បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី២

សុវណ្ណវលយគាថា ទី៤

គាថាថា ទិស្វា សុវណ្ណស្ស ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ព្រះរាជាក្នុងនគរពារាណសីមួយអង្គ បានយាងចូលក្រឡាបន្ទំពេលថ្ងៃក្នុងរដូវក្ដៅ។ នាងវណ្ណទាសីនៅក្នុងសម្នាក់របស់ព្រះរាជានោះ កំពុងបុកខ្លឹមចន្ទន៍ត្រជាក់ដូចទឹក។ ត្រង់ដៃម្ខាងរបស់នាងវណ្ណទាសីនោះ មានកងមាស ១ ត្រង់ដៃម្ខាងទៀត មាន ២ ។ កងដៃមាស ២ នោះ ទង្គិចគ្នា កងដៃមាស ១ ក្រៅអំពីនោះ មិនប៉ះជាមួយអ្វីឡើយ។ ព្រះរាជាទ្រង់ឃើញដូច្នោះ ទ្រង់ព្រះតម្រិះថា ព្រោះការនៅជាគណៈយ៉ាងនេះឯង ទើបមានការប៉ះទង្គិចគ្នា ឯការនៅម្នាក់ឯង ទើបមិនមានការប៉ះទង្គិចគ្នា ហើយទ្រង់ទតមើលទាសីនោះរឿយៗ។ សម័យនោះ ព្រះទេវីប្រដាប់ដោយគ្រឿងអលង្ការសព្វយ៉ាង ឈរបក់ផ្លិត ព្រះទេវីនោះ មានព្រះតម្រិះថា ព្រះរាជាប្រហែលជាមានព្រះហឫទ័យប្រតិព័ទ្ធក្នុងនាងវណ្ណទាសី ទើបឲ្យនាងវណ្ណទាសីក្រោកឡើង ហើយបុកខ្លឹមចន្ទន៍ដោយខ្លួនឯង កាលនោះ ត្រង់ដៃទាំង ២ របស់ព្រះនាង មានកងដៃមាសជាច្រើន កងទាំងនោះ ក៏ប៉ះទង្គិចគ្នា ធ្វើឲ្យកើតសំឡេងខ្លាំង។ ព្រះរាជា កាលទ្រង់នឿយណាយខ្លាំងឡើង ទើបទ្រង់ផ្ទំដោយព្រះបង្អៀងស្ដាំនោះឯង ចម្រើនវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ​ហើយ។ ព្រះទេវីកាន់ខ្លឹមចន្ទន៍ចូលទៅរកព្រះបច្ចេកពុទ្ធ ដែលផ្ទំដោយសេចក្ដីសុខដ៏ក្រៃលែង ទូលថា បពិត្រមហារាជ សូមទ្រង់លាប។ ព្រះបច្ចេកពុទ្ធត្រាស់ថា ចៀសចេញទៅ កុំលាបឡើយ។

ព្រះទេវីក្រាបទូលសួរថា បពិត្រមហារាជ តើមានហេតុអ្វី។ ព្រះបច្ចេកពុទ្ធត្រាស់ថា យើងមិនមែនជាព្រះរាជាទេ។ អាមាត្យទាំងឡាយបានស្ដាប់ពាក្យប្រាស្រ័យរបស់ព្រះរាជា និងព្រះទេវីយ៉ាងនោះ ទើបនាំគ្នាចូលគាល់។ ព្រះបច្ចេកពុទ្ធ សូម្បីអាមាត្យទាំងនោះ ក្រាបទូលដោយ វាទៈថា បពិត្រមហារាជ ក៏ត្រាស់ថា នែសម្លាញ់ យើងមិនមែនជាព្រះរាជារបស់អ្នកទាំងឡាយទេ យើងជា ព្រះបច្ចេកពុទ្ធ។

អាមាត្យទាំងនោះក្រាបទូលថា បពិត្រព្រះសម្មតិទេព ទ្រង់ត្រាស់អ្វី ព្រះបច្ចេកពុទ្ធទាំងឡាយ មិនមែនមានសភាពយ៉ាងនេះឡើយ។ ព្រះបច្ចេកពុទ្ធត្រាស់សួរថា នែអ្នកទាំងឡាយ តើព្រះបច្ចេកពុទ្ធទាំងឡាយ មានសភាពដូចម្ដេច។

អាមាត្យទាំងឡាយក្រាបទូលថា ព្រះបច្ចេកពុទ្ធទាំងឡាយ មានសក់ និងពុកមាត់ ពុកចង្កា ត្រឹមតែពីរធ្នាប់ មួយអន្លើដោយបរិក្ខារ ៨ ប៉ុណ្ណោះ។ ព្រះបច្ចេកពុទ្ធក៏យកព្រះហស្តស្ទាបព្រះសិរសា រំពេចនោះឯង ឃរាវាសភេទក៏អន្ដរធានទៅ បព្វជិតភេទក៏ប្រាកដឡើង លោកមានព្រះកេសានិងព្រះមស្សុ ប្រមាណពីរធ្នាប់ប៉ុណ្ណោះ  ប្រកបដោយបរិក្ខារ ៨ គឺស្បង់ ចីពរ សង្ឃាដី វត្ថពន្ធចង្កេះ បាត្រ ធម្មក្រក កាំបិតកោរ ម្ជុល ដូចគ្នានឹងព្រះថេរៈមានវស្សា ១០០។

អាមាត្យទាំងនោះថ្វាយបង្គំ ហើយទូលសួរថា បពិត្រលោកម្ចាស់ដ៏ចម្រើន អ្វីជាកម្មដ្ឋាន លោកម្ចាស់សម្រេចបានដូចម្ដេច។

ព្រះបច្ចេកពុទ្ធ កាលសម្ដែងសេចក្ដីនោះ  ទើបពោលព្រះគាថានេះថា

ទិស្វា សុវណ្ណស្ស បភស្សរានិ

កម្មារបុត្តេន សុនិដ្ឋិតានិ

សង្ឃដ្ដមានានិ ទុវេ ភុជស្មឹ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គលឃើញនូវកងមាសទាំងពីរ ដែលកូនជាងមាសធ្វើសម្រេចល្អហើយ រណ្តំគ្នាត្រង់ ដៃ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។

គាថានោះ មានការពណ៌នាដូចតទៅនេះថា

បណ្ដាបទទាំងនោះ បទថា ទិស្វា បានដល់ ទ្រង់មើលហើយ។ បទថា សុវណ្ណស្ស បានដល់ មាស។ លោកឲ្យបន្ថែមពាក្យដែលមិនមាន គឺពាក្យថា វលយានិ (កងដៃ) ចូលមក ព្រោះសេចក្ដីត្រូវមានពាក្យបន្ថែមចូលមក។

បទថា បភស្សរានិ បានដល់ មានពន្លឺចាំងចែងជាប្រក្រតី អធិប្បាយថា រុងរឿង។ ពាក្យដ៏សេសមានអត្ថងាយយល់ហើយ។ ចំណែកវាចាប្រកបសេចក្ដីមានដូចតទៅនេះថា ខ្ញុំឃើញកងមាសត្រង់ដៃ ទើបគិតយ៉ាងនេះថា កាលមានការនៅជាគណៈ ការប៉ះទង្គិចគ្នា រមែងមាន កាលនៅម្នាក់ឯង ក៏មិនមានការប៉ះខ្ទប់គ្នា ទើបផ្ដើមចម្រើនវិបស្សនា បានសម្រេចហើយ។ ពាក្យដ៏សេស មានអត្ថងាយយល់ហើយនុ៎ះឯង។

សុវណ្ណវលយគាថាទី ៤ ចប់។

សូមអនុមោទនា !!!

Oben-pfeil