វគ្គទី២
សីតាលុកគាថា ទី៨
គាថាថា សីតញ្ច ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។
បានឮថា ក្នុងនគរពារាណសី មានព្រះរាជាព្រះនាមថា សីតាលុកព្រហ្មទត្ត ទ្រង់បួសហើយ គង់នៅក្នុងកុដិស្មៅក្នុងព្រៃ ប្រទេសនោះ កាលរងា ក៏មានតែភាពរងា កាលក្តៅ ក៏មានតែភាពក្តៅប៉ុណ្ណោះ ព្រោះជាប្រទេសតាំងនៅក្នុងទីវាល ភិក្ខាហារក្នុងគោចរគ្រាម ក៏មិនបានតាមសេចក្តីត្រូវការ ទឹកផឹកសម្រាប់អ្នកផឹក ក៏រកបានដោយក្រ ខ្យល់ កម្តៅថ្ងៃ របោម សត្វលូនវារ ក៏បៀតបៀន។ ព្រះរាជានោះ ទ្រង់ព្រះតម្រិះដូចេ្នះថា ក្នុងទីប្រមាណកន្លះយោជន៍អំពីនេះ មានប្រទេសដែលសម្បូរ អន្តរាយទាំងនោះ រមែងមិនមានក្នុងប្រទេសនោះ ណ្ហើយចុះ អាត្មាអញគប្បីទៅក្នុងប្រទេសនោះ កាលនៅជាសុខ ក៏អាចសម្រេចលោកុត្តរធម៌បានងាយ ហើយទ្រង់ព្រះតម្រិះទៀតថា ធម្មតាបព្វជិតទាំងឡាយ មិនគួរធ្លាក់ទៅក្នុងអំណាចនៃបច្ច័យ និងរមែងញុំាងចិត្តបែបនោះ ឲ្យប្រព្រឹត្តទៅក្នុងអំណាច រមែងមិនប្រព្រឹត្តទៅក្នុងអំណាចរបស់ចិត្ត អាត្មាអញនឹងមិនទៅទីនោះឡើយ។ កាលទ្រង់ពិចារណាហើយ ទ្រង់មិនយាងទៅ ទ្រង់ពិចារណាចិត្តដែលកើតឡើងហើយយ៉ាងនេះ អស់វារៈ ៣ ដង ហើយយាងត្រឡប់។ តាំងអំពីនោះមក គង់នៅក្នុងព្រៃនោះឯង អស់ ៧ ឆ្នាំ ទ្រង់បដិបត្តិដោយប្រពៃ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកសម្ពោធិញ្ញាណហើយ ត្រាស់ឧទានគាថានេះថា
សីតញ្ច ឧណ្ហញ្ច ខុទំ បិបាសំ
វាតាតបេ ឌំសសិរឹសបេ ច
សព្វានិបេតានិ អភិភវិត្វា
ឯកោ ចរេ ខគ្គវិសាណកប្បោ។
បុគ្គលគ្របសង្កត់ នូវសត្រូវទាំងអស់នុ៎ះ គឺត្រជាក់ ក្ដៅ គម្លាន សម្រេក ខ្យល់និងកម្ដៅថ្ងៃ របោម និងសត្វលូនហើយ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។
លុះពោលគាថានេះហើយ ទើបនិមន្ដទៅកាន់ញកភ្នំនន្ទមូលកៈ។ បណ្ដាបទទាំងនោះ បទថា សីតញ្ច សេចក្ដីថា រងាមាន ២ យ៉ាង គឺរងាមានធាតុខាងក្នុងកម្រើកជាបច្ច័យ ១ រងាមានធាតុខាងក្រៅកម្រើកជាបច្ច័យ ១។ កម្ដៅក៏មាន ២ យ៉ាងដូចគ្នា។ រុយពណ៌លឿងឈ្មោះថា ឌំស (របោម)។ បទថា សរីសបា បានដល់ ទីឃជាតិប្រភេទណាមួយ ដែលលូនវារទៅ។ ពាក្យដ៏សេស ប្រាកដច្បាស់ហើយ។ សូម្បីបទសរុប គប្បីជ្រាបដោយន័យដូចពោលហើយនោះឯង។
សីតាលុកគាថា ទី៨ ចប់។
សូមអនុមោទនា !!!
