បច្ចេកពុទ្ធសំយុត្តកថា

សោណកជាតក

ព្រះសាស្ដា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនេក្ខម្មបារមី ទើបត្រាស់ព្រះធម្មទេសនានេះថា

ក្នុងអតីតកាល ព្រះរាជានៃដែនមគធៈ សោយរាជសម្បត្ដិក្នុងនគររាជគ្រឹះ ព្រះពោធិសត្វកើតក្នុងព្រះឧទររបស់អគ្គមហេសីនៃព្រះរាជាអង្គនោះ។ ក្នុងថ្ងៃដែលថ្វាយព្រះនាម ព្រះជនក និងព្រះជននីបានថ្វាយព្រះនាមព្រះរាជឱរសនោះថា អរិន្ទមកុមារ។ បុត្តរបស់បុរោហិត ក៏បានប្រសូតក្នុងថ្ងៃដែលព្រះរាជកុមារនោះ ប្រសូតហើយដូចគ្នា មាតាបិតាបានដាក់ឈ្មោះបុត្តនោះថា សោណកកុមារ។ ជនទាំងពីរ គឺព្រះរាជកុមារនិងកុមារនោះ ចម្រើនវ័យដូចគ្នា កាលចម្រើនវ័យហើយ ជាអ្នកមានរូបស្អាត ជាអ្នកវិសេសដោយរូប បានទៅកាន់នគរតក្កសិលា រៀនសិល្បសាស្ដ្រចប់ហើយ ចេញអំពីនគរតក្កសិលានោះ គិតថា យើងនឹងសិក្សាឲ្យចេះសិប្បៈក្នុងលទ្ធិទាំងអស់ និងប្រទេសជាទីត្រាច់ទៅ (ស្គាល់ស្រុកទេស) ដូច្នេះហើយ ទើបនាំគ្នាចារិកទៅដោយលំដាប់ រហូតដល់នគរពារាណសី ស្នាក់នៅក្នុងព្រះរាជឧទ្យាន លុះថ្ងៃស្អែកឡើង ទើបនាំគ្នាចូលទៅកាន់ព្រះនគរ។ ក្នុងថ្ងៃនោះ មនុស្សពួកខ្លះ នាំគ្នាគិតថា ពួកយើងនឹងធ្វើទីសូធ្យមន្ដរបស់ព្រាហ្មណ៍ ទើបរៀបចំបាយាស ក្រាលសេនាសនៈ ឃើញកុមារទាំង២ នោះ ដើរមក អញ្ជើញឲ្យចូលទៅក្នុងផ្ទះ ឲ្យអង្គុយលើអាសនៈដែលគេក្រាលទុកនោះ។ ជនទាំងឡាយក្រាលសំពត់ពណ៌សស្អាត សម្រាប់ព្រះពោធិសត្វ ក្រាលសំពត់កម្ពលពណ៌ក្រហម សម្រាប់សោណកកុមារ។ សោណកកុមារសម្លឹងមើលគ្រឿងសម្គាល់ ក៏ដឹងថា ក្នុងថ្ងៃនេះ អរិន្ទមកុមារសម្លាញ់ ជាទីស្រឡាញ់របស់អញ នឹងបានជាព្រះរាជាគ្រប់គ្រងនគរពារាណសី នឹងព្រះរាជទានតំណែងសេនាបតីដល់អញ។ កុមារទាំង២ នោះ ធ្វើភត្ដកិច្ចស្រេចហើយ ក៏បាននាំគ្នាទៅកាន់ព្រះរាជឧទ្យាននោះឯង។

ក្នុងកាលនោះ ជាថ្ងៃដែលព្រះបាទក្រុងពារាណសីសោយទិវង្គតអស់ ៧ ថ្ងៃមកហើយ រាជត្រកូលមិនមានរាជឱរស។ ជនទាំងឡាយ មានអាមាត្យជាដើម ងូតទឹក កក់សក់ អំពីព្រលឹមហើយ ប្រជុំគ្នាត្រៀមបុស្សរថផ្សងទៅ ដោយគិតថា បុស្សរថនឹងទៅរកបុគ្គលដែលគួរដល់រាជសម្បត្ដិ។ បុស្សរថនោះ ចេញអំពីព្រះនគរទៅកាន់ព្រះរាជឧទ្យានដោយលំដាប់ ដល់ទ្វារព្រះរាជឧទ្យាន ក៏ត្រាច់ចរទៅ ឈប់រង់ចាំទទួល​ការយាងឡើងជិះរបស់ព្រះរាជកុមារ។

ព្រះពោធិសត្វផ្ទំទទូរក្បាលលើផ្ទាំងថ្មដែលជាមង្គល សោណកកុមារអង្គុយនៅក្បែរព្រះពោធិសត្វនោះ។ សោណកកុមារនោះ បានឮសំឡេងតន្ដ្រី ទើបត្រិះរិះថា បុស្សរថមកដើម្បីអរិន្ទមកុមារ ថ្ងៃនេះ ទ្រង់នឹងបានជាព្រះរាជា នឹងព្រះរាជទានតំណែងសេនាបតីឲ្យដល់អញ តែអញមិនត្រូវការដោយ​ឥស្សរិយយស​ឡើយ កាលព្រះរាជកុមារនេះ យាងទៅហើយ អញនឹងបួស ដូច្នេះ ទើបឈរពួនក្នុងទីមួយកន្លែង។

បុរោហិតចូលទៅកាន់ឧទ្យាន ឃើញព្រះមហាសត្វកំពុងផ្ទំ ទើបឲ្យភ្នាក់ងារប្រគំតន្ដ្រីឡើង។ ព្រះមហាសត្វ​ភ្ញាក់ឡើងដឹងខ្លួន ក៏ផ្ទំបន្ដ ទៀតបន្ដិច ទើបក្រោកឡើងអង្គុយពត់ភ្នែនលើផ្ទាំងថ្ម។ លំដាប់នោះ បុរោហិត​ផ្គងអញ្ជលីក្រាបទូលថា រជ្ជំ តេ ទេវ បាបុណាតិ បពិត្រព្រះសម្មតិទេព រាជសម្បត្ដិមកដល់ទ្រង់ហើយ។

ព្រះមហាសត្វសួរថា កឹ អបុត្តកំ រាជកុលំ រាជត្រកូលមិនមានព្រះរាជឱរសទេឬ។ បុរោហិតទូលថា ឯវំ ទេវ យ៉ាងនោះឯង ព្រះអង្គ។

ព្រះមហាសត្វទទួលថា តេន ហិ សាធុ បើដូច្នោះ ជាការល្អ។ លំដាប់នោះ មហាជននាំគ្នាអភិសេកព្រះមហាសត្វក្នុងព្រះរាជឧទ្យាននោះឯង ហើយយាងឲ្យឡើងលើរថ ត្រឡប់ចូលកាន់នគរ ដោយបរិវារធំ ។ ព្រះរាជាទ្រង់ធ្វើប្រទក្សិណនគរហើយ ទ្រង់ឡើងកាន់ប្រាសាទ ទ្រង់មិនបានរឭកដល់សោណកកុមារ ព្រោះមានឥស្សរិយយសធំ។

ឯសោណកកុមារនោះ កាលព្រះពោធិសត្វចូលកាន់នគរហើយក៏មកអង្គុយត្រង់ផ្ទាំងថ្ម។ គ្រានោះ ស្លឹកសាលព្រឹក្ស (រាំងភ្នំ) ពណ៌លឿង រុះចាកទង ធ្លាក់ចុះមកចំពោះមុខរបស់សោណកកុមារនោះ។ លុះសោណកកុមារបានឃើញស្លឹកឈើទុំនោះហើយ ទើបគិតថា ស្លឹកឈើនេះ ជ្រុះយ៉ាងណា សូម្បីសរីរៈរបស់អញ ក៏នឹងដល់នូវជរា ជ្រុះទៅយ៉ាងនោះ ដូច្នេះហើយ ផ្ដើមវិបស្សនាដោយសាមញ្ញលក្ខណៈ មានអនិច្ចលក្ខណៈជាដើម សម្រេចបច្ចេកពោធិញ្ញាណហើយ។ ក្នុងខណៈនោះ ឃរាវាសភេទរបស់កុមារនោះ ក៏អន្ដរធានទៅ បព្វជិតភេទ ក៏បានប្រាកដជំនួស។ ព្រះបច្ចេកពុទ្ធ អង្គនោះ កាលបន្លឺឧទាន ក៏បន្លឺឧទានថា នត្ថិ ទានិ បុនព្ភវោ ឥឡូវនេះ ភពថ្មីរបស់អញ មិនមានទៀតឡើយ ដូច្នេះ ហើយទៅកាន់ញកភ្នំនន្ទមូលកៈ។

ឯព្រះមហាសត្វ ទ្រង់រឭកដល់ព្រះបច្ចេកពុទ្ធនោះ បាន ដោយកាលកន្លងទៅប្រមាណ ៤០ឆ្នាំ ទ្រង់រឭកដល់សោណកៈរឿយៗថា សោណកៈសម្លាញ់របស់អញទៅណាហ្ន៎។ ទ្រង់មិនបានដំណឹងដែលអ្នកណានឹងពោលថា ខ្ញុំបានឮដំណឹង ឬខ្ញុំបានឃើញឡើយ។ ព្រះរាជាទ្រង់គង់លើព្រះរាជបល្ល័ង្ក ក្នុងផ្ទៃប្រាសាទដ៏ធំទូលាយ ដែលប្រដាប់តាក់តែងហើយ ជាបុគ្គលដែលពួកជនប្រគំ រាំ ច្រៀង ចោមរោមហើយសោយរាជសម្បត្ដិ ទ្រង់ព្រះតម្រិះថា បុគ្គលណាបានឮក្នុងសម្នាក់នៃបុគ្គលណាម្នាក់ ហើយប្រាប់ដល់យើងថា សោណកៈនៅក្នុងទីឈ្មោះនោះ ដូច្នេះ យើងនឹងឲ្យទ្រព្យ ១០០ ដល់បុគ្គលនោះ បុគ្គលណាឃើញដោយខ្លួនឯង ហើយប្រាប់ដល់យើង យើងនឹងឲ្យទ្រព្យ ១ពាន់ ដល់បុគ្គលនោះ ដូច្នេះហើយ ទ្រង់និពន្ធឧទានឡើងមួយបទ។

កាលទ្រង់បន្លឺឧទានដោយទំនងបទចម្រៀង ទើបត្រាស់គាថាទី ១ ថា

កស្ស សុត្វា សតំ ទម្មិ សហស្សំ ទិដ្ឋ សោណកំ

កោ មេ សោណកមក្ខាតិ សហាយំ បំសុកីឡិតំ។

អ្នកណាបានឮ អញនឹងឲ្យទ្រព្យមួយរយ អ្នកណាបានឃើញសោណកៈ អញនឹងឲ្យទ្រព្យមួយពាន់ អ្នកណានឹងប្រាប់អញនូវសោណកៈ ជាសម្លាញ់ដែលលេងដីជាមួយគ្នា។

លំដាប់នោះ ស្រីរបាំម្នាក់ បានច្រៀងនូវគាថានោះ ហាក់ដូចគេទទួលយកអំពីព្រះឱស្ឋរបស់ព្រះរាជាដូច្នោះ។ ស្រីដទៃ ៗ ក៏ច្រៀងចម្រៀងគាថានោះតៗគ្នាមកជាលំដាប់ រហូតដល់ស្រីស្នំទាំងអស់ក្នុងព្រះរាជវាំង ក៏បានច្រៀងបទនោះ ដោយនាំគ្នាគិតថា ជាបទចម្រៀងដែលព្រះរាជារបស់យើង ទ្រង់សព្វព្រះហឫទ័យដោយប្រការដូច្នេះ។ សូម្បីអ្នកនគរនិងអ្នកជនបទ ក៏បាននាំគ្នាច្រៀងនូវចម្រៀងនោះ ដោយលំដាប់ដូចគ្នា។ សូម្បីព្រះរាជា ក៏ទ្រង់ច្រៀងនូវចម្រៀងនោះរឿយ ៗ ដូចគ្នា។ លុះកន្លងទៅ  ៥០ ឆ្នាំ ព្រះរាជាអង្គនោះ ក៏មានព្រះរាជឱរស និងព្រះរាជធីតាច្រើន ព្រះរាជឱរសច្បងព្រះនាមថា ទីឃាវុកុមារ។ គ្រានោះ ព្រះសោណកបច្ចេកពុទ្ធ គិតថា ព្រះបាទអរិន្ទមរាជប្រាថ្នានឹងឃើញអាត្មាអញ អញនឹងទៅសម្ដែងនូវទោសក្នុងកាម និងអានិសង្សក្នុងការចេញបួស ហើយនឹងធ្វើឲ្យព្រះរាជាអង្គនោះ ទ្រង់ចេញបួស ដូច្នេះហើយ ទើបហោះមកតាមអាកាសដោយឫទ្ធិ ហើយគង់ក្នុងឧទ្យាន។ ក្នុងកាលនោះ កុមារម្នាក់ដែលមានជុក  ៥ អាយុ ៧ឆ្នាំ ត្រូវម្ដាយប្រើឲ្យរកឧសក្នុងព្រៃក្បែរឧទ្យាន ក៏ច្រៀងចម្រៀងនោះរឿយៗ។ លំដាប់នោះ ព្រះបច្ចេកពុទ្ធហៅកុមារនោះមក សួរថា នែកុមារ ហេតុអ្វី ទើបឯងមិនច្រៀងបទដទៃខ្លះ ច្រៀងតែបទដដែលប៉ុណ្ណោះ ឯងមិនចេះបទដទៃខ្លះទេឬ។

កុមារនោះឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចម្រើន បទដទៃ ក៏ចេះ តែបទនេះ ជាទីគាប់ព្រះហឫទ័យនៃព្រះរាជារបស់ខ្ញុំព្រះករុណា ព្រោះហេតុនោះ ទើបខ្ញុំព្រះករុណាច្រៀងនូវបទចម្រៀងនេះ រឿយៗ។

ព្រះបច្ចេកពុទ្ធសួរថា ឯងធ្លាប់ឃើញបុគ្គលណាម្នាក់ ច្រៀងឆ្លើយតបនឹងបទចម្រៀងនេះ ខ្លះដែរឬទេ។

កុមារនោះឆ្លើយថា មិនធ្លាប់ឃើញទេ លោកម្ចាស់។

ព្រះបច្ចេកពុទ្ធសួរថា អាត្មានឹងបង្រៀនឲ្យឯងរៀនច្រៀងនូវចម្លើយនោះ ឯងអាចទៅកាន់សម្នាក់របស់ព្រះរាជា ហើយច្រៀងឆ្លើយឆ្លងដែរឬទេ។ កុមារនោះឆ្លើយថា អាច លោកម្ចាស់។

លំដាប់នោះ ព្រះសោណកបច្ចេកពុទ្ធនោះ កាលបង្រៀនចម្រៀងសម្រាប់ឆ្លើយដល់កុមារនោះ ទើបពោលគាថាថា

មយ្ហំ សុត្វា សតំ ទេហិ សហស្សំ ទិដ្ឋ សោណកំ

អហំ តេ សោណកមក្ខិស្សំ សហាយំ បំសុកីឡិតំ។

ទូលព្រះបង្គំជាខ្ញុំបានឮ សូមព្រះអង្គប្រទានទ្រព្យមួយរយ ទូលព្រះបង្គំជាខ្ញុំបានឃើញសោណកៈ សូមព្រះអង្គប្រទានទ្រព្យមួយពាន់ ទូលព្រះបង្គំជាខ្ញុំនឹងក្រាបទូលដល់ព្រះអង្គ នូវសោណកៈជាសម្លាញ់ ដែលលេងដីជាមួយគ្នា។

កាលឲ្យរៀនហើយ ទើបបញ្ជូនកុមារនោះទៅដោយពាក្យថា នែកុមារ ចូរឯងទៅច្រៀងបទនេះ ឆ្លើយជាមួយនឹងព្រះរាជា ព្រះរាជានឹងប្រទានឥស្សរិយយសធំដល់ឯង ឯងត្រូវការអ្វីដោយឧស ចូរប្រញាប់ទៅចុះ។

កុមារនោះទទួលថា សាធុ រៀននូវចម្រៀងសម្រាប់ឆ្លើយហើយ ថ្វាយបង្គំព្រះបច្ចេកពុទ្ធ ពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់នៅក្នុងទីនេះ ទម្រាំខ្ញុំនាំព្រះរាជាមក ដូច្នេះហើយ ប្រញាប់ទៅកាន់សម្នាក់មាតា ពោលថា បពិត្រអ្នកម៉ែ សូមម៉ែងូតទឹកឲ្យខ្ញុំ ហើយតែងខ្លួនខ្ញុំឲ្យរហ័ស  ថ្ងៃនេះ ខ្ញុំនឹងជួយម៉ែឲ្យផុតអំពីភាពក្រីក្រ។ កាលមាតាងូតទឹកតែងខ្លួនឲ្យហើយ ទើបទៅកាន់ទ្វារព្រះរាជវាំង ពោលថា បពិត្រលោកទ្វារបាល សូមលោកទៅក្រាបទូលព្រះរាជាថា មានកុមារម្នាក់ មកឈរចាំត្រង់ទ្វារព្រះរាជវាំង ពោលថា នឹងច្រៀងឆ្លើយឆ្លងជាមួយទ្រង់។ នាយទ្វារបាលប្រញាប់ទៅក្រាបទូលដល់ព្រះរាជា។ ព្រះរាជាត្រាស់ឲ្យហៅកុមារមកថា ឲ្យចូលមកចុះ ហើយត្រាស់ថា នែបា ឯងនឹងច្រៀងឆ្លើយឆ្លងជាមួយយើងឬ។

កុមារនោះក្រាបទូលថា  ព្រះករុណាថ្លៃវិសេស។

ព្រះរាជាត្រាស់ថា  បើដូច្នោះ ចូរច្រៀងចុះ។ កុមារនោះក្រាបទូលថា  បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំមិនច្រៀងក្នុងទីនេះទេ សូមទ្រង់ឲ្យពួករាជបុរសវាយស្គរប្រកាសក្នុងនគរ ហើយឲ្យមហាជនប្រជុំគ្នា ទូលព្រះបង្គំនឹងច្រៀងក្នុងកណ្ដាលមហាជន។ ព្រះរាជាឲ្យធ្វើតាមអ្វី ដែលកុមារនោះពោល ទ្រង់ប្រថាប់គង់កណ្ដាលរាជបល្ល័ង្ក ក្នុងមណ្ឌបដែលគេតាក់តែងហើយ ឲ្យអាសនៈដែលសមគួរដល់កុមារនោះ ហើយត្រាស់ថា ឥឡូវនេះ ឯងអាចច្រៀងចម្រៀងរបស់ឯងបានហើយ។

កុមារនោះក្រាបទូលថា  បពិត្រព្រះសម្មតិទេព សូមទ្រង់ច្រៀងមុន ទូលព្រះបង្គំនឹងច្រៀងតប។ គ្រានោះ ព្រះរាជា កាលទ្រង់ច្រៀងមុន ទើបត្រាស់ថា

កស្ស សុត្វា សតំ ទម្មិ សហស្សំ ទិដ្ឋ សោណកំ

កោ មេ សោណកមក្ខាតិ សហាយំ បំសុកីឡិតំ។

អ្នកណាបានឮ អញនឹងឲ្យទ្រព្យមួយរយ អ្នកណាបានឃើញសោណកៈ អញនឹងឲ្យទ្រព្យមួយពាន់ អ្នកណានឹងប្រាប់អញនូវសោណកៈជាសម្លាញ់ ដែលលេងដីជាមួយគ្នា។

កាលព្រះរាជាទ្រង់ច្រៀងឧទានគាថាទី ១ យ៉ាងនេះហើយ ព្រះសាស្ដា កាលទ្រង់ត្រាស់ដឹងឯងដោយចំពោះ ទ្រង់ប្រកាសគាថាដែលកុមារមានជុក៥ ច្រៀងតប ទើបត្រាស់ ១ គាថាកន្លះថា

អថ ព្រវិ មាណវកោ ទហរោ បញ្ចចូឡកោ

មយ្ហំ សុត្វា សតំ ទេហិ សហស្សំ ទិដ្ឋ សោណកំ

អហំ តេ សោណកមក្ខិស្សំ សហាយំ បំសុកីឡិតំ។

គ្រានោះ មាណពក្មេង មានជុក៥ បានក្រាបបង្គំទូលថា ទូលព្រះបង្គំជាខ្ញុំ បានឮ  សូមព្រះអង្គប្រទានទ្រព្យមួយរយ ទូលព្រះបង្គំជាខ្ញុំ បានឃើញសោណកៈ សូមព្រះអង្គប្រទានទ្រព្យមួយពាន់ ទូលព្រះបង្គំជាខ្ញុំ នឹងក្រាបទូលដល់ព្រះអង្គ នូវសោណកៈជាសម្លាញ់ ដែលលេងដីជាមួយគ្នា។

អត្ថនៃគាថាដែលកុមារនោះពោលហើយ មានអធិប្បាយដូចតទៅនេះថា បពិត្រមហារាជ ទ្រង់ត្រាស់ថា យើងនឹងឲ្យទ្រព្យ ១០០ ដល់អ្នកដែលបានឮដំណឹងនោះ ហើយមកប្រាប់ដល់យើង ដូច្នេះ សូមទ្រង់ព្រះរាជទានទ្រព្យនោះ ដល់ទូលព្រះបង្គំ ម្យ៉ាងទៀត ទ្រង់ត្រាស់ថា

យើងនឹងឲ្យទ្រព្យ ១ពាន់ ដល់អ្នកដែលឃើញហើយមកប្រាប់ ដូច្នេះ សូមទ្រង់ប្រទានទ្រព្យនោះ ដល់ទូលព្រះបង្គំ ព្រោះទូលព្រះបង្គំឃើញសម្លាញ់ជាទីស្រឡាញ់របស់ទ្រង់ ទើបបានក្រាបទូលទ្រង់ថា ឥឡូវនេះ ទូលព្រះបង្គំបានឃើញសោណកៈនោះហើយ។  

តអំពីគាថានេះទៅ ជាគាថារបស់ព្រះសម្ពុទ្ធ ងាយយល់ហើយបណ្ឌិតគប្បីជ្រាបតាមន័យព្រះបាលីនោះឯង ដែលមានដូចតទៅនេះថា  

ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យនោះ ហើយត្រាស់សួរថា

កតរស្មឹ សោ ជនបទេ រដ្ឋេសុ និគមេសុ ច

កត្ថ សោណកមទ្ទក្ខិ តំ មេ អក្ខាហិ បុច្ឆិតោ។

សោណកៈនោះ នៅក្នុងជនបទណា ក្នុងដែនណា ក្នុងនិគមណា ឯងបានឃើញសោណកៈក្នុងទីណា អញសួរហើយ ឯងចូរប្រាប់ពីសោណកៈនោះ។

កុមារនោះ ក្រាបទូលថា

តវេវ ទេវ វិជិតេ តវេវុយ្យានភូមិយា

ឧជុវំសា មហាសាលា នីលោភាសា មនោរមា។

បពិត្រព្រះសម្មតិទេព ត្រង់ទីឧទ្យានរបស់ព្រះអង្គ ក្នុងដែនរបស់ព្រះអង្គហ្នឹងឯង មានពួកឈើធំ មានដើមត្រង់ មានពន្លឺខៀវ ជាតម្រេកនៃចិត្ដ។

តិដ្ឋន្តិ មេឃសមានា រម្មា អញ្ញោញ្ញនិស្សិតា

តេសំ មូលស្មិ សោណកោ ឈាយតី អនុបាទិនោ

ឧបាទានេសុ លោកេសុ ឌយ្ហមានេសុ និព្វុតោ។

ពួកឈើទាំងនោះ មានពណ៌ដូចផ្ទៃមេឃ គួរឲ្យត្រេកអរ ដុះទាក់ទងគ្នាទៅវិញទៅមក កាលពួកសត្វលោកមានគ្រឿងឆេះកំពុងត្រូវភ្លើងឆេះ សោណកៈមិនមានគ្រឿងឆេះ ជាបុគ្គលរលត់ហើយ កំពុងចម្រើនឈានជិតគល់ឈើទាំងនោះ។

ព្រះសាស្ដា កាលទ្រង់ត្រាស់ដឹងហើយ  ទើបត្រាស់អភិសម្ពុទ្ធគាថាទាំងនេះថា

តតោ ច រាជា បាយាសិ សេនាយ ចតុរង្គិយា

ការាបេត្វា សមំ មគ្គំ អគមា យេន សោណកោ។

លំដាប់នោះ ព្រះរាជាទ្រង់ប្រើបម្រើឲ្យចាត់ចែងធ្វើផ្លូវរាបស្មើយាងចេញទៅដោយសេនាមានអង្គ ៤ សំដៅ​ទៅត្រង់កន្លែងដែលព្រះបច្ចេកពុទ្ធ ព្រះនាមសោណកៈគង់នៅ។

ឧយ្យានភូមឹ គន្ត្វាន វិចរន្តោ ព្រហាវនេ

អាសីនំ សោណកំ ទក្ខិ ឌយ្ហមានេសុ និព្វុតំ។

លុះព្រះរាជាទ្រង់យាងទៅដល់ទីឧទ្យានហើយ ទ្រង់ត្រាច់ទៅក្នុងព្រៃធំ បានទតឃើញព្រះសោណកបច្ចេកពុទ្ធ កាលដែលពួកសត្វលោកកំពុងត្រូវភ្លើងឆេះ លោកជាបុគ្គលរលត់ គង់ នៅហើយ។

ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះបាទអរិន្ទមៈគ្រាន់តែបានស្ដាប់ពាក្យរបស់កុមារនោះហើយ ទ្រង់ព្រះតម្រិះថា អញនឹងឃើញនូវសោណកបច្ចេកពុទ្ធ ដូច្នេះ ហើយចេញទៅមួយអន្លើដោយចតុរង្គសេនា យាងមកតាមផ្លូវត្រង់នោះឯង ត្រាច់ទៅក្នុងដងព្រៃធំនោះ ដល់សម្នាក់របស់ព្រះសោណកៈ បានទតឃើញលោកកំពុងគង់ ។

ព្រះរាជាទ្រង់មិនថ្វាយបង្គំព្រះសោណកបច្ចេកពុទ្ធ ប្រថាប់គង់ក្នុងទីសមគួរ កាលទ្រង់សម្គាល់នូវព្រះសោណកៈនោះថា ជាអ្នកកម្សត់កំព្រា ព្រោះទ្រង់ត្រេកអរក្នុងកិលេសរបស់ខ្លួន ទើបត្រាស់គាថានេះថា

កបណោ វតាយំ ភិក្ខុ មុណ្ឌោ សង្ឃាដិបារុតោ

អមាតិកោ អបីតិកោ រុក្ខមូលស្មិ ឈាយតិ។

ភិក្ខុត្រងោលដណ្ដប់សង្ឃាដិ មិនមានម៉ែ មិនមានឪនេះ កំព្រាណាស់តើ ស្ងួតស្ងប់ជិតគល់ឈើ។

ព្រះសាស្ដា កាលទ្រង់ត្រាស់ដឹងហើយ ទើបត្រាស់អភិសម្ពុទ្ធគាថាថា

ឥមំ វាក្យំ និសាមេត្វា សោណកោ ឯតទព្រវិ

ន រាជ កបណោ ហោតិ ធម្មំ កាយេន ផស្សយំ។

ព្រះសោណកបច្ចេកពុទ្ធស្ដាប់ព្រះបន្ទូលនេះហើយ បានថ្វាយព្រះពរយ៉ាងនេះថា បពិត្រព្រះរាជា បុគ្គលដែលពាល់ត្រូវនូវធម៌ដោយកាយ មិនមែនឈ្មោះថា កំព្រាទេ។

យោធ ធម្មំ និរង្កត្វា អធម្មំ អនុវត្តតិ

ស រាជ កបណោ ហោតិ បាបោ បាបបរាយនោ។

បុគ្គលណា ក្នុងលោកនេះ លះធម៌ចោលហើយ ប្រព្រឹត្ដតាមអធម៌វិញ បពិត្រព្រះរាជា បុគ្គលនោះ ទើបឈ្មោះថា កំព្រា ជាបុគ្គលអាក្រក់ មានបាបជាទីទៅខាងមុខ។

ព្រះសោណកៈនោះ តិះដៀលព្រះពោធិសត្វដោយពាក្យដូច្នេះ។ ព្រះពោធិសត្វទ្រង់ធ្វើដូចជាមិនជ្រាបថា ព្រះសោណកៈតិះដៀលទ្រង់ ទ្រង់ប្រាប់ឈ្មោះ និងគោត្តរបស់ទ្រង់ កាលនឹងធ្វើបដិសណ្ឋារៈជាមួយនឹងព្រះសោណកៈនោះ ទើបត្រាស់ថា

អរិន្ទមោតិ មេ នាមំ កាសិរាជាតិ មំ វិទូ

កច្ចិ ភោតោ  សុខសេយ្យា ឥធ បត្តស្ស សោណក។

ខ្ញុំឈ្មោះអរិន្ទមៈ អ្នកផងស្គាល់ខ្ញុំថា  កាសិរាជ បពិត្រព្រះ សោណកៈ លោកដ៏ចម្រើនមកដល់ក្នុងទីនេះ សិងនៅជាសុខទេឬ។

លំដាប់នោះ ព្រះសោណកបច្ចេកពុទ្ធពោលតបព្រះរាជាថា សូមថ្វាយព្រះពរមហារាជ ឈ្មោះថា ការដេកមិនសុខស្រួល រមែងមិនមានដល់អាត្មាដែលនៅក្នុងឧទ្យាននេះប៉ុណ្ណោះ ក៏ទេ ទោះបីអាត្មានៅក្នុងទីដទៃ ៗ ក៏ដូចគ្នា ហើយផ្ដើមគាថា សម្ដែងសេចក្ដីចម្រើនរបស់សមណៈ ថ្វាយព្រះរាជាអង្គនោះថា

សទាបិ ភទ្រមធនស្ស អនាគារស្ស ភិក្ខុនោ

ន តេសំ កោដ្ឋេ ឱបេន្តិ ន កុម្ភេ ន កឡោបិយា

បរនិដ្ឋិតមេសានា តេន យាបេន្តិ សុព្វតា។

សេចក្ដីចម្រើន (តែងមាន) ដល់ភិក្ខុមិនមានទ្រព្យ មិនមានផ្ទះសព្វកាល គឺ (ទ្រព្យនិងធញ្ញជាតិទាំងឡាយ) របស់ភិក្ខុទាំងនោះ លែងចូលទៅក្នុងជង្រុក លែងចូលទៅក្នុងឆ្នាំង លែងចូលទៅក្នុងកឡោបិ៍ទៀតហើយ លោកមានវត្ដល្អ មានការស្វែងរកសម្រេចហើយ រមែងញ៉ាំងអត្ដភាពឲ្យប្រព្រឹត្ដទៅដោយបិណ្ឌបាតនោះ។

ទុតិយម្បិ ភទ្រមធនស្ស អនាគារស្ស ភិក្ខុនោ

អនវជ្ជបិណ្ឌោ ភោតព្វោ ន ច កោចូបរោធតិ។

សេចក្ដីចម្រើនទី ២ (តែងមាន) ដល់ភិក្ខុមិនមានទ្រព្យ មិនមានផ្ទះ គឺបរិភោគដុំបាយដែលមិនមានទោស កិលេសណាមួយ បៀតបៀនមិនបានទេ។

តតិយម្បិ ភទ្រមធនស្ស អនាគារស្ស ភិក្ខុនោ

និព្វុតោ បិណ្ឌោ ភោតព្វោ ន ច កោចូបរោធតិ។

សេចក្ដីចម្រើនទី ៣ (តែងមាន) ដល់ភិក្ខុ មិនមានទ្រព្យ មិនមានផ្ទះ គឺឆាន់ដុំបាយដ៏ត្រជាក់ ( មិនជាថេយ្យបរិភោគជាដើម) កិលេសណាមួយ បៀតបៀនមិនបានទេ។

ចតុត្ថម្បិ ភទ្រមធនស្ស អនាគារស្ស ភិក្ខុនោ

មុត្តស្ស រដ្ឋេ ចរតោ សង្គោ យស្ស ន វិជ្ជតិ។

សេចក្ដីចម្រើនទី ៤ (តែងមាន) ដល់ភិក្ខុ មិនមានទ្រព្យ មិនមានផ្ទះ គឺសេចក្ដីជាប់ចំពាក់ មិនមានដល់ភិក្ខុដែលផុតស្រឡះ (ចាកត្រកូល) ត្រាច់ទៅក្នុងដែន។

បញ្ចមម្បិ ភទ្រមធនស្ស អនាគារស្ស ភិក្ខុនោ

នគរម្ហិ ឌយ្ហមានម្ហិ នាស្ស កិញ្ចិ អឌយ្ហថ។

សេចក្ដីចម្រើនទី ៥ (តែងមាន) ដល់ភិក្ខុមិនមានទ្រព្យ មិនមានផ្ទះ គឺកាលបើនគរកំពុងត្រូវភ្លើងឆេះ វត្ថុបន្ដិចបន្ដួចរបស់ភិក្ខុនោះ ភ្លើងមិនឆេះទេ។

ឆដ្ឋម្បិ ភទ្រមធនស្ស អនាគារស្ស ភិក្ខុនោ

រដ្ឋេ វិលុម្បមានម្ហិ នាស្ស កិញ្ចិ អហារថ។

សេចក្ដីចម្រើនទី ៦ ( តែងមាន) ដល់ភិក្ខុ មិនមានទ្រព្យ មិនមានផ្ទះ កាលបើដែនកំពុងត្រូវចោរប្លន់ វត្ថុបន្ដិចបន្ដួចរបស់ភិក្ខុនោះ ចោរមិនលួចទេ។

សត្តមម្បិ ភទ្រមធនស្ស អនាគារស្ស ភិក្ខុនោ

ចោរេហិ រក្ខិតំ មគ្គំ យេ ចញ្ញេ បរិបន្ថិកា

បត្តចីវរមាទាយ សោត្ថឹ គច្ឆតិ សុព្វតោ។

សេចក្ដីចម្រើនទី ៧ (តែងមាន) ដល់ភិក្ខុ មិនមានទ្រព្យ មិនមានផ្ទះ គឺភិក្ខុមានវត្ដល្អ នាំយកបាត្រនិងចីវរដើរទៅកាន់ផ្លូវដែលពួកចោរ និងពួកគយដទៃ រក្សាដោយស្រួល។

អដ្ឋមម្បិ ភទ្រមធនស្ស អនាគារស្ស ភិក្ខុនោ

យំ យំ ទិសំ បក្កមតិ អនបេក្ខោវ គច្ឆតិ។

សេចក្ដីចម្រើនទី ៨ (តែងមាន) ដល់ភិក្ខុ មិនមានទ្រព្យ មិនមានផ្ទះ គឺភិក្ខុនោះ ដើរទៅកាន់ទិសណាៗ ទៅបានដោយមិនមាននឹកនា។

ព្រះសោណកបច្ចេកពុទ្ធ សម្ដែងសេចក្ដីចម្រើននៃសមណៈ ៨ យ៉ាង ដោយប្រការដូច្នេះ។ តែសេចក្ដីពិត លោកជាអ្នកអាចបង្ហាញសេចក្ដីចម្រើននៃសមណៈឲ្យក្រៃលែងជាងនោះ បានរាប់រយ រាប់ពាន់ រហូតប្រមាណមិនបាន តែព្រះរាជាទ្រង់កាត់ពាក្យរបស់ព្រះសោណកៈនោះ ព្រោះទ្រង់ត្រេកអរក្រៃលែងក្នុងកាម ទើបត្រាស់ថា ខ្ញុំមិនត្រូវការសេចក្ដីចម្រើននៃសមណៈ។

កាលទ្រង់ប្រកាសភាពដែលទ្រង់បង្អោនព្រះទ័យទៅក្នុងកាម ទើបត្រាស់ថា

ពហូបិ ភទ្រា ឯតេសំ យោ ត្វំ ភិក្ខុ បសំសសិ

អហញ្ច គិទ្ធោ កាមេសុ កថំ កាហាមិ សោណក។

បពិត្រភិក្ខុ លោកសរសើរនូវសេចក្ដីចម្រើនរបស់ភិក្ខុទាំងនោះច្រើនមែន បពិត្រព្រះសោណកៈ តែខ្ញុំជក់ចិត្ដក្នុងកាមទាំងឡាយ តើនឹងធ្វើយ៉ាងណា។

បិយា មេ មានុសា កាមា អថោ ទិព្យាបិ មេ បិយា

អថ កេន នុ វណ្ណេន ឧភោ លោកេ លភាមសេ។

កាមទាំងឡាយជារបស់មនុស្ស ជាទីស្រឡាញ់របស់ខ្ញុំ មួយទៀត កាមជាទិព្វ ក៏ជាទីស្រឡាញ់របស់ខ្ញុំ បើដូច្នេះ តើយើងនឹងបាននូវកាមទាំងពីរក្នុងលោក ដោយហេតុដូចម្ដេច។

លំដាប់នោះ ព្រះបច្ចេកពុទ្ធក៏ពោលតបទៅព្រះរាជានោះថា

កាមេ គិទ្ធា កាមរតា កាមេសុ អធិមុច្ឆិតា

នរា បាបានិ កត្វាន ឧបបជ្ជន្តិ ទុគ្គតឹ។

ពួកជនអ្នកជក់ចិត្ដក្នុងកាម ត្រេកអរក្នុងកាម ងប់ក្នុងកាម រមែងធ្វើបាបទាំងឡាយ ហើយទៅកាន់ទុគ្គតិ។

យេ ច កាមេ បហន្ត្វាន និក្ខន្តា អកុតោភយា

ឯកោទិភាវាធិគតា ន តេ គច្ឆន្តិ ទុគ្គតឹ។

ចំណែកពួកជនណា លះបង់កាមហើយចេញទៅ មិនមានភ័យអំពីកិលេសណាមួយ បាននូវភាពជាបុគ្គលឯក ពួកជននោះ មិនទៅកាន់ទុគ្គតិ។

ឧបមន្តេ ករិស្សាមិ តំ សុណោហិ អរិន្ទម

ឧបមាយ មិធេកច្ចេ អត្ថំ ជានន្តិ បណ្ឌិតា។

បពិត្រព្រះអរិន្ទមៈ អាត្មាភាពនឹងធ្វើសេចក្ដីឧបមាថ្វាយព្រះអង្គ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សេចក្ដីឧបមានោះ ព្រោះពួកបណ្ឌិតខ្លះក្នុងលោកនេះ តែងយល់សេចក្ដីដោយសារឧបមា។

គង្គាយ កុណបំ ទិស្វា វុយ្ហមានំ មហណ្ណវេ

វាយសោ សមចិន្តេសិ អប្បបញ្ញោ អចេតសោ។

យានញ្ច វតិទំ លទ្ធំ ភក្ខោ ចាយំ អនប្បកោ

តត្ថ រត្តឹ តត្ថ ទិវា តត្ថេវ និរតោ មនោ។

ក្អែកឥតប្រាជ្ញា ឥតសេចក្ដីគ្នេរគ្នាន់ ឃើញសាកសព (ដំរី) កំពុងអណ្ដែតតាមទន្លេគង្គាទៅក្នុងសមុទ្ទហើយ គិតថា  អៃយ៉ា ! អញបានយាននេះហើយផង ដំរីនេះ នឹងបានជាចំណីអញយ៉ាងច្រើនផង ចិត្ដរបស់ក្អែកនោះ ក៏ត្រេកអរក្នុងដំរីនោះ ទាំងថ្ងៃទាំងយប់។

ខាទំ នាគស្ស មំសានិ បិវំ ភាគីរសោទកំ

សម្បស្សំ វនចេត្យានិ ន បលេត្ថ វិហង្គមោ។

ក្អែកចឹកស៊ីសាច់ដំរី ផឹកទឹកទន្លេគង្គា ឃើញព្រៃដែលគេសន្មតថា ចេតិយ ក៏មិនហើរទៅ។

តញ្ច ឱតរណី គង្គា បមត្តំ កុណបេ រតំ

សមុទ្ទំ អជ្ឈគាហាសិ អគតី យត្ថ បក្ខិនំ។

ទន្លេគង្គាហូរទៅ បាននាំក្អែកនោះ ដែលប្រហែសធ្វេសត្រេកអរក្នុងសាកសព ទៅកាន់សមុទ្ទ ដែលមិនមែនជាទីទៅនៃបក្សី។

សោ ច ភក្ខបរិក្ខីណោ ឧទបត្វា វិហង្គមោ

ន បច្ឆតោ ន បុរតោ នុត្តរំ នោបិ ទក្ខិណំ។

សត្វហើរនោះ អស់ចំណីរលីងហើយ ក៏ហើរឡើងទៅទិសខាងលិចមិនរួច ទៅទិសខាងកើតមិនរួច ទៅទិសខាងជើងមិនរួច ទៅទិសខាងត្បូងមិនរួច។

ទីបំ សោ នជ្ឈគាគញ្ឆិ អគតី យត្ថ បក្ខិនំ

សោ ច តត្ថេវ បាបត្ថ យថា ទុព្វលកោ តថា។

ក្អែកនោះ ទៅកាន់សមុទ្ទដែលមិនមែនជាទីទៅនៃពួកបក្សី ក៏មិនបាននូវទីពឹង ធ្លាក់ទៅក្នុងសមុទ្ទនោះឯង ដូចជាបុគ្គលមានកម្លាំងថយ។

តញ្ច សាមុទ្ទិកា មច្ឆា កុម្ភីលា មករា សុសូ

បសយ្ហការា ខាទឹសុ ផន្ទមានំ វិបក្ខិកំ។

ពួកត្រី ក្រពើ មករ ឆ្លាម ដែលកើតក្នុងសមុទ្ទ កំហែងខាំក្អែកនោះ ដែលមានស្លាបរបោចហើយ កំពុងបម្រះ (យ៉ាងណាមិញ)។

ឯវមេវ តុវំ រាជ យេ ចញ្ញេ កាមភោគិនោ

គិទ្ធា ចេ ន វមិស្សន្តិ កាកបញ្ញាយ តេ វិទូ។

បពិត្រព្រះរាជា ព្រះអង្គនិងពួកជនដទៃ អ្នកបរិភោគកាម ក៏ យ៉ាងនោះដែរ បើពួកជនដែលជក់ចិត្ដហើយ មិនខ្ជាក់ (កាម) ចោលចេញទេ បណ្ឌិតទាំងឡាយ ( ស្គាល់) ពួកជននោះ (ថា មានប្រាជ្ញាស្មើ) ដោយប្រាជ្ញារបស់ក្អែក។

ឯសា តេ ឧបមា រាជ អត្ថសន្ទស្សនី កតា

ត្វញ្ច បញ្ញាយសេ តេន យទិ កាហសិ វា ន វា។

បពិត្រព្រះរាជា ឧបមាជាគ្រឿងបំភ្លឺនូវសេចក្ដីនេះ អាត្មាភាពបានធ្វើថ្វាយព្រះអង្គហើយ បើព្រះអង្គធ្វើ ឬមិនធ្វើ ព្រះអង្គនឹងប្រាកដតាមហេតុនោះ។

បពិត្រមហារាជ អាត្មានឹងធ្វើការប្រៀបធៀបហេតុមួយថ្វាយដល់ទ្រង់ ដែលមានសេចក្ដីប្រាថ្នាក្នុងកាមដែលជាទិព្វ និងជារបស់មនុស្ស ដែលមិនផ្សេងអំពីក្អែក ដែលមានចិត្ដជាប់ចំពាក់ក្នុងសាកសពដំរីដូច្នោះ សូមទ្រង់ស្ដាប់ឧបមានោះចុះ។ បានឮថា មានដំរីធំមួយត្រាច់ទៅតាមមាត់ច្រាំងនៃស្ទឹងគង្គា ធ្លាក់ចុះក្នុងស្ទឹងគង្គាមិនអាចឡើងបាន ត្រូវក្រសែទឹកបោកពន្លិច ងាប់ក្នុងស្ទឹងនោះឯង។ មានក្អែកមួយ ហើរមកតាមអាកាស។ ក្អែកនោះ កាលឃើញសាកសពដំរីនោះហើយ ទើបទំត្រង់សាកសពដំរីនោះ បានធ្វើការសម្រេចចិត្ដថា អញបានយាន គឺដំរីនេះហើយ អញនឹងទំលើយាន គឺដំរីនេះ នឹងត្រាច់ទៅយ៉ាងសប្បាយ។ ម្យ៉ាងទៀត ដំរីនេះឯង ក៏ជាអាហារបានយ៉ាងច្រើន ឥឡូវនេះ អញមិនគួរទៅក្នុងទីដទៃ។ ក្អែកនោះ មានចិត្ដត្រេកអរក្រៃលែងក្នុងសាកសពដំរីនោះឯង អស់យប់និងថ្ងៃ។ ក្អែកនោះ មិនហើរចៀសចេញទៅឡើយ។

ស្ទឹងគង្គានោះ មានប្រក្រតីហូរទៅកាន់សមុទ្ទ។ កាលស្បែកនិងសាច់របស់ដំរីនោះ អស់ទៅហើយ គ្រោងឆ្អឹងក៏ត្រូវកម្លាំងរលកបក់បោកលិចចុះក្នុងទឹក។ លំដាប់នោះ ក្អែកនោះ កាលមិនអាចនៅក្នុងទឹកបាន ទើបហើរឡើងទៅកាន់ទិសខាងលិច កាលមិនបានទីសម្រាប់ទំក្នុងទីនោះ ហើរអំពីទិសខាងលិចនោះ ទៅកាន់ទិសខាងកើត ហើរអំពីទិសខាងកើត ទៅកាន់ទិសខាងជើង ហើរអំពីទិសខាងជើង ទៅកាន់ទិសខាងត្បូង ហើរទៅកាន់ទិសទាំង៤ ដោយអាការយ៉ាងនេះ ក៏មិនដល់ទីសម្រាប់ទំរបស់ខ្លួនកណ្ដាលសមុទ្ទ ដែលជាទីទៅមិនដល់នៃពួកបក្សីទាំងឡាយ។ កាលក្អែកទៅយ៉ាងនេះហើយ បានហើរទៅក្នុងទិសនីមួយ ៗ បណ្ដាទិសទាំងឡាយ មានទិសខាងលិចជាដើម តែហើរទៅមិនដល់កោះ ក៏ធ្លាក់ ហើយលិចចុះ ដូចមនុស្សដែលអស់កម្លាំងលិចចុះដូច្នោះ។ ពួកត្រីកាច មានត្រីឈ្មោះសុសុ (ឆ្លាម) ជាដើម ត្របាក់ស៊ីក្អែកនោះ ដែលមានរោមស្លាបវិនាសប្រើការមិនបាន ទាំងក្អែកមិនប្រាថ្នានោះឯង ដោយកម្លាំង។

មហាបពិត្រ អាត្មាជាអ្នកប្រាថ្នាប្រយោជន៍ ទើបបានថ្វាយឱវាទដល់ទ្រង់ បើទ្រង់ធ្វើតាមឱវាទនោះសោត ទ្រង់ក៏នឹងកើតក្នុងទេវលោក បើទ្រង់មិនធ្វើតាមឱវាទនោះ ទ្រង់នឹងលិចចុះក្នុងភក់គឺកាម ក្នុងកាលអស់ព្រះជន្ម  នឹងទៅកើតក្នុងនរក ព្រះអង្គឯង ទ្រង់នឹងជ្រាបស្ថានសួគ៌ ឬនរកដោយហេតុយ៉ាងនេះ ឯអាត្មារួចផុតហើយចាកភពទាំងពួង មិនបដិសន្ធិទៀតឡើយ។

ព្រះបច្ចេកពុទ្ធថ្វាយឱវាទនេះ ដល់ព្រះរាជាអង្គនោះ បានសម្ដែងដល់ស្ទឹង ហើយសម្ដែងដល់សាកសពដំរី ដែលត្រូវទឹកហូរបន្សាត់ទៅក្នុងស្ទឹងគង្គា សម្ដែងដល់ក្អែកដែលស៊ីសាកសព សម្ដែងដល់ការដែលចឹកស៊ីសាកសព ហើយផឹកទឹករបស់ក្អែកនោះ សម្ដែងដល់ការដែលសម្លឹងមើលដងព្រៃ ដែលគួរត្រេកអរ សម្ដែងដល់ការចូលទៅកាន់សមុទ្ទរបស់សាកសពដែលអណ្ដែតក្នុងស្ទឹង សម្ដែងដល់ការដែលក្អែកមិនបានទីទំអាស្រ័យលើសាកសពដំរី ហើយដល់នូវការវិនាសកណ្ដាលសមុទ្ទរបស់ក្អែក។

បណ្ដាវត្ថុទាំងនោះ បណ្ឌិតគប្បីឃើញថា សំសារៈដែលមិនមានខាងដើម និងខាងចុង ប្រៀបដូចជាស្ទឹង។ កាមគុណ ៥ ក្នុងសំសារៈប្រៀបដូចសាកសពដំរីដែលអណ្ដែតក្នុងស្ទឹង ។ បុថុជ្ជនដែលជាបុគ្គលពាល ប្រៀបដូចក្អែក។ កាលនៃបុថុជ្ជនដែលបរិភោគកាមគុណហើយប្រកបដោយសោមនស្ស ប្រៀបដូចកាលដែលក្អែកចឹកស៊ីសាកសពហើយផឹកទឹក។ ការឃើញអារម្មណ៍ ៣៨ ប្រការ ដោយអំណាចការស្ដាប់របស់បុថុជ្ជន ដែលជាប់ចំពាក់ក្នុងកាមគុណទាំងឡាយ ប្រៀបដូចការឃើញដងព្រៃ ដែលគួរជាទីត្រេកអររបស់ក្អែក ដែលជាប់ចំពាក់ក្នុងសាកសពដំរីនោះ។ បុគ្គលជាបណ្ឌិត ឃើញការដល់នូវសេចក្ដីវិនាសធំ ក្នុងមហានរករបស់បុថុជ្ជន ដែលជាបុគ្គលពាល ជាអ្នកត្រេកអរក្នុងកាមគុណ មានអំពើអាក្រក់ជាទីទៅខាងមុខ មិនអាចបានទីអាស្រ័យក្នុងកុសលធម៌ថា ប្រៀបដូចកាលដែលក្អែកមិនអាចរកទីទំអាស្រ័យបាន ក៏ដល់នូវសេចក្ដីវិនាស ក្នុងកាលដែលសាកសព (ហូរ) ទៅកាន់សមុទ្ទដូច្នោះ។

ព្រះបច្ចេកពុទ្ធថ្វាយឱវាទដល់ព្រះរាជាអង្គនោះ ដោយឧបមានេះយ៉ាងនេះហើយ ឥឡូវនេះ បំណងនឹងធ្វើឱវាទនោះឯងឲ្យតាំងនៅយ៉ាងមាំទាំ ទើបពោលគាថានេះថា

ឯកវាចំបិ ទ្វិវាចំ ភណេយ្យ អនុកម្បកោ

តតុត្តរឹ ន ភាសេយ្យ ទាសោវយ្យស្ស សន្តិកេ។

បុគ្គលអ្នកឈឺឆ្អាល គប្បីនិយាយត្រឹមតែមួយម៉ាត់ ឬពីរម៉ាត់ មិនគប្បីនិយាយឲ្យលើសហួសពីនោះទៅ ដូចទាសៈនិយាយក្នុងសម្នាក់នៃម្ចាស់។

ព្រះសាស្ដា កាលទ្រង់ប្រកាសសេចក្ដីនោះ ទើបត្រាស់ថា

ឥទំ វត្វាន បក្កាមិ សោណកោ អមិតពុទ្ធិមា

វេហាសេ អន្តលិក្ខស្មឹ អនុសាសិត្វាន ខត្តិយំ។

លុះព្រះសោណកបច្ចេកពុទ្ធ មានប្រាជ្ញារាប់មិនបាន ពោលពាក្យនេះ ប្រៀនប្រដៅក្សត្រិយ៍ហើយ ទើបចៀសចេញទៅឰដ៏អាកាសវេហាស៍។

ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកពុទ្ធនោះ ជាអ្នកមានបញ្ញា ដែលបុគ្គលរាប់មិនបាន ដោយបញ្ញាជាគ្រឿងត្រាស់ដឹង ដែលជាលោកុត្ដរ ដែលបុគ្គលណាមួយរាប់មិនបាន លុះពោលពាក្យនេះហើយ ក៏ហោះទៅដោយឫទ្ធិ ទូន្មានបរមក្សត្រយ៉ាងនេះថា បើទ្រង់បួស ក៏ជារឿងរបស់ទ្រង់នោះឯង ឬបើទ្រង់មិនបួស ក៏ជារឿងរបស់ទ្រង់ដូចគ្នា អាត្មាភាពថ្វាយឱវាទដល់ទ្រង់ហើយ សូមទ្រង់កុំប្រមាទ ដូច្នេះហើយ ក៏ចៀសចេញទៅ។

ចំណែកព្រះពោធិសត្វប្រថាប់ឈរ ទតមើលព្រះបច្ចេកពុទ្ធដែលទៅតាមអាកាសដែលអាចឃើញបាន កាលផុតកន្ទុយភ្នែកហើយ ក៏បាននូវសេចក្ដីសង្វេគ ទ្រង់ព្រះតម្រិះថា ព្រាហ្មណ៍នេះ មានជាតិថោកថយ ហោះទៅក្នុងអាកាស រោយនូវធូលីដែលជាប់នឹងជើង លើអំបែងក្បាលរបស់អញ ដែលកើតក្នុងត្រកូលស្ដេច មិនច្រឡូកច្រឡំដោយវង្សដទៃ សូម្បីអញ ក៏គួរចេញបួសក្នុងថ្ងៃនេះឯង។ ព្រះពោធិសត្វទ្រង់ប្រាថ្នាប្រគល់រាជសម្បត្ដិ ហើយទ្រង់ព្រះផ្នួស ទើបពោលគាថា២ ថា

កោ នុមេ រាជកត្តារោ សូតា វេយ្យត្តិមាគតា

រជ្ជំ និយ្យាទយិស្សាមិ នាហំ រជ្ជេន មត្ថិកោ។

ពួកជនអ្នករៀបចំអភិសេកបុគ្គលដែលគួរដល់រាជ្យ ជាអ្នកបង្កក់ប្រសិទ្ធនេះ ចាំស្ទាត់ នៅក្នុងទីណា អញនឹងប្រគល់រាជ្យឲ្យ អញមិនត្រូវការដោយរាជ្យទេ។

អជ្ជេវ បព្វជិស្សាមិ កោ ជញ្ញា មរណំ សុវេ

នាហំ កាកោវ ទុម្មេធោ កាមានំ វសមន្វគា។

អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្ដីស្លាប់នឹងមានក្នុងថ្ងៃស្អែក អញលែងលុះក្នុងអំណាចនៃកាមទាំងឡាយ ដូចជាក្អែកឆោតហើយ។

កាលព្រះរាជាទ្រង់ប្រគល់រាជសម្បត្ដិយ៉ាងនេះ ពួកអាមាត្យបានស្ដាប់ហើយ ទើបក្រាបទូលថា

អត្ថិ តេ ទហរោ បុត្តោ ទីឃាវុ រដ្ឋវឌ្ឍនោ

តំ រជ្ជេ អភិសិញ្ចស្សុ សោ នោ រាជា ភវិស្សតិ។

ព្រះរាជបុត្តរបស់ព្រះអង្គ ព្រះនាមទីឃាវុ នៅក្មេង ជាអ្នកញ៉ាំងដែនឲ្យចម្រើន សូមព្រះអង្គអភិសេកព្រះរាជបុត្តនោះ ក្នុងរាជ្យចុះ ព្រះរាជបុត្តនោះ នឹងបានជាព្រះរាជារបស់យើងខ្ញុំ។

ខាងមុខអំពីនេះទៅ បណ្ឌិតគប្បីធ្វើនូវគាថាដែលព្រះរាជាត្រាស់ហើយឲ្យជាលំនាំ គប្បីជ្រាបគាថាសម្ពន្ធដោយឧទាន ដោយន័យព្រះបាលីនុ៎ះឯង។

ព្រះរាជាត្រាស់ថា

ខិប្បំ កុមារំ អានេថ ទីឃាវុំ រដ្ឋវឌ្ឍនំ

តំ រជ្ជេ អភិសិញ្ចិស្សំ សោ វោ រាជា ភវិស្សតិ។

អ្នកទាំងឡាយ ចូរនាំយកកុមារឈ្មោះទីឃាវុ អ្នកញ៉ាំងដែន ឲ្យចម្រើន មកឲ្យឆាប់ អញនឹងអភិសេកកុមារនោះ ក្នុងរាជ្យ កុមារនោះ នឹងជាព្រះរាជារបស់អ្នកទាំងឡាយ។

ពួកអាមាត្យស្ដាប់ព្រះតម្រាស់របស់ព្រះរាជាហើយ ទើបនាំគ្នាទៅយាងទីឃាវុរាជកុមារមក ព្រះរាជាក៏ទ្រង់ប្រគល់រាជសម្បត្ដិដល់ព្រះរាជកុមារនោះហើយ។ ព្រះសាស្ដា កាលទ្រង់ប្រកាសសេចក្ដីនោះ ទើបត្រាស់ថា

តតោ កុមារមានេសុំ ទីឃាវុំ រដ្ឋវឌ្ឍនំ

តំ ទិស្វា អាលបិ រាជា ឯកបុត្តំ មនោរមំ។

សដ្ឋី គាមសហស្សានិ បរិបុណ្ណានិ សព្វសោ

តេ បុត្ត បដិបជ្ជស្សុ រជ្ជំ និយ្យាទយាមិ តេ។

លំដាប់នោះ ពួកអាមាត្យក៏បាននាំកុមារ ឈ្មោះទីឃាវុ អ្នកញ៉ាំងដែនឲ្យចម្រើន មកថ្វាយ ព្រះរាជាទតឃើញទីឃាវុកុមារនោះ ជាបុត្តតែមួយ ជាទីត្រេកអរពេញព្រះទ័យហើយ ទ្រង់ត្រាស់ថា នែបុត្ត ស្រុកទាំង ៦០,០០០ បរិបូណ៌ដោយវត្ថុទាំងពួង ចូរបាថែទាំស្រុកទាំងនោះចុះ អញនឹងប្រគល់រាជ្យដល់បា។

អជ្ជេវ បព្វជិស្សាមិ កោ ជញ្ញា មរណំ សុវេ

មាហំ កាកោវ ទុម្មេធោ កាមានំ វសមន្វគំ។

អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្ដីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយ ដូចជាក្អែកឆោតឡើយ។

សដ្ឋី នាគសហស្សានិ សព្វាលង្ការភូសិតា

សុវណ្ណកច្ឆា មាតង្គា ហេមកប្បនវាសសា។

ដំរី ៦០,០០០ ស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង មានខ្សែដង្គន់ធ្វើអំពីមាស បិទបាំងដោយកម្រាល ដែលធ្វើអំពីមាស ជាដំរីកើតក្នុងព្រៃមាតង្គៈ។

អារូឡ្ហា គាមណីយេភិ តោមរង្កុសបាណិភិ

តេ បុត្ត បដិបជ្ជស្សុ រជ្ជំ និយ្យាទយាមិ តេ។

ដំរីណា ដែលពួកហ្មដំរីមានដៃកាន់អាវុធ និងកង្វេរឡើងជិះ នែបុត្ត អ្នកចូរថែទាំពួកដំរីទាំងនោះចុះ អញប្រគល់រាជ្យដល់អ្នក។

អជ្ជេវ បព្វជិស្សាមិ កោ ជញ្ញា មរណំ សុវេ

មាហំ កាកោវ ទុម្មេធោ កាមានំ វសមន្វគំ។

អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្ដីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយ ដូចជាក្អែកឆោតឡើយ។

សដ្ឋី អស្សសហស្សានិ សព្វាលង្ការភូសិតា

អាជានីយា ច ជាតិយា សិន្ធវា សីឃវាហនា

អារូឡ្ហា គាមណីយេភិ ឥន្ទិយាចាបធារិភិ

តេ បុត្ត បដិបជ្ជស្សុ រជ្ជំ និយ្យាទយាមិ តេ។

សេះ ៦០,០០០ ស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង ជាសេះអាជានីយដោយកំណើត ជាសេះសិន្ធវៈ ជាពាហនៈយ៉ាងលឿន ដែលពួកសារថីកាន់ស៊ែនិងធ្នូជិះ នែបុត្ត បាចូរថែទាំសេះទាំងនោះចុះ អញប្រគល់រាជ្យដល់បា។

អជ្ជេវ បព្វជិស្សាមិ កោ ជញ្ញា មរណំ សុវេ

មាហំ កាកោវ ទុម្មេធោ កាមានំ វសមន្វគំ។

អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្ដីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយ ដូចជាក្អែកឆោតឡើយ។

សដ្ឋី រថសហស្សានិ សន្នទ្ធា ឧស្សិតទ្ធជា

ទីបា អថោបិ វេយ្យគ្ឃា សព្វាលង្ការភូសិតា។

រថ ៦០,០០០ ដែលគេទឹមហើយ ដោតទង់ជ័យ ស្រោបដោយស្បែកខ្លាដំបង ស្រោបដោយស្បែកខ្លាធំ ស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង។

អារូឡ្ហា គាមណីយេភិ ចាបហត្ថេហិ ចម្មភិ

តេ បុត្ត បដិបជ្ជស្សុ រជ្ជំ និយ្យាទយាមិ តេ។

អ្នកបររថមានដៃកាន់ធ្នូ សៀតខែលហើយឡើងជិះ នែបុត្ត បាចូរថែទាំរថទាំងនោះចុះ អញប្រគល់រាជ្យដល់បា។

អជ្ជេវ បព្វជិស្សាមិ កោ ជញ្ញា មរណំ សុវេ

មាហំ កាកោវ ទុម្មេធោ កាមានំ វសមន្វគំ។

អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្ដីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយ ដូចជាក្អែកឆោតឡើយ។

សដ្ឋី ធេនុសហស្សានិ រោហញ្ញា បុង្គវូសភា

តា បុត្ត បដិបជ្ជស្សុ រជ្ជំ និយ្យាទយាមិ តេ។

មេគោ ៦០,០០០ ជាមេគោក្រហម ប្រកបដោយគោខ្លោង (គោបា) នែបុត្ត បាចូរថែទាំមេគោទាំងនោះចុះ អញប្រគល់រាជ្យដល់បា។

អជ្ជេវ បព្វជិស្សាមិ កោ ជញ្ញា មរណំ សុវេ

មាហំ កាកោវ ទុម្មេធោ កាមានំ វសមន្វគំ។

អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្ដីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយ ដូចជាក្អែកឆោតឡើយ។

សោឡសិត្ថីសហស្សានិ សព្វាលង្ការភូសិតា

វិចិត្រវត្ថាភរណា អាមុត្តមណិកុណ្ឌលា

តា បុត្ត បដិបជ្ជស្សុ រជ្ជំ និយ្យាទយាមិ តេ។

ស្ដ្រី ១៦,០០០ ស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង មានសំពត់និងអាភរណៈដ៏វិចិត្រ ពាក់កុណ្ឌលកែវមណី នែបុត្ត បា ចូរថែទាំស្ដ្រីទាំងនោះចុះ អញប្រគល់រាជ្យដល់បា។

អជ្ជេវ បព្វជិស្សាមិ កោ ជញ្ញា មរណំ សុវេ

មាហំ កាកោវ ទុម្មេធោ កាមានំ វសមន្វគំ។

អញនឹងបួសក្នុងថ្ងៃនេះឯង អ្នកណាគប្បីដឹងថា សេចក្ដីស្លាប់នឹងមានក្នុងថ្ងៃស្អែក កុំឲ្យអញលុះក្នុងអំណាចនៃកាមទាំងឡាយ ដូចជាក្អែកឆោតឡើយ។

ព្រះរាជកុមារក្រាបទូលថា

ទហរស្សេវ មេ តាត មាតា មតាតិ មេ សុតំ

តយា វិនា អហំ តាត ជីវិតុំបិ ន ឧស្សហេ។

បពិត្រព្រះវរបិតា កាលដែលទូលព្រះបង្គំជាខ្ញុំនៅក្មេងនៅឡើយ ទូលព្រះបង្គំជាខ្ញុំ បានឮថា ព្រះវរមាតាទ្រង់សោយវិលាល័យទៅហើយ បពិត្រព្រះវរបិតា ទូលព្រះបង្គំជាខ្ញុំព្រាត់ប្រាសចាកព្រះអង្គហើយ មិនអាចនឹងរស់នៅបានទេ។

យថា អារញ្ញកំ នាគំ បោតោ អន្វេតិ បច្ឆតោ

ជេស្សន្តំ គិរិទុគ្គេសុ សមេសុ វិសមេសុ ច។

កូនដំរី រមែងទៅតាមក្រោយដំរីដែលនៅក្នុងព្រៃ ដើរទៅក្នុងជង្ហុកនៃភ្នំទាំងឡាយ ដែលរាបស្មើ និងមិនរាបស្មើ យ៉ាងណាមិញ។

ឯវន្តំ អនុគច្ឆាមិ បុត្តមាទាយ បច្ឆតោ

សុភរោ តេ ភវិស្សាមិ ន តេ ហេស្សាមិ ទុព្ភរោ។

ទូលព្រះបង្គំជាខ្ញុំ នាំយកកូនទៅតាមព្រះអង្គ ក៏យ៉ាងនោះដែរ ទូលព្រះបង្គំជាខ្ញុំ ជាបុគ្គលព្រះអង្គចិញ្ចឹមងាយ ពុំមែនព្រះអង្គលំបាកចិញ្ចឹមឡើយ។

ព្រះរាជាទ្រង់ត្រាស់ថា

យថា សាមុទ្ទិកំ នាវំ វាណិជានំ ធនេសិនំ

វោហារោ តត្ថ គណ្ហេយ្យ វាណិជា ព្យសនី សិយា

ឯវមេវាយំ បុត្តក អន្តរាយករោ មម។

សត្រូវជាអ្នកបំផ្លាញ គប្បីចាប់សំពៅដែលដើរក្នុងសមុទ្ទរបស់ពួកពាណិជ  ដែលស្វែងរកទ្រព្យក្នុងសមុទ្ទនោះ ពួកពាណិជត្រូវវិនាស យ៉ាងណាមិញ នែកូនលាមកឯងនេះ ធ្វើសេចក្ដីអន្ដរាយដល់អញ ក៏យ៉ាងនោះដែរ។

ព្រះរាជកុមារមិនអាចក្រាបទូលពាក្យណាមួយបាន។ លំដាប់នោះ ព្រះរាជា កាលទ្រង់បង្គាប់ពួកអាមាត្យ ទើបត្រាស់ថា  

ឥមំ កុមារំ បាបេថ បាសាទំ រតិវឌ្ឍនំ

តត្ថ កម្ពុសហត្ថាយោ យថា សក្កំវ អច្ឆរា

តា នំ តត្ថ រមិស្សន្តិ តាហិ ចេសោ រមិស្សតិ។

អ្នកទាំងឡាយ ចូរញ៉ាំងកុមារនេះ ឲ្យដល់ប្រាសាទ ដែលញ៉ាំងតម្រេកឲ្យចម្រើន ក្នុងប្រាសាទនោះ មានពួកស្ដ្រី មានដៃស្អិតស្អាងដោយគ្រឿងអាភរណៈធ្វើអំពីមាស ស្ដ្រីទាំងនោះ នឹងត្រេកអរចំពោះកុមារនោះ ក្នុងប្រាសាទនោះ ដូចជាពួកស្រីអប្សរត្រេកអរនឹងសក្កទេវរាជ កុមារនុ៎ះនឹងត្រេកអរដោយស្ដ្រីទាំងនោះ។

ព្រះសាស្ដា កាលទ្រង់ត្រាស់ដឹងហើយ ទើបត្រាស់អភិសម្ពុទ្ធគាថានេះថា

តតោ កុមារំ បាបេសុំ បាសាទំ រតិវឌ្ឍនំ

តំ ទិស្វា អវចុំ កញ្ញា ទីឃាវុំ រដ្ឋវឌ្ឍនំ។

ទេវតា នុសិ គន្ធព្វោ អាទូ សក្កោ បុរិន្ទទោ

កោ វា ត្វំ កស្ស វា បុត្តោ កថំ ជានេមុ តំ មយំ។

លំដាប់អំពីនោះមក ពួកអាមាត្យបានញ៉ាំងកុមារឲ្យដល់ប្រាសាទដែលញ៉ាំងតម្រេកឲ្យចម្រើន ឯពួកនាងកញ្ញាឃើញទីឃាវុកុមារនោះ ជាអ្នកញ៉ាំងដែនឲ្យចម្រើនហើយ ក៏បានពោលថា លោកជាទេវតា ឬជាគន្ធព្វ ឬក៏ជាព្រះឥន្ទឈ្មោះបុរិន្ទទៈ លោកជាអ្វី ជាបុត្តនៃអ្នកណា ធ្វើដូចម្ដេច យើងនឹងអាចស្គាល់លោកបាន។

ព្រះរាជកុមារត្រាស់ថា

នម្ហិ ទេវោ ន គន្ធព្វោ នបិ សក្កោ បុរិន្ទទោ

កាសិរញ្ញោ អហំ បុត្តោ ទីឃាវុ រដ្ឋវឌ្ឍនោ

មមំ ភរថ ភទ្ទំ វោ អហំ ភត្តា ភវាមិ វោ។

យើងមិនមែនជាទេវតា មិនមែនជាគន្ធព្វ ទាំងមិនមែនជាព្រះឥន្ទឈ្មោះបុរិន្ទទៈទេ  យើងជាកូននៃព្រះរាជាក្នុងដែនកាសី ឈ្មោះទីឃាវុ ជាអ្នកញ៉ាំងដែនឲ្យចម្រើន នាងទាំងឡាយ ចូរប្រាថ្នាយើងចុះ សេចក្ដីចម្រើននឹងមានដល់ពួកនាងទាំងឡាយ យើងជាភស្ដារបស់ពួកនាង។

ព្រះសាស្ដា កាលទ្រង់ត្រាស់ដឹងហើយ ទើបត្រាស់អភិសម្ពុទ្ធគាថានេះថា

តំ តត្ថ អវចុំ កញ្ញា ទីឃាវុំ រដ្ឋវឌ្ឍនំ

កុហឹ រាជា អនុប្បត្តោ ឥតោ រាជា កុហឹ គតោ។

ពួកនាងកញ្ញាបានទូលសួរទីឃាវុកុមារនោះ ដែលញ៉ាំងដែនឲ្យចម្រើន ក្នុងប្រាសាទនោះថា ព្រះរាជាស្ដេចយាងទៅក្នុងទីណា ព្រះរាជាស្ដេចចេញអំពីទីនេះ ទៅក្នុងទីណា។

ព្រះរាជកុមារត្រាស់ថា

បង្កំ រាជា អតិក្កន្តោ ថលេ រាជា បតិដ្ឋិតោ

អកណ្ដកំ អគហនំ បដិបន្នោ មហាបថំ។

ព្រះរាជាទ្រង់បានឈានកន្លងភក់ (រាគាទិក្កិលេស) ព្រះរាជាទ្រង់បានឋិតនៅស៊ប់លើគោក (ផ្នួស) ទ្រង់យាងទៅកាន់ផ្លូវធំ (ជាទីទៅកាន់សួគ៌និងព្រះនិព្វាន) ដែលមិនមានបន្លា មិនមានព្រៃញៀតស្បាត (រាគៈ)។

អហញ្ច បដិបន្នោស្មិ មគ្គំ ទុគ្គតិគាមិនំ

សកណ្ដកំ សគហនំ យេន គច្ឆន្តិ ទុគ្គតឹ។

ចំណែកយើងជាអ្នកដើរទៅកាន់ផ្លូវជាទីទៅកាន់ទុគ្គតិ ប្រកប ដោយបន្លា ប្រកបដោយព្រៃញៀតស្បាត សម្រាប់ទៅកាន់ទុគ្គតិរបស់ពួកសត្វ។

ពួកនាងកញ្ញាទូលថា

តស្ស តេ ស្វាគតំ រាជ សីហស្សេវ គិរិព្វជំ

អនុសាស មហារាជ ត្វំ នោ សព្វាសមិស្សរោតិ។

បពិត្រព្រះរាជា ព្រះអង្គនោះ យាងមកល្អហើយ ហាក់ដូចជាសីហៈ ដែលមកកាន់គិរិព្វជៈ ( គុហាមាស) បពិត្រមហារាជ សូមព្រះអង្គគ្រប់គ្រងចុះ ព្រះអង្គជាម្ចាស់របស់ពួកខ្ញុំម្ចាស់ទាំងអស់គ្នា។

ព្រះមហាសត្វ កាលត្រាស់យ៉ាងនេះហើយ ទើបត្រាស់ឲ្យអភិសេកទីឃាវុកុមារនោះ ក្នុងទីនោះឯង ហើយឲ្យត្រឡប់ចូលកាន់ព្រះនគរ។ ឯទ្រង់មួយអង្គឯងប៉ុណ្ណោះ ចេញអំពីព្រះរាជឧទ្យាន ចូលទៅកាន់ព្រៃហិមពាន្ដ សាងបណ្ណសាលា ត្រង់ភូមិភាគដែលគួរត្រេកអរ ហើយទ្រង់បួសជាឥសី មានមើមឈើ និងផ្លែឈើក្នុងព្រៃជាអាហារ ញ៉ាំងអត្ដភាពឲ្យប្រព្រឹត្ដទៅ។ ចំណែកមហាជន ក៏យាងព្រះរាជកុមារទៅកាន់នគរពារាណសី។ ព្រះរាជកុមារនោះ ទ្រង់ធ្វើប្រទក្សិណនគរហើយ ឡើងកាន់ប្រាសាទ។ ពួកអ្នករបាំទាំងនោះ ឃើញព្រះរាជកុមារយាងមកហើយ ដោយសិរីដ៏ប្រសើរ មានបរិវារច្រើន មិនដឹងថា ព្រះរាជកុមារនេះ មានឈ្មោះអ្វី ទើបនាំគ្នាក្រាបទូលសួរ។ ព្រះរាជកុមារត្រាស់ថា ជនទាំងឡាយ រមែងដើរទៅកាន់ទុគ្គតិ ដោយផ្លូវដែលខុសណា យើងដើរទៅកាន់ផ្លូវខុសនោះ។ សម័យនោះ ពួកអ្នករបាំទាំងនោះ គិតថា ព្រះរាជាទ្រង់លះបង់ពួកយើង ទ្រង់ព្រះផ្នួសហើយ សូម្បីព្រះរាជកុមារនេះសោត ក៏មានព្រះហឫទ័យមិនត្រេកអរក្នុងកាមទាំងឡាយ បើពួកយើងមិនព្រមអភិរម្យជាមួយទ្រង់ ទ្រង់នឹងចេញសាងបព្វជ្ជាទៀត ពួកយើងនឹងធ្វើអាការ គឺការត្រេកអរដល់ទ្រង់។ គ្រានោះ ពួកអ្នករបាំ កាលនឹងឲ្យព្រះរាជកុមារត្រេកអរ ទើបក្រាបទូលគាថាចុងក្រោយ

ពួកស្ត្រីទាំងនោះ កាលក្រាបទូលដូច្នេះហើយ ក៏នាំគ្នាប្រគំតូរ្យតន្ដ្រីទាំងអស់ឡើង ធ្វើនូវការច្រៀងរាំ មានប្រការផ្សេងៗ ឲ្យប្រព្រឹត្ដទៅហើយ កិត្ដិយសក៏ចម្រើនក្រៃលែងឡើង។ ទីឃាវុរាជកុមារនោះ ជាអ្នកដល់ព្រមហើយដោយកិត្ដិយស ទ្រង់មិនបានរឭកដល់ព្រះបិតាឡើយ បានសោយរាជសម្បត្ដិដោយធម៌ ទៅតាមយថាកម្មហើយ។ ព្រះពោធិសត្វបានញ៉ាំងឈាននិងអភិញ្ញាឲ្យកើតឡើង ក្នុងទីបំផុតនៃព្រះជន្ម ក៏បានទៅកើតក្នុងព្រហ្មលោក។

ព្រះសាស្ដា កាលទ្រង់នាំយកព្រះធម្មទេសនានេះមកសម្ដែងហើយទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតចេញសាងមហាភិនេស្ក្រមណ៍ តែក្នុងកាលឥឡូវនេះ ក៏មិនមែន សូម្បីក្នុងកាលមុន ក៏ធ្លាប់ចេញសាងមហាភិនេស្ក្រមណ៍ហើយដូចគ្នា ហើយទ្រង់ប្រជុំជាតកថា ព្រះបច្ចេកពុទ្ធក្នុងកាលនោះ បរិនិព្វានហើយ បុត្ត (ទីឃាវុកុមារ) ក្នុងកាលនោះ បានមកជារាហុលកុមារ បរិស័ទដ៏សេសក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទ ព្រះបាទអរិន្ទមរាជ គឺតថាគតនេះឯង។

សោណកជាតក ចប់។

[ស្រង់ចាកអដ្ឋកថា ជាតក សដ្ឋិនិបាត បិ.៦១ ទំ.៤២ ឃ.៦៦។]

សូមអនុមោទនា !!!

Oben-pfeil