បច្ចេកពុទ្ធសំយុត្តកថា

ព្រះនាងឧប្បលវណ្ណាថេរី

បានឮថា កុលធីតារូបនេះ ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមថា បទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល [ពាក្យថា ផ្ទះមានត្រកូល គឺត្រកូលនោះ មិនមែនជាត្រកូលខ្ញុំគេ មិនមែនជាត្រកូលអន់ គឺជាត្រកូលអ្នកជា ត្រកូលអ្នកមាន។] ក្នុងនគរហង្សវតី ដល់នូវភាពជាអ្នកដឹងក្ដីហើយ ចូលគាល់ព្រះសាស្ដាជាមួយនឹងមហាជន ស្ដាប់ធម៌ ឃើញព្រះសាស្ដាស្ថាបនាភិក្ខុនីមួយរូប ក្នុងតំណែងឯតទគ្គៈ ប្រសើរជាងភិក្ខុនីទាំងឡាយខាងមានឫទ្ធិ បានថ្វាយមហាទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានអស់ ៧ថ្ងៃ ប្រាថ្នាតំណែងនោះ។ នាងធ្វើកុសលដរាបដល់អស់ជីវិត អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ។ ក្នុងកាលសាសនាព្រះកស្សបសម្ពុទ្ធ នាងក៏បដិសន្ធិក្នុងព្រះរាជវាំងរបស់ព្រះបាទកាសីព្រះនាមកិកី ក្នុងនគរពារាណសី ជាព្រះរាជធីតាមួយអង្គក្នុងចំណោមព្រះរាជាធីតាទាំង ៧ អង្គ ព្រះនាងប្រព្រឹត្តព្រហ្មចរិយៈអស់ពីរម៉ឺនឆ្នាំ សាងបរិវេណថ្វាយភិក្ខុសង្ឃ  ហើយកើតក្នុងទេវលោក។

កាលចុតិអំពីទេវលោកនោះហើយ ត្រឡប់មកកាន់មនុស្សលោកវិញ កើតក្នុងផ្ទះរបស់អ្នកធ្វើការងារដោយដៃចិញ្ចឹមជីវិត ក្នុងតំបន់មួយ។ ថ្ងៃមួយ កំពុងដើរទៅកាន់ខ្ទមស្រែ ក្នុងចន្លោះផ្លូវ ឃើញផ្កាឈូករីកអំពីព្រលឹមក្នុងស្រះមួយ ក៏ចុះកាន់ស្រះនោះ បេះផ្កាឈូក និងស្លឹកឈូកសម្រាប់ដាក់លាជ ក្ដិចស្រូវសាលី [ស្រូវសាលី ជាស្រូវមានគ្រាប់ខ្លី ៗ តែធំជាងស្រូវធម្មតាបន្តិច ជាស្រូវមិនមានសម្បកស្រោបពីក្រៅទេ។] អំពីស្រែមក អង្គុយក្នុងខ្ទម លីងស្រូវធ្វើជាលាជ រើសលាជ ៥០០ គ្រាប់ទុក។ ក្នុងខណៈនោះ នៅឯភ្នំគន្ធមាទន៍ ព្រះបច្ចេកពុទ្ធ មួយអង្គ ចេញអំពីនិរោធសមាបត្តិ មកឈរក្នុងទីមិនឆ្ងាយ នាងឃើញព្រះបច្ចេកពុទ្ធហើយ កាន់យកផ្កាឈូកមួយអន្លើ ដោយលាជ ចេញអំពីខ្ទម ដាក់លាជក្នុងបាត្ររបស់ព្រះបច្ចេកពុទ្ធ យកផ្កាឈូកបិទបាត្រ ហើយប្រគេន។ លំដាប់នោះ កាលព្រះបច្ចេកពុទ្ធនិមន្តទៅបានបន្តិច នាងក៏គិតថា ធម្មតាអ្នកបួសមិនត្រូវការផ្កា អញនឹងទៅកាន់យកផ្កាមកប្រដាប់ខ្លួនឯង ទើបទៅកាន់យកផ្កាអំពីដៃរបស់ព្រះបច្ចេកពុទ្ធ នាងក៏គិតទៀតថា បើលោកម្ចាស់មិនត្រូវការផ្កា គង់មិនឲ្យដាក់លើបាត្រ លោកម្ចាស់គង់នឹងត្រូវការពិត ទើបយកផ្កានោះ ទៅដាក់លើបាត្រម្ដងទៀត សូមខមាទោសព្រះបច្ចេកពុទ្ធហើយ ធ្វើសេចក្ដីប្រាថ្នាថា បពិត្រលោកម្ចាស់ដ៏ចម្រើន ដោយផលនៃការថ្វាយលាជរបស់ខ្ញុំនេះ សូមបុត្តរបស់ខ្ញុំមានចំនួនស្មើនឹងគ្រាប់លាជ ដោយផលនៃការថ្វាយផ្កា ឈូក សូមផ្កាឈូកផុសឡើងគ្រប់ៗ ជំហានក្នុងទីដែលខ្ញុំកើតហើយ ៗ។ ព្រះបច្ចេកពុទ្ធហោះទៅកាន់ភ្នំគន្ធមាទន៍ ទាំងដែលនាងកំពុងឃើញនោះឯង ដាក់ផ្កាឈូកជាគ្រឿងជូតជើង ក្បែរជណ្ដើររបស់ព្រះបច្ចេកពុទ្ធទាំងឡាយ ក្នុងញកភ្នំនន្ទមូលកៈ។

ដោយផលនៃកម្មនោះ នាងបដិសន្ធិក្នុងទេវលោក តាំងអំពីនាងកើត ផ្កាឈូកធំផុសឡើងគ្រប់ជំហានរបស់នាង នាងចុតិអំពីទេវលោកនោះហើយ កើតក្នុងផ្កាឈូក ក្នុងស្រះឈូកមួយកន្លែង ក្បែរជើងភ្នំ។ តាបសមួយរូបនៅអាស្រ័យក្បែរជើងភ្នំនោះ បានទៅកាន់ស្រះអំពីព្រលឹមដើម្បីលុបមុខ ឃើញផ្កាឈូកនោះ ក៏គិតថា ផ្កាឈូកនេះ ធំជាងផ្កាឈូកដទៃ ផ្កាឈូកដទៃ ៗ រីកហើយ ផ្កាឈូកនេះនៅតែក្រពុំដដែល ប្រហែលជាមានហេតុនៅក្នុងផ្កាឈូកនេះ ទើបចុះទឹក ហើយចាប់ផ្កាឈូកនោះ ផ្កាឈូកនោះ គ្រាន់តែតាបសចាប់ប៉ុណ្ណោះ ក៏រីក តាបសឃើញទារិកាដេកក្នុងផ្កាឈូក គ្រាន់តែបានឃើញ ក៏កើតសេចក្ដីស្រឡាញ់ដូចកូនស្រី នាំទៅកាន់បណ្ណសាលា មួយអន្លើដោយផ្កាឈូក ដាក់ឲ្យដេកលើគ្រែ។ លំដាប់នោះ ទឹកដោះ ក៏កើតត្រង់ម្រាមមេដៃ (ទារិកា) ដោយអានុភាពរបស់នាង។ កាលផ្កាឈូកនោះស្វិត តាបសក៏យកផ្កាឈូកដទៃមកដាក់ឲ្យទារិកានោះដេក។ តាំងអំពីនាងចេះរត់ទៅមកបាន ផ្កាឈូកក៏ផុសឡើងគ្រប់ៗ ជំហាន សម្បុរនៃសរីរៈរបស់នាងដូចផ្កាឈូក មិនដល់ពណ៌សម្បុររបស់ទេវតា  តែក្រៃលែងជាងសម្បុររបស់មនុស្ស។ កាលឥសីជាបិតាទៅរកផ្លែឈើតូចធំ ក៏ទុកនាងឲ្យនៅក្នុងបណ្ណសាលា។ នាងចម្រើនវ័យហើយ សម័យថ្ងៃមួយ កាលបិតាទៅស្វែងរកផ្លែឈើ ព្រានព្រៃម្នាក់ឃើញនាងហើយ គិតថា ឈ្មោះថា មនុស្សទាំងឡាយ មានរូបយ៉ាងនេះ មិនមានឡើយ អញនឹងសង្កេតពិនិត្យ ទើបអង្គុយរង់ចាំមើលតាបសត្រឡប់មក។ កាលតាបសជាបិតាត្រឡប់មក នាងក៏ដើរច្រាសផ្លូវទៅទទួលអម្រែក និងបំពង់ទឹកអំពីដៃបិតា កាលបិតាអង្គុយហើយ ក៏សម្ដែងទំនៀម គឺកិច្ចដែលខ្លួនធ្លាប់ធ្វើ។ ក្នុងកាលនោះ បុរសនោះដឹងភាពនៃទារិកាជាមនុស្សហើយ ទើបចូលមកអង្គុយ ថ្វាយបង្គំតាបស។ តាបសអញ្ជើញព្រាននោះ ដោយមើមឈើនិងផ្លែឈើ មួយអន្លើដោយទឹកផឹក ហើយសួរថា នែបុរសដ៏ចម្រើន អ្នកស្នាក់នៅទីនេះ ឬត្រឡប់ទៅ។ ព្រាននោះឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំនឹងទៅ ខ្ញុំនឹងធ្វើអ្វីក្នុងទីនេះ។

តាបសពោលថា ហេតុការណ៍ដែលអ្នកឃើញហើយនេះ អ្នកចេញអំពីទីនេះទៅ កុំប្រាប់គេ បានឬទេ។ ព្រានតបថា បើលោកម្ចាស់មិនប្រាថ្នា ខ្ញុំនឹងពោលធ្វើអ្វី។ ថ្វាយបង្គំលាតាបស ធ្វើគ្រឿងសម្គាល់ត្រង់មែកឈើនិងដើមឈើ ដោយអាការល្មមចំណាំផ្លូវបាន ហើយត្រឡប់ទៅ។

ព្រានព្រៃនោះ ទៅកាន់ក្រុងពារាណសី ហើយចូលគាល់ព្រះរាជា។ ព្រះរាជាត្រាស់សួរថា អ្នកមកព្រោះហេតុអ្វី។ ព្រានព្រៃក្រាបទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំជាព្រានព្រៃរបស់ព្រះអង្គ ចួបនារីរតន៍ដ៏អស្ចារ្យក្បែរជើងភ្នំ ទើបមកគាល់ ដូច្នេះហើយ ទូលថ្វាយដំណើររឿងសព្វអន្លើ។  ព្រះរាជាទ្រង់ស្ដាប់ពាក្យរបស់ព្រានព្រៃហើយ ប្រញាប់យាងទៅកាន់ជើងភ្នំ បោះព្រះពន្លាក្នុងទីមិនឆ្ងាយ មួយអន្លើដោយព្រានព្រៃ និងពួកសេនា យាងទៅកាន់បណ្ណសាលានោះ ក្នុងពេលដែលតាបសឆាន់ស្រេចហើយអង្គុយសម្រាក ទ្រង់ថ្វាយបង្គំ ធ្វើបដិសណ្ឋារៈ ហើយប្រថាប់គង់ក្នុងទីសមគួរ។ ព្រះរាជា ទ្រង់ដាក់គ្រឿងបរិក្ខារសម្រាប់បព្វជិត ទៀបបាទារបស់តាបស ហើយត្រាស់ថា បពិត្រលោកម្ចាស់ដ៏ចម្រើន តើខ្ញុំព្រះករុណានឹងធ្វើអ្វីខ្លះ ក្នុងទីនេះ ហើយក៏នឹងទៅ។

តាបសថ្វាយព្រះពរថា មហាបពិត្រ សូមទ្រង់មានព្រះបន្ទូលមកចុះ។ ព្រះរាជាត្រាស់ថា បពិត្រលោកម្ចាស់ បានឮមកថា  បរិស័ទដែលមានចំណែកមិនស្មើគ្នា មាននៅក្បែរលោកម្ចាស់ បរិស័ទនោះ មិនគួរដល់បព្វជិត បរិស័ទនោះ សូមទៅជាមួយខ្ញុំព្រះករុណាចុះ ។

តាបសពោលថា ចិត្តរបស់មនុស្សមិនអាចឲ្យត្រេកអរបានទេ តើកូនស្រីអាត្មានឹងនៅត្រង់កណ្ដាលពួកមនុស្សជាច្រើន បានដូចម្ដេច។

ព្រះរាជាត្រាស់ថា បពិត្រលោកម្ចាស់ តាំងអំពីខ្ញុំព្រះករុណាពេញចិត្តនាង ខ្ញុំព្រះករុណានឹងតាំងនាងទុកក្នុងតំណែងខ្ពង់ខ្ពស់ជាងស្រីដទៃហើយទំនុកបម្រុង។

តាបសស្ដាប់ព្រះរាជតម្រាស់ហើយ ទើបហៅធីតាតាមនាមដែលតាំងទុកគ្រានៅជាទារិកាថា បទុមវតីកូន ដោយការហៅត្រឹមតែម្ដងប៉ុណ្ណោះ នាងក៏ចេញអំពីបណ្ណសាលា មកថ្វាយបង្គំឪពុក ហើយឈរ។

លំដាប់នោះ តាបសពោលថា ម្នាលកូន នាងធំពេញវ័យហើយ តាំងអំពីព្រះរាជាទ្រង់បានឃើញកូន កូនមិនគួរនៅក្នុងទីនេះទេ ចូរកូនទៅតាមព្រះរាជាចុះ។ នាងទទួលពាក្យបិតាថា សាធុ លោកឪពុក ថ្វាយបង្គំហើយ ឈរយំ។

ព្រះរាជាត្រាស់ថា យើងនឹងតម្រូវចិត្តបិតារបស់នាង ទ្រង់ដាក់គំនរកហាបណៈក្នុងទីនោះឯង ហើយទ្រង់ធ្វើការអភិសេក។ លំដាប់នោះ ព្រះរាជាទ្រង់នាំនាងទៅកាន់នគររបស់ព្រះអង្គ ចាប់តាំងអំពីនាងមកដល់ ទ្រង់មិនបានសម្លឹងមើលស្រីដទៃ  ត្រេកអរជាមួយនាងប៉ុណ្ណោះ។ ស្រីស្នំទាំងនោះ ជាអ្នកត្រូវសេចក្ដី​ច្រណែនគ្របសង្កត់ បំណងនឹងធ្វើឲ្យនាងបែកអំពីព្រះរាជា ទើបនាំគ្នាពិតទូលយ៉ាងនេះថា បពិត្រមហារាជ ស្រីនេះ មិនមែនមនុស្សទេ ទ្រង់ធ្លាប់ទតឃើញផ្កាឈូកផុសឡើង ត្រង់ទីដែលមនុស្សដើរទៅមកក្នុងទីណាដែរឬ ស្រីនេះ ជាយក្ខិនីពិត សូមមហារាជ និរទេសនាងចោលចុះ។ ព្រះរាជាទ្រង់ស្ដាប់ពាក្យស្រីទាំងនោះហើយ ទ្រង់ក៏នៅស្ងៀម។

ក្នុងកាលតមក ជាយដែនរបស់ព្រះរាជាកើតការបះបោរ ព្រះរាជាទ្រង់ព្រះតម្រិះថា បទុមវតី មានគភ៌ចាស់ខែ ទើបទ្រង់ទុកព្រះនាងក្នុងនគរ ហើយយាងទៅកាន់ជាយដែន។ ក្នុងកាលនោះ ស្រីទាំងនោះឲ្យសំណូកដល់ទាសីដែលបម្រើនាង ហើយប្រាប់ថា បើទារករបស់នាងបទុមវតីប្រសូតមក ចូរនាងនាំយកទៅបោះចោល ហើយយកឈាមលាបកំណាត់ឈើមួយ ដាក់ក្បែរនោះ។ មិនយូរប៉ុន្មាន ព្រះនាងបទុមវតីក៏ប្រសូត។ ព្រះមហាបទុមមួយអង្គប៉ុណ្ណោះ បដិសន្ធិក្នុងព្រះឧទរ។ ទារក ៤៩៩ អង្គដទៃទៀត ជាសំសេទជកំណើត (កើតអំពីញើស) កើតហើយ ក្នុងកាលដែលព្រះមហាបទុមប្រសូតចាកព្រះឧទររបស់មាតាហើយដេក។ ខណៈនោះ ស្រីអ្នកបម្រើរបស់ព្រះនាងដឹងថា ព្រះនាងមិនទាន់ដឹងខ្លួន ក៏យកឈាមលាបកំណាត់ឈើមួយដាក់ក្បែរនោះ ហើយឲ្យសញ្ញាដល់ស្រីទាំងនោះ។ ស្រីទាំង ៥០០ ក៏នាំយកព្រះរាជកុមារម្នាក់មួយអង្គៗ ទៅកាន់សម្នាក់ជាងក្រឡឹង ឲ្យនាំដន្លាប់ឈើមក ដាក់ព្រះរាជកុមារឲ្យផ្ទំក្នុងដន្លាប់ឈើនោះ ហើយប្រថាប់ត្រា ។

ឯព្រះនាងបទុមវតី ដឹងខ្លួនហើយសួរស្រីអ្នកបម្រើថា នែនាង ខ្ញុំប្រសូតបុត្តហើយឬ។ ស្រីបម្រើគំហកថា ព្រះនាងបានទារកមកអំពីណា ដាក់កំណាត់ឈើដែលមានឈាមក្នុងទីចំពោះព្រះភក្ត្រហើយ ពោលថា  នេះជាទារកដែលប្រសូតចាកផ្ទៃរបស់ព្រះនាង។

ព្រះនាងបទុមវតីទតឃើញកំណាត់ឈើនោះ ក៏ទោមនស្ស មានព្រះសវនីយ៍ថា ចូរនាំចេញទៅឲ្យឆាប់ បើអ្នកណាម្នាក់ឃើញ ក៏នឹងខ្មាសអ្នកនោះ។ ស្រីបម្រើនោះទទួលព្រះរាជសវនីយ៍ហើយ ធ្វើដូចជាបំណងល្អ ក៏នាំយកកំណាត់ឈើទៅពុះ ហើយដាក់លើជើងក្រាន

ចំណែកព្រះរាជាយាងត្រឡប់អំពីជាយដែន ទ្រង់រាប់អាននក្ខត្តឫក្ស ត្រាស់ឲ្យបោះព្រះពន្លាប្រថាប់ខាងក្រៅនគរ។ លំដាប់នោះ ស្រីទាំង ៥០០ នោះ នាំគ្នាចេញទៅទទួលព្រះរាជា ក្រាបទូលថា បពិត្រមហារាជ ទ្រង់មិនជឿពួកខ្ញុំម្ចាស់ ពាក្យដែលពួកខ្ញុំម្ចាស់ក្រាបទូល ជាពាក្យដែលមិនសមហេតុ សូមទ្រង់ហៅអ្នកបម្រើរបស់ព្រះមហេសីមកសួរចុះ ព្រះទេវីរបស់ព្រះអង្គប្រសូតដុំឈើ។ ព្រះរាជាទ្រង់មិនទាន់ពិចារណាហេតុនោះ គិតថា ស្រីនេះ មិនមែនមនុស្សពិត ទើបទ្រង់បណ្ដេញព្រះនាងចេញអំពីព្រះរាជវាំង។ ដំណាលគ្នានឹងការយាងចេញអំពីព្រះរាជវាំង ផ្កាឈូក ក៏អន្ដរធានទៅ សូម្បីតែពណ៌សម្បុរនៃសរីរៈ ក៏ស្រអាប់។ ព្រះនាងតែមួយអង្គឯងយាងទៅតាមវិថី។ លំដាប់នោះ ស្ត្រីជរាម្នាក់ឃើញហើយ ក៏កើតសេចក្ដីស្រឡាញ់ដូចជាកូនស្រីរបស់ខ្លួន ទើបសួរថា នែកូនស្រី នាងទៅណា។

ព្រះនាងតបថា ខ្ញុំជាអ្នកដំណើរ កំពុងដើររកទីស្នាក់នៅ។ ស្រ្តីចំណាស់ពោលថា មកនេះ កូនស្រី ហើយនាំនាងទៅកាន់លំនៅ រៀបចំអាហារផ្គត់ផ្គង់។

កាលព្រះនាងគង់នៅក្នុងទីនោះ ដោយទំនងនោះឯង ស្រីទាំង៥០០ ក៏នាំគ្នាក្រាបទូលព្រះរាជាថា បពិត្រមហារាជ កាលទ្រង់យាងទៅធ្វើសង្គ្រាម ខ្ញុំម្ចាស់ទាំងឡាយប្រាថ្នាថា កាលទ្រង់ឈ្នះសង្គ្រាមត្រឡប់មក ពួកខ្ញុំម្ចាស់នឹងធ្វើពលិកម្ម លេងឧទកកីឡា ថ្វាយដល់គង្គាទេវតា សូមទ្រង់ប្រកាសសេចក្ដីនេះ ឲ្យដឹងផងចុះ។ ព្រះរាជាទ្រង់ត្រេកអរតាមពាក្យរបស់ស្ត្រីទាំងនោះ ទ្រង់ក៏យាងទៅដើម្បីលេងឧទកកីឡា ក្នុងស្ទឹងគង្គា។ ស្ដ្រីទាំងនោះ នាំគ្នាកាន់ដន្លាប់ឈើដែលបិទជិត ម្នាក់មួយៗ ទៅកាន់ស្ទឹង យកសំពត់គ្របដើម្បីបិទបាំងដន្លាប់ឈើទាំងនោះ រួចចុះក្នុងទឹក បណ្ដែតដន្លាប់ឈើទៅ។ ដន្លាប់ឈើទាំងនោះ ទៅព្រមគ្នា ជាប់ត្រង់សំណាញ់ដែលគេសន្ធឹងក្រោមខ្សែទឹកទាំងអស់។ បន្ទាប់អំពីព្រះរាជាទ្រង់ក្រសាលឧទកកីឡាស្រេចហើយ ទ្រង់យាងឡើង ពួករាជបុរសឃើញដន្លាប់ឈើទាំងនោះ ទើបនាំមកថ្វាយព្រះរាជា។ ព្រះរាជាទ្រង់ទតដន្លាប់ឈើនោះ ត្រាស់សួរថា នែបាទាំងឡាយ អ្វីនៅក្នុងដន្លាប់ឈើនេះ។

ពួករាជបុរសក្រាបទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំមិនដឹងទេ។ ព្រះរាជាទ្រង់ត្រាស់ឲ្យបើកដន្លាប់ឈើទាំងនោះមើល ទ្រង់ឲ្យបើកដន្លាប់ឈើរបស់ព្រះមហាបទុមរាជកុមារមុនគេ។ តាំងពីថ្ងៃដែលគេដាក់ព្រះរាជកុមារទាំងនោះ ក្នុងដន្លាប់ឈើ ទឹកដោះក៏កើតត្រង់មេដៃសម្រាប់ព្រះរាជកុមារគ្រប់អង្គដោយបុញ្ញឫទ្ធិ។ សក្កទេវរាជត្រាស់ឲ្យ ចារឹកអក្សរខាងក្នុងដន្លាប់ឈើ ដើម្បីឲ្យព្រះរាជាអស់សេចក្ដីសង្ស័យថា ព្រះរាជកុមារទាំងនេះ កើតក្នុងព្រះឧទររបស់ព្រះនាងបទុមវតី ជាឱរសរបស់ព្រះបាទពារាណសី កាលនោះ ស្រីទាំង ៥០០ ដែលជាសត្រូវរបស់ព្រះនាងបទុមវតី ដាក់ព្រះរាជកុមារទាំងនេះ ក្នុងដន្លាប់ឈើ ហើយបោះក្នុងទឹក សូមព្រះរាជាទ្រង់ជ្រាបហេតុការណ៍នេះ។ លុះបើកដន្លាប់ឈើ ព្រះរាជាទ្រង់អានអក្ខរា ឃើញព្រះរាជកុមារ ទ្រង់លើកព្រះមហាបទុមកុមារឡើង ឲ្យប្រញាប់ទឹមរថ ហើយត្រាស់ថា អ្នកទាំងឡាយ ចូររៀបចំសេះឲ្យឆាប់ ថ្ងៃនេះ យើងនឹងចូលទៅក្នុងព្រះនគរ ធ្វើព្រះនាងបទុមវតីឲ្យជាទីស្រឡាញ់របស់ពួកស្រីខ្លះ ដូច្នេះហើយ  ឡើងកាន់មហាប្រាសាទ ឲ្យដាក់បង្វេចទ្រព្យ ១ ពាន់កហាបណៈ លើដំរី ឲ្យវាយស្គរប្រកាសពេញព្រះនគរថា អ្នកណាឃើញព្រះនាងបទុមវតី អ្នកនោះ ចូរទទួលទ្រព្យ ១ ពាន់កហាបណៈនេះចុះ។

ព្រះនាងបទុមវតីបានស្ដាប់ពាក្យប្រកាសនោះហើយ ឲ្យសញ្ញាដល់មាតាថា សូមអ្នកម៉ែទទួលទ្រព្យ ១ពាន់កហាបណៈ អំពីដំរី។ ស្ត្រីចាស់ជរាពោលថា ម៉ែមិនហ៊ានទទួលទ្រព្យបែបនេះទេ។ កាលព្រះនាងប្រាប់អស់វារៈ ២ ដង ៣ ដង ទើបពោលថា នែកូន ម៉ែត្រូវពោលដូចម្ដេច ទើបកាន់យកទ្រព្យ។

ព្រះនាងមានព្រះសវនីយ៍ថា (ចូរម៉ែប្រាប់គេថា) ធីតារបស់ខ្ញុំឃើញព្រះនាងបទុមវតី ហើយទទួលទ្រព្យមក។ ស្ត្រីជរាគិតថា រឿងនេះ ពិតជាមានហេតុ ទើបចូលទៅទទួលយកបង្វេចទ្រព្យ ១ពាន់កហាបណៈនោះ។ គ្រានោះ មនុស្សទាំងឡាយសួរថា អ្នកម៉ែឃើញព្រះនាងបទុមវតីឬ។

ស្ត្រីជរាពោលថា ខ្ញុំមិនបានឃើញទេ តែកូនស្រីរបស់ខ្ញុំឃើញ។ មនុស្សទាំងនោះសួរថា កូនស្រីរបស់អ្នកម៉ែ នៅឯណា ហើយក៏ទៅជាមួយ ស្គាល់ព្រះនាងបទុមវតី ក៏ក្រាបចុះទៀបបាទា។ ក្នុងខណៈនោះ ស្ត្រីជរាដឹងថា នេះគឺព្រះនាងបទុមវតី ទើបពោលថា ព្រះមហេសីរបស់ព្រះរាជាឯណា នៅហើយប្រាសចាកការរក្សាបែបនេះ អំពើនោះ ជាកម្ម គឺស្រ្តីធ្វើយ៉ាងធ្ងន់ណាស់ហ្ន៎។

រាជបុរសទាំងនោះ ឲ្យបិទបាំងទីប្រថាប់គង់របស់ព្រះនាងបទុមវតីដោយវាំងននពណ៌ស រៀបចំការរក្សាត្រង់ទ្វារហើយ ត្រឡប់ទៅក្រាបទូលដល់ព្រះរាជា។ ព្រះរាជាទ្រង់បញ្ជូនយានមាសមក។ ព្រះនាងបទុមវតីពោលថា ខ្ញុំម្ចាស់នឹងមិនទៅដោយរបៀបនេះ សូមទ្រង់ឲ្យកា្រលកម្រាលដ៏វិចិត្រ ដោយសំពត់សម្បកឈើដ៏ល្អ តាំងអំពីលំនៅរបស់ខ្ញុំម្ចាស់ រហូតដល់ព្រះរាជនិវេសន៍ ឲ្យបាំងពិតានដោយសំពត់ ដែលវិចិត្រដោយផ្កាយមាសអំពីខាងលើ កាលបញ្ជូនគ្រឿងអលង្ការគ្រប់យ៉ាងមកឲ្យខ្ញុំម្ចាស់ប្រដាប់តាក់តែងហើយ ខ្ញុំម្ចាស់នឹងដើរទៅដោយជើង អ្នកនគរនឹងឃើញសម្បត្តិរបស់ខ្ញុំម្ចាស់ ដោយវិធីយ៉ាងនេះ។

ព្រះរាជាត្រាស់ថា ចូរធ្វើតាមព្រះហឫទ័យរបស់ព្រះនាងបទុមវតីចុះ។ លំដាប់នោះ ព្រះនាងបទុមវតីប្រដាប់ដោយគ្រឿងអលង្ការសព្វយ៉ាងហើយ ព្រះនាងព្រះតម្រិះថា អញនឹងទៅកាន់ព្រះរាជនិវេសន៍ ក៏ផ្ដើមធ្វើដំណើរ។ គ្រានោះ ផ្កាឈូកទាំងឡាយក៏ផុសជ្រែកកម្រាលដែលវិចិត្រដោយសំពត់សម្បកឈើដ៏ល្អ ត្រង់ទីដែលព្រះនាងជាន់យាងទៅ។ កាលព្រះនាងសម្ដែងសម្បត្តិរបស់ព្រះនាងដល់មហាជនហើយ យាងឡើងកាន់ព្រះរាជនិវេសន៍ ឲ្យព្រះរាជទានកម្រាលដ៏វិចិត្រទាំងអស់នោះ ដល់ស្ត្រីជរា ជាថ្លៃចិញ្ចឹម។

ព្រះរាជាឲ្យហៅស្រីទាំង ៥០០ នោះមក ហើយត្រាស់ថា នែទេវី យើងឲ្យស្រីទាំងនេះ ធ្វើជាទាសីរបស់នាង។ ព្រះនាងក្រាបទូលថា បពិត្រមហារាជ សូមទ្រង់ប្រកាសឲ្យអ្នកនគរទាំងអស់ ដឹងនូវភាពដែលទ្រង់ប្រទានស្រីទាំងនេះ ឲ្យជាទាសីដល់ខ្ញុំម្ចាស់ហើយ។ ព្រះរាជាឲ្យវាយស្គរប្រកាសថា ស្រី ៥០០ ដែលជាសត្រូវរបស់ព្រះនាងបទុមវតី យើងបានឲ្យជាទាសីរបស់ព្រះនាងបទុមវតីហើយ។

កាលព្រះនាងជ្រាបថា អ្នកនគរកំណត់ដឹងថា ស្រីទាំងនេះ ជាទាសីហើយ ទើបទូលសួរព្រះរាជាថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់នឹងធ្វើទាសីរបស់ខ្ញុំម្ចាស់ ឲ្យជាអ្នកជាបានដែរឬទេ។

ព្រះរាជាត្រាស់ថា ម្នាលទេវី តាមតែនាងប្រាថ្នាចុះ។ ព្រះនាងក្រាបទូលថា បើដូច្នោះ សូមទ្រង់ឲ្យវាយស្គរប្រកាសម្ដងទៀតថា ស្ត្រីទាំង៥០០ ដែលព្រះរាជាឲ្យវាយស្គរប្រកាស ព្រះរាជទានឲ្យធ្វើជាទាសីរបស់ព្រះនាងបទុមវតីនោះ ឥឡូវនេះ ព្រះនាងបទុមវតីធ្វើឲ្យជាអ្នកជាគ្រប់គ្នាហើយ។ កាលព្រះនាងធ្វើស្រីទាំងនោះ ឲ្យជាអ្នកជាហើយ ព្រះនាងក៏ប្រគល់ព្រះរាជឱរស ៤៩៩ អង្គ ទុកក្នុងដៃស្ត្រីទាំងនោះ ដើម្បីថែរក្សា ព្រះមហាបទុមកុមារមួយអង្គប៉ុណ្ណោះ ព្រះនាងថែរក្សាដោយដៃឯង។

ក្នុងកាលតមក កាលព្រះរាជកុមារទាំងនោះដល់នូវវ័យលេង ព្រះរាជាឲ្យធ្វើទីសម្រាប់លេងច្រើនប្រភេទក្នុងព្រះរាជឧទ្យាន។ លុះមានវស្សា ១៦ ព្រះរាជកុមារទាំងនោះ ស្រុះស្រួលគ្នាថា លេងក្នុងស្រះមង្គលបោក្ខរណី ដែលដេរដាសដោយផ្កាឈូកក្នុងព្រះរាជឧទ្យាន ទតឃើញផ្កាឈូករីកថ្មី និងផ្កាឈូកចាស់ដែលរុះរោយ ទ្រង់កាន់យកការរុះរោយនៃផ្កាឈូកឲ្យជាអារម្មណ៍ថា ជរាបែបនេះ គង់មកដល់អនុបាទិន្នកសង្ខារយ៉ាងនេះហ្ន៎ នឹងពោលទៅថ្វីថា ជរាមិនមកដល់សរីរៈរបស់ពួកយើង សរីរៈនេះ គង់មានគតិយ៉ាងនេះដូចគ្នា ដូច្នេះហើយ បានសម្រេចនូវបច្ចេកពោធិញ្ញាណគ្រប់អង្គ ទ្រង់ក្រោកឡើង គង់ពត់ភ្នែនក្នុងផ្កាឈូកទាំងឡាយ។

លំដាប់នោះ ពួករាជបុរសអ្នកថែរក្សាព្រះរាជកុមារ ដឹងថា ពេលថ្ងៃបានកន្លងទៅច្រើន (ល្ងាច) ហើយ ទើបទូលថា បពិត្រអយ្យបុត្ត សូមទ្រង់ជ្រាបកាលរបស់ទ្រង់ចុះ។ ព្រះរាជកុមារទាំងនោះ ក៏នៅស្ងៀម។ ពួករាជបុរសទាំងនោះ ក៏ទៅក្រាបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេព ព្រះរាជកុមារទាំងឡាយប្រថាប់គង់ក្នុងផ្កាឈូក សូម្បីពួកទូលព្រះបង្គំក្រាបទូលថា (ដល់កាលហើយ) ក៏មិនមានព្រះវាចាអ្វីឡើយ។

ព្រះរាជាត្រាស់ថា ពួកអ្នក ចូរឲ្យព្រះរាជកុមារទាំងនោះ  អង្គុយតាមគាប់ចិត្តចុះ។ ព្រះរាជកុមារទាំងនោះ បានទទួលការរក្សាមួយយប់ទល់ភ្លឺរហូតដល់ថ្ងៃរះ ក៏នៅតែគង់លើត្របកផ្កាឈូកនោះឯង។

ថ្ងៃស្អែកឡើង ពួករាជបុរសចូលគាល់ ក្រាបទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់ជ្រាបកាលចុះ។ ព្រះបច្ចេកពុទ្ធ­ទាំងនោះ ត្រាស់ថា ពួកអាត្មាមិនមែនជាព្រះសម្មតិទេព (របស់ពួកអ្នកទេ) ពួកអាត្មាជា​ព្រះបច្ចេកពុទ្ធ​ទេតើ។

ពួករាជបុរសក្រាបទូលថា បពិត្រព្រះអយ្យបុត្ត ទ្រង់ត្រាស់ពាក្យធ្ងន់ពេក ធម្មតាព្រះបច្ចេកពុទ្ធមិនមានសភាពដូចទ្រង់ទេ ព្រះបច្ចេកពុទ្ធទាំងឡាយ ជាអ្នកមានសក់ ពុកមាត់ពុកចង្កា ត្រឹម ២ ធ្នាប់ ទ្រទ្រង់បរិក្ខារ ៨ លើរាងកាយ។ ព្រះបច្ចេកពុទ្ធទាំងនោះ  យកព្រះហស្តស្ដាំស្ទាបសីសៈ រំពេចនោះឯង ភេទគ្រហស្ថក៏អន្ដរធានទៅ បរិក្ខារ ៨ ក៏មកប្រដាប់ត្រង់កាយ ហើយហោះតាមអាកាស ទៅកាន់ញកភ្នំនន្ទមូលកៈ ទាំងមហាជនកំពុងឃើញនុ៎ះឯង។

ចំណែកព្រះនាងបទុមវតីទេវីសោកសង្រេងថា អាត្មាអញមានកូនច្រើន ក៏ក្លាយជាមនុស្សឥតកូន។ ព្រោះសេចក្ដីសោកនោះឯង ក៏សោយព្រះវិលាល័យ ទៅកើតក្នុងផ្ទះរបស់អ្នកធ្វើការដោយដៃចិញ្ចឹមជីវិត ក្នុងភូមិមួយ ក្បែរទ្វារនគររាជគ្រឹះ។ សម័យក្រោយមក មានស្វាមីហើយ ថ្ងៃមួយ ទូលបបរទៅស្រែឲ្យស្វាមី ឃើញព្រះបច្ចេកពុទ្ធ ៨ អង្គ ក្នុងចំណោមនៃបុត្តទាំងឡាយរបស់ខ្លួន (ក្នុងជាតិមុននោះ) កំពុងហោះមកក្នុងពេលភិក្ខាចារ ទើបប្រញាប់ទៅប្រាប់ស្វាមីថា នែអ្នក សូមអ្នកមើលព្រះបច្ចេកពុទ្ធជាម្ចាស់ យើងនឹងនិមន្តលោកមកឆាន់។

ស្វាមីនោះពោលថា ធម្មតាសមណបក្សីទាំងនេះ ហោះទៅកាន់ទីផ្សេងៗ យ៉ាងនេះ សមណបក្សីទាំងនោះ មិនមែនព្រះបច្ចេកពុទ្ធទេ។ ខណៈដែលជនទាំងពីរកំពុងនិយាយគ្នានោះឯង ព្រះបច្ចេកពុទ្ធទាំងនោះ ក៏ចុះមកក្នុងទីមិនឆ្ងាយ។ ស្រីនោះក៏ប្រគេនភោជន គឺភត្ត និងរបស់ដែលជាចំណែករបស់ខ្លួនក្នុងថ្ងៃនោះ ដល់ព្រះបច្ចេកពុទ្ធទាំងនោះ ហើយនិមន្តថា ស្អែកនេះ សូមលោកម្ចាស់ទាំង ៨ អង្គ ទទួលភិក្ខារបស់ខ្ញុំព្រះករុណា។

ព្រះបច្ចេកពុទ្ធពោលថា សាធុឧបាសិកា នាងចូររៀបចំសក្ការៈមានប្រមាណស្មើនឹងថ្ងៃនេះ អាសនៈក៏ចូរមាន៨ តែបើនាងឃើញព្រះបច្ចេកពុទ្ធដទៃៗ មកច្រើន ក៏គប្បីធ្វើចិត្តរបស់នាងឲ្យជ្រះថ្លា។ ស្អែកឡើង នាងក្រាលអាសនៈ៨ រៀបចំគ្រឿងសក្ការៈសម្រាប់ព្រះបច្ចេកពុទ្ធ៨អង្គ ហើយអង្គុយរង់ចាំ។

ព្រះបច្ចេកពុទ្ធដែលបានទទួលនិមន្តន៍ ឲ្យសញ្ញាដល់ព្រះបច្ចេកពុទ្ធអង្គដទៃៗថា លោកនិរទុក្ខទាំងឡាយ ថ្ងៃនេះ លោកទាំងឡាយកុំទៅកាន់ទីដទៃ ទាំងអស់អង្គ ចូរធ្វើសេចក្ដីអនុគ្រោះដល់មាតារបស់លោកចុះ។ ព្រះបច្ចេកពុទ្ធទាំងនោះ ស្ដាប់ពាក្យរបស់ព្រះបច្ចេកពុទ្ធ ៨អង្គនោះហើយ ស្រុះស្រួលគ្នាគ្រប់អង្គ ហោះទៅប្រាកដក្បែរទ្វារផ្ទះរបស់មាតា។ នាងឃើញព្រះបច្ចេកពុទ្ធច្រើនអង្គ មិនញាប់ញ័រ ព្រោះបានសញ្ញាអំពីមុនហើយ និមន្តព្រះបច្ចេកពុទ្ធទាំងនោះ ចូលកាន់ផ្ទះ ឲ្យគង់លើអាសនៈ កាលព្រះបច្ចេកពុទ្ធទាំងនោះ គង់តាមលំដាប់ ព្រះបច្ចេកពុទ្ធអង្គទី ៩ ក៏និម្មិតអាសនៈ ៨ ដទៃទៀត ខ្លួនឯងអង្គុយលើអាសនៈខាងដើម (ទី៩) ផ្ទះក៏ធំប៉ុនចំនួនអាសនៈដែលបន្ថែមឡើង។ កាលព្រះបច្ចេកពុទ្ធទាំងឡាយអង្គុយរៀបរយយ៉ាងនេះ ស្ត្រីនោះ ក៏ថ្វាយសក្ការៈដែលខ្លួនរៀបចំសម្រាប់ព្រះបច្ចេកពុទ្ធ ៨ អង្គ រហូតគ្រប់គ្រាន់ដល់ព្រះបច្ចេកពុទ្ធ ៥០០ ហើយនាំយកផ្កាឧប្បលខៀវ ៨ ក្ដាប់ ដាក់ទៀបបាទមូលព្រះបច្ចេកពុទ្ធដែលខ្លួននិមន្តមកប៉ុណ្ណោះ ហើយពោលថា បពិត្រលោកម្ចាស់ សូមពណ៌សម្បុរនៃសរីរៈរបស់ខ្ញុំ ដូចពណ៌នៃបណ្ដូលផ្កាឧប្បលខៀវនេះ ក្នុងទីដែលខ្ញុំកើតហើយ ៗ។ ព្រះបច្ចេកពុទ្ធទាំងឡាយធ្វើអនុមោទនាដល់មាតាហើយ នាំគ្នាទៅកាន់ភ្នំគន្ធមាទន៍។

កុលធីតានោះ ធ្វើកុសលដរាបដល់អស់ជីវិត ចុតិអំពីមនុស្សហើយកើតក្នុងទេវលោក។ ក្នុងពុទ្ធុប្បាទនេះ បដិសន្ធិក្នុងត្រកូលសេដ្ឋី ក្នុងក្រុងសាវត្ថី មាតាបិតាដាក់ឈ្មោះថា ឧប្បលវណ្ណា ព្រោះមានពណ៌សម្បុរដូចពណ៌នៃបណ្ដូលផ្កាឧប្បលខៀវ ។ សម័យនោះឯង ក្នុងកាលដែលនាងពេញវ័យហើយ ព្រះរាជានិងសេដ្ឋីទាំងឡាយក្នុងជម្ពូទ្វីប នាំគ្នាបញ្ជូនទូតទៅកាន់សម្នាក់សេដ្ឋីថា សូមឲ្យធីតាដល់យើងចុះ។ ព្រះរាជាដែលឈ្មោះថា មិនបញ្ជូនទូតទៅ មិនមានឡើយ។ សេដ្ឋីគិតថា អញមិនអាចតម្រូវចិត្តព្រះរាជាបាន អញនឹងធ្វើឧបាយមួយ ដូច្នេះហើយ ទើបហៅធីតាមក សួរថា នែកូន តើនាងបួសឬ។ ពាក្យរបស់បិតាប្រៀបដូចជាប្រេងដែលគេចម្រាញ់ហើយ  អស់រាប់រយដង ស្រោចលើសីសៈ ព្រោះជាភពចុងក្រោយ ព្រោះហេតុនោះ ទើបនាងឆ្លើយនឹងបិតាថា បព្វជិស្សាមិ តាត កូននឹងបួស លោកឪពុក។ សេដ្ឋីនោះ ក៏ធ្វើសក្ការៈដល់កូន នាំទៅកាន់សម្នាក់ភិក្ខុនី ហើយឲ្យបួស កាលនាងបួសមិនយូរប៉ុន្មាន វារៈតាមកាល គឺវេនក្នុងរោងឧបោសថ ក៏មកដល់ នាងអុជប្រទីបហើយ បោសរោងឧបោសថ កាន់យកនិមិត្តនៃអណ្ដាតប្រទីប ពិចារណារឿយៗ ធ្វើឈានដែលមានតេជោកសិណជាអារម្មណ៍ ឲ្យកើតឡើង ធ្វើឈាននោះឯងឲ្យជាបាទ សម្រេចអរហត្ត មួយអន្លើដោយអភិញ្ញានិងបដិសម្ភិទាដំណាលគ្នានឹងអរហត្តផលនុ៎ះឯង ក្រៃលែង​ជាងនោះ នាងក៏ជាអ្នកជំនាញក្នុងការនិម្មិតកាយដោយឫទ្ធិទៀតផង។

សមដូចគាថាដែលលោកពោលទុកក្នុងអដ្ឋកថា ថេរីគាថាថា

បទុមុត្តរោ នាម ជិនោ សព្វធម្មាន បារគូ

ឥតោ សតសហស្សម្ហិ កប្បេ ឧប្បជ្ជិ នាយកោ។

ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ជាលោកនាយក កើតឡើងហើយ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ។

តទាហំ ហំសវតិយំ ជាតា សេដ្ឋិកុលេ អហុំ

នានារតនបជ្ជោតេ មហាសុខសមប្បិតា។

ក្នុងគ្រានោះ ខ្ញុំជាស្រីកើតក្នុងត្រកូលសេដ្ឋី ដែលរុងរឿងដោយរតនៈផ្សេងៗ ជាស្រីស្កប់ស្កល់ដោយសេចក្ដីសុខច្រើន ក្នុងនគរហំសវតី។

ឧបេត្វា តំ មហាវីរំ អស្សោសឹ ធម្មទេសនំ

តតោ ជាតប្បសាទាហំ ឧបេមិ សរណំ ជិនំ។

ខ្ញុំបានចូលទៅជិតព្រះពុទ្ធអង្គនោះ ទ្រង់មានព្យាយាមធំ ហើយបានស្ដាប់នូវព្រះធម្មទេសនា ខ្ញុំមានសេចក្ដីជ្រះថ្លាកើតឡើង ក្នុងព្រះជិនស្រីអង្គនោះ ហើយបានដល់នូវព្រះជិនស្រីជាទីពឹង។

ភគវា ឥទ្ធិមន្តីនំ អគ្គំ វណ្ណេសិ នាយកោ

ភិក្ខុនឹ លជ្ជិនឹ តាទឹ សមាធិឈានកោវិទំ។

ព្រះមានព្រះភាគជាលោកនាយក ទ្រង់សរសើរនូវភិក្ខុនីមួយរូប ជាស្រីនឹងធឹង ខ្មាសបាប ឈ្លាសក្នុងសមាធិឈានថា ជាកំពូលលើសភិក្ខុនីទាំងឡាយ អ្នកមានឫទ្ធិ។

តទា មុទិតចិត្តាហំ តំ ឋានំ អភិកង្ខិនី

និមន្តិត្វា ទសពលំ សសង្ឃំ លោកនាយកំ។

ក្នុងគ្រានោះ ខ្ញុំមានចិត្តត្រេកអររីករាយ ប្រាថ្នានូវតំណែងនោះ ក៏និមន្តព្រះទសពលជាលោកនាយក ព្រមទាំងភិក្ខុសង្ឃ។

ភោជយិត្វាន សត្តាហំ ទត្វាន ច តិចីវរំ

សត្តមាលំ គហេត្វាន ឧប្បលាទេវគន្ធិកំ។

បានញ៉ាំងព្រះមានព្រះភាគអង្គនោះ ព្រមទាំងសាវ័ក ឲ្យឆាន់ អស់ ៧ ថ្ងៃ ហើយប្រគេនត្រៃចីវរ កាន់យកផ្កាឧប្បលដែលមានក្លិនក្រអូប ដូចផ្កាឈើទិព្វ ៧ ផ្កា។

សត្ថុ បាទេ ឋបេត្វាន ញាណម្ហិ អភិបូជយឹ

និបច្ច សិរសា បាទេ ឥទំ វចនមព្រវឹ។

យាទិសា វណ្ណិតា វីរ ឥតោ អដ្ឋមកេ មុនិ

តាទិសាហំ ភវិស្សាមិ យទិ សិជ្ឈតិ នាយក។

តម្កល់ទុកទៀបព្រះបាទនៃព្រះសាស្ដា ហើយបូជាចំពោះព្រះញាណ ក្រាបទៀបព្រះបាទដោយសិរសា បានពោលពាក្យនេះថា បពិត្រព្រះវីរមុនី ទ្រង់នាំសត្វលោក ភិក្ខុនីរូបណា ដែលព្រះអង្គទ្រង់សរសើរក្នុងតំណែងដ៏ប្រសើរ ក្នុងថ្ងៃទី ៨ អំពីថ្ងៃនេះ បើតំណែងនោះ នឹងសម្រេចដល់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់នឹងជាស្រីមានសភាពដូច្នោះ។

តទា អវោច មំ សត្ថា វិស្សដ្ឋា ហោតិ ទារិកេ

អនាគតម្ហិ អទ្ធានេ លច្ឆសេ តំ មនោរថំ។

ក្នុងគ្រានោះ ព្រះសាស្ដាទ្រង់ត្រាស់នឹងខ្ញុំថា ម្នាលនាងទារិកា សភាពថ្លាស្អាតពិតប្រាកដ រមែងមាន នាងនឹងបាននូវតំណែងនោះ តាមមនោរថ ក្នុងកាលជាអនាគត។

សតសហស្សិតោ កប្បេ ឱក្កាកកុលសម្ភវោ

គោតមោ នាម គោត្តេន សត្ថា លោកេ ភវិស្សតិ។

ព្រះសាស្ដាព្រះនាមគោតម តាមគោត្ត ទ្រង់សម្ភពក្នុងត្រកូលឱក្កាកៈ នឹងកើតឡើងក្នុងលោក (ក្នុងកប្បទី ១ សែន អំពីកប្បនេះ)។

តស្ស ធម្មេសុ ទាយាទា ឱរសា ធម្មនិម្មិតា

នាមេនុប្បលវណ្ណាតិ រូបេន ច យសស្សិនី។

នាងនឹងជាទាយាទក្នុងធម៌នៃព្រះពុទ្ធអង្គនោះ ជាឱរសដែលធម៌និម្មិតហើយ នឹងមានឈ្មោះថា ឧប្បលវណ្ណា ព្រោះរូប ទាំងជាស្រីមានយស។

អភិញ្ញាសុ វសិប្បត្តា សត្ថុសាសនការិកា

សព្វាសវបរិក្ខីណា ហេស្សសី សត្ថុ សាវិកា។

នាងនឹងដល់នូវការស្ទាត់ជំនាញក្នុងអភិញ្ញា ជាអ្នកធ្វើតាមសាសនានៃព្រះសាស្ដា មានអាសវៈទាំងពួងអស់ហើយ ជា សាវិកានៃព្រះសាស្ដា។

តទាហំ មុទិតា ហុត្វា យាវជីវំ តទា ជិនំ

មេត្តចិត្តា បរិចរឹ សសង្ឃំ លោកនាយកំ។

ក្នុងគ្រានោះ ខ្ញុំមានចិត្តរីករាយ មានចិត្តប្រកបដោយមេត្តាបម្រើនូវព្រះជិនស្រី ជាលោកនាយក ព្រមទាំងព្រះសង្ឃ ក្នុងគ្រានោះ រហូតអស់ជីវិត។

តេន កម្មេន សុកតេន ចេតនាបណិធីហិ ច

ជហិត្វា មានុសំ ទេហំ តាវតឹសមគច្ឆហំ។

ព្រោះកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ព្រោះការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។

តតោ ចុតាហំ មនុជេ ឧបបន្នា សយម្ភុនោ

ឧប្បលេហិ បដិច្ឆន្នំ បិណ្ឌបាតមទាសហំ។

ខ្ញុំច្យុតចាកភពនោះហើយ កើតក្នុងពួកមនុស្ស បានប្រគេនបិណ្ឌបាត ដែលបិទបាំងដោយផ្កាឧប្បលទាំងឡាយ ដល់ព្រះសយម្ភូ។

ឯកនវុតិតោ កប្បេ វិបស្សី នាម នាយកោ

ឧប្បជ្ជិ ចារុទស្សនោ សព្វធម្មេសុ ចក្ខុមា។

ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រះពុទ្ធព្រះនាមវិបស្សី ជាលោកនាយក មានព្រះនេត្រល្អ មានចក្ខុក្នុងធម៌ទាំងពួង បានកើតឡើងហើយ។

សេដ្ឋិធីតា តទា ហុត្វា ពារាណសិបុរុត្តមេ

និមន្តេត្វាន សម្ពុទ្ធំ សសង្ឃំ លោកនាយកំ។

ក្នុងគ្រានោះ ខ្ញុំជាសេដ្ឋីធីតា ក្នុងក្រុងពារាណសី ជាបុរីដ៏ឧត្តម បាននិមន្ដនូវព្រះសម្ពុទ្ធ ជាលោកនាយកព្រមទាំងព្រះសង្ឃ ។

មហាទានំ ទទិត្វាន ឧប្បលេហិ វិនាយកំ

បូជយិត្វា ចេតសាវ វណ្ណសោភំ អបត្ថយឹ។

ខ្ញុំបានថ្វាយមហាទាន ហើយបូជានូវព្រះពុទ្ធ ទ្រង់ជាវិនាយកដឹកនាំនូវសត្វលោកដោយវិសេស ដោយផ្កាឧប្បលទាំងឡាយ ហើយប្រាថ្នាឲ្យមានពណ៌សម្បុរល្អ  (ដូចពណ៌នៃបណ្ដូលផ្កាឧប្បលខៀវ) ដោយចិត្តប៉ុណ្ណោះ។

ឥមម្ហិ ភទ្ទកេ កប្បេ ព្រហ្មពន្ធុ មហាយសោ

កស្សបោ នាម គោត្តេន ឧប្បជ្ជិ វទតំ វរោ។

ក្នុងភទ្ទកប្បនេះ ព្រះពុទ្ធទ្រង់មានផៅពង្សដ៏ប្រសើរ មានយសធំ ប្រសើរជាងអ្នកប្រាជ្ញ មានព្រះនាមថា កស្សបៈ តាមគោត្ត បានកើតឡើងហើយ។

ឧបដ្ឋាកោ មហេសិស្ស តទា អាសិ នរិស្សរោ

កាសិរាជា កិកី នាម ពារាណសិបុរុត្តមេ។

ក្នុងគ្រានោះ ព្រះរាជាដែនកាសី ព្រះនាមកិកី ទ្រង់ជាឥស្សរៈជាងនរៈក្នុងក្រុងពារាណសី ជាបុរីដ៏ឧត្តម ជាឧបដ្ឋាករបស់ព្រះពុទ្ធជាមហេសី ទ្រង់ស្វែងរកគុណធំ។

តស្សាសឹ ទុតិយា ធីតា សមណគុត្តសវ្ហយា

ធម្មំ សុត្វា ជិនគ្គស្ស បព្វជ្ជំ សមរោចយឹ។

ខ្ញុំជាធីតាទីពីរ នៃព្រះរាជាអង្គនោះ មាននាមប្រាកដថាសមណគុត្តា បានស្ដាប់ព្រះធម៌របស់ព្រះជិនស្រី ដ៏ប្រសើរហើយ ពេញចិត្តក្នុងបព្វជ្ជា។

អនុជានិ ន នោ តាតោ អគារេវ តទា មយំ

វីសវស្សសហស្សានិ វិចរិម្ហ អតន្ទិតា។

តែព្រះបិតាទ្រង់មិនអនុញ្ញាតដល់យើងខ្ញុំទាំងឡាយ  ក្នុងគ្រានោះ យើងខ្ញុំមិនខ្ជិលច្រអូស បានប្រព្រឹត្ត (ព្រហ្មចរិយធម៌) អស់ ២ ម៉ឺន ឆ្នាំ ក្នុងផ្ទះប៉ុណ្ណោះ។

កោមារិព្រហ្មចរិយំ រាជកញ្ញា សុខេធិតា

ពុទ្ធោបដ្ឋាននិរតា មុទិតា សត្តធីតរោ។

ព្រះរាជកញ្ញា ជាធីតា ៧ អង្គ ( របស់ព្រះបាទកិកី) មានសេចក្ដីសុខ ប្រព្រឹត្តព្រហ្មចរិយធម៌ តាំងអំពីនៅជាកុមារី ត្រេកអររីករាយ ឧបដ្ឋាកព្រះពុទ្ធ។

សមណី សមណគុត្តា ច ភិក្ខុនី ភិក្ខុទាយិកា

ធម្មា ចេវ សុធម្មា ច សត្តមី សង្ឃទាយិកា។

គឺព្រះនាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាយិកា ១ ធម្មា ១ សុធម្មា ១ និងព្រះនាងសង្ឃទាយិកា ជាគម្រប់ ៧។

អហំ ខេមា ច សប្បញ្ញា បដាចារា ច កុណ្ឌលា

កិសាគោតមី ធម្មទិន្នា វិសាខា ហោតិ សត្តមី។

(ក្នុងពុទ្ធុប្បាទនៃព្រះសមណគោតមនេះ ព្រះរាជធីតាទាំង ៧ នោះ បានមកជា) គឺខ្ញុំ ១ ព្រះនាងខេមាអ្នកមានបញ្ញា ១ នាងបដាចារា ១ កុណ្ឌលកេសី ១ កិសាគោតមី ១ ធម្មទិន្នា ១ និងនាងវិសាខាជាគម្រប់ ៧។

តេហិ កម្មេហិ សុកតេហិ ចេតនាបណិធីហិ ច

ជហិត្វា មានុសំ ទេហំ តាវតឹសមគច្ឆហំ។

ព្រោះកុសលកម្មដែលខ្ញុំធ្វើហើយ ដោយល្អនោះផង ព្រោះការតម្កល់ចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកាន់ឋានតាវត្តិង្ស។

តតោ ចុតា មនុស្សេសុ ឧបបន្នា មហាកុលេ

បីតំ មដ្ឋំ វរំ ទុស្សំ អទំ អរហតោ អហំ។

លុះខ្ញុំច្យុតចាកឋានតាវត្តិង្សនោះ មកកើតក្នុងមហាត្រកូល ក្នុងពួកមនុស្ស ហើយបានថ្វាយនូវសំពត់ពណ៌លឿង មានសាច់ម៉ដ្ឋល្អ ដល់ព្រះអរហន្ត។

តតោ ចុតារិដ្ឋបុរេ ជាតា វិប្បកុលេ អហំ

ធីតា តិរិដិវច្ឆស្ស ឧម្មាទន្តី មនោហរា។

លុះខ្ញុំច្យុតចាកអត្តភាពនោះ បានកើតក្នុងត្រកូលព្រាហ្មណមហាសាល ក្នុងអរិដ្ឋបុរី ជាធីតារបស់ព្រាហ្មណ៍ ឈ្មោះតិរិដិវច្ឆសេដ្ឋី ឈ្មោះឧម្មាទន្តី ជាស្រីទាក់ទាញចិត្ត  (នៃបុរសដទៃឲ្យវង្វេង)។

តតោ ចុតា ជនបទេ កុលេ អញ្ញតរេ អហំ

បសូតា នាតិផីតម្ហិ សាលឹ គោបេមហំ តទា។

លុះខ្ញុំច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងជនបទ ក្នុងត្រកូលមួយ មិនជាអ្នកស្តុកស្ដម្ភណាស់ណាទេ រក្សានូវស្រូវសាលីក្នុងគ្រានោះ។

ទិស្វា បច្ចេកសម្ពុទ្ធំ បញ្ចលាជសតានិហំ

ទត្វា បទុមច្ឆន្នានិ បញ្ច បុត្តសតានិហំ។

ខ្ញុំឃើញព្រះបច្ចេកពុទ្ធ ១ អង្គ បានថ្វាយលាជ ៥០០ គ្រាប់ បិទបាត្រដោយផ្កាឈូក ហើយប្រាថ្នានូវបុត្ត ៥០០ នាក់។

បត្ថយឹ តេបិ បត្ថេសុំ មធុំ ទត្វា សយម្ភុនោ

តតោ ចុតា អរញ្ញេហំ អជាយឹ បទុមោទរេ។

ខ្ញុំថ្វាយនូវទឹកឃ្មុំដល់ព្រះសយម្ភូ ហើយប្រាថ្នានូវបុត្តទាំងនោះ លុះច្យុតចាកអត្តភាពនោះហើយ បានកើតក្នុងផ្កាឈូក ក្នុងព្រៃ។

កាសិរញ្ញោ មហេសីហំ ហុត្វា សក្កតបូជិតា

អជនឹ រាជបុត្តានំ អនូនំ សតបញ្ចកំ។

ខ្ញុំបានជាមហេសី នៃព្រះបាទកាសី ត្រូវពួកជនធ្វើសក្ការបូជា បានឲ្យកំណើតដល់ព្រះរាជបុត្ត ៥០០ អង្គ មិនខ្វះ។

យទា តេ យោព្វនប្បត្តា កីឡន្តា ជលកីឡិតំ

ទិស្វា ឱបត្តបទុមំ អាសុំ បច្ចេកនាយកា។

ព្រះរាជបុត្តចម្រើនវ័យហើយ ទ្រង់លេងទឹក បានឃើញផ្កាឈូកមានត្របកស្វិតស្រពោន ក្នុងកាលណា ក៏បានជាព្រះបច្ចេកពុទ្ធ ក្នុងកាលនោះ។

សាហំ តេហិ វិនាភូតា សុតវីរេហិ សោកិនី

ចុតា ឥសិគិលិបស្សេ គាមកម្ហិ អជាយិហំ។

ខ្ញុំនោះ បានព្រាត់ប្រាសចាកបុត្តដ៏ប្រសើរទាំងឡាយនោះ ក៏ មានសេចក្ដីសោក បានច្យុតហើយ កើតក្នុងស្រុកតូច ទៀប ភ្នំឥសិគិលិ។

យទា ពុទ្ធោ សុតមតី សុតានំ ភត្តុនោបិ ច

យាគុំ អាទាយ គច្ឆន្តី អដ្ឋ បច្ចេកនាយកេ។

ភិក្ខាយ គាមំ គច្ឆន្តេ ទិស្វា បុត្តេ អនុស្សរឹ

ខីរធារា វិនិគ្គច្ឆិ  តទា មេ បុត្តបេមសា។

ខ្ញុំមានចិត្តនឹកភ្នកដល់កូន ដែលជាព្រះបច្ចេកពុទ្ធ កំពុងតែកាន់យកយាគូទៅដើម្បីប្ដីក្នុងកាលណា ក្នុងកាលនោះ បានឃើញនូវព្រះបច្ចេកពុទ្ធ ៨ អង្គ ដែលកំពុងនិមន្តទៅកាន់ស្រុកដើម្បីភិក្ខា ក៏នឹករឭកកូនទាំងឡាយ កាលនោះ ធ្នារទឹកដោះរបស់ខ្ញុំក៏ខ្ពុរចេញ ព្រោះសេចក្ដីស្រឡាញ់ចំពោះកូន។

តតោ តេសំ អទំ យាគុំ បសន្នា សេហិ បាណិភិ

តតោ ចុតាហំ តិទសំ នន្ទនំ ឧបបជ្ជហំ។

លំដាប់នោះ ខ្ញុំជ្រះថ្លា បានប្រគេនយាគូដល់ព្រះបច្ចេកពុទ្ធទាំងនោះ ដោយដៃរបស់ខ្លួន លុះខ្ញុំច្យុតចាកអត្តភាពនោះហើយ ក៏បានកើតក្នុងឧទ្យាន ឈ្មោះនន្ទនៈ ក្នុងឋានតាវត្តិង្ស។

អនុភោត្វា សុខំ ទុក្ខំ សំសរិត្វា ភវាភវេ

តវត្ថាយ មហាវីរ បរិច្ចត្តញ្ច ជីវិតំ។

បពិត្រព្រះមហាវីរៈ ខ្ញុំទទួលនូវសេចក្ដីសុខនិងទុក្ខ អន្ទោលទៅក្នុងភពតូចនិងភពធំ ទាំងជីវិត ក៏លះបង់ដើម្បីប្រយោជន៍ នៃព្រះអង្គ។

ធីតា តុយ្ហំ មហាវីរ  បញ្ញវន្ត ជុតិន្ធរ

ពហុញ្ច ទុក្ករំ កម្មំ កតំ មេ អតិទុក្ករំ។

បពិត្រព្រះមហាវីរៈ ទ្រង់មានបញ្ញា ទ្រទ្រង់នូវសេចក្ដីរុងរឿងខ្ញុំម្ចាស់ជាធីតារបស់ព្រះអង្គ អំពើដ៏ច្រើន ដែលគេធ្វើបានដោយក្រ ខ្ញុំម្ចាស់បានធ្វើហើយ ទាំងអំពើដ៏កម្រក្រៃលែង ក៏ខ្ញុំម្ចាស់បានធ្វើហើយដែរ។

រាហុលោ ច អហញ្ចេវ នេកជាតិសតេ ពហូ

ឯកស្មឹ សម្ភវេ ជាតា  សមានច្ឆន្ទមានសា។

ព្រះរាហុលនិងខ្ញុំម្ចាស់ បានកើតក្នុងភពជាមួយគ្នា អស់ច្រើនរយជាតិជាអនេក ជាអ្នកមានចិត្តប្រកបដោយឆន្ទៈដូចគ្នា។

និព្វត្តិ ឯកតោ ហោតិ  ជាតិយាបិ ច ឯកតោ

បច្ឆិមេ ភវេ សម្បត្តេ ឧភោបិ នានាសម្ភវា។

ការកើតក្នុងទីជាមួយគ្នា ក៏មាន កើតក្នុងជាតិជាមួយគ្នា ក៏មាន លុះដល់ភពចុងក្រោយ យើងខ្ញុំទាំងពីរ កើតផ្សេងគ្នា។

បុរិមានំ ជិនគ្គានំ  សង្គមំ តេ និទស្សិតំ

អធិការំ ពហុំ មយ្ហំ តុយ្ហត្ថាយ មហាមុនិ។

បពិត្រព្រះមហាមុនី ការគប់រកនូវព្រះជិនស្រីដ៏ប្រសើរទាំងឡាយ ក្នុងកាលមុន ព្រះអង្គសម្ដែងហើយដល់ខ្ញុំម្ចាស់ អធិការដ៏ច្រើន គឺខ្ញុំម្ចាស់ធ្វើហើយ ដើម្បីប្រយោជន៍ គឺការត្រាស់ដឹងនូវព្រះសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ។

យំ មយា បូរិតំ កម្មំ  កុសលំ សរ មេ មុនិ

តវត្ថាយ មហាវីរ បុញ្ញំ ឧបចិតំ មយា។

បពិត្រព្រះមហាមុនី កុសលកម្មណា ដែលខ្ញុំម្ចាស់បានបំពេញហើយ សូមព្រះអង្គរឭកនូវកុសលកម្មរបស់ខ្ញុំ បពិត្រព្រះមហាវីរៈ បុណ្យគឺខ្ញុំម្ចាស់សន្សំហើយ ដើម្បីប្រយោជន៍នៃការត្រាស់ដឹងនូវព្រះសព្វញ្ញុតញ្ញាណ​របស់ព្រះអង្គ។

អភព្វដ្ឋានេ វជ្ជេត្វា  វារយន្តិ អនាចារំ

តវត្ថាយ មហាវីរ ចត្តំ មេ ជីវិតំ ពហុំ។

បពិត្រព្រះមហាវីរៈ ខ្ញុំម្ចាស់វៀរនូវឋានៈ មិនសមគួរទាំងឡាយហាមឃាត់នូវអនាចារ នៃជីវិតដ៏ច្រើន ខ្ញុំម្ចាស់លះបង់ហើយដើម្បីប្រយោជន៍នៃការត្រាស់ដឹង នូវព្រះសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ។

ឯវំ ពហុវិធំ ទុក្ខំ សម្បត្តិ ច ពហុព្វិធា

បច្ឆិមេ ភវេ សម្បត្តេ ជាតា សាវត្ថិយំ បុរេ។

សេចក្ដីទុក្ខច្រើនប្រការ និងសម្បត្តិច្រើនប្រការ គឺខ្ញុំម្ចាស់បានទទួលហើយយ៉ាងនេះ លុះដល់ភពចុងក្រោយ ខ្ញុំម្ចាស់បានកើតក្នុងក្រុងសាវត្ថី។

មហាធនសេដ្ឋិកុលេ សុខិតេ សជ្ជិតេ តថា

នានារតនបជ្ជោតេ សព្វកាមសមិទ្ធិនេ។

ក្នុងត្រកូលមហាធនសេដ្ឋី មានសេចក្ដីសុខ មានការចាត់ចែងល្អ រុងរឿងដោយរតនៈផ្សេង ៗ  សម្រេចតាមសេចក្ដីប្រាថ្នាគ្រប់យ៉ាង។

សក្កតា បូជិតា ចេវ មានិតាបចិតា តថា

រូបសីរិមនុប្បត្តា  កុលេសុ អភិសក្កតា។

ខ្ញុំម្ចាស់ជាស្រីត្រូវគេធ្វើសក្ការៈ បូជា រាប់អាន និងគោរពកោតក្រែង ជាស្រីដល់តាមលំដាប់នូវរូបសិរី ដែលពួកជនក្នុងត្រកូលទាំងឡាយ ធ្វើសក្ការៈយ៉ាងក្រៃលែង។

អតីវ បត្ថិតា ចាសឹ រូបសោភសិរីហិ ច

បត្ថិតា សេដ្ឋិបុត្តេហិ អនេកេហិ សតេហិបិ។

ខ្ញុំម្ចាស់ជាស្រី ដែលពួកជនអ្នកមានសិរី ដោយលម្អនៃរូប ប្រាថ្នាហើយ ដែលពួកកូនសេដ្ឋីច្រើនរយ ប្រាថ្នាហើយផង។

អគារំ បជហិត្វាន បព្វជឹ អនគារិយំ

អឌ្ឍមាសេ អសម្បត្តេ ចតុសច្ចមបាបុណឹ។

ខ្ញុំលះបង់នូវផ្ទះ ហើយបួស ដល់នូវភាពនៃខ្លួនមិនមានប្រយោជន៍ដោយការងារក្នុងផ្ទះ មិនទាន់ដល់កន្លះខែ ក៏បានលុះនូវសច្ចៈ ៤។

ឥទ្ធិយា អភិនិម្មិត្វា ចតុរស្សំ រថំ អហំ

ពុទ្ធស្ស បាទេ វន្ទិស្សំ លោកនាថស្ស តាទិនោ។

ខ្ញុំនិម្មិតនូវរថមានជ្រុង ៤ ដោយឫទ្ធិ ហើយថ្វាយបង្គំនូវព្រះបាទារបស់ព្រះពុទ្ធ ទ្រង់មានព្រះហឫទ័យនឹងធឹង ជាទីពឹងនៃសត្វលោក។

ឥទ្ធីសុ ច វសី ហោមិ ទិព្វាយ សោតធាតុយា

ចេតោបរិយញ្ញាណស្ស វសី ហោមិ មហាមុនេ។

បពិត្រព្រះមហាមុនី ខ្ញុំម្ចាស់ស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយផង ក្នុងសោតធាតុដ៏ជាទិព្វផង ស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណផង។

បុព្វេនិវាសំ ជានាមិ  ទិព្វចក្ខុ វិសោធិតំ

សព្វាសវបរិក្ខីណា នត្ថិ ទានិ បុនព្ភវោ។

ខ្ញុំម្ចាស់ដឹងនូវបុព្វេនិវាសក្នុងខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន ទិព្វចក្ខុខ្ញុំម្ចាស់បានជម្រះហើយ អាសវៈទាំងពួងអស់រលីងហើយ ភពថ្មីមិនមានទៀតទេ ក្នុងកាលឥឡូវនេះ។

អត្ថធម្មនិរុត្តីសុ  បដិភានេ តថេវ ច

ញាណំ មេ វិមលំ សុទ្ធំ បភាវេន មហេសិនោ។

ញាណរបស់ខ្ញុំម្ចាស់ ប្រាសចាកមន្ទិល ស្អាតបរិសុទ្ធក្នុងអត្ថ ធម្ម និរុត្តិ និងបដិភាណ ព្រោះតេជះនៃព្រះមហេសី។

ចីវរំ បិណ្ឌបាតញ្ច  បច្ចយំ សយនាសនំ

ខណេន ឧបនាមេន្តិ សហស្សានិ សមន្តតោ។

ត្រកូលច្រើនពាន់ដោយជុំវិញ បានបង្អោននូវចីវរ បិណ្ឌបាត សេនាសនប្បច្ច័យ (ដល់ខ្ញុំម្ចាស់) ដោយមួយរំពេច។

ជិនោ តម្ហិ គុណេ តុដ្ឋោ ឯតទគ្គេ ឋបេសិ មំ

អគ្គា ឥទ្ធិមតីនន្តិ  បរិសាសុ វិនាយកោ។

ព្រះជិនស្រី ទ្រង់ជាវិនាយក ដឹកនាំនូវសត្វលោកដោយវិសេស ទ្រង់មានព្រះហឫទ័យត្រេកអរក្នុងគុណរបស់ខ្ញុំ បានតាំងទុកនូវខ្ញុំក្នុងឯតទគ្គៈ ក្នុងបរិស័ទទាំងឡាយថា ឧប្បលវណ្ណាភិក្ខុនី ប្រសើរបំផុតជាងភិក្ខុនីទាំងឡាយ ផ្នែកខាងមានឫទ្ធិ។

បរិចិណ្ណោ មយា សត្ថា កតំ ពុទ្ធស្ស សាសនំ

ឱហិតោ គរុកោ ភារោ ភវនេត្តិសមូហតា។

ព្រះសាស្ដា ខ្ញុំបានប្រព្រឹត្តតាមហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំទម្លាក់ចោលហើយ ទាំងតណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានគាស់រម្លើងចេញហើយ។

យស្សត្ថាយ បព្វជិតា អគារស្មានគារិយំ

សោ មេ អត្ថោ អនុប្បត្តោ សព្វសំយោជនក្ខយោ។

ខ្ញុំបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួស មិនមានប្រយោជន៍ដោយការងារក្នុងផ្ទះ ដើម្បីប្រយោជន៍ដល់គុណវិសេសណា ប្រយោជន៍គឺគុណវិសេសនោះ ជាគ្រឿងអស់ទៅនៃសំយោជនៈទាំងអស់ ខ្ញុំបានដល់តាមលំដាប់ហើយ។

កិលេសា ឈាបិតា មយ្ហំ  ភវា សព្វេ សមូហតា

នាគីវ ពន្ធនំ ឆេត្វា  វិហរាមិ អនាសវា។

កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រម្លើងហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណងដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។

ស្វាគតំ វត មេ អាសិ  ពុទ្ធសេដ្ឋស្ស សន្តិកេ

តិស្សោ វិជ្ជា អនុប្បត្តា កតំ ពុទ្ធស្ស សាសនំ។

ឱ ! ខ្ញុំមកល្អហើយ ក្នុងសម្នាក់ព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។

បដិសម្ភិទា ចតស្សោ  វិមោក្ខាបិ ច អដ្ឋិមេ

ឆឡភិញ្ញា សច្ឆិកតា កតំ ពុទ្ធស្ស សាសនំ។

បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦  នេះ ខ្ញុំបានធ្វើ ឲ្យជាក់ច្បាស់ហើយ  ទាំងសាសនារបស់ព្រះពុទ្ធ  ខ្ញុំក៏បានប្រតិបត្តិហើយ [អបទានគាថាទាំងនេះ មាននៅក្នុងអដ្ឋកថា ថេរីគាថា ច្បាប់ឆដ្ឋសង្គាយនា លើសខ្វះគ្នាខ្លះនឹងអបទានក្នុងបិដកឆដ្ឋសង្គាយនា និងនៅក្នុងគម្ពីរថេរិយាបទាន បិដកខ្មែរ។]។

ចំណែកក្នុងគម្ពីរអបទាន បិដកខ្មែរ មានសេចក្ដីដូចតទៅនេះថា

ភិក្ខុនី ឧប្បលវណ្ណា ឥទ្ធិយា បារមឹ គតា

វន្ទិត្វា សត្ថុនោ បាទេ ឥមំ វចនមព្រវិ។

ឧប្បលវណ្ណាភិក្ខុនី ដល់នូវត្រើយនៃឫទ្ធិ បានថ្វាយបង្គំព្រះបាទាព្រះសាស្ដា ហើយពោលនូវពាក្យនេះថា

និតិណ្ណា ជាតិសំសារំ បត្តាហំ អចលំ បទំ

សព្វទុក្ខំ មយា ខីណំ អារោចេមិ មហាមុនិ។

បពិត្រព្រះមហាមុនី ខ្ញុំម្ចាស់ឆ្លងផុតនូវជាតិសង្សារហើយ ដល់នូវព្រះនិព្វាន  ជាទីមិនកម្រើក ខ្ញុំម្ចាស់សូមក្រាបទូលនូវទុក្ខទាំងពួង របស់ខ្ញុំម្ចាស់ដែលអស់ហើយ។

យាវតា បរិសា អត្ថិ បសន្នា ជិនសាសនេ

យេសញ្ច មេបរាធោត្ថិ ខមន្តុ ជិនសម្មុខា។

ពួកបរិស័ទទាំងប៉ុន្មាន ជ្រះថ្លាក្នុងសាសនានៃព្រះជិនស្រីកំហុសរបស់ខ្ញុំម្ចាស់ មានចំពោះពួកជនណា សូមពួកជននោះ អត់ទោស ក្នុងទីចំពោះព្រះភក្រ្តនៃព្រះជិនស្រី ឲ្យទាន។

សំសារេ សំសរន្តា មេ  ខលិតំ មេ សចេ ភវេ

អារោចេមិ មហាវីរ អបរាធំ ខមស្សុ មេ។

បពិត្រព្រះអង្គជាមហាវីរបុរស ខ្ញុំម្ចាស់កំពុងអន្ទោលទៅក្នុងសង្សារ បើខ្ញុំម្ចាស់មានសេចក្ដីភ្លាត់ភ្លាំង ខ្ញុំម្ចាស់សូមអង្វរ សូមព្រះអង្គអត់ទោស ចំពោះកំហុសនៃខ្ញុំម្ចាស់នោះ។

ឥទ្ធិញ្ចាបិ និទស្សេហិ មម សាសនការិកេ

ចតស្សោ បរិសា អជ្ជ កង្ខំ ឆិន្ទាហិ យាវតា។

ម្នាលនាង អ្នកធ្វើតាមសាសនារបស់តថាគត បើដូច្នោះចូរនាងសម្ដែងនូវឫទ្ធិចុះ ចូរនាងញ៉ាំងបរិស័ទទាំង ៤ ឲ្យ កាត់នូវសេចក្ដីសង្ស័យទាំងប៉ុន្មាន ក្នុងថ្ងៃនេះចុះ។

ធីតា តុយ្ហំ មហាវីរ បញ្ញវន្ត ជុតិន្ធរ

ពហុញ្ច ទុក្ករំ កម្មំ កតំ មេ អតិទុក្ករំ។

បពិត្រព្រះអង្គជាមហាវីរបុរស ទ្រង់មានបញ្ញា ទ្រទ្រង់នូវសេចក្ដីរុងរឿង ខ្ញុំម្ចាស់ជាធីតារបស់ព្រះអង្គ ចំណែកខាងអំពើដ៏ច្រើន ដែលគេកម្រធ្វើបាន ខ្ញុំព្រះអង្គបានធ្វើឲ្យជាអំពើ រឹតតែកម្រក្រៃលែង។

ឧប្បលស្សេវ មេ វណ្ណោ នាមេនុប្បលនាមិកា

សា ធីតា តេ មហាវីរ បាទេ វន្ទាមិ ចក្ខុមា។

បពិត្រព្រះអង្គជាមហាវីរបុរស ទ្រង់មានបញ្ញាចក្ខុ សម្បុររបស់ខ្ញុំម្ចាស់ ដូចជាសម្បុរនៃផ្កាឧប្បល ខ្ញុំម្ចាស់មានឈ្មោះថា ឧប្បលវណ្ណា  ជាធីតារបស់ព្រះអង្គ សូមថ្វាយបង្គំព្រះបាទា។

រាហុលោ ច អហញ្ចេវនេកជាតិសតេ ពហូ

ឯកស្មឹ សម្ភវេ ជាតា សមានឆន្ទចេតសា។

ព្រះរាហុលត្ថេរនិងខ្ញុំម្ចាស់ ធ្លាប់កើតក្នុងភពតែមួយ អស់រយនៃជាតិជាច្រើន ជាអ្នកមានចិត្តនិងឆន្ទៈស្មើគ្នា។

និព្វត្តិ ឯកតោ ហោតិ ជាតិយា ចាបិ ឯកតោ

បច្ឆិមេ ភវសម្បត្តេ ឧភយោ នាមសម្ភវា។

ការកើតឡើងក្នុងទីជាមួយគ្នា ក៏មាន ក្នុងជាតិជាមួយគ្នា ក៏មាន លុះដល់បច្ឆិមភព ជនទាំងពីរនាក់ កើតដោយឈ្មោះ (ផ្សេងគ្នា)។

បុត្តោ ច រាហុលោ នាម ធីតា ឧប្បលសវ្ហយា

បស្ស វីរ មមំ ឥទ្ធឹ ពលំ ទស្សេមិ សត្ថុនោ។

ព្រះរាជបុត្ត បានមកជាកុមារ ឈ្មោះរាហុល ខ្ញុំម្ចាស់បានមកជាធីតា ឈ្មោះឧប្បលវណ្ណា បពិត្រព្រះអង្គជាវីរបុរស សូមព្រះអង្គទតឫទ្ធិនៃខ្ញុំម្ចាស់ចុះ ខ្ញុំម្ចាស់នឹងសម្ដែងកម្លាំងថ្វាយព្រះសាស្ដា។

មហាសមុទ្ទេ ចតុរោ បក្ខិបិ ហត្ថបាណិយំ

តេលំ ហត្ថគតញ្ចេវ ខិឌ្ឌោ កោមារកោ យថា។

នាងឧប្បលវណ្ណា ដាក់មហាសមុទ្ទទាំង ៤ លើផ្ទៃបាតដៃហាក់ដូចកូនក្មេងលេងប្រេង ដែលតាំងនៅលើបាតដៃ។

ឧព្វត្តយិត្វា បឋវឹ បក្ខិបិ ហត្ថបាណិយំ

ចិត្តមុញ្ជំ យថា នាម លុញ្ចិ កោមារកោ យុវា។

នាងឧប្បលវណ្ណាឆ្កឹះផែនដី ដាក់លើផ្ទៃបាតដៃ ដូចជាក្មេងជំទង់ ដកនូវស្មៅយាប្លងដ៏វិចិត្រ។

ចក្កវាឡសមំ បាណឹ ឆទយិត្វាន មត្ថកេ

វស្សាបេត្វាន ផុសិតំ នានាវណ្ណំ បុនប្បុនំ។

នាងឧប្បលវណ្ណា បាំងនូវបាតដៃស្មើចក្កវាឡ លើក្បាល ហើយញ៉ាំងគ្រាប់ភ្លៀង មានពណ៌ផ្សេង ៗ ឲ្យធ្លាក់ចុះ។

ភូមឹ ឧទុក្ខលំ កត្វា ធញ្ញំ កត្វាន សក្ខរំ

សិនេរុំ មុសលំ កត្វា មទ្ទិ កោមារិកា យថា។

នាងធ្វើផែនដីជាត្បាល់ ធ្វើក្រួសជាស្រូវ ធ្វើភ្នំសិនេរុជាអង្រែ ដូចក្មេងស្រីបុកស្រូវ។

ធីតាហំ ពុទ្ធសេដ្ឋស្ស នាមេនុប្បលសវ្ហយា

អភិញ្ញាសុ វសីភូតា តវ សាសនការិកា។

ខ្ញុំម្ចាស់ឈ្មោះឧប្បលវណ្ណា ជាធីតារបស់ព្រះពុទ្ធដ៏ប្រសើរ ជាអ្នកស្ទាត់ក្នុងអភិញ្ញាទាំងឡាយ ជាអ្នកធ្វើតាមសាសនារបស់ព្រះពុទ្ធអង្គ។

នានាវិកុព្វនំ កត្វា ទស្សេត្វា លោកនាយកំ

នាមគោត្តំ បកាសេត្វា បាទេ វន្ទាមិ ចក្ខុមា។

បពិត្រព្រះអង្គមានបញ្ញាចក្ខុ  ខ្ញុំម្ចាស់សូមធ្វើនូវវិកុព្វនឫទ្ធិផ្សេងៗ សម្ដែងថ្វាយព្រះលោកនាយក ហើយប្រកាសនូវនាមនិងគោត្ត ទើបថ្វាយបង្គំព្រះបាទាព្រះអង្គ។

ឥទ្ធិយា ច វសី ហោមិ ទិព្វាយ សោតធាតុយា

ចេតោបរិយញ្ញាណស្ស វសី ហោមិ មហាមុនេ។

បពិត្រព្រះមហាមុនី ខ្ញុំម្ចាស់ជាអ្នកស្ទាត់ក្នុងឫទ្ធិផង ក្នុងទិព្វសោតធាតុឫទ្ធិផង ជាអ្នកស្ទាត់ក្នុងចេតោបរិយញ្ញាណ​ផង។

បុព្វេនិវាសំ ជានាមិ ទិព្វចក្ខុំ វិសោធិតំ

សព្វាសវា បរិក្ខីណា នត្ថិ ទានិ បុនព្ភវោ។

ខ្ញុំម្ចាស់ដឹងនូវបុព្វេនិវាស ទាំងទិព្វចក្ខុ ក៏ខ្ញុំម្ចាស់ជម្រះហើយ អាសវៈទាំងអស់ ក៏អស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀត មិនមានទៀតទេ។

អត្ថធម្មនិរុត្តីសុ បដិភាណេ តថេវ ច

ញាណំ មេ វិបុលំ សុទ្ធំ សភាវេន មហេសិនោ។

ញាណរបស់ខ្ញុំម្ចាស់ ដ៏ទូលាយស្អាតក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ តាមសភាពរបស់ព្រះពុទ្ធជាមហេសី។

បុរិមានំ ជិនគ្គានំ សង្គាមន្តេន ទស្សិតំ

អធិការំ ពហុ មយ្ហំ តុយ្ហត្ថាយ មហាមុនិ។

បពិត្រព្រះមហាមុនី ព្រះអង្គធ្លាប់សម្ដែងនូវសង្រ្គាម ចំពោះព្រះជិនស្រីដ៏ប្រសើរទាំងឡាយ ក្នុងកាលមុន កិច្ចការដ៏ ក្រៃលែងច្រើនយ៉ាងរបស់ខ្ញុំម្ចាស់ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់ព្រះអង្គ។

យំ មយា បុរិមំ កម្មំ កុសលំ សរ មេ មុនិ

តវត្ថាយ មហាវីរ បុញ្ញំ ឧបចិតំ មយា។

បពិត្រព្រះមហាមុនី អំពើណាមានក្នុងកាលមុន ដែលខ្ញុំម្ចាស់ធ្វើហើយ សូមព្រះអង្គរឭកនូវអំពើជាកុសលរបស់ខ្ញុំម្ចាស់នោះ បពិត្រព្រះមហាវីរបុរស បុណ្យដែលខ្ញុំម្ចាស់សន្សំទុកហើយ ដើម្បីប្រយោជន៍ដល់ព្រះអង្គ។

អភព្វដ្ឋានេ វជ្ជេត្វា បរិបាចេន្តោ អនាចារំ

តវត្ថាយ មហាវីរ ចត្តំ មេ ជីវិតុត្តមំ។

បពិត្រព្រះអង្គជាមហាវីរបុរស ខ្ញុំម្ចាស់វៀរ (នូវអំពើ) ក្នុងទីមិនគួរ ហើយបានទាត់ចោលនូវអានាចារ ជីវិតដ៏ឧត្ដម ដែលខ្ញុំម្ចាស់លះបង់ហើយ ដើម្បីប្រយោជន៍ដល់ព្រះអង្គ។

ទសកោដិសហស្សានិ អទាសិ មម ជីវិតំ

បរិចត្តា ច មេ ហោមិ តវត្ថាយ មហាមុនិ។

បពិត្រព្រះមហាមុនី  ព្រះអង្គបានប្រទានជីវិតដល់ខ្ញុំម្ចាស់អស់ ១០ ពាន់កោដិ ទាំងខ្លួនខ្ញុំម្ចាស់ ដែលខ្ញុំម្ចាស់បានលះបង់ហើយ ដើម្បីប្រយោជន៍ដល់ព្រះអង្គ។

តទាតិវិម្ហិតា សព្វា សិរសាវ កតញ្ជលី

អវោចេយ្យ កតំ អាសិ អតុលិទ្ធិ បរក្កមា។

គ្រានោះ បរិស័ទទាំងអស់ ស្ញប់ស្ញែងក្រៃលែង ធ្វើអញ្ជលីដោយត្បូង ពោលថា បពិត្រនាងម្ចាស់ សេចក្ដីព្យាយាមមានឫទ្ធិថ្លឹងមិនបាន ដែលនាងធ្វើហើយ តើដូចម្ដេច។

សតសហស្សេ ឥតោ កប្បេ នាគកញ្ញា អហំ តទា

វិមលា នាម នាមេន កញ្ញានំ សាធុសម្មតា។

ក្នុងកប្បទីមួយសែន អំពីកប្បនេះ កាលនោះ ខ្ញុំកើតជាកញ្ញានៃនាគ ឈ្មោះនាងវិមលា ដែលគេសន្មតហៅថា ស្រីល្អ ជាងនាគកញ្ញាទាំងឡាយ។

មហោរគោ មហានាគោ បសន្នោ ជិនសាសនេ

បទុមុត្តរំ មហាតេជំ និមន្តេសិ សសាវកំ។

ពស់ធំ ឈ្មោះមហានាគ ជ្រះថ្លាក្នុងសាសនានៃព្រះជិនស្រី បាននិមន្តព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់មានតេជះច្រើន ព្រមទាំងសាវ័ក។

រតនមយញ្ច មណ្ឌបំ បល្លង្កំ រតនាមយំ

រតនវាលុកាកិណ្ណំ ឧបភោគំ រតនាមយំ។

មហានាគនោះ បានរៀបចំនូវមណ្ឌប ជាវិការៈនៃកែវផង នូវបល្ល័ង្ក ជាវិការៈនៃកែវផង នូវគ្រឿងឧបភោគ ជាវិការៈនៃកែវ ដែលលាយដោយខ្សាច់ ជាវិការៈនៃកែវផង។

មគ្គញ្ច បដិយាទេសិ រតនធជភូសិតំ

បច្ចុគ្គន្ត្វាន សម្ពុទ្ធំ វជ្ជន្តោ តុរិយេហិ សោ។

នូវផ្លូវដែលស្អិតស្អាងដោយទង់ជ័យ ជាវិការៈនៃកែវផង ហើយប្រគំដោយតូរ្យតន្រ្តី ទទួលព្រះសម្ពុទ្ធ។

បរិសាហិ ច ចតូហិ ផរតេ លោកនាយកោ

មហោរគស្ស ភវនេ និសីទិ បរមាសនេ។

ចំណែកខាងព្រះលោកនាយក ដែលបរិស័ទទាំង ៤ បានហែហមហើយ ទ្រង់គង់លើអាសនៈដ៏ប្រសើរ ក្នុងលំនៅនៃមហានាគ។

អន្នបានំ ខាទនីយំ ភោជនញ្ច មហារហំ

វរំ វរញ្ច បាទាសិ នាគរាជា មហាយសំ។

ស្ដេចនាគបានថ្វាយនូវបាយទឹកផង នូវភោជនដែលគួរបរិភោគ មានថ្លៃច្រើនផង នូវពរដ៏ប្រសើរផង ចំពោះព្រះពុទ្ធទ្រង់មានយសធំ។

ភុញ្ជិត្វាន ស សម្ពុទ្ធោ បត្តេ ធោវិត្វា យោនិសោ

អនុមោទនិយំកាសិ នាគកញ្ញា មហិទ្ធិកា។

លុះព្រះសម្ពុទ្ធនោះ ទ្រង់សោយហើយ ទ្រង់លាងបាត្រ ហើយធ្វើអនុមោទនា ដោយឧបាយនៃប្រាជ្ញាថា  ចូរនាង នាគកញ្ញា មានឫទ្ធិច្រើនចុះ។

សព្វញ្ញុំ ផុល្លិតំ ទិស្វា នាគកញ្ញា មហាយសំ

បសន្នំ សត្ថុនោ ចិត្តំ សុនិវទ្ធញ្ច មានសំ។

នាងនាគកញ្ញា បានឃើញព្រះសព្វញ្ញុពុទ្ធ ដែលទ្រង់ស្រស់បស់ មានយសច្រើន ចិត្តក៏ជ្រះថ្លាចំពោះព្រះសាស្ដាផង ចិត្តក៏ប្រតិព័ទ្ធចំពោះព្រះសាស្ដាផង។

មមញ្ច ចិត្តមញ្ញាយ ជលជុត្តមនាមកោ

តស្មឹ ខណេ មហាវីរោ ភិក្ខុនឹ ទស្សយិទ្ធិយា។

ក្នុងខណៈនោះ  ព្រះសម្ពុទ្ធជាមហាវីរបុរស  ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវចិត្តរបស់ខ្ញុំ ទ្រង់បង្ហាញនូវភិក្ខុនីដោយឫទ្ធិ។

ឥទ្ធី អនេកា ទស្សេសិ ភិក្ខុនី សា វិសារទា

បមោទិតា វេទជាតា សត្ថារំ ឯតទព្រវឹ។

ភិក្ខុនីនោះ ក្លៀវក្លា សម្ដែងនូវឫទ្ធិច្រើនប្រការ ខ្ញុំក៏រីករាយត្រេកអរ បានពោលពាក្យនេះ ចំពោះព្រះសាស្ដាថា

អទ្ទសាហំ ឥមា ឥទ្ធី សុមិតា ឥតរាយបិ

កថំ អហោសិ សា ធីរ ឥទ្ធិយា សុវិសារទា។

បពិត្រព្រះអង្គជាអ្នកប្រាជ្ញ ខ្ញុំម្ចាស់បានឃើញឫទ្ធិទាំងនេះ ដែលរាប់ថា ក្រៃលែងជាងឫទ្ធិឯទៀត ភិក្ខុនីនោះ ក្លៀវក្លាដោយឫទ្ធិខ្លាំងម៉េ្លះ តើដោយប្រការដូចម្ដេច។

ឱរសា មុខតោ ជាតា ធីតា មម មហិទ្ធិកា

មមានុសាសនីការា ឥទ្ធិយា សុវិសារទា។

ភិក្ខុនីនេះ ជាធីតា ជាឱរសកើតអំពីមាត់របស់តថាគត ទើបជាភិក្ខុនីមានឫទ្ធិច្រើន ជាអ្នកធ្វើតាមអនុសាសនីរបស់តថាគត បានជាមានសេចក្ដីក្លៀវក្លាក្រៃលែងដោយឫទ្ធិ។

ពុទ្ធស្ស វចនំ សុត្វា តុដ្ឋា ឯវំ អវោចហំ

អហំបិ  តាទិសា ហោមិ ឥទ្ធិយា សុវិសារទា។

លុះខ្ញុំស្ដាប់ព្រះវាចានៃព្រះពុទ្ធហើយ ក៏ត្រេកអរ ពោលនូវពាក្យយ៉ាងនេះថា សូមឲ្យខ្ញុំម្ចាស់ជាស្រ្តីក្លៀវក្លាក្រៃលែងដោយឫទ្ធិ ប្រាកដដូចជាភិក្ខុនីនោះ។

បមោទិតាហំ សុមនា បត្តឧត្តមមានសា

អនាគតម្ហិ អទ្ធានេ ឦទិសា ហោមិ នាយក។

បពិត្រព្រះអង្គជានាយក  ខ្ញុំម្ចាស់មានចិត្តអរសប្បាយរីករាយ មានចិត្តខ្ពង់ខ្ពស់ សូមឲ្យបានដូចភិក្ខុនីនេះ ក្នុងកាលអនាគតពុំខាន។

មណិមយញ្ច បល្លង្កំ មណ្ឌបញ្ច បភស្សរំ

អន្នបានេន តប្បេត្វា សសង្ឃំ លោកនាយកំ។

(ខ្ញុំបានថ្វាយ) នូវបល្ល័ង្កជាវិការៈនៃកែវមណីផង នូវមណ្ឌបដ៏ភ្លឺផ្លេកផង ហើយញ៉ាំងព្រះពុទ្ធជាលោកនាយក ព្រមទាំង ព្រះសង្ឃ ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក។

នាគានំ បវរំ បុប្ផំ អរុណំ នាម ឧប្បលំ

វណ្ណំ មេ ឦទិសំ ហោតុ បូជេសឹ លោកនាយកំ។

ខ្ញុំបូជាផ្កាឧប្បល ឈ្មោះអរុណ ជាផ្កាដ៏ប្រសើរ របស់ពួកនាគចំពោះព្រះពុទ្ធ ជាលោកនាយក ហើយសូមឲ្យពណ៌សម្បុររបស់ខ្ញុំដូចផ្កានេះ។

តេន កម្មេន សុកតេន ចេតនាបណិធីហិ ច

ជហិត្វា មានុសំ ទេហំ តាវត្តឹសំ អគញ្ឆហំ។

ដោយអំពើដែលខ្ញុំធ្វើល្អនោះផង  ដោយការតម្កល់ទុកនូវចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។

តតោ ចុតាហំ មនុជេ ឧបបន្នា សយម្ភុនោ

ឧប្បលេហិ បដិច្ឆន្នំ បិណ្ឌបាតមទាសហំ។

លុះខ្ញុំច្យុតចាកឋានតាវត្តិង្សនោះហើយ ក៏មកកើតក្នុងឋានមនុស្ស បានថ្វាយបិណ្ឌបាតដែលបិទបាំងដោយផ្កាឧប្បលទាំងឡាយ ចំពោះព្រះពុទ្ធជាសយម្ភូ។

ឯកនវុតេ ឥតោ កប្បេ វិបស្សី នាម នាយកោ

ឧប្បជ្ជិ ចារុនយនោ សព្វធម្មេសុ ចក្ខុមា។

ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះពុទ្ធជានាយក ព្រះនាមវិបស្សី មានព្រះនេត្រដ៏ភ្លឺថ្លា មានបញ្ញាចក្ខុក្នុងធម៌ទាំងពួងទ្រង់កើតឡើង។

សេដ្ឋិធីតា តទា ហុត្វា ពារាណសិបុរុត្តមេ

និមន្តេត្វាន សម្ពុទ្ធំ សសង្ឃំ លោកនាយកំ។

ក្នុងកាលនោះ ខ្ញុំបានកើតជាសេដ្ឋីធីតា ក្នុងបុរីដ៏ឧត្ដម ឈ្មោះពារាណសី បាននិមន្តព្រះសម្ពុទ្ធជាលោកនាយក ព្រមទាំងព្រះសង្ឃ។

មហាទានំ ទទិត្វាន ឧប្បលេហិ វិនាយកំ

បូជយិត្វា ច តថេហេវ វណ្ណសោភំ អបត្ថយឹ។

ខ្ញុំថ្វាយមហាទាន បូជាព្រះពុទ្ធជានាយក ដោយផ្កាឧប្បលទាំងឡាយ ហើយប្រាថ្នាឲ្យមានពណ៌សម្បុរល្អ ដូចផ្កាឧប្បលទាំងនោះ។

ឥមម្ហិ ភទ្ទកេ កប្បេ ព្រហ្មពន្ធុ មហាយសោ

កស្សបោ នាម នាមេន ឧប្បជ្ជិ វទតំ វរោ។

ក្នុងភទ្ទកប្បនេះ ព្រះពុទ្ធព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសច្រើន ប្រសើរជាងពួកជនអ្នកពោល ទ្រង់កើតឡើង។

ឧបដ្ឋាកោ មហេសិស្ស តទា អាសិ នរិស្សរោ

កាសិរាជា កិកី នាម ពារាណសិបុរុត្តមេ។

គ្រានោះ ព្រះរាជាដែនកាសី ព្រះនាមកិកី ជាឥស្សរៈលើ ប្រជាជន ក្នុងពារាណសីបុរីដ៏ប្រសើរ បានជាឧបដ្ឋាកនៃព្រះពុទ្ធជាមហេសី។

តស្សាសឹ ទុតិយា ធីតា សមណីគុត្តសវ្ហយា

ធម្មំ សុត្វា ជិនគ្គស្ស បព្វជ្ជំ សមរោចយឹ។

ខ្ញុំជាធីតាទីពីររបស់ព្រះរាជាអង្គនោះ ឈ្មោះនាងសមណីគុត្តាបានស្ដាប់ធម៌របស់ព្រះពុទ្ធជិនស្រី ជាបុគ្គលប្រសើរ ហើយពេញចិត្តនឹងបព្វជ្ជា។

អនុជានិ ន នោ តាតោ អគារេវ តទា មយំ

វីសំ វស្សសហស្សានិ វិចរិម្ហ អតន្ទិតា។

កោមារិព្រហ្មចរិយំ រាជកញ្ញា សុខេដ្ឋិតា

ពុទ្ធោបដ្ឋាននិរតា មុទិតា សត្ត ធីតរោ។

ក្នុងគ្រានោះ ព្រះវររាជបិតារបស់យើង ទ្រង់មិនអនុញ្ញាត យើងក៏មិនខ្ជិលច្រអូស ប្រព្រឹត្តព្រហ្មចរិយៈសម្រាប់កុមារី អស់ ២០ ពាន់ឆ្នាំ នៅក្នុងផ្ទះ ជាព្រះរាជកញ្ញា ឋិតនៅក្នុងសេចក្ដីសុខ ត្រេកអររីករាយក្នុងការបម្រើព្រះពុទ្ធ ជាព្រះរាជធីតា ៧ អង្គ។

សមណី សមណគុត្តា ច ភិក្ខុនី ភិក្ខុទាសិកា

ធម្មា ចេវ សុធម្មា ច សត្តមី សង្ឃទាសិកា។

គឺនាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជាគម្រប់ប្រាំពីរ។

អហំ ខេមា ច សប្បញ្ញា បដាចារា ច កុណ្ឌលា

កិសាគោតមី ធម្មទិន្នា វិសាខា ហោតិ សត្តមី។

(ក្នុងពុទ្ធុប្បាទព្រះសមណគោតមនេះ ធីតាទាំងនោះ បានមកជា) ខ្លួនខ្ញុំ ១ នាងខេមាមានប្រាជ្ញា ១ បដាចារា ១ កុណ្ឌលកេសី ១ កិសាគោតមី ១ ធម្មទិន្នា ១ វិសាខា ជាគម្រប់ប្រាំពីរ ។

តេហិ កម្មេហិ សុកតេហិ ចេតនាបណិធីហិ ច

ជហិត្វា មានុសំ ទេហំ តាវត្តឹសំ អគញ្ឆហំ។

ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស។

តតោ ចុតា មនុស្សេសុ ឧបបន្នា មហាកុលេ

បីតមដ្ឋវរំ ទុស្សំ អទំ អរហតោ អហំ។

លុះច្យុតចាកឋានតាវត្តិង្សនោះហើយ ក៏មកកើតក្នុងមនុស្សត្រកូលធំ បានថ្វាយនូវសំពត់សាច់ម៉ដ្ឋ មានពណ៌លឿង ដល់ព្រះអរហន្ត។

តតោ ចុតា អរិដ្ឋបុរេ ជាតា វិប្បកុលេ អហំ

ធីតា តិរិដិវច្ឆស្ស ឧម្មាទន្តី មនោហរា។

លុះខ្ញុំច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងអរិដ្ឋបុរី ក្នុងត្រកូលព្រាហ្មណ៍ ជាធីតានៃតិរិដិវច្ឆសេដ្ឋី ឈ្មោះនាងឧម្មាទន្តី ជាទីពេញចិត្ត (របស់ជន)។

តតោ ចុតា ជនបទេ កុលេ អញ្ញតរេ អហំ

បសុតា នាតិផីតម្ហិ សាលឹ គោបេមហន្តទា។

លុះខ្ញុំច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងជនបទ ក្នុងត្រកូលមួយ ជាអ្នកខ្វល់ខ្វាយ មិនជាអ្នកស្ដុកស្ដម្ភណាស់ណាទេ គ្រានោះ ខ្ញុំថែរក្សានូវស្រូវសាលី។

ទិស្វា បច្ចេកសម្ពុទ្ធំ បញ្ចលាជសតានហំ

ទត្វា បទុមឆន្នានិ បញ្ច បុត្តសតានិបិ។

បត្ថយឹ តេសុ បុត្តេសុ មធុំ ទត្វា សយម្ភុនោ

តតោ ចុតា អរញ្ញេហំ អជាយឹ បទុមោទរេ។

ខ្ញុំបានឃើញព្រះបច្ចេកសម្ពុទ្ធ ហើយថ្វាយលាជប្រាំរយកន្ទោង ដែលគ្របដោយផ្កាឈូក ហើយប្រាថ្នានូវកូនប្រាំរយរូប ខ្ញុំថ្វាយទឹកឃ្មុំដល់ព្រះពុទ្ធជាសយម្ភូ ព្រោះតែកូនទាំងនោះ លុះច្យុតចាកអត្តភាពនោះហើយ បានមកកើតក្នុងត្របកផ្កាឈូក នៅក្នុងព្រៃ។

កាសិរញ្ញោ មហេសីហំ ហុត្វា សក្កតបូជិតា

អជនឹ រាជបុត្តានំ អនូន សតបញ្ចកំ។

ខ្ញុំបានជាមហេសីរបស់ស្ដេចដែនកាសី ដែលគេធ្វើសក្ការបូជា បានបង្កើតព្រះរាជបុត្តចំនួនប្រាំរយឥតខ្វះ។

យទា តេ យោព្វនប្បត្តា កីឡន្តា ជលកីឡិតំ

ទិស្វាន ឱបត្តបទុមំ អាសុំ បច្ចេកនាយកា។

កាលណា ព្រះរាជបុត្តទាំងនោះ ដល់នូវវ័យចម្រើនឡើង កំពុងលេងល្បែងក្នុងទឹក បានឃើញស្លឹកនិងផ្កាឈូកសំយុងចុះ (មានចិត្តនឿយណាយក្នុងសង្ខារ ចម្រើនវិបស្សនា) បានជាព្រះច្ចេកពុទ្ធ ជានាយក ក្នុងកាលនោះ។

សាហំ តេហិ វិនាភូតា សុតវរេហិ សោកិនី

ចុតា ឥសិគិលិបស្សេ គាមកម្ហិ អជាយិហំ។

ខ្ញុំនោះ ជាអ្នកព្រាត់ប្រាសចាករាជបុត្តដ៏ប្រសើរទាំងនោះ ក៏មានសេចក្ដីសោកស្ដាយ លុះច្យុត (ចាកអត្តភាពនោះហើយ) បានមកកើតក្នុងស្រុកតូចមួយ ទៀបភ្នំឥសិគិលិ។

យទា ពុទ្ធាសុតមតិ សុតានំ អត្តនោបិ ច

យាគុំ អាទាយ គច្ឆន្តិ អដ្ឋ បច្ចេកនាយកេ។

កាលណា ខ្ញុំមានចិត្តភ្នកនឹកដល់កូន ដែលជាព្រះបច្ចេកពុទ្ធ ក៏នាំយកបបរដើរទៅ ដើម្បីកូនទាំងឡាយផង ដើម្បីខ្លួនផង ខ្ញុំបានឃើញព្រះបច្ចេកពុទ្ធជានាយក ៨ ព្រះអង្គ។

ភិក្ខាយ គាមំ គច្ឆន្តេ ទិស្វា បុត្តេ អនុស្សរឹ

ខីរធារា វិនិគ្គញ្ឆិ តទា មេ បុត្តបេមសា។

ដែលកំពុងដើរទៅកាន់ស្រុកដើម្បីភិក្ខា ក៏នឹករឭកកូនទាំងឡាយ កាលនោះ ទរនៃទឹកដោះរបស់ខ្ញុំក៏ខ្ពុរចេញ ព្រោះសេចក្ដីស្រឡាញ់ចំពោះកូន។

តតោ តេសំ អទំ យាគុំ បសន្នា សេហិ បាណិភិ

តតោ ចុតាហំ តិទសំ នន្ទនំ ឧបបជ្ជហំ។

លំដាប់នោះ ខ្ញុំជ្រះថ្លា បានប្រគេនបបរដល់ព្រះបច្ចេកពុទ្ធទាំងនោះ ដោយដៃរបស់ខ្លួន លុះច្យុតចាកអត្តភាពនោះ ក៏បានទៅកើតឯឧទ្យានឈ្មោះនន្ទនៈ ក្នុងឋានត្រៃត្រិង្ស។

អនុភោត្វា សុខទុក្ខំ សំសរិត្វា ភវាភវេ

តវត្ថាយ មហាវីរ បរិច្ចត្តញ្ច ជីវិតំ។

បពិត្រព្រះអង្គ ជាមហាវីរបុរស ខ្ញុំម្ចាស់បានទទួលសុខទុក្ខ អន្ទោលទៅក្នុងភពតូចភពធំ ទាំងជីវិត ក៏ខ្ញុំលះបង់ដើម្បីប្រយោជន៍នៃព្រះអង្គ។

ឯវំ ពហុវិធំ ទុក្ខំ  សម្បត្តី ច ពហូវិធា

បច្ឆិមេ ភវសម្បត្តេ ជាតា សាវត្ថិយំ បុរេ។

សេចក្ដីទុក្ខផ្សេងៗ ជាច្រើនយ៉ាងក្ដី សម្បត្តិផ្សេងៗ ជាច្រើនក្ដី (របស់ខ្ញុំ) រមែងមានយ៉ាងនេះឯង លុះដល់បច្ឆិមភព ខ្ញុំមកកើតក្នុងសាវត្ថីបុរី។

មហទ្ធនេ សេដ្ឋិកុលេ សុខិតេ សជ្ជិតេ តថា

នានារតនបជ្ជោតេ សព្វកាមសមិទ្ធិនេ។

ខ្ញុំកើតក្នុងត្រកូល នៃសេដ្ឋីមានទ្រព្យច្រើន ដល់នូវសេចក្ដីសុខ ជាត្រកូលចាត់ចែងល្អហើយ រុងរឿងដោយរតនវត្ថុផ្សេងៗ សម្រេចសេចក្ដីប្រាថ្នាគ្រប់យ៉ាង។

សក្កតបូជិតា ចេវ មានិតាបចិតា តថា

រូបសិរឹ អនុប្បត្តា កុលេសុ អតិសក្កតា។

ខ្ញុំត្រូវគេធ្វើសក្ការបូជាផង  រាប់អានកោតក្រែងដូច្នោះផង ដល់នូវរូបសិរី ត្រូវគេធ្វើសក្ការៈក្រៃលែង ក្នុងត្រកូលទាំងឡាយ។

អតីវ បត្ថិតា ចាសឹ រូបភោគសិរីហិ ច

បត្ថិតា សេដ្ឋិបុត្តេហិ អនេកេហិ សតេហិ ច។

ខ្ញុំជាស្រ្តី ដែលពួកជនអ្នកមានសិរី ដោយរូបនិងភោគៈ ប្រាថ្នាលើសលុបផង ដែលពួកកូនសេដ្ឋីជាច្រើនរយនាក់ ប្រាថ្នាហើយផង។

អគារំ បជហិត្វាន បព្វជឹ អនគារិយំ

អឌ្ឍមាសេ អសម្បត្តេ ចតុស្សច្ចំ អបាបុណឹ។

ខ្ញុំលះបង់នូវផ្ទះ ហើយចូលទៅកាន់ផ្នួស កាលមិនទាន់ដល់កន្លះខែនៅឡើយ ក៏បានលុះនូវសច្ចៈ ៤។

ឥទ្ធិយា អភិនិម្មិត្វា ចតុរស្សំ រថំ អហំ

ពុទ្ធស្ស បាទេ អវន្ទឹ លោកនាថសិរិមតោ។

ខ្ញុំនិម្មិតនូវរថមានជ្រុង ៤ ដោយឫទ្ធិ ហើយថ្វាយបង្គំនូវព្រះបាទានៃព្រះពុទ្ធ  ព្រះអង្គជាទីពឹងដ៏មានសិរីរបស់សត្វលោក។

សុបុប្ផិតគ្គំ ឧបគម្ម បាទបំ

ឯកា តុវំ តិដ្ឋសិ សាលមូលេ

ន ចាបិ តុយ្ហំ ទុតិយត្ថិ កោចិ

ពាលេ ន ត្វំ ភាយសិ ធុត្តកានំ។

(មារពោលថា) នាងអាស្រ័យនូវដើមឈើដែលមានចុងរីកផ្កាស្គុសស្គាយ ឋិតនៅទៀបគល់រាំងតែម្នាក់ឯង ទាំងអ្នកណាមួយ ជាគម្រប់ពីរនឹងនាង ក៏មិនមាន តើនាងមិនខ្លាចពួកជនពាល ឬពួកអ្នកលេងទេឬ។

សតំ សហស្សានិបិ ធុត្តកានំ 

ឥធាគតា ឯទិសកា ភវេយ្យុំ

លោមំ ន ឥញ្ជេ ន សម្បវេធេ  

កឹ មេ តុវំ មារ ករិស្សសេកោ។

(ខ្ញុំឆ្លើយថា) ពួកជនអ្នកលេង ចំនួនមួយរយក្ដី មួយពាន់ក្ដី ដែលប្រាកដដូច្នោះ មកក្នុងទីនេះ យើងក៏ឥតព្រឺរោម ឥតញាប់ញ័រ ម្នាលមារ អ្នកជាបុគ្គលម្នាក់ឯង តើនឹងធ្វើម្ដេចដល់យើង។

ឯសា អន្តរធាយាមិ កុច្ឆឹ វា បវិសាមិ តេ

ភមុកន្តរិកាយម្បិ តិដ្ឋន្តឹ មំ ន ទក្ខសិ។

យើងនុ៎ះ អាចបំបាត់ខ្លួនក៏បាន ចូលទៅក្នុងពោះអ្នកឯងក៏បាន កាលយើងឋិតនៅត្រង់ប្រជុំចិញ្ចើម ក៏អ្នកមើលមិនឃើញ។

ចិត្តម្ហិ វសិភូតាហំ ឥទ្ធិបាទា សុវិភាវិតា

សព្វពន្ធនមត្តាម្ហិ ន តំ ភាយាមិ អាវុសោ។

យើងជាស្រីស្ទាត់ក្នុងផ្លូវចិត្ត ទាំងឥទ្ធិបាទទាំងឡាយ យើងក៏បានចម្រើនល្អហើយ យើងជាស្រីរួចចាកចំណងទាំងអស់ហើយ នែអាវុសោ យើងមិនខ្លាចអ្នកទេ។

សត្តិសូលូបមា កាមា ខន្ធាបិ អធិកុណ្ឌរា

យត្ថ កាមរតឹ ព្រូសិ អរតិទានិ សា មម។

អ្នកពោលនូវសេចក្ដីត្រេកអរក្នុងកាម ចំពោះគំនរកាមណា គំនរកាមនោះ ឧបមាដូចមុខលំពែងដ៏មុតក្រៃលែង ឥឡូវនេះ យើងមិនមានសេចក្ដីត្រេកអរ ក្នុងកាមនោះទៀតទេ។

សព្វត្ថ វិហតា នន្ទិ តមោក្ខន្ធា បទាលិតា

ឯវំ ជានាហិ បាបិម និហតោ ត្វមសិ អន្តក។

សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងអស់ យើងបានកម្ចាត់បង់ហើយ ទាំងគំនរនៃសេចក្ដីងងឹត យើងក៏ទម្លាយចេញហើយ ម្នាលមារមានចិត្តបាប អ្នកចូរដឹងយ៉ាងនេះចុះ ខ្លួនអ្នក ត្រូវយើងកម្ចាត់បានហើយ។

ជិនោ តស្មឹ គុណេ តុដ្ឋោ ឯតទគ្គេ ឋបេសិ មំ

សេដ្ឋា ឥទ្ធិមតីនន្តិ បរិសាសុ វិនាយកោ។

ព្រះជិនស្រីជានាយក ត្រេកអរចំពោះគុណនោះ តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ក្នុងបរិស័ទទាំងឡាយថា នាងឧប្បលវណ្ណាជាស្រីប្រសើរបំផុត ជាងភិក្ខុនីដែលមានឫទ្ធិទាំងឡាយ។

បរិចិណ្ណោ មយា សត្ថា កតំ ពុទ្ធស្ស សាសនំ

ឱហិតោ គរុកោ ភារោ ភវនេត្តិ សមូហតា។

ព្រះសាស្ដាខ្ញុំបានប្រព្រឹត្តតាមហើយ ទាំងសាសនរបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ  ភារៈដ៏ធ្ងន់ ខ្ញុំក៏ទម្លាក់ចេញហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានគាស់រម្លើងចេញហើយ ។

យស្សត្ថាយ បព្វជិតា អគារស្មា អនគារិយំ

សោ មេ អត្ថោ អនុប្បត្តោ សព្វសំយោជនក្ខយោ។

ខ្ញុំចេញចាកផ្ទះចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់គុណវិសេសណា ប្រយោជន៍ គឺគុណវិសេសនោះឯង ជាគ្រឿងអស់ទៅនៃសំយោជនៈទាំងអស់ ខ្ញុំក៏បានដល់ជាលំដាប់ហើយ។

ចីវរំ បិណ្ឌបាតញ្ច បច្ចយំ សយនាសនំ

ខណេន ឧបនាមេន្តិ សហស្សានិ សមន្តតោ។

ចំនួនពាន់នៃពួកជនដោយជុំវិញ រមែងបង្អោនមកនូវបច្ច័យ គឺចីវរ បិណ្ឌបាត សេនាសនៈ ដោយកាលភ្លាមៗ។

កិលេសា ឈាបិតា មយ្ហំ  ភវា សព្វេ សមូហតា

នាគីវ ពន្ធនំ ឆេត្វា វិហរាមិ អនាសវា។

កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រម្លើងហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។

ស្វាគតំ វត មេ អាសិ  ពុទ្ធសេដ្ឋស្ស សន្តិកេ

តិស្សោ វិជ្ជា អនុប្បត្តា កតំ ពុទ្ធស្ស សាសនំ។

ឱ ! ខ្ញុំមកល្អហើយ ក្នុងសម្នាក់ព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ។

បដិសម្ភិទា ចតស្សោ  វិមោក្ខាបិ ច អដ្ឋិមេ

ឆឡភិញ្ញា សច្ឆិកតា កតំ ពុទ្ធស្ស សាសនំ។

បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ [បិ.៧៦ ទំ.៩៤-១០៩ ឃ.១៩។]។

ព្រះនាងឧប្បលវណ្ណាថេរីនោះ ញ៉ាំងកាលវេលាឲ្យប្រព្រឹត្តកន្លងទៅដោយសេចក្ដីសុខក្នុងឈាន សេចក្ដី​សុខក្នុងផល និងសេចក្ដីសុខក្នុងព្រះនិព្វាន ថ្ងៃមួយ ពិចារណានូវទោសរបស់កាមដែលអន់ថយផង ដែលសៅហ្មងផង កាលនឹងពោលតាមឡើងវិញ នូវព្រះគាថាទាំងឡាយរបស់ព្រះមាតានៃព្រះគង្គាតីរិយត្ថេរ  ព្រោះកើតនូវសេចក្ដីសង្វេគ ចំពោះការនៅរួមជាមួយស្វាមីតែមួយ មួយអន្លើដោយកូនស្រី ( មានប្ដីរួមគ្នា) នៃព្រះមាតារបស់ព្រះគង្គាតីរិយត្ថេរ ទើបពោលគាថា ៣ នេះថា

ឧភោ មាតា ច ធីតា ច មយំ អាសុំ សបត្តិយោ

តស្សា មេ អហុ សំវេគោ អព្ភូតោ លោមហំសនោ។

យើងទាំងពីរនាក់ គឺមាតានិងធីតា មានប្ដីជាមួយគ្នា (ភរិយារួមប្ដី) សេចក្ដីតក់ស្លុត សេចក្ដីព្រឺរោម អស្ចារ្យចម្លែក កើតមានដល់ខ្ញុំនោះ។

ធិរត្ថុ កាមា អសុចី ទុគ្គន្ធា ពហុកណ្តកា

យត្ថ មាតា ច ធីតា ច សហភរិយា មយំ អហុំ។

ថ្វឺយ កាមទាំងឡាយ ជារបស់មិនស្អាត មានក្លិនអាក្រក់ ដូចជាបន្លាច្រើនយ៉ាង ដែលនាំយើងទាំងពីរនាក់ គឺមាតានិងធីតាឲ្យជាភរិយាជាមួយគ្នា។

កាមេស្វាទីនវំ ទិស្វា នេក្ខម្មំ ទដ្ឋុខេមតោ

សា បព្វជឹ រាជគហេ អគារស្មា អនគារិយំ។

លុះខ្ញុំឃើញទោសក្នុងកាមទាំងឡាយ ហើយឃើញនេក្ខម្មៈថា ជារបស់ក្សេម ទើបចេញចាកផ្ទះក្នុងក្រុងរាជគ្រឹះ ចូលកាន់ផ្នួស [បិ.៥៧ ទំ.១៨៧ ឃ.៣២៩។]។

បានឮថា ភរិយារបស់ឈ្មួញម្នាក់ ក្នុងនគរសាវត្ថី តាំងគភ៌ក្នុងពេលទៀបភ្លឺ នាងក៏មិនដឹងការតាំងគភ៌នោះ។ លុះព្រឹកឡើង ឈ្មួញនោះ​ក៏ផ្ទុកទំនិញក្នុងរទេះ ធ្វើដំណើរទៅជួញក្នុងក្រុងរាជគ្រឹះ។ លុះកាលកន្លងទៅ គភ៌របស់នាងក៏ចម្រើនឡើង ចាស់ខែហើយ។ លំដាប់នោះ ម្ដាយក្មេកពោលថា មម បុត្តោ ចិរប្បវុត្ថោ ត្វញ្ច គព្ភិនី បាបកំ តយា កតំ កូនប្រុសរបស់យើងទៅយូរហើយ នាងក៏មានគភ៌ នាងធ្វើអាក្រក់ឬ។

នាងពោលថា តវ បុត្តតោ អញ្ញំ បុរិសំ ន ជានាមិ ក្រៅអំពីកូនប្រុសរបស់ម៉ែ ខ្ញុំមិនស្គាល់បុរសដទៃ។ ម្ដាយក្មេកស្ដាប់នាងហើយ ក៏មិនជឿ ទើបបណ្ដេញចេញអំពីផ្ទះ នាងក៏ទៅតាមរកស្វាមី ទៅដល់ក្រុងរាជគ្រឹះតាមលំដាប់។ ខណៈនោះ ខ្យល់កម្មជ្ជវាតក៏បក់ឡើង នាងចូលទៅកាន់សាលាមួយកន្លែងក្បែរផ្លូវ ហើយក៏ប្រសូត នាងប្រសូតកូនប្រុសដូចគ្នានឹងបដិមាមាស ឲ្យកូនតូចដេកលើសាលាអនាថា ហើយចេញទៅរកទឹកខាងក្រៅសាលា។ គ្រានោះ មេឈ្មួញរទេះម្នាក់ ជាមនុស្សមិនមានកូន ធ្វើដំណើរមកតាមផ្លូវនោះ (ឃើញទារកនោះ) គិតថា ទារករបស់ស្ត្រីមិនមានប្ដី នឹងជាកូនរបស់អញ ទើបយកទារកនោះ ទៅប្រគល់ក្នុងដៃមេដោះ។ លំដាប់នោះ មាតារបស់ទារកនោះ ធ្វើកិច្ចដោយទឹកហើយ ត្រឡប់មកមិនឃើញកូន សោយសោកវិយោគពន់ពេក មិនចូលទៅកាន់ក្រុងរាជគ្រឹះ ធ្វើដំណើរតទៅ។ មេចោរម្នាក់ចួបនាងក្នុងរវាងផ្លូវ កើតចិត្តប្រតិព័ទ្ធ ទើបយកនាងធ្វើជាភរិយារបស់ខ្លួន។ នាងនៅក្នុងផ្ទះចោរនោះ ប្រសូតបានកូនស្រីម្នាក់។ ថ្ងៃមួយ នាងឈរពកូនស្រី ព្រោះឈ្លោះជាមួយប្ដី ក៏បោះទារិកាទៅលើគ្រែ។ ក្បាលរបស់ទារិកា ក៏បែកបន្តិច។ បន្ទាប់អំពីនោះ នាងខ្លាចប្ដី ទើបត្រាច់ទៅកាន់ក្រុងរាជគ្រឹះ រស់នៅតាមគាប់ចិត្ត កូនប្រុសរបស់នាងធំពេញកំលោះ មិនដឹងថាជាមាតា ក៏យកមាតាធ្វើជាភរិយារបស់ខ្លួន។

តមក បុរសនោះ មិនដឹងថា កូនស្រីមេចោរជាប្អូនស្រី ក៏នាំមកផ្ទះ។ បុរសនោះ ធ្វើមាតានិងប្អូនស្រីឲ្យជាភរិយារបស់ខ្លួន ដោយប្រការដូច្នេះ។ ជនទាំងពីរនោះ នៅជាមួយគ្នាដោយការព្រមព្រៀងគ្នា។ សម័យថ្ងៃមួយ មាតាស្រាយផ្នួងសក់របស់កូនស្រីរកចៃ ឃើញស្នាមត្រង់ក្បាល គិតថា ស្រីនេះ ពិតជាកូនស្រីរបស់អញ ហើយក៏សួរ កើតសេចក្ដីសង្វេគ ទើបទៅកាន់សម្នាក់ភិក្ខុនីក្នុងនគររាជគ្រឹះ ហើយបួស ធ្វើកិច្ចខាងដើមស្រេចហើយ  នៅយ៉ាងស្ងប់ស្ងាត់ ពិចារណាវត្ថុដែលខ្លួនធ្វើក្នុងកាលមុន បានពោលគាថាថា ឧភោ មាតា ច ធីតា ច យើងទាំងពីរនាក់ គឺមាតានិងធីតា ដូច្នេះជាដើម។

ព្រះនាងឧប្បលវណ្ណាថេរីនោះ ពិចារណាគុណវិសេសដែលខ្លួនសម្រេចហើយ កើតនូវបីតិសោមនស្ស បានពោលគាថា២ ថា

បុព្វេនិវាសំ ជានាមិ ទិព្វចក្ខុំ វិសោធិតំ

ចេតោបរិយញ្ញាណញ្ច សោតធាតុ វិសោធិតា។

ខ្ញុំដឹងនូវបុព្វេនិវាស ឯទិព្វចក្ខុ និងចេតោបរិយញ្ញាណ  ខ្ញុំជម្រះហើយ ទិព្វសោតធាតុ ខ្ញុំជម្រះហើយដែរ។

ឥទ្ធិបិ មេ សច្ឆិកតា បត្តោ មេ អាសវក្ខយោ

ឆ មេ អភិញ្ញា សច្ឆិកតា កតំ ពុទ្ធស្ស សាសនំ។

ទាំងឫទ្ធិខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ការអស់ទៅនៃអាសវៈខ្ញុំបានដល់ហើយ អភិញ្ញា ៦ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយពុទ្ធសាសនា ខ្ញុំបានធ្វើហើយ [បិ.៥៧ ទំ.១៨៧ ឃ.៣២៩។]។

ក្នុងកាលព្រះមានព្រះភាគ ស្ដេចយាងចូលកាន់មណ្ឌលដើមស្វាយរបស់នាយកណ្ឌៈ ដើម្បីធ្វើយមកប្បាដិហារ្យ កាលនោះ ព្រះថេរីនិម្មិតរថចូលទៅគាល់ មួយអន្លើដោយរថនោះ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំម្ចាស់នឹងធ្វើបាដិហារ្យ ដើម្បីញាំញីសេចក្ដីស្រវឹងរបស់តិរ្ថិយ សូមទ្រង់អនុញ្ញាតចុះ ហើយឈរក្នុងសម្នាក់ព្រះសាស្ដា។ ព្រះថេរីសំដៅដល់បាដិហារ្យនោះ ទើបពោលគាថានេះថា

ឥទ្ធិយា អភិនិម្មិត្វា ចតុរស្សំ រថំ អហំ

ពុទ្ធស្ស បាទេ វន្ទិត្វា លោកនាថស្ស សិរីមតោ។

ខ្ញុំនិម្មិតនូវរថ ទឹមសេះ ៤ ដោយឫទ្ធិ ហើយថ្វាយបង្គំព្រះបាទទាំងគូនៃព្រះពុទ្ធដ៏មានសិរី ជាទីពឹងនៃសត្វលោក [បិ.៥៧ ទំ.១៨៧ ឃ.៣២៩។]។

ព្រះសាស្ដាទ្រង់ធ្វើហេតុនោះ ឲ្យជាអត្ថុប្បត្តិហេតុ គង់ប្រថាប់កណ្ដាលពួកព្រះអរិយៈ ក្នុងវត្តជេតពន ទ្រង់ស្ថាបនាភិក្ខុនីទាំងឡាយទុកក្នុងតំណែងឯតទគ្គៈតាមលំដាប់ ហើយទ្រង់ស្ថាបនាភិក្ខុនីនេះ ទុកក្នុងតំណែងឯតទគ្គៈ គឺប្រសើរជាងភិក្ខុនីទាំងឡាយ ផ្នែកខាងមានឫទ្ធិ។

បានឮថា ថ្ងៃមួយ មារឃើញព្រះថេរីអង្គុយសម្រាកក្នុងពេលថ្ងៃ ក្នុងព្រៃសាលព្រឹក្ស ដែលមានផ្ការីកស្គុសស្គាយមួយដើម មានប្រាថ្នាដើម្បីញ៉ាំងភ័យ សេចក្ដីតក់ស្លុត និងសេចក្ដីព្រឺរោម ឲ្យកើតឡើងដល់ព្រះថេរី មានប្រាថ្នាឲ្យព្រះថេរីឃ្លាតចាកសមាធិ ទើបចូលទៅរកព្រះថេរី បានពោលគាថានេះថា

សុបុប្ផិតគ្គំ ឧបគម្ម បាទបំ

ឯកា តុវំ តិដ្ឋសិ រុក្ខមូលេ

ន ចាបិ តេ ទុតិយោ អត្ថិ កោចិ

ន ត្វំ ពាលេ ភាយសិ ធុត្តកានំ។

នាងជាស្រីម្នាក់ឯងចូលមកកាន់ដើមរាំងភ្នំ ដែលនៅចុងមានផ្ការីកស្គុសស្គាយ ហើយឈរនៅទៀបគល់ឈើ បុគ្គលណាមួយ ជាគម្រប់ពីររបស់នាងក៏មិនមាន នែស្ត្រីពាល នាងមិនខ្លាចពួកអ្នកលេងទេឬ [បិ.៥៧ ទំ.១៨៧ ឃ.៣២៩។]។

លំដាប់នោះ ឧប្បលវណ្ណាភិក្ខុនី មានសេចកី្តត្រិះរិះយ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស មកពោលគាថាដូច្នេះ ទើបឧប្បលវណ្ណាភិក្ខុនីមានសេចកី្តចូលចិត្តដូច្នេះថា នេះពិតជាមារមានចិត្តបាប មានប្រាថ្នាដើម្បីញ៉ាំងភ័យ សេចកី្តតក់ស្លុត និងសេចកី្តព្រឺរោម ឲ្យកើតឡើងដល់អាត្មាអញ ប្រាថ្នាឲ្យអាត្មាអញឃ្លាតចាកសេចកី្តស្ងប់ស្ងាត់ បានជាពោលនូវគាថា។ លុះឧប្បលវណ្ណាភិក្ខុនីស្គាល់ច្បាស់ថា នេះជាមារមានចិត្តបាបហើយ ក៏ពោលគាថាទាំងឡាយនឹងមារមានចិត្តបាបថា

សតំ សហស្សានិបិ ធុត្តកានំ

សមាគតា ឯទិសកា ភវេយ្យុំ

លោមំ ន ឥញ្ជេ នបិ សម្បវេធេ

កឹ មេ តុវំ មារ ករិស្សសេកោ។

បើទុកជាអ្នកលេងទាំងឡាយ មួយរយ ឬមួយពាន់ ជាបុគ្គលមានសភាពយ៉ាងនេះ មកចួបជុំគ្នា ក៏រោម (របស់យើង) មិនព្រឺព្រួច មិនញាប់ញ័រ នែមារ អ្នកម្នាក់ឯង នឹងធ្វើនូវអ្វីដល់យើងកើត។

ឯសា អន្តរធាយាមិ កុច្ឆឹ វា បវិសាមិ តេ

ភមុកន្តរេបិ តិដ្ឋាមិ តិដ្ឋន្តឹ មំ ន ទក្ខសិ។

យើងនេះនឹងបាត់ទៅ ឬនឹងចូលទៅកាន់ផ្ទៃរបស់អ្នកក៏បាន ឬបើទុកជាឈរនៅក្បែរចន្លោះចិញ្ចើមរបស់អ្នក ក៏អ្នកមើលមិន ឃើញយើងឈរដែរ។

ចិត្តម្ហិ វសីភូតាហំ ឥទ្ធិបាទា សុភាវិតា

ឆឡភិញ្ញា សច្ឆិកតា កតំ ពុទ្ធស្ស សាសនំ។

យើងជាស្រ្តីស្ទាត់ក្នុងអធិចិត្ត ឥទ្ធិបាទទាំងឡាយ យើងបានចម្រើនហើយដោយប្រពៃ អភិញ្ញា ៦ យើងបានធ្វើឲ្យជាក់ច្បាស់ហើយ ពុទ្ធសាសនា យើងបានធ្វើហើយ។

សត្តិសូលូបមា កាមា ខន្ធានំ អធិកុដ្ដនា

យំ ត្វំ កាមរតឹ ព្រូសិ អរតិទានិ សា មម។

កាមទាំងឡាយប្រៀបដោយលំពែង និងឈើស្រួច សម្រាប់ចិញ្ច្រាំនូវខន្ធទាំងឡាយ អ្នកពោលនូវតម្រេកក្នុងកាមណាឥឡូវនេះ តម្រេកក្នុងកាមនោះ មិនមែនជាតម្រេករបស់យើងឡើយ។

សព្វត្ថ វិហតា នន្ទិ តមោក្ខន្ធោ បទាលិតោ

ឯវំ ជានាហិ បាបិម និហតោ ត្វមសិ អន្តក។

សេចក្ដីរីករាយក្នុងកាមទាំងអស់ យើងបានកម្ចាត់ចេញហើយគំនរនៃងងឹត (អវិជ្ជា) យើងបានទម្លាយចោលហើយ នែមារ មានចិត្តបាប អ្នកចូរដឹងយ៉ាងនេះចុះ នែមារថោកទាប អ្នក យើងកម្ចាត់ចេញហើយ [បិ.៥៧ ទំ.១៨៨ ឃ.៣២៩។]។

សម័យដទៃ ព្រះថេរីនោះ ត្រាច់ចារិកទៅក្នុងជនបទ ត្រឡប់មកហើយចូលទៅកាន់ព្រៃអន្ធវ័ន។ ក្នុងកាលនោះ ព្រះសាស្ដាទ្រង់មិនទាន់ហាមការនៅព្រៃរបស់ភិក្ខុនី។ គ្រានោះ ពួកមនុស្សធ្វើតូប ដាក់គ្រែ បាំងវាំងននទុកក្នុងព្រៃនោះ ដើម្បីព្រះថេរីនោះ។ ព្រះថេរីចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ចេញមកហើយ។

ចំណែកនន្ទមាណពជាកូននៃអ៊ំរបស់ព្រះថេរីនោះ មានចិត្តប្រតិព័ទ្ធ តាំងអំពីកាលព្រះថេរីនៅជាគ្រហស្ថ ស្ដាប់ភាពដែលព្រះថេរីមក ទើបទៅកាន់ព្រៃអន្ធវ័នមុនព្រះថេរីមកនោះឯង ចូលទៅកាន់តូប ហើយលាក់ខ្លួនក្រោមគ្រែ លុះព្រះថេរីមកហើយ ចូលទៅកាន់តូប បិទទ្វារអង្គុយលើគ្រែ កាលភាពងងឹតក្នុងគន្លងចក្ខុមិនទាន់បាត់ ព្រោះមកពីទីភ្លឺត្រូវកម្ដៅថ្ងៃខាងក្រៅ ទើបនន្ទមាណពចេញអំពីខាងក្រោមគ្រែ ឡើងលើគ្រែហើយ ត្រូវព្រះថេរីឃាត់ថា ជនពាល អ្នកកុំវិនាសឡើយ ជនពាល អ្នកកុំវិនាសឡើយ ក៏ចាប់បង្ខំធ្វើកម្មដែលខ្លួនប្រាថ្នា ហើយចៀសចេញទៅ។ ក្នុងកាលនោះ មហាប្រឹថពីហាក់ដូចជាមិនអាចទ្រទ្រង់នូវទោសកំហុសរបស់នន្ទមាណពនោះបាន ក៏ប្រេះជាពីរចំណែក នន្ទមាណពចូលទៅកាន់ផែនដី កើតក្នុងអវិចីមហានរក។

ឯព្រះថេរីប្រាប់សេចក្ដីនោះ ដល់ភិក្ខុនីទាំងឡាយហើយ ពួកភិក្ខុនីប្រាប់សេចក្ដីនោះ ដល់ភិក្ខុទាំងឡាយ ពួកភិក្ខុក្រាបបង្គំទូលចំពោះព្រះសាស្ដា។ ព្រះសាស្ដា កាលទ្រង់ព្រះសណ្ដាប់រឿងនោះហើយ ទើបហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បណ្ដាភិក្ខុ ភិក្ខុនី ឧបាសកឧបាសិកាទាំងឡាយ អ្នកណាមួយជាបុគ្គលពាល កាលធ្វើបាបកម្ម ជាអ្នកត្រេកអររីករាយ ហាក់ដូចបុរសទំពាស៊ីនូវវត្ថុណាមួយ មានទឹកឃ្មុំនិង ស្ករក្រាមជាដើម ដែលមានរសផ្អែម រមែងធ្វើ (នូវបាបកម្ម) ហាក់ដូចបុគ្គលមានកាយនិងចិត្តអណ្ដែតឡើង (ដោយអំណាចនៃបីតិ) ដូច្នេះហើយ កាលទ្រង់បន្តអនុសន្ធិសម្ដែងធម៌ ទើបត្រាស់ព្រះគាថានេះថា

មធុវា មញ្ញតី ពាលោ យាវ បាបំ ន បច្ចតិ

យទា ច បច្ចតី បាបំ អថ (ពាលោ) ទុក្ខំ និគច្ឆតិ។

បាបមិនទាន់ឲ្យផលត្រឹមណា ជនពាលតែងសម្គាល់នូវបាបនោះថា ដូចទឹកឃ្មុំ លុះតែកាលណាបាបឲ្យផល ជនពាល ទើបប្រទះនូវសេចក្តីទុក្ខ ក្នុងកាលណោះ [បិ.៥២ ទំ.៣៥  ឃ.១៥។]។

ក្នុងកាលចប់ទេសនា ជនជាច្រើនសម្រេចអរិយផល មានសោតាបត្តិផលជាដើម។

សម័យក្រោយមក មហាជនសន្ទនាគ្នាក្នុងធម្មសភាថា ព្រះខីណាស្រពទាំងឡាយ ប្រហែលជានៅត្រេកអរក្នុងកាមសុខ នៅសេពកាម ហេតុអ្វីថា មិនសេព ព្រោះព្រះខីណាស្រពទាំងនោះ មិនមែនឈើពុក មិនមែនដំបូក មានសាច់ស្រស់ឈាមស្រស់ដូចគ្នា ព្រោះហេតុនោះ សូម្បីព្រះខីណាស្រពទាំងនោះ គង់នៅត្រេកអរក្នុងកាមសុខ នៅសេពកាម។ព្រះសាស្ដាយាងមក ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ កាលពួកភិក្ខុក្រាបបង្គំទូលថា ដោយរឿងឈ្មោះនេះ ព្រះអង្គ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រះខីណាស្រពទាំងឡាយ មិនត្រេកអរក្នុងកាមសុខ មិនសេពកាម ដូចដំណក់ទឹកលើស្លឹកឈូក រមែងមិនជាប់ មិនតាំងនៅ រមែងរមៀលធ្លាក់ទៅដោយពិត និងដូចគ្រាប់ស្ពៃ មិនជាប់ មិនតាំងនៅ ត្រង់ចុងដែកស្រួច រមែងរអិលធ្លាក់ទៅដោយពិត យ៉ាងណា កាមពីរយ៉ាង រមែងមិនជ្រួតជ្រាប មិនតាំងនៅក្នុងចិត្តរបស់ព្រះខីណាស្រព ក៏យ៉ាងនោះដែរ ដូច្នេះហើយ កាលទ្រង់បន្តអនុសន្ធិសម្ដែងព្រះធម៌ ទើបត្រាស់ព្រះគាថានេះ ក្នុងព្រាហ្មណវគ្គថា

វារិ បោក្ខរបត្តេវ អារគ្គេរិវ សាសបោ

យោ ន លិម្បតិ កាមេសុ តមហំ ព្រូមិ ព្រាហ្មណំ។

បុគ្គលណា មានចិត្តមិនបានជាប់នៅក្នុងកាមទាំងឡាយ ដូចទឹកលើស្លឹកឈូក ឬដូចគ្រាប់ស្ពៃលើចុងដែកស្រួច តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ [បិ.៥២ ទំ.១០៦  ឃ.៣៦។]។

ព្រះសាស្ដាឲ្យយាងព្រះបាទបសេនទិកោសលមក ហើយត្រាស់ថា មហាបពិត្រ កុលធីតាទាំងឡាយក្នុងសាសនានេះ លះពួកញាតិដ៏ធំ និងគំនរនៃភោគៈដ៏ច្រើន បួសហើយ រមែងនៅក្នុងព្រៃដូចកុលបុត្តទាំងឡាយដែរ បុគ្គលលាមក ត្រូវរាគៈគ្របសង្កត់ហើយ រមែងបៀតបៀនភិក្ខុនីទាំងនោះ ដែលនៅក្នុងព្រៃ ដោយអំណាចនៃការមើលងាយខ្លះ ឲ្យដល់នូវអន្តរាយនៃព្រហ្មចរិយៈខ្លះ ព្រោះហេតុនោះ ទ្រង់គួរធ្វើលំនៅខាងក្នុងព្រះនគរដល់ភិក្ខុនីសង្ឃ។ ព្រះរាជាទ្រង់ទទួលថា សាធុ ដូច្នេះហើយ ឲ្យសាងលំនៅដើម្បីភិក្ខុនីសង្ឃ ត្រង់ចំណែកម្ខាងនៃព្រះនគរ ចាប់តាំងអំពីនោះមក ពួកភិក្ខុនី រមែងនៅក្នុងចន្លោះស្រុកប៉ុណ្ណោះ។

ព្រះនាងឧប្បលវណ្ណាថេរី ចប់។

[ស្រង់ចាកអដ្ឋកថា ថេរីគាថា បិ.៥៧  ទំ.១៨៧ ឃ.៣២៩ និងអដ្ឋកថា ធម្មបទ ឧប្បលវណ្ណត្ថេរីវត្ថុ មួយអន្លើដោយថេរិយាបទាន បិ.៧៦ ទំ.៩៤ ឃ.១៩។]។

សូមអនុមោទនា !!!

Oben-pfeil