នាងបញ្ចបាបី
បក្សីកុណាលៈបានតំណាលរឿងដែលខ្លួនធ្លាប់ចួប ដល់បក្សីសុមុខៈថា
ក្នុងអតីតកាល ព្រះបាទពារាណសីព្រះនាមថា ពកៈ ទ្រង់គ្រងរាជ្យដោយធម៌។ ក្នុងកាលនោះ មានស្រីឈ្មោះបញ្ចបាបី ជាកូនស្រីរបស់អ្នកក្រីក្រម្នាក់ ដែលនៅក្បែរទ្វារទិសខាងកើតនៃក្រុងពារាណសី (ជាស្រីមានរូបអាក្រក់ក្រៃលែង តែជាអ្នកមានបុណ្យបានធ្វើទុកហើយ)។ បានឮមកថា កាលពីជាតិមុន នាងកើតជាកូនស្រីអ្នកក្រីក្រម្នាក់ អង្គុយច្របាច់ដីបូកជញ្ជាំងផ្ទះ។ ក្នុងកាលនោះ មានព្រះបច្ចេកពុទ្ធ មួយអង្គ ត្រូវការដីស្អិតយកមកបូកលាបជញ្ជាំងកុដិ ទើបគិតថា អាត្មាអញនឹងបានដីស្អិតក្នុងទីណាហ្ន៎ ឃើញថា នឹងបានក្នុងនគរពារាណសី ទើបដណ្ដប់ចីវរ កាន់បាត្រ ចូលទៅក្នុងនគរពារាណសី ហើយទៅឈរក្បែរស្រីនោះ។ នាងឃើញព្រះបច្ចេកពុទ្ធហើយ ក៏ក្រោធ ទើបពោលដោយចិត្ដប្រទូស្ដថា គ្រាន់តែដុំដី ក៏ដើរសូមគេ។ ព្រះបច្ចេកពុទ្ធនៅស្ងៀម មិនបានញាប់ញ័រ នាងឃើញព្រះបច្ចេកពុទ្ធមិនញាប់ញ័រ ក៏មានចិត្ដជ្រះថ្លាពោលថា បពិត្រសមណៈ លោកម្ចាស់ត្រូវការដីស្អិតឬ ពោលហើយ ក៏លើកដីស្អិតមួយដុំធំដាក់ក្នុងបាត្រ។ ព្រះបច្ចេកពុទ្ធក៏យកទៅបូកជញ្ជាំងកុដិ។ មិនយូរប៉ុន្មាន ស្រីនោះ ក៏ចុតិចាកអត្ដភាពនោះ បដិសន្ធិក្នុងផ្ទៃស្រីទុរគតខាងក្រៅទ្វារស្រុក ជិតនគរនោះ។ លុះគ្រប់ខែហើយ នាងក៏ប្រសូតចាកផ្ទៃមាតា ដោយផលដែលបានប្រគេនដីស្អិតនោះ ទើបរាងកាយរបស់នាងប្រកបដោយសម្ផស្សល្អក្រៃលែង តែព្រោះបាបដែលនាងសម្លឹងមើលព្រះបច្ចេកពុទ្ធដោយសេចក្ដីក្រោធ ដៃ ជើង មាត់ ភ្នែក ច្រមុះ ទាំង៥ នេះ ក៏វិកលវិបរិតទៅ។ ព្រោះហេតុនោះ ទើបគេដាក់ឈ្មោះឲ្យថា បញ្ចបាបី (ស្រីមានអវយវៈអាក្រក់ ៥ យ៉ាង)។
សម័យថ្ងៃមួយ ក្នុងពេលរាត្រី ព្រះបាទពារាណសីទ្រង់ក្លែងព្រះកាយ ត្រាច់មើលនគរដល់កន្លែងនោះ។ នាងបញ្ចបាបីលេងជាមួយទារិកាអ្នកស្រុក មិនស្គាល់ព្រះបាទពារាណសី ក៏យកដៃចាប់ព្រះហស្ដរបស់ព្រះរាជា។ ព្រះបាទពារាណសីប៉ះត្រូវសម្ផស្សដៃរបស់នាង ក៏តម្កល់ព្រះហឫទ័យមិនបាន ដូចពាល់ត្រូវសម្ផស្សទិព្វ ទ្រង់មានតម្រេកក្នុងសម្ផស្សដ៏ក្រៃលែង ទើបយកព្រះហស្ដចាប់នាងបញ្ចបាបីដែលមានរូបអាក្រក់បែបនោះ សួរថា នាងជាកូនស្រីរបស់អ្នកណា។ កាលនាងឆ្លើយថា ខ្ញុំជាកូនស្រីអ្នកស្រុកជិតទ្វារនគរ ទ្រង់ក៏សាកសួរ បានដឹងថា មិនទាន់មានប្ដី ក៏ត្រាស់ថា យើងនេះឯង ជាប្ដីរបស់នាង ចូរនាងទៅសូមការអនុញ្ញាតអំពីមាតាបិតា។
នាងបញ្ចបាបីក៏ចូលទៅរកមាតាបិតា ហើយប្រាប់ថា បពិត្រអ្នកម៉ែ បុរសម្នាក់ គេត្រូវការខ្ញុំ។ កាលមាតាបិតាពោលថា ជាការល្អហើយ បើគេចង់បាននាងទាំងមានសភាពដូច្នេះ សូម្បីគេក៏នឹងជាមនុស្សទុរគតដែរ ទើបនាងត្រឡប់មកប្រាប់ភាពដែលមាតាបិតាបានអនុញ្ញាតហើយ។ ព្រះបាទពារាណសីក៏នៅជាមួយនាងបញ្ចបាបីក្នុងផ្ទះនោះ រហូតទៀបភ្លឺ ទើបត្រឡប់ទៅកាន់ព្រះរាជនិវេសន៍។ តាំងអំពីនោះមក ទ្រង់ក្លែងព្រះកាយទៅរកនាងបញ្ចបាបីជានិច្ច ទ្រង់មិនសម្លឹងមើលស្រីដទៃឡើយ។
សម័យថ្ងៃមួយ បិតារបស់នាងបញ្ចបាបីកើតរោគចុះឈាម ថ្នាំដែលព្យាបាលរោគនោះ ត្រូវនឹងបាយាសដែលផ្សំដោយទឹកដោះស្រស់ សប្បិ ទឹកឃ្មុំ ស្ករក្រាមជាដើម តែគ្រួសាររបស់នាងក្រីក្រ មិនអាចរកមក បាន។ គ្រានោះ មាតារបស់នាងបញ្ចបាបី ក៏និយាយនឹងកូនស្រីថា នែនាង ប្ដីរបស់នាងអាចរកបាយាសបានដែរឬទេ។
នាងបញ្ចបាបីពោលថា បពិត្រអ្នកម៉ែ ប្ដីរបស់ខ្ញុំប្រហែលជាក្រជាងគ្រួសារយើង តែណ្ហើយចុះ ខ្ញុំនឹងសាកសួរគាត់ សូមម៉ែកុំគិតថ្វីឡើយ ពោលដូច្នេះហើយ ក្នុងវេលាដែលព្រះរាជាធ្លាប់យាងមក នាងក៏អង្គុយជាទុក្ខ (ធ្វើមុខស្រពោន)។ លំដាប់នោះ ព្រះបាទពារាណសីយាងមក ហើយត្រាស់សួរថា កឹ ទុម្មនាសិ នាងកើតទុក្ខ ព្រោះរឿងអ្វី។ នាងក៏ប្រាប់សេចក្ដីនោះ។ ព្រះរាជាបានស្ដាប់សេចក្ដីនោះហើយ ទើបត្រាស់ថា នែនាងដ៏ចម្រើន ថ្នាំមានរសក្រៃលែងបែបនេះ ខ្ញុំនឹងបានមកអំពីណា ហើយទ្រង់ព្រះតម្រិះថា អញមិនអាចត្រាច់ទៅមកយ៉ាងនេះ ជានិច្ចកាលបានទេ ក្រែងចួបអន្ដរាយតាមផ្លូវ បើនាំនាងបញ្ចបាបីចូលទៅខាងក្នុងព្រះរាជវាំង ជនទាំងឡាយមិនដឹងថា នាងមានសម្បត្ដិ គឺសម្ផស្សល្អ ក៏នឹងនាំគ្នាសើចចំអកឲ្យអញថា ព្រះរាជារបស់យើង នាំយកយក្ខិនីមកអំពីណា អញនឹងធ្វើឲ្យអ្នកនគរដឹងសម្ផស្សរបស់នាងជាមុន ទើបអាចដោះពាក្យនិន្ទាបាន។
លំដាប់នោះ ព្រះរាជាត្រាស់ថា នាងកុំព្រួយឡើយ ខ្ញុំនឹងនាំបាយាសមកឲ្យឪពុករបស់នាង កាលទ្រង់អភិរម្យជាមួយនាងហើយ ក៏យាងត្រឡប់ទៅកាន់ព្រះរាជនិវេសន៍ ស្អែកឡើង ត្រាស់ឲ្យចម្អិនបាយាស ឲ្យយកស្លឹកឈើមក ធ្វើជាកញ្ចប់ពីរ កញ្ចប់មួយដាក់បាយាស កញ្ចប់មួយទៀត ដាក់ព្រះចូឡាមណី ហើយចងទុក។ លុះដល់ពេលរាត្រី ទ្រង់យាងទៅ ពោលថា នែនាងដ៏ចម្រើន ខ្ញុំជាមនុស្សក្រក្រី រកបានមកដោយលំបាក ចូរនាងប្រាប់ឪពុករបស់នាងថា ថ្ងៃនេះ បរិភោគបាយាសកញ្ចប់មួយនេះ ស្អែកសឹមបរិភោគកញ្ចប់មួយទៀត។ នាងបញ្ចបាបីក៏ធ្វើតាមពាក្យប្រាប់។ លំដាប់នោះ ឪពុករបស់នាងបញ្ចបាបីបរិភោគចូលទៅបានបន្ដិច ក៏ឆ្អែតស្កប់ស្កល់ មានសេចក្ដីសុខ ព្រោះបាយាសនោះ មានឱជារសក្រៃលែង។ នាងបញ្ចបាបីក៏នាំយកបាយាសដ៏សេសទៅឲ្យម្ដាយ ហើយបរិភោគឯង ក្នុងកាលជាខាងក្រោយ បាយាសក៏ល្មម ឆ្អែតទាំង ៣ នាក់។ ចំណែកកញ្ចប់ដែលមានបង្កប់ព្រះចូឡាមណី ក៏ទុកដើម្បីថ្ងៃស្អែក។
ព្រះបាទពារាណសីត្រឡប់ទៅកាន់ព្រះរាជនិវេសន៍ ទ្រង់ស្រពព្រះភក្ដ្រស្រេចហើយ ត្រាស់ថា ចូរនាំចូឡាមណីមកឲ្យយើង។ កាលរាជបុរសក្រាបទូលថា បពិត្រព្រះសម្មតិទេព មិនឃើញទេ ក៏ត្រាស់ថា ចូររកឲ្យពេញនគរ។ លុះរកពេញព្រះនគរមិនឃើញ ទើបត្រាស់ថា ចូរឲ្យមនុស្សរកខាងក្រៅនគរ ដោយហោច សូម្បីក្នុងផ្ទះមនុស្សក្រីក្រទុរគត ក៏កុំវៀរ។ រាជបុរសទាំងឡាយនាំគ្នាឆែកឆេរ ទើបឃើញព្រះចូឡាមណីក្នុងផ្ទះរបស់នាងបញ្ចបាបី ក៏នាំគ្នាចងឪពុកម្ដាយរបស់នាង ដោយចោទថា ជាចោរ។ លំដាប់នោះ បិតារបស់នាងបញ្ចបាបីពោលថា បពិត្រលោកម្ចាស់ ខ្ញុំមិនមែនចោរទេ អ្នកដទៃនាំមកឲ្យ។
រាជបុរសសួរថា អ្នកណានាំមកឲ្យ។
បិតារបស់នាងបញ្ចបាបីឆ្លើយថា កូនប្រសាប្រុសរបស់ខ្ញុំ។
រាជបុរសសួររកថា កូនប្រសានោះ នៅឯណា។
បិតារបស់នាងឆ្លើយថា កូនស្រីរបស់ខ្ញុំ ទើបដឹង។ កាលនោះ បិតាបែរមកពោលជាមួយកូនស្រីថា នែកូនស្រី នាងស្គាល់ប្ដីរបស់នាងឬ ទេ។
នាងឆ្លើយថា ខ្ញុំមិនស្គាល់ទេ។
បិតាពោលថា បើដូច្នោះ ជីវិតរបស់យើង នឹងមិនមាន។
នាងបញ្ចបាបីពោលថា បពិត្រលោកឪពុក ប្ដីរបស់ខ្ញុំមកក្នុងពេលយប់ ត្រឡប់ទៅ ក៏ក្នុងពេលយប់ ព្រោះហេតុនោះ ទើបខ្ញុំមិនស្គាល់រូបរាងរបស់គាត់ តែបើបានស្ទាបដៃហើយ ក៏នឹងអាចដឹងបាន។
បិតារបស់នាង ក៏ប្រាប់ដល់រាជបុរសទាំងឡាយ។ ពួករាជបុរសទាំងឡាយ ក៏នាំសេចក្ដីទៅក្រាបទូលដល់ព្រះរាជា។ ព្រះរាជាធ្វើដូចជាទ្រង់មិនជ្រាប ត្រាស់ថា បើដូច្នោះ ចូរឲ្យស្រីនោះ អង្គុយក្នុងវាំងនន ត្រង់លានព្រះរាជវាំង ហើយចោះវាំងននល្មមលូកដៃបាន ឲ្យអ្នកនគរមកប្រជុំគ្នា ឲ្យស្រីនោះចាប់ចោរឲ្យបានដោយសម្ផស្សដៃ។ រាជបុរសទាំងឡាយ ក៏ធ្វើតាមព្រះរាជតម្រាស់ នាំគ្នាទៅកាន់សម្នាក់របស់នាងបញ្ចបាបី សម្លឹងមើលរូបហើយ ក៏មានការខកចិត្តស្ដាយក្រោយ ពោលថា ថ្វឺយៗ ស្រីបិសាច ! ហើយខ្ពើមមិនហ៊ានប៉ះពាល់។ កាលនាំនាងមកហើយ ឲ្យអង្គុយក្នុងវាំងនន ត្រង់លានព្រះរាជវាំង រៀបចំឲ្យអ្នកនគរទាំងអស់ មកប្រជុំព្រមគ្នា។ នាងបញ្ចបាបីក៏ចាប់ដៃបុរសដែលមក ហើយលូកដៃចូលទៅក្នុងប្រហោងវាំងនន ប្រាប់រឿយៗថា នេះមិនមែនជាប្ដីរបស់ខ្ញុំទេ។ បុរសទាំងឡាយបានប៉ះសម្ផស្ស ក៏ជាប់ចំពាក់ក្នុងសម្ផស្សរបស់នាងដូចសម្ផស្សទិព្វ មិនអាចចៀសចេញទៅ គិតក្នុងចិត្ដថា បើស្រីនេះ គួរដល់បំណុល អញនឹងរកទ្រព្យមកលោះ ទោះបីធ្វើជាទាសកម្មករក៏ដោយ អញនឹងនាំនាងនេះ ទៅទុកក្នុងផ្ទះ។ លំដាប់នោះ រាជបុរសវាយដោយរំពាត់ ទើបគេចទៅ។ មនុស្សទាំងពួង តាំងអំពីឧបរាជឡើងទៅ ក៏មានអាការដូចមនុស្សឆ្កួត។
លំដាប់នោះ ព្រះបាទពារាណសីត្រាស់ថា កច្ចិ អហំ ភវេយ្យំ ប្រហែលជាយើងទេដឹង ទើបលូកព្រះហស្ដចូលទៅ។ នាងក៏ចាប់ព្រះហស្ដជាប់ ស្រែកដោយសំឡេងខ្លាំងថា ចោរោ មេ គហិតោ ខ្ញុំចាប់ចោរបានហើយ។ លំដាប់នោះ ព្រះបាទពារាណសីត្រាស់សួររាជបុរសទាំងឡាយថា កាលនាងចាប់ដៃរបស់ពួកអ្នក តើពួកអ្នកគិត ដូចម្ដេច។
រាជបុរសទាំងឡាយ ក៏ក្រាបបង្គំទូលតាមសេចក្ដីពិត។ លំដាប់នោះ ព្រះបាទពារាណសីត្រាស់ថា ដែលយើងឲ្យធ្វើយ៉ាងនេះ ដើម្បីនាំស្រីនេះ មកទុកក្នុងព្រះរាជវាំង ព្រោះគិតឃើញថា បើអ្នកទាំងឡាយមិនដឹងសម្ផស្សរបស់ស្រីនេះ ក៏នឹងមើលងាយពេបជ្រាយឲ្យយើងបាន ព្រោះហេតុនោះ ទើបយើងរកឧបាយឲ្យអ្នកទាំងឡាយដឹង ចូរពោលទៅមើល ស្រីនេះ សមគួរនៅក្នុងផ្ទះអ្នកណា។
រាជបុរសទាំងឡាយក្រាបទូលថា តុម្ហាកំ ទេវ សមគួរនៅក្នុងវាំងរបស់ព្រះអង្គ។ លំដាប់នោះ ព្រះបាទពារាណសីក៏ឲ្យអភិសេកតែងតាំងជាអគ្គមហេសី និងព្រះរាជទានឥស្សរិយយសដល់ឪពុកម្ដាយរបស់នាង។ តាំងអំពីនោះមក ព្រះបាទពារាណសីទ្រង់វង្វេងក្នុងព្រះនាងបញ្ចបាបី រហូតលែងខ្វល់ក្នុងការកាត់ក្ដី ទ្រង់មិនសម្លឹងមើលស្រីដទៃ ពួកស្រីស្នំទាំងឡាយក៏ចាំចាប់កំហុស។
សម័យថ្ងៃមួយ ព្រះនាងបញ្ចបាបីយល់សុបិននិមិត្ដ ដែលខ្លួនត្រូវបានជាអគ្គមហេសីរបស់ស្ដេចផែនដី ២ អង្គ ទើបព្រះនាងក្រាបទូលឲ្យព្រះរាជាទ្រង់ជ្រាប។ ព្រះបាទពារាណសីឲ្យហៅហោរាមកគាល់ ត្រាស់សួរថា យល់សប្ដិឃើញបែបនេះ នឹងមានផលដូចម្ដេច។
ពួកហោរាបានសំណូកពីស្នំដទៃៗ ក៏ទាយថា បពិត្រមហារាជ ការដែលព្រះទេវីទ្រង់សុបិនបានអង្គុយលើកដំរីសសុទ្ធនោះ ជាបុព្វនិមិត្ដនាំមរណៈមកឲ្យព្រះអង្គ ការដែលព្រះនាងទ្រង់សុបិនថា អង្គុយលើកដំរីហើយស្ទាបព្រះចន្ទលេងនោះ ជាបុព្វនិមិត្ដដែលនាំព្រះរាជាជាសត្រូវមកឲ្យដល់ព្រះអង្គ។
ព្រះបាទពារាណសីត្រាស់សួរថា ឥឡូវនេះ គួរធ្វើដូចម្ដេច។
ពួកអ្នកទាយយល់សប្ដិក្រាបទូលថា បពិត្រព្រះសម្មតិទេព មិនអាចសម្លាប់ព្រះនាងឡើយ គួរដាក់ទូកបណ្ដែតព្រះនាងទៅតាមស្ទឹង។ ព្រះរាជាឲ្យដាក់នាងបញ្ចបាបីក្នុងទូក មួយអន្លើដោយស្បៀងអាហារ សំពត់ និងគ្រឿងអលង្ការទាំងឡាយ ក្នុងពេលរាត្រី ហើយបន្សាត់ទូកទៅក្នុងស្ទឹង។
ទូកនាងបញ្ចបាបីអណ្ដែតទៅតាមខ្សែទឹក រហូតដល់មុខទីកន្លែងដែលព្រះបាទពាវរីទ្រង់ជិះទូកក្រសាលឧទកកីឡា នៅខាងក្រោមខ្សែទឹកសេនាបតីរបស់ព្រះបាទពាវរីឃើញទូកនោះ ក៏ស្រែកថា អយំ នាវា មយ្ហំ ទូកនោះជារបស់ខ្ញុំ។
ព្រះបាទពាវរីត្រាស់ថា នាវាយ ភណ្ឌំ មយ្ហំ ភណ្ឌៈនៅក្នុងទូកជារបស់យើង។ លុះទូកមកដល់ ក៏ទតឃើញនាងបញ្ចបាបី ទើបត្រាស់សួរថា កា នាម ត្វំ បិសាចីសទិសា ម្នាលនាងដូចបិសាច តើនាងឈ្មោះអ្វី។
នាងបញ្ចបាបីញញឹម ហើយទូលអំពីភាពដែលនាងជាអគ្គមហេសីរបស់ព្រះបាទពកៈ ទូលហេតុទាំងពួងឲ្យទ្រង់ជ្រាប។ ឯនាងបញ្ចបាបីនោះ មានឈ្មោះបោះសំឡេងប្រាកដពេញជម្ពូទ្វីប ព្រះបាទពាវរីក៏ទ្រង់ចាប់ដៃនាងទាញចេញអំពីទូក ដំណាលគ្នានឹងការចាប់ដៃប៉ុណ្ណោះ ទ្រង់ក៏ត្រេកអរដោយរាគៈក្នុងសម្ផស្ស រហូតមិនដឹងថា ស្រីដទៃមាន ទើបទ្រង់តែងតាំងនាងទុកក្នុងតំណែងអគ្គមហេសី នាងក៏ជាទីស្រឡាញ់ស្មើដោយជីវិត ។
ព្រះបាទពកៈបានស្ដាប់ដំណឹងនោះ ទ្រង់ព្រះតម្រិះថា អញមិនព្រមឲ្យព្រះបាទពាវរីតែងតាំងនាងបញ្ចបាបីជាអគ្គមហេសី ទើបរួបរួមពលសេនា ហើយលើកទ័ពទៅបោះជំរំត្រង់កំពង់ទឹក ហើយបានបញ្ជូន
សាសន៍ទៅថា ឲ្យមហេសីមកវិញ ឬក៏ច្បាំងគ្នា។
ព្រះបាទពាវរីត្រាស់តបទៅថា យើងនឹងច្បាំង មិនឲ្យមហេសីរបស់យើងឡើយ ហើយទ្រង់ក៏លើកទ័ពមក ។ អាមាត្យទាំង ២ ពួក ប្រឹក្សាគ្នាថា ពួកយើងនាំគ្នាមកស្លាប់ព្រោះអាស្រ័យមាតុគ្រាម មិនសមគួរឡើយ នាងបញ្ចបាបីគួរបានទៅព្រះបាទពកៈ ព្រោះធ្លាប់ជាស្វាមីអំពីមុន តែក៏គួរបានដល់ព្រះបាទពាវរី ព្រោះទ្រង់រើសបានក្នុងទូក ព្រោះហេតុនោះ ព្រះនាងបញ្ចបាបី គួរនៅក្នុងព្រះរាជដំណាក់របស់ព្រះរាជា មួយអង្គ ៧ ថ្ងៃ ទើបក្រាបទូលឲ្យព្រះរាជាទាំង ២អង្គ យល់ព្រម។
ព្រះរាជាទាំងពីរព្រះអង្គពេញព្រះហឫទ័យ ឲ្យសាងនគរត្រង់ឆ្នេរស្ទឹងទាំងសងខាង ហើយប្រថាប់គង់។ នាងបញ្ចបាបីធ្វើជាអគ្គមហេសីរបស់ព្រះរាជាទាំងពីរអង្គ។ ព្រះរាជាទាំងពីរអង្គ វង្វេងក្នុងសម្ផស្សរបស់នាង។ ចំណែកនាងបញ្ចបាបី កាលគង់នៅក្នុងដំណាក់របស់ព្រះរាជាមួយអង្គ គ្រប់ ៧ថ្ងៃហើយ ក៏ចុះទូកទៅកាន់ព្រះរាជដំណាក់ព្រះរាជាមួយអង្គទៀត បានធ្វើអនាចារក្នុងស្ទឹងជាមួយអ្នកប្រមង់ខ្នងគម ចាស់ជរា ដែលជាអ្នកអុំទូកនាំព្រះនាងទៅ។
កាលនោះ បក្សីកុណាលៈកើតជាព្រះបាទពកៈ ព្រោះហេតុនោះកាលនាំរឿងដែលខ្លួនបានដឹងហើយមកសម្ដែង ទើបពោលថា
ពកស្ស ច ពាវរិយស្ស រញ្ញោ
អច្ចន្តកាមានុគតស្ស ភរិយា
អនាចរី បដ្ឋវសានុគស្ស
កំ វា ឥត្ថី នាតិចរេ តទញ្ញំ។
ភរិយារបស់ព្រះបាទពកៈ និងព្រះបាទពាវរិយៈ (ដែល) ជាព្រះរាជាល្មោភកាមដ៏ក្រៃលែង បានប្រព្រឹត្ដក្បត់ចំពោះបុរសអ្នកលុះក្នុងអំណាច ដែលខ្លួនប្រាថ្នា ស្រីមិនប្រព្រឹត្ដកន្លងស្វាមី នឹងបុរសដទៃនោះ ឯណាកើត [បិ.៦១ ទំ.១៧២ ឃ.៣០៨។] ដូច្នេះ។
នាងបញ្ចបាបី ចប់។
[ស្រង់ចាកអដ្ឋកថា ជាតក អសីតិនិបាត កុណាលជាតក បិ.៦១ ទំ.១៧២ ឃ.៣០៨។]។
សូមអនុមោទនា !!!
