បច្ចេកពុទ្ធសំយុត្តកថា

តេលបត្តជាតក

ព្រះសាស្តា កាលគង់នៅក្នុងដងព្រៃមួយកន្លែង អាស្រ័យនិគមឈ្មោះសេទកៈ ក្នុងសុម្ភរដ្ឋ ទ្រង់ប្រារព្ធជនបទកល្យាណីសូត្រ ទើបត្រាស់ព្រះធម្មទេសនានេះថា

ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតជាឱរសចុងក្រោយ បណ្ដាឱរស ១០០ អង្គរបស់ព្រះរាជាអង្គនោះ ដល់នូវភាពជាអ្នកដឹងក្តីដោយលំដាប់។ ក្នុងកាលនោះ ព្រះបច្ចេកពុទ្ធ ច្រើនអង្គឆាន់ក្នុងព្រះរាជវាំង ព្រះពោធិសត្វធ្វើនាទីជាវេយ្យាវច្ចកររបស់ព្រះបច្ចេកពុទ្ធទាំងនោះ។ ថ្ងៃមួយ ទ្រង់ព្រះតម្រិះថា បងប្រុសរបស់អញមានច្រើន អញនឹងបានរាជសម្បត្តិបន្តវង្សក្នុងនគរនេះឬហ្ន៎ លំដាប់នោះ ទ្រង់មានបរិវិតក្កៈថា ត្រូវសួរព្រះបច្ចេកពុទ្ធ ទើបដឹង។ ក្នុងថ្ងៃ ទី ២ កាលព្រះបច្ចេកពុទ្ធទាំងឡាយនិមន្តមកហើយ ទ្រង់កាន់យកធម្មក្រកត្រងទឹកសម្រាប់ឆាន់ លាងជើង លាបប្រេង ក្នុងកាលដែលព្រះបច្ចេកពុទ្ធទាំងនោះ ឆាន់របស់គួរទំពាក្នុងវេលាចន្លោះកាល ទើបថ្វាយបង្គំ ហើយប្រថាប់គង់នាចំណែកម្ខាង ត្រាស់សួរសេចក្ដីនោះ។

លំដាប់នោះ ព្រះបច្ចេកពុទ្ធទាំងនោះប្រាប់ថា នែកុមារ ទ្រង់មិនបានសោយរាជសម្បត្តិក្នុងនគរនេះទេ តែបន្ទាប់អំពីនគរនេះទៅ ក្នុងទីបំផុត ១២០ យោជន៍ ក្នុងគន្ធាររដ្ឋ មាននគរឈ្មោះថា តក្កសិលា ទ្រង់ទៅក្នុងនគរនោះ នឹងបានរាជសម្បត្តិក្នុងថ្ងៃទី ៧ រាប់អំពីថ្ងៃនេះ  តែក្នុងចន្លោះផ្លូវ ក្នុងព្រៃធំ មានអន្តរាយ កាលបើទៅវាងព្រៃនោះ នឹងមានចម្ងាយដល់ទៅ ១២០ យោជន៍ បើទៅផ្លូវត្រង់ ត្រឹមតែ ៥០ យោជន៍ ផ្លូវនោះ ឈ្មោះថា អមនុស្សកន្តារ។ ពួកយក្ខិនីនាំគ្នានិម្មិតស្រុកនិងសាលាក្នុងចន្លោះផ្លូវ រៀបចំទីដេកដ៏មានតម្លៃ ខាងលើ (មាន) ពិតានលម្អដោយផ្កាយមាស បាំងវាំងននដែលជ្រលក់ដោយពណ៌ផ្សេងៗ តាក់តែងអត្តភាពដោយអលង្ការដែលជាទិព្វ នាំគ្នាអង្គុយក្នុងសាលាទាំងឡាយ ទាក់យកពួកបុរសអ្នកដើរផ្លូវ ដោយពាក្យសម្ដីផ្អែមល្ហែម នាំគ្នាអញ្ជើញថា ពួកលោកទាំងឡាយ ប្រាកដដូចមនុស្សហត់នឿយ សូមមកអង្គុយក្នុងសាលានេះ  ផឹកនូវរបស់ដែលគួរផឹក ហើយសឹមទៅចុះ ឲ្យទីអង្គុយដល់ជនដែលមកដល់ហើយ នាំគ្នាលួងលោមដោយអាកប្បកិរិយាម្ញ៉ិកម្ញ៉ក់របស់ខ្លួន ធ្វើឲ្យធ្លាក់នៅក្នុងអំណាចកិលេស។ កាលបានធ្វើអជ្ឈាចារជាមួយនឹងខ្លួនហើយ ទំពាស៊ីជនទាំងនោះ ទាំងដែលឈាមកំពុងហូរ ឲ្យដល់នូវការអស់ជីវិតក្នុងទីនោះឯង។ យក្ខិនីចាំចាប់សត្វដែលមានរូបជាអារម្មណ៍ ដោយរូបសម្រស់របស់ខ្លួននោះឯង អ្នកដែលមានសំឡេងជាអារម្មណ៍ ដោយសំឡេងច្រៀងលួងលោមដ៏ផ្អែមល្ហែម អ្នកដែលមានក្លិនជាអារម្មណ៍ ដោយក្លិនទិព្វ អ្នកដែលមានរសជាអារម្មណ៍ ដោយភោជនដែលមានរសដ៏ប្រសើរផ្សេង ៗ ដូចរសទិព្វ អ្នកដែលមានផោដ្ឋព្វៈជាអារម្មណ៍ ដោយទីដេកដូចជាទិព្វ មានកម្រាល មានពណ៌ក្រហមទាំងសងខាង បើព្រះអង្គមិនទម្លាយឥន្ទ្រិយ មិនសម្លឹងមើលនូវយក្ខិនីទាំងនោះ គ្រប់គ្រងសតិបាន យាងទៅ នឹងបានរាជសម្បត្តិក្នុងនគរនោះ ក្នុងថ្ងៃទី៧។

ព្រះពោធិសត្វត្រាស់ថា បពិត្រលោកម្ចាស់ រឿងនេះ សូមស្លេះទុកសិន ខ្ញុំទទួលឱវាទរបស់លោកម្ចាស់ទាំងឡាយហើយ នឹងសម្លឹងមើលពួកយក្ខិនីទាំងនោះ ដូចម្តេចកើត ហើយនិមន្តព្រះបច្ចេកពុទ្ធទាំងឡាយឲ្យចម្រើនព្រះបរិត្ត ទទួលខ្សាច់ព្រះបរិត្តនិងអំបោះព្រះបរិត្ត ថ្វាយបង្គំលាព្រះបច្ចេកពុទ្ធ និងព្រះរាជមាតាបិតា យាងទៅកាន់ព្រះរាជដំណាក់ ត្រាស់នឹងមនុស្សរបស់ព្រះអង្គថា ខ្ញុំនឹងទៅគ្រប់គ្រងរាជសម្បត្តិក្នុងនគរតក្កសិលា ពួកអ្នកចូរនៅក្នុងទីនេះចុះ។ គ្រានោះ មនុស្ស ៥ នាក់ ក្រាបទូលព្រះពោធិសត្វថា សូម្បីពួកទូលព្រះបង្គំ ក៏នឹងតាមទ្រង់ទៅ។

ព្រះពោធិសត្វត្រាស់ថា ពួកអ្នកមិនអាចទៅតាមខ្ញុំបានទេ បានឮថា ក្នុងចន្លោះផ្លូវ មានពួកយក្ខិនីឃ្លាំលួងលោមពួកមនុស្ស ដែលមានរូបជាដើមជាអារម្មណ៍ ដោយកាមារម្មណ៍ មានរូបជាដើមច្រើនយ៉ាងច្រើនបែប ហើយចាប់ស៊ីជាអាហារ អន្តរាយធំក្រៃលែង ខ្ញុំត្រៀមខ្លួនហើយ ទើបទៅ។

រាជបុរសក្រាបទូលថា បពិត្រព្រះទេវៈ កាលពួកទូលព្រះបង្គំទៅជាមួយព្រះអង្គ នឹងសម្លឹងមើលរូបជាទីស្រឡាញ់ជាដើម ដើម្បីខ្លួនដូចម្តេចកើត ពួកទូលព្រះបង្គំនឹងទៅក្នុងទីនោះ បានដូចគ្នា។

ព្រះពោធិសត្វត្រាស់ថា បើដូច្នោះ ពួកអ្នក ចូរជាអ្នកមិនប្រមាទចុះ ហើយនាំពួកមនុស្សទាំង ៥ នាក់នោះ ចេញទៅ។

ពួកយក្ខិនីនាំគ្នានិម្មិតស្រុកជាដើម អង្គុយរង់ចាំហើយ។ បណ្ដាជនទាំងនោះ អ្នកដែលពេញចិត្តក្នុងរូប សម្លឹងមើលយក្ខិនីនោះហើយ មានចិត្តជាប់ចំពាក់ក្នុងរូបារម្មណ៍  ក៏មានចិត្តរារែកបន្តិច។ កាលព្រះពោធិសត្វត្រាស់ថា នែអ្នកដ៏ចម្រើន ហេតុអ្វីទើបអ្នករារែក ទើបក្រាបទូលថា  បពិត្រព្រះទេវៈ ជើងរបស់ទូលព្រះបង្គំឈឺចាប់ ទូលព្រះបង្គំអង្គុយសម្រាកក្នុងសាលាបន្តិច ហើយនឹងទៅតាមព្រះអង្គ។

ព្រះពោធិសត្វត្រាស់ថា នែអ្នកដ៏ចម្រើន នុ៎ះជាពួកយក្ខិនី អ្នកកុំប្រាថ្នាឡើយ។ បុរសនោះក្រាបទូលថា បពិត្រព្រះសម្មតិទេព ទោះជាអ្វីក៏ដោយ ទូលព្រះបង្គំមិនអាចទៅទៀតបានទេ។

ព្រះពោធិសត្វត្រាស់ថា បើដូច្នោះ អ្នកនឹងប្រាកដ (ដោយខ្លួនឯង) ហើយនាំបុរស ៤នាក់ ចេញដំណើរ​ទៅ។ អ្នកដែលគាប់ចិត្តក្នុងរូប បាននៅក្នុងសម្នាក់យក្ខិនី។ យក្ខិនីទាំងនោះ កាលបុរសនោះ  បានធ្វើអជ្ឈាចារជាមួយខ្លួនហើយ ក៏ធ្វើឲ្យអស់ជីវិតក្នុងទីនោះឯង ហើយទៅស្កាត់ខាងមុខ និម្មិតសាលាដទៃ អង្គុយលេងតន្ត្រី ច្រៀងនូវចម្រៀងផ្សេងៗ។ បណ្ដាមនុស្សទាំងនោះ បុរសដែលគាប់ចិត្តក្នុងសំឡេង ក៏រារែក ត្រូវពួកយក្ខិនីទំពាស៊ីដូចគ្នា ដោយន័យមុននោះឯង។ យក្ខិនីទាំងនោះ លុះទំពាស៊ីរួចហើយ ក៏ទៅស្កាត់ខាងមុខ ដាក់គ្រឿងក្រអូប មានប្រការផ្សេងៗ ពេញក្នុងប្រអប់ ហើយបានអង្គុយបើកប្រអប់ដាក់លើរោងតូចមួយ។ បុរសដែលគាប់ចិត្តក្នុងក្លិន ក៏រារែក ត្រូវពួកយក្ខិនីទំពាស៊ីដូចគ្នា។ នាងយក្ខិនីទាំងនោះ លុះទំពាស៊ីរួចហើយ ក៏ទៅស្កាត់ខាងមុខ រៀបចំភោជនដូចជាទិព្វ ដែលមានរសប្រសើរផ្សេង ៗ  ពេញភាជនៈ អង្គុយលក់បាយនិងម្ហូប។ កាលទៅដល់ទីនោះ ជនដែលជាប់ចិត្តក្នុងរស ក៏រារែក ពួកយក្ខិនីក៏ទំពាស៊ីជននោះ ហើយទៅស្កាត់ខាងមុខ រៀបចំទីដេកដូចជាទិព្វ អង្គុយរង់ចាំហើយ។ លុះទៅដល់ទីនោះ បុរសដែលគាប់ចិត្តក្នុងផោដ្ឋព្វៈ ក៏រារែក ត្រូវពួកយក្ខិនីទំពាស៊ីទៀត សល់ព្រះពោធិសត្វតែមួយអង្គឯងប៉ុណ្ណោះ។

លំដាប់នោះ យក្ខិនី ១រូប គិតថា បុរសនេះ មានមន្តពូកែខ្លាំងណាស់ អញនឹងស៊ីឲ្យបាន សឹមត្រឡប់វិញ ហើយដើរតាមក្រោយៗ ព្រះពោធិសត្វ។ ក្នុងទីមាត់ព្រៃនោះ ពួកជនដែលធ្វើការក្នុងព្រៃជាដើម ក៏សួរយក្ខិនីថា បុរសដែលដើរខាងមុខ ជាអ្វីនឹងនាង។

យក្ខិនីនោះ ឆ្លើយថា ជាប្ដីរបស់ខ្ញុំ នាយ។

មនុស្សទាំងនោះពោលថា នែអ្នកដ៏ចម្រើន កុមារិកានេះ ទន់ភ្លន់ដូចកម្រងផ្កា មានពណ៌សម្បុរល្អដូចមាស លះបង់ត្រកូលរបស់ខ្លួនចេញមក ព្រោះស្រឡាញ់ ទើបដើរតាមមក ហេតុអ្វីទើបឲ្យនាងលំបាក មិនដឹកដៃនាងដើរទៅ។

ព្រះពោធិសត្វត្រាស់តបថា លោកទាំងឡាយ នាងនុ៎ះមិនមែនជាភរិយារបស់ខ្ញុំទេ នាងនុ៎ះជាយក្ខិនី មនុស្សរបស់ខ្ញុំ ៥នាក់ ត្រូវយក្ខិនីនេះ ស៊ីអស់ហើយ។

យក្ខិនីពោលថា បពិត្រលោកទាំងឡាយ ធម្មតាបុរស ក្នុងពេលក្រោធ ធ្វើភរិយារបស់ខ្លួនឲ្យជាយក្ខិនីក៏បាន ឲ្យជាប្រេតក៏បាន។ យក្ខិនី ដើរតាមមក កាឡាខ្លួនជាស្រីមានគភ៌ ជាស្រីកើតកូនម្តង បីកូនដើរតាមព្រះពោធិសត្វទៅ មនុស្សដែលឃើញហើយ ក៏នាំគ្នាសួរដោយន័យមុននោះឯង។ ចំណែកព្រះពោធិសត្វក៏នៅតែត្រាស់យ៉ាងនោះថា នាងនុ៎ះជាយក្ខិនី។ លុះមកដល់នគរតក្កសិលា យក្ខិនីធ្វើកូនឲ្យអន្តរធានទៅ ដើរតាមព្រះពោធិសត្វតែម្នាក់ឯង។ ព្រះពោធិសត្វយាងដល់ទ្វារនគរហើយ ប្រថាប់គង់ក្នុងសាលាមួយកន្លែង យក្ខិនីនោះ មិនអាចចូលទៅបានដោយតេជះរបស់ព្រះពោធិសត្វ ក៏និម្មិតរូបស្អាតដូចទេពអប្សរ ឈរត្រង់ទ្វារសាលា។

ក្នុងសម័យនោះ ព្រះរាជាតក្កសិលាយាងទៅកាន់ព្រះរាជឧទ្យាន ឃើញនាងហើយ មានចិត្តប្រតិព័ទ្ធ បញ្ជូនរាជបុរសទៅថា ចូរអ្នកទៅ ចូរដឹងថា ស្រីនេះ មានប្ដី ឬមិនមាន។ ពួករាជបុរសចូលទៅរកយក្ខិនី សួរថា នាងមានប្ដីហើយឬ។

នាងឆ្លើយថា បុរសដែលអង្គុយក្នុងសាលាជាប្ដីរបស់ខ្ញុំ។

ព្រះពោធិសត្វត្រាស់ថា នាងមិនមែនជាប្រពន្ធរបស់ខ្ញុំទេ នាងជា យក្ខិនី មនុស្សរបស់ខ្ញុំ ៥នាក់ ត្រូវយក្ខិនីនេះ ស៊ីអស់ហើយ។ យក្ខិនីពោលថា បពិត្រលោកទាំងឡាយ ធម្មតាបុរសក្នុងពេលខឹង ក៏នឹងពោលតាមគាប់ចិត្តរបស់ខ្លួន ។ រាជបុរសក៏ក្រាបទូលពាក្យរបស់ជនទាំងពីរ ដល់ព្រះរាជា។ ព្រះរាជាត្រាស់ថា ធម្មតាភណ្ឌៈមិនមានម្ចាស់ រមែងជារបស់ព្រះរាជា ហើយត្រាស់ឲ្យហៅយក្ខិនីមក ឲ្យអង្គុយលើខ្នងដំរីជាមួយទ្រង់ ធ្វើប្រទក្សិណនគរហើយ ឡើងកាន់ប្រាសាទ ទ្រង់ស្ថាបនាយក្ខិនីនោះ ទុកក្នុងតំណែងអគ្គមហេសី។

ព្រះរាជាទ្រង់ស្រពស្រង់ តែងព្រះកាយរៀបរយ សោយព្រះក្រយាស្ងោយក្នុងពេលល្ងាចហើយ យាងឡើងកាន់ព្រះទែនដ៏មានសិរី យក្ខិនីនោះ បរិភោគអាហារដែលគួរដល់ខ្លួនហើយ តាក់តែងខ្លួនប្រាណ ផ្ទំរួមជាមួយព្រះរាជាលើព្រះទែនដ៏មានសិរី កាលព្រះរាជាទ្រង់ស្កប់ស្កល់ទៅដោយសេចក្តីសុខ ដោយអំណាចសេចក្តីត្រេកអរ ទ្រង់ផ្ទំហើយ ក៏ប្រែទៅម្ខាង ធ្វើជាយំ។ លំដាប់នោះ ព្រះរាជាត្រាស់សួរថា នែនាងដ៏ចម្រើន  ហេតុអ្វី ទើបនាងយំ។

យក្ខិនីក្រាបទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់ ទ្រង់ចួបតាមផ្លូវហើយនាំមក ម្យ៉ាងទៀត ក្នុងព្រះរាជវាំង​របស់ព្រះអង្គ មានស្រីជាច្រើន ខ្ញុំម្ចាស់បើនៅក្នុងក្រុមស្រីដែលរួមប្ដី កាលកើតពាក្យពោល​ឡើងថា អ្នកណាស្គាល់មាតាបិតា គោត្តឬជាតិរបស់នាង នាង ព្រះរាជាចួបក្នុងរវាងផ្លូវ ហើយទ្រង់នាំមកដូច្នេះ ខ្ញុំម្ចាស់ដូចត្រូវពួកគេចាប់ត្រង់ក្បាលបៀតបៀន នឹងខ្មាសគេពិត បើទ្រង់ព្រះរាជទានភាពជាធំ និងឲ្យនូវអាជ្ញាក្នុងដែនទាំងមូលដល់ខ្ញុំម្ចាស់ បុគ្គលណាម្នាក់ ក៏មិនអាចមានចិត្តកម្រើក ហ៊ានពោលដល់ខ្ញុំម្ចាស់ឡើយ។

ព្រះរាជាទ្រង់ត្រាស់ថា នែនាងដ៏ចម្រើន អ្នកដែនទាំងមូល មិនមែនជាសម្បត្តិរបស់ខ្ញុំឡើយ ខ្ញុំមិនមែនជាម្ចាស់របស់ជនទាំងនោះ តែជនណាល្មើសព្រះរាជអាជ្ញា ធ្វើនូវវត្ថុដែលមិនគួរធ្វើ ខ្ញុំជាម្ចាស់របស់អ្នកទាំងនោះ ប៉ុណ្ណោះ។ ដោយហេតុនេះ ទើបខ្ញុំមិនអាចឲ្យភាពជាធំនិងអាជ្ញាក្នុងដែនទាំងមូលដល់នាងបាន។

យក្ខិនីក្រាបទូលថា បើទ្រង់មិនអាចព្រះរាជទានអាជ្ញាក្នុងដែនទាំងមូល ឬក្នុងនគរ ក៏សូមទ្រង់ព្រះរាជទាន​អំណាចលើពួកជនខាងក្នុងព្រះរាជវាំង ដើម្បីឲ្យប្រព្រឹត្តទៅក្នុងអំណាចរបស់ខ្ញុំម្ចាស់ចុះ។

ព្រះរាជាទ្រង់ជាប់ព្រះហឫទ័យក្នុងផោដ្ឋព្វៈ ដែលជាទិព្វហើយ មិនអាចបដិសេធពាក្យរបស់នាងបាន ទើបត្រាស់ថា នែនាងដ៏ចម្រើន យើងយល់ព្រម យើងប្រគល់អាជ្ញាក្នុងពួកជនខាងក្នុងដល់នាង ចូរនាងគ្រប់គ្រងជនទាំងនោះ ឲ្យប្រព្រឹត្តទៅក្នុងអំណាចរបស់ខ្លួនចុះ។ យក្ខិនីទទួលថា សាធុ។ លុះព្រះរាជាផ្ទំលក់ស៊ប់សួន ក៏ទៅកាន់នគរយក្ខ នាំពួកយក្ខមក ញ៉ាំងព្រះរាជារបស់ខ្លួនឲ្យអស់ជីវិត ទំពាស៊ីស្បែក សាច់ ឈាម និងសរសៃ រហូតអស់ សល់ត្រឹមតែឆ្អឹង ពួកយក្ខដ៏សេស នាំគ្នាស៊ីមនុស្សនិងសត្វ ចាប់តាំងអំពីមាន់និងឆ្កែជាដើម ដែលនៅខាងក្នុងព្រះរាជនិវេសន៍  តាំងអំពីទ្វារធំរហូតអស់ សល់តែរាងឆ្អឹង។

លុះព្រឹកឡើង មនុស្សទាំងឡាយឃើញទ្វារព្រះរាជវាំងនៅបិទនោះឯង នាំគ្នាពុះទ្វារដោយប៉ូវថៅ ហើយនាំគ្នាចូលទៅខាងក្នុង ឃើញព្រះរាជនិវេសន៍គ្រប់កន្លែង ដេរដាសដោយគ្រោងឆ្អឹង ទើបនិយាយថា បុរសនោះ ពោលថា ស្រីនុ៎ះ មិនមែនជាប្រពន្ធរបស់ខ្ញុំ ជាយក្ខិនី ជាពាក្យពិតហ្ន៎ តែព្រះរាជាទ្រង់មិនជ្រាប ទ្រង់នាំនាងមក តែងតាំងជាមហេសី យក្ខិនីនោះ ក៏បបួលពួកយក្ខមកស៊ីមនុស្សទាំងឡាយអស់ រួចហើយទៅ ដោយពិត ឥតសង្ស័យឡើយ។

ក្នុងថ្ងៃនោះ ព្រះពោធិសត្វទ្រង់ដាក់ខ្សាច់ព្រះបរិត្តលើសីសៈ រុំដោយអំបោះព្រះបរិត្ត ទ្រង់កាន់ដាវប្រថាប់ឈរក្នុងសាលានោះ រហូតដល់ថ្ងៃរះ។ ពួកមនុស្សនាំគ្នាសម្អាតព្រះរាជនិវេសន៍ លាបដោយពណ៌ខៀវ ប្រោះព្រំដោយគ្រឿងក្រអូប រោយដោយផ្កា ចងនូវកម្រងផ្កា អប់ដោយផ្សែងក្រអូប ចងកម្រងផ្កាជាថ្មី ហើយប្រឹក្សាគ្នាថា អ្នកដ៏ចម្រើនទាំងឡាយ (កាលពីម្សិលមិញ) បុរសនោះ មិនបានធ្វើ ត្រឹមតែការទម្លាយឥន្ទ្រិយ សម្លឹងមើលយក្ខិនីដែលកាឡាខ្លួនដូចជារូបទិព្វ ដើរមកតាមក្រោយឡើយ បុរសនោះ ជាសត្វប្រសើរក្រៃពេក ជាអ្នកមានវីរិយៈ សម្បូរដោយញាណ បើបុរសនោះ គ្រប់គ្រងរាជ្យ ប្រៀនប្រដៅរឿយៗ ដែនទាំងអស់នឹងមានតែសេចក្ដីសុខ ពួកយើងគួរធ្វើបុរសនោះ ឲ្យជាព្រះរាជាចុះ។

លំដាប់នោះ ពួកអាមាត្យនិងអ្នកនគរទាំងឡាយ រួមគ្នាជាឯកច្ឆន្ទ ចូលទៅគាល់ព្រះពោធិសត្វ ក្រាបទូលថា បពិត្រព្រះទេវៈ សូមទ្រង់សោយរាជ្យចុះ យាងព្រះពោធិសត្វចូលក្នុងនគរហើយ យាងឲ្យឡើងប្រថាប់លើគំនររតនៈ អភិសេកធ្វើឲ្យជាព្រះរាជានៃតក្កសិលានគរ។ ព្រះរាជាទ្រង់វៀរនូវការលុះក្នុងអគតិ ៤ មិនឲ្យទសពិធរាជធម៌កម្រើក សោយរាជសម្បត្តិដោយធម៌ ទ្រង់បំពេញកុសល មានឲ្យទានជាដើម ហើយទៅតាមយថាកម្ម។

ព្រះសាស្តា ទ្រង់ត្រាស់ដឹងក្រៃលែងហើយ កាលទ្រង់នាំយករឿងក្នុងអតីតមកសាធកៈ ទើបត្រាស់ព្រះគាថានេះថា

សមតិត្តិកំ អនវសេកំ

តេលបត្តំ យថា បរិហរេយ្យ

ឯវំ សចិត្តមនុរក្ខេ (សតិយា)

បត្ថយានោ ទិសំ អគតបុព្វំ។

បុគ្គល គប្បីនាំទៅនូវភាជន៍ប្រេង ដែលពេញត្រឹមកណ្តាប់មាត់ មិនឲ្យស្រក់ទៅបាន យ៉ាងណាមិញ (ព្រះយោគាវចរ) កាលប្រាថ្នានូវទិសដែលខ្លួនមិនធ្លាប់ទៅ គឺព្រះនិព្វាន គប្បីរក្សានូវចិត្តរបស់ខ្លួន (ដោយសតិ) យ៉ាងនោះដែរ។

ព្រះសាស្តា ទ្រង់កាន់យកកំពូលនៃទេសនា ដោយព្រះនិព្វាន ដោយប្រការដូច្នេះហើយ ទ្រង់ប្រជុំជាតកថា រាជបរិស័ទក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទក្នុងកាលឥឡូវនេះ ចំណែកព្រះរាជកុមារដែលគ្រង​រាជសម្បត្តិក្នុងកាលនោះ គឺតថាគតនេះឯង។

តេលបត្តជាតក ចប់។

[ស្រង់ចាកអដ្ឋកថា ជាតក  ឯកនិបាត បិ.៥៨ ទំ.៤៣ ឃ.៩៦។]

សូមអនុមោទនា !!!

Oben-pfeil