បច្ចេកពុទ្ធសំយុត្តកថា

បញ្ចុបោសថជាតក

[បិដកខ្មែរជា បញ្ចុបោសថិកជាតក]

ព្រះសាស្ដា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសក ៥០០ នាក់ ដែលរក្សាឧបោសថ ទើបត្រាស់ព្រះធម្មទេសនានេះថា

ក្នុងអតីតកាល មានបទេស គឺព្រៃគួរជាទីរីករាយ នៅក្នុងរវាងព្រំដែន នៃនគរទាំង៣ មាននគរមគធៈជាដើម។ ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណមហាសាល ក្នុងដែនមគធៈ ចម្រើនវ័យហើយ លះកាមទាំងឡាយចេញចាកផ្ទះ ចូលទៅកាន់ព្រៃនោះ សាងអាស្រមបទ បួសជាឥសីអាស្រ័យនៅ (ក្នុងទីនោះ)។ ក្នុងទីមិនឆ្ងាយអំពីអាស្រមរបស់លោក ព្រាបឈ្មោលនិងព្រាបញី អាស្រ័យនៅត្រង់គុម្ពឫស្សីមួយកន្លែង ពស់អាស្រ័យនៅក្នុងដំបូកមួយកន្លែង ចចកអាស្រ័យនៅត្រង់គុម្ពឈើក្នុងព្រៃមួយកន្លែង ខ្លាឃ្មុំអាស្រ័យនៅត្រង់គុម្ពឈើក្នុងព្រៃមួយកន្លែង (ដូចគ្នា)។ សត្វទាំង ៤ នោះ តែងនាំគ្នាទៅរកឥសីស្ដាប់ធម៌តាមកាលដែលសមគួរ។

សម័យថ្ងៃមួយ ព្រាបឈ្មោលនិងព្រាបញីហើរចេញអំពីសម្បុកទៅរកចំណីជាមួយគ្នា។ ខ្លែងមួយឆាបយកព្រាបញីដែលហើរអំពីក្រោយព្រាបឈ្មោល ហើយហើរគេចទៅ។ ព្រាបឈ្មោលបានឮសំឡេងស្រែករបស់ព្រាបញីនោះ បែរមើល បានឃើញព្រាបញីដែលត្រូវខ្លែងឆាបទៅ ឯខ្លែង ក៏សម្លាប់ព្រាបញីដែលកំពុងស្រែកនោះឯង ឲ្យស្លាប់ ហើយចឹកស៊ី។ ព្រាបឈ្មោលក្ដៅក្រហាយ ព្រោះព្រាត់ចាកព្រាបញីនោះផង ព្រោះរាគៈផង ត្រិះរិះថា រាគៈនេះ ធ្វើឲ្យអញលំបាកក្រៃលែង ឥឡូវនេះ បើអញសង្កត់សង្កិនវាមិនបានទេ អញមិនចេញទៅរកចំណីឡើយ។ ព្រាបឈ្មោលកាត់ផ្លូវគោចរ ហើយទៅកាន់សម្នាក់របស់តាបស សមាទានឧបោសថដើម្បីសង្កត់សង្កិននូវរាគៈ ហើយសម្ងំក្នុងទីមួយ។

ឯពស់គិតថា អញនឹងស្វែងរកចំណី ទើបចេញអំពីលំនៅ ស្វែងរកចំណីក្នុងទីដែលជាទីត្រាច់ទៅនៃមេគោក្នុងស្រុកជាយដែន។ កាលនោះ គោឈ្មោលដែលជាមង្គល មានពណ៌សសុទ្ធរបស់មេស្រុក ស៊ីស្មៅហើយ ក៏លុតជង្គង់យកស្នែងវ័ធដីលេង ត្រង់ដំបូកនោះ។ ពស់ខ្លាចសំឡេងសន្ធឹកជើងរបស់មេគោទាំងឡាយ ក៏លូនទៅដើម្បីចូលក្នុងដំបូកនោះ។ លំដាប់នោះ គោឈ្មោលនោះក៏ជាន់ដោយជើង។ ពស់ខឹងនឹងគោនោះ ក៏ចឹកគោនោះ ឲ្យអស់ជីវិតក្នុងទីនោះឯង។ ពួកអ្នកស្រុកបានឮដំណឹងថា គោនោះស្លាប់ហើយ ក៏នាំគ្នាមកប្រជុំស្រែកយំរៀបរាប់ បូជាគោនោះ ដោយគ្រឿងក្រអូប និងផ្កាកម្រងជាដើម នាំគ្នាជីករណ្ដៅកប់ហើយ ចៀសចេញទៅ។ ក្នុងពេលដែលពួកអ្នកស្រុកចេញទៅ ពស់ក៏លូនចេញមក គិតថា អញអាស្រ័យសេចក្ដីក្រោធ សម្លាប់នូវគោឈ្មោលនេះ ធ្វើឲ្យមហាជននាំគ្នាសោកស្ដាយ ឥឡូវនេះ បើអញសង្កត់សង្កិនសេចក្ដីក្រោធនេះ មិនបានទេ អញនឹងមិនទៅរកចំណីឡើយ ហើយត្រឡប់ទៅកាន់អាស្រមនោះ សមាទានឧបោសថដើម្បីសង្កត់សង្កិននូវសេចក្ដីក្រោធ ហើយសម្ងំក្នុងទីមួយ។

ចំណែកចចក កាលស្វែងរកអាហារ ឃើញដំរីងាប់មួយ ត្រេកអរ ថា អញបានចំណីច្រើនណាស់ រត់ទៅខាំត្រង់ប្រមោយ ហាក់ដូចជាខាំសសរ មិនបាននូវសេចក្ដីត្រេកអរត្រង់ប្រមោយនោះ លុះមកខាំភ្លុក ហាក់ដូចខាំដុំថ្ម មកកកេរត្រង់ពោះ ដូចជាខាំចង្អេរ មកខាំកន្ទុយ ដូចជាខាំអង្រែ លុះមកខាំត្រង់ទ្វារធំ ដូចជាខាំនំផ្អែមឆ្ងាញ់។ ចចកក៏ស៊ីដោយអំណាចសេចក្ដីល្មោភ ហើយលុងចូលទៅក្នុងពោះដំរី លុះពេលឃ្លាន ក៏ស៊ីសាច់ខាងក្នុងពោះនោះ លុះពេលស្រេក ក៏ផឹកនូវឈាម ពេលដេក ក៏ដេកលើពោះវៀននិងសួត។ ចចកគិតថា បាយក្ដី ទឹកក្ដី ទីដេកក្ដី មានស្រាប់ក្នុងទីនេះឯង អញនឹងធ្វើអ្វីក្នុងទីដទៃ ត្រេកអរក្រៃលែងក្នុងពោះដំរីនោះ មិនចេញមកខាងក្រៅឡើយ នៅក្នុងពោះដំរីប៉ុណ្ណោះ។ ចំណេរកាលតមក សាកសពដំរីក៏ស្ងួតដោយខ្យល់និងកម្ដៅថ្ងៃ ទ្វារអាហារចាស់ ក៏បិទ។ ចចកដេកខាងក្នុងពោះដំរី ក៏មានសាច់និងឈាមតិច មានរាងកាយស្គមលឿង មិនឃើញផ្លូវចេញ។ ថ្ងៃមួយ មេឃពុំជូកាល បណ្ដាលឲ្យភ្លៀងធ្លាក់ ទ្វារអាហារចាស់ ក៏សើមហើយទន់ ប្រាកដប្រហោងឲ្យឃើញ។ ចចកឃើញប្រហោង គិតថា អញលំបាកអស់កាលយូរ ត្រូវគេចចេញតាមប្រហោងនេះ យកក្បាលត្បុលចេញមកតាមទ្វារធំ។ ចចកមានសរីរៈស្គម ចេញអំពីទីចង្អៀត ដោយរហ័ស រោមក៏ជាប់ត្រង់ទ្វារធំនោះទាំងអស់ ចចកនោះ មានខ្លួនរលីងដូចគល់កូនត្នោត ចេញមក គិតថា  ព្រោះអាស្រ័យសេចក្ដីលោភ អញត្រូវសោយនូវទុក្ខនេះ ឥឡូវនេះ បើអញសង្កត់សង្កិនលោភៈនេះ មិនបានទេ អញនឹងមិនទៅរកចំណីឡើយ ហើយទៅកាន់អាស្រមនោះ សមាទានឧបោសថ ដើម្បីសង្កត់សង្កិននូវសេចក្ដីលោភ ហើយសម្ងំក្នុងទីមួយ។

ឯខ្លាឃ្មុំចេញអំពីព្រៃហើយ ត្រូវចំណង់ក្រៃលែងគ្របសង្កត់ ទើបចូលទៅកាន់ស្រុកជាយដែន ក្នុងដែនមល្លៈ។ ពួកអ្នកស្រុកបានឮថា ខ្លាឃ្មុំមកហើយ ក៏កាន់ធ្នូនិងដំបង នាំគ្នាចេញទៅព័ទ្ធគុម្ពោតព្រៃនោះ។ ខ្លាឃ្មុំដឹងថា មហាជនព័ទ្ធហើយ ទើបគេចចេញ កាលខ្លាឃ្មុំកំពុងគេចនុ៎ះឯង មហាជននាំគ្នាវាយដោយធ្នូនិងដំបង ខ្លាឃ្មុំបែកក្បាលហូរឈាម ទៅកាន់លំនៅរបស់ខ្លួន គិតថា  ទុក្ខនេះកើតឡើង ព្រោះអំណាចសេចក្ដីលោភ គឺចំណង់ក្រៃលែងរបស់អញ ឥឡូវនេះ បើអញគ្របសង្កត់នូវចំណង់នេះ មិនបានទេ អញនឹងមិនទៅរកចំណីឡើយ ហើយទៅកាន់អាស្រមនោះ សមាទានឧបោសថដើម្បីគ្របសង្កត់នូវចំណង់នោះ ហើយសម្ងំក្នុងទីមួយ។

ចំណែកតាបសអាស្រ័យជាតិរបស់ខ្លួន ធ្លាក់ក្នុងអំណាចនៃមានះ មិនអាចញ៉ាំងឈានឲ្យកើតបាន។ លំដាប់នោះ ព្រះបច្ចេកពុទ្ធ មួយអង្គជ្រាបភាពដែលតាបសនោះ មានមានះ លោកត្រិះរិះថា តាបសនេះ មិនមែនជាបុគ្គលថោកទាបទេ គឺជាពូជពន្លកនៃព្រះពុទ្ធ នឹងសម្រេចនូវព្រះសព្វញ្ញុតញ្ញាណក្នុងភទ្ទកប្ប​នេះឯង អញត្រូវធ្វើការសង្កត់សង្កិននូវមានះរបស់តាបសនេះ ហើយនឹងធ្វើនូវអាការជាហេតុកើតឡើងនៃសមាបត្តិ (របស់ព្រះពោធិសត្វនោះ) ទើបហោះមកអំពីព្រៃហិមពាន្តទិសខាងជើង ខណៈដែលតាបស​ពោធិសត្វកំពុងអង្គុយក្នុងបណ្ណសាលានុ៎ះឯង ហើយអង្គុយលើផ្ទាំងថ្មរបស់ព្រះពោធិសត្វនោះ។ ព្រះពោធិសត្វចេញមក ឃើញព្រះបច្ចេកពុទ្ធអង្គុយលើអាសនៈរបស់ខ្លួន អន់ចិត្ត ព្រោះភាពជាអ្នកមានមានះ ស្ទុះចូលទៅរកលោក ហើយទះដៃសម្លុតថា នែសមណៈត្រងោល ថោកទាប កាឡកណ្ណី ចូរវិនាសចុះ លោកឯងមកអង្គុយលើផ្ទាំងថ្មរបស់យើងដើម្បីអ្វី។ លំដាប់នោះ ព្រះបច្ចេកពុទ្ធពោលថា  ម្នាលសប្បុរស អ្នកជាមនុស្សអាស្រ័យនូវមានះ ព្រោះហេតុអ្វី។ អាត្មាសម្រេចនូវបច្ចេកពោធិញ្ញាណហើយ ចំណែកអ្នកនឹងបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធក្នុងភទ្ទកប្បនេះឯង អ្នកជាពូជពន្លកព្រះពុទ្ធ អ្នកបំពេញបារមីមកហើយ អស់កាលមានប្រមាណប៉ុណ្ណេះ ក្នុងអនាគតកាល អ្នកនឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមថា សិទ្ធត្ថ។ ព្រះបច្ចេកពុទ្ធប្រាប់នាម គោត្ត ត្រកូល និងអគ្គសាវ័កជាដើម ហើយឲ្យឱវាទថា អ្នកនៅតែស្រវឹងដោយមានះ ជាបុគ្គលគ្រោតគ្រាត ដើម្បីអ្វី នេះមិនសមគួរដល់អ្នកឡើយ។ តាបសនោះ កាលព្រះបច្ចេកពុទ្ធពោលយ៉ាងនេះហើយ ក៏នៅតែមិនថ្វាយបង្គំ មិនសួរថា ខ្ញុំនឹងបានជាព្រះពុទ្ធក្នុងកាលណា ដូច្នេះជាដើមទេ។ លំដាប់នោះ ព្រះបច្ចេកពុទ្ធពោលថា អ្នកមិនដឹងនូវភាពជាធំនៃជាតិ និងភាពជាធំនៃគុណរបស់អាត្មា បើអ្នកអាច ក៏ចូរទៅតាមអាកាសដូចអាត្មា ព្រះបច្ចេកពុទ្ធហោះទៅក្នុងអាកាស ជម្រុះនូវធូលីដែលជាប់ត្រង់ជើង លើមណ្ឌលជដារបស់តាបសពោធិសត្វនោះ ហើយទៅកាន់ព្រៃហិមពាន្តទិស​ខាងជើងវិញ។

លុះព្រះបច្ចេកពុទ្ធនិមន្តទៅហើយ តាបសសង្វេគគិតថា សមណៈនេះ មានសរីរៈធ្ងន់យ៉ាងនេះ តែអាចហោះទៅក្នុងអាកាសបាន ដូចប៉ុយគ អណ្ដែតទៅក្នុងអាកាស ព្រោះជាតិមានះ អញមិនបានក្រាបថ្វាយបង្គំនូវព្រះបាទារបស់ព្រះបច្ចេកពុទ្ធ ដែលមានសភាពបែបនេះ និងមិនបានសួរដោយពាក្យថា ខ្ញុំនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលណា ឈ្មោះថា ជាតិ នឹងធ្វើអ្វីបាន សីលនិងចរណៈប៉ុណ្ណោះ ជាធំក្នុងលោកនេះ តែបើមានះរបស់អញចម្រើន នឹងនាំទៅកាន់នរកបាន ឥឡូវនេះ បើអញសង្កត់នូវមានះនេះ មិនបានទេ អញនឹងមិនទៅរកផ្លែឈើឡើយ ហើយចូលទៅកាន់បណ្ណសាលា សមាទានឧបោសថ ដើម្បីគ្របសង្កត់នូវមានះ អង្គុយលើក្ដារសម្រាប់អង្គុយ ជាកុលបុត្តមានញាណធំ សង្កត់សង្កិនមានះបានចម្រើនកសិណ ញ៉ាំងអភិញ្ញានិងសមាបត្តិឲ្យកើតឡើងហើយ  ទើបចេញទៅអង្គុយលើផ្ទាំងថ្មខាងចុងទីចង្ក្រម។

ក្នុងកាលនោះ សត្វទាំងឡាយ មានព្រាបជាដើម នាំគ្នាចូលមករកព្រះមហាសត្វ ថ្វាយបង្គំហើយ អង្គុយក្នុងទីសមគួរនាចំណែកម្ខាង។ ព្រះមហាសត្វសួរព្រាបថា ក្នុងថ្ងៃដទៃ ៗ អ្នកមិនបានមក ក្នុងវេលានេះ គឺអ្នក (តែងទៅ) ស្វែងរកអាហារ ថ្ងៃនេះ  អ្នករក្សាឧបោសថឬ។ ព្រាបពោលថា  លោកម្ចាស់ដ៏ចម្រើន ខ្ញុំរក្សា។ លំដាប់នោះ ព្រះមហាសត្វ កាលសួរថា ព្រោះហេតុអ្វី ទើបពោលបឋមគាថាថា

អប្បោស្សុក្កោ ទានិ តុវំ កបោត

វិហង្គម ន តវ ភោជនត្ថោ

ខុទំ បិបាសំ អធិវាសយន្តោ

កស្មា ភវំបោសថិកោ កបោត។

ម្នាលព្រាប ឥឡូវនេះ អ្នកមានសេចក្តីខ្វល់ខ្វាយតិច ម្នាលបក្សី អ្នកមិនមានសេចក្ដីត្រូវការដោយចំណីសោះ ម្នាលព្រាប អ្នកខំអត់ទ្រាំនូវគម្លាន និងសម្រេក ជាសត្វរក្សានូវឧបោសថ តើព្រោះហេតុអ្វី។

ព្រាបស្ដាប់ដូច្នោះហើយ បានពោលគាថា ២ ថា

អហំ បុរេ គិទ្ធិគតោ កបោតិយា

តស្មឹ បទេសម្ហិ ឧភោ រមាម

អថគ្គហី សាកុណិកោ កបោតឹ

អកាមកោ តាយ វិនា អហោសឹ។

ក្នុងកាលមុន ខ្ញុំមានចិត្តជាប់នឹងមេព្រាប យើងខ្ញុំទាំងពីរនាក់កំពុងតែរីករាយ (ក្នុងកាម) ក្នុងប្រទេសនោះ ស្រាប់តែសត្វខ្លែង មកឆាបយកមេព្រាបទៅ ខ្ញុំក៏អស់សេចក្តីបា្រថ្នា ព្រោះប្រាសចាកមេព្រាបនោះ។

នានាភាវា វិប្បយោគេន តស្សា

មនោមយំ វេទន វេទយាមិ

តស្មា អហំបោសថ បាលយាមិ

រាគោ មមំ មា បុនរាគមាសិ។

ខ្ញុំរងនូវវេទនាងំក្នុងចិត្ត ព្រោះព្រាត់ប្រាសចាកមេព្រាបនោះ ហេតុនោះ បានជាខ្ញុំរក្សានូវឧបោសថ កុំឲ្យរាគៈគ្របសង្កត់ខ្ញុំបានទៀតឡើយ។

កាលព្រាបរៀបរាប់ឧបោសថកម្មរបស់ខ្លួនហើយ ព្រះមហាសត្វក៏សួរ (សត្វទាំងនោះ) មានពស់ជាដើម ម្ដងមួយៗ។ សត្វទាំងនោះនាំគ្នារៀបរាប់សេចក្ដីពិត។ កាលនឹងសួរពស់ ទើបពោលថា

អនុជ្ជុគាមិ ឧរគ ទុជិវ្ហ

ទាឋាវុធោ ឃោរវិសោសិ សប្ប

ខុទ្ទំ បិបាសំ អធិវាសយន្តោ

កស្មា ភវំបោសថិកោ នុ ទីឃ។

ម្នាលពស់ ជាឧរគជាតិ លូនទៅមិនត្រង់ មានអណ្តាតពីរ អ្នកមានចង្កូមជាអាវុធ មានពិសដ៏ពន្លឹក ម្នាលសត្វមានខ្លួនវែង អ្នកអត់ទ្រាំនូវគម្លាននិងសម្រេក ហើយរក្សានូវឧបោសថ តើព្រោះហេតុអ្វី។

ពស់ពោលថា

ឧសភោ អហុ ពលវា គាមិកស្ស

ចលក្កកូ វណ្ណពលូបបន្នោ

សោ មំ អក្កមិ តំ កុបិតោ អឌំសឹ

ទុក្ខាភិតុន្នោ មរណំ ឧបាគា។

គោឈ្មោលឡើងរបស់អ្នកស្រុក ជាគោមានកម្លាំង មានបូកដ៏យុរយារ បរិបូណ៌ដោយសម្បុរ និងកម្លាំង គោនោះ ដើរជាន់ខ្ញុំ ខ្ញុំខឹង បានចឹកវា វាត្រូវសេចក្តីទុក្ខគ្របសង្កត់ហើយ ក៏ស្លាប់ទៅ។

តតោ ជនា និក្ខមិត្វាន គាមា

កន្ទិត្វា រោទិត្វា អបក្កមឹសុ

តស្មា អហំបោសថ បាលយាមិ

កោធោ មមំ មា បុនរាគមាសិ។

លំដាប់នោះ ពួកជនចេញអំពីស្រុក កន្ទក់កន្ទេញ យំទួញ ហើយដើរចៀសចេញទៅ ព្រោះហេតុនោះ បានជាខ្ញុំរក្សានូវឧបោសថ កុំឲ្យសេចក្កីក្រោធ គ្របសង្កត់ខ្ញុំបានទៀតឡើយ។

ព្រះមហាសត្វ កាលនឹងសួរចចក ទើបពោលថា

មតាន មំសានិ ពហូ សុសានេ

មនុញ្ញរូបំ តវ ភោជនេតំ

ខុទ្ទំ បិបាសំ អធិវាសយន្តោ

កស្មា ភវំបោសថិកោ សិគាល។

ក្នុងព្រៃស្មសាន មានសាច់របស់សត្វស្លាប់ដ៏ច្រើន សាច់ទាំងនុ៎ះ ជាភោជនជាទីគាប់ចិត្តរបស់អ្នក ម្នាលចចក អ្នកខំអត់ទ្រាំនូវគម្លាន និងសម្រេក ហើយរក្សានូវឧបោសថ តើព្រោះហេតុអ្វី។

ចចកពោលថា

បវិស្ស កុច្ឆឹ មហតោ គជស្ស

កុណបេ រតោ ហត្ថិមំសេសុ គិទ្ធោ

ឧណ្ហោ ច វាតោ តិខិណា ច រស្មិយោ

តេ សោសយុំ តស្ស ករីសមគ្គំ។

ខ្ញុំជាសត្វត្រេកអរក្នុងសាកសព ញ៉ាមក្នុងសាច់ដំរី ទាំងឡាយ បានចូលទៅក្នុងពោះនៃដំរីធំ ខ្យល់ដ៏ក្តៅផង រស្មីព្រះអាទិត្យដ៏ក្លៀវក្លាផង របស់ទាំងនោះ ញ៉ាំងទ្វារអាហារចាស់នៃដំរីនោះ ឲ្យស្ងួតក្រៀម។

កីសោ ច បណ្ឌូ ច អហំ ភទន្តេ

ន មេ អហុ និក្ខមនាយ មគ្គោ

មហា ច មេឃោ សហសា បវស្សិ

សោ តេមយិ តស្ស ករីសមគ្គំ។

បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំស្គមលឿង (ក្នុងពោះនៃដំរីនោះ) ខ្ញុំរកផ្លូវចេញមកវិញមិនរួច ស្រាប់តែភ្លៀងធំបង្អុរចុះភ្លាម (ក្នុងពេលនោះ) ភ្លៀងនោះ ធ្វើទ្វារអាហារចាស់នៃដំរីនោះ ឲ្យទទឹកសើម។

តតោ អហំ និក្ខមិសំ ភទន្តេ

ចន្ទោ យថា រាហុមុខា បមុត្តោ

តស្មា អហំបោសថ បាលយាមិ

លោភោ មមំ មា បុនរាគមាសិ។

បពិត្រលោកម្ចាស់ដ៏ចម្រើន លំដាប់នោះ ទើបខ្ញុំចេញមក ដូចជាព្រះចន្ទដែលរួចអំពីមាត់នៃរាហុ ព្រោះ​ហេតុនោះ បានជាខ្ញុំរក្សានូវឧបោសថ កុំឲ្យលោភៈគ្របសង្កត់ខ្ញុំបានទៀតឡើយ។

ព្រះមហាសត្វ កាលនឹងសួរខ្លាឃ្មុំ ទើបពោលថា

វម្មិកថូបស្មឹ កិបិល្លិកានិ

និប្បោថយន្តោ តុវំ បុរេ ចរាសិ

ខុទ្ទំ បិបាសំ អធិវាសយន្តោ

កស្មា ភវំបោសថិកោ នុ អច្ឆ។

កាលពីដើម អ្នកធ្លាប់ស៊ីនូវកណ្តៀរទាំងឡាយ លើក្បាលដំបូក ម្នាលខ្លាឃ្មុំ អ្នកខំអត់ទ្រាំនូវគម្លាន និងសម្រេក ហើយរក្សានូវឧបោសថ តើព្រោះហេតុអ្វី។

ខ្លាឃ្មុំពោលថា

សកំ និកេតំ អតិហេឡយានោ

អត្រិច្ឆតាយ មលតំ អគច្ឆឹ

តតោ ជនា និក្ខមិត្វាន គាមា

កោទណ្ឌកេន បរិបោថយឹសុ មំ។

ខ្ញុំមើលងាយនូវលំនៅរបស់ខ្លួន  បានចូលទៅកាន់ស្រុកនៃមល្លជន ព្រោះតែសេចក្តីប្រាថ្នាលើសលុប គ្រានោះ ពួកជនចេញមកពីស្រុក ហើយក៏វាយខ្ញុំដោយធ្នូ (និងដំបង)។

សោ ភិន្នសីសោ រុហិរមក្ខិតង្គោ

បច្ចាគមាសឹ សសកំ និកេតំ

តស្មា អហំបោសថ បាលយាមិ

អត្រិច្ឆតា មា បុនរាគមាសិ។

ខ្ញុំនោះបែកក្បាល ប្រឡាក់ឈាមអស់ទាំងខ្លួន ហើយ ត្រឡប់មកកាន់លំនៅរបស់ខ្លួនវិញ ព្រោះហេតុនោះបានជាខ្ញុំរក្សាឧបោសថ កុំឲ្យសេចក្តីប្រាថ្នាលើសលុបគ្របសង្កត់បានទៀតឡើយ។

កាលសត្វទាំងបួននោះ ពណ៌នាឧបោសថកម្មរបស់ខ្លួនយ៉ាងនេះហើយ ក៏នាំគ្នាក្រោកឡើង ថ្វាយបង្គំព្រះមហាសត្វ កាលនឹងសួរថា ថ្ងៃដទៃ ក្នុងពេលថ្មើរណេះ លោកម្ចាស់ចេញទៅរកផ្លែឈើតូចធំ ថ្ងៃនេះ ហេតុអ្វី ទើបលោកម្ចាស់មិនទៅ ហើយធ្វើឧបោសថ ទើបពោលគាថានេះថា

យំ នោ អបុច្ឆិត្ថ តុវំ ភទន្តេ

សព្វេវ ព្យាករិម្ហា យថាបជានំ

មយម្បិ បុច្ឆាម តុវំ ភទន្តេ

កស្មា ភវំបោសថិកោ នុ ព្រហ្មេ។

បពិត្រលោកម្ចាស់ដ៏ចម្រើន  លោកម្ចាស់បានសាកសួរនូវសេចក្តីណាចំពោះយើងទាំងឡាយ យើងទាំង​អស់គ្នា ក៏បានឆ្លើយនូវសេចក្តីនោះ តាមទំនងដែលខ្លួនបានដឹងរួចហើយបពិត្រលោកម្ចាស់ដ៏ចម្រើន ពួកយើងសូមសួរលោកម្ចាស់វិញ បពិត្រព្រហ្ម លោកម្ចាស់បានរក្សាឧបោសថ តើព្រោះហេតុអ្វី។

ចំណែកព្រះពោធិសត្វ ក៏ប្រាប់ដល់សត្វទាំងនោះថា

អនូបលិត្តោ មម អស្សមម្ហិ

បច្ចេកពុទ្ធោ មុហុត្តំ និសីទិ

សោ មំ អវេទី គតិមាគតិញ្ច

នាមញ្ច គោត្តំ ចរណញ្ច សព្វំ។

ព្រះបច្ចេកពុទ្ធ មិនប្រឡាក់ (ដោយកិលេស) គង់ក្នុងអាស្រមរបស់យើងមួយរំពេច ព្រះអង្គបានញ៉ាំងយើងឲ្យដឹងនូវទីដែលត្រូវទៅ និងទីដែលត្រូវមកផង នូវនាមផង នូវគោត្តផង នូវសេចក្តីប្រព្រឹត្តទាំងអស់ផង។

ឯវម្បិហំ វន្ទិ ន តស្ស បាទេ

ន ចាបិហំ មានគតេន បុច្ឆឹ

តស្មា អហំបោសថ បាលយាមិ

មានោ មមំ មា បុនរាគមាសិ។

បើទុកជាយ៉ាងនេះ ក៏យើងនៅតែមិនថ្វាយបង្គំព្រះបាទានៃព្រះបច្ចេកពុទ្ធនោះ ម្យ៉ាងទៀត យើងមិនបានសាកសួរ ព្រោះលុះក្នុងអំណាចមានះ ហេតុនោះ បានជាយើងរក្សាឧបោសថ កុំឲ្យមានះគ្របសង្កត់យើងបានទៀតឡើយ។

ព្រះមហាសត្វប្រាប់នូវហេតុ នៃការធ្វើឧបោសថរបស់ខ្លួនយ៉ាងនេះហើយ ឲ្យនូវឱវាទដល់សត្វទាំងនោះ រួចបញ្ជូនទៅ ហើយត្រឡប់ចូលបណ្ណសាលា។ សត្វទាំងនោះ នាំគ្នាទៅ​កាន់​លំនៅ​របស់ខ្លួន។ ព្រះមហាសត្វ​មានឈានមិនសាបសូន្យ មានព្រហ្មលោកជាទីទៅខាងមុខ សត្វទាំងនោះ តាំងនៅក្នុងឱវាទរបស់លោក បានទៅកាន់ឋានសួគ៌រៀងៗខ្លួន។

ព្រះសាស្ដា កាលទ្រង់នាំយកព្រះធម្មទេសនានេះ មកសម្ដែងហើយ ទ្រង់ត្រាស់ថា ម្នាលឧបាសកទាំងឡាយ ឧបោសថនេះ ជាបវេណីនៃពួកបណ្ឌិតអំពីបុរាណដោយប្រការដូច្នេះ ឧបោសថជាគុណ ដែលបុគ្គលគួររក្សា ហើយទ្រង់ប្រជុំជាតកថា ព្រាបក្នុងកាលនោះ បានមកជាអនុរុទ្ធក្នុងកាលឥឡូវនេះ ខ្លាឃ្មុំបានមកជាកស្សបៈ ចចកបានមកជាមោគ្គល្លាន ពស់បានមកជាសារីបុត្ត ឯតាបសក្នុងកាលនោះ គឺតថាគតនេះឯង។

បញ្ចុបោសថជាតក ចប់។

[ស្រង់ចាកអដ្ឋកថា ជាតក បកិណ្ណកនិបាត បិ.៦០ ទំ.២៧ ឃ.៨០។]។

សូមអនុមោទនា !!!

Oben-pfeil