បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី៣

បារិច្ឆត្ដកគាថា ទី១០

គាថាថា ឱហារយិត្វា ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ក្នុងនគរពារាណសី មានព្រះរាជាមួយអង្គ ព្រះនាមថា ចាតុមាសិកព្រហ្មទត្ដ ទ្រង់យាងទៅប្រពាសឧទ្យានរៀងរាល់ ៤ ខែម្ដង។ ថ្ងៃមួយ ទ្រង់យាងចូលទៅកាន់ឧទ្យានក្នុងខែកណ្ដាលនៃគិម្ហរដូវ ទ្រង់ឃើញដើមរលួសផ្អុងដេរដាសដោយស្លឹក មានមែកនិងប្រគាបប្រដាប់ដោយផ្កាត្រង់ទ្វារឧទ្យាន ទ្រង់កាន់យកផ្កាមួយ ហើយយាងចូលទៅកាន់ឧទ្យាន។

លំដាប់នោះ អាមាត្យម្នាក់នៅលើដំរី គិតថា ព្រះរាជាទ្រង់កាន់យកផ្កាដ៏ប្រសើរទៅហើយ ទើបកាន់យកផ្កាមួយដូចគ្នា។ ពួកពលទាំងអស់បានកាន់យកដោយឧបាយនេះ ដូចគ្នា ពួកអ្នកដែលមិនចូលចិត្ដផ្កា ក៏បេះស្លឹកកាន់យកទៅ។ ដើមឈើនោះ អស់ស្លឹកនិងផ្កា មានត្រឹមតែដើមប៉ុណ្ណោះ។

ក្នុងវេលាល្ងាច ព្រះរាជាយាងចេញអំពីឧទ្យាន ទ្រង់ឃើញដូច្នោះ ទ្រង់ព្រះតម្រិះថា ដើមឈើនេះ អ្នកណាធ្វើឬ ក្នុងវេលាដែលអាត្មាអញមក ដើមឈើនេះ នៅល្អដោយផ្កាដូចគ្នានឹងកែវប្រពាល ក្នុងរវាងមែក ដែលមានពណ៌ដូចកែវមណី  ឥឡូវនេះ ក្លាយជាដើមឈើប្រាសចាកស្លឹកនិងផ្កា។ កាលព្រះរាជាកំពុងត្រិះរិះ ក៏បានទតឃើញដើមឈើមិនមានផ្កា មានស្លឹកត្រសាយត្រសុំ ក្នុងទីមិនឆ្ងាយអំពីដើមរលួសផ្អុងនោះ កាលទ្រង់បានឃើញហើយ ទ្រង់មានព្រះតម្រិះដូច្នេះថា  ដើមឈើនេះ ព្រោះមែកមានផ្កា ទើបធ្វើឲ្យមនុស្សជាច្រើនចង់បាន ព្រោះហេតុនោះ ទើបដល់នូវសេចក្ដីវិនាស ត្រឹមមួយរំពេចប៉ុណ្ណោះ។ ចំណែកដើមឈើមួយទៀត តាំងនៅដដែល ព្រោះមនុស្សមិនចង់បាន។ ឯរាជសម្បត្ដិនេះសោត ក៏មានមនុស្សចង់បានដូចដើមឈើមានផ្កាដូច្នោះ ចំណែកភិក្ខុភាវៈ មិនមានមនុស្សចង់បាន ដូចដើមឈើដែលមិនមានផ្កា ព្រោះហេតុនោះ ដរាបណាដែលរាជសម្បត្ដិនេះ មិនទាន់ត្រូវដណ្ដើមដូចដើមឈើនេះ ដរាបនោះ អញនឹងស្លៀកដណ្ដប់សំពត់កាសាវៈ ហើយបួស ដូចដើមរលួសផ្អុងដទៃ ដែលមានស្លឹកត្រសុំត្រសាយដូច្នោះ។ ព្រះរាជានោះ ទ្រង់លះរាជសម្បត្ដិ បួស ចម្រើនវិបស្សនា បានធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ ហើយបានត្រាស់ឧទានគាថានេះថា

ឱហារយិត្វា គិហិព្យញ្ជនានិ

សញ្ឆិន្នបត្តោ យថា បារិឆត្តោ

កាសាយវត្ថោ អភិនិក្ខមិត្វា

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គលលះបង់នូវភេទគ្រហស្ថ ដូចដើមបារិច្ឆត្ដព្រឹក្ស ដែលមានស្លឹកដាច់ហើយ មានសំពត់កាសាយៈចេញបួសហើយ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

បណ្ដាបទទាំងនោះ បាទគាថាថា កាសាយវត្ថោ អភិនិក្ខមិត្វា នេះ គប្បីជ្រាបអត្ថយ៉ាងនេះថា ទ្រង់ចេញចាកដំណាក់ ជាអ្នកស្លៀកដណ្ដប់សំពត់កាសាវៈ។ ពាក្យដ៏សេស អាចដឹងច្បាស់បានដោយន័យដូចពោលហើយនុ៎ះឯង ព្រោះហេតុនោះ ទើបមិនចាំបាច់ពោលឲ្យ ពិស្ដារ។

បារិច្ឆត្ដកគាថា ទី១០ ចប់។

វគ្គទី៣ ចប់។

សូមអនុមោទនា !!!

Oben-pfeil