វគ្គទី៣
ទិដ្ឋីវិសូកគាថា ទី១
គាថាថា ទិដ្ឋីវិសូកានិ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។
បានឮថា ព្រះបាទពារាណសីមួយអង្គ ទៅក្នុងទីស្ងាត់ ទ្រង់ព្រះតម្រិះថា ការក្ដៅជាដើម ដែលកម្ចាត់ត្រជាក់ជាដើម មានយ៉ាងណា វិវដ្ដៈដែលកម្ចាត់វដ្ដៈ នឹងមានយ៉ាងនោះឬហ្ន៎ ទើបទ្រង់ត្រាស់សួរអាមាត្យទាំងឡាយថា វិវដ្ដំ ជានាថ ពួកអ្នកស្គាល់វិវដ្ដៈដែរឬទេ។ អាមាត្យទាំងនោះ ក្រាបទូលថា ជានាម មហារាជ បពិត្រមហារាជ ស្គាល់ ។
ព្រះរាជាត្រាស់សួរថា កឹ តំ វិវដ្ដៈនោះ គឺអ្វី។ បន្ទាប់អំពីនោះ អាមាត្យទាំងឡាយក៏ពោលដល់ការទៀង និងការដាច់សូន្យដោយន័យជាដើមថា អន្តវា លោកោ លោកមានទីបំផុតជាដើម ។ ព្រះរាជាទ្រង់ព្រះតម្រិះថា អាមាត្យទាំងនេះ មិនដឹង អាមាត្យទាំងនេះ ជាមិច្ឆាទិដ្ឋិ ទ្រង់ឃើញភាពដែលទ្រង់ជំទាស់ (មានទិដ្ឋិផ្ទុយ) និងចូលគ្នាមិនបានជាមួយអាមាត្យទាំងនោះ ទ្រង់ព្រះតម្រិះថា វិវដ្ដៈដែលកម្ចាត់ វដ្ដៈមានពិត គួរស្វែងរកវិវដ្ដៈនោះ ទើបទ្រង់លះរាជសម្បត្ដិ ចេញបួស ចម្រើនវិបស្សនា បានធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណហើយ បានត្រាស់ឧទានគាថានេះ និងព្យាករណ៍គាថាក្នុងកណ្ដាល ព្រះបច្ចេកពុទ្ធ ទាំងឡាយថា
ទិដ្ឋីវិសូកានិ ឧបាតិវត្តោ
បត្តោ និយាមំ បដិលទ្ធមគ្គោ
ឧប្បន្នញាណោម្ហិ អនញ្ញនេយ្យោ
ឯកោ ចរេ ខគ្គវិសាណកប្បោ។
បុគ្គលកន្លងចម្រូង គឺទិដ្ឋិ ដល់នូវធម៌ទៀង គឺមគ្គទី ១ មានមគ្គ (ដ៏សេស) បានហើយ មិនមានអ្នកដទៃ ដឹកនាំ ព្រោះដឹងថា អាត្មាអញមានញាណកើតឡើងហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។
សេចក្ដីនៃគាថានោះថា បទថា ទិដ្ឋីវិសូកានិ បានដល់ ទិដ្ឋិ ៦២។ ពិតហើយ ទិដ្ឋិទាំងនោះ ឈ្មោះថា ចម្រូង ព្រោះអត្ថថា ជាសត្រូវ ព្រោះអត្ថថា ជាគ្រឿងចាក់ដោត និងព្រោះអត្ថថា ជាបដិបក្ខចំពោះមគ្គសម្មាទិដ្ឋិ កាលបើដូច្នោះ សត្រូវរបស់ទិដ្ឋិ ឬទិដ្ឋិនោះឯងជា សត្រូវ ឈ្មោះថា ចម្រូងគឺទិដ្ឋិ។ បទថា ឧបាតិវត្ដោ ប្រែថា ឈានកន្លងហើយដោយមគ្គ គឺទស្សនៈ។ បទថា បត្ដោ និយាមំ សេចក្ដីថា សម្រេចដល់និយតភាវៈ ដោយភាពជាបុគ្គលមិនធ្លាក់ទៅជាធម្មតា និងដោយភាពជាបុគ្គលមានសម្ពោធិញ្ញាណជាទីទៅខាងមុខ ឬបានសម្រេចបឋមមគ្គ ដែលហៅថា សម្មត្តនិយាម។ លោកពោលការសម្រេចកិច្ចក្នុងបឋមមគ្គ និងការបានចំពោះនូវបឋមមគ្គនោះ ដោយលំដាប់ពាក្យមានប្រមាណប៉ុណ្ណេះ។ ឥឡូវនេះ លោកសម្ដែងការបានចំពោះនូវមគ្គដ៏សេស ដោយពាក្យថា បដិលទ្ធមគ្គោ ដូច្នេះ។
បទថា ឧប្បន្នញាណោម្ហិ បានដល់ ជាអ្នកមានបច្ចេកពោធិញ្ញាណ កើតឡើងហើយ។ ព្រះបច្ចេកពុទ្ធសម្ដែងផលដោយពាក្យនេះ។ បទថា អនញ្ញនេយ្យោ បានដល់ ដែលបុគ្គលពួកដទៃ មិនគប្បីដឹកនាំថា ឥទំ សច្ចំ វត្ថុនេះ ពិត។ ព្រះបច្ចេកពុទ្ធសម្ដែងភាពជាអ្នកត្រាស់ដឹងឯង ដោយពាក្យនេះ។ ម្យ៉ាងទៀត សម្ដែងដល់ភាពជាអ្នកជំនាញឯង ព្រោះភាពជាបុគ្គលមិនមានអ្នកដទៃគប្បីដឹកនាំ ក្នុងបច្ចេកពោធិញ្ញាណដែលបានសម្រេចហើយ ឬកន្លងផុតសត្រូវ គឺទិដ្ឋិបានហើយ ដោយសមថៈនិងវិបស្សនាដោយខ្លួនឯង ដល់នូវភាពជាអ្នកទៀងដោយមគ្គខាងដើម មានមគ្គដែលបានចំពោះហើយ ដោយមគ្គដ៏សេសទាំងឡាយ ឬមានញាណកើតហើយ ដោយផលញ្ញាណ បានហើយនូវញាណទាំងពួងដោយខ្លួនឯង ព្រោះហេតុនោះ បុគ្គលនោះ ឈ្មោះថា អនញ្ញនេយ្យោ។ បទដ៏សេស គប្បីជ្រាបដោយន័យដែលបានពោលហើយនោះឯង។
ទិដ្ឋីវិសូកគាថា ទី១ ចប់។
សូមអនុមោទនា !!!
