បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី៣

បុត្ដទារគាថា ទី៦

គាថាថា បុត្តញ្ច ទារំ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ឱរសរបស់ព្រះបាទពារាណសីបានទទួលអភិសេក គ្រងរាជសម្បត្ដិក្នុងកាលនៅក្មេងនោះឯង ទ្រង់សោយសិរីរាជសម្បត្ដិដូចព្រះបច្ចេកពោធិសត្វដែលពោលហើយក្នុងគាថាទី១។ ថ្ងៃមួយ ទ្រង់ព្រះតម្រិះ​ថា អញគ្រងរាជសម្បត្ដិ រមែងធ្វើទុក្ខដល់ជនជាច្រើន ប្រយោជន៍អ្វី របស់អាត្មាអញដោយបាបនេះ ដើម្បីប្រយោជន៍ដល់បាយតែម្យ៉ាងនោះ ណ្ហើយចុះ អញនឹងធ្វើសេចក្ដីសុខឲ្យកើតឡើង ទើបទ្រង់លះរាជសម្បត្ដិ ចេញបួស ចម្រើនវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណហើយ បានត្រាស់ឧទានគាថានេះថា

បុត្តញ្ច ទារំ បិតរញ្ច មាតរំ

ធនានិ ធញ្ញានិ ច ពន្ធវានិ

ហិត្វាន កាមានិ យថោធិកានិ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គលលះបង់នូវកាមទាំងឡាយ តាមចំណែក គឺបុត្ត ភរិយា បិតា មាតា ទ្រព្យសម្បត្តិ ស្រូវ អង្ករ និងផៅពង្សហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។

បណ្ដាបទទាំងនោះ បទថា ធនានិ បានដល់ រតនៈទាំងឡាយ មានកែវមុក្ដា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាល ប្រាក់ និងមាសជាដើម។ បទថា ធញ្ញានិ បានដល់ បុព្វន្នជាតិ ៧ ប្រភេទ មានស្រូវសាលី ស្រូវខ្សាយ ស្រូវដំណើប ស្រងែ ស្ពៅ ស្កួយ និងស្មៅគែលលកជាដើម និងអបរណ្ណជាតិ មានសណ្ដែក ល្ងជាដើម។ បទថា ពន្ធវានិ បានដល់ ផៅពង្ស ៤ យ៉ាងគឺ ផៅពង្សគឺញាតិ ១ ផៅពង្សគឺគោត្ត ១ ផៅពង្សគឺមិត្ត ១ និងផៅពង្សគឺអ្នករួមសិប្បៈ ១។

បទថា យថោធិកានិ បានដល់ ដែលតាំងនៅតាមចំណែករៀងៗខ្លួន។ ពាក្យដ៏សេស មានន័យដូចពោលហើយនោះឯង។

បុត្ដទារគាថា ទី៦ ចប់។

សូមអនុមោទនា !!!

Oben-pfeil