បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី២

អាយតិភយគាថា ទី៥

គាថាថា ឯវំ ទុតិយេន ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ព្រះរាជាពារាណសីមួយអង្គនៅក្មេង មានបំណងចង់បួស ទើបត្រាស់នឹងអាមាត្យទាំងឡាយថា អ្នកទាំងឡាយ ចូរកាន់យក (ទទួល) ព្រះទេវី ហើយរក្សានូវរាជ្យចុះ យើងនឹងបួស។

អាមាត្យទាំងនោះក្រាបទូលថា បពិត្រមហារាជ ទូលព្រះបង្គំទាំងឡាយ មិនអាចរក្សារាជសម្បត្ដិដែលមិនមានព្រះរាជា ព្រះរាជាក្បែរខាងទាំងឡាយមកហើយ នឹងប្លន់យក សូមទ្រង់បង្អង់ទម្រាំព្រះរាជឱរសមួយអង្គកើតឡើង។ ព្រះរាជាទ្រង់មានព្រះហឫទ័យទន់ ទើបទទួលពាក្យ។ លំដាប់នោះ ព្រះទេវីទ្រង់តាំងគភ៌ ព្រះរាជាទ្រង់ត្រាស់នឹងអាមាត្យទាំងនោះទៀតថា ព្រះទេវីមានព្រះគភ៌ហើយ អ្នកទាំងឡាយចូរអភិសេកព្រះរាជឱរសដែលប្រសូតហើយក្នុងរាជសម្បត្ដិ ហើយរក្សារាជសម្បត្ដិ យើងនឹងបួស។

អាមាត្យទាំងឡាយក្រាបទូលព្រះរាជាឲ្យទ្រង់ជ្រាបទៀតថា បពិត្រមហារាជ កាលដែលព្រះទេវីប្រសូតព្រះរាជឱរស ឬព្រះរាជធីតានោះ ដឹងបានលំបាក ព្រោះហេតុនោះ សូមទ្រង់រង់ចាំកាលប្រសូតសិន។ លំដាប់នោះ ព្រះទេវីប្រសូតបានព្រះរាជបុត្ត។ ព្រះរាជាក៏ទ្រង់ត្រាស់នឹងអាមាត្យទាំងឡាយយ៉ាងនោះទៀត អាមាត្យទាំងឡាយនោះ នាំគ្នាក្រាបទូលព្រះរាជាឲ្យទ្រង់យល់ព្រម ដោយហេតុផលជាច្រើនទៀតថា បពិត្រមហារាជ សូមទ្រង់បង្អង់សិន ទម្រាំព្រះរាជឱរសមានសមត្ថភាព។

លំដាប់នោះ កាលព្រះរាជកុមារជាអ្នកមានសមត្ថភាពហើយ ព្រះរាជាឲ្យអាមាត្យទាំងឡាយប្រជុំគ្នា ហើយ​ត្រាស់ថា ឥឡូវនេះ ព្រះរាជកុមារ ជាអ្នកមានសមត្ថភាពហើយ អ្នកទាំងឡាយ ចូរអភិសេកព្រះរាជកុមារនោះ ក្នុងរាជសម្បត្ដិ ហើយប្រណិប័តន៍ចុះ។ កាលត្រាស់ហើយ មិនឲ្យឱកាសដល់ពួកអាមាត្យ ឲ្យនាំបរិក្ខារទាំងពួង មានសំពត់កាសាវៈជាដើម មកអំពីរានផ្សារ ទ្រង់បួសខាងក្នុងបុរីនោះឯង ហើយយាងចេញទៅដូចព្រះមហាជនក។ បរិវារជនទាំងពួង នាំគ្នាកន្ទក់កន្ទេញ មានប្រការផ្សេងៗ ជាប់តាមព្រះរាជាទៅ។ ព្រះរាជាយាងទៅអស់រជ្ជសីមារបស់ព្រះអង្គហើយ យកឈើច្រត់គូស ត្រាស់ថា អយំ លេខា នាតិក្កមិតព្វា កុំឈានកន្លងស្នាមគំនូសនេះ។ មហាជនក្រាបចុះលើផែនដី ធ្វើក្បាលទុកត្រង់ស្នាមគំនូស កន្ទក់កន្ទេញថា តុយ្ហំ ទានិ តាត រញ្ញោ អាណា កឹ ករិស្សតិ បពិត្រព្រះរាជកុមារ ឥឡូវនេះ អាជ្ញារបស់ព្រះរាជាធ្វើអ្វីដល់ព្រះអង្គបាន ហើយឲ្យព្រះរាជកុមារឈានកន្លងគំនូសទៅ។

ព្រះរាជកុមារទូលថា ព្រះបិតា ព្រះបិតា ហើយរត់ទៅទាន់ព្រះរាជា។ ព្រះរាជាទ្រង់ទតឃើញព្រះរាជកុមារហើយ ទ្រង់ព្រះតម្រិះថា អញ (អាច) គ្រប់គ្រងរាជសម្បត្ដិ គ្រប់គ្រងមហាជននេះបាន ឥឡូវនេះ គ្រប់គ្រងទារកម្នាក់មិនបានឬ ទើបនាំព្រះរាជកុមារនោះទៅព្រៃ ទ្រង់ឃើញបណ្ណសាលាដែលព្រះបច្ចេកពុទ្ធទាំងឡាយមុនៗ ធ្លាប់នៅហើយក្នុងព្រៃនោះ ទើបអាស្រ័យនៅជាមួយព្រះរាជឱរស។

ក្នុងកាលនោះ ព្រះរាជកុមារដែលធ្លាប់ស្និទ្ធស្នាលក្នុងក្រឡាព្រះបន្ទំដ៏ប្រសើរ តែកាលផ្ទំក្នុងទីដែលក្រាលដោយស្មៅ ឬលើគ្រែដែលត្បាញដោយវល្លិ ត្រូវរងានិងខ្យល់បៀតបៀន ក៏ព្រះកន្សែងទូលថា បពិត្រព្រះបិតា ត្រជាក់ណាស់ បពិត្រព្រះបិតា ក្តៅណាស់ បពិត្រព្រះបិតា មូសនិងរបោមច្រើនណាស់ បពិត្រព្រះបិតា ខ្ញុំឃ្លានណាស់ ខ្ញុំស្រេកណាស់។ ព្រះរាជាលួងលោមព្រះរាជកុមារនោះ ញុំាងរាត្រីឲ្យកន្លងទៅ។ ក្នុងពេលថ្ងៃ ក៏ត្រាច់បិណ្ឌបាត នាំភត្តមកឲ្យព្រះរាជកុមារនោះ ភត្តនោះ ជាភត្តដែលលាយគ្នាដោយស្ពៅ ស្កួយ និងសម្លសណ្តែកបាយជាដើម ព្រះរាជកុមារទ្រង់ស្រេកឃ្លាន ក៏សោយភត្តនោះ ដោយអំណាចសេចក្តីស្រេកឃ្លាន លុះកាលមិនយូរប៉ុន្មាន ក៏ទ្រង់ស្គាំងស្គមដូចផ្កាឈូកដែលដាក់ក្នុងទីដែលមានកម្តៅថ្ងៃដូច្នោះ។ ចំណែកព្រះបច្ចេកពោធិសត្វ ទ្រង់មិនសម្ដែងអាការខុសប្លែកឡើយ ទ្រង់សោយដោយកម្លាំងនៃការពិចារណា។ បន្ទាប់អំពីនោះ ព្រះបច្ចេកពោធិសត្វទ្រង់ក៏ឲ្យព្រះរាជកុមារយល់ព្រមថា នែបា អាហារដែលប្រណីត រមែងបានក្នុងនគរ ពួកយើងនឹងទៅក្នុងនគរនោះ។

ព្រះរាជកុមារទូលថា ករុណាថ្លៃវិសេស ព្រះបិតា។ បន្ទាប់អំពីនោះ ទ្រង់នាំព្រះរាជកុមារនោះ យាងត្រឡប់តាមផ្លូវដែលយាងមកនោះឯង។ ចំណែកព្រះទេវីព្រះមាតារបស់ព្រះរាជកុមារ ព្រះនាងព្រះតម្រិះថា ឥឡូវនេះ ព្រះរាជាទ្រង់នាំព្រះរាជកុមារទៅប្រថាប់គង់ក្នុងព្រៃ មិនយូរប៉ុន្មាន គង់នឹងយាងត្រឡប់ដោយកាលពីរបីថ្ងៃប៉ុណ្ណោះ ទើបព្រះនាងឲ្យព័ទ្ធរបងក្នុងទីដែលគូសដោយឈើច្រត់ ហើយគង់នៅ។ លំដាប់នោះ ព្រះរាជាប្រថាប់ឈរក្នុងទីមិនឆ្ងាយអំពីរបងនោះ ទ្រង់បញ្ជូនព្រះរាជកុមារទៅថា នែបុត្ត មាតារបស់បុត្តអង្គុយក្នុងទីនោះ ចូរបុត្តទៅចុះ ហើយប្រថាប់ឈរមើលរហូតដល់ព្រះរាជកុមារយាងដល់ទីនោះ ដោយ​ព្រះតម្រិះថា បុគ្គលណាមួយ កុំបីបៀតបៀនកុមារនោះ។ ព្រះរាជកុមារនោះ យាងទៅកាន់សម្នាក់របស់ព្រះមាតា។

បុរសដែលជាអ្នករក្សាទាំងឡាយ ឃើញព្រះរាជកុមារនោះហើយ ទូលដល់ព្រះទេវី។ ព្រះទេវីមានស្រ្តីរបាំ ២ ម៉ឺននាក់ ចោមរោមហើយ យាងទៅទទួល និងត្រាស់សួរអំពីព្រះរាជា កាលព្រះនាងបានស្តាប់ថា ព្រះរាជានឹងយាងមកខាងក្រោយ ទើបបញ្ជូនមនុស្សទាំងឡាយទៅ ឯព្រះរាជា ក៏យាងទៅកាន់លំនៅរបស់ព្រះអង្គមួយរំពេចនោះឯង។ មនុស្សទាំងឡាយមិនឃើញព្រះរាជា ក៏ត្រឡប់មកវិញ បន្ទាប់អំពីនោះ ព្រះទេវីព្រះនាងប្រាសចាកសេចក្តីសង្ឃឹម ក៏នាំព្រះរាជឱរសចូលកាន់ព្រះនគរ អភិសេកព្រះរាជកុមារនោះ ទុកក្នុងរាជសម្បត្តិ។ ចំណែកព្រះរាជាយាងដល់លំនៅរបស់ព្រះអង្គហើយ ប្រថាប់គង់ក្នុងទីនោះ ចម្រើនវិបស្សនា ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ ត្រាស់ឧទានគាថានេះ ក្នុងកណ្តាលនៃ ព្រះបច្ចេកពុទ្ធ ទាំងឡាយ ត្រង់គល់មញ្ជូសកព្រឹក្សថា

ឯវំ ទុតិយេន សហា មមស្ស

វាចាភិលាបោ អភិសជ្ជនា វា

ឯតំ ភយំ អាយតិ បេក្ខមានោ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

ឯការឆ្លើយឆ្លងដោយវាចាក្ដី ការជាប់ចំពាក់ក្ដី ជាមួយនឹងបុគ្គលគម្រប់ពីររបស់អញ ដូចកងមាសមួយគូ មានយ៉ាងនុ៎ះ បុគ្គលកាលរំពឹងឃើញនូវភ័យនុ៎ះ ក្នុងកាលខាងមុខ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

ឧទានគាថានោះ ដោយអត្ថងាយយល់ហើយ។

ក្នុងឧទានគាថានេះ មានអធិប្បាយដូចតទៅនេះថា ការបន្លឺវាចាសន្ទនា ឬវាចាជាគ្រឿងជាប់ចំពាក់ ដោយអំណាចសេចក្ដីស្រឡាញ់ក្នុងកុមារនោះ កើតហើយដល់ខ្ញុំ មានកុមារម្នាក់ជាសម្លាញ់ ដែលរង់ចាំរំអុករឿងរងា រឿងក្ដៅជាដើម បើខ្ញុំមិនលះបង់កុមារនោះសោត បន្ទាប់អំពីនោះ ការបន្លឺវាចាសន្ទនា ឬវាចាដោយពាក្យស្និទ្ធស្នាល ជាមួយបុគ្គលដែលនៅជាមួយ ក៏នឹងមានយ៉ាងនោះ រហូតដល់ឥឡូវនេះ។ ខ្ញុំសម្លឹងឃើញភ័យនេះ តទៅខាងមុខថា ការបន្លឺវាចាសន្ទនា និងវាចាជាគ្រឿងជាប់ចំពាក់ទាំង ២ នេះ នឹងធ្វើអន្ដរាយដល់ការសម្រេចគុណវិសេស ទើបលះបង់កុមារនោះ ហើយបដិបត្ដិដោយឧបាយ សម្រេចបច្ចេកពោធិញ្ញាណហើយ។ ពាក្យដ៏សេស មានន័យដូចពោលហើយនោះឯង។

អាយតិភយគាថាទី ៥ ចប់។

សូមអនុមោទនា !!!

Oben-pfeil