វគ្គទី៣
ពហុស្សុតគាថា ទី៤
គាថាថា ពហុស្សុតំ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។
បានឮថា ក្នុងកាលមុន ព្រះបច្ចេកពោធិសត្វ ៨ អង្គ បួសក្នុងសាសនារបស់ព្រះមានព្រះភាគកស្សបៈ បំពេញគតបច្ចាគតវត្ដអស់ ២ ម៉ឺនឆ្នាំ ហើយកើតក្នុងទេវលោក ចុតិចាកទេវលោកនោះហើយ។ បណ្ដាព្រះបច្ចេកពោធិសត្វទាំងនោះ ព្រះបច្ចេកពោធិសត្វអង្គធំ បានជាព្រះបាទពារាណសី ព្រះបច្ចេកពោធិសត្វដ៏សេសបានជាបទេសរាជា។ ឯព្រះរាជា ៧ អង្គនោះ រៀនកម្មដ្ឋានហើយ ទ្រង់លះរាជសម្បត្ដិ ចេញបួស បានជា ព្រះបច្ចេកពុទ្ធ ដោយលំដាប់ អាស្រ័យនៅត្រង់ញកភ្នំ នន្ទមូលកៈ។ សម័យថ្ងៃមួយ ចេញអំពីសមាបត្ដិហើយរឭកថា យើងទាំងឡាយធ្វើកម្មអ្វី ទើបសម្រេចលោកុត្តរសុខនេះដោយលំដាប់ ពិចារណាក៏បានឃើញចរិយារៀងៗខ្លួន ក្នុងកាលនៃព្រះកស្សបសម្មាសម្ពុទ្ធ។ បន្ទាប់អំពីនោះ ទើបអាវជ្ជនៈ (ពិចារណា) ថា អង្គទី៨ នៅឯណា ក៏បានដឹងថា នៅក្នុងនគរពារាណសី រឭកដល់គុណទាំងឡាយរបស់ព្រះបច្ចេកពោធិសត្វអង្គនោះថា ព្រះរាជាអង្គនោះ តាមប្រក្រតីជាអ្នកប្រកបដោយគុណ មានការប្រាថ្នាតិចជាដើម ជាអ្នកឲ្យឱវាទ ប្រៀនប្រដៅចំពោះពួកយើង ទ្រង់អត់ធន់ចំពោះពាក្យសម្ដី មានប្រក្រតីតិះដៀលបាប ណ្ហើយចុះ យើងនឹងសម្ដែងអារម្មណ៍នោះ ដើម្បីដោះព្រះអង្គ ទើបនិមន្តទៅ ត្រាច់បិណ្ឌបាត បានទៅកាន់ទីលានព្រះរាជវាំងតាមលំដាប់។ ព្រះរាជាទ្រង់ប្រថាប់ឈរត្រង់សីហបញ្ជរ ទតលានព្រះរាជវាំង បានឃើញព្រះបច្ចេកពុទ្ធទាំងនោះ ដំណាលគ្នានឹងការឃើញនោះឯង សេចក្ដីស្រឡាញ់បានកើតឡើងដល់ព្រះអង្គ។ លំដាប់នោះ ទើបត្រាស់ឲ្យនិមន្ដព្រះបច្ចេកសម្ពុទ្ធទាំងនោះមក ឲ្យគង់លើអាសនៈដែលក្រាលទុកត្រង់រានហាល និមន្ដឲ្យឆាន់ដោយគោរព ហើយត្រាស់សួរព្រះបច្ចេកពុទ្ធដែលធ្វើភត្ដកិច្ចស្រេចហើយថា លោកម្ចាស់ទាំងឡាយ ឈ្មោះអ្វី។
ព្រះបច្ចេកសម្ពុទ្ធទាំងនោះឆ្លើយថា មហាបពិត្រ ពួកអាត្មាឈ្មោះថា ពហុស្សុតៈ។ ព្រះរាជាទ្រង់ព្រះតម្រិះថា អញឈ្មោះសុតព្រហ្មទត្ដ មិនឆ្អែតក្នុងការស្ដាប់ ណ្ហើយចុះ អញនឹងស្ដាប់ធម្មទេសនាដែលមានន័យដ៏វិចិត្រក្នុងសម្នាក់របស់លោកម្ចាស់ទាំងនេះ ដូច្នេះហើយ ទ្រង់ពេញព្រះហឫទ័យ ថ្វាយទឹកទក្ខិណោទក ហើយទ្រង់អង្គាស ក្នុងកាលស្រេចភត្ដកិច្ច បានប្រថាប់គង់ក្នុងទីជិតព្រះសង្ឃត្ថេរ ហើយត្រាស់ថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ពោលធម្មកថាចុះ។
ព្រះបច្ចេកពុទ្ធពោលថា សុខិតោ ហោតុ មហារាជ រាគក្ខយោហោតុ មហាបពិត្រ សូមទ្រង់បានដល់នូវសេចក្តីសុខ ចូរជាអ្នកអស់ទៅនៃរាគៈចុះ ហើយក្រោកទៅ។
ព្រះរាជាទ្រង់ព្រះតម្រិះថា លោកម្ចាស់អង្គនេះ មិនមែនជាពហុស្សូត អង្គទី ២ ពិតជាពហុស្សូត អញនឹងស្តាប់ធម្មកថាដ៏វិចិត្រក្នុងថ្ងៃស្អែកនេះ ដូច្នេះហើយ ទើបទ្រង់និមន្តឲ្យឆាន់ក្នុងថ្ងៃស្អែក។ ព្រះរាជាទ្រង់និមន្តព្រះបច្ចេកពុទ្ធទាំងអស់ រហូតលំដាប់អង្គចុងក្រោយ ដោយប្រការដូច្នេះ។ ព្រះបច្ចេកពុទ្ធទាំង ៧ អង្គនោះ សម្ដែងបទមួយឲ្យប្លែកគ្នា ហើយពោលបទដ៏សេសដូចបទដើមថា
សុខិតោ ហោតុ មហារាជ ទោសក្ខយោ ហោតុ មហាបពិត្រ សូមទ្រង់បានដល់នូវសេចក្តីសុខ ចូរជាអ្នកអស់ទៅនៃទោសៈចុះ ។
សុខិតោ ហោតុ មហារាជ មោហក្ខយោ ហោតុ មហាបពិត្រ សូមទ្រង់បានដល់នូវសេចក្តីសុខ ចូរជាអ្នកអស់ទៅនៃមោហៈចុះ ។
សុខិតោ ហោតុ មហារាជ គតិក្ខយោ ហោតុ មហាបពិត្រ សូមទ្រង់បានដល់នូវសេចក្តីសុខ ចូរជាអ្នកអស់ទៅនៃគតិចុះ ។
សុខិតោ ហោតុ មហារាជ វដ្ដក្ខយោ ហោតុ មហាបពិត្រ សូមទ្រង់បានដល់នូវសេចក្តីសុខ ចូរជាអ្នកអស់ទៅនៃវដ្ដៈចុះ ។
សុខិតោ ហោតុ មហារាជ ឧបធិក្ខយោ ហោតុ មហាបពិត្រ សូមទ្រង់បានដល់នូវសេចក្តីសុខ ចូរជាអ្នកអស់ទៅនៃឧបធិចុះ។
សុខិតោ ហោតុ មហារាជ តណ្ហក្ខយោ ហោតុ មហាបពិត្រសូមទ្រង់បានដល់នូវសេចក្តីសុខ ចូរជាអ្នកអស់ទៅនៃតណ្ហាចុះ ដូច្នេះ ហើយ ក្រោកទៅ។
លំដាប់នោះ ព្រះរាជាទ្រង់ព្រះតម្រិះថា សមណៈទាំងឡាយនេះ ពោលថា ពួកអាត្មាភាពជាពហុស្សូត តែសមណៈទាំងនេះ មិនមានកថាដ៏វិចិត្រឡើយ ពាក្យដែលសមណៈទាំងនេះពោល នឹងមានប្រយោជន៍អ្វីហ្ន៎។ ទ្រង់ប្រារព្ធដើម្បីពិចារណាអត្ថនៃពាក្យរបស់ព្រះបច្ចេកពុទ្ធទាំងនោះ ទ្រង់ពិចារណាមើលថា រាគក្ខយោ ហោតុ ក៏ទ្រង់ជ្រាបថា កាលរាគៈអស់ហើយ ទោសៈក្តី មោហៈក្តី កិលេសទាំងឡាយដទៃ ៗ ក្តី រមែងឈ្មោះថា អស់ហើយផងដែរ ទើបទ្រង់សព្វព្រះរាជហឫទ័យថា សមណៈទាំងនេះ ជាពហុស្សូតដោយត្រង់ ប្រៀបដូចបុរសចង្អុលផែនដីធំក្ដី អាកាសក្ដី ដោយម្រាមដៃ តែមិនមែនសំដៅដល់ទីប្រមាណប៉ុនម្រាមដៃដែលចង្អុលបង្ហាញនោះឡើយ សេចក្តីពិត ជាការចង្អុលបង្ហាញផែនដីនិងអាកាសទាំងមូលនោះឯង យ៉ាងណា សមណៈទាំងនេះ កាលចង្អុលបង្ហាញអត្ថនីមួយៗ ក៏ឈ្មោះថា ចង្អុលបង្ហាញអត្ថដែលមិនមានប្រមាណ យ៉ាងនោះ។ បន្ទាប់អំពីនោះ ទ្រង់ប្រាថ្នានូវភាពជាពហុស្សូតដែលមានសភាពបែបនោះថា ក្នុងកាលណាហ្ន៎ អាត្មាអញគប្បីជាពហុស្សូត យ៉ាងនេះ ទ្រង់លះរាជសម្បតិ្ត បួសហើយ ចម្រើនវិបស្សនា បានធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ ហើយត្រាស់ឧទានគាថានេះថា
ពហុស្សុតំ ធម្មធរំ ភជេថ
មិត្តំ ឧឡារំ បដិភាណវន្តំ
អញ្ញាយ អត្ថានិ វិនេយ្យ កង្ខំ
ឯកោ ចរេ ខគ្គវិសាណកប្បោ។
បុគ្គលគប្បីគប់រកនូវបុគ្គលជាពហុស្សូត អ្នកទ្រទ្រង់ធម៌ អ្នកប្រកបដោយគុណដ៏ក្រៃលែង មានប្រាជ្ញាវាងវៃ បុគ្គលដឹងច្បាស់នូវប្រយោជន៍ទាំងឡាយ គួរបន្ទោបង់សេចក្តីសង្ស័យ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។
សេចក្ដីសង្ខេបក្នុងឧទានគាថានេះ មានដូចតទៅនេះថា
បទថា ពហុស្សុតំ សេចក្ដីថា ពហុស្សូតមាន ២ យ៉ាង គឺបរិយត្ដិពហុស្សុតៈ អ្នកជំនាញក្នុងព្រះត្រៃបិដក ១ បដិវេធពហុស្សុតៈ អ្នកចាក់ធ្លុះ មគ្គ ផល វិជ្ជា និងអភិញ្ញា ១។ បុគ្គលមានអាគម (អ្នកទ្រទ្រង់បរិយត្តិ) ដែលមកហើយ ឈ្មោះថា ធម្មធរោ។ ម្យ៉ាងទៀត បុគ្គលប្រកបដោយកាយកម្ម វចីកម្ម និងមនោកម្មដ៏ក្រៃលែង ឈ្មោះថា ឧឡារោ។ បុគ្គលមានយុត្ដប្បដិភាណ (ឈ្លាសក្នុងការសួរ) មានមុត្ដប្បដិភាណ (ឈ្លាសក្នុងការឆ្លើយ) និងមានយុត្ដមុត្ដប្បដិភាណ (ឈ្លាសក្នុងការសួរផង ឈ្លាសក្នុងការឆ្លើយផង) ឈ្មោះថា បដិភាណវា។ ម្យ៉ាងទៀត គប្បីជ្រាបបុគ្គលអ្នកមានបដិភាណ ៣ យ៉ាង គឺបរិយត្ដិ បរិបុច្ឆា និងអធិគម។ ពិតហើយ បរិយត្ដិរមែងជាក់ច្បាស់ដល់បុគ្គលណា បុគ្គលនោះ ជាអ្នកមានបរិយត្ដិបដិភាណ គឺឈ្លាសក្នុងបរិយត្ដិ។ ការសាកសួរទាក់ទងនឹងអត្ថ ញាណ លក្ខណៈ ឋានៈ និងអឋានៈជាក់ច្បាស់ដល់បុគ្គលណា បុគ្គលនោះ ជាអ្នកមានបរិបុច្ឆាបដិភាណ គឺឈ្លាសក្នុងការសួរ។ មគ្គជាដើម ដែលបុគ្គលណាចាក់ធ្លុះហើយ បុគ្គលនោះ ជាអ្នកមានអធិគមប្បដិភាណ គឺឈ្លាសក្នុងការសម្រេច។ បុគ្គលគប្បីសេពគប់មិត្តនោះ គឺបែបនោះ ដែលជាពហុស្សូតទ្រទ្រង់នូវធម៌ ប្រកប ដោយគុណដ៏ក្រៃលែង និងមានបដិភាណ។ បន្ទាប់អំពីនោះ គប្បីស្គាល់ប្រយោជន៍ច្រើនយ៉ាង គឺប្រយោជន៍របស់ខ្លួន ប្រយោជន៍អ្នកដទៃ និងទិដ្ឋធម្មិកត្ថប្រយោជន៍ សម្បរាយិកត្ថប្រយោជន៍ បរមត្ថប្រយោជន៍ ដោយអានុភាពរបស់មិត្តនោះ បន្ទាប់អំពីនោះ បន្ទោបង់នូវសេចក្ដីសង្ស័យ គឺបន្ទោបង់ បានដល់ កម្ចាត់ចោលនូវសេចក្ដីសន្ទិះសង្ស័យ ក្នុងឋានៈដែលជាទីតាំងនៃសេចក្ដីសង្ស័យ មានសង្ស័យថា អហោសឹ នុ ខោ អហំ អតីតមទ្ធានំ អំពីអតីតកាល អាត្មាអញបានកើតដែរឬ [បិ.២០ ទំ.២៥ ឃ.១២។] ដូច្នេះជាដើម។ ជាអ្នកធ្វើកិច្ចទាំងពួងស្រេចហើយ យ៉ាងនេះ គប្បីជាអ្នកត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាសដូច្នោះ។
ពហុស្សុតគាថា ទី៤ ចប់។
សូមអនុមោទនា !!!
