វគ្គទី២
កាមគាថា ទី៦
គាថាថា កាមា ហិ ចិត្រា ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។
បានឮថា សេដ្ឋីបុត្តក្នុងនគរពារាណសី បានតំណែងសេដ្ឋីតាំងអំពីនៅក្មេងនោះឯង។ សេដ្ឋីបុត្តនោះ មានប្រាសាទ ៣ សម្រាប់ ៣ រដូវ បានទទួលការបម្រើដោយសម្បត្ដិទាំងពួង ដូចទេវកុមារ។ លំដាប់នោះ សេដ្ឋីបុត្តនោះ ទាំងនៅក្មេងនុ៎ះឯង គិតថា នឹងបួស ទើបលាមាតាបិតា ឯមាតាបិតា ក៏ហាមឃាត់។ កុលបុត្តនោះ ក៏រំអុករឿយៗ។ មាតាបិតាក៏ហាមឃាត់ទៀត ដោយប្រការផ្សេងៗ ថា នែបា បាជាមនុស្សសុខុមាលជាតិ បព្វជ្ជាធ្វើបានដោយក្រ ដូចការដើរទៅមកលើមុខកាំបិតកោរ។ សេដ្ឋីបុត្តនោះ ក៏នៅតែរំអុកយ៉ាងនោះឯង ទើបមាតាបិតាគិតថា បើកូននេះបួស ពួកយើងក៏មានទោមនស្សបើរារាំងកូន កូនក៏កើតទោមនស្ស សូមឲ្យទោមនស្សកើតដល់ពួកយើងចុះ កុំបីមានដល់កូនយើងឡើយ ទើបអនុញ្ញាតឲ្យបួស។ បន្ទាប់អំពីនោះ សេដ្ឋីបុត្តនោះ មិនដាក់ចិត្ដដល់បរិវារជនដែលកំពុងបរិទេវនាការ ទៅកាន់ព្រៃឥសិបតនៈ បួសក្នុងសម្នាក់ ព្រះបច្ចេកពុទ្ធទាំងឡាយ។ សេនាសនៈដ៏ប្រសើរ មិនដល់លំដាប់កុលបុត្តនោះ ទើបកុលបុត្តនោះ ក្រាលកន្ទេលផែងលើគ្រែតូច ហើយសិង។ កុលបុត្តនោះ ធ្លាប់ស្និទ្ធស្នាលក្នុងដំណេកល្អមកអំពីមុន ទើបមានសេចក្ដីលំបាកក្រៃលែង អស់មួយយប់ទល់ភ្លឺ កាលរាត្រីអស់ហើយ កុលបុត្តនោះ ធ្វើបរិកម្មសរីរៈ ហើយកាន់បាត្រនិងចីវរ ចូលទៅបិណ្ឌបាត មួយអន្លើដោយព្រះបច្ចេកពុទ្ធទាំងឡាយ។ បណ្ដាព្រះបច្ចេកពុទ្ធទាំងនោះ ព្រះបច្ចេកពុទ្ធដែលចាស់ជាង បាននូវសេនាសនៈ ប្រសើរនិងភោជនប្រសើរ ព្រះបច្ចេកពុទ្ធដែលជានវកៈ បាននូវសេនាសនៈនិងភោជនដ៏សៅហ្មងតាមមានតាមបាន។ កុលបុត្តនោះ បានទទួលសេចក្ដីទុក្ខយ៉ាងក្រៃលែង ព្រោះភោជនសៅហ្មងនោះ។ លុះកន្លងទៅ ពីរបីថ្ងៃប៉ុណ្ណោះ ក៏ស្គាំងស្គម មានពណ៌សម្បុរសៅហ្មង ហើយក៏នឿយណាយ ព្រោះសមណធម៌មិនទាន់ដល់នូវការចាស់ក្លា។ បន្ទាប់អំពីនោះ ក៏បញ្ជូនទូតឲ្យជម្រាបដល់មាតាបិតា ហើយសឹក។ លុះកន្លងទៅពីរបីថ្ងៃ កុលបុត្តនោះ មានកម្លាំងហើយ បំណងនឹងបួសទៀត។ បន្ទាប់អំពីនោះ ទើបបួសជាលើកទី ២ ហើយសឹកទៀត។ ក្នុងលើកទី ៣ កុលបុត្តនោះ ក៏បួសទៀត ហើយបដិបត្ដិដោយប្រពៃ ចម្រើនវិបស្សនា ធ្វើឲ្យជាក់ច្បាស់ហើយនូវបច្ចេកពោធិញ្ញាណ បានពោលឧទានគាថានេះ ហើយពោលព្យាករណ៍គាថានេះឯងដដែលទៀត ក្នុងកណ្ដាលព្រះបច្ចេកពុទ្ធទាំងឡាយថា
កាមា ហិ ចិត្រា មធុរា មនោរមា
វិរូបរូបេន មថេន្តិ ចិត្តំ
អាទីនវំ កាមគុណេសុ ទិស្វា
ឯកោ ចរេ ខគ្គវិសាណកប្បោ។
ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មានរសផ្អែម ជាទីរីករាយនៃចិត្ដ រមែងញាំញីនូវចិត្ដ ដោយសភាពដ៏ប្លែកៗ បុគ្គលឃើញទោសក្នុងកាមគុណទាំងឡាយហើយ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។
បណ្ដាបទទាំងនោះ បទថា កាមា បានដល់ កាម ២ យ៉ាង គឺវត្ថុកាម ១ កិលេសកាម ១។ ក្នុងកាម ២ យ៉ាងនោះ ធម៌គឺអារម្មណ៍ ដូចជាបិយរូប (រូបជាទីស្រឡាញ់) ជាដើម ឈ្មោះថា វត្ថុកាម រាគៈគ្រប់ប្រភេទ ឈ្មោះថា កិលេសកាម។ តែក្នុងទីនេះ លោកបំណងយកវត្ថុកាម។ កាមទាំងឡាយជារបស់វិចិត្រ ព្រោះមានច្រើនយ៉ាង មានរូបជាដើម។ ឈ្មោះថា មានរសផ្អែម ព្រោះជាទីពេញចិត្ដរបស់សត្វលោក។ ឈ្មោះថា ជាទីរីករាយនៃចិត្ដ ព្រោះធ្វើឲ្យចិត្តរបស់ពាលបុថុជ្ជនត្រេកអរ។ ឈ្មោះថា មានសភាពដ៏ប្លែកៗ បានដល់ ដោយសភាពផ្សេងៗ លោកអធិប្បាយថា ដោយសភាវៈផ្សេងៗ។ ពិតហើយ កាមទាំងនោះ វិចិត្រល្អ ដោយអំណាចរូបជាដើម មានរូបផ្សេងៗ ច្រើនប្រភេទ ដោយអំណាចពណ៌ខៀវជាដើម ក្នុងរូបជាដើម។ អធិប្បាយថា កាមទាំងឡាយ សម្ដែងនូវការពេញចិត្ដ ដោយប្រការនោះៗ ដោយរូបផ្សេងៗនោះៗ យ៉ាងនេះ រមែងញាំញីនូវចិត្ដ គឺមិនឲ្យត្រេកអរក្នុងការបួស។ ពាក្យដ៏សេសក្នុងគាថានេះ ប្រាកដច្បាស់ហើយ សូម្បីបទសរុប ក៏គប្បីជ្រាបដោយន័យដូចពោលហើយ ក្នុងគាថាទី១ នោះឯង ដោយរួម ២បទ ឬ ៣បទ ប្រកបគ្នា។
កាមគាថា ទី៦ ចប់។
សូមអនុមោទនា !!!
