វគ្គទី២
សហាយគាថា ទី១-២
គាថាថា សចេ លភេថ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។
បានឮថា ក្នុងអតីតកាល ព្រះបច្ចេកពោធិសត្វ ២ អង្គ បួសក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមកស្សបៈ បំពេញគតបច្ចាគតវត្តអស់ ២ ម៉ឺនឆ្នាំហើយ កើតក្នុងទេវលោក ចុតិចាកទេវលោកនោះហើយ បុគ្គលដែលជាច្បង បានជាព្រះរាជឱរសរបស់ព្រះបាទពារាណសី បុគ្គលដែលជាប្អូនបានជាបុត្តរបស់បុរោហិត ជនទាំងពីរនោះ បដិសន្ធិក្នុងថ្ងៃតែមួយ ប្រសូតចេញចាកគភ៌មាតាក្នុងថ្ងៃតែមួយ ជាសម្លាញ់លេងដីជាមួយគ្នា។ បុត្តបុរោហិតជាអ្នកមានបញ្ញា បានទូលព្រះរាជបុត្តថា បពិត្រសម្លាញ់ ទ្រង់នឹងបានរាជសម្បតិ្តដោយអំណឹះឥតអំពីព្រះរាជបិតា ឯខ្ញុំនឹងបានតំណែងជាបុរោហិត បើទ្រង់បានទទួលការសិក្សាល្អហើយ គួរដើម្បីគ្រប់គ្រងរាជសម្បតិ្តឲ្យជាសុខ មកពួកយើងនឹងរៀនសិប្បៈជាមួយគ្នា។ បន្ទាប់អំពីនោះ ជនទាំងពីរជាអ្នកមានកម្មបានសន្សំហើយអំពីជាតិមុន កាលត្រាច់រកភិក្ខាក្នុងគាមនិងនិគមជាដើម បានទៅដល់ស្រុកក្នុងជនបទជាយដែន។ ព្រះបច្ចេកពុទ្ធ ៥ អង្គ ចូលទៅកាន់ស្រុកនោះ ក្នុងវេលាភិក្ខាចារ។ លំដាប់នោះ មនុស្សទាំងឡាយឃើញព្រះបច្ចេកពុទ្ធហើយ កើតនូវឧស្សាហៈ ក្រាលអាសនៈ បង្អោនខាទនីយៈនិងភោជនីយៈដ៏ប្រណីតបូជាហើយ។ សម្លាញ់ទាំងពីរនោះ មានការគិតយ៉ាងនេះថា មនុស្សមានត្រកូលខ្ពស់ដូចជាពួកយើង មិនមាន អើមនុស្សទាំងនេះ បើប្រាថ្នា ក៏ឲ្យភិក្ខាដល់ពួកយើង បើមិនប្រាថ្នា ក៏មិនឲ្យ តែរមែងធ្វើសក្ការៈមានសភាពបែបនោះ ដល់បព្វជិតទាំងនេះ លោកទាំងនេះ គង់ចេះនូវសិប្បៈឯណានីមួយពិតប្រាកដ ណ្ហើយចុះ ពួកយើងនឹងរៀននូវសិប្បៈក្នុងសម្នាក់របស់បព្វជិតទាំងនោះ។ សម្លាញ់ទាំងពីរនោះ កាលមនុស្សទាំងឡាយត្រឡប់ហើយ បានឱកាស ទើបអង្វរថា បពិត្រលោកម្ចាស់ដ៏ចម្រើនទាំងឡាយ លោកម្ចាស់ទាំងឡាយ ចេះនូវសិប្បៈណា សូមឲ្យពួកខ្ញុំសិក្សានូវសិប្បៈនោះផងចុះ។
ព្រះបច្ចេកពុទ្ធទាំងឡាយពោលថា បុគ្គលដែលមិនបានបួស មិនអាចសិក្សាបាន។ សម្លាញ់ទាំងពីរនោះ ក៏សូមបព្វជ្ជា ហើយបួស។ លំដាប់នោះ ព្រះបច្ចេកពុទ្ធទាំងឡាយ បានប្រាប់អភិសមាចារិកវត្តដល់បព្វជិតទាំងពីរនោះ ដោយន័យជាដើមថា អ្នកគប្បីស្លៀកយ៉ាងនេះ គប្បីដណ្តប់យ៉ាងនេះ ហើយប្រគល់បណ្ណសាលាឲ្យមួយអង្គមួយខ្នង ដោយពោលថា ការត្រេកអរក្រៃលែងក្នុងភាពជាបុគ្គលម្នាក់ឯង ជាការសម្រេចនៃសិប្បៈនេះ ព្រោះហេតុនោះ គប្បីអង្គុយម្នាក់ឯងប៉ុណ្ណោះ គប្បីចង្រ្កម គប្បីឈរ គប្បីដេកម្នាក់ឯង។ បន្ទាប់អំពីនោះ បព្វជិតទាំងពីរនោះ ចូលកាន់បណ្ណសាលារៀងៗខ្លួន ហើយអង្គុយ។ បុត្តបុរោហិតបាននូវការតាំងមាំនៃចិត្តចាប់តាំងអំពីកាលដែលអង្គុយ ហើយបានឈាន។ ចំណែកព្រះរាជបុត្តអផ្សុកដោយវេលាមួយស្របក់ប៉ុណ្ណោះ មកកាន់សម្នាក់របស់បុត្តបុរោហិតនោះ។ បុត្តបុរោហិតឃើញព្រះរាជបុត្តនោះ ទើបសួរថា មានរឿងអ្វីសម្លាញ់។ ព្រះរាជបុត្តពោលថា ខ្ញុំអផ្សុក។
បុត្តបុរោហិតពោលថា បើដូច្នោះ ចូរអង្គុយចុះក្នុងទីនេះ។
ព្រះរាជបុត្តនោះ អង្គុយក្នុងទីនោះ មួយស្របក់ ពោលថា សម្លាញ់ បានឮថា ការត្រេកអរក្រៃលែងក្នុងភាពជាបុគ្គលម្នាក់ឯង ជាការសម្រេចនៃសិប្បៈនេះ។
បុត្តបុរោហិតពោលថា យ៉ាងនោះឯងសម្លាញ់ បើដូច្នោះ លោកចូរទៅកាន់ឱកាសដែលខ្លួនអង្គុយនោះឯង ខ្ញុំនឹងរៀនយកនូវការសម្រេចផលនៃសិប្បៈនេះ។ ព្រះរាជបុត្តទៅហើយមួយស្របក់ប៉ុណ្ណោះ ក៏អផ្សុកទៀត ទើបត្រឡប់មកអស់វារៈ ៣ ដង ដោយន័យមុននោះឯង។
បន្ទាប់អំពីនោះ បុត្តបុរោហិតក៏បញ្ជូនព្រះរាជបុត្តទៅយ៉ាងនោះ កាលព្រះរាជបុត្តទៅហើយ គិតថា ព្រះរាជបុត្តនេះ កាលមកក្នុងទីនេះរឿយ ៗ នឹងធ្វើកម្មរបស់ខ្លួនផង កម្មរបស់អាត្មាអញផង ឲ្យវិនាស។ បុត្តបុរោហិតនោះ ក៏ចេញអំពីបណ្ណសាលាចូលកាន់ព្រៃ។ ចំណែកព្រះរាជបុត្តអង្គុយក្នុងបណ្ណសាលារបស់ខ្លួន ជាអ្នកអផ្សុកទៀត ដោយមួយស្របក់ប៉ុណ្ណោះ ទើបមកកាន់បណ្ណសាលារបស់បុត្តបុរោហិតនោះ សម្លឹងរកមើលក្នុងទីផ្សេង ៗ ក៏មិនឃើញបុត្តបុរោហិតនោះ ទើបគិតថា បុគ្គលណា ក្នុងកាលនៅជាគ្រហស្ថ នាំបណ្ណាការមក ក៏មិនបានឃើញអញ ឈ្មោះថា បុគ្គលនោះ កាលអញមកហើយ ក៏មិនប្រាថ្នាដើម្បីនឹងឲ្យចួបអាត្មាអញ បានចៀសចេញទៅហើយ ឱហ្ន៎ ! ចិត្ត ឯងមិនខ្មាស ឯងនាំអញមកក្នុងទីនេះ អស់វារៈ ៤ ដង ឥឡូវនេះ អញនឹងមិនប្រព្រឹត្តទៅក្នុងអំណាចរបស់ឯង តែនឹងឲ្យឯងប៉ុណ្ណោះ ប្រព្រឹត្តទៅក្នុងអំណាចរបស់អញដោយពិត ដូច្នេះហើយ ចូលកាន់សេនាសនៈរបស់ខ្លួន ប្រារព្ធវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ ហើយហោះទៅកាន់ញកភ្នំនន្ទមូលកៈ។ ចំណែកបុត្តរបស់បុរោហិតចូលកាន់ព្រៃ ប្រារព្ធវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ បានទៅដូចគ្នាយ៉ាងនោះឯង ព្រះបច្ចេកពុទ្ធទាំងពីរអង្គនោះ គង់លើផ្ទាំងមនោសិលាហើយ បានពោលឧទានគាថាទាំងនេះ មួយអង្គមួយគាថាដូច្នេះថា
សចេ លភេថ និបកំ សហាយំ
សទ្ធិញ្ចរំ សាធុវិហារិ ធីរំ [សាធុវិហារិ ធីរំ កាត់បទជា សាធុវិហារឹ ធីរំ។]
អភិភុយ្យ សព្វានិ បរិស្សយានិ
ចរេយ្យ តេនត្តមនោ សតីមា។
បើបុគ្គលបានសម្លាញ់ជាអ្នកប្រាជ្ញ មានបញ្ញាខ្ជាប់ខ្ជួនជាអ្នកប្រព្រឹត្តត្រូវគ្នា មានធម៌ជាគ្រឿងនៅដ៏ល្អ គប្បីជាអ្នកមានស្មារតីគ្របសង្កត់នូវអន្តរាយទាំងពួង ហើយមានចិត្តរីករាយ ប្រព្រឹត្តជាមួយសម្លាញ់នោះចុះ។
នោ ចេ លភេថ និបកំ សហាយំ
សទ្ធិញ្ចរំ សាធុវិហារិ ធីរំ
រាជាវ រដ្ឋំ វិជិតំ បហាយ
ឯកោ ចរេ មាតង្គរញ្ញេវ នាគោ។
បើបុគ្គលមិនបានសម្លាញ់ ជាអ្នកប្រាជ្ញ មានបញ្ញាខ្ជាប់ខ្ជួន ជាអ្នកប្រព្រឹត្ដត្រូវគ្នា មានធម៌ជាគ្រឿងនៅដ៏ល្អទេ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចព្រះរាជាទ្រង់លះបង់ នូវដែនដែលទ្រង់ឈ្នះហើយ ឬដូចដំរីឈ្មោះមាតង្គៈ (លះបង់នូវហ្វូង កាលត្រាច់ទៅ) ក្នុងព្រៃ។
បណ្ដាបទទាំងនោះ បទថា និបកំ បានដល់ ជាអ្នកមានបញ្ញារក្សាខ្លួនតាមប្រក្រតី គឺជាបណ្ឌិត បានដល់ ជាអ្នកឈ្លាសក្នុងការបរិកម្មកសិណជាដើម។ បទថា សាធុវិហារឹ បានដល់ ប្រកបដោយវិហារធម៌ដ៏នឹងធឹង ឬដោយវិហារធម៌យ៉ាងស៊ប់សួន។ បទថា ធីរំ គឺជាអ្នកបរិបូណ៌ដោយបញ្ញាជាគ្រឿងទ្រទ្រង់ចាំ។ ក្នុងសេចក្ដីនោះ លោកពោលសំដៅដល់ធិតិសម្បទា គឺការដល់ព្រមដោយបញ្ញាជាគ្រឿងទ្រទ្រង់ចាំ ដោយភាពជាអ្នកមានបញ្ញារក្សាខ្លួន។ តែក្នុងទីនេះ បានដល់ ជាអ្នកបរិបូណ៌ដោយធិតិប៉ុណ្ណោះ។ ការព្យាយាមមិនធូរថយ ឈ្មោះថា ធិតិ។ ពាក្យនេះ ជាឈ្មោះនៃសេចក្ដីព្យាយាមដែលប្រព្រឹត្ដទៅយ៉ាងនេះថា កាមំ តចោ ច នហារុ ច … សូមឲ្យស្បែក សរសៃ (និងឆ្អឹង) សល់នៅចុះ …[បិ.២៣ ទំ.៤០៥ ឃ.២៣៩។]។ ម្យ៉ាងទៀត ឈ្មោះថា ធីរៈ ព្រោះខ្ពើមរអើមនូវបាប ដូច្នេះ ក៏មាន។ បទថា រាជាវ រដ្ឋំ វិជិតំ បហាយ សេចក្ដីថា គប្បីលះនូវសម្លាញ់ដែលជាបុគ្គលពាល ត្រាច់ទៅម្នាក់ឯង ដូចព្រះរាជា តាមប្រក្រតី ទ្រង់ដឹងថា ដែនដែលអញឈ្នះហើយ នាំសេចក្ដីវិនាសមកឲ្យ ទើបលះរាជសម្បត្ដិ ត្រាច់ទៅមួយអង្គឯងដូច្នោះ។ ម្យ៉ាងទៀត បទថា រាជាវ រដ្ឋំ នោះ មានសេចក្ដីដូចតទៅនេះថា ជាបុគ្គលម្នាក់ឯង ត្រាច់ទៅ ដូចព្រះបាទសុតសោម ទ្រង់លះនូវដែនដែលទ្រង់ឈ្នះហើយ ត្រាច់ទៅមួយអង្គឯង និងដូចព្រះមហាជនកដូច្នោះ។ ពាក្យដ៏សេស អាចដឹងតាមគន្លងដែលពោលហើយ ព្រោះហេតុនោះ ទើបមិនចាំបាច់ពោលឲ្យពិស្ដារនោះឯង ។
សហាយគាថាទី ១-២ ចប់។
សូមអនុមោទនា !!!
