បច្ចេកពុទ្ធសំយុត្តកថា

ព្រះឧបាលិត្ថេរ

បានឮថា កុលបុត្តនេះ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ក្នុងនគរហង្សវតី។ ថ្ងៃមួយ ស្ដាប់ព្រះធម្មទេសនារបស់ព្រះសាស្ដា បានឃើញព្រះសាស្ដាទ្រង់តែងតាំង​ភិក្ខុ​មួយរូប ទុកក្នុងតំណែងឯតទគ្គៈ គឺជាកំពូលលើសភិក្ខុទាំងឡាយខាងទ្រទ្រង់នូវព្រះវិន័យ ធ្វើកម្មគឺបុញ្ញាធិការ ហើយបានប្រាថ្នាតំណែងនោះ។ កុលបុត្តនោះ បំពេញកុសលដរាបដល់អស់ជីវិត អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយ លុះដល់ពុទ្ធុប្បាទនេះ បដិសន្ធិក្នុងផ្ទះជាងកោរកាត់ មាតាបិតាបានដាក់ឈ្មោះកុលបុត្តនោះថា ឧបាលិ។ កុលបុត្តនោះ ចម្រើនវ័យហើយ ជាទីប្រោសប្រាណរបស់ស្ដេច ៦ អង្គ មានអនុរុទ្ធរាជកុមារជាដើម។ កាលព្រះតថាគតគង់ត្រង់អនុបិយម្ពវ័ន បានចេញបួសជាមួយក្សត្រ ៦ អង្គ ដែលចេញទៅបព្វជ្ជា។ ការចេញបួសរបស់កុលបុត្តនោះ មានហើយក្នុងរឿងព្រះអនុរុទ្ធត្ថេរខាងដើម។

ព្រះថេរៈ កាលបព្វជ្ជាឧបសម្បទាហើយ បានទទួលយកកម្មដ្ឋានក្នុងសម្នាក់របស់ព្រះសាស្ដា ហើយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គនៅព្រៃចុះ។

ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ បើអ្នកនៅព្រៃ ធុរៈមួយប៉ុណ្ណោះនឹងចម្រើន តែបើបដិបត្តិក្នុងសម្នាក់របស់តថាគត គន្ថធុរៈផង វិបស្សនាធុរៈផង នឹងបរិបូណ៌។ ព្រះថេរៈទទួលព្រះពុទ្ធតម្រាស់ហើយ បំពេញវិបស្សនាកម្មដ្ឋាន មិនយូរប៉ុន្មាន ក៏បានសម្រេចអរហត្តផល។ សមដូចគាថាដែលលោកពោលទុកក្នុងអបទានថា

នគរេ ហំសវតិយា សុជាតោ នាម ព្រាហ្មណោ

អសីតិកោដិសន្និចយោ បហូតធនធញ្ញវា។

ខ្ញុំកើតជាញ្រហ្មណ៍ ឈ្មោះសុជាត ក្នុងក្រុងហង្សវតី ជាអ្នកសន្សំនូវទ្រព្យសម្បត្តិ ចំនួន ៨០ កោដិ មានទ្រព្យនិងស្រូវជាច្រើន។

អជ្ឈាយកោ មន្តធរោ តិណ្ណំ វេទាន បារគូ

លក្ខណេ ឥតិហាសេ ច សទ្ធម្មេ បារមឹ គតោ។

ខ្ញុំជាអ្នកបង្រៀនមន្ត ចេះចាំមន្ត សម្រេចត្រៃវេទ ដល់នូវត្រើយក្នុងធម៌របស់ខ្លួន គឺក្បួនទាយលក្ខណៈ និងក្បួនឈ្មោះឥតិហាសៈ។

បរិព្វជា ឯកសិខា គោតមា ពុទ្ធសាវកា

ចរកា តាបសា ចេវ ចរន្តិ មហិយា តទា។

ក្នុងគ្រានោះ ពួកបរិញ្វជក អ្នកមានផ្នួងសក់មួយ ពួកពុទ្ធសាវ័ករបស់ព្រះគោតម និងពួកតាបសអ្នកប្រព្រឹត្តតបៈ តែងនាំគ្នាត្រាច់ទៅលើផែនដី។

តេបិ មំ បរិវារេន្តិ ព្រាហ្មណោ វិស្សុតោ ឥតិ

ពហូ ជនា មំ បូជេន្តិ នាហំ បូជេមិ កិញ្ចិនំ។

ពួកទាំងនោះ តែងចោមរោមខ្ញុំ ពួកជនជាច្រើនតែងបូជាខ្ញុំ ដោយសម្គាល់ថា ជាញ្រហ្មណ៍មានកិត្តិសព្ទល្បីល្បាញ ខ្ញុំមិនបូជាជនណាមួយ។

បូជារហំ ន បស្សាមិ មានថទ្ធោ អហំ តទា

ពុទ្ធោតិ វចនំ នត្ថិ តាវ នុប្បជ្ជតេ ជិនោ។

វេលានោះ ខ្ញុំជាមនុស្សរឹងត្អឹង ដោយមានះ មិនឃើញបុគ្គលគួរបូជា ទាំងពាក្យថា ព្រះពុទ្ធ ក៏មិនដែលមាន ព្រោះព្រះជិនស្រី ទ្រង់មិនទាន់កើតឡើងនៅឡើយ។

អច្ចយេន អហោរត្តំ បទុមុត្តរនាមកោ

សព្វំ តមំ វិនោទេត្វា លោកេ ឧប្បជ្ជិ ចក្ខុមា។

លុះកន្លងថ្ងៃនិងយប់ទៅ ព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុ កម្ចាត់បង់នូវងងឹតទាំងពួង ទ្រង់កើតឡើងក្នុងលោក។

 វិត្ថារិកេ ពហូ ជញ្ញេ បុថុភូតេ ច សាសនេ

ឧបាគមិ តទា ពុទ្ធោ នគរំ ហំសសវ្ហយំ។

កាលបើពួកជន ជាអ្នកប្រាជ្ញ មានចំនួនច្រើនផ្សាយទៅផងសាសនារីកក្រាស់ក្រែលផង គ្រានោះ ព្រះសម្ពុទ្ធស្តេចចូលទៅកាន់ក្រុងហង្សវតី។

បិតុ អត្ថាយ សោ ពុទ្ធោ ធម្មំ ទេសេសិ ចក្ខុមា

តេន កាលេន បរិសា សមន្តា យោជនំ តទា។

ព្រះពុទ្ធមានបញ្ញាចក្ខុនោះ ទ្រង់សម្តែងធម៌ដើម្បីប្រយោជន៍ ដល់ព្រះបិតាក្នុងវេលានោះ ពួកបរិស័ទប្រមាណមួយយោជន៍ដោយជុំវិញ ( មកគាល់ព្រះអង្គ) តាមកាលដ៏គួរនោះ។

សម្មតោ មនុជានំ យោ សុនន្ទោ នាម តាបសោ

យាវតា ពុទ្ធបរិសា បុប្ផេហិច្ឆាទយិ តទា។

គ្រានោះ តាបសឈ្មោះសុនន្ទៈ ដែលពួកមនុស្សរាប់អាន បានបិទបាំងពុទ្ធបរិស័ទទាំងអស់ ដោយផ្កាទាំងឡាយ។

ចតុសច្ចំ បកាសេន្តោ សេដ្ឋេ ច បុប្ផមណ្ឌបេ

កោដិសតសហស្សានំ ធម្មាភិសមយោ អហុ។

កាលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសសច្ចៈទាំង ៤ ក្នុងមណ្ឌបដ៏ហើយដោយផ្កាដ៏ប្រសើរ ពួកបរិស័ទមួយសែនកោដិ ក៏បានសម្រេចធម្មាភិសម័យ។

សត្តរត្តិន្ទិវំ ពុទ្ធោ វស្សិត្វា ធម្មវុដ្ឋិយោ

អដ្ឋមេ ទិវសេ បត្តេ សុនន្ទំ កិត្តយី ជិនោ។

ព្រះសម្ពុទ្ធទ្រង់បង្អុរភ្លៀង គឺព្រះធម៌ អស់ ៧ យប់ ៧ ថ្ងៃ លុះដល់ថ្ងៃទី ៨ ព្រះជិនស្រី ក៏ទ្រង់បានទំនាយនូវតាបសឈ្មោះសុនន្ទៈថា។

ទេវលោកេ មនុស្សេ វា សំសរន្តោ អយំ ភវេ

សព្វេសំ បវរោ ហុត្វា ភវេសុ សំសរិស្សតិ។

សុនន្ទតាបសនេះ កាលអន្ទោលទៅក្នុងភព គឺទេវលោក ឬមនុស្សលោក នឹងបានជាអ្នកប្រសើរជាងទេវតា ទាំងជាងមនុស្សទាំងអស់ នឹងអន្ទោលទៅក្នុងភពទាំងឡាយ។

កប្បសតសហស្សម្ហិ ឱក្កាកកុលសម្ភវោ

គោតមោ នាម នាមេន សត្ថា លោកេ ភវិស្សតិ។

លុះដល់រវាងមួយសែនកប្ប នឹងមានព្រះសម្ពុទ្ធ ព្រះនាមគោតម កើតឡើងក្នុងត្រកូលឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក។

តស្ស ធម្មេសុ ទាយាទោ ឱរសោ ធម្មនិម្មិតោ

មន្តានីបុត្តោ បុណ្ណោតិ ហេស្សតិ សត្ថុ សាវកោ។

សុនន្ទតាបសនេះ នឹងបានជាទាយាទក្នុងធម៌ ជាឱរស ជាធម្មនិម្មិត ជាសាវ័កឈ្មោះបុណ្ណៈ ជាបុត្តនៃនាងមន្តានី របស់ព្រះសាស្តានោះ។

ឯវំ កិត្តយិ សម្ពុទ្ធោ សុនន្ទំ តាបសំ តទា

ហាសយន្តោ ជនំ សព្វំ ទស្សយន្តោ សកំ ពលំ។

លុះព្រះសម្ពុទ្ធ បានព្យាករសុនន្ទតាបសយ៉ា់ងនេះហើយ បានញុំាងជនទាំងពួងឲ្យរីករាយ ទ្រង់សម្តែងតាមកម្លាំងរបស់ព្រះអង្គ។

កតញ្ជលី នមស្សន្តិ សុនន្ទំ តាបសំ តទា

ពុទ្ធេ ការំ ករិត្វាន សោធេសិ គតិមត្តនោ។

វេលានោះ ពួកបរិស័ទបានប្រណម្យអញ្ជលី នមស្ការចំពោះសុនន្ទតាបស សុនន្ទតាបស ក៏ធ្វើសក្ការបូជាចំពោះព្រះសម្ពុទ្ធរួចហើយ ទើបធ្វើគតិរបស់ខ្លួនឲ្យស្អាត។

តត្ថ មេ អហុ សង្កប្បោ សុត្វាន មុនិនោ វចំ

អហំ ការំ ករិស្សាមិ យថា បស្សាមិ គោតមំ។

ខ្ញុំបានស្តាប់ព្រះពុទ្ធដីការបស់ព្រះមុនី (ព្រះនាមបទុមុត្តរៈ) ក៏មានបំណងក្នុងវេលានោះថា អាត្មាអញនឹងបានឃើញព្រះគោតមយ៉ាងណា នឹងធ្វើសក្ការបូជាយ៉ាងនោះ។

ឯវាហំ ចិន្តយិត្វាន កិរិយំ ចិន្តយឹ មមំ

ក្យាហំ កម្មំ អាចរាមិ បុញ្ញក្ខេត្តេ អនុត្តរេ។

លុះខ្ញុំគិតយ៉ាងនេះរួចហើយ  ទើបគិតរកបុញ្ញកិរិយាវត្ថុដែល ខ្ញុំគួរធ្វើថា អាត្មាអញនឹងប្រព្រឹត្តអំពើអ្វីហ្ន៎ ក្នុងបុញ្ញក្ខេត្តដ៏ ប្រសើរ។

អយញ្ច បាឋិកោ ភិក្ខុ សព្វបាឋីន សាសនេ

វិនយេ អគ្គនិក្ខិត្តោ តំ ឋានំ បត្ថយឹ អហំ។

ឯភិក្ខុជាអ្នកសូត្រអង្គនេះ ព្រះមានព្រះភាគបានតាំងថា ជាអ្នកប្រសើរខាងព្រះវិន័យ ជាងភិក្ខុអ្នកសូត្រទាំងពួង ក្នុងសាសនា ដូច្នេះ អាត្មាអញនឹងប្រាថ្នាយកតំណែងនោះ។

ឥទំ មេ អមិតំ ភោគំ អក្ខោភំ សាគរូបមំ

តេន ភោគេន ពុទ្ធស្ស អារាមំ មាបយេ អហំ។

ទ្រព្យរបស់អាត្មាអញនេះ ច្រើនណាស់ រាប់មិនអស់ ឧបមាដូចសាគរ បុគ្គលមិនអាចនឹងឲ្យញាប់ញ័របានឡើយ ហេតុនេះ អាត្មាអញគួរសាងអារាមថ្វាយព្រះសម្ពុទ្ធ ដោយទ្រព្យនោះ។

សោភនំ នាម អារាមំ នគរស្ស បុរត្ថតោ

កត្វា សតសហស្សេន សង្ឃារាមំ អមាបយឹ។

ខ្ញុំបានសាងអារាមមួយ ឈ្មោះសោភនៈ នៅខាងមុខទីក្រុង ឲ្យជាអារាមសម្រាប់សង្ឃ អស់ចំនួនមួយសែនកហាបណៈ។

កូដាគារេ ច បាសាទេ មណ្ឌបេ ហម្មិយេ គុហា

ចង្កមេ សុកតេ កត្វា សង្ឃារាមេ អមាបយឹ។

ខ្ញុំបានសាងផ្ទះមានកំពូលផង ប្រាសាទវែងផង មណ្ឌបផង ប្រាសាទមានដំបូលរលីងផង គុហាផង ទីចង្រ្កមដ៏ល្អផង ក្នុងអារាមរបស់សង្ឃ។

ជន្តាឃរំ អគ្គិសាលំ អថោ ឧទកមាឡកំ

ន្ហានឃរំ មាបយិត្វា ភិក្ខុសង្ឃស្សទាសហំ។

មួយទៀត ខ្ញុំបានសាងរោងកម្តៅកាយ រោងភ្លើង រោងទឹក បន្ទប់សម្រាប់ស្រង់ទឹក ថ្វាយចំពោះព្រះភិក្ខុសង្ឃ។

អាសន្ទិយោ ច បីឋកេ បរិភោគេ ច ភាជនេ

អារាមិកញ្ច ភេសជ្ជំ សព្វមេតំ អទាសហំ។

ខ្ញុំបានថ្វាយជើងម៉ា តាំង គ្រឿងប្រើប្រាស់ ភាជន៍ ភេសជ្ជៈ ទាំងអស់នុ៎ះ សម្រាប់អារាម។

អារក្ខំ បដ្ឋបេត្វាន បាការំ ការយឹ ទឡ្ហំ

មា នំ កោចិ វិហេឋេសិ សន្តចិត្តាន តាទិនំ។

ខ្ញុំបានតម្កល់ទុក បុគ្គលអ្នករក្សា ឲ្យគេធ្វើកំពែងយ៉ាងមាំ (ការពារ) កុំឲ្យមានសត្រូវណាមួយ មកបៀតបៀនព្រះអង្គ ទ្រង់ជាតាទិបុគ្គល មានព្រះហឫទ័យស្ងប់រម្ងាប់។

អាវាសេ សតសហស្សេ សង្ឃារាមេ អមាបយឹ

វេបុល្លតំ មាបយិត្វា សម្ពុទ្ធំ ឧបនាមយឹ។

ខ្ញុំបានឲ្យគេសាងអាវាស ជាអារាមសម្រាប់សង្ឃ អស់ចំនួនទ្រព្យមួយសែន លុះសាងអារាមមានសភាពស្តុកស្តម្ភរួចហើយ  ក៏បានបង្អោនថ្វាយដល់ព្រះសម្មាសម្ពុទ្ធថា។

និដ្ឋាបិតោ មយារាមោ សម្បដិច្ឆ តុវំ មុនិ

និយ្យាទេស្សាមិ តំ ធីរ អធិវាសេហិ ចក្ខុម។

បពិត្រព្រះមុនី អារាម ខ្ញុំបានឲ្យគេសាងស្រេចហើយ សូមព្រះអង្គទទួលយក បពិត្រព្រះធីរៈ ខ្ញុំព្រះអង្គនឹងថ្វាយទានចំពោះព្រះអង្គ បពិត្រព្រះអង្គមានចក្ខុ សូមព្រះអង្គទ្រង់ទទួលនិមន្តន៍។

បទុមុត្តរោ លោកវិទូ អាហុតីនំ បដិគ្គហោ

មម សង្កប្បមញ្ញាយ អធិវាសេសិ នាយកោ។

ព្រះលោកនាយក ព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវសត្វលោក ទ្រង់គួរទទួលយកនូវគ្រឿងបូជា ទ្រង់ទទួលនិមន្តន៍ហើយ ព្រោះទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ។

អធិវាសនមញ្ញាយ សព្វញ្ញុស្ស មហេសិនោ

ភោជនំ បដិយាទេត្វា កាលមារោចយឹ អហំ។

លុះខ្ញុំបានដឹងថា ព្រះអង្គទ្រង់ទទួលនិមន្តន៍ហើយ ទើបចាត់ចែងនូវភោជនាហារបម្រុងថ្វាយដល់ព្រះសព្វញ្ញូ ទ្រង់ ស្វែងរកគុណដ៏ធំ រួចហើយ ទើបក្រាបទូលភត្តកាល។

អារោចិតម្ហិ កាលម្ហិ បទុមុត្តរនាយកោ

ខីណាសវសហស្សេហិ អារាមំ មេ ឧបាគមិ។

លុះខ្ញុំក្រាបទូលនូវភត្តកាលរួចហើយ ទើបព្រះលោកនាយកព្រះនាមបទុមុត្តរៈ ស្តេចមកកាន់អារាមរបស់ខ្ញុំ (មួយអន្លើ) ដោយព្រះខីណាស្រព ប្រមាណមួយពាន់អង្គ។

និសិន្នកាលមញ្ញាយ អន្នបានេន តប្បយឹ

ភុត្តាវីកាលមញ្ញាយ ឥទំ វចនមព្រវឹ។

ខ្ញុំដឹងនូវវេលាដែលព្រះអង្គទ្រង់គង់ស៊ប់ហើយ ក៏បានញុំាងព្រះអង្គ ឲ្យឆ្អែតស្កប់ស្កល់ដោយបាយនឹងទឹក លុះខ្ញុំដឹងនូវវេលាដែលព្រះអង្គសោយស្រេចហើយ ទើបក្រាបបង្គំទូលនូវពាក្យនេះថា។

កីតោ សតសហស្សេន តត្តកេនេវ ការិតោ

សោភនោ នាម អារាមោ សម្បដិច្ឆ តុវំ មុនិ។

បពិត្រព្រះមហាមុនី ខ្ញុំព្រះអង្គបានជាវទីដី អស់តម្លៃមួយសែនកហាបណៈ បានឲ្យគេសាងអារាម ឈ្មោះសោភនៈដោយតម្លៃកហាបណៈប៉ុណ្ណេះដែរ សូមព្រះអង្គទ្រង់ទទួល។

ឥមិនា ភូមិទានេន ចេតនាបណិធីហិ ច

ភវេ និព្វត្តមានោហំ លភាមិ មម បត្ថិតំ។

ដោយការថ្វាយភូមិនេះផង ដោយការតម្កល់ចេតនាទាំងនេះផង ខ្ញុំព្រះអង្គ កាលទៅកើតក្នុងភព (ណា ៗ) សូមឲ្យបានសម្រេច តាមដែលខ្ញុំព្រះអង្គប្រាថ្នា។

បដិគ្គហេត្វា សម្ពុទ្ធោ សង្ឃារាមំ សុមាបិតំ

ភិក្ខុសង្ឃេ និសីទិត្វា ឥទំ វចនមព្រវិ។

ព្រះសម្ពុទ្ធទ្រង់បានទទួលសង្ឃារាម ដែលខ្ញុំបានសាងល្អហើយ ព្រះអង្គគង់កណ្តាលនៃជំនុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់នូវព្រះពុទ្ធដីកានេះថា។

យោ សោ ពុទ្ធស្ស បាទាសិ សង្ឃារាមំ សុមាបិតំ

តមហំ កិត្តយិស្សាមិ សុណាថ មម ភាសតោ។

បុគ្គលណា បានថ្វាយសង្ឃារាម ដែលខ្លួនបានសាងល្អហើយ ដល់ព្រះពុទ្ធ តថាគតនឹងព្យាករបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។

ហត្ថី អស្សា រថា បត្តី សេនា ច ចតុរង្គិនី

បរិវារេស្សន្តិមំ និច្ចំ សង្ឃារាមស្សិទំ ផលំ។

សេនាមានអង្គ ៤ គឺដំរី សេះ រថ ពលថ្មើរជើង រមែងចោមបុគ្គលនេះជានិច្ច នេះជាផលនៃសង្ឃារាម។

សដ្ឋី តុរិយសហស្សានិ ភេរិយោ សមលង្កតា

បរិវារេស្សន្តិមំ និច្ចំ សង្ឃារាមស្សិទំ ផលំ។

តូរ្យតន្ត្រី ៦០ ពាន់ និងស្គរប្រដាប់ល្អហើយ រមែងចោមរោមបុគ្គលនេះជានិច្ច នេះជាផលនៃសង្ឃារាម។

ឆឡាសីតិសហស្សានិ នារិយោ សមលង្កតា

វិចិត្តវត្ថាភរណា អាមុត្តមណិកុណ្ឌលា។

ពួកនារីចំនួន ៨៦ ពាន់ ស្អិតស្អាងល្អហើយ សឹងស្លៀកសំពត់និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់​កុណ្ឌល​ជា​វិការៈនៃកែវមណី។

អាឡារមុខា ហសុលា សុសញ្ញា តនុមជ្ឈិមា

បរិវារេស្សន្តិមំ និច្ចំ សង្ឃារាមស្សិទំ ផលំ។

(នារីទាំងនោះ) មានមុខស្រស់រីករាយ មានសរីរៈល្អ មានចង្កេះរៀវ រមែងចោមរោមបុគ្គលនេះជានិច្ច នេះជាផលនៃសង្ឃារាម។

តឹសកប្បសហស្សានិ ទេវលោកេ រមិស្សតិ

សហស្សក្ខត្តុំ ទេវិន្ទោ ទេវរជ្ជំ ករិស្សតិ។

បុគ្គលនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៣០ ពាន់កប្ប បានជាធំជាងទេវតា សោយទេវរាជ្យ អស់ចំនួនមួយពាន់ដង។

ទេវរាជេន បត្តព្វំ សព្វំ បដិលភិស្សតិ

អនូនភោគោ ហុត្វាន ទេវរជ្ជំ ករិស្សតិ។

នឹងបានសម្បត្តិទាំងពួង ដែលទេវរាជគប្បីបាន ជាអ្នកមានភោគៈមិនខ្វះខាត ហើយសោយរាជ្យក្នុងឋានទេវលោក។

សហស្សក្ខត្តុំ ចក្កវត្តិ រាជា រដ្ឋេ ភវិស្សតិ

បឋព្យា រជ្ជំ វិបុលំ គណនាតោ អសង្ខយំ។

នឹងបានជាស្តេចចក្រពត្តិក្នុងដែន អស់មួយពាន់ដង នឹងបានជាស្តេចផែនដីដ៏ស្តុកស្តម្ភ គណនារាប់មិនបាន ។

កប្បសតសហស្សម្ហិ ឱក្កាកកុលសម្ភវោ

គោតមោ នាម គោត្តេន សត្ថា លោកេ ភវិស្សតិ។

លុះដល់មួយសែនកប្បទៀត ព្រះគោតមបរមគ្រូ កើតក្នុងត្រកូលឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក។

តស្ស ធម្មេសុ ទាយាទោ ឱរសោ ធម្មនិម្មិតោ

ឧបាលិ នាម នាមេន ហេស្សតិ សត្ថុ សាវកោ។

បុគ្គលនេះ នឹងបានជាឱរស ជាទាយាទក្នុងធម៌ ជាធម្មនិម្មិត មាននាមថា ឧបាលិ នឹងបានជាសាវ័កនៃព្រះសាស្តាអង្គនោះ។

វិនយេ បារមឹ បត្វា ឋានាឋានេ ច កោវិទោ

ជិនសាសនំ ធារយន្តោ វិហរិស្សតិនាសវោ។

នឹងដល់នូវត្រើយក្នុងព្រះវិន័យផង ឈ្លាសវៃក្នុងហេតុ និងមិនមែនហេតុផង ទ្រទ្រង់នូវសាសនារបស់ព្រះជិនស្រី ទាំងជាបុគ្គលមិនមានអាសវៈ ។

សព្វមេតំ អភិញ្ញាយ គោតមោ សក្យបុង្គវោ

ភិក្ខុសង្ឃេ និសីទិត្វា ឯតទគ្គេ ឋបេស្សតិ។

ព្រះគោតមជាបុគ្គលប្រសើរ ក្នុងសក្យត្រកូល ទ្រង់ជ្រាបដំណើរនុ៎ះ សព្វគ្រប់ហើយ ទ្រង់គង់ក្នុងកណ្តាលនៃភិក្ខុសង្ឃ ហើយនឹងតាំងឧបាលិនុ៎ះ ក្នុងឋានៈជាឯតទគ្គៈ។

អបរិមេយ្យំ ឧបាទាយ បត្ថេមិ តវ សាសនំ

សោ មេ អត្ថោ អនុប្បត្តោ សព្វសំយោជនក្ខយោ។

ខ្ញុំប្រាថ្នានូវសាសនា  គឺពាក្យប្រៀនប្រដៅរបស់ព្រះអង្គ អាស្រ័យនូវកប្បរាប់មិនបាន ប្រយោជន៍  គឺការអស់ទៅនៃសញ្ញោជនៈទាំងពួងនោះ ខ្ញុំក៏បានសម្រេចហើយ។

យថា សូលាវុតោ បោសោ រាជទណ្ឌេន តជ្ជិតោ

សូលេ សាតំ អវិន្ទន្តោ បរិមុត្តឹវ ឥច្ឆតិ។

បុរសជាប់ក្នុងដែកអណ្តោត ត្រូវរាជទណ្ឌគំរាមហើយ មិនបានស្រួលក្នុងដែកអណ្តោត ប្រាថ្នាចង់ឲ្យរួចវិញ ដូចម្តេចមិញ។

តថេវាហំ មហាវីរ ភវទណ្ឌេន តជ្ជិតោ

កម្មសូលាវុតោ សន្តោ បិបាសាវេទនាដ្ឋិតោ។

បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គត្រូវអាជ្ញា គឺភពគំរាមហើយ ជាប់នៅហើយក្នុងដែកអណ្តោត គឺកម្ម ឋិតនៅហើយដោយកម្លាំងវេទនា គឺសេចក្តីស្រេកឃ្លាន ។

ភវេ សាតំ ន វិន្ទាមិ ឌយ្ហន្តោ  តីហិ អគ្គិហិ

បរិមុត្តឹ គវេសាមិ យថា ច រាជទណ្ឌតោ។

មិនបានស្រួលក្នុងភព ក្តៅក្រហាយដោយភ្លើងទាំង ៣ ស្វែងរកឧបាយ ដើម្បីនឹងរួចស្រឡះ ដូចបុរសដែលប្រាថ្នាដើម្បីរួចចាករាជទណ្ឌយ៉ាងនោះ។

យថា វិសារទោ បុរិសោ វិសេន បរិបីឡិតោ

អគទំ សោ គវេសេយ្យ វិសឃាតាយុបាយនំ។

មួយទៀត បុរសអ្នកក្លៀវក្លា ត្រូវពិសបៀតបៀនហើយ គេក៏គប្បីស្វែងរកនូវឱសថ ជាឧបាយដើម្បីបន្សាបនូវពិស។

គវេសមានោ បស្សេយ្យ អគទំ វិសឃាតកំ

តំ បិវិត្វា សុខី អស្ស វិសម្ហា បរិមុត្តិយា។

កាលស្វែងរក ក៏បានឃើញនូវឱសថដែលជាគ្រឿងបន្សាបនូវពិស ក៏ផឹកនូវឱសថនោះ ហើយក៏បានសេចក្តីសុខ ព្រោះរួចផុតអំពីពិស យ៉ាងណាមិញ។

តថេវាហំ មហាវីរ យថា វិសគតោ នរោ

សម្បីឡិតោ អវិជ្ជាយ សទ្ធម្មាគទមេសហំ។

បពិត្រព្រះអង្គមានព្យាយាមដ៏ធំ ខ្ញុំព្រះអង្គក៏ដូចជាជនអ្នកលង់នៅក្នុងពិស ត្រូវអវិជ្ជាបៀតបៀនហើយ បានស្វែងរកឱសថគឺព្រះសទ្ធម្ម។

ធម្មាគទំ គវេសន្តោ អទ្ទក្ខឹ សក្យសាសនំ

អគ្គសច្ចោសថានន្តំ សព្វសល្លវិនោទនំ។

កាលស្វែងរកឱសថគឺធម៌ ក៏ប្រទះនូវសាសនារបស់ព្រះសក្យមុនីសម្ពុទ្ធ ជាឱសថគឺសច្ចៈដ៏ប្រសើរបំផុត ជាថ្នាំសម្រាប់បន្ទោបង់នូវសរទាំងពួង។

ធម្មោសថំ បិវិត្វាន វិសំ សព្វំ សមូហនឹ

អជរាមរំ សីតិភាវំ និព្វានំ បស្សយឹ អហំ។

ខ្ញុំព្រះអង្គបានផឹកឱសថគឺធម៌ ហើយដកនូវពិសទាំងពួងចោលចេញ ក៏បានឃើញព្រះនិញ្វន ជាគុណ ឥតមានចាស់ស្លាប់ មានសភាពត្រជាក់ ក៏យ៉ាងនោះដែរ។

យថា ភូតតជ្ជិតោ បោសោ ភូតគ្គាហេន បីឡិតោ

ភូតវេជ្ជំ គវេសេយ្យ ភូតស្មា បរិមុត្តិយា។

បុរសត្រូវខ្មោចគំរាមហើយ ត្រូវគ្រោះថ្នាក់ គឺខ្មោចបៀតបៀនហើយ គប្បីស្វែងរកពេទ្យសម្រាប់ចាប់ខ្មោច ដើម្បីឲ្យរួចផុតអំពីខ្មោច។

គវេសមានោ បស្សេយ្យ ភូតវិជ្ជាសុ កោវិទំ

តស្ស សោ វិហញ្ញេ ភូតំ សមូលញ្ច វិនាសយេ។

បុរសនោះ កំពុងតែស្វែងរក ក៏បានឃើញបុគ្គលអ្នកឈ្លាសវៃ ក្នុងវិជ្ជាចាប់ខ្មោច បុគ្គលនោះ ក៏បានបំបរបង់ខ្មោច ព្រមទាំងធ្វើឫសគល់ឲ្យវិនាស អំពីបុរសនោះចេញ យ៉ាងណាមិញ។

តថេវាហំ មហាវីរ តមគ្គាហេន បីឡិតោ

ញាណាលោកំ គវេសាមិ តមតោ បរិមុត្តិយា។

បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គត្រូវគ្រោះថ្នាក់ គឺងងឹតបៀតបៀនហើយ ក៏ខំស្វែងរកពន្លឺគឺញាណ ដើម្បីឲ្យផុតអំពីងងឹត។

អថទ្ទសំ សក្យមុនឹ កិលេសតមសោធនំ

សោ មេ តមំ វិនោទេសិ ភូតវេជ្ជោវ ភូតិកំ។

ក៏បានប្រទះឃើញព្រះសក្យមុនី ទ្រង់ជម្រះងងឹត គឺកិលេសរួចហើយ ព្រះអង្គទ្រង់កម្ចាត់ងងឹតរបស់ខ្ញុំព្រះអង្គ ដូចជាពេទ្យចាប់ខ្មោច បានបណ្តេញបង់នូវខ្មោចចេញ។

សំសារសោតំ សញ្ឆិន្ទឹ តណ្ហាសោតំ និវារយឹ

ភវំ ឧគ្ឃាតយឹ សព្វំ ភូតវេជ្ជោវ មូលតោ។

ខ្ញុំព្រះអង្គបានផ្តាច់បង់ នូវខ្សែគឺសង្សារ ហាមឃាត់នូវខ្សែ គឺ តណ្ហា ដកចោលនូវភពទាំងអស់ ប្រៀបដូចពេទ្យចាប់ខ្មោច (បៀតបៀនខ្មោច) ឲ្យអស់ឫសគល់ ក៏យ៉ាងនោះដែរ។

គរុឡោ យថា ឱបតតិ បន្នគំ ភក្ខមត្តនោ

សមន្តា យោជនសតំ វិក្ខោភតិ មហាសរំ។

សត្វគ្រុឌ ឆាបយកពួកនាគ ជាចំណីរបស់ខ្លួន ធ្វើមហាស្រះ ទំហំ ១០០ យោជន៍ដោយជុំវិញ ឲ្យរំភើបញាប់ញ័រ។

បន្នគំ សោ គហេត្វាន អធោសីសំ វិហេឋយំ

អាទាយ សោ បក្កមតិ យេន កាមំ វិហង្គមោ។

លុះគ្រុឌនោះ ឆាបយកនាគ ធ្វើឲ្យមានក្បាលចុះក្រោម ឲ្យបានសេចក្តីលំបាក ហើយនាំយកទៅកាន់ទីតាមសេចក្តីប្រាថ្នារបស់ខ្លួន យ៉ាងណាមិញ។

តថេវាហំ មហាវីរ យថាបិ គរុឡោ ពលី

អសង្ខតំ គវេសន្តោ ទោសេ វិក្ខាលយឹ អហំ។

បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គមានកម្លាំងខ្លាំងដូចគ្រុឌ ខ្ញុំព្រះអង្គកំពុងស្វែងរកអសង្ខតធម៌ គឺព្រះនិញ្វន ហើយបានខ្ជាក់ទោសចោលចេញ អស់ហើយ។

ទិដ្ឋោ អហំ ធម្មវរំ សន្តិបទំ អនុត្តរំ

អាទាយ វិហរាមេតំ គរុឡោ បន្នគំ យថា។

ខ្ញុំព្រះអង្គបានឃើញព្រះធម៌ដ៏ប្រសើរ ជាចំណែកនៃសេចក្តីស្ងប់រម្ងាប់ មិនមានគុណជាតដទៃប្រសើរលើស ហើយកាន់យកនូវធម៌នោះ ដូចគ្រុឌឆាបយកនាគ ក៏យ៉ាងនោះដែរ។

អាសាវតី នាម លតា ជាតា ចិត្តលតាវនេ

តស្សា វស្សសហស្សេន ឯកំ និព្វត្តតេ ផលំ។

វល្លិឈ្មោះអាសាវតី កើតក្នុងចិត្តលតាវ័ន កន្លងទៅមួយពាន់ឆ្នាំ វល្លិនោះ ក៏កើតផ្លែមួយឡើង។

តំ ទេវា បយិរុបាសន្តិ តាវ ទូរផលំ សកឹ

ទេវានំ សា បិយា ឯវំ អាសាវតី ផលុត្តមា។

ពួកទេវតា (ក្នុងឋានតាវត្តិង្ស) តែងនាំគ្នាចូលទៅអង្គុយជិតវល្លិនោះ ដែលមានផ្លែយូរ ៗ ម្តង តាមពិត វល្លិឈ្មោះអាសាវតីនោះ  មានផ្លែដ៏ឧត្តម ជាទីពេញចិត្តរបស់ពួកទេវតាយ៉ាងនេះ។

សតសហស្សំ ឧបាទាយ តាហំ បរិចរេ មុនឹ

សាយំ បាតំ នមស្សាមិ ទេវា អាសាវតឹ យថា។

ចំណែកខាងខ្ញុំព្រះអង្គ ខំបម្រើព្រះមុនីអង្គនោះ រាប់សែនកប្ប (ប៉ុណ្ណោះ) តែងនមស្ការរាល់ព្រឹកល្ងាច ដូចជាពួកទេវតា តែងចូលទៅអង្គុយជិតវល្លិអាសាវតី។

អវញ្ឈា បារិចរិយា អមោឃា ច នមស្សនា

ទូរាគតំបិ មំ សន្តំ ខណោ មំ ន វិរាធយិ។

ការបម្រើ (របស់ខ្ញុំព្រះអង្គ) មិនឥតអំពើ ទាំងការនមស្ការ ក៏មិនជាមោឃៈ ពុទ្ធុប្បាទក្ខណៈ ក៏មិនបានប្រព្រឹត្តកន្លងនូវខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។

បដិសន្ធឹ ន បស្សាមិ វិចិនន្តោ ភវេ អហំ

និរូបធិ វិប្បមុត្តោ ឧបសន្តោ ចរាមហំ។

ឥឡូវនេះ ខ្ញុំព្រះអង្គត្រិះរិះទៅ មិនឃើញបដិសន្ធិក្នុងភពថ្មីទៀតទេ ខ្ញុំព្រះអង្គមិនមានឧបធិក្កិលេស រួចស្រឡះចាកសង្សារ មានចិត្តស្ងប់រម្ងាប់។

យថាបិ បទុមំ នាម សុរិយរំសេន បុប្ផតិ

តថេវាហំ មហាវីរ ពុទ្ធរំសេន បុប្ផិតោ។

ធម្មតាផ្កាឈូក តែងរីកដោយសាររស្មីនៃព្រះអាទិត្យ  យ៉ា់ងណាមិញ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គបានរីកដោយសាររស្មីព្រះពុទ្ធ ក៏យ៉ាងនោះដែរ។

យថា ពលាកយោនិម្ហិ ន វិជ្ជតិ បុមា សទា

មេឃេសុ គជ្ជមានេសុ គព្ភំ គណ្ហន្តិ តា សទា។

កំណើតកុកស មិនមានឈ្មោល សព្វ ៗ កាលទេ កាលបើមេឃគំរាម (ផ្គរលាន់) កុកទាំងនោះ ក៏កាន់យកនូវគភ៌សព្វ ៗ កាល។

ចិរំបិ គព្ភំ ធារេន្តិ យាវ មេឃោ ន គជ្ជតិ

ភារតោ បរិមុច្ចន្តិ យទា មេឃោ បវស្សតិ។

កុកទាំងនោះ ទ្រទ្រង់គភ៌អស់កាលដ៏យូរ ដរាបទាល់តែមេឃលែងគំរាម ទាល់តែមេឃបង្អុរភ្លៀង ទើបកុកទាំងនោះ រួចផុតចាកភារៈ យ៉ាងណាមិញ។

បទុមុត្តរពុទ្ធស្ស ធម្មមេឃេន គជ្ជតោ

សទ្ទេន ធម្មមេឃស្ស ធម្មគព្ភំ អគណ្ហហំ។

កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់គំរាមដោយមេឃ គឺធម៌ ខ្ញុំព្រះអង្គបានកាន់យកនូវគភ៌ គឺធម៌ ដោយសំឡេងនៃមេឃ គឺធម៌។

សតសហស្សំ ឧបាទាយ បុញ្ញគព្ភំ ធរេមហំ

នប្បមុញ្ចាមិ ភារតោ ធម្មមេឃោ ន គជ្ជតិ។

ខ្ញុំព្រះអង្គទ្រទ្រង់នូវគភ៌ គឺបុណ្យ រាប់សែនកប្ប មេឃគឺធម៌មិនគំរាម (ដរាបណា) ខ្ញុំក៏មិនបានរួចចាកភារៈធ្ងន់ (ដរាបនោះ)។

យទា តុវំ សក្យមុនិ រម្មេ កបិលវត្ថវេ

គជ្ជសិ ធម្មមេឃេន ភារតោ បរិមុច្ចហំ។

បពិត្រព្រះសក្យមុនី ពេលណាព្រះអង្គទ្រង់គំរាមដោយមេឃគឺធម៌ ក្នុងក្រុងកបិលព័ស្តុដែលជាទីត្រេកអរ ខ្ញុំព្រះអង្គក៏បានរួចចាកភារៈដ៏ធ្ងន់ យ៉ាងនោះដែរ។

សុញ្ញតំ អនិមិត្តញ្ច អថាបណិហិតំបិ ច

ចតុរោ ច ផលេ សព្វេ ធម្មំ វិជដិ តំបិហំ។

ខ្ញុំព្រះអង្គ (បានទាំងធ្វើឲ្យជាក់ច្បាស់) នូវសុញ្ញតវិមោក្ខផង អនិមិត្តវិមោក្ខផង អប្បណិហិតវិមោក្ខផង ត្រាស់ដឹងនូវធម៌ទាំងពួង គឺផលទាំង ៤ ផង ទម្លាយនូវធម៌ គឺបណ្តាញនោះផង។

អបរិមេយ្យំ ឧបាទាយ បត្ថេមិ តវ សាសនំ

សោ មេ អត្ថោ អនុប្បត្តោ សន្តិបទំ អនុត្តរំ។

ខ្ញុំព្រះអង្គប្រាថ្នានូវសាសនារបស់ព្រះអង្គ រាប់កប្បប្រមាណ មិនបាន ប្រយោជន៍ គឺចំណែកនៃសេចក្តីស្ងប់ ដ៏ប្រសើរបំផុត ខ្ញុំព្រះអង្គបានសម្រេចហើយ។

វិនយេ បារមឹ គតោ យថាបិ បាឋិកោ ឥសី

ន មេ សមសមោ អត្ថិ ធារេមិ សាសនំ អហំ។

ខ្ញុំព្រះអង្គដល់នូវត្រើយក្នុងព្រះវិន័យ  ដូចភិក្ខុអ្នកស្វែងរកនូវគុណ អ្នកសូត្រ ( ក្នុងជំនាន់សាសនាព្រះពុទ្ធ ព្រះនាមបទុមុត្តរៈនោះដែរ) ភិក្ខុជាអ្នកមានគុណស្មើនឹងខ្ញុំព្រះអង្គមិនមានឡើយ ខ្ញុំព្រះអង្គទ្រទ្រង់សាសនា។

វិនយេ ខន្ធកេ ចាបិ តិកច្ឆេទេវ បញ្ចកេ

ឯត្ថ មេ វិមតិ នត្ថិ អក្ខរេ ព្យញ្ជនេបិ វា។

សេចក្តីសង្ស័យរបស់ខ្ញុំព្រះអង្គ ក្នុងវិន័យនុ៎ះផង ក្នុងខន្ធកវិន័យផង ក្នុងតិកច្ឆេទៈផង ក្នុងបញ្ចកៈផង សូម្បីតែអក្ខរៈមួយ ឬក៏ព្យញ្ជនៈមួយ មិនមានឡើយ។

និគ្គហេ បដិកម្មេ ច ឋានាឋានេ ច កោវិទោ

ឱសារណេ វុដ្ឋាបនេ សព្វត្ថ បារមឹ គតោ។

ខ្ញុំព្រះអង្គដល់នូវត្រើយក្នុងព្រះវិន័យទាំងពួង វាងវៃក្នុងការសង្កត់សង្កិនភិក្ខុបាបផង ក្នុងបដិកម្ម គឺការសម្តែងអាបត្តិផង ក្នុងហេតុដ៏គួរនិងមិនគួរផង ក្នុងឱសារណកម្ម គឺហៅភិក្ខុចូលកាន់ទីប្រជុំសង្ឃ ក្នុងកាលញុំាងភិក្ខុឲ្យចេញចាកអាបត្តិផង។

វិនយេ ខន្ធកេ ចាបិ និក្ខិបិត្វា បទំ អហំ

ឧភតោ វិភង្គេ ចេវ រសតោ ឱសរេយ្យហំ។

ខ្ញុំព្រះអង្គបានរៀបទុកដាក់នូវចំណែក ក្នុងវិន័យផង ក្នុងខន្ធកៈផង ក្នុងឧភតោវិភង្គផង ហើយគប្បីឲ្យប្រជុំចុះ ដោយកិច្ចបាន។

និរុត្តិយា ច កុសលោ អត្ថានត្ថេ ច កោវិទោ

អនញ្ញាតំ មយា នត្ថិ ឯកគ្គោ សត្ថុ សាសនេ។

ខ្ញុំព្រះអង្គជាអ្នកឈ្លាសវៃ ក្នុងវោហារផង វាងវៃក្នុងហេតុចម្រើន និងហេតុមិនចម្រើនផង  សភាពដែលខ្ញុំព្រះអង្គ មិនចេះដឹង (នោះ) មិនមានឡើយ ខ្ញុំព្រះអង្គជាភិក្ខុខ្ពស់ឯក ក្នុងសាសនារបស់ព្រះសាស្តា។

រូបទក្ខោ អហំ អជ្ជ សក្យបុត្តស្ស សាសនេ

កង្ខំ សព្វំ វិនោទេមិ ឆិន្ទាមិ សព្វសំសយំ។

ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គជាបុគ្គលយល់រូប ក្នុងសាសនានៃព្រះពុទ្ធ ជាសក្យបុត្ត ហើយបន្ទោបង់នូវកង្ខាទាំងពួង កាត់បង់នូវសង្ស័យទាំងអស់បាន។

បទំ អនុបទញ្ចាបិ អក្ខរញ្ចាបិ ព្យញ្ជនំ

និទានេ បរិយោសានេ សព្វត្ថ កោវិទោ អហំ។

ខ្ញុំព្រះអង្គ (ដឹងច្បាស់) នូវបទផង អនុបទផង អក្ខរៈផងព្យញ្ជនៈផង ឈ្លាសវៃក្នុងហេតុសព្វអន្លើ គឺហេតុជាទីតាំង (ខាងដើម) និងហេតុជាទីតាំងខាងចុង (នៃសិក្ខាបទ)។

យថាបិ រាជា ពលវា និហនិត្វា បរន្តបេ

វិជិនិត្វាន សង្គាមំ នគរំ តត្ថ មាបយេ។

ព្រះរាជាមានកម្លាំងទ្រង់សង្កត់សង្កិន នូវពួកសេ្តចជាសត្រូវ លុះទ្រង់ឈ្នះសង្គ្រាមហើយ ទើបសាងទីក្រុងក្នុងដែនដែលទ្រង់ឈ្នះហើយនោះ។

បាការំ បរិក្ខញ្ចាបិ ឯសិកំ ទ្វារកោដ្ឋកំ

អដ្ដាលកេ ច វិវិធេ ការយេ នគរេ ពហូ។

ទ្រង់ឲ្យជាងធ្វើកំពែង ស្នាមភ្លោះ សសរខឿន ខ្លោងទ្វារ និងប៉មទាំងឡាយផ្សេងៗ ជាច្រើន ក្នុងនគរ។

សិង្ឃាដកំ បច្ចុរញ្ច សុវិភត្តន្តរាបណំ

ការាបេយ្យ សភំ តត្ថ អត្ថានត្ថវិនិច្ឆយំ។

ទ្រង់ឲ្យជាងធ្វើនូវផ្លូវត្រឡែងកែង ផ្លូវថ្នល់ រានផ្សារ ជាចន្លោះ ដែលតាក់តែងល្អ ព្រមទាំងសភាសម្រាប់វិនិច្ឆ័យ នូវសេចក្តីចម្រើននិងសេចក្តីមិនចម្រើន ក្នុងនគរនោះ។

និគ្ឃាដត្ថំ អមិត្តានំ ឆិទ្ទាឆិទ្ទញ្ច ជានិតុំ

ពល កាយស្ស រក្ខាយ សេនាបច្ចំ ឋបេតិ សោ។

ព្រះរាជាអង្គនោះ ទ្រង់តាំងសេនាមាត្យដើម្បីឲ្យសង្កត់សង្កិន នូវពួកសត្រូវ ឲ្យស្គាល់ទោសនិងមិនមែនទោស ដើម្បីរក្សានូវពួកពល។

អារក្ខត្ថាយ ភណ្ឌស្ស និធានកុសលំ នរំ

មា មេ ភណ្ឌំ វិនស្សីតិ ភណ្ឌរក្ខំ ឋបេតិ សោ។

ព្រះរាជាអង្គនោះ ទ្រង់តាំងបុរសអ្នករក្សានូវភណ្ឌៈ ជាអ្នកឈ្លាសវៃក្នុងការទុកដាក់ ដើម្បីប្រយោជន៍រក្សានូវភណ្ឌៈ ដោយព្រះរាជបំណងថា កុំឲ្យភណ្ឌៈរបស់អាត្មាអញវិនាសទៅបានឡើយ ។

សមគ្គោ ហោតិ យោ រញ្ញោ វុទ្ធឹ យស្ស ច ឥច្ឆតិ

តស្សាធិករណំ ទេតិ មិត្តស្ស បដិបជ្ជិតុំ។

បុរសនោះ ជាអ្នកមានចិត្តស្វាមីភក្តិចំពោះព្រះរាជា ព្រោះព្រះរាជាប្រាថ្នាការចម្រើនដល់បុរសណា ទ្រង់ក៏ព្រះរាជទាននូវឥស្សរៈ ក្នុងការវិនិច្ឆ័យអធិករណ៍ដល់បុរសនោះ ដើម្បីប្រតិបត្តិកុំឲ្យបែកមិត្ត។

ឧប្បាទេសុ និមិត្តេសុ លក្ខណេសុ ច កោវិទំ

អជ្ឈាយកំ មន្តធរំ បោរោហិច្ចេ ឋបេតិ សោ។

ព្រះរាជានោះ ទ្រង់តាំងបុរសអ្នកវាងវៃ ក្នុងឧប្បាទហេតុទាំងឡាយផង ក្នុងនិមិត្តទាំងឡាយផង ក្នុងលក្ខណៈទាំងឡាយផង ជាអ្នកបង្រៀនមន្ត ចេះចាំមន្ត ក្នុងឋានៈជាបុរោហិត។

ឯតេហង្គេហិ សម្បន្នោ ខត្តិយោតិ បវុច្ចតិ

សទា រក្ខន្តិ រាជានំ ចក្កវាកោវ ទុក្ខិនំ។

ព្រះរាជាបរិបូណ៌ដោយអង្គទាំងឡាយនុ៎ះហើយ ទើបហៅថា ក្សត្រិយ៍ បុរសទាំងនោះ តែងរក្សាព្រះរាជានោះ សព្វៗ កាល ដូចសត្វចាក្រពាក រក្សាក្រុមញាតិដែលដល់សេចក្តីទុក្ខ។

តថេវ ត្វំ មហាវីរ ហតាមិត្តោវ ខត្តិយោ

សទេវកស្ស លោកស្ស ធម្មរាជាតិ វុច្ចតិ។

បពិត្រព្រះអង្គ មានព្យាយាមធំ អ្នកផងតែងហៅព្រះអង្គថា ធម្មរាជរបស់សត្វលោក ព្រមទាំងទេវលោក ដូចក្សត្រិយ៍ដែលកម្ចាត់សត្រូវហើយ ដូច្នោះដែរ។

តិត្ថិយេ នីហរិត្វាន មារញ្ចាបិ សសេនកំ

តមន្ធការំ វិធំសេត្វា ធម្មនគរំ អមាបយិ។

ព្រះធម្មរាជនោះ ទ្រង់ញាំញីនូវពួកតិរ្ថិយទាំងឡាយផង នូវមារព្រមទាំងសេនាផង ទ្រង់ទម្លាយមោហន្ធការដ៏ងងឹត រួចហើយកសាងធម្មនគរ។

សីលំ បាការិកំ តត្ថ ញាណន្តេ ទ្វារកោដ្ឋកំ

សទ្ធា តេ ឯសិកា ធីរ ទ្វារបាលោ ច សំវរោ។

បពិត្រព្រះអង្គមានបញ្ញាជាគ្រឿងទ្រទ្រង់ ឯក្នុងធម្មនគរនោះ មានសីលជាកំពែង មានញាណរបស់ព្រះអង្គ ជាខ្លោងទ្វារ មានសទ្ធារបស់ព្រះអង្គ ជាសសរខឿន មានការសង្រួម ជានាយឆ្មាំទ្វារ។

សតិប្បដ្ឋានមដ្ដាលំ បញ្ញា តេ ចច្ចរំ មុនេ

ឥទ្ធិបាទញ្ច សឹឃាដំ ធម្មវីថិ សុមាបិតំ។

បពិត្រព្រះមុនី សតិប្បដ្ឋានជាប៉ម បញ្ញារបស់ព្រះអង្គជាផ្លូវថ្នល់ ឥទ្ធិបាទជាផ្លូវត្រឡែងកែង ថ្នល់គឺពោធិបក្ខិយធម៌ទាំង ៣៧ ព្រះអង្គទ្រង់និមិ្មតទុកល្អហើយ។

សុត្តន្តំ អភិធម្មញ្ច វិនយំ ចាបិ កេវលំ

នវង្គំ ពុទ្ធវចនំ ឯសា ធម្មសភា តវ។

ព្រះសូត្រ ព្រះអភិធម្ម និងព្រះវិន័យ ពុទ្ធវចនៈមានអង្គ ៩ ទាំងអស់នុ៎ះ ជាធម្មសភារបស់ព្រះអង្គ។

សុញ្ញតំ អនិមិត្តញ្ច វិហារញ្ចាបណីហិតំ

អនេជោ ច និរោធោ ច ឯសា ធម្មកុដី តវ។

សុញ្ញតវិហារ អនិមិត្តវិហារ អប្បណិហិតវិហារ ការមិនមានតណ្ហាជាគ្រឿងញាប់ញ័រ និងការរំលត់ទុក្ខ នេះជាធម្មកុដិរបស់ព្រះអង្គ។

បញ្ញាយ អគ្គោ និក្ខិត្តោ បដិភាណេ ច កោវិទោ

សារីបុត្តោតិ នាមេន ធម្មសេនាបតី តវ។

ព្រះថេរៈជាបុគ្គលប្រសើរខាងប្រាជ្ញា ដែលព្រះអង្គតាំងទុកហើយ ជាអ្នកវាងវៃក្នុងប្រាជ្ញា មានឈ្មោះថា សារីបុត្ត ជា ធម្មសេនាបតីរបស់ព្រះអង្គ។

ចុតូបបាតកុសលោ ឥទ្ធិយា បារមឹ គតោ

កោលិតោ នាម នាមេន បោរោហិច្ចោ តវំ មុនេ។

បពិត្រព្រះមុនី ព្រះថេរៈដែលឈ្លាសវៃក្នុងចុតូបបាតញ្ញាណ គឺប្រាជ្ញាដែលដឹងនូវចុតិនិងបដិសន្ធិរបស់សត្វ ដល់នូវត្រើយនៃឫទ្ធិ មានឈ្មោះថា កោលិត ជាបុរោហិតរបស់ព្រះអង្គ។

បោរាណកវំសធរោ ឧគ្គតេជោ ទុរាសទោ

ធុតវាទិគុណេ អគ្គោ អក្ខទស្សោ តវំ មុនេ។

បពិត្រព្រះមុនី ព្រះថេរៈឈ្មោះកស្សប អ្នកទ្រទ្រង់វង្សបុរាណ មានតេជះដ៏ខ្ពង់ខ្ពស់ ដែលគេគ្របសង្កត់បានដោយក្រ ប្រសើរក្នុងគុណ មានការកម្ចាត់បង់នូវទោសជាដើម គឺទ្រទ្រង់ធុតង្គទាំង ១៣ ជាអ្នកសម្រាប់ពិភាក្សារបស់ព្រះអង្គ។

ពហុស្សុតោ ធម្មធរោ សព្វបាឋី ច សាសនេ

អានន្ទោ នាម នាមេន ធម្មរក្ខោ តវំ មុនេ។

បពិត្រព្រះមុនី ព្រះថេរៈជាពហុស្សុត អ្នកទ្រទ្រង់ធម៌ ចេះចាំពុទ្ធវចនៈទាំងអស់ក្នុងសាសនា មាននាមថា អានន្ទ ជាអ្នករក្សាធម៌របស់ព្រះអង្គ។

ឯតេ សព្វេ អតិក្កម្ម មហេសី ភគវា មម

វិនិច្ឆយំ មេ បាទាសិ វិនយេ វិញ្ញុទេសិតំ។

ព្រះមានព្រះភាគរបស់ខ្ញុំ ជាអ្នកស្វែងរកគុណដ៏ធំ ទ្រង់ប្រទានការវិនិច្ឆ័យក្នុងវិន័យ  ដែលវិញ្ញុភិក្ខុទាំងឡាយសម្តែងហើយ ដល់ខ្ញុំព្រះអង្គ រំលងព្រះថេរៈទាំងអស់នុ៎ះ។

យោ កោចិ វិនយេ បញ្ហំ បុច្ឆតិ ពុទ្ធសាវកោ

តត្ថ មេ ចិន្តនា នត្ថិ តញ្ញេវត្ថំ កថេមហំ។

ពុទ្ធសាវ័កណាមួយ សួរបញ្ហាក្នុងវិន័យ (នឹងខ្ញុំព្រះអង្គ) ខ្ញុំព្រះអង្គមិនបាច់គិត ក្នុងបញ្ហានោះទេ ខ្ញុំព្រះអង្គប្រាប់សេចក្តីនោះតែម្តង។

យាវតា ពុទ្ធខេត្តម្ហិ ឋបេត្វា ច មហាមុនឹ

វិនយេ មាទិសោ នត្ថិ កុតោ ភិយ្យោ ភវិស្សតិ។

ពុទ្ធក្ខេត្តកំណត់ត្រឹមណា វៀរលែងតែព្រះមហាមុនីចេញ មិនមានភិក្ខុណា នឹងស្មើដោយខ្ញុំព្រះអង្គក្នុងវិន័យ តើនឹងមានភិក្ខុប្រសើរលើសខ្ញុំព្រះអង្គ ពីណា។

ភិក្ខុសង្ឃេ និសីទិត្វា ឯវំ គជ្ជតិ គោតមោ

ឧបាលិស្ស សមោ នត្ថិ វិនយេ ខន្ធកេសុ ច។

ព្រះគោតមទ្រង់គង់ក្នុងកណ្តាលជំនុំភិក្ខុសង្ឃ ហើយទ្រង់ប្រកាសយ៉ាងនេះថា ភិក្ខុណាមួយជាអ្នកស្មើដោយឧបាលិ ក្នុងវិន័យនិងខន្ធកៈ មិនមានឡើយ។

យាវតា ពុទ្ធភណិតំ នវង្គំ សត្ថុសាសនំ

វិនយេ កថិតំ សព្វំ វិនយមូលបស្សិនោ។

សត្ថុសាសនា មានអង្គ ៩ ដែលព្រះពុទ្ធសម្តែងហើយ ទាំងអម្បាលម៉ាន  ខ្ញុំព្រះអង្គជាអ្នកឃើញឫសគល់របស់វិន័យ (កាត់បង់) នូវសេចក្តីជាប់ចំពាក់ទាំងពួង ដែលព្រះអង្គសម្តែងហើយក្នុងវិន័យ។

មម កម្មំ សរិត្វាន គោតមោ សក្យបុង្គវោ

ភិក្ខុសង្ឃេ និសីទិត្វា ឯតទគ្គេ ឋបេសិ មំ។

ព្រះគោតមជាបុគ្គលប្រសើរ ក្នុងសក្យត្រកូល ទ្រង់រឭកឃើញនូវអំពើរបស់ខ្ញុំ ហើយគង់ក្នុងភិក្ខុសង្ឃ ទ្រង់តម្កល់ខ្ញុំក្នុងទីជាឯតទគ្គៈ។

សតសហស្សំ ឧបាទាយ ឥមំ ឋានំ អបត្ថយឹ

សោ មេ អត្ថោ អនុប្បត្តោ វិនយេ បារមឹ គតោ។

ខ្ញុំបានប្រាថ្នាយកនូវតំណែងនេះ  រាប់សែនកប្បមកហើយ ឥឡូវនេះ ប្រយោជន៍នោះ ខ្ញុំបានសម្រេចហើយ ខ្ញុំបានដល់នូវត្រើយក្នុងព្រះវិន័យហើយ។

សក្យានំ នន្ទិជនកោ កប្បកោ អាសិហំ បុរេ

វិជហិត្វាន តំ ជាតឹ បុត្តោ ជាតោ មហេសិនោ។

កាលពីដើម ខ្ញុំជានាយខ្មាន់ព្រះកេស ជាអ្នកបណ្តុះសេចក្តីត្រេកអរដល់ពួកសក្យៈ លះបង់កំណើតនោះ ចោលចេញ បានមកជាបុត្ត របស់ព្រះមហេសីសម្ពុទ្ធវិញ។

ឥតោ ទុតិយកេ កប្បេ អញ្ជសោ នាម ខត្តិយោ

អនន្តតេជោ អមិតយសោ ភូមិបាលោ មហទ្ធនោ។

ក្នុងកប្បទី ២ រាប់អំពីភទ្ទកប្បនេះទៅ មានក្សត្រិយ៍ឈ្មោះ  អញ្ជសៈ មានតេជះរកទីបំផុតគ្មាន មានយសរាប់មិនបាន ជាម្ចាស់ផែនដី មានទ្រព្យច្រើន។

តស្ស រញ្ញោ អហំ បុត្តោ ចន្ទនោ នាម ខត្តិយោ

ជាតិមទេន បត្ថទ្ធោ យសភោគមទេន ច។

ខ្ញុំជាព្រះរាជបុត្តរបស់ព្រះរាជានោះ ជាក្សត្រិយ៍ ឈ្មោះចន្ទនៈ ជាអ្នករឹងត្អឹង ដោយស្រវឹងព្រោះជាតិផង ដោយស្រវឹងព្រោះយសស័ក្តិ និងភោគៈផង។

នាគសតសហស្សានិ សព្វាលង្ការភូសិតា

តិធា បភិន្នា មាតង្គា បរិវារេន្តិ មំ សទា។

មានពួកដំរីមាតង្គៈចំនួន ១ សែន សុទ្ធតែចុះប្រេង ដោយហេតុ ៣ ប្រការ [ដំរីចុះប្រេងបែកអាការចេញប្រេង ៣ កន្លែង គឺបែកក្បែរភ្នែក ១ បែកក្បែរត្រចៀក ១ បែកត្រង់សាច់គល់ភ្លុក ១  (អដ្ឋកថា )។] ដ៏ប្រដាប់ដោយគ្រឿងអលង្ការទាំងពួង ចោមរោមខ្ញុំ សព្វៗកាល។

សពលេហិ បរេតោហំ ឧយ្យានំ គន្តុកាមកោ

អារុយ្ហ សិរិកំ នាគំ នគរា និក្ខមឹ តទា។

វេលានោះ ខ្ញុំមានពួកពលរបស់ខ្លួនចោមរោមហើយ ប្រាថ្នាទៅកាន់ឧទ្យាន ឡើងជិះដំរីឈ្មោះសិរិកៈ ចេញអំពីនគរទៅ។

ចរណេន ច សម្បន្នោ គុត្តទ្វារោ សុសំវុតោ

រេវតោ នាម សម្ពុទ្ធោ អាគច្ឆិ បុរតោ មមំ។

ស្រាប់តែមានព្រះបច្ចេកសម្ពុទ្ធ ព្រះនាមរេវតៈ ទ្រង់បរិបូណ៌ដោយចរណៈ មានទ្វារគ្រប់គ្រង សង្រួមល្អ បាននិមន្តមកចំពោះមុខខ្ញុំ។

បេសេត្វា សិរិកំ នាគំ ពុទ្ធំ អាសាទយឹ តទា

តតោ សញ្ជាតកោបោវ  នាគោ នុទ្ធរកោ បទំ។

វេលានោះ ខ្ញុំបានបរដំរីឈ្មោះសិរិកៈ ទៅឲ្យបៀតបៀនព្រះសម្ពុទ្ធ លំដាប់នោះ ដំរីក៏ក្រោធខឹង មិនលើកជើង។

នាគំ រុណ្ណមនំ ទិស្វា ពុទ្ធេ កោបំ អកាសហំ

វិហេឋយិត្វា សម្ពុទ្ធំ ឧយ្យានំ អគមាសហំ។

លុះខ្ញុំឃើញដំរីមានចិត្តខឹង ក៏ក្រេវក្រោធនឹងព្រះពុទ្ធជាម្ចាស់ បៀតបៀនព្រះសម្ពុទ្ធហើយ ក៏ទៅក្នុងឧទ្យាន។

សាតំ តត្ថ ន វិន្ទាមិ សិរោ បជ្ជលិតោ យថា

បរិឡាហេន ឌយ្ហាមិ មច្ឆោវ ពលិសាទកោ។

ខ្ញុំមិនបាននូវសេចក្តីសុខស្រួល ក្នុងឧទ្យាននោះ ក្បាល (របស់ខ្ញុំ) ហាក់ដូចជាភ្លើងឆេះ ខ្ញុំក្តៅអន្ទះអន្ទែងដោយសេចក្តីក្រហល់ក្រហាយ ដូចត្រីជាប់សន្ទូច។

សសាគរន្តា បឋវី អាទិត្តា វិយ ហោតិ មេ

បិតុ សន្តិកុប្បាគម្ម ឥទំ វចនមព្រវឹ។

ផែនដីដែលមានសាគរជាទីបំផុត ហាក់ដូចជាដុតកម្ដៅខ្ញុំ ទើបខ្ញុំចូលទៅកាន់សម្នាក់នៃព្រះបិតា ហើយក្រាបបង្គំទូលថា

អាសិវិសំវ កុបិតំ អគ្គិក្ខន្ធំវ អាគតំ

មត្តំវ កុញ្ជរំ ទន្តឹ យំ សយម្ភុំ អាសាទយឹ។

យើងខ្ញុំបៀតបៀនព្រះពុទ្ធសយម្ភូណា ដូចបុគ្គលបៀតបៀនអាសិរពិស ដែលកំពុងក្រោធ ឬដូចបុគ្គលបៀតបៀនគំនរភ្លើងដែលឆេះរាលមក ឬក៏ដូចបុគ្គលបៀតបៀនដំរីមានភ្លុក ដែលចុះប្រេង។

អាសាទិតោ មយា ពុទ្ធោ ឃោរោ ឧគ្គតបោ ជិនោ

បុរា សព្វេ វិនស្សាម ខមាបេស្សាម តំ មុនឹ។

ព្រះពុទ្ធជាម្ចាស់អង្គនោះ មានតបៈដ៏ខ្ពង់ខ្ពស់ក្លៀវក្លា ជាព្រះជិនស្រី យើងខ្ញុំបៀតបៀនហើយ យើងខ្ញុំទាំងអស់គ្នានឹងវិនាស យើងខ្ញុំនឹងញុំាងព្រះសយម្ភូ ជាមុនីអង្គនោះ ឲ្យអត់ទោស។

នោ ចេ តំ និជ្ឈាបេស្សាម អត្តទន្តំ សមាហិតំ

ឱរេន សត្តមេ ទិវសេ រដ្ឋម្មេ វិធមិស្សតិ។

ប្រសិនបើយើងខ្ញុំ នឹងមិនបានញុំាងព្រះពុទ្ធ ដែលមានខ្លួនទូន្មានហើយ មានព្រះហឫទ័យខ្ជាប់ខ្ជួននោះ ឲ្យអត់ទោសទេ ដែនរបស់យើងខ្ញុំមុខជាវិនាស ថយពីថ្ងៃទី ៧ ទៅ មិនខាន។

សុមេខលោ កោសិយោ ច សិគ្គវោ ចាបិ សត្តកោ

អាសាទយិត្វា ឥសយោ ទុគ្គតា តេ សសេនកា។

ក្សត្រិយ៍ ៤ ព្រះអង្គ ព្រះនាមសុមេខលៈ ១ កោសិយៈ ១ សិគ្គវៈ ១  សត្តកៈ ១ ជាមួយនឹងពួកសេនានោះ បានបៀតបៀនឥសីទាំងឡាយ ហើយដល់នូវសេចក្តីវិនាស។

យទា កុប្បន្តិ ឥសយោ សញ្ញតា ព្រហ្មចារិនោ

សទេវកំ វិនាសេន្តិ សសាគរំ សបព្វតំ។

ពួកឥសីអ្នកសង្រួម ប្រព្រឹត្តព្រហ្មចរិយធម៌ ក្រោធខឹងក្នុងកាលណា រមែងធ្វើសត្វលោក ព្រមទាំងទេវលោក ទាំងសមុទ្ទ និងភ្នំ ឲ្យវិនាសទៅបាន។

តិយោជនសហស្សម្ហិ បុរិសេ សន្និបាតយឹ

អច្ចយំ ទេសនត្ថាយ សយម្ភុំ ឧបសង្កមឹ។

ខ្ញុំបានប្រជុំពួកបុរស ក្នុងទី ៣ ពាន់យោជន៍ បានចូលទៅគាល់ព្រះសយម្ភូ ដើម្បីនឹងសម្តែងទោស។

អល្លវត្ថា អល្លសិរា សព្វេវ បញ្ជលីកតា

ពុទ្ធស្ស បាទេ និបតិត្វា ឥទំ វចនមព្រវុំ។

ពួកបុរសទាំងពួង ស្លៀកសំពត់ទទឹក មានក្បាលទទឹក ធ្វើក្រពុំម្រាមដៃ ក្រាបទៀប (ព្រះបាទារបស់) ព្រះពុទ្ធ ហើយទូលថា។

ខមស្សុ ត្វំ មហាវីរ អភិយាចតិ តំ ជនោ

បរិឡាហំ វិនោទេហិ មា ច រដ្ឋំ វិនាសយ។

បពិត្រព្រះអង្គមានព្យាយាមធំ  សូមព្រះអង្គអត់ទោស (ព្រោះ) ជនសូមទោសនឹងព្រះអង្គ សូមព្រះអង្គរម្ងាប់ក្រវល់ក្រវាយ សូមព្រះអង្គកុំធ្វើដែន ( របស់យើងខ្ញុំ) ឲ្យ វិនាសឡើយ។

សទេវមានុសា សព្វេ សទានវា សរក្ខសា

អយោមយេន កូដេន សិរំ ភិន្ទេយ្យុ មេ សទា។

(ប្រសិនបើព្រះអង្គមិនអនុគ្រោះទេ) ពួកបុរសទាំងអស់ ព្រមទាំងទេព្តានិងមនុស្ស ទាំងអ្នកធ្វើទាន ទាំងអ្នកថែរក្សា គេនឹងយកញញួរដែក មកទម្លាយអម្បែងក្បាលយើងខ្ញុំ សព្វ ៗ កាល។

ឧទកេ អគ្គិ ន សណ្ឋាតិ ពីជំ សេលេ ន រូហតិ

អគទេ កិមិ ន សណ្ឋាតិ កោបោ ពុទ្ធេ ន ជាយតិ។

(ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា) ភ្លើងមិនឋិតនៅក្នុងទឹក ពូជមិនដុះលើថ្មភ្នំ ដង្កូវមិនឋិតនៅក្នុងឱសថ សេចក្តីក្រោធមិនកើតក្នុងព្រះពុទ្ធ។

យថា ច ភូមិ អចលា អប្បមេយ្យោ ច សាគរោ

អនន្តកោ ច អាកាសោ ឯវំ ពុទ្ធា អខោភិយា។

ផែនដីមិនកម្រើក សមុទ្ទសាគរប្រមាណមិនបាន អាកាសរកទីបំផុតគ្មាន យ៉ាងណាមិញ ព្រះពុទ្ធទាំងឡាយ មានព្រះហឫទ័យមិនរំជួយញាប់ញ័រ ក៏យ៉ាងនោះដែរ។

អត្តទន្តា មហាវីរា ខមិតា ច តបស្សិនោ

ខន្តានំ ខមិតានំ ច គមនំ វោ ន វិជ្ជតិ។

ព្រះពុទ្ធទាំងឡាយមានព្យាយាមធំ មានខ្លួនទូន្មាន  ទ្រង់អត់ធន់ មានតបៈ ពួកបុគ្គលអ្នកអំណត់អត់ធន់ មិនមានការលុះក្នុងអគតិ។

ឥទំ វត្វាន សម្ពុទ្ធោ បរិឡាហំ វិនោទយិ

មហាជនស្ស បុរតោ នភំ អព្ភុគ្គមី តទា។

ព្រះបច្ចេកសម្ពុទ្ធទ្រង់ពោលដូច្នេះហើយ ទើបរម្ងាប់ក្រវល់ក្រវាយរបស់ខ្ញុំ ហើយហោះទៅតាមអាកាស ក្នុងទីចំពោះមុខមហាជន ក្នុងកាលនោះ។

តេន កម្មេនហំ វីរ ហីនត្តំ អជ្ឈុបាគតោ

សមតិក្កម្ម តំ ជាតឹ បាវិសឹ អភយំ បុរំ។

បពិត្រព្រះអង្គមានព្យាយាម ព្រោះអំពើនោះហើយ បានជាខ្ញុំព្រះអង្គចូលទៅកាន់ភាពជាអ្នកថោកទាប លុះកន្លងជាតិនោះមកហើយ ក៏បានចូលទៅកាន់អភយបុរី គឺព្រះនិញ្វន។

តទាបិ មំ មហាវីរ ឌយ្ហមានំ សុសណ្ឋិតំ

បរិឡាហំ វិនោទេសិ សយម្ភុំ ច ខមាបយឹ។

បពិត្រព្រះអង្គមានព្យាយាមធំ វេលានោះ ព្រះពុទ្ធបានញុំាងខ្ញុំព្រះអង្គ ដែលកំពុងក្តៅក្រហាយ នៅមិនទាន់រលត់ ឲ្យបន្ទោបង់ក្រវល់ក្រវាយចេញ  ខ្ញុំព្រះអង្គបានញុំាងព្រះសយម្ភូឲ្យអត់ទោស។

អជ្ជាបិ មំ មហាវីរ ឌយ្ហមានំ តិហគ្គិហិ

និព្វាបេសិ តយោ អគ្គី សីតិភាវញ្ច បាបយឹ។

បពិត្រព្រះអង្គមានព្យាយាមធំ ក៏ក្នុងថ្ងៃនេះ ព្រះអង្គបានញុំាងខ្ញុំព្រះអង្គ ដែលកំពុងក្តៅក្រហាយដោយភ្លើងទាំង ៣ ឲ្យរលត់ផង ញ៉ាំងភ្លើងទាំង ៣ ឲ្យរលត់ផង ឥឡូវនេះ ខ្ញុំព្រះអង្គបានដល់នូវភាពត្រជាក់ហើយ។

យេសំ សោតាវធានត្ថិ សុណាថ មម ភាសតោ

អត្ថំ តុយ្ហំ បវក្ខាមិ យថា ទិដ្ឋំ បទំ មមំ។

លោកទាំងឡាយណា មានការតម្កល់នូវសោតប្រសាទលោកទាំងនោះ ចូរស្តាប់ខ្ញុំចុះ ខ្ញុំនឹងប្រាប់​ប្រយោជន៍​ដល់អ្នក ដូចជាចំណែកដែលខ្ញុំបានឃើញ។

សយម្ភុំ តំ វិមានេត្វា សន្តចិត្តំ សមាហិតំ

តេន កម្មេនហំ អជ្ជ ជាតោម្ហិ នីចយោនិយំ។

ខ្ញុំបានមើលងាយព្រះសយម្ភូនោះ ដែលមានព្រះហឫទ័យស្ងប់រម្ងាប់ មានព្រះហឫទ័យខ្ជាប់ខ្ជួន ដោយ​កម្មនោះហើយបានជាក្នុងថ្ងៃនេះ ខ្ញុំមកកើតក្នុងកំណើតថោកទាប។

មា វោ ខណំ វិរាធេថ ខណាតីតា ហិ សោចរេ

សទត្ថេ វាយមេយ្យាថ ខណោ វោ បដិបាទិតោ។

អ្នកទាំងឡាយ កុំឲ្យខណៈឃ្លាតទៅទទេ ព្រោះបុគ្គលដែលខណៈកន្លងហើយ រមែងសោកសៅ អ្នកទាំងឡាយគប្បីព្យាយាមក្នុងប្រយោជន៍របស់ខ្លួន (ព្រោះ) ខណៈប្រាកដដល់អ្នកទាំងឡាយហើយ។

ឯកច្ចានញ្ច វមនំ ឯកច្ចានំ វិរេចនំ

វិសំ ហលាហលំ ឯកេ ឯកច្ចានញ្ច ឱសថំ។

ជនពួកខ្លះបានថ្នាំក្អួត ជនពួកខ្លះបានថ្នាំបញ្ចុះ ជនពួកខ្លះបានថ្នាំពិសដែលខ្លាំង ជនពួកខ្លះបានឱសថ។

វមនំ បដិបន្នានំ ផលដ្ឋានំ វិរេចនំ

ឱសថំ ផលលាភីនំ បុញ្ញក្ខេត្តំ គវេសិនំ។

ថ្នាំក្អួតសម្រាប់ពួកបុគ្គលអ្នកប្រតិបត្តិ (នូវមគ្គ) ថ្នាំបញ្ចុះសម្រាប់ពួកបុគ្គលអ្នកឋិតនៅក្នុងផល ឱសថសម្រាប់ពួកបុគ្គលអ្នកបាននូវផល ជាអ្នកស្វែងរកបុញ្ញក្ខេត្ត។

សាសនេន វិរុទ្ធានំ វិសំ ហលាហលំ យថា

អាសិវិសោ ទុដ្ឋវិសោ ឯកំ ឈាបេតិ តំ នរំ។

ពិសដែលខ្លាំង សម្រាប់បុគ្គលអ្នកប្រតិបត្តិខុសចាកសាសនាអាសិរពិស ដែលមានពិសកាច តែងដុតនរៈនោះ តែមួយដង។

សកឹ បីតំ ហលាហលំ ឧបរុទ្ធេតិ ជីវិតំ

សាសនេន វិរុជ្ឈិត្វា កប្បកោដិម្ហិ ឌយ្ហតិ។

ពិសដ៏ខ្លាំងដែលបុគ្គលផឹកហើយ បៀតបៀនជីវិតបានតែមួយដង ឯបុគ្គលអ្នកប្រតិបត្តិខុសចាកសាសនា រមែងក្តៅក្រហាយអស់កោដិនៃកប្ប។

ខន្តិយា អវិហឹសាយ មេត្តចិត្តវតាយ ច

សទេវកំ សោ តរតិ តស្មា តេ អវិរោធិយា។

គេតែងឆ្លងចាកលោក ព្រមទាំងទេវលោក ដោយការអត់ធន់ ១ ដោយការមិនបៀតបៀន ១ ដោយមានចិត្តមេត្តា ១ ហេតុនោះ បុគ្គល មិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះ។

លាភាលាភេ ន សជ្ជន្តិ សម្មាននេ វិមាននេ

បឋវីសទិសា ពុទ្ធា តស្មា តេ ន វិរោធិយា។

ព្រះពុទ្ធទាំងឡាយ មានព្រះហឫទ័យស្មើដោយផែនដី មិនជាប់ចំពាក់ក្នុងលាភនិងអលាភ ក្នុងការរាប់អាន ក្នុងការមើលងាយ ហេតុនោះ បុគ្គល មិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះ។

ទេវទត្តេ ច វធកេ ចោរេ អង្គុលិមាលកេ

រាហុលេ ធនបាលេ ច សព្វេសំ សមកោ មុនិ។

ព្រះមុនីមានហឫទ័យស្មើចំពោះសត្វទាំងពួង គឺទេវទត្ត ខ្មាន់ធ្នូ ចោរអង្គុលិមាល រាហុល និងដំរីធនបាល។

ឯតេសំ បដិឃំ នត្ថិ រាគោមេសំ ន វិជ្ជតិ

សព្វេសំ សមកោ ពុទ្ធោ វធកស្សោរសស្ស ច។

ព្រះពុទ្ធមិនមានសេចក្តីស្អប់ជនទាំងនុ៎ះ  មិនមានសេចក្តីស្រឡាញ់ជនទាំងនុ៎ះទេ មានព្រះហឫទ័យស្មើ ចំពោះជនទាំងអស់ គឺចំពោះខ្មាន់ធ្នូ និងចំពោះឱរស។

បន្ថេ ទិស្វាន កាសាវំ ឆឌ្ឌិតំ មិឡ្ហមក្ខិតំ

សិរសា អញ្ជលឹ កត្វា វន្ទិតព្វំ ឥសិទ្ធជំ។

បុគ្គលបើឃើញសំពត់កាសាវៈ ជាទង់ជ័យរបស់ព្រះពុទ្ធ ដែលប្រឡាក់ដោយលាមក  ដែលគេចោលហើយក្នុងផ្លូវ គប្បីធ្វើអញ្ជលីថ្វាយបង្គំដោយត្បូង។

អព្ភតីតា ច យេ ពុទ្ធា វត្តមានា អនាគតា

ធជេនានេន សុជ្ឈន្តិ តស្មា ឯតេ នមស្សិយា។

ព្រះសម្ពុទ្ធទាំងឡាយ ដែលកន្លងទៅហើយក្តី ក្នុងបច្ចុប្បន្ននេះក្តី ក្នុងអនាគតក្តី តែងបរិសុទ្ធ ដោយទង់ជ័យនេះ ព្រោះហេតុនោះ ព្រះសម្ពុទ្ធទាំងនុ៎ះ បុគ្គលគប្បីនមស្ការ។

សត្ថុកប្បំ សុវិនយំ ធារេមិ ហទយេនហំ

នមស្សមានោ វិនយំ វិហរិស្សាមិ សព្វទា។

ខ្ញុំចាំវិន័យដោយប្រពៃ គួរតាមអធ្យាស្រ័យរបស់ព្រះសាស្តាដោយហឫទ័យ ខ្ញុំតែងនមស្ការវិន័យនោះ សព្វៗកាល។

វិនយោ អាសយោ មយ្ហំ វិនយោ ឋានចង្កមំ

កប្បេមិ វិនយេ វាសំ វិនយោ មយ្ហ គោចរោ។

វិន័យជាទីអាស្រ័យ វិន័យជាទីឈរ ទាំងជាទីចង្រ្កមរបស់ខ្ញុំ ខ្ញុំតែងដេកនៅក្នុងវិន័យ វិន័យជាទីគោចររបស់ខ្ញុំ។

វិនយេ បារមិប្បត្តោ សមថេ ចាបិ កោវិទោ

ឧបាលិ តំ មហាវីរ បាទេ វន្ទតិ សត្ថុនោ។

បពិត្រព្រះអង្គមានព្យាយាមធំ  ឧបាលិដល់នូវត្រើយក្នុងវិន័យផង ឈ្លាសវៃក្នុងសមថៈផង តែងថ្វាយបង្គំនូវព្រះបាទារបស់ព្រះសាស្តា។

សោ អហំ វិចរិស្សាមិ គាមាគាមំ បុរាបុរំ

នមស្សមានោ សម្ពុទ្ធំ ធម្មស្ស ច សុធម្មតំ។

ខ្ញុំព្រះអង្គនោះ នឹងត្រាច់ទៅអំពីស្រុកមួយ ទៅកាន់ស្រុកមួយ អំពីបុរីមួយ ទៅកាន់បុរីមួយ ហើយនមស្ការនូវព្រះសម្ពុទ្ធផង នូវភាពនៃធម៌ជាធម៌ដ៏ល្អផង។

កិលេសា ឈាបិតា មយ្ហំ ភវា សព្វេ សមូហតា

សព្វាសវា បរិក្ខីណា នត្ថិទានិ បុនព្ភវោ។

ខ្ញុំព្រះអង្គដុតកិលេសទាំងឡាយហើយ ដកចោលនូវភពទាំងអស់ហើយ អាសវៈទាំងពួងអស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។

ស្វាគតំ វត មេ អាសិ ពុទ្ធសេដ្ឋស្ស សន្តិកេ

តិស្សោ វិជ្ជា អនុប្បត្តា កតំ ពុទ្ធស្ស សាសនំ។

ឱ ! ដំណើរដែលខ្ញុំមកក្នុងសម្នាក់របស់ព្រះពុទ្ធដ៏ប្រសើរ (នេះ) ជាដំណើរមកដោយល្អ វិជ្ជាទាំង ៣ ខ្ញុំព្រះអង្គបានសម្រេចហើយ សាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំព្រះអង្គក៏បានប្រតិបត្តិហើយ។

បដិសម្ភិទា ចតស្សោ វិមោក្ខាបិច អដ្ឋិមេ

ឆឡភិញ្ញា សច្ឆិកតា កតំ ពុទ្ធស្ស សាសនំ។

បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ [បិ.៧២ ទំ.៨៤-១១០ ឃ.៨។]។

ក្នុងទីនោះ ព្រះសាស្ដាឲ្យព្រះថេរៈរៀនព្រះវិន័យទាំងអស់ ដោយ ព្រះអង្គឯង។ ថ្ងៃមួយ លោកបានវិនិច្ឆ័យរឿង ៣ គឺរឿងភារុកច្ឆៈ ១ រឿងអជ្ជុកត្ថេរ ១ រឿង (មាតា) ព្រះកុមារកស្សបៈ ១ កាលវិនិច្ឆ័យ ស្រេចហើយ ព្រះសាស្ដាទ្រង់ប្រទានសាធុការ ទ្រង់អាស្រ័យការវិនិច្ឆ័យរឿងទាំង ៣ ឲ្យជាហេតុកើតឡើង ទើបទ្រង់តែងតាំងព្រះថេរៈក្នុងតំណែង ជាឯតទគ្គៈលើសភិក្ខុទាំងឡាយ ខាងទ្រទ្រង់ព្រះវិន័យថា

ឯតទគ្គំ ភិក្ខវេ មម សាវកានំ ភិក្ខូនំ វិនយធរានំ យទិទំ ឧបាលិ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាពួកភិក្ខុ អ្នកទ្រទ្រង់វិន័យ ដែលជាសាវ័ករបស់តថាគត ស្រេចនឹងឧបាលិ ប្រសើរជាងគេ [បិ.៤០ ទំ.៥៥ ឃ.១៤៩។]

 រឿងទាំង ៣ នោះ មានដូចតទៅនេះថា

សម័យនោះ មានភិក្ខុ ១ រូប ជាកូនអ្នកស្រុកភារុកច្ឆកៈ យល់សប្តិឃើញថា សេពមេថុនធម្មនឹងនាងបុរាណទុតិយិកា ហើយគិតថា ខ្លួនអញមិនមែនជាសមណៈទេ អញនឹងសឹកទៅវិញ ដូច្នេះហើយ ដើរទៅកាន់ជនបទឈ្មោះភារុកច្ឆៈ ក៏បានឃើញព្រះឧបាលិដ៏មានអាយុ ក្នុងទីពាក់កណ្តាលផ្លូវ ហើយនិយាយប្រាប់រឿងនុ៎ះ។ ព្រះឧបាលិត្ថេរដ៏មានអាយុបានប្រាប់យ៉ាងនេះថា ម្នាលអាវុសោ ឥតមានអាបត្តិអ្វីដោយចំណែកនៃយល់សប្តិនោះទេ [បិ.១ ទំ.១២៨ ឃ.៧១។] ។ នេះជារឿងទី១។

សម័យនោះឯង ក្មេងពីរនាក់ គឺកូនប្រុស ១ ក្មួយប្រុស ១ របស់គហបតីជាឧបដ្ឋាករបស់ព្រះអជ្ជុកតេ្ថរដ៏មានអាយុ ក្នុងក្រុងវេសាលី។

គ្រានោះ គហបតីនោះ បាននិយាយពាក្យនេះ នឹងព្រះអជ្ជុកតេ្ថរដ៏មានអាយុថា បពិត្រលោកដ៏ចម្រើន ជំនុំក្មេងទាំងពីរនាក់នេះ ក្មេងណាមានសទ្ធាជ្រះថ្លា ព្រះករុណាគប្បីប្រាប់ឱកាសនេះ ដល់ក្មេងនោះ។ គហបតីនោះ ធ្វើកាលកិរិយាទៅ។ សម័យនោះឯង ក្មួយរបស់គហបតីនោះ មានសទ្ធាជ្រះថ្លា។ លំដាប់នោះ  ព្រះអជ្ជុកតេ្ថរដ៏មានអាយុ បានប្រាប់ឱកាសនោះ ដល់ទារកដែលជាក្មួយនោះ។ ទារកដែលជាក្មួយនោះ ក៏បានបីបាច់រក្សានូវទ្រព្យ និងចាត់ចែងនូវទាន ដោយសម្បត្តិនោះ។ លំដាប់នោះ កូនរបស់គហបតីនោះ បាននិយាយពាក្យនេះ នឹងព្រះអានន្ទដ៏មានអាយុថា បពិត្រព្រះអានន្ទដ៏ចម្រើន អ្នកណាជាអ្នកទទួលមរតករបស់បិតា កូន ឬក្មួយ។ ព្រះអានន្ទនិយាយតបថា ម្នាលអ្នកដ៏មានអាយុ កូនទើបត្រូវទទួលទ្រព្យមរតករបស់បិតាបាន។ កូនរបស់គហបតីនោះ បាននិយាយតទៅទៀតថា បពិត្រលោកដ៏ចម្រើន លោកម្ចាស់អជ្ជុកត្ថេរនេះ ប្រាប់សម្បត្តិរបស់ខ្ញុំ ដល់បងប្អូនជីដូនមួយរបស់ខ្ញុំហើយ។ ព្រះអានន្ទពោលថា ម្នាលអ្នកដ៏មានអាយុ អជ្ជុកត្ថេរដ៏មានអាយុនេះ មិនមែនជាសមណៈទេ។ គ្រានោះ ព្រះអជ្ជុកត្ថេរដ៏មានអាយុ បាននិយាយពាក្យនេះ នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអាវុសោអានន្ទ លោកចូរឲ្យសេចក្តីវិនិច្ឆ័យដល់ខ្ញុំចុះ។ សម័យនោះឯង  ព្រះឧបាលិដ៏មានអាយុ ជាបក្ខពួករបស់ព្រះអជ្ជុកត្ថេរដ៏មានអាយុ។ លំដាប់នោះ ព្រះឧបាលិដ៏មានអាយុ បាននិយាយពាក្យនេះ នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអាវុសោអានន្ទ ភិក្ខុណាដែលម្ចាស់ទ្រព្យផ្តាំទុកថា លោកចូរប្រាប់ឱកាសនេះ ដល់អ្នកនេះ ហើយភិក្ខុនោះ ទៅប្រាប់ដល់អ្នកនោះ ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះអានន្ទឆ្លើយតបទៅវិញថា បពិត្រលោកដ៏ចម្រើន ភិក្ខុនោះ មិនត្រូវអាបត្តិអ្វីបន្តិចទេ ដោយហោចទៅ តែអាបត្តិទុក្កដ ក៏មិនត្រូវដែរ។ ព្រះឧបាលិឆ្លើយថា ម្នាលអាវុសោ ព្រះអជ្ជុកត្ថេរដ៏មានអាយុនេះ ម្ចាស់ទ្រព្យបានផ្ដាំទុកថា លោកចូរប្រាប់ឱកាស នេះ ដល់ជនឈ្មោះនេះ ក៏បានប្រាប់ដល់អ្នកនោះមែន ម្នាលអាវុសោ អជ្ជុកត្ថេរដ៏មានអាយុ មិនត្រូវអាបត្តិទេ [បិ.១ ទំ.២១៧ ឃ.១៧២។]។ នេះជារឿងទី២។

បានឮថា មានភិក្ខុនីមួយរូប ជាធីតារបស់សេដ្ឋីមានទ្រព្យច្រើន ក្នុងនគររាជគ្រឹះ មានកុសលមូលក្រាស់ មានសង្ខារញាំញីហើយ ជាបច្ឆិមភវិកសត្វ ឧបនិស្ស័យនៃអរហត្ត ភ្លឺរុងរឿងក្នុងហទយៈរបស់នាង ដូចប្រទីបឆេះនៅក្នុងឆ្នាំងដូច្នោះ។ តាំងអំពីកាលដែលដឹងក្ដីហើយ ធីតារបស់សេដ្ឋីនោះ មិនត្រេកអរក្នុងផ្ទះ មានបំណងនឹងបួស ទើបពោលនឹងមាតាបិតាថា បពិត្រលោកឪពុកអ្នកម្ដាយ ចិត្តរបស់ខ្ញុំមិនត្រេកអរក្នុងឃរាវាស ខ្ញុំមានបំណងនឹងបួសក្នុងព្រះពុទ្ធសាសនា ដែលជាគ្រឿងនាំ (សត្វ) ចេញចាកទុក្ខ សូមលោកទាំងឡាយ ឲ្យខ្ញុំបួសចុះ។

មាតាបិតាពោលថា នែកូន នាងនិយាយអ្វី ត្រកូលយើងមានទ្រព្យច្រើន នាងក៏ជាកូនស្រីតែមួយរបស់យើងទាំងឡាយ នាងមិនគួរបួសទេ។ សូម្បីធីតានោះ អង្វររឿយ ៗ ក៏មិនបានចេញបួសអំពីសម្នាក់មាតាបិតា ទើបគិតថា ណ្ហើយចុះ អញទៅកាន់ត្រកូលស្វាមី ញ៉ាំងស្វាមីឲ្យត្រេកអរហើយ នឹងសូមបួស។ នាងចម្រើនវ័យហើយ បានទៅកាន់ត្រកូលស្វាមី ជាស្រីមានសីល មានកល្យាណធម៌ គ្រប់គ្រងផ្ទះ។

លំដាប់នោះ ព្រោះអាស្រ័យការនៅរួម នាងក៏មានគភ៌។ នាងមិនដឹងថា ខ្លួនមានគភ៌។ សម័យនោះ ជនទាំងឡាយឃោសនាបុណ្យនក្ខត្តឫក្សក្នុងនគរ អ្នកនគរទាំងមូលនាំគ្នាលេងនក្ខត្តឫក្ស។ ព្រះនគរមានការប្រដាប់តាក់តែងដូចទេវនគរ គ្រាលេងនក្ខត្តឫក្ស សូម្បីគគ្រឹកគគ្រេងប្រព្រឹត្តទៅដល់ម្ល៉ោះ នាងក៏មិនលាបស្រឡាបរាងកាយរបស់ខ្លួន មិនពាក់គ្រឿងអលង្ការ ត្រាច់ទៅដោយភេទធម្មតានោះឯង។ លំដាប់នោះ ស្វាមីពោលថា នែនាងដ៏ចម្រើន នគរទាំងមូលអាស្រ័យនក្ខត្តឫក្ស តែនាងមិនប្រដាប់តាក់តែងរាងកាយ  ព្រោះហេតុអ្វី។

នាងពោលថា បពិត្រអយ្យបុត្ត រាងកាយពេញដោយរបស់មិនស្អាត ៣២ ប្រការ ប្រយោជន៍អ្វីដោយរាងកាយនេះ ដែលប្រដាប់ហើយ ព្រោះកាយនេះ ទេវតា ព្រហ្ម មិនបានជប់មក មិនមែនកើតអំពីមាស កែវមណី ខ្លឹមចន្ទន៍ក្រហម មិនមែនកើតអំពីផ្កាបុណ្ឌរិក ផ្កាកុមុទ និងផ្កាឧប្បលខៀវ តែពេញទៅដោយលាមក មិនស្អាត មិនមែនពេញដោយអមតឱសថ ដោយពិត កើតក្នុងរបស់មិនស្អាត មានឪពុកម្ដាយជាដែនកើត មានការដុសលាង និងគក់ច្របាច់ជានិច្ច មានការបែកធ្លាយ និងការខ្ចាត់ខ្ចាយទៅជាធម្មតា ជាព្រៃស្មសាន ដែលតណ្ហាប្រកាន់មាំ ជាហេតុនៃសោក ជាទីតាំងនៃសេចក្ដីខ្សឹកខ្សួល ជាលំនៅនៃរោគទាំងឡាយ ជាទីទទួលគ្រឿងកម្មករណៈ ជារបស់ស្អុយក្នុង ហូរចេញជានិច្ច ជាលំនៅរបស់ដង្កូវច្រើនត្រកូល នឹងទៅកាន់ឈាបនដ្ឋាន មានការស្លាប់ជាទីបំផុត នឹងប្រែប្រួលទៅក្នុង (គន្លង) ចក្ខុនៃសត្វលោកទាំងពួង ។

អដ្ឋិន្ហារូហិ សំយុត្តោ តចមំសាវលេបនោ

ឆវិយា កាយោ បដិច្ឆន្នោ យថាភូតំ ន ទិស្សតិ។

កាយប្រកបដោយឆ្អឹង និងសរសៃទាំងឡាយ គ្របដណ្ដប់ដោយស្បែក និងសាច់ បិទបាំងដោយសម្បុរថ្ងៃ មិនប្រាកដតាមពិត។

អន្តបូរោ ឧទរបូរោ យកបេឡស្ស វត្ថិនោ

ហទយស្ស បប្ផាសស្ស វក្កស្ស បិហកស្ស ច

សិង្ឃាណិកាយ ខេលស្ស សេទស្ស ច មេទស្ស ច

លោហិតស្ស លសិកាយ បិត្តស្ស ច វសាយ ច។

កាយពេញដោយពោះវៀនផង ពេញដោយអាហារថ្មីផង ដោយដុំថ្លើមផង  ដោយក្រពះនោមផង ដោយបេះដូងផងដោយសួតផង ដោយទាចផង ដោយក្រពះបាយផង ដោយទឹកសំបោរផង ដោយទឹកមាត់ផង ដោយញើសផង ដោយ ខ្លាញ់ខាប់ផង ដោយឈាមផង ដោយទឹករំអិលផង ដោយទឹកប្រមាត់ផង ដោយខ្លាញ់រាវផង។

អថស្ស នវហិ សោតេហិ អសុចី សវតិ សព្វទា

អក្ខិម្ហា អក្ខិគូថកោ កណ្ណម្ហា កណ្ណគូថកោ

សិង្ឃាណិកា ច នាសតោ មុខេន វមតេកទា

បិត្តំ សេម្ហំ ច វមតិ កាយម្ហា សេទជល្លិកា។

មួយទៀត វត្ថុមិនស្អាត រមែងហូរចេញតាមរន្ធទាំង ៩ របស់កាយនោះ សព្វកាល គឺព្រៀកភ្នែក ហូរចេញអំពីភ្នែក មូលត្រចៀក ហូរចេញអំពីត្រចៀក ទឹកសំបោរ ហូរចេញអំពីច្រមុះ ជួនណាចេញតាមមាត់ ប្រមាត់និងស្លេស្ម ក៏ខ្ពុរចេញតាមមាត់ដែរ ញើសនិងក្អែល ហូរចេញអំពីកាយ។

អថស្ស សុសិរំ សីសំ មត្ថលុង្គស្ស បូរិតំ

សុភតោ នំ មញ្ញតិ ពាលោ អវិជ្ជាយ បុរក្ខតោ។

មួយទៀត កាយនោះ មានក្បាលប្រហោង ពេញដោយខួរក្នុងក្បាល ជនពាលត្រូវអវិជ្ជារួបរឹតហើយ រមែងសម្គាល់កាយនោះថាល្អ [បិ.៥៤ ទំ.៦៥ ឃ.១៩។] ដូច្នេះ។

អនន្តាទីនវោ  កាយោ វិសរុក្ខសមូបមោ

អាវាសោ សព្វរោគានំ បុញ្ជោ ទុក្ខស្ស កេវលោ។

រាងកាយជារបស់មានទោស រកទីបំផុតគ្មាន មានឧបមាដូចដើមឈើមានពិស ជាលំនៅនៃរោគទាំងពួង ជាគំនរនៃកងទុក្ខទាំងអស់ [បិ.៧៥ ទំ.២៩៦ ឃ.១២២។]។

សចេ ឥមស្ស កាយស្ស អន្តោ ពាហិរកោ សិយា

ទណ្ឌំ នូន គហេត្វាន កាកេ សោណេ ច វារយេ។

បើត្រឡប់ផ្នែកខាងក្នុងរបស់រាងកាយនេះ ឲ្យមកខាងក្រៅ នឹងត្រូវកាន់ដំបងចាំដេញក្អែក និងឆ្កែ ដោយពិត។

ទុគ្គន្ធោ អសុចិ កាយោ កុណបោ ឧក្ករូបមោ

និន្ទិតោ ចក្ខុភូតេហិ កាយោ ពាលាភិនន្ទិតោ។

កាយមិនស្អាត មានក្លិនស្អុយ ពេញដោយសាកសព ប្រៀបដូចបង្គន់ បុគ្គលមានចក្ខុ តិះដៀល តែបុគ្គលល្ងង់ខ្លៅនាំគ្នាត្រេកអរហើយ។

អល្លចម្មបដិច្ឆន្នោ នវទ្វារោ មហាវណោ

សមន្តតោ បគ្ឃរតិ អសុចី បូតិគន្ធិយោ។

កាយនេះ ត្រូវស្បែកស្រស់បិទបាំងទុក មានទ្វារ ៩ ប្រៀបដូចជាមុខដំបៅ ជារបស់មិនស្អាត មានក្លិនស្អុយហូរចេញសព្វទិស [វិសុទ្ធិមគ្គ អសុភកម្មដ្ឋាននិទ្ទេស។]។

យទា ច សោ មតោ សេតិ ឧទ្ធុមាតោ វិនីលកោ

អបវិដ្ឋោ សុសានស្មឹ អនបេក្ខា ហោន្តិ ញាតយោ។

ខាទន្តិ នំ សុវាណា ច សិង្គាលា ច វកា កិមី

កាកា គិជ្ឈា ច ខាទន្តិ យេ ចញ្ញេ សន្តិ បាណិនោ។

កាលណា កាយនោះ ស្លាប់ទៅ ដេកនៅហើមប៉ោង មានពណ៌ខៀវ ត្រូវគេបោះចោលទៅក្នុងព្រៃស្មសានហើយ កាលណោះ ជនទាំងឡាយជាញាតិ ក៏លែងរមិល ស្វាន ចចក ឆ្កែ ដង្កូវ ជញ្ជែងស៊ីកាយស្លាប់នោះ ចំណែកពួកសត្វដទៃ មានក្អែក ត្មាតជាដើម ក៏ចឹកស៊ីនូវកាយស្លាប់នោះដែរ។

សុត្វាន ពុទ្ធវចនំ ភិក្ខុ បញ្ញាណវា ឥធ

សោ ខោ នំ បរិជានាតិ យថាភូតញ្ហិ បស្សតិ។

ភិក្ខុណា ក្នុងសាសនានេះ ជាអ្នកមានបញ្ញា បានស្ដាប់នូវពុទ្ធវចនៈហើយ ភិក្ខុនោះ រមែងកំណត់ដឹងនូវកាយនោះ ព្រោះឃើញច្បាស់តាមពិត។

យថា ឥទំ តថា ឯតំ យថា ឯតំ តថា ឥទំ

អជ្ឈត្តញ្ច ពហិទ្ធា ច កាយេ ឆន្ទំ វិរាជយេ។

សរីរៈរស់នេះយ៉ាងណា សរីរៈស្លាប់នុ៎ះក៏យ៉ាងនោះ  សរីរៈ ស្លាប់នុ៎ះយ៉ាងណា សរីរៈរស់នេះក៏យ៉ាងនោះ ភិក្ខុគប្បីរំសាយនូវសេចក្ដីប្រាថ្នាក្នុងកាយ ទាំងខាងក្នុង ទាំងខាងក្រៅ។

ឆន្ទរាគវិរត្តោ សោ ភិក្ខុ បញ្ញាណវា ឥធ

អជ្ឈគា អមតំ សន្តឹ និព្វានបទមច្ចុតំ។

ក្នុងសាសនានេះ ភិក្ខុនោះ មានបញ្ញាប្រាសចាកឆន្ទរាគៈ ដល់នូវបទគឺព្រះនិព្វាន ជាធម្មជាតមិនស្លាប់ ចេញចាកវានៈ គឺតណ្ហា ជាធម្មជាតស្ងប់ មិនច្យុត [បិ.៥៤ ទំ.៦៦ ឃ.១៩។]។

បពិត្រអយ្យបុត្ត ខ្ញុំនឹងប្រដាប់រាងកាយនេះធ្វើអ្វី ការប្រដាប់កាយនេះ រមែងដូចគ្នានឹងការធ្វើចិត្រកម្មខាងក្រៅឆ្នាំង ដែលពេញដោយលាមក។ សេដ្ឋីបុត្តបានស្ដាប់ពាក្យរបស់នាងដូច្នោះហើយ ទើបពោលថា នែនាងដ៏ចម្រើន បើនាងឃើញទោសទាំងឡាយក្នុងកាយយ៉ាងនេះ ហេតុអ្វីក៏នាងមិនបួស។

នាងពោលថា បពិត្រអយ្យបុត្ត បើខ្ញុំអាចបួសបាន នឹងបួសក្នុងថ្ងៃនេះឯង។ សេដ្ឋីបុត្តពោលថា សាធុ ខ្ញុំនឹងឲ្យនាងបួស ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ធ្វើមហាសក្ការៈ នាំទៅកាន់សម្នាក់ភិក្ខុនីដោយបរិវារធំ។ កាលឲ្យនាងបួស បានឲ្យបួសក្នុងសម្នាក់ភិក្ខុនីដែលជាបក្សពួករបស់ភិក្ខុទេវទត្ត នាងបានទទួលបព្វជ្ជាហើយ តម្រិះពេញបរិបូណ៌ ត្រេកអរហើយ។

គ្រានោះ កាលគភ៌របស់នាងចាស់ហើយ ភិក្ខុនីទាំងឡាយឃើញភាពដែលឥន្ទ្រិយទាំងឡាយប្រែប្រួលទៅជាដទៃ ខ្នងដៃខ្នងជើងហើម និងឃើញពោះធំ ទើបសួរថា អ្នកនាងម្ចាស់ នាងប្រាកដដូចជាមានគភ៌ តើរឿងនេះ ដូចម្ដេច។

ភិក្ខុនីនោះពោលថា អ្នកនាងម្ចាស់ទាំងឡាយ ខ្ញុំមិនដឹងថា ហេតុឈ្មោះនេះ (មាន) តែសីលរបស់ខ្ញុំនៅបរិបូណ៌។ លំដាប់នោះ ទើបភិក្ខុនីទាំងនោះ នាំភិក្ខុនីនោះទៅកាន់សម្នាក់របស់ភិក្ខុទេវទត្ត ហើយសួរភិក្ខុទេវទត្តថា បពិត្រលោកម្ចាស់ កុលធីតានេះ ញ៉ាំងស្វាមីឲ្យប្រោសប្រាណបានដោយលំបាក ទើបបានបួស ឥឡូវនេះ គភ៌របស់នាងប្រាកដ យើងខ្ញុំមិនដឹងថា កុលធីតានេះ តាំងគភ៌ក្នុងកាលជាគ្រហស្ថ ឬក្នុងកាលបួសហើយ ឥឡូវនេះ យើងទាំងឡាយនឹងធ្វើដូចម្ដេច។ ព្រោះភាពដែលខ្លួនមិនដឹង និងព្រោះខន្តី មេត្តា និងករុណាមិនមាន ទើបទេវទត្តគិតយ៉ាងនេះថា ការនិន្ទានឹងកើតឡើងដល់អញថា ភិក្ខុនីនៅក្នុងចំណែករបស់ទេវទត្ត មានគភ៌ តែទេវទត្តបែរជាព្រងើយកន្តើយ អញនឹងឲ្យភិក្ខុនីនេះសឹក ទើបគួរ។ ទេវទត្តនោះ មិនទាន់ពិចារណា ក៏ស្ទុះទៅដូចដុំថ្មរមៀល ពោលថា ពួកនាង ចូរឲ្យភិក្ខុនីនេះសឹក។ ភិក្ខុនីទាំងនោះ ស្ដាប់ពាក្យរបស់ទេវទត្តហើយ ថ្វាយបង្គំ ក្រោកឡើងត្រឡប់ទៅកាន់លំនៅ។

លំដាប់នោះ ភិក្ខុនីនោះ ពោលនឹងភិក្ខុនីទាំងនោះថា អ្នកនាងម្ចាស់ទាំងឡាយ ព្រះថេរៈទេវទត្តមិនមែនជាព្រះពុទ្ធ ការបួសរបស់ខ្ញុំក្នុងសម្នាក់របស់លោកម្ចាស់ទេវទត្តនោះ ក៏មិនមែន បព្វជ្ជារបស់ខ្ញុំក្នុងសម្នាក់ របស់ព្រះសម្មាសម្ពុទ្ធ ដែលជាអគ្គបុគ្គលក្នុងលោក ម្យ៉ាងទៀត បព្វជ្ជានេះ ខ្ញុំបានដោយលំបាក  អ្នកនាងម្ចាស់ទាំងឡាយ កុំធ្វើផ្នួស ( របស់ខ្ញុំ) នោះ ឲ្យអន្ដរធានទៅឡើយ មកអ្នកនាងម្ចាស់ទាំងឡាយ ចូរនាំខ្ញុំទៅកាន់វត្តជេតពន ដើម្បីគាល់ព្រះសាស្ដា។ ភិក្ខុនីទាំងឡាយនោះ ក៏នាំភិក្ខុនីនោះ ចេញអំពីនគររាជគ្រឹះ អស់ចម្ងាយផ្លូវ ៤៥ យោជន៍ ដល់វត្តជេតពនដោយលំដាប់ ថ្វាយបង្គំព្រះសាស្ដាហើយ ក្រាបបង្គំទូលរឿងនោះ ឲ្យទ្រង់ជ្រាប។ ព្រះសាស្ដាទ្រង់ព្រះតម្រិះថា ភិក្ខុនីនេះ មានគភ៌ក្នុងកាលនៅជាគ្រហស្ថដោយពិត ទោះបីជាដូច្នោះ ក៏ពួកតិរិ្ថយនឹងបានឱកាសថា ព្រះសមណគោតមទទួលយកភិក្ខុនី ដែលទេវទត្ត​បោះបង់​ចោលហើយ ព្រោះហេតុនោះ ដើម្បីកាត់នូវពាក្យនេះ គួរវិនិច្ឆ័យអធិករណ៍នេះ ក្នុងកណ្ដាលបរិស័ទដែលមានព្រះរាជា។ ស្អែកឡើង ទើបឲ្យយាងព្រះបាទកោសល អញ្ជើញអនាថបិណ្ឌិកសេដ្ឋី ចូឡអនាថបិណ្ឌិកសេដ្ឋី នាងវិសាខាមហាឧបាសិកា និងត្រកូលធំ ៗ ដទៃ ៗ ដែលមានកេរ្ដិ៍ឈ្មោះ។ ក្នុងវេលាល្ងាច កាលបរិស័ទ ៤ ប្រជុំគ្នាហើយ  ទើបត្រាស់ហៅព្រះឧបាលិត្ថេរមកថា អ្នកចូរជម្រះកម្មរបស់ភិក្ខុនីនេះ ក្នុងកណ្ដាលបរិស័ទ ៤។ ព្រះថេរៈទទួលព្រះតម្រាស់ថា សាធុព្រះអង្គ ហើយ ទៅកណ្ដាលបរិស័ទ អង្គុយលើអាសនៈដែលគេរៀបចំដើម្បីខ្លួន ឲ្យហៅនាងវិសាខាមហាឧបាសិកាមក ក្នុងទីចំពោះព្រះភក្ដ្ររបស់ព្រះរាជា ឲ្យទទួលអធិករណ៍នេះថា នែនាងវិសាខា ចូរនាងទៅ ចូរដឹងថា ភិក្ខុនីនេះ បួសក្នុងខែនោះ ថ្ងៃនោះ ហើយចូរដឹងថា នាងមានគភ៌មុន ឬក៏ក្រោយបួស។

មហាឧបាសិកាទទួលពាក្យថា សាធុហើយ ឲ្យបាំងវាំងនន ពិនិត្យមើលត្រង់ទីបំផុតដៃ ជើង ផ្ចិត និងពោះរបស់ភិក្ខុនីនោះ ខាងក្នុងវាំងនន រាប់ខែ និងថ្ងៃ ដឹងថា នាងបានតាំងគភ៌ក្នុងកាលជាគ្រហស្ថ ដោយពិត ទើបទៅកាន់សម្នាក់របស់ព្រះថេរៈ ហើយប្រាប់សេចក្ដីនោះ។ ព្រះថេរៈបានធ្វើភិក្ខុនីនោះ ឲ្យជាអ្នក​បរិសុទ្ធក្នុងកណ្ដាលបរិស័ទ ៤ ភិក្ខុនីនោះ ជាអ្នកបរិសុទ្ធហើយ ថ្វាយបង្គំព្រះសាស្ដា និងភិក្ខុសង្ឃ ហើយទៅកាន់លំនៅនោះឯង មួយអន្លើដោយភិក្ខុនីទាំងឡាយ។ ភិក្ខុនីនោះ កាលគភ៌ចាស់ហើយ ក៏ប្រសូតបុត្តមានអានុភាពច្រើន ដែលតាំងសេចក្ដីប្រាថ្នាទុក ទៀបបាទមូលរបស់ព្រះពុទ្ធព្រះនាមបទុមុត្តរៈ។

ថ្ងៃមួយ ព្រះរាជាយាងទៅក្បែរៗសម្នាក់របស់ភិក្ខុនី បានឮសំឡេងទារក ទើបត្រាស់សួរអាមាត្យទាំង​ឡាយ។ អាមាត្យទាំងឡាយដឹងហេតុនោះ ទើបក្រាបទូលថា បពិត្រព្រះសម្មតិទេព ភិក្ខុនីនោះ ប្រសូតបុត្តហើយ នុ៎ះជាសំឡេងកូនរបស់ភិក្ខុនីនោះឯង។

ព្រះរាជាត្រាស់ថា ឈ្មោះថា ការមើលថែទារក ជាកង្វល់របស់ភិក្ខុនីទាំងឡាយ ពួកយើងនឹងចិញ្ចឹមទារកនោះ។ ព្រះរាជាទ្រង់ប្រគល់ទារកនោះ ដល់ស្រីរបាំទាំងឡាយ ឲ្យធំធាត់ដោយការរក្សាដូចរាជកុមារ។ ក្នុងថ្ងៃដាក់ឈ្មោះកុមារនោះ ក៏បានដាក់ឈ្មោះថា កស្សបៈ។ គ្រានោះ មនុស្សទាំងឡាយស្គាល់ថា កុមារកស្សបៈ ព្រោះចម្រើនដោយការថែរក្សា ដូចព្រះរាជកុមារ។ ក្នុងកាលមានអាយុ៧ឆ្នាំ កុមារកស្សបៈនោះ បួសក្នុងសម្នាក់របស់ព្រះសាស្ដា។ (កាលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរហៅកស្សបៈមក ភិក្ខុទាំងឡាយក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន តើកស្សបៈមួយណា  ព្រះមានព្រះភាគត្រាស់ថា កុមារកស្សបៈ អាស្រ័យព្រះបន្ទូលនេះ សូម្បីព្រះថេរៈចាស់ជរា​ហើយ ក៏គេនៅតែហៅថា កុមារកស្សបៈៗ នោះឯង)។ លុះមានអាយុគ្រប់ ២០ ឆ្នាំ ក៏បានឧបសម្បទា ញ៉ាំងកាលវេលាឲ្យកន្លងទៅ ជាអ្នកពោលធម៌ដ៏វិចិត្រ ក្នុងធម្មកថិកទាំងឡាយ។ លំដាប់នោះ ព្រះសាស្ដាទ្រង់តាំងព្រះកុមារកស្សបៈនោះ ក្នុងតំណែងឯតទគ្គៈដោយព្រះតម្រាស់ថា

ឯតទគ្គំ ភិក្ខវេ មម សាវកានំ ភិក្ខូនំ ចិត្តកថិកានំ យទិទំ កុមារកស្សបោ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាពួកភិក្ខុអ្នកចេះសម្ដីដ៏វិចិត្រ ដែលជាសាវ័ករបស់តថាគត ស្រេចនឹងកុមារកស្សបៈប្រសើរជាងគេ [បិ.៤០ ទំ.៥៤ ឃ.១៤៨។]។

ក្រោយមក ព្រះកុមារកស្សបៈនោះ សម្រេចអរហត្ត  ដោយបានស្ដាប់វម្មិកសូត្រ។ សូម្បីភិក្ខុនីដែលជាមាតារបស់ព្រះកុមារកស្សបៈនោះ ចម្រើនវិបស្សនា ហើយសម្រេចអរហត្ត។ កុមារកស្សបត្ថេរនោះ ប្រាកដ ក្នុងព្រះពុទ្ធសាសនា ដូចព្រះចន្ទពេញវង់អណ្ដែតកណ្ដាលអាកាស ដូច្នោះ [អដ្ឋកថា ជាតក ឯកនិបាត និគ្រោធមិគ-ជាតក បិ.៥៨ ទំ.៦ ឃ.១២។]។ នេះជារឿងទី៣។  

កាលព្រះមានព្រះភាគដែលជាទីពឹងនៃសត្វលោក ទ្រង់ធ្វើពុទ្ធកិច្ចទាំងឡាយ តាំងពីទ្រង់ញ៉ាំងធម្មចក្កឲ្យប្រព្រឹត្តទៅជាដើម  ដរាបដល់ទ្រង់ប្រោសសុភទ្ទបរិព្វាជក ហើយទ្រង់បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ក្នុងពេលទៀបភ្លឺ ក្នុងថ្ងៃវិសាខបុណ្ណមី ត្រង់ចន្លោះដើមសាលព្រឹក្សទាំងគូ ក្នុងសាលវ័ន ដែលជាទីប្រពាតរបស់ស្ដេចមល្លៈទាំងឡាយ ជិតក្រុងកុសិនារា ព្រះមហាកស្សបមានអាយុ ដែលជាសង្ឃត្ថេរនៃភិក្ខុប្រមាណ ៧ សែនអង្គ ដែលប្រជុំគ្នាត្រង់ទីបរិនិព្វាននៃព្រះមានព្រះភាគ រឭកដល់ពាក្យដែលសុភទ្ទភិក្ខុបួសឯចាស់ពោល កាលព្រះមានព្រះភាគទ្រង់បរិនិព្វានហើយ បាន ៧ ថ្ងៃ ថា ម្នាលអាវុសោទាំងឡាយ ណ្ហើយអ្នកទាំងឡាយ កុំសោកសៅ កុំខ្សឹកខ្សួលឡើយ ពួកយើងនឹងបានរួចស្រឡះហើយ ព្រោះថា ពួកយើង មហាសមណៈនោះ តែងបៀតបៀនថា អំពើនេះគួរដល់អ្នក អំពើនេះមិនគួរដល់អ្នក ក៏ឥឡូវនេះ ពួកយើងនឹងប្រាថ្នាធ្វើនូវអំពើណា នឹងធ្វើអំពើនោះបាន មិនប្រាថ្នាធ្វើនូវអំពើណា នឹងមិនធ្វើអំពើនោះបាន ដូច្នេះ លោកពិចារណាឃើញថា ការប្រជុំសង្ឃមានចំនួនច្រើនដូច្នេះ អំណឹះតទៅ នឹងរកបានដោយក្រ ទើបត្រិះរិះថា ការដែលពួកភិក្ខុបាប នឹងគប្បីជាអ្នកសម្គាល់ថា បាវចនៈ មានព្រះសាស្ដាកន្លងទៅហើយដូច្នេះ បានបក្ខពួកហើយ គប្បីញ៉ាំងព្រះសទ្ធម្មឲ្យអន្ដរធានបាន មិនយូរឡើយ ក៏ដំណើរនេះ ជាឋានៈ (ហេតុ) ដែលនឹងមានជាប្រាកដ។ សេចក្ដីពិត ព្រះវិន័យតាំងនៅដរាបណា បាវចនៈនៅមានព្រះសាស្ដាមិនកន្លងទៅដរាបនោះ។ សេចក្ដីនេះ សមដូចព្រះតម្រាស់ដែលព្រះមានព្រះភាគត្រាស់ទុកថា

ម្នាលអានន្ទ ធម៌ណាក្ដី វិន័យណាក្ដី ដែលតថាគតសម្ដែងហើយ បញ្ញត្តហើយ ដល់អ្នកទាំងឡាយ លុះអំណឹះឥតអំពីតថាគតទៅ ធម៌និងវិន័យនោះ ជាគ្រូរបស់អ្នកទាំងឡាយ [បិ.១៦ ទំ.៣២១ ឃ.១៤១។] ដូច្នេះ។ បើដូច្នោះ យើងគប្បីសង្គាយនាព្រះធម៌និងព្រះវិន័យ ដែលជាហេតុឲ្យព្រះសាសនានេះ គប្បីតាំងនៅមាំអស់កាលយូរ។ ម្យ៉ាងទៀត ដោយហេតុដែលយើងជាអ្នកដែលព្រះមានព្រះភាគត្រាស់ថា កស្សប អ្នកនឹងទ្រទ្រង់សំពត់បង្សុកូលដែលធ្វើដោយធ្មៃរបស់តថាគត ដែលតថាគតប្រើប្រាស់ស្លៀកដណ្ដប់ហើយឬ ដូច្នេះ ហើយទ្រង់អនុគ្រោះដោយសាធារណបរិភោគក្នុងចីវរ និងដោយការទ្រង់លើកតម្កើងទុក ប្រៀបធៀបព្រះអង្គក្នុងឧត្តរិមនុស្សធម្ម មានអនុបុព្វវិហារ ៩ និងអភិញ្ញា ៦ ដោយន័យយ៉ាងនេះថា

ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់ បឋមជ្ឈានប្រកបដោយវិតក្កៈ វិចារៈ មានបីតិនិងសុខៈ ដែលកើតអំពីសេចក្ដីស្ងាត់នោះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកកស្សបប្រាថ្នាដរាបណា ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈានប្រកបដោយវិតក្កៈ វិចារៈ មានបីតិនិងសុខៈ ដែលកើតអំពីសេចក្ដីស្ងាត់នោះ ដរាបនោះដែរ [បិ.៣២ ទំ.១៤៩ ឃ.១៦៥។] ដូច្នេះជាដើម ភាពជាអ្នកមិនមានបំណុលដទៃណាមួយ នឹងមានដល់អាត្មាអញនោះ បាន ព្រះមានព្រះភាគទ្រង់ជ្រាបអាត្មាអញថា កស្សបនេះ នឹងជាអ្នកបន្តវង្សព្រះសទ្ធម្មរបស់តថាគត ដូច្នេះហើយ ទើបទ្រង់អនុគ្រោះដោយ អសាធារណានុគ្រោះនេះ ដូចព្រះរាជាទ្រង់ជ្រាបព្រះរាជឱរស ដែលនឹងបន្តវង្សត្រកូលរបស់ព្រះអង្គ ហើយទ្រង់អនុគ្រោះដោយប្រគល់គ្រឿងក្រោះ និងឥស្សរិយយសរបស់ព្រះអង្គដូច្នោះ មិនមែនឬ ដូច្នេះហើយ ទើបញ៉ាំងឧស្សាហៈឲ្យកើតដល់ភិក្ខុទាំងឡាយ ដើម្បីប្រារព្ធសង្គាយនាព្រះធម៌ព្រះវិន័យ ដូចដែលព្រះធម្មសង្គាហកាចារ្យពោលទុកថា

លំដាប់នោះ ព្រះមហាកស្សបមានអាយុហៅភិក្ខុទាំងឡាយមកថាម្នាលអាវុសោទាំងឡាយ សម័យមួយ ខ្ញុំគិតថា នឹងត្រាច់ទៅបិណ្ឌបាតក្នុងក្រុងបាវានេះ រួចហើយនឹងទៅកាន់ក្រុងកុសិនារា ហើយក៏ដើរទៅតាមផ្លូវឆ្ងាយជាមួយនឹងភិក្ខុសង្ឃជាច្រើន ចំនួន ៥០០ រូប [បិ.១១ ទំ.៣៥៦ ឃ.២៧៨។] ដូច្នេះជាដើម។

ខាងមុខអំពីនេះ ព្រះមហាកស្សបមានអាយុបានពោលថា

ម្នាលអាវុសោទាំងឡាយ ណ្ហើយចុះ យើងរាល់គ្នាសង្គាយនានូវធម៌និងវិន័យ តំណទៅមុខ អកុសលធម៌មុខជានឹងរុងរឿងឡើង កុសលធម៌មុខជានឹងសាបសូន្យទៅ សភាវៈមិនមែនជាវិន័យ មុខជានឹងរុងរឿងឡើង វិន័យមុខជានឹងសាបសូន្យទៅ តំណទៅមុខ ពួកបុគ្គលជាអធម្មវាទីនឹងមានកម្លាំងឡើង ពួកបុគ្គលជាធម្មវាទីនឹងថយកម្លាំងចុះ ពួកបុគ្គលជាអវិនយវាទី នឹងមានកម្លាំងឡើង ពួកបុគ្គលជាវិនយវាទី នឹងថយកម្លាំងចុះ [បិ.១១ ទំ.៣៥៨ ឃ.២៧៨។] ដូច្នេះ។

ភិក្ខុទាំងឡាយពោលថា បពិត្រព្រះថេរៈដ៏ចម្រើន បើដូច្នោះ សូមព្រះថេរៈជ្រើសរើសនូវភិក្ខុទាំងឡាយចុះ [បិ.១១ ទំ.៣៥៩ ឃ.២៧៩។]។

ព្រះថេរៈវៀរភិក្ខុដែលជាបុថុជ្ជន ព្រះសោតាបន្ន ព្រះសកទាគាមី ព្រះអនាគាមី និងព្រះខីណាស្រពសុក្ខវិបស្សកៈ ដែលទ្រទ្រង់ព្រះបរិយត្តិ គឺនវង្គសត្ថុសាសនៈទាំងអស់ចេញ ច្រើនរយ និងច្រើនពាន់ ជ្រើសរើសយកតែភិក្ខុជាព្រះខីណាស្រពចំនួន ៤៩៩ អង្គ ដែលទ្រទ្រង់ទុកនូវ ប្រភេទសព្វបរិយត្តិគឺព្រះត្រៃបិដក បានសម្រេចបដិសម្ភិទា មានអានុភាពច្រើន បែកធ្លាយក្នុងវិជ្ជា ៣ ជាដើម ដែលព្រះមានព្រះភាគទ្រង់លើកឡើងកាន់ឯតទគ្គៈដោយច្រើនប៉ុណ្ណោះ  ដែលព្រះធម្មសង្គាហកាចារ្យជ្រើសយក ទើបពោលពាក្យនេះថា ព្រះមហាកស្សបមានអាយុ ជ្រើសរើសនូវព្រះអរហន្តទាំងឡាយ បានចំនួន ៤៩៩ អង្គ [បិ.១១ ទំ.៣៥៩ ឃ.២៧៩។] ដូច្នេះជាដើម។

សួរថា ព្រះកស្សបត្ថេរធ្វើឲ្យខ្វះមួយអង្គ ដើម្បីបុគ្គលណា។

ឆ្លើយថា ដើម្បីឲ្យឱកាសដល់ព្រះអានន្ទត្ថេរ។ ពិតហើយ ការធ្វើសង្គាយនាព្រះធម៌ មិនអាចធ្វើ ទាំងរួម ទាំងបែក ចាកព្រះអានន្ទបាននោះទេ ព្រោះព្រះអានន្ទនោះ នៅជាព្រះសេក្ខៈ មានកិច្ចចាំបាច់ត្រូវធ្វើនៅឡើយ ដូច្នោះហើយ ទើបមិនអាចធ្វើរួមនឹងលោក តែព្រោះនវង្គសត្ថុសាសនៈ មានសុត្តៈ គេយ្យៈជាដើម ដែលព្រះទសពលសម្ដែងហើយ ឈ្មោះថា លោកមិនបានទទួលចំពោះព្រះភក្ត្រ របស់ព្រះមានព្រះភាគនោះ មិនមាន ព្រោះហេតុនោះ ទើបមិនអាចវៀរលោកបាន។

សួរថា កាលបើមិនអាចធ្វើយ៉ាងនោះបាន សូម្បីព្រះអានន្ទត្ថេរនៅជាព្រះសេក្ខៈនៅឡើយ ព្រះថេរៈក៏គួរជ្រើសរើស ព្រោះជាអ្នកមានឧបការៈច្រើន ដល់ការធ្វើសង្គាយនាព្រះធម៌ កាលមានសេចក្ដីចាំបាច់ត្រូវជ្រើសរើសយ៉ាងនោះ ហេតុអ្វី ទើបព្រះថេរៈមិនជ្រើសរើសលោក។

ឆ្លើយថា ព្រោះចៀសវាងពាក្យតិះដៀលរបស់អ្នកដទៃ។ សេចក្ដីពិត ព្រះថេរៈជាអ្នកស្និទ្ធស្នាលក្នុងព្រះអានន្ទមានអាយុយ៉ាងក្រៃលែង។ ពិតហើយ សូម្បីសក់ស្កូវហើយ ព្រះមហាកស្សបត្ថេរក៏នៅតែហៅព្រះអានន្ទមានអាយុនោះ ដោយប្រើកុមារវាទថា ព្រះអានន្ទនេះ នៅក្មេង មិនដឹងប្រមាណឡើយ [បិ.៣២ ទំ.១៦៦ ឃ.១៨៩។] ដូច្នេះ។

ម្យ៉ាងទៀត ព្រះអានន្ទនេះ ប្រសូតក្នុងសក្យត្រកូល ជាព្រះភាតារបស់ព្រះតថាគត ជាឱរសរបស់ព្រះបិតុលា ពិតមែន ភិក្ខុទាំងឡាយនឹងសម្គាល់ក្នុងព្រះមហាកស្សបត្ថេរនោះថា ដូចជាដល់នូវឆន្ទាគតិ នឹងគប្បីពោលតិះដៀលថា ព្រះថេរៈវៀរភិក្ខុទាំងឡាយ ដែលបានសម្រេចបដិសម្ភិទា ជាអសេក្ខៈចេញជាច្រើន បែរជាជ្រើសរើសយកព្រះអានន្ទដែលសម្រេចបដិសម្ភិទាជាសេក្ខៈទៅវិញ។ ព្រះថេរៈ កាលនឹងវៀរពាក្យតិះដៀលរបស់អ្នកដទៃនោះចេញ ទើបគិតថា ការធ្វើសង្គាយនា មិនអាចធ្វើបានឡើយ បើវៀរអានន្ទចេញ អញនឹងទទួលយកអានន្ទចូលផង តាមអនុម័តិរបស់ភិក្ខុទាំងឡាយប៉ុណ្ណោះ ទើបមិនបានជ្រើសរើសព្រះអានន្ទនោះឲ្យចូលរួម។

គ្រានោះ ទើបភិក្ខុទាំងឡាយនាំគ្នាអង្វរព្រះថេរៈដើម្បីឲ្យជ្រើសរើសព្រះអានន្ទដោយខ្លួនឯងនោះឯង សមដូចបុរាណាចារ្យពោលទុកថា

ភិក្ខុទាំងឡាយបាននិយាយពាក្យនេះ នឹងព្រះមហាកស្សបមានអាយុថា បពិត្រព្រះករុណាដ៏ចម្រើន ព្រះអានន្ទមានអាយុនេះ នៅជាសេក្ខបុគ្គលពិតមែន តែលោកមិនអាចនឹងលុះដោយឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិទេ ធម៌ក្ដី វិន័យក្ដី ព្រះអានន្ទនេះ បានសិក្សារៀនសូត្រក្នុងសម្នាក់ព្រះមានព្រះភាគជាច្រើន បពិត្រព្រះករុណាដ៏ចម្រើន បើដូច្នោះ សូមព្រះថេរៈជ្រើសរើសយកព្រះអានន្ទដ៏មានអាយុផង។ ទើបព្រះមហាកស្សបមានអាយុ ជ្រើសរើសយកព្រះអានន្ទមានអាយុបញ្ចូលផង [បិ.១១ ទំ.៣៥៩ ឃ.២៧៩។]។ រួមជាមួយភិក្ខុទាំងឡាយនោះ ដែលព្រះមហាកស្សបជ្រើសរើស តាមអនុម័តិរបស់ភិក្ខុទាំងឡាយ ទើបជាព្រះថេរៈ ៥០០ អង្គដោយប្រការដូច្នេះ។

លំដាប់នោះ ភិក្ខុទាំងឡាយដែលជាថេរៈ មានសេចក្ដីរិះគិតដូច្នេះថា យើងទាំងឡាយ គប្បីសង្គាយនាធម៌និងវិន័យក្នុងទីណាហ្ន៎។ គ្រានោះឯង ភិក្ខុទាំងឡាយដែលជាថេរៈ មានសេចក្ដីរិះគិតឃើញដូច្នេះថា នគររាជគ្រឹះ ជាស្រុកមានទីគោចរក៏ច្រើន មានសេនាសនៈក៏ច្រើន បើដូច្នោះ គួរតែយើងរាល់គ្នាទៅនៅចាំវស្សាក្នុងនគររាជគ្រឹះ ទើបអាចនឹងសង្គាយនានូវធម៌និងវិន័យបាន ចំណែកភិក្ខុទាំងឡាយឯទៀត កុំគប្បីចូលទៅនៅចាំវស្សាក្នុងនគររាជគ្រឹះឡើយ។

សួរថា ព្រោះហេតុអ្វី ទើបព្រះថេរៈទាំងនោះ ប្រឹក្សាព្រមព្រៀងគ្នាដូច្នោះ។

ឆ្លើយថា ព្រោះនឹងមានវិសភាគ បុគ្គលខ្លះចូលទៅកាន់កណ្ដាលជំនុំសង្ឃហើយ គប្បីជំទាស់ថាវរកម្មរបស់លោកបាន។ គ្រានោះ ទើបព្រះមហាកស្សបមានអាយុសូធ្យប្រកាសដោយញត្តិទុតិយកម្មវាចា។ ញត្តិទុតិយកម្មនោះ អ្នកសិក្សាគប្បីជ្រាបតាមន័យដែលលោកពោលទុកក្នុងសង្គីតិក្ខន្ធកៈនោះឯង។

គ្រានោះ ព្រះមហាកស្សបត្ថេរជ្រាបថា ចាប់តាំងពីថ្ងៃដែលព្រះតថាគតបរិនិព្វានមក កាលថ្ងៃសាធុកីឡា និងថ្ងៃបូជាព្រះធាតុកន្លងទៅបាន ៧ ថ្ងៃម្ដង ៗ ជាការកន្លងទៅហើយ កន្លះខែ ឥឡូវនេះ គិម្ហរដូវនៅសល់កន្លះខែ ជាតិថីដែលនឹងចូលវស្សា ក៏ជិតចូលមកហើយ ទើបពោលថា អ្នកមានអាយុទាំងឡាយ ពួកយើងទៅកាន់នគររាជគ្រឹះចុះ ហើយបាននាំយកភិក្ខុសង្ឃពាក់កណ្ដាលដើរទៅផ្លូវមួយ។ ព្រះអនុរុទ្ធត្ថេរក៏នាំយកភិក្ខុសង្ឃពាក់កណ្ដាល ដើរទៅផ្លូវមួយទៀត។ ព្រះអានន្ទត្ថេរកាន់យកបាត្រនិងចីវររបស់ព្រះមានព្រះភាគដែលមានភិក្ខុសង្ឃហែហម មានបំណងនឹងធ្វើដំណើរឆ្លងកាត់នគរសាវត្ថីទៅកាន់នគររាជគ្រឹះ ក៏ចារិកទៅតាមផ្លូវក្នុងនគរសាវត្ថី។

ក្នុងទីដែលព្រះអានន្ទទៅហើយៗ មានការស្រែកយំរៀបរាប់យ៉ាងច្រើនថា បពិត្រព្រះអានន្ទដ៏ចម្រើន លោកម្ចាស់ឃាត់ព្រះសាស្ដាទុកនៅឯណា ទើបមក។ កាលព្រះថេរៈទៅដល់ក្រុងសាវត្ថីដោយលំដាប់ មានការស្រែកទ្រហោយំរៀបរាប់យ៉ាងច្រើន ដូចក្នុងថ្ងៃដែលព្រះមានព្រះភាគស្ដេចបរិនិព្វាននោះឯង។

បានឮថា ក្នុងក្រុងសាវត្ថីនោះ ព្រះអានន្ទត្ថេរបានលួងលោមពន្យល់មហាជននោះ ឲ្យធូរស្រាលចិត្ត ដោយធម្មីកថា ដែលបដិសំយុត្តដោយត្រៃលក្ខណ៍ មានការមិនទៀងជាដើម ហើយចូលទៅកាន់វត្តជេតពន បើកទ្វារព្រះគន្ធកុដិដែលព្រះទសពលធ្លាប់គង់នៅ យកគ្រែនិងតាំងចេញមក គោះ វាយ បោសសម្អាតព្រះគន្ធកុដិ ប្រមូលសំរាមផ្កាឈើដែលស្ងួត ៗ យកទៅចោល ហើយនាំយកគ្រែ និងតាំងត្រឡប់ចូលទៅរៀបចំទុកក្នុងទីដើមវិញ បានធ្វើវត្តគ្រប់យ៉ាង ដែលគួរធ្វើ ដូចក្នុងកាលដែលព្រះមានព្រះភាគគង់ព្រះជន្មដូច្នោះ។

ក្នុងកាលនោះ ព្រះថេរៈព្រោះជាអ្នកច្រើនទៅដោយការឈរ និងការអង្គុយ តាំងអំពីកាលព្រះមានព្រះភាគបរិនិព្វានមក ដើម្បីជម្រះកាយដែលមានធាតុក្រាស់ឲ្យសប្បាយ ក្នុងថ្ងៃទី ២ ទើបអង្គុយឆាន់ថ្នាំបញ្ចុះដែលលាយដោយខីរៈនៅក្នុងវិហារនោះឯង ទើបមានពាក្យដែលព្រះថេរៈពោលចំពោះមាណព ដែលសុភមាណពបញ្ជូនទៅថា ម្នាលមាណព កាលនេះ មិនគួរ (នឹងទៅទេ) ដ្បិតថ្ងៃនេះ យើងបានឆាន់ថ្នាំខ្លះទៅហើយ បើដូច្នោះ ចាំយើងពិចារណា នូវកាលនិងសម័យសិន ហើយសឹមទៅក្នុងថ្ងៃស្អែក [បិ.១៥ ទំ.១៦១ ឃ.១១៨។] ដូច្នេះ។

ក្នុងថ្ងៃស្អែកឡើង ព្រះថេរៈមានព្រះចេតកត្ថេរជាបច្ឆាសមណៈ បានទៅ (កាន់លំនៅរបស់សុភមាណព) ត្រូវសុភមាណពសួរ ទើបសម្ដែងព្រះសូត្រទី ១០ ឈ្មោះសុភសូត្រ ក្នុងទីឃនិកាយ។

ក្នុងកាលនោះ ព្រះថេរៈបង្គាប់ឲ្យជាងធ្វើការជួសជុលទីកន្លែងដែលទ្រុឌទ្រោមក្នុងវត្តជេតពនហើយ កាលថ្ងៃវស្សូបនាយិកាជិតចូលមកដល់ បានទៅកាន់ក្រុងរាជគ្រឹះ។ សូម្បីព្រះមហាកស្សបត្ថេរនិងព្រះអនុរុទ្ធត្ថេរ ក៏បាននាំភិក្ខុសង្ឃទាំងអស់ទៅកាន់នគររាជគ្រឹះដូចគ្នា។

សម័យនោះឯង ក្នុងនគររាជគ្រឹះ មានមហាវិហារ ១៨ វិហារធំ ៗ ទាំងអស់នោះ ក៏ស្រកេកស្រកាកទៅដោយរបស់ដែលត្រូវចោលពាសពេញ (ដោយសំរាម) ពិតហើយ ពួកភិក្ខុទាំងអស់បាននាំគ្នាកាន់យកបាត្រ និងចីវររៀងៗខ្លួន លះបង់ចោលវិហារនិងបរិវេណ ទៅក្នុងទីដែលព្រះមានព្រះភាគបរិនិព្វាន ។ ព្រះថេរៈទាំងឡាយនៅក្នុងវិហារទាំងនោះ ដើម្បីនឹងបូជាព្រះតម្រាស់របស់ព្រះមានព្រះភាគ និងដើម្បីដោះវាទៈរបស់ពួកតិរ្ថិយ ទើបគិតគ្នាថា មួយខែដំបូងនេះ ពួកយើងនឹងធ្វើការជួសជុលវិហារដែលបាក់បែក។ ឯពួកតិរ្ថិយទាំងឡាយ គប្បីពោលថា ពួកសាវ័ករបស់ព្រះសមណគោតម កាលព្រះសាស្ដាទ្រង់នៅមានព្រះជន្មប៉ុណ្ណោះ ទើបថែទាំវិហារ កាលព្រះសាស្ដាបរិនិព្វានហើយ ក៏នាំគ្នាលះបង់ចោលអស់។ លោកពោលអធិប្បាយទុកថា ដើម្បីនឹងដោះនូវវាទរបស់ពួកតិរ្ថិយទាំងនោះ ទើបព្រះថេរៈទាំងឡាយ បានគិតគ្នាយ៉ាងនោះ។ សេចក្ដីនេះ សមដូចព្រះធម្មសង្គាហកាចារ្យពោលទុកថា ទើបភិក្ខុទាំងឡាយជាថេរៈ មានសេចក្ដីរិះគិតដូច្នេះថា ម្នាលអាវុសោ បដិសង្ខរណកម្ម គឺការជួសជុលសេនាសនៈ ដែលដាច់ដាចធ្លុះធ្លាយ ព្រះមានព្រះភាគទ្រង់សរសើរហើយ ម្នាលអាវុសោ បើដូច្នោះ គួរតែយើងរាល់គ្នាជួសជុលសេនាសនៈ ដែលដាច់ដាចធ្លុះធ្លាយ អស់ខែមួយជាដំបូងសិន ដល់មកខែកណ្ដាល យើងនឹងប្រជុំគ្នាសង្គាយនានូវធម៌និង វិន័យ [បិ.១១ ទំ.៣៦១ ឃ.២៨០។] ដូច្នេះ។

ក្នុងថ្ងៃទី ២ ព្រះថេរៈទាំងនោះ បានទៅឈរត្រង់ទ្វារព្រះរាជវាំង។ ព្រះបាទអជាតសត្តុ ស្ដេចយាងមកថ្វាយបង្គំ ហើយត្រាស់សួរថា បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់ទាំងឡាយនាំគ្នាមកដោយហេតុដូចម្ដេច ហើយត្រាស់សួរដល់កិច្ចដែលទ្រង់គួរធ្វើ។ ព្រះថេរៈទាំងឡាយ បានប្រាប់ហត្ថកម្ម ដើម្បីប្រយោជន៍ដល់ការជួសជុលមហាវិហារទាំង ១៨ កន្លែង។ ព្រះរាជាទ្រង់ទទួលថា សាធុលោកម្ចាស់ ហើយបានប្រគេនពួកមនុស្សអ្នកធ្វើហត្ថកម្ម។ ព្រះថេរៈទាំងឡាយប្រាប់ឲ្យជួសជុលវិហារទាំងអស់ សម្រេចក្នុងមួយខែដំបូងប៉ុណ្ណោះ ហើយប្រាប់ឲ្យព្រះរាជាទ្រង់ជ្រាបថា សូមថ្វាយព្រះពរមហាបពិត្រ ការជួសជុលវិហារសម្រេចអស់ហើយ ឥឡូវនេះ អាត្មាភាពទាំងឡាយ នឹងធ្វើសង្គាយនាព្រះធម៌និងព្រះវិន័យ។

ព្រះរាជាត្រាស់ថា សាធុ លោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ទាំងឡាយ កុំសន្ទិះសង្ស័យ ធ្វើចុះ អាណាចក្ក សូមទុកជាភារៈរបស់ខ្ញុំ ធម្មចក្ក សូមជាភារៈរបស់លោកម្ចាស់ទាំងឡាយ សូមលោកម្ចាស់ប្រើខ្ញុំចុះ លោកម្ចាស់នឹងឲ្យខ្ញុំធ្វើអ្វី។ ព្រះថេរៈពោលថា សូមថ្វាយព្រះពរមហាបពិត្រ សូមព្រះអង្គឲ្យធ្វើទីកន្លែងអង្គុយប្រជុំ សម្រាប់ភិក្ខុទាំងឡាយដែលធ្វើសង្គាយនា។

ព្រះរាជាត្រាស់សួរថា បពិត្រលោកម្ចាស់ តើឲ្យខ្ញុំធ្វើក្នុងទីណា។

ព្រះថេរៈពោលថា  សូមថ្វាយព្រះពរមហាបពិត្រ គួរធ្វើត្រង់ទ្វារល្អាងសត្តបណ្ណគុហា នាភ្នំវេភារៈ។

ព្រះបាទអជាតសត្តុត្រាស់ថា សាធុលោកម្ចាស់ ហើយត្រាស់ឲ្យសាងមណ្ឌប មានគ្រឿងប្រដាប់ដែលជាសារៈ ដែលគួរទស្សនា ដូចទីកន្លែងដែលវិស្សកម្មទេវបុត្តនិម្មិតទុក មានជញ្ជាំង សសរ និងជណ្ដើរ ដែលជាងរៀបចំទុកដោយល្អ វិចិត្រដោយមាលាកម្ម និងលតាកម្ម មានប្រភេទផ្សេង ៗ ហាក់ដូចជាគ្របសង្កត់នូវសម្បត្តិនៃរាជមណ្ឌបរបស់ព្រះមហាក្សត្របាត់អស់ គួរនាដូចសិរីទេវវិមាន ដូចជាស្ថានជាទីអាស្រ័យនៅនៃសិរី ដូចកំពង់ជាទីប្រជុំដ៏កំពូលរបស់ពួកវិហង្គៈ គឺភ្នែកនៃទេវតានិងមនុស្ស និងដូចរមណីយដ្ឋានក្នុងលោក ដែលគេចាត់ចែងសព្វគ្រប់ ការរចនាមណ្ឌបនោះ ដូចជាវិមានព្រហ្ម មានពិដានស្រស់ស្អាត រុងរឿងដូចកម្រងផ្កាកុសុមៈ ដែលរេរាំសំយុងចុះ មានប្រភេទផ្សេងៗ វិចិត្រដោយផ្កាឈើ និងគ្រឿងបូជាផ្សេងៗ មានការងារដែលគួរធ្វើ ត្រង់ផ្ទៃដីខាងក្រោម សម្រេចរៀបរយល្អហើយ ដូចជាមានផ្ទៃដីក្រាលពេញដោយកែវមណី ដ៏វិចិត្រដោយរតនៈដូច្នោះ ខាងក្នុងមហាមណ្ឌបនោះ ទ្រង់ត្រាស់ឲ្យក្រាលកម្រាលដែលជាកប្បិយៈ ៥០០ ដែលគណនាតម្លៃមិនបាន សម្រាប់ភិក្ខុ ៥០០ អង្គ ហើយឲ្យក្រាលថេរាសនៈដែលមានបង្អែកនាទិសទក្សិណ បែរមុខទៅទិសឧត្តរ ត្រង់កណ្ដាលមណ្ឌប ឲ្យតាំងធម្មាសនៈដែលគួរជាទីគង់ប្រថាប់របស់ព្រះមានព្រះភាគ បែរមុខទៅទិសបូព៌ និងទ្រង់ឲ្យតម្កល់ផ្លិតវាលវីជនីដ៏វិចិត្រដោយភ្លុក ទុកលើធម្មាសនៈនោះ ហើយប្រាប់ឲ្យប្រកាសដល់ភិក្ខុសង្ឃថា បពិត្រលោកម្ចាស់ដ៏ចម្រើន  កិច្ចរបស់ខ្ញុំសម្រេចហើយ ដូច្នេះ។

ពួកភិក្ខុបានពោលនឹងព្រះអានន្ទថា អាវុសោ ការប្រជុំនឹងមានក្នុងថ្ងៃស្អែក តែលោកនៅជាសេក្ខបុគ្គលនៅឡើយ ព្រោះហេតុនោះ លោក មិនគួរទៅកាន់ទីប្រជុំ លោកចូរជាអ្នកមិនប្រមាទចុះ ដូច្នេះ។

គ្រានោះឯង ព្រះអានន្ទត្រិះរិះថា ការប្រជុំនឹងមានក្នុងថ្ងៃស្អែក ឯការដែលអញនៅជាសេក្ខៈនេះ គប្បីទៅកាន់ទីប្រជុំនោះ មិនសមគួរដល់អញឡើយ ហើយបានសម្រាកនៅដោយកាយគតាសតិ រហូតដល់យប់ជ្រៅនោះឯង ក្នុងពេលជិតភ្លឺ ក៏ចុះអំពីទីចង្រ្កម ហើយចូលទៅកាន់វិហារ (កុដិ) គិតថា នឹងសឹង ក៏បានទម្រេតកាយចុះ។ ជើងទាំងពីរផុតអំពីផែនដី តែសីសៈមិនទាន់ដល់ខ្នើយ ក្នុងចន្លោះឥរិយាបថនោះ ចិត្តក៏ផុតអំពីអាសវៈទាំងឡាយ មិនប្រកាន់មាំដោយឧបាទាន។ ពិតហើយ ព្រះអានន្ទនេះ សម្រាកនៅហើយខាងក្រៅដោយការចង្រ្កម កាលមិនអាចនឹងញ៉ាំងគុណវិសេសឲ្យកើតឡើងបាន ទើបគិតថា ព្រះមានព្រះភាគបានត្រាស់ពាក្យនេះដល់អញ មិនមែនឬ ថា ម្នាលអានន្ទ ខ្លួនអ្នកជាបុគ្គលបានធ្វើបុណ្យទុកហើយ ចូរប្រកបព្យាយាមរឿយៗចុះ នឹងបានជាបុគ្គលមិនមានអាសវៈដោយឆាប់ [បិ.១៦ ទំ.៣០២ ឃ.១៣៥។] ដូច្នេះ ជាធម្មតា ទោសនៃព្រះតម្រាស់របស់ព្រះពុទ្ធទាំងឡាយ មិនមាន អាត្មាអញប្រារព្ធសេចក្ដីព្យាយាមច្រើនពេកណាស់ ព្រោះហេតុនោះ ទើបចិត្តរបស់អាត្មាអញ ប្រព្រឹត្តទៅដើម្បីសេចក្ដីរាយមាយ ណ្ហើយចុះ អញនឹងប្រកបសេចក្ដីព្យាយាមឲ្យស្មើ ដូច្នេះ ទើបចុះពីទីចង្រ្កម ឈរលាងជើងក្នុងទីសម្រាប់លាងជើង ហើយចូលទៅកាន់វិហារ គង់លើគ្រែ ត្រិះរិះថា នឹងសម្រាកមួយភ្លែត ក៏បានទម្រេតកាយទៅលើគ្រែ។ ជើងទាំងពីរផុតអំពីផែនដី ក្បាលមិនទាន់ដល់ខ្នើយ ក្នុងចន្លោះឥរិយាបថនេះ ចិត្តក៏ផុតអំពីអាសវៈទាំងឡាយ មិនប្រកាន់មាំដោយឧបាទាន។ ភាពជាព្រះអរហន្តរបស់ព្រះថេរៈ វៀរចាកឥរិយាបថ ៤។ ព្រោះហេតុនោះ បើមានអ្នកណាសួរថា ក្នុងសាសនានេះ ភិក្ខុអង្គណា មិនដេក មិនអង្គុយ មិនឈរ មិនចង្ក្រម បានសម្រេចអរហត្ត គប្បីឆ្លើយថា ព្រះអានន្ទត្ថេរ ក៏គួរ។

គ្រានោះ ក្នុងថ្ងៃទី ២ ភិក្ខុជាថេរៈទាំងឡាយ ធ្វើភត្តកិច្ចស្រេច ទុក ដាក់បាត្រនិងចីវរហើយ ទៅប្រជុំគ្នាក្នុងធម្មសភា។ ឯព្រះអានន្ទត្ថេរមានបំណងនឹងឲ្យអ្នកដទៃដឹង អំពីការសម្រេចភាពជាព្រះអរហន្តរបស់ខ្លួន ទើបមិនបានទៅព្រមនឹងភិក្ខុទាំងឡាយឡើយ ភិក្ខុទាំងឡាយ កាលអង្គុយលើអាសនៈរបស់ខ្លួនតាមលំដាប់វស្សា បានអង្គុយវៀរអាសនៈទុកសម្រាប់ព្រះអានន្ទត្ថេរ។ កាលភិក្ខុពួកខ្លះក្នុងធម្មសភានោះសួរថា នុ៎ះអាសនៈរបស់ភិក្ខុណា ភិក្ខុទាំងឡាយឆ្លើយថា របស់ព្រះអានន្ទ ភិក្ខុទាំងឡាយសួរថា ចុះព្រះអានន្ទទៅណាហ្ន៎ ក្នុងសម័យនោះ ព្រះថេរៈគិតថា ឥឡូវនេះ ជាកាលដែលអញគួរទៅ។ ក្នុងលំដាប់នោះ កាលនឹងសម្ដែងអានុភាពរបស់ខ្លួន ទើបមុជចុះក្នុងផែនដី ហើយបង្ហាញខ្លួនលើអាសនៈរបស់ខ្លួននោះឯង។ អាចារ្យពួកខ្លះពោលថា មកតាមអាកាស ហើយអង្គុយ ក៏មាន។

កាលព្រះអានន្ទមានអាយុនោះ អង្គុយហើយយ៉ាងនេះ ទើបព្រះមហាកស្សបត្ថេរប្រឹក្សាជាមួយភិក្ខុទាំងឡាយថា អ្នកមានអាយុទាំងឡាយ ពួកយើងនឹងសង្គាយនាអ្វីមុន ព្រះធម៌ឬព្រះវិន័យ។

ភិក្ខុទាំងឡាយឆ្លើយថា បពិត្រលោកម្ចាស់មហាកស្សប ធម្មតាព្រះវិន័យជាអាយុរបស់ព្រះពុទ្ធសាសនា កាលព្រះវិន័យតាំងនៅ ព្រះពុទ្ធសាសនារាប់ថា តាំងនៅ ព្រោះហេតុនោះ ពួកយើងនឹងសង្គាយនាព្រះវិន័យមុន។

ព្រះមហាកស្សបសួរថា នឹងឲ្យធុរៈទៅអ្នកណា។

ភិក្ខុទាំងឡាយពោលថា ឲ្យឧបាលិមានអាយុ។

សួរថា ព្រះអានន្ទមិនអាចឬ។

ឆ្លើយថា មិនមែនមិនអាចទេ។ ម្យ៉ាងទៀត កាលព្រះសម្មាសម្ពុទ្ធគង់ព្រះជន្មនៅនោះឯង ទ្រង់អាស្រ័យវិនយបរិយត្តិ ទើបតាំងព្រះឧបាលិ ទុកក្នុងឯតទគ្គៈថា ម្នាលភិក្ខុទាំងឡាយ បណ្ដាពួកភិក្ខុអ្នកទ្រទ្រង់វិន័យ ដែលជាសាវ័ករបស់តថាគត ស្រេចនឹងឧបាលិ ប្រសើរជាងគេ [បិ.៤០ ទំ.៥៥ ឃ.១៤៩។] ដូច្នេះ ព្រោះហេតុនោះ ទើបភិក្ខុទាំងឡាយប្រឹក្សាគ្នាថា ពួកយើងនឹងសួរព្រះឧបាលិត្ថេរ សង្គាយនាព្រះវិន័យ ដូច្នេះ ។

លំដាប់នោះ ព្រះថេរៈក៏បានសន្មតខ្លួនឯង ដើម្បីសួរនូវព្រះវិន័យ។ ឯព្រះឧបាលិត្ថេរក៏បានសន្មតខ្លួន ដើម្បីប្រយោជន៍ដល់ការវិសជ្ជនា។

ក្នុងការសន្មតនោះ មានក្នុងព្រះបាលីដូចតទៅនេះថា

គ្រានោះឯង ព្រះមហាកស្សបមានអាយុ បានប្រកាសសង្ឃឲ្យដឹងថា ម្នាលអាវុសោ សង្ឃចូរស្ដាប់ខ្ញុំ បើសង្គីតិកម្មនេះ មានកាលគួរដល់សង្ឃហើយ ខ្ញុំគប្បីសួរវិន័យនឹងព្រះឧបាលិ។ ព្រះឧបាលិមានអាយុបានប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្ដាប់ខ្ញុំ បើសង្គីតិកម្មនេះ មានកាលគួរដល់សង្ឃហើយ ព្រះមហាកស្សបមានអាយុត្រូវសួរព្រះវិន័យចំពោះខ្ញុំ ខ្ញុំក៏ត្រូវដោះស្រាយ (ក្នុងកាលឥឡូវនេះ) [បិ.១១ ទំ.៣៦២ ឃ.២៨២។] ដូច្នេះ។

ព្រះឧបាលិ កាលសន្មតខ្លួនហើយ ក៏ក្រោកឡើងអំពីអាសនៈ ដណ្ដប់ចីវរឆៀងស្មាម្ខាង ថ្វាយបង្គំព្រះថេរៈទាំងឡាយហើយ គង់លើធម្មាសនៈ ចាប់ផ្លិតវាលវីជនីដ៏វិចិត្រដោយភ្លុក។ គ្រានោះ ព្រះមហាកស្សបគង់លើថេរាសនៈហើយ  សួរព្រះវិន័យនឹងព្រះឧបាលិមានអាយុ (ដែលមានក្នុងព្រះបាលី) ថា

ម្នាលឧបាលិមានអាយុ បឋមបារាជិកសិក្ខាបទ ព្រះមានព្រះភាគទ្រង់បញ្ញត្តក្នុងទីណា។ ព្រះឧបាលិឆ្លើយថា ក្នុងនគរវេសាលី លោកម្ចាស់។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងសុទិន្នភិក្ខុ ជាកូននៃកលន្ទសេដ្ឋី។ ព្រោះវត្ថុអ្វី។ ព្រោះសេពមេថុនធម្ម។ លំដាប់នោះឯង ព្រះមហាកស្សបមានអាយុ សួរវត្ថុផង សួរនិទានផង សួរបុគ្គលផង សួរបញ្ញត្តិផង សួរអនុប្បញ្ញត្តិផង សួរអាបត្តិផង សួរអនាបត្តិផង នៃបឋមបារាជិកសិក្ខាបទ ចំពោះព្រះឧបាលិមានអាយុ [បិ.១១ ទំ.៣៦២ ឃ.២៨២។]។ ព្រះមហាកស្សបមានអាយុ សួរវត្ថុផង។ បេ។ សួរអនាបត្តិផង នៃបឋមបារាជិកសិក្ខាបទយ៉ាងណា ក៏សួរវត្ថុផង។ បេ។ សួរអនាបត្តិផង នៃទុតិយបារាជិក ក៏យ៉ាងនោះ សួរវត្ថុផង។ បេ។ សួរអនាបត្តិផង នៃតតិយបារាជិកសិក្ខាបទ ក៏យ៉ាងនោះ សួរវត្ថុផង។ បេ។ សួរអនាបត្តិផង នៃចតុត្ថបារាជិកសិក្ខាបទ ក៏យ៉ាងនោះដែរ។ ព្រះឧបាលិមានអាយុ កាលបើព្រះមហាកស្សបត្ថេរសួរ (ព្រះវិន័យបិដក) សព្វគ្រប់ហើយ ក៏បានដោះស្រាយសព្វគ្រប់។

លំដាប់នោះ ព្រះថេរៈទាំងឡាយបានលើកបារាជិក ៤ ឡើងកាន់សង្គហៈថា នេះឈ្មោះបារាជិកកណ្ឌ ហើយបានរៀបចំសង្ឃាទិសេស ១៣ ទុកថា តេរសកណ្ឌ រៀបចំសិក្ខាបទ ២ ទុកថា អនិយតៈ រៀបចំសិក្ខាបទ ៣០ ទុកថា និស្សគ្គិយបាចិត្តិយៈ រៀបចំសិក្ខាបទ ៩២ ទុកថា បាចិត្តិយៈ រៀបចំសិក្ខាបទ ៤ ទុកថា បាដិទេសនីយៈ រៀបចំសិក្ខាបទ ៧៥ ទុកថា សេក្ខិយៈ រៀបចំធម៌ ៧ ប្រការទុកថា អធិករណសមថៈ ដូច្នេះ។

លុះព្រះថេរៈទាំងឡាយ លើកមហាវិភង្គឡើងកាន់សង្គហៈយ៉ាងនេះហើយ ទើបរៀបចំសិក្ខាបទ ៨ ក្នុងភិក្ខុនីវិភង្គទុកថា នេះឈ្មោះបារាជិកកណ្ឌ រៀបចំសិក្ខាបទ ១៧ ទុកថា សត្តរសកណ្ឌ រៀបចំសិក្ខាបទ ៣០ ទុកថា និស្សគ្គិយបាចិត្តិយៈ រៀបចំសិក្ខាបទ ១៦៦ ទុកថា បាចិត្តិយៈ រៀបចំសិក្ខាបទ ៨ ទុកថា បាដិទេសនីយៈ រៀបចំសិក្ខាបទ ៧៥ ទុកថា សេក្ខិយៈ រៀបចំធម៌ ៧ ប្រការទុកថា អធិករណសមថៈ ដូច្នេះ។

ព្រះថេរៈទាំងឡាយ កាលលើកភិក្ខុនីវិភង្គឡើងកាន់សង្គហៈយ៉ាងនេះហើយ ទើបលើកនូវខន្ធកៈ និងបរិវារៈ (ឡើងកាន់សង្គាយនា) ដោយឧបាយនោះឯង។ ព្រះវិន័យបិដក ព្រមទាំងឧភតោវិភង្គក្ខន្ធកៈ និងបរិវារៈនេះ ព្រះថេរៈទាំងឡាយ លើកឡើងកាន់សង្គហៈហើយ ដោយប្រការដូច្នេះ។

ព្រះមហាកស្សបត្ថេរបានសួរវិនយបិដកទាំងអស់ ព្រះឧបាលិត្ថេរ ក៏បានវិសជ្ជនាហើយ។ ក្នុងទីបំផុតនៃការបុច្ឆានិងវិសជ្ជនា ព្រះអរហន្តចំនួន ៥០០ អង្គ បានធ្វើការស្វាធ្យាយជាគណៈ ដោយន័យដែលលើកឡើងកាន់សង្គហៈនោះឯង។ ក្នុងអវសាននៃការធ្វើសង្គាយនាព្រះវិន័យ ព្រះឧបាលិត្ថេរដាក់ផ្លិតវាលវីជនីដែលវិចិត្រដោយភ្លុកហើយ ចុះពីធម្មាសនៈ ថ្វាយបង្គំព្រះថេរៈទាំងឡាយ ហើយគង់លើអាសនៈរបស់ខ្លួន។

ព្រះមហាកស្សប កាលសង្គាយនាព្រះវិន័យហើយ មានបំណងនឹងសង្គាយនាព្រះធម៌ ទើបសួរភិក្ខុទាំងឡាយថា កាលពួកយើងសង្គាយនាព្រះធម៌ គួរធ្វើឲ្យជាធុរៈរបស់ភិក្ខុអង្គណា។

ភិក្ខុទាំងឡាយឆ្លើយថា បពិត្រលោកម្ចាស់ ឲ្យព្រះអានន្ទត្ថេរ។

ឰដ៏កាលនោះ ព្រះមហាកស្សបមានអាយុ បានប្រកាសសង្ឃឲ្យដឹងថា ម្នាលអាវុសោ សង្ឃចូរស្ដាប់ខ្ញុំ បើសង្គីតិកម្មមានកាលគួរដល់ សង្ឃហើយ ខ្ញុំគប្បីសួរនូវធម៌ចំពោះព្រះអានន្ទ។ ព្រះអានន្ទមានអាយុបានប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្ដាប់ខ្ញុំ បើសង្គីតិកម្មមានកាលគួរដល់សង្ឃហើយ ព្រះមហាកស្សបមានអាយុនឹងសួរធម៌ចំពោះខ្ញុំ ខ្ញុំគប្បីដោះស្រាយក្នុងកាលឥឡូវនេះ [បិ.១១ ទំ.៣៦៤ ឃ.២៨៣។] ដូច្នេះ។

គ្រានោះ ព្រះមហាកស្សបមានអាយុ សួរនិទានផង សួរបុគ្គលផង នៃព្រហ្មជាលសូត្រ ចំពោះព្រះអានន្ទដ៏មានអាយុ [បិ.១១ ទំ.៣៦៤ ឃ.២៨៣។]។ ហើយសួរនូវនិកាយ [ពាក្យថា និកាយទាំង ៥ គឺទីឃនិកាយ ១ មជ្ឈិមនិកាយ ១ សំយុត្តនិកាយ ១ អង្គុត្តរនិកាយ ១ ខុទ្ទកនិកាយ ១  បណ្ដានិកាយទាំងនោះ ព្រះវិន័យនិងព្រះអភិធម្ម  លោកសង្គ្រោះចូលក្នុងខុទ្ទកនិកាយ ដូច្នេះ។] ទាំង ៥ ដោយឧបាយនេះឯង [បិ.១១ ទំ.៣៦៥ ឃ.២៨៣។] ។

ធម៌និងវិន័យដែលប្រាកដនៅក្នុងព្រះត្រៃបិដក បានចងក្រង ៧ ខែ ទើបចប់ ដោយប្រការដូច្នេះ។

ក្នុងវេលាចប់ការចងក្រងពុទ្ធវចនៈនោះ មហាប្រឹថពីនេះ ហាក់ដូចជាកើតសេចក្ដីត្រេកអរ ឲ្យសាធុការថា ព្រះមហាកស្សបត្ថេរធ្វើសាសនារបស់ព្រះទសពលនេះ ឲ្យអាចប្រព្រឹត្តទៅបានអស់កាលប្រមាណ ៥០០០ ព្រះវស្សា ដូច្នេះ ក៏ញាប់ញ័រ រញ្ជួយខ្ទរខ្ទារជាអនេកប្បការ រហូតដល់ទឹកទ្រផែនដីជាទីបំផុត ភាពអស្ចារ្យទាំងឡាយជាច្រើន បានប្រាកដមានហើយ ដោយប្រការដូច្នេះ។

សង្គីតិណាក្នុងលោក លោកហៅថា បញ្ចសតាសង្គីតិ ព្រោះព្រះធម្មសង្គាហកត្ថេរ ៥០០ អង្គធ្វើ និងហៅថា ថេរិកាសង្គីតិ ព្រោះព្រះថេរៈទាំងឡាយនោះ ធ្វើហើយ សង្គីតិនេះ ឈ្មោះថា បឋមមហាសង្គីតិ ដោយប្រការដូច្នេះ។

ព្រះវិនយបិដកនេះ ព្រះឧបាលិត្ថេរទ្រទ្រង់ទុកចំពោះព្រះភក្រ្តរបស់ព្រះមានព្រះភាគជាខាងដើម មុនគេ។ កាលព្រះតថាគតមិនទាន់បរិនិព្វាននោះឯង ភិក្ខុច្រើនពាន់អង្គ ដែលបានអភិញ្ញា ៦ ទ្រទ្រង់ចាំទុកតអំពីព្រះឧបាលិត្ថេរនោះ កាលព្រះតថាគតបរិនិព្វានហើយ ព្រះធម្មសង្គាហកត្ថេរទាំងឡាយ មានព្រះមហាកស្សបជាប្រធាន ក៏ទ្រទ្រង់ចាំទុកតមក។

ក្នុងជម្ពូទ្វីប ព្រះវិន័យនេះ នាំបន្តមកដោយលំដាប់នៃអាចារ្យ ចាប់ ផ្ដើមអំពីព្រះឧបាលិត្ថេរ រហូតដល់សង្គាយនាលើកទី ៣។ ក្នុងជម្ពូទ្វីបនោះ  មានលំដាប់អាចារ្យដូចតទៅនេះ

ព្រះថេរៈ ៥ អង្គ គឺព្រះឧបាលិ ១ ព្រះទាសកៈ ១ ព្រះសោណកៈ ១ ព្រះសិគ្គវៈ ១ ព្រះមោគ្គលីបុត្តតិស្សត្ថេរ ១ ជាអ្នកមានជ័យជម្នះដ៏វិសេស។ បាននាំព្រះវិន័យមកដោយលំដាប់ មិនឲ្យដាច់ខ្សែក្នុងសិរីជម្ពូទ្វីប រហូតដល់សង្គាយនាលើកទី ៣។

សេចក្ដីពិស្ដារថា ព្រះឧបាលិត្ថេររៀនយកវង្សបែបផែនបវេណីព្រះវិន័យចំពោះព្រះភក្រ្តព្រះមានព្រះភាគ ហើយឲ្យតាំងនៅក្នុងហទយៈរបស់ភិក្ខុដ៏ច្រើន។ ពិតហើយ បណ្ដាបុគ្គលអ្នករៀនយកវិនយវង្សក្នុងសម្នាក់របស់លោកនោះហើយ ដល់នូវភាពជាបុគ្គលឈ្លាសអង់អាចក្នុងព្រះវិន័យ បុគ្គលដែលជាបុថុជ្ជន ព្រះសោតាបន្ន ព្រះសកទាគាមី និងព្រះអនាគាមី រាប់មិនអស់ ដែលជាព្រះខីណាស្រពមានចំនួន ១ ពាន់អង្គ។

ចំណែកព្រះទាសកត្ថេរ ជាសទ្ធិវិហារិករបស់ព្រះឧបាលិត្ថេរនោះឯង លោកបានរៀនយក (ព្រះវិន័យ) តអំពីព្រះឧបាលិត្ថេរ ហើយក៏បង្រៀនព្រះវិន័យ (ដល់ភិក្ខុជាច្រើន) យ៉ាងនេះ។ បុថុជ្ជនជាដើម រៀនយកព្រះវិន័យ ក្នុងសម្នាក់របស់ព្រះថេរៈនោះ ហើយដល់នូវភាពជាបុគ្គលឈ្លាសអង់អាចក្នុងព្រះវិន័យ រាប់មិនអស់ ដែលជាព្រះខីណាស្រព មានចំនួនដល់ទៅ ១ ពាន់អង្គ។

ចំណែកព្រះសោណកត្ថេរ ជាសទ្ធិវិហារិករបស់ព្រះទាសកត្ថេរ លោកក៏រៀនយក (ព្រះវិន័យ) បន្តអំពីព្រះទាសកត្ថេរដែលជាឧបជ្ឈាយ៍របស់ខ្លួន ហើយក៏បង្រៀនព្រះវិន័យ (ដល់ភិក្ខុដ៏ច្រើន) យ៉ាងនោះ។ បុថុជ្ជនជាដើម ដែលរៀនយក (ព្រះវិន័យ) ក្នុងសម្នាក់របស់ព្រះថេរៈនោះ ហើយដល់នូវភាពជាអ្នកឈ្លាសក្នុងព្រះវិន័យ រាប់មិនអស់ ដែលជាព្រះខីណាស្រព មានចំនួនដល់ទៅ ១ ពាន់អង្គដូចគ្នា។

ចំណែកព្រះសិគ្គវត្ថេរជាសទ្ធិវិហារិករបស់ព្រះសោណកត្ថេរ រៀនយកព្រះវិន័យក្នុងសម្នាក់របស់ព្រះថេរៈ ហើយបានជាអ្នកទទួលធុរៈរបស់ព្រះអរហន្ត ១ ពាន់អង្គ។ ម្យ៉ាងទៀត បុថុជ្ជន ព្រះសោតាបន្ន ព្រះសកទាគាមីនិងព្រះអនាគាមីក្ដី ព្រះខីណាស្រពក្ដី ដែលរៀនយក (ព្រះវិន័យ) ក្នុងសម្នាក់ព្រះថេរៈអង្គនោះ ហើយដល់នូវភាពជាបុគ្គលឈ្លាសអង់អាចក្នុងព្រះវិន័យ ក៏កំណត់មិនបានថា ប៉ុណ្ណេះរយ ឬប៉ុណ្ណេះពាន់ឡើយ។ បានឮថា វេលានោះ ក្នុងជម្ពូទ្វីបមានការប្រជុំភិក្ខុយ៉ាងច្រើន។ អានុភាពរបស់ព្រះមោគ្គលីបុត្តតិស្សត្ថេរនោះ នឹងមានប្រាកដច្បាស់ក្នុងតតិយសង្គាយនា ។ ព្រះវិនយបិដកនេះ គប្បីជ្រាបថា ក្នុងជម្ពូទ្វីបនាំបន្តគ្នាមកដោយលំដាប់នៃអាចារ្យនេះ ដរាបដល់សង្គាយនាលើកទី ៣ ដោយប្រការដូច្នេះ។

ថ្ងៃមួយ ក្នុងថ្ងៃឧបោសថ ពេលសម្ដែងបាតិមោក្ខ ព្រះឧបាលិត្ថេរ កាលឲ្យឱវាទដល់ភិក្ខុទាំងឡាយ ទើបពោលគាថា ៣ ថា

សទ្ធាយ អភិនិក្ខម្ម នវបព្វជិតោ នវោ

មិត្តេ ភជេយ្យ កល្យាណេ សុទ្ធាជីវេ អតន្ទិតេ។

កុលបុត្តចេញ (ចាកឃរាវាស) ដោយសទ្ធាហើយ បួសថ្មី ជានវភិក្ខុ គប្បីគប់រកកល្យាណមិត្តទាំងឡាយ ដែលជាអ្នកមានការចិញ្ចឹមជីវិតដោយបរិសុទ្ធ អ្នកមិនខ្ជិលច្រអូស។

សទ្ធាយ អភិនិក្ខម្ម នវបព្វជិតោ នវោ

សង្ឃស្មឹ វិហរំ ភិក្ខុ សិក្ខេថ វិនយំ ពុធោ។

កុលបុត្តចេញ (ចាកឃរាវាស) ដោយសទ្ធា បួសថ្មី ជានវភិក្ខុ អ្នកមានប្រាជ្ញា កាលនៅក្នុងពួក គប្បីសិក្សានូវ វិន័យ។

សទ្ធាយ អភិនិក្ខម្ម នវបព្វជិតោ នវោ

កប្បាកប្បេសុ កុសលោ ចរេយ្យ អបុរក្ខតោ។

កុលបុត្តចេញ ( ចាកឃរាវាស) ដោយសទ្ធា បួសថ្មី ជានវភិក្ខុ ជាអ្នកឈ្លាសក្នុងហេតុ ដែលគួរនិងមិនគួរទាំងឡាយ គប្បីប្រព្រឹត្តកុំឲ្យ (ពួកកិលេស មានតណ្ហាជាដើម) ប្រព្រឹត្តទៅក្នុងខាងមុខបាន [បិ.៥៦ ទំ.២០១ ឃ.១៨១។] ដូច្នេះ។

ព្រះឧបាលិត្ថេរ ចប់។

[ស្រង់ចាកវិនយបិដក ថេរគាថា និងអបទាន មួយអន្លើដោយអដ្ឋកថា។]

សូមអនុមោទនា !!!

Oben-pfeil