បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី៣

និល្លោលុបគាថា ទី២

គាថាថា និល្លោលុបោ ដូច្នេះជាដើម  មានហេតុកើតដូចម្ដេច។

បានឮថា អ្នកពិសេសរបស់ព្រះបាទពារាណសី ចម្អិនក្រយាស្ងោយក្នុងចន្លោះភត្ត ឃើញគួរជាទីពេញចិត្ដ មានរសឆ្ងាញ់ ទើបបង្អោនចូលទៅថ្វាយព្រះរាជា ដោយបំណងថា ធ្វើដូចម្ដេចហ្ន៎ ព្រះរាជាគប្បីប្រទានទ្រព្យដល់អញ។ ក្រយាស្ងោយនោះ គ្រាន់តែក្លិនប៉ុណ្ណោះ ក៏ធ្វើឲ្យព្រះរាជាចង់សោយ ធ្វើឲ្យព្រះខេឡៈ (ទឹកមាត់) កើតក្នុងព្រះឱស្ឋ លុះដាក់ពំនូតបាយ ១ ម៉ាត់ដំបូងចូលក្នុងព្រះឱស្ឋ សរសៃទាំង ៧ ពាន់ បីដូចទឹកអម្រឹតពាល់ត្រូវហើយ។ អ្នកពិសេសគិតថា ទ្រង់នឹងប្រទានទ្រព្យដល់អញ ក្នុងកាលឥឡូវនេះ ទ្រង់នឹងប្រទានទ្រព្យដល់អញ ក្នុងកាលឥឡូវនេះ។

ឯព្រះរាជាទ្រង់ព្រះតម្រិះថា អ្នកពិសេសសមគួរដល់សក្ការៈ ទ្រង់ព្រះតម្រិះទៀតថា បើអញភ្លក្សរសហើយធ្វើសក្ការៈ កិត្ដិសព្ទមិនល្អ ក៏នឹងផ្សាយទៅថា ព្រះរាជាអង្គនេះ ជាមនុស្សល្មោភ ជាប់ក្នុងរស ដូច្នេះ ទើបមិនត្រាស់ពាក្យណាមួយ។ តែទោះជាដូច្នោះ បុរសអ្នកពិសេសនោះ ក៏នៅតែគិតថា ទ្រង់នឹងប្រទានឥឡូវនេះ ទ្រង់នឹងប្រទានឥឡូវនេះរហូតដល់សោយស្រេច។ សូម្បីព្រះរាជាក៏មិនបានត្រាស់ពាក្យណាមួយ ព្រោះខ្លាចចំពោះការតិះដៀល។ លំដាប់នោះ អ្នកពិសេសគិតថា ជិវ្ហាវិញ្ញាណរបស់ព្រះរាជានេះ ប្រហែលជាមិនមាន។ ក្នុងថ្ងៃទី ២ ក៏បង្អោនក្រយាស្ងោយដែលមានរសមិនឆ្ងាញ់ចូលទៅថ្វាយ។ ព្រះរាជា លុះទ្រង់បានសោយ ទ្រង់ក៏ដឹងថា ថ្ងៃនេះ អ្នកពិសេសគួរដល់ការគំរាមកំហែង គួរដល់ការសង្កត់សង្កិន តែទ្រង់ពិចារណាដូចក្នុងកាលមុន ទើបមិនបានត្រាស់ពាក្យណាមួយ ព្រោះខ្លាចការតិះដៀល។ លំដាប់នោះ អ្នកពិសេសគិតថា ព្រះរាជា ល្អក៏មិនដឹង មិនល្អក៏មិនដឹង  ទើបកាន់យកគ្រឿងចម្អិនទាំងអស់ដោយខ្លួនឯង ប្រើគ្រឿងចម្អិនធម្មតាថ្វាយព្រះរាជា។ ព្រះរាជាទ្រង់ព្រះតម្រិះថា ឱ ! លោភៈ អាក្រក់ណាស់ហ្ន៎ ! ឈ្មោះថា អាត្មាអញបរិភោគ គឺគ្រប់គ្រងនគរដល់ទៅ ២ ម៉ឺន ក៏មិនបានត្រឹមតែភត្តដែលល្អ ព្រោះសេចក្ដីលោភរបស់អ្នកដាំស្លនេះ ដូច្នេះហើយ ទ្រង់ក៏នឿយណាយ ទើបលះរាជសម្បត្ដិ ចេញបួស ចម្រើនវិបស្សនា បានធ្វើឲ្យជាក់ច្បាស់នូវបច្ចេកសម្ពោធិញ្ញាណ ហើយបានពោលគាថានេះថា

និល្លោលុបោ និក្កុហោ និប្បិបាសោ

និម្មក្ខោ និទ្ធន្តកសាវមោហោ

និរាសយោ សព្វលោកេ ភវិត្វា

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គលមិនជាប់ចិត្ដ (ក្នុងអាហារ) មិនកុហក មិនស្រេកឃ្លាន មិនលុបគុណគេ កម្ចាត់បង់មោហៈដូចជាទឹកចត់ មិនមានទីអាស្រ័យនៅ គឺតណ្ហា ក្នុងលោកទាំងពួងហើយ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

បណ្ដាបទទាំងនោះ បទថា និល្លោលុបោ ប្រែថា មិនមានសេចក្ដីលោភ។ ពិតហើយ បុគ្គលណា ត្រូវចំណង់ក្នុងរសគ្របសង្កត់ បុគ្គលនោះ រមែងលោភខ្លាំង លោភហើយលោភទៀត ព្រោះហេតុនោះ ទើបលោកពោលថា លោលុបៈ គឺបុគ្គលលោភ។ ព្រោះហេតុនោះ ព្រះបច្ចេកពុទ្ធអង្គនេះ កាលបដិសេធថា ព្រះអង្គមិនជាបុគ្គលលោភ ទើបពោលថា និល្លោលុបៈ គឺបុគ្គលមិនមានសេចក្ដីលោភ។ ក្នុងបទថា និក្កុហោ នេះ មានអធិប្បាយដូចតទៅនេះថា វត្ថុគៃបន្លំ ៣ យ៉ាង មិនមានដល់បុគ្គលណា បុគ្គលនោះ លោកហៅថា ជាបុគ្គលមិនកុហក ពិតហើយ ទោះជាយ៉ាងនោះ ក្នុងគាថានេះ ឈ្មោះថា មិនកុហក ព្រោះមិនមានការត្រេកអរ ក្នុងភោជនដែលជាទីពេញចិត្ដជាដើម។

ក្នុងបទថា និប្បិបាសោ នេះ ការចង់ផឹក ឈ្មោះថា ការស្រេក ឈ្មោះថា ជាអ្នកមិនស្រេក ព្រោះមិនមានការចង់ផឹកនោះ អធិប្បាយថា វៀរហើយចាកភាពជាអ្នកប្រាថ្នានឹងបរិភោគ ព្រោះជាប់ចំពាក់ក្នុងរសឆ្ងាញ់។ ក្នុងបទថា និម្មក្ខោ នេះ ឈ្មោះថា ជាអ្នកមិនលុបគុណគេ ព្រោះមិនមានមក្ខៈ គឺការលុបគុណ ដែលមានការទម្លាយគុណរបស់អ្នកដទៃ ជាលក្ខណៈ។ ព្រះបច្ចេកពុទ្ធពោលសំដៅយកការមិនមានការលុបគុណអ្នកពិសេស ក្នុងកាលលោកនៅជាគ្រហស្ថ។

ក្នុងបទថា និទ្ធន្តកសាវមោហោ នេះ ធម៌ ៦យ៉ាង គឺ ៣យ៉ាង មានរាគៈជាដើម និង ៣យ៉ាងទៀត មានកាយទុច្ចរិតជាដើម គប្បីជ្រាបថាជា កសាវៈ (ទឹកចត់) ដោយអត្ថថា មិនជ្រះថ្លាតាមសេចក្តីពិត និងដោយអត្ថថា ឲ្យលះភាវៈរបស់ខ្លួន ឲ្យកាន់យកភាវៈដទៃ ដូចព្រះតម្រាស់ថា  

បណ្ដាធម៌ទាំងនោះ ទឹកចត់ ៣ តើដូចម្ដេច។ ទឹកចត់គឺរាគៈ ១ ទឹកចត់គឺទោសៈ ១ ទឹកចត់គឺមោហៈ ១ នេះទឹកចត់ ៣ [បិ.៨២ ទំ.២០១ ឃ.១៨១។]។

បណ្ដាធម៌ទាំងនោះ ទឹកចត់ ៣ ដទៃទៀត តើដូចម្ដេច។ ទឹកចត់គឺកាយ ១ ទឹកចត់គឺវាចា ១ ទឹកចត់គឺចិត្ត ១ នេះទឹកចត់ ៣ [បិ.៨២ ទំ.២០១ ឃ.១៨២។]។

ឈ្មោះថា មានបាបធម៌ដូចទឹកចត់ និងមោហៈ ដែលកម្ចាត់ហើយព្រោះកម្ចាត់កសាវៈ ៥ យ៉ាង ក្នុងកសាវៈ ៦ យ៉ាងនោះ វៀរមោហៈ និងកម្ចាត់មោហៈដែលជាឫសគល់នៃកសាវៈ ៥ យ៉ាងទាំងអស់នោះ ចេញហើយ។ ម្យ៉ាងទៀត ឈ្មោះថា មានបាបធម៌ដូចទឹកចត់និងមោហៈដែលកម្ចាត់ហើយ ព្រោះកម្ចាត់កាយកសាវៈ វចីកសាវៈ និងមនោកសាវៈទាំង ៣ យ៉ាងនោះ និងមោហៈចេញហើយ។ ក្នុងកសាវៈក្រៅអំពីនេះ ព្រោះមិនមានសេចក្តីលោភជាដើម រាគកសាវៈ ឈ្មោះថា កម្ចាត់ស្រេចហើយ ព្រោះមិនមានការលុបគុណ ទោសកសាវៈ ក៏ឈ្មោះថា កម្ចាត់ហើយដូចគ្នា។

បទថា និរាសយោ បានដល់ មិនមានតណ្ហា។  បទថា សព្វលោកេ ភវិត្វា បានដល់ លោកទាំងមូល អធិប្បាយថា ជាអ្នកវៀរចាកភវតណ្ហានិងវិភវតណ្ហាក្នុងភពទាំង ៣ ឬក្នុងអាយតនៈ ១២។ បទដ៏សេស គប្បីជ្រាបដោយន័យដែលពោលហើយនោះឯង។ ម្យ៉ាងទៀត អ្នកសិក្សា កាលពោលបាទទាំង ៣ ហើយ គប្បីធ្វើនូវការភ្ជាប់ក្នុងបាទនេះ យ៉ាងនេះថា គប្បីត្រាច់ទៅម្នាក់ឯង ឬយ៉ាងនេះថា គប្បីអាចត្រាច់ទៅម្នាក់ឯង ដូច្នេះ។

និល្លោលុបគាថា ទី២ ចប់។

សូមអនុមោទនា !!!

Oben-pfeil