វគ្គទី១
កោវិឡារគាថា ទី១០
គាថាថា ឱរោបយិត្វា ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។
បានឮថា ព្រះរាជានគរពារាណសី ព្រះនាមចាតុមាសិកព្រហ្មទត្ដ ទ្រង់យាងទៅកាន់ព្រះរាជឧទ្យានក្នុងខែដំបូងនៃគិម្ហរដូវ ទ្រង់ឃើញដើមរលួសផ្អុងពេញទៅដោយស្លឹកពណ៌ខៀវនិងក្រាស់ ក្នុងភូមិភាគដែលគួរជាទីត្រេកអរក្នុងព្រះរាជឧទ្យាននោះ ទើបត្រាស់ថា ចូរក្រាលទីបន្ទំឲ្យយើងត្រង់គល់រលួសផ្អុង ហើយទ្រង់ក្រសាលក្នុងព្រះរាជឧទ្យាន ពេលល្ងាច ទ្រង់សម្រេចការផ្ទំទៀបគល់រលួសផ្អុងនោះ។ ក្នុងខែកណ្ដាលនៃគិម្ហរដូវ បានយាងទៅកាន់ព្រះរាជឧទ្យាននោះទៀត ក្នុងកាលនោះ ដើមរលួសផ្អុងកំពុងចេញផ្កា ទ្រង់ធ្វើយ៉ាងនោះដូចគ្នា។ ក្នុងខែខាងចុងនៃគិម្ហរដូវ បានយាងទៅម្ដងទៀត ក្នុងកាលនោះ ដើមរលួសផ្អុងជ្រុះស្លឹកដូចជាដើមឈើងាប់។ ក្នុងកាលនោះ ព្រះរាជាទ្រង់មិនបានទតមើលដើមឈើនោះ ដ្បិតធ្លាប់ស្និទ្ធស្នាលក្នុងកាលមុន ទើបត្រាស់ឲ្យក្រាលកម្រាលដើម្បីផ្ទំត្រង់គល់រលួសផ្អុងនោះ។ អាមាត្យទាំងឡាយ ទោះបីដឹង ក៏ក្រាលទីបន្ទំត្រង់គល់រលួសផ្អុងនោះ តាមពាក្យរបស់ទ្រង់។
ព្រះរាជា ទ្រង់ក្រសាលក្នុងព្រះរាជឧទ្យាន លុះពេលល្ងាច កាលផ្ទំក្នុងទីនោះ ទ្រង់ទតឃើញដើមឈើនោះ ទើបព្រះតម្រិះថា អាក្រក់ពិតហ្ន៎ ដើមឈើនេះ កាលមុនពេញដោយស្លឹក ជាដើមឈើស្អាតគួរមើល ដូចសម្រេចដោយកែវមណី បន្ទាប់អំពីនោះ ក៏មានសម្រស់គួរមើលដោយផ្កាទាំងឡាយ ដូចគ្នានឹងពន្លកកែវប្រពាល ដែលដាក់ក្នុងរវាងមែក មានពណ៌ដូចកែវមណី ឯភូមិភាគខាងក្រោមដើមឈើនេះ ក៏ក្រាលដោយដីខ្សាច់ ដូចគ្នានឹងបណ្ដាញកែវមុក្ដា ដេរដាសដោយផ្កាដែលជ្រុះចាកទង ដូចក្រាលដោយសំពត់កម្ពលក្រហម។ ថ្ងៃនេះ ដើមឈើនេះ ដូចដើមឈើងាប់ សល់ត្រឹមតែមែកហើយនិងដើម ឱ ! ដើមរលួសផ្អុង ក៏ត្រូវជរាបៀតបៀន ទ្រង់បានចំពោះនូវអនិច្ចសញ្ញាថា វត្ថុដែលមិនមានវិញ្ញាណ ក៏គង់ជរានោះ បៀតបៀន នឹងពោលថ្វី ដល់វត្ថុដែលមានវិញ្ញាណ ទ្រង់ឃើញច្បាស់នូវសង្ខារទាំងពួង ដោយភាពជាទុក្ខ និងដោយភាពជាអនត្ដា ដោយទំនងដូចគ្នា ទ្រង់ប្រាថ្នាថា ឱហ្ន៎ ! អាត្មាអញគប្បីប្រាសចាកភេទគ្រហស្ថ ដូចដើមរលួសផ្អុងជម្រុះនូវស្លឹកដូច្នោះ។ ព្រះរាជាទ្រង់ផ្ទំដោយបង្អៀងខាងស្ដាំ ត្រង់ ទីបន្ទំនោះ ដោយលំដាប់ ទ្រង់ចម្រើនវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណហើយ។ ក្នុងពេលយាងចេញអំពីទីនោះ កាលពួកអាមាត្យក្រាបទូលថា កាលោ ទេវ គន្តុំ បពិត្រព្រះទេវៈ ដល់កាលយាងត្រឡប់ហើយ ទើបត្រាស់ពាក្យជាដើមថា នាហំ រាជា យើងមិនមែនព្រះរាជា ហើយត្រាស់គាថានេះ ដោយន័យមុននោះឯងថា
ឱរោបយិត្វា គិហិព្យញ្ជនានិ
សញ្ឆិន្នបត្តោ យថា កោវិឡារោ
ឆេត្វាន វីរោ គិហិពន្ធនានិ
ឯកោ ចរេ ខគ្គវិសាណកប្បោ។
វីរបុគ្គលលះបង់នូវវត្ថុទាំងឡាយ ជាគ្រឿងប្រាកដរបស់គ្រហស្ថ កាត់បង់នូវចំណងរបស់គ្រហស្ថទាំងឡាយ ដូចដើមរលួសផ្អុងជម្រុះស្លឹក គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។
បណ្ដាបទទាំងនោះ បទថា ឱរោបយិត្វា បានដល់ នាំចេញទៅ។ បទថា គិហិព្យញ្ជនានិ បានដល់ សក់ ពុកមាត់ សំពត់ស គ្រឿងប្រដាប់ ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប បុត្ត ភរិយា ទាសី និងទាសៈជាដើម វត្ថុទាំងនេះ ធ្វើឲ្យភាពជាគ្រហស្ថប្រាកដ ព្រោះហេតុនោះ ទើបហៅថា ជាគ្រឿងប្រាកដរបស់គ្រហស្ថ ។
បទថា សញ្ឆិន្នបត្ដោ ប្រែថា មានស្លឹកជ្រុះទៅហើយ។ បទថា ឆេត្វាន បានដល់ កាត់ដោយមគ្គញ្ញាណ ។ បទថា វីរោ បានដល់ ប្រកបដោយសេចក្ដីព្យាយាមក្នុងមគ្គ។ បទថា គិហិពន្ធនានិ បានដល់ គ្រឿងចង គឺកាម។ ពិតហើយ កាមទាំងឡាយជាគ្រឿងចងរបស់គ្រហស្ថ អត្ថនៃបទមានត្រឹមប៉ុណ្ណេះ។ ចំណែកពាក្យអធិប្បាយមានដូច្នេះថា ព្រះរាជាទ្រង់ព្រះតម្រិះយ៉ាងនេះថា ឱហ្ន៎ ! សូម្បីអញ ក៏គប្បីដាក់ចុះនូវគ្រឿងសម្គាល់របស់គ្រហស្ថ គប្បីដូចដើមរលួសផ្អុង ដែលជ្រុះស្លឹកដូច្នោះ ទ្រង់ចម្រើនវិបស្សនា បានសម្រេចហើយ។ ពាក្យដ៏សេស គប្បីជ្រាបដោយន័យដែលពោលមុននោះឯង។
កោវិឡារគាថា ទី១០ ចប់។
សូមអនុមោទនា !!!
