បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី៣

សន្ទាលគាថា ទី៨

គាថាថា សន្ទាលយិត្វាន ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ក្នុងនគរពារាណសី មានព្រះរាជាព្រះនាមថា អនិវត្ដព្រហ្មទត្ដ ព្រះរាជានោះ កាលចូលកាន់សង្គ្រាមហើយ បើទ្រង់ធ្វើការច្បាំង ហើយមិនឈ្នះ ឬបើទ្រង់ធ្វើកិច្ចការដទៃ ហើយមិនសម្រេច ទ្រង់មិនត្រឡប់មក ព្រោះហេតុនោះ ទើបជនទាំងឡាយស្គាល់ទ្រង់យ៉ាងនោះ។

ថ្ងៃមួយ ទ្រង់យាងទៅកាន់ព្រះរាជឧទ្យាន។ សម័យនោះ ភ្លើងព្រៃកើតឡើង ភ្លើងនោះ ឆេះឈើស្ងួតនិងស្មៅស្រស់ជាដើម រាលទៅមិនត្រឡប់ឡើយ។ ព្រះរាជាទ្រង់ឃើញភ្លើងនោះហើយ ទ្រង់ញ៉ាំងនិមិត្តដែលប្រៀបដោយភ្លើងនោះ ឲ្យកើតឡើងថា ភ្លើងនេះ យ៉ាងណា ភ្លើង ១១ កង [ភ្លើង ១១ កងគឺ  ភ្លើងគឺរាគៈ ភ្លើងគឺទោសៈ ភ្លើងគឺមោហៈ  ភ្លើងគឺជាតិភ្លើងគឺជរា ភ្លើងគឺមរណៈ ភ្លើងគឺសោកៈ ភ្លើងគឺបរិទេវៈ ភ្លើងគឺទុក្ខ ភ្លើងគឺទោមនស្ស  ភ្លើងគឺឧបាយាសៈ។] ក៏យ៉ាងនោះ ដូចគ្នា ឆេះសត្វទាំងពួង រាលទៅមិនត្រឡប់ បង្កនូវសេចក្ដីទុក្ខដ៏ធំ បើដូច្នោះ ដើម្បីឲ្យទុក្ខនេះ អស់ទៅ អញគួរដុតកិលេសទាំងឡាយមិនឲ្យត្រឡប់មក ដោយភ្លើង គឺអរិយមគ្គញ្ញាណ ដូចភ្លើងនេះ ឲ្យបាន។

បន្ទាប់អំពីនោះ ទ្រង់យាងទៅបន្តិចទៀត ឃើញពួកអ្នកប្រមង់ទាំងឡាយកំពុងចាប់ត្រីក្នុងស្ទឹង ត្រីធំមួយជាប់សំណាញ់របស់អ្នកប្រមង់នោះ បានទម្លាយសំណាញ់គេចទៅ អ្នកប្រមង់ទាំងនោះស្រែកថា ត្រីទម្លាយសំណាញ់គេចទៅហើយ។

ព្រះរាជាទ្រង់ស្តាប់ពាក្យនោះ ទើបទ្រង់កាន់យកនិមិត្តប្រៀបធៀបដោយត្រីនោះ ឲ្យកើតឡើងថា កាលណាហ្ន៎ អាត្មាអញគប្បីទម្លាយសំណាញ់ គឺតណ្ហានិងទិដ្ឋិ ដោយអរិយមគ្គញ្ញាណ មិនជាប់ចំពាក់ ហើយទៅ ដូច្នេះ។ ព្រះរាជានោះ ទ្រង់លះរាជសម្បត្តិ ហើយបួស ទ្រង់ប្រារព្ធវិបស្សនា បានធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ ត្រាស់ឧទានគាថានេះថា

សន្ទាលយិត្វាន សំយោជនានិ

ជាលំវ ភិត្វា សលិលម្ពុចារី

អគ្គីវ ទឌ្ឍំ អនិវត្តមានោ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គលទម្លាយនូវសំយោជនៈ ដូចត្រីក្នុងទឹក ទម្លាយនូវសំណាញ់ មិនត្រឡប់មករកសំយោជនៈវិញ ដូចភ្លើងឆេះ (មិនត្រឡប់វិញ) គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។

ក្នុងបទទី២ របស់គាថានោះ វត្ថុដែលធ្វើដោយអំបោះ ហៅថា ជាល (សំណាញ់)។ ទឹកហៅថា អម្ពុ ឈ្មោះថា អម្ពុចារី ព្រោះត្រាច់ទៅក្នុងទឹកនោះ។ ពាក្យថា អម្ពុចារី នោះ ជាឈ្មោះនៃត្រី។ ត្រីក្នុងទឹក ឈ្មោះថា សលិលម្ពុចារី អធិប្បាយថា ដូចត្រីទម្លាយសំណាញ់គេចទៅក្នុងទឹកដូច្នោះ។

ក្នុងបាទទី ៣ ទីដែលត្រូវភ្លើងឆេះ ហៅថា ទឌ្ឍំ អធិប្បាយថា ភ្លើងរមែងមិនវិលត្រឡប់មកកាន់ទីដែលឆេះហើយ គឺមកកើតត្រង់នោះទៀត មិនបានយ៉ាងណា អញក៏មិនវិលត្រឡប់មកកាន់ស្ថានទី គឺកាមគុណ ដែលត្រូវដុតដោយភ្លើងគឺមគ្គញ្ញាណ គឺមិនមករកកាមគុណនោះទៀត ក៏យ៉ាងនោះដែរ។ ពាក្យដ៏សេស មានន័យដូចពោលហើយនុ៎ះឯង ។

សន្ទាលគាថា ទី៨ ចប់។

សូមអនុមោទនា !!!

Oben-pfeil