មុនាឡិពោធិសត្វទី ១
បានឮថា ក្នុងអតីតកាល ព្រះពោធិសត្វកើតក្នុងត្រកូលសូទ្រៈ ជាអ្នកមិនមានកេរ្តិ៍ឈ្មោះ មិនមានជំនាញណាមួយ ជាអ្នកលេង ឈ្មោះមុនាឡិ។ ក្នុងកាលនោះ ព្រះបច្ចេកពុទ្ធ ព្រះនាមសុរភិ មានឫទ្ធិច្រើន មានអានុភាពច្រើន ទៅជិតលំនៅរបស់អ្នកលេងនោះ ដោយកិច្ចឯណានីមួយ។ ព្រះពោធិសត្វឃើញព្រះបច្ចេកពុទ្ធនោះ បានជេរដោយពាក្យជាដើមថា សមណៈនេះ ទ្រុស្តសីល មានធម៌ដ៏លាមក។ ព្រោះផលរបស់អកុសលនោះ ព្រះពោធិសត្វបានសោយទុក្ខក្នុងនរកជាដើម ច្រើនពាន់ឆ្នាំ។ ព្រះមានព្រះភាគ កាលព្រះអង្គនៅជាព្រះពោធិសត្វគង់នៅក្នុងស្ថានតុសិត ពួកតិរ្ថិយមានឈ្មោះបោះសំឡេងមុន ត្រាច់សម្ដែងទិដ្ឋិ ៦២ បោកបញ្ឆោតមហាជន ព្រះពោធិសត្វបានចុតិអំពីតុសិតបុរី កើតក្នុងសក្យត្រកូល ក្នុងអត្តភាពចុងក្រោយនេះ ហើយបានត្រាស់ជាព្រះពុទ្ធដោយលំដាប់។ ពួកតិរ្ថិយសាបសូន្យចាកលាភសក្ការៈ ដូចអំពិលអំពែក ក្នុងពេលព្រះអាទិត្យរះឡើង ទើបចងអាឃាតនឹងព្រះមានព្រះភាគ។
សម័យមួយ សេដ្ឋីអ្នកក្រុងរាជគ្រឹះ ឲ្យសន្ធឹងសំណាញ់ក្នុងទន្លេគង្គាដើម្បីសេចក្ដីផុតភ័យ និងដើម្បីរក្សាអាភរណៈជាដើម ដែលរបូតទៅដោយការភ្លេចភ្លាំង ពេលលេងកីឡាក្នុងស្ទឹងគង្គា ។ ក្នុងកាលនោះ ដើមចន្ទន៍ក្រហមមួយដើមកើតត្រង់ច្រាំងស្ទឹង មានឫសត្រូវទឹកក្នុងស្ទឹងគង្គាច្រោះ បាក់ខ្ចាត់ខ្ចាយនៅលើថ្មនោះៗ។ លំដាប់នោះ ពកមួយ មានប្រមាណប៉ុនក្អម ត្រូវថ្មកួត ត្រូវរលកបក់នាំមក ជារបស់រលោង រសាត់ទៅដោយលំដាប់ ត្រូវសារាយរួបរឹត មកជាប់ត្រង់សំណាញ់របស់សេដ្ឋីនោះ។ សេដ្ឋីពោលថា នុ៎ះជាអ្វី កាលបានស្ដាប់ថា នុ៎ះជាពកនៃដើមឈើ ទើបឲ្យនាំពកឈើនោះមក ឲ្យចាំងដោយចុងកាំបិត ដើម្បីពិចារណាថា នុ៎ះជាឈើអ្វី។ រំពេចនោះឯង ចន្ទន៍ក្រហមមានពណ៌ដូចល័ក្ខស្រស់ក៏ប្រាកដ។ សេដ្ឋីមិនជាសម្មាទិដ្ឋិ មិនជាមិច្ឆាទិដ្ឋិ ដាក់ខ្លួនជាកណ្ដាល គិតថា ចន្ទន៍ក្រហមក្នុងផ្ទះរបស់អញមានច្រើន អញនឹងយកចន្ទន៍ក្រហមនេះធ្វើអ្វីហ្ន៎។ លំដាប់នោះ គាត់គិតយ៉ាងនេះថា ក្នុងលោកនេះ ជនដែលពោលថា យើងជាព្រះអរហន្ត យើងជាព្រះអរហន្ត មានច្រើន អញមិនឃើញព្រះអរហន្តសូម្បីតែមួយ អញនឹងប្រកបគ្រឿងក្រឡឹងក្នុងផ្ទះ ឲ្យក្រឡឹងជាបាត្រហើយ ដាក់សង្រែកព្យួរទុកក្នុងអាកាស ប្រមាណ ៦០ ហត្ថ ដោយយកឫស្សីតគ្នា ហើយពោលថា បើព្រះអរហន្តមាន ចូរមកតាមអាកាស ហើយកាន់យកបាត្រនេះ។ បុគ្គលណាកាន់យកបាត្រនេះបាន ខ្ញុំមួយអន្លើដោយបុត្តនិងភរិយា នឹងដល់បុគ្គលនោះ ជាសរណៈ ដូច្នេះហើយ ឲ្យក្រឡឹងបាត្រដោយទំនងដែលគិតហើយនុ៎ះឯង លើកឡើងដោយឫស្សីដែលតគ្នា ពោលថា ក្នុងលោកនេះ បុគ្គលណា ជាព្រះអរហន្ត បុគ្គលនោះ ចូរមកតាមអាកាស កាន់យកបាត្រនេះចុះ។
ក្នុងកាលនោះ គ្រូទាំង៦នាក់ គឺគ្រូឈ្មោះបូរណកស្សបៈ ១ មក្ខលិគោសាល ១ អជិតកេសកម្ពល ១ បកុធកច្ចាយនៈ ១ សញ្ជយវេឡដ្ឋបុត្ត ១ និគ្គណ្ឋនាដបុត្ត ១ បានចូលទៅរករាជគហសេដ្ឋី។ លុះចូលទៅដល់ហើយ ក៏និយាយយ៉ាងនេះ នឹងរាជគហសេដ្ឋីថា នែគហបតី អាត្មាជាព្រះអរហន្ត ទាំងមានឫទិ្ធផង សូមអ្នកឲ្យបាត្រមកអាត្មាចុះ។ សេដី្ឋនិយាយថា បពិត្រលោកដ៏ចម្រើន បើលោកមានអាយុជាព្រះអរហន្ត ទាំងមានឫទិ្ធមែន ចូរលោកដាក់យកបាត្រដែលយើងឲ្យ ហើយទៅចុះ [បិ.១០ ទំ.១៤៣ ឃ.១៤០។]។
លំដាប់នោះ ក្នុងថ្ងៃទី៦ គ្រូឈ្មោះនិគ្គណ្ឋនាដបុត្ត បញ្ជូនពួកអន្តេវាសិកទៅ ដោយពាក្យថា ពួកអ្នកចូរទៅ ចូរនិយាយនឹងសេដ្ឋីនោះយ៉ាងនេះថា បាត្រនុ៎ះ សមគួរដល់អាចារ្យរបស់យើងទាំងឡាយ កុំធ្វើកិរិយាមកតាមអាកាស ព្រោះហេតុនៃវត្ថុបន្តិចបន្តួចឡើយ សូមលោកឲ្យបាត្រនោះមកពួកយើងចុះ។ ពួកអន្តេវាសិករបស់គ្រូឈ្មោះនិគ្គណ្ឋនាដបុត្ត ទៅនិយាយនឹងសេដ្ឋីដោយប្រការដូច្នោះ។ សេដ្ឋីពោលថា អ្នកដែលអាចមកតាមអាកាស ហើយកាន់យកបាត្រនេះបាន ចូរកាន់យកទៅចុះ។ និគ្គណ្ឋនាដបុត្តជាអ្នកប្រាថ្នានឹងទៅខ្លួនឯង ទើបឲ្យសញ្ញាពួកអន្តេវាសិកថា យើងនឹងលើកដៃនិងជើងម្ខាង ដូចជាប្រាថ្នានឹងហោះឡើង ពួកអ្នកចូរឃាត់យើងថា លោកអាចារ្យ លោកប្រុងធ្វើអ្វី លោកកុំសម្តែងភាពជាព្រះអរហន្ត ដែលជាគុណជាតដ៏កំបាំង ព្រោះហេតុនៃបាត្រឈើដល់មហាជនឡើយ លុះពោលដូច្នេះហើយ ចូរនាំគ្នាចាប់ជើងនិងដៃរបស់យើង ទាញមកឲ្យដួលទៅលើផែនដី។ គ្រូឈ្មោះនិគ្គណ្ឋនាដបុត្តទៅកាន់ទីនោះ ហើយពោលនឹងសេដ្ឋីថា មហាសេដ្ឋី បាត្រនេះ សមគួរដល់យើង មិនសមគួរដល់ពួកជនដទៃទេ លោកកុំគាប់ចិត្តនឹងការហោះឡើងទៅក្នុងអាកាសរបស់អាត្មាភាព ព្រោះហេតុនៃរបស់ត្រឹមតែបន្តិចបន្តួចឡើយ ចូរឲ្យបាត្រនោះ ដល់អាត្មាភាពចុះ។ សេដ្ឋីពោលថា លោកដ៏ចម្រើន លោកចូរហោះឡើងទៅលើអាកាស ហើយកាន់យកចុះ។
គ្រានោះ នាដបុត្តពោលថា បើដូច្នោះ ពួកអ្នកចូរចៀសចេញ ចូរចៀសចេញ លុះពួកអន្តេវាសិកចៀសចេញហើយ ក៏ពោលថា យើងនឹងហោះឡើងទៅក្នុងអាកាស ហើយក៏លើកដៃម្ខាង និងជើងម្ខាងឡើង។ លំដាប់នោះ ពួកអន្តេវាសិកពោលថា បពិត្រលោកអាចារ្យ លោកធ្វើអ្វី ប្រយោជន៍អ្វីដោយគុណដ៏កំបាំងដែលលោកសម្តែងដល់មហាជន ព្រោះហេតុនៃបាត្រឈើដុតខ្មោច ដែលប្រឡាក់លាមកនេះ ហើយនាំគ្នាចាប់នាដបុត្តនោះ ត្រង់ដៃនិងជើង ទាញឲ្យដួលទៅលើផែនដី។
និគ្គណ្ឋនាដបុត្តប្រាប់សេដ្ឋីថា មហាសេដ្ឋី អន្តេវាសិកទាំងនេះ មិនឲ្យអាត្មាភាពហោះទេ លោកចូរឲ្យបាត្រដល់អាត្មាភាពចុះ។ សេដ្ឋីពោលថា លោកម្ចាស់ចូរហោះឡើង ហើយកាន់យកចុះ។ ពួកតិរ្ថិយ សូម្បីព្យាយាមដោយអាការយ៉ាងនេះ អស់ ៦ ថ្ងៃ ក៏មិនបានបាត្រនោះឡើយ។
ក្នុងថ្ងៃទី៧ ក្នុងកាលដែលព្រះមហាមោគ្គល្លានដ៏មានអាយុ និងព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ទៅឈរត្រង់ថ្មដាមួយកន្លែង ហើយឃ្លុំចីវរ ដោយតាំងចិត្តថា ពួកយើងនឹងត្រាច់ទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ពួកអ្នកលេងជជែកគ្នាថា ម្នាលគ្នាយើង ក្នុងកាលមុនគ្រូទាំង ៦ ពោលថា ពួកយើងជាព្រះអរហន្តក្នុងលោក កាលសេដ្ឋីអ្នកក្រុងរាជគ្រឹះលើកបាត្រឡើងហើយ ពោលថា បើព្រះអរហន្តមាន ចូរមកតាមអាកាសហើយកាន់យកចុះ ថ្ងៃនេះ ជាថ្ងៃទី ៧ បុគ្គលសូម្បីត្រឹមតែម្នាក់ ដែលហោះទៅក្នុងអាកាស ហើយពោលថា យើងជាព្រះអរហន្ត ក៏មិនមាន ថ្ងៃនេះ ពួកយើងដឹងនូវភាពដែលព្រះអរហន្ត មិនមានក្នុងលោកហើយ។
ចំណែកព្រះមហាមោគ្គល្លានដ៏មានអាយុ បានឮពាក្យនោះហើយ ទើបពោលនឹងព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុថា អាវុសោភារទ្វាជៈ លោកបានឮពាក្យរបស់ពួកអ្នកលេងទាំងនេះដែរឬទេ ពួកអ្នកលេងទាំងនេះ ពោលញាំញីព្រះពុទ្ធសាសនា លោកម្ចាស់មានឫទ្ធិច្រើន មានអានុភាពច្រើន សូមលោកទៅ ហើយកាន់យកបាត្រនោះ មកតាមអាកាសចុះ។
ព្រះបិណ្ឌោលភារទ្វាជៈពោលថា អាវុសោមហាមោគ្គល្លាន លោកជាកំពូលលើសសាវ័កទាំងឡាយផ្នែកខាងមានឫទ្ធិ សូមលោកម្ចាស់កាន់យកបាត្រនោះ តែបើលោកម្ចាស់មិនកាន់យក ខ្ញុំនឹងកាន់យក។
កាលព្រះមហាមោគ្គល្លានដ៏មានអាយុពោលយ៉ាងនេះថា អាវុសោ សូមលោកកាន់យកចុះ ព្រះបិណ្ឌោលភារទ្វាជៈក៏ចូលចតុត្ថជ្ឈាន មានអភិញ្ញាជាបាទ ចេញចាកឈានហើយ យកចុងជើងថ្កៀបថ្មដាទំហំ ប្រមាណ ៣ គាវុត ហោះឡើងទៅកាន់អាកាសដូចប៉ុយគ ហើយប្រទក្សិណលើនគររាជគ្រឹះ ៧ ជុំ។ ថ្មដានោះ ប្រាកដដូចគម្របគ្របនគរទុកប្រមាណ ៣ គាវុត ពួកអ្នកនគរភ័យខ្លាចថា ថ្មនឹងធ្លាក់សង្កត់ពួកយើង ធ្វើគ្រឿងការពារ មានចង្អេរជាដើម ទុកខាងលើក្បាល ហើយពួនក្នុងទីនោះ ៗ។ ក្នុងវារៈទី ៧ ព្រះថេរៈទម្លាយថ្ម ហើយបង្ហាញខ្លួន។
មហាជនឃើញព្រះថេរៈហើយ ពោលថា បពិត្រលោកម្ចាស់បិណ្ឌោលភារទ្វាជៈ សូមលោកម្ចាស់ចាប់ថ្មរបស់លោកម្ចាស់ទុកឲ្យមាំ កុំឲ្យពួកខ្ញុំទាំងអស់គ្នាវិនាសឡើយ។ ព្រះថេរៈយកចុងជើងគ្រវាត់ថ្មចោល ថ្មនោះទៅតាំងនៅក្នុងទីដើមនោះឯង ព្រះថេរៈបានឈរក្នុងទីបំផុតផ្ទះរបស់សេដ្ឋី។ សេដ្ឋីឃើញលោកហើយ ក្រាបចុះ ពិតថា សូមលោកម្ចាស់ចុះមក។ និមន្តព្រះថេរៈចុះអំពីអាកាស ឲ្យគង់ហើយ ឲ្យនាំបាត្រចុះ ធ្វើឲ្យពេញដោយមធុរស ៤ យ៉ាង ហើយប្រគេនដល់ព្រះថេរៈ ព្រះថេរៈទទួលបាត្រហើយ បែរមុខទៅកាន់វិហារ និមន្តទៅ។
លំដាប់នោះ ជនទាំងឡាយណា ដែលនៅក្នុងព្រៃក្ដី នៅក្នុងផ្ទះដ៏ស្ងាត់ក្ដី មិនឃើញបាដិហារ្យរបស់ព្រះថេរៈ ជនទាំងនោះ ប្រជុំគ្នាហើយអង្វរព្រះថេរៈថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់សម្ដែងបាដិហារ្យដល់ពួកខ្ញុំ ហើយនាំគ្នាជាប់តាមព្រះថេរៈទៅ។ ព្រះថេរៈសម្ដែងបាដិហារ្យនោះ ៗ ដល់ជនទាំងនោះ ហើយបានទៅកាន់វិហារ។
ព្រះសាស្ដាទ្រង់ព្រះសណ្ដាប់សំឡេងទ្រហឹងអឺងកង របស់មហាជន ដែលជាប់តាមព្រះបិណ្ឌោលភារទ្វាជត្ថេរនោះហើយ ទើបត្រាស់សួរព្រះអានន្ទថា ម្នាលអានន្ទ នុ៎ះសំឡេងអ្វី កាលទ្រង់ព្រះសណ្ដាប់ពាក្យដែលព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបិណ្ឌោលភារទ្វាជៈហោះទៅក្នុងអាកាស ហើយកាន់យកបាត្រខ្លឹមចន្ទន៍ នុ៎ះជាសំឡេងក្នុងសម្នាក់របស់លោក ទើបឲ្យហៅព្រះបិណ្ឌោលភារទ្វាជៈមកត្រាស់សួរថា បានឮថា អ្នកធ្វើយ៉ាងនោះ ពិតឬ។ កាលព្រះថេរៈក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពិតមែន ទើបទ្រង់ត្រាស់ថា ម្នាលភារទ្វាជៈ ព្រោះហេតុអ្វី ទើបអ្នកធ្វើយ៉ាងនេះ ទ្រង់តិះដៀលព្រះថេរៈហើយ ត្រាស់ឲ្យបំបែកបាត្រនោះ ជាកំណាត់តូចធំ ចែកដល់ភិក្ខុទាំងឡាយ ដើម្បីប្រយោជន៍ផ្សំធ្វើជាថ្នាំបន្តក់ភ្នែក ហើយទ្រង់បញ្ញត្តសិក្ខាបទដល់សាវ័កទាំងឡាយ ដើម្បីមិនឲ្យធ្វើបាដិហារ្យ។
ចំណែកពួកតិរ្ថិយបានឮថា ព្រះមានព្រះភាគឲ្យទម្លាយបាត្រនោះ ហើយទ្រង់បញ្ញត្តនូវសិក្ខាបទដល់សាវ័កទាំងឡាយ ហាមសាវ័កមិនឲ្យធ្វើបាដិហារ្យ ទើបដើរប្រាប់គ្នាក្នុងថ្នល់នគរថា សាវ័កទាំងឡាយរបស់ព្រះសមណគោតម មិនឈានកន្លងសិក្ខាបទដែលទ្រង់បញ្ញត្តហើយ សូម្បីព្រោះហេតុនៃជីវិត សូម្បីព្រះសមណគោតម ក៏នឹងរក្សាសិក្ខាបទដែលទ្រង់បញ្ញត្តនោះដែរ។ ឥឡូវនេះ ពួកយើងបានឱកាសហើយ ។ ក្នុងកាលមុន ពួកយើងរក្សាគុណរបស់ខ្លួន ទើបមិនសម្តែងនូវគុណរបស់ខ្លួនដល់មហាជន ព្រោះហេតុនៃបាត្រឈើ ចំណែកពួកសាវ័ករបស់ព្រះសមណគោតមសម្តែងគុណរបស់ខ្លួន ព្រោះហេតុត្រឹមតែបាត្រ ព្រះសមណគោតមត្រាស់ឲ្យទម្លាយបាត្រនោះ ហើយទ្រង់បញ្ញត្តនូវសិក្ខាបទដល់ពួកសាវ័ក ព្រោះព្រះអង្គជាបណ្ឌិត ឥឡូវនេះ ពួកយើងនឹងធ្វើបាដិហារ្យជាមួយព្រះសមណគោតម។
ព្រះបាទពិម្ពិសារទ្រង់បានស្ដាប់ពាក្យនោះហើយ យាងទៅកាន់សម្នាក់ព្រះសាស្ដា ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន បានឮថា ព្រះអង្គបញ្ញត្តសិក្ខាបទដល់ពួកសាវ័ក ដើម្បីមិនឲ្យធ្វើបាដិហារ្យឬ។ ព្រះសាស្ដាត្រាស់ថា ពិតហើយ មហារាជ។
ព្រះរាជាត្រាស់សួរថា ឥឡូវនេះ ពួកនិគ្រន្ថនាំគ្នាពោលថា ពួកគេនឹងធ្វើបាដិហារ្យជាមួយទ្រង់ ឥឡូវនេះ ទ្រង់ធ្វើដូចម្ដេច។ ព្រះសាស្ដាត្រាស់តបថា មហាបពិត្រ កាលតិរ្ថិយទាំងនោះធ្វើ តថាគតក៏នឹងធ្វើ។
ព្រះរាជាត្រាស់សួរទៀតថា ព្រះអង្គបញ្ញត្តសិក្ខាបទទុកហើយ មិនមែនឬ។ ព្រះសាស្ដាត្រាស់តបថា មហាបពិត្រ តថាគតមិនបានបញ្ញត្តសិក្ខាបទដើម្បីខ្លួនទេ សិក្ខាបទនោះ តថាគតបញ្ញត្តដើម្បីសាវ័កទាំងឡាយប៉ុណ្ណោះ។
ព្រះរាជាត្រាស់សួរថា សិក្ខាបទ ឈ្មោះថា ទ្រង់បញ្ញត្តក្នុងសាវ័ក ទាំងឡាយ វៀរទ្រង់ខ្លួនឯងចេញឬ។ ព្រះសាស្ដាត្រាស់សួរព្រះរាជាថា មហាបពិត្រ បើដូច្នោះ តថាគតនឹងសួរព្រះអង្គក្នុងរឿងនេះ មហាបពិត្រ ព្រះរាជឧទ្យានក្នុងដែនរបស់ព្រះអង្គ មានឬ។
ព្រះរាជាត្រាស់ថា បពិត្រព្រះអង្គដ៏ចម្រើន មាន។
ព្រះសាស្ដាត្រាស់សួរទៀតថា មហាបពិត្រ បើមហាជនបរិភោគផ្លែឈើ មានផ្លែស្វាយជាដើម ក្នុងព្រះរាជឧទ្យានរបស់ព្រះអង្គ ទ្រង់គប្បីធ្វើដូចម្ដេច ដល់ជនទាំងនោះ។ ព្រះរាជាត្រាស់ថា បពិត្រព្រះអង្គដ៏ចម្រើន គប្បីដាក់ទោស។
ព្រះសាស្ដាត្រាស់សួរថា ចុះព្រះអង្គរមែងសោយបានឬ។ ព្រះរាជាត្រាស់ថា បពិត្រព្រះអង្គដ៏ចម្រើន បាន អាជ្ញាមិនមានដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គអាចសោយរបស់ខ្លួនបាន។
ព្រះសាស្ដាត្រាស់ថា មហាបពិត្រ រាជអាជ្ញារបស់ព្រះអង្គដែលផ្សាយទៅក្នុងដែនប្រមាណ ៣០០ យោជន៍ អាជ្ញារមែងមិនមានដល់ព្រះអង្គដែលសោយផ្លែឈើទាំងឡាយ មានផ្លែស្វាយជាដើម ក្នុងព្រះរាជឧទ្យានរបស់ព្រះអង្គ តែមានដល់ជនដទៃ យ៉ាងណា សូម្បីអាជ្ញារបស់តថាគត ក៏យ៉ាងនោះ រមែងផ្សាយទៅក្នុងសែនកោដិចក្កវាឡ ឈ្មោះថា ការឈានកន្លងនូវបញ្ញត្តិ គឺសិក្ខាបទ រមែងមិនមានដល់ខ្លួន តែរមែងមានដល់សាវ័កដទៃ ទើបតថាគតអាចធ្វើបាដិហារ្យបាន។
ពួកតិរ្ថិយស្ដាប់ពាក្យនោះហើយ ប្រឹក្សាគ្នាថា ឥឡូវនេះ ពួកយើងវិនាសហើយ បានឮថា ព្រះសមណគោតម ទ្រង់បញ្ញត្តសិក្ខាបទដើម្បីពួកសាវ័កប៉ុណ្ណោះ ទ្រង់មិនបញ្ញត្តដើម្បីខ្លួនព្រះអង្គឡើយ។ បានឮថា ទ្រង់បំណងនឹងធ្វើបាដិហារ្យដោយខ្លួនព្រះអង្គឯង តើពួកយើងនឹងធ្វើដូចម្ដេច។
ព្រះរាជាក្រាបបង្គំទូលសួរព្រះសាស្ដាថា បពិត្រព្រះអង្គដ៏ចម្រើន ទ្រង់នឹងធ្វើបាដិហារ្យក្នុងកាលណា។ ព្រះសាស្តាត្រាស់ថា មហាបពិត្រ តថាគតនឹងធ្វើក្នុងតិថីពេញបូណ៌មីនៃខែអាសាធ ដោយកាលកន្លងទៅ ៤ខែទៀត អំពីថ្ងៃនេះ។
ព្រះរាជាត្រាស់សួរថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គនឹងទ្រង់ធ្វើនៅក្នុងទីណា។ ព្រះសាស្តាតបថា មហាបពិត្រ តថាគតនឹងធ្វើនៅក្នុងក្រុងសាវត្ថី។
បើមានពាក្យជ្រៀតចូលមកថា ហេតុអ្វី ទើបព្រះសាស្ដាត្រាស់អាងដល់ទីឆ្ងាយយ៉ាងនេះ។ ឆ្លើយថា ព្រោះទីនោះ ជាទីធ្វើមហាបាដិហារ្យរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ម្យ៉ាងទៀត ទ្រង់អាងទីឆ្ងាយ ដើម្បីប្រយោជន៍ឲ្យមហាជនប្រជុំគ្នា។
ពួកតិរ្ថិយស្ដាប់ពាក្យនោះហើយ ពោលថា បានឮថា បន្ទាប់អំពីនេះទៅ ៤ ខែទៀត ព្រះសមណគោតមនឹងធ្វើបាដិហារ្យក្នុងនគរសាវត្ថី ឥឡូវនេះ ពួកយើងមិនលះបង់ យើងនឹងជាប់តាមព្រះអង្គទៅ មហាជនឃើញពួកយើងហើយ នឹងសួរថា ពួកលោកម្ចាស់នឹងធ្វើអ្វី ពេលនោះ ពួកយើងនឹងប្រាប់ដល់ជនទាំងនោះថា ពួកយើងពោលទុកហើយថា ពួកយើងនឹងធ្វើបាដិហារ្យជាមួយព្រះសមណគោតម ព្រះគោតមនោះ រមែងគេចទៅ ពួកយើងមិនឲ្យព្រះសមណគោតមនោះ គេច ទើបជាប់តាមទៅ។
ព្រះសាស្តាស្តេចត្រាច់ទៅដើម្បីបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ហើយចេញមក។ ចំណែកពួកតិរ្ថិយក៏ចេញមកអំពីខាងក្រោយព្រះអង្គ ហើយ ឋិតនៅក្នុងទីជិតព្រះអង្គ ធ្វើភត្តកិច្ច។ ថ្ងៃស្អែកឡើង ពួកតិរ្ថិយនោះ នាំគ្នាបរិភោគអាហារពេលព្រឹកក្នុងទីដែលខ្លួននៅនោះឯង។ ពួកតិរ្ថិយទាំងនោះ ត្រូវមនុស្សទាំងឡាយសួរថា ហេតុការណ៍នេះ ដូចម្តេច ក៏ប្រាប់តាមន័យដូចដែលបានពោលខាងដើម។ ចំណែកមហាជនគិតថា ពួកយើងនឹងមើលបាដិហារ្យ ដូច្នេះហើយ បានជាប់តាមទៅ។
ព្រះសាស្ដាទ្រង់យាងដល់នគរសាវត្ថីដោយលំដាប់។ ពួកតិរ្ថិយក៏ទៅជាមួយព្រះអង្គ បបួលឧបដ្ឋាកបានទ្រព្យ ១សែនហើយ ឲ្យធ្វើមណ្ឌបដោយសសរគគីរ ប្រក់ដោយផ្កាឧប្បលខៀវ អង្គុយនិយាយគ្នាថា ពួកយើងនឹងធ្វើបាដិហារ្យក្នុងទីនេះ។
ព្រះបាទបសេនទិកោសលចូលគាល់ព្រះសាស្ដា ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពួកតិរ្ថិយធ្វើមណ្ឌបហើយ ខ្ញុំព្រះអង្គនឹងធ្វើមណ្ឌបដើម្បីទ្រង់។ ព្រះសាស្ដាត្រាស់ថា មហាបពិត្រ កុំឡើយ អ្នកធ្វើមណ្ឌបរបស់តថាគត មានហើយ។
ព្រះរាជាក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន អ្នកដទៃវៀរខ្ញុំព្រះអង្គ តើអ្នកណានឹងធ្វើបាន។ ព្រះសាស្ដាត្រាស់តបថា គឺសក្កទេវរាជ។
ព្រះរាជាក្រាបបង្គំទូលសួរព្រះសាស្ដាថា បពិត្រព្រះអង្គដ៏ចម្រើន ទ្រង់នឹងធ្វើបាដិហារ្យក្នុងទីណា។ ព្រះសាស្ដាត្រាស់ថា ត្រង់មណ្ឌលកណ្ឌម្ពព្រឹក្ស។
ពួកតិរ្ថិយបានឮថា ព្រះសមណគោតមនឹងធ្វើបាដិហារ្យត្រង់គល់ស្វាយ ទើបប្រាប់ឧបដ្ឋាករបស់ខ្លួន ឲ្យដកដើមស្វាយតូចៗ ដោយហោចទៅ សូម្បីដុះក្នុងថ្ងៃនោះ ក្នុងរវាងទី ១យោជន៍ ហើយឲ្យបោះចោលក្នុងព្រៃ។
ក្នុងថ្ងៃ ១៥កើត ខែអាសាឍ ព្រះសាស្ដាទ្រង់យាងចូលទៅខាងក្នុងនគរ។ អ្នករក្សាឧទ្យានរបស់ព្រះរាជា ឈ្មោះកណ្ឌៈ ឃើញផ្លែស្វាយទុំធំមួយនៅក្នុងសម្បុកអង្ក្រង ដេញក្អែកដែលមកចោមរោមដោយចំណង់ក្នុងក្លិននិងរសនៃផ្លែស្វាយនោះ ឲ្យគេចទៅ ហើយកាន់យកដើម្បីប្រយោជន៍ដល់ព្រះរាជា ដើរទៅឃើញព្រះសាស្ដាក្នុងរវាងផ្លូវ គិតថា ព្រះរាជាសោយស្វាយនេះហើយ គប្បីប្រទានកហាបណៈ ៨ ឬ ១៦ ដល់អញ កហាបណៈនោះ មិនគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិតក្នុងអត្តភាពមួយរបស់អញ បើអញថ្វាយផ្លែស្វាយនេះ ចំពោះព្រះសាស្ដា នឹងជាគុណនាំមកនូវប្រយោជន៍ឲ្យដល់អញ អស់កាលមិនមានទីបំផុត ទើបបង្អោនផ្លែស្វាយនោះ ចំពោះព្រះសាស្ដា។ ព្រះសាស្ដាទ្រង់ទតព្រះអានន្ទត្ថេរហើយ។ លំដាប់នោះ ព្រះថេរៈនាំបាត្រដែលមហារាជទាំង ៤ ថ្វាយមក ហើយដាក់ក្នុងព្រះហស្តរបស់ព្រះអង្គ។ ព្រះសាស្ដាទ្រង់បង្អោនបាត្រទទួលផ្លែស្វាយ ហើយទ្រង់សម្ដែងអាការដើម្បីប្រថាប់គង់ក្នុងទីនោះឯង។ ព្រះថេរៈបានក្រាលចីវរថ្វាយហើយ។ លំដាប់នោះ កាលព្រះសាស្ដាប្រថាប់គង់លើចីវរនោះ ព្រះថេរៈត្រងទឹកស្អាត ហើយច្របាច់ផ្លែស្វាយនោះ ធ្វើជាទឹកបានថ្វាយ។ ព្រះសាស្ដាសោយទឹកបានផ្លែស្វាយហើយ ត្រាស់នឹងនាយកណ្ឌៈថា ចូរកកាយដីផង់ឡើង ហើយដាំគ្រាប់ស្វាយនេះ ក្នុងទីនេះឯង។ បុរសនោះ បានធ្វើយ៉ាងនោះហើយ។
ព្រះសាស្ដាទ្រង់លាងព្រះហស្តលើទីនោះ គ្រាន់តែទ្រង់លាងព្រះហស្តហើយប៉ុណ្ណោះ ដើមស្វាយប៉ុនចុងនង្គ័ល ប្រមាណ ៥០ ហត្ថ ដោយកម្ពស់ ដុះឡើងហើយ។ មែកធំ មាន ៥ ចេញទៅគ្រប់ទិសទាំង ៤ និងមែកមួយត្រង់ឡើងទៅលើ មែកនីមួយ ៗ មានប្រមាណ ៥០ ហត្ថ។ ដើមស្វាយនោះ ដេរដាសដោយផ្កានិងផ្លែ ទ្រទ្រង់ទុកនូវចង្កោមនៃផ្លែស្វាយទុំក្នុងទីមួយកន្លែង ក្នុងខណៈនោះឯង។ ពួកភិក្ខុមកខាងក្រោយ ទំពាឆាន់នូវផ្លែស្វាយទុំនោះឯង ។ ព្រះរាជាទ្រង់បានឮថា ស្វាយបែបនេះ កើតឡើងហើយ ទើបទ្រង់ចាត់ចែងរក្សាទុក ដោយព្រះតម្រាស់ថា បុគ្គលណាមួយ កុំកាប់ដើមស្វាយនេះ។ ដើមស្វាយនោះ ប្រាកដឈ្មោះថា កណ្ឌម្ពព្រឹក្ស ព្រោះនាយកណ្ឌៈជាអ្នកដាំ។ សូម្បីពួកអ្នកលេងទំពាស៊ីផ្លែស្វាយទុំហើយ ពោលថា នែពួកតិរ្ថិយថោកទាប ពួកឯងដឹងថា ព្រះសមណគោតមទ្រង់នឹងធ្វើបាដិហារ្យត្រង់គល់កណ្ឌម្ពព្រឹក្ស ក៏ឲ្យដកដើមស្វាយតូចៗ សូម្បីកើតក្នុងថ្ងៃនោះ ក្នុងទីមួយយោជន៍ ដើមស្វាយនេះ ឈ្មោះថា កណ្ឌម្ពៈ ហើយយកគ្រាប់ស្វាយដែលជាសំណល់ប្រហារពួកតិរ្ថិយទាំងនោះ។
សក្កទេវរាជទ្រង់ត្រាស់បង្គាប់វាតវលាហកទេវបុត្តថា ចូរបក់បំប៉ើងមណ្ឌបរបស់ពួកតិរ្ថិយ ឲ្យរលំចុះលើផែនដីដែលកខ្វក់។ ទេវបុត្តនោះ បានធ្វើយ៉ាងនោះហើយ។ សក្កទេវរាជត្រាស់បង្គាប់សុរិយទេវបុត្តថា ចូរពង្រីកមណ្ឌលព្រះអាទិត្យ ញ៉ាំងពួកតិរ្ថិយឲ្យក្ដៅ សុរិយទេវបុត្តនោះ ក៏បានធ្វើយ៉ាងនោះ។ សក្កទេវរាជត្រាស់បង្គាប់វាតវលាហកទេវបុត្តទៀតថា ចូរញ៉ាំងមណ្ឌលខ្យល់កំបុតត្បូងឲ្យតាំងឡើង ហើយបក់ទៅ ទេវបុត្តនោះ ក៏ធ្វើយ៉ាងនោះ ហើយកួចនូវធូលីរោយលើសរីរៈរបស់ពួកតិរ្ថិយ ដែលកំពុងបែកញើស។ ពួកតិរ្ថិយទាំងនោះ មានខ្លួនដូចកណ្ដៀរក្រហម ។ សក្កទេវរាជត្រាស់បង្គាប់វស្សវលាហកទេវបុត្តថា ចូរឲ្យតំណក់ទឹកធំៗ ធ្លាក់ចុះ។ ទេវបុត្តនោះ បានធ្វើយ៉ាងនោះហើយ។ លំដាប់នោះ កាយរបស់ពួកតិរ្ថិយទាំងនោះ ដូចគ្នានឹងមេគោពពាល។ ពួកតិរ្ថិយខ្មាសអៀន បែកគ្នា គេចទៅ (តាមផ្លូវដែលមាន) ក្នុងទីចំពោះមុខនោះឯង។ កាលពួកជនទាំងនោះ រត់ទៅយ៉ាងនោះ អ្នកស្រែម្នាក់ជាឧបដ្ឋាករបស់បូរណកស្សបៈ គិតថា ឥឡូវនេះ ជាពេលធ្វើបាដិហារ្យនៃលោកម្ចាស់របស់យើង យើងនឹងទៅមើលបាដិហារ្យនោះ ហើយលែងគោ កាន់ឆ្នាំងបបរនិងខ្សែ ដែលខ្លួននាំមកអំពីព្រលឹម ដើរមក ឃើញបូរណកស្សបៈរត់ទៅយ៉ាងនោះ ពោលថា លោកម្ចាស់ ថ្ងៃនេះ ខ្ញុំមកដោយបំណងថា នឹងមើលបាដិហារ្យរបស់លោកម្ចាស់ លោកម្ចាស់ទៅណា។ បូរណកស្សបៈពោលថា អ្នកត្រូវការអ្វីដោយបាដិហារ្យ ចូរឲ្យឆ្នាំងនិងខ្សែនេះ ដល់យើង។ កាន់យកឆ្នាំងនិងខ្សែដែលឧបដ្ឋាកនោះឲ្យហើយ ទៅកាន់ច្រាំងស្ទឹង យកខ្សែចងឆ្នាំងហើយរុំត្រង់ករបស់ខ្លួន មិនពោលពាក្យណាមួយ ព្រោះអៀនខ្មាស លោតចូលទៅក្នុងអន្លង់ទឹក ញ៉ាំងពពុះទឹកឲ្យតាំងឡើង ធ្វើកាលកិរិយា កើតក្នុងអវិចីនរកហើយ។
សក្កទេវរាជទ្រង់និម្មិតរតនចង្ក្រមក្នុងអាកាស ទីបំផុតមួយនៃរតនចង្ក្រមនោះ ទល់គ្នានឹងកណ្ដាប់ចក្កវាឡទិសខាងកើត ទីបំផុតមួយទៀត ទល់គ្នានឹងកណ្ដាប់ចក្កវាឡទិសខាងលិច។ ព្រះសាស្ដា កាលបរិស័ទប្រមាណ ៣៦ យោជន៍ ប្រជុំគ្នាហើយ ក្នុងពេលរសៀល ទ្រង់ចេញអំពីព្រះគន្ធកុដិ ដោយទ្រង់ព្រះតម្រិះថា ឥឡូវនេះ ជាពេលដែលធ្វើបាដិហារ្យ ហើយបានប្រថាប់ឈរត្រង់យ៉មុខ។ គ្រានោះ ឧបាសិកាជាអនាគាមិបុគ្គលម្នាក់ (គឺនន្ទមាតា) ឈ្មោះឃរណី ចូលទៅគាល់ព្រះសាស្ដាហើយក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលធីតាដូចខ្ញុំម្ចាស់ មាន កិច្ចដែលទ្រង់លំបាក រមែងមិនមាន ខ្ញុំម្ចាស់នឹងធ្វើបាដិហារ្យ។
ព្រះសាស្ដាត្រាស់សួរថា ម្នាលឃរណី នាងនឹងធ្វើដូចម្ដេច។
នាងឃរណីក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំម្ចាស់នឹងធ្វើផែនដីធំក្នុងផ្ទៃនៃចក្កវាឡមួយ ឲ្យទៅជាទឹក ហើយមុជចុះដូចជាបក្សីទឹក [បក្សីទឹកមានច្រើន មានហង្ស ក្ងាន កុកជាដើម ណាមួយ។] បង្ហាញខ្លួនត្រង់កណ្ដាប់ចក្កវាឡទិសខាងកើត មុជពីកណ្ដាប់ចក្កវាឡទិសខាងកើត ផុសត្រង់ទិសខាងលិច ទិសខាងជើង ទិសខាងត្បូង ត្រង់កណ្ដាលក៏ដូចគ្នា កាលបើដូច្នោះ មហាជនឃើញខ្ញុំម្ចាស់ហើយ កាលបុគ្គលណាមួយពោលឡើងថា នុ៎ះជាអ្នកណា ក៏ប្រាប់ថា នុ៎ះជានាងឃរណី អានុភាពរបស់ស្រីម្នាក់គង់អស្ចារ្យដល់ម្ល៉េះ ចំណែកអានុភាពរបស់ព្រះពុទ្ធ នឹងដូចម្ដេចហ្ន៎ ពួកតិរ្ថិយមិនទាន់ឃើញព្រះអង្គ ក៏នឹងគេចទៅដោយអាការយ៉ាងនេះ។
លំដាប់នោះ ព្រះសាស្ដាទ្រង់ត្រាស់ថា ម្នាលឃរណី តថាគតដឹងថា នាងអាចធ្វើបាដិហារ្យបែបនេះបាន តែកម្រងផ្កានេះ គេមិនបានចងទុកដើម្បីប្រយោជន៍ដល់នាងទេ ហើយទ្រង់ហាម។ នាងឃរណីនោះគិតថា ព្រះសាស្ដាទ្រង់មិនអនុញ្ញាតដល់អញ បុគ្គលដទៃអាចធ្វើបាដិហារ្យក្រៃលែងជាងអញ នឹងមានពិត ហើយឈរក្នុងចំណែកម្ខាង។
ចំណែកព្រះសាស្ដាទ្រង់ព្រះតម្រិះថា គុណរបស់សាវ័កទាំងនោះ នឹងប្រាកដដោយអាការយ៉ាងនេះឯង ទ្រង់សម្គាល់ថា ពួកសាវ័កនឹងបន្លឺសីហនាទក្នុងកណ្ដាលបរិស័ទមានប្រមាណ ៣៦ យោជន៍ ដោយអាការយ៉ាងនេះ ទើបត្រាស់សួរសាវ័កដទៃថា ពួកអ្នកនឹងធ្វើបាដិហារ្យដូចម្ដេច សាវ័កទាំងនោះ ក្រាបបង្គំទូលថា ពួកខ្ញុំព្រះអង្គនឹងធ្វើយ៉ាងនេះៗ ហើយឈរក្នុងទីចំពោះព្រះភក្ត្រព្រះសាស្ដានោះឯង បន្លឺសីហនាទ។
បណ្ដាសាវ័កទាំងនោះ បានឮថា ចូឡអនាថបិណ្ឌិកសេដ្ឋី គិតថា បើអនាគាមិឧបាសកដែលជាបុត្តដូចអាត្មាអញ មាន កិច្ចដែលព្រះសាស្ដាត្រូវលំបាក រមែងមិនមាន ទើបក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងធ្វើបាដិហារ្យ។ ព្រះសាស្ដាត្រាស់សួរថា អ្នកនឹងធ្វើដូចម្ដេច។ ចូឡអនាថបណ្ឌិកសេដ្ឋីក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងនិម្មិតអត្តភាពជាព្រហ្មមានប្រមាណ ១២ យោជន៍ និងបន្លឺសំឡេងព្រហ្មទះដៃ ដូចគ្នានឹងផ្គរគ្រហឹម ក្នុងកណ្ដាលបរិស័ទនេះ មហាជននឹងសួរថា នេះជាសំឡេងអ្វីហ្ន៎ ហើយនឹងពោលថា បានឮថា នេះជាសំឡេងព្រហ្មទះដៃរបស់ចូឡអនាថបិណ្ឌិក ពួកតិរ្ថិយនឹងគិតថា អានុភាពរបស់គហបតីគង់ដល់ម្ល៉េះ ចុះអានុភាពរបស់ព្រះពុទ្ធ យ៉ាងណាហ្ន៎ ទាំងមិនទាន់បានឃើញព្រះអង្គ ក៏នឹងគេចទៅ។ ព្រះសាស្ដាត្រាស់ដូចមុនដល់ចូឡអនាថបិណ្ឌិកនោះថា តថាគតដឹងអានុភាពរបស់អ្នកហើយ ហើយទ្រង់មិនអនុញ្ញាតការធ្វើបាដិហារ្យ។
លំដាប់នោះ សាមណេរីមួយរូបឈ្មោះចីរា អាយុ ៧ ឆ្នាំ សម្រេច បដិសម្ភិទា ថ្វាយបង្គំព្រះសាស្ដាហើយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំម្ចាស់នឹងធ្វើបាដិហារ្យ ត្រូវព្រះសាស្ដាត្រាស់សួរថា ម្នាលចីរា នាងនឹងធ្វើដូចម្ដេច ទើបក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំម្ចាស់នឹងនាំភ្នំសិនេរុ ភ្នំកណ្ដាប់ចក្កវាឡ និងភ្នំហិមពាន្ត តម្រៀបគ្នាទុកក្នុងទីនេះ ហើយចេញអំពីភ្នំនោះ ៗ ទៅ មិនឲ្យទើសទាក់ ដូចហង្សញី មហាជនឃើញខ្ញុំម្ចាស់ នឹងសួរថា នុ៎ះជានរណា ហើយនឹងពោលថា សាមណេរីចីរា។ ពួកតិរ្ថិយនឹងគិតថា អានុភាពរបស់សាមណេរីអាយុ ៧ឆ្នាំ គង់ដល់ម្ល៉េះ ចំណែកអានុភាពរបស់ព្រះពុទ្ធ យ៉ាងណាហ្ន៎ ទាំងមិនទាន់បានឃើញព្រះអង្គ ក៏នឹងគេចទៅ។ តអំពីនេះទៅ គប្បីជ្រាបពាក្យបែបនេះ ដោយទំនងដូចពោលហើយនុ៎ះឯង។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា តថាគតដឹងអានុភាពរបស់នាងហើយ ដូច្នេះហើយ ទ្រង់មិនអនុញ្ញាតការធ្វើបាដិហារ្យ។
លំដាប់នោះ សាមណេរឈ្មោះចុន្ទៈ ជាព្រះខីណាស្រព សម្រេចបដិសម្ភិទាមួយរូប អាយុ ៧ ឆ្នាំអំពីកំណើត ចូលទៅគាល់ព្រះសាស្ដាថ្វាយបង្គំហើយក្រាបទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គនឹងធ្វើបាដិហារ្យ។ ព្រះសាស្ដាត្រាស់សួរថា អ្នកនឹងធ្វើដូចម្ដេច។ សាមណេរឈ្មោះចុន្ទៈនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងចាប់ដើមព្រីងធំ ដែលជាទង់នៃជម្ពូទ្វីប ត្រង់ដើម អង្រួនហើយនាំផ្លែព្រីងធំមក ឲ្យបរិស័ទទាំងនេះ ទំពាស៊ី ខ្ញុំព្រះអង្គនឹងនាំផ្កាបារិច្ឆត្តកព្រឹក្សមក ហើយថ្វាយបង្គំព្រះអង្គ ។ ព្រះសាស្ដាត្រាស់ថា តថាគតដឹងអានុភាពរបស់អ្នកហើយ ដូច្នេះហើយ ទ្រង់ហាមបាដិហារ្យរបស់សាមណេរនោះ។
លំដាប់នោះ ព្រះនាងឧប្បលវណ្ណាថេរី ក្រាបថ្វាយបង្គំព្រះសាស្ដាហើយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំម្ចាស់នឹងធ្វើបាដិហារ្យ កាលព្រះសាស្ដាត្រាស់សួរថា នាងនឹងធ្វើដូចម្ដេច ទើបក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំម្ចាស់នឹងបង្ហាញបរិស័ទប្រមាណ ១២ យោជន៍ដោយជុំវិញ ជាស្ដេចចក្កពត្តិដែលមានបរិស័ទប្រមាណ ៣៦ យោជន៍ ចោមរោមហើយមកថ្វាយបង្គំព្រះអង្គ។ ព្រះសាស្ដាត្រាស់ថា តថាគតដឹងអានុភាពរបស់នាងហើយ ដូច្នេះហើយ ទ្រង់ហាមបាដិហារ្យរបស់ព្រះថេរីនោះ។
លំដាប់នោះ ព្រះមហាមោគ្គល្លានត្ថេរក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងធ្វើបាដិហារ្យ។ កាលព្រះសាស្ដាត្រាស់សួរថា អ្នកនឹងធ្វើដូចម្ដេច ទើបក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងដាក់ស្ដេចភ្នំសិនេរុត្រង់ចន្លោះធ្មេញ ហើយទំពាភ្នំនោះ ដូចទំពាគ្រាប់ស្ពៃ។ ព្រះសាស្ដាត្រាស់សួរថា អ្នកនឹងធ្វើអ្វីទៀត។ ព្រះមហាមោគ្គល្លានត្ថេរក្រាបបង្គំទូលថា ខ្ញុំព្រះអង្គនឹងមូរផែនដីធំនេះ ដូចមូរកន្ទេលផែង ហើយញាត់ក្នុងចន្លោះម្រាមដៃ។ ព្រះសាស្ដាត្រាស់សួរថា អ្នកនឹងធ្វើអ្វីទៀត។ ព្រះមហាមោគ្គល្លានត្ថេរក្រាបបង្គំទូលថា ខ្ញុំព្រះអង្គនឹងបង្វិលផែនដីធំ ឲ្យដូចជាក្ដារយន្តបង្វិលភាជនៈរបស់ស្មូនឆ្នាំង ហើយឲ្យមហាជនទំពាស៊ីឱជៈនៃផែនដី។ ព្រះសាស្ដាត្រាស់សួរថា អ្នកនឹងធ្វើអ្វីទៀត។ ព្រះមហាមោគ្គល្លានត្ថេរក្រាបបង្គំទូលថា ខ្ញុំព្រះអង្គនឹងដាក់ផែនដីទុកក្នុងដៃខាងឆ្វេង ហើយដាក់សត្វទាំងនេះ ទុកក្នុងដៃខាងស្ដាំ។ ព្រះសាស្ដាត្រាស់សួរថា អ្នកនឹងធ្វើអ្វីទៀត។ ព្រះមហាមោគ្គល្លានត្ថេរក្រាបបង្គំទូលថា ខ្ញុំព្រះអង្គនឹងធ្វើភ្នំសិនេរុឲ្យដូចជាដងឆត្រ យកផែនដីធំដាក់លើភ្នំសិនេរុនោះ យកដៃម្ខាងកាន់ ដូចភិក្ខុមានដងឆត្រក្នុងដៃ ចង្ក្រមក្នុងអាកាស។ ព្រះសាស្ដាត្រាស់ថា តថាគតដឹងអានុភាពរបស់អ្នកហើយ ដូច្នេះហើយ ទ្រង់មិនអនុញ្ញាតការធ្វើបាដិហារ្យដល់ព្រះថេរៈនោះ។ ព្រះថេរៈគិតថា ប្រហែលព្រះសាស្ដាទ្រង់ជ្រាប អ្នកអាចធ្វើបាដិហារ្យក្រៃលែងជាងអាត្មាអញ ទើបឈរក្នុងចំណែកម្ខាង។
លំដាប់នោះ ព្រះសាស្ដាត្រាស់នឹងព្រះថេរៈថា ម្នាលមោគ្គល្លាន កម្រងផ្កានេះ មិនមែនចងទុកដើម្បីប្រយោជន៍ដល់អ្នកទេ ព្រោះថា តថាគតជាអ្នកមានធុរៈមិនមានប្រមាណ បុគ្គលដទៃដែលឈ្មោះថា អាច នាំធុរៈរបស់តថាគតទៅបាន មិនមាន ការដែលបុគ្គលអាចនាំធុរៈរបស់តថាគតទៅបាន មិនគប្បីមាន ក្នុងកាលឥឡូវនេះ មិនជាអស្ចារ្យទេ សូម្បីក្នុងកាលដែលតថាគតកើតក្នុងកំណើតសត្វតិរច្ឆាន ដែលជាអហេតុកកំណើត បុគ្គលដទៃដែលអាចនាំធុរៈរបស់តថាគតទៅបាន ក៏មិនមានដូចគ្នា។ កាលព្រះថេរៈក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន តើក្នុងកាលណា ទើបទ្រង់នាំអតីតនិទានមក ត្រាស់កណ្ហឧសភជាតក (កណ្ហជាតក) នេះថា
យតោ យតោ គរុ ធុរំ យតោ គម្ភីរវត្តនិ
តទាស្សុ កណ្ហំ យុញ្ជន្តិ ស្វាស្សុ តំ វហតេ ធុរំ។
ធុរៈធ្ងន់ ក្នុងទីណាៗ ផ្លូវដ៏ជ្រៅក្នុងទីណា កាលនោះឯង ពួកជននាំគ្នាទឹមគោ ឈ្មោះកណ្ហៈ គោឈ្មោះកណ្ហៈនោះ ក៏អូសនូវធុរៈដ៏ធ្ងន់នោះ ទៅបាន [បិ.៥៨ ទំ.១៣ ឃ.២៩។]។
កាលទ្រង់សម្ដែងរឿងនោះឲ្យពិស្ដារ ទើបត្រាស់នន្ទិវិសាលជាតកថា
មនុញ្ញមេវ ភាសេយ្យ នាមនុញ្ញំ កុទាចនំ
មនុញ្ញំ ភាសមានស្ស គរុភារំ ឧទទ្ធរិ
ធនញ្ច នំ អលាភេសិ តេន ចត្តមនោ អហុ។
បុគ្គលគប្បីនិយាយពាក្យជាទីគាប់ចិត្តតែម្យ៉ាង មិនគប្បីនិយាយពាក្យមិនជាទីគាប់ចិត្ត ក្នុងកាលណាឡើយ កាលព្រាហ្មណ៍និយាយពាក្យជាទីគាប់ចិត្ត (គោនន្ទិវិសាល) បានទាញភារៈដ៏ធ្ងន់រួច ញុំាងព្រាហ្មណ៍នោះ ឲ្យបានទ្រព្យផង ជាសត្វមានចិត្តរីករាយ ដោយការញុំាងព្រាហ្មណ៍នោះ ឲ្យបានទ្រព្យនោះផង [បិ.៥៨ ទំ.១៣ ឃ.២៨។]។
ក្នុងកាលនោះ ព្រះសាស្ដា កាលត្រាស់ហើយ ទ្រង់យាងឡើងកាន់រតនចង្ក្រម ខាងមុខមានបរិស័ទប្រមាណ ១២យោជន៍ ខាងក្រោយ ខាងឆ្វេង និងខាងស្ដាំ ក៏ ១២យោជន៍ៗ ដូចគ្នា។ ចំណែកដោយត្រង់ (ពីម្ខាងទៅម្ខាង) មានប្រមាណ ២៤យោជន៍។ ព្រះមានព្រះភាគ ទ្រង់បានធ្វើយមកប្បាដិហារ្យ ក្នុងកណ្ដាលបរិស័ទ យកមប្បាដិហារ្យនេះ បណ្ឌិតគប្បីជ្រាបតាមបាលី (ព្រះត្រៃបិដក) យ៉ាងនេះថា យមកប្បាដិហិរញ្ញាណរបស់ព្រះតថាគត តើដូចម្ដេច។
ព្រះតថាគតទ្រង់ធ្វើយមកប្បាដិហារ្យ ដែលមិនទួទៅដល់ពួកសាវ័កក្នុងលោកនេះ។ គឺគំនរភ្លើងចេញអំពីព្រះកាយខាងលើ ធ្នារទឹកចេញអំពីព្រះកាយខាងក្រោម។ គំនរភ្លើងចេញអំពីព្រះកាយខាងក្រោម ធ្នារទឹកចេញអំពីព្រះកាយខាងលើ។ គំនរភ្លើងចេញអំពីព្រះកាយខាងមុខ ធ្នារទឹកចេញអំពីព្រះកាយខាងក្រោយ។ គំនរភ្លើងចេញអំពីព្រះកាយខាងក្រោយ ធ្នារទឹកចេញអំពីព្រះកាយខាងមុខ។ គំនរភ្លើងចេញអំពីព្រះនេត្រខាងស្ដាំ ធ្នារទឹកចេញអំពីព្រះនេត្រខាងឆ្វេង។ គំនរភ្លើងចេញអំពីព្រះនេត្រខាងឆ្វេង ធ្នារទឹកចេញអំពីព្រះនេត្រខាងស្ដាំ។ គំនរភ្លើងចេញអំពីរន្ធព្រះកាណ៌ខាងស្ដាំ ធ្នារទឹកចេញអំពីរន្ធព្រះកាណ៌ខាងឆ្វេង។ គំនរភ្លើងចេញអំពីរន្ធព្រះកាណ៌ខាងឆ្វេង ធ្នារទឹកចេញអំពីរន្ធព្រះកាណ៌ខាងស្ដាំ។ គំនរភ្លើងចេញអំពីរន្ធព្រះនាសិកាខាងស្ដាំ ធ្នារទឹកចេញអំពីរន្ធព្រះនាសិកាខាងឆ្វេង។ គំនរភ្លើងចេញអំពីរន្ធព្រះនាសិកាខាងឆ្វេង ធ្នារទឹកចេញអំពីរន្ធព្រះនាសិកាខាងស្ដាំ។ គំនរភ្លើងចេញអំពីចង្កួយព្រះអង្សាខាងស្ដាំ ធ្នារទឹកចេញអំពីចង្កួយព្រះអង្សាខាងឆ្វេង។ គំនរភ្លើងចេញអំពីចង្កួយព្រះអង្សាខាងឆ្វេង ធ្នារទឹកចេញអំពីចង្កួយព្រះអង្សាខាងស្ដាំ។ គំនរភ្លើងចេញអំពីព្រះហស្តខាងស្ដាំ ធ្នារទឹកចេញអំពីព្រះហស្តខាងឆ្វេង។ គំនរភ្លើងចេញអំពីព្រះហស្តខាងឆ្វេង ធ្នារទឹកចេញអំពីព្រះហស្តខាងស្ដាំ។ គំនរភ្លើងចេញអំពីខាងខាងស្ដាំ ធ្នារទឹកចេញអំពីខាងខាងឆ្វេង។ គំនរភ្លើងចេញអំពីខាងខាងឆ្វេង ធ្នារទឹកចេញអំពីខាងខាងស្ដាំ។ គំនរភ្លើងចេញអំពីព្រះបាទខាងស្ដាំ ធ្នារទឹកចេញអំពីព្រះបាទខាងឆ្វេង។ គំនរភ្លើងចេញអំពីព្រះបាទខាងឆ្វេង ធ្នារទឹកចេញអំពីព្រះបាទខាងស្ដាំ។ គំនរភ្លើងចេញអំពីព្រះអង្គុលីមួយៗ ធ្នារទឹកចេញអំពីចន្លោះនៃព្រះអង្គុលី។ គំនរភ្លើងចេញអំពីចន្លោះនៃព្រះអង្គុលី ធ្នារទឹកចេញអំពីព្រះអង្គុលីមួយៗ។ គំនរភ្លើងចេញអំពីព្រះលោមាមួយៗ ធ្នារទឹកចេញអំពីព្រះលោមាមួយៗ។ គំនរភ្លើងចេញអំពីរណ្ដៅព្រះលោមាមួយៗ ធ្នារទឹកចេញអំពីរណ្ដៅព្រះលោមាមួយៗ។ (ព្រះមានព្រះភាគទ្រង់បញ្ចេញ) នូវព្រះឆព្វណ្ណរង្សី ខៀវ លឿង ក្រហម ស ហង្សបាទ ផ្លេកៗ។ ព្រះមានព្រះភាគទ្រង់ចង្ក្រម ព្រះពុទ្ធនិម្មិតទ្រង់ឈរ ឬទ្រង់គង់ ឬទ្រង់ផ្ទំ។ ព្រះមានព្រះភាគទ្រង់ឈរ ព្រះពុទ្ធនិម្មិតទ្រង់ចង្ក្រម ឬទ្រង់គង់ ឬទ្រង់ផ្ទំ។ ព្រះមានព្រះភាគទ្រង់គង់ ព្រះពុទ្ធនិម្មិតទ្រង់ចង្ក្រម ឬទ្រង់ឈរ ឬទ្រង់ផ្ទំ។ ព្រះមានព្រះភាគទ្រង់ផ្ទំ ព្រះពុទ្ធនិម្មិតទ្រង់ចង្ក្រម ឬទ្រង់ឈរ ឬទ្រង់គង់។ ព្រះមានព្រះភាគទ្រង់ចង្ក្រម ឬទ្រង់គង់ ឬទ្រង់ផ្ទំ ព្រះពុទ្ធនិម្មិតទ្រង់ឈរ។ ព្រះមានព្រះភាគទ្រង់ចង្ក្រម ឬទ្រង់ឈរ ឬទ្រង់ផ្ទំ ព្រះពុទ្ធនិម្មិតទ្រង់គង់។ ព្រះមានព្រះភាគទ្រង់ឈរ ឬទ្រង់គង់ ឬទ្រង់ចង្ក្រម ព្រះពុទ្ធនិម្មិតទ្រង់ផ្ទំ។ នេះឈ្មោះថា យមកប្បាដិហិរញ្ញាណរបស់ព្រះតថាគត [បិ.៦៩ ទំ.២៨០ ឃ.២៨៤។]។
ព្រះសារីបុត្តត្ថេរពោលថា ព្រះសាស្ដាទ្រង់ចង្ក្រមលើទីចង្ក្រមនោះ បានធ្វើយមកប្បាដិហារ្យនេះហើយ គឺចេញអំពីព្រះកាយខាងលើ ចេញអំពីព្រះកាយខាងក្រោម ដើម្បីសម្ដែងសេចក្ដីនោះថា ធ្នារភ្លើងរមែងផ្សាយចេញអំពីព្រះកាយខាងលើ ដោយអំណាចតេជោកសិណសមាបត្តិរបស់ព្រះអង្គ ធ្នារទឹកហូរចេញអំពីព្រះកាយខាងក្រោម ដោយអំណាចអាបោកសិណសមាបត្តិ។ ធ្នារភ្លើងផ្សាយចេញអំពីទីដែលធ្នារទឹកហូរចេញ ធ្នារទឹកក៏ហូរចេញអំពីទីដែលធ្នារភ្លើងផ្សាយចេញ។ ក្នុងបទទាំងពួង អ្នកសិក្សាគប្បីជ្រាបការផ្លាស់ប្តូរឆ្លាស់គ្នាបែបនេះ។ ក្នុងយមកប្បាដិហារ្យនេះ ធ្នារភ្លើងមិនលាយជាមួយធ្នារទឹក ម្យ៉ាងទៀត ធ្នារទឹកក៏មិនបានលាយជាមួយធ្នារភ្លើង។ បានឮថា ធ្នារភ្លើងនិងធ្នារទឹកទាំងពីរនេះ ផ្សាយឡើងដល់ព្រហ្មលោក ហើយក៏ផ្សាយទៅកាន់កណ្ដាប់ចក្កវាឡ។ ឯព្រះសារីបុត្តត្ថេរពោលទុកថា ឆព្វណ្ណរង្សី ព្រះរស្មីមានពណ៌ ៦ ប្រការរបស់ព្រះសាស្ដានោះ ផ្សាយឡើងអំពីល្វែងនៃចក្កវាឡមួយ ដូចមាសដែលគេរម្លាយហូរចេញអំពីស្នប់ និងដូចធ្នារទឹកមាសដែលហូរចេញអំពីនាឡិកយន្តរហូតដល់ព្រហ្មលោក ហើយវិលត្រឡប់មកកាន់កណ្ដាប់ ចក្កវាឡវិញ។ ល្វែងនៃចក្កវាឡមួយ មានពន្លឺតែមួយ ដូចជាផ្ទះពោធិព្រឹក្សដែលមានបង្កង់។
ក្នុងថ្ងៃនោះ ព្រះសាស្ដាទ្រង់យាងចង្ក្រមធ្វើបាដិហារ្យ សម្ដែងធម្មកថាដល់មហាជន ក្នុងចន្លោះៗ កាលទ្រង់សម្ដែង ទ្រង់មិនធ្វើឲ្យមហាជនធ្ងន់ចិត្ត ប្រទានឲ្យស្រាលចិត្ត។ ក្នុងខណៈនោះ មហាជនញ៉ាំងសាធុការឲ្យប្រព្រឹត្តទៅហើយ ក្នុងកាលដែលសាធុការរបស់មហាជននោះ ប្រព្រឹត្តទៅ ព្រះសាស្ដាទ្រង់ប្រមើលមើលចិត្តរបស់បរិស័ទដ៏ច្រើន មានប្រមាណប៉ុណ្ណោះ ទ្រង់ជ្រាបវារៈចិត្តរបស់បរិស័ទនីមួយៗ ដោយអំណាចអាការ ១៦ យ៉ាង។ ចិត្តរបស់ព្រះពុទ្ធទាំងឡាយ ប្រព្រឹត្តទៅរហ័សយ៉ាងនេះ បុគ្គលណាៗ ជ្រះថ្លាក្នុងធម៌ណានិងក្នុងបាដិហារ្យណា ព្រះសាស្ដាទ្រង់សម្ដែងធម៌នោះ និងធ្វើបាដិហារ្យនោះ ដោយអំណាចអធ្យាស្រ័យនៃបុគ្គលនោះៗ។ កាលទ្រង់សម្ដែងធម៌ ទ្រង់ធ្វើបាដិហារ្យដោយអាការយ៉ាងនេះ ធម្មាភិសម័យមានដល់មហាជនហើយ។
ព្រះសាស្ដាទ្រង់កំណត់ព្រះហឫទ័យរបស់ទ្រង់ មិនឃើញបុគ្គលដទៃ ដែលអាចសួរបញ្ហាក្នុងសមាគមនោះ ទើបទ្រង់និម្មិតនូវពុទ្ធនិម្មិត (គឺហាក់ដូចមានព្រះពុទ្ធពីរព្រះអង្គសួរ ឆ្លើយបញ្ហា)។ ពុទ្ធនិម្មិតនោះ សួរបញ្ហា ព្រះសាស្ដាទ្រង់ឆ្លើយ។ ព្រះសាស្ដាត្រាស់សួរបញ្ហា ពុទ្ធនិម្មិតឆ្លើយ។ ក្នុងកាលដែលព្រះមានព្រះភាគទ្រង់ចង្ក្រម ពុទ្ធនិម្មិតសម្រេចឥរិយាបថ មានការឈរជាដើម ណាមួយ។ ក្នុងកាលដែលពុទ្ធនិម្មិតចង្ក្រម ព្រះមានព្រះភាគទ្រង់សម្រេចឥរិយាបថ មានការប្រថាប់ឈរជាដើមណាមួយ។ ដើម្បីសម្ដែងសេចក្ដីនោះ ទើបព្រះធម្មសង្គាហកាចារ្យពោលពាក្យថា ពុទ្ធនិម្មិតរមែងចង្ក្រមខ្លះជាដើម។ ធម្មាភិសម័យ មានដល់សត្វ ២០ កោដិ ក្នុងសមាគមនោះ ព្រោះឃើញបាដិហារ្យរបស់ព្រះសាស្ដាដែលទ្រង់ធ្វើយ៉ាងនោះ និងព្រោះបានស្ដាប់ធម្មកថា។
ព្រះសាស្ដាកំពុងធ្វើបាដិហារ្យនោះឯង ទ្រង់ពិចារណាថា ព្រះពុទ្ធក្នុងអតីតទាំងឡាយ ធ្វើបាដិហារ្យនេះហើយ ចាំវស្សាក្នុងទីណាហ្ន៎ ទ្រង់បានឃើញថា ចាំវស្សាក្នុងតាវត្តិង្សពិភព ហើយសម្ដែងអភិធម្មបិដកដល់ព្រះពុទ្ធមាតា ដូច្នេះហើយ ទ្រង់លើកព្រះបាទស្ដាំជាន់លើកំពូលភ្នំយុគន្ធរ ទ្រង់លើកព្រះបាទម្ខាងទៀត ជាន់លើកំពូលភ្នំសិនេរុ វារៈគឺចន្លោះជំហាន ២ ទៅជំហាន ៣ មានហើយ ក្នុងទីប្រមាណ ៦ លាន ៨ សែន (៦៨ សែន) យោជន៍ [ក្នុងមធុរត្ថវិលាសិនី អដ្ឋកថា ពុទ្ធវង្ស ពោលថា ក្នុងកាលព្រះមានព្រះភាគ ព្រះនាមមង្គល ព្រះពោធិសត្វនៃយើង កើតជាព្រាហ្មណ៍ ឈ្មោះសុរុចិ បាននិមន្តព្រះសាស្ដា និងភិក្ខុសង្ឃ ប្រមាណ ១ សែនកោដិ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ហើយអង្គុយគិតថា អញអាចថ្វាយចង្ហាន់ដល់ព្រះមានព្រះភាគ និងភិក្ខុសង្ឃ ប្រមាណប៉ុណ្ណេះបាន តែទីសេនាសនៈ (រោងទាន) នឹងធ្វើដូចម្ដេច។ ដំណាលគ្នានឹងការគិត បណ្ឌុកម្ពលសិលារបស់សក្កទេវរាជដែលនៅចម្ងាយ ៨៤,០០០ យោជន៍ ក៏ក្ដៅឡើង … បានន័យថា ពីជម្ពូទ្វីបទៅឋានតាវត្តិង្ស មានចម្ងាយតែ ៨៤,០០០ យោជន៍ ឯក្នុងទីនេះ មានចម្ងាយដល់ទៅ ៦៨សែនយោជន៍ បណ្ឌិតគប្បីកាន់យកតាមការគួរ។] យ៉ាងនេះ។ បុគ្គលមិនគប្បីកំណត់ថា ចន្លោះជំហានព្រះបាទទាំងពីរ ព្រះសាស្ដាទ្រង់លាតព្រះបាទទៅជាន់នោះទេ ព្រោះក្នុងកាលដែលទ្រង់លើកព្រះបាទនុ៎ះឯង កំពូលភ្នំនោះ ឱនមកជិតព្រះបាទ ទទួលហើយ ក្នុងកាលដែលព្រះសាស្ដាទ្រង់ជាន់ហើយ កំពូលភ្នំនោះ ក៏ប្រតិស្ឋានកន្លែងដើមវិញ (ទ្រង់យាងទៅដោយជំហានធម្មតាប៉ុណ្ណោះ កំពូលភ្នំមកទទួលដោយអានុភាពនៃបុណ្យរបស់ព្រះអង្គ)។ សក្កទេវរាជទតឃើញព្រះសាសា្ដហើយ ទ្រង់ព្រះតម្រិះថា ព្រះសាស្ដាទ្រង់នឹងចាំវស្សាត្រង់បណ្ឌុកម្ពលសិលា ឧបការៈនឹងមានដល់ពួកទេវតាច្រើនហ្ន៎ តែកាលព្រះសាស្ដាចាំវស្សាក្នុងទីនោះ ទេវតាដទៃៗ មិនអាចដាក់ សូម្បីដៃឲ្យឋិតនៅបាន។ ឯបណ្ឌុកម្ពលសិលានេះ បណ្ដោយ ៦០ យោជន៍ ទទឹង ៥០ យោជន៍ កម្រាស់ ១៥ យោជន៍ កាលព្រះសាស្ដាទ្រង់ប្រថាប់គង់ហើយ ក៏ហាក់ដូចជាទីវាលទទេ (ថ្មធំជាងព្រះអង្គ)។ ព្រះសាស្ដាទ្រង់ជ្រាបអធ្យាស្រ័យរបស់សក្កទេវរាជ ទ្រង់បោះសង្ឃាដិរបស់ព្រះអង្គឲ្យគ្របថ្មហើយ សក្កទេវរាជទ្រង់ព្រះតម្រិះថា ព្រះសាសា្ដទ្រង់បោះចីវរមកឲ្យគ្របថ្ម ទ្រង់នឹងប្រថាប់គង់ក្នុងទីបន្តិចបន្តួចដោយព្រះអង្គឯង។ ព្រះសាស្ដាទ្រង់ជ្រាបអធ្យាស្រ័យរបស់សក្កទេវរាជ ទ្រង់ប្រថាប់គង់ ធ្វើបណ្ឌុកម្ពលសិលា ទុកខាងក្នុងផ្នត់ចីវរនោះឯង ហាក់ដូចភិក្ខុដែលទ្រទ្រង់សំពត់មហាបំសុកូល ធ្វើតាំងទាបទុកខាងក្នុងផ្នត់ចីវរដូច្នោះ។
ខណៈនោះឯង មហាជនរកមើលព្រះសាស្ដា ក៏មិនឃើញ កាលនោះ ហាក់ដូចជាពេលព្រះចន្ទលិច និងដូចពេលព្រះអាទិត្យលិច។ មហាជនយំរៀបរាប់ពោលគាថានេះថា
គតោ នុ ចិត្តកូដំ វា កេលាសំ វា យុគន្ធរំ
ន នោ ទក្ខេមុ សម្ពុទ្ធំ លោកជេដ្ឋំ នរាសភំ។
ព្រះសាសា្ដយាងទៅកាន់ភ្នំចិត្តកូដ ឬភ្នំកៃលាស ឬភ្នំយុគន្ធរបានជាពួកយើង មិនឃើញនូវព្រះសម្ពុទ្ធ ទ្រង់ជាចម្បងជាងសត្វលោក ប្រសើរជាងនរជន។
មនុស្សមួយពួកទៀត យំរៀបរាប់ថា ព្រះសាស្ដាទ្រង់ត្រេកអរហើយក្នុងវិវេក ទ្រង់នឹងទៅកាន់ដែនដទៃ ឬជនបទដទៃហើយ ព្រោះទ្រង់ខ្មាសថា តថាគតធ្វើបាដិហារ្យបែបនេះដល់បរិស័ទ ឥឡូវនេះ យើងទាំងឡាយមិនបានឃើញទ្រង់ ដូច្នេះហើយ ពោលគាថានេះថា
បវិវេករតោ ធីរោ និមំ លោកំ បុនេហិតិ
ន នោ ទក្ខេមុ សម្ពុទ្ធំ លោកជេដ្ឋំ នរាសភំ។
ព្រះសាសា្ដជាអ្នកប្រាជ្ញ ទ្រង់ត្រេកអរហើយក្នុងវិវេក ទ្រង់មិនត្រឡប់មកកាន់លោកនេះទៀត យើងទាំងឡាយ មិនឃើញព្រះសម្ពុទ្ធ ទ្រង់ជាចម្បងជាងសត្វលោក ប្រសើរជាងនរជន។
ជនទាំងនោះ សួរព្រះមហាមោគ្គល្លានដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រះសាស្ដាយាងទៅណា ទោះបីលោកជ្រាប ក៏ពោលថា ចូរសួរអនុរុទ្ធចុះ ដោយបំណងថា គុណរបស់សាវ័កដទៃ ចូរប្រាកដដូច្នេះ។ ជនទាំងនោះ សួរព្រះថេរៈយ៉ាងនោះថា បពិត្រលោកម្ចាស់ ព្រះសាស្ដាយាងទៅណា។
ព្រះអនុរុទ្ធឆ្លើយថា ទ្រង់យាងទៅចាំវស្សាត្រង់បណ្ឌុកម្ពលសិលា ក្នុងឋានតាវត្តិង្ស ហើយទ្រង់សម្ដែងព្រះអភិធម្មបិដកដល់ព្រះពុទ្ធមាតា។ មហាជនសួរថា បពិត្រលោកម្ចាស់ ទ្រង់នឹងយាងមកក្នុងកាលណា។
ព្រះអនុរុទ្ធឆ្លើយថា ទ្រង់សម្ដែងព្រះអភិធម្មបិដក អស់កាល ៣ខែហើយ ទ្រង់នឹងយាងមកក្នុងថ្ងៃមហាបវារណា។ ជនទាំងនោះនិយាយគ្នាថា បើពួកយើងមិនបានឃើញព្រះសាស្ដា នឹងមិនទៅ ដូច្នេះហើយ បោះជំរុំស្នាក់នៅក្នុងទីនោះឯង។ បានឮថា ជនទាំងនោះ មានអាកាសនោះឯង ជាគ្រឿងប្រក់។ ឈ្មោះថា ញើសដែលហូរចេញអំពីខ្លួនរបស់បរិស័ទច្រើនដល់ម្ល៉ោះ មិនប្រាកដឡើយ ផែនដីបានបើកឱកាសឲ្យហើយ ផ្ទៃនៃផែនដីក្នុងទីគ្រប់កន្លែង ជាទីរាបស្មើស្អាតនោះឯង។
ព្រះសាស្ដា ទ្រង់ត្រាស់ប្រាប់ព្រះមហាមោគ្គល្លានត្ថេរមុនគេថា ម្នាលមោគ្គល្លាន អ្នកគប្បីសម្ដែងធម៌ដល់បរិស័ទនោះ ចូឡអនាថបិណ្ឌិក នឹងឲ្យអាហារ។ ព្រោះហេតុនោះ ចូឡអនាថបិណ្ឌិកបានឲ្យហើយនូវបបរ បាយ របស់ទំពា ប្រេង គ្រឿងក្រអូប ផ្កាកម្រង និងគ្រឿងប្រដាប់ដល់បរិស័ទទាំងនោះ រហូត ៣ខែនោះ។ ព្រះមហាមោគ្គល្លានត្ថេរសម្ដែងធម៌ វិសជ្ជនាបញ្ហាដែលសួរហើយ ដល់ពួកជនដែលមកហើយ ដើម្បីមើលបាដិហារ្យ។ ទេវតាក្នុងម៉ឺនចក្កវាឡចោមរោមព្រះសាស្ដា ដែលទ្រង់ចាំវស្សាត្រង់បណ្ឌុកម្ពលសិលា ដើម្បីទ្រង់សម្ដែងព្រះអភិធម្មដល់ព្រះមាតា ព្រោះហេតុនោះ ទើបព្រះធម្មសង្គាហកាចារ្យពោលថា
តាវត្តឹសេ យទា ពុទ្ធោ សិលាយំ បណ្ឌុកម្ពលេ
បារិច្ឆត្តកមូលម្ហិ វិហាសិ បុរិសុត្តមោ។
កាលណា ព្រះពុទ្ធឧត្តមជាងបុរស គង់នៅលើថ្មបណ្ឌុកម្ពលជិតគល់នៃបារិច្ឆត្តកព្រឹក្ស ក្នុងជាន់តាវត្តិង្ស។
ទសសុ លោកធាតូសុ សន្និបតិត្វាន ទេវតា
បយិរូបាសន្តិ សម្ពុទ្ធំ វសន្តំ នគមុទ្ធនិ។
ទេវតាទាំងឡាយក្នុងលោកធាតុទាំង ១០ បានប្រជុំគ្នា ចូលទៅអង្គុយជិតព្រះសម្ពុទ្ធ ដែលគង់នៅលើកំពូលភ្នំ (សុមេរុ)។
ន កោចិ ទេវោ វណ្ណេន សម្ពុទ្ធំ អតិរោចតិ
សព្វេ ទេវេ អតិក្កម្ម សម្ពុទ្ធោវ វិរោចតិ។
ទេវតាណាមួយ រុងរឿងជាងព្រះសម្ពុទ្ធដោយវណ្ណៈ មិនមានឡើយ មានតែព្រះសម្ពុទ្ធមួយព្រះអង្គឯងប៉ុណ្ណោះ រុងរឿងកន្លងនូវទេវតាទាំងអស់ [បិ.៥៦ ទំ.៥៤ ឃ.២១។]។
កាលព្រះសាស្ដាទ្រង់គង់គ្របសង្កត់ទេវតាគ្រប់ពួក ដោយរស្មីនៃព្រះសរីរៈរបស់ទ្រង់យ៉ាងនេះ ពុទ្ធមាតាយាងមកអំពីវិមានក្នុងជាន់តុសិត អង្គុយខាងស្ដាំ ឥន្ទកទេវបុត្តក៏មកអង្គុយខាងស្ដាំដូចគ្នា ឯអង្កុរទេវបុត្តអង្គុយខាងឆ្វេង។ អង្កុរទេវបុត្តនោះ កាលទេវតាទាំងឡាយដែលមានសក្ដិធំ ប្រជុំគ្នា ខ្ទាតចេញទៅហើយ បានឱកាសក្នុងទីប្រមាណ ១២ យោជន៍ ចំណែកឥន្ទកទេវបុត្តអង្គុយក្នុងទីនោះឯង។ ព្រះសាស្ដាទ្រង់ទតទេវបុត្តទាំងពីរអង្គនោះហើយ មានព្រះបំណងនឹងញ៉ាំងបរិស័ទឲ្យដឹង នូវទានដែលបុគ្គលឲ្យហើយដល់ទក្ខិណេយ្យបុគ្គល ក្នុងសាសនារបស់ព្រះអង្គថា មានផលច្រើន ទើបត្រាស់យ៉ាងនេះថា ម្នាលអង្កុរៈ អ្នកធ្វើចង្ក្រានបណ្ដោយ ១២ យោជន៍ ឲ្យមហាទានអស់កាល ១ម៉ឺនឆ្នាំ នេះជារយៈកាលយូរ ឥឡូវនេះ អ្នកមកក្នុងសមាគមរបស់តថាគត បានឱកាសក្នុងទីចម្ងាយ ១២ យោជន៍ អ្វីហ្ន៎ជាហេតុក្នុងសេចក្ដីនេះ។ សមដូចព្រះធម្មសង្គាហកាចារ្យទាំងឡាយពោលទុកថា
ឱលោកេត្វាន សម្ពុទ្ធោ អង្កុរញ្ចាបិ ឥន្ទកំ
ទក្ខិណេយ្យំ សម្ភាវេន្តោ ឥទំ វចនមព្រូវិ
មហាទានំ តយា ទិន្នំ អង្កុរ ទីឃមន្តរំ
អតិទូរេ និសិន្នោសិ អាគច្ឆ មម សន្តិកំ។
ព្រះសម្ពុទ្ធ ទ្រង់រមិលមើលនូវអង្កុរទេវបុត្ត និងឥន្ទកទេវបុត្តកាលទ្រង់សរសើរនូវទក្ខិណេយ្យបុគ្គល បានត្រាស់សម្ដែងនូវពាក្យនេះថា ម្នាលអង្កុរៈ មហាទានដែលអ្នកឲ្យហើយ អស់ចន្លោះនៃកាលដ៏វែង អ្នកអង្គុយក្នុងទីឆ្ងាយពេកណាស់ ចូរមកជិតតថាគតមក [បិ.៥៦ ទំ.៥៤ ឃ.២១។]។
ព្រះសូរសៀងនោះឮដល់ផែនដី បរិស័ទទាំងអស់បានឮព្រះសូរសៀងនោះ។
ចោទិតោ ភាវិតត្តេន អង្កុរោ ឥទមព្រូវិ
កឹ មយ្ហំ តេន ទានេន ទក្ខិណេយ្យេន សុញ្ញតំ។
អង្កុរទេវបុត្តដែលព្រះសម្ពុទ្ធមានព្រះអង្គអប់រំហើយ ទ្រង់ដាស់តឿនហើយ ក៏បានក្រាបបង្គំទូលដូច្នេះថា ប្រយោជន៍អ្វីដោយទាននោះ របស់ខ្ញុំព្រះអង្គ ព្រោះ (ទាននោះ) សូន្យចាកទក្ខិណេយ្យបុគ្គល។
អយំ សោ ឥន្ទកោ យក្ខោ ទជ្ជា ទានំ បរិត្តកំ
អតិរោចតិ អម្ហេហិ ចន្ទោ តារគណេយថា។
ឥន្ទកយក្ខនេះឯង ឲ្យទានតិចតួចទេ រុងរឿងជាងពួកខ្ញុំព្រះអង្គ ដូចជាព្រះចន្ទក្នុងពួកផ្កាយ [បិ.៥៦ ទំ.៥៤ ឃ.២១។]។
កាលអង្កុរទេវបុត្តក្រាបបង្គំទូលដូច្នេះហើយ ព្រះសាស្ដាត្រាស់នឹងឥន្ទកទេវបុត្តថា ម្នាលឥន្ទកៈ អ្នកអង្គុយខាងស្ដាំតថាគត ព្រោះហេតុអ្វីមិនខ្ទាតចេញទៅឆ្ងាយ។
ឥន្ទកទេវបុត្តក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានបុគ្គលអ្នកដល់ព្រមដោយទក្ខិណេយ្យហើយ ដូចអ្នកស្រែព្រោះពូជបន្តិចបន្តួចក្នុងស្រែល្អដូច្នោះ កាលសម្ដែងទក្ខិណេយ្យបុគ្គល ទើបក្រាបទូលថា
ឧជ្ជង្គលេ យថា ខេត្តេ ពីជំ ពហុំបិ រោបិតំ
ន ផលំ វិបុលំ ហោតិ នបិ តោសេតិ កស្សកំ។
តថេវ ទានំ ពហុកំ ទុស្សីលេសុ បតិដ្ឋិតំ
ន ផលំ វិបុលំ ហោតិ នបិ តោសេតិ ទាយកំ។
ពូជដែលបុគ្គលព្រោះហើយ សូម្បីមានប្រមាណច្រើន ក្នុងស្រែទួល ផលរមែងមិនបរិបូណ៌ ទាំងមិនញុំាងអ្នកស្រែឲ្យត្រេកអរបាន ដូចម្ដេចមិញ ទានដែលបុគ្គលតម្កល់ទុកហើយមានប្រមាណច្រើន ក្នុងបុគ្គលទ្រុស្ដសីលទាំងឡាយ ផលរមែងមិនបរិបូណ៌ ទាំងមិនបានញុំាងទាយកឲ្យត្រេកអរបាន ក៏ដូច្នោះដែរ។
យថាបិ ភទ្ទកេ ខេត្តេ ពីជំ អប្បម្បិ រោបិតំ
សម្មាធារំ បវេច្ឆន្តេ ផលំ តោសេតិ កស្សកំ
តថេវ សីលវន្តេសុ គុណវន្តេសុ តាទិសុ
អប្បកំបិ កតំ ការំ បុញ្ញំ ហោតិ មហប្ផលំ។
ពូជដែលបុគ្គលព្រោះហើយ សូម្បីតិច ក្នុងស្រែដ៏ល្អ កាលភ្លៀងធ្លាក់ស្រួល ផលរមែងញុំាងអ្នកស្រែឲ្យត្រេកអរបាន ដូចម្ដេចមិញ សក្ការៈដែលបុគ្គលធ្វើហើយ សូម្បីតិចតួចក្នុងតាទិបុគ្គលទាំងឡាយ មានសីល មានគុណ បុណ្យរមែងមានផលច្រើន ក៏ដូច្នោះឯង [បិ.៥៦ ទំ.៥៥ ឃ.២១។]។
សួរថា បុព្វកម្មរបស់ឥន្ទកទេវបុត្តនោះ ដូចម្ដេច។
ឆ្លើយថា បានឮថា ឥន្ទកទេវបុត្តនោះ បានប្រគេនបាយ ១វែក ដែលគេនាំមកដើម្បីខ្លួន ដល់ព្រះអនុរុទ្ធត្ថេរ ដែលចូលទៅបិណ្ឌបាតក្នុងស្រុក។ បុណ្យរបស់ឥន្ទកៈនោះ មានផលច្រើនជាងទានដែលអង្កុរទេវបុត្តធ្វើហើយដោយជួរនៃជើងក្រាន ប្រវែង ១២យោជន៍ ឲ្យហើយរាប់ម៉ឺនឆ្នាំ ព្រោះហេតុនោះ ទើបឥន្ទកទេវបុត្តក្រាបបង្គំទូលយ៉ាងនោះ។
កាលឥន្ទកទេវបុត្តក្រាបបង្គំទូលយ៉ាងនោះហើយ ព្រះមានព្រះភាគត្រាស់នឹងអង្កុរទេវបុត្តថា ម្នាលអង្កុរៈ ការជ្រើសរើសមុន ហើយឲ្យទាន ទើបគួរ ទាននោះ រមែងមានផលច្រើនដោយអាការយ៉ាងនេះ ដូចពូជដែលគេព្រោះល្អក្នុងស្រែល្អដូច្នោះ តែអ្នកមិនបានធ្វើយ៉ាងនោះឡើយ ហេតុនោះ ទើបទានរបស់អ្នកមិនមានផលច្រើន។ កាលទ្រង់ប្រកាសអត្ថនេះ ឲ្យជាក់ច្បាស់ ទើបត្រាស់ថា
វិចេយ្យ ទានំ ទាតព្វំ យត្ថ ទិន្នំ មហប្ផលំ
វិចេយ្យ ទានំ ទត្វាន សគ្គំ គច្ឆន្តិ ទាយកា។
ទានដែលបុគ្គលឲ្យហើយដល់បុគ្គលណា រមែងមានផលច្រើន បុគ្គលគួរពិចារណាហើយ សឹមឲ្យទាន ទាយកទាំងឡាយ ពិចារណាហើយឲ្យនូវទាន តែងទៅកាន់ឋានសួគ៌។
វិចេយ្យ ទានំ សុគតប្បសដ្ឋំ
យេ ទក្ខិណេយ្យា ឥធ ជីវលោកេ
ឯតេសុ ទិន្នានិ មហប្ផលានិ
ពីជានិ វុត្តានិ យថា សុខេត្តេ។
ទានដែលបុគ្គលពិចារណាហើយ ទើបឲ្យ ព្រះសុគតទ្រង់សរសើរហើយ ទក្ខិណេយ្យបុគ្គលណា ដែលមាននៅក្នុងជីវលោកនេះ ទានដែលបុគ្គលឲ្យហើយ ដល់ទក្ខិណេយ្យបុគ្គលទាំងនោះ រមែងមានផលច្រើន ដូចពូជដែលបុគ្គលព្រោះហើយ ក្នុងស្រែល្អ [បិ.៥៦ ទំ.៥៥ ឃ.២១។]។
កាលទ្រង់សម្ដែងធម៌ឲ្យក្រៃលែងឡើង ទើបត្រាស់ព្រះគាថានេះថា
តិណទោសានិ ខេត្តានិ រាគទោសា អយំ បជា
តស្មា ហិ វីតរាគេសុ ទិន្នំ ហោតិ មហប្ផលំ។
ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានរាគៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយដល់អ្នកមានរាគៈអស់ហើយ រមែងជាទានមានផលច្រើន។
តិណទោសានិ ខេត្តានិ ទោសទោសា អយំ បជា
តស្មា ហិ វីតទោសេសុ ទិន្នំ ហោតិ មហប្ផលំ។
ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មាន ទោសៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានទោសៈអស់ហើយ រមែងជាទានមានផលច្រើន។
តិណទោសានិ ខេត្តានិ មោហទោសា អយំ បជា
តស្មា ហិ វីតមោហេសុ ទិន្នំ ហោតិ មហប្ផលំ។
ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មាន មោហៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយដល់អ្នកមានមោហៈអស់ហើយ រមែងជាទានមានផលច្រើន។
តិណទោសានិ ខេត្តានិ ឥច្ឆាទោសា អយំ បជា
តស្មា ហិ វិគតិច្ឆេសុ ទិន្នំ ហោតិ មហប្ផលំ។
ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានសេចក្ដីច្រណែនជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានសេចក្ដីច្រណែនអស់ហើយ រមែងជាទានមានផលច្រើន [បិ.៥២ ទំ.៩៧ ឃ.៣៤។]។
ក្នុងកាលចប់ទេសនា អង្កុរទេវបុត្ត និងឥន្ទកទេវបុត្ត តាំងនៅហើយក្នុងសោតាបត្តិផល។ ព្រះធម្មទេសនាមានប្រយោជន៍ច្រើន ដល់មហាជនដទៃទៀត។
លំដាប់នោះ ព្រះសាសា្ដប្រថាប់គង់កណ្ដាលទេវបរិស័ទ ប្រារព្ធព្រះមាតា ផ្ដើមសម្ដែងព្រះអភិធម្មបិដកថា កុសលា ធម្មា អកុសលា ធម្មា អព្យាកតា ធម្មា ដូច្នេះជាដើម។ ព្រះអង្គទ្រង់សម្ដែងហើយនូវព្រះអភិធម្មបិដក ដោយន័យនេះ អស់កាល ៣ ខែ ជាប់មិនដាច់ ដោយប្រការយ៉ាងនេះ។ កាលទ្រង់កំពុងសម្ដែងធម៌ ក្នុងវេលាភិក្ខាចារ ទ្រង់និម្មិតព្រះពុទ្ធនិម្មិត ដោយទ្រង់អធិដ្ឋានថា ពុទ្ធនិម្មិតនេះ ចូរសម្ដែងធម៌ឈ្មោះនេះ ទម្រាំតថាគតមក ហើយទ្រង់យាងទៅកាន់ព្រៃហិមពាន្ត ទ្រង់ទំពាឈើស្ទន់ឈ្មោះនាគលតា ខ្ពុរព្រះឱស្ឋត្រង់អនោតត្តស្រះ នាំបិណ្ឌបាតមកអំពីឧត្តរកុរុទ្វីប ប្រថាប់គង់ធ្វើភត្តកិច្ចក្នុងមហាសាលាមាឡកៈ (រោងធំល្អ)។ ព្រះសារីបុត្តត្ថេរនិមន្តទៅធ្វើវត្ត ចំពោះព្រះសាស្ដាក្នុងទីនោះ។ ព្រះសាស្ដាទ្រង់ធ្វើភត្តកិច្ចហើយ ត្រាស់ប្រាប់ព្រះថេរៈថា ម្នាលសារីបុត្ត ថ្ងៃនេះ តថាគតសម្ដែងធម៌ឈ្មោះនេះ ចូរអ្នកប្រាប់ដល់ភិក្ខុ ៥០០ ដែលជាអន្តេវាសិករបស់ខ្លួន។ បានឮថា កុលបុត្ត ៥០០ នោះ ជ្រះថ្លាក្នុងយមកប្បាដិហារ្យ បួសហើយក្នុងសម្នាក់របស់ព្រះថេរៈ។ ព្រះសាស្ដាទ្រង់ត្រាស់ហើយយ៉ាងនោះ សំដៅយកភិក្ខុទាំងនោះ។ កាលត្រាស់ហើយ ទ្រង់យាងទៅកាន់ទេវលោក ទ្រង់សម្ដែងធម៌ដោយព្រះអង្គឯង បន្តអំពីពុទ្ធនិម្មិត។ ព្រះថេរៈក៏ទៅសម្ដែងធម៌ដល់ភិក្ខុទាំងនោះ។ ភិក្ខុទាំងនោះ កាលព្រះសាស្ដាគង់នៅក្នុងទេវលោកនោះឯង បានជាអ្នកជំនាញក្នុងបករណ៍ ៧ ហើយ។
បានឮថា ក្នុងកាលនៃព្រះពុទ្ធព្រះនាមកស្សបៈ ភិក្ខុទាំងនោះ ជាសត្វប្រចៀវ សំយុងខ្លួនត្រង់ញកភ្នំមួយកន្លែង កាលព្រះថេរៈ ២ រូបចង្ក្រមហើយស្វាធ្យាយអភិធម្ម បានស្ដាប់ កាន់យកនិមិត្តក្នុងសំឡេងហើយ។ ប្រចៀវទាំងនោះ មិនដឹងថា នេះឈ្មោះថា ខន្ធ នេះឈ្មោះថា ធាតុ ដោយហេតុត្រឹមតែកាន់យកនិមិត្តក្នុងសំឡេងប៉ុណ្ណោះ ចុតិចាកអត្តភាពនោះហើយ កើតក្នុងទេវលោក បានសោយទិព្វសម្បត្តិអស់ ១ ពុទ្ធន្តរ ចុតិអំពីទេវលោកនោះហើយ កើតក្នុងផ្ទះមានត្រកូលក្នុងក្រុងសាវត្ថី។ កើតសេចក្ដីជ្រះថ្លាក្នុងយមកប្បាដិហារ្យ បួសក្នុងសម្នាក់ព្រះថេរៈហើយ បានជាអ្នកជំនាញក្នុងបករណ៍ ៧ មុនភិក្ខុទាំងពួង។ ព្រះសាស្ដាទ្រង់សម្ដែងព្រះអភិធម្មដោយទំនងនោះឯង អស់ ៣ខែ។ ក្នុងកាលចប់ទេសនា ធម្មាភិសម័យមានដល់ទេវតា ៨ ម៉ឺនកោដិ សូម្បីទេវបុត្តដែលជាព្រះនាងមហាមាយា ក៏តាំងនៅក្នុងសោតាបត្តិផលហើយ។
បរិស័ទមានបរិមណ្ឌល ៣៦ យោជន៍នោះ គិតថា បន្ទាប់អំពីនេះទៅ ក្នុងថ្ងៃទី ៧ ត្រូវជាថ្ងៃមហាបវារណា ទើបចូលទៅរកព្រះមហាមោគ្គល្លានត្ថេរ ពោលថា បពិត្រលោកម្ចាស់ ពួកយើងគួរដឹងថ្ងៃយាងចុះរបស់ព្រះសាស្ដា ព្រោះយើងទាំងឡាយ បើមិនបានឃើញព្រះសាស្ដា ក៏មិនទៅ ។ ព្រះមហាមោគ្គល្លានដ៏មានអាយុស្តាប់ពាក្យនោះហើយ ទទួលថា ប្រពៃហើយ អ្នកមានអាយុ ហើយមុជចុះក្នុងផែនដីត្រង់នោះឯង អធិដ្ឋានថា សូមបរិស័ទឃើញអាត្មាអញដែលទៅដល់ជើងភ្នំសិនេរុ ហើយផុសឡើង មានរូបប្រាកដដូចអំបោះក្រហម ដែលដោតទុកក្នុងកែវមណី ឡើងទៅហើយត្រង់កណ្ដាលភ្នំសិនេរុ។ សូម្បីពួកមនុស្សក៏ឃើញលោកថា ឡើងទៅហើយ ១ យោជន៍ ឡើងទៅហើយ ២ យោជន៍។ ព្រះថេរៈឡើងទៅថ្វាយបង្គំព្រះយុគលបាទរបស់ព្រះសាស្ដា ដូចទូលដោយក្បាល ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន បរិស័ទបំណងនឹងគាល់ព្រះអង្គសិន ទើបទៅ តើព្រះអង្គទ្រង់យាងចុះក្នុងកាលណា។
ព្រះសាស្ដាត្រាស់សួរថា ម្នាលមោគ្គល្លាន សារីបុត្តបងប្រុសរបស់អ្នក នៅឯណា។ ព្រះមហាមោគ្គល្លានដ៏មានអាយុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន លោកចាំវស្សានៅក្នុងសង្កស្សនគរ។ ព្រះសាស្ដាត្រាស់ថា ម្នាលមោគ្គល្លាន ក្នុងថ្ងៃទី ៧ បន្ទាប់អំពីថ្ងៃនេះ តថាគតនឹងចុះត្រង់ទ្វារនគរសង្កស្សៈ ក្នុងថ្ងៃមហាបវារណា បុគ្គលណាប្រាថ្នាចង់ឃើញតថាគត ចូរទៅក្នុងទីនោះចុះ នគរសង្កស្សៈ ឆ្ងាយអំពីក្រុងសាវត្ថី ប្រមាណ ៣០ យោជន៍ ក្នុងផ្លូវចម្ងាយប៉ុណ្ណេះ កិច្ចដែលត្រូវត្រៀមស្បៀង រមែងមិនមានដល់បុគ្គលណាឡើយ អ្នកគប្បីប្រាប់ដល់មនុស្សទាំងនោះថា អ្នកទាំងឡាយ ចូរជាអ្នករក្សាឧបោសថ ដូចទៅកាន់វិហារដែលនៅជិត ស្ដាប់ធម៌ចុះ។ ព្រះថេរៈទទួលថា បពិត្រព្រះអង្គដ៏ចម្រើន ប្រពៃហើយ ហើយបានប្រាប់តាមព្រះបណ្ដាំ។
ព្រះសាស្ដាទ្រង់ចាំវស្សាបវារណាហើយ ត្រាស់ប្រាប់សក្កទេវរាជថា មហាបពិត្រ តថាគតនឹងទៅកាន់ដែនដីមនុស្ស។ សក្កទេវរាជទ្រង់និម្មិតជណ្ដើរបី គឺជណ្ដើរមាស ជណ្ដើរកែវមណី ជណ្ដើរប្រាក់។ ជើងជណ្ដើរទាំងនោះ តាំងនៅត្រង់ខ្លោងទ្វារនគរសង្កស្សៈ ក្បាលជណ្ដើរទាំងនោះ តាំងនៅត្រង់កំពូលភ្នំសិនេរុ។ ក្នុងជណ្ដើរទាំងនោះ ជណ្ដើរមាសនៅខាងស្ដាំដើម្បីពួកទេវតាទាំងឡាយ ជណ្ដើរប្រាក់នៅខាងឆ្វេងដើម្បីពួកព្រហ្មទាំងឡាយ ជណ្ដើរកែវមណីនៅត្រង់កណ្ដាលដើម្បីព្រះតថាគត។ ព្រះសាស្ដាទ្រង់ប្រថាប់ឈរលើកំពូលភ្នំសិនេរុ ធ្វើយមកប្បាដិហារ្យក្នុងកាលដែលទ្រង់ចុះអំពីទេវលោក ទ្រង់សម្លឹងមើលខាងលើ ទីដែលទ្រង់ទតហើយទាំងឡាយ ក្លាយជាបើកចំហតែមួយដល់ព្រហ្មលោក។ កាលទ្រង់ទតខាងក្រោម ទីដែលទ្រង់ទតហើយទាំងឡាយ ក្លាយជាបើកចំហតែមួយដល់អវិចីនរក ទ្រង់សម្លឹងមើលទិសតូចទិសធំទាំងឡាយ ចក្កវាឡច្រើនសែន បើកចំហដូចគ្នាតែមួយ។ ទេវតាឃើញពួកមនុស្ស ពួកមនុស្សឃើញទេវតា ពួកទេវតានិងមនុស្សទាំងអស់ ឃើញគ្នាហើយចំពោះមុខនោះឯង។
ព្រះមានព្រះភាគ ទ្រង់បញ្ចេញព្រះឆព្វណ្ណរង្សី មនុស្សក្នុងបរិស័ទដែលមានបរិមណ្ឌល ៣៦យោជន៍ បុគ្គលសូម្បីតែម្នាក់ កាលសម្លឹងមើលសិរីរបស់ព្រះពុទ្ធក្នុងថ្ងៃនោះហើយ ឈ្មោះថា មិនប្រាថ្នាភាពជាព្រះពុទ្ធមិនមានឡើយ។ ពួកទេវតាចុះតាមជណ្ដើរមាស ពួកមហាព្រហ្មចុះតាមជណ្ដើរប្រាក់ ព្រះសម្មាសម្ពុទ្ធយាងចុះតាមជណ្ដើរកែវមណី។ គន្ធព្វទេវបុត្តឈ្មោះបញ្ចសិខៈ កាន់ពិណពណ៌លឿងដូចផ្លែព្នៅ ឈរខាងស្ដាំ បូជាដោយការច្រៀង អមដោយសំឡេងពិណដ៏ពីរោះ ចំពោះព្រះសាស្ដា ចុះមក មាតលិសង្គាហកទេវបុត្តឈរខាងឆ្វេង កាន់ផ្កាកម្រង និងគ្រឿងក្រអូបដែលជាទិព្វ នមស្ការបូជា ចុះមក មហាព្រហ្មបាំងឆត្រ ស្ដេចសុយាមៈកាន់ផ្លិតវាលវីជនី។ ព្រះសាស្ដាយាងចុះមក មួយអន្លើដោយបរិវារនេះ ទ្រង់ប្រថាប់ឈរត្រង់ខ្លោងទ្វារនគរសង្កស្សៈ។ ព្រះសារីបុត្តត្ថេរថ្វាយបង្គំព្រះសាស្ដាហើយ ព្រោះព្រះសាស្ដាយាងចុះដោយពុទ្ធសិរីបែបនេះ ដែលលោកមិនធ្លាប់បានឃើញក្នុងកាលមុនអំពីនេះ ព្រោះហេតុនោះ ទើបប្រកាសសេចក្ដីត្រេកអររបស់ខ្លួន ដោយគាថាជាដើមថា
ន មេ ទិដ្ឋោ ឥតោ បុព្វេ ន សុតោ ឧទ កស្សចិ
ឯវំ វគ្គុវទោ សត្ថា តុសិតា គណិមាគតោ។
ព្រះមានព្រះភាគ ជាសាស្ដាចារ្យ ព្រះអង្គចុះចាកតុសិត មកជាគណាចារ្យ ព្រះអង្គមានព្រះវាចាពីរោះយ៉ាងនេះ ខ្ញុំព្រះអង្គមិនដែលឃើញ មិនដែលឮ អំពីសម្នាក់អ្នកណាមួយ ក្នុងកាលមុនអំពីកាលដែលព្រះអង្គស្ដេចចុះមកកាន់ក្រុងសង្កស្សៈសោះឡើយ [បិ.៥៤ ទំ.៣១៨ ឃ.១១០។]។
ហើយក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ថ្ងៃនេះ ទេវតានិងមនុស្សទាំងឡាយ រមែងទន្ទឹងចំពោះព្រះអង្គ។ លំដាប់នោះ ព្រះសាស្ដាត្រាស់ថា ម្នាលសារីបុត្ត ព្រះពុទ្ធទាំងឡាយដែលប្រកបព្រមដោយគុណបែបនេះ រមែងជាទីស្រឡាញ់របស់ទេវតានិងមនុស្សទាំងឡាយដោយពិត។ កាលទ្រង់សម្ដែងធម៌ ទើបត្រាស់ព្រះគាថានេះថា
យេ ឈានប្បសុតា ធីរា នេក្ខម្មូបសមេ រតា
ទេវាបិ តេសំ បិហយន្តិ សម្ពុទ្ធានំ សតីមតំ។
អ្នកប្រាជ្ញទាំងឡាយណា ជាអ្នកខ្វល់ខ្វាយក្នុងឈាន ត្រេកអរក្នុងនេក្ខម្មៈ ជាឋានស្ងប់រម្ងាប់កិលេស សូម្បីទេវតានិងមនុស្សទាំងឡាយ តែងរាប់រកចំពោះអ្នកប្រាជ្ញទាំងឡាយនោះ ដែលជាអ្នកត្រាស់ដឹងខ្លួនឯង ទាំងមានស្មារតី [បិ.៥២ ទំ.៦០ ឃ.២៤។]។
ក្នុងកាលចប់ទេសនា ធម្មាភិសម័យមានដល់សត្វប្រមាណ ៣០កោដិ ភិក្ខុ ៥០០ ដែលជាសទ្ធិវិហារិករបស់ព្រះថេរៈ តាំងនៅហើយក្នុងអរហត្ត។
បានឮថា ការធ្វើយមកប្បាដិហារ្យ ហើយចាំវស្សាក្នុងទេវលោកចុះត្រង់ទ្វារនគរសង្កស្សៈ ព្រះពុទ្ធគ្រប់ព្រះអង្គទ្រង់មិនដែលលះបង់ឡើយ។ ទីដែលព្រះបាទខាងស្ដាំប្រតិស្ឋាន ក្នុងទីដែលទ្រង់ចុះនោះ មានឈ្មោះថា អចលចេតិយស្ថាន។ ព្រះសាស្ដាប្រថាប់ឈរក្នុងទីនោះ ត្រាស់សួរបញ្ហាក្នុងវិស័យរបស់បុថុជ្ជនជាដើម ពួកបុថុជ្ជនឆ្លើយបញ្ហាបាន ក្នុងវិស័យរបស់ខ្លួនប៉ុណ្ណោះ មិនអាចឆ្លើយបញ្ហាក្នុងវិស័យព្រះសោតាបន្នបាន។ ព្រះអរិយបុគ្គលទាំងឡាយ មានព្រះសោតាបន្នជាដើម ក៏ដូចគ្នា មិនអាចឆ្លើយបញ្ហាក្នុងវិស័យព្រះអរិយបុគ្គលទាំងឡាយ មានព្រះសកទាគាមីជាដើម មហាសាវ័កដ៏សេស មិនអាចឆ្លើយបញ្ហាក្នុងវិស័យរបស់ព្រះមហាមោគ្គល្លានត្ថេរ ព្រះមហាមោគ្គល្លានមិនអាចឆ្លើយបញ្ហាក្នុងវិស័យរបស់ព្រះសារីបុត្តត្ថេរបាន ព្រះសារីបុត្តក៏មិនអាចឆ្លើយបញ្ហាក្នុងពុទ្ធវិស័យបានដូចគ្នា។ ព្រះសាស្ដាទ្រង់សម្លឹងមើលទិសទាំងពួង តាំងអំពីទិសបូព៌ទៅ ស្ថានទីទាំងពួង បើកចំហដូចគ្នានុ៎ះឯង។ ទេវតានិងមនុស្សក្នុងទិសទាំង ៨ និងទេវតាខាងលើ ទល់នឹងព្រហ្មលោក យក្ខ នាគ និងគ្រុឌ ដែលនៅត្រង់ផ្ទៃខាងក្រោម ផ្គងអញ្ជលីក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ឈ្មោះថា បុគ្គលវិសជ្ជនាបញ្ហានេះ មិនមានក្នុងសមាគមនេះ សូមទ្រង់ពិចារណាក្នុងសមាគមនេះឯង។ ព្រះសាស្ដាទ្រង់ព្រះតម្រិះថា សារីបុត្តរមែងលំបាក ព្រោះថា សារីបុត្តបានស្ដាប់បញ្ហាដែលតថាគតសួរហើយ ក្នុងពុទ្ធវិស័យនេះថា
យេ ច សង្ខាតធម្មាសេ យេ ច សេក្ខា បុថូ ឥធ
តេសំ មេ និបកោ ឥរិយំ បុដ្ឋោ បព្រូហិ មារិស។
ពួកអសេក្ខបុគ្គល អ្នកមានធម៌ពិចារណាហើយ និងពួកសេក្ខបុគ្គលជាច្រើនណា ក្នុងសាសនានេះ ម្នាលអ្នកនិរទុក្ខ តថាគតសួរនូវសេចក្ដីប្រព្រឹត្តទៅ នៃបុគ្គលទាំងនោះ អ្នកមានបញ្ញាចាស់ក្លា ចូរសម្ដែងប្រាប់ដល់តថាគត [បិ.៥៤ ទំ.៣៣៦ ឃ.១១២។ សេចក្ដីនៃព្រះគាថានេះ ប្រែតម្រូវតាមព្រះសាស្ដាទ្រង់ត្រាស់សួរ ព្រះសារីបុត្តជាអ្នកឆ្លើយ សប្បុរសគប្បីជ្រាប។]។
សារីបុត្តជាអ្នកមិនមានសេចក្ដីសង្ស័យក្នុងបញ្ហាថា ព្រះសាស្ដាទ្រង់ត្រាស់សួរនូវបដិបទាជាទីមក គឺមគ្គបដិបទារបស់សេក្ខៈ និងអសេក្ខៈនឹងអាត្មាអញ ប៉ុន្តែកាលពោលនូវបដិបទានេះ ដោយប្រធានណាមួយហ្ន៎ ក្នុងធម៌ទាំងឡាយ មានខន្ធជាដើម ទើបសង្ស័យក្នុងអធ្យាស្រ័យរបស់តថាគតថា អញនឹងមិនអាចដើម្បីកាន់យកនូវអធ្យាស្រ័យរបស់ព្រះសាស្ដា បានទេ។ សារីបុត្តនោះ កាលបើតថាគតមិនឲ្យន័យ នឹងមិនអាចដើម្បីឆ្លើយបានទេ តថាគតនឹងឲ្យន័យដល់សារីបុត្តនោះ ទើបត្រាស់ថា ម្នាលសារីបុត្ត ចូរអ្នកពិចារណានូវភូតនេះ។ បានឮថា ព្រះអង្គទ្រង់ព្រះតម្រិះយ៉ាងនេះថា សារីបុត្ត កាលកាន់យកអធ្យាស្រ័យរបស់តថាគតបានហើយ កាលឆ្លើយ នឹងឆ្លើយដោយអំណាចខន្ធ (ជាដើម) បាន។ បញ្ហានោះ ប្រាកដដល់ព្រះថេរៈរាប់រយរាប់ពាន់ន័យ មួយអន្លើដោយការប្រទានន័យ លោកតាំងនៅក្នុងន័យដែលព្រះសាស្ដាទ្រង់ប្រទាន ឆ្លើយបញ្ហានោះបានហើយ។ បានឮថា អ្នកដទៃ វៀរព្រះមានព្រះភាគចេញ ឈ្មោះថា អាចទាន់នូវបញ្ញារបស់ព្រះសារីបុត្ត មិនមាន។ បានឮថា ព្រោះហេតុនោះឯង ទើបព្រះថេរៈឈរចំពោះព្រះភក្ត្រព្រះសាស្ដា បន្លឺសីហនាទថា បពិត្រព្រះអង្គដ៏ចម្រើន កាលភ្លៀងធ្លាក់អស់មួយកប្ប ខ្ញុំព្រះអង្គក៏អាចរាប់បានថា តំណក់ទឹកទាំងឡាយ ធ្លាក់ក្នុងមហាសមុទ្ទប៉ុណ្ណេះតំណក់ ធ្លាក់លើផែនដីប៉ុណ្ណេះតំណក់ លើភ្នំប៉ុណ្ណេះតំណក់។ សូម្បីព្រះសាស្ដា ក៏ត្រាស់នឹងលោកថា ម្នាលសារីបុត្ត តថាគតក៏ដឹងភាពដែលអ្នកអាចរាប់បាន។ ឈ្មោះថា ឧបមាប្រៀបដោយបញ្ញារបស់លោកមានអាយុនោះ រមែងមិនមាន។ ព្រោះហេតុនោះ ទើបលោកក្រាបបង្គំទូលថា
គង្គាយ វាលុកា ខីយេ ឧទកំ ខីយេ មហណ្ណវេ
មហិយា មត្តិកា ខីយេ ន ខីយេ មម ពុទ្ធិយា។
ខ្សាច់ក្នុងស្ទឹងគង្គា គប្បីអស់ទៅ ទឹកក្នុងមហាសមុទ្ទ គប្បីអស់ទៅ ដីក្នុងផែនដី គប្បីអស់ទៅ ការឆ្លើយបញ្ហាដោយការដឹងរបស់ខ្ញុំព្រះអង្គ រមែងមិនអស់ទៅដោយការគណនា ដូច្នេះ។
មានពាក្យអធិប្បាយទុកដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ទ្រង់បរិបូណ៌ដោយការដឹង ជាទីពឹងរបស់លោក បើខ្ញុំព្រះអង្គឆ្លើយបញ្ហាមួយហើយ បុគ្គលគប្បីដាក់ខ្សាច់មួយគ្រាប់ ឬទឹកមួយតំណក់ ឬដីមួយដុំ កាលខ្ញុំព្រះអង្គឆ្លើយបញ្ហាមួយរយ ឬមួយពាន់ ឬមួយសែន គប្បីដាក់ខ្នាច់ទាំងឡាយ មានខ្សាច់ជាដើម មួយៗ ក្នុងចំណែកម្ខាងនៃស្ទឹងគង្គា ខ្នាច់ទាំងឡាយ មានខ្សាច់ជាដើម ក្នុងស្ទឹងគង្គាជាដើម គប្បីអស់ទៅមុន ឯការឆ្លើយបញ្ហារបស់ខ្ញុំព្រះអង្គមិនអស់ទៅឡើយ។
ភិក្ខុមានបញ្ញាច្រើនយ៉ាងនេះ ក៏មិនឃើញចំណុចខាងដើម ឬចំណុច ខាងចុងនៃបញ្ហាដែលព្រះសាស្ដាទ្រង់សួរហើយ ក្នុងពុទ្ធវិស័យ ទាល់តែតាំងនៅក្នុងន័យដែលព្រះសាស្ដាប្រទានហើយ ទើបឆ្លើយបញ្ហាបាន។ ភិក្ខុទាំងឡាយស្ដាប់ហេតុនោះហើយ សន្ទនាគ្នាថា ជនទាំងអស់ដែលព្រះសាស្ដាត្រាស់សួរបញ្ហាណា មិនអាចឆ្លើយបាន ព្រះសារីបុត្តត្ថេរដែលជាធម្មសេនាបតីម្នាក់ប៉ុណ្ណោះ ឆ្លើយបញ្ហានោះបាន។ ព្រះសាស្ដាទ្រង់ស្ដាប់ពាក្យនោះហើយ ត្រាស់ថា សារីបុត្តឆ្លើយបញ្ហាដែលមហាជនមិនអាចឆ្លើយបានតែក្នុងឥឡូវនេះប៉ុណ្ណោះ ក៏មិនមែន សូម្បីក្នុងកាលមុន សារីបុត្តក៏ឆ្លើយបានហើយដូចគ្នា ហើយទ្រង់នាំអតីតនិទានមក ត្រាស់ជាតកនេះថា
បរោសហស្សម្បិ សមាគតានំ
កន្ទេយ្យុំ តេ វស្សសតំ អបញ្ញា
ឯកោវ សេយ្យោ បុរិសោ សបញ្ញោ
យោ ភាសិតស្ស វិជានាតិ អត្ថំ។
ជនទាំងឡាយមកប្រជុំគ្នាហើយ សូម្បីជាងពាន់នាក់ ជនទាំងនោះ ឥតប្រាជ្ញា គប្បីកន្ទក់កន្ទេញអស់ ១០០ឆ្នាំ បុរសណា ប្រកបដោយប្រាជ្ញា បានដឹងច្បាស់នូវអត្ថនៃភាសិត បុរសនោះតែម្នាក់ឯង ប្រសើរជាង [បិ.៥៨ ទំ.៤៤ ឃ.៩៩។]។
គ្រានោះ ព្រះមានព្រះភាគ ទ្រង់មានលាភសក្ការៈហូរជោរជន់ទូទៅទាំងជម្ពូទ្វីប ដូចស្ទឹងធំ ៥ខ្សែដូច្នោះ។
កាលនោះ ពួកតិរ្ថិយវិនាសចាកលាភសក្ការៈ កើតទុក្ខទោមនស្ស អង្គុយមានកសំយុង មានមុខឱនចុះ។ ក្នុងកាលនោះ ឧបាសិការបស់ពួកតិរ្ថិយទាំងនោះ ឈ្មោះចិញ្ចមាណវិកា ដល់នូវភាពជាអ្នកល្អលើសដោយរូបឆោម ឃើញពួកតិរ្ថិយទាំងនោះ អង្គុយយ៉ាងនោះ ទើបសួរថា បពិត្រលោកម្ចាស់ ព្រោះហេតុអ្វី ទើបលោកទាំងឡាយអង្គុយជាទុក្ខទោមនស្សយ៉ាងនេះ។ ពួកតិរ្ថិយពោលថា ហៃប្អូនស្រី ព្រោះហេតុអ្វី ទើបនាងមានសេចក្ដីខ្វល់ខ្វាយតិច។
នាងចិញ្ចមាណវិកាសួរថា មានរឿងអ្វី។ ពួកតិរ្ថិយពោលថា នែប្អូនស្រី តាំងអំពីព្រះសមណគោតមកើតឡើងមក ពួកយើងវិនាសចាកលាភសក្ការៈអស់ អ្នកនគរមិនសម្គាល់ពួកយើងថា មានឡើយ។
នាងចិញ្ចមាណវិកាសួរថា ក្នុងរឿងនេះ ខ្ញុំគួរធ្វើដូចម្ដេច។
ពួកតិរ្ថិយពោលថា នាងគួរធ្វើពាក្យនិន្ទាឲ្យកើតឡើងដល់ព្រះសមណគោតម។ នាងចិញ្ចមាណវិកាពោលថា សេចក្ដីនោះ មិនជាការលំបាកសម្រាប់ខ្ញុំឡើយ។ កាលព្យាយាមធ្វើក្នុងរឿងនេះ ទើបទៅកាន់វត្តជេតពន ក្នុងវេលាដែលមហាជនចេញអំពីអារាម ហើយនៅក្នុងសម្នាក់របស់ពួកតិរ្ថិយក្បែរវត្តជេតពន ព្រឹកឡើង ក្នុងពេលដែលអ្នកនគរកាន់គ្រឿងក្រអូបជាដើម ទៅដើម្បីថ្វាយបង្គំព្រះមានព្រះភាគ ទើបចេញមក ធ្វើដូចជាចេញអំពីវត្តជេតពន កាលត្រូវសួរថា នាងដេកឯណា ក៏ឆ្លើយថា ប្រយោជន៍អ្វីដល់អ្នកទាំងឡាយ ដោយទីដេករបស់ខ្ញុំ ដូច្នេះហើយ ចៀសចេញទៅ។ ពេលវេលាកន្លងទៅដោយលំដាប់ កាលនាងត្រូវសួរហើយ ទើបឆ្លើយថា ខ្ញុំដេកក្នុងព្រះគន្ធកុដិជាមួយព្រះគោតម ហើយចេញមក។ ពួកបុថុជ្ជនល្ងង់ខ្លៅក៏ជឿ បណ្ឌិតទាំងឡាយ មានព្រះសោតាបន្នជាដើម មិនជឿឡើយ។
ថ្ងៃមួយ នាងចងកំណាត់ឈើមូលត្រង់ពោះ ដណ្ដប់សំពត់ក្រហមពីលើ ហើយទៅពោលនឹងព្រះមានព្រះភាគ ដែលគង់សម្ដែងធម៌ដល់បរិស័ទ ព្រមទាំងព្រះរាជាយ៉ាងនេះថា ព្រះសមណៈដ៏ចម្រើន ព្រះអង្គ រវល់តែសម្ដែងធម៌ មិនស្វែងរកខ្ទឹមនិងម្រេចជាដើមឲ្យដល់ខ្ញុំម្ចាស់ ដែលមានទារកក្នុងគភ៌ អាស្រ័យនូវព្រះអង្គកើតឡើងហើយ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលប្អូនស្រី នាងនិងតថាគតប៉ុណ្ណោះដឹងនូវភាពនៃរឿងនោះ។ នាងចិញ្ចមាណវិកាពោលថា យ៉ាងនោះឯង ក្នុងកាលច្រឡូកច្រឡំដោយមេថុន ក៏ដឹងត្រឹមតែ ២នាក់ អ្នកដទៃមិនដឹងទេ។
ខណៈនោះ បណ្ឌុកម្ពលសិលាសនៈរបស់សក្កៈ សម្ដែងអាការក្ដៅ។ សក្កៈទ្រង់ពិចារណាជ្រាបហេតុនោះ ទើបត្រាស់បង្គាប់ទេវបុត្ត ២ អង្គថា បណ្ដាអ្នកទាំងពីរ មួយអង្គចូរនិម្មិតជាសត្វកណ្ដុរ កាត់ចំណងដុំឈើមូលរបស់នាងឲ្យដាច់ មួយអង្គចូរបណ្ដាលមណ្ឌលខ្យល់ឲ្យតាំងឡើង បក់សំពត់ដណ្ដប់ឲ្យប៉ើងឡើងទៅខាងលើ។ ទេវបុត្ត ២អង្គនោះ បានទៅ ហើយធ្វើតាមនោះ។ កំណាត់ឈើមូលធ្លាក់ចុះមក ត្រូវខ្នងជើងនាងបែក។ បុថុជ្ជនទាំងឡាយដែលប្រជុំគ្នាក្នុងធម្មសភាទាំងអស់ ពោលថា នែមេចោរអាក្រក់ចង្រៃ នាងឯងធ្វើការមួលបង្កាច់បែបនេះ ដល់បុគ្គលដែលជាលោកនាយកក្នុងភព ៣ បែបនេះ ហើយក្រោកឡើង យកកណ្ដាប់ដៃប្រហារ ម្នាក់មួយដៃ ដេញចេញអំពីទីប្រជុំ កាលនាងផុតទស្សនៈ គឺការឃើញរបស់ព្រះមានព្រះភាគ ផែនដីបានបើកឱកាស ។ ខណៈនោះ អណ្ដាតភ្លើងចេញអំពីអវិចីនរក តាំងឡើង លេបត្របាក់នាង ដូចដណ្ដប់សំពត់កម្ពលក្រហម ដែលត្រកូលប្រគល់ឲ្យ ហើយទាញទៅក្នុងអវិចីនរក។ ចំណែកព្រះមានព្រះភាគទ្រង់រឹងរឹតតែមានលាភសក្ការៈដ៏លើសលុប។ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ទុកថា
សព្វាភិភុស្ស ពុទ្ធស្ស នន្ទោ នាមាសិ សាវកោ
តំ អព្ភាចិក្ខាយ និរយេ ចិរំ សំសរិតំ មយា។
មួយទៀត តថាគតពោលបង្កាច់សាវ័ក ឈ្មោះនន្ទរបស់ព្រះពុទ្ធ ទ្រង់គ្របសង្កត់នូវសត្វលោកទាំងពួង តថាគតបានអន្ទោលទៅក្នុងនរកអស់កាលដ៏យូរ ព្រោះការពោលបង្កាច់នូវសាវ័កនោះ។
ទសវស្សសហស្សានិ និរយេ សំសរឹ ចិរំ
មនុស្សលាភំ លទ្ធាហំ អព្ភក្ខានំ ពហុំ លភឹ។
តថាគតបានអន្ទោលទៅក្នុងនរក អស់កាលដ៏យូរ ចំនួន ១ ម៉ឺនឆ្នាំ លុះតថាគតបានមកជាមនុស្ស ក៏បាននូវការពោលបង្កាច់ជាច្រើន។
តេន កម្មាវសេសេន ចិញ្ចមានវិកា មមំ
អព្ភាចិក្ខិ អភូតេន ជនកាយស្ស អាគតោ។
ដោយសំណល់នៃកម្មនោះ នាងចិញ្ចមានវិកាមកពោលបង្កាច់តថាគត ក្នុងប្រជុំជន ដោយពាក្យមិនពិត [បិ.៧៤ ទំ.១២៥ ឃ.៩០។]។
មុនាឡិពោធិសត្វទី ១ ចប់។
[ស្រង់ចាកអដ្ឋកថា អបទាន បិ.៧៤ ទំ.១២៥ ឃ.៩០ និងអដ្ឋកថា ធម្មបទ ទេវោរោហណវត្ថុ ។]
សូមអនុមោទនា !!!
