កុសជាតក
ព្រះសាស្ដា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអផ្សុកមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះថា
ក្នុងអតីតកាល ព្រះរាជា ១ អង្គ ព្រះនាមថា ព្រះបាទឱក្កាករាជ ទ្រង់គ្រប់គ្រងរាជសម្បត្តិដោយធម៌ ក្នុងរាជធានីឈ្មោះកុសាវតី ក្នុងដែនមល្លៈ។ ព្រះរាជាមានអគ្គមហេសីព្រះនាមសីលវតី ដែលជាធំជាងស្រីស្នំ ១៦ ពាន់នាក់ ព្រះនាងសីលវតីនោះ មិនមានព្រះរាជឱរស និងព្រះរាជធីតាឡើយ។ លំដាប់នោះ អ្នកនគរនិងអ្នកដែនទាំងឡាយ នាំគ្នាមកប្រជុំត្រង់ទ្វារព្រះរាជនិវេសន៍ ហើយស្រែកពោលទោសថា រដ្ឋំ នស្សិស្សតិ រដ្ឋំ នស្សិស្សតិ ដែននឹងវិនាស ដែននឹងវិនាស។
ព្រះរាជាទ្រង់បើកសីហបញ្ជរហើយ ត្រាស់សួរថា កាលយើងគ្រប់គ្រងរដ្ឋ ឈ្មោះថា ការធ្វើវត្ថុមិនប្រកបដោយធម៌ មិនមានឡើយ ព្រោះហេតុអ្វី ទើបពួកអ្នកមកស្រែក ដូច្នេះ។
មហាជនក្រាបទូលថា បពិត្រព្រះសម្មតិទេព សេចក្ដីពិត ឈ្មោះថា ការធ្វើវត្ថុដែលមិនជាធម៌ មិនមានឡើយ តែព្រះរាជឱរសដែលបន្តវង្សរបស់ទ្រង់ មិនទាន់មាន ជនដទៃនឹងដណ្ដើមយករាជសម្បត្តិ ដែននឹងវិនាស ព្រោះហេតុនោះ សូមទ្រង់ប្រាថ្នាព្រះរាជឱរសដែលអាចគ្រប់គ្រងរាជសម្បត្តិដោយធម៌ចុះ។
ព្រះរាជាត្រាស់សួរថា បុត្តំ បត្ថេន្តោ កឹ ករោមិ យើងកាលប្រាថ្នាព្រះរាជបុត្ត តើធ្វើដូចម្ដេច។
ជនទាំងនោះ ទូលថា ជាបឋម សូមទ្រង់ដោះលែងចុល្លនាដកា (ស្រីរបាំថ្នាក់ទាប) ធ្វើឲ្យជាអ្នករបាំដោយធម៌ទៅ ៧ ថ្ងៃ បើនាងបានបុត្ត ក៏ជាការល្អ បើមិនបានទេ បន្ទាប់អំពីនោះ សូមទ្រង់ដោះលែងមជ្ឈិមនាដកា (ស្រីរបាំថ្នាក់កណ្ដាល) បន្ទាប់អំពីនោះ សូមដោះលែងជេដ្ឋនាដកា (ស្រីរបាំថ្នាក់ខ្ពស់) បណ្ដាស្រីរបាំមានប្រមាណប៉ុណ្ណេះ ស្រីរបាំដែលមានបុណ្យម្នាក់ នឹងបានព្រះរាជឱរស ដោយពិត។
ព្រះរាជាទ្រង់ធ្វើតាមពាក្យរបស់អ្នកនគរទាំងនោះគ្រប់យ៉ាង ហើយត្រាស់សួរស្រីស្នំដែលទៅអភិរម្យជាមួយបុរសដទៃតាមគាប់ចិត្ត អស់ ៧ ថ្ងៃ ដែលនាំគ្នាត្រឡប់មកហើយថា នាងទាំងឡាយ បានបុត្តហើយឬ។
ស្រីស្នំទាំងអស់នោះ ក្រាបទូលថា បពិត្រព្រះសម្មតិទេព មិនបានទេ។ ព្រះរាជាទ្រង់ទោមនស្សថា បុត្តមិនកើតដល់អញ ដោយពិត។ អ្នកនគរទាំងឡាយ ក៏នាំគ្នាស្រែកឡើងយ៉ាងនោះទៀត។
ព្រះរាជាត្រាស់ថា ពួកអ្នកទាំងឡាយ នាំគ្នាមកស្រែក ដោយហេតុអ្វី យើងបានដោះលែងស្រីរបាំទាំងឡាយ ទៅតាមពាក្យរបស់ពួកអ្នកហើយ សូម្បីតែស្រីម្នាក់ ក៏មិនបានបុត្ត ឥឡូវនេះ ឲ្យយើងធ្វើដូចម្ដេច។
ពួកអ្នកនគរក្រាបទូលថា បពិត្រព្រះសម្មតិទេព ស្រីទាំងនោះ ជាស្រីទ្រុស្តសីល មិនមានបុណ្យ ស្រីទាំងនោះ មិនមានបុណ្យសម្រាប់បានបុត្តទេ បើពួកនាងមិនបានបុត្ត សូមទ្រង់កុំដាក់នូវព្រះឧស្សាហៈចោលឡើយ ព្រះនាងសីលវតីទេវី អគ្គមហេសីរបស់ទ្រង់ ព្រះនាងបរិបូណ៌ដោយសីល សូមទ្រង់ដោះលែងព្រះនាងទៅចុះ ព្រះនាងនឹងបានព្រះឱរស ដោយពិត។
ព្រះរាជាទ្រង់ទទួលថា សាធុហើយ ទើបត្រាស់ឲ្យវាយស្គរប្រកាសថា បានឮថា ក្នុងថ្ងៃទី ៧ បន្ទាប់អំពីថ្ងៃនេះទៅ ព្រះរាជាទ្រង់ធ្វើព្រះនាងសីលវតីទេវី ឲ្យជាអ្នករបាំដោយធម៌ ហើយលែងទៅ បុរសទាំងឡាយ ចូរមកប្រជុំគ្នា។ លុះដល់ថ្ងៃទី ៧ ទើបទ្រង់ឲ្យគេប្រដាប់តាក់តែងព្រះនាង ឲ្យចុះអំពីព្រះរាជនិវេសន៍ ហើយឲ្យចេញទៅ។ ដោយតេជះនៃសីលរបស់ព្រះនាង សក្កពិភពក៏សម្ដែងអាការក្ដៅ សក្កៈទ្រង់ពិចារណាថា មានហេតុដូចម្ដេចហ្ន៎ ក៏ទ្រង់ជ្រាបភាពដែលព្រះនាងប្រាថ្នាបុត្ត ទើប ព្រះតម្រិះថា អញគួរឲ្យព្រះឱរសដល់ព្រះនាង (កាលទ្រង់ពិចារណាបន្តថា) ព្រះឱរសដែលសមគួរដល់ព្រះនាង ក្នុងទេវលោកនេះ មានឬហ្ន៎ ក៏បានឃើញព្រះពោធិសត្វ។
បានឮថា ក្នុងកាលនោះ ព្រះពោធិសត្វអស់អាយុក្នុងឋានតាវត្តិង្ស ជាអ្នកប្រាថ្នាទៅកើតក្នុងទេវលោកខាងលើជាបន្ត សក្កទេវរាជក៏ទ្រង់យាងទៅកាន់ទ្វារវិមានរបស់ព្រះពោធិសត្វ ត្រាស់ថា នែអ្នកនិរទុក្ខ អ្នកគួរទៅកាន់មនុស្សលោក ហើយបដិសន្ធិក្នុងព្រះឧទរអគ្គមហេសីរបស់ព្រះបាទឱក្កាករាជ ឲ្យព្រះពោធិសត្វទទួលព្រមហើយ ទើបត្រាស់នឹងទេវបុត្តម្នាក់ទៀតថា សូម្បីអ្នក ក៏ត្រូវជាឱរសរបស់ព្រះនាង ហើយយាងទៅកាន់ទ្វារនិវេសន៍របស់ព្រះរាជា ដោយភេទជាព្រាហ្មណ៍ចាស់ ដោយទ្រង់ព្រះតម្រិះថា បុគ្គលណាមួយ កុំបីទម្លាយសីលរបស់ព្រះនាងឡើយ។
មហាជនងូតទឹកតាក់តែងកាយហើយ ទៅប្រជុំត្រង់ទ្វារព្រះរាជនិវេសន៍ ដោយគិតថា អញនឹងទទួលយកព្រះទេវី អញនឹងទទួលយកព្រះទេវី កាលឃើញសក្កទេវរាជ ក៏សើចចំអកថា អ្នកមកព្រោះអ្វី។
សក្កទេវរាជត្រាស់ថា ព្រោះហេតុអ្វី ទើបអ្នកទាំងឡាយតិះដៀលខ្ញុំ ទោះរាងកាយខ្ញុំចាស់ជរា ក៏ពិត តែរាគៈ មិនចាស់ទេ បើខ្ញុំបានព្រះនាងសីលវតី ខ្ញុំនឹងនាំព្រះនាងទៅ ហើយនាំមកវិញ ដូច្នេះហើយ ទើបទៅឈរខាងមុខគេបង្អស់ ដោយអានុភាពរបស់ខ្លួន។ អ្នកដទៃ មិនអាចឈរពាំងមុខបានឡើយ ដោយតេជះរបស់សក្កនោះ។ លុះព្រះនាងប្រដាប់គ្រឿងអលង្ការទាំងពួងហើយ យាងចេញអំពីព្រះរាជនិវេសន៍ សក្កៈចាប់ត្រង់ព្រះហស្ត នាំចៀសចេញទៅ។
លំដាប់នោះ មហាជនទាំងឡាយដែលនៅក្នុងទីនោះ ក៏នាំគ្នាតិះដៀលថា មើលចុះ លោកដ៏ចម្រើន ព្រាហ្មណ៍ចាស់នាំព្រះទេវីដែលទ្រទ្រង់នូវព្រះរូបល្អឯកដល់ម្ល៉េះទៅ (តាចាស់នោះ) មិនដឹងវត្ថុដែលសមគួរដល់ខ្លួនឡើយ។ ឯព្រះទេវីក៏មិនខ្មាសអៀនក្នុងព្រះហឫទ័យថា ព្រាហ្មណ៍ចាស់នេះ នាំអញទៅ។ សូម្បីព្រះរាជាទ្រង់ប្រថាប់ឈរក្បែរបង្អួច រង់ចាំមើលថា នរណាហ្ន៎ នាំព្រះទេវីទៅ កាលឃើញព្រាហ្មណ៍ចាស់ ទ្រង់ក៏ទោមនស្ស។
សក្កទេវរាជនាំព្រះនាងចេញអំពីទ្វារព្រះនគរ ទ្រង់និម្មិតផ្ទះមួយខ្នង ក្បែរទ្វារនគរ ដែលមានទ្វារបើកទុក និងចាត់ចែងកម្រាលដែលធ្វើដោយឈើទុកហើយ។ លំដាប់នោះ ព្រះនាងត្រាស់សួរថា នេះជាផ្ទះរបស់អ្នកឬ។ សក្កទេវរាជត្រាស់ថា ពិតហើយ នាងដ៏ចម្រើន កាលមុន ខ្ញុំនៅតែម្នាក់ឯង ឥឡូវនេះ ខ្ញុំនិងនាងនៅជាមួយគ្នាពីរនាក់ ខ្ញុំត្រូវត្រាច់ទៅរកស្បៀង មានអង្ករជាដើមមក សូមនាងសម្រាកលើកម្រាលក្ដារនេះសិនចុះ ហើយយកព្រះហស្តដ៏ទន់ស្ទាបអង្អែលព្រះនាង ទិព្វសម្ផស្សក៏ផ្សាយទៅពេញព្រះកាយ ព្រះនាងក៏ផ្ទំលក់ក្នុងទីនោះ។ ដោយការផ្សាយនៃទិព្វសម្ផស្ស ទើបព្រះនាងអស់នូវសញ្ញា គឺផ្ទំលក់ទៅ។
លំដាប់នោះ សក្កទេវរាជក៏នាំព្រះនាងទៅកាន់ឋានតាវត្តិង្សដោយអានុភាពរបស់ខ្លួន ឲ្យព្រះនាងផ្ទំលើទិព្វសយនៈ ក្នុងវិមានដែលប្រដាប់តាក់តែងហើយ។ ក្នុងថ្ងៃទី ៧ ព្រះនាងក៏តើនអំពីផ្ទំ ទតឃើញសម្បត្តិនោះ ជ្រាបបានថា ព្រាហ្មណ៍នេះ មិនមែនជាមនុស្ស ជាសក្កទេវរាជដោយពិត។
ក្នុងសម័យនោះ សក្កទេវរាជ ទ្រង់ចោមរោមដោយអ្នករបាំដ៏ជាទិព្វ ប្រថាប់គង់ត្រង់គល់បារិច្ឆត្តកព្រឹក្ស។ ព្រះនាងក្រោកចាកទីបន្ទំ យាងចូលទៅរកសក្កទេវរាជ ថ្វាយបង្គំ ហើយប្រថាប់ឈរក្នុងចំណែកម្ខាង។ លំដាប់នោះ សក្កទេវរាជត្រាស់ថា ម្នាលនាងទេវី យើងនឹងឲ្យពរដល់ព្រះនាង ព្រះនាងចូរទទួលយកចុះ។ ព្រះទេវីត្រាស់ថា បពិត្រព្រះទេវៈ បើដូច្នោះ សូមទ្រង់ប្រទានបុត្តមួយអង្គ ដល់ខ្ញុំម្ចាស់ចុះ។
សក្កទេវរាជត្រាស់ថា ម្នាលនាងទេវី ព្រះរាជឱរស ១ អង្គ ចូរស្លេះទុកសិនចុះ យើងនឹងឲ្យព្រះរាជឱរស ២ អង្គ ដល់ព្រះនាង។ បណ្ដាព្រះរាជឱរសទាំង ២ អង្គនោះ ១ អង្គមានបញ្ញា តែរូបសម្បត្តិមិនស្អាត ១ អង្គរូបស្អាត តែមិនសម្បូរដោយបញ្ញា។ បណ្ដាព្រះឱរស ២ អង្គនោះ ព្រះនាងប្រាថ្នាមួយណាមុន ។ ព្រះនាងក្រាបទូលថា បញ្ញវន្តំ ទេវ បពិត្រព្រះទេវៈ ខ្ញុំម្ចាស់ប្រាថ្នាព្រះឱរសដែលមានបញ្ញាមុន។
សក្កទេវរាជត្រាស់ថា សាធុ ហើយទ្រង់ប្រទានវត្ថុ ៥ យ៉ាង គឺស្បូវភ្លាំង ១ សំពត់ទិព្វ ១ ខ្លឹមចន្ទន៍ទិព្វ ១ ផ្កាបារិច្ឆត្តកទិព្វ ១ ពិណឈ្មោះកោកនុទៈ ១ ដល់ព្រះនាង ហើយនាំព្រះនាងហោះទៅកាន់ទីបន្ទំរបស់ព្រះរាជា ឲ្យព្រះនាងផ្ទំលើព្រះទែនជាមួយព្រះរាជា ទ្រង់ស្ទាបព្រះនាភី (ផ្ចិត) របស់ព្រះនាងដោយម្រាមព្រះហស្ត។ ក្នុងខណៈនោះ ព្រះពោធិសត្វទ្រង់បដិសន្ធិក្នុងព្រះឧទររបស់ព្រះនាង។ សក្កទេវរាជក៏យាងទៅកាន់លំនៅរបស់ព្រះអង្គវិញ។ ព្រះទេវីជាបណ្ឌិត ដឹងបានថា ព្រះនាងតាំងព្រះគភ៌ហើយ។
លំដាប់នោះ ព្រះរាជាតើនចាកព្រះបន្ទំ ទ្រង់ទតឃើញព្រះទេវី ទើបសួរថា នែទេវី អ្នកណានាំនាងមក។ ព្រះទេវីទូលថា សក្កទេវរាជ ព្រះអង្គ ។
ព្រះរាជាត្រាស់ថា យើងបានឃើញនាងនឹងភ្នែក ព្រាហ្មណ៍ចាស់ម្នាក់ បាននាំនាងទៅ ហេតុអ្វី ទើបនាងបោកបញ្ឆោតយើង។ ព្រះទេវីក្រាបទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់ជឿចុះ សក្កទេវរាជនាំខ្ញុំម្ចាស់ទៅ បាននាំទៅដល់ទេវលោក។
ព្រះរាជាត្រាស់ថា ម្នាលទេវី យើងមិនជឿឡើយ។ លំដាប់នោះ ទើបព្រះនាងបង្ហាញស្បូវភ្លាំងដែលសក្កៈប្រទាន ដល់ព្រះរាជា ហើយក្រាបទូលថា សូមទ្រង់ជឿខ្ញុំម្ចាស់ចុះ។
ព្រះរាជាត្រាស់ថា នេះឈ្មោះថា ស្បូវភ្លាំង ក្នុងទីណា បុគ្គលណាម្នាក់ ក៏អាចរកបាន ដូច្នេះហើយ ទ្រង់ក៏មិនជឿ។ លំដាប់នោះ ព្រះនាងក៏នាំយកសំពត់ទិព្វជាដើម មកបង្ហាញដល់ព្រះរាជា។ ព្រះរាជា លុះទ្រង់បានទតឃើញវត្ថុទាំងនោះហើយ ទើបទ្រង់ជឿ ហើយត្រាស់ថា នែនាងដ៏ចម្រើន រឿងសក្កទេវរាជនាំនាងទៅ ចូរស្លេះទុកសិនចុះ តើនាងបានបុត្តហើយឬ។
ព្រះទេវីក្រាបទូលថា បពិត្រមហារាជ បានហើយ ខ្ញុំម្ចាស់តាំងគភ៌ហើយ។ ព្រះរាជាទ្រង់បានស្ដាប់ពាក្យនោះហើយ ក៏ទ្រង់ត្រេកអរ ទើបព្រះរាជទានគ្រឿងបរិហារគភ៌ដល់ព្រះនាង។ លុះគ្រប់កំណត់ទសមាស ព្រះនាងក៏ប្រសូតព្រះរាជឱរស ព្រះជនកនិងព្រះជននីមិនបានថ្វាយព្រះនាមដទៃ ដល់ព្រះរាជឱរសនោះឡើយ ទ្រង់ថ្វាយព្រះនាមថា កុសតិណៈ នោះឯង។ ក្នុងកាលដែលកុសកុមារធំដើរទៅមកបាន ទេវបុត្តមួយអង្គទៀត ក៏បដិសន្ធិក្នុងព្រះឧទររបស់ព្រះនាង ។ លុះគ្រប់ទសមាស ព្រះនាងក៏ប្រសូតព្រះរាជឱរសមួយអង្គទៀត ព្រះជនកនិងព្រះជននី ក៏បានថ្វាយព្រះនាមព្រះរាជកុមារនោះថា ជយម្បតិ។ ព្រះរាជកុមារទាំងពីរ អង្គនោះ ទ្រង់ចម្រើនព្រះជន្មវស្សាដោយយសដ៏ធំ។ ព្រះពោធិសត្វទ្រង់មានបញ្ញា ទ្រង់មិនចាំបាច់សិក្សាសិប្បៈណាមួយ ក្នុងសម្នាក់របស់អាចារ្យ ក៏ទ្រង់ដល់នូវការសម្រេចក្នុងសិប្បៈទាំងអស់បាន ដោយបញ្ញារបស់ទ្រង់។
លំដាប់នោះ ក្នុងកាលព្រះពោធិសត្វចម្រើនព្រះជន្មាយុ បាន ១៦ ព្រះវស្សា ព្រះរាជាទ្រង់ប្រាថ្នាប្រគល់រាជសម្បត្តិ ទើបឲ្យហៅព្រះទេវីមក ហើយត្រាស់ថា ម្នាលនាងដ៏ចម្រើន យើងនឹងប្រគល់រាជសម្បត្តិឲ្យដល់បុត្ត (ច្បង) របស់នាង ហើយឲ្យស្រីរបាំទាំងឡាយបម្រើ ទាន់យើងទាំងពីរនៅមានជីវិត យើងនឹងបានឃើញកូនសោយរាជសម្បត្តិ ឯកូនរបស់យើងប្រាថ្នាព្រះរាជធីតារបស់ស្ដេចអង្គណា ក្នុងជម្ពូទ្វីបទាំងមូល យើងនឹងនាំព្រះរាជធីតានោះ មកស្ថាបនាឲ្យជាអគ្គមហេសី ចូរនាងដឹងចិត្តរបស់កូនថា គេពេញចិត្តព្រះរាជធីតាអង្គណា។
ព្រះនាងត្រាស់ថា សាធុ ហើយបញ្ជូនបរិចារិកាម្នាក់ទៅ ដោយព្រះតម្រាស់ថា ចូរនាងទៅប្រាប់រឿងនេះ ដល់កុមារ ហើយចូរដឹងចិត្តរបស់គេ។ បរិចារិកានោះក៏ទៅ ហើយទូលរឿងនោះដល់ព្រះរាជកុមារ។ ព្រះមហាសត្វបានស្ដាប់ពាក្យនោះហើយ គិតថា អញមានរូបអាក្រក់ ព្រះរាជធីតាដែលដល់ព្រមដោយរូប ទោះបីនាំមក គ្រាន់តែឃើញអញ ក៏នឹងគេចទៅ ដោយគិតថា ប្រយោជន៍អ្វីដោយកុមារដែលមានរូបគួរខ្ពើម ការខ្មាសអៀនគប្បីមានដល់អញដោយប្រការដូច្នេះ ប្រយោជន៍អ្វីដោយឃរាវាស អញបម្រើព្រះជនកនិងព្រះជននីដែលកំពុងមានព្រះជន្ម អំណឹះឥតអំពីទ្រង់ទាំងទ្វេទៅ អញនឹងចេញបួស ទើបត្រាស់ថា យើងមិនមានសេចក្ដីត្រូវការដោយរាជសម្បត្តិ មិនត្រូវការដោយស្រីរបាំទេ អំណឹះឥតអំពីព្រះជនកនិងព្រះជននីទៅ យើងនឹងបួស។ បរិចារិកានោះ ស្ដាប់ព្រះតម្រាស់នោះហើយ ទើបត្រឡប់មកក្រាបទូលព្រះទេវី។ ចំណែកព្រះទេវីក៏ក្រាបទូលដល់ព្រះរាជា។ ព្រះរាជាទ្រង់ស្ដាប់ពាក្យនោះហើយ ទ្រង់ក៏ទោមនស្ស លុះកន្លងទៅពីរបីថ្ងៃ ក៏បញ្ជូនដំណឹងទៅទៀត។ ឯព្រះរាជកុមារនោះ ក៏នៅតែជំទាស់ដូចមុន។ ព្រះរាជកុមារទ្រង់ជំទាស់យ៉ាងនេះ អស់វារៈ ៣ ដង ក្នុងវារៈទី៤ ទើបព្រះតម្រិះថា ធម្មតាកូនដែលរឹងទទឹងនឹងមាតាបិតាជារឿយ ៗ មិនសមគួរឡើយ អញនឹងធ្វើឧបាយមួយ។
ព្រះរាជកុមារឲ្យហៅមេជាងមាសម្នាក់មក ហើយព្រះរាជទានមាសជាច្រើន ត្រាស់ថា ឯកំ ឥត្ថិរូបកំ ករោហិ ចូរធ្វើរូបស្ត្រីមួយ ហើយបញ្ជូនជាងមាសនោះទៅ កាលជាងមាសនោះទៅហើយ ទើបទ្រង់នាំយកមាសដទៃមកធ្វើជារូបស្រីដោយព្រះអង្គឯង ធម្មតាបំណងរបស់ព្រះពោធិសត្វទាំងឡាយ រមែងសម្រេច។ រូបមាសដែលព្រះពោធិសត្វទ្រង់ធ្វើនោះ ល្អពន់ពេក រហូតមិនមានពាក្យពណ៌នាដោយអណ្ដាតបាន។ លំដាប់នោះ ព្រះមហាសត្វទ្រង់ឲ្យរូបស្រីនោះ ស្លៀកខោមពស្ត្រ ហើយតម្កល់ទុកក្នុងបន្ទប់ដ៏មានសិរី។ ព្រះមហាសត្វទតឃើញរូបស្រីដែលជាងមាសនាំមក ទ្រង់តិះដៀលរូបនោះ ហើយត្រាស់ថា ចូរអ្នកទៅនាំយករូបស្រី ដែលតម្កល់ទុកខាងក្នុងបន្ទប់ដ៏មានសិរីរបស់យើងមក។
ជាងមាសនោះ ចូលទៅកាន់បន្ទប់ដ៏មានសិរី ឃើញរូបស្រីនោះហើយ ស្មានថា មានទេពអប្សរម្នាក់ មករួមអភិរម្យជាមួយព្រះរាជកុមារ ទើបមិនអាចលាដៃទៅចាប់ ត្រឡប់មកទូលថា បពិត្រព្រះសម្មតិទេព ព្រះនាងម្ចាស់ប្រថាប់ឈរម្នាក់ឯង ក្នុងបន្ទប់ដ៏មានសិរី ទូលព្រះបង្គំមិនអាចចូលទៅបាន ។
ព្រះរាជកុមារទ្រង់បញ្ជូនទៅទៀត ដោយត្រាស់ថា នែលោក ចូរលោកទៅនាំយករូបមាសនោះមក ហើយទ្រង់បញ្ជូនទៅ ឲ្យនាំយករូបមាសនោះមក។ ព្រះរាជកុមារឲ្យទុករូបមាសដែលជាងមាសធ្វើនោះ ក្នុងបន្ទប់សម្រាប់ដាក់មាស ហើយឲ្យមនុស្សតាក់តែងរូបដែលទ្រង់ធ្វើ លើកឡើងដាក់លើរថ បញ្ជូនទៅកាន់សម្នាក់ព្រះមាតាដោយព្រះតម្រាស់ថា បើរកបានស្រីមានសភាពបែបនេះ ទូលព្រះបង្គំនឹងទទួល។
ព្រះទេវីឲ្យហៅអាមាត្យទាំងឡាយមក ហើយមានព្រះសវនីយ៍ថានែបាទាំងឡាយ បុត្តរបស់យើងមានបុណ្យច្រើន ជាព្រះរាជបុត្តដែលសក្កទេវរាជប្រទាន គួរបានកុមារិកាដែលមានរូបបែបនេះ ពួកអ្នក កាលបានកុមារិកាមានរូបបែបនេះ ចូរនាំមក ចូរតាំងរូបនេះទុកលើយានដែលបិទបាំង ហើយត្រាច់ទៅក្នុងជម្ពូទ្វីបទាំងមូល បើបានចួបព្រះរាជធីតារបស់ព្រះរាជាអង្គណា ដែលមានរូបបែបនេះសោត ចូរថ្វាយរូបមាសនេះ ចំពោះព្រះរាជាអង្គនោះ ហើយក្រាបទូលថា ព្រះបាទឱក្កាករាជទ្រង់នឹងធ្វើអាវាហវិវាហមង្គលជាមួយព្រះអង្គ ទូលកំណត់ថ្ងៃហើយ ចូរត្រឡប់មក។
អាមាត្យទាំងនោះ ទទួលព្រះរាជសវនីយ៍ថា សាធុ ហើយនាំរូបនោះ ចេញអំពីព្រះនគរមួយអន្លើដោយបរិវារច្រើន ត្រាច់ស្វែងរកដល់រាជធានីណា ក៏តាក់តែងរូបស្រីនោះ ដោយសំពត់ ផ្កា និងគ្រឿងអលង្ការ លើកឡើងដាក់លើយានមាស តម្កល់ទុកត្រង់មាត់ផ្លូវដែលទៅកាន់កំពង់ទឹក ក្នុងទីដែលមហាជនមកប្រជុំគ្នាក្នុងពេលល្ងាច ក្នុងរាជធានីនោះ ចំណែកពួកខ្លួននាំគ្នាគេចទៅឈរក្នុងចំណែកម្ខាង ចាំស្ដាប់ពាក្យរបស់មហាជន ដែលមកហើយ។ ឯមហាជន កាលសម្លឹងមើលរូបស្រីនោះ មិនស្គាល់ថាជារូបមាស ទើបនាំគ្នាសរសើរថា ស្រីនេះ សូម្បីជាមនុស្ស ក៏ស្អាតដល់ម៉្លេះ ប្រៀបដូចជាស្រីទេពអប្សរ ហេតុអ្វី ទើបមកឈរក្នុងទីនេះ នាងមកអំពីណា ស្រីមានសភាពបែបនេះ ក្នុងនគររបស់ពួកយើងមិនមានឡើយ ហើយនាំគ្នាចៀសចេញទៅ។ ពួកអាមាត្យបានស្ដាប់ពាក្យនោះហើយ ប្រឹក្សាគ្នាថា បើទារិកាស្អាតបែបនេះ មានក្នុងនគរនេះសោត ជនទាំងឡាយគប្បីពោលថា ស្រីនេះដូចព្រះរាជធីតាអង្គនោះ ស្រីនេះ ដូចធីតារបស់អាមាត្យឈ្មោះនោះ ក្នុងនគរនេះ គង់មិនមានស្រីស្អាត ដូចរូបនេះ ពិត ទើបកាន់យករូបស្រីនោះ ទៅកាន់នគរដទៃទៀត។
ពួកអាមាត្យត្រាច់ទៅយ៉ាងនេះ រហូតដល់សាគលនគរ ក្នុងដែនមទ្ទៈដោយលំដាប់។ ឯព្រះបាទមទ្ទរាជក្នុងសាគលនគរនោះ មានបុត្រី ៨ អង្គ មានរូបល្អឯក ប្រៀបដូចទេពអប្សរ ព្រះរាជធីតាច្បង មានព្រះនាមថា បភាវតី ព្រោះមានរស្មីផ្សាយចេញអំពីកាយរបស់ព្រះនាង ដូចពន្លឺព្រះអាទិត្យដែលទើបរះ។ ក្នុងវេលាយប់ ក្នុងបន្ទប់ដែលមានផ្ទៃប្រមាណ ៤ហត្ថ មិនចាំបាច់អុជប្រទីប ក្នុងបន្ទប់ទាំងមូលមានពន្លឺតែមួយដូចគ្នា។ ព្រះនាងបភាវតីនោះ មានភីលៀងម្នាក់ជាស្រីគម ភីលៀងនោះ កាលឲ្យព្រះនាងបភាវតីសោយស្រេចហើយ ក៏ឲ្យនាងវណ្ណទាសី ៨ នាក់ កាន់ក្អមទឹក ៨ ទៅកាន់កំពង់ទឹក ក្នុងពេលល្ងាច ដើម្បីដងទឹកមកស្រពស្រង់ព្រះនាង។ ស្រីភីលៀងនោះ កាលឃើញរូបមាសដែលតម្កល់ទុកក្បែរផ្លូវដើរទៅកាន់កំពង់ទឹក សម្គាល់ថាជាព្រះនាងបភាវតី ក៏ក្រោធថា ព្រះនាងនេះ ប្រដៅក្រមែន ពោលថា ខ្ញុំចង់ស្រង់ទឹកកក់សីសៈ បញ្ជូនពួកយើងមកដងទឹក បែរជាមកឈរត្រង់ផ្លូវទៅកាន់កំពង់ទឹកមុនយើងទៅទៀត ដូច្នេះហើយ ក៏ពោលថា នែព្រះនាង ព្រះនាងធ្វើឲ្យត្រកូលបានទទួលនូវភាពអាម៉ាស់ ព្រោះហេតុអ្វី ទើបព្រះនាងមកឈរក្នុងទីនេះ មុនពួកយើង បើព្រះរាជាទ្រង់ជ្រាបសោត គង់ធ្វើពួកយើងឲ្យវិនាសពិត ហើយយកដៃទះថ្ពាល់រូបមាសនោះ បាតដៃក៏ហាក់ដូចជាបែក។ លំដាប់នោះ ដឹងថា ជារូបមាស ក៏សើច ហើយទៅរកពួកនាងវណ្ណទាសី ពោលថា ពួកនាងចូរមើលការធ្វើរបស់ខ្ញុំចុះ ខ្ញុំបានវាយដោយស្មានថា រូបនេះ ជាព្រះនាងរបស់យើង រូបនេះមានតម្លៃអ្វី ក្នុងសម្នាក់នៃព្រះរាជធីតារបស់យើង បានត្រឹមតែឲ្យដៃរបស់ខ្ញុំទទួលនូវការឈឺចាប់តែម្យ៉ាងប៉ុណ្ណោះ។
គ្រានោះ ពួករាជទូតនាំគ្នាកាន់យករូបមាសនោះ សួរស្រីភីលៀងនោះថា នាងពោលថា ព្រះរាជធីតារបស់យើងស្អាតជាងរូបនេះ នាងពោលសំដៅដល់នរណា។ ភីលៀងនោះឆ្លើយថា ព្រះរាជធីតារបស់ព្រះបាទមទ្ទរាជ ព្រះនាមថា បភាវតី រូបនេះ មិនដល់ចំណែកទី ១៦ របស់ព្រះនាងឡើយ។ អាមាត្យទាំងនោះត្រេកអរ នាំគ្នាទៅកាន់ទ្វារព្រះរាជវាំងឲ្យក្រាបទូលថា ពួករាជទូតរបស់ព្រះបាទឱក្កាករាជមកគាល់នៅត្រង់ទ្វារ។ ព្រះរាជាទ្រង់ក្រោកចាកអាសនៈ ប្រថាប់ឈរ ហើយត្រាស់ថា ចូរហៅឲ្យចូលមកចុះ។
ពួករាជទូតក៏ចូលទៅ ហើយថ្វាយបង្គំព្រះរាជា ក្រាបទូលថាបពិត្រមហារាជ ព្រះរាជារបស់ទូលព្រះបង្គំត្រាស់សួរថា ព្រះអង្គទ្រង់ (មានសេចក្ដីសុខ) មិនមានរោគទេឬ។ ព្រះរាជាទ្រង់ធ្វើសក្ការៈទទួលហើយ ត្រាស់សួរពួកអាមាត្យថា ពួកលោកមកទីនេះ ដើម្បីអ្វី។
ពួកអាមាត្យក្រាបទូលថា ព្រះរាជារបស់ទូលព្រះបង្គំ មានព្រះរាជបុត្តព្រះនាមថា កុសកុមារ មានព្រះសូរសៀងដូចសំឡេងរាជសីហ៍ ព្រះរាជាទ្រង់មានព្រះរាជបំណង ប្រគល់រាជសម្បត្តិដល់ព្រះរាជឱរសនោះ បានឮថា ព្រះអង្គមានព្រះរាជធីតាព្រះនាមថា បភាវតី សូមព្រះអង្គព្រះរាជទានព្រះនាងបភាវតី ព្រះរាជធីតារបស់ព្រះអង្គដល់ព្រះរាជបុត្តនោះចុះ ហើយសូមទ្រង់ទទួលរូបមាសនេះ ជាបណ្ណាការ លុះក្រាបទូលហើយ ទើបថ្វាយរូបមាសនោះ ចំពោះព្រះរាជា។ ឯព្រះបាទមទ្ទរាជនោះ ក៏ទ្រង់រីករាយ ព្រមទទួល ដោយទ្រង់មានព្រះតម្រិះថា នឹងមានវិវាហមង្គលជាមួយព្រះរាជាដែលមានសក្ដិធំ មានសភាពបែបនេះ។ លំដាប់នោះ ពួកទូតក្រាបទូលព្រះបាទមទ្ទរាជថា បពិត្រមហារាជ ពួកទូលព្រះបង្គំមិនអាចយឺតយូរបានទេ នឹងប្រញាប់ទៅក្រាបទូលភាពដែលបានព្រះរាជធីតាដល់ព្រះបាទឱក្កាករាជ ឲ្យទ្រង់ជ្រាប ដើម្បីទ្រង់យាងមកទទួលព្រះនាងទៅ។
ព្រះបាទមទ្ទរាជទ្រង់ទទួលថា សាធុ ចាត់ចែងគ្រឿងសក្ការៈដល់ពួកទូតទាំងនោះហើយ បញ្ជូនទៅ។ ពួកទូតទាំងនោះ ត្រឡប់ទៅកាន់នគរកុសាវតីហើយ ក្រាបទូលរឿងនោះ ដល់ព្រះរាជានិងព្រះទេវីឲ្យទ្រង់ជ្រាប។ ព្រះរាជាទ្រង់យាងចេញអំពីកុសាវតីនគរ មួយអន្លើដោយបរិវារច្រើន ដល់សាគលនគរដោយលំដាប់។ ចំណែកព្រះបាទមទ្ទរាជក៏ទ្រង់ធ្វើការទទួល យាងព្រះរាជាចូលក្នុងនគរហើយ ទ្រង់បានធ្វើសក្ការៈ ដ៏ធំក្រៃលែង។
លុះមួយថ្ងៃពីរថ្ងៃកន្លងទៅ ព្រះនាងសីលវតីទេវីទ្រង់ព្រះចិន្តាថា អ្នកណានឹងដឹងថា ព្រះរាជធីតានោះ ដូចម្ដេច ព្រោះភាពដែលព្រះនាងជាបណ្ឌិត ទើបក្រាបទូលព្រះបាទមទ្ទរាជថា បពិត្រមហារាជ ខ្ញុំម្ចាស់ប្រាថ្នាចង់ឃើញព្រះសុណិសា។
ព្រះរាជាត្រាស់ថា សាធុ ហើយត្រាស់ឲ្យហៅព្រះនាងបភាវតីមកគាល់។ ព្រះនាងបភាវតីតាក់តែងព្រះកាយដោយគ្រឿងអលង្ការសព្វយ៉ាង ចោមរោមដោយភីលៀង ចេញមកថ្វាយបង្គំព្រះមាតាក្មេក។
ព្រះនាងសីលវតី កាលទតឃើញព្រះនាងបភាវតី ទើបព្រះតម្រិះថា កុមារិកានេះ ជាស្រីមានរូបឆោមលោមពណ៌ល្អពេកណាស់ ចំណែកកូនរបស់អញ មានរូបមិនស្អាត បើកុមារិកានេះ បានឃើញកូនរបស់អញ សូម្បីត្រឹមតែមួយថ្ងៃ គង់មិននៅរួមជាដាច់ខាត គង់គេចទៅ ដោយពិត អញត្រូវធ្វើឧបាយ។
ព្រះនាងសីលវតីឲ្យយាងព្រះបាទមទ្ទរាជមក ហើយក្រាបទូលថា បពិត្រមហារាជ ព្រះសុណិសាសមគួរដល់ឱរសរបស់ខ្ញុំម្ចាស់ តែទំនៀមបន្តបវេណីនៃវង្សរបស់ខ្ញុំម្ចាស់ មាន បើព្រះរាជធីតាអង្គនេះ ប្រព្រឹត្តតាមបវេណីនេះបាន ខ្ញុំម្ចាស់ក៏នឹងនាំព្រះរាជធីតាអង្គនេះទៅ។
ព្រះរាជាត្រាស់សួរថា បវេណីរបស់ព្រះនាង តើដូចម្ដេច។
ព្រះនាងសីលវតីតបថា បវេណីក្នុងរាជវង្សខ្ញុំម្ចាស់មានថា ព្រះជាយានឹងចួបមុខព្រះរាជស្វាមីក្នុងពេលថ្ងៃមិនបានទេ ទាល់តែតាំងព្រះគភ៌ជាមុនសិន ទើបចួបមុខគ្នាបាន បើព្រះរាជធីតាអង្គនេះ ធ្វើតាមបានខ្ញុំម្ចាស់ក៏នឹងនាំព្រះនាងទៅ។
ព្រះរាជាក៏ត្រាស់សួរព្រះរាជធីតាថា នែបុត្រី នាងអាចប្រព្រឹត្តវត្តនេះ បានដែរឬទេ។
ព្រះនាងឆ្លើយថា បពិត្រព្រះបិតា បាន។ លំដាប់នោះ ព្រះបាទឱក្កាករាជ ក៏បានថ្វាយព្រះរាជទ្រព្យជាច្រើនដល់ព្រះបាទមទ្ទរាជ ហើយទ្រង់ទទួលយកព្រះនាងបភាវតីនោះ យាងត្រឡប់ទៅ។ សូម្បីព្រះបាទមទ្ទរាជ ក៏ទ្រង់បញ្ជូនព្រះរាជធីតាទៅដោយបរិវារធំ។
ព្រះបាទឱក្កាករាជទ្រង់ត្រឡប់មកដល់កុសាវតីនគរហើយ ត្រាស់ឲ្យតាក់តែងព្រះនគរ ដោះលែងអ្នកទោសទាំងអស់ ទ្រង់កំណត់កាលអភិសេកព្រះរាជឱរស ទ្រង់ស្ថាបនាព្រះនាងបភាវតីឲ្យជាអគ្គមហេសី ហើយឲ្យរាជបុរសត្រាច់វាយស្គរប្រកាសថា កុសរាជស្ស អាណា (ឥឡូវនេះ) រាជាណាចក្រជារបស់ព្រះបាទកុសរាជហើយ។ ព្រះរាជាទាំងឡាយ ក្នុងសកលជម្ពូទ្វីប ព្រះរាជាអង្គណាមានព្រះរាជបុត្រី ព្រះរាជាអង្គនោះ ក៏បញ្ជូនបុត្រីមកថ្វាយព្រះបាទកុសរាជ។ ព្រះរាជាទាំងឡាយណា ដែលមានព្រះរាជបុត្ត ហើយប្រាថ្នាភាពជាមិត្តជាមួយព្រះបាទកុសរាជនោះ ទ្រង់ក៏បញ្ជូនព្រះរាជឱរសរបស់ទ្រង់ទៅជាព្រះរាជឧបដ្ឋាក។ ព្រះពោធិសត្វទ្រង់មានស្រីស្នំជាបរិវារច្រើន ទ្រង់គ្រងរាជសម្បត្តិដោយយសដ៏ធំក្រៃលែង។ ព្រះពោធិសត្វមិនបានឃើញព្រះនាងបភាវតីក្នុងពេលថ្ងៃ ចំណែកព្រះនាងបភាវតី ក៏មិនបានឃើញព្រះពោធិសត្វក្នុងពេលថ្ងៃដូចគ្នា ក្សត្រទាំងពីរអង្គ គឺព្រះបាទកុសរាជនិងព្រះនាងបភាវតីនោះ ឃើញគ្នាតែក្នុងវេលាយប់ប៉ុណ្ណោះ។ សូម្បីរស្មីដែលផ្សាយចេញអំពីសរីរៈរបស់ព្រះនាងបភាវតី ក្នុងពេលយប់នោះ ក៏មិនអាចឲ្យឃើញព្រះភក្ត្រច្បាស់លាស់បាន ព្រះពោធិសត្វទ្រង់ចេញអំពីបន្ទប់ដ៏មានសិរីក្នុងពេលរាត្រីប៉ុណ្ណោះ។
លុះពីរបីថ្ងៃកន្លងទៅ ព្រះពោធិសត្វទ្រង់ប្រាថ្នាចង់ឃើញព្រះភក្ត្ររបស់ព្រះនាងបភាវតីក្នុងពេលថ្ងៃ ទើបក្រាបទូលព្រះមាតាឲ្យទ្រង់ជ្រាប។ ព្រះមាតាឃាត់ថា នែបា កូនកុំគាប់ចិត្តចួបនាងក្នុងពេលថ្ងៃឡើយ ចូរកូនរង់ចាំបានព្រះឱរសមួយអង្គសិន។ ព្រះពោធិសត្វនៅតែអង្វររឿយ ៗ។ លំដាប់នោះ ព្រះទេវីមានព្រះសវនីយ៍ថា បើដូច្នោះ ចូរបាទៅកាន់រោងដំរី ហើយឈរដោយភេទជាអ្នកចិញ្ចឹមដំរី មាតានឹងនាំនាងបភាវតីទៅក្នុងទីនោះ ចូរកូនមើលនាងឲ្យពេញភ្នែក កុំឲ្យនាងស្គាល់កូនឡើយ ។ ព្រះពោធិសត្វទទួលថា សាធុ ហើយបានយាងទៅកាន់រោងដំរី។ លំដាប់នោះ ព្រះមាតារបស់ព្រះពោធិសត្វឲ្យតាក់តែងរោងដំរីហើយ បបួលព្រះនាងបភាវតីថា មកបុត្រី យើងទៅមើលដំរីរបស់ព្រះភស្ដានាងជាមួយគ្នា ហើយនាំព្រះនាងបភាវតីទៅកាន់រោងដំរីនោះ។ ព្រះនាងសីលវតីទេវីបង្ហាញព្រះនាងបភាវតីថា ដំរីនេះ មានឈ្មោះយ៉ាងនេះ ដំរីនេះ មានឈ្មោះយ៉ាងនេះ។ ព្រះរាជាទតឃើញព្រះនាងបភាវតីយាងមកតាមក្រោយព្រះមាតា ទើបចាប់អាចម៍ដំរីមួយដុំ គប់ត្រង់ខ្នងព្រះនាង ដោយការបន្លំខ្លួនជាហ្មដំរី។ ព្រះនាងបភាវតីពិរោធយ៉ាងខ្លាំង មានព្រះសវនីយ៍ថា យើងនឹងទូលឲ្យព្រះរាជាកាត់ដៃរបស់អ្នក ហើយទូលព្រះទេវីឲ្យដាក់ទោស។ ព្រះរាជមាតាទ្រង់លួងលោមព្រះរាជសុណិសាថា កុំក្រោធឡើយបុត្រី ហើយព្រះនាងអង្អែលខ្នង។ ក្រោយមក ព្រះរាជាប្រាថ្នាឃើញព្រះនាងម្ដងទៀត ទើបយាងទៅទតព្រះនាងត្រង់រោងសេះ ដោយការបន្លំខ្លួនជាអ្នកឃ្វាលសេះ ហើយយកអាចម៍សេះ គប់ដូចមុនទៀត។ ក្នុងកាលនោះ ព្រះនាងក្រោធយ៉ាងខ្លាំង ព្រះសស្សុក៏លួងលោមដូចថ្ងៃមុនទៀត។
ថ្ងៃមួយ ព្រះនាងបភាវតីប្រាថ្នាចង់ឃើញព្រះមហាសត្វ ទើបទូលដល់ព្រះសស្សុ តែត្រូវព្រះនាងឃាត់ថា នាងកុំចង់ឃើញឡើយ ដូច្នេះ ក៏ទូលអង្វររឿយៗ។
លំដាប់នោះ ព្រះទេវីត្រាស់ថា បើដូច្នោះ ថ្ងៃស្អែកនេះ កូនប្រុសរបស់យើងនឹងធ្វើប្រទក្សិណព្រះនគរ ចូរនាងបើកសីហបញ្ជរ ចាំមើលចុះ។ កាលត្រាស់យ៉ាងនេះហើយ ស្អែកឡើង ព្រះនាងឲ្យតាក់តែងព្រះនគរ ឲ្យជយម្បតិរាជកុមារទ្រង់គ្រឿងដូចជាក្សត្រ ឲ្យប្រថាប់គង់លើខ្នងដំរី ឲ្យព្រះពោធិសត្វគង់លើអាសនៈខាងក្រោយ ឲ្យធ្វើប្រទក្សិណព្រះនគរ ហើយនាំព្រះនាងបភាវតីទៅឈរត្រង់សីហបញ្ជរ ត្រាស់ថា បស្ស តវ សាមិកស្ស សិរិសោភគ្គំ ចូរបុត្រីមើលនូវភាពល្អដ៏លើសនៃសិរីរបស់ស្វាមីនាងចុះ។
ព្រះនាងបភាវតីនោះ សម្គាល់ថា អញបានស្វាមីមានសភាពសមគ្នាហើយ ដូច្នេះ ក៏មានព្រះហឫទ័យរីករាយក្រៃលែង។ ក្នុងថ្ងៃនោះ ព្រះមហាសត្វបន្លំខ្លួនជាហ្មដំរី គង់លើអាសនៈខាងក្រោយរបស់ជយម្បតិរាជកុមារនោះឯង ក៏បានទតព្រះនាងបភាវតីពេញចំណង់ បានសម្ដែងអាការក្រមិចក្រមើម តាមការពេញចិត្ត ដោយអំណាចការគ្រវីដៃប្លែកៗ ជាដើម។ កាលដំរីព្រះទីន័ងទៅផុតហើយ ព្រះរាជមាតាក៏ត្រាស់សួរព្រះនាងបភាវតីថា នាងឃើញភស្ដារបស់នាងហើយឬ។
ព្រះនាងក្រាបទូលថា ឃើញហើយព្រះមាតា តែហ្មដំរីដែលអង្គុយលើអាសនៈខាងក្រោយព្រះភស្ដានោះ ជាមនុស្សរឹងរូស ទូន្មានលំបាកពន់ពេក ធ្វើដៃដោយអាការប្លែកៗ ដល់ខ្ញុំម្ចាស់ ព្រោះហេតុអ្វី ទើបឲ្យមនុស្សដែលមិនមានសិរីបែបនេះ ឡើងអង្គុយលើអាសនៈ ខាងក្រោយស្ដេចផែនដីបាន គួរនាំហ្មដំរីនោះចេញទៅ។
ព្រះរាជមាតាមានព្រះសវនីយ៍ថា នែបុត្រី ធម្មតាការរក្សាការពារក្នុងអាសនៈខាងក្រោយរបស់ព្រះរាជា បុគ្គលគប្បីប្រាថ្នា។
ព្រះនាងបភាវតីមានព្រះតម្រិះថា ហ្មដំរីនេះ ប្រហែលជាបានអភ័យពិសេសពន់ពេក មិនសម្គាល់សូម្បីនូវព្រះរាជា ថាជាព្រះរាជាឡើយ ហ្មដំរីនេះ ជាព្រះបាទកុសរាជទេដឹងហ្ន៎ ឯព្រះបាទកុសរាជនេះ គង់មានរូបគួរខ្ពើមដោយពិត ព្រោះហេតុនោះ ទើបមិនព្រមបង្ហាញខ្លួនព្រះបាទកុសរាជនោះ ដល់អញ។ ព្រះនាងបភាវតីក៏ខ្សឹបស្រីគមថា អ្នកម៉ែ ចូរម៉ែទៅ ហើយដឹងថា បុរសគង់អាសនៈខាងមុខជាព្រះរាជា ឬអង្គុយអាសនៈខាងក្រោយជាព្រះរាជា។
ស្រីគមក្រាបទូលសួរថា ខ្ញុំម្ចាស់នឹងដឹងបានដូចម្ដេច។ ព្រះនាងបភាវតីប្រាប់ថា បើហ្មដំរីនោះ ជាព្រះរាជាសោត គង់នឹងចុះអំពីខ្នងដំរីមុន ម៉ែចូរដឹងដោយសញ្ញាយ៉ាងនេះ។ ស្រីគមនោះ បានមកឈរក្នុងចំណែកម្ខាង សម្លឹងឃើញព្រះមហាសត្វចុះមកមុន ឃើញជយម្បតិរាជកុមារចុះមកខាងក្រោយ។ ព្រះមហាសត្វទ្រង់ក្រឡេកមើលឆ្វេងស្ដាំ បានឃើញស្រីគម ក៏ជ្រាបថា ស្រីគមនេះ មក ព្រោះហេតុឈ្មោះនេះ ទើបឲ្យហៅស្រីគមមក ត្រាស់ផ្ដាំផ្ដាច់ថា នាងកុំប្រាប់រឿងនេះដល់ព្រះនាងបភាវតីឡើយ ហើយបញ្ជូនទៅ។ ស្រីគមនោះ ត្រឡប់ទៅក្រាបទូលព្រះនាងបភាវតីថា បុរសគង់ត្រង់អាសនៈខាងមុខចុះមុន ។ ព្រះនាងបភាវតី ក៏ជឿពាក្យរបស់ស្រីគមនោះ។
ថ្ងៃក្រោយមក ព្រះមហាសត្វមានបំណងនឹងទតព្រះនាងបភាវតីទៀត ទើបទូលអង្វរព្រះមាតា។ ព្រះមាតាមិនអាចឃាត់បាន ទើបពោលថា បើដូច្នោះ ចូរបាក្លែងខ្លួនកុំឲ្យអ្នកណាស្គាល់ ហើយទៅកាន់ឧទ្យានចុះ។ ព្រះពោធិសត្វយាងទៅកាន់ឧទ្យាន ហើយឈរត្រាំទឹកក្នុងស្រះបោក្ខរណីប្រមាណត្រឹមព្រះសូរង យកស្លឹកឈូកបិទបាំងព្រះសិរសា ទ្រង់ឈរយកផ្កាឈូកដែលរីកបាំងព្រះភក្ត្រ។ ឯព្រះមាតារបស់ព្រះពោធិសត្វនាំព្រះនាងបភាវតីទៅកាន់ព្រះរាជឧទ្យាន នាសាយណ្ហសម័យ ព្រះនាងលួងលោមឲ្យត្រេកអរថា ចូរនាងមើលព្រឹក្សាទាំងនេះ ចូរមើលពួកបក្សី ចូរមើលពួកម្រឹគ ក៏ទៅដល់មាត់ស្រះបោក្ខរណី។ ព្រះនាងបភាវតីទតឃើញស្រះបោក្ខរណី ដែលដេរដាសទៅដោយផ្កាឈូក ៥ ប្រភេទ ព្រះនាងប្រាថ្នានឹងស្រង់ ទើបចុះកាន់ស្រះបោក្ខរណី មួយអន្លើដោយបរិចារិកាទាំងឡាយ កាលព្រះនាងកំពុងលេងនោះឯង ក៏ទតឃើញផ្កាឈូកដែលព្រះពោធិសត្វបាំងព្រះភក្ដ្រនោះ ព្រះនាងប្រាថ្នានឹងបេះ ក៏លាព្រះហស្តចេញទៅ។ លំដាប់នោះ ព្រះរាជាក៏បើកស្លឹកឈូកចេញ ហើយស្រវាចាប់ព្រះហស្តព្រះនាង ពោលថា អហំ កុសរាជ យើងគឺព្រះបាទកុសរាជ។
ព្រះនាងបភាវតី គ្រាន់តែទតឃើញព្រះភក្ដ្ររបស់ព្រះពោធិសត្វប៉ុណ្ណោះ ក៏ស្រែកឡើងថា យក្ខោ មំ គណ្ហិ យក្ខចាប់ខ្ញុំហើយ ព្រះនាងក៏ដល់នូវវិសញ្ញីភាព គឺសន្លប់ក្នុងទីនោះឯង ។ លំដាប់នោះ ព្រះរាជាទ្រង់លែងព្រះហស្ដ។ លុះព្រះនាងដឹងខ្លួនហើយ ក៏ព្រះតម្រិះថា បានឮថា ព្រះបាទកុសរាជទ្រង់ចាប់អញត្រង់ដៃ ឯអញក៏ត្រូវព្រះបាទកុសរាជនេះ គប់ដោយអាចម៍ដំរី ត្រង់រោងដំរី គប់ដោយអាចម៍សេះ ត្រង់រោងសេះ ព្រះបាទកុសរាជនេះឯង ប្រថាប់គង់ពីក្រោយខាងលើខ្នងដំរី បក់ដៃដាក់អញ អញមិនត្រូវការប្ដីដែលមានមុខគួរខ្ពើមដល់ម្ល៉េះឡើយ អញនឹងលះបង់ភស្ដានេះ កាលអញនៅមានជីវិត នឹងបានភស្ដាដទៃ ដូច្នេះហើយ ទើបហៅពួកអាមាត្យដែលតាមព្រះនាងមក ពោលថា ពួកអ្នក ចូររៀបចំយានពាហនៈឲ្យយើង យើងនឹងទៅក្នុងថ្ងៃនេះឯង។ ពួកអាមាត្យទាំងនោះ ក៏ក្រាបទូលព្រះរាជាឲ្យទ្រង់ជ្រាប។ ព្រះរាជាទ្រង់ព្រះតម្រិះថា បើនាងមិនបានត្រឡប់ ហឫទ័យរបស់នាងនឹងបែកសញ្ជែកដោយពិត ឲ្យនាងត្រឡប់ទៅចុះ អញនឹងនាំនាងត្រឡប់មកដោយកម្លាំងរបស់ខ្លួននោះឯង កាលទ្រង់ព្រះតម្រិះដូច្នេះហើយ លំដាប់នោះ ទើបទ្រង់អនុញ្ញាតឲ្យព្រះនាងបភាវតី យាងត្រឡប់ទៅ។ ព្រះនាងក៏យាងត្រឡប់ទៅនគររបស់ព្រះបិតាវិញ។
ឯព្រះមហាសត្វក៏យាងចេញអំពីព្រះរាជឧទ្យាន ទៅកាន់ព្រះនគរ ឡើងកាន់ប្រាសាទដែលប្រដាប់តាក់តែងហើយ។ ពិតហើយ ព្រះនាងមិនមានសេចក្ដីត្រេកអរជាមួយនឹងព្រះពោធិសត្វ ដោយអំណាចព្រះនាងតាំងសេចក្ដីប្រាថ្នាទុកក្នុងកាលមុន។ ចំណែកព្រះពោធិសត្វ ដែលមានរូបមិនស្អាត ដោយអំណាចបុព្វកម្មរបស់ព្រះអង្គនុ៎ះឯង។
បានឮថា ក្នុងអតីតកាល មានត្រកូល ២ គឺត្រកូលដែលអាស្រ័យនៅត្រង់វិថីខាងមុខ ១ អាស្រ័យនៅត្រង់វិថីខាងក្រោយ ១ ក្នុងស្រុកដែល
តាំងនៅក្បែរទ្វារនគរពារាណសី។ ត្រកូលមួយ មានកូនប្រុស ២ នាក់ ត្រកូលមួយ មានកូនស្រីម្នាក់។ បណ្ដាកូនប្រុសទាំងពីរនាក់នោះ ព្រះពោធិសត្វជាកូនប្អូន។ មាតាបិតាបានដណ្ដឹងកុមារិកានោះ ឲ្យកូនច្បង។ ព្រះពោធិសត្វជាប្អូនប្រុសមិនទាន់មានភរិយា ទើបអាស្រ័យនៅជាមួយបងប្រុសនុ៎ះឯង។ សម័យថ្ងៃមួយ បងថ្លៃស្រីបានចៀននំដែលមានរសឆ្ងាញ់ក្រៃលែង ក្នុងផ្ទះនោះ ឯព្រះពោធិសត្វបានចេញទៅព្រៃ បងថ្លៃស្រីក៏បានទុកនំ ១ ចំណែកឲ្យព្រះពោធិសត្វ ចំណែកដ៏សេសក៏ចែកគ្នាបរិភោគអស់។ ក្នុងខណៈនោះ ព្រះបច្ចេកពុទ្ធ បាននិមន្តមកដល់ទ្វារផ្ទះដើម្បីភិក្ខា បងថ្លៃរបស់ព្រះពោធិសត្វគិតថា អញនឹងចៀននំឲ្យប្អូនថ្លៃជាថ្មី ដូច្នេះ ទើបកាន់យកនំដែលជាចំណែករបស់ព្រះពោធិសត្វនោះ ទៅប្រគេនព្រះបច្ចេកពុទ្ធ ព្រះពោធិសត្វក៏ត្រឡប់មកអំពីព្រៃក្នុងខណៈនោះឯង។ លំដាប់នោះ ទើបនាងពោលថា នែប្អូនប្រុស ចូរប្អូនធ្វើចិត្តឲ្យជ្រះថ្លាចុះ នំដែលជាចំណែករបស់ប្អូន បងបានប្រគេនព្រះបច្ចេកពុទ្ធហើយ។ ព្រះពោធិសត្វក្រោធ ពោលថា បងស៊ីនំដែលជាចំណែកខ្លួនអស់ហើយ យកនំដែលជាចំណែករបស់ខ្ញុំទៅប្រគេនលោក តើខ្ញុំនឹងស៊ីអ្វី ដូច្នេះហើយ ទៅតាមព្រះបច្ចេកពុទ្ធ យកនំអំពីបាត្រត្រឡប់មក។ បងថ្លៃស្រីនោះ ក៏ប្រញាប់ទៅកាន់ផ្ទះរបស់មាតា ហើយនាំយកសប្បិថ្មីៗ ដែលថ្លាស្អាត មានពណ៌ដូចផ្កាចម្ប៉ាមក ហើយដាក់ក្នុងបាត្ររហូតពេញ ប្រគេនព្រះបច្ចេកពុទ្ធ។ សប្បិនោះ បានផ្សាយរស្មីចេញទៅហើយ។ នាងបានឃើញរស្មីនោះ ទើបតាំងសេចក្ដីប្រាថ្នាថា បពិត្រលោកម្ចាស់ដ៏ចម្រើន ដោយកម្លាំងរបស់ទាននេះ ក្នុងទីដែលខ្ញុំកើតហើយៗ សូមឲ្យសរីរៈរបស់ខ្ញុំ កើតមានរស្មីចិញ្ចាចចិញ្ចែង មានរូបស្អាតក្រៃលែង ម្យ៉ាងទៀត សូមកុំឲ្យខ្ញុំបាននៅរួមក្នុងទីជាមួយបុគ្គលដែលជាអសប្បុរស (ដូចប្អូនថ្លៃប្រុសរបស់ខ្ញុំនេះ) ឡើយ។ ព្រះនាងបភាវតីមិនត្រេកអរ មិនពេញចិត្តក្នុងព្រះពោធិសត្វនោះ ក៏ដោយអំណាចសេចក្ដីប្រាថ្នាដែលព្រះនាងបានតាំងទុកហើយក្នុងកាលមុន ដោយប្រការដូច្នេះ។ ឯព្រះពោធិសត្វក៏ដាក់នំនោះ ក្នុងបាត្រដែលពេញដោយសប្បិ ហើយតាំងសេចក្ដីប្រាថ្នាថា បពិត្រលោកម្ចាស់ ( បងថ្លៃស្រីរបស់ខ្ញុំនេះ) សូម្បីនៅក្នុងទីឆ្ងាយ ១០០យោជន៍ក្ដី សូមឲ្យខ្ញុំអាចទៅនាំមកធ្វើជាបាទបរិចារិកា គឺភរិយារបស់ខ្ញុំបាន។ ដោយអំណាចនៃបុព្វកម្មដែលព្រះពោធិសត្វនោះ ក្រោធ យកនំមកវិញ ទើបព្រះពោធិសត្វមានរូបមិនស្អាត គួរស្អប់ ចំណែកព្រះនាងបភាវតីមិនត្រូវការព្រះពោធិសត្វនោះ ព្រោះសេចក្ដីប្រាថ្នាដែលបានតាំងទុកអំពីកាលមុននោះឯង។
ព្រះរាជា កាលព្រះនាងបភាវតីយាងទៅហើយ ក៏សោយសោក សូម្បីស្រីដ៏សេសទាំងឡាយ នាំគ្នាបម្រើដោយប្រការផ្សេងៗ ក៏មិនអាចឲ្យទ្រង់ក្រឡេកមើលបានឡើយ។ កាលព្រះរាជាទ្រង់ព្រាត់អំពីព្រះនាងបភាវតីហើយ ព្រះរាជនិវេសន៍ទាំងមូលក៏ប្រាកដដូចជាទទេ។ ព្រះរាជាទ្រង់គិតថា ឥឡូវនេះ នាងទៅដល់សាគលនគរហើយ។ លុះវេលាបច្ចូសសម័យ ទើបស្ដេចទៅកាន់សម្នាក់ព្រះមាតា ក្រាបទូលថា បពិត្រព្រះមាតា ខ្ញុំនឹងទៅនាំនាងបភាវតីមកវិញ សូមព្រះមាតាគ្រប់គ្រងរាជសម្បត្តិចុះ ដូច្នេះហើយ ទើបត្រាស់គាថាទី១ ថា
ឥទន្តេ រដ្ឋំ សធនំ សយោគ្គំ
សកាយុរំ សព្វកាមូបបន្នំ
ឥទន្តេ រជ្ជំ អនុសាស អម្ម
គច្ឆាមហំ យត្ថ បិយា បភាវតី។
បពិត្រព្រះមាតា ដែនរបស់ព្រះមាតានេះ ប្រកបដោយទ្រព្យ ប្រកបដោយយាន ប្រកបដោយគ្រឿងសម្រាប់រាជ្យ បរិបូណ៌ដោយកាមគ្រប់យ៉ាង សូមព្រះមាតាត្រួតត្រាដែនរបស់ព្រះមាតានេះចុះ ខ្ញុំនឹងទៅកាន់នគរ ជាទីនៅរបស់នាងបភាវតីជាទីស្រឡាញ់។
បានឮថា ព្រះរាជាអង្គនោះ ទ្រង់ព្រះតម្រិះថា ឈ្មោះថា ការប្រគល់រាជសម្បត្តិឲ្យដល់បុរសគ្រប់គ្រង ហើយកាន់យកមកវិញ ជាការមិនសមគួរ ទើបទ្រង់មិនប្រគល់រាជសម្បត្តិឲ្យព្រះរាជបិតា ឬព្រះអនុជកាលទ្រង់ប្រគល់ឲ្យព្រះរាជមាតា ទើបបានត្រាស់ដូច្នេះ។
ព្រះរាជមាតាបានស្ដាប់ព្រះរាជតម្រាស់នោះហើយ ព្រះនាងមានព្រះសវនីយ៍ថា នែបា បើដូច្នោះ ចូរកូនកុំប្រមាទ ឈ្មោះថា មាតុគ្រាម រមែងមានចិត្តមិនបរិសុទ្ធ ហើយព្រះនាងយកភោជនមានរសដ៏ប្រសើរផ្សេង ៗ ដាក់ពេញក្នុងផ្តិលមាស ពោលថា កូនគប្បីបរិភោគភោជននេះ ក្នុងរវាងផ្លូវ ហើយព្រះនាងបញ្ជូនទៅ។ ព្រះពោធិសត្វទទួលផ្តិលនោះហើយ ថ្វាយបង្គំព្រះមាតា ធ្វើប្រទក្សិណ ៣ ជុំ ក្រាបទូលថា បើទូលព្រះបង្គំនៅមានជីវិត គង់បានត្រឡប់មកឃើញព្រះមាតាវិញ ហើយទៅកាន់បន្ទប់ដ៏មានសិរី សៀតអាវុធ ៥ យ៉ាង កាន់យកកហាបណៈ ១ ពាន់ ដាក់ក្នុងបង្វេច មួយអន្លើដោយផ្តិលក្រយាស្ងោយ កាន់ពិណកោកនុទៈ ចេញអំពីនគរ ស្ដេចទៅតាមផ្លូវ ទ្រង់មានកម្លាំងកាយច្រើន កម្លាំងចិត្តច្រើន យាងទៅរហូតដល់ថ្ងៃត្រង់ បាន ៥០ យោជន៍ សោយក្រយាស្ងោយហើយ ទ្រង់យាងទៅបាន ៥០ យោជន៍ទៀត ដោយថ្ងៃមួយប៉ុណ្ណោះ ទ្រង់យាងបានចម្ងាយផ្លូវ ១០០ យោជន៍ លុះដល់ពេលល្ងាច ទ្រង់ស្រង់ទឹកហើយ ទ្រង់យាងចូលសាគលនគរ។ កាលព្រះពោធិសត្វទ្រង់ចូលដល់នគរប៉ុណ្ណោះ ដោយតេជះរបស់ព្រះអង្គ ព្រះនាងបភាវតីផ្ទំលើសេយ្យាសនៈមិនបាន ក៏ចុះមកផ្ទំខាងក្រោម។ ព្រះពោធិសត្វមានព្រះឥន្ទ្រិយហត់នឿយ យាងមកតាមផ្លូវ ស្រីម្នាក់ឃើញទ្រង់ ទើបប្រើឲ្យមនុស្សហៅមក អញ្ជើញឲ្យអង្គុយ យកទឹកលាងព្រះបាទ ហើយរៀបចំទីបន្ទំថ្វាយ។ ព្រះពោធិសត្វមានព្រះកាយហត់នឿយ ក៏ផ្ទំលក់ស៊ប់។
លំដាប់នោះ ស្រីនោះ កាលព្រះពោធិសត្វផ្ទំលក់ហើយ ក៏រៀបចំភោជន មានរសដ៏ប្រសើរផ្សេង ៗ ស្រេចហើយ ទើបដាស់ព្រះពោធិសត្វឲ្យសោយព្រះក្រយាស្ងោយ។ ព្រះពោធិសត្វទ្រង់មានព្រះហឫទ័យត្រេកអរ បានប្រទានកហាបណៈ ១ ពាន់ មួយអន្លើដោយផ្តិលមាសដែលដាក់ភត្តដល់ស្រីនោះ។ ព្រះពោធិសត្វទ្រង់ទុកអាវុធទាំង ៥ ក្នុងផ្ទះរបស់ស្រីនោះហើយ ប្រាប់ថា ខ្ញុំមានទីដែលគួរទៅទៀត ហើយទ្រង់កាន់យកពិណទៅកាន់រោងដំរី ត្រាស់ថា ចូរឲ្យខ្ញុំស្នាក់នៅក្នុងទីនេះមួយថ្ងៃចុះ ខ្ញុំនឹងច្រៀងឲ្យពួកអ្នកស្ដាប់ ដូច្នេះ កាលបានទទួលការអនុញ្ញាតអំពីអ្នកឃ្វាលដំរីហើយ ទើបផ្ទំលក់ក្នុងទីនោះ បានមួយសន្ទុះ រម្ងាប់ការហត់នឿយ និងសេចក្ដីក្រវល់ក្រវាយហើយ ទើបក្រោកឡើង ស្រាយបង្វេចពិណ ទ្រង់ដេញពិណ ច្រៀងដោយសំឡេងដ៏ពីរោះ ដោយព្រះតម្រិះថា អ្នកសាគលនគរទាំងអស់ ចូរស្ដាប់សំឡេងពិណនេះ។ ព្រះនាងបភាវតីផ្ទំលើផែនដី បានស្ដាប់សំឡេងនោះ ព្រះនាងក៏ដឹងបានថា សំឡេងពិណនេះ មិនមែនជាសំឡេងពិណរបស់អ្នកដទៃឡើយ ព្រះបាទកុសរាជយាងមក ដើម្បីយកអញត្រឡប់ទៅ ដោយឥតសង្ស័យឡើយ ។ ចំណែកព្រះបាទមទ្ទរាជ ទ្រង់ស្ដាប់សំឡេងនោះហើយ ទ្រង់ព្រះតម្រិះថាអ្នកណាដេញពិណពីរោះម្ល៉េះហ្ន៎ ស្អែកនេះ អញនឹងឲ្យមនុស្សហៅជននោះ មកដេញឲ្យអញស្ដាប់។
ព្រះពោធិសត្វទ្រង់ព្រះតម្រិះថា អញនៅក្នុងទីនេះ មិនអាចឃើញព្រះនាងបភាវតីឡើយ ទីនេះ មិនសមគួរដល់អញឡើយ ទើបយាងចេញទៅអំពីព្រលឹម សោយព្រះក្រយាហារព្រឹកក្នុងផ្ទះរបស់ស្រីដែលទ្រង់បានសោយហើយក្នុងពេលល្ងាចដំបូងនោះឯង ទ្រង់ទុកពិណក្នុងទីនោះ ទៅកាន់សម្នាក់នាយស្មូនឆ្នាំងរបស់ព្រះរាជា ហើយសូមផ្ញើខ្លួនជាសិស្សរបស់ស្មូនឆ្នាំងនោះ។ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ទ្រង់ជញ្ជូនដីមកដរាបពេញផ្ទះ ហើយប្រាប់ថា លោកអាចារ្យ ខ្ញុំនឹងធ្វើភាជនៈឲ្យ កាលនាយស្មូនឆ្នាំងពោលថា អើធ្វើចុះ ទើបទ្រង់ដាក់ដីមួយដុំលើក្ដារយន្ត ហើយបង្វិលក្ដារយន្តនោះ។ ព្រះពោធិសត្វទ្រង់បង្វិលតែម្ដងប៉ុណ្ណោះ ក្ដារយន្តក៏វិលទៅរហូតហួសថ្ងៃត្រង់ ព្រះពោធិសត្វសូនភាជនៈតូចធំបានច្រើនប្រភេទ ច្រើនទំហំ កាលទ្រង់សូនភាជនៈសម្រាប់ព្រះនាងបភាវតី ទ្រង់ធ្វើឲ្យមានក្បាច់ក្បូរជារូបភាពផ្សេងៗ។ ពិតមែន ឈ្មោះថា បំណងរបស់ព្រះពោធិសត្វទាំងឡាយ រមែងសម្រេច។ ព្រះពោធិសត្វអធិដ្ឋានថា សូមឲ្យព្រះនាងបភាវតីបានឃើញរូបនោះ តែមួយអង្គឯងប៉ុណ្ណោះ។ ទ្រង់ហាលភាជនៈទាំងអស់ឲ្យស្ងួត ទ្រង់ដុតស្រេចហើយ តម្រៀបទុកដរាបពេញផ្ទះ។ នាយស្មូនឆ្នាំងក៏នាំភាជនៈទាំងនោះ ទៅកាន់រាជត្រកូល។
ព្រះបាទមទ្ទរាជទតឃើញភាជនៈទាំងនោះហើយ ត្រាស់សួរថា ភាជនៈទាំងនេះ នរណាធ្វើ។ នាយស្មូនឆ្នាំងទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំជាអ្នកធ្វើ។
ព្រះរាជាត្រាស់ថា ភាជនៈដែលអ្នកធ្លាប់ធ្វើ យើងស្គាល់ អ្នកចូរប្រាប់មកថា ភាជនៈទាំងនេះ អ្នកណាធ្វើ។ នាយស្មូនឆ្នាំងក្រាបទូលថា សិស្សរបស់ទូលព្រះបង្គំជាអ្នកធ្វើ ព្រះអង្គ។
ព្រះរាជាត្រាស់ថា បុរសនោះ មិនមែនជាសិស្សរបស់អ្នកទេ បុរសនោះ ជាអាចារ្យរបស់អ្នក អ្នកចូរសិក្សាសិប្បៈក្នុងសម្នាក់របស់បុរសនោះចុះ ចាប់តាំងអំពីពេលនេះទៅ ចូរឲ្យគេធ្វើភាជនៈទាំងឡាយសម្រាប់ធីតារបស់យើងគ្រប់អង្គ ចូរអ្នកឲ្យទ្រព្យ ១ ពាន់នេះ ដល់បុរសនោះ ដូច្នេះហើយ ព្រះរាជទានទ្រព្យ ១ ពាន់ ត្រាស់ថា ចូរនាំភាជនៈតូច ៗ មានសណ្ឋានផ្សេងៗ ទាំងនេះ ទៅឲ្យធីតាទាំងឡាយរបស់យើងចុះ។
នាយស្មូនឆ្នាំងនាំយកភាជនៈទាំងនោះ ទៅកាន់ដំណាក់របស់ព្រះរាជធីតាទាំងនោះហើយ ក្រាបទូលថា ភាជនៈតូចៗទាំងនេះ ទូលព្រះបង្គំសូមថ្វាយសម្រាប់ព្រះនាងលេង។ ព្រះរាជធីតាទាំងនោះ យាងមកហើយ។ ស្មូនឆ្នាំងក៏បានថ្វាយភាជនៈដែលព្រះមហាសត្វធ្វើ ដើម្បីប្រយោជន៍ដល់ព្រះនាងបភាវតី ចំពោះព្រះនាងនោះឯង។ ព្រះនាងបភាវតីទទួលភាជនៈហើយ ទតឃើញរូបព្រះនាង រូបព្រះមហាសត្វ និងរូបស្រីគមក្នុងភាជនៈនោះឯង ព្រះនាងក៏ដឹងថា ភាជនៈនេះ មិនមែនអ្នកដទៃធ្វើ ព្រះបាទកុសរាជនោះឯង ទ្រង់ជាអ្នកធ្វើ។ ព្រះនាងពិរោធ បោករបស់ទាំងនោះលើផែនដី ហើយត្រាស់ថា យើងមិនត្រូវការដោយរបស់នេះទេ អ្នកណាចង់បាន ក៏ចូរយកទៅចុះ។ លំដាប់នោះ ព្រះរាជធីតាដែលជាព្រះកនិដ្ឋភគិនីទាំងឡាយរបស់ព្រះនាង ដឹងថា ព្រះនាងទ្រង់ពិរោធ ក៏សើច ពោលថា ម្ចាស់បងសម្គាល់ថា ភាជនៈតូច ៗ នេះ ព្រះបាទកុសៈទ្រង់ជាអ្នកធ្វើឬ។ ភាជនៈនេះ មិនមែនព្រះបាទកុសៈនោះធ្វើទេ ស្មូនឆ្នាំងធ្វើទេតើ សូមម្ចាស់បងទទួលយកចុះ។ ព្រះនាងក៏មិនបានប្រាប់រឿងដែលព្រះបាទកុសរាជនោះ ទ្រង់ធ្វើភាជនៈ និងរឿងដែលព្រះបាទកុសរាជនោះ យាងមក ដល់ប្អូនស្រីទាំងនោះឡើយ។ នាយស្មូនឆ្នាំងបានឲ្យកហាបណៈ ១ ពាន់ ដល់ព្រះពោធិសត្វ ហើយពោលថា នែបា ព្រះរាជាទ្រង់ពេញព្រះហឫទ័យនឹងអ្នក ចាប់ពីពេលនេះទៅ អ្នកគប្បីធ្វើភាជនៈសម្រាប់ព្រះរាជធីតាគ្រប់ ៗ អង្គ ខ្ញុំនឹងនាំទៅថ្វាយដល់ព្រះរាជធីតាទាំងនោះ។
ព្រះពោធិសត្វទ្រង់ព្រះតម្រិះថា បើអញនៅក្នុងទីនេះ អញនឹងមិនបានឃើញព្រះនាងបភាវតីទេ ទើបឲ្យទ្រព្យ ១ ពាន់នោះ ដល់ស្មូនឆ្នាំង ហើយទៅកាន់សម្នាក់របស់ជាងផែង ដែលជាឧបដ្ឋាករបស់ព្រះរាជា សូមធ្វើជាសិស្សរបស់ជាងផែងនោះ ទ្រង់ធ្វើស្លឹកត្នោត ដើម្បីប្រយោជន៍ដល់ព្រះនាងបភាវតី ហើយរចនារូបផ្សេង ៗ គឺរូបស្វេតច្ឆត្រ ទីសម្រាប់ផឹក (រោងសុរា) និងរូបព្រះនាងបភាវតីឈរចាប់សំពត់ជាដើម ក្នុងស្លឹកត្នោតនោះ។ ជាងផែងបានកាន់យកស្លឹកត្នោតនោះ និងរបស់ដទៃៗទៀត ដែលព្រះពោធិសត្វធ្វើហើយ នាំទៅកាន់រាជត្រកូល។
ព្រះរាជាទ្រង់ទតឃើញហើយ ត្រាស់សួរថា របស់ទាំងនេះ អ្នកណាធ្វើ។ ជាងផែងក្រាបទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំជាអ្នកធ្វើ។
ព្រះរាជាត្រាស់ថា របស់ដែលអ្នកធ្លាប់ធ្វើ យើងស្គាល់ អ្នកចូរប្រាប់មកថា របស់ទាំងនេះ អ្នកណាធ្វើ។ ជាងផែងក្រាបទូលថា បពិត្រ ព្រះសម្មតិទេព សិស្សរបស់ទូលព្រះបង្គំជាអ្នកធ្វើ។
ព្រះរាជាត្រាស់ថា បុរសនោះ មិនមែនជាសិស្សរបស់អ្នកទេ បុរសនោះ ជាអាចារ្យរបស់អ្នក ចូរអ្នកសិក្សាសិប្បៈក្នុងសម្នាក់របស់បុរសនោះ តាំងអំពីពេលនេះទៅ ចូរឲ្យគេធ្វើរបស់បែបនេះ ដល់ធីតារបស់យើង ចូរអ្នកឲ្យទ្រព្យ ១ ពាន់នេះ ដល់បុរសនោះ ដូច្នេះហើយ ប្រទានទ្រព្យ ១ ពាន់ ហើយត្រាស់ថា ចូរនាំយកគ្រឿងប្រដាប់ទាំងនេះ ទៅឲ្យធីតាទាំងឡាយរបស់យើងចុះ។
សូម្បីជាងផែងនោះ ក៏បានថ្វាយស្លឹកត្នោត ដែលព្រះពោធិសត្វធ្វើ ដើម្បីប្រយោជន៍ដល់ព្រះនាងបភាវតី ចំពោះតែព្រះនាងប៉ុណ្ណោះ។ ជនដទៃ រមែងមិនឃើញរូបទាំងឡាយក្នុងស្លឹកត្នោតនោះ។ ចំណែកព្រះនាងបភាវតី លុះបានទតឃើញ ក៏ដឹងថា ព្រះបាទកុសៈទ្រង់ជាអ្នកធ្វើ ព្រះនាងក៏ពិរោធ ចោលវត្ថុនោះលើផែនដី ត្រាស់ថា អ្នកណាចង់បាន ក៏យកទៅចុះ។ លំដាប់នោះ ព្រះកនិដ្ឋភគិនីទាំងឡាយ ក៏សើចព្រះនាង។ ជាងផែងកាន់យកទ្រព្យ ១ ពាន់ ទៅឲ្យព្រះពោធិសត្វ ហើយប្រាប់រឿងនោះ ។
ព្រះពោធិសត្វទ្រង់ព្រះតម្រិះថា ទីនេះ មិនមែនជាទីដែលអញគួរនៅឡើយ ទើបប្រគល់ទ្រព្យ ១ ពាន់ ដល់ជាងផែងនោះ ហើយចូលទៅកាន់សម្នាក់នាយមាលាការរបស់ព្រះរាជា ប្រាប់នូវបំណង សូមធ្វើជាសិស្ស ទ្រង់ក្រងកម្រងផ្កាប្លែក ៗ ច្រើនបែប ច្រើនប្រភេទ និងធ្វើមកុដផ្កា ១ ដែលវិចិត្រដោយរូបផ្សេង ៗ ដើម្បីប្រយោជន៍ដល់ព្រះនាងបភាវតី។ នាយមាលាការនោះ បានកាន់យកកម្រងផ្កាទាំងអស់នោះ ទៅកាន់រាជត្រកូល។
ព្រះរាជាទ្រង់ទតឃើញ ត្រាស់សួរថា ផ្កាទាំងនេះ នរណាជាអ្នកក្រង។ នាយមាលាការក្រាបទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំជាអ្នកក្រង។
ព្រះរាជាត្រាស់ថា ផ្កាដែលអ្នកធ្លាប់ក្រង យើងចាំបានល្អ ចូរអ្នកប្រាប់មកចុះថា ផ្កាទាំងនេះ អ្នកណាក្រង។ នាយមាលាការក្រាបទូលថា បពិត្រព្រះសម្មតិទេព សិស្សរបស់ទូលព្រះបង្គំជាអ្នកក្រង។
ព្រះរាជាត្រាស់ថា បុរសនោះ មិនមែនជាសិស្សរបស់អ្នកទេ បុរសនោះ ជាអាចារ្យរបស់អ្នក អ្នកចូររៀនសិប្បៈក្នុងសម្នាក់របស់បុរសនោះចុះ ចាប់អំពីពេលនេះទៅ ចូរឲ្យគេក្រងផ្កាថ្វាយធីតារបស់យើង ចូរឲ្យទ្រព្យ ១ ពាន់នេះ ដល់បុរសនោះ ដូច្នេះ ទ្រង់ព្រះរាជទានទ្រព្យ ១ ពាន់ ហើយត្រាស់ថា ចូរនាំផ្កាទាំងនេះ ទៅឲ្យព្រះរាជធីតាទាំងឡាយរបស់យើង។ នាយមាលាការបានថ្វាយមកុដផ្កាដែលព្រះមហាសត្វធ្វើ ដើម្បីជាប្រយោជន៍ដល់ព្រះនាងបភាវតី ចំពោះព្រះហស្តរបស់ព្រះនាងនោះឯង។ ព្រះនាងគ្រាន់តែឃើញរូបផ្សេង ៗ របស់ព្រះនាង និងរបស់ព្រះរាជា ព្រមទាំងរូបដទៃៗ ជាច្រើនទៀតក្នុងមកុដនោះ ក៏ដឹងថា ព្រះបាទកុសរាជជាអ្នកធ្វើ ទើបព្រះនាងពិរោធ ហើយបោកចោលលើផែនដី។ ព្រះកនិដ្ឋភគិនីដ៏សេស នាំគ្នាសើចព្រះនាងយ៉ាងនោះឯង។ ចំណែកនាយមាលាការ ក៏បាននាំទ្រព្យ ១ ពាន់ មកឲ្យព្រះពោធិសត្វ ហើយប្រាប់រឿងនោះ។
ព្រះពោធិសត្វទ្រង់ព្រះតម្រិះថា សូម្បីទីនេះ ក៏មិនមែនជាទីដែលអញគួរនៅ ទើបឲ្យទ្រព្យ ១ ពាន់ដល់នាយមាលាការនោះ ហើយយាងទៅកាន់សម្នាក់នាយពិសេសរបស់ព្រះរាជា សូមធ្វើជាសិស្ស។ សម័យថ្ងៃមួយ អ្នកពិសេសនោះ ចម្អិនព្រះស្ងោយរបស់ព្រះរាជា បានឲ្យដុំសាច់ជាប់ឆ្អឹងមួយដុំដល់ព្រះពោធិសត្វ ដើម្បីអាំងជាប្រយោជន៍ផ្ទាល់ខ្លួន។ ព្រះពោធិសត្វទ្រង់អាំងសាច់នោះ ឲ្យមានក្លិនឈ្ងុយ ផ្សាយទៅពេញព្រះនគរ។ ព្រះរាជាទ្រង់ស្រូបស្រងក្លិនសាច់អាំងនោះ ក៏ត្រាស់សួរថា អ្នកអាំងសាច់ដទៃ ទុកក្នុងផ្ទះបាយឬ។
នាយពិសេសក្រាបទូលថា បពិត្រព្រះទេវៈ មិនមានឡើយ តែទូលព្រះបង្គំបានឲ្យសាច់ជាប់ឆ្អឹង ដល់កូនសិស្សរបស់ទូលព្រះបង្គំ ដើម្បីអាំង ក្លិននោះ ប្រហែលជាក្លិនសាច់នោះឯង។ ព្រះរាជាទ្រង់ត្រាស់ឲ្យនាំសាច់នោះមក ហើយទ្រង់ដាក់សាច់នោះបន្តិច ត្រង់ចុងព្រះជិវ្ហា។ ក្នុង ខណៈនោះឯង រសនៃសាច់នោះ ក៏ជ្រួតជ្រាបទៅពេញបសាទសម្រាប់ទទួលរសទាំង៧ពាន់។ ព្រះរាជាទ្រង់ជាប់ក្នុងរសតណ្ហា ទើបប្រទានទ្រព្យ ១ ពាន់ ហើយត្រាស់ថា ចាប់តាំងអំពីនេះទៅ ចូរអ្នកឲ្យសិស្សរបស់អ្នកចម្អិនក្រយាស្ងោយ ឲ្យដល់ធីតាទាំងឡាយរបស់យើង និងយើង ឯងចូរនាំមកឲ្យយើង ឯសិស្សរបស់ឯងនោះ ចូរនាំទៅឲ្យធីតាទាំងឡាយរបស់យើង។ នាយពិសេសទៅប្រាប់សេចក្ដីនោះ ដល់ព្រះពោធិសត្វ។ ព្រះពោធិសត្វទ្រង់ព្រះតម្រិះថា ឥឡូវនេះ មនោរថរបស់អញដល់ទីបំផុតហើយ អញនឹងបានឃើញនាងបភាវតីក្នុងកាលឥឡូវនេះ ដោយពិត ទ្រង់សប្បាយព្រះហឫទ័យ ឲ្យទ្រព្យ ១ ពាន់ ដល់នាយពិសេសនោះ។ ស្អែកឡើង ទ្រង់ចាត់ចែងគ្រឿងសោយស្រេចហើយ បញ្ជូនក្រយាស្ងោយរបស់ព្រះរាជាទៅ ចំណែកព្រះអង្គ ទ្រង់រែកល្អីដាក់ក្រយាស្ងោយរបស់ព្រះរាជធីតាដោយខ្លួនឯង ហើយឡើងទៅកាន់ប្រាសាទ ដែលជាទីគង់ នៅរបស់ព្រះនាងបភាវតី។ ព្រះនាងបភាវតីទតឃើញព្រះពោធិសត្វរែកល្អីក្រយាស្ងោយឡើងកាន់ប្រាសាទ ព្រះនាងមានព្រះតម្រិះថា ព្រះបាទកុសៈនេះ មកធ្វើការងារដែលពួកទាសកម្មករគប្បីធ្វើ មិនសមគួរដល់ទ្រង់ឡើយ បើអញនៅស្ងៀមត្រឹមតែពីរបីថ្ងៃ ទ្រង់ក៏មានសេចក្ដីសម្គាល់ថា ឥឡូវនេះ នាងបភាវតីប្រាថ្នាអញ ទ្រង់ក៏នឹងមិនទៅណា សម្លឹងមើលតែអញ នឹងនៅក្នុងទីនេះឯង ឥឡូវនេះ អញនឹងជេរទ្រង់ កុំឲ្យទ្រង់នៅក្នុងទីនេះ ត្រឹមតែមួយរំពេចឡើយ នឹងឲ្យទ្រង់គេចទៅ។ ព្រះនាងបើកទ្វារទុកពាក់កណ្ដាល យកព្រះហស្តម្ខាងកាន់សន្ទះទ្វារ ម្ខាងទៀតដាក់គន្លឹះ ហើយត្រាស់ព្រះគាថាទី២ ថា
អនុជុភូតេន ហរំ មហន្តំ
ទិវា ច រត្តោ ច និសីថកាលេ
បដិគច្ឆ ត្វំ ខិប្បំ កុសាវតឹ
និច្ឆាមិ ទុព្វណ្ណមហំ វសន្តំ។
ព្រះអង្គមានព្រះទ័យមិនត្រង់ នាំយកអម្រែកធំ (រងទុក្ខ) ទាំងថ្ងៃ ទាំងយប់ ទាំងពេលអធ្រាត្រ សូមព្រះអង្គត្រឡប់ទៅក្រុងកុសាវតីវិញ ឲ្យឆាប់ ខ្ញុំម្ចាស់មិនចង់បានព្រះអង្គដែលមានរាងរៅអាក្រក់ មកនៅ (ក្នុងទីនេះ) ទេ។
អត្ថនៃគាថានោះ មានអធិប្បាយដូចតទៅនេះថា បពិត្រមហារាជ ព្រះអង្គជាអ្នកចម្អិនភត្តាហារ ទ្រង់មិនបានធ្វើការងារនេះ ដោយចិត្តស្មោះត្រង់ ដល់បុគ្គលដែលវាយសីសៈរបស់ទ្រង់ឲ្យបែកទេ តែទ្រង់រែកនូវអម្រែកធំមួយមក ដើម្បីប្រយោជន៍ខ្ញុំ ដោយចិត្តដែលមិនស្មោះត្រង់ និងសោយទុក្ខធំ ទាំងក្នុងពេលថ្ងៃផង ក្នុងពេលយប់ផង ក្នុងកាលដែលជាចំណែកនៃរាត្រីផង នឹងមានប្រយោជន៍អ្វីដោយសេចក្ដីលំបាក ដែលទ្រង់បានទទួលនោះ សូមទ្រង់ត្រឡប់ទៅកុសាវតីដែលជានគររបស់ទ្រង់ចុះ សូមទ្រង់ស្ថាបនាយក្ខិនី ដែលមានមុខនិងទ្រង់ទ្រាយដូចនំអំបែង ដូចគ្នានឹងទ្រង់ ហើយសោយរាជសម្បត្តិចុះ ឯខ្លួនខ្ញុំ មិនប្រាថ្នាឲ្យទ្រង់ដែលមានពណ៌សម្បុរអាក្រក់ មានរូបរាងមិនស្អាតនៅក្នុងទីនេះឡើយ។
ព្រះពោធិសត្វទ្រង់ត្រេកអរថា អញបានទទួលវាចាអំពីនាងបភាវតីហើយ ទើបត្រាស់ព្រះគាថា៣ ថា
នាហំ គមិស្សាមិ ឥតោ កុសាវតឹ
បភាវតី វណ្ណបលោភិតោ តវ
រមាមិ មទ្ទស្ស និកេតរម្មេ
ហិត្វាន រដ្ឋំ តវ ទស្សនេ រតោ។
ហៃនាងបភាវតី អញនឹងមិនទៅអំពីទីនេះ កាន់ក្រុងកុសាវតីទេ ព្រោះអញជាប់ចិត្តនឹងវណ្ណៈរបស់នាង ទើបត្រេកអរក្នុងដំណាក់ ជាទីត្រេកអររបស់ព្រះបាទមទ្ទៈ ស៊ូលះបង់ដែន មកត្រេកអរក្នុងការឃើញនាង។
បភាវតី វណ្ណបលោភិតោ តវ
សម្មូឡ្ហរូបោ វិចរាមិ មេទិនឹ
ទិសំ ន ជានាមិ កុតោម្ហិ អាគតោ
តយិម្ហិ មត្តោ មិគមន្ទលោចនេ។
ហៃនាងបភាវតី អញជាប់ចិត្តនឹងវណ្ណៈរបស់នាង មានសភាពវង្វេង ត្រាច់រង្គាត់ទៅកាន់ផែនដី មិនស្គាល់ទិសថា អញមកអំពីទីណា ហៃនាងមានភ្នែកថ្លាដូចភ្នែកម្រឹគ អញជាមនុស្សវក់ចិត្តក្នុងនាង។
សោវណ្ណចីរវសនេ ជាតរូបសុមេខលេ
សុស្សោណិ តវ កាមា ហិ នាហំ រជ្ជេន មត្ថិកោ។
ហៃនាងមានគ្រឿងសម្លៀករំលេចដោយមាស មានខ្សែ ក្រវាត់ល្អ ជាវិការៈនៃមាស មានចង្កេះល្អ អញមិនត្រូវការដោយរាជសម្បត្តិ ព្រោះតែសេចក្តីប្រាថ្នាចំពោះនូវនាង។
កាលព្រះពោធិសត្វត្រាស់យ៉ាងនេះហើយ ព្រះនាងបភាវតីព្រះតម្រិះថា អញជេរព្រះបាទកុសៈនោះ ដោយបំណងថា ឲ្យទ្រង់ឈឺចាប់ តែព្រះបាទកុសៈនេះ បែរជាត្រេកអរ ពោលតបមកទៀត បើទ្រង់ពោល ថា យើងជាព្រះបាទកុសរាជ ហើយមកចាប់ត្រង់ដៃ អ្នកណានឹងឃាត់ទ្រង់បាន អ្នកណាគប្បីឮពាក្យរបស់អញទាំងពីរនេះបាន។ ព្រះនាងក៏បិទទ្វារដាក់គន្លឹះ ហើយចូលទៅខាងក្នុង។ ចំណែកព្រះរាជាក៏ទ្រង់រែកអម្រែកក្រយាស្ងោយ ត្រាច់ចែកភត្តាហារឲ្យព្រះរាជធីតាទាំងឡាយបានសោយហើយ។ ព្រះនាងបភាវតីបញ្ជូនស្រីគមទៅដោយព្រះតម្រាស់ថា ចូរម៉ែទៅនាំយកភត្តដែលព្រះបាទកុសៈចម្អិនមក។
ស្រីគមនោះនាំមកហើយ ក្រាបទូលថា សូមព្រះនាងសោយ។
ព្រះនាងបភាវតីពោលថា ខ្ញុំមិនសោយភត្តដែលព្រះបាទកុសៈនោះ ចម្អិនឡើយ ចូរម៉ែបរិភោគចុះ ហើយនាំយកបន្លែដែលម៉ែបានមក ចម្អិនភត្ត នាំមកឲ្យខ្ញុំ។ ចំណែករឿងដែលព្រះបាទកុសៈទ្រង់យាងមក ម៉ែកុំប្រាប់ដល់អ្នកណាឡើយ។
ចាប់តាំងអំពីពេលនោះមក ស្រីគមក៏យកព្រះក្រយាស្ងោយដែលជាចំណែករបស់ព្រះនាងបភាវតី មកបរិភោគឯង ហើយនាំយកអាហារដែលជាចំណែករបស់ខ្លួនទៅថ្វាយព្រះនាងជំនួស។ ចាប់តាំងអំពីនោះមក ព្រះបាទកុសៈក៏លែងបានឃើញព្រះនាងបភាវតីទៀតហើយ ទើបទ្រង់ព្រះតម្រិះថា ព្រះនាងបភាវតីនៅមានសេចក្ដីស្នេហាក្នុងអញ ឬមិនមានទេហ្ន៎ អញនឹងពិសោធនាងមើល។ ព្រះពោធិសត្វ កាលទ្រង់ឲ្យព្រះរាជធីតាគ្រប់អង្គសោយស្រេចហើយ ទើបរែកភត្តចេញមក លុះមកដល់ទ្វារដំណាក់របស់ព្រះនាង ទ្រង់ប្រហារផ្ទៃប្រាសាទដោយព្រះបាទ (ទន្ទ្រាំជើង) ធ្វើភាជនៈទាំងឡាយឲ្យទង្គិចគ្នា ហើយថ្ងូរដោយសំឡេងខ្លាំង ទ្រង់ធ្វើហាក់ដូចជាសន្លប់ មានមុខផ្កាប់ចុះទៅខាងក្រោម។ ដោយសំឡេងដែលព្រះពោធិសត្វថ្ងូរនោះ ព្រះនាងក៏បើកទ្វារចេញមក ទតឃើញព្រះពោធិសត្វ ត្រូវអម្រែកក្រយាស្ងោយសង្កត់ ទើបព្រះនាងមានព្រះតម្រិះថា ព្រះបាទកុសៈនេះ ជាព្រះរាជាដ៏ប្រសើរក្នុងជម្ពូទ្វីបទាំងមូល ទ្រង់មកសោយទុក្ខទាំងយប់ទាំងថ្ងៃ ព្រោះអាស្រ័យអញ ទ្រង់ជាស្ដេចសុខុមាលជាតិ ត្រូវអម្រែកក្រយាស្ងោយសង្កត់ ដួលចុះហើយ ព្រះអង្គនៅមានព្រះជន្ម ឬអស់ព្រះជន្មហ្ន៎។ ព្រះនាងក៏ចេញអំពីដំណាក់ ឱនមើលព្រះភក្ត្រដើម្បីពិនិត្យមើលខ្យល់ដង្ហើម ត្រង់ព្រះនាសិករបស់ព្រះបាទ កុសៈនោះ។ ចំណែកព្រះបាទកុសរាជ ទ្រង់ប្រមូលព្រះខេឡៈ (ទឹកមាត់) ពេញព្រះឱស្ឋហើយ ព្រួសលើសរីរៈរបស់ព្រះនាង។ ព្រះនាងពិរោធជាខ្លាំង ជេរហើយ ត្រឡប់ចូលទៅក្នុងព្រះរាជដំណាក់ បើកទ្វារពាក់កណ្ដាល ប្រថាប់ឈរពោលគាថានេះថា
អភូតិ តស្ស ភោ ហោតិ យោ អនិច្ឆន្តមិច្ឆតិ
អកាមំ រាជ កាមេហិ អកន្តោ កន្តមិច្ឆសិ។
បពិត្រព្រះអង្គដ៏ចម្រើន សេចក្ដីមិនចម្រើន តែងមានដល់បុគ្គល ដែលប្រាថ្នាបុគ្គលកាលមិនប្រាថ្នា (ខ្លួន) បពិត្រព្រះរាជា ព្រះអង្គមិនជាទីស្រឡាញ់ ចង់បានស្ត្រីជាទីស្រឡាញ់ ដែលមិនមានសេចក្ដីប្រាថ្នា ដោយកាមទាំងឡាយ។
ឯព្រះបាទកុសរាជនោះ សូម្បីត្រូវព្រះនាងជេរ ក៏ទ្រង់មិនធ្វើនូវការក្ដៅក្រហាយចិត្តឲ្យកើតឡើងឡើយ ព្រោះមានព្រះហឫទ័យប្រតិព័ទ្ធក្នុងព្រះនាង ទើបត្រាស់ព្រះគាថាជាលំដាប់តទៅថា
អកាមំ វា សកាមំ វា យោ នរោ លភតេ បិយំ
លាភមេត្ថ បសំសាម អលាភោ តត្ថ បាបកោ។
ជនណាបាននាងជាទីស្រឡាញ់ ទោះមិនមានសេចក្ដីប្រាថ្នាក្ដី មានសេចក្ដីប្រាថ្នាក្ដី យើងសរសើរនូវការបានរបស់ជននុ៎ះ បណ្តាការបាន និងមិនបាននោះ ឯការមិនបាន ចាត់ថាជារបស់លាមក។
កាលព្រះបាទកុសៈត្រាស់យ៉ាងនេះ ព្រះនាងក៏មិនបានកាត់បន្ថយពាក្យសម្ដី បែរជាពោលវាចាគ្រោតគ្រាតក្រៃលែងឡើង ព្រោះប្រាថ្នាឲ្យ ព្រះបាទកុសៈនោះ គេចទៅឲ្យផុត ទើបពោលគាថាមួយដទៃទៀតថា
បាសាណសារំ ខណសិ កណិការស្ស ទារុនា
វាតំ ជាលេន ពាធេសិ យោ អនិច្ឆន្តមិច្ឆសិ។
ព្រះអង្គចង់បានស្ត្រី ដែលគេមិនចង់បានព្រះអង្គ ដូចជាគេជីកខ្លឹមថ្ម ដោយដើមកណិការ ឬដូចជាគេទាក់ខ្យល់ដោយសំណាញ់។
ព្រះរាជាបានស្ដាប់ពាក្យនោះហើយ ទើបត្រាស់ព្រះគាថា៣ ថា
បាសាណោ នូន តេ ហទយេ ឱហិតោ មុទុលក្ខណេ
យោ តេ សាតំ ន វិន្ទាមិ តិរោជនបទាគតោ។
ហៃនាងមានលក្ខណៈទន់ភ្លន់ អញមកអំពីជនបទខាងក្រៅ មិនបានសេចក្តីស្រួល (ក្នុងសម្នាក់) របស់នាង ឈ្មោះថា នាងយកថ្មសង្កត់លើហឫទ័យ (នៃអញ) ដោយពិត។
យទា មំ ភកុដឹ កត្វា រាជបុត្តី ឧទិក្ខតិ
អាឡារិកោ តទា ហោមិ រញ្ញោ មទ្ទស្សន្តេបុរេ។
ព្រះរាជបុត្រីធ្វើមុខក្រញូវ ហើយសម្លឹងមើលមកអញ ក្នុងវេលាណា អញក៏នៅជានាយពិសេស ក្នុងវាំងរបស់ព្រះបាទមទ្ទៈ ក្នុងវេលានោះ។
យទា ឧម្ហយមានា មំ រាជបុត្តី ឧទិក្ខតិ
នាឡារិកោ តទា ហោមិ រាជា ហោមិ តទា កុសោ។
ព្រះរាជបុត្រីញញឹមញញែម ក្រឡេកមើលអញ ក្នុងវេលាណា អញមិននៅជានាយពិសេស ក្នុងវេលានោះទេ អញនឹងជាព្រះបាទកុសៈ ក្នុងវេលានោះវិញ។
ព្រះនាងបភាវតី បានស្ដាប់ព្រះតម្រាស់របស់ព្រះបាទកុសរាជនោះហើយ ព្រះនាងព្រះតម្រិះថា ព្រះបាទកុសរាជនេះ កាន់តែពោលពាក្យធ្ងន់ក្រៃលែង អញនឹងពោលមុសាវាទឲ្យទ្រង់គេចទៅអំពីទីនេះ ដោយឧបាយ ទើបត្រាស់គាថានេះថា
សចេ ហិ វចនំ សច្ចំ នេមិត្តានំ ភវិស្សតិ
នេវ មេ ត្វំ បតី អស្ស កាមំ ឆិន្ទន្តុ សត្តធា។
ប្រសិនបើពាក្យរបស់ហោរពិតមែន ព្រះអង្គមិនត្រូវបានជាភស្តារបស់ខ្ញុំម្ចាស់ទេ ស៊ូឲ្យគេកាត់ (ខ្ញុំម្ចាស់) ជាប្រាំពីរកំណាត់ចុះ។
អត្ថនៃគាថានោះ មានអធិប្បាយថា បពិត្រមហារាជ ពួកហោរាជាច្រើន កាលត្រូវសួរថា ព្រះបាទកុសៈបានជាស្វាមីរបស់ខ្ញុំ ឬក៏មិនបានទេ ដូច្នេះ ពួកហោរាទាំងនោះក៏ទាយថា បានឮថា ខ្ញុំម្ចាស់សុខចិត្តឲ្យគេច្រៀកជា ៧ ចម្រៀក ក៏មិនទទួលទ្រង់ជាស្វាមីរបស់ខ្ញុំម្ចាស់ ដោយពិត។
ព្រះរាជាបានស្ដាប់ពាក្យនោះហើយ កាលទ្រង់ជំទាស់ជាមួយព្រះនាង ទើបត្រាស់ថា នែនាងដ៏ចម្រើន សូម្បីយើង ក៏បានសួរហោរាក្នុងនគររបស់យើងដែរ ពួកហោរាទាំងនោះ ក៏ព្យាករថា ឈ្មោះថា ស្វាមីរបស់នាង ក្រៅអំពីព្រះបាទកុសៈ ដែលមានព្រះសូរសៀងដូចរាជសីហ៍ហើយ នឹងជាអ្នកដទៃ មិនមានឡើយ ទាំងយើងក៏ពោលយ៉ាងនេះដែរ ព្រោះហេតុនៃកម្លាំងញាណរបស់ខ្លួន ដូច្នេះ ហើយត្រាស់ព្រះគាថាតទៅទៀតថា
សចេ ហិ វចនំ សច្ចំ អញ្ញេសំ យទិ វា មមំ
នេវ តុយ្ហំ បតី អត្ថិ អញ្ញោ សីហស្សរា កុសា។
ប្រសិនបើពាក្យរបស់ហោរដទៃ ឬរបស់អញ ពិតមែន ភស្តារបស់នាងក្រៅអំពីព្រះបាទកុសៈ ដែលមានព្រះសូរសព្ទស្មើនឹងសំឡេងសីហៈ ក៏មិនមានទេ។
អត្ថនៃគាថានោះ មានអធិប្បាយថា បើពាក្យរបស់គ្រូទាយដទៃជាពាក្យពិត សូម្បីពាក្យរបស់យើង ក៏ជាពាក្យពិតដែរ ឈ្មោះថា ស្វាមីរបស់នាងជាមនុស្សដទៃ មិនមានឡើយ។
ព្រះនាងស្ដាប់ពាក្យរបស់ព្រះបាទកុសរាជនោះហើយ ទើបព្រះតម្រិះថា អញមិនអាចឲ្យព្រះបាទកុសៈនេះ ខ្មាស ឬគេចទៅបានឡើយ ព្រះបាទកុសៈនេះ នឹងមានប្រយោជន៍អ្វីដល់អញ ទើបបិទទ្វារហើយព្រះនាងក៏មិនបង្ហាញខ្លួន។ ព្រះបាទកុសៈក៏រែកនូវអម្រែកក្រយាស្ងោយចុះមកហើយ តាំងអំពីកាលនោះ ទ្រង់ក៏មិនបានឃើញព្រះនាងទៀត។ ព្រះពោធិសត្វធ្វើនាទីជាអ្នករៀបចំភត្តលំបាកក្រៃលែង សោយភត្តាហារព្រឹកហើយ ត្រូវពុះឧស លាងភាជនៈធំតូចស្រេចហើយ ទៅរែកទឹក កាលផ្ទំ ក៏ផ្ទំខាងក្រោយស្នូកទឹក ភ្ញាក់ពីបន្ទំ ក៏ភ្ញាក់អំពីព្រលឹម ទ្រង់ចម្អិនបបរជាដើម រែកទៅថ្វាយព្រះរាជធីតាទាំងឡាយ ទ្រង់សោយសេចក្ដីទុក្ខដ៏ខ្លាំងក្លាបែបនេះ ក៏ព្រោះអាស្រ័យតម្រេក ដោយអំណាចការត្រេកអរជាប់ចំពាក់ក្នុងកាមារម្មណ៍។ ថ្ងៃមួយ ទ្រង់ទតឃើញស្រីគមត្រង់មាត់ទ្វាររោងចុងភៅ ទើបត្រាស់ហៅមក តែស្រីគមនោះ ក៏មិនអាចមកគាល់ព្រះពោធិសត្វបាន ព្រោះខ្លាចព្រះនាងបភាវតី ទើបប្រញាប់គេចទៅ។ លំដាប់នោះ ព្រះពោធិសត្វស្ទុះចូលទៅជិតនាង ហើយត្រាស់ហៅថា អឺនាងគម។
ស្រីគមនោះ ត្រឡប់មកឈរ ហើយសួរថា នុ៎ះអ្នកណា ហើយពោលបន្តទៀតថា ខ្ញុំម្ចាស់មិនឮសំឡេង (ហៅ) របស់ព្រះអង្គ។
លំដាប់នោះ ព្រះបាទកុសៈក៏ត្រាស់នឹងស្រីគមនោះថា នែនាងគម ទាំងនាង ទាំងម្ចាស់របស់នាង អ្នកទាំងពីររឹងត្អឹងពន់ពេក យើងមកក្នុងសម្នាក់របស់ពួកនាង អស់កាលមានប្រមាណប៉ុណ្ណេះ មិនបាន សូម្បីត្រឹមតែការសាកសួរអំពីការមិនមានរោគ តើពួកនាងឲ្យនូវទេយ្យធម៌ដូចម្ដេចកើត តែសេចក្ដីនោះ ចូរស្លេះទុកសិនចុះ តើនាងអាចធ្វើឲ្យនាងបភាវតី មានចិត្តទន់ភ្លន់ ឲ្យយើងចួបនាងបានឬទេ។
ស្រីគមទទួលព្រះរាជតម្រាស់ថា អាចព្រះអង្គ។
លំដាប់នោះ ព្រះបាទកុសៈក៏ត្រាស់លួងលោមស្រីគមថា បើនាងអាចធ្វើឲ្យយើងបានចួបនាងបភាវតីនោះ យើងនឹងធ្វើឲ្យខ្នងរបស់នាងត្រង់ ហើយនឹងឲ្យគ្រឿងប្រដាប់កដល់នាង ដូច្នេះហើយ ត្រាស់គាថា ៥ ថា
នេក្ខំ គីវំ តេ ការេស្សំ បត្វា ខុជ្ជេ កុសាវតឹ
សចេ មំ នាគនាសូរុ ឱលោកេយ្យ បភាវតី។
នែនាងគម បើនាងបភាវតីមានភ្លៅដូចជាប្រមោយដំរី គប្បីក្រឡេកមើលអញ លុះអញទៅដល់ក្រុងកុសាវតី នឹងឲ្យគេធ្វើគ្រឿងប្រដាប់សម្រាប់ពាក់ក ជាវិការៈនៃមាសឆ្តោរដល់នាង។
នេក្ខំ គីវំ តេ ការេស្សំ បត្វា ខុជ្ជេ កុសាវតឹ
សចេ មំ នាគនាសូរុ អាលបេយ្យ បភាវតី។
នែនាងគម បើនាងបភាវតីមានភ្លៅដូចជាប្រមោយដំរី គប្បីហៅរកអញ លុះអញទៅដល់ក្រុងកុសាវតី នឹងឲ្យគេធ្វើគ្រឿងប្រដាប់សម្រាប់ពាក់ក ជាវិការៈនៃមាសឆ្តោរដល់នាង។
នេក្ខំ គីវំ តេ ការេស្សំ បត្វា ខុជ្ជេ កុសាវតឹ
សចេ មំ នាគនាសូរុ ឧម្ហាយេយ្យ បភាវតី។
នែនាងគម បើនាងបភាវតីមានភ្លៅដូចជាប្រមោយដំរី គប្បីញញឹមញញែមរកអញ លុះអញទៅដល់ក្រុងកុសាវតី នឹងឲ្យគេធ្វើគ្រឿងប្រដាប់សម្រាប់ពាក់ក ជាវិការៈនៃមាសឆ្តោរដល់នាង។
នេក្ខំ គីវំ តេ ការេស្សំ បត្វា ខុជ្ជេ កុសាវតឹ
សចេ មំ នាគនាសូរុ បម្ហាយេយ្យ បភាវតី។
នែនាងគម បើនាងបភាវតីមានភ្លៅដូចជាប្រមោយដំរី គប្បីសើចក្អាកក្អាយរកអញ លុះអញទៅដល់ក្រុងកុសាវតី នឹងឲ្យគេធ្វើគ្រឿងប្រដាប់សម្រាប់ពាក់ក ជាវិការៈនៃមាសឆ្តោរដល់នាង។
នេក្ខំ គីវំ តេ ការេស្សំ បត្វា ខុជ្ជេ កុសាវតឹ
សចេ មេ នាគនាសូរុ បាណីភិ ឧបសំផុសេ។
នែនាងគម បើនាងបភាវតីមានភ្លៅដូចជាប្រមោយដំរី គប្បីមកប៉ះពាល់អញដោយដៃទាំងឡាយ លុះអញទៅដល់ក្រុងកុសាវតី នឹងឲ្យគេធ្វើគ្រឿងប្រដាប់សម្រាប់ពាក់ក ជាវិការៈ នៃមាសឆ្តោរដល់នាង។
ស្រីគមនោះ បានស្ដាប់ពាក្យរបស់ព្រះពោធិសត្វហើយ ទើបក្រាបទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់យាងត្រឡប់ទៅសិនចុះ ពីរបីថ្ងៃទៀត ខ្ញុំម្ចាស់នឹងធ្វើឲ្យព្រះនាងនៅក្នុងអំណាចរបស់ទ្រង់ សូមទ្រង់ចាំទតមើលសេចក្ដីព្យាយាមរបស់ខ្ញុំចុះ ដូច្នេះហើយ ពិចារណានូវកិច្ចដែលខ្លួនគួរធ្វើនោះ ស្រេចហើយ ទើបទៅកាន់ដំណាក់របស់ព្រះនាងបភាវតី ធ្វើជាបោសសម្អាតបន្ទប់ប្រថាប់របស់ព្រះនាង ធ្វើគ្រឿងបហរណវត្ថុ មិនឲ្យមានសេសសល់ សូម្បីតែដុំដី ដោយហោចទៅ ទ្រនាប់ជើងក៏យកចេញ បោសសម្អាតបន្ទប់ទាំងមូល រៀបចំតាំងខ្ពស់ត្រង់ធរណីទ្វារ តម្កល់តាំងទាបមួយដើម្បីព្រះនាងបភាវតី ហើយពោលថា បពិត្រព្រះនាង សូមព្រះនាងយាងមកចុះ ខ្ញុំម្ចាស់នឹងរកចៃលើសីសៈរបស់ព្រះនាង ហើយឲ្យព្រះនាងប្រថាប់គង់លើតាំងដែលទាប ដាក់សីសៈរបស់ព្រះនាងទុកក្នុងរវាងភ្លៅរបស់ខ្លួន បូតបានពងចៃមួយ ក៏ពោលថា ឱ ! សីសៈរបស់ព្រះនាងមានចៃច្រើនណាស់ ! ចាប់យកចៃលើក្បាលរបស់ខ្លួន មកដាក់លើបាតព្រះហស្ដរបស់ព្រះនាង ក្រាបទូលដោយពាក្យដែលជាទីស្រឡាញ់ថា សូមព្រះនាងទតមើលចៃ លើព្រះសិរសារបស់ព្រះនាងចុះ មានប្រមាណប៉ុនណា។ កាលនឹងពោលគុណរបស់ព្រះមហាសត្វ ទើបពោលគាថាដូច្នេះថា
ន ហិ នូនាយំ រាជបុត្តី កុសេ សាតំបិ វិន្ទតិ
អាឡារិកេ ភតេ បោសេ វេត្តនេន អនត្ថិកេ។
ព្រះរាជបុត្រីនេះ មិនបាននូវសេចក្តីស្រួលចិត្តទៅរកព្រះ បាទកុសៈ ជាបុរសនាយពិសេស អ្នកស៊ីឈ្នួល មិនត្រូវការដោយថ្លៃឈ្នួលទេ។
អត្ថនៃគាថានោះ មានអធិប្បាយថា ព្រះរាជបុត្រីអង្គនេះ រមែងមិនបាននូវសេចក្ដីសុខ សូម្បីមានប្រមាណបន្តិចបន្តួច ដោយប្រភេទនៃផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប សំពត់ និងគ្រឿងអលង្ការ ក្នុងសម្នាក់របស់ព្រះបាទកុសរាជ ដែលជាកំពូលនៃនរជន ក្នុងនគរកុសាវតី ក្នុងកាលមុន ត្រឹមតែមួយឡើយ សូម្បីវត្ថុត្រឹមតែម្លូស្លា ដែលព្រះបាទកុសៈព្រះរាជទានដល់ព្រះនាង ក៏គង់មិនធ្លាប់មានឡើយ។
សួរថា ព្រោះហេតុអ្វី។
ឆ្លើយថា ព្រោះធម្មតាស្រីទាំងឡាយ មិនអាចទម្លាយហឫទ័យនៃស្វាមីដែលដេកសង្កត់នូវអង្កៈ សូម្បីតែមួយថ្ងៃបានទេ ឯព្រះនាងនេះ ក៏មិនធ្វើសូម្បីត្រឹមតែបដិសណ្ឋារៈ ក្នុងបុរសដែលជាអ្នកដាំស្ល អ្នកស៊ីឈ្នួល គឺបុរសម្នាក់ ដែលជាអ្នករៀបចំភត្ត សេចក្ដីថា ជាអ្នកស៊ីឈ្នួលដោយមិនត្រូវការតម្លៃ លះបង់រាជសម្បត្តិមកសោយទុក្ខយ៉ាងនេះ ព្រោះអាស្រ័យព្រះនាងមួយអង្គប៉ុណ្ណោះ បពិត្រព្រះនាង បើព្រះនាងមិនមានសេចក្ដីស្រឡាញ់ក្នុងព្រះបាទកុសរាជអង្គនោះ ដែលជាព្រះរាជាដ៏ប្រសើរក្នុងជម្ពូទ្វីបទាំងមូល ដែលទ្រង់លំបាកព្រោះអាស្រ័យព្រះនាងទេ សូមព្រះនាងព្រះរាជទានអ្វីតិចតួច ដល់ព្រះបាទកុសរាជនោះចុះ។
ព្រះនាងបភាវតីបានស្ដាប់ពាក្យនោះហើយ ព្រះនាងពិរោធចំពោះស្រីគម។ លំដាប់នោះ ស្រីគមក៏ចាប់ព្រះនាងត្រង់ក បោះទៅក្នុងបន្ទប់ខ្លួនឯងឈរខាងក្រៅ ហើយបិទទ្វារ ទាញខ្សែសម្រាប់ចងទ្វារមករក្សាទុក។ ព្រះនាងបភាវតីមិនអាចចាប់ខ្សែនោះបាន ប្រថាប់ឈរក្បែរទ្វារកាលមិនអាចបើកទ្វារបាន ទើបត្រាស់ព្រះគាថាមួយនេះថា
ន ហិ នូន អយំ ខុជ្ជា លភតិ ជិវ្ហាយ ឆេទនំ
សុនិសិតេន សត្ថេន ឯវំ ទុព្ភាសិតំ ភណំ។
ស្រ្តីគមនេះ មិនហ៊ានកាត់អណ្តាតដោយកាំបិតដ៏មុត ដោយពិត តែហ៊ាននិយាយពាក្យជាទុព្ភាសិតយ៉ាងនេះ។
លំដាប់នោះ ស្រីគមនៅតែកាន់ខ្សែសម្រាប់ទាក់គន្លឹះទ្វារនោះឯងហើយពោលថា នែព្រះនាងមិនមានបញ្ញា ជាស្រីប្រដៅក្រ រូបរបស់ព្រះនាង នឹងធ្វើអ្វីបាន យើងទាំងឡាយ នឹងបរិភោគរូបរបស់នាងចិញ្ចឹមជីវិតបានឬ។ កាលប្រកាសគុណរបស់ព្រះពោធិសត្វ ទើបពោលគាថា ១៣ ដែលមានឈ្មោះថា ខុជ្ជាគជ្ជិតៈ (ពាក្យគំរាមរបស់ស្រីគម) ដូចតទៅនេះថា
មា នំ រូបេន បាមេសិ អារោហេន បភាវតិ
មហាយសោតិ កត្វាន ករស្សុ រុចិរេ បិយំ។
បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកម្ពស់ (និងទំហំរបស់ខ្លួននាង) ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហឫទ័យថា ព្រះបាទកុសៈនោះ) មានយសធំ ហើយធ្វើនូវសេចក្តីស្រឡាញ់ (ចំពោះព្រះបាទកុសៈនោះ) ចុះ។
មា នំ រូបេន បាមេសិ អារោហេន បភាវតិ
មហទ្ធនោតិ កត្វាន ករស្សុ រុចិរេ បិយំ។
បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកម្ពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហឫទ័យថា ព្រះបាទកុសៈនោះ) មានទ្រព្យច្រើន ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ។
មា នំ រូបេន បាមេសិ អារោហេន បភាវតិ
មហព្វលោតិ កត្វាន ករស្សុ រុចិរេ បិយំ។
បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកម្ពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហឫទ័យថា ព្រះបាទកុសៈនោះ) មានកម្លាំងច្រើន ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ។
មា នំ រូបេន បាមេសិ អារោហេន បភាវតិ
មហារដ្ឋោតិ កត្វាន ករស្សុ រុចិរេ បិយំ។
បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកម្ពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហឫទ័យថា ព្រះបាទកុសៈនោះ) មានដែនធំ ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ។
មា នំ រូបេន បាមេសិ អារោហេន បភាវតិ
មហារាជាតិ កត្វាន ករស្សុ រុចិរេ បិយំ។
បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកម្ពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហឫទ័យថា ព្រះបាទកុសៈនោះ) ជាព្រះរាជាធំ ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ។
មា នំ រូបេន បាមេសិ អារោហេន បភាវតិ
សីហស្សរោតិ កត្វាន ករស្សុ រុចិរេ បិយំ។
បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកម្ពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហឫទ័យថា ព្រះបាទកុសៈនោះ) មានសំឡេងស្មើនឹងសំឡេងនៃសីហៈ ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ។
មា នំ រូបេន បាមេសិ អារោហេន បភាវតិ
វគ្គុស្សរោតិ កត្វាន ករស្សុ រុចិរេ បិយំ។
បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកម្ពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហឫទ័យថា ព្រះបាទកុសៈនោះ) មានសំឡេងដ៏ពីរោះ ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ។
មា នំ រូបេន បាមេសិ អារោហេន បភាវតិ
ពិន្ទុស្សរោតិ កត្វាន ករស្សុ រុចិរេ បិយំ។
បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកម្ពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហឫទ័យថា ព្រះបាទកុសៈនោះ) មានសំឡេងមូល ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ។
មា នំ រូបេន បាមេសិ អារោហេន បភាវតិ
មញ្ជុស្សរោតិ កត្វាន ករស្សុ រុចិរេ បិយំ។
បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកម្ពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក ( ក្នុងហឫទ័យថា ព្រះបាទកុសៈនោះ) មានសំឡេងល្អ ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ។
មា នំ រូបេន បាមេសិ អារោហេន បភាវតិ
មធុរស្សរោតិ កត្វាន ករស្សុ រុចិរេ បិយំ។
បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកម្ពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហឫទ័យថា ព្រះបាទកុសៈនោះ) មានសំឡេងដ៏ផ្អែមល្អែម ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ។
មា នំ រូបេន បាមេសិ អារោហេន បភាវតិ
សតសិប្បោតិ កត្វាន ករស្សុ រុចិរេ បិយំ។
បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកម្ពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហឫទ័យថា ព្រះបាទកុសៈនោះ) មានសិល្បៈច្រើន ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ។
មា នំ រូបេន បាមេសិ អារោហេន បភាវតិ
ខត្តិយោតិបិ កត្វាន ករស្សុ រុចិរេ បិយំ។
បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកម្ពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហឫទ័យថា ព្រះបាទកុសៈនោះ) ជាក្សត្រិយ៍ (សុទ្ធ) ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ។
មា នំ រូបេន បាមេសិ អារោហេន បភាវតិ
កុសរាជាតិ កត្វាន ករស្សុ រុចិរេ បិយំ។
បពិត្រព្រះនាងបភាវតី ព្រះនាងកុំប្រៀបផ្ទឹមនូវព្រះបាទកុសៈនោះ ដោយរូប ដោយកម្ពស់ឡើយ បពិត្រព្រះនាងស្រស់ប៉ប្រៃ ព្រះនាងសូមធ្វើទុក (ក្នុងហឫទ័យថា ព្រះបាទកុសៈនោះ) ជាព្រះរាជា មាននាមស្មើនឹងស្បូវភ្លាំង ( ដែលព្រះឥន្ទប្រទាន) ហើយធ្វើនូវសេចក្តីស្រឡាញ់ចុះ។
ពិតហើយ ស្រីគមនោះពោលថា សូមព្រះនាងជ្រាបចុះថា ឈ្មោះថា ព្រះរាជាអង្គដទៃដែលមានសភាពដូច្នេះ មិនមានឡើយ សូមព្រះនាងធ្វើនូវសេចក្ដីស្រឡាញ់ក្នុងព្រះបាទកុសរាជនោះចុះ ស្រីគមនោះ បានពោលពាក្យពណ៌នាគុណរបស់ព្រះបាទកុសរាជនោះ ដោយគាថាទាំងឡាយមានប្រមាណប៉ុណ្ណេះ។
ព្រះនាងបភាវតីបានស្ដាប់ពាក្យរបស់ស្រីគមនោះ ទើបសម្លុតស្រីគមនោះថា នែនាងគម នាងគំរាមយើងច្រើនពេកហើយ បើយើងចាប់ដៃនាងបាន នឹងឲ្យនាងដឹងភាពដែលនាងមានម្ចាស់។ ឯស្រីគមនោះ ក៏គំរាមឲ្យព្រះនាងខ្លាចដោយសំឡេងខ្លាំងថា ខ្ញុំម្ចាស់រក្សាព្រះនាង មិនបានក្រាបទូលថា ព្រះបាទកុសរាជយាងមក ដល់ព្រះរាជបិតារបស់ព្រះនាង ណ្ហើយចុះ ទោះជាយ៉ាងណា ថ្ងៃនេះ ខ្ញុំម្ចាស់នឹងក្រាបទូលឲ្យព្រះរាជាទ្រង់ជ្រាប។ សូម្បីព្រះនាងក៏ព្រះតម្រិះថា (បើនៅជជែកទៀត) បុគ្គលណាមួយ គប្បីបានឮ ទើបធ្វើស្រីគមឲ្យយល់ព្រម។
ព្រះពោធិសត្វ ទ្រង់មិនបានឃើញព្រះនាង ទ្រង់លំបាកព្រោះក្រយាស្ងោយដែលមិនល្អ ព្រោះការផ្ទំដ៏លំបាកអស់ ៧ ខែ ទ្រង់ព្រះតម្រិះថា ស្រីគមនេះ នឹងមានប្រយោជន៍អ្វីដល់អញ អញនៅទីនេះ អស់៧ ខែហើយ មិនបានឃើញនាងបភាវតីឡើយ។ នាងបភាវតីនោះ រឹងរូសអាក្រក់ក្រៃពេក អញនឹងទៅសួរសុខទុក្ខព្រះមាតាបិតា។
ក្នុងខណៈនោះ សក្កទេវរាជទ្រង់ពិចារណា បានជ្រាបភាពដែលព្រះពោធិសត្វនោះ ទ្រង់ធុញទ្រាន់ ទើបទ្រង់ព្រះតម្រិះថា ព្រះរាជាមិនបានឃើញព្រះនាងបភាវតីអស់ ៧ ខែហើយ អញនឹងឲ្យព្រះរាជាសមតាមព្រះរាជបំណង ទើបទ្រង់និម្មិតបុរសទាំងឡាយ ធ្វើជាទូតរបស់ព្រះបាទមទ្ទរាជ បញ្ជូនទៅកាន់ព្រះរាជាទាំង ៧ នគរ ទ្រង់បញ្ជូនព្រះរាជសាសន៍ដល់ព្រះរាជាមួយអង្គ ៗ ផ្សេង ៗ គ្នាថា ព្រះនាងបភាវតីលះបង់ព្រះបាទកុសរាជ ត្រឡប់មកហើយ (បើទ្រង់មានព្រះបំណង) ក៏ចូរយាងមកទទួលយកព្រះនាងបភាវតីទៅចុះ។
ព្រះរាជាទាំង ៧ នគរនោះ ក៏នាំគ្នាមក មួយអន្លើដោយបរិវារច្រើន ដល់សាគលនគរ មិនបានដឹងដល់ហេតុដែលយាងមករបស់គ្នានឹងគ្នា។ ព្រះរាជាទាំងនោះ ក៏ត្រាស់សួរគ្នាថា ព្រោះហេតុអ្វី ទើបទ្រង់យាងមក ព្រោះហេតុអ្វី ទើបទ្រង់យាងមក។ កាលដឹងរឿងនោះ ក៏ទ្រង់ព្រះពិរោធ ត្រាស់ថា បានឮថា ព្រះបាទមទ្ទរាជលើកព្រះរាជធីតាតែមួយអង្គ ឲ្យដល់ព្រះរាជា ៧ នគរ ទ្រង់ទាំងឡាយ ចូរមើលការប្រព្រឹត្តមិនសមគួររបស់ព្រះរាជានេះ ទ្រង់មកលលេងជាមួយពួកយើង យើងនឹងនាំគ្នាចាប់ព្រះរាជានោះឲ្យបាន ដូច្នេះហើយ ព្រះរាជាទាំងនោះ ក៏បញ្ជូនព្រះរាជសាសន៍ទៅថា ចូរឲ្យព្រះនាងបភាវតីដល់ពួកយើង ឬក៏ច្បាំង ហើយលើកពលព័ទ្ធនគរ។
ព្រះបាទមទ្ទរាជ ទ្រង់ស្ដាប់ព្រះរាជសាសន៍នោះហើយ ទ្រង់ភ័យតក់ស្លុត ទើបហៅអាមាត្យទាំងឡាយមក សួរថា យើងនឹងធ្វើដូចម្ដេច។ លំដាប់នោះ អាមាត្យទាំងនោះ ក្រាបទូលព្រះរាជាថា បពិត្រព្រះទេវៈ ព្រះរាជាទាំង ៧ ព្រះអង្គនោះ មកព្រោះអាស្រ័យព្រះនាងបភាវតី គ្រប់អង្គត្រាស់ថា បើព្រះបាទមទ្ទរាជមិនឲ្យព្រះនាង យើងទាំងឡាយនឹងបំបាក់កំពែងចូលទៅក្នុងនគរ នឹងញ៉ាំងព្រះបាទមទ្ទរាជនោះ ឲ្យដល់នូវការអស់ជីវិត ហើយនាំយកព្រះនាងបភាវតីនោះទៅ ដូច្នេះ កាលកំពែងមិនទាន់ត្រូវទម្លាយនោះឯង ពួកយើងគួរប្រញាប់ប្រញាល់បញ្ជូនព្រះនាងបភាវតីទៅឲ្យក្សត្រទាំងនោះមុន ដូច្នេះហើយ ពោលគាថានេះថា
ឯតេ នាគា ឧបត្ថទ្ធា សព្វេ តិដ្ឋន្តិ វម្មិកា
បុរា មទ្ទន្តិ បាការំ អានេថេតំ បភាវតឹ។
ព្រះរាជាដ៏ប្រសើរទាំងអស់នុ៎ះ ជាព្រះរាជាគឃ្លើន មកហើយប្រដាប់ដោយគ្រឿងក្រោះ (សូមព្រះអង្គផ្ញើព្រះរាជសារទៅថា) អ្នកទាំងឡាយ ចូរនាំព្រះនាងបភាវតីនុ៎ះមក (បញ្ជូនទៅថ្វាយព្រះរាជាទាំងនោះ) កុំឲ្យទម្លាយ កំពែងមុនទាន់។
ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយ ទើបត្រាស់ថា បើយើងបញ្ជូននាងបភាវតីទៅឲ្យក្សត្រមួយអង្គ ក្សត្រដ៏សេសនឹងធ្វើសង្គ្រាម យើងមិនអាចឲ្យដល់ក្សត្រតែមួយអង្គបានទេ ឯនាងបភាវតីនេះ លះបង់ព្រះរាជាដ៏ប្រសើរក្នុងសកលជម្ពូទ្វីប មកហើយដោយរង្កៀសថា ជាស្ដេចដែលមានរូបគួរខ្ពើម ឥឡូវនេះ ចូរទទួលផលនៃការត្រឡប់មកនោះចុះ អញនឹងសម្លាប់នាង ហើយកាត់ជា ៧ កំណាត់ បញ្ជូនទៅថ្វាយក្សត្រទាំង ៧ អង្គនោះ ដូច្នេះហើយ ទើបត្រាស់គាថាជាលំដាប់ទៅថា
សត្ត ពិលេ ករិត្វាន អហមេតំ បភាវតឹ
ខត្តិយានំ បទស្សាមិ យេ មំ ហន្តុំ ឥធាគតា។
អញនឹងធ្វើនាងបភាវតីនុ៎ះ ឲ្យជា ៧ កំណាត់ ហើយឲ្យដល់ពួកក្សត្រិយ៍ដែលមកក្នុងទីនេះ ដើម្បីសម្លាប់អញ។
ព្រះរាជតម្រាស់របស់ព្រះបាទមទ្ទរាជនោះ បានប្រាកដទូទៅពេញព្រះរាជនិវេសន៍ទាំងមូល។ ពួកបរិចារិកាក៏ចូលទៅទូលព្រះនាងបភាវតីថា បានឮថា ព្រះរាជាទ្រង់នឹងកាត់ព្រះនាងជា ៧ កំណាត់ ហើយបញ្ជូនទៅថ្វាយព្រះរាជា ៧នគរ។ ព្រះនាងស្ដាប់ពាក្យនោះហើយខ្លាចចំពោះមរណភ័យ ក្រោកចាកទីប្រថាប់ មានព្រះភគិនីទាំងឡាយចោមរោម យាងទៅកាន់បន្ទប់ដ៏មានសិរីរបស់ព្រះមាតា។
ព្រះសាស្ដា កាលទ្រង់ប្រកាសសេចក្ដីនោះ ទើបត្រាស់ថា
អវុដ្ឋហិ រាជបុត្តី សាមា កោសេយ្យវាសិនី
អស្សុបុណ្ណេហិ នេត្តេហិ ទាសីគណបុរក្ខតា។
ព្រះរាជបុត្រីមានសម្បុរលឿង ទ្រង់ព្រះពស្ត្រជាវិការៈនៃសូត្រ (រំលេចដោយមាស) ដែលពួកទាសីហែហម មាននេត្រាដ៏ពេញដោយព្រះអស្សុជល បានក្រោក (ចាកអាសនៈ)។
ព្រះនាងចូលទៅកាន់សម្នាក់ព្រះមាតា ថ្វាយបង្គំព្រះមាតាហើយ ព្រះកន្សែងក្រាបទូលថា
តំ នូន កក្កូបនិសេវិតំ មុខំ
អាទាសទន្តាថរុបច្ចវេក្ខិតំ
សុភំ សុនេត្តំ វិរជំ អនង្គណំ
ឆុឌ្ឌំ វនេ ឋស្សតិ ខត្តិយេហិ។
បពិត្រព្រះមាតា មុខ (របស់ខ្ញុំ) នោះ ធ្លាប់លាបស្រឡាបគ្រឿងលម្អិត ឆ្លុះកញ្ចក់មានក្របជាវិការៈនៃភ្លុក ជាមុខល្អ មានភ្នែកល្អ រលីងរាបធេង ត្រូវពួកក្សត្រិយ៍លះចោលហើយ នឹងតាំងនៅក្នុងព្រៃ។
តេ នូន មេ អសិតេ វេល្លិតគ្គេ
កេសេ មុទូ ចន្ទនសារលិត្តេ
សមាកុលេ សីវថិកាយ មជ្ឈេ
បាទេហិ គិជ្ឈា បរិកឌ្ឍយន្តិ។
ពួកត្មាតនឹងលើកជើងទាំងឡាយ កកាយនូវសក់ទាំងនោះ របស់ខ្ញុំ ជាសក់ខ្មៅមានចុងង ទន់ លាបដោយខ្លឹមចន្ទន៍ ឲ្យច្របូកច្របល់ ក្នុងកណ្តាលព្រៃស្មសាន។
តា នូន មេ តម្ពនខា សុលោមា
ពាហា មុទូ ចន្ទនសារលិត្តា
ឆិន្នា វនេ ឧជ្ឈិតា ខត្តិយេហិ
គយ្ហ ធង្កោ គច្ឆតិ យេន កាមំ។
ក្អែកចឹកដៃរបស់ខ្ញុំនោះ ដែលមានក្រចកក្រហម មានរោមល្អ ទន់ លាបដោយខ្លឹមចន្ទន៍ ដាច់ខ្ចាត់ខ្ចាយ ដែល ពួកក្សត្រិយ៍ចោលក្នុងព្រៃ ហើយហើរទៅតាមប្រាថ្នា។
តេ នូន តាលូបនិភេ អលម្ពេ
និសេវិតេ កាសិកចន្ទនេន
ថនេសុ មេ លម្ពិស្សតិ សិគាលោ
មាតូ វ បុត្តោ តរុណោ តនុជោ។
ចចក (ឃើញស្តនរបស់ខ្ញុំ) នោះ ស្រដៀងគ្នានឹងផ្លែត្នោត មិនយារ លាបដោយខ្លឹមចន្ទន៍ដ៏ល្អិត ហើយបៀមនូវស្តនរបស់ខ្ញុំនោះ ដូចជាកូនខ្ចីបង្កើត ដែលបៀមនូវស្ដនរបស់មាតា។
តំ នូន សោណឹ បុថុលំ សុកោដ្ដិតំ
និសេវិតំ កញ្ចនមេខលាហិ
ឆិន្នំ វនេ ខត្តិយេហិ អវត្ថំ
សិង្គាលសង្ឃា បរិកឌ្ឍយន្តិ។
ហ្វូងចចកជញ្ជែងត្រគាក (របស់ខ្ញុំ) នោះ ជាអវយវៈទូលាយ ដែលគេដំល្អហើយ ពាក់ដោយខ្សែក្រវាត់មាសទាំងឡាយ ដាច់ខ្ចាត់ខ្ចាយ ដែលពួកក្សត្រិយ៍ចោលក្នុងព្រៃ។
សោណា ធង្កា សិគាលា ច យេ ចញ្ញេ សន្តិ ទាឋិនោ
អជរា នូន ហេស្សន្តិ ភក្ខយិត្វា បភាវតឹ។
ពួកឆ្កែ ក្អែក ចចក និងសត្វឯទៀត ដែលមានចង្កូម ស៊ីនាងបភាវតី មុខជានឹងមិនចាស់គ្រាំគ្រា ដោយពិត។
សចេ មំសានិ ហរឹសុ ខត្តិយា ទូរគាមិនោ
អដ្ឋីនិ អម្ម យាចិត្វា អនុបន្ថេ ទហាថ នំ។
ប្រសិនបើពួកក្សត្រិយ៍ ដែលទៅឆ្ងាយ នាំយកសាច់ទាំងឡាយ (របស់ខ្ញុំ) ទៅ បពិត្រព្រះមាតា ចូរព្រះអង្គសូមយកឆ្អឹងទាំងឡាយ ហើយដុតឆ្អឹងនោះ ក្នុងទីបន្ទាប់ផ្លូវ (ក្នុងចន្លោះនៃផ្លូវដើរនិងផ្លូវធំ)។
ខេត្តានិ អម្ម ការេត្វា កណិការេត្ថ រោបយេ
យទា តេ បុប្ផិតា អស្សុ ហេមន្តានំ ហិមច្ចយេ
សរេយ្យាថ មមំ អម្ម ឯវំវណ្ណា បភាវតិ។
បពិត្រព្រះមាតា សូមព្រះមាតាប្រើគេធ្វើសួនច្បារ ហើយដាំដើមកណិការក្នុងសួនច្បារនុ៎ះ ក្នុងវេលាណា ដែលដើមកណិការទាំងនោះ មានផ្កា ក្នុងអំណឹះទៅនៃកាល ជាទីធ្លាក់នៃទឹកសន្សើម ក្នុងហេមន្តរដូវ បពិត្រព្រះមាតា សូមព្រះមាតារឭកខ្ញុំថា នាងបភាវតីមានវណ្ណៈយ៉ាងនេះ ដូច្នេះ។
ព្រះនាងបភាវតីត្រូវមរណភ័យគំរាមហើយ ក៏ពោលរៀបរាប់ក្នុងសម្នាក់របស់ព្រះមាតា ដោយប្រការដូច្នេះ។ ឯព្រះបាទមទ្ទរាជត្រាស់បង្គាប់ថា នាយពេជ្ឈឃាតដែលសម្លាប់ចោរ ចូរមកណេះ ចូរយកប៉ូវថៅ និងជ្រញ់មក។ កាលនាយពេជ្ឈឃាដនោះ ចូលមក ក៏ប្រាកដទូទៅក្នុងព្រះរាជវាំងទាំងមូល។ លំដាប់នោះ ព្រះមាតារបស់ព្រះនាងបភាវតី ព្រះនាងព្រះសណ្ដាប់អំពីភាពដែលនាយពេជ្ឈឃាដនោះ មកហើយ ក៏ក្រោកឡើងអំពីអាសនៈ ព្រះនាងពេញព្រៀបដោយសេចក្ដីសោក យាងទៅកាន់សម្នាក់របស់ព្រះរាជា។
ព្រះសាស្ដា កាលទ្រង់ប្រកាសសេចក្ដីនោះ ទើបត្រាស់ថា
តស្សា មាតា ឧទដ្ឋាសិ ខត្តិយា ទេវវណ្ណិនី
ទិស្វា អសិញ្ច សុនញ្ច រញ្ញោ មទ្ទស្សន្តេបុរេ។
ក្សត្រិយ៍មានវណ្ណៈដូចវណ្ណៈទេវតា ជាមាតារបស់នាងបភាវតីនោះ ក្រោកចាកអាសនៈ ទៅកាន់សម្នាក់ព្រះរាជាហើយ បានឃើញដាវនិងជ្រញ់ ក្នុងព្រះរាជវាំងព្រះបាទមទ្ទៈ។
ព្រះនាងទតឃើញប៉ូវថៅ និងជ្រញ់ ដែលគេដាក់ខាងមុខព្រះភក្ដ្រព្រះរាជា លើផ្ទៃមហាប្រាសាទដែលប្រដាប់តាក់តែងហើយ ខាងក្នុងបុរី ទើបខ្សឹកខ្សួល ត្រាស់ព្រះគាថាដូច្នេះថា
ឥមិនា នូន អសិនា សុសញ្ញំ តនុមជ្ឈិមំ
ធីតរំ មទ្ទ ហន្ត្វាន ខត្តិយានំ បទស្សសិ។
បពិត្រព្រះបាទមទ្ទៈ ព្រះអង្គនឹងសម្លាប់ធីតាដែលគេចំណាំបានដោយងាយ មានចង្កេះរៀវ ដោយប៉ូវថៅនេះ ហើយប្រទានដល់ពួកក្សត្រិយ៍ ដោយពិត។
លំដាប់នោះ ព្រះរាជា កាលទ្រង់ឲ្យព្រះទេវីនោះរឭក ទើបត្រាស់ថា នែទេវី នាងនិយាយអ្វី ធីតារបស់នាងបោះបង់ព្រះរាជាដែលជាធំក្នុងជម្ពូទ្វីបទាំងមូល ដោយការស្អប់ខ្ពើមថា ជាអ្នកមានរូបអាក្រក់ កាលស្នាមជើងក្នុងផ្លូវដែលមក មិនទាន់វិនាសនោះឯង ក៏នាំយកសេចក្ដីស្លាប់មកដោយថ្ងាស ដូច្នេះ ឥឡូវនេះ ចូរទទួលផលប្រាកដដូចនេះ ព្រោះអាស្រ័យរូបរបស់ខ្លួនចុះ។ ព្រះនាងបានស្ដាប់ព្រះរាជតម្រាស់របស់ព្រះរាជាហើយ យាងទៅកាន់ដំណាក់របស់ព្រះរាជធីតា ទ្រង់ព្រះកន្សែងថា
ន មេ អកាសិ វចនំ អត្ថកាមាយ បុត្តិកេ
ស្វាជ្ជ លោហិតសញ្ឆន្នា គច្ឆសិ យមសាធនំ។
ហៃបុត្រី នាងមិនបានធ្វើតាមពាក្យរបស់អញ ដែលប្រាថ្នាប្រយោជន៍ នាងមុខជានឹងពេញពាសដោយឈាម ហើយទៅកាន់ភពរបស់មច្ចុរាជ ក្នុងថ្ងៃនេះ។
ឯវមាបជ្ជតី បោសោ បាបិយញ្ច និគច្ឆតិ
យោ ចេ ហិតានំ វចនំ ន ករោតិ អត្ថទស្សិនំ។
បើសត្វដែលមិនធ្វើតាមពាក្យរបស់ពួកជន ដែលបង្ហាញសេចក្តីចម្រើន បង្ហាញប្រយោជន៍ហើយ តែងប៉ះទង្គិចយ៉ាងនេះផង តែងចួបប្រទះនូវសេចក្តីអាក្រក់ជាង (នេះ) ផង។
សចេវ អជ្ជ ធារេសិ កុមារំ ចារុទស្សនំ
កុសេន ជាតំ ខត្តិយំ សុវណ្ណមណិមេខលំ
បូជិតំ ញាតិសង្ឃេហិ ន គច្ឆសិ យមក្ខយំ។
បើក្នុងថ្ងៃនេះ នាងនឹងបានទ្រទ្រង់កុមារស្រស់ប៉ប្រៃ ជាក្សត្រិយ៍ដែលកើតព្រោះព្រះបាទកុសៈ មានខ្សែក្រវាត់ជាវិការៈនៃមាសនិងកែវមណី ដែលពួកញាតិបូជាហើយ នាងនឹងមិនទៅកាន់លំនៅយមរាជទេ។
យត្ថស្សុ ភេរី នទតិ កុញ្ជរោ ច និកូជតិ
ខត្តិយានំ កុលេ ភទ្ទេ កឹ នុ សុខតរំ តតោ។
នែនាងដ៏ចម្រើន ស្គរលាន់ឮក្តី ដំរីស្រែកក្តី ក្នុងខត្តិយត្រកូលណា (នាងឃើញ)អ្វី ដែលជាសុខក្រៃលែងជាងខត្តិយត្រកូលនោះ (បានជានាងមកក្នុងទីនេះ)។
អស្សោ ហសីយតិ ទ្វារេ កុមារោ ឧបរោទតិ
ខត្តិយានំ កុលេ ភទ្ទេ កឹ នុ សុខតរំ តតោ។
សេះក្លាប្រធីប្របទ្វារ កុមារអ្នករបាំប្រគំក្នុងខត្តិយត្រកូលណា នែនាងដ៏ចម្រើន ( នាងឃើញ) អ្វី ដែលជាសុខក្រៃលែងជាងខត្តិយត្រកូលនោះ។
មយូរកោញ្ចាភិរុទេ កោកិលាភិនិកូជិតេ
ខត្តិយានំ កុលេ ភទ្ទេ កឹ នុ សុខតរំ តតោ។
កាលបើក្ងោក និងក្រៀលយំ និងតាវៅយំ ឮទ្រហឹងអឺងកងក្នុងខត្តិយត្រកូលណា នែនាងដ៏ចម្រើន (នាងឃើញ) អ្វីដែលជាសុខក្រៃលែង ជាងខត្តិយត្រកូលនោះ។
ព្រះទេវីចរចាជាមួយព្រះនាងបភាវតី ដោយគាថាមានប្រមាណប៉ុណ្ណេះ ដោយប្រការដូច្នេះហើយ ព្រះនាងមានព្រះចិន្ដាថា បើក្នុងថ្ងៃនេះ ព្រះបាទកុសរាជដែលជាធំជាងជន គប្បីប្រថាប់គង់ក្នុងទីនេះសោត ទ្រង់ក៏នឹងញ៉ាំងព្រះរាជាទាំង ៧ នគរនេះ ឲ្យរត់ខ្ចាត់ខ្ចាយទៅ នឹងដោះនូវធីតារបស់អញឲ្យផុតចាកសេចក្ដីទុក្ខ ហើយនាំកូនរបស់អញត្រឡប់ទៅ ដូច្នេះហើយ ទើបពោលគាថាថា
កហំ នុ សោ សត្តុមទ្ទនោ បររដ្ឋប្បមទ្ទនោ
កុសោ សោឡារបញ្ញាណោ យោ នោ ទុក្ខា បមោចយេ។
ព្រះបាទកុសៈ ជាអ្នកញាំញីខ្មាំងសត្រូវ ញាំញីដែនរបស់ព្រះរាជាដទៃ មានប្រាជ្ញាឆើត គប្បីដោះយើងឲ្យរួចចាកទុក្ខបាន តើនៅក្នុងទីណា។
លំដាប់នោះ ព្រះនាងបភាវតីព្រះតម្រិះថា កាលព្រះមាតារបស់អញពណ៌នាគុណរបស់ព្រះបាទកុសៈនោះដោយព្រះឱស្ឋ ក៏មិនគ្រប់គ្រាន់ អញនឹងទូលភាពដែលព្រះបាទកុសៈនោះ ទ្រង់ធ្វើការងារជាអ្នកពិសេសប្រថាប់នៅក្នុងទីនេះឯង ដល់ព្រះមាតា ទើបក្រាបទូលជាគាថាថា
ឥធេវ សោ សត្តុមទ្ទនោ បររដ្ឋប្បមទ្ទនោ
កុសោ សោឡារបញ្ញាណោ យោ នេ សព្វេ វធិស្សតិ។
ព្រះបាទកុសៈ ជាអ្នកញាំញីខ្មាំងសត្រូវ ញាំញីដែនរបស់ព្រះរាជាដទៃ មានប្រាជ្ញាឆើត សម្លាប់ក្សត្រិយ៍ទាំងអស់នោះ នៅក្នុងទីនេះឯង។
លំដាប់នោះ ព្រះមាតារបស់ព្រះនាងបភាវតី ព្រះតម្រិះថា កូនរបស់អញនេះ ប្រហែលជាខ្លាចចំពោះមរណភ័យ ទើបរវើរវាយ ដូច្នេះហើយ ត្រាស់គាថាថា
ឧម្មត្តិកា នុ ភណសិ អន្ធពាលា បភាសសិ
កុសោ ចេ អាគតោ អស្ស កឹ នុ ជានេមុ តំ មយំ។
នាងជាស្រីឆ្កួត ជាស្រីអន្ធពាល ចេះតែនិយាយ (ឲ្យរួចតែពីមាត់) បើព្រះបាទកុសៈគប្បីមក ពួកយើងធ្វើដូចម្តេច នឹងស្គាល់ព្រះបាទកុសៈនោះបាន។
កាលព្រះមាតាត្រាស់យ៉ាងនេះហើយ ព្រះនាងបភាវតីព្រះតម្រិះថា ព្រះមាតារបស់អញ ទ្រង់មិនជឿ ទ្រង់មិនជ្រាបថា ព្រះបាទកុសរាជនោះ យាងមកប្រថាប់ក្នុងទីនេះ ៧ ខែហើយ អញនឹងបង្ហាញព្រះបាទកុសរាជនោះ ដល់ព្រះមាតា ទើបចាប់ព្រះហស្តព្រះមាតាទៅ ហើយបើកបង្អួច ចង្អុលបង្ហាញឲ្យព្រះមាតាទត បានពោលនូវគាថានេះថា
ឯសោ អាឡារិកោ បោសោ កុមារីបុរមន្តរេ
ទឡ្ហំ កត្វាន សំវេល្លំ កុម្ភឹ ធោវតិ ឱនតោ។
(ព្រះបាទកុសៈ) គឺបុរសនាយពិសេសនុ៎ះ ចងក្បិនយ៉ាងមាំ ឱនលាងឆ្នាំង (សូមព្រះមាតាទត) ត្រង់ចន្លោះដំណាក់កុមារី។
បានឮថា ក្នុងកាលនោះ ព្រះពោធិសត្វទ្រង់ព្រះតម្រិះថា ថ្ងៃនេះសេចក្ដីប្រាថ្នារបស់អញគប្បីដល់ទីបំផុត ដោយពិត នាងបភាវតីត្រូវភ័យអំពីសេចក្ដីស្លាប់គំរាម គង់ក្រាបទូលនូវភាពដែលអញមកក្នុងទីនេះ (ចំពោះព្រះមាតា និងព្រះបិតាឲ្យទ្រង់ជ្រាប) អញនឹងចាត់ចែងលាងចានទាំងឡាយ ហើយរក្សាទុក ដូច្នេះហើយ ទើបទៅដងទឹកមក ទ្រង់ផ្ដើមលាងចានទាំងឡាយ។ លំដាប់នោះ ព្រះមាតាក៏បរិភាសតិះដៀលព្រះនាងបភាវតីដោយគាថាថា
វេណី ត្វមសិ ចណ្ឌាលី អាទូសិ កុលគន្ធិនី
កថំ មទ្ទកុលេ ជាតា ទាសំ កយិរាសិ កាមុកំ។
នាងជាស្រីនៃត្រកូលជាងចាំង ជាស្រីចណ្ឌាល ឬជាស្រីទ្រុស្តត្រកូល នាងកើតក្នុងត្រកូលព្រះបាទមទ្ទៈ គួរធ្វើស្វាមី (របស់ខ្លួន) ឲ្យជាទាសៈ ដូចម្តេចកើត។
លំដាប់នោះ ព្រះនាងបភាវតីទ្រង់មានព្រះចិន្ដាថា ព្រះមាតារបស់អញ ប្រហែលទ្រង់មិនជ្រាបភាពដែលព្រះបាទកុសរាជនោះ យាងមក ព្រោះអាស្រ័យអញ ទើបពោលគាថាក្រៅអំពីនេះថា
នម្ហិ វេណី ន ចណ្ឌាលី ន ចម្ហិ កុលគន្ធិនី
ឱក្កាកបុត្តោ ភទ្ទន្តេ ត្វំ នុ ទាសោតិ មញ្ញសិ។
ខ្ញុំមិនមែនជាស្រីត្រកូលជាងចាំង មិនមែនជាស្រីចណ្ឌាលមិនមែនជាស្រីទ្រុស្តត្រកូលទេ បពិត្រព្រះមាតា (ព្រះបាទកុសៈនោះ) ជាបុត្តរបស់ព្រះបាទឱក្កាកៈ (ចំណែកខាង) ព្រះមាតាទេតើ សម្គាល់ថាជាទាសៈទៅវិញ។
ឥឡូវនេះ ព្រះនាងបភាវតី កាលពណ៌នាដល់ព្រះកិត្តិយសរបស់ព្រះបាទកុសរាជនោះ ទើបពោលថា
យោ ព្រាហ្មណសហស្សានិ សទា ភោជេតិ វីសតិ
ឱក្កាកបុត្តោ ភទ្ទន្តេ ត្វំ នុ ទាសោតិ មញ្ញសិ។
ព្រះបាទកុសៈណា ញ៉ាំងពួកព្រាហ្មណ៍ទាំងម្ភៃពាន់ ឲ្យបរិភោគសព្វកាល បពិត្រព្រះមាតា ព្រះបាទកុសៈនោះ ជាបុត្តរបស់ព្រះបាទឱក្កាកៈ (ចំណែកខាង) ព្រះមាតាទេតើ សម្គាល់ថាជាទាសៈទៅវិញ។
យស្ស នាគសហស្សានិ សទា យោជេន្តិ វីសតិ
ឱក្កាកបុត្តោ ភទ្ទន្តេ ត្វំ នុ ទាសោតិ មញ្ញសិ។
ពួកជនតែងទឹមដំរី ទាំងម្ភៃពាន់ របស់ព្រះបាទកុសៈណាសព្វកាល បពិត្រព្រះមាតា ព្រះបាទកុសៈនោះ ជាបុត្តរបស់ព្រះបាទឱក្កាកៈ (ចំណែកខាង) ព្រះមាតាទេតើ សម្គាល់ថាជាទាសៈទៅវិញ។
យស្ស អស្សសហស្សានិ សទា យោជេន្តិ វីសតិ
ឱក្កាកបុត្តោ ភទ្ទន្តេ ត្វំ នុ ទាសោតិ មញ្ញសិ។
ពួកជនតែងទឹមសេះ ទាំងម្ភៃពាន់ របស់ព្រះបាទកុសៈណាសព្វកាល បពិត្រព្រះមាតា ព្រះបាទកុសៈនោះ ជាបុត្តរបស់ព្រះបាទឱក្កាកៈ (ចំណែកខាង) ព្រះមាតាទេតើ សម្គាល់ថាជាទាសៈទៅវិញ។
យស្ស រថសហស្សានិ សទា យោជេន្តិ វីសតិ
ឱក្កាកបុត្តោ ភទ្ទន្តេ ត្វំ នុ ទាសោតិ មញ្ញសិ។
(យស្ស ឧសភសហស្សានិ សទា យោជេន្តិ វីសតឹ
ឱក្កាកបុត្តោ ភទ្ទន្តេ ត្វំ នុ ទាសោតិ មញ្ញសិ)។
ពួកជនតែងទឹមរថ ទាំងម្ភៃពាន់ របស់ព្រះបាទកុសៈណាសព្វកាល បពិត្រព្រះមាតា ព្រះបាទកុសៈនោះ ជាបុត្តរបស់ព្រះបាទឱក្កាកៈ (ចំណែកខាង) ព្រះមាតាទេតើ សម្គាល់ថាជាទាសៈទៅវិញ។ ពួកជនតែងទឹមគោឧសភទាំងម្ភៃពាន់ របស់ព្រះបាទកុសៈណា សព្វកាល បពិត្រព្រះមាតា ព្រះបាទកុសៈនោះ ជាបុត្តរបស់ព្រះបាទឱក្កាកៈ (ចំណែកខាង) ព្រះមាតាទេតើ សម្គាល់ថា ជាទាសៈទៅវិញ [គាថាដែលនៅក្នុងរង្វង់ក្រចកនេះ មិនមានក្នុងបិដកខ្មែរ មានតែក្នុងអដ្ឋកថា កុសជាតក ច្បាប់ឆដ្ឋសង្គាយនាប៉ុណ្ណោះ។]។
យស្ស ធេនុសហស្សានិ សទា ទូហន្តិ វីសតិ
ឱក្កាកបុត្តោ ភទ្ទន្តេ ត្វំ នុ ទាសោតិ មញ្ញសិ។
ពួកជន តែងរឺតទឹកដោះមេគោទាំងម្ភៃពាន់ របស់ព្រះបាទកុសៈណា សព្វកាល បពិត្រព្រះមាតា ព្រះបាទកុសៈនោះជាបុត្តរបស់ព្រះបាទឱក្កាកៈ (ចំណែកខាង) ព្រះមាតាទេតើ សម្គាល់ថាជាទាសៈទៅវិញ។
ព្រះនាងបភាវតីបានពណ៌នាអំពីយសរបស់ព្រះមហាសត្វ ដោយគាថា ៥ យ៉ាងនេះហើយ។ លំដាប់នោះ ព្រះមាតារបស់ព្រះនាងក៏ជឿ ហើយព្រះតម្រិះថា កូនស្រីរបស់អញនេះ ពោលពាក្យមាំទាំ ពាក្យនេះ គង់ជាយ៉ាងនេះពិត ទើបប្រញាប់ទៅកាន់សម្នាក់របស់ព្រះរាជា ក្រាបទូលសេចក្ដីនោះ ឲ្យទ្រង់ជ្រាប។ ព្រះរាជាស្ដេចទៅកាន់ព្រះរាជដំណាក់របស់ព្រះនាងបភាវតី ដោយរួសរាន់ ហើយត្រាស់សួរថា នែបុត្រី ពិតឬ បានឮថា ព្រះបាទកុសរាជទ្រង់យាងមកក្នុងទីនេះ។
ព្រះនាងបភាវតីក្រាបទូលថា បពិត្រព្រះបិតា ពិតយ៉ាងនោះឯង ព្រះបាទកុសរាជអង្គនោះ ទ្រង់ធ្វើកិច្ចជាអ្នកពិសេស ដាំស្លថ្វាយព្រះរាជធីតាទាំងឡាយរបស់ព្រះបិតា រាប់ទាំងថ្ងៃនេះ កន្លងទៅបាន ៧ខែហើយ។ ព្រះរាជាទ្រង់មិនជឿព្រះនាងបភាវតី ទើបត្រាស់សួរស្រីគម ស្រីគមក៏ក្រាបទូលការពិតគ្រប់ប្រការ ព្រះរាជាបានស្ដាប់ពាក្យនោះហើយ កាលទ្រង់តិះដៀលព្រះរាជធីតា ទើបត្រាស់គាថានេះថា
តគ្ឃ តេ ទុក្កដំ ពាលេ យំ ខត្តិយំ មហព្វលំ
នាគំ មណ្ឌូកវណ្ណេន ន នំ អក្ខាសិ មាគតំ។
ម្នាលស្រីពាល ហងឯងធ្វើខ្ជីខ្ជាដល់ក្សត្រិយ៍ ដែលមាន កម្លាំងច្រើន ដូចជាដំរី ដោយភេទនៃកង្កែប នាងមិនបានប្រាប់ក្សត្រិយ៍នោះ ដែលយាងមកហើយ។
ព្រះរាជា កាលទ្រង់តិះដៀលព្រះរាជធីតាហើយ ក៏រូតរះទៅកាន់សម្នាក់ព្រះពោធិសត្វ ទ្រង់មានបដិសណ្ឋារៈដែលព្រះពោធិសត្វធ្វើហើយ ទើបទ្រង់ផ្គងអញ្ជលី កាលសម្ដែងទោសរបស់ព្រះអង្គ ទើបត្រាស់ព្រះគាថាថា
អបរាធំ មហារាជ ត្វំ នោ ខម រថេសភ
យំ ត្វំ អញ្ញាតវេសេន នញ្ញាសិម្ហា ឥធាគតំ។
បពិត្រមហារាជ ជាបុគ្គលប្រសើរលើរថ សូមព្រះអង្គទ្រង់អត់កំហុសដល់យើង ព្រោះយើងមិនបានដឹងថា ទ្រង់យាងមកក្នុងទីនេះ ដោយក្លែងភេទសោះ។
ព្រះមហាសត្វបានស្ដាប់ពាក្យនោះហើយ ទ្រង់ព្រះតម្រិះថា បើអញនឹងពោលពាក្យទ្រគោះបោះបោក បេះដូងរបស់ព្រះរាជា ក៏នឹងបែកក្នុងទីនេះ អញគួរលួងលោមព្រះរាជា ទ្រង់ប្រថាប់ឈរក្នុងរវាងភាជនៈនោះឯង ត្រាស់គាថាក្រៅអំពីនេះថា
មាទិសស្ស ន តំ ឆន្នំ យោហំ អាឡារិកោ ភវេ
ត្វញ្ញេវ មេ បសីទស្សុ នត្ថិ តេ ទេវ ទុក្កដំ។
បពិត្រព្រះសម្មតិទេព ដំណើរដែលទូលព្រះបង្គំជាខ្ញុំ ធ្វើជានាយពិសេសនោះ មិនកំបាំងដល់ជនដូចទូលព្រះបង្គំជាខ្ញុំទេ សូមព្រះអង្គជ្រះថ្លានឹងទូលព្រះបង្គំជាខ្ញុំចុះ អំពើខ្ជីខ្ជារបស់ព្រះអង្គ មិនមានទេ។
ព្រះរាជា ទ្រង់បានទទួលបដិសណ្ឋារៈក្នុងសម្នាក់ព្រះពោធិសត្វហើយ ទ្រង់ឡើងកាន់ប្រាសាទ ត្រាស់ហៅព្រះនាងបភាវតីចូលគាល់ កាលទ្រង់បញ្ជូនទៅដើម្បីឲ្យព្រះពោធិសត្វអត់ទោស ទើបត្រាស់គាថានេះថា
គច្ឆ ពាលេ ខមាបេហិ កុសរាជំ មហព្វលំ
ខមាបិតោ កុសរាជា សោ តេ ទស្សតិ ជីវិតំ។
ម្នាលស្រីពាល នាងឯង ចូរទៅសូមខមាទោសនឹងព្រះបាទកុសៈ ដែលមានកម្លាំងច្រើន ព្រះបាទកុសៈនោះ កាលបើនាងសូមខមាទោសហើយ នឹងប្រទានជីវិតដល់នាង។
ព្រះនាងបភាវតី បានស្ដាប់ព្រះតម្រាស់របស់ព្រះរាជបិតាហើយ មានព្រះភគិនី និងពួកបរិចារិកាជាច្រើនចោមរោម យាងទៅកាន់សម្នាក់ព្រះពោធិសត្វនោះ។ ចំណែកព្រះពោធិសត្វប្រថាប់ឈរដោយភេទជាអ្នកលាងចាននោះឯង កាលទ្រង់ជ្រាបថា ព្រះនាងបភាវតីយាងមកកាន់សម្នាក់ព្រះអង្គ ទ្រង់ព្រះតម្រិះថា ថ្ងៃនេះ អញនឹងទម្លាយមានះរបស់នាងបភាវតី ឲ្យនាងក្រាបក្នុងភក់ទៀបជើងរបស់អញ ដូច្នេះហើយ ទ្រង់ជះទឹកដែលដងមកទាំងអស់ ជាន់ឲ្យបែកក្នុងទីប្រមាណប៉ុនលានស្រូវ ធ្វើឲ្យទៅជាភក់ទាំងអស់។ ឯព្រះនាងបភាវតីយាងទៅកាន់សម្នាក់ព្រះបាទកុសៈ ក្រាបចុះលើភក់ទៀបព្រះបាទា ហើយសូមខមាទោស។
ព្រះសាស្ដា កាលទ្រង់ប្រកាសសេចក្ដីនោះ ទើបត្រាស់ថា
បិតុស្ស វចនំ សុត្វា ទេវវណ្ណី បភាវតី
សិរសា អគ្គហី បាទេ កុសរាជំ មហព្វលំ។
នាងបភាវតីមានវណ្ណៈ ដូចជាវណ្ណៈនៃទេវតា ឮព្រះឱង្ការ របស់ព្រះបិតា (ក៏ក្រាប) ដោយសីសៈ អាចចាប់ព្រះបាទកុសៈដ៏មានកម្លាំងច្រើន ត្រង់ព្រះបាទាបាន ។
កាលព្រះនាងចាប់ព្រះបាទាហើយ ដើម្បីញ៉ាំងព្រះពោធិសត្វឲ្យអត់ទោស ទើបពោលគាថា៣ ថា
យាវ រត្យោ អតិក្កន្តា តា មា ទេវ តយា វិនា
វន្ទេ តេ សិរសា បាទេ មា មេ កុជ្ឈ រថេសភ។
បពិត្រព្រះសម្មតិទេព រាត្រីទាំងនោះ វៀរចាកព្រះអង្គកន្លងទៅ បពិត្រព្រះអង្គជាបុគ្គលប្រសើរលើរថ ខ្ញុំម្ចាស់សូម (ក្រាប) ដោយក្បាល ថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះអង្គ សូមព្រះអង្គកុំខ្ញាល់នឹងខ្ញុំម្ចាស់។
សច្ចន្តេ បដិជានាមិ មហារាជ សុណោហិ មេ
ន ចាបិ អប្បិយំ តុយ្ហំ ករេយ្យាមិ អហំ បុន។
បពិត្រមហារាជ ខ្ញុំម្ចាស់សូមប្តេជ្ញាពាក្យពិត ចំពោះព្រះអង្គ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់លែងធ្វើនូវការមិនស្រឡាញ់ ព្រះអង្គទៀតហើយ។
ឯវញ្ចេ យាចមានាយ វចនំ មេ ន កហសិ
ឥទានិ មំ តាតោ ហន្ត្វា ខត្តិយានំ បទស្សតិ។
កាលបើខ្ញុំម្ចាស់អង្វរករយ៉ាងនេះហើយ បើព្រះអង្គនឹងមិនធ្វើតាមពាក្យខ្ញុំម្ចាស់ទេ ព្រះរាជបិតាមុខជានឹងសម្លាប់ខ្ញុំម្ចាស់ ឥឡូវនេះ ហើយប្រទានដល់ពួកក្សត្រិយ៍មិនខាន។
ព្រះរាជាបានស្ដាប់ពាក្យនោះហើយ ទ្រង់ព្រះតម្រិះថា បើអញនឹងពោលថា នាងតែម្នាក់ប៉ុណ្ណោះ នឹងដឹងរឿងនេះ ដូច្នេះ ហឫទ័យរបស់នាងក៏នឹងបែក អញនឹងលួងលោមនាង ដូច្នេះហើយ ទើបត្រាស់គាថាថា
ឯវន្តេ យាចមានាយ កឹ ន កាហាមិ តេ វចោ
វិកុទ្ធោ ត្យស្មិ កល្យាណិ មា ត្វំ ភាយិ បភាវតិ។
កាលបើនាងអង្វរករយ៉ាងនេះហើយ យើងនឹងមិនធ្វើតាមពាក្យរបស់នាងឯណាបាន នែនាងបភាវតី ស្រីកល្យាណីបងលែងខឹងនឹងនាងហើយ នាងកុំភ័យឡើយ។
សច្ចន្តេ បដិជានាមិ រាជបុត្តី សុណោហិ មេ
ន ចាបិ អប្បិយំ តុយ្ហំ ករេយ្យាមិ អហំ បុន។
នែរាជបុត្រី យើងសូមប្តេជ្ញាពាក្យពិតចំពោះនាង នាងចូរស្តាប់ពាក្យរបស់យើង យើងលែងធ្វើនូវសេចក្តីមិនជាទីស្រឡាញ់នាងទៀត។
តវ កាមា ហិ សុស្សោណិ ពហុទុក្ខំ តិតិក្ខិសំ
ពហុមទ្ទកុលំ ហន្ត្វា នយិតុំ តំ បភាវតី។
នែនាងបភាវតី ជាស្រីមានចង្កេះរៀវ យើងអត់ទ្រាំសេចក្តីទុក្ខ ច្រើនដង ព្រោះតែចង់បាននាង យើងហ៊ានសម្លាប់ត្រកូលរបស់ព្រះបាទមទ្ទៈជាច្រើន ហើយនាំយកនាងទៅបាន។
លំដាប់នោះ ព្រះពោធិសត្វទ្រង់ទតឃើញព្រះនាងបភាវតី អគ្គមហេសីរបស់ព្រះអង្គ ហាក់ដូចជាទេវកញ្ញា ជាបរិចារិការបស់សក្កទេវរាជ ក៏ទ្រង់ញ៉ាំងខត្តិយមានះឲ្យកើតឡើង ទ្រង់ព្រះតម្រិះថា កាលអញនៅមានជីវិត ព្រះរាជាដទៃមកដណ្ដើមយកអគ្គមហេសីរបស់អញ ទៅបានឬ ដូច្នេះហើយ ទើបទ្រង់មឹតពត់ព្រះកាយដូចរាជសីហ៍ដោយមានះ ត្រង់លានព្រះរាជវាំង ទះព្រះហស្ដ ហើយបន្លឺនូវសំឡេងខ្លាំងៗ ថា អ្នកនគរទាំងមូល ចូរដឹងនូវភាពដែលយើងមកហើយ ឥឡូវនេះ យើងនឹងចាប់ស្ដេច (ទាំង ៧ នគរ) នោះ ឲ្យបានទាំងរស់ អ្នកទាំងឡាយ ចូររៀបចំរថជាដើម មកឲ្យយើង ហើយត្រាស់គាថាជាលំដាប់តទៅថា
យោជយន្តុ រថេ អស្សេ នានាចិត្តេ សមាហិតេ
អថ ទក្ខថ មេ វេគំ វិធមេន្តស្ស សត្តវោ។
ពួកជនទាំងឡាយ ចូរទឹមសេះដ៏រំលេចដោយគ្រឿងប្រដាប់ផ្សេងៗ ជាសត្វរៀបរយក្នុងរថ កាលបើទឹមហើយ អ្នកទាំងឡាយមុខជានឹងឃើញកម្លាំងរបស់ខ្ញុំ ដែលកម្ចាត់ពួកខ្មាំងបាន។
ព្រះពោធិសត្វត្រាស់នឹងព្រះបាទមទ្ទរាជ ឲ្យស្ដេចយាងទៅវិញដោយព្រះតម្រាស់ថា ឈ្មោះថា ការចាប់ព្រះរាជាទាំងឡាយ ជាសត្រូវ ជាភារៈរបស់ខ្ញុំ សូមទ្រង់យាងទៅស្រពស្រង់ តាក់តែងព្រះកាយ ហើយឡើងកាន់ប្រាសាទចុះ។ ព្រះបាទមទ្ទរាជក៏បានបញ្ជូនពួកអាមាត្យទៅ ដើម្បីធ្វើការបម្រើព្រះពោធិសត្វនោះ។ ពួកអាមាត្យទាំងនោះ នាំគ្នាចាត់ចែងយកសំពត់បាំងត្រង់ទ្វាររោងបាយនោះហើយ ឲ្យខ្មាន់ព្រះកេសចូលទៅកោរព្រះមស្សុថ្វាយព្រះពោធិសត្វ។ ព្រះពោធិសត្វទ្រង់ឲ្យជាងធ្វើការដាក់ព្រះមស្សុហើយ ទ្រង់ស្រង់ទឹក កក់ព្រះសិរសាស្រេចហើយ ប្រដាប់គ្រឿងអលង្ការទាំងពួង មានអាមាត្យទាំងឡាយចោមរោមជាបរិវារ យាងឡើងកាន់ប្រាសាទ ទ្រង់សម្លឹងមើលដោយជុំវិញ គ្រប់ទិសានុទិស ហើយទ្រង់ទះព្រះហស្ត ទីដែលព្រះពោធិសត្វទ្រង់សម្លឹងមើលហើយៗ ក៏ញាប់ញ័រ ។ ព្រះពោធិសត្វត្រាស់ថា ឥឡូវនេះ អ្នកទាំងឡាយនឹងឃើញសេចក្ដីព្យាយាមរបស់ខ្ញុំ។
ព្រះសាស្ដា កាលទ្រង់ប្រកាសសេចក្ដីនោះ ទើបត្រាស់ថា
តញ្ច តត្ថ ឧទិក្ខឹសុ រញ្ញោ មទ្ទស្សន្តេបុរេ
វិជម្ភមាន សីហំវ បោឋេន្តំ ទីគុណំ ភុជំ។
ពួកស្រីក្នុងព្រះរាជវាំងរបស់ព្រះបាទមទ្ទៈ (នាំគ្នាបើកបង្អួច) អើតមើលព្រះបាទកុសៈនោះ ដែលកំពុងមឹតពត់ កំពុងទង្គិចដើមដៃទាំងពីរខាង ដូចជាសីហៈ ក្នុងទីនោះ។
ពាក្យដែលជាគាថានោះ មានសេចក្ដីអធិប្បាយថា ពួកស្ត្រីនាំគ្នាបើកបង្អួចខាងក្នុងបុរីរបស់ព្រះរាជា ហើយសម្លឹងមើលព្រះពោធិសត្វនោះ ដែលទ្រង់មឹតពត់និងទះព្រះហស្តក្នុងទីនោះៗ។
លំដាប់នោះ ព្រះបាទមទ្ទរាជទ្រង់បញ្ជូនដំរីដ៏ប្រសើរ ដែលប្រដាប់ហើយ ជាដំរីដែលទូន្មានមិនឲ្យញាប់ញ័រ ថ្វាយព្រះពោធិសត្វ។ ព្រះពោធិសត្វឡើងប្រថាប់លើកដំរី ដែលមានស្វេតច្ឆត្រលើកឡើងហើយ ត្រាស់ថា ចូរនាំព្រះនាងបភាវតីមក ទ្រង់ឲ្យព្រះនាងប្រថាប់គង់អំពីខាងក្រោយ ដែលចតុរង្គិនីសេនាចោមរោមជាក្បួនទ័ព ចេញតាមទ្វារទិសខាងកើត ទតឃើញកងទ័ពពួកសត្រូវ ទើបបន្លឺសីហនាទបីដងថា អហំ កុសរាជា ជីវិតត្ថិកា ឧរេន និបជ្ជន្តុ យើងគឺព្រះបាទកុសរាជ អ្នកណាត្រូវការជីវិត ចូរក្រាបចុះ ដូច្នេះហើយ ទ្រង់បានធ្វើការបង្ក្រាបក្សត្រទាំង ៧ នគរនោះ។ ព្រះសាស្ដា កាលទ្រង់ប្រកាសសេចក្ដីនោះ ទើបត្រាស់ព្រះគាថានេះថា
ហត្ថិក្ខន្ធញ្ច អារុយ្ហ អារោបេត្វា បភាវតឹ
សង្គាមំ ឱតរិត្វាន សីហនាទំ នទិ កុសោ។
ព្រះបាទកុសៈ លើកព្រះនាងបភាវតីឡើងកាន់កដំរី លុកលុយចូលទៅក្នុងសង្គ្រាម ហើយក៏បន្លឺនូវសីហនាទ។
តស្ស តំ នទតោ សុត្វា សីហស្សេវិតរេ មិគា
ខត្តិយា វិបលាយឹសុ កុសសទ្ទភយដ្ដិតា។
ពួកក្សត្រិយ៍ ឮព្រះបាទកុសៈនោះ បន្លឺសីហនាទនោះ ត្រូវភ័យអំពីសំឡេងគំរាម នៃព្រះបាទកុសៈបៀតបៀនហើយក៏នាំគ្នារត់បែកខ្ញែក ដូចជាពួកម្រឹគដទៃ (ដែលភ័យនឹងសម្រែក) នៃសីហៈ។
ហត្ថារោហា អនីកដ្ឋា រថិកា បត្តិការកា
អញ្ញមញ្ញស្ស ឆិន្ទន្តិ កុសសទ្ទភយដ្ដិតា។
ពួកទាហានដំរី ទាហានសេះ ទាហានរថ ទាហានថ្មើរជើង ត្រូវភ័យអំពីសំឡេងនៃព្រះបាទកុសៈបៀតបៀនហើយ ក៏រត់ជាន់គ្នាទៅវិញទៅមក។
តស្មឹ សង្គាមសីសស្មឹ បស្សិត្វា ហដ្ឋមានសោ
កុសស្ស រញ្ញោ ទេវិន្ទោ អទា វេរោចនំ មណឹ។
ទេវរាជជាធំជាងទេវតាបានឃើញហើយ ក៏មានព្រះហឫទ័យ រីករាយ បានប្រទានកែវមណីឈ្មោះវេរោចនៈ ដល់ព្រះបាទកុសៈក្នុងប្រធាននៃសង្គ្រាមនោះ។
សោ តំ វិជិត្វា សង្គាមំ លទ្ធា វេរោចនំ មណឹ
ហត្ថិក្ខន្ធគតោ រាជា បាវេក្ខិ នគរំ បុរំ។
ព្រះរាជានោះ លុះឈ្នះសង្គ្រាមនោះ បានកែវមណីឈ្មោះ វេរោចនៈ ហើយគង់លើកដំរី ក៏យាងចូលទៅកាន់បុរី។
ជីវិគ្គាហំ គហេត្វាន ពន្ធិត្វា សត្ត ខត្តិយេ
សសុរស្សូបនាមេសិ ឥមេ តេ ទេវ សត្តវោ។
ព្រះបាទកុសៈ បានចាប់យកក្សត្រិយ៍ទាំង ៧ អង្គ ទាំងរស់ ចងនាំមកថ្វាយដល់ព្រះបិតាក្មេកថា បពិត្រព្រះសម្មតិទេព ក្សត្រិយ៍ទាំង ៧ នេះហើយ ជាសត្រូវរបស់ព្រះអង្គ។
សព្វេវ តេ វសំ គតា អមិត្តា វិហិតា តវ
កាមំ ករោហិ តេ តយា មុញ្ច វា តេ ហនស្សុ វា។
ពួកក្សត្រិយ៍ជាសត្រូវទាំងអស់ ជាអ្នកបៀតបៀនព្រះអង្គលុះក្នុងអំណាចរបស់ព្រះអង្គហើយ សូមព្រះអង្គធ្វើតាមបំណងរបស់ព្រះអង្គចុះ ទោះព្រះអង្គលែងក្សត្រិយ៍ទាំងនោះ ឬសម្លាប់នូវក្សត្រិយ៍ទាំងនោះចុះ។
ព្រះបាទមទ្ទរាជទ្រង់ត្រាស់ថា
តុយ្ហេវ សត្តវោ ឯតេ ន ហិ តេ មយ្ហ សត្តវោ
ត្វញ្ញេវ នោ មហារាជ មុញ្ច វា តេ ហនស្សុ វា។
បពិត្រមហារាជ ព្រះរាជាទាំងនុ៎ះ ជាសត្រូវរបស់ព្រះអង្គ ព្រះរាជាទាំងនោះ មិនមែនជាសត្រូវរបស់ខ្ញុំទេ ព្រះអង្គ (ជាឥស្សរៈ) របស់ពួកយើងស្រាប់ហើយ ទោះលែងក្សត្រិយ៍ទាំងនោះ ឬសម្លាប់នូវក្សត្រិយ៍ទាំងនោះចុះ។
កាលព្រះបាទមទ្ទរាជត្រាស់យ៉ាងនេះហើយ ព្រះមហាសត្វទ្រង់ព្រះតម្រិះថា ប្រយោជន៍អ្វីដោយការសម្លាប់ស្ដេចទាំងនេះ ការមករបស់ស្ដេចទាំង ៧ នគរនោះ កុំទទេចាកប្រយោជន៍ឡើយ ព្រះរាជធីតារបស់ព្រះបាទមទ្ទរាជ ដែលជាកនិដ្ឋភគិនីរបស់ព្រះនាងបភាវតី ក៏មាន ៧ អង្គ អញនឹងលើកព្រះរាជធីតាទាំងនោះ ឲ្យទៅស្ដេចទាំង ៧ នគរនោះ ដូច្នេះហើយ ត្រាស់ព្រះគាថាថា
ឥមា តេ ធីតរោ សត្ត ទេវកញ្ញូបមា សុភា
ទទាហិ នេសំ ឯកេកំ ហោន្តុ ជាមាតរោ តវ។
ធីតាទាំងឡាយរបស់ព្រះអង្គ ទាំង ៧ នេះ ល្អមានឧបមាដោយទេវកញ្ញា សូមព្រះអង្គប្រទានធីតាមួយអង្គៗ ដល់ព្រះរាជាទាំងនោះ ព្រះរាជាទាំងនោះ ចូរជាកូនប្រសារបស់ព្រះអង្គចុះ។
លំដាប់នោះ ព្រះបាទមទ្ទរាជទ្រង់ត្រាស់ថា
អម្ហាកញ្ចេវ តាសញ្ច ត្វំ នោ សព្វេសមិស្សរោ
ត្វញ្ញេវ នោ មហារាជ ទេហិ នេសំ យទិច្ឆសិ។
បពិត្រមហារាជ ព្រះអង្គជាឥស្សរៈរបស់ពួកយើងទាំងអស់គ្នា គឺ (ព្រះរាជាទាំង ៧ នេះផង) ខ្ញុំផង ធីតាទាំងនោះផង ព្រះអង្គប្រាថ្នានឹង (ប្រទាន) ធីតាណា (ដល់ព្រះរាជាណា) សូមប្រទាន (ធីតានោះ) ដល់ព្រះរាជានោះចុះ។
កាលព្រះបាទមទ្ទរាជត្រាស់យ៉ាងនេះហើយ ព្រះមហាសត្វក៏ឲ្យតាក់តែងព្រះរាជធីតារបស់ព្រះបាទមទ្ទរាជទាំង ៧ អង្គនោះ ហើយព្រះរាជទានដល់ព្រះរាជាទាំង ៧ អង្គនោះ។ ព្រះសាស្ដា កាលទ្រង់ប្រកាសសេចក្ដីនោះ ទើបត្រាស់ ៥ គាថាថា
ឯកមេកស្ស ឯកេកំ អទា សីហស្សរោ កុសោ
ខត្តិយានំ តទា តេសំ រញ្ញោ មទ្ទស្ស ធីតរោ។
ព្រះបាទកុសៈ មានព្រះវាចាសព្ទស្មើនឹងសំឡេងសីហៈ បានប្រទានពួកធីតារបស់ព្រះបាទមទ្ទៈ មួយអង្គ ៗ ដល់ក្សត្រិយ៍ទាំងនោះ មួយអង្គៗ។
បីណិតា តេន លាភេន តុដ្ឋា សីហស្សរេ កុសេ
សករដ្ឋានិ បាយឹសុ ខត្តិយា សត្ត តាវទេ។
ពួកក្សត្រិយ៍ទាំង ៧ អង្គ មានព្រះហឫទ័យស្កប់ស្កល់ ដោយលាភនោះហើយ ក៏ត្រេកអរចំពោះព្រះបាទកុសៈ ដែលមានព្រះសូរវាចាស្មើនឹងសំឡេងសីហៈ បានទៅកាន់ដែនទាំងឡាយរៀងខ្លួន ក្នុងលំដាប់នោះឯង។
បភាវតិញ្ច អាទាយ មណឹ វេរោចនំ សុភំ
កុសាវតឹ កុសោ រាជា អគមាសិ មហព្វលោ។
ចំណែកឯព្រះបាទកុសៈ មានកម្លាំងច្រើន បាននាំយកនាងបភាវតី និងកែវមណីឈ្មោះវេរោចនៈដ៏ល្អ ហើយទ្រង់ស្តេចវិលត្រឡប់ទៅកាន់ក្រុងកុសាវតីវិញ។
ត្យស្សុ ឯករថេ យន្តា បវិសន្តា កុសាវតឹ
សមានា វណ្ណរូបេន នាញ្ញមញ្ញាតិរោចិសុំ។
ក្សត្រិយ៍ទាំងនោះ គង់លើរថជាមួយគ្នា បរសំដៅចូលទៅកាន់ក្រុងកុសាវតី ស្មើគ្នាដោយវណ្ណៈនិងរូប មិនរុងរឿងជាងគ្នាប៉ុន្មានទេ។
មាតា បុត្តេន សង្គញ្ឆិ ឧភយោ ច ជយម្បតី
សមគ្គា តេ តទា អាសុំ ផីតំ ធរណិមាវសុំ។
ព្រះមាតាបានចួបជុំដោយបុត្ត ចំណែកអគ្គមហេសី និងព្រះរាជស្វាមីទាំងពីរព្រះអង្គនោះ បានព្រមព្រៀងគ្នា នៅគ្រប់គ្រងរាជធរណីដ៏សម្បូណ៌សប្បាយ ក្នុងកាលនោះ។
បានឮថា ព្រះមហាសត្វមានរូបស្អាត មានពណ៌សម្បុរដូចមាស គឺដល់នូវភាពជាបុគ្គលប្រសើរដោយលម្អ ព្រោះអានុភាពរបស់កែវមណី បានឮថា ព្រះពោធិសត្វបានជាអ្នកមានតេជះយ៉ាងនេះ ព្រោះផលនៃចង្ហាន់បិណ្ឌបាត ដែលបានថ្វាយដល់ព្រះបច្ចេកពុទ្ធ ក្នុងកាលមុនផង ព្រោះផលនៃការកសាងព្រះពុទ្ធបដិមាផង។
លំដាប់នោះ ព្រះមាតារបស់ព្រះមហាសត្វ ព្រះនាងព្រះសណ្ដាប់ថា ព្រះមហាសត្វយាងមកហើយ ទើបឲ្យវាយស្គរប្រកាសពេញព្រះនគរកាន់យកគ្រឿងបណ្ណាការជាច្រើនចេញទៅទទួល ហើយត្រឡប់មកជាមួយ គ្នា។ ព្រះបាទកុសរាជនោះ ទ្រង់ធ្វើប្រទក្សិណនគរ មួយអន្លើដោយព្រះជននី ក្រសាលមហោស្រព ៧ ថ្ងៃហើយ ទ្រង់ឡើងកាន់ប្រាសាទដែលប្រដាប់តាក់តែងហើយ។ ក្សត្រទាំងពីរអង្គ គឺព្រះភស្ដានិងព្រះជាយានោះ មានការសាមគ្គីគ្នា តាំងអំពីនោះមក ទ្រង់គ្រប់គ្រងផែនដីឲ្យរុងរឿង ដរាបអស់ព្រះជន្មទាំងពីរព្រះអង្គ ដោយប្រការដូច្នេះ។
ព្រះសាស្ដា កាលទ្រង់នាំយកព្រះធម្មទេសនានេះមកសម្ដែងហើយ ទើបទ្រង់ប្រកាសសច្ចៈទាំងឡាយ ហើយទ្រង់ប្រជុំជាតក។ កាលចប់សច្ចៈ ភិក្ខុដែលអផ្សុកនោះ តាំងនៅក្នុងសោតាបត្តិផល។ ព្រះជនកនិងព្រះជននីរបស់ព្រះបាទកុសរាជ ក្នុងកាលនោះ បានមកជាត្រកូលមហារាជក្នុងកាលឥឡូវនេះ ជយម្បតិរាជកុមារ ដែលជាព្រះអនុជរបស់ព្រះបាទកុសរាជ បានមកជាអានន្ទ ស្រីគមបានមកជានាងខុជ្ជុត្តរា ព្រះនាងបភាវតី បានមកជារាហុលមាតា បរិស័ទ បានមកជាពុទ្ធបរិស័ទ ចំណែកព្រះបាទកុសរាជ គឺតថាគតអរហន្តសម្មាសម្ពុទ្ធនេះឯង។
កុសជាតក ចប់។
[ស្រង់ចាកអដ្ឋកថា ជាតក សត្តតិនិបាត បិ.៦១ ទំ.៦៤ ឃ.៩៤។]
សូមអនុមោទនា !!!
