មេណ្ឌកសេដ្ឋី
បានឮថា ព្រះសាស្ដា កាលចារិកទៅក្នុងអង្គុ្តត្តរាបថជនបទ ទ្រង់ឃើញឧបនិស្ស័យសោតាបត្តិផលរបស់មនុស្សទាំងនោះ គឺមេណ្ឌកសេដ្ឋី ១ ភរិយារបស់សេដ្ឋីនោះ ឈ្មោះនាងចន្ទបទុមា ១ កូនប្រុសឈ្មោះធនញ្ជ័យសេដ្ឋី ១ កូនប្រសាស្រី ឈ្មោះនាងសុមនទេវី ១ ចៅស្រីឈ្មោះនាងវិសាខា ១ ទាសៈ ឈ្មោះបុណ្ណៈ ១ ទើបទ្រង់យាងទៅកាន់ភទ្ទិយនគរ គង់នៅក្នុងជាតិយាវ័ន។ មេណ្ឌកសេដ្ឋីបានស្ដាប់ការយាងមករបស់ព្រះសាស្ដាហើយ។
សួរថា ព្រោះហេតុអ្វី ទើបសេដ្ឋីឈ្មោះថា មេណ្ឌកៈ។
ឆ្លើយថា បានឮថា ពពែមាសទាំងឡាយ ប្រមាណប៉ុនដំរី សេះ និងគោឧសភៈ ជ្រែកផែនដី មានខ្នងទល់គ្នា ផុសឡើងក្នុងទីប្រមាណ ៨ ករីសៈ ត្រង់ក្រោយផ្ទះរបស់សេដ្ឋីនោះ ពពែទាំងនោះ មានដុំអំបោះ ៥ ពណ៌ ចុកក្នុងមាត់។ កាលមានសេចក្ដីត្រូវការដោយភេសជ្ជៈ មានសប្បិ ប្រេង ទឹកឃ្មុំ និងស្ករអំពៅជាដើម ឬដោយវត្ថុជាគ្រឿងបិទបាំង គឺសំពត់ (ឬមានសេចក្ដីត្រូវការដោយ) ប្រាក់និងមាសជាដើម ជនទាំងឡាយ រមែងនាំដុំអំបោះចេញអំពីមាត់របស់ពពែទាំងនោះ សប្បិ ប្រេង ទឹកឃ្មុំ ស្ករអំពៅ សំពត់ស្លៀកដណ្ដប់ ប្រាក់មាស រមែងហូរចេញអំពីមាត់ពពែនីមួយៗ គ្រប់គ្រាន់ដល់មនុស្សក្នុងជម្ពូទ្វីប។ ចាប់តាំងអំពីនោះមក ទើបសេដ្ឋីនោះ ប្រាកដឈ្មោះថា មេណ្ឌកសេដ្ឋី។
សួរថា បុព្វកម្មរបស់សេដ្ឋីនោះ ដូចម្ដេច។
ឆ្លើយថា បានឮថា ក្នុងកាលនៃព្រះពុទ្ធព្រះនាមថា វិបស្សី សេដ្ឋីនោះ ជាក្មួយរបស់កុដុម្ពិកៈឈ្មោះអវរោជៈ ឈ្មោះថា អវរោជៈ គឺមានឈ្មោះដូចអ៊ំ។ គ្រានោះ អ៊ំរបស់គាត់ប្រារព្ធសាងព្រះគន្ធកុដិដើម្បីព្រះសាស្ដា គាត់ចូលទៅកាន់សម្នាក់របស់អ៊ំហើយពោលថា បពិត្រលោកអ៊ំ យើងទាំងពីរនឹងសាងរួមគ្នា។
ក្នុងពេលដែលអ៊ំនោះឃាត់ថា អញតែម្នាក់ប៉ុណ្ណោះ នឹងសាង មិនសាធារណៈដល់ជនដទៃឡើយ ទើបគិតថា កាលអ៊ំសាងព្រះគន្ធកុដិក្នុងទីនេះហើយ អញគួរបានសាលាឈ្មោះកុញ្ជរក្នុងទីនេះ ទើបឲ្យមនុស្សនាំឈើមកអំពីព្រៃ ឲ្យធ្វើសសរយ៉ាងនេះ គឺសសរមួយដើមរំលេចដោយមាស សសរមួយដើមរំលេចដោយប្រាក់ សសរមួយដើមរំលេចដោយកែវមណី សសរមួយដើមរំលេចដោយរតនៈ ៧ ប្រការ ឲ្យធ្វើធ្នឹម សន្ទះទ្វារ សន្ទះបង្អួច បង្កង់ គ្រឿងប្រក់ និងឥដ្ឋទាំងអស់ រំលេចដោយវត្ថុ មានមាសជាដើម ឲ្យធ្វើសាលាឈ្មោះកុញ្ជរ សម្រេចដោយរតនៈ ៧ ប្រការ ថ្វាយព្រះតថាគតត្រង់ទីខាងមុខព្រះគន្ធកុដិ។ នៅខាងលើដំបូលសាលានោះ មានកំពូលបី ដែលសម្រេចហើយដោយដុំមាស មានពណ៌ក្រហមឆ្អិន សម្រេចហើយដោយកែវផលិក និងសម្រេចហើយដោយកែវប្រពាល ឲ្យសាងមណ្ឌបប្រដាប់ដោយរតនវត្ថុត្រង់កណ្ដាលនៃសាលាឈ្មោះកុញ្ជរនោះ តម្កល់ធម្មាសនៈទុក។ ជើងធម្មាសនៈនោះ សម្រេចដោយមាស មេគ្រែទាំង ៤ ក៏ដូចគ្នា ហើយឲ្យធ្វើពពែមាស ៤ តម្កល់ទុកខាងក្រោមនៃជើងទាំង ៤ របស់អាសនៈ ឲ្យធ្វើពពែមាស ២ ទុកខាងក្រោមតាំងសម្រាប់រងជើង ឲ្យធ្វើពពែមាស ៦ ដាក់ជុំវិញមណ្ឌប។ ឲ្យត្បាញធម្មាសនៈដោយខ្សែសរសៃល្អិត សម្រេចដោយអំបោះ ត្រង់ខាងក្រោមហើយ ទើបឲ្យត្បាញដោយខ្សែដែលសម្រេចដោយមាស ទុកត្រង់កណ្ដាល ហើយឲ្យត្បាញដោយខ្សែសម្រេចដោយកែវមុក្ដាទុកខាងលើ។ បង្អែកនៃធម្មាសនៈនោះ សម្រេចដោយដើមចន្ទន៍។ កាលឲ្យសាលាឈ្មោះកុញ្ជរសម្រេចយ៉ាងនេះហើយ កាលនឹងធ្វើការឆ្លង ទើបនិមន្តព្រះសាស្ដា មួយអន្លើដោយភិក្ខុ ៦ លាន ៨ សែនរូប បានថ្វាយទានអស់កាល ៤ ខែ ក្នុងថ្ងៃចុងក្រោយ បានថ្វាយត្រៃចីវរ។ ក្នុងទានទាំងនោះ ចីវរមានតម្លៃ ១ សែនកហាបណៈ ធ្លាក់ចុះដល់ភិក្ខុដែលបួសថ្មីក្នុងសង្ឃហើយ។
បុរសនោះ ធ្វើបុញ្ញកម្មក្នុងកាលព្រះពុទ្ធវិបស្សីយ៉ាងនេះហើយ ឃ្លាតចាកអត្តភាពនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយច្រើនជាតិ ក្នុងភទ្ទកប្បនេះ កើតក្នុងត្រកូលសេដ្ឋីមានភោគៈច្រើន ក្នុងក្រុងពារាណសី មានឈ្មោះថា ពារាណសីសេដ្ឋី។ ថ្ងៃមួយ សេដ្ឋីនោះទៅកាន់ទីបម្រើព្រះរាជា ចួបបុរោហិត ទើបសួរថា លោកអាចារ្យ លោកបានពិនិត្យមើលឫក្សនិងយាមខ្លះដែរឬទេ។ បុរោហិតពោលថា លោកសេដ្ឋី ខ្ញុំបានពិនិត្យមើលហើយ ការងារដទៃរបស់ពួកយើង មានឬ។
សេដ្ឋីសួរថា បើដូច្នោះ ការប្រព្រឹត្តទៅក្នុងជនបទដូចម្ដេច។ បុរោហិតពោលថា មានភ័យមួយនឹងកើតឡើង។
សេដ្ឋីសួរថា ភ័យនោះ ជាអ្វី។ បុរោហិតពោលថា លោកសេដ្ឋី គឺឆាតកភ័យ (ភ័យកើតអំពីការខ្វះអាហារ)។
សេដ្ឋីសួរថា នឹងមានក្នុងកាលណា។ បុរោហិតពោលថា នឹងមានក្នុងកាលកន្លងទៅ ៣ ឆ្នាំ រាប់អំពីឆ្នាំនេះ។ សេដ្ឋីស្ដាប់ពាក្យនោះហើយ ឲ្យមនុស្សធ្វើកសិកម្មជាច្រើន ទិញចំពោះតែស្រូវដោយប្រាក់ដែលមានក្នុងផ្ទះទាំងអស់ ឲ្យធ្វើជង្រុក ១២៥០ ដាក់ជង្រុកទាំងអស់ឲ្យពេញដោយស្រូវ កាលជង្រុកមិនគ្រប់គ្រាន់ ក៏ដាក់ក្នុងភាជនៈ មានពាងជាដើមឲ្យពេញ ហើយជីករណ្ដៅកប់ស្រូវដែលសល់ក្នុងផែនដី ច្របាច់ស្រូវដែលសល់អំពីកប់ ជាមួយដីស្អិតបូកជញ្ជាំងទាំងឡាយ។
សម័យតមក កាលភ័យ គឺការអត់ឃ្លានចូលមកដល់ហើយ សេដ្ឋីក៏បរិភោគស្រូវតាមដែលរក្សាទុក កាលស្រូវដែលដាក់ក្នុងជង្រុក និងភាជនៈ មានពាងជាដើមអស់ហើយ ទើបហៅបរិវារជនមក ហើយពោលថា នែបាទាំងឡាយ អ្នកទាំងឡាយ ចូរទៅកាន់ភ្នំ ហើយរស់នៅ បើបំណងមកកាន់សម្នាក់យើង ចូរមកក្នុងកាលដែលមានភិក្ខារកបានងាយ បើមិនចង់មកទេ ក៏ចូររស់នៅទីនោះចុះ។ ជនទាំងនោះ ទ្រហោយំ មានមុខជោកដោយទឹកភ្នែក ថ្វាយបង្គំសេដ្ឋី សូមខមាទោស អង្គុយនៅអស់មួយសប្ដាហ៍ ហើយបានធ្វើយ៉ាងនោះ។ ចំណែកអ្នកបម្រើម្នាក់ឈ្មោះបុណ្ណៈ នៅសល់ក្នុងសម្នាក់របស់សេដ្ឋីនោះ រួមជា ៥ នាក់ គឺសេដ្ឋី ១ ភរិយារបស់សេដ្ឋី ១ បុត្តរបស់សេដ្ឋី ១ កូនប្រសារបស់សេដ្ឋី ១ ទាសៈឈ្មោះបុណ្ណៈនោះ ១។ ជនទាំងនោះ កាលស្រូវដែលកប់ទុកក្នុងផែនដីអស់ហើយ ដំបំបែកដីដែលបូកត្រង់ជញ្ជាំង ត្រាំទឹក ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយស្រូវដែលបានហើយអំពីជញ្ជាំងនោះ។
គ្រានោះ ភរិយាសេដ្ឋី កាលដីជញ្ជាំងអស់ទៅ ត្រូវសេចក្ដីស្រេកឃ្លានគ្របសង្កត់ ដំដីដែលសល់ក្នុងចំណែកនៃជញ្ជាំងទាំងឡាយហើយត្រាំទឹក បានស្រូវប្រមាណកន្លះអាឡ្ហកៈគឺ ២ នាឡិ បុកហើយកាន់យកអង្ករប្រមាណ ១ នាឡិ ដាក់ក្នុងឆ្នាំងមួយ ព្រោះខ្លាចអំពីចោរ ដោយគិតថា ក្នុងកាលកើតឆាតកភ័យ ចោរមានច្រើន បិទហើយកប់ទុកក្នុងផែនដី។ លំដាប់នោះ សេដ្ឋីមកអំពីទីបម្រើព្រះរាជាហើយ ពោលនឹងភរិយាថា នែនាង ខ្ញុំឃ្លាន វត្ថុណាមួយមានដែរឬទេ។
ភរិយាមិនបានពោលដល់វត្ថុដែលមាន ថាមិនមាន តែពោលថា មានអង្ករ ១ នាឡិ។ សេដ្ឋីសួរថា អង្ករ ១ នាឡិនោះ នៅឯណា។
ភរិយាឆ្លើយថា ខ្ញុំកប់ទុក ព្រោះខ្លាចចោរ។ សេដ្ឋីពោលថា បើដូច្នោះ ចូរនាងគាស់ឡើងមក ហើយចម្អិនចុះ។
ភរិយាពោលថា បពិត្រអ្នកជាម្ចាស់ បើដាំបបរអាចគ្រប់គ្រាន់ ២ ពេល បើដាំបាយបានត្រឹមមួយពេលប៉ុណ្ណោះ ខ្ញុំនឹងចម្អិនដូចម្ដេច។
សេដ្ឋីនោះពោលថា បច្ច័យដទៃរបស់ពួកយើងមិនមាន ពួកយើងបរិភោគបាយហើយស្លាប់ ក៏ព្រម ចូរនាងដាំបាយចុះ។ ភរិយាសេដ្ឋីនោះ ចម្អិនបាយហើយចែកជា ៥ ចំណែក ដួសបាយមួយចំណែកទុកខាងមុខលោកសេដ្ឋី។
ក្នុងខណៈនោះ ព្រះបច្ចេកពុទ្ធ មួយអង្គ នៅត្រង់ភ្នំគន្ធមាទន៍ ចេញអំពីសមាបត្តិ។ បានឮថា ខាងក្នុងសមាបត្តិ ការស្រេកឃ្លានរមែងមិនបៀតបៀន ព្រោះផលនៃសមាបត្តិ តែកាលចេញអំពីសមាបត្តិហើយ ការស្រេកឃ្លានដ៏មានកម្លាំង រមែងកើតឡើង ហាក់បីដូចដុតនូវផ្ទៃពោះដូច្នោះ ព្រោះហេតុនោះ ទើបព្រះបច្ចេកពុទ្ធអង្គនោះ ពិចារណាមើលឋាន (ទី) ដែលអាចបានអាហារ ហើយទើបទៅ។ ក្នុងថ្ងៃនោះ ជនទាំងឡាយណា បានថ្វាយទានដល់ព្រះបច្ចេកពុទ្ធហើយ រមែងបាននូវសម្បត្តិ មានតំណែងជាសេនាបតីជាដើមណាមួយ ព្រោះហេតុនោះ ព្រះបច្ចេកពុទ្ធនោះ ពិចារណាមើលដោយទិព្វចក្ខុ ត្រិះរិះថា ឆាតកភ័យកើតឡើងហើយក្នុងជម្ពូទ្វីបទាំងមូល ក្នុងផ្ទះសេដ្ឋី គេចម្អិនបាយដែលសម្រេចដោយអង្ករមួយនាឡិ ដើម្បីមនុស្ស ៥ នាក់ អ្នកទាំងនោះ នឹងមានសទ្ធាដើម្បីសង្រ្គោះដល់អាត្មាអញដែរឬហ្ន៎ ឃើញភាពដែលជនទាំងនោះ ជាអ្នកមានសទ្ធាផង អាចធ្វើការសង្រ្គោះបានផង ទើបកាន់យកបាត្រនិងចីវរទៅបង្ហាញខ្លួនត្រង់ទ្វារផ្ទះ អំពីមុខលោកសេដ្ឋី។ សេដ្ឋីនោះ គ្រាន់តែឃើញក៏មានចិត្តជ្រះថ្លា គិតថា អញចួបនូវឆាតកភ័យបែបនេះ ព្រោះអញមិនបានធ្វើទានក្នុងកាលមុន ភត្តនេះ គប្បីរក្សាអញទុកត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ចំណែកភត្តដែលអញប្រគេនហើយដល់លោកម្ចាស់ នឹងនាំមកនូវប្រយោជន៍ដល់អញ ជាច្រើនកោដិកប្ប ដូច្នេះហើយយកថាសភត្តនោះចេញ ចូលទៅរកព្រះបច្ចេកពុទ្ធ ថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន និមន្តឲ្យចូលទៅកាន់ផ្ទះ កាលលោកគង់លើអាសនៈហើយ ទើបលាងជើងរបស់លោក ដាក់ថាសភត្តលើតាំងមាស ហើយយកភត្តនោះ ដាក់ក្នុងបាត្រព្រះបច្ចេកពុទ្ធ កាលភត្តសល់ពាក់កណ្ដាល ព្រះបច្ចេកពុទ្ធយកដៃបិទបាត្រ។
លំដាប់នោះ លោកសេដ្ឋីពោលថា បពិត្រលោកម្ចាស់ នេះជាចំណែកមួយនៃបាយដែលគេចម្អិនដើម្បីមនុស្ស ៥ នាក់ ដោយអង្ករមួយនាឡិ ខ្ញុំមិនអាចចែកភត្តនេះ ឲ្យជាពីរចំណែកបានទេ សូមលោកម្ចាស់កុំធ្វើការសង្រ្គោះដល់ខ្ញុំតែក្នុងលោកនេះ ខ្ញុំប្រាថ្នាប្រគេនមិនឲ្យសេសសល់ឡើយ ហើយបានប្រគេនភត្តទាំងអស់។ កាលប្រគេនហើយបានតាំងសេចក្ដីប្រាថ្នាថា បពិត្រលោកម្ចាស់ ខ្ញុំកុំបីចួបឆាតកភ័យបែបនេះ ក្នុងទីដែលខ្ញុំកើតឡើយ តាំងអំពីឥឡូវនេះទៅ ខ្ញុំគប្បីឲ្យនូវស្រូវពូជនិងភត្តដល់មនុស្សក្នុងជម្ពូទ្វីបទាំងមូល មិនចាំបាច់ (ឲ្យមនុស្សទាំងនោះ) ធ្វើការងារចិញ្ចឹមជីវិតដោយដៃរបស់ខ្លួនឯង កាលខ្ញុំប្រើឲ្យមនុស្សសម្អាតជង្រុក ១២៥០ ហើយកក់សក់ អង្គុយត្រង់ទ្វារនៃជង្រុកទាំងនោះ ហើយ សម្លឹងមើលខាងលើប៉ុណ្ណោះ ធ្នារនៃស្រូវសាលីក្រហម គប្បីធ្លាក់ចុះមក ពេញជង្រុកទាំងអស់។ បុគ្គលនេះឯង សូមជាភរិយា បុគ្គលនេះឯង សូមជាបុត្ត បុគ្គលនេះឯង សូមជាកូនប្រសាស្រី បុគ្គលនេះឯង សូមជាទាសៈរបស់ខ្ញុំ ក្នុងទីដែលខ្ញុំកើតហើយ។
ចំណែកភរិយារបស់សេដ្ឋីនោះ គិតថា បើប្ដីរបស់អញត្រូវសេចក្ដីស្រេកឃ្លានបៀតបៀន អញក៏មិនអាចលេបរួច ទើបប្រគេនចំណែករបស់ខ្លួនដល់ព្រះបច្ចេកពុទ្ធ ហើយតាំងសេចក្ដីប្រាថ្នាថា បពិត្រលោកម្ចាស់ តាំងអំពីនេះទៅ ខ្ញុំកុំបីចួបនូវឆាតកភ័យបែបនេះ ក្នុងទីដែលខ្ញុំកើតហើយ ម្យ៉ាងទៀត កាលខ្ញុំដាក់ថាសភត្តខាងមុខ ឲ្យនូវភត្តដល់មនុស្សក្នុងជម្ពូទ្វីបទាំងមូល បើខ្ញុំមិនក្រោកដរាបណា ទីនៃភត្តដែលខ្ញុំដួសហើយ សូមពេញបរិបូណ៌ដូចដើមនោះឯង បុរសនេះ សូមជាស្វាមី បុរសនេះ សូមជាបុត្ត ស្រ្តីនេះ សូមជាកូនប្រសា បុរសនេះ សូមជាទាសៈរបស់ខ្ញុំ។
សូម្បីកូនប្រុសរបស់សេដ្ឋីនោះ ក៏ប្រគេនចំណែករបស់ខ្លួនដល់ព្រះបច្ចេកពុទ្ធហើយតាំងសេចក្ដីប្រាថ្នាថា តាំងអំពីនេះទៅ ឆាតកភ័យបែបនេះ កុំបីមានដល់ខ្ញុំឡើយ ម្យ៉ាងទៀត បើខ្ញុំកាន់ថង់ប្រាក់ដាក់កហាបណៈ ១ ពាន់ សូម្បីឲ្យកហាបណៈដល់មនុស្សក្នុងជម្ពូទ្វីបទាំងមូល ថង់នោះ ចូរពេញដូចដើម លោកទាំងពីរនោះ សូមជាមាតាបិតា ស្រីនេះ សូមជាភរិយា បុរសនេះ សូមជាទាសៈរបស់ខ្ញុំ។
ចំណែកកូនប្រសាស្រីរបស់សេដ្ឋីនោះ ក៏ប្រគេនចំណែករបស់ខ្លួនដល់ព្រះបច្ចេកពុទ្ធ ហើយបានតាំងសេចក្ដីប្រាថ្នាថា តាំងអំពីនេះទៅ ឆាតកភ័យបែបនេះ ខ្ញុំកុំបីចួបឡើយ ម្យ៉ាងទៀត កាលខ្ញុំកាន់ល្អីស្រូវទុកខាងមុខ ឲ្យនូវភត្តដែលជាពូជដល់មនុស្សក្នុងជម្ពូទ្វីបទាំងមូល ការអស់ទៅកុំបីប្រាកដ លោកទាំងពីរនេះ សូមជាមាតាបិតាក្មេក បុរសនេះ សូមជាប្ដី បុរសនេះ សូមជាទាសៈរបស់ខ្ញុំ។
សូម្បីទាសៈរបស់សេដ្ឋីនោះ ក៏ប្រគេនចំណែករបស់ខ្លួនដល់ព្រះបច្ចេកពុទ្ធ ហើយតាំងសេចក្ដីប្រាថ្នាថា តាំងអំពីនេះទៅ ខ្ញុំមិនគប្បីចួបនូវឆាតកភ័យបែបនេះឡើយ ជនទាំងអស់សូមជាចៅហ្វាយ កាលខ្ញុំភ្ជួរស្រែ គន្លង ៧ ប៉ុនទូកកំរោល គឺខាងឆ្វេង ៣ ខាងស្ដាំ ៣ ត្រង់កណ្ដាល ១ ចូរប្រព្រឹត្តទៅ។ នាយបុណ្ណៈនោះ ទោះបីប្រាថ្នាតំណែងសេនាបតី ក៏អាចបានក្នុងថ្ងៃនោះឯង តែដោយអំណាចសេចក្ដីស្រឡាញ់ក្នុងម្ចាស់ទាំងឡាយ ទើបតាំងសេចក្ដីប្រាថ្នាថា ជនទាំងនោះឯង សូមជាចៅហ្វាយរបស់ខ្ញុំ។
ក្នុងទីបំផុតនៃវាចារបស់ជនទាំងអស់ ព្រះបច្ចេកពុទ្ធពោលថា ឯវំ ហោតុ ចូរសម្រេចយ៉ាងនោះចុះ ហើយធ្វើអនុមោទនាដោយគាថារបស់ព្រះបច្ចេកពុទ្ធថា
ឥច្ឆិតំ បត្ថិតំ តុយ្ហំ ខិប្បមេវ សមិជ្ឈតុ
សព្វេ បូរេន្តុ សង្កប្បា ចន្ទោ បន្នរសោ យថា។
សូមឥដ្ឋផល គឺផលជាទីគាប់ចិត្ត ដែលអ្នកប្រាថ្នាហើយ តាំងចិត្តហើយ ចូរសម្រេចដល់អ្នក ឲ្យបានឆាប់រួសរាន់ទាន់ចិត្ត សូមតម្រិះត្រូវទាំងពួងចូរពេញដល់អ្នក ដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត។
ឥច្ឆិតំ បត្ថិតំ តុយ្ហំ ខិប្បមេវ សមិជ្ឈតុ
សព្វេ បូរេន្តុ សង្កប្បា មណិ ជោតិរសោ យថា។
សូមឥដ្ឋផល គឺផលជាទីគាប់ចិត្ត ដែលអ្នកប្រាថ្នាហើយ តាំងចិត្តហើយ ចូរសម្រេចដល់អ្នក ឲ្យបានឆាប់រួសរាន់ទាន់ចិត្ត សូមតម្រិះត្រូវទាំងពួង ចូរពេញដល់អ្នក ដូចកែវមណី មានរស្មីដ៏រុងរឿង ជាកែវវិសេស អាចញ៉ាំងសេចក្ដីប្រាថ្នាទាំងពួង ឲ្យសម្រេចបាន។
ហើយគិតថា បើអញញ៉ាំងចិត្តរបស់ជនទាំងឡាយនេះ ឲ្យជ្រះថ្លារមែងគួរ ទើបអធិដ្ឋានថា ជនទាំងនេះ ចូរឃើញអាត្មាអញរហូតដល់ភ្នំគន្ធមាទន៍ ហើយក៏ទៅតាមអាកាស សូម្បីជនទាំងនោះ ក៏បានឈរមើលនុ៎ះឯង។ ព្រះបច្ចេកពុទ្ធនោះ និមន្តទៅហើយ ចែកភត្តនោះ ដល់ព្រះបច្ចេកពុទ្ធ ៥០០ អង្គ ដោយអានុភាពនៃព្រះបច្ចេកពុទ្ធទាំងនោះ ភត្តនោះ គ្រប់គ្រាន់ហើយដល់ព្រះបច្ចេកពុទ្ធទាំងអស់។ ជនទាំងនោះ បានឈរមើលនុ៎ះឯង។
ពេលថ្ងៃត្រង់កន្លងទៅហើយ ភរិយាសេដ្ឋីលាងឆ្នាំងបាយ ហើយបិទគម្របទុក ចំណែកសេដ្ឋីត្រូវសេចក្ដីឃ្លានគ្របសង្កត់ ដេកលក់ទៅ លុះភ្ញាក់ឡើងក្នុងពេលល្ងាច ពោលនឹងភរិយារបស់ខ្លួនថា នែនាង ខ្ញុំឃ្លានណាស់ បាយក្ដាំងបាតឆ្នាំង មានខ្លះឬហ្ន៎។
ភរិយានោះ សូម្បីដឹងថា ខ្លួនលាងឆ្នាំងទុកហើយ ក៏មិនពោលថា មិនមាន គិតថា អញបើកឆ្នាំងបាយហើយ សឹមប្រាប់ ដូច្នេះហើយ ទើបក្រោកឡើងទៅក្បែរឆ្នាំងបាយហើយបើកគម្របឡើង។ ខណៈនោះឯង ឆ្នាំងបាយពេញដោយភត្ត មានពណ៌ដូចផ្កាម្លិះក្រពុំ បានទុលគម្របតាំងនៅហើយ។ ភរិយានោះឃើញភត្តហើយ ជាអ្នកមានសរីរៈពេញដោយបីតិ ពោលនឹងសេដ្ឋីថា បពិត្រអ្នកជាម្ចាស់ សូមក្រោកឡើង ខ្ញុំលាងឆ្នាំងបាយបិទទុក តែឆ្នាំងនោះ ពេញដោយភត្ត មានពណ៌ដូចផ្កាម្លិះក្រពុំ ឈ្មោះថា បុណ្យទាំងឡាយគួរធ្វើ ឈ្មោះថា ទានគួរឲ្យ សូមអ្នកក្រោកឡើងបរិភោគចុះ។ ភរិយានោះ បានឲ្យភត្តដល់ជនទាំងពីរនាក់ គឺស្វាមីនិងបុត្ត កាលឪពុក និងកូននោះ បរិភោគស្រេចហើយ ទើបនាងអង្គុយបរិភោគជាមួយកូនប្រសា ហើយឲ្យភត្តដល់នាយបុណ្ណៈ។ ទីនៃភត្តដែលជនទាំងនោះ ដួសហើយ រមែងមិនអស់ទៅ ប្រាកដចំពោះត្រង់ទីដែលដួសមួយវែកដំបូងប៉ុណ្ណោះ។ ក្នុងថ្ងៃនោះឯង ជង្រុកជាដើម ក៏ពេញហើយ ដោយទំនងដែលពេញពីមុននោះឯង។ នាងឲ្យធ្វើការប្រកាសក្នុងនគរថា ភត្តកើតឡើងហើយក្នុងផ្ទះរបស់លោកសេដ្ឋី បុគ្គលណា មានសេចក្ដីត្រូវការដោយស្រូវពូជនិងភត្ត ចូរមកទទួលយកចុះ។ មនុស្សទាំងឡាយកាន់យកភត្តនិងពូជ អំពីផ្ទះរបស់សេដ្ឋីនោះហើយ មនុស្សក្នុងជម្ពូទ្វីបទាំងមូល អាស្រ័យសេដ្ឋីនោះ ទើបបាននូវជីវិតនុ៎ះឯង។
សេដ្ឋីនោះ ឃ្លាតចាកអត្តភាពនោះហើយ កើតក្នុងទេវលោក អន្ទោលទៅក្នុងទេវលោកនិងមនុស្សលោក ក្នុងពុទ្ធប្បាទនេះ កើតក្នុងត្រកូលសេដ្ឋីក្នុងភទ្ទិយនគរ សូម្បីភរិយារបស់គាត់ ក៏កើតក្នុងត្រកូលមានភោគៈច្រើន ចម្រើនវ័យហើយ បានទៅកាន់ផ្ទះរបស់លោកសេដ្ឋី។ ពពែទាំងឡាយ មានប្រការដូចពោលហើយ អាស្រ័យកម្មក្នុងកាលមុនរបស់សេដ្ឋី ក៏ផុសឡើងខាងក្រោយផ្ទះ សូម្បីកូនប្រុស ក៏បានជាកូនប្រុសរបស់គាត់ដដែល កូនប្រសាស្រីបានជាកូនប្រសាស្រីរបស់គាត់ដដែល ទាសៈក៏បានជាទាសៈរបស់សេដ្ឋីនិងភរិយាដដែល។ ថ្ងៃមួយ សេដ្ឋីបំណងដើម្បីល្បងបុណ្យរបស់ខ្លួន ទើបឲ្យមនុស្សសម្អាតជង្រុក ១២៥០ កក់សក់ហើយអង្គុយត្រង់ទ្វារ សម្លឹងមើលខាងលើ ជង្រុកទាំងអស់ពេញហើយដោយស្រូវសាលីក្រហម មានប្រការដូចពោលហើយ។ សេដ្ឋីនោះ ប្រាថ្នានឹងសាកល្បងបុណ្យរបស់ជនដ៏សេស ទើបពោលនឹងភរិយានិងកូនប្រុសជាដើមថា អ្នកទាំងឡាយ ចូរពិសោធបុណ្យរបស់ពួកអ្នកចុះ។
លំដាប់នោះ ភរិយារបស់សេដ្ឋីនោះ ប្រដាប់ហើយដោយគ្រឿងអលង្ការទាំងពួង កាលមហាជនកំពុងមើលនុ៎ះឯង ប្រើឲ្យមនុស្សវាល់អង្ករ ឲ្យចម្អិនបាយដោយអង្ករទាំងនោះ អង្គុយលើអាសនៈដែលគេក្រាលទុកហើយត្រង់ខ្លោងទ្វារ កាន់វែកមាស ប្រកាសថា បុគ្គលណាត្រូវការដោយភត្ត ចូរមក ហើយបានឲ្យភត្តពេញភាជនៈ ដល់ជនដែលមកហើយៗ។ កាលគាត់ឲ្យពេញមួយថ្ងៃ ប្រាកដខូងចំពោះត្រង់ទីដែលដួសដោយវែកដំបូងប៉ុណ្ណោះ។ បាតដៃខាងឆ្វេងរបស់គាត់ មានក្រឡាចេញជារូបផ្កាឈូក បាតដៃខាងស្ដាំ មានក្រឡាចេញជារូបព្រះចន្ទ ព្រោះគាត់ចាប់ឆ្នាំងបាយដោយដៃឆ្វេង ចាប់វែកដោយដៃស្ដាំ ហើយដួសភត្តដាក់រហូតពេញបាត្រ ប្រគេនដល់ភិក្ខុសង្ឃរបស់ព្រះពុទ្ធទាំងឡាយក្នុងកាលមុន ដោយប្រការដូច្នេះឯង។ បាតជើងខាងស្ដាំរបស់គាត់ មានក្រឡាចេញជារូបព្រះចន្ទ បាតជើងខាងឆ្វេង មានក្រឡាចេញជារូបផ្កាឈូក ព្រោះហេតុដែលគាត់កាន់យកធម្មក្រក ដោយដៃឆ្វេង ត្រងទឹកប្រគេនដល់ភិក្ខុសង្ឃ ដើរទៅមក។ ព្រោះហេតុនេះ ទើបពួកញាតិដាក់ឈ្មោះគាត់ថា ចន្ទបទុមា។
សូម្បីកូនប្រុសរបស់លោកសេដ្ឋីនោះ កក់សក់ហើយ កាន់យកថង់កហាបណៈ ១ ពាន់ ពោលថា អ្នកណាត្រូវការកហាបណៈ ចូរមក បានឲ្យកហាបណៈពេញភាជន៍ ដល់ពួកជនដែលមកហើយៗ។ កហាបណៈ ១ ពាន់ ក៏មាននៅក្នុងថង់ដដែល។ ចំណែកកូនប្រសាស្រីរបស់សេដ្ឋីនោះ ប្រដាប់ដោយគ្រឿងអលង្ការទាំងពួង កាន់យកល្អីដាក់ស្រូវ ហើយអង្គុយត្រង់ទីវាល ពោលថា អ្នកត្រូវការស្រូវពូជ ចូរមកចុះ ហើយបានឲ្យស្រូវពូជពេញភាជន៍ ដល់ជនដែលមកហើយៗ។ ល្អីស្រូវក៏នៅពេញដូចដើមដដែល។ ឯទាសៈរបស់សេដ្ឋីនោះ ប្រដាប់ហើយដោយគ្រឿងអលង្ការទាំងពួង ទឹមគោក្នុងនឹមដែលធ្វើអំពីមាស ដោយខ្សែមាស កាន់យកជន្លួញមាស យកម្រាមដៃទាំង ៥ ជ្រលក់គ្រឿងក្រអូប ហើយប្រោះព្រំដល់គោទាំងឡាយ ដែលពាក់ចង្កំមាសត្រង់ស្នែងទាំងឡាយ ចុះកាន់ស្រែហើយភ្ជួរ។ គន្លង ៧ គឺខាងឆ្វេង ៣ ខាងស្ដាំ ៣ កណ្ដាល ១ បានបែកទៅហើយ។ អ្នកជម្ពូទ្វីបកាន់យកទ្រព្យ មានពូជ ភត្ត ប្រាក់ មាសជាដើម អំពីផ្ទះសេដ្ឋីប៉ុណ្ណោះ តាមដែលខ្លួនគាប់ចិត្ត។
សេដ្ឋីមានអានុភាពច្រើនយ៉ាងនោះ បានឮថា ព្រះសាស្ដាយាងមកហើយ គិតថា អញនឹងធ្វើការទទួលដំណើរព្រះសាសា្ដ ខណៈធ្វើដំណើរទៅ ក៏បានចួបពួកតិរ្ថិយក្នុងរវាងផ្លូវ សូម្បីត្រូវពួកតិរ្ថិយទាំងនោះឃាត់ថា គហបតី លោកជាកិរិយវាទ ទៅកាន់សម្នាក់របស់ព្រះគោតមដែលជាអកិរិយវាទដើម្បីអ្វី។ លោកសេដ្ឋីក៏មិនបានដាក់ចិត្តក្នុងពាក្យរបស់ពួកតិរ្ថិយទាំងនោះ ត្រាច់ទៅហើយ ថ្វាយបង្គំព្រះសាស្ដា អង្គុយក្នុងចំណែកម្ខាង។
លំដាប់នោះ ព្រះសាស្ដាត្រាស់អនុបុព្វីកថាដល់សេដ្ឋីនោះ ក្នុងកាលចប់ទេសនា សេដ្ឋីសម្រេចសោតាបត្តិផល ហើយក្រាបទូលភាពដែលខ្លួនត្រូវពួកតិរ្ថិយពោលទោស ហើយឃាត់ទុក ចំពោះព្រះសាស្ដា។ លំដាប់នោះ ព្រះសាស្ដាត្រាស់ថា ម្នាលគហបតី ឈ្មោះថា សត្វទាំងនេះ រមែងមិនឃើញទោសរបស់ខ្លួន សូម្បីច្រើន រមែងឃើញទោសរបស់ជនដទៃ សូម្បីមិនមាន ធ្វើឲ្យមាន ដូចបុគ្គលបាចអង្កាមទៅក្នុងទីនោះៗ ដូច្នេះហើយ ទើបត្រាស់ព្រះគាថានេះថា
សុទស្សំ វជ្ជមញ្ញេសំ អត្តនោ បន ទុទ្ទសំ
បរេសំ ហិ សោ វជ្ជានិ ឱបុនាតិ យថាភុសំ
អត្តនោ បន ឆាទេតិ កលឹវ កិតវា សថោ។
ទោសរបស់ពួកជនដទៃ ឃើញបានដោយងាយ ចំណែកទោសរបស់ខ្លួន ឃើញបានដោយលំបាក ព្រោះថា បុគ្គលនោះ រោយទោសទាំងឡាយ ចំពោះពួកជនដទៃ ដូចបុគ្គលរោយអង្កាមដូច្នោះ តែថា រមែងបិទបាំងទោសរបស់ខ្លួនទុក ដូចព្រានបក្សីបិទបាំងអត្តភាពដោយវត្ថុសម្រាប់បិទបាំង (មានមែកឈើជាដើម) ដូច្នោះ។
ក្នុងកាលចប់ព្រះធម្មទេសនា មហាជនទាំងឡាយ បានសម្រេចអរិយផល មានសោតាបត្តិផលជាដើម ច្រើនសន្ធឹកសន្ធាប់ដោយប្រការដូច្នេះ។
មេណ្ឌកសេដ្ឋី ចប់។
[ស្រង់ចាកអដ្ឋកថា ធម្មបទ បិ.៥២ ទំ.៧៤ ឃ.២៨។]។
សូមអនុមោទនា !!!
