បច្ចេកពុទ្ធសំយុត្តកថា

មហាមោរជាតក

ព្រះសាស្ដា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអផ្សុកមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះថា

ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ដសោយរាជសម្បត្ដិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងផ្ទៃមេក្ងោក ក្នុងបច្ចន្តប្រទេស។ កាលគភ៌ចាស់ហើយ ក្ងោកជាមាតាក៏ពងក្នុងទីរកស៊ី ហើយហើរទៅ។ ធម្មតាស៊ុត បើមេមិនមានរោគ និងមិនមានអន្ដរាយដទៃ ៗ មានទីឃជាតិ (ពស់) ជាដើម បៀតបៀន រមែងមិនខូចឡើយ ហេតុនោះ ទើបស៊ុតនោះ ដូចផ្កាកណិការក្រពុំ មានពណ៌មាស លុះដល់គ្រប់កំណត់ ក៏ញាស់តាមធម្មតារបស់ខ្លួន  កូនក្ងោកមានពណ៌មាសចេញមកហើយ។ កូនក្ងោកនោះ មានភ្នែកទាំងគូដូចគ្នានឹងផ្លែជិញ្ជុកៈ (ផ្លែទំពាំងបាយជូរ) មានចំពុះដូចកែវប្រពាល មានផ្នួត-ពណ៌ក្រហម ៣ ជាន់ និងឆ្នូតរហូត​ដល់កណ្ដាលខ្នង កាលក្ងោកមាសចម្រើនវ័យហើយ មានរាងកាយធំប៉ុនដុំរទេះ  មានរូបល្អក្រៃពេក។ ក្ងោក​ដែលមានពណ៌ខៀវទាំងអស់ មកប្រជុំគ្នា លើកក្ងោកនោះឲ្យជាព្រះរាជា នាំគ្នាចោមរោមជាបរិវារ។

ថ្ងៃមួយ ក្ងោកមាសផឹកទឹកក្នុងត្រពាំង ឃើញរូបសម្បត្ដិរបស់ខ្លួន គិតថា អញមានរូបស្អាតក្រៃលែងជាងក្ងោកទាំងអស់ បើអញនៅក្នុងដែនដីមនុស្សជាមួយក្ងោកទាំងនេះ អន្ដរាយនឹងកើតដល់អញ អញត្រូវទៅកាន់ព្រៃហិមពាន្ដ ដែលជាទីសុខសាន្ត នៅតែម្នាក់ឯងប្រសើរជាង។ កាលហ្វូងក្ងោកនាំគ្នាចូលទ្រនំដេក ក្ងោកមាសនោះ មិនបានប្រាប់ក្ងោកណាមួយឲ្យដឹងឡើយ ហើរទៅកាន់ព្រៃហិមពាន្ដ ឆ្លងជួរភ្នំ៣ ដល់ជួរភ្នំទី៤ មានជាតស្រះធំ ដេរដាសដោយផ្កាឈូក ក្នុងព្រៃមិនឆ្ងាយអំពីស្រះនោះ មានដើមជ្រៃធំកើតអាស្រ័យភ្នំមួយ ក៏ចុះសម្រាកកាយត្រង់មែកជ្រៃនោះ។ ម្យ៉ាងទៀត ត្រង់កណ្ដាលភ្នំនោះ មានគុហាដែលគួរជាទីត្រេកអរ។ ស្ដេចក្ងោកបំណងនៅក្នុងគុហានោះ ទើបទំត្រង់មុខគុហានោះ។ ក្នុងទីនោះ បុគ្គលដែលនៅខាងក្រោមមិនអាចឡើងទៅបានឡើយ បុគ្គលដែលនៅខាងលើសោត ក៏មិនអាចចុះបាន ជាទីផុតភ័យអំពីឆ្មា ពស់ និងមនុស្សទាំងឡាយ។ ស្ដេចក្ងោកមាសត្រិះរិះថា ត្រង់នេះ ជាទីផាសុករបស់អញ ហើយសម្រាកនៅក្នុងទីនោះឯង អស់ថ្ងៃនោះ លុះព្រឹកឡើង ក្រោកចាកគុហា ទំត្រង់កំពូលភ្នំ បែរមុខទៅកាន់ទិសខាងកើត ឃើញសុរិយមណ្ឌលកំពុងរះឡើង ក៏សូត្រព្រះបរិត្ដ ដើម្បីការពារខ្លួនក្នុងពេលថ្ងៃថា

ឧទេតយញ្ចក្ខុមា ឯករាជា

ហរិស្សវណ្ណោ បឋវិប្បភាសោ

តំ តំ នមស្សាមិ ហរិស្សវណ្ណំ បឋវិប្បភាសំ

តយជ្ជ គុត្តា វិហរេមុ ទិវសំ។

យេ ព្រាហ្មណា វេទគុ សព្វធម្មេ

តេ មេ នមោ តេ ច មំ បាលយន្តុ

នមត្ថុ ពុទ្ធានំ នមត្ថុ ពោធិយា

នមោ វិមុត្តានំ នមោ វិមុត្តិយា

ឥមំ សោ បរិត្តំ កត្វា មោរោ ចរតិ ឯសនា។

សុរិយទេវបុត្តណា ជាឯករាជ មានចក្ខុ មានសម្បុរដូចជាមាស មានពន្លឺផ្សាយទៅលើផែនដី កំពុងរះឡើង ខ្ញុំសូមនមស្ការនូវសុរិយទេវបុត្តនោះ អ្នកមានសម្បុរដូចជាមាស មានពន្លឺផ្សាយទៅលើផែនដី ខ្ញុំសូមឲ្យលោកគ្រប់គ្រងរក្សា អស់វេលាថ្ងៃក្នុងថ្ងៃនេះ ពា្រហ្មណ៍ទាំងឡាយណា សម្រេចនូវវេទក្នុងធម៌ទាំងពួង សូមព្រាហ្មណ៍ទាំងឡាយនោះ ទទួលនូវការនមស្ការរបស់ខ្ញុំ សូមព្រាហ្មណ៍ទាំងឡាយនោះ រក្សានូវខ្ញុំ ការនមស្ការ ចូរមានដល់លោកអ្នកត្រាស់ដឹងទាំងឡាយ ការនមស្ការ ចូរមានដល់សេចក្ដីត្រាស់ដឹង ការនមស្ការ ចូរមានដល់លោកអ្នករួចទាំងឡាយ ការនមស្ការ ចូរមានដល់វិមុត្តិ ក្ងោកពោធិសត្វនោះ ធ្វើបរិត្តនេះរួចហើយ ទើបត្រាច់ទៅស្វែងរកអាហារ [បិ.៥៨ ទំ.៧៣ ឃ.១៦៧។]។

លុះដល់ពេលល្ងាច ទើបក្ងោកនោះ មកទំត្រង់កំពូលភ្នំ បែរមុខទៅកាន់ទិសខាងលិច សម្លឹងមើលសុរិយមណ្ឌលដែលអស្ដង្គត សូត្រព្រះបរិត្ដដើម្បីការពារខ្លួន ក្នុងពេលយប់ថា

អបេតយញ្ចក្ខុមា ឯករាជា

ហរិស្សវណ្ណោ បឋវិប្បភាសោ

តំ តំ នមស្សាមិ ហរិស្សវណ្ណំ បឋវិប្បភាសំ

តយជ្ជ គុត្តា វិហរេមុ រត្តឹ

យេ ព្រាហ្មណា វេទគុ សព្វធម្មេ

តេ មេ នមោ តេ ច មំ បាលយន្តុ

នមត្ថុ ពុទ្ធានំ នមត្ថុ ពោធិយា

នមោ វិមុត្តានំ នមោ វិមុត្តិយា

ឥមំ សោ បរិត្តំ កត្វា មោរោ វាសមកប្បយិ។

(សុរិយទេវបុត្តណា) ជាឯករាជ មានចក្ខុ មានសម្បុរដូចជាមាស មានពន្លឺផ្សាយទៅលើផែនដី កំពុងអស្ដង្គតទៅ ខ្ញុំសូមនមស្ការ នូវសុរិយទេវបុត្តនោះ អ្នកមានសម្បុរដូចមាស មានពន្លឺផ្សាយទៅលើផែនដី ខ្ញុំសូមឲ្យលោកគ្រប់គ្រងរក្សាអស់រាត្រីក្នុងថ្ងៃនេះ ពា្រហ្មណ៍ទាំងឡាយណា សម្រេចនូវវេទ ក្នុងធម៌ទាំងពួង សូមព្រាហ្មណ៍ទាំងនោះ ទទួលនូវការនមស្ការរបស់ខ្ញុំ សូមព្រាហ្មណ៍ទាំងនោះ រក្សានូវខ្ញុំ ការនមស្ការ ចូរមានដល់លោកអ្នកត្រាស់ដឹងទាំងឡាយ ការនមស្ការ ចូរមានដល់សេចក្ដីត្រាស់ដឹង ការនមស្ការ ចូរមានដល់លោកអ្នករួចទាំងឡាយ ការនមស្ការ ចូរមានដល់វិមុត្តិ ក្ងោកពោធិសត្វធ្វើបរិត្តនេះរួចហើយ ទើបបានសម្រេចការនៅ [បិ.៥៨ ទំ.៧៣  ឃ.១៦៨។] ដោយឧបាយយ៉ាងនេះ។

លំដាប់នោះ ថ្ងៃមួយ ព្រានព្រៃម្នាក់ ត្រាច់ទៅក្នុងព្រៃ ឃើញក្ងោកមាសនោះ ទំលើកំពូលភ្នំ លុះមកដល់លំនៅរបស់ខ្លួន កាលខ្លួនជិតស្លាប់ ក៏និយាយប្រាប់កូនថា នែបា ក្នុងព្រៃត្រង់ជួរភ្នំទី៤ មានក្ងោកពណ៌មាស បើព្រះរាជាត្រាស់សួរ ចូរកូនក្រាបទូលឲ្យទ្រង់ជ្រាប។ សម័យថ្ងៃមួយ អគ្គមហេសីរបស់ព្រះបាទពារាណសី ព្រះនាមខេមា ព្រះនាងសុបិនក្នុងពេលទៀបភ្លឺថា ក្ងោកមានពណ៌មាសកំពុងសម្ដែងធម៌ ព្រះនាងស្ដាប់ធម៌ហើយឲ្យសាធុការ ក្ងោកនោះសម្ដែងធម៌ហើយ ក៏ហើរចេញទៅ។ ព្រះនាងក៏ពោលថា  ស្ដេចក្ងោកហើរទៅហើយ ចូរនាំគ្នាចាប់ស្ដេចក្ងោកនោះ ខណៈដែលកំពុងពោលនោះឯង ព្រះនាងក៏តើនឡើង កាលព្រះនាងជ្រាបថា ជាយល់សប្ដិ ទើបព្រះតម្រិះថា បើអញក្រាបទូលថា យល់សប្ដិ ព្រះរាជាទ្រង់មិនយកព្រះហឫទ័យអើពើ បើអញក្រាបទូលថា ខ្ញុំម្ចាស់ចាញ់គភ៌ ព្រះរាជានឹងយកព្រះហឫទ័យអើពើ ដូច្នេះហើយ ព្រះនាងក៏ផ្ទំធ្វើដូចជាចាញ់ព្រះគភ៌។ លំដាប់នោះ ព្រះរាជាចូលមកជិត ត្រាស់សួរថា ភទ្ទេ កឹ តេ អផាសុកំ នែនាងដ៏ចម្រើន នាងមិនសប្បាយឬ។

ព្រះនាងក្រាបទូលថា ទោហឡោ មេ ឧប្បន្នោ ការចាញ់គភ៌កើតឡើងដល់ខ្ញុំម្ចាស់។ ព្រះរាជាត្រាស់សួរថា កឹ ឥច្ឆសិ ភទ្ទេ នែនាងដ៏ចម្រើន នាងត្រូវការអ្វី។

ព្រះនាងក្រាបទូលថា សុវណ្ណវណ្ណស្ស មោរស្ស ធម្មំ សោតុំ ទេវ ខ្ញុំម្ចាស់ប្រាថ្នានឹងស្ដាប់ធម៌របស់ក្ងោកមានពណ៌មាស ព្រះអង្គ។ ព្រះរាជាត្រាស់ថា ភទ្ទេ កុតោ ឯវរូបំ មោរំ លច្ឆាមិ នែនាងដ៏ចម្រើន យើងនឹងរកក្ងោកមានរូបបែបនេះ ឯណាបាន។

ព្រះនាងក្រាបទូលថា ទេវ សចេ ន លភាមិ ជីវិតំ មេ នត្ថិ បពិត្រព្រះសម្មតិទេព បើមិនបាន ជីវិតរបស់ខ្ញុំម្ចាស់ ក៏មិនមាន។ ព្រះរាជាទ្រង់ត្រាស់លួងលោមថា នែនាងដ៏ចម្រើន នាងកុំគិតថ្វីឡើយ បើសត្វនោះ មានក្នុងទីណា នាងនឹងបានពិត ហើយទ្រង់យាងទៅប្រថាប់គង់លើរាជាសនៈ ត្រាស់សួរពួកអាមាត្យថា វ៉ឺយអ្នកដ៏ចម្រើនទាំងឡាយ ព្រះទេវីប្រាថ្នានឹងស្ដាប់ធម៌របស់ក្ងោកមានពណ៌មាស ក្ងោកដែលមានពណ៌មាស មានដែរឬ។

ពួកអាមាត្យក្រាបទូលថា បពិត្រព្រះទេវៈ ពួកព្រាហ្មណ៍គង់ដឹង។

ព្រះរាជាឲ្យហៅពួកព្រាហ្មណ៍មកគាល់ ហើយត្រាស់សួរ ។ ពួកព្រាហ្មណ៍នាំគ្នាក្រាបទូលយ៉ាងនេះថា បពិត្រមហារាជ សត្វតិរច្ឆានទាំងនេះ ក្នុងពួកសត្វទឹក មានត្រី អណ្ដើក ក្ដាម ក្នុងពួកសត្វគោក មានម្រឹគ ហង្ស ក្ងោក ទទា ដែលមានពណ៌មាស ក៏មាន សូម្បីមនុស្សទាំងឡាយដែលមានសម្បុរមាស ក៏មាន ទាំងនេះ មានមកក្នុងគម្ពីរលក្ខណមន្ដរបស់ទូលព្រះបង្គំទាំងឡាយ។

ព្រះរាជាទ្រង់ឲ្យហៅកូនព្រានព្រៃក្នុងដែនរបស់ព្រះអង្គ មកប្រជុំគ្នា ត្រាស់សួរថា ពួកអ្នកធ្លាប់ឃើញក្ងោកមានពណ៌មាសដែរឬទេ។ ព្រានដ៏សេសក្រាបទូលថា  ពួកទូលព្រះបង្គំមិនដែលឃើញទេ។ កូនព្រានដែលបិតាធ្លាប់ប្រាប់ ក្រាបទូលព្រះរាជាថា ទូលព្រះបង្គំក៏មិនធ្លាប់ឃើញ តែឪពុករបស់ទូលព្រះបង្គំបានប្រាប់ថា ក្ងោកមាសមានក្នុងទីឈ្មោះនោះ។

លំដាប់នោះ ព្រះរាជាត្រាស់នឹងកូនព្រាននោះថា នែសម្លាញ់ អ្នកចូរឲ្យជីវិតដល់យើងនិងព្រះទេវី ចូរអ្នកទៅកាន់ទីនោះ ចាប់ក្ងោកមាសនោះ នាំមកចុះ ហើយទ្រង់ប្រទានទ្រព្យជាច្រើន បញ្ជូនទៅ។ ព្រានព្រៃឲ្យទ្រព្យដល់បុត្តនិងភរិយាហើយ ទៅក្នុងទីនោះ ឃើញមហាសត្វ ក៏ធ្វើអន្ទាក់ដាក់ គិតថា ថ្ងៃនេះ គង់ជាប់ ថ្ងៃនេះ គង់ជាប់ ក៏ក្ងោកនោះ មិនជាប់អន្ទាក់សោះ រហូតដល់ព្រានអស់ជីវិតទៅ។ សូម្បីព្រះទេវី កាលមិនបានតាមប្រាថ្នា ក៏អស់ព្រះជន្មទៅដែរ។ ព្រះរាជាទ្រង់ពិរោធថា ព្រោះអាស្រ័យក្ងោកមាសនេះ ជាហេតុ ទើបភរិយាជាទីស្រឡាញ់របស់អញត្រូវអស់ព្រះជន្ម ទ្រង់មានព្រះហឫទ័យប្រព្រឹត្ដទៅក្នុងអំណាចពៀរវេរា ឲ្យគេចារឹកអក្សរដាក់ក្នុងក្រាំងមាសថា ត្រង់ជួរភ្នំទី៤ ក្នុងព្រៃហិមពាន្ដ មានក្ងោកមានពណ៌មាស អាស្រ័យនៅ បុគ្គលណា បានស៊ីសាច់របស់ក្ងោកមានពណ៌មាសនោះហើយ នឹងមិនចាស់ មិនស្លាប់ ទ្រង់ដាក់ក្រាំងមាសនោះ ទុកក្នុងហិបដែលធ្វើអំពីឈើខ្លឹម ហើយសោយទិវង្គតទៅ។

កាលក្សត្រដទៃបានជាព្រះរាជាហើយ ទ្រង់ទតឃើញអក្ខរាក្នុងក្រាំងមាស ទ្រង់ព្រះតម្រិះថា អញនឹងមិនចាស់ មិនស្លាប់ ហើយទ្រង់បញ្ជូនព្រានម្នាក់ ទៅចាប់ក្ងោកមានពណ៌មាសនោះ សូម្បីព្រាននោះ ក៏ស្លាប់ក្នុងទីនោះដូចគ្នា។ ដោយទំនងនេះ កន្លងទៅ ៦ រជ្ជកាលហើយ កូនព្រានទាំង៦ ស្លាប់ក្នុងព្រៃហិមពាន្ដនោះឯង។ លុះដល់ព្រានទី៧ ដែលព្រះរាជាអង្គទី៧ ទ្រង់បញ្ជូនទៅ ព្រាននោះគិតថា ( អញនឹងចាប់ក្ងោកពណ៌មាសនោះ បាន) ក្នុងថ្ងៃនេះ ក្នុងថ្ងៃនេះ។ កន្លងទៅ ៧ឆ្នាំ ក៏មិនអាចចាប់ក្ងោកមាសនោះ បាន ទើបគិតថា ហេតុអ្វីហ្ន៎ អន្ទាក់ក៏មិនតម្លោះជាប់ជើងស្ដេចក្ងោកមាសនេះ ក៏ចាំសង្កេតមើលក្ងោកមាសនោះ ឃើញក្ងោកមាសនោះ សូធ្យព្រះបរិត្ដរាល់ព្រឹកល្ងាច ក៏កំណត់បានដោយន័យថា ក្នុងទីនេះ ក្ងោកដទៃមិនមានឡើយ ក្ងោកមាសនេះ គង់ប្រព្រឹត្ដព្រហ្មចរិយៈ ដោយអានុភាពនៃព្រហ្មចរិយៈ និងដោយអានុភាពនៃព្រះបរិត្ដ ទើបអន្ទាក់មិនជាប់ជើងក្ងោកនោះ ដូច្នេះហើយ ទើបទៅកាន់បច្ចន្ដជនបទ ចាប់ក្ងោកញីបានមួយ បង្ហាត់ឲ្យរងាវក្នុងពេលដែលផ្ទាត់ម្រាមដៃ ឲ្យរាំក្នុងពេលដែលទះដៃ ហើយនាំទៅ។ មុនពេលដែលព្រះពោធិសត្វចម្រើនព្រះបរិត្ដនោះឯង ក៏រាយអន្ទាក់ ផ្ទាត់ម្រាមដៃឲ្យក្ងោកញីរងាវ កាលស្ដេចក្ងោកមាសបានស្ដាប់សំឡេងរបស់ក្ងោកញី កិលេសដែលស្ងប់អស់ ៧០០ឆ្នាំ ក៏ផុសផុលឡើងមួយរំពេច ដូចអាសិរពិសដែលត្រូវវាយដោយដំបង បើកនូវពពារដូច្នោះ។ ស្ដេចក្ងោករសាប់រសល់ដោយអំណាចកិលេស រហូតមិនអាចចម្រើនព្រះបរិត្ដបាន ហើរទៅកាន់សម្នាក់ក្ងោកញីដោយរហ័ស គ្រាន់តែចុះពីអាកាស ស៊កជើងចូលទៅក្នុងអន្ទាក់តែម្ដង។ អន្ទាក់មិនធ្លាប់តម្លោះអស់ ៧០០ ឆ្នាំ ក៏តម្លោះជាប់ជើងក្នុងខណៈនោះឯង។

លំដាប់នោះ ព្រានព្រៃឃើញស្ដេចក្ងោកសំយុងខ្លួន ត្រង់ដងអន្ទាក់ហើយ គិតថា កូនព្រាន ៦ នាក់ មិនអាចចាប់ស្ដេចក្ងោកមាសនេះ បាន ឯខ្លួនអញ ក៏មិនអាចចាប់បានអស់ ៧ ឆ្នាំ តែថ្ងៃនេះ ពេលព្រឹក ស្ដេចក្ងោកអាស្រ័យក្ងោកញីនេះ ជាសត្វរសាប់រសល់ដោយអំណាចកិលេស ព្រោះអាស្រ័យកិលេស មិនអាចសូធ្យព្រះបរិត្ដ ចូលមកជាប់អន្ទាក់ មានក្បាលសំយុងចុះ សត្វមានសីលបែបនេះ ត្រូវអញធ្វើឲ្យលំបាកហើយ ការនាំសត្វបែបនេះទៅ ដើម្បីជាបណ្ណាការដល់ព្រះរាជាមិនសមគួរឡើយ អញត្រូវការអ្វីដោយសក្ការៈដែលព្រះរាជាទ្រង់ព្រះរាជទាន អញនឹងលែងក្ងោកនេះ ទៅចុះ។ ព្រានព្រៃនោះ គិតបន្តថា ស្ដេចក្ងោកនេះ មានកម្លាំងដូចដំរីសារ សម្បូរដោយសន្ទុះ បើអញចូលទៅជិត គង់គិតថា បុរសនេះ នឹងមកសម្លាប់អញ ហើយខ្លាចស្លាប់ពន់ពេក នឹងរើបម្រះ ជើងក្ដី ស្លាបក្ដី នឹងបាក់ បើដូច្នោះ អញមិនចូលទៅជិត អញនឹងបាញ់ផ្ដាច់អន្ទាក់ដោយព្រួញ បន្ទាប់អំពីនោះ ក្ងោកនឹងទៅតាមការគាប់ចិត្ដរបស់ខ្លួន។ ព្រានព្រៃនោះ ឈរក្នុងទីកំបាំង លើកធ្នូឡើងផ្ទាប់កូនសរ។ ស្ដេចក្ងោកគិតថា ព្រាននេះ ធ្វើអញឲ្យលំបាកដោយកិលេសហើយ ដឹងនូវភាវៈនៃអញជាអ្នកជាប់អន្ទាក់ មិនមានសេចក្ដីសង្ស័យ នឹងមក ព្រាននៅក្នុងទីណាហ្ន៎ សម្លឹងខាងនេះខាងនោះ ឃើញព្រានកំពុងឈរលើកធ្នូ សម្គាល់ថា ព្រាននឹងជាអ្នកប្រាថ្នាសម្លាប់អញ ហើយកាន់យកទៅ  ជាអ្នកត្រូវមរណភ័យគំរាមហើយ កាលអង្វរសូមជីវិត ទើបពោលគាថាទី១ ថា

សចេ ហិ ត្យាហំ ធនហេតុ គហិតោ

មា មំ អវធី ជីវគាហំ គហេត្វា

រញ្ញោ ច មំ សម្ម ឧបន្តិ នេហិ

មញ្ញេ ធនំ លច្ឆសិនប្បរូបំ។

ម្នាលសម្លាញ់ ប្រសិនបើអ្នកចាប់ខ្ញុំ ព្រោះហេតុនៃទ្រព្យ អ្នកកុំសម្លាប់ខ្ញុំឡើយ សូមចាប់ខ្ញុំទាំងរស់ ហើយនាំខ្ញុំទៅកាន់សម្នាក់ព្រះរាជាចុះ អ្នកទំនងជានឹងបាននូវទ្រព្យដ៏ច្រើន។

ព្រានព្រៃបានឮពាក្យនោះហើយ ត្រិះរិះថា ស្ដេចក្ងោកនេះ យល់ថា អញផ្ទាប់ព្រួញដើម្បីបាញ់ អញត្រូវលួងលោមស្ដេចក្ងោកនេះ។ កាលនឹងលួងលោម ទើបពោលគាថាទី២ ថា

ន មេ អយំ តុយ្ហ វធាយ អជ្ជ

សមាហិតោ ចាបវរោ ខុរប្បោ

បាសញ្ច ត្យាហំ អធិបាតយិស្សំ

យថាសុខំ គច្ឆតុ មោររាជា។

ធ្នូដ៏ប្រសើរ និងព្រួញនេះ ខ្ញុំមិនមែនយឹត ប្រុងប្រៀបដើម្បីនឹងបាញ់អ្នកក្នុងថ្ងៃនេះទេ ខ្ញុំនឹងបាញ់ផ្ដាច់អន្ទាក់របស់អ្នកទេតើ (ដោយគិតថា) ស្ដេចក្ងោក ចូរទៅតាមសប្បាយចុះ។

លំដាប់នោះ ស្ដេចក្ងោកបានពោលគាថា២ ថា

យំ សត្ត វស្សានិ មមានុពន្ធិ

រត្តិន្ទិវំ ខុប្បិបាសំ សហន្តោ

អថ កិស្ស មំ បាសវសូបនីតំ

បមុត្តវេ ឥច្ឆសិ ពន្ធនស្មា។

អ្នកខំអត់ទ្រាំនូវសេចក្ដីស្រេកឃ្លាន ទាំងយប់ទាំងថ្ងៃ ដើរជាប់តាមខ្ញុំអស់ប្រាំពីរឆ្នាំហើយ កាលបើយ៉ាង​នេះ ព្រោះហេតុអ្វី ក៏អ្នកចង់ដោះខ្ញុំ ដែលកំពុងជាប់អន្ទាក់ ឲ្យរួចអំពីអន្ទាក់វិញ។

បាណាតិបាតា វិរតោ នុសជ្ជ

អភយន្នុ តេ សព្វភូតេសុ ទិន្នំ

យំ មំ តុវំ បាសវសូបនីតំ

បមុត្តវេ ឥច្ឆសិ ពន្ធនស្មា។

អ្នកទើបនឹងវៀរចាកបាណាតិបាតក្នុងថ្ងៃនេះឬ ឬក៏អ្នកឲ្យអភ័យដល់សត្វទាំងពួង បានជាអ្នកចង់ដោះខ្ញុំ ដែលកំពុងជាប់អន្ទាក់ ឲ្យរួចចាកអន្ទាក់វិញ។

បន្ទាប់អំពីនេះ គប្បីជ្រាបការឆ្លើយឆ្លងរវាងនាយព្រាន និងស្ដេចក្ងោកដូចតទៅនេះថា

កូនព្រានព្រៃសួរថា

បាណាតិបាតា វិរតស្ស ព្រូហិ

អភយញ្ច យោ សព្វភូតេសុ ទេតិ

បុច្ឆាមិ តំ មោររាជេតមត្ថំ

ឥតិ ចុតោ កឹ លភតេ សុខំ សោ។

ម្នាលស្ដេចក្ងោក អ្នកចូរប្រាប់អំពីបុគ្គលដែលវៀរចាកបាណាតិបាតផង អ្នកដែលឲ្យនូវអភ័យដល់សត្វទាំងពួងផង ខ្ញុំសូមសួរអ្នកត្រង់សេចក្ដីនុ៎ះ បុគ្គលនោះ ច្យុតអំពីលោកនេះទៅ នឹងបាននូវសេចក្ដី​សុខ​ដូចម្ដេចខ្លះ។

ស្ដេចក្ងោកពោលថា

បាណាតិបាតា វិរតស្ស ព្រូមិ

អភយញ្ច យោ សព្វភូតេសុ ទេតិ

ទិដ្ឋេវ ធម្មេ លភតេ បសំសំ

សគ្គញ្ច សោ យាតិ សរីរភេទា។

ខ្ញុំនឹងប្រាប់អំពីបុគ្គល ដែលវៀរចាកបាណាតិបាតផង អ្នកដែលឲ្យនូវអភ័យដល់សត្វទាំងពួង បុគ្គលនោះ រមែងបាននូវសេចក្ដីសរសើរក្នុងបច្ចុប្បន្នផង លុះបែកធ្លាយសរីរៈទៅ នឹងបានទៅកើតនៅឋានសួគ៌ផង។

កូនព្រានពោលថា

ន សន្តិ ទេវា ឥតិ អាហុ ឯកេ

ឥធេវ ជីវោ វិភវំ ឧបេតិ

តថា ផលំ សុកតទុក្កដានំ

ទត្តុប្បញ្ញត្តញ្ច វទន្តិ ទានំ

តេសំ វចោ អរហតំ សទ្ទហានោ

តស្មា អហំ សកុណេ ពាធយាមិ។

សមណព្រាហ្មណ៍ពួកខ្លះបានពោលថា ទេវតាទាំងឡាយមិនមានទេ ជីវៈក្នុងលោកនេះ រមែងដល់នូវសេចក្ដីដាច់សូន្យ ផលនៃអំពើដែលសត្វធ្វើល្អ ធ្វើអាក្រក់ រមែងដល់នូវសេចក្ដីដាច់សូន្យដូចគ្នា ទាំង​ពោលថា ទានជាគុណជាត គឺមនុស្សល្ងង់បញ្ញត្ដហើយ ខ្ញុំជឿពាក្យរបស់សមណព្រាហ្មណ៍ ជាព្រះអរហន្ដទាំងនោះ ហេតុនោះ បានជាខ្ញុំសម្លាប់សត្វស្លាបទាំងឡាយ។

បានឮថា ពួកអ្នកបួសអាក្រាត មានវាទៈថា ដាច់សូន្យ ជាអ្នកនៅជិតខាងត្រកូលនាយព្រាននោះ ជនទាំងនោះ នាំគ្នាដឹកនាំព្រានដែលជាសត្វដល់ព្រមដោយឧបនិស្ស័យនៃបច្ចេកពោធិញ្ញាណ ឲ្យកាន់យកនូវឧច្ឆេទវាទបាន ព្រោះការសេពគប់នឹងអ្នកបួសអាក្រាតនោះ ទើបនាយព្រាននោះ យល់ថា ផលនៃកុសលនិងអកុសល មិនមាន ហើយក៏សម្លាប់បក្សីជាច្រើន។ ឈ្មោះថា ការគប់រកបុគ្គលអសប្បុរសនេះ មានទោសធំយ៉ាងនេះ។ នាយព្រានសម្គាល់ពួកអចេលក៍ទាំងនោះ ថាជាព្រះអរហន្ដ ទើបពោលយ៉ាងនេះ។

មហាសត្វស្ដាប់ពាក្យនោះហើយ ត្រិះរិះថា អញត្រូវពោលដល់ភាពដែលបរលោកមាន ដល់បុរសនេះ ទាំងក្បាលកំពុងសំយុងចុះ ត្រង់ចុងអន្ទាក់នោះឯង បានពោលគាថានេះថា

ចន្ទោ ច សុរិយោ ច ឧភោ សុទស្សនា

គច្ឆន្តិ ឱភាសយមន្តលិក្ខេ

ឥមស្ស លោកស្ស បរស្ស វា តេ

កថន្នុ តេ អាហុ មនុស្សលោកេ។

ព្រះចន្ទ និងព្រះអាទិត្យទាំងពីរ ជារបស់ឃើញងាយ ភ្លឺរុងរឿងទៅឰដ៏អាកាស ព្រះចន្ទនិងព្រះអាទិត្យទាំងនោះ (ជារបស់) លោកនេះ ឬលោកដទៃ (ពួកជន) ក្នុងមនុស្សលោក ហៅព្រះចន្ទនិងព្រះអាទិត្យទាំងនោះ ថាជាអ្វី។

កូនព្រានពោលគាថាថា

ចន្ទោ ច សុរិយោ ច ឧភោ សុទស្សនា

គច្ឆន្តិ ឱភាសយមន្តលិក្ខេ

បរស្ស លោកស្ស ន តេ ឥមស្ស

ទេវាតិ តេ អាហុ មនុស្សលោកេ។

ព្រះចន្ទ និងព្រះអាទិត្យទាំងពីរ ជារបស់ឃើញងាយ ភ្លឺរុងរឿងទៅឰដ៏អាកាស ព្រះចន្ទនិងព្រះអាទិត្យទាំងនោះ (ជារបស់) លោកដទៃ មិនមែនរបស់លោកនេះទេ ពួកជនក្នុងមនុស្សលោក ហៅព្រះចន្ទ និងព្រះអាទិត្យទាំងនោះ ថាជាទេវតា។

លំដាប់នោះ មហាសត្វពោលគាថានេះ បន្ដទៀតថា

ឯត្ថេវ តេ នីហតា ហីនវាទា

អហេតុកា យេ ន វទន្តិ កម្មំ

តថា ផលំ សុកតទុក្កដានំ

ទត្តុប្បញ្ញត្តំ យេ ច វទន្តិ ទានំ។

សមណព្រាហ្មណ៍ណា មិនពោលអាងកម្ម មិនពោលអាងផលនៃកម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មួយទៀត សមណព្រាហ្មណ៍ណា ពោលថា ទានជាគុណជាតដែលមនុស្សល្ងង់បញ្ញត្ដហើយ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកហីនវាទ ជាអ្នកអហេតុកវាទ ត្រូវគេដេញជើងទាល់ក្នុងព្យាករណ៍នេះ មិនខាន។

កាលមហាសត្វពោលដូច្នេះហើយ កូនព្រាននោះ ក៏កំណត់បាន ទើបពោលគាថា២ ថា

អទ្ធា ហិ សច្ចំ វចនំ តវេតំ

កថញ្ហិ ទានំ អផលំ ភវេយ្យ

តថា ផលំ សុកតទុក្កដានំ

ទត្តុប្បញ្ញត្តញ្ច កថំ ភវេយ្យ។

ពាក្យរបស់អ្នកនុ៎ះទៀងពិត ព្រោះទានជាគុណជាតឥតផលដូចម្ដេចកើត ផលនៃអំពើដែលសត្វធ្វើល្អ ធ្វើអាក្រក់ ក៏ដូចគ្នា ម្យ៉ាងទៀត ទានជាគុណជាតដែលមនុស្សល្ងង់ បញ្ញត្ដហើយ ដូចម្ដេចកើត។

កថង្ករោ កិន្តិករោ កិមាចរំ

កឹ សេវមានោ កេន តបោគុណេន

អក្ខាហិ មេ មោររាជេតមត្ថំ

យថា អហំ នោ និរយំ បតេយ្យំ។

ខ្ញុំធ្វើអំពើដូចម្ដេច ធ្វើដោយហេតុដូចម្ដេច ប្រព្រឹត្ដដូចម្ដេច សេពនូវអ្វី ដោយគុណនៃតបៈដូចម្ដេច មិនគប្បីធ្លាក់ទៅក្នុងនរក យ៉ាងណា ម្នាលស្ដេចក្ងោក អ្នកសូមប្រាប់សេចក្ដីនុ៎ះដល់ខ្ញុំ  ដោយឧបាយយ៉ាងនោះ។

មហាសត្វស្ដាប់ពាក្យនោះហើយ ត្រិះរិះថា បើអញមិនអាចឆ្លើយបញ្ហានេះ មនុស្សលោកហាក់ដូចជាទទេ អញនឹងពោលភាពដែលសមណព្រាហ្មណ៍ទ្រទ្រង់នូវធម៌ មាននៅក្នុងលោកមនុស្សនេះឯង ដល់បុរសនេះ ដូច្នេះហើយ បានពោលគាថា២ ថា

យេ កេចិ អត្ថិ សមណា បឋព្យា

កាសាយវត្ថា អនគារិយំ ចរន្តិ

បាតោវ បិណ្ឌាយ ចរន្តិ កាលេ

វិកាលចរិយា វិរតា ហិ សន្តោ។

ពួកសមណៈណាមួយ នៅលើផែនដី ជាអ្នកស្លៀកសំពត់កាសាវៈ ប្រព្រឹត្ដក្នុងភេទនៃបុគ្គលគ្មានផ្ទះ ត្រាច់ទៅបិណ្ឌបាតអំពីព្រឹកក្នុងកាលគួរ វៀរចាកកិរិយាត្រាច់ទៅក្នុងកាលខុស ជាអ្នកស្ងប់រម្ងាប់។

តេ តត្ថ កាលេនុបសង្កមិត្វា

បុច្ឆាហិ យំ តេ មនសោ បិយំ សិយា

តេ តំ បវក្ខន្តិ យថាបជានំ

ឥមស្ស លោកស្ស បរស្ស ចត្ថំ។

អ្នកចូរចូលទៅរកសមណៈទាំងនោះ តាមកាលគួរ ក្នុងទីនោះ ហើយចូរសាកសួរចុះ ប្រយោជន៍ណាដែលជាទីពេញចិត្ដរបស់អ្នក លោកនឹងប្រាប់នូវប្រយោជន៍នោះជាប្រយោជន៍ក្នុងលោកនេះ និងក្នុងលោកខាងមុខ (ដល់អ្នក) តាមទំនងនៃការចេះដឹង (របស់លោក)។

កាលស្ដេចក្ងោកពោលឲ្យខ្លាចភ័យក្នុងនរក យ៉ាងនោះហើយ បុរសនោះ ជាបច្ចេកពោធិសត្វ មានបារមីពេញហើយ មានញាណចាស់ក្លាហើយ ដូចផ្កាឈូកដែលចាស់ ហើយត្រូវពន្លឺព្រះអាទិត្យដូច្នោះ។ កាលស្ដាប់ធម្មកថារបស់ស្ដេចក្ងោក ដោយឥរិយាបថឈរនោះឯង កំណត់សង្ខារទាំងឡាយ ពិចារណា​ត្រៃលក្ខណ៍ សម្រេចបច្ចេកពោធិញ្ញាណហើយ។ ការសម្រេចរបស់លោក និងការរួចផុតចាកអន្ទាក់របស់ក្ងោកពោធិសត្វ មានដំណាលគ្នានោះឯង។ ព្រះបច្ចេកពុទ្ធ ទម្លាយកិលេសទាំងឡាយហើយ តាំងនៅក្នុងទីបំផុតនៃភព កាលលោកបន្លឺនូវឧទាន ទើបពោលគាថាដូច្នេះថា

តចំវ ជិណ្ណំ ឧរគោ បុរាណំ

បណ្ឌុបលាសំ ហរិតោ ទុមោវ

ឯសប្បហីនោ មម លុទ្ទភាវោ

ជហាមហំ លុទ្ទកភាវមជ្ជ។

ភាពជាព្រានព្រៃនុ៎ះ អាត្មាអញបានលះបង់ហើយ អាត្មាអញបានលះបង់ នូវភាពនៃខ្លួនជាព្រានព្រៃ ក្នុងថ្ងៃនេះ ដូចពស់សកនូវសំណកចាស់ជាន់មុន ឬក៏ដូចដើមឈើមានស្លឹកខៀវ (ជម្រុះចោល) នូវស្លឹកលឿង។

អត្ថនៃគាថានោះ មានអធិប្បាយថា ពស់សកសំណកចាស់ដែលចាស់គ្រាំគ្រាយ៉ាងណា ដើមឈើដែលមានស្លឹកពណ៌ខៀវ ជម្រុះនូវស្លឹកពណ៌លឿងដែលជាប់ក្នុងទីណាមួយ ចោលបាន យ៉ាងណា អាត្មាអញក៏យ៉ាងនោះ លះបង់បាននូវភាពជាព្រាន ភាពជាមនុស្សឃោរឃៅតាំងនៅហើយ។ ឥឡូវនេះ ភាពជាព្រាន អាត្មាអញលះចោលបានហើយ ឱល្អហ្ន៎ ! អាត្មាអញលះបង់ភាពជាព្រានបានក្នុងថ្ងៃនេះ។

កាលព្រះបច្ចេកពុទ្ធបន្លឺឧទាននេះហើយ ត្រិះរិះថា អាត្មាអញផុតចាកគ្រឿងជាប់ចំពាក់ គឺកិលេសទាំងពួងបានពិតប្រាកដ តែក្នុងលំនៅរបស់អញ មានបក្សីដែលប្រស់ទុកច្រើន អញនឹងដោះលែងបក្សីទាំងនោះ បានដូចម្ដេច ទើបសួរមហាសត្វថា នែស្ដេចក្ងោក ក្នុងលំនៅរបស់អាត្មា មានបក្សីដែលប្រស់ទុកច្រើន អាត្មានឹងដោះលែងបក្សីទាំងនោះ បានដូចម្ដេច។ សេចក្ដីពិត ញាណក្នុងការកំណត់ឧបាយរបស់ព្រះសព្វញ្ញូពោធិសត្វទាំងឡាយ រមែងធំជាងព្រះបច្ចេកពុទ្ធ ព្រោះហេតុនោះ ទើបស្ដេចក្ងោកពោលថា បច្ចេកពោធិញ្ញាណដែលលោកម្ចាស់ទម្លាយកិលេសទាំងពួងហើយ សម្រេចដោយមគ្គណា សូមលោកម្ចាស់ប្រារព្ធមគ្គនោះ ធ្វើនូវសច្ចកិរិយាចុះ ឈ្មោះថា សត្វដែលត្រូវចងក្នុងជម្ពូទ្វីបទាំងមូល ក៏នឹងមិនមាន។ ព្រះបច្ចេកពុទ្ធ តាំងនៅក្នុងន័យដែលព្រះពោធិសត្វឲ្យ ហើយ កាលធ្វើសច្ចកិរិយា ទើបពោលគាថានេះថា

យេ ចាបិ មេ សកុណា អត្ថិ ពន្ធា

សតានិនេកានិ និវេសនស្មឹ

តេសំ អហំ ជីវិតមជ្ជ ទម្មិ

មោក្ខញ្ច តេ អច្ឆសកំ និកេតំ។

ពួកបក្សីណា ច្រើនរយ ដែលអាត្មាអញបានចងទុកក្បែរលំនៅ (របស់ខ្លួន) អាត្មាអញនឹងឲ្យនូវជីវិតដល់សត្វទាំងឡាយនោះ ក្នុងថ្ងៃនេះ អាត្មាអញបានរួចចាកកិលេសហើយ សត្វទាំងនោះ ចូរទៅកាន់លំនៅរបស់ខ្លួនចុះ។

លំដាប់នោះ បក្សីទាំងពួង ក៏រួចចាកចំណង ចាកទីឃុំឃាំងដំណាលគ្នានឹងព្រះបច្ចេកពុទ្ធធ្វើសច្ចកិរិយានោះឯង នាំគ្នាត្រេកអរ ហើរទៅកាន់លំនៅរបស់ខ្លួន។ ខណៈនោះ សត្វក្នុងផ្ទះទាំងអស់របស់មនុស្សទាំងឡាយនោះ ៗ មានឆ្មាជាដើម ក្នុងជម្ពូទ្វីបទាំងមូល ឈ្មោះថា ជាសត្វដែលត្រូវចង មិនមានឡើយ។ ព្រះបច្ចេកពុទ្ធលើកដៃស្ទាបសីសៈ រំពេចនោះឯង ឃរាវាសភេទក៏អន្ដរធានទៅ បព្វជិតភេទក៏ប្រាកដ​ឡើង លោកដូចជាព្រះថេរៈមានវស្សា ៦០ សម្បូរដោយមារយាទ ទ្រទ្រង់នូវបរិក្ខារ ៨ ពោលថា ត្វមេវ មម បតិដ្ឋា អហោសិ អ្នកប៉ុណ្ណោះ បានជាទីពឹងរបស់ខ្ញុំ ផ្គងអញ្ជលីចំពោះស្ដេចក្ងោក ហើយធ្វើប្រទក្សិណ ហោះទៅក្នុងអាកាស ទៅកាន់ញកភ្នំឈ្មោះនន្ទមូលកៈ។ ឯស្ដេចក្ងោក ផុតអំពីដងអន្ទាក់ ស្វែងរកអាហារហើយ ទៅកាន់លំនៅរបស់ខ្លួនវិញ។

ឥឡូវនេះ ព្រះសាស្ដា កាលទ្រង់ប្រកាសភាពដែលនាយព្រានកាន់យកអន្ទាក់ត្រាច់ទៅអស់ ៧ឆ្នាំ អាស្រ័យ​ស្ដេចក្ងោក ផុតចាកទុក្ខបាន ទើបត្រាស់គាថាចុងក្រោយថា

លុទ្ទោ ចរី បាសហត្ថោ អរញ្ញេ

ពាធេតុ មោរាធិបតឹ យសស្សឹ

ពន្ធិត្វា មោរាធិបតឹ យសស្សឹ

ទុក្ខា បមុញ្ចិ យថាហំ បមុត្តោ។

ព្រានព្រៃមានអន្ទាក់ក្នុងដៃ ត្រាច់ទៅក្នុងព្រៃ ដើម្បីទាក់នូវស្ដេចក្ងោក ដែលមានយស លុះទាក់នូវស្ដេចក្ងោកដែលមានយសបានហើយ ក៏បានរួចចាកសេចក្ដីទុក្ខ ដូចតថាគតដែលបានរួច (ចាកទុក្ខដោយសយម្ភូញាណ) ដូច្នោះដែរ។

ព្រះសាស្ដា កាលទ្រង់នាំយកព្រះធម្មទេសនានេះ មកសម្ដែងហើយ ទើបទ្រង់ប្រកាសសច្ចៈទាំងឡាយ ហើយទ្រង់ប្រជុំជាតក កាលចប់សច្ចៈហើយ ភិក្ខុអ្នកអផ្សុកនោះ តាំងនៅក្នុងអរហត្ត។ ស្ដេចក្ងោកក្នុងកាលនោះ គឺតថាគតនេះឯង។

មហាមោរជាតក ចប់។

[ស្រង់ចាកអដ្ឋកថា ជាតក បកិណ្ណកនិបាត បិ.៦០  ទំ.៣១ ឃ.៩០។]

សូមអនុមោទនា !!!

Oben-pfeil