កុម្ភការជាតក
ព្រះសាស្ដា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការសង្កត់សង្កិនកិលេស ទើបត្រាស់រឿងនេះថា
ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ដសោយរាជ្យក្នុងនគរពារាណសីព្រះពោធិសត្វកើតក្នុងត្រកូលស្មូនឆ្នាំង ក្នុងស្រុកក្បែរទ្វារក្រុងពារាណសីនោះ ចម្រើនវ័យហើយ សន្សំទុកដាក់ទ្រព្យសម្បត្ដិ បានកូនប្រុសមួយកូនស្រីមួយ ចិញ្ចឹមបុត្តភរិយាព្រោះអាស្រ័យការងារធ្វើឆ្នាំង។ ក្នុងកាលនោះ ព្រះរាជាព្រះនាមករណ្ឌកៈ ក្នុងទន្ដបុរនគរ ដែនកលិង្គៈ កាលយាងទៅកាន់ព្រះរាជឧទ្យានជាមួយរាជបរិវារធំ ទតឃើញដើមស្វាយក្បែរទ្វារព្រះរាជឧទ្យាន មានផ្លែគួរចង់សោយ ពេញទៅដោយផ្លែជាចង្កោម ៗ គង់លើកដំរីដ៏ប្រសើរដែលកំពុងទៅនោះឯង ទ្រង់លាព្រះហស្ត បេះផ្លែស្វាយមួយ ហើយយាងទៅកាន់ព្រះរាជឧទ្យាន ប្រថាប់គង់លើមង្គលសិលា ព្រះរាជទានដល់មនុស្សដែលគួរព្រះរាជទានហើយ ទើបសោយផ្លែស្វាយ។ ចាប់តាំងពីពេលដែលព្រះរាជាទ្រង់បេះផ្លែស្វាយហើយ មនុស្សដ៏សេសទាំងឡាយ ក៏នាំគ្នាបេះ សូម្បីអាមាត្យ ព្រាហ្មណ៍ និងគហបតីជាដើម ក៏នាំគ្នាធ្វើផ្លែស្វាយឲ្យជ្រុះ ហើយបរិភោគ។ ជនដែលមកឯក្រោយ ក៏ឡើងបេះ ប្រើដំបងគ្រវែង ធ្វើឲ្យបាក់បែកហើយបរិភោគសូម្បីតែផ្លែខ្ចីៗ ក៏មិនមានសេសសល់។
ចំណែកព្រះរាជា ទ្រង់លេងកីឡាក្នុងព្រះរាជឧទ្យានពេញមួយថ្ងៃហើយ លុះពេលល្ងាច ទ្រង់ប្រថាប់គង់លើកដំរីដ៏ប្រសើរដែលគេតាក់តែងហើយ យាងមក ទតឃើញដើមស្វាយនោះ ទើបចុះអំពីដំរីចូលទៅត្រង់គល់ស្វាយ ទ្រង់សម្លឹងមើលបណ្ដើរត្រិះរិះបណ្ដើរថា ស្វាយនេះ ព្រឹកមិញ ពេញទៅដោយផ្លែ ជាចង្កោមល្អពេកណាស់ ធ្វើនូវការមិនឆ្អែតភ្នែកដល់អ្នកមើលទាំងឡាយ ឥឡូវនេះ គេបេះផ្លែអស់ហើយ សល់តែមែកទទេ មិនស្អាត។ កាលទ្រង់មើលហើយមើលទៀត ឃើញដើមស្វាយដទៃ មិនមានផ្លែ ប្រថាប់ឈរត្រង់គល់ស្វាយប៉ុណ្ណោះ ធ្វើដើមស្វាយដែលមិនមានផ្លែឲ្យជាអារម្មណ៍ថា ដើមឈើនោះ ឋិតនៅយ៉ាងស្រស់ត្រកាល ដូចកំពូលភ្នំកែវមណីត្រងិល ព្រោះមិនមានផ្លែ ចំណែកស្វាយនេះ ដល់នូវសេចក្ដីវិនាស ព្រោះចេញផ្លែ សូម្បីត្រង់កណ្ដាលផ្ទះនេះ ក៏ដូចគ្នានឹងដើមស្វាយដែលមានផ្លែ ឯបព្វជ្ជាដូចគ្នានឹងដើមឈើដែលមិនមានផ្លែ បុគ្គលមានទ្រព្យប៉ុណ្ណោះ ជាអ្នកមានភ័យ ចំណែកបុគ្គលមិនមានទ្រព្យ មិនមានភ័យទេ សូម្បីអាត្មាអញក៏គប្បីជាអ្នកដូចដើមឈើដែលមិនមានផ្លែ ដូច្នេះហើយ ទ្រង់កំណត់ត្រៃលក្ខណ៍ ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញ្ញាណឲ្យកើតឡើងហើយ ទ្រង់ពិចារណាថា ឥឡូវនេះ អញទម្លាយខ្ទម គឺផ្ទៃមាតាហើយ បដិសន្ធិក្នុងភព ៣ អញផ្ដាច់ផ្ដិលហើយ បង្គន់នៃឧច្ចារៈគឺសំសារៈ អញលាងសម្អាតហើយ សមុទ្ទទឹកភ្នែក អញបាចឲ្យស្ងួតហើយកំពែងឆ្អឹងអញទម្លាយហើយ អញមិនមានបដិសន្ធិទៀតឡើយ ព្រះរាជាទ្រង់កំពុងទ្រទ្រង់នូវគ្រឿងអលង្ការទាំងអស់នុ៎ះឯង ប្រថាប់ឈរហើយ។
លំដាប់នោះ អាមាត្យទាំងឡាយក្រាបទូលថា អតិពហុំ ឋិតត្ថ មហារាជ បពិត្រមហារាជ ទ្រង់ប្រថាប់ឈរយូរពេកហើយ។
ព្រះបច្ចេកពុទ្ធពោលថា ន មយំ មហារាជានោ អាត្មាមិនមែនព្រះរាជារបស់អ្នកទាំងឡាយ បច្ចេកពុទ្ធា នាម មយំ អាត្មាជា ព្រះបច្ចេកពុទ្ធ។
អាមាត្យទាំងឡាយក្រាបទូលថា បពិត្រព្រះសម្មតិទេព ធម្មតាព្រះបច្ចេកពុទ្ធទាំងឡាយ មិនដូចទ្រង់ឡើយ។
ព្រះបច្ចេកពុទ្ធសួរថា បើដូច្នោះ ដូចអ្វី។
ពួកអាមាត្យក្រាបទូលថា ព្រះបច្ចេកពុទ្ធមិនមានសក់ មិនមានពុកមាត់ បិទបាំងរាងកាយដោយកាសាវពស្ដ្រ មិនជាប់ចំពាក់ក្នុងត្រកូលនិងពួកគណៈ មានចំណែកប្រៀបដូចពពកដែលត្រូវខ្យល់បក់ និងប្រៀបដូចមណ្ឌលព្រះចន្ទផុតអំពីមាត់រាហូ គង់នៅត្រង់ញកភ្នំនន្ទមូលកៈ នាព្រៃហិមពាន្ដ បពិត្រព្រះទេវៈ ព្រះបច្ចេកពុទ្ធទាំងឡាយមានសភាពបែបនេះ។ ក្នុងខណៈនោះ ព្រះបច្ចេកពុទ្ធលើកព្រះហស្តឡើង ស្ទាបព្រះកេសា រំពេចនោះឯង គិហិភាវៈក៏អន្ដរធានទៅ សមណភេទក៏ប្រាកដឡើង។ សមណបរិក្ខារទាំងឡាយ ដែលទ្រង់ត្រាស់យ៉ាងនេះថា
តិចីវរញ្ច បត្តោ ច វាសិ សូចិ ច ពន្ធនំ
បរិស្សាវនេន អដ្ឋេតេ យុត្តយោគស្ស ភិក្ខុនោ។
ត្រៃចីវរ បាត្រ កាំបិតកោរ ម្ជុល វត្ថពន្ធចង្កេះ និងតម្រងទឹក ៨ យ៉ាងនេះ ជាបរិក្ខាររបស់ភិក្ខុដែលប្រកបសេចក្ដីព្យាយាម។
បានបិទបាំងកាយរបស់ទ្រង់មួយរំពេច។ ព្រះបច្ចេកពុទ្ធឈរក្នុងអាកាស ឲ្យឱវាទដល់មហាជនហើយ បានទៅកាន់ញកភ្នំនន្ទមូលកៈ នាព្រៃហិមពាន្តទិសខាងជើង តាមអាកាសនុ៎ះឯង។
ចំណែកព្រះរាជាព្រះនាមថា នគ្គជិ ក្នុងនគរតក្កសិលា ដែនគន្ធារៈយាងទៅគង់លើរាជបល្ល័ង្ក ខាងលើផ្ទៃប្រាសាទ ទតឃើញស្រីម្នាក់មានដៃប្រដាប់ដោយកងកែវមណី ម្ខាងមួយ អង្គុយបុកគ្រឿងក្រអូប ក្នុងទីមិនឆ្ងាយ ទ្រង់ទតបណ្ដើរត្រិះរិះបណ្ដើរថា កងដៃ (កែវមណី) ទាំងនោះ មិនទង្គិចគ្នា មិនមានសំឡេង ព្រោះនៅម្ខាង ១ គឺនៅបែកគ្នា។ ក្រោយមក ស្រីនោះ ក៏ដោះកងពីដៃខាងស្ដាំ យកទៅពាក់ដៃខាងឆ្វេង ហើយក៏ចាប់ទាញនូវដុំលម្អិត មកបុក កងទី២ ដែលនៅត្រង់ដៃឆ្វេង ក៏ប៉ះទង្គិចគ្នា (ជាមួយកងទី១) ធ្វើសំឡេងឡើង។ ព្រះរាជាទ្រង់ទតឃើញកងទាំងពីរនោះ ប៉ះគ្នា មានសំឡេងខ្លាំង ទើបទ្រង់ព្រះតម្រិះថា កងដៃនេះ កាលនៅក្នុងដៃម្ខាងមួយ មិនទង្គិចគ្នា កាលនៅរួមគ្នាទាំងពីរ ក្នុងដៃតែម្ខាង ក៏មានសំឡេងខ្លាំង យ៉ាងណា សូម្បីសត្វទាំងឡាយនេះ ក៏យ៉ាងនោះដូចគ្នា បើនៅម្នាក់ឯង មិនប៉ះទង្គិចគ្នា មិនមានសំឡេង តែលុះមានគ្នា ២-៣ នាក់ ឡើងទៅ ក៏ប៉ះគ្នានឹងគ្នា ធ្វើនូវជម្លោះទាស់ទែង ឯអញពិចារណា (គ្រប់គ្រង) រាស្ដ្រក្នុងរាជសម្បត្ដិ ២ កន្លែង គឺក្នុងដែនកស្មីរៈនិងដែនគន្ធារៈ អញគួរដូចជាកងដៃតែម្ខាង មិនរក្សាបុគ្គលដទៃ រក្សាខ្លួនឯងប៉ុណ្ណោះ ហើយទ្រង់ធ្វើការប៉ះទង្គិចគ្នានៃកងដៃ ឲ្យជាអារម្មណ៍ ទាំងដែលកំពុងអង្គុយនោះឯង ទ្រង់កំណត់ត្រៃលក្ខណ៍ ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញ្ញាណឲ្យកើតឡើងហើយ។ សេចក្ដីដែលសេសសល់ ដូចគ្នានឹងន័យមុននោះឯង។
នៅឯមិថិលានគរ ក្នុងវិទេហរដ្ឋ ព្រះរាជាព្រះនាមនិមិរាជ សោយព្រះក្រយាស្ងោយព្រឹកហើយ មានគណៈអាមាត្យហែហម ប្រថាប់ឈរទតចន្លោះវិថីតាមបង្អួចដែលបើក។ លំដាប់នោះ ខ្លែងមួយឆាបដុំសាច់អំពីជ្រញ់អ្នកលក់ ហើយហើរទៅក្នុងអាកាស។ សត្វទាំងឡាយ មានត្មាតជាដើម ក៏ហើរចោមរោមខ្លែងនោះ ខាងនោះខ្លះ ខាងនេះខ្លះ ប្រើចំពុះចឹក ប្រើស្លាបវាយ ប្រើជើងខ្ញាំ ព្រោះហេតុនៃអាហារ។ ខ្លែងនោះ ទ្រាំនឹងការឈឺចាប់មិនបាន ទើបលែងដុំសាច់នោះទៅ សត្វដទៃក៏ពាំដុំសាច់នោះ សត្វដទៃនាំគ្នាបោះបង់ខ្លែងនោះ ហើយដេញតាមសត្វនោះទៅ។ សូម្បីសត្វនោះក៏លែងដុំសាច់នោះទៀត សត្វដទៃក៏ពាំទៅ បក្សីទាំងឡាយក៏ចោមរោមចឹកសត្វនោះ យ៉ាងនោះដូចគ្នា។ ព្រះរាជាទ្រង់ទតឃើញសត្វទាំងនោះហើយ ទ្រង់ព្រះតម្រិះថា បក្សីណា ៗ ពាំដុំសាច់ បក្សីនោះ ៗ ឯង ដល់នូវសេចក្ដីទុក្ខ ឯបក្សីណា ៗ លែងនូវដុំសាច់នោះចោល បក្សីនោះ ៗ ឯង មានសេចក្ដីសុខ កាមគុណ ៥ នេះ បុគ្គលណាៗ ប្រកាន់ទុក បុគ្គលនោះ ៗ ឯង មានសេចក្ដីទុក្ខ ឯបុគ្គលណាមិនប្រកាន់ បុគ្គលនោះឯង មានសេចក្ដីសុខ ព្រោះកាមទាំងនេះ ជារបស់សាធារណៈសម្រាប់មនុស្សច្រើន ឯអញមានស្រីស្នំ ១៦ ពាន់នាក់ អញគួរលះកាមគុណ ៥ ហើយនៅជាសុខ ដូចខ្លែងដែលចោលដុំសាច់នេះ។ ព្រះរាជានោះ ទ្រង់មនសិការដោយឧបាយ ទាំងដែលកំពុងឈរនុ៎ះឯង ទ្រង់កំណត់ត្រៃលក្ខណ៍ ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញ្ញាណឲ្យកើតឡើង។ សេចក្ដីដែលសេសសល់ ដូចន័យមុននុ៎ះឯង។
ក្នុងឧត្ដរបញ្ចាលរដ្ឋ កបិលនគរ ព្រះរាជាព្រះនាមទុម្មុខៈ សោយព្រះក្រយាស្ងោយព្រឹកហើយ ទ្រង់ប្រដាប់គ្រឿងអលង្ការគ្រប់យ៉ាង មានពួកអាមាត្យចោមរោម ប្រថាប់ឈរទតលានព្រះរាជវាំង តាមសីហបញ្ជរដែលបើក។ ក្នុងខណៈនោះ អ្នកចិញ្ចឹមគោទាំងឡាយក៏បើកក្រោលគោ ពួកគោបាចេញអំពីក្រោល ហើយដេញតាមគោញីមួយដោយអំណាចកិលេស។ បណ្ដាគោទាំងនោះ គោឧសភៈមាឌធំមួយ មានស្នែងដ៏មុត ឃើញគោដទៃកំពុងដើរមក ត្រូវសេចក្ដីកំណាញ់ដោយកិលេសគ្របសង្កត់ ទើបយកស្នែងដ៏មុត បុះត្រង់ចន្លោះជើង ពោះវៀនធំទាំងឡាយរបស់គោនោះ ក៏ចេញមកក្រៅតាមមុខរបួស ដល់នូវការអស់ជីវិតក្នុង ទីនោះឯង។ ព្រះរាជាទតឃើញហេតុការណ៍នោះ ទ្រង់ព្រះតម្រិះថា សត្វលោកទាំងឡាយ តាំងអំពីសត្វតិរច្ឆានជាដើមឡើងទៅ ដល់នូវសេចក្ដីទុក្ខដោយអំណាចកិលេស គោនេះ អាស្រ័យកិលេស ដល់នូវការអស់ជីវិត។ ពួកសត្វដទៃក៏ញាប់ញ័រ ព្រោះកិលេសទាំងឡាយនោះឯង អញគួរប្រហារកិលេស ដែលជាហេតុឲ្យសត្វទាំងឡាយញាប់ញ័រ។ ព្រះរាជាទ្រង់ប្រថាប់ឈរនុ៎ះឯង កំណត់ត្រៃលក្ខណ៍ ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញ្ញាណឲ្យកើតឡើងហើយ។ អត្ថដ៏សេស ដូចគ្នានឹងរឿងមុននុ៎ះឯង។
សម័យថ្ងៃមួយ ព្រះបច្ចេកពុទ្ធទាំងឡាយ ៤ អង្គនោះ កំណត់កាលភិក្ខាចារហើយ ក៏ចេញអំពីញកភ្នំនន្ទមូលកៈ ទំពាឈើស្ទន់ឈ្មោះនាគលតា ត្រង់អនោតត្ដស្រះ ជម្រះព្រះកាយហើយ ប្រថាប់ឈរលើផ្ទាំងមនោសិលា ស្លៀកស្បង់ កាន់បាត្រនិងចីវរ ហោះឡើងទៅលើអាកាសដោយឫទ្ធិ ជាន់ពពកដែលមានពណ៌ ៥ និមន្តទៅ ហើយចុះក្នុងទីមិនឆ្ងាយអំពីស្រុកក្បែរទ្វារនគរពារាណសី ដណ្ដប់ចីវរត្រង់ទីផាសុកមួយកន្លែង កាន់បាត្រចូលទៅក្នុងស្រុក ត្រាច់បិណ្ឌបាតដល់ទ្វារផ្ទះព្រះពោធិសត្វ។ ព្រះពោធិសត្វឃើញព្រះបច្ចេកពុទ្ធទាំងនោះហើយ ត្រេកអរ និមន្ដឲ្យចូលទៅក្នុងផ្ទះ ឲ្យគង់លើអាសនៈដែលក្រាលទុក ថ្វាយទក្ខិណោទក អង្គាសដោយខាទនីយភោជនីយាហាររបស់ឆាន់ដ៏ប្រណីត ហើយអង្គុយក្នុងទីសមគួរនាចំណែកម្ខាង ថ្វាយបង្គំព្រះសង្ឃត្ថេរទូលសួរថា បពិត្រលោកម្ចាស់ដ៏ចម្រើន បព្វជ្ជារបស់លោកម្ចាស់ទាំងឡាយ ស្អាតពន់ពេក ឥន្ទ្រិយទាំងឡាយរបស់លោកម្ចាស់ក៏ផូរផង់ ឆវីវណ្ណក៏បរិសុទ្ធ លោកម្ចាស់ឃើញអារម្មណ៍ដូចម្ដេចហ្ន៎ ទើបចូលដល់បព្វជ្ជា ហើយប្រព្រឹត្តបិណ្ឌបាត។ ព្រះពោធិសត្វបានចូលទៅទូលសួរព្រះបច្ចេកពុទ្ធដ៏សេស ដូចទូលសួរព្រះសង្ឃត្ថេរដូច្នោះ។ លំដាប់នោះ ព្រះបច្ចេកពុទ្ធទាំង ៤ អង្គនោះ បានប្រាប់រឿងចេញបួសរៀង ៗ ខ្លួន ដល់ព្រះពោធិសត្វនោះ ដោយន័យជាដើមថា អាត្មាជាព្រះរាជាឈ្មោះនោះ ក្នុងនគរឈ្មោះនោះ ក្នុងដែនឈ្មោះនោះ ហើយបានត្រាស់គាថាមួយអង្គ មួយគាថាថា
អម្ពាហមទ្ទំ វនមន្តរស្មឹ
នីលោភាសំ ផលិតំ សំវិរូឡ្ហំ
តមទ្ទសំ ផលហេតុ វិភគ្គំ
តំ ទិស្វា ភិក្ខាចរិយំ ចរាមិ។
អាត្មាបានឃើញដើមស្វាយ ដុះលូតលាស់ ក្នុងកណ្ដាលព្រៃ ស្វាយមានពណ៌ខៀវ មានផ្លែ អាត្មាឃើញស្វាយនោះ បាក់ខ្ទេចខ្ទី ព្រោះហេតុតែផ្លែ លុះឃើញស្វាយនោះហើយ ទើបអាត្មាប្រព្រឹត្តនូវភិក្ខាចារ (ទៅបួស)។
សេលំ សុមដ្ឋំ នរវីរនិដ្ឋិតំ
នារី យុគំ ធារយិ អប្បសទ្ទំ
ទុតិយញ្ច អាគម្ម អហោសិ សទ្ទោ
តំ ទិស្វា ភិក្ខាចរិយំ ចរាមិ។
នាងនារី (ម្នាក់) ពាក់កងជាវិការៈនៃកែវមណី ១ គូ ដ៏ស្អាតរលោង ដែលជនអ្នកចេះ ធ្វើឲ្យសម្រេចហើយ ឥតឮសូរសំឡេង (ទង្គិចគ្នាឡើយ) លុះដល់អាស្រ័យយកមកពាក់ ជាមួយគ្នានឹងកងទី ២ ក៏ (ទង្គិចគ្នា) ឮសូរសំឡេង អាត្មាបានឃើញនូវកងនោះហើយ ទើបប្រព្រឹត្តនូវភិក្ខាចារ។
ទិជា ទិជំ កុណបមាហរន្តំ
ឯកំ សមានំ ពហុកា សមេច្ច
អាហារហេតុ បរិបាតយឹសុ
តំ ទិស្វា ភិក្ខាចរិយំ ចរាមិ។
ពួកបក្សីច្រើន ចោមរោម ដេញចឹកបក្សី ១ កំពុងពាំដុំសាច់ ព្រោះហេតុតែអាហារ អាត្មាបានឃើញបក្សីនោះហើយ ទើបប្រព្រឹត្តនូវភិក្ខាចារ។
ឧសភាហមទ្ទំ យូថស្ស មជ្ឈេ
វលកក្កុំ វណ្ណពលូបបន្នំ
តមទ្ទសំ កាមហេតុ វិតុន្នំ
តំ ទិស្វា ភិក្ខាចរិយំ ចរាមិ។
អាត្មាឃើញគោឧសភៈ ( មួយ) កណ្ដាលហ្វូង មានបូកជ្រួញៗ បរិបូណ៌ដោយសម្បុរនិងកម្លាំង អាត្មាបានឃើញគោឧសភៈនោះ ត្រូវគោឧសភៈដទៃ បុះមុត ( ធ្លាយពោះវៀន) ព្រោះហេតុតែកាម លុះបានឃើញគោឧសភៈនោះហើយ ទើបប្រព្រឹត្តនូវភិក្ខាចារ។
ព្រះពោធិសត្វ កាលបានស្ដាប់គាថានីមួយ ៗ បានធ្វើការសរសើរព្រះបច្ចេកពុទ្ធគ្រប់ព្រះអង្គថា បពិត្រលោកម្ចាស់ដ៏ចម្រើន ប្រពៃហើយ អារម្មណ៍នោះ សមគួរសម្រាប់លោកម្ចាស់ទាំងឡាយ ពិតមែន។ កាលព្រះពោធិសត្វស្ដាប់ធម្មកថា ដែលព្រះបច្ចេកពុទ្ធ ៤ អង្គនោះ សម្ដែងហើយ ជាអ្នកមិនជាប់ចំពាក់ក្នុងឃរាវាស។ កាលព្រះបច្ចេកពុទ្ធទាំងឡាយនិមន្ដទៅហើយ បរិភោគអាហារព្រឹកហើយ អង្គុយជាសុខ បានហៅភរិយាមក ពោលថា នែនាងដ៏ចម្រើន ព្រះបច្ចេកពុទ្ធ ៤ អង្គនេះ លះរាជសម្បត្ដិ ចេញបួស មិនមានសេចក្ដីប្រកាន់ មិនមានសេចក្ដីកង្វល់ ឲ្យកាលវេលាកន្លងទៅ ដោយសេចក្ដីសុខដែលកើតអំពីបព្វជ្ជា ឯខ្ញុំចិញ្ចឹមជីវិតដោយថ្លៃឈ្នួល ប្រយោជន៍អ្វីដល់ខ្ញុំដោយការគ្រប់គ្រងផ្ទះ ចូរនាងសង្គ្រោះ គឺចិញ្ចឹមកូននៅក្នុងផ្ទះចុះ ហើយពោល ២ គាថាថា
ករណ្ឌកោ កលិង្គានំ គន្ធារានញ្ច នគ្គជិ
និមិរាជា វិទេហានំ បញ្ចាលានញ្ច ទុម្មុខោ
ឯតេ រដ្ឋានិ ហិត្វាន បព្វជឹសុ អកិញ្ចនា។
ព្រះរាជារបស់អ្នកដែនកលិង្គៈ ព្រះនាមករណ្ឌកៈ ព្រះរាជារបស់អ្នកដែនគន្ធារៈ ព្រះនាមនគ្គជិ ព្រះរាជារបស់អ្នកដែនវិទេហៈ ព្រះនាមនិមិរាជ ព្រះរាជារបស់អ្នកដែនបញ្ចាលៈ ព្រះនាមទុម្មុខៈ ព្រះរាជាទាំង ៤ ព្រះអង្គនុ៎ះ លះបង់នូវដែនទាំងឡាយ ជាអ្នកឥតកង្វល់ បួសហើយ។
សព្វេបិមេ ទេវសមា សមាគតា
អគ្គិ យថា បជ្ជលិតោ តថេវិមេ
អហំបិ ឯកោ ចរិស្សាមិ ភគ្គវិ
ហិត្វាន កាមានិ យថោធិកានិ។
ព្រះរាជាទាំងអស់អង្គនេះ ប្រហែលគ្នានឹងវិសុទ្ធិទេវតា បានមកចួបគ្នាហើយ ព្រះរាជាទាំងនេះ (រុងរឿងដោយគុណទាំងឡាយ មានសីលគុណជាដើម) ដូចជាភ្លើងដែលភ្លឺរុងរឿងដូច្នោះឯង ម្នាលនាង មានភក្ត្រ ចំណែកខាងបង ក៏នឹងលះបង់នូវកាមទាំងឡាយ ជាចំណែកដែលខ្លួននឿយណាយហើយ ប្រព្រឹត្តតែម្នាក់ឯង។
ភរិយានោះ កាលបានស្ដាប់ពាក្យរបស់ព្រះពោធិសត្វហើយ ទើបពោលថា បពិត្រអ្នកជាម្ចាស់ តាំងអំពីកាលបានស្ដាប់ធម្មកថារបស់ព្រះបច្ចេកពុទ្ធហើយ សូម្បីចិត្ដខ្ញុំ ក៏មិនស្ថិតនៅក្នុងផ្ទះ ហើយបានពោលគាថានេះថា
អយមេវ កាលោ ន ហិ អញ្ញោ អត្ថិ
អនុសាសិតោ មេ ន ភវេយ្យ បច្ឆា
អហម្បិ ឯកា ចរិស្សាមិ ភគ្គវ
សកុណីវ មុត្តា បុរិសស្ស ហត្ថា។
កាលនេះ ជាកាលគួរ (នឹងបួសហើយ) ឥតមានកាលដទៃទៀតឡើយ (ព្រោះ) ដល់ទៅពេលក្រោយ បុគ្គលជាអ្នកប្រៀនប្រដៅខ្ញុំ មិនមានទេ បពិត្រអ្នកមានភក្ត្រ ខ្ញុំនឹងប្រព្រឹត្តតែម្នាក់ឯង ដូចជាមេបក្សីដែលរួចអំពីដៃនៃបុរស។
ព្រះពោធិសត្វ កាលបានស្ដាប់ពាក្យរបស់នាងហើយ បាននៅស្ងៀម។ ភរិយាព្រះពោធិសត្វនោះ បំណងនឹងបញ្ឆោតព្រះពោធិសត្វហើយបួសមុន ទើបពោលថា បពិត្រអ្នកជាម្ចាស់ ខ្ញុំនឹងទៅកំពង់ទឹក សូមអ្នកមើលកូន ហើយកាន់យកក្អមទឹក ធ្វើអាកប្បកិរិយាដូចដើរទៅកំពង់ទឹក គេចទៅដល់សម្នាក់របស់ពួកតាបស ដែលនៅជិតនគរហើយ ក៏បួស។ ព្រះពោធិសត្វដឹងថា នាងមិនមក ទើបចិញ្ចឹមទារកដោយខ្លួនឯង លុះក្មេងនោះធំបន្ដិច ដល់នូវភាពជាអ្នកអាចដឹងនូវសេចក្ដីចម្រើន និងសេចក្ដីវិនាសរបស់ខ្លួន គឺដឹងក្ដីហើយ កាលនឹងល្បងក្មេងទាំងនោះ ថ្ងៃមួយ ព្រះពោធិសត្វ កាលដណ្ដាំបាយ បានដាំឲ្យឆៅបន្ដិច ថ្ងៃមួយជ្រាយបន្ដិច ថ្ងៃមួយឆ្អិនល្អ ថ្ងៃមួយជ្រាយខ្លាំង ថ្ងៃមួយចម្អិនអាហារសាប ថ្ងៃមួយចម្អិនឲ្យប្រៃ។
ក្មេងទាំងឡាយពោលថា តាត អជ្ជ ភត្តំ ឧត្តណ្ឌុលំ បពិត្រលោកឪពុក ថ្ងៃនេះ បាយឆៅ អជ្ជ កិលិន្នំ ថ្ងៃនេះ បាយជ្រាយ អជ្ជ សុបក្កំ ថ្ងៃនេះ បាយឆ្អិនល្អ អជ្ជ អតិកិលិន្នំ ថ្ងៃនេះ បាយជ្រាយខ្លាំង អជ្ជ អលោណកំ ថ្ងៃនេះ សាប អជ្ជ អតិលោណកំ ថ្ងៃនេះ ប្រៃ។
ព្រះពោធិសត្វពោលថា អាម តាត អើកូន ហើយគិតថា ឥឡូវនេះ ក្មេងទាំងនេះ ស្គាល់ឆៅ ឆ្អិន សាប និងប្រៃហើយ អាចចិញ្ចឹមជីវិតតាមធម្មតារបស់ខ្លួន អញគួរនឹងបួស។ ក្រោយមក បានទុកដាក់ក្មេងទាំងនោះ ឲ្យពួកញាតិ ហើយពោលថា នែអ្នក និងនាង ចូរចិញ្ចឹមក្មេងទាំងនេះឲ្យល្អចុះ កាលពួកញាតិកំពុងយំរៀបរាប់នោះឯង បានចេញអំពីនគរ ទៅបួសជាឥសីនៅក្បែរៗ នគរនោះឯង។
ថ្ងៃមួយ បរិព្វាជិកា គឺភរិយាចាស់ បានឃើញព្រះពោធិសត្វកំពុងត្រាច់ទៅបិណ្ឌបាតក្នុងនគរពារាណសី ថ្វាយបង្គំហើយពោលថា បពិត្រលោកម្ចាស់ លោកម្ចាស់ទំនងជាឲ្យក្មេង គឺកូនទាំងឡាយវិនាសហើយ។
ព្រះមហាសត្វឆ្លើយថា យើងមិនបានឲ្យក្មេង គឺកូនវិនាសឡើយ យើងចេញបួសក្នុងពេលដែលពួកក្មេងទាំងនោះ អាចដឹងសេចក្ដីចម្រើន និងសេចក្ដីវិនាស គឺដឹងល្អ ដឹងអាក្រក់របស់ខ្លួនហើយ នាងកុំគិតថ្វីឡើយ ចូរត្រេកអរក្នុងការបួសចុះ ហើយបានពោលគាថាចុងក្រោយថា
អាមំ បក្កញ្ច ជានន្តិ អថោ លោណំ អលោណកំ
តមហំ ទិស្វាន បព្វជឹ ចរេវ ត្វំ ចរាមហំ។
(ទារកទាំងឡាយនោះ) ស្គាល់បាយឆៅ បាយឆ្អិន ទាំងស្គាល់សម្លប្រៃ និងសម្លសាបហើយ លុះយើងឃើញកិរិយារបស់ទារកនោះហើយ ទើបបួស នាងចូរប្រព្រឹត្ដស្វែងរកនូវភិក្ខាចារចុះ យើងក៏នឹងប្រព្រឹត្ដស្វែងរកនូវភិក្ខាចារដែរ។
ព្រះពោធិសត្វដាស់តឿនបរិព្វាជិកានោះ ដោយប្រការដូច្នេះហើយ ក៏បញ្ជូននាងទៅ ឯបរិព្វាជិកាទទួលឱវាទ ថ្វាយបង្គំព្រះមហាសត្វហើយ ទើបទៅកាន់ទីតាមគាប់ចិត្ដ។ បានឮថា ក្រៅអំពីថ្ងៃនោះហើយ ជនទាំង ២ នោះ ក៏មិនបានចួបគ្នាទៀតឡើយ។ ព្រះពោធិសត្វញ៉ាំងឈាននិងអភិញ្ញាឲ្យកើតឡើងហើយ បានជាអ្នកចូលដល់ព្រហ្មលោក។
ព្រះសាស្ដា កាលទ្រង់នាំយកព្រះធម្មទេសនានេះ មកសម្ដែងហើយ ទើបប្រកាសសច្ចៈទាំងឡាយ ហើយទ្រង់ប្រជុំជាតក ។ ក្នុងទីបំផុតនៃសច្ចធម៌ ភិក្ខុ ៥០០ រូប បានសម្រេចអរហត្ត ។ កូនស្រីក្នុងកាលនោះ បានមកជាឧប្បលវណ្ណា កូនប្រុស បានមកជារាហុល បរិព្វាជិកា បានមកជារាហុលមាតា ចំណែកបរិព្វាជក គឺតថាគតនេះឯង។
កុម្ភការជាតក ចប់។
[ស្រង់ចាកអដ្ឋកថា ជាតក សត្តកនិបាត បិ.៥៩ ទំ.៩៤ ឃ.៣៥៥។]
សូមអនុមោទនា !!!
