បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី២

ឦតិគាថា ទី៧

គាថាថា ឦតី ច ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ក្នុងនគរពារាណសី បូសកើតឡើងដល់ព្រះរាជា។ វេទនាដ៏ខ្លាំងក្លាបានចម្រើនឡើង គ្រូពេទ្យទាំងឡាយក្រាបទូលថា សត្ថកម្មេន វិនា ផាសុ ន ហោតិ វៀរសត្ថកម្ម គឺការវះកាត់ នឹងមិនមានផាសុក។ ព្រះរាជាទ្រង់ឲ្យអភ័យដល់ពេទ្យទាំងនោះ ហើយឲ្យធ្វើការវះកាត់ ។ ពេទ្យទាំងនោះ វះបូសនោះហើយ នាំខ្ទុះនិងឈាមចេញ ធ្វើឲ្យអស់នូវការឈឺចាប់ហើយ យកសំពត់រុំ និងថ្វាយដំបូន្មានព្រះរាជា ឲ្យ សោយក្រយាស្ងោយដែលផ្សំដោយសាច់ដែលសៅហ្មង។ ព្រះរាជាទ្រង់មានព្រះសរីរៈស្គាំងស្គមព្រោះភោជនសៅហ្មង បូសរបស់ព្រះរាជានោះ ក៏ក្រៀមទៅ។ ព្រះរាជាទ្រង់សម្គាល់ថា ទ្រង់មានផាសុកហើយ ទើបសោយក្រយាស្ងោយមានរសដ៏ប្រសើរ ព្រោះហេតុនោះ ទើបទ្រង់មានកម្លាំង។ បូសរបស់ព្រះរាជានោះ ត្រឡប់កើតដូចមុនទៀត។ កាលបើដូច្នោះ ទើបទ្រង់ឲ្យធ្វើការវះកាត់អស់វារៈ ៣ ដង ត្រូវពេទ្យទាំងឡាយវៀរហើយចាកការរក្សា  ទើបទ្រង់នឿយណាយ លះមហារាជសម្បត្ដិ ចេញបួស ចូលព្រៃ ប្រារព្ធវិបស្សនាអស់ ៧ ឆ្នាំ ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ បានពោលឧទានគាថានេះថា

ឦតី ច គណ្ឌោ ច ឧបទ្ទវោ ច

រោគោ ច សល្លញ្ច ភយញ្ច មេតំ

ឯតំ ភយំ កាមគុណេសុ ទិសា្វ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គលឃើញនូវភ័យនុ៎ះ ក្នុងកាមគុណទាំងឡាយថា នេះជាចង្រៃ  ជាបូស ជាឧបទ្រព ជារោគ ជាសរ ទាំងជាភ័យរបស់អញហើយ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

លុះពោលគាថានេះហើយ បានទៅកាន់ញកភ្នំនន្ទមូលកៈ។

បណ្តាបទទាំងនោះ បទថា ឦតី បានដល់ ចង្រៃ។ ពាក្យថា ចង្រៃនេះ ជាឈ្មោះនៃហេតុរបស់សេចក្ដីវិនាស ដែលជាចំណែកនៃអកុសលដែលចូលមក។ ព្រោះហេតុនោះ កាមគុណទាំងនោះ ក៏ឈ្មោះថា ចង្រៃ ព្រោះអត្ថថា ជាហេតុនាំមកនូវសេចក្តីវិនាសច្រើនយ៉ាង និងព្រោះជាទីប្រជុំចុះនៃសេចក្ដីវិនាស។ បូស រមែងហូរចេញនូវរបស់មិនស្អាត គឺហើមឡើង និងទុំ ហើយក៏បែកធ្លាយទៅ ព្រោះហេតុនោះ កាមគុណទាំងនោះ ឈ្មោះថា បូស ព្រោះជាទីហូរចេញនូវរបស់មិនស្អាត គឺកិលេស និងព្រោះភាពជារបស់បែកចេញ និងព្រោះជារបស់ហើមឡើង ទុំដោយការកើត ការចាស់ និងការបែកធ្លាយ។ ឈ្មោះថា ឧបទ្រព ព្រោះអត្ថថា ចង្រៃ អធិប្បាយថា ញុំាងការវិនាសឲ្យកើតរមែងញាំញី គឺគ្របសង្កត់។

បទថា ឧបទ្ទវ នោះ ជាឈ្មោះនៃទោសទាំងឡាយ មានរាគៈដែលដូចជាបូសជាដើម ។ ព្រោះហេតុនោះ កាមគុណទាំងឡាយឈ្មោះថា ឧបទ្រព ព្រោះជាហេតុមិនឲ្យឈានចុះកាន់ព្រះនិព្វានដែលខ្លួនមិនទាន់ដឹង និងព្រោះជាទីតាំងនៃឧបទ្រពទាំងពួង ព្រោះកាមគុណទាំងនោះ ញុំាងនូវការក្តៅក្រហាយ គឺកិលេសឲ្យកើតឡើង ញុំាងនូវការមិនមានរោគ ពោលគឺសីល ឲ្យដល់នូវការបែកធ្លាយ រមែងប្លន់នូវការមិនមានរោគតាមប្រក្រតីនោះឯង ព្រោះហេតុនោះ ទើបឈ្មោះថា រោគ ព្រោះអត្ថថា ប្លន់នូវការមិនមានរោគនោះឯង។ ឈ្មោះថា សល្លំ ព្រោះអត្ថថា តាមចូលទៅខាងក្នុង ព្រោះអត្ថថា ធ្វើនូវការក្តៅក្រហាយខាងក្នុង និងព្រោះអត្ថថា ជារបស់នាំចេញបានដោយក្រ។ ឈ្មោះថា ភយំ ព្រោះនាំមកនូវភ័យក្នុងភពបច្ចុប្បន្ន និងក្នុងសម្បរាយិកភព (គឺភពខាងមុខ)។ បទថា មេតំ មកពី មេ និង ឯតំ។ បទដ៏សេសក្នុងគាថានេះ ប្រាកដច្បាស់ហើយ។ សូម្បីពាក្យនិគម ក៏គប្បីជ្រាបដោយន័យដូចដែលបានពោលហើយនោះឯង។

ឦតិគាថា ទី៧ ចប់។

សូមអនុមោទនា !!!

Oben-pfeil