទ្ធិច្រើន ឥតមានបុគ្គល​ស្មើដោយ​កម្លាំងនៃឫទ្ធិ ប្រាកដស្មើដោយផ្កាឧប្បលខៀវ ប្រៀបដូចជាកាលមេឃគំទរ។ ព្រះមហា​កស្សប​ត្ថេរ រុងរឿងដូចជាមាស ដែលព្រះសាស្តាសរសើរ លើកតម្កើងតំកល់ក្នុងឋានៈ​ដ៏​ប្រសើរ ខាងធុតង្គគុណ។ ឯព្រះអនុរុទ្ធ ជាអ្នកប្រសើរជាងពួកបុគ្គលមានចក្ខុទិព្វ មានពួក​ច្រើន ជាអ្នកប្រសើរក្នុងញាតិ ឋិតនៅក្នុងទីជិតព្រះមានព្រះភាគ។ ព្រះឧបាលិ អ្នកឈ្លាស​ក្នុងអាបត្តិ និងអនាបត្តិ ទាំងអាបត្តិនៅកែបាន ដែលព្រះសាស្តាសរសើរតាំងទុកថា ជា​អ្នក​ប្រសើរ​ខាងវិន័យ។ ភិក្ខុជាកូននៃនាងមន្តានី ប្រាកដនាមថា បុណ្ណៈ អ្នកចាក់​ធ្លុះនូវ​អត្ថដ៏​ល្អិតល្អន់ ប្រសើរជាងពួកធម្មកថិកជាអ្នកមានពួក។ ព្រះមុនីទ្រង់ឈ្លាសក្នុងពាក្យឧបមា ទ្រង់​ជ្រាបនូវចិត្តនៃភិក្ខុទាំងឡាយនុ៎ះ ទ្រង់មានព្យាយាមធំ កាត់នូវសេចក្តីសង្ស័យ ទ្រង់​សម្តែង​នូវគុណរបស់ព្រះអង្គ។ ទីបំផុតនៃអសង្ខេយ្យទាំងឡាយណា ដែលបុគ្គលដឹង​មិន​បាន អសង្ខេយ្យទាំងនោះ មាន ៤ ប្រការ អសង្ខេយ្យទាំងនុ៎ះ គឺពួកសត្វ ១ អាកាស ១ ចក្កវាឡ​មិនមានទីបំផុត ១ ពុទ្ធញ្ញាណដែលប្រមាណមិនបាន ១ បុគ្គល​មិនអាច​ដឹងបាន​ឡើយ។ (ព្រះសាស្តាទ្រង់ត្រាស់ថា) ការដែលតថាគតធ្វើឫទ្ធិប្លែកៗណា ការធ្វើឫទ្ធិប្លែកៗ​នុ៎ះ នឹងទុកជាហេតុអស្ចារ្យក្នុងលោក ដូចម្តេចបាន ព្រោះហេតុជាអស្ចារ្យចម្លែក គួរព្រឺរោម​ដទៃ​ទៀត នៅមានច្រើន។ កាលដែលតថាគត នៅជាទេវបុត្រឈ្មោះ សន្តុសិតៈ ក្នុងពួក​ទេវបុត្រ​ជាន់តុសិត កាលនោះ ទេវតាមួយម៉ឺនលោកធាតុ មកប្រជុំគ្នា ធ្វើអញ្ជលី​អារាធនា​តថាគត​ថា បពិត្រព្រះអង្គមានព្យាយាមធំ កាលនេះគួរដល់ព្រះអង្គហើយ សូមព្រះអង្គ​ទ្រង់​កើតក្នុងផ្ទៃនៃព្រះមាតា ចម្លងមនុស្សលោក ព្រមទាំងទេវលោក សូមទ្រង់​ត្រាស់ដឹង​នូវ​ព្រះនិព្វានឈ្មោះអមតៈ។ កាលណា តថាគតច្យុតចាកពួកទេវតាជាន់តុសិត មកចាប់​បដិសន្ធិក្នុងផ្ទៃ (នៃមាតា) កាលនោះ លោកធាតុមួយម៉ឺន និងព្រះធរណីញាប់ញ័រ។ កាល​ដែល​តថាគតប្រសូតចាកផ្ទៃមាតា ក៏ដឹងខ្លួនច្បាស់លាស់ ពួកទេវតា​ញ៉ាំងសាធុការ​ឲ្យ​ប្រព្រឹត្ត​ទៅ លោកធាតុមួយម៉ឺនញាប់ញ័រ។ តថាគតមិនមានបុគ្គលស្មើ ក្នុងការចុះកាន់​គភ៌​ព្រះមាតា​នៃតថាគត ជាបុគ្គលប្រសើរបំផុត ក្នុងការប្រសូតិចាកផ្ទៃមាតា ក្នុងការត្រាស់ដឹង និងការញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ។ ឱ! ព្រះពុទ្ធទាំងឡាយមានគុណដ៏ធំជាអស្ចារ្យក្នុង​លោក​ពេក​ណាស់ លោកធាតុមួយម៉ឺនញាប់ញ័រ អស់វារៈ ៦ លើក។ ពន្លឺដ៏ធំក៏កើតមាន ទាំង​សេចក្តីអស្ចារ្យ គួរព្រឺរោមក៏កើតឡើង។ សម័យនោះ ព្រះជិនស្រីមានព្រះភាគ ជា​ចម្បង​ក្នុងលោក ប្រសើរជាងនរៈ ទ្រង់ចង្ក្រមបង្ហាញឲ្យមនុស្សលោក ព្រមទាំងទេវលោក មើល​ឃើញដោយឫទ្ធិ។ ព្រះលោកនាយក ចង្ក្រមក្នុងទីចង្ក្រម ទ្រង់មានព្រះបន្ទូល ទ្រង់​មិន​ត្រឡប់វិញ ត្រង់ពាក់កណ្តាល ហាក់ដូចជាចង្ក្រមក្នុងទីចង្ក្រមប្រវែង ៤ ហត្ថ។ ព្រះសារីបុត្រ​មានប្រាជ្ញាច្រើន ឆ្លៀវឆ្លាសក្នុងសមាធិ និងឈាន ជាអ្នកដល់​នូវបារមីនៃ​ប្រាជ្ញា បានក្រាបបង្គំទូលសួរព្រះលោកនាយកដូច្នេះថា បពិត្រព្រះអង្គមានព្យាយាមធំ ទ្រង់​ប្រសើរជាងនរៈ អភិនីហាររបស់ព្រះអង្គ តើដូចម្តេច បពិត្រព្រះអង្គមានព្យាយាម ពោធិញ្ញាណ​ដ៏ខ្ពង់ខ្ពស់ ព្រះអង្គប្រាថ្នាតាំងពីក្នុងកាលណា។ ទាន សីល នេក្ខម្មៈ បញ្ញា និងវីរិយៈ តើដូចម្តេច ខន្តិ សច្ចៈ និងអធិដ្ឋាន មេត្តា និងឧបេក្ខា តើដូចម្តេច។ បពិត្រ​ព្រះអង្គ​មានព្យាយាមធំ ជាលោកនាយក បារមី ១០ តើដូចម្តេច ឧបបារមី ១០ ដែល​បរិបូណ៌ តើដូចម្តេច បរមត្ថបារមី ១០ ដែលបរិបូណ៌ តើដូចម្តេច។ អធិបតីធម៌ទាំងឡាយ អធិដ្ឋាន​នូវកតិកម្ម ដូចម្តេច បារមីទាំងឡាយ ដូចម្តេច អ្នកប្រាជ្ញទាំងឡាយក្នុងលោក តើ​ដូចម្តេច។ មេត្តា ករុណា មុទិតា និងឧបេក្ខា តើដូចម្តេច ព្រះពុទ្ធទ្រង់បំពេញ​ពុទ្ធធម៌ដ៏​ពេញ​លេញ ដូចម្តេច។ ព្រះពុទ្ធទ្រង់មានព្រះសូរសៀងពីរោះ ដូចជាសត្វករវិក ទ្រង់ញ៉ាំង​ហឫទ័យ (នៃពួកសត្វ) ឲ្យរលត់ ញ៉ាំងមនុស្សលោក ព្រមទាំងទេវលោក ឲ្យស្រស់ស្រាយ ដែល​ព្រះសារីបុត្តសាកសួរហើយ ទ្រង់ដោះស្រាយដល់ព្រះសារីបុត្រនោះវិញ។

ព្រះសម្ពុទ្ធ ទ្រង់ប្រកាសនូវរឿង [រឿងដែលលោកចងទុក គឺគោត្រ អាយុ ដើមពោធិព្រឹក្ស សាវកសាវិកាសន្និបាត ឧបដ្ឋាក មាតា បិតា បុត្រ ភរិយាជាដើម។ អដ្ឋកថា។] ដែល​ព្រះជិនស្រី​ជាអតីត​ពុទ្ធទាំងឡាយ ទ្រង់សម្តែងចងទុកហើយ ដែលជាប់​តមក​តាំងពី​ព្រះពុទ្ធទីបង្ករ ជាប្រយោជន៍ក្នុងលោក ព្រមទាំងទេវលោក ដោយប្រាជ្ញាដែល​ប្រព្រឹត្តទៅ​តាម​បុព្វេនិវាស។

អ្នកទាំងឡាយ ចូរតាំងចិត្តប្រុងស្តាប់ (នូវពុទ្ធវង្សទេសនា) របស់តថាគត ជាគ្រឿង​ញ៉ាំង​បីតិ និងបាមោជ្ជៈឲ្យកើត បន្ទោបង់នូវស គឺសេចក្តីសោកបាន ជាហេតុបាននូវសម្បត្តិ​ទាំង​ពួង។ អ្នកទាំងឡាយ ចូរប្រតិបត្តិនូវមគ្គ ជាគ្រឿងញាំញីនូវសេចក្តីស្រវឹង បន្ទោបង់នូវ​សេចក្តី​សោក អាចដោះខ្លួនឲ្យរួចចាកសង្សារ ជាគ្រឿងអស់ទៅនៃទុក្ខទាំងពួងបាន ដោយ​គោរព​ចុះ។

ចប់ រតនចង្កមនក័ណ្ឌ។

ទីបង្ករពុទ្ធវង្ស ទី១

[២] ក្នុង ៤ អសង្ខេយ្យ និងមួយសែនកប្ប មាននគរឈ្មោះអមរវតី ជានគរគួរពិតពិលរមិល​មើល ជាទីរីករាយនៃចិត្ត ជានគរបរិបូណ៌ដោយបាយ និងទឹក ទាំងមិនស្ងាត់ ដោយមាន​សំឡេង ១០ យ៉ាង គឺសំឡេងដំរី សំឡេងសេះ សំឡេងស្គរ សំឡេងស័ង្ខ និងសំឡេង​រថជា​ដើម។ ទាំងជានគរគឹកកងដោយសំឡេង ដែលប្រកបដោយបាយ និងទឹកថា ចូរស៊ី ចូរផឹក ជានគរសម្បូណ៌ដោយសត្វ និងគ្រឿងឧបករណ៍ទាំងពួង បរិបូណ៌ដោយការងារ​គ្រប់​យ៉ាង។ បរិបូណ៌ដោយកែវ ៧ ប្រការ កុះករដោយជនជាតិផ្សេងៗ សម្រេច (ដោយ​គ្រឿងបរិភោគ និងឧបភោគទាំងពួង) ដូចជានគរនៃទេវតា ជាទីនៅនៃជនអ្នកមានបុណ្យ​ទាំង​ឡាយ។ វេលានោះ មានសុមេធព្រាហ្មណ៍ នៅក្នុងនគរអមរវតី ជាអ្នកសន្សំនូវ​ទ្រព្យដ៏​ច្រើន​កោដិ មានទ្រព្យ និងស្រូវច្រើន។ ជាអ្នករៀនមន្ត ចងចាំនូវមន្ត ដល់នូវត្រើយ​នៃវេទ​ទាំង ៣ ដល់នូវបារមីក្នុងលក្ខណៈផង ក្នុងគម្ពីរឥតិហាសៈផង ក្នុងធម៌របស់ព្រាហ្មណ៍​ផង។ កាលនោះ តថាគតនៅក្នុងទីស្ងាត់ ក៏គិតយ៉ាងនេះថា ធម្មតាភពថ្មីទៀត តែងនាំ​មក​នូវ​សេចក្តីទុក្ខ ការបែកធ្លាយសរីរៈ ក៏នាំមកនូវសេចក្តីទុក្ខដូចគ្នា (សេចក្តីស្លាប់ប្រកប​ដោយ​មោហៈ នាំមកនូវទុក្ខ រូបដែលជរាញាំញីហើយ ក៏នាំមកនូវទុក្ខ) អាត្មាអញ មាន​ជាតិជាធម្មតា មានជរាជាធម្មតា មានព្យាធិជាធម្មតា អាត្មាអញនឹងស្វែងរកព្រះនិព្វាន ដែល​មិនចាស់ មិនស្លាប់ ជាទីក្សេមក្សាន្ត។ បើដូច្នោះ អាត្មាអញ​គួរតែលះបង់​កាយស្អុយ​នេះ ដែលពេញដោយសាកសពផ្សេងៗ ជាអ្នកមិនអាឡោះអាល័យ មិនមានសេចក្តី​ត្រូវ​ការ ហើយនឹងចេញទៅ។ ផ្លូវនោះនឹងមានពិត ផ្លូវនោះមិនមែនជាមិនមានហេតុទេ បុគ្គល​អាច​​ទៅបាន អាត្មាអញនឹងស្វែងរកផ្លូវនោះ ដើម្បីដោះខ្លួនចាកភព។ កាលបើទុក្ខមាន សុខ​​ក៏មាន យ៉ាងណា កាលបើភពមាន ការប្រាសចាកភព បុគ្គលគួរតែប្រាថ្នារក ក៏​យ៉ាង​នោះ​ដែរ។ កាលបើក្តៅមាន ត្រជាក់ដទៃក៏មានយ៉ាងណា កាលបើភ្លើង ៣ ប្រការមាន ព្រះនិព្វានដែលបុគ្គលគួរប្រាថ្នា ក៏មានយ៉ាងនោះដែរ។ កាលបើបាបមាន បុណ្យក៏មាន យ៉ាងណា កាលបើជាតិមាន ព្រះនិព្វានមិនមានជាតិ ដែលបុគ្គលគប្បីប្រាថ្នា ក៏មាន​យ៉ាង​នោះ​ដែរ។ បុរសដែលប្រឡាក់លាមក ឃើញស្រះពេញដោយទឹក ហើយមិនស្វែងរកស្រះ ទោសនោះ មិនមែនជាទោសនៃស្រះទេ យ៉ាងណាមិញ កាលបើស្រះ គឺព្រះនិព្វាន​មាន​ហើយ បុគ្គលមិនស្វែងរកស្រះ សម្រាប់លាងនូវកិលេសជាមន្ទិលចេញទេ ទោសនោះ មិន​មែន​ជាទោសនៃស្រះ គឺព្រះនិព្វានទេ គឺជាទោសរបស់បុរស ក៏យ៉ាងនោះដែរ។ បុរស​ដែល​ត្រូវ​សត្រូវទាំងឡាយចោមព័ទ្ធហើយ កាលបើផ្លូវសម្រាប់រត់ទៅ មាន តែបុរសនោះ មិន​រត់​ទៅ ទោសនោះមិនមែនជាទោសនៃផ្លូវទេ យ៉ាងណា បុគ្គលត្រូវកិលេសរួបរឹតហើយ កាល​បើ​ផ្លូវព្រះនិព្វានមាន តែមិនស្វែងរកផ្លូវនោះ ទោសនោះមិនមែនជាទោសនៃផ្លូវនិព្វានទេ គឺជាទោសរបស់បុគ្គលនោះឯង យ៉ាងនោះដែរ។ បុរសដែលមានជំងឺ កាលបើពេទ្យមាន តែមិនឲ្យពេទ្យនោះព្យាបាលជំងឺនោះទេ ទោសនោះ មិនមែនជាទោសនៃពេទ្យទេ យ៉ាង​ណា បុគ្គលត្រូវជំងឺ គឺកិលេសទាំងឡាយបៀតបៀនហើយ ដល់នូវសេចក្តីទុក្ខ មិន​ស្វះ​ស្វែង​រកអាចារ្យ ទោសនោះ មិនមែនជាទោសនៃអាចារ្យទេ គឺជាទោសរបស់​បុគ្គល​នោះ​ឯង យ៉ាងនោះដែរ។ (បើដូច្នោះ) គួរតែអាត្មាអញ លះបង់កាយស្អុយនេះ ដែលពេញ​ដោយ​សាកសពផ្សេងៗ ចេញ គប្បីជាអ្នកមិនមានសេចក្តីអាឡោះអាល័យ មិនមានសេចក្តី​ត្រូវ​ការរូប ហើយចេញទៅ។ បុរសបានស្រាយសាកសព ដ៏គួរខ្ពើមរអើម ដែលជាប់ឰដ៏ក គប្បី​ជា​អ្នកមានសេចក្តីសុខ នៅតាមទំនើងខ្លួន មានអំណាចខ្លួនឯង យ៉ាងណាមិញ។ អាត្មាអញ គួរតែលះបង់កាយស្អុយនេះ ដែលជាទីប្រមូលមកនូវសាកសពផ្សេងៗ ចេញ ហើយគប្បីជាអ្នកមិនអាឡោះអាល័យ មិនមានសេចក្តីត្រូវការ ចេញទៅ យ៉ាងនោះដែរ។ បុរសស្ត្រីទាំងឡាយ ទៅបន្ទោបង់នូវករីសៈ ក្នុងបង្គន់ហើយ ឥតមានអាឡោះអាល័យ ឥត​មានសេចក្តីត្រូវការ ដើរចេញទៅ យ៉ាងណាមិញ ឯអាត្មាអញ នឹងលះបង់នូវ​កាយ​ស្អុយ​នេះ ដែលពេញដោយសាកសពផ្សេងៗ ចេញទៅ ដូចបុរសស្ត្រីទាំងឡាយ ដែលបន្ទោបង់​វច្ចៈ​ក្នុងបង្គន់ ដូច្នោះឯង។ ម្ចាស់ទូកទាំងឡាយ តែងលះបង់ទូកចាស់ ដែលពុកផុយ លេច​ចូលទឹក ឥតមានអាឡោះអាល័យ ឥតត្រូវការវិញ យ៉ាងណាមិញ អាត្មាអញ​នឹង​លះបង់​នូវ​កាយនេះ ដែលមានរន្ធ ៩ ហូរជានិច្ច ហើយចេញទៅ ដូចជាម្ចាស់ទូក លះចោលទូកចាស់ ដូច្នោះឯង។ បុរសកាលដើរទៅជាមួយនឹងពួកចោរ យកទ្រព្យជាប់ទៅផង ឃើញភ័យ​អំពី​ការខូចខាតទ្រព្យ ក៏លះបង់ហើយដើរទៅ យ៉ាងណា កាយនេះ ក៏មានឧបមា​ស្មើដោយ​មហាចោរ អាត្មាអញនឹងលះបង់កាយនេះចេញ ព្រោះខ្លាចខូចខាតកុសលធម៌ យ៉ាង​នោះ​ដែរ។ លុះតថាគតគិតឃើញយ៉ាងនេះហើយ ក៏ឲ្យទ្រព្យជាច្រើនរយកោដិ ដល់ពួកជន​ដែល​មាន​ទីពឹង និងពួកជនដែលឥតទីពឹង ហើយចូលទៅកាន់ព្រៃហិមពាន្ត។ មានភ្នំមួយ​ឈ្មោះ​ធម្មិក នៅជិតព្រៃហិមពាន្ត តថាគតធ្វើអាស្រម សាងបណ្ណសាលាក្បែរភ្នំនោះ។ តថាគតនិម្មិតនូវទីចង្ក្រម ដែលប្រាសចាកទោស ៥ ប្រការ នៅក្បែរអាស្រមបទនោះ នាំ​មក​នូវអភិញ្ញាពលៈ ដែលប្រកបដោយគុណ ៨ ប្រការ។ លះបង់សំពត់សាដក ដែល​ប្រកបដោយទោស ៩ ប្រការ ក្នុងអាស្រមបទនោះ ស្លៀកសំពត់សម្បកឈើ ដែលប្រកប​ដោយគុណ ១២ ប្រការវិញ។ លះបង់បណ្ណសាលា ដែលប្រកបដោយទោស ៨ ប្រការ ចូល​ទៅកាន់គល់ឈើ ដែលប្រកបដោយគុណ ១០ យ៉ាង។ លះបង់ស្រូវដែលគេព្រោះ គេដាំ ដោយមិនសេសសល់ កាន់យកផ្លែឈើដែលជ្រុះឯង បរិបូណ៌ដោយគុណ​ច្រើន​ប្រការ។ តថាគតផ្គងព្យាយាម ក្នុងអាស្រមបទនោះ (ញ៉ាំងយប់ និងថ្ងៃឲ្យកន្លងទៅ) ក្នុងទី​អង្គុយ ទីឈរ និងទីចង្ក្រម បានលុះអភិញ្ញាពលៈ ក្នុងរវាង ៧ ថ្ងៃ។ កាលតថាគត​សម្រេច​អភិញ្ញាហើយ ជាអ្នកមានវសី ក្នុងសាសនានៃតាបស កាលនោះ ព្រះជិនស្រី ព្រះនាម​ទីបង្ករ ជានាយកនៃលោក ទ្រង់កើតឡើង។ កាលព្រះពុទ្ធចាប់បដិសន្ធិផង ប្រសូតផង កាល​​ត្រាស់ដឹងផង សម្តែងធម្មចក្រផង តថាគតជាអ្នកឆ្អែតស្កប់ស្កល់ ដោយសេចក្តី​ត្រេកអរ​​ក្នុងឈាន ប៉ុន្តែមិនបានឃើញនូវនិមិត្តទាំង ៤ ឡើយ។ ពួកមហាជន​ក្នុង​បច្ចន្តប្រទេស មានចិត្តត្រេកអរ និមន្តព្រះតថាគត បាននាំគ្នាជម្រះផ្លូវជាទីមក នៃ​ព្រះតថាគត​នោះ។ សម័យនោះឯង តថាគតចេញអំពីអាស្រមរបស់ខ្លួន កាល​រលាស់​ចីវរ​សម្បកឈើ ហោះទៅឯអាកាស តថាគតឃើញជនកំពុងតែពេញចិត្ត ត្រេកអរ ស្រស់​ស្រាយ រីករាយ ក៏ចុះអំពីអាកាស ហើយសួរមនុស្សទាំងឡាយក្នុងខណៈនោះថា មហាជន​ត្រេកអរ ស្រស់ស្រាយ រីករាយ ពេញចិត្ត ជម្រះផ្លូវ គន្លង ប្រឡាយ ដើម្បីអ្នកណា។ ពួកជន​ទាំង​នោះ ដែលតថាគតសួរហើយ ក៏ឆ្លើយប្រាប់ថា ព្រះពុទ្ធដ៏ប្រសើរក្នុងលោក ជា​ព្រះជិនស្រី ព្រះនាមទីបង្ករ ជាលោកនាយក ទ្រង់កើតឡើងហើយ ពួកយើងខ្ញុំជម្រះផ្លូវ គន្លង ប្រឡាយ ដើម្បីព្រះពុទ្ធទីបង្ករនោះ។ បីតិកើតឡើងដល់តថាគត ក្នុងខណៈនោះ ព្រោះ​តែ​ឮពាក្យថា ព្រះពុទ្ធ តថាគតទន្ទេញថា ព្រះពុទ្ធ ព្រះពុទ្ធ ដូច្នេះហើយ ក៏បាននូវ​សោមនស្ស។ តថាគតឋិតនៅក្នុងប្រទេសនោះ ត្រេកអរ មានចិត្តតក់ស្លុត គិតថា អាត្មាអញ​នឹងបណ្តុះពូជកុសល ក្នុងបុញ្ញក្ខេត្តនេះ កុំឲ្យខណៈកន្លងទៅទទេឡើយ។ (លុះ​គិត​ដូច្នេះហើយ ក៏និយាយទៅរកមហាជនថា) បើអ្នកទាំងឡាយ ជម្រះផ្លូវថ្វាយព្រះពុទ្ធ ចូរឲ្យឱកាសមួយដល់អាត្មាផង អាត្មានឹងជម្រះផ្លូវប្រឡាយដែរ។ កាលនោះ ពួកជន​ទាំង​នោះ ក៏ឲ្យឱកាសមួយដល់តថាគតដើម្បីជម្រះផ្លូវ តថាគតគិតថា ព្រះពុទ្ធ ព្រះពុទ្ធ ដូច្នេះ ជម្រះផ្លូវបណ្តើរ ក្នុងឱកាសនោះ។ កាលដែលឱកាស (ផ្លូវ) របស់តថាគត ធ្វើមិនទាន់​សម្រេច​នៅឡើយ ស្រាប់តែព្រះជិនស្រី ជាអ្នកប្រាជ្ញធំ ព្រះនាមទីបង្ករ ស្តេចយាង​មក​តាមផ្លូវ ជាមួយនឹងព្រះខីណាស្រព ៤ សែនរូប សុទ្ធតែជាអ្នកបានអភិញ្ញា ៦ ជាតាទិបុគ្គល ប្រាសចាកមន្ទិល។ ការក្រោកទទួល(ព្រះសាស្តា) ក៏ប្រព្រឹត្តទៅ ស្គរទាំងឡាយជាច្រើន ក៏លាន់ឮឡើងគគ្រឹកគគ្រេង ពួកមនុស្ស និងទេវតា ក៏ត្រេកអរ ញ៉ាំងសាធុការ​ឲ្យប្រព្រឹត្ត​ទៅ។ ពួកទេវតាឃើញពួកមនុស្ស ឯពួកមនុស្សក៏ឃើញពួកទេវតា ទេវតា និងមនុស្ស​ទាំង​ពីរពួកនេះ បានផ្គងអញ្ជលី ដើរដង្ហែព្រះតថាគត។ ពួកទេវតាប្រគំតូរ្យតន្ត្រីទិព្វទាំងឡាយ ពួកមនុស្ស ក៏ប្រគំតូរ្យតន្ត្រី ជារបស់មនុស្សទាំងឡាយ ពួកទេវតា និងមនុស្សទាំងពីរ​ក្រុម​នេះ ប្រគំភ្លេងដង្ហែព្រះតថាគត។ ពួកទេវតាដែលឋិតនៅឰដ៏អាកាស ក៏រោយរាយ​ផ្កា​មន្ទារវៈ ផ្កាឈូក ផ្កាបរិច្ឆត្តកព្រឹក្សជាទិព្វ ឰដ៏អាកាស អំពីទិសតូចទិសធំ។ ពួកទេវតា​ដែល​ឋិតនៅឰដ៏អាកាស ក៏រោយរាយលំអិតខ្លឹមចន្ទន៍ទិព្វផង គ្រឿងក្រអូបដ៏ប្រសើរទាំង​អស់​ផង អំពីទិសតូចទិសធំ ឰដ៏អាកាស។ ពួកមនុស្សដែលឋិតនៅលើផែនដី ក៏រោយរាយផ្កា​ចម្ប៉ា ផ្កាស្រល់ ផ្កាក្ទម្ព ផ្កាខ្ទឹង ផ្កាបុសនាគ និងផ្កាកាកេស អំពីទិសតូចទិសធំ។ តថាគត​រំសាយសក់ត្រង់ប្រទេសនោះ ហើយក្រាលចីវរសម្បកឈើ និងកំណាត់ស្បែកលើភក់ ហើយ​ដេកផ្កាប់មុខ(អធិដ្ឋានថា) សូមព្រះពុទ្ធ ព្រមទាំងពួកសិស្ស ជាន់អាត្មាអញ​យាង​ទៅចុះ សូមកុំជាន់ភក់ឡើយ ការមិនជាន់លើភក់នោះ នឹងជាប្រយោជន៍ដល់អាត្មាអញ។ កាលតថាគតដេកលើផែនដី ក៏មានសេចក្តីត្រិះរិះដោយចិត្តយ៉ាងនេះថា បើអាត្មាអញ​ប្រាថ្នា​ដុតកិលេសទាំងឡាយ របស់អញ ក្នុងថ្ងៃនេះក៏បាន។ តែថាប្រយោជន៍អ្វី អាត្មាអញ​ធ្វើឲ្យជាក់ច្បាស់នូវធម៌ ដោយភេទដែលគេមិនស្គាល់ ក្នុងទីនេះ អាត្មាអញគប្បី​ដល់​នូវ​សព្វញ្ញុតញ្ញាណ ជាអ្នករួចស្រឡះចាកកិលេស ញ៉ាំងលោក ព្រមទាំងទេវលោក ឲ្យរួច​រដោះ (ចាកសង្សារ)។ ប្រយោជន៍អ្វី អាត្មាអញជាបុរស សម្តែងកម្លាំងឆ្លងទៅម្នាក់ឯង អាត្មាអញគួរដល់នូវសព្វញ្ញុតញ្ញាណ ចម្លងមនុស្សលោក ព្រមទាំងទេវលោក។ អាត្មាអញ​នឹងបានដល់នូវសព្វញ្ញុតញ្ញាណ ចម្លងប្រជុំជនច្រើន ដោយអធិការនេះ ដែលអាត្មាអញ​ធ្វើចំពោះព្រះពុទ្ធ ជាបុរសខ្ពង់ខ្ពស់។ តថាគតនឹងកាត់ខ្សែសង្សារ កម្ចាត់បង់ភពទាំង ៣ ឡើងជិះលើនាវាគឺធម៌ នឹងចម្លងមនុស្សលោក ព្រមទាំងទេវលោក។ ព្រះពុទ្ធ ព្រះនាម​ទីបង្ករ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលគ្រឿងបូជាទាំងឡាយ ទ្រង់ឈរក្បែរ​សីសៈ​របស់តថាគត ត្រាស់ពាក្យនេះថា (ម្នាលភិក្ខុទាំងឡាយ) អ្នកទាំងឡាយ ចូរមើល​តាបសនេះ ជាជដិលមានតបៈដ៏ខ្ពង់ខ្ពស់ តាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធក្នុងលោក ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះទៅ។ សត្វនេះ នឹងចេញចាកក្រុងឈ្មោះកបិលវត្ថុ ជាទីរីករាយ តម្កល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ អង្គុយទៀបគល់អជបាលព្រឹក្ស ទទួល​បាយាសដែលនាងសុជាតាថ្វាយក្នុងទីនោះ នឹងចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីនោះ បានទទួលបាយាសទៀបឆ្នេរស្ទឹងនេរញ្ជរាហើយ នឹងត្រឡប់មកតាមផ្លូវ​ដែល​គេតាក់តែងយ៉ាងប្រសើរ (អង្គុយ) ទៀបគល់ពោធិព្រឹក្ស លំដាប់នោះ តាបស​មាន​យសធំនេះ ធ្វើប្រទក្សិណពោធិមណ្ឌល នឹងបានត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណ ទៀប​គល់​អស្សត្ថព្រឹក្ស។ ព្រះជនិកាមាតារបស់តាបសនេះ នឹងមាននាមថា ព្រះនាងមាយាទេវី ព្រះបិតា ព្រះនាមសុទ្ធោទនៈ ឯតាបសនេះ នឹងមានឈ្មោះថា ព្រះគោតម អគ្គសាវ័ក​ទាំង​ពីររូប គឺកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្តខ្ជាប់ខ្ជួន ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីនេះ។ អគ្គសាវិកា​ពីររូប គឺនាងខេមា ១ ឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មាន​ចិត្ត​ស្ងប់​រម្ងាប់ មានចិត្តខ្ជាប់ខ្ជួន។ ឈើជាទីត្រាស់ដឹងរបស់ព្រះមានព្រះភាគនោះ ហៅថា​អស្សត្ថព្រឹក្ស ឯឧបាសកជាឧបដ្ឋាកដ៏ប្រសើរពីររូប គឺចិត្តៈ ១ ហត្ថាឡវកៈ ១។ នាង​នន្ទមាតា និងនាងឧត្តរា ជាឧបដ្ឋាយិកាដ៏ប្រសើរ ព្រះគោតមមានយសនោះ មានព្រះជន្ម ១០០ វស្សា។ ពួកមនុស្ស និងទេវតា លុះឮពាក្យព្យាករណ៍របស់ព្រះពុទ្ធទីបង្ករ ទ្រង់ស្វែង​រក​គុណដ៏ធំ ឥតមានបុគ្គលស្មើនេះហើយ ក៏រីករាយ ដោយគិតថា សុមេធតាបសនេះ ជាពូជ​ពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោទាំងឡាយ ក៏ប្រព្រឹត្តទៅ ពួកលោក ព្រមទាំង​ទេវលោក ទាំងមួយម៉ឺនលោកធាតុ ទះដៃផង សើចផង ផ្គងអញ្ជលីនមស្ការផង ពោលថា បើពួកយើងឃ្វាងមគ្គផល ក្នុងសាសនាព្រះលោកនាថនេះ ក្នុងកាលជាអនាគត ពួកយើង​នឹង​បានសម្រេចក្នុងទីចំពោះព្រះភក្ត្រ នៃព្រះគោតមនេះ។ ពួកមនុស្ស កាលឆ្លងស្ទឹង បើ​ឃ្វាងកំពង់ចំពោះមុខហើយ តែងកាន់យកកំពង់ខាងក្រោម ក៏ឈ្មោះថាឆ្លងស្ទឹងធំដែរ យ៉ាង​ណាមិញ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះហើយ ក្នុងកាលជាអនាគត គង់នឹងបានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ។ ព្រះពុទ្ធ​ទីបង្ករ ទ្រង់ជ្រាបច្បាស់នូវលោក គួរទទួលគ្រឿងបូជា ទ្រង់សរសើរអំពើរបស់​តថាគត​ហើយ ទ្រង់លើកព្រះបាទខាងស្តាំ។ សាវ័កទាំងឡាយណា ជាបុត្រនៃព្រះជិនស្រី​ក្នុងទី​នោះ ពួកសាវ័កទាំងនោះ ក៏ធ្វើប្រទក្សិណតថាគត ពួកទេវតា ពួកមនុស្ស ពួកអសុរ ពួក​យក្ស ក៏ក្រាបថ្វាយបង្គំតថាគត ហើយចៀសចេញទៅ។ កាលព្រះលោកនាយក ព្រមទាំង​ព្រះសង្ឃ កន្លងនូវការឃើញរបស់តថាគតទៅ តថាគតក៏ក្រោកចាកទីដេក ហើយ​ពែន​ភ្នែន​ក្នុងកាលនោះ។ តថាគត ជាអ្នកមានសេចក្តីសុខ ដោយសេចក្តីសុខ រីករាយ​ដោយ​បាមោជ្ជៈ ផ្សព្វផ្សាយដោយបីតិ អង្គុយពែនភ្នែនក្នុងកាលនោះ។ តថាគតអង្គុយពែនភ្នែន គិតយ៉ាងនេះ ក្នុងកាលនោះថា អាត្មាអញជាអ្នកស្ទាត់ក្នុងឈាន ដល់នូវត្រើយនៃអភិញ្ញា។ ក្នុងលោកធាតុទាំងមួយពាន់ មិនមានពួកឥសី ស្មើដោយអាត្មាអញឡើយ អាត្មាអញ​ឥត​មានបុគ្គលស្មើក្នុងឥទ្ធិធម៌ទាំងឡាយ អញបាននូវសេចក្តីសុខបែបនេះ។ ក្នុងកាលដែល​តថាគត​អង្គុយពែនភ្នែន គិតយ៉ាងនេះ ពួកមហាព្រហ្មដែល​នៅអាស្រ័យក្នុង​លោកធាតុ​មួយម៉ឺន ក៏ញ៉ាំងសំឡេងខ្លាំងឲ្យលាន់ឮថា លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ និមិត្ត​ទាំងឡាយណា ក្នុងកាលជាទីពត់ភ្នែននៃពោធិសត្វទាំងឡាយ ប្រាកដក្នុងកាលមុន និមិត្ត​ទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ។ ត្រជាក់ក៏ស្ងាត់បាត់ទៅ ទាំងក្តៅក៏ស្ងប់រម្ងាប់ និមិត្ត​ទាំង​នោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ លោកធាតុទាំង​មួយ​ម៉ឺន ក៏ឥតមានសំឡេង ឥតវឹកវរ និមិត្តទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបាន​ត្រាស់​ជា​ព្រះពុទ្ធប្រាកដ។ ខ្យល់ធំទាំងឡាយក៏ឈប់បក់ ស្ទឹងទាំងឡាយក៏ឈប់ហូរ និមិត្តទាំង​នោះ​ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ផ្កាទាំងពួងដែលកើត​លើគោក កើតក្នុងទឹក ក៏រីកក្នុងខណៈនោះ ផ្កាទាំងអស់នោះ ក៏បញ្ចេញផ្កាក្នុងថ្ងៃនេះ លោក​នឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ វល្លិទាំងឡាយក្តី ឈើទាំងឡាយក្តី ទ្រទ្រង់នូវផ្លែ ក្នុងខណៈនោះ វល្លិ និងឈើទាំងអស់នោះ ក៏បញ្ចេញផ្លែក្នុងថ្ងៃនេះ លោកនឹង​បានត្រាស់​ជា​ព្រះពុទ្ធប្រាកដ។ កែវទាំងឡាយ ដែលឋិតនៅឰដ៏អាកាសក្តី ឋិតនៅលើផែនដីក្តី ដែល​រុងរឿងក្នុងខណៈនោះ កែវទាំងនោះ ក៏រុងរឿងក្នុងថ្ងៃនេះ លោកនឹងបាន​ត្រាស់ជាព្រះពុទ្ធ​ប្រាកដ។ គ្រឿងតូរ្យតន្ត្រីទាំងឡាយ ជារបស់មនុស្ស និងជាទិព្វ ដែលប្រគំក្នុងខណៈនោះ តូរ្យតន្ត្រីទាំងពីរនោះ ក៏លាន់ឮឡើងក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ផ្កាដ៏វិចិត្រទាំងឡាយ រុះរោយចុះអំពីអាកាស ក្នុងខណៈនោះ ផ្កាដ៏វិចិត្រទាំងនោះ ក៏​ប្រាកដ​ក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ មហាសមុទ្រក៏ស្រកចុះ លោកធាតុ​ទាំងមួយម៉ឺនក៏ញាប់ញ័រ ក្នុងខណៈនោះ មហាសមុទ្រ និង​លោកធាតុទាំង​ពីរ​នោះ ក៏លាន់ឮកងរំពងក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ភ្លើងក្នុងនរក​ទាំង​មួយម៉ឺនក៏រលត់ក្នុងខណៈនោះ ភ្លើងទាំងនោះ ក៏រលត់ក្នុងថ្ងៃនេះ លោកនឹង​បាន​ត្រាស់​ជាព្រះពុទ្ធប្រាកដ។ ព្រះអាទិត្យប្រាសចាកមន្ទិល ផ្កាយទាំងពួងក៏ប្រាកដ ព្រះអាទិត្យ និងផ្កាយទាំងនោះ ក៏បានប្រាកដក្នុងថ្ងៃនេះ លោក​នឹងបាន​ត្រាស់ជា​ព្រះពុទ្ធ​ប្រាកដ។ ក្នុងកាលគ្មានភ្លៀង ទឹកក៏ផុសផុលឡើងលើផែនដី ក្នុងខណៈនោះ ទឹកក៏ផុស​ឡើងលើផែនដី ក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ពួកផ្កាយទាំងឡាយ​ក៏រុងរឿង ផ្កាយនក្ខត្តឫក្សទាំងឡាយ ប្រកបដោយព្រះចន្ទ្រខែវិសាខ (ក៏រុងរឿង) ក្នុង​មណ្ឌល​នៃអាកាស លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ចំណែក​ឯពួកសត្វនៅក្នុងរន្ធ ពួកសត្វដេកក្នុងជ្រោះ ក៏ចេញចាកលំនៅរបស់ខ្លួន ពួកសត្វទាំងអស់នោះ ក៏បោះបង់​លំនៅ​ចោលក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ សេចក្តីអផ្សុកមិនមាន​ដល់សត្វទាំងឡាយ សត្វទាំងឡាយជាអ្នកត្រេកអរក្នុងខណៈនោះ ពួកសត្វទាំងអស់នោះ ជាអ្នកត្រេកអរក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ រោគទាំងឡាយដ៏​ស្រាលៗ ក៏ស្ងប់រម្ងាប់ទៅ ទាំងសេចក្តីស្រេកឃ្លានក៏វិនាសទៅ ការស្ងប់រោគ និងការវិនាស​សេចក្តីស្រេកឃ្លានទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធ​ប្រាកដ។ រោគក៏ស្រាកស្រាន្តទៅ ទោសៈ មោហៈ ក៏បាត់បង់ទៅក្នុងកាលនោះ រោគ និង​កិលេស​ទាំងអស់នោះ ក៏ប្រាសចេញទៅក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធ​ប្រាកដ។ ឯភ័យមិនមានក្នុងកាលនោះ ការមិនមានភ័យនុ៎ះ ក៏ប្រាកដក្នុងថ្ងៃនេះ ព្រោះ​ហេតុ​នោះ ទើបយើងដឹងថា លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ធូលីក៏ខ្ចាត់ខ្ចាយ​ទៅ​ខាងលើ ការខ្ចាត់ខ្ចាយធូលីក៏ប្រាកដក្នុងថ្ងៃនេះ ព្រោះហេតុនោះ ទើបពួកយើងដឹងថា លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ក្លិនស្អុយក៏ផាត់ចេញ ក្លិនទិព្វក៏ផ្សាយទៅ ក្លិន​ទិព្វ​នោះ ក៏ផ្សាយចេញក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ពួកទេវតា​ទាំង​ពួង វៀរលែងតែអរូបព្រហ្មចេញ ដែលប្រាកដ ពួកទេវតាទាំងអស់នោះ ក៏ប្រាកដ​ក្នុងថ្ងៃ​នេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ពួកសត្វនរកទាំងអម្បាលម៉ាន ដែល​ប្រាកដក្នុងខណៈនោះ ពួកសត្វនរកទាំងអស់នោះឯង ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបាន​ត្រាស់ជាព្រះពុទ្ធប្រាកដ។ ក្នុងកាលនោះ ជញ្ជាំងទាំងឡាយក្តី សន្ទះទ្វារទាំងឡាយក្តី ភ្នំ​ទាំងឡាយក្តី ជាគ្រឿងរារាំង មិនមានឡើយ កំពែង សន្ទះទ្វារ និងភ្នំទាំងឡាយនោះ ក៏ក្លាយទៅជាអាកាស (ប្រាកដ) ក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ចុតិ និងឧបបត្តិ មិនមានក្នុងខណៈនោះ និមិត្តទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹង​បាន​ត្រាស់​ជាព្រះពុទ្ធប្រាកដ។ (និមិត្តទាំងនេះ ក៏ប្រាកដដល់សត្វទាំងឡាយ ដើម្បីត្រាស់ដឹង​នូវ​អនុត្តរសម្ពោធិញ្ញាណ) ពួកសត្វពោលថា (បពិត្រសុមេធតាបស) សូមលោកផ្គង​ព្យាយាម​ឲ្យមាំមួនឡើង កុំត្រឡប់ កុំថយក្រោយឡើយ ពួកយើងដឹងច្បាស់នូវហេតុនុ៎ះថា លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ តថាគតលុះឮពាក្យរបស់ជនទាំងពីរពួក គឺ​ព្រះពុទ្ធ និងទេវតាទាំងមួយម៉ឺនចក្រវាឡហើយ ក៏ត្រេកអរ ស្រស់ស្រាយ រីករាយ គិតក្នុង​កាល​នោះយ៉ាងនេះថា ធម្មតាព្រះពុទ្ធទាំងឡាយ មិនដែលមានព្រះពុទ្ធដីកាបែកជាពីរទេ ព្រះជិនស្រីទាំងឡាយ មិនដែលមានព្រះពុទ្ធដីកាឥតអំពើទេ ព្រះពុទ្ធដីការបស់ព្រះពុទ្ធ​ទាំងឡាយ មិនដែលឃ្លៀងឃ្លាតទេ អាត្មាអញនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ដុំដី​ដែល​គេចោលទៅឰដ៏អាកាស ទៀងតែធ្លាក់មកលើផែនដីវិញយ៉ាងណា ពាក្យរបស់​ព្រះពុទ្ធ​ដ៏ប្រសើរទាំងឡាយ ក៏ទៀងទាត់ប្រាកដយ៉ាងនោះដែរ។ ព្រះបន្ទូល​របស់ព្រះពុទ្ធ​ទាំងឡាយ មិនចេះឃ្លៀងឃ្លាត អាត្មាអញនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ សេចក្តីស្លាប់​របស់​សព្វសត្វទៀងទាត់ប្រាកដយ៉ាងណា ព្រះបន្ទូលរបស់ព្រះពុទ្ធប្រសើរទាំងឡាយ ទៀង​ទាត់ប្រាកដដូច្នោះដែរ។ កាលដែលរាត្រីអស់ទៅ ព្រះអាទិត្យទៀងតែងរះឡើង​យ៉ាង​ណា ព្រះបន្ទូលរបស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយ ក៏ទៀងទាត់ប្រាកដយ៉ាងនោះដែរ។ សីហៈ ដែលចេញអំពីដំណេក តែងបន្លឺសំឡេងយ៉ាងណា ព្រះបន្ទូលរបស់ព្រះពុទ្ធដ៏​ប្រសើរ​ទាំងឡាយ ក៏ទៀងទាត់ប្រាកដយ៉ាងនោះដែរ។ ការសម្រាលគភ៌នៃស្រី​ដែលមាន​គភ៌ធ្ងន់ ជារបស់ទៀងទាត់យ៉ាងណា ព្រះបន្ទូលរបស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយ ក៏ទៀង​ទាត់​ប្រាកដយ៉ាងនោះដែរ។ បើដូច្នោះ អាត្មាអញ នឹងជ្រើសរើសរក​ពុទ្ធការកធម៌​ទាំង​ឡាយ ពីខាងនេះ ពីខាងនោះ គឺខាងលើ ខាងក្រោម ទិសទាំង ១០ ដរាបដល់ធម្មធាតុ។ កាលនោះ តថាគតកំពុងជ្រើសរើស ក៏បានឃើញទានបារមីជាដំបូង ជាគន្លងធំ ដែល​ពោធិសត្វ​ទាំងឡាយអំពីបូរាណ ធ្លាប់សន្សំមក (ហើយទូន្មានខ្លួនឯងថា ម្នាល​សុមេធ​បណ្ឌិត) អ្នកចូរសមាទាន ធ្វើនូវទានបារមីជាដំបូងនេះឲ្យមាំមួន បើអ្នកចង់លុះនូវ​ពោធិញ្ញាណ ចូរបំពេញនូវទានបារមីចុះ។ ក្អមដែលមានទឹកពេញ បុគ្គលណាមួយផ្កាប់ចុះ ចាក់​មិនឲ្យសល់ទឹក ទឹកមិនដក់នៅក្នុងក្អមនោះយ៉ាងណា អ្នកបើឃើញពួកស្មូមមក ទោះ​ថោកទាប ខ្ពង់ខ្ពស់ ឬមធ្យម ចូរឲ្យទានកុំឲ្យសេសសល់ ឲ្យដូចជាក្អមដែល​គេផ្កាប់​ដូច្នោះ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើស​រក​ពុទ្ធធម៌​ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគត​កំពុង​ជ្រើសរើសរក ក៏ឃើញសីលបារមីទី ២ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកឯងចូរសមាទាន ធ្វើ​សីលបារមីទី ២ នេះ ឲ្យមាំមួន បើអ្នកចង់លុះនូវពោធិញ្ញាណ ចូរបំពេញនូវសីលបារមីចុះ។ សត្វចាមរី (កាលឃើញ) រោមកន្ទុយចំពាក់នឹងរបស់អ្វីមួយ ស៊ូស្លាប់ក្នុងទីនោះ មិនព្រម​ផ្តាច់​កន្ទុយចោលឡើយ យ៉ាងណាមិញ អ្នកចូរបំពេញនូវសីលទាំងឡាយ ក្នុងភូមិទាំង ៤ ចូររក្សាសីលសព្វកាល ឲ្យដូចជាសត្វចាមរីរក្សាកន្ទុយ យ៉ាងនោះចុះ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌​ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញ​នេក្ខម្មបារមីទី ៣ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយ​ទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនេក្ខម្មបារមីទី ៣ នេះឲ្យមាំមួន បើអ្នកចង់លុះនូវពោធិញ្ញាណ ចូរបំពេញនូវនេក្ខម្មបារមីចុះ។ បុរសដែល​ជាប់​នៅក្នុងគុកអស់កាលយូរ ត្រូវសេចក្តីទុក្ខបៀតបៀនហើយ រមែងមិនញ៉ាំង​សេចក្តី​ត្រេកអរ ឲ្យកើតឡើងក្នុងគុកនោះទេ រមែងស្វែងរកការរួច (ចាកគុកនោះ) យ៉ាងណា អ្នកចូរឃើញនូវភពទាំងអស់ ដូចជាគុកចុះ ចូរបែរមុខទៅរកនេក្ខម្មៈ ដើម្បីរួចចាកភព យ៉ាង​នោះដែរ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ អាត្មាអញនឹង​ជ្រើស​រើស​រកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគត​កំពុងជ្រើសរើសរក ក៏បានឃើញបញ្ញាបារមីទី ៤ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរ​សមាទាន ធ្វើបញ្ញាបារមីទី ៤ នេះ ឲ្យមាំមួន បើអ្នកចង់ដល់នូវពោធិញ្ញាណ ចូរបំពេញ​នូវ​បញ្ញាបារមីចុះ។ ភិក្ខុកាលប្រព្រឹត្តបិណ្ឌបាត មិនរំលងនូវត្រកូលទាំងឡាយ ទោះថោកទាប ខ្ពង់ខ្ពស់ ឬមធ្យម រមែងបានចង្ហាន់ល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅយ៉ាងណា អ្នកបើ​សាកសួរ​ជនជាអ្នកប្រាជ្ញសព្វកាល នឹងដល់នូវបញ្ញាបារមីហើយ នឹងបានលុះនូវ​ពោធិញ្ញាណ​មិនខាន ក៏យ៉ាងនោះដែរ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញវីរិយបារមីទី ៥ ដែល​ពោធិសត្វ​ទាំងឡាយអំពីបូរាណធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាល​សុមេធ​បណ្ឌិត) អ្នកចូរសមាទាន ធ្វើវីរិយបារមីទី ៥ នេះឲ្យមាំមួន បើអ្នកចង់លុះនូវពោធិញ្ញាណ ចូរបំពេញនូវវីរិយបារមីចុះ។ សត្វសីហៈ ជាស្តេចនៃម្រឹគ មានព្យាយាមមិនរួញរា មាន​ចិត្តផ្គូផ្គងសព្វកាល ក្នុងការអង្គុយ ឈរ ដើរ យ៉ាងណា អ្នកគួរផ្គូផ្គងព្យាយាមឲ្យមាំមួន ក្នុង​ភពទាំងពួងយ៉ាងនោះចុះ លុះដល់នូវវីរិយបារមីហើយ នឹងបានសម្រេចពោធិញ្ញាណមិន​ខាន​ឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹង​ជ្រើសរើសរក​ពុទ្ធធម៌​ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគត​កំពុង​ជ្រើសរើសរក ក៏បានឃើញខន្តិបារមីទី ៦ ដែលពោធិសត្វទាំងឡាយអំពីបូរាណធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនូវ​ខន្តិបារមីទី ៦ នេះ ឲ្យមាំមួន អ្នកកុំមានចិត្តបែកជាពីរ ក្នុងខន្តិបារមីនោះ នឹងបានដល់នូវ​ពោធិញ្ញាណមិនខានឡើយ។ ធម្មតាផែនដី រមែងអត់ទ្រាំចំពោះវត្ថុទាំងពួង ទោះស្អាតក្តី មិនស្អាតក្តី ដែលគេដាក់ចុះហើយ រមែងមិនធ្វើនូវសេចក្តីថ្នាំងថ្នាក់ និងសេចក្តីត្រេកអរ​ឡើយ យ៉ាងណា។ អ្នកក៏គួរអត់ទ្រាំនូវការរាប់អាន និងការមើលងាយ របស់ពួកជនទាំង​ពួង យ៉ាងនោះដែរ លុះដល់នូវខន្តិបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខាន​ឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរក​ពុទ្ធធម៌​ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគត​កំពុង​ជ្រើសរើសរក ក៏បានឃើញសច្ចបារមីទី ៧ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់​សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើសច្ចបារមីទី ៧ នេះឲ្យមាំមួន កុំមានពាក្យបែកជាពីរ ក្នុងសច្ចបារមីនោះ នឹងបាន​សម្រេច​សម្ពោធិញ្ញាណមិនខានឡើយ។ ធម្មតាផ្កាយព្រឹក ជាជញ្ជីងរបស់លោក ព្រមទាំង​ទេវលោក រមែងមិនឃ្លាតចាកវិថី ក្នុងរដូវភ្លៀង ឬហេមន្តរដូវឡើយយ៉ាងណា។ អ្នកកុំឃ្លាត​ចាកវិថី ក្នុងសច្ចៈទាំងឡាយ យ៉ាងនោះដែរ លុះដល់នូវសច្ចបារមីហើយ នឹងបាន​សម្រេច​សម្ពោធិញ្ញាណមិនខានឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញ​នឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាល​នោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញអធិដ្ឋានបារមីទី ៨ ដែលពោធិសត្វ​ទាំងឡាយ​អំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាល​សុមេធ​បណ្ឌិត) អ្នកចូរសមាទាន ធ្វើអធិដ្ឋានបារមីទី ៨ នេះ ឲ្យមាំមួន អ្នកកុំញាប់ញ័រ​ក្នុង​អធិដ្ឋានបារមីនោះ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ភ្នំថ្មឥតកម្រើក តាំង​នៅស៊ប់ មិនរញ្ជួយដោយខ្យល់ដ៏ខ្លាំងក្លា រមែងតាំងនៅក្នុងទីរបស់ខ្លួនដដែលយ៉ាងណា អ្នកចូរកុំកម្រើក ក្នុងអធិដ្ឋានបារមីសព្វកាល យ៉ាងនោះដែរ លុះដល់នូវអធិដ្ឋានបារមី​ហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមាន​ត្រឹមតែប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំង​ពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏ឃើញមេត្តាបារមីទី ៩ ដែល​ពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មាន​ខ្លួន​ឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើមេត្តាបារមីទី ៩ នេះ ឲ្យមាំមួន អ្នកចូរ​កុំឲ្យមានបុគ្គលដទៃស្មើដោយមេត្តា បើអ្នកចង់លុះនូវពោធិញ្ញាណ។ ធម្មតាទឹក រមែងផ្សព្វ​ផ្សាយ​ត្រជាក់ស្មើ ចំពោះជនទាំងល្អទាំងអាក្រក់ រមែងកម្ចាត់បង់នូវធូលី និងមន្ទិល​យ៉ាងណា។ អ្នកចូរចម្រើនមេត្តាឲ្យស្មើ ចំពោះមិត្ត និងសត្រូវ យ៉ាងនោះដែរ លុះដល់​នូវមេត្តាបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌​ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញ​ឧបេក្ខាបារមីទី ១០ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើឧបេក្ខាបារមីទី ១០ នេះ ឲ្យមាំមួន អ្នកគួរជាបុគ្គលដូចជាជញ្ជីងដ៏មាំមួន នឹងបានសម្រេចពោធិញ្ញាណមិនខាន​ឡើយ។ ធម្មតាផែនដី តែងព្រងើយកន្តើយ ចំពោះវត្ថុមិនស្អាតក្តី ស្អាតក្តី ដែលគេ​ដាក់ចុះ​ហើយ តែងវៀរចាកសេចក្តីក្រោធ និងសេចក្តីត្រេកអរ ចំពោះវត្ថុទាំងពីរនោះ យ៉ាងណា អ្នកចូរធ្វើខ្លួនឲ្យដូចជាជញ្ជីង ចំពោះសុខ និងទុក្ខ សព្វកាល យ៉ាងនោះដែរ អ្នកលុះ​ដល់នូវ​ឧបេក្ខាបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណពុំខាន។ ធម៌ទាំងឡាយណា ជា​គ្រឿង​ញ៉ាំងពោធិញ្ញាណឲ្យសម្រេច ធម៌ទាំងនោះ មានក្នុងលោកត្រឹមតែប៉ុណ្ណេះ ពុទ្ធការកធម៌​ដទៃ ក្រៅអំពីបារមី ១០ នោះ មិនមានទេ អ្នកចូរតាំងនៅក្នុងបារមីធម៌ទាំង ១០ នោះ ឲ្យមាំមួនចុះ។ កាលតថាគតពិចារណានូវបារមីធម៌ទាំងនេះ ដោយសភាវ​សរសលក្ខណៈ ផែនដីទាំងមួយម៉ឺនលោកធាតុ ក៏ញាប់ញ័រ ដោយតេជះនៃធម៌។ ផែនដី​កម្រើក បន្លឺឡើង ដូចជាឃ្នាបអំពៅ ដែលត្រូវគេគាប ឬចក្កយន្តប្រេង ត្រូវគេគាបហើយ (រមែង​វិលញ័រ) យ៉ាងណា ផែនដីក៏ញាប់ញ័រ យ៉ាងនោះដែរ។ បរិស័ទរបស់ព្រះពុទ្ធ មានចំនួនប៉ុន្មាន ក្នុងទីដែលអង្គាសបរិស័ទនោះ ក៏ញាប់ញ័រ ដេកជ្រប់លើផែនដី ក្នុងទី​អង្គាស​នោះ។ ឆ្នាំងជាច្រើនពាន់ និងក្អមជាច្រើនរយ ក៏ទង្គិចគ្នាបែកខ្ទេចខ្ទីអស់ ក្នុងទី​នោះ។ ពួកមហាជន មានចិត្តរន្ធត់តក់ស្លុត ភិតភ័យ ភ្ញាក់ផ្អើល មានចិត្តញ័រចំប្រប់ មក​ប្រជុំគ្នា​ហើយ ចូលទៅគាល់ព្រះពុទ្ធទីបង្ករ (ហើយទូលសួរថា) បពិត្រព្រះអង្គ មានចក្ខុ ហេតុល្អ ឬហេតុអាក្រក់ ដូចម្តេច នឹងមានដល់មនុស្សលោក លោកទាំងមូល ត្រូវសេចក្តី​អន្តរាយបៀតបៀនហើយ សូមព្រះអង្គទ្រង់មេត្តាប្រោស បន្ទោបង់សេចក្តីអន្តរាយនោះ​ចេញ។ គ្រានោះ ព្រះមហាមុនីទីបង្ករ ទ្រង់ញ៉ាំងមហាជនទាំងនោះ ឲ្យយល់ច្បាស់ថា អ្នក​ទាំងឡាយ ចូរកុំមានសេចក្តីរង្កៀស កុំខ្លាចចំពោះការញាប់ញ័រ ផែនដីនេះឡើយ។ ដ្បិត​តថាគតបានព្យាករក្នុងថ្ងៃនេះថា សុមេធបណ្ឌិតនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងលោក (ក្នុងកាលជាអនាគត) សុមេធបណ្ឌិតនុ៎ះ កំពុងពិចារណាធម៌ ដែលព្រះជិនស្រីអំពីបូរាណ ធ្លាប់សេពមក។ កាលសុមេធបណ្ឌិតពិចារណាធម៌ គឺពុទ្ធភូមិ ដោយឥតសេសសល់ ព្រោះ​ហេតុនោះ បានជាផែនដីទាំងមួយម៉ឺនលោកធាតុក្នុងលោក ព្រមទាំងទេវលោកញាប់ញ័រ។ (ចិត្តនៃមហាជន) ក៏រលត់ស្ងប់ក្នុងខណៈនោះភ្លាម ព្រោះបានស្តាប់ព្រះបន្ទូលរបស់ព្រះពុទ្ធ ពួកមហាជនទាំងអស់គ្នា ក៏ចូលមករកតថាគត ហើយក្រាបថ្វាយបង្គំម្តងទៀត។ គ្រានោះ តថាគតសមាទាននូវពុទ្ធគុណ ធ្វើចិត្តឲ្យមាំមួន ក្រាបថ្វាយបង្គំព្រះពុទ្ធទីបង្ករ ហើយក្រោក​ចាកអាសនៈ។ ពួកទេវតា ពួកមនុស្ស ទាំងពីរពួក ក៏រោយរាយផ្កាទិព្វ និងផ្កាជារបស់​មនុស្ស ចំពោះសុមេធបណ្ឌិត ដែលក្រោកចាកអាសនៈ។ ពួកទេវតា និងពួកមនុស្ស ទាំង​ពីរពួកនោះ បាននូវសួស្តី (ពោលថា) តំណែងដ៏ធំ ដែលលោកប្រាថ្នាហើយ សូមលោក​បាននូវតំណែងនោះសមគួរតាមប្រាថ្នាចុះ។ ចង្រៃទាំងពួង ចូរបរវៀសចៀសចេញទៅ សេចក្តី​សោក និងរោគ ក៏ចូរចៀសវាងចេញទៅ សេចក្តីអន្តរាយ កុំបីមានដល់លោកឡើយ សូមលោកបានលុះនូវសព្វញ្ញុតញ្ញាណ ដ៏ខ្ពង់ខ្ពស់ឆាប់ៗ ចុះ។ កាលដល់រដូវផ្កា ពួកឈើ​មានផ្ការមែងបញ្ចេញផ្កាយ៉ាងណា បពិត្រតាបសមានព្យាយាមធំ លោកចូរបញ្ចេញផ្កា ដោយ​ពុទ្ធញ្ញាណ យ៉ាងនោះដែរ។ ព្រះសម្ពុទ្ធទាំងឡាយណាមួយ ទ្រង់បំពេញហើយ នូវបារមីទាំង ១០ យ៉ាងណា បពិត្រតាបសមានព្យាយាមធំ លោកចូរបំពេញបារមីទាំង ១០ យ៉ាងនោះ។ ព្រះសម្ពុទ្ធទាំងឡាយណាមួយ ទ្រង់ត្រាស់ដឹងទៀបគល់ពោធិមណ្ឌល យ៉ាង​ណា បពិត្រតាបសមានព្យាយាមធំ លោកចូរត្រាស់ដឹងទៀបគល់ពោធិមណ្ឌលនៃ​ព្រះជិនស្រី យ៉ាងនោះ។ ព្រះសម្ពុទ្ធទាំងឡាយណាមួយ ទ្រង់ញ៉ាំងធម្មចក្រឲ្យ​ប្រព្រឹត្ត​ទៅយ៉ាងណា បពិត្រតាបសមានព្យាយាមធំ សូមលោកញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ យ៉ាង​នោះចុះ។ ព្រះចន្ទ្រពេញវង់ រមែងរុងរឿងក្នុងថ្ងៃពេញបូណ៌មី យ៉ាងណា លោកក៏មាន​ចិត្តពេញ ចូររុងរឿងក្នុងលោកធាតុទាំងមួយម៉ឺន យ៉ាងនោះ។ ព្រះអាទិត្យដែលរួចផុត​អំពីរាហុ រមែងរុងរឿងដោយកម្តៅ យ៉ាងណា លោកចូររួចចាកលោកធម៌ ចូររុងរឿងដោយ​ពុទ្ធសិរី យ៉ាងនោះដែរ។ ស្ទឹងទាំងឡាយណាមួយ រមែងហូរទៅប្រជុំក្នុងមហាសមុទ្រ យ៉ាង​ណា ពួកលោក ព្រមទាំងទេវលោក ក៏រមែងប្រជុំក្នុងសំណាក់របស់លោក យ៉ាង​នោះ​ដែរ។ គ្រានោះ សុមេធបណ្ឌិតនុ៎ះ ដែលពួកទេវតា និងមនុស្សទាំងនោះ ស្ងើចសរសើរ​ហើយ ក៏សមាទាននូវបារមីធម៌ទាំង ១០ បំពេញបារមីធម៌ទាំងនោះ ចូលទៅកាន់ព្រៃធំ។

ចប់ សុមេធកថា។

គ្រានេះ ពួកឧបាសកឧបាសិកាទាំងនោះ ញ៉ាំងព្រះលោកនាយក ព្រមទាំងព្រះសង្ឃឲ្យ​ឆាន់​រួចហើយ ក៏ដល់នូវព្រះសាស្តាទីបង្ករនោះជាទីពឹង។ ព្រះតថាគត ទ្រង់ញ៉ាំងបុគ្គលខ្លះ ឲ្យតម្កល់នៅក្នុងសរណគមន៍ ញ៉ាំងបុគ្គលខ្លះ ឲ្យតាំងនៅក្នុងសីល ៥ ញ៉ាំងបុគ្គល​ដទៃ​ទៀត ឲ្យតម្កល់នៅក្នុងសីល ១០។ ព្រះអង្គទ្រង់ប្រទានមគ្គ ដល់បុគ្គលខ្លះ ប្រទានផល​ដ៏ឧត្តមទាំង ៤ ដល់បុគ្គលខ្លះ ប្រទានបដិសម្ភិទា ជាធម៌ឥតមានអ្វីស្មើ ដល់បុគ្គលខ្លះ។ ព្រះពុទ្ធដ៏ប្រសើរជាងនរៈ ទ្រង់ប្រទានសមាបត្តិ ៨ ដ៏ប្រសើរ ដល់បុគ្គលខ្លះ ប្រទានវិជ្ជា ៣ ដល់បុគ្គលខ្លះ អភិញ្ញា ៦ ដល់បុគ្គលខ្លះ។ ព្រះមហាមុនី ទ្រង់ទូន្មានពួកជន​ដោយន័យ​ជាគ្រឿងប្រកបនោះ ព្រោះហេតុនោះ បានជាសាសនានៃព្រះលោកនាថ ជាគុណជាត​ដ៏ធំទូលាយ។ ព្រះពុទ្ធ ព្រះនាមទីបង្ករ មានព្រះហនុកា (ដូចព្រះចន្ទ្រក្នុងថ្ងៃ ១២ កើត) មានដងខ្លួនមូលក្លំដូចគោឧសភៈ ទ្រង់ចម្លងពួកជនច្រើន ឲ្យរួចចាកទុគ្គតិ។ ព្រះមហាមុនី ទ្រង់ឃើញពួកជនដែលគួរត្រាស់ដឹង ឋិតនៅក្នុងទីមួយសែនយោជន៍ ទ្រង់ចូលទៅ​ជិត​ហើយ​ញ៉ាំងពួកជននោះ ឲ្យត្រាស់ដឹងក្នុងខណៈនោះ។ ក្នុងការត្រាស់ដឹងទី ១ ព្រះពុទ្ធ​ទ្រង់ញ៉ាំងពួកទេវតា ១០០ កោដិ ឲ្យត្រាស់ដឹង ក្នុងការត្រាស់ដឹងទី ២ ព្រះលោកនាថ ទ្រង់ញ៉ាំងពួកទេវតា និងមនុស្ស ៩០ កោដិ ឲ្យត្រាស់ដឹង។ កាលណាព្រះពុទ្ធទ្រង់​សម្តែង​ធម៌ក្នុងភពនៃទេវតា កាលនោះ ពួកទេវតា ៩០ ពាន់កោដិ (បានត្រាស់ដឹង) នេះជាការ​ត្រាស់ដឹងទី ៣។ ព្រះសាស្តាទីបង្ករ មានសាវកសន្និបាត (ការជួបជុំសាវ័ក) ៣ លើក គឺសន្និបាតលើកទី ១ មានភិក្ខុសង្ឃ១ សែនកោដិ។ កាលដែលព្រះជិនស្រី ទ្រង់យាង​ទៅ​ក្នុងទីស្ងាត់លើកំពូលភ្នំនារទៈ ពួកព្រះខីណាស្រព ប្រាសចាកមន្ទិល ចំនួន ១០០ កោដិ មកប្រជុំគ្នា (នេះជាសន្និបាត លើកទី ២)។ កាលព្រះមហាមុនីមានព្យាយាមធំ ទ្រង់​បវារណា​ជាមួយនឹងពួកភិក្ខុ ៩០ កោដិ ឰដ៏ភ្នំសុទស្សនៈ (នេះជាសន្និបាតលើកទី ៣)។ សម័យនោះ តថាគត ជាតាបសមានផ្នួងសក់ មានព្យាយាមដ៏ក្លៀវក្លា ត្រាច់ទៅ​ឰដ៏​អាកាស ជាអ្នកបានដល់នូវត្រើយនៃអភិញ្ញាទាំង ៥។ ពួកសត្វចំនួន ៣ ម៉ឺន បានត្រាស់​ដឹងនូវ​សច្ចៈ ការត្រាស់ដឹងរបស់សត្វនឹងរាប់ថា ១ ឬ ២ រាប់មិនអស់ឡើយ។ សាសនា​របស់ព្រះទីបង្ករមានព្រះភាគ ជាគុណជាតធំទូលាយ មានជនច្រើន ស្តុកស្តម្ភ សាយភាយ គឺព្រះអង្គ ទ្រង់ជម្រះល្អហើយ ក្នុងកាលនោះ។ ពួកព្រះខីណាស្រព ចំនួន ៤ សែនរូប បានលុះអភិញ្ញា ៦ មានឫទ្ធិច្រើន តែងហែហមព្រះពុទ្ធទីបង្ករ ដែលទ្រង់ជ្រាបច្បាស់នូវ​លោក​សព្វកាល។ ក្នុងសម័យនោះ ពួកជនណាមួយ ដែលមិនបានលុះព្រះអរហត្ត នៅជា​សេក្ខបុគ្គល លះបង់នូវការកើតជាមនុស្ស ពួកជននោះ រមែងត្រូវគេតិះដៀល។ សាសនា (របស់ព្រះពុទ្ធទីបង្ករនោះ) រីកសាយល្អ រុងរឿងដោយពួកព្រះអរហន្តខីណាស្រព ជា​តាទិបុគ្គល ប្រាសចាកមន្ទិលសព្វកាល។ នគររបស់ព្រះសាស្តា ព្រះនាមទីបង្ករ ឈ្មោះ​រម្មាវតី ក្សត្រិយ៍ព្រះនាមសុទេវៈ (ជាព្រះបិតា) ព្រះជនិកា ព្រះនាមសុមេធា។ ព្រះជិនស្រី នៅគ្រប់គ្រងផ្ទះអស់ ១ ម៉ឺនឆ្នាំ ប្រាសាទដ៏ខ្ពង់ខ្ពស់ មាន ៣ ខ្នង គឺហង្សប្រាសាទ ១ កោញ្ចប្រាសាទ ១ មាយុរប្រាសាទ ១។ ពួកនារី ៣ សែននាក់ សុទ្ធសឹង​តែតាក់តែង​យ៉ាងល្អ នារីឈ្មោះបទុមានោះ (ជាមហេសី) ព្រះឱរស ព្រះនាមឱសភក្ខន្ធ។ ព្រះជិនស្រី​ឃើញនិមិត្តទាំង ៤ ទ្រង់ចេញទៅ (បួស) ដោយយានដំរី ទ្រង់ផ្គងព្យាយាមអស់ ១០ ខែ​ឥត​ខ្វះ។ លុះព្រះមុនីមានព្រះទ័យប្រព្រឹត្តព្យាយាមហើយ ក៏បានត្រាស់ជាព្រះពុទ្ធ ព្រះមហា​មុនី​ទីបង្ករ ត្រូវព្រហ្មអារាធនាហើយ។ ព្រះជិនស្រីមានព្យាយាមធំ ទ្រង់ញ៉ាំងធម្មចក្រឲ្យ​ប្រព្រឹត្ត​ទៅក្នុងវត្តនន្ទៈ ទ្រង់គង់ទៀបគល់ច្រេស ធ្វើនូវការញាំញីតិរ្ថិយ។ ព្រះសុមង្គលៈ និងព្រះតិស្សៈ ជាអគ្គសាវ័ក ព្រះសាគតៈ ជាឧបដ្ឋាករបស់ព្រះសាស្តាទីបង្ករ។ នាងនន្ទា និងសុនន្ទា ជាអគ្គសាវិកា ពោធិព្រឹក្សរបស់ព្រះមានព្រះភាគអង្គនោះ គេហៅថា​ដើម​លៀប។ ឧបាសកឈ្មោះតបុស្សៈ និងភល្លិកៈ ជាឧបដ្ឋាកដ៏ប្រសើរ នាងសិរិមា និងនាង​សោណា ជាឧបដ្ឋាយិការបស់ព្រះសាស្តាទីបង្ករ។ ព្រះមហាមុនីទីបង្ករ មានកម្ពស់ ៨០ ហត្ថ ល្អដូចឈើប្រចាំទ្វីប ឬដូចដើមសាលរាជព្រឹក្ស មានផ្ការីកស្គុះស្គាយ។ រស្មីរបស់​ព្រះអង្គ ផ្សាយទៅចម្ងាយ ១០ យោជន៍ជុំវិញ ព្រះមហេសីនោះ មានព្រះជន្ម ១ សែនឆ្នាំ កាលព្រះអង្គគង់ធរមាននៅឡើយ ទ្រង់ញ៉ាំងព្រះសទ្ធម្មឲ្យរុងរឿង ចម្លងមហាជន ញ៉ាំង​ប្រជុំជនច្រើន ឲ្យឆ្លងចាកសង្សារវដ្ត។ ព្រះទីបង្ករនោះ ព្រមទាំងសាវ័ក និព្វានទៅ ដូចគំនរ​ភ្លើងដែលរុងរឿងរលត់ទៅដូច្នោះ ឫទ្ធិនោះក្តី យសនោះក្តី ទាំងចក្ករតនៈ​ឰដ៏ព្រះបាទា​នោះក្តី ក៏រលត់ទៅ។ សម្បត្តិទាំងអស់ ក៏អន្តរធានទៅ ឱហ្ន៎! សង្ខារទាំងពួង ជារបស់​សូន្យទទេ ព្រះជិនស្រីជាសាស្តា ព្រះនាមទីបង្ករ ទ្រង់បរិនិព្វានក្នុងវត្តនន្ទៈ។ ព្រះស្តូប​របស់​ព្រះជិនស្រីនោះ កម្ពស់ ៣៦ យោជន៍ (គេសាងទុក) ក្នុងវត្តនន្ទៈនោះឯង។ គ្រានោះ (ពួកជនកសាង) ព្រះស្តូបកម្ពស់ ៣ យោជន៍ ទៀបគល់ពោធិព្រឹក្ស (សម្រាប់បញ្ចុះ) បាត្រ និងចីវរ គ្រឿងបរិក្ខារ និងគ្រឿងប្រើប្រាស់របស់ព្រះសាស្តា។

ចប់ ទីបង្ករពុទ្ធវង្ស ទី១។

កោណ្ឌញ្ញពុទ្ធវង្ស ទី២

[៣] សម័យខាងក្រោយ អំពីព្រះសម្ពុទ្ធទីបង្ករមក ព្រះលោកនាយក ព្រះនាមកោណ្ឌញ្ញៈ ទ្រង់មានតេជះរកទីបំផុតគ្មាន មានយសរាប់មិនបាន មានគុណប្រមាណមិនបាន មិន​ងាយ​បុគ្គលគ្របសង្កត់បាន។ ព្រះអង្គមានការអត់ធន់ ប្រៀបដោយធរណី មានសីល​ប្រៀប​ដោយសាគរ មានសមាធិប្រៀបដោយភ្នំសុមេរុ មានញាណប្រៀបដោយអាកាស។ ព្រះសម្ពុទ្ធ ទ្រង់ប្រកាសហើយ នូវការប្រកាសឥន្ទ្រិយពលៈ ពោជ្ឈង្គៈ និងមគ្គសច្ចៈ ដើម្បីប្រយោជន៍ដល់សព្វសត្វទាំងឡាយសព្វកាល។ កាលដែលព្រះកោណ្ឌញ្ញៈ ជា​លោកនាយក ទ្រង់សម្តែងធម្មចក្រ ពួកសត្វប្រមាណ ១ សែនកោដិ បានសម្រេចមគ្គផល លើកទី ១។ លំដាប់តអំពីនោះ កាលព្រះអង្គ ទ្រង់សម្តែងធម៌ក្នុងសមាគមនៃមនុស្ស និង​ទេវតា ពួកសត្វ ៩០ ពាន់កោដិ បានសម្រេចមគ្គផលលើកទី ២។ កាលព្រះលោកនាយក ទ្រង់សម្តែងធម៌ ញាំញីពួកតិរ្ថិយ ពួកសត្វ ៨០ ពាន់កោដិ បានសម្រេចមគ្គផលលើកទី ៣។ ព្រះមហេសីកោណ្ឌញ្ញៈ មានសាវកសន្និបាត ៣ លើក គឺសន្និបាតទី ១ មាន​ព្រះខីណាស្រព ដែលប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង ចំនួន ១ សែន​កោដិ សន្និបាតទី ២ មានព្រះខីណាស្រព ១ ពាន់កោដិ សន្និបាតទី ៣ មានព្រះខីណាស្រព ៩០ កោដិ។ ក្នុងសម័យនោះ តថាគតបានកើតជាក្សត្រ មានឈ្មោះថាវិជិតាវី បានញ៉ាំង​ឥស្សរិយយសឲ្យប្រព្រឹត្តទៅ រហូតដល់សមុទ្រជាទីបំផុត។ តថាគតបាននិមន្ត​ព្រះខីណាស្រព ១ សែនកោដិ ដែលប្រាសចាកមន្ទិល ស្វែងរកគុណដ៏ធំ ព្រមទាំង​ព្រះសម្ពុទ្ធ​ជាទីពឹងដ៏ប្រសើរ របស់សត្វលោក ឲ្យឆាន់ស្កប់ស្កល់ ដោយម្ហូបចំណីដ៏ថ្លៃថ្លា។ ព្រះសម្ពុទ្ធ ជាលោកនាយក ព្រះនាមកោណ្ឌញ្ញៈអង្គនោះ ទ្រង់ព្យាករតថាគតថា ក្នុងកប្ប​មានប្រមាណមិនបាន អំពីកប្បនេះ បុរសនេះ នឹងបានជាព្រះពុទ្ធក្នុងលោក។ សត្វ (នេះ) នឹងចេញអំពីក្រុងកបិលពស្តុ ជាទីរីករាយ ហើយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។ សត្វ (នេះ) នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយនឹង​ចូល​ទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ នឹងទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹង​នេរញ្ជរា ហើយចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែងហើយ។ តអំពី​នោះមក សត្វ (នេះ) មានយសច្រើន ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹង​ត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស (ដើមពោធិ)។ ព្រះមាតាបង្កើតនៃព្រះសម្ពុទ្ធនេះ នឹង​មាន​ព្រះនាមថា មាយា ព្រះបិតាមានព្រះនាមថា សុទ្ធោទនៈ ឯព្រះពុទ្ធអង្គនេះ មាន​ព្រះនាមថា គោតម ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាក​តម្រេក មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាកបម្រើព្រះជិនស្រីអង្គនោះ។ ព្រះថេរីឈ្មោះខេមា ១ ឈ្មោះឧប្បលវណ្ណា ១ ជាមិនអ្នកមិនមានអាសវៈ ប្រាសចាកតម្រេក មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ពោធិព្រឹក្ស​របស់ព្រះមានព្រះភាគអង្គនោះ គេហៅថា អស្សត្ថព្រឹក្ស ឧបាសកជា​ឧបដ្ឋាក​ដ៏ប្រសើរ ឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១។ ឧបាសិកាជាឧបដ្ឋាយិកាដ៏ប្រសើរ ឈ្មោះ​នន្ទមាតា ១ ឧត្តរា ១ ព្រះគោតមដ៏ទ្រង់យសអង្គនោះ មានព្រះជន្ម ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់ភាសិតរបស់ព្រះសម្ពុទ្ធ ព្រះអង្គមិនមានបុគ្គលស្មើ ទ្រង់ស្វែងរកនូវ​គុណ​ដ៏​ធំនេះហើយ ក៏រីករាយថា បុរសនេះជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំង​ទេវតាមួយម៉ឺន មានសំឡេងហ៊ោឡើងផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា យើង​ទាំងឡាយ បើឃ្វាងមគ្គផលក្នុងសាសនារបស់ព្រះលោកនាថកោណ្ឌញ្ញៈអង្គនេះ គង់​នឹង​បានជួបចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ ពួក​មនុស្សកាលនឹងឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់យកកំពង់ខាងក្រោម ហើយ​ឆ្លងស្ទឹងធំយ៉ាងណា យើងទាំងអស់គ្នា បើលះបង់ព្រះជិនស្រីនេះហើយ គង់នឹង​បាន​ជួបចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន ក៏យ៉ាងនោះ​ដែរ។ តថាគតបានស្តាប់នូវព្រះតម្រាស់របស់ព្រះសម្ពុទ្ធអង្គនោះហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លា​ក្រៃពេក កាលញ៉ាំងប្រយោជន៍នោះឲ្យសម្រេច បានថ្វាយរាជសម្បត្តិដ៏ធំ ចំពោះ​ព្រះជិនស្រី លុះថ្វាយរាជសម្បត្តិដ៏ធំហើយ ទើបបួសក្នុងសំណាក់របស់ព្រះអង្គ។ តថាគត​បាន​រៀនព្រះសូត្រ ព្រះវិន័យ និងសត្ថុសាសនាមានអង្គ ៩ ទាំងអស់ ហើយញ៉ាំង​សាសនា​នៃព្រះជិនស្រីឲ្យរុងរឿង។ តថាគតមិនប្រមាទ កាលនៅក្នុងទីនោះ បានសម្រេច​អភិញ្ញា​បារមី ក្នុងទីអង្គុយ និងទីចង្ក្រម ក៏បានទៅកើតក្នុងព្រហ្មលោក។ ព្រះពុទ្ធ ព្រះនាម​កោណ្ឌញ្ញៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរឈ្មោះរម្មវតី មានព្រះបិតាព្រះនាមសុនន្ទៈ ព្រះមាតាព្រះនាមនាងសុជាតាទេវី។ ព្រះអង្គគង់នៅក្នុងកណ្តាលផ្ទះអស់ ១ ម៉ឺនឆ្នាំ ឯ​ប្រាសាទដ៏ប្រសើរសម្រាប់ព្រះអង្គ មាន ៣ គឺរុចិប្រាសាទ ១ សុរុចិប្រាសាទ ១ សុភប្រាសាទ ១។ នារី ៣ សែន មានគ្រឿងប្រដាប់សមរម្យ នារីជាភរិយានោះ ព្រះនាម​រុចិទេវី មានព្រះរាជបុត្រ ១ ព្រះអង្គ ព្រះនាមជីវិតសេន។ ព្រះជិនស្រីទ្រង់ឃើញនិមិត្ត ៤ យ៉ាង ទ្រង់ចេញដោយរថយាន ទៅតាំងសេចក្តីព្យាយាម អស់ ១០ ខែឥតខ្វះ។ ព្រះសម្ពុទ្ធ ព្រះនាម​កោណ្ឌញ្ញៈ មានព្រះទ័យស្ងប់រម្ងាប់ ព្រះអង្គឧត្តមជាងសត្វទ្វេបាទ មានចក្រ​ប្រព្រឹត្ត​ទៅ មានព្យាយាមច្រើន ត្រូវមហាព្រហ្មអារាធនាក្នុងមហាវ័ន របស់ពួកទេវតា។ ព្រះថេរៈ​ឈ្មោះភទ្ទៈ ១ សុភទ្ទៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអនុរុទ្ធ ជាឧបដ្ឋាក​របស់​ព្រះពុទ្ធកោណ្ឌញ្ញៈ ទ្រង់ស្វែងរកគុណដ៏ធំ។ ភិក្ខុនីឈ្មោះតិស្សា ១ ឧបតិស្សា ១ ជា​អគ្គសាវិកា សាលកល្យាណិព្រឹក្ស ជាពោធិរបស់ព្រះពុទ្ធកោណ្ឌញ្ញៈ ទ្រង់ស្វែងរក​នូវគុណ​ដ៏ធំ។ ឧបាសកឈ្មោះសោណៈ ១ ឧបសោណៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនន្ទា ១ សិរិមា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហាមុនីអង្គនោះ មានកម្ពស់ ៨៨ ហត្ថ ទ្រង់ល្អល្អះ​ដូចព្រះចន្ទ្រ ពុំនោះសោត ដូចព្រះអាទិត្យក្នុងវេលាថ្ងៃត្រង់។ ព្រះអង្គមានព្រះជន្មាយុ ១ សែនឆ្នាំជាកំណត់ ទ្រង់ឋិតនៅអស់កាលដរាបនោះ ទ្រង់ញ៉ាំងប្រជុំជនជាច្រើនឲ្យឆ្លង (ចាក​វាលវដ្តសង្សារ)។ ផែនដីដ៏វិចិត្រដោយព្រះខីណាស្រពទាំងឡាយ ដែលអស់មន្ទិល ព្រះសម្ពុទ្ធអង្គនោះ ទ្រង់រុងរឿងដូចមេឃ ដែលល្អដោយពួកផ្កាយ។ ព្រះនាគត្ថេរទាំង​អម្បាលនោះ មានគុណប្រមាណមិនបាន មានសន្តានមិនកម្រើក បុគ្គលចូលទៅរកបាន​ដោយកម្រ សម្តែងនូវឫទ្ធិ ដូចការធ្លាក់ចុះនៃផ្លេកបន្ទោរ ព្រះអរហន្តដ៏មានយសធំ​ទាំង​នោះ និព្វានហើយ។ ចំណែកឫទ្ធិរបស់ព្រះជិនស្រីនោះ ជាគុណឥតថ្លឹងថ្លែងបាន សមាធិ​មានញាណអប់រំហើយ របស់ទាំងអស់វិនាសសូន្យទៅ សង្ខារទាំងពួង ជារបស់ទទេពិត។ ព្រះកោណ្ឌញ្ញសម្ពុទ្ធ ព្រះអង្គទ្រទ្រង់សិរី ទ្រង់បរិនិព្វានក្នុងនន្ទារាម ពួកមហាជន​បាន​បញ្ចុះ (ព្រះអដ្ឋិ) របស់ព្រះអង្គនោះ ក្នុងចេតិយ មានកម្ពស់ ៧ យោជន៍ ក្នុងនន្ទារាម​នោះ​ឯង។

ចប់ កោណ្ឌញ្ញពុទ្ធវង្ស ទី២។

មង្គលពុទ្ធវង្ស ទី ៣

[៤] កាលខាងក្រោយ អំពីព្រះសម្ពុទ្ធកោណ្ឌញ្ញៈមក ព្រះលោកនាយក ព្រះនាមមង្គលៈ ទ្រង់កម្ចាត់បង់ងងឹតក្នុងលោក ព្រះអង្គទ្រទ្រង់នូវគប់ភ្លើង គឺព្រះធម៌។ ពន្លឺរបស់​ព្រះអង្គ​ឥតថ្លឹងបាន ជាពន្លឺលើសលប់ជាងព្រះជិនស្រីដទៃ គ្របសង្កត់ពន្លឺព្រះចន្ទ្រ និង​ព្រះអាទិត្យ រុងរឿងអស់មួយហ្មឺនលោកធាតុ។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់ប្រកាសសច្ចៈ ៤ ដ៏ប្រសើរ ពួកសត្វនោះៗ បានផឹករសសច្ចៈ ហើយកម្ចាត់ងងឹតធំ គឺមោហៈ។ ព្រះសម្ពុទ្ធ​អង្គនោះ បានដល់នូវពោធិញ្ញាណ ជាគុណឥតថ្លឹងបាន កាលសម្តែងធម៌ជាដំបូង ពួកសត្វ ១ សែនកោដិ បានសម្រេចមគ្គផលលើកទី ១។ ព្រះសម្ពុទ្ធ ទ្រង់សម្តែង​ធម៌ក្នុង​សុរិន្ទទេវភព កាលនោះ ពួកសត្វ ១ សែនកោដិ បានសម្រេចមគ្គផល លើកទី ២។ កាល​ព្រះបាទ​សុនន្ទចក្រពត្តិ ទ្រង់ចូលទៅគាល់ព្រះសម្ពុទ្ធ កាលនោះ ព្រះសម្ពុទ្ធទ្រង់វាយស្គរ គឺព្រះធម៌ដ៏ប្រសើរខ្ពង់ខ្ពស់។ កាលនោះ ពួកជនដែលតាមហែព្រះបាទសុនន្ទៈ មានចំនួន ៩០ កោដិ ជនទាំងអស់នោះ បានជាឯហិភិក្ខុឥតសេសសល់ (លើកទី ៣) ព្រះមង្គល​សម្ពុទ្ធ ព្រះអង្គស្វែងរកគុណដ៏ធំ មានសាវកសន្និបាត ៣ លើក គឺសន្និបាតលើក ទី ១ មាន​ព្រះខីណាស្រព ១ កោដិ សន្និបាតលើកទី ២ មានព្រះខីណាស្រព ១ សែនកោដិ សន្និបាត​លើកទី ៣ មានព្រះខីណាស្រព ៩០ កោដិ។ សមាគមក្នុងកាលនោះ សុទ្ធតែ​ព្រះខីណាស្រព ប្រាសចាកមន្ទិល សម័យនោះ តថាគតជាព្រាហ្មណ៍ឈ្មោះសុរុចិ។ តថាគត​អ្នករៀនមន្ត ចងចាំមន្ត ដល់នូវត្រើយនៃវេទទាំង ៣ ចូលទៅគាល់​ព្រះសម្ពុទ្ធ​អង្គនោះ ហើយបានដល់ព្រះសាស្តាជាទីពឹង។ តថាគតបានបូជាព្រះសង្ឃ មានព្រះពុទ្ធ​ជា​ប្រធាន ដោយគ្រឿងក្រអូប និងផ្កាកម្រង លុះបូជាដោយគ្រឿងក្រអូប និងផ្កាកម្រងហើយ ក៏ញ៉ាំងព្រះភិក្ខុសង្ឃឲ្យឆាន់ស្កប់ស្កល់ ដោយទឹកដោះគោ។ ព្រះសម្ពុទ្ធ ព្រះនាមមង្គលៈ​នោះ ព្រះអង្គឧត្តមជាងសត្វទ្វេបាទ ទ្រង់ទំនាយតថាគតថា ក្នុងរវាងកប្បប្រមាណមិនបាន អំពីកប្បនេះទៅ បុរសនេះនឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញអំពីក្រុង​កបិលពស្តុ ជាទីរីករាយ តាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។ សត្វ (នេះ) នឹងអង្គុយ​ទៀប​គល់អជបាលព្រឹក្ស បានទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរាហើយ ចូលទៅជិត​គល់​នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែង។ លំដាប់អំពីនោះទៅ ព្រះជិនស្រី មានយសច្រើន នឹងធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀប​គល់​អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធអង្គនេះ នឹងមានព្រះនាមថាមាយា ព្រះបិតា​ព្រះនាមថាសុទ្ធោទនៈ ឯបុរសនេះ ជាព្រះពុទ្ធ ព្រះនាមថាគោតម ព្រះថេរៈ​ឈ្មោះ​កោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងបានជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងបានជាឧបដ្ឋាក​បម្រើ​ព្រះជិនស្រីអង្គនោះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ ប្រាសចាក​រាគៈ មានចិត្តស្ងប់ មានចិត្តតម្កល់មាំ នឹងបានជាអគ្គសាវិកា។ ឈើសម្រាប់​ត្រាស់ដឹង​របស់ព្រះមានព្រះភាគអង្គនោះ គេហៅថាអស្សត្ថព្រឹក្ស (ដើមពោធិ) ឧបាសក​ឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងបានជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងបានជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសនោះ ទ្រង់មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានឮព្រះពុទ្ធដីកានេះ របស់ព្រះពុទ្ធមិនមានបុគ្គលស្មើ ស្វែងរក​គុណដ៏ធំហើយ ក៏មានចិត្តរីករាយថា បុរសនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំងទេវតាមួយម៉ឺនលោកធាតុ មានសំឡេងហ៊ោផង ទះដៃផង សើចផង ធ្វើអញ្ជលី​នមស្ការផងថា យើងទាំងឡាយ បើឃ្វាងមគ្គផលក្នុងសាសនារបស់ព្រះលោកនាថនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយ​ឆ្លង​ស្ទឹងធំ យ៉ាងណា។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបាន​សម្រេច​ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគត​មិនខាន យ៉ាងនោះដែរ។ តថាគត​បានស្តាប់ព្រះតម្រាស់របស់ព្រះពុទ្ធនោះហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លាក្រៃពេក បាន​អធិដ្ឋានវត្តតទៅទៀត ដោយការបំពេញបារមី ១០។ ក្នុងកាលនោះ តថាគតចម្រើនបីតិ ថ្វាយផ្ទះរបស់តថាគត ចំពោះព្រះពុទ្ធ ហើយបួសក្នុងសំណាក់ព្រះអង្គ ដើម្បីសម្រេច​ពោធិញ្ញាណដ៏ប្រសើរ។ តថាគតបានរៀនព្រះសូត្រ ព្រះវិន័យ និងសត្ថុសាសនាមានអង្គ ៩ ទាំងអស់ ហើយញ៉ាំងសាសនានៃព្រះជិនស្រីឲ្យល្អរុងរឿង។ តថាគតមិនប្រមាទ កាល​នៅ​ក្នុងទីនោះ ចម្រើនព្រហ្មវិហារ បានសម្រេចអភិញ្ញាបារមី ហើយក៏បានទៅកើត​ក្នុង​ព្រហ្មលោក។ ព្រះមង្គលសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណធំ មាននគរឈ្មោះឧត្តរៈ មហាក្សត្រ ព្រះនាមឧត្តរៈ ជាព្រះបិតា ព្រះមាតា ព្រះនាមឧត្តរា។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់នៅ​គ្រប់គ្រង​រាជដំណាក់ អស់ ៩ ពាន់ឆ្នាំ មានប្រាសាទ ៣ ដ៏ល្អឧត្តម គឺយសវប្រាសាទ ១ សុចិមប្រាសាទ ១ សិរិមប្រាសាទ ១។ មានពួកនារី ៣ ម៉ឺននាក់ មានខ្លួនប្រដាប់សមរម្យ នារីជាភរិយា ឈ្មោះយសវតី មានព្រះរាជបុត្រ ឈ្មោះសីវលៈ។ ព្រះជិនស្រី ទ្រង់ឃើញ​និមិត្ត ៤ ហើយទ្រង់ចេញទៅ ដោយយានសេះ តាំងសេចក្តីព្យាយាមអស់ ៨ ខែឥតខ្វះ។ ព្រះលោកនាយក ព្រះនាមមង្គលៈ មានព្រះទ័យស្ងប់រម្ងាប់ ទ្រង់មានចក្រប្រព្រឹត្តទៅ មានព្យាយាម ទ្រង់ប្រសើរជាងសត្វទ្វេបាទ ត្រូវមហាព្រហ្មអារាធនាហើយ ទើបស្តេច​ត្រាច់​ទៅ គឺសម្តែងធម៌។ ព្រះថេរៈឈ្មោះសុទេវៈ ១ ធម្មសេនៈ ១ ជាអគ្គសាវ័ក ព្រះថេរៈ​ឈ្មោះបលិតៈ ជាឧបដ្ឋាករបស់ព្រះមង្គលសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ ព្រះថេរី​ឈ្មោះ​សីវលា ១ អសោកា ១ ជាអគ្គសាវិកា ដើមឈើត្រាស់ដឹង​របស់​ព្រះមានព្រះភាគ​អង្គនោះ ហៅថានាគព្រឹក្ស (ដើមខ្ទឹង)។ ឧបាសកឈ្មោះនន្ទៈ ១ វិសាខៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះអនុឡា ១ សុមនា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហាមុនី ទ្រង់មានកម្ពស់ ៨៨ ហត្ថ រស្មីច្រើនសែន ផ្សាយចេញអំពីកាយព្រះអង្គ។ ព្រះជន្មាយុរបស់ព្រះអង្គ ៩ ម៉ឺនឆ្នាំជាកំណត់ ព្រះអង្គទ្រង់ឋិតនៅដរាបនោះ ញ៉ាំងពួកជនច្រើន ឲ្យឆ្លង (វដ្តសង្សារ)។ រលកក្នុងសាគរ គេមិនអាចរាប់បាន យ៉ាងណាមិញ សាវ័កទាំងឡាយ របស់ព្រះអង្គ ក៏គេ​មិនអាចរាប់បាន យ៉ាងនោះដែរ។ ព្រះមង្គលសម្ពុទ្ធ ជាលោកនាយក ទ្រង់បាន​ឋិតនៅ​ដរាប​ណា មរណៈប្រកបដោយកិលេស មិនមានក្នុងសាសនានៃព្រះអង្គដរាបនោះ។ ព្រះសម្ពុទ្ធ ទ្រង់មានយសច្រើនអង្គនោះ ទ្រទ្រង់នូវគប់ភ្លើង គឺព្រះធម៌ ហើយញ៉ាំង​មហាជន​ឲ្យឆ្លង ដ៏រុងរឿង ដូចជាផ្កាយដុះកន្ទុយ ទ្រង់បរិនិព្វាន។ ព្រះសម្ពុទ្ធ ទ្រង់សម្តែង​នូវ​សភាពប្រែប្រួលនៃសង្ខារ ដល់ពួកមនុស្ស ព្រមទាំងទេវតា រុងរឿងដូចគំនរភ្លើង ពុំនោះ​សោត ដូចព្រះអាទិត្យដែលទើបនឹងអស្តង្គត។ ព្រះមង្គលសម្ពុទ្ធ ទ្រង់បរិនិព្វាន ក្នុងឧទ្យាន​ឈ្មោះវេស្សរៈ ព្រះស្តូបរបស់ព្រះជិនស្រីអង្គនោះ មានកម្ពស់ ៣០ យោជន៍ មាននៅក្នុង​ទីនោះឯង។

ចប់ មង្គលពុទ្ធវង្ស ទី ៣។

សុមនពុទ្ធវង្ស ទី៤

[៥] កាលខាងក្រោយ អំពីព្រះមង្គលសម្ពុទ្ធមក ព្រះលោកនាយក ព្រះនាមសុមនៈ រក​បុគ្គល​ស្មើគ្មាន ដោយធម៌ទាំងពួង ព្រះអង្គឧត្តមជាងសព្វសត្វ។ កាលនោះ ព្រះអង្គទ្រង់​ទូងស្គរ គឺអមតៈ ប្រកបដោយស័ង្ខ គឺធម៌ជាសាសនារបស់ព្រះជិនស្រី មានអង្គ ៩ ក្នុង​មេខលបុរី។ ព្រះសាស្តាអង្គនោះ ទ្រង់ឈ្នះកិលេស ហើយសម្រេចនូវ​សម្ពោធិញ្ញាណ​ដ៏​ប្រសើរ ទ្រង់សាងនគរជាបុរី គឺព្រះសទ្ធម្មដ៏ប្រសើរខ្ពង់ខ្ពស់។ ព្រះអង្គទ្រង់សាងផ្លូវធំ មិនមាន​ចន្លោះ ជាផ្លូវមិនវៀច ជាផ្លូវត្រង់ មានទទឹងដ៏ធំទូលាយ គឺសតិប្បដ្ឋាន​ដ៏ប្រសើរ​ខ្ពងខ្ពស់។ ព្រះអង្គទ្រង់លាតសាមញ្ញផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ សមាបត្តិ ៨ ក្នុងផ្លូវនោះ។ ពួកសត្វណា មិនមានសេចក្តីប្រមាទ មិនរឹងរូស ប្រកបដោយ​សេចក្តី​ខ្មាសបាប និងសេចក្តីព្យាយាម ពួកសត្វនោះៗ តែងកាន់យកគុណដ៏ប្រសើរទាំងនេះ តាមសប្បាយ។ ព្រះសាស្តា ទ្រង់ស្រោចស្រង់មហាជន ដោយសេចក្តីព្យាយាម​នោះ​យ៉ាងនេះឯង បានញ៉ាំងសត្វ ១ សែនកោដិ ឲ្យត្រាស់ដឹងលើកទី ១។ ព្រះសាស្តា មាន​ព្យាយាមច្រើន ទ្រង់ឲ្យឱវាទពួកតិរ្ថិយ ក្នុងកាលណា កាលនោះ សត្វ ១ សែនកោដិ (បានសម្រេចគុណវិសេស) ក្នុងធម្មទេសនា លើកទី ២។ ពួកទេវតា និងមនុស្ស មាន​សេចក្តីព្រមព្រៀងគ្នា មានចិត្តស្រួលបួល សួរប្រស្នាក្នុងនិរោធផង សេចក្តីសង្ស័យផង សេចក្តីប្រាថ្នាក្នុងចិត្តផង ក្នុងកាលណា កាលនោះ ពួកសត្វ ៩០ ពាន់កោដិ បាន​សម្រេចមគ្គផល លើកទី ៣ ក្នុងធម្មទេសនាជាគ្រឿងបំភ្លឺនូវនិរោធ។ ព្រះសុមនសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែ​ជា​ពួក​ព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ ទាំងមានចិត្តនឹងធឹង។ កាល​ព្រះមានព្រះភាគ ទ្រង់ចេញវស្សាហើយ កាលភិក្ខុសង្ឃប្រកាសបវារណាហើយ ព្រះតថាគត​ទ្រង់បវារណាដោយភិក្ខុចំនួនមួយសែនកោដិ (នេះជាសន្និបាតលើក ទី ១)។ ក្នុងការប្រជុំដទៃអំពីនោះមក មានសន្និបាត លើកទី ២ នៃព្រះខីណាស្រព ៩០ ពាន់កោដិ លើកញ្ចនបព៌ត មិនមានមន្ទិល។ កាលសក្កទេវរាជ ចូលមកគាល់ព្រះសម្ពុទ្ធ ជាសន្និបាត​លើកទី ៣ របស់ព្រះខីណាស្រព ៨០ ពាន់កោដិ។ ក្នុងសម័យ នោះ តថាគត​កើតជា​ស្តេចនាគ មានឫទ្ធិច្រើន មានឈ្មោះថាអតុលៈ ជាអ្នកសន្សំកុសល។ កាលនោះ តថាគត​ចេញអំពីភពនាគ ជាមួយនឹងពួកញាតិ បានទៅបម្រើព្រះជិនស្រី ព្រមទាំងព្រះសង្ឃ ដោយ​តន្ត្រីជាទិព្វរបស់នាគ។ តថាគត បានញ៉ាំងព្រះភិក្ខុសង្ឃមួយសែនកោដិ ឲ្យឆាន់​ស្កប់​ស្កល់​ដោយបាយ ទឹក ហើយថ្វាយសំពត់មួយគូៗ មួយអង្គ ហើយយក​ព្រះភិក្ខុសង្ឃ​នោះ​ជាទីពឹង។ ព្រះសម្ពុទ្ធ ព្រះនាមសុមនៈ ជាលោកនាយកអង្គនោះ ទ្រង់ព្យាករតថាគត​ថា ក្នុងកប្បមានប្រមាណមិនបាន អំពីកប្បនេះ នាគរាជនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញអំពីក្រុងកបិលពស្តុជាទីរីករាយ ទៅតម្កល់សេចក្តីព្យាយាម ធ្វើ​ទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយ​ចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀប​ឆ្នេរ​ស្ទឹង​នេរញ្ជរាហើយ ស្តេចចូលមកទៀបគល់ពោធិព្រឹក្ស តាមផ្លូវដែលគេចាត់ចែង​ដ៏​ប្រសើរ។ លំដាប់តពីនោះមក ព្រះសម្ពុទ្ធមានយសច្រើនអង្គនោះ ទ្រង់ធ្វើប្រទក្សិណ​ពោធិមណ្ឌល​ដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើត​របស់​ព្រះសម្ពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ឯនាគរាជនេះ នឹងបានត្រាស់ជាព្រះសម្ពុទ្ធ ព្រះនាមគោតម ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ មិនមានរាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជា​អគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាកបម្រើព្រះជិនស្រីអង្គនេះ។ ព្រះថេរីឈ្មោះ​ខេមា ១ ឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ មិនមានរាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ ឧបាសិកា​ឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតម ទ្រង់មានយស​អង្គនោះ នឹងមានព្រះជន្ម ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់ពុទ្ធដីកានេះ របស់ព្រះមហេសី មិនមានបុគ្គលស្មើ ហើយក៏រីករាយថា នាគរាជនេះ នឹងជាពូជ​ពន្លកនៃ​ព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំងទេវតាមួយម៉ឺនលោកធាតុ ស្រែកហ៊ោឡើងផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា យើងទាំងឡាយ បើឃ្វាងមគ្គផលក្នុងសាសនា​នៃ​ព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុង​កាល​ជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់​យក​កំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំយ៉ាងណា។ យើងទាំងអស់គ្នា បើឃ្វាង​ព្រះជិនស្រី​អង្គនេះ គង់នឹងបានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជា​អនាគត​មិនខាន ក៏យ៉ាងនោះដែរ។ តថាគតបានស្តាប់ព្រះតម្រាស់របស់ព្រះសម្ពុទ្ធនោះ​ហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លាក្រៃពេក បានអធិដ្ឋាននូវវត្តតទៅទៀត ដោយការបំពេញបារមី ១០។ ព្រះសុមនសម្ពុទ្ធ ទ្រង់ស្វែងរកគុណដ៏ធំ មានទីក្រុងឈ្មោះមេខលៈ មានមហាក្សត្រ​ព្រះនាមសុទត្តៈ ជាព្រះបិតា មានព្រះមាតា ព្រះនាមសិរិមា។ ព្រះអង្គគ្រប់គ្រង​ព្រះរាជ​ដំណាក់អស់ ៩ ពាន់ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ គឺចន្ទប្រាសាទ ១ សុចន្ទប្រាសាទ ១ វដំសប្រាសាទ ១។ ពួកនារី ៦៣ សែននាក់ មានរូបប្រដាប់សមរម្យ នារី (ជាអគ្គមហេសី) ព្រះនាមវដំសកី ព្រះរាជបុត្រព្រះនាមអនូបមៈ។ ព្រះជិនស្រីឃើញនិមិត្តទាំង ៤ ហើយ​ទ្រង់​ចេញបព្វជ្ជាដោយយានដំរី ទ្រង់តាំងសេចក្តីព្យាយាមអស់ ១០ ខែឥតខ្វះ។ ព្រះលោកនាយក ព្រះនាមសុមនៈ មានព្រះទ័យស្ងប់រម្ងាប់ ទ្រង់មានចក្រប្រព្រឹត្តទៅ មាន​ព្យាយាមធំ ត្រូវព្រហ្មអារាធនាក្នុងមេខលបុរីដ៏ប្រសើរខ្ពង់ខ្ពស់។ ព្រះថេរៈឈ្មោះសរណៈ ១ ភាវិតត្តៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះឧទេន ជាឧបដ្ឋាករបស់ព្រះសម្ពុទ្ធ ព្រះនាម​សុមនៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ ព្រះថេរីឈ្មោះសោណា ១ ឧបសោណា ១ ជាអគ្គ​សាវិកា ព្រះសម្ពុទ្ធនោះ ស្មើដោយព្រះពុទ្ធ ដែលឥតមានបុគ្គលស្មើ ទ្រង់បានត្រាស់ដឹង​ទៀបគល់​នាគព្រឹក្ស។ ឧបាសកឈ្មោះវរុណៈ ១ សរណៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកា​ឈ្មោះចាលា ១ ឧបចាលា ១ ជាអគ្គឧបដ្ឋាយិកា។ ឯព្រះសម្ពុទ្ធអង្គនោះ ទ្រង់មានកម្ពស់ ៩០ ហត្ថ មានលំអនៃព្រះរូប ប្រហែលដូចគ្រឿងបូជាមាស ទ្រង់រុងរឿងក្នុង​មួយហ្មឺន​លោកធាតុ។ ព្រះជន្មាយុ (របស់ព្រះអង្គ) ៩ ហ្មឺនឆ្នាំជាកំណត់ ព្រះអង្គទ្រង់​ឋិតនៅ​ដរាប​នោះ ទ្រង់ញ៉ាំងប្រជុំជនច្រើន ឲ្យឆ្លង (វដ្តសង្សារ)។ ព្រះសម្ពុទ្ធទ្រង់ចម្លង​ពួកសត្វ​ដែលគួរ​ចម្លង ទ្រង់បានដាស់តឿនពួកសត្វដែលគួរដាស់តឿន ហើយទ្រង់បរិនិព្វាន ដូចព្រះចន្ទ្រ​អស្តង្គត។ ភិក្ខុទាំងឡាយនោះ ជាព្រះខីណាស្រពក្តី ព្រះសម្ពុទ្ធអង្គនោះក្តី ទ្រង់មិន​មាន​បុគ្គល​ណាស្មើ ទ្រង់បញ្ចេញរស្មីឥតថ្លឹងថ្លែងបាន ព្រះខីណាស្រពមានយសច្រើន​ទាំង​នោះ និព្វានហើយ។ ព្រះញាណនោះ ជាគុណឥតមានអ្វីថ្លឹងបានផង រតនៈទាំងនោះ ឥតមានអ្វីថ្លឹងបានផង របស់ទាំងអស់នេះ វិនាសសូន្យទៅ សង្ខារទាំងពួង ជារបស់​ទទេ​ពិត។ ព្រះសុមនសម្ពុទ្ធទ្រទ្រង់យស ទ្រង់បរិនិព្វានក្នុងអង្គារាម ព្រះស្តូបរបស់​ព្រះជិនស្រី​អង្គនោះ មានកម្ពស់ ៤ យោជន៍ ប្រតិស្ឋាននៅក្នុងអារាមនោះ។

ចប់ សុមនពុទ្ធវង្ស ទី៤។

រេវតពុទ្ធវង្ស ទី៥

[៦] កាលខាងក្រោយ អំពីព្រះសម្ពុទ្ធ ព្រះនាមសុមនៈមក មានព្រះលោកនាយក ព្រះនាម​រេវតៈ មិនមានបុគ្គលប្រៀប មិនមានបុគ្គលស្មើ មិនមានបុគ្គលថ្លឹងបាន ព្រះអង្គឧត្តម ទ្រង់ឈ្នះពួកមារ។ ព្រះសម្ពុទ្ធអង្គនោះ លុះមហាព្រហ្មអារាធនាហើយ ទ្រង់ប្រកាសធម៌​ដ៏កំណត់​ដោយខន្ធ និងធាតុ ជាធម៌មិនប្រព្រឹត្តទៅក្នុងភពតូចភពធំ។ ក្នុងការសម្តែង​ធម៌នៃ​ព្រះរេវតសម្ពុទ្ធនោះ មានការត្រាស់ដឹងមគ្គផល ៣ លើក គឺការត្រាស់ដឹងលើកទី ១ មិនគប្បីពោលដោយការរាប់ចំនួនបាន។ ព្រះមហាមុនី ព្រះនាមរេវតៈ ទ្រង់ទូន្មាន​ព្រះបាទ​អរិន្ទមៈក្នុងកាលណា កាលនោះ ពួកសត្វមួយពាន់កោដិ បានត្រាស់ដឹងមគ្គផលលើកទី ២។ ព្រះនរាសភៈ ទ្រង់ក្រោកចាកទីពួនសម្ងំ អស់ ៧ ថ្ងៃ ហើយទូន្មានពួកមនុស្ស និង​ទេវតា​មួយរយកោដិ (ឲ្យតាំងនៅ) ក្នុងផលដ៏ឧត្តម លើកទី ៣។ ព្រះសម្ពុទ្ធ ព្រះនាមរេវតៈ ទ្រង់ស្វែងរកគុណធំ មានសាវកសន្និបាត ៣ លើក សុទ្ធតែជាព្រះខីណាស្រព ប្រាសចាក​មន្ទិល មានព្រះទ័យរួចស្រឡះដោយប្រពៃ មានចិត្តនឹងធឹង គឺសន្និបាតលើកទី ១ កន្លង​ផុតផ្លូវនៃការរាប់ (រាប់ពុំបាន) សន្និបាតលើកទី ២ មានព្រះអរហន្តមួយសែនកោដិ។ ព្រះអគ្គសាវ័ក​អង្គណា រកបុគ្គលស្មើគ្មានដោយប្រាជ្ញា ជាអ្នកប្រព្រឹត្តតាមធម្មចក្រនៃ​ព្រះសម្ពុទ្ធ​អង្គនោះ កាលនោះ ព្រះអគ្គសាវ័កនោះ មានព្យាធិ ដល់នូវការសង្ស័យ​ក្នុង​ជីវិត។ កាលនោះ ពួកព្រះអរហន្តចូលទៅគាល់ព្រះមុនី ដើម្បីសាកសួរអាពាធ​របស់​ព្រះអគ្គ​សាវ័កនោះ មានចំនួនមួយសែនកោដិ នេះជាសន្និបាតលើកទី ៣។ សម័យនោះ តថាគតកើតជាព្រាហ្មណ៍ ឈ្មោះអតិទេវៈ បានចូលទៅគាល់ព្រះរេវតសម្ពុទ្ធ ហើយបាន​យក​ព្រះអង្គជាទីពឹង។ តថាគតបានសរសើរសីល សមាធិ និងបញ្ញា គុណដ៏ប្រសើរ​របស់​ព្រះអង្គ ហើយបានថ្វាយសំពត់ឧត្តរាសង្គៈ តាមកម្លាំង។ ព្រះសម្ពុទ្ធ ព្រះនាមរេវតៈ ជា​លោកនាយកអង្គនោះ ទ្រង់ព្យាករតថាគតថា ក្នុងកប្បមានប្រមាណមិនបាន អំពីកប្ប​នេះ​ទៅ ព្រាហ្មណ៍នេះនឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញអំពីក្រុងកបិលពស្តុ​ជា​ទីរីករាយ ហើយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។ សត្វ (នេះ) នឹងអង្គុយ​ទៀបគល់​អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រី​អង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេបានចាត់ចែង។ លំដាប់អំពីនោះមក ព្រះទ្រង់យសធំ ទ្រង់ធ្វើ​ប្រទក្សិណ​ពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតា​បង្កើតនៃព្រះសម្ពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ព្រាហ្មណ៍នេះ​នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះថេរៈ ឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នក​មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាកបម្រើព្រះជិនស្រីអង្គនេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្ត​តម្កល់​មាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគនោះ ហៅថា​អស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ ឧបាសិកា​ឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតម ទ្រង់យសអង្គនោះ មាន​ព្រះជន្ម ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់ព្រះពុទ្ធដីកានេះ របស់ព្រះសម្ពុទ្ធ​មិន​មាន​បុគ្គលស្មើ ទ្រង់ស្វែងរកនូវគុណដ៏ធំហើយ ត្រេកអរថា ព្រាហ្មណ៍នេះ នឹងបានជាពូជ​ពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំងទេវតា មួយហ្មឺនលោកធាតុ ស្រែកហ៊ោឡើងផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា ពួកយើងបើឃ្វាងមគ្គផលក្នុង​សាសនារបស់​ព្រះលោកនាថ​អង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុង​កាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់​យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំ យ៉ាងណា យើងទាំងអស់គ្នា បើឃ្វាង​ព្រះជិនស្រី​អង្គនេះ គង់នឹងបានជួបក្នុងទីចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគត​មិនខាន យ៉ាងនោះដែរ។ តថាគតបានស្តាប់ព្រះតម្រាស់របស់ព្រះសម្ពុទ្ធនោះហើយ ក៏ធ្វើ​ចិត្ត​ឲ្យត្រេកអរក្រៃពេក បានអធិដ្ឋាននូវវត្តតទៅទៀត ដោយការបំពេញបារមី ១០។ កាលនោះ តថាគតនឹកឃើញ ហើយបានអប់រំពុទ្ធការកធម៌នោះ ទាំងបានបំពេញ​នូវ​ពុទ្ធការកធម៌​នោះ តាមគួរដល់សេចក្តីប្រាថ្នានៃតថាគត។ ព្រះរេវតសម្ពុទ្ធ ទ្រង់ស្វែង​រកគុណដ៏ធំ មានទីក្រុងឈ្មោះសុធញ្ញកៈ មានព្រះមហាក្សត្រ ព្រះនាមវិបុលៈ ជាព្រះបិតា មានព្រះមាតា ព្រះនាមវិបុលា។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់នៅគ្រប់គ្រងព្រះរាជដំណាក់ អស់ ៦ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ ដែលកើតដោយបុញ្ញកម្ម មាន ៣ គឺសុទស្សនប្រាសាទ ១ រតនគ្ឃិប្រាសាទ ១ អាវេឡប្រាសាទ ១ ដែលគេស្អិតស្អាងហើយ។ ពួកនារី ៣៣ សែន​នាក់ មានរូបតាក់តែងសមរម្យ ឯនារីជាអគ្គមហេសី ព្រះនាមសុទស្សនា មានព្រះរាជបុត្រ ព្រះនាមវរុណៈ។ ព្រះជិនស្រី ទ្រង់ឃើញនិមិត្ត ៤ យ៉ាង ហើយទ្រង់​ចេញបព្វជ្ជាដោយ​រថយាន ហើយតាំងសេចក្តីព្យាយាម អស់ ៧ ខែឥតខ្វះ។ ព្រះសម្ពុទ្ធ ទ្រង់ព្រះនាមរេវតៈ ជាលោកនាយក មានព្រះទ័យស្ងប់រម្ងាប់ ទ្រង់ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅ ទ្រង់មានព្យាយាម​ច្រើន ទ្រង់ឈ្នះមារ ត្រូវមហាព្រហ្មអារាធនាហើយ ទ្រង់គង់នៅក្នុងវរុណារាម។ ព្រះថេរៈ ឈ្មោះវរុណៈ ១ ព្រហ្មទេវៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះសម្ភវៈ ជាឧបដ្ឋាករបស់​ព្រះរេវត​សម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ ព្រះថេរីឈ្មោះភទ្ទា ១ សុភទ្ទា ១ ជាអគ្គសាវិកា ឯ​ព្រះសម្ពុទ្ធ ឥតមានបុគ្គលស្មើអង្គនោះ ទ្រង់បានត្រាស់ដឹង ទៀបដើមខ្ទឹង។ ឧបាសក​ឈ្មោះវរុណៈ ១ សរភៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះបាលា ១ ឧបបាលា ១ ជា​អគ្គឧបដ្ឋាយិកា។ ព្រះពុទ្ធអង្គនោះ ទ្រង់មានកំពស់ព្រះអង្គ ៨០ ហត្ថ ទ្រង់ញ៉ាំង​ទិស​ទាំងពួង ឲ្យភ្លឺរុងរឿង ដូចទង់ជ័យរបស់ព្រះឥន្ទ្រដ៏ខ្ពង់ខ្ពស់។ កម្រងរស្មីដ៏ប្រសើរ កើតក្នុង​សរីរៈនៃព្រះអង្គ ផ្សាយចេញមួយយោជន៍ជុំវិញ ទាំងថ្ងៃទាំងយប់។ ព្រះសម្ពុទ្ធអង្គនោះ មាន​ព្រះជន្មាយុ ៦ ហ្មឺនឆ្នាំ ជាកំណត់ ទ្រង់ឋិតនៅអស់កាលដរាបនោះ ទ្រង់ញ៉ាំង​ប្រជុំជន​ច្រើន ឲ្យឆ្លង (ចាកវដ្តសង្សារ)។ ព្រះសម្ពុទ្ធ ទ្រង់សម្តែងកម្លាំងនៃព្រះពុទ្ធ ហើយទ្រង់​ប្រកាស​​អមតធម៌ក្នុងលោក ព្រះអង្គមិនមានសេចក្តីប្រកាន់ ទ្រង់បរិនិព្វាន ព្រោះ​អស់​ឧបាទាន ដូចភ្លើងដែលអស់កំញម។ ព្រះកាយរបស់ព្រះអង្គនោះ មានពណ៌ដូចកែវ ព្រះធម៌​​​របស់ព្រះអង្គ មិនមានអ្វីស្មើដូចទេ របស់ទាំងអស់វិនាសសូន្យទៅ សង្ខារទាំងពួង​ទទេពិត។ ព្រះរេវតសម្ពុទ្ធ ទ្រទ្រង់យសអង្គនោះ ទ្រង់មានបុណ្យច្រើន ទ្រង់បរិនិព្វាន​ហើយ ព្រះធាតុរបស់ព្រះអង្គបានសាយភាយទៅ ក្នុងប្រទេសនោះ ដោយចំណែកៗ។

ចប់ រេវតពុទ្ធវង្ស ទី៥។

សោភិតពុទ្ធវង្ស ទី៦

[៧] កាលខាងក្រោយ អំពីព្រះសម្ពុទ្ធ ព្រះនាមរេវតៈមក មានព្រះលោកនាយក ព្រះនាម​សោភិតៈ មានព្រះហឫទ័យតម្កល់ខ្ជាប់ មានព្រះហឫទ័យស្ងប់ មិនមានបុគ្គលស្មើ មិនមាន​បុគ្គល​ប្រៀបផ្ទឹម។ ព្រះជិនស្រីអង្គនោះ ទ្រង់ញ៉ាំងបំណងក្នុងព្រះទ័យឲ្យប្រព្រឹត្តទៅ ក្នុង​ព្រះដំណាក់​របស់ព្រះអង្គ ទ្រង់បានសម្រេចសម្ពោធិញ្ញាណដោយសព្វគ្រប់ ហើយទ្រង់​សម្តែងព្រះធម្មចក្រ។ ខាងលើរាប់អំពីអវីចិនរកឡើងទៅ ខាងក្រោមរាប់អំពីភវគ្គព្រហ្ម​ចុះ​មក ក្នុងចន្លោះនេះ ពេញដោយបរិស័ទតែម៉្យាង ក្នុងការសម្តែងធម្មទេសនា។ កាល​ព្រះសម្ពុទ្ធ ទ្រង់សម្តែងព្រះធម្មចក្រ ដល់បរិស័ទនោះ ការត្រាស់ដឹងធម៌លើកទី ១ គេមិន​គប្បីពោលដោយការរាប់ចំនួនបានឡើយ។ លំដាប់អំពីនោះមកទៀត កាលព្រះសម្ពុទ្ធ ទ្រង់​សម្តែងធម៌ក្នុងទីសមាគមនៃមនុស្ស និងទេវតា មានពួកបរិស័ទ ៩ ម៉ឺនកោដិ ត្រាស់​ដឹង​ធម៌ លើកទី ២។ មួយវិញទៀត កាលនោះ ព្រះរាជបុត្រជាក្សត្រ ព្រះនាមជយសេន ដាំសួនវេរថ្វាយព្រះសម្ពុទ្ធ។ ព្រះចក្ខុមសម្ពុទ្ធ ទ្រង់ប្រកាសការបូជានៃព្រះបាទជយសេន​នោះ ហើយសម្តែងធម្មទេសនា ក្នុងកាលនោះ មានបរិស័ទមួយពាន់កោដិ ត្រាស់ដឹងធម៌ លើកទី ៣។ ព្រះសោភិតសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង គឺកាលព្រះរាជា ព្រះនាមឧគ្គតៈអង្គនោះ ទ្រង់ថ្វាយទានចំពោះព្រះសម្ពុទ្ធថ្លៃថ្លាជាងនរជន ក្នុងវេលាថ្វាយទាននោះ មានអរហន្តមួយរយកោដិ និមន្តមកប្រជុំគ្នា (នេះជាសន្និបាត លើកទី ១)។ មួយវិញទៀត មានពួកបរិស័ទថ្វាយទាន ចំពោះព្រះសម្ពុទ្ធថ្លៃថ្លាជាង​ពួក​នរជន​ក្នុងកាលនោះ មានពួកបរិស័ទ ៩០ កោដិ (មកប្រជុំគ្នា) នេះជាសន្និបាត លើកទី ២។ ព្រះជិនស្រី ទ្រង់គង់ក្នុងទេវលោក ហើយស្តេចចុះចាកទេវលោកក្នុងកាលណា កាលនោះ មានពួកបរិស័ទ ៨០ កោដិ (មកប្រជុំគ្នា) នេះជាសន្និបាត លើកទី ៣។ សម័យនោះ តថាគតកើតជាព្រាហ្មណ៍ឈ្មោះសុជាតៈ កាលនោះតថាគតនិមន្តព្រះពុទ្ធ ព្រមទាំងសាវ័ក ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក។ ព្រះសម្ពុទ្ធ ព្រះនាមសោភិតៈ ជា​លោកនាយក​អង្គនោះ ទ្រង់ព្យាករតថាគតថា ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះទៅ ព្រាហ្មណ៍នេះនឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញអំពីក្រុងកបិលពស្តុជា​ទី​រីករាយ ហើយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។ សត្វ (នេះ) នឹងអង្គុយ​នៅទៀប​គល់​អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រី​អង្គនោះ បានសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅគង់ទៀប​គល់នៃ​ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ លំដាប់អំពីនោះមក ព្រះជិនស្រី​ទ្រង់​យសធំអង្គនោះ ទ្រង់ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងបានត្រាស់ដឹង ទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធអង្គនោះ នឹងមានព្រះនាមថា​មាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រាហ្មណ៍នេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម ព្រះថេរៈ​ឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្ត​ស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាក​បម្រើ​ព្រះជិនស្រីអង្គនេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាក​រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹង​នៃ​ព្រះមានព្រះភាគអង្គនោះ គេហៅថា អស្សត្ថព្រឹក្ស ឧបាសក ឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតម​ទ្រង់យសអង្គនោះ មានព្រះជន្ម ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា លុះបាន​ស្តាប់ព្រះពុទ្ធដីកានេះ របស់ព្រះសោភិតសម្ពុទ្ធ ឥតមានបុគ្គលស្មើ ទ្រង់ស្វែងរក​នូវគុណ​ដ៏ធំ ហើយក៏រីករាយថា ព្រាហ្មណ៍នេះ ជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំង​ទេវតា ក្នុងមួយហ្មឺនលោកធាតុ នាំគ្នាស្រែកហ៊ោផង ទះដៃផង សើចផង ធ្វើអញ្ជលី​នមស្ការ​ផងថា ពួកយើងបើនឹងឃ្វាងមគ្គផល ក្នុងសាសនារបស់ព្រះលោកនាថនេះ គង់នឹង​បានសម្រេចចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយ​ឆ្លង​ស្ទឹងធំ យ៉ាងណា យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះទៅ គង់នឹងបាន​សម្រេច​ចំពោះព្រះភក្ត្រនៃព្រះសម្ពុទ្ធអង្គនេះ ក្នុងកាលជាអនាគត ក៏យ៉ាងនោះដែរ។ ចំណែក​តថាគត លុះបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះសម្ពុទ្ធអង្គនោះ ក៏មានចិត្តត្រេកអរ មានចិត្តតក់ស្លុត ហើយបានធ្វើនូវប្រាជ្ញាឲ្យខ្ពង់ខ្ពស់ ដើម្បីសម្រេចប្រយោជន៍នោះ។ ព្រះសោភិតសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរឈ្មោះសុធម្មៈ ព្រះមហាក្សត្រ ព្រះនាមសុធម្មៈ ជាព្រះបិតា ព្រះមាតា ព្រះនាមសុធម្មា ព្រះសោភិតសម្ពុទ្ធអង្គនោះ ទ្រង់​គ្រប់គ្រងដំណាក់អស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺកុមុទប្រាសាទ ១ នឡិនីប្រាសាទ ១ បទុមប្រាសាទ ១។ ពួកនារី ៤ ហ្មឺន ៣ ពាន់នាក់ មានរូបតាក់តែង​សមរម្យ ឯនារីជាអគ្គមហេសី ឈ្មោះកិមិលា មានព្រះរាជបុត្រឈ្មោះសីហៈ។ ព្រះសម្ពុទ្ធ​ខ្ពង់ខ្ពស់​ជាងបុរស ទ្រង់ឃើញនិមិត្ត ៤ យ៉ាង ហើយស្តេចចេញ​ទៅទ្រង់ព្រះផ្នួស​ដោយ​ប្រាសាទ ទៅប្រព្រឹត្តបធានចារៈ អស់ ៧ ថ្ងៃ។ ព្រះសោភិតសម្ពុទ្ធ ជាលោកនាយក មានព្រះទ័យស្ងប់រម្ងាប់ ទ្រង់មានចក្រប្រព្រឹត្តទៅ មានព្យាយាមច្រើន ត្រូវមហាព្រហ្ម​អារាធនា​ហើយ ក្នុងសុធម្មឧទ្យានដ៏ប្រសើរ។ ព្រះថេរៈឈ្មោះអសមៈ ១ សុនេត្តៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអនោមៈ ជាឧបដ្ឋាករបស់ព្រះសោភិតសម្ពុទ្ធ ទ្រង់ស្វែងរកនូវ​គុណ​ដ៏ធំ។ ព្រះថេរីឈ្មោះនកុលា ១ សុជាតា ១ ជាអគ្គសាវិកា ព្រះសម្ពុទ្ធអង្គនោះ កាលត្រាស់ដឹង ទ្រង់ត្រាស់ទៀបដើមខ្ទឹង។ ឧបាសកឈ្មោះរម្មៈ ១ សុនេត្តៈ ១ ជា​អគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនកុលា ១ ចិត្តា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហាមុនី ទ្រង់មានកម្ពស់ ៥៨ ហត្ថ ទ្រង់ញ៉ាំងទិសទាំងពួង ឲ្យភ្លឺរុងរឿង ដូចព្រះអាទិត្យរះឡើង។ ព្រៃធំដែលមានផ្កាឈើរីកល្អ ដែលអប់ដោយគ្រឿងក្រអូបផ្សេងៗ យ៉ាងណា ពាក្យប្រដៅ​របស់ព្រះសម្ពុទ្ធអង្គនោះ តែងអប់ដោយក្លិនក្រអូប គឺសីល ក៏យ៉ាងនោះដែរ។ ធម្មតាសាគរ គេតែងមិនឆ្អែតដោយការរមិលមើល យ៉ាងណា ពាក្យប្រដៅរបស់ព្រះសម្ពុទ្ធអង្គនោះ គេមិនឆ្អែតដោយការស្តាប់ ក៏យ៉ាងនោះដែរ។ ព្រះអង្គមានព្រះជន្ម ៩ ម៉ឺនឆ្នាំ ជាកំណត់ ព្រះអង្គគង់នៅដរាបអស់កាលប៉ុណ្ណោះ ទ្រង់ញ៉ាំងប្រជុំជន ឲ្យឆ្លង (វដ្តសង្សារ)។ ព្រះអង្គ ព្រមទាំងសាវ័ក ទ្រង់ឲ្យឱវាទ និងការប្រៀនប្រដៅចំពោះជនដ៏សេស ហើយញ៉ាំងជន​ទាំង​នោះ ឲ្យមានព្យាយាម ដុតកំដៅកិលេសដូចភ្លើង រួចបរិនិព្វាន។ ព្រះសម្ពុទ្ធ ស្មើដោយ​ព្រះពុទ្ធ ឥតមានបុគ្គលស្មើ អង្គនោះក្តី ពួកសាវ័កទាំងនោះ ដែលដល់នូវកម្លាំងក្តី របស់​ទាំងអស់នេះ ក៏វិនាសសូន្យទៅ សង្ខារទាំងពួងជារបស់ទទេពិត។ ព្រះសោភិតសម្ពុទ្ធដ៏​ប្រសើរ ទ្រង់បរិនិព្វានក្នុងសីហារាម ព្រះធាតុ (របស់ព្រះអង្គ) សាយភាយទៅក្នុង​ប្រទេស​នោះ តាមចំណែកៗ។

ចប់ សោភិតពុទ្ធវង្ស ទី៦។

អនោមទស្សិពុទ្ធវង្ស ទី៧

[៨] កាលជាខាងក្រោយ អំពីព្រះសោភិតសម្ពុទ្ធមក មានព្រះសម្ពុទ្ធ ព្រះនាមអនោមទស្សី ព្រះអង្គប្រសើរជាងសត្វទ្វេបាទ ទ្រង់មានយសរាប់មិនបាន ទ្រង់មានតេជះ ទ្រង់កម្រ​បុគ្គល​កន្លងបាន។ ព្រះសម្ពុទ្ធ ទ្រង់កាត់ចំណងទាំងអស់ កំចាត់បង់ភពទាំង ៣ ហើយ​សម្តែងផ្លូវសម្រាប់ដើរឆ្ពោះទៅរកនិព្វាន មិនត្រឡប់វិញ ចំពោះទេវតា និងមនុស្ស។ ព្រះអនោមទស្សីអង្គនោះ ទ្រង់មិនរំភើប ដូចជាសាគរ គេគ្របសង្កត់បានដោយក្រ ដូចជា​ភ្នំ ទ្រង់មានគុណរកទីបំផុតគ្មាន ដូចជាអាកាស មានព្រះកាយរីកពេញ ដូចជាស្តេចឈើ។ ពួកសត្វគ្រាន់តែឃើញព្រះសម្ពុទ្ធអង្គនោះ ក៏មានសេចក្តីត្រេកអរ សត្វទាំងនោះ លុះបាន​ស្តាប់មធុរវាចា ដែលលាន់ឮ ក៏បានដល់អមតនិព្វាន។ កាលនោះ ការត្រាស់ដឹងធម៌​របស់​ព្រះអង្គ ក៏ធំទូលាយផ្សាយទៅ ចំនួនពួកសត្វ ១០០ កោដិ បានត្រាស់ដឹង ក្នុងការ​សម្តែង​ធម៌លើកទី ១។ លំដាប់អំពីនោះមក កាលព្រះសម្ពុទ្ធ បង្អុរចុះនូវភ្លៀងគឺធម៌ក្នុងអភិសម័យ ពួកសត្វ ៨០ កោដិ បានត្រាស់ដឹង ក្នុងការសម្តែងធម៌លើកទី ២។ តអំពីនោះមកទៀត កាលព្រះសម្ពុទ្ធ ទ្រង់បង្អុរចុះគ្រាប់ភ្លៀង គឺធម៌ ទ្រង់ញ៉ាំងពួកសត្វឲ្យឆ្អែតស្កប់ស្កល់ (ដោយ​​ធម៌) ពួកសត្វ ៧៨ កោដិ បានសម្រេចមគ្គផលលើកទី ៣។ ព្រះអនោមទស្សី​អង្គ​នោះ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះអរហន្ត បានសម្រេចអភិញ្ញាពលៈ រីកពេញដោយវិមុត្តិ គឺសន្និបាតលើកទី ១ កាលនោះ មាន​ព្រះអរហន្ត ៨ សែន ដែលមានសេចក្តីស្រវឹង និងសេចក្តីវង្វេងលះបង់ហើយ មានសន្តាន​ស្ងប់​រម្ងាប់ ទាំងមានចិត្តនឹងធឹង។ សន្និបាត លើកទី ២ មានព្រះអរហន្ត ៧ សែន ដែល​មិនមានទីទួល គឺកិលេស ប្រាសចាកធូលី គឺកិលេស ទាំងមានសន្តានស្ងប់រម្ងាប់ មានចិត្តនឹងធឹង។ សន្និបាតលើកទី ៣ មានព្រះអរហន្ត ៦ សែន ដែលបាន​សម្រេច​អភិញ្ញាពលៈ មានទុក្ខរំលត់ហើយ មានព្យាយាមដុតកំដៅកិលេស។ សម័យនោះ តថាគត​កើត​ជាយក្ស មានឫទ្ធិច្រើន ជាធំជាងពួកយក្សច្រើនកោដិ ក្នុងវសវត្តីទេវលោក។ កាល​នោះ តថាគតបានចូលទៅគាល់ព្រះសម្ពុទ្ធប្រសើរអង្គនោះ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ហើយអង្គាសព្រះលោកនាយក ព្រមទាំងព្រះសង្ឃ ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និង​ទឹក។ ឯព្រះមុនីអង្គនោះ ទ្រង់មានព្រះនេត្រដ៏បរិសុទ្ធ ទ្រង់ព្យាករតថាគតថា ក្នុងកប្បមាន​ប្រមាណ​មិនបាន អំពីកប្បនេះទៅ យក្សនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ​នឹង​ចេញចាកក្រុងកបិលពស្តុជាទីរីករាយ ហើយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។ សត្វ​នេះ នឹងអង្គុយនៅទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ រួចហើយ​ចូល​ទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយក៏ចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ តអំពីនោះ​មក ព្រះជិនស្រីមានយសច្រើន ទ្រង់ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយបាន​ត្រាស់ដឹង​ទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតនៃព្រះសម្ពុទ្ធនេះ នឹងមានព្រះនាម​ថាមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ យក្សនេះនឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់​រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាក​បម្រើ​ព្រះជិនស្រីអង្គនេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាក​រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹង​របស់​ព្រះមានព្រះភាគនោះ គេហៅថា អស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះ នន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមដ៏ទ្រង់យសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា លុះបានស្តាប់ព្រះពុទ្ធដីកានេះ របស់ព្រះអនោមទស្សី មិនមានបុគ្គលស្មើ ទ្រង់ស្វែង​រក​នូវគុណដ៏ធំហើយ ក៏មានចិត្តរីករាយថា យក្សនេះជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំងទេវតា មួយហ្មឺនលោកធាតុ នាំគ្នាស្រែកហ៊ោផង ទះដៃផង សើចផង ធ្វើអញ្ជលី​នមស្ការផងថា ពួកយើងបើនឹងឃ្វាងមគ្គផល ក្នុងសាសនារបស់ព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រនៃព្រះសាស្តានេះ ក្នុងកាលជាអនាគតមិនខាន។ ពួក​មនុស្ស​កាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លង​ស្ទឹង​ធំ យ៉ាងណា។ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេច​ចំពោះ​ព្រះភក្ត្រព្រះពុទ្ធអង្គនេះ ក្នុងកាលជាអនាគតមិនខាន ក៏យ៉ាងនោះដែរ។ ចំណែក​តថាគត លុះបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះអនោមទស្សីអង្គនោះ ក៏មានចិត្តត្រេកអរ មានចិត្តតក់ស្លុត បានអធិដ្ឋាននូវវត្តតទៅទៀត ដោយការបំពេញបារមីទាំង ១០។ ព្រះសាស្តា ព្រះនាមអនោមទស្សី មាននគរឈ្មោះចន្ទវតី មហាក្សត្រ ព្រះនាមយសវា ជា​ព្រះបិតា ព្រះមាតា ព្រះនាមយសោធរា។ព្រះអនោមទស្សីអង្គនោះ ទ្រង់នៅគ្រប់គ្រង​ព្រះរាជដំណាក់អស់មួយហ្មឺនឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺសិរីប្រាសាទ ១ ឧបសិរីប្រាសាទ ១ វឌ្ឍប្រាសាទ ១ (សម្រាប់ព្រះអង្គ)។ ពួកនារី ២ ហ្មឺន ៣ ពាន់នាក់ មានរូប​ប្រដាប់សមរម្យ នារីជាអគ្គមហេសីនោះ ព្រះនាមសិរិមា មានព្រះរាជបុត្រ ព្រះនាម​ឧបសាលៈ។ ព្រះជិនស្រី ទ្រង់បានឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញទៅ ដោយវ (គ្រែស្នែង) ទ្រង់តាំងសេចក្តីព្យាយាមអស់ ១០ ខែឥតខ្វះ។ ព្រះអនោមទស្សីមហាមុនី មាន​ព្រះទ័យស្ងប់រម្ងាប់ មានព្យាយាមច្រើន ដែលព្រហ្មអារាធនាហើយ ទ្រង់សម្តែងធម្មចក្រ​ក្នុង​សុទស្សនឧទ្យានដ៏ឧត្តម។ ព្រះថេរៈឈ្មោះនិសភៈ ១ អនោមៈ ១ ជាអគ្គសាវ័ក ឯព្រះថេរៈឈ្មោះវរុណៈ ជាឧបដ្ឋាករបស់ព្រះសាស្តាព្រះនាមអនោមទស្សីនោះ។ ព្រះថេរី​ឈ្មោះសុន្ទរា ១ សុមនា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងនៃ​ព្រះមានព្រះភាគ​អង្គនោះ ហៅថាអជ្ជុនព្រឹក្ស (ដើមអង្គ្រង)។ ឧបាសកឈ្មោះនន្ទិវឌ្ឍ ១ សិរីវឌ្ឍ ១ ជា​អគ្គឧបដ្ឋាក ឧបាសិកាឈ្មោះឧបលា ១ បទុមា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហាមុនី មាន​កំពស់ ៥៨ ហត្ថ ពន្លឺនៃព្រះអង្គផ្សាយចេញទៅ ដូចព្រះអាទិត្យរះឡើង។ ព្រះអង្គមាន​ព្រះជន្មាយុមួយ​សែនឆ្នាំ ជាកំណត់ ទ្រង់ឋិតនៅអស់កាលដរាបនោះ ទ្រង់ញ៉ាំងប្រជុំជន​ច្រើន ឲ្យឆ្លង (វដ្តសង្សារ)។ ពាក្យជាប្រធាន គឺសាសនារីកល្អហើយ ដោយពួករហន្ត ជា​តាទិបុគ្គល ប្រាសចាករាគៈ ប្រាសចាកមន្ទិល សាសនារបស់ព្រះជិនស្រីល្អរុងរឿង។ ឯ​ព្រះសាស្តា​អង្គនោះ មានយសរាប់មិនបានក្តី គូនៃសាវ័កទាំងនោះ មានគុណថ្លឹង​មិនបាន​ក្តី របស់ (ទាំងនោះ) វិនាសសូន្យទៅ សង្ខារទាំងពួងជារបស់ទទេពិត។ ព្រះជិនស្រីជា​សាស្តាព្រះនាមអនោមទស្សី ទ្រង់បរិនិព្វានក្នុងធម្មារាម ឯព្រះស្តូបបញ្ចុះព្រះធាតុរបស់​ព្រះជិនស្រីអង្គនោះ មានកម្ពស់ ២០ យោជន៍ ប្រតិស្ឋាននៅក្នុងអារាមនោះ។

ចប់ អនោមទស្សិពុទ្ធវង្ស ទី៧។

បទុមពុទ្ធវង្ស ទី៨

[៩] ក្នុងកាលខាងក្រោយ អំពីព្រះសម្ពុទ្ធ ព្រះនាមអនោមទស្សីមក មានព្រះសម្ពុទ្ធ​ព្រះនាម​បទុមៈ ទ្រង់ឧត្តមជាងសត្វជើងពីរ ឥតមានបុគ្គលស្មើ ឥតមានបុគ្គលប្រៀបផ្ទឹម។ សីលនៃព្រះអង្គ ឥតមានសីលនៃបុគ្គលដទៃស្មើ ទាំងសមាធិក៏រកទីបំផុតគ្មាន ព្រះញាណ​ដ៏ប្រសើរនឹងរាប់ពុំបាន ទាំងវិមុត្តិក៏មិនមានឧបមា។ កាលដែលព្រះពុទ្ធ ព្រះនាមបទុមៈ ព្រះអង្គនោះ មានតេជះថ្លឹងមិនបាន ទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ មានការត្រាស់ដឹង​នូវធម៌បីលើក ដែលជាគ្រឿងបន្សាត់បង់នូវងងឹតដ៏ធំ។ គឺព្រះពុទ្ធ ទ្រង់ញ៉ាំងសត្វ ១០០ កោដិ ឲ្យត្រាស់ដឹង ក្នុងការត្រាស់ដឹងលើកទី ១ ព្រះពុទ្ធជាអ្នកប្រាជ្ញ ទ្រង់ញ៉ាំងសត្វ ៩០ កោដិ ឲ្យត្រាស់ដឹង ក្នុងការត្រាស់ដឹងទី ២។ មួយទៀត ព្រះពុទ្ធ ព្រះនាមបទុមៈ ទ្រង់ទូន្មានព្រះឱរសរបស់ព្រះអង្គក្នុងកាលណា កាលនោះ ពួកសត្វ ៨០ កោដិ ត្រាស់ដឹង​លើកទី ៣។ ព្រះពុទ្ធព្រះនាមបទុមៈ ជាមហេសី មានសាវកសន្និបាត ៣ លើក គឺ​សន្និបាតលើកទី ១ មានភិក្ខុមួយសែនកោដិ។ កាលកឋិនចីវរកើតឡើងហើយ ក្នុងសម័យ​ជាទីក្រាលនូវកឋិន ភិក្ខុទាំងឡាយ បានដេរនូវចីវរដើម្បីប្រគេនព្រះធម្មសេនាបតី។ ក្នុង​កាល​នោះ ភិក្ខុទាំងបីសែនរូបនោះ សុទ្ធតែប្រាសចាកមន្ទិល មានអភិញ្ញា ៦ មានឫទ្ធិច្រើន ជាអ្នកមិនចាលចាញ់ បានមកប្រជុំគ្នា នេះជាសន្និបាតលើកទី ២។ មួយវិញទៀត ព្រះពុទ្ធព្រះនាមបទុមៈអង្គនោះ ទ្រង់ប្រសើរជាងពួកនរៈ ស្តេចចូលទៅកាន់លំនៅ​ក្នុង​ព្រៃធំ ក្នុងកាលនោះ មានភិក្ខុ ២ សែនរូប ជួបជុំគ្នា នេះជាសន្និបាត លើកទី ៣។ សម័យនោះ តថាគតកើតជាសត្វសីហៈ គ្របសង្កត់លើពួកម្រឹគ បានឃើញព្រះជិនស្រី ព្រះអង្គកំពុងចម្រើននូវវិវេកក្នុងព្រៃធំ។ តថាគត បានថ្វាយបង្គំនូវព្រះបាទទាំងគូ​ដោយ​សិរ្សៈ ហើយធ្វើប្រទក្សិណព្រះអង្គ រួចបន្លឺឡើងនូវសីហនាទ អស់ ៣ ដង បានបម្រើ​ព្រះជិនស្រី​អស់ ៧ ថ្ងៃ។ ព្រះតថាគត ទ្រង់ចេញចាកសមាបត្តិដ៏ប្រសើរ អស់ ៧ ថ្ងៃ ហើយទ្រង់ព្រះចិន្តាដោយព្រះហឫទ័យ រួចទ្រង់ប្រមូលមកនូវភិក្ខុចំនួនមួយកោដិ។ កាល​នោះ ព្រះមហាវីរៈនោះ ទ្រង់ព្យាករក្នុងកណ្តាលភិក្ខុសង្ឃទាំងមួយកោដិនោះថា ក្នុងកប្ប​ប្រមាណមិនបាន អំពីកប្បនេះ សត្វសីហៈនេះ នឹងបានជាព្រះពុទ្ធ។ សត្វនេះ នឹងចេញ​ចាកក្រុងជាទីត្រេកអរ ឈ្មោះកបិលពស្តុ ហើយតម្កល់សេចក្តីព្យាយាម នឹងធ្វើនូវ​ទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ នឹងសោយនូវបាយាស ទៀបឆ្នេរ​ស្ទឹង​នេរញ្ជរា ហើយស្តេចចូលទៅទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេជម្រះ​ហើយ។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ទ្រង់ធ្វើនូវការប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតនៃព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រះសម្ពុទ្ធអង្គនេះ នឹងមានព្រះនាម​គោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ នឹងបានជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ ភិក្ខុជាឧបដ្ឋាក ឈ្មោះអានន្ទ នឹង​បម្រើនូវព្រះជិនស្រីអង្គនេះ។ ព្រះនាងខេមា ១ ព្រះនាងឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់​ត្រាស់ដឹងនៃព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជា​អគ្គឧបដ្ឋាយិកា ព្រះជន្មាយុនៃព្រះគោតមមានយសអង្គនោះ កំណត់ ១០០ ឆ្នាំ។ ទេវតា និងមនុស្សទាំងឡាយ លុះបានស្តាប់នូវព្រះបន្ទូលនេះ របស់ព្រះពុទ្ធព្រះនាមបទុមៈ ទ្រង់​ស្វែង​រកនូវគុណធំ រកបុគ្គលស្មើគ្មាន ក៏មានចិត្តត្រេកអរថា សត្វសីហៈនេះ ជាពូជពន្លក​នៃព្រះពុទ្ធ។ សំឡេងហ៊ោឡើង ក៏ប្រព្រឹត្តទៅ ឯមនុស្ស ព្រមទាំងទេវតា ទាំងមួយហ្មឺន​លោកធាតុ ក៏ទះដៃសើច ផ្គងអញ្ជលីនមស្ការថា បើពួកយើងឃ្វាងមគ្គផល ក្នុងសាសនា​នៃ​ព្រះលោកនាថនេះ ក្នុងកាលជាអនាគត ពួកយើងនឹងបានសម្រេច ចំពោះព្រះភក្ត្រនៃ​ព្រះគោតម​អង្គនេះ ពុំខាន។ មនុស្សទាំងឡាយ កាលឆ្លងនូវស្ទឹង បើឃ្វាងនូវកំពង់ក្នុង​ទីចំពោះមុខ គង់កាន់យកនូវកំពង់ខាងក្រោម ហើយឆ្លងនូវស្ទឹងធំបានដែរ យ៉ាងណា យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះ ក្នុងកាលជាអនាគត ពួកយើងគង់នឹងសម្រេច ក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ។ ឯតថាគត លុះបានឮ​ព្រះបន្ទូល​នៃព្រះសម្ពុទ្ធ ទ្រង់ព្រះនាមបទុមៈនោះហើយ ក៏ញ៉ាំចិត្តឲ្យជ្រះថ្លាក្រៃលែង បានអធិដ្ឋាន​នូវវត្តដ៏លើសលុប ដោយការបំពេញនូវបារមីទាំង ១០។ ព្រះសម្ពុទ្ធ ព្រះនាមបទុមៈ ទ្រង់​ស្វែងរកនូវគុណដ៏ធំ មាននគរឈ្មោះចម្បកៈ មានមហាក្សត្រ ព្រះនាមអសមៈជាបិតា មាន​ព្រះមាតា ព្រះនាមអសមា។ ព្រះសម្ពុទ្ធព្រះនាមបទុមៈនោះ នៅគ្រប់គ្រងផ្ទះអស់ ១ ហ្មឺនឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ ខ្នង គឺនន្ទប្រាសាទ ១ វសុប្រាសាទ ១ យសត្តរ​ប្រាសាទ ១។ មាននារី ៣ ម៉ឺន ៣ ពាន់រូប សឹងតាក់តែងល្អ ឯនារីជាអគ្គមហេសីនោះ ឈ្មោះនាងឧត្តរា មានព្រះរាជឱរសព្រះនាមរម្មៈ។ ព្រះជិនស្រី ទ្រង់បានឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញមហាភិនិស្ក្រម ដោយយានគឺរថ ទ្រង់តម្កល់នូវព្យាយាមអស់ ៨ ខែគត់។ ព្រះសម្ពុទ្ធព្រះនាមបទុមៈ ជាលោកនាយក ជាមហាវីរៈ ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ប្រសើរឈ្មោះធនញ្ជៈ។ ភិក្ខុឈ្មោះ​សាលៈ ១ ឈ្មោះឧបសាលៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះវរុណៈ ជាឧបដ្ឋាករបស់​ព្រះពុទ្ធ​ព្រះនាម​បទុមៈ ទ្រង់ស្វែងរកនូវគុណធំ។ ព្រះនាងរាធា ១ ព្រះនាងសុរាធា ១ ជា​អគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគអង្គនោះ ហៅថាមហាសោណៈ (ដើមម្រំ) ឧបាសកឈ្មោះសភិយៈ ១ ឈ្មោះអសមៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះរុចិ ១ ឈ្មោះនន្ទិមារា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះសម្ពុទ្ធព្រះនាមបទុមៈ ជាមហាមុនី ទ្រង់មាន​កំពស់ ៥៨ ហត្ថ កម្រងរស្មីនៃព្រះមហាមុនីអង្គនោះ តែងផ្សាយចេញសព្វទិស ទាំងឥត​មាន​អ្វីស្មើ។ រស្មីព្រះចន្ទ្រ រស្មីព្រះអាទិត្យ រស្មីកែវមុនី រស្មីទាំងអស់នោះ ក៏សាបសូន្យទៅ ព្រោះប៉ះនឹងពន្លឺរបស់ព្រះជិនស្រីដ៏ឧត្តម។ ព្រះជន្មាយុ (របស់ព្រះមហាមុនីនោះ) មួយ​សែន​ឆ្នាំ ជាកំណត់ ព្រះមហាមុនីអង្គនោះ កាលទ្រង់ព្រះជន្មនៅដរាបនោះ ទ្រង់ញ៉ាំង​ប្រជុំជន​ច្រើន ឲ្យឆ្លង (ចាកសង្សារ)។ ព្រះមហាមុនីអង្គនោះ ទ្រង់ញ៉ាំងសត្វ​ដែលមាន​ឥន្ទ្រិយ​ចាស់ក្លា ឲ្យត្រាស់ដឹង មិនមានសេសសល់ ទ្រង់ប្រៀនប្រដៅសត្វទាំងឡាយ ដែលសេសសល់ ទ្រង់បរិនិព្វានទៅជាមួយនឹងសាវ័ក។ ព្រះមហាមុនីអង្គនោះ ទ្រង់​លះបង់​នូវសង្ខារទាំងពួង ដូចជាពស់ដែលលះបង់នូវសំណកចាស់ ឬដូចជាដើមឈើ​ជម្រុះ​នូវស្លឹកចាស់ ហើយទ្រង់បរិនិព្វានទៅ ដូចជាអណ្តាតប្រទីបដូច្នោះ។ ព្រះសាស្តា​ព្រះនាម​បទុមៈ ជាព្រះជិនស្រីដ៏ប្រសើរ ទ្រង់បរិនិព្វានក្នុងធម្មារាម មានព្រះធាតុផ្សាយទៅ ក្នុងប្រទេសនោះៗ។

ចប់ បទុមពុទ្ធវង្ស ទី៨។

នារទពុទ្ធវង្ស ទី៩

[១០] ក្នុងកាលជាខាងក្រោយនៃព្រះពុទ្ធ ព្រះនាមបទុមៈមក មានព្រះសម្ពុទ្ធព្រះនាម​នារទៈ ទ្រង់ឧត្តមជាងសត្វជើង ២ ឥតមានបុគ្គលស្មើ ឥតមានបុគ្គលប្រៀបផ្ទឹម។ ព្រះអង្គនោះ ជាព្រះរាជបុត្រច្បង ជាព្រះរាជឱរស ជាទីស្រឡាញ់របស់ស្តេចចក្រពត្តិ ទ្រង់បានពាក់នូវកែវមុនី និងគ្រឿងអាភរណៈ ហើយស្តេចចូលទៅកាន់ឧទ្យាន។ ក្នុង​ឧទ្យាន​នោះ មានដើមឈើមួយដើម ឈ្មោះមហាសោណព្រឹក្ស ជាឈើសមរម្យ ធំល្អស្អាត ព្រះសម្ពុទ្ធស្តេចទៅដល់នូវដើមឈើនោះហើយ ទ្រង់គង់ខាងក្រោមនៃឈើនោះ។ ព្រះ​ញាណ​ប្រសើររកទីបំផុតគ្មាន មានឧបមាដូចជាកែវវជីរ បានកើតឡើង (ដល់ព្រះអង្គ) ក្នុងទីនោះ ព្រះអង្គពិចារណានូវសង្ខារទាំងឡាយ ដោយព្រះញាណនោះ ដូចជាបុគ្គល​ដែលផ្កាប់ ឬផ្ងារឡើងនូវភាជនៈ។ ក្នុងទីនោះ ព្រះអង្គទ្រង់បន្សាត់បង់នូវកិលេសទាំងពួង មិនឲ្យសេសសល់ ហើយបានសម្រេចនូវពោធិញ្ញាណទាំងអស់ផង នូវពុទ្ធញ្ញាណទាំង ១៤ ផង។ លុះព្រះអង្គសម្រេចនូវសម្ពោធិហើយ ទើបទ្រង់សម្តែងនូវធម្មចក្រ សត្វមួយ​សែន​កោដិ បានត្រាស់ដឹងជាដំបូង។ ព្រះមហាមុនីទូន្មានស្តេចនាគ ឈ្មោះមហាទោណៈ ក្នុងកាលនោះ ទ្រង់ពន្យល់នូវពួកមនុស្ស ព្រមទាំងទេវតា ហើយទ្រង់ធ្វើនូវបាដិហារ្យ។ ក្នុងកាលនោះ ទេវតា និងមនុស្សទាំងឡាយ ៩០ ពាន់កោដិ បានឆ្លងផុតនូវ​សេចក្តី​សង្ស័យ​ទាំងអស់ ក្នុងការប្រកាសនូវព្រះធម៌នោះ នេះជាការត្រាស់ដឹងទី ២។ ព្រះមហាវីរៈ ទ្រង់ទូន្មាននូវបុត្របង្កើតរបស់ព្រះអង្គ ក្នុងកាលណា (កាលនោះ) ពួកសត្វចំនួន ៨០ កោដិ បានត្រាស់ដឹងក្នុងលើកទី ៣។ ព្រះសម្ពុទ្ធព្រះនាមនារទៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាន​សាវកសន្និបាត ៣ លើក គឺសន្និបាតលើកដំបូង មានពួកព្រះអរហន្តប្រមាណ​មួយសែន​កោដិ។ ព្រះសម្ពុទ្ធ ទ្រង់ប្រកាសពុទ្ធគុណ ព្រមទាំងនិទាន ក្នុងកាលណា កាលនោះ ព្រះអរហន្តប្រមាណ ៩០ ពាន់កោដិ ប្រាសចាកមន្ទិល មកប្រជុំគ្នា នេះជាសន្និបាតលើកទី ២។ នាគរាជឈ្មោះវេរោចនៈ បានថ្វាយទានដល់ព្រះសាស្តា ក្នុងកាលណា កាលនោះ ពួកសាវ័កជាបុត្រនៃព្រះជិនស្រី ប្រមាណ ៨០ សែន បានមកប្រជុំគ្នា (នេះជាសន្និបាត​លើកទី ៣)។ សម័យនោះ តថាគតជាតាបស មានផ្នួងសក់ មានព្យាយាមក្លៀវក្លា បានដល់​ត្រើយនៃអភិញ្ញាទាំង ៥ ត្រាច់ទៅតាមអាកាសបាន។ គ្រានោះ តថាគតបានញ៉ាំង​ព្រះសម្ពុទ្ធ ដែលស្មើដោយព្រះពុទ្ធ មិនមានបុគ្គលស្មើ ព្រមទាំងព្រះសង្ឃ និងជនជា​បរិស័ទ ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក ហើយបូជាដោយខ្លឹមចន្ទន៍។ គ្រានោះ ព្រះនារទៈ ជាលោកនាយកអង្គនោះ ទ្រង់បានព្យាករតថាគតថា ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះទៅ តាបសនេះ នឹងបានជាព្រះពុទ្ធក្នុងលោក។ សត្វនេះ នឹងចេញចាក​ក្រុងកបិលពស្តុ ជាទីត្រេកអរ តម្កល់នូវសេចក្តីព្យាយាម ហើយធ្វើទុក្ករកិរិយា។ សត្វនេះ នឹងគង់ទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ រួចចូលទៅកាន់ស្ទឹង​នេរញ្ជរា។ ព្រះជិនស្រីអង្គនោះ នឹងសោយនូវបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេច​ចូលមកទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេតាក់តែងហើយ។ លំដាប់នោះ ព្រះពុទ្ធទ្រង់មានយសធំ នឹងធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រះពុទ្ធអង្គនេះ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ នឹងជាអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាក ឈ្មោះអានន្ទៈ នឹងបំរើព្រះជិនស្រីនេះ។ នាងខេមា ១ នាងឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ ទាំងមានចិត្តតាំងមាំ នឹងជាអគ្គ​សាវិកា។ ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសក​ឈ្មោះចិត្តគហបតី ១ ឈ្មោះហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក។ នាង​នន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា។ ព្រះជន្មាយុរបស់​ព្រះគោតម​មានយស​អង្គនោះ កំណត់ ១០០ ឆ្នាំ។ ទេវតា និងមនុស្សទាំងឡាយ លុះបានស្តាប់ព្រះបន្ទូលនេះ របស់ព្រះសម្ពុទ្ធ ព្រះអង្គមិនមានបុគ្គលស្មើ ទ្រង់ស្វែងរកនូវគុណធំ ក៏ត្រេកអរថា ជដិល​នេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ មនុស្ស ព្រមទាំង​ទេវតាទាំង​មួយម៉ឺន​លោកធាតុ ក៏ទះដៃ សើចក្អាកក្អាយ ធ្វើអញ្ជលី នមស្ការថា បើពួកយើងនឹងឃ្វាង​មគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ ក្នុងកាលជាអនាគត ពួកយើងគង់នឹងបាន​សម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ។ មនុស្សទាំងឡាយ កាលឆ្លងស្ទឹង បើឃ្វាងនូវកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបានដែរ យ៉ាង​ណាមិញ។ បើយើងទាំងអស់គ្នា ឃ្វាងព្រះជិនស្រីអង្គនេះ ក្នុងកាលជាអនាគត ពួកយើង​គង់នឹងបានសម្រេច ក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ ក៏យ៉ាងនោះដែរ។ តថាគត​បានឮព្រះពុទ្ធដីកានៃព្រះពុទ្ធអង្គនោះហើយ ក៏ញ៉ាំងចិត្តឲ្យរីករាយដោយក្រៃលែង បានអធិដ្ឋាននូវវត្តដ៏លើសលុប ដោយការបំពេញនូវបារមីទាំង ១០។ ព្រះពុទ្ធ ព្រះនាម​នារទៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរ ឈ្មោះធញ្ញវតី មហាក្សត្រព្រះនាម​សុទេវៈ ជាព្រះបិតា ព្រះមាតាព្រះនាមអនោមា។ ព្រះនារទៈនោះ នៅគ្រប់គ្រងផ្ទះ អស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរមាន ៣ ខ្នង គឺជិតប្រាសាទ ១ វិជិតប្រាសាទ ១ អភិរាមប្រាសាទ ១។ មាននារី ៣ – ៤ ពាន់រូប សុទ្ធសឹងស្អិតស្អាងល្អ ព្រះនារី (ដែលជាអគ្គមហេសី) នោះ ព្រះនាមវិជិតសេនា ឯព្រះរាជបុត្រព្រះនាមនន្ទុត្តរៈ។ ព្រះពុទ្ធ ជាបុរសរត្នដ៏ប្រសើរ ទ្រង់ទត​ឃើញនូវនិមិត្តទាំង ៤ ហើយស្តេចចេញមហាភិនិស្ក្រម ដោយការយាង​ទៅដោយ​ព្រះបាទផ្ទាល់ ហើយទ្រង់ប្រព្រឹត្តព្យាយាម អស់ ៧ ថ្ងៃ។ ព្រះនារទៈ ជាលោកនាយក ជាមហាវីរបុរស ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុង​ឧទ្យាន​ដ៏ប្រសើរឈ្មោះធនញ្ជៈ។ ភិក្ខុឈ្មោះភទ្ទសាលៈ ១ ឈ្មោះជិតមិត្តៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះវាសេដ្ឋៈ ជាឧបដ្ឋាករបស់ព្រះសម្ពុទ្ធនារទៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ នាង​ឧត្តរា ១ នាងផគ្គុនី ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ គេហៅថាមហាសោណព្រឹក្ស។ ឧបាសកឈ្មោះឧគ្គរិន្ទៈ ១ ឈ្មោះវសភៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះ ឥន្ទវរី ១ ឈ្មោះគណ្ឌី ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហាមុនី ទ្រង់មាន​កំពស់ ៨៨ ហត្ថក្រពុំ មានព្រះរូបស្មើដោយគ្រឿងបូជា ជាវិការៈនៃមាស បានញ៉ាំង​លោកធាតុទាំងមួយម៉ឺន ឲ្យភ្លឺរុងរឿង។ ព្រះកាយរបស់ព្រះអង្គ មានរស្មីប្រមាណមួយព្យាម តែងផ្សាយទៅកាន់ទិសតូចទិសធំ តែងផ្សាយទៅកាន់ទីប្រមាណ ១ យោជន៍ ទាំងថ្ងៃ​ទាំងយប់ ជានិរន្តរ៍សព្វៗ កាល។ សម័យនោះ ជនទាំងឡាយពួកខ្លះ នៅក្នុងទីប្រមាណ​មួយយោជន៍ ដោយជុំវិញ ត្រូវរស្មីទាំងឡាយនៃព្រះពុទ្ធ គ្របសង្កត់ហើយ មិនចាំបាច់​អុជភ្លើងគប់ ឬអុជភ្លើងប្រទីបទាំងឡាយឡើយ។ ព្រះជន្មាយុកំណត់ប្រាំបួនសែនឆ្នាំគត់ កាលទ្រង់ព្រះជន្មាយុនៅដរាបនោះ តែងញ៉ាំងប្រជុំជនដ៏ច្រើន ឲ្យឆ្លងចាកសង្សារ។ អាកាសដ៏វិចិត្រ រុងរឿងដោយផ្កាយទាំងឡាយ យ៉ាងណា សាសនារបស់ព្រះនារទៈ​អង្គនោះ ក៏រុងរឿងដោយព្រះអរហន្តទាំងឡាយ ក៏យ៉ាងនោះដែរ។ ព្រះពុទ្ធព្រះនាមនារទៈ ប្រសើរជាងពួកនរៈអង្គនោះ ទ្រង់ធ្វើស្ពាន គឺព្រះធម៌ឲ្យមាំ ដើម្បីចម្លងនូវជន​ទាំងឡាយ​ដ៏សេស ដែលកំពុងដើរទៅដើម្បីឆ្លងនូវខ្សែទឹក គឺសង្សារ ហើយបរិនិព្វាន។ ព្រះពុទ្ធ ស្មើដោយព្រះពុទ្ធ ដែលគ្មានបុគ្គលស្មើអង្គនោះក្តី ព្រះខីណាស្រពទាំងឡាយ មានតេជះ​ថ្លឹងពុំបាន ទាំងអម្បាលនោះក្តី ក៏និព្វានបាត់បង់អស់ របស់ទាំងពួងក៏អន្តរធានអស់ ឱហ្ន៎! សង្ខារទាំងពួង ជារបស់សោះសូន្យពិត។ ព្រះនារទៈ ជាព្រះជិនស្រីដ៏ប្រសើរ ទ្រង់​បរិនិព្វាន​ក្នុងព្រះសុទស្សនបុរី ព្រះស្តូបដ៏ប្រសើរមានកម្ពស់ប្រមាណ ៤ យោជន៍។

ចប់ នារទពុទ្ធវង្ស ទី៩។

បទុមុត្តរពុទ្ធវង្ស ទី១០

[១១] ក្នុងកាលខាងក្រោយ អំពីព្រះពុទ្ធ ព្រះនាមនារទៈមក មានព្រះសម្ពុទ្ធព្រះនាម​បទុមុត្តរៈ ទ្រង់ឧត្តមជាងសត្វជើងពីរ ទ្រង់ឈ្នះមារ ទ្រង់មិនរំភើប ឧបមាដូចសាគរ។ ព្រះពុទ្ធនេះ ទ្រង់កើតឡើងក្នុងកប្បណា កប្បនោះឈ្មោះមណ្ឌកប្ប ប្រជុំជន មានកុសល​ដុះឡើងហើយ តែងកើតក្នុងកប្បនោះ។ កាលព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ទ្រង់​សម្តែង​នូវព្រះធម៌ជាដំបូង សត្វទាំងឡាយប្រមាណមួយសែនកោដិ ក៏បានត្រាស់ដឹងនូវ​មគ្គ និងផល។ លំដាប់តអំពីនោះមក កាលព្រះបរមសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់បង្អុរ​ចុះនូវធម៌ ទ្រង់ញ៉ាំងពួកសត្វឲ្យឆ្អែតស្កប់ស្កល់ ពួកសត្វប្រមាណ ៣ ម៉ឺន ៧ ពាន់ បាន​ត្រាស់ដឹង ក្នុងលើកទី ២។ ក្នុងកាលណា ព្រះមហាវីរបុរស ស្តេចចូលទៅរក ព្រះបាទអានន្ទ ជាព្រះបិតា លុះស្តេចចូលទៅកាន់សំណាក់ព្រះបិតាហើយ ទ្រង់ទូងស្គរ គឺអមតធម៌។ កាលស្គរ គឺអមតធម៌ ដែលព្រះអង្គទ្រង់ទូងហើយ ភ្លើងគឺធម៌ ក៏ធ្លាក់ចុះ (ក្នុងកាលនោះ) ពួកសត្វប្រមាណ ៥ លាន បានត្រាស់ដឹងក្នុងលើកទី ៣។ ព្រះពុទ្ធ ទ្រង់​ឈ្លាសក្នុងទេសនា ទ្រង់ទូន្មានពន្យល់ ចម្លងនូវសត្វទាំងពួង បានចម្លងហើយនូវ​ប្រជុំជន​ជាច្រើន។ ព្រះសាស្តា ព្រះនាមបទុមុត្តរៈ មានសាវកសន្និបាត ៣ លើក គឺសន្និបាតលើកទី ១ មានព្រះខីណាស្រព ប្រមាណមួយសែនកោដិ។ កាលណា ព្រះសម្ពុទ្ធស្មើ​ដោយ​ព្រះអតីតពុទ្ធ រកបុគ្គលស្មើគ្មាន ទ្រង់គង់នៅលើភ្នំវេភារបព៌ត (ក្នុងកាលនោះ) ជាសន្និបាត​លើកទី ២ មានព្រះខីណាស្រព ប្រមាណ ៩០ ពាន់កោដិ។ កាលព្រះសម្ពុទ្ធ ចៀសចេញ​ចាក​ស្រុក ចាកនិគម និងដែន ទៅកាន់ចារិកម្តងទៀត នេះជាសន្និបាតលើកទី ៣ មាន​ព្រះខីណាស្រពប្រមាណ ៨០ ពាន់កោដិ។ សម័យនោះ តថាគតជាជដិល អ្នកនៅក្នុងដែន តថាគតបានថ្វាយសំពត់ព្រមទាំងភត្ត ដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន។ ព្រះពុទ្ធអង្គ​នោះ ទ្រង់គង់នៅក្នុងកណ្តាលនៃភិក្ខុសង្ឃហើយ ទ្រង់ព្យាករតថាគតថា ក្នុងកប្បទីមួយ​សែន អំពីកប្បនេះ ជដិលនេះនឹងបានជាព្រះពុទ្ធមួយអង្គ។ សត្វនេះ នឹងចេញចាកក្រុង​កបិលពស្តុ ជាទីត្រេកអរ តម្កល់នូវព្យាយាម ធ្វើទុក្ករកិរិយា។ សត្វ (នេះ) នឹងអង្គុយទៀប​គល់​អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ នឹងចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រី​អង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូលទៅទៀប​គល់នៃ​ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេតាក់តែង។ លំដាប់នោះ ព្រះសម្ពុទ្ធទ្រង់មានយសធំ ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតា​បង្កើតនៃព្រះសម្ពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ឯ​ព្រះសម្ពុទ្ធ​អង្គនេះ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ ជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ ភិក្ខុជា​ឧបដ្ឋាក​ឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ នាងខេមា ១ នាងឧប្បលវណ្ណា ១ ជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្ត​តាំង​មាំ។ ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសក​ឈ្មោះចិត្តគហបតី ១ ឈ្មោះ​ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះជន្មាយុរបស់ព្រះគោតមដ៏មានយសអង្គនោះ កំណត់ ១០០ ឆ្នាំ។ ទេវតា និងមនុស្សទាំងឡាយ លុះបានស្តាប់ព្រះបន្ទូលនេះ នៃ​ព្រះសម្ពុទ្ធ​រក​បុគ្គលស្មើគ្មាន ទ្រង់ស្វែងរកនូវគុណដ៏ធំ ហើយក៏ត្រេកអរថា ជដិលនេះ ជាពូជ​ពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ មនុស្ស ព្រមទាំងទេវតា​ទាំងមួយហ្មឺន​លោកធាតុ ក៏ទះដៃ សើចក្អាកក្អាយ ធ្វើអញ្ជលីនមស្ការថា បើពួកយើងឃ្វាង​មគ្គផល​ក្នុង​សាសនា នៃព្រះលោកនាថអង្គនេះ ក្នុងកាលជាអនាគត ពួកយើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រ​ព្រះគោតមនេះ។ មនុស្សទាំងឡាយ កាលឆ្លងស្ទឹង បើឃ្វាងកំពង់ក្នុង​ទី​ចំពោះមុខ គង់កាន់យកនូវកំពង់ខាងក្រោម ហើយឆ្លងនូវស្ទឹងធំបានដែរ យ៉ាងណា។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះ ក្នុងកាលជាអនាគត គង់បានសម្រេច​ក្នុងទី​ចំពោះ​ព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ។ តថាគតបានឮព្រះបន្ទូលនៃ​ព្រះសម្ពុទ្ធ​អង្គ​នោះហើយ បានអធិដ្ឋានវត្តដ៏លើសលុបឡើងទៅ បានធ្វើនូវព្យាយាមដ៏​ខ្ពង់ខ្ពស់ មាំមួនដោយការបំពេញនូវបារមីទាំង ១០។ ក្នុងកាលនោះ តិរ្ថិយទាំងពួង​អាក់អន់​តូចចិត្ត វិនាសខ្ចាត់ខ្ចាយ បរិស័ទពួកខ្លះនៃតិរ្ថិយទាំងនោះ មិនបម្រើតិរ្ថិយទាំងនោះ ក៏នាំគ្នាចៀសចេញចាកដែនទៅ។ តិរ្ថិយទាំងពួង មកប្រជុំគ្នាក្នុងទីនោះ ហើយបានចូល​ទៅ​ក្នុងសំណាក់នៃព្រះពុទ្ធ (ហើយពោលថា) បពិត្រព្រះមហាវីរៈ សូមព្រះអង្គជាទីពឹង​ពំនាក់ (នៃយើងខ្ញុំទាំងឡាយ) បពិត្រព្រះអង្គមានចក្ខុ សូមព្រះអង្គជាទីរឭក។ ព្រះពុទ្ធ ទ្រង់​អនុគ្រោះ ទ្រង់ប្រកបដោយករុណា ទ្រង់ស្វែងរកប្រយោជន៍ដល់សត្វទាំងពួង ទ្រង់​ញ៉ាំង​តិរ្ថិយទាំងអស់ ដែលមកប្រជុំហើយ ឲ្យឋិតនៅក្នុងសីល ៥។ សាសនា (របស់​ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈនោះ) មិនវឹកវរ ជាសាសនាសូន្យចាកពួកតិរ្ថិយយ៉ាងនេះ សាសនានោះ វិចិត្រហើយដោយព្រះអរហន្តទាំងឡាយ ជាអ្នកស្ទាត់ជំនាញ ជា​តាទិបុគ្គល។ ព្រះសាស្តា ព្រះនាមបទុមុត្តរៈ មានព្រះនគរឈ្មោះហង្សវតី មានមហាក្សត្រ ព្រះនាមអានន្ទៈ ជាព្រះបិតា មានព្រះមាតាព្រះនាមសុជាតា។ ព្រះអង្គទ្រង់នៅ​គ្រប់គ្រង​ផ្ទះ អស់ ៩ ពាន់ឆ្នាំ ប្រាសាទទាំងឡាយដ៏ប្រសើរ មាន ៣ ខ្នង គឺនារីប្រាសាទ ១ ពាហនប្រាសាទ ១ យសវតីប្រាសាទ ១។ មាននារីបីបួនពាន់ តាក់តែងល្អ ឯនារីដែល​ជា​អគ្គមហេសី ឈ្មោះវសុលទត្តា ព្រះរាជបុត្រ ព្រះនាមឧត្តរៈ។ ព្រះជិនស្រីប្រសើរជាងបុរស ទ្រង់ឃើញនូវនិមិត្តទាំង ៤ យ៉ាងហើយ ស្តេចចេញទៅដោយប្រាសាទ ទ្រង់ប្រព្រឹត្ត​សេចក្តី​ព្យាយាមអស់ ៧ ថ្ងៃ។ ព្រះបទុមុត្តរសម្ពុទ្ធ ជានាយក ជាមហាវីរបុរស ត្រូវព្រហ្មអារាធនា​ហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ប្រសើរឈ្មោះមិថិលា។ ភិក្ខុ​ឈ្មោះ​ទេវិលៈ ១ ឈ្មោះសុជាតៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះសុមនៈ ជាឧបដ្ឋាក​របស់​ព្រះសាស្តា ព្រះនាមបទុមុត្តរៈ។ ភិក្ខុនីឈ្មោះអមិតា ១ ឈ្មោះអសមា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគអង្គនោះ ហៅថាសលឡព្រឹក្ស (ដើមស្រល់)។ ឧបាសកឈ្មោះអមិតៈ ១ ឈ្មោះតិស្សៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះហត្ថា ១ សុចិត្តា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះសម្ពុទ្ធមហាមុនី ទ្រង់មានកម្ពស់ ៥៨ ហត្ថក្រពុំ មានព្រះអង្គដ៏ល្អល្អះ ប្រាកដស្មើដោយគ្រឿងបូជា ជាវិការៈនៃមាស មានលក្ខណៈដ៏​ប្រសើរ ៣២ ប្រការ។ ទ្វារក្តី គន្លឹះទ្វារក្តី ជញ្ជាំងក្តី ឈើក្តី ភ្នំធំក្តី ជាគ្រឿងរាំងរា​នៃ​ព្រះសម្ពុទ្ធនោះ ក្នុងទីប្រមាណ ១២ យោជន៍ដោយជុំវិញ មិនមានឡើយ។ ព្រះជន្មាយុ មានកំណត់ ១ សែនឆ្នាំ កាលព្រះសម្ពុទ្ធនោះ ទ្រង់ព្រះជន្មាយុនៅដរាបនោះ ទ្រង់ញ៉ាំង​ប្រជុំជនច្រើន ឲ្យឆ្លង (ចាកសង្សារ) លុះទ្រង់ចម្លងជនជាច្រើនហើយ កាត់នូវសេចក្តី​សង្ស័យ​ទាំងពួង ហើយបរិនិព្វានជាមួយនឹងសាវ័ក ដូចជាគំនរភ្លើងដែលឆេះរុងរឿង ហើយ​រលត់ទៅដូច្នោះ។ ព្រះពុទ្ធជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់បរិនិព្វានក្នុងនន្ទារាម ព្រះស្តូប​ដ៏ប្រសើររបស់ព្រះអង្គ មានកម្ពស់ ១២ យោជន៍ (ដែលគេសាងហើយ) ក្នុង​នន្ទារាម​នោះ។

ចប់ បទុមុត្តរពុទ្ធវង្ស ទី១០។

សុមេធពុទ្ធវង្ស ទី១១

[១២] ក្នុងកាលជាខាងក្រោយ អំពីព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈមក មានព្រះពុទ្ធព្រះនាម​សុមេធៈ ព្រះអង្គជានាយក គេគ្របសង្កត់បានដោយក្រ ទ្រង់មានព្រះតេជះដ៏ខ្ពង់ខ្ពស់ ជាព្រះជិនស្រីដ៏ប្រសើរឧត្តមជាងលោកទាំងមូល។ ព្រះអង្គមានព្រះនេត្រថ្លាស្អាត មាន​ព្រះភក្ត្រល្អល្អះ មានព្រះសរីរៈធំ មានព្រះសរីរៈត្រង់ល្អ មានព្រះតេជះ ទ្រង់ស្វែងរក​ប្រយោជន៍​ដល់សត្វទាំងពួង ទ្រង់ញ៉ាំងសត្វទាំងឡាយច្រើន ឲ្យរួចចាកចំណង។ កាល​ណា ព្រះពុទ្ធទ្រង់បានដល់នូវពោធិញ្ញាណដ៏ឧត្តម សព្វគ្រប់ហើយ ទ្រង់ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ ក្នុងនគរឈ្មោះសុទស្សនៈ។ ក្នុងកាលសម្តែងធម៌ទេសនា​នៃ​ព្រះពុទ្ធព្រះនាម​សុមេធៈ​អង្គនោះ មានការត្រាស់ដឹង ៣ លើក គឺការត្រាស់ដឹងទី ១ មានពួកសត្វមួយ​សែនកោដិ។ តមកទៀត ការត្រាស់ដឹងទី ២ មានពួកសត្វប្រមាណ ៩០ ពាន់កោដិ ក្នុង​គ្រាដែលព្រះជិនស្រី ទ្រង់ទូន្មានយក្សឈ្មោះកុម្ភកណ្ណៈ។ តមកទៀត ការត្រាស់ដឹងទី ៣ មានពួកសត្វ ៨០ ពាន់កោដិ ក្នុងគ្រាដែលព្រះសម្ពុទ្ធមានយសរាប់មិនបាន ទ្រង់ប្រកាស​នូវ​សច្ចៈ ៤ ប្រការ។ ព្រះសុមេធមហេសី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជា​ព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង គឺក្នុងកាលដែល​ព្រះជិនស្រី ស្តេចចូលទៅក្នុងនគរសុទស្សនៈ មានភិក្ខុជាព្រះខីណាស្រព ១០០ កោដិ បានមកប្រជុំ (នេះសន្និបាតលើកទី ១)។ តមកទៀត សន្និបាតលើកទី ២ មានភិក្ខុប្រមាណ ៩០ កោដិ (មកប្រជុំ) ក្នុងពេលក្រាលកឋិនលើភ្នំទេវកូដ។ តមកទៀត សន្និបាតលើកទី ៣ មានភិក្ខុប្រមាណ ៨០ កោដិ មកប្រជុំ ក្នុងកាលព្រះទសពលស្តេចទៅកាន់ចារិក។ សម័យ​នោះ តថាគត កើតជាមាណពឈ្មោះឧត្តរៈ តថាគតបានសន្សំទ្រព្យទុកក្នុងផ្ទះប្រមាណ ៨០ កោដិ។ តថាគតថ្វាយទ្រព្យទាំងអស់ ឥតមានសេសសល់ ដល់ព្រះលោកនាយក ព្រមទាំងព្រះសង្ឃ ហើយបានយកព្រះលោកនាយកនោះជាទីពឹង បានពេញចិត្តចំពោះ​បព្វជ្ជា។ គ្រានោះ ព្រះអង្គទ្រង់ធ្វើនូវអនុមោទនា ហើយព្យាករតថាគតថា ក្នុងកប្បទី ៣០ ពាន់ មាណពនេះ នឹងបានជាព្រះពុទ្ធ (មួយអង្គ)។ សត្វនេះ នឹងចេញចាកក្រុងកបិលពស្តុ ជាទីរីករាយ ហើយតម្កល់នូវព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយនៅ​ទៀបគល់​អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រី​អង្គនោះ នឹងសោយបាយាសទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូលទៅទៀបគល់នៃ​ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេតាក់តែងហើយ។ លំដាប់នោះ ព្រះមានយសធំ នឹង​ធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះសម្ពុទ្ធអង្គនេះ នឹងមានព្រះនាមមាយា ព្រះបិតាព្រះនាម​សុទ្ធោទនៈ ព្រះពុទ្ធអង្គនេះ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ ជាអ្នកមិន​មានអាសវៈ ប្រាសចាកតម្រេក មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើនូវព្រះជិនស្រីអង្គនោះ។ នាងខេមា ១ នាង​ឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ ប្រាសចាកតម្រេក មានចិត្តស្ងប់រម្ងាប់ មានចិត្ត​តម្កល់​មាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹង របស់ព្រះមានព្រះភាគអង្គនោះ ហៅថា​អស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជា​អគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះជន្មាយុ​ព្រះគោតមមានយសនោះ មានកំណត់ ១០០ ឆ្នាំ។ ទេវតា និងមនុស្សទាំងឡាយ លុះបានស្តាប់នូវព្រះបន្ទូលនេះ នៃព្រះមហេសី មិនមានបុគ្គលស្មើ ក៏មានចិត្តត្រេកអរថា មាណពនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ មនុស្ស និងទាំង​ទេវតាទាំងមួយម៉ឺនលោកធាតុ ក៏ទះដៃសើចក្អាកក្អាយ ធ្វើអញ្ជលីនមស្ការថា បើពួកយើង​នឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ ក្នុងកាលជាអនាគត ពួកយើង​នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ។ មនុស្សទាំងឡាយ កាលឆ្លងស្ទឹង បើឃ្វាងកំពង់នៅទីចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបានដែរ យ៉ាងណា។ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះ ក្នុងកាលជាអនាគត គង់បាន​សម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ។ តថាគតបានស្តាប់​ព្រះបន្ទូល​នៃព្រះសម្ពុទ្ធអង្គនេះហើយ បានញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃលែង បាន​អធិដ្ឋានវត្តដ៏​លើសលុប ដោយការបំពេញនូវបារមី ១០។ តថាគត បានរៀននូវព្រះសូត្រ ព្រះវិន័យ និង​សត្ថុសាសនៈ ដែលមានអង្គ ៩ ទាំងអស់ ហើយញ៉ាំងសាសនានៃព្រះជិនស្រី ឲ្យល្អរុង​រឿង។ តថាគតជាអ្នកមិនប្រមាទក្នុងសាសនានោះ កាលតថាគតនៅក្នុងទីអង្គុយ ទីឈរ និងទីដើរ ក៏បានដល់អភិញ្ញាបារមី ហើយទៅកើតក្នុងព្រហ្មលោក។ ព្រះសម្ពុទ្ធ ព្រះនាម​សុមេធៈ ជាមហេសី មានព្រះនគរឈ្មោះសុទស្សនៈ ព្រះមហាក្សត្រ ព្រះនាមសុទត្តៈ ជាព្រះបិតា ព្រះមាតាបង្កើត ព្រះនាមសុទត្តា។ ព្រះសុមេធសម្ពុទ្ធនោះ ទ្រង់នៅគ្រប់គ្រង​ផ្ទះ អស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ ខ្នង គឺសុចន្ទប្រាសាទ ១ កញ្ចនប្រាសាទ ១ សិរិវឌ្ឍប្រាសាទ ១។ មាននារី ប្រមាណ ១៦ ពាន់រូប សុទ្ធសឹងតែតាក់តែងល្អហើយ ឯនារី​ដែលជាអគ្គមហេសីនោះ ព្រះនាមសុមនា ព្រះរាជបុត្រ ព្រះនាមបុនព្វៈ។ ព្រះជិនស្រី ទ្រង់​ឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញទៅដោយហត្ថិយាន ទ្រង់តម្កល់ព្យាយាមអស់ ៨ ខែគត់។ ព្រះលោកនាយក ព្រះនាមសុមេធៈ ជាមហាវីរៈ ត្រូវព្រហ្មអារាធនាហើយ ទ្រង់ញ៉ាំង​ធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ប្រសើរឈ្មោះសុទស្សនៈ។ ភិក្ខុឈ្មោះ​សរណៈ ១ ឈ្មោះសព្វកាមៈ ១ ជាអគ្គសាវ័ករបស់ព្រះសុមេធៈ ដែលទ្រង់ស្វែងរកនូវគុណ​ដ៏ធំ​អង្គនោះ ភិក្ខុជាឧបដ្ឋាកឈ្មោះ សាគរៈ។ ភិក្ខុនីឈ្មោះរាមា ១ ឈ្មោះសុរាមា ១ ជា​អគ្គ​សាវិកា ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគនោះ ហៅថានិម្ពព្រឹក្ស (ដើមស្តៅ)។ ឧបាសកឈ្មោះឧរុវេលៈ ១ ឈ្មោះយសវៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះយសា ១ ឈ្មោះសិរិវា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហាមុនី ទ្រង់មានកំពស់ ៨៨ ហត្ថក្រពុំ ទ្រង់ញ៉ាំងទិសទាំងពួងឲ្យភ្លឺ ដូចព្រះចន្ទ្ររុងរឿងកន្លងពួកផ្កាយ។ កែវមណីរបស់ស្តេច​ចក្រពត្តិ ភ្លឺរុងរឿងអស់ទីប្រមាណ ១ យោជន៍ យ៉ាងណា រតនៈ គឺពន្លឺនៃ​ព្រះមានព្រះភាគ​នោះ តែងផ្សាយទៅកាន់ទីប្រមាណ ១ យោជន៍ដោយជុំវិញ ក៏យ៉ាងនោះដែរ។ ព្រះជន្មាយុ​មានកំណត់ ៩ ម៉ឺនឆ្នាំគត់ ព្រះសុមេធៈអង្គនោះ កាលទ្រង់ព្រះជន្មាយុនៅដរាបនោះ តែង​ញ៉ាំង​ប្រជុំជនច្រើន ឲ្យឆ្លងចាកសង្សារ។ ព្រះសាសនានេះ កុះករដោយពួកព្រះអរហន្ត ដែលមានវិជ្ជា ៣ និងអភិញ្ញា ៦ ដល់នូវកម្លាំង ជាតាទិបុគ្គល។ ព្រះអរហន្តទាំងពួងនោះ សឹងតែមានយសរាប់មិនបាន សុទ្ធតែរួចផុតហើយ មិនមានឧបធិទាំងអស់ ព្រះអរហន្ត​ទាំង​នោះ មានយសធំ បានសម្តែងនូវពន្លឺ គឺព្រះញាណ ហើយបរិនិព្វានទៅ។ ព្រះពុទ្ធ ព្រះនាមសុមេធៈ ជាព្រះជិនស្រីប្រសើរ ទ្រង់និព្វាន ក្នុងមេធារាម ព្រះធាតុផ្សាយ​ទៅក្នុង​ប្រទេស​ទាំងឡាយនោះៗ។

ចប់ សុមេធពុទ្ធវង្ស ទី១១។

សុជាតពុទ្ធវង្ស ទី១២

[១៣] ក្នុងមណ្ឌកប្បនោះឯង មានព្រះសម្មាសម្ពុទ្ធជានាយក ព្រះនាមសុជាតៈ ទ្រង់មាន​ព្រះហនុកា ដូចជាចង្កានៃរាជសីហៈ ទ្រង់មានព្រះសុរង ដូចជាកនៃគោឧសភៈ ទ្រង់មាន​ព្រះគុណ​ប្រមាណមិនបាន គេគ្របសង្កត់មិនបាន។ ព្រះសម្ពុទ្ធដ៏បរិសុទ្ធ ប្រាសចាកមន្ទិល ដូចជាព្រះចន្ទ្រ មានតេជះដូចជាព្រះអាទិត្យ ភ្លឺរុងរឿងដោយព្រះសិរីសព្វៗកាល យ៉ាង​នេះ។ ព្រះសម្ពុទ្ធ ទ្រង់ដល់នូវពោធិញ្ញាណ ដ៏ប្រសើរសព្វគ្រប់ហើយ ទ្រង់ញ៉ាំង​ព្រះធម្មចក្រ​ឲ្យប្រព្រឹត្តទៅ ក្នុងព្រះនគរឈ្មោះសុមង្គលៈ។ កាលព្រះលោកនាយក ព្រះនាម​សុជាតៈ ទ្រង់សម្តែងនូវធម៌ដ៏ប្រសើរ សត្វទាំងឡាយចំនួនប្រមាណ ៨០ កោដិ បានសម្រេចមគ្គផល ក្នុងព្រះធម្មទេសនាជាដំបូង។ កាលណា ព្រះសម្ពុទ្ធ ព្រះនាម​សុជាតៈ ទ្រង់មានយសរាប់មិនបាន ស្តេចចូលទៅកាន់ព្រះវស្សា ក្នុងទេវលោក កាលនោះ ការត្រាស់ដឹងនូវធម៌លើកទី ២ មានពួកសត្វ ៣៧ សែន។ កាលណា ព្រះពុទ្ធ ព្រះនាម​សុជាតៈ រកបុគ្គលស្មើគ្មាន ស្តេចចូលទៅកាន់សំណាក់ព្រះរាជបិតា កាលនោះ ការត្រាស់​ដឹង​នូវធម៌ទី ៣ មានពួកសត្វ ៦០ សែន។ ព្រះសុជាតមហេសី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ ជាតាទិបុគ្គល ជាអ្នកដល់នូវអភិញ្ញា និងពលៈ ជាអ្នកមិនដល់ (នូវការកើត) ក្នុងភពតូច និងភពធំ គឺ​ព្រះអរហន្តទាំងនោះ ប្រមាណ ៦០ សែន បានមកប្រជុំ ជាសន្និបាតលើកដំបូង។ តមក​ទៀត ការប្រជុំក្នុងកាលដែលព្រះជិនស្រី ទ្រង់ចុះចាកទេវលោក នេះជាសន្និបាតលើកទី ២ មានព្រះខីណាស្រពចំនួន ៥០ សែន។ អគ្គសាវ័កណា របស់ព្រះពុទ្ធ ព្រះនាម​សុជាតៈ​នោះ បានចូលទៅគាល់ព្រះសម្ពុទ្ធដ៏ប្រសើរជាងនរៈ អគ្គសាវ័កនោះ បានចូលទៅគាល់​ព្រះសម្ពុទ្ធ មួយអន្លើដោយភិក្ខុប្រមាណ ៤ សែនរូប (នេះជាសន្និបាតលើកទី ៣)។ សម័យ​នោះ តថាគតជាស្តេចចក្រពត្តិ មានកម្លាំងច្រើន ជាធំក្នុងទ្វីបទាំង ៤ អាចហោះ​ទៅក្នុង​អាកាស​បាន។ តថាគត បានថ្វាយនូវរាជសម្បត្តិជាច្រើន ក្នុងទ្វីបទាំង ៤ នូវកែវដ៏ឧត្តម​ទាំង ៧ ប្រការ ចំពោះព្រះពុទ្ធ ហើយបួសក្នុងសំណាក់នៃព្រះសម្ពុទ្ធអង្គនោះ។ អារាមិកជន​ទាំងឡាយ ក្នុងជនបទ បានប្រមូលមកនូវសួយសាអាករជាបច្ច័យ ទីដេក ទី​អង្គុយ ហើយនាំចូលទៅថ្វាយដល់ភិក្ខុសង្ឃ។ កាលនោះ ព្រះសុជាតសម្ពុទ្ធនោះ ទ្រង់​ព្យាករ​តថាគតថា ក្នុងទីបំផុតនៃកប្ប ៣០ ពាន់ ស្តេចចក្រពត្តិអង្គនេះ នឹងបាន​ត្រាស់ជា​ព្រះពុទ្ធ ជាធំក្នុងមួយម៉ឺនលោកធាតុ។ សត្វនេះ នឹងស្តេចចេញចាកក្រុងកបិលពស្តុ ជាទី​រីករាយ ហើយតម្កល់នូវព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយនៅ​ទៀបគល់​អជបាល​ព្រឹក្ស ទទួលនូវបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រី​អង្គនោះ នឹងសោយនូវបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូល​ទៅទៀប​គល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេតាក់តែង។ លំដាប់នោះ ព្រះមានយស​ធំ ធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតា​បង្កើតរបស់ព្រះសម្ពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ព្រះពុទ្ធ​​អង្គនេះ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ ជាអ្នកមិន​មាន​អាសវៈ ប្រាសចាកតម្រេក មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ភិក្ខុជា​ឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើនូវព្រះជិនស្រីអង្គនេះ។ នាងខេមា ១ នាង​ឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាកតម្រេក មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គ​សាវិកា។ ឈើសម្រាប់ត្រាស់ដឹង របស់ព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសក​ឈ្មោះចិត្តគហបតី ១ ឈ្មោះហត្ថាឡវកគហបតី ១ ជាអគ្គឧបដ្ឋាក។ នាង​នន្ទមាតា ១ នាងឧត្តរា ១ ជាអគ្គឧបដ្ឋាយិកា មានព្រះជន្មាយុនៃ​ព្រះគោតមដ៏​ទ្រង់យស​អង្គនោះ មានកំណត់ ១០០ ឆ្នាំ។ មនុស្ស និងទេវតាទាំងឡាយ លុះបានស្តាប់​ព្រះបន្ទូល​នេះ នៃព្រះពុទ្ធរកបុគ្គលស្មើគ្មាន ទ្រង់ស្វែងរកនូវគុណដ៏ធំ ហើយត្រេកអរថា ស្តេច​ចក្រពត្តិ​អង្គនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំង​ទេវតា ទាំងមួយម៉ឺនលោកធាតុ ក៏ទះដៃសើចក្អាកក្អាយ ធ្វើអញ្ជលីនមស្ការថា បើពួកយើង​ឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ ក្នុងកាលជាអនាគត ពួកយើងទាំង​អស់គ្នា គង់បានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះពុំខាន។ ពួកមនុស្សកាល​ឆ្លង​ស្ទឹង បើឃ្វាងកំពង់ក្នុងទីចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹង​ធំ​បាន​ដែរ យ៉ាងណា ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ ក្នុងកាលជាអនាគត គង់នឹងបានសម្រេច ក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ។ តថាគត​បានស្តាប់នូវព្រះបន្ទូលនៃព្រះពុទ្ធនោះហើយ បានញ៉ាំងសេចក្តីរីករាយ​ឲ្យកើតដោយ​ក្រៃលែង ហើយបានអធិដ្ឋាននូវវត្តដ៏លើសលុប ដោយការបំពេញនូវបារមីទាំង ១០។ តថាគត​បានរៀននូវព្រះសូត្រផង ព្រះវិន័យផង សត្ថុសាសនាដែលមានអង្គ ៩ ទាំងអស់​ផង ហើយបានញ៉ាំងសាសនានៃព្រះជិនស្រី ឲ្យល្អរុងរឿង។ កាលតថាគត នៅក្នុង​សាសនា​នោះ ជាអ្នកមិនមានប្រមាទ បានចំរើននូវភាវនាដ៏ប្រសើរ ហើយបានដល់នូវ​បារមីក្នុងអភិញ្ញាទាំងឡាយ ហើយទៅកើតក្នុងព្រហ្មលោក។ ព្រះសម្ពុទ្ធ ព្រះនាមសុជាតៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានព្រះនគរឈ្មោះសុមង្គលៈ ព្រះមហាក្សត្រ ព្រះនាមឧគ្គតៈ ជាព្រះបិតា ព្រះមាតាព្រះនាមបភាវតី។ ព្រះសុជាតសម្ពុទ្ធនោះ ទ្រង់នៅគ្រប់គ្រងផ្ទះអស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ (របស់ព្រះពុទ្ធនោះ) មាន ៣ ខ្នង គឺសិរិប្រាសាទ ១ ឧបសិរិប្រាសាទ ១ ចន្ទប្រាសាទ ១។ មាននារីប្រមាណ ២ ម៉ឺន ៣ ពាន់នាក់ សុទ្ធសឹង​តែ​តាក់តែងល្អហើយ ឯនារីដែលជាអគ្គមហេសី ព្រះនាមសិរិនន្ទា ព្រះរាជបុត្រ ព្រះនាម​ឧបសេនៈ។ ព្រះជិនស្រី ទ្រង់ឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញ​ទៅដោយ​យាន​សេះ តម្កល់នូវព្យាយាមអស់ ៩ ខែគត់។ ព្រះសម្ពុទ្ធ ព្រះនាមសុជាតៈ ជាលោកនាយក ជាមហាវីរៈ ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យាន​ដ៏ប្រសើរ ឈ្មោះសុមង្គលៈ។ ភិក្ខុឈ្មោះសុទស្សនៈ ១ ឈ្មោះសុទេវៈ ១ ជាអគ្គសាវ័ក ភិក្ខុ​ឈ្មោះនារទៈ ជាឧបដ្ឋាកនៃព្រះពុទ្ធ ព្រះនាមសុជាតៈ ទ្រង់ស្វែងរកគុណធំ។ ភិក្ខុនីឈ្មោះ នាគា ១ ឈ្មោះនាគសមានា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងនៃ​ព្រះមានព្រះភាគ​នោះ ហៅថាមហាវេឡុព្រឹក្ស (ដើមឫស្សីធំ)។ ឫស្សីនោះ មានដើមតាន់ មិនមានប្រហោង មានស្លឹកច្រើន ជាឫស្សីមានដើមត្រង់ មានដើមធំ គួររមិលមើល ជាទីរីករាយនៃចិត្ត។ ជាឫស្សីតែមួយដើម លូតលាស់ឡើងហើយ ឯមែកក៏បែកចេញអំពីដើមនោះជា ៥ មែក ឫស្សីនោះ ជាឈើល្អដូចជាបាច់នៃកន្ទុយក្ងោក ដែលគេចងល្អហើយដូច្នោះ។ ឫស្សីនោះ ជាឫស្សីឥតបន្លា ឥតប្រហោង មានមែកត្រសុំត្រសាយ ដេរដាសដោយមែក មានម្លប់​ត្រឈៃ ជាទីរីករាយនៃចិត្ត។ ឧបាសកឈ្មោះសុទត្តៈ ១ ឈ្មោះចិត្តៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនាងសុភទ្ទ្រា ១ នាងបទុមា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះជិនស្រីអង្គនោះ មានកំពស់ ៥០ ហត្ថក្រពុំ ទ្រង់ប្រកបដោយអាការៈប្រសើរគ្រប់យ៉ាង ទ្រង់ប្រកបដោយ​គុណទាំងពួង។ រស្មីនៃព្រះសម្ពុទ្ធអង្គនោះ ស្មើដោយរស្មីនៃព្រះពុទ្ធ ដែលមិនមាន​បុគ្គល​ស្មើ តែងផ្សាយចេញទៅក្នុងទីជុំវិញ ព្រះសម្ពុទ្ធនោះ មានព្រះគុណប្រមាណមិនបាន មាន​ព្រះគុណថ្លឹងមិនបាន មិនមានឧបមាដោយសេចក្តីឧបមាទាំងឡាយឡើយ។ ព្រះជន្មាយុ​មានកំណត់ ៩០ ពាន់ឆ្នាំគត់ ព្រះពុទ្ធអង្គនោះ កាលគង់ព្រះជន្មាយុនៅដរាបនោះ តែង​ញ៉ាំង​ប្រជុំជនជាច្រើន ឲ្យឆ្លង (ចាកសង្សារ)។ ក្នុងកាលនោះ សាសនារបស់ព្រះពុទ្ធនោះ ដ៏វិចិត្រដោយព្រះអរហន្តទាំងឡាយ ដូចជារលកក្នុងសាគរ ឬដូចជាផ្កាយក្នុងអាកាស។ សាសនានេះ កុះករដោយព្រះអរហន្តទាំងឡាយ ដែលមានវិជ្ជា ៣ និងអភិញ្ញា ៦ លោកដល់នូវកម្លាំង ជាតាទិបុគ្គល។ ព្រះសម្ពុទ្ធនោះ ស្មើដោយព្រះពុទ្ធ រកបុគ្គលស្មើគ្មាន គុណទាំងឡាយនោះ ជាគុណថ្លឹងពុំបាន ធម្មជាតទាំងពួង ក៏អន្តរធានអស់ ឱហ្ន៎! សង្ខារ​ទាំងពួងជារបស់សោះសូន្យទទេ។ ព្រះសម្ពុទ្ធ ព្រះនាមសុជាតៈ ជាព្រះជិនស្រីដ៏ប្រសើរ បរិនិព្វានក្នុងសេលារាម ព្រះចេតិយរបស់ព្រះសាស្តា មានកំពស់ ៣ គាវុត (ដែលគេសាង) ក្នុងសេលារាមនោះ។

ចប់ សុជាតពុទ្ធវង្ស ទី១២។

បិយទស្សិពុទ្ធវង្ស ទី១៣

[១៤] ក្នុងកាលជាខាងក្រោយ នៃព្រះសម្ពុទ្ធព្រះនាមសុជាតៈមក មានព្រះពុទ្ធទ្រង់​ព្រះនាម​បិយទស្សី ជាសយម្ភូ ជាលោកនាយក ទ្រង់មានយសច្រើន គេគ្រប​សង្កត់​បាន​ដោយ​ក្រ ព្រះអង្គស្មើដោយព្រះពុទ្ធ ដែលឥតមានបុគ្គលស្មើ។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់​មាន​យសប្រមាណមិនបាន ទ្រង់រុងរឿងដូចជាព្រះអាទិត្យ ទ្រង់កំចាត់បង់នូវងងឹតទាំងពួង ទ្រង់ញ៉ាំងធម្មចក្រទាំងពួង ឲ្យប្រព្រឹត្តទៅ។ ព្រះពុទ្ធនោះ មានតេជះថ្លឹងមិនបាន មាន​ការត្រាស់ដឹង ៣ លើក គឺការត្រាស់ដឹងទី ១ មានពួកសត្វមួយសែនកោដិ។ ទេវរាជ​ព្រះនាម​​សុទស្សនៈ គាប់ព្រះទ័យនឹងមច្ឆាទិដ្ឋិ ព្រះសាស្តា កាលទ្រង់បន្ទោបង់នូវទិដ្ឋិ នៃ​សុទស្សនទេវរាជនោះ ទ្រង់បានសម្តែងធម៌។ ក្នុងកាលនោះ ការប្រជុំជនច្រើនថ្លឹងមិនបាន ជាការប្រជុំធំ ឈ្មោះថាត្រាស់ដឹងទី ២ មានពួកសត្វ ៩ ពាន់កោដិ។ ក្នុងកាលណា ព្រះពុទ្ធព្រះអង្គជាសារថី ទូន្មាននូវនរៈ ទ្រង់ទូន្មានដំរី ឈ្មោះទោណមុខៈ ក្នុងកាលនោះ ឈ្មោះថាត្រាស់ដឹងទី ៣ មានពួកសត្វ ៨០កោដិ។ ព្រះបិយទស្សីអង្គនោះ មាន​សាវក​សន្និបាត ៣ លើក គឺសន្និបាតលើកទី ១ មានពួកព្រះអរហន្តមួយសែនកោដិ។ តពីនោះ​មក ព្រះខីណាស្រពទាំងឡាយ ជាអ្នកប្រាជ្ញ ចំនួន ៩០ កោដិ បានមកប្រជុំព្រម​ក្នុងទី​ជាមួយគ្នា នេះជាសន្និបាតលើកទី ២ ក្នុងសន្និបាតលើកទី ៣ មានព្រះខីណាស្រព ៨០ កោដិ។ សម័យនោះ តថាគតកើតជាមាណព ឈ្មោះកស្សបៈ ជាអ្នកស្វាធ្យាយមន្ត ចងចាំ​មន្ត ដល់នូវត្រើយនៃត្រៃវេទ។ តថាគតបានស្តាប់ធម៌របស់ព្រះពុទ្ធ ព្រះនាមបិយទស្សី​នោះ ហើយបានញ៉ាំងសេចក្តីជ្រះថ្លាឲ្យកើតឡើង តថាគតបានសាងនូវសង្ឃារាម ដោយ​ទ្រព្យ​ប្រមាណមួយសែនកោដិ។ តថាគត បានថ្វាយអារាម ដល់ព្រះពុទ្ធអង្គនោះ ហើយ​មានចិត្តរីករាយ មានចិត្តសង្វេគ បានសមាទានសរណគមន៍ និងសីល ៥ ធ្វើឲ្យមាំមួន។ ព្រះពុទ្ធអង្គនោះ ទ្រង់គង់ក្នុងកណ្តាលសង្ឃហើយ ទ្រង់ព្យាករតថាគតថា មាណពនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងកប្បទី ១.៨០០។ សត្វនេះ នឹងចេញចាកក្រុងកបិលពស្តុ ជាទីរីករាយ ទៅតម្កល់ការព្យាយាម ហើយធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយ​ទៀបគល់​នៃ​អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយទ្រង់ចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រី​អង្គនោះ នឹងទ្រង់សោយនូវបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូល​ទៅទៀបគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេតាក់តែងហើយ។ លំដាប់នោះ ព្រះមានយសធំ នឹងធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹងទៀបគល់នៃ​អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតនៃព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាម​សុទ្ធោទនៈ ព្រះពុទ្ធអង្គនេះ ព្រះនាមគោតម។ ភិក្ខុឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអគ្គសាវ័ក ជាអ្នកមិនមានអាសវៈ អស់រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ ភិក្ខុជា​ឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនោះ។ នាងខេមា ១ នាងឧប្បលវណ្ណា ១ ជាអគ្គសាវិកា ជាអ្នកមិនមានអាសវៈ អស់រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ។ ឈើ​សម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះ​ចិត្តគហបតី ១ ឈ្មោះហត្ថាឡវកគហបតី ១ ជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ ជាអគ្គឧបដ្ឋាយិកា ព្រះជន្មាយុនៃព្រះគោតមមានយសអង្គនោះ មានកំណត់ ១០០ ឆ្នាំ។ ទេវតា និងមនុស្សទាំងឡាយ លុះបានស្តាប់នូវព្រះបន្ទូលនេះ នៃព្រះមហេសី រកបុគ្គលស្មើគ្មាន ក៏ត្រេកអរថា មាណពនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏​ប្រព្រឹត្ត​ទៅ មនុស្ស និងទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ ក៏ទះដៃសើចក្អាកក្អាយ ធ្វើ​អញ្ជលី​នមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផលក្នុងសាសនានៃព្រះលោកនាថអង្គនេះ ក្នុង​កាលជាអនាគត ពួកយើងគង់បានសម្រេចមគ្គផល ចំពោះព្រះភក្ត្រនៃព្រះគោតម​នេះ​មិនខាន។ មនុស្សទាំងឡាយ កាលនឹងឆ្លងស្ទឹង បើឃ្វាងនូវកំពង់ក្នុងទីចំពោះមុខហើយ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបានដែរ យ៉ាងណា។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះហើយ ក្នុងកាលជាអនាគត ពួកយើងនឹងបានសម្រេច​ក្នុងទី​ចំពោះ​ព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ។ លុះតថាគត បានស្តាប់​ព្រះបន្ទូល​នៃព្រះពុទ្ធអង្គនេះហើយ បានញ៉ាំងចិត្តឲ្យជ្រះថ្លាដោយក្រៃលែង ហើយអធិដ្ឋានវត្តដ៏​លើស​លុប ដោយការបំពេញនូវបារមីទាំង ១០។ ព្រះសាស្តា ព្រះនាមបិយទស្សី មាន​ព្រះនគរឈ្មោះសុធញ្ញៈ មានព្រះមហាក្សត្រ ព្រះនាមសុទត្តៈ ជាព្រះបិតា មានព្រះមាតា​ព្រះនាមសុចន្ទា។ ព្រះពុទ្ធអង្គនោះ ទ្រង់នៅគ្រប់គ្រងផ្ទះអស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ ខ្នង គឺសុនិម្មលប្រាសាទ ១ វិមលប្រាសាទ ១ គិរិគូហាប្រាសាទ ១។ មាននារី​ប្រមាណ ៣៣ ពាន់នាក់ សុទ្ធសឹងតែតាក់តែងល្អ ឯនារីដែលជាអគ្គមហេសីនោះ ព្រះនាម​នាងវិមលា ព្រះរាជបុត្របង្កើត ព្រះនាមកញ្ចនាវេឡៈ។ ព្រះជិនស្រី ជាបុរសប្រសើរ ទ្រង់​ឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញទៅដោយយានគឺរថ ហើយទ្រង់ប្រព្រឹត្តនូវ​សេចក្តី​ព្យាយាម អស់ ៦ ខែគត់។ ព្រះមហាមុនី ព្រះនាមបិយទស្សី ជាព្រះមហាវីរបុរស ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧសភឧទ្យាន ជាទី​រីករាយ​នៃចិត្ត។ ភិក្ខុឈ្មោះបាលិតៈ ១ ឈ្មោះសព្វទស្សី ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះ​សោភិតៈ ជាឧបដ្ឋាកនៃព្រះសាស្តា ព្រះនាមបិយទស្សី។ ភិក្ខុនីឈ្មោះ សុជាតា ១ ឈ្មោះ​ធម្មទិន្នា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគនោះ គេហៅថា​កកុធព្រឹក្ស (ដើមថ្ងាន់)។ ឧបាសកឈ្មោះសន្ទកៈ ១ ធម្មិកៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកា​ឈ្មោះនាងវិសាខា ១ ឈ្មោះនាងធម្មទិន្នា ១ ជាអគ្គឧបដ្ឋាយិកា ព្រះពុទ្ធអង្គនោះ ទ្រង់មាន​យសរាប់មិនបាន មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ មានកម្ពស់ ៨០ ហត្ថ ទ្រង់​ប្រាកដដូចជាស្តេចនៃឈើឈ្មោះសាលព្រឹក្ស។ រស្មីនៃភ្លើង រស្មីនៃព្រះចន្ទ្រ និងរស្មីនៃ​ព្រះអាទិត្យ ប្រាកដដូចជារស្មីនៃព្រះពុទ្ធមហេសី ដែលរកបុគ្គលស្មើគ្មាននោះ មិនមាន​ឡើយ។ ព្រះសម្ពុទ្ធ ជាទេវតាដ៏ប្រសើរអង្គនោះ មានព្រះជន្មាយុនៅដរាបនោះ គឺព្រះចក្ខុ​សម្ពុទ្ធ ទ្រង់ឋិតនៅក្នុងលោក អស់ ៩០ ពាន់ឆ្នាំ។ ព្រះពុទ្ធដែលមិន​មានបុគ្គល​ស្មើអង្គ​នោះក្តី គូនៃសាវ័កទាំងអម្បាលនោះក្តី មានគុណថ្លឹងពុំបាន របស់ទាំងអស់នោះ អន្តរធាន​ទៅ ឱហ្ន៎! សង្ខារទាំងពួង ជារបស់សោះសូន្យទទេ។ ព្រះពុទ្ធ ព្រះនាមបិយទស្សី ជា​ព្រះមុនី​ប្រសើរ ទ្រង់បរិនិព្វានក្នុងអស្សត្ថារាម ព្រះស្តូបនៃព្រះជិនស្រីអង្គនោះ មានកំពស់ ៣ យោជន៍ (គេបានសាងហើយ) ក្នុងអស្សត្ថារាម នោះ។

ចប់ បិយទស្សិពុទ្ធវង្ស ទី១៣។

អត្ថទស្សិពុទ្ធវង្ស ទី១៤

[១៥] ក្នុងមណ្ឌកប្បនោះឯង មានព្រះពុទ្ធ ព្រះនាមអត្ថទស្សី មានយសធំ ទ្រង់កំចាត់បង់​ងងឹតធំ សម្រេចសម្ពោធិញ្ញាណដ៏ឧត្តម។ ព្រះសម្ពុទ្ធ ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់​ញ៉ាំង​ធម្មចក្រឲ្យប្រព្រឹត្តទៅ ហើយញ៉ាំងមនុស្ស និងទេវតា ទាំងមួយម៉ឺនលោកធាតុ ឲ្យឆ្អែត​ដោយទឹកអម្រឹត។ ព្រះលោកនាថអង្គនោះ មានការត្រាស់ដឹង ៣ លើក គឺការ​ត្រាស់ដឹងលើកទី ១ មានពួកសត្វចំនួនមួយសែនកោដិ។ ការត្រាស់ដឹងលើកទី ២ មានពួក​សត្វចំនួនមួយសែនកោដិ ក្នុងកាលដែលព្រះពុទ្ធ ទ្រង់ព្រះនាមអត្ថទស្សី ទ្រង់ត្រាច់​ទៅកាន់ទេវចារិក។ តមក ការត្រាស់ដឹងលើកទី ៣ មានពួកសត្វចំនួនមួយសែនកោដិ ក្នុង​កាលដែលព្រះពុទ្ធជាម្ចាស់ ទ្រង់សម្តែងព្រះធម៌ ក្នុងសំណាក់ព្រះបិតា។ ព្រះមហេសី​អង្គនោះ មានសាវកសន្និបាត (ការជួបជុំសាវ័ក) ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានព្រះទ័យស្ងប់ ប្រកបដោយតាទិគុណ គឺសន្និបាតលើកទី ១ មានពួក​ព្រះខីណាស្រព ចំនួន ៩៨ ពាន់អង្គ សន្និបាតលើកទី ២ មានពួកព្រះខីណាស្រព ចំនួន ៨៨ ពាន់អង្គ។ សន្និបាតលើក ៣ មានពួកព្រះខីណាស្រព ចំនួន ៧៨ ពាន់អង្គ សុទ្ធតែ​មានព្រះទ័យផុតស្រឡះ ឥតប្រកាន់ ប្រាសចាកមន្ទិល ជាអ្នកស្វែងរកគុណដ៏ធំ។ ក្នុង​សម័យ​នោះ តថាគតកើតជាជដិល ឈ្មោះសុសិមៈ មានតបៈដ៏ខ្ពង់ខ្ពស់ ដែលគេសន្មតថា ជាបុគ្គលប្រសើរលើផែនដី។ តថាគតបាននាំយកផ្កាមន្ទារវបុស្ស ផ្កាឈូក និងផ្កា​បរិច្ឆត្តកព្រឹក្ស​​ជាទិព្វ អំពីទេវលោក មកបូជាចំពោះព្រះសម្ពុទ្ធ។ ឯព្រះពុទ្ធជាមហាមុនី ព្រះនាម​អត្ថទស្សីអង្គនោះ ទ្រង់បានព្យាករតថាគតថា តាបសនេះ នឹងបានត្រាស់​ជា​ព្រះពុទ្ធ ក្នុងកប្បទី ១.៨០០។ សត្វនេះ នឹងចេញអំពីបុរីជាទីរីករាយ ឈ្មោះកបិលពស្តុ តម្កល់​ព្យាយាម ហើយធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលមធុបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ នឹងសោយមធុបាយាសទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅទៀបគល់នៃពោធិព្រឹក្ស តាម​ផ្លូវ​ដ៏ប្រសើរ ដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះមានយសធំ នឹងធ្វើ​ប្រទក្សិណ​ពោធិមណ្ឌល ហើយត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ទៀបគល់​អស្សត្ថ​ព្រឹក្ស។ ព្រះជននីនៃព្រះពោធិសត្វនេះ ព្រះនាមមាយា ព្រះបិតា​ព្រះនាម​សុទ្ធោទនៈ បុរសនេះ នឹងជាព្រះពុទ្ធព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក ជាអ្នកមិនមានអាសវៈ អស់រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ ព្រះខេមាថេរី ១ ព្រះឧប្បលវណ្ណា​ថេរី ១ នឹងជាអគ្គសាវិកា ជាអ្នកមិនមានអាសវៈ អស់រាគៈ មានចិត្តស្ងប់​រម្ងាប់ មានចិត្តតម្កល់មាំ។ ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគអង្គនោះ ហៅថា​អស្សត្ថព្រឹក្ស គហបតីឈ្មោះចិត្តៈ ១ គហបតីឈ្មោះហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ ទ្រង់មាន​ព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់ព្រះពុទ្ធដីកានេះ នៃ​ព្រះមហេសី ទ្រង់ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើហើយ ក៏រីករាយថា បុរសនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំង​មួយម៉ឺន​លោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើយើងនឹងឃ្វាង​មគ្គផល​ក្នុងសាសនានៃព្រះលោកនាថអង្គនេះ ពួកយើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃ​ព្រះគោតមនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់​ចំពោះ​មុខហើយ គង់នឹងទៅកាន់កំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណាមិញ។ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ ក៏គង់នឹងបានសម្រេច ចំពោះ​ព្រះភក្ត្រ​នៃ​ព្រះគោតមអង្គនេះ ក្នុងកាលជាអនាគត យ៉ាងនោះដែរ។ លុះតថាគត​បានស្តាប់​ភាសិត​នៃព្រះលោកនាថអង្គនោះហើយ ក៏មានចិត្តត្រេកអរ មានចិត្តតក់ស្លុត ខំអធិដ្ឋានវត្ត​តទៅ​ទៀត ដើម្បីបំពេញបារមី ១០ ប្រការ។ ព្រះមហេសី ព្រះនាមអត្ថទស្សី មានទីក្រុង​ឈ្មោះ​សោភណៈ មានព្រះមហាក្សត្រ ព្រះនាមសាគរៈ (ជាព្រះបិតា) មានព្រះជននី ព្រះនាម​សុទស្សនា។ ព្រះអត្ថទស្សីអង្គនោះ ទ្រង់គ្រងគេហដ្ឋាន អស់ ៩ ០០០ឆ្នាំ មានប្រាសាទ​ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះអមរគិ ១ ប្រាសាទឈ្មោះសុរគិ ១ ប្រាសាទឈ្មោះ​គិរិពាហនៈ ១។ នារី ៣៣ ០០០ រូប សឹងប្រដាប់យ៉ាងសមសួន ព្រះនារី (ជាអគ្គមហេសី) នោះ ព្រះនាមវិសាខា ព្រះរាជបុត្រ ព្រះនាមសេលៈ។ ព្រះជិនស្រី ទ្រង់ឃើញនិមិត្ត ៤ យ៉ាង ហើយទ្រង់ស្តេចចេញទៅដោយយានសេះ តំកល់ព្យាយាម អស់ ៨ ខែគត់។ ព្រះអត្ថទស្សីមានយសធំ មានព្យាយាមធំ ឧត្តមជាងជន ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់​ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ថ្លៃថ្លា។ ព្រះមហេសី ព្រះនាមអត្ថទស្សី មានអគ្គសាវ័ក ២ អង្គ គឺព្រះសន្តៈ ១ ព្រះឧបសន្តៈ ១ មានភិក្ខុជាឧបដ្ឋាក ឈ្មោះអភយៈ។ មានព្រះថេរីឈ្មោះធម្មា ១ សុធម្មា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹង នៃ​ព្រះមានព្រះភាគ​នោះ គេហៅថា ចម្បកព្រឹក្ស។ ឧបាសកឈ្មោះនកុឡៈ ១ ឈ្មោះនិសភៈ ១ ជាអគ្គឧបដ្ឋាក នាងមកិលា ១ នាងសុនន្ទា ១ ជាអគ្គឧបដ្ឋាយិកា។ ឯព្រះពុទ្ធអង្គនោះ ទ្រង់ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ មានកំពស់ ៨០ ហត្ថ ទ្រង់រុងរឿង​ហាក់ដូចដើមសាលរាជព្រឹក្ស ឬដូចព្រះចន្ទ្រពេញវង់។ រស្មីជាប្រក្រតីនៃព្រះពុទ្ធអង្គនោះ ច្រើនរយកោដិ តែងផ្សាយទៅកាន់ទិសទាំង ១០ ទាំងខាងលើ ទាំងខាងក្រោម ចម្ងាយ​មួយយោជន៍ សព្វៗកាល។ ម៉្យាងទៀត ព្រះពុទ្ធអង្គនោះ ប្រសើរជាងជន ខ្ពង់ខ្ពស់ជាង​សត្វ​ទាំងពួង ជាអ្នកប្រាជ្ញ មានបញ្ញាចក្ខុ ឋិតនៅក្នុងមនុស្សលោកអស់មួយសែនឆ្នាំ។ ព្រះពុទ្ធ​នោះ ទ្រង់សម្តែងពន្លឺថ្លឹងពុំបាន ញ៉ាំងមនុស្សលោក ព្រមទាំងទេវលោកឲ្យរុងរឿង ហើយទ្រង់ដល់នូវអនិច្ចតាធម៌ ដូចជាភ្លើងអស់កំញម។ ព្រះអត្ថទស្សីជិនស្រីដ៏ប្រសើរ ទ្រង់​បរិនិព្វានក្នុងអនោមារាម មានការសាយភាយទៅនៃព្រះធាតុ ក្នុងប្រទេសទាំងឡាយ​នោះៗ។

ចប់ អត្ថទស្សិពុទ្ធវង្ស ទី១៤។

ធម្មទស្សីពុទ្ធវង្ស ទី១៥

[១៦] ក្នុងមណ្ឌកប្បនោះឯង មានព្រះពុទ្ធព្រះនាមធម្មទស្សី មានយសធំ ទ្រង់កំចាត់បង់​ងងឹត​អន្ធការ ហើយញ៉ាំងមនុស្សលោក ព្រមទាំងទេវលោក ឲ្យរុងរឿង។ ការត្រាស់ដឹង​លើក​ទី ១ មានពួកសត្វមួយសែនកោដិ ក្នុងការញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ​នៃ​ព្រះធម្មទស្សី​​នោះ ទ្រង់មានតេជះថ្លឹងពុំបាន។ ការត្រាស់ដឹងលើកទី ២ មានសត្វចំនួន ៩០ កោដិ ក្នុងកាលដែលព្រះពុទ្ធព្រះនាមធម្មទស្សី ទ្រង់ទូន្មានឥសី ឈ្មោះសញ្ជយៈ។ ការ​ត្រាស់ដឹង​លើកទី ៣ មានសត្វចំនួន ៨០ កោដិ ក្នុងកាលដែលសក្កទេវរាជ ព្រមទាំង​បរិស័ទ ចូលទៅគាល់ព្រះធម្មទស្សី ទ្រង់ជានាយក។ ព្រះធម្មទស្សីនោះ ជាទេវតាក្រៃលែង​ជាងទេវតា មានសាវកសន្និបាត ៣ លើក សុទ្ធតែជាព្រះខីណាស្រព មានមន្ទិលទៅ​ប្រាសហើយ មានព្រះទ័យស្ងប់ ប្រកបដោយតាទិគុណ។ សន្និបាតលើកទី ១ មាន​ព្រះខីណាស្រពមួយពាន់កោដិ ក្នុងវេលាដែលព្រះពុទ្ធ ព្រះនាមធម្មទស្សី ទ្រង់ចូលទៅ​កាន់វស្សា ក្នុងអារាមឈ្មោះសរណៈ។ សន្និបាតលើកទី ២ មានព្រះខីណាស្រពចំនួន ១០០ កោដិ ក្នុងវេលាដែលព្រះពុទ្ធជាម្ចាស់ ស្តេចចុះចាកទេវលោក មកកាន់មនុស្ស​លោក។ មួយទៀត សន្និបាតលើកទី ៣ មានព្រះខីណាស្រព ចំនួន ៨០ កោដិ ក្នុងវេលា​ដែល​ព្រះពុទ្ធ ទ្រង់ប្រកាសនូវធុតង្គគុណទាំងឡាយ។ ក្នុងសម័យនោះ តថាគតកើតជា​ព្រះឥន្ទ្រ ឈ្មោះបុរិន្ទទៈ បានបូជាព្រះពុទ្ធជាម្ចាស់ ដោយគ្រឿងក្រអូប ផ្កាកម្រង និងតូរ្យតន្ត្រីទិព្វ។ ព្រះពុទ្ធអង្គនោះ ទ្រង់គង់ចំកណ្តាលពួកទេវតា ហើយព្យាករតថាគតថា ក្នុងកប្បទី ១.៨០០ ទេវរាជនេះ នឹងបានត្រាស់ដឹងជាព្រះពុទ្ធ។ សត្វនេះ នឹងចេញពីបុរី ជាទីគួរត្រេកអរ ឈ្មោះកបិលពស្តុ ទៅតំកល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹង​អង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅឯស្ទឹង​នេរញ្ជរា។ ព្រះពុទ្ធជិនស្រីអង្គនោះ បានឆាន់បាយាសទៀបឆ្នេរស្ទឹងនេរញ្ជរាហើយ នឹង​ត្រឡប់​ទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះជិនស្រីមានយសធំ នឹងធ្វើប្រទក្សិណពោធិមណ្ឌៈដ៏ប្រសើរ ហើយត្រាស់ដឹងទៀប​គល់​អស្សត្ថព្រឹក្ស។ ព្រះជននីនៃព្រះតថាគតនេះ ព្រះនាមមាយាទេវី ព្រះបិតាព្រះនាម​សុទ្ធោទនៈ ទេវរាជនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក ជាអ្នកមិនមានអាសវៈ មានរាគៈអស់ហើយ មានចិត្តស្ងប់​រម្ងាប់ មានចិត្តតំកល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ ព្រះខេមាថេរី ១ ព្រះឧប្បលវណ្ណាថេរី ១ នឹងជាអគ្គសាវិកា ជាអ្នកមិនមានអាសវៈ មានរាគៈអស់ហើយ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ។ ដើមឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ឈ្មោះ​ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា លុះបានស្តាប់ព្រះពុទ្ធដីកានេះ នៃព្រះមហេសី ឥតមានបុគ្គលស្មើ ក៏រីករាយថា ព្រះឥន្ទនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំង​មួយហ្មឺន​លោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងឃ្វាងមគ្គផល​ក្នុង​សាសនា នៃព្រះលោកនាថអង្គនេះ ពួកយើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃ​ព្រះគោតមនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្ស កាលនឹងឆ្លងស្ទឹង បើឃ្វាង​កំពង់​ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណាមិញ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះ គង់នឹងបានសម្រេច ចំពោះ​ព្រះភក្ត្រនៃ​ព្រះគោតម ក្នុងកាលជាអនាគតមិនខាន យ៉ាងនោះឯង។ តថាគត លុះបានស្តាប់​ភាសិតនៃ​ព្រះជិនស្រីអង្គនោះហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លាក្រៃលែង បានអធិដ្ឋានវត្តតទៅ ដើម្បីបំពេញបារមីទាំង ១០។ ព្រះសាស្តា ព្រះនាមធម្មទស្សី មានទីក្រុងឈ្មោះសរណៈ មានព្រះមហាក្សត្រ ព្រះនាមសរណៈ ជាព្រះបិតា មានព្រះជននី ព្រះនាមសុនន្ទា។ ព្រះធម្មទស្សីអង្គនោះ ទ្រង់គ្រប់គ្រងគេហដ្ឋាន អស់ ៨ ពាន់ឆ្នាំ ទ្រង់មានប្រាសាទ ៣ ខ្នង គឺប្រាសាទ ឈ្មោះអរជៈ ១ ប្រាសាទឈ្មោះវិរជៈ ១ ប្រាសាទឈ្មោះសុទស្សនៈ ១។ ពួកនារីចំនួន ៤០ ពាន់ សឹងប្រដាប់ខ្លួនយ៉ាងសមសួន នារី (ជាអគ្គមហេសី) ឈ្មោះ​វិចិកោលី ព្រះរាជបុត្រ ឈ្មោះបុញ្ញវឌ្ឍនៈ។ ព្រះធម្មទស្សី ជាបុរសដ៏ប្រសើរ ទ្រង់ឃើញ​នូវនិមិត្ត ៤ ហើយទ្រង់ចេញទៅទាំងប្រាសាទ ទៅប្រព្រឹត្តព្យាយាម អស់ ៧ ថ្ងៃ។ ព្រះពុទ្ធ ព្រះនាមធម្មទស្សី ប្រសើរជាងពួកជន មានព្យាយាមធំ ឧត្តមជាងជន ត្រូវព្រហ្មអារាធនា​ហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន។ ព្រះសាស្តា ព្រះនាម​ធម្មទស្សី មានព្រះបទុមត្ថេរ ១ ព្រះបុស្សទេវត្ថេរ ១ ជាអគ្គសាវ័ក ព្រះសុទត្តត្ថេរ ជា​ឧបដ្ឋាក។ មានព្រះខេមាថេរី ១ ព្រះសច្ចនាមាថេរី ១ ជាអគ្គសាវិកា ដើមឈើ​សម្រាប់​ត្រាស់ដឹង នៃព្រះមានព្រះភាគនោះ គេហៅថា តិម្ពជាលព្រឹក្ស។ សុភទ្ទគហបតី ១ កដិស្សហ​គហបតី ១ ជាអគ្គឧបដ្ឋាក នាងសាឡិសា ១ នាងកឡិស្សា ១ ជា​អគ្គឧបដ្ឋាយិកា។ ព្រះពុទ្ធនោះ ទ្រង់ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ ទ្រង់មាន​កំពស់ ៨០ ហត្ថ ទ្រង់រុងរឿងក្រៃលែងដោយតេជះ ក្នុងមួយហ្មឺនលោកធាតុ។ ដើម​សាលរាជព្រឹក្ស មានផ្ការីកស្គុះស្គាយល្អ ផ្លេកបន្ទោរលើអាកាស ព្រះអាទិត្យនាថ្ងៃត្រង់ រុងរឿងល្អ យ៉ាងណាមិញ ព្រះពុទ្ធអង្គនោះ ទ្រង់រុងរឿងល្អ យ៉ាងនោះ។ ព្រះពុទ្ធអង្គនោះ ទ្រង់មានតេជះថ្លឹងពុំបាន មានជីវិតដ៏ស្មើល្អ ព្រះពុទ្ធមានបញ្ញាចក្ខុ ទ្រង់ឋិតនៅក្នុង​លោកអស់​មួយសែនឆ្នាំ។ ព្រះពុទ្ធអង្គនោះ ព្រមទាំងសាវ័ក ទ្រង់សម្តែងរស្មី ធ្វើសាសនា​មិនឲ្យមានមន្ទិល ដូចព្រះចន្ទ្រ កាលរុងរឿងឰដ៏អាកាស ហើយបរិនិព្វាន។ ព្រះធម្មទស្សី ទ្រង់មានព្យាយាមធំ ទ្រង់បរិនិព្វានក្នុងអារាមឈ្មោះកេសៈ ព្រះស្តូបដ៏ប្រសើរនោះ របស់​ព្រះពុទ្ធអង្គនោះឯង មានកំពស់ ៣ យោជន៍។

ចប់ ធម្មទស្សិពុទ្ធវង្ស ទី១៥។

សិទ្ធត្ថពុទ្ធវង្ស ទី១៦

[១៧] ក្រោយអំពីព្រះធម្មទស្សីមក មានព្រះលោកនាយក ព្រះនាមសិទ្ធត្ថៈ ទ្រង់កំចាត់បង់​ងងឹតទាំងអស់ បីដូចព្រះអាទិត្យរះឡើង។ ព្រះសិទ្ធត្ថៈអង្គនោះ ទ្រង់ដល់នូវ​សម្ពោធិញ្ញាណ ហើយចម្លងមនុស្ស ព្រមទាំងទេវតា បង្អុរភ្លៀង គឺព្រះធម៌ ហើយញ៉ាំង​មនុស្ស ព្រមទាំងទេវតា ឲ្យរលត់ទុក្ខ។ ព្រះអង្គមានតេជះថ្លឹងពុំបាន ទ្រង់មានការ​ត្រាស់ដឹង ៣ លើក គឺការត្រាស់ដឹងលើកទី ១ មានពួកសត្វមួយសែនកោដិ។ តមក ការ​ត្រាស់ដឹងលើកទី ២ មានពួកសត្វ ៩០ កោដិ ក្នុងកាលព្រះសម្ពុទ្ធ ទ្រង់ទូងស្គរគឺធម៌ ក្នុងដែន​ឈ្មោះភីមៈ។ ការត្រាស់ដឹងលើកទី ៣ មានពួកសត្វ ៩០ កោដិ ក្នុងកាលដែល​ព្រះពុទ្ធ ប្រសើរជាងជនអង្គនោះ ទ្រង់សម្តែងធម៌ ទៀបភ្នំឈ្មោះវេភារៈ។ ព្រះមហេសី ព្រះនាមសិទ្ធត្ថៈ មានសន្និបាត ៣ លើក សុទ្ធតែព្រះខីណាស្រព ឥតមានមន្ទិល មានចិត្ត​ស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ។ ឋានៈ គឺសន្និបាតទាំង ៣ ក្នុងសមាគម​នៃ​ព្រះខីណាស្រព ដែលមិនមានមន្ទិលនុ៎ះ មានចំនួន ១០០ កោដិម្តង ៩០ កោដិម្តង ៨០ កោដិម្តង។ សម័យនោះ តថាគតជាតាបស ឈ្មោះមង្គលៈ មានតេជះខ្ពង់ខ្ពស់ គេគ្រប​សង្កត់​មិនបាន ជាអ្នកប្រកបដោយកម្លាំងនៃអភិញ្ញា។ តថាគតបាននាំផ្លែព្រីង មកថ្វាយ​ព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈ ព្រះសម្ពុទ្ធទ្រង់ទទួលយកហើយ ទ្រង់បានត្រាស់ព្រះតម្រាស់​នេះថា អ្នកទាំងឡាយ ចូរមើលជដិលតាបស ដែលមានតបៈខ្ពង់ខ្ពស់នេះចុះ តាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងកប្បទី ៩៤ អំពីកប្បនេះទៅ។ សត្វនេះ នឹងចេញពីបុរីឈ្មោះ​កបិលពស្តុ ជាទីរីករាយ ទៅតំកល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយ​ទៀបគល់​អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រី​អង្គនោះ បានសោយបាយាសទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចត្រឡប់ចូលទៅឯគល់​ពោធិព្រឹក្ស តាមផ្លូវប្រសើរ ដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះជិនស្រីទ្រង់​មាន​យសធំ ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់នៃ​អស្សត្ថព្រឹក្ស។ ព្រះជននីនៃព្រះគោតមនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ តាបសនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ មានរាគៈអស់ហើយ មានចិត្តស្ងប់រម្ងាប់ មានចិត្ត​តម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ ខេមាថេរី ១ ឧប្បលវណ្ណាថេរី ១ នឹងជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ មានរាគៈអស់ហើយ មាន​ចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ។ ដើមឈើជាទីត្រាស់ដឹងនៃព្រះមានជោគនោះ ហៅថា​អស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ ជាអគ្គឧបដ្ឋាយិកា ព្រះគោតមទ្រង់យសអង្គនោះ មានព្រះជន្មាយុមួយ​រយ​ឆ្នាំ។ មនុស្ស និងទេវតា បានស្តាប់ព្រះពុទ្ធដីកានេះ នៃព្រះមហេសីឥតមានបុគ្គលស្មើ ក៏រីករាយ​ថា តាបសនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយហ្មឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួក​យើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ ពួកយើងគង់នឹងបាន​សម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្ស​កាល​ឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់ទៅកាន់កំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណា។ ពួកយើងទាំងអស់ បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេច ចំពោះ​ព្រះភក្ត្រព្រះគោតមនេះ ក្នុងកាលជាអនាគតមិនខាន យ៉ាងនោះដែរ។ តថាគត លុះស្តាប់​ភាសិតនៃព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈនោះហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លាក្រៃលែង បានអធិដ្ឋានវត្ត​តទៅ ដើម្បីបំពេញបារមីទាំង ១០។ ព្រះមហេសី ព្រះនាមសិទ្ធត្ថៈ មានទីក្រុងឈ្មោះវេភារៈ ព្រះមហាក្សត្រ ព្រះនាមឧទេនៈ ជាព្រះបិតា ព្រះជននីព្រះនាម សុផស្សា។ ព្រះសិទ្ធត្ថៈ​នោះ គ្រប់គ្រងគេហដ្ឋាន អស់មួយហ្មឺនឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ ខ្នង គឺ​កោកាសប្រាសាទ ១ ឧប្បលប្រាសាទ ១ កោកនុទប្រាសាទ ១។ នារី ៤៨.០០០ រូប សឹងមានខ្លួនតាក់តែងល្អ នារីជាអគ្គមហេសី ព្រះនាមសុមនា មានព្រះរាជបុត្រ ព្រះនាម​អនុបមៈ។ ព្រះជិនស្រី ទ្រង់ឃើញនិមិត្ត ៤ យ៉ាង ក៏ចេញទៅដោយវ តម្កល់ព្យាយាម អស់ ១០ ខែគត់។ ព្រះលោកនាយក ព្រះនាមសិទ្ធត្ថៈ មានព្យាយាមធំ ប្រសើរជាងជន ត្រូវព្រហ្ម​អារាធនាហើយ ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន។ ព្រះមហេសី ព្រះនាម​សិទ្ធត្ថៈ មានព្រះសម្ពលត្ថេរ ១ ព្រះសុមិត្តត្ថេរ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះរេវតៈ ជា​ឧបដ្ឋាក។ ព្រះសីវលាថេរី ១ ព្រះសុរាមាថេរី ១ ជាអគ្គសាវិកា ដើមឈើជាទីត្រាស់ដឹង នៃព្រះមានព្រះភាគនោះ ហៅថា កណ្ណិការព្រឹក្ស។ សុប្បិយគហបតី ១ សម្ពុទ្ធគហបតី ១ ជាអ្នកបម្រើដ៏ប្រសើរ រម្មាឧបាសិកា ១ សុរម្មាឧបាសិកា ១ ជាស្រីបម្រើប្រសើរ។ ព្រះពុទ្ធ​អង្គនោះ ទ្រង់មានកំពស់ ៦០ ហត្ថ ទ្រង់ខ្ពស់ដល់អាកាស ប្រាកដស្មើដោយ​គ្រឿងបូជា​មាស ទ្រង់រុងរឿងអស់មួយហ្មឺនលោកធាតុ។ ព្រះពុទ្ធអង្គនោះ ទ្រង់ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ ឥតមានបុគ្គលថ្លឹងបាន ឥតមានបុគ្គលប្រៀបផ្ទឹមបាន ទ្រង់មាន​ចក្ខុ ឋិតនៅក្នុងលោក អស់មួយសែនឆ្នាំ។ ព្រះពុទ្ធអង្គនោះ ព្រមទាំងសាវ័ក ទ្រង់សម្តែង​ពន្លឺ ភ្លឺត្រចះ ហើយញ៉ាំងសាវ័កឲ្យសាយភាយទៅ ទ្រង់ក្រសាលដោយសមាបត្តិដ៏ប្រសើរ ហើយបរិនិព្វាន។ ព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈ ជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់បរិនិព្វានក្នុង​អនោមារាម ព្រះស្តូបដ៏ប្រសើរនៃព្រះអង្គនោះ មានកំពស់ ៤ យោជន៍ ប្រតិស្ថាននៅ​ក្នុង​អនោមារាមនោះឯង។

ចប់ សិទ្ធត្ថពុទ្ធវង្ស ទី១៦។

តិស្សពុទ្ធវង្ស ទី១៧

[១៨] ក្រោយពីព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈមក មានព្រះពុទ្ធ ព្រះនាមតិស្សៈ ជានាយកដ៏​ប្រសើរ​ក្នុងលោក ទ្រង់មិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបផ្ទឹមបាន មានសីលរកទី​បំផុតគ្មាន មានយសរាប់ពុំបាន ទ្រង់មានសេចក្តីអាណិតអាសូរ មានព្យាយាមធំ មានចក្ខុ ទ្រង់កើតឡើងក្នុងលោក កំចាត់បង់ងងឹតអន្ធការ ញ៉ាំងលោកនេះ ព្រមទាំងទេវលោក ឲ្យភ្លឺស្វាងហើយ។ ព្រះពុទ្ធអង្គនោះ ទ្រង់មានឫទ្ធិថ្លឹងពុំបាន មានសីលសមាធិថ្លឹងពុំបាន ព្រះអង្គសម្រេចនូវបារមីក្នុងធម៌ទាំងពួង ហើយទ្រង់ញ៉ាំងចក្រ គឺធម៌ឲ្យប្រព្រឹត្តទៅ។ ព្រះពុទ្ធនោះ ទ្រង់បញ្ចេញព្រះសូរសៀងដ៏ជ្រះស្អាតល្អ ក្នុងលោកធាតុមួយហ្មឺន ពួកសត្វ​ទាំង​មួយរយកោដិ សឹងបានត្រាស់ដឹង ក្នុងការសម្តែងធម៌លើកទី ១។ ការត្រាស់ដឹង​លើកទី ២ មានពួកសត្វ ៩០ កោដិ ការត្រាស់ដឹងលើកទី ៣ មានពួកសត្វ ៦០ កោដិ ពេលនោះ ព្រះសម្ពុទ្ធនោះ ទ្រង់ដោះមនុស្ស និងទេវតា ដែលមកដល់ ឲ្យរួចចាកចំណង​គឺមារ។ ព្រះតិស្សមហេសី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធសឹងតែ​ជាពួក​ព្រះខីណាស្រព មិនមានមន្ទិល គឺកិលេស មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ។ សន្និបាតលើកទី ១ មានព្រះខីណាស្រពមួយសែនអង្គ សន្និបាតលើកទី ២ មាន​ព្រះខីណាស្រព ៩០ សែនអង្គ។ សន្និបាតលើកទី ៣ មានព្រះខីណាស្រព ៨០ សែនអង្គ សុទ្ធតែជាអ្នកអស់អាសវៈ ឥតមានមន្ទិលគឺកិលេស រីកហើយដោយវិមុត្តិ។ គ្រានោះ តថាគត​ជាក្សត្រនាមសុជាតៈ លះចោលភោគៈដ៏ច្រើន ហើយទៅបួសជាឥសី។ កាល​ដែល​តថាគត​បួសស្រេចហើយ ព្រះលោកនាយកទ្រង់កើតឡើង តថាគតកើតមានបីតិ ព្រោះបានស្តាប់សំឡេងថា ព្រះពុទ្ធ។ តថាគតបានកាន់យកផ្កាមន្ទារវព្រឹក្ស ផ្កាឈូក និងផ្កាបរិច្ឆត្តកព្រឹក្សជាទិព្វ ដោយដៃទាំងពីរ ជជុះរលាស់ ហើយចូលទៅគាល់។ តថាគតកាន់ផ្កានោះ បំាងលើព្រះសិរ្សៈ នៃព្រះជិនស្រី ព្រះនាមតិស្សៈ ជាលោកគ្គនាយក ដែលមានបរិស័ទ ៤ [បានដល់ខត្តិយបរិស័ទ ១ ព្រាហ្មណបរិស័ទ ១ គហបតិបរិស័ទ ១ សមណបរិស័ទ ១។ អដ្ឋកថា។] ចោមរោម។ ព្រះពុទ្ធអង្គនោះ ទ្រង់គង់កណ្តាលប្រជុំជន ហើយព្យាករតថាគតកាលនោះថា ក្នុងកប្បទី ៩២ អំពីមណ្ឌកប្បនេះទៅ តាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញពីបូរីឈ្មោះកបិលពស្តុ ជាទីត្រេកអរ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួល​បាយាសត្រង់ទីនោះ ហើយនឹងចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បាន​សោយ​បាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏​ប្រសើរ ដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ទ្រង់ធ្វើប្រទក្សិណ​ពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះជននីនៃ​ព្រះពុទ្ធនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ តាបសនេះ នឹងបានជាព្រះពុទ្ធ ព្រះនាម​គោតម។ ព្រះកោលិតៈ ១ ឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹង​បម្រើព្រះជិនស្រីអង្គនេះ។ នាងខេមាថេរី ១ នាងឧប្បលវណ្ណាថេរី ១ នឹងជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ។ ដើមឈើ​សម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ គេហៅថា អស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ ជាអគ្គឧបដ្ឋាក។ នន្ទមាតាឧបាសិកា ១ ឧត្តរាឧបាសិកា ១ ជា​អគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ ទ្រង់មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់នូវព្រះពុទ្ធដីកានេះ នៃព្រះមហេសី ទ្រង់ឥតមាន​បុគ្គល​ស្មើ ហើយរីករាយថា តាបសនេះជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ នាំគ្នាទះដៃ អបអរសាទរ ធ្វើអញ្ជលី​នមស្ការថា បើយើងឃ្វាងមគ្គផល ក្នុងសាសនាព្រះលោកនាថអង្គនេះ គង់យើងបាន​សម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្ស​កាល​ឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹង​ធំបាន យ៉ាងណា ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងអនាគត យ៉ាងនោះដែរ។ តថាគត លុះបាន​ស្តាប់នូវ​ព្រះពុទ្ធដីកានៃព្រះជិនស្រីអង្គនោះហើយ ធ្វើចិត្តឲ្យរឹតតែជ្រះថ្លាថែមទៀត ខំអធិដ្ឋានវត្តត​ទៅ​ទៀត ដើម្បីបំពេញបារមីទាំង ១០។ ព្រះមហេសី ព្រះនាមតិស្សៈ មានទីក្រុង​ឈ្មោះ​ខេមកៈ មានព្រះមហាក្សត្រ ព្រះនាមជនសន្ទៈ ជាព្រះបិតា មានព្រះជននី ព្រះនាម​បទុមា។ ព្រះតិស្សៈនោះ ទ្រង់គ្រប់គ្រងព្រះរាជគេហដ្ឋាន អស់ ៧ ពាន់ឆ្នាំ មានប្រាសាទ​ដ៏ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះ គុណសេលៈ ១ ប្រាសាទឈ្មោះអនាទិយៈ ១ ប្រាសាទ​ឈ្មោះនិសភៈ ១។ ពួកនារីចំនួន ៣ ហ្មឺននាក់ សុទ្ធសឹងតែតាក់តែងខ្លួនល្អ ឯនាងនារីជា​អគ្គមហេសីនោះ ព្រះនាមសុភទ្រា ព្រះរាជបុត្រ ព្រះនាមអានន្ទ។ ព្រះជិនស្រី ទ្រង់ឃើញ​និមិត្តទាំង ៤ ក៏យាងចេញទៅដោយយានសេះ ទៅតម្កល់ព្យាយាម អស់កាលកន្លះ​ខែ​គត់។ ព្រះលោកនាយក ព្រះនាមតិស្សៈ ប្រសើរក្នុងលោក មានព្យាយាមធំ ត្រូវព្រហ្ម​អារាធនាហើយ ទើបទ្រង់ញ៉ាំងចក្រ គឺធម្មឲ្យប្រព្រឹត្តទៅ ក្នុងយសវតីទាយវ័នដ៏ឧត្តម។ ព្រះព្រហ្មទេវត្ថេរ ១ ព្រះឧទយត្ថេរ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះសមគៈ ជាឧបដ្ឋាកនៃ​ព្រះមហេសី ព្រះនាមតិស្សៈ។ នាងផុស្សាថេរី ១ នាងសុទត្តាថេរី ១ ជាអគ្គសាវិកា ដើមឈើជាទីត្រាស់ដឹង នៃព្រះមានជោគអង្គនោះ ហៅថាអសនព្រឹក្ស (ដើមធ្នង់)។ សម្ពលគហបតី ១ សិរិគហបតី ១ ជាអគ្គឧបដ្ឋាក កីសាគោតមីឧបាសិកា ១ ឧបសេនា​ឧបាសិកា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះជិនស្រីសម្ពុទ្ធនោះឯង ទ្រង់មានកំពស់ ៦០ ហត្ថ ឥតមានបុគ្គលប្រៀបផ្ទឹមបាន ឥតមានបុគ្គលស្មើបាន ប្រាកដដូចភ្នំហិមពាន្ត។ ព្រះជិនស្រី​អង្គនោះ ទ្រង់មានតេជះថ្លឹងពុំបាន ទ្រង់មានព្រះជន្មមួយសែនឆ្នាំ ព្រះអង្គមិនមាន​បុគ្គល​ក្រៃលែងជាង ទ្រង់មានចក្ខុឋិតនៅក្នុងលោក។ ព្រះជិនស្រីអង្គនោះ ព្រមទាំងសាវ័ក ទ្រង់សោយនូវយសធំ ដ៏ឧត្តម ប្រសើររុងរឿងដូចគំនរភ្លើង ហើយបរិនិព្វាន។ ព្រះជិនស្រី​អង្គនោះ ព្រមទាំងសាវ័ក ទ្រង់បរិនិព្វានហើយ ដូចជាភ្លៀង (ដែលបាត់ទៅ) ព្រោះខ្យល់ ឬដូចទឹកសន្សើម (អស់ទៅ) ព្រោះព្រះអាទិត្យ ឬដូចងងឹត (បាត់ទៅ) ព្រោះប្រទីប។ ព្រះពុទ្ធ ព្រះនាមតិស្សៈ ជាព្រះជិនស្រីដ៏ប្រសើរ បរិនិព្វានក្នុងនន្ទារាម ព្រះស្តូបព្រះជិនស្រី​អង្គនោះ ពួកមហាជនសាងទុក កំពស់ ៣ យោជន៍ ក្នុងនន្ទារាមនោះ។

ចប់ តិស្សពុទ្ធវង្ស ទី១៧។

បុស្សពុទ្ធវង្ស ទី១៨

[១៩] ក្នុងមណ្ឌកប្បនោះឯង មានព្រះសាស្តា ព្រះនាមបុស្សៈ ទ្រង់មិនមានបុគ្គល​ក្រៃលែង​ជាង មិនមានបុគ្គលប្រៀបផ្ទឹមបាន ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ ជានាយក​ប្រសើរ​ក្នុងលោក។ ព្រះពុទ្ធអង្គនោះ ទ្រង់កំចាត់បង់ងងឹតទាំងអស់ ហើយត្រដោះ​គ្រឿង​ចាក់​ស្រែះធំ (កិលេស) ទ្រង់ញ៉ាំងមនុស្ស ព្រមទាំងទេវតា ឲ្យឆ្អែតស្កប់ស្កល់ ទ្រង់បង្អុរ​ភ្លៀង​ទឹកអម្រឹតចុះមក។ កាលព្រះពុទ្ធ ព្រះនាមបុស្សៈ ញ៉ាំងចក្រ គឺធម៌ឲ្យប្រព្រឹត្តទៅ ការត្រាស់ដឹងលើកទី ១ មានពួកសត្វ ៨០ សែន ក្នុងមង្គលនៃថ្ងៃនក្ខត្តឫក្ស។ ការត្រាស់ដឹង​លើកទី ២ មានពួកសត្វ ៩០ សែន ការត្រាស់ដឹងលើកទី ៣ មានពួកសត្វ ៨០ សែន។ ព្រះមហេសី ព្រះនាមបុស្សៈ មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែ​ជាពួក​ព្រះខីណាស្រព ឥតមានមន្ទិល គឺកិលេស មានចិត្តស្ងប់រម្ងាប់ ប្រកបដោយ​តាទិគុណ។ សន្និបាតលើកទី ១ មានព្រះខីណាស្រព ៦០ សែន សន្និបាតលើកទី ២ មានព្រះខីណាស្រពចំនួន ៥០ សែន។ សន្និបាតលើកទី ៣ មានពួកព្រះខីណាស្រព ៤០ សែន លោកផុតស្រឡះហើយ ព្រោះមិនប្រកាន់ មានតំណគឺជាតិកាត់ផ្តាច់ហើយ។ សម័យ​នោះ តថាគតជាក្សត្រ ព្រះនាមវិជិតៈ លះចោលរាជសម្បត្តិដ៏ធំ ទៅបួសក្នុង​សំណាក់​ព្រះពុទ្ធនោះ។ ព្រះពុទ្ធជាម្ចាស់ ព្រះនាមបុស្សៈ ជាលោកគ្គនាយកនោះ បានទ្រង់​ព្យាករតថាគតថា ក្នុងកប្បទី ៩២ អំពីកប្បនេះទៅ ភិក្ខុនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញអំពីកបិលពស្តុបុរី ជាទីរីករាយ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅ​កាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចទៅឯគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ លំដាប់​នោះ ព្រះពុទ្ធមានយសធំ ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹងទៀបគល់​អស្សត្ថព្រឹក្ស។ ព្រះជននីនៃព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ភិក្ខុនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្ត​តម្កល់​មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ ខេមាភិក្ខុនី ១ ឧប្បលវណ្ណាភិក្ខុនី ១ នឹងជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្ត​ស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ។ ដើមឈើជាទីត្រាស់ដឹង នៃព្រះមានព្រះភាគនោះ ហៅថា​អស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា លុះឮព្រះពុទ្ធដីកានេះ នៃព្រះមហេសី ឥតមានបុគ្គល​ស្មើ​ហើយ ក៏រីករាយថា ភិក្ខុនេះជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស និងទេវតា ទាំងមួយម៉ឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ គង់នឹងសម្រេច​ក្នុងទី​ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាលអនាគតមិនខាន។ ចំណែកខាងតថាគត បានស្តាប់ព្រះពុទ្ធដីកា នៃព្រះបុស្សសម្ពុទ្ធនោះហើយ ក៏ញ៉ាំងចិត្តឲ្យរឹងរឹតតែជ្រះថ្លា ហើយ​ខំអធិដ្ឋានវត្តតទៅទៀត ដើម្បីបំពេញបារមីទាំង ១០ ប្រការ។ តថាគត រៀនយក​នូវព្រះសូត្រផង ព្រះវិន័យផង ពាក្យប្រៀនប្រដៅព្រះសាស្តា ប្រកបដោយអង្គ ៩ ទាំង​អស់ផង ហើយញ៉ាំងសាសនាព្រះជិនស្រី ឲ្យរុងរឿង។ តថាគតមិនប្រមាទ សម្រេច​សម្រាន្តនៅក្នុងសាសនានោះ ខំចម្រើនភាវនា ដែលប្រកបដោយព្រហ្មវិហារ ហើយដល់​នូវបារមីក្នុងអភិញ្ញាទាំងឡាយ ហើយទៅកើតក្នុងព្រហ្មលោក។ ព្រះមហេសី ព្រះនាម​បុស្សៈ មានទីក្រុងឈ្មោះកាសិកៈ មានមហាក្សត្រ ព្រះនាមជយសេន ជាព្រះបិតា មាន​ព្រះជននី ព្រះនាមសិរិមា។ ព្រះបុស្សៈនោះ ទ្រង់គ្រប់គ្រងគេហដ្ឋានអស់ ៩ ពាន់ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះគរុឡៈ ១ ប្រាសាទឈ្មោះហំសៈ ១ ប្រាសាទឈ្មោះសុវណ្ណតារៈ ១។ ពួកនារី ២៣ ពាន់ សឹងមានខ្លួនតាក់តែងល្អហើយ ឯនារី​ជាអគ្គមហេសី ឈ្មោះកីសាគោតមី ព្រះរាជបុត្រឈ្មោះអានន្ទ។ ព្រះជិនស្រី ជាបុរស​ដ៏ប្រសើរ ទ្រង់ទតឃើញនិមិត្តទាំង ៤ យ៉ាង ហើយចេញទៅដោយយានដំរី បានប្រព្រឹត្ត​ធ្វើព្យាយាមអស់ ៧ ថ្ងៃ។ ព្រះលោកគ្គនាយក ព្រះនាមបុស្សៈ មានព្យាយាមធំ ទ្រង់ប្រសើរ​ជាងជន ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងចក្រ គឺធម៌ ឲ្យប្រព្រឹត្តទៅ នាព្រៃ​មិគទាយវ័ន។ ព្រះសុរក្ខិតភិក្ខុ ១ ព្រះធម្មសេនភិក្ខុ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះសភិយ្យៈ ជាឧបដ្ឋាកនៃព្រះមហេសី ព្រះនាមបុស្សៈ។ នាងចាលាភិក្ខុនី ១ នាងឧបចាលាភិក្ខុនី ១ ជាអគ្គសាវិកា ដើមឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ គេហៅថា​អាមលកព្រឹក្ស (ដើមកន្ទួតព្រៃ)។ អនញ្ជគហបតី ១ វិសាខគហបតី ១ ជាអគ្គឧបដ្ឋាក នាងបទុមា ១ នាងសិរិនាគា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមុនីអង្គនោះ មានកំពស់ ៥៨ ហត្ថ ទ្រង់រុងរឿងដូចព្រះអាទិត្យ ឬដូចព្រះចន្ទ្រពេញវង់។ ទ្រង់មានព្រះជន្ម ៩០ ពាន់ឆ្នាំ ព្រះអង្គកាលទ្រង់ធរមាននៅឡើយ បានចម្លងប្រជុំជនជាច្រើន។ ព្រះសាស្តាអង្គនោះ ព្រមទាំងសាវ័ក ទ្រង់មានយសថ្លឹងពុំបាន ទ្រង់ទូន្មានពួកសត្វជាច្រើន ហើយចម្លងពួក​សត្វជា​ច្រើន រួចបរិនិព្វាន។ ព្រះជិនស្រីដ៏ប្រសើរ ព្រះនាមបុស្សៈ ទ្រង់ជាសាស្តា បរិនិព្វាន​ហើយក្នុងសេនារាម ការផ្សាយចេញទៅនៃព្រះធាតុ មានក្នុងប្រទេសទាំងឡាយនោះៗ។

ចប់ បុស្សពុទ្ធវង្ស ទី១៨។

វិបស្សីពុទ្ធវង្ស ទី១៩

[២០] ក្រោយអំពីព្រះពុទ្ធ ព្រះនាមបុស្សៈមក មានព្រះសម្ពុទ្ធ ព្រះនាមវិបស្សី ដ៏ឧត្តមជាង​សត្វជើង ២ ទ្រង់មានចក្ខុកើតឡើងក្នុងលោក។ ព្រះអង្គទ្រង់រំលាយស៊ុត គឺអវិជ្ជាចេញ ហើយ​ដល់សម្ពោធិញ្ញាណដ៏ឧត្តម ទ្រង់ចៀសចេញទៅកាន់ពន្ធុមតីបុរី ដើម្បីញ៉ាំងចក្រ គឺធម៌ឲ្យប្រព្រឹត្តទៅ។ ព្រះនាយក ទ្រង់ញ៉ាំងចក្រគឺធម៌ ឲ្យប្រព្រឹត្តទៅរួចហើយ ញ៉ាំង​ខណ្ឌរាជកុមារ និងតិស្សកុមារ ទាំងពីរឲ្យត្រាស់ដឹង ការត្រាស់ដឹងលើកទី ១ មានចំនួន​សត្វ គេមិនគប្បីពោលដោយការរាប់ឡើយ។ តមកទៀត ព្រះពុទ្ធជាម្ចាស់មាន​យសរាប់​មិនបាន ប្រកាសសច្ចៈទាំង ៤ ក្នុងបុរីនោះ ការត្រាស់ដឹងលើកទី ២ មានពួកសត្វចំនួន ៨ ហ្មឺន ៤ ពាន់។ មានមនុស្ស ៨ ហ្មឺន ៤ ពាន់ បួសតាមព្រះពុទ្ធ ព្រះពុទ្ធមានចក្ខុ ទ្រង់​សម្តែង​ធម៌ដល់បព្វជិតទាំងនោះ ដែលមកដល់អារាម។ ភិក្ខុទាំងនោះ អាស្រ័យព្រះជិនស្រី កាល​ទ្រង់សម្តែងដោយអាការទាំងពួង ក៏បានសម្រេចនូវធម៌ដ៏ប្រសើរ នេះជាការត្រាស់ដឹង​លើក​ទី ៣។ ព្រះមហេសី ព្រះនាមវិបស្សី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែ​ពួក​ព្រះខីណាស្រព ឥតមានមន្ទិល គឺកិលេស មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ។ គឺសន្និបាតលើកទី ១ មានពួកព្រះខីណាស្រព ចំនួន ៦៨ សែន សន្និបាតលើកទី ២ មានពួកព្រះខីណាស្រពចំនួនមួយសែន។ សន្និបាតលើកទី ៣ មានភិក្ខុចំនួន ៨ ហ្មឺន ព្រះសម្ពុទ្ធរុងរឿងក្នុងកណ្តាលពួកភិក្ខុនោះ។ សម័យនោះ តថាគតកើតជាស្តេចនាគ ឈ្មោះ​​អតុលៈ មានឫទ្ធិច្រើន មានបុណ្យ ទ្រទ្រង់ពន្លឺ។ ក្នុងកាលនោះ តថាគតមាន​ពួកនាគ​ច្រើនកោដិចោមរោម ប្រគំតូរ្យតន្ត្រីដ៏ជាទិព្វ ហើយចូលទៅជិតព្រះលោកជេដ្ឋៈ។ លុះចូលទៅដល់ហើយ ក៏និមន្តព្រះសម្ពុទ្ធ ព្រះនាមវិបស្សី ជាលោកនាយក ហើយថ្វាយ​តាំងមាស ដែលដាំដោយកែវមណី និងកែវមុក្តា ដ៏ស្អិតស្អាង ហើយដោយ​អាភរណៈ​គ្រប់​យ៉ាង ដល់ព្រះអង្គជាធម្មរាជ។ ព្រះពុទ្ធជាម្ចាស់នោះ ទ្រង់គង់នៅក្នុងកណ្តាលសង្ឃ ហើយ​ព្យាករតថាគតថា ក្នុងកប្បទី ៩១ អំពីមណ្ឌកប្បនេះ ស្តេចនាគនេះ នឹងបាន​ត្រាស់ជា​ព្រះពុទ្ធ។ សត្វនេះ នឹងចេញពីកបិលពស្តុបុរី ជាទីត្រេកអរ ទៅតម្កល់ព្យាយាម ធ្វើ​ទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយ​ចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានសោយបាយាស ទៀបឆ្នេរ​ស្ទឹងនេរញ្ជរា ហើយចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹង​នូវ​សម្ពោធិញ្ញាណ ទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះជននីនៃព្រះពុទ្ធនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ នាគរាជនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាក​រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រី​អង្គនេះ។ នាងខេមាភិក្ខុនី ១ នាងឧប្បលវណ្ណាភិក្ខុនី ១ នឹងជាអគ្គសាវិកា សុទ្ធតែ​មិនមាន​អាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតំាងមាំ។ ដើមឈើជាទីត្រាស់ដឹង នៃ​ព្រះមានជោគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជា​អគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះមហេសី​ព្រះនាម​គោតម​នោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា លុះបាន​ស្តាប់ព្រះពុទ្ធដីកា​នេះ នៃព្រះមហេសី ឥតមានបុគ្គលស្មើ ហើយរីករាយថា នាគរាជនេះ ជាពូជពន្លកនៃ​ព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយហ្មឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងឃ្វាងមគ្គផល ក្នុងសាសនា​ព្រះលោកនាថ​អង្គនេះ គង់នឹងសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុង​អនាគតកាល​ជាមិនខាន។ ពួកមនុស្ស កាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់​យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណាមិញ។ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់បានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុង​អនាគតកាល យ៉ាងនោះដែរ។ តថាគត បានស្តាប់ព្រះពុទ្ធដីកា នៃព្រះជិនស្រីអង្គនោះ ហើយញ៉ាំងចិត្តឲ្យរឹងរឹតតែជ្រះថ្លា បានខំអធិដ្ឋានវត្តតទៅ ដើម្បីបំពេញបារមីទាំង ១០ ប្រការ។ ព្រះមហេសី ព្រះនាមវិបស្សី មានទីក្រុងឈ្មោះពន្ធុមតី មានមហាក្សត្រ ព្រះនាម​ពន្ធុមៈ ជាព្រះបិតា មានព្រះមាតា ព្រះនាមពន្ធុមតី។ ព្រះវិបស្សីអង្គនោះ ទ្រង់គ្រប់គ្រង​គេហដ្ឋាន អស់ ៨ ពាន់ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះនន្ទៈ ១ ប្រាសាទ​ឈ្មោះសុនន្ទៈ ១ ប្រាសាទឈ្មោះសិរិមៈ ១។ ពួកនារីចំនួន ៤ ហ្មឺន ៣ ពាន់ សឹងមានខ្លួនតាក់តែងល្អ ឯនារីជាអគ្គមហេសី ព្រះនាមសុទស្សនា ព្រះរាជបុត្រ ព្រះនាម​សមវត្តក្ខន្ធ។ ព្រះជិនស្រី ទ្រង់ឃើញនិមិត្ត ៤ ហើយចេញទៅដោយយានរថ តម្កល់​ព្យាយាម អស់ ៨ ខែគត់។ ព្រះវិបស្សី ជាលោកនាយក ទ្រង់មានព្យាយាមធំ ប្រសើរជាង​ជន ត្រូវព្រហ្មអារាធនាហើយ ទើបញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន។ ព្រះរាជកុមារ​នាមខន្ធៈ ១ បុត្រនៃបុរោហិតនាមតិស្សៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះអសោកៈ ជាឧបដ្ឋាកនៃព្រះមហេសី ព្រះនាមវិបស្សី។ នាងចន្ទាភិក្ខុនី ១ នាងចន្ទមិត្តាភិក្ខុនី ១ ជាអគ្គសាវិកា ដើមឈើជាទីត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ ហៅថា​បាដលិព្រឹក្ស។ បុនព្វសុមិត្តគហបតី ១ នាគគហបតី ១ ជាអគ្គឧបដ្ឋាក នាងសិរិមា ១ នាង​ឧត្តរា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះវិបស្សី លោកនាយក មានកំពស់ ៨០ ហត្ថ ពន្លឺព្រះអង្គ​ផ្សាយចេញទៅជុំវិញ ៧ យោជន៍។ ព្រះពុទ្ធអង្គនោះ ទ្រង់មានព្រះជន្ម ៨ ហ្មឺនឆ្នាំ ព្រះអង្គ​កាលទ្រង់ធរមាននៅឡើយ បានចម្លងប្រជុំជនច្រើន ចាកសំសារវដ្ត។ ព្រះអង្គទ្រង់​ដោះ​ស្រាយ​នូវចំណងនៃទេវតា និងមនុស្សជាច្រើន ទាំងប្រាប់ផ្លូវត្រូវផ្លូវខុស ចំពោះពួកបុថុជ្ជន​ដ៏សេស​ទៀតផង។ ព្រះអង្គ ព្រមទាំងសាវ័ក ទ្រង់សម្តែងពន្លឺ ហើយបង្ហាញឧបាយ ជាទី​ទៅ​កាន់ព្រះនិព្វាន ឈ្មោះអមតៈ ទ្រង់រុងរឿងដូចគំនរភ្លើង ហើយបរិនិព្វាន។ ព្រះសរីរៈ​ដែលមានឫទ្ធិដ៏ខ្ពង់ខ្ពស់ មានបុណ្យដ៏ប្រសើរ ប្រដាប់ហើយដោយលក្ខណៈ គឺចក្រ គង់​បាត់​បង់អស់ទៅបាន ឱហ្ន៎ ! សង្ខារទាំងអស់ សោះសូន្យទទេតើ ព្រះវិបស្សី ជានរៈដ៏​ប្រសើរ ទ្រង់មានព្យាយាម បរិនិព្វានហើយ ក្នុងសុមិត្តារាម ព្រះស្តូបដ៏ប្រសើរ របស់​ព្រះអង្គ​នោះ គេបានសាងទុកកំពស់ ៧ យោជន៍ ក្នុងអារាមនោះ។

ចប់ វិបស្សិពុទ្ធវង្ស ទី១៩។

សិខិពុទ្ធវង្ស ទី២០

[២១] ក្រោយព្រះពុទ្ធវិបស្សីមក មានព្រះសម្ពុទ្ធព្រះនាមសិខីជិនស្រី ទ្រង់ឧត្តមជាង​សត្វ​ជើង ២ ឥតមានបុគ្គលស្មើ ឥតមានបុគ្គលប្រៀបផ្ទឹមបាន។ ព្រះអង្គកំចាត់បង់សេនានៃមារ ហើយដល់សម្ពោធិញ្ញាណដ៏ប្រសើរ ញ៉ាំងចក្រគឺធម៌ ឲ្យប្រព្រឹត្តទៅ ដើម្បីសេចក្តីអនុគ្រោះ​ដល់​ពួកសត្វ។ កាលព្រះសិខីជិនស្រីដ៏ប្រសើរ ទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ការ​ត្រាស់ដឹង​លើកទី ១ មានពួកសត្វចំនួនមួយសែនកោដិ។ កាលព្រះសិខីប្រសើរជាងគណៈ ឧត្តមជាងជន ទ្រង់សម្តែងធម៌ដទៃទៀត ការត្រាស់ដឹងលើកទី ២ មានពួកសត្វចំនួន ៩០ ពាន់កោដិ។ កាលព្រះសិខី ទ្រង់សម្តែងយមកប្បាដិហារ្យក្នុងមនុស្សលោក ព្រមទាំង​ទេវលោក ការត្រាស់ដឹងលើកទី ៣ មានពួកសត្វ ៨០ ពាន់កោដិ។ ព្រះមហេសី ព្រះនាម​សិខី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាពួកព្រះខីណាស្រព ឥតមានមន្ទិល មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ។ សន្និបាតលើកទី ១ មានភិក្ខុចំនួន​មួយសែន​រូប សន្និបាតលើកទី ២ មានពួកភិក្ខុចំនួន ៨ ហ្មឺនរូប។ សន្និបាតលើកទី ៣ មានភិក្ខុចំនួន ៧ ហ្មឺនរូប ជាសមាគម មិនប្រឡាក់ (ដោយពួកបុថុជ្ជន) ដូចបទុមជាតិ ដែលលូតលាស់​នៅក្នុងទឹក។ សម័យនោះ តថាគតជាក្សត្រ នាមអរិន្ទមៈ បានញ៉ាំងព្រះសង្ឃ មាន​ព្រះសម្ពុទ្ធ​ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក។ តថាគត បានប្រគេន​សំពត់​ជា​ច្រើន គឺកោដិនៃសំពត់មិនតិច ហើយថ្វាយយានដំរីដ៏ប្រដាប់ហើយ​ដល់​ព្រះសម្ពុទ្ធ។ តថាគត សាងយានដំរី ហើយបង្អោនចូលទៅជិត ឲ្យជារបស់គួរ បំពេញចិត្ត​របស់តថាគត ឲ្យតម្កល់នៅមាំ អស់កាលជានិច្ច។ ព្រះពុទ្ធ ព្រះនាមសិខី ជា​លោកគ្គនាយក​នោះ ទ្រង់​ព្យាករតថាគតថា ក្នុងកប្បទី ៣១ អំពីមណ្ឌកប្បនេះ ព្រះរាជា​អង្គនេះ នឹងបានត្រាស់​ជា​ព្រះពុទ្ធ។ សត្វនេះ នឹងចេញអំពីកបិលពស្តុបុរី ជាទីរីករាយ ទៅតម្កល់ព្យាយាម ធ្វើ​ទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលយកបាយាសនៅទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានសោយបាយាស ទៀបឆ្នេរ​ស្ទឹងនេរញ្ជរា ហើយចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹង​ត្រាស់ដឹង​ទៀបគល់អស្សត្ថព្រឹក្ស។ ព្រះពុទ្ធនេះ នឹងមានព្រះជននី ព្រះនាមមាយា ព្រះបិតា​ព្រះនាមសុទ្ធោទនៈ ព្រះរាជាអង្គនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាក​រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើ​ព្រះជិនស្រី​អង្គនេះ។ នាងខេមាភិក្ខុនី ១ ឧប្បលវណ្ណាភិក្ខុនី ១ ជាអគ្គសាវិកា សុទ្ធតែ​មិន​មាន​អាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ។ ដើមឈើជាទី​ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនេះ ហៅថាអស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវក​គហបតី ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសនោះ មានព្រះជន្ម ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា លុះបាន​ស្តាប់ព្រះពុទ្ធដីកានេះ នៃព្រះមហេសី ឥតមានបុគ្គលស្មើ ហើយរីករាយថា ព្រះរាជា​អង្គនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយហ្មឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹង​ឃ្វាង​មគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេចក្នុងទីចំពោះព្រះភក្ត្រ​នៃ​ព្រះគោតមអង្គនេះ ក្នុងអនាគតកាលមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាង​កំពង់ខាងលើ គង់ទៅកាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងបាន យ៉ាងណាមិញ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេចក្នុងទីចំពោះ​ព្រះភក្ត្រ​​នៃ​ព្រះគោតមអង្គនេះ យ៉ាងនោះដែរ។ ឯតថាគត លុះបានស្តាប់ព្រះពុទ្ធដីកា នៃព្រះអង្គនោះហើយ រឹងរឹតតែធ្វើចិត្តឲ្យជ្រះថ្លា ហើយបានខំអធិដ្ឋានវត្តតទៅ ដើម្បី​បំពេញ​បារមីទាំង ១០ ប្រការ។ ព្រះមហេសី ព្រះនាមសិខី មានទីក្រុងឈ្មោះអរុណវតី មាន​ព្រះមហាក្សត្រ ព្រះនាមអរុណៈ ជាព្រះបិតា មានព្រះជននី ព្រះនាមបភាវតី។ ព្រះអង្គទ្រង់គ្រប់គ្រងគេហដ្ឋាន អស់ ៧ ពាន់ឆ្នាំ ទ្រង់មានប្រាសាទដ៏ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះសុវឌ្ឍកៈ ១ ប្រាសាទឈ្មោះគិរី ១ ប្រាសាទឈ្មោះនារីវាហនៈ ១។ ពួកនារីចំនួន ២ ហ្មឺន ៤ ពាន់ សឹងមានខ្លួនតាក់តែងល្អហើយ ឯនាងនារីជា​អគ្គមហេសី​នោះ ព្រះនាមសព្វកាមា ព្រះរាជបុត្រព្រះនាមអតុលៈ។ (ព្រះតថាគត) ជាបុរសដ៏ឧត្តម ទ្រង់ឃើញនិមិត្តទាំង ៤ ហើយចេញទៅដោយយានដំរី បានប្រព្រឹត្តធ្វើព្យាយាម អស់៨ ខែគត់។ ព្រះសិខីលោកគ្គនាយក មានព្យាយាមដ៏ធំ ប្រសើរជាងជន ត្រូវព្រហ្មអារាធនា​ហើយ ទើបញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន។ ព្រះមហេសី ព្រះនាមសិខី មានអភិភូភិក្ខុ ១ សម្ភវភិក្ខុ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះខេមង្ករៈជាឧបដ្ឋាក។ នាងមខិលា​ភិក្ខុនី ១ នាងបទុមាភិក្ខុនី ១ ជាអគ្គសាវិកា ដើមឈើជាទីត្រាស់ដឹង នៃព្រះមានព្រះភាគ​អង្គនោះ គេហៅថា បុណ្ឌរីកព្រឹក្ស (ដើមស្វាយស)។ សិរិវឌ្ឍគហបតី ១ នន្ទគហបតី ១ ជាអគ្គឧបដ្ឋាក នាងចិត្តា ១ នាងសុចិត្តា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះពុទ្ធអង្គនោះ ទ្រង់មាន​កំពស់ ៧០ ហត្ថ ប្រាកដស្មើដោយគ្រឿងមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ។ ព្រះពុទ្ធជាម្ចាស់អង្គនោះ មានពន្លឺប្រមាណ ១ ព្យាម ផ្សាយចេញអំពីព្រះកាយជានិច្ច ផ្សាយចេញទៅកាន់ទិសតូច និងទិសធំ ភ្លឺចេញទៅ ចម្ងាយ ៣ យោជន៍។ ព្រះមហេសី​អង្គនោះ មានព្រះជន្មាយុ ៧ ហ្មឺនឆ្នាំ ព្រះអង្គកាលទ្រង់គង់ធរមាននៅឡើយ បានញ៉ាំង​ប្រជុំជនជាច្រើន ឲ្យឆ្លង (ត្រើយសំសារវដ្ត)។ ព្រះពុទ្ធនោះ ព្រមទាំងសាវ័ក បង្អុរភ្លៀងគឺធម៌ ស្រោចស្រប់ផ្សើមពួកមនុស្ស ព្រមទាំងទេវតា ធ្វើឲ្យដល់នូវសភាពក្សេមក្សាន្ត ហើយ​បរិនិព្វាន។ ព្រះសរីរៈបរិបូណ៌ដោយអនុព្យញ្ជនៈ មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ គង់បាត់បង់សូន្យទាំងអស់ ឱ! សង្ខារទាំងពួង ជារបស់ទទេទេតើ។ ព្រះសិខីសម្ពុទ្ធ ជាអ្នក​ប្រាជ្ញដ៏ប្រសើរ ទ្រង់បរិនិព្វានក្នុងអស្សារាម ព្រះស្តូបដ៏ប្រសើរនៃព្រះអង្គនោះ គេបាន​សាង​ទុក កំពស់ ៣ យោជន៍ ក្នុងទីនោះឯង។

ចប់ សិខីពុទ្ធវង្ស ទី២០។

វេស្សភូពុទ្ធវង្ស ទី២១

[២២] ក្នុងមណ្ឌកប្បនោះឯង មានព្រះជិនស្រី ព្រះនាមវេស្សភូ ព្រះអង្គមិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបផ្ទឹមបាន ទ្រង់កើតឡើងក្នុងលោក។ ព្រះជិនស្រីនោះ កាលជ្រាប​ច្បាស់​នូវលោកទាំង ៣ នេះ ដែលឆេះសព្វដោយភ្លើង គឺរាគៈផង នូវដែននៃ​តណ្ហា​ទាំងឡាយ​ផង ទ្រង់កាត់នូវចំណងដូចដំរីដ៏ប្រសើរ ដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម។ ព្រះវេស្សភូ ជាលោកនាយក ទ្រង់សម្តែងធម្មចក្រ មានពួកបរិស័ទចំនួន ៨០ ពាន់កោដិ បានត្រាស់ដឹងក្នុងគ្រាជាដំបូង។ កាលដែលព្រះលោកជេដ្ឋៈ ប្រសើរជាងពួកនរជន ចៀស​ចេញទៅកាន់ចារិកក្នុងដែន មានពួកបរិស័ទចំនួន ៧០ ពាន់កោដិ បានត្រាស់ដឹងក្នុងគ្រាទី ២។ ព្រះជិនស្រីអង្គនោះ ទ្រង់បន្ទោបង់នូវមហាទិដ្ឋិ ហើយធ្វើនូវបាដិហារ្យ ពួកមនុស្ស និងទេវតា ក្នុងមួយហ្មឺនលោកធាតុ ព្រមទាំងទេវលោក ក៏បានមកប្រជុំគ្នា។ ពួកទេវតា និងមនុស្ស ចំនួន ៦០ កោដិ ឃើញហេតុអស្ចារ្យធំចំឡែក ជាទីព្រឺរោមហើយ ក៏បានត្រាស់​ដឹង (ក្នុងគ្រាទី ៣)។ ព្រះពុទ្ធ ព្រះនាមវេស្សភូ ស្វែងរកគុណដ៏ធំ មានសាវកសន្និបាត ៣ លើក សុទ្ធតែព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង។ គឺសន្និបាតលើកទី ១ មានភិក្ខុចំនួន ៨០ ពាន់កោដិ សន្និបាតលើកទី ២ មានភិក្ខុចំនួន ៧០ ពាន់កោដិ។ សន្និបាតលើកទី ៣ មានពួកភិក្ខុចំនួន ៦០ ពាន់កោដិ ដែលភ័យ​តក់ស្លុត​អំពីទុក្ខ មានជរាជាដើម ជាឱរសរបស់ព្រះពុទ្ធស្វែងរកនូវគុណដ៏ធំ។ កាលព្រះសម្ពុទ្ធ មិនមានបុគ្គលស្មើអង្គនោះ ទ្រង់សម្តែងធម្មចក្រដ៏ឧត្តម សម័យនោះ តថាគតជាក្សត្រ ឈ្មោះសុទស្សនៈ បានស្តាប់នូវធម៌ដ៏ប្រសើរហើយ ក៏ពេញចិត្តនឹងផ្នួសយ៉ាងក្រៃលែង បានបូជានូវព្រះជិនស្រី ព្រមទាំងព្រះសង្ឃ ដោយបាយទឹក និងសំពត់។ តថាគត ញ៉ាំងមហាទាន ឲ្យប្រព្រឹត្តទៅ ជាអ្នកមិនខ្ជិលទាំងយប់ទាំងថ្ងៃ ហើយចូលទៅកាន់ផ្នួស ដែលបរិបូណ៌ដោយគុណ ក្នុងសំណាក់ព្រះជិនស្រី។ តថាគត បរិបូណ៌ដោយអាចារគុណ មានចិត្តតម្កល់ខ្ជាប់ក្នុងវត្ត និងសីល ស្វែងរកនូវសព្វញ្ញុតញ្ញាណ ត្រេកអរក្នុងសាសនា​នៃព្រះជិនស្រី។ តថាគតញ៉ាំងសទ្ធា និងបីតិឲ្យកើតឡើង ហើយថ្វាយបង្គំ​ព្រះសម្ពុទ្ធ​ជា​សាស្តា បីតិរបស់តថាគត ក៏កើតឡើង ព្រោះហេតុនៃការត្រាស់ដឹង។ ព្រះសម្ពុទ្ធទ្រង់​ជ្រាបចិត្តមិនវិលត្រឡប់ ហើយទ្រង់ត្រាស់ថា ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្សត្រនេះ នឹង​បាន​ត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញពីក្រុងកបិលពស្តុ ជាទីរីករាយ ហើយតាំង​សេចក្តី​ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួល​បាយាស​ក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានឆាន់​បាយាស ក្បែរឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេ​ចាត់ចែង។ លំដាប់នោះ ព្រះសម្ពុទ្ធមានយសធំ ធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតាព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ស្តេចនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះថេរៈ ២ អង្គ គឺកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាក បម្រើ​ព្រះជិនស្រី​អង្គនេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ ប្រាសចាក​រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ដើមឈើ​ជាទីត្រាស់ដឹង របស់ព្រះមានព្រះភាគអង្គនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះ​ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងបានជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះសម្ពុទ្ធព្រះនាមគោតម មានយសអង្គនោះ មាន​ព្រះជន្ម​មួយរយឆ្នាំ។ ពួកទេវតា និងមនុស្ស បានស្តាប់នូវព្រះពុទ្ធដីកានេះ របស់ព្រះសម្ពុទ្ធ ទ្រង់រកបុគ្គលស្មើគ្មាន ស្វែងរកគុណដ៏ធំហើយ ក៏រីករាយថា ក្សត្រនេះ ជាពូជពន្លក​នៃ​ព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយហ្មឺនលោកធាតុ មានសំឡេងហ៊ោ ទះដៃ​អបអរសាទរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃ​ព្រះលោកនាថ​អង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុង​កាល​ជាអនាគតមិនខាន។ មនុស្សទាំងឡាយ កាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់យកនូវកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណាមិញ។ យើងទាំង​អស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ ក៏គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃ​ព្រះសាស្តា​អង្គនេះ ក្នុងកាលជាអនាគត ក៏យ៉ាងនោះដែរ។ តថាគត បានស្តាប់នូវព្រះពុទ្ធដីកា នៃ​ព្រះសាស្តានោះហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃលែង បានខំអធិដ្ឋានវត្តតទៅ ដោយការ​បំពេញបារមីទាំង ១០។ ព្រះវេស្សភូសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរឈ្មោះ​អនោមៈ មានព្រះមហាក្សត្រ ព្រះនាមសុប្បតិតៈ ជាព្រះបិតា មានព្រះមាតាព្រះនាម​យសវតី។ ព្រះអង្គគង់នៅគ្រប់គ្រងព្រះដំណាក់ អស់ ៦ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺរុចិប្រាសាទ ១ សុរតិប្រាសាទ ១ វឌ្ឍកប្រាសាទ ១។ ពួកនារីមិនខ្វះពី ៣០ ពាន់នាក់ មានខ្លួនប្រដាប់សមរម្យ ឯនារីជាអគ្គមហេសី ព្រះនាមសុចិត្តា ព្រះរាជបុត្រ ព្រះនាម​សុប្បពុទ្ធ។ ព្រះសម្ពុទ្ធ ជាបុរសដ៏ឧត្តម បានឃើញនូវនិមិត្ត ៤យ៉ាង ស្តេចចេញទៅ​ទ្រង់​ព្រះផ្នួស​ដោយវ បានប្រព្រឹត្តព្យាយាម អស់ ៦ ខែ។ ព្រះវេស្សភូ ជាលោកនាយក មាន​ព្រះទ័យស្ងប់រម្ងាប់ មានចក្រ គឺធម៌ប្រព្រឹត្តទៅ មានព្យាយាមធំ ឧត្តមជាងពួកជន ត្រូវមហាព្រហ្ម​អារាធនាហើយ ក្នុងអរុណារាម។ ព្រះវេស្សភូសម្ពុទ្ធ ទ្រង់ស្វែងរក​នូវគុណ​ដ៏ធំ មានព្រះថេរៈឈ្មោះសោណៈ ១ ឧត្តរៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះឧបសន្តៈ ជាឧបដ្ឋាក។ ព្រះថេរីឈ្មោះរាមា ១ សមាលា ១ ជាអគ្គសាវិកា ឯឈើសម្រាប់ត្រាស់ដឹង របស់ព្រះមានព្រះភាគអង្គនោះ គេតែងហៅថា មហាសាលព្រឹក្ស។ ឧបាសកឈ្មោះ​សោត្ថិកៈ ១ រម្មៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះគោតមី ១ សិរិមា ១ ជាអគ្គ​ឧបដ្ឋាយិកា។ រស្មីមានកំពស់ ៦០ ហត្ថ មានឧបមាស្មើដោយប្រាសាទមាស ផ្សាយចេញ​ពីព្រះកាយ ដូចអណ្តាតភ្លើងលើកំពូលភ្នំ ក្នុងវេលាយប់។ ព្រះសម្ពុទ្ធ ទ្រង់ស្វែងរកគុណ​ដ៏ធំអង្គនោះ មានព្រះជន្មាយុ ៦ ម៉ឺនឆ្នាំ ព្រះអង្គឋិតនៅអស់កាលត្រឹមនោះ ញ៉ាំងប្រជុំជន​ជាច្រើនឲ្យឆ្លង (ចាកសង្សារ)។ ព្រះសម្ពុទ្ធអង្គនោះ ព្រមទាំងសាវ័ក ញែកធម៌ធ្វើឲ្យពិស្តារ តម្កល់មហាជនក្នុងសំពៅ គឺធម៌ ហើយបរិនិព្វាន។ ជនទាំងអស់នោះ វិហារ និងឥរិយាបថ ជារបស់ដែលគេគប្បីរមិលមើល របស់ទាំងអស់នេះ វិនាសសាបសូន្យអស់ទៅ ឱ! សង្ខារ​ទាំងពួង ជារបស់ទទេទេតើ។ ព្រះជិនស្រីដ៏ប្រសើរ ព្រះនាមវេស្សភូជាសាស្តា បរិនិព្វាន​ក្នុង​ខេមារាម ព្រះធាតុផ្សាយទៅ ក្នុងប្រទេសនោះៗ។

ចប់ វេស្សភូពុទ្ធវង្ស ទី២១។

កក្កុសន្ធពុទ្ធវង្ស ទី២២

[២៣] ក្នុងកាលជាខាងក្រោយ នៃព្រះវេស្សភូសម្ពុទ្ធមក មានព្រះសម្ពុទ្ធព្រះនាមកក្កុសន្ធៈ ទ្រង់ប្រសើរជាងពួកសត្វទ្វេបាទ មានគុណរាប់មិនបាន គេគ្របសង្កត់បានដោយកម្រ ព្រះអង្គ​រំលើងនូវភពទាំងពួង ដល់នូវបារមីដោយចរិយា ហើយសម្រេចនូវ​ពោធិញ្ញាណ​ដ៏​ឧត្តម ដូចសីហៈទម្លាយនូវទ្រុង។ កាលព្រះកក្កុសន្ធៈ ជាលោកនាយក ញ៉ាំងធម្មចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ មានពួកបរិស័ទចំនួន ៤ ម៉ឺនកោដិ បានត្រាស់ដឹងក្នុងគ្រាដំបូង។ ព្រះកក្កុសន្ធៈ ទ្រង់​ធ្វើនូវវិកុព្វនបដិហារ្យជាគូៗ ឰដ៏អាកាស ញ៉ាំងទេវតា និងមនុស្ស ៣ ម៉ឺនកោដិ ឲ្យ​ត្រាស់​ដឹង (នេះជាការត្រាស់ដឹងទី ២)។ ក្នុងការប្រកាសនូវចតុស្សច្ចធម៌នៃព្រះពុទ្ធនោះ មាន​មនុស្ស ទេវតា និងយក្ស ត្រាស់ដឹងនូវធម៌ គេមិនអាចរាប់បាន (នេះជាការត្រាស់ដឹងទី ៣)។ ព្រះមានជោគ ព្រះនាមកក្កុសន្ធៈ មានសាវកសន្និបាតតែមួយដង សុទ្ធតែជា​ព្រះខីណាស្រព មិនមានមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង។ សាវ័ក​សមាគម​ក្នុង​កាល​នោះ មានពួកព្រះខីណាស្រព ៤ ម៉ឺន ដែលដល់នូវទន្តភូមិ (ភូមិនៃបុគ្គលអ្នកមាន​ខ្លួន​ទូន្មាន​ហើយ) ព្រោះអស់ទៅនៃកិលេសមានអាសវៈជាដើម។ សម័យនោះ តថាគតជា​ក្សត្រ​ឈ្មោះខេមៈ បានថ្វាយទានដ៏ច្រើនចំពោះព្រះតថាគត និងព្រះសង្ឃជាជិនបុត្ត។ តថាគត​បានចាត់ចែងថ្វាយបាត្រ ចីវរ ថ្នាំបន្តក់ និងដើមឈើអែម ទាំងអស់នេះ ជារបស់​ប្រសើរ​ក្រៃពេក ដែលតថាគតប្រាថ្នាហើយ។ ព្រះមុនីកក្កុសន្ធៈ ជានាយកអង្គនោះ ទ្រង់​ព្យាករ​តថាគតថា ក្នុងភទ្ទកប្បនេះ ក្សត្រនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹង​ចេញ​ចាកក្រុងកបិលពស្តុ ជាទីរីករាយ ហើយតម្កល់នូវព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់​ស្ទឹង​នេរញ្ជរា។ ព្រះជិនស្រីនោះ នឹងសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេច​សំដៅ​ទៅ​ឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែង។ លំដាប់នោះ ព្រះពុទ្ធមាន​យស​ធំ ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរហើយ នឹងត្រាស់ដឹង​ទៀបគល់​អស្សត្ថព្រឹក្ស។ ព្រះមាតា​នៃ​ព្រះពុទ្ធនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ក្សត្រនេះ ជាព្រះពុទ្ធ​ព្រះនាម​គោតម។ ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាក​រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ ជា​ឧបដ្ឋាកបម្រើព្រះជិនស្រីនេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ សុទ្ធតែ​មិន​មាន​អាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ជាអគ្គសាវិកា។ ឈើ​ជាទី​ត្រាស់ដឹង របស់ព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវក ១ ជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជា​អគ្គ​ឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និង​ទេវតា បានស្តាប់ព្រះពុទ្ធដីកានេះរបស់ព្រះសម្ពុទ្ធ ទ្រង់មិនមានបុគ្គលស្មើ ស្វែងរកនូវ​គុណ​​ដ៏ធំហើយ ក៏រីករាយថា ក្សត្រអង្គនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំង​ទេវតា ទាំងមួយម៉ឺនលោកធាតុ មានសំឡេងហ៊ោ ទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើ​យើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ យើងគង់នឹងបាន​សម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ មនុស្សទាំងឡាយ កាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខហើយ គង់នឹងកាន់យកនូវកំពង់ខាងក្រោម ហើយ​ឆ្លង​នូវស្ទឹងធំបានដែរ យ៉ាងណាមិញ។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រី​អង្គនេះ​ហើយ គង់តែនឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគត​ពុំខាន ក៏យ៉ាងនោះដែរ។ តថាគតស្តាប់ព្រះពុទ្ធដីការបស់ព្រះពុទ្ធនោះហើយ ក៏ញ៉ាំងចិត្ត​ឲ្យ​ជ្រះថ្លាដោយក្រៃលែង បានអធិដ្ឋានវត្តតទៅ ដោយការបំពេញបារមីទាំង ១០។ កាល​នោះ នគរឈ្មោះខេមវតី ឯតថាគតជាបុរស ឈ្មោះខេមៈ ស្វែងរកនូវសព្វញ្ញុតញ្ញាណ បាន​បួសក្នុងសំណាក់នៃព្រះពុទ្ធអង្គនោះ។ ព្រះពុទ្ធព្រះនាមកក្កុសន្ធៈ ទ្រង់ស្វែងរកនូវគុណ​ដ៏​ធំ មានអគ្គិទត្តព្រាហ្មណ៍ ជាព្រះបិតា ព្រះមាតាព្រះនាមវិសាខា។ មហាត្រកូលរបស់​ព្រះសម្ពុទ្ធ​នៅក្នុងខេមបុរីនោះ ជាត្រកូលប្រសើរបំផុត មានជាតិខ្ពង់ខ្ពស់ មានយសធំ​ជាង​មនុស្ស​ទាំងឡាយ។ ព្រះកក្កុសន្ធៈអង្គនោះ ទ្រង់គង់នៅគ្រប់គ្រងឃរាវាសអស់ ៤ ពាន់ឆ្នាំ ប្រាសាទ​ដ៏ប្រសើរ មាន ៣ គឺកាមវឌ្ឍប្រាសាទ ១ កាមសុទ្ធិប្រាសាទ ១ រតិវឌ្ឍនប្រាសាទ ១។ មាននារី ៣ ម៉ឺននាក់ មានខ្លួនប្រដាប់សមរម្យ ឯនារីជាមហេសីនោះ ព្រះនាមរោបិនី ព្រះរាជបុត្រ ព្រះនាមឧត្តរៈ។ ព្រះជិនស្រី ឃើញនូវនិមិត្តទាំង ៤ ទ្រង់ចេញ​ទៅដោយ​រថយាន តម្កល់ទុកនូវព្យាយាម មិនលើសពី ៨ ខែ។ ព្រះកក្កុសន្ធៈ ជាលោកនាយក មាន​ព្រះទ័យស្ងប់រម្ងាប់ មានព្យាយាមធំ ទ្រង់ឧត្តមជាងពួកជន ត្រូវព្រហ្មអារាធនាហើយ ទើប​ញ៉ាំង​ចក្រ ឲ្យប្រព្រឹត្តទៅក្នុងមិគទាយវ័ន។ ព្រះកក្កុសន្ធៈ ស្វែងរកនូវគុណដ៏ធំ មាន​ព្រះថេរៈ ឈ្មោះវិធុរៈ ១ សញ្ជីវៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះពុទ្ធិជៈជាឧបដ្ឋាក។ ព្រះថេរី ឈ្មោះសាមា ១ ឈ្មោះចម្បា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹង​របស់​ព្រះមានព្រះភាគ​នោះ ហៅថាសិរិសព្រឹក្ស (ដើមច្រេស)។ ឧបាសកឈ្មោះអច្ចុគ្គតៈ ១ សុមនៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនន្ទា ១ សុនន្ទា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហា​មុនី មានកំពស់ ៤០ ហត្ថ រស្មីដូចជាមាស ផ្សាយចេញទៅកាន់ទីចម្ងាយ ១០ យោជន៍ ដោយជុំវិញ។ ព្រះមហេសីនោះ មានព្រះជន្មាយុ ៤ ម៉ឺនឆ្នាំ ព្រះអង្គគង់នៅ​កំណត់​ប៉ុណ្ណោះ ទ្រង់ញ៉ាំងប្រជុំជនដ៏ច្រើនឲ្យឆ្លង (ចាកសង្សារ)។ ព្រះសម្ពុទ្ធនោះ ព្រមទាំងសាវ័ក តាំង​រានផ្សារ គឺព្រះសទ្ធម្ម បន្លឺឡើងដូចជាសីហនាទ ចំពោះនរៈ និងនារីទាំងឡាយ ក្នុង​មនុស្ស​លោក ព្រមទាំងទេវលោក ហើយនិព្វាន។ ព្រះសម្ពុទ្ធ បរិបូណ៌ដោយពាក្យ ប្រកប​ដោយអង្គ ៨ សីលទាំងឡាយ មិនធ្លុះធ្លាយ ជាប់មិនដាច់ របស់ទាំងអស់ វិនាសសូន្យទៅ ឱ ! សង្ខារទាំងពួង ជារបស់មិនទៀងទេតើ។ ព្រះកក្កុសន្ធៈ ជាព្រះជិនស្រីដ៏ប្រសើរ និព្វាន​ក្នុង​ខេមារាម ព្រះស្តូបដ៏ប្រសើរ របស់ព្រះពុទ្ធនោះ មានកំពស់ទៅក្នុងអាកាស ១ គាវុត ក្នុងទី​នោះឯង។

ចប់ កក្កុសន្ធពុទ្ធវង្ស ទី២២។

កោនាគមនពុទ្ធវង្ស ទី២៣

[២៤] កាលជាខាងក្រោយ អំពីព្រះកក្កុសន្ធៈមក មានព្រះជិនស្រីសម្ពុទ្ធ ព្រះនាម​កោនាគមនៈ ព្រះអង្គឧត្តមជាងសត្វទ្វេបាទ ជាធំក្នុងលោក ទ្រង់ប្រសើរជាងពួកជន។ ព្រះសម្ពុទ្ធ​អង្គនោះ បានបំពេញបារមីធម៌ទាំង ១០ កន្លងផ្លូវឆ្ងាយគឺជាតិ លះបង់មន្ទិល​ទាំង​អស់ ដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម។ ព្រះកោនាគមនសម្ពុទ្ធ ជានាយក ញ៉ាំងធម្មចក្រឲ្យ​ប្រព្រឹត្ត​ទៅ ពួកសត្វចំនួន ៣ម៉ឺនកោដិ បានត្រាស់ដឹងដំបូង។ កាលទ្រង់ធ្វើបាដិហារិយ៍ ញាំញី​ពាក្យត្មះតិះដៀលនៃជនដទៃ ពួកសត្វចំនួន ២ ម៉ឺនកោដិ បានត្រាស់ដឹងជាលើកទី ២។ លំដាប់ពីនោះ ព្រះជិនស្រីធ្វើនូវវិកុព្វនបាដិហារិយ៍ ហើយទ្រង់យាងទៅកាន់ទេវបុរី ព្រះសម្ពុទ្ធគង់នៅលើបណ្ឌុកម្ពលសិលា ក្នុងទេវលោកនោះ។ ព្រះមុនីនោះ កាលសម្តែង​សត្តបករណាភិធម្ម គង់ចាំវស្សា (ក្នុងទេវលោក) ពួកសត្វចំនួនមួយម៉ឺនកោដិ បាន​ត្រាស់ដឹង​ជា​លើកទី ៣។ ព្រះពុទ្ធជាទេវតា ទ្រង់ប្រសើរជាងទេវតាអង្គនោះ ទ្រង់មាន​សាវកសន្និបាត​តែមួយដង ដែលសុទ្ធតែជាពួកព្រះខីណាស្រព ប្រាសចាកមន្ទិល មាន​ចិត្ត​ស្ងប់​រម្ងាប់ មានចិត្តនឹងធឹង។ សាវកសមាគមក្នុងកាលនោះ មានភិក្ខុ ៣ ម៉ឺន ដែលកន្លង​ឱឃៈ ផ្តាច់បង់មច្ចុ។ សម័យនោះ តថាគតជាក្សត្រឈ្មោះបព្វតៈ បរិបូណ៌ដោយមិត្ត និង​អាមាត្យ មានពល និងពាហនៈច្រើន។ តថាគតទៅគាល់ព្រះសម្ពុទ្ធ ស្តាប់ធម៌ដ៏ប្រសើរ ហើយ​និមន្តព្រះសង្ឃ ព្រមទាំងព្រះជិនស្រី ថ្វាយទានតាមសេចក្តីប្រាថ្នា។ តថាគត​បាន​ថ្វាយ​វត្ថុ ៤ មុខ គឺសំពត់ចីនប្រទេស ១ សំពត់សូត្រ ១ សំពត់កម្ពល ១ ស្បែកជើងមាស ១ ចំពោះព្រះសាស្តា ព្រមទាំងសាវ័ក។ ព្រះមុនីនោះ ទ្រង់គង់នៅក្នុងកណ្តាលសង្ឃ ទ្រង់​ព្យាករ​តថាគតថា មហាបុរសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងភទ្ទកប្បនេះ។ សត្វនេះ នឹង​ចេញពីនគរកបិលពស្តុ ជាទីត្រេកអរ តាំងនូវព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹង​អង្គុយ​ទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹង​នេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានឆាន់បាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេច​សំដៅ​ទៅ​ឯពោធិមណ្ឌល តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ លំដាប់នោះ មហាបុរស​មានយសធំ នឹងធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយបានត្រាស់ដឹង ទៀបគល់​អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា​ព្រះនាម​សុទ្ធោទនៈ ក្សត្រអង្គនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះថេរៈ​ឈ្មោះ​កោលិតៈ ១ ឧបតិស្សៈ ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់​រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងបម្រើ​ព្រះជិនស្រី​អង្គ​នេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មាន​ចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ឈើជាទីត្រាស់ដឹង របស់​ព្រះមានព្រះភាគ​នោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹង​ជា​អគ្គឧបដ្ឋាក។ ឧបាសិកា ឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតម​មាន​យសនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់​ព្រះពុទ្ធដីកា​នេះ​របស់ព្រះពុទ្ធ រកបុគ្គលស្មើគ្មាន ស្វែងរកគុណដ៏ធំហើយ ក៏មានចិត្តរីករាយថា មហាបុរស​នេះ ជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស និងទេវតា ទាំងមួយហ្មឺនលោកធាតុ មាន​សំឡេងហ៊ោឡើង ទះដៃអបអរធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថនេះ គង់នឹងសម្រេចចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលអនាគតមិនខាន។ មនុស្សទាំងឡាយ កាលឆ្លងនូវស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកនូវកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណា។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងអនាគតកាល ក៏យ៉ាងនោះដែរ។ តថាគត ស្តាប់ព្រះពុទ្ធដីកានៃព្រះសម្ពុទ្ធនោះហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាដោយក្រៃលែង បានខំអធិដ្ឋានវត្តតទៅ ដោយការបំពេញនូវ​បារមី​ទាំង ១០។ តថាគតប្រសើរជាងជន កាលស្វែងរកសព្វញ្ញុតញ្ញាណ បានឲ្យទាន លះបង់​រាជសម្បត្តិ​ដ៏ធំ ហើយបួសក្នុងសំណាក់ព្រះជិនស្រី។ មាននគរឈ្មោះសោភវតី ក្សត្រ​ព្រះនាម​សោភៈ ត្រកូលធំរបស់ព្រះពុទ្ធនៅក្នុងនគរនោះ។ ព្រាហ្មណ៍ឈ្មោះយញ្ញទត្ត (ជា​ព្រះបិតា) នាងឧត្តរា ជាព្រះមាតារបស់ព្រះសម្ពុទ្ធ ព្រះនាមកោនាគមនៈ ជាសាស្តានោះ។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់គង់នៅគ្រប់គ្រងព្រះដំណាក់ អស់ ៣ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺតុសិតប្រាសាទ ១ សន្តុសិតប្រាសាទ ១ សន្តុដ្ឋប្រាសាទ ១។ មាននារីមិនខ្វះពី ១ ម៉ឺន ៦ ពាន់នាក់ មានខ្លួនប្រដាប់សមរម្យ ឯនារីជាអគ្គមហេសី ព្រះនាមរុចិគត្តា ព្រះរាជបុត្រ ព្រះនាមសត្ថវាហៈ។ បុរសដ៏ឧត្តមឃើញនូវនិមិត្តទាំង ៤ យ៉ាង ហើយ​ចេញ​ទៅ​ដោយ​យានដំរី បានប្រព្រឹត្តព្យាយាម អស់ ៦ ខែ។ ព្រះកោនាគមនៈ ជាលោកនាយក មាន​ព្រះទ័យស្ងប់រម្ងាប់ មានព្យាយាមធំ ប្រសើរជាងជន ត្រូវព្រហ្មអារាធនាហើយ ទើប​ទ្រង់​ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន។ ព្រះពុទ្ធ ព្រះនាមកោនាគមនៈដ៏មានយស មានព្រះថេរៈឈ្មោះភិយ្យោសៈ ១ ឧត្តរៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះសោត្ថិជៈ ជា​ឧបដ្ឋាក។ ព្រះថេរីឈ្មោះសមុទ្ទា ១ ឧត្តរា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹង នៃ​ព្រះមានព្រះភាគអង្គនោះ គេហៅថាឧទុម្ពរព្រឹក្ស (ដើមល្វា)។ ឧបាសកឈ្មោះឧគ្គៈ ១ ឈ្មោះ​សោមទេវៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះសីវលា ១ ឈ្មោះសាមា ១ ជា​អគ្គឧបដ្ឋាយិកា។ ព្រះពុទ្ធនោះ មានកំពស់ ៣០ ហត្ថ ប្រដាប់ដោយរស្មីយ៉ាងនេះ ដូចជា​មាស​ក្នុងមាត់នៃបាវ។ ព្រះពុទ្ធមានព្រះជន្មាយុ ៣ ម៉ឺនឆ្នាំ ជាកំណត់ ព្រះអង្គឋិត​នៅ​កំណត់​ត្រឹមនោះ ញ៉ាំងប្រជុំជនជាច្រើន ឲ្យឆ្លង (ចាកសង្សារ)។ ព្រះពុទ្ធអង្គនោះ ព្រមទាំង​សាវ័ក លើកឡើងនូវធម្មចេតិយ ស្អិតស្អាងដោយសំពត់ គឺធម៌ ធ្វើនូវកម្រងផ្កា គឺធម៌ ហើយបរិនិព្វាន។ ជនជាសាវ័ករបស់ព្រះពុទ្ធនោះ សម្តែងនូវធម៌ដ៏មានសិរី ដល់នូវឫទ្ធិដ៏​ធំ​ទូលាយ របស់ទាំងអស់នេះ វិនាសសូន្យទៅ ឱ! សង្ខារទាំងពួង ជារបស់ទទេទេតើ។ ព្រះសម្ពុទ្ធ ព្រះនាមកោនាគមនៈ និព្វានក្នុងបព្វតារាម ព្រះធាតុផ្សាយទៅក្នុងទីនោះៗ តាម​ចំណែក។

ចប់ កោនាគមនពុទ្ធវង្ស ទី២៣។

កស្សបពុទ្ធវង្ស ទី២៤

[២៥] កាលខាងក្រោយ អំពីព្រះពុទ្ធព្រះនាមកោនាគមនៈមក មានព្រះសម្ពុទ្ធ ព្រះនាម​កស្សបៈ ដ៏ឧត្តមជាងសត្វទ្វេបាទ ជាធម្មរាជ ទ្រង់ធ្វើពន្លឺ។ ផ្ទះជាឫសនៃត្រកូលព្រះពុទ្ធ ទ្រង់លះបង់ហើយ ព្រះពុទ្ធនោះទ្រង់ឲ្យទាន គឺបាយ និងទឹកច្រើន ដល់យាចកទាំងឡាយ ហើញញ៉ាំងព្រះទ័យឲ្យពេញ ដល់សម្ពោធិញ្ញាណដ៏ឧត្តម ដូចជាគោឧសភៈ ទម្លាយនូវ​ក្រោល។ កាលព្រះកស្សបៈ ជាលោកនាយក ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ពួកបរិស័ទ​ចំនួន ២ ម៉ឺនកោដិ បានត្រាស់ដឹងជាគ្រាដំបូង។ កាលព្រះសម្ពុទ្ធយាងទៅកាន់​ចារិកក្នុង​ទេវលោក អស់ ៤ ខែ ពួកបរិស័ទមួយម៉ឺនកោដិបានត្រាស់ដឹងជាគ្រាទី ២។ ព្រះសាស្តា​ធ្វើ​យមកបាដិហារ្យ និងវិកុព្វនឫទ្ធិ សម្តែងនូវញាណធាតុ ពួកបរិស័ទ ៥ ពាន់កោដិ បាន​ត្រាស់ដឹងជាគ្រាទី ៣។ ព្រះជិនស្រី សម្តែងធម៌ក្នុងសុធម្មទេវបុរី ជាទីរីករាយ ក្នុង​ទេវលោក​នោះ ញ៉ាំងទេវតា ៣ ពាន់កោដិ ឲ្យត្រាស់ដឹង។ ក្នុងការសម្តែងធម៌ដទៃទៀត ដល់​ទេវតា មនុស្ស និងយក្ស ជនទាំងនោះ បានត្រាស់ដឹងរាប់មិនអស់។ ព្រះពុទ្ធ ជាទេវតា​ដ៏ប្រសើរនោះ មានសាវកសន្និបាតតែមួយដង ដែលសុទ្ធតែជាពួកព្រះខីណាស្រព មិន​មានមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង។ ការប្រជុំក្នុងកាលនោះ មានភិក្ខុ ២ ម៉ឺនរូប ដែលមានភពកន្លងហើយ មានចិត្តនឹងធឹង ដោយហិរិ និងសីល។ កាលនោះ តថាគត​ជា​មាណព ឈ្មោះជោតិបាល ជាអ្នករៀនមន្ត ចេះចាំមន្ត ដល់នូវត្រើយនៃវេទទាំង ៣។ តថាគត​ដល់នូវបារមី ក្នុងគម្ពីលក្ខណៈផង ក្នុងគម្ពីរឥតិហាសៈផង ក្នុងព្រះសទ្ធម្មផង ឈ្លាសវៃ​ក្នុងផែនដី និងអាកាស មានវិជ្ជាធ្វើរួចហើយ ជាអ្នកមិនមានរោគ។ ឧបាសក​ឈ្មោះ​ឃដិការ ជាឧបដ្ឋាករបស់ព្រះមានព្រះភាគ ព្រះនាមកស្សបៈ ប្រកបដោយសេចក្តី​គោរព ប្រកបដោយសេចក្តីកោតក្រែង និព្វានក្នុងផលទី ៣ ឃដិការនាំតថាគត ចូលទៅ​គាល់​ព្រះជិនស្រី ព្រះនាមកស្សបៈ តថាគតស្តាប់ធម៌របស់ព្រះពុទ្ធនោះ ក៏បួសក្នុង​សំណាក់​នៃ​ព្រះអង្គ។ តថាគត មានព្យាយាមក្លៀវក្លា ឈ្លាសវៃ ក្នុងវត្តតូច និងវត្តធំ មិន​មាន​សេចក្តីសាបសូន្យក្នុងសីល និងសមាធិណាមួយឡើយ ញ៉ាំងសាសនានៃព្រះជិនស្រី ឲ្យពេញបរិបូណ៌។ សាសនាព្រះសាស្តាមានអង្គ ៩ ដែលព្រះអង្គសម្តែងហើយទាំងប៉ុន្មាន តថាគតបានរៀននូវធម៌ទាំងអស់នោះ ហើយញ៉ាំងសាសនាព្រះជិនស្រីឲ្យរុងរឿង។ ព្រះពុទ្ធ​នោះ ឃើញហេតុជាអស្ចារ្យរបស់តថាគត ក៏ទ្រង់ព្យាករថា ជោតិបាលមាណពនេះ នឹងបានត្រាស់ដឹងជាព្រះពុទ្ធក្នុងភទ្ទកប្បនេះឯង។ សត្វនេះ នឹងចេញអំពីនគរកបិលពស្តុ ជាទីរីករាយ តម្កល់សេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយនៅ​ទៀបគល់នៃ​អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅឯស្ទឹងនេរញ្ជរា។ សត្វនេះ សោយ​បាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលសំដៅទៅរកគល់ពោធិព្រឹក្ស តាមផ្លូវដ៏​ប្រសើរ​ដែលគេចាត់ចែងហើយ។ លំដាប់ពីនោះ ព្រះពុទ្ធមានយសធំ ទ្រង់ធ្វើប្រទក្សិណ​នូវ​ពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងបានត្រាស់ដឹងនូវសម្ពោធិញ្ញាណ ទៀបគល់​អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតាព្រះនាម​សុទ្ធោទនៈ មាណពនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះថេរៈ ឈ្មោះ​កោលិតៈ ១ ឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្ត​តាំង​មាំ នឹងបានជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ ជាឧបដ្ឋាក នឹងបម្រើព្រះជិនស្រី​អង្គនេះ។ ព្រះថេរីឈ្មោះនាងខេមា ១ នាងឧប្បលវណ្ណា ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាក​រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ នឹងបានជាអគ្គសាវិកា។ ឈើជាទី​ត្រាស់ដឹង​របស់ព្រះមានជោគអង្គនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជា​អគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និង​ទេវតា បានស្តាប់ព្រះពុទ្ធដីកានេះ របស់ព្រះពុទ្ធរកបុគ្គលស្មើគ្មាន ស្វែងរកគុណធំ​ហើយ ក៏រីករាយថា មាណពនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស និងទេវតា ទាំង​មួយម៉ឺនលោកធាតុ មានសំឡេងហ៊ោឡើង ទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួក​យើង​នឹងឃ្វាងមគ្គផលក្នុងសាសនានៃព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេច ចំពោះ​ព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ មនុស្សទាំងឡាយ កាល​ឆ្លង​នូវស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំ​បាន​ដែរ យ៉ាងណាមិញ។ ពួកយើងទាំងអស់ បើឃ្វាងព្រះជិនស្រីអង្គនេះហើយ គង់នឹង​បាន​សម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគត ក៏យ៉ាងនោះដែរ។ តថាគតបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះពុទ្ធអង្គនោះហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃលែង បានខំអធិដ្ឋានវត្តតទៅទៀត ដោយការបំពេញបារមីទាំង ១០។ តថាគត កាលបំពេញ​បារមីយ៉ាងនេះ តថាគតតែងអន្ទោលទៅ វៀរនូវមាយាទអាក្រក់ អំពើដែលបុគ្គលធ្វើ​ដោយកម្រ តថាគតបានធ្វើហើយ ព្រោះហេតុពោធិញ្ញាណ។ នគរឈ្មោះ ពារាណសី ក្សត្រព្រះនាមកិកី ត្រកូលធំរបស់ព្រះសម្ពុទ្ធ នៅក្នុងនគរនោះ។ ព្រះពុទ្ធ ព្រះនាមកស្សបៈ ទ្រង់ស្វែងរកគុណដ៏ធំ មានព្រហ្មទត្តព្រាហ្មណ៍ ជាព្រះបិតា ព្រះមាតា ព្រះនាមធនវតី។ ព្រះអង្គគង់គ្រប់គ្រងព្រះដំណាក់ អស់ ២ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺ​ហំសប្រាសាទ ១ យសប្រាសាទ ១ សិរិចន្ទប្រាសាទ ១។ នារី ១៦ ពាន់ ៣ ដង មានខ្លួន​ប្រដាប់​​សមរម្យ ឯនារីជាអគ្គមហេសីនោះ ព្រះនាមសុនន្ទា ព្រះរាជបុត្រ ព្រះនាម​វិជិតសេន។ ព្រះពុទ្ធជាបុរសដ៏ឧត្តម ឃើញនូវនិមិត្តទាំង ៤ ក៏បានចេញ​ទៅដោយ​ប្រាសាទ ទ្រង់ប្រព្រឹត្តសេចក្តីព្យាយាម អស់ ៧ ថ្ងៃ (បានត្រាស់ជាព្រះពុទ្ធ)។ ព្រះសម្ពុទ្ធ ព្រះនាម​កស្សបៈ ជាលោកនាយក មានព្រះហឫទ័យស្ងប់រម្ងាប់ មានព្យាយាមច្រើន ទ្រង់​ឧត្តម​ជាងនរជន ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅ ក្នុង​មិគទាយវ័ន។ ព្រះថេរៈឈ្មោះតិស្សៈ ១ ភារទ្វាជៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះសព្វមិត្ត ជា​ឧបដ្ឋាករបស់ព្រះសម្ពុទ្ធព្រះនាមកស្សបៈ ស្វែងរកគុណដ៏ធំ។ ព្រះថេរីឈ្មោះអនុលា ១ ឧរុវេលា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងរបស់ព្រះមានជោគនោះ ហៅថា​និគ្រោធព្រឹក្ស (ដើមជ្រៃ)។ ឧបាសកឈ្មោះសុមង្គលៈ ១ ឃដិការៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកា​ឈ្មោះវិជិតសេនា ១ ភទ្រា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះសម្ពុទ្ធនោះ មានកំពស់ ២០ ហត្ថ ដូចជាឆ្នូតនៃផ្លេកបន្ទោរឰដ៏អាកាស ឬដូចជាព្រះចន្ទ្រដែលផ្កាយចោមរោម​ហើយ។ ព្រះមហេសីអង្គនោះ មានព្រះជន្មាយុ ២ ម៉ឺនឆ្នាំ ព្រះអង្គឋិតនៅត្រឹមណោះ ទ្រង់​ញ៉ាំងប្រជុំជនដ៏ច្រើន ឲ្យឆ្លងចាក (សង្សារ)។ ព្រះអង្គនិម្មិតស្រះ គឺព្រះសទ្ធម្ម ទ្រង់​ប្រទានគ្រឿងលាបគឺសីល ទ្រង់ញ៉ាំងសត្វឲ្យស្លៀកពាក់ គឺព្រះធម៌ ទ្រង់ចែកកម្រងផ្កា គឺព្រះធម៌ ទ្រង់តម្កល់ទុកកញ្ចក់មិនមានមន្ទិល គឺព្រះសទ្ធម្ម ចំពោះពួកមហាជនថា ពួកជន​ណាមួយ កាលប្រាថ្នានិព្វាន ចូររមិលមើលគ្រឿងប្រដាប់របស់តថាគតចុះ។ ព្រះសម្ពុទ្ធ​នោះ ឲ្យអាវ គឺសីល ឲ្យស្បែកក្រោះគឺឈាន ឲ្យដណ្តប់ស្បែក គឺព្រះធម៌ ឲ្យកាំបិតស្នៀត​ដ៏​ឧត្តម គឺព្យាយាម។ ឲ្យខែល គឺសតិ ឲ្យកាំបិត គឺញាណដ៏មុត ឲ្យព្រះខ័នដ៏ប្រសើរ គឺធម៌ ឲ្យប្រដាប់សម្រាប់ញាំញីសត្រូវ គឺសីល។ ឲ្យគ្រឿងស្អិតស្អាង គឺវិជ្ជា ៣ ឲ្យគ្រឿង​ពាក់​ត្រចៀក គឺផល ៤ ឲ្យគ្រឿងអាភរណៈ គឺអភិញ្ញា ៦ ឲ្យគ្រឿងប្រដាប់ជាវិការៈនៃផ្កា គឺព្រះសទ្ធម្ម។ ព្រះសម្ពុទ្ធអង្គនោះ ព្រមទាំងសាវ័ក ឲ្យឆ័ត្រស គឺព្រះសទ្ធម្ម ជាគ្រឿង​ឃាត់នូវ​បាប និម្មិតនូវផ្កាមិនមានភ័យ ហើយទើបនិព្វាន។ ព្រះសម្មាសម្ពុទ្ធអង្គនុ៎ះ ប្រមាណ​មិនបាន បុគ្គលគ្របសង្កត់បានដោយកម្រ ព្រះធម្មរតនៈនុ៎ះ ដែលព្រះអង្គសម្តែង​ហើយដោយប្រពៃ ជាធម៌គួរហៅអ្នកផង ឲ្យចូលមកមើលបាន។ ព្រះសង្ឃរតនៈនុ៎ះ លោក​ប្រតិបត្តិហើយដោយប្រពៃ ជាព្រះសង្ឃដ៏ប្រសើរ របស់ទាំងអស់នេះ វិនាសសោះសូន្យ​ទៅ ឱ! សង្ខារទាំងពួង ជារបស់ទទេទេតើ។ ព្រះជិនស្រីជាសាស្តា ព្រះនាមមហាកស្សបៈ ទ្រង់និព្វានក្នុងសេតព្យារាម ព្រះស្តូបរបស់ព្រះជិនស្រីអង្គនោះ មានកំពស់មួយយោជន៍ ក្នុងទីនោះ។

ចប់ កស្សបពុទ្ធវង្ស ទី២៤។

គោតមពុទ្ធវង្ស ទី២៥

[២៦] ក្នុងកាលឥឡូវនេះ តថាគតជាព្រះសម្ពុទ្ធ ព្រះនាមគោតម ចម្រើនក្នុងត្រកូលសក្យៈ តាំងព្យាយាម ដល់សម្ពោធិញ្ញាណដ៏ឧត្តម។ តថាគតមានចិត្តស្ងប់រម្ងាប់ ត្រូវព្រហ្ម​អារាធនា​ហើយ ក៏ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ពួកបរិស័ទ ១៨ កោដិ បានត្រាស់ដឹង​គ្រា​ដំបូង។ លំដាប់តទៅ កាលតថាគតសម្តែងធម៌ដទៃទៀត ក្នុងការប្រជុំនៃពួកមនុស្ស និង​ទេវតា ការត្រាស់ដឹងគ្រាទី ២ គេមិនគប្បីពោលដោយការរាប់បានឡើយ។ ឥឡូវនេះ តថាគត​បានទូន្មានកូនរបស់តថាគត ក្នុងទីនេះ ការត្រាស់ដឹងគ្រាទី ៣ បុគ្គលមិន​គប្បី​ពោល​ដោយការរាប់បានឡើយ។ ការប្រជុំសាវ័ករបស់តថាគត អ្នកស្វែងរកគុណដ៏ប្រសើរ មានតែមួយដង គឺប្រជុំពួកភិក្ខុ ១.២៥០ របស់តថាគត។ តថាគតរុងរឿង មិនមានមន្ទិល ទៅក្នុងកណ្តាលនៃសង្ឃ ឲ្យសេចក្តីប្រាថ្នាទាំងពួង គឺបុគ្គលប្រាថ្នាហើយ ដូចជាកែវមណី ដែលអាចឲ្យសម្រេចសេចក្តីប្រាថ្នាគ្រប់យ៉ាង។ តថាគតប្រកាសសច្ចៈទាំង ៤ ដើម្បី​អនុគ្រោះ​ដល់ពួកសត្វ ដែលប្រាថ្នានូវផល លះបង់នូវឆន្ទៈក្នុងភព។ មានពួកសត្វ ២ សែន បានត្រាស់ដឹងធម៌ ការត្រាស់ដឹងរបស់បុគ្គលមួយនាក់ ឬ ២ នាក់ គេមិនអាច​រាប់​បាន​ឡើយ។ សម័យនេះ សាសនានៃតថាគត ជាសក្យមុនី បានផ្សាយទៅ ជាសាសនា​ដែល​ទេវតា និងមនុស្សដឹងច្រើន ជាសាសនាស្តុកស្តម្ភ មាំមួន រីកសាយភាយ តថាគត​បាន​ពិសោធហើយដោយប្រពៃ។ ពួកភិក្ខុជាច្រើនរយ មិនមានអាសវៈ ប្រាសចាករាគៈ មាន​ចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ គ្រប់រូប តែងតែចោមរោមតថាគតសព្វៗកាល។ ក្នុងកាល​ឥឡូវនេះឯង ពួកភិក្ខុណា លះបង់ភពជារបស់មនុស្ស តែភិក្ខុទាំងនោះ មិនទាន់បាន​អរហត្តផល នៅជាសេក្ខបុគ្គល ពួកភិក្ខុទាំងនោះ ត្រូវអ្នកប្រាជ្ញតិះដៀលបាន។ នរជន​ទាំងឡាយ កាលសរសើរផ្លូវដ៏ប្រសើរ (អដ្ឋង្គិកមគ្គ) ត្រេកអរក្នុងធម៌សព្វកាល មានសេចក្តី​រុងរឿង អន្ទោលទៅក្នុងសង្សារ នឹងបានត្រាស់ដឹង។ នគររបស់តថាគត ឈ្មោះកបិលពស្តុ ស្តេច​ជាព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រះមាតាបង្កើតរបស់តថាគត ព្រះនាមមាយាទេវី។ តថាគតនៅគ្រប់គ្រងព្រះរាជដំណាក់អស់ ២៩ ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ គឺ​សុចន្ទប្រាសាទ ១ កោកនុទប្រាសាទ ១ កោញ្ចប្រាសាទ ១។ មាននារី ៤ ម៉ឺននាក់ មាន​ខ្លួនប្រដាប់សមរម្យ នារីជាអគ្គមហេសី ព្រះនាមយសោធរា ព្រះរាជបុត្រ ព្រះនាមរាហុល។ តថាគតឃើញនិមិត្ត ៤ យ៉ាង ហើយក៏ចេញទៅដោយយានសេះ ប្រព្រឹត្តព្យាយាម ធ្វើ​ទុក្ករកិរិយា​អស់ ៦ វស្សា។ តថាគតជាព្រះជិនស្រី បានញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងព្រៃ​ឥសិបតនៈ ទៀបក្រុងពារាណសី តថាគត ជាគោតមសម្ពុទ្ធ ជាទីពឹងនៃសត្វទាំងពួង។ ភិក្ខុ ២ រូប ឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះអានន្ទ ជាឧបដ្ឋាក អ្នក​បម្រើ​ផ្ទាល់របស់តថាគត។ ភិក្ខុនីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ ជាអគ្គសាវិកា ឧបាសក​ឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ ជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ ជា​អគ្គឧបដ្ឋាយិកា តថាគតបានដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម ទៀបគល់អស្សត្ថព្រឹក្ស។ តថាគត មានរស្មីមួយព្យាមសព្វៗកាល មានកំពស់ ១៦ ហត្ថ ក្នុងកាលឥឡូវនេះ តថាគត​មាន​អាយុតិច បានតែ១០០ ឆ្នាំ។ តថាគត កាលឋិតនៅអស់កាលត្រឹមនោះ បានញ៉ាំង​ប្រជុំជន​ដ៏ច្រើន ឲ្យឆ្លងចាកសង្សារ ហើយតម្កល់ទុកគប់ភ្លើង គឺធម៌ ដើម្បីញ៉ាំងជន​ខាង​ក្រោយ ឲ្យបានត្រាស់ដឹងផង។ មិនយូរប៉ុន្មានទេ តថាគត ព្រមទាំងសង្ឃជាសាវ័ក នឹង​និព្វានក្នុងទីនេះ ដូចជាភ្លើងរលត់ ព្រោះអស់អាហារ គឺឧស។ អគ្គសាវ័កទាំងគូនេះឯង មានតេជះថ្លឹងពុំបានផង មានយស និងកម្លាំងឫទ្ធិផង តថាគតមានរាងកាយ​ទ្រទ្រង់​នូវ​គុណ វិចិត្រដោយលក្ខណៈដ៏ប្រសើរ ៣២ ប្រការ។ រស្មី ៦ ពណ៌ ភ្លឺទៅក្នុងទិសទាំង ១០ ដូច​ព្រះអាទិត្យ របស់ទាំងអស់នេះ នឹងវិនាសសូន្យទៅ ឱ! សង្ខារទាំងពួង ជារបស់​ទទេ​ទេតើ។

ចប់ គោតមពុទ្ធវង្ស ទី២៥។

ពុទ្ធប្បកិណ្ណកក័ណ្ឌ

[២៧] ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ មានព្រះពុទ្ធជានាយក ៤ ព្រះអង្គ គឺ​ព្រះសម្ពុទ្ធ ព្រះនាមតណ្ហង្ករៈ ១ មេធង្ករៈ ១ សរណង្ករៈ ១ ទីបង្ករៈ ១ ព្រះជិនស្រីទាំងនោះ ត្រាស់ក្នុងកប្បជាមួយគ្នា។ ខាងក្រោយអំពីព្រះពុទ្ធទីបង្ករៈមក ព្រះពុទ្ធជានាយកព្រះនាម​កោណ្ឌញ្ញៈ បានត្រាស់តែមួយព្រះអង្គ ក្នុងកប្បមួយ ញ៉ាំងប្រជុំជនជាច្រើនឲ្យឆ្លង (ចាក​សង្សារ)។ កប្បជាចន្លោះនៃព្រះពុទ្ធ ២ ព្រះអង្គនុ៎ះ គឺព្រះពុទ្ធទីបង្ករមានព្រះភាគ និង​ព្រះសាស្តាព្រះនាមកោណ្ឌញ្ញៈ ជាកប្បគេមិនអាចរាប់បានឡើយ។ ខាងក្រោយអំពី​ព្រះពុទ្ធ ព្រះនាមកោណ្ឌញ្ញៈមក មានព្រះពុទ្ធជានាយក ព្រះនាមមង្គលៈ (ទ្រង់ត្រាស់​ឡើង) កប្បជាចន្លោះនៃព្រះពុទ្ធទាំង ២ ព្រះអង្គនោះ បុគ្គលមិនអាចរាប់បានឡើយ។ ព្រះពុទ្ធព្រះនាមមង្គលៈ ១ ព្រះសុមនៈ ១ ព្រះរេវតៈ ១ និងព្រះមុនី ព្រះនាមសោភិតៈ ១ ព្រះសម្ពុទ្ធទាំងនោះ មានចក្ខុ ធ្វើនូវពន្លឺ (បានត្រាស់ឡើង) ក្នុងកប្បជាមួយគ្នា។ ខាង​ក្រោយ​នៃ​ព្រះសម្ពុទ្ធ ព្រះនាមសោភិតៈមក មានព្រះពុទ្ធ ព្រះនាមអនោមទស្សី ជា​មហាមុនី ត្រាស់ឡើងក្នុងលោក កប្បជាចន្លោះនៃព្រះពុទ្ធទាំង ២ អង្គ នោះ គេមិន​អាច​រាប់បានឡើយ។ ព្រះនាយក ព្រះនាមអនោមទស្សី ១ ព្រះនាមបទុមៈ ១ ព្រះនាមនារទៈ ១ ព្រះពុទ្ធជាមហាមុនីទាំងនោះ ទ្រង់ធ្វើនូវទីបំផុតនៃងងឹត (ត្រាស់ឡើង) ក្នុងកប្បជា​មួយ​គ្នា។ ខាងក្រោយអំពីព្រះពុទ្ធ ព្រះនាមនារទៈមក មានព្រះនាយក ព្រះនាមបទុមុត្តរៈ​កើត​ឡើង​ក្នុងកប្បមួយ ញ៉ាំងប្រជុំជនជាច្រើន ឲ្យឆ្លងចាកសង្សារ។ កប្បជាចន្លោះនៃ​ព្រះពុទ្ធ​ទាំង ២ ព្រះអង្គនោះ គឺព្រះមានជោគ ព្រះនាមនារទៈ និងព្រះសាស្តា ព្រះនាមបទុមុត្តរៈ គេមិនអាចរាប់បានឡើយ។ ក្នុងកប្បទីមួយសែន មានតែព្រះមហាមុនី ១ ព្រះអង្គ ព្រះនាម​បទុមុត្តរៈ ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គគួរទទួលនូវគ្រឿងបូជា ដែលគេនាំមកបូជា។ ក្នុងកប្បទី ៣ ម៉ឺន ខាងអាយព្រះពុទ្ធបទុមុត្តរៈមក មានព្រះនាយក ២ ព្រះអង្គ ព្រះនាម​សុមេធៈ ១ សុជាតៈ ១ ត្រាស់ឡើងក្នុងលោក។ ក្នុងកប្បទីមួយពាន់ ៨ រយ ខាងអាយ​ព្រះពុទ្ធ ព្រះនាមសុជាតៈមក មានព្រះនាយក ៣ អង្គ ព្រះនាមបិយទស្សី ១ អត្ថទស្សី ១ ព្រះនាយកធម្មទស្សី ១ ត្រាស់ឡើងក្នុងលោក។ ព្រះសម្ពុទ្ធទាំងនោះ ឧត្តមជាងសត្វជើង ២ ជាព្រះសម្ពុទ្ធ រកបុគ្គលប្រៀបផ្ទឹមគ្មានក្នុងលោក បានត្រាស់ដឹងក្នុងកប្បជាមួយគ្នា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ មានព្រះមហាមុនី ព្រះនាមសិទ្ធត្ថៈតែមួយអង្គ ទ្រង់​ជ្រាប​ច្បាស់​នូវត្រៃលោក ជាពេទ្យដ៏ប្រសើរ បានត្រាស់ឡើងក្នុងលោក។ ក្នុងកប្បទី ៩២ អំពី​ភទ្ទកប្បនេះ ព្រះសម្ពុទ្ធជានាយក ២ ព្រះអង្គ ព្រះនាមតិស្សៈ ១ បុស្សៈ ១ រកបុគ្គល​ស្មើគ្មាន រកបុគ្គលប្រៀបផ្ទឹមគ្មាន បានត្រាស់ឡើងក្នុងលោក។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្ប​នេះ ព្រះសម្ពុទ្ធ ព្រះនាមវិបស្សី ជាលោកនាយក ព្រះអង្គប្រកបដោយសេចក្តីករុណា ទ្រង់​ដោះសត្វទាំងឡាយ ឲ្យរួចចាកចំណង (បានត្រាស់ឡើងក្នុងលោក)។ ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ ព្រះនាយក ២ អង្គ ព្រះនាមសិខី ១ វេស្សភូ ១ រកបុគ្គលស្មើគ្មាន រកបុគ្គល​ប្រៀបផ្ទឹមគ្មាន (បានត្រាស់ឡើងក្នុងលោក)។ ក្នុងភទ្ទកប្បនេះ ព្រះនាយក ៣ ព្រះអង្គ ព្រះនាមកក្កុសន្ធៈ ១ កោនាគមនៈ ១ និងព្រះនាយក ព្រះនាមកស្សបៈ ១ (បានត្រាស់​ឡើង​​ក្នុងលោក)។ ក្នុងកាលឥឡូវនេះ មានតថាគតនេះ ជាព្រះសម្ពុទ្ធ ទៅក្នុង​អនាគតកាល នឹងមានព្រះសម្ពុទ្ធព្រះនាមមេត្តេយ្យ ព្រះសម្ពុទ្ធទាំង៥ អង្គនេះ ជាអ្នកប្រាជ្ញ អនុគ្រោះស្រង់សត្វលោក។ ព្រះសម្ពុទ្ធអង្គនោះ ព្រមទាំងសាវ័ក លុះប្រាប់ផ្លូវរបស់ព្រះពុទ្ធ ជាធម្មរាជទាំងនុ៎ះ ដល់ពួកសត្វដទៃជាច្រើនកោដិហើយ ក៏បរិនិព្វាន។

ចប់ ពុទ្ធប្បកិណ្ណកក័ណ្ឌ។

ធាតុភាជនីយកថា

[២៨] ព្រះមហាគោតម ជាព្រះជិនស្រីប្រសើរ ទ្រង់និព្វានក្នុងនគរកុសិនារា ព្រះធាតុផ្សាយ​ទៅ​ក្នុងប្រទេសនោះៗ តាមចំណែក គឺព្រះធាតុមួយចំណែក បានទៅព្រះបាទអជាតសត្តុ មួយចំណែកបានទៅក្រុងវេសាលី មួយចំណែកបានទៅក្រុងកបិលពស្តុ មួយចំណែកបាន​ទៅ​ដែនអល្លកប្បកៈ មួយចំណែក បានទៅក្រុងរាមគ្រាម មួយចំណែកបានទៅ​ក្រុង​វេដ្ឋទីបកៈ មួយចំណែកបានទៅក្រុងបាវេយ្យកមល្លៈ ឯព្រះធាតុមួយចំណែកទៀត បាន​ទៅ​អ្នកក្រុងកុសិនារា។ ព្រាហ្មណ៍ឈ្មោះទោណៈ បានធ្វើស្តូបបញ្ចុះតុម្ព (នាឡិ) ពួក​មោរិយជន មានចិត្តជ្រះថ្លា បានធ្វើស្តូបបញ្ចុះព្រះអង្គារ (ធ្យូង)។ ព្រះស្តូបបញ្ចុះ​ព្រះសារីរិកធាតុ មាន ៨ បើរាប់តុម្ពចេតិយមួយផង ជា ៩ បើគិតទាំងព្រះស្តូប​បញ្ចុះ​ព្រះអង្គារ​មួយទៀត ត្រូវជា ១០ ដែលមហាជនស្ថាបនាទុកក្នុងកាលនោះ។ ព្រះចង្កូម ១ តម្កល់ក្នុងឋានត្រៃត្រឹង្ស ព្រះចង្កូម ១ តម្កល់ក្នុងនាគបុរី ព្រះចង្កូម ១ នៅក្នុងដែនគន្ធារៈ ព្រះចង្កូម ១ នៅក្នុងដែនកាលិង្គរាជ។ ព្រះទន្តទាំង ៤០ គត់ ព្រះកេសា និងព្រះលោមា​ទាំងអស់ ពួកទេវតារៀងខ្លួន បាននាំទៅមួយៗ កាន់ចក្រវាឡទីទៃៗ។ បាត្រ ឈើច្រត់ និង​ចីវររបស់ព្រះមានព្រះភាគ តម្កល់ទុកនៅក្នុងដែនវជីរ ស្បង់តម្កល់ទុកនៅក្នុងផ្ទះនៃត្រកូល គ្រឿងកម្រាល តម្កល់ទុកនៅក្នុងក្រុងឈ្មោះសិលៈ។ ធម្មក្រក និងកាយពន្ធ (វត្ថពន្ធចង្កេះ) តម្កល់ទុកនៅក្នុងក្រុងបាដលីបុត្ត ឧទកសាដក តម្កល់ទុកនៅក្រុងចម្បា ព្រះឧណ្ណាលោម (រោមចិញ្ចើម) តម្កល់ទុកនៅក្នុងដែនកោសល។ សំពត់កាសាវៈ តម្កល់ទុកក្នុងព្រហ្មលោក ឆ្នួតតម្កល់ទុកក្នុងឋានត្រៃត្រឹង្ស ស្នាមព្រះបាទដ៏ប្រសើរ ដែលមិនបាត់ទៅ តម្កល់ទុកលើថ្ម សំពត់នីសីទនៈ តម្កល់ទុកក្នុងអវន្តិជនបទ គ្រឿងកម្រាលតម្កល់ទុកក្នុងដែនឈ្មោះទេវៈ ក្នុងកាលនោះ។ កាលនោះ ដែកភ្លើង តម្កល់ទុកក្នុងក្រុងមិថិលា តម្រងទឹកតម្កល់ទុក​ក្នុង​ដែន​វិទេហៈ កាំបិតកោរ និងបំពង់ម្ជុល តម្កល់ទុកនៅក្នុងឥន្ទបត្តបុរី។ កាលនោះ គ្រឿង​បរិក្ខារ​ដ៏សេសទាំងឡាយ តម្កល់ទុកក្នុងជនបទជាទីបំផុត ពួកមនុស្ស តែងបូជាចំពោះ​គ្រឿង​បរិក្ខារទាំងឡាយ ដែលព្រះមុនីទ្រង់ប្រើប្រាស់។ ការផ្សាយទៅនៃព្រះធាតុ របស់​ព្រះមហេសី ព្រះនាមគោតម ក្នុងកាលនោះ ជាប្រពៃណីពីបូរាណ (នៃព្រះពុទ្ធទាំងឡាយ) សម្រាប់ទុកអនុគ្រោះ ស្រោចស្រង់សត្វទាំងឡាយ ជាខាងក្រោយ។

ចប់ ធាតុភាជនីយកថា។

ចប់ ពុទ្ធវង្ស។

សុត្តន្តបិដក

ខុទ្ទកនិកាយ ចរិយាបិដក

សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ។

ទានបារមិតា

អកិត្តិចរិយា ទី១

[១] អំពើ [ពាក្យថា អំពើ ក្នុងទីនេះ បានដល់សេចក្តីប្រតិបត្តិ មានទាន និងសីលជាដើម ដែលសង្គ្រោះចូលក្នុងបារមីទាំង ៣០។ អដ្ឋកថា។] ណា ដែលតថាគតបានប្រព្រឹត្តហើយ ក្នុងរវាងនេះ អស់ ៤ អសង្ខេយ្យ កម្រៃមួយសែនកប្ប អំពើទាំងអស់នោះ ជាគ្រឿងញ៉ាំង​ពោធិញ្ញាណឲ្យសម្រេច។ តថាគត លើកទុកនូវអំពើដែលតថាគតបានប្រព្រឹត្ត ក្នុងភពតូច និងភពធំ ក្នុងកប្បដែលកន្លងទៅហើយ នឹងសម្តែងតែអំពើដែលតថាគតបានប្រព្រឹត្ត​ហើយ ក្នុងភទ្ទកប្បនេះ អ្នកចូរស្តាប់តថាគតចុះ។ កាលដែលតថាគតជាតាបស ឈ្មោះ​អកិត្តិ ចូលទៅនៅក្នុងព្រៃធំ និងព្រៃតូច ជាព្រៃស្ងាត់សូន្យឈឹង។ កាលនោះ ព្រះឥន្ទ្រ​អ្នក​គ្របសង្កត់ទេវលោក ទ្រង់ក្តៅដោយតេជះ គឺតបធម៌នៃតថាគត ក៏ក្លែងភេទជាព្រាហ្មណ៍ ចូលមករកតថាគត ដើម្បីសូមភិក្ខា។ តថាគត ឃើញព្រាហ្មណ៍​ឈរទៀប​ទ្វារបណ្ណសាលា​របស់​តថាគត ក៏ឲ្យស្លឹកដង្កៀបក្តាមទាំងអស់ ដែលតថាគតនាំមកពីព្រៃ ជាស្លឹកមិនមាន​ប្រេង មិនមានរសប្រៃ ព្រមទាំងភាជន៍។ លុះតថាគតឲ្យស្លឹកដង្កៀបក្តាមដល់ព្រាហ្មណ៍​ហើយ ក៏ផ្កាប់ភាជន៍ លះបង់នូវការស្វែងរកទៀត ហើយចូលទៅក្នុងបណ្ណសាលា។ ក្នុងថ្ងៃ​ទី ២ និងថ្ងៃទី ៣ ព្រាហ្មណ៍ចូលមកក្នុងសំណាក់តថាគតទៀត តែតថាគតមិន​ញាប់ញ័រ មិន​ជាប់​ចំពាក់ បានឲ្យយ៉ាងនោះទៀត សរីរៈរបស់តថាគត មិនមានផ្លែកភេទ ព្រោះហេតុ​ទាន​នោះ តថាគតញ៉ាំងកាលឲ្យប្រព្រឹត្តកន្លងទៅ អស់ថ្ងៃនោះ ព្រោះសេចក្តីត្រេកអរ​ដោយ​សុខ​ដែលកើតអំពីបីតិ។ បើតថាគត បានទក្ខិណេយ្យបុគ្គលដ៏ប្រសើរ អស់ ១ ខែ ឬ ២ ខែទៀត តថាគតមិនញាប់ញ័រ មិនរួញរា នឹងឲ្យទានដ៏ឧត្តមឡើយ។ តថាគត កាល​ឲ្យ​ទានដល់ឥន្ទព្រាហ្មណ៍នោះ ទាំងបានប្រព្រឹត្តនូវអំពើទាំងឡាយនោះ មិនប្រាថ្នានូវយស និងលាភទេ តថាគតប្រាថ្នាចំពោះសព្វញ្ញុតញ្ញាណតែម៉្យាង។

ចប់ អកិត្តិចរិយា ទី១។

សង្ខព្រាហ្មណចរិយា ទី២

[២] មានចរិយាដទៃទៀត កាលដែលតថាគតកើតជាព្រាហ្មណ៍ឈ្មោះសង្ខៈ មានប្រាថ្នា​ដើម្បីឆ្លងមហាសមុទ្រ សំដៅទៅកាន់កំពង់ (តម្ពលិត្តិ)។ កាលនោះ តថាគតបានឃើញ​ព្រះបច្ចេកពុទ្ធ ដែលត្រាស់ដឹងឯង ទ្រង់ឈ្នះមារ កំពុងនិមន្តទៅកាន់ផ្លូវលំបាក លើផែនដី​រដិបរដុបដ៏ក្តៅ ត្រង់ផ្លូវជួបគ្នានោះ។ លុះតថាគតឃើញព្រះបច្ចេកពុទ្ធ ត្រង់ផ្លូវជួបគ្នានោះ ក៏គិតនូវសេចក្តីនេះថា ស្រែបុណ្យនេះ រមែងសម្រេចដល់សត្វអ្នកប្រាថ្នានូវបុណ្យ ប្រៀប​ដូច​បុរសអ្នកភ្ជួរ ឃើញស្រែ ឬសួនច្បារធំ មិនព្រោះពូជ ក្នុងស្រែនោះទេ បុរសនោះ ឈ្មោះ​ថាជាអ្នកមិនត្រូវការដោយស្រូវ យ៉ាងណាមិញ។ តថាគត ជាអ្នកចង់បានបុណ្យ បើឃើញ​ស្រែបុណ្យដ៏ប្រសើរថ្លៃថ្លាហើយ មិនធ្វើសក្ការៈទេ តថាគតឈ្មោះថា ជាអ្នកមិនត្រូវការ​ដោយ​បុណ្យ យ៉ាងនោះឯង។ ម៉្យាងទៀត ប្រៀបដូចអាមាត្យ មានប្រាថ្នាជាធំក្នុង​ក្រសួង​ត្រា (ហើយបណ្តេញ) ពួកជន ក្នុងវាំងរបស់ស្តេច មិនឲ្យទ្រព្យ និងស្រូវដល់ជនទាំងនោះ អាមាត្យនោះ រមែងសាបសូន្យចាកត្រា យ៉ាងណាមិញ តថាគតជាអ្នកប្រាថ្នាបុណ្យ បាន​ឃើញទក្ខិណេយ្យបុគ្គលដ៏ធំទូលាយ ហើយមិនឲ្យទាន ដល់ទក្ខិណេយ្យបុគ្គលនោះ តថាគតរមែងសាបសូន្យចាកបុណ្យ ក៏យ៉ាងនោះដែរ។ តថាគតលុះគិតឃើញយ៉ាងនេះ​ហើយ ក៏ដោះស្បែកជើង ថ្វាយបង្គំព្រះបាទានៃព្រះបច្ចេកពុទ្ធនោះ រួចប្រគេនឆ័ត្រ និង​ស្បែកជើង។ ហេតុនោះ បានជាតថាគតចម្រើនដោយសេចក្តីសុខ ដល់នូវសេចក្តីសុខ​ដោយ​រយគុណ ម៉្យាងទៀត តថាគតកាលបំពេញទាន ក៏បានឲ្យទានដល់ព្រះបច្ចេកពុទ្ធ យ៉ាង​នេះឯង។

ចប់ សង្ខព្រាហ្មណចរិយា ទី២។

កុរុធម្មចរិយា ទី៣

[៣] ចរិយាដទៃទៀត កាលតថាគតជាស្តេចឈ្មោះធនញ្ជ័យ នៅក្នុងឥន្ទបត្តបុរីដ៏ឧត្តម ប្រកប​ដោយកុសលធម៌ ១០។ ព្រាហ្មណ៍ទាំងឡាយ នៅក្នុងដែនកាលិង្គៈ ចូលទៅរក​តថាគត សូមដំរីដ៏ប្រសើររបស់តថាគត ជាដំរីនាំឲ្យបានទ្រព្យ ដែលគេសន្មតថា​ជាសត្វ​មង្គល ដោយពាក្យថា ជនបទ (នៃយើងខ្ញុំព្រះអង្គ) មិនមានភ្លៀង ទុរ្ភិក្សអត់ឃ្លានខ្លាំង​ណាស់ សូមព្រះអង្គប្រទានដំរីដ៏ប្រសើរ ដែលមានសម្បុរខៀវ ឈ្មោះអញ្ជ័ន។ បើស្មូមមក​ដល់​ហើយ តថាគតមិនគួរប្រកែក ការសមាទានរបស់តថាគត កុំបែកធ្លាយឡើយ ដូច្នេះ តថាគតនឹងឲ្យដំរីប្រសើរ។ តថាគតចាប់ដំរីត្រង់ប្រមោយ ច្រូចទឹកកុណ្ឌីជាវិការៈនៃកែវ លើដៃព្រាហ្មណ៍ ហើយឲ្យដំរីដល់ព្រាហ្មណ៍។ កាលតថាគតបានឲ្យដំរីដល់ពួកព្រាហ្មណ៍​ហើយ មានពួកអាមាត្យក្រាបទូលពាក្យនេះថា ហេតុដូចម្តេច បានជាព្រះអង្គប្រទានដំរីដ៏​ប្រសើរ​របស់ព្រះអង្គ ដែលជាដំរីនាំឲ្យបានទ្រព្យ ប្រកបដោយមង្គល ជាដំរីឧត្តម​ក្នុង​សង្គ្រាមជ័យ ដល់ពួកស្មូម កាលបើព្រះអង្គប្រទានដំរីដ៏ប្រសើរ ដល់ពួកស្មូមនោះហើយ ព្រះអង្គសោយរាជ្យធ្វើអ្វី។ តថាគតតបថា តថាគតអាចនឹងឲ្យរាជ្យទាំងអស់ របស់តថាគត ដល់ស្មូមក៏បាន ឬនឹងឲ្យសរីរៈរបស់ខ្លួន ដល់ពួកស្មូមក៏បាន ដ្បិតសព្វញ្ញុតញ្ញាណ ជាទី​ស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគត ឲ្យដំរីដ៏ប្រសើរ។

ចប់ កុរុធម្មចរិយា ទី៣។

មហាសុទស្សនចរិយា ទី៤

[៤] កាលតថាគត ជាក្សត្រចក្រពត្តិ ឈ្មោះមហាសុទស្សនៈ មានពលច្រើន នៅក្នុងនគរ​កុសាវតី។ ក្នុងនគរនោះ តថាគតបានឲ្យគេឃោសនាក្នុងមួយថ្ងៃ ៣ ដង ក្នុងទីនោះៗ ថា អ្នកណាប្រាថ្នាចង់បានអ្វី ចូរឲ្យនូវទ្រព្យអ្វីដល់អ្នកណា។ អ្នកណាឃ្លាន អ្នកណាស្រេក អ្នកណា (ប្រាថ្នា) នូវកម្រងផ្កា អ្នកណា (ប្រាថ្នា) នូវគ្រឿងលាប អ្នកណាអាក្រាត និង​ស្លៀកដណ្តប់នូវសំពត់ទាំងឡាយ ដែលជ្រលក់ដោយពណ៌ផ្សេងៗ អ្នកណាយកឆត្រ (ដើម្បីបំាង) ក្នុងផ្លូវ អ្នកណាយកស្បែកជើងដ៏ទន់ល្អ (ដើម្បីពាក់ក្នុងផ្លូវ)។ តថាគតឲ្យគេ​ឃោសនា​ក្នុងវេលាព្រឹក (ថ្ងៃត្រង់) ល្ងាច ក្នុងទីនោះៗ ដូចបានពោលហើយក្នុងខាងលើ ទាននោះ តថាគត មិនមែនចាត់ចែងតែក្នុងទី ១០ កន្លែង មិនមែនចាត់ចែងតែ​ក្នុងទី​មួយរយ​កន្លែងទេ។ ទ្រព្យដែលតថាគត ចាត់ចែងចំពោះស្មូម ក្នុងទីច្រើនរយកន្លែង សម្រាប់​ពួកវណិព្វកៈ ដែលមកក្នុងវេលាថ្ងៃ ឬមកក្នុងវេលាយប់។ ពួកស្មូម លុះតែបាន​ភោគៈ គួរតាមសេចក្តីប្រាថ្នា ពេញក្នុងដៃហើយ ទើបបានដើរចេញទៅ តថាគតបានឲ្យ​មហាទាន​បែបនេះ ដរាបដល់អស់ជីវិត។ តថាគតមិនឲ្យទ្រព្យ ដែលមិនជាទីគាប់ចិត្តទេ ម៉្យាងទៀត តថាគតមិនមែនជាអ្នកមិនសន្សំទ្រព្យទុកទេ ដូចបុរសកើតរោគក្តៅក្រហាយ ចង់ជារោគ ញ៉ាំងពេទ្យឲ្យស្កប់ស្កល់ដោយទ្រព្យ រមែងរួចចាករោគ យ៉ាងណាមិញ តថាគត កាលដឹងច្បាស់ថា (ការឲ្យទាន ជាឧបាយ) ដើម្បីបំពេញអធ្យាស្រ័យរបស់សត្វ ដោយ​មិនមានសេសសល់ តថាគតឲ្យទានចំពោះស្មូម ដើម្បីបំពេញចិត្តស្មូមដែលខ្វះកន្លះ តថាគត​ជាអ្នកមិនមានអាល័យ មិនមានសេចក្តីប៉ុនប៉ង (ចំពោះផលនៃទាននោះទេ តថាគតឲ្យទាន) ដើម្បីបានត្រាស់ដឹងនូវសម្ពោធិញ្ញាណ យ៉ាងនេះឯង។

ចប់ មហាសុទស្សនចរិយា ទី៤។

មហាគោវិន្ទចរិយា ទី៥

[៥] ចរិយាដទៃទៀត កាលតថាគតកើតជាមហាគោវិន្ទព្រាហ្មណ៍ បានជាបុរោហិតនៃស្តេច ៧ អង្គ ជាបុរោហិតដែលមនុស្ស និងទេវតាបូជាហើយ។ សួយសារអាករណា ដែលកើត​ដល់​តថាគត ក្នុងរាជ្យនៃស្តេចទាំង ៧ អង្គ ក្នុងកាលនោះ តថាគតបានឲ្យនូវមហាទាន ជាទានមិនកម្រើក ដូចជាសាគរ ដោយសួយសារអាករនោះ។ ទ្រព្យ និងស្រូវ មិនមែន​ជាទីស្អប់ខ្ពើមរបស់តថាគតទេ ទាំងការសន្សំទ្រព្យនៃតថាគត មិនមែនជាមិនមានទេ តែ​សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យទ្រព្យ​ដ៏​ប្រសើរ។

ចប់ មហាគោវិន្ទចរិយា ទី៥។

នេមិរាជចរិយា ទី៦

[៦] ចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេចធំឈ្មោះនេមិ ជាបណ្ឌិត អ្នកត្រូវការ​ដោយកុសល នៅក្នុងក្រុងដ៏ប្រសើរ ឈ្មោះមិថិលា។ កាលនោះ តថាគតបានឲ្យ​គេ​ស្ថាបនា​សាលាបួនខ្នង មានមុខ ៤ ហើយញ៉ាំងទានឲ្យប្រព្រឹត្តទៅ ដល់ពួកម្រឹគ បក្សី និងមនុស្សជាដើម ក្នុងសាលានោះ។ តថាគតបានធ្វើនូវសំពត់សម្រាប់ស្លៀកដណ្តប់ ទី​ដេក បាយ ទឹក និងភោជន ឲ្យជារបស់ប្រព្រឹត្តទៅមិនដាច់ ហើយញ៉ាំងមហាទាន​ឲ្យ​ប្រព្រឹត្ត​ទៅ។ សេវកាមាត្យ ចូលទៅរកចៅហ្វាយនាយ ព្រោះហេតុចង់បានទ្រព្យ ហើយ​ស្វែង​រកហេតុដែលគួររីករាយ ដោយកាយ ឬដោយវាចាចិត្ត (ផ្គាប់ចិត្តចៅហ្វាយនាយ) យ៉ាងណា។ តថាគតនឹងស្វែងរកនូវពូជនៃពោធិញ្ញាណក្នុងភពទាំងពួង ញ៉ាំងសត្វឲ្យ​ស្កប់ស្កល់​ដោយទាន ហើយប្រាថ្នានូវពោធិញ្ញាណដ៏ឧត្តម យ៉ាងនេះឯង។

ចប់ នេមិរាជចរិយា ទី៦។

ចន្ទកុមារចរិយា ទី៧

[៧] មានចរិយាដទៃទៀត កាលដែលតថាគតជាឱរស ឈ្មោះចន្ទកុមារ របស់ស្តេច​ព្រះនាម​ឯករាជ នៅក្នុងក្រុងបុប្ផវតី។ កាលនោះ តថាគតរួចអំពីការដែលគេត្រូវសម្លាប់ ចេញផុតពីទីយ័ញ្ញនោះហើយ ក៏កើតសេចក្តីសង្វេគ បានញ៉ាំងមហាទាន ឲ្យប្រព្រឹត្តទៅ។ តថាគតបើមិនទាន់បានឲ្យទេយ្យធម៌ ចំពោះទក្ខិណេយ្យបុគ្គលទេ តថាគតក៏មិនផឹក មិន​ទំពាស៊ី មិនបរិភោគភោជន អស់ចំនួន ៥ ឬ ៦ រាត្រី។ ពាណិជ ធ្វើការសន្សំទ្រព្យ (បើដឹងថា) ទីណាមានលាភច្រើន ក៏នាំភណ្ឌៈទៅក្នុងទីនោះ យ៉ាងណា។ វត្ថុដែលត្រូវ​បរិភោគ​ខ្លួនឯង បើឲ្យដល់បដិគ្គាហកៈដទៃ ជាវត្ថុមានផលច្រើន ហេតុនោះ ត្រូវតែឲ្យដល់​បុគ្គល​ដទៃវិញ នឹងមានផល ១០០ ភាគ ក៏យ៉ាងនោះដែរ។ តថាគតដឹងនូវអំណាច​នៃហេតុ​នុ៎ះហើយ ទើបឲ្យទានក្នុងភពតូច និងភពធំ មិនគេចចេញចាកទាន ដើម្បីបានត្រាស់ដឹង​នូវ​សម្ពោធិញ្ញាណ។

ចប់ ចន្ទកុមារចរិយា ទី៧។

សិវិរាជចរិយា ទី៨

[៨] កាលតថាគត ជាក្សត្រឈ្មោះសិវិ សោយរាជ្យក្នុងនគរអរិដ្ឋៈ អង្គុយក្នុងប្រាសាទដ៏​ប្រសើរ តថាគតគិតយ៉ាងនេះថា ទានណាមួយ ជារបស់មនុស្ស ទាននោះ គឺអញមិនដែល​ឲ្យហើយ មិនមានឡើយ បើមានយាចកណាមកសូមភ្នែកអញ អញនឹងមិនញាប់ញ័រ ត្រូវតែឲ្យ (ដល់យាចកនោះ)។ សក្កៈជាធំជាងពួកទេវតា បានដឹងនូវសេចក្តីត្រិះរិះរបស់​តថាគត អង្គុយនៅក្នុងទេវបរិស័ទ ក៏ពោលនូវពាក្យនេះថា ស្តេចសិវិមានឫទ្ធិច្រើន គង់ក្នុង​ប្រាសាទដ៏ប្រសើរ កំពុងពិចារណានូវទានផ្សេងៗ (ដែលខ្លួនឲ្យហើយ) ស្តេចនោះ មិន​ឃើញនូវវត្ថុដែលខ្លួនមិនធ្លាប់ឲ្យសោះឡើយ។ ការណ៍នុ៎ះពិត ឬមិនពិតអេះ បើដូច្នេះ អញនឹងល្បងស្តេចនោះមើល អ្នកទាំងឡាយ ចូររង់ចាំមួយរំពេច ទំរាំយើងបានដឹងនូវ​ព្រះរាជហឫទ័យនៃស្តេចនោះ (ព្រះឥន្ទ្រ ក៏ក្លែងខ្លួនជាព្រាហ្មណ៍) មានសក់ស្កូវ មានខ្លួន​ជ្រួញជ្រីវ ទូរន់ទូរាដោយជរា ព្រមទាំងមានសម្បុរអាក្រក់ ដើរញញាក់ញញ័រ ចូលទៅរក​ព្រះរាជា។ គ្រានោះ ព្រាហ្មណ៍នោះ ផ្គងដៃឆ្វេង និងដៃស្តាំ ហើយធ្វើអញ្ជលីលើសិរ្សៈ ពោល​ពាក្យនេះថា បពិត្រធម្មិកមហារាជ ជាអ្នកញុំាងដែនឲ្យចម្រើន ខ្ញុំព្រះអង្គសូម​អង្វរ​ព្រះអង្គ កិត្តិស័ព្ទរបស់ព្រះអង្គថា ត្រេកអរក្នុងទាន ល្បីទូទ័រទៅក្នុងទេវលោក និងមនុស្ស​លោក។ ភ្នែកទាំងពីរនៃទូលព្រះបង្គំ ត្រូវងងឹតបៀតបៀនហើយ សូមព្រះអង្គប្រទាននូវ​ព្រះនេត្រ​មួយ ដល់ទូលព្រះបង្គំ ចំណែកព្រះអង្គ សូមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយ​ព្រះនេត្រម្ខាងចុះ។ តថាគតឮពាក្យនៃព្រាហ្មណ៍នោះហើយ ក៏រីករាយ មានចិត្តសង្វេគ ធ្វើអញ្ជលី មានសេចក្តីត្រេកអរ ហើយពោលថា ខ្ញុំទើបនឹងគិតឃើញអម្បាញ់មិញនេះ ហើយចុះអំពីប្រាសាទមកក្នុងទីនេះ អ្នកទំនងជាដឹងចិត្តខ្ញុំ ទើបមកសូមភ្នែកខ្ញុំ ឱហ្ន៎! សេចក្តីប្រាថ្នាក្នុងចិត្តនៃខ្ញុំ សម្រេចហើយ សេចក្តីត្រិះរិះនៃខ្ញុំ ពេញហើយ ទានដ៏ប្រសើរ ដែលខ្ញុំមិនធ្លាប់ឲ្យ ខ្ញុំនឹងឲ្យដល់ស្មូមក្នុងថ្ងៃនេះ។ ម្នាលពេទ្យឈ្មោះសិវកៈ អ្នកចូរមក ចូរក្រោកឡើង កុំបង្អង់ឲ្យយឺតយូរឡើយ កុំញាប់ញ័រ ចូរឆ្កៀលភ្នែកទាំងពីរ (របស់អញ) ហើយ​ឲ្យដល់ស្មូម។ លំដាប់នោះ ពេទ្យសិវកៈនោះ ដែលតថាគតដាស់តឿនហើយ ក៏ធ្វើ​តាមពាក្យតថាគត បានខ្វេះឆ្កៀល (ភ្នែកតថាគត) ហើយប្រគល់ឲ្យដល់ស្មូម ដូចជាឲ្យ​សាច់​ត្នោត។ ក្នុងកាលមុនឲ្យក្តី កំពុងឲ្យក្តី ឲ្យរួចហើយក្តី ចិត្តរបស់តថាគត ឥតមាន​ការ​រាយមាយឡើយ ព្រោះហេតុពោធិញ្ញាណតែម៉្យាង។ ភ្នែកទាំងពីរ មិនមែនជាទី​ស្អប់​របស់​តថាគតទេ ទាំងខ្លួនសោតទៀត ក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែ​សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យចក្ខុ។

ចប់ សិវិរាជចរិយា ទី៨។

វេស្សន្តរចរិយា ទី៩

[៩] ព្រះនាងផុស្សតី ខត្តិយកញ្ញា ជាព្រះជននីរបស់តថាគត ព្រះនាងផុស្សតីនោះ ជា​ព្រះមហេសី​នៃសក្កទេវរាជ ក្នុងអតីតជាតិទាំងឡាយ។ ព្រះឥន្ទ្រទ្រង់ជ្រាបនូវការអស់ទៅ​នៃ​អាយុរបស់ព្រះនាងហើយ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលនាងដ៏ចម្រើន យើងនឹង​ឲ្យនូវ​ពរ ១០ ប្រការ ដល់នាង បើនាងប្រាថ្នានូវពរណា ចូរទទួលយកនូវពរនោះចុះ។ ព្រះនាង​ទេវី​នោះ កាលបើព្រះឥន្ទ្រពោលយ៉ាងនេះហើយ ក៏ពោលពាក្យនេះ តបនឹងព្រះឥន្ទ្រវិញថា ខ្ញុំមានទោសកំហុសដូចម្តេច ខ្ញុំជាទីស្អប់របស់ព្រះអង្គយ៉ាងណាទៅ បានជាព្រះអង្គញ៉ាំង​ខ្ញុំឲ្យឃ្លាតចាកមរណីយដ្ឋាន ដូចជាខ្យល់បក់បោករំលំនូវរុក្ខជាតិ ដែលដុះលើផែនដី​ដូច្នោះ។ សក្កទេវរាជនោះ លុះឮព្រះនាងផុស្សតី ពោលយ៉ាងនេះហើយ ក៏ត្រាស់ពាក្យនេះ តបនឹងព្រះនាងវិញថា អំពើដ៏លាមក នាងមិនបានធ្វើទេ នាងមិនមែនជាទីស្អប់នៃ​យើង​ទេ។ អាយុរបស់នាងត្រឹមតែប៉ុណ្ណេះ កាលជាទីច្យុត នឹងមាន (ដល់នាង) ចូរនាងទទួល​យកពរដ៏​ប្រសើរឧត្តម ១០ ប្រការ ដែលយើងឲ្យនេះចុះ។ ព្រះនាងផុស្សតីនោះ បានទទួល​ពរ​ដែលសក្កទេវរាជឲ្យហើយ ក៏មានព្រះហឫទ័យត្រេកអររីករាយ ធ្វើតថាគតឲ្យនៅខាង​ក្នុង (ពរទាំងនោះ) ហើយទទួលយកពរទាំង ១០ ប្រការ។ ព្រះនាងផុស្សតីនោះ លុះច្យុត​ចាកឋានទេវលោកនោះហើយ មកកើតក្នុងត្រកូលក្សត្រ ហើយមកភប់ប្រសព្វនឹង​សញ្ជយរាជកុមារ ក្នុងជេតុត្តរនគរ។ កាលណាតថាគតចុះមកកាន់ផ្ទៃនៃនាងផុស្សតី ជា​រាជមាតា ដែលជាទីស្រឡាញ់ ក្នុងកាលនោះ ដោយតេជានុភាពរបស់តថាគត មាតានៃ​តថាគត ក៏ត្រេកអរក្នុងទានសព្វៗកាល។ ព្រះនាងផុស្សតីនោះ ទ្រង់បរិច្ចាគទានដល់​ពួក​ជនអ្នក​ឥតទ្រព្យ ពួកជនឈឺជានិច្ច ពួកជនចាស់ជរា ពួកយាចក ពួកអ្នកដំណើរ និង​ពួកសមណព្រាហ្មណ៍ ដែលមានអាសវៈអស់ហើយ មិនមានកិលេលជាគ្រឿងកង្វល់។ កាល​ព្រះនាងផុស្សតីទេវីនោះ ទ្រង់គភ៌គ្រប់១០ ខែហើយ ព្រះបាទសញ្ជយមហារាជ ទ្រង់​នាំ​ព្រះនាងទៅធ្វើប្រទក្សិណបុរី ព្រះនាងប្រសូតតថាគត ត្រង់កណ្តាលថ្នល់នៃអ្នក​ជំនួញ។ ឈ្មោះរបស់តថាគត មិនមែនជាប់មកអំពីមាតា មិនមែនជាប់មកអំពីបិតាទេ គឺព្រោះតែតថាគតកើតត្រង់កណ្តាលថ្នល់អ្នកជំនួញ ហេតុនោះបានជាឈ្មោះថាវេស្សន្តរ។ កាលណា តថាគតជាទារក មានអាយុ ៨ ឆ្នាំ អំពីកំណើត ក្នុងកាលនោះ តថាគត​អង្គុយ​ក្នុងប្រាសាទ ត្រិះរិះដើម្បីឲ្យនូវអជ្ឈត្តិកទានថា បើអ្នកណាមកសូមតថាគត តថាគតគប្បី​ឲ្យ​បេះដូង ឲ្យភ្នែក ឲ្យសាច់ និងឈាម ឬក៏គេញ៉ាំងតថាគត ឲ្យដឹងឮថា (អ្នកចូរធ្វើជា​ទាសៈ​របស់ខ្ញុំ) តថាគតនឹងព្រមប្រគល់កាយ (ដល់អ្នកនោះ)។ កាលតថាគតកំពុង​គិតនូវ​ភាពដែលមិនញាប់ញ័រ ដែលមិនរួញរា មហាប្រឹថពី មានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏ញាប់ញ័រក្នុងទីនោះ។ តថាគតឡើងជិះដំរីឈ្មោះបច្ច័យ ចូលទៅ (កាន់សាលាទាន) ដើម្បីឲ្យទានក្នុងថ្ងៃឧបោសថ ខែពេញបូណ៌មីទី ១៥ ក្នុងកន្លះខែ ជាលំដាប់។ ព្រាហ្មណ៍​ទាំងឡាយ ដែលនៅក្នុងដែនកាលិង្គៈ ចូលទៅរកតថាគត សូមដំរីដ៏ប្រសើររបស់តថាគត ជាដំរីនាំឲ្យបានទ្រព្យ ដែលគេសន្មតជាសត្វមង្គលថា ជនបទ (របស់យើងខ្ញុំព្រះអង្គ) មិនមានភ្លៀង ទុរ្ភិក្សអត់ឃ្លានខ្លាំង សូមព្រះអង្គព្រះរាជទានដំរីប្រសើរ មានអវយវៈសសុទ្ធ ជាដំរីឧត្តម។ ព្រាហ្មណ៍ទាំងឡាយ សូមដំរីណា ចំពោះតថាគត តថាគតឲ្យដំរីនោះ ឥត​ញាប់ញ័រឡើយ តថាគតមិនលាក់លៀមនូវទេយ្យធម៌ដែលមាន ព្រោះចិត្តរបស់តថាគត​ត្រេកអរ​ក្នុងទាន។ កាលបើយាចកមកដល់ហើយ ការប្រកែកក៏មិនសមគួរដល់តថាគត ការសមាទានរបស់តថាគត កុំបីបែកធ្លាយឡើយដូច្នេះ តថាគតនឹងឲ្យដំរីប្រសើរ។ តថាគត​ចាប់ដំរីត្រង់ប្រមោយ រួចច្រួចទឹកក្នុងកណ្ឌី ជាវិការៈនៃកែវ ដាក់លើដៃព្រាហ្មណ៍ ហើយឲ្យដំរីដល់ព្រាហ្មណ៍។ កាលតថាគតឲ្យដំរីដ៏ឧត្តមសសុទ្ធដទៃទៀត ក្នុងកាលនោះ មហាប្រឹថពីដែលមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏ញាប់ញ័រ។ ព្រោះតែការឲ្យនូវ​ដំរីនោះ ជាហេតុឲ្យពួកអ្នកដែនសិវិខឹងខ្លាំង ក៏មកប្រជុំគ្នា ហើយបណ្តេញតថាគតចាក​ដែន​របស់ខ្លួន ដោយពាក្យថា សូមព្រះអង្គទៅនៅវង្កតបព៌តទៅ។ កាលពួកអ្នកដែន​សិវិ​នោះ បណ្តេញតថាគតអោយចេញចាកដែន ចិត្តរបស់តថាគតមិនញាប់ញ័រ មិនតក់ស្លុត​ទេ តថាគតបានសូមពរមួយដ៏ប្រសើរ នឹងជនទាំងនោះ ដើម្បីញ៉ាំងមហាទាន​ឲ្យប្រព្រឹត្ត​ទៅ។ ពួកអ្នកដែនសិវិទាំងអស់ ដែលតថាគតសូមពរហើយ ក៏ឲ្យនូវពរមួយដ៏ប្រសើរ ដល់តថាគត ៗ ញ៉ាំងគេឲ្យដឹងឮដោយស្គរមានត្រចៀក ហើយឲ្យមហាទាន។ គ្រានោះ សំឡេងកោលាហល ដែលនាំឲ្យភ័យធំ ក៏ប្រព្រឹត្តទៅនៅក្នុងរោងទាននុ៎ះថា (ពួកអ្នកដែន​សិវិ) បណ្តេញព្រះបាទវេស្សន្តរនេះ ព្រោះតែទាន ឥឡូវព្រះបាទវេស្សន្តរនេះ នៅតែឲ្យ​ទាន​ទៀត។ កាលនោះ តថាគតឲ្យដំរី សេះ រថ ខ្ញុំស្រី ខ្ញុំប្រុស មេគោ និងទ្រព្យ លុះឲ្យ​មហាទាន​ហើយ ក៏ចេញអំពីនគរ។ លុះតថាគតចេញចាកនគរហើយ ក៏ងាកមើលទៅ​ព្រះនគរ​វិញ កាលនោះ មហាប្រឹថពី ដែលមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏​ញាប់ញ័រ។ តថាគតឲ្យនូវរថដែលទឹម ដោយសេះសន្ធព ៤ ហើយឋិតនៅក្នុងផ្លូវធំ ៤ ជាបុគ្គលតែម្នាក់ឯង មិនមានបុគ្គលជាគម្រប់ពីរ និយាយនូវពាក្យនេះ នឹងនាងមទ្រីទេវីថា ម្នាលនាងមទ្រី នាងចូរពកណ្ហាជិនាចុះ ព្រោះកណ្ហាជិនាជាប្អូននេះ ស្រាល បងនឹង​ពជាលីកុមារ ព្រោះជាលីកុមារជាបងធ្ងន់។ នាងមទ្រីទេវីពកណ្ហាជិនា ដូចជាផ្កាឈូកស តថាគតពក្សត្រជាលី ដូចជារូបភាពជាវិការៈនៃមាស។ ខត្តិយជនទាំង ៤ អង្គ ធ្លាប់​ចម្រើនដោយសេចក្តីសុខ មានជាតិខ្ពង់ខ្ពស់ កាលស្តេចទៅក្នុងផ្លូវមិនរាបស្មើខ្លះ រាបស្មើ​ខ្លះ (ដោយគិតថា) យើងនឹងទៅកាន់វង្កតបព៌ត។ បើមនុស្សណាមួយ ដើរមកក្នុងផ្លូវ​បណ្តោយ​គ្នា ឬផ្លូវជួបគ្នា យើងនឹងសាកសួរផ្លូវនឹងមនុស្សទាំងនោះថា វង្កតបព៌តនៅក្នុង​ទីណា។ មនុស្សទាំងនោះ ឃើញយើងក្នុងទីនោះ នឹងប្រាប់ (នូវផ្លូវដែលទៅ) កាន់ភ្នំ ដោយសេចក្តីករុណា មនុស្សទាំងនោះ ដឹងនូវទុក្ខ (របស់យើង នឹងប្រាប់ថា) វង្កតបព៌ត នៅក្នុងទីឆ្ងាយអំពីទីនេះ។ បើទារកទាំងពីរឃើញឈើ មានផ្លែក្នុងព្រៃធំ ព្រោះហេតុនៃ​ផ្លែឈើ​ទាំងនោះ ទារកទាំងពីរនឹងយំទារ។ ដើមឈើធំខ្ពស់ទាំងឡាយ ព្រោះឃើញទារក​ទាំង​ពីរយំ ក៏ទោរទន់ចូលមកជិតទារកដោយខ្លួនឯង។ នាងមទ្រីមានអវយវៈទាំងអស់ល្អ ឃើញនូវហេតុគួរអស្ចារ្យចំឡែក គួរព្រឺរោម ក៏ញ៉ាំងសាធុការឲ្យប្រព្រឹត្តទៅថា ឱហ្ន៎! ហេតុ​អស្ចារ្យចំឡែក គួរព្រឺរោម កើតឡើងហើយក្នុងលោកនេះ ដោយតេជះនៃព្រះវេស្សន្តរ ដើមឈើទាំងឡាយ ក៏ទោរទន់ចុះមកដោយខ្លួនឯង។ ពួកទេវតាបានបម្រួញផ្លូវដោយ​សេចក្តី​អនុគ្រោះចំពោះទារក ញ៉ាំងជនទាំងនោះ ឲ្យដល់ដែនចេតៈ ក្នុងថ្ងៃដែលខ្លួន​ចេញ​ទៅ។ កាលនោះ ស្តេចទាំងអស់ ៦០,០០០ អង្គ ដែលនៅក្នុងមាតុលនគរ ក៏ប្រណម្យ​អញ្ជលី​ទួញយំ ដើរចូលមកជិត។ ក្សត្រទាំង ៤ ព្រះអង្គនោះ និយាយចរចាជាមួយ​នឹង​ស្តេច​ចេតៈទាំងឡាយ និងពួកបុត្ររបស់ស្តេចចេតៈក្នុងទីនោះ ហើយលាចេញពីទីនោះ​ទៅ​ថា យើងនឹងទៅកាន់វង្កតបព៌ត។ ព្រះឥន្ទ្រ ទ្រង់ហៅនូវវិស្សុកម្មទេវបុត្រ ដែលមាន​ឫទ្ធិច្រើន​មកប្រាប់ថា អ្នកចូរនិម្មិតអាស្រម និងបណ្ណសាលាដ៏ល្អ ជាទីរីករាយ ថ្វាយ​ព្រះបាទវេស្សន្តរ ព្រមទាំងភរិយា និងបុត្រ។ វិស្សុកម្មទេវបុត្រ ដែលមានឫទ្ធិច្រើន លុះបានស្តាប់ពាក្យរបស់សក្កទេវរាជហើយ ក៏ចុះមកនិម្មិតអាស្រម និងបណ្ណសាលាដ៏ល្អ​ជាទីរីករាយ។ ក្សត្រ ៤ ព្រះអង្គ បានចូលទៅកាន់ព្រៃធំ ដែលមិនមានសំឡេង មិនមាន​សេចក្តីវឹកវរ ហើយ (និយាយគ្នាថា) យើងនឹងនៅក្នុងចន្លោះនៃភ្នំនោះ កាលនោះ តថាគត នាងមទ្រីទេវី កូនទាំងពីរ គឺជាលី និងកណ្ហាជិនា បានបន្ទោបង់សេចក្តីសោកដល់គ្នានឹងគ្នា ហើយនៅក្នុងអាស្រម កាលនោះ តថាគត រក្សាទារកក្នុងអាស្រម មិនសូន្យស្ងាត់ នាងមទ្រីនោះ តែងនាំផ្លែឈើមកចិញ្ចឹមជនទាំង ៣ នាក់។ កាលតថាគតនៅក្នុងព្រៃធំ មានអ្នកដំណើរម្នាក់ ចូលមករកតថាគត សូមកូនទាំងពីរនៃតថាគត គឺជាលី និង​កណ្ហាជិនា។ កាលនោះ តថាគតកើតសេចក្តីរីករាយ ព្រោះបានឃើញយាចកដើរចូលមក បានយកកូនទាំងពីរ ឲ្យដល់ព្រាហ្មណ៍។ កាលតថាគត បរិច្ចាគបុត្តទាំងពីររបស់ខ្លួន ដល់​ជូជកព្រាហ្មណ៍ កាលនោះ ប្រឹថពីដែលមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏​ញាប់ញ័រ។ ព្រះឥន្ទ្របានក្លែងភេទ ជាព្រាហ្មណ៍ម្តងទៀត ចុះមកសូមនាងមទ្រីទេវី ដែល​មានសីល មានវត្តចំពោះប្តី នឹងតថាគត។ តថាគតមានសេចក្តីត្រិះរិះក្នុងចិត្តដោយជ្រះថ្លា ចាប់នាងមទ្រីទេវី ត្រង់ដើមដៃ ហើយច្រួចទឹក ដាក់លើអញ្ជលីនៃព្រាហ្មណ៍ ឲ្យនាងមទ្រី​ដល់​ព្រាហ្មណ៍។ កាលដែលតថាគតឲ្យនាងមទ្រី ទេវតាឰដ៏អាកាស ក៏ត្រេកអររីករាយ ប្រឹថពីដែលមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏ញាប់ញ័រក្នុងកាលនោះ។ កាល​តថាគត បរិច្ចាគជាលីកុមារ កណ្ហាជិនាធីតា និងនាងមទ្រីទេវី ដែលមានវត្តចំពោះប្តី ឥត​គិត​ក្តៅក្រហាយសោះឡើយ ក៏ព្រោះហេតុនៃពោធិញ្ញាណតែម៉្យាង។ បុត្រទាំងពីរមិនមែន​ជាទីស្អប់របស់តថាគតទេ ទាំងនាងមទ្រីទេវី ក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែ​សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត បានជាតថាគតឲ្យបុត្រ និងភរិយាជាទី​ស្រឡាញ់។ កាលពួកជនមកជួបជុំគ្នា ក្នុងសំណាក់នៃមាតា និងបិតា ក្នុងព្រៃធំ ក៏​ខ្សឹកខ្សួល ដោយសេចក្តីករុណា ចរចាសួរសុខ និងទុក្ខគ្នា។ កាលមហាជន ចូលទៅ​រកជន​ទាំងពីរ ជាអ្នកធ្ងន់ដោយហិរិ និងឱត្តប្បៈ កាលនោះ ប្រឹថពីដែលមានភ្នំសិនេរុ និងព្រៃ​ជាគ្រឿង​ប្រដាប់ ក៏កម្រើកញាប់ញ័រ។ ម៉្យាងទៀត តថាគតចេញអំពីព្រៃធំ ជាមួយនឹង​ពួក​ញាតិ ចូលទៅកាន់បុរី គួរជាទីសប្បាយ ឈ្មោះជេតុត្តរ ដែលជានគរដ៏ឧត្តម ក្នុងកាលនោះ មហារមេឃក៏បង្អុរចុះនូវភ្លៀងជាវិការៈនៃកែវ ៧ ប្រការ ប្រឹថពីដែលមានភ្នំសិនេរុ និងព្រៃ​ជា​គ្រឿង​ប្រដាប់ ក៏កម្រើក។ ប្រឹថពីមិនមានចេតនាទេ មិនដឹងសុខ និងទុក្ខទេ តែ​មហាប្រឹថពី​នោះ បានកម្រើកញាប់ញ័រ អស់វារៈ ៧ ដង ព្រោះកម្លាំងទានរបស់តថាគត។

ចប់ វេស្សន្តរចរិយា ទី៩។

សសបណ្ឌិតចរិយា ទី១០

[១០] ចរិយាដទៃទៀត កាលតថាគត កើតជាទន្សាយ ត្រាច់ទៅក្នុងព្រៃ មានស្មៅ ស្លឹកឈើ បន្លែ និងផ្លៃឈើជាអាហារ វៀរចាកការបៀតបៀនសត្វដទៃ។ កាលនោះ ស្វា ចចក ភេ និងតថាគត ព្រមព្រៀងនៅជាមួយគ្នា ទាំងព្រឹកទាំងល្ងាច។ តថាគតប្រៀនប្រដៅ​សំឡាញ់​ទាំង ៣ នោះ ដែលមានកិរិយាល្អ និងកិរិយាអាក្រក់ថា អ្នកទាំងឡាយ ចូរវៀរនូវ​អំពើអាក្រក់ ហើយចូរតម្កល់ខ្ជាប់ក្នុងអំពើល្អ។ តថាគតឃើញព្រះចន្ទ្រពេញវង់ ក្នុងថ្ងៃ​ឧបោសថ ក៏ប្រាប់ដល់សំឡាញ់នុ៎ះ ក្នុងទីនោះថា ថ្ងៃនេះ ជាថ្ងៃឧបោសថ។ អ្នកទាំងឡាយ ចូរចាត់ចែងទាន ដើម្បីឲ្យដល់ទក្ខិណេយ្យបុគ្គល លុះបានឲ្យទានដល់ទក្ខិណេយ្យបុគ្គល​រួចហើយ ចូររក្សាឧបោសថ។ សត្វជាសំឡាញ់នោះ បានទទួលពាក្យតថាគតថា សាធុ ហើយចាត់ចែងទានតាមសេចក្តីអង់អាច តាមកម្លាំង ហើយស្វែងរកទក្ខិណេយ្យបុគ្គល។ ឯតថាគត ដេកគិតនូវទានដែលសមគួរ ដល់ទក្ខិណេយ្យបុគ្គលថា បើអញបាន​ទក្ខិណេយ្យ​បុគ្គល តើអញនឹងឲ្យទានដូចម្តេច។ ល្ង និងសណ្តែកបាយនៃអញគ្មានទេ សណ្តែករាជមាស អង្ករ និងខ្លាញ់នៃអញ ក៏គ្មានដែរ អញញ៉ាំងអត្តភាព​ឲ្យប្រព្រឹត្តទៅ​ដោយ​ស្មៅ អញមិនអាចនឹងឲ្យស្មៅបានទេ ដូច្នេះ បើមានទក្ខិណេយ្យបុគ្គលណាមួយ ដើរមកក្នុងសំណាក់អញដើម្បីភិក្ខា អញនឹងឲ្យខ្លួនជារបស់ខ្លួន នឹងមិនឲ្យទក្ខិណេយ្យ​បុគ្គល​នោះ មានដៃទទេទៅវិញឡើយ ព្រះឥន្ទ្រដឹងនូវសេចក្តីត្រិះរិះរបស់តថាគត ហើយ​ក្លែងភេទជាព្រាហ្មណ៍ ចូលមកកាន់លំនៅតថាគត ដើម្បីល្បងទានរបស់តថាគត។ តថាគត​ឃើញឥន្ទព្រាហ្មណ៍នោះ ហើយក៏ត្រេកអរ បានពោលពាក្យនេះថា ពេញជា​ល្អ​មែន អ្នកមកក្នុងសំណាក់ខ្ញុំ ព្រោះហេតុតែអាហារ។ ក្នុងថ្ងៃនេះ ខ្ញុំនឹងឲ្យនូវទាន​ដ៏ប្រសើរ​ដល់អ្នក ជាទានដែលខ្ញុំមិនធ្លាប់ឲ្យឡើយ អ្នកប្រកបដោយគុណ គឺសីល ការបៀតបៀន​សត្វ​ដទៃ មិនគួរដល់អ្នកឡើយ អ្នកចូរមក ចូរទៅនាំយកឧសផ្សេងៗ មកបង្កាត់ភ្លើងឲ្យ​ឆេះ​ឡើង ខ្ញុំនឹងដុតខ្លួន អ្នកនឹងបានបរិភោគសាច់ឆ្អិន។ ឥន្ទព្រាហ្មណ៍នោះ មានចិត្ត​ត្រេកអរ ទទួលថា សាធុ ហើយទៅនាំឧសផ្សេងៗ យកមកធ្វើជើងថ្ករយ៉ាងធំ ហើយធ្វើឲ្យ​មាន​ផ្ទៃ ពេញដោយរងើកភ្លើង។ គំនរភ្លើងធំនោះ ឆេះឆាប យ៉ាងណា ឥន្ទព្រាហ្មណ៍នោះ ក៏ដុតភ្លើងឆេះសន្ធោសន្ធៅក្នុងទីនោះ យ៉ាងនោះ តថាគត រលាស់ខ្លួនដែលប្រឡាក់​ដោយ​ធូលី ហើយអង្គុយក្នុងទីដ៏សមគួរនោះ។ កាលណា គំនរឧសធំ ត្រូវភ្លើងឆេះ ឮសូរសំឡេង​ធុំធុំ កាលនោះ តថាគតលោតទម្លាក់ខ្លួនទៅក្នុងកណ្តាលចន្លោះអណ្តាតភ្លើង ធម្មតាទឹក​ត្រជាក់ ដែលបុគ្គលណាមួយចុះទៅហើយ រមែងញ៉ាំងសេចក្តីក្រវល់ក្រវាយ ក្តៅក្រហាយ ឲ្យស្ងប់រម្ងាប់ បានញ៉ាំងសេចក្តីត្រេកអរ និងបីតិ ឲ្យកើតឡើងយ៉ាងណា។ កាលតថាគត​ចូល​ទៅក្នុងភ្លើង ដែលកំពុងឆេះសន្ធោសន្ធៅ ក៏ញ៉ាំងសេចក្តីក្រវល់ក្រវាយទាំងអស់ ឲ្យ​ស្ងប់​រម្ងាប់ ដូចជាទឹកត្រជាក់ ដូច្នោះឯង។ តថាគតបានឲ្យសម្បុរថ្ងៃ ស្បែក សាច់ សរសៃ ឆ្អឹង បេះដូង និងកាយទាំងមូល មិនឲ្យមានសេសសល់ ដល់ព្រាហ្មណ៍។

ចប់ សសបណ្ឌិតចរិយា ទី១០។

ឧទ្ទាននៃចរិយានោះ

អកិត្តិចរិយា ១ សង្ខព្រាហ្មណចរិយា ១ ស្តេចក្នុងដែនកុរុ ព្រះនាមធនញ្ជ័យ (កុរុធម្មចរិយា) ១ មហាសុទស្សនរាជ (សុទស្សនចរិយា) ១ មហាគោវិន្ទចរិយា ១ នេមិរាជចរិយា ១ ចន្ទកុមារចរិយា ១ សិវិរាជចរិយា ១ វេស្សន្តរចរិយា ១ សសបណ្ឌិតចរិយា ១ បុគ្គល​ណាបានឲ្យទានដ៏ប្រសើរទាំងឡាយនោះ ក្នុងកាលនោះ បុគ្គលនោះ គឺតថាគតហ្នឹងឯង។ ការបរិច្ចាគនូវទេយ្យធម៌ទាំងឡាយនុ៎ះ ជាបរិក្ខារនៃទាន ការបរិច្ចាគនូវទានដ៏ប្រសើរ​ទាំងឡាយ​នុ៎ះ ជាបារមីនៃទាន (ហេតុនោះ) បានជាតថាគត ឲ្យនូវជីវិតដល់យាចក ហើយ​បំពេញ​នូវបារមីនេះ។ តថាគតឃើញយាចក ចូលមកដើម្បីភិក្ខា ក៏បានលះបង់ខ្លួនជា​របស់​ខ្លួន បុគ្គលអ្នកឲ្យទាន ស្មើដោយទានរបស់តថាគត មិនមានឡើយ នេះជាទានបារមី​របស់​តថាគត។

ចប់ ទានបារមី។

សីលបរមិតា

សីលវនាគចរិយា ទី១

[១១] កាលដែលតថាគតកើតជាដំរី ជាសត្វចិញ្ចឹមមាតា នៅក្នុងព្រៃធំ កាលនោះ នឹងរក​អ្នកណា​លើផែនដីនេះ ឲ្យស្មើនឹងតថាគតដោយសីលគុណ មិនមានឡើយ។ មានថ្មើរព្រៃ​ម្នាក់ ឃើញតថាគតក្នុងព្រៃ ក៏ក្រាបទូលដល់ស្តេចពារាណសីថា បពិត្រមហារាជ គជសារ​មួយ​នៅក្នុងព្រៃធំ ជាសត្វមានសភាពសមគួរដល់ព្រះអង្គ ដំរីនោះ មិនមានសេចក្តីត្រូវការ​ដោយ​ស្នាមភ្លោះទេ មិនមានសេចក្តីត្រូវការដោយខ្សែ ប្រកាំ និងរណ្តៅទេ ដំរីនោះ គ្រាន់​តែបុគ្គលចាប់ទាញប្រមោយ នឹងមកក្នុងទីនេះ ដោយខ្លួនឯង។ ចំណែកខាងព្រះរាជា ទ្រង់បានព្រះសណ្តាប់នូវពាក្យរបស់ថ្មើរព្រៃនោះហើយ ក៏មានព្រះរាជហឫទ័យត្រេកអរ ទើបទ្រង់ប្រើហ្មដំរី ដែលជាហត្ថាចារ្យឈ្លាសវាងវៃ បានសិក្សាវិជ្ជាចាប់ដំរីចេះល្អិតល្អ។ ហ្មដំរីនោះ លុះទៅដល់ ក៏ឃើញតថាគត កំពុងដកមើមឈូក ក្រអៅឈូក ក្នុងបទុមស្រះ ដើម្បីចិញ្ចឹមមាតា។ នាយហត្ថាចារ្យនោះ លុះដឹងច្បាស់សីលគុណនៃតថាគត ក៏ពិចារណា​ឃើញលក្ខណៈ (នៃតថាគត) ហើយពោលថា ម្នាលកូន អ្នកចូរមក ហើយចាប់ដឹក​តថាគត​ត្រង់ប្រមោយ។ កាលនោះ កម្លាំងណាប្រព្រឹត្តទៅក្នុងសរីរៈនៃតថាគត ដែលតាំងនៅ​ដោយ​ប្រក្រតី កម្លាំងនោះប្រាកដស្មើដោយកម្លាំងនៃដំរីច្រើនពាន់ ក្នុងថ្ងៃនេះ។ បើតថាគត ខឹងចំពោះជនទាំងឡាយនោះ ដែលចូលមកចាប់តថាគត តថាគតអាច (នឹងញាំញីនូវ​ជីវិត) នៃមនុស្សនោះ រហូតដល់រាជ្យ ជារបស់មនុស្សក៏បាន។ តែតថាគតរក្សាសីល (សូម្បី​ឃើញ) នូវជនកាលដាក់តថាគតក្នុងរោង ក៏មិនធ្វើចិត្តឲ្យរាយមាយ ដើម្បីបំពេញនូវ​សីល​បារមី។ ប្រសិនបើជនទាំងឡាយនោះ កាប់ចាក់តថាគតដោយប៉ូវថៅ និងលំពែង​ស្នែងក្របី ក្នុងទីនោះ ក៏តថាគតមិនក្រោធខឹង ចំពោះជនទាំងនោះ ព្រោះតថាគតខ្លាច​ដាច់​សីល។

ចប់ សីលវនាគចរិយា ទី១។

ភូរិទត្តចរិយា ទី២

[១២] មានចរិយាដទៃទៀត កាលដែលតថាគត កើតជានាគឈ្មោះភូរិទត្ត មានឫទ្ធិច្រើន កាលនោះ តថាគតបានទៅកាន់តាវត្តិង្សទេវលោក ជាមួយនឹងមហារាជ ព្រះនាមវិរូបក្ខៈ។ តថាគតបានឃើញទេវតាទាំងឡាយ ដែលឆ្អែតស្កប់ស្កល់ដោយសេចក្តីសុខ​យ៉ាងក្រៃ​លែង ក្នុងតាវត្តិង្សទេវលោកនោះ បានជាតថាគត សមាទាននូវសីល និងវត្ត ដើម្បីទៅកាន់​ឋានសួគ៌នោះ។ តថាគតធ្វើនូវកិច្ចថែទាំសរីរៈ បរិភោគគ្រាន់តែញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ អធិដ្ឋាននូវអង្គ ៤ ហើយដេកលើក្បាលដំបូក។ កិច្ចដែលបុគ្គលណា គួរធ្វើដោយសម្បុរថ្ងៃ ស្បែក សាច់ សរសៃ និងឆ្អឹង បុគ្គលនោះ ចូរនាំយកនូវសម្បុរថ្ងៃ ស្បែក ដែលតថាគតឲ្យ​ហើយ​នោះចុះ។

អាលម្ពានព្រាហ្មណ៍ លុះនេសាទព្រាហ្មណ៍ ជាអកតញ្ញូ ប្រាប់កន្លែងហើយ ក៏ទៅចាប់យក​តថាគតដាក់ក្នុងកំប្រោង ហើយប្រើតថាគតឲ្យលេងក្នុងស្រុក និគម ជនបទនោះៗ។ កាល​អាលម្ពានព្រាហ្មណ៍ ដាក់តថាគតក្នុងកំប្រោងក្តី ញាំញីតថាគតដោយដៃក្តី តថាគត​មិន​ខឹងនឹងអាលម្ពានព្រាហ្មណ៍ ព្រោះតថាគតខ្លាចដាច់សីល។ ការបរិច្ចាគជីវិតនៃខ្លួន​របស់​តថាគត ជាធម្មជាតិស្រាលជាងបាច់ស្មៅទៅទៀត។ ឯការប្រព្រឹត្តិកន្លងសីលនៃ​តថាគត ធ្ងន់ដូចជាការប្រែត្រឡប់ដែនដី។ តថាគតលះបង់ជីវិត នៃតថាគត អស់រយជាតិ​មិនមានចន្លោះ តថាគតមិនដែលទម្លាយសីល ព្រោះហេតុតែបានជាស្តេចចក្រពត្តិក្នុង​ទ្វីបទាំង ៤ ទេ។ ចំណែកខាងតថាគតរក្សាសីល (សូម្បីឃើញ) នូវអាលម្ពានព្រាហ្មណ៍ ដាក់តថាគតក្នុងកំប្រោង ក៏មិនធ្វើចិត្តឲ្យរាយមាយ ដើម្បីបំពេញនូវសីលបារមី។

ចប់ ភូរិទត្តចរិយា ទី២។

ចម្បេយ្យចរិយា ទី៣

[១៣] ចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេចនាគ ឈ្មោះចម្បេយ្យ [មានស្ទឹង​មួយ​ឈ្មោះចម្បា នៅត្រង់ចន្លោះដែនអង្គៈ និងដែនមគធៈ នៅខាងក្រោមស្ទឹងនោះ មាន​ភពនាគមួយ ឈ្មោះចម្បា ស្តេចនាគដែលកើតក្នុងភពនោះ ឈ្មោះចម្បេយ្យ។ អដ្ឋកថា។] មានឫទ្ធិច្រើន កាលនោះ តថាគតជាអ្នកប្រកបដោយធម៌ ជាអ្នកឆ្អែតស្កប់ស្កល់​ដោយ​សីល និងវ័ត។ កាលនោះ ហ្មពស់ចាប់តថាគត ដែលជាអ្នកប្រព្រឹត្តធម៌ រក្សាឧបោសថ យកទៅឲ្យលេងល្បែង ទៀបទ្វារក្រុងនៃស្តេច។ ហ្មពស់នោះ គិតឲ្យមានពណ៌ខៀវ លឿង ក្រហម តថាគតធ្វើតាមចិត្តហ្មពស់ ឲ្យសម្រេចដូចគំនិតដែលគិត។ តថាគតអាចនឹងធ្វើទី​ទួល​ឲ្យជាទីទឹក ធ្វើទីទឹកឲ្យជាទីទួល បើតថាគតខឹងចំពោះហ្មពស់នោះ តថាគតធ្វើឲ្យខ្ទេច​ជា​ផេះមួយរំពេច។ បើតថាគតបណ្តោយតាមអំណាចចិត្ត តថាគតនឹងសាបសូន្យចាក​សីល ប្រយោជន៍ដ៏ឧត្តម គឺភាពជាព្រះពុទ្ធ នឹងមិនសម្រេចដល់តថាគត ដែលសាបសូន្យ​ចាកសីលឡើយ។ កាយនេះ ទោះបែកធ្លាយរោយរាយលើផែនដីនេះ ឲ្យដូចជាបុគ្គល​រោយ​នូវសំដីស្រូវ ក៏តថាគតមិនទម្លាយសីលឡើយ។

ចប់ ចម្បេយ្យចរិយា ទី៣។

ចូឡពោធិចរិយា ទី៤

[១៤] ចរិយាដទៃទៀត កាលដែលតថាគតជាបរិព្វាជក ឈ្មោះចូឡពោធិ ជាអ្នកមាន​សីល​ល្អ ឃើញនូវភពថាជារបស់គួរខ្លាចហើយ ក៏ចេញទៅសាងអភិនេស្ក្រម។ នាងព្រាហ្មណី មានសម្បុរដូចមាស នាងជាភរិយារបស់តថាគត នាងមិនមានអាល័យក្នុងវដ្តៈ ក៏បាន​ចេញ​ទៅ​សាងអភិនេស្ក្រមដែរ នាងមិនមានអាល័យ លះបង់នូវផៅពង្ស មិនជាប់នឹងពួក​ត្រកូល តថាគត និងព្រាហ្មណីនោះ ដើរទៅកាន់ស្រុក និងនិគម ក៏បានចូលទៅកាន់​ក្រុងពារាណសី។ យើងទាំងពីរនាក់ ជាអ្នកមានបញ្ញា នៅជិតក្រុងពារាណសីនោះ មិននៅ​ច្រឡូកច្រឡំក្នុងពួកត្រកូលទេ នៅក្នុងឧទ្យានស្តេច ជាទីមិនមានសំឡេង មិនមានវឹកវរ។ ព្រះរាជាទ្រង់ស្តេចទៅទតឧទ្យាន បានឃើញព្រាហ្មណី ទ្រង់ចូលទៅសួរតថាគតថា ស្រី​នេះ​ជាភរិយារបស់លោក ឬជាភរិយារបស់អ្នកណា។ កាលព្រះរាជា ទ្រង់ត្រាស់សួរ​យ៉ាង​នេះ​ហើយ តថាគតបានទូលព្រះរាជាថា ស្រីនេះមិនមែនជាភរិយារបស់អាត្មាភាពទេ គ្រាន់​តែជាស្រីមានធម៌ត្រូវគ្នា មានសាសនាត្រូវគ្នាប៉ុណ្ណោះ។ ព្រះរាជាមានព្រះទ័យ​ប្រតិព័ទ្ធ ចំពោះបរិព្វាជិកានោះ ក៏ប្រើរាជបុរសឲ្យចាប់សង្កត់សង្កិនដោយកម្លាំង យកចូល​ទៅ​ខាងក្នុងព្រះរាជវាំង។ កាលភរិយាមានជាតិជាមួយគ្នា មានសាសនាត្រូវគ្នា របស់​តថាគត ដែលរាជបុរសទាញអូសនាំទៅនោះ សេចក្តីក្រោធក៏កើតឡើងដល់តថាគត។ កាលសេចក្តីក្រោធកើតឡើង តថាគតពិចារណានូវសីលវ័ត ផ្ទញ់ផ្ទាល់នូវសេចក្តីក្រោធ​ក្នុង​ទីនោះ មិនឲ្យចម្រើនឡើងបាន ប្រសិនបើអ្នកណាមួយចាក់ព្រាហ្មណីនោះ ដោយ​លំពែង​ដ៏មុត តថាគតក៏មិនទម្លាយសីល ព្រោះហេតុនៃពោធិញ្ញាណ ព្រាហ្មណីនោះ មិនមែនជាទីស្អប់របស់តថាគតទេ ទាំងកម្លាំងតថាគត ក៏មិនមែនជាមិនមានឡើយ តែ​សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតរក្សាសីល​តែម៉្យាង។

ចប់ ចូឡពោធិចរិយា ទី៤។

មហិសរាជចរិយា ទី៥

[១៥] មានចរិយាដទៃទៀត កាលតថាគតកើតជាក្របីព្រៃត្រាច់ទៅក្នុងព្រៃធំ មានកាយ​ចម្រើន មានកម្លាំងច្រើន មានសរីរៈធំធាត់ បើគេឃើញហើយគួរតែខ្លាច។ ទីនៅនៃក្របី​ទាំង​ឡាយ មានក្នុងទីនោះ គឺញកភ្នំ ផ្លូវជិតភ្នំដែលបុគ្គលទៅបានដោយកម្រ គល់ឈើ និង​បឹង សត្វនីមួយៗ កាលត្រាច់ទៅក្នុងទីនោះៗ តែងបានឃើញទីដ៏ល្អក្នុងព្រៃធំ ឯតថាគត​ក៏ចូល​ទៅកាន់ទីនោះ ឈរផង ដេកផង។ គ្រានោះ មានស្វាមួយក្នុងព្រៃធំនោះ ជាសត្វ​លាមកថោកទាប ឡេះឡោះ មកកាន់ទីនោះ នោម ជុះដាក់តថាគតត្រង់ក ថ្ងាស និង​ចិញ្ចើម។ ពានរនោះប្រទូស្តនឹងតថាគត អស់មួយថ្ងៃ ពីរថ្ងៃ បីថ្ងៃ បួនថ្ងៃ តថាគតត្រូវ​ពានរ​នោះ បៀតបៀនសព្វៗកាល។ ទេវតាឃើញតថាគត ដែលត្រូវស្វានោះបៀតបៀនហើយ ក៏ពោលពាក្យនេះនឹងតថាគតថា (ម្នាលក្របី) អ្នកចូរញ៉ាំងស្វាលាមកអាក្រក់នេះ ឲ្យវិនាស​ដោយ​ស្នែង និងក្រចកទៅ។ កាលទេវតាពោលយ៉ាងនេះហើយ តថាគតបាននិយាយ​តប​ទៅនឹងទេវតានោះវិញថា (ម្នាលទេវតា) បើទុកជាអ្នកប្រឡាក់ខ្ញុំដោយសាកសព លាមក ថោកទាប ដូចម្តេចក៏ដោយ ក៏ខ្ញុំមិនធ្វើតាមពាក្យអ្នកឡើយ។ ព្រោះថា បើខ្ញុំខឹងនឹងស្វានេះ ខ្ញុំជាបុគ្គលថោកទាបជាងស្វានោះទៅទៀត សីលរបស់ខ្ញុំនឹងបែកធ្លាយផង វិញ្ញូជនទាំង​ឡាយ នឹងតិះដៀលដល់ខ្ញុំផង។ ការស្លាប់ដោយសេចក្តីបរិសុទ្ធិ ប្រសើរជាងការរស់នៅ ដែលពួកអ្នកប្រាជ្ញតិះដៀល បើយ៉ាងនេះ ឲ្យខ្ញុំធ្វើនូវការបៀតបៀនអ្នកដទៃ ព្រោះហេតុ​តែជីវិត (របស់ខ្លួន) ដូចម្តេចកើត។ បុគ្គលប្រកបដោយប្រាជ្ញា កាលអត់ទ្រាំ​ចំពោះ​សេចក្តី​មើលងាយ (របស់ពួកជនដទៃ) ក្នុងហេតុយ៉ាងមុទុ មជ្ឈិម និងឧក្រិដ្ឋ រមែងបាន​សម្រេច​ដូច​សេចក្តីប្រាថ្នាក្នុងចិត្តយ៉ាងនេះឯង។

ចប់ មហិសរាជចរិយា ទី៥។

រុរុមិគចរិយា ទី៦

[១៦] មានចរិយាដទៃទៀត កាលតថាគតកើតជាស្តេចម្រឹគ ឈ្មោះរុរុ សម្បុរស្បែកដូច​មាស​ដែលជាងដុតល្អ ប្រកបដោយសីលដ៏ឧត្តម។ កាលនោះ ប្រទេសដែលគួរឲ្យត្រេកអរ គួរឲ្យរីករាយ ជាប្រទេសស្ងាត់សូន្យ មិនមានមនុស្ស នៅជិតច្រាំងទន្លេគង្គា គួរជាទី​រីករាយ​នៃចិត្ត តថាគតបានចូលទៅនៅក្នុងទីនោះ។ កាលនោះ មានបុរសសំណាក់ (ចំពាក់​បំណុល​គេ) ត្រូវពួកម្ចាស់ទ្រព្យតឹងទារខ្លាំង ក៏លោតទម្លាក់ខ្លួនចុះក្នុងទីខាងលើខ្សែទឹក​ទន្លេគង្គា ដោយគិតថា អញរស់ក៏ដោយ ស្លាប់ក៏ដោយ។ បុរសនោះ ត្រូវខ្សែទឹកទន្លេគង្គា កួចទៅក្នុងទឹកធំ អស់មួយយប់មួយថ្ងៃ ស្រែកនូវសម្រែកគួរអាណិត អណ្តែតទៅក្នុង​កណ្តាល​ទន្លេ។ តថាគតឮសំឡេងនៃបុរសនោះ កំពុងខ្សឹកខ្សួល គួរអាណិត ឋិតនៅ​ទៀបឆ្នេរនៃស្ទឹង ក៏ស្រែកសួរថា អ្នកជាមនុស្សឬ។ បុរសនោះ ដែលតថាគតសួរហើយ ក៏ប្រាប់ហេតុរបស់ខ្លួន ក្នុងកាលនោះថា ខ្ញុំភ័យតក់ស្លុតខ្លាំងនឹងពួកម្ចាស់បំណុល ហើយ​ស្ទុះមកក្នុងស្ទឹងធំនេះ។ តថាគតមានសេចក្តីអាណិតចំពោះបុរសនោះ ក៏ប្រថុយលះបង់​ជីវិត​របស់ខ្លួន ចូលទៅនាំយកបុរសនោះមកក្នុងរាត្រីដ៏ងងឹត។ តថាគតដឹងនូវកាលនៃ​បុរស​នោះ បាត់សេចក្តីលំបាកហើយ ក៏ពោលពាក្យនេះ នឹងបុរសនោះថា ខ្ញុំសូមពរ​មួយ​នឹងអ្នកថា ចូរអ្នកកុំប្រាប់រូបខ្ញុំ ដល់អ្នកណាមួយឡើយ។ បុរសនោះ ទៅកាន់នគរវិញ ស្តេច​សួរ ហេតុតែចង់បានទ្រព្យ ក៏ក្រាបទូល (ដល់ស្តេច) ហើយនាំស្តេចចូល​ទៅកាន់​សំណាក់​តថាគត។ តថាគតប្រាប់ហេតុសព្វគ្រប់ដល់ស្តេច ស្តេចលុះបានស្តាប់ពាក្យនោះហើយ ក៏បាន​សម្រេចព្រះទ័យថា ត្រូវសម្លាប់បុរសនេះ ដោយកូនសរ (ទ្រង់ត្រាស់ថា) អញ​នឹង​សម្លាប់បុរសទ្រុស្តមិត្តដ៏អាក្រក់ក្នុងទីនេះ។ តថាគត កាលរក្សានូវបុរសនោះ ក៏ស៊ូប្តូរ​ខ្លួន​បុរសនោះ ដោយខ្លួនរបស់តថាគត (ក្រាបទួលថា) បពិត្រមហារាជ បុរសនុ៎ះ ចូររស់​នៅចុះ សូមព្រះអង្គធ្វើខ្ញុំព្រះអង្គតាមប្រាថ្នាវិញ។ តថាគតរក្សាសីលរបស់តថាគត មិន​រក្សា​ជីវិតរបស់តថាគតឡើយ បានជាក្នុងកាលនោះ តថាគតកាន់សីលម៉ត់ចត់ ព្រោះហេតុតែ​ពោធិញ្ញាណ។

ចប់ រុរុមិគចរិយា ទី៦។

មាតង្គចរិយា ទី៧

[១៧] មានចរិយាដទៃទៀត កាលតថាគតកើតជាជដិលតាបស ឈ្មោះមាតង្គៈ មានតបៈ​ខ្ពង់ខ្ពស់ មានសីលបរិសុទ្ធ មានចិត្តតម្កល់មាំល្អ។ ជនពីរនាក់ គឺតថាគត និងព្រាហ្មណ៍ នៅជិតឆ្នេរទន្លេគង្គា តថាគតនៅខាងលើខ្សែទឹក ឯព្រាហ្មណ៍នៅខាងក្រោមខ្សែទឹក។ ព្រាហ្មណ៍ កាលដើរទៅតាមឆ្នេរទន្លេ បានឃើញអាស្រមតថាគត នៅខាងលើខ្សែទឹក ក៏​ប្រទេចផ្តាសាតថាគតក្នុងទីនោះ ហើយដាក់សម្បថថា (ចូរឲ្យក្បាលអ្នកបែកជា ៧ ភាគ ក្នុងថ្ងៃទី ៧)។ បើតថាគត ខឹងនឹងព្រាហ្មណ៍ មានតែតថាគតមិនរក្សាសីល តថាគតនឹង​ក្រឡេក​មើលព្រាហ្មណ៍នោះ ហើយធ្វើឲ្យឆេះ ទៅជាផេះក៏បាន។ កាលណោះ ព្រាហ្មណ៍​នោះ មានចិត្តប្រទូស្តខឹង ដាក់សម្បថដល់តថាគត ដោយឧបាយណា សម្បថនោះបែរជា​ធ្លាក់លើក្បាលព្រាហ្មណ៍នោះវិញ តថាគតដោះព្រាហ្មណ៍នោះ ឲ្យរួចចាកសម្បថ ដោយ​ឧបាយនោះ។ តថាគតរក្សាសីលរបស់តថាគត មិនរក្សាជីវិតរបស់តថាគតឡើយ បានជា​ក្នុង​កាលនោះ តថាគតកាន់សីលម៉ត់ចត់ ព្រោះហេតុនៃពោធិញ្ញាណ។

ចប់ មាតង្គចរិយា ទី៧។

ធម្មទេវបុត្តចរិយា ទី៨

[១៨] មានចរិយាដទៃទៀត កាលតថាគតកើតជាទេវបុត្តមានអានុភាពធំ ឈ្មោះធម្មៈ មាន​សក្តិធំ មានឫទ្ធិច្រើន ជាអ្នកអនុគ្រោះដល់សត្វលោកទាំងពួង។ កាលនោះ តថាគតញ៉ាំង​មហាជនឲ្យតម្កល់នៅក្នុងកុសលកម្មបថ ១០ ត្រាច់ទៅក្នុងស្រុក និងនិគម ជាមួយនឹងមិត្រ ជាមួយនឹងជនជាបរិវារ។ មានទេវបុត្តមួយអង្គ មានធម៌លាមក កំណាញ់ស្វិតស្វាញ សម្តែងនូវធម៌លាមក ១០ ប្រការ ទេវបុត្តនោះ ត្រាច់ទៅលើផែនដីដ៏ធំ ក្នុងជម្ពូទ្វីបនេះ ជាមួយនឹងមិត្ត ជាមួយនឹងជនជាបរិវារ។ យើងជាទេវបុត្តទាំងពីរនាក់ គឺទេវបុត្តអ្នកពោល​នូវធម៌ និងទេវបុត្តអ្នកពោលនូវអធម៌ ទៅជាសត្រូវនឹងគ្នា យើងទាំងពីរនាក់ ត្រូវបររថប៉ះ​នឹម​ដោយនឹម ក្នុងផ្លូវជួបគ្នា។ ជម្លោះជាហេតុញ៉ាំងភ័យឲ្យកើត ប្រព្រឹត្តទៅដល់កល្យាណ​ទេវបុត្ត និងបាបទេវបុត្ត មហាសង្គ្រាមក៏តាំងឡើង ដើម្បីប្រជែងផ្លូវគ្នា។ បើតថាគតខឹង​នឹងអធម្មទេវបុត្ត មានតែតថាគតទម្លាយតបោគុណ គឺសីលដ៏ប្រសើរ តថាគតគប្បីធ្វើនូវ​អធម្មទេវបុត្តនោះ ព្រមទាំងជនជាបរិស័ទ ឲ្យទៅជាធូលីក៏បាន។ ប៉ុន្តែតថាគតរំលត់ចិត្ត ដើម្បីរក្សាសីល តថាគត ព្រមទាំងជនជាបរិស័ទ ក៏បរចៀស បើកផ្លូវឲ្យបាបទេវបុត្ត។ កាល​តថាគត ព្រមទាំងជនជាបរិស័ទរំលត់ចិត្ត បររថចៀសអំពីផ្លូវហើយ មហាប្រឹថពីក៏​ស្រូប​បាបទេវបុត្តក្នុងខណៈនោះ។

ចប់ ធម្មទេវបុត្តចរិយា ទី៨។

ជយទិសចរិយា ទី៩

[១៩] មានស្តេចមួយអង្គ ព្រះនាមជយទិស ប្រកបដោយសីលគុណ ក្នុងក្រុងដ៏ឧត្តម ឈ្មោះ​កប្បិលា ជាក្រុងដ៏ប្រសើរ ក្នុងដែនបញ្ចាល។ តថាគតកើតជាព្រះរាជបុត្តរបស់​ស្តេច​នោះ ឈ្មោះអលីនសត្តកុមារ ជាអ្នកល្បីល្បាញក្នុងធម៌ មានសីលដ៏ល្អ ប្រកបដោយ​មហាបុរិសគុណ ជាអ្នករក្សានូវជនជាបរិវារសព្វកាល។ បិតារបស់តថាគត បានទៅ​ប្រពាធម្រឹគ (ក្នុងព្រៃ) ជ្រុលចូលទៅកាន់សំណាក់យក្សឈ្មោះបោរិសាទ យក្សនោះ​ចាប់​ស្តេច​ជយទិស ជាបិតានៃតថាគត (ហើយនិយាយថា) អ្នកត្រូវជាអាហាររបស់យើងហើយ អ្នកកុំកម្រើកឡើយ។ បិតារបស់តថាគតនោះ លុះឮពាក្យរបស់យក្ខិនីបុត្តនោះហើយ ក៏​ភ័យ​តក់ស្លុត ញ័ររន្ធត់ រឹងភ្លៅទាំងពីរ បិតានៃតថាគតនោះ ឈរនៅស្ងៀម មិនអាចនឹង​រត់ចេញ​ទៅបាន ព្រោះឃើញស្តេចបោរិសាទ។ ព្រះរាជាទ្រង់អង្វរថា សូមអ្នកយក​សត្វម្រឹគ​នេះចុះ សូមលែងខ្ញុំ ខ្ញុំនឹងឲ្យទ្រព្យដល់ព្រាហ្មណ៍ រួចហើយនឹងត្រឡប់មកវិញ។ បិតាហៅតថាគតមកប្រាប់ថា ម្នាលកូន អ្នកចូរគ្រប់គ្រងរាជ្យ ចូរកុំប្រមាទបុរីនេះឡើយ ដែលអញបានត្រឡប់មកវិញនេះ ព្រោះតែអញបានប្តេជ្ញាជាមួយនឹងយក្សបោរិសាទ។ តថាគតថ្វាយបង្គំព្រះមាតា និងព្រះបិតា ហើយនិម្មិតខ្លួនកាន់ធ្នូ និងព្រះខ័ន ចេញអំពីនគរ ដើរចូលទៅរកបោរិសាទយក្ស។ (តថាគតគិតថា យក្សនោះ បើឃើញតថាគត) មាន​គ្រឿងសស្ត្រាវុធនៅក្នុងដៃ ក៏នឹងតក់ស្លុត កាលបើតថាគតធ្វើយក្សនោះឲ្យតក់ស្លុត សីល​របស់​តថាគតនឹងបែកធ្លាយ ដោយការញ៉ាំងសេចក្តីតក់ស្លុតឲ្យកើតដល់យក្សនោះ។ (លុះ​គិត​ឃើញយ៉ាងនេះ) តថាគត មិនពោលពាក្យជាទីស្អប់ ទៅរកយក្សនោះទេ ព្រោះការ​ខ្លាចដាច់សីលនៃតថាគត តថាគតមានមេត្តាចិត្ត ពោលតែពាក្យមានប្រយោជន៍ ហើយ​បានពោលនូវពាក្យនេះថា ចូរលោកតា ដុតភ្លើងឲ្យឆេះខ្លាំងឡើង ខ្ញុំនឹងលោតពីដើមឈើ​នេះ ទម្លាក់ទៅ (ក្នុងភ្លើងនោះ) បពិត្រជីតា បើលោកតាដឹងនូវកាលនៃ​សាច់នោះ​ឆ្អិនល្អ​ហើយ ចូរបរិភោគសាច់នោះចុះ។ ព្រោះហេតុបិតាមានសីល ដូចរៀបរាប់មកនេះ តថាគត​មិនរក្សាជីវិតរបស់តថាគតទេ តថាគតញ៉ាំងបោរិសាទ ជាអ្នកធ្វើអំពើបាណាតិបាត ឲ្យវៀរ​បង់អំពើអាក្រក់សព្វកាល។

ចប់ ជយទិសចរិយា ទី៩។

សង្ខបាលចរិយា ទី១០

[២០] មានចរិយាដទៃទៀត កាលតថាគតកើតជាស្តេចនាគ ឈ្មោះសង្ខបាល មានឫទ្ធិ​ច្រើន មានចង្កូមជាអាវុធ មានពិសដ៏ពន្លឹក មានអណ្តាតពីរ ជាសត្វគ្របសង្កត់ឧរគជាតិ។ តថាគតអធិដ្ឋានអង្គទាំង ៤ ជិតផ្លូវធំ ៤ ជាកន្លែងទៅមកនៃជនផ្សេងៗ ហើយសម្រេចនូវ​ការនៅ ក្នុងទីនោះ។ បុគ្គលណាមានកិច្ចគួរធ្វើដោយអវយវៈនេះ គឺសម្បុរថ្ងៃ ស្បែក សាច់ សរសៃ និងឆ្អឹង បុគ្គលនោះ ចូរនាំយកអវយវៈដែលអញឲ្យហើយចុះ។ កូនព្រានព្រៃទាំង​ឡាយ ជាមនុស្សរឹងត្អឹង អាក្រក់ ឥតមានសេចក្តីអាណិតអាសូរ មានដំបង ៤ ជ្រុង ក្នុងដៃ បានឃើញតថាគត ហើយដើរចូលមកក្នុងទីនោះ។ កូនព្រានព្រៃទាំងឡាយ បានចោះ​តថាគតត្រង់ច្រមុះ កន្ទុយ ខ្នង និងក ហើយលើកតថាគត ដាក់ក្នុងសង្រែក រែកយកទៅ។ តថាគត បើប្រាថ្នានឹងធ្វើនូវមហាប្រឹថពី ដែលមានសមុទ្រជាទីបំផុត ព្រមទាំងព្រៃឈើ ព្រមទាំងភ្នំ ឲ្យឆេះខ្ទេចទៅជាផេះ ដោយខ្យល់តាមច្រមុះ ក្នុងទីនោះក៏បាន។ (ប៉ុន្តែ) តថាគត មិនខឹងនឹងកូនព្រានព្រៃទាំងឡាយ ដែលចោះដោយដែកស្រួច និងចាក់​ដោយ​លំពែង​ទាំងឡាយឡើយ នេះជាសីលបារមីរបស់តថាគត។

ចប់ សង្ខបាលចរិយា ទី១០។

ឧទ្ទាននៃចរិយានោះ

សីលវនាគចរិយា ១ ភូរិទត្តចរិយា ១ ចម្បេយ្យចរិយា ១ ចូឡពោធិចរិយា ១ មហិសរាជ​ចរិយា ១ រុរុមិគចរិយា ១ មាតង្គចរិយា ១ ទេវធម្មបុត្តចរិយា ១ ជយទិសចរិយា ១ សង្ខបាលចរិយា ១។ ចរិយាទាំងអស់នោះ តថាគតសម្តែងហើយថា មានសីលជាកម្លាំង ជាបរិក្ខារ តថាគតបានគ្រង់គ្រងជីវិត រក្សាសីល។ កាលតថាគត ជាសង្ខបាលនាគរាជ បានប្រគល់ជីវិតឲ្យដល់បុគ្គលណាមួយ សព្វៗកាល ហេតុនោះ បារមីនោះ ជា​សីលបរមត្ថបារមី (នៃតថាគត)។

ចប់ សីលបារមីនិទ្ទេស។

នេក្ខម្មាទិបារមី

យុធញ្ជយចរិយា ទី១

[២១] កាលដែលតថាគតកើតជារាជបុត្ត (នៃស្តេចសព្វទត្ត) ឈ្មោះយុធញ្ជ័យ ជារាជកុមារ​មានបរិវារ និងយសរាប់មិនបាន ក្នុងកាលនោះ តថាគតកើតសេចក្តីសង្វេគ ព្រោះឃើញ​ដំណក់ទឹកសន្សើម ដែលរីងហួតដោយកំដៅព្រះអាទិត្យ។ តថាគតយកដំណក់​ទឹក​សន្សើម​​នោះ​ជា​អធិបតី ចម្រើននូវសេចក្តីសង្វេគថ្វាយបង្គំព្រះមាតា និងព្រះបិតា ហើយ​សូមបព្វជ្ជា។ ពួករាជបុរស ព្រមទាំងអ្នកនិគម អ្នកនៅក្នុងដែន ផ្គងអញ្ជលីអង្វរតថាគតថា បពិត្រព្រះរាជបុត្ត សូមព្រះអង្គម្ចាស់ គ្រប់គ្រងមហាប្រឹថពី ដែលសម្រេចដោយ​សម្បត្តិដ៏​ស្តុកស្តម្ភ ក្នុងថ្ងៃនេះចុះ។ តថាគតមិនមានអាល័យ លះបង់រាជបុរស ព្រមទាំងស្តេច ស្រីស្នំ អ្នកនិគម និងអ្នកនៅក្នុងដែន ដែលកំពុងខ្សឹកខ្សួល គួរឲ្យអាណិត។ តថាគត​លះបង់រាជ្យលើផែនដី ញាតិ ជនជាបរិស័ទ និងយសទាំងអស់ ឥតមានគិតដល់ ព្រោះ​ហេតុពោធិញ្ញាណតែម៉្យាង។ មាតាបិតា មិនមែនជាទីស្អប់របស់តថាគតទេ ទាំងយសដ៏ធំ ក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតលះបង់រាជ្យ។

ចប់ យុធញ្ជយចរិយា ទី១។

សោមនស្សចរិយា ទី២

[២២] មានចរិយាដទៃទៀត កាលដែលតថាគតកើតជារាជបុត្ត (នៃស្តេចកុរុរាជ) ក្នុង​ឥន្ទបត្ថបុរី​ដ៏ឧត្តម មានឈ្មោះប្រាកដថា សោមនស្សកុមារ ជារាជបុត្តដែលជនទាំងឡាយ មានមាតាបិតាជាដើម ស្រឡាញ់ពេញចិត្តក្រៃលែង ជាអ្នកមានសីល ប្រកបដោយគុណ មានសំដីពីរោះ គោរពកោតក្រែងចាស់ព្រឹទ្ធាចារ្យ មានហិរិ ទាំងមានសេចក្តីឈ្លាសវៃ ក្នុង​សង្គហធម៌ (៤ យ៉ាង)។ មានតាបសកុហកម្នាក់ ជាអ្នកស្និទ្ធស្នាលនៃស្តេចកុរុនោះ ដាំសួន​ច្បារ និងគុម្ពផ្កាចិញ្ចឹមជីវិត។ តថាគតឃើញកុហកតាបសនោះ ដូចគំនរអង្កាមមិនមាន​គ្រាប់អង្ករ ដូចឈើមានប្រហោងក្នុង ឬដូចដើមចេកមិនមានខ្លឹម ក៏ត្រិះរិះថា សប្បុរិសធម៌ មានឈានជាដើមនៃតាបសនេះ មិនមានទេ តាបសនេះ ជាបុគ្គលប្រាសចាក​ភាពជា​សមណៈ លះបង់សុក្កធម៌ គឺហិរិ និងឱត្តប្បៈ ព្រោះហេតុតែការចិញ្ចឹមជីវិត។ ក្នុងបច្ចន្ត​ប្រទេស មានពួកចោរនៅក្នុងព្រៃធំបះបោរ បិតារបស់តថាគត ទៅបង្ក្រាបបច្ចន្តប្រទេស​នោះ បានផ្តាំ (តថាគតថា) ម្នាលកូន ចូរបាកុំធ្វេសប្រហែស ចំពោះជដិលដែលមាន​តបៈដ៏​ខ្ពង់ខ្ពស់ ចូរបាញ៉ាំងជដិលនេះ ឲ្យប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នាចុះ ព្រោះតាបសនោះ ជាអ្នកឲ្យនូវសេចក្តីប្រាថ្នាគ្រប់យ៉ាង។ តថាគត ទៅកាន់ទីបម្រើតាបសនោះ បានពោលនូវ​ពាក្យនោះថា ម្នាលគហបតី អ្នកសុខសប្បាយទេឬ ពួកអ្នកជំនួញនាំ (មាស និងប្រាក់) មកឲ្យអ្នកដែរឬ។ ព្រោះពាក្យដែលតថាគតពោលថា គហបតី កុហកតាបសនោះ អាស្រ័យ​នូវមានះ ក៏ខឹង (និយាយថា) ក្នុងថ្ងៃនេះ អាត្មាភាពនឹងឲ្យស្តេចសម្លាប់ទ្រង់ ឬឲ្យ​បំបរបង់ទ្រង់ចាកដែន។ លុះព្រះរាជាបង្ក្រាបបច្ចន្តប្រទេសរួចហើយ (ត្រឡប់មកនគរវិញ ស្តេចចូលទៅកាន់ឧទ្យាន) ទ្រង់ត្រាស់សួរកុហកតាបសថា (បពិត្រលោកម្ចាស់ដ៏ចម្រើន) ចុះលោកល្មមអត់ទ្រាំបានទេឬ រាជកុមាររាប់អានលោកស្រួលបួលទេឬ។ តាបសបាប​នោះ បានទូលព្រះរាជានោះ តាមដែលខ្លួនអាចឲ្យព្រះរាជកុមារវិនាស ព្រះរាជាជាម្ចាស់​ផែនដី ទ្រង់ព្រះសណ្តាប់ពាក្យនេះ របស់តាបសនោះហើយ ត្រាស់បង្គាប់ពួក​ពេជ្ឈឃាត​ថា អ្នកទាំងឡាយ (បើឃើញកុមារក្នុងទីណា) ចូរកាត់ក្បាលចិញ្ច្រាំ ជាបួនកំណាត់ ហើយ​កប់ក្នុងផ្លូវច្រក បង្ហាញជនដទៃឲ្យដឹងថា នោះជាគតិដែលបៀតបៀនជដិល។ ពួក​ពេជ្ឈឃាត​ទាំងនោះ កាចអាក្រក់ មិនមានសេចក្តីអាណិត ទៅក្នុងទីនោះ ហើយទាញ​តថាគត ដែលអង្គុយលើចង្កេះមាតា នាំយកទៅ។ តថាគត និយាយនឹងជនទាំងនោះ ដែល​កំពុងចងតថាគតដោយចំណងដ៏មាំថា រាជកិច្ចមានដល់ខ្ញុំ សូមអ្នកទាំងឡាយ នាំខ្ញុំ​ទៅ​ជួបនឹងស្តេចមួយរំពេចសិន។ ពួកពេជ្ឈឃាតទាំងនោះ នាំតថាគតទៅជួបនឹងស្តេច​ដែល​សេពគប់នឹងតាបសលាមក លុះតថាគតបានជួប ក៏ញ៉ាំងស្តេចឲ្យដឹងច្បាស់ នូវការ​ប្រព្រឹត្តិនៃតាបសនោះ ព្រមទាំងញ៉ាំងស្តេច ឲ្យលុះក្នុងអំណាចតថាគត។ ព្រះរាជា ជាបិតា​របស់តថាគតនោះ សូមទោសតថាគត ក្នុងទីនោះ ហើយប្រទាននូវភាពជា​ស្តេចធំដល់​តថាគត តែតថាគតនោះឯង ទម្លាយនូវងងឹត ចូលទៅកាន់ផ្នួសវិញ។ ភាពនៃខ្លួនជា​ស្តេច​ធំ មិនមែនជាទីស្អប់របស់តថាគតទេ ទាំងការបរិភោគកាម ក៏មិនមែនជាទីស្អប់នៃ​តថាគត​ដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត បានជាតថាគតលះបង់រាជ្យ (ចូល​ទៅ​កាន់ផ្នួស)។

ចប់ សោមនស្សចរិយា ទី២។

អយោឃរចរិយា ទី៣

[២៣] មានចរិយាដទៃទៀត កាលដែលតថាគតកើតជារាជកុមារឈ្មោះ អយោឃរៈ ជា​ឱរសនៃព្រះបាទកាសិករាជ ចម្រើនវ័យវឌ្ឍនាការ ក្នុងផ្ទះជាវិការនៃដែក។ ព្រះរាជបិតា​របស់​តថាគត ទ្រង់ត្រាស់នឹងតថាគតថា ម្នាលកូន ជីវិត (របស់កូន) រស់នៅ​បានដោយ​លំបាក បិតាចិញ្ចឹមថែរក្សាកូនក្នុងផ្ទះជាវិការៈនៃដែកដ៏ចង្អៀត ចូរកូនគ្រប់គ្រងមហាប្រឹថពី​ទាំងមូលនេះ ព្រមទាំងដែន និគម និងពួកជន ក្នុងថ្ងៃនេះ។ តថាគត ថ្វាយបង្គំ ប្រណម្យ​អពា្ជលីនូវព្រះមហាក្សត្រ ហើយពោលនូវពាក្យនេះថា ពពួកសត្វណាមួយលើផែនដី ជាសត្វថោកទាប ឬខ្ពង់ខ្ពស់ និងកណ្តាល សត្វទាំងនោះ ពុំមានការរក្សាឡើយ តែង​ចម្រើន​ឡើង ក្នុងផ្ទះរបស់ខ្លួន ជាមួយនឹងពួកញាតិរបស់ខ្លួន ចំឡែកតែខ្ញុំព្រះអង្គ មាន​ការចិញ្ចឹមក្នុងផ្ទះ ជាវិការៈនៃដែកដ៏ចង្អៀតនេះ ចាត់ទុកជាការខ្ពង់ខ្ពស់ក្នុងលោក ខ្ញុំចម្រើន​វ័យក្នុងផ្ទះ ជាវិការៈនៃដែក ដែលពុំមានពន្លឺព្រះចន្ទ្រ និងព្រះអាទិត្យ។ ខ្ញុំប្រសូតចេញ​ចាក​ផ្ទៃនៃមាតា ដែលពេញដោយសាកសព មានក្លិនស្អុយ ហើយត្រូវគេដាក់ក្នុងផ្ទះ​ជាវិការៈ​នៃដែកទៀត បានសេចក្តីទុក្ខយ៉ាងខ្លាំង ជាងកាលដែលនៅក្នុងផ្ទៃនៃមាតានោះទៅទៀត។ ខ្ញុំបានសេចក្តីទុក្ខអាក្រក់ក្រៃលែង ប្រាកដដូច្នោះ បើខ្ញុំនៅត្រេកអរនឹងរាជ្យ ខ្ញុំជាបុគ្គល​ថោកទាបបំផុត ជាងបុរសដ៏លាមកទៅទៀត។ ខ្ញុំជាបុគ្គលនឿយណាយនឹងកាយស្អុយ ពុំត្រូវការដោយរាជ្យឡើយ ខ្ញុំសែ្វងរកនូវទីដែលមច្ចុរាជញាំញីមិនបាននោះ ដែលជាទី​រំលត់​នូវទុក្ខ។ តថាគត លុះគិតយ៉ាងនេះហើយ ពួកមហាជន ក៏យំស្រែក តថាគត​កាត់​នូវចំណង (គឺតណ្ហា) ហើយចូលកាន់ព្រៃធំ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ មាតា​បិតា មិនមែនជាទីស្អប់របស់តថាគតទេ ទាំងយសដ៏ធំ ក៏មិនមែនជាទីស្អប់​របស់តថាគត​ដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់នៃតថាគត ព្រោះហេតុនោះ បានជាតថាគត​លះបង់​រាជ្យ។

ចប់ អយោឃរចរិយា ទី៣។

ភឹសចរិយា ទី៤

[២៤] មានចរិយាដទៃទៀត កាលដែលតថាគតកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងក្រុង​ពារាណសី​ដែនកាសី មានបងប្អូនស្រី និងបងប្អូនប្រុស ៧ នាក់។ តថាគតជាច្បង​នៃ​ជនទាំង ៧ នាក់នុ៎ះ ប្រកបដោយសុក្កធម៌ គឺហិរិ និងឱត្តប្បៈ ឃើញនូវភព (មានកាមភព​ជាដើម) ថាគួរខ្លាច ហើយត្រេកអរក្នុងនេក្ខម្មៈ។ ពួកសម្លាញ់មានអធ្យាស្រ័យត្រូវគ្នា ដែល​មាតាបិតាប្រើឲ្យទៅអញ្ជើញតថាគតដោយកាមទាំងឡាយថា អ្នកចូរទ្រទ្រង់វង្សត្រកូល​ចុះ។ ពាក្យណាដែលពួកសម្លាញ់ទាំងនុ៎ះ បានពោលហើយ ជាពាក្យនាំមកនូវសេចក្តីសុខ​ក្នុង​គិហិភាព ពាក្យនោះជាពាក្យអាក្រក់សម្រាប់ខ្ញុំ ដូចជាភាជន៍ដ៏ក្តៅ។ កាលនោះ ពួក​សម្លាញ់ទាំងនោះ សួរសេចក្តីប្រាថ្នារបស់តថាគតនឹងតថាគត ដែលជាអ្នកបោះបង់នូវ​កាម​ថា ម្នាលសម្លាញ់ បើអ្នកមិនបរិភោគកាមទេ អ្នកចង់បានអ្វីទៅវិញ។ តថាគត ជាអ្នក​ប្រាថ្នាប្រយោជន៍ខ្លួន បានពោលពាក្យនេះប្រាប់ពួកសម្លាញ់ទាំងនោះ ដែលស្វែងរក​ប្រយោជន៍ (ដល់តថាគត) ថា ខ្ញុំត្រេកអរក្នុងនេក្ខម្មៈ ខ្ញុំមិនប្រាថ្នានូវគិហិភាពទេ។ សម្លាញ់​ទាំងនោះ ស្តាប់ពាក្យរបស់តថាគតបានហើយ ទៅជម្រាបមាតាបិតា (នៃតថាគត) ឯ​មាតាបិតា បាននិយាយនឹងតថាគត យ៉ាងនេះថា ម្នាលព្រាហ្មណ៍ដ៏ចម្រើន យើងទាំងអស់​គ្នានឹងបួសដែរ។ មាតាបិតាទាំងគូ និងបងប្អូនប្រុសស្រីទាំង ៧ នាក់ របស់តថាគត លះបង់​ទ្រព្យរាប់មិនអស់ ចូលទៅកាន់ព្រៃធំ (ជាមួយនឹងតថាគត)។

ចប់ ភឹសចរិយា ទី៤។

សោណនន្ទបណ្ឌិតចរិយា ទី៥

[២៥] មានចរិយាដទៃទៀត កាលតថាគតកើតក្នុងត្រកូលព្រាហ្មណមហាសាល ដ៏ប្រសើរ​ថ្លៃថ្លា ក្នុងនគរព្រហ្មវទ្ធនៈ។ កាលនោះឯង តថាគតបានឃើញសត្វលោក ដែលដល់នូវ​អន្ធភាព ត្រូវងងឹត គឺអវិជ្ជាគ្របសង្កត់ ចិត្តរបស់តថាគតក៏ខ្មូររួញចាកភព ដូចជា​ហត្ថាជានេយ្យ ដែលគេចាក់នឹងជន្លួញដោយកម្លាំង។ កាលនោះ តថាគតឃើញបាប​ផ្សេងៗ ក៏គិតយ៉ាងនេះថា កាលណាហ្ន៎ អញនឹងបានចេញចាកផ្ទះ ចូលទៅកាន់ព្រៃ។ គ្រានោះ ពួកញាតិអញ្ជើញតថាគត ដោយភោគៈ គឺកាមទាំងឡាយ តថាគតប្រាប់នូវឆន្ទៈ (របស់ខ្លួន) ដល់ពួកញាតិទាំងនោះថា សូមអ្នកទាំងឡាយ កុំអញ្ជើញខ្ញុំដោយកាមទាំង​នោះ​ឡើយ។ ប្អូនប្រុសណារបស់តថាគត ឈ្មោះនន្ទបណ្ឌិត ប្អូនប្រុសនោះ ក៏សិក្សាតាម​តថាគត ពេញចិត្តនឹងបព្វជ្ជា។ កាលនោះ តថាគតឈ្មោះសោណៈ ប្អូននៃតថាគត​ឈ្មោះនន្ទៈ និងមាតាបិតានៃតថាគតទាំងពីរ លះបង់ភោគៈទាំងឡាយ ហើយចូលទៅ​កាន់ព្រៃធំ ក្នុងកាលនោះ។

ចប់ សោណនន្ទបណ្ឌិតចរិយា ទី៥។

មូគផក្ខចរិយា ទី៦

[២៦] មានចរិយាដទៃទៀត កាលដែលតថាគតកើតជារាជឱរសនៃព្រះបាទកាសិករាជ ជនទាំងឡាយ មានមាតាបិតាជាដើម តែងហៅតថាគតថា មូគផក្ខៈផង ថាតេមិយៈផង។ កាលនោះ ពួកស្រីស្នំ (របស់ព្រះបាទកាសិករាជ) ចំនួន ១៦ ០០០ មិនមានកូនប្រុស អស់កាលកន្លងទៅនៃថ្ងៃ និងយប់ជាច្រើន គឺអស់ច្រើនឆ្នាំ កើតបានតែរាជបុត្រមួយ គឺ​តថាគត។ ដោយបិតារបស់តថាគត បានដោយកម្រនូវតថាគត ជាកូនជាទីស្រឡាញ់ ជាកូនមានជាតិខ្ពស់ ទ្រទ្រង់សេចក្តីរុងរឿង ព្រះរាជាក៏យកនូវព្រះស្វេតឆ័ត្រ បាំងតថាគត ចិញ្ចឹមឲ្យផ្ទំលើសិរិសយនា។ កាលនោះ តថាគតដេកលក់លើវរសយនា ហើយភ្ញាក់ឡើង បានឃើញស្វេតឆ័ត្រ គិតថា អញទៅនរក ព្រោះតែស្វេតឆ័ត្រណា។ សេចក្តីភ័យតក់ស្លុត​កើតឡើងដល់តថាគត ជាមួយនឹងការឃើញនូវស្វេតឆ័ត្រនោះ ពេលនោះ តថាគត​ពិចារណា​មើលថា ក្នុងកាលណាហ្ន៎ អញនឹងដោះខ្លួន ឲ្យរួចពីស្វេតឆ័ត្រនេះ។ ទេវតាជា​សាលោហិតក្នុងកាលមុន ជាអ្នកប្រាថ្នាប្រយោជន៍ដល់តថាគត ទេវតានោះ ឃើញ​តថាគត​បានទុក្ខ ក៏ឲ្យតថាគតប្រកបក្នុងហេតុ ៣ ប្រការ ដូច្នេះថា ចូរអ្នកកុំ​សម្តែងនូវ​ភាពរបស់ខ្លួនជាបណ្ឌិត ១ ចូរឲ្យសព្វសត្វទាំងឡាយដឹងថាអ្នកជាពាលវិញ ១ ឲ្យពួកជន​ទាំងពួងមើលងាយអ្នកវិញ ១ ប្រយោជន៍នឹងមានដល់អ្នក ដោយវិធីយ៉ាងនេះ។ កាល​ទេវតា​នោះ ពោលយ៉ាងនេះហើយ តថាគតពោលនូវពាក្យនេះថា ម្នាលទេវតា អ្នកពោល​នូវពាក្យណានឹងខ្ញុំ ខ្ញុំនឹងធ្វើតាមពាក្យនៃអ្នកនោះ ម្នាលទេវតាជាម៉ែ អ្នកឈ្មោះថា ប្រាថ្នា​នូវសេចក្តីចម្រើន ប្រាថ្នានូវប្រយោជន៍ដល់ខ្ញុំ។ លុះតថាគតស្តាប់ពាក្យទេវតានោះហើយ ក៏បាននូវទួល គឺទីពឹង ដូចជាបុរស កាលលិចក្នុងសាគរ ហើយបាននូវទីទួល។ តថាគត​មានចិត្តត្រេកអរ មានចិត្តសង្វេគ បានអធិដ្ឋាននូវអង្គ ៣ យ៉ាង គឺអធិដ្ឋានជាគ ថ្លង់ និងខ្វិន វៀរចាកដំណើរធម្មតា។ តថាគតអធិដ្ឋាននូវអង្គទាំង ៣ នុ៎ះហើយ នៅអស់ ១៦ ឆ្នាំ លំដាប់ពីនោះមក ជនទាំងឡាយ ច្របាច់ដៃជើង អណ្តាត និងត្រចៀក របស់តថាគតមើល ឃើញថា អវយវៈតថាគត មិនខ្វះខាត ហើយតិះដៀលតថាគតថា ជាបុរសកាឡកណ្ណី។ លំដាប់នោះ ពួកអ្នកជនបទទាំងអស់ មានសេនាបតី និងបុរោហិតជាប្រធាន ពួកជនទាំង​អស់​នោះ ស្រុះចិត្តគ្នាត្រេកអរក្នុងការលះបង់ចោលតថាគត។ លុះតថាគត ស្តាប់​នូវ​សេចក្តី​យល់ឃើញរបស់ពួកជនទាំងនោះ ក៏មានចិត្តត្រេកអរ មានចិត្តសង្វេគ តបៈដែល​តថាគតប្រព្រឹត្តហើយ ដើម្បីជាប្រយោជន៍ណា ប្រយោជន៍នោះនឹងសម្រេចដល់តថាគត​មិនខាន។ ជនទាំងឡាយ មានមាតាបិតាជាដើម ផ្ងូតទឹកក្រអូប លាបគ្រឿងក្រអូប ហើយ​ឲ្យពាក់រាជមកុដ អភិសេកដោយស្វេតឆ័ត្រ ធ្វើប្រទក្សិណបុរី ឲ្យតថាគតគ្រងរាជអស់ ៧ ថ្ងៃ លុះមណ្ឌលព្រះអាទិត្យរះឡើង សារថីនាំតថាគតដោយរថ ចេញអំពីនគរ ចូលទៅកាន់​ព្រៃ។ សារថីបានទុករថក្នុងទីឱកាសមួយ ចងសេះផុតពីដៃតថាគត ហើយជីករណ្តៅដើម្បី​កប់តថាគតក្នុងផែនដី។ តថាគត គ្រាន់តែគំរាមនូវអធិដ្ឋាន ដែលខ្លួនអធិដ្ឋានហើយ ដោយ​ហេតុផ្សេងៗ តែមិនទម្លាយនូវអធិដ្ឋាននោះទេ ព្រោះហេតុនៃពោធិញ្ញាណ។ មាតាបិតា មិនមែនជាទីស្អប់របស់តថាគតទេ ទាំងខ្លួនក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែ​សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគត​តម្កល់នូវ​អធិដ្ឋាននោះ។ តថាគតអធិដ្ឋាននូវអង្គទាំង ៣ នុ៎ះ ហើយនៅអស់ ១៦ ឆ្នាំ អធិដ្ឋានដទៃ ស្មើដោយអធិដ្ឋាននេះ មិនមានឡើយ នេះជាអធិដ្ឋានបារមីរបស់តថាគត។

ចប់ មូគផក្ខចរិយា ទី៦។

កបិលរាជចរិយា ទី៧

[២៧] កាលដែលតថាគតកើតជាស្តេចស្វា សម្រេចទីលំនៅជិតឆ្នេរនៃស្ទឹងមួយ កាល​ណោះ តថាគតត្រូវក្រពើបៀតបៀន ហើយមិនបាននូវដំណើរចេញទៅ។ តថាគតឋិតនៅ​លើ​ខ្នងថ្មណា ដែលតាំងនៅក្នុងស្ទឹង ក៏បានលោតអំពីត្រើយអាយ ទៅកាន់ត្រើយនាយ ហើយទំលើខ្នងថ្មនោះ ដែលមានក្រពើនៅ ជាសត្រូវឃើញគួរខ្លាច។ ក្រពើនោះ និយាយ​នឹងតថាគតថា អ្នកចូរមកវិញ តថាគតនិយាយតបនឹងក្រពើនោះថា អើខ្ញុំនឹងមកវិញ ហើយតថាគតលោតជាន់លើក្បាលក្រពើនោះ ទៅឋិតនៅលើត្រើយនាយវិញ។ តថាគត​ពោលនូវពាក្យសត្យ មិនពោលពាក្យមុសាវាទ ដល់ក្រពើនោះ កុសលធម៌ដទៃ ស្មើនឹង​សច្ចៈរបស់តថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត។

ចប់ កបិលរាជចរិយា ទី៧។

សច្ចសវ្ហយបណ្ឌិតចរិយា ទី៨

[២៨] មានចរិយាដទៃទៀត កាលដែលតថាគតជាតាបសឈ្មោះសច្ចៈ តថាគតបានរក្សា​សត្វ​លោកដោយសច្ចៈ ធ្វើមហាជនឲ្យព្រមព្រៀងគ្នា។

ចប់ សច្ចសវ្ហយបណ្ឌិតចរិយា ទី៨។

វដ្តកបោតកចរិយា ទី៩

[២៩] ចរិយាដទៃទៀត កាលដែលតថាគតកើតជាកូនសត្វក្រួច ក្នុងអរញ្ញប្រទេសមួយ ទៀប​ដែនមគធៈ ជាសត្វតូចដូចជាដុំសាច់ មិនទាន់ដុះស្លាបនៅក្នុងសម្បុក។ កាលនោះ មាតា (របស់តថាគត) នាំយក (ចំណី) ដោយចំពុះ មកចិញ្ចឹមតថាគត តថាគតរស់​នៅ​ដោយ​សារសម្ផ័ស្សរបស់មាតានោះ តថាគតមិនទាន់មានកម្លាំងកាយនៅឡើយ។ ភ្លើងព្រៃ ឆេះ​ព្រៃក្នុងគិម្ហសម័យរាល់ៗ ឆ្នាំ អណ្តាតភ្លើងក៏រាលចូលមកជិតលំនៅនៃតថាគត។ អណ្តាត​ភ្លើងដ៏ធំ កាលធ្វើសំឡេងថា ធុំ ធុំ យ៉ាងនេះ ភ្លើងនោះ ឆេះរាល​ចូលមក​រក​តថាគត​ជាលំដាប់។ មាតាបិតាតថាគត ភ័យតក់ស្លុតព្រោះខ្លាចសន្ទុះភ្លើង ក៏លះបង់​ចោល​តថាគតក្នុងសម្បុក ហើយដោះខ្លួនចេញរួចទៅ។ តថាគត លះបង់នូវជើង និងស្លាប តថាគតមិនមានកម្លាំងកាយ តថាគតជាសត្វមិនមានដំណើរទៅ ក្នុងទីនោះ កាលណោះ គិតយ៉ាងនេះថា អញភ័យតក់ស្លុត ញាប់ញ័រ ស្ទុះទៅរកមាតាបិតាណា បើមាតាបិតា​ទាំង​នោះ លះបង់អញ ចេញទៅហើយ តើក្នុងថ្ងៃនេះ អញត្រូវធ្វើដូចម្តេច។ ព្រះសព្វញ្ញុពុទ្ធ ប្រកបដោយសីលគុណ សច្ចៈ សោចេយ្យៈ (សេចក្តីស្អាត) និងសេចក្តីអាណិត សឹងមាន​ក្នុងលោក (បើដូច្នោះ) អញនឹងធ្វើនូវសច្ចកិរិយាដ៏ឧត្តម ដោយសច្ចៈនោះ។ តថាគត​ពិចារណា​កម្លាំងធម៌ ហើយរឭកព្រះជិនស្រីក្នុងកាលមុន ធ្វើសច្ចកិរិយា ព្រោះអាស្រ័យ​កម្លាំងសច្ចធម៌ (នោះ) ថា ស្លាបទាំងឡាយរបស់ខ្ញុំមាន តែហើរមិនរួច ជើងទាំងឡាយ​របស់​ខ្ញុំមាន តែដើរមិនបាន មាតាបិតា (របស់ខ្ញុំចេញ) បាត់ទៅហើយ ម្នាលភ្លើងព្រៃ អ្នក​ចូរចៀសចេញទៅ។ ព្រោះសច្ចកិរិយា ដែលតថាគតបានធ្វើហើយ ភ្លើងដែលឆេះ​សន្ធោ​សន្ធៅ ក៏ចៀសចម្ងាយ ១៦ ករីសៈ (ហើយរលត់ក្នុងទីនោះ) ដូចជាគប់ភ្លើង ដែលបុគ្គល​ជ្រលក់​ទៅក្នុងទឹក កុសលធម៌ដទៃ ស្មើនឹងសច្ចៈនៃតថាគត ពុំមានឡើយ នេះជា​សច្ចបារមី​របស់តថាគត។

ចប់ វដ្តកបោតកចរិយា ទី៩។

មច្ឆរាជចរិយា ទី១០

[៣០] មានចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេចត្រីនៅក្នុងមហាស្រះ លុះ​ដល់​គិម្ហសម័យ ដែលមានកំដៅព្រះអាទិត្យយ៉ាងខ្លាំង ទឹកក្នុងស្រះក៏រីងហួតអស់។ លំដាប់​នោះ ក្អែក ត្មាត ខ្លែងក្រហម ខ្លែងខ្មៅ និងខ្លែងធំ ចុះទៅទំ (លើភក់) ស៊ីនូវត្រីទាំងឡាយ ទាំងយប់ទាំងថ្ងៃ។ តថាគត ព្រមទាំងពួកញាតិ ត្រូវពួកសត្វ មានក្អែកជាដើម បៀតបៀន​ក្នុងទីនោះហើយ ក៏គិតយ៉ាងនេះថា ញាតិទាំងឡាយ (របស់អញ) នឹងរួចចាកទុក្ខដោយ​ឧបាយ​ដូចម្តេចហ្ន៎។ តថាគតគិតនូវធម៌ និងអត្ថ ហើយបានឃើញសច្ចៈ កាលឃើញហើយ ឋិតនៅក្នុងសច្ចៈនោះ ដោះញាតិឲ្យរួចចាកសេចក្តីវិនាសធំទៅបាន។ តថាគតរឭកនូវធម៌​របស់​សប្បុរសទំាងឡាយ ហើយពិចារណានូវបរមត្ថសច្ចៈ ធ្វើនូវសច្ចកិរិយា ដែលជា​ធម្មជាតិទៀងទាត់ក្នុងលោកថា តថាគតរព្ញឭកឃើញនូវខ្លួន ក្នុងកាលណា តថាគត​បានដល់នូវភាពជាអ្នកដឹងក្តី ក្នុងកាលណា ក្នុងកាលនោះ តថាគតមិនដែលក្លែង​បៀតបៀន សូម្បីនូវសត្វណាមួយឡើយ។ ដោយពាក្យសច្ចៈនេះ សូមឲ្យមេឃ​បង្អុរភ្លៀង​ចុះ ម្នាលមេឃ ចូរអ្នកបង្អុរភ្លៀងចុះមក ចូរអ្នកញ៉ាំងកំណប់ទ្រព្យរបស់ក្អែកឲ្យវិនាស​អស់​ទៅ។ ចូរអ្នកញ៉ាំងពួកក្អែកឲ្យសោយសោក ចូរអ្នកញ៉ាំងពួកត្រីឲ្យរួចចាកសោក។ មេឃក៏​បង្អុរភ្លៀងចុះមក ដំណាលនឹងពាក្យសច្ចៈដ៏ប្រសើរ ដែលតថាគតធ្វើហើយ។ តថាគតធ្វើ​នូវ​សច្ចៈដ៏ប្រសើរ មានសភាពយ៉ាងនេះ ឲ្យជាព្យាយាមដ៏ឧត្តម ភ្លៀងក៏ធ្លាក់ចុះមក បំពេញ​នូវទីទួល ទីទាប មួយរំពេច។ តថាគតអាស្រ័យកម្លាំងតេជះនៃសច្ចៈ បានញ៉ាំងមហាមេឃ​ឲ្យ​បង្អុរភ្លៀង គុណធម៌ដទៃ ស្មើនឹងសច្ចៈនៃតថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់​តថាគត។

ចប់ មច្ឆរាជចរិយា ទី១០។

កណ្ហទីបាយនចរិយា ទី១១

[៣១] មានចរិយាដទៃទៀត កាលតថាគតជាឥសី ឈ្មោះកណ្ហទីបាយនៈ អផ្សុកហើយ នៅតែប្រព្រឹត្តព្រហ្មចរិយៈ អស់ ៥០ ឆ្នាំប្លាយ។ អ្នកណាមួយ មិនដឹងនូវសេចក្តីអផ្សុកក្នុង​ចិត្ត​របស់​តថាគតនុ៎ះទេ ទាំងតថាគតសោត ក៏មិនប្រាប់នូវសេចក្តីមិនត្រេកអរ និងសេចក្តី​ត្រេកអរក្នុងចិត្ត ដល់អ្នកណាមួយឡើយ។ មហាឥសីឈ្មោះមណ្ឌព្យៈ អ្នកប្រព្រឹត្តធម៌ដ៏​ប្រសើរ​ស្មើគ្នា ជាសម្លាញ់របស់តថាគត ប្រកបដោយបុព្វកម្ម ហើយបាននូវការឡើងកាន់​ដែកស្រួច។ តថាគត ថែទាំមណ្ឌព្យតាបសនោះ រហូតបានដល់នូវភាព​ជាបុគ្គលជារោគ ហើយលាមកកាន់អាស្រមនៃខ្លួន របស់តថាគតវិញ។ ព្រាហ្មណ៍ជាសំឡាញ់ នាំប្រពន្ធ និងកូនមក ជនទាំង ៣នាក់ ចួបជុំគ្នា ចូលទៅកាន់ទីដែលភ្ញៀវមកហើយ។ តថាគតអង្គុយ​ក្នុង​អាស្រមរបស់ខ្លួន សំណេះសំណាលជាមួយនឹងជនទាំងនោះ ឯទារកបោះកូនឃ្លីលេង បានញ៉ាំងអាសិរពិសឲ្យខឹង។ លំដាប់នោះ កុមារនោះ ស្វែងរកផ្លូវដែលកូនឃ្លីនោះរមៀល ក៏យកដៃស្ទាបត្រូវក្បាលអាសិរពិស។ ឯពស់ក៏ខឹងនឹងការស្ទាបត្រូវនៃទារកនោះ អាស្រ័យ​កម្លាំងនៃពិសកម្រើក ក៏ចឹកទារកក្នុងខណៈនោះ ដោយសេចក្តីក្រោធយ៉ាងខ្លាំង។ ទារក​ដែលត្រូវពស់ចឹកហើយ ក៏ដួលលើផែនដី ដោយពិសដ៏ខ្លាំងមួយរំពេច ព្រោះហេតុនោះ បានជាតថាគត មានទុក្ខ ទុក្ខនោះផ្សាយមកដល់តថាគត។ តថាគតលួងលោមជន​ទាំង​នោះ ដែលដល់នូវសេចក្តីទុក្ខ មានសរ គឺសេចក្តីសោក បានធ្វើសច្ចកិរិយា ដ៏ថ្លៃថ្លាប្រសើរ ឧត្តម​ជាដម្បូងថា

តថាគត មានចិត្តជ្រះថ្លា ត្រូវការដោយបុណ្យ បានប្រព្រឹត្តព្រហ្មចរិយៈ អស់ ៧ ថ្ងៃ លំដាប់​តទៅ តថាគតប្រព្រឹត្តព្រហ្មចរិយៈណា អស់ ៥០ ឆ្នាំប្លាយ។ តថាគតប្រព្រឹត្ត​ព្រហ្មចរិយៈ​នោះ ទាំងអផ្សុក ដោយពាក្យសច្ចៈនេះ សូមសិរីសួស្តីកើតមាន (ដល់យញ្ញទត្តកុមារ) ពិស​ចូរ​សាបសូន្យទៅ យញ្ញទត្តកុមារ ចូររស់ឡើង។ យញ្ញទត្តមាណព ដែលញាប់ញ័រ​ដោយ​កម្លាំងនៃពិស មិនដឹងខ្លួនសោះ ស្រាប់តែក្រោកឡើងរួច ទាំងជាបុគ្គលសះស្បើយរោគ ដំណាលនឹងពាក្យសច្ចៈ ដែលតថាគតធ្វើហើយ គុណធម៌ដទៃ ស្មើនឹងសច្ចៈនៃតថាគត ពុំមាន​ឡើយ នេះជាសច្ចបារមីរបស់តថាគត។

ចប់ កណ្ហទីបាយនចរិយា ទី១១។

សុតសោមចរិយា ទី១២

[៣២] មានចរិយាដទៃទៀត កាលដែលតថាគត ឈ្មោះសុតសោម ជាម្ចាស់ផែនដី ត្រូវ​ស្តេចបោរិសាទចាប់ តថាគតក៏បាននឹកឃើញនូវពាក្យប្តេជ្ញា ដែលខ្លួនបានធ្វើចំពោះ​នន្ទព្រាហ្មណ៍។ ស្តេចបោរិសាទ ដោតក្ស័ត្រ ១០១ អង្គ ត្រង់បាតដៃ ហើយ​ញ៉ាំង​ស្តេច​ទាំង​នោះ ឲ្យស្វិតស្រពោន ហើយចូលទៅនាំយកតថាគត ក្នុងពេលសម្រេចយ័ញ្ញ។ ស្តេច​បោរិសាទ​សួរតថាគតថា អ្នកឯងចង់រួចខ្លួន (អំពីដៃយើង) ឬទេ បើអ្នកអាចត្រឡប់មក (កាន់​សំណាក់) យើងវិញ យើងនឹងព្រមធ្វើតាមសេចក្តីពេញចិត្តរបស់អ្នក។ កាលនោះ តថាគត​ទទួល (ពាក្យ) សេ្តចបោរិសាទនោះហើយ ចូលទៅកាន់បូរីជាទីរីករាយ ប្រគល់​រាជ្យ (ដល់មាតាបិតា) នឹងបាច់និយាយថ្វី ដល់ការត្រឡប់មកនៃតថាគតវិញ។ តថាគត​រឭក​នូវធម៌របស់សប្បុរសទាំងឡាយ ដែលព្រះជិនស្រីទាំងឡាយ ធ្លាប់សេពក្នុងកាលមុន ឲ្យទ្រព្យដល់ព្រាហ្មណ៍ ហើយចូលទៅកាន់ស្តេចបោរិសាទ។ តថាគតមិនមានសេចក្តី​សង្ស័យ​ថា ស្តេចបោរិសាទនេះ នឹងសម្លាប់ ឬមិនសម្លាប់នូវអញ ក្នុងទីនោះឡើយ តថាគត​រក្សា​ពាក្យសច្ចៈ ចូលទៅ (កាន់សំណាក់ស្តេចបោរិសាទ) ដើម្បីលះបង់នូវជីវិត គុណធម៌ដទៃ ស្មើនឹងសច្ចៈនៃតថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត។

ចប់ សុតសោមចរិយា ទី១២។

សុវណ្ណសាមចរិយា ទី១៣

[៣៣] កាលដែលតថាគត ជាតាបស ឈ្មោះសាមៈ នៅក្នុងអាស្រម ដែលព្រះឥន្រ្ទនិម្មិត​ឲ្យក្នុងព្រៃ តថាគតញ៉ាំងសីហៈ និងខ្លាធំទាំងឡាយក្នុងព្រៃ ឲ្យចូលមកជិតដោយមេត្តា​បាន។ សត្វសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ក្របី ក្តាន់ និងជ្រូកព្រៃ មកចោមរោមតថាគត ដែល​នៅ​ក្នុងព្រៃ។ សត្វណាមួយ មិនធ្វើតថាគតឲ្យតក់ស្លុតទេ ទាំងតថាគត ក៏មិនខ្លាច​សត្វ​ណា​មួយឡើយ កាលណោះ កម្លាំងមេត្តាឧបត្ថម្ភតថាគត ឲ្យតថាគតនៅក្នុង​ព្រៃ​ដោយ​សួស្តី។

ចប់ សុវណ្ណសាមចរិយា ទី១៣។

ឯករាជចរិយា ទី១៤

[៣៤] មានចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេច ឈ្មោះឯករាជ បាន​អធិដ្ឋាន​សីលដ៏ក្រៃលែង ហើយគ្រប់គ្រងមហាប្រឹថពី ក្នុងកាសិករដ្ឋ។ តថាគត បានប្រព្រឹត្ត​កុសលកម្មបថ ១០ ឥតមានសេសសល់ សង្រ្គោះមហាជនដោយសង្គហវត្ថុទាំង ៤។ តថាគត​មិនប្រមាទ ក្នុងលោកនេះ និងបរលោកយ៉ាងនេះ វេលានោះ ស្តេចក្នុងដែន​កោសល ឈ្មោះទព្វសេន ចូលមកដណ្តើមរាជបុរីរបស់តថាគត។ ស្តេចទព្វសេន ធ្វើនូវ​អ្នកនិគម ព្រមទាំងពួកពល និងអ្នកជនបទ ដែលរស់នៅព្រោះអាស្រ័យស្តេចទាំងអស់ ឲ្យតាំងនៅក្នុងដៃ ហើយជីកកប់តថាគតក្នុងរណ្តៅ។ តថាគតបានឃើញនូវមណ្ឌលនៃ​អាមាត្យ រាជ្យ និងវាំងដ៏ស្តុកស្តម្ភរបស់តថាគត ដូចកូនជាទីស្រឡាញ់ ដែលត្រូវស្តេច​ទព្វសេន​ដណ្តើមយកហើយ (ក៏ផ្សាយមេត្តាចំពោះស្តេចទព្វសេននោះ) គុណធម៌ដទៃ ស្មើ​នឹងមេត្តានៃតថាគត ពុំមានឡើយ នេះជាមេត្តាបារមីរបស់តថាគត។

ចប់ ឯករាជចរិយា ទី១៤។

មហាលោមហំសចរិយា ទី១៥

[៣៥] តថាគតសម្រេចសេយ្យាសន៍ កើយឆ្អឹងសាកសពក្នុងព្រៃស្មសាន ពួកក្មេងអ្នកស្រុក​ចូលមកជិត (តថាគត) ហើយសម្តែងនូវប្រការដ៏ប្លែកច្រើនយ៉ាង។ ពួក​ក្មេងដទៃ ជាអ្នកដឹង​ការណ៍ (ឃើញទារកទាំងឡាយ) ក៏សប្បាយរីករាយ មានចិត្ត​សង្វេគ ទៅនាំយក​គ្រឿង​ក្រអូប ផ្កាកម្រង ភោជនផ្សេងៗ ដ៏ច្រើន និងគ្រឿងបណ្ណាការ មកឲ្យតថាគត។ ពួកក្មេង​អ្នក​​ស្រុកណា នាំយកសេចក្តីទុក្ខមកឲ្យតថាគត ពួកក្មេងអ្នក​ស្រុកណា ឲ្យសេចក្តីសុខ​ដល់​តថាគត តថាគតមានចិត្តស្មើ ចំពោះទារកទាំងអស់នោះ​ មិនអាណិត មិនក្រោធ។ តថាគត មានចិត្តជាកណ្តាល ក្នុងសុខ និងទុក្ខ ក្នុងយស និង​អយស តថាគតមាន​ចិត្តស្មើ​ក្នុងលោកធម៌ទាំងពួង នេះជាឧបេក្ខាបារមីរបស់តថាគត។

ចប់ មហាលោមហំសចរិយា ទី១៥។

ឧទ្ទាននៃចរិយានោះ

យុធញ្ជយចរិយា ១ សោមនស្សចរិយា ១ អយោឃរចរិយា ១ ភឹសចរិយា ១ សោណនន្ទបណ្ឌិត​ចរិយា ១ មូគផក្ខចរិយា ១ កបិលរាជចរិយា ១ សច្ចសវ្ហយបណ្ឌិត​ចរិយា ១ វដ្តកបោតកចរិយា ១ មច្ឆរាជចរិយា ១ កណ្ហទីបាយនចរិយា ១ សុតសោមចរិយា ១ សុវណ្ណសាមចរិយា ១ ឯករាជចរិយា ១ លោមហំសចរិយា ១ ព្រះមហេសីសម្ពុទ្ធ ទ្រង់​សម្តែង​ហើយដោយប្រការដូច្នេះ។

តថាគត រងទុក្ខច្រើនប្រការ សោយសម្បត្តិច្រើនប្រការ ក្នុងភពតូចភពធំ ដូចបានរៀបរាប់​មកយ៉ាងនេះ ហើយបានសម្រេចនូវសម្ពោធិញ្ញាណដ៏ឧត្តម។ តថាគតបានឲ្យទាន ដែល​ព្រះពោធិសត្វគប្បីឲ្យ ទាំងបំពេញសីលមិនមានសេសសល់ ហើយចេញទៅកាន់​មហាភិនេស្រ្កម បានដល់បារមី សម្រេចនូវសម្ពោធិញ្ញាណ ជាញាណដ៏ឧត្តម។ តថាគត​បានសាកសួរបណ្ឌិតទាំងឡាយ បានធ្វើព្យាយាមដ៏ឧត្តម បានដល់ខន្តិបារមី ហើយ​សម្រេចសម្ពោធិញ្ញាណដ៏ឧត្តម។ តថាគតបានធ្វើអធិដ្ឋានយ៉ាងមាំ បានរក្សាសច្ចៈ បាន​ដល់​មេត្តាបារមី ហើយសម្រេចសម្ពោធិញ្ញាណដ៏ឧត្តម។ តថាគតមានចិត្តស្មើ ក្នុង​លោកធម៌​ទាំងពួង គឺលាភ អលាភ យស អយស សេចក្តីរាប់អាន និងសេចក្តីមើលងាយ ហើយ​បានសម្រេចសម្ពោធិញ្ញាណដ៏ឧត្តម។

អ្នកទាំងឡាយ គួរឃើញនូវកោសជ្ជៈ ថាជាភ័យ គួរឃើញនូវការប្រារព្ធព្យាយាម ថាជា​សេចក្តី​ក្សេម ហើយប្រឹងប្រែងព្យាយាមចុះ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ។ អ្នក​ទាំង​ឡាយ គួរឃើញនូវការទាស់ទែង ថាជាភ័យ គួរឃើញនូវការមិនទាស់ទែង ថាជា​សេចក្តីក្សេម ហើយចូរព្រមព្រៀងគ្នា ទាំងជាបុគ្គលមានពាក្យពីរោះរកគ្នាចុះ នេះជាពាក្យ​ប្រៀន​ប្រដៅរបស់ព្រះពុទ្ធ។ មួយទៀត អ្នកទាំងឡាយគួរឃើញនូវសេចក្តីប្រមាទ ថាជា​ភ័យ គួរឃើញនូវសេចក្តីមិនប្រមាទ ថាជាសេចក្តីក្សេម ហើយចូរចម្រើនមគ្គ ប្រកបដោយ​អង្គ ៨ ចុះ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធ។

បានឮថា ព្រះមានព្រះភាគ ទ្រង់ត្រាស់សរសើរនូវបុព្វចរិយារបស់ព្រះអង្គ ហើយសម្តែង​នូវ​ធម្មបរិយាយ ឈ្មោះពុទ្ធាបទាន ដោយប្រការដូច្នេះ។

ចប់ ចរិយាបិដក។

សមោធានកថា

[៣៦] បារមី ១០ ឧបបារមី ១០ បរមត្ថបារមី ១០ បារមីទាំងនេះ ជាគ្រឿងញ៉ាំង​ពោធិញ្ញាណ ឲ្យបានសម្រេច គឺព្រះបាទសិវិរាជដ៏ប្រសើរ បានបំពេញទានបារមី ព្រះបាទ​វេស្សន្តរ និងវេលាមព្រាហ្មណ៍ បានបំពេញទានឧបបារមី អកិត្តិតាបស បានបំពេញ​ទាន​ដ៏​មានកម្លាំង ហៅថាទានឧបបារមី កាលតថាគតកើតជាមាន់ និងទន្សាយដ៏ប្រសើរ បាន​បំពេញទានបរមត្ថបារមី។ កាលតថាគត កើតជាស្តេចស្វាក្តី ជាដំរីឆទ្ទន្តក្តី ជាដំរីចិញ្ចឹម​មាតាក្តី បានបំពេញសីលបារមី ពាក្យដូច្នេះនេះ ព្រះមហេសី ទ្រង់សម្តែងហើយ។ កាល​តថាគត កើតជាស្តេចឈ្មោះចម្បេយ្យៈ និងជាស្តេចនាគឈ្មោះភូរិទត្ត បានបំពេញសីល​ឧបបារមី កាលតថាគតកើតជាសង្ខបាលនាគរាជ ជាអ្នកប្រាជ្ញ បានបំពេញសីល​បរមត្ថបារមី។ កាលតថាគតកើតជារាជបុត្ត ឈ្មោះយុធញ្ជ័យក្តី ជាមហាគោវិន្ទក្តី ជា​ហត្ថិបាលក្តី ជាកូនព្រាហ្មណមហាសាល ឈ្មោះអយោឃរក្តី ជាភល្លាតិយៈក្តី ជា​សុវណ្ណសាមក្តី ជាមឃវទេវបុត្តក្តី ជានេមិរាជក្តី បានបំពេញទានឧបបារមី។ កាលតថាគត កើតជាមហោសថបណ្ឌិតក្តី ធនរដ្ឋបណ្ឌិតក្តី កុណ្ឌលបណ្ឌិតក្តី តណ្ឌិលបណ្ឌិតក្តី តិត្តិរៈក្តី សកុណៈក្តីនុ៎ះ បានបំពេញបញ្ញាឧបបារមី។ កាលតថាគត កើតជាវិធុរបណ្ឌិតក្តី ជា​សម្ភវកុមារ​ក្តី ទាំងពីរនុ៎ះ បានបំពេញបញ្ញាបារមី កាលតថាគត កើតជាសុរិយព្រាហ្មណ៍ក្តី ជាមាតង្គបណ្ឌិតក្តី ដែលជាសិស្សអាស្រ័យនូវអាចារ្យ ក្នុងកាលមុន ក៏បានបំពេញនូវ​បញ្ញាបារមី​ដែរ។ ឯបញ្ញាបរមត្ថបារមីនុ៎ះឯង (តថាគតបានបំពេញ ក្នុងកាល​យោនយក​កំណើត​កើត) ជាសេនកបណ្ឌិត កាលតថាគត កើតប្រាកដជាស្តេចជនក មានសីល មានព្យាយាម មានការប្រឹងប្រែងយ៉ាងមាំ បានបំពេញវីរិយបរមត្ថបារមី កាលតថាគត កើតជាស្តេចស្វា ជាអ្នកគោរពធម៌ ៥ ប្រការ បានបំពេញវីរិយបារមី។ កាលតថាគត កើតជាធម្មបាលកុមារ បានបំពេញខន្តិបារមី ជាគ្រឿងញាំញីដោយធម៌ នូវបុគ្គលមិន​ប្រកប​ដោយធម៌ ហៅថាខន្តិឧបបារមី។ កាលតថាគតកើតជាខន្តិវាទីតាបស ស្វែងរក​ពុទ្ធភូមិ តថាគតបានធ្វើនូវអំពើដ៏កម្រជាច្រើនយ៉ាង ដើម្បីបំពេញនូវខន្តិបរមត្ថបារមី ដោយ​ខន្តិវាទ។ តថាគត កើតជាទន្សាយ និងជាសត្វក្រួច អាស្រ័យនូវគុណ គឺសច្ចៈ ដូចមាន​ខាងលើនោះ បានញ៉ាំងភ្លើងឲ្យរលត់ដោយសច្ចៈ នេះក៏ជាសច្ចបារមី។ កាល​តថាគត កើតជាត្រីនៅក្នុងទឹក បានធ្វើនូវសច្ចដ៏ឧត្តម ញ៉ាំងមហាមេឃឲ្យបង្អុរចុះ នេះ​ជាសច្ចបារមីរបស់តថាគត។ កាលតថាគត កើតជាសុបារបណ្ឌិត ជាអ្នកប្រាជ្ញ បាន​ញ៉ាំងទូកឲ្យឆ្លងដោយសច្ចៈ កាលកើតជាឥសី ឈ្មោះកណ្ហទីបាយនៈ បានញ៉ាំង​ពិសឲ្យ​សាប​រលាបដោយសច្ចៈ កាលកើតជាស្វា បានឆ្លងខ្សែទឹកគង្គាដោយសច្ចៈ នេះជាបាមី​របស់​តថាគតជាសាស្តា ក្នុងកាលនោះ បារមីនោះ ជាសច្ចឧបបារមី។ កាលតថាគត កើតជាស្តេចសុតសោម រក្សាសច្ចៈដ៏ឧត្តម ដោះក្សត្រ ១០១ អង្គ ឲ្យរួច (នេះ) ជា​សច្ចបរមត្ថបារមី។ កាលតថាគតកើតជាកឹឆន្ទៈ កាលនោះ មានបារមីដោយការអធិដ្ឋាន កាលកើតជាទុកៈ និងមាតង្គយៈ បានបំពេញអធិដ្ឋានឧបបារមី។ កាលតថាគត កើត​ជា​មូគផក្ខពោធិសត្វ បានបំពេញអធិដ្ឋានបរមត្ថបារមី កាលកើតជាមហាកណ្ហៈ ប្រព្រឹត្តទៅ​ដោយមេត្តា កាលកើតជារាជសោធនៈ (ក៏ប្រព្រឹត្តទៅ) ដោយមេត្តានោះដែរ បារមី​ទាំង​ពីរនេះ ហៅថាមេត្តាបារមី។ កាលតថាគត កើតជាស្តេចព្រហ្មទត្ត (ប្រព្រឹត្តទៅ) ដោយ​សីល កាលកើតជាគណ្ឌិតិណ្ឌកៈនេះ (ក៏បានប្រព្រឹត្តទៅ) ដោយសីលដែរ។ កាលតថាគត កើតជានន្ទៈ បានធ្វើនូវសេចក្តីស្រឡាញ់ (ក្នុងសព្វញ្ញុតញ្ញាណ) បារមីទាំងនោះ ជា​ឧបបារមី ឯបរមត្ថបារមី បានបំពេញហើយ ក្នុងកាលតថាគតកើតជាស្តេចឯករាជ បារមី​ដទៃ ប្រាកដស្មើដោយមេត្តាបារមីនេះ ពុំមានឡើយ។ កាលតថាគត កើតជាសេកទាំងពីរ បានបំពេញឧបបារមី កាលកើតជាលោមហំសនៈ បានបំពេញបរមត្ថបារមី ឯបារមី ១០ របស់តថាគតនេះ ជាចំណែកនៃពោធិញ្ញាណដ៏ប្រសើរ។ បារមីទាំងឡាយ មិនលើសអំពី ១០ មិនខ្វះអំពី ១០ បារមីទាំងអស់ ពេញត្រឹម ១០ មិនខ្វះមិនលើស។

ចប់ សមោធានកថា។

ចប់ ចរិយាបិដក។

ចប់ ភាគ៧៧។

សូមអនុមោទនា !!!

Oben-pfeil