វគ្គទី២
អទ្ធាបសំសាគាថា ទី៣
គាថាថា អទ្ធា បសំសាម ដូច្នេះជាដើម មានហេតុកើតដូចគ្នានឹងហេតុកើតរបស់ ចាតុទ្ទិសគាថា ទៅទល់គ្នានឹងព្រះបច្ចេកពុទ្ធទាំងឡាយ អង្គុយលើអាសនៈដែលក្រាលទុកត្រង់យ៉មុខ។ ឯសេចក្ដីប្លែកគ្នា មានដូចតទៅនេះថា
ព្រះរាជាអង្គនេះ មិនតក់ស្លុតដូចព្រះរាជាអង្គនោះ ដែលតក់ស្លុតក្នុងវេលាយប់ អស់វារៈ ៣ ដង។ ព្រះរាជាអង្គនេះ ទ្រង់មិនបានត្រៀមការបូជាយញ្ញ ទ្រង់និមន្តព្រះបច្ចេកពុទ្ធទាំងឡាយ ឲ្យគង់លើអាសនៈដែលគេក្រាលទុកត្រង់យ៉មុខ ហើយត្រាស់សួរថា កេ តុម្ហេ លោកម្ចាស់ទាំងឡាយ ឈ្មោះអ្វី។
ព្រះបច្ចេកពុទ្ធឆ្លើយតបថា មយំ មហារាជ អនវជ្ជភោជិនោ នាម បពិត្រមហារាជ ពួកអាត្មាឈ្មោះអនវជ្ជភោជី។
ព្រះរាជាត្រាស់សួរថា លោកដ៏ចម្រើន ពាក្យថា អនវជ្ជភោជី នេះ មានសេចក្ដីដូចម្ដេច។
ព្រះបច្ចេកពុទ្ធទាំងឡាយឆ្លើយថា បពិត្រមហារាជ ពួកអាត្មាបានរបស់ល្អក្ដី មិនល្អក្ដី ក៏ឆាន់បាន ដោយមិនសម្ដែងអាការខុសប្រក្រតី ។ ព្រះរាជាបានស្ដាប់ដូច្នោះ ទើបទ្រង់ព្រះតម្រិះដូច្នេះថា បើដូច្នោះ អញគួរពិសោធមើល លោកម្ចាស់ទាំងនេះ ជាបុគ្គលដូច្នេះ ឬមិនមែន។ ថ្ងៃនោះ ទ្រង់ក៏អង្គាសដោយបាយចុងអង្ករ មានទឹកជ្រក់ជាគម្រប់ ២ ព្រះបច្ចេកពុទ្ធទាំងឡាយមិនមានអាការខុសប្លែក ឆាន់បាយចុងអង្ករនោះ ដូច ឆាន់អមតភោជន។ ព្រះរាជាទ្រង់ព្រះតម្រិះថា លោកម្ចាស់ទាំងនេះ ជាអ្នកមិនមានអាការខុសប្រក្រតីក្នុងមួយថ្ងៃ ព្រោះប្ដេជ្ញាទុកហើយ ស្អែកនេះ អញនឹងដឹង ទើបនិមន្ដដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ក្នុងថ្ងៃទី ២ ក៏ទ្រង់ធ្វើយ៉ាងនោះ។ ព្រះបច្ចេកពុទ្ធទាំងនោះ ក៏ឆាន់យ៉ាងនោះ ។
លំដាប់នោះ ព្រះរាជាទ្រង់ព្រះតម្រិះថា អញនឹងថ្វាយរបស់ល្អសាកមើល ទើបនិមន្ដទៀត ទ្រង់ធ្វើមហាសក្ការៈអស់ ២ ថ្ងៃ ទ្រង់អង្គាសដោយរបស់ទំពារបស់ឆាន់ដ៏ប្រណីតក្រៃលែង។ ព្រះបច្ចេកពុទ្ធទាំងនោះ ក៏មិនសម្ដែងអាការខុសប្រក្រតី ឆាន់យ៉ាងនោះឯង ពោលមង្គលដល់ព្រះរាជាហើយ ក៏ចៀសចេញទៅ។ កាលព្រះបច្ចេកពុទ្ធទាំងនោះ ចៀសចេញទៅមិនយូរប៉ុន្មាន ព្រះរាជាទ្រង់ព្រះតម្រិះថា លោកទាំងនេះ ជាអនវជ្ជភោជី ឱហ្ន៎ ! សូម្បីអាត្មាអញ ក៏គួរជាអនវជ្ជភោជីដែរ ទើបលះរាជសម្បត្ដិធំ កាន់យកភេទជាអ្នកបួស ចម្រើនវិបស្សនាហើយ បានជា ព្រះបច្ចេកពុទ្ធ កាលចង្អុលបង្ហាញអារម្មណ៍របស់ខ្លួន ក្នុងកណ្ដាលព្រះបច្ចេកពុទ្ធទាំងឡាយ ត្រង់គល់មញ្ជូសកៈ បានពោលគាថានេះថា
អទ្ធា បសំសាម សហាយសម្បទំ
សេដ្ឋា សមា សេវិតព្វា សហាយា
ឯតេ អលទ្ធា អនវជ្ជភោជី
ឯកោ ចរេ ខគ្គវិសាណកប្បោ។
តាមពិត យើងសរសើរនូវការបរិបូណ៌ដោយសម្លាញ់ហើយ តែបុគ្គលគួរគប់រកសម្លាញ់ ដែលមានគុណប្រសើរជាងខ្លួន ឬសម្លាញ់មានគុណស្មើនឹងខ្លួន បើរកមិនបានពួកសម្លាញ់ទាំងនុ៎ះទេ គប្បីជាអ្នកបរិភោគនូវចតុប្បច្ច័យដែលមិនជាទោស ហើយប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។
គាថានោះ ដោយអត្ថជាក់ច្បាស់ហើយ តែក្នុងបទថា សហាយសម្បទំ នេះ សម្លាញ់ដែលដល់ព្រមដោយសីលក្ខន្ធជាដើម ដែលជាអសេក្ខៈប៉ុណ្ណោះ ទើបចាត់ជាសហាយសម្បទា។
ឯពាក្យប្រកបសេចក្ដីក្នុងបទថា សហាយសម្បទំ នេះ មានដូចតទៅនេះថា ខ្ញុំសរសើរសហាយសម្បទា ដែលពោលហើយនោះ ដោយពិត អធិប្បាយថា ខ្ញុំសរសើរដោយចំណែកមួយ។
សួរថា សរសើរដូចម្ដេច។
ឆ្លើយថា សរសើរថា គួរគប់រកសម្លាញ់ដែលមានគុណប្រសើរជាងខ្លួន ឬសម្លាញ់ដែលមានគុណស្មើនឹងខ្លួន។
សួរថា ព្រោះហេតុអ្វី។
ឆ្លើយថា ព្រោះកាលបុគ្គលគប់រកបុគ្គលដែលប្រសើរជាងដោយគុណ មានសីលជាដើមរបស់ខ្លួន ធម៌ទាំងឡាយ មានសីលជាដើម ដែលមិនទាន់កើត រមែងកើតឡើង និងដែលកើតហើយ រមែងដល់នូវសេចក្ដីចម្រើន ដុះដាលបរិបូណ៌។ កាលគប់រកបុគ្គលដែលស្មើ ធម៌ដែលបានហើយ ក៏មិនវិនាស ព្រោះស្មើគ្នានឹងគ្នា ទាំងព្រោះបន្ទោបង់នូវការក្ដៅក្រហាយចិត្ដបាន កុលបុត្តដែលប្រាថ្នាប្រយោជន៍ បើមិនបាននូវសម្លាញ់ដែលប្រសើរជាង និងស្មើគ្នាទាំងនោះ គប្បីលះមិច្ឆាជីវៈ មានការបោកបញ្ឆោតជាដើម បរិភោគភោជនដែលកើតឡើងដោយធម៌ ដោយកាយសុចរិតជាដើមដ៏ស្មើ នឹងមិនធ្វើសេចក្ដីត្រេកអរ និងមិនត្រេកអរឲ្យកើតឡើងក្នុងភោជននោះ ជាអ្នកមានប្រក្រតីបរិភោគដោយមិនមានទោស ត្រាច់ទៅម្នាក់ឯង ដូចកុយរមាសដូច្នោះ ខ្ញុំប្រព្រឹត្ដយ៉ាងនេះ ទើបបានសម្រេចសម្បត្ដិនេះ។
អទ្ធាបសំសាគាថាទី ៣ ចប់។
សូមអនុមោទនា !!!
