បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី៣

បាបសហាយគាថា ទី៣

គាថាថា បាបំ សហាយំ  ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ព្រះរាជាមួយអង្គក្នុងនគរពារាណសី ទ្រង់ធ្វើប្រទក្សិណ ព្រះនគរដោយរាជានុភាពធំ ទ្រង់ឃើញមនុស្សទាំងឡាយនាំយកស្រូវ ចាស់ជាដើម ចេញអំពីជង្រុកទៅខាងក្រៅ ទើបត្រាស់សួរអាមាត្យថា កឹ ភណេ ឥទំ នែអ្នក (មនុស្សទាំងនេះ) កំពុងធ្វើអ្វី។

ពួកអាមាត្យក្រាបទូលថា បពិត្រមហារាជ ឥឡូវនេះ ស្រូវថ្មីជាដើម កើតឡើង ទើបមនុស្សទាំងនេះ យកស្រូវចាស់ជាដើមចេញ ដើម្បីនឹងមានទីទំនេរសម្រាប់ស្រូវថ្មីជាដើមនេះ។

ព្រះរាជាត្រាស់សួរថា នែបា ស្បៀងរបស់ពួកស្រីស្នំ និងពួកពលជាដើម ពេញបរិបូណ៌ឬ។ ពួកអាមាត្យក្រាបទូលថា  បពិត្រមហារាជ នៅពេញបរិបូណ៌ ព្រះអង្គ។

ព្រះរាជាត្រាស់ថា បើដូច្នោះ អ្នកទាំងឡាយ ចូរសាងរោងទាន យើងនឹងឲ្យទាន ស្រូវទាំងនេះ កុំបីវិនាសទទេ ដោយឥតប្រយោជន៍ឡើយ។ លំដាប់នោះ អាមាត្យដែលមានមិច្ឆាទិដ្ឋិម្នាក់ ក្រាបទូលថា បពិត្រមហារាជ ទានដែលឲ្យហើយមិនមានផលទេ ហើយក្រាបទូលព្រះរាជាទៀតថា បុគ្គលទាំងឡាយនោះ ទោះបីជាពាលក្ដី បណ្ឌិតក្ដី ស្ទុះទៅ អន្ទោលទៅ នឹងធ្វើទីបំផុតនៃទុក្ខបានឯង ហើយទូលហាម។ ព្រះរាជាទ្រង់ឃើញជង្រុកត្រូវជញ្ជូនស្រូវចេញ លើកទី ២ លើកទី ៣ ក៏ត្រាស់ដូចមុន។ ទោះបីក្នុងលើកទី ៣ អាមាត្យដែលមានគតិក្នុងការឃើញខុសនោះ ក៏នៅតែពោលពាក្យជាដើមថា បពិត្រមហារាជ ទាននេះ បុគ្គលល្ងង់ជាអ្នកបញ្ញត្ដ ហើយទូលហាមព្រះរាជានោះ។

ព្រះរាជាទ្រង់នឿយណាយថា អើហ្ន៎ អញមិនបានឲ្យ សូម្បីទ្រព្យរបស់ខ្លួន អញមានប្រយោជន៍អ្វីដោយបាបមិត្តទាំងនេះ ដូច្នេះហើយ ទើបលះរាជសម្បត្ដិ ចេញបួស ចម្រើនវិបស្សនា បានធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណហើយ។ ព្រះបច្ចេកពុទ្ធ កាលទ្រង់តិះដៀលបាបមិត្តនោះ ទើបត្រាស់ឧទានគាថានេះថា

បាបំ សហាយំ បរិវជ្ជយេថ

អនត្ថទស្សឹ វិសមេ និវិដ្ឋំ

សយំ ន សេវេ បសុតំ បមត្តំ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គលគប្បីវៀរស្រឡះនូវសម្លាញ់អាក្រក់ អ្នកមិនឃើញនូវសេចក្ដីវិនាស អ្នកអាស្រ័យនៅក្នុងកម្មមិនស្មើ មិនគប្បីគប់រកនូវសម្លាញ់ ដែលជាប់ចំពាក់ដែលស្រវឹង (ក្នុងកាមគុណ) ដោយខ្លួនឯង គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។

គាថានោះ មានសេចក្តីសង្ខេបដូច្នេះថា សម្លាញ់នេះ ឈ្មោះថាអាក្រក់ ព្រោះជាអ្នកប្រកបដោយមិច្ឆាទិដ្ឋិ ១០ យ៉ាង។ ឈ្មោះថា ដែលបង្ហាញនូវអំពើមិនជាប្រយោជន៍ ព្រោះអត្ថថា ចង្អុលប្រាប់នូវសេចក្តីវិនាស ដល់អ្នកដទៃ និងតាំងក្នុងកម្មដែលមិនស្មើ មានកាយទុច្ចរិតជាដើម។ កុលបុត្តអ្នកប្រាថ្នាប្រយោជន៍ គប្បីវៀរសម្លាញ់ដែលអាក្រក់នោះ ដែលបង្ហាញនូវអំពើមិនជាប្រយោជន៍ ដែលតាំងនៅក្នុងកម្មមិនស្មើ។

បទថា សយំ ន សេវេ បានដល់ មិនគប្បីសេពដោយអំណាចនៃខ្លួនឯង អធិប្បាយថា បើធ្លាក់នៅក្នុងអំណាចរបស់អ្នកដទៃសោត ខ្លួនឯងនឹងអាចធ្វើអ្វីបាន។ បទថា បសុតំ បានដល់ លែងទៅ (តាម​អារម្មណ៍នោះៗ) បង្កើតឡើង (ទៅតាមអារម្មណ៍នោះៗ) អធិប្បាយថា ជាប់នៅក្នុងអារម្មណ៍នោះៗ ដោយអំណាចទិដ្ឋិ។

បទថា បមត្ដំ បានដល់ ជាអ្នកបណ្ដោយចិត្ដទៅក្នុងកាមគុណ ៥ ម្យ៉ាងទៀត បានដល់ ជាអ្នកវៀរចាកកុសលភាវនា។ មិនគប្បីសេព មិនគប្បីគប់រក មិនគប្បីចូលទៅអង្គុយជិតសម្លាញ់នោះ គឺបុគ្គលបែបនោះ គប្បីជាបុគ្គលម្នាក់ឯង ត្រាច់ទៅដូចកុយរមាសដូច្នោះ ។

បាបសហាយគាថា ទី៣ ចប់។

សូមអនុមោទនា !!!

Oben-pfeil