បច្ចេកពុទ្ធសំយុត្តកថា

កុម្មាសបិណ្ឌិជាតក

ព្រះបរមសាស្ដា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះនាងមល្លិកាទេវី ទើបត្រាស់ព្រះធម្មទេសនានេះថា

ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ដសោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលអ្នកក្រីក្រមួយ ធំចម្រើនវ័យ ហើយ រស់នៅអាស្រ័យសេដ្ឋីម្នាក់ ធ្វើការងារស៊ីឈ្នួលចិញ្ចឹមជីវិត។ ថ្ងៃមួយ ព្រះពោធិសត្វកាន់នំកុម្មាសៈ ៤ ដុំ មកអំពីផ្សារ ដោយគិតថា នំទាំងនេះ ជាអាហារព្រឹករបស់អញ កាលដើរទៅធ្វើការងារ បានឃើញ ព្រះបច្ចេកពុទ្ធ ៤ អង្គ កំពុងនិមន្ដមក បែរមុខទៅកាន់នគរពារាណសី ដើម្បីប្រយោជន៍ដល់ភិក្ខាចារ គិតថា ព្រះបច្ចេកពុទ្ធទាំងនេះ និមន្ដទៅកាន់នគរពារាណសីដើម្បីភិក្ខា អញមាននំកុម្មាសៈ ៤ ដុំ បើដូច្នោះ អញគួរប្រគេននំទាំងនេះ ដល់ព្រះបច្ចេកពុទ្ធទាំងឡាយនោះ ដូច្នេះហើយ ចូលទៅជិត ពោលថា  បពិត្រលោកម្ចាស់ ខ្ញុំមាននំកុម្មាសៈក្នុងដៃ ៤ ដុំ ខ្ញុំសូមប្រគេននំទាំងនេះ ដល់លោកម្ចាស់ទាំងឡាយ បពិត្រលោកម្ចាស់ ខ្ញុំសូមឱកាស សូមលោកម្ចាស់ទាំងឡាយទទួលចុះ កាលបើដូច្នេះ បុណ្យនេះ នឹងមានដល់ខ្ញុំ ដើម្បីប្រយោជន៍និងសេចក្ដីសុខអស់កាលយូរ។ បានដឹងការដែលលោកទទួលនិមន្ដន៍ហើយ ក៏រៀបចំអាសនៈ ៤ ដោយពូនខ្សាច់ឡើង ក្រាលនូវមែកឈើនិងសំពត់សម្បកឈើ លើពំនូកខ្សាច់នោះ និមន្ដព្រះបច្ចេកពុទ្ធឲ្យគង់តាមលំដាប់ហើយ យកកន្ទោងស្លឹកឈើដងទឹកមកធ្វើជាទក្ខិណោទក ដាក់នំកុម្មាសៈ ៤ ក្នុងបាត្រទាំង ៤ នមស្ការ ហើយទូលថា

ភន្តេ ឯតេសំ និស្សន្ទេន ទលិទ្ទគេហេ និព្វត្តិ នាម មា ហោតុ សព្វញ្ញុតញ្ញាណប្បដិវេធស្ស បច្ចយោ ហោតុ។

បពិត្រលោកម្ចាស់ដ៏ចម្រើន ដោយផលនៃការប្រគេននំកុម្មាសៈទាំងនេះ ឈ្មោះថា ការកើតក្នុងផ្ទះអ្នកក្រីក្រ កុំបីមានឡើយ ការថ្វាយទាននេះ សូមជាបច្ច័យនៃការសម្រេចនូវព្រះសព្វញ្ញុតញ្ញាណ។

ព្រះបច្ចេកពុទ្ធទាំងឡាយនោះឆាន់ហើយ ក្នុងទីបំផុតនៃការឆាន់ធ្វើអនុមោទនាហើយ ហោះទៅកាន់ញកភ្នំនន្ទមូលកៈ។ ព្រះពោធិសត្វផ្គងអញ្ជលី ហើយកាន់យកនូវបីតិក្នុងព្រះបច្ចេកពុទ្ធជាអារម្មណ៍ លុះព្រះបច្ចេកពុទ្ធទាំងនោះ លះក្រសែភ្នែកហើយ ក៏ទៅក្នុងទីធ្វើការរបស់ខ្លួន។ ព្រះពោធិសត្វធ្វើកម្មមានប្រមាណ​ប៉ុណ្ណេះ តែរឭកដល់ទាននោះ ដរាបដល់អស់អាយុ លុះធ្វើកាលកិរិយាហើយ ក៏បដិសន្ធិក្នុងព្រះឧទររបស់អគ្គមហេសីនៃព្រះបាទពារាណសី ព្រះញាតិទាំងឡាយបានថ្វាយព្រះនាមថា ព្រហ្មទត្ដ​កុមារ។ ព្រះរាជកុមារនោះ តាំងអំពីចេះយាងទៅដោយព្រះបាទ ទ្រង់ឃើញកិរិយាអាការ (គឺកម្ម) របស់ខ្លួនក្នុងជាតិមុនប្រាកដច្បាស់ ដោយការរឭកជាតិបាន ដូចការឃើញស្រមោលមុខក្នុងកញ្ចក់ដែលថ្លា គិតថា អញជាអ្នកស៊ីឈ្នួលក្នុងនគរនេះឯង កាលដើរទៅធ្វើការងារ បានប្រគេននំកុម្មាសៈ ៤ ដុំ ដល់ព្រះបច្ចេកពុទ្ធទាំងឡាយ បានកើតក្នុងទីនេះ ព្រោះផលនៃទាននោះ ។ ព្រះរាជកុមារទ្រង់ចម្រើនវ័យហើយ យាងទៅកាន់នគរតក្កសិលា រៀននូវសិល្បសាស្ត្រគ្រប់យ៉ាង ហើយយាងត្រឡប់មក ទ្រង់សម្ដែងសិល្បសាស្ត្រដែលទ្រង់សិក្សាហើយ ថ្វាយព្រះរាជបិតាទត ព្រះរាជបិតាទ្រង់ពេញព្រះហឫទ័យ ស្ថាបនា​ទុកក្នុងតំណែងឧបរាជ ក្នុងកាលតមក អស់រជ្ជកាលរបស់ព្រះរាជបិតា ក៏បានគ្រប់គ្រងរាជសម្បត្ដិ។ សម័យ​នោះ អាមាត្យទាំងឡាយនាំព្រះរាជធីតារបស់ព្រះបាទកោសល ដែលទ្រទ្រង់នូវរូបដ៏ឧត្តម មកថ្វាយ ឲ្យធ្វើជាអគ្គមហេសីរបស់ព្រះរាជកុមារ។ ក្នុងថ្ងៃឆ្លងឆត្ដមង្គល មនុស្សទាំងឡាយនាំគ្នាតាក់តែងព្រះនគរ​ទាំងមូល បីដូចទេវនគរ។

ព្រះរាជាទ្រង់ប្រទក្សិណព្រះនគរហើយ យាងឡើងប្រាសាទដែលតាក់តែងល្អហើយ ទ្រង់យាងឡើងកាន់ព្រះរាជបល្ល័ង្កដែលលើកមហាស្វេតច្ឆត្រឡើងត្រង់កណ្ដាលផ្ទៃប្រាសាទ គង់ប្រថាប់ ទតមើលពលនិករទាំងឡាយដែលនាំគ្នាគាល់ មួយផ្នែកជាអាមាត្យ មួយផ្នែកទៀត ជាព្រាហ្មណគហបតីជាដើម ដែលមានសម្បត្ដិផ្សេងៗ គ្នា មានការរុងរឿងដោយសិរីវិលាស មួយផ្នែកជាមហាជនអ្នកក្រុង មានដៃកាន់គ្រឿងបណ្ណាការច្រើនប្រភេទ មួយផ្នែកជាគណៈស្រីរបាំ ដែលមានចំនួន១៦ ពាន់នាក់ គួរនាដូចជាស្រីទេពអប្សរដែលតាក់តែងហើយដូច្នោះ សិរីរាជសម្បត្ដិនេះ ជាទីត្រេកអរនៃព្រះរាជហឫទ័យក្រៃលែង ទ្រង់រឭកដល់កុសលកម្មដែលខ្លួនបំពេញក្នុងកាលមុនហើយ ទ្រង់រឭកដល់គុណរបស់ព្រះបច្ចេកពុទ្ធទាំងឡាយថា សិរីសម្បត្ដិទាំងអស់នេះ គឺសុវណ្ណបិណ្ឌិក ( ដុំមាស) ១ កញ្ចនមាលា (កម្រងផ្កាមាស) ១ ស្វេតច្ឆត្រ ១ ដំរី សេះនិងរថដែលជារាជពាហនៈទាំងនេះ ច្រើនពាន់ ១  ឃ្លាំងដែលពេញដោយកែវមណីនិងកែវមុក្ដាជាដើម ១ ផែនដីធំដែលពេញដោយធញ្ញជាតិច្រើនប្រភេទ ១ ពួកនារីដែលប្រៀបបាននឹងស្រីទេពអប្សរ ១ ជាសិរីសម្បត្ដិរបស់អញ មិនមែនរបស់អ្នកដទៃ តែជារបស់ដែលអាស្រ័យការប្រគេននំកុម្មាសៈ ៤ ដុំ ដល់ព្រះបច្ចេកពុទ្ធ ៤ អង្គប៉ុណ្ណោះ សម្បត្ដិរបស់អញទាំងនេះ បានមកព្រោះអាស្រ័យព្រះបច្ចេកពុទ្ធទាំងនោះ ដូច្នេះ បានធ្វើកម្មរបស់ខ្លួនឲ្យប្រាកដហើយ។ កាលទ្រង់រឭកដល់ផលកម្មនោះហើយ ព្រះសរីរៈទាំងមូលពេញទៅដោយបីតិ។ ទ្រង់មានព្រះរាជហឫទ័យជ្រួតជ្រាបដោយបីតិ កាលទ្រង់ច្រៀងឧទានត្រង់កណ្ដាលមហាជន បានត្រាស់ ២ គាថាថា

ន កិរត្ថិ អនោមទស្សីសុ

បារិចរិយា ពុទ្ធេសុ អប្បកា

សុក្ខាយ អលោណិកាយ ច

បស្ស ផលំ កុម្មាសបិណ្ឌិយា។

បានឮថា ការបម្រើព្រះបច្ចេកពុទ្ធទាំងឡាយ ដែលលោកមានពោធិញ្ញាណមិនថោកថយ មិនមែនមានផលានិសង្សតិចតួចឡើយ អ្នកចូរមើលផលនៃដុំនំ កុម្មាសៈ ដែលសោះកក្រោះ ឥតរសប្រៃ។

ហត្ថី គវាស្សា ចិមេ ពហូ  

ធនធញ្ញា បឋវី ច កេវលា

នារិយោ ចិមា អច្ឆរូបមា

បស្ស ផលំ កុម្មាសបិណ្ឌិយា។

ដំរី គោ និងសេះដ៏ច្រើន ទាំងនេះផង ទ្រព្យ ស្រូវ និងផែនដីទាំងអស់ផង នាងនារីទាំងឡាយដែលប្រៀបដូចជាស្ដ្រីអប្សរទាំងនេះផង សុទ្ធតែជារបស់ខ្ញុំ អ្នកចូរមើលនូវផលនៃដុំនំកុម្មាសៈ។

ទក្ខិណាទានដែលទាយកកំណត់គុណ របស់សមណព្រាហ្មណ៍ទាំងឡាយ ដែលមានគុណ ហើយញ៉ាំងចិត្ដឲ្យជ្រះថ្លា ញ៉ាំងចេតនាទាំង ៣ របស់បុគ្គលដែលប្រាថ្នានូវផលឲ្យផូរផង់ហើយ ទើបថ្វាយ ឈ្មោះថា មានផលតិច មិនមាន មានតែនាំមកនូវមហាសម្បត្ដិ ក្នុងទីដែលកើតហើយប៉ុណ្ណោះ។ ព្រោះហេតុនោះ  ទើបក្នុងសេចក្ដីនេះ លោកពោលធានាទុកថា

នត្ថិ ចិត្តេ បសន្នម្ហិ អប្បកា នាម ទក្ខិណា

តថាគតេ វា សម្ពុទ្ធេ អថ វា តស្ស សាវកេ។

កាលបើចិត្ដជ្រះថ្លា ចំពោះព្រះតថាគតជាសម្ពុទ្ធ ឬសាវ័ករបស់ព្រះតថាគតហើយ ទក្ខិណាទាន ឈ្មោះថា មានផលតិច មិនមែនឡើយ។

តិដ្ឋន្តេ និព្វុតេ វាបិ សមេ ចិត្តេ សមំ ផលំ

ចេតោបណិធិហេតូ ហិ សត្តា គច្ឆន្តិ សុគ្គតឹ។

កាលព្រះតថាគតឋិតនៅក្ដី បរិនិព្វានទៅក្ដី បើតាំងចិត្តស្មើ ផលក៏ស្មើ ដ្បិតថា សត្វទាំងឡាយមានការតម្កល់ចិត្តទុកជាហេតុ ទើបទៅកាន់សុគតិបាន [បិ.៥៥ ទំ.១០០ ឃ.៤៧។]។

ដើម្បីសម្ដែងដល់សេចក្ដីនោះ គួរនាំរឿងក្នុងវិមានវត្ថុទាំងឡាយមកសាធកៈយ៉ាងនេះថា

ខីរោទនមហំ អទាសឹ 

ភិក្ខុនោ បិណ្ឌាយ ចរន្តស្ស

តស្សា មេ បស្ស វិមានំ

អច្ឆរា កាមវណ្ណិនីហមស្មិ។

ខ្ញុំបានឲ្យនូវបាយ លាយដោយទឹកដោះស្រស់ ដល់ភិក្ខុត្រាច់ទៅបិណ្ឌបាត សូមលោកមើលនូវវិមានរបស់ខ្ញុំនោះចុះ ខ្ញុំជាស្រីអប្សរមានសម្បុរជាទីប្រាថ្នា។

អច្ឆរាសហស្សាហំ បវរា

បស្ស បុញ្ញានំ វិបាកំ

តេន មេតាទិសោ វណ្ណោ

តេន មេ ឥធ មិជ្ឈតិ។

ខ្ញុំជាស្រីប្រសើរជាងស្ត្រីអប្សរទាំងមួយពាន់ សូមលោករមិលមើលនូវផលនៃបុណ្យទាំងឡាយ ព្រោះ​ហេតុ​នោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះដំណើរ នោះ ផលទើបសម្រេចដល់ខ្ញុំក្នុងទីនេះផង [បិ.៥៥ ទំ.៦៨ ឃ.៣៣។]

ឧប្បជ្ជន្តិ ច មេ ភោគា

យេ កេចិ មនសោ បិយា

តេនម្ហិ ឯវញ្ជលិតានុភាវា

វណ្ណោ ច មេ សព្វទិសា បភាសតិ។

ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំម្ចាស់ផង ខ្ញុំម្ចាស់មានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំម្ចាស់ ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ [បិ.៥៥ ទំ.១៥ ឃ.៨។]

បានឮថា ព្រះពោធិសត្វទាំងឡាយក្ដី ព្រះសព្វញ្ញូពុទ្ធទាំងឡាយក្ដី ទ្រង់ជ្រាបផលរបស់ទាន ព្រោះហេតុនោះឯង ព្រះសាស្ដា កាលត្រាស់ព្រះសូត្រក្នុងឥតិវុត្ដកៈ ទើបត្រាស់ថា

ឯវញ្ចេ ភិក្ខវេ សត្តា ជានេយ្យុំ ទានសំវិភាគស្ស វិបាកំ យថាហំ ជានាមិ ន អទត្វា ភុញ្ជេយ្យុំ ន ច នេសំ មច្ឆេរមលំ ចិត្តំ បរិយាទាយ តិដ្ឋេយ្យ។

ម្នាលភិក្ខុទាំងឡាយ បើពួកសត្វដឹងផលនៃការចែកទាន ដូចជាតថាគតដឹងដូច្នោះ បើមិនទាន់ឲ្យទានទេ ក៏មិនហ៊ានបរិភោគឡើយ មួយទៀត មន្ទិលគឺសេចក្ដីកំណាញ់របស់សត្វទាំងនោះ ក៏មិនគ្របសង្កត់ចិត្តបានឡើយ។

យោបិ នេសំ អស្ស ចរិមោ អាលោបោ ចរិមំ កពលំ តតោបិ ន អសំវិភជិត្វា ភុញ្ជេយ្យុំ សចេ នេសំ បដិគ្គាហកា អស្សុ។

ទោះបីពំនូតបាយជាដំបូង ដុំបាយជាដំបូងឯណា របស់សត្វទាំងឡាយនោះ សត្វទាំងឡាយមិនបានរំលែកអំពីពំនូតបាយនោះ ក៏មិនបរិភោគឡើយ បើសត្វទាំងនោះ មានបដិគ្គាហកបុគ្គល។

យស្មា ច ខោ ភិក្ខវេ សត្តា ន ឯវំ ជានន្តិ ទានសំវិភាគស្ស វិបាកំ យថាហំ ជានាមិ តស្មា អទត្វា ភុញ្ជន្តិ មច្ឆេរមលញ្ច នេសំ ចិត្តំ បរិយាទាយ តិដ្ឋតិ។

ម្នាលភិក្ខុទាំងឡាយ តថាគតដឹងផលនៃការឲ្យ និងការចែករំលែក យ៉ាងណា សត្វទាំងឡាយ មិនដឹងយ៉ាងនោះទេ ព្រោះហេតុណា ហេតុនោះ សត្វទាំងឡាយមិនបានឲ្យទានហើយ ទើបហ៊ានបរិភោគ មួយទៀត មន្ទិលគឺសេចក្ដីកំណាញ់ ក៏តែងគ្របសង្កត់ចិត្តសត្វទាំងឡាយនោះ [បិ.៥៣ ទំ.២៥ ឃ.២៦។]

ព្រះពោធិសត្វទ្រង់មានបីតិបាមោជ្ជកើតឡើង ក្នុងថ្ងៃឆ្លងឆត្ដមង្គល របស់ខ្លួន ទើបទ្រង់បន្លឺឧទានជា​ចម្រៀង​ដោយគាថាទាំង ២ នេះ។ ចាប់តាំងអំពីនោះមក ពួកស្រីរបាំរបស់ព្រះពោធិសត្វ ក៏នាំគ្នាច្រៀងចម្រៀងនោះ ដោយគិតថា ជាចម្រៀងដែលព្រះរាជាទ្រង់សព្វព្រះហឫទ័យ។ ពួកគន្ធព្វដែលជាអ្នកប្រគំជាដើមដ៏សេសក្ដី មនុស្សទាំងឡាយខាងក្នុងបុរីក្ដី នៅក្នុងព្រះនគរក្ដី នៅខាងក្រៅព្រះនគរក្ដី នាំគ្នាច្រៀងចម្រៀងនោះ ដូចគ្នា ត្រង់រានលក់គ្រឿងផឹកក្ដី ត្រង់បរិវេណប្រជុំក្ដី ក៏នាំគ្នាច្រៀងនូវចម្រៀងនោះ ដូចគ្នា ដោយគិតថា ជាចម្រៀងដែលព្រះរាជារបស់ពួកយើងទ្រង់សព្វព្រះរាជហឫទ័យ។ ពេលវេលាកន្លងទៅអស់កាលដ៏យូរយ៉ាងនេះ អគ្គមហេសីមានព្រះរាជបំណងជ្រាបអត្ថនៃបទចម្រៀងនោះ តែមិនហ៊ានក្រាបទូលសួរព្រះមហាសត្វ។ ថ្ងៃមួយ កាលព្រះរាជាទ្រង់ត្រេកអរក្នុងគុណឯណានីមួយរបស់ព្រះនាង ទើបត្រាស់ថា ភទ្ទេ វរំ តេ ទស្សាមិ វរំ គណ្ហាហិ នែនាងដ៏ចម្រើន យើងនឹងឲ្យពរដល់នាង ចូរនាងទទួលពរ។

ព្រះនាងក្រាបទូលថា សាធុ ទេវ គណ្ហាមិ បពិត្រព្រះសម្មតិទេព ប្រពៃហើយ ខ្ញុំម្ចាស់សូមទទួលពរ។

ព្រះពោធិសត្វពោលថា ដំរី សេះ ជាដើម យើងនឹងឲ្យនូវអ្វី ដល់នាង។

ព្រះទេវីក្រាបទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់អាស្រ័យព្រះអង្គ មិនមានអ្វីដែលខ្ញុំម្ចាស់មិនមាន ខ្ញុំម្ចាស់មិនមានសេចក្ដីត្រូវការដោយវត្ថុទាំងនោះ បើទ្រង់មានព្រះរាជបំណងប្រទានពរ សូមទ្រង់ត្រាស់ប្រាប់អត្ថនៃបទចម្រៀង ដែលទ្រង់ច្រៀងដល់ខ្ញុំម្ចាស់ចុះ។

ព្រះរាជាត្រាស់ថា នែនាងដ៏ចម្រើន ប្រយោជន៍អ្វីដោយពរនេះ ចូរនាងទទួលពរដទៃចុះ។

អគ្គមហេសីក្រាបទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់មិនត្រូវការពរដទៃឡើយ ត្រូវការអត្ថនៃបទចម្រៀងតែម្យ៉ាង។

ព្រះរាជាត្រាស់ថា ប្រពៃហើយ នាងដ៏ចម្រើន យើងនឹងប្រាប់តែយើងមិនប្រាប់ដល់នាងតែម្នាក់ក្នុងទីស្ងាត់ឡើយ យើងនឹងឲ្យវាយស្គរប្រកាសក្នុងនគរពារាណសីដែលមានប្រមាណ ១២ យោជន៍ ឲ្យសាងរតនមណ្ឌបត្រង់ទ្វារព្រះរាជវាំង ក្រាលរតនបល្ល័ង្ក មានអាមាត្យ និងព្រាហ្មណ៍ជាដើម និងអ្នកនគរទាំងឡាយ មួយអន្លើដោយស្រីស្នំ ១៦ ពាន់ចោមរោមហើយ យើងអង្គុយលើរតនបល្ល័ង្កកណ្ដាលជនទាំងនោះ ហើយនឹងប្រាប់។

ព្រះនាងទទួលថា បពិត្រព្រះទេវៈ ប្រពៃហើយ។ ព្រះរាជាទ្រង់ឲ្យធ្វើយ៉ាងនោះហើយ  មានពួកមហាជនចោមរោមដូចសក្កទេវរាជ មានពួកទេវតាហែហមដូច្នោះ ទ្រង់គង់លើរតនបល្ល័ង្ក។ ចំណែកព្រះទេវីព្រះនាងប្រដាប់តាក់តែងដោយគ្រឿងអលង្ការគ្រប់យ៉ាង ឲ្យក្រាលនូវកម្រាលលើតាំងមាស ព្រះនាងឆ្មៀងព្រះនេត្រមើលទីសមគួរនាចំណែកម្ខាង គង់ប្រថាប់ហើយ ក្រាបទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់ប្រាប់អត្ថនៃបទចម្រៀងមង្គល ដែលទ្រង់ពេញព្រះហឫទ័យហើយ ដល់ខ្ញុំម្ចាស់ ឲ្យជាក់ច្បាស់ ដូចឲ្យព្រះចន្ទប្រាកដឰដ៏ផ្ទៃមេឃដូច្នោះ ហើយត្រាស់គាថាទី៣ ថា

អភិក្ខណំ រាជកុញ្ជរ

គាថា ភាសសិ កោសលាធិប

បុច្ឆាមិ តំ រដ្ឋវឌ្ឍន

ពាឡ្ហំ បីតិមនោ បភាសសិ។

បពិត្រព្រះរាជកុញ្ជរ មានព្រះអធ្យាស្រ័យជាកុសល ទ្រង់ញ៉ាំងដែនឲ្យចម្រើន ព្រះអង្គត្រាស់គាថាទាំងឡាយរឿយៗ ខ្ញុំព្រះអង្គសូមក្រាបបង្គំទូលសួរទ្រង់ ព្រះអង្គមានព្រះទ័យប្រកបដោយបីតិក្រៃពេក ហើយទ្រង់ត្រាស់ (គាថាទាំងនុ៎ះ)។

គ្រានោះ ព្រះមហាសត្វ កាលធ្វើអត្ថនៃគាថាទាំងឡាយឲ្យប្រាកដដល់ព្រះនាង បានត្រាស់ ៤ គាថាដូច្នេះថា

ឥមស្មឹយេវ នគរេ កុលេ អញ្ញតរេ អហុំ

បរកម្មករោ អាសឹ ភតកោ សីលសំវុតោ។

យើងបានកើតក្នុងត្រកូលមួយ ក្នុងក្រុងនេះដែរ ជាអ្នកស៊ីឈ្នួលធ្វើការងាររបស់បុគ្គលដទៃ  ជាអ្នកសង្រួមក្នុងសីល។

កម្មាយ និក្ខមន្តាហំ ចតុរោ សមណទ្ទសំ

អាចារសីលសម្បន្នេ សីតិភូតេ អនាសវេ។

យើងចេញទៅធ្វើការងារ បានចួបនឹងសមណៈ ៤ អង្គ លោកបរិបូណ៌ដោយអាចារៈ និងសីល មានសេចក្ដីត្រជាក់ទាំងឥតមានអាសវៈឡើយ។

តេសុ ចិត្តំ បសាទេត្វា និសីទិត្វា បណ្ណសន្ថតេ

អទំ ពុទ្ធាន កុម្មាសំ បសន្នោ សេហិ បាណិភិ។

យើងបានញ៉ាំងចិត្ដឲ្យជ្រះថ្លា ចំពោះសមណៈទាំងនោះ បាននិមន្ដលោកឲ្យគង់លើកម្រាលស្លឹកឈើ លុះយើងមានចិត្ដជ្រះថ្លាហើយ បានប្រគេននំកុម្មាសៈ ដល់ព្រះបច្ចេកពុទ្ធទាំងឡាយដោយដៃរបស់ខ្លួន។

តស្ស កម្មស្ស កុសលស្ស ឥទំ មេ ឯទិសំ ផលំ

អនុភោមិ ឥទំ រជ្ជំ ផីតំ ធរណិមុត្តមំ។

ឯផលរបស់យើងប្រាកដដូច្នេះនេះ ជាផលរបស់កម្មជាកុសលនោះ យើងសោយរាជ្យដ៏ស្ដុកស្ដម្ភ ប្រសើរលើធរណីនេះ។

កាលព្រះមហាសត្វប្រាប់ផលនៃកម្មរបស់ខ្លួន ដោយពិស្ដារយ៉ាងនេះហើយ ព្រះទេវី កាលព្រះនាងស្ដាប់ហើយ មានព្រះហឫទ័យជ្រះថ្លា កាលធ្វើនូវការសរសើរដល់ព្រះពោធិសត្វ ទើបពោលថា បពិត្រមហារាជ បើទ្រង់ជ្រាបផលរបស់ទានដោយប្រចក្សយ៉ាងនេះហើយ តាំងអំពីឥឡូវនេះទៅ ទ្រង់បានដុំបាយមួយដុំហើយ ត្រូវប្រគេនដល់សមណព្រាហ្មណ៍ដែលទ្រទ្រង់ធម៌នោះសិន សឹមទ្រង់សោយ ហើយបានពោលគាថានេះថា

ទទំ ភុញ្ជ ច មា ច បមាទោ

ចក្កំ វត្តយ កោសលាធិប

មា រាជ អធម្មិកោ អហុ

ធម្មំ បាលយ កោសលាធិប។

បពិត្រព្រះអង្គ មានព្រះអធ្យាស្រ័យជាកុសល (បពិត្រព្រះអង្គមានការធ្វើកុសលធម៌ជាអធិបតី) សូមព្រះអង្គទ្រង់ព្រះរាជទាន ហើយសឹមទ្រង់សោយ សូមព្រះអង្គកុំប្រមាទ (ក្នុងបុណ្យទាំងឡាយ) សូមព្រះអង្គញ៉ាំងចក្កធម៌ ឲ្យប្រព្រឹត្ដទៅ បពិត្រព្រះរាជា មានព្រះអធ្យាស្រ័យជាកុសល  ព្រះអង្គកុំជាអ្នកមិនប្រកបដោយធម៌ សូមទ្រង់រក្សានូវអនុធម៌។

ព្រះមហាសត្វ កាលទ្រង់ទទួលព្រះតម្រាស់របស់ព្រះទេវី ទើបត្រាស់គាថានេះថា

សោហំ តទេវ បុនប្បុនំ

វដុមំ អាចរិស្សាមិ សោភនេ

អរិយាចរិតំ សុកោសលេ

អរហន្តោ មេ មនាបាវ បស្សិតុំ។

ម្នាលនាងមានឆោមល្អ យើងនោះ នឹងដើរតាមតម្រាយ ដែលព្រះអរិយៈធ្លាប់ប្រព្រឹត្ដរឿយៗ មកនោះឯង ម្នាលនាងដ៏ល្អ ជាធីតារបស់ព្រះបាទកោសល ការបានចួបប្រទះនូវព្រះអរហន្ដទាំងឡាយ ជាទីគាប់ចិត្ដរបស់យើងពន់ពេក។

ព្រះរាជា កាលត្រាស់ពាក្យនេះហើយ ពិនិត្យមើលសម្បត្ដិរបស់ព្រះទេវី ទើបត្រាស់សួរថា នែនាងដ៏ចម្រើន យើងប្រាប់កុសលកម្មរបស់ខ្លួនក្នុងភពមុនយ៉ាងពិស្ដារដល់នាងហើយ តែក្នុងចំណោមស្រីទាំងនេះ មិនមានស្រី សូម្បីតែម្នាក់ ដែលស្មើនឹងនាងដោយរូបសម្បត្ដិ ដោយលីលា និងកិរិយារបស់ស្ដ្រី នាងធ្វើកម្មអ្វីទុក ទើបបានទទួលសម្បត្ដិនេះ ដូច្នេះហើយ ត្រាស់គាថានេះថា

ទេវី វិយ អច្ឆរូបមា

មជ្ឈេ នារិគណស្ស សោភសិ

កឹ កម្មមកាសិ ភទ្ទកំ

កេនាសិ វណ្ណវតី សុកោសលេ។

ម្នាលនាងសុកោសលធីតា នាងប្រៀបដូចជាស្ដ្រីទេពអប្សរ ជាទេវធីតា (របស់សក្កទេវរាជ) ឆើតឆាយក្នុងកណ្ដាលនៃពួកនាងនារី នាងបានធ្វើនូវកម្មដ៏ចម្រើនដូចម្ដេច នាងមានសម្បុរល្អ ដោយហេតុអ្វី។

គាថានោះ មានអត្ថថា នែនាងដ៏ចម្រើន ជាអ្នកកោសល នាងមានរូបល្អ ជាព្រះរាជធីតាល្អរបស់ព្រះបាទកោសល នាងប្រៀបដូចទេពអប្សរដោយរូបសម្បត្ដិ ល្អល្អះពន់ពេកក្នុងកណ្ដាលពួកនារី ដូចទេពធីតារបស់សក្កទេវរាជក្នុងស្ថានសួគ៌ ក្នុងសម័យមុន នាងបានធ្វើកុសលកម្មអ្វីទុក ព្រោះហេតុអ្វី ទើបនាងមានសម្បុរល្អម្ល៉េះ។

លំដាប់នោះ ព្រះទេវីនោះ កាលប្រាប់នូវកល្យាណកម្មក្នុងភពមុន ទើបត្រាស់គាថា ២ ដ៏សេសថា

អម្ពដ្ឋកុលស្ស ខត្តិយ

ទាស្យាហំ បរបេសិយា អហុំ

សញ្ញតា ច ធម្មជីវិនី

សីលវតី ច អបាបទស្សនា។

បពិត្រក្សត្រិយ៍ ខ្ញុំម្ចាស់ជាទាសីបម្រើអ្នកដទៃ របស់ត្រកូលអម្ពដ្ឋៈ ជាស្ដ្រីសង្រួម ចិញ្ចឹមជីវិតដោយធម៌ មានសីលធម៌ មានការឃើញមិនអាក្រក់។

ឧទ្ធដភត្តំ អហំ តទា

ចរមានស្ស អទាសិ ភិក្ខុនោ

ចិត្តា សុមនា សយំ អហំ

តស្ស កម្មស្ស ផលំ មមេទិសំ។

កាលនោះ ខ្ញុំជាស្ដ្រីមានចិត្ដត្រេកអរ រីករាយខ្លួនឯង បានប្រគេនភត្ដដែលគេដួស (ទុកបម្រុងខ្ញុំ) ដល់ភិក្ខុ (ព្រះបច្ចេកពុទ្ធ) ដែលត្រាច់ទៅ (ដើម្បីបិណ្ឌបាត) ផលប្រាកដដូច្នេះនេះ គឺជាផលនៃបុញ្ញកម្មនោះ។

បានឮថា ព្រះរាជទេវីនោះ ព្រះនាងក៏រឭកជាតិបានដូចគ្នា ព្រោះហេតុនោះ ទើបព្រះនាងទូលព្រះរាជាកំណត់ដោយព្រះញាណ ដែលរឭកជាតិរបស់ខ្លួនបាននោះឯង។

ក្នុងរឿងនោះ ដើម្បីសម្ដែងដល់ទានដែលបុគ្គលថ្វាយហើយដល់លោកអ្នកសម្បូរដោយគុណ មានផលច្រើន គួរអាងគាថាឲ្យពិស្ដារ (ក្នុងឥតិវុត្តកៈ និងខុទ្ទកបាឋៈ) ដូច្នេះថា

អគ្គតោ វេ បសន្នានំ អគ្គំ ធម្មំ វិជានតំ

អគ្គេ ពុទ្ធេ បសន្នានំ ទក្ខិណេយ្យេ អនុត្តរេ។

អគ្គេ ធម្មេ បសន្នានំ វិរាគូបសមេ សុខេ

អគ្គេ សង្ឃេ បសន្នានំ បុញ្ញក្ខេត្តេ អនុត្តរេ។

អគ្គស្មឹ ទានំ ទទតំ អគ្គំ បុញ្ញំ បវឌ្ឍតិ

អគ្គំ អាយុ ច វណ្ណោ ច យសោ កិត្តិ សុខំ ពលំ។

អគ្គស្ស ទាតា មេធាវី អគ្គធម្មសមាហិតោ

ទេវភូតោ មនុស្សោ វា អគ្គប្បត្តោ បមោទតិ។

កាលបើពួកសត្វជ្រះថ្លាក្នុង (ព្រះរតនត្រ័យ) ថាជារបស់ប្រសើរ ដឹងច្បាស់ថា ជាសភាវៈប្រសើរ គឺថាជ្រះថ្លាក្នុងព្រះពុទ្ធដ៏ប្រសើរ ជាទក្ខិណេយ្យបុគ្គលដ៏ឧត្តម ជ្រះថ្លាក្នុងព្រះធម៌ដ៏ប្រសើរ ជាគ្រឿងប្រាសចាកតម្រេក ស្ងប់រម្ងាប់ (កិលេស) នាំមកនូវសេចក្ដីសុខ ជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរ ជាបុញ្ញក្ខេត្តយ៉ាងខ្ពង់ខ្ពស់ ឲ្យនូវទានក្នុងវត្ថុដ៏ប្រសើរ បុណ្យដ៏ប្រសើរ ក៏រមែងចម្រើន ទាំងអាយុ ពណ៌ យស កេរ្តិ៍ឈ្មោះ សេចក្ដីសុខ និងកម្លាំងដ៏ប្រសើរ ក៏រមែងចម្រើន អ្នកប្រាជ្ញជាអ្នកឲ្យ (នូវទេយ្យធម៌) ចំពោះវត្ថុដ៏ប្រសើរ ហើយជាអ្នកមានចិត្តតាំងមាំ ក្នុងធម៌ដ៏ប្រសើរ លុះកើតជាទេវតា ឬកើតជាមនុស្ស សម្រេចនូវសម្បត្តិដ៏ប្រសើរ រមែងរីករាយ [បិ.៥៣ ទំ.១១៨ ឃ.៩២។]។

ឯស ទេវមនុស្សានំ សព្វកាមទទោ និធិ

យំ យំ ទេវាភិបត្ថេន្តិ សព្វមេតេន លព្ភតិ។

កំណប់ទ្រព្យ គឺបុណ្យនុ៎ះ ឲ្យនូវសេចក្ដីប្រាថ្នាគ្រប់យ៉ាង ដល់ទេវតា និងមនុស្សទាំងឡាយ ពួកទេវតា និងមនុស្សទាំងឡាយ ប្រាថ្នាណាស់ នូវផលណាៗ ផលទាំងពួងនោះៗ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ [បិ.៥២ ទំ.១៧  ឃ.៩។]។

ក្សត្រទាំងពីរអង្គគឺព្រះរាជានិងព្រះមហេសីនោះ កាលត្រាស់កម្មចាស់ដោយពិស្ដារយ៉ាងនេះហើយ តាំងអំពីនោះមក ទ្រង់ឲ្យសាងសាលាឆទាន ត្រង់ទ្វារព្រះនគរ ៤ កន្លែង កណ្ដាលព្រះនគរ ១ ត្រង់ទ្វារព្រះរាជនិវេសន៍ ១ ទ្រង់ធ្វើជម្ពូទ្វីបទាំងមូល ឲ្យមាននង្គ័លលើកឡើងហើយ ញ៉ាំងមហាទានឲ្យប្រព្រឹត្ដទៅ ទ្រង់រក្សាសីល ធ្វើឧបោសថកម្ម ក្នុងអវសាននៃព្រះជន្ម មានស្ថានសួគ៌ជាទីទៅខាងមុខ។

ព្រះសាស្ដា កាលទ្រង់នាំយកព្រះធម្មទេសនានេះ មកសម្ដែងហើយ ទ្រង់ប្រជុំជាតកថា ព្រះទេវីក្នុងកាលនោះ បានមកជារាហុលមាតា ក្នុងកាលឥឡូវនេះ ចំណែកព្រះរាជា គឺតថាគតនេះឯង ។

កុម្មាសបិណ្ឌិជាតក ចប់។

[ស្រង់ចាកអដ្ឋកថា ជាតក សត្តកនិបាត  បិ.៥៩ ទំ.១០៧ ឃ.៤០៥។]

សូមអនុមោទនា !!!

Oben-pfeil