បានីយជាតក
ព្រះសាស្ដា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការសង្កត់សង្កិនកិលេស ទើបត្រាស់ព្រះធម្មទេសនានេះថា
ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី សម្លាញ់ពីរនាក់នៅក្នុងស្រុកតូចមួយ នាដែនកាសី នាំគ្នាកាន់ក្អមទឹកទៅកាន់ព្រៃ ដាក់ក្អមក្នុងចំណែកម្ខាងហើយ កាប់ចម្ការ ក្នុងពេលស្រេកទឹក ក៏នាំគ្នាផឹកទឹក។ បណ្ដាបុរសពីរនាក់នោះ បុរសម្នាក់ កាលមកផឹកទឹក ក៏រក្សាទឹករបស់ខ្លួនទុក ផឹកទឹកក្នុងក្អមរបស់សម្លាញ់ម្នាក់ទៀត ពេលល្ងាចចេញអំពីព្រៃហើយ ឈរងូតទឹក ពិចារណាថា ថ្ងៃនេះ អញបានធ្វើបាបណាមួយទុកដោយកាយទ្វារជាដើម មានដែរឬហ្ន៎ ឃើញការដែលលួចផឹកទឹករបស់សម្លាញ់ ទើបសង្វេគ គិតថា តណ្ហានេះ កាលចម្រើន គង់បោះអញទៅក្នុងអបាយ ដោយពិត អញនឹងសង្កត់កិលេសនេះឲ្យបាន ហើយធ្វើការលួចទឹកផឹករបស់សម្លាញ់នោះ ឲ្យជាអារម្មណ៍ ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញ្ញាណឲ្យកើតឡើង ឈរពិចារណាដល់គុណដែលខ្លួនបានហើយ។ លំដាប់នោះ បុរសម្នាក់ទៀត ងូតទឹកហើយឡើងមក ពោលថា ឯហិ សម្ម ឃរំ គច្ឆាម មកសម្លាញ់ យើងនាំគ្នាទៅផ្ទះ។
ព្រះបច្ចេកពុទ្ធតបថា អ្នកទៅចុះ អាត្មាមិនមានកិច្ចដោយផ្ទះឡើយ អាត្មាជា ព្រះបច្ចេកពុទ្ធ ហើយ។ បុរសនោះពោលថា ព្រះបច្ចេកពុទ្ធទាំងឡាយ មិនមានសភាពដូចអ្នកទេ។
លំដាប់នោះ ព្រះបច្ចេកពុទ្ធសួរថា តើព្រះបច្ចេកពុទ្ធទាំងឡាយ ប្រាកដដូចម្ដេច។ បុរសនោះ ឆ្លើយថា ព្រះបច្ចេកពុទ្ធទាំងឡាយ មានសក់ត្រឹមតែ ២ធ្នាប់ ដណ្ដប់សំពត់ដែលជ្រលក់ដោយទឹកអម្ចត់ គង់នៅត្រង់ញកភ្នំនន្ទមូលកៈ ក្នុងហិមវន្តប្បទេស ទិសខាងជើង។
ព្រះបច្ចេកពុទ្ធក៏ស្ទាបសីសៈ ក្នុងខណៈនោះឯង គិហិភេទរបស់លោក ក៏អន្តរធានទៅ ក្លាយជាបុគ្គលដែលស្លៀកសំពត់ពីរជាន់ ជ្រលក់ល្អហើយ ចងវត្ថពន្ធចង្កេះ ដូចផ្លេកបន្ទោរ មានចីវរមានពណ៌ដូចល័ក្ដ ដណ្ដប់ឆៀងស្មាម្ខាង មានសំពត់បង្សុកូលពណ៌ដូចមេឃ ដាក់លើចង្កួយស្មាខាងស្ដាំ មានបាត្រដីពណ៌ដូចភមរជាតិ ពាក់ត្រង់ចង្កួយស្មាខាងឆ្វេង លោកស្ថិតនៅក្នុងអាកាស សម្ដែងធម៌ ហើយហោះទៅចុះត្រង់ញកភ្នំនន្ទមូលកៈ ។
សម័យនោះដែរ មានកុដុម្ពិកៈម្នាក់ ក្នុងកាសិកគ្រាមនោះ អង្គុយត្រង់ផ្សារ ឃើញបុរសម្នាក់នាំភរិយាដើរទៅ ទម្លាយឥន្ទ្រិយ សម្លឹងមើលរូបសម្រស់របស់ភរិយាគេនោះ (តម្រេកកើតឡើង) ក៏ពិចារណាថា លោភៈនេះ កាលចម្រើនឡើង នឹងបោះអញទៅក្នុងអបាយទាំងឡាយបាន មានចិត្តសង្វេគ ចម្រើនវិបស្សនា សម្រេចបច្ចេកពោធិញ្ញាណ ស្ថិតនៅក្នុងអាកាស សម្ដែងធម៌ ហើយហោះទៅកាន់ញកភ្នំនន្ទមូលកៈដូចគ្នា។
មានជន ២នាក់ដទៃទៀត គឺបិតានិងបុត្ត ជាអ្នកកាសិកគ្រាមដូចគ្នា ធ្វើដំណើរទៅជាមួយគ្នា ពួកចោរនាំគ្នាស្កាត់ផ្លូវត្រង់មាត់ព្រៃ ពួកចោរទាំងនោះ បើចាប់បិតានិងបុត្តបាន ទុកបុត្ត ហើយលែងបិតាទៅ ដោយប្រាប់ថា ចូរទៅនាំទ្រព្យមកលោះកូនរបស់អ្នកចុះ។ បើចាប់បងប្អូនពីរនាក់បាន ក៏ទុកប្អូន ហើយលែងបងទៅ បើចាប់អាចារ្យនិងអន្តេវាសិកបាន ទុកអាចារ្យ លែងអន្តេវាសិកទៅ។ អន្តេវាសិកត្រូវតែនាំទ្រព្យមកដើម្បីលោះអាចារ្យ ព្រោះចង់បាននូវសិប្បៈ។ លំដាប់នោះ ឪពុកនិងកូននោះ ដឹងថា ពួកចោរស្កាត់ត្រង់ទីនោះ ទើបធ្វើកតិកាគ្នាទុកថា ឯងកុំហៅអញថា ពុក សូម្បីអញ ក៏មិនហៅឯងថា កូន។ ក្នុងកាលពួកចោរចាប់បាន ហើយសួរថា ឯងជាអ្វីនឹងគ្នា ក៏នាំគ្នានិយាយកុហកទាំងដឹងខ្លួនថា ខ្ញុំមិនមែនជាអ្វីនឹងគ្នាឡើយ។ ជនទាំងពីរចេញផុតអំពីព្រៃ ឈរងូតទឹកក្នុងពេលល្ងាច កូនប្រុសជម្រះសីលរបស់ខ្លួន ឃើញមុសាវាទនោះ គិតថា បាបនេះ កាលចម្រើនឡើង នឹងបោះអញទៅក្នុងអបាយទាំងឡាយ អញនឹងសង្កត់កិលេសនេះ ឲ្យបាន ដូច្នេះហើយ ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញ្ញាណ ឲ្យកើតឡើងហើយ ស្ថិតនៅក្នុងអាកាស សម្ដែងធម៌ដល់បិតា ហើយទៅកាន់ញកភ្នំនន្ទមូលកៈដូចគ្នា។
មានបុរសម្នាក់ទៀត ជាមេស្រុកក្នុងកាសិកគ្រាមនោះឯង ហាមឃាត់ហើយ មិនឲ្យមនុស្សសម្លាប់សត្វ។ គ្រានោះ ក្នុងកាលធ្វើពលិកម្ម មហាជនប្រជុំគ្នា ហើយពោលនឹងគាត់ថា បពិត្រលោកម្ចាស់ ពួកយើងនឹងសម្លាប់ម្រឹគនិងជ្រូកជាដើម ធ្វើពលិកម្មដល់ពួកយក្ខ កាលនេះ ជាកាលនៃពលិកម្ម។ មេស្រុកនោះក៏ពោលថា ពួកលោកចូរធ្វើតាមបែបដែលធ្លាប់ធ្វើមកក្នុងកាលមុននោះចុះ។ ពួកមនុស្សបានធ្វើបាណាតិបាតសន្ធឹកសន្ធាប់។ គាត់ឃើញត្រីនិងសាច់ជាច្រើន មានវិប្បដិសារៈថា មនុស្សទាំងនេះ សម្លាប់សត្វមានប្រមាណប៉ុណ្ណេះ គឺសម្លាប់តាមពាក្យរបស់អញតែម្នាក់ប៉ុណ្ណោះ ហើយឈរផ្អែកបង្អួច ចម្រើនវិបស្សនា ធ្វើបច្ចេកពោធិញ្ញាណឲ្យកើតឡើងហើយ ស្ថិតនៅក្នុងអាកាស សម្ដែងធម៌ដល់មហាជន ហើយហោះទៅកាន់ញកភ្នំនន្ទមូលកៈដូចគ្នា។
មានបុរសដទៃម្នាក់ទៀត ជាមេស្រុកក្នុងកាសិករដ្ឋនោះ ដូចគ្នា ឃាត់នូវការលក់ដូរទឹកស្រវឹង ត្រូវមហាជនសួរថា បពិត្រលោកម្ចាស់ ក្នុងកាលមុន ពេលនេះ ជាពេលនក្ខត្តឫក្ស ដែលឈ្មោះថា សុរាឆណៈ ពួកខ្ញុំនឹងធ្វើអ្វី ទើបពោលថា ពួកលោក ចូរធ្វើតាមទំនៀមអំពីមុននោះចុះ។ ពួកមនុស្សនាំគ្នាលេងនូវមហោស្រព ផឹកស្រាស្រវឹង ធ្វើនូវជម្លោះ កាប់ចាក់គ្នា ដាច់ដៃជើង បែកក្បាល ដាច់ត្រចៀក ត្រូវចងដោយអាជ្ញាជាច្រើន។ មេស្រុកឃើញជនទាំងនោះហើយ គិតថា កាលអញមិនអនុញ្ញាត ជនទាំងនេះ ក៏មិនចួបនូវទុក្ខ បុរសនោះ ធ្វើនូវការក្ដៅក្រហាយចិត្ត ដោយហេតុមានប្រមាណប៉ុណ្ណេះ ឈរផ្អែកបង្អួច ចម្រើនវិបស្សនា សម្រេចបច្ចេកពោធិញ្ញាណ ហើយស្ថិតនៅក្នុងអាកាស សម្ដែងធម៌ថា ពួកអ្នក ចូរកុំប្រមាទ ហើយហោះទៅកាន់ញកភ្នំនន្ទមូលកៈដូចគ្នា។
ចំណេរកាលតមក ព្រះបច្ចេកពុទ្ធទាំង ៥ អង្គនោះ នាំគ្នាហោះមក ចុះត្រង់ទ្វារនគរពារាណសីដើម្បីភិក្ខាចារ ស្លៀកដណ្ដប់នូវសំពត់រៀបរយ ត្រាច់បិណ្ឌបាតដោយឥរិយាបថ មានការឈានទៅមុខជាដើម ដែលគួរជ្រះថ្លា រហូតដល់ទ្វារព្រះរាជវាំង។ ព្រះរាជាទ្រង់ទតឃើញព្រះបច្ចេកពុទ្ធទាំងនោះ ទ្រង់មានចិត្តជ្រះថ្លា និមន្តឲ្យចូលកាន់ព្រះរាជនិវេសន៍ លាងជើង លាបដោយប្រេងក្រអូប អង្គាសដោយខាទនីយៈ និងភោជនីយៈដ៏ប្រណីត ហើយប្រថាប់គង់ក្នុងចំណែកម្ខាង ត្រាស់សួរថា បពិត្រលោកម្ចាស់ដ៏ចម្រើនទាំងឡាយ ការបំពេញបព្វជ្ជាក្នុងបឋមវ័យ របស់លោកម្ចាស់ទាំងឡាយ មើលទៅល្អពិត ការបំពេញបព្វជ្ជាក្នុងវ័យ នេះ តើលោកម្ចាស់ទាំងឡាយ ឃើញទោសក្នុងកាមទាំងឡាយដូចម្ដេច អ្វីជាអារម្មណ៍របស់លោកម្ចាស់។ ព្រះបច្ចេកពុទ្ធទាំងនោះ ក៏ពោលគាថា ( មួយអង្គ ១ គាថា) ដូចតទៅនេះថា
មិត្តោ មិត្តស្ស បានីយំ អទិន្នំ បរិភុញ្ជិសំ
តេន បច្ឆា វិជិគុច្ឆឹ តំ បាបំ បកតំ មយា
មា បុន អករំ បាបំ តស្មា បព្វជិតោ អហំ។
អាត្មាភាពជាមិត្ត (នៃមិត្តម្នាក់ទៀត) បានប្រើប្រាស់ទឹកដែលមិត្តនោះ មិនឲ្យហើយ ហេតុនោះ អាត្មាភាពខ្ពើមរអើមក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស។
បរទារញ្ច ទិស្វាន ឆន្ទោ មេ ឧបបជ្ជថ
តេន បច្ឆា វិជិគុច្ឆឹ តំ បាបំ បកតំ មយា
មា បុន អករំ បាបំ តស្មា បព្វជិតោ អហំ។
សេចក្ដីប្រាថ្នា (ក្នុងកាម) កើតឡើងដល់អាត្មាភាព ព្រោះឃើញនូវប្រពន្ធរបស់បុគ្គលដទៃ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស។
បិតរំ មេ មហារាជ ចោរាអគ្គណ្ហុ កាននេ
តេសាហំ បុច្ឆិតោ ជានំ អញ្ញថា នំ វិយាករឹ
តេន បច្ឆា វិជិគុច្ឆឹ តំ បាបំ បកតំ មយា
មា បុន អករំ បាបំ តស្មា បព្វជិតោ អហំ។
បពិត្រមហារាជ ពួកចោរបានចាប់បិតារបស់អាត្មាភាព ក្នុងព្រៃ អាត្មាភាពដែលពួកចោរនោះសួរហើយ ទុកជាដឹង ក៏ ប្រាប់ហេតុនោះ ដោយចំណែកដទៃវិញ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស។
បាណាតិបាតមករុំ សោមយាគេ ឧបដ្ឋិតេ
តេសាហំ សមនុញ្ញាសឹ
តេន បច្ឆា វិជិគុច្ឆឹ តំ បាបំ បកតំ មយា
មា បុន អករំ បាបំ តស្មា បព្វជិតោ អហំ។
ការសែនព្រេន ឈ្មោះសោមយាគតាំងឡើងហើយ ពួកមនុស្សបានធ្វើបាណាតិបាត អាត្មាភាពក៏អនុញ្ញាតឲ្យពួកមនុស្សនោះ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើមក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស។
សុរាមេរយមធុកា យេ ជនា បឋមាសុនោ
ពហុន្នំ តេ អនត្ថាយ មជ្ជបានមកប្បយុំ
តេសាហំ សមនុញ្ញាសឹ
តេន បច្ឆា វិជិគុច្ឆឹ តំ បាបំ បកតំ មយា
មា បុន អករំ បាបំ តស្មា បព្វជិតោ អហំ។
ពួកជនណា (ក្នុងស្រុក) របស់យើង ដែលសម្គាល់សុរា និងមេរ័យថា ដូចទឹកឃ្មុំ ជាជន (មានសភាពយ៉ាងនេះ) ជាដំបូង ពួកជននោះ បានចាត់ចែងទឹកស្រវឹង ដើម្បីសេចក្ដីវិនាសដល់ពួកជនច្រើន អាត្មាភាពបានអនុញ្ញាតឲ្យពួកជននោះ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស។
ព្រះបច្ចេកពុទ្ធទាំងឡាយបានពោលគាថាទាំង ៥ នេះ ដោយលំដាប់។ ចំណែកព្រះរាជា ទ្រង់ស្ដាប់ព្យាករណ៍របស់ព្រះបច្ចេកពុទ្ធមួយអង្គៗ ហើយ ទ្រង់សរសើរថា ភន្តេ អយំ បព្វជ្ជា តុម្ហាកំ យេវានុច្ឆវិកា បពិត្រលោកម្ចាស់ដ៏ចម្រើន បព្វជ្ជានេះ សមគួរដល់លោកម្ចាស់ទាំងឡាយ មែនពិត។
ព្រះរាជា ទ្រង់ស្ដាប់ព្រះធម្មទេសនារបស់ព្រះបច្ចេកពុទ្ធទាំងនោះហើយ ទ្រង់មានចិត្តជ្រះថ្លា ប្រគេនសំពត់ចីវរនិងភេសជ្ជៈទាំងឡាយ។ កាលព្រះបច្ចេកពុទ្ធទាំងឡាយនោះ ធ្វើអនុមោទនាហើយ ទ្រង់បញ្ជូនព្រះបច្ចេកពុទ្ធទាំងនោះទៅ ព្រះបច្ចេកពុទ្ធទាំងឡាយក៏បាននិមន្តទៅកាន់ញកភ្នំនន្ទមូលកៈវិញ។ តាំងអំពីនោះមក ព្រះរាជាទ្រង់នឿយណាយ មិនត្រេកអរក្នុងវត្ថុកាមទាំងឡាយ ទ្រង់សោយព្រះក្រយាស្ងោយ មានរសដ៏ប្រសើរផ្សេងៗ ក៏ទ្រង់មិនបានហៅ (បុគ្គលណាមួយ) ទ្រង់មិនបានទតពួកស្ត្រី ទ្រង់មានចិត្តនឿយណាយ យាងចូលបន្ទប់ដ៏មានសិរី គង់ធ្វើកសិណបរិកម្ម ត្រង់ជញ្ជាំងដែលមានពណ៌ស ទ្រង់ញ៉ាំងឈានឲ្យកើតឡើងហើយ។ ព្រះរាជាទ្រង់សម្រេចឈានហើយ កាលទ្រង់តិះដៀលកាមទាំងឡាយ ទើបត្រាស់ព្រះគាថាថា
ធិរត្ថុសុ ពហុកាមេ ទុគ្គន្ធេ ពហុកណ្តកេ
យេ អហំ បដិសេវន្តោ នាលភឹ តាទិសំ សុខំ។
គួរឲ្យតិះដៀលកាមដ៏ច្រើន ដែលមានក្លិនអាក្រក់ មានសត្រូវច្រើន ព្រោះថា អាត្មាអញបានសេពហើយ ក៏មិនបានសេចក្ដីសុខ (ក្នុងឈាន) ប្រាកដដូច្នោះ។
គ្រានោះ អគ្គមហេសីរបស់ទ្រង់ ព្រះតម្រិះថា ព្រះរាជាអង្គនេះ ស្ដាប់ព្រះធម្មកថារបស់ព្រះបច្ចេកពុទ្ធទាំងឡាយហើយ ទ្រង់មានអាកប្បកិរិយានឿយណាយ មិនបានត្រាស់ជាមួយពួកយើងឡើយ ទ្រង់យាងចូលបន្ទប់ដ៏មានសិរី អញនឹងចាំចាប់ទោសរបស់ទ្រង់ ដូច្នេះហើយ ក៏យាងទៅកាន់បន្ទប់ដ៏មានសិរី ប្រថាប់ឈរត្រង់ទ្វារ ស្ដាប់ឧទានគាថារបស់ព្រះរាជាដែលកំពុងតិះដៀលនូវកាមទាំងឡាយហើយ មានព្រះសវនីយ៍ថា មហារាជ ត្វំ កាមេ គរហសិ កាមសុខសទិសំ នាម សុខំ នត្ថិ បពិត្រមហារាជ ទ្រង់តិះដៀលនូវកាមទាំងឡាយ (ឬ) សេចក្ដីសុខប្រាកដស្មើដោយកាមសុខ មិនមានទេ។ កាលព្រះនាងពណ៌នាដល់សេចក្ដីសុខក្នុងកាម ទើបពោលគាថាបន្តថា
មហស្សាទា សុខា កាមា នត្ថិ កាមា បរំ សុខំ
យេ កាមេ បដិសេវន្តិ សគ្គន្តេ ឧបបជ្ជរេ។
កាមទាំងឡាយ មានសេចក្ដីរីករាយច្រើន ជាសុខ សេចក្ដីសុខក្រៅអំពីកាម មិនមានទេ ពួកជនណា បានសេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងឋានសួគ៌ ។
ព្រះពោធិសត្វបានស្ដាប់គាថានោះហើយ កាលទ្រង់តិះដៀលថា នស្ស វសលិ នែស្រីថោកទាប ចូរវិនាសទៅ កឹ កថេសិ នាងពោលអ្វី កាមេសុ សុខំ នាម កុតោ អត្ថិ ឈ្មោះថា សេចក្ដីសុខក្នុងកាមទាំងឡាយ មានមកអំពីណា វិបរិណាមទុក្ខា ឯតេ កាមទាំងនេះ ជាទុក្ខ ព្រោះមានសេចក្ដីប្រែប្រួលទៅនោះឯង ទើបពោលគាថាដ៏សេសថា
អប្បស្សាទា ទុខា កាមា នត្ថិ កាមា បរំ ទុក្ខំ
យេ កាមេ បដិសេវន្តិ និរយន្តេ ឧបបជ្ជរេ។
កាមទាំងឡាយ មានសេចក្ដីរីករាយតិច ជាទុក្ខ សេចក្ដីទុក្ខក្រៅអំពីកាម មិនមានទេ ពួកជនណា សេពកាមទាំងឡាយពួកជននោះ តែងកើតក្នុងនរក។
អសិ យថា សុនិសិតោ នេត្តិសោវ សុបាយិកោ
សត្តីវ ឧរសី ខិត្តា កាមា ទុក្ខតរា តតោ។
កាមទាំងឡាយ មានសេចក្ដីទុក្ខ លើសជាងដាវដែលសំលៀងហើយ ជាងព្រះខ័នដែលលាបដោយថ្នាំពិស ទាំងជាងលំពែងដែលពួយត្រង់ទ្រូង។
អង្គារានំវ ជលិតំ កាសុំ សាធិកបោរិសំ
ផាលំវ ទិវសន្តត្តំ កាមា ទុក្ខតរា តតោ។
កាមទាំងឡាយ មានសេចក្ដីទុក្ខ លើសជាងរងើកភ្លើងដ៏ច្រាលឆ្អៅ ជាងរណ្ដៅរងើកភ្លើង មានជម្រៅមួយទទូង ឬអណ្ដាតភ្លើងដែលក្ដៅពេញមួយថ្ងៃ។
វិសំ យថា ហលាហលំ តេលំ បក្កុដ្ឋិតំ យថា
តម្ពលោហំ វិលីនំវ កាមា ទុក្ខតរា តតោ។
កាមទាំងឡាយ មានសេចក្ដីទុក្ខ លើសជាងថ្នាំពុលដ៏ក្លៀវក្លាឬប្រេងកំពុងពុះ ឬក៏ទង់ដែងរលាយ។
ព្រះមហាសត្វ ទ្រង់សម្ដែងធម៌ដល់ព្រះទេវីយ៉ាងនេះហើយ ទ្រង់ឲ្យពួកអាមាត្យប្រជុំគ្នា ហើយត្រាស់ថា នែអាមាត្យដ៏ចម្រើនទាំងឡាយ ពួកអ្នក ចូរទទួលរាជសម្បត្តិចុះ ខ្ញុំនឹងបួស ទាំងដែលមហាជនកំពុងយំរៀបរាប់នុ៎ះឯង ទ្រង់ក្រោកឡើង ហោះទៅប្រថាប់ឈរក្នុងអាកាស ប្រទានឱវាទ ហើយទៅកាន់ព្រៃហិមពាន្ត នាទិសខាងជើងតាមអាកាសនោះឯង។ ទ្រង់សាងអាស្រមក្នុងប្រទេសដែលគួរត្រេកអរ បួសជាឥសី ក្នុងទីបំផុតនៃព្រះជន្មាយុ បានទៅកាន់ព្រហ្មលោកហើយ។
ព្រះសាស្ដា ទ្រង់នាំយកព្រះធម្មទេសនានេះមកសម្ដែងហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថា កិលេសជារបស់តិចតួចមិនមានឡើយ ទោះបីមានប្រមាណតិច បណ្ឌិតទាំងឡាយ ក៏គួរសង្កត់សង្កិននោះឯង ដូច្នេះហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ ហើយទ្រង់ប្រជុំជាតក។ ក្នុងកាលចប់សច្ចៈ ភិក្ខុ ៥០០ រូប តាំងនៅក្នុងអរហត្តផល ។ ព្រះបច្ចេកពុទ្ធទាំងឡាយក្នុងកាលនោះ បរិនិព្វានហើយ ព្រះទេវី បានមកជារាហុលមាតា ឯព្រះបាទពារាណសី គឺតថាគតនេះឯង។
បានីយជាតក ចប់។
[ស្រង់ចាកអដ្ឋកថា ជាតក ឯកាទសកនិបាត បិ.៥៩ ទំ.២២៤ ឃ.៨៤០។]
សូមអនុមោទនា !!!
