វគ្គទី២
អដ្ឋានគាថា ទី១០
គាថាថា អដ្ឋាន តំ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។
បានឮថា ឱរសរបស់ព្រះបាទពារាណសី ទ្រង់នៅក្មេងនោះឯង មានបំណងនឹងបួស ទើបទូលអង្វរព្រះមាតាបិតា។ ព្រះមាតាបិតាទ្រង់ឃាត់ព្រះរាជឱរសនោះ។ ព្រះរាជឱរសនោះ សូម្បីត្រូវឃាត់ ក៏នៅតែរំអុកដូចមុនថា នឹងបួស ។ ព្រះមាតាបិតាក៏ទ្រង់អនុញ្ញាតដូចសេដ្ឋីបុត្តដែលពោលខាងដើម ហើយឲ្យព្រះរាជឱរសប្ដេជ្ញាថា បួសហើយត្រូវនៅក្នុងឧទ្យានប៉ុណ្ណោះ។ ព្រះរាជឱរសនោះបានធ្វើតាមនោះ។ ព្រះមាតារបស់ព្រះអង្គ ចោមរោមដោយស្រីរបាំ ២ ម៉ឺន យាងទៅកាន់ឧទ្យានអំពីព្រឹក ឲ្យព្រះរាជឱរសឆាន់បបរ ក្នុងរវាងភត្ត ព្រះនាងឲ្យទំពារបស់ដែលគួរទំពាជាដើម ព្រះនាងសន្ទនាជាមួយព្រះរាជឱរសនោះ រហូតដល់ថ្ងៃត្រង់ ទើបយាងចូលនគរ។ ចំណែកព្រះបិតាក៏យាងមកក្នុងពេលថ្ងៃត្រង់ ព្រះរាជឱរសនោះសោយ ទ្រង់ក៏សោយដែរ ទ្រង់សន្ទនាជាមួយព្រះរាជឱរសនោះ អស់ពេលថ្ងៃ ក្នុងពេលល្ងាច ទ្រង់ដាក់អ្នកប្រណិប័តន៍ទុក ហើយយាងចូលព្រះនគរ។ ព្រះរាជឱរសនោះ មិនស្ងាត់អស់កាលទាំងថ្ងៃទាំងយប់ ដោយប្រការដូច្នេះ។
សម័យនោះឯង ព្រះបច្ចេកពុទ្ធ ព្រះនាមថា អាទិច្ចពន្ធុ នៅត្រង់ញកភ្នំនន្ទមូលកៈ កាលពិចារណាមើល ក៏បានឃើញព្រះរាជបុត្តនោះថា ព្រះរាជកុមារទ្រង់អាចបួស តែមិនអាចកាត់ការច្រឡូកច្រឡំបាន។ បន្ទាប់អំពីនោះ ក៏ពិចារណាថា ព្រះរាជកុមារនេះ នឹងនឿយណាយដោយធម្មតារបស់ខ្លួន ឬថា នឹងមិននឿយណាយទេហ្ន៎។ លំដាប់នោះ ក៏ដឹងថា កាលទ្រង់នឿយណាយដោយធម្មតា នឹងយឺតយូរក្រៃលែង ទើបគិតថា អញនឹងសម្ដែងអារម្មណ៍ដល់ព្រះរាជកុមារនោះ ទើបមកអំពីផ្ទាំងមនោសិលា ដោយន័យដែលពោលហើយក្នុងកាលមុននោះឯង ចុះត្រង់ព្រះរាជឧទ្យាន។ រាជបុរសឃើញហើយ ក្រាបទូលព្រះរាជាថា បពិត្រមហារាជ ព្រះបច្ចេកពុទ្ធនិមន្តមក។
ព្រះរាជាទ្រង់មានព្រះហឫទ័យត្រេកអរថា ឥឡូវនេះ កូនរបស់អញនឹងមិនអផ្សុក នឹងនៅជាមួយព្រះបច្ចេកពុទ្ធ ទ្រង់ទំនុកបម្រុងព្រះបច្ចេកពុទ្ធដោយគោរព ទ្រង់សូមឲ្យព្រះបច្ចេកពុទ្ធនៅក្នុងព្រះរាជឧទ្យាននោះឯង ទ្រង់ឲ្យធ្វើវត្ថុទាំងពួង មានបណ្ណសាលា ទីសម្រាកពេលថ្ងៃ និងទីចង្រ្កមជាដើម ទ្រង់និមន្តឲ្យគង់នៅ។
ព្រះបច្ចេកពុទ្ធគង់នៅក្នុងឧទ្យាននោះ ថ្ងៃមួយ បានឱកាស ទើបសួរព្រះរាជកុមារថា ព្រះអង្គជាអ្វី។
ព្រះរាជកុមារត្រាស់តបថា ខ្ញុំករុណាជាបព្វជិត។
ព្រះបច្ចេកពុទ្ធពោលថា បព្វជិតទាំងឡាយ មិនមានសភាពដូច្នេះឡើយ។ កាលព្រះរាជកុមារសួរថា បពិត្រលោកម្ចាស់ កាលបើដូច្នោះ បព្វជិតទាំងឡាយមានសភាពដូចម្តេច អ្វីមិនសមគួរដល់ខ្ញុំ។
ព្រះបច្ចេកពុទ្ធពោលថា ទ្រង់មិនសម្លឹងមើលវត្ថុដែលមិនសមគួរដល់ទ្រង់ ព្រះមាតារបស់ទ្រង់ យាងមកក្នុងវេលាព្រឹកជាមួយស្រីស្នំ ២ ម៉ឺននាក់ ធ្វើឲ្យព្រះរាជឧទ្យានមិនស្ងាត់ មិនមែនឬ ឯព្រះបិតាយាងមកក្នុងពេលល្ងាច មួយអន្លើដោយរេហ៍ពលជាច្រើន បុរសដែលបដិបត្តិទាំងឡាយមកអស់រាត្រី ធម្មតាបព្វជិតទាំងឡាយមិនមានសភាពដូចទ្រង់ទេ តែ (ទ្រង់) ត្រឡប់បានជាដូច្នេះវិញ ហើយសម្ដែងវិហារមួយកនែ្លង ក្នុងហិមវន្តប្បទេសដោយឫទ្ធិ ដល់ព្រះរាជកុមារដែលប្រថាប់ឈរក្នុងទីនោះឯង។
ព្រះរាជកុមារឃើញព្រះបច្ចេកពុទ្ធទាំងឡាយក្នុងវិហារនោះ កំពុងឈរសំយុងព្រះហស្តផង កំពុងដើរចង្រ្កមផង កំពុងធ្វើការជ្រលក់និងដេរ ចីវរជាដើមផង ទើបត្រាស់ថា លោកម្ចាស់ទាំងឡាយ មិនមកក្នុងទីនេះទេ ឯបព្វជ្ជាវិញ គឺលោកម្ចាស់ទាំងឡាយបានអនុញ្ញាត (បានទទួល) ហើយឬ។
ព្រះអាទិច្ចពន្ធុបច្ចេកពុទ្ធតបថា ត្រូវហើយ បព្វជ្ជា (បានទទួល) អនុញ្ញាតហើយ ឈ្មោះថា សមណៈទាំងឡាយ ចាប់តាំងពីកាលដែលខ្លួនបួសហើយ រមែងបានធ្វើនូវការរលាស់ចេញចាកទុក្ខដើម្បីខ្លួន និងដើម្បីទៅកាន់ប្រទេសដទៃដែលខ្លួនត្រូវការនិងប្រាថ្នា ហេតុមានប្រមាណប៉ុណ្ណេះសមគួរ ដូច្នេះហើយ ឈរក្នុងអាកាស ពោលកន្លះគាថានេះថា
អដ្ឋាន តំ សង្គណិការតស្ស
យំ ផុស្សយេ [អដ្ឋកថា ច្បាប់ឆដ្ឋសង្គាយនា ជា ផស្សយេ។] សាមយិកំ វិមុត្តឹ
បុគ្គលបាននូវសាមយិកវិមុត្តិ ដោយហេតុណា ហេតុនោះ មិនមែនជាទីតាំងនៃបុគ្គលអ្នកត្រេកអរក្នុងពួកទេ។
ព្រះបច្ចេកពុទ្ធ កាលមនុស្សកំពុងឃើញនោះឯង បានទៅកាន់ញកភ្នំនន្ទមូលកៈតាមអាកាស។ កាលព្រះបច្ចេកពុទ្ធនិមន្តទៅយ៉ាងនោះហើយ ព្រះរាជកុមារនោះចូលទៅកាន់បណ្ណសាលារបស់ខ្លួន ហើយក៏សិង។ ឯបុរសអ្នករក្សា ប្រហែសធ្វេសថា ព្រះរាជកុមារផ្ទំហើយ នឹងទៅណាបាន ទើបចុះកាន់និទ្រា។ ព្រះរាជកុមារដឹងថា បុរសនោះប្រមាទហើយ ទើបកាន់យកបាត្រនិងចីវរចូលទៅក្នុងព្រៃ។ ព្រះរាជកុមារនៅក្នុងទីនោះ ផ្ដើមចម្រើនវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ ហើយទៅកាន់លំនៅរបស់ព្រះបច្ចេកពុទ្ធ។ ក្នុងទីនោះ ត្រូវសួរថា សម្រេចបានដូចម្ដេច ទើបពោលកន្លះគាថាដែលព្រះអាទិច្ចពន្ធុបច្ចេកពុទ្ធពោលទុក ឲ្យគ្រប់បរិបូណ៌ (១ គាថា) ថា
អដ្ឋាន តំ សង្គណិការតស្ស
យំ ផុស្សយេ សាមយិកំ វិមុត្តឹ
អាទិច្ចពន្ធុស្ស វចោ និសម្ម
ឯកោ ចរេ ខគ្គវិសាណកប្បោ។
បុគ្គលបាននូវសាមយិកវិមុត្ដិ ដោយហេតុណា ហេតុនោះ មិនមែនជាទីតាំងនៃបុគ្គលអ្នកត្រេកអរក្នុងពួក ទេ បុគ្គលពិចារណានូវពាក្យនៃព្រះពុទ្ធ ជាអាទិច្ចពន្ធុហើយ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។
សេចក្ដីនៃគាថានោះថា បទថា អដ្ឋាន តំ កាត់បទជា អដ្ឋានំ តំ មានសេចក្ដីស្មើគ្នានឹង អការណំ តំ ប្រែថា សេចក្ដីនោះ មិនមែនហេតុ។ លោកលុបនិគ្គហិតចេញ ដូចក្នុងពាក្យថា អរិយសច្ចាន ទស្សនំ ការឃើញនូវអរិយសច្ចៈទាំងឡាយ [បិ.៥២ ទំ.៥ ឃ.៦, បិ.៥៤ ទំ.៨៧ ឃ.២៥។] ដូច្នេះ ជាដើម។
បទថា សង្គណិការតស្ស ប្រែថា ជាអ្នកត្រេកអរក្នុងពួកគណៈ។
បទថា យំ នោះ ជាតតិយាវិភត្តិ ដូចក្នុងប្រយោគថា យំ ហិរិយតិ ហិរិយិតព្វេន ត្រង់ដែលបុគ្គលខ្មាស ដោយវត្ថុដែលគួរខ្មាស [បិ.៧៨ ទំ.២៨ ឃ. ៤៥។] ដូច្នេះជាដើម។
បទថា ផស្សយេ បានដល់ គប្បីបានសម្រេច។
បទថា សាមយិកំ វិមុត្តឹ បានដល់ លោកិយសមាបត្តិ។ មែនពិត លោកិយសមាបត្តិនោះ ហៅថា សាមយិកា វិមុត្តិ ព្រោះផុតចាកនីវរណធម៌ទាំងឡាយ ដែលជាសត្រូវរាល់ ៗ ពេលដែលចូលសមាធិមិនទាន់ចុះស៊ប់ និងចុះស៊ប់នោះឯង។
ព្រះបច្ចេកពុទ្ធពោលថា ខ្ញុំពិចារណាពាក្យរបស់ព្រះបច្ចេកសម្ពុទ្ធព្រះនាមអាទិច្ចពន្ធុយ៉ាងនេះថា ការដែលបុគ្គលត្រេកអរហើយដោយការច្រឡូកច្រឡំដោយគណៈ គប្បីសម្រេចវិមុត្តិដែលមាននៅក្នុងសម័យនោះ មិនមែនជាឋានៈ គឺនោះមិនជាហេតុ ដូច្នេះហើយ លះសេចក្តីត្រេកអរដោយការច្រឡូកច្រឡំដោយគណៈ បដិបត្តិដោយឧបាយ ទើបសម្រេច។ បទដ៏សេស មានន័យដូចពោលមកហើយនោះឯង។
អដ្ឋានគាថា ទី១០ ចប់។
វគ្គទី២ ចប់។
សូមអនុមោទនា !!!
