មហាជនកជាតក
ព្រះសាស្ដា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធមហាភិនេក្ខម្មបារមី ទើបត្រាស់ព្រះធម្មទេសនានេះថា
សេចក្ដីពិស្ដារថា ថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយពណ៌នាមហាភិនេក្ខម្មបារមីរបស់ព្រះតថាគតក្នុងធម្មសភា។ ព្រះសាស្ដាស្ដេចយាងមក ហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎។ កាលភិក្ខុទាំងនោះ ក្រាបបង្គំទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គដ៏ចម្រើន ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ ដែលតថាគតចេញស្វែងរកគុណធំ សូម្បីក្នុងកាលមុន កាលជាពោធិសត្វ តថាគតក៏ចេញស្វែងរកគុណធំដូចគ្នា ដូច្នេះហើយ ទ្រង់ព្រះតុណ្ហីភាព កាលភិក្ខុទាំងនោះ ក្រាបបង្គំទូលអារាធនាឲ្យទ្រង់សម្ដែង ទើបទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅនេះថា
ក្នុងអតីតកាល ព្រះរាជាព្រះនាមមហាជនក គ្រងរាជសម្បត្តិក្នុងនគរមិថិលា ដែនវិទេហៈ។ ព្រះបាទមហាជនកនោះ មានព្រះរាជឱរសពីរព្រះអង្គ គឺអរិដ្ឋជនកមួយអង្គ បោលជនកមួយអង្គ បណ្ដាក្សត្រទាំងពីរអង្គនោះ ព្រះរាជាព្រះរាជទានតំណែងឧបរាជដល់ព្រះរាជឱរសច្បង ព្រះរាជទានតំណែងសេនាបតីដល់ព្រះរាជឱរសប្អូន។ ក្នុងកាលតមក ព្រះបាទមហាជនកទ្រង់សោយទិវង្គត។ កាលថ្វាយព្រះភ្លើងព្រះបរមសពស្រេចហើយ ព្រះអរិដ្ឋជនកក៏បានគ្រងរាជសម្បត្តិ ទ្រង់តាំងព្រះបោលជនកដែលជាព្រះកនិដ្ឋភាតាជាឧបរាជ។ អាមាត្យម្នាក់ដែលជាអ្នកជិតស្និទ្ធនឹងព្រះរាជា ចូលគាល់ព្រះរាជាក្រាបទូលថា ទេវ ឧបរាជា តុម្ហេ ឃាតេតុកាមោ បពិត្រព្រះសម្មតិទេព ព្រះឧបរាជប្រាថ្នានឹងផ្ដាច់ព្រះជន្មព្រះអង្គ។ ព្រះបាទអរិដ្ឋជនកទ្រង់ស្ដាប់ពាក្យនោះរឿយៗ ក៏ទម្លាយសេចក្ដីស្នេហាក្នុងព្រះអនុជ ធ្វើព្រះបោលជនកមហាឧបរាជដោយចំណង ឃុំទុកក្នុងទីមួយកន្លែង ក្នុងព្រះរាជដំណាក់មួយខ្នងក្បែរព្រះរាជនិវេសន៍ មានអ្នកយាមរក្សា។
បោលជនកកុមារតាំងសច្ចាធិដ្ឋានថា សចាហំ ភាតុ វេរីម្ហិ បើខ្ញុំបង្កពៀរចំពោះព្រះជេដ្ឋា សង្ខលិកាបិ មេ ហត្ថបាទា មា មុច្ចន្តុ ចំណងកុំបីរបូតអំពីដៃ និងជើងរបស់ខ្ញុំឡើយ ទ្វារម្បិ មា វិវរីយតុ សូម្បីទ្វារ ក៏កុំបីរបើក សចេ នោ វេរីម្ហិ បើខ្ញុំមិនបានបង្កនូវពៀរវេរា (ចំពោះព្រះជេដ្ឋាទេ) សង្ខលិកាបិ មេ ហត្ថបាទា មុច្ចន្តុ ចំណង ចូររបូតអំពីដៃ និងជើងរបស់ខ្ញុំ ទ្វារម្បិ វិវរីយតុ សូម្បីទ្វារក៏ចូររបើក។ គ្រឿងចង ក៏បាក់ជាកំណាត់ ៗ ទ្វារក៏របើក ព្រះបោលជនកក៏យាងចេញទៅកាន់បច្ចន្តគ្រាមមួយកន្លែង ប្រថាប់នៅត្រង់បច្ចន្តគ្រាមនោះ។
អ្នកបច្ចន្តគ្រាមចំណាំទ្រង់បាន ក៏ទំនុកបម្រុង។ ក្នុងកាលនោះព្រះបាទអរិដ្ឋជនកមិនអាចចាប់ព្រះបោលជនកបាន។ ព្រះបោលជនកនោះ បានធ្វើអ្នកបច្ចន្តជនបទឲ្យនៅក្នុងអំណាចដោយលំដាប់ ជាអ្នកមានបរិវារច្រើន ទ្រង់គិតថា កាលមុន យើងមិនបានបង្កនូវពៀរវេរាចំពោះព្រះជេដ្ឋារបស់យើង តែឥឡូវនេះ យើងនឹងបង្កពៀរ ចោមរោមដោយមហាជន ចេញអំពីបច្ចន្តគ្រាមដល់ក្រុងមិថិលាដោយលំដាប់ ឲ្យបោះជំរំទ័ពខាងក្រៅព្រះនគរ។ កាលនោះ ពួកទាហានអ្នកនគរមិថិលា ដឹងថា ព្រះរាជកុមារបោលជនកយាងមក ដោយច្រើន ក៏ជញ្ជូនពាហនៈ មានសេះ ដំរី ជាដើម មកកាន់សម្នាក់របស់ព្រះបោលជនកនោះ។ សូម្បីអ្នកនគរដទៃៗ ក៏មកផងដែរ។
ព្រះបោលជនកបញ្ជូនសាសន៍ទៅថ្វាយព្រះរាជជេដ្ឋាថា ក្នុងកាលមុន ខ្ញុំមិនបានបង្កពៀរជាមួយទ្រង់ តែឥឡូវនេះ ខ្ញុំនឹងបង្កពៀរ ទ្រង់ប្រគល់ស្វេតច្ឆត្រ (រាជ្យ) ដល់ខ្ញុំ ឬក៏ច្បាំងគ្នា។
ព្រះបាទអរិដ្ឋជនករាជទ្រង់បានស្ដាប់ដូច្នោះ ប្រាថ្នានឹងច្បាំង ទើបត្រាស់ហៅអគ្គមហេសីមក ប្រាប់ថា នែនាងដ៏ចម្រើន ធម្មតាការច្បាំង ឈ្នះឬចាញ់ មិនអាចដឹងបានទេ បើយើងមានអន្តរាយ នាងគប្បីរក្សាគភ៌ឲ្យល្អ ដូច្នេះហើយ ទ្រង់ចោមរោមដោយសេនាជាច្រើន ចេញអំពីនគរ។
លំដាប់នោះ ទាហានរបស់ព្រះបោលជនក ញ៉ាំងព្រះបាទអរិដ្ឋជនកឲ្យសោយទិវង្គតក្នុងទីលានចម្បាំង។ អ្នកនគរដឹងថា ព្រះរាជាសោយទិវង្គតហើយ ក៏កើតកោលាហលទូទៅ។ ឯព្រះទេវីដឹងថា ព្រះរាជស្វាមីសោយទិវង្គតហើយ ក៏ប្រញាប់ដាក់របស់ដែលមានតម្លៃ មានមាសជាដើម ក្នុងល្អី យកសំពត់ចាស់ៗ បិទបាំង ហើយដាក់អង្ករខាងលើ ដណ្ដប់សំពត់ចាស់សៅហ្មង ភៀសខ្លួនចេញទៅ ដាក់ល្អីលើក្បាល ចេញអំពីនគរក្នុងថ្ងៃនុ៎ះឯង មិនមានអ្នកណាស្គាល់ព្រះនាងឡើយ។ ព្រះនាងចេញតាមទ្វារទិសខាងជើង មិនស្គាល់ផ្លូវ ព្រោះមិនធ្លាប់ទៅកាន់ទីណាមួយ មិនអាចកំណត់ទិស ទើបប្រថាប់គង់ត្រង់សាលាមួយកន្លែង រង់ចាំសួរថា មានអ្នកណាទៅកាន់នគរកាលចម្បាដែរឬទេ ព្រោះព្រះនាងធ្លាប់ឮថា មានអ្នកធ្វើដំណើរទៅកាន់នគរឈ្មោះកាលចម្បា។ ចំណែកសត្វដែលបដិសន្ធិក្នុងព្រះឧទររបស់ព្រះទេវីនោះ មិនមែនជាសត្វសាមញ្ញ គឺជាព្រះមហាសត្វដែលមានបារមីបានបំពេញហើយ មកកើត។
ដោយតេជះនៃព្រះមហាសត្វនោះ បណ្ដាលឲ្យសក្កពិភពកម្រើកញាប់ញ័រ។ សក្កទេវរាជទ្រង់ពិចារណា ក៏ជ្រាបហេតុនោះ ទើបព្រះតម្រិះថា សត្វដែលកើតក្នុងព្រះឧទររបស់ព្រះទេវីនេះ មានបុណ្យច្រើន អញគួរទៅក្នុងទីនោះ ទើបនិម្មិតរថមានគ្រឿងបិទបាំង រៀបចំគ្រែក្នុងរថនោះ កាឡាខ្លួនជាមនុស្សចាស់ បររថទៅឈប់ត្រង់ទ្វារសាលាដែលព្រះទេវីប្រថាប់គង់ ហើយសួរថា មានអ្នកណាចង់ទៅនគរកាលចម្បាដែរឬទេ។ ព្រះទេវីបានស្ដាប់ដូច្នោះ ទើបត្រាស់ថា លោកឪពុក ខ្ញុំនឹងទៅ។
សក្កទេវរាជត្រាស់ថា ម្នាលកូនស្រី បើដូច្នោះ ចូរនាងឡើងអង្គុយលើរទេះ។ ព្រះទេវីត្រាស់ថា បពិត្រលោកឪពុក ខ្ញុំមានគភ៌ចាស់ខែ មិនអាចឡើងរទេះបានទេ ខ្ញុំសូមដើរតាមក្រោយៗ លោកឪពុកទៅប៉ុណ្ណោះ តែសូមលោកឪពុកជួយទទួលល្អីរបស់ខ្ញុំនេះ ដាក់លើរទេះផង។
សក្កទេវរាជត្រាស់ថា នែកូនស្រី នាងនិយាយអ្វី បុគ្គលដែលមានសមត្ថភាពចេះបររទេះដូចខ្ញុំ មិនមានទេ នាងកុំខ្លាចឡើយ ចូរឡើងអង្គុយលើរទេះចុះ។ ព្រះនាងពោលថា សាធុ លោកឪពុក ដោយអានុភាពនៃព្រះឱរសរបស់ព្រះនាង កាលដែលព្រះទេវីឡើងរទេះ ផែនដីក៏ទុលឡើង ដូចពេញដោយខ្យល់ ទល់គ្នានឹងទូករទេះ ព្រះទេវីឡើងផ្ទំលើសិរីសេយ្យាសនៈ ព្រះនាងជ្រាបបានថា នេះជាទេវតា។ គ្រាន់តែគិតប៉ុណ្ណោះ ព្រះនាងក៏លង់លក់ ព្រោះបានទីបន្ទំដែលជាទិព្វ។
ក្នុងកាលនោះ សក្កទេវរាជទ្រង់បររថដល់ស្ទឹងមួយកន្លែង ដែលមានចម្ងាយ ៣០ យោជន៍ ទើបដាស់ព្រះទេវី ហើយត្រាស់ថា នែកូនស្រី ចូរនាងចុះអំពីរទេះ ងូតទឹកក្នុងស្ទឹង ចូរស្លៀកដណ្ដប់សំពត់មួយគូដែលនៅលើក្បាលដំណេកនោះ នៅក្នុងរទេះមានកញ្ចប់ភត្ត ចូរនាងបរិភោគចុះ។ ព្រះទេវីធ្វើតាមយ៉ាងនោះ ហើយក៏ផ្ទំបន្តទៀត លុះដល់នគរកាលចម្បា ជួនជាពេលល្ងាច ព្រះនាងទតឃើញទ្វារត្រង់សំយាបកំពែងនគរ ទើបសួរសក្កទេវរាជថា បពិត្រលោកឪពុក នគរនេះ ឈ្មោះអ្វី។ សក្កទេវរាជឆ្លើយថា នគរនេះ ឈ្មោះកាលចម្បា កូនស្រី។
ព្រះទេវីពោលថា លោកឪពុកនិយាយអ្វី នគរកាលចម្បានៅឆ្ងាយអំពីនគររបស់ពួកយើងដល់ទៅ ៦០ យោជន៍ មិនមែនឬ។ សក្កទេវរាជត្រាស់ថា យ៉ាងនោះហើយនាង តែខ្ញុំស្គាល់ផ្លូវត្រង់។ លំដាប់នោះ សក្កទេវរាជឲ្យព្រះទេវីចុះអំពីរទេះ ក្នុងទីក្បែរទ្វារទិសទក្សិណ ហើយ ប្រាប់ថា នែនាង ផ្ទះរបស់យើងនៅស្រុកខាងមុខ ចូរនាងចូលទៅកាន់នគរនេះ ដូច្នេះហើយ យាងទៅ ដូចទៅខាងមុខ ហើយក៏អន្តរធាន ទៅកាន់ទីប្រថាប់របស់ព្រះអង្គ។
ចំណែកព្រះទេវី ព្រះនាងប្រថាប់គង់ត្រង់សាលាមួយកន្លែង។ ក្នុងខណៈនោះ មានព្រាហ្មណ៍អ្នករាយមន្តម្នាក់ ជាអ្នកស្រុកកាលចម្បា ជាអាចារ្យទិសាបាមោក្ខ មានមាណព ៥០០ ចោមរោម ដើរទៅដើម្បីងូតទឹក សម្លឹងមើលអំពីចម្ងាយ ឃើញព្រះទេវីមានព្រះរូបល្អក្រៃលែង សម្បូរដោយលម្អដ៏លើស ប្រថាប់គង់ក្នុងសាលានោះ ដោយអានុភាពនៃព្រះមហាសត្វដែលកើតក្នុងព្រះឧទររបស់ព្រះទេវី គ្រាន់តែឃើញប៉ុណ្ណោះ ក៏កើតនូវសេចក្ដីស្រឡាញ់ដូចជាប្អូនស្រីរបស់ខ្លួន ទើបឲ្យពួកមាណពឈរចាំខាងក្រៅ ចូលទៅក្នុងសាលាតែម្នាក់ឯង សួរថា នែប្អូនស្រី នាងជាអ្នកស្រុកណា។
ព្រះទេវីឆ្លើយថា បពិត្របងប្រុស ខ្ញុំជាអគ្គមហេសីរបស់ព្រះបាទអរិដ្ឋជនក នគរមិថិលា។ ព្រាហ្មណ៍សួរថា ម្នាលប្អូនស្រី ព្រោះហេតុអ្វី ទើបនាងមកទីនេះ។
ព្រះទេវីឆ្លើយថា បពិត្របងប្រុស ព្រះបាទអរិដ្ឋជនកត្រូវព្រះបោលជនកផ្ដាច់ព្រះជន្ម កាលបើយ៉ាងនេះ ខ្ញុំខ្លាច ទើបគេចមក ដោយគិតថា នឹងរក្សាគភ៌។ ព្រាហ្មណ៍សួរថា ម្នាលប្អូនស្រី ក្នុងនគរនេះ មានអ្នកណាជាញាតិផៅរបស់នាងដែរឬទេ។
ព្រះទេវីឆ្លើយថា មិនមានទេ បងប្រុស។ ព្រាហ្មណ៍ពោលថា បើដូច្នោះ នាងកុំគិតថ្វីឡើយ ខ្ញុំជាឧទិច្ចព្រាហ្មណមហាសាល ជាអាចារ្យ ទិសាបាមោក្ខ ខ្ញុំនឹងតាំងនាងទុកជាប្អូនស្រី បដិបត្តិមើលថែនាង ចូរនាងហៅខ្ញុំថា បងប្រុស ហើយចាប់ត្រង់ជើងទាំងពីររបស់ខ្ញុំ យំចុះ។
ព្រះទេវីចាប់ត្រង់ជើងទាំងពីររបស់ព្រាហ្មណ៍នោះ ហើយស្រែកយំ ដោយសំឡេងខ្លាំង ជនទាំងពីរយំខ្សឹកខ្សួលដល់គ្នានឹងគ្នា។ ក្នុងកាលនោះ ពួកអន្តេវាសិកបានឮសំឡេងរបស់ព្រាហ្មណ៍ ទើបនាំគ្នាស្ទុះចូលទៅកាន់សាលា សួរថា បពិត្រលោកអាចារ្យ តើមានរឿងអ្វី។
ព្រាហ្មណ៍ពោលថា នាងជាប្អូនស្រីរបស់ខ្ញុំ ព្រាត់អំពីខ្ញុំយូរហើយ។
លំដាប់នោះ ពួកអន្តេវាសិកពោលថា បពិត្រលោកអាចារ្យ ចាប់តាំងអំពីកាលដែលលោកទាំងពីរបានចួបគ្នាហើយ កុំវិតក្កៈឡើយ។
ព្រាហ្មណ៍ឲ្យនាំយានដែលបិទបាំងមក ឲ្យព្រះទេវីប្រថាប់គង់ក្នុងយាននោះ ពោលនឹងពួកមាណពថា នែបាទាំងឡាយ ចូរប្រាប់ព្រាហ្មណីថា នាងជាប្អូនស្រីរបស់ខ្ញុំ ហើយចូរប្រាប់ព្រាហ្មណីឲ្យធ្វើកិច្ចទាំងពួងដល់ នាង ហើយក៏បញ្ជូនព្រះទេវីទៅកាន់ផ្ទះ។ លំដាប់នោះ ព្រាហ្មណីឲ្យព្រះនាងស្រង់ទឹកក្ដៅ ហើយរៀបចំទីបន្ទំឲ្យផ្ទំ ព្រាហ្មណ៍ងូតទឹកហើយ ក៏ត្រឡប់មកកាន់ផ្ទះ ឲ្យអញ្ជើញព្រះនាងមកក្នុងវេលាបរិភោគអាហារ ដោយពាក្យថា ចូរអញ្ជើញប្អូនស្រីរបស់យើងមក ហើយបរិភោគរួមគ្នាជាមួយព្រះនាង បានថែទាំព្រះនាងក្នុងនិវេសន៍របស់ខ្លួននោះឯង។
មិនយូរប៉ុន្មាន ព្រះនាងក៏ប្រសូតព្រះឱរសមានពណ៌ដូចមាស ព្រះទេវីក៏ថ្វាយព្រះនាមព្រះរាជបុត្ត ដូចព្រះនាមព្រះអយ្យកោថា មហាជនកកុមារ។ ព្រះរាជកុមារនោះ ទ្រង់ចម្រើនវ័យ ក៏លេងជាមួយពួកក្មេងៗ ពួកក្មេងណាឆាឆៅឲ្យព្រះរាជកុមារក្រោធ ព្រះរាជកុមារក៏ចាប់ក្មេងទាំងនោះយ៉ាងមាំហើយវាយ ព្រោះទ្រង់មានកម្លាំងច្រើនផង មានសេចក្ដីរឹងត្អឹងព្រោះមានះផង ព្រោះទ្រង់កើតក្នុងត្រកូលក្សត្រដែលមិនលាយឡំដោយពូជពង្សដទៃ ពួកក្មេងទាំងនោះ ក៏ស្រែកយំដោយសំឡេងខ្លាំង កាលត្រូវសួរថា អ្នកណាវាយពួកឯង ក៏ប្រាប់ថា កូនស្រីមេម៉ាយ វាយពួកខ្ញុំ។ ព្រះរាជកុមារទ្រង់ព្រះតម្រិះថា ពួកក្មេងទាំងនេះ ពោលថាអញជាកូនស្រីមេម៉ាយរឿយៗ ណ្ហើយចុះ អញនឹងសួរមាតារបស់អញ។ ថ្ងៃមួយ ព្រះរាជកុមារទូលសួរព្រះរាជមាតាថា បពិត្រអ្នកម៉ែ អ្នកណាជាឪពុករបស់ខ្ញុំ។ លំដាប់នោះ ព្រះទេវីលួងលោមព្រះរាជកុមារថា ម្នាលបា ព្រាហ្មណ៍ជាឪពុករបស់កូន។
ស្អែកឡើង ព្រះរាជកុមារក៏វាយក្មេងទាំងឡាយទៀត ពួកក្មេងទាំងនោះ ក៏ពោលថា កូនស្រីមេម៉ាយ។ ព្រះរាជកុមារត្រាស់ថា ព្រាហ្មណ៍ជាឪពុករបស់យើង មិនមែនឬ។
កាលពួកក្មេងសួរថា ព្រាហ្មណ៍ជាអ្វីនឹងឯង ទើបទ្រង់ព្រះតម្រិះថា ក្មេងទាំងនេះពោលថា ព្រាហ្មណ៍ជាអ្វីនឹងឯង រឿយៗ មាតារបស់អញមិនប្រាប់ហេតុការណ៍នេះ តាមសេចក្ដីពិត មាតាមិនប្រាប់ដល់អញតាមចិត្តរបស់ខ្លួន លើកទុកចុះ អញនឹងឲ្យមាតាប្រាប់ឲ្យខាងតែបាន។
កាលព្រះរាជកុមារបៅដោះរបស់ព្រះមាតា ទើបខាំដោះរបស់មាតាហើយពោលថា បពិត្រអ្នកម៉ែ សូមម៉ែប្រាប់លោកឪពុកដល់ខ្ញុំ បើម៉ែមិនប្រាប់ ខ្ញុំនឹងខាំដោះម៉ែឲ្យដាច់។
ព្រះនាងមិនអាចបញ្ឆោតព្រះឱរសបាន ទើបប្រាប់ថា នែបា បាជាបុត្តរបស់ព្រះបាទអរិដ្ឋជនក ក្នុងនគរមិថិលា បិតារបស់បាត្រូវព្រះបាទ បោលជនកផ្ដាច់ព្រះជន្ម មាតាតាំងចិត្តរក្សាបុត្ត ទើបមកកាន់នគរនេះព្រាហ្មណ៍នេះ ទុកម៉ែជាប្អូនស្រី ហើយចិញ្ចឹមថែទាំ។ តាំងពីនោះមក សូម្បីអ្នកណាពោលថា ជាកូនស្រីមេម៉ាយ ក៏ព្រះរាជកុមារមិនខឹង។
ព្រះរាជកុមាររៀនចប់ត្រៃវេទ និងសិប្បៈទាំងពួង ក្នុងរវាងព្រះជន្ម ១៦ ឆ្នាំ។ កាលព្រះជន្មបាន ១៦ ឆ្នាំ ជាអ្នកទ្រទ្រង់នូវព្រះរូបឆោមលោមពណ៌ដ៏ឧត្តម ទ្រង់គិតថា អញនឹងយករាជសម្បត្តិដែលជារបស់បិតា ទើបទូលសួរព្រះមាតាថា បពិត្រអ្នកម៉ែ អ្នកម៉ែមានទ្រព្យខ្លះដែរឬទេ ខ្ញុំនឹងធ្វើការជួញដូរ ឲ្យទ្រព្យកើតឡើងហើយ នឹងយករាជសម្បត្តិដែលជារបស់ព្រះបិតា។
ព្រះនាងត្រាស់តបថា នែកូន ម៉ែមិនបានមកដៃទទេ វត្ថុដែលជាសារៈរបស់យើង មាន ៣ យ៉ាង គឺកែវមុក្ដា កែវមណី និងកែវវជីរ បណ្ដាវត្ថុ ៣ យ៉ាងនោះ វត្ថុនីមួយៗ ល្មមចំណាយដើម្បីយករាជសម្បត្តិបាន ចូរបា ទទួលកែវទាំង ៣ យ៉ាងនោះ ហើយរកឧបាយយករាជសម្បត្តិចុះ កុំធ្វើការជួញដូរឡើយ។
ព្រះរាជកុមារក្រាបទូលថា បពិត្រអ្នកម៉ែ សូមអ្នកម៉ែប្រទានទ្រព្យនោះ ពាក់កណ្ដាលដល់ខ្ញុំ ខ្ញុំនឹងយកទៅកាន់សុវណ្ណភូមិ នាំទ្រព្យជាច្រើនមក ហើយយករាជសម្បត្តិដែលជារបស់បិតា ដូច្នេះហើយ ឲ្យព្រះមាតាប្រទានទ្រព្យពាក់កណ្ដាល ចំណាយជាមុខទំនិញ ដើម្បីឡើងសំពៅមួយអន្លើដោយពួកពាណិជ ធ្វើដំណើរទៅកាន់សុវណ្ណភូមិ ហើយត្រឡប់ទៅថ្វាយបង្គំលាព្រះមាតាថា បពិត្រអ្នកម៉ែ ខ្ញុំនឹងទៅកាន់សុវណ្ណភូមិ។
លំដាប់នោះ ព្រះនាងត្រាស់ឃាត់ថា នែបា ឈ្មោះថា សមុទ្ទ សម្រេចប្រយោជន៍តិចតួច មានអន្តរាយច្រើន កូនកុំទៅឡើយ ទ្រព្យរបស់កូនមានច្រើន ល្មមសម្រេចប្រយោជន៍យករាជសម្បត្តិហើយ ។ ព្រះរាជកុមារក្រាបទូលថា បពិត្រអ្នកម៉ែ ខ្ញុំនឹងទៅ ថ្វាយបង្គំព្រះមាតា ចេញពីផ្ទះហើយ ឡើងសំពៅទៅ។
ក្នុងថ្ងៃនោះ រោគកើតឡើងក្នុងព្រះសរីរៈរបស់ព្រះបាទបោលជនក ផ្ទំហើយ ទ្រង់ក្រោកមិនរួច។ ក្នុងកាលនោះ ពួកពាណិជប្រមាណ ៧០០ ឡើងកាន់សំពៅ។ សំពៅស្ទុះទៅបាន ៧០០ យោជន៍ ក្នុងវេលា ៧ ថ្ងៃ។ សំពៅស្ទុះទៅ ដោយកម្លាំងរលកដ៏ខ្លាំងក្លា មិនអាចទ្រទ្រង់ខ្លួនបាន បន្ទះក្ដារក៏បែកដោយកម្លាំងរលក ទឹកចូលមកអំពីទីនោះ ៗ សំពៅក៏លិចក្នុងកណ្ដាលសមុទ្ទ មហាជនស្រែកទ្រហោយំ ថ្វាយបង្គំទេវតាទាំងឡាយ។ តែព្រះមហាសត្វទ្រង់មិនសោយសោកឡើយ ទ្រង់មិនកន្ទក់កន្ទេញ មិនថ្វាយបង្គំទេវតាទាំងឡាយ ទ្រង់ជ្រាបថា សំពៅនឹងលិច ទើបបរិភោគស្ករនិងសប្បិ រហូតពេញពោះ ហើយជ្រលក់សំពត់សាច់រលីងស្អាតពីរផ្ទាំង ដោយប្រេងឲ្យសើម ទ្រង់ស្លៀកសំពត់យ៉ាងខ្ជាប់ខ្ជួន ឈរត្រង់សសរក្ដោង ក្នុងវេលាដែលសំពៅលិច ទ្រង់ឡើងលើចុងសសរក្ដោង។ មហាជនបានជាចំណីរបស់ត្រីនិងអណ្ដើក។ ទឹកកន្លះឧសភៈដោយជុំវិញ មានពណ៌ដូចឈាម ព្រះមហាសត្វឈរត្រង់ចុងសសរក្ដោង ទ្រង់កំណត់ទិសថា នគរមិថិលានៅក្នុងទិសនេះ ក៏លោតអំពីចុងសសរក្ដោង រំលងផុតហ្វូងត្រីនិងអណ្ដើក ទៅធ្លាក់ក្នុងទីបំផុត ១ ឧសភៈ ព្រោះទ្រង់មានកម្លាំងច្រើន។ ឯព្រះបាទបោលជនកក៏សោយទិវង្គតក្នុងថ្ងៃនោះ ដូចគ្នា។ ចាប់តាំងអំពីនោះ ព្រះមហាសត្វអណ្ដែតទៅនៅក្នុងរលកដែលមានពណ៌ដូចកែវមណី ដូចកំណាត់ដើមចេកមាស ហែលឆ្លងសមុទ្ទ (ដោយកម្លាំងដើមដៃ)។ ព្រះមហាសត្វទ្រង់ហែលឆ្លងសមុទ្ទអស់ ៧ ថ្ងៃ ដូចហែលឆ្លងមួយថ្ងៃ។ ព្រះមហាសត្វសង្កេតពេលវេលាថា ថ្ងៃនេះ ជាថ្ងៃ ១៥ កើត ទើបខ្ពុរព្រះឱស្ឋដោយទឹកប្រៃ ទ្រង់សមាទានឧបោសថសីល។
ក្នុងកាលនោះ ស្ដេចចតុលោកបាល ប្រគល់ឲ្យទេពធីតាឈ្មោះមណិមេខលាជាអ្នកថែរក្សាសមុទ្ទថា ចូរនាងស្រង់សត្វទាំងឡាយ ដែលប្រកបដោយគុណ មានបម្រើមាតាជាដើម ជាអ្នកមិនសមគួរនឹងស្លាប់ក្នុងសមុទ្ទ។ នាងមណិមេខលាមិនបានពិនិត្យមើលសមុទ្ទអស់កាល ៧ ថ្ងៃ។ បានឮថា នាងសោយទិព្វសម្បត្តិភ្លេចស្មារតី មិនបានពិនិត្យមើល អាចារ្យពួកខ្លះពោលថា ទេពធីតាទៅកាន់ទេវសមាគម។ លំដាប់នោះ នាងរឭកបានថា ថ្ងៃនេះ ជាថ្ងៃទី ៧ ដែលអញមិនបានពិនិត្យមើលសមុទ្ទ តើមានហេតុអ្វីខ្លះឬហ្ន៎ កាលនាងពិនិត្យមើល ឃើញព្រះមហាសត្វ គិតថា បើមហាជនកកុមារស្លាប់ក្នុងសមុទ្ទ អញនឹងមិនបានចូលទេវសមាគម គិតដូច្នេះហើយ តាក់តែងសរីរៈ ឋិតនៅក្នុងអាកាស មិនឆ្ងាយអំពីព្រះមហាសត្វ កាលពិសោធព្រះមហាសត្វ ទើបពោលបឋមគាថានេះថា
កោយំ មជ្ឈេ សមុទ្ទស្មឹ អបស្សន្ដីរមាយុហេ
កឹ ត្វំ អត្ថវសំ ញត្វា ឯវំ វាយាមសេ ភុសំ។
បុគ្គលណានេះ កាលមិនឃើញត្រើយ ក៏ព្យាយាម (ហែល) ក្នុងកណ្ដាលសមុទ្ទ អ្នកដឹងនូវអំណាចនៃប្រយោជន៍ដូចម្ដេច ក៏ព្យាយាមក្រៃពេកម្ល៉េះ។
លំដាប់នោះ ព្រះមហាសត្វទ្រង់ព្រះតម្រិះថា អញហែលឆ្លងសមុទ្ទបាន ៧ ថ្ងៃ និងថ្ងៃនេះ អញមិនធ្លាប់ឃើញសម្លាញ់ជាគម្រប់ពីររបស់អញឡើយ បុគ្គលណាហ្ន៎ មកពោលជាមួយអញ កាលសម្លឹងទៅក្នុងអាកាស ឃើញនាងមណិមេខលាហើយ ទើបពោលគាថាទី ២ ថា
និសម្ម វត្តំ លោកស្ស វាយាមស្ស ច ទេវតេ
តស្មា មជ្ឈេ សមុទ្ទស្មឹ អបស្សន្តីរមាយុហេ។
ម្នាលទេវតា ខ្ញុំពិចារណានូវវត្តនៃសត្វលោក និងអានិសង្ស នៃសេចក្ដីព្យាយាម ព្រោះហេតុដូច្នោះ ខ្ញុំសូម្បីមិនឃើញ ត្រើយ ក៏នៅតែព្យាយាមក្នុងកណ្ដាលសមុទ្ទ។
នាងមណិមេខលា ប្រាថ្នានឹងស្ដាប់ធម្មកថារបស់ព្រះមហាសត្វ ទើបពោលគាថាបន្តថា
គម្ភីរេ អប្បមេយ្យស្មឹ តីរំ យស្ស ន ទិស្សតិ
មោឃោ តេ បុរិសវាយាមោ អប្បត្វាវ មរិស្សសិ។
អ្នកមិនឃើញត្រើយនៃសមុទ្ទដ៏ជ្រៅ ប្រមាណមិនបាន ការព្យាយាមតាមកម្លាំងបុរសរបស់អ្នក ជាព្យាយាមសោះសូន្យទទេ អ្នកមិនដល់នូវត្រើយទេ មុខជានឹងស្លាប់។
លំដាប់នោះ ព្រះមហាសត្វត្រាស់ថា ម្នាលទេពធីតា នាងពោលអ្វីយ៉ាងនេះ ខ្ញុំធ្វើសេចក្ដីព្យាយាម សូម្បីស្លាប់ក៏ផុតចាកពាក្យនិន្ទា ដូច្នេះហើយ ទើបត្រាស់គាថាដូច្នេះថា
អនណោ ញាតិនំ ហោតិ ទេវានំ បិតុនញ្ច សោ
ករំ បុរិសកិច្ចានិ ន ច បច្ឆានុតប្បតិ។
បុគ្គលធ្វើនូវកិច្ចរបស់បុរស ទើបជាអ្នកមិនមានបំណុល (ក្នុងរវាង) ពួកញាតិ ពួកទេវតា និងពួកបិតា (ព្រហ្ម) ទាំងមិនក្ដៅក្រហាយ ក្នុងកាលជាខាងក្រោយ។
លំដាប់នោះ ទេពធីតាពោលគាថាថា
អបារណេយ្យំ យំ កម្មំ អផលំ កិលមថុទ្ទយំ
តត្ថ កោ វាយមេនត្ថោ មច្ចុ យស្សាភិនិប្ផតំ។
ការងារណា មិនគប្បីសម្រេច (ដោយសេចក្ដីព្យាយាមទេ) ការងារនោះ ជារបស់ឥតផល មានសេចក្ដីលំបាកជាកម្រៃ សេចក្ដីស្លាប់ រមែងសម្រេចដល់បុគ្គលណា បុគ្គលនោះ មានប្រយោជន៍ដូចម្ដេច ដោយសេចក្ដីព្យាយាមក្នុងការងារនោះ។
កាលទេពធីតាពោលយ៉ាងនេះហើយ ព្រះមហាសត្វ កាលនឹងធ្វើឲ្យទេពធីតានោះ អស់បដិភាណ ទើបត្រាស់គាថាតទៅថា
អបារណេយ្យមច្ចន្ដំ យោ វិទិត្វាន ទេវតេ
ន រក្ខេ អត្តនោ បាណំ ជញ្ញា សោ យទិ ហាបយេ។
ម្នាលទេវតា បុគ្គលណាដឹងច្បាស់ថា ការងារមិនគប្បីសម្រេចដោយពិត ហើយមិនរក្សាជីវិតរបស់ខ្លួន បុគ្គលនោះ បើបន្ថយសេចក្ដីព្យាយាម គង់ដឹង (នូវផលនៃសេចក្ដីខ្ជិលនោះ មិនខាន)។
អធិប្បាយផលំ ឯកេ អស្មឹ លោកស្មិ ទេវតេ
បយោជយន្តិ កម្មានិ តានិ ឥជ្ឈន្ដិ វា ន វា។
ម្នាលទេវតា បុគ្គលពួកខ្លះ ក្នុងលោកនេះ (កាលឃើញ) នូវផលនៃសេចក្ដីប្រាថ្នាហើយ រមែងប្រកបនូវការងារទាំងឡាយ ការងារទាំងនោះ សម្រេចខ្លះ មិនសម្រេចខ្លះ។
សន្ទិដ្ឋិកំ កម្មផលំ ននុ បស្សសិ ទេវតេ
សន្នា អញ្ញេ តរាមហំ តញ្ច បស្សាមិ សន្តិកេ។
ម្នាលទេវតា ក្រែងអ្នកបានឃើញផលនៃកម្មដ៏ជាក់ច្បាស់ដោយខ្លួនឯងដែរឬ ជនទាំងឡាយដទៃលិចលង់ហើយ ខ្ញុំនៅឆ្លង ទាំងបានឃើញនាងដែលឋិតនៅក្នុងទីជិតនៃខ្ញុំ។
សោ អហំ វាយមិស្សាមិ យថាសត្តិ យថាពលំ
គច្ឆំ បារំ សមុទ្ទស្ស កស្សំ បុរិសការិយំ។
ខ្ញុំនោះ នឹងព្យាយាមតាមសមគួរដល់សេចក្ដីអង់អាច និងសមគួរដល់កម្លាំង ខ្ញុំកាលទៅដល់ត្រើយនៃសមុទ្ទ នឹងធ្វើនូវសេចក្ដីព្យាយាមដែលបុរសគប្បីធ្វើ។
ទេពធីតានោះ បានស្ដាប់វាចាដ៏មាំទាំរបស់ព្រះមហាសត្វហើយ កាលនឹងសរសើរព្រះមហាសត្វ ទើបពោលគាថាថា
យោ ត្វំ ឯវំ គតេ ឱឃេ អប្បមេយ្យេ មហណ្ណវេ
ធម្មវាយាមសម្បន្នោ កម្មុនា នាវសីទតិ
សោ ត្វំ តត្ថេវ គច្ឆាហិ យត្ថ តេ និរតោ មនោ។
កាលមហាសមុទ្ទ មានអន្លង់ទឹកដ៏ជ្រៅ ប្រមាណមិនបានប្រព្រឹត្តទៅយ៉ាងនេះ អ្នកណាប្រកបដោយសេចក្ដីព្យាយាម ដោយធម៌ រមែងមិនលិចចុះដោយកម្ម គឺសេចក្ដីព្យាយាម ចិត្តរបស់អ្នកត្រេកអរក្នុងទីណា អ្នកនោះ ចូរទៅក្នុងទីនោះចុះ។
កាលពោលដូច្នេះហើយ ទេពធីតានោះ សួរព្រះមហាសត្វថា នែបណ្ឌិត អ្នកមានព្យាយាមធំ ខ្ញុំនឹងនាំអ្នកទៅក្នុងទីណា ។ ព្រះមហាសត្វត្រាស់ថា មិថិលានគរ។ ទេពធីតានោះ ត្រកងព្រះមហាសត្វ ដូចលើកនូវបាច់ផ្កា យកដើមដៃទាំងពីរផ្គងឲ្យដេកត្រង់ទ្រូង នាំហោះទៅក្នុងអាកាស ដូចម្ដាយបីកូនជាទីស្រឡាញ់ដូច្នោះ។ ព្រះមហាសត្វមានព្រះសរីរៈសៅហ្មងដោយទឹកប្រៃអស់ ៧ ថ្ងៃ បាននូវសម្ផស្សទិព្វ ក៏ផ្ទំលក់។ លំដាប់នោះ នាងមណិមេខលានាំព្រះមហាសត្វដល់នគរមិថិលា ឲ្យផ្ទំផ្អៀងខាងស្ដាំ លើផ្ទាំងថ្មដែលជាមង្គល ក្នុងអម្ពវ័នឧទ្យាន ប្រគល់ឲ្យពួកទេវតាដែលនៅក្នុងឧទ្យានថែរក្សាព្រះមហាសត្វ ហើយទៅកាន់លំនៅរបស់ខ្លួន។
ក្នុងកាលនោះ ព្រះបាទបោលជនករាជ ទ្រង់មិនមានព្រះរាជឱរស មានតែព្រះរាជធីតាមួយអង្គ ព្រះនាមសីវលីទេវី ជាស្រីមានប្រាជ្ញា។ អាមាត្យទាំងឡាយ ក្រាបទូលសួរព្រះបាទបោលជនក កាលទ្រង់ផ្ទំលើគ្រែសម្រាប់សោយទិវង្គតថា បពិត្រមហារាជ កាលទ្រង់សោយទិវង្គតហើយ ពួកទូលព្រះបង្គំនឹងថ្វាយរាជសម្បត្តិដល់បុគ្គលណា។
លំដាប់នោះ ព្រះបាទបោលជនករាជត្រាស់ថា អ្នកទាំងឡាយ ចូរប្រគល់រាជសម្បត្តិដល់បុរសណា ដែលអាចញ៉ាំងព្រះនាងសីវលីទេវី ធីតារបស់យើងឲ្យត្រេកអរ ឬបុរសណាដែលដឹងក្បាលដំណេកនៃបល្ល័ង្ក ៤ ជ្រុង ឬបុរសណាអាចលើកឡើងនូវធ្នូសហស្សថាមបាន ឬបុរសណាអាចនាំមហាកំណប់ទ្រព្យទាំង ១៦ កន្លែងមកបាន អ្នកទាំងឡាយ ចូរប្រគល់រាជសម្បត្តិឲ្យដល់បុរសនោះចុះ។
ពួកអាមាត្យទាំងឡាយក្រាបទូលថា បពិត្រព្រះទេវៈ សូមព្រះអង្គត្រាស់ឧទានបញ្ហានៃកំណប់ទ្រព្យទាំងនោះ ដល់ពួកទូលព្រះបង្គំចុះ។
លំដាប់នោះ ព្រះរាជាត្រាស់ឧទានបញ្ហារបស់វត្ថុដទៃ ៗ មួយអន្លើដោយមហាកំណប់ទ្រព្យទាំងឡាយថា
សុរិយុគ្គមនេ និធិ អថោ ឱគ្គមនេ និធិ
អន្តោ និធិ ពហិ និធិ ន អន្តោ ន ពហិ និធិ
អារោហនេ មហានិធិ អថោ ឱរោហនេ និធិ
ចតូសុ មហាសាលេសុ សមន្តា យោជនេ និធិ
ទន្តគ្គេសុ មហានិធិ ពាលគ្គេសុ ច កេបុកេ
រុក្ខគ្គេសុ មហានិធិ សោឡសេតេ មហានិធី
សហស្សថាមោ បល្លង្កោ សីវលារាធនេន ច។
កំណប់ធំ ១៦ នេះគឺ កំណប់ត្រង់ទីព្រះអាទិត្យរះ កំណប់ ត្រង់ទីព្រះអាទិត្យលិច កំណប់ខាងក្នុង កំណប់ខាងក្រៅកំណប់មិនមែនខាងក្នុងមិនមែនខាងក្រៅ កំណប់ធំត្រង់ទីសម្រាប់ឡើង កំណប់ត្រង់ទីសម្រាប់ចុះ កំណប់ត្រង់សាលព្រឹក្សធំទាំងបួន កំណប់ត្រង់ទីមួយយោជន៍ជុំវិញ កំណប់ធំ ត្រង់ចុងភ្លុកដំរីទាំងពីរ កំណប់ត្រង់ចុងកន្ទុយ កំណប់ក្នុងទឹក កំណប់ធំត្រង់ចុងឈើ សហស្សថាមធ្នូ បល្ល័ង្ក ៤ ជ្រុង និងញ៉ាំងនាងសីវលីរាជទេវីឲ្យត្រេកអរ។
ព្រះរាជាត្រាស់ឧទានបញ្ហាទាំងនេះហើយ ក៏សោយទិវង្គត។
កាលព្រះបាទបោលជនកសោយទិវង្គត ថ្វាយព្រះភ្លើងព្រះបរមសពស្រេចហើយ អាមាត្យទាំងឡាយបានប្រជុំប្រឹក្សាគ្នាក្នុងថ្ងៃទី ៧ ថាម្នាលអ្នកដ៏ចម្រើនទាំងឡាយ ព្រះរាជាត្រាស់ថា ឲ្យប្រគល់រាជសម្បត្តិដល់អ្នកដែលអាចឲ្យព្រះរាជធីតាត្រេកអរ អ្នកណាហ្ន៎ អាចឲ្យព្រះរាជធីតាត្រេកអរ។ អាមាត្យទាំងនោះ ក៏ពោលថា សេនាបតីជាអ្នកដែលជិតស្និទ្ធនឹងព្រះរាជា ទើបបញ្ជូនដំណឹងដល់សេនាបតីនោះ។ សេនាបតីបានស្ដាប់ដំណឹង ទទួលថា សាធុ ហើយទៅកាន់ព្រះរាជវាំងដើម្បីរាជសម្បត្តិ ឲ្យក្រាបទូលនូវភាពដែលខ្លួនមក ដល់ព្រះរាជធីតា។ ព្រះរាជធីតាដឹងថា សេនាបតីមក ព្រះនាងបំណងសាកល្បងសេនាបតីនោះថា តើជាអ្នកមានបញ្ញា ទ្រទ្រង់នូវសិរីស្វេតច្ឆត្របានដែរឬទេ ទើបពោលថា ចូរមកដោយរហ័ស។ សេនាបតីបានស្ដាប់ដំណឹងនោះហើយ បំណងឲ្យព្រះរាជធីតាប្រោសប្រាណ ទើបមកដោយរហ័សតាំងអំពីជើងជណ្ដើរ ទៅឈរត្រង់ទីជិតព្រះរាជធីតា។ លំដាប់នោះ ព្រះរាជធីតា កាលពិសោធសេនាបតីនោះ ទើបត្រាស់ថា ចូររត់ទៅក្នុងព្រះរាជដំណាក់ឲ្យរហ័ស។ សេនាបតីនោះ គិតថា អញនឹងញ៉ាំងឲ្យព្រះរាជធីតាត្រេកអរ ទើបរត់ទៅដោយរហ័ស។ ព្រះរាជធីតាថា ចូររត់មកវិញឲ្យរហ័ស។ សេនាបតីក៏រត់មកវិញដោយរហ័ស។ ព្រះរាជធីតាដឹងថា សេនាបតីនោះ មិនមានបញ្ញា ទើបត្រាស់ថា ចូរមកច្របាច់ជើងឲ្យយើង។ សេនាបតីក៏អង្គុយចុះ ច្របាច់ព្រះបាទរបស់ព្រះរាជធីតា ដើម្បីឲ្យព្រះនាងសព្វព្រះរាជហឫទ័យ។ លំដាប់នោះ ព្រះរាជធីតាយកជើងធាក់សេនាបតីនោះ ត្រង់ទ្រូង ឲ្យដួលផ្ងារ ហើយប្រទានសញ្ញាដល់ទាសីទាំងឡាយ ដោយព្រះតម្រាស់ថា ចូរវាយបុរសអាប់ឥតប្រាជ្ញា អន្ធពាលនេះ ហើយអូស ក ចេញទៅ។ ទាសីទាំងឡាយ ក៏ធ្វើតាមបញ្ជា។ សេនាបតីនោះ កាលត្រូវគេសួរថា បពិត្រលោកសេនាបតី តើដូចម្ដេចហើយ ក៏ឆ្លើយថា ពួកអ្នកកុំសួរឡើយ ព្រះរាជធីតានេះ មិនមែនជាស្រីមនុស្សទេ ជាយក្ខិនី។ បន្ទាប់អំពីនោះ អ្នករក្សាឃ្លាំង ទៅដើម្បីឲ្យព្រះរាជធីតាត្រេកអរ។ ព្រះនាងក៏ធ្វើឲ្យបានទទួលនូវការខ្មាសដូចគ្នានឹងសេនាបតីទៀត។ លើសពីនោះ បានញ៉ាំងជនទាំងពួង គឺសេដ្ឋី ឆត្តគា្គហៈ (អ្នកបាំងឆត្រ) អសិគ្គាហៈ (អ្នកកាន់ដាវ) ឲ្យទទួលនូវការខ្មាសដូចគ្នា។
គ្រានោះ ពួកអាមាត្យប្រជុំគ្នា ពោលថា មិនមានអ្នកណាអាចឲ្យព្រះរាជធីតាត្រេកអរ អ្នកទាំងឡាយ ចូរប្រគល់រាជសម្បត្តិដល់អ្នកអាចលើកធ្នូដែលមានកម្លាំងបុរស ១ ពាន់ បុគ្គលណាម្នាក់ ក៏មិនអាចលើកធ្នូនោះឡើងបាន។ បន្ទាប់អំពីនោះ ពួកអាមាត្យពោលថា អ្នកទាំងឡាយ ចូរប្រគល់រាជសម្បត្តិ ដល់អ្នកស្គាល់ក្បាលដំណេកនៃបល្ល័ង្កបួនជ្រុង ក៏មិនមានអ្នកណាមួយស្គាល់។ បន្ទាប់អំពីនោះ ពួកអាមាត្យពោលថា អ្នកទាំងឡាយ ចូរប្រគល់រាជសម្បត្តិដល់អ្នកអាចនាំយកមហាកំណប់ទ្រព្យ ១៦ កន្លែងមកបាន ក៏មិនមានអ្នកណាអាចទៀត។ បន្ទាប់អំពីនោះ ពួកអាមាត្យទាំងឡាយប្រឹក្សាគ្នាថា យើងទាំងឡាយមិនអាចរក្សាដែនដែលគ្មានព្រះរាជាបានទេ គប្បីធ្វើដូចម្ដេចហ្ន៎។ លំដាប់នោះ បុរោហិតពោលថា ពួកអ្នកកុំព្រួយឡើយ យើងគួរផ្សងបុស្សរថទៅ ព្រោះព្រះរាជាដែលរកបានដោយបុស្សរថ ជាអ្នកអាចគ្រប់គ្រងរាជសម្បត្តិក្នុងជម្ពូទ្វីបទាំងមូល។ ពួកអាមាត្យក៏ទទួលថា សាធុ ហើយឲ្យប្រដាប់តាក់តែងព្រះនគរ ឲ្យទឹមសេះបួនដែលមានពណ៌ដូចផ្កាកុមុទ ដោយរាជរថដែលជាមង្គល ក្រាលនូវកម្រាលដ៏វិចិត្រខាងលើ ឲ្យតម្កល់បញ្ចរាជកកុធភណ្ឌ ចោមរោមដោយចតុរង្គសេនា។ បុរោហិតពោលថា តាមធម្មតា ជនទាំងឡាយតែងប្រគំតន្ត្រីខាងមុខរាជរថ ដែលមានព្រះរាជាជាម្ចាស់ តែងប្រគំតន្ត្រីខាងក្រោយរាជរថ ដែលមិនមានព្រះរាជាជាម្ចាស់ ហេតុនោះ ចូរអ្នកទាំងឡាយប្រគំតន្ត្រីខាងក្រោយរាជរថ ដូច្នេះហើយ ឲ្យយកកុណ្ឌីមាសមកប្រោះព្រំត្រង់ចុងទូករទេះ (ក្បាលក្រពើ) និងជន្លួញ ហើយប្រាប់រាជរថថា បុគ្គលណា មានបុណ្យដែលត្រូវបានរាជសម្បត្តិ អ្នកចូរទៅកាន់សម្នាក់របស់បុគ្គលនោះ ហើយលែងរាជរថនោះទៅ។ លំដាប់នោះ រាជរថក៏ធ្វើប្រទក្សិណព្រះរាជនិវេសន៍ ហើយឡើងកាន់មហាវិថី ស្ទុះទៅដោយរហ័ស។
ជនទាំងឡាយ មានសេនាបតីជាដើម នឹកគិតថា សូមបុស្សរថមក កាន់សម្នាក់អញ បុស្សរថនោះ ក៏ស្ទុះទៅហួសគេហដ្ឋានរបស់ជនទាំងពួង ធ្វើប្រទក្សិណព្រះនគរ ហើយចេញទៅតាមទ្វារទិសខាងកើត បែរមុខទៅកាន់ព្រះរាជឧទ្យាន។ ក្នុងកាលនោះ ជនទាំងឡាយឃើញរាជរថស្ទុះទៅដោយរហ័ស ទើបពោលថា អ្នកទាំងឡាយ ចូរញ៉ាំងរាជរថនោះ ឲ្យត្រឡប់។
បុរោហិតឃាត់ថា កុំឲ្យត្រឡប់ឡើយ ទោះបីស្ទុះទៅអស់ ១០០ យោជន៍ ក៏កុំឲ្យត្រឡប់។ រាជរថចូលទៅកាន់ព្រះរាជឧទ្យាន ធ្វើប្រទក្សិណផ្ទាំងសិលាមង្គល ហើយឈប់ ត្រៀមទទួលការយាងឡើង។ បុរោហិតឃើញព្រះមហាសត្វផ្ទំ ទើបហៅពួកអាមាត្យមក ពោលថា នែអ្នកដ៏ចម្រើន បុរសម្នាក់ដេកលើសិលាមង្គលប្រាកដ (ដល់ពួកយើង) តែពួកយើងមិនដឹងថា បុរសនោះ មានបញ្ញាសមគួរដល់ស្វេតច្ឆត្រ ឬមិនមាន បើគេមានបុណ្យ នឹងមិនសម្លឹងមើលពួកយើង បើជាបុគ្គលកាឡកណ្ណី ក៏នឹងភ័យតក់ស្លុត ក្រោកឡើងញាប់ញ័រ សម្លឹងមើល ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរប្រគំតន្ត្រីដោយរហ័ស។ ជនទាំងពួងក៏ប្រគំតន្ត្រីក្នុងខណៈនោះ។ សំឡេងតន្ត្រីក្នុងកាលនោះ ហាក់ដូចជាកងរំពងពេញផ្ទៃសមុទ្ទ។
ព្រះមហាសត្វភ្ញាក់ដោយសំឡេងនោះ បើកព្រះសិរសា ទតឃើញមហាជនហើយ ទ្រង់ព្រះតម្រិះថា ស្វេតច្ឆត្រនឹងធ្លាក់មកដល់អញ ដូច្នេះហើយ ទទូរក្បាលដេកទៀត ដោយប្រែព្រះកាយផ្ទំទៅខាងឆ្វេង។ បុរោហិតបើកព្រះបាទរបស់ព្រះមហាសត្វ ពិនិត្យមើលព្រះលក្ខណៈហើយ ពោលថា ទ្វីប ១ ចូរស្លេះទុកចុះ បុរសនេះ អាចគ្រប់គ្រងរាជសម្បត្តិក្នុងមហាទ្វីបទាំង ៤ បាន ពោលដូច្នេះហើយ ឲ្យប្រគំតន្ត្រីទៀត។ លំដាប់នោះ ព្រះមហាសត្វទ្រង់បើកព្រះភក្ត្រម្ដងទៀត ប្រែព្រះកាយផ្ទំទៅខាងស្ដាំ ទតមើលមហាជន។ បុរោហិតឲ្យបរិស័ទថយចេញ ហើយផ្គងអញ្ជលីក្រាបចុះ ទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់ក្រោកឡើង រាជសម្បត្តិមកដល់ព្រះអង្គហើយ។
លំដាប់នោះ ព្រះមហាសត្វត្រាស់សួរបុរោហិតថា ព្រះរាជារបស់ពួកអ្នក យាងទៅណា។ កាលបុរោហិតកា្របទូលថា ទ្រង់សោយទិវង្គត ហើយ ព្រះអង្គ ទើបត្រាស់សួរថា ព្រះរាជឱរស ឬព្រះរាជភាតារបស់ព្រះរាជានោះ មិនមានទេឬ។
បុរោហិតកា្របទូលថា មិនមានទេ ព្រះសម្មតិទេព។ លំដាប់នោះ ព្រះមហាសត្វទ្រង់ស្ដាប់ពាក្យរបស់បុរោហិតនោះហើយ ត្រាស់ថា បើដូច្នោះ ល្អហើយ យើងនឹងគ្រប់គ្រងរាជសម្បត្តិ ហើយទ្រង់ក្រោកឡើង ប្រថាប់គង់ពត់ភ្នែនលើផ្ទាំងមង្គលសិលា។ លំដាប់នោះ ជនទាំងឡាយ មានអាមាត្យនិងបុរោហិតជាដើម ក៏ថ្វាយអភិសេកព្រះមហាសត្វក្នុង ទីនោះឯង។ ព្រះមហាសត្វនោះ ទ្រង់បានព្រះនាមថា មហាជនករាជ ទ្រង់យាងឡើងកាន់រាជរថដ៏ប្រសើរ ចូលព្រះនគរដោយសិរីរាជសម្បត្តិដ៏ធំ ចូលកាន់ព្រះរាជនិវេសន៍ ទ្រង់ពិចារណាថា តំណែងនោះៗ ចូរមានដល់ជននោះៗ មានសេនាបតីជាដើម ហើយទ្រង់យាងឡើងកាន់មហាប្រាសាទ។
ឯព្រះរាជធីតាត្រាស់នឹងបុរសម្នាក់ ដើម្បីសាកល្បងព្រះមហាសត្វដោយសញ្ញាដែលមានអំពីមុនថា នែបា ចូរអ្នកទៅគាល់ព្រះរាជា ក្រាបទូលថា ព្រះនាងសីវលីត្រាស់ឲ្យយាងទៅ សូមទ្រង់ប្រញាប់យាងទៅ។ អាមាត្យនោះ ក៏ទៅក្រាបទូលព្រះរាជាយ៉ាងនោះ ព្រះរាជាទ្រង់មិនស្ដាប់ពាក្យនោះ ទ្រង់ធ្វើដូចជាមិនបានឮ ត្រាស់សរសើរប្រាសាទជាដើមថា ប្រាសាទនេះល្អ ដូច្នេះ ព្រោះភាពដែលទ្រង់ជាបណ្ឌិត។ រាជបុរសនោះ មិនអាចឲ្យព្រះរាជាទ្រង់ស្ដាប់ពាក្យនោះ ទើបត្រឡប់មកក្រាបទូលព្រះរាជធីតាថា បពិត្រព្រះនាង ព្រះរាជាមិនស្ដាប់ពាក្យរបស់ព្រះនាងទេ រវល់តែទតប្រាសាទ មិនដាក់ចិត្តក្នុងវាចារបស់ព្រះនាងឡើយ ដូចបុគ្គលមិនដាក់ចិត្តក្នុងស្មៅដូច្នោះ។ ព្រះរាជធីតាព្រះតម្រិះថា បុរសនេះ មានអធ្យាស្រ័យធំ បញ្ជូនរាជបុរសឲ្យទៅយាងទ្រង់មកទៀត អស់វារៈ ២ ដង ៣ ដង សូម្បីព្រះរាជាក៏យាងទៅដោយប្រក្រតី តាមការពេញចិត្តរបស់ព្រះអង្គ ឡើងកាន់ប្រាសាទដូចរាជសីហ៍ចេញអំពីគុហាដូច្នោះ។ កាលព្រះរាជាយាងចូលមកជិត ព្រះរាជធីតាមិនអាចតម្កល់ព្រះកាយបាន ដោយអានុភាពនៃព្រះមហាសត្វ ទើបយាងមកហុចព្រះហស្តឲ្យតោង។
ព្រះរាជាក៏ទ្រង់ចាប់ព្រះហស្តព្រះរាជធីតា ឡើងកាន់មហាប្រាសាទ ហើយគង់លើរាជបល្ល័ង្ក ខាងក្រោមមហាស្វេតច្ឆត្រ ត្រាស់ហៅអាមាត្យទាំងឡាយមក សួរថា នែអ្នកដ៏ចម្រើនទាំងឡាយ កាលព្រះរាជារបស់ពួកអ្នក ទ្រង់សោយទិវង្គត បានត្រាស់អ្វីខ្លះ។ អាមាត្យទាំងឡាយក្រាបទូលថា បពិត្រព្រះសម្មតិទេព បានត្រាស់ដែរ។
ព្រះមហាសត្វត្រាស់ថា បើដូច្នោះ ពួកអ្នកចូរពោលមកចុះ។ អាមាត្យទាំងឡាយក្រាបទូលថា ព្រះរាជារបស់ទូលព្រះបង្គំទាំងឡាយបានត្រាស់ដូច្នេះថា ឲ្យប្រគល់រាជសម្បត្តិដល់អ្នកដែលធ្វើឲ្យព្រះរាជធីតាព្រះនាមសីវលីទេវី ត្រេកអរ។
ព្រះមហាសត្វត្រាស់ថា ព្រះនាងសីវលីទេវីរាជធីតាយាងមកឲ្យ យើងតោងព្រះហស្តរបស់ព្រះនាងហើយ សេចក្ដីនេះ ឈ្មោះថា យើងបានធ្វើឲ្យព្រះរាជធីតាត្រេកអរហើយ ចូរអ្នកទាំងឡាយពោលសេចក្ដីដទៃចុះ។ អាមាត្យទាំងឡាយក្រាបទូលថា ឲ្យប្រគល់រាជសម្បត្តិដល់អ្នកដែលអាចដឹងក្បាលដំណេកនៃបល្ល័ង្ក ៤ ជ្រុង ថានៅខាងណា។
ព្រះមហាសត្វទ្រង់ត្រិះរិះថា សេចក្ដីនេះ ដឹងបានលំបាក តែអាចដឹងបានដោយឧបាយ ទើបទ្រង់ដោះស្នៀតសក់អំពីព្រះសិរសា ដាក់ក្នុងដៃព្រះនាងសីវលី ដោយព្រះតម្រាស់ថា ចូរទុកស្នៀតសក់នេះ។ ព្រះនាងសីវលីទេវីទទួលស្នៀតសក់ ហើយទុកខាងក្បាលដំណេកនៃបល្ល័ង្កនោះ។ អាចារ្យពួកខ្លះពោលថា ព្រះមហាសត្វទ្រង់ប្រទានព្រះខ័នដល់ព្រះរាជធីតា។ ព្រះមហាសត្វទ្រង់ជ្រាបថា ខាងនេះ ជាក្បាលដំណេកដោយសញ្ញានោះ ទ្រង់ធ្វើជាមិនបានឮពាក្យនោះ ត្រាស់សួរថា លោកពោលអ្វី។ កាលពួកអាមាត្យក្រាបទូលដដែលឲ្យទ្រង់ជ្រាបហើយ ទើបត្រាស់ថា ការដឹងក្បាលដំណេករបស់បល្ល័ង្ក ៤ ជ្រុង មិនជាអស្ចារ្យ ឡើយ ខាងនេះជាក្បាលដំណេក អ្នកទាំងឡាយ ចូរពោលសេចក្ដីដទៃ ទៀតចុះ។
អាមាត្យទាំងឡាយទូលថា ឲ្យប្រគល់រាជសម្បត្តិដល់អ្នកដែលលើកធ្នូសហស្សថាមឡើងបាន។ ព្រះមហាសត្វត្រាស់ថា បើដូច្នោះ ចូរនាំធ្នូសហស្សថាមនោះ មក ហើយទ្រង់ប្រថាប់គង់លើរាជបល្ល័ង្កនោះឯង លើកសហស្សថាមធ្នូឡើង ដូចលើកដងថ្ពេចកប្បាសរបស់ស្រីទាំងឡាយដូច្នោះ ហើយត្រាស់ថា ចូរពោលសេចក្ដីដទៃទៀតចុះ។
អាមាត្យទាំងឡាយក្រាបទូលថា ឲ្យប្រគល់រាជសម្បត្តិដល់អ្នកដែលអាចនាំយកកំណប់ទ្រព្យ ១៦ កន្លែងមកបាន។ ព្រះមហាសត្វត្រាស់សួរថា បញ្ហាណាមួយ ទាក់ទងនឹងកំណប់ទ្រព្យនោះ មានដែរឬ។
ពួកអាមាត្យក្រាបទូលថា មាន ព្រះសម្មតិទេព។ ព្រះមហាសត្វត្រាស់ថា បើដូច្នោះ ចូរពោលមកចុះ។
ពួកអាមាត្យក្រាបទូលបញ្ហាដែលទាក់ទងនឹងកំណប់ទ្រព្យថា មានកំណប់ទ្រព្យត្រង់ទីព្រះអាទិត្យរះជាដើម។ ព្រះមហាសត្វទ្រង់ស្ដាប់បញ្ហានោះហើយ ឯសេចក្ដីប្រាកដដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត កំពុងអណ្ដែតក្នុងផ្ទៃអាកាសដូច្នោះ។
លំដាប់នោះ ព្រះមហាសត្វត្រាស់ថា ថ្ងៃនេះ អស់ពេលហើយ ស្អែកសឹមយើងជីកកំណប់ទ្រព្យក្នុងទីទាំងឡាយនោះ ៗ។ ស្អែកឡើង ព្រះមហាសត្វឲ្យប្រជុំពួកអាមាត្យ ហើយត្រាស់សួរថា ព្រះរាជារបស់ពួកអ្នក និមន្ត ព្រះបច្ចេកពុទ្ធ មកឆាន់ដែរឬទេ។ អាមាត្យទាំងឡាយក្រាបទូលថា បពិត្រព្រះសម្មតិទេព ធ្លាប់និមន្តមកឆាន់ដែរ។
ព្រះមហាសត្វទ្រង់ព្រះតម្រិះថា ព្រះអាទិត្យ មិនមែនព្រះអាទិត្យដែលមើលឃើញនេះឡើយ ព្រះអាទិត្យសំដៅយកព្រះបច្ចេកពុទ្ធ ព្រោះព្រះបច្ចេកពុទ្ធទាំងឡាយនោះ ប្រាកដដូចព្រះអាទិត្យ កំណប់ទ្រព្យ គង់មានក្នុងទីទទួលព្រះបច្ចេកពុទ្ធទាំងនោះ។ ព្រះមហាសត្វក៏ត្រាស់សួរថា កាលព្រះបច្ចេកពុទ្ធទាំងឡាយនិមន្តមក ព្រះរាជាទ្រង់យាងទៅទទួលត្រង់ណា។
កាលពួកអាមាត្យទាំងឡាយក្រាបទូលថា បពិត្រព្រះទេវៈ ក្នុងទីឈ្មោះនោះ ទើបត្រាស់ថា ចូរជីកកំណប់ទ្រព្យក្នុងទីនោះ ហើយនាំចេញមក ហើយត្រាស់សួរបន្តថា កាលព្រះរាជាជូនដំណើរព្រះបច្ចេកពុទ្ធក្នុងកាលលោកត្រឡប់ ទ្រង់ប្រថាប់ឈរត្រង់ណា។
កាលពួកអាមាត្យទូលថា ក្នុងទីឈ្មោះនោះ ទើបត្រាស់ឲ្យនាំមកដោយពាក្យថា ចូរនាំកំណប់ទ្រព្យអំពីទីនោះមក។ មហាជនក៏ស្រែកហ៊ោកញ្ជ្រៀវថ្វាយសាធុការរាប់ពាន់ដង សរសើរដោយបីតិសោមនស្សថា ជនទាំងឡាយត្រាច់ជីកក្នុងទីដែលព្រះអាទិត្យរះ ព្រោះបញ្ហាពោលថា កំណប់ទ្រព្យនៅត្រង់ទីព្រះអាទិត្យរះ។ មួយទៀត ជីកក្នុងទីដែលព្រះអាទិត្យលិច ព្រោះបញ្ហាពោលថា កំណប់ទ្រព្យនៅត្រង់ទីព្រះអាទិត្យលិច តែកំណប់ទ្រព្យមាននៅក្នុងទីនេះសោះ ឱ ! គួរអស្ចារ្យណាស់ហ្ន៎។
ព្រះមហាសត្វឲ្យជីកនាំកំណប់ទ្រព្យ មកអំពីខាងក្នុងធរណីទ្វារ នៃទ្វារធំ ក្នុងព្រះរាជវាំងហើយ ព្រោះបញ្ហាថា កំណប់ទ្រព្យខាងក្នុង។ ឲ្យជីកនាំកំណប់ទ្រព្យមកអំពីខាងក្រៅធរណីទ្វារនៃទ្វារធំ ក្នុងព្រះរាជវាំងហើយ ព្រោះបញ្ហាថា កំណប់ទ្រព្យនៅខាងក្រៅ។ ឲ្យជីកនាំកំណប់ទ្រព្យមកអំពីខាងក្រោមធរណីទ្វារ នៃទ្វារធំក្នុងព្រះរាជវាំងហើយ ព្រោះបញ្ហាថា កំណប់ទ្រព្យមិនមែនខាងក្នុងមិនមែនខាងក្រៅ។ ឲ្យជីកនាំកំណប់ទ្រព្យមកអំពីទីត្រង់ពោះដំរី ក្នុងពេលព្រះរាជាឡើងមង្គលហត្ថី ព្រោះបញ្ហាថា កំណប់ទ្រព្យក្នុងទីឡើង។ ឲ្យជីកនាំកំណប់ទ្រព្យមកអំពីទីដែលទ្រង់ចុះអំពីកដំរី ព្រោះបញ្ហាថា កំណប់ទ្រព្យក្នុងទីចុះ។ ឲ្យជីកនាំកំណប់ទ្រព្យទាំង ៤ ឆ្នាំង មកអំពីក្រោមជើងព្រះទែនបន្ទំដ៏មានសិរីទាំង ៤ ដែលធ្វើអំពីដើមរាំង អំពីផែនដី ព្រោះបញ្ហាថា កំណប់ទ្រព្យត្រង់ដើមរាំងទាំង ៤។ ឲ្យជីកនាំកំណប់ទ្រព្យ មកអំពីទីប្រមាណមួយជួរនឹម ដោយជុំវិញព្រះសិរីសយនា ដោយការរាប់មួយជួរនឹមរថ ឈ្មោះថា ប្រមាណមួយយោជន៍ ព្រោះបញ្ហាថា កំណប់ទ្រព្យក្នុងទីមួយយោជន៍ ដោយជុំវិញ។ ឲ្យជីកនាំកំណប់ទ្រព្យ ក្នុងទីដែលមង្គលហត្ថីឈរ គឺត្រង់ចុងភ្លុកទាំងពីររបស់ដំរីនោះ មកបាន ព្រោះបញ្ហាថា កំណប់ទ្រព្យធំត្រង់ចុងភ្លុកដំរីទាំងពីរ។ ឲ្យជីកនាំកំណប់ទ្រព្យក្នុងទីមង្គលហត្ថីឈរ ត្រង់ចុងកន្ទុយរបស់ដំរីនោះ មកបាន ព្រោះបញ្ហាថា កំណប់ទ្រព្យត្រង់ចុងកន្ទុយ។ ឲ្យបាចទឹកក្នុងស្រះមង្គលបោក្ខរណី នាំកំណប់ទ្រព្យមកបាន ព្រោះបញ្ហាថា កំណប់ទ្រព្យក្នុងទឹក។ ឲ្យជីកនាំកំណប់ទ្រព្យខាងក្នុងស្រមោលម្លប់រាំង ដែលមានបរិមណ្ឌលក្នុងពេលថ្ងៃត្រង់ ត្រង់គល់ រាំងធំ ក្នុងព្រះរាជឧទ្យានមកបាន ព្រោះបញ្ហាថា កំណប់ទ្រព្យធំត្រង់ចុងឈើ។ ព្រះរាជាឲ្យនាំមហាកំណប់ទាំង ១៦ មកបានហើយ ត្រាស់សួរថា អញ្ញំ កិញ្ចិ អត្ថិ បញ្ហាដទៃ នៅមានទៀតដែរឬទេ។
អាមាត្យទាំងឡាយក្រាបទូលថា នត្ថិ ទេវ បពិត្រព្រះសម្មតិទេព មិនមានឡើយ។ មហាជននាំគ្នាត្រេកអររីករាយហើយ។
លំដាប់នោះ ព្រះរាជាទ្រង់ព្រះតម្រិះថា អញនឹងបរិច្ចាគទ្រព្យទាំងនេះ ក្នុងទានមុខ ទើបឲ្យសាងរោងទាន ៥ កន្លែង គឺត្រង់កណ្ដាលនគរ ១ ត្រង់ទ្វារនគរទាំង ៤ ហើយផ្ដើមឲ្យទាន ទ្រង់ឲ្យយាងព្រះមាតានិងព្រាហ្មណ៍មកអំពីកាលចម្បានគរ ទ្រង់ធ្វើសក្ការៈធំ ។ ព្រះមហាសត្វទ្រង់តាំងនៅក្នុងរាជសម្បត្តិ ក្នុងកាលទ្រង់ជាតរុណរាជកុមារ អ្នកវិទេហរដ្ឋទាំងមូលក៏ត្រេកអរ កាលបានឃើញព្រះអង្គ ដោយគិតថា បានឮថា ព្រះរាជឱរសរបស់ព្រះបាទអរិដ្ឋជនករាជ ព្រះនាមមហាជនករាជ សោយនូវរាជសម្បត្តិ បានឮថា ទ្រង់ជាបណ្ឌិត ជាអ្នកឈ្លាសក្នុងឧបាយ យើងទាំងឡាយនឹងបានឃើញព្រះអង្គ។ បន្ទាប់អំពីនោះមក មហាជននាំគ្រឿងបណ្ណាការមកថ្វាយ អ្នកនគរទាំងឡាយ ក៏ចាត់ចែងមហោស្រពធំ ក្រាលនូវកម្រាលជាដើម ក្នុងព្រះរាជនិវេសន៍ ដាក់គ្រឿងក្រអូបនិងកម្រងផ្កាជាដើម ឲ្យសំយុងចុះ រោយនូវលាជ ធ្វើគ្រឿងឧបករណ៍ផ្កា គ្រឿងអប់និងផ្សែងក្រអូប តម្កល់ទឹកនិងភោជនាហារ មានប្រការផ្សេងៗ។ ជនទាំងនោះ កាន់យកនូវខាទនីយៈ ភោជនីយៈ ទឹកឃ្មុំ ទឹកអំពៅ និងផ្លែឈើជាដើម ដោយភាជន៍ប្រាក់ និងភាជន៍មាសជាដើម ដើម្បីជាគ្រឿងបណ្ណាការថ្វាយព្រះមហាសត្វ ឈរចោមរោមក្នុងទីនោះៗ។ ពួក អាមាត្យអង្គុយម្ខាង ពួកព្រាហ្មណ៍អង្គុយម្ខាង ពួកសេដ្ឋីជាដើម អង្គុយម្ខាង ពួកស្រីរបាំដែលទ្រទ្រង់នូវរូបដ៏ឧត្តម អង្គុយម្ខាង ពួកព្រាហ្មណ៍ទាំងឡាយពោលជ័យមង្គលដោយមាត់ ដោយការធ្វើឲ្យមានសួស្ដី ពួកជនអ្នកជំនាញក្នុងការរាំនិងច្រៀងជាដើម ក៏ធ្វើការរាំនិងច្រៀងឲ្យប្រព្រឹត្តទៅ ពួកជនអ្នកប្រគំតន្ត្រី ក៏ប្រគំនូវតន្ត្រីច្រើនរយ។ ក្នុងគ្រានោះ ព្រះរាជនិវេសន៍ ក៏បន្លឺជាសំឡេងតែមួយ ដូចផ្ទៃសាគរដែលត្រូវខ្យល់បក់មកអំពីភ្នំយុគន្ធរដូច្នោះ ទីដែលព្រះមហាសត្វទតហើយៗ ក៏កម្រើកញាប់ញ័រ។
ក្នុងកាលនោះ ព្រះមហាសត្វប្រថាប់គង់លើរាជាសនៈ ខាងក្រោមមហាស្វេតច្ឆត្រ ទតសិរីវិលាសដ៏ធំ ដូចសិរីរបស់សក្កទេវរាជ ទ្រង់រឭកដល់សេចក្ដីព្យាយាមដែលទ្រង់ធ្វើក្នុងមហាសមុទ្ទ។ កាលទ្រង់រឭកដល់សេចក្ដីព្យាយាមនោះ ទើបទ្រង់គិតថា ឈ្មោះថា សេចក្ដីព្យាយាម គួរតែធ្វើពិត បើអញមិនបានធ្វើសេចក្ដីព្យាយាមក្នុងមហាសមុទ្ទ អញក៏មិនបានសម្បត្តិនេះឡើយ។ កាលទ្រង់រឭកដល់សេចក្ដីព្យាយាមនោះ ក៏កើតបីតិសោមនស្ស ទ្រង់បន្លឺព្រះឧទានទាំងនេះ ដោយកម្លាំងបីតិថា
អាសឹសេថេវ បុរិសោ ន និព្វិន្ទេយ្យ បណ្ឌិតោ
បស្សាមិ វោហំ អត្តានំ យថា ឥច្ឆឹ តថា អហុ។
បុរសជាបណ្ឌិត ត្រូវតែប្រាថ្នា មិនត្រូវនឿយណាយទេយើងឃើញច្បាស់ចំពោះខ្លួនឯង យើងប្រាថ្នាយ៉ាងណាក៏បានយ៉ាងនោះ។
អាសឹសេថេវ បុរិសោ ន និព្វិន្ទេយ្យ បណ្ឌិតោ
បស្សាមិ វោហំ អត្តានំ ឧទកា ថលមុព្ភតំ។
បុរសជាបណ្ឌិត ត្រូវតែប្រាថ្នា មិនត្រូវនឿយណាយទេ យើងឃើញច្បាស់ចំពោះខ្លួន ( ដែលទេវតា) ស្រង់អំពីទឹក មកដាក់លើគោក។
វាយមេថេវ បុរិសោ ន និព្វិន្ទេយ្យ បណ្ឌិតោ
បស្សាមិ វោហំ អត្តានំ យថា ឥច្ឆឹ តថា អហុ។
បុរសជាបណ្ឌិត ត្រូវតែព្យាយាម មិនត្រូវនឿយណាយទេ យើងឃើញច្បាស់ចំពោះខ្លួន យើងប្រាថ្នាយ៉ាងណា ក៏បានយ៉ាងនោះ។
វាយមេថេវ បុរិសោ ន និព្វិន្ទេយ្យ បណ្ឌិតោ
បស្សាមិ វោហំ អត្តានំ ឧទកា ថលមុព្ភតំ។
បុរសជាបណ្ឌិតត្រូវតែព្យាយាម មិនត្រូវនឿយណាយទេ យើងឃើញច្បាស់ចំពោះខ្លួន (ដែលទេវតា) ស្រង់អំពីទឹកមកដាក់លើគោក។
ទុក្ខូបនីតោបិ នរោ សបញ្ញោ
អាសំ ន ឆិន្ទេយ្យ សុខាគមាយ
ពហូ ហិ ផស្សា អហិតា ហិតា ច
អវិតក្កិតារោ មច្ចុមុប្បជ្ជន្តិ។
នរជនមានប្រាជ្ញា សូម្បីសេចក្ដីទុក្ខប៉ះពាល់ហើយ មិនគប្បីកាត់សេចក្ដីប្រាថ្នា ដើម្បីដល់នូវសេចក្ដីសុខទេ ព្រោះថា ការប៉ះពាល់ដ៏ច្រើន ឥតប្រយោជន៍ ក៏មាន មានប្រយោជន៍ ក៏មាន ពួកជនអ្នកមិនត្រិះរិះ រមែងដល់នូវសេចក្ដីស្លាប់។
អចិន្តិតម្បិ ភវតិ ចិន្តិតម្បិ វិនស្សតិ
ន ហិ ចិន្តាមយា ភោគា ឥត្ថិយា បុរិសស្ស វា។
ហេតុដែលបុគ្គលមិនបានគិត សម្រេចក៏មាន ហេតុដែលបុគ្គលគិតហើយ វិនាសទៅក៏មាន ព្រោះភោគៈទាំងឡាយរបស់ស្រ្តី ឬបុរស មិនមែនសម្រេចដោយការគិតទេ។
តាំងអំពីនោះមក ព្រះមហាសត្វទ្រង់ញ៉ាំងទសពិធរាជធម៌មិនឲ្យកម្រើក គ្រងរាជសម្បត្តិដោយធម៌ ទ្រង់បម្រើព្រះបច្ចេកពុទ្ធទាំងឡាយ។ ក្នុងកាលតមក ព្រះនាងសីវលីទេវីប្រសូតព្រះរាជបុត្តដែលសម្បូរដោយលក្ខណៈស្ដុកស្ដម្ភ និងភាពជាអ្នកមានបុណ្យ ព្រះមាតាបិតាទ្រង់ថ្វាយព្រះនាមថា ទីឃាវុកុមារ។ កាលទីឃាវុរាជកុមារទ្រង់ចម្រើនវ័យ ព្រះរាជាទ្រង់ប្រទានតំណែងជាឧបរាជ ព្រះរាជាទ្រង់គ្រងរាជសម្បត្តិអស់ ៧ពាន់ឆ្នាំ។
ថ្ងៃមួយ កាលនាយឧទ្យានបាលនាំផ្លែឈើតូចធំ និងផ្កាផ្សេង ៗ មកថ្វាយ ព្រះរាជាទ្រង់ទតឃើញរបស់ទាំងនោះ ទ្រង់ត្រេកអរ ទ្រង់ធ្វើការរាប់អានឧទ្យានបាលនោះ ហើយត្រាស់ថា នែសម្លាញ់ឧទ្យានបាល យើងប្រាថ្នានឹងឃើញឧទ្យាន ចូរអ្នកតាក់តែងឧទ្យាននោះ។ នាយឧទ្យានបាលទទួលព្រះរាជតម្រាស់ថា សាធុ ព្រះសម្មតិទេព ធ្វើតាមព្រះរាជបញ្ជា ហើយក្រាបទូលឲ្យទ្រង់ជ្រាប។ ព្រះមហាសត្វប្រថាប់គង់លើកដំរី ចេញអំពីព្រះនគរដោយបរិវារច្រើន ដល់ទ្វារព្រះរាជឧទ្យាន។ ក្នុងទីជិតទ្វារព្រះរាជឧទ្យាននោះ មានដើមស្វាយពីរដើម មានស្លឹកខៀវស្រងាត់។ មួយដើមមិនមានផ្លែ ឯមួយដើមមានផ្លែ ផ្លែនោះ មានរសផ្អែមពន់ពេក បុគ្គលណាមួយមិនអាចបេះផ្លែអំពីដើមនោះ ព្រោះផ្លែមានរសជាតដ៏ប្រសើរ ដែលព្រះរាជាមិនទាន់បានសោយ។ ព្រះមហាសត្វទ្រង់គង់លើកដំរីដែលកំពុងទៅនុ៎ះឯង បេះយកផ្លែស្វាយមួយសោយ ផ្លែស្វាយនោះ គ្រាន់តែប៉ះចុងព្រះជិវ្ហារបស់ព្រះរាជា ប្រាកដដូចទិព្វឱជា។ ព្រះមហាសត្វទ្រង់ព្រះតម្រិះថា អញនឹងបរិភោគឲ្យច្រើនក្នុងពេលត្រឡប់ ហើយយាងចូលកាន់ព្រះរាជឧទ្យាន ជនដទៃៗ មានឧបរាជជាដើម រហូតដល់អ្នកឃ្វាលដំរី ឃ្វាលសេះ ដឹងថា ព្រះរាជាសោយផ្លែស្វាយមានរសដ៏ប្រសើរហើយ ក៏បេះយកផ្លែស្វាយនោះ មកបរិភោគដូចគ្នា ចំណែកអ្នកដែលមិនបានផ្លែនោះ ក៏ទម្លាយមែកស្វាយដោយដំបង ធ្វើឲ្យជាឈើមិនមានស្លឹក សល់តែដើមនិងមែក ស្វាយមួយដើមទៀត តាំងនៅយ៉ាងល្អដូចភ្នំកែវមណី។
ព្រះរាជាយាងចេញអំពីព្រះរាជឧទ្យាន ទតឃើញដូច្នោះ ទើបត្រាស់សួរពួកអាមាត្យថា តើមានរឿងអ្វី។ ពួកអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព មហាជនដឹងថា ទ្រង់សោយផ្លែស្វាយដែលមានរសដ៏ប្រសើរហើយ ក៏ដណ្ដើមគ្នាបរិភោគនូវផ្លែស្វាយនេះ។
ព្រះរាជាត្រាស់សួរថា ស្លឹកនិងពណ៌របស់ដើមស្វាយនេះ អស់ហើយ ស្លឹកនិងពណ៌របស់ដើមស្វាយដទៃ ក៏មិនអស់ ព្រោះហេតុអ្វី។
អាមាត្យទាំងឡាយក្រាបទូលថា ស្លឹកនិងពណ៌របស់ដើមស្វាយមួយទៀត មិនអស់ ព្រោះមិនមានផ្លែ។ ព្រះរាជាទ្រង់ស្ដាប់ដូច្នោះ ទ្រង់ដល់នូវសេចក្ដីសង្វេគ ទ្រង់ព្រះតម្រិះថា ដើមស្វាយនេះ មានពណ៌ខៀវ តាំងនៅហើយ ព្រោះមិនមានផ្លែ តែដើមស្វាយនេះ ត្រូវបាក់ខ្ទេចខ្ទីព្រោះមានផ្លែ សូម្បីរាជសម្បត្តិ ក៏ដូចគ្នានឹងឈើដែលមានផ្លែ បព្វជ្ជាដូចគ្នានឹងឈើមិនមានផ្លែ ភ័យរមែងមានដល់បុគ្គលមានកង្វល់ ភ័យរមែងមិនមានដល់បុគ្គលមិនមានកង្វល់ ឯយើងនឹងមិនដូចជាដើមឈើមានផ្លែ នឹងដូចដើមឈើដែលឥតផ្លែ អញនឹងលះរាជសម្បត្តិ ចេញបួស ទ្រង់សមាទាន និងអធិដ្ឋានព្រះហឫទ័យឲ្យមាំទាំហើយ ទើបយាងចូល កាន់នគរ ឡើងកាន់ប្រាសាទ ប្រថាប់ត្រង់ទ្វារប្រាសាទ ឲ្យហៅសេនាបតីមកត្រាស់ថា មហាសេនាបតី ចាប់តាំងអំពីថ្ងៃនេះទៅ ពួកជនក្រៅអំពីអ្នកបដិបត្តិយើងម្នាក់ ដែលជាអ្នកនាំក្រយាស្ងោយមក និងជាអ្នកថ្វាយទឹកខ្ពុរមាត់និងឈើស្ទន់ អ្នកដទៃកុំមករកយើងឡើយ អ្នកទាំងឡាយ ចូរកាន់យកតាមពួកអាមាត្យ ដែលជាអ្នកវិនិច្ឆ័យអំពីបុរាណ ពោលរាជកិច្ច តាំងអំពីថ្ងៃនេះទៅ យើងនឹងចម្រើនសមណធម៌ក្នុងព្រះរាជដំណាក់ខាងលើ ដូច្នេះហើយ ទ្រង់ឡើងកាន់ប្រាសាទ ចម្រើនសមណធម៌មួយអង្គឯងប៉ុណ្ណោះ។ កាលពេលវេលាកន្លងទៅយ៉ាងនេះ មហាជនប្រជុំគ្នាត្រង់លានព្រះរាជវាំង មិនឃើញព្រះមហាសត្វ ក៏ពោលថា ព្រះរាជារបស់ពួកយើងមិនដូចមុន ហើយពោល ២ គាថាថា
អបោរាណំ វត ភោ រាជា សព្វភុម្មោ ទិសំបតិ
នាជ្ជ នច្ចេ និសាមេតិ ន គីតេ កុរុតេ មនោ។
ន មិគេ នបិ ឧយ្យានេ នបិ ហំសេ ឧទិក្ខតិ
មូគោវ តុណ្ហីមាសីនោ ន អត្ថមនុសាសតិ។
ម្នាលគ្នាយើងដ៏ចម្រើន ព្រះរាជាត្រួតនូវផែនដីទាំងមូល ជា ម្ចាស់ក្នុងទិស មិនដូចអំពីដើមសោះ ថ្ងៃនេះ មិនទ្រង់ក្រសាលរបាំ មិនទ្រង់ធ្វើទុកក្នុងព្រះហឫទ័យចំពោះចម្រៀង មិនទតម្រឹគ មិនទតឧទ្យាន មិនទតហង្ស ទ្រង់គង់នៅស្ងៀម ហាក់ដូចជាមនុស្សគ មិនទ្រង់កាត់សេចក្ដី។
ព្រះរាជា ទ្រង់មានព្រះហឫទ័យមិនជាប់ចំពាក់ក្នុងកាមទាំងឡាយបង្អោនព្រះហឫទ័យទៅកាន់វិវេក ទ្រង់រឭកដល់ព្រះបច្ចេកពុទ្ធទាំងឡាយដែលធ្លាប់ស្និទ្ធស្នាលក្នុងរាជត្រកូល ទ្រង់ព្រះតម្រិះថា អ្នកណាហ្ន៎ នឹងប្រាប់លំនៅរបស់ព្រះបច្ចេកពុទ្ធដែលប្រកបដោយគុណ មានសីលជាដើម ជាអ្នកមិនមានកង្វល់ទាំងនោះ ដល់យើង ហើយទ្រង់បន្លឺឧទាន ៣ គាថាថា
សុខកាមា រហោសីលា វគ្គពន្ធា អបារុតា
កស្ស នុ អជ្ជ អារាមេ ទហរា វុឌ្ឍា ច អច្ឆរេ។
ព្រះបច្ចេកពុទ្ធទាំងឡាយ ទាំងក្មេងទាំងចាស់ អ្នកប្រាថ្នាសេចក្ដីសុខ មានសេចក្ដីស្ងប់ស្ងាត់ជាប្រក្រតី ប្រាសចាកចំណង គឺកិលេស គង់នៅក្នុងអារាមនៃបុគ្គលណាហ្ន៎ ក្នុងថ្ងៃនេះ។
អតិក្កន្តវនថា ធីរា នមោ តេសំ មហេសិនំ
យេ ឧស្សុក្កម្ហិ លោកម្ហិ វិហរន្តិ អនុស្សុកា។
អ្នកប្រាជ្ញទាំងឡាយណា បានកន្លងនូវតណ្ហា ជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយ នៅក្នុងលោក ដែលកំពុងខ្វល់ខ្វាយខ្ញុំសូមថ្វាយបង្គំអ្នកប្រាជ្ញទាំងនោះ ជាអ្នកស្វែងរកនូវគុណដ៏ធំ។
តេ ឆេត្វា មច្ចុនោ ជាលំ តន្តំ មាយាវិនោ ទឡ្ហំ
សន្ទាលយន្តា គច្ឆន្តិ កោ តេសំ គតិ បាបយេ។
អ្នកប្រាជ្ញទាំងឡាយនោះ កាត់ទម្លាយនូវតម្បាញ ជាបណ្ដាញដ៏មាំរបស់មច្ចុ ដែលមានមាយាចេញទៅរួច បុគ្គលណា គប្បីញ៉ាំងយើងឲ្យដល់នូវគតិ (លំអាន) នៃអ្នកប្រាជ្ញទាំងនោះបាន។
កាលព្រះរាជាទ្រង់ចម្រើនសមណធម៌លើប្រាសាទនោះ ពេលវេលា ក៏កន្លងទៅ ៤ ខែ។ គ្រានោះ ព្រះរាជហឫទ័យរបស់ព្រះអង្គ បានបង្អោនទៅក្នុងបព្វជ្ជាយ៉ាងក្រៃលែង ព្រះរាជនិវេសន៍ប្រាកដដូចលោកន្តរនរក ភពទាំង ៣ ប្រាកដដល់ព្រះអង្គ ដូចរណ្ដៅលាមកដែលត្រូវភ្លើងឆេះ ព្រះមហាសត្វមានព្រះហឫទ័យប្រាថ្នាចំពោះបព្វជ្ជា ទ្រង់មានព្រះចិន្តនាការថា កាលណាហ្ន៎ ការលះក្រុងមិថិលា ដែលប្រដាប់តាក់តែងដូចភពរបស់សក្កទេវរាជនេះ ហើយទៅកាន់ហិមវន្តប្បទេស ទ្រទ្រង់នូវភេទបព្វជិត នឹងមានដល់យើង កាលទ្រង់ព្រះតម្រិះដូច្នេះហើយ ទើបទ្រង់ពណ៌នាក្រុងមិថិលាថា
កទាហំ មិថិលំ ផីតំ វិភត្តំ ភាគសោ មិតំ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះនគរមិថិលា ជាក្រុងសម្បូណ៌ ដែលជាងចែកហើយ (ដោយឋាន មានរាជនិវេសន៍ជាដើម) វាស់ហើយដោយចំណែក (នៃទ្វារ និងថ្នល់) ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ មិថិលំ ផីតំ វិសាលំ សព្វតោ បភំ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ទូលាយ មានពន្លឺដោយជុំវិញ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ មិថិលំ ផីតំ ពហុបាការតោរណំ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានកំពែងនិងខ្លោងទ្វារដ៏ច្រើន ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ មិថិលំ ផីតំ ទឡ្ហមដ្ដាលកោដ្ឋកំ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌មានប៉មនិងស៊ុមទ្វារដ៏មាំមួន ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ មិថិលំ ផីតំ សុវិភត្តំ មហាបថំ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ ដែលគេចែកល្អ មានផ្លូវធំ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ មិថិលំ ផីតំ សុវិភត្តន្តរាបណំ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានរានផ្សារ ដែលគេចែកដោយល្អ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ មិថិលំ ផីតំ គវស្សរថបីឡិតំ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ ដ៏កុះករដោយគោ សេះ និងរថ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ មិថិលំ ផីតំ អារាមវនមាលិនឹ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានរបៀបនៃព្រៃសួន ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ មិថិលំ ផីតំ ឧយ្យានវនមាលិនឹ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានរបៀបនៃព្រៃឧទ្យាន ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ មិថិលំ ផីតំ បាសាទវរមាលិនឹ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌មានរបៀបនៃប្រាសាទដ៏ប្រសើរ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ មិថិលំ ផីតំ តិបុរំ រាជពន្ធុនឹ
មាបិតំ សោមនស្សេន វេទេហេន យសស្សិនា
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌មានកំពែង ៣ ជាន់ ពេញដោយរាជវង្សានុវង្ស ដែលព្រះបាទវិទេហៈ ព្រះនាមសោមនស្ស មានយស ទ្រង់សាងទុក ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុង កាលណាហ្ន៎។
កទាហំ វិទេហេ ផីតេ និច្ចិតេ ធម្មរក្ខិតេ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ ។
កាលណា អញនឹងលះបង់ដែនវិទេហៈ ជាដែនសម្បូណ៌បរិបូណ៌ដោយការសន្សំ (នូវធញ្ញាហារជាដើម) ដែលរក្សាតាមធម៌ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ វិទេហេ ផីតេ អជេយ្យេ ធម្មរក្ខិតេ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវដែនវិទេហៈ ជាដែនសម្បូណ៌ដែលបច្ចាមិត្តផ្ចាញ់មិនបាន ជាដែនរក្សាតាមធម៌ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ អន្តេបុរំ រម្មំ វិភត្តំ ភាគសោ មិតំ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវខាងក្នុងបុរី ដែលជាទីរីករាយ ដែលជាងចែកវាស់ដោយចំណែក ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ អន្តេបុរំ រម្មំ សុធាមត្តិកលេបនំ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវខាងក្នុងបុរីជាទីរីករាយ ដែលបូកដោយកំបោរនិងដី ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ អន្តេបុរំ រម្មំ សុចិគន្ធំ មនោរមំ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវខាងក្នុងបុរីជាទីរីករាយ មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ កូដាគារេ ច វិភត្តេ ភាគសោ មិតេ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវដំណាក់កំពូលទាំងឡាយ ដែលជាងចែកហើយ វាស់ហើយដោយចំណែក ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ កូដាគារេ ច សុធាមត្តិកលេបនេ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវដំណាក់កំពូលទាំងឡាយ ដែលបូកដោយកំបោរនិងដី ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ កូដាគារេ ច សុចិគន្ធេ មនោរមេ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវដំណាក់កំពូលទាំងឡាយ ដែលមានក្លិនក្រអូប ជាទីរីករាយនៃចិត្ត ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ កូដាគារេ ច លិត្តេ ចន្ទនផោសិតេ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវដំណាក់កំពូលទាំងឡាយ ដែលលាបល្អហើយ ប្រោះព្រំដោយខ្លឹមចន្ទន៍ក្រហម ហើយ បួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ សុវណ្ណបល្លង្កេ គោណកេ ចិត្តសន្ថតេ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវគ្រែមាសទាំងឡាយ មានព្រំជាកម្រាលដ៏វិចិត្រ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ មណិបល្លង្កេ គោណកេ ចិត្តសន្ថតេ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវបល្ល័ង្កកែវមណី មានព្រំជា កម្រាលដ៏វិចិត្រ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ កប្បាសកោសេយ្យំ ខោមកោទុម្ពរានិ ច
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវសំពត់អំបោះ និងសំពត់សូត្រ សំពត់ទាំងឡាយដែលកើតអំពីដែនខោមៈ និងកើតអំពីដែនកោទុម្ពរ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ បោក្ខរណី រម្មា ចាកវាកបកូជិតា
មណ្ឌាលកេហិ សញ្ឆន្នា បទុមុប្បលកេហិ ច
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវស្រះបោក្ខរណីទាំងឡាយ ជាទីរីករាយ មានសត្វចាក្រពាកយំទ្រហឹង ដេរដាសដោយចង្កុលណីទាំងឡាយផង ដោយឈូកនិងព្រលឹតទាំងឡាយផង ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ ហត្ថិគុម្ពេ ច សញ្វលង្ការភូសិតេ
សុវណ្ណកច្ឆេ មាតង្គេ ហេមកប្បនិវាសសេ
អារុឡ្ហេ គាមនីយេភិ តោមរង្កុសបាណិភិ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវហ្វូងដំរីមាតង្គៈ ដែលស្អិតស្អាងដោយគ្រឿងអលង្ការគ្រប់មុខ មានខ្សែដង្គន់មាស មានគ្រឿងស្អាងដោយបណ្ដាញមាស ដែលហ្មដំរីមានលំពែង ស្នែងក្របីនិងកង្វេរក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ អស្សគុម្ពេ ច សញ្វលង្ការភូសិតេ
អាជានីយេវ ជាតិយា សិន្ធវេ សីឃវាហនេ
អារុឡ្ហេ គាមនីយេភិ ឥន្ទិយាចាបធារិភិ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវហ្វូងសេះអាជានេយ្យអំពីជាតិ ជាសេះសិន្ធព ដែលស្អិតស្អាងដោយគ្រឿងអលង្ការគ្រប់មុខ ជាវាហនៈលឿន ដែលអ្នកបង្ហាត់សេះកាន់ស៊ែនិងធ្នូ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ រថសេនិយោ សន្នទ្ធេ ឧស្សិតទ្ធជេ
ទីបេ អថោបិ វេយ្យគ្ឃេ សញ្វលង្ការភូសិតេ
អារុឡ្ហេ គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវពួករថប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថី មានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ សោវណ្ណរថេ សន្នទ្ធេ ឧស្សិតទ្ធជេ
ទីបេ អថោបិ វេយ្យគ្ឃេ សញ្វលង្ការភូសិតេ
អារុឡ្ហេ គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវពួករថមាស ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថី មានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ សជ្ឈុរថេ ច សន្នទ្ធេ ឧស្សិតទ្ធជេ
ទីបេ អថោបិ វេយ្យគ្ឃេ សញ្វលង្ការភូសិតេ
អារុឡ្ហេ គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវរថប្រាក់ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ អស្សរថេ ច សន្នទ្ធេ ឧស្សិតទ្ធជេ
ទីបេ អថោបិ វេយ្យគ្ឃេ សញ្វលង្ការភូសិតេ
អារុឡ្ហេ គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវរថទឹមសេះ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថីមានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ ឱដ្ឋរថេ ច សន្នទ្ធេ ឧស្សិតទ្ធជេ
ទីបេ អថោបិ វេយ្យគ្ឃេ សញ្វលង្ការភូសិតេ
អារុឡ្ហេ គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវរថទឹមអូដ្ឋ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និង ខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថីមានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ គោណរថេ ច សន្នទ្ធេ ឧស្សិតទ្ធជេ
ទីបេ អថោបិ វេយ្យគ្ឃេ សញ្វលង្ការភូសិតេ
អារុឡ្ហេ គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវរថទឹមគោ ប្រដាប់ហើយ មាន ទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថី មានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ អជរថេ ច សន្នទ្ធេ ឧស្សិតទ្ធជេ
ទីបេ អថោបិ វេយ្យគ្ឃេ សញ្វលង្ការភូសិតេ
អារុឡ្ហេ គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវរថទឹមកែះ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថី មានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ មេណ្ឌរថេ ច សន្នទ្ធេ ឧស្សិតទ្ធជេ
ទីបេ អថោបិ វេយ្យគ្ឃេ សញ្វលង្ការភូសិតេ
អារុឡ្ហេ គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវរថទឹមពពែ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថីមានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ មិគរថេ ច សន្នទ្ធេ ឧស្សិតទ្ធជេ
ទីបេ អថោបិ វេយ្យគ្ឃេ សញ្វលង្ការភូសិតេ
អារុឡ្ហេ គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវរថទឹមម្រឹគ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលនាយសារថីមានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ ហត្ថារោហេ ច សញ្វលង្ការភូសិតេ
នីលចម្មធរេ សូរេ តោមរង្កុសបាណិនោ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវពួកអ្នកជិះដំរី ដែលស្អិតស្អាង ដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានលំពែងស្នែងក្របីនិងកង្វេរក្នុងដៃ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ អស្សារោហេ ច សញ្វលង្ការភូសិតេ
នីលចម្មធរេ សូរេ ឥន្ទិយាចាបធារិនោ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវពួកអ្នកជិះសេះ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា ទ្រទ្រង់នូវស៊ែនិងធ្នូ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ រថារោហេ ច សញ្វលង្ការភូសិតេ
នីលចម្មធរេ សូរេ ចាបហត្ថេ កលាបិនោ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវពួកអ្នកជិះរថ ដែលស្អិតស្អាង ដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានធ្នូនិងបំពង់ព្រួញក្នុងដៃ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ ធនុគ្គហេ ច សញ្វលង្ការភូសិតេ
នីលចម្មធរេ សូរេ ចាបហត្ថេ កលាបិនោ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវពួកខ្មាន់ធ្នូ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានធ្នូនិងបំពង់ព្រួញក្នុងដៃ ហើយបួសការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ រាជបុត្តេ ច សញ្វលង្ការភូសិតេ
ចិត្រចម្មធរេ សូរេ កញ្ចនាវេឡុធារិនោ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវពួកព្រះរាជបុត្ត ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលដ៏វិចិត្រ ជាអ្នកក្លៀវក្លា ទ្រទ្រង់នូវមាសនិងកែវពិទូរ្យ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ អរិយគណេ វត្ថវន្តេ អលង្កតេ
ហរិចន្ទនលិត្តង្គេ កាសិកុត្តមធារិនោ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវពួកអរិយជន គឺព្រាហ្មណ៍ដែលមានសំពត់ មានគ្រឿងប្រដាប់ហើយ មានខ្លួនលាបដោយខ្លឹមចន្ទន៍ក្រហម ស្លៀកដណ្ដប់ដោយសំពត់ ដែលបានមកអំពីដែនកាសីដ៏ឧត្តម ហើយបួស ការលះបង់នោះនឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ អមច្ចគណេ សញ្វលង្ការភូសិតេ
បីតចម្មធរេ សូរេ បុរតោ គច្ឆមាលិនោ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវពួកអាមាត្យ ដែលស្អិតស្អាង ដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌លឿង ជាអ្នកក្លៀវក្លា មានរបៀបដើរខាងមុខ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ សត្តសតា ភរិយា សញ្វលង្ការភូសិតា
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវពួកស្រីស្នំ ៧០០ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ សត្តសតា ភរិយា សុសញ្ញា តនុមជ្ឈិមា
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវពួកស្រីស្នំ ៧០០ ជាអ្នកសង្រួមល្អ មានចង្កេះរៀវ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ សត្តសតា ភរិយា អស្សវា បិយភាណិនី
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវស្រីស្នំ ៧០០ ជាស្ត្រីស្ដាប់បង្គាប់ ពោលពាក្យជាទីស្រឡាញ់ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ សតបល្លកំសំ សោវណ្ណំ សតរាជិកំ
បហាយ បព្វជិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អញនឹងលះបង់នូវភាជន៍មាស មានទម្ងន់ ១០០ បល្លៈ ប្រកបដោយស្នាមចម្លាក់ ១០០ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ ហត្ថិគុម្ពា សញ្វលង្ការភូសិតា
សុវណ្ណកច្ឆា មាតង្គា ហេមកប្បនិវាសសា។
អារុឡ្ហា គាមនីយេភិ តោមរង្កុសបាណិភិ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា ហ្វូងដំរីមាតង្គៈរបស់អញ ដែលស្អិតស្អាងដោយ គ្រឿងអលង្ការទាំងពួង មានខ្សែដង្គន់មាស មានគ្រឿងស្អាង ដោយបណ្ដាញមាស ដែលហ្មដំរីមានលំពែងស្នែងក្របី និងកង្វេរក្នុងដៃ ឡើងជិះហើយ នឹងមិនដើរតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ អស្សគុម្ពា សញ្វលង្ការភូសិតា
អាជានីយាវ ជាតិយា សិន្ធវា សីឃវាហនា
អារុឡ្ហា គាមនីយេភិ ឥន្ទិយា ចាបធារិភិ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា ហ្វូងសេះរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ជាសេះអាជានេយ្យដោយជាតិ ជាសេះសិន្ធព ជាវាហនៈដ៏លឿន ដែលពួកអ្នករក្សាសេះ កាន់ស៊ែនិងធ្នូ ឡើងជិះហើយ នឹងមិនដើរតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ រថសេនិយោ សន្នទ្ធា ឧស្សិតទ្ធជា
ទីបា អថោបិ វេយ្យគ្ឃា សញ្វលង្ការភូសិតា
អារុឡ្ហា គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា ពួករថរបស់អញប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបងនិងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនដើរតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ សុវណ្ណរថា សន្នទ្ធា ឧស្សិតទ្ធជា
ទីបា អថោបិ វេយ្យគ្ឃា សញ្វលង្ការភូសិតា
អារុឡ្ហា គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា ពួករថមាសរបស់អញប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ សជ្ឈុរថា សន្នទ្ធា ឧស្សិតទ្ធជា
ទីបា អថោបិ វេយ្យគ្ឃា សញ្វលង្ការភូសិតា
អារុឡ្ហា គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា ពួករថប្រាក់របស់អញ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ អស្សរថា សន្នទ្ធា ឧស្សិតទ្ធជា
ទីបា អថោបិ វេយ្យគ្ឃា សញ្វលង្ការភូសិតា
អារុឡ្ហា គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា រថទឹមដោយសេះរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ ឱដ្ឋរថា សន្នទ្ធា ឧស្សិតទ្ធជា
ទីបា អថោបិ វេយ្យគ្ឃា សញ្វលង្ការភូសិតា
អារុឡ្ហា គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា រថទឹមដោយអូដ្ឋរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ គោណរថា សន្នទ្ធា ឧស្សិតទ្ធជា
ទីបា អថោបិ វេយ្យគ្ឃា សញ្វលង្ការភូសិតា
អារុឡ្ហា គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា រថទឹមគោរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ អជរថា សន្នទ្ធា ឧស្សិតទ្ធជា
ទីបា អថោបិ វេយ្យគ្ឃា សញ្វលង្ការភូសិតា
អារុឡ្ហា គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា រថទឹមកែះរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ មេណ្ឌរថា សន្នទ្ធា ឧស្សិតទ្ធជា
ទីបា អថោបិ វេយ្យគ្ឃា សញ្វលង្ការភូសិតា
អារុឡ្ហា គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា រថទឹមពពែរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ មិគរថា សន្នទ្ធា ឧស្សិតទ្ធជា
ទីបា អថោបិ វេយ្យគ្ឃា សញ្វលង្ការភូសិតា
អារុឡ្ហា គាមនីយេភិ ចាបហត្ថេហិ ចម្មិភិ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា រថទឹមម្រឹគរបស់អញ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូនិងខែលក្នុងដៃ ឡើងជិះហើយ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ ហត្ថារោហា សញ្វលង្ការភូសិតា
នីលចម្មធរា សូរា តោមរង្កុសបាណិនោ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា ពួកអ្នកជិះដំរីរបស់អញ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានលំពែងស្នែងក្របីនិងកង្វេរក្នុងដៃ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ អស្សារោហា សញ្វលង្ការភូសិតា
នីលចម្មធរា សូរា ឥន្ទិយាចាបធារិនោ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា ពួកអ្នកជិះសេះរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា ទ្រទ្រង់នូវស៊ែនិងធ្នូ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ រថារោហា សញ្វលង្ការភូសិតា
នីលចម្មធរា សូរា ចាបហត្ថា កលាបិនោ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា ពួកអ្នកជិះរថរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានធ្នូនិងបំពង់ព្រួញក្នុងដៃ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ ធនុគ្គហា សញ្វលង្ការភូសិតា
នីលចម្មធរា សូរា ចាបហត្ថា កលាបិនោ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា ពួកខ្មាន់ធ្នូរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌ខៀវ ជាអ្នកក្លៀវក្លា មានធ្នូនិងបំពង់ព្រួញក្នុងដៃ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ រាជបុត្តា សញ្វលង្ការភូសិតា
ចិត្រចម្មធរា សូរា កញ្ចនាវេឡុធារិនោ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា ពួករាជបុត្តរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលដ៏វិចិត្រ ជាអ្នកក្លៀវក្លា ទ្រទ្រង់នូវមាសនិងកែវពិទូរ្យ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ អរិយគណា វត្ថវន្តា អលង្កតា
ហរិចន្ទនលិត្តង្គា កាសិកុត្តមធារិនោ
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា ពួកអរិយជន គឺព្រាហ្មណ៍ អ្នកមានសំពត់ មាន គ្រឿងប្រដាប់ហើយ មានខ្លួនលាបដោយខ្លឹមចន្ទន៍ក្រហម ទ្រទ្រង់នូវសំពត់ដ៏ឧត្តម ដែលបានមកអំពីដែនកាសី នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ អមច្ចគណា សញ្វលង្ការភូសិតា
បីតចម្មធរា សូរា បុរតោ គច្ឆមាលិនី
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា ពួកអាមាត្យរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌លឿង ជាអ្នកក្លៀវក្លា មានរបៀបដើរខាងមុខ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ សត្តសតា ភរិយា សញ្វលង្ការភូសិតា
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា ពួកស្រីស្នំ ៧០០ របស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ សត្តសតា ភរិយា សុសញ្ញា តនុមជ្ឈិមា
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា ពួកស្រីស្នំ ៧០០ របស់អញ ជាស្រ្តីសង្រួមល្អ មានចង្កេះរៀវ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទា សុ មំ សត្តសតា ភរិយា អស្សវា បិយភាណិនី
យន្តំ មំ នានុយិស្សន្តិ តំ កទា សុ ភវិស្សតិ។
កាលណា ពួកស្រីស្នំ ៧០០ របស់អញ ជាស្រ្តីស្ដាប់បង្គាប់ពោលពាក្យជាទីស្រឡាញ់ នឹងមិនទៅតាមអញ កាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ បត្តំ គហេត្វាន មុណ្ឌោ សង្ឃាដិបារុតោ
បិណ្ឌិកាយ ចរិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អាត្មាអញនឹងបានទៅជាអ្នកកោរក្បាល ឃ្លុំសង្ឃាដិ កាន់បាត្រ ត្រាច់ចរទៅបិណ្ឌបាត ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ បំសុកូលានំ ឧជ្ឈិតានំ មហាបថេ
សង្ឃាដឹ ធារយិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អាត្មាអញនឹងទ្រទ្រង់នូវសង្ឃាដិ នៃសំពត់បង្សុកូលទាំងឡាយ ដែលគេចោលក្នុងផ្លូវធំ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ សត្តាហំ មេឃេ ឱវុដ្ឋេ អល្លចីវរោ
បិណ្ឌិកាយ ចរិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អាត្មាអញ កាលដែលមេឃបង្អុរភ្លៀងចុះអស់ ៧ ថ្ងៃហើយ នឹងត្រាច់ទៅបិណ្ឌបាតទាំងចីវរទទឹក ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ សព្វណ្ហំ គន្ត្វា រុក្ខា រុក្ខំ វនា វនំ
អនបេក្ខោ ចរិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អាត្មាអញនឹងចេញទៅអំពីដើមឈើមួយ ទៅកាន់ដើមឈើមួយ អំពីព្រៃមួយទៅកាន់ព្រៃមួយ រហូតថ្ងៃ និងយប់ទាំងអស់ ត្រាច់ទៅឥតអាឡោះអាល័យ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ គិរិទុគ្គេសុ បហីនភយភេរវោ
អទុតិយោ គមិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អាត្មាអញនឹងលះបង់នូវភ័យគួរខ្លាច ហើយមិនមានគ្នាជាគម្រប់ពីរនាក់ ដើរទៅលើជ្រោះភ្នំទាំងឡាយ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ វីណរុជ្ជកោវ សត្តតន្តឹ មនោរមំ
ចិត្តំ ឧជ្ជុំ ករិស្សាមិ តំ កទា សុ ភវិស្សតិ។
កាលណា អាត្មាអញធ្វើចិត្តឲ្យត្រង់ ដូចជាបុគ្គលដេញពិណ អាចដេញខ្សែទាំង ៧ ឲ្យជាទីរីករាយចិត្តបាន ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
កទាហំ រថការោវ បរិកន្តំ ឧបាហនំ
កាមសំយោជនេ ឆេច្ឆំ យេ ទិព្វេ យេ ច មានុសេ។
កាលណា អាត្មាអញនឹងកាត់នូវកាមសំយោជន៍ជាទិព្វ ទាំងជារបស់មនុស្សបាន ដូចជាជាងរថ (ជាងស្បែក) កាលកាត់នូវស្បែកជើងដូច្នោះ។
បានឮថា ព្រះមហាសត្វកើតក្នុងកាលដែលមនុស្សមានអាយុ ១ ម៉ឺនឆ្នាំ សោយរាជសម្បត្តិបាន ៧០០០ ឆ្នាំ ទ្រង់បួសក្នុងកាលព្រះជន្មនៅសល់ប្រមាណ ៣០០០ ឆ្នាំ កាលទ្រង់បួស ទ្រង់បាននៅក្នុងឃរាវាសវិស័យអស់ ៤ ខែ ចាប់តាំងពីកាលដែលបានទតឃើញដើមស្វាយ ត្រង់ទ្វារព្រះរាជឧទ្យាន ទ្រង់ព្រះតម្រិះថា ភេទបព្វជិត ប្រសើរជាងភេទព្រះរាជានេះ អញនឹងបួស ទើបត្រាស់បញ្ជាបុរសអ្នកបម្រើដោយសម្ងាត់ថា នែបា ចូរអ្នកនាំសំពត់ដែលជ្រលក់ទឹកម្ចត់និងបាត្រដី មកអំពីរានផ្សារ កុំឲ្យនរណាដឹង។ រាជបុរសនោះ បានធ្វើតាមព្រះរាជតម្រាស់ ព្រះរាជាឲ្យហៅខ្មាន់ព្រះកេសមក ហើយដាក់ព្រះកេសានិងព្រះមស្សុ ព្រះរាជទានស្រុកសួយដល់ខ្មាន់ព្រះកេសហើយ ឲ្យត្រឡប់ទៅ ទ្រង់ស្លៀកសំពត់កាសាវៈមួយផ្ទាំង ទ្រង់ដណ្ដប់មួយផ្ទាំង មួយផ្ទាំងទៀតពាក់ត្រង់ស្មា ដាក់បាត្រដីក្នុងស្លោកបាត្រ ហើយពាក់ត្រង់ចង្កួយស្មា។ កាលនោះ ទ្រង់កាន់ឈើច្រត់ ចង្ក្រមទៅមកក្នុងប្រាសាទ ដោយបច្ចេកពុទ្ធលីលា អស់ថ្ងៃបន្តិចបន្តួច។ ព្រះមហាសត្វទ្រង់ប្រថាប់ក្នុងប្រាសាទនោះឯង អស់ថ្ងៃនោះ លុះស្អែកឡើង ទ្រង់យាងចុះអំពីប្រាសាទក្នុងពេលព្រះអាទិត្យរះ។
ក្នុងកាលនោះ ព្រះនាងសីវលីទេវី ត្រាស់ហៅស្ត្រីអ្នកស្និទ្ធស្នាល៧០០ នាក់នោះមកថា ពួកយើងមិនបានឃើញព្រះរាជារបស់យើង ៤ ខែហើយថ្ងៃនេះ យើងទាំងឡាយនឹងនាំគ្នាទៅគាល់ទ្រង់ នាងទាំងឡាយគប្បីតាក់តែងគ្រឿងអលង្ការទាំងពួង សម្ដែងអាកប្បកិរិយារបស់ស្ត្រីដែលនាំឲ្យត្រេកអរ តាមកម្លាំង ព្យាយាមចងព្រះរាជាដោយចំណង គឺកិលេស។ សូម្បីព្រះទេវី ក៏ព្រះនាងប្រដាប់តាក់តែងព្រះកាយ ហើយឡើងកាន់ប្រាសាទជាមួយស្ត្រីទាំងនោះ ដោយត្រិះរិះថា នឹងគាល់ព្រះរាជា សូម្បីទតឃើញព្រះរាជាកំពុងចុះ ក៏ព្រះនាងមិនស្គាល់ ថ្វាយបង្គំព្រះរាជា ហើយប្រថាប់ឈរក្នុងចំណែកម្ខាង ព្រោះព្រះនាងសម្គាល់ថា បព្វជិតនេះ ជាព្រះបច្ចេកពុទ្ធមកថ្វាយឱវាទដល់ព្រះរាជា។ ចំណែកព្រះមហាសត្វ ក៏ចុះអំពីប្រាសាទ។ ឯព្រះទេវី កាលព្រះនាងឡើងទៅកាន់ប្រាសាទ ទតឃើញព្រះកេសារបស់ព្រះរាជាមានពណ៌ដូចស្លាបកំភេមលើព្រះសិរីសយនា និងកញ្ចប់គ្រឿងអាភរណៈ ទើបមានព្រះសវនីយ៍ថា បព្វជិតនោះ មិនមែនព្រះបច្ចេកពុទ្ធ គឺជាព្រះរាជស្វាមីជាទីស្រឡាញ់របស់ពួកយើង មកនាងទាំងឡាយ យើងទាំងឡាយនឹងក្រាបទូលអង្វរឲ្យទ្រង់ត្រឡប់ ដូច្នេះហើយ ទើបយាងចុះអំពីប្រាសាទ ទាន់ព្រះរាជាត្រង់លានព្រះរាជវាំង ក៏រំសាយកេសាលើខ្នង មួយអន្លើដោយស្រីទាំងអស់ គក់ទ្រូងដោយដៃទាំងពីរ ក្រាបទូលថា បពិត្រមហារាជ ព្រោះហេតុអ្វី ទើបទ្រង់ធ្វើយ៉ាងនេះ ព្រះនាងខ្សឹកខ្សួល យាងតាមព្រះរាជាគួរអាណិតក្រៃលែង។ កាលនោះ ព្រះនគរទាំងមូលក៏រំជើបរំជួល ចំណែកអ្នកនគរទាំងនោះ ពោលថា បានឮថា ព្រះរាជារបស់ពួកយើង ទ្រង់បួសហើយ ពួកយើងនឹងបានព្រះរាជាដែលតាំងនៅក្នុងធម៌បែបនេះអំពីណា ហើយទ្រហោយំ ដើរតាមព្រះរាជាទៅ។
ព្រះសាស្ដា កាលទ្រង់ធ្វើឲ្យជាក់ច្បាស់នូវសំឡេងខ្សឹកខ្សួលរបស់ស្ត្រីទាំងនោះ និងភាពដែលព្រះរាជាទ្រង់លះបង់ស្ត្រីទាំងនោះ ដែលកំពុងយំ យាងទៅ ទើបត្រាស់ថា
តា ច សត្តសតា ភរិយា សព្វាលង្ការភូសិតា
ពាហា បគ្គយ្ហ បក្កន្ទុំ កស្មា នោ វិជហិស្សសិ។
ពួកស្រីស្នំ ទាំង ៧០០ នាក់នោះ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ផ្គងដើមដៃទួញយំថា ព្រះអង្គនឹងលះចោលពួកខ្ញុំម្ចាស់ ព្រោះហេតុអ្វី។
តា ច សត្តសតា ភរិយា សុសញ្ញា តនុមជ្ឈិមា
ពាហា បគ្គយ្ហ បក្កន្ទុំ កស្មា នោ វិជហិស្សសិ។
ពួកស្រីស្នំ ៧០០ នាក់នោះ ជាស្ត្រីសង្រួមល្អ មានចង្កេះរៀវ ផ្គងដើមដៃទួញយំថា ព្រះអង្គនឹងលះចោលពួកខ្ញុំម្ចាស់ ព្រោះហេតុអ្វី។
តា ច សត្តសតា ភរិយា អស្សវា បិយភាណិនី
ពាហា បគ្គយ្ហ បក្កន្ទុំ កស្មា នោ វិជហិស្សសិ។
ពួកស្រីស្នំទាំង ៧០០ នាក់នោះ ជាស្រ្តីស្ដាប់បង្គាប់ ពោលពាក្យជាទីស្រឡាញ់ ផ្គងដើមដៃទួញយំថា ព្រះអង្គនឹងលះចោលពួកខ្ញុំម្ចាស់ ព្រោះហេតុអ្វី។
តា ច សត្តសតា ភរិយា សព្វាលង្ការភូសិតា
ហិត្វា សម្បទវី រាជា បព្វជ្ជាយ បុរក្ខិតោ។
ព្រះរាជាទ្រង់លះនូវសម្ប័ទ បានលះបង់ពួកស្រីស្នំទាំង ៧០០ នាក់នោះ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ព្រះអង្គត្រូវបព្វជ្ជាបញ្ជូនទៅខាងមុខហើយ។
តា ច សត្តសតា ភរិយា សុសញ្ញា តនុមជ្ឈិមា
ហិត្វា សម្បទវី រាជា បព្វជ្ជាយ បុរក្ខិតោ។
ព្រះរាជាទ្រង់លះបង់នូវសម្ប័ទ បានលះបង់ពួកស្រីស្នំ ៧០០នាក់នោះ ជាស្ត្រីសង្រួមល្អ មានចង្កេះរៀវ ត្រូវបព្វជ្ជាបញ្ជូនទៅខាងមុខហើយ។
តា ច សត្តសតា ភរិយា អស្សវា បិយភាណិនី
ហិត្វា សម្បទវី រាជា បព្វជ្ជាយ បុរក្ខិតោ។
ព្រះរាជាទ្រង់លះបង់នូវសម្ប័ទ បានលះនូវពួកស្ត្រីស្នំ ៧០០នាក់នោះ ជាស្ត្រីស្ដាប់បង្គាប់ ពោលពាក្យជាទីស្រឡាញ់ ត្រូវបព្វជ្ជាបញ្ជូនទៅខាងមុខហើយ។
ហិត្វា សតបល្លកំសំ សោវណ្ណំ សតរាជិកំ
អគ្គហិ មត្តិកាបត្តំ តំ ទុតិយាភិសេចនំ។
ព្រះរាជាទ្រង់លះបង់នូវភាជន៍មាស មានទម្ងន់មួយរយបល្លៈប្រកបដោយស្នាមចម្លាក់មួយរយ បានកាន់យកនូវបាត្រដី ការកាន់នូវបាត្រដីនោះ ទុកជាអភិសេកទី ២។
សូម្បីព្រះនាងសីវលីទេវីទ្រង់ព្រះកន្សែង ក៏មិនអាចញ៉ាំងព្រះរាជាឲ្យយាងត្រឡប់បាន ព្រះនាងគិតថា មានឧបាយមួយ ទើបឲ្យហៅមហាសេនាគុត្តមកគាល់ ហើយត្រាស់ថា ចូរអ្នកទៅដុតភ្លើង គឺដុតផ្ទះចាស់ៗ សាលាចាស់ៗ ក្នុងចំណែកទិសខាងមុខដែលព្រះរាជាយាងទៅ ចូរប្រមូលស្មៅនិងស្លឹកឈើ នាំមកបំពក់ឲ្យមានផ្សែងក្នុងទីនោះៗ។ មហាសេនាគុត្តបានធ្វើយ៉ាងនោះ។ ព្រះនាងសីវលីទេវីយាងទៅកាន់សម្នាក់របស់ព្រះរាជា ក្រាបទៀបព្រះយុគលបាទ ហើយក្រាបទូលភាពដែលភ្លើងឆេះនគរមិថិលា ២ គាថាថា
ភេស្មា អគ្គិសមាជាលា កោសា ឧយ្ហន្តិ ភាគសោ
រជតំ ជាតរូបញ្ច មុត្តា វេឡុរិយា ពហូ
មណយោ សង្ខមុត្តា ច វត្ថកំ ហរិចន្ទនំ
អជិនំ ទន្តភណ្ឌញ្ច លោហំ កាលាយសំ ពហុំ
ឯហិ រាជ និវត្តស្សុ មា តេ តំ វិនស្សា ធនំ។
ឃ្លាំងទាំងឡាយ គឺឃ្លាំងប្រាក់ ឃ្លាំងមាស ឃ្លាំងកែវមុក្តា ឃ្លាំងកែវពិទូរ្យ ឃ្លាំងកែវមណី ឃ្លាំងស័ង្ខ ឃ្លាំងកែវមុក្តាដ៏ច្រើន ឃ្លាំងសំពត់ ឃ្លាំងខ្លឹមចន្ទន៍ក្រហម ឃ្លាំងស្បែកខ្លាឃ្មុំ ឃ្លាំងរបស់ធ្វើពីភ្លុក ឃ្លាំងទង់ដែង និងឃ្លាំងដែកខ្មៅដ៏ច្រើន ជាឃ្លាំងដែលរាជបុរសរៀបចំដោយចំណែក ត្រូវភ្លើងឆេះ មានអណ្ដាតភ្លើងស្មើគ្នា គួរខ្លាច បពិត្រព្រះរាជា សូមព្រះអង្គស្ដេចមក សូមស្ដេចត្រឡប់វិលវិញ កុំឲ្យទ្រព្យរបស់ព្រះអង្គនោះ វិនាស។
លំដាប់នោះ ព្រះមហាសត្វត្រាស់តបថា ម្នាលទេវី នាងនិយាយ អ្វី កង្វល់របស់ពួកជនណា មាន កង្វល់នោះ រមែងត្រូវភ្លើងឆេះ តែយើងមិនមានកង្វល់ឡើយ កាលទ្រង់សម្ដែងសេចក្ដីនោះ ទើបត្រាស់ព្រះគាថាដូច្នេះថា
សុសុខំ វត ជីវាម យេសន្នោ នត្ថិ កិញ្ចនំ
មិថិលាយ ឌយ្ហមានាយ ន មេ កិញ្ចិ អឌយ្ហថ។
កង្វល់មិនមានដល់យើងណា យើងនោះ ឈ្មោះថា រស់នៅជាសុខ កាលបើក្រុងមិថិលាត្រូវភ្លើងឆេះ ភ្លើងមិនមែនឆេះនូវទ្រព្យបន្តិចបន្តួចរបស់ខ្ញុំទេ។
កាលត្រាស់យ៉ាងនេះហើយ ព្រះមហាសត្វបានយាងចេញតាមទ្វារទិសឧត្តរ។ ភរិយាទាំង ៧០០ នោះ ក៏ចេញតាមព្រះរាជាទៅ ព្រះនាងសីវលីទេវី ក៏គិតរកឧបាយណាមួយទៀត ទើបត្រាស់បញ្ជាអាមាត្យទាំងឡាយថា ពួកលោក ចូរសម្ដែងហេតុការណ៍ ឲ្យដូចជាចោរសម្លាប់អ្នកស្រុក និងប្លន់ដែន។ ខណៈនោះ មនុស្សទាំងឡាយ ក៏បង្ហាញពួកបុរសដែលកាន់អាវុធរត់មកអំពីទីនោះ ៗ ហាក់បីដូចជាត្រូវប្លន់ ស្រោចនូវទឹកល័ក្ខលើសរីរៈ ហាក់បីដូចត្រូវប្រហារ ឲ្យដេកលើបន្ទះក្ដារត្រូវទឹកបន្សាត់ទៅ ហាក់បីដូចជាស្លាប់ចំពោះព្រះភក្ត្រព្រះរាជា។ មហាជនក្រាបទូលព្រះរាជាថា បពិត្រមហារាជ ពួកចោរប្លន់ដែន សម្លាប់ប្រជានុរាស្ត្ររបស់ព្រះអង្គ ទាំងដែលទ្រង់គង់ព្រះជន្មនៅ។ លំដាប់នោះ ព្រះទេវីក៏ថ្វាយបង្គំព្រះរាជា ត្រាស់ព្រះគាថាដើម្បីឲ្យទ្រង់យាងត្រឡប់ថា
អដវិយោ សមុប្បន្នា រដ្ឋំ វិទ្ធំសយន្តិ តេ
ឯហិ រាជ និវត្តស្សុ មា រដ្ឋំ វិនស្សា ឥទំ។
ចោរក្នុងដងព្រៃកើតឡើងហើយ បំផ្លាញដែនរបស់ព្រះអង្គ បពិត្រព្រះរាជា សូមព្រះអង្គស្ដេចមក សូមស្ដេចត្រឡប់វិលវិញ កុំឲ្យដែននេះ វិនាស។
ព្រះរាជាស្ដាប់ដូច្នោះហើយ ទ្រង់ព្រះតម្រិះថា កាលយើងនៅមានជីវិត នឹងមិនកើតចោរប្លន់ទម្លាយនូវដែនឡើយ នេះជាការធ្វើរបស់ព្រះនាងសីវលី កាលទ្រង់ធ្វើឲ្យព្រះនាងទាល់ប្រាជ្ញា ទើបត្រាស់ថា
សុសុខំ វត ជីវាម យេសន្នោ នត្ថិ កិញ្ចនំ
រដ្ឋេ វិលុម្បមានម្ហិ ន មេ កិញ្ចិ អហារថ។
កង្វល់មិនមានដល់យើងណា យើងនោះ ឈ្មោះថា រស់នៅជាសុខ កាលបើដែនត្រូវពួកចោរប្លន់ ចោរមិនបានយកទ្រព្យបន្តិចបន្តួចរបស់ខ្ញុំទេ។
សុសុខំ វត ជីវាម យេសន្នោ នត្ថិ កិញ្ចនំ
បីតិភក្ខា ភវិស្សាម ទេវា អាភស្សរា យថា។
កង្វល់មិនមានដល់យើងណា យើងនោះឈ្មោះថា រស់នៅជាសុខ យើងជាអ្នកមានបីតិជាអាហារ ដូចពួកអាភស្សរទេវតា។
កាលព្រះរាជាត្រាស់យ៉ាងនេះហើយ មហាជនក៏នៅតែទៅតាមព្រះអង្គដដែល។ ព្រះមហាសត្វទ្រង់ព្រះតម្រិះថា មហាជនទាំងនេះ មិនប្រាថ្នាត្រឡប់ អញនឹងឲ្យមហាជននោះ ត្រឡប់។ កាលទ្រង់ធ្វើដំណើរទៅបានកន្លះគាវុត ទ្រង់ក៏ឈប់សម្រាក ប្រថាប់ឈរក្នុងផ្លូវធំ ត្រាស់សួរអាមាត្យទាំងឡាយថា រាជសម្បត្តិនេះ ជារបស់អ្នកណា។
អាមាត្យទាំងឡាយក្រាបទូលថា ជារបស់ព្រះអង្គ។
ព្រះរាជាត្រាស់ថា បើដូច្នោះ អ្នកទាំងឡាយ ចូរដាក់រាជទណ្ឌដល់បុគ្គលណាដែលធ្វើស្នាមគំនូសនេះ ឲ្យរលុប ដូច្នេះហើយ ទ្រង់យកឈើច្រត់គូស ធ្វើឲ្យមានស្នាមទទឹងផ្លូវ។ បុគ្គលណាម្នាក់ ក៏មិនហ៊ានធ្វើស្នាមគំនូសដែលព្រះរាជាអ្នកមានតេជះ ទ្រង់បានគូស ឲ្យរលុបឡើយ។ មហាជនធ្វើស្នាមគំនូសជិតក្បាល ទ្រហោយំ។ ព្រះនាងសីវលីក៏មិនអាចធ្វើស្នាមគំនូសឲ្យរលុបបាន ទតឃើញព្រះរាជាបែរខ្នងយាងទៅ មិនអាចអត់ធន់នូវសេចក្ដីសោកបាន គក់ទ្រូង ផ្ដួលខ្លួនបម្រះននៀលទៅវិញទៅមកលើផ្លូវធំ ហើយយាងទៅ ។ មហាជនពោលថា ម្ចាស់របស់ស្នាមគំនូសបានទម្លាយនូវស្នាមគំនូសហើយ ទើបនាំគ្នាតាមព្រះរាជា ទៅតាមមាគ៌ាដែលព្រះទេវីយាងទៅនោះឯង។ ព្រះមហាសត្វបែរព្រះភក្ត្រទៅកាន់ហិមវន្តប្បទេសនាទិសឧត្តរ ចំណែកព្រះនាងសីវលីក៏នាំពលសេនាពាហនៈទាំងពួងតាមព្រះរាជាទៅដែរ។ ព្រះរាជាទ្រង់មិនអាចឲ្យមហាជនត្រឡប់បាន ទ្រង់យាងទៅអស់ផ្លូវប្រមាណ ៦០ យោជន៍។
ក្នុងកាលនោះ មានតាបសមួយរូបឈ្មោះនារទៈ នៅត្រង់សុវណ្ណគុហា ក្នុងហិមវន្តប្បទេស ឲ្យពេលវេលាកន្លងទៅដោយសេចក្ដីសុខដែលកើតអំពីឈាន ដែលសម្បយុត្តដោយអភិញ្ញា ៥ កន្លងទៅ ៧ ថ្ងៃ ក៏ចេញអំពីឈានសុខ បន្លឺឧទានថា ឱសុខហ្ន៎ ! ឱសុខហ្ន៎ ! ហើយរំពឹងមើលសត្វលោកដោយទិព្វចក្ខុថា មានបុគ្គលណា ក្នុងជម្ពូទ្វីប ស្វែងរកសេចក្ដីសុខនេះដែរឬទេ ឃើញព្រះមហាជនកដែលជាពុទ្ធង្កុរ ទើបគិតថា ព្រះមហាជនកនេះ ជាព្រះរាជាចេញមហាភិនេស្ក្រមណ៍ មិនអាចញ៉ាំងមហាជននិងពួករាជបរិវារ មានព្រះនាងសីវលីជាប្រធាន ឲ្យត្រឡប់ទៅនគរបាន រាជបរិវារនោះ គប្បីធ្វើអន្តរាយដល់ព្រះអង្គ អញនឹងថ្វាយឱវាទដល់ព្រះអង្គ ដើម្បីឲ្យទ្រង់សមាទានឲ្យមាំមួនក្រៃលែង ទើបទៅដោយកម្លាំងឫទ្ធិ ស្ថិតនៅក្នុងអាកាសចំពោះព្រះភក្ត្រព្រះរាជា ពោលគាថាឲ្យទ្រង់កើតនូវឧស្សាហៈថា
កិម្ហេសោ មហតោ ឃោសោ កា នុ គាមេវ កីឡិយា
សមណ ត្វេវ បុច្ឆាមិ កត្ថេសោភិសដោ ជនោ។
សំឡេងគឹកកងនៃជនច្រើននេះ តើព្រោះហេតុអ្វី ស្រ្តីនោះ ជាអ្វី លេងជាមួយក្នុងព្រៃ ដូចក្នុងស្រុក បពិត្រសមណៈ ខ្ញុំសួរលោកថា មហាជននុ៎ះ ប្រជុំគ្នាដើម្បីអ្វី។
ព្រះរាជាទ្រង់បានស្ដាប់ពាក្យរបស់តាបសនោះហើយ ត្រាស់ថា
មមំ ឱហាយ គច្ឆន្តំ ឯត្ថេសោភិសដោ ជនោ
សីមាតិក្កមនំ យន្តំ មុនិមោនស្ស បត្តិយា
មិស្សំ នន្ទីហិ គច្ឆន្តំ កឹ ជានមនុបុច្ឆសិ។
ខ្ញុំកាលលះបង់នូវមហាជន ហើយចេញទៅ បានជាមហាជនប្រជុំគ្នាក្នុងទីនេះ ខ្ញុំកន្លងនូវដែនគឺកិលេស ហើយទៅបួស ដើម្បីបាននូវមោនធម៌ (ពោលគឺញាណរបស់អនាគារិយៈ) មុនី ខ្ញុំកាលទៅកាន់ទីច្រឡូកច្រឡំ ដោយសេចក្ដីរីករាយទាំងឡាយ អ្នកដឹងទើបសួរឬ (ឬមិនដឹង)។
លំដាប់នោះ នារទតាបសបានពោលគាថាទៀត ដើម្បីឲ្យព្រះមហាសត្វសមាទានឲ្យមាំមួនថា
មាស្សុ តិណ្ណោ អមញ្ញិត្ថោ សរីរំ ធារយំ ឥមំ
អតីរណេយ្យមិទំ កម្មំ ពហូ ហិ បរិបន្ថយោ។
ព្រះអង្គ កាលទ្រទ្រង់នូវសរីរៈនេះ កុំសម្គាល់ថា អញឆ្លងកិលេសហើយដូច្នេះ កម្ម (គឺកិលេស) នេះ បុគ្គលមិនគប្បីឆ្លងបានទេ ព្រោះថា សេចក្ដីអន្ដរាយមានច្រើន។
បន្ទាប់អំពីនោះ ព្រះមហាសត្វបានស្ដាប់ពាក្យនោះហើយ កាលនឹងត្រាស់សួរអំពីសេចក្ដីអន្តរាយ ទើបពោលគាថាថា
កោ នុ មេ បរិបន្ថស្ស មម ឯវំ វិហារិនោ
យោ នេវ ទិដ្ឋេ នាទិដ្ឋេ កាមានមភិបត្ថយេ។
ខ្ញុំណា មិនប្រាថ្នានូវកាមទាំងឡាយក្នុងមនុស្សលោក ដែលបុគ្គលឃើញហើយ មិនប្រាថ្នានូវកាមទាំងឡាយក្នុងទេវលោកដែលបុគ្គលមិនឃើញហើយ សេចក្ដីអន្ដរាយដូចម្ដេចហ្ន៎ នឹងមានដល់ខ្ញុំនោះ មានកិរិយាទៅយ៉ាងនេះ។
លំដាប់នោះ នារទតាបស កាលសម្ដែងអន្ដរាយទាំងឡាយដល់ព្រះមហាសត្វ ទើបពោលគាថាដូច្នេះថា
និទ្ទា តន្ទិ វិជម្ភិតា អរតិ ភត្តសម្មទោ
អាវសន្តិ សរីរដ្ឋា ពហូ ហិ បរិបន្ថយោ។
ដ្បិតថា សេចក្ដីអន្ដរាយតាំងឡើងច្រើន គឺការដេកលក់សេចក្ដីខ្ជិល ការមិតពត់ សេចក្ដីអផ្សុក ការពុលបាយ តាំងនៅក្នុងសរីរៈ រមែងកើត (ក្នុងសរីរៈវិញ)។
លំដាប់នោះ ព្រះមហាសត្វ កាលទ្រង់សរសើរនារទតាបសនោះ ទើបត្រាស់គាថាដូច្នេះថា
កល្យាណំ វត មំ ភវំ ព្រាហ្មណ អនុសាសសិ
ព្រាហ្មណ ត្វេវ បុច្ឆាមិ កោ នុ ត្វមសិ មារិស។
បពិត្រព្រាហ្មណ៍ លោកដ៏ចម្រើនប្រៀនប្រដៅខ្ញុំល្អណាស់ បពិត្រព្រាហ្មណ៍ ខ្ញុំសួរលោក បពិត្រលោកនិរទុក្ខ លោកជាអ្វី។
លំដាប់នោះ នារទតាបសពោលថា
នារទោ ឥតិ នាមេន កស្សបោ ឥតិ មំ វិទូ
ភោតោ សង្កាសេ អាគច្ឆឹ សាធុ សព្ភិ សមាគមោ។
ជនទាំងឡាយស្គាល់អាត្មាភាពដោយនាមថា នារទៈ ដោយ គោត្តថា កស្សបៈ ដូច្នេះ អាត្មាភាពមកក្នុងសម្នាក់ព្រះអង្គដ៏ចម្រើន ដោយដឹងច្បាស់ថា សមាគមដោយសប្បុរសទាំងឡាយ ជាកិច្ចញ៉ាំងប្រយោជន៍ឲ្យសម្រេច។
តស្ស តេ សព្វោ អានន្ទោ វិហារោ ឧបវត្តតុ
យទូនំ តំ បរិបូរេហិ ខន្តិយា ឧបសមេន ច។
សេចក្ដីត្រេកអរ ( ក្នុងបព្វជ្ជា) ទាំងអស់ និងព្រហ្មវិហារ ចូរកើតដល់ព្រះអង្គនោះចុះ បរិកម្មនិងឈានណា ការខ្វះខាត ( ដោយសីលនិងឈាន) ណា ព្រះអង្គចូរបំពេញនូវការខ្វះខាតនោះចុះ ព្រះអង្គ (ចូរប្រកប) ដោយអធិវាសនក្ខន្ដី និងឧបសមៈ។
បសារយ សន្នតញ្ច ឧន្នតញ្ច បហារយ
កម្មំ វិជ្ជញ្ច ធម្មញ្ច សក្កត្វាន បរិព្វជ។
ព្រះអង្គ ចូររំសាយចោលនូវសេចក្ដីមើលងាយ និងសេចក្ដីក្រអឺតក្រឱង ចូរធ្វើគោរពនូវកុសលកម្ម នូវវិជ្ជា និងធម៌។
នារទតាបសថ្វាយឱវាទដល់ព្រះមហាសត្វយ៉ាងនេះហើយ ត្រឡប់ទៅកាន់លំនៅរបស់ខ្លួនតាមអាកាស។ កាលនារទតាបសទៅហើយ មានតាបសមួយរូបទៀត ឈ្មោះមិគាជិនៈ ចេញអំពីសមាបត្ដិ ត្រួតមើលលោកសន្និវាស ឃើញព្រះមហាសត្វ ទើបមកហើយដូចគ្នា ដោយគិតថា អញនឹងថ្វាយឱវាទ ដើម្បីប្រយោជន៍ឲ្យមហាជនត្រឡប់ទៅនគរ ទើបស្ថិតនៅក្នុងអាកាស បង្ហាញខ្លួនឲ្យប្រាកដ ហើយពោលថា
ពហូ ហត្ថី ច អស្សេ ច នគរេ ជនបទានិ ច
ហិត្វា ជនក បព្វជិតោ កបាលេ រតិមជ្ឈគា
កច្ចិ នុ តេ ជានបទា មិត្តាមច្ចា ច ញាតកា
ទូភឹ អកំសុ ជនក កស្មា តេ តំ អរុច្ចថ។
បពិត្រព្រះជនក ព្រះអង្គលះបង់ដំរី សេះ ពួកអ្នកនគរ និងជនបទជាច្រើន ហើយទ្រង់ព្រះផ្នួស ដល់នូវសេចក្ដីត្រេកអរនឹងអំបែង បពិត្រព្រះជនក ពួកអ្នកជនបទ មិត្ដ អាមាត្យ និងព្រះញាតិ បានធ្វើនូវការទ្រុស្ដចំពោះព្រះអង្គខ្លះដែរឬ ព្រោះហេតុអ្វី ក៏ព្រះអង្គពេញព្រះហឫទ័យ នឹងអំបែងរបស់ព្រះអង្គនោះ។
បន្ទាប់អំពីនោះ ព្រះមហាសត្វត្រាស់ថា
ន មិគាជិន ជាតុច្ឆេ អហំ កញ្ចិ កុទាចនំ
អធម្មេន ជិនេ ញាតឹ ន ចាបិ ញាតយោ មមំ។
បពិត្រមិគាជិនៈ ក្នុងកាលណាមក ខ្ញុំមិនដែលផ្ចាញ់នូវញាតិណាមួយ ដោយអធម៌ជាដាច់ខាត ទាំងពួកញាតិ ក៏មិនដែលផ្ចាញ់ខ្ញុំដោយអធម៌ដែរ។
ព្រះមហាសត្វទ្រង់ឃាត់នូវបញ្ហានៃមិគាជិនតាបសនោះ យ៉ាងនេះហើយ ឥឡូវនេះ កាលទ្រង់សម្ដែងហេតុនៃការបួស ទើបត្រាស់ថា
ទិស្វាន លោកវត្តន្តំ ខជ្ជន្តំ កទ្ទមីកតំ
ហញ្ញរេ វជ្ឈរេ ចេត្ថ យត្ថ សន្នោ បុថុជ្ជនោ
ឯតាហំ ឧបមំ កត្វា ភិក្ខកោស្មិ មិគាជិន។
បពិត្រមិគាជិនៈ ខ្ញុំបានឃើញនូវប្រវេណីនៃសត្វលោក ដែលកិលេសកំពុងទំពាស៊ី ធ្វើឲ្យដូចជាភក់ បុថុជ្ជនលិចចុះហើយក្នុងកិលេសវត្ថុណា សត្វទាំងឡាយតែងបៀតបៀនគ្នាផង តែងជាប់ក្នុងកិលេសវត្ថុនោះផង ហើយក៏ធ្វើនូវពួកបុថុជ្ជនទាំងនេះ ឲ្យជាគ្រឿងប្រៀបធៀប ទើបបួសជាភិក្ខុ។
តាបសនោះ ប្រាថ្នានឹងស្ដាប់ហេតុការណ៍នោះ ដោយពិស្ដារ ទើបពោលគាថាដូច្នេះថា
កោ នុ តេ ភគវា សត្ថា កស្សេតំ វចនំ សុចឹ
ន ហិ កប្បំ វា វិជ្ជំ វា បច្ចក្ខាយ រថេសភ
សមណមាហុ វត្តន្តំ យថា ទុក្ខស្សតិក្កមោ។
បពិត្រព្រះអង្គប្រសើរក្នុងរថ បុគ្គលមានជោគណា ជាសាស្ដារបស់ព្រះអង្គ ពាក្យដ៏ពីរោះនេះ ជាពាក្យរបស់បុគ្គលណា ព្រោះថា អ្នកប្រាជ្ញទាំងឡាយមិនវៀរនូវតាបស អ្នកសម្រេចអភិញ្ញា ឬនូវព្រះបច្ចេកពុទ្ធដែលប្រកបដោយវិជ្ជា ហើយពោលនូវសមណៈថា អ្នកមានវត្ដជាគ្រឿងកន្លងនូវទុក្ខទេ។
លំដាប់នោះ ព្រះមហាសត្វពោលថា
ន មិគាជិន ជាតុច្ឆេ អហំ កញ្ចិ កុទាចនំ
សមណំ ព្រាហ្មណំ វាបិ សក្កត្វា អនុបាវិសឹ។
បពិត្រមិគាជិនៈ ខ្ញុំមិនដែលចូលទៅគោរពសមណៈ និងព្រាហ្មណ៍ណាមួយ ដោយដាច់ខាត ក្នុងកាលណាម្ដងឡើយ [ព្រះមហាសត្វ សូម្បីស្ដាប់ធម៌ក្នុងសម្នាក់របស់ព្រះបច្ចេកពុទ្ធទាំងឡាយ ក៏មិនសួរគុណនៃបព្វជ្ជាដោយចំពោះ ក្នុងកាលណាឡើយ ព្រោះហេតុនោះ ទើបត្រាស់យ៉ាងនេះ។]។
ព្រះមហាសត្វ កាលត្រាស់យ៉ាងនេះហើយ ទើបពោលគាថា ដើម្បីទ្រង់សម្ដែងហេតុដែលទ្រង់បួស តាំងអំពីដើមថា
មហតា ចានុភាវេន គច្ឆន្តោ សិរិយា ជលំ
គីយមានេសុ គីតេសុ វជ្ជមានេសុ វគ្គុសុ
តូរិយតាលិតសង្ឃុដ្ឋេ សម្មតាលសមាហិតេ
សមិគាជិនមទ្ទក្ខឹ ផលឹ អម្ពំ តិរោច្ឆទំ
តុទមានំ មនុស្សេហិ ផលកាមេហិ ជន្តុភិ
សោ ខោ ហន្តំ សិរឹ ហិត្វា ឱរោហិត្វា មិគាជិន
មូលំ អម្ពស្សុបាគញ្ឆឹ ផលិនោ និប្ផលស្ស ច
ផលឹ អម្ពំ ហតំ ទិស្វា វិទ្ធត្តំ វិនលីកតំ
អថេកំ ឥតរំ អម្ពំ នីលោភាសំ មនោរមំ
ឯវមេវ នូនម្ហេបិ ឥស្សរេ ពហុកណ្ដកេ
អមិត្តា នោ វធិស្សន្តិ យថា អម្ពោ ផលី ហតោ
អជិនម្ហិ ហញ្ញតេ ទីបិ នាគោ ទន្តេហិ ហញ្ញតិ
ធនម្ហិ ធនិនោ ហន្តិ អនិកេតមសន្ថវំ
ផលី អម្ពោ អផលោ ច តេ សត្ថារោ ឧភោ មម។
បពិត្រមិគាជិនៈ ខ្ញុំកាលទៅ ដោយអានុភាពដ៏ធំ រុងរឿងដោយសិរី កាលចម្រៀងដែលបុគ្គលកំពុងច្រៀង កាលតន្ដ្រីមានសំឡេងដ៏ពីរោះ ដែលបុគ្គលកំពុងប្រគំ បានឃើញស្វាយមានផ្លែខាងក្រៅកំពែង ដែលពួកមនុស្សអ្នកត្រូវការផ្លែ បេះជិតឧទ្យាន ដែលគឹកកងដោយការប្រគំតន្ដ្រី ជាឧទ្យានប្រកបដោយសូរប្រគំដ៏ពីរោះ បពិត្រមិគាជិនៈ ខ្ញុំនោះបានលះបង់សិរីនោះ ហើយចុះ ( អំពីដំរី) ចូលទៅកាន់គល់ស្វាយដែលមានផ្លែ និងមិនមានផ្លែ បានឃើញស្វាយមានផ្លែ ដែលបុគ្គលបៀតបៀនហើយ កម្ចាត់ហើយ ធ្វើមិនឲ្យមានស្លឹក និងស្វាយ ១ ដើមក្រៅនេះ មានពន្លឺខៀវ ជាទីរីករាយនៃចិត្ដ សត្រូវទាំងឡាយ អាចសម្លាប់យើងដែលជាឥស្សរៈ មានបន្លាច្រើន ដោយពិត ដូចដើមស្វាយដែលមានផ្លែ ដែលបុគ្គលសម្លាប់ហើយ ខ្លាដំបងត្រូវគេសម្លាប់ព្រោះស្បែក ដំរីត្រូវគេសម្លាប់ព្រោះភ្លុក បុគ្គលអ្នកមានទ្រព្យ ត្រូវគេសម្លាប់ព្រោះទ្រព្យ តើនរណានឹងសម្លាប់បុគ្គលអ្នកមិនមានផ្ទះ មិនមានសន្ថវៈ ដើមស្វាយមានផ្លែ និងមិនមានផ្លែទាំងពីរនោះ ជាសាស្ដារបស់ខ្ញុំ។
មិគាជិនតាបសបានស្ដាប់ដូច្នោះហើយ ទើបថ្វាយឱវាទដល់ព្រះរាជាថា សូមទ្រង់ជាអ្នកមិនប្រមាទចុះ ហើយត្រឡប់ទៅកាន់លំនៅរបស់ខ្លួននោះឯង។ កាលមិគាជិនតាបសទៅហើយ ព្រះនាងសីវលីទេវីក្រាបចុះទៀបព្រះយុគលបាទរបស់ព្រះរាជា ក្រាបទូលថា
សព្វោ ជនោ សព្យាធិតោ រាជា បព្វជិតោ ឥតិ
ហត្ថារោហា អនីកដ្ឋា រថិកា បត្តិការកា
អស្សាសយិត្វា ជនតំ ឋបយិត្វា បដិច្ឆទំ
បុត្តំ រជ្ជេ ឋបេត្វាន អថ បច្ឆា បព្វជិស្សសិ។
ជនទាំងពួង គឺសេនាដំរី ពលសេះ ពលរថ ពលថ្មើរជើងបានឮថា ព្រះរាជាទ្រង់ផ្នួសហើយ ក៏តក់ស្លុត សូមព្រះអង្គលួងលោមនូវប្រជុំជន ហើយតាំងទុកនូវការរក្សា រួចតាំងព្រះរាជឱរសក្នុងរាជសម្បត្ដិ ហើយសឹមទ្រង់ព្រះផ្នួសក្នុងកាលជាខាងក្រោយចុះ។
លំដាប់នោះ ព្រះពោធិសត្វត្រាស់ថា
ចត្តា មយា ជានបទា មិត្តាមច្ចា ច ញាតកា
សន្តិ បុត្តា វិទេហានំ ទីឃាវុ រដ្ឋវឌ្ឍនោ
តេ រជ្ជំ ការយិស្សន្តិ មិថិលាយំ បជាបតិ។
ពួកអ្នកជនបទ មិត្ដអាមាត្យនិងញាតិទាំងឡាយ ដែលយើងលះបង់ហើយ កូនរបស់អ្នកដែនវិទេហៈ ឈ្មោះទីឃាវុកុមារ អ្នកញ៉ាំងដែនឲ្យចម្រើន ម្នាលបជាបតិ កូននោះនឹងសោយរាជ្យ ក្នុងក្រុងមិថិលាចុះ។
លំដាប់នោះ ព្រះនាងសីវលីទេវីក្រាបទូលព្រះមហាសត្វថា ទេវ តុម្ហេសុ តាវ បព្វជិតេសុ អហំ កឹ ករោមិ បពិត្រព្រះសម្មតិទេព បើទ្រង់បួសហើយ ខ្ញុំម្ចាស់នឹងធ្វើអ្វី។
លំដាប់នោះ ព្រះមហាសត្វត្រាស់ថា ភទ្ទេ អហំ តំ អនុសិក្ខាមិ វចនំ មេ ករោហិ ម្នាលនាងដ៏ចម្រើន អាត្មាឲ្យនាងសិក្សាតាម ចូរនាងធ្វើតាមពាក្យរបស់អាត្មា ហើយត្រាស់ថា
ឯហិ តំ អនុសិក្ខាមិ យំ វាក្យំ មម រុច្ចតិ
រជ្ជំ តុវំ ការយន្តី បាបំ ទុច្ចរិតំ ពហុំ
កាយេន វាចា មនសា យេន គច្ឆសិ ទុគ្គតឹ
បរទិន្នកេន បរនិដ្ឋិតេន បិណ្ឌេន យាបេមិ ស ធីរធម្មោ។
នាងចូរមកនេះ ពាក្យណាដែលអាត្មាពេញចិត្ដ អាត្មានឹងប្រាប់នូវពាក្យនោះ នាងនឹងទៅកាន់ទុគ្គតិ ដោយកាយ វាចា ចិត្ដ ណា នាងឯងកាលសោយរាជ្យ (ឈ្មោះថាធ្វើ) នូវបាបទុច្ចរិតដ៏ច្រើន ដោយកាយ វាចា ចិត្ដនោះ អាត្មានឹងញ៉ាំងអត្ដភាពឲ្យប្រព្រឹត្ដទៅដោយដុំបាយ ដែលបុគ្គលដទៃឲ្យហើយ ដែលបុគ្គលដទៃសម្រេចហើយ (នេះ) ជាបវេណីរបស់អ្នកប្រាជ្ញ។
ព្រះមហាសត្វបានប្រទានឱវាទដល់ព្រះនាង ដោយប្រការដូច្នេះ។ កាលក្សត្រទាំងពីរត្រាស់ឆ្លើយឆ្លងគ្នាយាងទៅ ព្រះអាទិត្យក៏អស្ដង្គត។ ព្រះទេវីត្រាស់ឲ្យបោះនូវជំរំក្នុងទីដែលសមគួរ។ ព្រះមហាសត្វទ្រង់សម្រាកត្រង់គល់ឈើមួយកន្លែង ប្រថាប់ក្នុងទីនោះអស់រាត្រី ស្អែកឡើង ទ្រង់ធ្វើសរីរកិច្ចហើយ យាងទៅតាមមាគ៌ា។ ចំណែកព្រះទេវីត្រាស់ថា នែអ្នកទាំងឡាយ ចូរទៅតាមអំពីក្រោយ (ព្រះរាជា) ហើយទៅអំពីខាងក្រោយព្រះមហាសត្វ ក្សត្រទាំងពីរទៅដល់នគរមួយឈ្មោះថូណៈ ក្នុងពេលភិក្ខាចារ។ ខណៈនោះ មានបុរសម្នាក់នៅខាងក្នុងនគរ ទិញសាច់មួយដុំធំអំពីទីដែលសម្លាប់ ហើយយកឈើស្រួចដោតអាំងលើរងើកភ្លើងឲ្យឆ្អិន ដាក់លើក្ដារដើម្បីឲ្យត្រជាក់ ហើយឈរ។ កាលបុរសនោះ បញ្ជូនចិត្ដទៅកាន់ទីដទៃ ឆ្កែមួយពាំដុំសាច់នោះ រត់ទៅ បុរសនោះ ដឹងហើយដេញតាមឆ្កែនោះ ទៅដល់ខាងក្រៅទ្វារនគរទិសទក្សិណ អស់អាល័យ ក៏ត្រឡប់ចូលស្រុក។ ព្រះរាជានិងព្រះទេវីយាងមកអំពីខាងមុខសុនខ ដល់ផ្លូវបែកជាពីរ សុនខនោះ ក៏ទម្លាក់ដុំសាច់ រត់គេចទៅដោយសេចក្ដីភ័យខ្លាច។
ព្រះមហាសត្វទតឃើញដុំសាច់នោះ ទ្រង់ព្រះតម្រិះថា ឆ្កែនេះចោលដុំសាច់នេះ មិនសម្លឹងមើល រត់ទៅ សូម្បីអ្នកដទៃជាម្ចាស់ ក៏មិនប្រាកដ អាហារបែបនេះ មិនមានទោស ឈ្មោះថា បំសុកូលបិណ្ឌបាត អញនឹងបរិភោគដុំសាច់នោះ ទើបទ្រង់នាំបាត្រដីចេញមក កាន់យកដុំសាច់នោះ បោសនូវធូលីដែលប្រឡាក់ហើយដាក់ក្នុងបាត្រ យាងទៅកាន់ទីដែលមានទឹកបរិបូណ៌ ទ្រង់ពិចារណាហើយ ផ្ដើមសោយនូវដុំសាច់នោះ។ លំដាប់នោះ ព្រះទេវីទ្រង់ព្រះចិន្ដាថា បើព្រះរាជានេះ ទ្រង់នៅមានបំណងក្នុងរាជសម្បត្ដិ មិនគប្បីសោយដុំសាច់ដែលគួរខ្ពើមបែបនេះទេ តែទ្រង់សោយដុំសាច់ដែលគួរខ្ពើម ប្រឡាក់ធូលីបែបនេះ ជារបស់សល់អំពីសុនខ។ ឥឡូវនេះ ទ្រង់មិនមែនព្រះរាជស្វាមីរបស់អញឡើយ ព្រះនាងព្រះតម្រិះដូច្នេះហើយ ទើបក្រាបទូលថា បពិត្រមហារាជ កោតតែព្រះអង្គសោយសាច់ដែលគួរខ្ពើមបែបនេះបាន។
ព្រះមហាសត្វត្រាស់ថា ម្នាលទេវី នាងមិនស្គាល់ភាពវិសេសរបស់បិណ្ឌបាតនេះ ព្រោះល្ងង់ខ្លៅ ត្រាស់ដូច្នេះហើយ ទ្រង់ពិចារណាទីដែលដុំសាច់នោះធ្លាក់ចុះ សោយដុំសាច់នោះ ដូចសោយអមតរស ខ្ពុរព្រះឱស្ឋ លាងព្រះហស្តនិងព្រះបាទហើយ។ ក្នុងខណៈនោះ ព្រះទេវី កាលតិះដៀលព្រះរាជា ទើបត្រាស់ថា
យោបិ ចតុត្ថេ ភត្តកាលេ ន ភុញ្ជេ
អជ្ឈុដ្ឋមារិវ ឧទាយ មិយ្យេ
ន ត្វេវ បិណ្ឌំ លុលិតំ អនរិយំ
កុលបុត្តរូបោ សប្បុរិសោ នុ សេវេ
តយិទំ ន សាធុ តយិទំ ន សុដ្ឋុ
សុនខុច្ឆិដ្ឋកំ ជនក ភុញ្ជសេ តុវំ។
បុគ្គលណា មិនបរិភោគអាហារក្នុងកាលនៃភត្ដ ជាគម្រប់ ៤ បុគ្គលនោះ គប្បីស្លាប់ដោយសេចក្ដីស្រេកឃ្លាន ដូចបុគ្គលដល់នូវសេចក្ដីស្លាប់ដ៏ពិត មានសភាពជាកុលបុត្ដ មិនគប្បីបរិភោគដុំបាយ ដែលប្រឡាក់ដោយធូលីមិនស្អាតទេ ឬការបរិភោគនោះ មិនល្អទេ មិនប្រសើរទេ បពិត្រមហាជនក ព្រះអង្គសោយនូវដុំបាយដែលសល់អំពីឆ្កែ។
ព្រះមហាសត្វត្រាស់តបថា
ន ចាបិ មេ សីវលី សោ អភក្ខោ
យំ ហោតិ ចត្តំ គិហិនោ សុនខស្ស វា
យេ កេចិ ភោគា ឥធ ធម្មលទ្ធា
សព្វោ សោ ភក្ខោ អនវយោតិ វុត្តោ។
ម្នាលសីវលី វត្ថុណាដែលគ្រហស្ថ ឬសុនខលះបង់ហើយ វត្ថុនោះ មិនមែនជាអាត្មាមិនគួរឆាន់ទេ ភោគៈទាំងឡាយណានីមួយ ក្នុងលោកនេះ ដែលបានដោយធម៌ ភោគៈទាំងអស់នោះ លោកពោលថា ជាអាហារមិនមានទោស។
កាលក្សត្រទាំងពីរអង្គសន្ទនាគ្នាយ៉ាងនេះ ទ្រង់ក៏យាងដល់ទ្វារថូណនគរ កាលទារកទាំងឡាយកំពុងលេងក្នុងនគរនោះ មានទារិកាម្នាក់យកចង្អេរតូចអុំខ្សាច់លេង។ កងដៃមួយពាក់ត្រង់កដៃម្ខាងរបស់នាង កងដៃពីរពាក់ត្រង់កដៃម្ខាងទៀត។ កងដៃពីរនោះ ទង្គិចគ្នាមានសំឡេង កងដៃមួយទៀត មិនមានសំឡេង។ ព្រះរាជាទ្រង់ជ្រាបហេតុនោះ ទើបព្រះតម្រិះថា ឥឡូវនេះ នាងសីវលីមកតាមក្រោយអញ ឈ្មោះថា ស្ដ្រី រមែងជាមន្ទិលរបស់បព្វជិត ជនទាំងឡាយឃើញនាងមកតាមអញ នឹងតិះដៀលថា បព្វជិតនេះ សូម្បីបួសហើយ ក៏មិនអាចលះភរិយាបាន បើកុមារីនេះ ឈ្លាសវៃ នឹងពោលដល់ហេតុឲ្យនាងសីវលីត្រឡប់ អញនឹងស្ដាប់ពាក្យរបស់កុមារីនេះ ហើយបញ្ជូននាងសីវលីត្រឡប់ ទ្រង់ព្រះតម្រិះដូច្នេះហើយ យាងទៅក្បែរកុមារីនោះ កាលនឹងសួរ ទើបត្រាស់គាថានេះថា
កុមារិកេ ឧបសេនិយេ និច្ចំ និគ្គលមណ្ឌិតេ
កស្មា តេ ឯកោ ភុជោ ជនតិ ឯកោ តេន ជនតី ភុជោ។
ម្នាលនាងកុមារិកា ជាក្មេងដេកជិតមាតានៅឡើយ មានគ្រឿងប្រដាប់មិនឃ្លាតអំពីខ្លួនជានិច្ច ដៃម្ខាងរបស់នាងលាន់ឮសំឡេង ដៃម្ខាងមិនលាន់ឮសំឡេង តើព្រោះហេតុអ្វី។
នាងកុមារិកាពោលថា
ឥមស្មឹ មេ សមណ ហត្ថេ បដិមុក្កា ទុនីវរា
សង្ឃដ្ដា ជាយតេ សទ្ទោ ទុតិយស្សេវ សា គតិ
ឥមស្មឹ មេ សមណ ហត្ថេ បដិមុក្កោ ឯកនីវរោ
សោ អទុតិយោ ន ជនតិ មុនិភូតោវ តិដ្ឋតិ
វិវាទប្បត្តោ ទុតិយោ កេនេកោ វិវទិស្សតិ
តស្ស តេ សគ្គកាមស្ស ឯកត្តមុបរោចតំ។
បពិត្រសមណៈ កងពីរដែលពាក់នឹងដៃរបស់ខ្ញុំនេះ ខ្ទប់គ្នាហើយ សំឡេងក៏កើតឡើង នោះជាគតិនៃកងទាំងពីរ បពិត្រសមណៈ កង ១ ដែលពាក់នឹងដៃរបស់ខ្ញុំនេះ កងនោះ មិនមានកងឯទៀត ជាគម្រប់ពីរ ទើបមិនលាន់ឮ សំឡេង ដូចអរិយបុគ្គលជាអ្នកស្ងប់ស្ងៀម ឯបុគ្គលមានគ្នាជាគម្រប់ពីរនាក់ រមែងដល់នូវការជជែកគ្នា បុគ្គល ១ នាក់ នឹងជជែកជាមួយនឹងបុគ្គលណាកើត ព្រះអង្គនោះ ជាអ្នកប្រាថ្នានូវឋានសួគ៌ សូមទ្រង់ពេញចិត្ដនឹងភាពនៃបុគ្គលម្នាក់ឯងចុះ។
ព្រះមហាសត្វបានស្ដាប់ពាក្យរបស់កុមារិកានោះហើយ ទ្រង់បានហេតុឧបការៈ កាលត្រាស់ជាមួយព្រះទេវី ទើបត្រាស់ថា
សុណសិ សីវលី គាថា កុមារិយា បវេទិតា
បេសិយា មំ គរហិត្ថោ ទុតិយស្សេវ សា គតិ
អយំ ទ្វេធា បថោ ភទ្ទេ អនុចិណ្ណោ បថាវិហិ
តេសំ ត្វំ ឯកំ គណ្ហាហិ អហមេកំ បុនាបរំ
មា ច មំ ត្វំ បតិ មេតិ នាហំ ភរិយាតិ តំ បុន។
ម្នាលនាងសីវលី នាងឮគាថាដែលនាងកុមារិកាពោលហើយឬទេ នាងកុមារិកាតិះដៀលនូវអាត្មាដូចជាអ្នកបម្រើ នោះឯងជាគតិនៃបុគ្គលពីរនាក់ ម្នាលនាងដ៏ចម្រើន ផ្លូវបែកជាពីរនេះ ដែលអ្នកដើរផ្លូវតែងដើរទៅ បណ្ដាផ្លូវទាំងពីរនោះ នាងចូរកាន់ផ្លូវ ១ អាត្មានឹងកាន់ផ្លូវ ១ ដទៃទៀតនាងកុំហៅអាត្មាថាជាស្វាមីរបស់អញ អាត្មាក៏មិនហៅនាងថាជាប្រពន្ធទៀតដែរ។
ព្រះនាងសីវលីទេវី បានស្ដាប់ព្រះតម្រាស់របស់ព្រះមហាសត្វហើយក្រាបទូលថា បពិត្រព្រះសម្មតិទេព ទ្រង់ជាក្សត្រដ៏ឧត្តម សូមទ្រង់កាន់យកផ្លូវខាងស្ដាំ ចំណែកខ្ញុំម្ចាស់នឹងកាន់យកផ្លូវខាងឆ្វេង ក្រាបទូលដូច្នេះហើយ យាងទៅបានបន្ដិច មិនអាចអត់សង្កត់សេចក្ដីសោកបាន ក៏យាងទៅតាមព្រះរាជា ចូលកាន់ថូណនគរជាមួយគ្នា។
រីអាថ៌ធម៌ឯណាពុំទាន់ប្រាកដ បទព្រះបាលីឯណាពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ទ្រង់ត្រាស់កន្លះគាថាដូច្នេះថា
ឥមមេវ កថយន្តា ថូណំ នគរមុបាគមុំ។
ព្រះរាជា និងនាងសីវលី កាលពោលនូវពាក្យនេះហើយក៏ចូលទៅកាន់ថូណនគរ។
កាលយាងចូលទៅហើយ ព្រះមហាសត្វត្រាច់បិណ្ឌបាត ដល់ទ្វារផ្ទះរបស់ជាងពត់ព្រួញ សូម្បីព្រះនាងសីវលីទេវី ក៏យាងទៅតាមអំពីខាងក្រោយ ប្រថាប់ឈរក្នុងទីសមគួរនាចំណែកម្ខាង។ សម័យនោះ ជាងព្រួញ កំពុងរោលព្រួញលើអំបែងរងើកភ្លើង នាំយកបាយម៉ានលាបនូវព្រួញ បិទភ្នែកម្ខាង សម្លឹងមើលដោយភ្នែកម្ខាង ពត់ព្រួញឲ្យត្រង់ ព្រះមហាសត្វ កាលទតឃើញដូច្នោះ ទ្រង់ព្រះតម្រិះថា បើជាងព្រួញនេះ ជាមនុស្សឈ្លាសវៃ នឹងពោលហេតុណាមួយដល់អញ អញនឹងសាកសួរជាងព្រួញនេះ ទើបចូលទៅរកជាងព្រួញ ហើយត្រាស់សួរ។
រីអាថ៌ធម៌ឯណាពុំទាន់ប្រាកដ បទព្រះបាលីឯណាពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ មានព្រះបន្ទូលសូធ្យសានូវបាទព្រះគាថាដូច្នេះថា
កោដ្ឋកេ ឧសុការស្ស ភត្តកាលេ ឧបដ្ឋិតេ
តត្រ ច សោ ឧសុការោ ឯកំ ទណ្ឌំ ឧជុំ កតំ
ឯកញ្ច ចក្ខុំ និគ្គយ្ហ ជិម្ហមេកេន បេក្ខតិ។
កាលជិតវេលាភត្ដ ព្រះរាជា (ក៏ឈរ) ជិតទ្វារនៃជាងព្រួញ ជាងព្រួញនោះ ធ្មេចភ្នែកម្ខាង សម្លឹងមើលដងព្រួញវៀចមួយដែលធ្វើឲ្យត្រង់ដោយភ្នែកម្ខាង ជិតខ្លោងទ្វារនោះ។
លំដាប់នោះ ព្រះមហាសត្វបានត្រាស់នឹងជាងព្រួញនោះថា
ឯវន្នោ សាធុ បស្សសិ ឧសុការ សុណោហិ មេ
យទេកំ ចក្ខុំ និគ្គយ្ហ ជិម្ហមេកេន បេក្ខសិ។
ម្នាលជាងព្រួញ អ្នកចូរស្ដាប់ពាក្យអាត្មា អ្នកធ្មេចភ្នែកម្ខាង សម្លឹងមើលដងព្រួញវៀច អ្នកមើលយ៉ាងនេះ ស្រួលឬ។
ពាក្យដែលជាគាថានោះ មានអត្ថថា នែជាងព្រួញសម្លាញ់ អ្នកបិទភ្នែកម្ខាង សម្លឹងមើលព្រួញដែលវៀចដោយភ្នែកម្ខាង ដោយប្រការណា អ្នកឃើញការសម្រេចប្រយោជន៍ ដោយប្រការនោះឬ។
លំដាប់នោះ ជាងព្រួញ កាលក្រាបទូលព្រះមហាសត្វ ទើបពោលថា
ទ្វីហិ សមណ ចក្ខូហិ វិសាលំ វិយ ខាយតិ
អប្បត្វា បរមំ លិង្គំ នុជុភាវាយ កប្បតិ។
បពិត្រសមណៈ ទីប្រាកដដូចជាទូលាយដោយភ្នែកពីរ កិច្ច ដោយភាវៈនៃព្រួញត្រង់ រមែងមិនសម្រេច ព្រោះមិនឃើញនូវទីវៀចខាងមុខ។
ឯកញ្ច ចក្ខុំ និគ្គយ្ហ ជិម្ហមេកេន បេក្ខតោ
សម្បត្វា បរមំ លិង្គំ ឧជុភាវាយ កប្បតិ។
កាលបុគ្គលធ្មេចភ្នែកម្ខាង សម្លឹងមើលទីវៀច ដោយភ្នែកម្ខាង កិច្ចដោយភាពនៃព្រួញត្រង់ រមែងសម្រេច ព្រោះឃើញទីវៀចខាងមុខ។
វិវាទប្បត្តោ ទុតិយោ កេនេកោ វិវទិស្សតិ
តស្ស តេ សគ្គកាមស្ស ឯកត្តមុបរោចតំ។
បុគ្គលជាគម្រប់ពីរ រមែងដល់នូវការជជែកគ្នា បុគ្គលម្នាក់ឯង នឹងជជែកគ្នាជាមួយនឹងអ្នកណាកើត កាលព្រះអង្គនោះ ប្រាថ្នានូវឋានសួគ៌ សូមពេញព្រះទ័យនឹងភាពនៃបុគ្គលម្នាក់ឯងចុះ។
ជាងព្រួញនោះ បានថ្វាយឱវាទចំពោះព្រះរាជាយ៉ាងនោះហើយ ក៏នៅស្ងៀម។ ព្រះមហាសត្វត្រាច់បិណ្ឌបាត បានភត្ដាហារដែលលាយគ្នាហើយ យាងចេញអំពីនគរ ប្រថាប់គង់សោយក្នុងទីដែលមានទឹក បរិបូណ៌ ទ្រង់សោយព្រះក្រយាស្ងោយស្រេចហើយ ខ្ពុរព្រះឱស្ឋ លាងបាត្រដាក់ចូលស្លោកហើយ ហៅព្រះនាងសីវលីមកត្រាស់ថា
សុណសិ សីវលី គាថា ឧសុការេន វេទិតា
បេសិយា មំ គរហិត្ថោ ទុតិយស្សេវ សា គតិ
អយំ ទ្វេធា បថោ ភទ្ទេ អនុចិណ្ណោ បថាវិហិ
តេសំ ត្វំ ឯកំ គណ្ហាហិ អហមេកំ បុនាបរំ
នេវ មំ ត្វំ បតិ មេតិ នាហំ ភរិយាតិ តំ បុន។
នែនាងសីវលី នាងឮគាថាដែលជាងព្រួញពោលហើយឬ ទេ ជាងព្រួញតិះដៀលអាត្មា ដូចជាអ្នកបម្រើ នោះជាគតិ នៃបុគ្គលពីរនាក់ ម្នាលនាងដ៏ចម្រើន ផ្លូវបែកជាពីរនេះ ដែលអ្នកដើរផ្លូវ តែងដើរទៅ បណ្ដាផ្លូវទាំងពីរនោះ នាងចូរកាន់យកផ្លូវ ១ អាត្មានឹងកាន់យកផ្លូវ ១ ដទៃទៀត នាងកុំហៅអាត្មាថា ជាស្វាមីរបស់អញ អាត្មាក៏មិនហៅនាងថា ជាភរិយារបស់អាត្មាដែរ។
បានឮថា ព្រះនាងសីវលីនោះ សូម្បីព្រះមហាសត្វត្រាស់ថា នាងកុំហៅអាត្មាថា ជាស្វាមីរបស់នាង ដូច្នេះ ក៏នៅតែទៅតាមព្រះមហាសត្វនោះឯង ព្រះរាជាក៏មិនអាចឲ្យព្រះនាងសីវលីនោះ យាងត្រឡប់បាន។ សូម្បីមហាជនក៏ដើរតាមទ្រង់ទៅ។ លុះដល់ព្រៃមួយកន្លែង ដែលនៅមិនឆ្ងាយអំពីទីនោះ លំដាប់នោះ ព្រះមហាសត្វទតឃើញដងព្រៃខៀវស្រងាត់ មានព្រះរាជបំណងឲ្យព្រះនាងត្រឡប់ កាលយាងទៅ បានទតឃើញស្មៅយាប្លងក្នុងទីក្បែរផ្លូវ ទ្រង់ដកស្មៅយាប្លងនោះ ត្រាស់ហៅព្រះទេវីមកថា ម្នាលនាងសីវលី ចូរនាងមើលស្មៅយាប្លងនេះ ស្មៅយាប្លងនេះ មិនអាចជាប់គ្នាទៀតបាន យ៉ាងណា ការនៅរួមជាមួយនាងរបស់អាត្មា ក៏មិនអាចជាប់តគ្នាបាន យ៉ាងនោះដែរ ហើយត្រាស់កន្លះគាថាដូច្នេះថា
មុញ្ជា ឦសកា បព្យូឡ្ហា ឯកា វិហរ សីវលី។
ម្នាលនាងសីវលី នាងចូរនៅម្នាក់ឯងចុះ ដូចស្មៅយាប្លងដែលអាត្មាដកហើយ។
ព្រះនាងបានស្ដាប់ព្រះតម្រាស់របស់ព្រះមហាសត្វហើយ ត្រាស់ថា ចាប់អំពីនេះទៅ ខ្ញុំមិនបាននៅរួមជាមួយព្រះមហាជនកនរិន្ទ្ររាជទៀតទេ ព្រះនាងមិនអាចអត់សង្កត់សេចក្ដីសោក ផ្គងដើមដៃទាំងពីរបរិទេវនាការដោយអនេកបរិយាយ ដល់នូវវិសញ្ញីភាព ដួលចុះត្រង់ផ្លូវធ្លា។ ព្រះមហាសត្វទ្រង់ជ្រាបថា ព្រះនាងសន្លប់ ក៏ឈានព្រះបាទយាងចូលកាន់ព្រៃ។ ខណៈនោះ ពួកអាមាត្យយកទឹកមកប្រោះសរីរៈព្រះនាងសីវលីទេវីនោះ នាំគ្នាច្របាច់ត្រង់ព្រះហស្តនិងព្រះបាទ ព្រះនាងមានស្មារតីក្រោកឡើង ត្រាស់សួរថា នែបាទាំងឡាយ ព្រះរាជាយាងទៅខាងណា។
ពួកអាមាត្យក្រាបទូលសួរថា ព្រះនាងមិនជ្រាបទេឬ។ ព្រះនាងមានព្រះសវនីយ៍ថា បាទាំងឡាយ ចូរដើររក។ ជនទាំងនោះ នាំគ្នារត់ទៅខាងនោះ ខាងនេះ ក៏មិនបានចួបព្រះរាជា។ ព្រះនាងបរិទេវនាការជាអនេក ហើយឲ្យសាងចេតិយត្រង់ទីដែលព្រះរាជាប្រថាប់ឈរ បូជាដោយគ្រឿងក្រអូប និងកម្រងផ្កាជាដើម ហើយយាងត្រឡប់ទៅកាន់នគរមិថិលា។ ឯព្រះមហាសត្វយាងចូលព្រៃហិមពាន្ដ ធ្វើអភិញ្ញា ៥ និងសមាបត្ដិ ៨ ឲ្យកើតខាងក្នុង ៧ ថ្ងៃ មិនបានមកកាន់ដែនដីមនុស្សទៀតឡើយ។ ចំណែកព្រះនាងសីវលីទេវីបានយាងត្រឡប់ហើយ ឲ្យសាងចេតិយជាច្រើនកន្លែង ក្នុងទីដែលព្រះមហាសត្វត្រាស់ជាមួយជាងព្រួញ ត្រាស់ជាមួយកុមារិកា ទីសោយសាច់ដែលសុនខទម្លាក់ចោល ទីត្រាស់ជាមួយមិគាជិនតាបស និងជាមួយនារទតាបស គ្រប់កន្លែងហើយ បូជាដោយគ្រឿងក្រអូប និងផ្កាកម្រងជាដើម ព្រះនាងចោមរោមដោយសេនា យាងដល់មិថិលានគរហើយ អភិសេកព្រះរាជឱរសក្នុងឧទ្យានអម្ពវ័ន ព្រះនាងបញ្ជូនព្រះរាជឱរសដែលមានពួកសេនាចោមរោមហើយ ចូលកាន់ព្រះនគរ ព្រះនាងទ្រង់បួសជាតបស្សិនីដោយខ្លួនឯង នៅក្នុងព្រះរាជឧទ្យាននោះ ព្រះនាងធ្វើកសិណបរិកម្ម បានសម្រេចឈាន មានឈានមិនសាបសូន្យ មានព្រហ្មលោកជាទីទៅខាងមុខ ក្នុងទីបំផុតនៃព្រះជន្មាយុ។ ចំណែកព្រះមហាសត្វ មានឈានមិនសាបសូន្យ ក៏ចូលដល់ព្រហ្មលោកដូចគ្នា។
ព្រះសាស្ដា កាលទ្រង់នាំយកព្រះធម្មទេសនានេះ មកសម្ដែងហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ ដែលតថាគតចេញសាងមហាភិនេស្ក្រមណ៍ សូម្បីក្នុងកាលមុន ក៏តថាគតចេញសាងមហាភិនេស្ក្រមណ៍ដូចគ្នា ហើយទ្រង់ប្រជុំជាតកថា ទេពធីតារក្សាសមុទ្ទក្នុងកាលនោះ បានមកជាឧប្បលវណ្ណាភិក្ខុនី នារទតាបស បានមកជាសារីបុត្ដ មិគាជិនតាបស បានមកជាមោគ្គល្លាន កុមារិកា បានមកជាខេមាភិក្ខុនី ជាងព្រួញ បានមកជាអានន្ទ សីវលីទេវី បានមកជារាហុលមាតា ទីឃាវុកុមារ បានមកជារាហុល ព្រះជនកព្រះជននី បានមកជាត្រកូលមហារាជ ចំណែកមហាជនកនរិន្ទ្ររាជ គឺតថាគតអរហន្តសម្មាសម្ពុទ្ធ នេះឯង។
មហាជនកជាតក ចប់។
[ស្រង់ចាកអដ្ឋកថា ជាតក មហានិបាត បិ.៦២ ទំ.២១ ឃ.៤៩។]។
សូមអនុមោទនា !!!
