បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី៣

ឱក្ខិត្ដចក្ខុគាថា ទី៩

គាថាថា ឱក្ខិត្តចក្ខូ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ក្នុងនគរពារាណសី ព្រះរាជាព្រះនាមថា ចក្ខុលោលព្រហ្មទត្ដ ជាអ្នកខ្វល់ខ្វាយក្នុងការមើលរបាំ ដូចព្រះរាជាព្រះនាមថា បាទលោលព្រហ្មទត្តដែរ ។ ឯសេចក្ដីប្លែកគ្នាមានដូចតទៅនេះថា

ព្រះបាទបាទលោលព្រហ្មទត្តនោះ ជាអ្នកមិនពេញព្រះហឫទ័យយាងទៅតាមប្រាសាទផ្សេង ៗ ឯព្រះបាទចក្ខុលោលព្រហ្មទត្តអង្គនេះ ទតរបាំនោះ ៗ ទ្រង់ត្រេកអរក្រៃលែង ទ្រង់បន្ថែមនូវចំណង់ដោយផ្លាស់ប្ដូរការទត ការសម្ដែងរបាំនោះ។ បានឮថា ទ្រង់ឃើញភរិយារបស់កុដុម្ពិកៈម្នាក់ដែលមកមើលការសម្ដែង បានញ៉ាំងតម្រេកឲ្យកើតឡើង។ បន្ទាប់អំពីនោះ ទ្រង់ដល់នូវសេចក្ដីសង្វេគ ទើបព្រះតម្រិះថា ឱ ! អញកាលញ៉ាំងតណ្ហានេះ ឲ្យចម្រើនឡើង នឹងជាអ្នកពេញក្នុងអបាយ ណ្ហើយ ចុះ អញនឹងគ្របសង្កត់តណ្ហានេះ ដូច្នេះហើយ ទើបចេញបួស ចម្រើនវិបស្សនា បានធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណហើយ។ កាលទ្រង់តិះដៀលការបដិបត្ដិដំបូងរបស់ព្រះអង្គ ទើបទ្រង់ត្រាស់ឧទានគាថានេះ ដែលសម្ដែងគុណដែលជាបដិបក្ខចំពោះការបដិបត្ដិនោះថា

ឱក្ខិត្តចក្ខូ ន ច បាទលោលោ

គុត្តិន្ទ្រិយោ រក្ខិតមានសានោ

អនវស្សុតោ អប្បរិឌយ្ហមានោ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គលមានចក្ខុដាក់ចុះ មានជើងមិនរពឹស ជាអ្នកគ្រប់គ្រងឥន្ទ្រិយ រក្សាចិត្ដទុក (ដោយល្អ) មិនជោកជាំ មិនរោលរាល (ដោយកិលេស) គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

បណ្ដាបទទាំងនោះ បទថា ឱក្ខិត្ដចក្ខូ បានដល់ ជាអ្នកមានចក្ខុដាក់ចុះទៅក្រោម លោកអធិប្បាយទុកថា ដាក់ចុះនូវឆ្អឹង ៧ កំណាត់ ដោយលំដាប់ សម្លឹងមើលមួយជួរនឹម ដើម្បីនឹងមើលវត្ថុដែលគួរវៀរ និងវត្ថុដែលគួរកាន់យក តែមិនមែនយកឆ្អឹងចង្កាមកទល់នឹងឆ្អឹងដើមទ្រូង ព្រោះកាលបើយ៉ាងនោះ ក៏មិនជាសមណសារុប្បៈ (ភាពសមរម្យរបស់សមណៈ)។

បទថា ន ច បាទលោលោ សេចក្ដីថា មិនដូចបុគ្គលមានជើងរមាស់ ព្រោះចង់ដើរចូលទៅរកពួកជនដោយអាការយ៉ាងនេះ គឺមានបុគ្គល ១ ទៅឲ្យបានគម្រប់២ មានបុគ្គល ២ ទៅឲ្យបានគម្រប់ ៣ គឺវៀរចាកការត្រាច់ចារិកទៅយូរ និងត្រាច់ចារិកទៅមិនត្រឡប់។

បទថា គុត្តិន្ទ្រិយោ សេចក្ដីថា ជាអ្នកមានឥន្ទ្រិយគ្រប់គ្រងដោយអំណាចការគ្រប់គ្រងឥន្ទ្រិយដ៏សេសអំពីដែលពោលហើយ ព្រោះបណ្ដាឥន្ទ្រិយទាំង៦ ក្នុងទីនេះ លោកចែកមនិន្ទ្រិយទុកដោយឡែក។ បទថា រក្ខិតមានសានោ សេចក្ដីថា មានសានំ គឺ មានសំ នោះឯង។ ឈ្មោះថា រក្ខិត ព្រោះរក្សាចិត្ដនោះបាន។ លោកអធិប្បាយថា ជាអ្នករក្សាចិត្ដបាន  ដោយប្រការដែលមិនត្រូវកិលេសប្លន់។

បទថា អនវស្សុតោ សេចក្ដីថា ជាអ្នកវៀរចាកការត្រូវកិលេសលិចស្រោចក្នុងអារម្មណ៍នោះ ៗ ដោយការបដិបត្ដិនេះ។

បទថា អប្បរិឌយ្ហមានោ បានដល់ មិនត្រូវភ្លើងកិលេសដុត។ ម្យ៉ាងទៀត បានដល់ មិនត្រូវកិលេសលិចស្រោចខាងក្រៅ មិនត្រូវភ្លើង កិលេសដុតខាងក្នុង។ ពាក្យដ៏សេស មានន័យដូចពោលហើយនុ៎ះឯង។

ឱក្ខិត្ដចក្ខុគាថា ទី៩ ចប់។

សូមអនុមោទនា !!!

Oben-pfeil