បច្ចេកពុទ្ធសំយុត្តកថា

មុនាឡិពោធិសត្វទី ២

បានឮថា ក្នុងអតីតកាល ព្រះពោធិសត្វកើតជាមនុស្សមិនមានកេរ្តិ៍ឈ្មោះ ជាអ្នកលេង ឈ្មោះមុនាឡិ ព្រោះច្រឡូកច្រឡំជាមួយបុគ្គលពាល  ទើបជេរ ព្រះបច្ចេកពុទ្ធ ព្រះនាមសុរភី ថា ទុស្សីលោ បាបធម្មោ អយំ ភិក្ខុ ភិក្ខុនេះ ទ្រុស្តសីល មានធម៌ដ៏លាមក។ ព្រោះវចីកម្មដែលជាអកុសលនោះ ព្រះពោធិសត្វឆេះក្នុងនរកច្រើនពាន់ឆ្នាំ ក្នុងអត្តភាពចុងក្រោយនេះ បានត្រាស់ដឹងជាព្រះពុទ្ធដោយកម្លាំងនៃបារមី ១០ ដល់នូវភាពជាអ្នកប្រសើរដោយលាភនិងយស។ ពួកតិរ្ថិយកើតឧស្សាហៈឡើងម្ដងទៀត គិតគ្នាថា ពួកយើងនឹងញ៉ាំងទោសដែលមិនមែនជាយស ឲ្យកើតដល់ព្រះសមណគោតមបានដូចម្ដេចហ្ន៎ ហើយនាំគ្នាអង្គុយជាទុក្ខទោមនស្ស។

ក្នុងកាលនោះ បរិព្វាជិកាម្នាក់ ឈ្មោះសុន្ទរី ចូលទៅរកតិរ្ថិយទាំងនោះ ថ្វាយបង្គំហើយឈរ ឃើញតិរ្ថិយនៅស្ងៀមមិននិយាយអ្វី ទើបសួរថា កឹ មយ្ហំ ទោសោ ខ្ញុំមានកំហុសអ្វីឬ។ ពួកតិរ្ថិយពោលថា ពួកយើងត្រូវសមណគោតមបៀតបៀន នាងបែរជាមានសេចក្ដីខ្វល់ខ្វាយតិច នេះឯងជាទោសរបស់នាង។ នាងសុន្ទរីពោលថា កាលបើដូច្នោះ ខ្ញុំនឹងធ្វើដូចម្ដេច ក្នុងរឿងនេះ។ ពួកតិរ្ថិយទាំងនោះ សួរនាងសុន្ទរីថា នាងអាចធ្វើការតិះដៀលឲ្យកើតដល់សមណគោតមបានដែរឬ។ នាងសុន្ទរីឆ្លើយថា អាចលោកម្ចាស់។

ចាប់តាំងពីនោះមក ក៏ប្រាប់ដល់ពួកជនដែលបានចួបថា ខ្លួនដេកក្នុងព្រះគន្ធកុដិជា​មួយ​នឹងព្រះសមណគោតមហើយ ទើបចេញមកដោយន័យដូចពោលខាងដើម ហើយជេរបរិភាស។ ចំណែកពួកតិរ្ថិយក៏ជេរបរិភាសថា អ្នកដ៏ចម្រើនទាំងឡាយ ចូរមើលកម្មរបស់ព្រះសមណគោតម ។ សមដូចព្រះមានព្រះភាគទ្រង់ត្រាស់ថា

បុនាលិ នាមហំ ធុត្តោ បុព្វេ អញ្ញាសុ ជាតិសុ

បច្ចេកពុទ្ធំ សុរភឹ អព្ភាចិក្ខឹ អទូសកំ។

ក្នុងភពមុន ក្នុងជាតិដទៃ តថាគតជាអ្នកលេង ឈ្មោះបុនាលិ បានពោលបង្កាច់នូវព្រះបច្ចេកពុទ្ធ ព្រះនាមសុរភី ព្រះអង្គជាបុគ្គលមិនប្រទូស្ដឡើយ។

តេន កម្មវិបាកេន និរយេ សំសរឹ ចិរំ

ពហូ វស្សសហស្សានិ ទុក្ខំ វេទេសិ វេទនំ។

ដោយវិបាកនៃកម្មនោះ តថាគតអន្ទោលទៅក្នុងនរក អស់កាលដ៏យូរ រងទុក្ខវេទនា អស់​ពាន់នៃឆ្នាំដ៏ច្រើន។

តេន កម្មាវសេសេន ឥធ បច្ឆិមកេ ភវេ

អព្ភក្ខានំ មយា លទ្ធំ សុន្ទរិកាយ ការណា។

ដោយសំណល់នៃកម្មនោះ ក្នុងបច្ឆិមភពនេះ តថាគតបាននូវការពោលបង្កាច់ ព្រោះ​ហេតុ​នៃនាងសុន្ទរិកា [បិ.៧៤ ទំ.១២៥ ឃ.៩០។]។

ដោយការជេរយ៉ាងនេះ ពួកតិរ្ថិយនៅមិនអស់ចិត្ត ទើបគិតជាមួយ នាងសុន្ទរី ឲ្យធ្វើការពោលទោសទៀត ហើយហៅអ្នកលេងមក  ឲ្យថ្លៃឈ្នួល រួចប្រាប់ថា ពួកអ្នកចូរទៅសម្លាប់​នាងសុន្ទរី ហើយកប់ទុកក្នុងគំនរសំរាមផ្កា ក្នុងទីជិតព្រះគន្ធកុដិរបស់ព្រះសមណ​គោតម។ ពួកអ្នកលេង ក៏បានធ្វើយ៉ាងនោះ។ បន្ទាប់អំពីនោះ ពួកតិរ្ថិយទាំងនោះ ក៏ក្រាបទូលព្រះរាជាថា ទូលព្រះបង្គំទាំងឡាយ មិនឃើញនាងសុន្ទរី។

ព្រះរាជាត្រាស់ថា លោកម្ចាស់ទាំងឡាយ ចូរស្វែងរកមើល។ ពួកតិរ្ថិយទាំងនោះ ក៏អូសសពមកអំពីទីដែលខ្លួនកប់ លើកឡើងដាក់លើគ្រែតូច នាំទៅឲ្យព្រះរាជាទ្រង់ទត ហើយត្រាច់ឃោសនាអំពីទោសរបស់ព្រះមានព្រះភាគនិងភិក្ខុសង្ឃ ក្នុងនគរទាំងមូលថា អ្នកទាំងឡាយ ចូរមើលកម្មរបស់ពួកសមណសក្យបុត្ត ហើយដាក់សពនាងសុន្ទរីលើគ្រែ ក្នុងទីស្មសាន។ ព្រះរាជាត្រាស់បង្គាប់រាជបុរសថា អ្នកទាំងឡាយ ចូរស្វែងរកមនុស្សដែលសម្លាប់នាងសុន្ទរី។

ក្នុងកាលនោះ ពួកអ្នកលេង ផឹកស្រាហើយឈ្លោះគ្នាថា ឯងសម្លាប់នាងសុន្ទរី ឯងសម្លាប់នាងសុន្ទរី។ រាជបុរសទាំងឡាយ ក៏ចាប់ពួកអ្នកលេងទាំងនោះ ថ្វាយព្រះរាជា។ ព្រះរាជាត្រាស់សួរថា ពួកអ្នកសម្លាប់នាងសុន្ទរីឬ។

អ្នកលេងទាំងនោះ ក្រាបទូលថា ព្រះករុណាថ្លៃវិសេស។

ព្រះរាជាត្រាស់សួរថា អ្នកណាបញ្ជា។ កាលពួកអ្នកលេងក្រាបទូលថា ពួកតិរ្ថិយ ទើបឲ្យនាំពួកតិរ្ថិយមក ហើយឲ្យចង ត្រាស់បង្គាប់ថា ពួកអ្នក ចូរត្រាច់ទៅប្រកាសថា ពួកយើងឲ្យសម្លាប់នាងសុន្ទរីដោយខ្លួនឯង ដើម្បីឲ្យកើតនូវការតិះដៀលព្រះពុទ្ធ  ព្រះមានព្រះភាគ និងពួកសាវ័ក មិនមែនជាអ្នកធ្វើឡើយ។ ពួកតិរ្ថិយបានធ្វើតាមនោះ។ ក្នុងកាលនោះ មហាជនល្ងង់ខ្លៅ ក៏អស់សេចក្ដីសង្ស័យ។ ព្រះរាជាទ្រង់ឲ្យសម្លាប់ពួកតិរ្ថិយ និងពួកអ្នកលេង ហើយឲ្យចោលសាកសព។ ក្នុងកាលនោះ លាភសក្ការៈរបស់ព្រះមានព្រះភាគរឹងរឹតតែចម្រើនក្រៃលែងឡើង។

មុនាឡិពោធិសត្វទី ២ ចប់។

[ស្រង់ចាកអដ្ឋកថា អបទាន បិ.៧៤ ទំ.១២៥ ឃ.៩០ និងអដ្ឋកថា ធម្មបទ សុន្ទរីបរិព្វាជិកាវត្ថុ។]។

សូមអនុមោទនា !!!