វគ្គទី២
នាគគាថា ទី៩
គាថាថា នាគោវ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។
បានឮថា ក្នុងនគរពារាណសី ព្រះរាជាមួយអង្គសោយរាជសម្បត្តិអស់វេលា ២០ ឆ្នាំ សោយទិវង្គតហើយឆេះក្នុងនរកអស់ ២០ ឆ្នាំដូចគ្នា (បន្ទាប់មក) កើតក្នុងកំណើតដំរី ក្នុងហិមវន្តប្បទេស មានខន្ធកើតល្អហើយ មានរាងកាយទាំងមូលមានពណ៌ដូចផ្កាឈូក ជាដំរីមេហ្វូង ជាដំរីធំ។ កូនដំរីទាំងឡាយ រមែងទំពាស៊ីមែកឈើដែលស្តេចដំរីនោះកាច់ ក្នុងវេលាចុះកាន់ទឹក ដំរីញីទាំងឡាយក៏បៀតបៀនស្តេចដំរីនោះ ដោយភក់។ រឿងទាំងអស់ដូចរឿងស្តេចដំរីបាលិលេយ្យកៈ។ ស្តេចដំរីនោះ នឿយណាយ ក៏ចៀសចេញអំពីហ្វូង បន្ទាប់អំពីនោះ ដំរីទាំងនោះ ក៏ជាប់តាមស្តេចដំរីនោះទៀត ដោយដើរតាមស្នាមជើង។ ស្តេចដំរីចៀសចេញទៅអស់វារៈ ៣ ដង ក៏ត្រូវហ្វូងដំរីដើរតាមទៀត ទើបគិតតទៅថា ឥឡូវនេះ ចៅរបស់អញសោយរាជសម្បត្តិក្នុងក្រុងពារាណសី ណ្ហើយចុះ អញគប្បីទៅកាន់ព្រះរាជឧទ្យាន ក្នុងជាតិមុនរបស់អញ ចៅរបស់អញនឹងរក្សាអញក្នុងឧទ្យាននោះ។ កាលហ្វូងដំរីដេកលក់ក្នុងកណ្តាល យប់ ទើបលះបង់ហ្វូងចូលទៅកាន់ព្រះរាជឧទ្យាននោះឯង។
អ្នករក្សាព្រះរាជឧទ្យានបានឃើញហើយ ក៏ទូលសេចក្តីនោះដល់ព្រះរាជា។ ព្រះរាជាទ្រង់ព្រះតម្រិះថា អញនឹងចាប់ដំរី ដូច្នេះហើយទ្រង់ចោមរោមដោយសេនាយាងទៅ ដំរីក៏ដើរបែរមុខឆ្ពោះមករកព្រះរាជានោះឯង ព្រះរាជាទ្រង់ព្រះតម្រិះថា ដំរីនេះ ដើរមករកអញ ទើបផ្ទាប់ធ្នូឡើង ប្រថាប់ឈរ។ បន្ទាប់អំពីនោះ ដំរីនោះគិតថា ព្រះរាជានេះ គប្បីបាញ់អញពិត ទើបនិយាយដោយវាចាមនុស្សថា បពិត្រព្រហ្មទត្ត សូមទ្រង់កុំបាញ់ខ្ញុំឡើយ ខ្ញុំធ្លាប់ជាជីតារបស់ទ្រង់។
ព្រះរាជាត្រាស់សួរថា អ្នកនិយាយអ្វី ហើយត្រាស់សួររឿងទាំងអស់ ស្តេចដំរីក៏ប្រាប់រឿងទាំងអស់ដែលទាក់ទងដោយរាជសម្បត្តិ ការប្រព្រឹត្តទៅក្នុងកំណើតនរក និងកំណើតដំរី។ ព្រះរាជាទ្រង់លួងលោមថា កុំខ្លាច កុំធ្វើឲ្យអ្នកណាមួយខ្លាចឡើយ ហើយទ្រង់ឲ្យគេទំនុកបម្រុងអាហារ កម្រាល និងគ្រឿងដំរីដល់ស្តេចដំរីនោះ។
សម័យថ្ងៃមួយ ព្រះរាជាប្រថាប់គង់លើកដំរីដ៏ប្រសើរ ទ្រង់ព្រះតម្រិះថា ដំរីនេះ ធ្លាប់សោយរាជសម្បត្តិអស់កាល ២០ ឆ្នាំ ធ្លាក់នរក ហើយកើតក្នុងកំណើតតិរច្ឆាន ដោយវិបាកដែលនៅសេសសល់នោះឯង កាលមិនអាចអត់ធន់នូវការច្របូកច្របល់ ព្រោះនៅរួមគ្នាជាពួកក្នុងព្រៃនោះ ទើបមកក្នុងទីនេះ ឱហ្ន៎ ! ការនៅក្នុងពួកគណៈជាទុក្ខ ឯការនៅម្នាក់ឯងប៉ុណ្ណោះ ជាសុខ ទ្រង់ប្រារព្ធវិបស្សនាក្នុងទីនោះឯង ទ្រង់ធ្វើឲ្យ ជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណហើយ។
អាមាត្យទាំងឡាយចូលទៅគាល់ ព្រះបច្ចេកពុទ្ធ នោះ ដែលនៅជាសុខដោយលោកុត្តរសុខ ផ្គងអញ្ជលី ក្រាបទូលថា ដល់កាលចេញដំណើរហើយ មហារាជ។ លំដាប់នោះ ព្រះបច្ចេកពុទ្ធត្រាស់ថា យើងមិនមែនជាព្រះរាជា ហើយត្រាស់គាថានេះ ដោយន័យមុននោះឯងថា
នាគោវ យូថានិ វិវជ្ជយិត្វា
សញ្ជាតខន្ធោ បទុមី ឧឡារោ
យថាភិរន្តំ វិហរំ អរញ្ញេ
ឯកោ ចរេ ខគ្គវិសាណកប្បោ។
ដំរីមានខ្លួនសមរម្យ មាំមួន មានសម្បុរដូចផ្កាឈូក [ច្បាប់និស្សយៈភូមា ប្រែថា ជាដំរីដ៏ប្រសើរ មានរាងកាយដូចផ្កាឈូក។]កាលលះបង់ហ្វូងហើយ នៅក្នុងព្រៃ គួរដល់អធ្យាស្រ័យយ៉ាងណា បុគ្គលគប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស យ៉ាងនោះឯង។
គាថានោះ មានអត្ថនៃបទប្រាកដច្បាស់ហើយ។ តែក្នុងទីនេះ មានពាក្យអធិប្បាយប្រកបសេចក្ដីដូចតទៅនេះថា គាថានោះ លោកពោលរឿងពិត មិនមែនពោលតាមដែលបានស្ដាប់មក។ ដំរីនេះ ឈ្មោះថា នាគ ព្រោះមិនមកកាន់ភូមិដែលខ្លួនមិនបានទូន្មាន ព្រោះទូន្មានខ្លួនហើយ ក្នុងសីលដែលជាទីស្រឡាញ់របស់ព្រះអរិយៈក៏បាន ព្រោះជាអ្នកមានរាងកាយធំ ក៏បានយ៉ាងណា ក្នុងកាលណាហ្ន៎ អាត្មាអញគប្បីជានាគ ព្រោះមិនបានត្រឡប់មកកាន់ភូមិដែលមិនបានទូន្មាន ព្រោះភាពដែលខ្លួនទូន្មានល្អហើយ ក្នុងសីលទាំងឡាយដែលព្រះអរិយៈពេញចិត្ត ព្រោះមិនធ្វើបាប និងព្រោះមិនត្រឡប់មកកាន់ភាពយ៉ាងនេះទៀត ឬព្រោះភាពដែលខ្លួនមានសរីរៈធំ គឺគុណ មានសភាពយ៉ាងនោះដែរ។
ម្យ៉ាងទៀត ដំរីនោះលះបង់នូវហ្វូង ហើយនៅក្នុងព្រៃតាមគាប់ចិត្ត ដោយសេចក្តីសុខ គឺការត្រាច់ទៅតែម្នាក់ឯងដូចកុយរមាស យ៉ាងណា ក្នុងកាលណាហ្ន៎ អាត្មាអញនឹងបាននៅក្នុងព្រៃតាមគាប់ចិត្ត ដោយវិហារសុខ ដោយចំណែកមួយ បានដល់ ដោយសេចក្តីសុខដែលកើតអំពីឈាន គឺនៅក្នុងព្រៃដោយប្រការដែលខ្លួនមានសេចក្តីសុខ ឬតាមសេចក្ដីប្រាថ្នា ត្រាច់ទៅតែម្នាក់ឯង គឺគប្បីប្រព្រឹត្តដូចកុយរមាស មានសភាពយ៉ាងនោះដែរ។
ម្យ៉ាងទៀត ដំរីនោះឈ្មោះថា សញ្ជាតក្ខន្ធ ព្រោះមានរាងកាយរៀបរយល្អហើយ យ៉ាងណា ក្នុងកាលណាហ្ន៎ អាត្មាអញគប្បីឈ្មោះថា មានខន្ធកើតល្អហើយ ព្រោះភាពជាធំដោយសីលក្ខន្ធ ដែលជាអសេក្ខៈ មានសភាពយ៉ាងនោះដែរ។
ម្យ៉ាងទៀត ដំរីនោះដូចផ្កាឈូក ព្រោះមានរាងដូចគ្នានឹងផ្កាឈូក ឬព្រោះកើតហើយក្នុងត្រកូលដំរីបទុម យ៉ាងណា ក្នុងកាលណាហ្ន៎ អាត្មាអញគប្បីឈ្មោះថា ដូចជាផ្កាឈូក ព្រោះភាពជាអ្នកមានកាយត្រង់ដូចផ្កាឈូក ឬព្រោះកើតហើយក្នុងផ្កាឈូក គឺអរិយជាតិ មានសភាពយ៉ាងនោះដែរ។ ម្យ៉ាងទៀត ដំរីនោះ ឧត្តមដោយកម្លាំងនិងសន្ទុះជាដើម យ៉ាងណា ក្នុងកាលណាហ្ន៎ អាត្មាអញគប្បីឧត្តមដោយគុណធម៌ មានការប្រព្រឹត្តផ្លូវកាយបរិសុទ្ធិជាដើម ឬដោយសីល សមាធិ និងបញ្ញា ជាគ្រឿងចាក់ធ្លុះជាដើម មានសភាពយ៉ាងនោះដែរ។ យើងកាលគិតយ៉ាងនេះ ទើបប្រារព្ធវិបស្សនា បានត្រាស់ដឹងនូវបច្ចេកពោធិញ្ញាណហើយ ។
នាគគាថា ទី៩ ចប់។
សូមអនុមោទនា !!!
