សង្ខជាតក
ព្រះសាស្ដា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការថ្វាយបរិក្ខារទាំងពួង ទើបត្រាស់រឿងនេះថា
ក្នុងអតីតកាល នគរពារាណសីមានឈ្មោះមោលិនី។ ព្រះបាទព្រហ្មទត្ដគ្រងរាជសម្បត្ដិក្នុងនគរមោលិនីនោះ។ មានព្រាហ្មណ៍ម្នាក់ ឈ្មោះសង្ខៈ ជាអ្នកស្ដុកស្ដម្ភ មានភោគៈច្រើន មានគ្រឿងដែលធ្វើឲ្យត្រេកអរ ដូចជាទ្រព្យ ស្រូវ មាស និងប្រាក់ជាដើម គាត់ឲ្យធ្វើសាលាសម្រាប់ឲ្យទាន ៦ កន្លែង គឺត្រង់ទ្វារនគរទាំងបួន ត្រង់កណ្ដាលនគរ និងត្រង់ទ្វារផ្ទះ លះទ្រព្យមួយថ្ងៃ ៦ សែន ឲ្យមហាទានប្រព្រឹត្តទៅដល់មនុស្សកំព្រា និងអ្នកដំណើរដែលជាអាគន្ដុកៈរាល់ថ្ងៃ។ ថ្ងៃមួយ គាត់គិតថា កាលទ្រព្យក្នុងផ្ទះអស់ហើយ អញមិនអាចឲ្យទានបាន កាលទ្រព្យមិនទាន់អស់ អញនឹងចេញសំពៅទៅសុវណ្ណភូមិនាំទ្រព្យមក គិតដូច្នេះហើយ ទើបរៀបចំសំពៅ ផ្ទុកទំនិញទាល់តែពេញ ហើយហៅបុត្តភរិយាមកប្រាប់ថា ពួកនាង ចូរឲ្យទានរបស់យើងប្រព្រឹត្ដទៅ កុំឲ្យដាច់ ទម្រាំយើងត្រឡប់មក ហើយចោមរោមដោយទាសៈនិងកម្មករ បាំងឆត្រ ពាក់ស្បែកជើង ដើរតម្រង់ទៅកាន់កំពង់ក្នុងពេលថ្ងៃត្រង់។ ក្នុងខណៈនោះ នៅឯភ្នំគន្ធមាទន៍ មាន ព្រះបច្ចេកពុទ្ធ មួយអង្គរំពឹងមើល ក៏បានឃើញព្រាហ្មណ៍នោះ កំពុងធ្វើដំណើរទៅ ដើម្បីនាំទ្រព្យមក ទើបគិតថាមហាបុរសទៅរកទ្រព្យ អន្ដរាយនឹងមានក្នុងសមុទ្ទដែរឬហ្ន៎ ក៏ជ្រាបថា នឹងមានអន្ដរាយ (ទើបគិតបន្តទៀតថា) មហាបុរសនេះ ឃើញអាត្មាអញហើយ នឹងប្រគេនឆត្រ ស្បែកជើងដល់អញ កាលសំពៅបែកធ្លាយកណ្ដាលសមុទ្ទ មហាបុរសនេះ នឹងបាននូវទីពឹងដោយអានិសង្សដែលឲ្យស្បែកជើង អញនឹងធ្វើនូវសេចក្ដីអនុគ្រោះដល់មហាបុរសនេះ ដូច្នេះហើយ ក៏ហោះមកតាមអាកាស ចុះក្នុងទីជិតសង្ខព្រាហ្មណ៍ និមន្តជាន់ដីខ្សាច់ក្ដៅ ដូចក្រាលដោយរងើកភ្លើង ព្រោះខ្យល់និងកម្ដៅដ៏ខ្លាំងក្លា តម្រង់មកកាន់សង្ខព្រាហ្មណ៍។
សង្ខព្រាហ្មណ៍គ្រាន់តែឃើញព្រះបច្ចេកពុទ្ធប៉ុណ្ណោះ ក៏ត្រេកអរថា បុញ្ញក្ខេត្ដរបស់អញមកដល់ហើយ ថ្ងៃនេះ អញគួរព្រោះពូជ គឺទានក្នុងបុញ្ញក្ខេត្ដនេះ ទើបប្រញាប់ចូលទៅនមស្ការព្រះបច្ចេកពុទ្ធ ហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ចុះអំពីផ្លូវបន្ដិច ដើម្បីអនុគ្រោះដល់ខ្ញុំ សូមចូលទៅត្រង់គល់ឈើនេះ។ លុះព្រះបច្ចេកពុទ្ធចូលទៅត្រង់គល់ឈើ ក៏ពូនខ្សាច់ឡើង យកសំពត់ដណ្ដប់ក្រាល នមស្ការព្រះបច្ចេកពុទ្ធ ហើយលាងជើងព្រះបច្ចេកពុទ្ធ ដោយទឹកដែលអប់ និងត្រងស្អាត លាបជើងដោយប្រេងក្រអូប ដោះស្បែកជើងដែលខ្លួនពាក់ លាបដោយគ្រឿងក្រអូប ហើយពាក់ត្រង់ជើងព្រះបច្ចេកពុទ្ធ ប្រគេនឆត្រនិងស្បែកជើងដោយវាចាថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ពាក់ស្បែកជើងនេះ ហើយបាំងឆត្រនិមន្តទៅចុះ។ ព្រះបច្ចេកពុទ្ធដើម្បីអនុគ្រោះសង្ខព្រាហ្មណ៍ ទើបទទួលឆត្រនិងស្បែកជើង ដើម្បីឲ្យសេចក្ដីជ្រះថ្លារឹងរឹតតែចម្រើនឡើង ទើបហោះទៅកាន់ភ្នំគន្ធមាទន៍ ឲ្យសង្ខព្រាហ្មណ៍ឃើញនុ៎ះឯង។ ព្រះពោធិសត្វបានឃើញដូច្នោះហើយ មានចិត្ដជ្រះថ្លាក្រៃលែង ដើរទៅកាន់កំពង់ ឡើងជិះសំពៅហើយ។ លំដាប់នោះ កាលសំពៅកំពុងអណ្ដែតទៅក្នុងមហាសមុទ្ទ ដល់ថ្ងៃទី ៧ សំពៅក៏បែកធ្លាយ ទឹកហូរចូល មិនមាននរណាអាចបាចទឹកឲ្យអស់បាន មហាជនខ្លាចចំពោះមរណភ័យ នាំគ្នានមស្ការទេវតាដែលខ្លួនរាប់អានរៀង ៗ ខ្លួន ហើយស្រែកបន់ស្រន់ ។ ព្រះមហាសត្វនិងអ្នកបម្រើម្នាក់ លាបសរីរៈដោយប្រេង ទំពាស្ករក្រាមនិងសប្បិ គ្រប់គ្រាន់ដល់សេចក្ដីត្រូវការហើយ ឡើងលើសសរក្ដោងជាមួយឧបដ្ឋាកនោះ កំណត់ទិសថា នគររបស់យើងនៅទិសនេះ កាលនឹងដោះខ្លួនអំពីអន្ដរាយ មានត្រីនិងអណ្ដើកជាដើម ទើបលោតបំផ្លោងទៅក្នុងទីប្រមាណមួយឧសភៈ ជាមួយអ្នកបម្រើនោះ។ មហាជនវិនាសគ្មានសល់ ចំណែកព្រះមហាសត្វនិងអ្នកបម្រើនោះ ព្យាយាមហែលឆ្លងសមុទ្ទអស់ ៧ ថ្ងៃ។ ថ្ងៃនោះ ជាថ្ងៃឧបោសថ ព្រះពោធិសត្វបានខ្ពុរមាត់ដោយទឹកប្រៃ ហើយរក្សាឧបោសថ។
ក្នុងកាលនោះ ទេពធីតាឈ្មោះមណិមេខលា បានទទួលការតែងតាំងអំពីស្ដេចចតុលោកបាលទាំង ៤ ឲ្យជាអ្នករក្សាសមុទ្ទ ដោយប្រាប់ថា បើសំពៅបែកធ្លាយ មនុស្សដែលដល់ត្រៃសរណគមន៍ក្ដី មានសីលបរិបូណ៌ក្ដី បដិបត្ដិប្រពៃក្នុងមាតាបិតាក្ដី ដែលដល់ហើយនូវសេចក្ដីទុក្ខក្នុងសមុទ្ទនេះ នាងគប្បីរក្សាបុគ្គលនោះ។ ទេពធីតាប្រមាទដោយភាពជាធំរបស់ខ្លួនអស់ ៧ ថ្ងៃ ដល់ថ្ងៃទី ៧ ទើបមកមើលសមុទ្ទ បានឃើញសង្ខព្រាហ្មណ៍ប្រកបដោយសីលនិងអាចារៈ កើតសេចក្ដីសង្វេគ គិតថា ព្រាហ្មណ៍នេះ លំបាកក្នុងសមុទ្ទអស់ ៧ ថ្ងៃហើយ បើព្រាហ្មណ៍នេះស្លាប់ អញនឹងបានទទួលនូវការតិះដៀលជាច្រើន ដូច្នេះហើយ នាងបានរៀបចំថាសមាសមួយ ពេញដោយទិព្វភោជន ដែលមានរសប្រសើរផ្សេង ៗ ហោះទៅក្នុងទីនោះ ដោយរហ័ស ឈរនៅលើអាកាសក្នុងទីចំពោះមុខសង្ខព្រាហ្មណ៍ ពោលថា បពិត្រព្រាហ្មណ៍ លោកអត់អាហារ ៧ថ្ងៃហើយ ចូរបរិភោគភោជនទិព្វនេះចុះ។
សង្ខព្រាហ្មណ៍សម្លឹងមើលទេពធីតាហើយ ពោលថា ចូរនាំភត្ដរបស់នាងចេញទៅ យើងរក្សាឧបោសថ។ លំដាប់នោះ ឧបដ្ឋាកដែលនៅខាងក្រោយ មិនឃើញទេវតា បានឮតែសំឡេង គិតថា ដោយប្រក្រតី ព្រាហ្មណ៍នេះ ជាមនុស្សសុខុមាលជាតិ អត់អាហារលំបាកអស់ ៧ ថ្ងៃ ប្រហែលជារវើរវាយខ្លាចស្លាប់ អញនឹងលួងលោមព្រាហ្មណ៍ គិតដូច្នេះហើយ បានពោលគាថាទី១ ថា
ពហុស្សុតោ សុតធម្មោសិ សង្ខ
ទិដ្ឋា តយា សមណព្រាហ្មណា ច
អថក្ខណេ ទស្សយសេ វិលាបំ
អញ្ញោ នុ កោ តេ បដិមន្តកោ មយា។
បពិត្រសង្ខព្រាហ្មណ៍ អ្នកជាពហុស្សូត ធ្លាប់បានស្ដាប់ធម៌ ទាំងសមណព្រាហ្មណ៍ អ្នកក៏បានចួបហើយ កាលបើដូច្នេះ (ហេតុអ្វី) ទើបអ្នកសម្ដែងនូវពាក្យរវើរវាយ ក្នុងកាលមិនមែនជាខណៈ អ្នកណាទៀតហ្ន៎ ជាអ្នកប្រឹក្សាចំពោះអ្នក ក្រៅអំពីខ្ញុំ។
សង្ខព្រាហ្មណ៍បានស្ដាប់ពាក្យរបស់ឧបដ្ឋាកនោះហើយ ទើបគិតថា ប្រហែលជាទេវតានោះ មិនប្រាកដដល់បុរសនេះ ទើបពោលថា នែសម្លាញ់ យើងមិនបានខ្លាចមរណភ័យ អ្នកដទៃដែលមកប្រឹក្សាជាមួយនឹងយើង មាន ហើយពោលគាថាទី២ ថា
សុព្ភា សុភា សុប្បដិមុក្កកម្ពូ
បគ្គយ្ហ សោវណ្ណមយាយ បាដិយា
ភុញ្ជស្សុ ភត្តំ ឥតិ មំ វទេតិ
សទ្ធាវិត្តា តមហំ នោតិ ព្រូមិ។
ទេវធីតាមានមុខល្អ មានរូបល្អ មានមាសពាក់ដោយល្អ កាន់នូវ (ភត្ដ) ដោយភាជន៍មាស មានសទ្ធា មានចិត្ដរីករាយ និយាយនឹងយើងថា អ្នកចូរបរិភោគនូវភត្ដចុះ យើងនិយាយនឹងទេវតានោះថា យើងមិន (បរិភោគ) ទេ។
លំដាប់នោះ អ្នកបម្រើបានពោលគាថាទី ៣ ថា
ឯតាទិសំ ព្រាហ្មណ ទិស្វាន យក្ខំ
បុច្ឆេយ្យ បោសោ សុខមាសឹសានោ
ឧដ្ឋេហិ នំ បញ្ជលិកាភិបុច្ឆ
ទេវី នុសិ ត្វំ ឧទ មានុសី នុ។
ម្នាលព្រាហ្មណ៍ ធម្មតាបុរសអ្នកប្រាថ្នាសេចក្ដីសុខ កាលបានឃើញយក្ខប្រាកដដូច្នោះហើយ គួរណាស់តែសួរ (ឲ្យដឹង) អ្នកចូរក្រោកឡើង ហើយប្រណម្យដៃ សួរយក្ខនោះថា នាងជាទេវធីតា ឬជាមនុស្ស។
ព្រះពោធិសត្វគិតថា ឧបដ្ឋាកនិយាយត្រូវ កាលនឹងសួរទេពធីតានោះ ទើបពោលគាថាទី៤ ថា
យំ ត្វំ សុខេនាភិសមេក្ខសេ មំ
ភុញ្ជស្សុ ភត្តំ ឥតិ មំ វទេសិ
បុច្ឆាមិ តំ នារិ មហានុភាវេ
ទេវី នុសិ ត្វំ ឧទ មានុសី នុ។
នាងបានគយគន់មើលយើង ដោយសេចក្ដីសុខ និយាយនឹងយើងថា អ្នកចូរបរិភោគនូវភត្ដចុះ ម្នាលនាងនារី អ្នកមានអានុភាពធំ យើងសូមសួរនាង តើនាងជាទេវធីតា ឬជាមនុស្ស។
លំដាប់នោះ ទេពធីតាពោលគាថា ២ ថា
ទេវី អហំ សង្ខ មហានុភាវា
ឥធាគតា សាគរវារិមជ្ឈេ
អនុកម្បិកា នោ ច បទុដ្ឋចិត្តា
តវេវ អត្ថាយ ឥធាគតាស្មិ។
បពិត្រសង្ខព្រាហ្មណ៍ ខ្ញុំជាទេវធីតា មានអានុភាពធំ មកក្នុងកណ្ដាលសាគរនេះ ព្រោះខ្ញុំមានសេចក្ដីអនុគ្រោះ មិនមែនមានចិត្ដប្រទូស្ដទេ ទើបមកក្នុងទីនេះ ដើម្បីប្រយោជន៍ចំពោះអ្នកតែម្យ៉ាង។
ឥធន្នបានំ សយនាសនញ្ច
យានានិ នានាវិវិធានិ សង្ខ
សព្វស្ស ត្យាហំ បដិបាទយាមិ
យំ កិញ្ចិ តុយ្ហំ មនសាភិបត្ថិតំ។
បពិត្រសង្ខព្រាហ្មណ៍ ក្នុងសមុទ្ទនេះ មានបាយ ទឹកទីដេក ទីអង្គុយ និងយានផ្សេងៗ ជាច្រើន អ្នកមានចិត្ដប្រាថ្នាចំពោះរបស់ណាមួយ ខ្ញុំនឹងប្រគល់ឲ្យរបស់ទាំងអស់នោះ ដល់អ្នក។
ព្រះមហាសត្វបានស្ដាប់ដូច្នោះហើយ គិតថា ទេវតានេះពោលថា នឹងឲ្យយ៉ាងនោះ យ៉ាងនេះ ដល់អញកណ្ដាលផ្ទៃសមុទ្ទ នាងប្រាថ្នានឹងឲ្យដោយបុញ្ញកម្មដែលអញធ្វើទុក ឬនឹងឲ្យដោយអានុភាពរបស់ខ្លួន អញនឹងសាកសួរមើល កាលនឹងសាកសួរបានពោលគាថាទី ៧ ថា
យំ កិញ្ចិ យិដ្ឋញ្ច ហុតញ្ច មយ្ហំ
សព្វស្ស នោ ឥស្សរា ត្វំ សុគត្តេ
សុស្សោណិ សុព្ភា សុវិលាកមជ្ឈេ
កិស្ស មេ កម្មស្ស អយំ វិបាកោ។
បពិត្រនាងទេវធីតា មានរាងខ្លួនល្អ មានភ្លៅល្អ មានវង់ចិញ្ចើមល្អ មានអវយវៈពាក់កណ្ដាលខ្លួនល្អ ការបូជាធំក្ដី បូជាតូចក្ដី ណាមួយរបស់ខ្ញុំ នាងជាឥស្សរៈនៃបុញ្ញកម្មរបស់យើងនោះទាំងអស់ នេះជាផលនៃកម្មរបស់ខ្ញុំដូចម្ដេច។
នាងទេវធីតាបានស្ដាប់ពាក្យនោះហើយ គិតថា ព្រាហ្មណ៍នេះទំនងជាមិនដឹងថា កុសលកម្មណាដែលបុគ្គលនោះធ្វើហើយ ( បុគ្គលនោះ) មិនដឹងនូវកុសលកម្មនោះទេ ទើបសួរ។ ឥឡូវនេះ អញនឹងប្រាប់ដល់បុរសនេះ (ឲ្យបានដឹង) ទើបពោលគាថាទី៨ ថា
ឃម្មេ បថេ ព្រាហ្មណ ឯកភិក្ខុំ
ឧស្សដ្ឋបាទំ តសិតំ កិលន្តំ
បដិបាទយិ សង្ខ ឧបាហនានិ
សា ទក្ខិណា កាមទុហា តវជ្ជ។
បពិត្រសង្ខព្រាហ្មណ៍ អ្នកបានប្រគេនស្បែកជើងចំពោះភិក្ខុ ១ អង្គ (ព្រះបច្ចេកពុទ្ធ) ដែលមានជើងកំពុងរលាក ស្រេកឃ្លាន លំបាក ក្នុងផ្លូវដ៏ក្ដៅ ទក្ខិណាទាននោះ ឲ្យនូវសេចក្ដីប្រាថ្នាដល់អ្នក ក្នុងថ្ងៃនេះ។
ព្រះមហាសត្វបានស្ដាប់ដូច្នោះហើយ មានចិត្ដត្រេកអរ គិតថា ការថ្វាយស្បែកជើងដែលអញបានឲ្យហើយ ឲ្យផលដែលគួរប្រាថ្នាគ្រប់យ៉ាង ក្នុងមហាសមុទ្ទដែលមិនមានទីពឹងបែបនេះ ឱ ! ការដែលអញថ្វាយទានដល់ព្រះបច្ចេកពុទ្ធ ជាការថ្វាយល្អហើយ ដូច្នេះ ទើបពោលគាថាទី ៩ ថា
សា ហោតុ នាវា ផលកូបបន្នា
អនវស្សុតា ឯរកវាតយុត្តា
អញ្ញស្ស យានស្ស ន ហេត្ថ ភូមិ
អជ្ជេវ មំ មោលិនឹ បាបយស្សុ។
សូមឲ្យកើតសំពៅដែលពាសដោយផែនក្ដារ ជាសំពៅមិនលិចទឹក ប្រកបដោយក្ដោង និងខ្យល់ ព្រោះថា ក្នុងសមុទ្ទនេះ មិនមែនជាភូមិនៃយានដទៃឡើយ សូមនាងចម្លងខ្ញុំឲ្យដល់នូវក្រុងមោលិនី ក្នុងថ្ងៃនេះ។
គប្បីជ្រាបអត្ថនៃពាក្យដែលជាគាថានោះថា នែទេពធីតា កាលបើដូច្នោះ សូមនាងនិម្មិតសំពៅមួយដល់ខ្ញុំចុះ តែសូមនិម្មិតសំពៅតូចមួយ ប្រមាណប៉ុនទូកកម្រោល ម្យ៉ាងទៀត សំពៅដែលនាងនិម្មិត ឲ្យជាសំពៅដែលធ្វើដោយបន្ទះក្ដារច្រើនបន្ទះ ដែលបោះភ្ជាប់ល្អហើយ ឈ្មោះថា ទឹកមិនលិច ព្រោះមិនមានប្រហោងដែលឲ្យទឹកហូរចូលទៅបាន ប្រកប ដោយក្ដោងដែលខ្យល់បក់ទៅយ៉ាងស្រួល ព្រោះក្នុងសមុទ្ទនេះ ទីដែលប្រើយានពាហនៈដទៃ វៀរសំពៅទិព្វ មិនមាន សូមនាងបញ្ជូនខ្ញុំឲ្យដល់នគរមោលិនីដោយសំពៅនោះ ក្នុងថ្ងៃនេះចុះ ។ ទេពធីតាបានស្ដាប់ពាក្យព្រះពោធិសត្វហើយ មានចិត្ដត្រេកអរ និម្មិតសំពៅមួយ សម្រេច ដោយកែវ ៧ ប្រការ សំពៅនោះ បណ្ដោយ ៨ ឧសភៈ ទទឹង ៤ ឧសភៈ ជម្រៅ ២០ ឈើច្រត់ មានសសរក្ដោង ៣ សម្រេចដោយកែវឥន្ទនិល មានខ្សែចងសម្រេចដោយមាស មានរ៉កសម្រេចដោយប្រាក់ មានកន្សៃសម្រេចដោយមាស ទេវតាយករតនៈ ៧ ប្រការដាក់ពេញសំពៅហើយ បីព្រាហ្មណ៍ដាក់លើសំពៅដែលប្រដាប់ហើយ តែមិនបានក្រឡេកមើលបុរសដែលជាឧបដ្ឋាករបស់ព្រះពោធិសត្វឡើយ។ ព្រាហ្មណ៍បានឲ្យចំណែកបុណ្យដែលខ្លួនធ្វើដល់ឧបដ្ឋាក ឧបដ្ឋាកក៏ទទួលអនុមោទនា។ រំពេចនោះ ទេវតាក៏បីឧបដ្ឋាកនោះ ឡើងលើសំពៅដែរ។ លំដាប់នោះ ទេវតាក៏នាំសំពៅទៅកាន់នគរមោលិនី ធ្វើទ្រព្យឲ្យតាំងនៅក្នុងផ្ទះព្រាហ្មណ៍ហើយ ទៅកាន់លំនៅរបស់ខ្លួនវិញ។
ព្រះសាស្ដា កាលទ្រង់ត្រាស់ដឹងហើយ បានត្រាស់អភិសម្ពុទ្ធគាថាដែលជាគាថាចុងក្រោយថា
សា តុដ្ឋចិត្តា សុមនា បតីតា
នាវំ សុចិត្តំ អភិនិម្មិនិត្វា
អាទាយ សង្ខំ បុរិសេន សទ្ធឹ
ឧបានយី នគរំ សាធុរម្មំ។
ទេវតានោះ មានចិត្ដត្រេកអរ រីករាយ សប្បាយ និម្មិតសំពៅដ៏វិចិត្រល្អ ហើយនាំសង្ខព្រាហ្មណ៍ ព្រមទាំងបុរសឧបដ្ឋាក ចូលទៅកាន់ក្រុងជាទីសុខសាន្ដ។
ព្រាហ្មណ៍គ្រប់គ្រងផ្ទះ ដែលមានទ្រព្យប្រមាណមិនបាន ឲ្យទានរក្សាសីល ដរាបដល់អស់ជីវិត កាលអស់ជីវិតហើយ មួយអន្លើដោយបរិស័ទបានទៅកើតក្នុងទេវនគរ។
ព្រះសាស្ដា លុះទ្រង់នាំយកព្រះធម្មទេសនានេះ មកសម្ដែងហើយ ទើបប្រកាសសច្ចធម៌ ហើយទ្រង់ប្រជុំជាតក។ លុះចប់សច្ចៈ ឧបាសកនោះ បានតាំងនៅក្នុងសោតាបត្តិផល។ ទេពធីតាក្នុងកាលនោះ បានមកជាឧប្បលវណ្ណាថេរីក្នុងកាលឥឡូវនេះ អ្នកបម្រើបានមកជាអានន្ទ ចំណែកសង្ខព្រាហ្មណ៍ គឺតថាគតនេះឯង។
សង្ខជាតក ចប់។
[ស្រង់ចាកអដ្ឋកថា ជាតក ទសកនិបាត បិ.៥៩ ទំ.១៧២ ឃ.៦៥៥។]។
សូមអនុមោទនា !!!
